មហាវិភង្គ ចតុត្ថភាគ

ភាគទី៤

សិក្ខាបទទី៦

[១] សម័នោះ​ ព្រះពុទ្ធដ៏​មានព្រះភាគ កាលគង់នៅ​វត្តជេតវន របស់​អនាថបិណ្ឌិកសេដ្ឋី ជិត​ក្រុង​សាវត្ថី។ គ្រានោះ​ឯង ពួក​ឆព្វគ្គិយភិក្ខុ​ បៀតបៀន​យកទីដេក​ល្អៗ ញុំាង​ភិក្ខុ​ចាស់​​ទាំងឡាយ​ឲ្យក្រោកចេញទៅ។ លំដាប់នោះ​ ពួកឆព្វគ្គិយ​ភិក្ខុ​គិត​គ្នា​ថា យើង​ទាំងឡាយ​នៅ​ចាំ​វស្សា​ក្នុង​ទីនេះ​ដោយ​ឧបាយ​ដូចម្តេច​ហ្ន៎។ លំដាប់នោះ​ ពួកឆព្វគ្គិយភិក្ខុ​​ចូល​ទៅ​ដេក​​ច្រៀត​បៀត​ភិក្ខុ​ចាស់​​ទាំងឡាយដោយ​​គិតថា ភិក្ខុ​ណា​​មាន​សេចក្តី​​ចង្អៀតចង្អល់ ភិក្ខុ​នោះ​​នឹងចៀស​ចេញទៅ។ ភិក្ខុ​​ទាំងឡាយ​ណា​មាន​​សេចក្តី​​ប្រាថ្នាតិច។បេ។ ភិក្ខុ​​ទាំងឡាយ​នោះ​ ក៏ពោល​ទោស តិះដៀល បន្តុះបង្អាប់​ថា ពួកឆព្វគ្គិយភិក្ខុ​​​មិន​សមបីនឹង​ចូល​ទៅ​ដេក​ច្រៀត​បៀត​ពួក​ភិក្ខុ​ចាស់​សោះ។ ទើបភិក្ខុ​ទាំងនោះ​​នាំ​គ្នា​​ក្រាបទូល​ដំណើរនុ៎ះ​ចំពោះ​ព្រះដ៏​មាន​ព្រះភាគ។បេ។ ព្រះអង្គ​ត្រាស់​សួរថា ម្នាលភិក្ខុ​​​ទាំងឡាយ ឮថា​អ្នករាល់​គ្នា​​ចូល​ទៅ​ដេក​ច្រៀតបៀត​ភិក្ខុ​ចាស់​​ទាំងឡាយ ពិតមែនឬ។ ពួកឆព្វគ្គិយភិក្ខុ​ក្រាប​ទូលថា សូមទ្រង់​មេត្តាប្រោស ការនោះ​ពិតមែន។ ព្រះពុទ្ធ​ដ៏​មានព្រះភាគ ទ្រង់​តិះដៀល​ថា នែ​មោឃបុរស​​ទាំងឡាយ ពួកអ្នក​​ឯង​​មិន​គួរនឹង​ចូល​ទៅដេក​ច្រៀតបៀតពួកភិក្ខុ​​ចាស់សោះ​ឡើយ នែ​មោឃបុរស​​ទាំងឡាយ អំពើ​ដែល​​អ្នក​ទាំងឡាយធ្វើ​នេះ ​មិន​នាំឲ្យ​ជ្រះថ្លា​ដល់ពួក​បុគ្គល​ដែល​​មិន​​ទាន់​ជ្រះថ្លា​នោះ​ទេ។បេ។ ម្នាល​ភិក្ខុ​​ទាំងឡាយ​ អ្នក​ទាំងឡាយគប្បីសំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា ភិក្ខុ​ណាមួយ​ដឹង​ហើយ​ ​ចូល​ទៅច្រៀតបៀត​នូវភិក្ខុ​​ដែល​ចូល​​ទៅនៅ​​មុន ​ហើយ​​សម្រេច​នូវទីដេកក្នុង​វិហារ​របស់​​សង្ឃ​ដោយ​គិតថា ភិក្ខុ​ណា​​មាន​សេចក្តី​​ចង្អៀតចង្អល់​ ភិក្ខុ​នោះ​​នឹងចៀស​ចេញទៅ ត្រូវអាបត្តិ​បាចិត្តិយ ព្រោះ​ធ្វើ​នូវ​សេចក្តី​​ច្រៀត​បៀត​​នោះ​ឯង​ឲ្យជា​បច្ច័យ​ ​មិន​មែន​ហេតុ​​ដទៃ​ទេ។

[២] ត្រង់ពាក្យថា ភិក្ខុ​ណាមួយ ​មាន​សេចក្តី​ដូច​គ្នា​​ក្នុង​សិក្ខាបទ​ទី១​​នៃ​បារាជិកកណ្ឌ។ វិហារ​​ដែល​​គេ​លះ​ប្រគេ​ន​ដល់​សង្ឃ ហៅថា​វិហាររបស់​​សង្ឃ។ ដែល​ហៅថា ដឹង គឺភិក្ខុ​​ដឹង​ថា ភិក្ខុ​​នេះ​ចាស់ ដឹងថាភិក្ខុ​នេះឈឺ ដឹងថា វិហារនេះ​សង្ឃបាន​ឲ្យ​ហើយ​។ ពាក្យថា ចូល​ទៅច្រៀតបៀត គឺចូល​ទៅ​ច្រៀតជ្រែក។ ពាក្យថា សម្រេចនូវទីដេក ​សេចក្តី​ថា ភិក្ខុ​ក្រាល​ឯងក្តី ប្រើគេ​ឲ្យក្រាលក្តី នូវទីដេក​ក្នុង​ឧបចារ [ឧបចារគ្រែនិងតាំង តាមអដ្ឋកថា ថា កំណត់ពីរហត្ថមួយចំអាម។] ​នៃ​គ្រែ​ក្តី ​នៃ​តាំងក្តី ​នៃ​ភិក្ខុ​ចូល​ទៅក្តី ចេញមកក្តី ត្រូវ​អាបត្តិទុក្កដ ភិក្ខុ​អង្គុយ​​សង្កត់ក្តី ដេកសង្កត់ក្តី (លើ​ទីដេក​នោះ​) ត្រូវអាបត្តិបាចិត្តិយ។ ពាក្យថា ព្រោះធ្វើនូវ​សេចក្តី​ច្រៀតបៀតនេះឯងឲ្យជា​បច្ច័យ ​មិន​មែនហេតុ​ដទៃទេ ​សេចក្តី​ថា គ្មានហេតុ​ដទៃនីមួយ​ដែល​ក្រៅពីការចូល​ទៅដេកច្រៀតបៀត​នោះ​​ឡើយ។

[៣] វិហាររបស់​សង្ឃ ភិក្ខុ​សំគាល់​ថា វិហាររបស់​សង្ឃមែន ​ហើយ​ចូល​ទៅដេក​ច្រៀត​បៀត ត្រូវអាបត្តិបាចិត្តិយ។ វិហាររបស់​សង្ឃ ភិក្ខុ​​មាន​សេចក្តី​សង្ស័យ ​ហើយ​ចូល​ទៅដេក​ច្រៀត​បៀត ត្រូវអាបត្តិបាចិត្តិយ។ វិហាររបស់​សង្ឃ ភិក្ខុ​សំគាល់​ថារបស់​បុគ្គលវិញ ​ហើយ​ចូល​​ទៅ​ដេក​ច្រៀត​បៀត ត្រូវអាបត្តិបាចិត្តិយ។ ភិក្ខុ​ក្រាលឯងក្តី ប្រើគេ​ឲ្យក្រាលក្តី នូវទី​ដេក វៀរលែង​តែ​​ឧបចារ​​នៃ​​គ្រែ​ក្តី ​នៃ​តាំងក្តី ​នៃ​ភិក្ខុ​ចូល​ទៅក្តី ចេញមកក្តី ត្រូវអាបត្តិទុក្កដ។ ភិក្ខុ​អង្គុយ​សង្កត់ក្តី ដេកសង្កត់ក្តី ត្រូវអាបត្តិទុក្កដ។ ភិក្ខុ​ក្រាលឯងក្តី ប្រើគេ​ឲ្យក្រាលក្តី នូវ​ទីដេក ក្នុង​ឧបចារ​នៃ​វិហារក្តី ក្នុង​ឧបដ្ឋាន​សាលាក្តី [ប្រែថា សាលាសម្រាប់​បម្រើ ​តែ​អដ្ឋកថាថា បាន​ដល់សាលាសម្រាប់​ឆាន់ ឬរោង​ឆាន់។] ក្នុង​មណ្ឌបក្តី ទៀបគល់ឈើក្តី ក្នុង​ទីវាលក្តី ត្រូវអាបត្តិទុក្កដ។ ភិក្ខុ​អង្គុយ​សង្កត់ក្តី ដេកសង្កត់ក្តី ត្រូវអាបត្តិទុក្កដ។ វិហារ​របស់​បុគ្គល ភិក្ខុ​សំគាល់​ថារបស់​សង្ឃ ត្រូវអាបត្តិទុក្កដ។ វិហាររបស់​​បុគ្គល​ ភិក្ខុ​​មាន​សេចក្តី​​សង្ស័យ ត្រូវអាបត្តិទុក្កដ។ វិហាររបស់​បុគ្គល ភិក្ខុ​សំគាល់​ថារបស់​បុគ្គលដដែល​ ត្រូវ​​អាបត្តិទុក្កដ ព្រោះវិហារនោះ​ជា​របស់​​បុគ្គល គឺវិហារ​​នៃ​ភិក្ខុ​ដទៃ។ ភិក្ខុ​​មិន​ត្រូវអាបត្តិ ព្រោះ​វិហារ​ជា​របស់​បុគ្គល​ គឺវិហារ​របស់​ខ្លួនឯង។

[៤] អាបត្តិ​មិន​​មានដល់ភិក្ខុ​​ដែល​​មានជម្ងឺចូល​ទៅដេក ដល់ភិក្ខុ​ដែល​ត្រូវ​ត្រជា​ក់ ឬក្តៅ​បៀតបៀន​​ហើយ​ចូល​ទៅក្តី ដល់ភិក្ខុ​​មាន​សេចក្តី​​អន្តរាយក្តី ដល់ភិក្ខុ​ឆ្កួតក្តី ដល់ភិក្ខុ​ដើម​បញ្ញត្តិក្តី។

សិក្ខាបទទី៦ ចប់។

សិក្ខាបទទី៧

[៥] សម័នោះ​ ព្រះពុទ្ធដ៏​មានព្រះភាគ កាលគង់នៅ​វត្តជេតវន របស់​អនាថបិណ្ឌិកសេដ្ឋី ជិត​ក្រុង​សាវត្ថី។ គ្រានោះ​ឯង ពួកសត្តរសវគ្គិយភិក្ខុ​ (ភិក្ខុ​​មានពួក១៧រូប) នាំ​គ្នា​ជួសជុល​វិហារធំ១ ​មាននៅ​ក្នុង​បច្ចន្តប្រទេស ដោយ​គិត​គ្នា​ថា យើង​ទាំងឡាយនឹងនៅ​ចាំវស្សាក្នុង​ទីនេះ។ ពួកឆព្វគ្គិយភិក្ខុ​ (ភិក្ខុ​​មានពួក៦រូប) បាន​ឃើញពួកសត្តរសវគ្គិយភិក្ខុ​នាំ​គ្នា​ជួស​ជុល​​វិហារ លុះ​ឃើញ​​ហើយ​​បាន​និយាយ​គ្នា​យ៉ាងនេះថា ម្នាលអាវុសោ ពួកសត្តរសវគ្គិយ​ភិក្ខុ​​នេះនាំ​គ្នា​ជួសជុល​វិហារ បើដូច្នោះ យើង​ទាំងឡាយនឹងធ្វើ​ឲ្យភិក្ខុ​ទាំងនោះ​​ចៀសចេញ​ទៅ។ ឆព្វគ្គិយភិក្ខុ​ពួកខ្លះ បាន​និយាយ​យ៉ាងនេះថា ម្នាលអាវុសោ សូមលោក​ទាំងឡាយ​បង្អង់ចាំឲ្យ​សត្តរសវគ្គិយភិក្ខុ​​ទាំងឡាយ​ជួសជុល​វិហាររួចសិន លុះជួសជុល​ស្រេច​​ហើយ​ យើង​ទាំងឡាយ​នឹង​ធ្វើ​ភិក្ខុ​​ទាំងនោះ​ឲ្យចៀសចេញទៅ។ គ្រានោះ​ ពួកឆព្វគ្គិយភិក្ខុ​បាន​និយាយ​​ពាក្យនេះ​នឹងពួក​សត្តរសវគ្គិយភិក្ខុ​ថា ម្នាលអាវុសោ ពួកលោកចូរ​នាំ​គ្នា​ចៀស​ចេញ​ទៅ វិហារត្រូវបាន​ពួក​យើងទេ។ ពួកសត្តរសវគ្គិយភិក្ខុ​និយាយថា ម្នាលអាវុសោ ហេតុ​​ដូចម្តេច ក៏ពួកលោក​មិន​ប្រាប់យើងជា​មុន​សិន យើង​ទាំងឡាយនឹងបាន​ជួសជុល​វិហារឯទៀតវិញ។ ពួកឆព្វគ្គិយភិក្ខុ​សួរថា ម្នាលអាវុសោ ក្រែងវិហារនោះ​ជា​របស់​សង្ឃ​ទេដឹង។ ពួកសត្តរសវគ្គិយភិក្ខុ​និយាយ​តបថា អើអាវុសោ វិហារ​ជា​របស់​សង្ឃ។ ពួក​ឆព្វគ្គិយ​ភិក្ខុ​ឆ្លើយថា ម្នាលអាវុសោ ពួកលោកចូរ​នាំ​គ្នា​ចៀសចេញទៅ វិហារ​ត្រូវ​បាន​​ពួកយើងទេ។ ពួកសត្តរសវគ្គិយភិក្ខុ​និយាយថា ម្នាល​អាវុសោ វិហារជា​វិហារធំ ពួកលោក​ក៏នៅ​បាន​ ពួកយើងក៏នៅ​បាន​។ ពួកឆព្វគ្គិយភិក្ខុ​និយាយដដែល​ទៀតថា ម្នាលអាវុសោ ពួកលោក​ចូរ​នាំ​គ្នា​ចៀសចេញទៅ វិហារត្រូវបាន​ពួកយើងទេ ​ហើយ​​មាន​ចិត្តកម្រើក​ខឹង​ឡើង នាំ​គ្នា​ចាប់​កកន្ត្រាក់​​ទាញចេញទៅ។ ពួក​សត្តរសវគ្គិយភិក្ខុ​នោះ​ កាលត្រូវពួក​ឆព្វគ្គិយ​ភិក្ខុ​កន្ត្រាក់ក​​​ទាញចេញ ក៏នាំ​គ្នា​យំ។ ទើបភិក្ខុ​​ទាំងឡាយ (ភិក្ខុ​ដទៃ​ចាកភិក្ខុ​ពីរពួក​នោះ​) បាន​នាំ​គ្នា​សួរយ៉ាង​នេះថា ម្នាលអាវុសោ ហេតុ​អ្វីបាន​ជា​ពួកលោកយំ។ ពួក​សត្តរសវគ្គិយ​ភិក្ខុ​និយាយតបថា ម្នាលអាវុសោ ឆព្វគ្គិយភិក្ខុ​ទាំងនេះ​មាន​ចិត្តកម្រើកខឹង នាំ​គ្នា​បណ្តេញ​ពួកយើង​ចេញចាកវិហារ​របស់​សង្ឃ។ ភិក្ខុ​​ទាំងឡាយ​ណា ​មាន​សេចក្តី​ប្រាថ្នា​តិច។បេ។ ភិក្ខុ​​ទាំងឡាយនោះ​ ក៏ពោលទោស តិះដៀល បន្តុះ​បង្អាប់ថា ពួក​ឆព្វគ្គិយភិក្ខុ​​មិន​សមបីនឹង​មាន​ចិត្តក្រោធខឹង ទង់​​ទាញភិក្ខុ​​​ទាំងឡាយ​ចេញ​ចាក​វិហាររបស់​សង្ឃសោះ។  ទើបភិក្ខុ​ទាំងនោះ​​នាំ​គ្នា​​ក្រាបទូលដំណើរនុ៎ះ​ចំពោះ​ព្រះដ៏​មាន​ព្រះ​ភាគ។បេ។ គ្រានោះ​ឯង ព្រះដ៏​មានព្រះភាគ ទ្រង់​សួរពួកឆព្វគ្គិយភិក្ខុ​ថា ម្នាលភិក្ខុ​​​ទាំងឡាយ ឮថា​អ្នក​ទាំងឡាយ​មាន​ចិត្តក្រោធខឹង ទង់​​ទាញភិក្ខុ​​ទាំងឡាយ​ចេញចាកវិហារ​របស់​សង្ឃ មែនឬទេ។ ពួកឆព្វគ្គិយភិក្ខុ​ក្រាប​ទូលថា សូមទ្រង់​មេត្តាប្រោស ពិតមែន។ ព្រះពុទ្ធ​ជា​ម្ចាស់​ដ៏​មានព្រះភាគ ទ្រង់​តិះដៀល​ថា ម្នាលមោឃបុរស​ទាំងឡាយ អ្នក​ទាំងឡាយ​​មិន​សមបីនឹង​មាន​ចិត្តក្រោធខឹង ទង់​​ទាញភិក្ខុ​​ទាំងឡាយចេញចាកវិហាររបស់​សង្ឃសោះ ម្នាល​​មោឃបុរស​​​ទាំងឡាយ អំពើ​ដែល​​អ្នក​ទាំងឡាយធ្វើ​នេះ ​មិន​នាំឲ្យ​ជ្រះថ្លា​ដល់​បុគ្គល​​ទាំងឡាយ​​ដែល​​មិន​​ទាន់​ជ្រះថ្លា​នោះ​ទេ។បេ។ ម្នាល​ភិក្ខុ​​ទាំងឡាយ​ អ្នក​ទាំងឡាយ​គប្បី​សំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា ភិក្ខុ​ណាមួយ​មាន​ចិត្តក្រោធខឹងនឹងភិក្ខុ​ផង​គ្នា​ ​ហើយ​​ទង់​​ទាញ​ឯងក្តី ប្រើគេ​ឲ្យទង់​​ទាញក្តី ចេញចាក​វិហារ​របស់​សង្ឃ ត្រូវអាបត្តិ​បាចិត្តិយ។

[៦] ត្រង់ពាក្យថា ភិក្ខុ​ណាមួយ ​មាន​សេចក្តី​ដូច​គ្នា​​ក្នុង​សិក្ខាបទ​ទី១​​នៃ​បារាជិកកណ្ឌ។ ពាក្យថា នឹងភិក្ខុ​ គឺនឹងភិក្ខុ​ដទៃ។ ពាក្យថា ​មាន​ចិត្តក្រោធខឹង ​សេចក្តី​ថា ​មាន​ចិត្ត​មិន​ត្រេកអរ ​មាន​ចិត្តដែល​ទោសកំចាត់បង់ ​មាន​ចិត្តរឹងរូស។

[៧] វិហារដែល​គេ​បរិច្ចាគប្រគេ​នដល់សង្ឃ ឈ្មោះថា វិហាររបស់​សង្ឃ។ ពាក្យថា ទង់​​ទាញ​ឯង គឺភិក្ខុ​ចាប់យក​ពីក្នុង​បន្ទប់ ​ហើយ​ទង់​​ទាញទៅឯរបៀងវិហារ ត្រូវអាបត្តិ​បាចិត្តិយ។ ភិក្ខុ​ចាប់យកពីក្នុង​របៀង ​ហើយ​ទង់​​ទាញទៅខាងក្រៅ ក៏ត្រូវអាបត្តិបាចិត្តិយ។ ទុកជា​ភិក្ខុ​ទង់​​​ទាញ​ភិក្ខុ​ឲ្យកន្លង​ទ្វារ​ទាំងឡាយជា​ច្រើន ​តែ​ដោយ​ប្រយោគមួយ ក៏ត្រូវ​អាបត្តិ​បាចិត្តិយ​តែ​មួយ។ ពាក្យថា ប្រើគេ​ឲ្យទង់​​ទាញនោះ​ គឺបង្គាប់អ្នកដទៃ (ភិក្ខុ​អ្នក​បង្គាប់នោះ) ក៏ត្រូវអាបត្តិបាចិត្តិយ។ ភិក្ខុ​បង្គាប់​តែ​វារៈម្តង អ្នកទទួលបង្គាប់​ ទៅទង់​​ទាញ​ភិក្ខុ​ដទៃ​ឲ្យកន្លង​ទ្វារសូម្បីច្រើន ក៏ត្រូវ​អាបត្តិបាចិត្តិយ​តែ​មួយ។

[៨] វិហាររបស់​សង្ឃ ភិក្ខុ​សម្គាល់ថាជា​របស់​សង្ឃដដែល​ ​ហើយ​​មាន​ចិត្តក្រោធខឹង ទង់​​ទាញ​ឯងក្តី ប្រើគេ​ឲ្យទង់​​ទាញក្តី ត្រូវអាបត្តិបាចិត្តិយ។ វិហាររបស់​សង្ឃ ភិក្ខុ​​មាន​សេចក្តី​​សង្ស័យ ​ហើយ​​មាន​ចិត្តក្រោធខឹង ទង់​​ទាញឯងក្តី ប្រើគេ​ឲ្យទង់​​ទាញក្តី ត្រូវអាបត្តិ​បាចិត្តិយ។ វិហារ​របស់​សង្ឃ ភិក្ខុ​សំគាល់​ថាជា​របស់​បុគ្គលទៅវិញ ​ហើយ​​មាន​ចិត្ត​ក្រោធ​ខឹង ទង់​​ទាញឯងក្តី ប្រើគេ​ឲ្យទង់​​ទាញក្តី ត្រូវអាបត្តិបាចិត្តិយ។ ភិក្ខុ​ទង់​​ទាញឯងក្តី ប្រើគេ​ឲ្យទង់​​ទាញក្តី នូវបរិក្ខារ​របស់​​ភិក្ខុ​​នោះ​ ត្រូវអាបត្តិទុក្កដ។ ភិក្ខុ​ទង់​​ទាញឯងក្តី ប្រើគេ​ឲ្យទង់​​ទាញក្តី នូវ​ភិក្ខុ​​ឲ្យចាក​ឧបចារ​​នៃ​វិហារ​ក្តី ចាកឧបដ្ឋានសាលាក្តី ចាកមណ្ឌបក្តី ចាក​ម្លប់ឈើក្តី ចាកទីវាលក្តី ត្រូវអាបត្តិទុក្កដ។ ភិក្ខុ​​ទង់​​​ទាញ​ឯងក្តី ប្រើគេ​ឲ្យទង់​​ទាញក្តី នូវបរិក្ខារ​នៃ​​ភិក្ខុ​នោះ​ ត្រូវអាបត្តិទុក្កដ។ ភិក្ខុ​ទង់​​ទាញឯងក្តី ប្រើ​គេ​ឲ្យ​ទង់​​ទាញក្តី នូវ​អនុបសម្បន្ន​ឲ្យ​ចាកវិហារក្តី ចាកឧបចារ​នៃ​វិហារក្តី ចាកឧបដ្ឋានសាលាក្តី ចាក​មណ្ឌបក្តី ចាកម្លប់ឈើក្តី ចាកទីវាលក្តី ត្រូវអាបត្តិទុក្កដ។ ភិក្ខុ​ទង់​​ទាញឯងក្តី ប្រើគេ​​ឲ្យទង់​​​ទាញ​ក្តី នូវបរិក្ខាររបស់​​អនុបសម្បន្ននោះ​ ត្រូវអាបត្តិទុក្កដ។ វិហាររបស់​បុគ្គល ភិក្ខុ​​សំគាល់​​ថាជា​​របស់​​សង្ឃ ត្រូវអាបត្តិ​ទុក្កដ។ វិហាររបស់​បុគ្គល ភិក្ខុ​​មាន​សេចក្តី​សង្ស័យ ត្រូវអាបត្តិទុក្កដ។ វិហារ​របស់​​បុគ្គល ភិក្ខុ​សំគាល់​ថាជា​របស់​បុគ្គល ត្រូវអាបត្តិទុក្កដ ព្រោះវិហារ​ជា​របស់​បុគ្គល​នៃ​ភិក្ខុ​ដទៃ គឺវិហារ​របស់​​គេ​ ភិក្ខុ​​មិន​ត្រូវអាបត្តិ ព្រោះវិហារ​ជា​របស់​បុគ្គល​នៃ​ខ្លួន គឺវិហាររបស់​ខ្លួនឯង។

[៩] អាបត្តិ​មិន​​មានដល់ភិក្ខុ​ដែល​ទង់​​ទាញឯង ឬប្រើគេ​ឲ្យទង់​​ទាញនូវភិក្ខុ​អលជ្ជី ដល់​ភិក្ខុ​​ដែល​ទង់​​ទាញ​ឯង ឬប្រើគេ​ឲ្យទង់​​ទាញ​នូវបរិក្ខារ​របស់​​ភិក្ខុ​​អលជ្ជី​នោះ​ ដល់ភិក្ខុ​​ដែល​ទង់​​​ទាញ​ឯង ឬប្រើគេ​ឲ្យទង់​​ទាញនូវភិក្ខុ​ឆ្កួត ដល់ភិក្ខុ​​ដែល​ទង់​​​ទាញ​ឯង ឬប្រើគេ​ឲ្យទង់​​ទាញនូវបរិក្ខាររបស់​​ភិក្ខុ​​ឆ្កួតនោះ​ ដល់ភិក្ខុ​​ដែល​ទង់​​​ទាញ​ឯង ឬប្រើគេ​ឲ្យទង់​​ទាញនូវភិក្ខុ​​ជា​អ្នក​ធ្វើ​នូវ​​សេចក្តី​​បង្ករ​ហេតុ​​ក្តី អ្នក​ធ្វើ​នូវ​​សេចក្តី​​ប្រកួត​ប្រកាន់ក្តី អ្នកធ្វើនូវ​​សេចក្តី​ទាស់​ទែង​ក្តី អ្នក​ធ្វើ​នូវពាក្យ​ឡេះឡោះ​តាម​​តែ​​រួច​ពីមាត់ក្តី [ពោលពាក្យជា​តិរច្ឆាន​កថា ឬនិយាយ​សរសើរ​ពីស្រី​និង​ប្រុស​ជា​ដើម។ ន័យ​អដ្ឋកថា។] អ្នកធ្វើនូវអធិករណ៍ក្នុង​សង្ឃក្តី ដល់ភិក្ខុ​​ដែល​ទង់​​​ទាញ​ឯង ឬប្រើគេ​ឲ្យទង់​​ទាញនូវបរិក្ខាររបស់​​ភិក្ខុ​​នោះ​ចេញ ដល់ភិក្ខុ​​ដែល​ទង់​​​ទាញ​ឯង ឬប្រើគេ​ឲ្យទង់​​ទាញ​នូវអន្តេវាសិក ឬសទ្ធិវិហារិក ដែល​​ប្រព្រឹត្ត​​មិន​ត្រឹមត្រូវ ដល់ភិក្ខុ​​ដែល​ទង់​​​ទាញ​ឯង ឬប្រើគេ​ឲ្យទង់​​ទាញនូវបរិក្ខាររបស់​​អន្តេវាសិក ឬសទ្ធិវិហារិក​ដែល​​ប្រព្រឹត្ត​​មិន​ត្រឹមត្រូវ​នោះ​ ដល់ភិក្ខុ​ឆ្កួត ដល់ភិក្ខុ​ដើមបញ្ញត្តិ។

សិក្ខាបទទី៧ ចប់។

សិក្ខាបទទី៨

[១០] សម័នោះ​ ព្រះពុទ្ធដ៏​មានព្រះភាគ កាលគង់នៅ​វត្តជេតវន របស់​អនាថបិណ្ឌិកសេដ្ឋី ជិត​ក្រុង​សាវត្ថី។ គ្រានោះ​ឯង ភិក្ខុ​២រូប ១រូបនៅ​ថ្នាក់ខាងក្រោម ១រូបនៅ​​ថ្នាក់​ខាងលើ ក្នុង​វិហារ​របស់​​សង្ឃ។ ភិក្ខុ​ដែល​នៅ​ខាងលើ អង្គុយ​ចុះដោយ​រហ័ស សង្កត់គ្រែដែល​​មានជើង​គ្រាន់​​តែ​​ស៊ក​ទុក (ដោយ​បណ្តោះអាសន្ន)។ ជើងគ្រែ (នោះ​) ក៏របូត​ធ្លាក់ចុះមក​ទង្គិច​ក្បាល​ភិក្ខុ​អ្នក​នៅ​​ខាង​ក្រោម។ ភិក្ខុ​នោះ​បាន​ស្រែកសំឡេងឮប្លែក។ ភិក្ខុ​​ទាំងឡាយបាន​ស្ទុះទៅ​សួរភិក្ខុ​នោះ​យ៉ាង​នេះ​ថា ម្នាលអាវុសោ ហេតុ​អ្វីក៏លោកស្រែក។ ភិក្ខុ​នោះ​បាន​ប្រាប់​សេចក្តី​​នុ៎ះ​ដល់ភិក្ខុ​​​ទាំងឡាយ។ ភិក្ខុ​​ទាំងឡាយណាជា​អ្នក​មាន​សេចក្តី​ប្រាថ្នាតិច។បេ។ ភិក្ខុ​​ទាំងឡាយនោះ​ ពោល​ទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុ​​​មិន​សមបីនឹង​មកអង្គុយ​ចុះ ដោយ​រហ័ស​សង្កត់​គ្រែដែល​​​មាន​ជើង​គ្រាន់​​តែ​ស៊ក​ទុក (ដោយ​បណ្តោះអាសន្ន) លើ​ថ្នាក់​ក្នុង​វិហាររបស់​សង្ឃ​សោះ។ ទើបភិក្ខុ​​ទាំងឡាយនោះ​​នាំ​គ្នា​​ក្រាបទូលដំណើរនុ៎ះ​ចំពោះ​ព្រះដ៏​មាន​ព្រះ​ភាគ។ គ្រានោះ​ ព្រះដ៏​មានព្រះភាគត្រាស់សួរ​ភិក្ខុ​នោះ​​ថា ម្នាលភិក្ខុ​ ឮថា​អ្នកឯងអង្គុយ​ចុះ​ដោយ​រហ័សសង្កត់គ្រែ​ដែល​​មាន​ជើង​គ្រាន់​​តែ​ស៊ក​ទុក (ដោយ​បណ្តោះ​អាសន្ន) លើ​ថ្នាក់​ក្នុង​វិហារ​របស់​សង្ឃ ពិតមែនឬ។ ភិក្ខុ​នោះ​ក្រាប​ទូលថា សូមទ្រង់​មេត្តាប្រោស ពិតមែន។ ព្រះពុទ្ធដ៏​មានព្រះភាគ ទ្រង់​តិះដៀល​ថា ម្នាលមោឃបុរស អ្នក​ឯង​​មិន​​សម​បើនឹងមកអង្គុយ​ចុះ ដោយ​រហ័សសង្កត់គ្រែដែល​​មាន​ជើង​គ្រាន់​​តែ​ស៊ក​ទុក (ដោយ​​បណ្តោះអាសន្ន) លើ​ថ្នាក់​ក្នុង​វិហារ​របស់​សង្ឃទេ ម្នាលមោឃបុរស អំពើ​ដែល​​អ្នកធ្វើ​នេះ ​មិន​នាំឲ្យ​ជ្រះថ្លា​ដល់​បុគ្គលអ្នក​មិន​​ទាន់​ជ្រះថ្លាទេ។បេ។ ម្នាល​ភិក្ខុ​​ទាំងឡាយ​ អ្នក​​ទាំងឡាយ​គប្បីសំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាង​នេះ​​ថា ភិក្ខុ​ណាមួយ​អង្គុយ​ចុះ ដោយ​​រហ័ស ​សង្កត់ ឬដេកសង្កត់នូវគ្រែក្តី នូវតាំងក្តី ដែល​​មាន​ជើង​​គ្រាន់​​តែ​ស៊ក​ទុក (ដោយ​បណ្តោះអាសន្ន) លើ​ថ្នាក់​ក្នុង​វិហាររបស់​សង្ឃ ត្រូវអាបត្តិ​បាចិត្តិយ។

[១១] ត្រង់ពាក្យថា ភិក្ខុ​ណាមួយ ​មាន​សេចក្តី​ដូច​គ្នា​​នឹងសិក្ខាបទ​ទី១​​នៃ​បារាជិកកណ្ឌ។ វិហារ​ដែល​គេ​បរិច្ចាគប្រគេ​នដល់សង្ឃ ហៅថា វិហាររបស់​សង្ឃ។

[១២] ធ្នើរ (ដែល​គេ​ធ្វើខ្ពស់) ​មិន​ទង្គិចក្បាលមជ្ឈិមបុរស ហៅថាថ្នាក់។ គ្រែដែល​​មានជើង​គ្រាន់​តែ​ស៊ក​ចូល​ក្នុង​​មេ ​ហើយ​តំាងទុក ហៅថា គ្រែដែល​​មានជើងគ្រាន់​តែ​ស៊ក​ទុក។ តាំងដែល​​​មានជើង​គ្រាន់​តែ​ស៊កចូល​ក្នុង​មេ ហៅថា តាំងដែល​​មានជើង​គ្រាន់​តែ​ស៊កទុក។ ពាក្យថា អង្គុយ​​សង្កត់ គឺភិក្ខុ​អង្គុយ​​សង្កត់លើគ្រែ ឬតាំងនោះ​ ត្រូវអាបត្តិបាចិត្តិយ។ ពាក្យថា ដេកសង្កត់ គឺ​ភិក្ខុ​​ដេកសង្កត់​លើគ្រែ ឬតាំងនោះ​ ត្រូវអាបត្តិបាចិត្តិយ។

[១៣] វិហាររបស់​សង្ឃ ភិក្ខុ​សម្គាល់ថាជា​របស់​សង្ឃមែន ​ហើយ​អង្គុយ​សង្កត់ ឬដេក​សង្កត់​លើគ្រែក្តី លើតាំងក្តី ដែល​​មានជើង​គ្រាន់​តែ​ស៊កទុកក្នុង​មេ (ដែល​​គេ​តាំងទុក) លើថ្នាក់ ត្រូវ​អាបត្តិ​បាចិត្តិយ។ វិហាររបស់​សង្ឃ ភិក្ខុ​​មាន​សេចក្តី​សង្ស័យ ​ហើយ​អង្គុយ​សង្កត់ ឬដេក​សង្កត់​លើគ្រែក្តី លើតាំងក្តី ដែល​​មានជើង​គ្រាន់​តែ​ស៊កទុកក្នុង​មេ (ដែល​​គេ​តាំងទុក) លើថ្នាក់ ត្រូវអាបត្តិបាចិត្តិយ។ វិហាររបស់​សង្ឃ ភិក្ខុ​សំគាល់​ថាជា​របស់​បុគ្គលវិញ ​ហើយ​អង្គុយ​សង្កត់ ឬដេក​សង្កត់​លើគ្រែក្តី លើតាំងក្តី ដែល​​មានជើង​គ្រាន់​តែ​ស៊កទុកក្នុង​មេ (ដែល​​គេ​តាំងទុក) លើថ្នាក់ ត្រូវអាបត្តិបាចិត្តិយ។ វិហាររបស់​បុគ្គល ភិក្ខុ​សំគាល់​ថាជា​របស់​សង្ឃវិញ ត្រូវអាបត្តិ​ទុក្កដ។ វិហាររបស់​បុគ្គល ភិក្ខុ​​មាន​សេចក្តី​សង្ស័យ ត្រូវអាបត្តិទុក្កដ។ វិហាររបស់​បុគ្គល ភិក្ខុ​សំគាល់​ថាជា​របស់​បុគ្គលដដែល​ ត្រូវអាបត្តិទុក្កដ ព្រោះវិហារនោះ​ ជា​របស់​បុគ្គល​នៃ​ភិក្ខុ​ដទៃ គឺវិហាររបស់​គេ​។ ភិក្ខុ​​មិន​ត្រូវអាបត្តិ ព្រោះ​វិហារ​ជា​របស់​ខ្លួន គឺវិហារ​របស់​ខ្លួនឯង។

[១៤] អាបត្តិ​មិន​​មានដល់ភិក្ខុ​ដែល​អង្គុយ​ ឬដេក​សង្កត់លើគ្រែក្តី តាំងក្តី ដែល​គេ​​តម្កល់​ទុក​លើ​ទីដែល​​មិន​មែនថ្នាក់ លើទីទាបដែល​ដើរ​ទង្គិច​ក្បាល ទីដែល​​មិន​បាន​ប្រើប្រាស់​ខាង​ក្រោម​ឲ្យ​ជា​ទីនៅ​ ទីដែល​​គេ​ក្រាលជិតដោយ​រនាប លើគ្រែ ឬតាំងនោះ​ ដែល​គេ​​ដាក់​គន្លឹះ​ហើយ​ ដល់​ភិក្ខុ​​ដែល​​ឈរនៅ​លើគ្រែ ឬតាំងនោះ​ ​ហើយ​កាន់យក ឬព្យួរ​នូវបរិក្ខារ ដល់ភិក្ខុ​ឆ្កួត ដល់ភិក្ខុ​​ដើម​បញ្ញត្តិ។

សិក្ខាបទទី៨ ចប់។

សិក្ខាបទទី៩

[១៥] សម័នោះ​ ព្រះពុទ្ធដ៏​មានព្រះភាគ កាលគង់នៅ​ក្នុង​ឃោសិតារាម ជិត​ក្រុងកោសម្ពី។ គ្រានោះ​ឯង មហាមាត្យជា​ឧបដ្ឋាករបស់​ឆន្នភិក្ខុ​ដ៏​មានអាយុ បាន​ឲ្យគេ​ធ្វើវិហារ​ប្រគេ​នឆន្នភិក្ខុ​​ដ៏​មានអាយុ។ លំដាប់នោះ​ ឆន្នភិក្ខុ​ដ៏​មានអាយុ បាន​ឲ្យគេ​ប្រក់ និងបូកលាប​វិហារដែល​​គេ​ធ្វើ​ស្រេច​​ហើយ​នោះ​ញយៗ វិហារនោះ​ធ្ងន់ហួសកំណត់ ក៏បាក់​រលំចុះមក។ គ្រានោះ​ ឆន្នភិក្ខុ​​ដ៏​មានអាយុ ក៏ជញ្ជូនយកស្មៅ និងឈើ​ទៅធ្វើ (វិហារទៀត) ប្រៀតបៀន​ស្រែស្រូវរបស់​​ព្រាហ្មណ៍​ម្នាក់ឲ្យខូចខាតទៅ។ ទើបព្រាហ្មណ៍នោះ​ពោលទោស តិះដៀល បន្តុះបង្អាប់ថា លោកម្ចាស់​​​ទាំងឡាយ ​មិន​សមបើនឹងមកបៀតបៀនស្រែស្រូវរបស់​យើង​ឲ្យ​ខូចខាតទៅសោះ។ ភិក្ខុ​​​ទាំងឡាយ​ បាន​ឮពាក្យរបស់​ព្រាហ្មណ៍នោះ​ពោលទោស តិះដៀល បន្តុះបង្អាប់​ហើយ​។  ភិក្ខុ​​​ទាំងឡាយ​ណាជា​អ្នក​មាន​សេចក្តី​ប្រាថ្នាតិច។បេ។ ភិក្ខុ​​ទាំងឡាយនោះ​ ពោលទោស តិះដៀល បន្តុះបង្អាប់ថា ឆន្នភិក្ខុ​ដ៏​មានអាយុ ​មិន​គួរនឹងឲ្យគេ​ប្រក់រឿយៗ បូកលាបរឿយៗ នូវវិហារ​ដែល​​គេ​ធ្វើ​ស្រេច​ហើយ​ ទាល់​តែ​វិហារ​នោះ​ធ្ងន់ហួសកំណត់ បាក់រលំ​ចុះមកសោះ។ ភិក្ខុ​អម្បាល​នោះ​​នាំ​គ្នា​​ក្រាបទូលដំណើរនុ៎ះ​ចំពោះ​ព្រះដ៏​មាន​ព្រះ​ភាគ។ ព្រះដ៏​មានព្រះភាគ​ត្រាស់​សួរ​​ថា ម្នាលឆន្ន ឮថាអ្នកឯងឲ្យគេ​ប្រក់រឿយៗ និងបូកលាបរឿយៗ នូវវិហារដែល​គេ​ធ្វើស្រេច​ហើយ​ ទាល់​តែ​​វិហារ​នោះ​ធ្ងន់ហួសកំណត់ បាក់រលំចុះមក ពិតមែនឬ។ ឆន្នភិក្ខុ​ក្រាប​ទូលថា សូមទ្រង់​មេត្តាប្រោស ពិតមែន។ ព្រះពុទ្ធជា​ម្ចាស់​ដ៏​មានព្រះភាគ ទ្រង់​តិះដៀល​ថា នែ​មោឃបុរស អ្នកឯង​​មិន​​សម​បើនឹងឲ្យគេ​ប្រក់រឿយៗ និងបូកលាបរឿយៗ នូវវិហារដែល​គេ​ធ្វើស្រេច​ហើយ​ ទាល់​តែ​វិហារ​នោះ​ធ្ងន់​ហួសកំណត់ បាក់រលំចុះមកទេ ម្នាលមោឃបុរស អំពើ​ដែល​​អ្នកធ្វើ​នេះ ​មិន​នាំឲ្យ​ជ្រះថ្លា​ដល់​បុគ្គលដែល​​មិន​​ទាន់​ជ្រះថ្លាទេ។បេ។ ម្នាល​ភិក្ខុ​​ទាំងឡាយ​ អ្នក​ទាំង​ឡាយ​​គប្បីសំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា ភិក្ខុ​កាលឲ្យគេ​ធ្វើវិហារធំ គប្បីឈរ (លាបបូក​ញយៗបាន​) កំណត់​ទី​​មានឱកាសត្រឹម​តែ​សន្លឹកទ្វារ​[ក្នុង​មហាបច្ចរីថា ​មានទំហំ​មួយហត្ថ​មួយចំអាម រាប់អំពីមេទ្វារចេញ​ទៅ ក្នុង​កុរុន្ទិថា កំណត់ត្រឹមសន្លឹកទ្វារទាំងពីរជា​ប្រមាណ ក្នុង​មហាអដ្ឋកថាថា សន្លឹកទ្វារនោះ​​មួយហត្ថមួយចំអាមក៏​មាន ពីរហត្ថក៏​មាន ពីរហត្ថមួយចំអាមក៏​មាន។] (និងសន្លឹកបង្អួច) ដើម្បី​ទុក​ប្រើប្រាស់នូវទ្វារ និងដើម្បី​បរិកម្ម​នូវសន្លឹកបង្អួច ឯដំបូល ភិក្ខុ​ត្រូវឈរក្នុង​ទីដែល​គ្មានដំណាំ (នោះ​​ទើប) ប្រក់បាន​ត្រឹមពីរ ឬបីជា​ន់ បើភិក្ខុ​ប្រក់ឲ្យ​ច្រើន​លើស​ជា​ងកំណត់នោះ​ទៅ ទុកជា​ឈរ​នៅ​ក្នុង​​ទី​ដែល​គ្មាន​ដំណាំ ក៏គង់ត្រូវអាបត្តិបា​ចិត្តយ។

[១៦] ដែល​ហៅថាវិហារធំ សំដៅយកវិហារដែល​​មានទាយកជា​ម្ចាស់​របស់​។ ដែល​ហៅថា​វិហារ គឺវិហារដែល​គេ​បូកខាងក្នុង​ក្តី បូកខាងក្រៅក្តី បូកទាំងខាងក្នុង​ ខាងក្រៅក្តី។ ពាក្យថា ឲ្យគេ​​ធ្វើ គឺធ្វើខ្លួនឯងក្តី ប្រើគេ​ឲ្យធ្វើក្តី។ ពាក្យថា កំណត់ទី​មានឱកាស​ត្រឹម​តែ​​សន្លឹកទ្វារ គឺកំណត់​ត្រឹម​ហត្ថបាសដោយ​ជុំវិញ​​នៃ​​ក្របទ្វារ។ ពាក្យថា ដើម្បីទុក​ប្រើប្រាស់​នូវទ្វារ គឺដើម្បី​បើកបិទ​នូវទ្វារ។ ពាក្យថា ដើម្បីបរិកម្មនូវសន្លឹកបង្អួច ​សេចក្តី​ថា (តថាគត​អនុញ្ញាត) នូវវត្ថុ​មាន​ពណ៌ស ពណ៌ខ្មៅ ពណ៌រង់ ក្បាច់ភ្ញីផ្កា ក្បាច់ភ្ញីវល្លិ៍ ក្បាច់ធ្មេញមករ និងក្បាច់ឈ្មោះបញ្ចបដ្ឋិក​[ក្បាច់​ដែល​​មាន​ស្រទាប់៥ ឬជា​ន់៥។] ដើម្បីបរិកម្មនូវសន្លឹក​បង្អួច។ ពាក្យថា ឯដំបូល ភិក្ខុ​ត្រូវឈរ​ក្នុង​ទីដែល​​គ្មាន​ដំណាំ (នោះ​ទើប) ប្រក់បាន​ត្រឹម​ពីរបីជា​ន់ ឯដំណាំនោះ​ បាន​ដល់វត្ថុ​ដែល​ត្រូវស៊ីមុន (គឺ​ស្រូវ​៧​ប្រការ ​មានស្រូវស ស្រូវក្រហមជា​ដើម) និងវត្ថុដែល​ត្រូវស៊ីក្រោយ (បាន​ដល់សណ្តែកបាយ សណ្តែក​រាជមាស​ជា​ដើម)។ បើភិក្ខុ​ឈរធ្វើការប្រក់ក្នុង​ទី​មានដំណាំ ត្រូវអាបត្តិទុក្កដ។ កាលភិក្ខុ​​ប្រើឲ្យគេ​ប្រក់ម្តងរួចទៅ​ហើយ​ ត្រូវប្រក់ខ្លួនឯងបាន​ត្រឹមពីរដង ដល់គ្រាទីបី ត្រូវបង្គាប់​គេ​​ហើយ​ ចៀសចេញទៅ។ កាលភិក្ខុ​ប្រើឲ្យគេ​ប្រក់មួយជា​ន់រួច​ហើយ​ ត្រូវប្រក់ខ្លួនឯងបាន​ត្រឹមពីរជា​ន់ ដល់ជា​ន់ទីបី ត្រូវបង្គាប់គេ​​ហើយ​ចៀសចេញទៅ។

[១៧] ត្រង់ពាក្យថា បើភិក្ខុ​ប្រក់ឲ្យច្រើន លើសជា​ងកំណត់នោះ​ទៅ ទុកជា​ឈរនៅ​​ក្នុង​​ទី​​ដែល​​​គ្មាន​​ដំណាំ ​សេចក្តី​ថា កាលភិក្ខុ​ប្រើគេ​ឲ្យប្រក់ដោយ​ក្បឿង ត្រូវ​អាបត្តិ​បាចិត្តិយ​គ្រប់ៗ​ផែន​ក្បឿង។ កាលភិក្ខុ​ប្រើគេ​ឲ្យ​ប្រក់ដោយ​​ថ្ម ត្រូវ​អាបត្តិ​បាចិត្តិយ គ្រប់ៗផែនថ្ម។ កាលភិក្ខុ​​ប្រើគេ​​ឲ្យ​ប្រក់​​ដោយ​​កំបោ ត្រូវអាបត្តិ​បាចិត្តិយ គ្រប់ៗ​​ដុំកំបោ។ កាលភិក្ខុ​​ប្រើគេ​ឲ្យ​ប្រក់​ដោយ​​ស្មៅ ត្រូវអាបត្តិ​​បាចិត្តិយ​គ្រប់ៗ​កណ្តប។ កាលភិក្ខុ​ប្រើគេ​ឲ្យ​ប្រក់ដោយ​​ស្លឹកឈើ ត្រូវអាបត្តិបាចិត្តិយ​គ្រប់ៗ​​សន្លឹក។

[១៨] វិហារបូកប្រក់លើសកំណត់ពីរបីជា​ន់ ភិក្ខុ​សម្គាល់ថាលើសមែន ​ហើយ​នៅ​​តែ​ធ្វើ​ថែម  ត្រូវ​​អាបត្តិ​បាចិត្តិយ។ វិហារបូកប្រក់លើសកំណត់ពីរបីជា​ន់ ភិក្ខុ​សង្ស័យ ​ហើយ​នៅ​​តែ​ធ្វើ​ថែម ត្រូវ​​អាបត្តិ​បាចិត្តិយ។ វិហារបូកប្រក់លើសកំណត់ពីរបីជា​ន់ ភិក្ខុ​សម្គាល់ថាខ្វះវិញ ​ហើយ​ធ្វើ​ថែម ត្រូវ​​អាបត្តិ​បាចិត្តិយ។ វិហារបូកប្រក់​មិន​ទាន់ដល់ពីរបីជា​ន់ ភិក្ខុ​សំគាល់​ថាលើស ​ហើយ​ (ធ្វើ​ថែម) ត្រូវ​​អាបត្តិ​ទុក្កដ។ វិហារបូកប្រក់​មិន​ទាន់ដល់ពីរបីជា​ន់ ភិក្ខុ​សង្ស័យ ត្រូវអាបត្តិទុក្កដ។ វិហារបូកប្រក់​​មិន​​ទាន់ដល់ពីរបីជា​ន់ ភិក្ខុ​សំគាល់​ថា​មិន​ទាន់​ដល់​មែន ​មិន​ត្រូវអាបត្តិ។

[១៩] អាបត្តិ​មិន​​មានដល់ភិក្ខុ​ដែល​បូកប្រក់វិហារត្រឹមពីរបីជា​ន់ ដល់ភិក្ខុ​​ដែល​​បូក​ប្រក់​វិហារ​​មិន​ដល់ពីរបីជា​ន់ ដល់ភិក្ខុ​​ដែល​បូក​ប្រក់​លេណ (ទីពួន) គុហា កុដិប្រក់​ដោយ​ស្មៅ ធ្វើដើម្បី​ប្រយោជន៍​ដល់​អ្នកដទៃ ធ្វើដោយ​ទ្រព្យរបស់​ខ្លួន ទីសេនាសនៈទាំងពួង វៀរលែង​​តែ​​កុដិ​សម្រាប់​​នៅ​របស់​ខ្លួន ដល់ភិក្ខុ​ឆ្កួត ដល់ភិក្ខុ​ដើមបញ្ញត្តិ។

សិក្ខាបទទី៩ ចប់។

សិក្ខាបទទី១០

[២០] សម័យនោះ​ ព្រះពុទ្ធ​ដ៏​មានព្រះភាគ កាលគង់នៅ​ក្នុង​​អគ្គាលវចេតិយ ទៀបស្រុក​អាឡវី។ គ្រានោះ​ឯង ភិក្ខុ​ស្រុកអាឡវី​ទាំងឡាយកាលធ្វើនូវនវកម្ម (កម្មទើប​តែ​កសាងថ្មី) ដឹងថា​ទឹក​​មានសត្វ ក៏ស្រោច​ឯងខ្លះ ប្រើគេ​ឲ្យស្រោចខ្លះ នូវស្មៅខ្លះ នូវដីខ្លះ។ ភិក្ខុ​​ទាំងឡាយណា​ជា​អ្នក​​មាន​សេចក្តី​ប្រាថ្នាតិច។បេ។ ភិក្ខុ​​ទាំងឡាយនោះ​ ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកភិក្ខុ​​ស្រុកអាឡវី​ដឹងថាទឹក​មានសត្វ​ហើយ​ ​មិន​សមបីនឹង​យក​មកស្រោចឯងខ្លះ ប្រើគេ​ឲ្យស្រោចខ្លះ នូវស្មៅខ្លះ នូវដីខ្លះសោះឡើយ។ ទើបភិក្ខុ​ទាំងនោះ​​នាំ​គ្នា​​ក្រាបទូលដំណើរនុ៎ះ​ចំពោះ​ព្រះដ៏​មាន​ព្រះ​ភាគ។បេ។ ព្រះអង្គត្រាស់សួរ​​ថា ម្នាលភិក្ខុ​​ទាំងឡាយ ឮថាអ្នក​ទាំងឡាយដឹងថា​ទឹក​មានសត្វ​ហើយ​ ស្រោចឯងខ្លះ ប្រើគេ​ឲ្យស្រោច​ខ្លះ នូវស្មៅខ្លះ នូវដីខ្លះ ពិតមែនឬ។ ភិក្ខុ​​ទាំងនោះ​ក្រាបទូលថា សូមទ្រង់មេត្តាប្រោស ពិតមែន។ ព្រះពុទ្ធជា​ម្ចាស់​ដ៏​មានព្រះភាគ ទ្រង់​បន្ទោស​ថា ម្នាលមោឃបុរស​ទាំងឡាយ ពួកអ្នកឯង​ដឹងថា​ទឹក​មានសត្វ​ហើយ​ ​មិន​សម​បើនឹង​យក​មក​ស្រោច​ឯងខ្លះ ប្រើគេ​ឲ្យស្រោចខ្លះ នូវស្មៅខ្លះ នូវដីខ្លះទេ នែ​មោឃបុរស​ទាំងឡាយ អំពើ​​ដែល​​​អ្នកធ្វើនេះ ​មិន​នាំឲ្យជ្រះថ្លាដល់បុគ្គល​​ទាំងឡាយដែល​​មិន​ទាន់ជ្រះថ្លាទេ ឬមួយញុំាងបុគ្គលដែល​​ជ្រះថ្លា​ហើយ​ ឲ្យរឹងរិត​តែ​ជ្រះថ្លាឡើង​មិន​បាន​ទេ។បេ។ ម្នាលភិក្ខុ​​ទាំងឡាយ អ្នក​ទាំងឡាយ​គប្បី​សំដែង​ឡើង​នូវសិក្ខាបទ​នេះយ៉ាងនេះថា ភិក្ខុ​ណាមួយ​ដឹងថា​ទឹក​​មានសត្វ​​ហើយ​ស្រោច​ឯងក្តី ប្រើ​គេ​ឲ្យស្រោចក្តី នូវស្មៅឬដី ត្រូវអាបត្តិបាចិត្តិយ។

[២១] ត្រង់ពាក្យថា ភិក្ខុ​ណាមួយ​មាន​សេចក្តី​​ដូច​គ្នា​ក្នុង​សិក្ខាបទទី១ ​នៃ​បារាជិកកណ្ឌ។ ភិក្ខុ​ដឹងដោយ​ខ្លួនឯងក្តី ពួកអ្នកដទៃ​ប្រាប់ដល់ភិក្ខុ​នោះ​ក្តី ឈ្មោះថា ភិក្ខុ​ដឹង។

[២២] ត្រង់ពាក្យថា ស្រោចឯង គឺភិក្ខុ​ស្រោចដោយ​ខ្លួនឯង​ ត្រូវអាបត្តិបាចិត្តិយ។ ពាក្យថា ប្រើគេ​ឲ្យ​ស្រោច គឺភិក្ខុ​បង្គាប់អ្នកដទៃ​ឲ្យស្រោច ត្រូវអាបត្តិបាចិត្តិយ។ ភិក្ខុ​ប្រើ​តែ​ម្តង ​ហើយ​អ្នក​ទទួល​បង្គាប់​ទៅស្រោច​ច្រើនដង ភិក្ខុ​​អ្នកប្រើ​ត្រូវអាបត្តិ​បាចិត្តិយ។ (ទឹក) ​មានសត្វ ភិក្ខុ​​សំគាល់​​ថា (ទឹក) ​មានសត្វមែន ​ហើយ​ស្រោច​ឯងក្តី ប្រើគេ​ឲ្យ​ស្រោចក្តី នូវស្មៅ ឬដី ត្រូវអាបត្តិ​បាចិត្តិយ។ (ទឹក) ​មានសត្វ ភិក្ខុ​​មានសចក្តីសង្ស័យ ​ហើយ​ស្រោច​ឯងក្តី ប្រើគេ​ឲ្យស្រោចក្តី នូវស្មៅ ឬដី ត្រូវអាបត្តិទុក្កដ។ (ទឹក) ​មានសត្វ ភិក្ខុ​សំគាល់​​ថាគ្មានសត្វវិញ ​ហើយ​ស្រោចឯងក្តី ប្រើគេ​ឲ្យ​ស្រោច​ក្តី នូវស្មៅឬដី ​មិន​ត្រូវអាបត្តិអ្វី​ឡើយ។ (ទឹក) ​មិន​​មានសត្វ ភិក្ខុ​សំគាល់​ថា ​មានសត្វ​ ត្រូវ​អាបត្តិទុក្កដ។ (ទឹក) ​មិន​​មានសត្វ ភិក្ខុ​​មាន​សេចក្តី​សង្ស័យ ត្រូវអាបត្តិទុក្កដ។ (ទឹក) ​មិន​​មានសត្វ ភិក្ខុ​សំគាល់​ថា ​មិន​​មានសត្វ ​មិន​ត្រូវអាបត្តិអ្វីឡើយ។

[២៣] អាបត្តិ​មិន​​មានដល់ភិក្ខុ​​មិន​ក្លែង ដល់ភិក្ខុ​​មិន​​មានស្មារតី ដល់ភិក្ខុ​​មិន​ដឹង ដល់ភិក្ខុ​​ឆ្កួត ដល់ភិក្ខុ​ដើមបញ្ញត្តិ។

សិក្ខាបទទី១០ ចប់។

ភូតគាមវគ្គទី២ ចប់។

ចំនួនសិក្ខាបទក្នុង​ភូតគាមវគ្គ​នោះ​គឺ

ភិក្ខុ​ធ្វើភូតគាមឲ្យដាច់ចាកទី ១ ភិក្ខុ​យករឿងដទៃ​មកបន្លប់ដើម្បី​បិទបាំង​ទោសខ្លួន ១ ភិក្ខុ​​លើកទោស​ភិក្ខុ​អ្នក​ធ្វើការសង្ឃ ១ ភិក្ខុ​យកគ្រែតាំង ពូកកៅអីរបស់​​សង្ឃ​ទៅចោល​ក្នុង​ទីវាល ​ហើយ​ចៀសចេញទៅ ១ ភិក្ខុ​យកកម្រាលរបស់​សង្ឃទៅក្រាលចោល ​ហើយ​ចៀសចេញទៅ ១ ភិក្ខុ​ដេកបៀតច្រៀតភិក្ខុ​អ្នកនៅ​មុនក្នុង​កុដិសង្ឃ ១ ភិក្ខុ​ខឹងនឹងភិក្ខុ​ឯទៀត ​ហើយ​បណ្តេញ​ចាក​វិហារ​របស់​សង្ឃ ១ ភិក្ខុ​អង្គុយ​ ឬដេកលើគ្រែ​មានជើងស៊កទុក ១ ភិក្ខុ​លាបបូកវិហារញយៗ បាន​កំណត់​ត្រឹមសន្លឹកទ្វារ ឬសន្លឹកបង្អួចដោយ​ជុំវិញ ១ ភិក្ខុ​យកទឹក​មានសត្វស្រោចស្មៅ ឬដី ១។

ឱវាទវគ្គ សិក្ខាបទទី១

[២៤] សម័យនោះ​ ព្រះពុទ្ធ​ដ៏​មានព្រះភាគ កាលគង់នៅ​វត្តជេតវន របស់​អនាថបិណ្ឌិក​សេដ្ឋី ជិតក្រុងសាវត្ថី។ គ្រានោះ​ឯង ភិក្ខុ​ជា​ថេរៈ​ទាំងឡាយទូន្មានភិក្ខុ​នី​​ទាំងឡាយ ក៏បាន​នូវ​ចីវរ បិណ្ឌបាត សេនាសនៈ និងភេសជ្ជបរិក្ខារជា​បច្ច័យដល់មនុស្សឈឺ។ លំដាប់នោះ​ ពួកឆព្វគ្គិយ​ភិក្ខុ​បាន​គិត​គ្នា​យ៉ាងនេះថា ម្នាលអាវុសោ ឥឡូវនេះ ភិក្ខុ​ជា​ថេរៈ​ទាំងឡាយ​ទូន្មានពួកភិក្ខុ​នី​ បាន​នូវ​ចីវរ បិណ្ឌបាត សេនាសនៈ និងភេសជ្ជបរិក្ខារជា​បច្ច័យ​ដល់​មនុស្ស​ឈឺ ម្នាលអាវុសោ​​ទាំងឡាយ បើដូច្នោះ យើង​ទាំងឡាយក៏ទូន្មាន​ពួកភិក្ខុ​នីដែរ។ វេលា​នោះ​ ពួកឆព្វគ្គិយភិក្ខុ​​នាំ​គ្នា​ចូល​ទៅ​រកភិក្ខុ​នី​​ទាំងឡាយ ​ហើយ​បាន​និយាយយ៉ាង​នេះថា ម្នាល​ប្អូនស្រី​ទាំងឡាយ ពួកនាង​ចូរ​មករកពួកយើង ៗនឹងទូន្មាន។ គ្រានោះ​ ភិក្ខុ​នី​ទាំងឡាយ​នោះ​ក៏ចូល​​ទៅរក​ឆព្វគ្គិយ​ភិក្ខុ​​ទាំងឡាយ លុះចូល​ទៅដល់​ហើយ​ បាន​ថ្វាយ​បង្គំឆព្វគ្គិយភិក្ខុ​​ទាំងឡាយ ​ហើយ​អង្គុយ​ក្នុង​​ទី​គួរ​មួយ។ ពួកឆព្វគ្គិយភិក្ខុ​ធ្វើធម្មីកថា​បន្តិច​បន្តួច​ដល់​ពួកភិក្ខុ​នី ​ហើយ​ក៏ពោលតិរច្ឆានកថាឲ្យ​កន្លង​អស់១ថ្ងៃ រួចបញ្ជូនពួកភិក្ខុ​នី​ឲ្យ​ត្រឡប់​ទៅវិញ ដោយ​ពាក្យថា ម្នាលប្អូនស្រី​ទាំងឡាយ ពួកនាង​ចូរ​​ទៅវិញចុះ។ គ្រានោះ​ ភិក្ខុ​នី​ទាំងឡាយនោះ​ចូល​ទៅគាល់ព្រះដ៏​មានព្រះភាគ លុះចូល​ទៅដល់​​ហើយ​ បាន​ថ្វាយបង្គំព្រះដ៏​មានព្រះភាគ ​ហើយ​ឈរក្នុង​ទីដ៏សមគួរ។ ព្រះដ៏​មាន​ព្រះភាគ ទ្រង់​ត្រាស់សួរពួកភិក្ខុ​នីនោះ​ដែល​ឈរក្នុង​ទីដ៏សមគួរ​ដោយ​ពុទ្ធដីកាយ៉ាង​នេះថា ម្នាល​ភិក្ខុ​នី​​​ទាំងឡាយ ឱវាទ (នោះ​) បាន​បរិបូណ៌សម្រេច​ហើយ​ឬ។ ភិក្ខុ​នី​ទាំងឡាយទូលថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន ឱវាទ (នោះ​) នឹងបរិបូណ៌សម្រេច​មកពីណា ព្រោះលោកម្ចាស់​​ឆព្វគ្គិយ​​ទាំងឡាយ​ធ្វើ​ធម្មីកថា​តែ​បន្តិចបន្តួចប៉ុណ្ណោះ ​ហើយ​ពោលតិរច្ឆានកថាឲ្យ​កន្លង​អស់១ថ្ងៃ រួចក៏​បញ្ជូន​ខ្ញុំព្រះអង្គ​​ទាំងឡាយ​ឲ្យ​ត្រឡប់​មកវិញ។ គ្រានោះ​ ព្រះដ៏​មានព្រះភាគ ទ្រង់​ពន្យល់​​ភិក្ខុ​នី​​ទាំងឡាយនោះ​​ឲ្យ​ឃើញច្បាស់ ឲ្យកាន់យក ឲ្យអាចហ៊ាន ឲ្យរីករាយដោយ​ធម្មីកថា។ លំដាប់​នោះ​ ភិក្ខុ​នី​​ទាំងឡាយ​នោះ​ លុះព្រះដ៏​មានព្រះភាគ​ទ្រង់ពន្យល់​ឲ្យ​ឃើញច្បាស់ ឲ្យកាន់យក ឲ្យអាច​ហ៊ាន ឲ្យ​រីករាយ​ដោយ​​ធម្មីកថា ​ហើយ​ក៏ក្រោកចាក​អាសនៈ ថ្វាយបង្គំព្រះដ៏​មាន​ព្រះភាគ ធ្វើប្រទក្សិណចៀស​ចេញ​ទៅ។ ព្រោះនិទាននេះ ដំណើរនេះ ព្រះដ៏​មាន​ព្រះភាគ ទ្រង់ឲ្យប្រជុំភិក្ខុ​សង្ឃ ​ហើយ​ត្រាស់​សួរ​បញ្ជាក់​ឆព្វគ្គិយភិក្ខុ​​ទាំងឡាយថា ម្នាលភិក្ខុ​​ទាំងឡាយ ឮថា​អ្នក​ទាំងឡាយធ្វើធម្មីកថា​ដល់​ភិក្ខុ​នី​​ទាំងឡាយ​តិចណាស់ ពោល​តែ​តិរច្ឆានកថា ឲ្យកន្លង​អស់ ១ ថ្ងៃ ​ហើយ​ក៏បញ្ជូនភិក្ខុ​នី​ទាំងនោះ​ឲ្យត្រឡប់ទៅវិញ ពិតមែនឬ។ ពួកឆព្វគ្គិយភិក្ខុ​​ទាំងឡាយក្រាបទូលថា សូមទ្រង់​មេត្តា​ប្រោស ពិតមែន។ ព្រះពុទ្ធដ៏​មានព្រះភាគ ទ្រង់​តិះដៀល​ថា ម្នាលមោឃបុរស​ទាំងឡាយ ពួក​អ្នក​ឯង​​មិន​សមបើនឹងធ្វើធម្មីកថា​ដល់​ភិក្ខុ​នី​​ទាំងឡាយ​​តិចពេក ពោល​តែ​តិរច្ឆានកថា​ឲ្យកន្លង​អស់១ថ្ងៃ ​ហើយ​បញ្ជូនភិក្ខុ​នី​ទាំងឡាយ​ឲ្យត្រឡប់​ទៅវិញសោះ នែ​មោឃបុរស​ទាំងឡាយ អំពើ​​ដែល​អ្នករាល់​គ្នា​ធ្វើនេះ ​មិន​មែននាំ​ឲ្យជ្រះថ្លាដល់បុគ្គលដែល​​មិន​ទាន់​ជ្រះថ្លា​ទេ ឬមួយ​នាំបុគ្គល​អ្នកដែល​ជ្រះថ្លា​ហើយ​ ឲ្យរឹងរឹត​តែ​ជ្រះថ្លា​មិន​បាន​។បេ។ លុះ​ព្រះដ៏​មានព្រះភាគទ្រង់តិះដៀល​​ហើយ​ ក៏ទ្រង់ធ្វើធម្មីកថា ត្រាស់​ហៅ​ភិក្ខុ​​ទាំងឡាយ​មក​ដោយ​​ព្រះពុទ្ធដីកាថា ម្នាលភិក្ខុ​​ទាំងឡាយ តថាគត​អនុញ្ញាត​ឲ្យសង្ឃ​សន្មតភិក្ខុ​ ឲ្យជា​អ្នកឲ្យឱវាទដល់ភិក្ខុ​នី ម្នាលភិក្ខុ​​ទាំងឡាយ សង្ឃ​ត្រូវ​សន្មតភិក្ខុ​ឲ្យជា​អ្នកឲ្យឱវាទដល់ភិក្ខុ​នីយ៉ាងនេះ សង្ឃត្រូវអារាធនាភិក្ខុ​ (នោះ​) ជា​មុនសិន។ លុះ​អារាធនារួច​ហើយ​ ភិក្ខុ​អ្នកឈ្លាសអង់អាច គប្បីញុំាងសង្ឃឲ្យដឹងថា បពិត្រព្រះសង្ឃដ៏ចំរើន សូម​ព្រះសង្ឃ​ស្តាប់ខ្ញុំ បើសម្មតិកម្មនេះ​មានកាលដ៏សមគួរដល់សង្ឃ​ហើយ​ សង្ឃគប្បីសន្មតភិក្ខុ​​ឈ្មោះ​នេះ ឲ្យជា​អ្នកឲ្យឱវាទដល់ភិក្ខុ​នី។ នេះជា​វាចាប្រកាសសង្ឃឲ្យដឹង។ បពិត្រ​ព្រះសង្ឃ​ដ៏ចំរើន សូម​ព្រះសង្ឃស្តាប់ខ្ញុំ សង្ឃសន្មតភិក្ខុ​ឈ្មោះនេះឲ្យជា​អ្នកឲ្យឱវាទដល់ភិក្ខុ​នី។ ការ​សម្មតិភិក្ខុ​ឈ្មោះ​នេះ ​ឲ្យជា​អ្នកឲ្យឱវាទដល់ភិក្ខុ​នី សមគួរដល់លោកដ៏​មានអាយុអង្គ​ណា លោក​ដ៏​​មានអាយុអង្គ​នោះ​​គប្បីស្ងៀមនៅ​ ​មិន​សមគួរដល់លោកដ៏​មានអាយុអង្គណា លោកដ៏​មានអាយុអង្គ​នោះ​​គប្បីពោល​ឡើង។ ខ្ញុំពោល​សេចក្តី​​នេះអស់វារៈពីរដងផង។បេ។ ខ្ញុំពោល​សេចក្តី​នេះអស់វារៈបីដងផង។ បពិត្រ​ព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ សង្ឃសន្មតភិក្ខុ​​ឈ្មោះ​នេះ ឲ្យជា​អ្នកឲ្យឱវាទដល់ភិក្ខុ​នី។ ការសម្មតិភិក្ខុ​ឈ្មោះ​នេះ​ឲ្យជា​អ្នកឲ្យឱវាទដល់ភិក្ខុ​នី គួរដល់លោកដ៏​មានអាយុអង្គណា លោកដ៏​មានអាយុអង្គ​នោះ​​គប្បី​ស្ងៀមនៅ​ ​មិន​គួរដល់​លោកដ៏​មានអាយុអង្គណា លោកដ៏​មានអាយុអង្គ​នោះ​​គប្បីពោល​ឡើង។ ភិក្ខុ​ឈ្មោះនេះ សង្ឃ​បាន​សន្មតឲ្យជា​អ្នកឲ្យ​ឱវាទ​ដល់ភិក្ខុ​នី​ហើយ​។ សម្មតិកម្ម​នេះគួរដល់សង្ឃ ហេតុ​នោះ​បាន​ជា​សង្ឃស្ងៀមនៅ​។ ខ្ញុំសូមចាំទុក​នូវ​រឿងនេះ ដោយ​អាការស្ងៀមនៅ​យ៉ាងនេះ។ គ្រានោះ​ ព្រះដ៏​មានព្រះភាគ ទ្រង់តិះដៀលនូវ​ឆព្វគ្គិយភិក្ខុ​​ទាំងឡាយដោយ​បរិយាយជា​ច្រើន។បេ។ ​ហើយ​ទ្រង់​ត្រាស់ថា ម្នាលភិក្ខុ​​ទាំងឡាយ អ្នក​ទាំងឡាយ​គប្បីសំដែង​ឡើងនូវ​សិក្ខាបទ​នេះយ៉ាង​នេះថា ភិក្ខុ​ណាមួយ​ដែល​សង្ឃ​​មិន​បាន​​សន្មត ​ហើយ​ទៅប្រដៅពួកភិក្ខុ​នី ត្រូវអាបត្តិបាចិត្តិយ។ សិក្ខាបទនេះ ព្រះដ៏​មានព្រះភាគ​ទ្រង់​បញ្ញត្ត​ហើយ​ ដល់ភិក្ខុ​​ទាំងឡាយដោយ​ប្រការយ៉ាងនេះ។

