ក | ខ | គ | ឃ | ច | ឈ | ឋ | ត | ទ | ធ | ន | ប | ព | ភ | ម | វ |ស | អ | ឥ | ឧ
កិលេស ១០ យ៉ាង
ពួកធម៌ជាកិលេល (គ្រឿងសៅហ្មង)។
កិលេសវត្ថុ ១០
- លោភៈ សភាពធ្វើចិត្តឲ្យជាប់ជំពាក់ នៅក្នុងអារម្មណ៍
- ទោសៈ សភាពធ្វើចិត្តឲ្យប្រទុស្ត ក្នុងអារម្មណ៍
- មោហៈ សភាពធ្វើចិត្តឲ្យវង្វេង ក្នុងអារម្មណ៍
- មានះ សភាពលើកខ្លួន ឬដាក់ខ្លួន ហួសការពិត
- ទិដ្ឋិ ធម្មជាតិធ្វើចិត្តឲ្យឃើញខុស ឬយល់ខុស
- វិចិកិច្ឆា ធម្មជាតិឲ្យសង្ស័យ ឬស្ទាក់ស្ទើរ
- ថីនៈ ធម្មជាតិឲ្យចិត្តឲ្យរួញរា ឬធុញទ្រាន់ក្នុងកុសលផ្សេងៗ
- ឧទ្ធច្ចៈ ធម្មជាតិធ្វើចិត្តឲ្យញាប់ញ័រ ឬឲ្យរាយមាយ
- អហិរិកៈ ធម្មជាតិមិនខ្ពើមអំពើទុច្ចរិត
- អនោតប្បៈ ធម្មជាតិមិនខ្លាច ឬមិនតក់ស្លុតនូវអំពើទុច្ចរិត
(ពិស្តារ បិ.៧៩, ឃ.២៩១)
កិលេស ១០ យ៉ាងដទៃទៀត
- សក្កាយទិដ្ឋិ ប្រកាន់មាំក្នុងកាយជារបស់ខ្លួន
- វិចិកិច្ឆា សេចក្តីសង្ស័យ
- សីលព្វតបរាមសៈ ការស្ទាបអង្អែលនូវសីល និងវត្ត
- កាមរាគៈ តម្រេកក្នុងកាម
- បដិឃៈ សេចក្តីថ្នាំងថ្នាក់
- រូបរាគៈ តម្រេកក្នុងរូប
- អរូបរាគៈ តម្រេកក្នុងអរូប
- មានះ សេចក្តីប្រកាន់
- ឧទ្ធច្ចៈ សេចក្តីរសាប់រសល់
- អវិជ្ជា សេចក្តីល្ងង់
កុសីតវត្ថុ (ហេតុនៃបុគ្គលខ្ជិល) ៨
- ភិក្ខុមានសេចក្ដីត្រិះរិះយ៉ាងនេះថា ការងារដែលអញត្រូវធ្វើ មុខជានឹងមាន តែកាលបើអញធ្វើការងារ (នោះ) កាយនឹងលំបាក បើដូច្នោះ មានតែអញដេកសិន ភិក្ខុនោះ ក៏ដេក មិនប្រារព្ធព្យាយាម ដើម្បីដល់នូវធម៌ដែលខ្លួនមិនទាន់ដល់ ដើម្បីត្រាស់ដឹង នូវធម៌ដែលខ្លួនមិនទាន់ត្រាស់ដឹង ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវធម៌ដែលខ្លួនមិនទាន់ធ្វើឲ្យជាក់ច្បាស់ នេះ កុសីតវត្ថុទី ១។
- ភិក្ខុមានសេចក្ដីត្រិះរិះយ៉ាងនេះថា អញបានធ្វើការងាររួចហើយ តែកាលដែលអញកំពុងធ្វើការងារ កាយលំបាកទៅហើយ បើដូច្នោះ មានតែអញដេកសិន ភិក្ខុនោះ ក៏ដេក មិនប្រារព្ធព្យាយាម ដើម្បីដល់ នូវធម៌ដែលខ្លួនមិនទាន់ដល់ ដើម្បីត្រាស់ដឹង នូវធម៌ដែលខ្លួនមិនទាន់ត្រាស់ដឹង ដើម្បីធ្វើឲ្យជាក់ច្បាស់នូវ ធម៌ដែលខ្លួនមិនទាន់ធ្វើឲ្យជាក់ច្បាស់ នេះ កុសីតវត្ថុទី ២។
- ភិក្ខុនោះមានសេចក្ដីត្រិះរិះយ៉ាងនេះថា អាត្មាអញនឹងត្រូវដើរផ្លូវ តើបើអាត្មាអញដើរផ្លូវ កាយនឹងលំបាក បើដូច្នោះ មានតែអញដេកសិន ភិក្ខុនោះ ក៏ ដេក មិនប្រារព្ធព្យាយាម ដើម្បីដល់ នូវធម៌ដែលខ្លួនមិនទាន់ដល់ ដើម្បីត្រាស់ដឹង នូវធម៌ដែលខ្លួនមិនទាន់ត្រាស់ដឹង ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវធម៌ដែលខ្លួនមិនទាន់ធ្វើឲ្យជាក់ច្បាស់ នេះ កុសីតវត្ថុទី ៣។
- ភិក្ខុមានសេចក្ដីត្រិះរិះយ៉ាងនេះថា អាត្មាអញបានដើរផ្លូវរួចហើយ តែកាលដែលអាត្មាអញដើរផ្លូវ កាយលំបាកទៅហើយ បើដូច្នោះ មានតែអាត្មាអញដេកសិន ភិក្ខុនោះ ក៏ដេក មិនប្រារព្ធព្យាយាម ដើម្បីដល់នូវធម៌ដែលខ្លួនមិនទាន់ដល់ ដើម្បីត្រាស់ដឹង នូវធម៌ដែលខ្លួនមិនទាន់ត្រាស់ដឹង ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវធម៌ដែលខ្លួនមិនទាន់ធ្វើឲ្យជាក់ច្បាស់ នេះ កុសីតវត្ថុទី ៤។
