មហាវិភង្គ តតិយភាគ

ភាគទី៣

ខ្ញុំសូមនមស្ការ ចំពោះ​ព្រះដ៏មានព្រះភាគ ជាអរហន្តសម្មាសម្ពុទ្ធ ព្រះអង្គនោះ។

និស្សគ្គិយកណ្ឌ

បពិត្រលោកដ៏មានអាយុទាំងឡាយ អាបត្តិនិស្សគ្គិយ​បាចិត្តិយ​ទាំង ៣០ នេះឯង មកកាន់​ឧទ្ទេស (គឺព្រះបាតិមោក្ខ​ដែលសង្ឃត្រូវសំដែង​រាល់​កន្លះខែ)។

ចីវរវគ្គ សិក្ខាបទទី១

[១] សម័យនោះ ព្រះសម្ពុទ្ធជាម្ចាស់ដ៏មានព្រះភាគ ទ្រង់​គង់នៅ​ក្នុង​គោតមកចេតិយ ទៀបក្រុង​វេសាលី។ វេលានោះឯង ត្រៃចីវរ​ដែលព្រះដ៏មានព្រះភាគ ទ្រង់បាន​អនុញ្ញាត​ដល់​ភិក្ខុ​ទាំងឡាយ​រួចស្រេចហើយ។ ពួកឆព្វគ្គិយភិក្ខុ (ភិក្ខុមាន​ពួក ៦) បានដឹងថា ត្រៃចីវរ​ព្រះដ៏​មានព្រះភាគ​ទ្រង់អនុញ្ញាត​ហើយ (ក៏ប្រើប្រាស់​ចីវរ​ហួស​ពុទ្ធានុញ្ញាត គឺ​ប្រើប្រាស់​ចីវរបីត្រៃ) ចូល​ទៅកាន់​ស្រុក (ស្លៀកដណ្តប់) ចីវរ​មួយត្រៃ នៅក្នុង​អារាម (ស្លៀកដណ្តប់) ចីវរ​មួយត្រៃ​ ចុះកាន់​កំពង់​ងូតទឹក (ស្លៀកដណ្តប់) ចីវរ​មួយត្រៃ។ ភិក្ខុទាំង​ឡាយណា ដែលជា​អ្នកប្រាថ្នា​តិច ជាអ្នក​សន្តោស ជាអ្នក​មានសេចក្តី​អៀនខ្មាស ជាអ្នក​ក្តៅក្រហាយ​នឹងបាប ជាអ្នក​ពេញចិត្ត​ខាង​ការ​រៀន​សូត្រ ភិក្ខុទាំង​នោះ ក៏ពោល​ទោស តិះដៀល បន្តុះបង្អាប់​ថា ពួកឆព្វគ្គិយ​ភិក្ខុ​មិន​សមបីបើ​នឹង​ប្រើ​ប្រាស់​អតិរេកចីវរ (ចីវរ​ច្រើន) លើស​កំណត់។ លំដាប់នោះ ភិក្ខុទាំង​អម្បាលនោះ ក៏ក្រាបទូល​សេចក្តីនុ៎ះ​ចំពោះ​ព្រះដ៏មាន​ព្រះភាគ​ជាម្ចាស់។ ព្រោះនិទាននេះ ដំណើរនេះ ព្រះដ៏មាន​ព្រះភាគ ទ្រង់ឲ្យ​ប្រជុំភិក្ខុ​សង្ឃ រួចត្រាស់​សួរបញ្ជាក់​ទៅពួក​ឆព្វគ្គិយភិក្ខុ​ក្នុងពេល​នោះថា ម្នាលភិក្ខុ​ទាំង​ឡាយ អ្នកទាំង​ឡាយ​បានប្រើប្រាស់​អតិរេកចីវរ​មែនឬ។ ពួកឆព្វគ្គិយភិក្ខុ​ក្រាបទូល​ថា បពិត្រ​ព្រះ​ដ៏មាន​ព្រះភាគ ការនោះ​ពិតមែន។ ព្រះសម្ពុទ្ធ​ជាម្ចាស់​ដ៏មានព្រះភាគ ទ្រង់​បន្ទោស​ថា ម្នាល​មោឃបុរស​ទាំងឡាយ អំពើ​ដែលអ្នក​ឯងរាល់​គ្នាធ្វើនេះ មិនទំនង មិនសម​បែប មិនសម​គួរ មិនមែន​ជារបស់​សមណៈ ជាការ​មិនគប្បី មិនគួរ​បើនឹងធ្វើ​សោះ ម្នាល​មោឃបុរស​ទាំងឡាយ គួរ​បើដែរ អ្នកឯង​រាល់គ្នា​នឹងប្រើប្រាស់​អតិរេកចីវរ (យ៉ាងនេះ) ម្នាល​មោឃបុរស​​ទាំងឡាយ អំពើ​ដែល​អ្នកឯង​រាល់គ្នា​ធ្វើនេះ នឹងបាន​នាំមនុស្ស​ដែលមិនទាន់​ជ្រះថ្លា​ឲ្យជ្រះថ្លា​ឡើង ឬមនុស្ស​ដែល​បាន​ជ្រះថ្លា​ហើយ ឲ្យ​រឹងរឹត​តែជ្រះថ្លា​ឡើងទៀត (នោះ) ក៏ទេ។បេ។ ម្នាលភិក្ខុ​ទាំងឡាយ អ្នកទាំងឡាយ ត្រូវសំដែង​ឡើងនូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា ភិក្ខុណាមួយ​ប្រើប្រាស់​អតិរេកចីវរ (ភិក្ខុនោះ) ត្រូវ​និស្សគ្គិយបាចិត្ដិយ [គឺ អតិរេកចីវរ​នោះ​ជា​និស្សគ្គិយ ភិក្ខុ​ត្រូវ​អាបត្ដិបាចិត្ដិយ។]

ឯសិក្ខាបទ​នេះ ព្រះដ៏មានព្រះភាគ ទ្រង់បញ្ញត្ដ​ដល់ភិក្ខុ​ទាំងឡាយ​យ៉ាងនេះ​ហើយ។

[២] គ្រានោះ អតិរេកចីវរ កើតឡើងដល់​ព្រះអានន្ទដ៏​មានអាយុ។ ព្រះអានន្ទ​ដ៏មាន​អាយុ​ចង់​ប្រគេន​ចីវរនោះ​ទៅ​ព្រះសារីបុត្ដ​ដ៏មានអាយុ។ តែ​ព្រះសារីបុត្ដ​ដ៏មានអាយុ លោក​គង់​នៅឯ​នគរសាកេត (មិនទាន់​និមន្ដមកដល់)។ វេលានោះ ព្រះអានន្ទ​ដ៏មានអាយុ ត្រិះរិះ​គិតថា ព្រះដ៏មានព្រះភាគ​បាន​បញ្ញត្ដ​សិក្ខាបទ​ថា ភិក្ខុមិនត្រូវ​ទ្រទ្រង់​អតិរេកចីវរ​ឡើយ ឥឡូវ​​អតិរេកចីវរ កើត​ឡើងដល់​អញហើយ អញមាន​បំណង​នឹងប្រគេន​ចីវរនេះ​ទៅ​ព្រះសារីបុត្ដ​ដ៏មានអាយុ តែ​ព្រះសារីបុត្ដ​ដ៏មានអាយុ លោកគង់នៅ​ឯនគរសាកេត តើអញ​ត្រូវ​ប្រតិបត្ដិ​ដូចម្ដេចអេះ។ គ្រានោះ ព្រះអានន្ទ​ដ៏មានអាយុ​បានក្រាប​ទូល​សេចក្ដីនុ៎ះ​ចំពោះ​​​ព្រះដ៏មាន​ព្រះភាគ។ ព្រះអង្គ​ទ្រង់ត្រាស់​សួរថា ម្នាល​អានន្ទ ចុះសារីបុត្ដ​នៅ​យូរ​ប៉ុន្មាន​ថ្ងៃទៀត​នឹង​មកដល់។ ព្រះអានន្ទ​ក្រាប​ទូល​ថា បពិត្រ​ព្រះដ៏មានព្រះភាគ​ជា​ម្ចាស់ ប្រហែល​ជាប្រាំបួនថ្ងៃ ឬដប់​ថ្ងៃទៀត (ទើបលោក​នឹង​និមន្ដ​មកដល់)។ ព្រោះនិទាន​នេះ ដំណើរនេះ ព្រះដ៏មានព្រះភាគ​ទ្រង់ធ្វើ​ធម្មីកថា ហើយ​ត្រាស់​ហៅភិក្ខុ​ទាំងឡាយ​មក ក្នុង​វេលានោះថា ម្នាលភិក្ខុ​ទាំងឡាយ តថាគត​អនុញ្ញាត​ដើម្បីឱ្យអ្នក​រាល់​គ្នា​ទុក​អតិរេកចីវរ កំណត់​ត្រឹមដប់ថ្ងៃ ម្នាលភិក្ខុ​ទាំងឡាយ អ្នកទាំងឡាយ ត្រូវសំដែង​នូវសិក្ខាបទ​នេះយ៉ាង​នេះថា កាលបើ​ចីវរ​សម្រេចហើយ (ក្ដី) កឋិនដោះ​ហើយ (ក្ដី) ភិក្ខុ​ត្រូវទុក​អតិរេកចីវរ បាន​តែត្រឹម​ដប់ថ្ងៃ បើឱ្យកន្លង​ហួសពី​ដប់ថ្ងៃនោះទៅ ត្រូវ​និស្សគ្គិយបាចិត្ដិយ។

[៣] ត្រង់ពាក្យថា ចីវរសម្រេចហើយ អធិប្បាយថា ចីវរ​ដែលភិក្ខុ​បានធ្វើ​រួច​ហើយក្ដី ចីវរ​ដែលបាត់​ដោយចោរ​ជាដើម​លួចយក​ទៅក្ដី ចីវរ​វិនាស​ដោយសត្វ​កណ្ដៀរ​ជាដើម​កាត់ក្ដី ចីវរ​​ដែលភ្លើង​ឆេះក្ដី សេចក្ដី​ប្រាថ្នា​ក្នុងចីវរ (របស់​ភិក្ខុនោះ) ដាច់​ស្រឡះក្ដី។ ពាក្យថា កឋិនដោះ​ហើយ គឺកឋិន​ដែលដោះ​ដោយ​បណ្ដាមាតិកា ៨ យ៉ាង មាតិកា​ណាមួយ ឬសង្ឃ​បានប្រជុំគ្នា​សូត្រ​ដោះក្នុង​កាល​ជាចន្លោះ។ ពាក្យថា កំណត់​ត្រឹមដប់ថ្ងៃ គឺភិក្ខុ​ត្រូវទុក (អតិរេកចីវរ) កំណត់​យ៉ាង​យូរបាន​ត្រឹមតែ​ដប់ថ្ងៃ។ ចីវរ​ដែលភិក្ខុ​មិនបាន​អធិដ្ឋាន មិនបាន​វិកប្ប ឈ្មោះថា​អតិរេកចីវរ។ បណ្ដា​ចីវរ​ទាំង៦ ចីវរណាមួយ​ដែលតូច​បំផុត គួរល្មម​ភិក្ខុ​វិកប្បបាន ឈ្មោះថា​ចីវរ។ ពាក្យថា បើទុក​ឱ្យកន្លង​ហួសពី​ដប់ថ្ងៃ​នោះទៅ ត្រូវ​និស្សគ្គិយ អធិប្បាយថា ចីវរ កាលបើ​អរុណរះឡើង​ក្នុង​ថ្ងៃទី ១១ (ឡើងទៅ) ភិក្ខុត្រូវ​លះចេញ គឺត្រូវ​លះដល់​ជំនុំសង្ឃ ឬគណៈ ឬបុគ្គល។ ម្នាលភិក្ខុទាំង​ឡាយ​ ភិក្ខុ​ត្រូវលះ (ចីវរ​ដល់​ជំនុំសង្ឃ) បែបយ៉ាងនេះ។

[៤] ភិក្ខុនោះឯង ត្រូវ (យកចីវរដែលជា​និស្សគ្គិយនោះ) ចូលទៅរក​ជំនុំ​សង្ឃ ហើយ​ធ្វើ​ឧត្ដរាសង្គ (ចីពរ) ឆៀងស្មាម្ខាង រួចសំពះ​បាទា​ភិក្ខុចាស់​ទាំងឡាយ ហើយ​អង្គុយច្រហោង​ប្រណម្យ​អញ្ជលីឡើង ពោលនឹង​សង្ឃ​យ៉ាងនេះថា បពិត្រ​ព្រះគម្ដែងសង្ឃដ៏ចរើន នេះ​ចីវរ​របស់ខ្ញុំ​កន្លង​ដប់ថ្ងៃ​ ត្រូវ​និស្សគ្គិយហើយ ឥឡូវ​ខ្ញុំសូម​លះចីវរ​នេះដល់​ជំនុំសង្ឃ។ លុះ (ភិក្ខុនោះ) លះរួច​ហើយ ត្រូវ​សំដែង​អាបត្ដិ​ចេញ។ ភិក្ខុអ្នក​ឆ្លាស អង់អាច ត្រូវទទួល​អាបត្ដិ ត្រូវ​ប្រគល់​ចីវរ​ដែល​លះបង់​ឱ្យ​ដោយ​ពាក្យថា បពិត្រ​ព្រះសង្ឃ​ដ៏ចរើន សូម​ព្រះសង្ឃ​ស្ដាប់​ពាក្យ​ខ្ញុំ ដ្បិតភិក្ខុ​ឈ្មោះនេះ [ត្រង់នេះ​ត្រូវដាក់ឈ្មោះ បញ្ចូលមក គឺបើភិក្ខុនោះ​ឈ្មោះអ្វី ត្រូវចេញ​ឈ្មោះនោះ ដូចឈ្មោះ​ថា ពុទ្ធរក្ខិត ធម្មរក្ខិត សង្ឃរក្ខិត ជាដើម។] បានលះ​ចីវរនេះ ដែលត្រូវ​និស្សគ្គិយ​ដល់​ជំនុំសង្ឃ​ហើយ បើកម្មមាន​កាល​ដ៏សមគួរ​ដល់សង្ឃ​ហើយ សង្ឃ​ត្រូវប្រគល់​ចីវរនេះ​ឱ្យទៅ​ភិក្ខុ​ឈ្មោះនេះ [ត្រង់នេះ​ត្រូវដាក់ឈ្មោះ បញ្ចូលមក គឺបើភិក្ខុនោះ​ឈ្មោះអ្វី ត្រូវចេញ​ឈ្មោះនោះ ដូច ឈ្មោះថា ពុទ្ធរក្ខិត ធម្មរក្ខិត សង្ឃរក្ខិត ជាដើម។] វិញ​ចុះ។

[៥] (បើលះចីវរដល់គណៈ) ភិក្ខុនោះ​ត្រូវចូល​ទៅរកភិក្ខុ​ច្រើនអង្គ (គឺភិក្ខុ​បីរូប ឬពីររូប) ហើយធ្វើ​ឧត្ដរាសង្គ​ឆៀងស្មា​ម្ខាង​សំពះទៀប​បាទា ភិក្ខុចាស់​ទាំងឡាយ រួចអង្គុយ​ច្រហោង​ប្រណម្យ​អញ្ជលី​ឡើង ពោលនឹង​ភិក្ខុទាំងនោះ​យ៉ាងនេះថា បពិត្រ​លោកម្ចាស់​ដ៏ចំរើន នេះ​ចីវរ​របស់ខ្ញុំ​កន្លង​ដប់ថ្ងៃ ត្រូវ​និស្សគ្គិយហើយ ឥឡូវ ខ្ញុំសូម​លះចីវរនេះ ដល់លោក​ដ៏មានអាយុ​ទាំងឡាយ។ ភិក្ខុ​នោះ​លះរួចហើយ ត្រូវសំដែង​អាបត្ដិចេញ។ ភិក្ខុអ្នក​ឆ្លាស អង់អាច​ត្រូវទទួល​អាបត្ដិ ​រួចត្រូវឱ្យ​ចីវរ​ដែល​ភិក្ខុលះ​នោះដោយ​ពាក្យថា សូមលោក​ដ៏មានអាយុ​ទាំងឡាយ​ស្ដាប់​ពាក្យខ្ញុំ ចីវរ​នេះ របស់​ភិក្ខុ​ឈ្មោះនេះ ជានិស្សគ្គិយ លោកបាន​លះបង់​ដល់លោក​ដ៏មានអាយុ​ទាំងឡាយ​ហើយ។ បើ​កម្ម​មាន​កាល​ដ៏សមគួរ​ដល់លោកដ៏​មានអាយុ​ទាំងឡាយ​ហើយ អស់​លោកដ៏​មាន​អាយុ​ត្រូវ​ប្រគល់​ចីវរ​នេះឱ្យទៅ​ភិក្ខុឈ្មោះ​នេះវិញចុះ។

[៦] (បើលះដល់បុគ្គល) ភិក្ខុនោះ ត្រូវចូលទៅ​រកភិក្ខុមួយរូប ហើយធ្វើ​ឧត្ដរាសង្គ​ឆៀងស្មា​ម្ខាង រួចអង្គុយ​ច្រហោង​ប្រណម្យ​អញ្ជលីឡើង ហើយពោល​នឹងភិក្ខុនោះ​យ៉ាងនេះថា ម្នាល​អាវុសោ នេះចីវរ​របស់ខ្ញុំ កន្លងដប់​ថ្ងៃហើយ ត្រូវតែ​លះបង់ ឥឡូវ ខ្ញុំសូម​លះចីវរ​នេះ​ដល់លោក​ដ៏មាន​អាយុ។ ភិក្ខុនោះ លុះលះ​រួចហើយ ត្រូវសំដែង​អាបត្ដិចេញ។ ភិក្ខុនោះ ត្រូវទទួល​អាបត្ដិ ហើយត្រូវ​ប្រគល់​ចីវរដែល​លះបង់​ដោយពាក្យ​ថា ខ្ញុំឱ្យចីវរនេះ​ទៅលោក​ដ៏មាន​អាយុវិញ។

[៧] (កាលបើចីវរ) កន្លងហួស​ដប់ថ្ងៃហើយ ភិក្ខុដឹងច្បាស់​ថាកន្លង ត្រូវនិស្សគ្គិយ​បាចិត្ដិយ។ (កាលបើចីវរ) កន្លងហួស​ដប់ថ្ងៃហើយ ភិក្ខុមាន​សេចក្តី​សង្ស័យ ត្រូវ​និស្សគ្គិយបាចិត្ដិយ។ (កាលបើចីវរ) ដែលកន្លង​ហួសដប់ថ្ងៃ​ហើយ ភិក្ខុសំគាល់​ថា មិនទាន់​កន្លងទេ ត្រូវ​និស្សគ្គិយបាចិត្ដិយ។ (កាលបើចីវរ) ដែលមិនទាន់​បានអធិដ្ឋាន ហើយ​ភិក្ខុសំគាល់​ថាបាន​អធិដ្ឋាន​ហើយ ត្រូវនិស្សគ្គិយ​បាចិត្ដិយ។ (កាលបើចីវរ) ដែលភិក្ខុ​មិនទាន់បាន​វិកប្ប ហើយ​ភិក្ខុ​សំគាល់​ថាបាន​វិកប្ប ត្រូវនិស្សគ្គិយ​បាចិត្ដិយ។ (កាលបើចីវរ) ដែលភិក្ខុ​មិនទាន់​បានលះ ហើយភិក្ខុ​ដឹងច្បាស់ថា​បានលះ ត្រូវ​និស្សគ្គិយ​បាចិត្ដិយ។ (កាលបើចីវរ) មិនបាត់ទេ ហើយភិក្ខុ​សំគាល់​ថាបាត់ ត្រូវ​និស្សគ្គិយ​បាចិត្ដិយ។ (កាលបើ​ចីវរ) មិនខូចទេ ហើយភិក្ខុ​សំគាល់​ថាខូច ត្រូវ​និស្សគ្គិយ​បាចិត្ដិយ។ (កាលបើចីវរ) ភ្លើងមិនឆេះទេ ហើយ​ភិក្ខុសំគាល់​ថាភ្លើងឆេះ ត្រូវ​និស្សគ្គិយ​បាចិត្ដិយ។ (កាលបើចីវរ) ចោរឥត​បានប្លន់​យកទេ តែភិក្ខុ​សំគាល់ថា​ចោរប្លន់យក ត្រូវ​និស្សគ្គិយ​បាចិត្ដិយ។ ភិក្ខុមិន​បានលះចីវរ​ដែលត្រូវ​និស្សគ្គិយ ហើយ​យកមក​ប្រើប្រាស់ ត្រូវអាបត្ដិទុក្កដ។ (កាលបើចីវរ) មិនទាន់​កន្លងហួស​ដប់ថ្ងៃទេ ភិក្ខុសំគាល់​ថាកន្លង​ហើយ ត្រូវអាបត្ដិទុក្កដ។ (កាលបើចីវរ) មិនទាន់​កន្លងហួស​ដប់ថ្ងៃទេ ភិក្ខុមាន​សេចក្ដីសង្ស័យ ត្រូវ​អាបត្ដិទុក្កដ។ (កាលបើចីវរ) មិនទាន់​កន្លងហួស ដប់ថ្ងៃ ហើយភិក្ខុ​ក៏សំគាល់​ថាមិនទាន់​កន្លង​ទេ មិនត្រូវ​អាបត្ដិ​ឡើយ។

[៨] វារៈដែលមិនត្រូវអាបត្ដិនោះ គឺភិក្ខុបាន​អធិដ្ឋាន បានវិកប្ប​ក្នុងខាង​ក្នុងដប់ថ្ងៃ ១ ភិក្ខុបាន​លះ ១ ចីវរបាត់ ១ ចីវរខូច ១ ចីវរ​ភ្លើងឆេះ ១ ចីវរ​ចោរដណ្ដើម​យក ១ ចីវរ​ដែលភិក្ខុ​យកដោយ​សេចក្ដី​ស្និទ្ធស្នាល ១ ភិក្ខុឆ្កួត ១ ភិក្ខុដើម​បញ្ញត្ដិ១។

[៩] ក្នុងសម័យនោះឯង ពួកឆព្វគ្គិយភិក្ខុ​មិនប្រគល់​ចីវរដែល​លះ ឱ្យទៅភិក្ខុ (ម្ចាស់ចីវរ) នោះវិញ។ ភិក្ខុទាំងឡាយ​ណា ដែលជាអ្នក​មានសេចក្ដី​ប្រាថ្នាតិច។បេ។ ភិក្ខុទាំងនោះ ក៏​លើក​ទោស តិះដៀល បន្ទោសថា គួរបើដែរ ពួកឆព្វគ្គិយភិក្ខុ​មិនឱ្យចីវរ​ដែលលះ (ទៅ​ភិក្ខុម្ចាស់​ចីវរ) វិញ។ ភិក្ខុទាំង​អម្បាលនោះ ក៏ក្រាបទូល​សេចក្ដីនុ៎ះ ដល់ព្រះដ៏​មាន​ព្រះភាគ។ គ្រានោះ ព្រះដ៏​មាន​ព្រះភាគទ្រង់​ត្រាស់សួរ​ទៅពួក​ឆព្វគ្គិយភិក្ខុថា ម្នាលភិក្ខុ​ទាំងឡាយ ឮថា អ្នកទាំង​ឡាយមិន​បាន​ឱ្យ​ចីវរ​ដែលលះ (ទៅភិក្ខុម្ចាស់​ចីវរ) វិញ មែនឬ។ ពួកឆព្វគ្គិយ​ភិក្ខុ​ក្រាបទូល​ថា មែនព្រះអង្គ។ ព្រះ​ពុទ្ធ​ជាម្ចាស់ដ៏មាន​ព្រះភាគ ទ្រង់​បន្ទោស។បេ។ រួចទ្រង់​ធ្វើធម្មីកថា​ត្រាស់ហៅ​ភិក្ខុទាំង​ឡាយដោយ​ព្រះ​ពុទ្ធដីកាថា ម្នាល​ភិក្ខុ​​ទាំងឡាយ ភិក្ខុកុំមិន​ឱ្យចីវរ​ដែលលះ (ទៅភិក្ខុ​ម្ចាស់ចីវរ) វិញ ភិក្ខុ​ណា​មិន​ឱ្យ ភិក្ខុនោះ​ត្រូវ​អាបត្ដិទុក្កដ។

សិក្ខាបទទី១ចប់។

សិក្ខាបទទី២

[១០] សម័យនោះ ព្រះពុទ្ធជាម្ចាស់ដ៏មានព្រះភាគ គង់នៅវត្ដព្រះជេតពន របស់​អនាថណ្ឌិកសេដ្ឋី​ ទៀបក្រុងសាវត្ថី។ សម័យនោះឯង មាន​ភិក្ខុច្រើនរូប​បានផ្ញើ​ចីវរ​ទុកនៅ​ដៃភិក្ខុ​ទាំង​ឡាយ (រួចស្លៀកដណ្ដប់) តែស្បង់និងចីវរ ចេញទៅ​កាន់ជនបទចារិកទៅ។ ឯចីវរ​ដែលភិក្ខុ​ផ្ញើ​ទុក​នោះ យូរពេកក៏​ដាមឆ្លកជាំអស់។ ភិក្ខុទាំងឡាយ​ក៏យកចីវរទាំង​អម្បាល​នោះទៅ ហាល​សំដិល។ ព្រះអានន្ទដ៏មាន​អាយុបាន​និមន្ដទៅកាន់​សេនាសន​ចារិក ក្រឡេក​ទៅឃើញ​ភិក្ខុ​ទាំង​នោះ​កំពុងហាល​សំដិលចីវរ​ទាំងនោះ ក៏ដើរចូល​ទៅជិត​ភិក្ខុ​ទាំងឡាយ​នោះ លុះ​ចូលទៅជិត​ហើយ ក៏សួរភិក្ខុ​ទាំងនោះថា ម្នាលអាវុសោ​ទាំងឡាយ ចីវរទាំង​នេះដាម​ឆ្លកជាំអស់ តើ​ជារបស់​លោកណា។ គ្រានោះឯង ភិក្ខុទាំង​អម្បាលនោះ ក៏បានប្រាប់​សេចក្ដីនុ៎ះ​ដល់​ព្រះអានន្ទដ៏មាន​អាយុ។ ព្រះអានន្ទ​ដ៏មានអាយុ ក៏លើកទោស តិះដៀល បន្ទោសថា ភិក្ខុ​ទាំងឡាយ​មិនគួរ​បើនឹង​ផ្ញើ​ចីវរ​ទុកដាក់ដៃ​របស់​ភិក្ខុ​ទាំងឡាយ ហើយ (ស្លៀកដណ្ដប់) តែស្បង់​នឹងចីពរ​ចេញទៅ​កាន់​ជនបទ​ចារិក​សោះ។ ទើប​ព្រះអានន្ទដ៏​មានអាយុ ក្រាបទូល​សេចក្ដីនុ៎ះ​ដល់ព្រះដ៏មាន​ព្រះភាគជា​ម្ចាស់។ លំដាប់​នោះ ព្រះដ៏មាន​ព្រះភាគជា​ម្ចាស់ ទ្រង់ត្រាស់​សួរតប​ទៅពួកភិក្ខុ​ទាំងនោះថា ម្នាលភិក្ខុ​ទាំង​ឡាយ ឮថាភិក្ខុ​ទាំងឡាយ​បានផ្ញើចីវរ ទុកនៅដៃ​ភិក្ខុទាំងឡាយ ហើយ (ស្លៀកដណ្ដប់) តែស្បង់​និង​ចីពរ ចេញដើរ​ទៅកាន់​ជនបទចារិក មែនឬ។ ភិក្ខុទាំងនោះ ក្រាបទូលថា សូមទ្រង់ព្រះ មេត្ដា​ប្រោស ហេតុនោះ​ពិតមែន។ ព្រះពុទ្ធ​ជាម្ចាស់​ដ៏មានព្រះភាគ ទ្រង់​បន្ទោស​ថា ម្នាលភិក្ខុ​ទាំងឡាយ គួរបើដែរ មោឃបុរស​ទាំងនោះ ហ៊ានផ្ញើ​ចីវរទុកនៅ​ដៃភិក្ខុ​ទាំងឡាយ (ហើយស្លៀកដណ្ដប់) តែ​ស្បង់ និងចីពរ ចេញដើរ​ទៅកាន់​ជនបទចារិក ម្នាលភិក្ខុ​ទាំងឡាយ អំពើដែល អ្នកធ្វើនេះ នឹង​បាន​នាំមនុស្ស​ដែលមិនទាន់​ជ្រះថ្លា ឱ្យបាន​ជ្រះថ្លាឡើង ឬមនុស្ស​ដែលបាន​ជ្រះថ្លាហើយ ឱ្យរឹងរឹត​តែជ្រះថ្លា​ឡើង (នោះ) ក៏ទេ។បេ។ ម្នាលភិក្ខុ​ទាំងឡាយ អ្នក​ទាំងឡាយ​ត្រូវ​សំដែង​សិក្ខាបទ​នេះ យ៉ាងនេះថា កាលបើ​ចីវររបស់​ភិក្ខុ​សម្រេច​ហើយ កឋិនដោះ​ហើយ បើភិក្ខុ​នៅប្រាសចាក​ត្រៃចីវរ សូម្បីតែមួយ​យប់ ក៏ត្រូវ​និស្សគ្គិយ​បាចិត្ដិយ។ សិក្ខាបទនេះ ព្រះដ៏មាន​ព្រះភាគ​ទ្រង់បាន​បញ្ញត្ដដល់​ពួកភិក្ខុ​យ៉ាងនេះ​​ហើយ។

[១១] គ្រានោះឯង ក្នុងក្រុងកោសម្ពី មានភិក្ខុមួយ​រូបមានជំងឺ។ ពួក​ជនជា​ញាតិក៏បាន​ចាត់​ប្រើ​បម្រើទៅក្នុង​សំណាក់​ភិក្ខុនោះថា សូមឱ្យ​លោកម្ចាស់​និមន្ដមក យើងនឹង​ផ្គត់ផ្គង់​បម្រើ។ ទាំង​ភិក្ខុ​ទាំងឡាយក៏ជួយ​និយាយថា ម្នាលអាវុសោ លោកចូរនិមន្ដ​ទៅចុះ ពួក​ញាតិ​​គេនឹងបាន ផ្គត់​ផ្គង់​បម្រើលោក។ ភិក្ខុនោះ​និយាយ​តបយ៉ាង​នេះវិញថា ម្នាលអាវុសោ​ទាំងឡាយ ព្រះដ៏មាន​ព្រះភាគ ទ្រង់បាន​បញ្ញត្ដសិក្ខាបទ​ដល់ភិក្ខុ​ទាំងឡាយ​រួចហើយថា ភិក្ខុមិន​ត្រូវនៅប្រាសចាក​ត្រៃចីវរ​ទេ ក៏ឥឡូវ​ខ្លួនខ្ញុំ​មានជម្ងឺ មិនអាច​នឹងយកត្រៃចីវរ​ចេញ​ដើរទៅ​បានឡើយ ខ្ញុំ​នឹងទៅ​មិន​កើត​ទេ។ ភិក្ខុទាំងឡាយ ក៏បានទូល​សេចក្ដីនុ៎ះ ដល់​ព្រះដ៏មាន​ព្រះភាគ​ជាម្ចាស់។ ព្រោះនិទាន​នេះ ដំណើរនេះ ព្រះដ៏មាន​ព្រះភាគ​ជាម្ចាស់ ក៏ធ្វើ​ធម្មីកថា ក្នុងវេលានោះ ហើយ​ត្រាស់ហៅ​ភិក្ខុ​ទាំងឡាយ​ថា ម្នាលភិក្ខុ​ទាំងឡាយ តថាគត​អនុញ្ញាត​ឱ្យជំនុំសង្ឃ ឱ្យនូវសម្មតិ ដើម្បី​ឱ្យនៅប្រាស​ចាក​ត្រៃចីវរដល់​ភិក្ខុដែល​មានជម្ងឺ។ ម្នាលភិក្ខុ​ទាំងឡាយ (សង្ឃ) ត្រូវឱ្យសម្មតិ​យ៉ាងនេះ។ ភិក្ខុ​ដែល​មានជម្ងឺនោះ ត្រូវចូល​ទៅកាន់ជំនុំ​សង្ឃ ហើយធ្វើ ឧត្ដរាសង្គ​ឆៀង​ស្មាម្ខាង រួចសំពះ​បាទា​ភិក្ខុ​ចាស់​ទាំងឡាយ ហើយអង្គុយ​ច្រហោង ផ្គងអញ្ជលីឡើង ពោលនឹង​សង្ឃយ៉ាង​នេះថា បពិត្រ​ព្រះសង្ឃ​ដ៏ចំរើន ឥឡូវខ្ញុំ​មានជម្ងឺ មិនអាច​នឹងយកត្រៃ​ចីវរចេញ​ដើរទៅ​បានទេ បពិត្រ​ព្រះសង្ឃ​ដ៏ចម្រើន ខ្ញុំនោះ​សូមសម្មតិ ដើម្បីនៅប្រាស​ចាក​ត្រៃចីវរ​នឹងសង្ឃ។ ភិក្ខុត្រូវ​សូមគំរប់ពីរ​ដងផង សូមគំរប់​បីដងផង។ ភិក្ខុអ្នក​ឆ្លាស អង់អាច ត្រូវញ៉ាំង​សង្ឃឱ្យដឹង​ថា បពិត្រ​ព្រះសង្ឃ​ដ៏ចំរើន សូម​ព្រះសង្ឃ​ស្ដាប់ពាក្យខ្ញុំ (ដ្បិត) ភិក្ខុនេះ ឈ្មោះនេះ មានជម្ងឺ​មិនអាចនឹងយក​ត្រៃចីវរ​ចេញ​ដើរ​ទៅ​បានទេ។ ភិក្ខុនោះ មកសូម​សម្មតិដើម្បី​នៅ​ប្រាស​ចាក​​​ត្រៃចីវរ​នឹងជំនុំសង្ឃ។ បើកម្ម​មានកាល​ល្មម​សមគួរដល់​សង្ឃហើយ សង្ឃត្រូវ​ឲ្យ​សម្មតិដើម្បី​នៅប្រាសចាក​ត្រៃចីវរដល់​ភិក្ខុឈ្មោះនេះ​ចុះ។ វាចានេះ (ជាពាក្យផ្ដើម) ញ៉ាំង​សង្ឃឱ្យដឹង។ បពិត្រ​ព្រះសង្ឃ​ដ៏ចំរើន សូមព្រះសង្ឃ​ស្ដាប់​ពាក្យ​ខ្ញុំ ភិក្ខុនេះឈ្មោះ​នេះ​មានជម្ងឺ មិនអាច​នឹងយក​ត្រៃចីវរ​ចេញដើរ​ទៅបាន។ ភិក្ខុ​នោះសូម​សម្មតិ​ដើម្បី​នៅប្រាស​ចាកត្រៃចីវរ​នឹងសង្ឃ។ សង្ឃឱ្យ​នូវសម្មតិ​ដើម្បីនៅ​ប្រាសចាក​ត្រៃចីវរ​ដល់ភិក្ខុ ឈ្មោះ​នេះ។ ការឱ្យ​នូវសម្មតិ​ដើម្បីនៅ​ប្រាសចាក​ត្រៃចីវរ​ដល់ភិក្ខុឈ្មោះ​នេះ គួរ​ដល់​លោក​ដ៏មាន​អាយុ​អង្គណា សូមលោក​ដ៏មានអាយុ​អង្គនោះស្ងៀម (បើ)មិនគួរ​ដល់លោក​ដ៏មានអាយុ​អង្គណា សូមឱ្យ​លោកដ៏មាន​អាយុ​អង្គនោះ​និយាយឡើង។ ការសម្មតិ​ដើម្បីនៅ​ប្រាសចាក​ត្រៃចីវរ សង្ឃ​បាន​ឱ្យដល់​ភិក្ខុឈ្មោះ​នេះហើយ។ ការឱ្យសម្មតិ​គួរដល់​សង្ឃ ព្រោះហេតុ​នោះ​បានជាសង្ឃ​ស្ងៀម។ ខ្ញុំចាំ​ទុក​នូវហេតុនេះ​ដោយ​កិរិយាស្ងៀម​យ៉ាងនេះ (ទុកជា​ការស្រេច)។ ម្នាល​ភិក្ខុ​ទាំង​ឡាយ អ្នក​ទាំងឡាយ ត្រូវសំដែង​នូវសិក្ខាបទនេះ​យ៉ាងនេះថា កាលបើ​ចីវររបស់​ភិក្ខុ​សម្រេចហើយ កឋិនដោះ​ហើយ បើភិក្ខុនៅ​ប្រាសចាក​ត្រៃចីវរ សូម្បី​តែមួយយប់ ត្រូវ​និស្សគ្គិយ​បាចិត្ដិយ វៀរលែង​តែភិក្ខុ​ដែលបាន​អវិប្បវាសសម្មតិ​អំពីសង្ឃ។

[១២] ត្រង់ពាក្យថា កាលបើចីវររបស់ភិក្ខុ​សម្រេចហើយ អធិប្បាយ​ថា ចីវរ​ដែលភិក្ខុ​បាន​ធ្វើរួចជាស្រេច​ហើយក្ដី ចីវរបាត់ក្ដី ចីវរដែលខូចក្ដី ចីវរភ្លើង​ឆេះក្ដី បំណងក្នុង​ចីវរដាច់​ស្រឡះក្ដី។ ពាក្យថា កឋិនដោះ​ហើយ អធិប្បាយថា កឋិនដោះ​ហើយ បណ្ដា​មាតិកា​ទាំង ៨យ៉ាង ដោយ មាតិកា​ណាមួយ ម្យ៉ាងទៀត កឋិន​ដែលសង្ឃ​បានដោះក្នុង​ចន្លោះ។ ពាក្យថា បើភិក្ខុ​នៅប្រាសចាក​ត្រៃចីវរ សូម្បីតែ​មួយប់ អធិប្បាយ​ថា បើភិក្ខុនៅ​ប្រាសចាក​សង្ឃាដិក្ដី ឧត្ដរាសង្គក្ដី ស្បង់ក្ដី សូម្បី​តែ​មួយយប់។ ពាក្យថា វៀរលែង​តែភិក្ខុដែល​បាន​អវិប្បវាសសម្មតិ​អំពីសង្ឃ អធិប្បាយថា លើកលែង​តែ​ភិក្ខុដែល​បាន​អវិប្បវាសសម្មតិ​អំពីសង្ឃ។ ពាក្យថា និស្សគ្គិយ អធិប្បាយថា ចីវរ​ជានិស្សគ្គិយ​ដំណាល​នឹងពេល​ដែល​អរុណរះ​ឡើង ភិក្ខុនោះឯង ត្រូវលះ (ចីវរនោះ) ដល់សង្ឃ ឬគណ ឬបុគ្គល។ ម្នាលភិក្ខុ​ទាំងឡាយ ចីវរនោះ ភិក្ខុត្រូវលះ​បង់យ៉ាងនេះ។ ភិក្ខុ នោះត្រូវ​ចូលទៅ​កាន់​ជំនុំសង្ឃ។បេ។ ហើយពោល​នឹងសង្ឃ​យ៉ាងនេះថា បពិត្រ​ព្រះសង្ឃ​ដ៏ចំរើន ចីវរនេះ​ ខ្ញុំនៅប្រាស​ឃ្លាត​មួយ​រាត្រីហើយ ជានិស្សគ្គិយ ព្រោះឥត​មានភិក្ខុ​សម្មតិទេ ខ្ញុំសូមលះ​ចីវរនេះ​ដល់សង្ឃ។បេ។ (ត្រង់បេយ្យាល​ទាំងបី មាន​អធិប្បាយ​ត្រង់សិក្ខាបទ​ទី១ ក្នុងវគ្គ​ជាមួយ​គ្នានេះ​រួចហើយ)។

[១៣] ស្រុកមានឧបចារតែមួយ មានឧបចារ​ផ្សេងគ្នា ផ្ទះមាន​ឧបចារ​តែមួយ មាន​ឧបចារ​ផ្សេងគ្នា ឃ្លាំងមាន​ឧបចារតែមួយ មានឧបចារ​ផ្សេងគ្នា បញ្ចា​មានឧបចារ​តែមួយ មាន​ឧបចារ​ផ្សេងគ្នា ឃ្លាំង​មានឧបចារ​តែមួយ មាន​ឧបចារ​ផ្សេងគ្នា បញ្ចា​មានឧបចារ​តែមួយ មានឧបចារ​ផ្សេងគ្នា រោងមាន​ជ្រុងបួន​មាន​ឧបចារ​តែមួយ មាន​ឧបចារផ្សេងគ្នា ប្រាសាទ​មាន​ឧបចារ​តែ​មួយ មានឧបចារ​ផ្សេងគ្នា ប្រាសាទ​មានដំបូល​ត្រងិល​មាន​ឧបចារ​តែមួយ មាន​ឧបចារ​ផ្សេងគ្នា នាវា​មាន​ឧបចារ​តែមួយ មានឧបចារ​ផ្សេងគ្នា ពួកឈ្មួញ​រទេះមាន​ឧបចារ​តែមួយ មានឧបចារ​ផ្សេងគ្នា ស្រែមាន​ឧបចារ​តែមួយ មាន​ឧបចារ​ផ្សេងគ្នា លាន​ស្រូវ​មានឧបចារ​តែមួយ មាន​ឧបចារ​ផ្សេងគ្នា សួនច្បារ​មានឧបចារ​តែមួយ មានឧបចារ​ផ្សេងគ្នា វិហារ​មានឧបចារ​តែមួយ មានឧបចារ​ផ្សេងគ្នា ទីជិត​ដើមឈើ​មានឧបចារ​តែមួយ មានឧបចារ​ផ្សេងគ្នា ទីវាលមាន​ឧបចារ​តែ​មួយ មានឧបចារ​ផ្សេងគ្នា។

[១៤] ស្រុកដែលឈ្មោះថា មានឧបចារតែមួយ (នោះសំដៅយក) ស្រុករបស់​ត្រកូល​តែមួយ ដែល​គេរាំងព័ទ្ធ (របង) ជុំវិញ ភិក្ខុត្រូវទុក​ចីវរក្នុងខាង​ក្នុងស្រុក ហើយនៅក្នុង​ខាងក្នុង​ស្រុក។ ស្រុក​ដែល​គេមិនបាន​រាំងព័ទ្ធជុំវិញ ភិក្ខុទុក​ចីវរក្នុង​ផ្ទះណា ត្រូវនៅ​ក្នុង​ផ្ទះនោះ ម្យ៉ាងទៀត មិនត្រូវ​លះ​ហត្ថបាស​ឡើយ។ ស្រុកដែល​ឈ្មោះថា មាន​ឧបចារ​ផ្សេងគ្នា គឺស្រុករបស់​ត្រកូល​ផ្សេងគ្នា គេបាន​រាំងព័ទ្ធ​ជុំវិញ ភិក្ខុទុកចីវរ​ក្នុងផ្ទះណា ត្រូវនៅ​ក្នុង​ផ្ទះនោះ ឬនៅក្នុងរោង​ជាទី​ប្រជុំ ឬទៀបទ្វារ ហើយ​មិនត្រូវ​លះហត្ថបាស​ឡើយ។ កាលបើភិក្ខុ​ទៅក្នុង​រោងជាទី​ប្រជុំ ត្រូវទុកចីវរ​ក្នុងហត្ថបាស ហើយនៅ​ក្នុងរោង​ជាទីប្រជុំ ឬទៀបទ្វារ មិនត្រូវ​លះ​ហត្ថបាស​ឡើយ។ បើភិក្ខុ​ទុកចីវរ​ក្នុង​រោង​ជា​ទី​ប្រជុំ ត្រូវឱ្យ​នៅក្នុង​រោង​ជាទីប្រជុំ ឬទៀបទ្វារ ហើយមិន​ត្រូវលះហត្ថ​បាសឡើយ។ បើ​ស្រុកដែល​គេ​មិនបាន​រាំងព័ទ្ធទេ ភិក្ខុទុក​ចីវរក្នុង​ផ្ទះណា ត្រូវនៅ​ក្នុង​ផ្ទះ​នោះ ហើយ​មិនត្រូវ​លះហត្ថបាស​ឡើយ។

[១៥] បើផ្ទះរបស់ត្រកូលតែមួយ ដែលគេបាន​រាំងព័ទ្ធជុំវិញ មានល្វែងផ្សេងៗគ្នា មាន​បន្ទប់​ផ្សេងៗគ្នា ភិក្ខុត្រូវទុក​ចីវរខាងក្នុងផ្ទះ ហើយត្រូវ​នៅខាងក្នុងផ្ទះ។ ផ្ទះដែល​គេមិន​បាន​រាំង​ព័ទ្ធជុំវិញទេ (ភិក្ខុ) ទុកចីវរក្នុង​ល្វែងណា ត្រូវនៅក្នុង​ល្វែងនោះ ហើយមិន​ត្រូវលះ​ហត្ថបាស ឡើយ។ ម្យ៉ាងទៀត ផ្ទះរបស់​ត្រកូលផ្សេងៗគ្នា ដែលគេបាន​រាំងព័ទ្ធជុំវិញ មាន​ល្វែង​ផ្សេងៗគ្នា មានបន្ទប់​ផ្សេងៗគ្នា (ភិក្ខុ) ទុកចីវរក្នុង​ល្វែងណា ត្រូវនៅក្នុង​ល្វែងនោះ ឬ​ត្រូវ​នៅទៀបទ្វារ ហើយមិន​ត្រូវលះហត្ថបាស​ឡើយ។ ផ្ទះដែល​គេមិនបាន​រាំងព័ទ្ធ​ជុំវិញទេ (ភិក្ខុ) ទុកចីវរ ក្នុងល្វែងណា ត្រូវនៅក្នុង​ល្វែងនោះ ហើយមិន​ត្រូវ​លះហត្ថបាស​ឡើយ។

[១៦] ឃ្លាំងរបស់ត្រកូលតែមួយ ដែលគេបាន​រាំងព័ទ្ធជុំវិញ មានល្វែងផ្សេងៗគ្នា មាន​បន្ទប់​ផ្សេងៗ​គ្នា (ភិក្ខុ) ត្រូវទុកចីវរ​ខាងក្នុងឃ្លាំង ហើយត្រូវ​នៅខាងក្នុង​ឃ្លាំង។ ឃ្លាំងដែល​គេមិនបាន​រាំងព័ទ្ធជុំវិញទេ (ភិក្ខុ) ទុកចីវរ​ក្នុងល្វែងណា ត្រូវនៅក្នុង​ល្វែងនោះ ហើយមិន​ត្រូវលះ​ហត្ថបាស​ឡើយ។ ម្យ៉ាងទៀត ឃ្លាំងរបស់​ត្រកូលផ្សេងៗគ្នាដែលគេបាន​រាំងព័ទ្ធ​ជុំវិញ មាន​ល្វែង​ផ្សេងៗគ្នា មានបន្ទប់​ផ្សេងៗគ្នា (ភិក្ខុ) ទុកចីវរក្នុង​ល្វែងណា ត្រូវនៅក្នុង​ល្វែងនោះ ឬ​ត្រូវនៅ​ទៀប​ទ្វារ ហើយមិន​ត្រូវលះហត្ថបាស​ឡើយ។ ឃ្លាំងដែល​គេមិនបាន​រាំងព័ទ្ធជុំវិញទេ ភិក្ខុ​ទុកចីវរ​ក្នុង​ល្វែង​ណា ត្រូវនៅក្នុង​ល្វែងនោះ ហើយមិន​ត្រូវលះ​ហត្ថបាស​ឡើយ។

[១៧] បញ្ចារបស់ត្រកូលតែមួយ ភិក្ខុទុកចីវរខាង​ក្នុងបញ្ចា​ហើយ ត្រូវនៅខាងក្នុងបញ្ចា។ បញ្ចារបស់​ត្រកូល​ផ្សេងៗគ្នា មានល្វែង​ក៏ផ្សេងៗគ្នា មានបន្ទប់​ក៏ផ្សេងៗគ្នា ភិក្ខុទុកចីវរ​ក្នុង​ល្វែង​ណា ត្រូវនៅ​ក្នុងល្វែងនោះ ឬត្រូវ​នៅទៀបទ្វារ ហើយមិន​ត្រូវលះ​ហត្ថបាស​ឡើយ។

[១៨] ប្រាសាទមានជ្រុង៤របស់ត្រកូល​តែមួយ ភិក្ខុទុកចីវរ​ខាងក្នុង​ប្រាសាទ​មានជ្រុង៤ ហើយ​ត្រូវ​នៅខាងក្នុង​ប្រាសាទ​មានជ្រុង៤។ ប្រាសាទ​មានជ្រុង៤របស់ត្រកូល​ផ្សេងៗគ្នា មាន​ល្វែង​ផ្សេងៗគ្នា មានបន្ទប់​ផ្សេងៗគ្នា ភិក្ខុទុកចីវរ​ក្នុងល្វែងណា ត្រូវនៅក្នុង​ល្វែងនោះ ឬត្រូវ​នៅទៀប​ទ្វារ មួយទៀត មិនត្រូវ​លះហត្ថបាស​ឡើយ។

[១៩] ប្រាសាទវែងរបស់ត្រកូលតែមួយ ភិក្ខុទុកចីវរ​ខាងក្នុងប្រាសាទ​វែង ហើយ​ត្រូវនៅ​ខាង​ក្នុង​ប្រាសាទវែង។ ប្រាសាទវែង​របស់ត្រកូល​ផ្សេងគ្នា មានល្វែង​ផ្សេងៗគ្នា មាន​បន្ទប់ផ្សេងៗ​គ្នា (ភិក្ខុ)ទុកចីវរ​ក្នុងល្វែង​ណា ត្រូវនៅក្នុង​ល្វែងនោះ ឬត្រូវនៅ​ទៀបទ្វារ ហើយ​មិនត្រូវលះ​ហត្ថបាស​ឡើយ។

[២០] ប្រាសាទមានដំបូលត្រងិល​របស់ត្រកូល​តែមួយ ភិក្ខុទុក​ចីវរខាង​ក្នុងប្រាសាទ​ត្រងិល ហើយ​ត្រូវ​នៅខាងក្នុង​ប្រាសាទត្រងិល។ ប្រាសាទ​មានដំបូល​ត្រងិល​របស់ត្រកូល​ផ្សេងៗគ្នា មាន​ល្វែង​ផ្សេងៗគ្នា មានបន្ទប់​ផ្សេងៗគ្នា ភិក្ខុទុកចីវរ​ក្នុងល្វែងណា ត្រូវនៅក្នុង​ល្វែងនោះ ឬត្រូវនៅ​ទៀប​ទ្វារ ហើយមិន​ត្រូវលះ​ហត្ថបាស​ឡើយ។

[២១] នាវារបស់ត្រកូលតែមួយ ភិក្ខុទុកចីវរ​ខាងក្នុងនាវា ហើយត្រូវ​នៅខាង​ក្នុងនាវា។ នាវា​របស់​​ត្រកូល​ផ្សេងៗគ្នា មានល្វែង​ផ្សេងៗគ្នា មានបន្ទប់​ផ្សេងៗគ្នា ភិក្ខុទុក​ចីវរក្នុង​បន្ទប់​ណា ត្រូវនៅក្នុង​បន្ទប់នោះ ឬត្រូវនៅ​ទៀបទ្វារ ហើយមិន​ត្រូវលះ​ហត្ថបាស​ឡើយ។

[២២] ពួកឈ្មួញរទេះ​របស់ត្រកូល​តែមួយ ភិក្ខុផ្ញើ​ចីវរទុក​នឹងពួក​ឈ្មួញរទេះ (នោះ) ទោះបី​ដើរ ខាងមុខ​រទេះក្ដី ខាងក្រោយ​រទេះក្ដី មិនត្រូវ​លះបង់​ចម្ងាយ ៧ អព្ភន្ដរ [អដ្ឋកថា ពន្យល់​សេចក្ដី​ថា ២៨ហត្ថ ហៅថាមួយអព្ភន្ដរ (ចម្ងាយ ៧ អព្ភន្ដរ ត្រូវជា ១៩៦ហត្ថ)។] ឡើយ (ដើរឱ្យល្មមតែ) ក្រឡេក មើលទៅឃើញ (រទេះ) ទើបមិនត្រូវ​លះបង់អព្ភន្ដរ។ ពួកឈ្មួញ​រទេះរបស់​ត្រកូល​ផ្សេង​គ្នា ភិក្ខុផ្ញើចីវរ​ទុកនឹងពួក​ឈ្មួញរទេះ​ហើយ មិនត្រូវ​លះហត្ថ​បាស​ឡើយ។

[២៣] ស្រែរបស់ត្រកូលតែមួយ គេបានបិទរាំង​ជុំវិញ ភិក្ខុទុកចីវរ​ក្នុងខាងក្នុងនៃ​ស្រែ (នោះ) ត្រូវនៅក្នុង​ខាងក្នុង​នៃស្រែ (នោះ)។ (បើ)ស្រែគេ​មិនបាន​រាំងព័ទ្ធ​ជុំវិញទេ ភិក្ខុមិន​ត្រូវលះ​ហត្ថបាស​​ឡើយ។ បើស្រែ​របស់ត្រកូល​ផ្សេងៗគ្នា គេបានរាំង​ព័ទ្ធជុំវិញ ភិក្ខុទុក​ចីវរក្នុងខាង​ក្នុងនៃ​ស្រែ (នោះ) ហើយត្រូវនៅ​ខាងក្នុងនៃស្រែ (នោះ) ឬ (ត្រូវនៅ) ទៀបទ្វារ មិនត្រូវ​លះហត្ថបាស​ឡើយ។ (បើស្រែ) គេមិនបាន​រាំងព័ទ្ធជុំ​វិញទេ ភិក្ខុមិនត្រូវ​លះ​ហត្ថបាសឡើយ។

[២៤] លានស្រូវរបស់ត្រកូលតែមួយ គេរាំងព័ទ្ធជុំវិញ ភិក្ខុទុកចីវរ​ក្នុងខាងក្នុង​នៃលាន​ហើយ ត្រូវនៅក្នុង​ខាងក្នុងនៃ​លាននោះ។ (បើលានស្រូវ) គេមិនបានរាំងព័ទ្ធជុំវិញទេ ភិក្ខុមិន​ត្រូវលះ​ហត្ថបាសឡើយ។ លានស្រូវ​របស់ត្រកូល​ផ្សេងៗគ្នា គេបិទរាំងជុំវិញ ភិក្ខុ​ទុក​ចីវរ​ក្នុង​ខាងក្នុងនៃ​លានហើយ ត្រូវនៅ​ទៀបទ្វារ មិនត្រូវ​លះហត្ថបាស​ឡើយ។ (បើ​លានស្រូវ) គេ​មិន​បាន​រាំងព័ទ្ធ​ជុំវិញទេ ភិក្ខុមិន​ត្រូវ លះហត្ថបាស​ឡើយ។

[២៥] សួនច្បាររបស់ត្រកូលតែមួយ គេបាន​រាំងព័ទ្ធជុំវិញ ភិក្ខុទុកចីវរក្នុង​សួនច្បារហើយ ត្រូវនៅ​ខាង​ក្នុងនៃ​សួនច្បារ។ សួនច្បារ គេមិនបាន​រាំងព័ទ្ធជុំវិញទេ ភិក្ខុមិន​ត្រូវលះ​ហត្ថបាស​ឡើយ។ សួនច្បារ​របស់ត្រកូល​ផ្សេងៗគ្នា គេបាន​រាំងជុំវិញ ភិក្ខុទុក​ចីវរ​ក្នុងខាង​ក្នុង​សួនច្បារ​ហើយ ត្រូវនៅទៀបទ្វារ ហើយ​មិនត្រូវលះ​ហត្ថបាស​ឡើយ។ សួនច្បារ​គេមិនបាន​រាំងព័ទ្ធ​ជុំវិញ​ទេ ភិក្ខុ​មិន​ត្រូវលះ​ហត្ថបាស​ឡើយ។

[២៦] លំនៅរបស់ត្រកូលតែមួយ គេបាន​រាំងព័ទ្ធជុំវិញ ភិក្ខុ ទុកចីវរក្នុង​ខាងក្នុងលំនៅ​ហើយ ត្រូវនៅខាង​ក្នុងលំនៅ។ លំនៅ​ដែលគេមិន​បានរាំងព័ទ្ធ​ជុំវិញទេ ភិក្ខុទុក​ចីវរក្នុង​លំនៅ​ណា ត្រូវ​នៅ​ក្នុង​លំនៅនោះ ហើយ​មិនត្រូវ​លះហត្ថបាស​ឡើយ។ លំនៅ​របស់​ត្រកូល​​ផ្សេងៗគ្នា គេបាន​រាំងព័ទ្ធជុំវិញ ភិក្ខុទុក​ចីវរក្នុង​លំនៅណា ត្រូវនៅ​ក្នុងលំនៅ​នោះ ឬ​ត្រូវនៅ​ទៀបទ្វារ ហើយ​មិនត្រូវ​លះ​ហត្ថបាសឡើយ។ លំនៅ​ដែលគេមិន​បានរាំងព័ទ្ធ​ជុំវិញ​ទេ ភិក្ខុទុក​ចីវរក្នុង​លំនៅ​ណា ត្រូវនៅ ក្នុងលំនៅ​នោះ ហើយមិន​ត្រូវលះ​ហត្ថបាស​ឡើយ។

[២៧] ម្លប់ឈើរបស់ត្រកូលតែមួយ ក្នុង​ពេលថ្ងៃ​ត្រង់ម្លប់​ឈើនោះផ្សាយ​ទៅជុំវិញ​ត្រឹម​ណា ភិក្ខុទុក​ចីវរ​ក្នុងខាងក្នុង​ម្លប់ ហើយត្រូវ​នៅត្រឹមតែ​ខាងក្នុងម្លប់ (នោះ)។ ម្លប់ឈើ​របស់​ត្រកូល​ផ្សេងៗ​គ្នា ភិក្ខុមិន​ត្រូវលះ​ហត្ថបាស​ឡើយ។

[២៨] ដែលហៅថា ទីវាលមានឧបចារ​តែមួយ មាន​ឧបចារផ្សេង​ៗគ្នា គឺទីក្នុង​ព្រៃដែល​ឥត​មាន​ស្រុក ចំនួន ៧ អព្ភន្ដរ​ដោយជុំវិញ (ទីវាលនោះ) ហៅថា​មានឧបចារ​តែមួយ លំដាប់​តអំពី​អព្ភន្ដរ​នោះទៅ ហៅថា​មាន​ឧបចារ​ផ្សេងៗគ្នា។

[២៩] ភិក្ខុមានសេចក្ដីដឹងច្បាស់ថាចីវរ​ដែលខ្លួននៅ​ប្រាស ត្រង់ចីវរ​ដែលខ្លួននៅប្រាស​ហើយ​ ត្រូវនិស្សគ្គិយ​បាចិត្ដិយ វៀរលែង​តែបាន​ភិក្ខុសម្មតិ។ ភិក្ខុមាន​សេចក្ដី​សង្ស័យ ត្រង់ចីវរ​ដែល​ខ្លួននៅប្រាស ត្រូវនិស្សគ្គិយ​បាចិត្ដិយ វៀរលែង​តែបាន​ភិក្ខុសម្មតិ។ ភិក្ខុ​សំគាល់ថា ចីវរ​ គឺខ្លួន​មិនបាន​នៅប្រាសទេ ត្រង់ចីវរ​ដែលខ្លួននៅ​ប្រាសហើយ ត្រូវ​និស្សគ្គិយ​បាចិត្ដិយ វៀរ​លែង​តែបានភិក្ខុ​សម្មតិ។ ភិក្ខុសំគាល់​ថា ចីវរ គឺខ្លួនបាន​ដក​អធិដ្ឋាន​ហើយ ត្រង់ចីវរដែល​ខ្លួនមិនបាន​ដក​អធិដ្ឋានទេ ត្រូវ​និស្សគ្គិយ​បាចិត្ដិយ វៀរលែង​តែបាន​ភិក្ខុសម្មតិ។ ភិក្ខុ​សំគាល់ថា ចីវរ គឺខ្លួន បានលះបង់ហើយ ត្រង់ចីវរ​ដែលខ្លួន​មិនបាន​លះបង់ទេ ត្រូវនិស្សគ្គិយ​បាចិត្ដិយ វៀរ​លែងតែ​បាន​ភិក្ខុ​សម្មតិ។ ភិក្ខុ​សំគាល់ថា ចីវរបាត់ ត្រង់ចីវរ​ដែលមិន​មែនបាត់ទេ ត្រូវនិស្សគ្គិយ​បាចិត្ដិយ វៀរលែង​តែបាន​ភិក្ខុ​សម្មតិ។ ភិក្ខុសំគាល់ថា ចីវរវិនាស ត្រង់ចីវរ​ដែលមិន​មែន​វិនាសទេ ត្រូវ​និស្សគ្គិយ​បាចិត្ដិយ វៀរលែង​តែបាន​ភិក្ខុសម្មតិ។ ភិក្ខុសំគាល់ថា ចីវរភ្លើងឆេះ ត្រង់ចីវរ​ដែលភ្លើង​មិនមែន​ឆេះទេ ត្រូវនិស្សគ្គិយ​បាចិត្ដិយ វៀរលែង​តែបាន​ភិក្ខុសម្មតិ។ ភិក្ខុសំគាល់ថា ចីវរចោរ​ប្លន់យក ត្រង់ចីវរ​ដែលចោរ​មិនមែនប្លន់​យកទេ ត្រូវនិស្សគ្គិយ​បាចិត្ដិយ វៀរ​លែង​តែបាន​ភិក្ខុសម្មតិ។

[៣០] ភិក្ខុមិនបានលះចីវរដែលជានិស្សគ្គិយ ហើយ​ប្រើប្រាស់ ត្រូវអាបត្ដិទុក្កដ។ ភិក្ខុ​សំគាល់​ថា ចីវរ គឺខ្លួននៅ​ប្រាសហើយ ត្រង់ចីវរ ដែលខ្លួន​មិនមែននៅ​ប្រាសទេ ត្រូវអាបត្ដិ​ទុក្កដ។ ភិក្ខុ​មាន​សេចក្ដី​សង្ស័យ ក្នុងចីវរ​ដែលមិនបាន​នៅប្រាស ត្រូវ​អាបត្ដិទុក្កដ។ ភិក្ខុ​សំគាល់ថា ចីវរ គឺខ្លួនមិន​មែននៅ​ប្រាសទេ ត្រង់ចីវរ​ដែលខ្លួន​មិនមែននៅ​ប្រាសពិត មិន​ត្រូវ​​អាបត្ដិឡើយ។

[៣១] ហេតុដែលមិនត្រូវអាបត្ដិនោះគឺ ភិក្ខុបាន​ដកអធិដ្ឋាន​ក្នុងខាងក្នុង​នៃអរុណ ១ ភិក្ខុបាន​លះចីវរ ១ ចីវរបាត់ ១ ចីវរវិនាស ១ ចីវរភ្លើងឆេះ ១ ចីវរចោរ​ដណ្ដើមយក ១ អ្នកដទៃ​យកដោយ​ស្និទ្ធស្នាល ១ ភិក្ខុ​ដែលបាន​អវិប្បវាសសម្មតិ​អំពីសង្ឃ ១ ភិក្ខុឆ្កួត ១ ភិក្ខុដើមបញ្ញត្ដិ ១។

សិក្ខាបទទី២ ចប់។

សិក្ខាបទទី៣

[៣២] សម័យនោះ ព្រះពុទ្ធជាម្ចាស់ដ៏មានព្រះភាគ ទ្រង់គង់នៅ​នាវត្ដព្រះជេតពន ជាអារាម​របស់​អនាថបិណ្ឌិក​មហាសេដ្ឋី ជិតក្រុងសាវត្ថី។ កាលនោះឯង អកាលចីវរ [គឺចីវរកើតឡើង​ក្នុងឱកាស ១១ខែ គឺតាំងពី​ត្រឹមថ្ងៃ ១រោច ខែកត្ដិក ទៅដល់ថ្ងៃ ១៥កើត ខែអស្សុជ នេះជា​អកាលចីវរ​របស់ភិក្ខុ​ដែលឥត​បាន​ក្រាលកឋិន។ ឯភិក្ខុដែល​បាន​ក្រាលកឋិន អកាលចីវរ​ មាន​កំណត់ ៧ខែ គឺតាំង​ពីត្រឹមថ្ងៃ ១រោច ខែផគ្គុណ ទៅដល់ថ្ងៃ ១៥កើត ខែអស្សុជ។] កើតឡើង​ដល់​ភិក្ខុ១រូបមាន​ឈ្មោះមិន​ប្រាកដ លុះភិក្ខុនោះ​ធ្វើចីវរនោះ​មិនល្មម​គ្រាន់។ គ្រានោះ ភិក្ខុនោះ ក៏លើក​ចីវរនោះឡើង ហើយទាញ​ឱ្យតឹង ធ្វើឱ្យយឺត​សាច់សំពត់​នោះរឿយៗ។ ព្រះដ៏មាន​ព្រះភាគ​​បាន​យាង​ទៅកាន់​សេនាសន​ចារិក ទ្រង់ទត​ទៅឃើញភិក្ខុនោះ​កំពុងតែលើក​ចីវរឡើង​ទាញ​រឿយៗ លុះទ្រង់ទត​ឃើញ​ហើយ ទ្រង់យាង​ចូលទៅជិត ហើយត្រាស់​សួរភិក្ខុនោះ​ថា ម្នាលភិក្ខុ បាន​ជាអ្នកលើក​ចីវរឡើង ហើយទាញ​រឿយៗនោះ តើព្រោះ​ហេតុអ្វី។ ភិក្ខុនោះ ក្រាបបង្គំ​ទូលថា បពិត្រ​ព្រះដ៏មាន​ព្រះភាគ​ដ៏ចំរើន នេះជា​អកាលចីវរ កើតមាន​ដល់ខ្ញុំ​ព្រះអង្គៗ ធ្វើទៅ​មិនគ្រាន់ ព្រោះ​ហេតុនោះ បានជាខ្ញុំ​ព្រះអង្គ លើកចីវរ​នេះឡើង ហើយទាញ​រឿយៗ ដើម្បីឱ្យ​យឺតសាច់។ ព្រះសម្ពុទ្ធ​ទ្រង់ត្រាស់ថា ម្នាលភិក្ខុ អ្នកមាន​បំណងនឹង​រកចីវរ​ថែមទៀត​ដែរឬទេ។ ភិក្ខុ​នោះក្រាប​ទូល​ថា សូមទ្រង់​ព្រះមេត្ដា​ប្រោស មានបំណងដែរ។ ព្រោះ​និទាន​នេះ ដំណើរនេះ ព្រះដ៏មាន​ព្រះភាគ​ជាម្ចាស់ ទ្រង់ធ្វើធម្មីកថា ត្រាស់ហៅ​ភិក្ខុទាំងឡាយ​មក ក្នុងកាល​នោះថា ម្នាលភិក្ខុ​ទាំង​ឡាយ តថាគត​អនុញ្ញាត​ដើម្បីឱ្យ​អ្នកទាំងឡាយ ទទួល​នូវ​អកាលចីវរ ហើយទុក​ដាក់បាន ព្រោះ​មាន​សង្ឃឹមថា នឹងបានចីវរ​ថែមទៀត។

[៣៣] សម័យនោះឯង ភិក្ខុទាំងឡាយដឹងថា ព្រះដ៏មានព្រះភាគ​បានអនុញ្ញាត​ឱ្យទទួល​អកាលចីវរ​ទុកដាក់បាន ព្រោះមាន​សង្ឃឹមថានឹងបាន​ចីវរថែមទៀត ហើយ​ក៏ទទួល​អកាលចីវរ​ទុកដាក់​ឱ្យលើស​ជាង១ខែឡើងទៅ។ ចីវរទាំងនោះ​ក៏ជាប់គ្នា​ដូចជាបង្វេច​នៅ​លើ​ឈើ​ស្បៀង។ ព្រះអានន្ទដ៏​មានអាយុ និមន្ដទៅកាន់​សេនាសនចារិក ជួនជាក្រឡេក​មើលទៅឃើញ ចីវរ​ទាំងឡាយ​នោះជាប់​គ្នាដូច​ជាបង្វេច​នៅលើឈើ​ស្បៀង លុះឃើញ​ហើយក៏​ហៅភិក្ខុ​ទាំងឡាយ (នោះ) មកសួរថា ម្នាលអាវុសោ​ទាំងឡាយ នេះចីវររបស់​លោកណាក៏ជាប់គ្នា​ដូចជាបង្វេច​នៅលើ​ឈើ​ស្បៀង (ដូច្នេះ)។ ភិក្ខុទាំងឡាយ​ប្រាប់ថា ម្នាលអាវុសោ នេះ​អកាលចីវរ​របស់យើង យើងទុក​ដោយ​មានបំណង​នឹងរកចីវរ​ថែម​ទៀត។ ព្រះអានន្ទ​សួរថា ម្នាលអាវុសោ​ទាំងឡាយ ចុះចីវរ​ទាំងនេះ លោកទុក​យូរប៉ុន្មាន​ថ្ងៃហើយ។ ភិក្ខុទាំងឡាយ​ប្រាប់ថា ចីវរទាំងនេះ​យើងទុក​ជាង ១ខែហើយ។ ព្រះអានន្ទ​ដ៏មានអាយុ ក៏បន្ទោស តិះដៀល បន្ដុះបង្អាប់ថា មិនសមបើ ពួកភិក្ខុហ៊ាន​ទទួល​អកាលចីវរ​យកមក​ទុកឱ្យលើស​ជាង ១ខែឡើងទៅសោះ។ គ្រានោះ ព្រះអានន្ទ​ដ៏មាន​អាយុ បានក្រាបទូល​សេចក្ដីនុ៎ះ​ដល់ព្រះដ៏មាន​ព្រះភាគ​ជាម្ចាស់។ ព្រោះ​និទាន​នេះ ដំណើរ​នេះ ទើបព្រះដ៏មាន​ព្រះភាគ ទ្រង់ឱ្យប្រជុំ​ភិក្ខុសង្ឃ​ក្នុងកាលនោះ ហើយ​ត្រាស់​សួរទៅ​ពួក​ភិក្ខុ​ថា ម្នាលភិក្ខុ​ទាំងឡាយ បានឮថា ពួកភិក្ខុបាន​ទទួល​អកាលចីវរ​ទុក​ឱ្យលើស​ជាង ១ខែ មែនឬ។ ភិក្ខុទាំងនោះ ក្រាបទូលថា សូមទ្រង់​ព្រះមេត្ដាប្រោស មែន។ ព្រះពុទ្ធ​ជាម្ចាស់​ដ៏មាន​ព្រះភាគ​ទ្រង់បន្ទោសថា ម្នាលភិក្ខុ​ទាំងឡាយ គួរបើដែរ ពួក​មោឃបុរស​ទាំងនោះ​ហ៊ាន​ទទួល​អកាល​ចីវរ​ ហើយទុក​ឱ្យលើសជាង១ខែ (ដូច្នេះ) ម្នាលភិក្ខុទាំងឡាយ អំពើ​ដែល​អ្នកទាំង ឡាយ​ធ្វើនេះ នឹងបាន​ដឹកនាំ​មនុស្សដែល​មិនទាន់បាន​ជ្រះថ្លា ឱ្យ​ជ្រះថ្លា​​ឡើង ឬនាំ​មនុស្សដែល​ជ្រះថ្លា​ហើយ ឱ្យរឹងរឹត​តែជ្រះថ្លា​ឡើងទៀតក៏ទេ។បេ។ ម្នាលភិក្ខុ​ទាំង​​ឡាយ អ្នកទាំងឡាយ​ចូរសំដែង​ឡើងនូវ​សិក្ខាបទនេះ យ៉ាងនេះថា កាលបើ​ចីវរ​របស់​ភិក្ខុ​សម្រេចហើយ កឋិនដោះហើយ បើ​អកាលចីវរកើត​ឡើងចំពោះ​ភិក្ខុ ទាំងភិក្ខុ​សោត​ក៏ត្រូវការ (អកាលចីវរនោះ) ត្រូវទទួលចុះ លុះ​ទទួល​រួចហើយ ត្រូវរវៀស​រវៃធ្វើឱ្យ​ឆាប់ បើចីវរនោះខ្វះ​ធ្វើមិនគ្រប់ទេ ភិក្ខុ​នោះមានបំណង​ថានឹងរក​ចីវរមក​បំពេញនូវ​ចីវរ​ដែល​ខ្វះ (នោះ) ត្រូវទុកចីវរ​នោះបានយ៉ាង​យូរបំផុត​ត្រឹម ១ខែ បើទុកឱ្យ​លើសពី ១ខែនោះ​ទៅ បើទុក​ជាមាន​បំណងថា​នឹងរកចីវរ​មកបំពេញ​ទៀតក៏ដោយ គង់ត្រូវ​និស្សគ្គិយបាចិត្ដិយ។

[៣៤] ត្រង់ពាក្យថា កាលបើចីវររបស់​ភិក្ខុសម្រេចហើយ អធិប្បាយថា ចីវរដែល​ភិក្ខុធ្វើរួច​ហើយក្ដី ចីវរបាត់ក្ដី ចីវរខូចក្ដី ចីវរភ្លើងឆេះក្ដី សេចក្ដីចង់​បានចីវរដាច់​ស្រឡះហើយក្ដី។ ពាក្យថា កឋិនដោះហើយ អធិប្បាយថា កឋិនដែលដោះ​ហើយ បណ្ដាមាតិកា​ទាំង ៨យ៉ាង ដោយ​មាតិកា​ណា​មួយ ឬពុំនោះ ជំនុំសង្ឃបាន​ដោះហើយ​ក្នុងចន្លោះ (ខេត្ដកឋិន)។ (បើ) ភិក្ខុ​មិនបានក្រាល​គ្រង​កឋិន​ទេ ចីវរដែលកើត​ឡើងក្នុងឱកាស ១១ខែ ហៅថា អកាលចីវរ (បើ) ភិក្ខុបាន​ក្រាលគ្រង​កឋិន ចីវរដែល​កើតឡើង​ក្នុងឱកាស ៧ខែ ហៅថា អកាលចីវរ បើទុកជា គេពោល​ថាជាកាលចីវរ​ហើយ​​ក៏ដោយ គង់ហៅថា អកាលចីវរ​ដូចគ្នា។ ពាក្យថា កើតឡើង អធិប្បាយថា គប្បីកើតឡើង​អំពី​សង្ឃ​ក្ដី អំពីគណៈក្ដី អំពីញាតិក្ដី អំពីមិត្ដក្ដី អំពីបំសុកូលក្ដី អំពីទ្រព្យ​របស់​ខ្លួនក្ដី។

[៣៥] ពាក្យថា ត្រូវការ អធិប្បាយថា កាលបើចង់​បាន ត្រូវទទួលចុះ។ ពាក្យថា លុះ​ទទួល​រួច​ហើយ​​ត្រូវរវៀស​រវៃធ្វើឱ្យឆាប់ អធិប្បាយថា ត្រូវធ្វើឱ្យទាន់ក្នុងរវាង១០ថ្ងៃ។

[៣៦] ពាក្យថា បើចីវរនោះ​ខ្វះ ធ្វើមិនគ្រាន់ទេ អធិប្បាយ​ថា ចីវរ​ដែលភិក្ខុធ្វើ​ទៅហើយ​មិន​គ្រាន់។ ពាក្យថា ភិក្ខុនោះ​ត្រូវទុកចីវរ​នោះបាន​យ៉ាងយូរ​បំផុតត្រឹម ១ខែ អធិប្បាយថា ភិក្ខុត្រូវ​ទុក (ចីវរ) ជាយូរបំផុត​ត្រឹមតែ១ខែ។ ពាក្យថា ដើម្បី​នឹងបំពេញ​នូវចីវរដែល​ខ្វះ អធិប្បាយថា ដើម្បីសេចក្ដី​ត្រូវការ​នឹងបំពេញ​នូវចីវរ​ដែលខ្វះ។ ពាក្យថា បើទុកជា​មាន​បំណង អធិប្បាយថា មានសេចក្ដី​សង្ឃឹមថា​នឹងបាន​អំពីសង្ឃក្ដី អំពីគណៈក្ដី អំពីញាតិក្ដី អំពីមិត្ដក្ដី អំពីបង្សុកូលក្ដី អំពីទ្រព្យរបស់ខ្លួនក្ដី។

[៣៧] ពាក្យថា បើទុកឱ្យលើសពី១ខែនោះទៅ ទុកជា មានបំណងថា​នឹងរកចីវរ​មក​បំពេញ​ទៀតក៏ដោយ អធិប្បាយថា កាលបើមូលចីវរ [ចីវរដើម] កើតឡើង​ក្នុងថ្ងៃនោះហើយ បច្ចាសាចីវរ [ចីវរដែល​កើតឡើង​ដោយសេចក្តី​ចង់បាន​ជាខាងក្រោយ។] ក៏កើត​ឡើង (ក្នុង​ថ្ងៃ​នោះ​ដែរ) ភិក្ខុត្រូវធ្វើឱ្យ​ទាន់ក្នុងរវាង១០ថ្ងៃ។ កាលបើមូល​ចីវរកើត​ឡើងបាន ២ថ្ងៃ… ៣ថ្ងៃ… ៤ថ្ងៃ… ៥ថ្ងៃ… ៦ថ្ងៃ… ៧ថ្ងៃ… ៨ថ្ងៃ… ៩ថ្ងៃ… ១០ថ្ងៃ… បច្ចាសាចីវរ ក៏កើតឡើង​ក្នុងថ្ងៃទី ១០ ភិក្ខុគប្បី​ធ្វើចីវរ​ឱ្យហើយ ក្នុងរវាង១០ថ្ងៃ។ កាលបើ​មូលចីវរ​កើតឡើង​បាន ១១ថ្ងៃ… ១២ថ្ងៃ… ១៣ថ្ងៃ… ១៤ថ្ងៃ… ១៥ថ្ងៃ… ១៦ថ្ងៃ… ១៧ថ្ងៃ … ១៨ថ្ងៃ … ១៩ថ្ងៃ … ២០ថ្ងៃ … បច្ចាសាចីវរ ក៏កើតឡើង​ក្នុង​ថ្ងៃទី២០ ភិក្ខុត្រូវធ្វើ​ឱ្យទាន់ក្នុង​រវាង ១០ថ្ងៃ។ កាលបើ​មូលចីវរ​កើតឡើង​បាន ២១ថ្ងៃ បច្ចាសាចីវរ​ក៏កើត​ឡើង (ក្នុងថ្ងៃនោះដែរ ) ភិក្ខុត្រូវធ្វើ​ឱ្យទាន់ក្នុង​រវាង៩ថ្ងៃ។ កាលបើ មូលចីវរ​កើតឡើង​បាន ២២ថ្ងៃ បច្ចាសាចីវរ ក៏កើតឡើង (ក្នុងថ្ងៃនោះដែរ) ភិក្ខុត្រូវ​ធ្វើឱ្យទាន់ ក្នុងរវាង៨ថ្ងៃ។ កាលបើ​មូលចីវរ កើតឡើងបាន ២៣ថ្ងៃ បច្ចាសាចីវរ ក៏កើតឡើង (ក្នុងថ្ងៃនោះដែរ) ភិក្ខុត្រូវធ្វើ​ឱ្យទាន់ក្នុង​រវាង៧ថ្ងៃ។ កាលបើ​មូលចីវរ​កើតឡើងបាន ២៤ថ្ងៃ បច្ចាសាចីវរ ក៏កើតឡើង (ក្នុងថ្ងៃនោះដែរ) ភិក្ខុត្រូវធ្វើឱ្យ​ទាន់ក្នុង​រវាង៦ថ្ងៃ។ កាលបើ​មូលចីវរ​កើតឡើងបាន ២៥ថ្ងៃ បច្ចាសា​ចីវរ​ក៏កើតឡើង (ក្នុងថ្ងៃនោះដែរ) ភិក្ខុត្រូវធ្វើ​ឱ្យទាន់ក្នុង​រវាង៥ថ្ងៃ។ កាលបើ​មូលចីវរ​កើតឡើង​បាន ២៦ថ្ងៃ បច្ចាសាចីវរ ក៏កើតឡើង (ក្នុងថ្ងៃនោះដែរ) ភិក្ខុត្រូវ​ធ្វើឱ្យទាន់​ក្នុងរវាង៤ថ្ងៃ។ កាលបើ មូលចីវរ​កើតឡើង​បាន ២៧ថ្ងៃ បច្ចាសាចីវរ ក៏កើតឡើង (ក្នុងថ្ងៃនោះដែរ) ភិក្ខុត្រូវធ្វើ​ឱ្យទាន់​ក្នុង​រវាង៣ថ្ងៃ។ កាលបើ​មូលចីវរ​កើតឡើងបាន ២៨ថ្ងៃ បច្ចាសាចីវរ ក៏កើតឡើង (ក្នុងថ្ងៃនោះដែរ) ភិក្ខុ​ត្រូវធ្វើឱ្យទាន់​ក្នុងរវាង២ថ្ងៃ។ កាលបើ​មូលចីវរ​កើតឡើង​បាន ២៩ថ្ងៃ បច្ចាសាចីវរ ក៏កើតឡើង (ក្នុង​ថ្ងៃ​នោះដែរ) ភិក្ខុត្រូវ​ធ្វើឱ្យទាន់​ក្នុងរវាង១ថ្ងៃ។ កាលបើ​មូលចីវរ កើតឡើងបាន ៣០ថ្ងៃ បច្ចាសាចីវរ​ ក៏កើតឡើង (ក្នុងថ្ងៃនោះដែរ) ភិក្ខុនោះ​ត្រូវអធិដ្ឋាន ត្រូវវិកប្ប ត្រូវលះបង់​ក្នុងថ្ងៃនោះ​ឯង។ បើភិក្ខុ មិនបាន​អធិដ្ឋានក្ដី មិនបាន​វិកប្បក្ដី មិនបាន​លះបង់ក្ដី តែអរុណ​រះឡើងក្នុង​ថ្ងៃទី៣១ (ចីវរនោះ) ត្រូវនិស្សគ្គិយ ភិក្ខុត្រូវលះ​បង់ដល់សង្ឃ ឬគណៈ ឬបុគ្គល។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុ​ត្រូវលះ​យ៉ាងនេះ។បេ។ ថាបពិត្រ​ព្រះសង្ឃដ៏ចំរើន នេះជាអកាលចីវរ​របស់ខ្ញុំ ទុកកន្លងហួស១ខែ ត្រូវ​និស្សគ្គិយ​ហើយ ឥឡូវនេះខ្ញុំ​សូមលះចីវរ​នេះដល់សង្ឃ។ (ត្រង់ បេយ្យាល​ទាំងបី​មាន​សេចក្ដី​ដូចគ្នា​នឹងសិក្ខាបទទី១ ក្នុងវគ្គ​ជាមួយគ្នានេះ)។

[៣៨] កាលបើមូលចីវរដែលមានចំណែកមិនស្មើគ្នា [មូលចីវរ ឬបច្ចាសាចីវរ​ដែល​មាន​សាច់​ក្រាស់ស្ដើងមិនស្មើគ្នា ភិក្ខុមិនអាច​នឹងដេរជា​មួយគ្នាបាន ហៅថា មានចំណែក​មិនស្មើគ្នា។] កើតឡើងហើយ បច្ចាសាចីវរ ក៏កើតឡើងដែរ តែរាត្រី​សល់នៅច្រើន (បើ) ភិក្ខុមិន​ចង់ធ្វើទេ ក៏មិន​ត្រូវធ្វើ (ចីវរនោះឡើយ)។

[៣៩] ចីវរកន្លងទៅ១ខែហើយ ភិក្ខុសំគាល់​ថាកន្លងទៅមែន ត្រូវនិស្សគ្គិយ​បាចិត្ដិយ។ ចីវរ​កន្លងទៅ ១ខែហើយ ភិក្ខុមាន​សេចក្ដីសង្ស័យ ត្រូវនិស្សគ្គិយ​បាចិត្ដិយ។ ចីវរកន្លងទៅ ១ខែ​ហើយ ភិក្ខុសំគាល់ថា មិនទាន់​កន្លងទេ ត្រូវនិស្សគ្គិយ​បាចិត្ដិយ។ ចីវរដែល​មិនបាន​អធិដ្ឋាន ភិក្ខុសំគាល់​ថាបាន​អធិដ្ឋាន​ហើយ (ក្ដី) ចីវរដែល​មិនបានវិកប្ប ភិក្ខុសំគាល់​ថាបាន​​វិកប្បហើយ (ក្ដី) ចីវរ​ដែលមិន​បានលះបង់ ភិក្ខុសំគាល់ថា​បានលះ​បង់ហើយ (ក្ដី) ចីវរដែលមិនបាត់ ភិក្ខុ​សំគាល់​​ថាបាត់ (ក្ដី) ចីវរដែលមិន​ខូចទេ ភិក្ខុសំគាល់​ថាខូច (ក្ដី) ចីវរភ្លើងមិនឆេះ ភិក្ខុ សំគាល់​ថា​ភ្លើង​ឆេះ (ក្ដី) ចីវរចោរ​ឥតបានយកទេ ភិក្ខុសំគាល់​ថា ចោរយក (ក្ដី) ត្រូវនិស្សគ្គិយបាចិត្ដិយ (ដូចគ្នា​ទាំង​អស់)។

[៤០] ភិក្ខុមិនបានលះចីវរដែលជានិស្សគ្គិយ ហើយប្រើប្រាស់ ត្រូវអាបត្ដិទុក្កដ។ ចីវរ​មិន​ទាន់​កន្លងទៅ១ខែទេ ហើយ​ភិក្ខុសំគាល់​ថាកន្លង​ទៅហើយ ត្រូវ​អាបត្ដិទុក្កដ។ ចីវរ​មិនទាន់​កន្លង​ទៅ១ខែទេ ភិក្ខុមាន​សេចក្ដី​សង្ស័យ ត្រូវអាបត្ដិទុក្កដ។ ចីវរមិន​ទាន់កន្លង ១ខែទេ ភិក្ខុសំគាល់​ថា មិនទាន់​កន្លងមែន មិនត្រូវ​អាបត្ដិឡើយ។

[៤១] វារៈសំដែងអំពីមិនមានអាបត្ដិ គឺភិក្ខុបាន​អធិដ្ឋានចីវរនោះក្នុង​រវាងមួយខែ ១ បាន​វិកប្បចីវរ ១ បានលះ ១ ចីវរបាត់ ១ ចីវរខូច ១ ចីវរភ្លើងឆេះ ១ ចីវរដែល​ចោរដណ្ដើម​យកទៅ ១ គេយកចីវរ​ដោយ​សេចក្ដីស្និទ្ធស្នាល ១ ភិក្ខុឆ្កួត ១ ភិក្ខុដើមបញ្ញត្ដិ ១។

សិក្ខាបទទី៣ ចប់។

សិក្ខាបទទី៤

[៤២] សម័យនោះ ព្រះពុទ្ធជាម្ចាស់ដ៏មានព្រះភាគ ទ្រង់គង់នៅវត្ដ​ព្រះជេតពន របស់​អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង មានស្រី​ជាបុរាណទុតិយិកា​របស់​ឧទាយិភិក្ខុ​​ដ៏មានអាយុ បួសក្នុង​សំណាក់​នាងភិក្ខុនី។ នាងភិក្ខុនី​នោះតែង​មកសំណាក់​ឧទាយិភិក្ខុ​​ដ៏មាន​អាយុជារឿយៗ។ ចំណែកខាង​ឧទាយិភិក្ខុដ៏មាន​អាយុ ក៏តែងទៅ​កាន់​សំណាក់ នាងភិក្ខុនី​នោះជា​រឿយៗដែរ។ វេលានោះឯង ឧទាយិភិក្ខុដ៏​មានអាយុ​បរិភោគ​ភត្ដ​ក្នុងសំណាក់​នាងភិក្ខុនីនោះ។ លំដាប់​នោះ ឧទាយិភិក្ខុ​ដ៏មានអាយុ ក៏ស្លៀកដណ្ដប់​រួចក៏​យកបាត្រ និងចីវរ ចូលសំដៅ ទៅរកទីដែល​នាងភិក្ខុនីនោះ​នៅ ក្នុងវេលា​ព្រឹកព្រហាម លុះ​ចូល​ទៅ​ដល់ហើយ ក៏អង្គុយ​លើ​អាសនៈ​​ខាងមុខនាង​ភិក្ខុនីនោះ បើក​អង្គជាត​បង្ហាញ។ ឯនាង​ភិក្ខុនី​នោះ​ក៏អង្គុយ​លើ​អាសនៈ​ខាង​មុខ​ឧទាយិដ៏មានអាយុ បើក​អង្គជាត​បង្ហាញដែរ។ វេលានោះ ឧទាយិភិក្ខុ​ដ៏មានអាយុ​មានតម្រេក ​ក៏សំឡឹងមើលទៅ​អង្គជាតនាងភិក្ខុនីនោះ។ ទឹកអសុចិ​ក៏ហូរធ្លាក់​ពីអង្គជាត​របស់ឧទាយិភិក្ខុនោះ។ លំដាប់​នោះ ឧទាយិភិក្ខុ​ដ៏មានអាយុ​ក៏និយាយទៅ​នឹងភិក្ខុនី​នោះថា នែប្អូនស្រី ឯងចូរទៅនាំយក​ទឹក​មក អញនឹង​លាងស្បង់។ នាងភិក្ខុនីនោះ​តបវិញថា លោកម្ចាស់ សូមលោកម្ចាស់​ឱ្យស្បង់មក​ខ្ញុំ​វិញ ខ្ញុំនឹងលាងប្រគេន។ វេលានោះឯង នាងភិក្ខុនីនោះ ក៏បានយក​ទឹកអសុចិ របស់​ឧទាយិភិក្ខុ​នោះបន្ដិច​ដាក់ក្នុងមាត់ យកបន្ដិចដាក់​ក្នុងអង្គជាត។ នាង​ភិក្ខុនីនោះ​ក៏មានគភ៌​ដោយសារ​ទឹក​អសុចិ​​នោះ។ ពួកនាងភិក្ខុនី​ក៏បាន​និយាយ​​​យ៉ាងនេះថា នាងភិក្ខុនី​នេះមិនមែន​ប្រព្រឹត្ដធម៌​ដ៏ប្រសើរ​​ទេ ទើបបាននាង​ភិក្ខុនី​នេះ​មាន​គភ៌។ នាង​ភិក្ខុនី​នោះ​តបវិញថា ម្នាលនាងទាំងឡាយ ខ្លួនខ្ញុំមិន​បានប្រព្រឹត្ដ​ធម៌ដ៏​ប្រសើរ​ទេ។ វេលា​នោះ នាងភិក្ខុនីនោះ​បានប្រាប់ សេចក្ដីនុ៎ះ​ដល់​នាងភិក្ខុនី​ផងគ្នា។ នាងភិក្ខុនី​ទាំង​ឡាយ ក៏លើកទោស តិះដៀល បន្ដុះបង្អាប់ថា មិនសមបើ​លោកម្ចាស់​ឧទាយិ ប្រើនាង​ភិក្ខុនី​ឱ្យលាង​ចីវរចាស់ (របស់ខ្លួនសោះ)។ លំដាប់នោះ ពួកនាង​ភិក្ខុនី​ទាំងនោះបានប្រាប់​សេចក្ដី​នុ៎ះដល់ភិក្ខុ​ទាំងឡាយ។ ពួកភិក្ខុណា​ដែលមាន​ប្រាថ្នាតិច។បេ។ ពួក​ភិក្ខុ​ទាំងនោះ​ក៏​លើកទោស តិះដៀល បន្ដុះ​បង្អាប់ថា គួរបើដែរ ឧទាយិ​ដ៏មានអាយុ ប្រើនាង​ភិក្ខុនី​ឱ្យលាង​ចីវរចាស់។ គ្រានោះ ពួកភិក្ខុទាំង​នោះ បានក្រាបទូល​សេចក្ដីនុ៎ះ​ដល់ព្រះដ៏មាន ព្រះភាគ។ លំដាប់នោះ ព្រះដ៏មាន​ព្រះភាគ។បេ។ ទ្រង់សួរឧទាយិភិក្ខុ​ដ៏មាន​អាយុថា ម្នាលឧទាយិ ឮថាអ្នកបាន​ប្រើនាង​ភិក្ខុនី​ឱ្យលាង​ចីវរចាស់ មែនឬ។ ឧទាយិក្រាប​ទូលថា សូមទ្រង់​ព្រះមេត្ដា​ប្រោស មែន។ ព្រះសម្ពុទ្ធជា​ម្ចាស់ទ្រង់​ត្រាស់សួរថា ម្នាលឧទាយិ នាងភិក្ខុនីនោះ ត្រូវជាញាតិ ឬមិនមែនជា​ញាតិនឹងអ្នកទេ។ ឧទាយិក្រាបទូលថា សូមទ្រង់​ព្រះមេត្ដាប្រោស (នាងភិក្ខុនីនោះ) មិនត្រូវ​ជាញាតិ​នឹងខ្ញុំព្រះអង្គទេ។ ព្រះសម្ពុទ្ធ​ជាម្ចាស់​ទ្រង់ត្រាស់ថា នែមោឃបុរស ជនមិនមែន ជាញាតិ មិនស្គាល់​អំពើសមគួរ ឬមិនសមគួរ អំពើនាំមក​នូវសេចក្ដីជ្រះថ្លា ឬមិននាំ​មកនូវ​សេចក្ដី​ជ្រះថ្លា​របស់នាង​ភិក្ខុនីដែល​មិនមែន​ជាញាតិ (នោះទេ) នែមោឃបុរស មិនសមបើ​អ្នកទៅ​ប្រើ​នាង​ភិក្ខុនី ដែលមិន​មែនជាញាតិ ឱ្យលាង​ចីវរចាស់សោះ នែមោឃបុរស អំពើដែល​អ្នកឯងធ្វើនេះ មិន​មែននាំពួកមនុស្ស​ដែលមិនទាន់​ជ្រះថ្លាឱ្យ​បានជ្រះថ្លាឡើង ឬមនុស្ស​ដែលជ្រះថ្លា​ស្រាប់ហើយ ឱ្យ​រឹង​រឹតតែ​ជ្រះថ្លា​ឡើងទៀត (នោះ) ទេ។បេ។ ម្នាលភិក្ខុ​ទាំងឡាយ អ្នកទាំងឡាយ​ត្រូវសំដែង​ឡើង​នូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុណាមួយ ប្រើនាង​ភិក្ខុនី​ដែល​មិនមែន​ជាញាតិឱ្យលាងក្ដី ឱ្យជ្រលក់​ក្ដី ឱ្យគក់ឬបោកក្ដី នូវចីវរចាស់ ភិក្ខុនោះ ត្រូវ​និស្សគ្គិយ​បាចិត្ដិយ។

[៤៣] ត្រង់ពាក្យថា ភិក្ខុណាមួយ (ត្រង់បេយ្យាលទាំងពីរ)មានអធិប្បាយ​ត្រង់សិក្ខាបទ​ទី១ ក្នុងបារាជិកកណ្ឌ រួចហើយ។ នាងភិក្ខុនី ដែលឥត​មានជាប់ទង​គន្លងអំពី​ចំណែកខាង​មាតាក្ដី អំពីចំណែក​ខាងបិតាក្ដី ដរាបដល់​គូនៃជីដូនជីតា​ជាគំរប់៧ ហៅថា​មិនមែន​ជាញាតិ។ ដែល ហៅថា នាងភិក្ខុនី (នោះសំដៅយក) ស្រីដែលបាន​ឧបសម្បទា​ក្នុងសំណាក់​សង្ឃទាំងពីរ (ភិក្ខុ​សង្ឃ​និងភិក្ខុនីសង្ឃ)។ សម្ពត់ដែល​ភិក្ខុស្លៀកម្ដងក្ដី ដណ្ដប់​ម្ដងក្ដី ហៅថា ចីវរចាស់។ ភិក្ខុ​ប្រើនាង​ភិក្ខុនី​ថា នាងចូរលាង​ចីវរឱ្យអាត្មា (យ៉ាងនេះ) ត្រូវអាបត្ដិទុក្កដ។ ចីវរដែល​នាងភិក្ខុនី​លាង​ហើយ​នោះ ជានិស្សគ្គិយ។ ភិក្ខុ​បង្គាប់នាង​ភិក្ខុនីថា នាងចូរជ្រលក់ចីវរឱ្យអាត្មា ត្រូវអាបត្ដិ​ទុក្កដ។ ចីវរ​ដែល​នាងភិក្ខុនី​ជ្រលក់​ហើយ​នោះ ជានិស្សគ្គិយ។ ភិក្ខុប្រើនាង​ភិក្ខុនីថា នាងចូរ​បោកចីវរ​​ឱ្យអាត្មា ត្រូវ អាបត្ដិទុក្កដ។ កាលបើចីវរ​ដែលនាងភិក្ខុនី​យកមកបោក​ដោយដៃក្ដី ដោយដំបងក្ដី អស់វារៈ​តែ​ម្ដង ចីវរនោះជានិស្សគ្គិយ ភិក្ខុត្រូវលះ​ចីវរនោះ​ដល់ជំនុំ​សង្ឃ ឬគណៈ ឬបុគ្គល។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ភិក្ខុត្រូវ លះចីវរ​យ៉ាងនេះ។បេ។ ថា បពិត្រព្រះសង្ឃដ៏ចំរើន ចីវរចាស់នេះ ខ្ញុំបាន​ប្រើនាង​ភិក្ខុនី​មិនមែនជា​ញាតិឱ្យលាង ជានិស្សគ្គិយហើយ ខ្ញុំសូមលះចីវរ​នេះដល់​ជំនុំ​សង្ឃ។ (ត្រង់​បេយ្យាល​ទាំងបី មានអធិប្បាយ​ត្រង់សិក្ខាបទទី១ ក្នុងវគ្គជាមួយ​គ្នារួចហើយ)។

[៤៤] នាងភិក្ខុនីមិនមែនជាញាតិ ភិក្ខុដឹងច្បាស់ថា មិនមែនជាញាតិ ហើយប្រើ់ឱ្យលាងនូវ​ចីវរចាស់ ត្រូវនិស្សគ្គិយ​បាចិត្ដិយ។ នាងភិក្ខុនីមិនមែន​ជាញាតិ ភិក្ខុដឹងច្បាស់ថា​មិនមែន​ជា​ញាតិ ហើយប្រើឱ្យលាង ឱ្យជ្រលក់នូវ​ចីវរចាស់ ត្រូវអាបត្ដិទុក្កដ និងនិស្សគ្គិយ។ នាង​ភិក្ខុនី​មិនមែន​​ជា​ញាតិ ភិក្ខុដឹងច្បាស់ថាមិន​មែនញាតិ ហើយប្រើឱ្យលាង ឱ្យបោក នូវចីវរចាស់ ត្រូវអាបត្ដិ​ទុក្កដ និងនិស្សគ្គិយ។ នាងភិក្ខុនីមិនមែន​ជាញាតិ ភិក្ខុដឹងច្បាស់​ថាមិនមែន​ញាតិ ហើយ​ប្រើឱ្យលាង ឱ្យជ្រលក់ ឱ្យបោក នូវចីវរចាស់ ត្រូវអាបត្ដិ​ទុក្កដពីរ និងនិស្សគ្គិយ។ នាងភិក្ខុនី​មិនមែន​ជាញាតិ ភិក្ខុដឹងច្បាស់ថា​មិនមែន​ជាញាតិ ហើយប្រើ​ឱ្យ​ជ្រលក់ នូវចីវរចាស់ ត្រូវនិស្សគ្គិយ​បាចិត្ដិយ។ នាង​ភិក្ខុនីមិន​មែនជាញាតិ ភិក្ខុដឹងច្បាស់​ថាមិនមែន​ជាញាតិ ហើយ​ប្រើ​ឱ្យជ្រលក់ ឱ្យបោក​នូវចីវរ​ចាស់ ត្រូវអាបត្ដិទុក្កដ និង​និស្សគ្គិយ។ នាងភិក្ខុនី​មិនមែនជាញាតិ ភិក្ខុដឹងច្បាស់​ថាមិន​មែន​ជាញាតិ ហើយប្រើឱ្យ​ជ្រលក់ឱ្យលាង​នូវចីវរចាស់ ត្រូវអាបត្ដិទុក្កដ និងនិស្សគ្គិយ។ នាង​ភិក្ខុនី​មិនមែនជាញាតិ ភិក្ខុដឹងច្បាស់​ថាមិនមែន​ញាតិ ហើយប្រើឱ្យជ្រលក់ ឱ្យបោក ឱ្យលាង នូវចីវរ​ចាស់ ត្រូវអាបត្ដិ​ទុក្កដពីរ និងនិស្សគ្គិយ។ នាងភិក្ខុនី​មិនមែន​ជាញាតិ ភិក្ខុដឹងច្បាស់ថា មិនមែន​ញាតិ ហើយប្រើ់ឱ្យ​បោកនូវចីវរ​ចាស់ ត្រូវនិស្សគ្គិយបាចិត្ដិយ។ នាង​ភិក្ខុនី​​មិនមែនជាញាតិ ភិក្ខុដឹងច្បាស់​ថាមិនមែនញាតិ ហើយប្រើឱ្យបោក ឱ្យលាង​នូវចីវរចាស់ ត្រូវអាបត្ដិទុក្កដ និងនិស្សគ្គិយ។ នាងភិក្ខុនី​មិនមែនជា​ញាតិ ភិក្ខុដឹងច្បាស់​ថាមិនមែន​ជាញាតិ ហើយប្រើ​ឱ្យបោក ឱ្យជ្រលក់ នូវចីវរចាស់ ត្រូវអាបត្ដិទុក្កដ និងនិស្សគ្គិយ។ នាងភិក្ខុនី​មិនមែនជា​ញាតិ ភិក្ខុ​ដឹងច្បាស់​ថា​មិនមែនញាតិ ហើយប្រើឱ្យបោក ឱ្យលាង ឱ្យជ្រលក់នូវ​ចីវរចាស់ ត្រូវអាបត្ដិទុក្កដពីរ និង​និស្សគ្គិយ។ នាងភិក្ខុនីមិន​មែនជាញាតិ ភិក្ខុមាន​សេចក្ដី​សង្ស័យ។បេ។ នាងភិក្ខុនី​មិនមែន​ជាញាតិ ភិក្ខុដឹងច្បាស់ថា​មិនមែនញាតិ។បេ។ ហើយប្រើឱ្យ​លាង​នូវ​ចីវរ​ចាស់របស់ភិក្ខុ​ឯទៀត ត្រូវ​អាបត្ដិ​ទុក្កដ។ ភិក្ខុប្រើ (នាងភិក្ខុនី​មិនមែន​ជាញាតិ) ឱ្យលាង​សម្ពត់និសីទនៈ និងគ្រឿង​កម្រាល ត្រូវ​អាបត្ដិ​ទុក្កដ។ ភិក្ខុប្រើនាង​ភិក្ខុនីដែល​ជា​ឯកតោឧប្បសម្បន្នាឱ្យលាង​ ត្រូវអាបត្ដិទុក្កដ។ នាង​ភិក្ខុនី​ជាញាតិ ភិក្ខុសំគាល់​ថាមិនមែន​ញាតិ ត្រូវអាបត្ដិទុក្កដ។ នាងភិក្ខុនី​ជាញាតិ ភិក្ខុមាន​សេចក្ដី​សង្ស័យ ត្រូវ​អាបត្ដិទុក្កដ។ នាងភិក្ខុនី​ជាញាតិ ភិក្ខុសំគាល់​ថាជាញាតិ មិនត្រូវ​អាបត្ដិឡើយ។

[៤៥] អាបត្ដិ (មិនមានដល់ភិក្ខុមាន ៨យ៉ាង) គឺនាងភិក្ខុនី ដែលជាញាតិ​របស់ភិក្ខុកំពុង​លាងចីវរ​របស់ភិក្ខុ ហើយស្រាប់​តែមាននាង​ភិក្ខុនីទីពីរ​ដែលមិនមែន​ជាញាតិ មកយក​ចីវរ​អំពី​ដៃនាង​ភិក្ខុនី​នោះ ទៅលាងឱ្យ១ នាងភិក្ខុនីឃើញ​ចីវររបស់​ភិក្ខុមាន​មន្ទិលសៅហ្មង ហើយ​យក​មកលាង​​ឱ្យមិនបាច់ចាំប្រើ១ ភិក្ខុប្រើនាង​ភិក្ខុនីឱ្យលាង​ចីវរថ្មីដែល​មិនទាន់​បាន​ប្រើប្រាស់ ១ ភិក្ខុប្រើនាង​ភិក្ខុនីឱ្យលាង​គ្រឿងបរិក្ខារ​ឯទៀតក្រៅ​ពីចីវរ ១ ភិក្ខុប្រើនាង​សិក្ខមានា​​ឱ្យលាង​ចីវរ​ឱ្យ ១ ភិក្ខុប្រើ​សាមណេរី​ឱ្យលាងចីវ​រឱ្យ ១ ភិក្ខុឆ្កួត ១ ភិក្ខុដើមបញ្ញត្ដិ ១។

សិក្ខាបទទី៤ ចប់។

សិក្ខាបទទី៥

[៤៦] សម័យនោះ ព្រះពុទ្ធជាម្ចាស់ដ៏មានព្រះភាគ ទ្រង់គង់នៅវត្ដវេឡុវន​កលន្ទក​និវាបស្ថាន ទៀបក្រុងរាជគ្រឹះ។ គ្រានោះឯង នាងឧប្បលវណ្ណា​ភិក្ខុនីនៅក្នុអន្ធវន ទៀប​ក្រុង​សាវត្ថី។ វេលា​នោះឯង នាងឧប្បលវណ្ណាភិក្ខុនី លុះពេល​ព្រឹកឡើង ក៏បាន​ស្លៀក​ដណ្ដប់​រួចនាំយកបាត្រ និងចីវរចូល​ទៅឯក្រុង​សាវត្ថីដើម្បី​បិណ្ឌបាត លុះដើរទៅ​បិណ្ឌបាត​ក្នុងក្រុងសាវត្ថី រួចត្រឡប់​មកអំពី​បិណ្ឌបាត​ក្នុងកាលជាខាង​ក្រោយនៃភត្ដ ហើយ​ក៏ចូល​សំដៅ​ទៅក្នុង​អន្ធវន (ព្រៃងងឹត) ដើម្បី​សម្រាកក្នុង​វេលាថ្ងៃ លុះចូលទៅ​ដល់ព្រៃអន្ធវន​ហើយ ក៏អង្គុយ​សម្រាក​ក្នុងវេលាថ្ងៃ​ទៀប​គល់ឈើ​នីមួយ។ សម័យនោះ មានពួកចោរ​អ្នក​ធ្វើនូវ​ចោរកម្ម បានសម្លាប់​មេគោ១ អារយក​សាច់​រួច​នាំយក​ទៅកាន់​ព្រៃអន្ធវន។ ឯមេចោរ​ជាធំ​ បានក្រឡេក​មើលទៅឃើញ​នាង​ឧប្បលវណ្ណា​​ភិក្ខុនី​​កំពុងអង្គុយ​សម្រាកក្នុង​វេលាថ្ងៃ ទៀប​គល់ឈើ​នីមួយ។ លុះឃើញ​ហើយ​ ចោរនោះក៏មានសេចក្ដី​ត្រិះរិះថា បើប្រសិនណា​ពួកចោរជាកូន និងបងប្អូន​អញឃើញ នាង​ភិក្ខុនី​នេះហើយ មុខជា​បៀតបៀន​​នាង​ភិក្ខុនីនេះ​មិនខាន (លុះគិតយ៉ាងនេះហើយ) មេចោរ​ក៏នាំពួក​ចោរ​ទាំងនោះ​ដើរទៅ​តាមផ្លូវ​ដទៃវិញ វេលានោះឯង មេចោរនោះ​កាលបើដុំសាច់​គេចំអិនរួច​ស្រេច​ហើយ ក៏យក​សាច់យ៉ាងល្អ ខ្ចប់នឹងស្លឹកឈើ​យកទៅព្យួរ​នឹងដើមឈើ​ជិត​នាង​​ឧប្បលវណ្ណា​ភិក្ខុនី ហើយ​ពោល​ថា នរណាមួយ ទោះបីជាសមណៈក្ដី ព្រាហ្មណ៍ក្ដី បាន​ឃើញ​ដុំសាច់​ដែលអញ​ទុកឱ្យនេះហើយ ចូរនាំយកទៅចុះ រួចហើយក៏​ចេញដើរទៅ។ នាង​ឧប្បលវណ្ណា​ភិក្ខុនី​ចេញ​ពីសមាធិ ហើយបានឮសំដី​នេះរបស់មេចោរ​ដែលកំពុង​ពោលនោះ។ លំដាប់​នោះ នាង​ឧប្បលវណ្ណា​ភិក្ខុនីក៏​បានយក​សាច់នោះទៅ​ឯកន្លែង​នៅរបស់ខ្លួន។ វេលា​នោះ​ឯង នាង​ឧប្បលវណ្ណា​ភិក្ខុនី លុះកន្លង​រាត្រីនោះទៅហើយ នាង​ក៏ចាត់ចែង​យកសាច់នោះ​មកវេចជា​បង្វេច​ដោយ​ចីពរ រួចហើយ​ក៏ហោះទៅ​ឯអាកាស ទៅចុះក្នុងវត្ដវេឡុវន។

[៤៧] សម័យនោះឯង ព្រះដ៏មានព្រះភាគ ទ្រង់យាង ចូលទៅកាន់​ស្រុកដើម្បីបិណ្ឌបាត។ ឧទាយិភិក្ខុដ៏​មានអាយុ​ជាអ្នកនៅ​ចាំរក្សាវត្ដ។ លំដាប់នោះ នាងឧប្បលវណ្ណាភិក្ខុនី បាន​ចូល​​ទៅ​រក​ឧទាយិភិក្ខុដ៏​មានអាយុ លុះចូល​ទៅដល់ហើយ ក៏សួរទៅឧទាយិភិក្ខុ​ដ៏មាន​អាយុ​ថា បពិត្រ​លោក​ម្ចាស់ដ៏ចំរើន ព្រះដ៏មានព្រះភាគ​ទ្រង់យាង​ទៅណា។ ឧទាយិ​ប្រាប់ថា ម្នាល​ប្អូនស្រី ព្រះដ៏មាន​ព្រះភាគទ្រង់យាង​ចូលទៅបិណ្ឌបាត​ឯស្រុកហើយ។ នាង​​ឧប្បលវណ្ណាភិក្ខុនី និយាយ​​ថា បពិត្រ​លោកម្ចាស់ដ៏ចម្រើន សូមលោក​ម្ចាស់មេត្ដា​ថ្វាយសាច់នេះ​ដល់​ព្រះដ៏មាន​ព្រះភាគ​​ឱ្យទាន​ផង។ ឧទាយិ​និយាយថា ម្នាលប្អូនស្រី នាងឱ្យព្រះដ៏មាន​ព្រះភាគ​ទ្រង់ឆ្អែត​ដោយ​សាច់ (យ៉ាងណា) ប្រសិនបើនាង​ឱ្យស្បង់ដល់​អាត្មាៗក៏​ឈ្មោះថា នាងឱ្យឆ្អែត​ដោយ​ស្បង់​ក៏​យ៉ាង​នោះ​ដែរ។ នាងឧប្បលវណ្ណាភិក្ខុនី​តបវិញថា បពិត្រ​លោកម្ចាស់​ដ៏ចំរើន យើងខ្ញុំ​ជាមាតុគ្រាម មាន​លាភ​បានដោយ​កម្រ​ណាស់។ មួយទៀត ចីវររបស់ខ្ញុំ​នេះ ជាចីវរ​គំរប់ ៥ ជាទីបំផុត ខ្ញុំមិនប្រគេន​លោកម្ចាស់​ទេ។ ឧទាយិ​និយាយថា ម្នាលប្អូនស្រី ដូចជាបុរស​ដែល​ឱ្យដំរី (ទៅគេ) គួរលះខ្សែ​ដង្គន់​ផងយ៉ាងណាមិញ ម្នាលប្អូនស្រី បើនាងថ្វាយ​សាច់ដល់​ព្រះដ៏មានព្រះភាគ​ហើយ ចូរលះ​ស្បង់​របស់​នាងដល់​អាត្មា ក៏យ៉ាងនោះដែរ។ គ្រានោះ នាង​ឧប្បលវណ្ណាភិក្ខុនី កាលបើ ឧទាយិដ៏មាន​អាយុ​ចេះតែទទូច​សូម ក៏ប្រគេនស្បង់​ហើយ​ត្រឡប់​ទៅឯលំនៅ​របស់ខ្លួន​វិញ។ ពួកនាង​ភិក្ខុនី​កាល​ទទួល​យកបាត្រ និងចីវរ​ពីនាង​ឧប្បលវណ្ណា​ភិក្ខុនី ក៏សួរនាង​ឧប្បលវណ្ណាភិក្ខុនីថា បពិត្រ​នាង​ជា​ម្ចាស់ ស្បង់របស់​នាង តើនៅឯណា។ នាង​ឧប្បលវណ្ណា​ភិក្ខុនី ក៏បានប្រាប់​សេចក្ដីនុ៎ះ ដល់នាង​ភិក្ខុនី​ទាំង​ឡាយ។ នាងភិក្ខុនី​ទាំង​ឡាយ ក៏លើក​ទោស តិះដៀល បន្ដុះបង្អាប់​ថា លោកម្ចាស់​ឧទាយិ មិនសមបើ​នឹងទទួល​យកចីវរ​ពីដៃនាង​​ភិក្ខុនីសោះ មាតុគ្រាម​សុទ្ធតែមាន​លាភបាន​ដោយកម្រ។ គ្រានោះ នាងភិក្ខុនី​ទាំងនោះ ក៏ប្រាប់សេចក្ដីនុ៎ះ ដល់ភិក្ខុទាំងឡាយ។ ពួកភិក្ខុណា​ដែលមាន​ប្រាថ្នា​តិច។បេ។ ពួកភិក្ខុទាំង​នោះ ក៏លើកទោស តិះដៀល បន្ដុះបង្អាប់ថា ឧទាយិដ៏​មានអាយុ​ មិនគួរបើ​នឹង​ទទួលយក​ចីវរពីដៃ​នាងភិក្ខុនី​សោះ។ ទើបភិក្ខុទាំងនោះ ក្រាបទូលសេចក្ដីនុ៎ះ​ដល់ព្រះដ៏មាន​ព្រះភាគជាម្ចាស់។បេ។ ព្រះអង្គ​ត្រាស់សួរថា ម្នាលឧទាយិ បានឮថា អ្នកឯងបាន ទទួល​ចីវរពីដៃ​នាងភិក្ខុនី មែនឬ។ឧទាយិភិក្ខុ​ក្រាបទូលថា សូមទ្រង់​ព្រះមេត្ដា​ប្រោស មែន។ ព្រះសម្ពុទ្ធ​​ជាម្ចាស់​ទ្រង់ត្រាស់សួរថា ម្នាលឧទាយិ នាងភិក្ខុនីនោះ ត្រូវជាញាតិ​នឹងអ្នកឯង ឬមិនមែន​​ជាញាតិទេ។ ឧទាយិក្រាបទូលថា សូមទ្រង់​ព្រះមេត្ដាប្រោស (នាងភិក្ខុនីនោះ) មិនមែនជា​ញាតិទេ។ ព្រះដ៏​មាន​ព្រះភាគទ្រង់ត្រាស់ថា ម្នាល​មោឃបុរស បុរសដែល​មិនមែន​ជាញាតិ មិនស្គាល់​អំពើគួរ ឬមិនគួរ ល្អិតល្អ ឬមិនល្អិតល្អ របស់ស្ដ្រី ដែលមិនមែន​ជាញាតិ (នោះ) ទេ ម្នាល​មោឃបុរស អ្នកឯង ហេតុអ្វីក៏ទទួល​យកចីវរអំពី​ដៃនាងភិក្ខុនី​ដែលមិន​មែនជា​ញាតិ (ដូច្នេះ) ម្នាល​មោឃបុរស អំពើដែលអ្នក​ឯងធ្វើនេះ នឹងបានដឹកនាំ​មនុស្សដែល​មិនទាន់ជ្រះថ្លា ឱ្យបាន​ជ្រះថ្លាឡើង ឬ​មនុស្ស​ដែលជ្រះថ្លាហើយ ឱ្យកាន់តែជ្រះថ្លា​ឡើងក៏ទេ។បេ។ ម្នាលភិក្ខុ​ទាំងឡាយ អ្នកទាំងឡាយ ត្រូវសំដែងឡើង​នូវ​សិក្ខាបទនេះ យ៉ាងនេះថា ភិក្ខុណា​មួយ ទទួលយក​ចីវរអំពី​ដៃនាង ភិក្ខុនី​ដែល​មិនមែន​ជាញាតិ (ភិក្ខុនោះ) ត្រូវនិស្សគ្គិយ​បាចិត្ដិយ។ សិក្ខាបទ​នេះ ព្រះដ៏មាន​ព្រះភាគ​ទ្រង់បាន​បញ្ញត្ដ​ហើយ ដល់ភិក្ខុ​ទាំងឡាយ យ៉ាងនេះ។