[២៥] សម័យនោះ​ឯង ភិក្ខុ​ជា​ថេរៈ​ទាំងឡាយដែល​សង្ឃបាន​សន្មតរួច​ហើយ​ ក៏ទៅ​ប្រដៅ​ភិក្ខុ​នី​​ទាំងឡាយ ក៏បាន​ចីវរ បិណ្ឌបាត សេនាសនៈ និងភេសជ្ជបរិក្ខារជា​បច្ច័យដល់ភិក្ខុ​ឈឺ​យ៉ាង​នោះ​ដដែល​។ គ្រានោះ​ ឆព្វគ្គិយភិក្ខុ​​ទាំងឡាយ បាន​គិត​គ្នា​ថា អាវុសោ ឥឡូវនេះ ភិក្ខុ​ជា​ថេរៈ​​ទាំងឡាយដែល​សង្ឃបាន​សន្មត​ហើយ​ ក៏ទៅ​ប្រដៅ​ភិក្ខុ​នី​​ទាំងឡាយ បាន​ចីវរ បិណ្ឌបាត សេនាសនៈ និងភេសជ្ជបរិក្ខារជា​បច្ច័យដល់ភិក្ខុ​ឈឺ​យ៉ាង​នោះ​ដដែល​ អាវុសោ បើដូច្នោះ ​មាន​តែ​​ពួកយើងទៅកាន់ទីគ្មានសីមា ​ហើយ​សន្មត​គ្នា​ទៅវិញទៅមកឲ្យជា​អ្នក​ប្រដៅភិក្ខុ​នី រួចប្រដៅ​ពួក​ភិក្ខុ​នី។ គ្រានោះ​ ពួកឆព្វគ្គិយភិក្ខុ​នាំ​គ្នា​ទៅកាន់ទីគ្មានសីមា ​ហើយ​សន្មត​គ្នា​​ទៅវិញទៅ​មក​ឲ្យជា​​អ្នក​ប្រដៅភិក្ខុ​នី ​ហើយ​ចូល​ទៅរកភិក្ខុ​នី​ទាំងឡាយ ពោល​យ៉ាងនេះថា ម្នាលប្អូស្រី​ទាំងឡាយ សង្ឃបាន​សន្មតពួកយើង​ហើយ​ នាង​ទាំង​ឡាយ​ចូរ​មករកពួកយើងចុះ យើងនឹង​ប្រដៅទូន្មាន។ ទើបភិក្ខុ​នី​ទាំងឡាយនោះ​ចូល​ទៅ​រកឆព្វគ្គិយភិក្ខុ​​ទាំងឡាយ លុះចូល​ទៅដល់​ហើយ​ ថ្វាយបង្គំ​ឆព្វគ្គិយភិក្ខុ​​ទាំងឡាយ ​ហើយ​អង្គុយ​នៅ​ក្នុង​ទីដ៏សមគួរ។ គ្រានោះ​ ឆព្វគ្គិយភិក្ខុ​​ទាំងឡាយធ្វើ​ធម្មីកថាបន្តិចបន្តួចដល់ភិក្ខុ​នី​ទាំងឡាយ ​ហើយ​ពោលតិរច្ឆានកថា​ឲ្យកន្លង​អស់ ១ ថ្ងៃទៅ រួចក៏​បញ្ជូន​ភិក្ខុ​នី​ទាំងឡាយ​នោះ​ឲ្យត្រឡប់ទៅវិញដោយ​ពាក្យថា ម្នាលប្អូនស្រី​ទាំងឡាយ ពួកនាង​ចូរ​ទៅវិញចុះ។ ទើបភិក្ខុ​នីទាំងនោះ​នាំ​គ្នា​ចូល​ទៅកាន់ទីគាល់ព្រះដ៏​មាន​ព្រះភាគ លុះចូល​ទៅដល់​ហើយ​ បាន​ថ្វាយបង្គំព្រះដ៏​មានព្រះភាគ ​ហើយ​ឈរក្នុង​ទីដ៏សមគួរ។ ព្រះដ៏​មានព្រះភាគ​ទ្រង់​ត្រាស់​សួរភិក្ខុ​នី​ទាំងឡាយ ដែល​ឈរនៅ​ក្នុង​ទីដ៏សមគួរនោះ​ថា ម្នាលភិក្ខុ​នី​ទាំងឡាយ ឱវាទបាន​សម្រេចបរិបូណ៌ឬទេ។ ភិក្ខុ​នី​ទាំងឡាយទូលថា បពិត្រព្រះ​អង្គដ៏​​ចំរើន ឱវាទ​នឹងបាន​សម្រេច​បរិបូណ៌​មកពីឯណា លោកម្ចាស់​ឆព្វគ្គិយ​ទាំងឡាយ​ធ្វើធម្មីកថា​​បន្តិច​បន្តួច ​ហើយ​ពោល​តែ​តិរច្ឆានកថាឲ្យកន្លងអស់១ថ្ងៃ រួចក៏​បញ្ជូន​យើងខ្ញុំឲ្យ​ត្រឡប់មកវិញ។ លំដាប់​នោះ​ ព្រះដ៏​មានព្រះភាគ ទ្រង់ពន្យល់ភិក្ខុ​នី​ទាំងឡាយនោះ​ឲ្យឃើញច្បាស់ ឲ្យ​កាន់​យក ឲ្យអាចហ៊ាន ឲ្យរីករាយដោយ​ធម្មីកថា។ ភិក្ខុ​នីអម្បាលនោះ​ លុះព្រះដ៏​មានព្រះភាគ​ទ្រង់​​ពន្យល់ឲ្យឃើញច្បាស់ ឲ្យកាន់យក ឲ្យអាចហ៊ាន ឲ្យរីករាយដោយ​ព្រះធម្មីកថា​ហើយ​ ក៏ក្រោកចាកអាសនៈ ថ្វាយបង្គំព្រះដ៏​មានព្រះភាគ ​ហើយ​ធ្វើ​ប្រទក្សិណ​ចៀសចេញទៅ។ ព្រោះនិទាននេះ ដំណើរនេះ ព្រះដ៏​មានព្រះភាគ ទ្រង់ឲ្យប្រជុំភិក្ខុ​សង្ឃ រួចសួរបញ្ជាក់​ពួក​ឆព្វគ្គិយភិក្ខុ​ថា ម្នាលភិក្ខុ​​ទាំងឡាយ ឮថាអ្នក​ទាំងឡាយធ្វើធម្មីកថាដល់ភិក្ខុ​នី​ទាំងឡាយ​បន្តិច​បន្តួច ​ហើយ​ពោលតិរច្ឆានកថាឲ្យកន្លងអស់មួយថ្ងៃ រួចក៏​បញ្ជូនភិក្ខុ​នីទាំងនោះ​ឲ្យ​ត្រឡប់ទៅវិញ ពិតមែនឬ។ ពួកឆព្វគ្គិយភិក្ខុ​ទូលថា សូមទ្រង់មេត្តាប្រោស ពិតមែន។ ព្រះពុទ្ធដ៏​មានព្រះភាគទ្រង់​តិះដៀលថា ម្នាលមោឃបុរស​ទាំងឡាយ ពួកអ្នក​មិន​សមបី​នឹងធ្វើ ធម្មីកថា​បន្តិច​បន្តួចដល់ភិក្ខុ​នី ​ហើយ​ពោលតិរច្ឆានកថាឲ្យកន្លងអស់មួយថ្ងៃ រួច​បញ្ជូនភិក្ខុ​នីទាំងនោះ​ឲ្យ​ត្រឡប់ទៅវិញសោះ នែ​មោឃបុរស​ទាំងឡាយ អំពើ​ដែល​​អ្នកធ្វើ​នេះ ​មិន​នាំឲ្យ​ជ្រះថ្លា​ដល់​បុគ្គល​ទាំងឡាយ​ដែល​​មិន​​ទាន់​ជ្រះថ្លា​ទេ ឬមួយញុំាងបុគ្គល​ដែល​​ជ្រះថ្លា​ហើយ​ ឲ្យរឹង​រឹត​តែ​ជ្រះថ្លាឡើង​មិន​បាន​ទេ។បេ។ ទ្រង់តិះដៀល​ហើយ​ ក៏ធ្វើ​នូវធម្មីកថា ត្រាស់ហៅភិក្ខុ​​ទាំងឡាយមកដោយ​ព្រះពុទ្ធដីកាថា ម្នាល​ភិក្ខុ​​ទាំងឡាយ តថាគតអនុញ្ញាតឲ្យសង្ឃសន្មតភិក្ខុ​ដែល​ប្រកបដោយ​អង្គ៨ ឲ្យជា​អ្នក​ប្រដៅ​ភិក្ខុ​នី គឺ​ភិក្ខុ​ជា​អ្នក​មានសីល​សង្រួម​តាម​បាតិមោក្ខ​សំវរៈ បរិបូណ៌ដោយ​អាចារ (មារយាទ) និងទី​គោចរ ជា​អ្នកឃើញ​ភ័យ​ក្នុង​ទោស​​ទាំងឡាយ​មានប្រមាណតិចតួច សមាទានសិក្សាក្នុង​​សិក្ខាបទ​​ទាំងឡាយ១ ភិក្ខុ​ជា​ពហុស្សូត ទ្រទ្រង់​ពុទ្ធវចនៈ សន្សំនូវពុទ្ធវចនធម៌​ទាំង​ឡាយណា ពីរោះខាង​ដើម ពីរោះកណ្តាល ពីរោះខាងចុង ​តែ​ង​ប្រកាសនូវព្រហ្មចរិយធម៌ ព្រមទាំងអត្ថ ទាំងព្យញ្ជនៈ​ឲ្យ​បរិសុទ្ធបរិបូណ៌ទាំងអស់ ធម៌​ទាំងឡាយ​មានសភាព​យ៉ាង​នេះ ភិក្ខុ​នោះ​ចាំច្រើន​ហើយ​ ទ្រទ្រង់​​ហើយ​ សន្សំ​ហើយ​ ដោយ​វាចាដ៏ស្ទាត់រត់មាត់ ចូល​​ចិត្តច្បាស់លាស់ យល់ត្រូវល្អដោយ​​ទិដ្ឋិ១ ចំណែកបាតិមោក្ខទាំងពីរ ភិក្ខុ​នោះ​ក៏ចេះចាំ​ដោយ​ពិស្តារ ចែកចេញបាន​ដោយ​ប្រពៃ ចាំស្ទាត់​រត់មាត់ កាត់​សេចក្តី​បាន​ដោយ​ល្អ ដោយ​សុត្ត (គឺខន្ធកៈ និងបរិវារៈ) ដោយ​អនុព្យញ្ជនៈ ១ ភិក្ខុ​នោះ​​​មានវាចា​ពោល​ត្រឹមត្រូវដោយ​សិថិលធនិតជា​ដើម ​មានសំឡេងពីរោះ១ ភិក្ខុ​នោះ​​ជា​ទី​ស្រឡាញ់ពេញ​ចិត្ត​​នៃ​ភិក្ខុ​នី​ទាំង​ឡាយដោយ​ច្រើន ១ ភិក្ខុ​នោះ​​ជា​អ្នក​អាច​ដើម្បីនឹង​ប្រដៅភិក្ខុ​នី​បាន ​១ ភិក្ខុ​នោះ​​មិន​ធ្លាប់​ប្រព្រឹត្តកន្លង​គរុធម៌នឹងភិក្ខុ​នី​ដែល​​ស្លៀក​ដណ្តប់​សម្ពត់​ជ្រលក់​ដោយ​​ទឹក​ចត់ បួសចំពោះ​ព្រះដ៏​មានព្រះភាគនេះ ១ ភិក្ខុ​នោះ​​មានវស្សាម្ភៃ ឬ​មានវស្សាជា​ងម្ភៃ ១ ម្នាលភិក្ខុ​​​ទាំង​ឡាយ​ តថាគតអនុញ្ញាតឲ្យសង្ឃសន្មតនូវភិក្ខុ​ដែល​​ប្រកបដោយ​អង្គ​ទាំងឡាយ ៨ នេះ ឲ្យ​ជា​អ្នកប្រដៅ​ភិក្ខុ​នី។

[២៦] ត្រង់ពាក្យថា ភិក្ខុ​ណាមួយ ​មាន​សេចក្តី​​ដូច​គ្នា​ក្នុង​សិក្ខាបទទី១​នៃ​បារាជិកកណ្ឌ។ ភិក្ខុ​ដែល​ឈ្មោះថាសង្ឃ​មិន​បាន​សន្មតនោះ​ គឺសង្ឃ​មិន​បាន​សន្មតដោយ​ញត្តិចតុត្ថកម្ម​វាចា។ ពួកស្រីដែល​ឈ្មោះថាភិក្ខុ​នីនោះ​ បាន​ដល់ស្រីដែល​បាន​ឧបសម្បទា​ហើយ​ក្នុង​ឧភតោសង្ឃ។

[២៧] ត្រង់ពាក្យថា ប្រដៅ គឺភិក្ខុ​ទូន្មានដោយ​គរុធម៌៨ ត្រូវអាបត្តិបាចិត្តិយ។ ភិក្ខុ​ប្រដៅ​ដោយ​ធម៌ដទៃ ត្រូវអាបត្តិទុក្កដ។ ភិក្ខុ​ប្រដៅភិក្ខុ​នីដែល​បាន​ឧបសម្បទាក្នុង​សំណាក់​សង្ឃ​តែ​​មួយ​ចំណែក ត្រូវអាបត្តិ​ទុក្កដ។

[២៨] ភិក្ខុ​ដែល​សង្ឃសន្មតនោះ​ គប្បីបោសច្រាសនូវទីបរិវេណ រួចត្រូវតាំងទឹកឆាន់​ និង​ទឹកប្រើប្រាស់ ​តែ​ងតាំងនូវអាសនៈទុក ​ហើយ​នាំយកភិក្ខុ​ជា​គំរប់ពីរទៅអង្គុយ​នៅ​ចុះ។ ភិក្ខុ​នី​​ទាំងឡាយគប្បីទៅក្នុង​ទីនោះ​ ​ហើយ​ថ្វាយបង្គំនូវភិក្ខុ​នោះ​ រួចអង្គុយ​នៅ​ក្នុង​ទីដ៏សមគួរ។ ភិក្ខុ​ដែល​សង្ឃសន្មតនោះ​ គប្បីសួរភិក្ខុ​នី​ទាំងឡាយថា ម្នាលនាង​ទាំងឡាយ ពួកនាង​ព្រមព្រៀង​​គ្នា​​ហើយ​ឬ។ បើភិក្ខុ​នី​ទាំងឡាយពោលថា លោកម្ចាស់​ យើងខ្ញុំ​ទាំងឡាយ​ព្រមព្រៀង​គ្នា​​ហើយ​ ភិក្ខុ​គប្បីសួរថា ម្នាលនាង​ទាំងឡាយ គរុធម៌៨ចាំស្ទាត់រត់មាត់​ហើយ​ឬ។ បើភិក្ខុ​នី​ទាំងឡាយ​ពោល​តបថា បពិត្រលោកម្ចាស់​ ចាំស្ទាត់រត់មាត់​ហើយ​ ភិក្ខុ​គប្បីប្រគល់ឱវាទដោយ​ពាក្យថា ម្នាលនាង​​ទាំងឡាយ នេះ​ហើយ​ជា​ឱវាទ។ បើភិក្ខុ​នី​ទាំងឡាយពោលថា គរុធម៌​មិន​ទាន់ស្ទាត់ទេលោកម្ចាស់​ ភិក្ខុ​គប្បីសូត្រប្រាប់ភិក្ខុ​នីថា ភិក្ខុ​នីឧបសម្បទា​ហើយ​បាន​មួយរយ​វស្សា ត្រូវធ្វើអភិវាទនកម្ម បច្ចុបដ្ឋានកម្ម អញ្ជលីកម្ម និងសាមីចិកម្មដល់ភិក្ខុ​ (សូម្បី) ឧបសម្បទា​ហើយ​ក្នុង​ថ្ងៃនោះ​ នេះ​ជា​​ធម៌​ដែល​ភិក្ខុ​នី​ត្រូវធ្វើឲ្យល្អ គោរពរាប់អានបូជា​កុំប្រព្រឹត្តកន្លងដរាបអស់មួយជីវិត ១។ ភិក្ខុ​នី​មិន​ត្រូវ​នៅ​ចាំវស្សាក្នុង​អាវាសដែល​គ្មានភិក្ខុ​ នេះ​ជា​​ធម៌​​ដែល​ភិក្ខុ​នីត្រូវធ្វើឲ្យល្អ គោរពរាប់អានបូជា​កុំប្រព្រឹត្តកន្លងដរាបអស់មួយជីវិត ១។ ភិក្ខុ​នីត្រូវប្រាថ្នាធម៌ពីរប្រការ គឺការ​សាកសួរ​នូវ​ឧបោសថ១ ការចូល​ទៅទទួលឱវាទ ១ អំពីភិក្ខុ​សង្ឃ​គ្រប់ៗកន្លះខែ នេះជា​ធម៌​ដែល​ភិក្ខុ​នី​ត្រូវធ្វើឲ្យល្អ គោរពរាប់អានបូជា​កុំប្រព្រឹត្ត​កន្លង​ដរាប​អស់មួយជីវិត ១។ ភិក្ខុ​នី​នៅ​ចាំ​វស្សា​រួច​ហើយ​ ត្រូវបវារណាក្នុង​ឧភតោសង្ឃ ដោយ​ហេតុ​៣យ៉ាង គឺដោយ​ឃើញក្តី ដោយ​​​ឮក្តី ដោយ​រង្កៀសក្តី នេះជា​ធម៌​ដែល​ភិក្ខុ​នីត្រូវធ្វើឲ្យល្អ គោរពរាប់អានបូជា​ កុំ​ប្រព្រឹត្ត​​កន្លង​ដរាបអស់មួយជីវិត ១។ ភិក្ខុ​នីត្រូវគរុកាបត្តិ (ជា​សតេកិច្ឆា) ​ហើយ​ត្រូវ​ប្រព្រឹត្តបក្ខ​មានត្តក្នុង​​ឧភតោសង្ឃ នេះជា​ធម៌​ដែល​ភិក្ខុ​នីត្រូវធ្វើឲ្យល្អ គោរព​រាប់អាន​បូជា​ កុំប្រព្រឹត្តកន្លង​ដរាប​អស់​មួយជីវិត ១។ ភិក្ខុ​នីត្រូវស្វែងរកឧបសម្បទា ក្នុង​ឧភតោសង្ឃ​​ដល់​សិក្ខមានាដែល​​​មានសិក្ខា​សិក្សា​ក្នុង​ធម៌​ទាំងឡាយ ៦ អស់ពីរវស្សា​ហើយ​ នេះជា​ធម៌​ដែល​ភិក្ខុ​នីត្រូវធ្វើឲ្យ​ល្អ គោរពរាប់អានបូជា​កុំប្រព្រឹត្ត​កន្លង​ដរាប​អស់មួយ​ជីវិត ១។ ភិក្ខុ​នី​មិន​ត្រូវជេរ ​មិន​ត្រូវ​ប្រទេច​ផ្តាសា​ភិក្ខុ​ដោយ​បរិយាយណាមួយឡើយ នេះជា​ធម៌​ដែល​ភិក្ខុ​នីត្រូវធ្វើឲ្យល្អ គោរព​រាប់​អាន​បូជា​កុំប្រព្រឹត្តកន្លងដរាបអស់មួយជីវិត ១។ ពួកភិក្ខុ​នី​​មិន​ត្រូវស្តីប្រដៅ​ពួក​ភិក្ខុ​ឡើយ ពួកភិក្ខុ​ត្រូវ​ស្តីប្រដៅ​ដល់ពួកភិក្ខុ​នីបាន​ តាំង​អំពីថ្ងៃនេះជា​ដើម នេះជា​ធម៌​ដែល​ភិក្ខុ​នី​ត្រូវ​ធ្វើឲ្យល្អ គោរពរាប់អានបូជា​កុំប្រព្រឹត្តកន្លង​ដរាប​អស់មួយជីវិត ១។ បើភិក្ខុ​នី​ទាំង​ឡាយ​ពោលថា បពិត្រលោកម្ចាស់​ យើងខ្ញុំ​ទាំងឡាយ​ព្រមព្រៀង​គ្នា​​ហើយ​ ភិក្ខុ​ពោលធម៌​ដទៃ​វិញ ត្រូវអាបត្តិទុក្កដ។ បើភិក្ខុ​នី​ទាំងឡាយពោលថា បពិត្រ​លោកម្ចាស់​ យើងខ្ញុំ​ទាំងឡាយ​បែក​គ្នា​ជា​​ពួកៗ ភិក្ខុ​ចេះ​តែ​ពោលនូវគរុធម៌៨ដដែល​ ត្រូវ​អាបត្តិទុក្កដ។ ភិក្ខុ​​មិន​បាន​ប្រគល់ឱវាទ​ឲ្យ​ដល់​ភិក្ខុ​នី ត្រឡប់​ពោលធម៌ដទៃវិញ ត្រូវអាបត្តិទុក្កដ។

[២៩] កម្ម​មិន​មែនជា​ធម៌ ភិក្ខុ​សំគាល់​ថា កម្ម​មិន​ជា​ធម៌មែន ភិក្ខុ​នីសង្ឃបែក​គ្នា​ជា​ពួក ភិក្ខុ​សំគាល់​ថាជា​ពួកមែន ​ហើយ​ប្រដៅ ត្រូវអាបត្តិបាចិត្តិយ។ កម្ម​មិន​មែនជា​ធម៌ ភិក្ខុ​សំគាល់​ថា កម្ម​មិន​ជា​ធម៌មែន ភិក្ខុ​នីសង្ឃបែក​គ្នា​ជា​ពួក ភិក្ខុ​សង្ស័យ ​ហើយ​ប្រដៅ ត្រូវអាបត្តិ​បាចិត្តិយ។ កម្ម​មិន​មែនជា​ធម៌ ភិក្ខុ​សំគាល់​ថា កម្ម​មិន​ជា​ធម៌មែន ភិក្ខុ​នីសង្ឃបែក​គ្នា​ជា​ពួក ភិក្ខុ​សំគាល់​ថាព្រមព្រៀង​គ្នា​ ​ហើយ​ប្រដៅ ត្រូវអាបត្តិបាចិត្តិយ។

[៣០] ភិក្ខុ​សង្ស័យក្នុង​កម្ម​មិន​ជា​ធម៌ ភិក្ខុ​នីសង្ឃបែក​គ្នា​ជា​ពួក ភិក្ខុ​សំគាល់​ថាជា​ពួកមែន ​ហើយ​ប្រដៅ។បេ។ ភិក្ខុ​សង្ស័យ ​ហើយ​ប្រដៅ។បេ។ ភិក្ខុ​សំគាល់​ថាព្រមព្រៀង​គ្នា​ ​ហើយ​ប្រដៅ ត្រូវអាបត្តិបាចិត្តិយ។

[៣១] កម្ម​មិន​មែនជា​ធម៌ ភិក្ខុ​សំគាល់​ថា កម្មជា​ធម៌ ភិក្ខុ​នីសង្ឃបែក​គ្នា​ជា​ពួក ភិក្ខុ​សំគាល់​ថាជា​ពួកមែន ​ហើយ​ប្រដៅ។បេ។ ភិក្ខុ​សង្ស័យ ​ហើយ​ប្រដៅ។បេ។ ភិក្ខុ​សំគាល់​ថា​ព្រមព្រៀង​គ្នា​ ​ហើយ​ប្រដៅ ត្រូវអាបត្តិបាចិត្តិយ។

[៣២] កម្ម​មិន​មែនជា​ធម៌ ភិក្ខុ​សំគាល់​ថា កម្ម​មិន​ជា​ធម៌មែន ភិក្ខុ​នីសង្ឃព្រមព្រៀង​គ្នា​ ភិក្ខុ​សំគាល់​ថាបែក​គ្នា​ជា​ពួកវិញ ​ហើយ​ប្រដៅ។បេ។ ភិក្ខុ​សង្ស័យ ​ហើយ​ប្រដៅ។បេ។ ភិក្ខុ​សំគាល់​ថាព្រមព្រៀង​គ្នា​ ​ហើយ​ប្រដៅ ត្រូវអាបត្តិបាចិត្តិយ។

[៣៣] កម្ម​មិន​មែនជា​ធម៌ ភិក្ខុ​សង្ស័យ ភិក្ខុ​នីសង្ឃព្រមព្រៀង​គ្នា​ ភិក្ខុ​សំគាល់​ថាបែក​គ្នា​​ជា​ពួកវិញ ​ហើយ​ប្រដៅ។បេ។ ភិក្ខុ​សង្ស័យ ​ហើយ​ប្រដៅ។បេ។ ភិក្ខុ​សំគាល់​ថា​ព្រមព្រៀង​គ្នា​ ​ហើយ​ប្រដៅ ត្រូវអាបត្តិបាចិត្តិយ។

[៣៤] កម្ម​មិន​មែនជា​ធម៌ ភិក្ខុ​សំគាល់​ថា កម្មជា​ធម៌ ភិក្ខុ​នីសង្ឃព្រមព្រៀង​គ្នា​ ភិក្ខុ​សំគាល់​ថាបែក​គ្នា​ជា​ពួកវិញ ​ហើយ​ប្រដៅ។បេ។ ភិក្ខុ​សង្ស័យ ​ហើយ​ប្រដៅ។បេ។ ភិក្ខុ​សំគាល់​ថាព្រមព្រៀង​គ្នា​ ​ហើយ​ប្រដៅ ត្រូវអាបត្តិបាចិត្តិយ។

[៣៥] កម្មជា​ធម៌ ភិក្ខុ​សំគាល់​ថា កម្ម​មិន​ជា​ធម៌វិញ ភិក្ខុ​នីសង្ឃបែក​គ្នា​ជា​ពួក ភិក្ខុ​សំគាល់​ថាជា​ពួកមែន ​ហើយ​ប្រដៅ ត្រូវអាបត្តិទុក្កដ។ កម្មជា​ធម៌ ភិក្ខុ​សំគាល់​ថាកម្ម​​មិន​ជា​ធម៌វិញ ភិក្ខុ​នីសង្ឃបែក​គ្នា​ជា​ពួក ភិក្ខុ​សង្ស័យ ​ហើយ​ប្រដៅ ត្រូវអាបត្តិទុក្កដ។ កម្ម​ជា​ធម៌ ភិក្ខុ​សំគាល់​ថា កម្ម​មិន​ជា​ធម៌វិញ ភិក្ខុ​នីសង្ឃបែក​គ្នា​ជា​ពួក ភិក្ខុ​សំគាល់​ថាព្រមព្រៀង​គ្នា​ ​ហើយ​ប្រដៅ ត្រូវអាបត្តិទុក្កដ។

[៣៦] កម្មជា​ធម៌ ភិក្ខុ​សង្ស័យ ភិក្ខុ​នីសង្ឃបែក​គ្នា​ជា​ពួក ភិក្ខុ​សំគាល់​ថាជា​ពួកមែន ​ហើយ​ប្រដៅ។បេ។ ភិក្ខុ​សង្ស័យ ​ហើយ​ប្រដៅ។បេ។ ភិក្ខុ​សំគាល់​ថាព្រមព្រៀង​គ្នា​ ​ហើយ​ប្រដៅ ត្រូវអាបត្តិទុក្កដ។

[៣៧] កម្មជា​ធម៌ ភិក្ខុ​សំគាល់​ថា កម្មជា​ធម៌មែន ភិក្ខុ​នីសង្ឃបែក​គ្នា​ជា​ពួក ភិក្ខុ​សំគាល់​ថាជា​ពួកមែន ​ហើយ​ប្រដៅ។បេ។ ភិក្ខុ​សង្ស័យ ​ហើយ​ប្រដៅ។បេ។ ភិក្ខុ​សំគាល់​ថា​ព្រមព្រៀង​គ្នា​ ​ហើយ​ប្រដៅ ត្រូវអាបត្តិទុក្កដ។

[៣៨] កម្មជា​ធម៌ ភិក្ខុ​សំគាល់​ថា កម្ម​មិន​មែនជា​ធម៌វិញ ភិក្ខុ​នីសង្ឃព្រមព្រៀង​គ្នា​ ភិក្ខុ​សំគាល់​ថាបែក​គ្នា​ជា​ពួកវិញ ​ហើយ​ប្រដៅ។បេ។ ភិក្ខុ​សង្ស័យ ​ហើយ​ប្រដៅ។បេ។ ភិក្ខុ​សំគាល់​ថាព្រមព្រៀង​គ្នា​ ​ហើយ​ប្រដៅ ត្រូវអាបត្តិទុក្កដ។

[៣៩] កម្មជា​ធម៌ ភិក្ខុ​​មាន​សេចក្តី​សង្ស័យ ភិក្ខុ​នីសង្ឃព្រមព្រៀង​គ្នា​ ភិក្ខុ​សំគាល់​ថាបែក​គ្នា​ជា​ពួកវិញ ​ហើយ​ប្រដៅ។បេ។ ភិក្ខុ​សង្ស័យ ​ហើយ​ប្រដៅ។បេ។ ភិក្ខុ​សំគាល់​ថាព្រមព្រៀង​គ្នា​ ​ហើយ​ប្រដៅ ត្រូវអាបត្តិទុក្កដ។

[៤០] កម្មជា​ធម៌ ភិក្ខុ​សំគាល់​ថាកម្មជា​ធម៌មែន ភិក្ខុ​នីសង្ឃព្រមព្រៀង​គ្នា​ ភិក្ខុ​សំគាល់​ថាបែក​គ្នា​ជា​ពួកវិញ ​ហើយ​ប្រដៅ ត្រូវអាបត្តិទុក្កដ។ កម្មជា​ធម៌ ភិក្ខុ​សំគាល់​ថាកម្មជា​ធម៌មែន ភិក្ខុ​នីសង្ឃព្រមព្រៀង​គ្នា​ ភិក្ខុ​សង្ស័យ ​ហើយ​ប្រដៅ ត្រូវអាបត្តិទុក្កដ។ កម្មជា​ធម៌ ភិក្ខុ​សំគាល់​ថាកម្មជា​ធម៌មែន ភិក្ខុ​នីសង្ឃព្រមព្រៀង​គ្នា​ ភិក្ខុ​សំគាល់​ថាព្រមព្រៀង​គ្នា​មែន ​ហើយ​ប្រដៅ ​មិន​ត្រូវអាបត្តិអ្វីឡើយ។

[៤១] អាបត្តិ​មិន​​មានដល់ភិក្ខុ​ដែល​សំដែងនូវបាឡី​នៃ​គរុធម៌ប្រាំបី ដល់ភិក្ខុ​ដែល​សំដែង​នូវ​អដ្ឋកថា​នៃ​គរុធម៌ប្រាំបី ដល់ភិក្ខុ​ដែល​ភិក្ខុ​នីពោលថា លោកម្ចាស់​ ចូរ​សូត្រទៅ ភិក្ខុ​ក៏សូត្រ ដល់ភិក្ខុ​ដែល​ភិក្ខុ​នីសួរប្រស្នា ​ហើយ​ឆ្លើយដោះ ដល់ភិក្ខុ​ដែល​សំដែងធម៌ឲ្យអ្នកដទៃស្តាប់ ​ហើយ​ភិក្ខុ​នី​ចូល​ស្តាប់ផង ដល់ភិក្ខុ​ប្រដៅធម៌ដល់សិក្ខមានា ឬដល់សាមណេរី ដល់ភិក្ខុ​​ឆ្កួត ដល់ភិក្ខុ​ដើមបញ្ញត្តិ។

សិក្ខាបទទី១ ចប់។

សិក្ខាបទទី២

 [៤២] សម័យនោះ​ ព្រះពុទ្ធ​ដ៏​មានព្រះភាគ កាលគង់នៅ​វត្តជេតវន របស់​អនាថបិណ្ឌិក​សេដ្ឋី ជិតក្រុងសាវត្ថី។ គ្រានោះ​ឯង ភិក្ខុ​ជា​ថេរៈ​ទាំងឡាយប្រដៅពួកភិក្ខុ​នីដោយ​វេន​ជា​លំដាប់ៗ។ សម័យនោះ​ឯង ព្រះចូឡបន្ថកដ៏​មានអាយុត្រូវវេនប្រដៅភិក្ខុ​នី​ទាំងឡាយ។ ពួកភិក្ខុ​នីនិយាយ​គ្នា​​ថា ថ្ងៃនេះឱវាទគង់នឹង​មិន​សម្រេចបរិបូណ៌ទេ លោកម្ចាស់​ចូឡបន្ថក​គង់​នឹងពោលនូវ​ឧទាន​នោះ​ឯងដដែល​ៗ ឥឡូវហ្នឹង។​ ភិក្ខុ​នី​ទាំងនោះ​នាំ​គ្នា​ចូល​​ទៅរក​ព្រះចូឡបន្ថកដ៏​មានអាយុ លុះទៅ​ដល់​ហើយ​ ក៏ថ្វាយបង្គំ​ព្រះចូឡបន្ថកដ៏​​មានអាយុ ហើយ​​អង្គុយ​​នៅ​ក្នុង​​ទី​ដ៏សមគួរ​។ ឯព្រះ​ចូឡបន្ថកដ៏​​មានអាយុ បាន​និយាយ​នឹងភិក្ខុ​នី​ទាំង​នោះ​ ដែល​អង្គុយ​​នៅ​​ហើយ​ក្នុង​​ទីដ៏សមគួរ ដោយ​ពាក្យ​យ៉ាងនេះថា ម្នាលនាង​​ទាំងឡាយ ពួកនាង​ព្រមព្រៀង​គ្នា​​​ហើយ​ឬ។ ពួកភិក្ខុ​នី​តបថា ព្រមព្រៀង​គ្នា​​​ហើយ​លោកម្ចាស់​។ ព្រះ​ចូឡបន្ថក​សួរថា ម្នាលនាង​​ទាំងឡាយ គរុធម៌៨​ចាំស្ទាត់​​ហើយ​ឬ។ ពួកភិក្ខុ​នី​តបថា ចាំ​ស្ទាត់​ហើយ​​លោកម្ចាស់​។ ព្រះ​ចូឡបន្ថក​ប្រាប់ថា ម្នាលនាង​​ទាំងឡាយ​ នេះ​ហើយ​​ជា​ឱវាទ ​ហើយ​បាន​​ពោលនូវឧទាន​នេះដដែល​​ថា

​សេចក្តី​សោក​ទាំងឡាយ រមែង​មិន​​មានដល់មុនីដែល​​មានអធិ​ចិត្ត​មិន​ប្រមាទ សិក្សា​នៅ​ក្នុង​​ផ្លូវ​​នៃ​មោនធម៌ (គឺអរហត្តញាណ) ​មិន​ញាប់ញ័រ (ដោយ​លោកធម៌) ​មាន​ចិត្តស្ងប់ (ចាកកិលេស) ​តែ​ង​​មានស្មារតីជា​និច្ច។

 [៤៣] ភិក្ខុ​នី​ទាំងឡាយ បាន​និយាយ​គ្នា​យ៉ាងនេះថា យើង​ទាំងឡាយបាន​និយាយ​គ្នា​ទុក​មក​ហើយ​ថា វេលាថ្ងៃនេះឱវាទគង់នឹង​មិន​សម្រេចបរិបូណ៌ទេ លោកម្ចាស់​ចូឡបន្ថក​គង់​នឹង​​ពោល​នូវ​ឧទាន​នោះ​ឯងដដែល​ក្នុង​កាលឥឡូវហ្នឹង។ ព្រះចូឡបន្ថកដ៏​មានអាយុ​បាន​ស្តាប់​ពាក្យ​និយាយ​ចរចានេះរបស់​ភិក្ខុ​នី​ទាំងឡាយនោះ​​ហើយ​។ គ្រានោះ​ ព្រះចូឡបន្ថក​ដ៏​មានអាយុ​ហោះទៅកាន់វិហារស្ថាន​​ហើយ​ចង្ក្រមខ្លះ ឈរខ្លះ អង្គុយ​ខ្លះ ដេកខ្លះ បង្ហុយ​ផ្សែងខ្លះ បញ្ចេញ​ពន្លឺ​ភ្លើងខ្លះ បំបាត់​ខ្លួនទៅខ្លះ ​ហើយ​ពោលឧទាននោះ​ទៀតផង និង​ពុទ្ធវចនៈដទៃ​ជា​ច្រើន​ផង ឰដ៏​អាកាសវាលទទេ។ ភិក្ខុ​នី​ទាំងឡាយបាន​និយាយ​គ្នា​យ៉ាង​នេះថា ម្នាល​គ្នា​យើង​ទាំងឡាយ ​សេចក្តី​​អស្ចារ្យ​(នេះ) ចំឡែក​ពេកណាស់ ម្នាល​គ្នា​យើង​ទាំងឡាយ ហេតុ​​មិន​ធ្លាប់កើត ៗ​ហើយ​ ឱវាទ​ដែល​​សម្រេចបរិបូណ៌ដូចជា​ឱវាទរបស់​​លោកម្ចាស់​ចូឡបន្ថកយ៉ាងនេះ កាលពីដើម យើង​មិន​ធ្លាប់បាន​​(ស្តាប់)ទេ។ លំដាប់នោះ​ ព្រះចូឡបន្ថកដ៏​មានអាយុប្រដៅភិក្ខុ​នីអម្បាល​នោះ​ដរាបដល់យប់ ​ហើយ​​បញ្ជូន​ទៅវិញថា ម្នាលនាង​ទាំងឡាយ ពួកនាងចូរ​ទៅចុះ។ វេលានោះ​ ទ្វារនគរគេ​បិទ​​ហើយ​ ភិក្ខុ​នីទាំងនោះ​ក៏នៅ​ខាងក្រៅនគរ លុះព្រឹកឡើងទើបចូល​ទៅកាន់នគរ។ មនុស្ស​​ទាំងឡាយ ពោល​ទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុ​នី​ទាំងឡាយនេះ ​មិន​មែនជា​​ព្រហ្មចារិនី (​មិន​មែនជា​អ្នកប្រព្រឹត្តល្អ)ទេ នៅ​ជា​មួយនឹងភិក្ខុ​​ទាំងឡាយក្នុង​អារាម ​​ហើយ​ទើប​តែ​ចូល​​មក​កាន់​នគរ​ក្នុង​កាលឥឡូវនេះ។ ភិក្ខុ​​ទាំងឡាយបាន​ឮមនុស្សអម្បាលនោះ​ពោលទោស តិះដៀល បន្តុះ​បង្អាប់​ហើយ​។ ភិក្ខុ​​ទាំងឡាយណា ជា​អ្នក​មាន​សេចក្តី​ប្រាថ្នាតិច។បេ។ ភិក្ខុ​​ទាំង​ឡាយ​នោះ​ពោល​ទោស តិះដៀល បន្តុះ​បង្អាប់ថា ចូឡបន្ថកដ៏​មានអាយុ កាល​ព្រះអាទិត្យ​អស្តង្គត​ហើយ​ ​មិន​គួរ​នឹងទៅ​ប្រដៅ​ភិក្ខុ​នី​ទាំងឡាយទេ។បេ។ ព្រះដ៏​មាន​ព្រះភាគ​ត្រាស់​សួរថា ម្នាលចូឡបន្ថកៈ ឮថា កាលព្រះអាទិត្យអស្តង្គត​ហើយ​ អ្នកឯង​ទៅប្រដៅ​ភិក្ខុ​នី​ទាំងឡាយ ពិតមែនឬ។ ព្រះចូឡបន្ថកដ៏​មានអាយុទូលថា សូមទ្រង់​មេត្តាប្រោស ពិត​មែន។ ព្រះពុទ្ធជា​ម្ចាស់​ដ៏​មាន​ព្រះ​ភាគ ទ្រង់បន្ទោសថា ម្នាលចូឡបន្ថកៈ កាល​ព្រះអាទិត្យ​អស្តង្គតទៅ​ហើយ​ អ្នកឯង​មិន​គួរ​នឹងទៅ​ប្រដៅ​ភិក្ខុ​នី​ទាំងឡាយទេ ម្នាលចូឡបន្ថៈ អំពើ​ដែល​​អ្នកធ្វើ​នេះ ​មិន​នាំឲ្យ​ជ្រះថ្លា​ ដល់​បុគ្គល​ទាំងឡាយ ​ដែល​​មិន​​ទាន់​ជ្រះថ្លាទេ។បេ។ ម្នាល​ភិក្ខុ​​ទាំងឡាយ​ អ្នក​ទាំងឡាយគប្បីសំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា ភិក្ខុ​បើទុកជា​សង្ឃ​បាន​សន្មត​ហើយ​ កាលបើព្រះអាទិត្យអស្តង្គត​ហើយ​ ទៅប្រដៅពួកភិក្ខុ​នី ត្រូវអាបត្តិ​បាចិត្តិយ។

[៤៤] ដែល​ហៅថា សង្ឃបាន​សន្មតនោះ​ គឺសង្ឃសន្មតដោយ​ញត្តិចតុត្ថកម្មវាចា។ ត្រង់​ពាក្យថា ព្រះអាទិត្យអស្តង្គត​ហើយ​ ​សេចក្តី​ថា ព្រះអាទិត្យលិចចុះ​ហើយ​។ ពួកស្រីដែល​​បាន​​ឧបសម្បទាក្នុង​ជំនុំសង្ឃពីរចំណែក ហៅថាភិក្ខុ​នី។ ពាក្យថា ប្រដៅ ​សេចក្តី​ថា ភិក្ខុ​ប្រដៅ​ភិក្ខុ​នី​ដោយ​​គរុធម៌៨ក្តី ដោយ​ធម៌ដទៃក្តី ត្រូវអាបត្តិបាចិត្តិយ។

[៤៥] ព្រះអាទិត្យអស្តង្គត​ហើយ​ ភិក្ខុ​សំគាល់​ថា អស្តង្គតមែន ​ហើយ​ទៅប្រដៅ (ភិក្ខុ​នី) ត្រូវអាបត្តិបាចិត្តិយ។ ព្រះអាទិត្យអស្តង្គត​ហើយ​ ភិក្ខុ​​មាន​សេចក្តី​សង្ស័យ ​ហើយ​ទៅប្រដៅ ត្រូវ​អាបត្តិបាចិត្តិយ។ ព្រះអាទិត្យអស្តង្គត​ហើយ​ ភិក្ខុ​សំគាល់​ថា​មិន​ទាន់អស្តង្គត ​ហើយ​ទៅប្រដៅ​ ត្រូវ​អាបត្តិបាចិត្តិយ។ ភិក្ខុ​ប្រដៅភិក្ខុ​នីដែល​ឧបសម្បទា​ហើយ​ក្នុង​ជំនុំសង្ឃ​មួយ​ចំណែក ត្រូវ​អាបត្តិ​​ទុក្កដ។ ព្រះអាទិត្យ​មិន​ទាន់អស្តង្គត ភិក្ខុ​សំគាល់​ថាអស្តង្គត​ហើយ​ ត្រូវអាបត្តិទុក្កដ។ ព្រះអាទិត្យ​មិន​ទាន់អស្តង្គត ភិក្ខុ​​មាន​សេចក្តី​សង្ស័យ ត្រូវ​អាបត្តិទុក្កដ។ ព្រះអាទិត្យ​មិន​ទាន់​អស្តង្គត ភិក្ខុ​សំគាល់​ថា​មិន​ទាន់អស្តង្គត ​មិន​ត្រូវ​អាបត្តិអ្វីឡើយ។

 [៤៦] អាបត្តិ​មិន​​មានដល់ភិក្ខុ​ដែល​សំដែងនូវបាលី​នៃ​គរុធម៌ប្រាំបី ដល់ភិក្ខុ​ដែល​សំដែង​នូវ​អដ្ឋកថា​នៃ​គរុធម៌ប្រាំបី ដល់ភិក្ខុ​ដែល​ភិក្ខុ​នីពោលថា លោកម្ចាស់​ចូរ​សូត្រទៅ ភិក្ខុ​ក៏សូត្រ ដល់ភិក្ខុ​ដែល​ភិក្ខុ​នីសួរប្រស្នា ​ហើយ​ឆ្លើយដោះ ដល់ភិក្ខុ​ដែល​សំដែងធម៌ឲ្យអ្នកដទៃស្តាប់ ​ហើយ​ភិក្ខុ​នី​ចូល​ស្តាប់ផង ដល់ភិក្ខុ​ប្រដៅធម៌ដល់សិក្ខមានា ឬដល់សាមណេរី ដល់ភិក្ខុ​​ឆ្កួត ដល់ភិក្ខុ​ដើមបញ្ញត្តិ។

សិក្ខាបទទី២ ចប់។

សិក្ខាបទទី៣

[៤៧] សម័យនោះ​ ព្រះសម្ពុទ្ធ​ដ៏​មានព្រះភាគ កាលគង់នៅ​និគ្រោធារាម ជិតក្រុង​កបិលពស្តុ ក្នុង​ដែន​ឈ្មោះសក្កៈ។ គ្រានោះ​ឯង ឆព្វគ្គិយភិក្ខុ​​ទាំងឡាយ ចូល​ទៅកាន់​លំនៅ​របស់​ភិក្ខុ​នី ​ហើយ​​ប្រដៅឆព្វគ្គិយភិក្ខុ​នី​ទាំងឡាយ។ ភិក្ខុ​នី​ទាំងឡាយបាន​និយាយ​បបួលឆព្វគ្គិយភិក្ខុ​នីយ៉ាងនេះថា ម្នាលនាង​ទាំងឡាយ ពួកនាងចូរ​មក យើងនឹងទៅ​ទទួល​ឱវាទ (ជា​មួយ​គ្នា​)។ ឆព្វគ្គិយភិក្ខុ​នី​និយាយ​ថា ម្នាលនាង​ទាំងឡាយ យើង​ទាំងឡាយនាំ​គ្នា​ទៅព្រោះហេតុ​​នៃ​ឱវាទ​ធ្វើអ្វី ដ្បិត​ឆព្វគ្គិយភិក្ខុ​​ជា​ម្ចាស់​​ទាំងឡាយមកប្រដៅពួកយើង​ក្នុង​លំនៅ​​នេះ​ហើយ​។ ភិក្ខុ​នី​ទាំងឡាយ​នាំ​គ្នា​ ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួក​ឆព្វគ្គិយភិក្ខុ​​មិន​គួរ​នឹងចូល​ដល់លំនៅ​​ភិក្ខុ​នី ​ហើយ​​ប្រដៅ​ភិក្ខុ​នី​ទាំងឡាយទេ។ លំដាប់​នោះ​ ភិក្ខុ​នីអម្បាលនោះ​ប្រាប់ដំណើរនុ៎ះ​ដល់ភិក្ខុ​​​ទាំងឡាយ។ ភិក្ខុ​​ទាំងឡាយណាជា​អ្នក​មាន​​សេចក្តី​ប្រាថ្នាតិច។បេ។ ភិក្ខុ​​ទាំងឡាយនោះ​ ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួក​ឆព្វគ្គិយភិក្ខុ​​មិន​គួរ​ចូល​ដល់លំនៅ​​របស់​ភិក្ខុ​នី ​ហើយ​​ប្រដៅ​ភិក្ខុ​នី។បេ។  ព្រះដ៏​មាន​ព្រះភាគ​​ត្រាស់ថា ម្នាលភិក្ខុ​​ទាំងឡាយ ឮថា អ្នក​ទាំងឡាយប្រដៅភិក្ខុ​នី​ទាំងឡាយចូល​​ដល់លំនៅ​ភិក្ខុ​នី ពិតមែនឬ។ ពួកឆព្វគ្គិយភិក្ខុ​ទូលថា សូមទ្រង់​មេត្តាប្រោស ពិតមែន។ ព្រះពុទ្ធ​ជា​ម្ចាស់​ដ៏​មាន​ព្រះ​ភាគ ទ្រង់តិះដៀលថា នែ​មោឃបុរស​ទាំងឡាយ ពួកអ្នកឯង​មិន​គួរ​នឹងទៅ​ប្រដៅ​ភិក្ខុ​នី​ទាំងឡាយ ចូល​ដល់លំនៅ​ភិក្ខុ​នីទេ នែ​មោឃបុរស​ទាំងឡាយ អំពើ​ដែល​​អ្នកឯងធ្វើ​នេះ ​មិន​នាំឲ្យ​ជ្រះថ្លា​ដល់​បុគ្គល​ដែល​​មិន​​ទាន់​ជ្រះថ្លាទេ។បេ។ ម្នាល​ភិក្ខុ​​ទាំងឡាយ​ អ្នក​ទាំងឡាយគប្បីសំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា ភិក្ខុ​ណាមួយ​ចូល​ដល់លំនៅ​​របស់​​ភិក្ខុ​នី ​ហើយ​ប្រដៅភិក្ខុ​នី​ទាំងឡាយ ត្រូវអាបត្តិ​បាចិត្តិយ។ ព្រះដ៏​មានព្រះភាគទ្រង់បញ្ញត្តសិក្ខាបទ​នេះ​ដល់ភិក្ខុ​​​ទាំងឡាយយ៉ាងនេះ។

[៤៨] សម័យនោះ​ឯង ព្រះមហាបជា​បតិគោតមីភិក្ខុ​នី​មានជម្ងឺ។ ភិក្ខុ​ជា​ថេរៈ​ទាំងឡាយ ចូល​ទៅកាន់លំនៅ​​ព្រះមហាបជា​បតិគោតមីភិក្ខុ​នី លុះចូល​ទៅដល់​ហើយ​ បាន​និយាយ​សួរ​​ព្រះមហាបជា​បតិគោតមីភិក្ខុ​នីយ៉ាងនេះថា ម្នាលព្រះនាងគោតមី សរីរយន្តព្រះនាង​ល្មម​អត់​ទ្រាំ​បាន​ដែរឬទេ ល្មមប្រព្រឹត្តទៅបាន​ស្រួល​ដែរឬទេ។ ​ព្រះមហាបជា​បតិគោតមី​ភិក្ខុ​នីតបថា លោក​ម្ចាស់​ សរីរយន្តខ្ញុំ​មិន​អាចអត់ទ្រាំបាន​ទេ ខ្ញុំ​មិន​អាចប្រព្រឹត្តទៅបាន​ស្រួលទេ បពិត្រលោកម្ចាស់​​​ទាំងឡាយ ណ្ហើយចុះ សូមពួកលោកម្ចាស់​សំដែងធម៌​ឲ្យទាន។ ភិក្ខុ​ទាំងនោះ​និយាយថា ម្នាល​នាង កិរិយាដែល​ភិក្ខុ​ចូល​មកកាន់លំនៅ​​របស់​ភិក្ខុ​នី ​ហើយ​សំដែងធម៌ដល់ភិក្ខុ​នី ​មិន​គួរឡើយ ​ហើយ​​មាន​សេចក្តី​សង្ស័យ (យ៉ាងនេះ) ក៏​មិន​ហ៊ាន​សំដែងធម៌ឡើយ។ គ្រានោះ​ ព្រះដ៏​មានព្រះភាគ ទ្រង់ស្លៀកស្បង់ ​ហើយ​ប្រដាប់​ដោយ​បាត្រ និងចីវរក្នុង​វេលាព្រឹក ​ហើយ​​ទ្រង់​ពុទ្ធដំណើរ​ទៅកាន់លំនៅ​​របស់​​ព្រះមហា​បជា​បតិ​គោតមី លុះដល់​​ហើយ​ ទ្រង់គង់លើ​អាសនៈ​ដែល​​​តែ​ងតាំងទុក។ ព្រះដ៏​មាន​ព្រះភាគ​​ទ្រង់គង់​ហើយ​ ទ្រង់ត្រាស់សួរ​ព្រះមហា​បជា​បតិគោតមី​យ៉ាងនេះថា ព្រះនាង​គោតមី សរីរយន្តព្រះនាងល្មម​អត់​ទ្រាំ​បាន​ដែរឬ ល្មមឲ្យ​ប្រព្រឹត្តទៅ​បាន​​ស្រួល​​ដែរឬ។ ​ព្រះនាងទូលតបថា បពិត្រព្រះអង្គដ៏ចំរើន កាលមុនភិក្ខុ​ជា​ថេរៈ​ទាំងឡាយ មក​សំដែង​ធម៌​ដល់ខ្ញុំព្រះអង្គ ហេតុ​នោះ​ ខ្ញុំព្រះអង្គ​មាន​សេចក្តី​សប្បាយ ក៏ឥឡូវនេះ ព្រះដ៏​មាន​ព្រះភាគទ្រង់ហាមឃាត់​ហើយ​ ព្រោះហេតុ​នោះ​ ភិក្ខុ​ជា​ថេរៈ​​ទាំងឡាយ​​មាន​សេចក្តី​ខ្លាច​ក្រែង ទើប​​មិន​ហ៊ានសំដែង ​សេចក្តី​​មិន​សប្បាយ​​មានដល់ខ្ញុំព្រះអង្គ ព្រោះហេតុ​នោះ​ឯង។ លំដាប់នោះ​ ព្រះដ៏​មានព្រះភាគទ្រង់ពន្យល់ព្រះមហាបជា​បតិគោតមីឲ្យឃើញ ឲ្យកាន់​យក ឲ្យអាចហ៊ាន ឲ្យរីករាយដោយ​ធម្មីកថា ​ហើយ​ទ្រង់ក្រោកចាកអាសនៈ​ចៀស​ចេញ​ទៅ។ ព្រោះនិទាននេះ ដំណើរនេះ ព្រះដ៏​មានព្រះភាគទ្រង់សំដែងធម្មីកថា ​ហើយ​ទ្រង់ហៅភិក្ខុ​​ទាំងឡាយមកត្រាស់​ថា ម្នាលភិក្ខុ​​ទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុ​ចូល​ដល់លំនៅ​របស់​ភិក្ខុ​នី ​ហើយ​ប្រដៅភិក្ខុ​នី​ដែល​​​មាន​ជម្ងឺ​បាន​ ម្នាលភិក្ខុ​​ទាំងឡាយ អ្នក​ទាំងឡាយ​គប្បីសំដែងឡើង​នូវសិក្ខាបទ​នេះយ៉ាងនេះថា ភិក្ខុ​ណាមួយចូល​ដល់លំនៅ​របស់​ភិក្ខុ​នី ​ហើយ​ប្រដៅពួកភិក្ខុ​នី ត្រូវអាបត្តិបាចិត្តិយ វៀរលែង​​តែ​​​មាន​សម័យ ឯសម័យ​ក្នុង​សិក្ខាបទនេះ គឺភិក្ខុ​នី​មានជម្ងឺ នេះជា​សម័យ​ក្នុង​សិក្ខាបទនោះ​។

[៤៩] ត្រង់ពាក្យថា ភិក្ខុ​ណាមួយ ​មាន​សេចក្តី​ដូច​គ្នា​​ក្នុង​សិក្ខាបទ​ទី១​​នៃ​បារាជិកកណ្ឌ។ ភិក្ខុ​នី​ទាំងឡាយនៅ​ក្នុង​ទីណា សូម្បីអស់រាត្រី១ ទៅនោះ​ហៅថាទីនៅ​របស់​ភិក្ខុ​នី។ ពាក្យ​ថា ចូល​ដល់ គឺទៅក្នុង​ទីនោះ​។ ពួកស្រីដែល​បាន​ឧបសម្បទាក្នុង​សង្ឃពីរចំណែក ហៅថា​ភិក្ខុ​នី។ ពាក្យថា ប្រដៅ គឺភិក្ខុ​ប្រដៅដោយ​គរុធម៌៨ ត្រូវអាបត្តិអាចិត្តិយ។ ពាក្យថា វៀរលែង​តែ​​​មាន​សម័យ គឺលើក​លែង​តែ​​មានសម័យ។ ភិក្ខុ​នី​មិន​អាចទៅទទួលឱវាទ​ ឬទៅនៅ​​រួម​សង្ឃកម្ម​បាន​ ហៅថា​មានជម្ងឺ។

[៥០] ភិក្ខុ​សំគាល់​ភិក្ខុ​នីដែល​បាន​ឧបសម្បទា​ហើយ​ ថាបាន​ឧបសម្បទាមែន ​ហើយ​ចូល​​ទៅដល់លំនៅ​​របស់​ភិក្ខុ​នី​ ​ហើយ​ប្រដៅ ត្រូវអាបត្តិបាចិត្តិយ វៀរលែង​តែ​​មានសម័យ។ ភិក្ខុ​សង្ស័យក្នុង​ភិក្ខុ​នីដែល​បាន​ឧបសម្បទា​ហើយ​ ចូល​ទៅដល់លំនៅ​របស់​​ភិក្ខុ​នី ​ហើយ​ប្រដៅ ត្រូវ​អាបត្តិបាចិត្តិយ វៀរលែង​តែ​​មានសម័យ។ ភិក្ខុ​នីឧបសម្បទា​ហើយ​ ភិក្ខុ​សំគាល់​ថា ​មិន​ទាន់បាន​​ឧបសម្បទាទេ ​ហើយ​ចូល​ទៅដល់​លំនៅ​​របស់​ភិក្ខុ​នី ​ហើយ​ប្រដៅ ត្រូវអាបត្តិបាចិត្តិយ វៀរលែង​តែ​​មានសម័យ។ ភិក្ខុ​ប្រដៅភិក្ខុ​នីដោយ​ធម៌ដទៃ (ក្រៅពី​គរុធម៌)  ត្រូវអាបត្តិទុក្កដ។ ភិក្ខុ​ប្រដៅភិក្ខុ​នីដែល​បាន​ឧបសម្បទាក្នុង​សង្ឃ​តែ​មួយចំណែក ត្រូវ​អាបត្តិទុក្កដ។ ភិក្ខុ​សំគាល់​ក្នុង​ស្រី​មិន​ទាន់បាន​ឧបសម្បទា ថាបាន​ឧបសម្បទា​ហើយ​ ត្រូវ​អាបត្តិទុក្កដ។ ភិក្ខុ​សង្ស័យក្នុង​ស្រីដែល​​មិន​ទាន់បាន​ឧបសម្បទា ត្រូវ​អាបត្តិទុក្កដ។ ភិក្ខុ​សំគាល់​ក្នុង​ស្រីដែល​​មិន​ទាន់បាន​ឧបសម្បទា ថា​មិន​ទាន់ឧបសម្បទាមែន ​មិន​ត្រូវ​អាបត្តិអ្វីឡើយ។

 [៥១] អាបត្តិ​មិន​​មានដល់ភិក្ខុ​ដែល​ប្រដៅភិក្ខុ​នីក្នុង​សម័យ ដល់ភិក្ខុ​​ដែល​សំដែង​បាឡី​នៃ​គរុធម៌ប្រាំបី ដល់ភិក្ខុ​ដែល​សំដែង​​អដ្ឋកថា​នៃ​គរុធម៌ប្រាំបី ដល់ភិក្ខុ​ដែល​ភិក្ខុ​នីពោលថា លោកម្ចាស់​ចូរ​សូត្រទៅ ភិក្ខុ​ក៏សូត្រ ដល់ភិក្ខុ​ដែល​ភិក្ខុ​នីសួរប្រស្នា ​ហើយ​ឆ្លើយដោះ ដល់​ភិក្ខុ​ដែល​សំដែងធម៌ដើម្បីអ្នកដទៃ ​ហើយ​ភិក្ខុ​នី​ចូល​ស្តាប់ផង ដល់ភិក្ខុ​ដែល​ប្រដៅ​ធម៌ដល់​សិក្ខមានា ឬដល់សាមណេរី ដល់ភិក្ខុ​​ឆ្កួត ដល់ភិក្ខុ​ដើមបញ្ញត្តិ។

សិក្ខាបទទី៣ ចប់។

សិក្ខាបទទី៤

[៥២] សម័យនោះ​ ព្រះសម្ពុទ្ធដ៏​មានព្រះភាគ គង់នៅ​វត្តជេតវន របស់​អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ គ្រានោះ​ឯង ភិក្ខុ​ជា​ថេរៈ​ទាំងឡាយប្រដៅពួកភិក្ខុ​នី ​តែ​ងបាន​នូវចីវរ បិណ្ឌបាត សេនាសនៈ និងភេសជ្ជបរិក្ខារជា​បច្ច័យដល់មនុស្សឈឺ។ ពួកឆព្វគ្គិយភិក្ខុ​ និយាយ​គ្នា​យ៉ាងនេះថា ភិក្ខុ​ជា​ថេរៈ​ទាំងឡាយ ​មិន​សូវយក​ចិត្តទុកដាក់នឹង​ប្រៀនប្រដៅ​ពួកភិក្ខុ​នីឡើយ ភិក្ខុ​ជា​ថេរៈ​ទាំងឡាយ​ប្រដៅពួកភិក្ខុ​នី ព្រោះហេតុ​​តែ​អាមិស។ ភិក្ខុ​​ទាំងឡាយ​ណាជា​អ្នក​​មាន​សេចក្តី​​ប្រាថ្នាតិច។បេ។ ភិក្ខុ​​ទាំងឡាយនោះ​ពោលទោស តិះដៀល បន្តុះបង្អាប់ថា ថ្វី​ឡើយ ពួក​ឆព្វគ្គិយ​ភិក្ខុ​មកនិយាយយ៉ាងនេះថា ភិក្ខុ​ជា​ថេរៈ​ទាំងឡាយ ​មិន​សូវយក​ចិត្ត​ទុកដាក់នឹង​ប្រដៅពួកភិក្ខុ​នីឡើយ ភិក្ខុ​ជា​ថេរៈ​ទាំងឡាយ​ប្រដៅពួកភិក្ខុ​នី ព្រោះហេតុ​​តែ​អាមិស។បេ។ ព្រះដ៏​មានព្រះភាគ​ត្រាស់សួរថា ម្នាល​ភិក្ខុ​​ទាំងឡាយ ឮថាអ្នក​ទាំងឡាយនិយាយ​គ្នា​យ៉ាងនេះថា ភិក្ខុ​ជា​ថេរៈ​ទាំងឡាយ​មិន​សូវយក​ចិត្តទុកដាក់នឹងប្រៀនប្រដៅពួកភិក្ខុ​នីប៉ុន្មានទេ ភិក្ខុ​ជា​ថេរៈ​ទាំងឡាយ​ប្រដៅពួកភិក្ខុ​នី ព្រោះ​ហេតុ​​តែ​អាមិស ពិតមែនឬ។ ពួកឆព្វគ្គិយភិក្ខុ​ទូលថា សូមទ្រង់មេត្តាប្រោស ពិតមែន។ ព្រះពុទ្ធជា​ម្ចាស់​ដ៏​មានព្រះភាគទ្រង់តិះដៀលថា នែ​​មោឃបុរស​​ទាំងឡាយ ក៏ថ្វីឡើយ ពួកអ្នកឯង​មកពោលយ៉ាងនេះថា ភិក្ខុ​ជា​ថេរៈ​​ទាំងឡាយ​​មិន​សូវ​យក​ចិត្ត​ទុក​ដាក់​នឹងប្រៀនប្រដៅពួកភិក្ខុ​នីឡើយ ភិក្ខុ​ជា​ថេរៈ​ទាំងឡាយ​ប្រដៅពួកភិក្ខុ​នី ព្រោះហេតុ​​តែ​អាមិស នែ​មោឃបុរស​ទាំងឡាយ អំពើ​ដែល​អ្នកឯងធ្វើនេះ ​មិន​មែននាំ​ឲ្យ​ជ្រះថ្លា​ដល់​បុគ្គល​ទាំងឡាយ​ដែល​​មិន​ទាន់ជ្រះថ្លាទេ។បេ។ ម្នាលភិក្ខុ​​ទាំងឡាយ អ្នក​ទាំងឡាយគប្បី​សំដែង​ឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុ​ណាមួយពោលយ៉ាងនេះថា ភិក្ខុ​​ទាំងឡាយ ប្រដៅពួកភិក្ខុ​នី ព្រោះហេតុ​​តែ​អាមិស ត្រូវអាបត្តិបាចិត្តិយ។

[៥៣] ត្រង់ពាក្យថា ភិក្ខុ​ណាមួយ ​មាន​សេចក្តី​ដូច​គ្នា​ក្នុង​សិក្ខាបទទី១​នៃ​បារាជិកកណ្ឌ។ ពាក្យថា ព្រោះហេតុ​​តែ​អាមិស ​សេចក្តី​ថា ព្រោះហេតុ​​តែ​ចីវរ បិណ្ឌបាត សេនាសនៈ ភេសជ្ជបរិក្ខារជា​បច្ច័យដល់​មនុស្សឈឺ គ្រឿងសក្ការៈ ​សេចក្តី​គោរព ​សេចក្តី​រាប់អាន កិរិយាថ្វាយបង្គំ និងកិរិយាបូជា​។

[៥៤] ពាក្យថា ពោលយ៉ាងនេះ ​សេចក្តី​ថា ភិក្ខុ​ណាប្រាថ្នាដើម្បីនឹងធ្វើនូវពាក្យដំនៀល ប្រាថ្នាដើម្បីនឹងធ្វើបង្អាប់​យស ប្រាថ្នាដើម្បីនឹងធ្វើនូវ​សេចក្តី​បង្អាប់បង្អោន ចំពោះ​ឧបសម្បន្ន​​ដែល​​សង្ឃសន្មត ឲ្យជា​អ្នកប្រដៅភិក្ខុ​នី ​ហើយ​ពោលយ៉ាងនេះ គឺនិយាយថា ភិក្ខុ​ប្រដៅភិក្ខុ​នី​ ព្រោះ​ហេតុ​​តែ​ចីវរ បិណ្ឌបាត សេនាសនៈ ភេសជ្ជបរិក្ខារ ជា​បច្ច័យ​ដល់​មនុស្សឈឺ គ្រឿងសក្ការៈ ​សេចក្តី​​គោរព ​សេចក្តី​រាប់អាន កិរិយាថ្វាយបង្គំ និងកិរិយាបូជា​ (ភិក្ខុ​នោះ​) ត្រូវអាបត្តិបាចិត្តិយ។

[៥៥] កម្មជា​ធម៌ ភិក្ខុ​សំគាល់​ថាកម្មជា​ធម៌មែន ​ហើយ​ពោលយ៉ាងនេះ ត្រូវអាបត្តិ​បាចិត្តិយ។ កម្មជា​ធម៌ ភិក្ខុ​សង្ស័យ ​ហើយ​ពោលយ៉ាងនេះ ត្រូវអាបត្តិបា​ចិត្តយ។ កម្ម​ជា​ធម៌ ភិក្ខុ​សំគាល់​​ថា​កម្ម​​មិន​មែនជា​ធម៌វិញ ​ហើយ​ពោលយ៉ាងនេះ ត្រូវអាបត្តិបាចិត្តិយ។

[៥៦] ភិក្ខុ​ណាប្រាថ្នាដើម្បីធ្វើនូវពាក្យដំនៀល ប្រាថ្នាដើម្បីធ្វើបង្អាប់យស ប្រាថ្នា​ដើម្បីធ្វើនូវ​សេចក្តី​បង្អាប់បង្អោនចំពោះ​ឧបសម្បន្នដែល​សង្ឃ​មិន​បាន​សន្មតឲ្យជា​អ្នក​ប្រដៅ​ភិក្ខុ​នី ​ហើយ​ពោលយ៉ាងនេះ គឺនិយាយថា ភិក្ខុ​ប្រដៅភិក្ខុ​នី ព្រោះហេតុ​​តែ​ចីវរ បិណ្ឌបាត សេនាសនៈ ភេសជ្ជបរិក្ខារជា​បច្ច័យដល់មនុស្សឈឺ គ្រឿងសក្ការៈ ​សេចក្តី​គោរព ​សេចក្តី​រាប់អាន កិរិយាថ្វាយ​បង្គំ និងកិរិយាបូជា​ (ភិក្ខុ​នោះ​) ត្រូវអាបត្តិទុក្កដ។