- ភិក្ខុត្រាច់ទៅកាន់ស្រុកក្តី និគមក្ដី ដើម្បីបិណ្ឌបាត តែមិនបានភោជនដ៏សៅហ្មង ឬថ្លៃថ្លា ឲ្យបរិបូណ៌ ដរាបដល់ឆ្អែតទេ ភិក្ខុនោះ មានសេចក្ដីត្រិះរិះយ៉ាងនេះថា អាត្មាអញ កាលដែល ដើរទៅកាន់ស្រុក ឬនិគមក្ដី ដើម្បីបិណ្ឌបាត មិនបានភោជន ដ៏សៅហ្មង ឬថ្លៃថ្លា ឲ្យបរិបូណ៌ ដរាបដល់ឆ្អែតសោះ កាយរបស់អាត្មាអញនោះ លំបាកទៅហើយ ធ្វើការងារមិនកើតទេ បើដូច្នោះ មានតែអាត្មាអញដេកសិន ភិក្ខុនោះ ក៏ដេក មិនប្រារព្ធព្យាយាម ដើម្បីដល់នូវធម៌ដែលខ្លួនមិនទាន់ដល់ ដើម្បីត្រាស់ដឹងនូវធម៌ ដែលខ្លួនមិនទាន់ត្រាស់ដឹង ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវធម៌ដែលខ្លួនមិនទាន់ធ្វើ ឲ្យជាក់ច្បាស់ នេះ កុសីតវត្ថុទី ៥។
- ភិក្ខុដើរទៅកាន់ស្រុក ឬនិគម ដើម្បីបិណ្ឌបាត បានភោជនដ៏សៅហ្មង ឬថ្លៃថ្លា បរិបូណ៌ដរាបដល់ឆ្អែត ភិក្ខុនោះ មានសេចក្ដីត្រិះរិះយ៉ាងនេះថា អាត្មាអញ កាលដែលដើរទៅកាន់ស្រុក ឬនិគម ដើម្បីបិណ្ឌបាត បានភោជនដ៏សៅហ្មង ឬថ្លៃថ្លា បរិបូណ៌ ដរាបដល់ឆ្អែតដែរហើយ តែកាយរបស់អាត្មាអញនោះធ្ងន់ ធ្វើការងារមិនកើត ទំនងដូចជាសណ្តែកដែល ត្រូវទឹក បើដូច្នោះ មានតែអាត្មាអញដេកសិន ភិក្ខុនោះ ក៏ដេក មិនប្រារព្ធព្យាយាម ដើម្បីដល់ នូវធម៌ដែលខ្លួនមិនទាន់ដល់ ដើម្បីត្រាស់ដឹង នូវធម៌ដែលខ្លួនមិនទាន់ បានត្រាស់ដឹង ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវធម៌ដែលខ្លួនមិនទាន់បានធ្វើឲ្យជាក់ ច្បាស់ នេះ កុសីតវត្ថុទី ៦។
- ភិក្ខុកើតអាពាធបន្តិចបន្តួច ភិក្ខុនោះ មាន សេចក្ដីត្រិះរិះយ៉ាងនេះថា អាត្មាអញកើតអាពាធបន្តិចបន្តួចនេះហើយ អាត្មាអញ គួរតែដេក បើដូច្នោះ អាត្មាអញដេកសិន ភិក្ខុនោះ ក៏ដេក មិនប្រារព្ធព្យាយាម ដើម្បីដល់នូវធម៌ដែលខ្លួនមិនទាន់ដល់ ដើម្បីត្រាស់ដឹង នូវធម៌ដែលខ្លួនមិនទាន់ បានត្រាស់ដឹង ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវធម៌ដែលខ្លួនមិនទាន់បានធ្វើឲ្យជាក់ ច្បាស់ នេះ កុសីតវត្ថុទី ៧។
- ភិក្ខុជាសះស្បើយអំពីជម្ងឺហើយ តែទើប នឹងសះស្បើយមិនយូរប៉ុន្មាន ភិក្ខុនោះមានសេចក្ដីត្រិះរិះយ៉ាងនេះថា អាត្មាអញសះ ស្បើយអំពីជម្ងឺហើយ តែសះស្បើយមិនទាន់យូរប៉ុន្មាន កាយរបស់អាត្មាអញ នោះនៅមិនទាន់មានកម្លាំង ធ្វើការងារមិនទាន់កើត បើដូច្នោះ អាត្មាអញដេកសិន ភិក្ខុនោះ ក៏ដេក មិនប្រារព្ធព្យាយាម ដើម្បីដល់ នូវធម៌ដែលខ្លួនមិនទាន់ដល់ ដើម្បី ត្រាស់ដឹងនូវធម៌ដែលខ្លួនមិនទាន់បានត្រាស់ដឹង ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវធម៌ ដែលខ្លួនមិនទាន់បានធ្វើឲ្យជាក់ច្បាស់ នេះ កុសីតវត្ថុទី ៨។ (បិ.៨២, ឃ.២៤៧)
សូមអនុមោទនា !!!