[៤៨] សម័យនោះឯង មានពួកភិក្ខុសង្ស័យ មិនហ៊ានទទួលយកចីវរ​ដែលត្រូវការ​ផ្លាស់ប្ដូរ​របស់​នាងភិក្ខុនីទាំងឡាយ។ នាងភិក្ខុនី​ទាំងឡាយ ក៏លើកទោស តិះដៀល បន្ដុះបង្អាប់ថា លោក​ម្ចាស់​ទាំងឡាយ មិនគួរបើ​នឹងមិនទទួល​យកចីវរ​ដែលត្រូវការ​ផ្លាស់ប្ដូររបស់​យើង​សោះ។ កាល​ពួកនាងភិក្ខុនី​ទាំងនោះ កំពុងលើកទោស តិះដៀល បន្ដុះបង្អាប់ ភិក្ខុ​ទាំងឡាយ​ក៏បាន​ឮ​ច្បាស់។ វេលានោះ ភិក្ខុទាំងនោះ បានក្រាបទូល​សេចក្ដីនុ៎ះ ដល់ព្រះដ៏​មានព្រះភាគ។ ព្រោះ​និទាន​នេះ ដំណើរនេះ ទើបព្រះដ៏មាន​ព្រះភាគ ទ្រង់ធ្វើធម្មីកថា ហើយត្រាស់​ហៅភិក្ខុ​ទាំងឡាយ​​មក​ក្នុងវេលានោះថា ម្នាលភិក្ខុ​ទាំងឡាយ តថាគត​អនុញ្ញាត ដើម្បីឱ្យអ្នក​ទាំងឡាយ​ទទួល​​យក​ចីវរ​ដែលត្រូវ​ការផ្លាស់ប្ដូរ​គ្នារបស់​សហធម្មិក​បុគ្គល ៥ពួកគឺ ភិក្ខុ ភិក្ខុនី សិក្ខមានា សាមណេរ សាមណេរី ម្នាលភិក្ខុ​ទាំងឡាយ តថាគត​អនុញ្ញាតឱ្យ​អ្នកទាំងឡាយ ទទួលយកចីវរ​ដែលត្រូវ​ការផ្លាស់​ប្ដូរគ្នានឹងពួក​សហធម្មិកទាំង ៥ នេះ ម្នាលភិក្ខុ​ទាំងឡាយ អ្នកទាំងឡាយ ត្រូវសំដែង​ឡើង​នូវសិក្ខាបទនេះ យ៉ាងនេះថា ភិក្ខុណា​មួយទទួល​យកចីវរ​អំពីដៃនាង​ភិក្ខុនី ដែល​មិនមែន​ជា​ញាតិ (ភិក្ខុនោះ) ត្រូវ​និស្សគ្គិយ​បាចិត្ដិយ វៀរលែង​តែផ្លាស់ប្ដូរគ្នា។

[៤៩] ត្រង់ពាក្យថា ភិក្ខុណាមួយ (ត្រង់បេយ្យាលទាំងពីរ មានអធិប្បាយ​ក្នុងបឋម​បារាជិក​សិក្ខាបទរួចហើយ)។ នាងភិក្ខុនី​ដែលឥត​មានជាប់ទង​គន្លងអំពីចំណែក​ខាងមាតាក្ដី ចំណែក​​ខាង​បិតា​ក្ដី ដរាបដល់គូ​នៃជីដូនជីតា​ជាគំរប់៧ ហៅថាមិន​មែនជាញាតិ។ ស្រី​ដែល​បានឧបសម្បទា​​អំពីសំណាក់​ឧភតោសង្ឃ ហៅថា នាងភិក្ខុនី។ បណ្ដាចីវរ​ទាំង៦ ចីវរណាមួយ ដែល​តូច​បំផុត​គួរល្មម​ភិក្ខុនឹង​វិកប្បបាន ហៅថា ចីវរ។ ពាក្យថា វៀរលែង​តែផ្លាស់ប្ដូរគ្នា សេចក្ដីថា លើកលែង​តែចីវរ​ដែលផ្លាស់ប្ដូរគ្នា។ ភិក្ខុទទួល​យកចីវរ ត្រូវ​អាបត្ដិ​ទុក្កដក្នុង​ប្រយោគ​ដែល​ទទួល ចីវរនោះ ជានិស្សគ្គិយក្នុងខណៈដែលបានមក ភិក្ខុ​ត្រូវលះ​ចីវរនោះដល់​ជំនុំសង្ឃ ឬ​គណៈ ឬបុគ្គល ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុត្រូវលះ​ចីវរ​យ៉ាងនេះ។បេ។ បពិត្រ​ព្រះសង្ឃ​ដ៏ចំរើន ចីវរ​នេះដែល​ខ្ញុំបានទទួល​យកអំពី​ដៃនាងភិក្ខុនី ដែលមិន​មែនជា​ញាតិ ជានិស្សគ្គិយ​ហើយ វៀរលែងតែ​ផ្លាស់ប្ដូរគ្នា ឥឡូវខ្ញុំសូម​លះចីវរនេះ ដល់ជំនុំសង្ឃ។ (ត្រង់បេយ្យាល​ទាំងបី មាន​អធិប្បាយ​ត្រង់សិក្ខាបទ​ទី១ ក្នុងវគ្គ​ជាមួយ​គ្នានេះរួច​ហើយ)។

[៥០] នាងភិក្ខុនីមិនមែនជាញាតិ ភិក្ខុដឹងច្បាស់ថាមិន​មែន​ជាញាតិ ទទួល​យកចីវរ​អំពីដៃ ត្រូវ​និស្សគ្គិយ​​បាចិត្ដិយ វៀរលែង​តែផ្លាស់ប្ដូរគ្នា។ នាងភិក្ខុនី​មិនមែន​ជាញាតិ ភិក្ខុមាន​សេចក្ដី​សង្ស័យ ទទួល​យកចីវរ​អំពីដៃ ត្រូវនិស្សគ្គិយ​បាចិត្ដិយ វៀរលែង​តែផ្លាស់ប្ដូរគ្នា។ នាងភិក្ខុនីមិន​មែន​​ជាញាតិ ភិក្ខុសំគាល់​ថាជាញាតិ ទទួល​ចីវរអំពីដៃ ត្រូវនិស្សគ្គិយ​បាចិត្ដិយ វៀរលែងតែ​ផ្លាស់ប្ដូរ​គ្នា។

[៥១] ភិក្ខុទទួលយកចីវរអំពីដៃនាងភិក្ខុនីដែល​បាន​ឧបសម្បទា​អំពី​សំណាក់​ឯកតោសង្ឃ (គឺ​អំពី​ចំណែក​​ខាងភិក្ខុនី​សង្ឃតែម្យ៉ាង) ត្រូវ អាបត្ដិទុក្កដ វៀរលែង​តែផ្លាស់​ប្ដូរគ្នា។ នាង​ភិក្ខុនី​ជា​ញាតិ ភិក្ខុសំគាល់​ថាមិន​មែនជា​ញាតិ ត្រូវអាបត្ដិ​ទុក្កដ។ នាងភិក្ខុនី​ជាញាតិ ភិក្ខុមានសេចក្ដី​សង្ស័យ ត្រូវអាបត្ដិ​ទុក្កដ។ នាង​ភិក្ខុនី​ជាញាតិ ភិក្ខុសំគាល់​ថាជាញាតិ មិនត្រូវ​អាបត្ដិ​ឡើយ។

[៥២] អាបត្ដិមិនមានដល់ភិក្ខុក្នុងសិក្ខាបទនោះមាន ៨យ៉ាង គឺ ភិក្ខុ​ទទួល​យកចីវរ​អំពី​ដៃ​នាង​​ភិក្ខុនី​ដែលជា​ញាតិ ១ ភិក្ខុទទួល​យកចីវរ ដោយការ​ផ្លាស់ប្ដូរគ្នា ១ ភិក្ខុទទួល​យកចីវរ​មាន​ដម្លៃ​ច្រើន ដោយចីវរ​មានដម្លៃតិច ឬភិក្ខុទទួល​យកចីវរ​មានដម្លៃតិច​ដោយចីវរ​មាន​ដម្លៃច្រើន ១ ភិក្ខុ​យក​ចីវរ​ដោយសេចក្ដី​ស្និទ្ធស្នាល គឺយក​ដោយអាង​សេចក្ដីទុក​ចិត្ដគ្នា ១ ភិក្ខុយក​ចីវរជា​របស់ខ្ចី​គ្នា ១ ភិក្ខុទទួល​យកគ្រឿង​បរិក្ខារ​ឯទៀត​របស់សិក្ខមានា និង​សាមណេរី លើកលែង​តែចីវរ​ចេញ ១ ភិក្ខុឆ្កួត ១ ភិក្ខុដើមបញ្ញត្ដិ ១។

សិក្ខាបទទី៥ ចប់។

សិក្ខាបទទី៦

[៥៣] សម័យនោះ ព្រះសម្ពុទ្ធដ៏មានព្រះភាគគង់ក្នុងវត្ដជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ ក៏សម័យនោះឯង ភិក្ខុឈ្មោះ​ឧបនន្ទ​ដ៏មានអាយុ ជាសក្យបុត្ដ ជាអ្នក​ឈ្លាសវៃ​ក្នុង​ការ​សម្ដែងធម៌។ គ្រានោះ កូនសេដ្ឋីម្នាក់​មាននាម និងគោត្រ​មិនប្រាកដ ចូលទៅ​ឯកន្លែង​ដែល​​ឧបនន្ទ​​ភិក្ខុដ៏មាន​អាយុ ជាសក្យបុត្ដលោកគង់នៅ លុះចូល​ទៅដល់​ហើយ​ ក៏ថ្វាយ​បង្គំ​​ព្រះឧបនន្ទ​​ដ៏មាន​អាយុ​ជាសក្យបុត្ដ ហើយអង្គុយ​ក្នុងទី​សម​គួរ។ ឧបនន្ទ​ភិក្ខុដ៏មានអាយុ ជាសក្យបុត្ដ​បាន​ញ៉ាំង​​សេដ្ឋីបុត្ដនោះ​ដែលអង្គុយ​ក្នុងទី​សមគួរ ឱ្យឃើញ​ច្បាស់លាស់ ឱ្យកាន់​យកល្អ ឱ្យកើត​សេចក្ដី​ប្រឹងប្រែងឡើង ឱ្យរីករាយស្រួល ដោយ​ធម្មីកថា។ គ្រានោះ សេដ្ឋីបុត្ដ​នោះ កាលបើ​ព្រះឧបនន្ទ​ដ៏មានអាយុ​ជាសក្យបុត្ដ ឱ្យឃើញ​ច្បាស់លាស់ ឱ្យកាន់​យកល្អ ឱ្យក្លាហានឡើងព្រម ឱ្យរីករាយស្រួល ដោយធម្មីកថា​ហើយ ក៏បានបវារណា​ពាក្យនេះនឹង​ឧបនន្ទភិក្ខុ​ដ៏មានអាយុ​ជាសក្យបុត្ដ​ថា បពិត្រ​លោកម្ចាស់​ដ៏ចំរើន លោកម្ចាស់​ត្រូវការដោយ​បច្ច័យណា ដែលយើងខ្ញុំ​អាច​ប្រគេនដល់​លោកម្ចាស់​បាន ដូចជាចីវរ បិណ្ឌបាត សេនាសនៈ និងគិលានប្បច្ច័យ ជាភេសជ្ជបរិក្ខារ លោកម្ចាស់​ត្រូវប្រាប់បច្ច័យ​ទាំងនោះមកចុះ។ ព្រះឧបនន្ទ​ថា នែអ្នកដ៏មានអាយុ​ បើអ្នកប្រាថ្នានឹង​ប្រគេនអាត្មា ចូរអ្នក​ប្រគេនសាដក​មួយ អំពីពួកសាដក​ដែល អ្នកកំពុងប្រើ​អស់​នេះ​ចុះ។ សេដ្ឋីបុត្ដ​និយាយថា ទានប្រោសយើងខ្ញុំ​ជាកូនអ្នក​មានត្រកូល​ នឹងមាន​តែសាដកមួយ​ដើរ​ទៅ ហាក់ដូចជា​មិនសម (មុខគួរឱ្យអៀនខ្មាស) ទាន​ប្រោស សូមលោកម្ចាស់​បង្អង់ចាំសិន ទំរាំ​ខ្ញុំ​ទៅផ្ទះ ខ្ញុំដល់ទៅ​ផ្ទះហើយ នឹងបញ្ជូន​នូវសាដក​​មួយអំពីពួកសាដក​ដែលខ្ញុំកំពុង​ប្រើអស់នេះ ឬសាដកដែល​ល្អគ្រាន់ជាង​សាដក​អស់នេះ​​ មកប្រគេន​លោកម្ចាស់។ ឧបនន្ទភិក្ខុ​​ដ៏មានអាយុ ជាសក្យបុត្ដ បាននិយាយ​ពាក្យនេះ​នឹង​សេដ្ឋីបុត្ដ​នោះអស់វារៈ​ពីរដងថា នែអ្នក​ដ៏មានអាយុ បើអ្នក​មានប្រាថ្នានឹង​ប្រគេនអាត្មា ចូរអ្នក​ប្រគេន​​សាដកមួយ អំពីពួកសាដក​ដែលអ្នកកំពុង​ប្រើអស់នេះ ចុះ។ សេដ្ឋីបុត្ដ​និយាយ​ថា បពិត្រ​លោកម្ចាស់​ដ៏ចំរើន យើងខ្ញុំជាកុលបុត្ដ មានតែសាដកមួយ​ដើរ​ទៅ​ ហាក់ដូច​ជាមិនសម (គួរឱ្យ​អៀនខ្លួនណាស់) ទានប្រោស លោកម្ចាស់​សូមបង្អង់ចាំសិន ទំរាំខ្ញុំ​ទៅ​ផ្ទះ ខ្ញុំដល់​ទៅផ្ទះហើយ នឹងបញ្ជូន​សាដកមួយ អំពីសាដក​អស់នេះ ឬសាដក​ដែលល្អ​គ្រាន់​បើ​ជាងសាដក​អស់នេះ មកប្រគេន​លោកម្ចាស់។ ឧបនន្ទភិក្ខុដ៏​មានអាយុ​ជាសក្យបុត្ដ បាន​ពោល​ពាក្យ​នេះនឹង​សេដ្ឋីបុត្ដនោះ អស់វារៈ​បីដងថា នែអ្នកដ៏មាន​អាយុ បើអ្នកចង់​ប្រគេនអាត្មា ចូរអ្នក​ប្រគេន​សាដកមួយអំពីសាដក​អស់នេះចុះ។ សេដ្ឋីបុត្ដនិយាយថា បពិត្រលោកម្ចាស់​ដ៏ចំរើន យើង​ខ្ញុំជាកុលបុត្ដ មានសាដកតែមួយដើរទៅ ហាក់ដូច​ជាមិនសម ទានប្រោស លោកម្ចាស់​សូម​បង្អង់ចាំសិន ទំរាំខ្ញុំទៅផ្ទះ ខ្ញុំទៅដល់ផ្ទះហើយ នឹងបញ្ជូនសាដកមួយអំពី​សាដកដែល​ខ្ញុំកំពុង​ប្រើ​អស់នេះ ឬសាដកដែលល្អ គ្រាន់បើ​ជាងសាដកអស់នេះមកប្រគេនលោកម្ចាស់។ ឧបនន្ទ​ភិក្ខុ​និយាយ​ថា នែអ្នកដ៏មានអាយុ អាត្មាមានប្រយោជន៍អ្វី ដោយអ្នកដែលមិនចង់ប្រគេន​សោះ​ ហើយ​បវារណា (ព្រោះ) អ្នក​បវារណានូវបច្ច័យណាហើយ មិនឱ្យបច្ច័យនោះ។ សេដ្ឋីបុត្ដនោះ កាល​ឧបនន្ទភិក្ខុ​ដ៏មានអាយុ ជាសក្យបុត្ដបង្ខិតបង្ខំ (ញយៗ) ក៏ប្រគេនសំពត់សាដកមួយហើយ ទៅក្នុង​កាលនោះឯង។ មនុស្សទាំងឡាយឃើញសេដ្ឋីបុត្ដនោះហើយ បាននិយាពាក្យនេះថា អ្នក​ម្ចាស់ ព្រោះហេតុអ្វីបានជាអ្នកមានសាដកតែមួយដើរមកដូច្នេះ។ គ្រានោះ សេដ្ឋីបុត្ដ​បាន​ប្រាប់​​ដំណើរ​នោះ ដល់មនុស្សទាំងឡាយនោះ។ មនុស្សទាំងឡាយក៏លើកទោស តិះដៀល បន្ដុះ​បង្អាប់​​ថា សមណៈទាំងឡាយជាកូនចៅព្រះពុទ្ធ ជាសក្យបុត្ដ​នេះមាន​ប្រាថ្នា​ច្រើន ឥត​មាន​សន្ដោស សមណៈ​ពួកនេះ គេមិន​ងាយនឹង​និមន្ដ​ដោយ​ធម៌បានទេ កាលបើ​សេដ្ឋីបុត្ដ​និមន្ដដោយធម៌ មិន​សម​បីបើនឹងទទួល​យក​សាដក​សោះ។ ភិក្ខុ​ទាំងឡាយ​​បានឮពាក្យ មនុស្ស​ទាំងនោះ​លើកទោស​តិះដៀល បន្ដុះបង្អាប់ហើយ។ ពួក​ភិក្ខុណាដែលមានប្រាថ្នាតិច ជាអ្នកសន្ដោស។បេ។ ភិក្ខុ​ទាំងនោះ​ ក៏លើកទោស តិះដៀល បន្ដុះបង្អាប់ថា ព្រះឧបនន្ទ​ដ៏មានអាយុ​ជាសក្យបុត្ដ​មិនសមបី​បើនឹង​សុំចីវរ​ពី​សេដ្ឋីបុត្ដ​សោះ។ ទើបភិក្ខុទាំងអម្បាលនោះ ក៏ក្រាបទូល ដំណើរនុ៎ះ​ដល់​ព្រះដ៏មាន​ព្រះភាគ។ ទ្រង់​ត្រាស់សួរថា នែឧបនន្ទ ឮថាអ្នក​សុំចីវរពីសេដ្ឋីបុត្ដ មែនឬ។ ព្រះឧបនន្ទទូលថា បពិត្រ​ព្រះដ៏មានព្រះភាគ ដំណើរនោះពិតមែន។ ព្រះអង្គត្រាស់សួរថា នែឧបនន្ទ គេត្រូវជា​ញាតិ​របស់​អ្នក ឬមិនមែនជាញាតិទេ។ ព្រះឧបនន្ទ​ទូលថា បពិត្រព្រះដ៏មានព្រះភាគ គេមិនមែន​ជា​ញាតិ​ទេ។ ទ្រង់ត្រាស់ថា នែមោឃបុរស មនុស្ស​​មិនមែនជាញាតិ មិនដឹងការគួរ ឬមិនគួរ ល្អិតល្អ ឬមិនល្អិត​ល្អរបស់​មនុស្ស​ដែល​មិនមែន​ជាញាតិនឹងគ្នា (នោះ) ទេ នែ​មោឃបុរស មិនគួរបើអ្នក​ឯង​សុំចីវរពី​សេដ្ឋីបុត្ដ​ដែល​មិនមែន​ជាញាតិ (ដូច្នេះ) សោះ នែ​មោឃបុរស អំពើដែលអ្នកឯង​ធ្វើនេះ មិនមែន​នាំឱ្យជ្រះថ្លា​ដល់​មនុស្ស ដែលនៅ​មិន​ទាន់​ជ្រះថ្លាទេ មិនមែន​នាំមនុស្ស​ដែលជ្រះថ្លា​ហើយ ឱ្យរឹងរឹត​តែជ្រះថ្លា​ឡើងទេ។បេ។ ម្នាល​ភិក្ខុ​ទាំងឡាយ អ្នកទាំងឡាយគប្បី​សំដែង​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា ភិក្ខុណាមួយ​សុំចីវរ​ចំពោះគហបតីក្ដី គហបតានីក្ដី ដែលមិនមែនជាញាតិ (ភិក្ខុនោះ) ត្រូវ​និស្សគ្គិយ​បាចិត្ដិយ។ សិក្ខាបទនេះព្រះដ៏មានព្រះភាគ​ទ្រង់បញ្ញត្ដដល់​ភិក្ខុ​ទាំងឡាយ​​យ៉ាងនេះ​ហើយ។

[៥៤] សម័យនោះឯង ពួកភិក្ខុជាច្រើនចេញអំពីក្រុងសាកេត ដើរ​តាមផ្លូវឆ្ងាយ​ទៅកាន់​ក្រុង​សាវត្ថី។ ពួកចោរចេញមកដណ្ដើម (យកបាត្រនិងចីវរ) របស់ភិក្ខុទាំងនោះ​ក្នុងពាក់​កណ្ដាល​ផ្លូវ។ លំដាប់នោះ ភិក្ខុអម្បាលនោះរង្កៀសក្នុងចិត្ដថា ការសុំចីវរចំពោះគហបតីក្ដី គហបតានីក្ដី ដែល​មិន​មែនជាញាតិ ព្រះដ៏មានព្រះភាគទ្រង់ហាមហើយ ហើយមិន​ហ៊ានសុំចីវរ ក៏ដើរទាំង​អាក្រាត​ ធ្លាំងទៅកាន់ក្រុងសាវត្ថី ហើយថ្វាយបង្គំភិក្ខុទាំងឡាយ។ ភិក្ខុ​ទាំងឡាយ​ក៏ពោលពាក្យ​យ៉ាង​នេះថា នែអាវុសោទាំងឡាយ អាជីវកអស់នេះល្អ ចេះ​សំពះភិក្ខុទាំងឡាយដែរ។ ភិក្ខុ អាក្រាតទាំងនោះនិយាយថា ម្នាលអាវុសោ យើងមិន​មែនអាជីវកទេ យើងក៏ភិក្ខុដែរ។ ពួក​ភិក្ខុ​ក៏​និយាយ​ពាក្យនេះនឹងព្រះឧបាលិដ៏មានអាយុថា នែឧបាលិដ៏មានអាយុ និមន្ដ​លោក​សង្កេត​សួរ​មនុស្ស​អាក្រាតអស់នេះមើល។ ភិក្ខុអាក្រាត​ទាំងឡាយនេះ លុះព្រះឧបាលិដ៏មានអាយុ​សង្កេត​សួរ ក៏បានប្រាប់ដំណើរនុ៎ះ (ដោយ​សព្វគ្រប់)។ ព្រះឧបាលិ​ដ៏មានអាយុ លុះ​បាន​សង្កេត​សួរភិក្ខុ (អាក្រាត) ទាំងនោះហើយ ក៏ពោលពាក្យនេះនឹងភិក្ខុទាំងឡាយថា ម្នាលអាវុសោទាំងឡាយ អ្នក​ទាំង​នេះជាភិក្ខុ​ហើយ លោកទាំងឡាយចូរឱ្យចីវរដល់ភិក្ខុ (អាក្រាត) ទាំងនោះផងចុះ។ ភិក្ខុ​ទាំង​ឡាយ​ណាដែលមានប្រាថ្នាតិច។បេ។ ភិក្ខុ​ទាំងនោះ​ក៏លើកទោស តិះដៀល បន្ដុះបង្អាប់ថា ភិក្ខុទាំងឡាយ​​មិន​សមបី​បើនឹង​មាន​ខ្លួន​អាក្រាត​ដើរមកសោះ គួរតែភិក្ខុទាំងនោះបិទបាំង (រាង​កាយ) ដោយស្មៅ ឬស្លឹកឈើហើយសឹមមកទៅអេះ។ ទើបភិក្ខុទាំងឡាយនោះ ក្រាប​ទូល​ដំណើរនុ៎ះ ដល់ព្រះដ៏មានព្រះភាគ។ ព្រោះនិទាននេះ ដំណើរនេះ ព្រះដ៏មាន​ព្រះភាគ​ក៏ទ្រង់​សម្ដែង​ធម្មីកថា ហើយទ្រង់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត​ឱ្យភិក្ខុ​ដែលចោរដណ្ដើមយកចីវរទៅក្ដី ដែលមានចីវរបាត់ក្ដី សុំចីវរចំពោះ​គហបតី ឬគហបតានី ដែលមិនមែនជាញាតិបាន ភិក្ខុ (ដែលមានចីវរអន្ដរាយ)នោះ ចូល​ដល់​​អាវាស​ណាមុន បើចីវរ​ក្នុង​វត្ដ​ក្ដី សម្ពត់កម្រាលគ្រែក្ដី សម្ពត់កម្រាលផែនដីក្ដី ស្រោមពូក​ក្ដី របស់​សង្ឃមាន​​ក្នុងអាវាស​នោះ​ ឱ្យយកសម្ពត់នោះស្លៀក​ដណ្ដប់ដោយ​គិតថា អញបានសម្ពត់នោះ (ស្លៀកដណ្ដប់សិន) ហើយ​នឹង​ទុកវិញ បើចីវរក្នុងវត្ដក្ដី សំពត់សម្រាប់ក្រាលគ្រែក្ដី សំពត់សម្រាប់ក្រាលផែនដីក្ដី ស្រោមពូកក្ដី របស់សង្ឃ​មិនមានទេ ភិក្ខុនោះ ត្រូវបិទបាំង (រាងកាយ) ដោយស្មៅ ឬស្លឹកឈើ ហើយសឹមមក មិនត្រូវដើរមកទាំងអាក្រាតឡើយ ភិក្ខុឯណាមក (ទាំងអាក្រាត) ភិក្ខុនោះ ត្រូវ អាបត្ដិ​ទុក្កដ។ ម្នាល​ភិក្ខុទាំងឡាយ អ្នកទាំងឡាយ ត្រូវសម្ដែងសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុណា​មួយ សុំចីវរ​ចំពោះ​គហបតី ឬគហបតានី​ដែលមិនមែនជាញាតិ (ភិក្ខុនោះ) ត្រូវនិស្សគ្គិយ​បាចិត្ដិយ វៀរ​លែង​តែ​មានសម័យ។ ឯសម័យ​ក្នុងសិក្ខាបទនោះ គឺភិក្ខុមានចីវរដែល​ចោរ​ដណ្ដើមយកទៅ ឬភិក្ខុ​មាន​ចីវរ​ខូច នេះជា​សម័យ​ក្នុងសិក្ខាបទ​នោះ។

[៥៥] ត្រង់ពាក្យថា ភិក្ខុណាមួយ (ត្រង់បេយ្យាលទាំងពីរ មានអធិប្បាយ​ដូចសេចក្ដី​ក្នុង​បឋម​បារាជិកសិក្ខាបទ)។ ជនដែលឥតមានជាប់ទងគន្លងអំពីចំណែកខាងមាតាក្ដី អំពី​ចំណែក​ខាង​បិតាក្ដី ដរាបដល់គូនៃជីដូនជីតាទី៧ ហៅថា មិនមែនជាញាតិ។ បុរស​ណាមួយ​នៅគ្រប់​គ្រង​ផ្ទះ (បុរសនោះ) ហៅថា គហបតី (ប្រុសមេផ្ទះ)។ ស្រីណា​មួយ​នៅគ្រប់គ្រងផ្ទះ (ស្រីនោះ) ហៅថា​គហបតានី (ស្រីមេផ្ទះ)។ ដែលហៅថា ចីវរ (នោះ) គឺបណ្ដាចីវរទាំង៦យ៉ាង តាមតែចីវរ​ណា​មួយ​ក៏ដោយ ដែលមានខ្នាតបើយ៉ាងតូច​ណាស់​ត្រឹមល្មមវិកប្បបាន។ ពាក្យថា វៀរលែង​តែមាន​សម័យ គឺលើកនូវសម័យចេញ។ ចីវររបស់​ភិក្ខុដែលស្ដេចទាំងឡាយរឹបយកទៅក្ដី ចោរ​ទាំងឡាយ​ដណ្ដើម យកទៅក្ដី អ្នកលេង​ទាំងឡាយដណ្ដើមយកទៅក្ដី អ្នកណា​មួយ​ដណ្ដើម​យកទៅក្ដី (ភិក្ខុនោះ) ហៅ​ថា មានចីវរគេដណ្ដើមយកហើយ។ ចីវររបស់ភិក្ខុដែលភ្លើងឆេះក្ដី ដែលទឹក​បន្សាត់ទៅក្ដី ដែលកណ្ដុរកាត់ ឬកណ្ដៀរកោរកាត់ក្ដី ដែលចាស់ព្រោះប្រើប្រាស់ក្ដី (ភិក្ខុនោះ) ហៅថា មានចីវរខូចហើយ។ ឥតមានសម័យទេ ភិក្ខុសុំ (ចីវរ) ត្រូវអាបត្ដិ​ទុក្កដ​ក្នុងប្រយោគ​ដែលសុំចីវរ (នោះ) ជានិស្សគ្គិយក្នុងខណៈដែលបានមក ភិក្ខុត្រូវលះ​ចីវរនោះ​ដល់សង្ឃ ឬគណៈ ឬបុគ្គល។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុត្រូវលះចីវរ យ៉ាងនេះ។បេ។ ថា បពិត្រ​ព្រះសង្ឃដ៏ចម្រើន ចីវរ​នេះ​ខ្ញុំ​សុំ​ចំពោះគហបតី​មិនមែន​ជាញាតិដោយ​ឥតមាន​សម័យ​ទេ ជានិស្សគ្គិយហើយ ខ្ញុំសូមលះ​ចីវរ​នេះ​ដល់​សង្ឃ។ (ត្រង់បេយ្យាលទាំងបី មាន​អធិប្បាយ​ក្នុងសិក្ខាបទទី១ ក្នុងវគ្គជាមួយគ្នានេះរួច​ហើយ)។

[៥៦] គហបតិមិនមែនញាតិ ភិក្ខុដឹងច្បាស់ថា មិនមែនញាតិ ហើយសុំចីវរ ដោយ​ឥត​មាន​សម័យ​ទេ ត្រូវនិស្សគ្គិយបាចិត្ដិយ។ គហបតិ មិនមែនជាញាតិ ភិក្ខុមានសេចក្ដីសង្ស័យ ហើយ​សុំ​ចីវរដោយឥតមានសម័យទេ ត្រូវនិស្សគ្គិយបាចិត្ដិយ។ គហបតិមិនមែនញាតិ ភិក្ខុ​ដឹងច្បាស់​ថា​មិន​មែន​ញាតិ សុំចីវរដោយឥតមានសម័យទេ ត្រូវនិស្សគ្គិយបាចិត្ដិយ។ គហបតិជាញាតិ ភិក្ខុ​សំគាល់​ថាមិនមែន​ញាតិ ត្រូវអាបត្ដិទុក្កដ។ គហបតិជាញាតិ ភិក្ខុមានសេចក្ដីសង្ស័យ ត្រូវអាបត្ដិទុក្កដ។ គហបតិ​ជាញាតិ ភិក្ខុដឹងច្បាស់ថាជាញាតិ មិនមានអាបត្ដិឡើយ។

[៥៧] អាបត្ដិមិនមានដល់ភិក្ខុកាលសុំចីវរក្នុងសម័យគួរ ក្នុងសំណាក់​ជនទាំងឡាយ​ជា​ញាតិ ក្នុងសំណាក់ជនទាំងឡាយដែលបវារណាហើយ សុំឱ្យអ្នកដទៃ (ដូរ) ដោយ​ទ្រព្យ​ខ្លួន ដល់​ភិក្ខុ​ឆ្កួត ដល់ភិក្ខុជាអាទិកម្មិកៈ។

សិក្ខាបទទី៦ ចប់។

សិក្ខាបទទី៧

[៥៨] សម័យនោះ ព្រះសម្ពុទ្ធដ៏មានព្រះភាគគង់ក្នុងវត្ដជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិត​ក្រុងសាវត្ថី។ សម័យនោះឯង ឆព្វគ្គិយភិក្ខុទាំងឡាយ (ភិក្ខុមានពួក៦) ចូល​ទៅរកពួក​ភិក្ខុ​ដែល​មានចីវរចោរដណ្ដើមយកទៅ ហើយនិយាយយ៉ាងនេះថា ម្នាលអាវុសោ ព្រះដ៏មានព្រះភាគ​ទ្រង់​អនុញ្ញាត​ដល់ភិក្ខុមានចីវរ ដែលចោរដណ្ដើមយកទៅក្ដី ដែលមាន​ចីវរវិនាសទៅក្ដី ឱ្យ​សុំចីវរ​នឹង​គហបតិ ឬគហបតានី ដែលមិនមែនជាញាតិបាន ម្នាល​អាវុសោ អ្នកទាំងឡាយ​ចូរសុំចីវរទៅ។ ពួក​ភិក្ខុដែលចោរដណ្ដើមចីវរនោះឆ្លើយថា ណ្ហើយ​អាវុសោ យើងបាន​ចីវរ​ហើយ។ ពួក​ឆព្វគ្គិយភិក្ខុ​និយាយថា ម្នាលអាវុសោ យើងនឹងសុំចីវរ​ឱ្យលោកដ៏​មានអាយុ​ទាំងឡាយ។ ភិក្ខុ​ទាំង​នោះ​ឆ្លើយថា ម្នាលអាវុសោ អ្នកទាំងឡាយ​ចូរសុំចុះ។ គ្រានោះ ពូកឆព្វគ្គិយភិក្ខុ​​ចូល​ទៅរក​ពួក​គហបតិ​ដែលមិនមែន​ជាញាតិ ហើយ​បានពោលពាក្យនេះថា ម្នាលអាវុសោ ភិក្ខុ​ទាំងឡាយ​ដែល​មាន​ចីវរចោរដណ្ដើមយកទៅ ឥឡូវនេះលោកនិមន្ដមក អ្នកទាំងឡាយចូរប្រគេន​ចីវរដល់លោក​ទាំងនោះ​ផងចុះ ហើយ​ក៏​សុំចីវរមានចំនួនច្រើន។ ក៏ក្នុង​សម័យ​នោះឯងមាន​បុរស​ម្នាក់​អង្គុយ​ក្នុង​រោង​សម្រាប់​ប្រជុំ បានពោល​ពាក្យនេះ​នឹងបុរស​ម្នាក់​ថា លោក​ម្ចាស់​ទាំងឡាយ​ដែល​មានចីវរ​ចោរ​​ដណ្ដើម​​យកទៅ ឥឡូវលោកនិមន្ដមក ខ្ញុំបាន​ប្រគេន​ចីវរ​​ដល់លោក​ម្ចាស់ទាំងនោះ​ហើយ។ បុរស នោះឯងពោលយ៉ាងនេះថា ខ្ញុំក៏​បាន​ប្រគេន​ចីវរដែរ។ បុរសឯទៀត​និយាយ​យ៉ាងនេះថា ខ្ញុំក៏​បាន​ប្រគេន​ដែរ។ ជនទាំងឡាយ​អម្បាល​នោះពោលទោស តិះដៀល បន្ដុះបង្អាប់ថា ពួក​សមណៈ​ជា​កូន​ចៅព្រះពុទ្ធជាសក្យបុត្ដ មិនសមបើនឹងមិនដឹងប្រមាណ ហើយសុំចីវរមានចំនួនច្រើន (យ៉ាង​នេះ​សោះ) ពួក​សមណៈ​ជាកូនចៅព្រះពុទ្ធជា​សក្យបុត្ដ​នឹងធ្វើជំនួញសំពត់ ឬថា នឹងតាំង​រាន​ផ្សារ​លក់​សម្ពត់ (ទេដឹង)។ ពួកភិក្ខុបាន​ឮពាក្យ​មនុស្ស​ទាំងឡាយពោលទោស តិះដៀល បន្ដុះបង្អាប់​ហើយ។ ពួកភិក្ខុ​ណា​មាន​ប្រាថ្នាតិច ជាអ្នកសន្ដោស។បេ។ ភិក្ខុអម្បាលនោះ ក៏ពោលទោស តិះដៀល បន្ដុះ​បង្អាប់ថា ពួកភិក្ខុឆព្វគ្គិយមិនសមបើនឹងមិនដឹងប្រមាណ ហើយ​សុំចីវរ​មាន​ចំនួន​ច្រើន (យ៉ាង​នេះ) សោះ។ ភិក្ខុទាំងនោះ ក៏ក្រាបទូលដំណើរនុ៎ះដល់ព្រះដ៏មានព្រះភាគ។ ព្រះអង្គ​ត្រាស់​សួរថា ម្នាលភិក្ខុទាំងឡាយ ឮថាអ្នកទាំងឡាយមិនដឹងប្រមាណ ហើយសុំចីវរ​មានចំនួន​ច្រើន មែនឬ។ បពិត្រព្រះដ៏មានព្រះភាគ សេចក្ដីនោះពិតមែន។ ព្រះពុទ្ធដ៏មានព្រះភាគ​ទ្រង់តិះដៀល​ថា ម្នាលមោឃបុរសទាំងឡាយ អ្នកទាំងឡាយមិនសមបើនឹងមិនដឹង​ប្រមាណ​ សុំ​ចីវរ​មាន​ចំនួនច្រើន នែមោឃបុរសទាំងឡាយ អំពើនេះ មិនមែននាំឱ្យ​កើត​សេចក្ដីជ្រះថ្លាដល់​ជន​ទាំងឡាយ​ដែលមិនទាន់ជ្រះថ្លាហើយ ឬមិនមែននាំ​ឱ្យរឹងរឹត​តែកើត​សេចក្ដី​ជ្រះថ្លា​ដល់ជន​ទាំង​ឡាយ ដែលជ្រះថ្លាហើយទេ។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នក​ទាំងឡាយ​គប្បីសម្ដែង​ឡើងនូវ​សិក្ខាបទ​នេះ យ៉ាងនេះថា បើគហបតិក្ដី គហបតានីក្ដី បវារណាដល់ភិក្ខុនោះ ដើម្បី​ឱ្យ​កាន់​យក​តាម​ត្រូវការដោយចីវរដ៏ច្រើន ភិក្ខុនោះគប្បី​ត្រេកអរ​ចំពោះ​ចីវរនោះ​តែត្រឹម​អន្ដរវាសក និង​ឧត្ដរាសង្គ បើភិក្ខុត្រេកអរឱ្យលើស​ជាង​កំណត់​នោះ ត្រូវនិស្សគ្គិយបាចិត្ដិយ។

[៥៩] ត្រង់ពាក្យថា ដល់ភិក្ខុនោះ គឺភិក្ខុមានចីវរដែលចោរដណ្ដើមយកទៅ។ ជន​ដែល​មិន​ជាប់​អំពីចំណែកមាតាក្ដី អំពីចំណែកបិតាក្ដី ដរាបដល់គូនៃជីដូនជីតាជាគំរប់៧ ហៅថា​ មិន​​មែន​ញាតិ។ មនុស្សប្រុសណាមួយនៅគ្រប់គ្រងផ្ទះ មនុស្សប្រុសនោះហៅថា គហបតិ។ មនុស្ស​ស្រីណា​មួយ​នៅគ្រប់គ្រងផ្ទះ មនុស្សស្រីនោះហៅថា គហបតានី។ ពាក្យថា ចីវរច្រើន គឺជាចីវរ​មាន​ប្រមាណ​ច្រើន។ ពាក្យថា នាំមកបវារណា គឺគ្រហស្ថ​ពោលថា លោកម្ចាស់​ត្រូវការ​ចីវរ​ប៉ុន្មាន​​ចូរ​ទទួល​យក​ប៉ុណ្ណោះចុះ។ ពាក្យថា ភិក្ខុនោះគប្បី​ត្រេកអរ​នឹងចីវរ ចំពោះ​ចីវរដែល​គេនាំមកនោះ កំណត់ត្រឹមអន្ដរវាសក និងឧត្ដរាសង្គ គឺថា បើចីវរទាំងបីវិនាសទៅហើយ ភិក្ខុគប្បី​ត្រេកអរ​ត្រឹមតែ​ចីវរពីរ (បើ) ចីវរពីរវិនាសទៅ ភិក្ខុគប្បីត្រេកអរត្រឹមតែចីវរមួយ (បើ) ចីវរវិនាសទៅតែមួយ ភិក្ខុ​កុំ​គប្បី​ត្រេកអរ (នឹងចីវរ​ឯទៀត) ឡើយ។ ពាក្យថា បើភិក្ខុ​ត្រេកអរឱ្យលើសជាងកំណត់នោះ គឺ​ភិក្ខុ​សុំ​ចីវរលើស​ជាងកំណត់នោះ ត្រូវអាបត្ដិ​ទុក្កដក្នុង​ប្រយោគ​ដែលសុំ។ ចីវរ​ដែលបានមក​ជា​និស្សគ្គិយ ភិក្ខុត្រូវលះបង់ចីវរនោះដល់សង្ឃ ឬគណៈ ឬបុគ្គល។ ម្នាលភិក្ខុទាំងឡាយ ចីវរនោះ ភិក្ខុគប្បីលះបង់យ៉ាងនេះ។បេ។ បពិត្រ​ព្រះសង្ឃ​ដ៏ចម្រើន ចីវរនេះ ខ្ញុំ​សូមពី​គហបតិ​មិន​មែន​ជា​ញាតិ​ឱ្យលើសពីកំណត់នោះ ជានិស្សគ្គិយ ខ្ញុំសូម​លះបង់ចីវរនេះដល់សង្ឃ។បេ។ គប្បីឱ្យ។បេ។ គប្បី​ឱ្យ។បេ។ ខ្ញុំឱ្យ​ដល់​លោកដ៏​មានអាយុ។

[៦០] គហបតិមិនមែនជាញាតិ ភិក្ខុសម្គាល់ថាមិនមែនជាញតិ ហើយសូមចីវរឱ្យ​លើស​ជាង​​កំណត់នោះ ត្រូវនិស្សគ្គិយបាចិត្ដិយ។ គហបតិមិនមែនជាញាតិ ភិក្ខុមានសេចក្ដី​សង្ស័យ ហើយសូមចីវរឱ្យលើសពីកំណត់នោះ ត្រូវនិស្សគ្គិយបាចិត្ដិយ។ គហបតិមិនមែន​ជាញាតិ ភិក្ខុ​សម្គាល់ថាជាញាតិ ហើយសូមចីវរឱ្យលើសពីកំណត់នោះ ត្រូវនិស្សគ្គិយ​បាចិត្ដិយ។ គហបតិ​ជា​ញាតិ ភិក្ខុសម្គាល់ថាមិនមែនជាញាតិ ត្រូវអាបត្ដិទុក្កដ។ គហបតិ​ជាញាតិ ភិក្ខុមានសេចក្ដី​សង្ស័យ ត្រូវអាបត្ដិទុក្កដ។ គហបតិជាញាតិ ភិក្ខុសំគាល់ថា​ជាញាតិ មិនត្រូវអាបត្ដិ។

[៦១] អាបត្ដិមិនមានដល់ភិក្ខុដែលនាំចីវរទៅដោយមិនគិតថា អញនឹងនាំ​ចីវរដែលសល់​មក ដល់ភិក្ខុដែលទាយកប្រគេនដោយពាក្យថា ចីវរដែលសល់ ចូរមានដល់លោកចុះ ដល់ភិក្ខុ​ដែល​ទាយកប្រគេន ដោយឥតមានហេតុ គឺចោរដណ្ដើមយកចីវរ ដល់ភិក្ខុដែល​ទាយកប្រគេន ដែលឥតមានហេតុ គឺចីវរបាត់ ដល់ភិក្ខុត្រេកអរនឹងចីវររបស់​ញាតិ​ទាំងឡាយ ដល់​ភិក្ខុត្រេកអរ​នឹងចីវរ​របស់ជនដែលគេបវារណាឱ្យ ដល់ភិក្ខុត្រេកអរនឹងចីវរ​ដែល​បានដោយទ្រព្យរបស់ខ្លួន ដល់ភិក្ខុឆ្កួត ដល់ភិក្ខុជាខាងដើមបញ្ញត្ដិ។

សិក្ខាបទទី៧ ចប់។

សិក្ខាបទទី៨

[៦២] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគគង់ក្នុងវត្ដជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ ក៏ក្នុងសម័យនោះ បុរសម្នាក់បាននិយាយពាក្យនេះនឹងប្រពន្ធថា អញ​នឹងឱ្យ​លោក​ម្ចាស់ឧបនន្ទស្លៀកដណ្ដប់ចីវរ។ កាលដែលបុរសនោះកំពុងនិយាយពាក្យ​យ៉ាង​នេះ ភិក្ខុ​ជា​អ្នក​ប្រព្រឹត្ដបិណ្ឌបាតមួយអង្គបានឮ (ពាក្យនោះច្បាស់)។ ទើបភិក្ខុ​នោះចូលទៅរក​ព្រះឧបនន្ទ​​ដ៏​មាន​អាយុជាសក្យបុត្ដ លុះចូលទៅដល់ ហើយ ក៏និយាយ​ពាក្យ​នេះ​នឹង​ព្រះឧបនន្ទ​​ដ៏មានអាយុ​ជាសក្យបុត្ដថា ម្នាលអាវុសោឧបនន្ទ លោកជាអ្នក​មានបុណ្យច្រើន (ព្រោះ) ក្នុងឱកាសឯណោះ មានបុរសម្នាក់និយាយពាក្យនេះ​នឹង​ប្រពន្ធថា អញនឹងឱ្យ​លោកម្ចាស់​ឧបនន្ទស្លៀកដណ្ដប់ចីវរ។ ព្រះឧបនន្ទនិយាយថា ម្នាលអាវុសោ បុរសនោះ​ជា​ឧបដ្ឋាកខ្ញុំ។ ព្រះឧបនន្ទ​ដ៏មានអាយុ ជា​សក្យបុត្ដ ចូល​ទៅរកបុរសនោះ លុះចូលទៅដល់ហើយ បាន​និយាយពាក្យនេះនឹងបុរសនោះថា ម្នាលអ្នក​ដ៏មានអាយុ ឮថាអ្នកមាន​ប្រាថ្នានឹង​ឱ្យអាត្មា​ស្លៀក​ដណ្ដប់ចីវរ មែនឬ។ បុរស​នោះ​និយាយ​ថា មែន លោកម្ចាស់ ខ្ញុំគិតយ៉ាងនេះថា អញនឹងឱ្យលោកម្ចាស់​ឧបនន្ទ​ស្លៀកដណ្ដប់ចីវរ។ ព្រះឧបនន្ទនិយាយថា ម្នាលអាវុសោ បើអ្នកមានប្រាថ្នា​ឱ្យអាត្មា​ស្លៀកដណ្ដប់ចីវរ ចូរឱ្យ​អាត្មា​ស្លៀកដណ្ដប់ចីវរបែបយ៉ាងនេះចុះ (ព្រោះថា) បើអាត្មា​មិនប្រើប្រាស់ចីវរណា អាត្មា​នឹង​ធ្វើ​ខ្លួន​ឱ្យជាអ្នកស្លៀកដណ្ដប់នូវចីវរនោះ ដូចម្ដេចបាន។ ឯបុរសនោះក៏ពោលទោស តិះដៀល បន្ដុះបង្អាប់ថា ពួកសមណៈ ជាកូនចៅ​ព្រះពុទ្ធជា​សក្យបុត្ដអស់នេះ មានសេចក្ដីប្រាថ្នាច្រើន មិនមានសន្ដោស ពួក​សមណៈអស់នេះ ទាយកមិនងាយនឹងឱ្យស្លៀកដណ្ដប់ចីវរទេ មិនសមបើ​លោក​ម្ចាស់​ឧបនន្ទ​ ដែល​អញ​មិន​ទាន់បវារណាមុន ហើយមកកំណត់ចីវរ (យ៉ាងនេះ) ឡើយ។ ភិក្ខុ​ទាំងឡាយ​បាន​ឮ​ពាក្យ​បុរសនោះកំពុងពោលទោស តិះដៀល បន្ដុះបង្អាប់ហើយ។ ពួកភិក្ខុទាំងឡាយណា មានប្រាថ្នាតិចជាអ្នកសន្ដោស។បេ។ ភិក្ខុអម្បាលនោះក៏ពោលទោស តិះដៀល បន្ដុះបង្អាប់ថា មិនសមបើព្រះឧបនន្ទដ៏មានអាយុ ជាសក្យបុត្ដ គេមិនទាន់បវារណាមុន ហើយ​ចូលទៅ​រក​គហបតិ ហើយកំណត់ចីវរ (យ៉ាងនេះ) ទេ។ គ្រានោះ ភិក្ខុអម្បាលនោះ ក្រាបទូលសេចក្ដីនុ៎ះ​ដល់​ព្រះដ៏មាន​ព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់សួរថា ម្នាលឧបនន្ទ ឮថាអ្នកឯង គេមិនបាន​បវារណា​មុន ហើយចូលទៅរកគហបតិ ហើយកំណត់​ចីវរ មែនឬ។ ព្រះឧបនន្ទក្រាបទូលថា បពិត្រ​ព្រះ​ដ៏​មានព្រះភាគ ការនោះពិតមែន។ ម្នាលឧបនន្ទ គ្រហស្ថនោះជាញាតិរបស់អ្នក ឬមិនមែន​ជាញាតិ​ទេ។ បពិត្រព្រះដ៏មានព្រះភាគ គ្រហស្ថនោះ មិនមែន​ជាញាតិទេ។ ទ្រង់ត្រាស់ថា ម្នាលមោឃបុរស ជនមិនមែនជាញាតិ រមែង​មិនដឹង​ការ​សមគួរ​ក្ដី មិនសមគួរក្ដី ការល្អិតល្អក្ដី មិនល្អិតល្អក្ដី របស់ជនដែលមិនមែន​ជា​ញាតិទេ ម្នាល​មោឃបុរស អ្នកឯង ដែល​គេមិន​បាន​បវារណា​មុន ហើយចូលទៅ​រកគហបតិមិនមែនជាញាតិ ហើយកំណត់​ចីវរដូច​ម្ដេច​បាន ​ម្នាល​មោឃបុរស​អំពើនេះ មិនមែននាំឱ្យកើត​សេចក្ដីជ្រះថ្លាដល់​ជន​ទាំងឡាយ​ដែលមិន​ទាន់ជ្រះថ្លាទេ ឬមិនមែន​នាំ​ឱ្យរឹងរឹតតែកើតសេចក្ដី​ជ្រះថ្លាដល់ជន​ទាំងឡាយ​ដែលជ្រះថ្លា​ហើយ​ទេ។បេ។ ម្នាល​ភិក្ខុ​ទាំងឡាយ​ អ្នកទាំងឡាយ​គប្បីសម្ដែងឡើង​នូវសិក្ខាបទ​នេះយ៉ាងនេះ​ថា ដម្លៃចីវរដែល​គហបតិ​ក្ដី គហបតានីក្ដី មិនមែនជាញាតិចំពោះភិក្ខុ ហើយតាំងទុកថា ខ្ញុំនឹង​ទិញចីវរ​ដោយ​ដម្លៃ​ចីវរនេះ ហើយនឹងឱ្យភិក្ខុឈ្មោះនេះ ស្លៀកដណ្ដប់ចីវរ។ បើភិក្ខុនោះ ដែល​គេមិន​បាន​បវារណា​មុន ហើយចូលទៅក្នុងទីនោះ ព្រោះអាស្រ័យសេចក្ដីចង់បានចីវរល្អ ហើយ​កំណត់ចីវរ​ដោយ​ពាក្យ​ថា ល្អហើយអ្នកដ៏មានអាយុ អ្នកចូរទិញចីវរមានបែប​យ៉ាង​នេះ​ក្ដីៗ ដោយដម្លៃចីវរនេះ ហើយ​ឱ្យ​អាត្មា​ស្លៀកដណ្ដប់ចុះ ភិក្ខុនោះ ត្រូវនិស្សគ្គិយ​បាចិត្ដិយ។

[៦៣] ត្រង់ពាក្យថា ចំពោះភិក្ខុ គឺដើម្បីប្រយោជន៍ដល់ភិក្ខុ ធ្វើភិក្ខុឱ្យជាអារម្មណ៍ មាន​ប្រាថ្នា​ឱ្យភិក្ខុស្លៀកដណ្ដប់ចីវរ។ ជនដែលមិនជាប់អំពីចំណែកខាងមាតាក្ដី អំពី​ចំណែក​ខាង​បិតា​ក្ដី ដរាបដល់គូនៃជីដូនជីតាទី៧ ហៅថា មិនមែនជាញាតិ។ បុរសណា​មួយនៅ​គ្រប់គ្រងផ្ទះ បុរស​នោះ​ហៅថា គហបតិ។ ស្រីណាមួយនៅគ្រប់គ្រងផ្ទះ ស្រីនោះហៅថា គហបតានី។ ប្រាក់ក្ដី មាស​ក្ដី កែវមណីក្ដី កែវមុក្ដាក្ដី កែវមក៌តក្ដី កែវផលិកក្ដី សម្ពត់ ឬសក្លាតក្ដី អម្បោះក្ដី កប្បាសក្ដី ហៅថា​តម្លៃ​ចីវរ។ ពាក្យថា ដោយដម្លៃចីវរនេះ គឺដោយ​ដម្លៃចីវរដែលតាំងឡើងចំពោះ។ ពាក្យថា ទិញ គឺប្ដូរគ្នា។ ពាក្យថា អញនឹងឱ្យ​ស្លៀក​ដណ្ដប់ គឺថា អញនឹងប្រគេន។ ពាក្យថា បើភិក្ខុនោះ គឺ​ដម្លៃ​ចីវរ​ដែលទាយក​តម្កល់​ទុកចំពោះភិក្ខុណា គឺ​ភិក្ខុនោះឯង។ ពាក្យថា គេមិន​បាន​បវារណាមុន គឺ​គេ​មិន​ទាន់​និយាយ​មុនថា បពិត្រលោកដ៏ចម្រើន លោកត្រូវការ​ដោយចីវរ​ដូចម្ដេច ខ្ញុំនឹងទិញ​ចីវរ​ដូច​ម្ដេច​ប្រគេនលោក។ ពាក្យថា ចូលទៅ គឺទៅកាន់ផ្ទះ(គេ) ឬចូល​ទៅរកគេក្នុងទីណាមួយ។ ពាក្យថា កំណត់ចីវរ គឺចីវរវែងក្ដី ធំក្ដី សាច់ជិតក្ដី សាច់ម៉ត់ក្ដី។ ពាក្យថា ដោយដម្លៃចីវរនេះ គឺ​ដោយ​ដម្លៃចីវរដែលតាំងឡើងចំពោះ។ ពាក្យថា បែប​យ៉ាងនេះក្ដីៗ គឺចីវរវែងក្ដី ធំក្ដី មានសាច់ជិតក្ដី មានសាច់ម៉ត់ក្ដី។ ពាក្យថា ទិញ គឺប្ដូរគ្នា។ ពាក្យថា ចូរឱ្យស្លៀកដណ្ដប់ គឺចូរឱ្យ។ ពាក្យថា ព្រោះអាស្រ័យសេចក្ដីចង់បានចីវរល្អ គឺជាអ្នក​ត្រូវការចីវរល្អ ជាអ្នក​ត្រូវការចីវរមាន​ដម្លៃ​ច្រើន។ ទាយកទិញចីវរវែងក្ដី ធំក្ដី មានសាច់ជិតក្ដី មានសាច់ ម៉ត់ក្ដី តាមសម្ដីភិក្ខុនោះ ភិក្ខុ​នោះ​ត្រូវ​អាបត្ដិទុក្កដក្នុងប្រយោគដែលប្រើ ចីវរនោះ​ជានិស្សគ្គិយ​ក្នុងខណៈដែលបានមក ភិក្ខុត្រូវលះដល់សង្ឃ ឬគណៈ ឬបុគ្គល។ ម្នាលភិក្ខុ​ទាំងឡាយ ចីវរ ភិក្ខុត្រូវលះយ៉ាងនេះ។បេ។ បពិត្រ​ព្រះសង្ឃដ៏ចម្រើន ចីវរខ្ញុំនេះ គេមិន​បានបវារណា​មុន ខ្ញុំចូល​ទៅរក​គហបតិ​មិនមែន​ជា​ញាតិ ហើយកំណត់ចីវរ ជានិស្សគ្គិយ ខ្ញុំសូម​លះចីវរ​នេះដល់សង្ឃ។បេ។ សង្ឃគប្បីឱ្យ។បេ។ ភិក្ខុ​ទាំងឡាយ​គប្បីឱ្យ។បេ។ ខ្ញុំឱ្យចីវរ​ដល់​លោកដ៏មានអាយុ។

[៦៤] គហបតិមិនមែនញាតិ ភិក្ខុសំគាល់ថាមិនមែនញាតិ គេមិនបានបវារណាមុន ចូល​ទៅរក​គហបតិ ហើយកំណត់ចីវរ ត្រូវនិស្សគ្គិយបាចិត្ដិយ។ គហបតិមិនមែនញាតិ ភិក្ខុ​មាន​សេចក្ដី​សង្ស័យ គេមិនបានបវារណាមុន ចូលទៅរកគហបតិ ហើយកំណត់ចីវរ ត្រូវ​និស្សគ្គិយ​បាចិត្ដិយ។ គហបតិមិនមែនញាតិ ភិក្ខុសំគាល់ថាជាញាតិ គេមិនបាន​បវារណា​មុន ចូលទៅ​រក​គហបតិ ហើយ​កំណត់ចីវរ ត្រូវនិស្សគ្គិយបាចិត្ដិយ។ គហបតិជាញាតិ ភិក្ខុសំគាល់​ថាមិន​មែនញាតិ ត្រូវ អាបត្ដិទុក្កដ។ គហបតិជាញាតិ ភិក្ខុមានសេចក្ដីសង្ស័យ ត្រូវអាបត្ដិទុក្កដ។ គហបតិជាញាតិ ភិក្ខុ​សំគាល់​ថាជាញាតិ មិនត្រូវអាបត្ដិ។

[៦៥] អាបត្ដិ មិនមានដល់ភិក្ខុដែលកំណត់ចីវរក្នុងសំណាក់ជនជាញាតិ ជន​ដែល​បាន​បវារណា​ហើយ ដល់ភិក្ខុដែលកំណត់ចីវរដើម្បីប្រយោជន៍ភិក្ខុដទៃ ដល់​ភិក្ខុ​ដែលកំណត់​ចីវរ​ដោយ​ទ្រព្យរបស់ខ្លួន ដល់ភិក្ខុដែលទាយកមានប្រាថ្នានឹងទិញចីវរមានដម្លៃច្រើន​ប្រគេន ឱ្យ​ទិញ​ចីវរមានដម្លៃតិចវិញ ដល់ភិក្ខុឆ្កួត ដល់ភិក្ខុជាខាងដើមបញ្ញត្ដិ។

សិក្ខាបទទី៨ ចប់។

សិក្ខាបទទី

[៦៦] សម័យនោះព្រះពុទ្ធដ៏មានជោគ ទ្រង់គង់ក្នុងវត្ដព្រះជេតពន របស់​អនាថបិណ្ឌិក​សេដ្ឋី ទៀបក្រុងសាវត្ថី។ ក៏ក្នុងសម័យនោះឯង បុរសម្នាក់បាន​និយាយ​ពាក្យនេះ​នឹង​បុរសម្នាក់ថា ខ្ញុំនឹងឱ្យព្រះឧបនន្ទជាម្ចាស់ស្លៀកដណ្ដប់ចីវរ។ ឯ​បុរសនោះ​បានពោល​យ៉ាង​នេះ​ថា ខ្ញុំឯងក៏​នឹង​ឱ្យព្រះឧបនន្ទជាម្ចាស់ស្លៀកដណ្ដប់ចីវរដែរ។ ភិក្ខុ​មួយរូប​ជាអ្នក​ប្រព្រឹត្ដ​បិណ្ឌបាត បានឮ​ពាក្យចរចារគ្នានៃបុរសទាំងឡាយនោះ។ ភិក្ខុនោះក៏ចូលទៅរក​ព្រះឧបនន្ទ​ដ៏មាន​អាយុ ជា​សក្យបុត្ដ លុះចូលទៅដល់ហើយ បាននិយាយ​ពាក្យនេះ​នឹង​ព្រះឧបនន្ទ​ដ៏មាន​អាយុ ជា​សក្យបុត្ដថា ម្នាលអាវុសោឧបនន្ទ លោកជាអ្នកមានបុណ្យ​ច្រើន (ព្រោះ) ក្នុង​ឱកាស​ឯណោះ មានបុរសម្នាក់បាននិយាយពាក្យនេះនឹងបុរសម្នាក់ថា ខ្ញុំនឹងឱ្យព្រះឧបនន្ទ​ជាម្ចាស់​ស្លៀក​ដណ្ដប់ចីវរ ឯបុរសនោះក៏និយាយយ៉ាងនេះថា ខ្ញុំឯង​ក៏នឹងឱ្យ​ព្រះឧបនន្ទ​ជាម្ចាស់​ស្លៀក​ដណ្ដប់​ចីវរដែរ។ ព្រះឧបនន្ទបាននិយាយថា ម្នាល​អាវុសោ បុរសទាំងនោះជាឧបដ្ឋាករបស់ខ្ញុំ។ លំដាប់នោះ ព្រះឧបនន្ទដ៏មានអាយុ​ជា​សក្យបុត្ដចូលទៅរកបុរសទាំងនោះ លុះចូលទៅដល់​ហើយ បាននិយាយពាក្យនេះ​នឹង​បុរស​ទាំងនោះថា ម្នាលអាវុសោ ឮថាអ្នក​ទាំងឡាយ​ចង់​ឱ្យ​អាត្មា​ស្លៀក​ដណ្ដប់ចីវរ មែន​ឬ។ បុរសទាំងនោះឆ្លើយថា មែនលោកម្ចាស់ យើងទាំងឡាយ​បាន​គិត​យ៉ាង​នេះ​ថា យើងខ្ញុំនឹងឱ្យព្រះឧបនន្ទជាម្ចាស់ស្លៀកដណ្ដប់ចីវរទាំងឡាយ។ ព្រះ​ឧបនន្ទ​និយាយ​ថា ម្នាលអាវុសោ បើអ្នកទាំងឡាយចង់ឱ្យអាត្មាស្លៀកដណ្ដប់ចីវរទាំងឡាយ អ្នកទាំង​ឡាយ​​ចូរឱ្យ​អាត្មា​ស្លៀកដណ្ដប់ដោយចីវរបែបយ៉ាងនេះចុះ បើអាត្មាមិន​ត្រូវប្រើប្រាស់​ចីវរ​ទាំង​ឡាយ​​ណា អាត្មា​នឹងស្លៀកដណ្ដប់ចីវរទាំងឡាយនោះ ដូចម្ដេចបាន។ គ្រានោះ បុរស​ទាំងនោះ ពោលទោស តិះដៀល បន្ដុះបង្អាប់ថា សមណៈទាំងឡាយ ជាកូន​ចៅព្រះពុទ្ធ​ជា​សក្យបុត្ដនេះ​មានប្រាថ្នាច្រើន មិនមានសន្ដោស សមណៈទាំងនេះ គេមិនងាយ​នឹងប្រគេន​ចីវរទេ មិនសមបី​បើព្រះ​ឧបនន្ទ​ជាម្ចាស់ ​ដែលយើងទាំងឡាយមិនបាន​បវារណា​ជាមុន ហើយ​ចូល​មកកំណត់ចីវរសោះ។ ភិក្ខុ​ទាំង​ឡាយ​ បានឮពាក្យ​បុរស​ទាំងនោះកំពុងពោលទោស តិះដៀល បន្ដុះបង្អាប់។ ភិក្ខុ​ទាំងឡាយ​ណា​មាន​ប្រាថ្នាតិច។បេ។ ភិក្ខុ​ទាំងឡាយ​នោះ​ពោល​ទោស តិះដៀល បន្ដុះបង្អាប់ថា មិន​សមបើ​ព្រះ​ឧបនន្ទ​ដ៏មានអាយុ ជាសក្យបុត្ដ ដែល​គេឥត​បានបវារណា​មុន ហើយចូលទៅរកគហបតិ ហើយ​កំណត់ចីវរសោះ។ ភិក្ខុទាំងនោះ ​ក៏ក្រាប​ទូលដំណើរនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះដ៏មាន​ព្រះភាគ​ទ្រង់ត្រាស់សួរថា ម្នាលឧបនន្ទ ឮថាអ្នកឯងគេមិនបានបវារណាជាមុន ហើយ​ចូលទៅ​រក​គហបតិ កំណត់ចីវរ មែនឬ។ បពិត្រព្រះដ៏មានព្រះភាគ សេចក្ដី​នោះពិតមែន។ ម្នាលឧបនន្ទ ជន​ទាំងឡាយ​នោះជាញាតិ ឬមិនមែនជាញាតិទេ។ បពិត្រ​ព្រះដ៏មានព្រះភាគ ជនទាំងនោះ​មិនមែន​ជា​ញាតិទេ។ ម្នាល​មោឃបុរស ជនដែល​មិនមែន​ជាញាតិ រមែងមិនដឹងការសមគួរ ឬមិនសមគួរ ការល្អិតល្អ ឬមិនល្អិតល្អ របស់​ជនទាំងឡាយមែនមែនជាញាតិទេ ម្នាលមោឃបុរស អ្នកឯង គេ​មិន​បានបវារណាជាមុន ហើយចូលទៅរកគហបតិមិនមែនជាញាតិ កំណត់ចីវរដូចម្ដេចបាន ម្នាលមោឃបុរស អំពើនេះ មិនមែននាំឱ្យកើតសេចក្ដីជ្រះថ្លា ដល់ជនទាំងឡាយមិនទាន់ ជ្រះថ្លា​ទេ ឬមិន​មែននាំឱ្យរឹងរឹតតែកើតសេចក្ដីជ្រះថ្លាដល់ជនទាំងឡាយ ដែលជ្រះថ្លា​ហើយ​ទេ។បេ។ ម្នាល​ភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសម្ដែងឡើងនូវសិក្ខាបទនេះ យ៉ាងនេះថា ដម្លៃ​​ចីវរ​ផ្សេង​គ្នា ដែលគហបតិក្ដី គហបតានីក្ដី មិនមែនជា​ញាតិទាំង​ពីរនាក់ចំពោះភិក្ខុមួយរូប ហើយ​​​ដំកល់​ទុក​ថា យើងទាំងឡាយ​នឹងទិញ​ចីវរ​ទាំងឡាយ​មួយម្នាក់​ដោយដម្លៃ​ចីវរផ្សេង​គ្នាទាំងនេះ ហើយ​នឹង​ឱ្យភិក្ខុឈ្មោះនេះ ស្លៀក​ដណ្ដប់ចីវរទាំងឡាយ។ បើភិក្ខុនោះ​គេមិន​បាន​បវារណាជាមុន ហើយ​ចូល​ទៅក្នុងទីនោះ ព្រោះអាស្រ័យសេចក្ដីចង់បានចីវរល្អ ហើយ​កំណត់​ចីវរដោយ​ពាក្យថា ស្រួល​ហើយ អ្នកដ៏មានអាយុទាំងឡាយ អ្នកទាំងពីរ​ចូររួបរួមជាមួយគ្នា ទិញចីវរ​បែបយ៉ាងនេះផងៗ ដោយ​ដម្លៃ​ចីវរម្ចាស់ផ្សេងគ្នាយ៉ាងនេះ ហើយឱ្យ​អាត្មាស្លៀក​ដណ្ដប់​ចុះ ភិក្ខុនោះ ត្រូវ​និស្សគ្គិយ​បាចិត្ដិយ។

[៦៧] ត្រង់ពាក្យថា ចំពោះភិក្ខុមួយរូប គឺដើម្បីប្រយោជន៍ដល់ភិក្ខុ ធ្វើភិក្ខុឱ្យជាអារម្មណ៍ មានប្រាថ្នាឱ្យភិក្ខុស្លៀកដណ្ដប់។ ពាក្យថា ទាំងពីរនាក់ គឺជនទាំងពីរ។ ជន​ទាំងឡាយ​មិនបាន​ជាប់​អំពីចំណែកខាងមាតាក្ដី អំពីចំណែកខាងបិតាក្ដី ដរាបដល់គូនៃជីដូនជីតាទី៧ ហៅថា មិន​មែន​ញាតិ។ ប្រុសទាំងឡាយឯណាមួយនៅគ្រប់គ្រងផ្ទះ ប្រុសទាំងនោះ​ហៅថា គហបតិ។ ស្រី​ទាំង​ឡាយឯណាមួយនៅគ្រប់គ្រងផ្ទះ ស្រីទាំងនោះ ហៅថា គហបតានី។ ប្រាក់ក្ដី មាសក្ដី កែវមណីក្ដី កែវមុក្ដាក្ដី កែវមក៌តក្ដី ឬកែវពព្រុស ពេជ្រភ្នែកឆ្មារក្ដី កែវផលិកក្ដី សម្ពត់ ឬសក្លាតក្ដី អម្បោះក្ដី កប្បាសក្ដី ហៅថាដម្លៃចីវរ។ ពាក្យថា ដោយដម្លៃចីវរទាំងឡាយ គឺ​ដោយដម្លៃ​ចីវរ​ដែល​ដំកល់ក្នុងទីចំពោះមុខ។ ពាក្យថា ទិញ គឺ ដូរ។ ពាក្យថា នឹងឱ្យស្លៀកដណ្ដប់ គឺនឹងឱ្យ។ ពាក្យថា បើភិក្ខុនោះ គឺដម្លៃចីវរដែលទាយកចំពោះភិក្ខុរូបណា ហើយដម្កល់ទុក គឺភិក្ខុរូប​នោះឯង។ ពាក្យ​ថា គេមិនបានបវារណាមុន គឺទាយកមិនបាននិយាយមុនថា ទានប្រោស លោកម្ចាស់​​ត្រូវការ​ចីវរ​បែប​ដូចម្ដេច។ យើងទាំងឡាយ​នឹងទិញ​ចីវរ​បែបដូច​ម្ដេច​ប្រគេន​លោក​ម្ចាស់។ ពាក្យ​ថា ចូលទៅ គឺទៅកាន់ផ្ទះ ឬចូលទៅរកគេក្នុងទីណាមួយ។ ពាក្យថា កំណត់ចីវរ គឺចីវរវែងក្ដី ធំក្ដី មាន សាច់ជិតក្ដី មានសាច់ម៉ត់ក្ដី។ ពាក្យថា ដោយដម្លៃចីវរទាំងនេះ គឺដម្លៃ​ចីវរទាំងឡាយ​ដែល​ដំកល់​ក្នុង​ទីចំពោះមុខ។ ពាក្យថា បែបយ៉ាងនេះផងៗ គឺចីវរ​វែងក្ដី ធំក្ដី មានសាច់ជិតក្ដី មានសាច់ម៉ត់ក្ដី។ ពាក្យថា ទិញ គឺដូរ។ ពាក្យថា ចូរឱ្យស្លៀកដណ្ដប់ គឺចូរប្រគល់ឱ្យ។ ពាក្យថា អ្នកទាំងពីរ​ចូររួបរួម​ជាមួយគ្នា គឺអ្នកទាំងពីរ ចូររួបរួមគ្នា។ ពាក្យថា ព្រោះអាស្រ័យសេចក្ដីចង់បានចីវរល្អ គឺភិក្ខុ មានសេចក្ដីត្រូវការ​ដោយចីវរស្អាត ត្រូវការ​ដោយ​ចីវរមានដម្លៃច្រើន។ ទាយក​ទាំងឡាយ​ទិញ​ចីវរ​វែង​ក្ដី ធំក្ដី មានសាច់ជិតក្ដី មានសាច់ល្អិតក្ដី តាមពាក្យភិក្ខុនោះ ភិក្ខុនោះ ត្រូវ​ទុក្កដ​ក្នុង​ប្រយោគ​ដែល​ប្រើ ចីវរនោះ​ជានិស្សគ្គិយ​ក្នុងខណៈ​ដែល​បានមក ភិក្ខុត្រូវលះដល់សង្ឃក្ដី ដល់គណៈក្ដី ដល់បុគ្គលក្ដី។ ម្នាលភិក្ខុទាំងឡាយ ចីវរនោះ​ភិក្ខុត្រូវលះយ៉ាងនេះ។បេ។ បពិត្រ​ព្រះសង្ឃ​ដ៏ចម្រើន​ ចីវរខ្ញុំនេះ គេមិនបាន​បវារណា​ជាមុន ខ្ញុំចូលទៅរកគហបតិមិនមែនជាញាតិ ហើយកំណត់ចីវរ ជានិស្សគ្គិយ ខ្ញុំសូម​លះចីវរ​នេះដល់​សង្ឃ។បេ។ សង្ឃគប្បីឱ្យ។បេ។ លោកដ៏មានអាយុ ទាំងឡាយ​គប្បី​ឱ្យ។បេ។ ខ្ញុំឱ្យដល់លោកដ៏មានអាយុ។

[៦៨] គហបតិមិនមែនជាញាតិ ភិក្ខុសំគាល់ថាមិនមែនជាញាតិ គេមិនបានបវារណាមុន ចូលទៅរកគហបតិទាំងឡាយ ហើយកំណត់ចីវរ ត្រូវនិស្សគ្គិយបាចិត្ដិយ។ គហបតិ​មិនមែន​ជា​ញាតិ ភិក្ខុមានសេចក្ដីសង្ស័យ គេមិនបានបវារណាមុន ចូលទៅរកគហបតិ​ទាំងឡាយ ហើយ កំណត់ចីវរ ត្រូវនិស្សគ្គិយបាចិត្ដិយ។ គហបតិមិនមែនជាញាតិ ភិក្ខុសំគាល់ថាជាញាតិ គេ​មិន​បាន​​បវារណា​មុន ហើយចូលទៅរកគហបតិទាំងឡាយ ហើយ​កំណត់ចីវរ ត្រូវនិស្សគ្គិយ​បាចិត្ដិយ។ គហបតិ​ជាញាតិ ភិក្ខុសំគាល់ថាមិនមែន​ជាញាតិ ត្រូវអាបត្ដិទុក្កដ។ គហបតិ​ជាញាតិ ភិក្ខុ​មាន​សេចក្ដី​សង្ស័យ ត្រូវអាបត្ដិទុក្កដ។ គហបតិជាញាតិ ភិក្ខុសំគាល់ថាជាញាតិ មិនជាអាបត្ដិ។

[៦៩] អាបត្ដិមិនមានដល់ភិក្ខុដែលកំណត់ចីវរក្នុងសំណាក់ជនជាញាតិទាំងឡាយ ដល់​ភិក្ខុ​ដែលជនបានបវារណាហើយ ដល់ភិក្ខុដែលកំណត់ចីវរដើម្បីភិក្ខុដទៃ ដល់​ភិក្ខុ​ដែល​កំណត់​ចីវរ​ដោយទ្រព្យរបស់ខ្លួន ដល់ភិក្ខុដែលញ៉ាំងទាយកមានប្រាថ្នាទិញចីវរ​មានដម្លៃ​ច្រើន ឱ្យ​ទិញ​ចីវរ មានដម្លៃតិចវិញ ដល់ភិក្ខុឆ្កួត ដល់ភិក្ខុជាខាងដើមបញ្ញត្ដិ។

សិក្ខាបទទី៩ ចប់។

សិក្ខាបទទី ១០

[៧០] សម័យនោះ ព្រះពុទ្ធដ៏មានជោគ ទ្រង់គង់ក្នុងវត្ដព្រះជេតពន របស់​អនាថបិណ្ឌិក​សេដ្ឋី ទៀបក្រុងសាវត្ថី។ សម័យនោះឯង អមាត្យ​ធំជាឧបដ្ឋាក​របស់​ព្រះឧបនន្ទ​ដ៏មាន​អាយុ​ ជាសក្យបុត្ដ បញ្ជូនដម្លៃចីវរទៅដោយបម្រើ ដើម្បីព្រះឧបនន្ទដ៏​មានអាយុជា​សក្យបុត្ដ​ដោយ​ពាក្យ​ថា អ្នកចូរទិញចីវរដោយដម្លៃចីវរនេះ ហើយចូរឱ្យ​ព្រះឧបនន្ទ​ជាម្ចាស់​​ស្លៀក​ដណ្ដប់​ចីវរចុះ។ ឯ​បម្រើ​នោះ ក៏ចូលទៅរកព្រះឧបនន្ទដ៏មានអាយុ​ជា​សក្យបុត្ដ លុះ​ចូលទៅដល់ហើយ​ បាន​និយាយ​ពាក្យ​នេះនឹងព្រះឧបនន្ទដ៏​មានអាយុ​ជា​សក្យបុត្ដថា បពិត្រលោកម្ចាស់ដ៏ចម្រើន ដម្លៃចីវរ​នេះ​ ខ្ញុំ​នាំ​មកចំពោះលោកដ៏មានអាយុ សូមលោកដ៏មានអាយុ ទទួលយកដម្លៃចីវរ (នេះ)ចុះ។ កាល​បើ​បម្រើ​នោះនិយាយ​យ៉ាងនេះ​ហើយ ព្រះឧបនន្ទសក្យបុត្ដដ៏មានអាយុ បាន​ពោលពាក្យ​នេះ​នឹង​បម្រើ​នេះ​ថា ម្នាលអាវុសោ យើងទទួលដម្លៃចីវរមិនបានទេ យើងទទួល​បានតែចីវរដ៏​សម​គួរ​ដោយ​កាលគួរ។ កាលបើព្រះឧបនន្ទសក្យបុត្ដដ៏មានអាយុ ពោលយ៉ាង​នេះហើយ បម្រើ​នោះ​បាន​ពោលពាក្យនេះនឹងព្រះឧបនន្ទសក្យបុត្ដដ៏មានអាយុថា អ្នកណា​មួយជាវេយ្យាវច្ចករ​ [អ្នក​ទទួល​ធ្វើ​ការខ្វល់ខ្វាយបម្រើ។] របស់លោកដ៏មានអាយុ មានដែរឬ។ សម័យនោះ ឧបាសក​ម្នាក់បាន​ទៅ​កាន់​អារាមដោយមានកិច្ចការនីមួយ។ គ្រានោះ ព្រះឧបនន្ទ​សក្យបុត្ដ​ដ៏មានអាយុ បាន​ពោលពាក្យ​នេះ​​នឹងបម្រើនោះថា ម្នាលអាវុសោ ឧបាសក​នេះឯង ជាវេយ្យាវច្ចកររបស់ភិក្ខុទាំងឡាយ។ ឯ​បម្រើ​នោះ​ក៏ពន្យល់ឧបាសកនោះ ហើយ​ចូល​​ទៅរកព្រះឧបនន្ទសក្យបុត្ដដ៏មានអាយុ លុះចូល​ទៅ​ដល់​ហើយ បាននិយាយពាក្យ​នេះនឹង​ព្រះឧបនន្ទ​សក្យបុត្ដដ៏មានអាយុថា បពិត្រលោកដ៏ចម្រើន វេយ្យាវច្ចករ​ដែល​លោក​ដ៏មានអាយុចង្អុរប្រាប់នោះ ខ្ញុំបានពន្យល់ហើយ សូម​លោកដ៏មាន​អាយុ​ចូរ​ទៅរក​គេចុះ វេយ្យាវច្ចករ​នោះនឹងឱ្យលោកម្ចាស់ស្លៀកដណ្ដប់ចីវរ ដោយកាលដ៏គួរ។ សម័យ​នោះ​ឯង ព្រះឧបនន្ទសក្យបុត្ដដ៏មានអាយុមិនបាននិយាយពាក្យអ្វីនីមួយនឹងឧបាសក​ឡើយ។ អាមាត្យ​ធំនោះបញ្ជូនបម្រើទៅក្នុងសំណាក់ព្រះឧបនន្ទសក្យបុត្ដដ៏មានអាយុ អស់​វារៈ​ជាគំរប់​ពីរ​ដង​ថា លោកម្ចាស់ចូរប្រើប្រាស់ចីវរនោះ យើងខ្ញុំចង់ឱ្យលោកម្ចាស់​ប្រើប្រាស់ចីវរនោះ។ ព្រះ​ឧបនន្ទ​សក្យបុត្ដដ៏មានអាយុក៏មិនបាន​និយាយពាក្យអ្វី​នីមួយ​នឹង​ឧបាសកនោះអស់វារៈពីរដង។ មហា​មាត្យនោះបញ្ជូនបម្រើទៅក្នុងសំណាក់​ព្រះឧបបន្ទ​សក្យបុត្ដដ៏មានអាយុអស់វារៈបីដងថា លោកម្ចាស់ចូរប្រើប្រាស់ចីវរនោះ យើងខ្ញុំចង់ឱ្យ​លោកម្ចាស់ប្រើប្រាស់ចីវរនោះ។ សម័យនោះ​ឯង ជាសម័យនៃអ្នកនៅក្នុងនិគម។ ក៏អ្នក​និគមបានធ្វើកតិកា (ប្ដេជ្ញា) គ្នាថា អ្នកណា​មក​ក្រោយ​គេ ត្រូវ​លក់អ្នកនោះ​ហាសិប​កហាបណៈ។ លំដាប់នោះ ព្រះឧបនន្ទសក្យបុត្ដ​ដ៏មានអាយុ ចូលទៅ​​រក​ឧបាសក​នោះ លុះចូលទៅជិតហើយ បានពោលពាក្យនេះនឹងឧបាសកនោះថា ម្នាលអាវុសោ អាត្មា​ត្រូវការចីវរ។ ឧបាសកនោះតបថា បពិត្រលោកដ៏ចម្រើន លោកម្ចាស់​សូមបង្អង់ថ្ងៃ​នេះ​មួយ​ថ្ងៃ​សិន (ព្រោះ) ថ្ងៃនេះជាសម័យ (ប្ដេជ្ញាគ្នា) នៃអ្នកនៅក្នុងនិគម អ្នកនិគម​ធ្វើប្ដេជ្ញាគ្នាថា អ្នក​ណា​មក​ក្រោយគេ ត្រូវលក់អ្នកនោះហាសិបកហាបណៈ ព្រះឧបនន្ទ​ក៏លូកចាប់ថ្នក់ថា ម្នាលអាវុសោ ចូរអ្នកឱ្យចីវរដល់អាត្មាក្នុងថ្ងៃនេះឯង។ ឯឧបាសក​ដែល​ព្រះឧបនន្ទសក្យបុត្ដ​ដ៏មានអាយុជំរឹតទារ ក៏​ទិញចីវរប្រគេនឧបនន្ទសក្យបុត្ដដ៏មានអាយុ ហើយបានទៅដល់ (និគមនោះ) ជាខាងក្រោយ​គេ។ មនុស្សទាំងឡាយ បាន​ពោល​ពាក្យនេះនឹងឧបាសកនោះថា អ្នកជាម្ចាស់ អ្នក​មកក្នុងកាល​ជាខាង​ក្រោយគេ ព្រោះ​ហេតុអ្វី យើងឈ្នះអ្នកហាសិបកហាបណៈហើយ។ ទើបឧបាសកនោះ​ប្រាប់​ដំណើរ​នុ៎ះ​ដល់​មនុស្សទាំងអម្បាលនោះ។ មនុស្សទាំងឡាយ ក៏ពោលទោស តិះដៀល បន្ដុះ​បង្អាប់ថា សមណៈទាំងឡាយជាកូនចៅព្រះពុទ្ធ ជាសក្យបុត្ដអម្បាលនេះ មាន​សេចក្ដី​ប្រាថ្នា​ធំ ឥតមាន​សន្ដោស មិនងាយអ្នកណានឹងធ្វើការខ្វល់ខ្វាយបម្រើដល់សមណៈ​អម្បាល​នេះទេ ព្រះ​ឧបនន្ទ​សក្យបុត្ដដ៏មានអាយុ កាលបើឧបាសកពោលថា លោកម្ចាស់ សូមលោក​ម្ចាស់​បង្អង់​ក្នុងថ្ងៃ​នេះ​មួយថ្ងៃសិន មិនគួរបើមិនព្រមបង្អង់ចាំសោះ។ ភិក្ខុទាំង​ឡាយ បានឮពាក្យមនុស្ស​ទាំងឡាយ​ពោល​ទោស តិះដៀលបន្ដុះបង្អាប់ហើយ ភិក្ខុ​ទាំងឡាយ​ណាមានប្រាថ្នាតិច។បេ។ ភិក្ខុទាំង​ឡាយ​នោះ ក៏ពោលទោស តិះដៀល បន្ដុះបង្អាប់ថា ព្រះឧបនន្ទសក្យបុត្ដដ៏មានអាយុ កាល​បើឧបាសក​និយាយ​ថា លោកម្ចាស់ សូមលោកម្ចាស់បង្អង់ក្នុងថ្ងៃនេះមួយថ្ងៃសិន មិនគួរ​បើមិន​ព្រមបង្អង់ ឱ្យ​សោះ។ គ្រានោះ ភិក្ខុទាំងនោះក្រាបទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះដ៏មានព្រះ​ភាគ​ទ្រង់​ត្រាស់​សួរថា ម្នាលឧបនន្ទ ឮថា អ្នកឯងកាលឧបាសកពោលថា លោកម្ចាស់ សូមលោក​ម្ចាស់​បង្អង់ក្នុងថ្ងៃនេះមួយថ្ងៃសិន មិនព្រមបង្អង់ចាំ មែនឬ។ ព្រះឧបនន្ទ​ក្រាបទូលថា បពិត្រ​ព្រះដ៏​មាន​ព្រះភាគ ការនោះពិតមែន។ ព្រះពុទ្ធដ៏មានជោគ ទ្រង់​តិះដៀលថា ម្នាលមោឃបុរស អ្នកឯង​កាល​ដែលឧបាសកពោលថា លោកម្ចាស់ សូម​លោកបង្អង់​ក្នុងថ្ងៃនេះមួយថ្ងៃសិន មិន​សមបើមិន​បង្អង់​ឱ្យគេទេ ម្នាលមោឃបុរស អំពើដែល​អ្នកធ្វើនេះ មិនមែននាំឱ្យ​កើតសេចក្ដី​ជ្រះថ្លាដល់​ជន​ទាំង​ឡាយ​ដែលមិនទាន់ជ្រះថ្លាទេ ឬមិន​មែននាំឱ្យរឹងរឹតតែកើតសេចក្ដី​ជ្រះថ្លាដល់ជន​ទាំងឡាយ​ដែលជ្រះថ្លាហើយទេ។បេ។ ម្នាល​ភិក្ខុទាំងឡាយ អ្នកទាំងឡាយ​ត្រូវសម្ដែងឡើង​នូវសិក្ខាបទ​នេះ យ៉ាងនេះថា ស្ដេចក្ដី រាជអាមាត្យក្ដី ព្រាហ្មណ៍ក្ដី គហបតិក្ដី បញ្ជូនដម្លៃ​ចីវរទៅ ដោយ​បម្រើ​ចំពោះ​ភិក្ខុ​មួយរូបថា អ្នកឯងចូរទិញចីវរដោយដម្លៃចីវរនេះ ហើយ​ចូរឱ្យភិក្ខុឈ្មោះនេះ​ស្លៀកដណ្ដប់​ចីវរ​ចុះ។ បើ​បម្រើនោះ ចូលទៅរកភិក្ខុនោះ ហើយពោលយ៉ាងនេះថា លោកម្ចាស់ដម្លៃចីវរនេះ ខ្ញុំ​នាំ​មក​​ចំពោះលោកដ៏មានអាយុ លោកដ៏មានអាយុសូមទទួលយកដម្លៃចីវរចុះ ភិក្ខុនោះត្រូវ​និយាយ​ពាក្យ​យ៉ាងនេះនឹងបម្រើនោះថា ម្នាល អាវុសោ យើងទទួលយកដម្លៃចីវរ​មិនបាន​ទេ យើង​ទទួល​បាន​តែចីវរសមគួរដោយកាលដ៏គួរ។ បើបម្រើនោះពោលនឹងភិក្ខុនោះ​យ៉ាង​នេះថា អ្នក​ណា​មួយ​ជា​វេយ្យាវច្ចកររបស់លោកដ៏មានអាយុ មានដែរឬ។ ម្នាល​ភិក្ខុទាំងឡាយ ភិក្ខុអ្នក​ត្រូវការចីវរ គប្បីបង្ហាញវេយ្យាវច្ចករ គឺញោមវត្ដ ឬឧបាសកថា ម្នាលអាវុសោ អ្នកនេះ​ឯងជាវេយ្យាវច្ចករ របស់ភិក្ខុទាំងឡាយ។ បើបម្រើនោះពន្យល់​វេយ្យាវច្ចករ​នោះហើយ ក៏ចូល​ទៅរកភិក្ខុនោះ ហើយ​ពោល​យ៉ាងនេះថា បពិត្រ​លោក​ដ៏ចម្រើន លោកដ៏មានអាយុ​បង្ហាញ​នូវវេយ្យាវច្ចករណា វេយ្យាវច្ចករ​នោះខ្ញុំព្រះករុណា​បាន​ពន្យល់ហើយ សូមលោក​ដ៏មាន​អាយុ​ចូលទៅរក (គេ)ចុះ គេ​នឹង​ឱ្យលោកម្ចាស់​ស្លៀកដណ្ដប់ចីវរដោយកាលដ៏គួរ។ ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុអ្នកត្រូវការចីវរ គប្បី​ចូលទៅតឹងទារ ដាស់តឿនវេយ្យាវច្ចករពីរ បីលើកថា ម្នាល​អាវុសោ អាត្មាត្រូវការចីវរ។ កាល​បើ​ភិក្ខុទៅតឹងទារ ទៅដាស់​តឿនអស់​ពីរបីលើក ក៏ញ៉ាំង​ចីវរនោះ​ឱ្យសម្រេចបាន ការនេះជាការល្អ បើញ៉ាំងចីវរនោះឱ្យសម្រេចមិនបានទេ ភិក្ខុគប្បី​ទៅឈរស្ងៀម​ចំពោះ​មុខបួនលើក ប្រាំលើក ប្រាំមួយ​លើកយ៉ាងច្រើន កាលបើ​ភិក្ខុ​ឈរ​ស្លៀម​នៅចំពោះ​មុខ​បួនលើក ប្រាំលើក ប្រាំមួយលើក យ៉ាងច្រើន ញ៉ាំងចីវរនោះឱ្យសម្រេចបាន ការនេះ​ជាការល្អ បើធ្វើចីវរនោះឱ្យសម្រេចមិនបានទេ ហើយភិក្ខុនោះ​ចេះតែព្យាយាម​ឱ្យលើស​អំពីកំណត់នោះ ទាល់តែបានចីវរនោះមក ភិក្ខុនោះ ត្រូវ​និស្សគ្គិយបាចិត្ដិយ បើភិក្ខុញ៉ាំង​ចីវរនោះ​ឱ្យសម្រេចមិនបានទេ បម្រើ​នោះនាំដម្លៃចីវរ​មក​ដើម្បី​ភិក្ខុ​នោះ អំពីសំណាក់អ្នក​ណា ភិក្ខុគប្បីទៅខ្លួនឯង ឬប្រើបម្រើទៅក្នុងសំណាក់អ្នកនោះថា ម្នាល​អ្នក​ដ៏​មានអាយុ​ទាំងឡាយ អ្នកទាំងឡាយបញ្ជូនដម្លៃចីវរណាទៅចំពោះភិក្ខុរូបណា ដម្លៃចីវរនោះ មិន​សម្រេចប្រយោជន៍​បន្ដិចបន្ដួចដល់ភិក្ខុរូបនោះទេ អ្នកដ៏មានអាយុចូរទារយក​របស់ខ្លួន​វិញ​ចុះ ទ្រព្យរបស់​អ្នកទាំងឡាយ​ចូរកុំឱ្យវិនាស ការនេះជាសាម៉ីចិកម្ម (សេចក្ដីប្រព្រឹត្ដគួរ) ក្នុង​សិក្ខាបទ​នោះ។

[៧១] ត្រង់ពាក្យថា ចំពោះភិក្ខុមួយរូប សេចក្ដីថា ដើម្បីប្រយោជន៍ដល់ភិក្ខុ គឺ​ធ្វើភិក្ខុ​ឱ្យជា​អារម្មណ៍ មានប្រាថ្នាឱ្យភិក្ខុស្លៀកដណ្ដប់ចីវរ។ អ្នកណាមួយសោយរាជសម្បត្ដិ អ្នកនោះ​ឈ្មោះថា ស្ដេច។ អ្នកណាមួយ គួរទទួលបាយនឹងបៀរវត្ដរបស់ស្ដេច អ្នកនោះឈ្មោះថា រាជអមាត្យ។ ជន​ជា​ព្រាហ្មណ៍​ដោយជាតិ ឈ្មោះថា ព្រាហ្មណ៍។ ដែលហៅថា គហបតិ គឺជនដ៏សេស វៀរលែងស្ដេច រាជអមាត្យ និងព្រាហ្មណ៍ចេញ ហៅថា គហបតិ។ ប្រាក់ក្ដី មាសក្ដី កែវមណីក្ដី កែវមុក្ដាក្ដី កែវ​មក៌ត​ក្ដី កែវផលិកក្ដី ហៅថាថ្លៃចីវរ។ ពាក្យថា ដោយដម្លៃចីវរនេះ គឺដម្លៃចីវរដែល គេដំកល់​ទុក​ចំពោះ។ ពាក្យថា ទិញ គឺដូរ។ ពាក្យថា ឱ្យស្លៀកដណ្ដប់ គឺឱ្យ។ ពាក្យថា​បើបំរើនោះចូល​ទៅរកភិក្ខុ​នោះ ហើយនិយាយយ៉ាង​នេះថា លោក​ម្ចាស់​ដម្លៃ​ចីវរ​នេះ ខ្ញុំនាំមកចំពោះ​លោក​ដ៏​មាន​អាយុ។ លោកដ៏មានអាយុ ចូរទទួល​យកដម្លៃចីវរចុះ។ ភិក្ខុ​នោះគប្បីនិយាយ​យ៉ាងនេះ​នឹង​បម្រើ​នោះ​ថា ម្នាលអាវុសោ យើងទទួល​យកដម្លៃចីវរមិនបានទេ យើងទទួលបាន​តែចីវរ​សមគួរ​ដោយ​កាល​ដ៏គួរ។ បើ​បម្រើនោះ​និយាយនឹង​ភិក្ខុនោះយ៉ាងនេះថា អ្នកណាមួយជាវេយ្យាវច្ចកររបស់ លោក​ដ៏មាន​អាយុ មានដែរឬ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកត្រូវការចីវរ គប្បីបង្ហាញវេយ្យាវច្ចករ គឺញោមវត្ដ ឬឧបាសក (ប្រាប់គេ) ថា ម្នាលអាវុសោ បុគ្គលនេះឯង ជាវេយ្យាវច្ចករ​របស់​ភិក្ខុ​ទាំងឡាយ។ មិនគប្បីពោលនឹងបម្រើនោះថា អ្នកចូរឱ្យដល់បុគ្គលនោះក្ដី ថា បុគ្គលនោះ​នឹង​ទុក​ដាក់​ក្ដី ថា បុគ្គលនោះនឹងដូរក្ដី ថា បុគ្គលនោះនឹងទិញក្ដី បើបម្រើនោះ​ពន្យល់វេយ្យាវច្ចករនោះ ហើយ​ចូលទៅរកភិក្ខុនោះ ហើយនិយាយយ៉ាងនេះថា បពិត្រ​លោកដ៏ចម្រើន លោកដ៏មានអាយុ បង្ហាញនូវវេយ្យាវច្ចករណា វេយ្យាវច្ចករនោះ​ខ្ញុំបាន​ពន្យល់ហើយ សូមលោកដ៏មានអាយុ ចូល​ទៅ​រក (គេ) ចុះ វេយ្យាវច្ចករ​នោះនឹង​ឱ្យលោកស្លៀកដណ្ដប់ចីវរដោយកាលគួរ។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុអ្នកត្រូវការចីវរ ត្រូវចូលទៅរកវេយ្យាវច្ចករ ហើយដាស់តឿនរំលឹកពីរ បីលើកថា ម្នាល​អ្នក​​ដ៏​មាន​អាយុ អាត្មាត្រូវការចីវរ។ មិនគប្បីនិយាយថា អ្នកចូរឱ្យចីវរដល់អាត្មា ចូរនាំចីវរមកឱ្យអាត្មា ចូរដូរចីវរឱ្យអាត្មា ចូរចាត់ចែងចីវរឱ្យអាត្មា។ ភិក្ខុគប្បី​និយាយ​នឹងវេយ្យាវច្ចករនោះ អស់​វារៈពីរ​ដង​ផង គប្បីនិយាយអស់វារៈបីដងផង។ បើភិក្ខុញ៉ាំង​ចីវរនោះ​ឱ្យសម្រេចបាន ការនេះ​ជាការល្អ បើភិក្ខុញ៉ាំងចីវរនោះឱ្យសម្រេចមិនបានទេ ភិក្ខុគប្បី​ទៅក្នុង​ទីនោះ ហើយ​ឈរនៅស្ងៀម​ក្នុងទី​ចំពោះ​មុខ មិនគប្បីអង្គុយលើអាសនៈ មិនគប្បីទទួលអាមិស មិនគប្បី​និយាយធម៌។ កាល​បើ​វេយ្យាវច្ចករ​នោះសួរថា លោកមកព្រោះហេតុអ្វី ភិក្ខុគប្បី​និយាយថា ម្នាលអ្នកដ៏មានអាយុ អ្នក​ចូរ​ដឹង​ចុះ ថាបើភិក្ខុអង្គុយលើអាសនៈក្ដី ទទួល​អាមិសក្ដី និយាយធម៌ក្ដី ឈ្មោះថាកាច់កិរិយាឈរ។ ភិក្ខុគប្បីឈរអស់វារៈពីរដងផង ​គប្បី​ឈរអស់​វារៈបីដងផង គប្បីទារបួនដងផង ហើយឈរបួនដង​ផង (បើ) ទារប្រាំដងហើយ គប្បីឈរ​ពីរដង (បើ)ទារប្រាំមួយដងហើយ មិន​គប្បីឈរ (ទៀត)ទេ។ កាល​បើភិក្ខុ​ព្យាយាម​ឱ្យលើស​ពីកំណត់នោះ ឱ្យចីវរនោះសម្រេចបាន ត្រូវអាបត្ដិ​ទុក្កដ​ក្នុង​ប្រយោគ​ដែលព្យាយាម ចីវរដែល​បានមក​ជានិស្សគ្គិយ ចីវរនោះ ភិក្ខុត្រូវលះដល់សង្ឃក្ដី ដល់​គណៈក្ដី ដល់បុគ្គលក្ដី។ ម្នាលភិក្ខុទាំងឡាយ ចីវរនោះ ភិក្ខុគប្បីលះយ៉ាងនេះ។បេ។ បពិត្រ​ព្រះសង្ឃ​ដ៏ចម្រើន ចីវរនេះ ខ្ញុំឱ្យសម្រេចបានដោយទារលើសពី៣ដង ដោយឈរលើស​ពី៦ដង ជានិស្សគ្គិយ ខ្ញុំសូមលះចីវរនេះដល់សង្ឃ។បេ។ សង្ឃគប្បីឱ្យ។បេ។ លោកដ៏មាន​អាយុ​ទាំងឡាយ​គប្បី​ឱ្យ។បេ។ ខ្ញុំឱ្យលោកដ៏មានអាយុ។ បើភិក្ខុឱ្យចីវរនោះសម្រេច​មិន​បាន​ទេ ថ្លៃចីវរដែល​គេនាំ​មកដើម្បីភិក្ខុនោះអំពីសំណាក់បុគ្គលណា ភិក្ខុគប្បីទៅក្នុង​សំណាក់​បុគ្គលនោះខ្លួនឯងក្ដី ប្រើ​បម្រើ​ឱ្យទៅក្ដី ដោយពាក្យថា ម្នាលអ្នកដ៏មានអាយុ​ទាំងឡាយ អ្នកទាំងឡាយ​បញ្ជូន​ដម្លៃ​ចីវរ​ណា​ទៅ​ចំពោះភិក្ខុ ដម្លៃចីវរនោះ​មិនសម្រេច​ប្រយោជន៍បន្ដិចបន្ដួចដល់ភិក្ខុនោះទេ អ្នក​ដ៏មាន​អាយុ​ទាំងឡាយ ចូរតឿន​ទារយករបស់​ខ្លួនចុះ ទ្រព្យរបស់អ្នកទាំងឡាយ ចូរកុំឱ្យវិនាស។ ពាក្យថា ការនេះជា​សាម៉ីចិកម្មក្នុង​សិក្ខាបទនោះ គឺថាការនេះ ជាសភាព​ដ៏សមគួរ​តាម​ធម៌ក្នុងសិក្ខាបទ​នោះ។

[៧២] ភិក្ខុទារលើសពី៣ដង ឈរលើសពី៦ដង មានសេចក្ដីសម្គាល់ថាលើសមែន (ហើយ) ឱ្យចីវរនោះសម្រេចបាន ត្រូវនិស្សគ្គិយបាចិត្ដិយ។ ភិក្ខុទារលើសពីបីដង ឈរ​លើសពី​ប្រាំមួយ​ដង មានសេចក្ដីសង្ស័យ ហើយឱ្យចីវរនោះសម្រេចបាន ត្រូវនិស្សគ្គិយ​បាចិត្ដិយ។ ភិក្ខុ​ទារ​លើសពី៣ដង ឈរលើសពី៦ដង មានសេចក្ដីសំគាល់ថានៅខ្វះ ហើយឱ្យចីវរ​នោះ​សម្រេច​បាន ត្រូវនិស្សគ្គិយបាចិត្ដិយ។ ភិក្ខុទារថយពី៣ដង ឈរថយ​ពី៦ដង មានសេចក្ដី​សំគាល់​ថាលើស ត្រូវ​អាបត្ដិទុក្កដ។ ភិក្ខុទារថយពី៣ដង ឈរថយ​ពី៦ដង មានសេចក្ដីសង្ស័យ ត្រូវអាបត្ដិទុក្កដ។ ភិក្ខុ​ទារ​ថយពី៣ដង ឈរថយពី៦ដង មាន​សេចក្ដីសំគាល់ថាថយ ជាអនាបត្ដិ។

[៧៣] អាបត្ដិមិនមានដល់ភិក្ខុញ៉ាំងចីវរឱ្យសម្រេចដោយទារ (ត្រឹម) ៣ដង ឈរ (ត្រឹម) ៦ដង ដល់ភិក្ខុញ៉ាំងចីវរឱ្យសម្រេចដោយទារខ្វះពី៣ដង ឈរខ្វះពី៦ដង ដល់​ភិក្ខុដែល​មិន​បាន​តឹង​ទារ វេយ្យាវច្ចករគេឱ្យ (ឯង) ដល់ភិក្ខុដែលម្ចាស់របស់ទារឱ្យ ដល់ភិក្ខុឆ្កួត ដល់​ភិក្ខុដើមបញ្ញត្ដិ។

សិក្ខាបទទី១០ ចប់។

ចីវរវគ្គទី១ ចប់។

ឧទ្ទាន [ពាក្យរួបរួម ជាគ្រឿងរក្សាសេចក្ដីដែលពោលហើយមិនឱ្យ​សេចក្ដីនោះ​វិនាសខ្ចាត់​ខ្ចាយ​ទៅ (បានដល់បញ្ជីរឿង)។] នៃចីវរវគ្គនោះ ដូច្នេះគឺ

សំពត់អតិរេកចីវរដែលភិក្ខុបានមកហើយ មិនបានវិកប្បអធិដ្ឋានក្នុងវេលា ដែល​អស់​អំណាច​អានិសង្សកឋិន ហើយទុកឱ្យកន្លងដប់រាត្រី១ ក្នុងវេលា ដែលអស់​អំណាច​អានិសង្សកឋិន​ហើយ ភិក្ខុនៅប្រាសចាកត្រៃចីវរឱ្យកន្លងមួយរាត្រី១ ភិក្ខុទុកអកាលចីវរ​ឱ្យហួសពីមួយខែ១ ភិក្ខុ​ប្រើ​នាងភិក្ខុនីមិនមែនជាញាតិឱ្យលាងចីវរចាស់ ១ ភិក្ខុទទួល​ចីវរពី​ដៃនាង​ភិក្ខុនី​មិនមែន​ជាញាតិ ១ ភិក្ខុសូមចីវរពីគ្រហស្ថមិនមែនជាញាតិ ១ ភិក្ខុសូម​ចីវរហួសពីអន្ដរវាសក (ស្បង់) និងឧត្ដរាសង្គ (ចីពរ) ១ ភិក្ខុទៅនិយាយនឹងគ្រហស្ថ ដែលមិនមែនជាញាតិ មិនបានបវារណា ដែល​គេបម្រុង​នឹង​ប្រគេន​ចីវរ ឱ្យគេប្រគេន​ចីវរឱ្យល្អ ១ ភិក្ខុទៅ​និយាយ​នឹងគ្រហស្ថ​ច្រើនរូប​មិនមែន​ជាញាតិ មិន​មែន​ជនដែលបាន​បវារណា ឱ្យគេរួបរួមថ្លៃជាមួយគ្នា ដើម្បីទិញចីវរល្អ ១ ភិក្ខុ​ទៅតឹងទារ​ចីវរ​អំពី​វេយ្យាវច្ចករ​ហួសពីបីដង និងឈរហួសពីប្រាំមួយដង ១។

កោសិយវគ្គ សិក្ខាបទទី១

[៧៤] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងអគ្គាឡវចេតិយ ទៀបក្រុង​អាឡវី។ ក៏ក្នុងសម័យនោះឯង ពួកឆព្វគ្គិយភិក្ខុ ចូល​ទៅរកពួកជនអ្នកធ្វើ​សូត្រ ហើយ​និយាយ​យ៉ាងនេះ​ថា ម្នាលអ្នកដ៏មានអាយុទាំងឡាយ អ្នកទាំងឡាយចូរស្ងោរ​នាង​ទាំងឡាយ​ឱ្យច្រើន នឹងឱ្យ​យើងខ្លះ យើងក៏ចង់ធ្វើសន្ថ័តលាយដោយសូត្រដែរ។ ជនអ្នក​ធ្វើសូត្រទាំងឡាយនោះ ​ពោល​ទោស តិះដៀល បន្ដុះបង្អាប់ថា សមណៈទាំងឡាយ​ ជាកូនចៅ​ព្រះពុទ្ធ ជាសក្យបុត្ដ មិនសមបើ​នឹង​ចូលទៅរកយើង ហើយនិយាយយ៉ាងនេះថា ម្នាលអ្នកដ៏មានអាយុទាំងឡាយ អ្នកទាំងឡាយ​ ចូរស្ងោរនាងឱ្យច្រើន នឹងឱ្យយើងខ្លះ យើងចង់ធ្វើសន្ថ័តលាយដោយសូត្រដែរ ពួកយើងណា​ធ្វើ​សត្វ​មានជីវិតតូចៗ ជាច្រើន​ឱ្យដល់នូវសេចក្ដីវិនាស ព្រោះហេតុ​សេចក្ដី​ចិញ្ចឹម​ជីវិតខ្លួន និង​កូន​ប្រពន្ធ ពួកយើង​ទាំង​នោះ ឈ្មោះថាមិនមានញាតិផង ឈ្មោះថា​បានទ្រព្យ​ដោយ​អាក្រក់​ផង។ ភិក្ខុទាំងឡាយ​បានឮពាក្យជនអម្បាលនោះពោលទោស តិះដៀល បន្ដុះ​បង្អាប់ហើយ។ ភិក្ខុ​ទាំង​ឡាយ​ណាមានប្រាថ្នាតិច។បេ។ ភិក្ខុទាំងឡាយនោះពោលទោស តិះដៀល បន្ដុះបង្អាប់ថា ពួក​ឆព្វគ្គិយ​ភិក្ខុ មិនសមបើនឹងចូលទៅរកជនអ្នកធ្វើសូត្រ ហើយ​និយាយ​យ៉ាងនេះថា ម្នាល​អ្នកដ៏មាន​អាយុ អ្នកទាំងឡាយ ចូរស្ងោរនាងឱ្យច្រើន នឹងឱ្យយើងខ្លះ យើង​ចង់ធ្វើសន្ថ័ត​លាយដោយ​សូត្រ​ដែរ។ ភិក្ខុទាំងឡាយនោះ ក្រាបទូល​ដំណើរនុ៎ះដល់​ព្រះដ៏មាន​ព្រះភាគ។ ព្រះអង្គត្រាស់សួរថា ម្នាល​ភិក្ខុទាំងឡាយ ឮថាអ្នក​ទាំងឡាយ​ចូលទៅ​រកពួកអ្នកធ្វើសូត្រ ហើយនិយាយយ៉ាងនេះថា ម្នាលអ្នកដ៏​មានអាយុ​ទាំងឡាយ អ្នកទាំង​ឡាយ ចូរស្ងោរនាងឱ្យច្រើន នឹងឱ្យយើងខ្លះ យើង​ចង់​ធ្វើ​សន្ថ័ត​លាយ​ដោយសូត្រដែរ ពិតមែនឬ។ បពិត្រព្រះដ៏មានព្រះភាគ ដំណើរនោះពិតមែន។ ព្រះ​ពុទ្ធ​ដ៏មានជោគ​តិះដៀលថា ម្នាលមោឃបុរសទាំងឡាយ អ្នកទាំងឡាយ មិនសមបើ​នឹង​ចូល​ទៅ​រក​ពួកអ្នកធ្វើសូត្រ ហើយនិយាយយ៉ាងនេះថា ម្នាលអ្នកដ៏មានអាយុទាំងឡាយ អ្នក​ទាំងឡាយ​​ចូរ​ស្ងោរ​នាងឱ្យច្រើន នឹងឱ្យយើងខ្លះ យើងចង់ធ្វើសន្ថ័តលាយដោយសូត្រដែរ ម្នាល​មោឃបុរស​ទាំង​ឡាយ អំពើដែលអ្នកធ្វើនេះ មិនមែននាំ​ឱ្យជ្រះថ្លា​ដល់ជន​ដែលមិន​ទាន់ជ្រះថ្លា​ហើយ​ផង មិនមែន​នាំ​ឱ្យរឹងរឹតតែជ្រះថ្លាដល់ជនដែលជ្រះថ្លាហើយផង។បេ។ ម្នាលភិក្ខុ​ទាំងឡាយ អ្នកទាំងឡាយ គប្បី​សម្ដែងឡើងនូវសិក្ខាបទនេះ យ៉ាងនេះថា ភិក្ខុណាមួយ ឱ្យគេធ្វើ​សន្ថ័តលាយដោយសូត្រ សន្ថ័ត​នោះជានិស្សគ្គិយ [ត្រង់ពាក្យថា និស្សគ្គិយំ បាចិត្ដិយំ ប្រែបាន​ជាពីរន័យ គឺប្រែ​ដូច​សិក្ខាបទ​ទាំង​អស់ ក្នុងចីវរវគ្គមួយន័យ ដូចសិក្ខាបទ​ក្នុង​កោសិយវគ្គ​នេះមួយន័យ តាមន័យក្នុងអដ្ឋកថា។] ភិក្ខុនោះត្រូវអាបត្ដិ​បាចិត្ដិយ។

[៧៥] ត្រង់ពាក្យថា ភិក្ខុណាមួយ មានអធិប្បាយក្នុងសិក្ខាបទទី១ ក្នុងបារាជិកកណ្ឌ រួច​ហើយ។ គ្រឿងកម្រាលដែលមិនបានត្បាញ គេស្មាច់សម្រេចតែម្ដង ហៅថា សន្ថ័ត។ ពាក្យថា ឱ្យគេធ្វើ គឺភិក្ខុលាយដោយសរសៃសូត្រសូម្បីមួយសរសៃ ហើយធ្វើខ្លួនឯងក្ដី ប្រើគេឲ្យធ្វើក្តី ត្រូវអាបត្ដិ​ទុក្កដ​ក្នុង​ប្រយោគ​ដែលធ្វើ។ សន្ថ័តដែលបានមក ជានិស្សគ្គិយ ភិក្ខុត្រូវលះដល់សង្ឃក៏បាន គណៈក៏បាន បុគ្គលក៏បាន។ ម្នាលភិក្ខុទាំងឡាយ សន្ថ័តនោះ ភិក្ខុត្រូវលះយ៉ាងនេះ។បេ។ បពិត្រ​ព្រះសង្ឃ​ដ៏​ចម្រើន សន្ថ័តលាយដោយសូត្រនេះ ខ្ញុំឱ្យ​គេធ្វើ ជានិស្សគ្គិយ ខ្ញុំសូមលះ​សន្ថ័តនេះដល់សង្ឃ​។បេ។ សង្ឃគប្បីឱ្យ។បេ។ លោកដ៏​មានអាយុទាំងឡាយគប្បីឱ្យ។បេ។ ខ្ញុំឱ្យដល់លោកដ៏មាន​អាយុ។

[៧៦] សន្ថ័ត ភិក្ខុធ្វើខ្លួនឯងមិនទាន់ស្រេច ភិក្ខុឱ្យសម្រេចដោយខ្លួនឯង សន្ថ័ត​នោះ​ជា​និស្សគ្គិយ ភិក្ខុត្រូវអាបត្ដិបាចិត្ដិយ។ សន្ថ័តដែលភិក្ខុធ្វើខ្លួនឯងមិនទាន់ស្រេច ឱ្យអ្នក​ដទៃ​សម្រេច សន្ថ័តនោះជានិស្សគ្គិយ ភិក្ខុត្រូវអាបត្ដិបាចិត្ដិយ។ សន្ថ័ត​ដែលអ្នក​ដទៃធ្វើ​មិនទាន់​ស្រេច ភិក្ខុឱ្យ សម្រេច​ដោយខ្លួនឯង សន្ថ័តនោះជានិស្សគ្គិយ ភិក្ខុត្រូវអាបត្ដិ​បាចិត្ដិយ។ សន្ថ័ត​ដែលអ្នក​​ដទៃ​ធ្វើ​មិន​ទាន់សម្រេច ភិក្ខុឱ្យអ្នកដទៃសម្រេច សន្ថ័តនោះ ជានិស្សគ្គិយ ភិក្ខុត្រូវ​អាបត្ដិបាចិត្ដិយ។ ភិក្ខុ​ធ្វើ​ខ្លួន​ឯងក្ដី ប្រើគេឱ្យធ្វើក្ដី ដើម្បីអ្នកដទៃ ត្រូវអាបត្ដិទុក្កដ។ ភិក្ខុបាន​សន្ថ័តដែលអ្នកដទៃធ្វើ ហើយ​ប្រើ​ប្រាស់ ត្រូវអាបត្ដិទុក្កដ។

[៧៧] អាបត្ដិ មិនមានដល់ភិក្ខុដែលធ្វើសម្ពត់ពិតានក្ដី សម្ពត់កម្រាលលើទីដែល​គេបូក​លាប​ក្ដី រនាំងក្ដី ពូកក្ដី ខ្នើយក្ដី ដល់ភិក្ខុឆ្កួត ដល់ភិក្ខុជាខាងដើមបញ្ញត្ដិ។