[៥៧] ភិក្ខុ​ណា ប្រាថ្នាដើម្បីធ្វើនូវពាក្យដំនៀល ប្រាថ្នាដើម្បីធ្វើបង្អាប់យស ប្រាថ្នាដើម្បី​ធ្វើនូវ​សេចក្តី​បង្អាប់បង្អោន​  ចំពោះ​អនុបសម្បន្នបុគ្គល ដែល​សង្ឃសន្មតក្តី ​មិន​បាន​សន្មត​ក្តី ឲ្យជា​អ្នក​ប្រដៅ​ភិក្ខុ​នី ​ហើយ​ពោលយ៉ាងនេះ គឺពោលថា ភិក្ខុ​ប្រដៅភិក្ខុ​នី ព្រោះហេតុ​​តែ​ចីវរ បិណ្ឌបាត សេនាសនៈ ភេសជ្ជបរិក្ខារជា​បច្ច័យដល់មនុស្សឈឺ គ្រឿងសក្ការៈ ​សេចក្តី​គោរព ​សេចក្តី​រាប់អាន កិរិយាថ្វាយ​បង្គំ និងកិរិយាបូជា​ (ភិក្ខុ​នោះ​) ត្រូវអាបត្តិទុក្កដ។

[៥៨] កម្ម​មិន​មែនជា​ធម៌ ភិក្ខុ​សំគាល់​ថាកម្មជា​ធម៌ ត្រូវអាបត្តិទុក្កដ។ កម្ម​មិន​មែនជា​ធម៌ ភិក្ខុ​សង្ស័យ ត្រូវអាបត្តិទុក្កដ។ កម្ម​មិន​មែនជា​ធម៌ ភិក្ខុ​សំគាល់​ថាកម្ម​មិន​មែនជា​ធម៌ ត្រូវ​អាបត្តិ​ទុក្កដ។

[៥៩] អាបត្តិ​មិន​​មានដល់ភិក្ខុ​​ដែល​ពោល​ចំពោះ​ភិក្ខុ​ផង​គ្នា​ដែល​ជា​អ្នកប្រដៅភិក្ខុ​នី ព្រោះ​ហេតុ​​​តែ​ចីវរ បិណ្ឌបាត សេនាសនៈ ភេសជ្ជបរិក្ខារ ជា​បច្ច័យដល់មនុស្សឈឺ គ្រឿង​សក្ការៈ ​សេចក្តី​​គោរព ​សេចក្តី​រាប់អាន កិរិយាថ្វាយបង្គំ និងកិរិយាបូជា​ដោយ​ប្រក្រតី ដល់​ភិក្ខុ​ឆ្កួត ដល់​ភិក្ខុ​ដើម​បញ្ញត្តិ។

សិក្ខាបទទី៤ ចប់។

សិក្ខាបទទី៥

[៦០] សម័យនោះ​ ព្រះពុទ្ធដ៏​មានព្រះភាគ កាលគង់នៅ​វត្តជេតវន របស់​អនាថ​បិណ្ឌិក​សេដ្ឋី ជិតក្រុងសាវត្ថី។ គ្រានោះ​ឯង ភិក្ខុ​មួយរូបត្រាច់ទៅបិណ្ឌបាតតាមផ្លូវ ឬច្រកមួយ ក្នុង​ក្រុងសាវត្ថី។ ​មានភិក្ខុ​នីមួយរូបទៀតក៏ត្រាច់ទៅបិណ្ឌបាតតាមផ្លូវ ឬច្រកនោះ​ដែរ។ ទើប​ភិក្ខុ​នោះ​និយាយ​នឹង​ភិក្ខុ​នីនោះ​យ៉ាងនេះថា ម្នាលនាង នាងចូរ​ទៅក្នុង​ឱកាសឯណោះ គេ​ប្រគេ​នភិក្ខា។ ឯភិក្ខុ​នីនោះ​​ ក៏និយាយយ៉ាងនេះថា បពិត្រលោកម្ចាស់​ លោកម្ចាស់​ចូរ​ទៅក្នុង​ឱកាសឯណោះ​ចុះ គេ​ប្រគេ​ន​ចង្ហាន់។ ភិក្ខុ​ និងភិក្ខុ​នីនោះ​បាន​ស្គាល់​គ្នា​ ព្រោះបាន​ឃើញ​គ្នា​ញឹកញយ។ គ្រានោះ​ឯង សង្ឃ​កំពុង​ចែកចីវរ​គ្នា​។ លំដាប់នោះ​ ភិក្ខុ​នីនោះ​កាលទៅទទួលឱវាទ ក៏ចូល​ទៅរកភិក្ខុ​នោះ​ លុះ​ចូល​​ទៅ​ដល់​​ហើយ​ ថ្វាយបង្គំភិក្ខុ​នោះ​​ហើយ​ បាន​ឋិតនៅ​ក្នុង​ទីដ៏សមគួរ។ ភិក្ខុ​នោះ​បាន​និយាយ​នឹង​ភិក្ខុ​នីដែល​ឋិតនៅ​​ក្នុង​ទីដ៏​សមគួរនោះ​យ៉ាងនេះថា ម្នាលនាង ចំណែក​ចីវរ​នេះរបស់​យើង នាង​នឹង​ត្រូវការដែរឬទេ។ ភិក្ខុ​នីនោះ​ឆ្លើយថា ករុណា​លោកម្ចាស់​ ខ្ញុំករុណា​មានចីវរចាស់​ហើយ​។ ភិក្ខុ​នោះ​ឲ្យចីវរ​ដល់ភិក្ខុ​នីនោះ​។ ចំណែក​ភិក្ខុ​នោះ​ជា​អ្នក​មានចីវរទុព្វលភាព។ ភិក្ខុ​​ទាំងឡាយបាន​​និយាយ​នឹងភិក្ខុ​នោះ​យ៉ាងនេះថា ម្នាលអាវុសោ អ្នកចូរ​ធ្វើចីវររបស់​អ្នក​ក្នុង​កាល​ឥឡូវ​នេះចុះ។ ភិក្ខុ​នោះ​ប្រាប់​សេចក្តី​នុ៎ះដល់ភិក្ខុ​​ទាំងឡាយ។ ភិក្ខុ​​ទាំងឡាយណាជា​អ្នក​​មាន​សេចក្តី​​ប្រាថ្នាតិច។បេ។ ភិក្ខុ​​ទាំងឡាយនោះ​ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុ​​មិន​សមគួរ​នឹង​ឲ្យ​ចីវរដល់ភិក្ខុ​នីទេ។បេ។ ព្រះដ៏​មានព្រះភាគ​ត្រាស់សួរថា ម្នាល​ភិក្ខុ​ ឮថា​អ្នកឯងបាន​ឲ្យចីវរដល់​ភិក្ខុ​នី ពិតមែនឬ។ ភិក្ខុ​នោះ​ក្រាបទូលតបថា សូមទ្រង់មេត្តាប្រោស ពិតមែន។ ព្រះដ៏​មាន​ព្រះភាគ​​ត្រាស់សួរថា ម្នាលភិក្ខុ​ ភិក្ខុ​នីនោះ​ជា​ញាតិរបស់​អ្នកឯង ឬ​មិន​មែនញាតិទេ។ ភិក្ខុ​នោះ​ទូលថា សូមទ្រង់​មេត្តាប្រោស ភិក្ខុ​នី​នោះ​​មិន​ជា​ញាតិទេ។ ព្រះដ៏​មានព្រះភាគត្រាស់ថា នែ​​មោឃបុរស ប្រុស​មិន​មែនជា​ញាតិ រមែង​មិន​ដឹងនូវ​កម្មដ៏សមគួរ ឬ​មិន​សមគួរ ល្អិតល្អ ឬ​មិន​​ល្អិតល្អរបស់​ស្រីដែល​​មិន​មែនជា​ញាតិទេ នែ​មោឃបុរស អ្នកឯង​មិន​គួរនឹងឲ្យចីវរដល់​ភិក្ខុ​នី​​មិន​មែន​ញាតិទេ នែ​មោឃបុរស អំពើ​ដែល​អ្នកឯងធ្វើនេះ ​មិន​មែននាំ​ឲ្យ​ជ្រះថ្លា​ដល់​ពួកបុគ្គល​ ​ដែល​​មិន​ទាន់ជ្រះថ្លាទេ។បេ។ ម្នាល​ភិក្ខុ​​ទាំងឡាយ អ្នក​ទាំងឡាយគប្បី​សំដែង​ឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុ​ណាមួយ​ឲ្យចីវរ​ដល់ភិក្ខុ​នីដែល​​មិន​មែនជា​ញាតិ ត្រូវអាបត្តិ​បាចិត្តិយ។ សិក្ខាបទនេះ ព្រះដ៏​មាន​ព្រះភាគ​​ទ្រង់​បញ្ញត្ត​​ហើយ​ដល់ភិក្ខុ​​ទាំងឡាយយ៉ាងនេះ។

[៦១] សម័យនោះ​ឯង ភិក្ខុ​​ទាំងឡាយសង្ស័យ ​មិន​ហ៊ានផ្លាស់ប្តូរចីវរនឹងភិក្ខុ​នី​ទាំងឡាយ។ ពួក​ភិក្ខុ​នីនាំ​គ្នា​ពោលទោស តិះដៀល បន្តុះបង្អាប់ថា លោកម្ចាស់​​ទាំងឡាយ​មិន​សមបីនឹង​​មិន​ហ៊ាន​ផ្លាស់ប្តូរចីវរនឹងពួកយើងសោះ។ ភិក្ខុ​​ទាំងឡាយ បាន​ឮពួកភិក្ខុ​នី​នោះ​ពោល​ទោស តិះដៀល បន្តុះបង្អាប់​ហើយ​។ ភិក្ខុ​ទាំងនោះ​នាំ​គ្នា​ក្រាបទូល​សេចក្តី​នុ៎ះចំពោះព្រះដ៏​​មាន​ព្រះភាគ។ ព្រោះនិទាននេះ ដំណើរនេះ ព្រះដ៏​មានព្រះភាគ ទ្រង់ធ្វើនូវធម្មីកថា ​ហើយ​ទ្រង់ហៅភិក្ខុ​ទាំង​ឡាយមកត្រាស់ថា ម្នាលភិក្ខុ​​ទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុ​ផ្លាស់​ប្តូរចីវរ​នឹងសហធម្មិកទាំង​៥ គឺ ភិក្ខុ​១ ភិក្ខុ​នី១ សិក្ខមានា១ សាមណេរ១ សាមណេរី១ ម្នាលភិក្ខុ​​ទាំងឡាយ តថាគត​អនុញ្ញាត​ឲ្យភិក្ខុ​ផ្លាស់ប្តូរចីវរនឹងសហធម្មិកទាំង៥ នេះបាន​ ម្នាលភិក្ខុ​​ទាំងឡាយ អ្នក​ទាំងឡាយ​គប្បី​សំដែង​ឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុ​ណាមួយ​ឲ្យចីវរ​ដល់ភិក្ខុ​នី​​មិន​មែនជា​ញាតិ ត្រូវអាបត្តិ​បាចិត្តិយ វៀរ​តែ​ផ្លាស់ប្តូរ​គ្នា​។

[៦២] ត្រង់ពាក្យថា ភិក្ខុ​ណាមួយ ​មាន​សេចក្តី​ដូច​គ្នា​ក្នុង​សិក្ខាបទទី១​នៃ​បារាជិកកណ្ឌ។ ភិក្ខុ​នីដែល​​មិន​បាន​សម្ពន្ធជា​ប់វង្ស​គ្នា​មកអំពីចំណែកខាងមាតាក្តី អំពីចំណែកខាងបិតាក្តី ដរាប​អំពី​គូ​នៃ​ជីដូនជីតាជា​គំរប់៧ ហៅថា​មិន​មែនជា​ញាតិ។ ស្រីដែល​បាន​ឧបសម្បទា​ហើយ​ក្នុង​​សង្ឃ​ពីរចំណែក ហៅថា ភិក្ខុ​នី។ បណ្តាចីវរ៦យ៉ាង​ចីវរណាមួយ យ៉ាងតូច​បំផុត​ដ៏គួរដល់វិកប្បបាន​ ហៅថា ចីវរ។ ពាក្យថា វៀរលែង​តែ​ផ្លាស់ប្តូរ​គ្នា​ ​សេចក្តី​ថា ភិក្ខុ​ឲ្យ (ចីវរដល់ភិក្ខុ​នី​មិន​មែន​ញាតិ) ត្រូវអាបត្តិបាចិត្តិយ លើកលែង​តែ​ផ្លាស់ប្តូរ​គ្នា​។

[៦៣] ភិក្ខុ​នី​មិន​មែនញាតិ ភិក្ខុ​សំគាល់​ថា​មិន​មែនញាតិ ​ហើយ​ឲ្យចីវរ ត្រូវ​អាបត្តិ​បាចិត្តិយ វៀរលែង​តែ​ផ្លាស់ប្តូរ​គ្នា​។ ភិក្ខុ​នី​មិន​មែនជា​ញាតិ ភិក្ខុ​សង្ស័យ ​ហើយ​ឲ្យចីវរ ត្រូវ​អាបត្តិ​បាចិត្តិយ វៀរលែង​តែ​ផ្លាស់ប្តូរ​គ្នា​។ ភិក្ខុ​នី​មិន​មែនជា​ញាតិ ភិក្ខុ​សំគាល់​ថាជា​ញាតិ ​ហើយ​ឲ្យចីវរ ត្រូវ​អាបត្តិ​បាចិត្តិយ វៀរលែង​តែ​ផ្លាស់ប្តូរ​គ្នា​។ ភិក្ខុ​ឲ្យចីវរ​ដល់ភិក្ខុ​នីដែល​បាន​ឧបសម្បទា​អំពី​សង្ឃ​មួយចំណែក ត្រូវអាបត្តិទុក្កដ វៀរលែង​តែ​ផ្លាស់ប្តូរ​គ្នា​។ ភិក្ខុ​នីជា​ញាតិ ភិក្ខុ​សំគាល់​ថា​​មិន​មែន​ញាតិ ត្រូវ​អាបត្តិទុក្កដ។ ភិក្ខុ​នីជា​ញាតិ ភិក្ខុ​សង្ស័យ ត្រូវ​អាបត្តិទុក្កដ។ ភិក្ខុ​នីជា​ញាតិ ភិក្ខុ​សំគាល់​ថាជា​ញាតិ ​មិន​ត្រូវ​អាបត្តិអ្វីឡើយ។

 [៦៤] អាបត្តិ​មិន​​មានដល់ភិក្ខុ​​ដែល​ឲ្យចីវរដល់ភិក្ខុ​នីជា​ញាតិ ដល់ភិក្ខុ​ដែល​ផ្លាស់​ប្តូរចីវរ​​គ្នា​ ដល់ភិក្ខុ​ដែល​ប្តូរយកចីវរ​មានដំឡៃ​ច្រើន ដោយ​ចីវរ​មានដំឡៃតិច ឬចីវរ​មានដំឡៃតិច​ដោយ​​​ចីវរ​​មាន​ដំឡៃ​ច្រើន ដល់ភិក្ខុ​ដែល​ភិក្ខុ​នី​កាន់យកចីវរ​របស់​​ខ្លួន ​ដោយ​​សេចក្តី​​ស្និទ្ធស្នាល ដល់ភិក្ខុ​ដែល​ភិក្ខុ​នីកាន់យកចីវរជា​របស់​ខ្ចី​គ្នា​ ដល់ភិក្ខុ​​ដែល​​ឲ្យ​បរិក្ខារដទៃ ​វៀរ​លែង​​តែ​ចីវរ ដល់ភិក្ខុ​ដែល​ឲ្យចីវរដល់សិក្ខមានា ឬដល់សាមណេរី ដល់ភិក្ខុ​ឆ្កួត ដល់​ភិក្ខុ​ដើម​បញ្ញត្តិ។

សិក្ខាបទទី៥ ចប់។

សិក្ខាបទទី៦

[៦៥] សម័យនោះ​ ព្រះពុទ្ធដ៏​មានព្រះភាគ កាលគង់នៅ​វត្តជេតវន របស់​​អនាថបិណ្ឌិក​សេដ្ឋី ជិតក្រុងសាវត្ថី។ គ្រានោះ​ឯង ឧទាយិដ៏​មានអាយុ​ ជា​អ្នកប្រសប់ធ្វើចីវរកម្ម។ ​មាន​ភិក្ខុ​នី១រូប ​ចូល​ទៅកាន់ទីដែល​​ឧទាយិ​ដ៏​មានអាយុ​នៅ​ លុះចូល​ទៅដល់​ហើយ​ បាន​និយាយ​នឹង​ឧទាយិ​ដ៏​​មានអាយុយ៉ាងនេះថា បពិត្រលោកម្ចាស់​ដ៏ចំរើន សូមលោកម្ចាស់​ដេរចីវរឲ្យខ្ញុំផង។ គ្រានោះ​ ឧទាយិដ៏​មានអាយុក៏ដេរចីវរ ​ហើយ​ធ្វើកិច្ចជ្រលក់ គក់ បោកដ៏ល្អ រួចធ្វើរូបគំនូរ [អដ្ឋកថា ថា គូរូបភាពបុរសស្រ្តី ធ្វើសណ្ឋវៈ​គ្នា​ ​មាន​ឧបាយ​លាយ​ដោយ​វត្ថុពណ៌ផ្សេងៗតាមគំនិតរបស់​​ខ្លួន ត្រង់​កណ្តាលចីវរ។] ត្រង់​កណ្តាល​ចីវរ ស្រេច​ហើយ​ បត់ទុកឲ្យភិក្ខុ​នីនោះ​។ គ្រានោះ​ ភិក្ខុ​នីនោះ​ទៅកាន់​លំនៅ​​ឧទាយិដ៏​មានអាយុ លុះទៅដល់​ហើយ​ បាន​និយាយនឹង​ឧទាយិដ៏​មាន​អាយុយ៉ាង​នេះថា បពិត្រលោកម្ចាស់​ ចីវររបស់​លោកម្ចាស់​នោះ​ ដូចម្តេចទៅ។ ឧទាយិឆ្លើយថា ម្នាលប្អូនស្រី ហ៏ នាង​ចូរ​នាំយក​ចីវរនេះទៅទាំងផ្នត់​ហើយ​ទុក កាលណាភិក្ខុ​នីសង្ឃ​មកទទួល​ឱវាទ ចូរ​ដណ្តប់​ចីវរ​នេះ​ដើរ​ទៅតាមក្រោយៗភិក្ខុ​នីសង្ឃក្នុង​កាលណោះ។ លំដាប់នោះ​ ភិក្ខុ​នីនោះ​នាំយកចីវរនោះ​​ទៅ​ទាំង​ផ្នត់​​ហើយ​ទុក កាលណាភិក្ខុ​នីសង្ឃមកទទួលឱវាទ នាង​ក៏ដណ្តប់​ចីវរនោះ​​ដើរ​ទៅ​តាម​ក្រោយៗ​ភិក្ខុ​នីសង្ឃក្នុង​កាលណោះ។ មនុស្ស​ទាំងឡាយ​ពោល​ទោស តិះដៀល បន្តុះ​បង្អាប់ថា ភិក្ខុ​នីអម្បាលនេះជា​ស្រីគ្មាន​កោតញញើត ជា​ស្រីអ្នក​លេង គ្មាន​អៀន​ខ្មាស ​មិន​សមបើនឹងគូរ​គំនូរក្នុង​ចីវរសោះ។ ភិក្ខុ​នី​ទាំងឡាយបាន​និយាយសួរ​គ្នា​យ៉ាងនេះ​ថា នេះជា​ការងាររបស់​​អ្នក​ណា។ ភិក្ខុ​នី​ទាំងឡាយឆ្លើយថា នេះជា​ការងាររបស់​លោកម្ចាស់​​​ឧទាយិ។ ពួកភិក្ខុ​នីនិយាយ​​គ្នា​ថា ជន​ទាំងឡាយណាជា​អ្នកគ្មាន​សេចក្តី​កោត​ញញើត ជា​អ្នកលេង ជា​អ្នកគ្មាន​សេចក្តី​អៀនខ្មាស កម្ម​មានសភាពយ៉ាងនេះ ក៏គង់​​មិន​ល្អដល់ជន​ទាំងឡាយនោះ​ នឹងពោល​ទៅថ្វីដល់​លោកម្ចាស់​​ឧទាយិ។ ពួកភិក្ខុ​នីនោះ​នាំ​គ្នា​ប្រាប់​សេចក្តី​នុ៎ះ​ដល់ភិក្ខុ​​​ទាំងឡាយ។ ភិក្ខុ​​ទាំងឡាយណាជា​អ្នក​​មាន​សេចក្តី​​ប្រាថ្នាតិច។បេ។ ភិក្ខុ​​ទាំងឡាយនោះ​ពោលទោស តិះដៀល បន្តុះបង្អាប់ថា ឧទាយិដ៏​មានអាយុ ​មិន​គួរនឹង​ដេរចីវរ​ដល់ភិក្ខុ​នីសោះ។បេ។ ព្រះដ៏​មានព្រះភាគ​ត្រាស់សួរថា ម្នាលឧទាយិ ឮថា​អ្នក​ឯងដេរចីវរឲ្យ​ភិក្ខុ​នី ពិតមែនឬ។ ឧទាយិភិក្ខុ​ទូលថា សូមទ្រង់មេត្តាប្រោស ពិតមែន។ ព្រះដ៏​មាន​ព្រះភាគ​​ត្រាស់សួរថា នែ​ឧទាយិ ភិក្ខុ​នីនោះ​ជា​ញាតិរបស់​អ្នកឯង ឬ​មិន​មែនជា​​ញាតិទេ។ ឧទាយិភិក្ខុ​ទូលថា សូមទ្រង់​មេត្តាប្រោស ​មិន​មែនជា​ញាតិទេ។ ព្រះដ៏​មាន​ព្រះភាគ​ត្រាស់ថា នែ​​មោឃបុរស ប្រុសដែល​​មិន​មែនជា​ញាតិ រមែង​មិន​ស្គាល់​កម្មដ៏​សមគួរ​ក្តី ​មិន​សមគួរក្តី កម្មជា​​ទីជ្រះថ្លាក្តី ​មិន​ជា​ទីជ្រះថ្លាក្តី របស់​ស្ត្រីដែល​​មិន​មែនជា​ញាតិទេ នែ​មោឃបុរស អ្នកឯង​មិន​សមគួរនឹង​ដេរចីវរឲ្យ​ភិក្ខុ​នី​​មិន​មែន​ញាតិទេ នែ​មោឃបុរស អំពើ​ដែល​អ្នកឯងធ្វើនេះ ​មិន​នាំ​ឲ្យ​ជ្រះថ្លា​ដល់​បុគ្គល​ដែល​​មិន​ទាន់ជ្រះថ្លាទេ។បេ។ ម្នាលភិក្ខុ​​ទាំងឡាយ អ្នក​ទាំងឡាយគប្បី​សំដែង​ឡើងនូវសិក្ខាបទ​នេះយ៉ាង​នេះថា ភិក្ខុ​ណាមួយ ដេរឯង ឬប្រើគេ​ឲ្យដេរនូវចីវរឲ្យភិក្ខុ​នី​មិន​មែនញាតិ (ភិក្ខុ​នោះ​) ត្រូវអាបត្តិ​បាចិត្តិយ។

[៦៦] ត្រង់ពាក្យថា ភិក្ខុ​ណាមួយ ​មាន​សេចក្តី​ដូច​គ្នា​ក្នុង​សិក្ខាបទទី១​នៃ​បារាជិកកណ្ឌ។ ភិក្ខុ​នីដែល​​មិន​បាន​ជា​ប់តវង្ស​គ្នា​មកអំពីចំណែកខាងមាតាក្តី អំពីចំណែកខាងបិតាក្តី ដរាប​អំពី​គូ​នៃ​ជីដូនជីតាជា​គំរប់៧ ហៅថា​មិន​មែនញាតិ។ ស្រីដែល​បាន​ឧបសម្បទា​ហើយ​ក្នុង​​សង្ឃ​ពីរ​ចំណែក ហៅថា ភិក្ខុ​នី។ បណ្តាចីវរ៦យ៉ាង​ ចីវរណាមួយ យ៉ាងតូច​បំផុត​ល្មម​វិកប្បបាន​ ហៅថា ចីវរ។ ពាក្យថា ដេរឯង គឺភិក្ខុ​ដេរដោយ​ខ្លួនឯង ត្រូវអាបត្តិ​បាចិត្តិយ​រាល់ៗផ្លូវម្ជុល។ ពាក្យថា ប្រើគេ​ឲ្យដេរ គឺភិក្ខុ​បង្គាប់​អ្នកដទៃ​ឲ្យដេរ ត្រូវអាបត្តិបាចិត្តិយ។ ភិក្ខុ​បង្គាប់​តែ​ម្តង អ្នកទទួល​បង្គាប់​ ដេរច្រើន​ដង ត្រូវអាបត្តិ​បាចិត្តិយ (​តែ​មួយ)។

[៦៧] ភិក្ខុ​នី​មិន​មែនញាតិ ភិក្ខុ​សំគាល់​ថា​មិន​មែនញាតិមែន ​ហើយ​​ដេរឯងក្តី ប្រើគេ​​ឲ្យដេរ​ក្តីនូវចីវរ ត្រូវ​អាបត្តិ​បាចិត្តិយ។ ភិក្ខុ​នី​មិន​មែនញាតិ ភិក្ខុ​​មាន​សេចក្តី​សង្ស័យ ​ហើយ​ដេរឯងក្តី ប្រើគេ​​ឲ្យដេរ​ក្តីនូវចីវរ ត្រូវ​អាបត្តិ​បាចិត្តិយ។ ភិក្ខុ​នី​មិន​មែនញាតិ ភិក្ខុ​សំគាល់​ថាជា​ញាតិ ​ហើយ​ដេរឯងក្តី ប្រើគេ​​ឲ្យដេរ​ក្តីនូវចីវរ ត្រូវ​អាបត្តិ​បាចិត្តិយ។ ភិក្ខុ​ដេរឯងក្តី ប្រើគេ​​ឲ្យដេរ​ក្តីនូវចីវរ​ដើម្បីភិក្ខុ​នីដែល​បាន​ឧបសម្បទា​អំពី​សង្ឃ​តែ​​មួយចំណែក ត្រូវអាបត្តិ​ទុក្កដ។ ភិក្ខុ​នីជា​ញាតិ ភិក្ខុ​សំគាល់​ថា​​មិន​មែន​ញាតិ ត្រូវ​អាបត្តិទុក្កដ។ ភិក្ខុ​នីជា​ញាតិ ភិក្ខុ​​មាន​សេចក្តី​​សង្ស័យ ត្រូវ​អាបត្តិទុក្កដ។ ភិក្ខុ​នីជា​ញាតិ ភិក្ខុ​សំគាល់​ថាជា​ញាតិមែន ​មិន​ត្រូវ​អាបត្តិអ្វីឡើយ។

[៦៨] អាបត្តិ​មិន​​មានដល់ភិក្ខុ​​ដែល​ដេរចីវរ​ដល់ភិក្ខុ​នីជា​ញាតិ ដល់ភិក្ខុ​ដែល​ដេរឯង ឬប្រើ​គេ​​​ឲ្យដេរនូវបរិក្ខារ​ដទៃ​ក្រៅពីចីវរ (ឲ្យភិក្ខុ​នី) ឲ្យ​សិក្ខមានា ឬឲ្យ​សាមណេរី ដល់ភិក្ខុ​ឆ្កួត ដល់​ភិក្ខុ​ដើម​បញ្ញត្តិ។

សិក្ខាបទទី៦ ចប់។

សិក្ខាបទទី៧

[៦៩] សម័យនោះ​ឯង ព្រះសព្វញ្ញូពុទ្ធដ៏​​មានជោគ កាលគង់នៅ​វត្តជេតវន របស់​​អនាថបិណ្ឌិក​សេដ្ឋី ទៀបក្រុង​សាវត្ថី។ សម័យនោះ​ឯង ឆព្វគ្គិយភិក្ខុ​​ទាំងឡាយ បបួលភិក្ខុ​នី​ដើរទៅកាន់​ផ្លូវឆ្ងាយមួយជា​មួយ​គ្នា​។ មនុស្ស​ទាំងឡាយពោលទោស តិះដៀល បន្តុះ​បង្អាប់ថា យើង​ទាំងឡាយ​មានប្តីប្រពន្ធ ដើរទៅយ៉ាងណា សមណៈ​ទាំងឡាយនេះ ជា​កូនចៅ​ព្រះពុទ្ធ ជា​សក្យបុត្រ ដើរទៅ​មួយអន្លើដោយ​ភិក្ខុ​នី​ទាំងឡាយ យ៉ាងនោះ​ឯង។ ភិក្ខុ​​​ទាំងឡាយបាន​ឮពាក្យ​មនុស្ស​ទាំងឡាយ​ពោលទោស តិះដៀល បន្តុះបង្អាប់​ហើយ​។ ភិក្ខុ​​ទាំងឡាយណា​​មាន​សេចក្តី​​ប្រាថ្នាតិច។បេ។ ភិក្ខុ​​ទាំងឡាយនោះ​ពោលទោស តិះដៀល បន្តុះបង្អាប់ថា ​មិន​សមបីបើ​ឆព្វគ្គិយ​ភិក្ខុ​​​ទាំងឡាយ បបួលភិក្ខុ​នី​ដើរទៅកាន់​ផ្លូវឆ្ងាយ​មួយ​ជា​​​មួយ​គ្នា​ទេ។បេ។ ព្រះអង្គ​ត្រាស់សួរថា ម្នាលភិក្ខុ​​ទាំងឡាយ ឮថាអ្នក​ទាំងឡាយ បបួល​ភិក្ខុ​នី​ដើរទៅកាន់ផ្លូវឆ្ងាយមួយជា​មួយ​គ្នា​ ពិត​មែនឬ។ ឆព្វគ្គិយភិក្ខុ​​ទាំងឡាយ​ក្រាបទូលថា បពិត្រព្រះដ៏​​មានព្រះភាគ ការនោះ​ពិតមែន។ ព្រះពុទ្ធជា​ម្ចាស់​​ដ៏​មានជោគ ទ្រង់តិះដៀល​ថា ម្នាល​មោឃបុរស​ទាំងឡាយ អ្នក​ទាំងឡាយ​​មិន​គួរ​នឹង​បបួលភិក្ខុ​នី​​ដើរទៅកាន់​ផ្លូវឆ្ងាយ​មួយជា​​មួយ​គ្នា​ទេ ម្នាលមោឃបុរស​ទាំងឡាយ ការនេះ ​មិន​​មែននាំ​ឲ្យ​ជ្រះថ្លា​ដល់​ជន​ដែល​​មិន​ទាន់ជ្រះថ្លាទេ។បេ។ ម្នាលភិក្ខុ​​ទាំងឡាយ អ្នក​ទាំងឡាយត្រូវ​សំដែង​ឡើងនូវសិក្ខាបទ​នេះយ៉ាង​នេះថា ភិក្ខុ​ណាមួយ បបួល​ភិក្ខុនី​ដើរទៅកាន់​ផ្លូវឆ្ងាយ​មួយជា​​មួយ​គ្នា​ ដោយ​ហោចទៅ​ សូម្បីកាន់ទីជា​លង្វែក​​នៃ​​ស្រុក១ (ភិក្ខុ​នោះ​) ត្រូវអាបត្តិ​បាចិត្តិយ។ សិក្ខាបទ​នេះ ព្រះដ៏​មានព្រះភាគ​បញ្ញត្ត​​ហើយ​ដល់ភិក្ខុ​​ទាំងឡាយ​យ៉ាង​នេះ។

[៧០] សម័យនោះ​ឯង ភិក្ខុ​ និងភិក្ខុ​នី​ទាំងឡាយច្រើនរូប ដើរទៅកាន់ផ្លូវ​ឆ្ងាយអំពី​ក្រុង​សាកេត ទៅកាន់​ក្រុងសាវត្ថី។ កាលនោះ​ ភិក្ខុនី​ទាំងឡាយនោះ​ ឃើញពួកភិក្ខុ​នោះ​​ហើយ​ បាន​ពោល​ពាក្យ​នេះថា យើង​ទាំងឡាយនឹង​ទៅជា​មួយ​នឹងលោកម្ចាស់​​ទាំងឡាយ។ ភិក្ខុ​​ទាំងនោះ​​ឆ្លើយថា ម្នាលនាង ការដែល​ភិក្ខុ​បបួលភិក្ខុ​នី​ដើរទៅ​កាន់ផ្លូវឆ្ងាយ​មួយជា​មួយ​គ្នា​ ​មិន​គួរទេ នាង​​ទាំងឡាយ​ទៅមុនឬ ៗយើង​ទាំងឡាយនឹងទៅមុន។ ភិក្ខុ​នីទាំងនោះ​ឆ្លើយថា បពិត្រលោកដ៏​ចំរើន លោកម្ចាស់​​ទាំងឡាយ​ជា​បុរស​ដ៏ប្រសើរ គួរ​តែ​​លោកម្ចាស់​​ទាំងឡាយ​និមន្តទៅមុន។ កាលភិក្ខុ​នី​ទាំងនោះ​ដើរ​ទៅជា​ខាងក្រោយ​នៃ​ភិក្ខុ​​ទាំងឡាយ​ដល់ពាក់​កណ្តាលផ្លូវ ចោរ​ទាំងឡាយ​ក៏​ដណ្តើម​យក (បាត្រ និងចីវរ) ផង ប្រទុស្តផង (កំហែង​ធ្វើសេវនកិច្ច) ក្នុង​កាលនោះ​ឯង។ ទើប​ភិក្ខុ​នី​ទាំងនោះ​​ទៅដល់ក្រុង​សាវត្ថី ក៏ប្រាប់​សេចក្តី​នុ៎ះ​ដល់ពួកភិក្ខុ​នី។ ពួកភិក្ខុ​នី​ប្រាប់​សេចក្តី​​នុ៎ះ​ដល់​ពួក​ភិក្ខុ​។ ពួកភិក្ខុ​ក្រាបទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះដ៏​មានព្រះភាគ។ ព្រោះនិទាន​នេះ ដំណើរនេះ ទើប​ព្រះដ៏​មាន​ព្រះភាគ​ជា​ម្ចាស់​ ទ្រង់ធ្វើ​ធម្មីកថា ហៅភិក្ខុ​​ទាំងឡាយមក ​ហើយ​​ត្រាស់ថា ម្នាល​ភិក្ខុ​ទាំងឡាយ តថាគត​អនុញ្ញាតឲ្យអ្នក​ទាំងឡាយបបួលភិក្ខុ​នី​ដើរទៅ​កាន់​ផ្លូវឆ្ងាយ​ជា​មួយ​គ្នា​ ក្នុង​​ផ្លូវ​ដែល​​គួរ​នឹងទៅ ដោយ​​មានគ្នី​គ្នា​ជា​ពួកដែល​គេ​សន្មត​ថា ប្រកប​ដោយ​​​សេចក្តី​រង្កៀស ប្រកបដោយ​ភ័យ​ចំពោះមុខ ម្នាលភិក្ខុ​​ទាំងឡាយ អ្នក​ទាំងឡាយ​គប្បីសំដែង​ឡើង​នូវសិក្ខាបទនេះ​យ៉ាងនេះថា ភិក្ខុ​​ណាមួយ​បបួលភិក្ខុ​នីដើរទៅ​កាន់ផ្លូវឆ្ងាយ​មួយជា​​មួយ​គ្នា​ ដោយ​ហោចទៅ សូម្បី​ទៅកាន់​ទីជា​​លង្វែក​​នៃ​ស្រុក១ ភិក្ខុ​នោះ​ត្រូវអាបត្តិ​បាចិត្តិយ វៀរលែង​​តែ​​​មានសម័យ។ ឯសម័យក្នុង​សិក្ខា​បទ​នោះ​គឺ ផ្លូវដែល​គួរនឹងទៅដោយ​​មានគ្នី​គ្នា​ជា​ពួក១ ដែល​គេ​សន្មតថា​ប្រកបដោយ​​សេចក្តី​រង្កៀស​១ ដែល​ប្រកបដោយ​ភ័យ​ចំពោះ​មុខ១ នេះជា​សម័យក្នុង​សិក្ខាបទនោះ​។

[៧១] ត្រង់ពាក្យថា ភិក្ខុ​ណាមួយ ​មាន​សេចក្តី​ដូច​គ្នា​នឹងសិក្ខាបទទី១​នៃ​បារាជិកកណ្ឌ។ ដែល​ហៅថាភិក្ខុ​នី គឺស្ត្រីដែល​បាន​ឧបសម្បទាក្នុង​​ឧភតោសង្ឃ។ ពាក្យថា ជា​មួយ​គ្នា​ ​សេចក្តី​ថា ពួក​ជា​មួយ​គ្នា​។ ពាក្យថា បបួល គឺបបួល​គ្នា​ថា ម្នាលនាង យើង​ទាំងឡាយ​នឹងទៅ បពិត្រលោក​ម្ចាស់​ យើង​ទាំងឡាយនឹងទៅ បពិត្រ​លោកម្ចាស់​ យើង​ទាំងឡាយ​នឹងទៅ ម្នាលនាង យើង​​ទាំងឡាយ​នឹងទៅ យើង​ទាំងឡាយ​នឹងទៅក្នុង​ថ្ងៃនេះ ឬក្នុង​ថ្ងៃស្អែក ក្នុង​ថ្ងៃខានស្អែក ត្រូវអាបត្តិ​ទុក្កដ។ ពាក្យថា ដោយ​ហោចទៅ សូម្បីទៅកាន់ទីជា​លង្វែក​នៃ​ស្រុក១ ​សេចក្តី​ថា (ភិក្ខុ​បបួល​ភិក្ខុ​នី​ដើរជា​មួយ​គ្នា​ទៅ) ក្នុង​ទីជា​ចន្លោះ​នៃ​ស្រុក ក្នុង​ស្រុក​មាន​ចម្ងាយ​ល្មម​មាន់ហើរ​ទៅដល់ (គឺ​១រយៈ​មាន់ហើរ) ត្រូវអាបត្តិ​បាចិត្តិយ។ (ភិក្ខុ​បបួលភិក្ខុ​នីដើរជា​​មួយ​គ្នា​ទៅ) ក្នុង​ព្រៃដែល​​មិន​មែនស្រុក ត្រូវអាបត្តិ​បាចិត្តិយ​គ្រប់ៗកន្លះ​យោជន៍។ ពាក្យថា វៀរលែង​​តែ​​មានសម័យ ​សេចក្តី​ថា លើក​ទុក​​តែ​​​មានសម័យ។ ដែល​ហៅថា ផ្លូវដែល​​គួរនឹងទៅ ដោយ​​មានគ្នី​គ្នា​​ជា​ពួក គឺផ្លូវដែល​បុគ្គល​ឥត​មាន​គ្នី​​គ្នា​ ​មិន​អាចដើរទៅ​បាន​។ ដែល​ហៅថា ផ្លូវប្រកប​ដោយ​​សេចក្តី​រង្កៀស គឺកន្លែង​ដែល​ចោរ​អាស្រ័យ​​នៅ​ក៏ប្រាកដ កន្លែង​ដែល​​ចោរ​បរិភោគ​អាហារ​ក៏​ប្រាកដ កន្លែង​ដែល​​ចោរ​ឈរ​នៅ​​ក៏​ប្រាកដ កន្លែង​ដែល​ចោរអង្គុយ​​ក៏ប្រាកដ កន្លែង​ដែល​​ចោរ​ដេក​ក៏ប្រាកដ ក្នុង​ផ្លូវនោះ​។ ដែល​ហៅ​ថា ផ្លូវ​ប្រកប​ដោយ​​ភ័យ​ចំពោះមុខ គឺផ្លូវនោះ​ដែល​ចោរ​ទាំងឡាយ​សម្លាប់​មនុស្ស​ក៏ប្រាកដ ប្លន់​មនុស្ស​ក៏ប្រាកដ វាយដំ​មនុស្សក៏​ប្រាកដ។ ភិក្ខុ​ដើរទៅ​កាន់ផ្លូវដែល​​ប្រកបដោយ​ភ័យ​ចំពោះមុខហើយ​ ឃើញ​ផ្លូវ​មិន​ប្រកបដោយ​ភ័យ​ចំពោះ​​មុខវិញ ត្រូវ​បញ្ជូន​ភិក្ខុ​នីទៅ ដោយ​ពាក្យថា ម្នាលនាង​​ទាំងឡាយ នាង​ទាំងឡាយចូរ​ទៅចុះ។

[៧២] ភិក្ខុ​បបួល​គ្នា​​ហើយ​ សំគាល់​ថាបបួលមែន ដើរទៅកាន់ផ្លូវ​ឆ្ងាយមួយ ដោយ​ហោច​ទៅ​ សូម្បីទៅកាន់ទីជា​លង្វែក​​នៃ​ស្រុក១ ត្រូវ​អាបត្តិ​បាចិត្តិយ វៀរលែង​តែ​​​មានសម័យ។  ភិក្ខុ​​សង្ស័យក្នុង​ការដែល​បាន​​បបួល​គ្នា​ ​ហើយ​ដើរទៅកាន់ផ្លូវ​ឆ្ងាយមួយ ដោយ​ហោច​ទៅ​ សូម្បី​ទៅកាន់ទីជា​ចន្លោះ​​នៃ​ស្រុក១ ត្រូវ​អាបត្តិ​បាចិត្តិយ វៀរលែង​តែ​​មានសម័យ។ ភិក្ខុ​បបួល​គ្នា​ ​ហើយ​សំគាល់​ថា​មិន​បាន​បបួល ដើរទៅកាន់ផ្លូវ​ឆ្ងាយមួយ ដោយ​ហោច​ទៅ​ សូម្បីទៅកាន់ទីជា​ចន្លោះ​​នៃ​ស្រុក១ ត្រូវ​អាបត្តិ​បាចិត្តិយ វៀរលែង​តែ​​មានសម័យ។ ភិក្ខុ​បបួល ​តែ​ភិក្ខុ​នី​មិន​បបួល (ភិក្ខុ​នោះ​) ត្រូវ​អាបត្តិទុក្កដ។ ភិក្ខុ​​មិន​បាន​បបួល​គ្នា​ ​ហើយ​សំគាល់​ថា​បាន​បបួល ត្រូវអាបត្តិ​ទុក្កដ។ ភិក្ខុ​សង្ស័យក្នុង​ការដែល​​មិន​បាន​បបួល ត្រូវ​អាបត្តិទុក្កដ។ ភិក្ខុ​សំគាល់​​ថា ​មិន​បាន​បបួល​ក្នុង​ការដែល​​​មិន​បាន​​បបួល ​មិន​ត្រូវអាបត្តិ​ឡើយ។

[៧៣] អាបត្តិ​មិន​​មានដល់ភិក្ខុ​​ដែល​​មានសម័យ ដល់ភិក្ខុ​ដែល​​មិន​បាន​បបួលភិក្ខុ​នី​​ហើយ​ដើរទៅ ដល់ភិក្ខុ​ដែល​ភិក្ខុ​នីបបួល ​តែ​ភិក្ខុ​​មិន​បាន​បបួល ដល់ភិក្ខុ​និង​ភិក្ខុ​នី​ដែល​​ទៅ​ដោយ​​ខុស​សង្កេត ដល់ភិក្ខុ​ដែល​ទៅ (ជា​មួយនឹងភិក្ខុ​នី) ដោយ​​​មាន​​សេចក្តី​​អន្តរាយ ដល់ភិក្ខុ​ឆ្កួត ដល់​ភិក្ខុ​ជា​ខាងដើម​បញ្ញត្តិ។

សិក្ខាបទទី៧ ចប់។

សិក្ខាបទទី៨

[៧៤] សម័យនោះ​ ព្រះពុទ្ធដ៏​មានព្រះភាគ កាលគង់នៅ​វត្តជេតវន របស់​​អនាថបិណ្ឌិក​សេដ្ឋី ទៀបក្រុងសាវត្ថី។ សម័យនោះ​ឯង ឆព្វគ្គិយភិក្ខុ​​ទាំងឡាយបបួលពួកភិក្ខុ​នី​ឡើង​ជិះ​ទូក១ជា​​មួយ​គ្នា​។​ មនុស្ស​ទាំងឡាយពោលទោស តិះដៀល បន្តុះបង្អាប់ថា យើង​ទាំង​ឡាយ​​មានប្តីប្រពន្ធ ជិះលេងលើទូក១យ៉ាងណា សមណៈ​ទាំងឡាយនេះជា​កូនចៅ​ព្រះពុទ្ធ ជា​សក្យបុត្រ បបួលពួក​ភិក្ខុ​នីជិះលេងលើទូក១ជា​មួយ​គ្នា​ យ៉ាងនោះ​ឯង។ ភិក្ខុ​​​ទាំង​ឡាយបាន​ឮ​មនុស្ស​ទាំងឡាយនោះ​​ពោលទោស តិះដៀល បន្តុះបង្អាប់​ហើយ​។ ភិក្ខុ​​ទាំង​ឡាយណា​​មាន​សេចក្តី​​ប្រាថ្នាតិច។បេ។ ភិក្ខុ​​ទាំងឡាយនោះ​ពោលទោស តិះដៀល បន្តុះ​បង្អាប់ថា ​ឆព្វគ្គិយ​ភិក្ខុ​​​ទាំងឡាយ​មិន​គួរ​បើនឹង​ បបួលពួកភិក្ខុ​នីឡើងជិះទូក១ជា​មួយ​គ្នា​​ទេ។ ទើបភិក្ខុ​​ទាំងឡាយនោះ​ ក្រាបទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះដ៏​មានព្រះភាគ។ ព្រះដ៏​មាន​ព្រះភាគជា​ម្ចាស់​ ទ្រង់សួរចំពោះ​ឆព្វគ្គិយ​ភិក្ខុ​​ទាំងឡាយក្នុង​ពេល​នោះ​ថា ម្នាលភិក្ខុ​​ទាំង​​ឡាយ ឮថាអ្នក​ទាំងឡាយ បបួលភិក្ខុ​នីឡើងជិះទូកជា​មួយ​គ្នា​ ពិត​មែនឬ។ ឆព្វគ្គិយ​ភិក្ខុ​​​ទាំងឡាយក្រាបទូលថា បពិត្រព្រះដ៏​មានព្រះភាគ ការនោះ​ពិតមែន។ ព្រះពុទ្ធជា​​ម្ចាស់​​ដ៏​មានព្រះភាគ ទ្រង់តិះដៀលថា ម្នាល​មោឃបុរស​ទាំងឡាយ អ្នក​ទាំងឡាយ​​មិន​គួរ​នឹង​បបួលភិក្ខុ​នី​​ឡើងជិះទូក១ជា​មួយ​គ្នា​ទេ ម្នាលមោឃបុរស​ទាំងឡាយ ការនេះ​មិន​​មែននាំ​ឲ្យ​ជ្រះថ្លា​ដល់​ជន​ដែល​​មិន​ទាន់ជ្រះថ្លាទេ។បេ។ ម្នាលភិក្ខុ​​ទាំងឡាយ អ្នក​ទាំងឡាយគប្បី​សំដែង​ឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុ​ណាមួយ បបួលភិក្ខុ​នី​ឡើង​ជិះទូក១ជា​មួយ​គ្នា​ ទៅច្រាស​ទឹក​ក្តី ទៅបណ្តោយទឹកក្តី (ភិក្ខុ​នោះ​) ត្រូវអាបត្តិ​បាចិត្តិយ។ សិក្ខាបទនេះ ព្រះដ៏​មានព្រះភាគ​ទ្រង់បញ្ញត្ត​ហើយ​ដល់ភិក្ខុ​​ទាំងឡាយ​យ៉ាង​នេះ។

[៧៥] សម័យនោះ​ឯង ភិក្ខុ​ និងភិក្ខុ​នី​ទាំងឡាយច្រើនរូប ដើរទៅកាន់ផ្លូវ​ឆ្ងាយអំពី​ក្រុង​សាកេត ទៅកាន់ក្រុងសាវត្ថី។ ក្នុង​ទីកណ្តាលផ្លូវ​មានស្ទឹង១ដែល​គេ​​តែ​ង​តែ​ឆ្លង។ ទើបភិក្ខុ​នី​​​ទាំងឡាយ​នោះ​បាន​ពោពាក្យនេះនឹងភិក្ខុ​​ទាំងឡាយនោះ​ថា យើង​ទាំងឡាយនឹង​ឆ្លង​មួយ​អន្លើដោយ​លោកម្ចាស់​​​ទាំងឡាយដែរ។ ភិក្ខុ​​​ទាំងឡាយនោះ​​ឆ្លើយថា ម្នាលនាង ការ​ដែល​​ភិក្ខុ​បបួលភិក្ខុ​នី​ឡើងជិះទូក១ជា​មួយ​គ្នា​ ​មិន​គួរទេ (បើដូច្នោះ) នាង​​ទាំងឡាយ​ឆ្លងទៅ​មុនឬ ៗយើង​ទាំងឡាយ​នឹងឆ្លងទៅមុន។ ភិក្ខុ​នី​ទាំងឡាយឆ្លើយថា បពិត្រលោកដ៏​ចំរើន លោកម្ចាស់​​ទាំងឡាយជា​បុរសដ៏ប្រសើរ លោកម្ចាស់​​ទាំងឡាយចូរ​ឆ្លងទៅមុនចុះ។ កាលភិក្ខុ​នី​​ទាំងឡាយនោះ​ឆ្លង​ទៅជា​ខាងក្រោយ ចោរ​ទាំងឡាយ​ក៏​ដណ្តើម​យក (បាត្រ និងចីវរ) ផង ប្រទុស្តផង  ក្នុង​​កាលណោះ។ លុះភិក្ខុ​នី​ទាំងឡាយនោះ​​ទៅដល់ក្រុងសាវត្ថី​ហើយ​ ក៏ប្រាប់​សេចក្តី​នុ៎ះ​ដល់ភិក្ខុ​នី​ទាំងឡាយ។ ពួកភិក្ខុ​នី​ក៏ប្រាប់​សេចក្តី​​នុ៎ះ​ដល់​​ភិក្ខុ​​ទាំងឡាយ។ ពួកភិក្ខុ​ក៏ក្រាបទូល​​សេចក្តី​នុ៎ះ​ចំពោះ​ព្រះដ៏​មានព្រះភាគ។ ព្រោះនិទាននេះ ដំណើរនេះ ទើប​ព្រះដ៏​មានព្រះភាគ​ជា​ម្ចាស់​ ទ្រង់ធ្វើធម្មីកថា ហៅភិក្ខុ​​ទាំងឡាយមក ​ហើយ​ត្រាស់ថា ម្នាល​ភិក្ខុ​​​ទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុ​បបួលភិក្ខុ​នីឡើងជិះទូក១​ជា​មួយ​គ្នា​ដើម្បីឆ្លងទទឹង ម្នាលភិក្ខុ​​ទាំងឡាយ អ្នក​ទាំងឡាយ​គប្បីសំដែង​ឡើងនូវសិក្ខាបទ​នេះ​យ៉ាងនេះថា ភិក្ខុ​​ណាមួយបបួលភិក្ខុ​នី​ឡើងជិះទូក១​ជា​មួយ​គ្នា​ ទៅច្រាស​ទឹកក្តី ទៅ​បណ្តោយ​ទឹកក្តី (ភិក្ខុ​នោះ​) ត្រូវអាបត្តិបាចិត្តិយ វៀរលែង​តែ​ការឆ្លងទទឹង។

[៧៦] ត្រង់ពាក្យថា ភិក្ខុ​ណាមួយ ​មាន​សេចក្តី​ដូច​គ្នា​ក្នុង​សិក្ខាបទទី១​នៃ​​បារាជិកកណ្ឌ។បេ។ ដែល​ហៅថាភិក្ខុ​នី គឺស្ត្រីដែល​បាន​ឧបសម្បទាក្នុង​សំណាក់​នៃ​​​ឧភតោសង្ឃ​[សង្ឃពីរ​ពួក គឺភិក្ខុ​សង្ឃ១ ភិក្ខុ​នីសង្ឃ១]។ ពាក្យថា ជា​មួយ​គ្នា​ គឺពួក​ជា​មួយ​គ្នា​។ ពាក្យថា បបួល គឺបបួល​គ្នា​ថា ម្នាលនាង យើង​ទាំងឡាយនឹងឡើងជិះទូក បពិត្រលោក​ម្ចាស់​ យើង​ទាំងឡាយ​នឹងឡើង​ជិះទូក បពិត្រលោកម្ចាស់​ យើង​ទាំងឡាយនឹងឡើងជិះទូក ម្នាលនាង យើង​​ទាំងឡាយ​នឹងឡើងជិះទូក យើង​ទាំងឡាយនឹងឡើងជិះទូកក្នុង​ថ្ងៃនេះ ឬក្នុង​ថ្ងៃស្អែក ក្នុង​ថ្ងៃខានស្អែក ត្រូវអាបត្តិ​ទុក្កដ។ កាលភិក្ខុ​នីឡើងជិះទូក ភិក្ខុ​ក៏ឡើងជិះដែរ ត្រូវ​អាបត្តិ​បាចិត្តិយ។ កាលភិក្ខុ​ឡើងជិះទូក ភិក្ខុ​នីក៏ឡើងជិះដែរ ត្រូវអាបត្តិបាចិត្តិយ។ ភិក្ខុ​និងភិក្ខុ​នីឡើង​ជិះទូកស្មើ​គ្នា​ ត្រូវអាបត្តិបាចិត្តិយ។ ពាក្យថា ទៅច្រាសទឹក ​សេចក្តី​ថា នាវាទៅទីខាងលើទឹក។ ពាក្យថា ទៅបណ្តោយទឹក ​សេចក្តី​ថា នាវាទៅទីខាងក្រោមទឹក។ ពាក្យថា វៀរលែង​​តែ​ការ​ឆ្លង​ទទឹង ​សេចក្តី​ថា លើកទុក​តែ​ការឆ្លងទទឹង។ (ភិក្ខុ​បបួលភិក្ខុ​នី​ឡើងជិះទូក) ទៅក្នុង​ស្រុក​ចម្ងាយ​មាន់​ល្មម​ហើរទៅដល់ ត្រូវអាបត្តិបាចិត្តិយ គ្រប់ៗ​ចន្លោះ​ស្រុក។ (ភិក្ខុ​បបួលភិក្ខុ​នីឡើងជិះទូក) ទៅក្នុង​ព្រៃ​​មិន​មែនជា​ស្រុក ត្រូវអាបត្តិបាចិត្តិយ គ្រប់ៗកន្លះយោជន៍។

[៧៧] ការដែល​បាន​បបួល​ហើយ​ ភិក្ខុ​សំគាល់​ថាបាន​បបួល​គ្នា​មែន ​ហើយ​ឡើងជិះទូកជា​មួយ​គ្នា​ ទៅច្រាសទឹកក្តី ទៅបណ្តោយទឹកក្តី ត្រូវ​អាបត្តិ​បាចិត្តិយ វៀរលែង​តែ​ការឆ្លង​ទទឹង។ ភិក្ខុ​​​មានសចក្តីសង្ស័យក្នុង​ការដែល​បាន​​បបួល​គ្នា​ ​ហើយ​ឡើងជិះទូក​ជា​មួយ​គ្នា​ ទៅច្រាសទឹកក្តី ទៅបណ្តោយទឹកក្តី ត្រូវ​អាបត្តិ​បាចិត្តិយ វៀរលែង​តែ​ឆ្លងទទឹង។ ការដែល​បាន​បបួល​គ្នា​ ភិក្ខុ​សំគាល់​ថា​មិន​បាន​បបួល​គ្នា​ ​ហើយ​ឡើងជិះទូកជា​មួយ​គ្នា​ ទៅច្រាស​ទឹកក្តី ទៅបណ្តោយទឹកក្តី ត្រូវ​អាបត្តិ​បាចិត្តិយ វៀរលែង​តែ​ឆ្លងទទឹង។ ភិក្ខុ​បបួល ភិក្ខុ​នី​មិន​បាន​បបួល ត្រូវ​អាបត្តិទុក្កដ។ ​មិន​បាន​បបួល​គ្នា​ទេ ​តែ​ភិក្ខុ​សំគាល់​ថា​បាន​បបួល​គ្នា​​ហើយ​ ត្រូវអាបត្តិទុក្កដ។ ​មិន​បាន​បបួល​គ្នា​ទេ ​តែ​ភិក្ខុ​​មាន​សេចក្តី​សង្ស័យ ត្រូវអាបត្តិទុក្កដ។ ​មិន​បាន​​បបួល​គ្នា​ទេ ភិក្ខុ​សំគាល់​​ថា ​មិន​បាន​បបួល​​គ្នា​មែន ​មិន​ត្រូវអាបត្តិ។

[៧៨] អាបត្តិ​មិន​​មានដល់ភិក្ខុ​​ដែល​ឆ្លងទទឹង ដល់ភិក្ខុ​ដែល​​មិន​បាន​បបួលភិក្ខុ​នី​​ហើយ​ឡើងជិះទូក ដល់ភិក្ខុ​ដែល​​មិន​បាន​បបួលភិក្ខុ​នី ​តែ​ភិក្ខុ​នីបបួល ដល់ភិក្ខុ​​ដែល​ឡើង​ជិះទូក​ជា​មួយនឹងភិក្ខុ​នីដោយ​ខុស​សង្កេត​គ្នា​ ដល់ភិក្ខុ​ដែល​​មាន​សេចក្តី​អន្តរាយ ដល់ភិក្ខុ​ឆ្កួត ដល់​ភិក្ខុ​ជា​ខាងដើម​បញ្ញត្តិ។

សិក្ខាបទទី៨ ចប់។

សិក្ខាបទទី៩

[៧៩] សម័យនោះ​ ព្រះពុទ្ធដ៏​មានព្រះភាគ កាលគង់នៅ​វត្តវេឡុវន ជា​កលន្ទកនិវាបស្ថាន ទៀបក្រុងរាជគ្រឹះ។ សម័យនោះ​ឯង ភិក្ខុ​នីឈ្មោះថុល្លនន្ទា ជា​ជីតុនរបស់​ត្រកូល១ ជា​ភិក្ខុ​នី​ប្រកប​ដោយ​​និច្ចភត្ត។ ចំណែកគហបតីនោះ​ ក៏បាន​​និមន្តពួកភិក្ខុ​​ជា​ថេរៈ​ទៅផង។ គ្រា​នោះ​​ឯង ភិក្ខុ​នី​ឈ្មោះ​ថុល្លនន្ទាស្លៀកស្បង់ ប្រដាប់ដោយ​បាត្រនិងចីវរក្នុង​វេលាព្រឹក ​ហើយ​ចូល​ទៅកាន់​ត្រកូល​នោះ​ លុះចូល​ទៅដល់​ហើយ​ បាន​និយាយពាក្យនេះ​នឹង​គហបតី​នោះ​ថា ម្នាលគហបតី ខាទនីយ​ភោជនីយាហារ​មានប្រមាណ​ច្រើននេះ គេ​ចាត់ចែងដើម្បីអ្វី។ គហបតីឆ្លើយថា បពិត្រលោកម្ចាស់​ ខ្ញុំបាន​​និមន្ត​ព្រះថេរៈ​ទាំងឡាយ​មកឆាន់។ ភិក្ខុ​នីឈ្មោះថុល្លនន្ទាសួរថា ម្នាលគហបតី ព្រះថេរៈ​ទាំងនោះ​ គឺព្រះថេរៈ​ណាខ្លះ។ គហបតីឆ្លើយថា ព្រះសារីបុត្តជា​ម្ចាស់​ ព្រះមោគ្គល្លានជា​ម្ចាស់​ ព្រះមហាកច្ចានៈ​ជា​ម្ចាស់​ ព្រះមហាកោដ្ឋិតៈជា​ម្ចាស់​ ព្រះមហាកប្បិន​ជា​ម្ចាស់​ ព្រះមហាចុន្ទ​ជា​ម្ចាស់​ ព្រះអនុរុទ្ធជា​ម្ចាស់​ ព្រះរេវត្តជា​ម្ចាស់​ ព្រះឧបាលិជា​ម្ចាស់​ ព្រះអានន្ទ​ជា​ម្ចាស់​ ព្រះរាហុល​ជា​ម្ចាស់​។ ភិក្ខុ​នីឈ្មោះថុល្លនន្ទាឆ្លើយថា ម្នាលគហបតី កាល​ព្រះថេរៈមហានាគ​ដ៏​ប្រសើរ​​មាន​នៅ​​ទេតើ ហេតុ​ដូចម្តេចក៏អ្នក​ទៅនិមន្តពួកកូនក្មេងមកវិញ។ គហបតីសួរថា បពិត្រ​លោកម្ចាស់​ ព្រះថេរៈមហានាគដ៏ប្រសើរទាំងនោះ​ ​មានព្រះនាម​ដូចម្តេច​ខ្លះ។ ភិក្ខុ​នី​ឈ្មោះ​​ថុល្លនន្ទា​ឆ្លើយ​ថា លោកម្ចាស់​ទេវទត្ត លោកម្ចាស់​កោកាលិក លោកម្ចាស់​កតមោរកតិស្សកៈ លោកម្ចាស់​​ខណ្ឌទេវីបុត្រ លោកម្ចាស់​សមុទ្ទទត្ត។ កាលភិក្ខុ​នីឈ្មោះ​ថុល្លនន្ទាកំពុង​តែ​និយាយ​ពាក្យ​នេះ​​មិន​​ទាន់​អស់​នៅ​ឡើយ។ ស្រាប់​តែ​ភិក្ខុ​ជា​ថេរៈ​ទាំង​ឡាយ​​ចូល​មក​ក្នុង​ពេលនោះ​។ ភិក្ខុ​នីឈ្មោះ​ថុល្លនន្ទា​សួរថា ម្នាលគហបតី ព្រះថេរៈ​មហានាគ​ដ៏ប្រសើរ​​ទាំងឡាយ អ្នកបាន​និមន្ត​ហើយ​ ពិតមែនឬ។ គហបតីឆ្លើយថា បពិត្រលោកម្ចាស់​ ឥឡូវនេះ លោកម្ចាស់​​បាន​ធ្វើនូវព្រះថេរៈ​មហានាគ​ដ៏ប្រសើរ​​ទាំង​ឡាយ​ថាជា​កូនក្មេង លោក​ម្ចាស់​​ត្រឡប់ធ្វើពួកភិក្ខុ​ជា​​កូនក្មេង​ថាជា​​មហានាគ​ដ៏ប្រសើរ​ទៅ​វិញ (ថាដូច្នោះ​ហើយ​) ក៏ចាប់​​ទាញភិក្ខុ​នីឈ្មោះ​ថុល្លនន្ទា​ចេញ​ពីផ្ទះផង និច្ចភត្ត (គឺ​ចង្ហាន់​ដែល​ផ្គត់ផ្គង់ជា​និច្ច) ក៏ផ្តាច់​បង់ចេញ គឺឈប់​ឲ្យតទៅទៀតផង។  ភិក្ខុ​ទាំង​ឡាយ​ណា​​​មាន​សេចក្តី​​ប្រាថ្នាតិច។បេ។ ភិក្ខុ​​ទាំងឡាយ​នោះ​ពោលទោស តិះដៀល បន្តុះ​បង្អាប់​ថា ​ទេវទត្ត​បាន​ដឹង​ហើយ​ ​មិន​គួរនឹង​ឆាន់បិណ្ឌបាតដែល​ភិក្ខុ​នីចាត់ចែងទេ។បេ។ ព្រះអង្គ​ត្រាស់​សួរ​ថា ម្នាលទេវទត្ត ឮថាអ្នកដឹង​ហើយ​ឆាន់បិណ្ឌបាតដែល​ភិក្ខុ​នីចាត់ចែង ពិត​មែនឬ។ ទេវទត្ត​ក្រាបទូលថា បពិត្រព្រះដ៏​មានព្រះភាគ ពិតមែន។ ព្រះពុទ្ធជា​​ម្ចាស់​​ដ៏​មានព្រះភាគ ទ្រង់​តិះដៀលថា នែ​​មោឃបុរស អ្នកឯងដឹង​ហើយ​ ​មិន​គួរនឹងឆាន់​បិណ្ឌបាត​ដែល​ភិក្ខុ​នី​ចាត់​​ចែង​ទេ ម្នាលមោឃបុរស ការនេះ​មិន​​មែននាំ​ឲ្យ​ជ្រះថ្លា​ដល់​ជន​ដែល​​មិន​ទាន់​ជ្រះថ្លា​ទេ។បេ។ ម្នាលភិក្ខុ​​ទាំងឡាយ អ្នក​ទាំងឡាយ​គប្បី​សំដែង​ឡើងនូវសិក្ខាបទ​នេះ​យ៉ាង​នេះ​ថា ភិក្ខុ​ណាមួយ កាលដឹង​ហើយ​ឆាន់​បិណ្ឌបាត​ដែល​ភិក្ខុ​នីចាត់ចែង ត្រូវ​អាបត្តិ​​បាចិត្តិយ។ សិក្ខាបទនេះ ព្រះដ៏​មានព្រះភាគ​ទ្រង់បញ្ញត្ត​ហើយ​ដល់ភិក្ខុ​​ទាំងឡាយ​យ៉ាង​នេះ។

[៨០] សម័យនោះ​ឯង ​មានភិក្ខុ​១រូបចេញពីក្រុងរាជគ្រិះទៅបួស ​ហើយ​ទៅ​កាន់​ត្រកូល​ញាតិ។ មនុស្ស​ទាំងឡាយនិយាយ​គ្នា​ថា លោកម្ចាស់​ដ៏ចំរើនខាននិមន្តមកយូរ​ហើយ​ (ថាដូច្នោះ​​ហើយ​) ក៏នាំ​គ្នា​ធ្វើចង្ហាន់​ប្រគេ​នដោយ​គោរព។ ​មានភិក្ខុ​នីម្នាក់ជា​ជីតុនរបស់​ត្រកូលនោះ​ បាន​​និយាយពាក្យនេះនឹងមនុស្ស​ទាំងឡាយនោះ​ថា ម្នាលអាវុសោ អ្នក​ទាំង​ឡាយចូរ​ឲ្យចង្ហាន់​ដល់​លោក​ម្ចាស់​ចុះ។ ភិក្ខុ​នោះ​​មាន​សេចក្តី​សង្ស័យថា កាលដឹង​​ហើយ​បរិភោគ​បិណ្ឌបាតដែល​ភិក្ខុ​នីចាត់​ចែង​ ព្រះដ៏​មានព្រះភាគទ្រង់ហាម​ហើយ​ (សង្ស័យ​ដូច្នោះ​ហើយ​) ក៏​មិន​ទទួល (បិណ្ឌបាត​នោះ​) ​ហើយ​​​មិន​​អាច​នឹង​ត្រាច់​ទៅដើម្បី​បិណ្ឌបាត​ទៀតផង ក៏អត់ចង្ហាន់​ក្នុង​ពេលនោះ​ឯង។ ទើបភិក្ខុ​នោះ​​ទៅ​អារាម ​ហើយ​ប្រាប់​​សេចក្តី​នុ៎ះ​ដល់ភិក្ខុ​​ទាំងឡាយ។ ពួក​ភិក្ខុ​ក៏ក្រាបទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មានព្រះភាគ។ ព្រោះ​និទាននេះ ដំណើរនេះ ព្រះដ៏​មានព្រះភាគ​ជា​ម្ចាស់​ ទ្រង់ធ្វើធម្មីកថា ហៅ​ភិក្ខុ​​​ទាំងឡាយ​មក ​ហើយ​ត្រាស់ថា ម្នាលភិក្ខុ​​ទាំងឡាយ កាលចង្ហាន់​​មានគ្រហស្ថ​ប្រារព្ធ​ជា​មុន​​ហើយ​ តថាគតអនុញ្ញាតឲ្យភិក្ខុ​ដែល​ដឹង​ឆាន់បិណ្ឌបាតដែល​​ភិក្ខុ​នី​ចាត់ចែង​បាន​ ម្នាលភិក្ខុ​​​ទាំង​ឡាយ អ្នក​ទាំងឡាយគប្បីសំដែង​ឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុ​ណាមួយ​កាល​​ដឹង​​ហើយ​ ឆាន់បិណ្ឌបាតដែល​ភិក្ខុ​នីចាត់ចែង ត្រូវអាបត្តិបាចិត្តិយ វៀរលែង​តែ​ចង្ហាន់​ដែល​​​គ្រហស្ថ​បាន​ប្រារព្ធ​ជា​មុន។