សិក្ខាបទទី១ ចប់។

សិក្ខាបទទី

[៧៨] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ គង់ក្នុងកូដាគារសាលា ក្នុងមហាវន ទៀប​ក្រុង​វេសាលី។ ក៏ក្នុងសម័យនោះឯង ពួកឆព្វគ្គិយភិក្ខុឱ្យគេធ្វើសន្ថ័តដោយរោមចៀមខ្មៅសុទ្ធ។ មនុស្ស​ទាំង​ឡាយ ដើរទៅកាន់ចារិកវិហារ ឃើញហើយពោលទោស តិះដៀល បន្ដុះ​បង្អាប់​ថា ពួក​សមណៈ​ទាំងនេះ ជាកូនចៅព្រះពុទ្ធជាសក្យបុត្ដ មិនសមបើនឹងឱ្យគេធ្វើ​សន្ថ័ត​ដោយ​រោមចៀម​ខ្មៅ​សុទ្ធ ដូចជាពួកគ្រហស្ថ ជាអ្នកបរិភោគកាមសោះ។ ភិក្ខុ​ទាំងឡាយ​បានឮពាក្យ​ពួក​មនុស្ស​ពោល​ទោស តិះដៀល បន្ដុះបង្អាប់ហើយ។ ពួកភិក្ខុណា​មានប្រាថ្នាតិច។បេ។ ភិក្ខុអម្បាល នោះពោលទោស តិះដៀល បន្ដុះបង្អាប់ថា ពួក​ឆព្វគ្គិយភិក្ខុ មិនសមបើនឹង ឱ្យគេធ្វើសន្ថ័ត​ដោយរោម​ចៀមខ្មៅសុទ្ធសោះ។ ភិក្ខុអម្បាល​នោះក្រាប​ទូលដំណើរ​នុ៎ះដល់​ព្រះដ៏មានព្រះភាគ។ ព្រះអង្គ​ត្រាស់សួរថា ម្នាលភិក្ខុទាំង​ឡាយ ឮថាអ្នកទាំងឡាយ​ឱ្យគេធ្វើ​សន្ថ័ត​ដោយរោមចៀម​ខ្មៅ​សុទ្ធ ពិតមែនឬ។ ពួក​ឆព្វគ្គិយភិក្ខុក្រាបទូលថា បពិត្រ​ព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធដ៏មានជោគ ទ្រង់តិះដៀលថា ម្នាល​មោឃបុរស​ទាំងឡាយ អ្នកទាំងឡាយ មិនសមបើនឹង​ឱ្យគេធ្វើ​សន្ថ័តដោយរោមចៀមខ្មៅសុទ្ធទេ ម្នាល​មោឃបុរស​ទាំងឡាយ អំពើដែលអ្នករាល់គ្នា​ធ្វើនេះ មិនមែននាំ​ឱ្យជ្រះថ្លា​ដល់ជន​ដែលមិន​ទាន់​ជ្រះថ្លា​ហើយផង មិនមែននាំឱ្យរឹងរឹតតែ​ជ្រះថ្លាដល់ជនដែលជ្រះថ្លាហើយផង។បេ។ ម្នាលភិក្ខុ​ទាំងឡាយ អ្នកទាំងឡាយគប្បី​សម្ដែង​ឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុណាមួយ ឱ្យគេធ្វើ​សន្ថ័តដោយ​រោមចៀម​ខ្មៅ​សុទ្ធ សន្ថ័តនោះជានិស្សគ្គិយ ភិក្ខុត្រូវ អាបត្ដិបាចិត្ដិយ ។

[៧៩] ត្រង់ពាក្យថា ភិក្ខុណាមួយ មានអធិប្បាយក្នុងសិក្ខាបទទី ១ នៃបារាជិកកណ្ឌ​រួចហើយ។ ដែលហៅថា រោមចៀមខ្មៅ (នោះសំដៅយក) រោមចៀមខ្មៅទាំង ២យ៉ាង គឺ រោមចៀម​ខ្មៅ​ពីកំណើត ១ រោមចៀមខ្មៅពីគ្រឿងជ្រលក់ ១។ គ្រឿងកម្រាលដែល​គេមិន​ត្បាញ គ្រាន់តែ​គេស្មាច់ ហើយធ្វើឱ្យសម្រេច ហៅថា សន្ថ័ត។ ពាក្យថា ឱ្យគេធ្វើ គឺភិក្ខុធ្វើខ្លួនឯងក្ដី ឱ្យគេធ្វើក្ដី ត្រូវអាបត្ដិ​ទុក្កដក្នុងប្រយោគដែលធ្វើ សន្ថ័ត ដែលបាន​មក​ជានិស្សគ្គិយ ភិក្ខុត្រូវលះ​ដល់សង្ឃ​ក៏បាន ដល់គណៈក៏បាន ដល់បុគ្គលក៏បាន។ ម្នាល​ភិក្ខុទាំងឡាយ ភិក្ខុត្រូវលះយ៉ាងនេះ។បេ។ បពិត្រព្រះសង្ឃដ៏ចម្រើន សន្ថ័តនេះ ខ្ញុំឱ្យ​គេធ្វើដោយរោមចៀមខ្មៅសុទ្ធ ជានិស្សគ្គិយ ខ្ញុំសូម​លះសន្ថ័តនេះដល់សង្ឃ។បេ។ សង្ឃ​ត្រូវឱ្យ។បេ។ លោកដ៏មានអាយុទាំងឡាយត្រូវឱ្យ។បេ។ ខ្ញុំឱ្យដល់លោកដ៏មានអាយុ។

[៨០] សន្ថ័តដែលភិក្ខុធ្វើខ្លួនឯងមិនទាន់ស្រេច ឱ្យសម្រេចដោយ ខ្លួនឯង សន្ថ័តនោះ​ជានិស្សគ្គិយ ភិក្ខុត្រូវអាបត្ដិបាចិត្ដិយ។ សន្ថ័តដែល ភិក្ខុធ្វើខ្លួនឯងមិនទាន់ស្រេច ឱ្យអ្នក​ដទៃ​សម្រេច សន្ថ័តនោះជានិស្សគ្គិយ ភិក្ខុត្រូវអាបត្ដិបាចិត្ដិយ។ សន្ថ័តដែល​អ្នកដទៃ​​​ធ្វើ​មិនទាន់​ស្រេច ភិក្ខុឱ្យសម្រេចដោយខ្លួនឯង សន្ថ័តនោះជានិស្សគ្គិយ ភិក្ខុត្រូវអាបត្ដិ​បាចិត្ដិយ។ សន្ថ័តដែលអ្នកដទៃធ្វើមិនទាន់ស្រេច ភិក្ខុឱ្យអ្នកដទៃសម្រេច សន្ថ័តនោះ ជា​និស្សគ្គិយ ភិក្ខុ​នោះ​ត្រូវអាបត្ដិបាចិត្ដិយ។ ភិក្ខុធ្វើសន្ថ័តខ្លួនឯងក្ដី ប្រើគេឱ្យធ្វើក្ដី ដើម្បី​ប្រយោជន៍​បុគ្គលដទៃ ត្រូវអាបត្ដិទុក្កដ។ ភិក្ខុបានសន្ថ័តដែលបុគ្គលដទៃធ្វើ ហើយ​ប្រើប្រាស់ ត្រូវអាបត្ដិទុក្កដ។

[៨១] អាបត្ដិមិនមានដល់ភិក្ខុធ្វើសម្ពត់ពិតានក្ដី គ្រឿងកម្រាលផែនដីក្ដី រនាំងក្ដី ពូកក្ដី ខ្នើយក្ដី ដល់ភិក្ខុឆ្កួត ដល់ភិក្ខុជាខាងដើមបញ្ញត្ដិ។

សិក្ខាបទទី ២ ចប់។

សិក្ខាបទទី

[៨២] សម័យនោះ ព្រះសម្ពុទ្ធដ៏មានបុញ្ញសិរី ព្រះអង្គគង់ក្នុងវត្ដព្រះជេតពន របស់​អនាថបិណ្ឌិក​សេដ្ឋី ទៀបក្រុងសាវត្ថី។ ក៏គ្រានោះឯង ពួកឆព្វគ្គិយភិក្ខុគិតគ្នាថា ព្រះដ៏មានព្រះភាគ​ទ្រង់​ឃាត់ហាមមិនឱ្យភិក្ខុប្រើគេឲ្យធ្វើសន្ថ័តដោយរោមចៀមខ្មៅសុទ្ធ ក៏នាំគ្នា​ប្រើឱ្យគេធ្វើ​សន្ថ័ត​ដោយ​រោមចៀមខ្មៅសុទ្ធដូច្នោះ តែលាយដោយរោមចៀមស​បន្ដិច​ត្រង់​ជាយ។ ភិក្ខុ​ទាំងឡាយ​ណា អ្នកមានប្រាថ្នាតិច។ បេ។ ភិក្ខុទាំងឡាយនោះ ពោលទោស តិះដៀល បន្ដុះបង្អាប់ថា ពួកឆព្វគ្គិយភិក្ខុមិនសមបើ នឹងទៅឱ្យគេធ្វើ​សន្ថ័ត​ដោយរោមចៀមខ្មៅសុទ្ធដូច្នោះ ហើយ​យករោម ចៀមសលាយបន្ដិចត្រង់ជាយ​ប៉ុណ្ណោះ​ទេ។ គ្រានោះ ភិក្ខុទាំងឡាយ នោះ​ក្រាបទូលសេចក្ដីនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គ មានព្រះបន្ទូលសួរថា ម្នាលភិក្ខុ​ទាំងឡាយ ឮថាពួកអ្នកប្រើឱ្យគេធ្វើ សន្ថ័តដោយ​រោមចៀមខ្មៅសុទ្ធដូច្នោះ ហើយលាយ​រោមចៀម​សបន្ដិច ត្រង់ជាយ ពិតមែនឬ។ ពួក​ឆព្វគ្គិយភិក្ខុក្រាបទូលថា បពិត្រ​ព្រះដ៏មាន​ព្រះភាគ ពិតមែន ។ ព្រះសម្ពុទ្ធ​ដ៏មានព្រះភាគ​ទ្រង់តិះដៀលថា ម្នាលបុរសសោះសូន្យ ហេតុ​ដូចម្ដេច បានជាពួកអ្នកឱ្យគេធ្វើសន្ថ័ត​ដោយរោមចៀមខ្មៅសុទ្ធដូច្នោះ ហើយលាយ​រោមចៀមសបន្ដិចត្រង់ជាយ​ដូច្នោះ ម្នាល​បុរស​សោះសូន្យ អំពើនេះ មិនមែននាំ​ឱ្យកើតសេចក្ដីជ្រះថ្លាដល់អ្នក ដែលមិនទាន់​ជ្រះថ្លា​ទេ ឬនាំអ្នកដែល​ជ្រះថ្លាហើយ​ឱ្យរឹងរឹតតែ​ជ្រះថ្លាឡើងទេ។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នក​ទាំងឡាយគប្បីសម្ដែងឡើងនូវសិក្ខាបទ នេះយ៉ាង​នេះថា ភិក្ខុកាលឱ្យគេធ្វើសន្ថ័តថ្មី គប្បី​កាន់​យករោមចៀមខ្មៅសុទ្ធពីរភាគ រោមចៀម​សភាគទីបី (១ ភាគ) រោមចៀមក្រហម​ភាគទី៤ (១ ភាគ)។ បើភិក្ខុឱ្យគេធ្វើសន្ថ័តថ្មី មិនកាន់យករោមចៀមខ្មៅសុទ្ធពីរភាគ រោមចៀមសភាគទីបី រោមចៀមក្រហមភាគទីបួនទេ សន្ថ័តនោះ ជានិស្សគ្គិយ ភិក្ខុនោះ​ត្រូវអាបត្ដិបាចិត្ដិយ។

[៨៣] សន្ថ័តដែលធ្វើជាដំបូង ហៅថា សន្ថ័តថ្មី។ គ្រឿងកម្រាល ដែលមិនបានត្បាញ គេស្មាច់សម្រេចតែម្ដង ហៅថា សន្ថ័ត។ ត្រង់ពាក្យថា កាលឱ្យគេធ្វើ គឺធ្វើឯងក្ដី ប្រើឱ្យគេធ្វើក្ដី។ ពាក្យថា គប្បីកាន់យករោមចៀមខ្មៅសុទ្ធពីរភាគនោះ គឺភិក្ខុត្រូវថ្លឹង​រោមចៀម​ខ្មៅ​សុទ្ធពីរ ជញ្ជីង ហើយសឹមកាន់យក។ ពាក្យថា រោមចៀមសភាគទីបីនោះ គឺរោមចៀមសមួយជញ្ជីង។ ពាក្យថា រោមចៀមក្រហមភាគទីបួននោះ គឺរោមចៀមក្រហម​មួយ​ជញ្ជីង។ ពាក្យថា បើភិក្ខុឱ្យគេធ្វើសន្ថ័តថ្មី មិនកាន់យករោមចៀមខ្មៅសុទ្ធពីរភាគ រោមចៀមសភាគទី ៣ រោមចៀម ក្រហមភាគទីបួន គឺថាភិក្ខុធ្វើឯងក្ដី ប្រើឱ្យគេធ្វើក្ដី នូវសន្ថ័តថ្មី​មិនលាយ​រោមចៀមស​មួយជញ្ជីង រោមចៀមក្រហមមួយជញ្ជីងទេ ត្រូវអាបត្ដិ​ទុក្កដ​ក្នុងប្រយោគដែលធ្វើ វេលាបានមក សន្ថ័តនោះជានិស្សគ្គិយ ភិក្ខុត្រូវលះ ដល់សង្ឃ ឬគណៈ ឬបុគ្គល។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុគប្បីលះយ៉ាងនេះថា។បេ។ បពិត្រ​ព្រះសង្ឃ​ដ៏ចម្រើន សន្ថ័តនេះ ខ្ញុំឱ្យគេធ្វើមិនបានលាយ ដោយរោមចៀមសមួយជញ្ជីង រោមចៀម​ក្រហម​មួយជញ្ជីង ជានិស្សគ្គិយ ខ្ញុំសូមលះ​សន្ថ័តនេះដល់សង្ឃ។បេ។ សង្ឃគប្បីឱ្យ។បេ។ លោកដ៏មានអាយុទាំងឡាយគប្បីឱ្យ។ បេ។ ខ្ញុំឱ្យដល់លោកដ៏មានអាយុ។

[៨៤] ភិក្ខុធ្វើសន្ថ័តដោយខ្លួនឯងមិនទាន់ស្រេច ( គ្រាក្រោយ ) ឱ្យសម្រេចដោយខ្លួនឯង សន្ថ័តនោះជានិស្សគ្គិយ ភិក្ខុត្រូវអាបត្ដិបាចិត្ដិយ។ ភិក្ខុធ្វើសន្ថ័តដោយខ្លួនឯងមិនទាន់​ស្រេច ឱ្យអ្នកដទៃសម្រេច សន្ថ័តនោះជានិស្សគ្គិយ ភិក្ខុត្រូវអាបត្ដិបាចិត្ដិយ។ អ្នកដទៃ​ធ្វើសន្ថ័ត​មិនទាន់ស្រេច ភិក្ខុឱ្យសម្រេចដោយខ្លួនឯង សន្ថ័តនោះជានិស្សគ្គិយ ភិក្ខុត្រូវ​អាបត្ដិបាចិត្ដិយ។ អ្នកដទៃ​ធ្វើសន្ថ័តមិនទាន់ស្រេច ភិក្ខុឱ្យអ្នកដទៃសម្រេច សន្ថ័តនោះ​ជានិស្សគ្គិយ ភិក្ខុត្រូវ​អាបត្ដិបាចិត្ដិយ។ ភិក្ខុធ្វើឯងក្ដី ឱ្យអ្នកដទៃធ្វើក្ដី ដើម្បីប្រយោជន៍​ដល់អ្នកដទៃ ត្រូវអាបត្ដិទុក្កដ។ ភិក្ខុ បានសន្ថ័ត​ដែល​អ្នកដទៃ​គេធ្វើហើយ​យកមក​ប្រើប្រាស់​ក៏ត្រូវអាបត្ដិទុក្កដ។

[៨៥] អាបត្ដិមិនមានដល់ភិក្ខុធ្វើសន្ថ័តយករោមចៀមសមួយជញ្ជីង (១ភាគ) រោមចៀម​ក្រហម​មួយជញ្ជីង (១ភាគ) មិនមានដល់ភិក្ខុធ្វើសន្ថ័ត យករោមចៀមសច្រើន យក​រោមចៀម​ក្រហមច្រើនជាងកំណត់នោះ មិន មានដល់ភិក្ខុធ្វើសន្ថ័តយករោមចៀមសសុទ្ធ ក្រហមសុទ្ធ មិនមានដល់ភិក្ខុយករោមចៀមធ្វើពិតានក្ដី ជាកម្រាលផ្ទៃដែលគេបូកលាបក្ដី ជា រនាំងបាំងក្ដី ជាពូកក្ដី ជាខ្នើយក្ដី មិនមានដល់ភិក្ខុឆ្កួត មិនមានដល់ភិក្ខុជា​ខាងដើម​បញ្ញត្ដិ។

សិក្ខាបទទី៣ ចប់។

សិក្ខាបទទី

[៨៦] សម័យនោះ ព្រះសម្ពុទ្ធដ៏មានព្រះភាគ ទ្រង់គង់ក្នុងវត្ដព្រះជេតពន របស់​អនាថបិណ្ឌិក​សេដ្ឋី ទៀបក្រុងសាវត្ថី។ ក៏គ្រានោះឯង ភិក្ខុទាំងឡាយឱ្យគេធ្វើសន្ថ័ត​រាល់ឆ្នាំ។ ភិក្ខុទាំង​នោះជាអ្នកអង្វរច្រើន ជាអ្នកសូមច្រើនដោយពាក្យថា អាត្មាត្រូវការ​ដោយ​រោមចៀម អ្នក ទាំងឡាយចូរឱ្យរោមចៀមដល់អាត្មា។ មនុស្សទាំងឡាយ​ពោល​ទោស តិះដៀល បន្ដុះបង្អាប់ថា ពួកសមណៈជាកូនចៅព្រះពុទ្ធជាសក្យបុត្ដ មិនគួរបើ​នឹងឱ្យ​គេធ្វើសន្ថ័ត​រាល់ឆ្នាំ​យ៉ាងនេះ ពួកសមណៈជាកូនចៅព្រះពុទ្ធជា សក្យបុត្ដជាអ្នក​អង្វរ​ច្រើន ជាអ្នកសូម​ច្រើនដោយ​ពាក្យថា អាត្មាត្រូវការដោយរោមចៀម អ្នកទាំងឡាយ​ចូរឱ្យរោមចៀមដល់អាត្មា ក៏ពួកយើងធ្វើ សន្ថ័តម្ដងប្រើបាន៥ឆ្នាំខ្លះ ៦ឆ្នាំខ្លះ ក្មេងរបស់​យើងទាំងឡាយជុះដាក់ខ្លះ នោមដាក់ខ្លះ កណ្ដុរកាត់ខ្លះ (ក៏គង់ប្រើបានយូរដល់ត្រឹមនោះ) ចំណែកពួក សមណៈជាកូនចៅ​ព្រះពុទ្ធជា​សក្យបុត្ដ​ទាំងនេះ ឱ្យគេធ្វើសន្ថ័តរាល់ៗឆ្នាំ សមណៈជាកូនចៅព្រះពុទ្ធជាសក្យបុត្ដនេះ ជាអ្នកអង្វរ​ច្រើន ជាអ្នកសូមច្រើនដោយ​ពាក្យ​ថា អាត្មាត្រូវការដោយរោមចៀម អ្នកទាំងឡាយ​ចូរឱ្យ​រោមចៀមដល់អាត្មា។ ភិក្ខុ​ទាំងឡាយ​បានឮ ពាក្យមនុស្សទាំងនោះ ពោលទោស តិះដៀល បន្ដុះបង្អាប់ហើយ។ ភិក្ខុទាំងឡាយណា អ្នកមានប្រាថ្នាតិច។បេ។ ភិក្ខុទាំងឡាយ​នោះពោល​ទោស តិះដៀល បន្ដុះបង្អាប់ថា ភិក្ខុទាំងឡាយ​មិនគួរបើ​នឹងឱ្យគេ​ធ្វើសន្ថ័ត​រាល់ឆ្នាំ​ឡើយ ពួកភិក្ខុទាំងនេះ​ជា​អ្នក​អង្វរច្រើន ជាអ្នកសូមច្រើនដោយពាក្យថា អាត្មាត្រូវ​ការដោយ​រោមចៀម អ្នក​ទាំងឡាយចូរឱ្យរោមចៀមដល់អាត្មា។ គ្រានោះ ភិក្ខុទាំងនោះក្រាបទូលដំណើរ​នុ៎ះដល់​ព្រះដ៏មានព្រះភាគ។ ព្រះដ៏មានព្រះភាគត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថាភិក្ខុ​ទាំងឡាយ ឱ្យគេធ្វើសន្ថ័តរាល់ឆ្នាំ ភិក្ខុទាំងឡាយជាអ្នកអង្វរច្រើន ជាអ្នកសូមច្រើន ដោយពាក្យថា អាត្មាត្រូវការដោយរោមចៀម អ្នកទាំងឡាយចូរឱ្យរោមចៀម​ដល់អាត្មា​ដូច្នេះ ពិតមែនឬ។ ភិក្ខុទាំងឡាយក្រាបទូលថា បពិត្រ ព្រះដ៏មានព្រះភាគ ដំណើរនោះ​ពិតមែន។ ព្រះពុទ្ធដ៏មានព្រះភាគទ្រង់តិះដៀលថា ម្នាលភិក្ខុទាំងឡាយ ឯបុរស​សោះសូន្យទាំងនោះ​មិនគួរបើនឹងឱ្យគេធ្វើសន្ថ័តរាល់ឆ្នាំឡើយ ជាអ្នកអង្វរច្រើន ជាអ្នក​សូម​ច្រើនដោយ ពាក្យថា អាត្មាត្រូវការដោយរោមចៀម អ្នកទាំងឡាយចូរឱ្យរោមចៀម ដល់អាត្មាដូច្នេះ ម្នាល​ភិក្ខុទាំងឡាយ អំពើនេះមិនមែននាំឱ្យកើត សេចក្ដីជ្រះថ្លាដល់​អ្នកដែលមិនទាន់ជ្រះថ្លាទេ ឬនាំអ្នកដែលជ្រះថ្លាហើយឱ្យរឹងរឹតតែជ្រះថ្លាឡើងទេ។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំង​ឡាយ គប្បីសម្ដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុឱ្យ​គេធ្វើសន្ថ័តថ្មី គប្បី ប្រើប្រាស់​ឱ្យដល់​ប្រាំមួយឆ្នាំ។ បើប្រើប្រាស់មិនទាន់​ដល់ប្រាំមួយឆ្នាំ​ទេ លះចោលក្ដី មិនបាន​លះចោលក្ដី នូវសន្ថ័តនោះ ហើយឱ្យគេធ្វើសន្ថ័តថ្មី ដទៃទៀត សន្ថ័តនោះជានិស្សគ្គិយ ភិក្ខុនោះ​ត្រូវអាបត្ដិបាចិត្ដិយ។ ព្រះដ៏មានព្រះភាគទ្រង់បញ្ញត្ដ​សិក្ខាបទ​នេះ ដល់ភិក្ខុ​ទាំងឡាយហើយ ដោយប្រការដូច្នេះ។

[៨៧] សម័យនោះឯង ភិក្ខុមួយរូបមានជម្ងឺឈឺ នៅក្នុងនគរកោសម្ពី។ ពួកញាតិ​បានប្រើ​បម្រើទៅក្នុងសំណាក់ភិក្ខុនោះ ដោយពាក្យថា សូមលោកដ៏ចម្រើននិមន្ដមក យើងខ្ញុំ​ទាំងឡាយ​នឹងបានទំនុកបម្រុង។ ភិក្ខុទាំងឡាយក៏បាននិយាយយ៉ាងនេះថា ម្នាលអាវុសោ លោកចូរទៅចុះ ពួកញាតិនឹងបានថែរទាំលោក។ ភិក្ខុនោះនិយាយតបយ៉ាងនេះថា អាវុសោ ព្រះដ៏មានព្រះភាគទ្រង់បញ្ញតសិក្ខាបទហើយថា ភិក្ខុឱ្យគេធ្វើសន្ថ័តថ្មី គប្បី​ប្រើប្រាស់​ឱ្យដល់ ៦ឆ្នាំ ក៏ខ្លួនខ្ញុំមានជំងឺ មិនអាចនឹងនាំយកសន្ថ័តទៅបាន ខ្លួនខ្ញុំលះ​សន្ថ័ត​ចេញ​ហើយមិន​សប្បាយទេ (ហេតុនេះ) ខ្ញុំមិនទៅទេ។ ភិក្ខុទាំងឡាយ​ក្រាបទូល​ដំណើរ​នុ៎ះ​ដល់​ព្រះដ៏មានព្រះភាគ។ ព្រោះនិទាននេះ ព្រោះដំណើរនេះ ព្រះដ៏មាន​ព្រះភាគ​​ទ្រង់ធ្វើធម្មីកថា ហើយទ្រង់ហៅភិក្ខុ​ទាំងឡាយក្នុងខណៈនោះថា ម្នាលភិក្ខុទាំង​ឡាយ តថាគត​អនុញ្ញាត​ឱ្យសង្ឃឲ្យ​សន្ថ័ត​សម្មតិ​ដល់​ភិក្ខុ​ឈឺ ម្នាលភិក្ខុទាំងឡាយ សង្ឃ​គប្បីឱ្យ​ដោយសន្ថ័ត​សម្មតិ​យ៉ាងនេះ ភិក្ខុឈឺ​នោះគប្បីចូលទៅរកសង្ឃ គ្រងចីវរ​ឆៀង​ស្មាម្ខាង​ហើយថ្វាយ​បង្គំបាទា​ភិក្ខុចាស់​ទាំងឡាយ ហើយ អង្គុយច្រហោងផ្គងអញ្ជលី​ពោល​យ៉ាងនេះនឹងសង្ឃថា បពិត្រ​ព្រះសង្ឃ​ដ៏ចំរើន ខ្ញុំព្រះករុណាមានជម្ងឺ មិនអាចនឹង​នាំយកសន្ថ័តទៅផងបានទេ បពិត្រ​ព្រះសង្ឃដ៏ចំរើន ខ្ញុំព្រះករុណា នោះសូម​សន្ថ័ត​សម្មតិនឹងសង្ឃ។ ភិក្ខុឈឺនោះ​គប្បីសូម​សម្មតិ​អស់វារៈពីរដងផង គប្បីសូមសម្មតិ​អស់វារៈ​បី ដងផង។ ភិក្ខុអ្នកឆ្លាស​អង់អាច​គប្បីញុំាង​សង្ឃឱ្យដឹងថា បពិត្រព្រះសង្ឃ ដ៏ចំរើន សូមព្រះសង្ឃស្ដាប់ខ្ញុំ ភិក្ខុនេះឈ្មោះនេះមានជម្ងឺ មិនអាចកាន់​យក សន្ថ័តទៅផង​បាន​ទេ។ ភិក្ខុនោះសូមសន្ថ័តសម្មតិនឹងសង្ឃ។ បើការសម្មតិ សន្ថ័តនេះមាន​កាលដ៏សមគួរ​ដល់សង្ឃហើយ សង្ឃគប្បីឱ្យសន្ថ័តសម្មតិ ដល់ភិក្ខុឈ្មោះនេះ។ នេះជាវាចាប្រកាស​ឱ្យសង្ឃដឹង។ បពិត្រព្រះសង្ឃដ៏ចំរើន សូមព្រះសង្ឃស្តាប់ខ្ញុំ ភិក្ខុនេះ​ឈ្មោះនេះមានជម្ងឺ មិនអាចកាន់ យកសន្ថ័តទៅផងបាន។ ភិក្ខុឈឺនោះ​សូមសន្ថ័ត​សម្មតិ នឹង សង្ឃ។ សង្ឃឱ្យការសម្មតិសន្ថ័តដល់ភិក្ខុឈ្មោះនេះ។ ការឱ្យ សម្មតិ សន្ថ័ត ដល់ភិក្ខុឈ្មោះនេះ គួរដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះគប្បីស្ងៀមនៅ (បើ) មិនគួរ​ដល់ លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះគប្បីពោលឡើង។ សង្ឃបាន ឱ្យការ សន្មតិសន្ថ័ត ដល់ភិក្ខុឈ្មោះនេះហើយ។ ការសន្មតិសន្ថ័តនេះគួរដល់សង្ឃ ហេតុ​នោះ សង្ឃស្ងៀមនៅ។ ខ្ញុំចាំទុកនូវរឿងនេះដោយអាការស្ងៀមយ៉ាងនេះ។ ម្នាលភិក្ខុទាំង​ឡាយ អ្នក ទាំងឡាយ គប្បីសំដែងឡើងនូវសិក្ខាបទនេះ យ៉ាងនេះថា ភិក្ខុឱ្យគេ ធ្វើសន្ថ័ត ថ្មីគប្បី ប្រើប្រាស់ឱ្យអស់៦ឆ្នាំ។ បើមិន ទាន់ដល់៦ឆ្នាំទេ លះចោលសន្ថ័តនោះក្ដី មិន​លះចោលក្ដី ហើយឱ្យគេ ធ្វើសន្ថ័តថ្មីដទៃទៀត វៀរលែងតែភិក្ខុបានសម្មតិ (អំពីសង្ឃ) សន្ថ័តនោះ ជានិស្សគ្គិយ ភិក្ខុនោះត្រូវអាបត្ដិបាចិត្ដិយ។

[៨៨] សន្ថ័តដែលទើបនឹងធ្វើ ហៅថា សន្ថ័តថ្មី។ គ្រឿង កម្រាលដែល​គេគ្រាន់​តែស្មាច់​មិនបាន​ត្បាញ ហៅថា សន្ថ័ត។ ត្រង់ពាក្យថា ឱ្យគេធ្វើនោះ គឺធ្វើឯង ឬឱ្យគេធ្វើ។ ពាក្យថា គប្បីប្រើប្រាស់ ឱ្យអស់៦ឆ្នាំ គឺគប្បីប្រើប្រាស់យ៉ាងច្រើនត្រឹម៦ឆ្នាំ។ ពាក្យថា បើមិន ទាន់ដល់៦ឆ្នាំទេ គឺថយពី៦ឆ្នាំចុះមក។ ពាក្យថា លះចោលសន្ថ័តនោះក្ដី គឺបានឱ្យ​សន្ថ័តនោះ​ទៅអ្នកដទៃ។ ពាក្យថា មិនលះចោលក្ដី គឺ មិនបានឱ្យដល់អ្នកណានីមួយ។ ពាក្យថា វៀរលែង​តែភិក្ខុដែលបាន សម្មតិ (អំពីសង្ឃ) គឺលើកលែងនូវភិក្ខុដែលបានសម្មតិ (អំពីសង្ឃ)។ (កាល​ប្រើប្រាស់សន្ថ័តចាស់មិនទាន់គ្រប់៦ឆ្នាំ) ភិក្ខុធ្វើឯងក្ដី ឱ្យគេធ្វើក្ដី នូវសន្ថ័តដទៃថ្មីទៀត ត្រូវអាបត្ដិ​ទុក្កដក្នុងប្រយោគដែលធ្វើ សន្ថ័តនោះជា និស្សគ្គិយក្នុង​ខណៈ​ដែលបាន​មកភិក្ខុ​ត្រូវលះដល់សង្ឃ ឬគណៈឬបុគ្គល។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុគប្បី​លះយ៉ាងនេះថា។បេ។ បពិត្រព្រះសង្ឃ ដ៏ចំរើន សន្ថ័តនេះខ្ញុំឱ្យគេធ្វើថ្មី (តែខ្ញុំប្រើប្រាស់សន្ថ័តចាស់) មិនទាន់ ដល់ ៦ ឆ្នាំនៅឡើយ (សន្ថ័តថ្មី) ជានិស្សគ្គិយ ព្រោះគ្មានភិក្ខុសម្មតិ ខ្ញុំសូមលះ​នូវសន្ថ័ត​នេះ​ដល់សង្ឃ។ បេ។ សង្ឃគប្បីឱ្យ។បេ។ លោក ដ៏មានអាយុទាំងឡាយគប្បីឱ្យ។បេ។ ខ្ញុំឱ្យដល់​លោកដ៏​មានអាយុ។

[៨៩] ភិក្ខុធ្វើសន្ថ័តដោយខ្លួនឯងមិនទាន់ហើយ (គ្រាក្រោយ) ទើបបង្ហើយដោយខ្លួនឯង ត្រូវនិស្សគ្គិយបាចិត្ដិយ។ ភិក្ខុធ្វើសន្ថ័ត ដោយខ្លួនឯងមិនទាន់ហើយ ឱ្យអ្នកដទៃធ្វើបង្ហើយ ក៏ត្រូវ​និស្សគ្គិយបាចិត្ដិយ។ អ្នកដទៃធ្វើមិនទាន់ហើយ ភិក្ខុធ្វើបង្ហើយដោយខ្លួនឯង ក៏ត្រូវ​និស្សគ្គិយ​​បាចិត្ដិយ។ អ្នកដទៃធ្វើមិនទាន់ហើយ ភិក្ខុឱ្យអ្នកដទៃធ្វើបង្ហើយ ក៏ត្រូវនិស្សគ្គិយ​បាចិត្ដិយ។

[៩០] អាបត្ដិមិនមានដល់ភិក្ខុប្រើប្រាស់សន្ថ័តចាស់ដល់៦ឆ្នាំ ហើយធ្វើសន្ថ័តថ្មីទៀត មិនមាន​ដល់ភិក្ខុ​ប្រើប្រាស់សន្ថ័តចាស់លើសពី៦ឆ្នាំ ហើយធ្វើសន្ថ័តថ្មី មិនមាន​ដល់ភិក្ខុធ្វើ​ដោយ​ខ្លួនឯង ឬឱ្យអ្នកដទៃធ្វើ ដើម្បីប្រយោជន៍ដល់អ្នកដទៃ មិនមានដល់​ភិក្ខុបាន​សន្ថ័ត​ដែល​អ្នកដទៃ​ធ្វើ យកមកប្រើប្រាស់ មិនមានដល់ភិក្ខុយកសន្ថ័តធ្វើជាពិតានក្ដី ជាកម្រាល​ផ្ទៃដែល​គេបូកលាបក្ដី ជារនាំងបាំងក្ដី ជាពូកក្ដី ជាខ្នើយក្ដី មិនមានដល់ភិក្ខុដែល​បាន​សម្មតិ មិនមាន​ដល់ភិក្ខុឆ្កួត មិនមាន​ដល់ភិក្ខុ​ជា​ខាងដើមបញ្ញត្ដិ។

សិក្ខាបទទី៤ ចប់។

សិក្ខាបទទី

[៩១] សម័យនោះ ព្រះសម្ពុទ្ធដ៏មានព្រះភាគ ទ្រង់គង់ក្នុងវត្ដជេតពន របស់អនាថបិណ្ឌិក​សេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង ព្រះដ៏មានព្រះភាគត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុ​ទាំងឡាយ តថាគតប្រាថ្នាដើម្បីនឹងលាក់ខ្លួនសម្ងំបានបីខែ អ្នកណាមូយ​កុំគប្បី​ចូល ទៅរក​តថាគត លើកលែងតែភិក្ខុ១រូប ដែលជាអ្នកនាំយកនូវបិណ្ឌបាតទៅឱ្យ ភិក្ខុ​ទាំង​នោះ​ទទួល​ព្រះពុទ្ធដីកា​ថា ព្រះករុណា ព្រះអង្គ ភិក្ខុនីមួយ​មិនបានចូលមករក​ព្រះដ៏មាន​ព្រះភាគ​ក្នុងទីនេះ​ជាប្រាកដ លើកលែងតែភិក្ខុ១ រូបដែលជាអ្នកនាំយក​បិណ្ឌបាត​ទៅថ្វាយ។ ក៏វេលានោះឯង សង្ឃក្នុងក្រុងសាវត្ថីបានប្ដេជ្ញាគ្នាថា ម្នាលអាវុសោ ព្រះដ៏មានព្រះភាគ ប្រាថ្នា​ដើម្បី​នឹងសម្រាកព្រះអង្គនៅបានបីខែ ភិក្ខុណាមួយកុំគប្បីចូល​ទៅគាល់ព្រះអង្គ លើក​លែង​តែភិក្ខុ ១ រូប ដែលជាអ្នកនាំយកបិណ្ឌបាត ទៅថ្វាយនោះ ភិក្ខុណាចូល​ទៅគាល់ព្រះអង្គ ភិក្ខុដទៃ​ត្រូវឱ្យ​ភិក្ខុនោះសំដែងអាបត្ដិបាចិត្ដិយចេញ។

[៩២] គ្រានោះ ភិក្ខុឧបសេនវង្គន្ដបុត្រដ៏មានអាយុព្រមដោយបរិសទ្យ បានចូល​ទៅគាល់​សម្ដេច​ព្រះដ៏មានព្រះភាគ ត្រង់ទីដែលព្រះអង្គគង់នៅ លុះចូលទៅ​ដល់ហើយ បានថ្វាយ​បង្គំគាល់ព្រះអង្គក្នុងទីដ៏សមគួរ។ សេចក្ដីស្រុះស្រួល​រាក់ទាក់មួយ​អន្លើដោយ​ពួកអាគន្ដុក​ភិក្ខុនេះ ជាកិច្ចដែលព្រះពុទ្ធដ៏មានព្រះភាគទាំងឡាយ ទ្រង់ប្រព្រឹត្ដសន្សំទុកមកហើយ។ គ្រានោះ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់សួរពាក្យនេះនឹងឧបសេនភិក្ខុវង្គន្ដបុត្រដ៏មានអាយុថា ម្នាល​ឧបសេន អ្នករាល់គ្នាល្មមធន់ទ្រាំបានដែរឬ អ្នករាល់គ្នាល្មមប្រព្រឹត្ដទៅបានស្រួលដែរឬ អ្នករាល់គ្នាដើរផ្លូវឆ្ងាយមក មិនលំបាកទេឬ។ ភិក្ខុទាំងឡាយក្រាបទូលថា បពិត្រ​ព្រះដ៏មាន ព្រះភាគ យើងខ្ញុំទាំងឡាយល្មមធន់ទ្រាំបាន បពិត្រព្រះដ៏មានព្រះភាគ យើងខ្ញុំ​ទាំងឡាយ​ល្មមប្រព្រឹត្ដទៅបានស្រួល ម្យ៉ាងទៀត បពិត្រព្រះអង្គដ៏ចំរើន យើងខ្ញុំទាំង​ឡាយ​ ដើរផ្លូវឆ្ងាយ​មកមិនបានលំបាកទេ។ ក៏សម័យនោះឯង ភិក្ខុជាសទ្ធិវិហារិករបស់​ឧបសេនវង្គន្ដបុត្រ​ដ៏មាន​អាយុអង្គុយជិតព្រះដ៏មានព្រះភាគ។ លំដាប់នោះ ព្រះដ៏មាន​ព្រះភាគ ទ្រង់ត្រាស់សួរ ភិក្ខុនោះ​យ៉ាងនេះថា ម្នាលភិក្ខុ បំសុកូលទាំងឡាយ​ជាទីគាប់ចិត្ដរបស់អ្នក ដែរឬ។ ភិក្ខុនោះ​ក្រាបទូលថា បពិត្រព្រះអង្គដ៏ចំរើន បំសុកូល​ទាំងឡាយ មិនជាទីគាប់ចិត្ដរបស់ខ្ញុំព្រះអង្គទេ។ ព្រះដ៏មានព្រះភាគត្រាស់សួរថា ម្នាល​ភិក្ខុ ក៏អ្នកប្រព្រឹត្ដបំសុកូល(នោះ) ដើម្បីអ្វី។ ភិក្ខុនោះ​ក្រាបទូលថា បពិត្រព្រះអង្គដ៏ចំរើន (ព្រោះ) ឧបជ្ឈាយ៍របស់ខ្ញុំព្រះអង្គប្រព្រឹត្ដបំសុកូល ខ្ញុំព្រះអង្គក៏ត្រូវប្រព្រឹត្ដបំសុកូល​យ៉ាង​នោះដែរ។ គ្រានោះព្រះដ៏មាន ព្រះភាគទ្រង់​ត្រាស់សួរ​ភិក្ខុ​ឧបសេនវង្គន្ដបុត្រ​ដ៏មាន​អាយុ​យ៉ាងនេះថា ម្នាលឧបសេន បរិសទ្យរបស់​អ្នកនេះ​ប្រកប​ដោយ​សេចក្ដីជ្រះថ្លា ម្នាល​ឧបសេន អ្នកទូន្មានបរិសទ្យដូចម្ដេច។ ឧបសេនភិក្ខុ​ដ៏មាន​អាយុក្រាប ទូលថា បពិត្រ​ព្រះអង្គដ៏ចំរើន កុលបុត្រណាមកសូមឧបសម្បទានឹងខ្ញុំព្រះអង្គ ៗរមែងប្រាប់​កុលបុត្រ​នោះយ៉ាងនេះថា ម្នាលអាវុសោ ខ្ញុំជាអ្នកប្រព្រឹត្ដនៅព្រៃ ជាអ្នក​ប្រព្រឹត្ដ​បិណ្ឌបាត ជាអ្នក​ប្រព្រឹត្ដបំសុកូល បើអ្នកនឹងជាអ្នកប្រព្រឹត្ដនៅព្រៃ ជាអ្នកប្រព្រឹត្ដបិណ្ឌបាត ជាអ្នកប្រព្រឹត្ដ​បំសុកូលដែរ ខ្ញុំនឹងឱ្យអ្នកបានឧបសម្បទា បើអ្នកណាទទួលស្ដាប់ខ្ញុំព្រះអង្គ ៗនឹងឱ្យអ្នក​នោះបានឧបសម្បទា បើអ្នកណាមិនទទួលស្ដាប់ខ្ញុំព្រះអង្គទេ ខ្ញុំព្រះអង្គ​មិនឱ្យ​អ្នកនោះ​បានឧបសម្បទាទេ អ្នកណាសូមនិស្ស័យនឹងខ្ញុំព្រះអង្គ ៗនឹង​ប្រាប់អ្នក​នោះ​យ៉ាងនេះ​ថា ម្នាលអាវុសោ ខ្ញុំជាអ្នក ប្រព្រឹត្ដនៅព្រៃ ជាអ្នកប្រព្រឹត្ដបិណ្ឌបាត ជាអ្នកប្រព្រឹត្ដបំសុកូល បើអ្នកឯងនឹងជាអ្នកប្រព្រឹត្ដនៅព្រៃ ជាអ្នកប្រព្រឹត្ដបិណ្ឌបាត ជាអ្នកប្រព្រឹត្ដបំសុកូលដែរ ខ្ញុំនឹងឱ្យនិស្ស័យដល់អ្នក បើអ្នកណាទទួលស្ដាប់ ខ្ញុំព្រះអង្គ ៗនឹងឱ្យនិស្ស័យដល់អ្នកនោះ បើមិនទទួលស្ដាប់ខ្ញុំព្រះអង្គទេ ខ្ញុំព្រះអង្គមិនឱ្យនិស្ស័យដល់អ្នកនោះទេ បពិត្រព្រះអង្គ​ដ៏ចំរើន ខ្ញុំព្រះអង្គ រមែង​ណែនាំបរិសទ្យដោយអាការយ៉ាងនេះឯង។ ព្រះដ៏មានព្រះភាគ ត្រាស់ប្រទាន​ពរសាធុការថា ឧបសេន ល្អហើយៗ ឧបសេន អ្នកណែនាំ​បរិសទ្យល្អ​ពិត​ហើយ ឧបសេន អ្នកដឹង​សេចក្ដីប្ដេជ្ញារបស់សង្ឃ ក្នុងក្រុងសាវត្ថីដែរឬទេ។ ឧបសេនភិក្ខុ​ក្រាបទូលថា បពិត្រ​ព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គមិនបានដឹងសេចក្ដីប្ដេជ្ញារបស់​សង្ឃក្នុងក្រុង​សាវត្ថីទេ។ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់ថាម្នាលឧបសេន សង្ឃបានប្ដេជ្ញាហើយ​ក្នុង​ក្រុង​​សាវត្ថីថា អាវុសោ ព្រះដ៏មានព្រះភាគទ្រង់ប្រាថ្នាដើម្បីនឹងសម្ងំ​សម្រាកព្រះអង្គ​នៅ​អស់បីខែ ភិក្ខុណាមួយកុំ​គប្បីចូល​ទៅគាល់ព្រះអង្គ លើកលែងតែភិក្ខុ១ រូប អ្នកនាំ​យកបិណ្ឌបាតទៅថ្វាយ ភិក្ខុណា​ចូលទៅ​គាល់ព្រះអង្គ ភិក្ខុដទៃគប្បីឱ្យភិក្ខុនោះ​សំដែង​អាបត្ដិបាចិត្ដិយចេញ។ ភិក្ខុឧបសេន ក្រាបទូលថា បពិត្រព្រះអង្គដ៏ចំរើន សង្ឃក្នុង​ក្រុងសាវត្ថីបានបញ្ញត្ដដោយ សេចក្ដីប្ដេជ្ញា​របស់ខ្លួន ខ្ញុំព្រះអង្គទាំងឡាយនឹងមិន​បញ្ញត្ដនូវ​ហេតុដែល ព្រះអង្គមិនទាន់បានបញ្ញត្ដទេ ម្យ៉ាង​ទៀត នឹងមិនដកចេញនូវសិក្ខាបទ ដែលទ្រង់បានបញ្ញត្ដទុកហើយទេ នឹងប្រព្រឹត្ដ​កាន់យក​តាម​សិក្ខាបទដែល ទ្រង់បញ្ញត្ដទុក​មកហើយ។ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់ថា ល្អណាស់​ហើយឧបសេន ភិក្ខុមិនត្រូវ​បញ្ញត្ដនូវសិក្ខាបទដែលតថាគតមិនទាន់បានបញ្ញត្ដហើយ ម្យ៉ាង​ទៀត​មិនត្រូវដកនូវ​សិក្ខាបទ​ដែលតថាគតបញ្ញត្ដហើយ ត្រូវ​ប្រព្រឹត្ដកាន់យក​តាមសិក្ខាបទ​ដែល​តថាគតបាន​បញ្ញត្ដទុកហើយ ឧបសេន តថាគតអនុញ្ញាតឱ្យភិក្ខុអ្នកប្រព្រឹត្ដនៅព្រៃ អ្នកប្រព្រឹត្ដ​បិណ្ឌបាត នឹងប្រព្រឹត្ដបំសុកូលចូលទៅរកតថាគតតាមសប្បាយចុះ។ ក៏គ្រានោះឯង ភិក្ខុច្រើនរូបឈរនៅជិតក្លោងទ្វារខាងក្រៅបាននិយាយគ្នាថា យើងទាំងឡាយ ត្រូវឱ្យ​លោក​​ឧបសេនវង្គន្ដបុត្រដ៏មានអាយុសំដែងអាបត្ដិបាចិត្ដិយចេញ។ វេលានោះ ឧបសេន​ភិក្ខុ​វង្គន្ដបុត្រ​ដ៏មាន​អាយុព្រមទាំងបរិសទ្យ ក្រោកចេញចាកអាសនៈ ហើយថ្វាយបង្គំ​ព្រះដ៏មាន​ព្រះភាគ​ធ្វើប្រទក្សិណ​​ហើយចៀសចេញទៅ។ ភិក្ខុទាំងនោះ​បាននិយាយ​ពាក្យ​នេះ​នឹង​ឧបសេន​វង្គន្ដបុត្រ​ដ៏មានអាយុក្នុងវេលានោះថា អាវុសោឧបសេន អ្នកដឹង សេចក្ដី​ប្ដេជ្ញា របស់សង្ឃ​ក្នុងក្រុងសាវត្ថីដែរឬ។ ឧបសេនភិក្ខុបាននិយាយតបថា អាវុសោ ព្រះដ៏មានព្រះភាគ​ក៏បានត្រាស់​សួរ​ខ្ញុំយ៉ាងនេះថា ម្នាលឧបសេន អ្នកបានដឹង​សេចក្ដី​ប្ដេជ្ញា​​របស់សង្ឃ​ក្នុង​ក្រុងសាវត្ថីទេ ខ្ញុំទូលតបថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គមិន​បានដឹងសេចក្ដី​ប្ដេជ្ញា​របស់​សង្ឃក្នុងក្រុងសាវត្ថីទេ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់ថា ម្នាល​ឧបសេន សេចក្ដី​ប្ដេជ្ញា​សង្ឃបាន​ធ្វើហើយក្នុងក្រុងសាវត្ថីថា ម្នាលអាវុសោ ព្រះដ៏មាន​ព្រះភាគ ​ទ្រង់ប្រាថ្នានឹង​សម្ងំសម្រាក​ព្រះអង្គនៅអស់បីខែ ភិក្ខុ ណាមួយកុំគប្បី​ចូលទៅ​គាល់ព្រះដ៏មានព្រះភាគ លើក​លែងតែភិក្ខុ ១ រូប​ អ្នកនាំយកបិណ្ឌបាតទៅថ្វាយប៉ុណ្ណោះ ភិក្ខុណាចូល​ទៅគាល់​ព្រះដ៏មានព្រះភាគ ភិក្ខុដទៃត្រូវឱ្យភិក្ខុនោះសំដែងអាបត្ដិបាចិត្ដិយ​ចេញ ខ្ញុំទូលតបថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន សង្ឃក្នុងក្រុងសាវត្ថីបាន​បញ្ញត្ដដោយ​សេចក្ដី​ប្ដេជ្ញារបស់ខ្លួន ខ្ញុំព្រះអង្គ​ទាំងឡាយ នឹងមិនបញ្ញត្ដនូវហេតុដែលព្រះអង្គមិន​ទាន់បាន​បញ្ញត្ដ ម្យ៉ាងទៀត នឹងមិនដក​នូវពុទ្ធប្បញ្ញត្ដិដែលព្រះអង្គ បានបញ្ញត្ដទុកស្រេចហើយ នឹងប្រព្រឹត្ដកាន់​យកតាម​សិក្ខាបទ​ដែល​ព្រះអង្គទ្រង់បញ្ញត្ដទុកមកហើយ ម្នាលអាវុសោ ព្រះដ៏មានព្រះភាគ​ទ្រង់អនុញ្ញាត​ហើយ​ថា ភិក្ខុទាំងឡាយណាជាអ្នកប្រព្រឹត្ដនៅព្រៃ ជា​អ្នក ប្រព្រឹត្ដបិណ្ឌបាត ជាអ្នកប្រព្រឹត្ដបង្សុកូល ភិក្ខុទាំងឡាយនោះចូលមករក តថាគត​តាមសប្បាយចុះ។ គ្រានោះ ភិក្ខុទាំងនោះ​បានពោលថា ឧបសេនភិក្ខុ វង្គន្ដបុត្រ​ដ៏មានអាយុ បានពោលពាក្យពិតមែន ភិក្ខុមិនត្រូវបញ្ញត្ដ នូវសិក្ខាបទ​ដែលព្រះអង្គ​មិនទាន់បានបញ្ញត្ដ ម្យ៉ាងទៀត មិនត្រូវដកនូវ សិក្ខាបទ​ដែល​ព្រះអង្គទ្រង់​បញ្ញត្ដទុក​មក​ហើយ ត្រូវប្រព្រឹត្ដកាន់យកតាម សិក្ខាបទ​ដែល​ព្រះអង្គទ្រង់​បញ្ញត្ដទុកមកហើយ។

[៩៣] ភិក្ខុទាំងឡាយបានឮ (ដំណឹង)ថា ឮថាព្រះដ៏មាន ព្រះភាគទ្រង់​អនុញ្ញាត​ឱ្យភិក្ខុអ្នក​ប្រព្រឹត្ដ​នៅព្រៃ អ្នកប្រព្រឹត្ដបិណ្ឌបាត អ្នកប្រព្រឹត្ដបំសុកូល ចូលទៅរកតថាគត​តាម​សប្បាយ​​ចុះ។ ភិក្ខុទាំងនោះកាលប្រាថ្នានឹងឃើញព្រះដ៏មានព្រះភាគ ទើបលះចោល​នូវ​សន្ថ័ត​​ទាំង​ឡាយ ហើយសមាទានអារញ្ញកង្គធុតង្គ បិណ្ឌបាតិកង្គធុតង្គ និង​បំសុកូលិកង្គ​ធុតង្ដ។ លំដាប់​នោះ ព្រះដ៏មានព្រះភាគទ្រង់យាងទៅកាន់ ចារិកសេនាសនៈ ព្រម​ដោយ​ភិក្ខុ​ទាំងឡាយ​​ច្រើនរូប បានទតព្រះនេត្រឃើញនូវសន្ថ័តទាំងឡាយ ដែលពួកភិក្ខុ​ចោល​រាត់រាយក្នុងទីនោះ ៗ លុះ ទតឃើញហើយទើបត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុ​ទាំងឡាយ ហេតុអ្វី ពួកអ្នកក៏លះចោលសន្ថ័តទាំងឡាយនេះក្នុងទីនោះៗ។ ទើបភិក្ខុ ទាំង​នោះ​ក្រាបទូល​ព្រះដ៏មានព្រះភាគ​តាមដំណើរនុ៎ះ។ ព្រោះនិទាននេះ ព្រោះដំណើរនេះ ព្រះដ៏មានព្រះភាគ​ទើបទ្រង់​ធ្វើធម្មីកថា ហើយត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំង​ឡាយ បើដូច្នោះ តថាគតនឹងបញ្ញត្ដសិក្ខាបទដល់ភិក្ខុទាំងឡាយ ព្រោះអាស្រ័យអំណាច​ប្រយោជន៍​ដប់យ៉ាង គឺ ដើម្បីសេចក្ដីប្រពៃដល់សង្ឃ ១ ដើម្បីសេចក្ដីសប្បាយដល់សង្ឃ ១ ដើម្បីនឹងសង្កត់​សង្កិន​នូវបុគ្គល​ទាំងឡាយអ្នកមានគំនិតអាក្រក់ ១ ដើម្បីនៅសប្បាយ​នៃ​ភិក្ខុទាំងឡាយ​អ្នកមាន​សីលជាទីស្រឡាញ់ ១ ដើម្បីឃាត់ ហាមនូវអាសវៈ​ទាំងឡាយ​ជា​បច្ចុប្បន្ន ១ ដើម្បី​ឃាត់ហាម​នូវអាសវៈ​ទាំងឡាយដែល​នឹងមាន​ទៅខាងមុខ​ ១ ដើម្បី​សេចក្ដី​ជ្រះថ្លា​នៃបុគ្គល​ទាំងឡាយ​អ្នកមិន​ទាន់ជ្រះថ្លា ១ ដើម្បីញុំាងបុគ្គលអ្នកជ្រះថ្លា​ហើយ​​ឱ្យរឹងរឹតតែជ្រះថ្លាឡើង ១ ដើម្បីតាំងនៅនៃព្រះសទ្ធម្ម ១ ដើម្បី​សេចក្ដី​អនុគ្រោះ​ដល់ព្រះវិន័យ ១ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីសំដែងឡើងនូវ​សិក្ខាបទ​នេះ​យ៉ាងនេះថា ភិក្ខុកាល​ឱ្យគេធ្វើ​សន្ថ័តសម្រាប់​ទ្រាប់អង្គុយ គប្បីយកសន្ថ័តចាស់ ១ ចំអាម​ព្រះសុគតដោយជុំវិញ (មកផ្សំលាយនឹងសន្ថ័តថ្មី) ដើម្បីនឹងធ្វើសន្ថ័តថ្មីនោះឱ្យខូចពណ៌។ បើភិក្ខុឱ្យគេធ្វើនិសីទនសន្ថ័តថ្មី មិនយកសន្ថ័តចាស់ ១ ចំអាមព្រះសុគតដោយជុំវិញ (មក​ផ្សំលាយនឹង សន្ថ័តថ្មីទេ) សន្ថ័តនោះជានិស្សគ្គិយ ភិក្ខុត្រូវ​អាបត្ដិបាចិត្ដិយ។

[៩៤] ដែលហៅថា និសីទនៈនោះ គឺកម្រាលដែលប្រកបដោយជាយ។ ដែលហៅថា សន្ថ័ត​នោះ គឺកម្រាលដែលគេគ្រាន់តែស្មាច់ មិនបានត្បាញ។ ត្រង់ពាក្យថា ឱ្យគេធ្វើ​គឺធ្វើ​ឯងឬឱ្យគេធ្វើ។ សន្ថ័តសូម្បីស្លៀកម្ដង សូម្បីដណ្ដប់ម្ដង [អដ្ឋកថា ពន្យល់ថា អង្គុយ​ម្ដង​ដេកម្ដង។] ហៅថាសន្ថ័តចាស់។ ពាក្យថា គប្បីយកសន្ថ័តចាស់១ ចំអាម​ព្រះសុគត​ដោយ​ជុំវិញ (មកលាយនឹងសន្ថ័តថ្មី) ដើម្បីធ្វើសន្ថ័តថ្មីនោះឱ្យខូចពណ៌ គឺថា ភិក្ខុត្រូវកាត់ (សន្ថ័តចាស់) ជាវង់មូលក្ដី ជាបួនជ្រុងក្ដី ហើយយកមកលាតក្រាលលាយចុះក្នុងទីមួយ ឬសិត​ហើយលាតក្រាលក្ដី ដើម្បីធ្វើឱ្យជារបស់ខ្ជាប់ខ្ជួន។ ពាក្យថា បើភិក្ខុមិនយក​សន្ថ័ត​ចាស់ ១ ចំអាមព្រះសុគតដោយជុំវិញ (មកលាយនឹងសន្ថ័តថ្មីទេ ) គឺថា ភិក្ខុធ្វើឯងក្ដី ឱ្យគេ​ធ្វើក្ដី នូវសន្ថ័តសម្រាប់ទ្រាប់អង្គុយថ្មី មិនយកសន្ថ័តចាស់១ ចំអាមព្រះសុគត​ដោយជុំវិញ​មក​លាយ ត្រូវអាបត្ដិ ទុក្កដក្នុងប្រយោគដែលធ្វើ សន្ថ័តនោះជានិស្សគ្គិយក្នុង​ខណៈដែល​បានមក ភិក្ខុគប្បីលះដល់សង្ឃ ឬគណៈ ឬបុគ្គលក៏បាន។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុគប្បី​លះយ៉ាងនេះ។បេ។ បពិត្រព្រះសង្ឃដ៏ចំរើន សន្ថ័តសម្រាប់ទ្រាប់អង្គុយនេះ ខ្ញុំឱ្យគេ​ធ្វើមិន​បាន​កាត់យកសន្ថ័តចាស់១ ចំអាមព្រះសុគតដោយជុំវិញមកលាយ ជានិស្សគ្គិយ ខ្ញុំសូម​លះ​​សន្ថ័តនេះដល់សង្ឃ។បេ។ សង្ឃគប្បីឱ្យ។បេ។ លោកដ៏មានអាយុទាំងឡាយគប្បី​ឱ្យ។បេ។ ខ្ញុំឱ្យដល់លោកដ៏មានអាយុ។

[៩៥] ភិក្ខុធ្វើសន្ថ័តដោយខ្លួនឯងនៅមិនទាន់ហើយ (គ្រាក្រោយ) ធ្វើ​ឱ្យហើយ​ដោយ​ខ្លួន​ឯង​ម្ដង​ទៀត ត្រូវនិស្សគ្គិយបាចិត្ដិយ។ ភិក្ខុធ្វើខ្លួនឯងមិនទាន់ហើយ ឱ្យអ្នកដទៃបង្ហើយ ក៏ត្រូវ​និស្សគ្គិយ​បាចិត្ដិយ។ អ្នកដទៃធ្វើមិនទាន់ហើយ ភិក្ខុធ្វើឱ្យហើយដោយខ្លួនឯង ក៏ត្រូវ​និស្សគ្គិយ​បាចិត្ដិយ។ អ្នកដទៃធ្វើមិនទាន់ហើយ ភិក្ខុឱ្យអ្នកដទៃធ្វើបង្ហើយ ក៏ត្រូវនិស្សគ្គិយ​បាចិត្ដិយ។ ភិក្ខុធ្វើខ្លួន​ឯងក្ដី ឱ្យអ្នកដទៃធ្វើក្ដី ដើម្បី ប្រយោជន៍អ្នកដទៃ ត្រូវអាបត្ដិទុក្កដ។

[៩៦] អាបត្ដិមិនមានដល់ភិក្ខុធ្វើសន្ថ័តថ្មីយកសន្ថ័តចាស់១ចំអាម ព្រះសុគតដោយជុំវិញ​មកលាយ មិនមានដល់ភិក្ខុកាលរកសន្ថ័តចាស់មិនបាន១ ចំអាមធ្វើលាយតែបន្ដិច មិន​មាន​​ដល់ភិក្ខុ​កាលរកសន្ថ័តចាស់បន្ដិច មិនបានធ្វើ មិនបានលាយ មិនមានដល់​ភិក្ខុបាន​សន្ថ័តដែលអ្នកដទៃធ្វើយកមកប្រើប្រាស់ មិនមានដល់ភិក្ខុធ្វើជាពិតានក្ដី ជាកម្រាល​ផ្ទៃ​ដែល​គេ បូកលាបក្ដី ជារនាំងបាំងក្ដី ជាពូកក្ដី ជាខ្នើយក្ដី មិនមានដល់ភិក្ខុឆ្កួត មិនមាន​ដល់​ភិក្ខុជា​ខាងដើមបញ្ញត្ដិ។

សិក្ខាបទទី៥ ចប់។

សិក្ខាបទទី៦

[៩៧] សម័យនោះ ព្រះសម្ពុទ្ធដ៏មានព្រះភាគ ទ្រង់គង់ក្នុងវត្ដជេតពន របស់​អនាថបិណ្ឌិក​សេដ្ឋី ជិតក្រុងសាវត្ថី។ ក៏គ្រានោះឯង កាលភិក្ខុមួយរូបទៅកាន់ក្រុងសាវត្ថី ក្នុងកោសល​ជនបទ ក៏បានរោមចៀមជាច្រើនក្នុងពាក់កណ្ដាលផ្លូវ (ដោយទាយកប្រគេន)។ ភិក្ខុនោះ​ក៏ចង់​វេចរោម​ចៀមទាំងឡាយនោះជាបង្វេចដោយឧត្ដរាសង្គ (ចីពរ) ហើយទៅ។ មនុស្ស​ទាំងឡាយ​ឃើញភិក្ខុ​នោះ​ហើយ​នាំគា្ននិយាយចំអកថា ព្រះករុណារោមចៀមព្រះករុណា​ទិញ​មកថ្លៃប៉ុន្មាន នឹង​បាន​ចំណេញ​ប៉ុន្មាន។ កាលមនុស្សទាំងឡាយនោះ និយាយចំអក​ដូច្នោះហើយ ភិក្ខុនោះ​ក៏មាន​សេចក្ដី​អៀនខ្មាស។ លុះភិក្ខុនោះទៅដល់ក្រុងសាវត្ថី ក៏ឈរ​ទំលាក់​រោមចៀម​ទាំងនោះ។ ភិក្ខុ​ទាំងឡាយ​បាន​និយាយនឹងភិក្ខុនោះយ៉ាងនេះថា ម្នាល​អាវុសោ អ្នកឈរទំលាក់​ចោលនូវរោម​ចៀមទាំងនេះ​ដើម្បីអ្វី។ ភិក្ខុនោះនិយាយតបថា អាវុសោ ព្រោះហេតុ​តែរោមចៀម​ទាំងនេះ បានជា​មនុស្សទាំង​ឡាយ​នាំគ្នានិយាយចំអកខ្ញុំ ហេតុនេះឯង (ទើបខ្ញុំទំលាក់​ចោលចេញ)។ ភិក្ខុទាំងឡាយនោះសួរថា ម្នាលអាវុសោ ក៏​លោកនាំ​យករោមចៀម​ទាំងនេះមកអំពីទីមានចម្ងាយប៉ុន្មាន។ ភិក្ខុនោះឆ្លើយថា អាវុសោ ខ្ញុំនាំរោមចៀម​ទាំងនេះមក​អស់ទីឆ្ងាយ​ជាងបីយោជន៍។ ភិក្ខុទាំងឡាយណា មាន​សេចក្ដី​ប្រាថ្នាតិច។បេ។ ភិក្ខុទាំងឡាយ​នោះពោលទោស តិះដៀល បន្ដុះបង្អាប់ថា ភិក្ខុមិនសមបើ​នឹង​នាំ​យក​រោមចៀមមក​ឆ្ងាយជាងបីយោជន៍ដូច្នេះឡើយ។ គ្រានោះ ភិក្ខុទាំងនោះ ក៏​ក្រាប​ទូល​ដំណើរ​នុ៎ះ​ដល់​ព្រះដ៏មានព្រះភាគ។ ព្រះដ៏មានព្រះភាគត្រាស់សួរថា ម្នាលភិក្ខុ ឮថា​អ្នកឯងនាំយក​រោម​ចៀម​មកឆ្ងាយជាងបីយោជន៍ ពិតមែនឬ។ ភិក្ខុនោះក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ដំណើរ​នោះពិតមែន។ ព្រះសម្ពុទ្ធដ៏មានព្រះភាគទ្រង់​តិះដៀល​ថា ម្នាលមោឃបុរស ហេតុដូច​ម្ដេច​បានជាអ្នកឯងនាំយករោមចៀមមក​កាន់ចម្ងាយ​ផ្លូវ​ជាង​បីយោជន៍ដូច្នេះ ម្នាល​មោឃបុរស អំពើ​ដែលអ្នកធ្វើនេះ មិនមែននាំ​ឱ្យកើត​សេចក្ដី​ជ្រះថ្លា​ដល់ជនទាំងឡាយដែលមិនទាន់ជ្រះថ្លាទេ មិន​មែនញុំាងអ្នកដែល​ជ្រះថ្លាហើយ​ឱ្យរឹងរឹតតែជ្រះថ្លាឡើងទៀតទេ។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ​គប្បីសំដែង​ឡើងនូវ​សិក្ខាបទនេះយ៉ាងនេះថា រោមចៀម​ទាំងឡាយ​​កើត​ឡើង​ដល់​ភិក្ខុ​អ្នកដើរផ្លូវឆ្ងាយ កាលបើភិក្ខុប្រាថ្នា គប្បីទទួលយកបាន លុះទទួល​ហើយ បើមិនមាន​អ្នកនាំ​យក​ទៅឱ្យទេ គប្បីនាំយកទៅដោយ​ដៃខ្លួនឯង​កាន់ចម្ងាយ​ផ្លូវយ៉ាងច្រើនត្រឹមបីយោជន៍ កាល​បើ​មិន​មាន​អ្នកនាំយកទៅឱ្យទេ ភិក្ខុនាំយក​រោមចៀម​ទៅដោយ​ខ្លួនឯងលើសពីកំណត់នោះទៅ រោម​ចៀម​នោះជានិស្សគ្គិយ ភិក្ខុនោះត្រូវ​អាបត្ដិបាចិត្ដិយ។

[៩៨] ត្រង់ពាក្យថា ភិក្ខុអ្នកដើរផ្លូវឆ្ងាយ គឺភិក្ខុអ្នកដើរទៅតាមផ្លូវ។ ពាក្យថា រោម​ចៀម​ទាំង​ឡាយ​កើតឡើង គឺថារោមចៀមទាំងឡាយកើតឡើងអំពីសង្ឃក្ដី អំពីគណៈក្ដី អំពីញាតិក្ដី អំពី​មិត្រ​ក្ដី អំពីបង្សុកូលក្ដី ដោយទ្រព្យរបស់ខ្លួនក្ដី។ ពាក្យថា កាលបើភិក្ខុប្រាថ្នា គឺថា កាល​បើ​ភិក្ខុ​ចង់​បាន ត្រូវទទួលយកបាន។ ពាក្យថាលុះទទួលហើយ គប្បីនាំទៅ​ដោយ​ដៃខ្លួន ឯងកាន់​ចម្ងាយ​ផ្លូវ​យ៉ាង​ច្រើនត្រឹមបីយោជន៍ គឺថាភិក្ខុគប្បីនាំទៅដោយ​ដៃខ្លួនឯង​ត្រឹមបីយោជន៍​យ៉ាង​ច្រើន។ ពាក្យថា បើមិនមានអ្នកនាំយកទៅឱ្យ គឺគ្មានអ្នកដទៃនីមួយ ស្រីក្ដី ប្រុសក្ដី គ្រហស្ថក្ដី បព្វជិតក្ដី នាំយកទៅឱ្យ។ ពាក្យថា កាលបើមិនមាន​អ្នកនាំ​យក​ទៅឱ្យទេ ភិក្ខុនាំយក​រោមចៀមទៅ ដោយ​ខ្លួនឯងលើសពីកំណត់នោះទៅ គឺថា ភិក្ខុឈាន​ជំហ៊ានទី១ ឱ្យលើស​អំពីបីយោជន៍ទៅ ត្រូវ​អាបត្ដិទុក្កដ ឈានជំហ៊ានទី២ ឱ្យលើសទៅ រោមចៀម​ទាំងនោះ​ជានិស្សគ្គិយ កាលភិក្ខុ​ឋិត​នៅ​ក្នុង​ខាង​ក្នុងបីយោជន៍ តែចោល​រោមចៀម​​ឱ្យធ្លាក់ចុះ​ខាងក្រៅបី​យោជន៍ រោមចៀមទាំងនោះ ក៏ជា​និស្សគ្គិយ ភិក្ខុដាក់​ចុះនូវ​រោមចៀមក្នុងយានក្ដី ក្នុងបង្វេចក្ដី នៃអ្នកដទៃគេមិន​ដឹង ឱ្យកន្លង​បី​យោជន៍​ទៅ រោមចៀមទាំងនោះ ក៏ជានិស្សគ្គិយ ភិក្ខុគប្បីលះ​ដល់សង្ឃ ឬគណៈ ឬបុគ្គល។ ម្នាល​ភិក្ខុ​ទាំងឡាយ អ្នកទាំងឡាយគប្បីលះយ៉ាងនេះ។បេ។ បពិត្រ​​ព្រះសង្ឃដ៏ចំរើន រោមចៀម​ទាំង​ឡាយ​នេះ ខ្ញុំបាននាំ​មកឱ្យលើស​អំពីបីយោជន៍​ទៅហើយ ជានិស្សគ្គិយ ខ្ញុំសូម​លះនូវរោមចៀម​ទាំង​ឡាយនេះដល់សង្ឃ។បេ។ សង្ឃគប្បីឱ្យ។បេ។ លោកដ៏មានអាយុ​ទាំងឡាយ​គប្បីឱ្យ។បេ។ ខ្ញុំឱ្យដល់លោកដ៏មានអាយុ។

[៩៩] ទីលើសអំពីបីយោជន៍ ភិក្ខុសំគាល់ថាលើសមែន ហើយនាំ រោមចៀមឱ្យ​លើស​អំពី​បីយោជន៍ទៅ រោមចៀមនោះជានិស្សគ្គិយ ភិក្ខុ នោះត្រូវអាបត្ដិបាចិត្ដិយ។ ទីលើស​អំពីបីយោជន៍ ភិក្ខុសង្ស័យហើយនាំ រោមចៀមឱ្យលើសអំពីបីយោជន៍ រោមចៀមនោះ​ជា​និស្សគ្គិយ ភិក្ខុនោះត្រូវអាបត្ដិបាចិត្ដិយ។ ទីលើសអំពីបីយោជន៍ ភិក្ខុសំគាល់ថាមិន​ទាន់​លើស ហើយនាំរោមចៀម​ឱ្យលើសអំពីបីយោជន៍ទៅ រោមចៀមនោះជានិស្សគ្គិយ ភិក្ខុ​នោះ​ត្រូវអាបត្ដិបាចិត្ដិយ។ ទីខ្វះអំពីបីយោជន៍ ភិក្ខុសំគាល់ថាលើស ត្រូវអាបត្ដិទុក្កដ។ ទីខ្វះអំពីបីយោជន៍ ភិក្ខុសង្ស័យត្រូវអាបត្ដិទុក្កដ។ ទីខ្វះអំពីបីយោជន៍ ភិក្ខុសំគាល់ថា​ខ្វះ​មែន មិនត្រូវអាបត្ដិ។

[១០០] អាបត្ដិមិនមានដល់ភិក្ខុនាំយករោមចៀមទៅត្រឹមបីយោជន៍ មិនមានដល់ភិក្ខុនាំ​យកទៅថយអំពីបីយោជន៍ មិនមានដល់ភិក្ខុនាំយកទៅក្ដី នាំត្រឡប់មកក្ដី ត្រឹមបីយោជន៍ មិនមានដល់ភិក្ខុប្រាថ្នាដើម្បីនឹងនៅ តែត្រូវទៅកាន់ទីមានចម្ងាយផ្លូវបីយោជន៍ ហើយនាំ​យក​រោមចៀមទៅកាន់ទី ដទៃចាកទីនោះ [ភិក្ខុនាំរោមចៀមទៅនៅក្នុងទីណាៗ មាន​ចម្ងាយ​​បីៗយោជន៍ ហើយមិនបានប្រកបដោយកិច្ច មានឧទ្ទេស និងបរិបុច្ឆាជាដើម ឬ​ដោយ​ សក្ការ​មានបច្ច័យជាដើមក្នុងទីនោះ ហើយ​នឹងនាំរោមចៀមចេញ អំពីទីនោះ ទៅ​កាន់ទីដទៃៗ កំណត់ត្រឹមតែបីៗយោជន៍ក៏បាន ដរាបដល់រយយោជន៍ក៏បាន។] មិន​មាន​ដល់​ភិក្ខុ​ត្រឡប់បាន​រោមចៀមដែលចោរលួចយកទៅហើយនាំយកទៅ មិនមាន​ដល់​ភិក្ខុ​ត្រឡប់​បាន​រោម​ចៀមដែលលះបង់ដោយវិនយកម្មហើយនាំយកទៅ មិនមានដល់​ភិក្ខុ​ឱ្យ​អ្នកដទៃនាំយកទៅ មិនមានដល់ភិក្ខុនាំយករបស់ដែលធ្វើហើយ (ធ្វើសម្រេចជា​សម្ពត់​កម្ពលនិងព្រំ និងសន្ថ័តជាដើម)មិនមានដល់ភិក្ខុឆ្កួត មិនមានដល់ភិក្ខុជា​ខាងដើម​បញ្ញត្ដិ។

សិក្ខាបទទី៦ ចប់។

សិក្ខាបទទី

[១០១] សម័យនោះ សម្ដេចព្រះសម្ពុទ្ធដ៏ទ្រង់យស ទ្រង់គង់ ក្នុងនិគ្រោធារាម ជិតក្រុង​កបិលពស្ដុ ក្នុងសក្កជនបទ។ គ្រានោះឯង ពួកភិក្ខុឆព្វគ្គិយ​ប្រើនាងភិក្ខុនី​ទាំងឡាយ​ឱ្យ​លាងខ្លះ ឱ្យជ្រលក់ខ្លះ ឱ្យសិត ឬត្រដោះខ្លះ នូវរោមចៀមទាំងឡាយ។ ភិក្ខុនីទាំងឡាយ កាល (ធ្វើកិច្ច) លាង ជ្រលក់ សិត នូវរោមចៀម (ដូច្នោះ) ទើប លះចោល​នូវការ​រៀន​សូត្របាលី អដ្ឋកថា និងអធិសីលសិក្ខា អធិចិត្ដ សិក្ខា អធិបញា្ញសិក្ខា។ គ្រានោះ នាង​មហាបជាបតិគោតមីភិក្ខុនីចូល ទៅគាល់សម្ដេចព្រះដ៏មានព្រះភាគ លុះចូលទៅ​ហើយ​ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយបានឋិតក្នុងទីដ៏សមគួរ។ ព្រះដ៏មានព្រះភាគ មាន​បន្ទូល​នឹងនាងមហាបជាបតិគោតមី ដែលកំពុងឋិតនៅក្នុងទីដ៏សមគួរ យ៉ាងនេះថា នែ​ព្រះនាងគោតមី នាងភិក្ខុនីទាំងឡាយជាអ្នកមិនប្រមាទ ជាអ្នកមានព្យាយាម​ដុតកំដៅ​បាប ជាអ្នកមានចិត្ដបញ្ជូនទៅកាន់ព្រះនិព្វាន ដែរឬទេ។ ព្រះនាងមហាបជាបតិគោតមី​ទូលថា បពិត្រព្រះអង្គ ពួកនាងភិក្ខុនីមិនប្រមាទឯណាបាន លោកម្ចាស់​ឆព្វគ្គិយទាំងឡាយ​ប្រើពួក នាងភិក្ខុនីឱ្យលាងខ្លះ ឱ្យជ្រលក់ខ្លះ ឱ្យសិតខ្លះ នូវរោមចៀមទាំងឡាយ កាលបើភិក្ខុនីទាំង​ឡាយមានរវល់ លាង ជ្រលក់ សិត នូវរោមចៀមទាំងឡាយ (ដូច្នោះហើយ) ទើបលះ​ចោល​​ការរៀនសូត្របាលី អដ្ឋកថា និងអធិសីលសិក្ខា អធិចិត្ដសិក្ខា អធិប្បញ្ញាសិក្ខា។ លំដាប់នោះ ព្រះដ៏មាន​ព្រះភាគទ្រង់ពន្យល់ព្រះនាងមហាបជាបតិគោតមីឱ្យឃើញ ឱ្យ​កាន់​យក ឱ្យក្លាហាន ឱ្យរីករាយ ដោយធម្មីកថា។ គ្រានោះ ព្រះនាងមហាបជាបតិគោតមី កាលបើព្រះដ៏មាន​ព្រះភាគ​ទ្រង់ពន្យល់ឱ្យឃើញ ឱ្យកាន់យក ឱ្យក្លាហាន ឱ្យរីករាយ ដោយ​ធម្មីកថាហើយ ក៏ថ្វាយ​បង្គំព្រះដ៏មានព្រះភាគ ហើយធ្វើប្រទក្សិណ​ចៀសចេញ​ទៅ។ ព្រោះនិទាននេះ ព្រោះដំណើរនេះ ព្រះដ៏មានព្រះភាគទ្រង់ឱ្យប្រជុំនូវភិក្ខុសង្ឃ ហើយ​ត្រាស់សួរបញ្ជាក់ពួក ភិក្ខុឆព្វគ្គិយថា នែភិក្ខុទាំងឡាយ ឮថា អ្នកទាំងឡាយ​ប្រើពួកនាងភិក្ខុនីឱ្យលាងខ្លះ ឱ្យជ្រលក់ខ្លះ ឱ្យសិតខ្លះ នូវរោមចៀមទាំងឡាយ ពិតមែន ឬទេ។ ពួកភិក្ខុឆព្វគ្គិយទូលថា សូមទ្រង់ព្រះមេត្ដាប្រោស ការនោះ ពិតមែន។ ព្រះដ៏មានព្រះភាគ ត្រាស់សួរថា នែភិក្ខុទាំងឡាយ ពួកនាងភិក្ខុនីទាំងនោះ ជាញាតិ​របស់​អ្នកទាំងឡាយ ឬមិនមែន ជាញាតិ ទេ។ ពួកភិក្ខុឆព្វគ្គិយទូលថា សូមទ្រង់ព្រះមេត្ដាប្រោស ភិក្ខុនីទាំងនោះ មិនមែនជាញាតិទេ។ ព្រះដ៏មានព្រះភាគត្រាស់ថា នែមោឃបុរស​ទាំង​ឡាយ ជនទាំងឡាយ ដែលមិនមែនជាញាតិ រមែងមិនដឹងនូវកម្មដ៏សមគួរ ឬមិនសមគួរ និងកម្មជាទីជ្រះថ្លា ឬមិនជាទី​ជ្រះថ្លានៃ​ស្ដ្រីទាំងឡាយដែល មិនមែនជាញាតិទេ នែ​មោឃបុរសទាំងឡាយ កាលបើអំពើ​ដែលប្រកប​ដោយទោសយ៉ាងនេះ ពួកអ្នកក៏ហ៊ាន​ប្រើ​ភិក្ខុនីទាំងឡាយដែលមិនមែនជាញាតិឱ្យលាងខ្លះ ឱ្យជ្រលក់ខ្លះ ឱ្យសិតខ្លះ នូវរោមចៀម​ទាំងឡាយ នែមោឃបុរសទាំងឡាយ អំពើដែល​អ្នកធ្វើនេះ មិនមែននាំឱ្យកើត សេចក្ដី​ជ្រះថ្លាដល់បុគ្គលដែលមិនទាន់ជ្រះថ្លាទេ ឬមួយនាំ​បុគ្គលដែល ជ្រះថ្លាហើយឱ្យរឹងរឹតតែ​ជ្រះថ្លាឡើងក៏ទេ។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ​គប្បីសំដែង​ឡើងនូវសិក្ខាបទ​នេះយ៉ាងនេះថា ភិក្ខុណាមួយ ប្រើនាងភិក្ខុនី​មិនមែនជាញាតិឱ្យលាងក្ដី ឱ្យជ្រលក់ក្ដី ឱ្យ​សិតឬត្រដោះក្ដី នូវរោមចៀមទាំងឡាយ រោមចៀម​នោះជានិស្សគ្គិយ ភិក្ខុនោះ​ត្រូវអាបត្ដិ​បាចិត្ដិយ។

[១០២] ត្រង់ពាក្យថា ភិក្ខុណាមួយ មានអធិប្បាយក្នុងសិក្ខាបទទី១ នៃបារាជិកកណ្ឌ​រួច​ហើយ។ ភិក្ខុនីដែលមិនជាប់សាច់ញាតិអំពីចំណែកខាងមាតាក្ដី អំពីចំណែកខាងបិតាក្ដី ដរាបអំពីគូនៃ​ជីដូនជីតាជាគំរប់៧ត ឈ្មោះថា មិនមែនជាញាតិ។ ស្រីបាន​ឧបសម្បទា​ក្នុង​ឧភតោសង្ឃ [បានដល់សង្ឃពីរចំណែក គឺភិក្ខុសង្ឃមួយចំណែក ភិក្ខុនីសង្ឃមួយ​ចំណែក។] ឈ្មោះថា នាងភិក្ខុនី។ ភិក្ខុបង្គាប់ថា នាងចូរលាង ដូច្នេះត្រូវអាបត្ដិទុក្កដ រោមចៀមដែលលាងហើយនោះ ជានិស្សគ្គិយ។ ភិក្ខុបង្គាប់ថា នាងចូរជ្រលក់ដូច្នេះ ត្រូវ​អាបត្ដិទុក្កដ រោមចៀមដែល ជ្រលក់ហើយនោះ ជានិស្សគ្គិយ។ ភិក្ខុបង្គាប់ថា នាងចូរសិត ឬត្រដោះ ដូច្នេះ ត្រូវអាបត្ដិទុក្កដ រោមចៀមដែលសិតឬត្រដោះហើយ ជានិស្សគ្គិយ រោមចៀម​ដែលជានិស្សគ្គិយនោះ ភិក្ខុគប្បីលះដល់សង្ឃ ឬគណៈ ឬបុគ្គលក៏បាន។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ​គប្បីលះយ៉ាងនេះ។បេ។ បពិត្រព្រះសង្ឃដ៏ចំរើន រោមចៀមទាំងនេះ ខ្ញុំបានប្រើនាង​ភិក្ខុនីមិនមែនជាញាតិ ឱ្យលាងហើយ ជានិស្សគ្គិយ ខ្ញុំសូមលះរោមចៀមទាំងនេះដល់សង្ឃ។បេ។ សង្ឃគប្បីឱ្យ។បេ។ លោកដ៏មានអាយុទាំង​ឡាយ គប្បីឱ្យ។បេ។ ខ្ញុំឱ្យដល់​លោក​ដ៏មានអាយុ។

[១០៣] ភិក្ខុនីមិនមែនញាតិ ភិក្ខុសំគាល់ថាមិនមែនជាញាតិ ហើយប្រើឱ្យលាង​នូវ​រោមចៀមទាំងឡាយ រោមចៀមនោះ ជានិស្សគ្គិយ ភិក្ខុនោះ ត្រូវអាបត្ដិបាចិត្ដិយ។ ភិក្ខុនីមិនមែនជាញាតិ ភិក្ខុសំគាល់ថា មិនមែនជាញាតិ ហើយប្រើឱ្យលាង ឱ្យជ្រលក់ នូវរោមចៀមទាំងឡាយ ត្រូវអាបត្ដិទុក្កដនឹងនិស្សគ្គិយបាចិត្ដិយ។ ភិក្ខុនីមិនមែនជាញាតិ ភិក្ខុ សំគាល់ថាមិនមែនជាញាតិ ហើយប្រើឱ្យលាង ឱ្យសិត នូវរោមចៀម ទាំងឡាយ ត្រូវអាបត្ដិទុក្កដនិងនិស្សគ្គិយបាចិត្ដិយ។ ភិក្ខុនីមិនមែនញាតិ ភិក្ខុសំគាល់ថាមិនមែន​ជា​ញាតិ ហើយប្រើឱ្យលាង ឱ្យជ្រលក់ ឱ្យសិតនូវរោមចៀមទាំងឡាយ ត្រូវអាបត្ដិទុក្កដពីរ និងនិស្សគ្គិយបាចិត្ដិយ។ ភិក្ខុនីមិនមែនញាតិ ភិក្ខុសំគាល់ថាមិនមែនជាញាតិ ហើយប្រើ​ឱ្យ​ជ្រលក់​នូវរោមចៀមទាំងឡាយ រោមចៀមនោះ ជានិស្សគ្គិយ ភិក្ខុនោះ ត្រូវ អាបត្ដិ​បាចិត្ដិយ។ ភិក្ខុនីមិនមែនញាតិ ភិក្ខុសំគាល់ថាមិនមែនជាញាតិ ហើយប្រើឱ្យជ្រលក់ ឱ្យសិត នូវរោមចៀមទាំងឡាយ ត្រូវអាបត្ដិទុក្កដ និងនិស្សគ្គិយបាចិត្ដិយ។ ភិក្ខុនីមិន​មែន​ញាតិ ភិក្ខុសំគាល់ថាមិនមែនជាញាតិ ហើយប្រើឱ្យជ្រលក់ ឱ្យលាងនូវរោមចៀម​ទាំងឡាយ ត្រូវអាបត្ដិទុក្កដនិងនិស្សគ្គិយបាចិត្ដិយ។ ភិក្ខុនីមិនមែនញាតិ ភិក្ខុសំគាល់ថា​មិនមែនជាញាតិ ហើយប្រើឱ្យជ្រលក់ ឱ្យសិត ឱ្យលាង នូវរោមចៀមទាំងឡាយ ត្រូវអាបត្ដិ ទុក្កដពីរនឹងនិស្សគ្គិយបាចិត្ដិយ។ ភិក្ខុនីមិនមែនញាតិ ភិក្ខុសំគាល់ថា មិនមែនជាញាតិ ហើយប្រើឱ្យសិត នូវរោមចៀមទាំងឡាយ រោមចៀមនោះ ជានិស្សគ្គិយ ភិក្ខុនោះ ត្រូវ​អាបត្ដិបាចិត្ដិយ។ ភិក្ខុនីមិនមែនញាតិ ភិក្ខុសំគាល់ថាមិនមែនជាញាតិ ហើយប្រើឱ្យសិត ឱ្យលាង នូវរោមចៀមទាំងឡាយ ត្រូវអាបត្ដិទុក្កដនឹងនិស្សគ្គិយបាចិត្ដិយ។ ភិក្ខុនីមិនមែន​ញាតិ ភិក្ខុសំគាល់ថាមិនមែនជាញាតិ ហើយប្រើឱ្យសិត ឱ្យជ្រលក់នូវរោមចៀម​ទាំង​ឡាយ ត្រូវអាបត្ដិទុក្កដនឹងនិស្សគ្គិយបាចិត្ដិយ។ ភិក្ខុនីមិនមែនញាតិ ភិក្ខុសំគាល់ថា​មិន​មែន​ជាញាតិ ហើយប្រើឱ្យសិត ឱ្យលាង ឱ្យជ្រលក់ នូវរោមចៀមទាំងឡាយ ត្រូវអាបត្ដិ​ទុក្កដពីរ និងនិស្សគ្គិយបាចិត្ដិយ។ ភិក្ខុនី មិនមែនជាញាតិ ភិក្ខុសង្ស័យ។បេ។ ភិក្ខុនី​មិន​មែនជាញាតិ ភិក្ខុសំគាល់ថាជាញាតិ។បេ។ ភិក្ខុប្រើភិក្ខុនីឱ្យលាងនូវ​រោមចៀម​ភិក្ខុដទៃ ត្រូវ​អាបត្ដិទុក្កដ។ ភិក្ខុប្រើភិក្ខុនីដែលបានឧបសម្បទាអំពីឯកតោសង្ឃឱ្យលាង ត្រូវ អាបត្ដិ​ទុក្កដ។ ភិក្ខុនីជាញាតិ ភិក្ខុសំគាល់ថាមិនមែនជាញាតិ ត្រូវអាបត្ដិ ទុក្កដ។ ភិក្ខុនីជាញាតិ ភិក្ខុសង្ស័យ ត្រូវអាបត្ដិទុក្កដ។ ភិក្ខុនីជាញាតិ ភិក្ខុសំគាល់ថាជាញាតិ មិនត្រូវ​អាបត្ដិអ្វី​ឡើយ។

[១០៤] អាបត្ដិមិនមានដល់ភិក្ខុដែលឱ្យភិក្ខុនីជាញាតិលាងរោមចៀម ស្រាប់តែមានភិក្ខុនី​ឯទៀតមិនមែនជាញាតិ (មកកាន់យករោមចៀមអំពីដៃ ភិក្ខុនីនោះទៅលាងឱ្យ) មិនមាន​ដល់ភិក្ខុដែលមិនប្រើ ស្រាប់តែភិក្ខុនីមិនមែនជាញាតិ យករោមចៀមទៅលាងឱ្យ មិនមាន​ដល់ភិក្ខុដែលប្រើភិក្ខុនី មិនមែនជាញាតិឱ្យលាងភណ្ឌដទៃ ដែលធ្វើហើយនៅមិន​ទាន់​ប្រើប្រាស់ មិនមានដល់ភិក្ខុដែលប្រើនាងសិក្ខមានាឱ្យលាង មិនមានដល់ភិក្ខុដែល ប្រើ​នាង​សាមណេរីឱ្យលាង (នូវរោមចៀមទាំងឡាយ) មិនមានដល់ភិក្ខុ ឆ្កួត មិនមានដល់​ភិក្ខុដើមបញ្ញត្ដិ។

សិក្ខាបទទី៧ ចប់។

សិក្ខាបទទី ៨

[១០៥] សម័យនោះ សម្ដេចព្រះសម្ពុទ្ធដ៏មានបុញ្ញសិរី ទ្រង់គង់ក្នុងអារាមវេឡុវន កលន្ទក​និវាបស្ថាន ជិតក្រុងរាជគ្រឹះ។ គ្រានោះឯង ឧបនន្ទភិក្ខុដ៏មានអាយុ ជាសក្យបុត្ដជា​ជីតុន​របស់ត្រកូលមួយ ជាអ្នកទទួលភត្ដជានិច្ច។ ខាទនីយក្ដី ភោជនីយក្ដី ឯណាមួយ កើតឡើង​ក្នុង​ត្រកូលនោះ ត្រកូលនោះ​តោង​បែងចំណែក​អំពីនោះ​ទុកឱ្យ​ឧបនន្ទភិក្ខុ​សក្យបុត្ដ។ ក៏​វេលា​នោះឯង ត្រកូលនោះបានសាច់មកក្នុងវេលាល្ងាច។ ត្រកូលនោះ បានបែងចំណែក​សាច់នោះទុកប្រគេនឧបនន្ទសក្យបុត្ដដ៏មានអាយុ។ ក្មេងតូចនៃត្រកូលនោះ​ភ្ញាក់ពីព្រលឹម​ហើយស្រែកយំទារសាច់ថា ឱ្យសាច់មកខ្ញុំ។ បុរសប្ដីនោះ ទើបនិយាយ​នឹងប្រពន្ធ​យ៉ាង​នេះថា នាងចូរឱ្យចំណែកសាច់របស់លោកម្ចាស់ដល់ក្មេងនេះទៅ យើងចំាទិញ​សាច់ដទៃ​ប្រគេនលោកវិញ។ វេលានោះ ឧបនន្ទសក្យបុត្ដដ៏មាន​អាយុ ស្លៀកស្បង់​ប្រដាប់​ដោយ​បាត្រចីវរ ក្នុងសម័យព្រឹកព្រហាម ហើយដើរចូល​ទៅកាន់ត្រកូល​នោះ លុះទៅដល់ហើយ បានអង្គុយលើអាសនៈដែលគេតាក់តែងបម្រុងទុក។ បុរសនោះទើប​ចូលទៅរក​ឧបនន្ទ​សក្យបុត្ដ​ដ៏មានអាយុ លុះចូលទៅដល់ហើយ បានថ្វាយបង្គំ​ឧបនន្ទសក្យបុត្ដ​ដ៏មានអាយុ ហើយអង្គុយក្នុងទីដ៏សមគួរ។ កាលបុរសនោះអង្គុយក្នុងទីដ៏សមគួរហើយ បាននិយាយ​នឹង​ឧបនន្ទសក្យបុត្ដដ៏មានអាយុយ៉ាងនេះថា ព្រះករុណា ខ្ញុំករុណា​បានសាច់​ក្នុង​ពេល​ល្ងាច​ម្សិលមិញ ខ្ញុំបានបែង​ចំណែក​សាច់​នោះ​ទុក​ប្រគេន​លោកម្ចាស់ ​បពិត្រលោកម្ចាស់ ក្មេងតូចនេះ ភ្ញាក់ពីព្រលឹមឡើងស្រែកយំទារថា ឱ្យសាច់មកខ្ញុំ ខ្ញុំករុណាបានយក សាច់​ចំណែក​របស់លោកម្ចាស់ឱ្យក្មេងតូចទៅហើយ ព្រះករុណា លោកម្ចាស់​នឹងឱ្យខ្ញុំទិញ​អ្វីមកដោយកហាបណៈ(នេះ)។ ឧបនន្ទដ៏មានអាយុសួរថា អាវុសោ អ្នកបរិច្ចាគ​កហាបណៈ​ដល់អាត្មាឬ។ បុរសនោះ តបថា ព្រះករុណាលោកម្ចាស់ ខ្ញុំករុណា​បរិច្ចាគ​ដល់​លោកម្ចាស់។ ឧបនន្ទភិក្ខុ និយាយថា អាវុសោ អ្នកចូរប្រគេន​កហាបណៈ​នោះ​ដល់​អាត្មាចុះ។ បុរសនោះទើបប្រគេនកហាបណៈទៅឧបនន្ទសក្យបុត្ដដ៏មានអាយុ ហើយ​ពោល​ទោស តិះដៀល បន្ថោកបន្ទាបថា យើងទាំងឡាយទទួលរូបិយ [រូបិយ បានដល់ មាសប្រាក់។] បានយ៉ាងណា ពួកសមណសក្យបុត្ដអម្បាលនេះ ក៏ទទួលរូបិយ​បានយ៉ាង​នោះដែរ។ ភិក្ខុទាំងឡាយ បានឮបុរសនោះពោលទោស តិះដៀល បន្ថោកបន្ទាបហើយ។ ភិក្ខុទាំងឡាយណាជាអ្នកប្រាថ្នាតិច។បេ។ ភិក្ខុទាំងឡាយនោះ រមែងពោលទោស តិះដៀល បន្ដុះបង្អាប់ថា ហេតុដូចម្ដេចក៏ឧបនន្ទសក្យបុត្ដដ៏មានអាយុទទួលយករូបិយ។ ភិក្ខុទាំងនោះ នាំគ្នាក្រាបទូលដំណើរនេះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះដ៏មានព្រះភាគ​ត្រាស់ថា នែឧបនន្ទ ឮថាអ្នកទទួលរូបិយ ពិតមែនឬទេ។ ឧបនន្ទភិក្ខុ ក្រាបទូលថា សូមទ្រង់ព្រះមេត្ដាប្រោស ការនោះពិតមែន។ ព្រះពុទ្ធដ៏មានព្រះភាគ ទើបទ្រង់​តិះដៀល​ថា នែមោឃបុរស អ្នកឯងមិន សមបើនឹងទទួលរូបិយទេ នែមោឃបុរស អំពើដែល​អ្នកធ្វើនេះ មិនមែននំាឱ្យជ្រះថ្លាដល់បុគ្គលដែលមិនទាន់ជ្រះថ្លានោះទេ ឬធ្វើបុគ្គលដែល ជ្រះថ្លាហើយ​ឱ្យរឹងរឹតតែជ្រះថ្លាឡើងទេ។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ​គប្បី​សំដែងឡើង​នូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុណាមួយ ទទួលខ្លួនឯងក្ដី ប្រើគេឱ្យទទួលក្ដី នូវមាសប្រាក់ ឬមួយត្រេកអរនូវមាសប្រាក់ដែលគេទុកដាក់ឱ្យ មាសប្រាក់នោះ ជា​និស្សគ្គិយ ភិក្ខុនោះ ត្រូវអាបត្ដិបាចិត្ដិយ។

[១០៦] ត្រង់ពាក្យថា ភិក្ខុណាមួយ មានអធិប្បាយក្នុងសិក្ខាបទ ទី១នៃបារាជិកកណ្ឌ​រួចហើយ។ (លោហវិសេសមានពណ៌លឿង) បីដូចជាពណ៌នៃព្រះសាស្ដា ឈ្មោះថា មាស។ កហាបណៈក្ដី មាសក ដែលធ្វើដោយជាតិលោហៈក្ដី មាសកធ្វើដោយឈើក្ដី មាសកធ្វើដោយជ័រក្ដី រមែងដល់នូវវោហារ (គេចាយវាយបាន)ហៅថា ប្រាក់។ ពាក្យថា ទទួល ដោយខ្លួនឯង គឺកាន់យកដោយខ្លួនឯង មាសប្រាក់ដែលកាន់យក​ដោយខ្លួន​ឯង​នោះ​ជានិស្សគ្គិយ។ ពាក្យថា ប្រើគេឱ្យទទួល គឺញុំាងអ្នកដទៃ ឱ្យកាន់យក មាសប្រាក់​នោះ ជានិស្សគ្គិយ។ ពាក្យថា ឬត្រេកអរនូវមាស ប្រាក់ដែលគេទុកដាក់ឱ្យនោះ សេចក្ដីថា ភិក្ខុត្រេកអរនូវមាសប្រាក់ដែល គេទុកដាក់ឱ្យដោយវាចាថា មាសប្រាក់នេះ ចូរជា​របស់​លោកម្ចាស់ចុះ មាសប្រាក់នោះជានិស្សគ្គិយ។ មាសប្រាក់នោះភិក្ខុគប្បីលះក្នុង​កណ្ដាល​នៃ​សង្ឃ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុគប្បីលះយ៉ាងនេះ។ ភិក្ខុនោះត្រូវចូល ទៅរកសង្ឃ ហើយធ្វើឧត្ដរាសង្គឆៀងស្មាម្ខាង ថ្វាយបង្គំបាទានៃភិក្ខុចាស់ ទាំងឡាយ ហើយ​អង្គុយ​ច្រហោងផ្គងអញ្ជលីពោលយ៉ាងនេះនឹងសង្ឃថា បពិត្រព្រះសង្ឃដ៏ចំរើន ខ្ញុំបានទទួលនូវ​រូបិយ រូបិយនេះខ្ញុំត្រូវលះបង់ ខ្ញុំសូមលះបង់នូវរូបិយនេះដល់សង្ឃ។ ភិក្ខុលះហើយ​គប្បី​សំដែងអាបត្ដិចេញ។ ភិក្ខុដែលឆ្លាសអង់អាចគប្បីទទួលដឹងនូវអាបត្ដិ។ បើញោមវត្ដក្ដី ឧបាសកក្ដីមកក្នុងទីនោះ ភិក្ខុគប្បីពោលនឹងគេថា អាវុសោ អ្នកចូរដឹង នូវរូបិយនេះចុះ។ បើគេពោលថា លោកម្ចាស់ឱ្យនាំយកនូវវត្ថុអ្វីមកដោយរូបិយនេះ។ ភិក្ខុកុំគប្បីពោលថា អ្នកចូរនាំយកនូវវត្ថុនេះឬរបស់នេះមក។ ភិក្ខុគប្បីប្រាប់វត្ថុដែលគួរ គឺ សប្បិ ឬប្រេង ឬ​ទឹកឃ្មុំ ឬស្ករអំពៅ។ បើញោមវត្ដ ឬឧបាសកអ្នកចាត់ការនោះ ផ្លាស់ប្ដូរដោយ​រូបិយ​នោះ​ហើយ នាំយកវត្ថុដ៏គួរមក ភិក្ខុទាំងពួង គប្បីបរិភោគបានទាំងអស់ លើក លែងតែ​ភិក្ខុ​អ្នកទទួលរូបិយមួយចេញ បើអ្នកចាត់ការនោះបានវត្ថុដែលគួរយ៉ាងនោះមក នេះជាការល្អ បើមិនបានទេ ភិក្ខុគប្បីពោលនឹងគេថា នែអ្នកដ៏មានអាយុ អ្នកចូរចោលរូបិយនេះទៅ។ បើគេចោលរូបិយនោះទៅ នេះជាការល្អ បើគេមិនចោលទេ ភិក្ខុទាំងឡាយគប្បីសន្មតភិក្ខុ (មួយរូប) ប្រកបដោយអង្គ ៥ ឱ្យជាអ្នកចោលនូវរូបិយ គឺភិក្ខុដែលមិនដល់នូវ ឆន្ទាគតិ ១ មិនដល់នូវទោសាគតិ១ មិនដល់នូវមោហាគតិ១ មិនដល់នូវ ភយាគតិ១ ស្គាល់រូបិយ​ដែល​ចោលហើយ ឬនៅមិនទាន់ចោល១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុគប្បីសន្មតភិក្ខុជា​អ្នក​ចោល​រូបិយយ៉ាងនេះ។ ភិក្ខុអ្នកឆ្លាសត្រូវអង្វរភិក្ខុ(អ្នកចោលរូបិយ) ជាមុន។ ភិក្ខុអ្នក​ឆ្លាសអង់អាចលុះអង្វររួចហើយត្រូវផ្ដៀងសង្ឃថា បពិត្រព្រះសង្ឃដ៏ចំរើន សង្ឃចូរស្ដាប់ខ្ញុំ បើសម្មតិកម្មនេះមានកាលដ៏សមគួរដល់សង្ឃហើយ សង្ឃគប្បីសន្មតិភិក្ខុ ឈ្មោះនេះ​ឱ្យ​ជាអ្នកចោលនូវរូបិយ។ នេះជាវាចាដែលប្រកាសឱ្យសង្ឃជ្រាប។ បពិត្រព្រះសង្ឃដ៏ចំរើន សង្ឃចូរស្ដាប់ខ្ញុំ សង្ឃសន្មតិនូវភិក្ខុឈ្មោះនេះ ឱ្យជាអ្នកចោលនូវរូបិយ។ ការសន្មតិភិក្ខុ​ឈ្មោះ​នេះ​ឱ្យជាអ្នកចោល​នូវរូបិយគួរ​ដល់លោក​ដ៏មាន​អាយុអង្គណា សូមលោក​ដ៏មាន​អាយុ អង្គនោះស្ងៀមនៅ មិនគួរដល់​លោកដ៏មានអាយុអង្គណា លោកដ៏មាន អាយុអង្គ​នោះ​គប្បីពោលឡើង។ ភិក្ខុឈ្មោះនេះ សង្ឃបាន​សន្មតិឱ្យជា អ្នកចោលនូវរូបិយហើយ។ ការសន្មតិគួរដល់សង្ឃ ហេតុនោះទើបសង្ឃស្ងៀមនៅ។ ខ្ញុំសូមចាំទុកនូវកម្មនេះដោយ​អាការស្ងៀមនៅយ៉ាងនេះ។ ភិក្ខុដែលសង្ឃសន្មតិហើយនោះ មិនត្រូវកំណត់ទី ហើយ​ទើបចោលរូបិយនោះទេ។ បើភិក្ខុនោះកំណត់ទីហើយទើបទម្លាក់ចោល ត្រូវអាបត្ដិទុក្កដ។

[១០៧] រូបិយ ភិក្ខុសំគាល់ថារូបិយមែន ហើយទទួលនូវរូបិយ រូបិយនោះជានិស្សគ្គិយ ភិក្ខុនោះត្រូវអាបត្ដិបាចិត្ដិយ។ រូបិយ ភិក្ខុសង្ស័យ ហើយទទួលនូវរូបិយ រូបិយនោះ ជា​និស្សគ្គិយ ភិក្ខុនោះត្រូវអាបត្ដិបាចិត្ដិយ។ រូបិយ ភិក្ខុសំគាល់ថាមិនមែនរូបិយ ហើយ​ទទួល​នូវរូបិយ រូបិយនោះជានិស្សគ្គិយ ភិក្ខុនោះត្រូវអាបត្ដិបាចិត្ដិយ។ របស់មិនមែនរូបិយ ភិក្ខុ​សំគាល់ថាជារូបិយ ត្រូវអាបត្ដិទុក្កដ។ របស់មិនមែនរូបិយ ភិក្ខុសង្ស័យ ត្រូវអាបត្ដិទុក្កដ។ របស់មិនមែនរូបិយ ភិក្ខុសំគាល់ថា មិនមែនរូបិយ មិនត្រូវអាបត្ដិ។

[១០៨] អាបត្ដិមិនមានដល់ភិក្ខុដែលរើសយក ដោយខ្លួនឯងឬ ប្រើគេឱ្យរើស​យកនូវ​រូបិយ​ដែលធ្លាក់ចុះក្នុងអារាមក្ដី ក្នុងលំនៅរបស់ខ្លួនក្ដី ដោយគិតថា រូបិយនេះរបស់អ្នកណា អ្នក​នោះនឹងនាំយកទៅចុះ ដល់ភិក្ខុឆ្កួត ដល់ភិក្ខុជាខាងដើមបញ្ញត្ដិ។

សិក្ខាបទទី ៨ ចប់។

សិក្ខាបទទី

[១០៩] សម័យនោះ ព្រះសម្ពុទ្ធដ៏ទ្រង់យស ទ្រង់គង់ក្នុងអារាមជេតពន ជា​របស់​អនាថ​បិណ្ឌិក​សេដ្ឋី ជិតក្រុងសាវត្ថី។ គ្រានោះឯង ពួកភិក្ខុឆព្វគ្គិយ​ប្រព្រឹត្ដ​ទិញដូរដោយ​រូបិយ​មាន​ប្រការផ្សេងៗ។ មនុស្សទាំងឡាយពោលទោស តិះដៀល បន្ដុះបង្អាប់ថា ពួក​សមណៈ​​ជា​កូនចៅព្រះពុទ្ធជាសក្យបុត្ដ មិន​សមបើ​នឹង​ប្រព្រឹត្ដ​ទិញ​ដូរ​ដោយរូបិយមាន​ប្រការ​ផ្សេងៗ ដូចជាពួកគ្រហស្ថអ្នកបរិភោគនូវកាមទេ។ ភិក្ខុទាំងឡាយបានឮ​មនុស្ស​ទាំងនោះពោលទោស តិះដៀល បន្ដុះបង្អាប់ហើយ។ ភិក្ខុទាំងឡាយណា​មាន​សេចក្ដី​ប្រាថ្នា​តិច។បេ។ ភិក្ខុ​ទាំងឡាយ​នោះ​រមែង​ពោលទោស តិះដៀល បន្ដុះបង្អាប់ថា ពួកភិក្ខុ​ឆព្វគ្គិយ​មិនសមនឹង​ប្រព្រឹត្ដទិញដូរដោយ​រូបិយ​មានប្រការផ្សេងៗទេ។ ទើបភិក្ខុទាំងនោះ នាំគ្នាក្រាបទូលដំណើរ​នុ៎ះដល់ព្រះដ៏មានព្រះភាគ។ ព្រះអង្គមានបន្ទូលសួរថា ម្នាលភិក្ខុ​ទាំងឡាយ ឮ​ថាពួក​អ្នក​ប្រព្រឹត្ដ​ទិញដូរដោយរូបិយមានប្រការផ្សេងៗ ពិតមែនឬទេ។ ភិក្ខុ​ទាំងឡាយក្រាបទូលថា សូម​ទ្រង់​ព្រះមេត្ដាប្រោស ការនោះពិតមែន។ សម្ដេច​ព្រះសម្ពុទ្ធ​ដ៏មានព្រះភាគ ទ្រង់តិះដៀលថា នែ​មោឃបុរសទាំងឡាយ ពួកអ្នកមិនសមបើ​នឹងប្រព្រឹត្ដ​ទិញដូរដោយរូបិយមានប្រការផ្សេងៗ ដូច្នោះ​ទេ នែមោឃបុរសទាំងឡាយ អំពើដែលអ្នក​ធ្វើនេះ មិន​មែននាំ​ឱ្យជ្រះថ្លា​ដល់​ពួក​បុគ្គល​ដែល​មិនទាន់ជ្រះថ្លានោះទេ ឬមួយនាំពួក​អ្នក​ដែលជ្រះថ្លាហើយ ឱ្យរឹងរឹតតែជ្រះថ្លាឡើងមិនបានទេ។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុណាមួយប្រព្រឹត្ដទិញ​ដូរដោយរូបិយ មានប្រការផ្សេងៗ វត្ថុដែលទិញមកនោះជានិស្សគ្គិយ ភិក្ខុនោះ​ត្រូវ​អាបត្ដិបាចិត្ដិយ។

[១១០] ត្រង់ពាក្យថា ភិក្ខុណាមួយ មានអធិប្បាយក្នុងសិក្ខាបទទី១ នៃបារាជិកកណ្ឌ​រួច​ហើយ។ មាសប្រាក់ដែលធ្វើសំរេចជារូបហើយក្ដី មិនទាន់បានធ្វើជារូបក្ដី ធ្វើខ្លះ មិនបាន​ធ្វើខ្លះក្ដី ហៅថា រូបិយមានប្រការផ្សេងៗ។ រូបិយដែលគេធ្វើសម្រាប់ពាក់លើក្បាលក្ដី ពាក់​ឰដ៏កក្ដី ពាក់នឹងដៃក្ដី ពាក់នឹងជើងក្ដី ពាក់នឹងចង្កេះក្ដី ហៅថា រូបិយធ្វើសំរេចហើយ។ រូបិយ​ដែលនៅជាដុំ ហៅថា រូបិយគេមិនទាន់ធ្វើសំរេច។ រូបិយដែលធ្វើសំរេច ជារូប​នឹង​មិន​ទាន់​ធ្វើសំរេច​ជារូបទាំងពីរយ៉ាងនេះ ហៅថា រូបិយគេបានធ្វើខ្លះ មិនបានធ្វើខ្លះ។ មាសក្ដី កហាបណៈក្ដី មាសកធ្វើដោយជាតិ លោហៈក្ដី មាសកធ្វើដោយឈើក្ដី មាសកធ្វើដោយ​ជ័រក្ដីនៅចាយវាយបាន ហៅថា រូបិយ។ ពាក្យថា ប្រព្រឹត្ដ សេចក្ដីថា ភិក្ខុទិញដូរនូវរូបិយ ដែលធ្វើសំរេចហើយ ដោយរូបិយដែលធ្វើសំរេចហើយ រូបិយនោះជា និស្សគ្គិយ។ភិក្ខុ​ទិញ​ដូរនូវរូបិយដែលគេមិនទាន់ធ្វើសំរេចហើយ ដោយរូបិយដែលគេធ្វើសំរេចហើយ រូបិយ​នោះ​ជានិស្សគ្គិយ។ ភិក្ខុទិញដូរនូវ រូបិយដែលធ្វើសំរេចហើយខ្លះមិន ទាន់ធ្វើសំរេច​ហើយ​ខ្លះដោយរូបិយដែល ធ្វើសំរេចហើយ រូបិយនោះជានិស្សគ្គិយ។ ភិក្ខុទិញដូរនូវរូបិយ​ដែល​ធ្វើសំរេចហើយ ដោយរូបិយដែលមិនទាន់ធ្វើសំរេចហើយ រូបិយនោះជា និស្សគ្គិយ។ភិក្ខុ​ទិញដូរនូវរូបិយដែលមិនទាន់ធ្វើសំរេចហើយ ដោយរូបិយ ដែលមិនទាន់ធ្វើសំរេចហើយ រូបិយនោះជានិស្សគ្គិយ។ ភិក្ខុទិញដូរនូវ រូបិយដែលធ្វើសំរេចហើយខ្លះ មិនទាន់ធ្វើសំរេច​ខ្លះ ដោយរូបិយដែលមិនទាន់ធ្វើសំរេចហើយ រូបិយនោះជានិស្សគ្គិយ។ ភិក្ខុទិញដូរនូវ​រូបិយ​ដែលគេធ្វើសំរេចហើយ ដោយរូបិយដែល​គេធ្វើសំរេចហើយខ្លះ មិនទាន់ធ្វើសំរេច​ហើយ​ខ្លះ រូបិយនោះជានិស្សគ្គិយ។ ភិក្ខុទិញដូរនូវរូបិយដែលមិនទាន់ធ្វើសំរេច ដោយ​រូបិយ​ដែលធ្វើសំរេចហើយខ្លះ នឹងមិនទាន់ធ្វើសំរេចខ្លះ រូបិយនោះជានិស្សគ្គិយ។ ភិក្ខុទិញ​ដូរនូវរូបិយដែលធ្វើសំរេចហើយខ្លះ មិនទាន់ធ្វើសំរេចហើយខ្លះ ដោយរូបិយដែល​ធ្វើ​សំរេច​ហើយខ្លះ មិនទាន់ធ្វើសំរេចហើយខ្លះ រូបិយនោះជានិស្សគ្គិយ។ រូបិយដែល​ជា​និស្សគ្គិយ​នោះ ភិក្ខុគប្បីលះក្នុងទីកណ្ដាលនៃសង្ឃ។ ម្នាលភិក្ខុទំាងឡាយ ភិក្ខុ​គប្បីលះ​យ៉ាងនេះឯង។ ភិក្ខុនោះគប្បីចូលទៅរក​សង្ឃហើយពាក់ចីពរឆៀងស្មាម្ខាង ថ្វាយបង្គំ​បាទា​នៃភិក្ខុចាស់ទាំងឡាយ ហើយអង្គុយ​ច្រហោង ផ្គងអញ្ជលីពោលយ៉ាងនេះ(នឹងសង្ឃ) ថា បពិត្រព្រះសង្ឃដ៏ចំរើន ខ្ញុំជាអ្នកប្រព្រឹត្ដទិញដូរដោយរូបិយមានប្រការផ្សេងៗ រូបិយវត្ថុ​របស់ខ្ញុំនេះជា និស្សគ្គិយ ខ្ញុំសូមលះនូវរូបិយវត្ថុនេះដល់សង្ឃ។ លុះលះស្រេចហើយគប្បី សំដែងអាបត្ដិចេញ។ ភិក្ខុអ្នកឆ្លាសអង់អាចគប្បីទទួលសំដែងអាបត្ដិ។ បើញោមវត្ដ ឬ​ឧបាសក​មកក្នុងទីនោះ ភិក្ខុទំាងឡាយគប្បីពោលនឹងគេថា អាវុសោ អ្នកចូរ​ដឹងនូវ​រូបិយវត្ថុ​នេះចុះ។ បើគេពោលថា ពួកលោកម្ចាស់ ត្រូវការឱ្យខ្ញុំនាំយកវត្ថុអ្វីមកដោយរូបិយវត្ថុនេះ។ ភិក្ខុទាំងឡាយមិនគប្បី ពោលថា អ្នកចូរនាំយកនូវវត្ថុនេះ ឬរបស់នេះមកឡើយ។ គប្បី​ប្រាប់​តែរបស់ដែលគួរ គឺជាសប្បិ ឬប្រេង ឬទឹកឃ្មុំ ឬស្ករអំពៅក៏បាន។ បើគេផ្លាស់​ប្ដូរ​ដោយរូបិយវត្ថុនោះ ហើយនាំយករបស់ដែលគួរមក ភិក្ខុទាំងពួងគប្បីបរិភោគបាន វៀរ​លែង​តែភិក្ខុអ្នក​ទិញដូរដោយរូបិយចេញ។ បើភិក្ខុបានរបស់គួរយ៉ាងនេះ នេះជាការល្អ បើមិនបានទេ គប្បីពោលនឹងគេថា អាវុសោ អ្នកចូរចោលនូវរូបិយវត្ថុនេះទៅ។ បើគេ​ចោលទៅ នេះជាការល្អ បើគេមិនចោលទេ ភិក្ខុទាំងឡាយគប្បីសន្មតភិក្ខុ (មួយរូប) ដែល​ប្រកបដោយអង្គ៥ ឱ្យជាអ្នកចោលនូវរូបិយ គឺភិក្ខុមិនដល់នូវឆន្ទាគតិ១ មិនដល់​នូវ​ទោសាគតិ១ មិនដល់នូវមោហាគតិ១ មិនដល់នូវភយាគតិ១ ដឹងនូវរូបិយ ដែលខ្លួន​បាន​ចោល និងមិនទាន់ចោល១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុគប្បី សន្មតយ៉ាងនេះ។ ភិក្ខុអ្នក​ឆ្លាស​​ត្រូវអង្វរភិក្ខុ (ជាអ្នកចោលនូវរូបិយ) ជាមុន។ ភិក្ខុអ្នកឆ្លាសអង់អាចលុះអង្វររួចហើយ ត្រូវប្រកាសសង្ឃឱ្យដឹង ដោយពាក្យថា បពិត្រព្រះសង្ឃដ៏ចំរើន សង្ឃចូរស្ដាប់ខ្ញុំ បើ​សម្មតិកម្មនេះ មានកាលដ៏គួរដល់សង្ឃហើយសោត សង្ឃគប្បីសន្មតភិក្ខុឈ្មោះ​នេះឱ្យ​ជា​អ្នកចោលនូវរូបិយ។ នេះជាវាចាដែលប្រកាសឱ្យសង្ឃជ្រាប។ បពិត្រព្រះ សង្ឃដ៏ចំរើន សង្ឃចូរស្ដាប់ខ្ញុំ សង្ឃសន្មតនូវភិក្ខុឈ្មោះនេះ ឱ្យជាអ្នក ចោលនូវរូបិយ។ ការសន្មតិ​ភិក្ខុ​ឈ្មោះនេះឱ្យជាអ្នកចោលនូវរូបិយ គួរដល់លោកដ៏មានអាយុអង្គណា សូមលោកដ៏​មាន​អាយុ​អង្គនោះស្ងៀមនៅ មិនគួរដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុ​អង្គ​នោះ គប្បីពោលឡើង ភិក្ខុឈ្មោះនេះសង្ឃបាន​សន្មតឱ្យជាអ្នកចោល​នូវរូបិយហើយ។ សម្មតិកម្មនេះគួរដល់សង្ឃ ហេតុនោះសង្ឃទើបស្ងៀម នៅ។ ខ្ញុំសូមចាំទុកនូវ​សម្មតិកម្ម​នេះ ដោយអាការស្ងៀមនៅយ៉ាងនេះ។ ភិក្ខុដែលសង្ឃសន្មតនោះ កុំគប្បីកំណត់​ទី ហើយ​ចោល​នូវរូបិយនោះ។ បើភិក្ខុនោះកំណត់ទីហើយចោល ត្រូវអាបត្ដិទុក្កដ។

[១១១] រូបិយ ភិក្ខុសំគាល់ថារូបិយមែន ហើយទិញដូរនូវរូបិយ រូបិយនោះជានិស្សគ្គិយ ភិក្ខុ​នោះត្រូវអាបត្ដិបាចិត្ដិយ។ រូបិយ ភិក្ខុសង្ស័យ ហើយទិញដូរនូវរូបិយ រូបិយនោះ​ជា​និស្សគ្គិយ ភិក្ខុនោះត្រូវអាបត្ដិបាចិត្ដិយ។ រូបិយ ភិក្ខុសំគាល់ថាមិនមែនរូបិយ ហើយទិញ​ដូរ​នូវរូបិយ រូបិយនោះជានិស្សគ្គិយ ភិក្ខុនោះត្រូវអាបត្ដិបាចិត្ដិយ។ មិនមែនរូបិយ ភិក្ខុ​សំគាល់​ថារូបិយ ហើយទិញដូរនូវរូបិយ រូបិយនោះជានិស្សគ្គិយ ភិក្ខុនោះ​ត្រូវ​អាបត្ដិ​បាចិត្ដិយ។ មិនមែនរូបិយ ភិក្ខុសង្ស័យ ហើយទិញដូរនូវរូបិយ រូបិយនោះជានិស្សគ្គិយ ភិក្ខុ​នោះត្រូវអាបត្ដិបាចិត្ដិយ។ មិនមែនរូបិយ ភិក្ខុសំគាល់ថាមិនមែនរូបិយ ហើយទិញ​ដូរនូវ​រូបិយ រូបិយនោះជានិស្សគ្គិយ ភិក្ខុនោះត្រូវអាបត្ដិបាចិត្ដិយ។ មិនមែនរូបិយ ភិក្ខុ​សំគាល់​ថារូបិយ ត្រូវអាបត្ដិទុក្កដ។ មិនមែនរូបិយ ភិក្ខុមានសេចក្ដីសង្ស័យ ត្រូវអាបត្ដិទុក្កដ។ មិនមែនរូបិយ ភិក្ខុសំគាល់ថាមិនមែនរូបិយ មិនត្រូវអាបត្ដិ។

[១១២] អាបត្ដិមិនមានដល់ភិក្ខុឆ្កួត និងភិក្ខុជាខាងដើមបញ្ញត្ដិ។

សិក្ខាបទទី៩ ចប់។

សិក្ខាបទទី ១០

[១១៣] សម័យនោះ ព្រះសម្ពុទ្ធដ៏មានយស ទ្រង់គង់ក្នុងអារាមជេតពន​របស់​អនាថ​បិណ្ឌិក​​សេដ្ឋី ជិតក្រុងសាវត្ថី។គ្រានោះឯងព្រះឧបនន្ទដ៏មានអាយុជាបុត្ដនៃសក្យ ប្រសប់​ធ្វើ​ចីវរកម្ម។ ឧបនន្ទភិក្ខុនោះយកកំណាត់សម្ពត់ចាស់ៗទៅធ្វើជាសង្ឃាដិ ធ្វើកិច្ច​ជ្រលក់​គក់​បោកល្អហើយ យកមកដណ្ដប់។ គ្រានោះឯង បរិព្វាជកម្នាក់ដណ្ដប់សម្ពត់ដ៏មានដម្លៃ ច្រើនហើយចូលទៅរកឧបនន្ទសក្យបុត្ដដ៏មានអាយុ លុះចូលទៅដល់ហើយ បាន​និយាយ​នឹង​ឧបនន្ទ​សក្យបុត្ដដ៏មានអាយុយ៉ាងនេះថា ម្នាលអាវុសោ សង្ឃាដិរបស់លោកនេះ​ល្អ​មែន លោក​ចូរ​ប្ដូរ​នឹងសម្ពត់របស់យើងចុះ។ ឧបនន្ទភិក្ខុនិយាយតបថា ម្នាលអាវុសោ អ្នក​ចូរ​ដឹងចុះ (អ្នក​មើល​សិន)។ បរិព្វាជកនិយាយថា អើអាវុសោ យើងដឹង។ ឧបនន្ទភិក្ខុ​បាន​ឱ្យនូវសង្ឃាដិ​នោះដោយវាចា​ថា ហ៍អាវុសោ។ បរិព្វាជកនោះទើបដណ្ដប់នូវសង្ឃាដិនោះ ហើយបានទៅកាន់អារាម​របស់​បរិព្វាជក។ បរិព្វាជកទាំងឡាយបាននិយាយពាក្យនេះ​នឹង​បរិព្វាជកនោះថា ម្នាលអាវុសោ សង្ឃាដិ​របស់អ្នកនេះល្អមែន អ្នកបានមកអំពីណា។ បរិព្វាជក​នោះតបថា ម្នាលអាវុសោ យើង​បាន​ប្ដូរ​ដោយសម្ពត់របស់យើងនោះមក។ ពួក​បរិព្វាជកសួរថា ម្នាលអាវុសោ សង្ឃាដិរបស់អ្នក​នេះ​នឹងធន់នៅបានប៉ុន្មានថ្ងៃ ឯសម្ពត់​របស់​អ្នកពីមុននោះប្រសើរជាង។ បរិព្វាជកនោះទើប គិតថា បរិព្វាជកទាំងឡាយ​បាន​ពោល​នូវពាក្យនោះ ជាពាក្យពិតមែន សង្ឃាដិ​របស់អញ​នេះនឹងធន់​នៅ​បាន​ប៉ុន្មានថ្ងៃ សម្ពត់​របស់អញនោះឯងប្រសើរ ទើបចូលទៅរក​ឧបនន្ទសក្យបុត្ដ​ដ៏មានអាយុ លុះ​ចូល​ទៅដល់ហើយ ក៏និយាយពាក្យនេះនឹង​ឧបនន្ទដ៏មានអាយុជាសក្យបុត្ដថា ណ្ហើយចុះ អ្នក​ចូរ​យកសង្ឃាដិរបស់អ្នកទៅវិញចុះ ចូរឱ្យសម្ពត់មកយើងវិញ។ ឧបនន្ទភិក្ខុបាននិយាយថា ម្នាល​អាវុសោ យើងបានប្រាប់អ្នក​ហើយថា អ្នកចូរដឹង (ចូរមើលសិន) ដូច្នេះ មិនមែនទេឬ យើងមិន​ឱ្យ​ទេ។ ឯបរិព្វាជកនោះក៏ពោលទោស តិះដៀល បន្ដុះបង្អាប់ថា សូម្បីគ្រហស្ថ ក៏រមែងឱ្យ​នូវវត្ថុនោះ​ដល់គ្រហស្ថ ដែលមានសេចក្ដីក្ដៅ​ក្រហាយដែរ ចុះហេតុអ្វី បព្វជិត​ត្រឡាំង ក៏មិនឱ្យដល់​បព្វជិត​ដូចគ្នា។ ភិក្ខុទាំងឡាយបានឮបរិព្វាជកនោះពោលទោស តិះដៀល បន្ដុះបង្អាប់ហើយ។ ភិក្ខុ​ទាំងឡាយ​ណាមានសេចក្ដីប្រាថ្នាតិច។បេ។ ភិក្ខុ​ទាំងឡាយ​នោះក៏ពោលទោស តិះដៀល បន្ដុះបង្អាប់ថា ឧបនន្ទសក្យបុត្ដដ៏មានអាយុ មិន​គួរនឹងប្រព្រឹត្ដ ទិញដូររបស់មួយ​អន្លើដោយ​បរិព្វាជកទេ។ ភិក្ខុទាំងនោះក៏នាំគ្នា​ក្រាបទូល​ដំណើរនុ៎ះដល់ព្រះដ៏មានព្រះភាគ។ ព្រះអង្គ​ត្រាស់​សួរថា ឧបនន្ទ ឮថាអ្នកឯង​ប្រព្រឹត្ដ​ទិញដូររបស់មួយអន្លើដោយបរិព្វាជក ពិតមែនឬ។ ឧបនន្ទ​ភិក្ខុក្រាបទូលថា សូមទ្រង់​ព្រះមេត្ដាប្រោស ការនោះពិតមែន។ សម្ដេចព្រះសម្ពុទ្ធ​ដ៏មានព្រះភាគ​ទ្រង់តិះដៀលថា នែ​មោឃបុរស អ្នកឯងមិន​គួរនឹងប្រព្រឹត្ដទិញដូររបស់​មួយអន្លើដោយ​បរិព្វាជក​ទេ នែ​មោឃបុរស អំពើដែលអ្នកធ្វើនេះ មិនមែននាំឱ្យជ្រះថ្លា​ដល់បុគ្គលដែលមិនទាន់ជ្រះថ្លាទេ ឬ​មួយនាំបុគ្គលដែលជ្រះថ្លាហើយ ឱ្យរឹងរឹតតែជ្រះថ្លា​ឡើងមិន​បានទេ។បេ។ ម្នាលភិក្ខុ​ទាំង​ឡាយ អ្នកទាំងឡាយគប្បីសំដែង​ឡើងនូវសិក្ខាបទ​នេះយ៉ាងនេះថា ភិក្ខុ​ណាមួយ​ប្រព្រឹត្ដ​​ទិញដូរ​របស់​ មាន​ប្រការផ្សេងៗ របស់នោះជានិស្សគ្គិយ ភិក្ខុនោះ ត្រូវអាបត្ដិ​បាចិត្ដិយ។

[១១៤] ត្រង់ពាក្យថា ភិក្ខុណាមួយ មានអធិប្បាយក្នុងសិក្ខាបទទី១ នៃបារាជិកកណ្ឌ​រួច​ហើយ។ បរិក្ខារទាំងឡាយ គឺចីវរបិណ្ឌបាត សេនាសនៈនិងគិលានប្បច្ចយភេសជ្ជបរិក្ខារ​ទាំង​ឡាយ ដោយហោចទៅ សូម្បីតែដុំនៃលំអិត [បាន​ដល់ដុំកំទេច ដែលគេប្រើ​សម្រាប់​ដុសខ្លួន​វេលា​ងូតទឹក ដើម្បីឱ្យជ្រះក្អែល ឬជារោគជាដើម។] សូម្បីឈើស្ទន់ សូម្បីអម្បោះ​រងជើង ហៅថា វត្ថុមាន​ប្រការផ្សេងៗ។ ពាក្យថា ប្រព្រឹត្ដទិញដូរ សេចក្ដីថា ភិក្ខុពោល​ពាក្យ​មិនសមគួរថា អ្នកចូរ​ឱ្យនូវ​វត្ថុ​នេះ [បានដល់គ្រឿងប្រើប្រាស់ទាំងអស់។] ដោយ​របស់​នេះចុះ អ្នកចូរនាំយក​វត្ថុនេះដោយ​របស់​នេះ​ចុះ អ្នកចូរប្ដូរវត្ថុនេះ ដោយរបស់នេះចុះ អ្នកចូរទិញនូវវត្ថុនេះ​ដោយរបស់នេះចុះ ត្រូវអាបត្ដិ​ទុក្កដ កាលណាបើភិក្ខុធ្វើទ្រព្យ​របស់​ខ្លួនឱ្យតាំង​នៅក្នុងដៃ​នៃអ្នកដទៃ ធ្វើទ្រព្យរបស់អ្នកដទៃឱ្យមក តាំងនៅក្នុងដៃរបស់​ខ្លួនវិញ ហៅថា ទិញ ហៅថា លក់ ទ្រព្យដែលភិក្ខុទិញលក់នោះជានិស្សគ្គិយ ភិក្ខុគប្បីលះដល់​សង្ឃ ឬដល់គណៈ ឬដល់បុគ្គលក៏បាន។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ​គប្បីលះយ៉ាង​នេះ។បេ។ បពិត្រព្រះសង្ឃដ៏ចំរើន ខ្ញុំប្រព្រឹត្ដទិញដូរនូវទ្រព្យមានប្រការផ្សេងៗ ទ្រព្យរបស់​ខ្ញុំនេះ​ជា​និស្សគ្គិយ ខ្ញុំសូមលះទ្រព្យនេះ​ដល់សង្ឃ។បេ។ សង្ឃគប្បីឱ្យ។បេ។ លោកដ៏មានអាយុ​ទាំងឡាយ​គប្បីឱ្យ។បេ។ ខ្ញុំឱ្យដល់លោកដ៏មានអាយុ។

[១១៥] ទ្រព្យដែលខ្លួនទិញដូរ ភិក្ខុសំគាល់ថាទិញដូរ ទ្រព្យនោះជានិស្សគ្គិយ ភិក្ខុ​នោះ​ត្រូវ​អាបត្ដិបាចិត្ដិយ។ ភិក្ខុសង្ស័យក្នុងទ្រព្យ ដែលខ្លួនទិញដូរ ទ្រព្យនោះជានិស្សគ្គិយ ភិក្ខុនោះ​ត្រូវ​អាបត្ដិបាចិត្ដិយ។ ទ្រព្យដែលខ្លួនទិញដូរ ភិក្ខុសំគាល់ថាមិនមែនទ្រព្យទិញដូរវិញ ទ្រព្យ​នោះជា​និស្សគ្គិយ ភិក្ខុនោះត្រូវអាបត្ដិបាចិត្ដិយ។ ទ្រព្យដែលខ្លួនមិនបានទិញដូរ ភិក្ខុ​សំគាល់ថាទ្រព្យទិញ​ដូរ​វិញ ត្រូវអាបត្ដិទុក្កដ។ ភិក្ខុសង្ស័យក្នុងទ្រព្យដែលខ្លួន​មិនបាន​ទិញ​ដូរ ត្រូវអាបត្ដិទុក្កដ។ ទ្រព្យ​ដែល​ខ្លួនមិនបានទិញដូរ ភិក្ខុសំគាល់ថាទ្រព្យមិន​បានទិញដូរ មិន​ត្រូវអាបត្ដិ។

[១១៦] អាបត្ដិមិនមានដល់ភិក្ខុដែលគ្រាន់តែសួរដម្លៃ ដល់ភិក្ខុដែលប្រាប់ដល់​កប្បិយការក ដល់ភិក្ខុដែលពោលថា ទ្រព្យនេះរបស់យើងមាន យើងត្រូវការដោយ​ទ្រព្យ​នេះ​​ផង​នេះផង ដល់ភិក្ខុឆ្កួត ដល់ភិក្ខុជាខាងដើមបញ្ញត្ដិ។

សិក្ខាបទទី១០ ចប់។

កោសិយវគ្គទី២ ចប់។

ចំនួននៃសិក្ខាបទក្នុងកោសិយវគ្គនោះ គឺ

ភិក្ខុធ្វើសន្ថ័តដោយរោមចៀមលាយសូត្រ ១ ភិក្ខុធ្វើសន្ថ័តដោយរោមចៀមខ្មៅសុទ្ធ ១ ភិក្ខុ​ធ្វើ​សន្ថ័ត​ត្រូវ​យករោមចៀមខ្មៅពីរភាគមកលាយ ១ ភិក្ខុធ្វើសន្ថ័តថ្មីហើយ​ត្រូវប្រើ​ប្រាស់​​ឱ្យបាន ៦ ឆ្នាំ ១ ភិក្ខុ​ធ្វើ​សន្ថ័តសម្រាប់ទ្រាប់អង្គុយត្រូវកាត់យកសន្ថ័តចាស់មកលាយ ១ ភិក្ខុកាន់​យក​រោមចៀមដែល កើត​ឡើងពាក់កណ្ដាលផ្លូវ បានតែត្រឹមបីយោជន៍ ១ ភិក្ខុ​ប្រើនាងភិក្ខុនី​ឱ្យលាងជ្រលក់គក់​រោម​ចៀម ១ ភិក្ខុទទួលរូបិយ ១ ភិក្ខុលក់ទិញដោយរូបិយ ១ ភិក្ខុលក់ទិញផ្លាស់ប្ដូរដោយកប្បិយវត្ថុ ១។

បត្ដវគ្គសិក្ខាបទទី១

[១១៧] សម័យនោះ ព្រះពុទ្ធជាម្ចាស់ដ៏មានយស ទ្រង់សម្រេចឥរិយាបថក្នុងវត្ដជេតវន ជារបស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុ​សន្សំបាត្រ​ទុក​ជា​ច្រើន។ មនុស្សទាំងឡាយដើរទៅវិហារបានឃើញ នាំគ្នាពោលទោស តិះដៀល បន្ដុះបង្អាប់​ថា ពួកសមណៈជាកូនចៅរបស់ព្រះពុទ្ធជាសក្យបុត្ដ មិនសមបីបើ នឹងសន្សំ​បាត្រ​ទុកជាច្រើនទេ សមណៈទាំងឡាយជាកូនចៅរបស់ព្រះពុទ្ធ ជាសក្យបុត្ដនឹង​ធ្វើនូវ​ជំនួញ​បាត្រ ឬនឹងតាំងរាន​ផ្សារលក់ភាជន៍ដី។ ភិក្ខុទាំងឡាយបានឮពាក្យ​មនុស្ស​ទាំង​ឡាយ​នោះ ពោលទោស តិះដៀល បន្ដុះបង្អាប់ (ដូច្នោះ)។ ពួកភិក្ខុណា​ដែល​មាន​សេចក្ដី​ប្រាថ្នាតិច។បេ។ ភិក្ខុទាំងនោះក៏ពោលទោស តិះដៀល បន្ដុះបង្អាប់ថា ពួកឆព្វគ្គិយ​ភិក្ខុ​មិនសមបើនឹងប្រើប្រាស់អតិរេកបាត្រ [បាត្រដែលលើស គឺបាត្រដែលមិនបានវិកប្ប មិន​បានអធិដ្ឋាន។] ឡើយ។ ខណៈនោះភិក្ខុទាំងនោះក៏ក្រាបទូល​រឿងនុ៎ះចំពោះ​ព្រះដ៏មាន​ព្រះភាគ​ជាម្ចាស់។ ព្រះអង្គត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថា​អ្នក​ទាំងឡាយ​ប្រើ​ប្រាស់អតិរេកបាត្រ ពិតមែនឬ។ ពួកឆព្វគ្គិយភិក្ខុទូលតបថា សូមទ្រង់​ព្រះមេត្ដា​ប្រោស ការនោះពិតមែន។ ព្រះពុទ្ធដ៏ទ្រង់ឥស្សរិយយស ត្រាស់តិះដៀលថា ម្នាល​មោឃបុរស​ទាំងឡាយ អ្នកទាំងឡាយមិនគួរនឹងប្រើប្រាស់អតិរេកបាត្រទេ ម្នាលមោឃបុរស អំពើនេះ​មិន​មែន​នាំឱ្យជ្រះថ្លាដល់ពួកជនដែលមិនទាន់ជ្រះថ្លា ឬថានាំឱ្យជ្រះថ្លាក្រៃលែង ដល់ពួក​ជន​ដែលមាន​សេចក្ដីជ្រះថ្លារួចហើយទេ។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ​គប្បី​សំដែង​ឡើងនូវ​សិក្ខាបទ​នេះ​យ៉ាងនេះថា ភិក្ខុណាមួយទ្រទ្រង់នូវអតិរេកបាត្រ អតិរេក​បាត្រ​​នោះជានិស្សគ្គិយ ភិក្ខុនោះត្រូវអាបត្ដិបាចិត្ដិយ។ សិក្ខាបទនេះ ព្រះដ៏មានព្រះភាគ​បញ្ញត្ដ​ដល់ភិក្ខុទាំង​ឡាយដោយប្រការដូច្នេះ។

[១១៨] សម័យនោះឯង អតិរេកបាត្រកើតឡើងដល់ព្រះអានន្ទដ៏មានអាយុ ឯព្រះអានន្ទ​ដ៏មាន​អាយុ ប្រាថ្នានឹងប្រគេនបាត្រនោះដល់ព្រះសារីបុត្ដដ៏មានអាយុ។ ចំណែក​ព្រះសារីបុត្ដ​​ដ៏​មាន​អាយុ​នៅក្រុងសាកេត។ គ្រានោះ ព្រះអានន្ទដ៏មានអាយុ ក៏មាន​បរិវិតក្ក​ថា សិក្ខាបទ ព្រះដ៏​មាន​ព្រះភាគទ្រង់បញ្ញត្ដរួចហើយថា អតិរេកបាត្រ ភិក្ខុមិនគប្បីទ្រទ្រង់ ក៏អតិរេកបាត្រនេះ​កើត​ឡើង​ដល់អញ ហើយអញក៏ចង់ប្រគេនបាត្រ​នេះដល់​ព្រះសារីបុត្ដ​ដ៏មានអាយុ ឯព្រះសារីបុត្ដ​ដ៏មាន​អាយុគង់នៅក្រុងសាកេត (កិច្ចនេះ) ខ្លួនអញត្រូវ​ប្រតិបត្​ដិដូចម្ដេចហ្ន៎។ ខណៈនោះ អានន្ទ​ដ៏មានអាយុបានក្រាបទូលរឿង​នុ៎ះចំពោះ​ព្រះដ៏មាន​ព្រះភាគ។ ព្រះអង្គត្រាស់សួរថា ម្នាលអានន្ទ ប៉ុន្មានថ្ងៃទៀតសារីបុត្ដនឹងមក។ ព្រះអានន្ទ​ក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ប្រហែលជា៩ ថ្ងៃ ឬ១០ថ្ងៃទៀត ទើបលោក​និមន្ដមក។ ព្រោះនិទាននេះ ដំណើរនេះ ព្រះដ៏មានព្រះភាគ​ទ្រង់ធ្វើ​ធម្មីក​ថា ត្រាស់ហៅ​ភិក្ខុទាំងឡាយមក ទើបត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឱ្យភិក្ខុ ទ្រទ្រង់​នូវអតិរេកបាត្របាន១០ថ្ងៃជាកំណត់ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បី​សំដែង​ឡើង​នូវសិក្ខាបទនេះយ៉ាងនេះថា អតិរេកបាត្រ ភិក្ខុទ្រទ្រង់ទុកបានត្រឹមកំណត់១០ថ្ងៃ កន្លង​ហួស​អំពីនោះទៅ អតិរេកបាត្រនោះជានិស្សគ្គិយ ភិក្ខុត្រូវអាបត្ដិបាចិត្ដិយ។

[១១៩] ត្រង់ពាក្យថា ត្រឹមកំណត់១០ថ្ងៃនោះ គឺភិក្ខុគប្បីរក្សាទុកបានត្រឹម១០ថ្ងៃ​ជាយ៉ាង​ច្រើន។ បាត្រដែលភិក្ខុមិនបានអធិដ្ឋាន មិនបានវិកប្បហៅថា អតិរេកបាត្រ។ ដែលហៅ​ថាបាត្រៗ​នោះ មានពីរយ៉ាង គឺបាត្រដែក១ បាត្រដី១។ ខ្នាតនៃបាត្រមាន៣យ៉ាង គឺបាត្រ​យ៉ាងធំ បាត្រ​យ៉ាង​កណ្ដាល បាត្រយ៉ាងតូច។ បាត្រចំណុះបាយនៃអង្ករកន្លះអាឡ្ហក (គឺ២នាឡិមគធ) ចំណុះ​ខាទនីយ​ស្មើចំណែកបាយជាគំរប់៤ និងចំណុះម្ហូបល្មម​សមគួរ​នឹងបាយនោះ ហៅថាបាត្រ​យ៉ាង​ធំ។ បាត្រចំណុះបាយនៃអង្ករ១នាឡិមគធៈ ចំណុះ​ខាទនីយស្មើចំណែកបាយជាគំរប់៤​ និង​ចំណុះ​​ម្ហូប​ល្មមសមគួរដល់បាយ​នោះ ហៅថា បាត្រយ៉ាងកណ្ដាល។ បាត្រចំណុះបាយនៃ​អង្ករ​១បត្ថ គឺ​កន្លះ​នាឡិមគធៈចំណុះ ខាទនីយ​ស្មើចំណែកបាយជាគំរប់៤ និងចំណុះម្ហូបល្មមសមគួរដល់បាយនោះ ហៅថាបាត្រ​យ៉ាង​តូច។ បាត្រដែលធំហួស ឬតូចហួសជាងប្រមាណនោះ មិនហៅថា​បាត្រ​ទេ។

[១២០] កាលភិក្ខុទុកបាត្រឱ្យកន្លងហួសអំពីកំណត់នោះទៅ បាត្រនោះជានិស្សគ្គិយ គឺ​ជា​និស្សគ្គិយ​ក្នុងពេលអរុណទី១១ រះឡើងហើយ ភិក្ខុត្រូវលះបង់ដល់សង្ឃ ឬគណៈ ឬ​បុគ្គល។ ម្នាល​ភិក្ខុទាំងឡាយ ភិក្ខុគប្បីលះបង់បាត្រយ៉ាងនេះឯង។

[១២១] ភិក្ខុនោះគប្បីចូលទៅរកសង្ឃ ហើយធ្វើចីពរឆៀងស្មាម្ខាង ហើយថ្វាយបង្គំ​បាទា​ភិក្ខុ​ទាំងឡាយដែលជាចាស់ រួចហើយអង្គុយច្រហោង ប្រណម្យអញ្ជលី ហើយត្រូវ​ពោល​ពាក្យ​យ៉ាង​នេះនឹងសង្ឃថា បពិត្រព្រះសង្ឃដ៏ចំរើន បាត្ររបស់ខ្ញុំនេះកន្លងហួស១០ថ្ងៃ ជានិស្សគ្គិយ ខ្ញុំ​សូមលះបង់បាត្រនេះដល់សង្ឃ។ ភិក្ខុនោះលុះលះបង់ហើយ ត្រូវសំដែង​អាបត្ដិចេញ។ ភិក្ខុ​ដែល​ឆ្លាស​ប្រតិពលគប្បីទទួលដឹងអាបត្ដិ (របស់ភិក្ខុនោះ) បាត្រដែល​ភិក្ខុនោះលះបង់ហើយ សង្ឃ​ត្រូវ​ឲ្យ (ដល់លោកជាម្ចាស់ដើមវិញ) ដោយពោលពាក្យ​ប្រកាសសង្ឃថា បពិត្រព្រះសង្ឃដ៏ចំរើន សូម​ព្រះសង្ឃស្ដាប់ខ្ញុំ បាត្រនេះជារបស់​ភិក្ខុ​ឈ្មោះនេះ ជានិស្សគ្គិយ លោក​បានលះបង់ហើយ​ដល់សង្ឃ។ បើកម្មនេះមានកាល​ដ៏​សមគួរ​ដល់សង្ឃហើយ សង្ឃគប្បីឱ្យនូវបាត្រ​នេះដល់​ភិក្ខុ​ឈ្មោះនេះវិញ។

[១២២] ភិក្ខុអង្គនោះគប្បីចូលទៅរកពួកភិក្ខុច្រើន ហើយធ្វើចីពរឆៀងស្មាម្ខាង ហើយ​ថ្វាយ​បង្គំបាទាភិក្ខុចាស់ទាំងឡាយ ហើយអង្គុយច្រហោងប្រណម្យអញ្ជលី ហើយ​ត្រូវ​ពោល​ពាក្យ​យ៉ាង​នេះនឹងគណភិក្ខុថា បពិត្រលោកទាំងឡាយដ៏ចំរើន បាត្ររបស់ខ្ញុំនេះកន្លង​ហួស១០ថ្ងៃ ជា​និស្សគ្គិយ ខ្ញុំសូមលះបង់បាត្រនេះដល់​លោកដ៏មានអាយុទាំងឡាយ។ ភិក្ខុ​នោះ​លុះលះបង់​ហើយ ត្រូវសំដែងអាបត្ដិចេញ។ ភិក្ខុអ្នកឆ្លាសប្រតិពល គប្បីទទួល​ដឹង​អាបត្ដិ (របស់ភិក្ខុនោះ)។ បាត្រ​ដែលភិក្ខុលះបង់ហើយ គណភិក្ខុត្រូវឱ្យ(ដល់លោកវិញ) ដោយពោលពាក្យ​យ៉ាងនេះថា សូមលោកដ៏មានអាយុទាំងឡាយស្ដាប់ខ្ញុំ បាត្រនេះជា​របស់​​ភិក្ខុ​ឈ្មោះនេះ ជានិស្សគ្គិយ លោក​បាន​លះបង់ហើយដល់លោកដ៏មានអាយុ​ទាំង​ឡាយ។ បើកម្មនេះមានកាលដ៏សមគួរដល់​លោក​ដ៏​មាន​អាយុទាំងឡាយ លោកដ៏មាន​អាយុ​ទាំងឡាយ គប្បីឱ្យបាត្រនេះដល់ភិក្ខុឈ្មោះនេះវិញ។

[១២៣] ភិក្ខុនោះគប្បីចូលទៅរកភិក្ខុមួយអង្គ ហើយធ្វើចីពរឆៀងស្មាម្ខាង ហើយអង្គុយ​ច្រហោងប្រណម្យអញ្ជលី ហើយត្រូវពោលពាក្យយ៉ាងនេះ នឹងភិក្ខុមួយអង្គថា ម្នាល​អ្នកដ៏​មាន​អាយុ បាត្ររបស់ខ្ញុំនេះ កន្លងហួស១០ថ្ងៃ ជានិស្សគ្គិយ ខ្ញុំសូមលះបង់បាត្រនេះ ដល់​លោកដ៏មាន​អាយុ។ លុះភិក្ខុនោះលះបង់ហើយត្រូវសំដែងអាបត្ដិចេញ។ ភិក្ខុមួយអង្គនោះ​ត្រូវទទួលដឹងអាបត្ដិ (របស់ភិក្ខុនោះ)។ បាត្រដែលភិក្ខុនោះលះបង់​ហើយត្រូវបុគ្គល​នោះ​ឱ្យវិញ​ដោយពោលថា ខ្ញុំឱ្យ​បាត្រ​នេះដល់លោកដ៏មានអាយុវិញ។

[១២៤] បាត្រដែលកន្លងហួស១០ថ្ងៃហើយ ភិក្ខុសំគាល់ថាកន្លងហើយមែន បាត្រ​នោះជា​និស្សគ្គិយ ភិក្ខុត្រូវអាបត្ដិបាចិត្ដិយ។ បាត្រដែលកន្លងហួស១០ថ្ងៃ តែភិក្ខុ​មានសេចក្ដី​សង្ស័យ បាត្រ​នោះ​ជានិស្សគ្គិយ ភិក្ខុត្រូវអាបត្ដិបាចិត្ដិយ។ បាត្រដែល​កន្លងហួស​១០ថ្ងៃ​ហើយ តែភិក្ខុសំគាល់ថា​មិន​ទាន់កន្លង បាត្រនោះជានិស្សគ្គិយ ភិក្ខុត្រូវអាបត្ដិបាចិត្ដិយ។ បាត្រដែលមិនទាន់បានអធិដ្ឋាន ភិក្ខុ​សំគាល់ថាបានអធិដ្ឋានហើយ បាត្រនោះជា​និស្សគ្គិយ ភិក្ខុត្រូវអាបត្ដិបាចិត្ដិយ។ បាត្រ​ដែល​មិន​​ទាន់បានវិកប្ប ភិក្ខុសំគាល់ថា បាន​វិកប្ប​ហើយ បាត្រនោះជានិស្សគ្គិយ ភិក្ខុត្រូវ​អាបត្ដិ​បាចិត្ដិយ។ បាត្រដែលមិនទាន់​បាន​លះបង់ ភិក្ខុសំគាល់ថាបានលះបង់ហើយ បាត្រនោះ​ជា​និស្សគ្គិយ ភិក្ខុត្រូវអាបត្ដិ​បាចិត្ដិយ។ បាត្រដែលមិនទាន់បាត់ ភិក្ខុសំគាល់ថាបាត់ហើយ បាត្រ​នោះ​ជា​និស្សគ្គិយ ភិក្ខុត្រូវអាបត្ដិបាចិត្ដិយ។ បាត្រដែលមិនទាន់ខូចទេ តែភិក្ខុសំគាល់ថាខូចហើយ​បាត្រនោះ​ជានិស្សគ្គិយ ភិក្ខុត្រូវអាបត្ដិបាចិត្ដិយ។ បាត្រដែលមិនទាន់បែក ភិក្ខុសំគាល់ថា​បែក​ហើយ បាត្រនោះជានិស្សគ្គិយ ភិក្ខុត្រូវអាបត្ដិបាចិត្ដិយ។ បាត្រដែលចោរមិនទាន់ដណ្ដើម ភិក្ខុ​សំគាល់ថាចោរដណ្ដើមយកទៅហើយ បាត្រនោះជានិស្សគ្គិយ ភិក្ខុត្រូវអាបត្ដិបាចិត្ដិយ។

[១២៥] ភិក្ខុមិនលះបង់បាត្រដែលជានិស្សគ្គិយ ហើយប្រើប្រាស់ (បាត្រនោះ) ត្រូវអាបត្ដិ​ទុក្កដ។ បាត្រដែលមិនទាន់កន្លងហួស១០ថ្ងៃភិក្ខុ សំគាល់ថាកន្លងហើយ ត្រូវ​អាបត្ដិ​ទុក្កដ។ បាត្រដែលមិនទាន់កន្លងហួស១០ ថ្ងៃ ភិក្ខុមានសេចក្ដីសង្ស័យ ត្រូវអាបត្ដិទុក្កដ។ បាត្រ​ដែលមិនទាន់កន្លងហួស១០ថ្ងៃ ភិក្ខុសំគាល់ថាមិនទាន់កន្លង ជាអនាបត្ដិ។

[១២៦] អាបត្ដិមិនមានដល់ភិក្ខុដែលបានអធិដ្ឋាន បានវិកប្ប បានលះបង់ឱ្យទៅគេ ដល់​ភិក្ខុ​ដែលមានបាត្របាត់វិនាសបែកទៅ ចោរដណ្ដើមយកទៅ ភិក្ខុដទៃកាន់យក​ដោយ​វិស្សាសៈ ក្នុងរវាង១០ថ្ងៃ ដល់ភិក្ខុឆ្កួត ដល់ភិក្ខុជាខាងដើមបញ្ញត្ដិ។

[១២៧] សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុ មិនបានឱ្យនូវបាត្រ ដែលភិក្ខុលះបង់​ហើយទៅ​ម្ចាស់​បាត្រវិញ។ ភិក្ខុទាំងឡាយ បានក្រាបទូល​រឿងនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ​ជា​ម្ចាស់។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បាត្រដែលគេលះបង់ហើយ ភិក្ខុមិនឱ្យវិញ មិនគួរទេ ភិក្ខុ​ណា​មិនឱ្យវិញ ភិក្ខុនោះត្រូវអាបត្ដិទុក្កដ។

សិក្ខាបទទី១ ចប់

សិក្ខាបទទី

[១២៨] សម័យនោះ ព្រះពុទ្ធដ៏ទ្រង់យស កាលសំរេចឥរិយាបថក្នុងនិគ្រោធារាម ជិត​ក្រុង​កបិលវត្ថុ នាដែនសក្កៈ។ សម័យនោះឯង ស្មូនឆ្នាំងម្នាក់បវារណាភិក្ខុទាំងឡាយ​ដោយ​ពាក្យ​ថា លោកម្ចាស់ទាំងឡាយណាមានសេចក្ដីត្រូវការដោយបាត្រ ខ្ញុំព្រះករុណា​នឹង​ប្រគេន​បាត្រ​ដល់លោកម្ចាស់នោះៗ។ ខណៈនោះឯង ភិក្ខុទាំងឡាយមិនដឹងប្រមាណ សូមបាត្រទាំងឡាយជាច្រើន។ ពួកភិក្ខុណាមានបាត្រតូចៗ ភិក្ខុទាំងនោះក៏សូម​បាត្រ​ធំៗ។ ពួកភិក្ខុណាដែលមានបាត្រធំៗ ភិក្ខុ ទាំងនោះក៏សូមបាត្រតូចៗ។ គ្រានោះឯង ស្មូនឆ្នាំងនោះរវល់ធ្វើបាត្រជាច្រើនប្រគេនពួកភិក្ខុ ក៏មិនអាចដើម្បី​នឹងធ្វើភាជន៍​សម្រាប់​ចំណាយឯទៀតបាន សូម្បីនឹងរកចិញ្ចឹមខ្លួនក៏មិនបាន កូននឹងប្រពន្ធទាំងឡាយរបស់​ស្មូនឆ្នាំង​នោះសោតក៏ព្រួយលំបាក។ មនុស្សទាំងឡាយក៏ពោលទោស តិះដៀល បន្ដុះ​បង្អាប់​ថា គួរបើដែរ ពួក​សមណៈជាកូនចៅរបស់​ព្រះពុទ្ធជាសក្យបុត្ដ​មិនដឹងប្រមាណ ហើយ​សូមបាត្រជាច្រើន ស្មូនឆ្នាំងនេះរវល់តែធ្វើបាត្រជាច្រើនប្រគេនភិក្ខុទាំងនេះ ក៏មិន​អាច​ដើម្បីនឹងធ្វើនូវភាជន៍ សម្រាប់ចំណាយឯទៀតបាន សូម្បីនឹងរកចិញ្ចឹមជីវិត​ខ្លួនក៏​មិនបាន កូន​នឹងប្រពន្ធ​ទាំងឡាយ​របស់ស្មូនឆ្នាំង​នោះសោតក៏ព្រួយលំបាក។ ភិក្ខុទាំង​ឡាយ​បានស្ដាប់​ច្បាស់ពាក្យដែលមនុស្ស​ទាំងឡាយនោះ កំពុងពោលទោស តិះដៀល បន្ដុះបង្អាប់ហើយ។ ពួកភិក្ខុណាដែលមានសេចក្ដី ប្រាថ្នាតិច។ បេ។ ភិក្ខុទាំងនោះ​ក៏ពោលទោស តិះដៀល បន្ដុះបង្អាប់ថា គួរបើដែរ ភិក្ខុទាំងឡាយមិន​ដឹងប្រមាណ ហើយ​សូម​បាត្រជាច្រើន។ ខណៈនោះ ពួកភិក្ខុនោះក៏ក្រាបទូលរឿងនុ៎ះ ចំពោះ​ព្រះដ៏មាន​ព្រះភាគ។ ព្រះអង្គត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថាភិក្ខុទាំងឡាយមិនដឹង​ប្រមាណ​ហើយសូមបាត្រជាច្រើន ពិតមែនឬ។ ភិក្ខុទាំងឡាយទូលថា សូមទ្រង់ព្រះមេត្ដាប្រោស ការនោះពិតមែន។ ព្រះពុទ្ធជាម្ចាស់ដ៏មានព្រះ ភាគទ្រង់តិះដៀលថា ម្នាលភិក្ខុទាំងឡាយ គួរបើដែរ មោឃបុរសទាំងនោះ​មិនដឹងប្រមាណហើយសូមបាត្រជាច្រើន ម្នាលភិក្ខុ​ទាំង​ឡាយ អំពើនេះមិនមែននាំឱ្យជ្រះថ្លាដល់ពួកជនដែលមិនទាន់ជ្រះថ្លា ឬនឹងបាននាំឱ្យ រឹងរឹតតែជ្រះថ្លា​ដល់ពួកជនដែលជ្រះថ្លាហើយក៏ទេ។បេ។ លុះត្រាស់តិះដៀលហើយ ក៏ធ្វើ​នូវ​ធម្មីកថា ត្រាស់ហៅពួកភិក្ខុមក ទើបទ្រង់បញ្ញត្ដថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិន​ត្រូវ​សូមបាត្រឡើយ ភិក្ខុ​ណា​សូម ភិក្ខុនោះត្រូវអាបត្ដិទុក្កដ។

[១២៩] សម័យនោះឯង ភិក្ខុ១រូបមានបាត្របែក។ ឯភិក្ខុនោះសង្ស័យថា ការសូម​បាត្រ​ព្រះដ៏មាន​ព្រះភាគទ្រង់ហាមហើយ មិនហ៊ានសូមបាត្រ ក៏ប្រព្រឹត្ដបិណ្ឌបាតដោយ​ដៃ​ទទេ។ មនុស្សទាំងឡាយ ក៏ពោលទោស តិះដៀល បន្ដុះបង្អាប់ថា ពួកសមណៈជាកូនចៅ​របស់ព្រះ ពុទ្ធជាសក្យបុត្ដ មិនសមបីបើនឹងចរទៅបិណ្ឌបាតដោយដៃទទេ ដូចជាពួកតិរ្ថិយ​សោះ។ ភិក្ខុទាំងឡាយបានស្ដាប់ច្បាស់នូវពាក្យដែលមនុស្សទាំងឡាយនោះពោលទោស តិះដៀល បន្ដុះបង្អាប់(ដូច្នោះ)។ ទើបភិក្ខុទាំងនោះ ក្រាបទូលរឿងនុ៎ះចំពោះ​ព្រះដ៏មាន​ព្រះភាគ​ជាម្ចាស់។ ព្រោះ និទាននេះដំណើរនេះ ទើបព្រះដ៏មានព្រះភាគទ្រង់ធ្វើ ធម្មីកថា ត្រាស់ហៅពួកភិក្ខុមកហើយទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត​ឱ្យ​ភិក្ខុដែលមានបាត្របាត់ ឬមានបាត្របែក ត្រូវសូមបាត្របាន។

[១៣០] សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុដឹងថា ព្រះដ៏មានព្រះភាគ បានទ្រង់​អនុញ្ញាត​ឱ្យភិក្ខុដែលមានបាត្របាត់ ឬមានបាត្របែក គួរសូមបាត្របានដូច្នេះ សូម្បី​មាន​បាត្រ​បែក ឬធ្លុះ ឬ​ដាច់ ឬស្នាមប្រេះគ្រាន់តែបន្ដិចបន្ដួច ក៏គ្មានដឹងប្រមាណ ចេះតែសូម​បាត្រគេ​ជា​ច្រើន គ្រានោះ ស្មូន​ឆ្នាំងនោះរវល់ធ្វើបាត្រជា​ច្រើនប្រគេន​ភិក្ខុទាំងឡាយដូចកាល​ជាន់​មុន ក៏មិនអាចនឹង​ធ្វើ​ភាជន៍​សម្រាប់​ចំណាយ​ឯទៀតបាន សូម្បីរកចិញ្ចឹម​ជីវិតខ្លួន​ក៏មិន​កើត កូននឹងប្រពន្ធទាំងឡាយ របស់​ស្មូនឆ្នាំងនោះក៏ព្រួយលំបាក។ មនុស្សទាំងឡាយ​ពោល​ទោស តិះដៀល បន្ដុះបង្អាប់ ដូច​កាល​​ជាន់​មុន​ទៀត​ថា ហេតុអ្វីបានជា​សមណៈ​ទាំងឡាយ ជាកូនចៅរបស់ព្រះពុទ្ធជាសក្យបុត្ដ មិន​​​ដឹងប្រមាណ សូមបាត្រគេជាច្រើន ស្មូនឆ្នាំងនេះរវល់តែធ្វើបាត្រជាច្រើនប្រគេនភិក្ខុទាំងនេះ ក៏មិនអាចដើម្បីនឹង​ធ្វើភាជន៍​ដទៃ​សម្រាប់ចំណាយបាន សូម្បីនឹងរកចិញ្ចឹមជីវិតខ្លួនក៏មិនកើត កូន​និង​ប្រពន្ធ​ទាំងឡាយ​របស់ស្មូនឆ្នាំងនោះសោត ក៏ព្រួយលំបាក។ ភិក្ខុទាំងឡាយ បាន​ឮពាក្យ​ដែល​ពួក​មនុស្ស​ទាំងនោះពោលទោស តិះដៀល បន្ដុះបង្អាប់ (ដូច្នោះ)។ ពួកភិក្ខុណា ដែល​មាន​សេចក្ដី​ប្រាថ្នាតិច។បេ។ ពួកភិក្ខុទាំងឡាយនោះក៏ពោលទោស តិះដៀល បន្ដុះបង្អាប់ថា ហេតុអ្វី​បានជា​ពួក​ឆព្វគ្គិយ​ភិក្ខុ មានបាត្របែក ឬធ្លុះ ឬដាច់ ឬស្នាមប្រេះ គ្រាន់តែបន្ដិចបន្ដួច មិនដឹង​ប្រមាណ ចេះតែសូមបាត្រគេជាច្រើន។ ទើបភិក្ខុទំាងនោះ ក្រាបទូល​រឿងនុ៎ះ​ចំពោះ​ព្រះដ៏មាន​ព្រះភាគ។ ព្រះអង្គត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថាអ្នក​ទាំងឡាយ​មានបាត្របែក ឬធ្លុះ ឬដាច់ ឬស្នាម​ប្រេះ​គ្រាន់​តែបន្ដិចបន្ដួច ក៏មិនដឹងប្រមាណ ចេះតែ​សូមបាត្រគេជាច្រើន ពិតមែនឬ។ ពួក​ឆព្វគ្គិយ​ភិក្ខុ​ក្រាប​ទូលថា សូមទ្រង់ព្រះមេត្ដាប្រោស ការនោះពិតមែន។ ព្រះពុទ្ធជាម្ចាស់​ដ៏មានព្រះភាគ​ទ្រង់​តិះដៀលថា ម្នាលមោឃបុរស​ទាំងឡាយ ហេតុអ្វីបានជា​អ្នក​ទាំងឡាយមានបាត្របែក​តែ​បន្ដិច​បន្ដួចខ្លះ ធ្លុះតែបន្ដិច​បន្ដួចខ្លះ ដាច់តែបន្ដិចបន្ដួចខ្លះ ស្នាមប្រេះ​តែបន្ដិចបន្ដួចខ្លះ ក៏មិន​ដឹង​ប្រមាណ​ហើយនាំ​គ្នាសូមបាត្រជាច្រើន ម្នាល​មោឃបុរស​ទាំងឡាយ កម្មដែលអ្នកធ្វើនេះ មិនមែន​នាំ​ឱ្យ​ជ្រះថ្លា​ដល់ជនទាំងឡាយដែលមិនទាន់​ជ្រះថ្លា ឬនឹងបាននាំ​ឱ្យរឹងរឹត​តែជ្រះថ្លាដល់​ជន​ទាំងឡាយ ​ដែលជ្រះថ្លាហើយក៏ទេ។បេ។ ម្នាល​ភិក្ខុ​ទាំងឡាយ​ អ្នកទាំងឡាយ​គប្បី​សំដែង​ឡើង​នូវ​សិក្ខាបទ​នេះយ៉ាងនេះថា ភិក្ខុណាមួយ​មានបាត្រ​មិន​ទាន់មានចំណងគ្រប់៥អន្លើ ឱ្យគេរកបាត្រ​ថ្មី​ទៀត (បាត្រនោះ) ជានិស្សគ្គិយ ភិក្ខុត្រូវ​អាបត្ដិ​បាចិត្ដិយ។ ភិក្ខុនោះត្រូវ​លះបង់​​បាត្រនោះក្នុង​ភិក្ខុ​បរិសទ្យ។ បាត្រណា​ជាទីបំផុត​របស់ភិក្ខុ​បរិសទ្យ​នោះ បាត្រនោះ​ភិក្ខុដែលបានសន្មត ត្រូវប្រគល់​បាត្រ​នោះ ឱ្យដល់ភិក្ខុនោះដោយពាក្យថា ម្នាល​ភិក្ខុ នេះបាត្ររបស់លោកៗ គប្បីប្រើប្រាស់​ត្រាតែ​បែក។ នេះជាសាមីចិកម្ម(គឺការប្រពៃ) ក្នុង​ការ​លះបង់​បាត្រនោះ។

[១៣១] ត្រង់ពាក្យថា ភិក្ខុណាមួយមានសេចក្ដីដូចគ្នានឹងសិក្ខាបទទី១ នៃបារាជិកកណ្ឌ។ បាត្រ​ដែលគ្មាន​ចំណង ឬមានចំណងតែមួយអន្លើ ឬពីរអន្លើ បីអន្លើ បួនអន្លើ ហៅថា​បាត្រ​មាន​ចំណង​មិនទាន់ដល់ ៥ អន្លើ។ បាត្រដែលមានស្នាមប្រេះបែកមិនទាន់ដល់ពីរធ្នាប់ ហៅថា​ បាត្រ​មិន​ទាន់មានឱកាសនៃចំណង។ បាត្រដែលមានស្នាមប្រេះ​បែកប្រមាណ​ដល់​ពីរធ្នាប់ ហៅថា​បាត្រ​មាន​ឱកាសនៃចំណង (មួយ​អន្លើ)។ ដែលហៅថាបាត្រថ្មី សំដៅ​យកការសូមបាត្រជាប្រមាណ។ ពាក្យថា ឱ្យគេរក សេចក្ដីថា ភិក្ខុសូមបាត្រ ត្រូវអាបត្ដិ​ទុក្កដតាមប្រយោគ បាត្រ​នោះជានិស្សគ្គិយ​ក្នុង​ខណៈ​ដែលបានមក ភិក្ខុត្រូវលះបង់​ក្នុង​កណ្ដាលសង្ឃ។ ភិក្ខុទាំងពួង​ត្រូវ​យកបាត្រ​ដែល​ភិក្ខុ​បាន​​អធិដ្ឋាន​​ហើយទៅ​ប្រជុំគ្នា។ ភិក្ខុ​មិន​ត្រូវអធិដ្ឋានបាត្រអាក្រក់ទុកដោយគិតថា អញនឹង​យក​បាត្រ​ថ្លៃច្រើន។ បើភិក្ខុ​អធិដ្ឋាន​បាត្រអាក្រក់ទុកដោយគិតថា អញ​នឹងយក​បាត្រថ្លៃច្រើន ​ត្រូវ​អាបត្ដិទុក្កដ។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុត្រូវលះបង់បាត្រយ៉ាងនេះ

[១៣២] ភិក្ខុនោះត្រូវចូលទៅរកសង្ឃ ធ្វើចីពរឆៀងស្មាម្ខាង ហើយសំពះបាទាភិក្ខុ​ចាស់​ទាំង​​ឡាយ ហើយអង្គុយច្រហោងប្រណម្យ អញ្ជលី ហើយពោលនឹងសង្ឃយ៉ាងនេះថា បពិត្រ​ព្រះសង្ឃ​ដ៏ចំរើនបាត្រ(ថ្មី) របស់ខ្ញុំនេះ គឺខ្ញុំមានបាត្រ (ចាស់) មិនទាន់មានចំណង​គ្រប់៥អន្លើ ខ្ញុំ​ឱ្យ​គេ​រកបាត្រទៀត បាត្រនេះជានិស្សគ្គិយ ខ្ញុំសូមលះបង់បាត្រនេះ​ដល់​សង្ឃ។ លុះ​ភិក្ខុលះ​បង់បាត្រ​រួច​ហើយ ត្រូវសំដែងអាបត្ដិចេញ។ ភិក្ខុអ្នកឈ្លាស​អង់អាច​ត្រូវ​​ទទួលអាបត្ដិ។ សង្ឃត្រូវសន្មតភិក្ខុ ដែល​ប្រកបដោយអង្គ៥ ឱ្យជាអ្នកប្រគល់បាត្រ គឺភិក្ខុ​ណាមួយ​ដែលមិនបានប្រព្រឹត្ដ​ទៅដោយ​ឆន្ទាគតិ១ ទោសាគតិ១ មោហាគតិ១ ភយាគតិ១ ដឹងនូវបាត្រ​ដែលគេបាន​ទទួល និង​មិនទាន់​បាន​ទទួល១។ ម្នាលភិក្ខុទាំង​ឡាយ សង្ឃត្រូវសន្មតយ៉ាងនេះ។ ភិក្ខុឈ្លាសត្រូវអង្វរភិក្ខុ (នោះ) ជាមុន។ លុះ​ភិក្ខុ​ឈ្លាស​ប្រតិពលអង្វរ​រួច​ហើយ គប្បីប្រកាសឱ្យសង្ឃដឹងថា បពិត្រព្រះសង្ឃ​ដ៏ចំរើន សូម​ព្រះសង្ឃ​ស្ដាប់ខ្ញុំ បើកម្មនេះមានកាលដ៏សមគួរដល់សង្ឃហើយ សង្ឃគប្បី​សន្មតភិក្ខុ​ឈ្មោះនេះ​ឱ្យជាអ្នក​ប្រគល់បាត្រ។ នេះវាចាប្រកាសសង្ឃឱ្យដឹង។ បពិត្រព្រះសង្ឃដ៏ចំរើន សូម​ព្រះសង្ឃ​​ស្ដាប់​ខ្ញុំ ព្រះសង្ឃសន្មត​ភិក្ខុ​ឈ្មោះ​នេះ ឱ្យជាអ្នកប្រគល់បាត្រ។ ការសន្មតិ​ភិក្ខុ​ឈ្មោះនេះ ឱ្យ​ជា​អ្នក​ប្រគល់​បាត្រ សមគួរដល់​លោក​ដ៏មានអាយុអង្គណា លោកដ៏មាន​អាយុ​អង្គនោះ ត្រូវ​ស្ងៀម មិន​សមគួរ​ដល់​លោកដ៏មាន​អាយុ​អង្គណា លោក​ដ៏មានអាយុ​អង្គនោះត្រូវពោលឡើង។ សង្ឃ​បាន​សន្មត​​ភិក្ខុឈ្មោះនេះ​ឱ្យជាអ្នកប្រគល់បាត្រហើយ។ ការសន្មតិនេះសមគួរដល់សង្ឃ ហេតុនោះ​បានជា​ព្រះសង្ឃ​ស្ងៀមនៅ។ ខ្ញុំសូមចាំ​ទុកនូវ​រឿងនេះ ដោយកិរិយាស្ងៀមនៅ​យ៉ាង​នេះ។ ភិក្ខុ​ដែល​សង្ឃសន្មតហើយនោះ ត្រូវប្រគល់​បាត្រ (ឱ្យព្រះថេរៈ)។ ភិក្ខុនោះត្រូវប្រាប់​ព្រះថេរៈ​ថា បពិត្រ​លោកម្ចាស់ដ៏ចំរើន សូម​ព្រះថេរៈ​ទទួលយកបាត្រចុះ។ បើព្រះថេរៈទទួល (បាត្រនោះ) ភិក្ខុនោះត្រូវយក​បាត្ររបស់​ព្រះថេរៈប្រគល់ឱ្យភិក្ខុទីពីរ ព្រះថេរៈមិនត្រូវខាន​ទទួល​យកបាត្រ​នោះទេ ដោយ​សេចក្ដី​អាណិតភិក្ខុនោះ ភិក្ខុណាមួយមិនទទួល ភិក្ខុនោះត្រូវអាបត្ដិ​ទុក្កដ។ ភិក្ខុ​នោះ​មិនត្រូវ​ប្រគល់​បាត្រដល់ភិក្ខុដែលគ្មានបាត្រទេ។ ភិក្ខុនោះត្រូវប្រគល់​បាត្រ​ដោយ​ឧបាយនេះ ត្រា​តែ​ដល់ភិក្ខុខ្ចីក្នុងសង្ឃ។ បាត្រណាមួយដែលជាទីបំផុតរបស់​ភិក្ខុ​បរិសទ្យ​នោះ ភិក្ខុដែល​សង្ឃ​​បាន​សន្មតនោះត្រូវប្រគល់បាត្រឱ្យទៅភិក្ខុនោះដោយពាក្យថា នែភិក្ខុ បាត្ររបស់​លោកនេះ លោក​ចូរប្រើប្រាស់ត្រាតែបែក។ ភិក្ខុ​នោះមិនត្រូវទុក​បាត្រនោះក្នុង​ទីមិនគួរ មិនត្រូវប្រើប្រាស់​បាត្រ​នោះ ដោយការប្រើប្រាស់មិនសមគួរ មិនត្រូវចោលបាត្រនោះ​ឡើយ ដោយពាក្យថា បាត្រ​នេះ​អប្រិយណាស់ បាត់ទៅចុះ ខូចទៅចុះ ឬបែកទៅចុះ បើភិក្ខុទុក​ដាក់ក្នុងទីមិនគួរក្ដី ប្រើប្រាស់​ដោយការប្រើប្រាស់មិនសមគួរក្ដី លះបង់ចោល​ទៅក្ដី ត្រូវអាបត្ដិ​ទុក្កដ។ ពាក្យថា នេះជា​សាមីចិកម្ម (គឺការប្រពៃ) ក្នុងការ​លះបង់​បាត្រ​នោះ គឺថាពាក្យនេះ​ជា​ពាក្យ​សមគួរតាមធម៌​ក្នុងរឿង​លះបង់​បាត្រនោះ។

[១៣៣] ភិក្ខុមានបាត្រមិនទាន់មានចំណង (បើ) សុំបាត្រគ្មានចំណងត្រូវនិស្សគ្គិយ​បាចិត្ដិយ។ ភិក្ខុមានបាត្រមិនទាន់មានចំណង(បើ) សុំបាត្រមាន​ចំណង​តែមួយ​អន្លើ ត្រូវ​និស្សគ្គិយ​បាចិត្ដិយ។ ភិក្ខុមានបាត្រមិនទាន់មានចំណង (បើ) សុំបាត្រមាន​ចំណង​តែពីរអន្លើ ត្រូវនិស្សគ្គិយ​បាចិត្ដិយ។ ភិក្ខុមានបាត្រមិនទាន់មានចំណង (បើ) សុំបាត្រ​មាន​ចំណងបីអន្លើ ត្រូវនិស្សគ្គិយ​បាចិត្ដិយ។ ភិក្ខុមានបាត្រមិនទាន់មានចំណង (បើ) សុំបាត្រ​មានចំណងបួនអន្លើ ត្រូវនិស្សគ្គិយ​បាចិត្ដិយ។ ភិក្ខុមានបាត្រមានចំណង​តែមួយអន្លើ (បើ) សុំបាត្រគ្មានចំណង ត្រូវនិស្សគ្គិយ​បាចិត្ដិយ។ ភិក្ខុមានបាត្រមានចំណងតែមួយអន្លើ (បើ) សុំបាត្រមានចំណងតែមួយអន្លើ ត្រូវ​និស្សគ្គិយ​បាចិត្ដិយ។ ភិក្ខុមានបាត្រមានចំណងតែ​មួយអន្លើ (បើ) សុំបាត្រមានចំណងពីរអន្លើ ត្រូវ​និស្សគ្គិយ​បាចិត្ដិយ។ ភិក្ខុមាន​បាត្រ​មានចំណង​តែមួយ​អន្លើ (បើ) សុំបាត្រមានចំណងបីអន្លើ ត្រូវ​និស្សគ្គិយបាចិត្ដិយ។ ភិក្ខុ​មាន​បាត្រ​មានចំណងតែ​មួយ​អន្លើ (បើ) សុំបាត្រមានចំណងបួនអន្លើ ត្រូវ​និស្សគ្គិយ​បាចិត្ដិយ។ ភិក្ខុមានបាត្រមានចំណងពីរអន្លើ​ (បើ) សុំបាត្រគ្មានចំណង ត្រូវ​និស្សគ្គិយ​បាចិត្ដិយ។ ភិក្ខុមានបាត្រមានចំណងពីរអន្លើ (បើ)សុំបាត្រមានចំណងតែមួយអន្លើ ត្រូវ​និស្សគ្គិយបាចិត្ដិយ។ ភិក្ខុមានបាត្រមាន​ចំណងពីរ​អន្លើ (បើ) សុំបាត្រមានចំណងពីរអន្លើ ត្រូវ​និស្សគ្គិយ​បាចិត្ដិយ។ ភិក្ខុមានបាត្រមានចំណងពីរអន្លើ (បើ) សុំបាត្រមាន​ចំណង​បីអន្លើ ត្រូវ​និស្សគ្គិយ​បាចិត្ដិយ។ ភិក្ខុមានបាត្រមានចំណងពីរអន្លើ (បើ) សុំបាត្រ​មាន​ចំណងបួនអន្លើ ត្រូវ​និស្សគ្គិយ​បាចិត្ដិយ។ ភិក្ខុមានបាត្រមានចំណងបីអន្លើ (បើ) សុំបាត្រ​ឥតចំណង ត្រូវនិស្សគ្គិយ​បាចិត្ដិយ។ ភិក្ខុមានបាត្រមានចំណងបីអន្លើ (បើ) សុំបាត្រ​មានចំណងតែមួយអន្លើ ត្រូវនិស្សគ្គិយ​បាចិត្ដិយ។ ភិក្ខុមានបាត្រមានចំណងបីអន្លើ​(បើ)​សុំបាត្រមាន​ចំណងពីរអន្លើ ត្រូវនិស្សគ្គិយ​បាចិត្ដិយ។ ភិក្ខុមានបាត្រមានចំណងបីអន្លើ (បើ) សុំបាត្រមានចំណងបីអន្លើ ត្រូវនិស្សគ្គិយ​បាចិត្ដិយ។ ភិក្ខុមានបាត្រមានចំណងបីអន្លើ (បើ) សុំបាត្រមានចំណងបួនអន្លើ ត្រូវ​និស្សគ្គិយ​បាចិត្ដិយ។ ភិក្ខុមានបាត្រមាន​ចំណង​បួនអន្លើ (បើ) សុំបាត្រឥតចំណង ត្រូវនិស្សគ្គិយបាចិត្ដិយ។ ភិក្ខុមានបាត្រមាន​ចំណង​បួន​អន្លើ (បើ) សុំបាត្រមានចំណងតែមួយអន្លើ ត្រូវនិស្សគ្គិយបាចិត្ដិយ។ ភិក្ខុមានបាត្រ​មានចំណង​បួនអន្លើ​ (បើ) សុំបាត្រមានចំណងពីរអន្លើ ត្រូវនិស្សគ្គិយបាចិត្ដិយ។ ភិក្ខុមាន​បាត្រ​មានចំណងបួនអន្លើ​ (បើ) សុំបាត្រមានចំណងបីអន្លើ ត្រូវនិស្សគ្គិយបាចិត្ដិយ។ ភិក្ខុ​មាន​បាត្រមាន​ចំណងបួនអន្លើ (បើ) សុំបាត្រមានចំណងបួនអន្លើ ត្រូវនិស្សគ្គិយបាចិត្ដិយ។

[១៣៤] ភិក្ខុមានបាត្រគ្មានចំណង (បើ) សុំបាត្រគ្មានឱកាសនៃចំណង… (បើ) សុំ​បាត្រ​មាន​ឱកាសនៃចំណងតែមួយអន្លើ… (បើ) សុំបាត្រមានឱកាសនៃចំណងពីរអន្លើ… (បើ) សុំ​បាត្រ​មាន​ឱកាសនៃចំណងបីអន្លើ… (បើ) សុំបាត្រមានឱកាសនៃចំណងបួនអន្លើ ត្រូវ​និស្សគ្គិយ​បាចិត្ដិយ។ ភិក្ខុមានបាត្រមានចំណងតែមួយអន្លើ (បើ) សុំបាត្រគ្មាន​ឱកាសនៃ​ចំណង… (បើ) សុំបាត្រ​មានឱកាសនៃចំណងតែមួយអន្លើ… (បើ) សុំបាត្រមានឱកាស​នៃ​ចំណង​ពីរអន្លើ… (បើ) សុំបាត្រមានឱកាសនៃចំណងបីអន្លើ… (បើ) សុំបាត្រមាន​ឱកាស​នៃ​ចំណងបួនអន្លើ ត្រូវ​និស្សគ្គិយ​បាចិត្ដិយ។ ភិក្ខុមានបាត្រមានចំណងពីរអន្លើ (បើ) សុំបាត្រ​គ្មាន​ឱកាសនៃចំណង… (បើ) សុំបាត្រ​មាន​ឱកាសនៃចំណងតែមួយអន្លើ… (បើ) សុំបាត្រ​មានឱកាស​នៃចំណងពីរអន្លើ… (បើ)​សុំបាត្រ​មាន​ឱកាសនៃចំណងបីអន្លើ…(បើ) សុំបាត្រ​មាន​ឱកាសនៃចំណង​បួនអន្លើ ត្រូវនិស្សគ្គិយ​បាចិត្ដិយ។ ភិក្ខុមានបាត្រមាន​ចំណង​បីអន្លើ (បើ) សុំបាត្រគ្មាន​ឱកាស​នៃចំណង…(បើ) សុំបាត្រ​មាន​ឱកាស​នៃចំណង​តែមួយអន្លើ… (បើ) សុំបាត្រ​មាន​ឱកាសនៃ​ចំណង​ពីរអន្លើ… (បើ) សុំបាត្រ​មាន​ឱកាស​នៃចំណងបីអន្លើ…(បើ) សុំបាត្រមានឱកាសនៃចំណងបួនអន្លើ ត្រូវនិស្សគ្គិយ​បាចិត្ដិយ។ ភិក្ខុមានបាត្រ​មាន​ចំណងបួនអន្លើ (បើ) សុំបាត្រគ្មានឱកាសនៃចំណង…​(បើ) សុំបាត្រ​មាន​ឱកាស​នៃចំណង​តែមួយអន្លើ…(បើ) សុំបាត្រមានឱកាសនៃចំណងពីរអន្លើ…(បើ) សុំ​បាត្រ​​មាន​ឱកាសនៃ​ចំណង​បីអន្លើ…(បើ) សុំបាត្រមានឱកាសនៃចំណងបួនអន្លើ ត្រូវ​និស្សគ្គិយ​​បាចិត្ដិយ។

[១៣៥] ភិក្ខុមានបាត្រគ្មានឱកាសនៃចំណង (បើ) សុំបាត្រឥតចំណង…​ បាត្រមាន​ចំណង​តែមួយអន្លើ… បាត្រមានចំណងពីរអន្លើ…​បាត្រមានចំណង​បីអន្លើ… ​(បើ) ​សុំបាត្រមាន​ចំណង​​​​បួន​អន្លើ ​ត្រូវនិស្សគ្គិយបាចិត្ដិយ។ ភិក្ខុមានបាត្រមាន​ឱកាសនៃចំណង​តែមួយ​អន្លើ (បើ) សុំ​បាត្រ​គ្មាន​ចំណង…បាត្រមានចំណងតែមួយអន្លើ… បាត្រមានចំណង​ពីរ​អន្លើ…​បាត្រ​មានចំណង​បី​អន្លើ… (បើ) សុំបាត្រមានចំណងបួនអន្លើ ត្រូវនិស្សគ្គិយ​បាចិត្ដិយ។ ភិក្ខុមាន​បាត្រមានឱកាស​នៃ​ចំណង​ពីរ​អន្លើ (បើ) សុំបាត្រឥត​ចំណង… បាត្រ​មាន​​ចំណង​តែមួយ​អន្លើ… បាត្រមានចំណង​ពីរ​អន្លើ…​បាត្រ​មាន​ចំណងបីអន្លើ… (បើ) សុំបាត្រ​មានចំណង​បួន​អន្លើ ត្រូវនិស្សគ្គិយបាចិត្ដិយ។ ភិក្ខុមានបាត្រ​មាន​ឱកាស​នៃ​ចំណង​បីអន្លើ(បើ) សុំបាត្រឥត​ចំណង…​ បាត្រមានចំណង​តែមួយ​អន្លើ… បាត្រ​មាន​ចំណង​​ពីរអន្លើ… បាត្រមានចំណង​បី​អន្លើ… (បើ) សុំបាត្រមានចំណងបួនអន្លើ ត្រូវ​និស្សគ្គិយ​​បាចិត្ដិយ។ ភិក្ខុមានបាត្រមាន​ឱកាស​នៃចំណងបួនអន្លើ (បើ) សុំបាត្រឥត​ចំណង… ​បាត្រ​មាន​ចំណង​តែមួយអន្លើ… បាត្រ​មានចំណងពីរ​អន្លើ… បាត្រមាន​ចំណង​បី​អន្លើ… (បើ) សុំបាត្រមានចំណងបួនអន្លើ ត្រូវ​និស្សគ្គិយ​បាចិត្ដិយ។

[១៣៦] ភិក្ខុមានបាត្រឥតឱកាសនៃចំណង (បើ) សុំបាត្រឥតឱកាសនៃចំណង…​ បាត្រ​មាន​​ឱកាសនៃចំណងតែមួយអន្លើ… បាត្រមានឱកាស​នៃចំណងពីរអន្លើ… បាត្រមាន​ឱកាស​​នៃ​ចំណង​បីអន្លើ… (បើ) សុំបាត្រមានឱកាសនៃចំណងបួនអន្លើ ត្រូវនិស្សគ្គិយ​បាចិត្ដិយ។ ភិក្ខុមានបាត្រ​មាន​ឱកាស​នៃចំណងតែមួយអន្លើ (បើ) សុំបាត្រឥត​ឱកាស​នៃ​ចំណង… បាត្រមាន​ឱកាសនៃ​ចំណង​តែ​មួយ​អន្លើ… បាត្រមានឱកាស​នៃចំណង​ពីរ​អន្លើ… បាត្រមានឱកាសនៃចំណងបី​អន្លើ… (បើ) សុំ​បាត្រ​មានឱកាសនៃចំណងបួនអន្លើ ត្រូវ​និស្សគ្គិយ​បាចិត្ដិយ។ ភិក្ខុមានបាត្រ មានឱកាស​នៃ​ចំណង​ពីរអន្លើ (បើ) សុំបាត្រ​ឥតឱកាសនៃចំណង…។ មានឱកាសនៃ​ចំណង​មួយអន្លើ… បាត្រ​មាន​ឱកាស​នៃចំណង​ពីរអន្លើ… បាត្រមានឱកាសនៃចំណងបីអន្លើ… (បើ) សុំបាត្រ​មានឱកាស​នៃ​ចំណង​បួន​អន្លើ ត្រូវនិស្សគ្គិយបាចិត្ដិយ។ ភិក្ខុមាន​បាត្រមានឱកាស​នៃ​ចំណងបីអន្លើ(បើ) សុំបាត្រ​ឥត​ឱកាសនៃចំណង… បាត្រមានឱកាសនៃចំណងតែមួយ​អន្លើ… បាត្រមាន​ឱកាស​នៃ​ចំណង​ពីរអន្លើ… បាត្រមានឱកាសនៃចំណងបីអន្លើ… (បើ) សុំបាត្រមានឱកាស​នៃ​ចំណងបួន​អន្លើ ត្រូវនិស្សគ្គិបាចិត្ដិយ។ ភិក្ខុមានបាត្រ​មានឱកាសនៃ​ចំណងបួនអន្លើ (បើ) សុំបាត្រ​ឥត​ឱកាស​នៃ​ចំណង… បាត្រមានឱកាសនៃចំណងតែមួយអន្លើ…​បាត្រមាន​ឱកាស​នៃ​ចំណង​ពីរអន្លើ… បាត្រ​មានឱកាសនៃចំណងបីអន្លើ… (បើ) សុំបាត្រ​មាន​ឱកាស​នៃ​ចំណងបួនអន្លើ ត្រូវនិស្សគ្គិយ​បាចិត្ដិយ។

[១៣៧] អាបត្ដិមិនត្រូវដល់ភិក្ខុដែលមានបាត្របាត់ ដល់ភិក្ខុមានបាត្របែក ដល់ភិក្ខុ​សុំ​បាត្រអំពីសំណាក់ពួកញាតិ ដល់ភិក្ខុសុំបាត្រអំពីសំណាក់ពួកជនដែលបវារណា ដល់ភិក្ខុ​សុំបាត្រ​ដើម្បី​ឱ្យអ្នកដទៃ ដល់ភិក្ខុបានបាត្រមកដោយទ្រព្យរបស់ខ្លួន ដល់ភិក្ខុឆ្កួត ដល់​ភិក្ខុ​ជា​ខាងដើម​បញ្ញត្ដិ។

សិក្ខាបទទី២ ចប់។

សិក្ខាបទទី

[១៣៨] សម័យនោះ ព្រះពុទ្ធដ៏ទ្រង់យស កាលគង់ក្នុងវិហារជេតពន ដែលជារបស់​អនាថបិណ្ឌិកមហាសេដ្ឋី ក្បែរក្រុងសាវត្ថី។ គ្រានោះឯង បិលិន្ទវច្ឆត្ថេរដ៏មាន​អាយុប្រាថ្នា​នឹងធ្វើ​ទីជ្រកកោន ទើបឱ្យគេជម្រះសំអាតញកភ្នំក្បែរក្រុងរាជគ្រឹះ។ លំដាប់នោះ ព្រះបាទ​ពិម្ពិសារ សេនិយរាជ [ស្ដេចជាធំលើសេនាទាហ៊ាន គង់សំដៅសេចក្ដីថា ព្រះបាទពិម្ពិសារ ទ្រង់​ជា​មហាក្សត្រិយ៍សឹក បានជាមានគុណសព្ទមេទ័ពនាំមុខថា សេនិយោ មាគធោ រាជា។] ជាធំក្នុង​ដែនមគធៈ ទ្រង់យាងចូលទៅរកបិលិន្ទវច្ឆត្ថេរដ៏មានអាយុ លុះព្រះរាជ​ដំណើរ​ទៅដល់ហើយ ក៏បង្គំបិលិន្ទវច្ឆត្ថេរដ៏មានអាយុ ហើយគង់នៅក្នុងទីសមគួរ។ ព្រះបាទ​ពិម្ពិសារសេនិយរាជ​ជា​ធំ​ក្នុង​ដែនមគធៈ ទ្រង់គង់នៅក្នុងទីសមគួរហើយ ទើបមាន​ព្រះរាជឱង្ការ​នឹងបិលិន្ទវច្ឆត្ថេរដ៏មាន​អាយុ​ថា លោកម្ចាស់ លោកឱ្យគេធ្វើអ្វី។ បិលិន្ទវច្ឆត្ថេរ​ថ្វាយព្រះពរថា បពិត្រមហារាជ អាត្មា​ភាព​ចង់​ធ្វើកន្លែងជ្រកកោន បានជាឱ្យគេ​ជម្រះ​សំអាតញកភ្នំ។ ទ្រង់ក៏សួរថា លោកម្ចាស់ដ៏ចំរើន លោក​ម្ចាស់ត្រូវការអារាមិកជន (មនុស្ស​ថែទាំរក្សាអារាម) ឬទេ។ ព្រះថេរថ្វាយ​ព្រះពរ​ថា បពិត្រ​មហារាជ អារាមិកជន ព្រះដ៏ទ្រង់​ព្រះភាគ មិនទាន់​ទ្រង់អនុញ្ញាតនៅឡើយទេ។ ទ្រង់ត្រាស់ថា លោកម្ចាស់ បើដូច្នោះ លោកម្ចាស់គួរទូលសួរព្រះដ៏ទ្រង់ព្រះភាគ ហើយសិមមកប្រាប់​ញោម។ បិលិន្ទវច្ឆត្ថេរ​ដ៏មាន​អាយុ​ក៏ទទួលព្រះរាជឱង្ការ​ព្រះបាទពិម្ពិសារសេនិយរាជ​ជាធំ​ក្នុង​ដែន​មគធៈ​ថា ថ្វាយព្រះពរមហារាជ។ ខណៈនោះឯង បិលិន្ទវច្ឆត្ថេរដ៏មានអាយុ​បានពន្យល់​ព្រះបាទ​ពិម្ពិសារសេនិយរាជជាធំក្នុងដែនមគធៈឱ្យទ្រង់ឃើញច្បាស់ ឱ្យទ្រង់សមាទាន ឱ្យទ្រង់​ក្លៀវក្លា​ឱ្យ ទ្រង់​រីករាយដោយធម្មីកថា។ ព្រះបាទពិម្ពិសារសេនិយរាជជាធំក្នុងដែនមគធៈ ដែលបិលិន្ទវច្ឆត្ថេរ​ដ៏មានអាយុ​បានឱ្យទ្រង់ឃើញជាក់ស្ដែង ឱ្យទ្រង់សមាទាន ឱ្យទ្រង់​ក្លៀវក្លា ឱ្យទ្រង់រីករាយ ដោយ​ធម្មីកថា​ហើយ ទ្រង់ក៏ក្រោកចាកអាសនៈ​បង្គំបិលិន្ទវច្ឆត្ថេរ​ដ៏មានអាយុ ហើយទ្រង់ធ្វើប្រទក្សិណ​យាត្រាចេញទៅ។ លំដាប់នោះ បិលិន្ទវច្ឆត្ថេរ​ដ៏មាន​អាយុ​​ប្រើបម្រើ​ទៅកាន់សំណាក់ព្រះដ៏មាន​ព្រះភាគម្ចាស់ថា បពិត្រព្រះអង្គដ៏ចំរើន ព្រះបាទ​ពិម្ពិសារ សេនិយ​រាជ ជាធំក្នុងដែនមគធៈ​ទ្រង់​ចង់​ប្រទាន​អារាមិកជនឱ្យបពិត្រ​ព្រះដ៏មានព្រះភាគ ខ្ញុំព្រះអង្គគួរ​បដិបត្ដិ​ដូចម្ដេច។ ព្រោះនិទាន​នេះ ដំណើរនេះ ព្រះដ៏មាន​ព្រះភាគ​ម្ចាស់ឱ្យប្រជុំ​ភិក្ខុសង្ឃ ​ហើយ​ទ្រង់​សំដែងធម្មីកថា​ត្រាស់ហៅ​ភិក្ខុ​ទាំងឡាយ​ដោយ​ព្រះពុទ្ធដីកាថា ម្នាលភិក្ខុទាំងឡាយ តថាគត អនុញ្ញាតអារាមិកជន។ ព្រះបាទ​ពិម្ពិសារ​សេនិយរាជជាធំក្នុងដែនមគធៈ ទ្រង់​យាង​ចូល​ទៅ​រកបិលិន្ទវច្ឆត្ថេរដ៏​មានអាយុ​ជា​គំរប់ពីរដង លុះយាងចូលទៅហើយ ទើបទ្រង់បង្គំ​បិលិន្ទវច្ឆត្ថេរ​ដ៏មានអាយុ ហើយគង់​នៅ​ក្នុង​ទី​សមគួរមួយ។ លុះព្រះបាទពិម្ពិសារសេនិយរាជ​ជាធំក្នុងដែន​មគធៈ​គង់ស្រួលបួល​ហើយ មាន​ព្រះ​បន្ទូល​នឹងបិលិន្ទវច្ឆត្ថេរដ៏មានអាយុថា បពិត្រលោកម្ចាស់ ​ព្រះដ៏មាន​ព្រះភាគ​​ជាម្ចាស់​ទ្រង់​អនុញ្ញាត​អារាមិកជនហើយឬ។ បិលិន្ទវច្ឆត្ថេរថ្វាយព្រះពរថា បពិត្រ​មហារាជ ព្រះអង្គ​បាន​អនុញ្ញាត​ហើយ។ ទ្រង់ត្រាស់ថា បពិត្រលោកដ៏ចំរើន បើដូច្នោះ​ញោមប្រគេនអារាមិកជន​ម្នាក់​ដល់​លោកម្ចាស់។ គ្រានោះ ព្រះបាទពិម្ពិសារ​សេនិយរាជ​ជាធំក្នុងដែនមគធៈ​ទ្រង់ប្ដេជ្ញាថា​ប្រគេន​អារាមិកជនដល់បិលិន្ទវច្ឆត្ថេរដ៏មានអាយុ ហើយក៏​ភ្លេច​ព្រះស្មារតី យូរបន្ដិចទៅ​ ទ្រង់រលឹក​ឃើញ​វិញ ទើបទ្រង់ត្រាស់ហៅមហាអាមាត្យ​ម្នាក់​ជាអ្នក​សម្រេចរាជការទាំងពួងថា នែមហាអាមាត្យ អារាមិកជន​​ណាដែលយើង​បម្រុង​នឹងប្រគេន​លោកម្ចាស់ អារាមិកជននោះ យើងបានប្រគេន​លោក​ហើយឬ។ មហាអាមាត្យ​ក្រាបទូលថា បពិត្រព្រះសម្មតិទេព អារាមិកជន ទ្រង់មិនទាន់​ប្រគេន​ដល់​លោកម្ចាស់​នៅឡើយទេ។ ស្ដេច​ត្រាស់​សួរថា នែមហាអាមាត្យ រាប់ពីរាត្រីនេះទៅ បានប៉ុន្មាន​រាត្រី​ហើយ។ លំដាប់នោះ មហា​អាមាត្យ​នោះបានរាប់រាត្រីសព្វគ្រប់ហើយ ក្រាប​ទូល​ព្រះបាទ​ពិម្ពិសារសេនិយរាជ​ជាធំក្នុងដែន​មគធៈ​ដូច្នេះថា បពិត្រព្រះ​សម្មតិ​ទេព បាន៥០០ រាត្រី​ហើយ។ ស្ដេចត្រាស់ថា នែមហា​អមាត្យ បើដូច្នេះ អ្នកចូរប្រគេនអារាមិកជន​៥០០នាក់​ទៅ​លោកម្ចាស់​ចុះ។ មហាអមាត្យនោះទទួលព្រះរាជឱង្ការ​ព្រះបាទពិម្ពិសារសេនិយរាជ​ជាធំ​ក្នុងដែន​មគធៈ​ថា សូមទ្រង់មេត្ដាប្រោសយ៉ាងហ្នឹងហើយ ៗបានប្រគេន​អារាមិកជន​៥០០​នាក់​ ដល់​បិលិន្ទវច្ឆត្ថេរ​ដ៏មាន​អាយុ។ ទីនោះបានជាស្រុកមួយផ្សេងដោយឡែក។ ជន​ទាំងឡាយ​​ហៅ​ស្រុកនោះថា អារាមិកគ្រាមខ្លះ ហៅថាបិលិន្ទវច្ឆគ្រាមខ្លះ។

[១៣៩] សម័យនោះឯង បិលិន្ទវច្ឆត្ថេរដ៏មានអាយុជាជីតុនក្នុងស្រុកនោះ។ គ្រានោះ បិលិន្ទវច្ឆត្ថេរដ៏មានអាយុស្លៀកស្បង់ប្រដាប់ដោយបាត្រ និងចីវរចូលទៅបិណ្ឌបាត​ក្នុង​បិលិន្ទវច្ឆ​គ្រាម នាវេលាព្រឹកព្រហាម។ សម័យនោះឯង មានល្បែងមហោរស្រព​ក្នុងស្រុក​នោះ។ ពួក​ក្មេងៗ​បានប្រដាប់តាក់តែងដោយផ្កាកម្រងលេងមហោរស្រព។ លំដាប់នោះ​ បិលិន្ទវច្ឆត្ថេរ​​ដ៏មានអាយុ កំពុង​ត្រេចទៅបិណ្ឌបាត តាមលំដាប់ច្រកក្នុងបិលិន្ទវច្ឆគ្រាម បានចូលទៅកាន់លំនៅ​របស់​អារាមិកជន​ម្នាក់ លុះចូលទៅហើយ ទើបអង្គុយលើ​អាសនៈ​ដែល​គេរៀបចំប្រគេន។ សម័យ​នោះ​ឯង ធីតារបស់ស្រីរក្សាអារាមនោះឃើញ​ទារកឯ​ទៀតៗ ប្រដាប់តាក់តែងដោយផ្កាកម្រង ហើយ​ក៏យំសុំថា ម៉ែចូរឱ្យផ្កាកម្រងមកខ្ញុំ ម៉ែចូរ​ឱ្យគ្រឿងប្រដាប់មកខ្ញុំ។ គ្រានោះ បិលិន្ទវច្ឆត្ថេរ​ដ៏មាន​អាយុ បាននិយាយពាក្យ​នេះនឹង​ស្រីរក្សាអារាមនោះថា នាងទារិកានេះយំទារអ្វី។ ស្រីរក្សាអារាម ទូល​ថាលោកម្ចាស់ នាងទារិកានេះឃើញទារកឯទៀត ៗប្រដាប់តាក់តែង ដោយផ្កាកម្រង បាន​ជា​យំទារថា ម៉ែចូរឱ្យផ្កាកម្រងមកខ្ញុំ ម៉ែចូរឱ្យគ្រឿងប្រដាប់មកខ្ញុំ យើងខ្ញុំជាអ្នកក្រលំបាក នឹង​បាន​ផ្កា​កម្រងមកពីណា នឹងបានគ្រឿងប្រដាប់មកពីណា។ ខណៈនោះ បិលិន្ទវច្ឆត្ថេរដ៏មានអាយុ​ចាប់​រង្វេលស្មៅ១ ហើយនិយាយពាក្យនេះនឹងស្រីរក្សាអារាមនោះថា ហ៏! នាងចូរបំពាក់​រង្វេលស្មៅនេះ​លើក្បាលរបស់ក្មេងស្រីនោះចុះ។ ពេលនោះ ស្រីរក្សាអារាមនោះ យក​រង្វេលស្មៅនោះ​បំពាក់​លើ​ក្បាលរបស់នាងទារិកានោះ។ រង្វេលស្មៅនោះ ក៏ក្លាយជា​កម្រង​មាស​ល្អល្អះ មុខ​គួរពិតពិល​រមិលមើល ជារបស់គួរស្រឡាញ់។ កម្រងមាសបែបនោះ សូម្បីក្នុងព្រះរាជវាំងស្ដេច ក៏រកគ្មាន​ដែរ។ មនុស្សទាំងឡាយទៅក្រាបទូលព្រះបាទ​ពិម្ពិសារ​សេនិយរាជជាធំក្នុងដែនមគធៈថា បពិត្រ​សម្មតិទេព កម្រងមាស​ក្នុងផ្ទះរបស់​អារាមិកជន​ឯណោះល្អល្អះ មុខគួរពិតពិលរមិល​មើល ជា​របស់​​គួរស្រឡាញ់ សូម្បីក្នុង​ព្រះរាជវាំងរបស់ព្រះអង្គ ក៏ពុំមាន​កម្រងមាសដូច្នេះដែរ​ មនុស្ស​ខ្សត់​ទុរគត​​នោះ នឹងបាន​កម្រង​មាសមកពីណា ច្បាស់ជាវាលួចយករបស់គេ ជាប្រាកដ។ គ្រានោះ ព្រះបាទ​ពិម្ពិសារ​សេនិយរាជជាធំក្នុងដែលមគធៈទ្រង់ឱ្យរាជបុរស ទៅកោះពួកត្រកូល​អារាមិកជន​​នោះមក។ វេលាព្រឹកព្រហាម បិលិន្ទវច្ឆត្ថេរដ៏មានអាយុ ស្លៀកស្បង់​ប្រដាប់ដោយ​បាត្រ នឹងចីវរចូលទៅបិណ្ឌបាតនាបិលិន្ទវច្ឆគ្រាមជាគំរប់ពីរដង កាលដើរទៅបិណ្ឌបាត ក្នុង បិលិន្ទវច្ឆគ្រាម​ជាលំដាប់ៗទៅ ទើបចូលទៅកាន់លំនៅរបស់អារាមិកជននោះ លុះចូល​ទៅ​ដល់ហើយ សួរពួកជនដែលជាទីស្និទ្ធស្នាលថា ត្រកូលអារាមិកជននេះទៅណាទៅ។ ពួកជន​ពិតថា លោកម្ចាស់ស្ដេចឱ្យរាជបុរស មកចាប់ចងយកទៅហើយ ព្រោះហេតុតែ​កម្រងមាស​នោះ​ឯង។ លំដាប់នោះ បិលិន្ទវច្ឆត្ថេរដ៏មានអាយុ ក៏ចូលទៅកាន់​ព្រះរាជ​និវេសន៍​​របស់ព្រះបាទ​ពិម្ពិសារ​​សេនិយរាជធំក្នុងដែនមគធៈ លុះទៅដល់ហើយ គង់លើ​អាសនៈ​​ដែលគេតាក់តែង​ប្រគេន។ គ្រានោះ ព្រះបាទពិម្ពិសារ​សេនិយរាជ​ជាធំក្នុងដែន​មគធៈ ទ្រង់យាងចូលទៅ​រក​បិលិន្ទវច្ឆត្ថេរ​​ដ៏មានអាយុ លុះដល់ហើយក៏ថ្វាយបង្គំ​បិលិន្ទវច្ឆ​ត្ថេរ​ដ៏មានអាយុហើយគង់នៅ​ក្នុងទី​សមគួរ។ លុះព្រះបាទពិម្ពិសារ​សេនិយរាជជាធំ​ក្នុង​ដែន​មគធៈ ទ្រង់គង់ស្រួលបួលហើយ ទើប​បិលិន្ទវច្ឆត្ថេរដ៏មានអាយុថ្វាយព្រះពរថា បពិត្រ​មហារាជ ហេតុអ្វីបានជា​ព្រះអង្គ​ឱ្យរាជបុរស​ទៅចាប់​ត្រកូលអារាមិកជនមកឃុំ។ ព្រះបាទ​ពិម្ពិសារត្រាស់ថា លោកម្ចាស់ នាផ្ទះរបស់ អារាមិកជន​នោះ មានកម្រងមាសល្អល្អះ មុខគួរពិត​ពិលរមិល​មើល​ជារបស់មានដំឡៃ សូម្បី​ក្នុង​វាំង​របស់ញោម ក៏មិនមានកម្រង​មាសដូច្នោះដែរ អ្នកខ្សត់​ទុរគតនោះ នឹងបាន​កម្រង​មាស​មក​ពីណា ច្បាស់ជាវាលួច​យករបស់គេហើយ។ ខណៈនោះ បិលិន្ទវច្ឆត្ថេរដ៏មានអាយុក៏អធិដ្ឋាន ប្រាសាទរបស់​ព្រះបាទ​ពិម្ពិសារ​សេនិយរាជជាធំក្នុងដែនមគធៈ ឱ្យក្លាយជាមាសទៅ។ ប្រាសាទ​ទាំង​នោះ​​​ក៏ក្លាយទៅជាមាស​ទាំងអស់។ បិលិន្ទវច្ឆត្ថេរថ្វាយព្រះពរថា បពិត្រមហារាជ មាស​នេះ​​ច្រើន​ដល់ម្ល៉េះ ព្រះអង្គបានមកពីណា។ ស្ដេចត្រាស់ថាខ្ញុំមិនដឹងទេ លោកម្ចាស់ របស់ទាំងនេះ​ប្រហែល​​ជាសម្រេចដោយ​ឥទ្ធានុភាព [គឺសម្រេចដោយឫទ្ធិ ដែល​ព្រះថេរៈ​អធិស្ឋាន។] របស់​លោកម្ចាស់​​ទេដឹង ហើយត្រាស់ឱ្យដោះលែងត្រកូលអារាមិកជន​នោះ​ទៅ។

[១៤០] មនុសទាំងឡាយឮដំណឹងថា បិលិន្ទវច្ឆត្ថេរជាម្ចាស់ បានសំដែង​ឥទ្ធិបាដិហារិយៈ (ឥទ្ធិឫទ្ធិដ៏អស្ចារ្យចំឡែក) ជាមនុស្សធម៌ដ៏ខ្ពង់ខ្ពស់​ដល់បរិស័ទ្យ​ ព្រមទាំងព្រះរាជា ហើយ​ក៏​មាន​ចិត្ដត្រេកអរ​ជ្រះថ្លា នាំយកនូវភេសជ្ជៈ៥ យ៉ាងមកបូជា​បិលិន្ទវច្ឆត្ថេរ​ដ៏មានអាយុ ភេសជ្ជៈ ៥ នោះ​គឺ សប្បិ(ទឹកដោះរាវ) នវនីតៈ(ទឹកដោះខាប់) តេលៈ(ប្រេង) មធុ​(ទឹកឃ្មុំ) ផាណិតៈ​(ទឹកអំពៅ​ ឬស្ករអំពៅ)។ ឯបិលិន្ទវច្ឆត្ថេរដ៏មាន​អាយុតែងបាន​ភេសជ្ជៈ៥ ហើយ​រមែងចែក​របស់ដែល​លោកបាន​មកៗ ទៅដល់បរិស័ទ្យ (សិស្សរបស់លោក) ដោយ​ប្រក្រតី។ ឯបរិស័ទ្យរបស់ លោក​នោះ​តែងបាន​ភេសជ្ជៈទាំងនោះ​ច្រើនរឿយៗ បានដាក់​ទុក​របស់ដែលបានមកៗ ក្នុងថ្លាងផង ក្នុង​ក្អម​ផង ខ្ចប់នឹងសម្ពត់​សម្រាប់ត្រងទឹកផង ទុកក្នុងថង់យាមផង ត្រាតែពេញ​ ហើយព្យូរទុកតាម​បង្អួច​ដេរដាស។ ភេសជ្ជៈ​ទាំងនោះ​ក៏សើមលេចហៀរ​ចេញពាសពេញ។ វិហារទាំងឡាយ​ក៏ដេរដាស​ពាស​​ពេញ​ដោយសត្វ​កណ្ដុរទាំងឡាយ។ មនុស្សទាំងឡាយ កាលដើរទៅកាន់​វិហារ​ចារិក ​បានឃើញ​ហើយ​ទើបពោលទោស តិះដៀល បន្ដុះបង្អាប់ថា សមណៈពួកនេះ​ជាកូនចៅ​ព្រះពុទ្ធ​សក្យបុត្រ​មានភណ្ឌៈដំកល់ទុកក្នុង​ឃ្លាំង ដូចជាព្រះបាទពិម្ពិសារ​សេនិយរាជជាធំ​ ក្នុងដែន​មគធៈ​ដែរ។ ភិក្ខុទាំងឡាយ​បានឮពួកមនុស្ស​ទាំងនោះពោលទោស តិះដៀល បន្ដុះបង្អាប់​ហើយ។ ពួកភិក្ខុណាជាអ្នកមានសេចក្ដីប្រាថ្នាតិច។បេ។ ពួកភិក្ខុ​ទាំងនោះ​ក៏ពោលទោស តិះដៀល បន្ដុះ​បង្អាប់​ថា មិនសមបើពួកភិក្ខុ​មកព្យាយាម​ដើម្បីសេចក្ដី​ល្មោភច្រើន​មាន​សភាព​ដូច្នេះឡើយ។ ទើប​ពួកភិក្ខុ​ទាំងនោះ នាំ​សេចក្ដីនុ៎ះ ​ទៅក្រាបទូលដល់​ព្រះដ៏មានព្រះភាគ​ជាម្ចាស់។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ឮថាពួកភិក្ខុព្យាយាម​ដើម្បីសេចក្ដី​ល្មោភច្រើនមានសភាពដូច្នេះ ពិតមែនឬ។ ពួកភិក្ខុ​ក្រាបទូលថា សូមទ្រង់​ព្រះមេត្ដាប្រោស ការនោះពិតមែន។ ព្រះពុទ្ធដ៏មានព្រះភាគ​ជា​ម្ចាស់​ទ្រង់​តិះដៀលថា ម្នាលភិក្ខុទាំងឡាយ មិនសមបីបើពួកមោឃបុរស​ទាំងនោះ មក​ព្យាយាម​ដើម្បី​សេចក្ដី​ល្មោភ​ច្រើន​មានសភាព​ដូច្នេះឡើយ ម្នាលភិក្ខុទាំងឡាយ អំពើដែលអ្នក​បានធ្វើ​មកនេះ មិនមែននាំឱ្យកើតជ្រះថ្លាដល់ជនទាំងឡាយដែលមិនទាន់ជ្រះថ្លា ឬថែម​សេចក្ដីជ្រះថ្លា​ដល់ជនទាំងឡាយដែលជ្រះថ្លាហើយឱ្យរឹងរឹតតែជ្រះថ្លាឡើងទៅទៀតទេ។បេ។ ម្នាល​ភិក្ខុ​ទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភេសជ្ជៈណា​មួយ ដែលពួកភិក្ខុមានជម្ងឺគប្បីឆាន់បាន ភេសជ្ជៈនេះគឺ ទឹកដោះរាវ ទឹកដោះខាប់ ប្រេង ទឹកឃ្មុំ ទឹកអំពៅ។ ភិក្ខុទទួលភេសជ្ជៈទាំងនោះហើយ គួរទុកឆាន់បានយ៉ាងយូរត្រឹម៧ថ្ងៃ បើភិក្ខុ​ទុក​ឱ្យ​កន្លង​កំណត់នោះទៅ ត្រូវអាបត្ដិនិស្សគ្គិយបាចិត្ដិយ។

[១៤១] ត្រង់ពាក្យថា ភេសជ្ជៈណាមួយដែលពួកភិក្ខុមានជម្ងឺគប្បីឆាន់បាន គឺ សប្បិ [ទឹក​ដោះ​រាវរបស់គោ កេះ ពពែជាដើម ហៅថា សប្បិ។] របស់គោក្ដី សប្បិរបស់ពពែក្ដី សប្បិ​របស់​ក្របី​ក្ដី ឈ្មោះថាសប្បិ (ទឹកដោះរាវ)។ សាច់របស់សត្វទាំងឡាយ​ណាដែលសមគួរ​ដល់​ពុទ្ធានុញ្ញាត សប្បិ​របស់សត្វទាំងឡាយនោះ ក៏សមគួរដែរ។ ដែលហៅថា ទឹកដោះខាប់ គឺទឹកដោះខាប់​របស់​សត្វទាំងនោះឯង។ ប្រេងល្ង ប្រេងស្ពៃ ប្រេងស្រគំ ប្រេងល្ហុងខ្ញែរ ប្រេងធ្វើពីខ្លាញ់រាវ ឈ្មោះថា ប្រេង។ ទឹកផ្អែមកើតពីមេឃ្មុំជាដើម ឈ្មោះថា ទឹកឃ្មុំ។ ទឹកកើតពីដើមអំពៅ ឈ្មោះថាទឹកអំពៅ។ ពាក្យថា ភិក្ខុទទួលភេសជ្ជៈនោះហើយ គួរទុកឆាន់បានយ៉ាងយូរត្រឹម៧ថ្ងៃ មានអធិប្បាយថា ភេសជ្ជៈទាំងនោះគប្បីទុក​ឆាន់​បាន​យ៉ាងយូរត្រឹម៧ថ្ងៃ។ បើទុកឱ្យកន្លងកំណត់នោះទៅ ភេសជ្ជៈ​នោះ​ជានិស្សគ្គិយ គឺថា ជានិស្សិគ្គិយក្នុងកាលអរុណរះឡើងក្នុងថ្ងៃទី៨ ភេសជ្ជៈដែលជានិស្សគ្គិយ ភិក្ខុត្រូវលះបង់​ដល់សង្ឃក៏បាន គណៈក៏បាន បុគ្គលក៏បាន។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ​ត្រូវលះបង់​យ៉ាងនេះ។បេ។ បពិត្រព្រះសង្ឃដ៏ចំរើន ភេសជ្ជៈរបស់ខ្ញុំនេះកន្លងហួស៧ថ្ងៃហើយ ជា​និស្សគ្គិយ​វត្ថុ ខ្ញុំសូមលះបង់ភេសជ្ជៈនេះដល់សង្ឃ។ សេចក្ដីអំពីនេះទៅមានសេចក្ដីដូចគ្នា​នឹងសិក្ខាបទទី១ នៃចីវរវគ្គ។

[១៤២] កាលភេសជ្ជៈកន្លងហួស៧ថ្ងៃទៅហើយ ភិក្ខុសំគាល់ថា កន្លងហើយ ត្រូវអាបត្ដិ​និស្សគ្គិយបាចិត្ដិយ។ កាលភេសជ្ជៈកន្លង៧ថ្ងៃ ហួសទៅហើយ ភិក្ខុមានសេចក្ដីសង្ស័យ ត្រូវអាបត្ដិនិស្សគ្គិយបាចិត្ដិយ។ កាលភេសជ្ជៈកន្លងហួស៧ថ្ងៃទៅហើយ ភិក្ខុសំគាល់​ថា​មិន​ទាន់កន្លង ត្រូវអាបត្ដិនិស្សគ្គិយបាចិត្ដិយ។ (ភេសជ្ជៈនោះ) ភិក្ខុមិនទាន់បាន​តាំង​ចិត្ដទុកទេ ភិក្ខុ​សំគាល់ថាបានតាំងចិត្ដទុកហើយ ត្រូវអាបត្ដិនិស្សគ្គិយ បាចិត្ដិយ។ ភេសជ្ជៈ​មិនទាន់បានលះបង់ទេ តែភិក្ខុសំគាល់ថាបានលះបង់ហើយ ត្រូវអាបត្ដិនិស្សគ្គិយ​បាចិត្ដិយ។ ភេសជ្ជៈមិនទាន់បាត់ទៅទេ ភិក្ខុសំគាល់ថាបាត់ទៅហើយ ត្រូវអាបត្ដិ​និស្សគ្គិយ​​បាចិត្ដិយ។ ភេសជ្ជៈ មិនទាន់វិនាសទៅទេ តែភិក្ខុសំគាល់ថាវិនាសហើយ ត្រូវ​អាបត្ដិនិស្សគ្គិយបាចិត្ដិយ។ ភេសជ្ជៈភ្លើងមិនទាន់ឆេះទេ តែភិក្ខុសំគាល់ថាភ្លើងឆេះហើយ ត្រូវអាបត្ដិនិស្សគ្គិយបាចិត្ដិយ។ ភេសជ្ជៈចោរមិនទាន់លួចយកទៅទេ តែភិក្ខុសំគាល់​ថា​ចោរលួចយកទៅហើយ ត្រូវអាបត្ដិនិស្សគ្គិយបាចិត្ដិយ។

[១៤៣] ភិក្ខុត្រឡប់បានភេសជ្ជៈដែលខ្លួនលះបង់ហើយ មិនត្រូវយកមក​បរិភោគ​ប្រើ​ប្រាស់​ដោយកាយ មិនត្រូវយកមកឆាន់។ (ភេសជ្ជៈនោះ) ភិក្ខុគប្បីបង្អោនចូល​ទៅក្នុង​ប្រទីប ឬក្នុងវត្ដមានពណ៌ខ្មៅ [យកទៅលាយនឹងវត្ថុ​ទាំងឡាយ​មាន​ធ្យូង​ជាដើម សម្រាប់​លាប មានលាបជញ្ជាំងជាដើម។]។ ភិក្ខុដទៃគប្បីបរិភោគប្រើប្រាស់ដោយកាយបាន តែ​មិន​ត្រូវយកមកឆាន់។ ភេសជ្ជៈ មិនទាន់កន្លង៧ ថ្ងៃទេ ភិក្ខុសំគាល់ថាកន្លងហើយ ត្រូវអាបត្ដិទុក្កដ។ភិក្ខុ មានសេចក្ដីសង្ស័យក្នុងភេសជ្ជៈដែលមិនទាន់កន្លង៧ថ្ងៃ ត្រូវអាបត្ដិ​ទុក្កដ។ ភេសជ្ជៈមិនទាន់កន្លង៧ ថ្ងៃ ភិក្ខុសំគាល់ថាមិនទាន់កន្លង មិនត្រូវអាបត្ដិឡើយ។

[១៤៤] អាបត្ដិមិនមានដល់ភិក្ខុដែលតាំងចិត្ដទុក [គឺរវាង ៧ថ្ងៃ ភិក្ខុផ្ទេរ​ភេសជ្ជៈនោះឱ្យ​ទៅជារបស់​ដទៃក្រៅពីរបស់ឆាន់ គឺធ្វើជាថ្នាំលាបក្បាល លាបដំបៅ លាបភ្នែកជា​ដើម។] (ក្ដី) លះបង់ចោល(ក្ដី) នូវភេសជ្ជៈដល់ភិក្ខុដែលមានភេសជ្ជៈបាត់ទៅ (ក្ដី) វិនាសទៅ (ក្ដី) ភ្លើង​ឆេះ(ក្ដី) ចោរលួចយកទៅ(ក្ដី) គេយកទៅដោយសេចក្ដីស្និទ្ធស្នាល (ក្ដី) ដល់​ភិក្ខុ​ដែលបរិច្ចាគ​លះបង់ដាច់​ស្រឡះ ​ឥតអាល័យឱ្យអនុបសម្បន្ន ហើយទទួលយក​មក​បរិភោគ​វិញ ក្នុងរវាង៧ថ្ងៃ ដល់​ភិក្ខុ​ខូច​ចរិត ដល់ភិក្ខុជាខាងដើមបញ្ញត្ដិ។

សិក្ខាបទទី៣ ចប់។

សិក្ខាបទទី

[១៤៥] សម័យនោះ ព្រះពុទ្ធដ៏ទ្រង់យស កាលទ្រង់គង់នៅវត្ដជេតវនមហាវិហារ ជារបស់​អនាថបិណ្ឌិកមហាសេដ្ឋី ទៀបក្រុងសាវត្ថី។ ពេលនោះឯង ព្រះទ្រង់យស​ជាម្ចាស់​ទ្រង់អនុញ្ញាតវស្សិកសាដិក (សម្ពត់ងូតទឹកភ្លៀង) ដល់ភិក្ខុទាំងឡាយហើយ។ ពួកភិក្ខុ​ឆព្វគ្គិយ​បានដំណឹងថា ព្រះទ្រង់យសជាម្ចាស់ទ្រង់អនុញ្ញាតវស្សិកសាដិកហើយ ក៏នាំគ្នា​ស្វែងរកចីវរ សម្រាប់​ងូតទឹកភ្លៀងមុនគេ ហើយធ្វើប្រើប្រាស់ក៏មុនគេដែរ កាលសម្ពត់​ងូតទឹកភ្លៀង ចាស់ខូច​ខាតហើយ (ឆព្វគ្គិយភិក្ខុ) ក៏ងូតទឹកភ្លៀងដោយខ្លួនទទេ។ ភិក្ខុ​ទាំងឡាយណា មានសេចក្ដី​ប្រាថ្នាតិច។ បេ។ ភិក្ខុទាំងនោះក៏ពោលទោស តិះដៀល បន្ដុះបង្អាប់ថា ពួកភិក្ខុឆព្វគ្គិយមិនសមបីបើនឹងប្រញាប់ស្វែងរកចីវរ សម្រាប់ងូតទឹកភ្លៀង ហើយ​ប្រញាប់​ធ្វើប្រើប្រាស់សោះ កាលសម្ពត់វស្សិកសាដិកចាស់ខូចខាតហើយ ក៏ត្រឡប់​ងូតទឹកភ្លៀង​ដោយខ្លួនទទេទៅវិញ។ គ្រានោះ ពួកភិក្ខុទាំងនោះ ក៏នាំសេចក្ដីនុ៎ះក្រាប ទូលចំពោះព្រះទ្រង់ជោគ។ ព្រះអង្គទ្រង់ត្រាស់សួរថា នែភិក្ខុទាំងឡាយ គេថាពួកអ្នកឯង​ប្រញាប់ស្វែងរកចីវរសម្រាប់ងូតទឹកភ្លៀងមុនគេ ប្រញាប់ធ្វើប្រើប្រាស់មុនគេ លុះសម្ពត់​វស្សិកសាដិក ចាស់ខូចហើយ ត្រឡប់ជាងូតទឹកភ្លៀងដោយខ្លួនទទេទៅវិញ ពិតមែនឬ។ ឆព្វគ្គិយភិក្ខុ ក្រាបទូលថា សូមទ្រង់ព្រះមេត្ដាប្រោស ការនោះពិតមែន។ ព្រះសម្ពុទ្ធ ដ៏មានជោគជាម្ចាស់ទ្រង់តិះដៀលថា ម្នាលពួកមោឃបុរស មិនសមបីបើ ពួកអ្នកឯង ប្រញាប់ស្វែងរកចីវរសម្រាប់ងូតទឹកភ្លៀងមុនគេ ប្រញាប់ធ្វើ ប្រើប្រាស់មុនគេ លុះសម្ពត់​ងូតទឹកភ្លៀងចាស់គ្រាំគ្រា ត្រឡប់ជានាំគ្នាងូតទឹកភ្លៀងដោយខ្លួនទទេសោះ ម្នាល​មោឃបុរសទាំងឡាយ អំពើនេះមិននាំឱ្យកើតសេចក្ដីជ្រះថ្លាដល់ជនទាំងឡាយដែលមិន​ទាន់​​ជ្រះថ្លា ឬនាំជនទាំងឡាយដែលជ្រះថ្លាហើយ ឱ្យរឹងរឹតតែជ្រះថ្លាឡើងក៏ទេ។ បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាង នេះថា ភិក្ខុ​កំណត់ដឹងថាខែមួយជាខាងចុងនៃគិម្ហរដូវ [តាំងតែ ១រោច ខែជេស្ឋ ទៅដល់ថ្ងៃ​ពេញ​បូណ៌មី​ខែអាសាឡ្ហ ហៅថា ខែមួយជាខាងចុងគិម្ហរដូវ។ តាំងតែ ១កើត ខែអាសាឡ្ហ ​ទៅដល់ថ្ងៃ​ពេញបូណ៌​មី ហៅថាកន្លះខែជាខាងចុងគិម្ហរដូវ។] គប្បីស្វែងរកសាដិកចីវរ សម្រាប់ងូតទឹកភ្លៀង ភិក្ខុកំណត់ដឹងថានៅកន្លះខែជាខាងចុងនៃគិម្ហរដូវទៀត គប្បីធ្វើឱ្យ​ស្រេចហើយប្រើប្រាស់ចុះ។ បើមិនទាន់ដល់ខែមួយជា​ខាងចុងនៃ​គិម្ហរដូវ​ទេ ភិក្ខុស្វែង​រកសាដិកចីវរសម្រាប់ងូតទឹកភ្លៀង និងមិនទាន់ដល់កន្លះខែជាខាងចុងគិម្ហរដូវទេ ភិក្ខុធ្វើ​ឱ្យស្រេច ហើយប្រើប្រាស់ ត្រូវអាបត្ដិនិស្សគ្គិយបាចិត្ដិយ។

[១៤៦] ត្រង់ពាក្យថា ភិក្ខុកំណត់ដឹងថា ខែមួយជាខាងចុងនៃគិម្ហរដូវ ត្រូវស្វែងរក​សាដិកចីវរ​សម្រាប់ងូតទឹកភ្លៀង មានអធិប្បាយ ថា អំពីដើមមកមនុស្ស​ទាំងឡាយណា​ធ្លាប់ប្រគេន​សាដិកចីវរសម្រាប់ងូតទឹកភ្លៀង ពួកភិក្ខុគប្បីចូលទៅ​រកមនុស្សទាំងឡាយ​នោះ​ ហើយពោលយ៉ាងនេះថា ពេលនេះជាកាលនៃវស្សិកសាដិក ពេលនេះជាសម័យនៃ វស្សិកសាដិក សូម្បីពួកមនុស្សឯទៀតគេតែងប្រគេនសាដិកចីវរសម្រាប់ ងូតទឹកភ្លៀង​ដែរ។ ពួកភិក្ខុមិនត្រូវនិយាយថា អ្នកទាំងឡាយចូរឱ្យ សាដិកចីវរសម្រាប់ងូត​ទឹកភ្លៀង​ដល់អាត្មា ចូរនាំយកសាដិកចីវរសម្រាប់ ងូតទឹកភ្លៀងមកឱ្យអាត្មា ចូរផ្លាស់ប្ដូរសាដិកចីវរ​សម្រាប់​ងូតទឹក​ភ្លៀងឱ្យអាត្មា ចូរទិញសាដិកចីវរសម្រាប់ងូតទឹកភ្លៀងឱ្យអាត្មា។ ពាក្យថា​ភិក្ខុកំណត់ដឹង ថា នៅកន្លះខែជាខាងចុងគិម្ហរដូវទៀត គប្បីធ្វើឱ្យស្រេចហើយប្រើប្រាស់ ចុះ គឺភិក្ខុគប្បីធ្វើឱ្យ​ស្រេចហើយ​ប្រើប្រាស់ក្នុងកន្លះខែជាខាងចុងគិម្ហរដូវ។ ពាក្យថា បើមិនទាន់ដល់ខែ១ ជាខាងចុងនៃ​គិម្ហរដូវទេ គឺថ្ងៃមុនពីមួយ ខែជាខាងចុងគិម្ហរដូវ ភិក្ខុស្វែងរក​សាដិកចីវរ​សម្រាប់​ងូតទឹកភ្លៀង ចីវរ នោះជានិស្សគ្គិយ។ ពាក្យថា មិនទាន់​ដល់​កន្លះ​ខែជា​ខាងចុង​គិម្ហរដូវទេ គឺថ្ងៃមុនពីកន្លះខែជាខាងចុងគិម្ហរដូវ ភិក្ខុធ្វើស្រេច​ហើយ​ប្រើប្រាស់ សម្ពត់​នោះ ជានិស្សគ្គិយ ភិក្ខុត្រូវលះបង់ឱ្យស្រឡះដល់សង្ឃក៏បាន គណៈ ក៏បាន បុគ្គលដ៏បាន។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុគប្បីលះបង់យ៉ាងនេះ។បេ។ បពិត្រ​ព្រះសង្ឃដ៏ចំរើន វស្សិកសាដិកចីវរ​របស់​ខ្ញុំនេះ ខ្ញុំស្វែងរកបានមកក្នុងមុនពីមួយ​ខែជាខាង​ចុងគិម្ហរដូវ ធ្វើស្រេចហើយប្រើ ប្រាស់ក្នុងកាលមុនពីកន្លះខែជាខាងចុងគិម្ហរដូវ សម្ពត់​នេះជានិស្សគ្គិយ ខ្ញុំសូមលះបង់​នូវ​វស្សិកសាដិកចីវរនេះដល់សង្ឃ។ បេ។ ពាក្យតពីនេះ​ទៅ មានសេចក្ដីដូចគ្នានឹងសិក្ខាបទទី ១ នៃចីវរវគ្គ។