[៨១] ត្រង់ពាក្យថា ភិក្ខុ​ណាមួយ ​មាន​សេចក្តី​ដូច​គ្នា​ក្នុង​សិក្ខាបទទី១​នៃ​​បារាជិកកណ្ឌ។ ដែល​ហៅថាដឹង គឺភិក្ខុ​ដឹងឯងក្តី ជន​ទាំងឡាយដទៃដឹង​ហើយ​ប្រាប់ដល់ភិក្ខុ​នោះ​ក្តី ភិក្ខុ​នីនោះ​​ប្រាប់​ក្តី។ ដែល​ហៅថា ភិក្ខុ​នី គឺស្រ្តីដែល​បាន​ឧបសម្បទា ក្នុង​សំណាក់​ឧភតោសង្ឃ។ ដែល​ហៅថា ចាត់ចែង (គឺភិក្ខុ​នី​និយាយប្រាប់ដល់ជន) ដែល​​មិន​ចង់ឲ្យ ​មិន​​ចង់ធ្វើទានក្នុង​កាលមុនថា លោក​ម្ចាស់​នេះជា​អ្នកពោល លោកម្ចាស់​នេះជា​ពហុស្សូត លោកម្ចាស់​នេះជា​អ្នកចេះ​ព្រះសូត្រ លោកម្ចាស់​នេះ​ទ្រទ្រង់វិន័យ លោកម្ចាស់​នេះជា​ធម្មកថិក អ្នក​ទាំងឡាយចូរ​ឲ្យ (ចង្ហាន់) ដល់​លោកម្ចាស់​​អង្គនេះ ចូរ​ធ្វើ(ចង្ហាន់) ដល់​លោកម្ចាស់​​នេះ ភិក្ខុ​នីនេះ ហៅថា ចាត់ចែង។ ដែល​ហៅ​ថាបិណ្ឌបាត បាន​ដល់​ភោជន​ទាំង៥ ភោជនណាមួយ។ ពាក្យថា វៀរលែង​តែ​ចង្ហាន់ដែល​​គ្រហស្ថ​ប្រារព្ធ​ជា​មុន ​សេចក្តី​ថា លើកទុក​​តែ​ចង្ហាន់ដែល​គ្រហស្ថគេ​ផ្តើមជា​មុន។ ដែល​ហៅថា​គ្រហស្ថ​ប្រារព្ធ គឺ​ជន​​ទាំងឡាយជា​ញាតិក្តី បិណ្ឌបាតដែល​គេ​បវារណាក្តី ចង្ហាន់ដែល​​គេ​​តាក់​​តែ​ង​ជា​ប្រក្រតី​ក្តី។ ភិក្ខុ​ទទួលបិណ្ឌបាតដោយ​គិតថា អញ​នឹងឆាន់ ត្រូវអាបត្តិទុក្កដ វៀរលែង​តែ​​បិណ្ឌបាត ដែល​គ្រហស្ថប្រារព្ធជា​មុន។ ភិក្ខុ​ត្រូវអាបត្តិបាចិត្តិយគ្រប់ៗវារៈដែល​លេបចូល​។

[៨២] ចង្ហាន់ដែល​ភិក្ខុ​នីចាត់ចែង ភិក្ខុ​សំគាល់​ថាភិក្ខុ​នីចាត់ចែង ​ហើយ​ឆាន់ ត្រូវ​អាបត្តិ​បាចិត្តិយ វៀរលែង​តែ​​ចង្ហាន់ដែល​គ្រហស្ថប្រារព្ធជា​មុន។ ចង្ហាន់ដែល​ភិក្ខុ​នីចាត់ចែង ភិក្ខុ​​មាន​សេចក្តី​សង្ស័យ ​ហើយ​ឆាន់ ត្រូវ​អាបត្តិទុក្កដ វៀរលែង​តែ​​ចង្ហាន់ដែល​គ្រហស្ថ​ប្រារព្ធ​ជា​មុន។ ចង្ហាន់​ដែល​ភិក្ខុ​នី​ចាត់ចែង ភិក្ខុ​សំគាល់​ថា​មិន​បាន​ចាត់ចែងទេ នឹងចង្ហាន់ដែល​​គ្រហស្ថប្រារព្ធជា​មុន ​ហើយ​ឆាន់ ​មិន​ត្រូវ​អាបត្តិឡើយ។ ភិក្ខុ​ឆាន់ភោជន ដែល​ភិក្ខុ​នី​បាន​​ឧបសម្បទាក្នុង​ឯកតោសង្ឃ​បាន​ចាត់ចែង ត្រូវអាបត្តិទុក្កដ វៀរលែង​តែ​ភោជន​ដែល​​គ្រហស្ថ​គេ​​ប្រារព្ធ​ឡើងជា​មុន។ ភិក្ខុ​សំគាល់​ភោជនដែល​ភិក្ខុ​នី​មិន​បាន​ចាត់ចែងថា បាន​ចាត់ចែងទៅវិញ ត្រូវអាបត្តិទុក្កដ។ ភិក្ខុ​សង្ស័យក្នុង​ភោជនដែល​ភិក្ខុ​នី​មិន​បាន​ចាត់ចែង ត្រូវអាបត្តិទុក្កដ។ ភិក្ខុ​សំគាល់​ភោជនដែល​ភិក្ខុ​នី​មិន​បាន​ចាត់ចែងថា ​មិន​បាន​ចាត់ចែង ​មិន​ត្រូវអាបត្តិ។

[៨៣] អាបត្តិ​មិន​​មានដល់ភិក្ខុ​​ដែល​ឆាន់ភោជន​ដែល​គ្រហស្ថប្រារព្ធឡើងជា​មុន  ដល់ភិក្ខុ​ដែល​ឆាន់ភោជនដែល​សិក្ខមានាចាត់ចែង ដល់ភិក្ខុ​ដែល​ឆាន់ភោជន ដែល​សាមណេរី​ចាត់ចែង អាបត្តិ​​មិន​​មានដល់ភិក្ខុ​ដែល​ឆាន់ភោជនទាំងពួងក្រៅពីភោជន​៥យ៉ាង ដល់ភិក្ខុ​ឆ្កួត ដល់​ភិក្ខុ​ជា​ខាងដើម​បញ្ញត្តិ។

សិក្ខាបទទី៩ ចប់។

សិក្ខាបទទី១០

[៨៤] សម័យនោះ​ ព្រះពុទ្ធដ៏​មានព្រះភាគ កាលគង់នៅ​វត្តជេតពន របស់​​អនាថបិណ្ឌិក​សេដ្ឋី ទៀបក្រុងសាវត្ថី។ សម័យនោះ​ឯង ស្រ្តីជា​គូពីដើម​របស់​​ឧទាយិ​ដ៏​មានអាយុ បួសក្នុង​​សំណាក់​ភិក្ខុ​នី​ទាំងឡាយ។ ភិក្ខុ​នីនោះ​​តែ​ងមកក្នុង​សំណាក់​ឧទាយិ​ដ៏​​មានអាយុ​រឿយៗ។ ចំណែក​ខាង​ឧទាយិដ៏​មានអាយុ​ ​តែ​ង​ទៅក្នុង​សំណាក់​ភិក្ខុ​នី​នោះ​​រឿយៗ។ គ្រានោះ​ ឧទាយិដ៏​មាន​អាយុ​ម្នាក់​ឯង អង្គុយ​ក្នុង​ទីស្ងាត់ជា​មួយនឹង​ភិក្ខុ​នីនោះ​​តែ​ម្នាក់ឯង។  ភិក្ខុ​​ទាំង​ឡាយណា​​​ មាន​សេចក្តី​​ប្រាថ្នា​តិច។បេ។ ភិក្ខុ​​ទាំងឡាយនោះ​ ពោលទោស តិះដៀល បន្តុះបង្អាប់ថា ចុះហេតុ​អ្វី បាន​​ជា​​ឧទាយិដ៏​មានអាយុម្នាក់ឯងសម្រេច​ការអង្គុយ​​ក្នុង​ទីស្ងាត់​ជា​មួយ​នឹងភិក្ខុ​នី​តែ​ម្នាក់ឯង។បេ។ ព្រះអង្គត្រាស់​សួរថា ម្នាលឧទាយិភិក្ខុ​ ឮថាអ្នកឯង​តែ​ម្នាក់​ឯង សម្រេច​ការអង្គុយ​​ក្នុង​ទីស្ងាត់​ជា​មួយ​នឹងភិក្ខុ​នីម្នាក់ឯង ពិត​មែន​ឬ។ ឧទាយិភិក្ខុ​ក្រាបទូលថា បពិត្រព្រះដ៏​មានព្រះភាគ ពិត​មែន។ ព្រះពុទ្ធ​ដ៏​មានព្រះភាគ ទ្រង់តិះដៀលថា ម្នាល​មោឃបុរស អ្នកឯង​តែ​ម្នាក់ឯង​​មិន​គួរនឹង​សម្រេចការអង្គុយ​​ក្នុង​ទីស្ងាត់​ជា​មួយនឹងភិក្ខុ​នី​តែ​ម្នាក់ឯងទេ នែ​មោឃបុរស ការនេះ​មិន​​មែននាំ​ឲ្យ​ជ្រះថ្លា​ដល់​ពួកជន​ដែល​​មិន​ទាន់ជ្រះថ្លា ឬនាំជន​​ទាំងឡាយ​ដែល​​ជ្រះថ្លា​ហើយ​ ឲ្យរឹងរឹត​តែ​​ជ្រះថ្លា​ក្រៃលែង​ទេ។បេ។ ម្នាលភិក្ខុ​​ទាំងឡាយ អ្នក​ទាំងឡាយគប្បី​សំដែង​ឡើងនូវសិក្ខាបទនេះ​យ៉ាងនេះ​ថា ភិក្ខុ​ណាមួយ សម្រេច​ការអង្គុយ​​ក្នុង​ទីស្ងាត់​ជា​មួយ​នឹង​ភិក្ខុ​នី​​តែ​ម្នាក់នឹងម្នាក់ (ភិក្ខុ​នោះ​) ត្រូវអាបត្តិ​បាចិត្តិយ។

[៨៥] ត្រង់ពាក្យថា ភិក្ខុ​ណាមួយ ​មាន​សេចក្តី​ដូច​គ្នា​នឹងសិក្ខាបទទី១​នៃ​​បារាជិកកណ្ឌ។ ដែល​ហៅថា ភិក្ខុ​នី គឺស្រីដែល​បាន​ឧបសម្បទាក្នុង​សំណាក់​ឧភតោសង្ឃ។ ពាក្យថា ជា​មួយ គឺ​ក្នុង​ទីជា​មួយ។ ពាក្យថា ​តែ​ម្នាក់នឹងម្នាក់ គឺភិក្ខុ​និងភិក្ខុ​នី។ ដែល​ហៅថា ទីស្ងាត់ គឺទីកំបាំង​ភ្នែក១ ទីកំបាំងត្រចៀក១។ ដែល​ហៅថាទីកំបាំងភ្នែក គឺទីដែល​​គេ​មិចភ្នែកក្តី ញាក់ចិញ្ចើមក្តី ងក់​ក្បាល​ក្តី ក៏​មិន​អាចមើលឃើញបាន​។ ដែល​ហៅថា ទីកំបាំងត្រចៀក គឺទីដែល​​គេ​​មិន​អាចដើម្បីស្តាប់​ពាក្យ​ពោល​ជា​ប្រក្រតីបាន​។ ពាក្យថា សម្រេច​ការ​អង្គុយ​ ​សេចក្តី​ថា កាលភិក្ខុ​នីអង្គុយ​ ភិក្ខុ​អង្គុយ​​ជិតក្តី ដេកជិតក្តី ត្រូវអាបត្តិបាចិត្តិយ។ កាលភិក្ខុ​អង្គុយ​ ភិក្ខុ​នីអង្គុយ​​ជិតក្តី ដេកជិតក្តី ត្រូវអាបត្តិ​បាចិត្តិយ។ ជនទាំងពីររូប (គឺភិក្ខុ​និងភិក្ខុ​នី) អង្គុយ​ក្តី ជនទាំងពីររូប (គឺភិក្ខុ​និងភិក្ខុ​នី) ដេកក្តី ត្រូវអាបត្តិបាចិត្តិយ។

[៨៦] ទីស្ងាត់ ភិក្ខុ​ក៏សំគាល់​ថាទីស្ងាត់ ​ហើយ​អង្គុយ​​ជា​មួយនឹងភិក្ខុ​នី​តែ​មួយនឹងមួយ ត្រូវ​អាបត្តិ​បាចិត្តិយ។ ទីស្ងាត់ ​តែ​ភិក្ខុ​សង្ស័យ ​ហើយ​អង្គុយ​​ជា​មួយនឹងភិក្ខុ​នី​តែ​ម្នាក់និងម្នាក់ ត្រូវ​អាបត្តិ​បាចិត្តិយ។ ទីស្ងាត់ ភិក្ខុ​សំគាល់​ថា​មិន​ស្ងាត់ ​ហើយ​អង្គុយ​​ជា​មួយនឹងភិក្ខុ​នី​តែ​ម្នាក់និងម្នាក់ ត្រូវ​អាបត្តិ​បាចិត្តិយ។ ទី​មិន​ស្ងាត់ ភិក្ខុ​សំគាល់​ថាទីស្ងាត់ ត្រូវ​អាបត្តិទុក្កដ។ ភិក្ខុ​​មាន​សេចក្តី​​សង្ស័យ​ក្នុង​​ទី​មិន​ស្ងាត់ ត្រូវ​អាបត្តិទុក្កដ។ ទី​មិន​ស្ងាត់ ភិក្ខុ​ក៏សំគាល់​ថា​មិន​ស្ងាត់ ​មិន​ត្រូវ​អាបត្តិឡើយ។

[៨៧] អាបត្តិ​មិន​​មានដល់ភិក្ខុ​​ដែល​​មានបុរសណានីមួយ​ដែល​ដឹង​​សេចក្តី​​នៅ​ជា​ពីរនាក់​នឹងខ្លួន ដល់ភិក្ខុ​ដែល​ឈរ ​មិន​អង្គុយ​ ដល់ភិក្ខុ​ដែល​​មានបំណង​នូវទី​មិន​ស្ងាត់ ​ហើយ​(អង្គុយ​) ដល់ភិក្ខុ​ដែល​​មាន​ចិត្តបញ្ជូនទៅកាន់អារម្មណ៍ដទៃអង្គុយ​នៅ​ ដល់ភិក្ខុ​ឆ្កួត ដល់​ភិក្ខុ​ជា​ខាងដើម​បញ្ញត្តិ។

សិក្ខាបទទី១០ ចប់។

ឱវាទវគ្គ ជា​គំរប់៣ ចប់។

ចំនួនសិក្ខាបទ​នៃ​ឱវាទវគ្គនោះ​​មាន១០គឺ

អសម្មតសិក្ខាបទ (ភិក្ខុ​នោវាទសិក្ខាបទ) ១ អដ្ឋង្គតសិក្ខាបទ ១ ឧបស្សយសិក្ខាបទ (ភិក្ខុ​​នូបស្សយ) ១ អាមិសសិក្ខាបទ ១ ទានសិក្ខាបទ (ចីវរទានសិក្ខាបទ) ១ សិព្វនសិក្ខាបទ (ចីវរសិព្វន​សិក្ខាបទ) ១ អទ្ធានសិក្ខាបទ (សំវិធានសិក្ខាបទ) ១ នាវាភិរុហនសិក្ខាបទ ១ ភុញ្ជនសិក្ខាបទ (បរិបាចនសិក្ខាបទ) ១ ឯកោឯកាយសិក្ខាបទ (រហោនិសជ្ជសិក្ខាបទ) ១។

ភោជនវគ្គ បឋមសិក្ខាបទ

[៨៨] សម័យនោះ​ ព្រះពុទ្ធដ៏​មានព្រះភាគ កាលគង់នៅ​វត្តជេតវន របស់​​អនាថបិណ្ឌិក​​សេដ្ឋី ទៀបក្រុងសាវត្ថី។ សម័យនោះ​ឯង ​មានពួកជន១ពួកនៅ​ជិតក្រុងសាវត្ថីបាន​នាំ​គ្នា​​តាក់​​តែ​ង​បិណ្ឌបាតក្នុង​ផ្ទះសំណាក់ ឬរោងទាន។ ឆព្វគ្គិយភិក្ខុ​​ទាំងឡាយនាំ​គ្នា​ស្លៀក​ស្បង់ ​ហើយ​ប្រដាប់​ដោយ​​បាត្រ និងចីវរអំពីព្រឹក ចូល​ទៅបិណ្ឌបាតក្នុង​ក្រុងសាវត្ថី ដល់​មិន​បាន​បិណ្ឌបាត ក៏នាំ​​គ្នា​​ទៅកាន់​ផ្ទះ​សំណាក់ ឬរោងទាន (នោះ​)។ មនុស្ស​ទាំងឡាយ​និយាយ​គ្នា​ថា លោកម្ចាស់​​ទាំងឡាយ​ខាននិមន្តមកយូរណាស់​ហើយ​ (ថាដូច្នោះ​ហើយ​) ក៏នាំ​គ្នា​អង្គាសដោយ​គោរព។ កាលនោះ​ឯង ឆព្វគ្គិយភិក្ខុ​​ទាំងឡាយ នាំ​គ្នា​ស្លៀកស្បង់​ហើយ​ប្រដាប់ដោយ​បាត្រនិងចីវរ​អំពីព្រឹក ចូល​ទៅកាន់​ក្រុង​សាវត្ថីដើម្បី​បិណ្ឌបាត ដល់​មិន​បាន​ ក៏នាំ​​គ្នា​​ទៅកាន់​ផ្ទះ​សំណាក់ ឬរោងទាន (នោះ​) ​ហើយ​​ឆាន់ ក្នុង​ថ្ងៃជា​គំរប់ពីរផង ក្នុង​ថ្ងៃជា​គំរប់បីផង។ ទើបឆព្វគ្គិយភិក្ខុ​​ទាំងឡាយ​​មាន​សេចក្តី​​ត្រិះ​រិះ​ដូច្នេះ​ថា យើង​ទាំង​ឡាយ​ទៅអារាម​ធ្វើអ្វី យើងគួរ​តែ​មកក្នុង​ផ្ទះសំណាក់ ឬរោងទាននេះ​ប៉ុណ្ណោះ​បាន​​ហើយ​។ ឆព្វគ្គិយភិក្ខុ​​ទាំងឡាយ​នៅ​​ហើយ​នៅ​ទៀតក្នុង​ផ្ទះសំណាក់នោះ​ឯង នាំ​គ្នា​ឆាន់​នូវ​អាវសថ​បិណ្ឌបាត (គឺបិណ្ឌបាត​ក្នុង​ផ្ទះសំណាក់ ឬរោងទាននោះ​)។ តិរ្ថីយ​ទាំងឡាយ​ក៏ចៀស​ចេញ​ទៅ។ មនុស្ស​ទាំងឡាយពោលទោស តិះដៀល បន្តុះបង្អាប់ថា សមណៈ​​ទាំងឡាយជា​កូន​ចៅព្រះពុទ្ធ​ ជា​សក្យបុត្រ ​មិន​គួរនឹងនៅ​ត្រាំត្រែង​ឆាន់​អាវសថបិណ្ឌបាត អាវសថ​បិណ្ឌបាត ​មិន​មែន​ជនតាក់​តែ​ងដើម្បី​តែ​ពួកសមណៈ​នេះទេ អាវសថបិណ្ឌបាត ជនតាក់​តែ​ងដើម្បី​ជន​​ទាំងឡាយ​ទាំងពួងរាល់​គ្នា​។ ភិក្ខុ​​ទាំងឡាយ ​បាន​ឮមនុស្ស​ទាំងឡាយ​នោះ​ពោល​ទោស តិះដៀល បន្តុះបង្អាប់ (ដូច្នោះ)​ហើយ​។ ភិក្ខុ​​ទាំង​ឡាយណា​​​មាន​សេចក្តី​​ប្រាថ្នាតិច។បេ។ ភិក្ខុ​​ទាំងឡាយ​នោះ​ ក៏ពោលទោស តិះដៀល បន្តុះ​បង្អាប់ថា ឆព្វគ្គិយភិក្ខុ​​ទាំងឡាយ ​មិន​គួរនឹងនៅ​ត្រាំត្រែង​ឆាន់​អាវសថបិណ្ឌបាតសោះ។បេ។ ព្រះអង្គ​ត្រាស់​សួរថា ម្នាលភិក្ខុ​​ទាំងឡាយ ឮថាអ្នក​ទាំងឡាយនៅ​​ត្រាំ​ត្រែង​​ឆាន់​អាវសថ​បិណ្ឌបាត ពិត​មែនឬ។ ឆព្វគ្គិយភិក្ខុ​​ទាំងឡាយក្រាបទូលថា បពិត្រព្រះដ៏​មានព្រះភាគ ពិត​មែន។ ព្រះពុទ្ធ​ជា​ម្ចាស់​​ដ៏​មានព្រះភាគ ទ្រង់តិះដៀលថា ម្នាល​មោឃបុរស​ទាំងឡាយ អ្នក​ទាំងឡាយ​មិន​គួរនឹងនៅ​ត្រាំត្រែង​ឆាន់​អាវសថបិណ្ឌបាតទេ ម្នាលមោឃបុរស​ទាំងឡាយ ការនេះ​មិន​​មែន​នាំ​ឲ្យ​ជ្រះថ្លា​ដល់​ពួកជន​ដែល​​មិន​ទាន់ជ្រះថ្លា និង​មិន​នាំជន​​ដែល​​ជ្រះថ្លា​ហើយ​ ឲ្យរឹង​រឹត​​តែ​​ជ្រះថ្លា​តទៅទៀត​ទេ។បេ។ ម្នាលភិក្ខុ​​ទាំងឡាយ អ្នក​ទាំងឡាយគប្បី​សំដែង​ឡើងនូវ​សិក្ខាបទនេះ​យ៉ាងនេះ​ថា អាហារក្នុង​ផ្ទះសំណាក់ ឬរោង​ទាន ភិក្ខុ​ត្រូវឆាន់​បាន​​តែ​ម្តង បើឆាន់​ឲ្យលើស​ពីកំណត់​នោះ​ទៅ ត្រូវអាបត្តិ​បាចិត្តិយ។ សិក្ខាបទនេះ ព្រះដ៏​មានព្រះភាគ​បាន​បញ្ញត្ត​ហើយ​ដល់ភិក្ខុ​​ទាំងឡាយយ៉ាងនេះ។

[៨៩] សម័យនោះ​ឯង ព្រះសារីបុត្តដ៏​មានអាយុ​និមន្តទៅក្រុងសាវត្ថីក្នុង​កោសល​ជនបទ បាន​ចូល​ទៅកាន់ផ្ទះសំណាក់ ឬរោងទាន១។ មនុស្ស​ទាំងឡាយនិយាយ​គ្នា​ថា ព្រះថេរៈ​ខាន​និមន្ត​មក​យូរណាស់​ហើយ​ (ថាដូច្នោះ​ហើយ​) ក៏នាំ​គ្នា​អង្គាស​ដោយ​គោរព។ លំដាប់​នោះ​ ព្រះសារីបុត្ត​ដ៏​​មានអាយុ​ឆាន់រួច​ហើយ​ ក៏​មានអាពាធជា​ទម្ងន់។ លោក​មិន​អាចនឹង​ចៀស​ចេញ​ពីផ្ទះសំណាក់​ ឬរោងទាននោះ​ទៅបាន​។ ទើបមនុស្ស​ទាំងឡាយនោះ​ បាន​ពោលពាក្យ​នេះនឹងព្រះសារីបុត្ត​ដ៏​មានអាយុ​ក្នុង​ថ្ងៃជា​គំរប់ពីរថា បពិត្រ​ព្រះថេរដ៏ចំរើន សូម​​លោក​និមន្តឆាន់​ចុះ។ ព្រះសារីបុត្ត​ដ៏​មានអាយុ​​មាន​សេចក្តី​សង្ស័យថា ការ​ដែល​​នៅ​ត្រាំត្រែង​ឆាន់​បិណ្ឌបាតក្នុង​ផ្ទះសំណាក់​ ឬរោង​ទាន ព្រះដ៏​មានព្រះភាគ​បាន​ហាម​ហើយ​ ​ហើយ​​មិន​ទទួលបិណ្ឌបាត ក៏អត់ចង្ហាន់​ក្នុង​ពេលនោះ​។ គ្រានោះ​ ព្រះសារីបុត្តដ៏​មានអាយុ​និមន្ត​ទៅកាន់​ក្រុងសាវត្ថី ​ហើយ​ដំណាល​សេចក្តី​នុ៎ះ​ដល់​ភិក្ខុ​​​ទាំងឡាយ ៗក្រាបទូល​សេចក្តី​​នុ៎ះ​ចំពោះ​ព្រះដ៏​មានព្រះភាគ។ ព្រោះនិទាននេះ ដំណើរនេះ ព្រះដ៏​មានព្រះភាគ ទ្រង់ធ្វើធម្មីកថា ហៅភិក្ខុ​​ទាំងឡាយមកក្នុង​ពេលនោះ​ ​ហើយ​ត្រាស់​ថា ម្នាលភិក្ខុ​​ទាំង​ឡាយ តថាគតអនុញ្ញាត​ឲ្យភិក្ខុ​​មានជម្ងឺអាស្រ័យនៅ​រឿយៗ ឆាន់ភោជន​ក្នុង​​រោង​ទានបាន​ ម្នាលភិក្ខុ​​ទាំងឡាយ អ្នក​ទាំងឡាយ ​គប្បីសំដែង​ឡើងនូវសិក្ខាបទនេះ​ យ៉ាងនេះ​ថា បិណ្ឌបាត​​ក្នុង​រោងទាន ភិក្ខុ​​មិន​​មានជម្ងឺត្រូវឆាន់បាន​​តែ​ម្តង បើឆាន់ឲ្យលើស​ពីកំណត់​នោះ​​ទៅ ត្រូវ​អាបត្តិបាចិត្តិយ។

[៩០] ភិក្ខុ​ដែល​អាច​ដើម្បីចៀសចេញពីរោងទាន​នោះ​ទៅបាន​ ហៅថា ​មិន​​មានជម្ងឺ។ ភិក្ខុ​ដែល​​​មិន​អាច​ដើម្បីចៀស​ចេញពីរោងទាន​នោះ​ទៅបាន​ ហៅថា ​មានជម្ងឺ។ ដែល​ហៅថា បិណ្ឌបាតក្នុង​រោងទាន បាន​ដល់ភោជនទាំង៥យ៉ាង ភោជនណាមួយដែល​គេ​តាក់​តែ​ង​ក្នុង​​សាលាក្តី ក្នុង​មណ្ឌបក្តី ទៀបគល់ឈើក្តី ក្នុង​ទីវាលក្តី ​មិន​ចំពោះបុគ្គលណា គេ​តាក់​តែ​ង​កំណត់​ល្មម​មួយឆ្អែត (គ្រប់ៗ​គ្នា​)។ ភិក្ខុ​​មិន​​មានជម្ងឺត្រូវឆាន់បាន​​តែ​ម្តង បើទទួល​ឲ្យហួស​ពីកំណត់​នោះ​​ទៅ ដោយ​គិតថា អញនឹងឆាន់ ត្រូវអាបត្តិទុក្កដ។ ភិក្ខុ​ត្រូវអាបត្តិ​បាចិត្តិយ​គ្រប់ៗ​វារៈដែល​លេប​ចូល​ទៅ។

[៩១] ខ្លួន​មិន​​មានជម្ងឺ ភិក្ខុ​សំគាល់​ថា​មិន​​មានជម្ងឺ ​ហើយ​បរិភោគ​អាវសថបិណ្ឌបាត​ឲ្យ​លើស​​ពីកំណត់​នោះ​ទៅ ត្រូវអាបត្តិ​បាចិត្តិយ។ ខ្លួន​មិន​​មានជម្ងឺ ភិក្ខុ​​មាន​សេចក្តី​សង្ស័យ ​ហើយ​បរិភោគ​អាវសថបិណ្ឌបាត​ឲ្យលើស​ពីកំណត់​នោះ​ទៅ ត្រូវអាបត្តិ​បាចិត្តិយ។ ខ្លួន​មិន​​មានជម្ងឺ ភិក្ខុ​សំគាល់​ថា​មានជម្ងឺ ​ហើយ​ឆាន់​អាវសថបិណ្ឌបាត​ឲ្យលើស​ពីកំណត់​នោះ​ទៅ ត្រូវអាបត្តិ​បាចិត្តិយ។ ខ្លួន​មានជម្ងឺ ភិក្ខុ​សំគាល់​ថា​មិន​​មានជម្ងឺ ត្រូវអាបត្តិទុក្កដ។ ខ្លួន​មាន​ជម្ងឺ ភិក្ខុ​សង្ស័យ ត្រូវអាបត្តិទុក្កដ។ ខ្លួន​មានជម្ងឺ ភិក្ខុ​សំគាល់​ថា​មានជម្ងឺ ​មិន​ត្រូវអាបត្តិ​ឡើយ។

[៩២] អាបត្តិ​មិន​​មានដល់ភិក្ខុ​​មានជម្ងឺ ដល់ភិក្ខុ​​មិន​​មានជម្ងឺឆាន់​តែ​ម្តង ដល់​ភិក្ខុ​ដែល​​ដើរ​ទៅក្តី ដើរមកក្តី ​ហើយ​ឆាន់ [បាន​ដល់ភិក្ខុ​​មានដំណើរ​ចេញពីស្រុក១ទៅស្រុក១ ចម្ងាយ​ផ្លូវ​ទៅមួយ​ថ្ងៃ ​មកមួយថ្ងៃ ថ្ងៃទីមួយទៅឆាន់ម្តង ថ្ងៃទីពីរត្រឡប់​មកវិញឆាន់ម្តងទៀត។] ដល់​ភិក្ខុ​ដែល​​ជនជា​ម្ចាស់​​ទានគេ​និមន្តឲ្យឆាន់ ដល់ភិក្ខុ​ដែល​ឆាន់បិណ្ឌបាត​ដែល​​គេ​​តាក់​តែ​ង​ចំពោះ ដល់​ភិក្ខុ​ដែល​ឆាន់បិណ្ឌបាតដែល​គេ​តាក់​តែ​ង​​មិន​ដល់មួយចំអែត អាបត្តិ​មិន​​មាន​ដល់ភិក្ខុ​​ព្រោះ​ឆាន់​ភោជនទាំងពួងក្រៅពីភោជន៥យ៉ាង ដល់ភិក្ខុ​ឆ្កួត ដល់ភិក្ខុ​ជា​ខាងដើម​បញ្ញត្តិ។

សិក្ខាបទទី១ ចប់។

សិក្ខាបទទី២

[៩៣] សម័យនោះ​ ព្រះពុទ្ធដ៏​មានព្រះភាគ កាលគង់នៅ​វត្តវេឡុវន ជា​កលន្ទកនិវាបស្ថាន ទៀបក្រុងរាជគ្រឹះ។ សម័យនោះ​ឯង ទេវទត្ត​មានលាភសក្ការៈសាបសូន្យ​ហើយ​ ព្រមទាំង​បរិស័ទ​ក៏នាំ​គ្នា​​ដើរសូមរឿយៗ ក្នុង​ពួកត្រកូល​ហើយ​ឆាន់។ មនុស្ស​ទាំងឡាយក៏ពោល​ទោស តិះដៀល បន្តុះបង្អាប់ថា សមណៈ​​ទាំងឡាយជា​កូន​ចៅព្រះពុទ្ធបុត្រសក្យរាជ ​មិន​គួរនឹងនាំ​គ្នា​ដើរសូម​រឿយៗក្នុង​ពួកត្រកូល​​ហើយ​ឆាន់សោះ (ធម្មតាមនុស្ស) អ្នកណាមួយ​ដែល​​​មិន​គាប់​​ចិត្ត​នឹង​ភោជន​ល្អ អ្នកណាមួយដែល​​​មិន​ពេញ​ចិត្ត​នឹងភោជន​ដ៏ឆ្ងាញ់ពីសារ។ ភិក្ខុ​​ទាំងឡាយបាន​ឮមនុស្ស​ទាំង​នោះ​​ពោលទោស ​តិះដៀល បន្តុះបង្អាប់ (ដូច្នោះ)​ ហើយ​។ ភិក្ខុ​​ទាំង​ឡាយណា​​​មាន​សេចក្តី​​ប្រាថ្នាតិច។បេ។ ភិក្ខុ​​ទាំងឡាយ​នោះ​ ពោលទោស តិះដៀល បន្តុះបង្អាប់ថា ទេវទត្ត​ព្រម​ទាំង​បរិសទ្យ ​មិន​គួរនឹង​នាំ​គ្នា​​ដើរសូមរឿយៗក្នុង​ត្រកូល​​ទាំងឡាយ​​ហើយ​ឆាន់​សោះ។បេ។ ព្រះអង្គ​ត្រាស់​សួរថា ម្នាលទេវទត្ត ឮថាអ្នក​ឯង​ព្រមទាំងបរិសទ្យនាំ​គ្នា​ដើរសូម​រឿយៗក្នុង​​ត្រកូល​​ទាំងឡាយ ​​ហើយ​ឆាន់ ពិត​មែនឬ។ ទេវទត្តក្រាបទូលថា បពិត្រព្រះដ៏​មានព្រះភាគ ពិត​មែន។ ព្រះពុទ្ធជា​ម្ចាស់​​ដ៏​មានព្រះភាគ ទ្រង់តិះដៀលថា ម្នាល​មោឃបុរស អ្នកឯង​ព្រមទាំង​បរិសទ្យ ​មិន​គួរនឹងដើរសូមរឿយៗ​ក្នុង​ត្រកូល​​ទាំងឡាយ ​ហើយ​ឆាន់ទេ ម្នាលមោឃបុរស ការនេះ​មិន​​មែននាំ​ឲ្យ​ជ្រះថ្លា​ដល់​ពួកជន​ដែល​​មិន​ទាន់ជ្រះថ្លា និង​មិន​នាំជន​ទាំងឡាយ​​ដែល​​ជ្រះថ្លា​ហើយ​ ឲ្យរឹងរឹត​តែ​​ជ្រះថ្លា​​ក្រៃលែង​ទេ។បេ។ ម្នាលភិក្ខុ​​ទាំងឡាយ អ្នក​ទាំងឡាយគប្បី​សំដែង​ឡើងនូវ​សិក្ខាបទ​​នេះ​យ៉ាងនេះ​ថា ភិក្ខុ​ឆាន់គណភោជន ត្រូវអាបត្តិ​បាចិត្តិយ។ សិក្ខាបទនេះ ព្រះដ៏​មានព្រះភាគបាន​បញ្ញត្ត​ហើយ​ដល់ភិក្ខុ​​ទាំងឡាយយ៉ាងនេះ។

[៩៤] សម័យនោះ​ឯង មនុស្ស​ទាំងឡាយ​និមន្ត​ពួកភិក្ខុ​​ដែល​​មានជម្ងឺ​ដោយ​ភត្ត។ ពួក​ភិក្ខុ​​សង្ស័យ ​មិន​ទទួល ដោយ​គិតថា គណភោជន ព្រះដ៏​មានព្រះភាគទ្រង់ហាម​ហើយ​។ ទើបពួកភិក្ខុ​ ក្រាបទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះដ៏​មានព្រះភាគ។ ព្រោះនិទាននេះ ដំណើរនេះ ព្រះដ៏​មាន​ព្រះ​ភាគជា​ម្ចាស់​ ទ្រង់ធ្វើធម្មីកថា ហៅភិក្ខុ​​ទាំងឡាយមកក្នុង​ពេលនោះ​ ​ហើយ​ត្រាស់​ថា ម្នាលភិក្ខុ​​ទាំងឡាយ តថាគតអនុញ្ញាត​ឲ្យភិក្ខុ​​មានជម្ងឺឆាន់គណភោជនបាន​ ម្នាល​ភិក្ខុ​​ទាំងឡាយ អ្នក​ទាំងឡាយ​គប្បីសំដែង​ឡើងនូវសិក្ខាបទនេះ​យ៉ាងនេះ​ថា ភិក្ខុ​ត្រូវ​អាបត្តិ​បាចិត្តិយ ព្រោះ​ឆាន់​គណភោជន វៀរលែង​តែ​​មានសម័យ។ ឯសម័យ​ក្នុង​សិក្ខាបទ​នោះ​គឺ សម័យ​​ដែល​​​មានជម្ងឺ នេះ​ជា​​សម័យ​ក្នុង​សិក្ខាបទនោះ​។ សិក្ខាបទនេះ ព្រះដ៏​មាន​ព្រះភាគបាន​បញ្ញត្ត​ហើយ​ដល់​ភិក្ខុ​​​ទាំងឡាយ​យ៉ាងនេះ។

[៩៥] សម័យនោះ​ឯង មនុស្ស​ទាំងឡាយតាក់​តែ​ង​ចង្ហាន់​ព្រមទាំងចីវរ ក្នុង​សម័យចីវរ​ទាន ​ហើយ​និមន្តភិក្ខុ​​ទាំងឡាយថា យើង​ទាំងឡាយនឹងនិមន្តលោកម្ចាស់​​ទាំងឡាយឲ្យឆាន់ រួច​​ហើយ​​នឹង​ប្រគេ​ន​ចីវរ​ឲ្យស្លៀកដណ្តប់។ ភិក្ខុ​​ទាំងឡាយ សង្ស័យ​​មិន​ទទួល​ដោយ​គិតថា គណភោជន​ ព្រះ​ដ៏​មានព្រះភាគទ្រង់ហាម​ហើយ​។ ចីវរក៏កើតឡើង​ដល់ភិក្ខុ​​ដោយ​​ស្តួច​ស្តើង។ ភិក្ខុ​​ទាំងឡាយ​ក្រាបទូល​សេចក្តី​នុ៎ះចំពោះព្រះដ៏​មានព្រះភាគ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុ​​ទាំងឡាយ តថាគត​អនុញ្ញាតឲ្យអ្នក​ទាំងឡាយឆាន់គណភោជន​បាន​ក្នុង​សម័យ​​នៃ​ចីវរ​ទាន ម្នាលភិក្ខុ​​ទាំងឡាយ អ្នក​ទាំងឡាយគប្បីសំដែងឡើង​នូវសិក្ខាបទនេះ​យ៉ាង​នេះ​​ថា ភិក្ខុ​ត្រូវអាបត្តិបាចិត្តិយ ព្រោះ​ឆាន់​គណភោជន វៀរ​លែង​តែ​​មានសម័យ។ ឯ​សម័យ​​​ក្នុង​សិក្ខាបទ​នោះ​គឺ សម័យ​ដែល​​​មានជម្ងឺ១ សម័យ​ដែល​គេ​ឲ្យចីវរ១ នេះជា​សម័យ​ក្នុង​សិក្ខាបទនោះ​។ សិក្ខាបទនេះ ព្រះដ៏​មានព្រះភាគ​បាន​​បញ្ញត្ត​ហើយ​ដល់ភិក្ខុ​​ទាំងឡាយ​យ៉ាងនេះ។

[៩៦] សម័យនោះ​ឯង មនុស្ស​ទាំងឡាយ និមន្តពួកភិក្ខុ​ដែល​ជា​អ្នកធ្វើចីវរ ដោយ​ចង្ហាន់។ ភិក្ខុ​​ទាំងឡាយសង្ស័យ​ ​មិន​ទទួល​ដោយ​គិតថា គណភោជន​ ព្រះ​ដ៏​មានព្រះភាគទ្រង់ហាម​​ហើយ​។ ភិក្ខុ​​ទាំងឡាយ​ក្រាបទូល​សេចក្តី​នុ៎ះចំពោះព្រះដ៏​មានព្រះភាគ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុ​​ទាំងឡាយ តថាគត​អនុញ្ញាតឲ្យភិក្ខុ​ឆាន់គណភោជន​បាន​ក្នុង​សម័យ​ដែល​ធ្វើចីវរ ម្នាលភិក្ខុ​​ទាំងឡាយ អ្នក​ទាំងឡាយគប្បីសំដែងឡើង​នូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុ​ត្រូវ​អាបត្តិ​បាចិត្តិយ ព្រោះ​ឆាន់​គណភោជន វៀរ​លែង​តែ​​មានសម័យ។ ឯសម័យ​ក្នុង​សិក្ខាបទ​នោះ​គឺ សម័យ​ដែល​​​មានជម្ងឺ១ សម័យ​ដែល​គេ​ប្រគេ​នចីវរ១ សម័យ​ដែល​​ធ្វើ​ចីវរ១ នេះជា​សម័យ​ក្នុង​​សិក្ខាបទនោះ​។ សិក្ខាបទនេះ ព្រះដ៏​មានព្រះភាគ​បាន​​បញ្ញត្ត​ហើយ​ដល់​ភិក្ខុ​​ទាំងឡាយ​យ៉ាង​នេះ។

[៩៧] សម័យនោះ​ឯង ភិក្ខុ​​ទាំងឡាយទៅកាន់ផ្លូវឆ្ងាយ​ មួយអន្លើដោយ​មនុស្ស​ទាំង​ឡាយ។ ឯភិក្ខុ​ទាំងនោះ​ និយាយពាក្យនេះនឹង​មនុស្ស​ទាំងនោះ​ថា ម្នាលអាវុសោ អ្នក​ទាំងឡាយចូរ​​បង្អង់​ចាំ​១រំពេច យើង​ទាំងឡាយនឹង​ត្រាច់​ទៅ​ដើម្បីបិណ្ឌបាត។ មនុស្ស​ទាំងឡាយ​​នោះ​ និយាយ​យ៉ាង​នេះ​ថា បពិត្រលោកដ៏ចំរើន សូមលោកម្ចាស់​​ទាំងឡាយ​និមន្តឆាន់ក្នុង​ទីនេះចុះ។ ភិក្ខុ​​ទាំងឡាយ សង្ស័យ​ ​មិន​ទទួល​ដោយ​គិតថា គណភោជន​ ព្រះ​ដ៏​មានព្រះភាគទ្រង់ហាម​ហើយ​។ ភិក្ខុ​​​ទាំងឡាយ​​ក្រាបទូល​សេចក្តី​នុ៎ះចំពោះព្រះដ៏​មាន​​ព្រះភាគ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុ​​ទាំងឡាយ តថាគត​អនុញ្ញាតឲ្យភិក្ខុ​ឆាន់​គណភោជន​ ក្នុង​សម័យ​ដែល​​ដើរ​ផ្លូវឆ្ងាយ ម្នាលភិក្ខុ​​ទាំងឡាយ អ្នក​ទាំងឡាយ​គប្បី​សំដែង​​ឡើង​នូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុ​ត្រូវអាបត្តិ​បាចិត្តិយ ព្រោះ​ឆាន់​គណភោជន វៀរ​លែង​​តែ​​មានសម័យ។ ឯសម័យ​ក្នុង​សិក្ខាបទនោះ​គឺ សម័យ​ដែល​​​មានជម្ងឺ១ សម័យ​ដែល​គេ​ប្រគេ​នចីវរ១ សម័យ​ដែល​​ធ្វើនូវចីវរ១ សម័យ​ដែល​​ទៅ​កាន់​ផ្លូវឆ្ងាយ១ នេះជា​​សម័យ​ក្នុង​សិក្ខាបទនោះ​។ សិក្ខាបទនេះ ព្រះដ៏​មានព្រះភាគ​បាន​​បញ្ញត្ត​ហើយ​ដល់ភិក្ខុ​​ទាំងឡាយ​​យ៉ាងនេះ។

[៩៨] សម័យនោះ​ឯង ភិក្ខុ​​ទាំងឡាយទៅដោយ​ទូក​ មួយអន្លើដោយ​មនុស្ស​ទាំងឡាយ។ ឯភិក្ខុ​ទាំងនោះ​ និយាយពាក្យនេះនឹង​មនុស្ស​ទាំងនោះ​ថា ម្នាលអាវុសោ អ្នក​ទាំងឡាយចូរ​អែបទូក​ទៀបឆ្នេរមួយរំពេចសិន យើង​ទាំងឡាយនឹង​ត្រាច់​ទៅ​ដើម្បីបិណ្ឌបាត។ មនុស្ស​ទាំងឡាយ​នោះ​ និយាយ​យ៉ាង​នេះ​ថា បពិត្រលោកដ៏ចំរើន សូមលោកម្ចាស់​​ទាំងឡាយ​ឆាន់​ចង្ហាន់ក្នុង​ទីនេះ​ចុះ។ ភិក្ខុ​​​ទាំងឡាយ សង្ស័យ​ ​មិន​ហ៊ានទទួល ​ដោយ​គិតថា គណភោជន​ ព្រះ​ដ៏​មាន​ព្រះភាគទ្រង់ហាម​​ហើយ​។ ភិក្ខុ​​​ទាំងឡាយ​​ក្រាបទូល​សេចក្តី​នុ៎ះចំពោះព្រះដ៏​មានព្រះភាគ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុ​​ទាំងឡាយ តថាគត​អនុញ្ញាតឲ្យភិក្ខុ​ឆាន់​គណភោជន​ ក្នុង​សម័យ​ឡើងជិះទូកបាន​ ម្នាល​ភិក្ខុ​​​ទាំងឡាយ អ្នក​ទាំងឡាយគប្បីសំដែងឡើង​នូវសិក្ខាបទ​នេះយ៉ាង​នេះថា ភិក្ខុ​ត្រូវ​អាបត្តិ​បាចិត្តិយ ព្រោះ​ឆាន់​គណភោជន វៀរ​លែង​តែ​​មានសម័យ។ ឯសម័យ​ក្នុង​សិក្ខាបទនោះ​គឺ សម័យ​ដែល​​​​មានជម្ងឺ១ សម័យ​ដែល​គេ​ប្រគេ​នចីវរ១ សម័យ​ដែល​​ធ្វើចីវរ១ សម័យ​ដែល​​ទៅ​កាន់​ផ្លូវឆ្ងាយ​១ សម័យដែល​​ឡើងជិះទូក១ នេះជា​​សម័យ​ក្នុង​សិក្ខាបទនោះ​។ សិក្ខាបទនេះ ព្រះដ៏​មានព្រះភាគ​បាន​​​បញ្ញត្ត​ហើយ​ដល់ភិក្ខុ​​ទាំងឡាយ​យ៉ាងនេះ។

[៩៩] សម័យនោះ​ឯង ភិក្ខុ​​ទាំងឡាយនៅ​ចាំវស្សាក្នុង​ទិស​ទាំងឡាយ លុះចេញវស្សា​រួច​​ហើយ​ ក៏នាំ​គ្នា​មកឯក្រុងរាជគ្រឹះដើម្បីគាល់​ព្រះដ៏​មានព្រះភាគ។ ពួកមនុស្ស​ឃើញ​ភិក្ខុ​​​ទាំងឡាយ​មក​ពីរជ្ជសីមា​[រាជអាណាចក្រដទៃ ប្រទេសដទៃ ដែនដទៃ។] ផ្សេងៗ​គ្នា​ ​ហើយ​ក៏​និមន្ត​ឆាន់។ ភិក្ខុ​​​ទាំងឡាយ សង្ស័យ​ ​មិន​ទទួល​ ដោយ​គិតថា គណភោជន​ ព្រះ​ដ៏​មានព្រះភាគ​ទ្រង់ហាម​​ហើយ​។ ភិក្ខុ​​​ទាំងឡាយ​​ ក្រាបទូល​សេចក្តី​នុ៎ះ ចំពោះព្រះដ៏​មាន​ព្រះភាគ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុ​​ទាំង​ឡាយ តថាគត​អនុញ្ញាតឲ្យអ្នក​ទាំងឡាយ​ឆាន់​គណភោជន​ ក្នុង​មហាសម័យបាន​​ ម្នាល​ភិក្ខុ​​ទាំង​ឡាយ អ្នក​ទាំងឡាយគប្បីសំដែងឡើង​នូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុ​ត្រូវ​អាបត្តិ​បាចិត្តិយ ព្រោះ​ឆាន់​គណភោជន វៀរ​លែង​តែ​​មានសម័យ។ ឯសម័យ​ក្នុង​សិក្ខាបទនោះ​គឺ សម័យ​ដែល​​​​មានជម្ងឺ១ សម័យ​ដែល​គេ​ប្រគេ​នចីវរ១ សម័យ​ដែល​​ធ្វើនូវចីវរ១ សម័យ​ដែល​​ទៅ​កាន់​ផ្លូវឆ្ងាយ​១ សម័យ​ដែល​​​ឡើង​ជិះទូក១ សម័យ​ដែល​​​មានភិក្ខុ​ច្រើន១ នេះជា​​សម័យ​ក្នុង​សិក្ខាបទនោះ​។ សិក្ខាបទនេះ ព្រះដ៏​មានព្រះភាគ​បាន​​​បញ្ញត្ត​ហើយ​ដល់ភិក្ខុ​​ទាំងឡាយ​យ៉ាង​នេះ។

[១០០] សម័យនោះ​ឯង (​មានបុរសម្នាក់) ត្រូវជា​ញាតិ​សាលោហិត​របស់​​ព្រះបាទ​មាគធ​សេនិយ​ពិម្ពិសាររាជ បាន​បួសក្នុង​សំណាក់អាជីវក​ទាំងឡាយ។ លំដាប់នោះ​ អាជីវក​​នោះ​​ចូល​ទៅគាល់​ព្រះបាទ​មាគធសេនិយពិម្ពិសាររាជ ​ហើយ​បាន​ទូលពាក្យនេះ ​ចំពោះ​ព្រះបាទ​​​មាគធសេនិយពិម្ពិសាររាជថា បពិត្រមហារាជ អាត្មាប្រាថ្នាដើម្បីធ្វើ​នូវភត្ត​ជា​របៀប​​បាសណ្ឌសុទ្ធ​ [គឺរបៀបធ្វើភត្តរបស់​មិច្ឆាទិដ្ឋិ ក្រៅពីព្រះពុទ្ធសាសនា។]។ ព្រះបាទ​មាគធសេនិយពិម្ពិសាររាជ​ត្រាស់ថា​ បពិត្រលោកដ៏ចំរើន បើលោកនិមន្តភិក្ខុ​សង្ឃ​មាន​ព្រះពុទ្ធ​ជា​ប្រធាន​ឆាន់មុនសិន (ទើប) យើង​ត្រូវធ្វើយ៉ាងនេះ (បាន​)។ អាជីវកនោះ​ក៏ប្រើបម្រើទៅក្នុង​សំណាក់ភិក្ខុ​​ទាំងឡាយ​ក្នុង​ពេល​នោះ​ថា ភិក្ខុ​​ទាំងឡាយសូមទទួល​ចង្ហាន់​របស់​ខ្ញុំ​ដើម្បីភត្តកិច្ច​ក្នុង​ថ្ងៃស្អែក។ ភិក្ខុ​​​ទាំងឡាយ​សង្ស័យ ​មិន​ទទួលដោយ​គិតថា គណភោជន ​ព្រះ​ដ៏​មានព្រះភាគទ្រង់ហាម​​ហើយ​។ គ្រានោះ​ អាជីវកនោះ​ ចូល​ទៅ​គាល់​ព្រះដ៏​មានព្រះភាគ ដល់​ហើយ​ ក៏ពោលពាក្យជា​ទីរាក់ទាក់​ជា​មួយ​នឹង​ព្រះដ៏​មានព្រះភាគ លុះបញ្ចប់ពាក្យដែល​បុគ្គល​គប្បីរីករាយ ដែល​បុគ្គល​គប្បីរលឹក​ស្រេច​​ហើយ​ ក៏​ស្ថិតនៅ​ក្នុង​ទីដ៏សមគួរ។ អាជីវក​នោះ​ លុះ​ស្ថិត​នៅ​ក្នុង​ទីដ៏សមគួរ​​ហើយ​ ក៏បាន​ក្រាបទូលពាក្យ​នេះ​ចំពោះព្រះដ៏​មានព្រះភាគថា ព្រះគោតម​ដ៏ចំរើនជា​អ្នកបួស ខ្ញុំព្រះអង្គក៏ជា​អ្នក​បួសដែរ អ្នក​បួស​គួរ​ទទួល​ដុំបាយ​របស់​អ្នកបួសផង​គ្នា​ ព្រះគោតមដ៏ចំរើន សូមទទួលចង្ហាន់​របស់​​ខ្ញុំព្រះអង្គ ដើម្បីភត្តកិច្ច​ក្នុង​ថ្ងៃស្អែក មួយអន្លើដោយ​ភិក្ខុ​សង្ឃ។ ព្រះដ៏​មានព្រះភាគ​ទ្រង់​ទទួល​ដោយ​​តណ្ហីភាព។ អាជីវកនោះ​ដឹងច្បាស់ជា​ព្រះដ៏​មានព្រះភាគទទួលនិមន្ត​ហើយ​ ក៏ចៀសចេញ​ទៅ​ក្នុង​ពេលនោះ​។ ព្រោះ​និទាននេះ ដំណើរនេះ ព្រះដ៏​មានព្រះភាគ​ទ្រង់​ធ្វើធម្មីកថា ហៅភិក្ខុ​​​ទាំងឡាយមកជួបជុំក្នុង​ពេលនោះ​ ​ហើយ​ត្រាស់ថា ម្នាលភិក្ខុ​​ទាំង​ឡាយ តថាគត​អនុញ្ញាតឲ្យភិក្ខុ​ឆាន់គណភោជន​ ក្នុង​សម័យ​នៃ​សមណភត្តបាន​​ ម្នាល​ភិក្ខុ​​ទាំង​ឡាយ អ្នក​ទាំងឡាយគប្បីសំដែងឡើង​នូវសិក្ខាបទ​នេះយ៉ាងនេះថា ភិក្ខុ​ត្រូវ​អាបត្តិ​បាចិត្តិយ ព្រោះ​ឆាន់​គណភោជន វៀរ​លែង​តែ​​មានសម័យ។ ឯសម័យ​ក្នុង​សិក្ខាបទនោះ​គឺ សម័យ​ដែល​​​​មានជម្ងឺ១ សម័យ​ដែល​គេ​ប្រគេ​នចីវរ១ សម័យ​ដែល​​ធ្វើនូវចីវរ១ សម័យ​ដែល​ដើរ​ផ្លូវឆ្ងាយ​១ សម័យ​ដែល​​​ឡើងជិះទូក១ សម័យ​ដែល​​​មានភិក្ខុ​ច្រើនអង្គ១ សម័យ​​នៃ​សមណភត្ត១ នេះជា​​សម័យ​ក្នុង​សិក្ខាបទនោះ​។

[១០១] ដែល​ហៅថា គណភោជន គឺភិក្ខុ​៤រូបដែល​គេ​និមន្តចេញ ឈ្មោះភោជនទាំង៥ ដោយ​ភោជនណាមួយ ​ហើយ​ឆាន់ភោជនណា ភោជននុ៎ះហៅថា គណភោជន។ ពាក្យថា វៀរលែង​​តែ​​មានសម័យ គឺលើកទុក​តែ​​មានសម័យ (គឺ​ហេតុ​ដែល​គួរនឹងឆាន់បាន​)។ ដែល​​ហៅ​ថា សម័យ​​មានជម្ងឺ ដោយ​ហោចទៅ សូម្បី​តែ​ជើង​​ទាំងឡាយ​ដែល​បែក (បាក់​ផ្តៅ​ក៏​ហៅថា​មានជម្ងឺ)។ ភិក្ខុ​ដឹងថាខ្លួន​មានសម័យឈឺថ្កាត់​ហើយ​ គប្បីឆាន់គណភោជនបាន​។ ដែល​ហៅថា សម័យ​ដែល​​គេ​​ប្រគេ​នចីវរ គឺថាកាល​បើភិក្ខុ​​មិន​បាន​ក្រាលកឋិនទេ (សម័យ​​នៃ​ចីវរទាន) បាន​ត្រឹម​​តែ​១ខែ គឺ​ខែ​ជា​ខាងចុង​​នៃ​វស្សានរដូវ [គឺគិតពី ១រោចខែអស្សុជ្ជ ទៅដល់ថ្ងៃ​ពេញ​បូណ៌មីខែកត្តិក។] បើភិក្ខុ​​បាន​​ក្រាលកឋិន (សម័យ​​នៃ​ចីវរទាន) បាន ​៥ ខែ [គឺគិតពី ១ រោជ ខែអស្សុជ្ជ ទៅដល់​ថ្ងៃពេញ​បូណ៌មី​ខែផគ្គុណ។]។ ភិក្ខុ​ដឹងថា​មាន​សម័យ​នៃ​ចីវរទាន​ហើយ​ គប្បីឆាន់គណភោជនបាន​។ ដែល​​ហៅ​ថា​ សម័យ​ដែល​​ធ្វើនូវចីវរ គឺកាលដែល​ភិក្ខុ​កំពុង​ធ្វើចីវរ។ ភិក្ខុ​ដឹងថា​មានសម័យ​ជា​ទី​ធ្វើ​នូវ​ចីវរ​​ហើយ​ គប្បី​ឆាន់គណភោជនបាន​។ ដែល​​ហៅ​ថា​ សម័យ​ដែល​ដើរផ្លូវឆ្ងាយ គឺភិក្ខុ​ដឹងថា អញ​នឹង​ដើរផ្លូវឆ្ងាយប្រមាណកន្លះយោជន៍​​ហើយ​ គប្បីឆាន់​គណភោជនបាន​។ កាលភិក្ខុ​កំពុងដើរ​ទៅ ក៏គប្បីឆាន់គណភោជនបាន​។ កាលភិក្ខុ​មកវិញ ក៏គប្បីឆាន់គណភោជនបាន​។ ដែល​​ហៅ​ថា​ សម័យឡើងជិះទូក គឺភិក្ខុ​ដឹងថា អញ​នឹងឡើង​ជិះទូក ​ហើយ​គប្បីឆាន់​គណ​ភោជន​បាន​។ ភិក្ខុ​​ឡើង​ជិះទូក​ហើយ​គប្បីឆាន់​គណភោជន​បាន​។ កាលភិក្ខុ​ចុះអំពីទូក​​ហើយ​គប្បីឆាន់គណភោជន​បាន​។ ដែល​​ហៅ​ថា​ សម័យ​​​មានភិក្ខុ​ច្រើនអង្គ គឺសម័យដែល​​ភិក្ខុ​​ទាំងឡាយពីរ ឬបីអង្គ​ត្រាច់ទៅ​ដើម្បីបិណ្ឌបាត ​ហើយ​បាន​ឆាន់ឆ្អែតក្នុង​ទីណា ដល់​ភិក្ខុ​មួយអង្គមកទៀត ត្រូវជា​បួនអង្គ ឆាន់​​មិន​ឆ្អែត។ ភិក្ខុ​ដឹងថា សម័យ​​មានភិក្ខុ​ច្រើន​អង្គ​ដូច្នេះ ​ហើយ​គប្បីឆាន់គណភោជនបាន​។ ដែល​​ហៅ​ថា​ សម័យ​​នៃ​សមណភត្ត គឺអ្នកណា​មួយ​ដែល​រាប់បញ្ចូល​ក្នុង​ពួកអ្នកបួស (ក្រៅ​ព្រះពុទ្ធ​សាសនា) ធ្វើ​ភត្ត។ ភិក្ខុ​ដឹងថា សម័យ​នៃ​សមណភត្ត ​ហើយ​គប្បីឆាន់គណភោជនបាន​។ ភិក្ខុ​​ទទួល​គណភោជនដោយ​គិតថា អញនឹងបរិភោគ ត្រូវអាបត្តិទុក្កដ វៀរលែង​តែ​​មានសម័យ។ ភិក្ខុ​ត្រូវអាបត្តិបាចិត្តិយ​គ្រប់ៗ​វារៈដែល​​លេបចូល​ក្នុង​ក។

[១០២] គណភោជន ភិក្ខុ​សំគាល់​ថាគណភោជនមែន ​ហើយ​បរិភោគ ត្រូវអាបត្តិបាចិត្តិយ វៀរលែង​តែ​​មានសម័យ។ ភិក្ខុ​សង្ស័យក្នុង​គណភោជន​ហើយ​ឆាន់ ត្រូវអាបត្តិបាចិត្តិយ វៀរ​លែង​​តែ​​មានសម័យ។ ភិក្ខុ​សំគាល់​ក្នុង​គណភោជនថា ​មិន​មែនគណភោជន ​ហើយ​ឆាន់ ត្រូវ​អាបត្តិបាចិត្តិយ វៀរលែង​តែ​​មានសម័យ។ ​មិន​មែនគណភោជន ភិក្ខុ​សំគាល់​ថា​គណភោជន ត្រូវអាបត្តិទុក្កដ។ ​មិន​មែនគណភោជន ភិក្ខុ​សង្ស័យ ត្រូវអាបត្តិទុក្កដ។ ​មិន​មែនគណភោជន ភិក្ខុ​សំគាល់​ថា ​មិន​មែនគណភោជន ​មិន​ត្រូវអាបត្តិ។

[១០៣] អាបត្តិ​មិន​​មានដល់ភិក្ខុ​​មានសម័យ ដល់ភិក្ខុ​​ទាំងឡាយពីរឬបីអង្គ​ដែល​ឆាន់​ជា​មួយ​គ្នា​ ដល់​ភិក្ខុ​​ទាំងឡាយដែល​ត្រាច់ទៅដើម្បីបិណ្ឌបាត ​ហើយ​ប្រជុំ​គ្នា​ឆាន់​ក្នុង​ទី​ជា​មួយ​​គ្នា​  ដល់​ភិក្ខុ​ដែល​ឆាន់និច្ចភត្ត សលាកភត្ត បក្ខិកភត្ត ឧបោសថិកភត្ត បាដិបទិកភត្ត អាបត្តិ​មិន​​មាន​ដល់​ភិក្ខុ​ដែល​ឆាន់​ភោជនទាំងពួងក្រៅពីភោជន៥យ៉ាង ដល់ភិក្ខុ​ឆ្កួត ដល់ភិក្ខុ​ជា​ខាងដើមបញ្ញត្តិ។

សិក្ខាបទទី២ ចប់។

សិក្ខាបទទី៣

[១០៤] សម័យនោះ​ ព្រះពុទ្ធដ៏​មានព្រះភាគ កាលគង់នៅ​កូដាគារសាលា ក្នុង​មហាវន ក្បែរ​ក្រុងវេសាលី។ សម័យនោះ​ឯង ក្រុងវេសាលី គេ​បាន​ចាត់ចែងភត្ត​ដ៏ឧត្តម​ទាំងឡាយ​តាំងនៅ​​ជា​និច្ច។ គ្រានោះ​ អ្នកធ្វើការម្នាក់ជា​មនុស្សទាល់ក្រ ​មាន​សេចក្តី​​ត្រិះរិះ​ដូច្នេះថា មនុស្ស​ទាំងឡាយ​នេះ​ធ្វើភត្តដោយ​គោរព តាមទំនងយ៉ាងណា (ទំនង) នេះ​មិន​មែន​ជា​ថោក​ទាបឡើយ បើដូច្នោះ​ ​មាន​តែ​អញត្រូវធ្វើភត្តនឹងគេ​ដែរ។ ឯអ្នកធ្វើការងារដែល​ជា​មនុស្ស​ទាល់​ក្រនោះ​ ចូល​​ទៅរក​បុរស​ឈ្មោះកិរបតិក លុះចូល​ទៅ​ហើយ​ ក៏បាន​និយាយ​ពាក្យនេះ​នឹងបុរស​ឈ្មោះ​កិរបតិកនោះ​ថា បពិត្រអយ្យបុត្រ ខ្ញុំប្រាថ្នាដើម្បីធ្វើភត្តដល់ភិក្ខុ​សង្ឃ​មានព្រះពុទ្ធជា​ប្រធាន សូមអ្នកឲ្យថ្លៃឈ្នួល​មក​ខ្ញុំចុះ។ បុរសឈ្មោះ​កិរបតិកនោះ​ឯង ក៏ជា​មនុស្ស​​មានសទ្ធា​ជ្រះថ្លាដែរ។ ឯបុរសឈ្មោះ​កិរបតិក​នោះ​ បាន​ឲ្យថ្លៃឈ្នួល​ច្រើន​គ្រាន់​​បើដល់​អ្នកធ្វើការងារ​ដែល​​ជា​​មនុស្ស​ទាល់ក្រនោះ​។ គ្រានោះ​ អ្នកធ្វើការងារ​ដែល​​ជា​មនុស្ស​ទាល់ក្រនោះ​ចូល​​ទៅ​គាល់​​ព្រះដ៏​មានព្រះភាគ លុះចូល​​ទៅដល់​​ហើយ​ ក៏ថ្វាយបង្គំ​ព្រះដ៏​មានព្រះភាគ ​ហើយ​អង្គុយ​​នៅ​ក្នុង​ទីដ៏សមគួរ។ បុរសអ្នកធ្វើការងារដែល​​ជា​​មនុស្ស​ទ័លក្រនោះ​ លុះអង្គុយ​​នៅ​ក្នុង​ទីដ៏​សមគួរ​​ហើយ​ ក៏ក្រាបទូលពាក្យនេះចំពោះព្រះដ៏​​មាន​ព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន ព្រះដ៏​មាន​ព្រះភាគសូមទទួលភត្តរបស់​ខ្ញុំព្រះអង្គ ដើម្បី​ភត្តកិច្ច​ក្នុង​ថ្ងៃស្អែកមួយអន្លើដោយ​ភិក្ខុ​សង្ឃ។ ព្រះអង្គត្រាស់សួរថា ម្នាលអាវុសោ ភិក្ខុ​សង្ឃ​ច្រើន​ណាស់ អ្នកចូរ​ដឹងចុះ។ បុរសកំសត់ក្រាបទូលថា បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុ​សង្ឃច្រើនក៏ច្រើនចុះ (ព្រោះ) ផ្លែពទ្រា​មានប្រមាណច្រើន ខ្ញុំព្រះអង្គបាន​ចាត់ចែង​ហើយ​ គ្រឿងផឹក​ទាំងឡាយ​នឹង​បរិបូណ៌​ដោយ​បបរលាយដោយ​ផ្លែពទ្រា។ ព្រះដ៏​មានព្រះភាគ​ទ្រង់​ទទួលនិមន្តដោយ​តុណ្ហីភាព។ គ្រានោះ​ បុរស​អ្នកធ្វើការងារដ៏កំសត់នោះ​ដឹងច្បាស់​ថា ព្រះដ៏​មានព្រះភាគទទួលនិមន្ត​ហើយ​ ក៏​ក្រោកចាកអាសនៈ ថ្វាយបង្គំ​ព្រះដ៏​មាន​ព្រះភាគ​ ធ្វើប្រទក្សិណ ​ហើយ​ចៀសចេញទៅ។ ភិក្ខុ​​​ទាំងឡាយ​បាន​ដំណឹងថា ឮថា ភិក្ខុ​សង្ឃ​​​មានព្រះពុទ្ធជា​ប្រធាន អ្នកធ្វើការងារដ៏កំសត់​បាន​​និមន្ត​​ហើយ​ ដើម្បីភត្តកិច្ច​ក្នុង​ថ្ងៃ​ស្អែក គ្រឿងផឹក​ទាំងឡាយនឹងបរិបូណ៌ដោយ​បបរលាយដោយ​​ផ្លែពទ្រា។ ភិក្ខុ​ទាំងនោះ​ត្រាច់ទៅ ដើម្បីបិណ្ឌបាត ​ហើយ​ឆាន់តាំងអំពីព្រឹក។ មនុស្ស​ទាំងឡាយ​បាន​ដំណឹងថា ឮថា ភិក្ខុ​សង្ឃ​មានព្រះពុទ្ធ​ជា​ប្រធាន អ្នកធ្វើការងារ​ដ៏កំសត់​បាន​និមន្ត​ហើយ​។ មនុស្ស​ទាំងនោះ​នាំយកខាទនីយភោជនីយ​មានប្រមាណច្រើន ទៅដើម្បីអ្នកធ្វើការងារដ៏កំសត់​ (នោះ​)។ លុះព្រឹកឡើង ទើបអ្នកធ្វើការងារដ៏កំសត់នោះ​ឲ្យ​មនុស្សតាក់​តែ​ង​ខាទនីយ​ភោជនីយ​ដ៏ឧត្តម ​ហើយ​ឲ្យគេ​ក្រាបទូលនូវភត្តកាលចំពោះព្រះដ៏​មានព្រះភាគថា បពិត្រ​ព្រះអង្គដ៏ចំរើន កាលគួរ​​ហើយ​ ភត្តសម្រេច​ហើយ​។ លំដាប់នោះ​ ព្រះដ៏​មានព្រះភាគទ្រង់​ស្លៀកស្បង់ ​ហើយ​​ប្រដាប់​ដោយ​បាត្រនិងចីវរអំពីព្រឹក រួច​ហើយ​​យាងចូល​ទៅកាន់លំនៅ​​អ្នកធ្វើការងារដ៏កំសត់​នោះ​ លុះចូល​ទៅដល់​ហើយ ​ក៏គង់​លើអាសនៈ​ដែល​គេ​តាក់​តែង​ថ្វាយ មួយអន្លើដោយ​ភិក្ខុ​សង្ឃ។ ទើបអ្នក​ធ្វើការងារដ៏កំសត់នោះ​ក៏អង្គាសភិក្ខុ​​ទាំងឡាយ​ក្នុង​រោងភត្ត។ ពួកភិក្ខុ​ពោល​យ៉ាង​នេះថា ម្នាលអាវុសោ អ្នកចូរ​ឲ្យ​តែ​បន្តិច​ហើយ​ ម្នាល​អាវុសោ អ្នកចូរ​ឲ្យ​តែ​បន្តិច​ហើយ​។ អ្នកធ្វើការងារដ៏​កំសត់នោះ​ឆ្លើយថា បពិត្រ​លោក​ទាំងឡាយដ៏ចំរើន លោក​ទាំងឡាយ​សូម​កុំទទួល​នូវវត្ថុបន្តិចៗ ដោយ​គិតថា អ្នកធ្វើ​ការងារ​នេះជា​មនុស្សកំសត់ឡើយ (ព្រោះ) ខាទនីយភោជនីយ​មានប្រមាណ​ច្រើន ខ្ញុំ​ព្រះករុណាឲ្យគេ​តាក់​តែ​ង​ហើយ​ បពិត្រលោកម្ចាស់​​ទាំងឡាយ សូមលោក​​ទាំងឡាយ​ទទួល (ឆាន់) ត្រា​តែ​ឆ្អែត។ ពួកភិក្ខុ​ឆ្លើយថា ម្នាលអាវុសោ យើង​ទាំងឡាយ​ទទួល​វត្ថុ​បន្តិចៗ ព្រោះ​​តែ​ហេតុ​នេះ ក៏​មិន​មែនទេ មកពីយើង​ទាំងឡាយ​ត្រាច់ទៅ​ដើម្បីបិណ្ឌបាត​ឆាន់តាំងអំពីព្រឹក​ហើយ​ ហេតុ​នោះ​ បាន​ជា​យើង​ទាំងឡាយ ទទួល​​តែ​បន្តិចៗម្នាក់។ លំដាប់​នោះ​ អ្នកធ្វើការងារដ៏កំសត់​នោះ​​ពោលទោស តិះដៀល បន្តុះបង្អាប់ថា ​មិន​សមបើលោក​ទាំងឡាយដ៏ចំរើន​ ខ្ញុំបាន​និមន្ត​​ហើយ​ ​មិន​គួរនឹងឆាន់ក្នុង​ទីដទៃសោះ ឬខ្ញុំ​​មិន​អាច​ដើម្បីប្រគេ​ន​ឲ្យឆាន់​ឆ្អែតទេដឹង។ ភិក្ខុ​​​ទាំងឡាយ​ឮអ្នកធ្វើការងារដ៏កំសត់​នោះ​ពោល​ទោស តិះដៀល បន្តុះបង្អាប់ (ដូច្នោះ) ​ហើយ​។ ភិក្ខុ​​​ទាំងឡាយណា​មាន​សេចក្តី​ប្រាថ្នាតិច។បេ។ ភិក្ខុ​​ទាំងឡាយនោះ​ពោលទោស តិះដៀល បន្តុះ​បង្អាប់ថា ពួកភិក្ខុ​ដែល​គេ​បាន​និមន្តក្នុង​ទីដទៃ​ហើយ​ ​មិន​គួរនឹងឆាន់​ក្នុង​ទីដទៃសោះ។បេ។ ព្រះអង្គត្រាស់សួរថា ម្នាលភិក្ខុ​​ទាំងឡាយ ឮថាពួកភិក្ខុ​ ជនគេ​បាន​និមន្តក្នុង​ទីដទៃ​ហើយ​ ត្រឡប់​ឆាន់​ក្នុង​ទីដទៃវិញ ពិត​មែនឬ។ ពួកភិក្ខុ​ក្រាបទូលថា បពិត្រព្រះដ៏​មានព្រះភាគ ពិត​មែន។ ព្រះពុទ្ធ​ដ៏​មានព្រះភាគ ទ្រង់តិះដៀលថា ម្នាលភិក្ខុ​​ទាំងឡាយ មោឃបុរសទាំងនោះ​ គេ​បាន​​និមន្ត​ក្នុង​ទីដទៃ​ហើយ​ ​មិន​គួរនឹងឆាន់ក្នុង​ទីដទៃ ម្នាលភិក្ខុ​​ទាំងឡាយ ការនេះនឹងនាំ​ឲ្យ​ជ្រះថ្លា​ដល់​ជន​​ទាំងឡាយ​ដែល​​មិន​ទាន់ជ្រះថ្លា ឬនាំជន​ទាំងឡាយ​​ដែល​​ជ្រះថ្លា​ហើយ​ ឲ្យរឹងរឹត​តែ​​ជ្រះថ្លា​ឡើង​ក៏​​ទេ។បេ។ ម្នាលភិក្ខុ​​ទាំងឡាយ អ្នក​ទាំងឡាយ គប្បី​សំដែង​ឡើងនូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា ភិក្ខុ​​ត្រូវអាបត្តិ​បាចិត្តិយ ព្រោះ​ឆាន់​បរម្បរភោជន​[ព្រោះភិក្ខុ​នោះ​ទទួលនិមន្តឆាន់ភោជន៥យ៉ាង ភោជន​ណាមួយក្នុង​ទី​ឯណេះ ​ហើយ​ត្រឡប់​ទៅឆាន់​ក្នុង​ទីឯណោះវិញ ឬទទួល​និមន្តឆាន់​ក្នុង​ទី​ឯណោះ ​ហើយ​​ត្រឡប់​មកឆាន់ក្នុង​ទីឯណេះវិញ។] (គឺភោជនដែល​គេ​និមន្តខាងក្រោយ) សិក្ខាបទ​នេះ ព្រះដ៏​មានព្រះភាគបាន​បញ្ញត្ត​ហើយ​ដល់ភិក្ខុ​​ទាំងឡាយយ៉ាងនេះ។