[១៤៧] ខាងចុងគិម្ហរដូវនៅលើសមួយខែ ភិក្ខុសំគាល់ថាលើស មែន ហើយស្វែង​រក​សាដិកចីវរសម្រាប់ងូតទឹកភ្លៀង ត្រូវអាបត្ដិនិស្សគ្គិយ បាចិត្ដិយ។ ខាងចុងគិម្ហរដូវ​នៅ​លើសមួយខែ តែភិក្ខុមានសេចក្ដីសង្ស័យ ហើយស្វែងរកវស្សិកសាដិកចីវរ ត្រូវអាបត្ដិ​និស្សគ្គិយ​បាចិត្ដិយ។ ខាងចុង គិម្ហរដូវនៅលើសមួយខែ ភិក្ខុសំគាល់ថានៅខ្វះ ហើយ​ស្វែង​រកវស្សិកសាដិកចីវរ ត្រូវអាបត្ដិនិស្សគ្គិយបាចិត្ដិយ។ ខាងចុងគិម្ហរដូវនៅលើស កន្លះ​ខែទៀត ភិក្ខុសំគាល់ថាលើសមែន ហើយធ្វើឱ្យស្រេចប្រើប្រាស់ ត្រូវអាបត្ដិនិស្សគ្គិយ​បាចិត្ដិយ។ ខាងចុងគិម្ហរដូវនៅលើសកន្លះខែទៀត ភិក្ខុមានសេចក្ដីសង្ស័យ ហើយធ្វើ​ឱ្យ​ស្រេច​ប្រើប្រាស់ ត្រូវអាបត្ដិនិស្សគ្គិយបាចិត្ដិយ។ ខាងចុងគិម្ហរដូវនៅលើសកន្លះខែទៀត ភិក្ខុ​សំគាល់​ថានៅ​ខ្វះ ហើយធ្វើឱ្យស្រេចប្រើប្រាស់ ត្រូវអាបត្ដិនិស្សគ្គិយបាចិត្ដិយ។ វស្សិកសាដិកចីវរ​របស់​ភិក្ខុ​មាន តែភិក្ខុស្រាតងូតទឹកភ្លៀង ត្រូវអាបត្ដិទុក្កដ។ ខាងចុង​គិម្ហរដូវនៅខ្វះមិនដល់មួយខែ ភិក្ខុសំគាល់ថា លើសទៅវិញ ត្រូវអាបត្ដិទុក្កដ។ ខាងចុង​គិម្ហរដូវនៅខ្វះមិនដល់មួយខែ ភិក្ខុមានសេចក្ដីសង្ស័យ ត្រូវអាបត្ដិទុក្កដ។ ខាងចុង​គិម្ហរដូវ​នៅខ្វះមិនដល់មួយខែ ភិក្ខុសំគាល់ថានៅខ្វះមិនដល់មួយខែមែន មិនត្រូវអាបត្ដិ។ ខាង​ចុងគិម្ហរដូវនៅខ្វះមិនដល់កន្លះខែ ភិក្ខុសំគាល់ថាលើសទៅវិញ ត្រូវអាបត្ដិទុក្កដ។ ខាងចុង​គិម្ហរដូវនៅខ្វះមិនដល់កន្លះខែ ភិក្ខុមានសេចក្ដីសង្ស័យ ត្រូវអាបត្ដិទុក្កដ។ ខាងចុង​គិម្ហរដូវនៅខ្វះមិនដល់កន្លះខែ ភិក្ខុសំគាល់ថាមិនដល់កន្លះខែមែន មិនត្រូវអាបត្ដិឡើយ។

[១៤៨] អាបត្ដិមិនមានដល់ភិក្ខុដែលដឹងថា ខាងចុងគិម្ហរដូវនៅសល់មួយខែ ហើយស្វែង​រកសាដិកចីវរសម្រាប់ងូតទឹកភ្លៀង ដល់ភិក្ខុដែលដឹងថា ខាងចុងគិម្ហរដូវនៅ​សល់កន្លះខែ​ទៀត ហើយធ្វើឱ្យស្រេចប្រើប្រាស់ ដល់ភិក្ខុដែលដឹងថា ខាងចុងគិម្ហរដូវនៅខ្វះ​មិនដល់​មួយខែ ហើយ​ស្វែងរកសាដិកចីវរសម្រាប់ងូតទឹកភ្លៀង ដល់ភិក្ខុដែល​ដឹងថាខាងចុង​គិម្ហរដូវ​​នៅខ្វះមិន​ដល់​កន្លះ​ខែ ហើយធ្វើឱ្យស្រេចប្រើប្រាស់ ដល់ភិក្ខុដែលស្វែងរក​វស្សិកសាដិក​ចីវរបានស្រេចហើយ (ស្រាប់​តែដឹងជាខាងក្រោយថា) គេលើកខែមួយ​ជា​ខាង​ដើមនៃវស្សានរដូវ (ឆ្នាំមានខែអធិកមាស) ដល់ភិក្ខុដែលស្លៀកវស្សិកសាដិក​នោះ​ហើយ (ទើបដឹងថា) គេលើកខែមួយ​ជាខាងដើម​នៃវស្សានរដូវដល់ភិក្ខុដែល​លាងវស្សិក​សាដិក ហើយដម្កល់ទុក ដល់ភិក្ខុដែល​ប្រើប្រាស់​វស្សិកសាដិកក្នុងកាលដ៏គួរ ដល់ភិក្ខុ​មានចីវរ [ពាក្យថា ចីវរក្នុងទីនេះសំដៅយកវស្សិកសាដិកចីវរ បើចោរដណ្ដើមយក​សម្ពត់​របស់ភិក្ខុនោះទៅ ហើយភិក្ខុនោះងូតទឹកភ្លៀងដោយខ្លួនទទេ មិនត្រូវអាបត្ដិទុក្កដ ព្រោះ​ស្រាតនឹងងូតទឹកភ្លៀង។] ដែលចោរដណ្ដើមយកទៅ ដល់ភិក្ខុមានចីវរបាត់ [បើភិក្ខុមាន​ចីវរដទៃៗ ក្រៅពីវស្សិកសាដិកចីវរដែលបាត់ទៅនោះ នឹងស្លៀកក្ដី នឹងស្វែងរកក្ដី នូវ​សម្ពត់វស្សិកសាដិក ក្នុងសម័យក្រៅពីពុទ្ធានុញ្ញាត មិនត្រូវអាបត្ដិនិស្សគ្គិយបាចិត្ដិយ បើភិក្ខុមានវស្សិកសាដិកចីវរបាត់វិញ ហើយស្រាតងូតទឹក មិនត្រូវអាបត្ដិទុក្កដឡើយ។] ដល់​ភិក្ខុដែលមានសេចក្ដីអន្ដរាយ [បើភិក្ខុស្លៀកសម្ពត់វស្សិកសាដិកមាន​ដម្លៃច្រើន​ងូត​ទឹក ហើយមានចោរមកដណ្ដើមយកទៅ ភិក្ខុស្រាតងូតទឹក មិនត្រូវអាបត្ដិទុក្កដទេ។ ម្យ៉ាងទៀត ពួកចោរលួចយកសម្ពត់ដទៃ ក្រៅអំពីវស្សិកសាដិកចីវរដែលភិក្ខុមិន​ទាន់បាន​ស្លៀក​ហើយ បើ​ភិក្ខុ​ស្លៀក​សម្ពត់វស្សិកសាដិកក្នុងសម័យក្រៅពីពុទ្ធានុញ្ញាត មិនត្រូវ​អាបត្ដិ​និស្សគ្គិយបាចិត្ដិយទេ។] ដល់ភិក្ខុឆ្កួត ដល់ភិក្ខុជាខាងដើមបញ្ញត្ដិ។

សិក្ខាបទទី៤ ចប់។

សិក្ខាបទទី

[១៤៩] សម័យនោះ ព្រះសម្ពុទ្ធដ៏មានព្រះភាគ កាលគង់ក្នុងវត្ដជេតពន ជារបស់​អនាថបិណ្ឌិក​មហាសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង ឧបនន្ទសក្យបុត្រដ៏មានអាយុ បាន​និយាយ​ពាក្យនេះនឹងភិក្ខុដែលជាសទ្ធិវិហារិករបស់ព្រះថេរជាបងថា នែអាវុសោ អ្នកចូរមក​ យើង​នឹងចៀសទៅកាន់ចារិកក្នុងជនបទ។ ភិក្ខុនោះឆ្លើយថា បពិត្រលោក​ដ៏ចំរើន ខ្ញុំករុណា​ទៅមិនបាន​ទេ (ដ្បិត)ខ្ញុំករុណាមានចីវរចាស់គ្រាំគ្រាហើយ។ ឧបនន្ទភិក្ខុ​និយាយថា មកចុះអាវុសោ ខ្ញុំនឹងឱ្យ​ចីវរ​លោក ហើយបានឱ្យចីវរទៅភិក្ខុនោះ។ ភិក្ខុនោះ​បានឮថា ព្រះដ៏មានព្រះភាគម្ចាស់នឹងទ្រង់​ពុទ្ធ​ដំណើរទៅកាន់ចារិកក្នុងជនបទ។ ទើប​ភិក្ខុនោះ​ត្រិះរិះយ៉ាងនេះថា ឥឡូវនេះ អញមិនចៀស​ទៅ​កាន់ចារិកក្នុងជនបទជាមួយ​នឹង​ឧបនន្ទសក្យបុត្រដ៏មានអាយុទេ អញមុខជានឹង​ទៅកាន់ចារិក ​ក្នុងជនបទជាមួយ​នឹង​ព្រះដ៏មានព្រះភាគវិញ។ លំដាប់នោះ ឧបនន្ទសក្យបុត្រដ៏មានអាយុ​និយាយ​​ពាក្យនេះ​នឹងភិក្ខុនោះថា ឥឡូវនេះ អាវុសោ លោកចូរមក យើង​នឹងនាំគ្នាទៅកាន់​ចារិក​ក្នុង​ជនបទ។ ភិក្ខុនោះឆ្លើយថា បពិត្រលោកដ៏ចំរើន ខ្ញុំករុណាមិនទៅ​កាន់ចារិកក្នុង​ជនបទជា​មួយ​នឹងលោកទេ ខ្ញុំករុណាមុខជាទៅកាន់ចារិកក្នុងជនបទជាមួយនឹងព្រះដ៏មានព្រះភាគវិញ។ ឧបនន្ទ​ខឹងអន់ចិត្ដហើយពោលថា អាវុសោ ខ្ញុំបានឱ្យចីវរណាដល់លោក(ព្រោះ) លោក​ថានឹងទៅកាន់ចារិកជាមួយនឹងខ្ញុំ(ថាដូច្នោះហើយ) ក៏ដណ្ដើមយកចីវរមកវិញ។ គ្រានោះ ភិក្ខុនោះប្រាប់សេចក្ដីនុ៎ះដល់ភិក្ខុទាំងឡាយ។ ពួកភិក្ខុណាមានសេចក្ដីប្រាថ្នាតិច។ បេ។ ទើបភិក្ខុទាំងនោះពោលទោស តិះដៀល បន្ដុះបង្អាប់ថា មិនទំនងសោះ ឧបនន្ទសក្យបុត្រ​ដ៏មាន​អាយុឱ្យចីវរទៅដោយខ្លួនឯងហើយ ត្រឡប់ជាខឹងអន់ចិត្ដ ដណ្ដើមយកមកវិញ។ លំដាប់នោះ ភិក្ខុទាំងនោះនាំសេចក្ដីនុ៎ះក្រាបទូល ចំពោះព្រះដ៏មានព្រះភាគជាម្ចាស់។ ព្រះអង្គទ្រង់ត្រាស់សួរថា ម្នាលឧបនន្ទ ឮថាអ្នកឯងបានឱ្យចីវរទៅភិក្ខុដោយខ្លួនឯងហើយ ត្រឡប់​ក្រោធខឹងអន់ចិត្ដដណ្ដើមយកពីគេមកវិញ មែនឬ។ ឧបនន្ទសក្យបុត្រក្រាបទូល ថា សូមទ្រង់ព្រះមេត្ដាប្រោស ការនោះពិតមែន។ ព្រះសម្ពុទ្ធដ៏ទ្រង់យសជាម្ចាស់ទ្រង់​តិះដៀល​ថា ម្នាលមោឃបុរស មិនសមបីបើអ្នកឯងបានឱ្យចីវរទៅភិក្ខុដោយខ្លួនឯងហើយ ត្រឡប់ក្រោធ​ខឹង​អន់​ចិត្ដដណ្ដើមយកចីវរពីគេមកវិញសោះ ម្នាលមោឃបុរស អំពើដែល​អ្នកធ្វើនេះ មិនមែននាំ ឱ្យជ្រះថ្លា​ដល់ជនទាំងឡាយដែលមិនទាន់ជ្រះថ្លា ឬនាំឱ្យជន​ទាំងឡាយ ដែលជ្រះថ្លា​ហើយ​ឱ្យ​រឹងរឹត​តែជ្រះថ្លាឡើងទេ។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នក​ទាំងឡាយ ​ត្រូវសំដែងឡើង​នូវសិក្ខាបទ​នេះ​យ៉ាងនេះថា ភិក្ខុណាមួយឱ្យចីវរដល់​ភិក្ខុ (ដទៃ) ដោយខ្លួនឯងហើយ ខឹងអន់ចិត្ដ​ដណ្ដើមយក​(ចីវរ) មកវិញក្ដី ប្រើឱ្យគេ​ដណ្ដើម​យក​មកវិញក្ដី ភិក្ខុនោះត្រូវអាបត្ដិនិស្សគ្គិយបាចិត្ដិយ។

[១៥០] ត្រង់ពាក្យថា ភិក្ខុណាមួយ មានសេចក្ដីអធិប្បាយក្នុងសិក្ខាបទទី១ នៃបារាជិក​កណ្ឌ​រួចហើយ។ ពាក្យថា ដល់ភិក្ខុ គឺដល់ភិក្ខុដទៃ។ ពាក្យថា ខ្លួនឯង គឺបានឱ្យ​ទៅខ្លួន​ឯង។ ដែលហៅថា ចីវរនោះ បានដល់ចីវរ៦យ៉ាង ចីវរណាមួយ យ៉ាងតូចបំផុត​ល្មម​សម្រេច​កិច្ច​វិកប្ប​បាន។ ពាក្យថា ខឹងអន់ចិត្ដ គឺមិនត្រេកអរ មានចិត្ដក្ដួលក្ដៅ រឹងរូស។ ពាក្យថា ដណ្ដើម​យកមក​វិញ គឺដណ្ដើមយកមកដោយខ្លួនឯងវិញ ចីវរនោះជានិស្សគ្គិយ។ ពាក្យថា ប្រើឱ្យគេដណ្ដើម យកមកវិញ គឺភិក្ខុបង្គាប់អ្នកដទៃ (ឱ្យដណ្ដើមយកមកវិញ) ត្រូវអាបត្ដិទុក្កដ។ ភិក្ខុបង្គាប់​ទៅ​តែម្ដងទេ អ្នកទទួលបង្គាប់ទៅដណ្ដើមយកច្រើនដង ចីវរ​ទំាងនោះជានិស្សគ្គិយ ភិក្ខុ​ត្រូវលះ​បង់ដល់សង្ឃក៏បាន គណៈក៏បាន បុគ្គលក៏បាន។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ​ត្រូវលះបង់​យ៉ាង​នេះ។បេ។ ថាបពិត្រព្រះសង្ឃដ៏ចំរើន ចីវររបស់​ខ្ញុំនេះ ខ្ញុំបានឱ្យទៅភិក្ខុ (ដទៃ) ដោយ​ខ្លួនឯងហើយ ខ្ញុំត្រឡប់ដណ្ដើមយកមកវិញ ជា​និស្សគ្គិយ ខ្ញុំសូមលះបង់ចីវរនេះដល់សង្ឃ។ ពាក្យ​តអំពីនេះ​ទៅ​មាន​សេចក្ដីដូចគ្នា​នឹង​សិក្ខាបទទី១ ក្នុងចីវរវគ្គ។

[១៥១] ភិក្ខុសំគាល់បុគ្គលដែលជាឧបសម្បន្ន [អ្នកដែលបានឧបសម្បទាជា​ភិក្ខុភាវៈ​ដោយ​​ត្រឹមត្រូវហើយ ហៅថា ឧបសម្បន្ន។] ថាឧបសម្បន្នពិតមែន ហើយឱ្យ​ចីវរ​ទៅ​ដោយ​ខ្លួនឯង ក៏​ត្រឡប់​ក្រោធខឹងអន់ចិត្ដដណ្ដើមយកវិញក្ដី ប្រើឱ្យអ្នក​ដទៃដណ្ដើមយក​មក​វិញ​ក្ដី ត្រូវអាបត្ដិ​និស្សគ្គិយ​បាចិត្ដិយ។ ភិក្ខុមានសេចក្ដីសង្ស័យក្នុងបុគ្គលដែលជាឧបសម្បន្ន ហើយឱ្យចីវរ​ទៅ​ដោយ​ខ្លួនឯង ក៏ត្រឡប់ជាក្រោធខឹងអន់ចិត្ដ ដណ្ដើមយកមក​ខ្លួនឯង​វិញក្ដី ប្រើឱ្យអ្នក​ដទៃ​ដណ្ដើមមកវិញក្ដី ត្រូវអាបត្ដិនិស្សគ្គិយបាចិត្ដិយ។ ភិក្ខុសំគាល់បុគ្គល​ដែលជា​ឧបសម្បន្ន​​ថា អនុបសម្បន្ន [បានដល់បុគ្គលក្រៅពីភិក្ខុ មានសាមណេរជាដើម។] ទៅវិញ​ហើយឱ្យចីវរទៅ​ដោយ​ខ្លួន​ឯង ក៏ត្រឡប់ក្រោធខឹងអន់ចិត្ដ ដណ្ដើមយក​មកខ្លួន​ឯង​វិញក្ដី ​ប្រើឱ្យ​អ្នកដទៃដណ្ដើម​យកមក​វិញក្ដី ត្រូវអាបត្ដិនិស្សគ្គិយបាចិត្ដិយ។ ភិក្ខុឱ្យ​បរិក្ខារ​ដទៃហើយ ត្រឡប់​ក្រោធខឹងអន់ចិត្ដ ដណ្ដើម​យក​មកខ្លួនឯងវិញក្ដី ប្រើឱ្យអ្នកដទៃ​ដណ្ដើម​យកមកវិញក្ដី ត្រូវ​អាបត្ដិទុក្កដ។ ភិក្ខុឱ្យចីវរក្ដី បរិក្ខារ​ដទៃក្ដី ទៅអនុបសម្បន្ន ហើយក្រោធខឹងអន់ចិត្ដ ដណ្ដើម​យកមកខ្លួនឯងវិញក្ដី ប្រើឱ្យអ្នកដទៃ​ដណ្ដើម​យកមក​វិញក្ដី ត្រូវអាបត្ដិទុក្កដ។ ភិក្ខុសំគាល់​អនុបសម្បន្ន​ថាជាឧបសម្បន្នទៅវិញ ត្រូវ​អាបត្ដិ​ទុក្កដ។ ភិក្ខុ​មានសេចក្ដីសង្ស័យ​ក្នុងបុគ្គល​ដែលជា​អនុបសម្បន្ន ត្រូវអាបត្ដិទុក្កដ។ ភិក្ខុ​សំគាល់​​អនុបសម្បន្នថា អនុបសម្បន្នពិតមែន ត្រូវ​អាបត្ដិ​ទុក្កដ។

[១៥២] អាបត្ដិមិនមានដល់ភិក្ខុដែលភិក្ខុអ្នកទទួលចីវរនោះគេឱ្យត្រឡប់វិញ ឬភិក្ខុដែល​មាន​សេចក្ដីស្និទ្ធស្នាលនឹងភិក្ខុអ្នកទទួលចីវរនោះហើយកាន់យកមកវិញ ដល់ភិក្ខុដែល​ខូចចរិត ដល់ភិក្ខុដែលជាខាងដើមបញ្ញត្ដិ។

សិក្ខាបទទី៥ ចប់។

សិក្ខាបទទី

[១៥៣] សម័យនោះ ព្រះសម្ពុទ្ធដ៏ទ្រង់យស កាលគង់ក្នុងវិហារវេឡុវន ជា​កលន្ទកនិវាប​ស្ថាន ក្បែរក្រុងរាជគ្រឹះ។ គ្រានោះឯង ពួកឆព្វគ្គិយភិក្ខុបាន​សូមអម្បោះ​មកជាច្រើន ក្នុង​សម័យ​ធ្វើ​ចីវរកម្ម។ លុះធ្វើចីវរសម្រេចហើយ មានអម្បោះសេសសល់​ជាច្រើន។ ទើបពួក​ឆព្វគ្គិយភិក្ខុ​បាន​ជំនុំ​គ្នាដូច្នេះថា ម្នាលអាវុសោ បើដូច្នេះ មានតែពួក​យើងនឹង​សូមអម្បោះ​ដទៃ មកថែមទៀត ហើយ​ឱ្យពួកជាងដម្បាញត្បាញចីវរ។ លំដាប់​នោះ ពួកឆព្វគ្គិយភិក្ខុ​ទៅសូមអម្បោះឯទៀតមក ហើយក៏ឱ្យជាងដម្បាញត្បាញចីវរ។ កាលត្បាញ​ចីវររួចហើយ អម្បោះនៅសេសសល់ ជាច្រើន ពួកឆព្វគ្គិយភិក្ខុ​ក៏ទៅសូមអម្បោះ​ដទៃ ៗមកថែមទៀត ហើយ ឱ្យពួកជាងដម្បាញចីវរជាគំរប់ពីរដង។ កាលគេត្បាញ​រួចហើយ អម្បោះនៅ​សល់​ជាច្រើន។ ពួកឆព្វគ្គិយភិក្ខុទៅសូមអម្បោះដទៃៗ មក ថែមទៀត ហើយឱ្យពួកជាង​ដម្បាញ​ត្បាញចីវរជាគំរប់បីដង។ មនុស្សទាំងឡាយ​ពោលទោស តិះដៀល បន្ដុះបង្អាប់ថា ពួកសមណៈជាកូនចៅព្រះពុទ្ធជាសក្យបុត្រ មិនសម​នឹងទៅសូមអម្បោះមកដោយខ្លួនឯង ហើយ​ឱ្យពួកជាងដម្បាញត្បាញចីវរឱ្យសោះ។ ភិក្ខុទាំងឡាយបានឮពួកមនុស្ស​ទាំងនោះ​ពោល​ទោស តិះដៀល បន្ដុះបង្អាប់(ដូច្នោះ) ហើយ។ ភិក្ខុទាំងឡាយណា​មាន​សេចក្ដី​ប្រាថ្នា​តិច។ បេ។ ភិក្ខុទាំងនោះក៏ពោល ទោស តិះដៀល បន្ដុះបង្អាប់ថា ពួកឆព្វគ្គិយភិក្ខុ​មិនសមបើនឹងទៅសូម អម្បោះមកដោយខ្លួនឯង ហើយឱ្យពួកជាង​ដម្បាញត្បាញ​ចីវរឱ្យ (ដូច្នេះ) សោះ។ ទើបភិក្ខុទាំងនោះនាំ​សេចក្ដីនុ៎ះក្រាបទូល​ចំពោះ​ព្រះដ៏មានព្រះភាគ​ជា​ម្ចាស់។ ព្រះអង្គត្រាស់សួរថា ម្នាលភិក្ខុ​ទាំងឡាយ ឮថាពួកអ្នកឯងទៅ​សូមអម្បោះ​មកនឹង​ខ្លួនឯង ហើយឱ្យពួកជាង​ដម្បាញត្បាញ​ចីវរឱ្យ ពិតមែនឬ។ ពួកឆព្វគ្គិយភិក្ខុក្រាបទូលថា សូមទ្រង់ព្រះមេត្ដាប្រោស ការនោះពិតមែន។ ព្រះសម្ពុទ្ធដ៏មានព្រះភាគទ្រង់តិះដៀលថា ម្នាល មោឃបុរស ពួកអ្នកឯង មិនសមបើហ៊ាន​ទៅសូមអម្បោះមកនឹងខ្លួនឯង ហើយឱ្យ​ពួកជាង​ដម្បាញត្បាញចីវរឱ្យ(ដូច្នេះ) សោះ ម្នាលមោឃបុរស អំពើដែលអ្នកធ្វើមកនេះ មិននាំឱ្យជ្រះថ្លា​ដល់ជនទាំងឡាយ​ ដែលមិនទាន់ជ្រះថ្លា នឹងមិននាំពួកជន​ដែលជ្រះថ្លា​ហើយ​​ឱ្យរឹងរឹតតែជ្រះថ្លាឡើងទេ។ បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយត្រូវ​សំដែង​ឡើងនូវសិក្ខាបទ នេះយ៉ាងនេះថា ភិក្ខុណាមួយសូមអម្បោះមកដោយខ្លួនឯង ហើយ​ឱ្យពួក ជាងដម្បាញត្បាញ​ចីវរឱ្យ ភិក្ខុនោះត្រូវអាបត្ដិនិស្សគ្គិយបាចិត្ដិយ។

[១៥៤] ត្រង់ពាក្យថា ភិក្ខុណាមួយ មានសេចក្ដីដូចគ្នានឹងសិក្ខាបទទី១ នៃបារាជិក​កណ្ឌ​ឯនោះ។ ពាក្យថា ដោយខ្លួនឯង គឺសូមមកខ្លួនឯង។ ដែលហៅថា អម្បោះ បានដល់​អម្បោះ៦យ៉ាងគឺ អម្បោះដែលកើតពីសម្បកឈើ១ អម្បោះដែល​កើត​ពីកប្បាស១ សូត្រ១ អម្បោះដែលកើតពីរោមសត្វ១ អម្បោះដែលកើតឡើងពីធ្មៃ១ អម្បោះកើត ពីភង្គ (គឺយក​របស់ខាងដើមទាំង ៥ មកធ្វើជាអម្បោះ) ១។ ពាក្យថា ឱ្យពួកជាង​ដម្បាញ​ត្បាញ គឺប្រើពួកជាងដម្បាញឱ្យត្បាញ ត្រូវអាបត្ដិទុក្កដតាមប្រយោគ។ ចីវរនោះ ជានិស្សគ្គិយ​ក្នុងខណៈដែលបានមក ភិក្ខុគប្បីលះបង់ដល់សង្ឃក៏បាន គណៈក៏បាន បុគ្គលក៏បាន។ ម្នាលភិក្ខុ ទាំងឡាយ ភិក្ខុគប្បីលះបង់យ៉ាងនេះ។បេ។ ថា បពិត្រព្រះសង្ឃដ៏ចំរើន ចីវររបស់ខ្ញុំនេះ ខ្ញុំបានសូមអម្បោះមកដោយខ្លួនឯង ហើយឱ្យពួកជាងដម្បាញត្បាញ ចីវរនោះ​ជានិស្សគ្គិយ ខ្ញុំសូមលះបង់ចីវរនេះដល់សង្ឃ។ពាក្យតពីនេះ​ទៅមានសេចក្ដី​ដូច​គ្នា​នឹង​សិក្ខាបទទី១ នៃចីវរវគ្គ។

[១៥៥] ភិក្ខុសំគាល់ចីវរដែលឱ្យគេត្បាញរួចហើយថា ឱ្យគេត្បាញរួចហើយពិតមែន ត្រូវអាបត្ដិនិស្សគ្គិយបាចិត្ដិយ។ ភិក្ខុមានសេចក្ដីសង្ស័យក្នុងចីវរដែលឱ្យគេត្បាញរួចហើយ ត្រូវអាបត្ដិ​និស្សគ្គិយបាចិត្ដិយ។ ភិក្ខុសំគាល់ចីវរដែលឱ្យគេត្បាញរួចហើយថា មិនមែនចីវរ ដែលឱ្យគេត្បាញទេ ត្រូវអាបត្ដិនិស្សគ្គិយបាចិត្ដិយ។ ភិក្ខុសំគាល់ចីវរដែលមិនមែន​ឱ្យគេ​ត្បាញថា ចីវរដែលឱ្យគេត្បាញហើយ ត្រូវអាបត្ដិទុក្កដ។ មិនមែនចីវរដែលឱ្យគេត្បាញទេ តែភិក្ខុមានសេចក្ដីសង្ស័យ ត្រូវអាបត្ដិទុក្កដ។ ភិក្ខុសំគាល់ចីវរដែលមិនមែនឱ្យគេត្បាញថា មិនមែន ចីវរដែលឱ្យគេត្បាញពិតមែន មិនត្រូវអាបត្ដិឡើយ។

[១៥៦] អាបត្ដិមិនមានដល់ភិក្ខុដែលសូមអម្បោះមកដើម្បីដេរចីវរ ដើម្បីធ្វើសម្ពត់អាយោគ ដើម្បីធ្វើវត្ថពន្ធចង្កេះ ដើម្បីធ្វើយោគបាត្រ ដើម្បីធ្វើស្លោកបាត្រ ដើម្បីធ្វើសម្ពត់ត្រងទឹក ដល់​ភិក្ខុ​ដែលសូមអម្បោះ អំពីពួកញាតិ ដល់ភិក្ខុដែលសូមអម្បោះពីពួកជនដែល​បាន​បវារណាទុក ដល់ភិក្ខុដែលសូមអម្បោះដើម្បីជាប្រយោជន៍ដល់ភិក្ខុដទៃ ដល់ភិក្ខុដែល បានមក​ដោយទ្រព្យ​របស់ខ្លួន ដល់ភិក្ខុដែលខូចចរិត ដល់ភិក្ខុជាខាងដើមបញ្ញត្ដិ។

សិក្ខាបទទី៦ ចប់។

សិក្ខាបទទី ៧

[១៥៧] សម័យនោះ ព្រះសម្ពុទ្ធដ៏មានព្រះភាគ កាលទ្រង់គង់នៅវត្ដជេតវន ជារបស់​អនាថបិណ្ឌិកមហាសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង មានបុរសម្នាក់ កាលចេញ​ទៅកាន់​និវាសស្ថាន បាននិយាយពាក្យនេះនឹងប្រពន្ធថា ចូរនាងថ្លឹងអម្បោះយក​ទៅឱ្យ​ជាង​ដម្បាញ ឯណោះ ហើយប្រាប់ឱ្យគេត្បាញចីវរទុកទៅ ចំាអញត្រឡប់មកវិញ នឹង​ប្រគេន​ចីវរ (នោះ) ឱ្យព្រះឧបនន្ទជាម្ចាស់គ្រង។ ភិក្ខុមួយរូបជាអ្នកកាន់បិណ្ឌចារិកវត្ដ បានឮពាក្យដែលបុរសនោះ​និយាយ​ហើយ។ ទើបភិក្ខុនោះចូលទៅរកឧបនន្ទសក្យបុត្រ​ដ៏មានអាយុ លុះដល់ហើយបាន និយាយពាក្យនេះនឹងឧបនន្ទសក្យបុត្រដ៏មានអាយុថា ម្នាលអាវុសោឧបនន្ទ លោកជាអ្នកមាន​បុណ្យធំ ព្រោះបុរសម្នាក់នៅទីឯណោះ កាលគាត់​ចេញទៅកាន់និវាសស្ថាន បាននិយាយ​នឹង​ប្រពន្ធគាត់ថា ចូរនាងថ្លឹងអម្បោះ (សម្រាប់​ត្បាញចីវរ) ហើយយក​ទៅឱ្យជាងដម្បាញឯណោះ ឱ្យគេត្បាញចីវរទុកឱ្យ(អញ) ចាំអញ​ត្រឡប់មកវិញ​ នឹងប្រគេន​ចីវរឱ្យព្រះឧបនន្ទជាម្ចាស់គ្រង។ ឧបនន្ទដ៏មានអាយុឆ្លើយថា ម្នាលអាវុសោ ការនោះពិតមែនហើយ ព្រោះបុរសនោះជាញោម​ឧបដ្ឋាករបស់ខ្ញុំ។ ឯជាង​ដម្បាញ​នោះជាញោម​ឧបដ្ឋាករបស់ឧបនន្ទសក្យបុត្រដ៏មានអាយុមែន។ លំដាប់នោះ ឧបនន្ទសក្យបុត្រ​ដ៏មានអាយុ ចូលទៅរកជាងដម្បាញនោះ លុះចូលទៅដល់​ហើយ​បាន​និយាយ​ពាក្យនេះ​នឹងជាងដម្បាញនោះថា ម្នាលអ្នកដ៏មានអាយុ ចីវរនេះ គេត្បាញ​ចំពោះ​អាត្មា អ្នកចូរ​ធ្វើឱ្យវែង ឱ្យទូលាយ ឱ្យណែន ត្បាញឱ្យស្មើល្អ រឹតដំបាញ ឱ្យតឹង កួតឱ្យល្អ សិតឱ្យស្អាត។ ជាង​ដម្បាញឆ្លើយថា បពិត្រលោកម្ចាស់ដ៏ចំរើន គេថ្លឹង​អម្បោះទាំងនេះ​មកឱ្យខ្ញុំករុណាថា អ្នកឯងចូរត្បាញចីវរដោយអម្បោះនេះ បពិត្រលោកម្ចាស់ដ៏ចំរើន ខ្ញុំករុណាមិនអាចធ្វើឱ្យវែង ឱ្យទូលាយ ឱ្យណែនបានទេ បពិត្រលោកម្ចាស់ ប៉ុន្ដែខ្ញុំ​ករុណា​អាច​ត្បាញ​ឱ្យស្មើល្អ រឹតដំបាញឱ្យតឹង កួតឱ្យល្អ សិត ឱ្យស្អាតបាន។ ឧបនន្ទ​ដ៏មានអាយុ​ពោលថា ណ្ហើយចុះ ម្នាលអ្នកដ៏មានអាយុ អ្នកចូរធ្វើឱ្យវែង ឱ្យទូលាយ ឱ្យណែនល្អចុះ អម្បោះនោះមិនខ្វះទេ។ លំដាប់នោះ ជាងដម្បាញនោះបញ្ចូលអម្បោះដែល​បានមកទាំង​ប៉ុន្មាន​ទៅក្នុងដម្បាញ​អស់ហើយ ទើបចូលទៅរកស្រីនោះ លុះចូលទៅដល់ហើយ​ បាន​និយាយ​ពាក្យនេះនឹងស្រីនោះថា នែនាងដ៏ចំរើន ឥឡូវត្រូវការអម្បោះ ( ថែមទៀត ) ។ នាងនោះ​ត្រឡប់​សួរថា នែអ្នកខ្ញុំបានប្រាប់អ្នកហើយថា អ្នកចូរត្បាញចីវរដោយអម្បោះ​ប៉ុណ្ណេះឱ្យគ្រាន់។ ជាង​ដម្បាញឆ្លើយថា នែនាងដ៏ចំរើន នាងបានប្រាប់ខ្ញុំថា អ្នកចូរត្បាញ ចីវរដោយអម្បោះ​ប៉ុណ្ណោះ​ក៏ពិតមែនហើយ តែព្រះឧបនន្ទជាម្ចាស់លោក​និយាយ​យ៉ាង​នេះ​នឹងខ្ញុំថា ណ្ហើយ​ចុះ ម្នាលអ្នកដ៏មានអាយុ អ្នកចូរធ្វើ ឱ្យវែងឱ្យទូលាយ ឱ្យណែនល្អ អម្បោះ​នោះមិន​ខ្វះទេ។ ស្រីនោះ ក៏ឱ្យអម្បោះទៅជាងដម្បាញក្នុងជាន់ក្រោយនេះ ប្រហែល​​អម្បោះដែលបានឱ្យ ជាន់មុនដែរ។ ឯឧបនន្ទសក្យបុត្រ​ដ៏មានអាយុ​បានដំណឹង​ថា បុរសនោះ ត្រឡប់មកពី​និវាសស្ថានហើយ។ ឧបនន្ទសក្យបុត្រដ៏មានអាយុចូល​ទៅ​កាន់​លំនៅរបស់​បុរសនោះ លុះចូលទៅហើយ ក៏អង្គុយលើអាសនៈ ដែលគេ​ចាត់ចែង​ស្រាប់។ ឯបុរស​នោះក៏ចូលទៅរកឧបនន្ទសក្យបុត្រដ៏មានអាយុ លុះចូលទៅដល់​ហើយ​ថ្វាយបង្គំ​ឧបនន្ទ​សក្យបុត្រដ៏មានអាយុ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះបុរស​នោះ​អង្គុយស្រួលបួលហើយ ក៏និយាយពាក្យនឹងប្រពន្ធថា នាងឯងបានឱ្យជាង​ដម្បាញត្បាញ​ចីវររួចហើយឬ។ ប្រពន្ធ​ឆ្លើយថា ច៎ាះ អ្នកជាម្ចាស់ ខ្ញុំបានឱ្យគេត្បាញចីវររួចហើយ។ ប្ដីទាររកថា ចូរនាងយកមក អញ​នឹងប្រគេនចីវរឱ្យព្រះឧបនន្ទជាម្ចាស់គ្រង។ លំដាប់នោះ ស្រីនោះបាន​នាំយកចីវរនោះ​ទៅឱ្យស្វាមី ហើយក៏ប្រាប់សេចក្ដីនុ៎ះឱ្យដឹង។ ទើបបុរសនោះ​ប្រគេនចីវរនោះដល់ ឧបនន្ទ​សក្យបុត្រដ៏មានអាយុ ហើយក៏ពោលទោស តិះដៀល បន្ដុះបង្អាប់ថា ពួកសមណៈ​ជាកូនចៅព្រះពុទ្ធជាសក្យបុត្រទាំងនេះ ជាអ្នកប្រាថ្នាច្រើន មិនសន្ដោស យើងមិន​ងាយនឹង​ឱ្យសមណៈពួកនេះស្លៀកដណ្ដប់ចីវរបានទេ អញមិន​បានបវារណា​ព្រះឧបនន្ទ​ជាម្ចាស់មក​ពីមុនទេ មិនសមបើនឹងហ៊ានចូលទៅរក​ជាង​ដម្បាញ ហើយដល់​នូវកិរិយាកំណត់ ក្នុងចីវរ (គឺរិះគន់​ចង់បានហួសហេតុ)។ ភិក្ខុទាំង​ឡាយ​បានឮបុរសនោះ ពោលទោស តិះដៀល បន្ដុះបង្អាប់ហើយ។ ពួកភិក្ខុណា​មានសេចក្ដីប្រាថ្នាតិច។ បេ។ ភិក្ខុទាំងនោះក៏ពោលទោស តិះដៀល បន្ដុះបង្អាប់ថា ឧបនន្ទសក្យបុត្រដ៏មានអាយុ គេមិន​បាន​បវារណាមក ពីមុនសោះ មិនសមបើ​នឹង​ហ៊ាន​ចូលទៅរកពួកជាងដម្បាញរបស់គហបតិ ហើយ​ដល់​នូវកិរិយា​កំណត់ក្នុងចីវរ ( គឺរិះគន់​ចង់​បានហួសហេតុ)។ លំដាប់នោះ ភិក្ខុទាំង​នោះនាំសេចក្ដីនុ៎ះ ក្រាបទូលចំពោះ​ព្រះដ៏មានព្រះភាគជាម្ចាស់។ ព្រះអង្គត្រាស់ថា ឧបនន្ទ គេថា​អ្នកឯង ជនជាម្ចាស់​ចីវរគេ​មិនបានបវារណាមកពីមុនសោះ ហ៊ានចូល​ទៅរកពួក​ជាងដម្បាញរបស់គហបតិ ហើយ​ដល់នូវកិរិយាកំណត់ក្នុងចីវរ (គឺរិះគន់​ចង់បាន​ហួស​ហេតុ) ពិតមែនឬ។ ឧបនន្ទ​ក្រាបទូល​ថា សូមទ្រង់ព្រះមេត្ដាប្រោស ការនោះពិតមែន។ ព្រះអង្គត្រាស់សួរថា នែឧបនន្ទ បុរសនោះ ជាញាតិរបស់អ្នកឯង ឬមិនមែនជាញាតិទេ។ ឧបនន្ទក្រាបទូលថា បពិត្រ​ព្រះដ៏មានព្រះភាគជាម្ចាស់ បុរសនោះមិនមែនជាញាតិទេ។ ម្នាលមោឃបុរស បុគ្គល​មិនមែនជាញាតិតែងមិនទទួលដឹងនូវការសមគួរ និងមិនសមគួរ ការល្អិតល្អ និងមិន​ល្អិតល្អ របស់បុគ្គលដែលមិនមែនជាញាតិទេ នែមោឃបុរស ក្នុងរឿង​ចីវរនោះ (បើ) ម្ចាស់ចីវរគេមិនបានបវារណាមកពីដើមទេ អ្នកឯងមិនសមបើ​នឹងហ៊ានចូល​ទៅរកពួក​ជាង​ដម្បាញ របស់គហបតិដែលមិនមែនជាញាតិ ហើយដល់នូវកិរិយាកំណត់ក្នុងចីវរ (គឺរិះគន់​ចង់បានល្អឱ្យហួសហេតុដូច្នេះសោះ) នែមោឃបុរស អំពើដែល អ្នកឯងធ្វើមកនេះ មិន​មែន​នាំឱ្យជ្រះថ្លាដល់ជនទាំងឡាយដែលមិនទាន់ជ្រះថ្លា និងមិន​មែននាំឱ្យ​ជនដែល​ជ្រះថ្លា​​ស្រាប់ហើយ ឱ្យរឹងរឹតតែ ជ្រះថ្លាឡើងទេ។ បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំង​ឡាយគប្បី សំដែង​ឡើងនូវសិក្ខាបទនេះយ៉ាងនេះថា គហបតិ (គឺបុរសជាម្ចាស់ផ្ទះ)ក្ដី គហបតានី (គឺស្រីជា​ម្ចាស់ផ្ទះ)ក្ដីដែលមិនមែនជាញាតិ ឱ្យជាងដម្បាញត្បាញ​ចីវរចំពោះ​ភិក្ខុណាមួយ។ បើភិក្ខុ​នោះ ដែលអ្នកម្ចាស់ចីវរគេមិនបាន​បវារណាមកពីមុនក្នុង​រឿងចីវរ​នោះ អាចហ៊ាន​ចូលទៅ​រកជាងដម្បាញ ហើយដល់នៅកិរិយាកំណត់ក្នុងចីវរ (គឺរិះគន់​ចង់បានល្អឱ្យហួសហេតុ) គឺពោលថានែអ្នកដ៏មានអាយុ ចីវរនេះគេឱ្យត្បាញចំពោះអាត្មា អ្នកទាំងឡាយចូរធ្វើឱ្យវែង ឱ្យទូលាយ ឱ្យមានសាច់ញឹក ឱ្យស្មើល្អ រឹតឱ្យ តឹងល្អ ចូរ​ត្រដោះ​កួតហើយសិតឱ្យល្អ សឹមអាត្មាថែមរង្វាន់ឱ្យអ្នកបន្ដិចបន្ដួច។ ភិក្ខុនោះ លុះ​និយាយ​យ៉ាងនេះហើយ ក៏ថែមរង្វាន់បន្ដិចបន្ដួចឱ្យដោយហោចទៅ ទុកជាគ្រាន់តែចង្ហាន់​បិណ្ឌបាត (១ឆ្អែត) ក៏ត្រូវអាបត្ដិ និស្សគ្គិយបាចិត្ដិយ។

[១៥៨] ត្រង់ពាក្យថា ចំពោះភិក្ខុណាមួយ គឺដើម្បីជាប្រយោជន៍ដល់ភិក្ខុ គឺធ្វើភិក្ខុ​ឱ្យជា​អារម្មណ៍ ហើយចង់ឱ្យភិក្ខុស្លៀកដណ្ដប់ចីវរ។ គហបតិដែលមិនជាប់ចំពាក់ (ជាសាច់​ញាតិ) ពីចំណែកខាងមាតាក្ដី បិតាក្ដី រៀងរាល់ដល់គូជីដូនជីតាទី៧ ហៅថា មិនមែន​ជាញាតិ។ បុគ្គលណា មួយដែលគ្រប់គ្រងគេហស្ថាន បុគ្គលនោះហៅថា គហបតិ។ ស្រីណាមួយ​ដែល​គ្រប់គ្រង​គេហស្ថាន ស្រីនោះហៅថា គហបតានី។ ពាក្យថា ជាង​ដម្បាញ បានដល់​ពួក​អ្នកធ្វើការត្បាញ។ បណ្ដាចីវរ ៦ យ៉ាង ចីវរយ៉ាងណានីមួយ​យ៉ាងតូច​បំផុត​ល្មមសម្រេច​កិច្ចវិកប្បបាន ហៅថា ចីវរ។ ពាក្យថា ឱ្យត្បាញ គឺថាឱ្យចាក់​អម្បោះ ឬសូត្រធ្វើសម្ពត់។ ពាក្យ​ថា បើភិក្ខុនោះ សេចក្ដីថាម្ចាស់ចីវរ​ឱ្យត្បាញចីវរចំពោះ​ភិក្ខុអង្គ​ណា សំដៅយកភិក្ខុនោះ។ ពាក្យ​ថា គេមិនបានបវារណាមកពីមុន គឺមិនបាន​និយាយគ្នា​ទុកមកពីមុនថា បពិត្រលោក​ម្ចាស់ លោកត្រូវការចីវរយ៉ាងណា ខ្ញុំករុណានឹងឱ្យជាង​ដម្បាញត្បាញ​ចីវរយ៉ាងណា ប្រគេនលោក។ ពាក្យថា ចូលទៅរកជាងដម្បាញ គឺទៅ​ផ្ទះជាងដម្បាញ ឬចូលទៅរកគេក្នុង​កន្លែងណា​មួយ។ ពាក្យថា ដល់នូវកិរិយា​កំណត់​ក្នុងចីវរ គឺនិយាយថា នែអ្នកដ៏មានអាយុ ចីវរនេះ​គេឱ្យត្បាញចំពោះអាត្មាហើយ អ្នក​ទាំងឡាយ​ចូរធ្វើឱ្យវែង ឱ្យទូលាយ ឱ្យសាច់ញឹក ធ្វើឱ្យស្មើល្អ រឹតឱ្យ តឹងល្អ ត្រដោះ​កួតឱ្យល្អ និងសិតឱ្យល្អ សឹមអាត្មាឯងនឹងថែមរបស់អ្វី ៗ ឱ្យពួកអ្នក​ដ៏មានអាយុ​ខ្លះ​មិនខាន។ ពាក្យថា ភិក្ខុនោះ លុះនិយាយយ៉ាងនេះហើយ ក៏ថែមរង្វាន់បន្ដិចបន្ដួចឱ្យ ដោយ​ហោចទៅទុកជាគ្រាន់តែចង្ហាន់បិណ្ឌបាត អធិប្បាយថាបបរក្ដី បាយក្ដីរបស់គួរ​ទំពាស៊ីក្ដី ហៅថា បិណ្ឌបាត ដោយហោចទៅ សូម្បី​ដុំលំអិតសម្រាប់ងូតក្ដី ឈើស្ទន់ក្ដី អម្បោះរងជើងក្ដី ភិក្ខុសំដែង​ធម៌ឱ្យស្ដាប់(ក៏ហៅថាបិណ្ឌបាតក្នុងសិក្ខាបទ នេះដែរ) បើជាង​ដម្បាញត្បាញចីវរឱ្យវែងក្ដី ឱ្យទូលាយ​ក្ដី ឱ្យមានសាច់ញឹកក្ដី តាមពាក្យ(បង្គាប់) របស់ភិក្ខុនោះ ត្រូវអាបត្ដិទុក្កដតាមប្រយោគ។ ចីវរនោះជានិស្សគ្គិយ ក្នុងខណៈ​ដែល​បានមក ភិក្ខុត្រូវលះបង់ដល់សង្ឃក៏បាន គណៈក៏បាន បុគ្គលក៏បាន។ ម្នាលភិក្ខុ​ទាំង​ឡាយ ភិក្ខុត្រូវ លះបង់យ៉ាងនេះថា។បេ។ បពិត្រព្រះសង្ឃដ៏ចំរើន ចីវររបស់ខ្ញុំករុណានេះ ម្ចាស់ចីវរមិនបានបវារណាមកពីមុនទេ ខ្ញុំករុណាបានចូលទៅរកពួកជាង​ដម្បាញ​របស់​គហបតី​​ដែលមិនមែនជាញាតិ ហើយដល់នូវកិរិយាកំណត់ក្នុងចីវរ (គឺចង់បានល្អ​ហួស​ហេតុ) ចីវរនេះ​ជានិស្សគ្គិយ ខ្ញុំករុណា សូមលះបង់ចីវរនេះដល់សង្ឃ។ ពាក្យថា​អំពីនេះ​ទៅ​មាន​សេចក្ដី ដូចគ្នានឹងសិក្ខាបទទី១ នៃចីវរវគ្គខាងដើមនោះហើយ។

[១៥៩] ភិក្ខុសំគាល់គហបតិមិនមែនជាញាតិ ថាមិនមែនជាញាតិពិតមែន គេមិនបាន​បវារណាមកពីដើមទេ ចូលទៅរកជាងដម្បាញរបស់គហបតិ ហើយដល់​នូវកិរិយាកំណត់​ក្នុងចីវរ ត្រូវអាបត្ដិនិស្សគ្គិយបាចិត្ដិយ។ គហបតិមិនមែនជាញាតិ ភិក្ខុមាន​សេចក្ដី​សង្ស័យ គេមិន បានបវារណាមកពីមុន ចូលទៅរកជាងដម្បាញរបស់គហបតិ ហើយ​ដល់នូវ​កិរិយាកំណត់ក្នុងចីវរ ត្រូវអាបត្ដិនិស្សគ្គិយបាចិត្ដិយ។ ភិក្ខុសំគាល់គហបតិ​ដែលមិន​មែន​ជាញាតិ ថាជាញាតិ គេមិនបានបវារណាទុកមុន ចូលទៅរកពួកជាង​ដម្បាញ​របស់​គហបតិ ហើយដល់នូវកិរិយាកំណត់ក្នុងចីវរ ត្រូវអាបត្ដិនិស្សគ្គិយបាចិត្ដិយ។ ភិក្ខុ​សំគាល់​គហបតិ​ដែលជាញាតិ ថាមិនមែនជាញាតិ ត្រូវអាបត្ដិទុក្កដ។ ភិក្ខុមានសេចក្ដី​សង្ស័យ​នឹងគហបតិ ដែលជាញាតិ ត្រូវអាបត្ដិទុក្កដ។ ភិក្ខុសំគាល់គហបតិដែលជាញាតិ ថាជា​ញាតិពិតមែន មិនត្រូវអាបត្ដិអ្វីឡើយ។

[១៦០] អាបត្ដិមិនមានដល់ភិក្ខុដែលកំណត់ចីវរ ក្នុងសំណាក់នៃពួកគហបតិ​ដែល​ជា​ញាតិ ដល់ភិក្ខុដែលកំណត់ចីវរក្នុងសំណាក់នៃពួកគហបតិដែលបានបវារណា ដល់ភិក្ខុ​ដែល​កំណត់​ចីវរ​ដើម្បីជាប្រយោជន៍ដល់ភិក្ខុឯទៀត ដល់ភិក្ខុដែលធ្វើចីវរដោយទ្រព្យរបស់ខ្លួន ដល់ភិក្ខុដែល ម្ចាស់ចីវរគេចង់ឱ្យត្បាញចីវរមានដំឡៃច្រើន តែភិក្ខុឱ្យគេត្បាញចីវរ​មាន​ដំឡៃ​តិចវិញ ដល់​ភិក្ខុ​ដែល​ខូចចរិត ដល់ភិក្ខុដែលជាខាងដើមបញ្ញត្ដិ។

សិក្ខាបទទី៧ ចប់។

សិក្ខាបទទី

[១៦១] សម័យនោះ ព្រះសម្ពុទ្ធដ៏មានព្រះភាគ កាលគង់នៅក្នុងវត្ដជេតវន របស់​អនាថបិណ្ឌិក​មហាសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង មហាអាមាត្យម្នាក់ កាលចេញ​ទៅកាន់​ទីនិវាស្ថាន​ជាទីព្រាត់ប្រាស បានប្រើបម្រើទៅក្នុងសំណាក់ភិក្ខុទាំងឡាយ​ដោយ​ពាក្យថា លោកម្ចាស់​​ទាំងឡាយចូរនិមន្ដខ្ញុំនឹងថ្វាយសម្ពត់ចំណាំវស្សា។ ឯពួកភិក្ខុសង្ស័យ​ថា ព្រះដ៏មាន​ព្រះភាគជាម្ចាស់ទ្រង់អនុញ្ញាតសម្ពត់ចំណាំវស្សា​ដល់ពួកភិក្ខុដែល​ចាំវស្សា​ហើយ ទើបមិននាំ​គ្នាមក (ព្រោះវេលានៅមិនទាន់ចេញវស្សា)។ លំដាប់នោះ មហា​អាមាត្យ​នោះ ក៏ពោលទោស តិះដៀល បន្ដុះបង្អាប់ថា អញបានប្រើបម្រើទៅហើយ មិន​សម​បី​បើលោក​ម្ចាស់​ទាំងឡាយ​មិន​និមន្ដមក ខ្លួនអញចេញទៅក្នុងកងទ័ព ការរស់នៅ ឬ​ស្លាប់​ទៅ​មិនងាយ​ដឹងទេ។ ភិក្ខុទាំងឡាយ បានឮមហាអាមាត្យនោះ ពោលទោស តិះដៀល បន្ដុះបង្អាប់ហើយ។ ទើបពួកភិក្ខុទាំងនោះ ក្រាបទូល​សេចក្ដីនុ៎ះ ចំពោះ​ព្រះដ៏មានព្រះភាគ​​ជាម្ចាស់។ ព្រោះនិទាននេះ ដំណើរនេះ ព្រះដ៏មានព្រះភាគ​ជាម្ចាស់​ទ្រង់​សំដែងធម្មីកថា ហើយត្រាស់ហៅភិក្ខុ​ទាំងឡាយក្នុងខណៈនោះ​ថា ម្នាលភិក្ខុ​ទាំង​ឡាយ តថាគតអនុញ្ញាត​ឱ្យភិក្ខុ​ទាំង​ឡាយទទួលអច្ចេកចីវរទុកដាក់បាន។ សម័យនោះឯង ភិក្ខុទាំងឡាយដឹងថា ព្រះដ៏មាន​ព្រះភាគ​ជាម្ចាស់ទ្រង់​អនុញ្ញាតឱ្យភិក្ខុទាំងឡាយ ទទួល​អច្ចេកចីវរទុកដាក់បាន ហើយក៏ទទួល​អច្ចេក​ចីវរទុកឱ្យ​កន្លងហួសចីវរកាលទៅ។ ភិក្ខុ​ទាំងឡាយបានវេចខ្ចប់នូវចីវរទាំងនោះ ព្យួរទុកនឹងខ្សែស្បៀង។ អានន្ទត្ថេរដ៏មានអាយុ​ដើរទៅកាន់ចារិកនៃសេនាសនៈ ក៏បាន​ឃើញ​ចីវរទាំងនោះដែល​ភិក្ខុខ្ចប់ព្យួរទុកនឹង​ខ្សែ​ស្បៀង លុះឃើញ​ហើយទើបហៅភិក្ខុ​ទាំងឡាយ​មកសួរថា ម្នាលអាវុសោទាំងឡាយ ចីវរទាំងនេះដែលគេព្យួរទុកនឹងខ្សែស្បៀង តើជារបស់អ្នកណា។ ពួកភិក្ខុឆ្លើយថា អាវុសោ អច្ចេកចីវររបស់យើងខ្ញុំទាំងឡាយ។ អានន្ទត្ថេរ​សួរ​ទៀតថា ម្នាលអាវុសោ ចីវរទាំង​នេះ លោករាល់គ្នាបានដាក់​ទុកមកយូរ​អស់កាល​ប៉ុន្មាន​ហើយ។ ទើបភិក្ខុទាំងនោះ បានប្រាប់​កាលដែលខ្លួនបានដាក់ទុកចីវរនោះ ដល់​ព្រះអានន្ទត្ថេ​ដ៏មានអាយុ។ អានន្ទត្ថេរដ៏មាន​អាយុ​ក៏ពោលទោស តិះដៀល បន្ដុះបង្អាប់ថា ពួកភិក្ខុមិនសម​បើនឹង​ទទួលអច្ចេកចីវរ ហើយទុកឱ្យកន្លងហួសចីវរកាលទៅ។ លំដាប់នោះ អានន្ទត្ថេដ៏មាន​អាយុក្រាប​ទូល​សេចក្ដី​នុ៎ះចំពោះព្រះដ៏មានព្រះភាគជាម្ចាស់។ ព្រះអង្គត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថាពួកភិក្ខុទទួលអច្ចេកចីវរ ហើយបណ្ដោយឱ្យកន្លងហួសចីវរកាលទៅ ពិត​មែនឬ។ ពួកភិក្ខុក្រាបទូលថា សូមទ្រង់មេត្ដាប្រោសការនោះពិតមែន។ ព្រះពុទ្ធដ៏​មាន​ព្រះភាគ​ទ្រង់តិះដៀលថា ម្នាលភិក្ខុទាំងឡាយ មិនសមបី បើពួកមោឃបុរសនោះ ទទួលអច្ចេកចីវរ ហើយបណ្ដោយឱ្យកន្លងហួសចីវរកាលទៅទេ ម្នាលភិក្ខុទាំងឡាយ អំពើ​ដែល​អ្នក​ទាំងឡាយ​ធ្វើនេះ មិនមែននាំឱ្យជ្រះថ្លា​ដល់ជនទាំងឡាយ​ដែលមិនទាន់​ជ្រះថ្លា​ផង មិននាំ​ឱ្យជនដែល​ជ្រះថ្លាហើយឱ្យរឹងរឹតតែជ្រះថ្លាឡើងផង។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នក​ទាំងឡាយ​គប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ថ្ងៃពេញបូណ៌មី​ខែកត្ដិក ​[ថ្ងៃពេញបូណ៌មីខែបឋមកត្ដិក គឺថ្ងៃ ១៥ កើតខែអស្សុជ។] ដែលជាខែទី ៣ នៃ​វស្សាន​រដូវនៅខ្វះ១០ថ្ងៃ [គិតពីត្រឹមថ្ងៃ ៥ កើត ទៅដល់ថ្ងៃ ១៥ កើតខែអស្សុជ។ បើភិក្ខុ​មិនបានក្រាលកឋិនទេ ត្រូវទុកអច្ចេកចីវរបានត្រឹម១ខែ ១១ថ្ងៃ បើបានក្រាល​កឋិន ត្រូវទុកបាន៥ខែ ១១ថ្ងៃ ទុកឱ្យហួសអំពីកំណត់នោះទៅ សូម្បីត្រឹមតែ១ថ្ងៃក៏ពុំបានឡើយ (អដ្ឋកថា)។] ទៀតនឹងគ្រប់ (គឺថ្ងៃ៥កើតខែអស្សុជ) បើអច្ចេកចីវរកើតឡើង​ដល់ភិក្ខុៗ​សំគាល់​ថាជាអច្ចេកចីវរ គប្បីទទួលទុក លុះទទួលហើយគប្បីទុកដាក់​ដរាបអស់​សម័យ​ចីវរកាល បើភិក្ខុ​ទុក​យូរឱ្យហួសកំណត់នោះទៅ ត្រូវអាបត្ដិនិស្សគ្គិយបាចិត្ដិយ។

[១៦២] ត្រង់ពាក្យថា ខ្វះ១០ថ្ងៃទៀត គឺនៅខ្វះ១០ថ្ងៃទៀតនឹងដល់ថ្ងៃបវារណា។ ថ្ងៃ​បវារណា​ក្នុងខែកត្ដិក តថាគតត្រាស់ហៅថា ថ្ងៃពេញបូណ៌មីនៃខែកត្ដិកដែលជាខែទី ៣ នៃវស្សានរដូវ។ ដែលហៅថា អច្ចេកចីវរនោះ គឺសម្ពត់ដែលបុគ្គល​ណាមួយត្រូវការ​នឹង​ចេញ​ទៅក្នុងកងទ័ពក្ដី ត្រូវការនឹងចេញទៅកាន់និវាស្ថានក្ដី មនុស្សមានជម្ងឺក្ដី ស្រីមាន​គភ៌ក្ដី បុគ្គល​ឥតសទ្ធាត្រឡប់មានសទ្ធាក្លាកើតឡើងក្ដី បុគ្គលគ្មានសេចក្ដីជ្រះថ្លា​ត្រឡប់​ជា​មាន​សេចក្ដី​ជ្រះថ្លាកើតឡើងក្ដី។ បើបុគ្គលនោះប្រើបម្រើទៅកាន់សំណាក់​ភិក្ខុទាំង​ឡាយ (ចំពោះ​ចីវរណា) ដោយពាក្យ ថាលោកម្ចាស់ទាំងឡាយសូមនិមន្ដមក ខ្ញុំព្រះករុណានឹង​ប្រគេនសម្ពត់ វស្សាវាសិក (សម្ពត់ចំណាំវស្សា)។ ចីវរនេះឈ្មោះថា អច្ចេកចីវរ (គឺចីវរ​ដែលបុគ្គល​ធ្វើដោយ​រួសរាន់)។ ពាក្យថា ភិក្ខុសំគាល់ថាជាអច្ចេកចីវរ គប្បីទទួលទុក លុះទទួលរួច​ហើយ គប្បីទុក​ដរាបអស់​សម័យចីវរកាល សេចក្ដីថា ភិក្ខុត្រូវធ្វើ​សេចក្ដី​សំគាល់ថា​នេះជាអច្ចេកចីវរ ​ហើយ​ទុក​ដាក់ចុះ។ ដែលហៅថា សម័យចីវរកាលនោះ គឺថា បើភិក្ខុមិនបានក្រាលកឋិនទេ នោះត្រូវ​កំណត់យកខែចុង [បើភិក្ខុមិនបានក្រាលកឋិនទេ ចីវរកាលមានតែ១ខែ គឺរាប់តាំងពីថ្ងៃ ១ រោចខែអស្សុជ ទៅដល់ថ្ងៃ១៥កើត ខែកត្ដិក បើបានក្រាលកឋិន ចីវរកាលមាន៥ខែ គឺរាប់​តាំង​ពី​ថ្ងៃ១រោច ខែអស្សុជ ទៅដល់ថ្ងៃ​១៥កើតខែផល្គុន នេះហៅថា ចីវរកាលសម័យ។] នៃវស្សានរដូវ១ ខែ បើបាន​ក្រាល​កឋិនត្រូវកំណត់យក៥ខែ។ ពាក្យថា ថាបើភិក្ខុទុកដាក់ឱ្យហួស​កំណត់នោះទៅ គឺថាបើ​មិនបានក្រាលកឋិន ភិក្ខុបណ្ដោយឱ្យអច្ចេកចីវរ​កន្លង​ថ្ងៃខាង​ចុងនៃវស្សានរដូវ គឺថ្ងៃពេញ​បូណ៌មីខែកត្ដិកទៅ អច្ចេកចីវរនោះជានិស្សគ្គិយ។ បើភិក្ខុ​ក្រាលកឋិនរួចហើយ បណ្ដោយ​ឱ្យ អច្ចេកចីវរកន្លងហួសថ្ងៃដែលភិក្ខុដោះកឋិនទៅ អច្ចេកចីវរ​នោះជានិស្សគ្គិយដែរ ភិក្ខុ​ត្រូវ​​លះបង់ដល់សង្ឃក៏បាន គណៈក៏បាន បុគ្គលក៏បាន។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុ​គប្បីលះបង់យ៉ាងនេះថា។បេ។ បពិត្រព្រះសង្ឃដ៏ចំរើន អច្ចេកចីវរ​របស់​ខ្ញុំនេះ ខ្ញុំទុក​ឱ្យ​កន្លងសម័យចីវរកាលទៅហើយ ចីវរនេះជានិស្សគ្គិយ ខ្ញុំករុណា​សូមលះបង់​អច្ចេកចីវរ​នេះ ដល់​សង្ឃ សេចក្ដីអំពីនេះ​ទៅ មាន​សេចក្ដីដូចគ្នា​នឹងសិក្ខាបទទី ១នៃចីវរវគ្គខាង​ដើម​ហើយ។

[១៦៣] អច្ចេកចីវរពិតមែន ភិក្ខុក៏សំគាល់ថាជាអច្ចេកចីវរ បើភិក្ខុទុកឱ្យកន្លងសម័យ​ចីវរ​កាល​ទៅ ត្រូវនិស្សគ្គិយបាចិត្ដិយ។ ភិក្ខុមានសេចក្ដីសង្ស័យក្នុងអច្ចេកចីវរ ហើយទុក​ឱ្យ​កន្លង​សម័យ​ចីវរកាលទៅ ត្រូវនិស្សគ្គិយបាចិត្ដិយ។ អច្ចេកចីវរមែន ភិក្ខុសំគាល់ថា​មិន​មែន​ជា​អច្ចេកចីវរ ទុកឱ្យកន្លងហួសសម័យចីវរកាលទៅត្រូវនិស្សគ្គិយបាចិត្ដិយ។ ភិក្ខុ​សំគាល់​អច្ចេកចីវរ​ដែលមិនបានអធិដ្ឋាន ថាបានអធិដ្ឋានហើយក្តី សំគាល់អច្ចេកចីវរ​ដែល​មិន​បានវិកប្ប ថាបានវិកប្បរួចហើយក្ដី សំគាល់អច្ចេកចីវរដែល​មិនបានលះបង់​ថា​បាន​លះបង់​ហើយក្ដី សំគាល់អច្ចេកចីវរដែលមិនបាត់ ថាបាត់បង់ទៅហើយក្ដី សំគាល់​អច្ចេកចីវរ​ដែល​មិនវិនាស ថាវិនាស​ហើយក្ដី សំគាល់អច្ចេកចីវរដែលភ្លើងមិនឆេះ ថាភ្លើង​ឆេះ​ហើយក្ដី សំគាល់អច្ចេកចីវរ ដែលចោរមិនបានប្លន់ ថាចោរប្លន់យកទៅហើយក្ដី ហើយ​ទុកឱ្យកន្លងហួសចីវរកាលទៅ ត្រូវអាបត្ដិនិស្សគ្គិយបាចិត្ដិយ។ ភិក្ខុមិនលះបង់​ចីវរដែល​ជា​និស្សគ្គិយហើយប្រើប្រាស់ ត្រូវអាបត្ដិទុក្កដ។ ភិក្ខុសំគាល់សម្ពត់ដែលមិនមែនអច្ចេកចីវរ ថាជាអច្ចេកចីវរ ត្រូវអាបត្ដិទុក្កដ។ ភិក្ខុមានសេចក្ដីសង្ស័យក្នុងសម្ពត់​ដែលមិនមែន​អច្ចេកចីវរ ត្រូវអាបត្ដិទុក្កដ។ ភិក្ខុសំគាល់សម្ពត់ ដែលមិនមែនជាអច្ចេកចីវរ ថាមិន​មែន​អច្ចេកចីវរ មិនត្រូវអាបត្ដិឡើយ។

[១៦៤] អាបត្ដិមិនមានដល់ភិក្ខុដែលបានអធិដ្ឋានអច្ចេកចីវរ(ក្ដី) វិកប្បទុក(ក្ដី) លះបង់​ឱ្យគេ (ក្ដី) ដល់ភិក្ខុដែលមានអច្ចេកចីវរបាត់ទៅ(ក្ដី) វិនាសទៅ(ក្ដី) ភ្លើងឆេះ(ក្ដី) ចោរដណ្ដើម​យកទៅ(ក្ដី) សហធម្មិកកាន់យកទៅដោយសេចក្ដីស្និទ្ធស្នាល(ក្ដី) ខាងក្នុង​សម័យ​ចីវរ​កាល ដល់ភិក្ខុឆ្កួត ដល់ភិក្ខុខាងដើមបញ្ញត្ដិ។

សិក្ខាបទទី ៨ ចប់។

សិក្ខាបទទី

[១៦៥] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគកាលគង់នៅក្នុងវត្ដជេតវន របស់​អនាថ​បិណ្ឌិក​​មហាសេដ្ឋី ជិតក្រុងសាវត្ថី។ គ្រានោះឯង ភិក្ខុទាំងឡាយនៅចាំវស្សាហើយ ទៅ​នៅ​ក្នុងសេនាសនៈដែលឋិតនៅក្នុងព្រៃ។ ពួកចោរខែកត្ដិក [អដ្ឋកថា ប្រាប់ថា ពួកចោរ​ដែលធ្វើចោរកម្មក្នុងខែកត្ដិក។] គិតគ្នាថា ពួកភិក្ខុ​បាន​លាភ(ច្រើន) ហើយក៏នាំគ្នា​មក​បៀតបៀន។ ភិក្ខុទាំងឡាយក្រាបទូលសេចក្ដីនុ៎ះ ចំពោះព្រះ​ដ៏មាន​ព្រះភាគជាម្ចាស់។ ព្រោះ​និទាននេះ ដំណើរនេះ ទើបព្រះដ៏មាន​ព្រះភាគជា​ម្ចាស់​ទ្រង់សំដែងធម្មីកថា ត្រាស់​ហៅភិក្ខុទាំងឡាយមកហើយទ្រង់ត្រាស់ថា ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុដែល​អាស្រ័យនៅ​សេនាសនៈ​ក្នុងព្រៃ តថាគតអនុញ្ញាតឱ្យទុក បណ្ដា​ចីវរ​ទាំង ៣ ចីវរណាមួយ ក្នុង​ចន្លោះផ្ទះបាន។ សម័យនោះឯង ភិក្ខុទាំងឡាយដឹងថា ព្រះដ៏មាន​ព្រះភាគជាម្ចាស់ ទ្រង់​អនុញ្ញាតឱ្យភិក្ខុដែលអាស្រ័យនៅសេនាសនៈ​ក្នុងព្រៃ​ទុក​ដាក់បណ្ដា​ចីវរ​ទាំង៣ ចីវរណា​មួយ ក្នុងចន្លោះផ្ទះបាន។ ពួកភិក្ខុនោះក៏បានទុកដាក់បណ្ដា​ចីវរទាំង ៣ ចីវរណា​មួយ​ក្នុងចន្លោះផ្ទះហើយនៅប្រាសចាកហួស៦រាត្រី។ ចីវរទាំង​នោះបាត់ទៅខ្លះ ខូច​ខាត​ទៅ​ខ្លះ ភ្លើងឆេះខ្លះ កណ្ដុរកាត់ខ្លះ។ ភិក្ខុទាំងឡាយមានសម្ពត់អាក្រក់មានចីវរសៅហ្មង។ ពួកភិក្ខុ​(ឯទៀត) សួរយ៉ាងនេះថា នែអាវុសោ ហេតុម្ដេច​បានជាអ្នក​ទាំងឡាយ​មានសម្ពត់​អាក្រក់​ មានចីវរសៅហ្មង។ ភិក្ខុទាំងនោះក៏ប្រាប់សេចក្ដីនុ៎ះដល់ភិក្ខុទាំងឡាយ។ ពួកភិក្ខុណា មាន​សេចក្ដីប្រាថ្នាតិច។បេ។ ពួកភិក្ខុនោះក៏ពោលទោស តិះដៀល បន្ដុះបង្អាប់ថា ចុះហេតុអ្វី​បានជា​ភិក្ខុទាំងឡាយទុក បណ្ដាចីវរទាំង៣ ចីវរណាមួយក្នុងចន្លោះ​ផ្ទះ (គឺក្នុងភូមិ ឬក្នុង​ស្រុក) ហើយនៅប្រាសចាក (ត្រៃចីវរ)នោះហួស៦រាត្រី។ ខណៈនោះ ភិក្ខុទាំងនោះ​ក្រាប​ទូល​សេចក្ដីនុ៎ះចំពោះព្រះដ៏មានព្រះភាគជាម្ចាស់។ ព្រះអង្គត្រាស់សួរថា ម្នាល​ភិក្ខុទាំង​ឡាយ ឮថាពួកភិក្ខុទុក បណ្ដាចីវរទាំង៣ ចីវរណាមួយក្នុងចន្លោះផ្ទះ ហើយនៅ​ប្រាស​ចាក​ហួស៦រាត្រី ពិតមែនឬ។ ភិក្ខុទាំងនោះក្រាបទូលថា សូមទ្រង់ព្រះមេត្ដាប្រោស ការ​នោះពិតមែន។ ព្រះពុទ្ធដ៏មានយសជាម្ចាស់ទ្រង់បន្ទោសថា ម្នាលភិក្ខុទាំងឡាយ ចុះ​ហេតុអ្វី បានជាពួកមោឃបុរសទាំងនោះទុក បណ្ដាចីវរទាំង៣ ចីវរណាមួយក្នុងចន្លោះផ្ទះ ហើយនៅប្រាសចាកហួស៦រាត្រីទៅ នែភិក្ខុទាំងឡាយ អំពើដែលអ្នកទាំងឡាយធ្វើនេះ មិនមែននាំឱ្យជ្រះថ្លាដល់ជនទាំងឡាយដែលមិនទាន់ជ្រះថ្លាផង មិនមែននាំពួកជន​ដែល​ជ្រះថ្លាហើយឱ្យរឹងរឹតតែជ្រះថ្លាឡើងទៀតផង។បេ។ ម្នាលភិក្ខុទំាងឡាយ អ្នកទាំងឡាយ គប្បី​សំដែង​នូវ​សិក្ខាបទនេះយ៉ាងនេះថា កាលបើភិក្ខុទាំងឡាយចំាវស្សារួចហើយ លុះ​ដល់មកពេញ​បូណ៌មី​ខែកត្ដិក។ សេនាសនៈទាំងឡាយណាដែលតាំងនៅក្នុងព្រៃ ដែលគេ​សម្មតិថាជាទីមាន​សេចក្ដី​រង្កៀស មានភ័យចំពោះមុខ កាលភិក្ខុនៅក្នុងសេនាសនៈ​ទាំង​ឡាយ​​មានសភាព​ដូច្នោះ បើមានចំណង់នឹងទុកចីវរ គប្បីទុកបណ្ដាចីវរទាំង៣ចីវរណា​មួយក្នុងចន្លោះ​ផ្ទះ។ តែបើភិក្ខុនោះមានហេតុអ្វីនីមួយល្មមឱ្យនៅប្រាសចាកចីវរនោះបាន ភិក្ខុនោះគប្បីនៅ ប្រាសចាកចីវរនោះយ៉ាងយូរត្រឹម៦រាត្រី។ បើនៅប្រាសចាកឱ្យហួសពី​កំណត់នោះទៅ ត្រូវអាបត្ដិ និស្សគ្គិយបាចិត្ដិយ វៀរលែងតែភិក្ខុដែល​បានសេចក្ដីសម្មតិ​អំពី​សង្ឃ។

[១៦៦] ត្រង់ពាក្យថា ចាំវស្សារួចហើយ គឺចេញវស្សាហើយ។ ពាក្យថា ពេញបូណ៌មី​ខែកត្ដិក គឺថាព្រះដ៏មានព្រះភាគត្រាស់សំដៅយកខែទី៤ (ខែវស្សានរដូវ) ឈ្មោះថា កត្ដិក [តាមអដ្ឋកថា ហៅថា បច្ឆិមកត្ដិក។]។ ពាក្យថាសេនាសនៈ ទំាងឡាយណា​ដែលតាំង​នៅក្នុង​ព្រៃ គឺសេនាសនដែលតាំងនៅក្នុងព្រៃ មានចម្ងាយពីស្រុក៥០០ ជួរធ្នូ​កំណត់យ៉ាង​ជិត​បំផុត។ ដែលហៅថា ទីមានសេចក្ដីរង្កៀសនោះ បានដល់ឱកាស​ដែលពួក​ចោរ​អាស្រ័យ​នៅ បរិភោគ ឈរ អង្គុយ ដេក មានប្រាកដក្នុងអារាម ឬឧបចារនៃអារាម។ ដែលហៅថា ទីមានភ័យ​ចំពោះ​មុខនោះ គឺ ក្នុងអារាមឬ ឧបចារនៃអារាម ប្រាកដថា​មានពួកចោរ​សម្លាប់មនុស្ស​ទាំង​ឡាយ ប្រាកដថាមានពួកចោរប្លន់ ប្រាកដថាមាន​ពួក​ចោរវាយដំ។ ពាក្យថា កាលភិក្ខុ​នៅក្នុងសេនាសនៈ ទាំងឡាយមានសភាពដូច្នោះ គឺថា​កាលភិក្ខុ​នៅក្នុង​សេនាសនៈ​ទាំងឡាយមានសភាពយ៉ាងនេះ។ ពាក្យថា បើមានចំណង់ គឺកាលប្រាថ្នា (នឹងទុក​ចីវរ)។ ពាក្យថា បណ្ដាចីវរទាំង៣ ចីវរណាមួយ គឺភិក្ខុទុកសង្ឃាដិ ឬឧត្ដរាសង្គ (ចីពរ) ឬអន្ដរវាសក (ស្បង់)។ ពាក្យថា គប្បីទុកក្នុងចន្លោះផ្ទះ គឺគប្បី​ទុកក្នុងស្រុកជា​ទីគោចរ​ដោយ​ជុំវិញបាន។ ពាក្យថា តែបើភិក្ខុនោះមានហេតុអ្វីល្មម​ឱ្យនៅ​ប្រាសចាក​ចីវរនោះបានគឺ មាន​ហេតុ​មានកិច្ចដែលត្រូវធ្វើ។ ពាក្យថា ភិក្ខុនោះគប្បី​នៅ​ប្រាសចាកចីវរនោះយ៉ាងយូរត្រឹម ៦រាត្រី គឺភិក្ខុគប្បីនៅប្រាសចាកត្រឹម៦រាត្រីយ៉ាងយូរ។ ពាក្យថា វៀរលែង​តែភិក្ខុដែល​បានសេចក្ដី​សម្មតិ អំពីសង្ឃ គឺលើកទុកតែ​ភិក្ខុដែលបាន​សេចក្ដីសម្មតិអំពីសង្ឃ។ ពាក្យថា បើនៅប្រាសចាកឱ្យហួសពីកំណត់នោះទៅ មាន​អធិប្បាយ​ថា កាលអរុណរះ​ឡើងក្នុងថ្ងៃទី៧ ចីវរនោះជានិស្សគ្គិយ ភិក្ខុម្ចាស់​ចីវរត្រូវ​លះបង់​ដល់សង្ឃក៏បាន គណៈ​ក៏បាន បុគ្គលក៏បាន។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុម្ចាស់​ចីវរត្រូវលះបង់យ៉ាងនេះ។បេ។ បពិត្រព្រះសង្ឃដ៏ចំរើន ចីវររបស់ខ្ញុំនេះដែលខ្ញុំនៅ​ប្រាស​ហើយអស់កាលជាង៦រាត្រី ជានិស្សគ្គិយ ព្រោះមិនមានភិក្ខុសម្មតិ ខ្ញុំសូមលះបង់​ចីវរនេះ​ដល់​សង្ឃ។បេ។ ពាក្យត អំពីនេះទៅមានសេចក្ដីដូចគ្នានឹងសិក្ខាបទទី១ នៃចីវរវគ្គខាង​ដើមហើយ។

[១៦៧] ចីវរកន្លងហួសជាង៦រាត្រី ភិក្ខុសំគាល់ថាហួសជាង ហើយនៅប្រាសចាក​ចោល ត្រូវនិស្សគ្គិយបាចិត្ដិយ វៀរលែងតែភិក្ខុដែលបានសម្មតិអំពីសង្ឃ។ ភិក្ខុមាន​សេចក្ដី​សង្ស័យ​ក្នុងចីវរដែល កន្លងហួស៦ រាត្រី ហើយនៅប្រាសចាកចោល ត្រូវនិស្សគ្គិយ​បាចិត្ដិយ វៀរលែងតែភិក្ខុដែលបានសម្មតិអំពីសង្ឃ។ ចីវរកន្លងហួស ៦ រាត្រី ភិក្ខុសំគាល់​ថានៅ​ខ្វះ ហើយនៅប្រាសចាកចោល ត្រូវនិស្សិគ្គិយបាចិត្ដិយ វៀរលែង​តែភិក្ខុ​ដែល​បាន​សម្មតិអំពី​សង្ឃ។ ចីវរដែលភិក្ខុមិនទាន់បានដកអធិដ្ឋាន ភិក្ខុសំគាល់​ថាបាន​ដក​អធិដ្ឋាន​ហើយ (ក្ដី) ចីវរដែលភិក្ខុមិនទាន់លះបង់ទេ សំគាល់ថាបានលះបង់ហើយ (ក្ដី) ចីវរមិន​បាត់ទេ ភិក្ខុសំគាល់ថាបាត់ទៅហើយ (ក្ដី) ចីវរមិនវិនាសទេ សំគាល់ថាវិនាសទៅហើយ (ក្ដី) ចីវរភ្លើងមិនឆេះទេ ភិក្ខុសំគាល់ថាភ្លើងឆេះហើយ (ក្ដី) ចីវរដែល​ចោរមិនបាន​លួចយក​ទេ ភិក្ខុសំគាល់ថាចោរលួចយកទៅ ហើយ(ក្ដី) បើនៅប្រាសចាក ត្រូវនិស្សគ្គិយ​បាចិត្ដិយ វៀរលែងតែភិក្ខុដែលបានសម្មតិអំពីសង្ឃ។ ភិក្ខុមិនលះបង់ចីវរដែលជានិស្សគ្គិយ ហើយ​ប្រើប្រាស់ ត្រូវអាបត្ដិទុក្កដ។ ចីវរមិនទាន់ដល់៦រាត្រី តែភិក្ខុសំគាល់ថាលើសហើយ ត្រូវអាបត្ដិទុក្កដ។ ចីវរមិនទាន់ដល់៦រាត្រី តែភិក្ខុសង្ស័យ ត្រូវអាបត្ដិទុក្កដ។ ចីវរមិនទាន់​ដល់ ៦រាត្រី ភិក្ខុសំគាល់ថាមិនទាន់ដល់៦រាត្រី មិនត្រូវអាបត្ដិ។

[១៦៨] អាបត្ដិមិនមានដល់ភិក្ខុដែលនៅប្រាសចាកចីវរត្រឹម៦រាត្រី ដល់ភិក្ខុដែល​នៅ​ប្រាស​​ចាកខ្វះពី ៦ រាត្រីចុះមក ដល់ភិក្ខុដែលនៅប្រាសចាក៦រាត្រី ហើយត្រឡប់​មក​កាន់ដែននៃស្រុកនោះវិញឈប់នៅកន្លែងណាមួយ ហើយចៀសចេញទៅ ដល់​ភិក្ខុ​ដក​អធិដ្ឋាន(ក្ដី) លះបង់(ក្ដី) ក្នុង៦រាត្រីចុះមក ចីវរបាត់ទៅ(ក្ដី) វិនាសទៅ(ក្ដី) ភ្លើង​ឆេះ​(ក្ដី) ចោរដណ្ដើមយកទៅ(ក្ដី) សហធម្មិកកាន់យកទៅដោយស្និទ្ធស្នាល(ក្ដី) ក្នុង៦រាត្រីចុះមក ដល់​ភិក្ខុដែលបានសម្មតិ (អំពីសង្ឃ) ដល់ភិក្ខុឆ្កួត ដល់ភិក្ខុដើមបញ្ញត្ដិ។

សិក្ខាបទទី៩ ចប់។

សិក្ខាបទទី ១០

[១៦៩] សម័យនោះ ព្រះពុទ្ធដ៏មានយសជាម្ចាស់ កាលគង់នៅ ក្នុងវត្ដជេតពន របស់​អនាថបិណ្ឌិក​មហាសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង មានប្រជុំជនមួយ​ពួក​ក្នុងក្រុង​សាវត្ថីតាក់តែងភត្ដ ព្រមទាំងចីវរប្រគេនដល់សង្ឃដោយសេចក្ដីព្រមព្រៀងគ្នាថា ពួក​យើង​នឹង​និមន្ដឱ្យសង្ឃឆាន់ ហើយប្រគេនចីវរឱ្យគ្រង។ លំដាប់នោះ ពួកភិក្ខុឆព្វគ្គិយ​ចូលទៅ រកប្រជុំជនពួកនោះ លុះចូលទៅដល់បាននិយាយពាក្យនេះ​នឹងប្រជុំជនពួក​នោះ​ថា នែអ្នក​មានអាយុទាំងឡាយ ពួកអ្នកឯងចូរប្រគេនចីវរទាំងនេះមកពួកអាត្មាចុះ។ ជន​ពួក​នោះនិយាយ​ថា លោកម្ចាស់ ពួកខ្ញុំករុណាមិនបានប្រគេនទេ ឯចង្ហាន់ព្រមទាំង​ចីវរ ពួកខ្ញុំករុណា​ធ្លាប់ចាត់ចែងទុកប្រគេនដល់សង្ឃតែរាល់ឆ្នាំ។ ពួកឆព្វគ្គិយភិក្ខុឆ្លើយថា នែ​អាវុសោ ពួកទាយករបស់សង្ឃក៏មានច្រើន ចង្ហាន់របស់សង្ឃក៏មានច្រើន ពួកយើង​អាស្រ័យ​​ពឹងពាក់​នឹងអ្នកទាំងឡាយ ទើបនៅក្នុងទីនេះបាន បើអ្នក​ទាំងឡាយ​មិនឱ្យមក​ពួកអាត្មា អ្នក​ណាហ្ន៎​គេ​នឹងឱ្យដល់ពួកអាត្មា ម្នាលអ្នកដ៏មាន អាយុទាំងឡាយ ពួកអ្នកចូរ​ឱ្យចីវរ​ទាំងនេះ​មកពួក​អាត្មាចុះ។ លំដាប់នោះ ប្រជុំជនពួកនោះ កាលបើពួក​ឆព្វគ្គិយភិក្ខុ​និយាយ​ឆ្កឹះឆ្កៀល​ណាស់ទៅ ទើបប្រគេន​ចីវរដែលខ្លួនតាក់តែងទាំង​ប៉ុន្មាន ទៅពួក​ឆព្វគ្គិយ​ភិក្ខុ ហើយអង្គាសសង្ឃ​ដោយចង្ហាន់ (តែម្យ៉ាង)។ ពួកភិក្ខុណា​ដឹងថា​ចង្ហាន់​ព្រម​ទាំងចីវរដែល​គេតាក់តែង​ទុកសម្រាប់ប្រគេនសង្ឃ តែមិនដឹងថាចីវរគេប្រគេនដល់​ពួក​ភិក្ខុឆព្វគ្គិយទៅហើយ ភិក្ខុទាំងនោះទើបពោលយ៉ាងនេះថា នែអ្នកដ៏មានអាយុទាំងឡាយ ពួកអ្នក​ចូរវេរប្រគេនចីវរដល់សង្ឃទៅ។ ឯប្រជុំជនពួកនោះឆ្លើយថា បពិត្រ​លោកម្ចាស់​ទាំងឡាយ ចីវរដែលតាក់តែងទុកប្រគេនសង្ឃគ្មានទេ (ព្រោះ) ពួកភិក្ខុ​ឆព្វគ្គិយ​បង្អោន​ទៅដើម្បីខ្លួន លោកអស់ហើយ។ ភិក្ខុ​ទាំងឡាយណា​ជាអ្នកមាន​សេចក្ដី​ប្រាថ្នាតិច។ បេ។ ភិក្ខុទាំងនោះក៏ពោលទោស តិះដៀល បន្ដុះបង្អាប់ថា ពួកភិក្ខុឆព្វគ្គិយ​ដឹងថាលាភ​គេ​បង្អោនទៅដើម្បីសង្ឃហើយ ហេតុអ្វីបានជាត្រឡប់បង្អោនមកដើម្បីខ្លួនវិញ។ លំដាប់នោះ ពួកភិក្ខុទាំងនោះក្រាបទូលសេចក្ដីនុ៎ះចំពោះព្រះដ៏មានព្រះភាគជាម្ចាស់។ ព្រះអង្គទ្រង់​ត្រាស់ថា ម្នាលភិក្ខុ ទាំងឡាយ ឮថាពួកអ្នកឯងដឹងថាលាភគេបង្អោនទៅ ដើម្បី​សង្ឃ​ហើយ ត្រឡប់បង្អោនមកដើម្បីខ្លួនវិញ ពិតមែនឬ។ ពួកឆព្វគ្គិយភិក្ខុក្រាបទូលថា សូម​ទ្រង់​មេត្ដាប្រោស ការនោះពិតមែន។ ព្រះសម្ពុទ្ធដ៏មានព្រះភាគជាម្ចាស់​ទ្រង់បន្ទោសថា នែពួក​មោឃបុរស ពួកអ្នកឯងដឹងថាលាភគេបង្អោនទៅដើម្បីរបស់សង្ឃហើយ ចុះ​ហេតុអ្វី​បានជាបង្អោនមកដើម្បីខ្លួនវិញ នែពួកមោឃបុរស ដំណើរនេះមិននាំឱ្យជ្រះថ្លា​ដល់ជន​ទាំងឡាយដែលមិនទាន់ជ្រះថ្លា ឬនាំពួកជនដែលជ្រះថ្លាហើយឱ្យរឹងរឹតតែជ្រះថ្លាឡើងទេ ។ បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុណាមួយកាលដឹង ហើយបង្អោននូវលាភរបស់សង្ឃ ដែលគេនឹងបង្អោនទៅ (ដើម្បី​សង្ឃ) មកដើម្បីខ្លួនវិញ ភិក្ខុនោះត្រូវនិស្សគ្គិយបាចិត្ដិយ។

[១៧០] ត្រង់ពាក្យថា ភិក្ខុណាមួយ មានអធិប្បាយក្នុងសិក្ខាបទបឋម​បារាជិក​រួច​ហើយ។ ដែល​ហៅថា ដឹង (ក្នុងសិក្ខាបទនេះ) គឺដឹងខ្លួនឯងក្ដី អ្នកដទៃមកប្រាប់ភិក្ខុនោះក្ដី អ្នក​ម្ចាស់​ទាននោះមកប្រាប់ (ដល់ភិក្ខុនោះ)ក្ដី។ ដែលហៅថារបស់សង្ឃនោះ គឺទាយកបានវេរ ប្រគេន​បរិច្ចាគដល់សង្ឃហើយ។ ដែលហៅថា លាភនោះ បានដល់ ចីវរ បិណ្ឌបាត សេនាសនៈនិងគ្រឿងបរិក្ខារ គឺថ្នាំជាបច្ច័យដល់មនុស្ស ជម្ងឺ ដោយហោចទៅ ដុំនៃលំអិតក្ដី ឈើស្ទន់ក្ដី អម្បោះរងជើងក្ដី ក៏ហៅថាលាភដែរ។ ដែលហៅថា បង្អោននោះ គឺម្ចាស់​ទាន​បញ្ចេញ វាចាថា ពួកយើងនឹងឱ្យ ពួកយើងនឹងធ្វើ។ ភិក្ខុបង្អោន (លាភ)មកដើម្បីខ្លួន ត្រូវអាបត្ដិទុក្កដតាមប្រយោគ។ លាភនោះជានិស្សគ្គិយ ក្នុងខណៈ​ដែល​បានមក ភិក្ខុត្រូវ​លះបង់ដល់់សង្ឃក៏បាន គណៈក៏បាន បុគ្គលក៏បាន។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុត្រូវ​លះបង់​យ៉ាងនេះ។បេ។ បពិត្រព្រះសង្ឃដ៏ចំរើន ខ្ញុំដឹងថាលាភ​នេះ ទាយកបង្អោន​ទៅដើម្បីរបស់ សង្ឃហើយ ខ្ញុំត្រឡប់បង្អោនមកដើម្បីខ្លួនវិញ (លាភនេះ) ជានិស្សគ្គិយ ខ្ញុំសូម​លះបង់​លាភនេះដល់សង្ឃ។បេ។ ពាក្យតអំពីនេះទៅមានសេចក្ដីដូចគ្នានឹងសិក្ខាបទ​ទី១ នៃ​ចីវរវគ្គ​ខាងដើមហើយ។ ភិក្ខុសំគាល់ក្នុងលាភ ដែលទាយកបានបង្អោនហើយថា ​ទាយក​បាន​បង្អោនមកមែន ហើយបង្អោនមកដើម្បីខ្លួនវិញ ត្រូវនិស្សគ្គិយបាចិត្ដិយ។ ភិក្ខុ​មាន​សេចក្ដី​សង្ស័យ​ក្នុងលាភដែលទាយកបានបង្អោនទៅហើយ ត្រឡប់បង្អោនមក​ដើម្បី​ខ្លួន​វិញ ត្រូវអាបត្ដិ​ទុក្កដ។ ភិក្ខុសំគាល់ក្នុងលាភដែល​ទាយកបាន​បង្អោនទៅ​ហើយ ថាមិន​ទាន់បង្អោនទៅទេ ត្រឡប់​បង្អោនមកដើម្បីខ្លួន មិនត្រូវអាបត្ដិ។ លាភដែល​ទាយក​បង្អោនទៅដើម្បីសង្ឃហើយ ភិក្ខុបង្អោនទៅដើម្បីសង្ឃដទៃក្ដី ដើម្បីចេតិយក្ដី ត្រូវ​អាបត្ដិ​ទុក្កដ។ លាភដែល​ទាយកបង្អោន​ទៅដើម្បី ចេតិយហើយ ភិក្ខុត្រឡប់បង្អោន​ទៅ​ដើម្បី​ចេតិយដទៃក្ដី សង្ឃក្ដី គណៈក្ដី បុគ្គល​ក្ដី ត្រូវអាបត្ដិទុក្កដ។ លាភដែល​ទាយក​បង្អោន​ទៅដើម្បីបុគ្គល ភិក្ខុត្រឡប់​បង្អោន​ទៅដើម្បីបុគ្គលឯទៀតក្ដី សង្ឃក្ដី គណៈក្ដី ចេតិយក្ដី ត្រូវអាបត្ដិទុក្កដ។ ភិក្ខុសំគាល់​ក្នុងលាភ​ដែលទាយក​មិនបានបង្អោនទៅ ថាបានបង្អោន​ទៅ​ហើយ ត្រូវអាបត្ដិទុក្កដ។ ភិក្ខុមាន​សេចក្ដី​សង្ស័យ​ក្នុងលាភដែលទាយក​មិនបាន​បង្អោន​ទៅ ត្រូវអាបត្ដិទុក្កដ។ ភិក្ខុសំគាល់ ក្នុងលាភ​ដែល​គេមិនបានបង្អោនទៅ ថាគេ​មិន​បានបង្អោនទៅ មិនត្រូវអាបត្ដិឡើយ។

[១៧១] អាបត្ដិមិនមានដល់ភិក្ខុដែលទាយកគេសួរថា យើងទាំងឡាយនឹង​វេរប្រគេន​ក្នុង​ទី​ណា ហើយប្រាប់គេថា ទេយ្យធម៌របស់អ្នកទាំងឡាយគួរបាននូវការបរិភោគក្ដី គួរបាន​នូវការ​ជួសជុល​ក្ដី គួរតាំងនៅអស់កាលដ៏យូរក្ដីក្នុងទីណា ម្យ៉ាងទៀត បើចិត្ដរបស់​អ្នក​ទាំងឡាយ​ជ្រះថ្លាក្នុងទីណា អ្នកទាំងឡាយចូរវេរប្រគេនក្នុងទីនោះៗចុះ ដល់ភិក្ខុខូចចរិត ដល់ភិក្ខុ​ជាខាង​ដើមបញ្ញត្ដិ។

សិក្ខាបទទី១០ ចប់។

បត្ដវគ្គទី៣ ចប់។

ចំនួនសិក្ខាបទក្នុងបត្ដវគ្គនោះ គឺ

សិក្ខាបទទី១ ២ និយាយអំពីបាត្រ សិក្ខាបទទី ៣ និយាយអំពីថ្នាំ​សិក្ខាបទទី ៤ និយាយអំពី​សម្ពត់​ងូត​ទឹកភ្លៀង សិក្ខាបទទី ៥ និយាយអំពីការឱ្យចីវរ សិក្ខាបទទី ៦ និយាយអំពី​ការសូមអម្បោះ​គេមក​ខ្លួនឯង សិក្ខាបទទី៧ និយាយអំពីការប្រើឱ្យគេត្បាញ សិក្ខាបទទី៨ និយាយអំពី​អច្ចេកចីវរ សិក្ខាបទទី៩ និយាយអំពីទីមានសេចក្ដីរង្កៀស សិក្ខាបទទី១០ និយាយ​អំពីការបង្អោន​លាភ​របស់សង្ឃ។

[១៧២] បពិត្រលោកដ៏មានអាយុទាំងឡាយ អាបត្ដិនិស្សគ្គិយបាចិត្ដិយទាំង ៣០ ខ្ញុំសំដែងឡើងហើយ។ ខ្ញុំសូមសួរលោកដ៏មានអាយុទាំងឡាយក្នុងអាបត្ដិទាំងនោះ លោក​ទាំង​ឡាយ បរិសុទ្ធហើយឬ ខ្ញុំសួរជាគំរប់ពីរដងផង លោកទាំងឡាយ បរិសុទ្ធហើយឬ ខ្ញុំសួរជា គំរប់បីដងផង លោកទាំងឡាយ បរិសុទ្ធហើយឬ លោកដ៏មានអាយុទាំងឡាយ សុទ្ធតែ​ជាអ្នក​បរិសុទ្ធក្នុងអាបត្ដិទាំងនេះហើយ ហេតុនោះបានជាស្ងៀមនៅ ខ្ញុំចាំទុកនូវរឿងនេះ ដោយកិរិយាស្ងៀមនៅយ៉ាងនេះ។

និស្សគ្គិយកណ្ឌ ចប់។

បាចិត្តិយកណ្ឌ

បពិត្រលោកដ៏មានអាយុទាំងឡាយ អាបត្តិបាចិត្តិយ៩២ទាំងនេះឯងតែងមកកាន់​ឧទ្ទេស។

មុសាវាទវគ្គ បឋមសិក្ខាបទ

[១៧៣] សម័យនោះ ព្រះសព្វញ្ញូពុទ្ធជាម្ចាស់ដ៏មានព្រះភាគ ព្រះអង្គគង់​នៅវត្ដ​ជេតវន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ សម័យនោះឯង ហត្ថកភិក្ខុ​ជាសក្យបុត្រ​ជាអ្នក​ហុចពាក្យសំដី។ ហត្ថកភិក្ខុនោះចរចាជាមួយនឹងតិរ្ថិយទាំងឡាយ គេចកែសំដី [គឺពាក្យណាដែលខ្លួននិយាយទៅហើយមានទោស ជាពាក្យខុសមិនល្អ ក៏បដិសេធ ពាក្យ​នោះ​ថាមិនមែនជាពាក្យរបស់ខ្លួន ហៅថា គេចកែសំដី។] ហើយទទួលដឹង [គឺពាក្យ​ណា​ដែលខ្លួននិយាយទៅ ហើយជាពាក្យល្អត្រឹមត្រូវ ក៏ប្ដេជ្ញាថាជាពាក្យរបស់ខ្លួន នេះហៅថា ទទួលដឹង។អដ្ឋកថា។] ទទួលដឹងហើយត្រឡប់គេចកែសំដីវិញ បិទបាំងហេតុដទៃ ដោយ​ហេតុដទៃ ពោលពាក្យកុហកដោយដឹងខ្លួន ធ្វើនូវសេចក្ដីកំណត់ហើយពោល ឱ្យ​ខុស​ពី​កំណត់នោះវិញ។ តិរ្ថិយទាំងឡាយពោលទោស តិះដៀល បន្ដុះបង្អាប់ថា ចុះហេតុអ្វី​បាន​ជាហត្ថកភិក្ខុ ជាសក្យបុត្រពោលចរចាជា មួយនឹងយើងទាំងឡាយ គេចកែ​សំដី​ទទួលដឹង ទទួលដឹងហើយ ត្រឡប់​​គេចកែសំដីវិញ បិទបាំងហេតុដទៃដោយហេតុដទៃ ពោលពាក្យ​កុហកដោយដឹងខ្លួន ធ្វើនូវសេចក្ដីកំណត់ហើយពោលឱ្យខុសពីកំណត់នោះវិញ។ ភិក្ខុ​ទាំងឡាយបានឮតិរ្ថិយទាំងនោះពោលទោស តិះដៀល បន្ដុះបង្អាប់ហើយ។ ទើបភិក្ខុ​ទាំងនោះចូលទៅរកហត្ថកភិក្ខុជាសក្យបុត្រ លុះចូលទៅដល់ហើយ ក៏បាន​និយាយ​ពាក្យ​នេះនឹងហត្ថកភិក្ខុ ជាសក្យបុត្រថា ម្នាលអាវុសោហត្ថក បានឮថា អ្នក​ពោល​ចរចា​មួយ​អន្លើដោយតិរ្ថិយទាំងឡាយ គេចកែសំដីហើយទទួលដឹង ទទួលដឹង ហើយត្រឡប់​គេចកែ​សំដីវិញ បិទបាំងហេតុដទៃ ដោយហេតុដទៃ ពោលពាក្យកុហកដោយដឹងខ្លួន ធ្វើនូវ​សេចក្ដី​កំណត់ហើយពោលឱ្យខុសពីកំណត់នោះវិញ មែនឬដូចម្ដេច។ ហត្ថកភិក្ខុឆ្លើយថា ម្នាល​អាវុសោ ធម្មតាតិរ្ថិយទាំងឡាយនុ៎ះ ត្រូវតែបុគ្គលឯណានីមួយផ្ចាញ់ផ្ចាលចេញ មិន ត្រូវឱ្យការឈ្នះទៅតិរ្ថិយទាំងឡាយនោះទេ។ ភិក្ខុ​ទាំងឡាយ​ណាមានសេចក្ដីប្រាថ្នាតិច។ បេ។ ភិក្ខុទាំងឡាយនោះពោលទោសតិះដៀល បន្ដុះបង្អាប់​ថា​ ចុះហេតុអ្វីបាន​ជា​ហត្ថកភិក្ខុ​ជាសក្យបុត្រ ពោលចរចាមួយអន្លើដោយតិរ្ថិយទាំងឡាយ គេចកែសំដី​ហើយ​ទទួលដឹង ទទួលដឹងហើយត្រឡប់គេចកែសំដីវិញ បិទបាំងហេតុដទៃ ដោយ​ហេតុដទៃ និយាយពាក្យកុហកដោយដឹងខ្លួន ធ្វើនូវ​សេចក្ដីកំណត់​ហើយពោល​ឱ្យខុសពី​កំណត់​នោះ​វិញ។ ទើបភិក្ខុទាំងឡាយនោះយកសេចក្ដីនុ៎ះក្រាបទូលចំពោះ​ព្រះដ៏មាន​ព្រះភាគ។ ព្រោះនិទាននេះ ដំណើរនេះ ព្រះដ៏មានព្រះភាគជាម្ចាស់​ទ្រង់ឱ្យ​ប្រជុំ​ភិក្ខុសង្ឃ ហើយ​សួរ​ចំពោះ​ហត្ថកភិក្ខុជាសក្យបុត្រក្នុងពេលនោះថា ម្នាលហត្ថកភិក្ខុ បានឮថា អ្នក​ពោល​ចរចាមួយអន្លើ ដោយតិរ្ថិយទាំងឡាយ គេចកែសំដីហើយទទួលដឹង ទទួល​ដឹង​ហើយ ត្រឡប់គេចកែសំដីវិញ បិទបាំងហេតុដទៃដោយហេតុដទៃ ពោលពាក្យកុហក​ដោយ​ដឹងខ្លួន ធ្វើនូវសេចក្ដីកំណត់ហើយពោលឱ្យខុសពីកំណត់នោះវិញ តើពិតមែនឬ។ ហត្ថកភិក្ខុ​​ឆ្លើយថា បពិត្រព្រះដ៏មានព្រះភាគ ការនោះពិតមែន។ ព្រះសព្វញ្ញូពុទ្ធ​ដ៏មាន​ជោគ ទ្រង់តិះដៀលថា នែបុរសទទេ ចុះហេតុអ្វី បានជាអ្នកឯងពោល​ចរចាមួយ​អន្លើ​ដោយ​តិរ្ថិយទាំងឡាយ គេចកែសំដីហើយទទួលដឹងហើយ ទទួលដឹងហើយត្រឡប់​គេច​កែសំដីវិញ បិទបាំងហេតុដទៃ ដោយហេតុដទៃ ពោលពាក្យកុហក ដោយដឹងខ្លួន ធ្វើនូវ​សេចក្ដី​កំណត់​ហើយពោលឱ្យខុសពីកំណត់នោះវិញ នែមោឃបុរស ការនេះមិនមែននាំ​ឱ្យជ្រះថ្លា​ដល់ជនដែលមិនទាន់ជ្រះថ្លា ឬថានឹងនាំជនដែល​ជ្រះថ្លាហើយ ឱ្យរឹងរឹត​តែ​ជ្រះថ្លា​តទៅ​ទៀតទេ។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងឡើង​នូវ​សិក្ខាបទ​នេះយ៉ាង នេះថា ភិក្ខុពោលពាក្យកុហកដោយដឹងខ្លួន ត្រូវអាបត្ដិបាចិត្ដិយ។

[១៧៤] ដែលហៅថា ពោលពាក្យកុហក ដោយដឹងខ្លួននោះ បានដល់វាចា សំដី​គន្លង​ពាក្យវចីភេទ វិញ្ញត្ដិប្រព្រឹត្ដទៅក្នុងវាចារបស់បុគ្គល ដែលធ្វើ​គំនិត​នឹងពោល​ឱ្យខុស​ជា​ប្រធាន នឹងវោហារមិនមែនរបស់ព្រះអរិ យ៨យ៉ាងគឺ ការដែល​មិនឃើញ​និយាយថា​អញឃើញ១ មិនឮនិយាយ ថាអញឮ ១ មិនបានពាល់ត្រូវនិយាយ​ថាអញបាន​ពាល់ត្រូវ ១ មិនដឹងច្បាស់និយាយថាអញដឹងច្បាស់ ១ ឃើញនិយាយថាអញមិនឃើញ ១ ឮ​និយាយ​ថា​អញមិនឮ១ បានពាល់ត្រូវនិយាយថាអញមិនបានពាល់ត្រូវ ១ ដឹងច្បាស់​និយាយ​ថាអញមិនដឹងច្បាស់ ១។

[១៧៥] ដែលហៅថា មិនឃើញ គឺមិនឃើញដោយភ្នែក។ ដែលហៅថា មិនឮគឺ​មិនឮ​ដោយត្រចៀក។ ដែលហៅថា មិនពាល់ត្រូវ គឺមិនហិតដោយច្រមុះ មិនលិទ្ធ​ដោយ​អណ្ដាត មិនប៉ះពាល់ដោយកាយ។ ដែលហៅថា មិនដឹងច្បាស់ គឺមិនដឹង​ច្បាស់​ដោយ​ចិត្ដ។ ដែលហៅថា ឃើញ គឺឃើញដោយភ្នែក។ ដែលហៅថាឮ គឺឮដោយ​ត្រចៀក។ ដែលហៅថា ពាល់ត្រូវ គឺហិតដោយច្រមុះលិតដោយអណ្ដាត ប៉ះពាល់ ដោយកាយ ។ ដែលហៅថា ដឹងច្បាស់ គឺដឹងច្បាស់ដោយចិត្ដ ។

[១៧៦] ភិក្ខុនិយាយកុហក ដោយដឹងខ្លួន ចំពោះវត្ថុដែលខ្លួនមិនឃើញថា អាត្មា​ឃើញ​ដូច្នេះ ដោយអាការ ៣ យ៉ាងគឺ មុននឹងពោល គិតថាអញនឹងពោលកុហក ១ កំពុង​ពោល​ដឹងថា អញពោលកុហក១ ពោលរួចហើយដឹងថាអញពោលកុហកហើយ ១ ត្រូវអាបត្ដិ​បាចិត្ដិយ។ ភិក្ខុនិយាយកុហកដោយដឹងខ្លួន ចំពោះវត្ថុដែលខ្លួនមិនឃើញថា អាត្មា​ឃើញ​ដោយ​អាការ៤យ៉ាងគឺ មុននឹងពោលគិតថាអញនឹងពោលកុហក១ កំពុង​ពោល​ដឹងថា​អញ​ពោលកុហក១ ពោលរួចហើយ ដឹងថា អញពោលកុហកហើយ ១ បិទបាំងនូវទិដ្ឋិ [គឺលាក់បំបិទបំបាំងសេចក្ដីឃើញខុសរបស់ខ្លួន។] ១ ត្រូវអាបត្ដិបាចិត្ដិយ។ ភិក្ខុនិយាយ​កុហកដោយដឹងខ្លួន ចំពោះវត្ថុដែលខ្លួនមិនឃើញថា អាត្មាឃើញ ដោយអាការ ៥ យ៉ាងគឺ មុននឹងពោលដឹងថាអញនឹងពោលកុហក ១ កំពុងពោលដឹងថាអញពោលកុហក១ ពោល​រួចហើយ ដឹងថាអញពោលកុហកហើយ ១ បិទបាំងនូវទិដ្ឋិ ១ បិទបាំងនូវ​សេចក្ដី​គាប់ចិត្ដ១ ត្រូវអាបត្ដិបាចិត្ដិយ។ ភិក្ខុនិយាយកុហកដោយដឹងខ្លួន ចំពោះវត្ថុដែល​ខ្លួនមិន​ឃើញថា អាត្មាឃើញ ដោយអាការ ៦យ៉ាង គឺមុននឹងពោល គិតថាអញ​នឹងពោល​កុហក១ កំពុងពោលដឹងថា អញពោលកុហក១ ពោលរួចហើយដឹង​ថាអញពោល​កុហក​ហើយ ១ បិទបាំងនូវទិដ្ឋិ ១ បិទបាំងនូវសេចក្ដីគាប់ចិត្ដ ១ បិទបាំងនូវសេចក្ដីពេញចិត្ដ ១ ត្រូវអាបត្ដិ បាចិត្ដិយ។ ភិក្ខុនិយាយកុហកដោយដឹងខ្លួន ចំពោះវត្ថុដែលខ្លួនមិនឃើញ ថាអាត្មាឃើញ ដោយអាការ៧យ៉ាង គឺមុននឹងពោលគិតថាអញនឹងពោលកុហក១ កំពុង​ពោល​ដឹងថា​អញពោលកុហក១ ពោលរួចហើយដឹងថាអញពោលកុហកហើយ១ បិទ​បាំង​នូវទិដ្ឋិ១ បិទបាំងនូវសេចក្ដីគាប់ចិត្ដ១ បិទបាំងនូវសេចក្ដីចូលចិត្ដ ១ បិទបាំង​នូវ​សេចក្ដីពិតត្រង់១ ត្រូវអាបត្ដិបាចិត្ដិយ។ ភិក្ខុនិយាយកុហកដោយដឹងខ្លួន ចំពោះ​ពាក្យ​ដែលមិនឮថា អាត្មា​ឮ។បេ។ វត្ថុដែលមិនបានពាល់ត្រូវថា អាត្មាបានពាល់ត្រូវ។បេ។ ភិក្ខុនិយាយ​កុហក​ដោយ​ដឹងខ្លួន ចំពោះហេតុដែលខ្លួនមិនដឹងច្បាស់ថា អាត្មាដឹងច្បាស់ ដោយអាការ ៣ យ៉ាង គឺ មុននឹងពោលគិត ថាអញនឹងពោលកុហក១ កំពុង​ពោល​ដឹង​ថា​អញពោលកុហក១ ពោល​រួចហើយ ដឹងថាអញពោលកុហកហើយ ១ ត្រូវអាបត្ដិ​បាចិត្ដិយ។ ភិក្ខុនិយាយ​កុហក​ដោយ​ដឹងខ្លួន ចំពោះហេតុដែលខ្លួនមិនដឹងច្បាស់ថា អាត្មា ដឹងច្បាស់ ដោយអាការ ៤យ៉ាង។បេ។ អាការ ៥យ៉ាង។បេ។ អាការ ៦ យ៉ាង។បេ ។ អាការ៧ យ៉ាង គឺ មុន​នឹង​ពោលគិតថា អញនឹងពោលកុហក១ កំពុងពោល ដឹងថា​អញពោលកុហក១ ពោល​រួច ហើយ​ដឹងថាអញពោលកុហកហើយ ១ បិទបាំងនូវទិដ្ឋិ ១ បិទបាំងនូវ សេចក្ដីគាប់ចិត្ដ ១ បិទបាំងនូវសេចក្ដីចូលចិត្ដ ១ បិទបាំងនូវសេចក្ដីពិតត្រង់១ ត្រូវអាបត្ដិបាចិត្ដិយ។

[១៧៧] ភិក្ខុនិយាយកុហកដោយដឹងខ្លួន ចំពោះវត្ថុដែលខ្លួនមិនឃើញថា អាត្មាឃើញផង ថាអាត្មាឮផង ដោយអាការ ៣យ៉ាង ត្រូវអាបត្ដិបាចិត្ដិយ។បេ។ ភិក្ខុនិយាយ​កុហក​ដោយ​ដឹងខ្លួន ចំពោះវត្ថុដែលខ្លួនមិនឃើញថា អាត្មាឃើញផង ថាអាត្មាពាល់ត្រូវផង ដោយ​អាការ ៣ យ៉ាង ត្រូវអាបត្ដិបាចិត្ដិយ។បេ។ ភិក្ខុ​និយាយ​កុហក​ដោយ ដឹងខ្លួន ចំពោះ​វត្ថុដែលខ្លួនមិនឃើញថា អាត្មាឃើញផង ថាអាត្មាដឹងច្បាស់ផង ដោយ​អាការ ៣ យ៉ាង ត្រូវអាបត្ដិបាចិត្ដិយ។បេ។ ភិក្ខុនិយាយកុហកដោយដឹងខ្លួន ចំពោះ​វត្ថុដែលខ្លួន​មិនឃើញ​ថា អាត្មាឃើញផង ឮផង ពាល់ត្រូវផង ដោយអាការ ៣ យ៉ាង។បេ។ ភិក្ខុនិយាយ​កុហក​ដោយដឹងខ្លួន ចំពោះវត្ថុដែលខ្លួនមិនឃើញថា អាត្មា ឃើញ​ផង ឮផង ដឹងច្បាស់ផង ដោយ​អាការ ៣ យ៉ាង។ បេ។ ភិក្ខុ​និយាយកុហក​ដោយ​ដឹងខ្លួន ចំពោះវត្ថុដែល​ខ្លួនមិន​ឃើញ​ថា អាត្មា ឃើញផង ឮផង ពាល់ត្រូវផង ដឹង​ច្បាស់ផង ដោយអាការ ៣ យ៉ាង ត្រូវអាបត្ដិបាចិត្ដិយ។បេ។ ភិក្ខុនិយាយកុហកដោយដឹងខ្លួន ចំពោះវត្ថុដែលខ្លួនមិនឮថា អាត្មាឮផង ពាល់ត្រូវផង ដោយអាការ៣ យ៉ាង ។ បេ។ ភិក្ខុ​និយាយកុហកដោយដឹងខ្លួន ចំពោះពាក្យដែលខ្លួនមិនឮថា អាត្មាឮផង ដឹងច្បាស់ផង ដោយ​អាការ ៣ យ៉ាង។ បេ។ ភិក្ខុនិ យាយកុហកដោយដឹងខ្លួន ចំពោះវត្ថុដែលខ្លួនមិនឮថា អាត្មា​ឮផង ឃើញ ផង ដោយអាការ ៣ យ៉ាង។ បេ។ ភិក្ខុនិយាយកុហកដោយដឹង ខ្លួន​ចំពោះវត្ថុដែលខ្លួនមិនឮថា អាត្មាឮផង ពាល់ត្រូវផង ដឹងច្បាស់ផង ដោយអាការ ៣ យ៉ាង។ បេ។ ភិក្ខុនិយាយ​កុហក​ដោយដឹងខ្លួន ចំពោះ វត្ថុដែលខ្លួនមិនឮថា អាត្មាឮផង ពាល់ត្រូវផង ឃើញ​ផង ដោយ អាការ ៣ យ៉ាង។ បេ។ ភិក្ខុនិយាយកុហកដោយដឹងខ្លួន ចំពោះវត្ថុ ដែល​ខ្លួនមិនឮថា អាត្មាឮផង ពាល់ត្រូវផង ដឹងច្បាស់ផង ឃើញផង ដោយអាការ ៣ យ៉ាង។ បេ។ ភិក្ខុនិយាយកុហកដោយដឹងខ្លួន ចំពោះវត្ថុដែលខ្លួនមិនបានពាល់ត្រូវថា អាត្មា​បាន​ពាល់​ត្រូវ​ផង ដឹងច្បាស់ផង ដោយអាការ ៣ យ៉ាង។ បេ។ វត្ថុ​ដែលខ្លួន​មិនបាន​ពាល់ត្រូវថា អាត្មា​ពាល់ត្រូវផង ឃើញផង ដោយអាការ៣ យ៉ាង។ បេ។ វត្ថុដែលខ្លួន​មិនបាន​ពាល់ត្រូវថា អាត្មាពាល់ត្រូវផង ឮផង ដោយអាការ ៣ យ៉ាង ។បេ។ វត្ថុដែល​ខ្លួន​មិន​បាន​ពាល់ត្រូវថា អាត្មាបានពាល់ត្រូវដឹងច្បាស់ផង ឃើញផង ដោយអាការ ៣ យ៉ាង។ បេ។ វត្ថុដែលខ្លួនមិនបានពាល់ត្រូវថា អាត្មាបានពាល់ត្រូវផង ដឹង ច្បាស់ផង ឮ​ផង ដោយ​អាការ ៣ យ៉ាង។ បេ។ វត្ថុដែលខ្លួនមិនបានពាល់ត្រូវថា អាត្មា​បាន​ពាល់​ត្រូវផង ដឹងច្បាស់​ផង ឃើញផង ឮផង ដោយអាការ ៣ យ៉ាង។ បេ។ វត្ថុ​ដែលខ្លួនមិនដឹងច្បាស់ថា អាត្មាដឹងច្បាស់ផង ឃើញផង ដោយអាការ ៣ យ៉ាង។ បេ។ វត្ថុ​ដែលខ្លួនមិនដឹងច្បាស់ថា អាត្មាដឹងច្បាស់ផង ឮផង ដោយអាការ ៣ យ៉ាង។ បេ។ វត្ថុ​ដែលខ្លួនមិនដឹងច្បាស់ថា អាត្មាដឹងច្បាស់ផង ពាល់ត្រូវផង ដោយអាការ ៣ យ៉ាង។បេ។ វត្ថុ​ដែល​ខ្លួនមិន​ដឹង​ច្បាស់ថា អាត្មាដឹងច្បាស់ផង ឃើញផង ឮផង ដោយអាការ ៣ យ៉ាង។ បេ។ វត្ថុ​ដែល​ខ្លួនមិនដឹងច្បាស់ថា អាត្មាដឹងច្បាស់ផង ឃើញផង ពាល់ ត្រូវផង ដោយអាការ ៣ យ៉ាង។ បេ។ ភិក្ខុនិយាយកុហកដោយដឹងខ្លួន ចំពោះវត្ថុដែលខ្លួនមិនដឹងច្បាស់ថា អាត្មា​ដឹង​ច្បាស់​ផង ឃើញផង ឮផង ពាល់ត្រូវផង ដោយអាការ៣ យ៉ាងត្រូវអាបត្ដិបាចិត្ដិយ។បេ។

[១៧៨] ភិក្ខុនិយាយកុហកដោយដឹងខ្លួន ចំពោះវត្ថុដែលខ្លួនបានឃើញថា អាត្មា​មិន​ឃើញ ដោយអាការ៣យ៉ាង គឺមុននឹងពោល គិតថាអញនឹងពោលកុហក ១ កំពុង​ពោលដឹងថាអញពោលកុហក ១ ពោលរួចហើយដឹងថាអញពោលកុហកហើយ ១ ត្រូវអាបត្ដិ​បាចិត្ដិយ។ ភិក្ខុនិយាយកុហកដោយដឹងខ្លួន ចំពោះវត្ថុដែលខ្លួនបានឃើញថា អាត្មា មិន​ឃើញ ដោយអាការ ៤ យ៉ាង ។បេ។ អាការ ៥យ៉ាង។ បេ។ អាការ ៦ យ៉ាង។ បេ។ អាការ ៧ យ៉ាងគឺ មុននឹងពោលគិតថា អញនឹងពោលកុហក១ កំពុង​ពោល​ដឹងថាអញពោលកុហក១ ពោល រួចហើយដឹងថាអញកុហកហើយ ១ បិទបាំងនូវទិដ្ឋិ ១ បិទបាំងនូវសេចក្ដីគាប់ចិត្ដ ១ បិទបាំងនូវសេចក្ដីចូលចិត្ដ ១ បិទបាំងនូវសេចក្ដីពិតត្រង់ ១ ត្រូវ​អាបត្ដិបាចិត្ដិយ។ ភិក្ខុនិយាយកុហកដោយដឹងខ្លួន ចំពោះពាក្យដែលខ្លួនបានឮថា អាត្មា​មិនបានឮ ដោយអាការ ៣ យ៉ាង។ បេ។ ភិក្ខុនិយាយកុហកដោយដឹងខ្លួន ចំពោះ​វត្ថុដែលខ្លួនបាន ពាល់ត្រូវថា អាត្មាមិនបានពាល់ត្រូវ ។បេ។ ភិក្ខុនិយាយកុហកដោយ ដឹង​ខ្លួន ចំពោះហេតុដែលខ្លួនបានដឹងច្បាស់ថា អាត្មាមិនបានដឹងច្បាស់ ដោយអាការ ៣ យ៉ាង​គឺ មុននឹងពោលគិតថាអញនឹងពោលកុហក ១ កំពុងពោល​ ដឹងថា​អញ​ពោល​កុហក១ ពោលរួចហើយដឹងថាអញពោលកុហកហើយ ១ ត្រូវអាបត្ដិបាចិត្ដិយ។ ភិក្ខុ​និយាយកុហក​ដោយដឹងខ្លួន ចំពោះហេតុដែលខ្លួនដឹងច្បាស់ថា អាត្មាមិនដឹងច្បាស់ ដោយអាការ ៤ យ៉ាង។ បេ។ អាការ ៥ យ៉ាង។ បេ។ អាការ ៦ យ៉ាង។ បេ។អាការ ៧ យ៉ាង មុន​នឹងពោល​គិត​ថា អញនឹងពោលកុហក ១ កំពុង ពោលដឹងថាអញពោលកុហក១ ពោល​រួចហើយដឹងថា​អញពោលកុហកហើយ១ បិទបាំងនូវទិដ្ឋិ១ បិទបាំងនូវ​សេចក្ដី​គាប់​ចិត្ដ១ បិទបាំងនូវ សេចក្ដី​ចូលចិត្ដ ១ បិទបាំងនូវសេចក្ដីពិតត្រង់ ១ ត្រូវអាបត្ដិបាចិត្ដិយ។

[១៧៩] ភិក្ខុនិយាយកុហកដោយដឹងខ្លួន ចំពោះវត្ថុដែលខ្លួន ឃើញថា អាត្មា​ឮវិញ ដោយអាការ ៣យ៉ាង។ បេ។ វត្ថុដែលខ្លួនឃើញ ថា អាត្មាបានពាល់ត្រូវវិញ ដោយ​អាការ ៣ យ៉ាង។ បេ។ វត្ថុដែលខ្លួន ឃើញថា អាត្មាដឹងច្បាស់វិញ ដោយអាការ ៣ យ៉ាង ត្រូវ​អាបត្ដិបាចិត្ដិយ។ បេ។ ភិក្ខុនិយាយកុហកដោយដឹងខ្លួន ចំពោះវត្ថុដែលខ្លួនឃើញថា អាត្មាឮផង ពាល់ត្រូវផង ដោយអាការ៣ យ៉ាង។ បេ។ វត្ថុដែលខ្លួនឃើញ ថា អាត្មាឮផង ដឹង​ច្បាស់ផង ដោយអាការ៣ យ៉ាង។ បេ។ វត្ថុដែល ខ្លួនឃើញថា អាត្មាឮផង ពាល់ត្រូវផង ដឹង​ច្បាស់ផង ដោយអាការ ៣ យ៉ាង ត្រូវអាបត្ដិបាចិត្ដិយ។ បេ។ ភិក្ខុ​និយាយកុហកដោយ​ដឹងខ្លួន ចំពោះវត្ថុដែលខ្លួនឮថា អាត្មាពាល់ត្រូវ ដោយអាការ ៣ យ៉ាង។ បេ។ វត្ថុ​ដែល​ខ្លួនឮថា អាត្មាដឹងច្បាស់។ បេ។ វត្ថុដែលខ្លួនឮថា អាត្មាឃើញ ដោយ​អាការ៣យ៉ាង ត្រូវ​អាបត្ដិបាចិត្ដិយ។ បេ។ ភិក្ខុនិយាយកុហក ដោយដឹងខ្លួន ចំពោះវត្ថុដែលខ្លួនឮថា អាត្មា​ពាល់ត្រូវផង ដឹងច្បាស់ផង ដោយ​អាការ៣ យ៉ាង។បេ។ វត្ថុដែលខ្លួនឮថា អាត្មាពាល់ត្រូវផង ឃើញផង។ បេ។ វត្ថុដែលខ្លួនឮថា អាត្មាពាល់ត្រូវផង ដឹងច្បាស់ផង ឃើញផង ដោយអាការ៣ យ៉ាង ត្រូវអាបត្ដិបាចិត្ដិយ។ បេ។ ភិក្ខុនិយាយ កុហក ដោយដឹងខ្លួន ចំពោះ​វត្ថុដែល​ខ្លួនពាល់ត្រូវ​ថា អាត្មាដឹងច្បាស់ ដោយអាការ៣ យ៉ាង។ បេ។ វត្ថុដែលខ្លួនពាល់ត្រូវថា អាត្មាឃើញ ។ បេ។ វត្ថុដែលខ្លួនពាល់ត្រូវថា អាត្មាឮ។ បេ។ វត្ថុដែលខ្លួនពាល់ត្រូវថា អាត្មាដឹងច្បាស់ផង ឃើញ​ផង ដោយអាការ៣ យ៉ាង។បេ។ វត្ថុដែល ខ្លួនពាល់ត្រូវថា អាត្មាដឹងច្បាស់ផង ឮផង។ បេ។ វត្ថុដែលខ្លួនពាល់ ត្រូវថា អាត្មាដឹងច្បាស់ផង ឃើញផង ឮផង។ បេ។ វត្ថុ​ដែលខ្លួនដឹង ច្បាស់ថា អាត្មាឃើញ ដោយអាការ ៣ យ៉ាង។ បេ។ វត្ថុដែលខ្លួនដឹង ច្បាស់​ថា អាត្មាឮ។ បេ។ វត្ថុដែល​ខ្លួនដឹងច្បាស់ថា អាត្មាពាល់ត្រូវវិញ ។ បេ។ វត្ថុដែល​ខ្លួនដឹងច្បាស់ថា អាត្មាឃើញផង ឮផង ដោយអាការ ៣ យ៉ាង។ បេ។ វត្ថុ​ដែលខ្លួនដឹងច្បាស់ថា អាត្មាឃើញផង ពាល់ត្រូវ ផង។ បេ។ វត្ថុដែលខ្លួួនដឹងច្បាស់ថា អាត្មា​ឃើញផង ឮផង ពាល់ត្រូវ ផង ដោយអាការ ៣ យ៉ាង ត្រូវអាបត្ដិបាចិត្ដិយ។បេ។

[១៨០] ភិក្ខុមានសេចក្ដីសង្ស័យក្នុងវត្ថុដែលខ្លួនឃើញ (ក្ដី) មិន ជឿវត្ថុ​ដែលខ្លួន​បាន​ឃើញ (ក្ដី) រលឹកមិនបាននូវវត្ថុដែលខ្លួនឃើញហើយ (ក្ដី) ភ្លេចនូវ​វត្ថុ​ដែលខ្លួន​បានឃើញ (ក្ដី) ហើយពោលពាក្យកុហកដោយ ដឹងខ្លួនថាអាត្មាឃើញផង ឮផង ដោយ​អាការ ៣ យ៉ាង ត្រូវអាបត្ដិបាចិត្ដិយ។ បេ។ ភិក្ខុពោលពាក្យកុហកដោយដឹងខ្លួនថា អាត្មា​ឃើញ​ផង ឮផង ពាល់ត្រូវផង ដឹងច្បាស់ផង ត្រូវអាបត្ដិបាចិត្ដិយ។ បេ។ ភិក្ខុមាន សេចក្ដី​សង្ស័យ​ក្នុងពាក្យដែលខ្លួនបានឮ (ក្ដី) មិនជឿពាក្យដែលខ្លួនបាន ឮ (ក្ដី) រលឹក​មិនបាន​នូវពាក្យ​ដែលខ្លួនបានឮ (ក្ដី) ភ្លេចពាក្យដែលខ្លួន ឮហើយ (ក្ដី)។ បេ។ ភិក្ខុ​មាន​សេចក្ដី​សង្ស័យ​ក្នុងវត្ថុដែលខ្លួនបាន ពាល់ត្រូវ (ក្ដី) មិនជឿវត្ថុដែលខ្លួនបានពាល់ត្រូវ (ក្ដី) រលឹក​មិនបាននូវ វត្ថុដែលខ្លួនបានពាល់ត្រូវ (ក្ដី) ភ្លេចវត្ថុដែលខ្លួនបានពាល់ត្រូវ(ក្ដី)។ បេ។ ភិក្ខុមានសេចក្ដី​សង្ស័យក្នុងហេតុដែលខ្លួនដឹងច្បាស់ (ក្ដី) មិនជឿ ហេតុ​ដែលខ្លួនបាន​ដឹងច្បាស់​(ក្ដី) រលឹក​មិនបាននូវហេតុដែលខ្លួនដឹងច្បាស់ (ក្ដី) ភ្លេចហេតុដែលខ្លួនដឹងច្បាស់ (ក្ដី) ហើយ​ពោល​ពាក្យកុហកដោយ ដឹងខ្លួនថា អាត្មាដឹងច្បាស់ផង ឃើញផង ដោយអាការ ៣ យ៉ាង។ បេ។ ថាអាត្មាដឹងច្បាស់ផង ឮផង។ បេ។ ថាអាត្មាដឹងច្បាស់ផង ពាល់ត្រូវផង។បេ។ ថា​អាត្មាដឹងច្បាស់ផង ឃើញផង ឮផង។ បេ។ ថាអាត្មាដឹង ច្បាស់ផង ឃើញផង ពាល់​ត្រូវផង។ បេ។ ភិក្ខុពោលពាក្យកុហក ដោយដឹងខ្លួនថា អាត្មាដឹងច្បាស់ផង ឃើញផង ឮផង ពាល់​ត្រូវផង ដោយអាការ ៣ យ៉ាងគឺ មុននឹងពោល​ គិតថា​អញ​នឹងពោល​កុហក១ កំពុងពោល ​ដឹងថាអញពោលកុហក១ ពោលរួចហើយដឹងថាអញពោលកុហកហើយ ១។ ភិក្ខុ​មាន​សេចក្ដី​សង្ស័យក្នុងហេតុដែលខ្លួនដឹងច្បាស់ (ក្ដី) មិនជឿហេតុដែលខ្លួនដឹងច្បាស់ (ក្ដី) រលឹក​មិន​បាននូវហេតុដែលខ្លួនដឹង ច្បាស់(ក្ដី) ភ្លេចហេតុដែលខ្លួនដឹងច្បាស់ (ក្ដី) ហើយពោលពាក្យ​កុហក​​ដោយដឹងខ្លួនថា អាត្មាដឹងច្បាស់ផង ឃើញផង ឮផង ពាល់ ត្រូវផង ដោយអាការ ៤យ៉ាង។ បេ។ អាការ ៥ យ៉ាង។ បេ។ អាការ ៦ យ៉ាង។ បេ។ អាការ ៧ យ៉ាង គឺ មុន​នឹងពោលដឹងថាអញ នឹងពោលកុហក១ កំពុងពោល​ ដឹងថា​អញ​ពោល​កុហក១ ពោល​រួច ហើយដឹងថាអញពោលកុហកហើយ១ បិទបាំងនូវទិដ្ឋិ១ បិទបាំង​នូវ​សេចក្ដី​គាប់ចិត្ដ១ បិទបាំងនូវសេចក្ដីចូលចិត្ដ១ បិទបាំងនូវសេចក្ដីពិតត្រង់ ១ ត្រូវអាបត្ដិ​បាចិត្ដិយ។

[១៨១] អាបត្ដិមិនមានដល់ភិក្ខុពោលដោយញាប់មាត់ ដល់ភិក្ខុពោលដោយភ្លាត់មាត់ (ភិក្ខុពោលដោយរហ័សឈ្មោះថាពោលដោយញាប់មាត់។ ភិក្ខុគិតថា អញនឹងពោល​ពាក្យ​ដទៃ ហើយត្រឡប់ពោលពាក្យដទៃក្រៅអំពីគំនិតនោះវិញ ឈ្មោះថា ពោល​ដោយ​ភ្លាត់មាត់ ដល់​ភិក្ខុឆ្កួត ដល់ភិក្ខុជាខាងដើមបញ្ញត្ដិ។

បឋមសិក្ខាបទ ចប់។

សិក្ខាបទទី

[១៨២] សម័យនោះ ព្រះពុទ្ធជាម្ចាស់ដ៏មានជោគ កាលគង់នៅក្នុងវត្ដជេតពន របស់​អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ សម័យនោះឯង ឆព្វគ្គិយភិក្ខុទាំងឡាយ ឈ្លោះនឹង​ពួកភិក្ខុដែលមានសីលជាទីស្រឡាញ់ ពោលចាក់ដោត​ភិក្ខុទាំងឡាយ​ដែលមាន​សីលជា​ទី​ស្រឡាញ់ គឺជេរប្រទេចដោយជាតិខ្លះ ឈ្មោះខ្លះ គោត្ដខ្លះ ការងារខ្លះ សិល្បសាស្ដ្រខ្លះ អាពាធខ្លះ ភេទខ្លះ កិលេសខ្លះ អាបត្ដិខ្លះ ពាក្យជេរដ៏ថោកទាបខ្លះ។ ភិក្ខុ​ទាំងឡាយ​ណាមាន​សេចក្ដីប្រាថ្នាតិច។ បេ។ ភិក្ខុទាំងឡាយនោះ ពោលទោស តិះដៀល បន្ដុះ​បង្អាប់ថា ហេតុ​ដូច​ម្ដេច ក៏បានជាឆព្វគ្គិយភិក្ខុទាំងឡាយ ឈ្លោះ​នឹងភិក្ខុទាំងឡាយ​ដែល​មានសីលជាទីស្រឡាញ់ ពោលចាក់ដោតភិក្ខុទាំងឡាយដែលមានសីលជាទីស្រឡាញ់ គឺជេរប្រទេចដោយជាតិខ្លះ ឈ្មោះខ្លះ គោត្ដខ្លះ ការងារខ្លះ សិល្បសាស្ដ្រខ្លះ អាពាធ​ខ្លះ ភេទខ្លះ កិលេសខ្លះ អាបត្ដិខ្លះ ពាក្យជេរដ៏ថោក ទាបខ្លះ។ ភិក្ខុទាំងនោះ​យក​សេចក្ដីនុ៎ះ​ក្រាបទូលដល់ព្រះដ៏មានព្រះភាគ។ ព្រះបរមគ្រូត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ បាន​ឮថាអ្នកទាំងឡាយ ឈ្លោះនឹងភិក្ខុទាំងឡាយដែលមានសីលជាទីស្រឡាញ់ ពោល​ចាក់​ដោត ភិក្ខុទាំងឡាយដែលមានសីលជាទីស្រឡាញ់ គឺជេរប្រទេចដោយជាតិខ្លះ ឈ្មោះ​ខ្លះ គោត្ដខ្លះ ការងារខ្លះ សិល្បសាស្ដ្រខ្លះ អាពាធខ្លះ ភេទខ្លះ កិលេសខ្លះ អាបត្ដិខ្លះ ពាក្យជេរ​ដ៏ថោកទាប​ខ្លះ ពិតមែនឬ។ ឆព្វគ្គិយភិក្ខុទាំងនោះក៏ក្រាបទូលថា បពិត្រ​ព្រះដ៏មាន​ព្រះភាគ ការនោះ ពិតមែន។ ព្រះសព្វញ្ញូពុទ្ធដ៏មានព្រះភាគទ្រង់តិះដៀលថា នែ បុរស​សាបសូន្យចាកមគ្គផលទាំងឡាយ ចុះហេតុអ្វីបានជាអ្នកទាំងឡាយ ឈ្លោះ​នឹងភិក្ខុ​ទាំងឡាយ​​ដែលមានសីលជាទីស្រឡាញ់ ពោលចាក់ដោត ភិក្ខុទាំងឡាយ​ដែលមាន​សីល​ជាទីស្រឡាញ់ គឺជេរប្រទេចដោយជាតិខ្លះ។ បេ។ ដោយពាក្យ​ជេរដ៏​ថោកទាប​ខ្លះ នែពួក​មោឃបុរស ការនេះមិន មែននាំ​ឱ្យកើតសេចក្ដី​ជ្រះថ្លាដល់ជន​ដែល​មិនទាន់ជ្រះថ្លាទេ នឹង​មិន​មែននាំជនដែលជ្រះថ្លាហើយ ឱ្យរឹងរឹតតែជ្រះថ្លាឡើងទៀតទេ។បេ។ លុះព្រះអង្គទ្រង់​តិះដៀលហើយ ទ្រង់ធ្វើធម្មីកថាត្រាស់ហៅភិក្ខុទាំងឡាយ មកថា។

[១៨៣] ម្នាលភិក្ខុទាំងឡាយ កាលពីដើម មានព្រាហ្មណ៍ម្នាក់ នៅក្នុងក្រុងតក្កសិលា (ព្រាហ្មណ៍​នោះ) មានគោ១ឈ្មោះនន្ទិវិសាល។ ម្នាល​ភិក្ខុទាំងឡាយ ក្នុងកាលនោះ គោឈ្មោះនន្ទិវិសាលបាននិយាយពាក្យនេះនឹងព្រាហ្មណ៍នោះថា បពិត្រព្រាហ្មណ៍ ចូរអ្នក​ទៅនិយាយភ្នាល់នឹងសេដ្ឋីដាក់មួយពាន់កហាបណៈថា គោរបស់ខ្ញុំនឹងទាញរទេះមួយរយ ដែលចងភ្ជាប់គ្នាឱ្យរួចបាន។ ម្នាលភិក្ខុទាំងឡាយ ទើបព្រាហ្មណ៍នោះ បានភ្នាល់នឹងសេដ្ឋី​ដាក់មួយពាន់​កហាបណៈថា គោរបស់ខ្ញុំនឹងទាញរទេះចំនួនមួយរយ​ដែលចង​ភ្ជាប់គ្នា​បាន។ ម្នាលភិក្ខុ​ទាំងឡាយ ព្រាហ្មណ៍នោះចងរទេះមួយរយភ្ជាប់គ្នា រួចក៏ទឹមគោ​ឈ្មោះ​នន្ទិវិសាល ហើយនិយាយពាក្យនេះថា នែគោគៀច ឯងខំទាញទៅ នែគោគៀច ឯង​ខំអូសទៅ។ ម្នាលភិក្ខុទាំងឡាយ កាលនោះ គោឈ្មោះនន្ទិវិសាល ក៏ឈរទ្រឹងក្នុងទី នោះ​ឯង ម្នាល​ភិក្ខុ​ទាំងឡាយ ឯព្រាហ្មណ៍នោះក៏ចាញ់សេដ្ឋីអស់មួយពាន់កហាបណៈ ហើយ​​ក៏សុបសៅ​ក្នុងកាល​នោះឯង។ ម្នាលភិក្ខុទាំងឡាយ ទើបគោនន្ទិវិសាល​បាន​និយាយ​ពាក្យ​នេះនឹង​ព្រាហ្មណ៍នោះថា បពិត្រព្រាហ្មណ៍ ហេតុអ្វីក៏អ្នកសុបសៅ។ ព្រាហ្មណ៍​ឆ្លើយថា នែគោដ៏ចំរើន បានជាសុបសៅ ព្រោះអ្នកឯងឱ្យខ្ញុំចាញ់​សេដ្ឋីអស់មួយពាន់​កហាបណៈ។ គោនន្ទិវិសាលសួរថា ព្រាហ្មណ៍ ខ្ញុំមិនមែនជាសត្វគៀច ចុះហេតុអ្វី ក៏​អ្នក​ឯងហៅខ្ញុំថាសត្វគៀច ព្រាហ្មណ៍ចូរអ្នក​ឯងទៅ​ភ្នាល់នឹងសេដ្ឋីដាក់ពីរពាន់​កហាបណៈ​ថា គោរបស់ខ្ញុំទាញរទេះចំនួនមួយរយ ដែល​គេចង​ភ្ជាប់គ្នាបាន តែថាអ្នកឯងកុំហៅខ្ញុំថា​គោគៀច​ទៀត ព្រោះខ្ញុំមិនមែនជាគោគៀចទេ។ ម្នាល​ភិក្ខុទាំងឡាយ ឯព្រាហ្មណ៍​នោះ​ភ្នាល់នឹងសេដ្ឋីដាក់ពីរពាន់កហាបណៈដោយពាក្យថា គោ​របស់ខ្ញុំអាចទាញរទេះ ចំនួន​មួយរយដែលគេចងភ្ជាប់គ្នាបាន។ ម្នាលភិក្ខុទាំងឡាយ ព្រាហ្មណ៍ នោះក៏ចងរទេះ ចំនួន​មួយរយភ្ជាប់គ្នា រួចទឹមគោនន្ទិវិសាលហើយបាន និយាយ​ពាក្យនេះក្នុងពេលនោះថា ម្នាល​គោដ៏ចំរើន ចូរអ្នកឯងទាញទៅ ម្នាលគោដ៏ចំរើន ចូរអ្នក​ឯងអូសទៅ។ ម្នាល​ភិក្ខុទាំងឡាយ កាលនោះគោនន្ទិវិសាល​ក៏ទាញ​រទេះ​ចំនួនមួយរយ​ដែលគេចងភ្ជាប់គ្នា​ឱ្យ​វិលទៅបាន។

[១៨៤] បុគ្គលត្រូវពោលតែពាក្យដែលជាទីគាប់ចិត្ដម្យ៉ាង ពាក្យដែល​មិនជាទីគាប់ចិត្ដ សូម្បី​​តែម្ដង ក៏មិនត្រូវពោលឡើយ (ព្រាហ្មណ៍)ពោលពាក្យជាទីគាប់ចិត្ដ (គោនន្ទិវិសាល) ក៏នាំទៅនូវភារៈជាទម្ងន់រួច ហើយញុំាងព្រាហ្មណ៍នោះឱ្យបានទ្រព្យផង មានសេចក្ដី​ពេញ​ចិត្ដ​ព្រោះព្រាហ្មណ៍នោះ​បាន​ទ្រព្យ​ផង ព្រោះការងាររបស់ខ្លួនផង។

[១៨៥] ម្នាលភិក្ខុទាំងឡាយ ពាក្យជេរប្រទេច មិនជាទីគាប់ចិត្ដ​ដល់តថាគតក្នុងកាលនោះ សំដីជេរប្រទេចនឹងជាទីគាប់ចិត្ដក្នុងកាលឥឡូវនេះដូចម្ដេចបាន ម្នាលភិក្ខុទាំងឡាយ អំពើ​​នេះមិន​មែននាំ​ឱ្យជ្រះថ្លា ដល់អ្នកដែលមិនទាន់ជ្រះថ្លាទេ។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ​គប្បី​សំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុពោលពាក្យចាក់ដោត ត្រូវ​អាបត្ដិបាចិត្ដិយ។

[១៨៦] ដែលហៅថា ពាក្យចាក់ដោតនោះ គឺភិក្ខុពោលចាក់ដោតដោយអាការ​១០យ៉ាង​គឺ ជាតិ១ ឈ្មោះ១ គោត្ដ ១ ការងារ១ សិល្បសាស្ដ្រ១ អាពាធ១ភេទ១ កិលេស១ អាបត្ដិ១ ពាក្យជេរដ៏ថោកទាប១។

[១៨៧] ដែលហៅថា ជាតិ គឺ ជាតិមានពីរយ៉ាង បានដល់ហីនជាតិ [ជាតិថោកទាប។]១ ឧក្កដ្ឋជាតិ [ជាតិខ្ពង់ខ្ពស់។] ១។ ដែលហៅថា ហីនជាតិ គឺជាតិមនុស្សចណ្ឌាល [ជាតិ​មនុស្សច្រលោងខាម។] ជាតិជាងត្បាញផែង [អាចារ្យខ្លះពោលថាជាងចាំង។] ជាតិអ្នក​នេសាទ [ជាតិព្រានម្រឹគជាដើម។] ជាតិអ្នកធ្វើរទេះ ជាតិអ្នកចោលសម្រាម ជាតិទាំង​នេះ​ហៅថា ហីនជាតិ។ ដែលហៅថា ឧក្កដ្ឋជាតិ គឺជាតិក្សត្រិយ៍ ជាតិព្រាហ្មណ៍ ជាតិ​ទាំងនេះ​ហៅថា ឧក្កដ្ឋជាតិ។

[១៨៨] ដែលហៅថា នាម គឺនាមមានពីរយ៉ាង បានខាងឯហីននាម១ ឧក្កដ្ឋនាម១។ ដែលហៅថា ហីននាម គឺ អវកណ្ណកនាម [១-២-៣-៤-៥ នាមទាំង៥នេះ តាមអដ្ឋកថា ថាជាឈ្មោះពួកមនុស្សដែលជាខ្ញុំបម្រើគេ។] ជវកណ្ណកនាម [២] ធនិដ្ឋកនាម [៣] សវិដ្ឋកនាម [៤] កុលវឌ្ឍកនាម [៥] ពុំនោះសោត នាមណាដែលគេមើលងាយ គេបន្ទាបបន្ថោក គេខ្ពើម គេពេបជ្រាយ គេមិនគោរព មានក្នុងជនបទនោះៗ នាមទាំង​នេះ​ហៅថា ហីននាម។ ដែល​ហៅថា ឧក្កដ្ឋនាម គឺ នាមដែលប្រកបព្រមចំពោះដោយព្រះពុទ្ធ ប្រកប​ព្រមចំពោះ​ដោយ​ព្រះធម៌ ប្រកបព្រមចំពោះដោយព្រះសង្ឃ ពុំនោះសោត នាម​ណាដែលគេមិនមើលងាយ គេ​មិន​បន្ទាប​បន្ថោក គេមិនខ្ពើម គេមិនពេបជ្រាយ គេគោរព មានក្នុងជនបទនោះ ៗ នាម​ទាំងនេះ​ហៅថា ឧក្កដ្ឋនាម។

[១៨៩] ដែលហៅថា គោត្ដ គឺគោត្ដមានពីរយ៉ាង បានខាងហីនគោត្ដ ១ ឧក្កដ្ឋគោត្ដ ១។ ដែលហៅថា ហីនគោត្ដ គឺ ភារទ្វាជគោត្ដ ពុំនោះសោត គោត្ដណាដែលគេមើលងាយ គេ​បន្ទាប​បន្ថោក គេខ្ពើម គេពេបជ្រាយ គេមិនគោរព មានក្នុងជនបទនោះៗ គោត្ដទាំង​នេះហៅថា ហីនគោត្ដ។ ដែលហៅថា ឧក្កដ្ឋគោត្ដ គឺគោតមគោត្ដ មោគ្គល្លានគោត្ដ កច្ចាយនគោត្ដ វាសេដ្ឋគោត្ដ ពុំនោះសោត គោត្ដណា ដែលគេមិនមើលងាយ គេមិន​បន្ទាបបន្ថោក គេមិនខ្ពើម គេមិនពេបជ្រាយ គេគោរព មានក្នុងជនបទនោះ។ គោត្ដទាំង​នេះហៅថា ឧក្កដ្ឋគោត្ដ។

[១៩០] ដែលហៅថា ការងារ គឺការងារមានពីរយ៉ាង បានដល់ការងារដ៏ថោកទាប១ ការងារដ៏ខ្ពង់ខ្ពស់១។ ដែលហៅថា ការងារដ៏ថោកទាប គឺការងាររបស់អ្នកចាំងឈើ ការងារ​របស់អ្នកចោលផ្កា (ចោលសម្រាម) ពុំនោះសោត ការងារណាដែលគេមើលងាយ គេបន្ទាប បន្ថោក គេខ្ពើម គេពេបជ្រាយ គេមិនគោរព មានក្នុងជនបទនោះៗ ការងារ​ទាំងនេះហៅថា ការងារដ៏ថោកទាប។ ដែលហៅថាការងារដ៏ខ្ពង់ខ្ពស់ គឺការភ្ជួររាស់ ការជួញប្រែ ការរក្សាគោ ពុំនោះសោត ការងារណាដែលគេមិនមើលងាយ គេមិន​បន្ទាបបន្ថោក គេមិនខ្ពើម គេ​មិន​ពេប​ជ្រាយ គេគោរព មានក្នុងជនបទនោះៗ ការងារ​ទាំងនេះ ហៅថា ការងារដ៏ខ្ពង់ខ្ពស់។

[១៩១] ដែលហៅថា សិល្បសាស្ដ្រ គឺសិល្បសាស្ដ្រ មានពីរយ៉ាង បានដល់សិល្បសាស្ដ្រ​ដ៏ថោកទាប១ សិល្បសាស្ដ្រដ៏ខ្ពង់ខ្ពស់១។ ដែលហៅថា សិល្បសាស្ដ្រដ៏ថោកទាប គឺសិល្បសាស្ដ្រ អ្នកត្បាញផែង សិល្បសាស្ដ្រអ្នកធ្វើឆ្នាំង សិល្បសាស្ដ្រអ្នកត្បាញសម្ពត់ សិល្បសាស្ដ្រ​អ្នកធ្វើស្បែក [ឬសិល្បសាស្ដ្រអ្នកធ្វើរថ។] សិល្បសាស្ដ្រខ្មាន់ព្រះកេស ពុំនោះសោត សិល្បសាស្ដ្រណា ដែល​គេ​មើលងាយ គេបន្ទាបបន្ថោក គេខ្ពើម គេពេបជ្រាយ គេមិនគោរព មានក្នុងជនបទនោះ ៗ សិល្បសាស្ដ្រទាំងនេះ ហៅថា សិល្បសាស្ដ្រដ៏ថោកទាប។ ដែលហៅថាសិល្បសាស្ដ្រ​ដ៏ខ្ពង់ខ្ពស់​គឺរាប់ដោយដៃទទេ រាប់​ដោយវិធីនព្វន្ដ ការសរសេរអក្សរ ពុំនោះសោត សិល្បសាស្ដ្រណា ដែលគេមិនមើលងាយ គេមិនបន្ទាបបន្ថោក គេមិនខ្ពើម គេមិនពេបជ្រាយ គេគោរព មាន​ក្នុងជនបទ​នោះៗ សិល្បសាស្ដ្រទាំងនេះ ហៅថា សិល្បសាស្ដ្រដ៏ខ្ពង់ខ្ពស់។

[១៩២] បណ្ដាអាពាធទាំងឡាយ សុទ្ធតែថោកទាបទាំងអស់ ចំណែក​ខាងអាពាធ​ទឹកនោម​ផ្អែម (រោគប្រមេះ) ហៅថា អាពាធយ៉ាងស្រាល។

[១៩៣] ដែលហៅថា ភេទ គឺភេទមានពីរយ៉ាង បានដល់ភេទដ៏ថោកទាប១ ភេទដ៏ខ្ពង់​ខ្ពស់​១។ ដែលហៅថា ភេទថោកទាប គឺភេទខ្ពស់ពេក ទាបពេក ខ្មៅពេក សពេក ភេទទំាងនេះ ហៅថា ភេទថោកទាប។ ដែលហៅថា ភេទខ្ពង់ខ្ពស់គឺ ភេទមិនខ្ពស់ពេក មិនទាបពេក មិនខ្មៅពេក មិនសពេក ភេទទាំងនេះ ហៅថា ភេទខ្ពង់ខ្ពស់។

[១៩៤] ឯកិលេសទាំងឡាយ សុទ្ធតែថោកទាបទាំងអស់។

[១៩៥] ឯអាបត្ដិទាំងឡាយសុទ្ធតែថោកទាបទាំងអស់ ចំណែកខាងសោតាបត្ដិ និង​សមាបត្ដិ សុទ្ធតែខ្ពង់ខ្ពស់ទាំងអស់។

[១៩៦] ដែលហៅថាជេរ គឺជេរមានពីរយ៉ាង បានដល់ជេរយ៉ាងថោកទាប១ ជេរយ៉ាង​ខ្ពង់ខ្ពស់១។ ដែលហៅថា ជេរយ៉ាងថោកទាបគឺជេរថា លោកជាសត្វឱដ្ឋ លោកជា​សត្វពពែ លោក​ជាសត្វគោ លោកជាសត្វលា លោកជាសត្វតិរច្ឆាន លោកជាសត្វនរក [សត្វកើតក្នុងស្ថានគ្មានសេចក្ដីចំរើន។] លោកគ្មានគតិល្អទេ លោកមានតែគតិអាក្រក់​ម្យ៉ាង ជេរដោយយអក្ខរ [២-៣ យ អក្ខរ និង ភ អក្ខរនោះ ជាឈ្មោះមេថុនធម្ម។] [២] ក្ដី ដោយ ភអក្ខរ [៣] ក្ដី ដោយនិម្មិតបុរសនិងនិម្មិតស្រីក្ដី ជេរទាំងនេះហៅថា ជេរយ៉ាង​ថោកទាប។ ដែលហៅថា ជេរយ៉ាងខ្ពង់ខ្ពស់ គឺ ជេរថា លោកជាបណ្ឌិត លោកឆ្លៀវឆ្លាស លោកជាអ្នកប្រាជ្ញ លោកជាពហុស្សូត [អ្នកចេះដឹងធម្មវិន័យច្រើន។] លោកជាធម្មកថិក [អ្នកសំដែងធម៌។] លោកគ្មានគតិអាក្រក់ទេ លោកមានតែគតិល្អម្យ៉ាង ជេរទាំងនេះ ហៅថា ជេរយ៉ាងខ្ពង់ខ្ពស់។

[១៩៧] ឧបសម្បន្នភិក្ខុ ប្រាថ្នាដើម្បីជេរ ប្រាថ្នាដើម្បីប្រទេច ប្រាថ្នាដើម្បី​ធ្វើឱ្យ​មានមុខ​ចុះក្រោម [ធ្វើមិនឱ្យមានអំណាចតេជៈ។] ចំពោះឧបសម្បន្នភិក្ខុផងគ្នា ពោលចំពោះ​បុគ្គលដែល​មានជាតិ​ថោកទាប ដោយពាក្យថោកទាប គឺថានិយាយចំពោះ​ឧបសម្បន្ន​ជាតិ​ចណ្ឌាល ជាតិ​អ្នកធ្វើ​ផែង​ឫស្សី ជាតិអ្នកនេសាទ ជាតិអ្នកធ្វើរថ ជាតិអ្នក​ចោល​សម្រាម ដោយ​ពាក្យ​ថា លោកជា​មនុស្ស​ចណ្ឌាល ជាអ្នកធ្វើផែង ជាអ្នកនេសាទ ជាអ្នក​ធ្វើរថ ជាអ្នក​ចោល​សម្រាម ត្រូវអាបត្ដិ​បាចិត្ដិយ​គ្រប់ៗវាចា។

[១៩៨] ឧបសម្បន្នភិក្ខុប្រាថ្នាដើម្បីជេរ ប្រាថ្នាដើម្បីប្រទេច ប្រាថ្នាដើម្បីធ្វើឱ្យអៀនអន់ ចំពោះឧបសម្បន្នភិក្ខុផងគ្នា ពោលចំពោះបុគ្គលដែលមានជាតិខ្ពង់ខ្ពស់ ដោយពាក្យ​ថោក​ទាប គឺថានិយាយចំពោះឧបសម្បន្នជាតិក្សត្រិយ៍ ជាតិព្រាហ្មណ៍ ដោយពាក្យថា អ្នកឯង​ជាអ្នកចណ្ឌាល ជាជាងផែង ជាអ្នកនេសាទ ជាអ្នកធ្វើរថ ជាអ្នកចោលសម្រាម ត្រូវ​អាបត្ដិ​បាចិត្ដិយ​គ្រប់ ៗ វាចា។

[១៩៩] ឧបសម្បន្នភិក្ខុ ប្រាថ្នាដើម្បីជេរ ប្រាថ្នាដើម្បីប្រទេច ប្រាថ្នាដើម្បីធ្វើឱ្យអៀនអន់ ចំពោះឧបសម្បន្នភិក្ខុផងគ្នា ពោលចំពោះបុគ្គលដែលមានជាតិថោកទាប ដោយពាក្យ​ខ្ពង់ខ្ពស់ គឺនិយាយចំពោះឧបសម្បន្នជាតិអ្នកចណ្ឌាល ជាតិអ្នកជាងផែង ជាតិអ្នកនេសាទ ជាតិ អ្នកធ្វើរថ ជាតិអ្នកចោលសម្រាម ដោយពាក្យថា លោកជាក្សត្រិយ៍ លោកជា​ព្រាហ្មណ៍ ត្រូវអាបត្ដិបាចិត្ដិយគ្រប់ៗវាចា។

[២០០] ឧបសម្បន្នភិក្ខុ ប្រាថ្នាដើម្បីជេរ ប្រាថ្នាដើម្បីប្រទេច ប្រាថ្នាដើម្បីធ្វើឱ្យអៀនអន់ ចំពោះឧបសម្បន្នភិក្ខុផងគ្នា ពោលចំពោះបុគ្គលដែលមានជាតិខ្ពង់ខ្ពស់ ដោយ​ពាក្យ​ខ្ពង់ខ្ពស់ គឺនិយាយចំពោះឧបសម្បន្នដែលមានជាតិជាក្សត្រិយ៍ ជាតិព្រាហ្មណ៍ ដោយ​ពាក្យ​ថា លោកជាក្សត្រិយ៍ លោកជាព្រាហ្មណ៍ ត្រូវអាបត្ដិបាចិត្ដិយគ្រប់ៗវាចា។

[២០១] ឧបសម្បន្នភិក្ខុ ប្រាថ្នាដើម្បីជេរ ប្រាថ្នាដើម្បីប្រទេច ប្រាថ្នាដើម្បី​ធ្វើឱ្យ​អៀន​អន់ ចំពោះឧបសម្បន្នភិក្ខុផងគ្នា ពោលចំពោះនាមថោកទាប ដោយពាក្យថោកទាប គឺ​និយាយ​​ចំពោះឧបសម្បន្នដែលមាននាមជាអវកណ្ណក ជាជវកណ្ណក ជាធនិដ្ឋក ជា​សវិដ្ឋក ជាកុលវឌ្ឍក ដោយពាក្យថា លោកជាអវកណ្ណក លោកជាជវកណ្ណក លោកជាធនិដ្ឋក លោក​ជាសវិដ្ឋក លោកជាកុលវឌ្ឍក ត្រូវអាបត្ដិបាចិត្ដិយគ្រប់ៗវាចា។

[២០២] ឧបសម្បន្នភិក្ខុ ប្រាថ្នាដើម្បីជេរ ប្រាថ្នាដើម្បីប្រទេច ប្រាថ្នាដើម្បី​ធ្វើឱ្យ​អៀនអន់ ចំពោះឧបសម្បន្នភិក្ខុផងគ្នា ពោលចំពោះនាមខ្ពង់ខ្ពស់ ដោយ​ពាក្យថោកទាប គឺនិយាយ​ចំពោះ​ឧបសម្បន្នដែលមាននាមជាពុទ្ធរក្ខិត ជាធម្មរក្ខិត ជាសង្ឃរក្ខិត ដោយពាក្យថា លោកជាអវកណ្ណក លោកជាជវកណ្ណក លោកជាធនិដ្ឋក លោក​ជា​សវិដ្ឋក លោកជា​កុលវឌ្ឍក ត្រូវអាបត្ដិបាចិត្ដិយគ្រប់ៗវាចា។

 [២០៣] ឧបសម្បន្នភិក្ខុ ប្រាថ្នាដើម្បីជេរ ប្រាថ្នាដើម្បីប្រទេច ប្រាថ្នាដើម្បីធ្វើឱ្យអៀនអន់ ចំពោះ​ឧបសម្បន្នផងគ្នា ពោលចំពោះនាមថោកទាប ដោយពាក្យខ្ពង់ខ្ពស់ គឺនិយាយ​ចំពោះ​ឧបសម្បន្នមាននាមជាអវកណ្ណក ជាជវកណ្ណក ជាធនិដ្ឋក ជាសវិដ្ឋក ជាកុលវឌ្ឍក ដោយពាក្យថា លោកឈ្មោះពុទ្ធរក្ខិត លោកឈ្មោះធម្មរក្ខិត លោកឈ្មោះសង្ឃរក្ខិត ត្រូវ​អាបត្ដិបាចិត្ដិយគ្រប់ៗ វាចា។

 [២០៤] ឧបសម្បន្នភិក្ខុ ប្រាថ្នាដើម្បីជេរ ប្រាថ្នាដើម្បីប្រទេច ប្រាថ្នាដើម្បីធ្វើឱ្យអៀនអន់ ចំពោះ​ឧបសម្បន្នភិក្ខុផងគ្នា ពោលសំដៅនាមដ៏ខ្ពងខ្ពស់ ដោយពាក្យខ្ពង់ខ្ពស់ គឺថា​ពោល​សំដៅ​ឧបសម្បន្នដែលមាននាមជាពុទ្ធរក្ខិត ជាធម្មរក្ខិត ជាសង្ឃរក្ខិត ដោយពាក្យថា លោកឈ្មោះ ពុទ្ធរក្ខិត ធម្មរក្ខិត សង្ឃរក្ខិត ត្រូវអាបត្ដិបាចិត្ដិយគ្រប់ៗវាចា។

[២០៥] ឧបសម្បន្នភិក្ខុ ប្រាថ្នាដើម្បីជេរ ប្រាថ្នាដើម្បីប្រទេច ប្រាថ្នាដើម្បីធ្វើ​ឱ្យអៀន​អន់ ចំពោះឧបសម្បន្នភិក្ខុផងគ្នា ពោលសំដៅគោត្ដថោកទាប ដោយពាក្យថោកទាប គឺថា​ពោល​សំដៅឧបសម្បន្នជាកោសិយគោត្ដ ភារទ្វាជគោត្ដ ដោយពាក្យថា លោកជា​កោសិយគោត្ដ លោកជាភារទ្វាជគោត្ដ ត្រូវអាបត្ដិបាចិត្ដិយគ្រប់ៗវាចា។

[២០៦] ឧបសម្បន្នភិក្ខុ ប្រាថ្នាដើម្បីជេរ ប្រាថ្នាដើម្បីប្រទេច ប្រាថ្នាដើម្បី​ធ្វើឱ្យ​អៀនអន់ ចំពោះឧបសម្បន្នភិក្ខុផងគ្នា ពោលសំដៅគោត្ដដ៏ខ្ពង់ខ្ពស់ ដោយពាក្យថោកទាប គឺថាពោលសំដៅឧបសម្បន្នជាគោតមគោត្ដ ជាមោគ្គល្លានគោត្ដ ជាកច្ចាយនគោត្ដ ជា​វាសេដ្ឋគោត្ដ ដោយពាក្យថា លោកជាកោសិយគោត្ដ លោកជាភារទ្វាជគោត្ដ ត្រូវ​អាបត្ដិ​បាចិត្ដិយគ្រប់ៗវាចា។

[២០៧] ឧបសម្បន្នភិក្ខុ ប្រាថ្នាដើម្បីជេរ ប្រាថ្នាដើម្បីប្រទេច ប្រាថ្នាដើម្បីធ្វើឱ្យអៀនអន់ ចំពោះឧបសម្បន្នភិក្ខុផងគ្នា ពោលសំដៅគោត្ដដ៏ថោកទាប ដោយពាក្យខ្ពង់ខ្ពស់ គឺថា​ពោល​សំដៅ​ឧបសម្បន្នជាកោសិយគោត្ដ ជាភារទ្វាជគោត្ដ ដោយពាក្យថា លោកជា​គោតមគោត្ដ លោក​ជាមោគ្គល្លានគោត្ដ លោកជាកច្ចាយនគោត្ដ លោកជាវាសេដ្ឋគោត្ដ ត្រូវអាបត្ដិ​បាចិត្ដិយ​គ្រប់ៗ វាចា។

[២០៨] ឧបសម្បន្នភិក្ខុ ប្រាថ្នាដើម្បីជេរ ប្រាថ្នាដើម្បីប្រទេច ប្រាថា្នដើម្បីធ្វើឱ្យអៀនអន់ ចំពោះឧបសម្បន្នភិក្ខុផងគ្នា ពោលសំដៅគោត្ដដ៏ខ្ពង់ខ្ពស់ ដោយពាក្យដ៏ខ្ពង់ខ្ពស់ គឺថា​ពោល​សំដៅ​ឧបសម្បន្នជាគោតមគោត្ត ជាមោគ្គល្លានគោត្ដ ជាកច្ចាយនគោត្ដ ជា​វាសេដ្ឋគោត្ដ ដោយ​ពាក្យ​ថា លោកជាគោតមគោត្ដ លោកជាមោគ្គល្លានគោត្ដ លោកជា​កច្ចាយនគោត្ដ លោកជាវាសេដ្ឋគោត្ដ ត្រូវអាបត្ដិបាចិត្ដិយគ្រប់ៗវាចា។

[២០៩] ឧបសម្បន្នភិក្ខុ ប្រាថ្នាដើម្បីជេរ ប្រាថ្នាដើម្បីប្រទេច ប្រាថ្នា​ដើម្បី​ធ្វើឱ្យ​អៀនអន់ ចំពោះឧបសម្បន្នភិក្ខុផងគ្នា ពោលសំដៅការងារដ៏ថោកទាប ដោយពាក្យថោកទាប គឺថា​ពោលសំដៅឧបសម្បន្ន ថាអ្នកចាំងឈើ ជាអ្នកចោលសម្រាម ដោយពាក្យថា លោកជា​ជាងចាំងឈើ លោកជាអ្នកចោលសម្រាម ត្រូវអាបត្ដិបាចិត្ដិយគ្រប់ៗវាចា។

[២១០] ឧបសម្បន្នភិក្ខុ ប្រាថ្នាដើម្បីជេរ ប្រាថ្នាដើម្បីប្រទេច ប្រាថ្នាដើម្បីធ្វើឱ្យអៀនអន់ ចំពោះឧបសម្បន្នភិក្ខុផងគ្នា ពោលសំដៅការងារដ៏ខ្ពង់ខ្ពស់ ដោយពាក្យថោកទាប គឺថា​ពោលសំដៅឧសម្បន្នថាជាអ្នកភ្ជួររាស់ ជាអ្នកជួញប្រែ ជាអ្នករក្សាគោ ដោយពាក្យថា លោកជាជាងចាំងឈើ លោកជាអ្នកចោលសម្រាម ត្រូវអាបត្ដិបាចិត្ដិយគ្រប់ៗវាចា។

[២១១] ឧបសម្បន្នភិក្ខុ ប្រាថ្នាដើម្បីជេរ ប្រាថ្នាដើម្បីប្រទេច ប្រាថ្នា​ដើម្បី​ធ្វើឱ្យអៀនអន់ ចំពោះឧបសម្បន្នភិក្ខុផងគ្នា ពោលសំដៅការងារដ៏ថោកទាប ដោយ​ពាក្យដ៏ខ្ពង់ខ្ពស់ គឺថា​ពោលសំដៅឧបសម្បន្ន ថាជាជាងចាំងឈើ ជាអ្នកចោលសម្រាម ដោយពាក្យថា លោក​ជា​អ្នកភ្ជួររាស់ លោកជាអ្នកជំនួញ លោកជាអ្នករក្សាគោ ត្រូវអាបត្ដិបាចិត្ដិយគ្រប់ៗ វាចា។

[២១២] ឧបសម្បន្នភិក្ខុ ប្រាថ្នាដើម្បីជេរ ប្រាថ្នាដើម្បីប្រទេច ប្រាថ្នាដើម្បី​បង្អាប់​បង្អោន ចំពោះឧបសម្បន្នភិក្ខុផងគ្នា ពោលសំដៅការងារដ៏ខ្ពង់ខ្ពស់ ដោយពាក្យដ៏ខ្ពង់ខ្ពស់ គឺថា​ពោលសំដៅឧបសម្បន្នថាជាអ្នកភ្ជួររាស់ អ្នកជំនួញ អ្នករក្សាគោ ដោយពាក្យថា លោកជា​អ្នកភ្ជួររាស់ លោកជាអ្នកជំនួញ លោកជាអ្នករក្សាគោ ត្រូវអាបត្ដិបាចិត្ដិយគ្រប់ៗវាចា។

[២១៣] ឧបសម្បន្នភិក្ខុ ប្រាថ្នាដើម្បីជេរ ប្រាថ្នាដើម្បីប្រទេច ប្រាថ្នាដើម្បី​បង្អាប់​បង្អោន ចំពោះឧបសម្បន្នភិក្ខុផងគ្នា ពោលសំដៅសិល្បសាស្ដ្រដ៏ថោកទាប ដោយ​ពាក្យដ៏​ថោក​ទាប គឺថាពោលសំដៅឧបសម្បន្នថាជាជាងត្បាញផែង ជាស្មូនឆ្នាំង ជាជាង​ដម្បាញ ជា​ជាងស្បែក ជាខ្មាន់ព្រះកេស ដោយពាក្យថា លោកជាជាងត្បាញផែង លោកជាស្មូនឆ្នាំង លោកជាជាងដម្បាញ លោកជាជាងស្បែក លោកជាខ្មាន់​ព្រះកេស ត្រូវអាបត្ដិបាចិត្ដិយ​គ្រប់ៗ វាចា។

[២១៤] ឧបសម្បន្នភិក្ខុ ប្រាថ្នាដើម្បីជេរ ប្រាថ្នាដើម្បីប្រទេច ប្រាថ្នាដើម្បី​បង្អាប់​បង្អោន ចំពោះឧបសម្បន្នភិក្ខុផងគ្នា ពោលសំដៅសិល្បសាស្ដ្រដ៏ខ្ពង់ខ្ពស់ ដោយ​ពាក្យ​ថោកទាប គឺថា ពោលសំដៅឧបសម្បន្ន ជាអ្នករាប់ដៃទទេ អ្នករាប់ដោយវិធីនព្វន្ដ អ្នក​សរសេអក្សរ (នាយស្មេរ) ដោយពាក្យថា លោកជាជាងត្បាញផែង លោកជាស្មូនឆ្នាំង លោក​ជាជាង​ដម្បាញ លោកជាអ្នកធ្វើស្បែក លោកជាខ្មាន់ព្រះកេស ត្រូវអាបត្ដិ​បាចិត្ដិយគ្រប់ ៗ វាចា។

[២១៥] ឧបសម្បន្នភិក្ខុ ប្រាថ្នាដើម្បីជេរ ប្រាថ្នាដើម្បីប្រទេច ប្រាថ្នាដើម្បី​បង្អាប់​បង្អោន ចំពោះឧបសម្បន្នភិក្ខុផងគ្នា ពោលសំដៅសិល្បសាស្ដ្រថោកទាប ដោយពាក្យដ៏ខ្ពង់ខ្ពស់ គឺថា​ពោលសំដៅឧបសម្បន្ន ជាជាងត្បាញផែង ស្មូនឆ្នាំង ជាងដម្បាញ អ្នកធ្វើស្បែក ខ្មាន់ព្រះកេស ដោយពាក្យថា លោកជាអ្នករាប់ដោយដៃទទេ លោកជាអ្នករាប់ដោយ​វិធី​នព្វន្ដ លោកជាអ្នកសរសេរអក្សរ (នាយស្មេរ) ត្រូវអាបត្ដិបាចិត្ដិយគ្រប់ៗ វាចា។

[២១៦] ឧបសម្បន្នភិក្ខុ ប្រាថ្នាដើម្បីជេរ ប្រាថ្នាដើម្បីប្រទេច ប្រាថ្នាដើម្បី​បង្អាប់បង្អោន ចំពោះឧបសម្បន្នភិក្ខុផងគា្ន ពោលសំដៅសិល្បសាស្ដ្រដ៏ខ្ពង់ខ្ពស់ ដោយពាក្យ​ដ៏​ខ្ពង់ខ្ពស់ គឺថាពោលសំដៅឧបសម្បន្ន ជាអ្នករាប់ដោយដៃទទេ អ្នករាប់ដោយវិធីនព្វន្ដ អ្នកសរសេរ អក្សរ (នាយស្មេរ) ដោយពាក្យថា លោកជាអ្នករាប់ដោយដៃទទេ លោកជាអ្នករាប់​ដោយ​វិធី​នព្វន្ដ លោកជាអ្នកសរសេរអក្សរ (នាយស្មេរ) ត្រូវអាបត្ដិបាចិត្ដិយគ្រប់ៗ វាចា។

[២១៧] ឧបសម្បន្នភិក្ខុ ប្រាថ្នាដើម្បីជេរ ប្រាថ្នាដើម្បីប្រទេច ប្រាថ្នាដើម្បី​បង្អាប់បង្អោន ចំពោះឧបសម្បន្នភិក្ខុផងគ្នា ពោលសំដៅអាពាធថោកទាប ដោយ​ពាក្យដ៏ថោកទាប គឺថាពោលសំដៅឧបសម្បន្នបុគ្គលដែលកើតឃ្លង់ បូស ស្រែង រោគរីងរៃ ឆ្កួតជ្រូក ដោយ​ពាក្យ ថា លោកជាមនុស្សឃ្លង់ លោកជាមនុស្សកើតបូស លោកជាមនុស្សសម្រែង លោក​ជា​មនុស្សកើតរោគរីងរៃ លោកជាមនុស្សឆ្កួតជ្រូក ត្រូវអាបត្ដិបាចិត្ដិយគ្រប់ ៗ វាចា។

[២១៨] ឧបសម្បន្នភិក្ខុ ប្រាថ្នាដើម្បីជេរ ប្រាថ្នាដើម្បីប្រទេច ប្រាថ្នាដើម្បីបង្អាប់បង្អោន ចំពោះឧបសម្បន្នភិក្ខុផងគ្នា ពោលសំដៅអាពាធដ៏ខ្ពង់ខ្ពស់ (អាពាធស្រាល) ដោយពាក្យ​ដ៏​ថោកទាប គឺថាពោលសំដៅ​ឧបសម្បន្នបុគ្គល​ដែលមាន​អាពាធ​ទឹកនោមផ្អែម (កើត​ប្រមេះ​ផ្អែម​មាត់) ដោយពាក្យថា លោកជាមនុស្សឃ្លង់ លោកជា​មនុស្សកើតបូស លោក ជាមនុស្សកើតស្រែង លោកជាមនុស្សកើតរោគរីងរៃ លោក​ជាមនុស្សឆ្កួតជ្រូក ត្រូវអាបត្ដិ​បាចិត្ដិយគ្រប់ៗវាចា។

[២១៩] ឧបសម្បន្នភិក្ខុ ប្រាថ្នាដើម្បីជេរ ប្រាថ្នាដើម្បីប្រទេច ប្រាថ្នាដើម្បីបង្អាប់បង្អោន ចំពោះឧបសម្បន្នភិក្ខុផងគ្នា ពោលសំដៅអាពាធថោកទាប ដោយពាក្យ ខ្ពង់ខ្ពស់ គឺថា​ពោលសំដៅឧបសម្បន្នភិក្ខុ ដែលជាមនុស្សឃ្លង់ មនុស្សកើតបូស មនុស្ស​កើត​ស្រែង មនុស្សកើតរោគរីងរៃ មនុស្សឆ្កួតជ្រូក ដោយពាក្យថា លោកជាមនុស្សមានអាពាធ ទឹក​នោមផ្អែម ត្រូវអាបត្ដិបាចិត្ដិយគ្រប់ៗ វាចា។

[២២០] ឧបសម្បន្នភិក្ខុ ប្រាថ្នាដើម្បីជេរ ប្រាថ្នាដើម្បីប្រទេច ប្រាថ្នាដើម្បី​បង្អាប់​បង្អោន ចំពោះឧបសម្បន្នភិក្ខុផងគ្នា ពោលសំដៅអាពាធខ្ពង់ខ្ពស់ ដោយពាក្យខ្ពង់ខ្ពស់ គឺថា​ពោល​សំដៅឧបសម្បន្នបុគ្គលដែលជាអ្នកមានអាពាធទឹកនោមផ្អែម ដោយពាក្យថា លោក​ជា​មនុស្សមានអាពាធទឹកនោមផ្អែម ត្រូវអាបត្ដិបាចិត្ដិយគ្រប់ៗវាចា។

[២២១] ឧបសម្បន្នភិក្ខុ ប្រាថ្នាដើម្បីជេរ ប្រាថ្នាដើម្បីប្រទេច ប្រាថ្នាដើម្បី​បង្អាប់​បង្អោន ចំពោះ​ឧបសម្បន្នភិក្ខុផងគ្នា ពោលសំដៅភេទថោកទាប ដោយពាក្យថោកទាប គឺថា​ពោល​​សំដៅឧបសម្បន្នភិក្ខុដែលខ្ពស់ពេក ទាបពេក ខ្មៅពេក សពេក ដោយពាក្យថា លោក ខ្ពស់ពេក លោកទាបពេក លោកខ្មៅពេក លោកសពេក ត្រូវអាបត្ដិបាចិត្ដិយគ្រប់ៗ វាចា។

[២២២] ឧបសម្បន្នភិក្ខុ ប្រាថ្នាដើម្បីជេរ ប្រាថា្នដើម្បីប្រទេច ប្រាថ្នាដើម្បី​បង្អាប់​បង្អោន ចំពោះឧបសម្បន្នភិក្ខុផងគ្នា ពោលសំដៅភេទដ៏ខ្ពង់ខ្ពស់ ដោយពាក្យថោកទាប គឺថា​ពោលសំដៅឧបសម្បន្នភិក្ខុដែលមិនខ្ពស់ពេក មិនទាបពេក មិនខ្មៅពេក មិនសពេក ដោយ ពាក្យថា លោកខ្ពស់ពេក លោកទាបពេក លោកខ្មៅពេក លោកសពេក ត្រូវ​អាបត្ដិបាចិត្ដិយគ្រប់ៗ វាចា។

[២២៣] ឧបសម្បន្នភិក្ខុ ប្រាថ្នាដើម្បីជេរ ប្រាថ្នាដើម្បីប្រទេច ប្រាថ្នាដើម្បី​បង្អាប់​បង្អោន ចំពោះឧបសម្បន្នភិក្ខុផងគ្នា ក៏ពោលសំដៅភេទថោកទាប ដោយ​ពាក្យខ្ពង់ខ្ពស់ គឺថា​ពោល​សំដៅឧបសម្បន្នភិក្ខុដែលខ្ពស់ពេក ទាបពេក ខ្មៅពេក សពេក ដោយ​ពាក្យថា លោកមិនខ្ពស់ពេក លោកមិនទាបពេក លោកមិនខ្មៅពេក លោកមិនសពេក ត្រូវអាបត្ដិ បាចិត្ដិយគ្រប់ៗ វាចា។

[២២៤] ឧបសម្បន្នភិក្ខុ ប្រាថ្នាដើម្បីជេរ ប្រាថា្នដើម្បីប្រទេច ប្រាថ្នាដើម្បី​បង្អាប់បង្អោន ចំពោះឧបសម្បន្នភិក្ខុផងគ្នា ក៏ពោលសំដៅភេទដ៏ខ្ពងខ្ពស់ ដោយ​ពាក្យខ្ពង់ខ្ពស់ គឺថា​ពោលសំដៅឧបសម្បន្នភិក្ខុដែលមិនខ្ពស់ពេក មិនទាបពេក មិនខ្មៅពេក មិនសពេក ដោយពាក្យថា លោកមិនខ្ពស់ពេក លោកមិនទាបពេក លោកមិនខ្មៅពេក លោកមិន សពេក ត្រូវអាបត្ដិបាចិត្ដិយគ្រប់ៗ វាចា។

[២២៥] ឧបសម្បន្នភិក្ខុ ប្រាថ្នាដើម្បីជេរ ប្រាថ្នាដើម្បីប្រទេច ប្រាថ្នាដើម្បីបង្អាប់បង្អោន ចំពោះឧបសម្បន្នភិក្ខុផងគ្នា ក៏ពោលសំដៅកិលេសដែលជាធម៌ដ៏ថោកទាប ដោយពាក្យ​ដ៏​ថោកទាប គឺថាពោលសំដៅឧបសម្បន្នភិក្ខុដែលរាគៈគ្របសង្កត់ហើយ ទោសៈគ្រប​សង្កត់ហើយ មោហៈគ្របសង្កត់ហើយ ដោយពាក្យថា លោកត្រូវ​រាគៈ គ្រប​សង្កត់​ហើយ លោកត្រូវទោសៈគ្របសង្កត់ហើយ លោកត្រូវមោហៈគ្របសង្កត់ហើយ ត្រូវអាបត្ដិ​បាចិត្ដិយ​គ្រប់ៗវាចា។

[២២៦] ឧបសម្បន្នភិក្ខុ ប្រាថ្នាដើម្បីជេរ ប្រាថ្នាដើម្បីប្រទេច ប្រាថ្នាដើម្បីបង្អាប់បង្អោន ចំពោះឧបសម្បន្នភិក្ខុផងគ្នា ក៏ពោលសំដៅកិលេសដ៏ខ្ពង់ខ្ពស់ ដោយពាក្យថោកទាប គឺថាពោលសំដៅឧបសម្បន្នភិក្ខុដែលប្រាសចាករាគៈ ប្រាសចាកទោសៈ ប្រាសចាក​មោហៈ ដោយពាក្យថា លោកត្រូវរាគៈគ្របសង្កត់ហើយ លោកត្រូវទោសៈគ្រប សង្កត់​ហើយ លោកត្រូវមោហៈគ្របសង្កត់ហើយ ត្រូវអាបត្ដិបាចិត្ដិយគ្រប់ៗ វាចា។

[២២៧] ឧបសម្បន្នភិក្ខុ ប្រាថ្នាដើម្បីជេរ ប្រាថ្នាដើម្បីប្រទេច ប្រាថ្នាដើម្បី​បង្អាប់​បង្អោន​ចំពោះឧបសម្បន្នភិក្ខុផងគ្នា ក៏ពោលសំដៅកិលេសដែលជាធម៌ដ៏ថោកទាប ដោយ​ពាក្យ​ខ្ពង់ខ្ពស់ គឺថាពោលសំដៅឧបសម្បន្នភិក្ខុ ដែលត្រូវរាគៈ គ្របសង្កត់ហើយ ត្រូវទោសៈ​គ្របសង្កត់ហើយ ត្រូវមោហៈគ្របសង្កត់ហើយ ដោយពាក្យថា លោកប្រាសចាក រាគៈ លោកប្រាសចាកទោសៈ លោកប្រាសចាកមោហៈ ត្រូវអាបត្ដិបាចិត្ដិយគ្រប់ៗ វាចា។

[២២៨] ឧបសម្បន្នភិក្ខ្ខុ ប្រាថ្នាដើម្បីជេរ ប្រាថ្នាដើម្បីប្រទេច ប្រាថ្នាដើម្បីបង្អាប់បង្អោន ចំពោះ​ឧបសម្បន្នភិក្ខុផងគ្នា ក៏ពោលសំដៅធម៌ដ៏ខ្ពង់ខ្ពស់ ដោយពាក្យដ៏ខ្ពង់ខ្ពស់ គឺថា​ពោល​សំដៅ​ឧបសម្បន្នភិក្ខុដែល ប្រាសចាករាគៈ ប្រាសចាកទោសៈ ប្រាសចាកមោហៈ ដោយ​ពាក្យ​ថា លោកប្រាសចាករាគៈ លោកប្រាសចាកទោសៈ លោកប្រាសចាកមោហៈ ត្រូវអាបត្ដិ​បាចិត្ដិយគ្រប់ៗវាចា។

[២២៩] ឧបសម្បន្នភិក្ខុ ប្រាថ្នាដើម្បីជេរ ប្រាថ្នាដើម្បីប្រទេច ប្រាថ្នាដើម្បីបង្អាប់បង្អោន ចំពោះឧបសម្បន្នភិក្ខុផងគ្នា ក៏ពោលសំដៅភិក្ខុដ៏ថោកទាប ដោយពាក្យថោកទាប គឺថា​ពោលសំដៅឧបសម្បន្នភិក្ខុដែលត្រូវអាបត្ដិបារាជិក ត្រូវអាបត្ដិសង្ឃាទិសេស ត្រូវអាបត្ដិ​ថុល្លច្ច័យ ត្រូវអាបត្ដិបាចិត្ដិយ ត្រូវអាបត្ដិបាដិទេសនីយ ត្រូវអាបត្ដិទុក្កដ ត្រូវអាបត្ដិ​ទុញ្ភសិត ដោយ​ពាក្យ​ថា លោកត្រូវអាបត្ដិបារាជិក លោកត្រូវអាបត្ដិសង្ឃាទិសេស លោក​ត្រូវអាបត្ដិថុល្លច្ច័យ លោកត្រូវអាបត្ដិបាចិត្ដិយ លោកត្រូវអាបត្ដិបាដិទេសនីយ លោកត្រូវ​អាបត្ដិទុក្កដ លោក ត្រូវអាបត្ដិទុញ្ភសិត ភិក្ខុនោះត្រូវអាបត្ដិបាចិត្ដិយគ្រប់ៗវាចា។

[២៣០] ឧបសម្បន្នភិក្ខុ ប្រាថ្នាដើម្បីជេរ ប្រាថ្នាដើម្បីប្រទេច ប្រាថ្នាដើម្បីបង្អាប់បង្អោន ចំពោះឧបសម្បន្នភិក្ខុផងគ្នា ក៏ពោលសំដៅភិក្ខុដ៏ខ្ពង់ខ្ពស់ ដោយពាក្យថោកទាប គឺថា​ពោល​សំដៅឧបសម្បន្នភិក្ខុដែលជាសោតាបន្ន ដោយពាក្យថា លោក ត្រូវអាបត្ដិ​បារាជិក។ បេ។ លោកត្រូវអាបត្ដិទុញ្ភសិត ភិក្ខុនោះត្រូវអាបត្ដិបាចិត្ដិយគ្រប់ៗវាចា។

[២៣១] ឧបសម្បន្នភិក្ខុ ប្រាថ្នាដើម្បីជេរ ប្រាថ្នាដើម្បីប្រទេច ប្រាថ្នាដើម្បីបង្អាប់បង្អោន ចំពោះឧបសម្បន្នភិក្ខុផងគ្នា ក៏ពោលសំដៅភិក្ខុដ៏ថោកទាប ដោយពាក្យដ៏ខ្ពង់ខ្ពស់ គឺថា​ពោលសំដៅឧបសម្បន្នភិក្ខុដែលត្រូវអាបត្ដិបារាជិក។បេ។ ត្រូវអាបត្ដិទុញ្ភសិត ដោយ​ពាក្យ​ថា លោកជាសោតាបន្នបុគ្គល ភិក្ខុនោះត្រូវអាបត្ដិបាចិត្ដិយគ្រប់ៗវាចា។

[២៣២] ឧបសម្បន្នភិក្ខុ ប្រាថ្នាដើម្បីជេរ ប្រាថ្នាដើម្បីប្រទេច ប្រាថ្នាដើម្បីបង្អាប់បង្អោន ចំពោះឧបសម្បន្នភិក្ខុផងគ្នា ក៏ពោលសំដៅភិក្ខុដ៏ខ្ពង់ខ្ពស់ ដោយពាក្យខ្ពង់ខ្ពស់ គឺថាពោល​សំដៅឧបសម្បន្នភិក្ខុដែលជាសោតាបន្ន ដោយពាក្យថា លោកជាសោតាបន្នបុគ្គល ភិក្ខុ​នោះ​ត្រូវអាបត្ដិបាចិត្ដិយគ្រប់ៗ វាចា។

[២៣៣] ឧបសម្បន្នភិក្ខុ ប្រាថ្នាដើម្បីជេរ ប្រាថា្នដើម្បីប្រទេច ប្រាថ្នា​ដើម្បីបង្អាប់បង្អោន ចំពោះឧបសម្បន្នភិក្ខុផងគ្នា ក៏ពោលសំដៅភិក្ខុដ៏ថោកទាប ដោយពាក្យថោកទាប គឺថា​ពោលសំដៅសត្វឱដ្ឋ សត្វពពែ សត្វគោ សត្វលា សត្វតិរច្ឆាន សត្វនរក ដោយពាក្យថា លោកជាសត្វឱដ្ឋ លោកជាសត្វពពែ លោកជាសត្វគោ លោកជាសត្វលា លោកជា​សត្វតិរច្ឆាន លោកជាសត្វនរក លោកមិនមានគតិល្អទេ លោកមានតែគតិអាក្រក់ម្យ៉ាង ភិក្ខុនោះត្រូវអាបត្ដិ​បាចិត្ដិយគ្រប់ៗវាចា។

[២៣៤] ឧបសម្បន្នភិក្ខុ ប្រាថ្នាដើម្បីជេរ ប្រាថ្នាដើម្បីប្រទេច ប្រាថ្នា​ដើម្បីបង្អាប់បង្អោន ចំពោះឧបសម្បន្នភិក្ខុផងគ្នា ក៏ពោលសំដៅភិក្ខុដ៏ខ្ពង់ខ្ពស់ ដោយពាក្យថោកទាប គឺថា​ពោលសំដៅឧបសម្បន្នភិក្ខុដែលជាបណ្ឌិត ជាអ្នកឈ្លាស ជាអ្នកប្រាជ្ញ ជាពហុស្សូត ជាធម្មកថិក ដោយពាក្យថា លោកជាសត្វឱដ្ឋ លោកជាសត្វពពែ លោកជាសត្វគោ លោកជាសត្វលា លោកជាសត្វតិរច្ឆាន លោកជាសត្វនរក លោកគ្មានគតិល្អទេ លោក​មានតែគតិអាក្រក់ម្យ៉ាង ភិក្ខុនោះត្រូវអាបត្ដិបាចិត្ដិយគ្រប់ៗវាចា។

[២៣៥] ឧបសម្បន្នភិក្ខុ ប្រាថ្នាដើម្បីជេរ ប្រាថ្នាដើម្បីប្រទេច ប្រាថ្នា​ដើម្បីបង្អាប់បង្អោន ចំពោះឧបសម្បន្នភិក្ខុផងគ្នា ក៏ពោលសំដៅភិក្ខុដ៏ថោកទាប ដោយពាក្យខ្ពង់ខ្ពស់ គឺថា​ពោលសំដៅសត្វឱដ្ឋ សត្វពពែ សត្វគោ សត្វលា សត្វតិរច្ឆាន សត្វនរក ដោយពាក្យថា លោកជាបណ្ឌិត លោកជាមនុស្សឈ្លាស លោកជាអ្នកប្រាជ្ញ លោកជាពហុស្សូត លោក​ជាធម្មកថិក លោកគ្មានគតិអាក្រក់ទេ លោកមានគតិល្អតែម្យ៉ាង ភិក្ខុនោះត្រូវអាបត្ដិ​បាចិត្ដិយ​គ្រប់ៗវាចា។

[២៣៦] ឧបសម្បន្នភិក្ខុ ប្រាថ្នាដើម្បីជេរ ប្រាថ្នាដើម្បីប្រទេច ប្រាថ្នាដើម្បីបង្អាប់បង្អោន ចំពោះឧបសម្បន្នភិក្ខុផងគ្នា ក៏ពោលសំដៅភិក្ខុដ៏ខ្ពង់ខ្ពស់ ដោយពាក្យខ្ពង់ខ្ពស់ គឺថា​ពោលសំដៅឧបសម្បន្នភិក្ខុដែលជាបណ្ឌិត ជាអ្នកឈ្លាស ជាអ្នកប្រាជ្ញ ជាពហុស្សូត ជាធម្មកថិក ដោយពាក្យថា លោកជាបណ្ឌិត លោកជាមនុស្សឈ្លាស លោកជាអ្នកប្រាជ្ញ លោកជាពហុស្សូត លោកជាធម្មកថិក លោកគ្មានគតិអាក្រក់ទេ លោកមាន​តែ​គតិល្អ​ម្យ៉ាង ភិក្ខុនោះត្រូវអាបត្ដិបាចិត្ដិយគ្រប់ៗ វាចា។

[២៣៧] ឧបសម្បន្នភិក្ខុ ប្រាថ្នាដើម្បីជេរ ប្រាថ្នាដើម្បីប្រទេច ប្រាថ្នា​ដើម្បីបង្អាប់បង្អោន ចំពោះឧបសម្បន្នភិក្ខុផងគ្នា ក៏ពោលយ៉ាងនេះ គឺនិយាយថា ក្នុងលោកនេះ មាន​មនុស្ស​ពួក​ខ្លះ​ជាចណ្ឌាល ជាជាងត្បាញផែង ជាអ្នកនេសាទ ជាជាងធ្វើរទេះ ជាអ្នកចោល​សម្រាម ភិក្ខុនោះត្រូវអាបត្ដិទុក្កដគ្រប់ៗ វាចា។

[២៣៨] ឧបសម្បន្នភិក្ខុ ប្រាថ្នាដើម្បីជេរ ប្រាថ្នាដើម្បីប្រទេច ប្រាថ្នាដើម្បីបង្អាប់បង្អោន ចំពោះឧបសម្បន្នភិក្ខុផងគ្នា ក៏ពោលយ៉ាងនេះថា ក្នុងលោកនេះ មានមនុស្សពួកខ្លះ ជា​ក្សត្រិយ៍ ជាព្រាហ្មណ៍ ភិក្ខុនោះត្រូវអាបត្ដិទុក្កដគ្រប់ ៗ វាចា។

[២៣៩] ឧបសម្បន្នភិក្ខុ ប្រាថ្នាដើម្បជេរ ប្រាថ្នាដើម្បីប្រទេច ប្រាថ្នាដើម្បីបង្អាប់បង្អោន ចំពោះឧបសម្បន្នភិក្ខុផងគ្នា ក៏ពោលយ៉ាងនេះថា ក្នុងលោកនេះ មានមនុស្សពួកខ្លះ ឈ្មោះអវកណ្ណក ឈ្មោះជវកណ្ណក ឈ្មោះធនិដ្ឋក ឈ្មោះសវិដ្ឋក ឈ្មោះកុលវឌ្ឍក ភិក្ខុនោះត្រូវអាបត្ដិទុក្កដគ្រប់ៗ វាចា។ បេ។ ថា ក្នុងលោកនេះ មានមនុស្សពួកខ្លះ ឈ្មោះ​ពុទ្ធរក្ខិត ធម្មរក្ខិត សង្ឃរក្ខិត ភិក្ខុនោះត្រូវអាបត្ដិទុក្កដគ្រប់ៗវាចា។បេ។ ថា ក្នុងលោកនេះ មានមនុស្សពួកខ្លះ ជាកោសិយគោត្ដ ជាភារទ្វាជគោត្ដ។ បេ។ ថា ក្នុងលោកនេះ មាន​មនុស្សពួកខ្លះ ជាគោតមគោត្ដ ជាមោគ្គល្លានគោត្ដ ជាកច្ចាយនគោត្ដ ជាវាសេដ្ឋគោត្ដ។ បេ។ ថា ក្នុងលោកនេះ មានមនុស្សពួកខ្លះ ជាជាងចាំង ជាអ្នកចោលផ្កា។ បេ។ ថា ក្នុង​លោកនេះ មានមនុស្សពួកខ្លះ ជាអ្នកភ្ជួររាស់ ជាឈ្មួញ ជាអ្នករក្សាគោ។ បេ។ ថាក្នុងលោកនេះ មានមនុស្សពួកខ្លះ ជាជាងត្បាញផែងបបុស ជាស្មូនឆ្នាំង ជាជាង​ដម្បាញ ជាអ្នកធ្វើស្បែក ជាខ្មាន់ ព្រះកេស។ បេ។ ថា ក្នុងលោកនេះ មានមនុស្សពួកខ្លះ ជាអ្នករាប់ដៃទទេ ជាអ្នករាប់ដោយវិធីនព្វន្ដ ជាអ្នកសរសេរអក្សរ (ស្មេរ)។ បេ។ ថា ក្នុងលោកនេះ មានមនុស្សពួកខ្លះ ជាមនុស្សគំលង់ ជាមនុស្សកើតបូស ជាមនុស្សសម្រែង ជាមនុស្សកើត រោគរីងរៃ ជាមនុស្សឆ្កួតជ្រូក។បេ។ ថា ក្នុងលោកនេះ មានមនុស្សពួកខ្លះ កើតរោគប្រមេះទឹកនោមផ្អែម។ បេ។ ថា ក្នុងលោកនេះ មានមនុស្សពួកខ្លះ ខ្ពស់ពេក ទាបពេក ខ្មៅពេក សពេក។ បេ។ ថា ក្នុងលោកនេះ មានមនុស្សពួកខ្លះ មិនខ្ពស់ពេក មិនទាបពេក មិនខ្មៅ ពេក មិនសពេក។ បេ។ ថា ក្នុងលោកនេះ មានមនុស្សពួកខ្លះ ត្រូវរាគៈ គ្របសង្កត់ ត្រូវទោសៈគ្របសង្កត់ ត្រូវមោហៈគ្របសង្កត់។បេ។ ថា ក្នុងលោក​នេះ មានមនុស្សពួកខ្លះ ប្រាសចាករាគៈ ប្រាសចាកទោសៈ ប្រាសចាកមោហៈ។បេ។ ថា ក្នុងលោកនេះ មានមនុស្សពួកខ្លះ ត្រូវអាបត្ដិបារាជិក។ បេ។ ត្រូវអាបត្ដិទុញ្ភសិត។ បេ។ ថាក្នុងលោកនេះ មានមនុស្សពួកខ្លះ ជាសោតាបន្នបុគ្គល។ បេ។ ថា ក្នុងលោកនេះ មានមនុស្សពួកខ្លះ ជាសត្វឱដ្ឋ សត្វពពែ សត្វគោ សត្វលា សត្វតិរច្ឆាន សត្វនរក មនុស្សទាំងនោះគ្មានគតិល្អទេ មនុស្ស ទាំងនោះមានតែគតិអាក្រក់ម្យ៉ាង ភិក្ខុនោះ ត្រូវ​អាបត្ដិទុក្កដគ្រប់ៗ វាចា។

[២៤០] ឧបសម្បន្នភិក្ខុ ចង់ជេរ ចង់ប្រទេច ចង់បង្អាប់បង្អោន ចំពោះឧបសម្បន្នភិក្ខុផងគ្នា ក៏ពោលយ៉ាងនេះថា ក្នុងលោកនេះ មានមនុស្សពួកខ្លះ ជាបណ្ឌិត ជាអ្នកឈ្លាស ជាអ្នក​ប្រាជ្ញ ជាពហុស្សូត ជាធម្មកថិក ជនទាំងនោះគ្មានគតិអាក្រក់ទេ មនុស្សទាំងនោះ​មាន​តែ​គតិ ល្អម្យ៉ាង ភិក្ខុនោះត្រូវអាបត្ដិទុក្កដគ្រប់ៗ វាចា។

[២៤១] ឧបសម្បន្នភិក្ខុ ចង់ជេរ ចង់ប្រទេច ចង់បង្អាប់បង្អោន ចំពោះឧបសម្បន្នភិក្ខុផងគ្នា ក៏ពោលយ៉ាងនេះថា មនុស្សទាំងឡាយណាមួយ ជាចណ្ឌាល ជាជាងត្បាញផែងឫស្សី ជាអ្នកនេសាទ ជាជាងធ្វើរថ ជាអ្នកចោលសម្រាម ភិក្ខុនោះត្រូវអាបត្ដិទុក្កដគ្រប់ៗវាចា។ បេ។ ឧបសម្បន្នភិក្ខុ ចង់ជេរ ចង់ប្រទេច ចង់បង្អាប់បង្អោន ចំពោះឧបសម្បន្នភិក្ខុផងគ្នា ក៏ពោលយ៉ាងនេះថា មនុស្សទំាងឡាយណាមួយជាបណ្ឌិត ជាអ្នកឈ្លាស ជាអ្នកប្រាជ្ញ ជាពហុស្សូត ជាធម្មកថិក មនុស្សទាំងនោះគ្មានគតិអាក្រក់ មនុស្សទាំងនោះ មានតែគតិ​ល្អម្យ៉ាងទេ ភិក្ខុនោះត្រូវអាបត្ដិទុក្កដគ្រប់ៗវាចា។

[២៤២] ឧបសម្បន្នភិក្ខុ ចង់ជេរ ចង់ប្រទេច ចង់បង្អាប់បង្អោនចំពោះ​ឧបសម្បន្នភិក្ខុផងគ្នា ក៏ពោលយ៉ាងនេះថា យើងទាំងឡាយមិនមែនជាចណ្ឌាល មិនមែនជាងត្បាញផែងឫស្សី មិនមែនអ្នកនេសាទ មិនមែនជាជាងធ្វើរថ មិនមែនអ្នកចោលសម្រាម។ បេ។ ថា យើង ទាំងឡាយមិនមែនជាបណ្ឌិត មិនមែនជាអ្នកឈ្លាស មិនមែនជាអ្នកប្រាជ្ញ មិនមែនជា​ពហុស្សូត មិនមែនជាធម្មកថិក ដំណើរអាក្រក់មិនមានដល់ យើងទាំងឡាយទេ ដំណើរ​ល្អតែម្យ៉ាង ប្រាកដដល់យើងទាំងឡាយ ភិក្ខុនោះត្រូវអាបត្ដិទុក្កដគ្រប់ ៗ វាចា។

[២៤៣] ឧបសម្បន្នភិក្ខុចង់ជេរ ចង់ប្រទេច ចង់បង្អាប់បង្អោនចំពោះអនុបសម្បន្ន [បាន​ដល់សិក្ខមានា សាមណេរ សាមណេរី និងគ្រហស្ថ។] បុគ្គល ក៏ពោលសំដៅ​បុគ្គល​ដ៏ថោកទាប ដោយពាក្យដ៏ថោកទាប។បេ។ ពោលសំដៅបុគ្គលដ៏ខ្ពង់ខ្ពស់ ដោយពាក្យ​ដ៏ថោកទាប។ បេ។ ពោលសំដៅបុគ្គលដ៏ថោកទាប ដោយ ពាក្យដ៏ខ្ពង់ខ្ពស់។ បេ។ ពោលសំដៅបុគ្គលដ៏ខ្ពង់ខ្ពស់ ដោយពាក្យដ៏ខ្ពង់ខ្ពស់ គឺនិយាយសំដៅអនុបសម្បន្នបុគ្គល ជាបណ្ឌិត ជាអ្នកឈ្លាស ជាអ្នកប្រាជ្ញ ជាពហុស្សូត ជាធម្មកថិក ដោយពាក្យថា អ្នកឯងជា បណ្ឌិត អ្នកឯងជាអ្នកឈ្លាស អ្នកឯងជាអ្នកប្រាជ្ញ អ្នកឯងជាពហុស្សូត អ្នកឯងជា​ធម្មកថិក ដំណើរអាក្រក់មិនមានដល់អ្នកឯងទេ ដំណើរល្អតែម្យ៉ាងប្រាកដដល់អ្នកឯង ភិក្ខុ​នោះ​ត្រូវអាបត្ដិទុក្កដគ្រប់ៗ វាចា។

[២៤៤] ឧបសម្បន្នភិក្ខុ ចង់ជេរ ចង់ប្រទេច ចង់បង្អាប់បង្អោនចំពោះអនុបសម្បន្ន​បុគ្គល ក៏ពោលយ៉ាងនេះថា ក្នុងលោកនេះ មានមនុស្សពួកខ្លះ ជាចណ្ឌាល ជាជាង​ត្បាញផែង​ឫស្សី ជាអ្នកនេសាទ ជាជាងធ្វើរថ ជាអ្នកចោលសម្រាម។ បេ។ ថា ក្នុងលោក​នេះ មាន មនុស្សពួកខ្លះ ជាបណ្ឌិត ជាមនុស្សឈ្លាស ជាអ្នកប្រាជ្ញ ជាពហុស្សូត ជា​ធម្មកថិក មនុស្សទាំងនោះគ្មានគតិអាក្រក់ទេ មនុស្សទាំងនោះមានតែគតិល្អម្យ៉ាង ភិក្ខុនោះត្រូវ​អាបត្ដិទុក្កដគ្រប់ៗ វាចា។

[២៤៥] ឧបសម្បន្នភិក្ខុ ចង់ជេរ ចង់ប្រទេច ចង់បង្អាប់បង្អោនចំពោះអនុបសម្បន្ន ហើយ​ពោលយ៉ាងនេះ គឺនិយាយថា មនុស្សទាំងឡាយណាមួយ ជាចណ្ឌាល ជាជាង​ត្បាញផែង​ឫស្សី ជាអ្នកនេសាទ ជាជាងធ្វើរថ ជាអ្នកចោលសម្រាម ត្រូវអាបត្ដិទុក្កដគ្រប់ ៗ វាចា។ បេ។ ថា មនុស្សទាំងឡាយណាមួយ ជាបណ្ឌិត ជាអ្នក ឈ្លាស ជាអ្នកប្រាជ្ញ ជាពហុស្សូត ជាធម្មកថិក ត្រូវអាបត្ដិទុក្កដគ្រប់ៗវាចា។ ឧបសម្បន្នភិក្ខុ ប្រាថ្នាដើម្បីជេរ ប្រាថ្នា​ដើម្បីប្រទេច ប្រាថ្នាដើម្បីបង្អាប់បង្អោន ចំពោះអនុបសម្បន្នបុគ្គល ក៏ពោលយ៉ាងនេះ ថា យើងទាំងឡាយមិនមែនជាចណ្ឌាល មិនមែនជាជាងត្បាញផែងឫស្សី មិនមែនជាអ្នក​នេសាទ មិនមែនជាជាងធ្វើរថ មិនមែនជាអ្នកចោល សម្រាម។ បេ។ ថា យើងទាំងឡាយ​មិនមែនជាបណ្ឌិត មិនមែនជាអ្នកឈ្លាស មិនមែនជាអ្នកប្រាជ្ញ មិនមែនជាពហុស្សូត មិនមែនជាធម្មកថិក ដំណើរអាក្រក់មិនមានដល់យើងទាំងឡាយ ដំណើរល្អតែម្យ៉ាង​ប្រាកដ​ដល់យើងទាំងឡាយ ត្រូវអាបត្ដិទុក្កដគ្រប់ៗ វាចា។

[២៤៦] ឧបសម្បន្នភិក្ខុ មិនប្រាថ្នាដើម្បីជេរ មិនប្រាថា្នដើម្បីប្រទេច មិនប្រាថ្នា​ដើម្បី​បង្អាប់​បង្អោន ចំពោះឧបសម្បន្នភិក្ខុផងគ្នា ប្រាថ្នាតែនិយាយលេង ក៏ពោលសំដៅ​បុគ្គល​ដ៏​ថោកទាប ដោយពាក្យដ៏ថោកទាប ក៏ពោលសំដៅបុគ្គលជាមនុស្សចណ្ឌាល ជាជាង​ត្បាញផែងឫស្សី ជាអ្នកនេសាទ ជាជាងធ្វើរថ ជាអ្នកចោលសម្រាម ដោយពាក្យថា លោកជាចណ្ឌាល លោកជាជាងត្បាញផែងឫស្សី លោកជាអ្នកនេសាទ លោកជា​ជាង​ធ្វើរថ លោកជាអ្នកចោលសម្រាម ត្រូវអាបត្ដិទុញ្ភសិតគ្រប់ៗ វាចា។ ឧបសម្បន្នភិក្ខុ មិនប្រាថ្នាដើម្បីជេរ មិនប្រាថ្នាដើម្បីប្រទេច មិនប្រាថ្នាដើម្បីបង្អាប់បង្អោន ចំពោះ​ឧបសម្បន្ន ភិក្ខុផងគ្នា ប្រាថ្នាតែនិយាយលេង ក៏ពោលសំដៅបុគ្គលដ៏ខ្ពង់ខ្ពស់ ដោយ​ពាក្យ​ដ៏ថោកទាប គឺនិយាយសំដៅឧបសម្បន្នភិក្ខុដែលជាជាតិក្សត្រ ជាតិព្រាហ្មណ៍ ដោយ​ពាក្យថា លោកជាចណ្ឌាល លោកជាជាងត្បាញផែងឫស្សី លោកជាអ្នកនេសាទ លោក​ជាជាងធ្វើរថ លោកជាអ្នកចោលសម្រាម ត្រូវអាបត្ដិទុញ្ភសិតគ្រប់ៗ វាចា។ ឧបសម្បន្នភិក្ខុ មិនប្រាថ្នាដើម្បីជេរ មិនប្រាថ្នាដើម្បីប្រទេច មិនប្រាថ្នាដើម្បីបង្អាប់ បង្អោន ចំពោះឧបសម្បន្នភិក្ខុផងគ្នា ប្រាថ្នាតែនិយាយលេង ក៏ពោល សំដៅបុគ្គលថោកទាប ដោយពាក្យខ្ពង់ខ្ពស់ គឺថានិយាយសំដៅឧបសម្បន្នភិក្ខុជាចណ្ឌាល ជាជាងត្បាញផែង ជាអ្នកនេសាទ ជាជាងធ្វើរថ អ្នកចោលសម្រាម ដោយពាក្យថា លោកជាក្សត្រ លោក​ជាព្រាហ្មណ៍ ត្រូវអាបត្ដិទុញ្ភសិតគ្រប់ៗ វាចា។ ឧបសម្បន្នភិក្ខុ មិនប្រាថ្នាដើម្បីជេរ មិនប្រាថ្នាដើម្បីប្រទេច មិនប្រាថ្នាដើម្បីបង្អាប់បង្អោន ចំពោះឧបសម្បន្នភិក្ខុផងគ្នា ប្រាថ្នា​តែនិយាយលេង ក៏ពោលសំដៅបុគ្គលដ៏ខ្ពងខ្ពស់ ដោយពាក្យដ៏ខ្ពង់ខ្ពស់ គឺនិយាយ​សំដៅ​ឧបសម្បន្នភិក្ខុដែលជាក្សត្រ ជាព្រាហ្មណ៍ ដោយពាក្យថា លោកជាក្សត្រ លោកជា​ព្រាហ្មណ៍ ត្រូវអាបត្ដិទុញ្ភសិតគ្រប់ៗ វាចា។ បេ។ ឧបសម្បន្នភិក្ខុមិនប្រាថ្នាដើម្បីជេរ មិនប្រាថ្នាដើម្បីប្រទេច មិនប្រាថា្នដើម្បីបង្អាប់បង្អោន ចំពោះឧបសម្បន្នភិក្ខុផងគ្នា ប្រាថ្នា​តែ​និយាយលេង ក៏ពោលសំដៅបុគ្គលដ៏ថោកទាប ដោយពាក្យដ៏ថោកទាប។បេ។ ពោល​សំដៅបុគ្គលដ៏ខ្ពងខ្ពស់ ដោយពាក្យដ៏ថោកទាប។ បេ។ ពោលសំដៅបុគ្គលដ៏ថោកទាប ដោយពាក្យ ដ៏ខ្ពង់ខ្ពស់។ បេ។ ពោលសំដៅបុគ្គលដ៏ខ្ពង់ខ្ពស់ ដោយពាក្យដ៏ខ្ពង់ខ្ពស់ គឺ​និយាយសំដៅឧបសម្បន្នភិក្ខុដែលជាបណ្ឌិត ជាអ្នកឈ្លាស ជាអ្នកប្រាជ្ញ ជាពហុស្សូត ជាធម្មកថិក ដោយពាក្យថា លោកជាបណ្ឌិត លោកជាអ្នកឈ្លាស លោកជាអ្នកប្រាជ្ញ លោកជាពហុស្សូត លោកជាធម្មកថិក ដំណើរអាក្រក់​មិនមាន​ដល់លោក​ទេ ដំណើរ​ល្អតែ​ម្យ៉ាងប្រាកដដល់លោក ត្រូវអាបត្ដិទុញ្ភសិតគ្រប់ ៗ វាចា។

[២៤៧] ឧបសម្បន្នភិក្ខុ មិនប្រាថ្នាដើម្បីជេរ មិនប្រាថ្នាដើម្បីប្រទេច មិនប្រាថ្នាដើម្បី​បង្អាប់បង្អោន ចំពោះឧបសម្បន្នភិក្ខុផងគ្នា ប្រាថ្នាតែនិយាយលេង ក៏ពោលយ៉ានេះថា ក្នុងលោកនេះ មានមនុស្សពួកខ្លះជាចណ្ឌាល ជាជាងត្បាញផែងឫស្សី ជាអ្នកនេសាទ ជាជាងធ្វើរថ ជាអ្នកចោលសម្រាម។បេ។ ថា ក្នុងលោកនេះ មានមនុស្សពួកខ្លះជាបណ្ឌិត ជាអ្នកឈ្លាស ជាអ្នកប្រាជ្ញ ជាពហុស្សូត ជាធម្មកថិក មនុស្សទាំងនោះគ្មានគតិអាក្រក់ទេ មនុស្សទាំងនោះមានតែគតិល្អម្យ៉ាង ត្រូវអាបត្ដិទុញ្ភសិតគ្រប់ៗ វាចា។

[២៤៨] ឧបសម្បន្នភិក្ខុ មិនប្រាថ្នាដើម្បីជេរ មិនប្រាថ្នាដើម្បីប្រទេច មិនប្រាថ្នា​ដើម្បីបង្អាប់​បង្អោន ចំពោះឧបសម្បន្នភិក្ខុផងគ្នា ប្រាថ្នាតែនិយាយលេង ក៏ពោល​យ៉ាងនេះថា មនុស្ស​ទាំងឡាយណាមួយ ជាចណ្ឌាល ជាជាងត្បាញផែងឫស្សី ជាអ្នកនេសាទ ជាជាងធ្វើរថ ជាអ្នកចោលសម្រាម។ បេ។ ថា មនុស្សទាំងឡាយណាមួយជា​បណ្ឌិត ជាអ្នកឈ្លាស ជាអ្នកប្រាជ្ញ ជាពហុស្សូត ជាធម្មកថិក ត្រូវអាបត្ដិទុញ្ភសិតគ្រប់ៗ វាចា។

[២៤៩] ឧបសម្បន្នភិក្ខុ មិនប្រាថ្នាដើម្បីជេរ មិនប្រាថ្នាដើម្បីប្រទេច មិនប្រាថ្នា​ដើម្បី​បង្អាប់បង្អោន ចំពោះឧបសម្បន្នភិក្ខុផងគ្នា ប្រាថ្នាតែនិយាយលេង ក៏ពោលយ៉ាងនេះថា យើង​ទាំងឡាយមិនមែនជាចណ្ឌាល មិនមែនជាជាងត្បាញផែងឫស្សី មិនមែន​ជាអ្នក​នេសាទ មិនមែនជាជាងធ្វើរថ មិនមែនជាអ្នកចោលសម្រាម។ បេ។ ថា យើងទាំងឡាយ​មិនមែនជា បណ្ឌិត មិនមែនជាអ្នកឈ្លាស មិនមែនជាអ្នកប្រាជ្ញ មិនមែនជាពហុស្សូត មិនមែនជាធម្មកថិក ដំណើរអាក្រក់មិនមានដល់យើងទាំងឡាយទេដំណើរ ល្អតែម្យ៉ាង​ប្រាកដដល់យើងទាំងឡាយ ត្រូវអាបត្ដិទុញ្ភសិតគ្រប់ៗវាចា។

[២៥០] ឧបសម្បន្នភិក្ខុ មិនប្រាថ្នាដើម្បីជេរ មិនប្រាថ្នាដើម្បីប្រទេច មិនប្រាថ្នា​ដើម្បី​បង្អាប់បង្អោន ចំពោះអនុបសម្បន្នបុគ្គល ប្រាថ្នាតែនិយាយលេង ក៏ពោល​សំដៅបុគ្គល​ដ៏ថោកទាប ដោយពាក្យដ៏ថោកទាប។ បេ។ ពោលសំដៅបុគ្គលដ៏ខ្ពង់ខ្ពស់ ដោយពាក្យ​ដ៏ថោកទាប។ បេ។ ពោលសំដៅបុគ្គលដ៏ថោកទាប ដោយពាក្យដ៏ខ្ពង់ខ្ពស់។ បេ។ ពោល សំដៅបុគ្គលដ៏ខ្ពង់ខ្ពស់ ដោយពាក្យដ៏ខ្ពង់ខ្ពស់ គឺនិយាយសំដៅអនុបសម្បន្នបុគ្គលដែល​ជាបណ្ឌិត ជាអ្នកឈ្លាស ជាអ្នកប្រាជ្ញ ជាពហុស្សូត ជា ធម្មកថិក ដោយ​ពាក្យថា អ្នកឯង​ជាបណ្ឌិត ជាអ្នកឈ្លាស ជាអ្នកប្រាជ្ញ ជាពហុស្សូត ជាធម្មកថិក ដំណើរ​អាក្រក់​មិន​មាន​ដល់អ្នកឯងទេ ដំណើរល្អតែម្យ៉ាងប្រាកដដល់អ្នកឯង ត្រូវ​អាបត្ដិទុញ្ភសិត​គ្រប់ៗ វាចា។

[២៥១] ឧបសម្បន្នភិក្ខុ មិនប្រាថ្នាដើម្បីជេរ មិនប្រាថ្នាដើម្បីប្រទេច មិនប្រាថ្នា​ដើម្បីបង្អាប់​បង្អោន ចំពោះអនុបសម្បន្នបុគ្គលប្រាថ្នាតែនិយាយលេង ក៏ពោលយ៉ាងនេះថា ក្នុងលោក​នេះ មានមនុស្សពួកខ្លះជាចណ្ឌាល ជាជាងត្បាញផែងឫស្សី ជាអ្នកនេសាទ ជាជាង រថ ជាអ្នកចោលសម្រាម។បេ។ ថា ក្នុងលោកនេះ មានមនុស្សពួកខ្លះជាបណ្ឌិត ជាអ្នក​ឈ្លាស ជាអ្នកប្រាជ្ញ ជាពហុស្សូត ជាធម្មកថិក ដំណើរអាក្រក់មិនមាន​ដល់មនុស្ស​ទាំង​ឡាយ​នោះ​ទេ ដំណើរល្អតែម្យ៉ាង ប្រាកដដល់មនុស្សទាំងឡាយនោះ ត្រូវអាបត្ដិទុញ្ភសិតគ្រប់ៗ វាចា។

[២៥២] ឧបសម្បន្នភិក្ខុ មិនប្រាថ្នាដើម្បីជេរ មិនប្រាថ្នាដើម្បីប្រទេច មិនប្រាថ្នា​ដើម្បី​បង្អាប់​បង្អោន ចំពោះអនុបសម្បន្នបុគ្គល ប្រាថ្នាតែនិយាយលេង ក៏ពោលយ៉ាងនេះថា មនុស្ស​ទាំងឡាយ​ណាមួយជាចណ្ឌាល ជាជាងត្បាញផែងឫស្សី ជាអ្នកនេសាទ ជាជាងរថ ជាអ្នក ចោលសម្រាម។បេ។ ថា មនុស្សទាំងឡាយណាមួយ ជាបណ្ឌិត ជាអ្នកឈ្លាស ជាអ្នកប្រាជ្ញ ជាពហុស្សូត ជាធម្មកថិក ត្រូវអាបត្ដិទុញ្ភសិតគ្រប់ៗវាចា។

[២៥៣] ឧបសម្បន្នភិក្ខុមិនប្រាថ្នាដើម្បីជេរ មិនប្រាថ្នាដើម្បីប្រទេច មិនប្រាថ្នា​ដើម្បី​បង្អាប់​បង្អោនចំពោះអនុបសម្បន្នបុគ្គល ប្រាថ្នាតែនិយាយលេង ក៏ពោលយ៉ាងនេះថា យើងទាំង​ឡាយមិនមែនជាចណ្ឌាល មិនមែនជាជាងត្បាញផែងឫស្សី មិនមែនជាអ្នកនេសាទ មិនមែនជាជាងធ្វើរថ មិនមែនជាអ្នកចោលសម្រាម។បេ។ ថា យើងទាំងឡាយ​មិនមែន​ជាបណ្ឌិត មិនមែនជាអ្នកឈ្លាស មិនមែនជាអ្នកប្រាជ្ញ មិនមែនជាពហុស្សូត មិនមែនជា​ធម្មកថិក ដំណើរ​អាក្រក់មិនមាន ដល់យើងទាំងឡាយទេ ដំណើរល្អតែ​ម្យ៉ាងប្រាកដ​ដល់​យើងទាំងឡាយ ត្រូវអាបត្ដិទុញ្ភសិតគ្រប់ៗវាចា។

[២៥៤] អាបត្ដិមិនមានដល់ភិក្ខុធ្វើសេចក្ដីអធិប្បាយជាប្រធាន [ភិក្ខុពណ៌នានូវ​សេចក្ដី​អធិប្បាយ​របស់បាលី។] ដល់ភិក្ខុធ្វើធម៌ជាប្រធាន [ភិក្ខុបង្រៀនបាលី។] ដល់​ភិក្ខុ​ធ្វើពាក្យ​ប្រៀន​ប្រដៅ​ជាប្រធាន [ភិក្ខុអាស្រ័យ ពាក្យប្រៀនដ្រៅ ហើយនិយាយដោយ​ន័យជា​ដើមថា អ្នកឯង​ជា​ចណ្ឌាល អ្នកឯងកុំធ្វើបាប អ្នកឯងបានជាងងឹតហើយ កុំឱ្យងងឹត​ទៅ​ទៀត​ឡើយ។] ដល់ភិក្ខុឆ្កួត ដល់ភិក្ខុមានចិត្ដអណ្ដែតអណ្ដូង ដល់ភិក្ខុដែល​វេទនា​គ្រប​សង្កត់ ដល់​ភិក្ខុជា​ខាង​ដើម​បញ្ញត្ដិ។

សិក្ខាបទទី២ ចប់។

សិក្ខាបទទី

[២៥៥] សម័យនោះ ព្រះសម្ពុទ្ធដ៏មានព្រះភាគ កាលគង់នៅវត្ដជេតវន ជារបស់​អនាថ​បិណ្ឌិក ជិតក្រុងសាវត្ថី។ សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុ​តែងពាំនាំ​ពាក្យ​ញុះញង់​របស់​ភិក្ខុ​ទាំងឡាយដែលបង្កហេតុប្រកួតប្រកាន់ឈ្លោះវិវាទគ្នា ឮពាក្យភិក្ខុខាងណេះហើយ​យក​ទៅ និយាយ​ប្រាប់ភិក្ខុខាងណោះ ដើម្បីបំបែកភិក្ខុខាងណេះ ឮពាក្យភិក្ខុខាងណោះ​ហើយ​យកមក​និយាយ​ប្រាប់ភិក្ខុខាងណេះ ដើម្បីបំបែកភិក្ខុខាងណោះ ព្រោះហេតុនោះ សេចក្ដី​កហេតុទាំង​ឡាយ​ដែលមិនទាន់កើត ក៏កើតឡើងផង សេចក្ដីកហេតុ​ទាំងឡាយ​ដែលកើតឡើង​ហើយ​ ក៏​រឹងរឹត​តែចំរើនដោយក្រៃលែងឡើងផង។ ពួកភិក្ខុណាមួយដែល​ជាអ្នកមានសេចក្ដីប្រាថ្នាតិច។បេ។ ភិក្ខុ​ទាំង​នោះក៏ពោលទោស តិះដៀល បន្ដុះបង្អាប់ថា ហេតុអ្វី​បានជាពួកឆព្វគ្គិយភិក្ខុ​តែងពាំនាំពាក្យ​ញុះញង់របស់​ភិក្ខុទាំងឡាយ ដែលបង្ក​ហេតុ​ប្រកួតប្រកាន់ឈ្លោះវិវាទគ្នា ឮពាក្យភិក្ខុខាងណេះ ហើយ​យកទៅនិយាយ​ប្រាប់​ភិក្ខុ​ខាងណោះ ដើម្បីបំបែកភិក្ខុខាងណេះ ឮ​ពាក្យភិក្ខុ​ខាងណោះ​ហើយ​យកមកនិយាយ​ប្រាប់​ភិក្ខុ​ខាងណេះ ដើម្បីបំបែកភិក្ខុខាងណោះ ព្រោះហេតុនោះ សេចក្ដី​បង្ក​ហេតុទាំងឡាយ ដែលមិនទាន់កើត ក៏កើតឡើងផង សេចក្ដីបង្កហេតុទាំងឡាយដែលបាន កើត​ឡើង​ហើយ ក៏រឹងរឹតតែចំរើនដោយក្រៃលែងផង។ គ្រានោះ ពួកភិក្ខុ​ទាំងនោះ​ក៏បានក្រាបទូល​រឿង​នុ៎ះចំពោះព្រះដ៏មានព្រះភាគជាម្ចាស់។បេ។ ព្រះអង្គទ្រង់ត្រាស់សួរថា ម្នាលភិក្ខុទាំង​ឡាយ បានឮថា អ្នកទាំងឡាយ តែងពាំនាំពាក្យញុះញង់របស់ភិក្ខុទាំងឡាយ ដែលបង្ក​ហេតុ ប្រកួតប្រកាន់ ឈ្លោះវិវាទគ្នា ឮពាក្យភិក្ខុខាង​ណេះ ហើយយក​ទៅនិយាយ​ប្រាប់​ភិក្ខុខាងណោះ ដើម្បី​បំបែក​ភិក្ខុ​ខាង​ណេះ ឮពាក្យភិក្ខុខាងណោះ ហើយយកមក​និយាយ​ប្រាប់ភិក្ខុខាងណេះ ដើម្ប​បំបែក​ភិក្ខុ​ខាង​ណោះ ព្រោះហេតុនោះ សេចក្ដីបង្កហេតុ​ទាំងឡាយ ដែលមិនទាន់កើតក៏កើតឡើងផង សេចក្ដី​បង្កហេតុទាំងឡាយដែល​បានកើត​ឡើងហើយ ក៏រឹងរឹតតែចំរើន ដោយ​ក្រៃលែងឡើង​ផង​(រឿងនេះ) ពិតឬ។ ពួកឆព្វគ្គិយភិក្ខុ​ក៏​ក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធជាម្ចាស់ដ៏មានព្រះភាគ ទ្រង់តិះដៀលថា ម្នាលមោឃបុរសទាំងឡាយ មិនសមបើ​អ្នក​ទាំងឡាយនឹង​ពាំនាំ​ពាក្យ​ញុះញង់ របស់ពួកភិក្ខុដែលបង្កហេតុ ប្រកួតប្រកាន់ ឈ្លោះវិវាទគ្នា ឮ​ពាក្យ​ភិក្ខុខាង​ណេះហើយយកទៅនិយាយប្រាប់ភិក្ខុខាងណោះ ដើម្បីបំបែកភិក្ខុខាងណេះ ឮ​ពាក្យ​ភិក្ខុខាងណោះហើយយកមកនិយាយប្រាប់ភិក្ខុខាងណេះ ដើម្បីបំបែកភិក្ខុខាងណោះ ម្ល៉ោះ​ហើយ សេចក្ដីបង្កហេតុទាំងឡាយដែលមិនទាន់កើត ក៏កើតឡើងផង សេចក្ដី​បង្កហេតុ​ទាំងឡាយ​ដែល​បានកើតឡើងហើយ ក៏រឹងរឹតតែចំរើនដោយក្រៃលែងឡើងផង ម្នាលមោឃបុរសទាំងឡាយ កម្មដែលអ្នករាល់គ្នាធ្វើនេះ មិននាំឱ្យជ្រះថ្លា ដល់ជន​ទាំងឡាយ​​ដែលមិនទាន់ជ្រះថ្លាផង។បេ។ ម្នាល​ភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បី​សំដែង​ឡើង​នូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុត្រូវអាបត្ដិ បាចិត្ដិយ ព្រោះពោលពាក្យ​ញុះញង់​ភិក្ខុផងគ្នា។

[២៥៦] ដែលហៅថា ពាក្យញុះញង់ គឺញុះញង់ដោយអាការពីរយ៉ាង បានខាង​ឯបុគ្គល​ចង់​ឱ្យគេស្រឡាញ់ខ្លួន១ ចង់បំបែកគេ១។ ភិក្ខុពាំនាំពាក្យញុះញង់ដោយអាការ ១០ យ៉ាង គឺដោយជាតិក្ដី ដោយ នាមក្ដី ដោយគោត្ដក្ដី ដោយការងារក្ដី ដោយសិល្បសាស្ដ្រក្ដី ដោយ អាពាធក្ដី ដោយភេទក្ដី ដោយធម៌ជាគ្រឿងសៅហ្មងក្ដី ដោយអាបត្ដិក្ដី ដោយពាក្យជេរក្ដី។ ដែលហៅថា ជាតិ គឺជាតិមានពីរយ៉ាង បានខាងជាតិថោកទាប១ ជាតិខ្ពង់ខ្ពស់ ១ ដែលហៅថា ជាតិថោកទាបនោះ គឺ ជាតិចណ្ឌាល ជាតិជាងផែង ជាតិអ្នកនេសាទ ជាតិជាងរថ ជាតិអ្នក​ចោលសម្រាម ប៉ុណ្ណេះឈ្មោះថា ជាតិថោកទាប។ ដែលហៅថា ជាតិខ្ពង់ខ្ពស់នោះ គឺ ជាតិក្សត្រ ជាតិព្រាហ្មណ៍ ប៉ុណ្ណេះ ឈ្មោះថា ជាតិខ្ពង់ខ្ពស់។ បេ។ ដែលហៅថា ពាក្យជេរនោះ គឺពាក្យ ជេរមានពីរយ៉ាង បានខាងពាក្យជេរដ៏ថោកទាប ១ ពាក្យជេរ ដ៏ខ្ពង់ខ្ពស់ ១។ ដែលហៅថា ពាក្យជេរដ៏ថោកទាបនោះ គឺ ជេរថា អ្នកឯង​ជាសត្វឱដ្ឋ អ្នកឯងជាពពែ អ្នកឯងជាគោ អ្នកឯងជាលា អ្នកឯងសត្វតិរច្ឆាន អ្នកឯង​ជាសត្វនរក សុគតិរបស់អ្នកឯងគ្មានទេ ទុគ្គតិ​តែម្យ៉ាង​នឹងប្រាកដ​ដល់អ្នកឯង ពុំនោះ​សោត ជេរដោយ យអក្ខរៈ [ត្រង់យ អក្ខរ និង ភអក្ខរ ជាឈ្មោះមេថុនធម្ម។] ឬដោយ ភអក្ខរៈ ឬមួយដោយបុរិសនិមិត្ដ និងឥត្ថីនិមិត្ដ ប៉ុណ្ណេះឈ្មោះថា ពាក្យជេរដ៏ថោកទាប។ ដែលហៅថា ពាក្យជេរដ៏ខ្ពង់ខ្ពស់នោះ គឺជេរថា អ្នកឯងជាបណ្ឌិត អ្នកឯងជា​មនុស្ស​ឈ្លាស អ្នកឯងជាអ្នកប្រាជ្ញ អ្នកឯងជាពហុស្សូត អ្នកឯងជាធម្មកថិក ទុគ្គតិរបស់​អ្នកឯង​គ្មានទេ សុគតិតែម្យ៉ាងនឹងប្រាកដដល់អ្នកឯង ប៉ុណ្ណេះឈ្មោះថា ពាក្យជេរ​ដ៏ខ្ពង់ខ្ពស់។

[២៥៧] ឧបសម្បន្នភិក្ខុ ឮពាក្យរបស់ឧបសម្បន្នភិក្ខុហើយ នាំ ពាក្យញុះញង់ទៅប្រាប់​ឧបសម្បន្នភិក្ខុថា ភិក្ខុឈ្មោះនេះនិយាយ ចំពោះលោកថា លោកជាជាតិ​ចណ្ឌាល ជាតិ​ជាងផែង ជាតិអ្នកនេសាទ ជាតិជាងរថ ជាតិអ្នកចោលសម្រាម (ភិក្ខុអ្នកញុះញង់នោះ) ត្រូវអាបត្ដិ​បាចិត្ដិយ​រាល់ៗម៉ាត់។