[១០៥] សម័យនោះ​ឯង ​មានភិក្ខុ​១រូប​មានជម្ងឺ។ ភិក្ខុ​១រូបទៀតកាន់យក​ចង្ហាន់​បិណ្ឌបាត​ចូល​ទៅរកភិក្ខុ​នោះ​ លុះចូល​ទៅ​ហើយ​ បាន​និយាយ​ពាក្យនេះនឹងភិក្ខុ​នោះ​ថា ម្នាល​អាវុសោ លោកចូរ​ឆាន់។ ភិក្ខុ​​មានជម្ងឺឆ្លើយថា ម្នាលអាវុសោ កុំឡើយ ចង្ហាន់ដែល​គេ​បម្រុង​ឲ្យខ្ញុំ​មាន​ហើយ​។ បិណ្ឌបាត​ដែល​​គេ​នាំយកមកប្រគេ​នភិក្ខុ​នោះ​ក្នុង​ពេលថ្ងៃពេក។ ភិក្ខុ​​មានជម្ងឺនោះ​ឆាន់​មិន​បាន​ដោយ​​ស្រួល​សោះ។ ភិក្ខុ​​ទាំងឡាយក្រាបទូល​សេចក្តី​នុ៎ះ​ចំពោះ​​ព្រះដ៏​មានព្រះភាគ។ ព្រោះនិទាននេះ ដំណើរនេះ ព្រះដ៏​មាន​ព្រះ​ភាគ ទ្រង់ធ្វើ​ធម្មីកថា ហៅភិក្ខុ​​ទាំងឡាយមកក្នុង​ពេលនោះ​ ​ហើយ​ត្រាស់​ថា ម្នាលភិក្ខុ​​ទាំងឡាយ តថាគតអនុញ្ញាត​ឲ្យភិក្ខុ​​មានជម្ងឺ​ឆាន់​បរម្បរភោជន​បាន​ ម្នាលភិក្ខុ​​ទាំងឡាយ អ្នក​ទាំង​ឡាយ​​គប្បីសំដែង​ឡើងនូវសិក្ខាបទនេះ​យ៉ាង​នេះ​​ថា ភិក្ខុ​ត្រូវ​អាបត្តិបាចិត្តិយ ព្រោះ​ឆាន់​បរម្បរភោជន វៀរលែង​តែ​​មានសម័យ។ ឯសម័យ​ក្នុង​សិក្ខាបទនោះ​គឺ សម័យ​ដែល​ភិក្ខុ​​​មានជម្ងឺ នេះ​ជា​​សម័យ​ក្នុង​សិក្ខាបទនោះ​។ សិក្ខាបទនេះ ព្រះដ៏​មានព្រះភាគ​បាន​​បញ្ញត្ត​ហើយ​ដល់​ភិក្ខុ​​​ទាំងឡាយ​យ៉ាងនេះ។

[១០៦] សម័យនោះ​ឯង មនុស្ស​ទាំងឡាយតាក់​តែ​ងភត្ត​ព្រមទាំងចីវរ ក្នុង​សម័យ​នៃ​ចីវរ​ទាន ​ហើយ​និមន្តភិក្ខុ​​ទាំងឡាយថា ពួកយើងនឹងនិមន្តលោកម្ចាស់​​ទាំងឡាយឆាន់ រួច(​នឹង​ប្រគេ​ន)​ចីវរ​ឲ្យស្លៀកដណ្តប់។ ភិក្ខុ​​ទាំងឡាយសង្ស័យ​ ​មិន​ទទួល​ដោយ​គិតថា បរម្បរ​ភោជន​ ព្រះ​ដ៏​មាន​ព្រះ​ភាគទ្រង់ហាម​ហើយ​។ ចីវរក៏កើតឡើង​ដល់ភិក្ខុ​​ដោយ​​ស្តួច​ស្តើង។ ភិក្ខុ​​ទាំងឡាយ​ក្រាប​ទូល​​​សេចក្តី​នុ៎ះចំពោះព្រះដ៏​មានព្រះភាគ។ ព្រះអង្គត្រាស់ថា ម្នាល​ភិក្ខុ​​​ទាំងឡាយ តថាគត​អនុញ្ញាត​ឲ្យភិក្ខុ​ឆាន់បរម្បរភោជន​ ក្នុង​សម័យ​​នៃ​ចីវរ​ទានបាន​ ម្នាល​ភិក្ខុ​​ទាំងឡាយ អ្នក​ទាំង​ឡាយគប្បី​សំដែង​ឡើង​នូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុ​ត្រូវអាបត្តិបាចិត្តិយ ព្រោះ​ឆាន់​បរម្បរភោជន វៀរ​លែង​តែ​​មានសម័យ។ ឯសម័យ​ក្នុង​សិក្ខាបទនោះ​គឺ សម័យ​ដែល​​ភិក្ខុ​​មានជម្ងឺ ១ សម័យ​​នៃ​ចីវរទាន ១ នេះជា​សម័យ​ក្នុង​សិក្ខាបទនោះ​។ សិក្ខាបទនេះ ព្រះដ៏​មានព្រះភាគ​បាន​​បញ្ញត្ត​ហើយ​ដល់​ភិក្ខុ​​​ទាំងឡាយ​យ៉ាងនេះ។

[១០៧] សម័យនោះ​ឯង មនុស្ស​ទាំងឡាយ និមន្តពួកភិក្ខុ​ជា​អ្នកធ្វើចីវរ ឲ្យឆាន់ចង្ហាន់។ ភិក្ខុ​​ទាំងឡាយសង្ស័យ​ ​មិន​ទទួល​ដោយ​គិតថា បរម្បរភោជន​ ព្រះ​ដ៏​មានព្រះភាគ​ទ្រង់​ហាម​​​ហើយ​។ ភិក្ខុ​​ទាំងឡាយ​ក្រាបទូល​សេចក្តី​នុ៎ះចំពោះព្រះដ៏​មានព្រះភាគ។ ព្រះអង្គ​ត្រាស់​ថា ម្នាលភិក្ខុ​​ទាំងឡាយ តថាគត​អនុញ្ញាតឲ្យភិក្ខុ​ឆាន់បរម្បរភោជនក្នុង​សម័យ​ជា​ទីធ្វើនូវ​ចីវរបាន​ ម្នាលភិក្ខុ​​ទាំងឡាយ អ្នក​ទាំងឡាយគប្បីសំដែងឡើង​នូវសិក្ខាបទ​នេះ​យ៉ាង​នេះថា ភិក្ខុ​ត្រូវ​អាបត្តិ​បាចិត្តិយ ព្រោះ​ឆាន់​បរម្បរភោជន វៀរ​លែង​តែ​​មានសម័យ។ ឯសម័យ​ក្នុង​សិក្ខាបទនោះ​គឺ សម័យ​ដែល​​ភិក្ខុ​​មានជម្ងឺ១ សម័យ​​នៃ​ចីវរទាន១ សម័យជា​ទី​ធ្វើនូវ​ចីវរ១ នេះជា​សម័យ​ក្នុង​​សិក្ខាបទនោះ​។ សិក្ខាបទនេះ ព្រះដ៏​មានព្រះភាគ​បាន​​បញ្ញត្ត​ហើយ​ដល់​ភិក្ខុ​​ទាំងឡាយយ៉ាង​នេះ។

[១០៨] គ្រានោះ​ ពេលបុព្វណ្ហសម័យ ព្រះដ៏​មានព្រះភាគ​ ទ្រង់ស្លៀកស្បង់ ​ហើយ​​ប្រដាប់​ដោយ​​បាត្រ​និង​ចីវរ ​មានព្រះអានន្ទដ៏​មានអាយុជា​បច្ឆាសមណៈ ព្រះអង្គទ្រង់យាងចូល​​ទៅ​កាន់​ត្រកូល១ លុះចូល​ទៅ​ហើយ​ ក៏ទ្រង់គង់លើអាសនៈដែល​គេ​តាក់​តែ​ងថ្វាយ។ ទើប​មនុស្សទាំង​ឡាយ​នោះ​ បាន​ថ្វាយភោជនដល់ព្រះដ៏​មានព្រះភាគផង ដល់ព្រះអានន្ទដ៏​មាន​​អាយុ​ផង។ ព្រះអានន្ទ​ដ៏​មានអាយុសង្ស័យ​ ​មិន​ហ៊ានទទួល ព្រះអង្គត្រាស់ថា ម្នាល​អានន្ទ អ្នកទទួលចុះ។ ព្រះអានន្ទក្រាបទូលថា សូមទ្រង់មេត្តាប្រោស ក្រែង​មិន​គួរ ព្រោះ​ខ្ញុំព្រះអង្គ​មានចង្ហាន់​គេ​បម្រុង​នឹងប្រគេ​ន​ហើយ​។ ព្រះអង្គត្រាស់ថា ម្នាលអានន្ទ បើដូច្នោះ អ្នកចូរ​កំណត់​ (ចង្ហាន់នោះ​ដល់​ភិក្ខុ​ឯទៀត) ​ហើយ​ទទួលយក (ចង្ហាន់នេះ) ចុះ។ ព្រោះ​និទាននេះ ដំណើរនេះ ព្រះដ៏​មាន​ព្រះ​ភាគ ទ្រង់ធ្វើធម្មីកថា ហៅភិក្ខុ​​ទាំងឡាយមកក្នុង​ពេលនោះ​ ​ហើយ​ត្រាស់ថា ម្នាលភិក្ខុ​​ទាំងឡាយ តថាគត​អនុញ្ញាតឲ្យភិក្ខុ​កំណត់​នូវចង្ហាន់​ដែល​គេ​បម្រុង​ដើម្បីខ្លួន​ដល់ភិក្ខុ​ឯទៀត ​ហើយ​ឆាន់​បរម្បរភោជនបាន​​ ម្នាលភិក្ខុ​​ទាំង​ឡាយ ភិក្ខុ​គប្បីកំណត់ដោយ​ពាក្យយ៉ាងនេះថា ខ្ញុំឲ្យនូវ​ភត្ត​ដែល​​គេ​​បម្រុង​ទុកដើម្បី​ខ្ញុំដល់​ភិក្ខុ​ឈ្មោះនេះ។

[១០៩] ដែល​ហៅថា បរម្បរភោជន គឺ(ភិក្ខុ​)ដែល​គេ​និមន្តដោយ​ភោជន​៥យ៉ាង ភោជន​ណាមួយ ​ហើយ​វៀរភោជននោះ​ បែរទៅឆាន់ភោជន៥យ៉ាង ភោជនណាមួយនៅ​ទីដទៃ ភោជន​នុ៎ះ​ហៅថា បរម្បរភោជន។ ពាក្យថា វៀរ​​តែ​​មានសម័យ គឺលើកទុក​តែ​​មានសម័យ (គឺ​ហេតុ​ដែល​គួរនឹងឆាន់បាន​)។ ដែល​​ហៅ​ថា សម័យ​ដែល​ភិក្ខុ​​មានជម្ងឺ គឺភិក្ខុ​​​មិន​អាច​នឹងអង្គុយ​​ឆាន់​ដរាប​ទាល់ឆ្អែតលើអាសនៈ​មួយ។ ភិក្ខុ​ដឹងថាខ្លួន​មានសម័យឈឺថ្កាត់​ហើយ​ គប្បីឆាន់​(បរម្បរភោជន​បាន​)។ ដែល​ហៅថាសម័យ​នៃ​ចីវរទាន គឺ​បើភិក្ខុ​​មិន​បាន​ក្រាល​កឋិនទេ សម័យ​ចីវរទាន ​មាន​​តែ​១ខែ គឺ​ខែ​ជា​ទីបំផុត​នៃ​វស្សានរដូវ បើភិក្ខុ​​បាន​​ក្រាលកឋិន សម័យ​​នៃ​ចីវរទាន ​មាន៥ខែ។ ភិក្ខុ​ដឹងថាសម័យ​នៃ​ចីវរទាន គប្បីឆាន់ (បរម្បរភោជនបាន​)។ ដែល​​ហៅ​ថា​ សម័យ​ជា​ទី​ធ្វើនូវចីវរ គឺកាលដែល​ភិក្ខុ​កំពុងធ្វើចីវរ។ ភិក្ខុ​ដឹងថាសម័យ​ជា​ទី​ធ្វើ​នូវ​ចីវរ គប្បីឆាន់​(បរម្បរភោជន​បាន​)។ ភិក្ខុ​​ទទួល(បរម្បរភោជន)ដោយ​គិតថា អញ​នឹងឆាន់ ត្រូវអាបត្តិទុក្កដ វៀរលែង​តែ​​មានសម័យ។ ភិក្ខុ​ត្រូវអាបត្តិបាចិត្តិយ​គ្រប់ៗវារៈ​ដែល​​លេប។

[១១០] ភិក្ខុ​សំគាល់​ក្នុង​បរម្បរភោជនថាបរម្បរភោជនមែន ​ហើយ​ឆាន់ ត្រូវអាបត្តិបាចិត្តិយ វៀរលែង​តែ​​មានសម័យ។ ភិក្ខុ​​មាន​សេចក្តី​សង្ស័យក្នុង​បរម្បរភោជន ​ហើយ​ឆាន់ ត្រូវ​អាបត្តិ​​បាចិត្តិយ វៀរលែង​តែ​​មានសម័យ។ ភិក្ខុ​សំគាល់​ក្នុង​បរម្បរភោជនថា ​មិន​មែន​បរម្បរភោជន ​ហើយ​ឆាន់ ត្រូវអាបត្តិបាចិត្តិយ វៀរលែង​តែ​​មានសម័យ។ ​មិន​មែន​បរម្បរភោជន ភិក្ខុ​សំគាល់​ថាបរម្បរភោជន ត្រូវអាបត្តិទុក្កដ។ ​មិន​មែនបរម្បរភោជន ភិក្ខុ​​មាន​​សេចក្តី​សង្ស័យ ត្រូវអាបត្តិទុក្កដ។ ​មិន​មែនបរម្បរភោជន ភិក្ខុ​សំគាល់​ថា ​មិន​មែនជា​បរម្បរភោជន ​មិន​ត្រូវអាបត្តិ​ឡើយ។

[១១១] អាបត្តិ​មិន​​មានដល់(ភិក្ខុ​​ដែល​ឆាន់បរម្បរភោជន)ក្នុង​សម័យ ដល់​ភិក្ខុ​ដែល​បាន​កំណត់ (បរម្បរភោជនដល់ភិក្ខុ​ឯទៀត) ​ហើយ​ឆាន់ ដល់​ភិក្ខុ​ពីរបីអង្គ​ឆាន់​ជា​មួយ​គ្នា​​ក្នុង​ទីដែល​​គេ​និមន្ត ដល់ភិក្ខុ​ឆាន់​តាមលំដាប់លំដោយ​​ដែល​គេ​និមន្ត ដល់ភិក្ខុ​ដែល​អ្នកស្រុក​ទាំងអស់​និមន្ត ​ហើយ​ឆាន់ក្នុង​ទីណាមួយក្នុង​ស្រុកនោះ​ ដល់ភិក្ខុ​ដែល​ប្រជុំជនទាំងអស់​និមន្ត ​ហើយ​​ឆាន់ក្នុង​ទីណាមួយក្នុង​ប្រជុំជននោះ​ ដល់ភិក្ខុ​ដែល​គេ​និមន្ត​ហើយ​ពោលថា អាត្មានឹង​ទទួល​​តែ​​ចង្ហាន់ (ដែល​​បាន​មកដោយ​ត្រាច់​បិណ្ឌបាត) ដល់ភិក្ខុ​ដែល​ឆាន់និច្ចភត្ត សលាកភត្ត បក្ខិកភត្ត ឧបោសថិកភត្ត បាដិបទិកភត្ត អាបត្តិ​មិន​​មាន​ដល់​ភិក្ខុ​ដែល​ឆាន់​ភោជន​ទាំងពួងក្រៅពីភោជន៥​យ៉ាង ដល់ភិក្ខុ​ឆ្កួត ដល់ភិក្ខុ​ជា​ខាងដើមបញ្ញត្តិ។

សិក្ខាបទទី៣ ចប់។

សិក្ខាបទទី៤

[១១២] សម័យនោះ​ ព្រះពុទ្ធដ៏​មានព្រះភាគ កាលគង់នៅ​វត្តជេតពន របស់​​អនាថបិណ្ឌិក​សេដ្ឋី ទៀតក្រុងសាវត្ថី។ គ្រានោះ​ឯង ឧបាសិកាជា​មាតារបស់​នាងកាណា ជា​ស្រ្តី​មានសទ្ធា​ជ្រះថ្លា។ (ឧបាសិកានោះ​) បាន​ឲ្យនាងកាណាជា​កូនទៅបុរស១នាក់នៅ​ក្នុង​ស្រុកតូច១។ គ្រានោះ​ នាងកាណាបាន​ទៅផ្ទះមាតា​ដោយ​កិច្ចអ្វីនីមួយដែល​ខ្លួន​ត្រូវធ្វើ។ ទើប​ប្តីនាងកាណា​ប្រើបម្រើ​ទៅ​ក្នុង​សំណាក់​នាងកាណាថា នាងកាណាចូរ​មក អញចង់ឲ្យ​នាងកាណាត្រឡប់មកវិញ។ កាលនោះ​ ឧបាសិកាជា​មាតារបស់​នាងកាណាគិតថា ការ​ទៅ​ដោយ​ដៃទទេ​ដូចម្តេច​នឹងកើត (គិត​ដូច្នោះ​ហើយ​) នាងក៏ចំអិននំ។ ដល់នំឆ្អិន ​មានភិក្ខុ​អ្នកត្រាច់បិណ្ឌបាត១អង្គ​ចូល​ទៅកាន់លំនៅ​​របស់​​ឧបាសិកាជា​មាតានាងកាណា។ ទើប​ឧបាសិកា​ជា​មាតារបស់​នាងកាណា​ឲ្យគេ​ប្រគេ​ននំ​ ដល់​ភិក្ខុ​នោះ​។ ភិក្ខុ​នោះ​ចេញទៅ ប្រាប់ដល់ភិក្ខុ​ឯទៀត។ (មាតារបស់​នាងកាណា) ឲ្យគេ​ប្រគេ​ននំ​ដល់​ភិក្ខុ​នោះ​ទៀត។ ភិក្ខុ​នោះ​ចេញទៅ ប្រាប់ដល់ភិក្ខុ​ដទៃ។ (មាតារបស់​នាងកាណា) ឲ្យគេ​ប្រគេ​ននំ​ដល់​ភិក្ខុ​នោះ​ទៀត។ នំដែល​មាតារបស់​នាងកាណា​បាន​ចាត់ចែង​ហើយ​យ៉ាងណា ក៏អស់គ្មាន​សល់។ ស្វាមីរបស់​នាងកាណា​ប្រើបម្រើទៅក្នុង​សំណាក់នាងកាណាជា​គំរប់ពីរដងថា នាងកាណា​ចូរ​មកវិញ អញចង់ឲ្យ​នាងកាណា​ត្រឡប់​មកវិញ។ ឧបាសិកា​ជា​មាតារបស់​នាងកាណា​គិតថា ការ​ទៅដោយ​ដៃទទេដូចម្តេចនឹងកើត (គិតដូច្នោះ​​ហើយ​) ក៏ចំអិននំអស់វារៈជា​គំរប់ពីរដង។ កាលនំឆ្អិន ​មានភិក្ខុ​១អង្គ អ្នកត្រាច់​ទៅដើម្បីបិណ្ឌបាត ​ចូល​ទៅកាន់លំនៅ​​របស់​​ឧបាសិកា​ជា​មាតានាងកាណា។ ទើបឧបាសិកា​ជា​មាតា​របស់​នាងកាណាឲ្យគេ​ប្រគេ​ននំ​ដល់​ភិក្ខុ​នោះ​។ ភិក្ខុ​នោះ​ចេញទៅ ប្រាប់ដល់ភិក្ខុ​ឯទៀត។ (ឧបាសិកា) ឲ្យគេ​ប្រគេ​ននំ​ដល់​ភិក្ខុ​នោះ​ទៀត។ ភិក្ខុ​នោះ​ចេញទៅ ប្រាប់ដល់ភិក្ខុ​ឯទៀត។ (ឧបាសិកា) ឲ្យគេ​ប្រគេ​ននំ​ដល់​ភិក្ខុ​នោះ​ទៀត។ នំដែល​ឧបាសិកាបាន​ចាត់ចែង​ហើយ​ទាំងប៉ុន្មាន ក៏អស់គ្មាន​សល់។ ស្វាមីរបស់​នាងកាណា​ក៏ប្រើ​បម្រើ​ទៅក្នុង​សំណាក់​នាងកាណា ជា​គំរប់បីដងថា នាងកាណាចូរ​មកវិញ អញ​ចង់​ឲ្យ​នាង​កាណា​ត្រឡប់មកវិញ ថាបើនាងកាណា​​មិន​ត្រឡប់​មកវិញទេ អញនឹងយកប្រពន្ធឯទៀត​ហើយ​។ ឧបាសិកា​ជា​មាតារបស់​នាងកាណាគិតថា ការទៅដោយ​ដៃទទេដូចម្តេចនឹងកើត (គិតដូច្នោះ​ហើយ​) ក៏ចំអិននំអស់វារៈជា​គំរប់បីដង។ កាលនំឆ្អិន ​មានភិក្ខុ​អ្នកត្រាច់ទៅដើម្បី​បិណ្ឌបាត​១អង្គ ​ចូល​ទៅកាន់លំនៅ​​របស់​​ឧបាសិកា​ជា​មាតារបស់​នាងកាណា។ ទើបឧបាសិកា​ជា​មាតារបស់​នាង​កាណា​ឲ្យគេ​ប្រគេ​ននំ​ដល់​ភិក្ខុ​នោះ​។ ភិក្ខុ​នោះ​ចេញទៅ ប្រាប់ដល់ភិក្ខុ​ឯទៀត។ (មាតារបស់​នាងកាណា) ឲ្យគេ​ប្រគេ​ននំ​ដល់​ភិក្ខុ​នោះ​ទៀត។ ភិក្ខុ​នោះ​ចេញទៅ ប្រាប់ដល់ភិក្ខុ​​ឯ​ទៀត។ (មាតារបស់​នាង​កាណា) ឲ្យគេ​ប្រគេ​ននំ​ដល់​ភិក្ខុ​នោះ​ទៀត។ នំដែល​មាតា​របស់​នាង​កាណា​បាន​​ចាត់ចែង​ហើយ​ទាំងប៉ុន្មាន ក៏អស់គ្មាន​សល់។ កាលនោះ​ ស្វាមីរបស់​នាងកាណា​ក៏យក​ប្រពន្ធ​១​ទៀត។ នាងកាណាបាន​ដឹងច្បាស់ថា ឮថាបុរសនោះ​យកប្រពន្ធទៀត​ហើយ​។ នាង​កាណា​នោះ​ក៏ឈរយំ។ គ្រានោះ​ ព្រះដ៏​មានព្រះភាគជា​ម្ចាស់​ ទ្រង់ស្លៀកស្បង់ ​ហើយ​ប្រដាប់​ដោយ​​បាត្រនិងចីវរអំពីព្រឹក យាងទៅកាន់លំនៅ​របស់​​ឧបាសិកា ជា​មាតានាង​កាណា លុះយាង​ទៅដល់​ហើយ​ ក៏គង់លើអាសនៈ​ដែល​គេ​បាន​ចាត់ចែងថ្វាយ។ ទើប​ឧបាសិកាជា​មាតារបស់​នាង​កាណា ចូល​ទៅគាល់ព្រះដ៏​មានព្រះភាគ លុះចូល​ទៅដល់ ក៏ថ្វាយបង្គំព្រះដ៏​មានព្រះភាគ​ហើយ​ អង្គុយ​​នៅ​ក្នុង​ទីដ៏សមគួរ។ ព្រះដ៏​មានព្រះភាគទ្រង់​មានព្រះពុទ្ធដីកានេះ នឹង​ឧបាសិកា​ជា​មាតា​របស់​នាងកាណា ដែល​​បាន​​អង្គុយ​​នៅ​ក្នុង​ទីដ៏​សមគួរថា នាងកាណានេះ ហេតុ​អ្វីបាន​ជា​យំ។ ឧបាសិកាជា​មាតារបស់​នាងកាណា​ក៏ក្រាប​ទូល​សេចក្តី​នុ៎ះចំពោះព្រះដ៏​មានព្រះភាគ​ក្នុង​​ពេល​​នោះ​។ លំដាប់នោះ​ ព្រះដ៏​មាន​ព្រះភាគ​ទ្រង់ពន្យល់​ឧបាសិកា​ជា​មាតារបស់​នាង​កាណា​​ឲ្យឃើញ​ព្រម ឲ្យកាន់យកព្រម ឲ្យ​ឧស្សាហ៍ ឲ្យរីករាយ ដោយ​ពុទ្ធដីកាដ៏ប្រកបដោយ​ធម៌ ​ហើយ​ក្រោក​ចាក​អាសនៈ​យាង​ទៅវិញ។

[១១៣] សម័យនោះ​ឯង ​មានពួករទេះ១ពួក ​មាន​សេចក្តី​ប្រាថ្នាដើម្បីចេញអំពីក្រុង​រាជគ្រឹះ ទៅ​កាន់​ប្រទេសឈ្មោះបដិយាលោក ​[គឺប្រទេសនៅ​ទិសខាងលិច ចំព្រះអាទិត្យ​អស្តង្គត។] ​មាន​ភិក្ខុ​​អ្នកត្រាច់ទៅដើម្បីបិណ្ឌបាតមួយអង្គ ចូល​ទៅរកពួករទេះនោះ ​ដើម្បី​បិណ្ឌបាត។ ​មាន​ឧបាសក​ម្នាក់បាន​ឲ្យគេ​ប្រគេ​នសដូវដល់ភិក្ខុ​នោះ​។ ភិក្ខុ​នោះ​ចេញទៅ ប្រាប់ដល់​ភិក្ខុ​​ឯទៀត។ ឧបាសកនោះ​ឲ្យគេ​ប្រគេ​នសដូវដល់ភិក្ខុ​នោះ​ទៀត។ ភិក្ខុ​នោះ​ចេញទៅ ប្រាប់ដល់​ភិក្ខុ​ឯទៀត។ ឧបាសកនោះ​ឲ្យគេ​ប្រគេ​ន​សដូវដល់ភិក្ខុ​នោះ​ទៀត។ ស្បៀងដែល​​ឧបាសកនោះ ​​បាន​​ចាត់ចែង​​ហើយ​ទាំងប៉ុន្មាន ក៏អស់គ្មានសល់។ ទើប​ឧបាសក​នោះ​បាន​និយាយ​ពាក្យនេះ​នឹង​មនុស្ស​ទាំងនោះ​ថា បពិត្រអ្នកម្ចាស់​​ទាំងឡាយ សូមអ្នកម្ចាស់​រង់ចាំក្នុង​ថ្ងៃនេះ ១ ថ្ងៃសិន (ព្រោះ) ស្បៀង​ដែល​​ខ្ញុំបាន​ចាត់ចែង​​ហើយ​ទាំងប៉ុន្មាន ខ្ញុំប្រគេ​ន​ដល់លោកម្ចាស់​​​ទាំងឡាយ​អស់ទៅ​ហើយ​ ខ្ញុំ​នឹង​ចាត់ចែងស្បៀង (ថ្មីទៀត)។ មនុស្សទាំងនោះ​ឆ្លើយថា បពិត្រអ្នកម្ចាស់​ យើង​មិន​អាចនឹងរង់ចាំ​បាន​ទេ (ព្រោះ) ពួករទេះចេញទៅ​ហើយ​ (ថាដូច្នោះ​ហើយ​) ក៏នាំ​គ្នា​ទៅ។ កាលឧបាសកនោះ​​ចាត់ចែងស្បៀង​ហើយ​ ក៏ទៅក្រោយគេ​ ចោរ​ទាំងឡាយ​ក៏ដណ្តើម​យក (របស់​ទ្រព្យ) ក្នុង​ពេលនោះ​។ មនុស្ស​ទាំងឡាយក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា សមណៈ​ទាំងឡាយជា​សក្យបុត្រ ​មិន​សមបើនឹង​មិន​ដឹងប្រមាណ ​ហើយ​ទទួលសោះ ឧបាសក​នេះប្រគេ​នសដូវដល់សមណៈ​ទាំងនេះ ​ហើយ​ទៅកាលជា​ខាងក្រោយ ចោរ​ទាំងឡាយ​ក៏ដណ្តើម​យក (របស់​ទ្រព្យ)។ ភិក្ខុ​​ទាំងឡាយ​បាន​ឮមនុស្ស​ទាំងឡាយនោះ​ពោលទោស តិះដៀល បន្តុះបង្អាប់ (ដូច្នោះ)​ហើយ​។ ទើបភិក្ខុ​ទាំងនោះ​ក្រាបទូល​សេចក្តី​នុ៎ះចំពោះ​ព្រះដ៏​មាន​ព្រះភាគ។ ព្រោះនិទាននេះ ដំណើរនេះ ព្រះដ៏​មានព្រះភាគជា​ម្ចាស់​ ទ្រង់​ធ្វើធម្មីកថា ហៅភិក្ខុ​​ទាំងឡាយមក​ក្នុង​ពេលនោះ​ ​ហើយ​ត្រាស់ថា ម្នាលភិក្ខុ​​ទាំងឡាយ បើ​ដូច្នោះ តថាគត​នឹងបញ្ញត្តសិក្ខាបទ​ដល់​ភិក្ខុ​​ទាំងឡាយ ព្រោះអាស្រ័យ​អំណាច​ប្រយោជន៍​​១០យ៉ាង គឺដើម្បីការ​ប្រពៃ​ដល់សង្ឃ ដើម្បី​នៅ​​សប្បាយដល់សង្ឃ។បេ។ ដើម្បី​សេចក្តី​អនុគ្រោះ​ដល់ព្រះវិន័យ។ ម្នាលភិក្ខុ​​ទាំងឡាយ អ្នក​ទាំងឡាយ គប្បីសំដែងឡើង​នូវ​សិក្ខាបទនេះយ៉ាងនេះថា ជន​បវារណា​នូវភិក្ខុ​ដែល​​ចូល​ទៅ​កាន់​ត្រកូល ដោយ​នំ​ទាំង​ឡាយ​ក្តី ដោយ​សដូវ​ទាំងឡាយក្តី ដើម្បី​នាំទៅបាន​តាមប្រាថ្នា។ ភិក្ខុ​​​មាន​សេចក្តី​ប្រាថ្នា ត្រូវទទួល​បាន​ត្រឹមពេញពីរបីបាត្រ។ បើទទួល​ឲ្យលើស​ពីកំណត់​នោះ​ទៅ ត្រូវអាបត្តិ​បាចិត្តិយ។ ភិក្ខុ​ដែល​បាន​ទទួលនំ ឬសត្តូវ​កំណត់​ពេញ​ត្រឹមពីរបីបាត្រ​ហើយ​ ត្រូវនាំ​ចេញ​អំពី​ទីនោះ​មកចែកមួយអន្លើដោយ​ភិក្ខុ​​ទាំងឡាយ ការចែកនំ ឬសដូវ​នេះជា​សាមីចិកម្ម​ក្នុង​ សិក្ខាបទនេះ។

[១១៤] ត្រង់ពាក្យថា ភិក្ខុ​ដែល​ចូរ​ទៅកាន់ត្រកូល ​សេចក្តី​ថា ដែល​ហៅថាត្រកូល បាន​ដល់​ត្រកូល​មាន៤យ៉ាង គឺត្រកូលក្សត្រ១ ត្រកូលព្រាហ្មណ៍១ ត្រកូលអ្នកជំនួញ១ ត្រកូល​អ្នកគ្រួ១។ ពាក្យថាចូល​ទៅ គឺចូល​ទៅក្នុង​ត្រកូលទាំងនោះ​។ ដែល​ហៅថានំ បាន​ដល់វត្ថុអ្វីនីមួយ​ ដែល​គេ​​ចាត់ចែង​ដើម្បីបញ្ជូនទៅ។ ដែល​ហៅថាសដូវ បាន​ដល់វត្ថុអ្វី​នីមួយ​ដែល​គេ​ចាត់ចែងដើម្បីជា​​ស្បៀង។ ពាក្យថា បវារណាដើម្បីនាំទៅតាមប្រាថ្នា ​សេចក្តី​ថា (ទាយកនាំមកបវារណាដោយ​​ពាក្យថា) លោកប្រាថ្នានូវវត្ថុប៉ុន្មាន លោកយក​វត្ថុប៉ុណ្ណោះចុះ។ ពាក្យថា ​មាន​សេចក្តី​ប្រាថ្នា គឺ​​មានបំណង។ ពាក្យថា ត្រូវទទួលបាន​ត្រឹមពេញពីរបីបាត្រ ​សេចក្តី​ថា គប្បីទទួលយកបាន​​ត្រឹម​ពេញពីរបីបាត្រ។ ពាក្យថា បើ​ទទួលឲ្យហួសពីកំណត់នោះ​ទៅ ​សេចក្តី​ថា ភិក្ខុ​ទទួលឲ្យលើស​លុប​ពីកំណត់នោះ​ទៅ ត្រូវអាបត្តិបាចិត្តិយ។ (បើ) ភិក្ខុ​ទទួល (នំ ឬសដូវ) កំណត់​ពេញពីរបីបាត្រ​​ហើយ​ ចេញពី​ទីនោះ​មក ឃើញភិក្ខុ​ (ឯទៀត) ត្រូវប្រាប់ថា ក្នុង​ទីឯណោះ ខ្ញុំទទួល (នំឬសដូវ) ពេញ​ពីរបីបាត្រមក​ហើយ​ លោកកុំទៅ​ទទួល​ក្នុង​ទីនោះ​ឡើយ។ បើភិក្ខុ​ឃើញ​ហើយ​​មិន​ប្រាប់ ត្រូវអាបត្តិទុក្កដ។ បើប្រាប់​ហើយ​ ភិក្ខុ​នៅ​​តែ​ទទួល ត្រូវអាបត្តិទុក្កដ។

[១១៥] ត្រង់ពាក្យថា ត្រូវនាំចេញអំពីទីនោះ​​ហើយ​ ចែកមួយអន្លើដោយ​ភិក្ខុ​​ទាំងឡាយ ​សេចក្តី​ថា ក្នុង​ពេលដែល​ត្រឡប់មក ត្រូវនាំយក (នំឬសដូវ)នោះ​មកចែក​គ្នា​។ ពាក្យថា ការចែក​នំឬសដូវនេះ ជា​សាមីចិកម្មក្នុង​សិក្ខាបទនោះ​ ​សេចក្តី​ថា ការចែកនំឬសដូវនេះ ជា​ទំនៀម​ដ៏សមគួរក្នុង​សិក្ខាបទនោះ​។ ភិក្ខុ​សំគាល់​ក្នុង​នំឬសដូវដ៏ច្រើនជា​ងកំណត់ពេញ​ពីរបីបាត្រ​ ថា​ច្រើន​ជា​ងមែន ​ហើយ​ទទួល ត្រូវអាបត្តិបាចិត្តិយ។ ភិក្ខុ​សង្ស័យក្នុង​នំ ឬសដូវដ៏ច្រើនជា​ង​កំណត់ពេញពីរបីបាត្រ ​ហើយ​ទទួល ត្រូវអាបត្តិបាចិត្តិយ។ ភិក្ខុ​សំគាល់​​នំ ឬសដូវ​ដ៏ច្រើន​ជា​ង​កំណត់ពេញពីរបីបាត្រ ថាខ្វះទៅវិញ ​ហើយ​ទទួល ត្រូវ​អាបត្តិ​បាចិត្តិយ។ ភិក្ខុ​សំគាល់​​ក្នុង​នំ ឬសដូវដែល​​មិន​ពេញកំណត់ពីរបីបាត្រ ថាលើស​ទៅវិញ ត្រូវអាបត្តិទុក្កដ។ ភិក្ខុ​សង្ស័យ​ក្នុង​​នំ ឬសដូវ​ដែល​​មិន​ពេញពីរបីបាត្រ ត្រូវអាបត្តិ​ទុក្កដ។ ភិក្ខុ​សំគាល់​ក្នុង​នំ ឬសដូវ​ដែល​​​មិន​ពេញ​ពីរ​បីបាត្រ ថា​មិន​ពេញមែន ​មិន​ត្រូវ​អាបត្តិ។

[១១៦] អាបត្តិ​មិន​​មានដល់ភិក្ខុ​​ដែល​ទទួលនំ ឬសដូវកំណត់ពេញត្រឹម​តែ​ពីរបីបាត្រ ដល់​ភិក្ខុ​ដែល​ទទួលនំ ឬសដូវ​មិន​ពេញពីរបីបាត្រ ដល់​ភិក្ខុ​ដែល​ទទួលវត្ថុ (ឯណានីមួយ) ដែល​​ជន​​មិន​តាក់​តែ​ង ដើម្បីបញ្ជូនទៅ (ញាតិ) ​មិន​តាក់​តែ​ង ដើម្បីជា​ស្បៀង ដល់ភិក្ខុ​ដែល​ទទួល​វត្ថុដ៏​សេសសល់​អំពីនំ ឬសដូវដែល​គេ​ចាត់ចែងដើម្បីបញ្ជូនទៅ (ញាតិ)ក្តី ដើម្បីជា​ស្បៀងក្តី ដល់ភិក្ខុ​ដែល​ទទួលនំ ឬសដូវអំពីជនដែល​គេ​​មានដំណើរប្រុងនឹងទៅ​ហើយ​ខានវិញ  ដល់ភិក្ខុ​ដែល​ទទួលនំ ឬសដូវរបស់​ញាតិ ដល់ភិក្ខុ​ដែល​ទទួលនំ ឬសដូវ​របស់​ជន​ដែល​​បវារណា ដល់ភិក្ខុ​ដែល​ទទួល​នំ ឬសដូវ​ដើម្បីអ្នកដទៃ ដល់ភិក្ខុ​ដែល​ទទួលនំ ឬសដូវដោយ​ទ្រព្យរបស់​​ខ្លួន ដល់ភិក្ខុ​ឆ្កួត ដល់ភិក្ខុ​ជា​ខាងដើមបញ្ញត្តិ។

សិក្ខាបទទី៤ ចប់។

សិក្ខាបទទី៥

[១១៧] សម័យនោះ​ ព្រះពុទ្ធដ៏​មានព្រះភាគ កាលគង់នៅ​វត្តជេតវន របស់​​អនាថបិណ្ឌិក​សេដ្ឋី ទៀតក្រុងសាវត្ថី។ គ្រានោះ​ឯង ​មានព្រាហ្មណ៍ម្នាក់និមន្តភិក្ខុ​​ទាំងឡាយឲ្យឆាន់។ ពួកភិក្ខុ​ឆាន់​​ហើយ​ បាន​ហាមភត្ត​ហើយ​ ក៏ទៅកាន់ត្រកូលញាតិ​ទាំងឡាយ ភិក្ខុ​ពួកខ្លះ​ក៏ឆាន់​ ភិក្ខុ​ពួកខ្លះកាន់យកបិណ្ឌបាតទៅ។ គ្រានោះ​ ព្រាហ្មណ៍នោះ​បាន​​ពោលពាក្យនេះ​នឹង​ពួក​ជន​ជា​​អ្នក​ស្និទ្ធស្នាល​ថា បពិត្រអ្នកម្ចាស់​​ទាំងឡាយ ភិក្ខុ​​ទាំងឡាយ ខ្ញុំបាន​ប្រគេ​ន​ចង្ហាន់​ឆាន់បរិបូណ៌​​ហើយ​ សូមអ្នក​ទាំងឡាយអញ្ជើញមក ខ្ញុំនឹងអង្គាសអ្នករាល់​គ្នា​ទៀត។ អ្នកស្និទ្ធស្នាល​ទាំង​នោះ​​​ពោលយ៉ាងនេះថា បពិត្រអ្នកម្ចាស់​ អ្នកនឹងអង្គាសយើង​ទាំង​ឡាយ​ឲ្យឆ្អែត​ដូចម្តេចបាន​ អម្បាល​ភិក្ខុ​​ទាំងឡាយណាដែល​អ្នកនិមន្ត​មក​ហើយ​ ភិក្ខុ​ទាំង​នោះ​មកកាន់ផ្ទះពួកយើង ខ្លះ​ឆាន់ ខ្លះកាន់​យក​បិណ្ឌបាត​ហើយ​ទៅ។ ទើបព្រាហ្មណ៍នោះ​ពោលទោស តិះដៀល បន្តុះ​បង្អាប់ថា លោកដ៏ចំរើន​​ទាំងឡាយ ​មិន​សមនឹងឆាន់ក្នុង​ផ្ទះយើង​ទាំងឡាយ​ហើយ​ ទៅឆាន់​ក្នុង​ទីដទៃ​ទៀតសោះ ហាក់​ដូច​ជា​ខ្ញុំ​មិន​អាច​ដើម្បី​ប្រគេ​ន​លោកឆាន់ឲ្យឆ្អែតបាន​។ ពួកភិក្ខុ​ឮព្រាហ្មណ៍​នោះ​ពោលទោស តិះដៀល បន្តុះ​បង្អាប់ (ដូច្នោះ)​ហើយ​។ ភិក្ខុ​​ទាំងឡាយណា​មាន​សេចក្តី​ប្រាថ្នាតិច។បេ។  ភិក្ខុ​​​ទាំងឡាយ​នោះ​ ពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុ​​ទាំងឡាយឆាន់​ហើយ​ ហាមភត្តរួច​ហើយ​ ​មិន​គួរនឹងទៅឆាន់​ក្នុង​ទីដទៃទៀតសោះ។បេ។ ព្រះអង្គត្រាស់សួរថា ម្នាលភិក្ខុ​​ទាំងឡាយ ឮថា​ភិក្ខុ​​ទាំងឡាយ​ឆាន់​ហើយ​ ហាមភត្ត​ហើយ​ រួចទៅឆាន់ក្នុង​ទីដទៃទៀត ពិតមែនឬ។ ពួកភិក្ខុ​​ក្រាប​ទូល​ថា បពិត្រព្រះដ៏​មានព្រះភាគ ពិតមែន។ ព្រះពុទ្ធជា​ម្ចាស់​ដ៏​មានព្រះភាគ ទ្រង់តិះដៀលថា ម្នាលភិក្ខុ​​ទាំងឡាយ មោឃបុរស​ទាំងនោះ​ ឆាន់​ហើយ​ ហាមភត្តរួច​ហើយ​ ហេតុ​អ្វី​ក៏ទៅឆាន់​ក្នុង​ទី​ដទៃ​ទៀត ម្នាលភិក្ខុ​​ទាំងឡាយ ការនេះ​មិន​មែន​នាំឲ្យ​ជ្រះថ្លា​ដល់ពួកជនដែល​​​មិន​ទាន់ជ្រះថ្លា ឬនាំពួកជន​ដែល​ជ្រះថ្លា​ហើយ​ ឲ្យរឹងរឹត​តែ​ជ្រះថ្លា​តទៅ​ទៀត​ទេ។បេ។ ម្នាលភិក្ខុ​​ទាំងឡាយ អ្នក​ទាំងឡាយ គប្បីសំដែង​ឡើងនូវសិក្ខាបទនេះ​យ៉ាងនេះថា ភិក្ខុ​ណាមួយ​ឆាន់​ហើយ​ ហាម​ភត្ត​ហើយ​ ទំពាស៊ីក្តី បរិភោគ​ក្តី នូវខាទនីយ ឬ​ភោជនីយាហារ ត្រូវអាបត្តិបាចិត្តិយ។ សិក្ខាបទនេះ ព្រះដ៏​មានព្រះភាគបាន​បញ្ញត្ត​ហើយ​ ដល់ភិក្ខុ​​​ទាំងឡាយយ៉ាងនេះ។

[១១៨] សម័យនោះ​ឯង ភិក្ខុ​​ទាំងឡាយនាំយកបិណ្ឌបាតដ៏ឧត្តមទៅឲ្យពួកភិក្ខុ​ឈឺ។ ពួក​ភិក្ខុ​ឈឺ​ឆាន់​មិន​បាន​ដោយ​ស្រួល។ ពួកភិក្ខុ​ នាំ​គ្នា​ចោលបិណ្ឌបាតដ៏ឧត្តមទាំងនោះ​។ ព្រះដ៏​មានព្រះភាគបាន​ឮសំឡេងខ្លាំង សំឡេងធំ សំឡេងកញ្ជ្រៀវ​នៃ​ក្អែក លុះឮ​ហើយ​ ទ្រង់​ហៅ​ព្រះអានន្ទដ៏​មានអាយុ ​ហើយ​ត្រាស់សួរថា ម្នាលអានន្ទ សំឡេងខ្លាំង សំឡេងធំ សំឡេង​កញ្ជ្រៀវ​នៃ​ក្អែក សំឡេងនោះ​ ជា​សំឡេងអ្វីហ្ន៎។ គ្រានោះ​ ព្រះអានន្ទដ៏​មានអាយុ​ក្រាប​ទូល​​សេចក្តី​នុ៎ះ​ចំពោះព្រះដ៏​មានព្រះភាគ។ ព្រះអង្គត្រាស់សួរថា ម្នាលអានន្ទ ពួកភិក្ខុ​ឆាន់ភោជន​ដ៏សល់​អំពីភិក្ខុ​ឈឺ ពិតមែនឬ។ ព្រះអានន្ទក្រាបទូលថា បពិត្រ​ព្រះដ៏​មាន​ព្រះភាគ ពួកភិក្ខុ​​មិន​​ឆាន់ទេ។ ព្រោះនិទាននេះ ដំណើរនេះ ព្រះដ៏​មានព្រះភាគ ទ្រង់ធ្វើ​ធម្មីកថា ហៅភិក្ខុ​​ទាំងឡាយ​មកក្នុង​ពេលនោះ​ ​ហើយ​ត្រាស់ថា ម្នាលភិក្ខុ​​ទាំងឡាយ តថាគតអនុញ្ញាត​ឲ្យ​ភិក្ខុ​ឆាន់​ភោជន​ដ៏សល់អំពីភិក្ខុ​ឈឺក្តី ភិក្ខុ​​មិន​ឈឺក្តី ម្នាលភិក្ខុ​​ទាំង​ឡាយ ភិក្ខុ​ត្រូវធ្វើភោជនដ៏សល់ (អំពី​ភិក្ខុ​ឈឺ) ដោយ​​ពាក្យយ៉ាងនេះថា ភោជន​ទាំងអស់​នេះសមគួរ​ហើយ​។ ម្នាលភិក្ខុ​​ទាំងឡាយ អ្នក​ទាំងឡាយ​គប្បីសំដែង​ឡើងនូវសិក្ខាបទ​នេះ​យ៉ាង​នេះថា ភិក្ខុ​ណាមួយឆាន់​ហើយ​ បាន​ហាមភោជន​​ហើយ​ ទំពាស៊ីក្តី ឆាន់ក្តី នូវ​ខាទនីយាហារ ឬភោជនីយាហារដែល​ជា​អនតិរិត្ត គឺជា​វត្ថុ​ដែល​​​មិន​បាន​​ធ្វើ​វិនយកម្ម និង​​មិន​មែន​សល់អំពីភិក្ខុ​ឈឺ ត្រូវអាបត្តិបាចិត្តិយ។

[១១៩] ត្រង់ពាក្យថា ភិក្ខុ​ណាមួយ ​មាន​សេចក្តី​ដូច​គ្នា​នឹងសិក្ខាបទទី១​នៃ​​បារាជិកកណ្ឌ។បេ។ ដែល​ហៅថាឆាន់​ហើយ​ គឺឆាន់ភោជន៥យ៉ាង ភោជនណាមួយ ដោយ​​ហោច​ទៅ សូម្បី​តែ​ភោជន​ប្រមាណប៉ុនចុងស្បូវ។ ដែល​ហៅថា ហាមភោជន (គឺហាមប្រកបដោយ​អង្គ​៥យ៉ាង) គឺភិក្ខុ​កំពុង​ឆាន់១ គេ​យកភោជនមកប្រគេ​នទៀត១ គេ​នៅ​ក្នុង​ហត្ថបាស១ គេ​បង្អោន​ភោជន​មកចំពោះ១ ភិក្ខុ​ហាមភោជន១។ ដែល​ហៅថា អនតិរិត្ត​ [អដ្ឋកថា ដែល​ហៅថា អនតិរិត្តភោជន បាន​ដល់ភោជនដែល​​មិន​គួរដល់អាការ​នៃ​វិនយកម្ម៧យ៉ាង និង​ភោជន​ដែល​​មិន​​មែន​សល់​អំពីភិក្ខុ​ឈឺ។ ឯអាការដែល​​មិន​គួរដល់វិនយកម្ម៧យ៉ាងនោះ​ អធិប្បាយថា ១. វត្ថុ​ទាំងឡាយ​​មានផ្លែ និងមើមជា​ដើម ដែល​គេ​​មិន​បាន​ធ្វើឲ្យជា​វត្ថុគួរដល់​សមណកប្បក្តី និងសាច់​ដែល​​​មិន​​គួរ​ក្តី ភោជនដែល​​មិន​គួរក្តី ហៅថា អកប្បិយទាំងអស់ ភិក្ខុ​អ្នកធ្វើវិនយកម្ម យកអកប្បិយវត្ថុ​ទាំងនេះ​មកធ្វើជា​វិនយកម្មថា វត្ថុទាំងនេះជា​របស់​គួរ​ហើយ​។ ២. វត្ថុដែល​ភិក្ខុ​អ្នកធ្វើវិនយកម្ម​មិន​ទាន់​បាន​ទទួលមកទេ ​ហើយ​ធ្វើវិនយកម្មថា វត្ថុទាំងអស់នេះគួរ​ហើយ​។ ៣.វត្ថុដែល​ភិក្ខុ​កាន់មកដើម្បី​ឲ្យភិក្ខុ​អ្នកធ្វើ​វិនយកម្ម ធ្វើឲ្យជា​របស់​គួរ ​តែ​​មិន​បាន​លើកឡើង ឬ​មិន​បាន​បង្អោនទៅ ​ហើយ​ធ្វើ​វិនយកម្មថា របស់​ទាំងអស់នេះគួរ​ហើយ​។ ៤.ភិក្ខុ​កាន់យក​វត្ថុមកដើម្បីឲ្យភិក្ខុ​ផង​គ្នា​ធ្វើវិនយកម្ម​ឲ្យ ​តែ​ភិក្ខុ​អ្នកធ្វើវិនយកម្មនោះ​ឋិតនៅ​ខាងក្រៅ​ហត្ថបាស ​ហើយ​ធ្វើវិនយកម្មថា របស់​ទាំងអស់​នេះគួរ​ហើយ​។ ៥.ភិក្ខុ​ណាមួយធ្វើវិនយកម្មថា របស់​ទាំងអស់​នេះគួរ​ហើយ​ ​តែ​ភិក្ខុ​​អ្នកធ្វើ​វិនយ​កម្មនោះ​ឯង ​មិន​ទាន់ឆាន់ភោជននៅ​ឡើយ ​ហើយ​ធ្វើវិនយកម្មថា របស់​ទាំងអស់​នេះ​គួរ​ហើយ​។ ៦. ភិក្ខុ​អ្នកធ្វើវិនយកម្មបាន​ឆាន់​ហើយ​ ហាមភោជន​ហើយ​ ក្រោកចាក​អាសនៈ​​ហើយ​ ទៅធ្វើ​វិនយកម្ម​ឲ្យគេ​ថា របស់​ទាំងអស់​នេះគួរ​ហើយ​។ ៧. ភិក្ខុ​អ្នកធ្វើវិនយកម្ម ​មិន​បាន​បញ្ចេញវចីភេទថា របស់​ទាំងអស់​នេះគួរ​ហើយ​។ និងភោជន៥យ៉ាង ភោជនណាមួយ​ដែល​​​មិន​មែនសល់​អំពីភិក្ខុ​ឈឺ។ វត្ថុដែល​​មិន​គួរដល់​អាការ​នៃ​វិនយកម្មទាំង​៧យ៉ាង​នេះក្តី ភោជន​ដែល​​​មិន​មែន​សល់​អំពីភិក្ខុ​​ឈឺ​ក្តី ទាំងពីរចំណែកនេះ ហៅថា អនតិរិត្តភោជន។] បាន​ដល់​វត្ថុ​ដែល​​​មិន​បាន​ធ្វើវិនយកម្ម (ដោយ​អាការ៧យ៉ាង) គឺ របស់​ដែល​គេ​​មិន​បាន​ធ្វើឲ្យជា​វត្ថុគួរ១ របស់​ដែល​​ភិក្ខុ​​មិន​បាន​ទទួល ​ហើយ​ធ្វើឲ្យជា​របស់​គួរ១ របស់​ដែល​ភិក្ខុ​​មិន​បាន​លើកឡើង (ឬ) ​មិន​បាន​​បង្អោន​ចូល​ទៅជិតដើម្បីឲ្យភិក្ខុ​ធ្វើឲ្យជា​របស់​គួរ១ ភិក្ខុ​​មិន​ឋិតនៅ​ខាងក្នុង​ហត្ថបាស​ហើយ​ធ្វើ១ ភិក្ខុ​​មិន​ទាន់បាន​ឆាន់​ហើយ​ធ្វើ១ ភិក្ខុ​ឆាន់​ហើយ​ បាន​ហាមភោជន​ហើយ​ ក្រោកចាកអាសនៈ​ហើយ​​ធ្វើ១ របស់​ដែល​ភិក្ខុ​​មិន​ពោលថា របស់​ទាំងអស់នេះគួរ​ហើយ​១ និងវត្ថុដែល​​មិន​មែនជា​របស់​​សល់​អំពីភិក្ខុ​ឈឺ វត្ថុទាំងពីរ​យ៉ាង​នេះ​ហៅថា អនតិរិត្ត។ ដែល​ហៅថា អតិរិត្តនោះ​ បាន​ដល់​​វត្ថុ​ដែល​បាន​ធ្វើវិនយកម្ម (ដោយ​​អាការ៧យ៉ាង) គឺ របស់​ដែល​គេ​ធ្វើឲ្យជា​វត្ថុគួរ១ របស់​ដែល​​ភិក្ខុ​បាន​ទទួល ​ហើយ​ធ្វើឲ្យជា​របស់​គួរ១ របស់​ដែល​ភិក្ខុ​លើកឡើង ឬបាន​​បង្អោន​ទៅជិត ដើម្បីធ្វើឲ្យជា​របស់​គួរ១ ភិក្ខុ​នៅ​ក្នុង​ហត្ថបាស​ហើយ​ធ្វើ១ ភិក្ខុ​ឆាន់រួច​ហើយ​ទើបធ្វើ១ របស់​ដែល​ភិក្ខុ​ឆាន់​ហើយ​ ហាមភោជន​ហើយ​ ​មិន​ទាន់ក្រោកចាកអាសនៈ​ហើយ​​ធ្វើ១ របស់​ដែល​ភិក្ខុ​ពោល​ថា របស់​អស់ទាំងនេះគួរ​ហើយ​១ និងរបស់​ដែល​​សល់​អំពីភិក្ខុ​ឈឺ វត្ថុទាំងពីរ​យ៉ាងនេះ​ហៅថា អតិរិត្ត។ ដែល​ហៅថា ខាទនីយាហារនោះ​ បាន​ដល់របស់​ទាំងអស់ វៀរ​លែង​​តែ​​ភោជន៥យ៉ាង និងរបស់​ជា​យាមកាលិក សត្តាហកាលិក យាវជីវិកចេញ ហៅថា ខាទនីយាហារ។ ដែល​ហៅថា ភោជនីយាហារនោះ​បាន​ដល់ ភោជន៥យ៉ាង គឺបាយ នំស្រស់ នំក្រៀម ត្រី សាច់។ ភិក្ខុ​ទទួលដោយ​គិតថា អញនឹងទំពាស៊ី អញនឹងបរិភោគ ត្រូវអាបត្តិទុក្កដ។ ភិក្ខុ​ត្រូវអាបត្តិ​បាចិត្តិយ គ្រប់ៗវារៈដែល​លេបចូល​។

[១២០] ខាទនីយភោជនីយាហារ ជា​អនតិរិត្ត ភិក្ខុ​សំគាល់​ថាជា​អនតិរិត្តពិតមែន ​ហើយ​​ទំពាស៊ីក្តី បរិភោគក្តី នូវខាទនីយាហារ ឬភោជនីយាហារ ត្រូវអាបត្តិបាចិត្តិយ។ ភិក្ខុ​សង្ស័យ​ក្នុង​ខាទនីយភោជនីយាហារ ជា​អនតិរិត្ត ​ហើយ​​ទំពាស៊ីក្តី បរិភោគក្តី នូវ​ខាទនីយាហារ ឬភោជនីយាហារ ត្រូវអាបត្តិបាចិត្តិយ។ ភិក្ខុ​សំគាល់​ក្នុង​​ខាទនីយ​ភោជនីយាហារ ជា​អនតិរិត្ត ថាជា​អតិរិត្តទៅវិញ ​ហើយ​​ទំពាស៊ីក្តី បរិភោគក្តី នូវ​ខាទនីយាហារ ឬភោជនីយាហារ ត្រូវអាបត្តិបាចិត្តិយ។ ភិក្ខុ​ទទួលរបស់​ជា​យាមកាលិក សត្តាហកាលិក យាវជីវិក ដើម្បី​ប្រយោជន៍​​ជា​អាហារ ត្រូវអាបត្តិទុក្កដ។ ភិក្ខុ​ត្រូវអាបត្តិ​ទុក្កដ​​គ្រប់ៗវារៈ​ដែល​លេបចូល​ទៅ។ ភិក្ខុ​សំគាល់​ក្នុង​ខាទនីយភោជនីយាហារដែល​ជា​អតិរិត្ត ថាជា​​អនតិរិត្តទៅវិញ ត្រូវអាបត្តិទុក្កដ។ ភិក្ខុ​​មាន​សេចក្តី​សង្ស័យ​ក្នុង​ខាទនីយ​ភោជនីយាហារដែល​ជា​​អតិរិត្ត ត្រូវអាបត្តិទុក្កដ។ ភិក្ខុ​សំគាល់​ក្នុង​ខាទនីយ​ភោជនីយាហារ​ដែល​ជា​អតិរិត្ត ថាជា​​អតិរិត្តពិតមែន ​មិន​ត្រូវអាបត្តិ។

[១២១] អាបត្តិ​មិន​​មានដល់ភិក្ខុ​​ដែល​ឲ្យគេ​ធ្វើវិនយកម្ម​ហើយ​ឆាន់ ដល់​ភិក្ខុ​ដែល​ទទួល​របស់​​ដោយ​គិតថា អញនឹងឲ្យគេ​ធ្វើវិនយកម្ម​ហើយ​ឆាន់ ដល់​ភិក្ខុ​ដែល​នាំយករបស់​ទៅ​ដើម្បី​ភិក្ខុ​ដទៃ ដល់ភិក្ខុ​ដែល​ឆាន់របស់​ដ៏សេសសល់អំពីភិក្ខុ​ឈឺ ដល់ភិក្ខុ​ដែល​ឆាន់របស់​ជា​​យាមកាលិក សត្តាហកាលិក យាវជីវិកដោយ​​មានហេតុ​ ដល់ភិក្ខុ​ឆ្កួត ដល់ភិក្ខុ​ជា​ខាង​ដើមបញ្ញត្តិ។

សិក្ខាបទទី៥ ចប់។

សិក្ខាបទទី៦

[១២២] កាលណោះ ព្រះពុទ្ធដ៏​មានព្រះភាគ កាលគង់នៅ​វត្តជេតពន របស់​​អនាថបិណ្ឌិក​សេដ្ឋី ក្បែរក្រុងសាវត្ថី។ សម័យនោះ​ឯង ​មានភិក្ខុ​ពីររូបដើរផ្លូវឆ្ងាយទៅក្រុងសាវត្ថីក្នុង​កោសល​ជនបទ។ ភិក្ខុ​១រូបប្រព្រឹត្តអនាចារ។ ភិក្ខុ​ជា​គំរប់ពីរបាន​និយាយពាក្យនេះ (ឃាត់) ភិក្ខុ​នោះ​​ថា ម្នាលលោកដ៏​មានអាយុ លោកកុំធ្វើអំពើ​យ៉ាងនេះ អំពើ​ដែល​លោកធ្វើនេះ ​មិន​គួរទេ។ ភិក្ខុ​​ដែល​ប្រព្រឹត្តអនាចារនោះ​ក៏ចងពៀរនឹងភិក្ខុ​អ្នកឃាត់នោះ​។ គ្រានោះ​ ភិក្ខុ​ទាំងនោះ​​បាន​​ទៅកាន់​​ក្រុង​សាវត្ថី។ សម័យនោះ​ឯង ក្នុង​ក្រុងសាវត្ថី​មានប្រជុំជនមួយពួក (ធ្វើ) សង្ឃភត្ត។ ភិក្ខុ​ជា​គំរប់​ពីរ​បាន​ឆាន់សង្ឃភត្តរួច​ហើយ​ ហាមភត្ត​ហើយ​។ ភិក្ខុ​ដែល​ចងពៀរ​ ទៅកាន់​ត្រកូល​ជា​ញាតិ ​ហើយ​​ទទួល​បិណ្ឌបាត រួច​ហើយ​ក៏ចូល​ទៅរកភិក្ខុ​ដែល​ហាមភត្តនោះ​ លុះចូល​ទៅដល់​ហើយ​ បាន​​និយាយ​ពាក្យនេះនឹងភិក្ខុ​អ្នកហាមភត្តនោះ​ថា ម្នាលលោកដ៏​មានអាយុ លោកចូរ​ឆាន់ (ចង្ហាន់​នេះ) ចុះ។ ភិក្ខុ​អ្នកហាមភត្តក៏ប្រកែកថា កុំអាវុសោ ខ្ញុំឆាន់​បរិបូណ៌​ហើយ​។ ភិក្ខុ​ដែល​ចងពៀរ​ក៏អង្វរថា ម្នាលអាវុសោ បិណ្ឌបាត (នេះ) ល្អ លោកចូរ​ឆាន់ទៅ។ កាលបើភិក្ខុ​អ្នកចងពៀរ​នោះ​​ជម្រុលខ្លាំងពេក ភិក្ខុ​អ្នកហាម​ភត្តនោះ​ (ទ្រាំ​មិន​បាន​) ក៏ឆាន់​បិណ្ឌបាត​នោះ​ទៅ។ ភិក្ខុ​ដែល​​ចង​ពៀរ​ក៏ពោលពាក្យ​នេះ​នឹងភិក្ខុ​អ្នកហាមភត្តនោះ​ថា ម្នាល​អាវុសោ លោកសំគាល់​មកខ្ញុំ​ថាជា​​បុគ្គល​ដែល​គេ​ត្រូវ​តែ​ស្តីថា ឬអ្វី ក៏រូបលោកឆាន់រួច​ហើយ​ ហាមភត្ត​ហើយ​ ម្តេចឡើយ​ក៏នៅ​​​តែ​​ឆាន់​អនតិរិត្ត​ភោជន។ ភិក្ខុ​អ្នកហាមភត្តនោះ​តបថា ម្នាលអាវុសោ ហេតុ​ម្តេច លោក​មិន​ប្រាប់(ខ្ញុំ)ផង។ ភិក្ខុ​អ្នកចងពៀរក៏ឆ្លើយថា ហេតុ​ម្តេច លោក​មិន​សួរ(ខ្ញុំជា​មុន)។ ភិក្ខុ​អ្នកហាមភត្តនោះ​ក៏ដំណាល​រឿងនុ៎ះប្រាប់ភិក្ខុ​​ទាំងឡាយក្នុង​ខណៈ​នោះ​។  ពួកភិក្ខុ​ណាដែល​​មាន​សេចក្តី​ប្រាថ្នា​តិច។បេ។ ភិក្ខុ​​ទាំងនោះ​ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុ​​មិន​គួរនឹងនាំភត្តទៅ ​ហើយ​បវារណា​ បង្ខំភិក្ខុ​ដែល​ឆាន់​ហើយ​ ហាមភត្ត​ហើយ​ ឲ្យឆាន់​នូវអនតិរិត្តភោជន (ដូច្នេះ) សោះ។បេ។ ព្រះអង្គត្រាស់សួរថា ម្នាលភិក្ខុ​ ឮថា​អ្នកឯងបាន​នាំភត្តទៅបវារណា បង្ខំភិក្ខុ​ដែល​​ឆាន់​ហើយ​ ហាមភោជន​ហើយ​ ឲ្យឆាន់​អនតិរិត្តភោជន ពិតមែនឬ។ ភិក្ខុ​នោះ​​ក្រាប​ទូល​ថា សូមទ្រង់​មេត្តា​ប្រោស ពិតមែន។ ព្រះពុទ្ធដ៏​មាន​ព្រះភាគ ទ្រង់តិះដៀលថា ម្នាលមោឃបុរស អ្នកឯង​មិន​គួរ​នឹង​នាំភត្ត​ទៅបវារណា បង្ខំភិក្ខុ​ដែល​ឆាន់​ហើយ​ ហាមភត្ត​ហើយ​ ឲ្យឆាន់អនតិរិត្តភោជនទេ នែ​មោឃបុរស អំពើ​ដែល​អ្នកឯង​ធ្វើនេះ ​មិន​មែន​នាំឲ្យជ្រះថ្លាដល់ពួកជនដែល​​​មិន​ទាន់ជ្រះថ្លា ឬនាំពួកជន​ដែល​ជ្រះថ្លាស្រាប់​ហើយ​ ឲ្យរឹងរឹត​តែ​ជ្រះថ្លាឡើងទេ។បេ។ ម្នាលភិក្ខុ​​ទាំងឡាយ អ្នក​ទាំងឡាយ គប្បីសំដែង​ឡើងនូវ​សិក្ខាបទនេះយ៉ាងនេះថា ភិក្ខុ​ណាមួយ កាលដឹង​ហើយ​ រំពៃ​រកទោស នាំភត្ត​ទៅបវារណា បង្ខំភិក្ខុ​ដែល​ឆាន់​ហើយ​ ហាម​ភត្ត​ហើយ​ ឲ្យទំពាស៊ីក្តី បរិភោគក្តី នូវ​អនតិរិត្តភោជន ដោយ​ពាក្យថា នែ​ភិក្ខុ​ អ្នកចូរ​ទំពាស៊ីក្តី បរិភោគក្តី ដូច្នេះ និមិត្ត​តែ​ភិក្ខុ​នោះ​​ឆាន់​​ហើយ​ ត្រូវអាបត្តិបាចិត្តិយ។

 [១២៣] ត្រង់ពាក្យថា ភិក្ខុ​ណាមួយ ​មាន​សេចក្តី​ដូច​គ្នា​ក្នុង​សិក្ខាបទទី១​នៃ​​បារាជិកកណ្ឌ។ ពាក្យថា ភិក្ខុ​ គឺភិក្ខុ​ដទៃ។ ដែល​ហៅថាឆាន់​ហើយ​ គឺភិក្ខុ​បាន​ឆាន់នូវ​ភោជនទាំង៥យ៉ាង ភោជនណាមួយ ដោយ​​ហោច​ទៅ សូម្បី​តែ​ប៉ុនចុងស្បូវភ្លាំង។ ដែល​ហៅថា ហាមភត្ត (គឺហាម​ប្រកបដោយ​អង្គ​៥យ៉ាង) គឺភិក្ខុ​កំពុង​ឆាន់១ គេ​យកភោជនមកប្រគេ​នទៀត១ គេ​ឋិតនៅ​ក្នុង​ហត្ថបាស១ គេ​បង្អោន​ភោជន​មកចំពោះ១ ភិក្ខុ​ហាមភោជន១។ ដែល​ហៅថា អនតិរិត្ត​ បាន​ដល់​វត្ថុ​ដែល​​​មិន​បាន​ធ្វើវិនយកម្មដោយ​(អាការ៧យ៉ាង) គឺរបស់​ដែល​គេ​​​មិន​បាន​​ធ្វើឲ្យជា​វត្ថុគួរ១ របស់​ដែល​​ភិក្ខុ​​មិន​បាន​ទទួល ​ហើយ​ធ្វើឲ្យជា​របស់​គួរ១ របស់​ដែល​ភិក្ខុ​​​មិន​បាន​​លើក​ឡើង (ឬ​មិន​បាន​​បង្អោន​ចូល​ទៅជិតដើម្បីធ្វើឲ្យជា​របស់​គួរ)១ ភិក្ខុ​​មិន​ស្ថិតនៅ​ខាងក្នុង​​ហត្ថបាស​​ហើយ​ធ្វើ១ ភិក្ខុ​​មិន​ទាន់ឆាន់​ហើយ​ធ្វើ១ ភិក្ខុ​ឆាន់​ហើយ​ ហាម​ភោជន​ហើយ​ ក្រោកចាកអាសនៈ​ហើយ​​ធ្វើ១ របស់​ដែល​ភិក្ខុ​​មិន​ពោលថា របស់​ទាំងអស់​នេះគួរ​ហើយ​១ និងវត្ថុដែល​​មិន​មែនជា​របស់​​សល់​អំពីភិក្ខុ​ឈឺ វត្ថុទាំងពីរ​យ៉ាងនេះហៅថា អនតិរិត្ត។ ដែល​ហៅថា ខាទនីយ(នោះ​) បាន​ដល់វត្ថុទាំងអស់ លើក​លែង​​ភោជន​ទាំង៥យ៉ាង និងវត្ថុជា​យាមកាលិក សត្តាហកាលិក និងយាវជីវិកចេញ ហៅថា ខាទនីយ។ ដែល​ហៅថា ភោជនីយ បាន​ដល់ ភោជន៥យ៉ាង គឺបាយ១ នំស្រស់១ នំក្រៀម១ ត្រី១ សាច់១។ ពាក្យថា នាំភត្តទៅបវារណា (នោះ​) គឺភិក្ខុ​និយាយថា លោកចង់បាន​ប៉ុន្មាន និមន្តយកប៉ុណ្ណោះចុះ។ ដែល​ហៅថា ដឹង(នោះ​) គឺភិក្ខុ​​ដឹង​ខ្លួនឯង ឬពួកជនដទៃ​ប្រាប់​ដល់ភិក្ខុ​អ្នកចោទនោះ​ ឬក៏ភិក្ខុ​​អ្នកហាមភោជននោះ​ប្រាប់។ ពាក្យថា រំពៃរកទោស (នោះ​) គឺភិក្ខុ​នាំយក (ខាទនីយ ឬភោជនីយ) ទៅដោយ​គិតថា អញនឹងចោទ នឹង​រំលឹកភិក្ខុ​នេះដោយ​វត្ថុនេះ អញនឹង​ចោទ​ចំពោះ នឹងរំលឹកចំពោះភិក្ខុ​នេះ ដោយ​វត្ថុនេះ អញ​នឹង​ធ្វើ​ភិក្ខុ​នេះឲ្យអាប់មុខដោយ​វត្ថុនេះ ត្រូវអាបត្តិ​ទុក្កដ។ ភិក្ខុ​អ្នកហាមភោជន ទទួលដោយ​គិតថា អញ​នឹង​ទំពាស៊ី នឹងឆាន់​តាមពាក្យ​របស់​លោកអ្នកចោទ ត្រូវអាបត្តិទុក្កដ។ ភិក្ខុ​នោះ​ត្រូវអាបត្តិ​ទុក្កដ គ្រប់ៗខណៈ​ដែល​លេប។ លុះភិក្ខុ​នោះ​ឆាន់រួចស្រេច ភិក្ខុ​អ្នកបង្ខំ ត្រូវអាបត្តិបាចិត្តិយ។

[១២៤] ភិក្ខុ​ហាមភោជន​ហើយ​ ភិក្ខុ​អ្នកចោទសំគាល់​ថាហាម​ហើយ​ ក៏នាំខាទនីយ ឬ​ភោជនីយ​ដែល​ជា​អនតិរិត្តទៅបង្ខំ (ភិក្ខុ​នោះ​) ឲ្យឆាន់ ត្រូវអាបត្តិបាចិត្តិយ។ ភិក្ខុ​ហាម​ភោជន​​ហើយ​ ភិក្ខុ​អ្នកចោទ​មាន​សេចក្តី​សង្ស័យ ក៏នាំខាទនីយ ឬ​ភោជនីយ​ដែល​ជា​អនតិរិត្ត​ទៅបង្ខំ ឲ្យឆាន់ ត្រូវអាបត្តិទុក្កដ។ ភិក្ខុ​ហាមភោជន​ហើយ​ ភិក្ខុ​អ្នកចោទសំគាល់​ថា​មិន​ទាន់ហាម ក៏នាំ​ខាទនីយ ឬ​ភោជនីយ​ដែល​ជា​អនតិរិត្តទៅបង្ខំឲ្យឆាន់ ​មិន​ត្រូវអាបត្តិ។ ភិក្ខុ​អ្នកចោទ​បង្អោន​របស់​​ដែល​ជា​យាមកាលិក សត្តាហកាលិក យាវជីវិក ដើម្បីជា​អាហារ ត្រូវអាបត្តិទុក្កដ។ ភិក្ខុ​​អ្នក​ហាម​ភោជន ទទួលវត្ថុទាំងនោះ​ ដោយ​គិតថា អញនឹងទំពាស៊ី នឹងឆាន់ តាមពាក្យរបស់​លោកអ្នក​ចោទនោះ​ ត្រូវអាបត្តិទុក្កដ។ ភិក្ខុ​នោះ​ត្រូវអាបត្តិ​ទុក្កដ​រាល់ៗខណៈដែល​លេប។ ភិក្ខុ​​​មិន​​ហាម​ភោជនទេ ​តែ​ភិក្ខុ​អ្នកចោទសំគាល់​ថាហាម ត្រូវ​អាបត្តិទុក្កដ។ ភិក្ខុ​​​មិន​​ហាម​ភោជនទេ ភិក្ខុ​អ្នកចោទ​សង្ស័យ ត្រូវអាបត្តិទុក្កដ។ ភិក្ខុ​​​មិន​ទាន់​ហាម​ភោជន ភិក្ខុ​អ្នកចោទសំគាល់​ថា​មិន​ទាន់​ហាមមែន ​មិន​ត្រូវអាបត្តិ។

[១២៥] អាបត្តិ​មិន​​មានដល់ភិក្ខុ​​ដែល​ឲ្យភិក្ខុ​ផង​គ្នា​ធ្វើវិនយកម្ម​ហើយ​ឲ្យ ដល់​ភិក្ខុ​ដែល​ឲ្យ​ដោយ​ ពាក្យថា លោកចូរ​ឲ្យគេ​ធ្វើឲ្យជា​វិនយកម្ម ​ហើយ​និមន្តឆាន់ចុះ ដល់​ភិក្ខុ​ដែល​​ឲ្យ ដោយ​ពាក្យថា លោកចូរ​នាំ (ខាទនីយភោជនីយាហារនេះ) ទៅដើម្បីប្រយោជន៍​ដល់អ្នក​ដទៃចុះ ដល់ភិក្ខុ​ដែល​ឲ្យរបស់​ដ៏សល់អំពីភិក្ខុ​ឈឺ ដល់ភិក្ខុ​ដែល​ឲ្យរបស់​ជា​យាមកាលិក សត្តាហកាលិក យាវជីវិក ដោយ​ពាក្យថា កាលបើ​មានហេតុ​ ចូរ​លោកឆាន់ចុះ ដល់ភិក្ខុ​ឆ្កួត ដល់ភិក្ខុ​ដើម​បញ្ញត្តិ។

សិក្ខាបទទី៦ ចប់។

សិក្ខាបទទី៧

[១២៦] កាលនោះ​ ព្រះពុទ្ធដ៏​មានព្រះភាគ កាលគង់នៅ​វត្តវេឡុវន ជា​កលន្ទកនិវាបស្ថាន ក្បែរ​ក្រុងរាជគ្រឹះ។ សម័យនោះ​ឯង ក្រុងរាជគ្រឹះលេងមហោស្រពលើកំពូលភ្នំ។ ពួក​សត្តរស​វគ្គិយ​ភិក្ខុ​ ក៏បាន​ទៅដើម្បីមើលមហោស្រពដែល​គេ​លេងលើកំពូលភ្នំ(នោះ​)។ មនុស្ស​​ទាំងឡាយ​បាន​​ឃើញ​ពួកសត្តរសវគ្គិយភិក្ខុ​​ហើយ​ និមន្តឲ្យស្រង់​ទឹក ឲ្យលាប ឲ្យ​ឆាន់​ស្រេច​ហើយ​ ក៏ប្រគេ​ន​នូវ​ខាទនីយ។ ពួកសត្តរសវគ្គិយភិក្ខុ​ កាន់យកខាទនីយ​ទៅ​អារាម ​ហើយ​និយាយពាក្យនេះប្រាប់ពួក​ឆព្វគ្គិយភិក្ខុ​ថា ម្នាលអាវុសោ​ទាំងឡាយ លោក​ទាំងឡាយចូរ​ទទួលយកខាទនីយទៅឆាន់ចុះ។ ពួក​ឆព្វគ្គិយភិក្ខុ​ទាំងនោះ​សួរថា ម្នាល​អាវុសោ​​ទាំងឡាយ ពួកលោកបាន​ខាទនីយមកពីណា។ ពួក​សត្តរសវគ្គិយភិក្ខុ​បាន​ប្រាប់​រឿង​នុ៎ះ​ដល់​ឆព្វគ្គិយភិក្ខុ​​ទាំងឡាយ។ ពួកឆព្វគ្គិយភិក្ខុ​សួរថា ម្នាល​អាវុសោ​ទាំងឡាយ លោក​​ទាំងឡាយបាន​ឆាន់ភោជន​ក្នុង​​ពេលដែល​​​មិន​គួរ មែនឬ។ ពួកសត្តរស​វគ្គិយភិក្ខុ​ឆ្លើយថា មែនអាវុសោ​ទាំងឡាយ។ ពួកឆព្វគ្គិយភិក្ខុ​ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួក​សត្តរសវគ្គិយភិក្ខុ​ ​មិន​គួរនឹងឆាន់ភោជនក្នុង​ពេលវិកាល (ដូច្នេះ) សោះ។ ខណៈនោះ​​ឯង ពួក​ឆព្វគ្គិយភិក្ខុ​បាន​ប្រាប់​រឿងនុ៎ះ​ដល់ភិក្ខុ​​ទាំងឡាយ។ ពួកភិក្ខុ​ណាដែល​​មាន​សេចក្តី​ប្រាថ្នាតិច។បេ។ ភិក្ខុ​​ទាំងនោះ​ ក៏ពោល​ទោស តិះដៀល បន្តុះបង្អាប់ថា ពួកសត្តរសវគ្គិយ​ភិក្ខុ​​មិន​គួរឆាន់ភោជន​ក្នុង​​ពេល​វិកាល (ដូច្នេះ) សោះ។បេ។ ព្រះអង្គទ្រង់ត្រាស់សួរថា ម្នាល​ភិក្ខុ​​ទាំងឡាយ បាន​ឮថា​អ្នក​ទាំងឡាយ​ឆាន់ភោជនក្នុង​ពេលវិកាល ពិតមែនឬ។ ភិក្ខុ​ទាំងនោះ​​ក្រាប​ទូល​ថា បពិត្រព្រះ​ដ៏​មានព្រះភាគ ពិតមែន។ ព្រះពុទ្ធជា​ម្ចាស់​ដ៏​មាន​ព្រះ​ភាគ ទ្រង់បន្ទោសថា ម្នាលមោឃបុរស​​ទាំងឡាយ អ្នក​ទាំងឡាយ​មិន​គួរ​នឹងឆាន់ភោជន​ក្នុង​​ពេលវិកាលទេ នែ​មោឃបុរស​​ទាំងឡាយ អំពើ​ដែល​ពួកអ្នកឯងធ្វើនេះ ​មិន​មែន​នាំឲ្យ​ជ្រះថ្លាដល់ពួកជនដែល​​​មិន​ទាន់ជ្រះថ្លា និង​មិន​មែន​នាំឲ្យជ្រះថ្លាដល់ពួកជនដែល​ជ្រះថ្លា​ស្រាប់​ហើយ​ ឲ្យរឹងរឹត​តែ​ជ្រះថ្លាតទៅទៀតទេ។បេ។ ម្នាលភិក្ខុ​​​ទាំងឡាយ អ្នក​ទាំងឡាយ គប្បីសំដែងឡើងនូវសិក្ខាបទនេះដូច្នេះថា ភិក្ខុ​ណាមួយ ទំពាស៊ីក្តី បរិភោគក្តី នូវខាទនីយ ឬភោជនីយក្នុង​ពេលវិកាល ត្រូវអាបត្តិបាចិត្តិយ។

 [១២៧] ត្រង់ពាក្យថា ភិក្ខុ​ណាមួយ ​មាន​សេចក្តី​ដូច​គ្នា​ក្នុង​បឋមបារាជិកសិក្ខាបទ។ វេលា​ដែល​ព្រះអាទិត្យ​ជ្រេពីត្រង់ទៅទល់នឹងអរុណរះឡើង ហៅថាពេលវិកាល។ ដែល​ហៅថា ខាទនីយ (នោះ​) បាន​ដល់របស់​ទាំងអស់ វៀរ​លែង​​ភោជនទាំង៥យ៉ាង និងវត្ថុជា​យាមកាលិក សត្តាហកាលិក យាវជីវិកចេញ ហៅថា ខាទនីយ។ ដែល​ហៅថា ភោជនីយ បាន​​ដល់ ភោជន៥យ៉ាង គឺបាយ១ នំស្រស់១ នំក្រៀម១ ត្រី១ សាច់១។ ភិក្ខុ​ទទួលវត្ថុ​ទាំងនោះ​ ដោយ​គិតថា អញ​នឹង​ទំពាស៊ី នឹងបរិភោគ ត្រូវអាបត្តិទុក្កដ។ ភិក្ខុ​នោះ​ត្រូវអាបត្តិ​បាចិត្តិយ គ្រប់ៗវារៈ​ដែល​លេបចូល​ទៅ។

 [១២៨] ពេលវិកាល ភិក្ខុ​ក៏សំគាល់​ថា ពេលវិកាល ​ហើយ​ទំពាស៊ីក្តី បរិភោគក្តី នូវខាទនីយ ឬភោជនីយ ត្រូវអាបត្តិបាចិត្តិយ។ ពេលវិកាល ភិក្ខុ​​មាន​សេចក្តី​សង្ស័យ ​ហើយ​ទំពាស៊ីក្តី បរិភោគក្តី នូវខាទនីយ ឬភោជនីយ ត្រូវអាបត្តិបាចិត្តិយ។ ពេលវិកាល ភិក្ខុ​សំគាល់​ថា កាលគួរ ​ហើយ​ទំពាស៊ីក្តី បរិភោគក្តី នូវខាទនីយ ឬភោជនីយ ត្រូវអាបត្តិបាចិត្តិយ។ ភិក្ខុ​ទទួលវត្ថុជា​យាមកាលិក សត្តាហកាលិក និងយាវជីវិក ទុក​សម្រាប់​​ជា​ប្រយោជន៍​ដល់​អាហារ ត្រូវអាបត្តិ​ទុក្កដ។ ភិក្ខុ​នោះ​ត្រូវអាបត្តិទុក្កដគ្រប់ៗខណៈដែល​លេប​ចូល​ទៅ។ ពេល​ជា​​កាលគួរ ភិក្ខុ​សំគាល់​ថា ពេលវិកាល ត្រូវអាបត្តិទុក្កដ។ ពេលជា​កាលគួរ ភិក្ខុ​សង្ស័យ ត្រូវអាបត្តិទុក្កដ។ ពេលជា​កាលគួរ ភិក្ខុ​សំគាល់​ថា កាលគួរមែន ​មិន​ត្រូវ​អាបត្តិ​ឡើយ។

[១២៩] អាបត្តិ​មិន​​មានដល់ភិក្ខុ​​ដែល​ឆាន់​តែ​វត្ថុជា​យាមកាលិក សត្តាហកាលិក និង​យាវជីវិក​ដោយ​​​មានហេតុ​ដែល​គួរឆាន់បាន​ ដល់ភិក្ខុ​ឆ្កួត ដល់ភិក្ខុ​ដើម​បញ្ញត្តិ។

សិក្ខាបទទី៧ ចប់។

សិក្ខាបទទី៨

[១៣០] កាលនោះ​ ព្រះពុទ្ធដ៏​មានព្រះភាគ កាលគង់នៅ​វត្តជេតពន របស់​អនាថបិណ្ឌិក​សេដ្ឋី ក្បែរក្រុងសាវត្ថី។ សម័យនោះ​ឯង ព្រះវេឡដ្ឋសីសៈដ៏​មានអាយុ ជា​ឧបជ្ឈាយ៍​របស់​​ព្រះអានន្ទដ៏​មានអាយុ គង់នៅ​ក្នុង​ព្រៃ។ ព្រះថេរៈនោះ​ត្រាច់ទៅបិណ្ឌបាត លុះបាន​អាហារ​បិណ្ឌបាតជា​ច្រើន​ហើយ​ ក៏នាំយកបាយសុទ្ធ​[អដ្ឋកថា គឺបាយ​តែ​ម្យ៉ាង ​មិន​​មានសម្ល និង​ម្ហូប​ក្រៀមលាយជា​មួយផង។] មកកាន់អារាម រួចហាលបាយនោះ​ឲ្យស្ងួតក្រៀម ​ហើយ​ទុក​ដាក់ កាលណា​មាន​សេចក្តី​ត្រូវការដោយ​អាហារ ទើបយកបាយក្រៀមនោះ​មកត្រាំ​ទឹក ​ហើយ​​ក៏ឆាន់​ក្នុង​កាលនោះ​ យូរៗបាន​លោកចូល​ទៅកាន់ស្រុកដើម្បីបិណ្ឌបាតម្តង។ ភិក្ខុ​​​ទាំងឡាយបាន​​និយាយ​ពាក្យនេះនឹងព្រះវេឡដ្ឋសីសៈដ៏​មានអាយុថា ម្នាលអាវុសោ ចុះ​ហេតុ​អ្វី បាន​ជា​យូរៗ​ ទើបលោកចូល​ទៅកាន់ក្រុង ​ដើម្បីបិណ្ឌបាតម្តង។ ទើប​ព្រះវេឡដ្ឋសីសៈ​ដ៏​មានអាយុ​ក៏​ដំណាល​​រឿង​នុ៎ះ​ប្រាប់ភិក្ខុ​​ទាំងឡាយ។ ពួកភិក្ខុ​ទាំងនោះ​ក៏សួរថា ម្នាលអាវុសោ បើដូច្នោះ ​មាន​តែ​​លោក​ឆាន់​ភោជនដែល​​ខ្លួនទុកដាក់​ឲ្យកន្លង​រាត្រី​ឬអ្វី។ ព្រះវេឡដ្ឋសីសៈ​ឆ្លើយថា យ៉ាងហ្នឹង​ហើយ​ អាវុសោ។ ពួកភិក្ខុ​ណាដែល​​មាន​សេចក្តី​ប្រាថ្នាតិច។បេ។ ភិក្ខុ​​ទាំងនោះ​ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ព្រះវេឡដ្ឋសីសៈ​ដ៏​មានអាយុ ​មិន​សមបើនឹងឆាន់ភោជន​ដែល​​ខ្លួន​ទុកដាក់​ឲ្យកន្លង​រាត្រី (ដូច្នេះ)​ទេ។បេ។ ព្រះដ៏​មានព្រះភាគត្រាស់សួរថា ម្នាលវេឡដ្ឋសីសៈ ឮថា​អ្នកឯង​បាន​ឆាន់ភោជនដែល​ខ្លួន​ទុកដាក់ឲ្យកន្លងរាត្រី ពិតមែនឬ។ ព្រះវេឡដ្ឋសីសៈក្រាប​ទូល​ថា សូមទ្រង់មេត្តាប្រោស ពិតមែន។ ព្រះសម្ពុទ្ធជា​ម្ចាស់​ដ៏​មានព្រះភាគ ទ្រង់បន្ទោសថា ម្នាលវេឡដ្ឋសីសៈ អ្នកឯង​មិន​សមបើ​នឹងឆាន់ភោជនដែល​ខ្លួនទុកដាក់ឲ្យកន្លងរាត្រី (ដូច្នេះ)ទេ ម្នាលវេឡដ្ឋសីសៈ អំពើ​ដែល​អ្នកឯងធ្វើនេះ ​មិន​មែន​នាំឲ្យជ្រះថ្លាដល់ពួកជនដែល​​​មិន​ទាន់​ជ្រះថ្លា និង​មិន​មែន​នាំពួកជនដែល​ជ្រះថ្លាស្រាប់​ហើយ​ ឲ្យរឹងរឹត​តែ​ជ្រះថ្លាតទៅទៀតទេ។បេ។ ម្នាលភិក្ខុ​​​ទាំងឡាយ អ្នក​ទាំងឡាយ គប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុ​ណាមួយ ទំពាស៊ីក្តី បរិភោគក្តី នូវខាទនីយ ឬភោជនីយជា​សន្និធិការកៈ គឺវត្ថុដែល​ខ្លួនទុក​ដាក់ឲ្យ​កន្លង​រាត្រី ត្រូវអាបត្តិបាចិត្តិយ។

 [១៣១] ត្រង់ពាក្យថា ភិក្ខុ​ណាមួយ ​មាន​សេចក្តី​ដូច​គ្នា​នឹងសិក្ខាបទទី១ ​នៃ​​បារាជិកកណ្ឌ។ ដែល​ហៅថាខ្លួនទុកដាក់ឲ្យកន្លងរាត្រី (បាន​ដល់ខាទនីយ ឬភោជនីយ) ដែល​ខ្លួន​ទទួល​ទុក​ក្នុង​​ថ្ងៃនេះ ​ហើយ​ឆាន់​ក្នុង​ថ្ងៃខាងក្រោយ។ ដែល​ហៅថា ខាទនីយ(នោះ​) បាន​ដល់វត្ថុទាំងអស់​សម្រាប់​ទំពាស៊ី វៀរ​លែង​តែ​​​ភោជនទាំង៥យ៉ាង និងវត្ថុជា​យាមកាលិក សត្តាហកាលិក យាវជីវិកចេញ ហៅថា ខាទនីយ។ ដែល​ហៅថា ភោជនីយ បាន​ដល់​ភោជនទាំង៥យ៉ាង គឺបាយ១ នំស្រស់១ នំក្រៀម១ ត្រី១ សាច់១។ ភិក្ខុ​ទទួល ដោយ​គិតថា អញ​នឹង​ទំពាស៊ី អញនឹងបរិភោគ ត្រូវអាបត្តិទុក្កដ។ ភិក្ខុ​នោះ​ត្រូវអាបត្តិ​បាចិត្តិយ គ្រប់ៗ​វារៈ​​ដែល​លេបចូល​ទៅ។

[១៣២] របស់​ដែល​ជា​សន្និធិការកៈ ភិក្ខុ​ក៏សំគាល់​ថា ជា​សន្និធិការកៈមែន ​ហើយ​ទំពាស៊ីក្តី បរិភោគក្តី នូវខាទនីយ ឬភោជនីយ ត្រូវអាបត្តិបាចិត្តិយ។ របស់​ដែល​ជា​សន្និធិការកៈ ភិក្ខុ​​មាន​សេចក្តី​សង្ស័យ ​ហើយ​ទំពាស៊ីក្តី បរិភោគក្តី នូវខាទនីយ ឬភោជនីយ ត្រូវអាបត្តិ​បាចិត្តិយ។ របស់​ដែល​ជា​សន្និធិការកៈ ភិក្ខុ​សំគាល់​ថា ​មិន​មែនជា​សន្និធិការកៈ ​ហើយ​ទំពាស៊ីក្តី បរិភោគក្តី នូវខាទនីយ ឬភោជនីយ ត្រូវអាបត្តិបាចិត្តិយ។ ភិក្ខុ​ទទួលវត្ថុជា​យាមកាលិក សត្តាហកាលិក យាវជីវិក ដើម្បី​ប្រយោជន៍​ជា​អាហារ ត្រូវអាបត្តិទុក្កដ។ ភិក្ខុ​ត្រូវអាបត្តិទុក្កដគ្រប់ៗខណៈដែល​លេប​ចូល​ទៅ។ របស់​ដែល​​មិន​មែន​ជា​សន្និធិការកៈ ភិក្ខុ​សំគាល់​ថា ជា​សន្និធិការកៈ ត្រូវអាបត្តិទុក្កដ។ របស់​​​មិន​មែន​ជា​សន្និធិការកៈ ភិក្ខុ​សង្ស័យ ត្រូវ​អាបត្តិទុក្កដ។ របស់​​មិន​មែនជា​សន្និធិការកៈ ភិក្ខុ​ក៏សំគាល់​ថា ​មិន​មែនជា​សន្និធិការកៈ ​មិន​ត្រូវអាបត្តិឡើយ។

[១៣៣] អាបត្តិ​មិន​​មានដល់ភិក្ខុ​​ដែល​ទុកដាក់វត្ថុជា​​យាវកាលិក [អដ្ឋកថា អាហារ​មាន​បាយ​ជា​ដើម ដែល​អ្នកបួស​គប្បី​ឆាន់បាន​ តាំងពីព្រឹក​ទៅដល់​ថ្ងៃត្រង់ ហៅថា​យាវកាលិក។] ​ហើយ​ឆាន់ត្រូវតាមកំណត់កាល ដល់ភិក្ខុ​ដែល​ទុកដាក់វត្ថុជា​​យាមកាលិក​ [ទឹក៨យ៉ាង ​មានទឹក​ស្វាយ​ជា​ដើម ដែល​អ្នកបួសគប្បីឆាន់បាន​ត្រឹមថ្ងៃ១យប់១ ហៅថា​យាមកាលិក។] ​ហើយ​ឆាន់​ត្រូវ​តាមកំណត់យាម (គឺថ្ងៃ១យប់១) ដល់ភិក្ខុ​ដែល​ទុកដាក់​វត្ថុជា​​សត្តាហកាលិក​ភេសជ្ជៈ៥យ៉ាង ​មានទឹកដោះថ្លាជា​ដើម ដែល​អ្នកបួសគប្បី​ទុកឆាន់​បាន​ក្នុង​រវាង៧ថ្ងៃ ហៅថា​សត្តាហកាលិក។] ​ហើយ​ឆាន់អស់ត្រឹម៧ថ្ងៃ ដល់ភិក្ខុ​ដែល​ឆាន់​វត្ថុជា​​យាវជីវិក​[វត្ថុឯទៀត​ក្រៅពី​កាលិកទាំង៣ខាង​ដើម ដែល​អ្នកបួសគប្បីរក្សាទុកឆាន់​បាន​​ដរាបទាល់អស់មួយជីវិត ហៅថា យាវជីវិក។] ព្រោះ​​មានហេតុ​ដែល​គួរឆាន់បាន​ ដល់​ភិក្ខុ​ឆ្កួត ដល់ភិក្ខុ​ដើម​បញ្ញត្តិ។

សិក្ខាបទទី៨ ចប់។

សិក្ខាបទទី៩

[១៣៤] កាលនោះ​ ព្រះសព្វញ្ញុពុទ្ធដ៏​មានព្រះភាគ កាលគង់នៅ​វត្តជេតពន របស់​អនាថបិណ្ឌិក​សេដ្ឋី ក្បែរក្រុងសាវត្ថី។ សម័យនោះ​ឯង ពួកឆព្វគ្គិយភិក្ខុ​សូមភោជនដ៏ឧត្តម​​ទាំងឡាយ​មក​ដើម្បីប្រយោជន៍ដល់ខ្លួន ​ហើយ​ឆាន់។ ពួកមនុស្សពោលទោស តិះដៀល បន្តុះ​បង្អាប់ថា ពួកសមណៈជា​កូនចៅព្រះពុទ្ធជា​សក្យបុត្រ ​មិន​សមនឹងសូមភោជនដ៏​ឧត្តម​​ទាំងឡាយ ដើម្បី​ប្រយោជន៍ដល់ខ្លួន​ហើយ​ឆាន់សោះ អ្នកណាមួយ​មិន​គាប់​ចិត្តនឹង​ភោជន​ដែល​សម្បូរ អ្នក​ណាមួយ​​មិន​ចូល​​ចិត្តនឹងភោជនដែល​​មានរស​ឆ្ងាញ់។ ភិក្ខុ​​ទាំង​ឡាយ​បាន​ឮពួកមនុស្ស​ទាំង​នោះ​​​កំពុង​ពោលទោស តិះដៀល បន្តុះបង្អាប់​ហើយ​។ ពួក​ភិក្ខុ​​ណា​ដែល​​មាន​សេចក្តី​ប្រាថ្នាតិច។បេ។ ពួកភិក្ខុ​​ទាំងនោះ​ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកឆព្វគ្គិយភិក្ខុ​​​​ មិន​សមនឹង​សូម​ភោជន​ដ៏ឧត្តម​​ទាំងឡាយមក ដើម្បី​ប្រយោជន៍​​ដល់ខ្លួន ​ហើយ​ឆាន់ដូច្នោះ។បេ។ ព្រះអង្គទ្រង់ត្រាស់សួរថា ម្នាលភិក្ខុ​​ទាំង​ឡាយ ឮថា​អ្នក​ទាំងឡាយសូមភោជន​ដ៏ឧត្តម​​ទាំងឡាយមក ដើម្បីប្រយោជន៍​ដល់​ខ្លួន ​ហើយ​ក៏នាំ​គ្នា​ឆាន់ ពិតមែនឬ។ ភិក្ខុ​​ទាំងឡាយក្រាប​ទូល​ថា បពិត្រព្រះដ៏​មានព្រះភាគ ពិត​មែន។ ព្រះសព្វញ្ញូពុទ្ធដ៏​មានព្រះភាគ ទ្រង់បន្ទោសថា ម្នាលពួកបុរសសោះសូន្យ អ្នក​ទាំងឡាយ​​មិន​សម​នឹងសូមភោជនដ៏ឧត្តម​ទាំងឡាយមក ដើម្បី​ប្រយោជន៍​ដល់ខ្លួន ​ហើយ​ឆាន់ដូច្នេះទេ នែ​​ពួក​បុរសសោះសូន្យ អំពើ​នេះ ​មិន​មែន​នាំឲ្យជ្រះថ្លាដល់ពួកជនដែល​​​មិន​ទាន់ជ្រះថ្លាទេ ឬ​នាំ​ពួកជនដែល​ជ្រះថ្លា​ហើយ​ ឲ្យរឹងរឹត​តែ​ជ្រះថ្លាតទៅទៀតទេ។បេ។ ម្នាល​ភិក្ខុ​​​ទាំងឡាយ អ្នក​ទាំងឡាយ គប្បីសំដែង​ឡើងនូវ​សិក្ខាបទនេះយ៉ាងនេះថា ភោជន​ដ៏ឧត្តម​​ទាំងឡាយណាមួយ ភោជនដ៏ឧត្តមទាំងនោះ​ ដូចម្តេច ភោជនដ៏ឧត្តមទាំងនោះ​គឺទឹកដោះថ្លា ទឹកដោះខាប់ ប្រេង ទឹកឃ្មុំ ស្ករអំពៅ ត្រី សាច់ ទឹកដោះស្រស់ ទឹកដោះជូរ។ ភិក្ខុ​ណាមួយសូមភោជនដ៏ឧត្តម​​ទាំងឡាយ ​មានសភាពយ៉ាងនេះ ដើម្បីប្រយោជន៍​ដល់​ខ្លួន ​ហើយ​ឆាន់ ត្រូវអាបត្តិបាចិត្តិយ។ សិក្ខាបទនេះ ព្រះដ៏​មាន​ព្រះភាគទ្រង់​បាន​បញ្ញត្ត​ហើយ​​ដល់ភិក្ខុ​​ទាំងឡាយយ៉ាងនេះ។

[១៣៥] សម័យនោះ​ឯង ភិក្ខុ​​ទាំងឡាយ​មានជម្ងឺ។ ពួកភិក្ខុ​អ្នកសួរជម្ងឺបាន​និយាយ​ពាក្យនេះ​នឹងភិក្ខុ​ឈឺ​ទាំងឡាយថា ម្នាលអាវុសោ លោកអាចអត់ទ្រាំបាន​ឬទេ អាច​ប្រព្រឹត្ត​ទៅបាន​​ឬទេ។ ពួកភិក្ខុ​ឈឺ​ឆ្លើយថា ម្នាលអាវុសោ ក្នុង​កាលមុនយើង​ទាំងឡាយបាន​សូមភោជន​ដ៏​ឧត្តម​​ទាំងឡាយមកដើម្បីប្រយោជន៍​ដល់ខ្លួន ​ហើយ​ឆាន់ ព្រោះហេតុ​នោះ​ ទើបយើង​ទាំងឡាយ​​មាន​​សេចក្តី​​សប្បាយ ​តែ​ឥឡូវ​នេះ ព្រះដ៏​មានព្រះភាគ​ទ្រង់​ហាម​ហើយ​ យើង​ទាំងឡាយខ្លាច​ក្រែង ​មិន​​ហ៊ាន​សូមទៀត ទើប​សេចក្តី​​​មិន​សប្បាយ​​មានដល់​យើង​ទាំងឡាយ​ដោយ​​ហេតុ​​នោះ​។ ភិក្ខុ​ទាំង​ឡាយ​ក្រាបទូល​​សេចក្តី​នុ៎ះ​ចំពោះ​ព្រះដ៏​មាន​ព្រះភាគ។ ព្រោះរឿងនេះ ដំណើរនេះ ព្រះដ៏​​មានព្រះភាគ​ទ្រង់​ធ្វើធម្មីកថា ហៅភិក្ខុ​​ទាំងឡាយ​មកក្នុង​ពេលនោះ​ ​ហើយ​ត្រាស់ថា ម្នាល​ភិក្ខុ​​​ទាំងឡាយ​ តថាគតអនុញ្ញាត​ឲ្យ​ភិក្ខុ​ឈឺ សូមភោជន​ដ៏ឧត្តម​​ទាំងឡាយ មកដើម្បីប្រយោជន៍​ដល់​ខ្លួន​ ​ហើយ​ឆាន់បាន​ ម្នាលភិក្ខុ​​ទាំងឡាយ អ្នក​ទាំងឡាយ​គប្បីសំដែង​ឡើងនូវសិក្ខាបទ​នេះ​យ៉ាង​នេះ​ថា ភោជន​ដ៏ឧត្តម​​ទាំងឡាយណាមួយ ភោជន​ដ៏ឧត្តម​ទាំងនោះ​ដូចម្តេច ភោជនដ៏​ឧត្តម​ទាំងនោះ​គឺ ទឹកដោះថ្លា ទឹកដោះខាប់ ប្រេង ទឹកឃ្មុំ ស្ករអំពៅ ត្រី សាច់ ទឹកដោះស្រស់ ទឹកដោះ​ជូរ។ ភិក្ខុ​​ណាមួយគ្មានជម្ងឺ សូមភោជនដ៏ឧត្តម​ទាំងឡាយ ​មានសភាពយ៉ាងនេះ ដើម្បី​ប្រយោជន៍​​ដល់ខ្លួន ​ហើយ​ឆាន់ ត្រូវអាបត្តិបាចិត្តិយ។

[១៣៦] ត្រង់ពាក្យថា ភោជនដ៏ឧត្តម​​ទាំងឡាយណាមួយ ភោជនដ៏ឧត្តមទាំងនោះ​ គឺ​ទឹកដោះ​ថ្លារបស់​គោក្តី ទឹកដោះថ្លារបស់​ពពែក្តី ទឹកដោះថ្លារបស់​ក្របីក្តី ហៅថា ទឹកដោះថ្លា ឬ​សប្បិ និងសាច់​របស់​​ពួកសត្វណាដ៏គួរ (ដល់​វិនយបញ្ញត្តិ) ទឹកដោះថ្លារបស់​ពួកសត្វនោះ​ ហៅថា ទឹកដោះថ្លា ឬសប្បិ។ ទឹកដោះខាប់​របស់​សត្វអម្បាល​នោះ​ឯង ហៅថា ទឹកដោះខាប់ ឬនវនីត។ ប្រេងល្ង ប្រេងស្ពៃ ប្រេងស្រគំ ប្រេងល្ហុងខ្ញែ និងប្រេង​ គឺខ្លាញ់រាវ ហៅថា ប្រេង។ ទឹកផ្អែម​របស់​​មេឃ្មុំ ហៅថា ទឹកឃ្មុំ។ ទឹកផ្អែមដែល​កើតអំពីអំពៅ ហៅថា ទឹកអំពៅ ឬស្ករអំពៅ។ សត្វដែល​​ត្រាច់​ទៅក្នុង​ទឹក ហៅថា ត្រី ឬមច្ឆជា​តិ។ សាច់​នៃ​ពួក​សត្វណាក៏គួរ(ដល់វិនយបញ្ញត្តិ) សាច់​​នៃ​​ពួក​សត្វទាំងនោះ​ ហៅថា សាច់ ឬមំសៈ។ ទឹកដោះស្រស់របស់​គោក្តី ទឹកដោះស្រស់​របស់​​ពពែក្តី ទឹកដោះស្រស់​របស់​ក្របីក្តី ហៅថា ទឹកដោះស្រស់ ឬខីរៈ សាច់របស់​ពួកសត្វណាដ៏គួរ (ដល់​វិនយបញ្ញត្តិ) ទឹកដោះស្រស់​របស់​ពួក​សត្វទាំងនោះ​ ហៅថា ទឹកដោះស្រស់ ឬខីរៈ។ ទឹកដោះជូរ​របស់​ពួក​សត្វ​ទាំងនោះ​ ហៅថា ទឹកដោះជូរ ឬទធិ។

[១៣៧] ត្រង់ពាក្យថា ភិក្ខុ​ណាមួយ ​មាន​សេចក្តី​ដូច​គ្នា​នឹងបឋមបារាជិកសិក្ខាបទ។ ពាក្យ​ថា ភោជនដ៏ឧត្តម​ទាំងឡាយ​មានសភាពយ៉ាងនេះ គឺភោជន​ដ៏ថ្លៃថ្លា​ទាំងឡាយ​​ មាន​សភាព​​ដូច្នោះ។ ភិក្ខុ​ណាវៀរភោជន​ដ៏ឧត្តម​​ទាំងឡាយ ​ហើយ​នៅ​ជា​សប្បាយបាន​ ភិក្ខុ​នោះ​​​ហៅថា គ្មាន​ជម្ងឺ។ ភិក្ខុ​ណាវៀរចាកភោជន​ដ៏ឧត្តម​​ទាំងឡាយ ​ហើយ​នៅ​សប្បាយ​មិន​បាន​ ភិក្ខុ​នោះ​​ហៅថា ​មានជម្ងឺ។ ភិក្ខុ​គ្មានជម្ងឺ សូមភោជនទាំងនោះ​ ដើម្បីប្រយោជន៍​ដល់​ខ្លួន ត្រូវ​អាបត្តិ​ទុក្កដរាល់​ប្រយោគ។ ភិក្ខុ​ទទួលដោយ​តាំង​ចិត្តថា អញ​នឹង​ឆាន់ ត្រូវ​អាបត្តិ​ទុក្កដ​​ក្នុង​​ខណៈ​ដែល​​បាន​​មក។ ភិក្ខុ​នោះ ​​ត្រូវអាបត្តិ​បាចិត្តិយ​គ្រប់ៗ​វារៈ ​ដែល​លេបចូល​ទៅ។

[១៣៨] ខ្លួន​មិន​ឈឺ ភិក្ខុ​សំគាល់​ថាខ្លួន​មិន​ឈឺ ​ហើយ​សូមភោជន​ដ៏ឧត្តម​​ទាំងឡាយ​មក​ដើម្បី​ប្រយោជន៍​ដល់ខ្លួន ​ហើយ​ឆាន់​ ត្រូវអាបត្តិបាចិត្តិយ។ ខ្លួន​មិន​ឈឺ ភិក្ខុ​​មាន​សេចក្តី​សង្ស័យ ​ហើយ​សូមភោជន​ដ៏ឧត្តម​​ទាំងឡាយ​មក ​ដើម្បី​ប្រយោជន៍​ដល់ខ្លួន ​ហើយ​ឆាន់​ ត្រូវអាបត្តិ​បាចិត្តិយ។ ខ្លួន​មិន​ឈឺ ភិក្ខុ​សំគាល់​ថាខ្លួនឈឺ ​ហើយ​សូមភោជន​ដ៏ឧត្តម​​ទាំង​ឡាយ​​មក​ដើម្បី​ប្រយោជន៍​ដល់ខ្លួន ​ហើយ​ឆាន់​ ត្រូវអាបត្តិបាចិត្តិយ។ ខ្លួនឈឺ ភិក្ខុ​សំគាល់​ថាខ្លួន​មិន​ឈឺ ត្រូវ​អាបត្តិទុក្កដ។ ខ្លួនឈឺ ភិក្ខុ​​មាន​សេចក្តី​សង្ស័យ ត្រូវអាបត្តិទុក្កដ។ ខ្លួនឈឺ ភិក្ខុ​សំគាល់​ថាខ្លួនឈឺ ​មិន​ត្រូវអាបត្តិ។

[១៣៩] អាបត្តិ​មិន​​មានដល់ភិក្ខុ​ឈឺ ដល់ភិក្ខុ​ដែល​​មានជម្ងឺ ​ហើយ​សូម លុះសូម​បាន​​មក​ក៏​បាត់ជម្ងឺ​នោះ​ ​ហើយ​ឆាន់ ដល់ភិក្ខុ​ដែល​ឆាន់ភោជនដ៏សល់អំពី​ភិក្ខុ​ឈឺ ដល់ភិក្ខុ​ដែល​ឆាន់​ភោជន​​របស់​​ពួក​ញាតិ ដល់ភិក្ខុ​​ដែល​​ឆាន់​ភោជន​របស់​ពួក​ជន​ដែល​​បាន​បវារណា ដល់ភិក្ខុ​​ដែល​​សូម​ដើម្បីប្រយោជន៍​ដល់​អ្នកឯទៀត ដល់ភិក្ខុ​​ដែល​​ឆាន់​ភោជន ​ដែល​​កើត​ដោយ​​ទ្រព្យ​​របស់​​ខ្លួន ដល់ភិក្ខុ​ឆ្កួត ដល់ភិក្ខុ​ជា​ខាងដើម​បញ្ញត្តិ។

សិក្ខាបទទី៩ ចប់។

សិក្ខាបទទី១០

[១៤០] កាលនោះ​ ព្រះសម្ពុទ្ធដ៏​មានព្រះភាគ កាលគង់នៅ​កូដាគារសាលា ក្នុង​មហាវន ក្បែរក្រុង​វេសាលី។ សម័យនោះ​ឯង ​មានភិក្ខុ​១រូប​ជា​អ្នកប្រព្រឹត្តបំសុកូល​នូវ​របស់​​គ្រប់​យ៉ាង [អដ្ឋកថា ភិក្ខុ​នោះ​​ប្រព្រឹត្ត​បំសុកូល​គ្រប់​ជំពូក ដោយ​ហោច​ទៅ​សូម្បី​ឈើស្ទន់​ ក៏បំសុកូល​យកដែរ។] នៅ​ក្នុង​ព្រៃ​ស្មសាន។ ភិក្ខុ​នោះ​​​មិន​ប្រាថ្នា​នឹង​ទទួល​យកវត្ថុ​ដែល​​មនុស្ស​ទាំងឡាយ​ឲ្យ​ឡើយ។ ភិក្ខុ​នោះ​​កាន់យក​នូវ​សំណែន​ក្នុង​ព្រៃស្មសាន​ខ្លះ ទៀប​គល់ឈើខ្លះ ទៀប​ធរណី​ទ្វារ​ខ្លះ ដោយ​​ខ្លួនឯង ​ហើយ​ឆាន់។ មនុស្ស​ទាំងឡាយ​ពោល​ទោស តិះដៀល បន្តុះ​បង្អាប់ថា ភិក្ខុ​នេះ​មិន​គួរបើនឹងកាន់យកសំណែនរបស់​យើង​​ទាំង​ឡាយ​​ដោយ​ខ្លួន​ឯង ​ហើយ​ឆាន់ទេ ភិក្ខុ​​ជា​ថេរៈ​នេះ​​មានកាយ​ធាត់ ទំនង​ជា​ស៊ី​សាច់មនុស្ស​ទេដឹង។ ភិក្ខុ​​ទាំងឡាយបាន​ឮមនុស្ស​ទាំងនោះ​​​ពោលទោស តិះដៀលបន្តុះបង្អាប់​ហើយ​។ ពួកភិក្ខុ​ណាដែល​​មាន​សេចក្តី​ប្រាថ្នាតិច។បេ។ ពួកភិក្ខុ​​នោះ​​ពោលទោស តិះដៀល បន្តុះ​បង្អាប់ថា ភិក្ខុ​​មិន​គួរ​នឹង​ស៊ីលេប​នូវ​អាហារ​តាមទ្វារមាត់ ជា​អាហារ​ដែល​​គេ​​​មិន​បាន​​ប្រគេ​ន​សោះ។បេ។ ព្រះដ៏​មានព្រះភាគ ទ្រង់ត្រាស់​សួរថា ម្នាលភិក្ខុ​ ឮថា​អ្នកឯង​ស៊ីលេបនូវ​អាហារ​តាមទ្វារមាត់ ជា​អាហារ​ដែល​​គេ​​មិន​បាន​​ប្រគេ​ន​ ពិតមែនឬ។ ភិក្ខុ​នោះ​ក្រាប​ទូល​ថា បពិត្រព្រះដ៏​មានព្រះភាគ ពិត​មែន។ ព្រះសម្ពុទ្ធដ៏​មានជោគ ទ្រង់បន្ទោស​ថា ម្នាល​មោឃបុរស អ្នកឯង​មិន​គួរនឹងស៊ីលេប​នូវអាហារ​តាម​ទ្វារមាត់ ជា​អាហារ​ដែល​​គេ​​​មិន​បាន​​ប្រគេ​ន (ដូច្នេះ)ទេ នែ​មោឃបុរស អំពើ​នេះ ​មិន​មែន​នាំឲ្យជ្រះថ្លា​ដល់ពួកជនដែល​​​មិន​ទាន់ជ្រះថ្លាទេ ឬ​នាំ​ពួកជនដែល​ជ្រះថ្លា​ហើយ​ ឲ្យរឹងរឹត​តែ​ជ្រះថ្លា​ឡើង​តទៅ​ទៀតទេ។បេ។ ម្នាលភិក្ខុ​​​ទាំងឡាយ អ្នក​ទាំងឡាយ គប្បីសំដែង​ឡើងនូវ​សិក្ខាបទ​នេះយ៉ាងនេះថា ភិក្ខុ​ណាមួយ​លេប​នូវអាហារ​តាមទ្វារមាត់ ជា​អាហារ​ដែល​គេ​​​មិន​បាន​​ប្រគេ​ន ត្រូវអាបត្តិ​បាចិត្តិយ។ សិក្ខាបទនេះ ព្រះដ៏​មានព្រះភាគ​​ បាន​បញ្ញត្ត​​ហើយ​ដល់​ភិក្ខុ​​ទាំងឡាយ​យ៉ាង​នេះ។

[១៤១] សម័យនោះ​ឯង ភិក្ខុ​​ទាំងឡាយ​មាន​សេចក្តី​សង្ស័យ​ក្នុង​​ទឹក​ និងឈើស្ទន់។ ពួកភិក្ខុ​ទាំងនោះ​បាន​​ក្រាបទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះដ៏​មានព្រះភាគ។ ព្រះអង្គត្រាស់ថា ម្នាល​ភិក្ខុ​​​ទាំងឡាយ​ តថាគតអនុញ្ញាត​ឲ្យ​ភិក្ខុ​កាន់យកទឹក និងឈើស្ទន់​ឆាន់ដោយ​ខ្លួន​ឯង​បាន​ ម្នាលភិក្ខុ​​ទាំងឡាយ អ្នក​ទាំងឡាយ​គប្បីសំដែង​ឡើងនូវសិក្ខាបទ​នេះ​យ៉ាង​នេះ​ថា ភិក្ខុ​ណា​មួយ​លេបនូវអាហារ​តាមទ្វារមាត់ ជា​អាហារ​ដែល​​គេ​​មិន​​បាន​ប្រគេ​ន ត្រូវអាបត្តិ​បាចិត្តិយ វៀរ​លែង​​តែ​​ទឹក និង​ឈើស្ទន់។

[១៤២] ត្រង់ពាក្យថា ភិក្ខុ​ណាមួយ ​មាន​សេចក្តី​ដូច​គ្នា​នឹងសិក្ខាបទទី១​​នៃ​​បារាជិកកណ្ឌ។ ដែល​ហៅថាគេ​​មិន​បាន​ប្រគេ​ន គឺ​សំដៅយកវត្ថុ​ដែល​ភិក្ខុ​​​មិន​បាន​​ទទួល​ប្រគេ​ន។ ដែល​ហៅ​ថា របស់​​ដែល​គេ​ប្រគេ​ន គឺកាល​បើ​ទាយក​ឲ្យ​របស់​ណា​ដោយ​​កាយក្តី ដោយ​​របស់​​ដែល​​ជា​ប់​នឹង​កាយ​ក្តី ដោយ​​បោះឲ្យក្តី ភិក្ខុ​​ក៏ស្ថិត​នៅ​ក្នុង​​ហត្ថបាស បាន​ទទួល​ [អដ្ឋកថា កិរិយាទទួល​ប្រគេ​ន​ប្រកប​ដោយ​អង្គ៥ គឺ១.វត្ថុដែល​​បុរស​​មានកំលាំង​យ៉ាង​កណ្តាល ល្មម​លើកឡើងបាន​។ ២.​អ្នក​ប្រគេ​ន​ស្ថិត​នៅ​ក្នុង​ហត្ថបាស។ ៣.​អ្នកប្រគេ​ន​បាន​បង្អោន​ខ្លួន​ចូល​មក។៤.​ទេវតាក្តី មនុស្សក្តី សត្វ​តិរច្ឆានក្តី​ប្រគេ​ន។ ៥.​ភិក្ខុ​ទទួលវត្ថុ​នោះ​ដោយ​​កាយក្តី ដោយ​វត្ថុ​ដែល​​ជា​ប់​នឹង​កាយក្តី។] ដោយ​​កាយ ឬដោយ​របស់​​ដែល​​ជា​ប់​នឹង​កាយ របស់​នេះ​ហៅថា គេ​​ប្រគេ​ន។ ដែល​ហៅថា អាហារ​ គឺ​របស់​​ណាមួយ​ដែល​​គួរ​លេប​ចូល​ទៅបាន​ វៀរ​លែង​​តែ​ទឹក និងឈើស្ទន់ របស់​នេះហៅថា អាហារ។ ពាក្យថា វៀរលែង​តែ​ទឹក និង​ឈើស្ទន់ គឺលើកលែង​​តែ​ទឹក និងឈើស្ទន់។ ភិក្ខុ​​ទទួល​យក​ដោយ​​គិតថា អញនឹង​ទំពាស៊ី អញ​​នឹងបរិភោគ ត្រូវអាបត្តិទុក្កដ។ ភិក្ខុ​នោះ​​ត្រូវអាបត្តិ​បាចិត្តិយ គ្រប់ៗ​វារៈដែល​លេបចូល​ទៅ។

[១៤៣] វត្ថុដែល​ភិក្ខុ​​មិន​បាន​ទទួលប្រគេ​ន ភិក្ខុ​ក៏សំគាល់​ថា ​មិន​បាន​ទទួលប្រគេ​ន ​ហើយ​លេប​នូវអាហារ​តាមទ្វារមាត់ ជា​អាហារ​ដែល​គេ​​​មិន​ប្រគេ​ន ត្រូវអាបត្តិបាចិត្តិយ វៀរ​លែង​​តែ​​ទឹក​ និង​ឈើស្ទន់។ វត្ថុដែល​ភិក្ខុ​​មិន​បាន​ទទួលប្រគេ​ន ភិក្ខុ​សង្ស័យ ​ហើយ​លេប​នូវអាហារ​តាមទ្វារមាត់ ជា​អាហារ​ដែល​គេ​​​មិន​ប្រគេ​ន ត្រូវអាបត្តិបាចិត្តិយ វៀរ​លែង​​តែ​​ទឹក​ និង​ឈើស្ទន់។ វត្ថុដែល​ភិក្ខុ​​មិន​បាន​ទទួលប្រគេ​ន ភិក្ខុ​សំគាល់​ថា បាន​ទទួលប្រគេ​ន ​ហើយ​លេប​នូវអាហារ​តាមទ្វារមាត់ ជា​អាហារ​ដែល​គេ​​​មិន​បាន​ប្រគេ​ន ត្រូវអាបត្តិបាចិត្តិយ វៀរ​លែង​​តែ​​ទឹក​ និង​ឈើស្ទន់។ វត្ថុដែល​ភិក្ខុ​បាន​ទទួលប្រគេ​ន ភិក្ខុ​សំគាល់​ថា ​មិន​ទាន់​បាន​ទទួលប្រគេ​ន ត្រូវអាបត្តិទុក្កដ។ វត្ថុដែល​ភិក្ខុ​ទទួលប្រគេ​ន ភិក្ខុ​សង្ស័យ ត្រូវអាបត្តិ​ទុក្កដ។ វត្ថុដែល​ភិក្ខុ​ទទួលប្រគេ​ន​ហើយ​ ភិក្ខុ​ក៏សំគាល់​ថា បាន​ទទួលប្រគេ​ន​ហើយ​ ​មិន​ត្រូវអាបត្តិឡើយ។

[១៤៤] អាបត្តិ​មិន​​មានដល់ភិក្ខុ​ដែល​ឆាន់ទឹក និងឈើស្ទន់ ដល់ភិក្ខុ​ដែល​កាន់យក​ថ្នាំ​មហាវិកត៤យ៉ាង [មហាវិកត៤គឺ មូត១ គូថ១ ផេះ១ ដី១។] ដោយ​ខ្លួនឯង ​ហើយ​ឆាន់ ព្រោះ​​មាន​ហេតុ​ ​ហើយ​គ្មាន​កប្បិយការក ដល់ភិក្ខុ​ឆ្កួត ដល់ភិក្ខុ​ជា​ខាងដើម​បញ្ញត្តិ។

សិក្ខាបទទី១០ ចប់។

ភោជនវគ្គទី៤ ចប់។

ចំនួនសិក្ខាបទក្នុង​ភោជនវគ្គ​នោះ​​មាន១០យ៉ាង គឺ

បិណ្ឌ (សិក្ខាបទ) ១ គណ (សិក្ខាបទ) ១ បរ (សិក្ខាបទ) ១ បូវ (សិក្ខាបទ) ១ បវារណា ​(សិក្ខាបទ) ពីរ ព្រះដ៏​មានព្រះភាគពោល​ហើយ​ វិកាល (សិក្ខាបទ) ១ សន្និធិការ (សិក្ខាបទ) ១ បណីត ​(សិក្ខាបទ) ១ ទ្វារក (សិក្ខាបទ) ១។

អចេលកវគ្គ សិក្ខាបទទី១

[១៤៥] កាលនោះ​ ព្រះសព្វញ្ញូពុទ្ធដ៏​មានជោគ គង់នៅ​កូដាគារសាលា ក្នុង​ព្រៃមហាវន ទៀបក្រុង​វេសាលី។ សម័យនោះ​ឯង របស់​ដែល​​បុគ្គល​គប្បីទំពាស៊ី​កើតឡើងដល់​សង្ឃ។ ព្រះអានន្ទ​ដ៏​មានអាយុ​ក្រាបទូល​សេចក្តី​​នុ៎ះ​ ចំពោះ​ព្រះដ៏​មានព្រះភាគ។ ព្រះដ៏​មានព្រះ​ភាគ​​ទ្រង់​ត្រាស់​ថា ម្នាល​អានន្ទ បើដូច្នោះ​ អ្នកចូរ​ឲ្យ​នំដល់​ពួក​មនុស្ស​អ្នកស៊ី​ដែល​​ចុះ។ ព្រះអានន្ទ​ដ៏​មានអាយុ​ទទួល​ព្រះពុទ្ធដីកា​ថា បពិត្រព្រះអង្គ​ដ៏ចំរើន យ៉ាងហ្នឹង​​ហើយ​ៗ ក៏ឲ្យពួកមនុស្ស​​ដែល​​ជា​អ្នក​ស៊ីដែល​អង្គុយ​​ជា​ជួរ ​ហើយ​ក៏ឲ្យ​នំមួយៗ (ដល់​មនុស្ស​ដែល​​ជា​អ្នកស៊ីដែល​) រួច​ឲ្យ​នំ​ពីរ​ទៅ​នាង​បរិព្វាជិកាម្នាក់ ដោយ​សំគាល់​ថាឲ្យនំមួយដូច​គេ​ទាំងពួង​ដែរ។ ពួកនាង​បរិព្វាជិកា​(ដែល​​នៅ​​)​ជុំវិញ បាន​និយាយពាក្យនេះ​នឹង​នាងបរិព្វាជិកា​នោះ​ថា សមណនោះ​​ជា​​សហាយ​របស់​​នាងឬ។ នាង​បរិព្វាជិកានោះ​​ឆ្លើយ​ថា សមណនុ៎ះ​​មិន​មែន​ជា​សហាយ​របស់​​ខ្ញុំទេ គឺ​លោក​សំគាល់​​ថា​ឲ្យ​នំ​មួយ​ដល់​ខ្ញុំ ​តែ​​ត្រឡប់​ទៅជា​ឲ្យនំពីរមក​វិញ។ វារៈជា​គំរប់ពីរដង ព្រះអានន្ទដ៏​​មានអាយុឲ្យ​នំ​មួយៗ (ដល់​មនុស្ស​ដែល​​ជា​អ្នក​ស៊ីដែល​) រួច​ឲ្យ​នំ​ពីរ​ទៅ​នាង​បរិព្វាជិកាដដែល​នោះ​ ដោយ​សំគាល់​ថា​ឲ្យនំមួយ​ដូច​គេ​ទាំងពួង​ដែរ។ ពួកនាង​បរិព្វាជិកា​(ដែល​​នៅ​​)​ជុំវិញ ក៏និយាយពាក្យនេះ​នឹង​នាងបរិព្វាជិកា​នោះ​ថា សមណនុ៎ះ​ជា​​សហាយ​របស់​​នាងឬ។ នាង​បរិព្វាជិកានោះ​​ឆ្លើយ​ថា សមណនុ៎ះ​​មិន​មែន​ជា​សហាយ​របស់​​ខ្ញុំទេ គឺ​លោក​សំគាល់​​ថា​ឲ្យ​នំ​មួយ​ដល់​ខ្ញុំ ​តែ​​ត្រឡប់​ទៅជា​ឲ្យនំពីរ​មកវិញ។ វារៈជា​គំរប់បីដងទៀត ព្រះអានន្ទដ៏​​មានអាយុ​ឲ្យនំមួយៗ (ដល់​មនុស្ស​ដែល​​ជា​អ្នកស៊ីដែល​) រួច​ឲ្យ​នំ​ពីរ​ទៅ​នាង​បរិព្វាជិកាដដែល​នោះ​ ដោយ​សំគាល់​ថាឲ្យនំមួយដូច​គេ​ទាំងពួង​ដែរ។ ពួកនាង​បរិព្វាជិកា​(ដែល​​នៅ​​)​ជុំវិញ ក៏និយាយ​ពាក្យនេះ​នឹង​នាងបរិព្វាជិកា​នោះ​ថា សមណនុ៎ះ​ជា​​សហាយ​របស់​​នាងឬ។ នាង​បរិព្វាជិកានោះ​​ឆ្លើយ​ថា សមណនុ៎ះ​​មិន​មែន​ជា​សហាយ​របស់​​ខ្ញុំទេ គឺ​លោក​សំគាល់​​ថា​ឲ្យ​នំ​មួយ​ដល់​ខ្ញុំ ​តែ​​ត្រឡប់​ទៅជា​ឲ្យនំពីរ​មកវិញ។ ពួក​នាង​បរិព្វាជិកា​ទាំងនោះ​ ក៏នាំ​គ្នា​​និយាយ​ចម្អក​ថា (សមណ​នុ៎ះ​) សហាយ ឬ​​មិន​មែន​សហាយ។ (វេលានោះ​) ​មានអាជីវក​ម្នាក់​ដើរទៅកាន់ទីដែល​​គេ​អង្គាស ឬចែក(នំ)។ (ពេលនោះ​)  ​មានភិក្ខុ​១រូប​កំពុងច្របាច់​បាយលាយដោយ​ទឹកដោះ​ថ្លាដ៏ច្រើន ​ហើយ​ក៏​ឲ្យ​ដុំបាយ​១ដុំ​ធំដល់​អាជីវក​នោះ​។ លំដាប់នោះ​ អាជីវក​នោះ​ក៏កាន់​យកដុំបាយ​នោះ​ ​ហើយ​​ដើរទៅ។ (ពេលនោះ​) ​​មានអាជីវក​ម្នាក់ទៀត​បាន​ពោលពាក្យ​នេះនឹង​អាជីវក​នោះ​ថា ម្នាលអាវុសោ អ្នកឯង​បាន​​ដុំ​បាយ​មក​ពីទីណា។ អាជីវក​ដែល​​បាន​​ដុំបាយ​នោះ​ឆ្លើយ​តបថា ម្នាលអាវុសោ ដុំបាយខ្ញុំបាន​មកអំពី​ទីដែល​​គេ​​អង្គាស​​នៃ​​មុណ្ឌកគហបតី (គហបតី​ត្រងោល) របស់​ព្រះ​សមណ​គោតមនោះ​។ ពួក​ឧបាសក​បាន​ឮពាក្យចរចារ​នេះ ​នៃ​ពួក​អាជីវក​នោះ​ច្បាស់លាស់​ហើយ​។ ទើបពួក​ឧបាសក​ទាំងនោះ​​ចូល​ទៅគាល់​ព្រះដ៏​មានព្រះ​ភាគ លុះចូល​ទៅដល់​ហើយ​ ក្រាបថ្វាយបង្គំ​ព្រះដ៏​​មានបុណ្យ ​ហើយ​ក៏អង្គុយ​​ក្នុង​ទី១ដ៏សម​គួរ។ ឧបាសក​ទាំងនោះ​ លុះអង្គុយ​​ក្នុង​ទីដ៏សមគួរ​​ហើយ​ ក៏ក្រាបទូល​ពាក្យនេះចំពោះ​ព្រះដ៏​មានព្រះភាគថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន ពួក​តិរ្ថិយ​អម្បាលនេះ ប្រាថ្នានឹងពោល​ទោស​ដល់​ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ បពិត្រព្រះអង្គដ៏ចំរើន សូមកុំ​ឲ្យលោក​ម្ចាស់​​​ទាំងឡាយ​ឲ្យ (វត្ថុអ្វីៗ) ដល់ពួកតិរ្ថិយ​ដោយ​​ដៃ​របស់​ខ្លួនឡើយ។ លំដាប់នោះ​ ព្រះដ៏​មានព្រះភាគ ទ្រង់​ពន្យល់​ឧបាសក​ទាំងនោះ​ ឲ្យឃើញច្បាស់លាស់ ឲ្យកាន់​យកព្រម ឲ្យអាចហ៊ាន ឲ្យរីករាយ ដោយ​ធម្មីកថា​ហើយ​។ ឯពួកឧបាសកទាំងនោះ​ កាលព្រះ​ដ៏​មានព្រះភាគ ទ្រង់​ពន្យល់ឲ្យ​ឃើញច្បាស់លាស់ ទ្រង់ឲ្យ​កាន់​យកព្រម ឲ្យអាចហ៊ាន ឲ្យរីករាយ ដោយ​ធម្មីកថា​​ហើយ​ ក៏ក្រោក​ចាកអាសនៈ ក្រាបថ្វាយបង្គំ​ព្រះដ៏​មានព្រះភាគ ធ្វើប្រទក្សិណ ​ហើយ​​ចៀស​ចេញទៅ។ ព្រោះនិទាននេះ ដំណើរនេះ ទើបព្រះដ៏​មានព្រះភាគត្រាស់​ឲ្យប្រជុំ​ភិក្ខុ​សង្ឃ ទ្រង់​ធ្វើ​ធម្មីកថាដ៏ល្មម​សមគួរ​តាមហេតុ​នោះ​ដល់​ពួកភិក្ខុ​ ​ហើយ​ទ្រង់ហៅ​ភិក្ខុ​​ទាំងឡាយមក ត្រាស់ថា នែ​ភិក្ខុ​​​ទាំងឡាយ បើដូច្នោះ តថាគត​នឹង​បញ្ញត្តសិក្ខាបទ​ដល់ភិក្ខុ​​ទាំងឡាយ ព្រោះ​អាស្រ័យ​អំណាច​ប្រយោជន៍​១០យ៉ាង គឺ ដើម្បី​​សេចក្តី​ល្អ​ដល់​សង្ឃ១ ដើម្បី​សេចក្តី​​សប្បាយ​ដល់​សង្ឃ១។បេ។ ដើម្បី​ញុំាង​ព្រះសទ្ធម្ម​ឲ្យ​ស្ថិតស្ថេរ១ ដើម្បី​អនុគ្រោះ​ដល់វិន័យ១ ម្នាលភិក្ខុ​​ទាំងឡាយ  អ្នក​ទាំងឡាយ​គប្បីសំដែងឡើង​នូវ​សិក្ខាបទ​​នេះយ៉ាងនេះថា ភិក្ខុ​ណាមួយឲ្យ​វត្ថុ​ដែល​​បុគ្គល​គួរ​ទំពាស៊ី ឬវត្ថុ​ដែល​បុគ្គល​គួរ​បរិភោគ​ដល់​អចេលកក្តី បរិព្វាជកក្តី បរិព្វាជិកាក្តី ដោយ​ដៃ​របស់​​ខ្លួន ត្រូវអាបត្តិ​បាចិត្តិយ។

[១៤៦] ត្រង់ពាក្យថា ភិក្ខុ​ណាមួយ ​មាន​សេចក្តី​ដូច​គ្នា​នឹងសិក្ខាបទទី១​​នៃ​​បារាជិកកណ្ឌ។ ដែល​ហៅថាអចេលក គឺបុគ្គល​ដែល​បួស​ជា​បរិព្វាជក ​មានកាយ​អាក្រាត​ទាំងអស់។ ដែល​ហៅ​ថា បរិព្វាជក គឺបុរសដែល​បួសជា​បរិព្វាជកទាំងអស់ វៀរ​លែង​តែ​ភិក្ខុ​ និងសាមណេរ​ចេញ។ ដែល​​ហៅថា បរិព្វាជិកា គឺស្រីដែល​បួសជា​បរិព្វាជិកាទាំងអស់ វៀរ​លែង​តែ​ភិក្ខុ​នី សិក្ខមានា និង​សាមណេរីចេញ។ ដែល​ហៅថា វត្ថុដែល​បុគ្គល​គួរទំពាស៊ី គឺលើក​ទុក​តែ​​ភោជន​៥យ៉ាង ព្រម​ទាំង​ទឹក​ និងឈើស្ទន់​ចេញ ក្រៅពីនោះ​ ហៅថា វត្ថុដែល​បុគ្គល​គួរទំពាស៊ីទាំងអស់។ ដែល​ហៅថា វត្ថុ​ដែល​​បុគ្គល​គួរបរិភោគ បាន​ដល់ភោជន ៥ យ៉ាង គឺបាយ ១ នំស្រស់ ១ នំក្រៀម ១ ត្រី ១ សាច់ ១។ ពាក្យថា ឲ្យ គឺភិក្ខុ​ឲ្យដោយ​កាយក្តី ដោយ​វត្ថុដែល​ជា​ប់នឹងកាយក្តី ដោយ​បោះឲ្យក្តី ត្រូវអាបត្តិ​បាចិត្តិយ។