[២៥៨] ឧបសម្បន្នភិក្ខុ ឮពាក្យរបស់ឧបសម្បន្នភិក្ខុ នាំពាក្យញុះញង់ទៅប្រាប់​ឧបសម្បន្ន​ភិក្ខុ​ថា ភិក្ខុឈ្មោះនេះនិយាយចំពោះលោកថា លោកជាក្សត្រ ជាព្រាហ្មណ៍ (ភិក្ខុអ្នក​ញុះញង់​​នោះ) ត្រូវអាបត្ដិបាចិត្ដិយរាល់ៗ ម៉ាត់។

[២៥៩] ឧបសម្បន្នភិក្ខុ ឮពាក្យរបស់ឧបសម្បន្នភិក្ខុ នាំពាក្យ ញុះញង់ទៅប្រាប់​ឧបសម្បន្នភិក្ខុថា ភិក្ខុឈ្មោះនេះនិយាយចំពោះលោកថា លោកឈ្មោះអវកណ្ណក [ពាក្យ​ទាំងនេះ​ជាឈ្មោះរបស់មនុស្សដែលជាខ្ញុំបម្រើគេ។] ឈ្មោះ​ជវកណ្ណក ឈ្មោះធនិដ្ឋក ឈ្មោះ​សវិដ្ឋក ឈ្មោះ​កុលវឌ្ឍក (ភិក្ខុអ្នកញុះញង់នោះ) ត្រូវអាបត្ដិបាចិត្ដិយរាល់ៗ ម៉ាត់។

[២៦០] ឧបសម្បន្នភិក្ខុ ឮពាក្យរបស់ឧបសម្បន្នភិក្ខុ នាំពាក្យញុះញង់ទៅប្រាប់​ឧបសម្បន្នភិក្ខុ​ថា ភិក្ខុឈ្មោះនេះនិយាយចំពោះលោកថា លោកឈ្មោះពុទ្ធរក្ខិត ធម្មរក្ខិត សង្ឃរក្ខិត(ភិក្ខុអ្នកញុះញង់នោះ) ត្រូវអាបត្ដិបាចិត្ដិយរាល់ៗម៉ាត់។

[២៦១] ឧបសម្បន្នភិក្ខុ ឮពាក្យរបស់ឧបសម្បន្នភិក្ខុ នាំពាក្យ ញុះ​ញង់ទៅប្រាប់​ឧបសម្បន្ន​ភិក្ខុថា ភិក្ខុឈ្មោះនេះនិយាយចំពោះលោកថា លោកជាកោសិយគោត្ដ ភារទ្វាជគោត្ដ (ភិក្ខុអ្នកញុះញង់នោះ) ត្រូវអាបត្ដិបាចិត្ដិយរាល់ៗ ម៉ាត់។

[២៦២] ឧបសម្បន្នភិក្ខុ ឮពាក្យរបស់ឧបសម្បន្នភិក្ខុ នាំពាក្យ ញុះញង់​ទៅប្រាប់ឧបសម្បន្ន​ភិក្ខុថា ភិក្ខុឈ្មោះនេះនិយាយចំពោះលោកថា លោកជាគោតមគោត្ដ មោគ្គល្លានគោត្ដ កច្ចាយនគោត្ដ វាសេដ្ឋគោត្ដ (ភិក្ខុអ្នកញុះញង់នោះ) ត្រូវអាបត្ដិបាចិត្ដិយៗម៉ាត់។

[២៦៣] ឧបសម្បន្នភិក្ខុ ឮពាក្យរបស់ឧបសម្បន្នភិក្ខុ នំាពាក្យ ញុះញង់​ទៅប្រាប់​ឧបសម្បន្នភិក្ខុថា ភិក្ខុឈ្មោះនេះនិយាយចំពោះលោកថា លោកជាជាងចាំង ជាអ្នកចោល​នូវផ្កា (ភិក្ខុអ្នកញុះញង់នោះ) ត្រូវអាបត្ដិបាចិត្ដយរាល់ៗម៉ាត់។

[២៦៤] ឧបសម្បន្នភិក្ខុ ឮពាក្យរបស់ឧបសម្បន្នភិក្ខុ នាំពាក្យ ញុះញង់​ទៅប្រាប់​ឧបសម្បន្ន​ភិក្ខុថា ភិក្ខុឈ្មោះនេះនិយាយចំពោះលោកថា លោកជាអ្នកភ្ជូររាស់ ជាអ្នកជួញ ជាអ្នក​រក្សាគោ (ភិក្ខុអ្នកញុះញង់នោះ) ត្រូវអាបត្ដិបាចិត្ដិយរាល់ៗម៉ាត់។

[២៦៥] ឧបសម្បន្នភិក្ខុ ឮពាក្យរបស់ឧបសម្បន្នភិក្ខុ នាំពាក្យ ញុះញង់ទៅប្រាប់​ឧបសម្បន្នភិក្ខុថា ភិក្ខុឈ្មោះនេះនិយាយចំពោះលោកថា លោកជាជាងផែងបបុស ជា​ស្មូនឆ្នាំង ជាជាងដម្បាញ ជាជាងស្បែក ជាខ្មាន់ព្រះកេស (ភិក្ខុអ្នកញុះញង់នោះ) ត្រូវ​អាបត្ដិ​បាចិត្ដិយរាល់ៗ ម៉ាត់។

[២៦៦] ឧបសម្បន្នភិក្ខុ ឮពាក្យរបស់ឧបសម្បន្នភិក្ខុ នាំពាក្យ ញុះញង់​ទៅប្រាប់​ឧបសម្បន្នភិក្ខុថា ភិក្ខុឈ្មោះនេះនិយាយចំពោះលោកថា លោកជាអ្នករាប់ដៃទទេ ជា​ហោរ ជាស្មៀន (ភិក្ខុអ្នកញុះញង់នោះ) ត្រូវអាបត្ដិបាចិត្ដិយរាល់ៗ ម៉ាត់។

[២៦៧] ឧបសម្បន្នភិក្ខុ ឮពាក្យរបស់ឧបសម្បន្នភិក្ខុ នាំពាក្យ ញុះញង់​ទៅប្រាប់​ឧបសម្បន្នភិក្ខុថា ភិក្ខុឈ្មោះនេះពោលចំពោះលោកថា លោកជាមនុស្សឃ្លង់ ជា​មនុស្ស​ដំបៅពក ជាមនុស្សស្រែង ជាមនុស្សកើតរោគរីងរៃ ជាមនុស្សឆ្កួតជ្រូក (ភិក្ខុអ្នក​ញុះញង់​នោះ) ត្រូវ អាបត្ដិបាចិត្ដិយរាល់ៗ ម៉ាត់។

[២៦៨] ឧបសម្បន្នភិក្ខុ ឮពាក្យរបស់ឧបសម្បន្នភិក្ខុ នាំពាក្យញុះញង់​ទៅប្រាប់​ឧបសម្បន្ន​ភិក្ខុថា ភិក្ខុឈ្មោះនេះនិយាយចំពោះលោកថា លោកជាមនុស្សកើតរោគប្រមេះផ្អែម (ភិក្ខុ​អ្នក​ញុះញង់នោះ) ត្រូវអាបត្ដ្ដិ បាចិត្ដិយរាល់ ៗ ម៉ាត់។

[២៦៩] ឧបសម្បន្នភិក្ខុ ឮពាក្យរបស់ឧបសម្បន្នភិក្ខុ នាំពាក្យ ញុះញង់​ទៅប្រាប់​ឧបសម្បន្ន​ភិក្ខុថា ភិក្ខុឈ្មោះនេះនិយាយចំពោះលោកថា លោកជាបុគ្គលខ្ពស់ពេក ទាបពេក ខ្មៅពេក សពេក (ភិក្ខុអ្នកញុះញង់នោះ) ត្រូវអាបត្ដិបាចិត្ដិយរាល់ៗ ម៉ាត់។

[២៧០] ឧបសម្បន្នភិក្ខុ ឮពាក្យរបស់ឧបសម្បន្នភិក្ខុ នាំពាក្យ ញុះញង់​ទៅប្រាប់​ឧបសម្បន្ន​ភិក្ខុថា ភិក្ខុឈ្មោះនេះនិយាយចំពោះលោកថា លោកជាបុគ្គលមិនខ្ពស់ពេក មិន​ទាបពេក មិនខ្មៅពេក មិនសពេក (ភិក្ខុអ្នកញុះញង់នោះ) ត្រូវអាបត្ដិបាចិត្ដិយរាល់ៗ ម៉ាត់។

[២៧១] ឧបសម្បន្នភិក្ខុ ឮពាក្យរបស់ឧបសម្បន្នភិក្ខុ នាំពាក្យ ញុះញង់​ទៅប្រាប់​ឧបសម្បន្ន​ភិក្ខុថា ភិក្ខុឈ្មោះនេះនិយាយចំពោះលោកថា លោកជាបុគ្គលមានរាគៈរួបរឹតហើយ មាន​ទោសៈរួបរឹតហើយ មានមោហៈរួបរឹតហើយ (ភិក្ខុអ្នកញុះញង់នោះ ) ត្រូវអាបត្ដិបាចិត្ដិយ រាល់ៗ ម៉ាត់។

[២៧២] ឧបសម្បន្នភិក្ខុ ឮពាក្យរបស់ឧបសម្បន្នភិក្ខុ នាំពាក្យញុះញង់​ទៅប្រាប់​ឧបសម្បន្ន​ភិក្ខុថា ភិក្ខុឈ្មោះនេះនិយាយចំពោះលោកថា លោកជាមនុស្សប្រាសចាករាគៈ ប្រាស​ចាក​ទោសៈ ប្រាសចាកមោហៈ (ភិក្ខុអ្នកញុះញង់នោះ) ត្រូវអាបត្ដិបាចិត្ដិយរាល់ ៗ ម៉ាត់។

[២៧៣] ឧបសម្បន្នភិក្ខុ ឮពាក្យរបស់ឧបសម្បន្នភិក្ខុ នាំពាក្យញុះញង់ទៅប្រាប់ ឧបសម្បន្ន​ភិក្ខុថាភិក្ខុឈ្មោះនេះនិយាយចំពោះលោកថា លោកត្រូវអាបត្ដិបារាជិកហើយ ត្រូវអាបត្ដិសង្ឃាទិសេសហើយ ត្រូវអាបត្ដិថុល្លច្ច័យហើយ ត្រូវអាបត្ដិបាចិត្ដិយហើយ ត្រូវ​អាបត្ដិ បាដិទេសនីយហើយ ត្រូវអាបត្ដិទុក្កដហើយ ត្រូវអាបត្ដិទុញ្ភសិតហើយ (ភិក្ខុអ្នក​ញុះញង់នោះ) ត្រូវអាបត្ដិបាចិត្ដិយរាល់ៗ ម៉ាត់។

[២៧៤] ឧបសម្បន្នភិក្ខុ ឮពាក្យរបស់ឧបសម្បន្នភិក្ខុ នាំពាក្យ ញុះញង់ទៅប្រាប់​ឧបសម្បន្ន​ភិក្ខុថា ភិក្ខុឈ្មោះនេះនិយាយចំពោះលោកថា លោកជាបុគ្គលដល់ហើយ​នូវ​សោតាបត្ដិ​ផល (ភិក្ខុអ្នកញុះញង់នោះ) ត្រូវអាបត្ដិបាចិត្ដិយរាល់ ៗ ម៉ាត់។

[២៧៥] ឧបសម្បន្នភិក្ខុ ឮពាក្យរបស់ឧបសម្បន្នភិក្ខុ នាំពាក្យ ញុះញង់ទៅប្រាប់ឧបសម្បន្ន​ភិក្ខុថា ភិក្ខុឈ្មោះនេះនិយាយចំពោះលោកថា លោកជាសត្វឱដ្ឋ ជាសត្វពពែ ជាសត្វគោ ជាសត្វលា ជាសត្វតិរច្ឆាន ជាសត្វនរក សុគតិរបស់លោកគ្មានទេ ទុគ្គតិតែម្យ៉ាង​នឹង​ប្រាកដ​ដល់លោក (ភិក្ខុអ្នកញុះញង់នោះ) ត្រូវអាបត្ដិបាចិត្ដិយរាល់ៗ ម៉ាត់។

[២៧៦] ឧបសម្បន្នភិក្ខុ ឮពាក្យរបស់ឧបសម្បន្នភិក្ខុផងគ្នានាំ ពាក្យញុះញង់​ទៅប្រាប់​ឧបសម្បន្ន​ភិក្ខុឯទៀតថា ភិក្ខុឈ្មោះនេះនិយាយចំពោះលោកថា លោកជាបណ្ឌិត ជាអ្នក​ឈ្លាស ជាអ្នកប្រាជ្ញ ជាពហុស្សូត ជា​ធម្មកថិក ទុគ្គតិរបស់លោកគ្មានទេ សុគតិតែ​ម្យ៉ាង​នឹងប្រាកដដល់លោក(ភិក្ខុអ្នកញុះញង់នោះ) ត្រូវអាបត្ដិបាចិត្ដិយរាល់ៗ ម៉ាត់។

[២៧៧] ឧបសម្បន្នភិក្ខុ ឮពាក្យរបស់ឧបសម្បន្នភិក្ខុផងគ្នានាំ ពាក្យញុះញង់​ទៅប្រាប់​ឧបសម្បន្ន​ភិក្ខុឯទៀតថា ភិក្ខុឈ្មោះនេះ និយាយថា ក្នុងលោកនេះ ជនពួកខ្លះ ជាចណ្ឌាល ជាជាងផែង ជាអ្នកនេសាទ ជាជាងរថ ជាអ្នកចោលសម្រាម ក៏សឹងមាន ឯភិក្ខុនោះ (ដែលពោលពាក្យដូច្នេះ) មិនមែនពោលឱ្យអ្នកដទៃទេ ពោលចំពោះ​លោកជា​ប្រាកដ (ភិក្ខុអ្នកញុះញង់នោះ) ត្រូវអាបត្ដិទុក្កដរាល់ៗ ម៉ាត់។

[២៧៨] ឧបសម្បន្នភិក្ខុ ឮពាក្យរបស់ឧបសម្បន្នភិក្ខុផងគ្នានាំ ពាក្យញុះញង់ទៅប្រាប់​ឧបសម្បន្នភិក្ខុឯទៀតថា ភិក្ខុឈ្មោះនេះនិយាយថា ក្នុងលោកនេះ ជនពួកខ្លះជាក្សត្រ ជា​ព្រាហ្មណ៍ ក៏សឹងមាន ឯភិក្ខុនោះ (ដែលពោលពាក្យដូច្នេះ) មិនមែនពោលឱ្យអ្នក​ដទៃ​ទេ គឺពោលចំពោះលោកជាប្រាកដ (ភិក្ខុអ្នកញុះញង់នោះ)ត្រូវអាបត្ដិទុក្កដរាល់ៗម៉ាត់។បេ។

[២៧៩] ឧបសម្បន្នភិក្ខុ ឮពាក្យរបស់ឧបសម្បន្នភិក្ខុផងគ្នានាំ ពាក្យញុះញង់ទៅប្រាប់​ឧបសម្បន្ន​ភិក្ខុឯទៀតថា ភិក្ខុឈ្មោះនេះនិយាយថា ក្នុងលោកនេះជនទាំងឡាយ​ពួកខ្លះ​ជាបណ្ឌិត ជាអ្នកឈ្លាសជាអ្នកប្រាជ្ញ ជាពហុស្សូត ជាធម្មកថិក ក៏សឹងមាន ទុគ្គតិ​របស់​លោកទាំងនោះគ្មាទេ សុគតិតែម្យ៉ាង នឹងប្រាកដដល់លោកទាំងនោះ ឯភិក្ខុនោះ (ដែល ពោលពាក្យដូច្នេះ) មិនមែនពោលឱ្យអ្នកដទៃទេ គឺពោលចំពោះលោកជាប្រាកដ (ភិក្ខុអ្នក​ញុះញង់នោះ) ត្រូវអាបត្ដិទុក្កដរាល់ៗម៉ាត់។

[២៨០] ឧបសម្បន្នភិក្ខុ ឮពាក្យរបស់ឧបសម្បន្នភិក្ខុផងគ្នានំា ពាក្យញុះញង់ទៅ​ប្រាប់​ឧបសម្បន្ន​ភិក្ខុឯទៀតថា ភិក្ខុឈ្មោះនេះនិយាយថា ជនពួកណា ពិតជាចណ្ឌាល ជា​ជាងផែង ជាអ្នកនេសាទ ជាជាងរថ ជាអ្នកចោលសម្រាម ឯភិក្ខុនោះ (ដែលពោល​ពាក្យដូច្នេះ) មិនមែនពោលឱ្យអ្នកដទៃទេ គឺពោលចំពោះលោកជាប្រាកដ (ភិក្ខុអ្នក​ញុះញង់​នោះ) ត្រូវអាបត្ដិទុក្កដរាល់ៗ ម៉ាត់។ បេ។ ឧបសម្បន្នភិក្ខុ ឮពាក្យរបស់ឧបសម្បន្ន​ភិក្ខុ​ផងគ្នា ហើយនាំពាក្យញុះញង់ទៅ ប្រាប់ឧបសម្បន្នភិក្ខុឯទៀតថា ភិក្ខុឈ្មោះនេះ​និយាយ​ថា ជនពួកណា ពិតជាបណ្ឌិត ជាអ្នកឈ្លាស ជាអ្នកប្រាជ្ញ ជាពហុស្សូត ជាធម្មកថិក ទុគ្គតិរបស់ជនទាំងនោះគ្មានទេ សុគតិតែម្យ៉ាងនឹងប្រាកដដល់ជនទាំងនោះ ឯភិក្ខុនោះ (ដែលពោលពាក្យដូច្នេះ) មិនមែនពោលឱ្យអ្នកដទៃទេ គឺពោលចំពោះ​លោក​ជា​ប្រាកដ (ភិក្ខុអ្នកញុះញង់នោះ) ត្រូវអាបត្ដិទុក្កដរាល់ៗម៉ាត់។

[២៨១] ឧបសម្បន្នភិក្ខុ ឮពាក្យរបស់ឧបសម្បន្នភិក្ខុផងគ្នានាំពាក្យញុះញង់​ទៅប្រាប់​ឧបសម្បន្នភិក្ខុឯទៀតថា ភិក្ខុឈ្មោះនេះនិយាយថា យើងទាំងឡាយ មិនមែនជាចណ្ឌាល មិនមែនជាជាងផែង មិនមែនជាអ្នកនេសាទ មិនមែនជាជាងរថ មិនមែនជាអ្នក​ចោល​សម្រាម ឯភិក្ខុនោះ (ដែលពោលពាក្យដូច្នេះ) មិនមែនពោលឱ្យអ្នកដទៃទេ គឺពោលសំដៅ​លោកជាប្រាកដ(ភិក្ខុអ្នកញុះញង់នោះ)ត្រូវអាបត្ដិទុក្កដរាល់ៗ ម៉ាត់។ បេ។ ឧបសម្បន្នភិក្ខុ ឮពាក្យរបស់ឧបសម្បន្នភិក្ខុផងគ្នា ហើយនាំពាក្យញុះញង់ ទៅប្រាប់​ឧបសម្បន្នភិក្ខុឯ​ទៀត​ថា ភិក្ខុឈ្មោះនេះនិយាយថា យើងទាំង ឡាយមិនមែនជាបណ្ឌិត មិនមែន​ជា​អ្នកឈ្លាស មិនមែនជាអ្នកប្រាជ្ញ មិនមែនជាពហុស្សូត មិនមែនជាធម្មកថិក ទុគ្គតិរបស់​ពួកយើង​គ្មានទេ សុគតិតែម្យ៉ាងនឹងប្រាកដដល់ពួកយើង ឯភិក្ខុនោះ (ដែលពោល​ពាក្យ​ដូច្នេះ) មិនមែនពោលឱ្យអ្នកដទៃទេ គឺពោលសំដៅលោកជាប្រាកដ (ភិក្ខុអ្នកញុះញង់​នោះ) ត្រូវអាបត្ដិទុក្កដរាល់ៗ ម៉ាត់។

[២៨២] ឧបសម្បន្នភិក្ខុ ឮពាក្យរបស់ឧបសម្បន្នភិក្ខុផងគ្នានាំ ពាក្យ​ញុះញង់ទៅប្រាប់​ឧបសម្បន្នភិក្ខុឯទៀត ត្រូវអាបត្ដិបាចិត្ដិយរាល់ៗម៉ាត់។ ឧបសម្បន្នភិក្ខុឮពាក្យរបស់​ឧបសម្បន្ន​ភិក្ខុ​ផងគ្នា ហើយនាំពាក្យញុះ ញង់ទៅប្រាប់អនុបសម្បន្នបុគ្គល ត្រូវអាបត្ដិ​ទុក្កដ។ ឧបសម្បន្នភិក្ខុឮពាក្យ របស់អនុបសម្បន្នបុគ្គលហើយ នាំពាក្យញុះញង់ទៅ​ប្រាប់​ឧបសម្បន្នភិក្ខុ ត្រូវអាបត្ដិទុក្កដ។ ឧបសម្បន្នភិក្ខុឮពាក្យរបស់អនុបសម្បន្នបុគ្គលហើយ នាំពាក្យញុះញង់ទៅប្រាប់អនុបសម្បន្នបុគ្គល ត្រូវអាបត្ដិទុក្កដ។

[២៨៣] អាបត្ដិមិនមានដល់ភិក្ខុអ្នកមិនចង់ឱ្យគេស្រឡាញ់ខ្លួន ដល់ភិក្ខុ​មិនប្រាថ្នាឱ្យ​គេ​បែកគ្នា ដល់ភិក្ខុឆ្កួត ដល់ភិក្ខុខាងដើមបញ្ញត្ដិ។

សិក្ខាបទទី ៣ ចប់។

សិក្ខាបទទី

[២៨៤] សម័យនោះ ព្រះសម្ពុទ្ធដ៏មានព្រះភាគកាលគង់នៅវត្ដជេតពន ជារបស់អនាថ​បិណ្ឌិក​សេដ្ឋី ជិតក្រុងសាវត្ថី។ សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុ​បង្ហាញធម៌ជា​បទចំពោះ​ពួកឧបាសក។ ឧបាសកទាំងឡាយក៏ទៅជាមិនមានសេចក្ដីគោរព មិនកោតក្រែង ប្រព្រឹត្ដ​មិនសមគួរដល់ភិក្ខុទាំងឡាយ។ ពួកភិក្ខុណាមានសេចក្ដីប្រាថ្នាតិច។បេ។ ភិក្ខុទាំងនោះ ក៏ពោលទោសតិះដៀល បន្ដុះបង្អាប់ថា មិនសម្បីបើពួកឆព្វគ្គិយភិក្ខុបង្ហាញ ធម៌ជា​បទ​ចំពោះ​ឧបាសកទាំងឡាយ ៗក៏ទៅជាមិនមានសេចក្ដីគោរព មិនកោតក្រែង ប្រព្រឹត្ដ​មិន​សមគួរ​ដល់ភិក្ខុទាំងឡាយ។ គ្រានោះឯង ពួកភិក្ខុទាំងនោះ ក៏ក្រាបទូលរឿងនុ៎ះ ចំពោះ​ព្រះដ៏មានព្រះភាគ។បេ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បានឮថា អ្នកទាំងឡាយ​បង្ហាញ ធម៌ជាបទចំពោះឧបាសកទាំងឡាយ ៗ ក៏ទៅជាមិនមានសេចក្ដីគោរព មិន​កោតក្រែង ប្រព្រឹត្ដមិនសមគួរដល់ភិក្ខុទាំងឡាយ (រឿងនេះ) ពិតឬ។ ភិក្ខុទំាងនោះ​ក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ការនោះពិតមែន។ ព្រះពុទ្ធដ៏មានព្រះភាគ​ទ្រង់​តិះដៀលថា ម្នាលមោឃបុរសទាំងឡាយ មិនសម្បីអ្នកទាំងឡាយ​បង្ហាញធម៌​ជាបទ​ចំពោះ​ពួកឧបាសកៗក៏ទៅជាមិនមានសេចក្ដីគោរព មិនកោតក្រែង ប្រព្រឹត្ដមិនសមគួរ​ដល់ភិក្ខុទាំងឡាយ ម្នាលបុរសទទេទាំងឡាយ កម្មដែលអ្នកទាំងឡាយធ្វើនេះ មិននាំ​ឱ្យជ្រះថ្លា ដល់ជនទាំងឡាយដែលមិនទាន់ជ្រះថ្លាទេ។ បេ។ ម្នាលភិក្ខុទាំងឡាយ អ្នក​ទាំងឡាយគប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុណាមួយ បង្រៀន​ធម៌ជាបទ​ចំពោះអនុបសម្បន្ន ត្រូវអាបត្ដិបាចិត្ដិយ។

[២៨៥] ត្រង់ពាក្យថា ភិក្ខុណាមួយ មានសេចក្ដីដូចគ្នានឹងសិក្ខាបទទី១ នៃបារាជិកកណ្ឌ។ ដែលហៅថា អនុបសម្បន្ននោះ គឺជនទាំងអស់ លើកលែងតែភិក្ខុនឹងភិក្ខុនីចេញ ហៅថា អនុបសម្បន្ន។

[២៨៦] ដែលហៅថា បទនោះ គឺបទ១ អនុបទ១ អន្វក្ខរៈ១ អនុព្យញ្ជនៈ [អក្សរមួយៗ ហៅថា អន្វក្ខរៈ ប្រជុំនៃអក្ខរៈមួយសព្ទៗ ហៅថា អនុព្យញ្ជនៈ ប្រជុំនៃអក្ខរៈ នឹង​អនុព្យញ្ជនៈហោថា បទ បទទី ១ ហោថា បទ បទទី ២ ហៅថា អនុបទ។]១។ ដែលហៅថា ជាបទនោះ គឺឧបសម្បន្នទាំងអនុបសម្បន្នផ្ដើមតាំងព្រមគ្នា បញ្ចប់ព្រមគ្នា។ ដែលហៅថា ជាអនុបទនោះគឺ ឧបសម្បន្នទាំងអនុបសម្បន្នផ្ដើមតាំងផ្សេងគ្នា បញ្ចប់ព្រមគ្នា ដែល​ហៅថា អន្វក្ខរៈនោះ គឺឧបសម្បន្នប្រាប់អនុបសម្បន្នថា រូបំ អនិច្ចំ អនុបសម្បន្ន​ទទួល​ថារូព្រមគ្នា។ ដែលហៅថា ជាអនុព្យញ្ជនៈនោះ គឺឧបសម្បន្នប្រាប់ អនុបសម្បន្នថា រូបំ អនិច្ចំ អនុបសម្បន្នបញ្ចេញសំឡេង (ដោយរហ័ស) ថា វេទនា អនិច្ចា [ភិក្ខុប្រាប់ថា រូបំ អនិច្ចំ សាមណេរចាប់សូត្រថា វេទនា អនិច្ចា បទខាងដើមគឺ រូបំ និងវេទនានោះថាផ្សេងគ្នា ដល់បទខាងចុងគឺ អនិច្ចំនិងអនិច្ចានោះថាត្រូវស្មើគ្នា គឺស្មើត្រង់ថា អនិច្ច អនិច្ចនោះឯង។] ដូច្នេះ ឈ្មោះថា បង្រៀនជាអនុព្យញ្ជនៈ។ បទណាក្ដី អនុបទណាក្ដី អន្វក្ខរៈណាក្ដី អនុព្យញ្ជនៈណាក្ដី ទាំងអស់នុ៎ះ ឈ្មោះថាធម៌ជាបទ (គឺជាចំណែក)។ ពាក្យដែលជា​ពុទ្ធភាសិត សាវកភាសិត ឥសិភាសិត ទេវតាភាសិត ដែលអាស្រ័យនូវអដ្ឋកថា អាស្រ័យ​នូវបាលី ឈ្មោះថាធម៌។ ពាក្យថា បង្រៀន សេចក្ដីថា ភិក្ខុបង្រៀនដោយបទ ត្រូវ​អាបត្ដិ​បាចិត្ដិយរាល់ៗបទ។ ភិក្ខុបង្រៀនដោយអក្ខរៈ ត្រូវអាបត្ដិបាចិត្ដិយរាល់ៗ អក្ខរៈ។

[២៨៧] អនុបសម្បន្ន ភិក្ខុសំគាល់ថាអនុបសម្បន្នពិតមែន ហើយបង្រៀនធម៌ជាបទ ត្រូវ​អាបត្ដិ​បាចិត្ដិយ។ អនុបសម្បន្នពិតមែន តែភិក្ខុមានសេចក្ដីសង្ស័យ ហើយបង្រៀន​ធម៌​ជាបទ ត្រូវ​អាបត្ដិ​បាចិត្ដិយ។ អនុបសម្បន្ន តែភិក្ខុសំគាល់ថាឧបសម្បន្នទៅវិញ ហើយ​បង្រៀន​ធម៌ជាបទ ត្រូវអាបត្ដិបាចិត្ដិយ។ ឧបសម្បន្ន តែភិក្ខុសំគាល់ថា អនុបសម្បន្ន​ទៅវិញ ត្រូវអាបត្ដិទុក្កដ។ ឧបសម្បន្ន តែភិក្ខុសង្ស័យ ត្រូវអាបត្ដិទុក្កដ។ ឧបសម្បន្ន ភិក្ខុសំគាល់ថាឧបសម្បន្នពិតមែន មិនត្រូវអាបត្ដិ។

[២៨៨] អាបត្ដិមិនមានដល់ភិក្ខុរៀនបាលីជាមួយ [ក្នុងអដ្ឋកថា ថា ១ ភិក្ខុរៀនបាលីជា​មួយ​នឹងអនុបសម្បន្ន ថាព្រមគ្នា មិនត្រូវអាបត្ដិឡើយ។ ល។] (នឹងអនុបសម្បន្ន) ដល់ភិក្ខុ​ស្វាធ្យាយ​ជាមួយ [ភិក្ខុស្វាធ្យាយជាមួយនឹងអនុបសម្បន្ន សូត្រព្រមគ្នាជាមួយ​នឹង​អនុបសម្បន្ន​នោះ មិនត្រូវអាបត្ដិឡើយ។ល។] (នឹងអនុបសម្បន្ន) ដល់ភិក្ខុ កំពុងសូត្រ​គម្ពីរដែលស្ទាត់ដោយច្រើន [បើក្នុងគាថាមួយ (បួនបាទ) អនុបសម្បន្នបានចេះ ស្ទាត់​បីបាទ​ហើយ នៅមិនទាន់ស្ទាត់តែមួយបាទ អនុបសម្បន្នចេះ ហៅថា មានគន្ថស្ទាត់ហើយ ដោយច្រើន។ល។] ដល់ភិក្ខុថាជាមួយនឹងអនុបសម្បន្នកំពុងសូត្រធម៌ [កាលបើ​អនុបសម្បន្ន​កំពុងសូត្រនូវសុត្ដ រអាក់រអួលក្នុងកណ្ដាល បរិសទ្យ ភិក្ខុបង្គាប់ថា អ្នកឯង​ចូរសូត្រយ៉ាងនេះទៅ (បង្គាប់យ៉ាងនេះហើយ) ទុកជាថាព្រមគ្នា ជាមួយ​នឹង​អនុបសម្បន្ន​នោះ​ទៅ ក៏មិនត្រូវអាបត្ដិឡើយ។] ដល់ភិក្ខុឆ្កួត ដល់ភិក្ខុអ្នកដើមបញ្ញត្ដិ។

សិក្ខាបទទី ៤ ចប់។

សិក្ខាបទទី

[២៨៩] សម័យនោះ ព្រះពុទ្ធជាម្ចាស់ដ៏មានព្រះភាគកាលគង់នៅ អគ្គាឡវចេតិយ ជិតក្រុងអាឡវី។ សម័យនោះឯង ពួកឧបាសកតែងមកកាន់អារាមដើម្បីនឹងស្ដាប់ធម៌។ កាលបើធម្មកថិកសំដែងធម៌ចប់ហើយ ពួកភិក្ខុជាថេរក៏ទៅកាន់ទីដែលខ្លួននៅ។ ភិក្ខុ​បួសថ្មី​ទាំងឡាយ ក៏ភ្លេចសតិ មិនដឹងខ្លួន ជាអ្នក​អាក្រាតកាយថ្ងូរស្រមុកដេកលក់​ជាមួយ​នឹងឧបាសក ទំាងឡាយក្នុងសាលាសម្រាប់ធ្វើបុណ្យនោះឯង។ ឧបាសកទាំងឡាយ ក៏ពោលទោស តិះដៀល បន្ដុះបង្អាប់ថា លោកម្ចាស់ទាំងឡាយមិន​ទំនងជាមនុស្ស​ភ្លេចសតិ មិនដឹងខ្លួន ជាអ្នកអាក្រាត​កាយថ្ងូរ​ស្រមុកសឹងលក់ឡើយ។ ភិក្ខុទាំងឡាយ​បានឮ​ពាក្យរបស់ឧបាសកទាំងនោះពោលទោស តិះដៀល បន្ដុះបង្អាប់ហើយ។ ពួកភិក្ខុ​ណា​ដែលមានសេចក្ដីប្រាថ្នាតិច។ បេ។ ភិក្ខុ​ទាំងនោះក៏ពោលទោស តិះដៀល បន្ដុះបង្អាប់ថា មិនសម្បីភិក្ខុទាំងឡាយសឹង​ជាមួយនឹងអនុបសម្បន្នឡើយ។ ខណៈនោះ​ឯង ភិក្ខុទាំងនោះក៏ក្រាបទូលរឿងនុ៎ះ​ចំពោះព្រះដ៏មានព្រះភាគ។បេ។ ព្រះអង្គទ្រង់ត្រាស់​សួរថា ម្នាលភិក្ខុទាំងឡាយ ឮថាពួកភិក្ខុ​ទៅសឹងជាមួយ នឹងអនុបសម្បន្ន (រឿងនេះ)ពិតឬ។ ភិក្ខុទាំងនោះក្រាបទូលថា បពិត្រ ព្រះដ៏មាន​ព្រះភាគ ការនោះពិតមែន។ ព្រះពុទ្ធជាម្ចាស់ដ៏មានព្រះភាគ ទ្រង់តិះដៀលថា ម្នាលភិក្ខុទាំងឡាយ មោឃបុរស​ទាំងនោះមិនទំនងដេកជាមួយនឹងអនុបសម្បន្នសោះ ម្នាលភិក្ខុ​ទាំងឡាយ កម្មនេះមិននាំ​ឱ្យជ្រះថ្លាដល់ជនទាំងឡាយ ដែលមិនទាន់ជ្រះថ្លាទេ។ បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុណាមួយ ដេកជាមួយ​នឹងអនុបសម្បន្ន ត្រូវអាបត្ដិបាចិត្ដិយ។ សិក្ខាបទនេះព្រះ ដ៏មានព្រះភាគ​បានទ្រង់បញ្ញត្ដ​ដល់​ភិក្ខុទាំងឡាយយ៉ាងនេះឯង។

[២៩០] គ្រានោះឯង ព្រះដ៏មានព្រះភាគកាលគង់នៅក្រុងអាឡវី គួរដល់​ពុទ្ធអធ្យាស្រ័យ​ហើយទ្រង់ពុទ្ធដំណើរទៅកាន់ចារិកនាក្រុងកោសម្ពី ទ្រង់យាងដោយ​លំដាប់ទៅក៏បាន​ដល់​ក្រុង​កោសម្ពីនោះឯង។ បានឮថា ព្រះដ៏មានព្រះភាគទ្រង់សម្រេច​ឥរិយាបថនៅ​ពទរិការាម​ ជិតក្រុងកោសម្ពីនោះ។ ភិក្ខុទាំងឡាយបានពោលពាក្យនេះនឹងរាហុល​ដ៏មាន​អាយុថា ម្នាលរាហុលដ៏មានអាយុ សិក្ខាបទព្រះដ៏មានព្រះភាគទ្រង់ត្រាស់បញ្ញត្ដដូច្នេះថា ភិក្ខុមិនត្រូវដេកជាមួយនឹងអនុបសម្បន្នទេ ម្នាលរាហុល (សាមណេរ) ដ៏មានអាយុ អ្នកចូរ​ដឹងនូវទីសឹងចុះ។ គ្រានោះ រាហុលដ៏មានអាយុរកទីសឹងមិនបាន ក៏ទៅសឹងក្នុងវច្ចកុដិ​(បង្គន់)។ ខណៈនោះ ព្រះដ៏មានព្រះភាគទ្រង់តើនអំពីយប់ក្នុងវេលា បច្ចូសសម័យ​នៃរាត្រី ហើយយាងចូលទៅទីវច្ចកុដិ លុះយាងចូលទៅដល់ហើយ ទ្រង់ឱ្យនូវព្រះសូរសៀង (គឺគ្រហែមតាមទំនៀមវច្ចកុដិវត្ដ)។ ឯរាហុលដ៏មានអាយុក៏គ្រហែមត។ ព្រះដ៏មាន​ព្រះភាគ​ទ្រង់ត្រាស់ សួរថា នរណានៅក្នុងវច្ចកុដីនេះ។ រាហុលក៏ក្រាបទូលថា បពិត្រ ព្រះដ៏មានព្រះភាគ ខ្ញុំព្រះអង្គឈ្មោះរាហុល។ ព្រះដ៏មានព្រះភាគត្រាស់សួរថា ម្នាល​រាហុល ហេតុអ្វីបានជាអ្នកមកដេក ក្នុងវច្ចកុដិនេះ។ គ្រានោះ រាហុលដ៏មានអាយុ​ក៏ក្រាបទូលរឿងនុ៎ះ​ចំពោះព្រះដ៏មានព្រះភាគ។ ព្រោះរឿងនេះ ដំណើរនេះ ព្រះដ៏មាន ព្រះភាគទ្រង់ធ្វើធម្មីកថា ត្រាស់ហៅភិក្ខុទាំងឡាយមកហើយសំដែង ថា ម្នាលភិក្ខុ​ទាំងឡាយ តថាគតអនុញ្ញាត ដើម្បីឱ្យអ្នកទាំងឡាយ​សម្រេចនូវទីដេក​ជាមួយនឹង​អនុបសម្បន្ន​​​អស់​ពីរយប់ ឬបីយប់បាន។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ​គប្បីសំដែង​ឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុណាមួយ សម្រេចនូវទីដេកជាមួយនឹងអនុបសម្បន្ន លើសជាងពីរយប់ ឬបីយប់ឡើងទៅ ភិក្ខុនោះត្រូវអាបត្ដិបាចិត្ដិយ។

[២៩១] ត្រង់ពាក្យថា ភិក្ខុណាមួយ បានអធិប្បាយក្នុងសិក្ខាបទទី១ នៃបារាជិកកណ្ឌ​រួច​ហើយ។ ដែលហៅថា អនុបសម្បន្ននោះ គឺលើកលែងតែភិក្ខុចេញ ក្រៅអំពី​នោះជា​អនុបសម្បន្ន​ទាំងអស់។ ពាក្យថា លើសជាងពីរយប់ឬបីយប់ឡើងទៅ គឺច្រើនជាង​ពីរយប់​បីយប់។ ពាក្យថា ជាមួយ សេចក្ដីថា ជាមួយគ្នា។ ដែលហៅថាទីដេក គឺទីដែល​គេប្រក់​ទាំងអស់ ដែលគេ​បិទបាំងទាំងអស់ ដែលគេប្រក់ដោយច្រើន ដែលគេបិទបាំង​ដោយ​ច្រើន។ ពាក្យថា សម្រេចនូវទីដេក សេចក្ដីថា កាលបើព្រះអាទិត្យក្នុងថ្ងៃជាគំរប់ ៤ អស្ដង្គតទៅហើយ កាល បើអនុបសម្បន្នដេក ភិក្ខុក៏នៅដេក ភិក្ខុត្រូវអាបត្ដិបាចិត្ដិយ។ កាលបើភិក្ខុដេក អនុបសម្បន្នក៏នៅដេក ភិក្ខុត្រូវអាបត្ដិបាចិត្ដិយ។ ពុំនោះសោត នៅដេក​ទាំងពីរនាក់ ភិក្ខុត្រូវអាបត្ដិបាចិត្ដិយ។ អ្នកទាំងពីរនាក់ក្រោកឡើងហើយដេកទៅ​វិញ​រឿយៗ ភិក្ខុត្រូវអាបត្ដិបាចិត្ដិយ។

[២៩២] អនុបសម្បន្ន ភិក្ខុសំគាល់ថាអនុបសម្បន្ន សម្រេចនូវទី ដេករួមគ្នាលើស​ជាងពីរយប់ ឬបីយប់ឡើងទៅ ត្រូវអាបត្ដិបាចិត្ដិយ។ អនុបសម្បន្ន តែភិក្ខុមាន​សេចក្ដី​សង្ស័យ ហើយសម្រេចនូវទីដេករួមគ្នាលើសជាងពីរយប់ ឬបីយប់ឡើងទៅ ត្រូវអាបត្ដិ​បាចិត្ដិយ។ អនុបសម្បន្ន ភិក្ខុសំគាល់ថាឧបសម្បន្នទៅវិញ ហើយសម្រេចនូវទី​ដេករួមគ្នា​លើស ជាងពីរយប់ ឬបីយប់ឡើងទៅ ត្រូវអាបត្ដិបាចិត្ដិយ។ ភិក្ខុត្រូវអាបត្ដិទុក្កដ ក្នុងទី​ដែលប្រក់​បានពាក់​កណ្ដាល បិទបាំងពាក់កណ្ដាល។ ឧបសម្បន្ន ភិក្ខុសំគាល់ថា អនុបសម្បន្ន ត្រូវអាបត្ដិទុក្កដ។ ឧបសម្បន្ន តែភិក្ខុមានសេចក្ដីសង្ស័យ ត្រូវអាបត្ដិទុក្កដ។ ឧបសម្បន្ន ភិក្ខុសំគាល់ថាឧបសម្បន្ន ពិតមែន ជាអនាបត្ដិ។

[២៩៣] អាបត្ដិមិនមានដល់ភិក្ខុនៅអស់ពីររាត្រី ឬបីរាត្រី (គឺដេក នៅ​ជាមួយអនុបសម្បន្ន) ដល់ភិក្ខុដែលដេកនៅថយអំពីពីរ ឬបីរាត្រីចុះមក ដល់ភិក្ខុដែលដេកនៅបានពីររាត្រីរួច ហើយចេញទៅអំពីពេលមុនអរុណរះ នៃរាត្រីជាគំរប់បី ហើយទើបមកដេកនៅជាថ្មីទៀត ដល់ភិក្ខុដែលដេកនៅ ក្នុងទីដែលគេប្រក់ទាំងអស់ តែគេមិនបាន​បិទបាំងទាំងអស់ ដល់​ភិក្ខុ​ដែលដេកនៅក្នុងទីដែលគេបិទបាំងជិត តែគេប្រក់​មិនពេញ ដល់ភិក្ខុដែលដេក​នៅក្នុង​ទី​​ដែលគេមិនបានប្រក់ដោយច្រើន (គឺប្រក់បានបន្ដិចបន្ដួច) ដល់ភិក្ខុដែលដេកនៅ​ក្នុងទី​ដែល​គេមិនបានបិទបាំងដោយច្រើន (គឺបិទបាំងបន្ដិចបន្ដួច) ដល់ភិក្ខុអ្នកអង្គុយ អនុបសម្បន្ន​ដេក ដល់ភិក្ខុដេកអនុបសម្បន្នអង្គុយ ឬភិក្ខុដែលអង្គុយពីរនាក់​នឹង​អនុបសម្បន្ន ដល់ភិក្ខុឆ្កួត ដល់ភិក្ខុអ្នកដើមបញ្ញត្ដិ។

សិក្ខាបទទី ៥ ចប់។

សិក្ខាបទទី

[២៩៤] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគកាលគង់នៅវត្ដជេតពន ជារបស់​អនាថ​បិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ សម័យនោះឯង ព្រះអនុរុទ្ធដ៏មានអាយុនិមន្ដ​ទៅក្រុង​សាវត្ថី ក្នុងកោសលជនបទ បានចូលទៅ កាន់ស្រុកមួយក្នុវេលាល្ងាច។ សម័យនោះឯង ក្នុងស្រុកនោះ មានផ្ទះ សម្រាប់សំណាក់ដែលស្រីម្នាក់បានសង់ទុកហើយ។ គ្រានោះឯង ព្រះ អនុរុទ្ធដ៏មានអាយុចូលទៅរកស្រីនោះ លុះចូលទៅដល់ហើយបានពោល ពាក្យនេះ​នឹងស្រីនោះថា ម្នាលប្អូនស្រីបើនាងមិនមានសេចក្ដីចង្អៀតចង្អល់ទេ អាត្មាសូមនៅក្នុងផ្ទះ​សំណាក់បានមួយយប់។ ស្រីនោះទូលតបថា និមន្ដគង់នៅចុះលោកម្ចាស់។ សូម្បីពួកជន​អ្នកដំណើរដទៃទៀតក៏ចូលទៅរកស្រីនោះ លុះចូលទៅដល់ហើយ បានពោលពាក្យនេះ​នឹងស្រីនោះថា បពិត្រនាងជាម្ចាស់ បើនាងមិនមានសេចក្ដីចង្អៀតចិត្ដទេ យើងទាំងឡាយ​សូមនៅក្នុងផ្ទះសំណាក់បានមួយយប់។ ស្រីនោះប្រាប់ថា មានសមណៈជាម្ចាស់១អង្គនុ៎ះ លោកចូលទៅមុនហើយ បើសមណៈនោះលោកព្រម អ្នកទាំងឡាយចូរនៅចុះ។ គ្រានោះ​ឯង អ្នកដំណើរទាំងនោះ ក៏ចូលទៅ រកព្រះអនុរុទ្ធដ៏មានអាយុ លុះចូលទៅដល់ហើយ បានទូលពាក្យនេះនឹង ព្រះអនុរុទ្ធដ៏មានអាយុថា បពិត្រលោកដ៏ចំរើន បើលោក​មិនមាន​សេចក្ដីចង្អៀតចិត្ដទេ ខ្ញុំករុណា ទាំងឡាយសូមនៅក្នុងផ្ទះសំណាក់(នេះ) បានមួយ​យប់​ផង។ ព្រះអនុរុទ្ធប្រាប់ថា ម្នាលអាវុសោទាំងឡាយ អ្នកទាំងឡាយនៅចុះ។ ឯស្រីនោះ ក៏មាន​ចិត្ដប្រតិព័ទ្ធក្នុងព្រះអនុរុទ្ធដ៏មានអាយុតាំងអំពីបានឃើញ។ លំដាប់នោះ ស្រីនោះ​ក៏ចូលទៅរកព្រះអនុរុទ្ធដ៏មានអាយុ លុះចូលទៅដល់ហើយ បានពោលពាក្យនេះនឹង​ព្រះអនុរុទ្ធដ៏​មានអាយុថា បពិត្រលោកដ៏ចំរើន លោកម្ចាស់នឹងគង់នៅច្រឡូក​ច្រឡំដោយ​មនុស្សទាំងឡាយនេះមិនស្រួលទេ បពិត្រលោកដ៏ចំរើន ចាំខ្ញុំករុណារៀបចំគ្រែតូច​មួយ​ខាង​ក្នុងដើម្បីលោកម្ចាស់។ ព្រះអនុរុទ្ធដ៏មានអាយុ ក៏ទទួលព្រមដោយតុណ្ហីភាព។ ឯស្រី​នោះ​ក៏រៀបចំគ្រែតូច ខាងក្នុងដោយខ្លួនឯងដើម្បីព្រះអនុរុទ្ធដ៏មានអាយុ ហើយប្រដាប់​តាក់តែង អាយុ លុះចូលទៅដល់ហើយ បានពិតពាក្យនេះនឹងព្រះអនុរុទ្ធដ៏មានអាយុថា បពិត្រលោកដ៏ចំរើន លោកម្ចាស់មានរូបល្អ គួរទស្សនាការ នាំមកនូវសេចក្ដីជ្រះថ្លា ឯខ្ញុំករុណាក៏ជាស្រីមានរូបល្អដែរ គួររមិលមើលនាំមកនូវសេចក្ដីជ្រះថ្លាដែរ បពិត្រ​លោកដ៏ចំរើន ខ្ញុំករុណាសូមធ្វើជាប្រពន្ធរបស់លោកម្ចាស់។ កាលដែលស្រីនោះនិយាយ​យ៉ាងនេះហើយ ព្រះអនុរុទ្ធដ៏មានអាយុក៏ស្ងៀមនៅ។ ស្រីនោះបាននិយាយ​ពាក្យនេះ​នឹងព្រះ អនុរុទ្ធដ៏មានអាយុ​ជាគំរប់ពីរដងទៀត។ បេ។ ជាគំរប់បីដងទៀតថា បពិត្រលោក​ដ៏ចំរើន លោកម្ចាស់មានរូបល្អ គួរទស្សនាការ នាំមកនូវសេចក្ដីជ្រះថ្លា ឯខ្ញុំករុណា​ក៏ជាស្រីមានរូបល្អគួររមិលមើល នាំមកនូវ​សេចក្ដីជ្រះថ្លាដែរ បពិត្រលោកដ៏ចំរើន សូម​លោកម្ចាស់ព្រមទទួលយកនូវខ្ញុំករុណា នឹងសម្បត្ដិទាំងពួងចុះ។ ព្រះអនុរុទ្ធដ៏មានអាយុ​ក៏ស្ងៀមនៅអស់វារៈជាគំរប់បីដង។ ឯស្រីនោះក៏ដាក់សម្ពត់សាដកទាំងអស់ផុតចេញ (ពីខ្លួន) ហើយដើរខ្លះ ឈរខ្លះ អង្គុយខ្លះ ដេកខ្លះ ខាងមុខនៃព្រះអនុរុទ្ធដ៏មាន អាយុ។ ខណៈនោះ ព្រះអនុរុទ្ធដ៏មានអាយុក៏សង្រួមនូវឥន្ទ្រិយទាំងឡាយ ហើយមិនបានក្រឡេក​មើលមិនបានចរចានឹងស្រីនោះឡើយ។ ឯស្រីនោះ ក៏លាន់មាត់ថា អើហ្ន៎គួរឱ្យ​អស្ចារ្យ​ពេក​ណាស់ អើហ្ន៎មិនដែលឃើញទេតើ មនុស្សទាំងឡាយជាច្រើនរមែងបញ្ជូន​មក ដោយរយកហាបណៈខ្លះដោយពាន់កហាបណៈខ្លះ ដើម្បីរូបអញ ឯសមណៈនេះអញ​ខំលួង​លោមដល់ម្ល៉េះ ដោយខ្លួនឯង ក៏ឥតមានត្រូវការចំពោះខ្លួនអញ នឹងទ្រព្យសម្បត្ដិ​ទាំងពួង ដល់តិចសោះ (ថាដូច្នេះ) ហើយក៏ស្លៀកសម្ពត់សាដក ហើយក្រាប​ចុះដោយ​ត្បូងទៀបបាទានៃព្រះអនុរុទ្ធដ៏មានអាយុ ហើយសូមខមាទោសនឹងព្រះ អនុរុទ្ធដ៏មាន​អាយុថា បពិត្រលោកដ៏ចំរើន ខ្ញុំព្រះករុណាជាស្រីមានកំហុស ហើយ ព្រោះខ្ញុំព្រះករុណា​ជាស្រីពាល ជាស្រីល្ងង់ ជាស្រីមិនឈ្លាស ខ្ញុំ ឯណាដែលបានធ្វើ​នូវកំហុសមានសភាព​យ៉ាងនេះហើយ បពិត្រលោកដ៏ចំរើន សូមលោកម្ចាស់ទទួល​នូវកំហុសតាមទោស​របស់​ខ្ញុំព្រះករុណានោះ ដើម្បីនឹងសង្រួមតទៅទៀត។ ព្រះអនុរុទ្ធក៏តបថា ម្នាលប្អូនស្រី ណ្ហើយ​ចុះ នាងមានកំហុសហើយ ព្រោះនាងជាស្រីពាល ជាស្រីល្ងង់ ជាស្រីមិន ឈ្លាស នាងណាដែលបានធ្វើនូវកំហុស មានសភាពយ៉ាងនេះហើយ ម្នាលប្អូនស្រី តែនាងឯង​បាន​ឃើញនូវកំហុសដោយកំហុសពិត ហើយសំដែងដោយសមគួរតាមធម៌ យើងនឹង​ទទួល​នូវកំហុសរបស់នាងឯងនោះបាន អ្នកណាមួយបានឃើញនូវកំហុស ដោយកំហុស​ពិត ហើយសំដែងដោយសមគួរតាមធម៌ ហើយតាំងនៅក្នុងសេចក្ដីសង្រួមតទៅ ម្នាលប្អូន ស្រី ការនេះជាសេចក្ដីចំរើនរបស់អ្នកនោះ ក្នុងអរិយវិន័យ។ ឯស្រីនោះ លុះកន្លង​រាត្រី​នោះ​ទៅក៏បវារណា និមន្ដព្រះអនុរុទ្ធដ៏មានអាយុឱ្យឆាន់ បង្អែមនិងចំអាបដ៏ផ្ចិតផ្ចង់​ដោយ​ដៃខ្លួនឯង ហើយអង្គុយនៅក្នុងទីដ៏សមគួរ ជាមួយនឹងព្រះអនុរុទ្ធដ៏​មានអាយុដែល​ឆាន់​ហើយ និងលាងបាត្រលាងដៃ រួចហើយ។ ព្រះអនុរុទ្ធដ៏មានអាយុបាន​ពន្យល់ស្រី​ដែល​អង្គុយ​ក្នុងទីដ៏សមគួរនោះឱ្យយល់ច្បាស់ ឱ្យទទួលយក ឱ្យអាចហ៊ាន ឱ្យរីករាយ ដោយ​វាចា​ប្រកបដោយធម៌។ ឯស្រីនោះ លុះព្រះអនុរុទ្ធដ៏មានអាយុបានពន្យល់ឱ្យយល់ច្បាស់ ឱ្យទទួលយក ឱ្យអាចហ៊ាន ឱ្យរីករាយ ដោយវាចា ប្រកបដោយធម៌ហើយ ក៏បាន​និយាយពាក្យនេះនឹងព្រះអនុរុទ្ធដ៏មាន អាយុថា បពិត្រលោកដ៏ចំរើន ពាក្យនេះ ភ្លឺច្បាស់​ណាស់ បពិត្រលោកដ៏ចំរើន ពាក្យនេះ ភ្លឺច្បាស់ណាស់ បពិត្រលោកដ៏ចំរើន បុគ្គលផ្ងារ​ឡើងនូវភាជន៍ដែលគេផ្កាប់ចុះ ឬបើកចេញនូវវត្ថុដែលគេបិទបាំងទុក ពុំនោះសោតដូច​បុគ្គល​​ប្រាប់ផ្លូវដល់​មនុស្សដែល​វង្វេងផ្លូវ ឬដូចបុគ្គល កាន់ប្រទីបទ្រោលក្នុងទីងងឹត បំភ្លឺដល់មនុស្ស​ដែលមានចក្ខុ​ឱ្យឃើញរូប គ្នាបាន សេចក្ដីនេះមានឧបមាដូចម្ដេចមិញ ព្រះអនុរុទ្ធជា​ម្ចាស់បានប្រកាស​ធម៌ដោយបរិយាយដ៏ច្រើន ក៏មានឧបមេយ្យដូច្នោះដែរ បពិត្រលោក ដ៏ចំរើន ខ្ញុំព្រះករុណានេះ​សូមដល់នូវព្រះដ៏មាន ព្រះភាគនោះព្រមទាំងព្រះ ធម៌ និងព្រះភិក្ខុសង្ឃថាជាទីពឹងទីរលឹក សូមលោកម្ចាស់ចំាទុកនូវខ្ញុំព្រះករុណា ថាជា​ឧបាសិកា​ដល់នូវ(ត្រៃ) សរណៈស្មើដោយជីវិត ចាប់ដើមតាំងអំពីថ្ងៃនេះជាដើមទៅ។ គ្រានោះ ព្រះអនុរុទ្ធ​ដ៏មាន​អាយុនិមន្ដទៅក្រុងសាវត្ថីហើយបាន​ប្រាប់សេចក្ដីនេះ​ដល់ភិក្ខុ​ទាំង​ឡាយ។ ភិក្ខុទាំងឡាយណាដែលមានសេចក្ដីប្រាថ្នាតិច។ បេ។ ភិក្ខុទាំងនោះក៏ ពោល​ទោស​តិះដៀល បន្ដុះបង្អាប់ថា ព្រះអនុរុទ្ធដ៏មានអាយុមិនគួរនឹងទៅ អាស្រ័យទី​ដេក​នៅជា​មួយនឹងមាតុគ្រាមសោះ។ ខណៈនោះ ភិក្ខុទាំងនោះ ក៏បានទូលរឿងនុ៎ះ​ចំព្រោះព្រះដ៏មានព្រះភាគ។ បេ។ ព្រះអង្គទ្រង់ត្រាស់ សួរថា ម្នាលអនុរុទ្ធ បានឮថា អ្នកសម្រេចនូវទីដេកជាមួយនឹងមាតុគ្រាម ពិតមែនឬ។ ព្រះអនុរុទ្ធក្រាបទូលថា បពិត្រ​ព្រះដ៏មានព្រះភាគ ការនោះពិតមែន។ ព្រះពុទ្ធជាម្ចាស់ដ៏មានព្រះភាគទ្រង់តិះដៀលថា ម្នាលអនុរុទ្ធ អ្នកមិនគួរនឹងសម្រេចនូវទីដេកជាមួយនឹងមាតុគ្រាមទេ ម្នាលអនុរុទ្ធ អំពើ ដែលអ្នក​ឯងធ្វើនេះមិននាំឱ្យជ្រះថ្លាដល់ជនទាំងឡាយដែលមិនទាន់ជ្រះថ្លាទេ។ បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុ​ណា​មួយសម្រេចនូវទីដេកជាមួយនឹងមាតុគ្រាម ត្រូវអាបត្ដិបាចិត្ដិយ។

[២៩៥] ត្រង់ពាក្យថា ភិក្ខុណាមួយ មានសេចក្ដីដូចគ្នានឹងសិក្ខាបទទី១ នៃបារាជិកកណ្ឌ ។ បេ។ ដែលហៅថា មាតុគ្រាមនោះ គឺស្រីមនុស្ស ឯយក្សស្រី ប្រេតស្រី តិរច្ឆានញី មិនហៅ​ថា​មាតុគ្រាមទេ ដោយហោចទៅសូម្បីតែក្មេងស្រីដែលកើតក្នុងថ្ងៃនោះ (ក៏ហៅថា មាតុគ្រាម​ដែរ) នឹងបាច់ពោលថ្វី ដល់មនុស្សស្រីដែលធំ។ ពាក្យថា ជាមួយ គឺក្នុង​ទីជាមួយគ្នា។ ដែលហៅថា ទីដេក គឺទីដេកដែលគេប្រក់ទាំងអស់ គេបិទបាំងទាំងអស់ គេប្រក់ដោយច្រើន គេបិទបាំងដោយច្រើន។ ពាក្យថា សម្រេចទីដេក សេចក្ដីថា វេលា​ព្រះអាទិត្យអស្ដង្គត​ហើយមាតុគ្រាមដេក ភិក្ខុក៏ដេកដែរ ភិក្ខុត្រូវអាបត្ដិបាចិត្ដិយ។ កាល​ភិក្ខុ​ដេក មាតុគ្រាមក៏ដេកដែរ ភិក្ខុត្រូវអាបត្ដិបាចិត្ដិយ។ ពុំនោះសោត ​ជនទាំងពីរ​ គឺភិក្ខុ​និងមាតុគ្រាមដេកព្រមគ្នា ភិក្ខុត្រូវអាបត្ដិបាចិត្ដិយ។ ជនទាំងពីរនោះក្រោកឡើង​ហើយ ដេកទៅវិញរឿយ ៗ ភិក្ខុត្រូវ​អាបត្ដិបាចិត្ដិយ។

[២៩៦] មាតុគ្រាម ភិក្ខុសំគាល់ថា មាតុគ្រាមពិតមែន ហើយសម្រេច​ទីដេកជាមួយគ្នា ត្រូវអាបត្ដិបាចិត្ដិយ។ មាតុគ្រាម តែភិក្ខុមានសេចក្ដីសង្ស័យ ហើយសម្រេច​ទីដេក​ជា​មួយគ្នា ត្រូវអាបត្ដិបាចិត្ដិយ។ មាតុគ្រាម ភិក្ខុសំគាល់ថាមិនមែនមាតុគ្រាម ហើយ​សម្រេច​ទីដេកជាមួយ គ្នា ត្រូវអាបត្ដិបាចិត្ដិយ។ ភិក្ខុត្រូវអាបត្ដិទុក្កដ (ព្រោះដេក) ក្នុងទីដេក ដែល​គេប្រក់​បានពាក់កណ្ដាល គេបិទបាំងបានពាក់កណ្ដាល។ ភិក្ខុសម្រេច​ទីដេកជា​មួយ​នឹងយក្សស្រីក្ដី ប្រេតស្រីក្ដី ជនខ្ទើយក្ដី តិរច្ឆានញីក្ដី ត្រូវអាបត្ដិទុក្កដ ។ មិនមែនមាតុគ្រាម ភិក្ខុសំគាល់ថាមាតុគ្រាមត្រូវអាបត្ដិទុក្កដ។ មិនមែនមាតុគ្រាម តែភិក្ខុមានសេចក្ដីសង្ស័យ ត្រូវអាបត្ដិទុក្កដ។ មិនមែនមាតុគ្រាម ភិក្ខុសំគាល់ថាមិនមែនមាតុគ្រាម មិនត្រូវអាបត្ដិ​ឡើយ។

[២៩៧] (អាបត្ដិមិនមានដល់ភិក្ខុសម្រេចទីដេកជាមួយនឹងមាតុគ្រាម) ក្នុងទីដែល​គេប្រក់​ទាំងអស់ តែមិនបានបិទបាំងជុំវិញ ដល់ភិក្ខុដែលដេកជាមួយនឹងមាតុគ្រាម​ក្នុងទីដែល​គេបិទបាំង​ជុំវិញ តែគេមិនបានប្រក់សោះឡើយ ដល់ភិក្ខុដែលដេក​ជាមួយនឹងមាតុគ្រាម​ក្នុងទីដែលគេមិនបានប្រក់ ដោយច្រើន គឺប្រក់បានបន្ដិចបន្ដួច គេមិនបានបិទបាំង​ដោយ​ច្រើន គឺបិទបាំងបន្ដិចបន្ដួច ដល់ភិក្ខុដែលអង្គុយ មាតុគ្រាមដេក ដល់ភិក្ខុដេក មាតុគ្រាម​អង្គុយ ដល់ភិក្ខុដែលអង្គុយ មាតុគ្រាមក៏អង្គុយទាំងពីរនាក់ ដល់ភិក្ខុឆ្កួត ដល់ភិក្ខុជា​ខាង​ដើម​បញ្ញត្ដិ។

សិក្ខាបទទី ៦ ចប់។

សិក្ខាបទទី

[២៩៨] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលទ្រង់គង់នៅវត្ដជេតពន ជារបស់​អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ កាលណោះឯង ឧទាយិដ៏មានអាយុ ជាអ្នកចូល​ទៅ​កាន់ត្រកូលក្នុងក្រុង សាវត្ថី តែងចូលទៅរកត្រកូលទាំងឡាយច្រើន។ លំដាប់នោះ ឧទាយិដ៏មានអាយុ វេលាព្រឹកព្រហាមក៏ស្លៀកស្បង់ហើយប្រដាប់ដោយ បាត្រចីវរ​ចូល​ទៅ​រក​ត្រកូល​មួយ។ គ្រានោះឯង ស្រីជាមេផ្ទះអង្គុយជិតទ្វារផ្ទះ។ ស្រីជាកូនប្រសានៃ​ស្រីមេផ្ទះនោះ ក៏អង្គុយជិតទ្វារផ្ទះសំណាក់។ លំដាប់នោះ ឧទាយិដ៏មានអាយុ ចូលទៅរក​ស្រីជាមេផ្ទះ លុះចូលទៅហើយក៏សំដែងធម៌ជិតត្រចៀកស្រីជាមេផ្ទះ។ ទើបស្រីជា​កូន​ប្រសា​នៃស្រីមេផ្ទះនោះ ក៏មានសេចក្ដីត្រិះរិះដូច្នេះ ថា សមណៈនោះជា​សហាយ​របស់​ម្ដាយក្មេក ឬនិយាយចង់គ្នា។ ពេលនោះ ឧទាយិដ៏មានអាយុ លុះសំដែងធម៌​ជិតត្រចៀក​ស្រីជាមេផ្ទះហើយ ក៏ចូលទៅរកស្រីជាកូនប្រសានៃស្រីមេផ្ទះ លុះចូលទៅហើយ ក៏​សំដែង​ធម៌ជិត​ត្រចៀកស្រីជាកូន​ប្រសានៃស្រីមេផ្ទះ (នោះទៀត)។ ទើបស្រីជាមេផ្ទះ​មាន​សេចក្ដីត្រិះរិះដូច្នេះថា សមណៈនោះជាសហាយ របស់ស្រីជាកូនប្រសានៃអញជាមេផ្ទះ ឬថានិយាយចង់គ្នា។ លំដាប់នោះ ឧទាយិដ៏មានអាយុ លុះសំដែងធម៌ជិត​ត្រចៀក​ស្រីជា​កូន​ប្រសានៃស្រី មេផ្ទះហើយ ក៏ចៀសចេញទៅ។ គ្រានោះឯង ស្រីជាមេផ្ទះបាន​និយាយ​ពាក្យ​នេះនឹងស្រី​ជាកូន​ប្រសានៃខ្លួនជាមេផ្ទះថា នែហង សមណៈនោះ បាននិយាយ​ពាក្យអ្វីខ្លះ​នឹងហងឯង។ ស្រីជាកូនប្រសាតបថា បពិត្រអ្នកម៉ែ សមណៈនោះ​សំដែង​ធម៌ដល់ខ្ញុំចំណែកឯអ្នកម៉ែ សមណៈនោះ បាននិយាយពាក្យអ្វីឱ្យខ្លះ។ ម្ដាយក្មេក​ប្រាប់ថា សមណៈនោះសំដែងធម៌ដល់អញដែរ។ ស្រីទាំងពីរនាក់នោះក៏ពោលទោស តិះដៀល បន្ដុះបង្អាប់ថា លោកម្ចាស់ឧទាយិ មិនសម្បីបើនឹងសំដែង ធម៌(ខ្សិប) ជិតត្រចៀក​មាតុគ្រាមសោះ ធម្មតាសមណៈគួរតែសំដែងធម៌ ដោយសំឡេងក្បស់ក្បាយ ដោយ​ច្បាស់​លាស់ទេតើ។ ភិក្ខុទាំងឡាយបានឮពាក្យស្រីទាំងនោះពោលទោស តិះដៀល បន្ដុះបង្អាប់ហើយ។ ពួកភិក្ខុណាមានសេចក្ដីប្រាថ្នាតិច។ បេ។ ភិក្ខុទាំងនោះ​ក៏ពោល​ទោស តិះដៀល បន្ដុះបង្អាប់ថា ឧទាយិដ៏មានអាយុមិនសម្បីបើនឹងសំដែងធម៌​ដល់​មាតុគ្រាម​សោះ។ ឯភិក្ខុទាំងនោះ ក៏នាំគ្នាក្រាបទូលសេចក្ដីនុ៎ះចំពោះ​ព្រះដ៏មានព្រះភាគ​ម្ចាស់។បេ។ ព្រះអង្គ​ទ្រង់ត្រាស់សួរថា ម្នាលឧទាយិ បានឮថាអ្នកឯងសំដែង​ធម៌​ដល់​មាតុគ្រាម ពិតមែនឬទេ។ ឧទាយិភិក្ខុក្រាបទូលថា សូមទ្រង់មេត្ដាប្រោស ពិតមែន​ហើយ។ ព្រះពុទ្ធដ៏មានព្រះភាគ ទ្រង់តិះដៀលថា ម្នាល​មោឃបុរស អ្នកឯង​មិនសម​បើនឹងសំដែងធម៌ដល់មាតុគ្រាមទេ ម្នាលមោឃបុរស អំពើ​នេះមិននាំ​ឱ្យជ្រះថ្លាដល់​បុគ្គល​ដែលមិនទាន់ជ្រះថ្លាទេ។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ​គប្បីសំដែង​ឡើងនូវ​សិក្ខាបទ​នេះយ៉ាងនេះថា ភិក្ខុណាមួយសំដែងធម៌ដល់មាតុគ្រាម ត្រូវអាបត្ដិបាចិត្ដិយ។ ព្រះដ៏មានព្រះភាគទ្រង់បញ្ញត្ដសិក្ខាបទនេះដល់ភិក្ខុទាំងឡាយ ដោយប្រការដូច្នេះ។

[២៩៩] សម័យនោះឯង ពួកឧបាសិកាឃើញភិក្ខុទាំងឡាយ ក៏និយាយ​ពាក្យនេះថា បពិត្រលោកម្ចាស់ទាំងឡាយ ពួកខ្ញុំករុណា សូមអារាធនា សូមលោកម្ចាស់​ទាំងឡាយ​មេត្ដាសំដែងធម៌ឱ្យទាន។ ពួកភិក្ខុឆ្លើយថា ម្នាលប្អូនស្រី ការសំដែងធម៌​ដល់មាតុគ្រាម​មិន​គួរទេ។ ពួកឧបាសិកាទូលថា បពិត្រលោកម្ចាស់ទាំងឡាយ ពួកខ្ញុំករុណា​សូម​អារាធនា សូមលោកម្ចាស់ទាំងឡាយមេត្ដាសំដែងធម៌ត្រឹមប្រាំម៉ាត់ ឬប្រាំមួយម៉ាត់ឱ្យ ទាន​ចុះ ពួកខ្ញុំ​ករុណា អាចចាំធម៌បានដោយពាក្យមានប្រមាណប៉ុណ្ណេះ។ ពួកភិក្ខុនិយាយ​ថា ម្នាល​ប្អូនស្រី ការសំដែងធម៌ដល់មាតុគ្រាមមិនគួរទេ ថាដូច្នោះហើយ ក៏មាន​សេចក្ដី​រង្កៀស​​ខាន​សំដែងធម៌ទៅ។ ពួកឧបាសិកាក៏ពោលទោស តិះដៀល បន្ដុះបង្អាប់ថា មិន​សមបីបើ លោកម្ចាស់​ទាំងឡាយ ពួកយើងខំអង្វរទាំងម្ល៉េះ ក៏មិនសំដែងធម៌​ឱ្យទាន​សោះ។ ភិក្ខុ​ទាំង​ឡាយបានឮពាក្យឧបាសិកាទាំងនោះពោលទោស តិះដៀល បន្ដុះ​បង្អាប់​ហើយ។ ទើប​ភិក្ខុ​ទាំងនោះនាំគ្នាក្រាបទូលសេចក្ដីនុ៎ះ​ចំពោះព្រះដ៏មាន​ព្រះភាគ​ជាម្ចាស់។ ព្រោះរឿង​នេះ ដំណើរនេះ ព្រះដ៏មានព្រះភាគទ្រង់ធ្វើធម្មីកថា ត្រាស់ហៅភិក្ខុទាំងឡាយ​ដោយ​ព្រះពុទ្ធដីកាថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឱ្យភិក្ខុសំដែង​ធម៌ដល់​មាតុគ្រាម បាន​តែត្រឹមប្រាំម៉ាត់ ឬប្រាំមួយម៉ាត់ប៉ុណ្ណោះ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ​គប្បី​សំដែង​ឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុណាមួយសំដែង ធម៌ដល់​មាតុគ្រាម​លើស​ពីប្រាំម៉ាត់ ឬប្រាំមួយម៉ាត់ឡើងទៅ ត្រូវអាបត្ដិបាចិត្ដិយ។ ព្រះដ៏មានព្រះភាគ​បានទ្រង់​បញ្ញត្ដសិក្ខាបទនេះដល់ភិក្ខុទាំងឡាយ ដោយប្រការដូច្នេះ។

[៣០០] សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុបានដឹងថា ព្រះដ៏មាន ព្រះភាគបាន​អនុញ្ញាត​ឱ្យភិក្ខុសំដែងធម៌ដល់មាតុគ្រាមបានត្រឹមប្រាំម៉ាត់ឬ ប្រាំមួយម៉ាត់ហើយ។ ពួកឆព្វគ្គិយភិក្ខុ​ទាំងនោះ​ក៏ឱ្យបុរសដែលមិនដឹងក្ដី អង្គុយជិត ហើយសំដែងធម៌ដល់មាតុគ្រាម​លើសពី​ប្រាំម៉ាត់ ឬប្រាំមួយម៉ាត់ឡើងទៅ។ ភិក្ខុទាំងឡាយណាមានសេចក្ដីប្រាថ្នាតិច។ បេ។ ភិក្ខុ ទាំងនោះក៏ពោលទោស តិះដៀល បន្ដុះបង្អាប់ថា មិនសម្បីបើពួកឆព្វគ្គិយភិក្ខុ​ឱ្យបុរស​ដែល​មិនដឹងក្ដីអង្គុយជិត ហើយសំដែងធម៌ដល់មាតុគ្រាម​លើសពីប្រាំ​ម៉ាត់ ឬប្រាំមួយ​ម៉ាត់​ឡើងទៅសោះ។ ឯភិក្ខុទាំងនោះនាំគ្នាក្រាបទូលសេចក្ដីនុ៎ះចំពោះព្រះដ៏មានព្រះភាគ​ជា​ម្ចាស់។ បេ។ ព្រះអង្គ ទ្រង់ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ បានឮថា អ្នកទាំងឡាយ​ឱ្យបុរស ដែលមិនដឹងក្ដី​អង្គុយជិត ហើយសំដែងធម៌ដល់មាតុគ្រាមលើសពីប្រាំម៉ាត់ ឬ​ប្រាំមួយ​ម៉ាត់ឡើងទៅ ពិតមែនឬ។ ពួកឆព្វគ្គិយភិក្ខុក្រាបទូលថា សូមទ្រង់ព្រះមេត្ដា​ប្រោស ពិតមែន។ ព្រះពុទ្ធដ៏មានព្រះភាគជាម្ចាស់ទ្រង់តិះដៀលថា ម្នាលមោឃបុរស​ទាំងឡាយ មិនសម្បីបើអ្នកទាំងឡាយឱ្យបុរសដែលមិនដឹងក្ដីអង្គុយជិត ហើយសំដែងធម៌​ដល់​មាតុគ្រាមលើសពីប្រាំ ម៉ាត់ឬប្រាំមួយម៉ាត់ឡើងទៅទេ។ ម្នាលមោឃបុរសទាំងឡាយ អំពើនេះ មិននាំឱ្យជ្រះថ្លាដល់ជន​ទាំងឡាយដែល​មិនទាន់ជ្រះថ្លាទេ។ បេ។ ម្នាល ភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុណាមួយ សំដែងធម៌ដល់មាតុគ្រាមលើសពីប្រាំម៉ាត់ ឬប្រាំមួយម៉ាត់ឡើងទៅ ភិក្ខុនោះត្រូវអាបត្ដិ​បាចិត្ដិយ វៀរលែងតែមានបុរសដែលដឹងក្ដី (អង្គុយជិត)។

[៣០១] ត្រង់ពាក្យថា ភិក្ខុណាមួយ មានសេចក្ដីដូចគ្នានឹងសិក្ខាបទទី១ នៃបារាជិកកណ្ឌ។ ដែលហៅថា មាតុគ្រាម គឺមនុស្សស្រី ដែលដឹងក្ដីអាចដឹងពាក្យល្អពាក្យអាក្រក់ ពាក្យ​ទ្រគោះ​ពាក្យមិនទ្រគោះ ឯយក្សស្រី ប្រេតស្រី តិរច្ឆានញី មិនហៅថាមាតុគ្រាមទេ។ ពាក្យថា លើសពីប្រាំម៉ាត់ឬប្រាំមួយម៉ាត់ឡើងទៅ គឺច្រើនជាងប្រាំម៉ាត់ឬប្រាំមួយ ម៉ាត់។ ដែលហៅថា ធម៌ គឺធម៌ដែល ព្រះពុទ្ធជាម្ចាស់ទ្រង់សំដែងទុកហើយ សាវកសំដែង​ទុក​ហើយ ឥសីសំដែងទុកហើយ ទេវតាសំដែងទុកហើយ ដែលអាស្រ័យនូវអដ្ឋកថា អាស្រ័យ​នូវបាលី។ ពាក្យថា សំដែង គឺភិក្ខុសំដែងដោយបទ ត្រូវអាបត្ដិបាចិត្ដិយ រាល់ៗបទ។ ភិក្ខុសំដែង ដោយអក្ខរៈ ត្រូវអាបត្ដិបាចិត្ដិយ រាល់ៗអក្ខរៈ។ ពាក្យថា វៀរលែងតែមានបុរសដែលដឹងក្ដី គឺលើកលែងតែបុរសដែលដឹងក្ដី។ ដែលហៅថា អ្នក​ដឹងក្ដី គឺបុរសដែលអាចដឹងនូវពាក្យល្អពាក្យអាក្រក់ ពាក្យទ្រគោះ ពាក្យមិនទ្រគោះ។

[៣០២] មាតុគ្រាម ភិក្ខុសំគាល់ថាមាតុគ្រាម ហើយសំដែងធម៌ ឱ្យលើសពី​ប្រាំម៉ាត់ ឬប្រាំមួយម៉ាត់ឡើងទៅ ដោយគ្មានបុរសដឹងក្ដី (នៅជិតខាង) ត្រូវអាបត្ដិបាចិត្ដិយ។ មាតុគ្រាម ភិក្ខុមានសេចក្ដីសង្ស័យ ហើយសំដែងធម៌ឱ្យលើសពីប្រាំម៉ាត់ ឬប្រាំមួយ​ម៉ាត់​ឡើងទៅ ដោយគ្មានបុរសដឹងក្ដី (នៅជិតខាង) ត្រូវអាបត្ដិបាចិត្ដិយ។ មាតុគ្រាម ភិក្ខុ​សំគាល់ ថា មិនមែនមាតុគ្រាម ហើយសំដែងធម៌ឱ្យលើសពីប្រាំម៉ាត់ឬប្រាំមួយម៉ាត់ ឡើង​ទៅ​ដោយគ្មានបុរសដឹងក្ដី (នៅជិតខាង) ត្រូវអាបត្ដិបាចិត្ដិយ។ ភិក្ខុសំដែងធម៌ឱ្យ​លើស​ពីប្រាំម៉ាត់ ឬប្រាំមួយម៉ាត់ឡើងទៅ ដល់យក្សស្រី ក្ដី ប្រេតស្រីក្ដី ជនខ្ទើយក្ដី តិរច្ឆានញី​មានរាងកាយដូចមនុស្សស្រីក្ដី ដោយគ្មានបុរសដឹងក្ដី (នៅជិតខាង) ត្រូវអាបត្ដិទុក្កដ។ មិនមែនមាតុគ្រាម ភិក្ខុសំគាល់ថាជាមាតុគ្រាម ត្រូវអាបត្ដិទុក្កដ។ មិនមែនមាតុគ្រាម ភិក្ខុមានសេចក្ដីសង្ស័យ ត្រូវអាបត្ដិទុក្កដ។ មិនមែនមាតុគ្រាម ភិក្ខុសំ- គាល់ថាមិន​មែន​មាតុគ្រាម មិនត្រូវអាបត្ដិអ្វីឡើយ។

[៣០៣] អាបត្ដិមិនមានដល់ភិក្ខុដែលសំដែងធម៌(ដល់មាតុគ្រាម)មានបុរសដឹងក្ដី (នៅជិត​ខាង) ដល់ភិក្ខុសំដែងធម៌ត្រឹមប្រាំម៉ាត់ឬប្រាំមួយ ម៉ាត់ ដល់ភិក្ខុសំដែង​ធម៌តិចជាង​ប្រាំម៉ាត់ ឬប្រាំមួយម៉ាត់ ដល់ភិក្ខុសំដែងធម៌ប្រាំម៉ាត់ឬប្រាំមួយម៉ាត់ក្រោកឡើង ហើយ​អង្គុយ​ទៅវិញសំដែងទៀត ដល់ភិក្ខុសំដែងធម៌ដល់មាតុគ្រាមដែលក្រោកឡើងហើយ អង្គុយ​ទៅវិញក្នុងខណៈនោះ ដល់ភិក្ខុសំដែងធម៌ដល់មាតុគ្រាមឯទៀត (ក្រៅពី មាតុគ្រាម​ដែលបានសំដែងឱ្យស្ដាប់ហើយ) ដល់ភិក្ខុដែលមាតុគ្រាមសួរ ប្រស្នាហើយឆ្លើយ​ដោះ​ប្រស្នា (នោះ) ដល់ភិក្ខុសំដែងធម៌ឱ្យអ្នកដទៃស្ដាប់ មាតុគ្រាមអង្គុយស្ដាប់ផង ដល់ភិក្ខុឆ្កួត ដល់ភិក្ខុជាខាងដើមបញ្ញត្ដិ។

សិក្ខាបទទី៧ ចប់។

សិក្ខាបទទី

[៣០៤] សម័យនោះ ព្រះភគវន្ដសម្ពុទ្ធជាម្ចាស់កាលគង់នៅកូដា គារសាលា ព្រៃមហាវន ទៀបក្រុងវេសាលី។ គ្រានោះឯងមានភិក្ខុ ច្រើនរូបជាមិត្របានជួបប្រទះគ្នាថ្មី និងមិត្រ​ស្និទ្ធស្នាលមាំមួន បាននៅចាំវស្សាប្របឆ្នេរស្ទឹងវគ្គុមុទា។ វេលានោះឯង ដែនវជ្ជីកើត​ទុរ្ភិក្ស (អត់បាយ) មនុស្សទាំងឡាយ ចិញ្ចឹមជីវិតបានដោយកម្រក្រៃពេក ក៏ដល់នូវសេចក្ដី ស្លាប់មានឆ្អឹងស (ដេរដាសលើផែនដី) នឹងទិញដូរស្រូវអង្ករ លុះតែមាន ស្លាកកាន់​ជា​សំគាល់ ទើបទិញដូរបាន មនុស្សទាំងអស់ក្នុងដែននោះ មិនងាយនឹង​ចិញ្ចឹមជីវិតដោយ​ការព្យាយាមស្វែងរកអាហារ។ ខណៈនោះ ភិក្ខុទាំងនោះគិតគ្នាដូច្នេះថា ឥឡូវនេះ ដែនវជ្ជី​កើតទុរ្ភិក្ស (អត់បាយ) មនុស្សទាំងឡាយ ចិញ្ចឹមជីវិតបានដោយកម្រក្រៃពេក ក៏ដល់នូវ​សេចក្ដី ស្លាប់មានឆ្អឹងស (ដេរដាសលើផែនដី) នឹងទិញដូរស្រូវអង្ករលុះតែមាន ស្លាកកាន់​ជាសំគាល់ ទើបទិញដូរបាន មនុស្សទាំងអស់ក្នុងដែននោះ មិនងាយនឹង​ចិញ្ចឹម​ជីវិត​ដោយ​ការព្យាយាមស្វែងរកអាហារឡើយ តើយើងនឹងគិតធ្វើឧបាយដូចម្ដេចហ្ន៎ ឱ្យបានសាមគ្គី​ស្មោះសរ កុំឱ្យមានវិវាទទាស់ទែងគ្នា នៅចាំវស្សាឱ្យបានស្រួលផង កុំឱ្យលំបាក​ដោយ​អាហារ​បិណ្ឌបាត​ផង។ ភិក្ខុពួកខ្លះឆ្លើយថា អាវុសោ បើដូច្នោះ យើងត្រូវទទួលរ៉ាប់រង​ការងារ​​របស់​គ្រហស្ថចុះ កាលបើយើងធ្វើយ៉ាងនេះហើយ គ្រហស្ថទាំងនោះ គង់នឹង​នឹកនាឱ្យអាហារដល់យើងមិនខាន កាលបើបានអាហារយ៉ាងនេះហើយ យើងក៏បាន​សាមគ្គីស្មោះសរ មិនវិវាទទាស់ទែងគ្នា នៅចាំវស្សាក៏ស្រួលផង ហើយមិនលំបាក​ដោយ​អាហារបិណ្ឌបាតផង។ ភិក្ខុពួកខ្លះឆ្លើយថា អាវុសោ កុំឡើយ ប្រយោជន៍អ្វី នឹងទទួល​រ៉ាប់រងការងាររបស់គ្រហស្ថនោះ អាវុសោ ណ្ហើយចុះ យើងត្រូវធ្វើជាអ្នកបម្រើ នាំដំណឹង​ដល់ពួកគ្រហស្ថវិញ កាលបើយើងធ្វើយ៉ាងនេះហើយ គ្រហស្ថ​ទាំងនោះគង់​នឹងនឹកនា​ឱ្យអាហារបិណ្ឌបាតដល់យើងមិនខាន កាលបើបានអាហារ យ៉ាងនេះ​ហើយ យើងនឹង​ព្រម​ព្រៀង​ស្មោះសរ មិនវិវាទទាស់ទែងគ្នានៅចំាវស្សាក៏ស្រួលផង ហើយមិនលំបាក ដោយ​អាហារបិណ្ឌបាតផង។ ភិក្ខុពួកខ្លះឆ្លើយថា អាវុសោ កុំឡើយ ប្រយោជន៍​អ្វីនឹង​ទទួលរ៉ាប់រងការងាររបស់គ្រហស្ថ ប្រយោជន៍អ្វីនឹងធ្វើជាអ្នកបម្រើ នាំ ដំណឹងដល់​ពួក​គ្រហស្ថ អាវុសោ ណ្ហើយចុះ យើងនឹងពោលសរសើរនូវឧត្ដរិមនុស្សធម៌​របស់គ្នា​នឹងគ្នា​ដល់​ពួកគ្រហស្ថវិញថា ភិក្ខុឯណោះ បានឈានទី ១ ភិក្ខុឯណោះបានឈានទី ២ ភិក្ខុ​ឯណោះបានឈានទី ៣ ភិក្ខុឯណោះបានឈានទី ៤ ភិក្ខុឯណោះជាសោតាបន្ន ភិក្ខុ​ឯណោះ​ជាសកទាគាមី ភិក្ខុឯណោះជាអនាគាមី ភិក្ខុឯណោះជាព្រះអរហន្ដ ភិក្ខុឯណោះ​បានវិជ្ជា ៣ ភិក្ខុឯណោះបានអភិញ្ញា៦ កាលបើយើងពោលយ៉ាងនេះហើយ គ្រហស្ថ​ទាំងនេះ​គង់នឹងនឹកនាឱ្យអាហារបិណ្ឌបាតដល់យើងមិនខាន បើបានអាហារយ៉ាង​នេះ​ហើយ យើងក៏នឹងមានសេចក្ដីសាមគ្គី ស្មោះសរ មិនវិវាទទាស់ទែងគ្នាទេ នៅចំា​វស្សាក៏​ស្រួល​ហើយ មិនលំបាកដោយបិណ្ឌបាតផង។ ភិក្ខុទាំងនោះក៏យល់ព្រមថា អាវុសោ ពួកយើងពោលសរសើរគុណឧត្ដរិមនុស្សធម៌ណារបស់គ្នាយើង ទៅវិញទៅ មក ដល់ពួក​គ្រហស្ថ ការពោលសរសើរគុណឧត្ដរិមនុស្សធម៌នេះស្រួលហើយ។ លំដាប់នោះ ភិក្ខុទាំង​នោះក៏បាន​ពោលសរសើរគុណឧត្ដរិមនុស្សធម៌ទៅវិញទៅមក​ដល់​ពួក​គ្រហស្ថថា ភិក្ខុ​ឯណោះបានឈានទី ១។ បេ។ ភិក្ខុឯណោះបានអភិញ្ញា ៦។ គ្រានោះ មនុស្សទាំងឡាយ​នោះក៏និយាយគ្នាថា អើហ្ន៎យើងរាល់គ្នាបានភិក្ខុបែបនេះមកនៅចាំវស្សា ហៅពេញ ជា​លាភ​​របស់យើង ឈ្មោះថាយើងបានបុណ្យដោយងាយណាស់ហ្ន៎ តាំង ពីដើមមកដល់​ឥឡូវនេះ យើងរាល់គ្នាមិនដែលបានពួកភិក្ខុមានសីលមានធម៌ជាកុសល​ដូចបែបនេះមក​នៅ​ចាំវស្សាសោះឡើយ។ មនុស្សទាំងនោះ​តែងប្រគេន​ភោជនាហារ [ភោជនមាន ៥យ៉ាង គឺបាយ ១ នំ ១ សត្ដុ ១ ត្រី ១ សាច់ ១។] យ៉ាងណាដល់ភិក្ខុទាំងឡាយ ភោជនាហារ​យ៉ាងនោះមិនហ៊ានបរិភោគមាត់ខ្លួនឡើយ ហើយមិនបានជូនទៅមាតាបិតា កូនប្រពន្ធ ខ្ញុំកំដរ កម្មករបុរស មិត្ដ អាមាត្យ និងញាតិសាលោហិតសោះឡើយ (ម្យ៉ាង​ទៀត) ធ្លាប់ប្រគេនខាទនីយ [ខាទនីយ បានខាងឯមើមឈើ ផ្លែឈើជាដើម។] គ្រឿង​សម្រាប់​ភ្លក្ស [បានខាងឯគ្រឿងសម្រាប់បរិភោគ គឺទឹកដោះរាវ ១ ទឹកដោះខាប់ ១ ប្រេង ១ ទឹកឃ្មុំ១ ទឹកអំពៅ ១។] និងទឹកបាន [ទឹកបាននោះ បានខាងទឹកបាន ៨ យ៉ាង មានទឹក​បានធ្វើពីផ្លែស្វាយ ផ្លែព្រីងជាដើម។] យ៉ាងណា ដល់ពួកភិក្ខុ ខាទនីយ និងគ្រឿងភ្លក់ ទឹកបានយ៉ាងនោះ ក៏មិនហ៊ានបរិភោគផឹកខ្លួនឯងឡើយ ហើយមិនបានជូនទៅមាតាបិតា កូនប្រពន្ធ ខ្ញុំកំដរ កម្មករបុរស មិត្ដ អាមាត្យ និងញាតិសាលោហិតសោះឡើយ។ គ្រានោះ​ឯង ភិក្ខុ ទាំងនោះ (លុះបានអាហារឆាន់បរិបូណ៌) ក៏មានសម្បុរល្អ មានឥន្ទ្រិយ​ពេញ​លេញ មានសម្បុរមុខស្រស់បស់ សម្បុរស្បែកក៏ផូរផង់។

[៣០៥] ភិក្ខុទាំងឡាយកាលបើចេញវស្សារួចហើយ តែងនាំគ្នា ចូលទៅគាល់​ព្រះដ៏មាន​ព្រះភាគជាទំនៀមមិនដែលខានឡើយ។ វេលានោះឯង ភិក្ខុទាំងនោះ​លុះបាន​នៅចំា​វស្សាគ្រប់ ៣ ខែហើយ ក៏រៀបចំទុក ដាក់គ្រឿងសេនាសនៈ រួចនាំយកបាត្រ និងចីវរ​ចូល​ទៅក្រុងវេសាលី ដើរទៅតាមលំដាប់ ចូលទៅគាល់​ព្រះដ៏មាន​ព្រះភាគដែលគង់​នៅឯ​កូដាគារ សាលា​ក្នុងព្រៃមហាវន​ទៀបក្រុងវេសាលី លុះចូលទៅដល់ហើយ ក៏ក្រាប ថ្វាយបង្គំ​​ព្រះដ៏មានព្រះភាគហើយអង្គុយនៅក្នុងទីដ៏សមគួរ។ សម័យនោះ ឯង ពួកភិក្ខុ​ដែល​​នៅចាំវស្សា​ក្នុងទិស​ទាំងឡាយ សឹងមានកាយ ស្គាំងស្គម សៅហ្មង មានសម្បុរ​អាក្រក់​កើតជារោគ​លឿង​ស្លេកស្លាំង មានខ្លួនរវាមដោយសរសៃ។ ចំណែកខាង​ពួកភិក្ខុ​ដែលនៅ​ទៀបត្រើយ​ស្ទឹងវគ្គុមុទា មានសម្បុរ​ល្អមានឥន្ទ្រិយពេញលេញ មានសម្បុរមុខ​ក៏ស្រស់បស់ សម្បុរស្បែកក៏ផូរផង់។ ឯទំនៀម​របស់ព្រះភគវន្ដ​សម្ពុទ្ធទាំង​ឡាយ ព្រះអង្គ​តែង ស្មោះសរ​ចំពោះ​ជាមួយ​នឹងអាគន្ដុក​ភិក្ខុ​គឺភិក្ខុ​ដែលទើបនឹងមកដល់ថ្មី។ គ្រា នោះ ព្រះដ៏មានព្រះភាគ​ជាម្ចាស់ ​ទ្រង់ត្រាស់​សួរទៅ​ពួកភិក្ខុដែលនៅទៀបឆ្នេរស្ទឹងវគ្គុមុទាថា ម្នាល​ភិក្ខុ​ទាំងឡាយ អ្នករាល់គ្នាល្មមអត់ធន់បានឬទេ អ្នករាល់គ្នាល្មមប្រព្រឹត្ដទៅ​បាន​ស្រួល​ឬទេ អ្នកទាំងឡាយមានសេចក្ដីសាមគ្គីស្មោះសរមិនវិវាទទាស់ទែងគ្នា នៅចាំវស្សា​ស្រួលបួល​មិនលំបាកដោយអាហារបិណ្ឌបាតទេឬ។ ភិក្ខុទាំងនោះក្រាបទូលថា បពិត្រ​ព្រះដ៏មានព្រះភាគ យើងខ្ញុំរាល់គ្នាល្មមអត់ធន់បាន បពិត្រព្រះដ៏មានព្រះភាគយើងខ្ញុំ រាល់​គ្នាល្មមប្រព្រឹត្ដទៅបាន បពិត្រព្រះដ៏មានព្រះភាគ យើងខ្ញុំរាល់គ្នាមាន      នៅ​ចាំវស្សាក៏​ស្រួល​​បួល មិនលំបាក​ដោយ​អាហារបិណ្ឌបាតផង។ ព្រះតថាគត​ទាំងឡាយទ្រង់ជ្រាប នូវហេតុ​ហើយត្រាស់សួរក៏មាន ជ្រាបហើយ​មិនត្រាស់សួរក៏មាន ជ្រាប ច្បាស់នូវ​កាលគួរ​ហើយ​ត្រាស់រួចក៏មាន ជ្រាបច្បាស់​នូវកាល​គួរហើយ មិនត្រាស់សួរក៏មាន ព្រះតថាគត​ទាំងឡាយ ទ្រង់ត្រាស់​សួរតែកម្មដែលប្រកបព្រមដោយប្រយោជន៍ កម្មដែលមិន​ប្រកប​ព្រម​ដោយ​ប្រយោជន៍ ព្រះអង្គមិនទ្រង់ត្រាស់សួរឡើយ ព្រះតថាគតទាំងឡាយ ព្រះអង្គ​ផ្ដាច់បង់ នូវកម្មមិន​ប្រកបដោយ​ប្រយោជន៍ ដោយអរិយមគ្គ​ជ្រះស្រឡះអស់ហើយ។ ព្រះភគវន្ដ​សម្ពុទ្ធទាំងឡាយ ទ្រង់សួរបញ្ជាក់ពួកភិក្ខុ​ដោយហេតុពីរប្រការ គឺសួរ​ដោយ​ទ្រង់ព្រះដំរិះថា តថាគតនឹងសំដែងធម៌១ នឹងបញ្ញត្ដនូវ​សិក្ខាបទដល់ពួកសាវក១។ កាល​នោះ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់សួរទៅពួកភិក្ខុ​ដែលនៅ​ទៀបឆ្នេរស្ទឹងវគ្គុមុទាថា ម្នាលភិក្ខុទាំងឡាយអ្នកទាំង ឡាយបានជាមាន​សេចក្ដីសាមគ្គីស្មោះសរ មិនវិវាទ​ទាស់​ទែង​គ្នា នៅចាំ វស្សាក៏ស្រួលបួល មិនលំបាក​ដោយ​អាហារ​បិណ្ឌបាត តើដោយហេតុ អ្វី។ គ្រានោះ ភិក្ខុអម្បាលនោះ ក៏ក្រាប​ទូលសេចក្ដី​នុ៎ះចំពោះព្រះដ៏មានព្រះភាគ (ដោយសព្វ​គ្រប់)។ ទើបព្រះអង្គទ្រង់ត្រាស់ថា នែភិក្ខុទាំងឡាយ ពាក្យរបស់អ្នកទាំងឡាយ ពិតមែន​ឬ។ ភិក្ខុទាំងនោះក្រាបទូលថា សូមទ្រង់ព្រះមេត្ដាប្រោស ពិតមែន។ ព្រះភគវន្ដសម្ពុទ្ធ ទ្រង់តិះដៀលថា ម្នាលភិក្ខុទាំងឡាយ អ្នករាល់គ្នា​មិនសមបើនឹងហ៊ាន ពោលសរសើគុណ​ឧត្ដរិមនុស្សធម៌​របស់គ្នានឹងគ្នា ចំពោះពួក​គ្រហស្ថ​ព្រោះហេតុ​តែចង់ឆ្អែតផ្ទៃទេ ម្នាលភិក្ខុ​ទាំងឡាយ អំពើដែល​អ្នកធ្វើនេះ​មិនបាន​នាំឱ្យកើតសេចក្ដីជ្រះថ្លា ដល់ពួកជនដែលមិន​ទាន់​ជ្រះថ្លាទេ។បេ។ ម្នាល​ភិក្ខុទាំងឡាយ អ្នកទាំងឡាយត្រូវសំដែងឡើងនូវសិក្ខាបទ​នេះ​យ៉ាងនេះថា ភិក្ខុណា​មួយប្រាប់​ឧត្ដរិមនុស្សធម៌ ដល់អនុបសម្បន្ន ត្រូវអាបត្ដិបាចិត្ដិយ ព្រោះ​ឧត្ដរិមនុស្សធម៌​នោះភិក្ខុបានពិតមែន។

[៣០៦] ត្រង់ពាក្យថា ភិក្ខុណាមួយ មានសេចក្ដីដូចគ្នានឹង បារាជិកកណ្ឌ​សិក្ខាបទ​ទី១ហើយ។ ដែលហៅថា អនុបសម្បន្ននោះ គឺលើកលែងតែភិក្ខុនិងភិក្ខុនីចេញ ក្រៅអំពី​នោះ​ហៅថា អនុបសម្បន្នទាំងអស់។

[៣០៧] ដែលហៅថា ឧត្ដរិមនុស្សធម្ម [ពួកឧត្ដរិមនុស្សធម្មនេះ បានអធិប្បាយ​ក្នុង​បារាជិក​ទី ៤ រួចហើយ។] នោះ សំដៅយកឈាន១ វិមោក្ខ១ សមាធិ១ សមាបត្ដិ១ ញាណទស្សនៈ១ មគ្គភាវនា១ ផលសច្ឆិកិរិយា១ កិលេសប្បហាន១ ចិត្ដវិនីវរណៈ១ សុញ្ញាគារអភិរតិ១។

[៣០៨] បទថា ឈាន គឺសំដៅយកបឋមជ្ឈាន ទុតិយជ្ឈាន តតិយជ្ឈាន ចតុត្ថជ្ឈាន។ បទថា វិមោក្ខ គឺសំដៅយកសុញ្ញតវិមោក្ខ អនិមិត្ដវិមោក្ខ អប្បណិហិតវិមោក្ខ។ បទថា សមាធិ គឺសំដៅយកសុញ្ញតសមាធិ អនិមិត្ដសមាធិ អប្បណិហិតសមាធិ។ បទថា សមាបត្ដិ គឺសំដៅយក សុញ្ញតសមាបត្ដិ អនិមិត្ដសមាបត្ដិ អប្បណិហិតសមាបត្ដិ។ បទថា ញាណ គឺសំដៅយកវិជ្ជា៣។ បទថា មគ្គភាវនា គឺសំដៅយក សតិបដ្ឋាន ៤ សម្មប្បធាន៤ ឥទ្ធិបាទ៤ ឥន្ទ្រិយ៥ ពល ៥ ពោជ្ឈង្គ ៧ មគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរ។ បទថា ផលសច្ឆិកិរិយា គឺកិរិយាធ្វើឱ្យជាក់ច្បាស់នូវសោតាបត្ដិផល កិរិយាធ្វើឱ្យជាក់ច្បាស់នូវ​សកទាគាមិផល កិរិយា​ធ្វើ​ឱ្យជាក់ច្បាស់នូវអនាគាមិផល កិរិយាធ្វើឱ្យជាក់ច្បាស់នូវ​អរហត្ដផល។ បទថា កិលេសប្បហាន គឺកិរិយាលះរាគៈ លះទោសៈ លះមោហៈ។ បទថា ចិត្ដវិនីវរណៈ គឺចិត្ដដែលប្រាសចាករាគៈ ចិត្ដដែលប្រាសចាកទោសៈ ចិត្ដដែលប្រាសចាក​មោហៈ។ សុញ្ញាគារអភិរតិ គឺសេចក្ដីត្រេកអរក្នុងផ្ទះដ៏ស្ងាត់ដោយបឋមជ្ឈាន សេចក្ដី​ត្រេកអរ​ក្នុងផ្ទះ​ដ៏ស្ងាត់ដោយទុតិយជ្ឈាន សេចក្ដី ត្រេកអរក្នុងផ្ទះ​ដ៏ស្ងាត់ដោយ​តតិយជ្ឈាន សេចក្ដី​ត្រេកអរ​ក្នុងផ្ទះ​ដ៏ស្ងាត់ដោយចតុត្ថជ្ឈាន។

[៣០៩] ពាក្យថា ប្រាប់ គឺភិក្ខុនិយាយប្រាប់ដល់អនុបសម្បន្ន ថា អាត្មាបាន​ចូល​បឋមជ្ឈាន​​រួចហើយ ត្រូវអាបត្ដិបាចិត្ដិយ។ ពាក្យថា ប្រាប់ គឺភិក្ខុនិយាយប្រាប់​ដល់​អនុបសម្បន្នថា អាត្មាកំពុង​ចូលបឋមជ្ឈាន ត្រូវអាបត្ដិបាចិត្ដិយ។ ពាក្យថា ប្រាប់ គឺ​ភិក្ខុនិយាយ​ប្រាប់ដល់អនុបសម្បន្នថា អាត្មាជាអ្នកចូលបឋមជ្ឈានហើយ ត្រូវអាបត្ដិ​បាចិត្ដិយ។ ពាក្យថា ប្រាប់ គឺភិក្ខុនិយាយប្រាប់ដល់អនុបសម្បន្នថា អាត្មាជាអ្នក បាន​បឋមជ្ឈាន ត្រូវអាបត្ដិ​បាចិត្ដិយ។ ពាក្យថា ប្រាប់ គឺភិក្ខុនិយាយប្រាប់​ដល់​អនុបសម្បន្ន​ថា អាត្មាជាអ្នកស្ទាត់ក្នុងបឋមជ្ឈាន ត្រូវអាបត្ដិបាចិត្ដិយ។ ពាក្យថា ប្រាប់ គឺភិក្ខុ​និយាយ​ប្រាប់ដល់ អនុបសម្បន្នថា បឋមជ្ឈានអាត្មាបានធ្វើឱ្យច្បាស់លាស់ហើយ ត្រូវអាបត្ដិ​បាចិត្ដិយ។

[៣១០] ពាក្យថា ប្រាប់ គឺភិក្ខុនិយាយប្រាប់ដល់អនុបសម្បន្នថា អាត្មាបានចូលហើយ កំពុងចូល ជាអ្នកចូល ទុតិយជ្ឈាន តតិយជ្ឈាន ចតុត្ថជ្ឈាន អាត្មាជាអ្នកបាននូវចតុត្ថជ្ឈាន អាត្មាជាអ្នកស្ទាត់ក្នុងចតុត្ថជ្ឈាន ចតុត្ថជ្ឈានអាត្មាបានធ្វើឱ្យច្បាស់លាស់ហើយ ត្រូវ​អាបត្ដិបាចិត្ដិយ ។

[៣១១] ពាក្យថា ប្រាប់ គឺភិក្ខុនិយាយប្រាប់ដល់អនុបសម្បន្នថា អាត្មាបានដល់ កំពុង​ដល់ជាអ្នកដល់ នូវសុញ្ញតវិមោក្ខ អនិមិត្ដវិមោក្ខ អប្បណិហិតវិមោក្ខ សុញ្ញតសមាធិ អនិមិត្ដ​សមាធិ អប្បណិហិតសមាធិ អាត្មាជាអ្នកបាននូវអប្បណិហិតសមាធិ អាត្មាជាអ្នក​ស្ទាត់ក្នុង​អប្បណិហិតសមាធិ អប្បណិហិតសមាធិ អាត្មាបានធ្វើឱ្យច្បាស់លាស់ហើយ ត្រូវអាបត្ដិបាចិត្ដិយ។

[៣១២] ពាក្យថា ប្រាប់ គឺភិក្ខុនិយាយប្រាប់ដល់អនុបសម្បន្នថា អាត្មាបានចូល កំពុងចូល ជាអ្នកចូល នូវសុញ្ញតសមាបត្ដិ អនិមិត្ដសមាបត្ដិ អប្បណិហិតសមាបត្ដិ អាត្មាជា​អ្នកបាន​នូវ​អប្បណិហិតសមាបត្ដិ អាត្មាជាអ្នកស្ទាត់ក្នុងអប្បណិហិតសមាបត្ដិ អប្បណិហិត​សមាបត្ដិ​អាត្មា​បានធ្វើ​ឱ្យច្បាស់លាស់ហើយ ត្រូវអាបត្ដិបាចិត្ដិយ។

[៣១៣] ពាក្យថា ប្រាប់ គឺភិក្ខុនិយាយប្រាប់ដល់អនុបសម្បន្នថា អាត្មាបានដល់ កំពុងដល់ ជាអ្នកដល់នូវត្រៃវិជ្ជា អាត្មាជាអ្នកបាននូវត្រៃវិជ្ជា អាត្មាជាអ្នកស្ទាត់ក្នុងត្រៃវិជ្ជា ត្រៃវិជ្ជា អាត្មា​បាន​ធ្វើឱ្យ​ច្បាស់លាស់ហើយ ត្រូវអាបត្ដិបាចិត្ដិយ។

[៣១៤] ពាក្យថា ប្រាប់ គឺភិក្ខុនិយាយប្រាប់ដល់អនុបសម្បន្នថា អាត្មាបានដល់ កំពុងដល់ ជាអ្នកដល់ នូវសតិបដ្ឋាន៤ សម្មប្បធាន៤ ឥទ្ធិបាទ៤ អាត្មាជាអ្នកបាននូវឥទ្ធិបាទទាំង៤ អាត្មា​ជា​អ្នក​ស្ទាត់ក្នុងឥទ្ធិបាទទាំង៤ ឥទ្ធិបាទទាំង៤ អាត្មាបានធ្វើឱ្យច្បាស់លាស់ហើយ ត្រូវអាបត្ដិ​បាចិត្ដិយ។

[៣១៥] ពាក្យថា ប្រាប់ គឺភិក្ខុនិយាយប្រាប់ដល់អនុបសម្បន្នថា អាត្មាបានដល់ កំពុងដល់ ជាអ្នកដល់នូវឥន្ទ្រិយ៥ពលៈ៥ អាត្មាជាអ្នកបាននូវពលៈ៥ អាត្មាជាអ្នកស្ទាត់ក្នុងពលៈ៥ ពលៈ៥ អាត្មាបានធ្វើឱ្យច្បាស់លាស់ហើយ ត្រូវអាបត្ដិបាចិត្ដិយ។

[៣១៦] ពាក្យថា ប្រាប់ គឺភិក្ខុនិយាយប្រាប់ដល់អនុបសម្បន្នថា អាត្មាបានដល់ កំពុងដល់ ជា​អ្នកដល់នូវពោជ្ឈង្គទាំង៧ អាត្មាជាអ្នកបាននូវពោជ្ឈង្គទាំង៧ អាត្មា​ជាអ្នកស្ទាត់​ក្នុង​ពោជ្ឈង្គ​ទាំង៧ ពោជ្ឈង្គទាំង៧ អាត្មាបានធ្វើឱ្យច្បាស់លាស់ហើយ ត្រូវអាបត្ដិបាចិត្ដិយ។

[៣១៧] ពាក្យថា ប្រាប់ គឺភិក្ខុនិយាយប្រាប់ដល់អនុបសម្បន្នថា អាត្មាបានដល់ កំពុងដល់ ជាអ្នកដល់នូវមគ្គប្រកបដោយអង្គទាំង៨ដ៏ប្រសើរ អាត្មាជាអ្នកបាន​នូវមគ្គប្រកប​ដោយ​អង្គទាំង ៨ ដ៏ប្រសើរ អាត្មាជាអ្នកស្ទាត់​ក្នុងមគ្គប្រកប​ដោយអង្គ​ទាំង៨ដ៏ប្រសើរ មគ្គប្រកប​ដោយ​អង្គទាំង ៨ ដ៏ប្រសើរអាត្មាបានធ្វើឱ្យច្បាស់លាស់ហើយ ត្រូវអាបត្ដិបាចិត្ដិយ។

[៣១៨] ពាក្យថា ប្រាប់ គឺភិក្ខុនិយាយប្រាប់ដល់អនុបសម្បន្នថា អាត្មាបានដល់ កំពុងដល់ ជាអ្នកដល់នូវសោតាបត្ដិផល សកទាគាមិផល អនាគាមិផល អរហត្ដផល អាត្មាជាអ្នក​បាននូវ​អរហត្ដ​ផល អាត្មាជាអ្នកស្ទាត់ក្នុងអរហត្ដផល អរហត្ដផល​អាត្មាបានធ្វើ​ឱ្យច្បាស់​លាស់ហើយ ត្រូវអាបត្ដិបាចិត្ដិយ។

[៣១៩] ពាក្យថា ប្រាប់ គឺភិក្ខុនិយាយប្រាប់ដល់អនុបសម្បន្នថា រាគៈអាត្មា​បានលះបង់​ហើយ ទោសៈអាត្មាបានលះបង់ហើយ មោហៈអាត្មាបានលះបង់ហើយ បានខ្ជាក់ចោល​ហើយ បានជម្រុះចោលហើយ បានបន្សាត់ចោលហើយ បានរលាស់ចោលហើយ បាន​រើឡើងហើយ បាន​គាស់រំលើងហើយ ត្រូវអាបត្ដិបាចិត្ដិយ។

[៣២០] ពាក្យថា ប្រាប់ គឺភិក្ខុនិយាយប្រាប់ដល់អនុបសម្បន្នថា ចិត្ដ​របស់អាត្មា​ប្រាសចាក​រាគៈ ចិត្ដរបស់អាត្មាប្រាសចាកទោសៈ ចិត្ដរបស់អាត្មា​ប្រាសចាកមោហៈ ត្រូវអាបត្ដិ​បាចិត្ដិយ។

[៣២១] ពាក្យថា ប្រាប់ គឺភិក្ខុនិយាយប្រាប់ដល់អនុបសម្បន្នថា អាត្មាបានចូលហើយ កំពុង​ចូល ជាអ្នកចូល បឋមជ្ឈាន ទុតិយជ្ឈាន តតិយជ្ឈាន ចតុត្ថជ្ឈាន ក្នុងផ្ទះដ៏ស្ងាត់ អាត្មា​ជា​អ្នក​បាននូវចតុត្ថជ្ឈាន អាត្មាជាអ្នកស្ទាត់ក្នុងចតុត្ថជ្ឈាន ក្នុងផ្ទះដ៏ស្ងាត់ ចតុត្ថជ្ឈាន អាត្មា​បានធ្វើ​ឱ្យច្បាស់​លាស់ហើយ ក្នុងផ្ទះដ៏ស្ងាត់ ត្រូវអាបត្ដិបាចិត្ដិយ។

[៣២២] ពាក្យថា ប្រាប់ គឺភិក្ខុនិយាយប្រាប់ចំពោះអនុបសម្បន្នថា អាត្មាបានចូលហើយ កំពុង​ចូល ជាអ្នកចូល បឋមជ្ឈានផង ទុតិយជ្ឈានផង អាត្មាជាអ្នកបាននូវបឋមជ្ឈានផង ទុតិយជ្ឈាន​ផង អាត្មាជាអ្នកស្ទាត់ក្នុងបឋមជ្ឈានផង ទុតិយជ្ឈានផង បឋមជ្ឈានផង ទុតិយជ្ឈាន​ផង អាត្មាបានធ្វើឱ្យច្បាស់លាស់ហើយ ត្រូវអាបត្ដិបាចិត្ដិយ។ ពាក្យថា ប្រាប់ គឺភិក្ខុ​និយាយប្រាប់​ចំពោះ​អនុបសម្បន្នថា អាត្មាបានចូលហើយ កំពុងចូល ជាអ្នកចូល បឋមជ្ឈានផង តតិយជ្ឈាន​ផង។បេ។ បឋមជ្ឈានផង ចតុត្ថជ្ឈានផង អាត្មាជាអ្នក​បាន​នូវបឋមជ្ឈានផង ចតុត្ថជ្ឈានផង អាត្មា​ជាអ្នក​ស្ទាត់ក្នុងបឋមជ្ឈានផង ចតុត្ថជ្ឈានផង បឋមជ្ឈានផង ចតុត្ថជ្ឈានផង អាត្មាបាន​ធ្វើឱ្យ​ច្បាស់​លាស់ហើយ ត្រូវអាបត្ដិបាចិត្ដិយ។

[៣២៣] ពាក្យថា ប្រាប់ គឺភិក្ខុនិយាយប្រាប់ចំពោះអនុសម្បន្នថា អាត្មាបានចូលហើយ កំពុងចូល ជាអ្នកចូលបឋមជ្ឈានផង សុញ្ញតវិមោក្ខផង អនិមិត្ដវិមោក្ខផង អប្បណិហិត​វិមោក្ខ​​ផង សុញ្ញតសមាធិផង អនិមិត្ដសមាធិផង អប្បណិហិតសមាធិផង អាត្មាជា​អ្នកបាន​នូវ​បឋមជ្ឈានផង អប្បណិហិតសមាធិផង អាត្មាជាអ្នក​ស្ទាត់ក្នុងបឋមជ្ឈានផង អប្បណិហិត​​សមាធិផង បឋមជ្ឈាន​ផង អប្បណិហិតសមាធិផង អាត្មាបានធ្វើ​ឱ្យ​ច្បាស់​លាស់​ហើយ ត្រូវអាបត្ដិ​បាចិត្ដិយ។

[៣២៤] ពាក្យថា ប្រាប់ គឺភិក្ខុនិយាយប្រាប់ចំពោះអនុបសម្បន្នថា អាត្មាបានចូលហើយ កំពុង​ចូល ជាអ្នកចូលបឋមជ្ឈានផង សុញ្ញតសមាបត្ដិផង អនិមិត្ដសមាបត្ដិផង អប្បណិហិត​សមាបត្ដិ​ផង អាត្មាជាអ្នកបាននូវបឋមជ្ឈានផង អប្បណិហិតសមាបត្ដិផង អាត្មា​​ជាអ្នកស្ទាត់​ក្នុង​បឋមជ្ឈាន​ផង អប្បណិហិតសមាបត្ដិផង បឋមជ្ឈានផង អប្បណិហិត​សមាបត្ដិផង អាត្មាបាន​ធ្វើ​ឱ្យ​ច្បាស់លាស់ហើយ ត្រូវអាបត្ដិបាចិត្ដិយ។