[១៤៧] ជនជា​តិរ្ថិយ ភិក្ខុ​ក៏សំគាល់​ថា ជា​តិរ្ថិយ ​ហើយ​ឲ្យវត្ថុដែល​គួរទំពាស៊ី ឬវត្ថុដែល​​គួរ​បរិភោគ ដោយ​ដៃរបស់​ខ្លួន ត្រូវអាបត្តិបាចិត្តិយ។ ជនជា​តិរ្ថិយ ភិក្ខុ​​មាន​សេចក្តី​សង្ស័យ ​ហើយ​ឲ្យវត្ថុ​ដែល​គួរទំពាស៊ី ឬវត្ថុដែល​​គួរ​បរិភោគ ដោយ​ដៃរបស់​ខ្លួន ត្រូវអាបត្តិ​បាចិត្តិយ។ ជនជា​តិរ្ថិយ ភិក្ខុ​សំគាល់​ថា ​មិន​មែនជា​តិរ្ថិយ ​ហើយ​ឲ្យវត្ថុដែល​គួរទំពាស៊ី ឬវត្ថុដែល​​គួរ​បរិភោគ ដោយ​ដៃរបស់​ខ្លួន ត្រូវអាបត្តិបាចិត្តិយ។ ភិក្ខុ​ឲ្យទឹក និងឈើស្ទន់ ត្រូវអាបត្តិទុក្កដ។ បុគ្គល​​មិន​មែន​ជា​តិរ្ថិយ ភិក្ខុ​សំគាល់​ថាជា​តិរ្ថិយ ត្រូវអាបត្តិទុក្កដ។ ជន​​មិន​មែន​ជា​តិរ្ថិយ ភិក្ខុ​សង្ស័យ ត្រូវអាបត្តិ​ទុក្កដ។ ជន​មិន​មែន​ជា​តិរ្ថិយ ភិក្ខុ​សំគាល់​ថា​មិន​មែន​ជា​តិរ្ថិយ ​មិន​ត្រូវអាបត្តិឡើយ។

[១៤៨] អាបត្តិ​មិន​​មានដល់ភិក្ខុ​ដែល​ប្រើគេ​ឲ្យឲ្យ ​មិន​ឲ្យដោយ​​ខ្លួនឯង ដល់ភិក្ខុ​​ដែល​ដាក់​[ភិក្ខុ​ដាក់របស់​ក្នុង​ភាជន៍ ​ហើយ​លើកយកភាជន៍នោះ​ទៅដម្កល់​ទុកលើដី ជិតតិរ្ថិយ​ទាំង​នោះ​ ​ហើយ​ឲ្យ​ដោយ​វាចា។] វត្ថុទុកឲ្យដល់ភិក្ខុ​ ដែល​ឲ្យរបស់​ជា​គ្រឿង​លាបខាងក្រៅ [បាន​​ដល់​គ្រឿង​លាប​កាយគ្រប់យ៉ាង ​មានម្សៅជា​ដើម។] ដល់ភិក្ខុ​ឆ្កួត ដល់ភិក្ខុ​ដើម​បញ្ញត្តិ។

សិក្ខាបទទី១ ចប់។

សិក្ខាបទទី២

[១៤៩] កាលនោះ​ ព្រះសព្វញ្ញូពុទ្ធដ៏​មានជោគ កាលគង់នៅ​ក្នុង​​វត្តជេតពន របស់​​អនាថបិណ្ឌិក​សេដ្ឋី ក្បែរក្រុងសាវត្ថី។ សម័យនោះ​ឯង ព្រះឧបនន្ទជា​សក្យបុត្រដ៏​មាន​អាយុ បាន​​និយាយ​ពាក្យនេះ​នឹងភិក្ខុ​​ជា​សទ្ធិវិហារិក​របស់​​ព្រះថេរៈ​ជា​បងប្អូនថា ម្នាល​អាវុសោ លោកចូរ​មក យើង​​ទាំងឡាយនឹងចូល​ទៅកាន់ស្រុក ដើម្បីបិណ្ឌបាត ថាដូច្នេះ​ហើយ​ ក៏​មិន​ឲ្យគេ​ប្រគេ​ន​(អ្វីៗ) ដល់​ភិក្ខុ​នោះ​ឡើយ (បែរជា​) ប្រើឲ្យត្រឡប់ទៅវិញថា ម្នាលអាវុសោ លោកចូរ​ទៅចុះ ខ្ញុំនឹង​និយាយ ឬនឹងអង្គុយ​​ជា​មួយ​នឹងលោក​​មិន​សប្បាយ​ទេ ខ្ញុំ​នឹងនិយាយ ឬនឹងអង្គុយ​​​តែ​ម្នាក់​ឯង​ស្រួលជា​ង។ គ្រានោះ​ កាលបើពេលដែល​ត្រូវឆាន់កាន់​តែ​ចូល​មកជិត​ហើយ​ ភិក្ខុ​នោះ​​​មិន​អាច​នឹង​ត្រាច់​ទៅបិណ្ឌបាត​បាន​ សូម្បី​គ្រាន់​​តែ​​ត្រឡប់​មកធ្វើភត្តកិច្ច​វិញ ក៏​មិន​ទាន់ ជា​អ្នក​អត់​ចង្ហាន់ (មួយ​ពេលនោះ​ឯង)។ ទើប​ភិក្ខុ​នោះ​ទៅកាន់​អារាម ​ហើយ​ដំណាលរឿងនុ៎ះ​ប្រាប់​ភិក្ខុ​​ទាំងឡាយ ពួក​ភិក្ខុ​​ណាដែល​​មាន​សេចក្តី​​ប្រាថ្នាតិច។បេ។ ពួកភិក្ខុ​ទាំងនោះ​ក៏ពោលទោស តិះដៀល បន្តុះ​បង្អាប់​ថា ព្រះឧបនន្ទ​ជា​សក្យបុត្រដ៏​មានអាយុ​ ​មិន​សមបើមកបបួល​ភិក្ខុ​ថា ម្នាលអាវុសោ លោកចូរ​មក យើង​​ទាំងឡាយនឹងចូល​ទៅកាន់ស្រុក ដើម្បីបិណ្ឌបាត ​ហើយ​​មិន​ឲ្យគេ​ប្រគេ​នអ្វីៗដល់​ភិក្ខុ​នោះ​ ស្រាប់​តែ​​បញ្ជូនឲ្យត្រឡប់ទៅវិញ (ដូច្នេះ)សោះ។បេ។ ព្រះអង្គត្រាស់​សួរថា នែ​ឧបនន្ទ បាន​ឮថា អ្នកឯងបបួលភិក្ខុ​ថា ម្នាលអាវុសោ លោកចូរ​មក យើង​​ទាំងឡាយនឹងចូល​ទៅកាន់ស្រុក ដើម្បីបិណ្ឌបាត ​ហើយ​​មិន​ឲ្យគេ​ (ឲ្យអ្វីៗ)​ដល់ភិក្ខុ​នោះ​ (បែរជា​) បញ្ជូន​ឲ្យត្រឡប់​ទៅវិញ ​ពិតមែនឬ។ ព្រះឧបនន្ទក្រាបទូលថា បពិត្រព្រះដ៏​មាន​ព្រះភាគ ​សេចក្តី​នេះពិតមែន។ ព្រះសម្ពុទ្ធ​ដ៏​មានព្រះភាគ ទ្រង់បន្ទោសថា នែ​មោឃបុរស អ្នកឯង​​មិន​គួរនឹងបបួល​ភិក្ខុ​ផង​គ្នា​​ថា ម្នាលអាវុសោ លោកចូរ​មក យើង​​ទាំងឡាយ​នឹង​ទៅកាន់ស្រុក ដើម្បីបិណ្ឌបាត ​ហើយ​​មិន​​ឲ្យ​គេ​​ឲ្យ(អ្វីៗ)ដល់​ភិក្ខុ​នោះ​​ (បែរជា​) បញ្ជូន​ឲ្យត្រឡប់​ទៅវិញ ដូច្នេះឡើយ នែ​មោឃបុរស អំពើ​​នេះ​​មិន​មែននាំឲ្យជ្រះថ្លា​ដល់ពួកជន​ដែល​​​មិន​ទាន់ជ្រះថ្លាទេ ឬនាំ​ពួកជន​ដែល​​ជ្រះថ្លា​ហើយ​ ឲ្យ​រឹង​រឹត​​តែ​ជ្រះថ្លា​ឡើង​ទៀតទេ។បេ។ ម្នាលភិក្ខុ​​​ទាំងឡាយ អ្នក​ទាំងឡាយគប្បី​សំដែងឡើង​នូវសិក្ខាបទ​​នេះ​យ៉ាងនេះថា ភិក្ខុ​ណាមួយនិយាយ​នឹងភិក្ខុ​យ៉ាងនេះថា ម្នាលអាវុសោ លោកចូរ​មក យើង​​ទាំងឡាយ​នឹងទៅកាន់ស្រុក ឬនិគមដើម្បីបិណ្ឌបាត ​ហើយ​ឲ្យគេ​ឲ្យ ឬ​​មិន​ឲ្យគេ​​ឲ្យ (អ្វីៗ)​ដល់​ភិក្ខុ​នោះ​ ​ហើយ​បញ្ជូន​ឲ្យត្រឡប់​ទៅវិញ​ដោយ​ពាក្យថា នែ​អាវុសោ លោកចូរ​ទៅវិញចុះ ខ្ញុំ​និយាយ ឬអង្គុយ​​ជា​មួយនឹង​លោក​មិន​សប្បាយទេ ខ្ញុំនិយាយ ឬអង្គុយ​​​តែ​ម្នាក់ឯង​ស្រួល​ជា​ង ដូច្នេះ ត្រូវអាបត្តិ​បាចិត្តិយ ព្រោះ​ធ្វើនូវហេតុ​នុ៎ះ​ឯង​ឲ្យជា​បច្ច័យ ​មិន​មែនជា​ហេតុ​ដទៃ​ឡើយ។

[១៥០] ត្រង់ពាក្យថា ភិក្ខុ​ណាមួយ ​មាន​សេចក្តី​ដូច​គ្នា​ក្នុង​សិក្ខាបទទី១​​នៃ​​បារាជិកកណ្ឌ។ ពាក្យថា នឹងភិក្ខុ​ គឺនឹងភិក្ខុ​ដទៃ។ ពាក្យថា ម្នាលអាវុសោ លោកចូរ​មក (យើងនឹងទៅ)​​កាន់ស្រុក ឬ​និគម (ដើម្បីបិណ្ឌបាត) គឺស្រុកក្តី និគមក្តី នគរក្តី ក៏ហៅថាស្រុក និងនិគម (ក្នុង​សិក្ខាបទនេះ)។ ពាក្យថា ឲ្យគេ​ឲ្យ(អ្វីៗ) ដល់ភិក្ខុ​នោះ​ គឺ​ប្រើគេ​ឲ្យឲ្យ​យាគូក្តី ភត្តក្តី ខាទនីយក្តី ភោជនីយក្តី (ដល់ភិក្ខុ​នោះ​)។ ពាក្យថា ​មិន​ឲ្យគេ​ឲ្យ គឺ​មិន​ឲ្យ​នរណាឲ្យ(អ្វីៗ)សោះ។ ពាក្យថា បញ្ជូន​ឲ្យត្រឡប់​ទៅវិញ ​សេចក្តី​ថា ភិក្ខុ​​ប្រាថ្នា​ដើម្បីសើច ប្រាថ្នាដើម្បីលេង ប្រាថ្នាដើម្បីអង្គុយ​ក្នុង​ទីស្ងាត់ ប្រាថ្នាដើម្បី​ប្រព្រឹត្ត​អនាចារ​ជា​​មួយនឹង​មាតុគ្រាម ក៏និយាយ​យ៉ាងនេះថា ម្នាល​អាវុសោ លោកចូរ​ទៅវិញចុះ ខ្ញុំ​និយាយ ឬអង្គុយ​​ជា​មួយ​នឹងលោក​មិន​ស្រួលទេ ខ្ញុំ​និយាយ ឬអង្គុយ​​​តែ​ម្នាក់ឯង​ស្រួលជា​ង ថា​ហើយ​ ក៏បញ្ជូន​ឲ្យ​ត្រឡប់​ទៅវិញ ត្រូវអាបត្តិ​ទុក្កដ។ កាលភិក្ខុ​នោះ​កំពុងលះបង់ទីល្មមមើល​គ្នា​ឃើញ ឬទី​ល្មម​ស្តាប់​ឮ ត្រូវអាបត្តិទុក្កដ។ កាលភិក្ខុ​នោះ​លះបង់ផុត (នូវទីល្មមមើលឃើញ ឬទីល្មមស្តាប់ឮ) ត្រូវ​អាបត្តិ​បាចិត្តិយ។ ពាក្យថា ព្រោះ​ធ្វើនូវហេតុ​នុ៎ះឯង​ឲ្យជា​បច្ច័យ ​មិន​មែនជា​ហេតុ​ដទៃឡើយ ​សេចក្តី​ថា ​មិន​​​មានហេតុ​​នីមួយ​ដទៃ​ជា​បច្ច័យ ក្រៅអំពី​ហេតុ​ដែល​​បញ្ជូន​ទៅនោះ​ឡើយ។

[១៥១] ឧបសម្បន្ន ភិក្ខុ​សំគាល់​ថាឧបសម្បន្ន ​ហើយ​បញ្ជូនទៅ ត្រូវអាបត្តិបាចិត្តិយ។ ឧបសម្បន្ន ​តែ​ភិក្ខុ​សង្ស័យ ​ហើយ​បញ្ជូនទៅ ត្រូវអាបត្តិបាចិត្តិយ។ ឧបសម្បន្ន ភិក្ខុ​សំគាល់​ថា​មិន​មែនឧបសម្បន្ន ​ហើយ​បញ្ជូនទៅ ត្រូវអាបត្តិបាចិត្តិយ។ ភិក្ខុ​លើក​ឡើង​នូវ​ពាក្យ​បញ្ឈឺ​ចិត្ត (ចំពោះ​ឧបសម្បន្ន) ត្រូវអាបត្តិទុក្កដ។ ភិក្ខុ​បញ្ជូន​អនុបសម្បន្ន​ទៅ ត្រូវអាបត្តិ​ទុក្កដ។ ភិក្ខុ​​លើក​នូវ​ពាក្យបញ្ឈឺ​ចិត្ត (ចំពោះ​អនុបសម្បន្ន) ត្រូវអាបត្តិទុក្កដ។ ​មិន​មែនជា​​ឧបសម្បន្ន ភិក្ខុ​​សំគាល់​​ថាជា​ឧបសម្បន្ន ត្រូវអាបត្តិទុក្កដ។ ​មិន​មែនជា​​ឧបសម្បន្ន ភិក្ខុ​​សង្ស័យ ត្រូវអាបត្តិទុក្កដ។ ​មិន​មែនជា​​ឧបសម្បន្ន ភិក្ខុ​​ក័សំគាល់​​ថា​មិន​មែនជា​ឧបសម្បន្ន ត្រូវអាបត្តិទុក្កដ។

[១៥២] អាបត្តិ​មិន​​មានដល់ភិក្ខុ​ដែល​បញ្ជូនភិក្ខុ​ផង​គ្នា​ឲ្យត្រឡប់ទៅដោយ​​គិតថា យើង​ទាំង​ពីររូប​នឹងញុំាង​ជីវិតឲ្យ​ប្រព្រឹត្តទៅក្នុង​ទីជា​មួយ​គ្នា​​មិន​បាន​ ដល់ភិក្ខុ​ដែល​បញ្ជូនភិក្ខុ​ផង​គ្នា​​ឲ្យទៅដោយ​​គិតថា ក្រែងភិក្ខុ​​នោះ​បាន​ឃើញ​របស់​​​មានដំឡៃ​ច្រើន​ហើយ​ នឹងញុំាង​លោក​ធម៌ឲ្យកើតឡើង ដល់ភិក្ខុ​បញ្ជូនភិក្ខុ​ផង​គ្នា​ឲ្យទៅដោយ​​គិតថា ក្រែងភិក្ខុ​នោះ​​បាន​ឃើញ​មាតុគ្រាម​​ហើយ​ នឹងញុំាង​​សេចក្តី​អផ្សុក​ឲ្យកើតឡើង ដល់ភិក្ខុ​បញ្ជូនភិក្ខុ​ផង​គ្នា​ឲ្យទៅដោយ​ពាក្យថា លោក​ចូរ​នាំយាគូក្តី ភត្តក្តី ខាទនីយក្តី ភោជនីយក្តី ទៅឲ្យ​ដល់ភិក្ខុ​​មានជម្ងឺ ឬភិក្ខុ​​ដែល​នៅ​​ក្នុង​វត្ត ឬអ្នក​ដែល​​រក្សាវត្ត ដល់ភិក្ខុ​​មិន​​ប្រាថ្នានឹង​ប្រព្រឹត្ត​អនាចារទេ (​តែ​) កាលបើ​មាន​កិច្ច​​ហើយ​ ក៏បញ្ជូន​ភិក្ខុ​​ផង​គ្នា​​ទៅ ដល់ភិក្ខុ​ឆ្កួត ដល់ភិក្ខុ​ដើម​បញ្ញត្តិ។

សិក្ខាបទទី២ ចប់។

សិក្ខាបទទី៣

[១៥៣] កាលនោះ​ ព្រះពុទ្ធដ៏​មានព្រះភាគ កាលទ្រង់សម្រេច​ឥរិយាបទ​ក្នុង​​វត្តជេតពន របស់​​អនាថបិណ្ឌិកសេដ្ឋី ក្បែរក្រុងសាវត្ថី។ សម័យនោះ​ឯង ព្រះឧបនន្ទជា​សក្យបុត្រដ៏​មានអាយុ បាន​ដើរទៅផ្ទះរបស់​សំឡាញ់ ​ហើយ​ក៏អង្គុយ​នៅ​​ក្នុង​ផ្ទះ​សម្រាប់​​ដេក​ជា​មួយ​នឹង​ប្រពន្ធ​របស់​​សំឡាញ់​នោះ​។ ឯបុរសនោះ​​ក៏ចូល​សំដៅ​ទៅត្រង់​ទីដែល​​ព្រះឧបនន្ទ​ជា​សក្យបុត្រ​ដ៏​មាន​អាយុ​អង្គុយ​​នោះ​ លុះ​ចូល​ទៅ​ដល់​​ហើយ​ ក្រាប​ថ្វាយ​បង្គំ​ព្រះឧបនន្ទ​ជា​សក្យបុត្រ​ដ៏​មានអាយុ ​ហើយ​​ក៏​អង្គុយ​​ក្នុង​​ទី​ដ៏សមគួរ។ លុះបុរសនោះ​​អង្គុយ​​ក្នុង​​ទីដ៏សម​គួរ​​ហើយ​ និយាយ​ពាក្យ​នេះ​នឹង​ប្រពន្ធ​ថា នាង​ចូរ​​ប្រគេ​ន​ចង្ហាន់​ដល់​លោកម្ចាស់​​ចុះ។ ស្ត្រីនោះ​​ក៏​ប្រគេ​ន​ចង្ហាន់​ដល់​ព្រះឧបនន្ទ​ជា​សក្យបុត្រ​ដ៏​​មានអាយុ​ក្នុង​គ្រានោះ​។ លំដាប់​នោះ​ បុរស​នោះ​ក៏​និយាយ​ពាក្យ​នេះ​នឹង​ព្រះឧបនន្ទ​ជា​​សក្យបុត្រ​ដ៏​មានអាយុថា បពិត្រ​លោកម្ចាស់​​ដ៏ចំរើន សូមលោក​ម្ចាស់​​និមន្ត​ទៅចុះ ព្រោះ​យើង​ខ្ញុំ​បាន​​ប្រគេ​ន​ចង្ហាន់​ដល់​លោកម្ចាស់​​​ហើយ​។ ឯស្ត្រីនោះ​​កំណត់​ដឹង​ថា បុរស​នេះ​​មាន​រាគៈ​គ្របសង្កត់​​ហើយ​ ក៏​និយាយ​ពាក្យនេះ​នឹង​ព្រះឧបនន្ទ​ជា​សក្យបុត្រ​ដ៏​មានអាយុ​ថា បពិត្រ​លោកម្ចាស់​​ដ៏ចំរើន សូម​លោក​ម្ចាស់​​គង់​សិន កុំអាល​និមន្តទៅ។ បុរស​នោះ​​(បាន​និយាយ)ជា​គំរប់​ពីរដង។បេ។ បុរសនោះ​​បាន​និយាយ​ពាក្យនេះ នឹង​ព្រះឧបនន្ទ​ជា​​សក្យបុត្រ​ដ៏​មានអាយុជា​គំរប់​បីដងថា បពិត្រ​លោកម្ចាស់​​​ដ៏ចំរើន សូមលោក​ម្ចាស់​​និមន្ត​ទៅវិញចុះ ព្រោះ​យើង​ខ្ញុំ​បាន​​ប្រគេ​ន​ចង្ហាន់​ដល់​លោកម្ចាស់​​​ហើយ​។ ឯស្ត្រីនោះ​​សោត ក៏​និយាយ​ពាក្យនេះ​នឹង​ព្រះឧបនន្ទ​ជា​សក្យបុត្រ​ដ៏​មានអាយុ​ជា​គំរប់​បីដង​ថា បពិត្រ​លោកម្ចាស់​​ដ៏ចំរើន សូម​លោក​ម្ចាស់​​គង់​សិន កុំអាល​និមន្តទៅឡើយ។ ឯ​បុរស​នោះ​ ក៏ដើរ​ចេញ​អំពីផ្ទះទៅ ​ហើយ​ពោលទោស​នឹងភិក្ខុ​​​ទាំងឡាយថា បពិត្រ​លោក​​ទាំងឡាយ​ដ៏ចំរើន លោកម្ចាស់​ឧបនន្ទ​នេះទៅ​អង្គុយ​​ក្នុង​ផ្ទះ​សម្រាប់​​ដេក​ជា​មួយ​នឹង​ប្រពន្ធ​របស់​​ខ្ញុំ ព្រះឧបនន្ទ​នោះ​ កាល​ខ្ញុំ​បញ្ជូន​ឲ្យទៅវិញ ក៏​មិន​ចង់ទៅ យើងខ្ញុំ​​ទាំងឡាយ​ជា​អ្នក​មាន​កិច្ច​ច្រើន ​មាន​រវល់ច្រើន។ ពួក​ភិក្ខុ​​ណាដែល​​មាន​សេចក្តី​​ប្រាថ្នាតិច។បេ។ ភិក្ខុ​អម្បាលនោះ​ក៏ពោលទោស តិះដៀល បន្តុះបង្អាប់​ថា ព្រះឧបនន្ទ​ជា​សក្យបុត្រដ៏​មានអាយុ​ ​មិន​សមបើនឹងហ៊ានចូល​ទៅ​អង្គុយ​​នៅ​ក្នុង​​ត្រកូល​ដែល​​​មាន​ជន​​តែ​​ពីរ​នាក់ (គឺ​​តែ​ប្រុស និងស្រី) (ដូច្នោះ) សោះ។បេ។ ព្រះអង្គ​ទ្រង់​ត្រាស់សួរថា ម្នាលឧបនន្ទ ឮថា អ្នកឯងបាន​ចូល​ទៅអង្គុយ​​នៅ​ក្នុង​​ត្រកូល​ដែល​​​មាន​ជន​តែ​​ពីរ​នាក់ ​ពិតមែនឬ។ ព្រះឧបនន្ទក្រាបទូលថា សូមទ្រង់ព្រះមេត្តាប្រោស ដំណើរនោះ​ពិតមែន។ ព្រះពុទ្ធ​ជា​ម្ចាស់​​ដ៏​មានព្រះភាគ ទ្រង់បន្ទោសថា ម្នាលមោឃបុរស អ្នកឯង​​មិន​សមបើនឹងហ៊ាន​ចូល​ទៅ​អង្គុយ​​នៅ​ក្នុង​ត្រកូល​ដែល​​​មានជន​​តែ​ពីរនាក់ (ដូច្នោះ)ទេ នែ​មោឃបុរស អំពើ​ដែល​អ្នកឯង​ធ្វើ​​នេះ​​មិន​មែននាំឲ្យជ្រះថ្លា​ដល់ពួកជន​ដែល​​​មិន​ទាន់ជ្រះថ្លា​ទេ ឬនាំ​ពួកជន​ដែល​​ជ្រះថ្លា​ហើយ​ ឲ្យ​រឹង​រឹត​​តែ​ជ្រះថ្លា​ទៀតទេ។បេ។ ម្នាលភិក្ខុ​​​ទាំងឡាយ បើដូច្នេះ អ្នក​ទាំងឡាយគប្បី​សំដែងឡើង​នូវ​សិក្ខាបទ​​នេះ​យ៉ាងនេះថា ភិក្ខុ​ណាមួយចូល​ទៅសម្រេច​ការ​អង្គុយ​​នៅ​ក្នុង​​ត្រកូល​ដែល​​​មាន​ជន​​តែ​​ពីរនាក់ ត្រូវអាបត្តិ​បាចិត្តិយ។

[១៥៤] ត្រង់ពាក្យថា ភិក្ខុ​ណាមួយ ​មាន​សេចក្តី​ដូច​គ្នា​នឹងសិក្ខាបទទី១​​នៃ​​បារាជិកកណ្ឌ។ ដែល​ហៅថា ត្រកូល​ដែល​​មាន​ជន​​តែ​​ពីរនាក់ គឺ​​មាន​តែ​​ស្រីនិងប្រុស​ប៉ុណ្ណោះ។ ជនទាំង​ពីរ​នាក់​​មិន​ទាន់ចេញទៅ ​ហើយ​ជន​ទាំងពីរនាក់​នោះ​ ជា​មនុស្ស​​មានរាគៈ​នៅ​ឡើយ។ ពាក្យថា ចូល​ទៅ គឺ​ដើរចូល​ទៅ។ ពាក្យថា សម្រេចការអង្គុយ​ ​សេចក្តី​ថា ភិក្ខុ​លះ​ហត្ថបាស​​នៃ​មេទ្វារ ឬធរណី​ក្នុង​​ផ្ទះ​ធំ ​ហើយ​អង្គុយ​​នៅ​ ត្រូវអាបត្តិ​បាចិត្តិយ។ (បើ) ក្នុង​ផ្ទះតូច ភិក្ខុ​ចូល​​ហួស​មេដំបូល [អដ្ឋកថា អធិប្បាយ​ថា ភិក្ខុ​ចូល​ទៅហួស​ពាក់កណ្តាល​ផ្ទះ គឺហួស​មេដំបូលផ្ទះ។] ទៅ ​ហើយ​អង្គុយ​ ត្រូវ​អាបត្តិ​បាចិត្តិយ។

[១៥៥] ផ្ទះសម្រាប់​ដេក ភិក្ខុ​ក៏សំគាល់​ថាផ្ទះសម្រាប់​ដេក ​ហើយ​ចូល​ទៅសម្រេច​ការ​អង្គុយ​​ក្នុង​ត្រកូល​ដែល​​​មានជន​​តែ​ពីរនាក់ ត្រូវអាបត្តិបាចិត្តិយ។ ផ្ទះសម្រាប់​ដេក ភិក្ខុ​សង្ស័យ ​ហើយ​ចូល​ទៅសម្រេច​ការ​អង្គុយ​​ក្នុង​ត្រកូល​ដែល​​​មានជន​​តែ​ពីរនាក់ ត្រូវអាបត្តិ​បាចិត្តិយ។ ផ្ទះសម្រាប់​ដេក ភិក្ខុ​សំគាល់​ថា​មិន​មែនផ្ទះសម្រាប់​ដេក ​ហើយ​ចូល​ទៅ​សម្រេច​​ការ​អង្គុយ​​ក្នុង​ត្រកូល​ដែល​​​មានជន​​តែ​ពីរនាក់ ត្រូវអាបត្តិបាចិត្តិយ។ ​មិន​មែនផ្ទះ​សម្រាប់​ដេក ភិក្ខុ​​សំគាល់​​ថា​ផ្ទះ​សម្រាប់​ដេក ត្រូវអាបត្តិទុក្កដ។ ​មិន​មែនផ្ទះ​សម្រាប់​ដេក ភិក្ខុ​​សង្ស័យ ត្រូវអាបត្តិទុក្កដ។ ​មិន​មែនផ្ទះ​សម្រាប់​ដេក ភិក្ខុ​​ក៏សំគាល់​​ថា​​មិន​មែនផ្ទះ​សម្រាប់​​ដេក ​មិន​ត្រូវអាបត្តិ។

[១៥៦] អាបត្តិ​មិន​​មានដល់ភិក្ខុ​ដែល​អង្គុយ​ក្នុង​ផ្ទះធំ ​មិន​លះហត្ថបាស​​នៃ​​មេទ្វារ​ ឬធរណី ដល់ភិក្ខុ​អង្គុយ​​ក្នុង​ផ្ទះតូច ​មិន​ហួស​មេដំបូល ដល់​ភិក្ខុ​​ដែល​​​មាន​ភិក្ខុ​​ជា​គំរប់​ពីរអង្គុយ​​នៅ​ផង ដល់​ភិក្ខុ​​ដែល​​អង្គុយ​​នៅ​ ​តែ​ជន​ទាំងពីរនាក់​គេ​ចេញទៅ​ហើយ​ ដល់ភិក្ខុ​ដែល​​អង្គុយ​នៅ​​ជា​មួយ​នឹង​ជន​ទាំងពីរនាក់​ជា​បុគ្គល​​មិន​​មាន​រាគៈ ដល់​ភិក្ខុ​អង្គុយ​​នៅ​ក្នុង​ផ្ទះ ដែល​​មិន​​មែនជា​ផ្ទះ​សម្រាប់​​ដេក ដល់ភិក្ខុ​ឆ្កួត ដល់ភិក្ខុ​ដើម​បញ្ញត្តិ។

សិក្ខាបទទី៣ ចប់។

សិក្ខាបទទី៤

[១៥៧] កាលនោះ​ ព្រះពុទ្ធដ៏​មានព្រះភាគ កាលទ្រង់សម្រេច​ឥរិយាបទ​នៅ​ក្នុង​​វត្តជេតពន របស់​​អនាថបិណ្ឌិកសេដ្ឋី ក្បែរក្រុងសាវត្ថី។ សម័យនោះ​ឯង ព្រះឧបនន្ទជា​សក្យបុត្រដ៏​មានអាយុ បាន​ទៅកាន់ផ្ទះរបស់​បុរសជា​សំឡាញ់ ​ហើយ​ក៏សម្រេចការ​អង្គុយ​លើអាសនៈ​ជា​ទី​ស្ងាត់​កំបាំង ជា​មួយ​នឹង​ប្រពន្ធ​របស់​​សំឡាញ់​នោះ​។ គ្រានោះ​ បុរសនោះ​​ក៏ពោល​ទោស​ តិះដៀល បន្តុះបង្អាប់ថា ព្រះឧបនន្ទជា​ម្ចាស់​ ​មិន​គួរបើ​នឹងហ៊ាន​មកសម្រេច​ការអង្គុយ​​លើ​អាសនៈ​ជា​ទី​ស្ងាត់​កំបាំង ជា​មួយនឹង​ប្រពន្ធ​របស់​ខ្ញុំ (ដូច្នេះ) សោះ។ ភិក្ខុ​​ទាំងឡាយបាន​ឮ​សំដី​​នៃ​​បុរស​នោះ​ និយាយ​ពោលទោស តិះដៀល បន្តុះបង្អាប់​ហើយ​។ ពួក​ភិក្ខុ​​ណាដែល​​មាន​សេចក្តី​​ប្រាថ្នាតិច។បេ។ ភិក្ខុ​ទាំងនោះ​ក៏ពោលទោស តិះដៀល បន្តុះបង្អាប់​ថា ព្រះឧបនន្ទជា​សក្យបុត្រ​ដ៏​មានអាយុ ​មិន​សមបើ​នឹងហ៊ានទៅសម្រេច​ការអង្គុយ​​លើ​អាសនៈ​ជា​ទី​ស្ងាត់​កំបាំង ជា​មួយនឹងមាតុគ្រាម​(ដូច្នេះ) ទេ។បេ។ ព្រះដ៏​មានព្រះភាគ​ត្រាស់សួរថា ម្នាលឧបនន្ទ ឮថា អ្នកឯងទៅសម្រេច​ការ​អង្គុយ​​​លើ​អាសនៈ​ជា​ទី​ស្ងាត់​កំបាំង ជា​មួយនឹង​មាតុគ្រាម ​ពិតមែនឬ។ ព្រះឧបនន្ទក្រាបទូលថា បពិត្រ​ព្រះដ៏​មានព្រះភាគ ​សេចក្តី​នោះ​ពិតមែន។ ព្រះពុទ្ធ​ជា​ម្ចាស់​​ដ៏​មានព្រះភាគ ទ្រង់បន្ទោសថា ម្នាលមោឃបុរស អ្នកឯង​​មិន​សមបើនឹងហ៊ានទៅសម្រេច​ការ​​អង្គុយ​លើអាសនៈ​ជា​ទីស្ងាត់​កំបាំង ជា​មួយនឹង​មាតុគ្រាម (ដូច្នោះ)ទេ នែ​មោឃបុរស អំពើ​​​នេះ​​មិន​មែននាំឲ្យជ្រះថ្លា​ដល់ពួកជន​ដែល​​​មិន​ទាន់ជ្រះថ្លាទេ ឬនាំ​ពួកជន​ដែល​​ជ្រះថ្លា​ហើយ​ ឲ្យ​រឹង​រឹត​​តែ​ជ្រះថ្លា​ឡើងទៀតទេ។បេ។ ម្នាលភិក្ខុ​​​ទាំងឡាយ អ្នក​ទាំងឡាយគប្បី​សំដែងឡើង​នូវ​សិក្ខាបទ​​នេះ​យ៉ាងនេះថា ភិក្ខុ​ណាមួយ​សម្រេច​ការ​អង្គុយ​លើអាសនៈ​ជា​ទីស្ងាត់​កំបាំង មួយអន្លើ​ដោយ​មាតុគ្រាម ត្រូវអាបត្តិ​បាចិត្តិយ។

[១៥៨] ត្រង់ពាក្យថា ភិក្ខុ​ណាមួយ ​មាន​សេចក្តី​ដូច​គ្នា​នឹងសិក្ខាបទទី១​​នៃ​​បារាជិកកណ្ឌ។ ដែល​ហៅថា មាតុគ្រាម គឺស្រីមនុស្ស ​មិន​មែនជា​​យក្សស្រី ​មិន​មែន​ជា​ប្រេតស្រី ​មិន​មែន​តិរច្ឆានញី ដោយ​ហោចទៅ សូម្បី​​តែ​ក្មេង​ស្រី​ដែល​ទើប​នឹង​កើតបាន​១ថ្ងៃ ​មិន​បាច់​និយាយ​ទៅថ្វី​ដល់​ស្រី​ធំទេ។ ពាក្យថា មួយអន្លើ គឺជា​មួយ​​គ្នា​។ ដែល​ហៅថា ទីស្ងាត់ គឺទីដែល​ស្ងាត់​ភ្នែក ស្ងាត់​ត្រចៀក។ ដែល​ហៅថា ទីស្ងាត់ភ្នែក គឺកាល​បើភិក្ខុ​​មិច​ភ្នែកក្តី ញាក់​ចិញ្ចើមក្តី ងក់ក្បាលក្តី បុគ្គល​ដទៃ​​មិន​អាចឃើញបាន​។ ដែល​ហៅថា ទីស្ងាត់​ត្រចៀក គឺទីដែល​បុគ្គល​ដទៃ​​មិន​អាច​ស្តាប់ពាក្យ​ជា​ប្រក្រតី​បាន​។ ដែល​ហៅថា​អាសនៈ​ជា​ទីកំបាំង គឺអាសនៈ​ដែល​គេ​​បិទបាំង​ដោយ​ជញ្ជំាងក្តី ដោយ​​សន្ទះ​ទ្វារក្តី ដោយ​​កន្ទេល​ផែងក្តី ដោយ​​រនាំង ឬវាំងននក្តី ដោយ​​ឈើក្តី ដោយ​​សសរ​ក្តី ដោយ​​ស៊ុំក្តី ឬដោយ​​វត្ថុ​ណាមួយ។ ពាក្យថា សម្រេចការអង្គុយ​ គឺកាលបើមាតុគ្រាម​អង្គុយ​ ភិក្ខុ​​អង្គុយ​​ជិត ឬដេកជិត ត្រូវអាបត្តិ​បាចិត្តិយ។ កាលបើភិក្ខុ​​អង្គុយ​ មាតុគ្រាម​អង្គុយ​ជិត ឬដេក​ជិត  ត្រូវ​អាបត្តិ​បាចិត្តិយ។ ជនទាំងពីរអង្គុយ​ក្តី ជនទាំងពីរ​ដេកក្តី (ឯភិក្ខុ​) ត្រូវអាបត្តិ​បាចិត្តិយ។

[១៥៩] មាតុគ្រាម ភិក្ខុ​ក៏សំគាល់​ថាមាតុគ្រាម ​ហើយ​សម្រេច​ការ​អង្គុយ​លើអាសនៈ​ជា​ទី​ស្ងាត់​កំបាំង ត្រូវអាបត្តិបាចិត្តិយ។ មាតុគ្រាម ភិក្ខុ​សង្ស័យ ​ហើយ​សម្រេច​ការ​អង្គុយ​លើ​អាសនៈ​​ជា​ទី​ស្ងាត់​កំបាំង ត្រូវអាបត្តិបាចិត្តិយ។ មាតុគ្រាម ភិក្ខុ​សំគាល់​ថា​មិន​មែន​មាតុគ្រាម ​ហើយ​សម្រេច​ការ​អង្គុយ​លើអាសនៈ​ជា​ទី​ស្ងាត់​កំបាំង ត្រូវអាបត្តិបាចិត្តិយ។ ភិក្ខុ​សម្រេច​ការ​អង្គុយ​​លើ​អាសនៈ​ជា​ទី​ស្ងាត់​កំបាំង ជា​មួយនឹងយក្សស្រីក្តី ប្រេតស្រីក្តី ខ្ទើយក្តី តិរច្ឆានញី​ដែល​​​មាន​រាងកាយ​ដូច​មនុស្ស​ក្តី ត្រូវអាបត្តិ​ទុក្កដ។ ​មិន​មែនមាតុគ្រាម ភិក្ខុ​សំគាល់​ថាមាតុគ្រាម ត្រូវអាបត្តិទុក្កដ។ ​មិន​មែនមាតុគ្រាម ភិក្ខុ​សង្ស័យ ត្រូវអាបត្តិ​ទុក្កដ។ ​មិន​មែនមាតុគ្រាម ភិក្ខុ​សំគាល់​ថា​មិន​មែន​មាតុគ្រាម ​មិន​ត្រូវអាបត្តិឡើយ។

[១៦០] អាបត្តិ​មិន​​មានដល់ភិក្ខុ​ដែល​អង្គុយ​នៅ​ ​មានបុរស​ណាមួយ​ដែល​​ជា​មនុស្ស​ដឹង​ក្តី (នៅ​) ជា​គំរប់ពីរ ដល់ភិក្ខុ​ឈរ​ ​មិន​បាន​អង្គុយ​ ដល់ភិក្ខុ​បាន​​ក្រឡេក​គយគន់​រកទី​​មិន​​ស្ងាត់​ ​ហើយ​​អង្គុយ​ ដល់ភិក្ខុ​​​មាន​ចិត្ត​បញ្ជូន​ទៅកាន់​អារម្មណ៍​ដទៃ ​ហើយ​អង្គុយ​ ដល់ភិក្ខុ​ឆ្កួត ដល់ភិក្ខុ​ដើម​បញ្ញត្តិ។

សិក្ខាបទទី៤ ចប់។

សិក្ខាបទទី៥

[១៦១] កាលនោះ​ ព្រះពុទ្ធដ៏​មានព្រះភាគ កាលទ្រង់សម្រេច​ឥរិយាបទក្នុង​​វត្តជេតពន របស់​​អនាថបិណ្ឌិកសេដ្ឋី ក្បែរក្រុងសាវត្ថី។ សម័យនោះ​ឯង ព្រះឧបនន្ទជា​សក្យបុត្រដ៏​មានអាយុ ដើរទៅកាន់ផ្ទះរបស់​សំឡាញ់ ​ហើយ​ក៏សម្រេចការ​អង្គុយ​ក្នុង​ទីស្ងាត់ ជា​មួយ​នឹង​ប្រពន្ធ​របស់​​សំឡាញ់​នោះ​​តែ​ម្នាក់​ និងម្នាក់។ គ្រានោះ​ បុរសនោះ​​ ក៏ពោលទោស​ តិះដៀល បន្តុះបង្អាប់ថា ព្រះឧបនន្ទជា​ម្ចាស់​ ​មិន​សមបើ​នឹងហ៊ាន​មកសម្រេច​ការអង្គុយ​ក្នុង​ទីស្ងាត់ ជា​មួយនឹង​ប្រពន្ធ​របស់​ខ្ញុំ​តែ​ម្នាក់​និងម្នាក់ (ដូច្នេះ) សោះ។ ភិក្ខុ​​ទាំងឡាយបាន​ឮពាក្យ​សំដី​​នៃ​​បុរស​នោះ​កំពុង​ពោល​ទោស តិះដៀល បន្តុះបង្អាប់ (ដូច្នោះ)​​ហើយ​។ ពួក​ភិក្ខុ​​ណាដែល​​មាន​សេចក្តី​​ប្រាថ្នាតិច។បេ។ ភិក្ខុ​ទាំងនោះ​ក៏ពោលទោស តិះដៀល បន្តុះ​បង្អាប់​ថា ព្រះឧបនន្ទជា​សក្យបុត្រ​ដ៏​មានអាយុ ​មិន​សមបើ​នឹងហ៊ានទៅសម្រេច​ការអង្គុយ​ក្នុង​ទី​ស្ងាត់ ជា​មួយនឹងមាតុគ្រាម​​តែ​ម្នាក់​និង​ម្នាក់​ទេ។បេ។ ព្រះដ៏​មានព្រះភាគ​ត្រាស់សួរ​ថា ម្នាលឧបនន្ទ ឮថាអ្នកឯងទៅសម្រេច​ការ​អង្គុយ​ក្នុង​ទី​ស្ងាត់ ជា​មួយនឹង​មាតុគ្រាម​តែ​ម្នាក់និងម្នាក់ ​ពិតមែនឬ។ ព្រះឧបនន្ទក្រាបទូលថា បពិត្រ​ព្រះដ៏​មានព្រះភាគ ​សេចក្តី​នោះ​ពិតមែន។ ព្រះពុទ្ធ​ដ៏​មានព្រះភាគ ទ្រង់បន្ទោសថា ម្នាលមោឃបុរស អ្នកឯង​​មិន​សមបើ​នឹងហ៊ានទៅសម្រេច​ការ​​អង្គុយ​ក្នុង​ទីស្ងាត់​ ជា​មួយនឹង​មាតុគ្រាម​តែ​ម្នាក់និងម្នាក់ (ដូច្នោះ)ទេ នែ​មោឃបុរស អំពើ​ដែល​អ្នកឯង​ធ្វើ​​​នេះ​​មិន​មែន​នាំពួក​ជន​ដែល​​​មិន​ទាន់​ជ្រះថ្លា​ឲ្យ​ជ្រះថ្លា​ទេ ឬនាំ​ពួកជន​ដែល​​ជ្រះថ្លា​ហើយ​ ឲ្យ​រឹង​រឹត​​តែ​ជ្រះថ្លា​ឡើងទេ។បេ។ ម្នាលភិក្ខុ​​​ទាំងឡាយ អ្នក​ទាំងឡាយគប្បី​សំដែងឡើង​នូវ​សិក្ខាបទ​​នេះ​យ៉ាងនេះថា ភិក្ខុ​ណាមួយ​សម្រេច​​ការ​អង្គុយ​ក្នុង​ទីស្ងាត់​ មួយអន្លើ​ដោយ​មាតុគ្រាម​តែ​ម្នាក់​និងម្នាក់ ត្រូវអាបត្តិ​បាចិត្តិយ។

[១៦២] ត្រង់ពាក្យថា ភិក្ខុ​ណាមួយ ​មាន​សេចក្តី​ដូច​គ្នា​នឹងសិក្ខាបទទី១​​នៃ​​បារាជិកកណ្ឌ។ ដែល​ហៅថា មាតុគ្រាម គឺចំពោះ​តែ​ស្រីមនុស្ស ​មិន​មែនជា​​យក្សស្រី ​មិន​មែន​ជា​ប្រេតស្រី ​មិន​មែន​ជា​តិរច្ឆានញី ជា​អ្នកដឹងក្តី ជា​អ្នក​អាច​ដើម្បី​ស្គាល់​ពាក្យសំដី ដែល​បុគ្គល​និយាយ​ល្អ ឬ​អាក្រក់ ពាក្យ​អាសគ្រាម ឬ​មិន​មែន​អាសគ្រាម។ ពាក្យថា មួយអន្លើ គឺជា​មួយ​​គ្នា​។ ពាក្យថា ​តែ​ម្នាក់​និង​ម្នាក់ គឺ​មាន​តែ​​ភិក្ខុ​ និងមាតុគ្រាមប៉ុណ្ណោះ។ ដែល​ហៅថា ទីស្ងាត់ គឺទីស្ងាត់​ភ្នែក ស្ងាត់​ត្រចៀក។ ដែល​ហៅថា ទីស្ងាត់ភ្នែក គឺកាល​បើភិក្ខុ​​មិច​ភ្នែកក្តី ញាក់ចិញ្ចើមក្តី ងក់ក្បាលក្តី ជន​ដទៃ​​មិន​អាច​ឃើញបាន​។ ដែល​ហៅថា ទីស្ងាត់​ត្រចៀក គឺទីដែល​បុគ្គល​​​មិន​អាច​ស្តាប់ពាក្យ​ជា​ប្រក្រតី​បាន​។ ពាក្យថា សម្រេចការអង្គុយ​ គឺកាល​ដែល​​មាតុគ្រាម​អង្គុយ​​ហើយ​ ភិក្ខុ​​អង្គុយ​​ជិត ឬដេកជិត ត្រូវអាបត្តិ​បាចិត្តិយ។ ភិក្ខុ​​អង្គុយ​ មាតុគ្រាម​អង្គុយ​ជិត ឬដេក​ជិត (ភិក្ខុ​) ត្រូវ​អាបត្តិ​បាចិត្តិយ។ ភិក្ខុ​និង​ស្រីទាំងពីរនាក់អង្គុយ​ក្តី ​ដេកក្តី (ភិក្ខុ​) ត្រូវអាបត្តិ​បាចិត្តិយ។

[១៦៣] មាតុគ្រាម ភិក្ខុ​សំគាល់​ថាមាតុគ្រាម ​ហើយ​សម្រេច​ការ​អង្គុយ​ក្នុង​ទី​ស្ងាត់​​តែ​ម្នាក់​និងម្នាក់ ត្រូវអាបត្តិបាចិត្តិយ។ មាតុគ្រាម ភិក្ខុ​សង្ស័យ ​ហើយ​សម្រេច​ការ​អង្គុយ​ក្នុង​ទី​ស្ងាត់​តែ​ម្នាក់​និងម្នាក់ ត្រូវអាបត្តិបាចិត្តិយ។ មាតុគ្រាម ភិក្ខុ​សំគាល់​ថា​មិន​មែនមាតុគ្រាម ​ហើយ​សម្រេច​ការ​អង្គុយ​ក្នុង​ទី​ស្ងាត់​តែ​ម្នាក់និងម្នាក់ ត្រូវអាបត្តិបាចិត្តិយ។ ភិក្ខុ​សម្រេច​ការ​អង្គុយ​ក្នុង​ទី​ស្ងាត់ ជា​មួយនឹងយក្សស្រីក្តី ប្រេតស្រីក្តី ខ្ទើយក្តី តិរច្ឆានញី​ដែល​​​មាន​រាងកាយ​ដូច​មនុស្ស​ក្តី​តែ​​ម្នាក់​និង​ម្នាក់​ ត្រូវអាបត្តិ​ទុក្កដ។ ​មិន​មែនមាតុគ្រាម ភិក្ខុ​សំគាល់​ថាមាតុគ្រាម ត្រូវអាបត្តិទុក្កដ។ ​មិន​មែនមាតុគ្រាម ភិក្ខុ​សង្ស័យ ត្រូវអាបត្តិទុក្កដ។ ​មិន​មែនមាតុគ្រាម ភិក្ខុ​សំគាល់​ថា​មិន​មែន​មាតុគ្រាម ​មិន​​មានអាបត្តិ។

[១៦៤] អាបត្តិ​មិន​​មានដល់ភិក្ខុ​ដែល​អង្គុយ​នៅ​ ​មានបុរស​ណាម្នាក់​ជា​អ្នកដឹងសេច​ក្តី នៅ​ ជា​គំរប់ពីរ ដល់ភិក្ខុ​ឈរ​ ​មិន​បាន​អង្គុយ​ ដល់ភិក្ខុ​បាន​​ក្រឡេក​គយគន់​រកទី​​មិន​​ស្ងាត់​ ​ហើយ​​អង្គុយ​​នៅ​ ដល់ភិក្ខុ​​​មាន​ចិត្ត​បញ្ជូន​ទៅកាន់​អារម្មណ៍​ដទៃ អង្គុយ​នៅ​ ដល់ភិក្ខុ​ឆ្កួត ដល់ភិក្ខុ​ដើម​បញ្ញត្តិ។

សិក្ខាបទទី៥ ចប់។

សិក្ខាបទទី៦

[១៦៥] កាលនោះ​ ព្រះពុទ្ធដ៏​មានព្រះភាគ កាលទ្រង់សម្រេច​ឥរិយាបទក្នុង​​វត្តវេឡុវន ជា​កលន្ទកនិវាបស្ថាន ក្បែរ​ក្រុង​រាជគ្រឹះ។ សម័យនោះ​ឯង ត្រកូលជា​ឧបដ្ឋាក​របស់​​ព្រះ​ឧបនន្ទ​ជា​សក្យបុត្រ​ដ៏​មានអាយុ និមន្ត​ព្រះឧបនន្ទ ជា​សក្យបុត្រដ៏​មានអាយុ​ដោយ​​ភត្ត ​ហើយ​​ក៏​និមន្ត​ពួក​ភិក្ខុ​ឯទៀត​ដោយ​​ភត្ត​ដែរ។ សម័យ​នោះ​ឯង ព្រះឧបនន្ទជា​សក្យបុត្រ​ដ៏​មានអាយុ អាល័យ​​តែ​​ចូល​​ទៅរក​ត្រកូល​ទាំងឡាយ ក្នុង​ពេលមុនឆាន់។ ឯភិក្ខុ​​​ទាំងឡាយ​នោះ​ ក៏បាន​​និយាយ​ពាក្យ​នេះ​នឹង​មនុស្ស​អម្បាល​នោះ​ថា ម្នាលអាវុសោ​ទាំងឡាយ អ្នក​ទាំងឡាយ​ចូរ​​ប្រគេ​ន​ចង្ហាន់​(មក)។ ពួក​មនុស្ស​អម្បាល​នោះ​ ក៏និយាយ​ឃាត់ថា បពិត្រ​លោកម្ចាស់​​​ទាំងឡាយដ៏ចំរើន សូមលោកម្ចាស់​​​ទាំងឡាយ​រង់ចាំ​សិន ទម្រាំ​ព្រះឧបនន្ទ​ជា​ម្ចាស់​​លោកនិមន្ត​មក។ ភិក្ខុ​​​ទាំងឡាយនោះ​ បាន​​និយាយ​ពាក្យ​នេះ​នឹង​ពួកមនុស្ស​អម្បាល​នោះ​ជា​គំរប់ពីរដងថា ម្នាលអាវុសោ​ទាំងឡាយ អ្នក​ទាំងឡាយ​ចូរ​​ប្រគេ​ន​ចង្ហាន់​(មក)។ ពួក​មនុស្ស​អម្បាល​នោះ​ ក៏និយាយ​ឃាត់ថា បពិត្រព្រះករុណា​​ទាំងឡាយដ៏ចំរើន សូម​ព្រះករុណា​​ទាំងឡាយ​រង់ចាំ​សិនចុះ ទម្រាំ​​តែ​ព្រះឧបនន្ទ​ជា​ម្ចាស់​និមន្ត​មក។ ពួកភិក្ខុ​​អម្បាល​​នោះ​ ក៏​និយាយ​ពាក្យ​នេះ ​នឹង​មនុស្ស​​ទាំងឡាយ​នោះ​ ជា​គំរប់បីដងថា ម្នាល​អាវុសោ​ទាំង​ឡាយ អ្នក​ទាំងឡាយ​ចូរ​​ប្រគេ​ន​ចង្ហាន់​មក (នឹងបង្អង់​នៅ​) ក្រែង​ហួស​ពេល​ឆាន់។ ​មនុស្សទាំង​ឡាយ ក៏និយាយ​ថា បពិត្រព្រះករុណា​​ទាំងឡាយដ៏ចំរើន យើងខ្ញុំ​ទាំងឡាយ​បាន​​ធ្វើ​ភត្ត​ទាំង​ប៉ុន្មាន​ ព្រោះ​តែ​​ព្រះឧបនន្ទ​ជា​ម្ចាស់​ (ទេតើ) បពិត្រ​ព្រះករុណា​​ទាំងឡាយ​ដ៏ចំរើន សូម​ព្រះករុណា​​ទាំងឡាយ​រង់ចាំ ទម្រាំ​តែ​​ព្រះឧបនន្ទ​ជា​ម្ចាស់​និមន្ត​មកសិន។ លំដាប់នោះ​ ព្រះឧបនន្ទ​ជា​សក្យ​បុត្រ​ដ៏​មានអាយុ​អាល័យ​​តែ​ចូល​​ទៅគួរសម​នឹងត្រកូល​​ទាំងឡាយក្នុង​ពេលមុនឆាន់ ​ហើយ​ក៏​មក​ក្នុង​​វេលាថ្ងៃពេក។ ភិក្ខុ​​ទាំងឡាយ​ក៏ឆាន់​ចង្ហាន់​​មិន​ល្មម​ដល់​ចិត្ត។ ពួក​ភិក្ខុ​​ណាដែល​​មាន​សេចក្តី​​ប្រាថ្នាតិច។បេ។ ភិក្ខុ​ទាំង​នោះ​​ក៏ពោលទោស តិះដៀល បន្តុះបង្អាប់​ថា ព្រះឧបនន្ទជា​សក្យបុត្រ​ដ៏​មានអាយុ បាន​ទទួល​និមន្ត​គេ​ជា​អ្នក​​មាន​ភត្ត​​ហើយ​ ​មិន​គួរនឹង​ត្រាច់​ទៅក្នុង​​ត្រកូល​​ទាំងឡាយ (ដទៃ) ក្នុង​ពេលមុនឆាន់ (ដូច្នេះ)សោះ។បេ។ ព្រះអង្គ​ត្រាស់សួរថា ម្នាលឧបនន្ទ ឮថាអ្នកឯង បាន​ទទួល​និមន្ត​គេ​ជា​អ្នក​​មាន​ភត្ត​​ហើយ​ ៗ​ត្រាច់​ទៅក្នុង​​ត្រកូល​​ទាំងឡាយ (ដទៃ) ក្នុង​​ពេល​មុន​ឆាន់ ​ពិតមែនឬ។ ព្រះឧបនន្ទក្រាបទូលថា សូមទ្រង់ព្រះមេត្តាប្រោស ​សេចក្តី​នោះ​ពិតមែន។ ព្រះពុទ្ធ​​ជា​ម្ចាស់​ដ៏​មានព្រះភាគ ទ្រង់បន្ទោសថា ម្នាលមោឃបុរស អ្នកឯង​បាន​ទទួល​និមន្ត​គេ​ជា​អ្នក​​មាន​ភត្ត​​ហើយ​ ​មិន​គួរនឹង​ត្រាច់​ទៅក្នុង​​ត្រកូល​​ទាំងឡាយ (ដទៃ) ក្នុង​ពេលមុនឆាន់ (ដូច្នេះ) ទេ នែ​មោឃបុរស អំពើ​ដែល​អ្នកឯង​ធ្វើ​​​នេះ​​មិន​មែន​នាំ​ឲ្យ​ជ្រះថ្លា​ដល់ពួក​ជន​ដែល​​​មិន​ទាន់​ជ្រះថ្លាទេ ឬនាំ​ពួកជន​ដែល​​ជ្រះថ្លា​ហើយ​ ឲ្យ​រឹង​រឹត​​តែ​ជ្រះថ្លា​ឡើងទៀតទេ។បេ។ ម្នាលភិក្ខុ​​​ទាំងឡាយ អ្នក​ទាំងឡាយគប្បី​សំដែងឡើង​នូវ​សិក្ខាបទ​​នេះ​យ៉ាងនេះថា ភិក្ខុ​ណាមួយ​បាន​ទទួល​និមន្ត​គេ​ជា​អ្នក​​មាន​ភត្ត​​ហើយ​ ដល់នូវកិរិយាត្រាច់​ទៅក្នុង​​ត្រកូល​​ទាំងឡាយ ក្នុង​ពេលមុនឆាន់ ត្រូវអាបត្តិ​បាចិត្តិយ។ សិក្ខាបទនេះ ព្រះដ៏​មានព្រះភាគ​ទ្រង់​បញ្ញត្ត​ហើយ​​ដល់​ភិក្ខុ​ទាំង​ឡាយ​យ៉ាងនេះ។

[១៦៦] កាលនោះ​ ត្រកូល​ឧបដ្ឋាក​របស់​ព្រះឧបនន្ទ​ជា​សក្យបុត្រ​ដ៏​មានអាយុ បាន​បញ្ជូន​ខាទនីយាហារទៅដើម្បី​ប្រគេ​នដល់​សង្ឃ​ដោយ​ពាក្យថា ខាទនីយ​នេះ អ្នកឯងត្រូវ​បង្ហាញ​ដល់​ព្រះឧបនន្ទ​ជា​ម្ចាស់​ ​ហើយ​សិមប្រគេ​នដល់សង្ឃចុះ។ សម័យនោះ​ឯង ព្រះឧបនន្ទ​ជា​សក្យបុត្រ​ដ៏​​មានអាយុ​ចូល​ទៅកាន់​ស្រុក​ដើម្បីបិណ្ឌបាត។ ឯពួក​មនុស្ស​អម្បាលនោះ​ ទៅ​កាន់​​អារាម​ ​ហើយ​​សួរ​ភិក្ខុ​​ទាំងឡាយថា បពិត្រលោកម្ចាស់​​​ទាំងឡាយ​ដ៏ចំរើន ព្រះឧបនន្ទ​ជា​ម្ចាស់​​និមន្ត​ទៅ​ឯណា។ ពួក​ភិក្ខុ​អម្បាល​នោះ​​ប្រាប់​ថា ម្នាលអ្នកដ៏​មានអាយុ​​ទាំងឡាយ ព្រះឧបនន្ទ​ជា​សក្យបុត្រ​ដ៏​មាន​អាយុ​នុ៎ះ ​និមន្ត​ទៅកាន់ស្រុក ដើម្បីបិណ្ឌបាត​​ហើយ​។ មនុស្ស​​​ទាំងឡាយក៏និយាយ​ថា បពិត្រ​លោក​ម្ចាស់​​ដ៏ចំរើន ខាទនីយាហារនេះ សូម​លោកម្ចាស់​​​ទាំងឡាយ​បង្ហាញ​ដល់​ព្រះឧបនន្ទ​ដ៏​​មានអាយុ ​ហើយ​សិម​ប្រគេ​ន​ដល់សង្ឃ​ចុះ។ ភិក្ខុ​​ទាំងឡាយក៏ក្រាបទូល​សេចក្តី​​នុ៎ះ​ចំពោះ​ព្រះដ៏​​មាន​ព្រះភាគ។ ព្រះអង្គ​ត្រាស់ថា ម្នាល​ភិក្ខុ​​ទាំងឡាយ បើដូច្នោះ អ្នក​ទាំងឡាយ​ត្រូវ​ទទួល​​ហើយ​ ដម្កល់​ទុក ទម្រាំ​ឧបនន្ទ​ត្រឡប់​មកវិញ។ គ្រានោះ​ ព្រះឧបនន្ទ​ជា​សក្យបុត្រ​ដ៏​មានអាយុ​គិត​ថា ព្រះ​ដ៏​មានព្រះភាគ​ទ្រង់ហាម​ឃាត់​​មិន​ឲ្យ​ត្រាច់​ទៅក្នុង​ត្រកូល​​ទាំងឡាយក្នុង​​វេលា​មុនភត្ត (គិត​ដូច្នោះ​​ហើយ​) ក៏ចូល​ទៅរក​ត្រកូល​​ទាំងឡាយ​ក្នុង​វេលា​ក្រោយភត្ត ​ហើយ​​ត្រឡប់មក​ក្នុង​វេលា​ហួស​ពេល។ ខាទនីយាហារ​គេ​ក៏ផ្ញើរ​ត្រឡប់​ទៅវិញ។ ពួកភិក្ខុ​ណា​ដែល​​មាន​សេចក្តី​​ប្រាថ្នាតិច។បេ។ ភិក្ខុ​​ទាំងនោះ​ក៏​ពោលទោស តិះដៀល បន្តុះបង្អាប់ថា ព្រះឧបនន្ទ​ជា​សក្យបុត្រដ៏​មានអាយុ ​មិន​​គួរ​បើ​នឹង​ត្រាច់​ទៅក្នុង​ត្រកូល​​ទាំងឡាយក្នុង​​វេលា​ក្រោយភត្ត (ដូច្នោះ) សោះ។បេ។ ព្រះអង្គត្រាស់សួរ​ថា ម្នាលឧបនន្ទ ឮថាអ្នកឯង​ត្រាច់​ទៅក្នុង​​ត្រកូល​​ទាំង​ឡាយក្នុង​វេលាក្រោយភត្ត ​ពិតមែនឬ។ ព្រះឧបនន្ទក្រាបទូលថា សូមទ្រង់ព្រះមេត្តា​ប្រោស ​សេចក្តី​នោះ​ពិតមែន។ ព្រះពុទ្ធ​​ដ៏​មានព្រះភាគ ទ្រង់បន្ទោសថា ម្នាលមោឃបុរស អ្នកឯង​មិន​គួរនឹង​ត្រាច់​ទៅក្នុង​​ត្រកូល​​ទាំងឡាយក្នុង​ពេល​ក្រោយ​ភត្ត (ដូច្នេះ) ទេ នែ​មោឃបុរស អំពើ​ដែល​អ្នកឯង​ធ្វើ​​​នេះ​​ មិន​មែន​នាំ​ឲ្យ​ជ្រះថ្លាដល់ពួក​ជន ​ដែល​​​មិន​ទាន់​ជ្រះថ្លាទេ ឬនាំ​ពួកជន​ដែល​​ជ្រះថ្លា​ហើយ​ ឲ្យ​រឹង​រឹត​​តែ​ជ្រះថ្លា​ឡើងទៀតទេ។បេ។ ម្នាលភិក្ខុ​​​ទាំងឡាយ អ្នក​ទាំងឡាយគប្បី​សំដែងឡើង​នូវ​សិក្ខាបទ​​នេះ​យ៉ាងនេះថា ភិក្ខុ​ណាមួយ​បាន​ទទួល​និមន្ត​គេ​ជា​អ្នក​​មាន​ភត្ត​​ហើយ​ ដល់នូវកិរិយាត្រាច់​ទៅក្នុង​​ត្រកូល​​ទាំងឡាយ ក្នុង​​ពេល​មុនភត្តក្តី ក្រោយភត្តក្តី ត្រូវអាបត្តិ​បាចិត្តិយ។ សិក្ខាបទនេះ ព្រះដ៏​មានព្រះភាគ​ទ្រង់​បញ្ញត្ត​ហើយ​​ដល់​ភិក្ខុ​ទាំង​ឡាយ​យ៉ាងនេះ។

[១៦៧] សម័យ​នោះ​ឯង ភិក្ខុ​​ទាំងឡាយ​​មាន​សេចក្តី​​សង្ស័យ​ក្នុង​សម័យ​​នៃ​​ចីវរទាន ​ហើយ​​​មិន​បាន​​ចូល​ទៅ​រក​ត្រកូល​​ទាំងឡាយ។ ចីវរ​ក៏កើតឡើង​តិចស្តួចស្តើង។ ភិក្ខុ​​ទាំងឡាយ​ក្រាបទូល​​សេចក្តី​នុ៎ះ​ចំពោះ​ព្រះដ៏​មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ​​ទាំង​ឡាយ តថាគត​អនុញ្ញាត​ឲ្យភិក្ខុ​ចូល​​ទៅរកត្រកូល​​ទាំងឡាយ​ក្នុង​សម័យ​​នៃ​ចីវរ​ទាន ម្នាល​ភិក្ខុ​​​​ទាំងឡាយ អ្នក​ទាំងឡាយ​ត្រូវសំដែងឡើង​នូវ​សិក្ខាបទ​​នេះ​យ៉ាងនេះថា ភិក្ខុ​ណាមួយ​បាន​ទទួល​និមន្ត​គេ​ ជា​អ្នក​​មាន​ភត្ត​​ហើយ​ ដល់នូវកិរិយាត្រាច់​ទៅក្នុង​​ត្រកូល​​ទាំងឡាយ ក្នុង​ពេល​មុនភត្តក្តី ក្រោយភត្តក្តី ត្រូវអាបត្តិ​បាចិត្តិយ វៀរលែង​តែ​​មានសម័យ។ ឯសម័យ​ក្នុង​សិក្ខាបទនោះ​គឺ កាលដែល​​ទាយក​ប្រគេ​នចីវរ នេះជា​សម័យ​ក្នុង​សិក្ខាបទនោះ​។ សិក្ខាបទនេះ ព្រះដ៏​មានព្រះភាគ​ទ្រង់​បញ្ញត្ត​ហើយ​​ដល់​ភិក្ខុ​ទាំង​ឡាយ​យ៉ាងនេះ។

[១៦៨] សម័យ​នោះ​ឯង ភិក្ខុ​​ទាំងឡាយ​ធ្វើចីវរកម្ម គឺការដេរ​ចីវរ​ ក៏​មាន​សេចក្តី​​ត្រូវការ​ដោយ​​ម្ជុលខ្លះ ដោយ​ចេសខ្លះ ដោយ​កំាបិតខ្លះ។ ភិក្ខុ​​ទាំងឡាយ​មាន​សេចក្តី​សង្ស័យ ​មិន​បាន​​ចូល​ទៅ​រក​ត្រកូល​​ទាំងឡាយឡើយ។ ភិក្ខុ​​ទាំងឡាយ​ក្រាបទូល​​សេចក្តី​នុ៎ះ​ចំពោះ​ព្រះដ៏​មាន​ព្រះ​ភាគ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុ​​ទាំងឡាយ តថាគត​អនុញ្ញាត​ឲ្យភិក្ខុ​ចូល​​ទៅរកត្រកូល​​ទាំងឡាយ​ក្នុង​សម័យធ្វើចីវរបាន​ ម្នាលភិក្ខុ​​​ទាំងឡាយ អ្នក​ទាំងឡាយគប្បី​សំដែងឡើង​នូវ​សិក្ខាបទ​​នេះ​យ៉ាងនេះថា ភិក្ខុ​ណាមួយ​បាន​ទទួល​និមន្ត​គេ​ ជា​អ្នក​​មាន​ភត្ត​​ហើយ​ ដល់នូវកិរិយាត្រាច់​ទៅក្នុង​​ត្រកូល​​ទាំងឡាយ ក្នុង​ពេល​មុនភត្តក្តី ក្រោយភត្តក្តី ត្រូវអាបត្តិ​បាចិត្តិយ វៀរលែង​តែ​​មានសម័យ។ ឯសម័យ​ក្នុង​សិក្ខាបទនោះ​គឺ កាលដែល​​ទាយក​ប្រគេ​នចីវរ១ កាលដែល​ភិក្ខុ​​ធ្វើ​ចីវរ១ នេះជា​សម័យ​ក្នុង​សិក្ខាបទនោះ​។ សិក្ខាបទ​នេះ ព្រះដ៏​មានព្រះភាគ​ទ្រង់​បញ្ញត្ត​ហើយ​​ដល់​ភិក្ខុ​ទាំង​ឡាយ​យ៉ាងនេះ។

[១៦៩] សម័យ​នោះ​ឯង ភិក្ខុ​​ទាំងឡាយ​​មានជម្ងឺ ក៏​មាន​សេចក្តី​​ត្រូវការ​ដោយ​​ភេសជ្ជៈ​​ទាំងឡាយ។ ភិក្ខុ​​ទាំងឡាយក៏សង្ស័យ ​មិន​បាន​​ចូល​ទៅ​រក​ត្រកូល​​ទាំងឡាយឡើយ។ ភិក្ខុ​​​ទាំងឡាយ​​ក្រាបទូល​​សេចក្តី​នុ៎ះ​ចំពោះ​ព្រះដ៏​មាន​ព្រះ​ភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាល​ភិក្ខុ​​​​ទាំងឡាយ តថាគត​អនុញ្ញាត​ឲ្យភិក្ខុ​លា ឬប្រាប់​ភិក្ខុ​ដែល​​​មាននៅ​ ​ហើយ​​សឹម​ចូល​​ទៅរកត្រកូល​​ទាំងឡាយ ម្នាលភិក្ខុ​​​ទាំងឡាយ អ្នក​ទាំងឡាយ គប្បី​សំដែងឡើង​នូវ​សិក្ខាបទ​​​នេះ​យ៉ាងនេះថា ភិក្ខុ​ណាមួយ​បាន​ទទួល​និមន្ត​គេ​ ជា​អ្នក​​មាន​ភត្ត​​ហើយ​ ​មិន​បាន​លា ឬប្រាប់​ភិក្ខុ​ដែល​​មាននៅ​ ​ហើយ​ដល់នូវកិរិយាត្រាច់​ទៅក្នុង​​ត្រកូល​​ទាំងឡាយ ក្នុង​ពេល​មុនភត្តក្តី ក្រោយភត្តក្តី ត្រូវអាបត្តិ​បាចិត្តិយ វៀរលែង​តែ​​មានសម័យ។ ឯសម័យ​ក្នុង​សិក្ខាបទនោះ​គឺ កាលដែល​​ទាយក​ប្រគេ​នចីវរ១ កាលដែល​​ភិក្ខុ​ធ្វើ​ចីវរ១ នេះជា​សម័យ​ក្នុង​សិក្ខាបទនោះ​។