[៣២៥] ពាក្យថា ប្រាប់ គឺភិក្ខុនិយាយប្រាប់ចំពោះអនុបសម្បន្នថា អាត្មាបានចូលហើយ កំពុង​ចូល ជាអ្នកចូល បឋមជ្ឈានផង ត្រៃវិជ្ជាផង អាត្មាជាអ្នកបាននូវបឋមជ្ឈានផង ត្រៃវិជ្ជាផង អាត្មាជាអ្នកស្ទាត់ក្នុងបឋមជ្ឈានផង ត្រៃវិជ្ជាផង បឋមជ្ឈានផង ត្រៃវិជ្ជាផង អាត្មាបាន​ធ្វើឱ្យច្បាស់​លាស់​ហើយ ត្រូវអាបត្ដិបាចិត្ដិយ។

[៣២៦] ពាក្យថា ប្រាប់ គឺភិក្ខុនិយាយប្រាប់ចំពោះអនុបសម្បន្នថា អាត្មាបាន​ចូលហើយ កំពុង​ចូល ជាអ្នកចូលបឋមជ្ឈានផង សតិបដ្ឋាន៤ផង សម្មប្បធាន៤ផង ឥទ្ធិបាទ៤ផង អាត្មា​ជាអ្នក​បាននូវបឋមជ្ឈានផង ឥទ្ធិបាទ៤ផង អាត្មាជាអ្នកស្ទាត់ក្នុងបឋមជ្ឈានផង ឥទ្ធិបាទ​៤ផង បឋមជ្ឈានផង ឥទ្ធិបាទ៤ផង អាត្មាបានធ្វើឱ្យច្បាស់លាស់ហើយ ត្រូវ​អាបត្ដិ​បាចិត្ដិយ។

[៣២៧] ពាក្យថា ប្រាប់ គឺភិក្ខុប្រាប់ចំពោះអនុបសម្បន្នថា អាត្មាបានចូលហើយ កំពុង​ចូល ជាអ្នកចូលបឋមជ្ឈានផង ឥន្ទ្រិយ៥ផង ពលៈ៥ផង អាត្មាជាអ្នកបាននូវបឋមជ្ឈានផង ពលៈ​៥ផង អាត្មាជាអ្នកស្ទាត់ក្នុងបឋមជ្ឈានផង ពលៈ៥ផង បឋមជ្ឈានផង ពលៈ៥ផង អាត្មា​បាន​ធ្វើឱ្យច្បាស់លាស់ហើយ ត្រូវអាបត្ដិបាចិត្ដិយ។

[៣២៨] ពាក្យថាប្រាប់ គឺភិក្ខុនិយាយប្រាប់ចំពោះអនុបសម្បន្នថា អាត្មាបានចូលហើយ កំពុង​ចូល ជាអ្នកចូលបឋមជ្ឈានផង ពោជ្ឈង្គ៧ផង អាត្មាជាអ្នកបាននូវបឋមជ្ឈានផង ពោជ្ឈង្គ​៧​ផង អាត្មាជាអ្នកស្ទាត់ក្នុងបឋមជ្ឈានផង ពោជ្ឈង្គ៧ផង បឋមជ្ឈានផង ពោជ្ឈង្គ ៧ផង អាត្មា​បាន​ធ្វើឱ្យច្បាស់លាស់ហើយ ត្រូវអាបត្ដិបាចិត្ដិយ។

[៣២៩] ពាក្យថា ប្រាប់ គឺភិក្ខុនិយាយប្រាប់ចំពោះអនុបសម្បន្នថា អាត្មាបានចូលហើយ កំពុង​​ចូល ជាអ្នកចូល បឋមជ្ឈានផង មគ្គប្រកបដោយអង្គ៨ ដ៏ប្រសើរផង អាត្មា​ជាអ្នក​បាន​​នូវ​បឋមជ្ឈាន​ផង មគ្គប្រកបដោយអង្គ៨ដ៏ប្រសើរផង អាត្មាជាអ្នកស្ទាត់ក្នុង​បឋមជ្ឈាន​ផង មគ្គ​ប្រកប​ដោយអង្គ៨ដ៏ប្រសើរផង បឋមជ្ឈានផង មគ្គប្រកប​ដោយ​អង្គ៨ ដ៏ប្រសើរ​ផង អាត្មា​បាន​ធ្វើឱ្យ​ច្បាស់លាស់ហើយ ត្រូវអាបត្ដិបាចិត្ដិយ។

[៣៣០] ពាក្យថា ប្រាប់គឺភិក្ខុនិយាយប្រាប់ចំពោះអនុបសម្បន្នថា អាត្មាបានចូលហើយ កំពុងចូល ជាអ្នកចូលបឋមជ្ឈានផង សោតាបត្ដិផលផង សកទាគាមិផលផង អនាគាមិផល​ផង អរហត្ដផលផង អាត្មាជាអ្នកបាននូវបឋមជ្ឈានផង អរហត្ដផលផង អាត្មាជាអ្នកស្ទាត់ ក្នុងបឋមជ្ឈាន​ផង អរហត្ដផលផង បឋមជ្ឈានផង អរហត្ដផលផង អាត្មា​បានធ្វើឱ្យ​ច្បាស់លាស់​ហើយ ត្រូវអាបត្ដិបាចិត្ដិយ។

[៣៣១] ពាក្យថា ប្រាប់ គឺភិក្ខុនិយាយប្រាប់ចំពោះអនុបសម្បន្នថា អាត្មាបានចូលហើយ កំពុងចូល ជាអ្នកចូល បឋមជ្ឈានផង អាត្មាលះបង់រាគៈហើយផង អាត្មា​លះបង់ទោសៈ​ហើយផង អាត្មាលះបង់មោហៈហើយផង រាគៈ ទោសៈ មោហៈ អាត្មាបាន​ខ្ជាក់​ចោល​ហើយ បាន​ជម្រុះ​ហើយ បានបន្សាត់ចោលហើយ បានរលាស់ចោលហើយ បានរើ​ឡើង​ហើយ បានគាស់​រំលើង​ហើយ ត្រូវអាបត្ដិបាចិត្ដិយ។

[៣៣២] ពាក្យថា ប្រាប់ គឺភិក្ខុនិយាយប្រាប់ចំពោះអនុបសម្បន្នថា អាត្មាបានចូលហើយ កំពុងចូល ជាអ្នកចូល បឋមជ្ឈានផង ចិត្ដរបស់អាត្មាប្រាសចាករាគៈផង ចិត្ដរបស់​អាត្មាប្រាស​ចាកទោសៈផង ចិត្ដរបស់អាត្មាប្រាសចាកមោហៈផង ត្រូវអាបត្ដិបាចិត្ដិយ។

[៣៣៣] ពាក្យថា ប្រាប់ គឺភិក្ខុនិយាយប្រាប់ចំពោះអនុបសម្បន្នថា អាត្មាបានចូលហើយ កំពុងចូល ជាអ្នកចូល ទុតិយជ្ឈានផង តតិយជ្ឈានផង។បេ។ ទុតិយជ្ឈានផង ចតុត្ថជ្ឈាន​ផង អាត្មាជាអ្នកបាននូវទុតិយជ្ឈានផង ចតុត្ថជ្ឈានផង អាត្មាជាអ្នកស្ទាត់ក្នុងទុតិយជ្ឈាន ផង ចតុត្ថជ្ឈានផង ទុតិយជ្ឈានផង ចតុត្ថជ្ឈានផង អាត្មាបានធ្វើឱ្យច្បាស់លាស់ហើយ ត្រូវអាបត្ដិបាចិត្ដិយ។ ពាក្យថា ប្រាប់ គឺភិក្ខុនិយាយប្រាប់ចំពោះអនុបសម្បន្នថា អាត្មាបាន​ចូលហើយ កំពុងចូល ជាអ្នកចូលទុតិយជ្ឈានផង។បេ។ ចិត្ដរបស់អាត្មា​ប្រាសចាក​មោហៈ​ផង ត្រូវអាបត្ដិបាចិត្ដិយ។ ពាក្យថា ប្រាប់ គឺភិក្ខុនិយាយ​ប្រាប់ចំពោះអនុបសម្បន្នថា អាត្មា​បានចូលហើយ កំពុងចូល ជាអ្នកចូលទុតិយជ្ឈានផង បឋមជ្ឈានផង អាត្មាជា​អ្នក​បាន​នូវទុតិយជ្ឈានផង បឋមជ្ឈានផង អាត្មាជាអ្នកស្ទាត់​ក្នុងទុតិយជ្ឈានផង បឋមជ្ឈានផង ទុតិយជ្ឈានផង បឋមជ្ឈានផង អាត្មាបានធ្វើឱ្យច្បាស់​លាស់ហើយ ត្រូវអាបត្ដិបាចិត្ដិយ។ បេ។ ពាក្យថា ប្រាប់ គឺភិក្ខុនិយាយ​ប្រាប់​ចំពោះ​អនុបសម្បន្នថា ចិត្ដរបស់អាត្មា ប្រាសចាក​មោហៈផង អាត្មាបានចូលហើយ កំពុងចូល ជាអ្នកចូល បឋមជ្ឈានផង ចិត្ដរបស់​អាត្មា​ប្រាសចាក​មោហៈផង អាត្មាជាអ្នក​បាននូវបឋមជ្ឈានផង អាត្មាជាអ្នក​ស្ទាត់ក្នុង​បឋមជ្ឈាន​ផង ចិត្ដរបស់អាត្មាប្រាសចាកមោហៈផង បឋមជ្ឈាន អាត្មាបានធ្វើឱ្យច្បាស់លាស់ហើយ ត្រូវអាបត្ដិបាចិត្ដិយ។បេ។ ពាក្យថា ប្រាប់ គឺភិក្ខុនិយាយ​ប្រាប់ចំពោះអនុបសម្បន្នថា ចិត្ដ​របស់​អាត្មាប្រាសចាកមោហៈផង ចិត្ដរបស់អាត្មាប្រាសចាកទោសៈផង ត្រូវអាបត្ដិ​បាចិត្ដិយ។

[៣៣៤] ពាក្យថា ប្រាប់ គឺភិក្ខុនិយាយប្រាប់ចំពោះអនុបសម្បន្នថា អាត្មាបានដល់​ហើយនូវ​បឋមជ្ឈានផង ទុតិយជ្ឈានផង តតិយជ្ឈានផង ចតុត្ថជ្ឈានផង សុញ្ញតវិមោក្ខផង អនិមិត្ដវិមោក្ខផង អប្បណិហិតវិមោក្ខផង សុញ្ញតសមាធិផង អនិមិត្ដសមាធិផង អប្បណិហិត​​សមាធិផង សុញ្ញតសមាបត្ដិផង អនិមិត្ដសមាបត្ដិផង អប្បណិហិត​សមាបត្ដិ​ផង វិជ្ជា៣ផង សតិបដ្ឋាន៤ផង សម្មប្បធាន៤ផង ឥទ្ធិបាទ ៤ផង ឥន្ទ្រិយ ៥ផង ពលៈ ៥ ផង ពោជ្ឈង្គ ៧ ផង មគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរផង សោតាបត្ដិផលផង សកទាគាមិផល​ផង អនាគាមិផលផង អរហត្ដផលផង។បេ។ រាគៈអាត្មាបាន​កំចាត់​ចេញ​ហើយផង ទោសៈអាត្មាបាន​កំចាត់ចេញ​ហើយផង មោហៈអាត្មា​បានកំចាត់​ចេញហើយ​ផង រាគៈ ទោសៈ មោហៈ អាត្មាបានខ្ជាក់ចោលហើយ បាន ជម្រុះចោលហើយ បាន​បន្សាត់​ចោលហើយ បានរលាស់ចោលហើយ បានរើឡើងហើយ បានគាស់រំលើងហើយ ចិត្ដរបស់អាត្មាប្រាសចាក រាគៈផង ចិត្ដរបស់អាត្មា​ប្រាសចាក​ទោសៈផង ចិត្ដរបស់​អាត្មា​ប្រាសចាកមោហៈផង ត្រូវអាបត្ដិ​បាចិត្ដិយ។

[៣៣៥] ពាក្យថា ប្រាប់ គឺភិក្ខុប្រាថ្នានឹងនិយាយប្រាប់ចំពោះ អនុបសម្បន្នថា អាត្មាបាន​ចូលបឋមជ្ឈានហើយ តែត្រឡប់ជាពោលថា អាត្មាបានចូលទុតិយជ្ឈានទៅវិញ បើ​អនុបសម្បន្នដឹងសេចក្ដីច្បាស់ ភិក្ខុនោះត្រូវអាបត្ដិបាចិត្ដិយ បើអនុបសម្បន្ន មិនដឹង​សេចក្ដី​ច្បាស់ ភិក្ខុនោះត្រូវត្រឹមអាបត្ដិទុក្កដ។ ពាក្យថា ប្រាប់ គឺភិក្ខុប្រាថ្នា​នឹងនិយាយ​ប្រាប់​អនុបសម្បន្នថា អាត្មាបានចូលបឋមជ្ឈានហើយ ត្រឡប់ជាពោលថា អាត្មាបាន​ចូល​តតិយជ្ឈាន ចតុត្ថជ្ឈាន សុញ្ញតវិមោក្ខ អនិមិត្ដវិមោក្ខ អប្បណិហិតវិមោក្ខ សុញ្ញតសមាធិ អនិមិត្ដសមាធិ អប្បណិហិតសមាធិ សុញ្ញតសមាបត្ដិ អនិមិត្ដសមាបត្ដិ អប្បណិហិត សមាបត្ដិ ត្រៃវិជ្ជា សតិបដ្ឋាន ៤ សម្មប្បធាន៤ ឥទ្ទិបាទ ៤ ឥន្ទ្រិយ៥ពលៈ ៥ ពោជ្ឈង្គ ៧ មគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរ សោតាបត្ដិផល សកទាគាមិផល អនាគាមិផល អរហត្ដផល រាគៈ អាត្មាបានលះបង់ហើយ ទោសៈ អាត្មាបានលះបង់ហើយ មោហៈអាត្មា បានលះបង់ហើយ រាគៈ ទោសៈ មោហៈ អាត្មាបាន​ខ្ជាក់ចោលហើយ បាន ជម្រុះ​ចោល​ហើយ បានបន្សាត់ចោលហើយ បាលរលាស់ចោលហើយ បានរើឡើងហើយ បានគាស់​រំលើង​ហើយ ចិត្ដរបស់អាត្មាប្រាសចាក រាគៈ ចិត្ដរបស់អាត្មាប្រាសចាកទោសៈ ចិត្ដរបស់​អាត្មា ប្រាសចាកមោហៈ បើអនុបសម្បន្ន​ដឹងសេចក្ដីច្បាស់ ភិក្ខុនោះត្រូវអាបត្ដិបាចិត្ដិយ បើអនុបសម្បន្នមិនដឹងសេចក្ដីច្បាស់ទេ ត្រូវត្រឹមអាបត្ដិទុក្កដ។

[៣៣៦] ពាក្យថា ប្រាប់ គឺភិក្ខុប្រាថ្នានឹងនិយាយប្រាប់ដល់អនុបសម្បន្នថា អាត្មាបាន​ចូលទុតិយជ្ឈានហើយ។បេ។ តែត្រឡប់ជាពោលថា ចិត្ដ​របស់អាត្មាប្រាសចាក​មោហៈ​ទៅ​វិញ បើអនុបសម្បន្នដឹងសេចក្ដីច្បាស់ ភិក្ខុនោះត្រូវអាបត្ដិបាចិត្ដិយ បើអនុបសម្បន្ន​មិនដឹង សេចក្ដីច្បាស់ ត្រូវត្រឹមអាបត្ដិទុក្កដ។ ពាក្យថា ប្រាប់ គឺភិក្ខុប្រាថ្នានឹងពោល​ដល់​អនុបសម្បន្ន​ថា អាត្មាបានចូលទុតិយជ្ឈានហើយ តែត្រឡប់​ជាពោលថា អាត្មាបាន​ចូល​បឋមជ្ឈានទៅវិញ បើអនុបសម្បន្នដឹងសេចក្ដីច្បាស់ ត្រូវអាបត្ដិបាចិត្ដិយ បើអនុបសម្បន្ន​មិនដឹងសេចក្ដីច្បាស់ ត្រូវត្រឹមអាបត្ដិទុក្កដ។បេ។ ពាក្យថា ប្រាប់ គឺភិក្ខុប្រាថ្នា​នឹងពោល​ដល់​អនុបសម្បន្នថា ចិត្ដរបស់អាត្មាប្រាសចាកមោហៈ តែត្រឡប់​ជាពោលថា អាត្មាបាន​ចូល​​បឋមជ្ឈាន​ហើយ​ទៅវិញ បើអនុបសម្បន្ន​ដឹងសេចក្ដី​ច្បាស់ ត្រូវអាបត្ដិបាចិត្ដិយ បើ​អនុបសម្បន្ន​​មិនដឹង​សេចក្ដីច្បាស់ទេ ត្រូវ​ត្រឹមអាបត្ដិទុក្កដ។បេ។ ពាក្យថា ប្រាប់ គឺភិក្ខុ​ប្រាថ្នា​​នឹងពោល​ដល់អនុបសម្បន្នថា ចិត្ដរបស់អាត្មាប្រាសចាកមោហៈ តែត្រឡប់​ជា​ពោលថា ចិត្ដរបស់អាត្មា ប្រាសចាក​ទោសៈទៅវិញ បើអនុបសម្បន្នដឹងសេចក្ដីច្បាស់ ត្រូវ​អាបត្ដិបាចិត្ដិយ បើអនុបសម្បន្នមិនដឹងសេចក្ដីច្បាស់ទេ ត្រូវត្រឹមអាបត្ដិទុក្កដ។ ពាក្យថា ប្រាប់ គឺភិក្ខុប្រាថ្នានឹងពោលដល់អនុបសម្បន្នថា អាត្មាបានចូលបឋមជ្ឈានផង ទុតិយជ្ឈាន​ផង តតិយជ្ឈានផង ចតុត្ថជ្ឈានផង។បេ។ ចិត្ដរបស់អាត្មាប្រាសចាកទោសៈ តែត្រឡប់​ជាពោលថា ចិត្ដរបស់អាត្មាប្រាសចាកមោហៈទៅវិញ បើអនុបសម្បន្នដឹង​សេចក្ដី​ច្បាស់ ត្រូវអាបត្ដិបាចិត្ដិយ បើអនុសម្បន្នមិនដឹងសេចក្ដីច្បាស់ ត្រូវត្រឹម អាបត្ដិ​ទុក្កដ។

[៣៣៧] ពាក្យថា ប្រាប់ គឺភិក្ខុប្រាថ្នានឹងនិយាយប្រាប់ដល់អនុបសម្បន្នថា អាត្មា​បាន​ចូល​ទុតិយជ្ឈានផង តតិយជ្ឈានផង ចតុត្ថជ្ឈានផង។ បេ។ ចិត្ដរបស់អាត្មា​ប្រាសចាក​មោហៈ​ផង តែត្រឡប់ជានិយាយថា អាត្មាបានចូលបឋមជ្ឈានហើយទៅវិញ បើអនុបសម្បន្នដឹង សេចក្ដី​ច្បាស់ ត្រូវអាបត្ដិបាចិត្ដិយ បើអនុបសម្បន្នមិនដឹងសេចក្ដីច្បាស់ ត្រូវត្រឹមអាបត្ដិ​ទុក្កដ។

[៣៣៨] ពាក្យថា ប្រាប់ គឺភិក្ខុនិយាយប្រាប់ដល់អនុបសម្បន្នថា ភិក្ខុ​អង្គណា​នៅក្នុង​វិហារ​របស់អ្នក ភិក្ខុអង្គនោះបានចូលហើយ កំពុងចូល ជាអ្នកចូលបឋមជ្ឈាន ភិក្ខុនោះ​ជាអ្នក​បាន​​នូវ​បឋមជ្ឈាន ភិក្ខុនោះជាអ្នក ស្ទាត់​ក្នុងបឋមជ្ឈាន បឋមជ្ឈាន ភិក្ខុនោះ​បានធ្វើ​ឱ្យ​ច្បាស់​​លាស់ហើយ ត្រូវអាបត្ដិទុក្កដ។ ពាក្យថា ប្រាប់ គឺភិក្ខុនិយាយ ប្រាប់ចំពោះ​អនុបសម្បន្ន​ថា ភិក្ខុណានៅ​ក្នុងវិហារ​របស់អ្នក ភិក្ខុនោះ​បានចូលហើយ កំពុងចូល ជាអ្នក​ចូលទុតិយជ្ឈាន តតិយជ្ឈាន ចតុត្ថជ្ឈាន ភិក្ខុនោះ ជាអ្នកបាននូវចតុត្ថជ្ឈាន ភិក្ខុនោះ​ជា​អ្នកស្ទាត់ក្នុងចតុត្ថជ្ឈាន ចតុត្ថជ្ឈាន ភិក្ខុនោះបាន​ធ្វើ​ឱ្យច្បាស់លាស់ហើយ ត្រូវអាបត្ដិ​ទុក្កដ។ ពាក្យថា ប្រាប់ គឺភិក្ខុ​និយាយប្រាប់​ចំពោះ​អនុបសម្បន្ន​ថា ភិក្ខុណានៅក្នុងវិហារ​របស់​អ្នក ភិក្ខុនោះបានដល់ហើយ កំពុងដល់ ជាអ្នក​ដល់នូវ​សុញ្ញតវិមោក្ខ អនិមិត្ដវិមោក្ខ អប្បណិហិតវិមោក្ខ សុញ្ញតសមាធិ អនិមិត្ដសមាធិ អប្បណិហិតសមាធិ ភិក្ខុនោះជា​អ្នក​បាននូវអប្បណិហិតសមាធិ ភិក្ខុនោះ ជាអ្នកស្ទាត់​ក្នុងអប្បណិហិតសមាធិ អប្បណិហិត​សមាធិ ភិក្ខុនោះ បានធ្វើ​ឱ្យច្បាស់​លាស់ហើយ ត្រូវ​អាបត្ដិទុក្កដ។ ពាក្យថា ប្រាប់ គឺភិក្ខុ​និយាយ​ប្រាប់ចំពោះអនុបសម្បន្នថា ភិក្ខុណា​នៅក្នុង​វិហាររបស់អ្នក ភិក្ខុនោះ​បានដល់​ហើយ​នូវ​សុញ្ញត​សមាបត្ដិ អនិមិត្ដសមាបត្ដិ អប្បណិហិត​សមាបត្ដិ ត្រៃវិជ្ជា សតិប្បដ្ឋាន៤ សម្មប្បធាន៤ ឥទ្ធិបាទ៤ ឥន្ទ្រិយ៥ ពលៈ៥ ពោជ្ឈង្គ ៧ មគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរ សោតាបត្ដិផល សកទាគាមិផល អនាគាមិផល អរហត្ដផល។បេ។ រាគៈភិក្ខុនោះ បាន​លះបង់ហើយ ទោសៈភិក្ខុនោះបានលះបង់ហើយ មោហៈភិក្ខុនោះបាន លះបង់ហើយ រាគៈ​ទោសៈ​មោហៈ​ភិក្ខុនោះ​បានខ្ជាក់ចោលហើយ បានជម្រះចោលហើយ បានបន្សាត់​ចោលហើយ បានរលាស់​ចោលហើយ បានរើឡើងហើយ បានគាស់រំលើងហើយ ចិត្ដ​របស់​​ភិក្ខុនោះ​ប្រាសចាក​រាគៈ ​ចិត្ដរបស់​ភិក្ខុនោះប្រាសចាកទោសៈ ចិត្ដរបស់ភិក្ខុនោះ​ប្រាស​ចាកមោហៈ ត្រូវអាបត្ដិទុក្កដ។ ពាក្យថា ប្រាប់ គឺភិក្ខុនិយាយ​ប្រាប់ចំពោះ​អនុបសម្បន្ន​ថា ភិក្ខុណានៅក្នុងវិហារបស់អ្នក ភិក្ខុនោះ​បានចូលហើយ កំពុងចូល ជាអ្នក​ចូល​បឋមជ្ឈាន ទុតិយជ្ឈាន តតិយជ្ឈាន ចតុត្ថជ្ឈានក្នុងផ្ទះដ៏ស្ងាត់ ភិក្ខុនោះជា​អ្នកបាន​នូវចតុត្ថជ្ឈាន ភិក្ខុនោះ​ជា អ្នកស្ទាត់ក្នុងចតុត្ថជ្ឈានក្នុងផ្ទះដ៏ស្ងាត់ ចតុត្ថជ្ឈានក្នុង​ផ្ទះដ៏​ស្ងាត់ ភិក្ខុនោះ បានធ្វើឱ្យ​ច្បាស់លាស់ហើយ ត្រូវអាបត្ដិទុក្កដ។ ពាក្យថា ប្រាប់ គឺភិក្ខុ​និយាយ​​ប្រាប់ចំពោះ​អនុបសម្បន្ន​ថា ភិក្ខុណានៅគ្រប់គ្រងវិហារបស់អ្នក ភិក្ខុណា​ប្រើប្រាស់​ចីវររបស់អ្នក ភិក្ខុណា ​បរិភោគ​បិណ្ឌបាតរបស់អ្នក ភិក្ខុណា ​ប្រើប្រាស់​សេនាសនៈ​​របស់អ្នក ភិក្ខុណា​បរិភោគ​គិលានប្បច្ចយ​ភេសជ្ជបរិក្ខាររបស់អ្នក ភិក្ខុនោះ​បាន​ចូល​​ហើយ កំពុងចូល ជាអ្នកចូល ចតុត្ថជ្ឈាន​ក្នុងផ្ទះដ៏ស្ងាត់ ភិក្ខុនោះជាអ្នក​បាននូវ​ចតុត្ថជ្ឈាន ភិក្ខុនោះ​ជាអ្នកស្ទាត់​ក្នុង​ចតុត្ថជ្ឈាន​ក្នុងផ្ទះដ៏ស្ងាត់ ចតុត្ថជ្ឈានក្នុងផ្ទះដ៏ស្ងាត់ ភិក្ខុនោះបានធ្វើឱ្យច្បាស់លាស់ហើយ ត្រូវអាបត្ដិទុក្កដ។

[៣៣៩] ពាក្យថា ប្រាប់ គឺភិក្ខុនិយាយប្រាប់ចំពោះអនុបសម្បន្នថា វិហាររបស់​អ្នក ភិក្ខុណា​បាននៅ​គ្រប់គ្រងហើយ ចីវររបស់អ្នកភិក្ខុណា បានប្រើប្រាស់ហើយ បិណ្ឌបាត​របស់​អ្នកភិក្ខុ​ណា បានបរិភោគហើយ សេនាសនៈរបស់អ្នកភិក្ខុណា បានប្រើប្រាស់ហើយ គិលានប្បច្ចយ​ភេសជ្ជ​បរិក្ខាររបស់អ្នកភិក្ខុណា បានបរិភោគហើយ ភិក្ខុនោះ​បានចូល​ហើយ កំពុងចូល ជាអ្នកចូល ចតុត្ថជ្ឈានក្នុងផ្ទះដ៏ស្ងាត់ ភិក្ខុនោះជាអ្នកបាននូវចតុត្ថជ្ឈាន ភិក្ខុនោះ​ជាអ្នក​ស្ទាត់ក្នុង​ចតុត្ថជ្ឈានក្នុងផ្ទះដ៏ស្ងាត់ ចតុត្ថជ្ឈានក្នុងផ្ទះដ៏ស្ងាត់ ភិក្ខុនោះ​បាន​ធ្វើឱ្យ​ច្បាស់លាស់​ហើយ ត្រូវអាបត្ដិទុក្កដ។

[៣៤០] ពាក្យថា ប្រាប់ គឺភិក្ខុនិយាយប្រាប់ចំពោះអនុបសម្បន្នថា អ្នកឯងបានឱ្យវិហារ អ្នកឯង​បានឱ្យ​ចីវរ អ្នកឯងបានឱ្យបិណ្ឌបាត អ្នកឯងបានឱ្យសេនាសនៈ អ្នកឯង​បានឱ្យ​គិលានប្បច្ចយ​ភេសជ្ជ​បរិក្ខារ ព្រោះអាស្រ័យនូវភិក្ខុណា ភិក្ខុនោះ​បានចូល​ហើយនូវ​ចតុត្ថជ្ឈាន​​ក្នុងផ្ទះ​ដ៏ស្ងាត់។បេ។ ចតុត្ថជ្ឈានក្នុងផ្ទះដ៏ស្ងាត់ ភិក្ខុនោះបាន​ធ្វើឱ្យច្បាស់លាស់​ហើយ ត្រូវអាបត្ដិ​ទុក្កដ។

[៣៤១] អាបត្ដិមិនមានដល់ភិក្ខុដែលប្រាប់ឧត្ដរិមនុស្សធម៌ដែលខ្លួនបានពិត​ប្រាកដ ដល់​ឧបសម្បន្នបុគ្គល១ ដល់ភិក្ខុដើមបញ្ញត្ដិ១។

សិក្ខាបទទី ៨ ចប់។

សិក្ខាបទទី

[៣៤២] សម័យនោះ ព្រះភគវន្ដសម្ពុទ្ធ កាលគង់នៅវត្ដជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង ឧបនន្ទសក្យបុត្រ​ដ៏មានអាយុបានឈ្លោះនឹង​ពួកឆព្វគ្គិយ​ភិក្ខុ (គឺភិក្ខុមានពួក៦)។ ឧបនន្ទនោះ ត្រូវអាបត្ដិ​សញ្ចេតនិកៈ (សង្ឃាទិសេស) គឺធ្វើ​ទឹកសុក្កឱ្យ ឃ្លាតចេញ ហើយបានសូមបរិវាស​អំពីជំនុំសង្ឃ ដើម្បីអាបត្ដិនោះ។ ជំនុំ សង្ឃក៏បាន​ឱ្យបរិវាស​ដល់ឧបនន្ទ​នោះ ដើម្បីអាបត្ដិនោះ។ វេលានោះឯង ក្រុងសាវត្ថី​មានជន​មួយពួក (គេបាន​ចាត់​ចែង) ភត្ដថ្វាយ​សង្ឃ។ ឯឧបនន្ទនោះ កំពុងនៅក្នុង​បរិវាស​បាន​អង្គុយចុង​អាសនៈ​ក្នុងរោងភត្ដ។ ពួកឆព្វគ្គិយភិក្ខុ ក៏បាននិយាយ​ប្រាប់ឧបាសក​ទាំង​នោះ​ថា អាវុសោ ឧបនន្ទ​សក្យបុត្រ​ដ៏មានអាយុ​នេះ ជាទីសរសើរ ជាជីតុន​របស់អ្នក​ទាំង​ឡាយ តែងឆាន់ភោជន​ដែលគេឱ្យ ដោយសទ្ធា ដោយដៃណា យកដៃនោះ ឯងព្យាយាម​ធ្វើឱ្យទឹកអសុចិ​ហូរចេញ ឧបនន្ទនោះ ត្រូវអាបត្ដិ​សញ្ចេតនិកៈ ព្រោះធ្វើទឹកសុក្ក​ឱ្យឃ្លាត​ចេញ​ហើយបានសូម​បរិវាសអំពី​ជំនុំសង្ឃ ដើម្បីអាបត្ដិនោះ ជំនុំសង្ឃក៏​បានឱ្យ​បរិវាសដល់​ឧបនន្ទនោះ ដើម្បីអាបត្ដិនោះ ឧបនន្ទ​នោះ ឥឡូវ​កំពុងនៅ​បរិវាស ហើយ​អង្គុយនៅ​ក្នុងទី​បំផុតអាសនៈ។ ពួកភិក្ខុណា មានសេចក្ដី​ប្រាថ្នាតិច។ បេ។ ពួកភិក្ខុនោះ ក៏ពោលទោស តិះ ដៀល បន្ដុះបង្អាប់ថា ពួកឆព្វគ្គិយភិក្ខុ មិនសម​បើនឹងហ៊ាន ប្រាប់ទុដ្ឋុល្លាបត្ដិ របស់ភិក្ខុ​ផងគ្នា ដល់អនុបសម្បន្ន​បុគ្គលសោះ។ គ្រានោះ ភិក្ខុទាំងនោះ ក្រាបទូល​សេចក្ដីនុ៎ះ ចំពោះ​ព្រះដ៏​មានព្រះភាគ។បេ។ ព្រះដ៏មានព្រះ ភាគទ្រង់​ត្រាស់សួរថា ម្នាលភិក្ខុទាំង​ឡាយ បានឮថា អ្នកទាំង​ឡាយបាន ប្រាប់ទុដ្ឋុល្លាបត្ដិ​របស់ភិក្ខុផងគ្នា ដល់​អនុបសម្បន្ន​បុគ្គល ពិតមែនឬ។ ពួកឆព្វគ្គិយភិក្ខុ​ក្រាបទូលថា សូមទ្រង់​មេត្ដាប្រោស ការនោះ​ពិត​មែន។ ព្រះពុទ្ធជា​ម្ចាស់​ដ៏មានព្រះភាគ ទ្រង់តិះដៀលថា ម្នាលមោឃបុរស​ទាំងឡាយ អ្នកទាំងឡាយ មិនសមបើ​នឹងហ៊ាន​ប្រាប់ទុដ្ឋុល្លាបត្ដិ​របស់ភិក្ខុផងគ្នា ដល់​អនុបសម្បន្ន​បុគ្គល​​សោះ ម្នាលមោឃបុរស​ទាំងឡាយ អំពើដែលអ្នក​ធ្វើនេះនឹង​បានដឹកនាំ​ពួកមនុស្ស​ដែលមិនទាន់ជ្រះថ្លា ឱ្យបានជ្រះថ្លា​ឡើងក៏ទេដែរ។បេ។ ម្នាលភិក្ខុ​ទាំងឡាយ អ្នកទាំង​ឡាយ ត្រូវសំដែងឡើងនូវ​សិក្ខាបទ​នេះយ៉ាងនេះថា ភិក្ខុណាមួយ​ប្រាប់ទុដ្ឋុល្លាបត្ដិ​របស់​ភិក្ខុ​​ផង​គ្នា ដល់​អនុបសម្បន្នបុគ្គល ត្រូវអាបត្ដិ​បាចិត្ដិយ វៀរលែងតែ​ភិក្ខុដែល​សង្ឃសន្មត​ឱ្យប្រាប់។

[៣៤៣] ត្រង់ពាក្យថា ភិក្ខុណាមួយ មានសេចក្ដីដូចគ្នានឹងបារាជិកសិក្ខាបទទី១។ ពាក្យថា ភិក្ខុ គឺភិក្ខុដទៃ។ អាបត្ដិបារាជិក៤ និងអាបត្ដិសង្ឃាទិសេស ១៣ ឈ្មោះថា ទុដ្ឋុល្លាបត្ដិ។​ ដែលហៅថា អនុបសម្បន្ននោះ គឺលើកលែងភិក្ខុ និងភិក្ខុនីចេញ ក្រៅអំពីនោះ ហៅថា អនុបសម្បន្នទាំងអស់។ ពាក្យថា ប្រាប់ គឺភិក្ខុប្រាប់​ដល់ស្រីក្ដី ដល់ប្រុសក្ដី ដល់គ្រហស្ថក្ដី ដល់អ្នកបួសក្ដី។ ពាក្យថា វៀរលែងតែភិក្ខុ​ដែលសង្ឃ​សម្មតឱ្យប្រាប់ គឺលើកលែងតែ​ភិក្ខុ​ដែលបានសេចក្ដី​សម្មតិអំពីសង្ឃ។

[៣៤៤] ឯសេចក្ដីសម្មតិរបស់ភិក្ខុដែលសង្ឃកំណត់ឱ្យមាន៤យ៉ាង គឺសម្មតិកំណត់អាបត្ដិ មិនកំណត់ត្រកូល ១ សម្មតិកំណត់ត្រកូល មិនកំណត់អាបត្ដិ ១ សម្មតិកំណត់​អាបត្ដិ និងត្រកូល ១ សម្មតិមិនកំណត់អាបត្ដិ មិនកំណត់ត្រកូល១។ ដែលហៅថាកំណត់​អាបត្ដិ​នោះ គឺ​អាបត្ដិ (ប៉ុន្មាន) ដែល​សង្ឃកំណត់ឱ្យ​ហើយ ភិក្ខុដែល​សង្ឃសន្មតត្រូវ ប្រាប់អាបត្ដិ​ប៉ុណ្ណោះ។ ដែលហៅថា កំណត់ត្រកូល (នោះ) គឺត្រកូល (ប៉ុន្មាន) ដែលសង្ឃ​កំណត់ឱ្យ​ហើយ ភិក្ខុដែល​សង្ឃសន្មត ត្រូវប្រាប់ (អាបត្ដិ) ដល់​ត្រកូលប៉ុណ្ណោះ។ ដែលហៅថា កំណត់អាបត្ដិនិងកំណត់ ត្រកូល (នោះ) គឺអាបត្ដិ (ប៉ុន្មាន) ដែលសង្ឃកំណត់ឱ្យហើយ និងត្រកូល (ប៉ុន្មាន) ដែល​សង្ឃ​កំណត់​ឱ្យហើយ ភិក្ខុដែលសង្ឃសន្មតត្រូវប្រាប់ (អាបត្ដិ​ប៉ុណ្ណោះ) ដល់ត្រកូលប៉ុណ្ណោះបាន។ ដែលហៅថា មិនកំណត់ អាបត្ដិមិន​កំណត់ត្រកូល (នោះ) គឺអាបត្ដិ(ប៉ុន្មាន) ដែលសង្ឃ​មិនកំណត់ឱ្យ ហើយនិងត្រកូល (ប៉ុន្មាន) ដែលសង្ឃ​មិន​កំណត់ឱ្យហើយ ភិក្ខុដែលសង្ឃសន្មត​ ត្រូវប្រាប់អាបត្ដិ​ដែលសង្ឃ​មិនកំណត់​ឱ្យ​ប៉ុណ្ណោះ ដល់ត្រកូល​ដែលសង្ឃមិនកំណត់​ឱ្យប៉ុណ្ណោះបាន។

[៣៤៥] (ម្យ៉ាងទៀត) ត្រង់ពាក្យថា កំណត់អាបត្ដិ គឺពួកអាបត្ដិ ណាដែល​សង្ឃបាន​កំណត់​ឱ្យ​ហើយ ភិក្ខុមិនប្រាប់អាបត្ដិទាំងនោះ ទៅ ប្រាប់ពួក​អាបត្ដិដទៃវិញ ត្រូវ​អាបត្ដិបាចិត្ដិយ។ ពាក្យថា កំណត់ ត្រកូល គឺពួក​ត្រកូលណា​ដែលសង្ឃបាន​កំណត់ឱ្យហើយ ភិក្ខុមិនប្រាប់​ពួកត្រកូល​នោះ បែជា​ប្រាប់ត្រកូល​ទាំងឡាយដទៃវិញ ត្រូវអាបត្ដិបាចិត្ដិយ។ ពាក្យថា កំណត់អាបត្ដិ និងកំណត់​ត្រកូល គឺពួក​អាបត្ដិណា ដែលសង្ឃ​បានកំណត់ឱ្យក្ដី ពួកត្រកូល​ណា ដែលសង្ឃ​បានកំណត់ឱ្យក្ដី ភិក្ខុនោះមិន​ប្រាប់អាបត្ដិ​ទាំងនោះ មិនប្រាប់​ត្រកូល​ទាំងនោះ ទៅប្រាប់អាបត្ដិ​ឯទៀត ត្រកូលឯទៀតវិញ ត្រូវអាបត្ដិបាចិត្ដិយ។ ពាក្យថា មិនកំណត់អាបត្ដិ មិនកំណត់ត្រកូល (នោះ) គឺភិក្ខុនោះប្រាប់​អនុបសម្បន្ន​ដោយ​អាបត្ដិ​ណា ៗ ត្រកូលណាៗ ក៏ដោយ មិនត្រូវ​អាបត្ដិ​ឡើយ។

[៣៤៦] ទុដ្ឋុល្លាបត្ដិ ភិក្ខុដឹងច្បាស់ថា ទុដ្ឋុល្លាបត្ដិ ហើយប្រាប់ដល់​អនុបសម្បន្ន ត្រូវអាបត្ដិ​បាចិត្ដិយ វៀរលែងតែភិក្ខុ​ដែលសង្ឃសម្មតឱ្យប្រាប់។ ភិក្ខុមាន​សេចក្ដីសង្ស័យ​ក្នុង​ទុដ្ឋុល្លាបត្ដិ ហើយប្រាប់​ដល់អនុបសម្បន្ន ត្រូវអាបត្ដិ​បាចិត្ដិយ វៀរលែងតែ​ភិក្ខុដែល​សង្ឃសន្មត​ឱ្យប្រាប់។ ទុដ្ឋុល្លាបត្ដិ ភិក្ខុសំគាល់ថា​អទុដ្ឋុល្លាបត្ដិ ហើយប្រាប់​ដល់​អនុបសម្បន្ន ត្រូវអាបត្ដិបាចិត្ដិយ វៀរលែងតែភិក្ខុ​ដែលសង្ឃសន្មតឱ្យប្រាប់។

[៣៤៧] ភិក្ខុប្រាប់អទុដ្ឋុល្លាបត្ដិ (ដល់អនុបសម្បន្ន) ត្រូវអាបត្ដិទុក្កដ។ ភិក្ខុប្រាប់​អជ្ឈាចារ​អាក្រក់ក្ដី [សាមណេរប្រព្រឹត្ដខុសក្នុងសិក្ខាបទ៥ខាងដើម ឈ្មោះថា​អជ្ឈាចារអាក្រក់] មិន​សូវ​​អាក្រក់ក្ដី [សាមណេរប្រព្រឹត្ដខុសក្នុងសិក្ខាបទ៥ ខាងចុង ឈ្មោះថាអជ្ឈាចារ​មិន​សូវអាក្រក់។] របស់អនុបសម្បន្ន គឺសាមណេរ (ដល់អនុបសម្បន្នដទៃ) ត្រូវអាបត្ដិទុក្កដ។ អទុដ្ឋុល្លាបត្ដិ ភិក្ខុសំគាល់ថា ទុដ្ឋុល្លាបត្ដិវិញ ត្រូវអាបត្ដិទុក្កដ។ ភិក្ខុមានសេចក្ដីសង្ស័យ ក្នុងអទុដ្ឋុល្លាបត្ដិ ត្រូវអាបត្ដិទុក្កដ។ អទុដ្ឋុល្លាបត្ដិ ភិក្ខុសំគាល់ថា អទុដ្ឋុល្លាបត្ដិ ត្រូវអាបត្ដិ​ទុក្កដ។

[៣៤៨] អាបត្ដិមិនមានដល់ភិក្ខុដែលប្រាប់តែវត្ថុ [ភិក្ខុប្រាប់ថា ភិក្ខុនេះត្រូវសុក្កវិសដ្ឋិ (គឺធ្វើសុក្ក​ឱ្យឃ្លាត​ចេញ) ជាដើម ហៅថា ប្រាប់តែវត្ថុ។] មិនប្រាប់អាបត្ដិដល់​ភិក្ខុដែល​ប្រាប់​​តែ​​អាបត្ដិ [ភិក្ខុប្រាប់ថា ភិក្ខុនេះត្រូវអាបត្ដិបារាជិក ត្រូវអាបត្ដិសង្ឃាទិសេសជាដើម ហៅថា ប្រាប់តែអាបត្ដិ។] មិនប្រាប់វត្ថុដល់ភិក្ខុដែលបានសេចក្ដីសម្មតិអំពីសង្ឃ ដល់​ភិក្ខុឆ្កួត ដល់ភិក្ខុដើមបញ្ញត្ដិ។

សិក្ខាបទទី៩ ចប់។

សិក្ខាបទទី១០

[៣៤៩] សម័យនោះ ព្រះភគវន្ដសម្ពុទ្ធ កាលគង់នៅអគ្គាឡវចេតិយ ក្បែរក្រុងអាឡវី។ គ្រានោះឯង ពួកអាឡវិកភិក្ខុ កាលធ្វើនវកម្ម ក៏ជីកដោយ​ខ្លួនឯងខ្លះ ប្រើអ្នកដទៃឱ្យជីកខ្លះ នូវ​ផែន​ដី។ មនុស្សទាំងឡាយ ក៏ពោលទោស តិះដៀល បន្ដុះបង្អាប់ថា ពួកសមណៈ​ជា​កូន​ចៅ​ព្រះពុទ្ធ​ជា​សក្យបុត្រ​មិនសមបើ​នឹងហ៊ាន​ជីកដោយ​ខ្លួនឯងខ្លះ ប្រើអ្នកដទៃ​ឱ្យជីក​ខ្លះ នូវផែនដីសោះ ពួក​សមណៈ​ជាកូនចៅព្រះពុទ្ធ​ជាសក្យបុត្រ​ ហ៊ានបៀតបៀន​វត្ថុរស់​ដែល​មាន​ឥន្ទ្រិយមួយ។ ភិក្ខុ​ទាំងឡាយ​បានឮ​មនុស្សទាំងនោះ​ពោលទោស តិះដៀល បន្ដុះ​បង្អាប់ហើយ។ ពួកភិក្ខុ​ណាមាន​សេចក្ដី​ប្រាថ្នាតិច។ បេ។ ពួកភិក្ខុនោះ ក៏ពោលទោស តិះដៀល បន្ដុះបង្អាប់ថា ពួក​អាឡវិក​ភិក្ខុ មិនគួរបើនឹង​ហ៊ានជីក​ដោយខ្លួន​ឯងខ្លះ ប្រើអ្នក​ដទៃ​ឱ្យជីកខ្លះ នូវផែនដីសោះ។ វេលានោះឯង ភិក្ខុទាំងនោះ ក្រាបទូល​សេចក្ដីនុ៎ះ ចំពោះ​ព្រះដ៏មានព្រះភាគ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់សួរថា ម្នាលភិក្ខុ​ទាំងឡាយ បានឮថា អ្នកទាំងឡាយ​ជីកដោយខ្លួនឯងខ្លះ ប្រើអ្នកដទៃឱ្យជីកខ្លះ នូវផែនដី ពិតមែនឬ។ ភិក្ខុទាំង​នោះក្រាបទូល​តបវិញថា សូមទ្រង់​មេត្ដាប្រោស ការនោះ​ពិតមែន។ ព្រះពុទ្ធជាម្ចាស់​ដ៏មានព្រះភាគ​ទ្រង់បន្ទោសថា នែមោឃបុរសទាំងឡាយ អ្នកទាំងឡាយ មិនគួរបើ​នឹង​ហ៊ានជីក​ដោយខ្លួន​ឯងខ្លះ ប្រើអ្នកដទៃឱ្យ​ជីកខ្លះនូវ​ផែនដីទេ នែមោឃបុរស​ទាំងឡាយ ព្រោះពួកមនុស្សមាន សេចក្ដីសំគាល់​ថាផែនដី​ជាវត្ថុមានជីវិត នែមោឃបុរស​ទាំងឡាយ អំពើដែលអ្នកធ្វើនេះ នឹងបានដឹក​នាំពួក​ជន​ដែលមិន​ទាន់ជ្រះថ្លា ឱ្យជ្រះថ្លា​ឡើង ឬពួកជន​ដែលជ្រះថ្លា​ហើយ ឱ្យរឹងរឹតតែ​ជ្រះថ្លាឡើងក៏ទេ។បេ។ ម្នាលភិក្ខុ​ទាំងឡាយ អ្នកទាំងឡាយ ត្រូវសំដែង​ឡើងនូវសិក្ខាបទ​នេះយ៉ាងនេះថា ភិក្ខុណាមួយ​ជីកដោយ​ខ្លួន​ឯងក្ដី ប្រើអ្នក​ដទៃ​​ឱ្យជីកក្ដី នូវផែនដី​ត្រូវអាបត្ដិបាចិត្ដិយ។

[៣៥០] ត្រង់ពាក្យថា ភិក្ខុណាមួយ មានសេចក្ដីដូចគ្នានឹងសិក្ខាបទទី ១ នៃ​បារាជិកកណ្ឌ។ ដែលហៅថា ផែនដី បានដល់ផែនដី​មានពីរយ៉ាង គឺជាតបឋវី ផែនដីមានដី​ច្រើនជាង​វត្ថុឯទៀត១ អជាតបឋវី ផែនដីមាន​ដីតិចជាងវត្ថុឯទៀត១។ ដែលហៅថា ជាតបឋវី (នោះ) គឺអាចម៍ដីសុទ្ធ ដីស្អិតសុទ្ធ ដីមានថ្មតិច មានក្រួសតិច មាន បំណែកអម្បែងតិច មាន​ក្រួសរវានតិច មានខ្សាច់​តិច មានអាចម៍ដីច្រើន មានដីស្អិតច្រើន ឬជាផែនដី​គេមិន​ដែល​ដុត តថាគត​ហៅថា ជាតបឋវី។ ម្យ៉ាងទៀត គំនរអាចម៍​ដីណាក្ដី គំនរដីស្អិតណាក្ដី ដែល​មាន​ភ្លៀងធ្លាក់ត្រូវជាង៤ខែ គំនរនេះឯង តថាគតហៅថា ជាតបឋវីដែរ។ ដែលហៅថា អជាតបឋវី (នោះ) គឺផែនដីដែល​មានថ្មសុទ្ធ មានក្រួសសុទ្ធ មានបំណែក​អម្បែង​សុទ្ធ មាន​ក្រួសរវានសុទ្ធ មានខ្សាច់សុទ្ធ មានអាចម៍ដីតិច មានដីស្អិតតិច មានថ្មច្រើន មាន​ក្រួស​ច្រើន មានបំណែក​អម្បែងច្រើន មាន​ក្រួសរវានច្រើន មានខ្សាច់ច្រើន ជាផែនដី​ដែល​គេ​ដុត​​ហើយ តថាគតក៏ហៅថា អជាតបឋវី។ ម្យ៉ាងទៀតគំនរ​អាចម៍ដីណាក្ដី គំនរដីស្អិត​​ណា​ក្ដី ដែលមាន​ភ្លៀងធ្លាក់ចុះថយ ពី៤ ខែមក ផែនដីនេះ​តថាគតក៏ ហៅថា អជាតបឋវី​ដែរ។

[៣៥១] ត្រង់ពាក្យថា ជីកដោយខ្លួនឯង គឺភិក្ខុជីកដោយខ្លួនឯង ត្រូវអាបត្ដិបាចិត្ដិយ។ ពាក្យថា ប្រើអ្នកដទៃឱ្យជីក គឺភិក្ខុបង្គាប់អ្នកដទៃឱ្យជីក ត្រូវអាបត្ដិបាចិត្ដិយ។ ភិក្ខុបង្គាប់​មនុស្សឱ្យ​ជីកតែ​ម្ដង មនុស្សនោះទៅជីកច្រើនផង ត្រូវអាបត្ដិបាចិត្ដិយ។

[៣៥២] ផែនដីមែន ភិក្ខុសំគាល់ថាផែនដី ហើយជីកដោយខ្លួនឯងក្តី ប្រើអ្នកដទៃឱ្យជីកក្ដី ទំលាយដោយខ្លួនឯងក្ដី ប្រើអ្នកដទៃឱ្យទំលាយក្ដី ដុតដោយខ្លួនឯងក្ដី ប្រើអ្នកដទៃ​ឱ្យដុត​ក្ដី ត្រូវ​អាបត្ដិបាចិត្ដិយ។ ផែនដីមែន តែភិក្ខុមានសេចក្ដីសង្ស័យ ហើយជីកដោយខ្លួនឯងក្ដី ប្រើអ្នក​ដទៃ​ឱ្យ​ជីកក្ដី ទំលាយដោយខ្លួនឯងក្ដី ប្រើអ្នកដទៃឱ្យទំលាយក្ដី ដុតដោយខ្លួនឯង​ក្ដី ប្រើអ្នក​ដទៃឱ្យ​ដុត​ក្ដី ត្រូវអាបត្ដិទុក្កដ។ ផែនដីមែន ភិក្ខុមានសេចក្ដី​សំគាល់ថា​មិន​មែន​ផែនដី ហើយ​ជីក​ដោយខ្លួន​ឯង​ក្ដី ប្រើអ្នកដទៃឱ្យជីកក្ដី ទំលាយដោយខ្លួនឯងក្ដី ប្រើអ្នក​ដទៃ​​ឱ្យ​ទំលាយក្ដី ដុតដោយខ្លួនឯងក្ដី ប្រើ​អ្នកដទៃឱ្យដុតក្ដី មិនត្រូវអាបត្ដិឡើយ។ ទីដែល​មិន​មែនជាផែនដី ភិក្ខុមាន​សេចក្ដីសំគាល់​ថា​ផែន​ដី ត្រូវអាបត្ដិទុក្កដ។ ទីមិនមែនជា​ផែនដី ភិក្ខុមានសេចក្ដីសង្ស័យ ត្រូវអាបត្ដិទុក្កដ។ ទីមិន​មែន​ជា​ផែនដី ភិក្ខុសំគាល់​ថាមិនមែន​ផែនដី មិនត្រូវអាបត្ដិឡើយ។

[៣៥៣] អាបត្ដិមិនមានដល់ភិក្ខុដែលពោលថា អ្នកឯងចូរដឹងនូវវត្ថុនេះ អ្នកឯង​ចូរឱ្យ​នូវ​វត្ថុ​នេះ អ្នកឯងចូរនាំមកនូវវត្ថុនេះ អាត្មាត្រូវការដាយវត្ថុនេះ អ្នកឯង​ចូរធ្វើនូវ​វត្ថុនេះ​ឱ្យជា​របស់​​សម​គួរ ដល់ភិក្ខុមិនបានក្លែង ដល់ភិក្ខុភ្លាត់ស្មារតី ដល់ភិក្ខុកាលមិនដឹង ដល់ភិក្ខុឆ្កួត ដល់ភិក្ខុ​ដើមបញ្ញត្ដិ។

ចំនួនសិក្ខាបទក្នុងមុសាវាទវគ្គនោះ គឺ

សម្បជានមុសាវាទ ១ ឱមសវាទ ១ បេសុញ្ញវាទ ១ បទសោធម្ម ១ បឋមសហសេយ្យ ១ ទុតិយសហសេយ្យ ១ ធម្មទេសនា ១ ភូតារោចនៈ ១ ទុដ្ឋុល្លាបត្ដិ១ បឋវីខណនៈ ១។

សិក្ខាបទទី១០ ចប់។

មុសាវាទវគ្គជាដម្បូង។

ភូតគាមវគ្គ សិក្ខាបទទី

[៣៥៤] សម័យនោះ ព្រះភគវន្ដសម្ពុទ្ធ កាលគង់នៅអគ្គាឡវចេតិយ ទៀបក្រុងអាឡវី។ គ្រា​នោះឯង ពួកភិក្ខុនៅក្នុងក្រុងអាឡវី កាលធ្វើនវកម្ម ក៏កាប់ដោយខ្លួនឯងខ្លះ ប្រើ​អ្នកដទៃ​ឱ្យ​កាប់​ខ្លះ នូវដើមឈើ។ មានភិក្ខុ១រូបនៅក្រុងអាឡវីកាប់ឈើមួយដើម។ មាន​ទេវតា ១អង្គ​ អាស្រ័យ​នៅ​លើដើមឈើនោះបាននិយាយពាក្យនេះនឹងភិក្ខុនោះថា បពិត្រ​លោកម្ចាស់ លោក​ចង់ធ្វើទី​នៅ​របស់​ខ្លួន មិនត្រូវកាប់ទីនៅរបស់ខ្ញុំទេ។ ភិក្ខុនោះមិនអើពើ (នឹងពាក្យទេវតានោះ) ក៏ចេះតែកាប់​ឈើ​នោះទៅ ក៏ត្រូវដៃទារករបស់ទេវតានោះ។ វេលា​នោះឯង ទេវតានោះ​ត្រិះរិះដូច្នេះថា បើ​ដូច្នោះ ខ្លួនអញត្រូវសម្លាប់ភិក្ខុនេះក្នុងទីនេះ។ ខណៈនោះឯង ទេវតា​នោះ​ត្រិះរិះ​ដូច្នេះវិញថា ខ្លួន​អញ​សម្លាប់ភិក្ខុនេះក្នុងទីនេះ​ដោយ​អំពើ​ណា អំពើនេះមិន​សមគួរ​ដល់ខ្លួនអញសោះឡើយ បើ​ដូច្នោះ អញត្រូវក្រាបទូល​សេចក្ដី​នុ៎ះ​​ចំពោះ​ព្រះដ៏មានព្រះភាគ​​សិន។ គ្រានោះឯង ទេវតា​នោះ​ក៏​ចូល​​ទៅគាល់​ព្រះដ៏មានព្រះភាគ​ត្រង់ទី​ដែល​​ព្រះអង្គគង់នៅ លុះចូលទៅដល់ហើយ បាន​ក្រាប​ទូល​សេចក្ដី​​នុ៎ះចំពោះ​ព្រះដ៏មានព្រះភាគ (ដោយសព្វគ្រប់)។ ព្រះសាស្ដាជាម្ចាស់​ទ្រង់​ត្រាស់​ថា ម្នាល​ទេវតា ពាក្យដែល​អ្នកថាប្រពៃពេកណាស់ ម្នាលទេវតា អ្នក​ឯងមិន​បាន​សម្លាប់​ភិក្ខុនោះ​ត្រូវ​ពិតហើយ ម្នាលទេវតា បើអ្នកសម្លាប់​ភិក្ខុនោះ​ក្នុងថ្ងៃ​នេះហើយ ម្នាលទេវតា អ្នកឯង​ត្រូវបាន​​នូវ​បាប​ជាច្រើន នែទេវតា អ្នកឯងចូរត្រឡប់ទៅវិញចុះ ក្នុងទីឯ​ណោះ​មានឈើ​មួយដើមយ៉ាងស្ងាត់ អ្នកឯងចូរទៅនៅអាស្រ័យនូវឈើនោះចុះ។ មនុស្ស​​ទាំង​ឡាយ ក៏ពោលទោស តិះដៀល បន្ដុះបង្អាប់ថា ពួកសមណៈ​ជាកូនចៅ​ព្រះពុទ្ធ​ជា​សក្យបុត្រ មិនគួរនឹងហ៊ានកាប់ដោយខ្លួនឯងផង ប្រើអ្នក​ដទៃ​ឱ្យកាប់ផង នូវដើមឈើ​សោះ ពួកសមណៈ​ជាកូនចៅព្រះពុទ្ធជាសក្យបុត្រ រមែង​បៀត​បៀននូវវត្ថុ​ដែលមាន​ជីវិត​មាន​ឥន្ទ្រិយ​តែ១។ ភិក្ខុទាំងឡាយ​បានឮ​ពាក្យ​មនុស្ស​ទាំង​ឡាយ នោះពោលទោស តិះដៀល បន្ដុះ​បង្អាប់​ហើយ។ ពួកភិក្ខុណា មានសេចក្ដី​ប្រាថ្នា​តិច។បេ។ ពួកភិក្ខុនោះ ក៏ពោល​ទោស តិះដៀល បន្ដុះបង្អាប់ថា ពួកភិក្ខុនៅក្នុងក្រុងអាឡវី មិនគួរនឹងហ៊ាន​កាប់​ដោយ​ខ្លួនឯងខ្លះ ប្រើអ្នក​ដទៃឱ្យកាប់ខ្លះ នូវដើម​ឈើសោះ។ គ្រានោះ ភិក្ខុទាំងនោះ​បានក្រាប​ទូលសេចក្ដី​នុ៎ះចំពោះព្រះដ៏មានព្រះភាគ។បេ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់​សួរថា ម្នាលភិក្ខុទាំងឡាយ ឮថាអ្នក​ទាំងឡាយ​កាប់​ដោយ​ខ្លួនឯងខ្លះ ប្រើអ្នក​ដទៃឱ្យ​កាប់​ខ្លះនូវដើមឈើ ពិតមែនឬ។ ភិក្ខុទាំងឡាយក្រាបទូលថា សូម​ទ្រង់ព្រះមេត្ដាប្រោស ការ​នោះ​​មិនមែន។ ព្រះពុទ្ធជាម្ចាស់ដ៏មានព្រះភាគទ្រង់បន្ទោសថា នែពួកមោឃបុរស អ្នក​ទាំងឡាយ​មិនគួរបើនឹងហ៊ានកាប់ដោយខ្លួនឯងខ្លះ ប្រើអ្នកដទៃ​ឱ្យកាប់​ខ្លះ នូវដើមឈើទេ នែមោឃបុរស ទាំងឡាយ ព្រោះពួក​មនុស្ស​មានសេចក្ដី​សំគាល់​ថាដើម​ឈើមាន​ជីវិត នែ​មោឃបុរស​​ទាំងឡាយ អំពើដែលអ្នកធ្វើនេះនឹងបានដឹកនាំពួកមនុស្ស ដែលមិន​ទាន់​ជ្រះថ្លា​​ឱ្យ​ជ្រះថ្លាឡើង ឬពួកមនុស្សដែលជ្រះថ្លាហើយ ឱ្យរឹងរឹតតែ​ជ្រះថ្លាឡើងក៏ទេដែរ។ បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយត្រូវសំដែងឡើង​នូវសិក្ខាបទ​នេះ​យ៉ាងនេះ​ថា ភិក្ខុធ្វើ​ភូតគាម [អដ្ឋកថា សំដៅយកស្មៅ និងដើមឈើស្រស់ ដែលមាន​ពូជដុស​ទៅ​ទៀត​បានជាដើម។] មានឈើ និងស្មៅជាដើមឱ្យវិនាស ត្រូវអាបត្ដិបាចិត្ដិយ។

[៣៥៥] ពូជមាន៥យ៉ាងគឺ ពូជកើតពីមើម ឬឫស១ ពូជកើតពីដើម១ ពូជកើតពីថ្នាំង១ ពូជកើតពីចុង ឬគល់១ ពូជកើតពីពូជ (គឺផ្លែ)១ ពូជទាំង៥នេះហៅថា ភូតគាម។ ដែល​ហៅថា ពូជកើតពីមើម ឬឫស (នោះសំដៅយក) រមៀត ខ្ញី លំពាន់ ប្រស់ អាច់ឆ្ពឹស រំដេង ស្បូវភ្លាំង និងក្រវាញជ្រូក មិនតែប៉ុណ្ណោះ សូម្បីវត្ថុទាំងឡាយដទៃណាកើតពីមើម ឬឫស ដុះពីមើម ឬឫស វត្ថុប៉ុណ្ណោះឈ្មោះថា ពូជកើតពីមើម ឬឫស (ដូចគ្នា)។ ដែលហៅថា ពូជកើតពីដើម (នោះសំដៅ​យក) ដើមពោធិ ដើមជ្រៃ ដើមលៀប ដើមល្វា ដើមជ្រៃក្រិម ដើមក្រសាំង មិនតែប៉ុណ្ណោះ សូម្បីវត្ថុទាំងឡាយដទៃណាកើតពីដើម ដុះពីដើម វត្ថុ​ប៉ុណ្ណោះ​ ​ហៅថា​ពូជកើត​ពីដើម។ ដែលហៅថា ពូជកើតពីថ្នាំង (នោះសំដៅយក) អំពៅ ឫស្សី និងបបុស មិនតែប៉ុណ្ណោះ សូម្បីវត្ថុទាំងឡាយដទៃណាកើតពីថ្នាំង ដុះពីថ្នាំង វត្ថុប៉ុណ្ណោះហៅថាពូជកើតពីថ្នាំង។ ដែលហៅថា ពូជកើតពីចុង ឬគល់ (នោះសំដៅយក) ជីរលីងលាក់ ស្លឹកគ្រៃ វល្លិ៍អណ្ដាតត្រកួត ម្យ៉ាងទៀត​សូម្បីវត្ថុទាំងឡាយណាកើតពីចុង ឬគល់ ដុះពីចុង ឬគល់ វត្ថុប៉ុណ្ណោះ​ហៅថា​ពូជកើតពីចុង ឬគល់ (ដូចគ្នា)។ ដែលហៅថា ពូជ​កើតពីពូជ (នោះសំដៅយក) បុព្វណ្ណជាតិ បានដល់ស្រូវ៧​ប្រការ មានស្រូវស ស្រូវ​ក្រហម និងពោតជាដើម អបរណ្ណជាតិ បានដល់សណ្ដែកបាយ សណ្ដែក​រាជមាសជាដើម ម្យ៉ាងទៀត សូម្បីវត្ថុទាំងឡាយណាកើតពីពូជ ដុះពីពូជ វត្ថុប៉ុណ្ណោះហៅថា ពូជកើតពី​ពូជគំរប់ ៥។

[៣៥៦] វត្ថុជាពូជមែន ភិក្ខុសំគាល់ថាពូជ ហើយកាប់ដោយខ្លួនឯងក្ដី ប្រើអ្នក​ដទៃឱ្យ​កាប់​ក្ដី ទម្លាយដោយខ្លួនឯងក្ដី ប្រើអ្នកដទៃឱ្យទម្លាយក្ដី ចំអិនដោយខ្លួនឯងក្ដី ប្រើអ្នក​ដទៃ​ឱ្យចំអិន​ក្ដី ត្រូវអាបត្ដិបាចិត្ដិយ។ពូជមែន ភិក្ខុមានសេចក្ដីសង្ស័យ ហើយកាប់ដោយ​ខ្លួន​ឯងក្ដី ប្រើអ្នក​ដទៃឱ្យ​កាប់ក្ដី ទម្លាយដោយខ្លួនឯងក្ដី ប្រើអ្នកដទៃទម្លាយក្ដី ចំអិនដោយ​ខ្លួន​ឯងក្ដី ប្រើអ្នក​ដទៃ​ឱ្យចំអិនក្ដី ត្រូវអាបត្ដិទុក្កដ។ ពូជមែន ភិក្ខុសំគាល់ថាមិនមែនពូជ ហើយ​កាប់ដោយខ្លួនឯងក្ដី ប្រើអ្នកដទៃឱ្យកាប់ក្ដី ទម្លាយដោយខ្លួនឯងក្ដី ប្រើអ្នកដទៃ​ឱ្យទម្លាយ​ក្ដី ចំអិនដោយខ្លួនឯងក្ដី ប្រើអ្នកដទៃឱ្យចំអិនក្ដី មិនត្រូវអាបត្ដិឡើយ។ វត្ថុមិនមែនពូជ ភិក្ខុសំគាល់ថាពូជ ត្រូវ​អាបត្ដិទុក្កដ។ វត្ថុមិនមែនពូជ តែភិក្ខុមានសេចក្ដីសង្ស័យ ត្រូវ​អាបត្ដិទុក្កដ។ វត្ថុមិនមែនពូជ ភិក្ខុសំគាល់ថា មិនមែនពូជ មិនត្រូវអាបត្ដិឡើយ។

[៣៥៧] អាបត្ដិមិនមានដល់ភិក្ខុដែលនិយាយថា អ្នកចូរដឹងនូវវត្ថុនេះ អ្នកចូរឱ្យ​នូវវត្ថុនេះ អ្នកចូរនាំមកនូវវត្ថុនេះ អាត្មាត្រូវការដោយវត្ថុនេះ អ្នកចូរធ្វើនូវវត្ថុនេះឱ្យសមគួរ ដល់ភិក្ខុ​មិន​បានក្លែង ដល់ភិក្ខុភ្លាត់ស្មារតី ដល់ភិក្ខុកាលមិនដឹង ដល់ភិក្ខុឆ្កួត ដល់ភិក្ខុដើមបញ្ញត្ដិ។

សិក្ខាបទទី១ ចប់។

សិក្ខាបទទី

[៣៥៨] សម័យនោះ ព្រះដ៏ទ្រង់យសកាលគង់នៅក្នុងឃោសិតារាម ទៀបក្រុងកោសម្ពី។ គ្រានោះឯង ឆន្នភិក្ខុដ៏មាន​អាយុ ប្រព្រឹត្ដអនាចារ​ដោយខ្លួន​ឯង កាលភិក្ខុ​សាកសួរ​ដោយ​អាបត្ដិ​ក្នុង​កណ្ដាល​ជំនុំសង្ឃ ក៏ពោល​បិទបាំង​នូវពាក្យ​ដទៃដោយ​ពាក្យដទៃ (គឺពោល​ពាក្យ​​បន្លែបន្លប់) ទៅវិញ​ដោយ​ពាក្យថា នរណា​ត្រូវអាបត្ដិ ត្រូវអាបត្ដិអ្វី ត្រូវអាបត្ដិ​ព្រោះ​វត្ថុអ្វី ត្រូវអាបត្ដិ​ដោយ​ប្រការ​ដូចម្ដេច លោកទាំងឡាយ​ពោលចំពោះ​បុគ្គលណា លោក​ទាំងឡាយ​​ពោលថាអ្វី។ ភិក្ខុទាំងឡាយ​ណាមាន​សេចក្ដី​ប្រាថ្នាតិច។បេ។ ភិក្ខុទាំងនោះ ក៏ពោលទោស តិះដៀល បន្ដុះបង្អាប់ថា ឆន្នភិក្ខុដ៏​មានអាយុ កាលភិក្ខុ​សាកសួរដោយ​អាបត្ដិ​ក្នុងកណ្ដាល​ជំនុំសង្ឃហើយ មិនសមបើ​នឹងពោល​បិទបាំង​នូវពាក្យដទៃ​ដោយពាក្យ​ដទៃថា នរណា​ត្រូវអាបត្ដិ ត្រូវអាបត្ដិអ្វី ត្រូវអាបត្ដិ​ព្រោះវត្ថុអ្វី ត្រូវអាបត្ដិ​ដោយប្រការ​ដូចម្ដេច លោកទាំងឡាយ​ពោលចំពោះ​បុគ្គលណា លោកទាំងឡាយ​ពោលថាអ្វី។ គ្រា​នោះ​ឯង ភិក្ខុទាំងនោះ ក្រាបទូលសេចក្ដីនុ៎ះ​ចំពោះ​ព្រះដ៏មានព្រះភាគ។ គ្រានោះឯង ព្រះដ៏មានព្រះភាគទ្រង់សួរ​បញ្ជាក់​ទៅនឹងឆន្ន​ភិក្ខុ​ដ៏មានអាយុ​ថា ម្នាលឆន្ន បានឮថាអ្នក​ឯងកាល​ដែលភិក្ខុ​សាកសួរដោយ អាបត្ដិក្នុង​កណ្ដាលជំនុំសង្ឃ ហើយពោលបិទ​បាំង​នូវ​ពាក្យ​ដទៃដោយ​ពាក្យដទៃវិញថា នរណាត្រូវអាបត្ដិ។បេ។ លោកទាំងឡាយ​ពោលថា​ដូចម្ដេច ពាក្យនេះពិតមែនឬ។ ឆន្នភិក្ខុក្រាបទូលថា សូមទ្រង់​ព្រះមេត្ដា​ប្រោស ពាក្យនេះ​ពិត​មែន។ ព្រះពុទ្ធជាម្ចាស់​ដ៏មានព្រះភាគ​ទ្រង់បន្ទោសថា នែមោឃបុរស អ្នកឯង កាល​ដែល​ភិក្ខុសាកសួរ​ដោយអាបត្ដិ​ក្នុងកណ្ដាល​ជំនុំសង្ឃ ហើយមិនគួរបើ នឹងពោល​បិទបាំង​នូវ​​ពាក្យដទៃ​ដោយពាក្យ​ដទៃថា នរណា​ត្រូវអាបត្ដិ។បេ។ លោកទាំងឡាយ​ពោលដូចម្ដេច នែមោឃបុរស អំពើដែល​អ្នកធ្វើនេះនឹងបាន​ដឹកនាំមនុស្ស​ទាំងឡាយ​ដែលមិនទាន់​ជ្រះថ្លា ឱ្យបានជ្រះថ្លាឡើងក៏ទេ។ បេ។ ព្រះដ៏មាន​ព្រះភាគ ទ្រង់បន្ទោស រួចទ្រង់ធ្វើ​នូវធម្មីកថា ហើយត្រាស់​ហៅថាភិក្ខុ​ទាំងឡាយ​ថា ម្នាលភិក្ខុ​ទាំងឡាយ បើដូច្នោះ សង្ឃចូរលើក​នូវ​អញ្ញវាទកកម្ម [អំពើដែល​សង្ឃត្រូវធ្វើ​ដល់ភិក្ខុ​អ្នក​ពោលពាក្យដទៃ គឺពោលពាក្យ​បន្លែ​បន្លប់។] ដល់ឆន្នភិក្ខុចុះ។ ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវ​លើកនូវ​អញ្ញវាទកកម្ម​យ៉ាងនេះ ភិក្ខុដែល​ឈ្លាស​អង់អាច​ ត្រូវប្រកាស​សង្ឃឱ្យដឹងថា បពិត្រ​ព្រះសង្ឃដ៏ចំរើន សូម​ព្រះសង្ឃ​​ស្ដាប់នូវពាក្យខ្ញុំ (ដ្បិត) ឆន្នភិក្ខុ​នេះ កាលភិក្ខុ​សាកសួរ​ដោយ​អាបត្ដិក្នុង​កណ្ដាល​ជំនុំសង្ឃ ក៏ពោលបិទ​បាំងនូវពាក្យ​ដទៃដោយពាក្យ​ដទៃវិញ។ បើ​កម្មមាន​កាលសម​គួរ​ដល់​​សង្ឃហើយ សង្ឃត្រូវ​លើកនូវ​អញ្ញវាទកកម្ម​ដល់ឆន្នភិក្ខុ។ នេះជា​វាចា​​សម្រាប់ផ្ដៀង​សង្ឃឱ្យដឹង។ បពិត្រ​ព្រះសង្ឃដ៏ចំរើន សូមព្រះសង្ឃ​ស្ដាប់នូវពាក្យខ្ញុំ (ដ្បិត) ឆន្នភិក្ខុនេះ កាលភិក្ខុសាក​សួរដោយអាបត្ដិ ក្នុងកណ្ដាល​ជំនុំសង្ឃ ក៏ពោលបិទ បាំងនូវពាក្យ​ដទៃ​ដោយ​ពាក្យដទៃវិញ។ ឥឡូវនេះ ព្រះសង្ឃ​លើកនូវ​អញ្ញវាទកកម្ម​ដល់​ឆន្នភិក្ខុ។ ការលើក​នូវអញ្ញវាទកកម្ម​ដល់ឆន្នភិក្ខុ សមគួរ​ដល់លោកម្ចាស់​អង្គណា លោកម្ចាស់​អង្គនោះ​គួរ​ស្ងៀម (បើ) មិនសម​គួរដល់លោក​ម្ចាស់អង្គណាទេ លោកម្ចាស់​អង្គនោះ ត្រូវ​ពោលឡើង។ អញ្ញវាទកកម្ម សង្ឃបាន​លើកដល់​ឆន្នភិក្ខុហើយ។ អញ្ញវាទកកម្ម​គួរដល់សង្ឃ​ហើយ ព្រោះ​ហេតុនោះ​បានជា​ព្រះសង្ឃ​ស្ងៀមនៅ។ ខ្ញុំចាំទុក​នូវរឿងនេះ ដោយ​កិរិយាស្ងៀម​នៅ​យ៉ាងនេះ។

[៣៥៩] គ្រានោះ ព្រះដ៏មានព្រះភាគទ្រង់បន្ទោសឆន្នភិក្ខុដ៏មានអាយុ ដោយ​អនេក​បរិយាយ។ បេ។ ហើយទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ត្រូវសំដែង​ឡើងនូវ​សិក្ខាបទនេះ​យ៉ាងនេះថា ភិក្ខុត្រូវ​អាបត្ដិបាចិត្ដិយ ព្រោះពោល​នូវពាក្យដទៃ។ សិក្ខាបទនេះ ព្រះដ៏​មានព្រះភាគ​បានបញ្ញត្ដ​ដល់ភិក្ខុទាំងឡាយ​យ៉ាងនេះហើយ។

[៣៦០] សម័យនោះឯង ឆន្នភិក្ខុដ៏មានអាយុ កាលភិក្ខុកំពុង សាកសួរ ដោយអាបត្ដិ​ក្នុងកណ្ដាល​ជំនុំសង្ឃ ក៏គិតដោយអាត្ដាអញកាល ពោលបិទបាំង​នូវពាក្យ​ដទៃ​ដោយ​ពាក្យ​ដទៃ មុខជានឹង​ត្រូវអាបត្ដិ (មិនខានឡើយ) ហើយក៏ស្ងៀមនៅមិនស្ដី នាំឱ្យសង្ឃ​លំបាក។ ភិក្ខុទាំងឡាយ​ណាមាន​សេចក្ដីប្រាថ្នាតិច។ បេ។ ភិក្ខុទាំងឡាយនោះ ក៏ពោល​ទោស តិះដៀល បន្ដុះបង្អាប់ថា ឆន្នភិក្ខុដ៏​មានអាយុ កាលភិក្ខុ សាកសួរ​ដោយអាបត្ដិក្នុង​កណ្ដាល​ជំនុំសង្ឃ មិនសមបើ​នឹងស្ងៀម​នៅមិន ស្ដីនាំ​ឱ្យសង្ឃលំបាកសោះ។ គ្រានោះ ភិក្ខុ​ទាំងនោះក្រាបទូលសេចក្ដីនុ៎ះ ចំពោះ​ព្រះដ៏មានព្រះភាគ។បេ។ លំដាប់នោះ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់សួរ​ឆន្នភិក្ខុដ៏​មានអាយុថា នែឆន្ន បាន​ឮថាអ្នកឯង​កាល​ដែល​​ភិក្ខុសាកសួរ​ដោយអាបត្ដិ​ក្នុងកណ្ដាល​ជំនុំសង្ឃ ហើយស្ងៀម​នៅមិនស្ដី នាំឱ្យសង្ឃ​លំបាក ពិតមែនឬ។ ឆន្នភិក្ខុក្រាប​ទូលថា សូមទ្រង់មេត្ដាប្រោស ការនោះ​ពិតមែន។ ព្រះពុទ្ធជាម្ចាស់​ដ៏មានព្រះភាគ ទ្រង់បន្ទោសថា នែមោឃបុរស អ្នកឯង កាល​ដែលភិក្ខុ​សាកសួរ​ដោយ​អាបត្ដិ ក្នុងកណ្ដាល​ជំនុំសង្ឃ មិនសម​បើនឹងស្ងៀមនៅ​មិនស្ដីនាំឱ្យសង្ឃ លំបាកទេ នែមោឃបុរស អំពើដែល​អ្នកធ្វើនេះ នឹងបានដឹក​នាំមនុស្ស​ទាំងឡាយ​ដែលមិន​ទាន់​ជ្រះថ្លា ឱ្យជ្រះថ្លា​ឡើងក៏ទេដែរ។បេ។ ព្រះដ៏មានព្រះភាគ ទ្រង់បន្ទោស រួចទ្រង់​ធ្វើនូវ​ធម្មីកថា ហើយត្រាស់ហៅ​ភិក្ខុទាំងឡាយថា ម្នាលភិក្ខុ​ទាំងឡាយ បើដូច្នោះ សង្ឃចូរ​លើកនូវ​វិហេសកកម្ម [អំពើដែល​សង្ឃត្រូវធ្វើ​ដល់ភិក្ខុ​អ្នកនាំសង្ឃ ឱ្យបាន​សេចក្ដី​លំបាក។] ដល់ឆន្នភិក្ខុចុះ។ ម្នាលភិក្ខុ​ទាំងឡាយ សង្ឃត្រូវលើក​នូវ​វិហេសកកម្ម​យ៉ាងនេះ គឺភិក្ខុដែល​វាងវៃ​អង់អាចគួរ​ផ្ដៀងសង្ឃឱ្យដឹងថា បពិត្រ​ព្រះសង្ឃ​ដ៏ចំរើន សូមព្រះសង្ឃ​ស្ដាប់នូវពាក្យខ្ញុំ(ដ្បិត) ឆន្នភិក្ខុនេះ កាលដែល​ភិក្ខុសាកសួរ ដោយអាបត្ដិ​ក្នុងកណ្ដាល​ជំនុំសង្ឃ ក៏ស្ងៀមនៅមិនស្ដី នាំឱ្យសង្ឃ​លំបាក។ បើកម្មមានកាល​ដ៏សមគួរ​ដល់សង្ឃ​ហើយ សង្ឃ​ត្រូវលើកនូវ​វិហេសកកម្ម​ដល់ឆន្នភិក្ខុ។ នេះជាពាក្យ​ផ្ដៀងសង្ឃឱ្យដឹង។ បពិត្រ​​ព្រះសង្ឃដ៏ចំរើន សូម ព្រះសង្ឃ​ស្ដាប់នូវពាក្យខ្ញុំ(ដ្បិត) ឆន្នភិក្ខុនេះ កាលដែល​សង្ឃសាកសួរ​ដោយអាបត្ដិក្នុង​កណ្ដាលជំនុំ​សង្ឃ ក៏ស្ងៀមនៅមិនស្ដី នាំឱ្យសង្ឃលំបាក។ ឥឡូវ​សង្ឃលើកនូវ​វិហេសកកម្ម​ដល់ឆន្នភិក្ខុ។ ការដែលលើក​នូវវិហេសកកម្ម​ដល់ឆន្នភិក្ខុ សមគួរ​ដល់លោក​ដ៏មានអាយុអង្គណា លោកដ៏មាន​អាយុអង្គនោះត្រូវស្ងៀមនៅ (បើ) មិន​សមគួរ​ដល់លោក​ដ៏មានអាយុ​អង្គណាទេ លោកដ៏មាន​អាយុអង្គនោះ ត្រូវពោលឡើង។ វិហេសកកម្ម សង្ឃបាន​លើកដល់ឆន្នភិក្ខុ​រួចហើយ។ ការដែលលើកនូវវិហេសកកម្ម សម​គួរ​​ដល់សង្ឃ​ហើយ ព្រោះហេតុនោះបាន​ជាសង្ឃស្ងៀមនៅមិនស្ដី។ ខ្ញុំចាំទុកនូវរឿងនេះ ដោយភាវៈស្ងៀមនៅយ៉ាងនេះ។

[៣៦១] គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់បន្ទោសឆន្នភិក្ខុដ៏មានអាយុ​ដោយ​អនេក​បរិយាយ។ បេ។ ហើយទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ អ្នក​ទាំងឡាយ​ត្រូវសំដែង​ឡើង​នូវសិក្ខាបទនេះ​យ៉ាង​នេះថា ភិក្ខុត្រូវអាបត្ដិបាចិត្ដិយ ព្រោះ​ពោលនូវ​ពាក្យដទៃ(ឬ)ព្រោះធ្វើ​ឱ្យសង្ឃ​បាន​សេចក្ដីលំបាក។

[៣៦២] ដែលហៅថា ពោលនូវពាក្យដទៃ (នោះ) គឺភិក្ខុ (ណាមួយ) ដែល​ភិក្ខុកំពុង​សាក​សួរ​​ចំពោះវត្ថុក្ដី ចំពោះអាបត្ដិ ក្នុងកណ្ដាលជំនុំសង្ឃ មិន​ប្រាថ្នានឹងពោល​នូវវត្ថុ និង​អាបត្ដិ​នោះ មិនប្រាថ្នា​នឹងបង្ហើប ឡើងនូវវត្ថុនិងអាបត្ដិនោះ ត្រឡប់​ជាបិទបាំងនូវ​ពាក្យដទៃ​ដោយ​ពាក្យដទៃវិញ​ថា នរណាបានត្រូវអាបត្ដិ ត្រូវ​អាបត្ដិអ្វី ត្រូវអាបត្ដិព្រោះវត្ថុអ្វី ត្រូវ​អាបត្ដិ​​ដោយប្រការ​ដូចម្ដេច លោក​ទាំងឡាយពោលនឹងនរណា លោកទាំងឡាយពោល​ដូចម្ដេច ភិក្ខុ​នេះឈ្មោះ​ថា​ពោល​នូវពាក្យដទៃ។

[៣៦៣] ដែលហៅថា ធ្វើឱ្យសង្ឃបានសេចក្ដីលំបាក (នោះ) គឺភិក្ខុ(ណាមួយ)​ដែលភិក្ខុ​កំពុង​សាកសួរ​ចំពោះវត្ថុក្ដី ចំពោះអាបត្ដិក្ដី ក្នុងកណ្ដាលជំនុំសង្ឃ មិន​ប្រាថ្នានឹងពោល​នូវវត្ថុ និង​អាបត្ដិនោះ មិនប្រាថ្នានឹង​បង្ហើបនូវវត្ថុ និងអាបត្ដិនោះ ហើយ​ស្ងៀមមិនស្ដី នាំឱ្យសង្ឃ​បានសេចក្ដី​លំបាក ភិក្ខុ​នេះឈ្មោះថាធ្វើឱ្យ​សង្ឃបាន​សេចក្ដីលំបាក។

[៣៦៤] កាលបើអញ្ញវាទកកម្មសង្ឃមិនបាន​លើកឡើងទេ ភិក្ខុ (ណាមួយ) ដែល​ភិក្ខុកំពុង​សាក​សួរចំពោះវត្ថុក្ដី ចំពោះអាបត្ដិក្ដី ក្នុងកណ្ដាល​ជំនុំសង្ឃ ហើយ​មិនប្រាថ្នា​នឹងពោល​នូវវត្ថុនិង​អាបត្ដិនោះ មិនប្រាថ្នា​នឹងបង្ហើបឡើងនូវវត្ថុ និងអាបត្ដិនោះ ត្រឡប់ជា​ពោល​បិទបាំងនូវ ពាក្យ​ដទៃដោយ​ដទៃវិញថា នរណា​បានត្រូវអាបត្ដិ ត្រូវអាបត្ដិអ្វី ត្រូវអាបត្ដិ ព្រាះវត្ថុអ្វី ត្រូវ​អាបត្ដិដោយ​ប្រការដូចម្ដេច លោកទាំងឡាយ​ពោលនឹងនរណា លោក​ទាំងឡាយ​ពោលដូចម្ដេច ភិក្ខុនោះ​ត្រូវអាបត្ដិទុក្កដ។ កាល​បើ​វិហេសកកម្ម​ដែលសង្ឃ​មិនបានកើត​ឡើងទេ ភិក្ខុណា ដែល​ភិក្ខុកំពុង​សាកសួរ​ចំពោះវត្ថុក្ដី ចំពោះអាបត្ដិក្ដី ក្នុង​កណ្ដាលជំនុំសង្ឃ ហើយ​មិនប្រាថ្នានឹង​ពោលនូវវត្ថុនិង​អាបត្ដិនោះ មិនប្រាថ្នា​នឹងបង្ហើប​ឡើង នូវវត្ថុនិង​អាបត្ដិនោះ ស្លៀម​មិនស្ដី នាំឱ្យសង្ឃ​បានសេចក្ដី​លំបាក ភិក្ខុ នោះត្រូវ​អាបត្ដិ​ទុក្កដ។

[៣៦៥] កាលបើអញ្ញវាទកម្មដែលសង្ឃបាន​លើកឡើង​ហើយ ភិក្ខុ(ណាមួយ) ដែលភិក្ខុ​កំពុង​សាកសួរ​ចំពោះវត្ថុក្ដី ចំពោះអាបត្ដិ​ក្ដី ក្នុងកណ្ដាល​ជំនុំសង្ឃ ហើយ​មិនប្រាថ្នា​នឹង​ពោល​​នូវវត្ថុ​ និងអាបត្ដិនោះ មិនប្រាថ្នានឹង​បើកឡើង​នូវវត្ថុ និងអាបត្ដិនោះ ត្រឡប់​ជា​ពោល​​បិទបាំង​នូវពាក្យ ដទៃដោយ​ពាក្យដទៃវិញថា នរណា​ត្រូវអាបត្ដិ។បេ។ លោក​ទាំង​ឡាយ​​ពោល​ដូចម្ដេច ភិក្ខុនោះ ត្រូវអាបត្ដិបាចិត្ដិយ។ កាលបើ​វិហេសកកម្ម​ដែល​សង្ឃ​បាន​លើក​ឡើងហើយ ភិក្ខុ (ណាមួយ) ដែលភិក្ខុ​កំពុងសាកសួរ​ចំពោះវត្ថុក្ដី ចំពោះ​អាបត្ដិក្ដី ក្នុង​កណ្ដាល​ជំនុំសង្ឃ មិនប្រាថ្នា​​នឹងពោលនូវ​វត្ថុ និងអាបត្ដិនោះ មិន​ប្រាថ្នានឹង​បង្ហើបនូវ​វត្ថុ និងអាបត្ដិនោះស្ងៀម​មិនស្ដី នាំឱ្យសង្ឃ​បានសេចក្ដី​លំបាក ភិក្ខុ​នោះត្រូវ​អាបត្ដិ​បាចិត្ដិយ។

[៣៦៦] កម្មប្រកបដោយធម៌ ភិក្ខុសំគាល់ថាកម្មប្រកប​ដោយធម៌ តែ​ពោល​នូវពាក្យដទៃ នាំឱ្យសង្ឃបាន​សេចក្ដីលំបាក ត្រូវអាបត្ដិ​បាចិត្ដិយ។ ភិក្ខុ​មានសេចក្ដី​សង្ស័យក្នុង​កម្ម​ប្រកប​​ដោយធម៌ ហើយ​ពោលនូវពាក្យដទៃ នាំ​ឱ្យសង្ឃ​បានសេចក្ដី​លំបាក ត្រូវអាបត្ដិ​បាចិត្ដិយ។ កម្មប្រកប​ដោយធម៌ ភិក្ខុ​មានសេចក្ដី​សំគាល់ថា​កម្មមិនប្រកប​ដោយ​ធម៌វិញ ហើយពោល​នូវពាក្យដទៃ នាំ​ឱ្យសង្ឃបាន​សេចក្ដីលំបាក ត្រូវអាបត្ដិបាចិត្ដិយ ។ កម្មមិន​ប្រកប​ដោយធម៌ ភិក្ខុ​មានសេចក្ដី​សំគាល់ថា​កម្មប្រកប​ដោយធម៌ ត្រូវអាបត្ដិទុក្កដ។ ភិក្ខុ​មាន​សេចក្ដី​សង្ស័យ​ក្នុងកម្ម​មិនប្រកប​ដោយធម៌ ត្រូវអាបត្ដិទុក្កដ។ កម្មមិនប្រកប​ដោយ​ធម៌ ភិក្ខុសំគាល់​ថាកម្មមិន​ប្រកប​ដោយធម៌ ត្រូវអាបត្ដិទុក្កដ។

[៣៦៧] អាបត្ដិមិនត្រូវដល់ភិក្ខុដែលមិនដឹងសេចក្ដីហើយសួរ ដល់ភិក្ខុដែល​មានជម្ងឺ​ហើយ​មិននិយាយ ដល់ភិក្ខុ​ដែលមិន​និយាយ​ដោយគិតថា ការបង្កហេតុ​ប្រកួតប្រកាន់ ជម្លោះ វិវាទនឹង​នាំឱ្យរវល់​ដល់សង្ឃ ដល់ភិក្ខុ​ដែលមិន​និយាយ​ដោយគិតថា ក្រែង​សង្ឃ​បែកគ្នា (ឬ)ក្រែងសង្ឃ​ថ្នាំងថ្នាក់​នឹងគ្នា ដល់ភិក្ខុ​ដែលមិន​និយាយ​ដោយគិតថា សង្ឃ​មុខជា​នឹងធ្វើកម្ម មិនត្រូវតាម​ធម៌ផង ជាពួកផង ចំពោះ​ភិក្ខុដែល​មិនគួរដល់​កម្មផង ដល់ភិក្ខុឆ្កួត ដល់ភិក្ខុ​ដើមបញ្ញត្ដិ។

សិក្ខាបទទី ២ ចប់។

សិក្ខាបទទី

[៣៦៨] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលគង់នៅវត្ដវេឡុវន កលន្ទកនិវាបស្ថាន ទៀបក្រុងរាជគ្រឹះ។ គ្រានោះឯង ព្រះទព្វមល្លបុត្ដ​ដ៏មានអាយុ តែងក្រាល​នូវសេនាសនៈ​ផង តែងឧទ្ទិស​នូវភត្ដផង​ដល់សង្ឃ។ លំដាប់នោះ ពួកមេត្ដិយ​ភុម្មជកភិក្ខុ ទើបនឹង​បួសថ្មី​ផង ជាមនុស្ស​មានបុណ្យ​តិចផង អស់​ទាំងសេនាសនៈ​ណា ដ៏ថោកថយ​របស់សង្ឃ សេនាសនៈ​​ទាំងនោះ ត្រូវ​បានមកពួក​ភិក្ខុទាំងនោះ មួយទៀត​ភត្ដទាំងឡាយ​ណាដ៏​ថោក​ថយ ក៏​ត្រូវបានមក​ពួកភិក្ខុ​ទាំងនោះដែរ។ ពួកមេត្ដិយ​ភុម្មជកភិក្ខុនោះ ក៏បង្គាប់ភិក្ខុ​ទាំង​ឡាយ​ឱ្យ​ពោលទោសព្រះ​ទព្វមល្លបុត្ដ​ដ៏មានអាយុថា ព្រះទព្វមល្លបុត្ដ ក្រាល​សេនាសនៈ​តាម​សេចក្ដី​គាប់ចិត្ដ​របស់ខ្លួន ម្យ៉ាងទៀត លោក​ឧទ្ទិសនូវភត្ដ​តាមសេចក្ដី​គាប់ចិត្ដ​របស់​ខ្លួន។ ពួកភិក្ខុណា​មានសេចក្ដីប្រាថ្នា​តិច។បេ។ ភិក្ខុ​ទាំងនោះ​ក៏ពោលទោស តិះដៀល បន្ដុះបង្អាប់ថា មេត្ដិយ​ភុម្មជកភិក្ខុ​ទាំងឡាយ​មិនសម​បើនឹងបង្គាប់​ភិក្ខុទាំងឡាយ​ឱ្យពោល​ទោស ព្រះ​ទព្វមល្លបុត្ដ​ដ៏មាន​អាយុសោះ។ គ្រានោះ ភិក្ខុ​ទាំងនោះក្រាបទូល​សេចក្ដីនុ៎ះ ចំពោះព្រះដ៏មាន​ព្រះភាគ​ជាម្ចាស់។ លំដាប់នោះ ព្រះ​ដ៏មានព្រះភាគ។បេ។ ទ្រង់ត្រាស់​សួរចំពោះ​ពួកមេត្ដិយ​ភុម្មជកភិក្ខុថា ម្នាល​ភិក្ខុទាំងឡាយ បានឮថាអ្នក​ទាំងឡាយ បង្គាប់​ភិក្ខុទាំងឡាយ​ឱ្យពោលទោសទព្វមល្លបុត្ដ ពិត​មែនឬ។ ភិក្ខុទាំងនោះ​ក្រាបទូលថា សូម​ទ្រង់​មេត្ដាប្រោស ពិតមែន។ ព្រះពុទ្ធជា​ម្ចាស់ដ៏មាន​ព្រះភាគ​ទ្រង់បន្ទោសថា ម្នាល​មោឃបុរស​ទាំងឡាយ អ្នកទាំង​ឡាយមិន​សមបើនឹង​បង្គាប់ពួកភិក្ខុ (ដទៃ) ឱ្យពោលទោស​ទព្វមល្លបុត្ដ​សោះ ម្នាល​មោឃបុរសទាំងឡាយ អំពើដែលអ្នក​ធ្វើនេះនឹងបានដឹក​នាំពួក​ជនដែល​មិនទាន់ជ្រះថ្លា ឱ្យ​ជ្រះថ្លាឡើងក៏ទេ។បេ។ ម្នាលភិក្ខុ​ទាំងឡាយ អ្នក​ទាំងឡាយ​ត្រូវសំដែង​ឡើងនូវសិក្ខាបទ​នេះយ៉ាងនេះថា ភិក្ខុបង្គាប់ភិក្ខុ (ដទៃ) ឱ្យ​ពោលទោស​ភិក្ខុផង​គ្នា ត្រូវអាបត្ដិបាចិត្ដិយ សិក្ខាបទ​នេះព្រះដ៏មានព្រះភាគបានបញ្ញត្ដដល់ពួកភិក្ខុយ៉ាងនេះ។

[៣៦៩] សម័យនោះឯង ពួកមេត្តិយភុម្មជកភិក្ខុគិតគ្នាថា ការដែលប្រើភិក្ខុ (ដទៃ) ឱ្យពោលទោស ព្រះដ៏មានព្រះភាគ​បានហាមរួចហើយ ព្រោះ​ហេតុ​នោះភិក្ខុទាំង​ឡាយមុខ​ជានឹងបានឮ ដោយពាក្យមាន​ប្រមាណប៉ុណ្ណេះ ហើយ​ក៏តិះដៀល ព្រះទព្វមល្លបុត្ដ​ដ៏មានអាយុ​​ជិតពួកភិក្ខុ (ដទៃ) ថា ព្រះទព្វមល្លបុត្ដ​រៀបចំសេនាសនៈ​តាមសេចក្ដី​គាប់ចិត្ដ (របស់ខ្លួន) ផង ចាត់ចែង​ភត្ដតាម​សេចក្ដីគាប់ចិត្ដ (របស់ខ្លួន) ផង។ ភិក្ខុទាំងឡាយណា មានសេចក្ដីប្រាថ្នាតិច។ បេ។ ភិក្ខុ​ទាំងនោះក៏ពោលទោស តិះដៀល បន្ដុះ​បង្អាប់​ថា ពួក​មេត្ដិយ​ភុម្មជកភិក្ខុ​មិនសមបើនឹង​ហ៊ានតិះដៀល ព្រះទព្វមល្លបុត្ដ​ដ៏មានអាយុសោះ។ គ្រា​នោះ ភិក្ខុទាំងឡាយនោះ ក្រាបទូល​សេចក្ដីនុ៎ះ ចំពោះ​ព្រះដ៏​មានព្រះភាគ។ លំដាប់នោះ ព្រះដ៏មាន​ព្រះភាគ។បេ។ ទ្រង់ត្រាស់សួរ​ចំពោះនឹងពួក​មេត្ដិយ​ភុម្មជកភិក្ខុថា ម្នាល​ភិក្ខុទាំង​ឡាយ បានឮថា អ្នកទាំងឡាយ​តិះដៀល​ទព្វមល្លបុត្ដ ពិតមែនឬ។ ភិក្ខុទាំង​នោះ​ក្រាប​ទូលថា សូមទ្រង់មេត្ដា​ប្រោស ពិតមែន។ ព្រះពុទ្ធជាម្ចាស់​ដ៏មាន​ព្រះភាគ​ទ្រង់​បន្ទោស​ថា នែមោឃបុរស​ទាំងឡាយ អ្នកទាំងឡាយ មិន​សមបើនឹង​តិះដៀល​ទព្វមល្លបុត្ដ​ទេ នែមោឃបុរស​ទាំងឡាយ អំពើ​ដែលអ្នក​ធ្វើនេះនឹង​បានដឹកនាំពួក​ជនដែលមិន​ទាន់​ជ្រះថ្លា ឱ្យបាន​ជ្រះថ្លាឡើងក៏ទេ។ បេ។ ម្លាលភិក្ខុ​ទាំងឡាយ អ្នកទាំងឡាយ ត្រូវសំដែង​ឡើង​នូវសិក្ខាបទ​នេះយ៉ាងនេះថា ភិក្ខុបង្គាប់​ភិក្ខុដទៃ​ឱ្យពោលទោស ( ភិក្ខុផងគ្នាឬ ) តិះ​ដៀល ( ភិក្ខុផងគ្នា ) ត្រូវអាបត្ដិបាចិត្ដិយ។

[៣៧០] ដែលហៅថា ភិក្ខុបង្គាប់ភិក្ខុដទៃឱ្យពោលទោស(នោះ) គឺភិក្ខុ​មានប្រាថ្នា​នឹងធ្វើនូវ​សេចក្ដី​តិះដៀល មានប្រាថ្នានឹង​ធ្វើនូវសេចក្ដី​បង្អាប់យស មានប្រាថ្នា​នឹងធ្វើនូវ​សេចក្ដី​បង្អាប់​​បង្អោន​ចំពោះ​ឧបសម្បន្នបុគ្គល​ដែលសង្ឃសន្មតឱ្យ​ជាអ្នកក្រាល​នូវសេនាសនៈក្ដី ឱ្យជាអ្នកចាត់ចែងនូវភត្ដក្ដី ឱ្យ​ជាអ្នកចែក​នូវបបរក្ដី ឱ្យជាអ្នកចែកនូវផ្លែឈើក្ដី ឱ្យជាអ្នក​ចែកនូវបង្អែមក្ដី ឱ្យ​ជាអ្នកចែកចាយ​នូវវត្ថុមាន​ប្រមាណ​តិចតួចក្ដី ហើយបង្គាប់​ភិក្ខុដទៃឱ្យ​ពោលទោស ឬ​តិះដៀល​ឧបសម្បន្នបុគ្គល (នោះ) ត្រូវអាបត្ដិបាចិត្ដិយ។

[៣៧១] កម្មប្រកបដោយធម៌ ភិក្ខុសំគាល់ថាកម្មប្រកបដោយធម៌ ហើយបង្គាប់​ភិក្ខុ​ដទៃទៀតពោលទោស (ឬ) តិះដៀល (ភិក្ខុផងគ្នា) ត្រូវអាបត្ដិ​បាចិត្ដិយ។ ភិក្ខុ​មានសេចក្ដី​សង្ស័យក្នុង​កម្មប្រកប​ដោយធម៌ ហើយ​បង្គាប់​ភិក្ខុដទៃឱ្យ​ពោលទោស (ឬ) តិះដៀល (ភិក្ខុផងគ្នា) ត្រូវអាបត្ដិបាចិត្ដិយ។ កម្មប្រកបដោយធម៌ តែ​ភិក្ខុសំគាល់​ថាកម្មមិន​ប្រកប​ដោយធម៌វិញ ហើយបង្គាប់ភិក្ខុ​ដទៃឱ្យពោលទោស (ឬ) តិះ​ដៀល (ភិក្ខុផងគ្នា) ត្រូវអាបត្ដិ​បាចិត្ដិយ។

[៣៧២] ភិក្ខុបង្គាប់ភិក្ខុដទៃឱ្យពោលទោសក្ដី តិះដៀលដោយ​ខ្លួនឯងក្ដី នូវ​អនុបសម្បន្ន​បុគ្គល ត្រូវអាបត្ដិទុក្កដ។ ភិក្ខុមាន​ប្រាថ្នានឹងធ្វើ​នូវសេចក្ដី​តិះដៀល មាន​ប្រាថ្នានឹង​ធ្វើនូវ​សេចក្ដី​បង្អាប់យស មានប្រាថ្នា​នឹង​ធ្វើនូវសេចក្ដី​បង្អាប់បង្អោន​ចំពោះ​ឧបសម្បន្ន​បុគ្គល ដែល​សង្ឃមិន​បានសន្មតឱ្យជា​អ្នកក្រាល​សេនាសនៈក្ដី ឱ្យជាអ្នក​ចាត់ចែង​នូវភត្ដក្ដី ឱ្យជា​អ្នកចែក​នូវបបរក្ដី ឱ្យជាអ្នកចែក​នូវផ្លែឈើក្ដី ឱ្យជាអ្នកចែក​នូវបង្អែមក្ដី ឱ្យ​ជាអ្នកចែក​ចាយនូវវត្ថុ​មានប្រមាណ​តិចតួចក្ដី ហើយបង្គាប់​ភិក្ខុដទៃ​ឱ្យពោល​ទោសក្ដី តិះដៀល​ដោយខ្លួនឯងក្ដី នូវ​ឧបសម្បន្នបុគ្គលក្ដី នូវអនុបសម្បន្ន​បុគ្គលក្ដី ត្រូវអាបត្ដិទុក្កដ។ ភិក្ខុមាន​ប្រាថ្នានឹង​ធ្វើនូវសេចក្ដី​តិះដៀល មានប្រាថ្នា​នឹងធ្វើនូវសេចក្ដី​បង្អាប់ដោយ មានប្រាថ្នា​នឹងធ្វើនូវ​សេចក្ដី​បង្អាប់បង្អោន​ចំពោះ​អនុបសម្បន្ន​បុគ្គល ដែលសង្ឃបាន​សន្មត ឬ មិន​បានសន្មត ឱ្យជាអ្នក​ក្រាលនូវ​សេនាសនៈក្ដី ឱ្យជាអ្នកចាត់​ចែងនូវភត្ដក្ដី ឱ្យ​ជាអ្នកចែកនូវ​បបរក្ដី ឱ្យជាអ្នក​ចែកផ្លែឈើក្ដី ឱ្យជាអ្នក​ចែកនូវបង្អែមក្ដី ឱ្យ​ជាអ្នកចែកចាយ​នូវវត្ថុមាន​ប្រមាណតិចតួចក្ដី ហើយបង្គាប់​ភិក្ខុដទៃឱ្យ​ពោលទោស ឬ​តិះដៀលដោយ​ខ្លួនឯង នូវ​ឧបសម្បន្ន​បុគ្គលក្ដី អនុបសម្បន្ន​បុគ្គលក្ដី ត្រូវអាបត្ដិទុក្កដ។ កម្ម​មិនប្រកប​ដោយធម៌ ភិក្ខុ មាន​សេចក្ដី​សំគាល់ថា កម្មប្រកប​ដោយធម៌វិញ ត្រូវអាបត្ដិទុក្កដ។ ភិក្ខុមាន​សេចក្ដី​សង្ស័យ ក្នុងកម្មមិន​ប្រកប​ដោយធម៌ ត្រូវអាបត្ដិទុក្កដ។ កម្មមិន​ប្រកបដោយធម៌ ភិក្ខុ​សំគាស់​ថា កម្មមិនប្រកប​ដោយធម៌ ត្រូវអាបត្ដិទុក្កដ។

[៣៧៣] អាបត្ដិមិនមានដល់ភិក្ខុដែលបង្គាប់ភិក្ខុដទៃ ឱ្យពោលទោសក្ដី តិះដៀលដោយ​ខ្លួនឯងក្ដី នូវភិក្ខុដែល​ជាអ្នកធ្វើ​ការសង្ឃ ដោយ​ឆន្ទាគតិ ទោសាគតិ មោហាគតិ ភយាគតិ​ជាប្រក្រតី ដល់ភិក្ខុឆ្កួត ដល់ភិក្ខុដើមបញ្ញត្ដិ។

សិក្ខាបទទី ៣ ចប់។

សិក្ខាបទទី

[៣៧៤] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលគង់នៅវត្ដព្រះជេតពន ជាអារាម​របស់​អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ លំដាប់នោះ ភិក្ខុ​ទាំងឡាយ​បានតែងតាំង​គ្រឿង​សេនាសនៈ នៅទីវាល ហើយ​កំដៅកាយ ក្នុងកាល​ហេមន្ដរដូវ (សម័យ​ដែលមាន​ទឹក​សន្សើម) កាលបើគេ​ប្រាប់ភត្ដកាល គឺនិមន្ដឆាន់ ហើយ​កាលនឹង​ដើរចេញ​ទៅចាកទីនោះ មិនរើយកមកទុកដាក់ មិនបានប្រើគេឱ្យ​រើយកមកទុកដាក់ នូវសេនាសនៈនោះ ហើយឥត​ទាំង​​បានប្រាប់ (អ្នកដទៃ) ស្រាប់តែដើរ​ចេញទៅ។ ឯ​គ្រឿង​សេនាសនៈ​ទទឹកដោយទឹក​សន្សើម​ជោក​អស់។ ពួកភិក្ខុណា​ដែល មាន​សេចក្ដីប្រាថ្នាតិច។ បេ។ ពួកភិក្ខុនោះ ក៏ពោល​ទោស តិះដៀល បន្ដុះបង្អាប់ថា ភិក្ខុ​ទាំងឡាយមិន​សមបើនឹងតែង​តាំងគ្រឿង​សេនាសនៈ​នៅទីវាល ហើយ​កាលនឹងដើរចេញទៅ មិន​រើយកមក​ទុកដាក់មិន​បានប្រើគេឱ្យ​រើយកមក​ទុកដាក់នូវ​សេនាសនៈនោះ ហើយ​ឥតទាំងបានប្រាប់ (អ្នកដទៃ) ស្រាប់តែដើរ​ចេញទៅ គ្រឿង​សេនាសនៈក៏ជោកជាំដោយ​ទឹកសន្សើម គ្រានោះ ភិក្ខុទាំង​នោះបានក្រាប​ទូល​សេចក្ដី​នុ៎ះ​ចំពោះ​ព្រះដ៏មានព្រះភាគ។ លំដាប់នោះ ព្រះដ៏មាន​ព្រះភាគ​ទ្រង់បាន​ត្រាស់​សួរ​​នូវភិក្ខុ​ទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ ឮថា​ពួកភិក្ខុបាន​តែងតាំង​គ្រឿង​សេនាសនៈ​នៅទីវាល កាលនឹងដើរចេញទៅ មិន​បានរើយកមក​ទុកដាក់ មិនបាន​ប្រើគេឱ្យ​រើយក​មកទុក​ដាក់ នូវសេនាសនៈនោះ ហើយ​ឥតទាំង​បានប្រាប់(អ្នកដទៃ) ស្រាប់តែដើរ​ចេញ​ទៅ គ្រឿង​សេនាសនៈដ៏​ជោកជាំ​ដោយទឹក​សន្សើម។ ​ពិតមែនឬ។ ភិក្ខុទាំងនោះ ក្រាប​ទូល​ថា សូម​ទ្រង់មេត្ដាប្រោស ពិតមែន។ ព្រះពុទ្ធជា​ម្ចាស់ដ៏មាន​ជោគទ្រង់បន្ទោសថា ម្នាលអ្នកទាំងឡាយ មោឃបុរស​ទាំងនោះ មិនសមបើនឹង​តែងតាំងគ្រឿង​សេនាសនៈ​នៅទីវាល​ហើយ​កាលនឹងដើរចេញទៅ មិនបានរើយកមកទុកដាក់ មិនបានប្រើ​គេឱ្យរើ​យក​មកទុកដាក់ នូវសេនាសនៈនោះ ហើយឥតទាំងបានប្រាប់ (អ្នកដទៃ) ស្រាប់តែដើរ​ចេញទៅ ឯគ្រឿងសេនាសនៈ ក៏ជោកជាំដោយ​ទឹកសន្សើម ម្នាលភិក្ខុទាំងឡាយ អំពើ​នេះនឹង​បានដឹកនាំពួកជន ដែលមិនទាន់ជ្រះថ្លា ឱ្យបានជ្រះថ្លាឡើងក៏ទេ។ បេ។ ម្នាលភិក្ខុ​ទាំងឡាយ អ្នកទាំងឡាយ ត្រូវសំដែង​ឡើងនូវសិក្ខាបទ​នេះ​យ៉ាងនេះថា ភិក្ខុណា​មួយ​លាត ឬសន្ធឹង​ខ្លួនឯងក្ដី ឱ្យគេលាតក្ដី នូវគ្រែក្ដី តាំងក្ដី ពូកក្ដី កៅអីក្ដី ដែល​ជារបស់សង្ឃ​ក្នុងទីវាល ហើយកាល​នឹងដើរចេញទៅ មិន​បានរើយកគ្រឿងសេនាសនៈ មានគ្រែជា​ដើម​នោះ មកទុកដាក់ឯង មិនបានប្រើគេ​ឱ្យរើយក​មកទុកដាក់ ហើយឥត​បានប្រាប់ (អ្នកដទៃ) ស្រាប់​តែដើរចេញទៅ ត្រូវអាបត្ដិ​បាចិត្ដិយ។ សិក្ខាបទនេះ ព្រះដ៏មានព្រះភាគ ទ្រង់​បាន​បញ្ញត្ដិហើយ​ដល់ភិក្ខុទាំងឡាយ​យ៉ាងនេះ។

[៣៧៥] សម័យនោះ មានភិក្ខុច្រើនរូបនៅក្នុងទីវាល លុះព្រឹកឡើងក៏​នាំគ្នាជញ្ជូនយក​គ្រឿង​សេនាសនៈទៅ។ ព្រះដ៏មានព្រះភាគ ទ្រង់បានទត​ឃើញភិក្ខុទាំងនោះ កំពុងតែ​ជញ្ជូន​​យកគ្រឿងសេនាសនៈទៅអំពីព្រឹក។ លុះទ្រង់បាន​ទតឃើញ ទើបទ្រង់ធ្វើនូវ​ធម្មីកថា ព្រោះ​រឿងនេះ ដំណើរនេះ ហើយត្រាស់ហៅ​ភិក្ខុទាំងឡាយ​ដោយព្រះពុទ្ធដីកាថា ម្នាលភិក្ខុ​ទាំងឡាយ ពួកសត្វក្អែកក្ដី ពួកសត្វខ្លែងក្ដី មិនបានបន្ទោបង់ នូវឧច្ចារៈដាក់​ក្នុង​ទីណា តថាគត​អនុញ្ញាត​ឱ្យទុកដាក់​គ្រឿងសេនាសនៈ​ក្នុងទីនោះ គឺដូចជា​មណ្ឌល ឬ​រុក្ខមូល (ម្លប់ឈើ) អស់កាល​៨ខែ គឺកំណត់​យកខែដែលគ្មានភ្លៀង។

[៣៧៦] ត្រង់ពាក្យថា ភិក្ខុណាមួយ មានសេចក្ដីដូចគ្នានឹងសិក្ខាបទទី១ នៃបារាជិកកណ្ឌ។ សេនាសនៈដែលគេបានប្រគេន ឬបានលះដល់សង្ឃ ហៅថាសេនាសនៈរបស់សង្ឃ។ ដែលហៅថា គ្រែ បានដល់គ្រែ៤យ៉ាង គឺគ្រែដែលគេបញ្ចូលមេទៅក្នុងដំណាប់ជើង ១ គ្រែដែល​មានមេជាប់នឹងជើង១ គ្រែដែលមានជើងដូចជាដើមក្ដាម[១-២ គ្រែដែល​មាន​ជើង​​ដូចជាជើងសេះ ជើងពពែជាដើម ឯតាំងក៏មានជើងដូចជាគ្រែដែរ។]១ គ្រែដែល​មាន​ជើងចុច ឬគ្រែដែលគេបញ្ចូលជើងទៅក្នុងដំណាប់មេ១។ ដែលហៅថា តាំង បានដល់​តាំង​មាន ៤ យ៉ាង គឺតាំងដែលគេបញ្ចូល មេទៅក្នុងដំណាប់ជើង ១ តាំងដែល​មានមេគេបង្ខាំ​ជាប់នឹងជើង១ តាំងដែល​មានជើងដូចជាជើងក្ដាម[២]១ តាំងដែល​មានជើងចុច ឬតាំង​ដែលគេបញ្ចូល​ជើងទៅ​​ក្នុងដំណាប់មេ១។ ដែលហៅថា ពូក បានដល់​ពូក៥យ៉ាង គឺពូក​ដែលគេញាត់​ដោយ​រោមសត្វ១ ពូកដែលគេញាត់សម្បកឈើ ១ ពូកដែលគេញាត់​កំណាត់​សំពត់ ១ ពូកដែល​គេញាត់ស្មៅ១ ពូកដែលគេញាត់ស្លឹកឈើ ១។ ដែលហៅថា កៅអី គឺកៅអីដែល​គេធ្វើដោយសម្បកឈើក្ដី ធ្វើដោយស្បូវភ្លាំងក្ដី ធ្វើដោយ​ស្មៅយ៉ាប្លងក្ដី ធ្វើដោយ​ស្មៅដំណេក​ទន្សាយក្ដី ដែលគេរុំហើយចងភ្ជាប់គ្នាខាងក្នុង។ ពាក្យថា លាត គឺដម្កល់ទុកដោយខ្លួនឯង។ ពាក្យថា ប្រើគេឱ្យលាត គឺប្រើបុគ្គល​ដទៃឱ្យ​ដម្កល់ទុក។ ភិក្ខុ​ប្រើ​​អនុបសម្បន្ន​បុគ្គល​ឱ្យដម្កល់​ទុក សេចក្ដីខ្វល់​នឹងមាន​ដល់ភិក្ខុអ្នកប្រើនោះ។ ភិក្ខុប្រើ​ឧបសម្បន្នបុគ្គលឱ្យដម្កល់ទុក សេចក្ដី​ខ្វល់នឹងមានដល់អ្នកដម្កល់ទុកនោះ។ ពាក្យថា កាលនឹងដើរចេញទៅ មិនបានរើ​យកមក​ទុកដាក់នូវគ្រឿងសេនាសនៈនោះ គឺម