[១៧០] ត្រង់ពាក្យថា ភិក្ខុ​ណាមួយ ​មាន​សេចក្តី​ដូច​គ្នា​នឹងសិក្ខាបទទី១​​នៃ​​បារាជិកកណ្ឌ។ ដែល​ហៅថា គេ​និមន្ត គឺជន​និមន្ត​ដោយ​ភោជន​ទាំង៥យ៉ាង ភោជនណាមួយ។ ដែល​ហៅថា ជា​អ្នក​មានភត្ត គឺភិក្ខុ​ដែល​​គេ​និមន្ត​ដោយ​​ភត្ត​ណា ឈ្មោះថា​ជា​អ្នក​​មានភត្ត​ ព្រោះ​ភត្ត​នោះ​​ឯង។ ដែល​ហៅថា ភិក្ខុ​​មាននៅ​នោះ​ គឺភិក្ខុ​​អាច​នឹងលា​ភិក្ខុ​ផង​គ្នា​​ ​ហើយ​ចូល​​ទៅកាន់​ (ត្រកូល)បាន​។ ភិក្ខុ​​ដែល​​​មិន​​មាននៅ​នោះ​ គឺភិក្ខុ​​​មិន​អាច​លា​ភិក្ខុ​ផង​គ្នា​ ​ហើយ​ចូល​ទៅកាន់​(ត្រកូល)ឡើយ។ ដែល​ហៅថា ក្នុង​ពេលមុនភត្ត គឺជន​និមន្ត​ដោយ​ភត្ត​ណា ​ហើយ​ភិក្ខុ​​​មិន​ទាន់បាន​ឆាន់​ភត្តនោះ​។ ដែល​ហៅថា ក្នុង​ពេល​ក្រោយភត្ត គឺជន​និមន្ត​ដោយ​ភត្តណា ភិក្ខុ​​បាន​ឆាន់​ភត្ត​នោះ​​ហើយ​ ដោយ​​ហោច​ទៅសូម្បី​ប៉ុន​ចុង​​នៃ​ស្បូវ។ ដែល​ហៅថា ត្រកូល គឺត្រកូល​ទាំងឡាយ៤ គឺត្រកូល​ក្សត្រ១ ត្រកូល​ព្រាហ្មណ៍១ ត្រកូលវេស្សៈ (អ្នក​រកស៊ី​ជួញ​ប្រែធ្វើ​ស្រែចំការ)១ ត្រកូលសុទ្ធៈ (អ្នក​ធ្វើ​ការ​ស៊ីឈ្នួល)១។ ពាក្យថា ដល់នូវកិរិយាត្រាច់ទៅក្នុង​​ត្រកូល​​ទាំងឡាយ គឺកាល​ដែល​​ភិក្ខុ​​ឈាន​ចូល​​ទៅ​ដល់​ឧបចារ​ផ្ទះ​របស់​​បុគ្គល​ដទៃទៅ ត្រូវអាបត្តិ​ទុក្កដ។ ឈានជើង​ជា​ដម្បូង​ឲ្យកន្លង​ហួស​ធរណី​ទ្វារទៅ ត្រូវ​អាបត្តិទុក្កដ។ ឈានជើងជា​គំរប់ពីរ​ឲ្យ​កន្លង​ហួស​ទៅ ត្រូវអាបត្តិ​បាចិត្តិយ។ ពាក្យថា​វៀរ​លែង​តែ​​មានសម័យ គឺលើកទុក​​តែ​​មានសម័យ។ ដែល​ហៅថា កាលដែល​​ទាយក​ប្រគេ​ន​ចីវរ​នោះ​ គឺថា បើភិក្ខុ​​មិន​បាន​​ក្រាលកឋិន កំណត់កាល​ត្រឹម១ខែ​ជា​ទីបំផុត​​នៃ​វស្សាន​រដូវ (គឺ​តាំង​ពី១​រោច​ខែអស្សុជ ទៅដល់​១៥កើត ខែកត្តិក) បើភិក្ខុ​បាន​​ក្រាលកឋិន កំណត់កាល​ត្រឹម​៥ខែ (តាំង​​តែ​ពី១រោចខែអស្សុជ ទៅដល់១៥កើត​ខែផល្គុន)។ ដែល​ហៅថា កាលដែល​​ភិក្ខុ​ធ្វើចីវរនោះ​ គឺ​ភិក្ខុ​​កំពុង​ធ្វើចីវរ។

[១៧១] ​មានគេ​និមន្ត​ហើយ​ ភិក្ខុ​សំគាល់​ថាគេ​និមន្ត​ហើយ​ ​មិន​បាន​លា​ភិក្ខុ​ផង​គ្នា​ដែល​​​មាននៅ​ ​ហើយ​ត្រាច់​ទៅក្នុង​​ត្រកូល​​ទាំងឡាយ​ក្នុង​ពេលមុនភត្តក្តី ក្រោយភត្តក្តី ត្រូវអាបត្តិ​បាចិត្តិយ វៀរលែង​តែ​​មានសម័យ។ ​មានគេ​និមន្ត​ហើយ​ ភិក្ខុ​សង្ស័យ ​មិន​បាន​លា​ភិក្ខុ​ផង​គ្នា​ដែល​​​មាននៅ​ ​ហើយ​ត្រាច់​ទៅក្នុង​​ត្រកូល​​ទាំងឡាយ​ក្នុង​ពេលមុនភត្តក្តី ក្រោយភត្តក្តី ត្រូវអាបត្តិ​បាចិត្តិយ វៀរលែង​តែ​​មានសម័យ។ ​មានគេ​និមន្ត​ហើយ​ ភិក្ខុ​សំគាល់​ថា​មិន​ទាន់និមន្ត ​ហើយ​​​មិន​​បាន​លា​ភិក្ខុ​ផង​គ្នា​ដែល​​​មាននៅ​ ​ហើយ​ត្រាច់​ទៅក្នុង​​ត្រកូល​​ទាំង​ឡាយ​​ក្នុង​ពេលមុនភត្តក្តី ក្រោយភត្តក្តី ត្រូវអាបត្តិ​បាចិត្តិយ វៀរលែង​តែ​​មានសម័យ។ គេ​​មិន​បាន​និមន្ត ភិក្ខុ​សំគាល់​ថានិមន្ត​ហើយ​ ត្រូវអាបត្តិទុក្កដ។ គេ​​មិន​បាន​និមន្ត ភិក្ខុ​សង្ស័យ ត្រូវអាបត្តិទុក្កដ។ គេ​​មិន​បាន​និមន្ត ភិក្ខុ​សំគាល់​ថា​មិន​បាន​និមន្ត ​មិន​​មានអាបត្តិ។

[១៧២] អាបត្តិ​មិន​​មានដល់ភិក្ខុ​ដែល​​មានសម័យ ដល់ភិក្ខុ​ដែល​បាន​លា​ភិក្ខុ​​ផង​គ្នា​​ដែល​​​មាននៅ​ ​ហើយ​ចូល​ទៅ  ដល់ភិក្ខុ​ដែល​​​មិន​បាន​លាភិក្ខុ​​ផង​គ្នា​ ព្រោះ​​មិន​​មាន​ភិក្ខុ​​ផង​គ្នា​​ ​ហើយ​ចូល​ទៅ ដល់​ភិក្ខុ​ដែល​​ដើរ​ទៅតាមផ្លូវ​ក្បែរ​ផ្ទះ​​នៃ​​បុគ្គល​ដទៃ ដល់​ភិក្ខុ​​ដែល​​ដើរ​ទៅ​ដោយ​​ផ្លូវ​តាម​ឧបចារ​​នៃ​ផ្ទះ ដល់​ភិក្ខុ​ដែល​​ទៅកាន់​អារាម​ដែល​​​មាន​ក្នុង​ចន្លោះ​ស្រុក ដល់​ភិក្ខុ​​ដែល​​ទៅ​កាន់​លំនៅ​​នៃ​​នាង​ភិក្ខុ​នី ដល់​ភិក្ខុ​​ដែល​​ទៅកាន់​លំនៅ​​​នៃ​​តិរ្ថិយ ដល់​ភិក្ខុ​ដែល​​ដើរ​ត្រឡប់​មកវិញ ដល់​ភិក្ខុ​​ទៅកាន់​ផ្ទះ​​នៃ​ទាយកជា​ម្ចាស់​ភត្ត ដល់ភិក្ខុ​ដែល​​​មាន​សេចក្តី​​អន្តរាយ ដល់ភិក្ខុ​ឆ្កួត ដល់ភិក្ខុ​​ដើម​បញ្ញត្តិ។

សិក្ខាបទទី៦ ចប់។

សិក្ខាបទទី៧

[១៧៣] កាលនោះ​ ព្រះពុទ្ធដ៏​មានព្រះភាគ កាលគង់នៅ​​ក្នុង​និគ្រោធារាម ក្បែរ​ក្រុង​កបិលពស្តុ ក្នុង​ដែនសក្កៈ។ សម័យនោះ​ឯង មហានាមសក្យៈ [អដ្ឋកថាថា មហានាម​សក្យៈនេះ ជា​បុត្រ​នៃ​​ចូឡបិតារបស់​​ព្រះដ៏​មានព្រះភាគ ចាស់ជា​ង​ព្រះដ៏​មានព្រះភាគ​ប្រមាណ​ ១ខែ ជា​អរិយ​សាវក​បាន​ដម្កល់​នៅ​ក្នុង​ផល​ទាំងពីរ គឺសោតាបត្តិផល និង​សកទាគាមិផល។] ​មានថ្នាំសម្រាប់​​កែរោគដ៏​បរិបូណ៌។ លំដាប់នោះ​ មហានាមសក្យៈ​ក៏ចូល​ទៅគាល់ព្រះដ៏​មានព្រះភាគ លុះចូល​​ទៅ​ដល់​​ហើយ​ ក៏ថ្វាយ​បង្គំ​ព្រះដ៏​មានព្រះភាគ ​ហើយ​អង្គុយ​​នៅ​ក្នុង​ទីដ៏សមគួរ។ លុះ​មហានាម​សក្យៈ​អង្គុយ​​នៅ​ក្នុង​ទីដ៏សមគួរ​ហើយ​ ក៏​ក្រាបទូល​ពាក្យនេះ​ចំពោះ​ព្រះដ៏​មានព្រះភាគថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន ខ្ញុំព្រះអង្គចង់​បវារណា​​ព្រះសង្ឃ​ដោយ​ថ្នាំ​សម្រាប់​​កែរោគកំណត់​៤ខែ។ ព្រះអង្គ​ត្រាស់​ថា មហានាម ការនេះប្រពៃ​ពេក​ហើយ​ មហានាម បើដូច្នោះ ចូរ​ព្រះអង្គ​បវារណា​សង្ឃ ដោយ​ថ្នាំ​សម្រាប់​​កែរោគកំណត់​៤ខែចុះ។ ពួក​ភិក្ខុ​​មាន​សេចក្តី​សង្ស័យ ក៏​មិន​ហ៊ានទទួល។ ភិក្ខុ​​​ទាំងឡាយ​ក្រាប​ទូល​​សេចក្តី​​នោះ​​ចំពោះ​ព្រះដ៏​មានព្រះភាគ។ ព្រះអង្គត្រាស់​ថា ម្នាលភិក្ខុ​​ទាំងឡាយ តថាគត​អនុញ្ញាត​ឲ្យភិក្ខុ​ត្រេកអរ​ ចំពោះ​ការបវារណា​ដោយ​​បច្ច័យ​ កំណត់​ត្រឹម ​៤ ខែ។ សម័យ​នោះ​ឯង ភិក្ខុ​​ទាំងឡាយ​ទៅសូម​ភេសជ្ជៈ​នឹងមហានាមសក្យៈ​តែ​បន្តិចៗ ភេសជ្ជៈ​របស់​មហានាម​សក្យៈ ក៏ជា​របស់​នៅ​​តែ​បរិបូណ៌ដដែល​។ ឯមហា​នាមសក្យៈ​ក៏ចូល​​ទៅ​គាល់​ព្រះដ៏​មានព្រះភាគ​ជា​គំរប់ពីរ​ដងទៀត លុះចូល​​ទៅ​ដល់​​ហើយ​ ក៏ថ្វាយ​បង្គំ​ព្រះដ៏​​មាន​ព្រះភាគ ​ហើយ​អង្គុយ​​នៅ​ក្នុង​ទីដ៏សមគួរ។ លុះមហានាមសក្យៈ​អង្គុយ​​នៅ​ក្នុង​ទីដ៏សមគួរ​ហើយ​ ក៏​ពោល​ពាក្យនេះ​ចំពោះ​ព្រះដ៏​មានព្រះភាគថា បពិត្រព្រះដ៏​មានព្រះភាគ​ដ៏ចំរើន ខ្ញុំព្រះអង្គចង់​បវារណា​ព្រះសង្ឃ​ដោយ​ភេសជ្ជៈ​កំណត់​៤ខែតទៅទៀត។ ព្រះអង្គ​ត្រាស់​ថា មហានាម ការនេះ​ប្រពៃ​​ហើយ​ៗ មហានាម បើដូច្នោះ ចូរ​ព្រះអង្គ​បវារណា​សង្ឃ ដោយ​ភេសជ្ជៈកំណត់​៤ខែតទៅ​ទៀតចុះ។ ពួក​ភិក្ខុ​​​មាន​សេចក្តី​សង្ស័យ ក៏​មិន​ហ៊ានទទួល។ ភិក្ខុ​​ទាំងឡាយ​ក្រាបទូល​​សេចក្តី​​នុ៎ះ​ចំពោះ​ព្រះដ៏​មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាល​ភិក្ខុ​​​ទាំងឡាយ តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុ​​ត្រេកអរ​នឹងការបវារណា​ថែមម្តងទៀត។ ក៏សម័យ​នោះ​ឯង ភិក្ខុ​​ទាំងឡាយ​ទៅសូម​ភេសជ្ជៈ​នឹង​មហានាម​សក្យៈ​តែ​បន្តិចៗ។ ដោយ​ហេតុ​នោះ​ឯង ភេសជ្ជៈ​របស់​មហានាមសក្យៈ​ក៏នៅ​​​តែ​​បរិបូណ៌​ដដែល​។ មហា​នាមសក្យៈ​ក៏ចូល​​ទៅគាល់​ព្រះដ៏​មានព្រះភាគជា​គំរប់បីដងទៀត លុះចូល​​ទៅ​ដល់​​ហើយ​ ថ្វាយ​បង្គំ​ព្រះដ៏​​មាន​​ព្រះភាគ ​ហើយ​អង្គុយ​​នៅ​ក្នុង​ទីដ៏សមគួរ។ លុះមហានាមសក្យៈ​អង្គុយ​​នៅ​ក្នុង​ទីដ៏​សម​គួរ​​ហើយ​ បាន​​ពោល​ពាក្យនេះ​ចំពោះ​ព្រះដ៏​មានព្រះភាគថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន ខ្ញុំ​ព្រះអង្គ​ចង់​បវារណា​ព្រះសង្ឃ​ដោយ​ភេសជ្ជៈ​ដរាបដល់អស់ជីវិត។ ព្រះអង្គ​ត្រាស់​តបថា មហា​នាម ការនោះ​​ប្រពៃ​​ហើយ​ៗ មហានាម បើដូច្នោះ ចូរ​មហារាជ​បវារណា​សង្ឃ ដោយ​​ភេសជ្ជៈ​​ដរាបដល់អស់ជីវិតចុះ។ ពួក​ភិក្ខុ​​​មាន​សេចក្តី​សង្ស័យ ក៏​មិន​ហ៊ានទទួល។ ភិក្ខុ​​ទាំង​ឡាយ​ក៏ក្រាប​ទូល​​​សេចក្តី​​នុ៎ះ​ចំពោះ​ព្រះដ៏​មានព្រះភាគ។ ព្រះអង្គទ្រង់អនុញ្ញាតថា ម្នាល​ភិក្ខុ​​​ទាំងឡាយ តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុ​​ត្រេកអរ​នឹងការបវារណាអស់កាលជា​និច្ចក៏បាន​។

[១៧៤] សម័យ​នោះ​ឯង ពួកឆព្វគ្គិយភិក្ខុ​ស្លៀកដណ្តប់​មិន​ត្រឹមត្រូវ ​មានអាកប្បកិរិយា​មិន​​សមគួរ មហានាមសក្យៈ​ក៏និយាយថា បពិត្រលោក​ម្ចាស់​ដ៏ចំរើន ហេតុ​ដូចម្តេច បាន​ជា​លោក​ម្ចាស់​​​ទាំងឡាយ ​ស្លៀក​ដណ្តប់​សំពត់​​មិន​ត្រឹមត្រូវ ​មានអាកប្បកិរិយា​​មិន​សមគួរ (ដូច្នេះ) ធម្មតា អ្នកបួស គេ​ត្រូវស្លៀកដណ្តប់​សំពត់​ឲ្យ​ត្រឹមត្រូវ​ល្អ ​ហើយ​​មាន​អាកប្បកិរិយា​ដ៏សមគួរ​ទេតើ។ ពួក​ឆព្វគ្គិយ​ភិក្ខុ​ក៏ចងទោស​នឹងមហានាមសក្យៈ។ ​សេចក្តី​ត្រិះរិះនេះ​កើត​មានដល់​ពួក​ឆព្វគ្គិយ​ភិក្ខុ​​ក្នុង​វេលានោះ​ថា យើង​ទាំងឡាយ​គួរ​ធ្វើ​មហានាម​សក្យៈឲ្យ​អាប់​អោន​ដោយ​ឧបាយ​ដូចម្តេច​​អេះ។ គ្រានោះ​ ពួកឆព្វគ្គិយភិក្ខុ​ក៏បាន​ប្រឹក្សា​គ្នា​ដូច្នេះថា ម្នាលលោកដ៏​មាន​អាយុ​​ទាំងឡាយ មហានាម​សក្យៈ​បាន​បវារណាសង្ឃ​ដោយ​ភេសជ្ជៈ​​ហើយ​ ណ្ហើយចុះ ម្នាល​លោកដ៏​មានអាយុ​​ទាំងឡាយ យើង​​ទាំងឡាយ​ទៅសូម​សប្បិ​អំពី​មហានាមសក្យៈចុះ។ ទើបពួក​ឆព្វគ្គិយភិក្ខុ​​ចូល​ទៅរក​មហានាម​សក្យៈ លុះចូល​ទៅដល់​ហើយ​ ក៏និយាយ​ពាក្យនេះ​នឹង​មហានាម​សក្យៈថា ម្នាល​អាវុសោ ពួក​អាត្មា​ត្រូវការ​ដោយ​​សប្បិមួយទោណៈ។ ឯមហានាម​សក្យៈឆ្លើយតបថា បពិត្រលោកម្ចាស់​​ដ៏ចំរើន សូម​លោកម្ចាស់​​បង្អង់​ចាំក្នុង​ថ្ងៃ​នេះ១ថ្ងៃសិន មនុស្ស​​ទាំងឡាយ គេ​ទៅឯក្រោលគោ​ដើម្បីនាំ​សប្បិ​មក លោក​ម្ចាស់​​​ទាំងឡាយ​នឹងយកសប្បិ​នោះ​ទៅក្នុង​កាលដ៏គួរ។ ពួកឆព្វគ្គិយ​ភិក្ខុ​និយាយ​សូម​ជា​គំរប់​ពីរដង។បេ។ ឆព្វគ្គិយភិក្ខុ​និយាយ​ពាក្យនេះ ​នឹង​មហានាម​សក្យៈជា​គំរប់បីដងថា ម្នាល​អាវុសោ ពួក​អាត្មា​ត្រូវការ​ដោយ​​សប្បិមួយ​ទោណៈ។ មហានាមសក្យៈ​ឆ្លើយតបថា បពិត្រលោកម្ចាស់​​ដ៏ចំរើន សូមលោកម្ចាស់​​បង្អង់​ចាំក្នុង​ថ្ងៃ​នេះ១ថ្ងៃសិន មនុស្ស​​​ទាំងឡាយ គេ​ទៅឯក្រោលគោ​ដើម្បីនាំ​សប្បិ​មក លោក​ម្ចាស់​​នឹងយកសប្បិ​នោះ​ទៅក្នុង​កាលដ៏គួរ។ ពួក​ឆព្វគ្គិយ​ភិក្ខុ​សួរថា ម្នាលអាវុសោ អ្នកបវារណា​ដោយ​ភេសជ្ជៈណា ​ហើយ​​​មិន​ឲ្យវិញ ប្រយោជន៍​អ្វី​ដោយ​ភេសជ្ជៈ​ដែល​អ្នកបវារណា ​តែ​​មិន​ចង់​ឲ្យនោះ​។ គ្រានោះ​ មហានាម​សក្យៈក៏​ពោលទោស តិះដៀល បន្តុះបង្អាប់ថា លោកដ៏ចំរើន​ទាំងឡាយ ខ្ញុំបាន​អង្វរ​ថា លោកម្ចាស់​​ដ៏ចំរើន សូមពួក​លោក​ម្ចាស់​​បង្អង់​ចាំក្នុង​ថ្ងៃនេះ ១ ថ្ងៃសិន ចុះហេតុ​ដូចម្តេច​បាន​ជា​​មិន​រង់ចាំ។ ភិក្ខុ​​ទាំងឡាយ​បាន​ឮ​មហានាមសក្យៈ​ពោល​ទោស តិះដៀល បន្តុះបង្អាប់​​ហើយ​។ ពួកភិក្ខុ​ណា​​មាន​សេចក្តី​​ប្រាថ្នាតិច។បេ។ ពួកភិក្ខុ​​ទាំងនោះ​ក៏​ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកឆព្វគ្គិយ​ភិក្ខុ​​ កាលដែល​​មហានាម​សក្យៈ​បាន​អង្វរថា លោកម្ចាស់​ដ៏​ចំរើន សូមពួកលោកម្ចាស់​​បង្អង់​ចាំ​ក្នុង​ថ្ងៃ​នេះ១ថ្ងៃសិន ​មិន​​គួរ​នឹង​មិន​រង់ចាំសោះ។បេ។ ព្រះពុទ្ធជា​ម្ចាស់​ត្រាស់សួរ​ថា ម្នាលភិក្ខុ​​ទាំងឡាយ ឮថា​អ្នក​​ទាំងឡាយ កាលដែល​​មហានាមសក្យៈ​បាន​អង្វរថា លោកម្ចាស់​ដ៏​ចំរើន សូមពួក​លោកម្ចាស់​​បង្អង់​ចាំ​ក្នុង​ថ្ងៃ​នេះ១ថ្ងៃសិនដូច្នេះ ​ហើយ​​មិន​រង់ចាំ ​ពិតមែនឬ។ ពួកឆព្វគ្គិយ​ភិក្ខុ​​ក្រាបទូលថា សូមទ្រង់​មេត្តាប្រោស ពិតមែន។ ព្រះពុទ្ធជា​ម្ចាស់​​​ដ៏​មានព្រះភាគ ទ្រង់​តិះដៀល​ថា ម្នាលពួកមោឃបុរស អ្នក​ទាំងឡាយ កាលដែល​​មហានាមសក្យៈ​បាន​អង្វរថា លោកម្ចាស់​ដ៏​ចំរើន សូមពួក​លោកម្ចាស់​​បង្អង់​ចាំ​ក្នុង​ថ្ងៃ​នេះ១ថ្ងៃសិន ​ហើយ​​មិន​សមនឹង​​មិន​រង់ចាំ​ (ដូច្នេះ) សោះ នែ​មោឃបុរស​ទាំងឡាយ អំពើ​ដែល​ពួកអ្នកឯង​ធ្វើ​​​នេះ​​មិន​មែន​នាំ​ឲ្យ​ជ្រះថ្លាដល់ពួក​ជន​ដែល​​​មិន​ទាន់​ជ្រះថ្លា និង​មិន​មែននាំឲ្យ​រឹង​រឹត​​តែ​ជ្រះថ្លាដល់ពួក​ជន​ដែល​​ជ្រះថ្លា​ស្រាប់​​ហើយ​នោះ​​ទេ។បេ។ ម្នាលភិក្ខុ​​​ទាំងឡាយ អ្នក​ទាំងឡាយគប្បី​សំដែង​ឡើង​នូវ​សិក្ខាបទ​​នេះ​យ៉ាងនេះថា ភិក្ខុ​ដែល​គ្មានជម្ងឺ ត្រូវត្រេកអរ​នឹងការបវារណា​ដោយ​បច្ច័យ​កំណត់​ត្រឹម​៤ខែ បើភិក្ខុ​​ត្រេកអរ​ក្រៃលែង​ជា​ងនោះ​ទៅ ត្រូវអាបត្តិ​បាចិត្តិយ វៀរ​លែង​​តែ​គេ​​បាន​បវារណា​ថែមទៀត វៀរលែង​​តែ​​គេ​បាន​​បវារណាជា​និច្ច។

[១៧៥] ត្រង់ពាក្យថា ភិក្ខុ​ដែល​គ្មានជម្ងឺត្រូវត្រេកអរ​នឹងការបវារណា​ដោយ​បច្ច័យ​កំណត់​ត្រឹម ៤ ខែ ​សេចក្តី​ថា ភិក្ខុ​គួរ​ត្រេកអរ​នឹងការបវារណា​ដោយ​គិលានបច្ច័យ ម្យ៉ាងទៀត ភិក្ខុ​​គួរ​ត្រេក​អរ​នឹងការ​បវារណា​ថែមទៀត ដោយ​គិតថា អញ​ជា​អ្នក​មានជម្ងឺ​ក្នុង​កាលណា អញ​នឹង​សូម​ក្នុង​​កាលណោះ ម្យ៉ាងទៀត ភិក្ខុ​គួរ​ត្រេកអរ​នឹងការបវារណា​ជា​ប់ជា​និច្ច ​ដោយ​គិតថា អញ​ជា​អ្នក​​មាន​ជម្ងឺ​ក្នុង​​កាលណា អញ​នឹង​សូមក្នុង​កាលណោះ។

[១៧៦] ត្រង់ពាក្យថា បើភិក្ខុ​ត្រេកអរក្រៃលែង​ជា​ងនោះ​ ​សេចក្តី​ថា បវារណាកំណត់​ភេសជ្ជៈ​ ​មិន​កំណត់រាត្រី បវារណាកំណត់រាត្រី ​មិន​កំណត់​ភេសជ្ជៈ បវារណា​កំណត់​ទាំង​ភេសជ្ជៈ កំណត់​ទាំងរាត្រី បវារណា​​មិន​កំណត់​ទាំងភេសជ្ជៈ ​មិន​កំណត់​ទាំងរាត្រី។ ដែល​ហៅថា បវារណាកំណត់​ភេសជ្ជៈ (នោះ​) គឺភេសជ្ជៈ​ដែល​គេ​កំណត់​ដោយ​ពាក្យថា ខ្ញុំ​ព្រះករុណា​​សូមបវារណា​ដោយ​ភេសជ្ជៈ​​ទាំងឡាយ​​មានប្រមាណ​ប៉ុណ្ណេះ។ ដែល​ហៅថា បវារណា​កំណត់រាត្រី គឺរាត្រី​ដែល​​គេ​កំណត់​ដោយ​ពាក្យថា ខ្ញុំព្រះករុណា​បវារណា​អស់​រាត្រី​​ទាំងឡាយ​​មានប្រមាណ​ប៉ុណ្ណេះ។ ដែល​​ហៅថា បវារណា​កំណត់​ទាំង​ភេសជ្ជៈ កំណត់​​ទាំង​រាត្រីនោះ​ គឺគេ​​កំណត់​ភេសជ្ជៈ​​ទាំងឡាយ​ផង កំណត់​រាត្រី​​ទាំងឡាយផង ដោយ​ពាក្យថា ខ្ញុំព្រះករុណា​សូមបវារណា​ដោយ​ភេសជ្ជៈ​​ទាំងឡាយ​​មានប្រមាណ​ប៉ុណ្ណេះ អស់​រាត្រី​​ទាំងឡាយ​​មាន​ប្រមាណ​​ប៉ុណ្ណេះ។ ដែល​ហៅថា បវារណា​​មិន​កំណត់​ភេសជ្ជៈ ​មិន​កំណត់រាត្រី (នោះ​) គឺគេ​​មិន​កំណត់ភេសជ្ជៈ​ទាំងឡាយ និង​​មិន​កំណត់​រាត្រី​ទាំងឡាយ ដោយ​ពាក្យថា ខ្ញុំព្រះករុណា​សូម​បវារណា​ដោយ​ភេសជ្ជៈ​​ទាំងឡាយ​​មាន​ប្រមាណ​ប៉ុណ្ណេះ និងអស់​រាត្រី​​ទាំងឡាយ​​មាន​ប្រមាណ​​ប៉ុណ្ណេះ។

[១៧៧] ឯពាក្យដែល​ថា កំណត់ភេសជ្ជៈនោះ​ អធិប្បាយថា គេ​បវារណា​ភិក្ខុ​ដោយ​​ភេសជ្ជៈ​​ណា ភិក្ខុ​ត្រឡប់ទៅសូមភេសជ្ជៈ​ទាំងឡាយដទៃវិញ ក្រៅពីភេសជ្ជៈ​ដែល​​គេ​​បវារណា​​នោះ​ ត្រូវ​អាបត្តិ​បាចិត្តិយ។ ឯកំណត់​រាត្រីនោះ​ គឺគេ​បវារណា​ភិក្ខុ​ក្នុង​​រាត្រី​ទាំង​ឡាយ​ណា ភិក្ខុ​​ត្រឡប់​​សូមក្នុង​រាត្រី​​ទាំងឡាយ​ឯទៀតវិញ ក្រៅពីរាត្រី​ដែល​​គេ​បវារណា​នោះ​ ត្រូវ​អាបត្តិ​បាចិត្តិយ។ ឯកំណត់ទាំងភេសជ្ជៈ កំណត់ទាំងរាត្រីនោះ​ គឺគេ​បវារណាភិក្ខុ​ដោយ​ភេសជ្ជៈ​ទាំង​ឡាយ​​ណា ភិក្ខុ​វៀរលែងភេសជ្ជៈទាំងនោះ​ គេ​បវារណា​ភិក្ខុ​ក្នុង​រាត្រីណា ភិក្ខុ​វៀរ​លែង​រាត្រី​ទាំងនោះ​ ​ហើយ​ត្រឡប់​ទៅសូមភេសជ្ជៈ​ទាំងឡាយដទៃ និង​ក្នុង​​រាត្រី​ទាំងឡាយឯទៀត​វិញ ត្រូវ​អាបត្តិ​បាចិត្តិយ។ ឯ​មិន​កំណត់​ភេសជ្ជៈ និង​​មិន​កំណត់​រាត្រី ​មិន​​មានអាបត្តិឡើយ។

[១៧៨] កាលបើ​មិន​​មានកិច្ចដោយ​ភេសជ្ជៈ ​ហើយ​ភិក្ខុ​ទៅសូម​ភេសជ្ជៈ ត្រូវអាបត្តិ​បាចិត្តិយ។ កាលបើ​មានកិច្ច​ដោយ​ភេសជ្ជៈឯទៀត ​ហើយ​ភិក្ខុ​ទៅសូម​ភេសជ្ជៈឯទៀត​វិញ ត្រូវអាបត្តិ​បាចិត្តិយ។ ហួសកំណត់​ដែល​​គេ​​បវារណា​​ហើយ​ ភិក្ខុ​សំគាល់​ថា ហួសកំណត់​ដែល​​គេ​បវារណា​មែន ​ហើយ​ទៅសូមភេសជ្ជៈ ត្រូវអាបត្តិបាចិត្តិយ។ ហួសកំណត់​ដែល​​គេ​​បវារណា​​ហើយ​ ភិក្ខុ​សង្ស័យ ​ហើយ​ទៅសូមភេសជ្ជៈ ត្រូវអាបត្តិបាចិត្តិយ។ ហួសកំណត់​ដែល​​គេ​​បវារណា​​ហើយ​ ភិក្ខុ​សំគាល់​ថា ​មិន​ហួសកំណត់​បវារណា​ទេ ​ហើយ​ទៅសូម​ភេសជ្ជៈ ត្រូវអាបត្តិបាចិត្តិយ។ ​មិន​ទាន់ហួសកំណត់​ដែល​​គេ​​បវារណាទេ ភិក្ខុ​សំគាល់​ថា ហួសកំណត់​ដែល​​គេ​បវារណា​ហើយ​ ត្រូវអាបត្តិទុក្កដ។ ​មិន​ទាន់ហួសកំណត់​ដែល​​គេ​​បវារណាទេ ភិក្ខុ​សង្ស័យ ត្រូវអាបត្តិទុក្កដ។ ​មិន​ទាន់ហួសកំណត់​ដែល​​គេ​​បវារណាទេ ភិក្ខុ​សំគាល់​ថា ​មិន​ទាន់ហួសកំណត់បវារណា ​មិន​​មានអាបត្តិ។

[១៧៩] អាបត្តិ​មិន​​មានដល់ភិក្ខុ​ដែល​គេ​បវារណាដោយ​ភេសជ្ជៈ​ទាំងឡាយណា ភិក្ខុ​​សូម​ភេសជ្ជៈ​ទាំងឡាយនោះ​ ដល់ភិក្ខុ​​ដែល​គេ​បវារណាក្នុង​រាត្រី​ទាំងឡាយណា ភិក្ខុ​សូម​ក្នុង​​រាត្រី​​ទាំងឡាយ​នោះ​ ដល់ភិក្ខុ​ដែល​​និយាយ​ប្រាប់គេ​ថា យើង​ទាំងឡាយ គឺអ្នក​បាន​​បវារណា​ហើយ​ ដោយ​ភេសជ្ជៈ​ទាំងឡាយនេះ (ឥឡូវនេះ) យើង​ទាំងឡាយត្រូវការដោយ​ភេសជ្ជៈនេះផង នេះផង ​ហើយ​សូម ដល់ភិក្ខុ​ដែល​និយាយប្រាប់គេ​ថា យើង​ទាំងឡាយ​គឺអ្នកបាន​បវារណា​ហើយ​ក្នុង​​រាត្រី​​ទាំងឡាយណា ឯរាត្រី​​ទាំងឡាយនោះ​​កន្លង​ហួសទៅ​ហើយ​ (ឥឡូវនេះ) យើង​ទាំងឡាយ​ត្រូវការ​ដោយ​ភេសជ្ជៈ ​ហើយ​សូម ដល់ភិក្ខុ​ដែល​សូម​អំពីពួកញាតិ ដល់ភិក្ខុ​ដែល​សូមអំពី​ពួក​ទាយក​ដែល​​គេ​បាន​បវារណា ដល់ភិក្ខុ​ដែល​​សូម​ដើម្បី​ជា​ប្រយោជន៍​ដល់​ភិក្ខុ​ឯទៀត ដល់ភិក្ខុ​​ដែល​​បាន​​មក​ដោយ​​ទ្រព្យ​របស់​ខ្លួន ដល់ភិក្ខុ​ឆ្កួត ដល់ភិក្ខុ​​ដើម​បញ្ញត្តិ។

សិក្ខាបទទី៧ ចប់។

សិក្ខាបទទី៨

[១៨០] សម័យនោះ​ ព្រះពុទ្ធដ៏​មានជោគ កាលគង់នៅ​​វត្តជេតវន របស់​​អនាថបិណ្ឌិក​សេដ្ឋី ទៀបក្រុងសាវត្ថី។ សម័យនោះ​ឯង ព្រះបាទបសេនទិកោសលរាជ ទ្រង់លើក​កង​ទ័ព​ចេញ​ទៅ។ ពួកឆព្វគ្គិយភិក្ខុ​ក៏បាន​​ទៅមើលកងទ័ពដែល​ស្តេចលើក​ចេញទៅ​ហើយ​។ ព្រះបាទ​បសេនទិកោសល​​រាជ បាន​ទតឃើញពួកឆព្វគ្គិយ​ដើរមកពីចម្ងាយ លុះទ្រង់​ឃើញ​ហើយ​ ក៏​មានបន្ទូល​ឲ្យនិមន្ត​មក ​ហើយ​ទ្រង់ត្រាស់សួរ​ដូច្នេះថា បពិត្រលោកម្ចាស់​ដ៏ចំរើន ពួក​លោក​នាំ​គ្នា​មកធ្វើអ្វី។ ពួកឆព្វគ្គិយភិក្ខុ​ឆ្លើយថា ពួកអាត្មា​មាន​ប្រាថ្នា​ដើម្បី​នឹងមើល​មហា​បពិត្រ។ ស្តេច​ក៏ទ្រង់ត្រាស់ថា បពិត្រលោកម្ចាស់​ ការមើលខ្ញុំព្រះករុណា​ជា​អ្នក​ត្រេកអរ​ក្នុង​ការ​ច្បាំង​នឹង​មានប្រយោជន៍អ្វី ពួកលោកត្រូវ​​តែ​រមិលមើល​ព្រះដ៏​មានព្រះភាគទេតើ។  មនុស្ស​​ទាំងឡាយក៏​ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកសមណៈ​ជា​សក្យបុត្រ ​មិន​គួរ​នឹង​មកមើល​កងទ័ព ដែល​ស្តេច​លើកចេញ​ទៅសោះ ពួកយើងឯណាមកក្នុង​កងទ័ព ព្រោះហេតុ​​​តែ​​ការ​ចិញ្ចឹម​ជីវិត និងបុត្រភរិយា យើងនោះ​​ឈ្មោះថា​គ្មានលាភផង ឈ្មោះ​ថាបាន​​របស់​​អាក្រក់ផង។ ភិក្ខុ​​ទាំងឡាយ​បាន​ឮពួកមនុស្សនោះ​​ពោលទោស តិះដៀល បន្តុះបង្អាប់​​ហើយ​។ ភិក្ខុ​​ទាំងឡាយណា​ជា​អ្នក​មាន​សេចក្តី​​ប្រាថ្នាតិច។បេ។ ភិក្ខុ​​​ទាំងឡាយ​នោះ​ក៏​ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកឆព្វគ្គិយ​ភិក្ខុ​​​មិន​គួរ​នឹងនាំ​គ្នា​ទៅមើល​កងទ័ព​ដែល​ស្តេច​លើកចេញ​ទៅសោះ។បេ។ ព្រះដ៏​មានព្រះភាគត្រាស់សួរ​ថា ម្នាលភិក្ខុ​​ទាំងឡាយ ឮថាអ្នក​ទាំងឡាយ នាំ​គ្នា​ទៅមើលកងទ័ព​ដែល​ស្តេចលើកទៅ ​ពិតមែនឬ។ ពួកឆព្វគ្គិយ​ភិក្ខុ​​ទូលថា សូមទ្រង់​មេត្តាប្រោស ពិតមែន។ ព្រះពុទ្ធ​ដ៏​​មានជោគ ទ្រង់​តិះដៀល​​ថា នែ​មោឃបុរស​ទាំងឡាយ អ្នក​ទាំងឡាយ ​មិន​គួរ​នឹងទៅមើល​កងទ័ព​ដែល​ស្តេច​លើកចេញទៅទេ នែ​មោឃបុរស​ទាំងឡាយ អំពើ​​នេះ​​មិន​​នាំ​ឲ្យ​ជ្រះថ្លាដល់​ជន​ទាំង​ឡាយ​ដែល​​​មិន​ទាន់​ជ្រះថ្លា ឬនាំ​ជន​ដែល​​ជ្រះថ្លា​​​ហើយ​ ឲ្យ​រឹង​រឹត​​តែ​ជ្រះ​ថ្លា​ឡើង​ទេ។បេ។ ម្នាលភិក្ខុ​​​ទាំងឡាយ អ្នក​ទាំងឡាយគប្បី​សំដែងឡើង​នូវ​សិក្ខាបទ​​នេះ​យ៉ាងនេះថា ភិក្ខុ​ណាមួយ ទៅដើម្បីមើលកងទ័ពដែល​គេ​លើកចេញ​ទៅ ត្រូវ​អាបត្តិ​​បាចិត្តិយ។ សិក្ខាបទ​នេះ ព្រះដ៏​មានព្រះភាគ​ទ្រង់បញ្ញត្ត​ហើយ​ដល់ភិក្ខុ​​ទាំងឡាយ​យ៉ាងនេះ។

[១៨១] សម័យនោះ​ឯង ឪពុកធំ​របស់​ភិក្ខុ​មួយរូប​មានជម្ងឺ​ក្នុង​កងទ័ព។ អ្នកនោះ​ក៏​បញ្ជូន​ទូត​ទៅកាន់សំណាក់​ភិក្ខុ​នោះ​ថា ខ្ញុំ​ព្រះករុណា​​មានជម្ងឺក្នុង​កងទ័ព សូមលោកម្ចាស់​​និមន្ត​មក ខ្ញុំ​ព្រះករុណាចង់ឲ្យ​លោកម្ចាស់​​និមន្ត​មកណាស់។ លំដាប់នោះ​ ភិក្ខុ​នោះ​​​មាន​សេចក្តី​​ត្រិះរិះ​ដូច្នេះ​ថា ព្រះដ៏​មានព្រះភាគទ្រង់​បញ្ញត្តសិក្ខាបទ​ដល់ភិក្ខុ​​​ទាំងឡាយ​ថា ភិក្ខុ​​មិន​​ត្រូវ​ទៅមើល​កងទ័ព​ដែល​​គេ​​លើក​ចេញទៅទេ ​តែ​ឥឡូវ​ឪពុក​ធំអញ​នេះ​មានជម្ងឺ​នៅ​ក្នុង​កង​ទ័ព អញ​ត្រូវប្រតិបត្តិ​ដូចម្តេច​ហ្ន៎។ ទើបភិក្ខុ​​​ទាំងឡាយ​ក្រាបទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះដ៏​មានព្រះភាគ​ម្ចាស់​។ ព្រោះ​និទាននេះ ដំណើរនេះ ព្រះដ៏​មានព្រះភាគជា​​ម្ចាស់​ទ្រង់​ធ្វើ​ធម្មីកថា​ ត្រាស់ហៅភិក្ខុ​​​ទាំងឡាយ​មកក្នុង​​ពេល​នោះ​ថា ម្នាលភិក្ខុ​​ទាំងឡាយ តថាគត​អនុញ្ញាតដើម្បីឲ្យ​ទៅកាន់កងទ័ពបាន​ ព្រោះ​ហេតុ​​​មាន​សភាព​យ៉ាង​នោះ​ ម្នាលភិក្ខុ​​ទាំង​ឡាយ អ្នក​ទាំងឡាយគប្បីសំដែង​ឡើង​នូវសិក្ខាបទ​នេះ​យ៉ាង​នេះថា ភិក្ខុ​ណាមួយទៅ​ដើម្បី​​មើលកងទ័ព​ដែល​គេ​លើក​ចេញទៅ ត្រូវអាបត្តិ​បាចិត្តិយ វៀរ​លែង​​តែ​​​មានហេតុ​​​មាន​សភាពយ៉ាងនោះ​។

[១៨២] ត្រង់ពាក្យថា ភិក្ខុ​ណាមួយ ​មាន​សេចក្តី​​ដូច​គ្នា​​ក្នុង​សិក្ខាបទ​ទី១​នៃ​​បារាជិកកណ្ឌ​រួច​ហើយ​។ ដែល​ហៅថា កងទ័ព​ដែល​គេ​​លើក​ចេញទៅ គឺកងទ័ពលើកចេញពីស្រុក​ ទៅតាំង​សំចត​នៅ​ក្តី ចេញទៅ​ហើយ​​ ចេះ​តែ​ដើរ​ទៅទៀតក្តី។ ដែល​ហៅថា កងទ័ព គឺពលដំរី ពលសេះ ពលរថ ពលថ្មើរជើង។ ពលដំរី (មួយៗ) ​មានបុរស១២នាក់។ ពលសេះ (មួយៗ)​​មានបុរស​បីនាក់។ ពលរថ (មួយៗ)​​មានបុរសបួននាក់។ ពលថ្មើរជើង(មួយៗ)​​មានបុរស​បួននាក់​កាន់​ធ្នូសរ។ ភិក្ខុ​ដើរ​ទៅដើម្បីមើល ត្រូវអាបត្តិទុក្កដ។ ភិក្ខុ​ឈរមើល (កងទ័ពនោះ​) នៅ​ទីណា ភិក្ខុ​នោះ​ត្រូវអាបត្តិ​បាចិត្តិយ (ក្នុង​ទីនោះ​)។ ភិក្ខុ​លះបង់ឧបចារសម្រាប់​​មើល​ឃើញ ​ហើយ​មើល​រឿយៗ ត្រូវអាបត្តិ​បាចិត្តិយ។ ពាក្យថា វៀរលែង​តែ​​មាន​ហេតុ​​មាន​សភាព​​យ៉ាងនោះ​ គឺលើក​លែងនូវ​ហេតុ​​​មាន​សភាព​យ៉ាងហ្នឹង។

[១៨៣] កងទ័ពលើកចេញទៅ​ហើយ​ ភិក្ខុ​សំគាល់​ថា កងទ័ពលើកចេញទៅមែន ​ហើយ​​ដើរ​ទៅដើម្បីមើល ត្រូវអាបត្តិបាចិត្តិយ វៀរលែង​​តែ​​មានហេតុ​​​មានសភាពយ៉ាងនោះ​។ កងទ័ព​លើក​ចេញទៅ​ហើយ​ ភិក្ខុ​​​មាន​សេចក្តី​សង្ស័យ ​ហើយ​​នៅ​​តែ​ដើរ​ទៅដើម្បីមើល ត្រូវ​អាបត្តិបាចិត្តិយ វៀរលែង​​តែ​​មានហេតុ​​​មានសភាពយ៉ាងនោះ​។ កងទ័ព​លើក​ចេញទៅ​ហើយ​ ភិក្ខុ​​សំគាល់​ថា កងទ័ព​មិន​ទាន់លើកចេញទៅទេ ​ហើយ​​ដើរ​ទៅដើម្បីមើល ត្រូវ​អាបត្តិបាចិត្តិយ វៀរលែង​​តែ​​មានហេតុ​​​មានសភាពយ៉ាងនោះ​។ ភិក្ខុ​​ដើរទៅដើម្បី​មើល​កងទ័ព​​មួយៗ (ក្នុង​​កងទ័ព​ទាំង៤) ត្រូវអាបត្តិ​ទុក្កដ។ ភិក្ខុ​ឈរមើលកងទ័ព​នៅ​ទីណា ត្រូវ​អាបត្តិទុក្កដនៅ​ (ទីនោះ​)។ ភិក្ខុ​លះបង់​នូវឧបចារ​សម្រាប់​​មើលឃើញ ​ហើយ​មើលរឿយៗ ត្រូវអាបត្តិទុក្កដ។ កងទ័ព​មិន​ទាន់លើកចេញទៅទេ ភិក្ខុ​សំគាល់​ថា លើកចេញទៅ​ហើយ​ ត្រូវអាបត្តិទុក្កដ។ កងទ័ព​មិន​ទាន់លើកចេញទៅទេ ភិក្ខុ​​មាន​សេចក្តី​សង្ស័យ ត្រូវអាបត្តិ​ទុក្កដ។ កងទ័ព​មិន​ទាន់លើកចេញទៅទេ ភិក្ខុ​សំគាល់​ថា ​មិន​ទាន់លើកចេញទៅមែន ​មិន​ត្រូវអាបត្តិ។

[១៨៤] អាបត្តិ​មិន​​មានដល់ភិក្ខុ​ដែល​ឈរនៅ​ក្នុង​អារាម ​ហើយ​មើលឃើញ ដល់ភិក្ខុ​​ដែល​​កងទ័ពនោះ​​លើកមកកាន់ទី​ដែល​​ភិក្ខុ​​ឈរនៅ​ (ក្តី) អង្គុយ​នៅ​(ក្តី) ដេកនៅ​ (ក្តី) ដល់​ភិក្ខុ​ដែល​​ដើរ​ទៅ​ជួបផ្លូវ​​គ្នា​បាន​ឃើញកងទ័ព ដល់ភិក្ខុ​ដែល​​មានហេតុ​​​មានសភាព​យ៉ាងនោះ​ ដល់​ភិក្ខុ​ដែល​​​មាន​​សេចក្តី​​អន្តរាយ​កើតឡើង [បើ​មាន​សេចក្តី​អន្តរាយដល់​ជីវិត ដល់​ព្រហ្មចរិយធម៌ ភិក្ខុ​គិតថា អញ​ទៅ​ក្នុង​កងទ័ព​នឹងបាន​រួច​សេចក្តី​​អន្តរាយ ​ហើយ​ដើរចូរ​ទៅ​ក្នុង​កងទ័ព ​មិន​ត្រូវអាបត្តិ។] ដល់ភិក្ខុ​ឆ្កួត ដល់ភិក្ខុ​​ដើម​បញ្ញត្តិ។

សិក្ខាបទទី៨ ចប់។

សិក្ខាបទទី៩

[១៨៥] សម័យនោះ​ ព្រះពុទ្ធដ៏​មានព្រះភាគ កាលគង់នៅ​​ក្នុង​ជេតវន របស់​​អនាថបិណ្ឌិក​សេដ្ឋី ទៀបក្រុងសាវត្ថី។ សម័យនោះ​ឯង ពួកឆព្វគ្គិយ​ភិក្ខុ​​​មានកិច្ចធុរៈ ក៏នាំ​គ្នា​ទៅកាន់​កងទ័ព ​ហើយ​ឈប់​នៅ​ក្នុង​កងទ័ព​ច្រើនជា​ង​បីរាត្រីឡើងទៅ។ មនុស្ស​​ទាំងឡាយក៏​ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកសមណៈ​សក្យបុត្រ ​មិន​គួរ​នឹងនៅ​ក្នុង​​កងទ័ពទេ ពួកយើងឯណា​មកអាស្រ័យ​នៅ​​​ក្នុង​​កងទ័ព ក៏ព្រោះ​​តែ​​ការ​ចិញ្ចឹម​ជីវិតខ្លួន និងបុត្រភរិយា យើងទាំងនោះ​​ឈ្មោះថា​គ្មានលាភផង ឈ្មោះ​ថាបាន​​របស់​​អាក្រក់ផង។ ពួកភិក្ខុ​​បាន​ឮពួកមនុស្ស​នោះ​ពោលទោស តិះដៀល បន្តុះបង្អាប់​ដូច្នោះ​ហើយ​។ ពួកភិក្ខុ​ណា​ជា​អ្នក​មាន​សេចក្តី​​ប្រាថ្នាតិច។បេ។ ពួកភិក្ខុ​​នោះ​ក៏​ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួក​ឆព្វគ្គិយ​ភិក្ខុ​​​មិន​គួរ​នឹងនៅ​ក្នុង​កងទ័ព​ឲ្យ​ច្រើន​ជា​ង​បីរាត្រីទៅសោះ។បេ។ ព្រះដ៏​មានព្រះ​ភាគ​ត្រាស់សួរ​ថា ម្នាលភិក្ខុ​​ទាំងឡាយ ឮថាពួកអ្នកឯង​ទៅនៅ​ក្នុង​កងទ័ព​ឲ្យច្រើនជា​ង​បីរាត្រីទៅ ពិតមែនឬ។ ពួកឆព្វគ្គិយ​ភិក្ខុ​ក្រាប​ទូលថា សូមទ្រង់មេត្តាប្រោស ពិតមែន។ ព្រះពុទ្ធ​ដ៏​​មានជោគ ទ្រង់តិះដៀល​ថា ម្នាលមោឃបុរស​ទាំង​ឡាយ ពួកអ្នកឯង​មិន​គួរ​នឹងនៅ​ក្នុង​​កងទ័ពឲ្យច្រើនជា​ងបីរាត្រីទៅទេ ម្នាលមោឃបុរស​ទាំងឡាយ អំពើ​​នេះ​​មិន​​នាំ​ឲ្យ​ជ្រះថ្លាដល់​ពួកជន​ដែល​​​មិន​ទាន់​ជ្រះថ្លា ឬនាំ​ពួក​​ជន​ដែល​​ជ្រះថ្លា​​​ហើយ​ ឲ្យ​រឹង​រឹត​​តែ​ជ្រះ​ថ្លា​ឡើងក៏​ទេ។បេ។ ម្នាលភិក្ខុ​​​ទាំងឡាយ អ្នក​ទាំងឡាយគប្បី​សំដែងឡើង​នូវ​សិក្ខាបទ​​នេះ​យ៉ាងនេះថា (បើ) ភិក្ខុ​នោះ​​មានហេតុ​អ្វីៗ គួរ​នឹងទៅកាន់កងទ័ពនោះ​ ភិក្ខុ​នោះ​​ត្រូវនៅ​​ក្នុង​កងទ័ព​បាន​ត្រឹម​ពីរបីរាត្រី។ បើនៅ​ឲ្យហួសពីកំណត់​នោះ​ទៅ ត្រូវអាបត្តិ​បាចិត្តិយ។

[១៨៦] ត្រង់ពាក្យថា (បើ) ភិក្ខុ​នោះ​​មានហេតុ​អ្វីៗ​គួរនឹងទៅកាន់កងទ័ព​ គឺថា ភិក្ខុ​​​មានហេតុ​ ​មានកិច្ចធុរៈ (ដែល​​គួរ​ខាន​មិន​បាន​)។ ពាក្យថា ភិក្ខុ​នោះ​គប្បី​នៅ​ក្នុង​​កងទ័ព​បាន​​ត្រឹម​ពីរ​បីរាត្រី គឺភិក្ខុ​ត្រូវ​នៅ​បាន​​ត្រឹម​ពីរបីយប់។ ពាក្យថា បើនៅ​ឲ្យហួស​ពីកំណត់​នោះ​ទៅ ​សេចក្តី​ថា កាលព្រះអាទិត្យ អស្តង្គតក្នុង​ថ្ងៃជា​គំរប់៤ ភិក្ខុ​​ចេះ​តែ​​នៅ​ក្នុង​កងទ័ព​នោះ​ ត្រូវអាបត្តិបាចិត្តិយ។

[១៨៧] កាលហួសកំណត់​បីរាត្រី​ហើយ​ ភិក្ខុ​សំគាល់​ថាហួសមែន ​ហើយ​​ចេះ​តែ​​នៅ​ក្នុង​​កង​ទ័ព ត្រូវអាបត្តិបាចិត្តិយ។ កាលហួសកំណត់​បីរាត្រី​​ហើយ​ ភិក្ខុ​​មាន​​សេចក្តី​​សង្ស័យ ​ហើយ​ចេះ​តែ​​នៅ​ក្នុង​​កងទ័ព ត្រូវអាបត្តិបាចិត្តិយ។ កាលហួសកំណត់​បីរាត្រី​​ហើយ​ ភិក្ខុ​សំគាល់​ថានៅ​ខ្វះ ​ហើយ​​ប្រឹង​​តែ​នៅ​ក្នុង​កងទ័ព ត្រូវអាបត្តិ​បាចិត្តិយ។ កាល​មិន​ទាន់​ដល់​បីរាត្រី ភិក្ខុ​សំគាល់​​ថាហួស​ហើយ​ ត្រូវ​អាបត្តិ​ទុក្កដ។ កាល​មិន​ទាន់ដល់​បីរាត្រីទេ ភិក្ខុ​​​មាន​សេចក្តី​​សង្ស័យ ត្រូវអាបត្តិទុក្កដ។ កាល​​មិន​ទាន់​ដល់​បីរាត្រីទេ ភិក្ខុ​ក៏​សំគាល់​​ថា​​មិន​ទាន់​ដល់​ ​មិន​ត្រូវ​អាបត្តិ។

[១៨៨] អាបត្តិ​មិន​​មានដល់ភិក្ខុ​ដែល​នៅ​​ត្រឹមពីរបីរាត្រី ដល់​ភិក្ខុ​​ដែល​​នៅ​​មិន​ទាន់​ដល់​ពីរបី​រាត្រី ដល់ភិក្ខុ​ដែល​​នៅ​ត្រឹម​ពីររាត្រី​ហើយ​ ក្នុង​រាត្រី​ជា​គំរប់បី បាន​ចេញ​ទៅមុន​អរុណរះ ​ហើយ​​ត្រឡប់​ទៅនៅ​វិញ​ទៀត ដល់ភិក្ខុ​ដែល​​​មានជម្ងឺនៅ​ (ក្នុង​កងទ័ព) ដល់​ភិក្ខុ​ដែល​នៅ​ដោយ​​កិច្ច​របស់​​ភិក្ខុ​​មានជម្ងឺ ដល់ភិក្ខុ​​ដែល​​នៅ​​ក្នុង​កងទ័ព ​ហើយ​​មាន​កងទ័ព​ជា​សត្រូវ​មក​ចោម​ព័ទ្ធ​កង​ទ័ព (នោះ​​ឯង) ដល់ភិក្ខុ​ដែល​​ជា​ប់ជំពាក់ (ដោយ​​បុគ្គល​​មានពៀរ ឬឥស្សរជន) ណាមួយ ដល់ភិក្ខុ​ដែល​​​មាន​​សេចក្តី​​អន្តរាយ ដល់ភិក្ខុ​ឆ្កួត ដល់ភិក្ខុ​​ដើម​បញ្ញត្តិ។

សិក្ខាបទទី៩ ចប់។

សិក្ខាបទទី១០

[១៨៩] សម័យនោះ​ ព្រះពុទ្ធដ៏​មានជោគ កាលគង់នៅ​​វត្តជេតវន របស់​​អនាថបិណ្ឌិក​សេដ្ឋី ទៀបក្រុងសាវត្ថី។ សម័យនោះ​ឯង ពួកឆព្វគ្គិយ​ភិក្ខុ​ កាលនៅ​ក្នុង​កងទ័ពអស់ពីរបីរាត្រី បាន​​​នាំ​គ្នា​ទៅកាន់​ទីដែល​គេ​ច្បាំង​​គ្នា​ខ្លះ ទីគេ​ត្រួត​ពលខ្លះ ទីតាំង​នៅ​​នៃ​​កងទ័ព​ខ្លះ ទី​សម្រាប់​​​​មើល​គេ​​ចាត់​ក្បួន​ទ័ព​ខ្លះ។ ​មានឆព្វគ្គិយ​ភិក្ខុ​មួយរូប ទៅកាន់​ទីដែល​​គេ​ច្បាំង ហើយ​​ភិក្ខុ​​នោះ​​ត្រូវ​សរ។ មនុស្ស​​ទាំងឡាយក៏ឡកឡឺយឲ្យ​ភិក្ខុ​​នោះ​ថា លោកម្ចាស់​ លោក​ច្បាំង​ស្រួលឬទេ លោក​បាន​​ខ្នាច់​ប៉ុន្មាន​ហើយ​។ កាលមនុស្ស​​ទាំងឡាយ​នោះ​ចំអក​ចំអន់​ឲ្យ ភិក្ខុ​នោះ​ក៏អៀនអន់។ មនុស្ស​​ទាំងឡាយ​ក៏ពោលទោស តិះដៀល បន្តុះបង្អាប់​ថា ពួក​សមណៈ​ជា​សក្យបុត្រ​​មិន​គួរ​នឹង​នាំ​​គ្នា​​មក​មើល​ចម្បាំងសោះ ឯពួក​យើងមកកាន់​ចម្បាំង​ក៏ព្រោះ​​តែ​ការចិញ្ចឹមជីវិត​ និងបុត្រភរិយា អំពើ​​នេះ​​មិន​មែន​ជា​លាភ​របស់​យើងទេ គឺ​ទ្រព្យ​ដែល​​ពួកយើងបាន​មក ឈ្មោះថា​បាន​​ហើយ​​ដោយ​​អាក្រក់​ទេតើ។ ភិក្ខុ​​ទាំងឡាយ​បាន​ឮ​ពួកមនុស្ស​ទាំងនោះ​​ពោលទោស តិះដៀល បន្តុះបង្អាប់​ហើយ​។ ពួក​ភិក្ខុ​ណា​ជា​អ្នក​មាន​សេចក្តី​ប្រាថ្នាតិច។បេ។ ពួកភិក្ខុ​ទាំង​នោះ​ក៏​ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួក​ឆព្វគ្គិយ​ភិក្ខុ​​​មិន​គួរ​នឹងទៅមើលចម្បាំងសោះ។បេ។ ព្រះអង្គទ្រង់ត្រាស់សួរ​ថា ម្នាល​ភិក្ខុ​​ទាំង​ឡាយ ឮថាអ្នក​ទាំងឡាយ​ទៅមើលចម្បាំង ពិតមែនឬ។ ពួក​ភិក្ខុ​ទាំងនោះ​ក្រាប​ទូលថា សូមទ្រង់មេត្តាប្រោស ពិតមែន។ ព្រះពុទ្ធ​ដ៏​​មានព្រះភាគ ទ្រង់បន្ទោស​ថា ម្នាល​មោឃបុរស​​ទាំង​ឡាយ អ្នករាល់​គ្នា​​មិន​គួរ​នឹងទៅមើលចម្បាំងទេ ម្នាលមោឃបុរស​ទាំង​ឡាយ អំពើ​​នេះ​​មិន​​នាំ​ឲ្យ​ជ្រះថ្លាដល់​ជន​ទាំងឡាយ​ដែល​​​មិន​ទាន់​ជ្រះថ្លា ឬនាំ​ជន​ដែល​​ជ្រះថ្លា​​​​ហើយ​ ឲ្យ​រឹង​រឹត​​តែ​ជ្រះ​ថ្លា​ឡើង​ទេ។បេ។ ម្នាលភិក្ខុ​​​ទាំងឡាយ អ្នក​ទាំងឡាយគប្បី​សំដែង​ឡើង​នូវ​សិក្ខាបទ​​នេះ​យ៉ាងនេះថា កាលបើភិក្ខុ​នៅ​ក្នុង​កងទ័ព កំណត់​ពីរបីរាត្រី​ហើយ​ ទៅកាន់​ទីដែល​គេ​​ច្បាំង​គ្នា​ក្តី ទីដែល​គេ​ត្រួត​ពល​ក្តី ទីតាំង​នៅ​​នៃ​កងទ័ព​ក្តី ទី​សម្រាប់​​​គេ​ចាត់ក្បួន​ទ័ព​ក្តី ត្រូវអាបត្តិ​បាចិត្តិយ។

[១៩០] ត្រង់ពាក្យថា បើភិក្ខុ​នៅ​ក្នុង​កងទ័ពកំណត់​ពីរបីរាត្រី​ហើយ​ ​សេចក្តី​ថា ភិក្ខុ​នៅ​ក្នុង​​កងទ័ព​បាន​ត្រឹម​ពីរបីយប់។ ដែល​ហៅថា ទីដែល​គេ​ច្បាំង​​គ្នា​នោះ​ គឺទីដែល​​គេ​ប្រហារ​​គ្នា​។ ដែល​​ហៅថា ទីដែល​​គេ​ត្រួត​ពលនោះ​ គឺទីដែល​គេ​រាប់ពលថា ពលដំរី​មានប៉ុណ្ណេះ ពលសេះ​​មាន​ប៉ុណ្ណេះ ពលរថ​​មានប៉ុណ្ណេះ ពលថ្មើរជើង​​មានប៉ុណ្ណេះ។ ដែល​ហៅថា ទីតាំងនៅ​​នៃ​កងទ័ព​នោះ​ គឺ​ពល​ដំរីនៅ​ត្រង់​កន្លែង​នេះ ពលសេះនៅ​ត្រង់កន្លែងនេះ ពលរថនៅ​ត្រង់កន្លែងនេះ ពលថ្មើរ​ជើងនៅ​ត្រង់កន្លែងនេះ។ ដែល​ហៅថា ក្បួនទ័ពនោះ​ គឺពួកសេនាដំរី១ ពួកសេនាសេះ១ ពួក​សេនារថ១ ពួកសេនាថ្មើរជើង១។ ដំរីបី ហៅថា សេនាដំរីយ៉ាងតិចបំផុត។ សេះបី ហៅថា ពួកសេនាសេះ​យ៉ាងតិចបំផុត។ រថបី ហៅថា ពួកសេនារថយ៉ាងតិចបំផុត។ បុរស​បួន​នាក់​កាន់​សរគ្រប់ដៃ ហៅថា ពួកសេនាថ្មើរ​ជើង​យ៉ាងតិចបំផុត។

[១៩១] ភិក្ខុ​ទៅដើម្បីមើល ត្រូវអាបត្តិទុក្កដ។ ភិក្ខុ​ឈរមើលឃើញក្នុង​ទីណា ត្រូវ​អាបត្តិ​បាចិត្តិយ។ ភិក្ខុ​លះបង់​ឧបចារ​​នៃ​ទីមើល ​ហើយ​ក៏នៅ​មើលឃើញរឿយៗ ត្រូវអាបត្តិ​បាចិត្តិយ។ ភិក្ខុ​ទៅដើម្បី​មើលកងទ័ព​មួយៗ ត្រូវអាបត្តិទុក្កដ។ ភិក្ខុ​ឈរមើលឃើញ​ក្នុង​ទីណា ត្រូវអាបត្តិ​ទុក្កដ។ ភិក្ខុ​លះបង់​ឧបចារ​​នៃ​ទីមើល​​ហើយ​ ក៏នៅ​មើលឃើញ​រឿយៗ ត្រូវអាបត្តិទុក្កដ។

[១៩២] អាបត្តិ​មិន​​មានដល់ភិក្ខុ​ដែល​ឈរមើល​នៅ​ក្នុង​អារាម ដល់ភិក្ខុ​ដែល​​ឃើញ​ចម្បាំង​ជា​ដើម​ដែល​គេ​មកកាន់ទីដែល​ខ្លួនឈរក្តី អង្គុយ​ក្តី ដេកក្តី ដល់ភិក្ខុ​ដែល​ដើរ​ទៅប្រទះ​ឃើញ​តាម​ផ្លូវ ដល់ភិក្ខុ​​ដែល​​មាន​កិច្ច (ត្រូវទៅ) ​ហើយ​ប្រទះឃើញ ដល់ភិក្ខុ​ដែល​​​មាន​​សេចក្តី​​អន្តរាយ ដល់​ភិក្ខុ​ឆ្កួត ដល់ភិក្ខុ​​ដើម​បញ្ញត្តិ។

សិក្ខាបទទី១០ ចប់។

អចេលកវគ្គ ជា​គំរប់៥ ចប់។

ឧទ្ទាន​នៃ​អចេលកវគ្គនោះ​​មាន១០ សិក្ខាបទគឺ

បូវសិក្ខាបទ ១ កថាសិក្ខាបទ ១ ឧបនន្ទ ៣ សិក្ខាបទ ឧបដ្ឋាកសិក្ខាបទ ១ មហានាមសិក្ខាបទ ១ បសេនទិសិក្ខាបទ ១ សេនាសិក្ខាបទ ១ វិទ្ធសិក្ខាបទ ១។

សុរាបាន​វគ្គ សិក្ខាបទទី១

[១៩៣] សម័យនោះ​ ព្រះពុទ្ធដ៏​មានព្រះភាគ កាលទ្រង់ពុទ្ធដំណើរ​ទៅកាន់​ចារិក ក្នុង​​ចេតិយ​ជនបទ ​ហើយ​យាងទៅកាន់​ស្រុក​ភទ្ទវតិកា។ ពួកអ្នកឃ្វាលគោ ពួកអ្នកឃ្វាល​បសុសត្វ (សត្វ​សម្រាប់​​ចិញ្ចឹមជា​អាហារ) ពួកអ្នកស្រែ ពួកអ្នកដើរផ្លូវ បាន​ឃើញ​ព្រះដ៏​មានព្រះភាគ​យាង​មក​អំពីចម្ងាយ លុះឃើញ​ហើយ​ ក៏នាំ​គ្នា​ក្រាបទូល​ព្រះដ៏​មានព្រះភាគ​ដូច្នេះថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន សូមព្រះដ៏​មានព្រះភាគកុំយាងទៅ​កាន់កំពង់​ឈ្មោះ​អម្ពៈ​ឡើយ បពិត្រព្រះអង្គ​ដ៏ចំរើន នាគ​​មានរិទ្ធិ​ជា​សត្វ​អាសិរ្ពិស ​មានពិស​ដ៏ក្លៀវក្លា​អាស្រ័យ​នៅ​​ក្នុង​​អាស្រម​របស់​​ជដិល​ ទៀប​កំពង់​ឈ្មោះ​អម្ពៈ កុំឲ្យនាគ​នោះ​បៀតបៀន​ព្រះដ៏​មាន​ព្រះភាគ​​បាន​ឡើយ។ កាលពួក​ជន​ទាំងនោះ​​ក្រាបទូល​យ៉ាងនេះ​ហើយ​ ព្រះទ្រង់​ជោគ​ជា​ម្ចាស់​​ក៏ស្ងៀម។ ពួក​អ្នកឃ្វាល​គោ អ្នក​ឃ្វាល​បសុសត្វ អ្នកស្រែ អ្នកដើរផ្លូវ បាន​ក្រាបទូល​​សេចក្តី​នុ៎ះ​ចំពោះព្រះដ៏​មានព្រះភាគ​ជា​គំរប់​ពីរដងផង។បេ។ បីដងផងថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន ព្រះអង្គកុំយាងទៅ​កាន់កំពង់​អម្ពៈ​ឡើយ បពិត្រព្រះអង្គ​ដ៏ចំរើន (ព្រោះ​មាន) នាគ​​មានរិទ្ធិ​ជា​សត្វ​អាសិរ្ពិស ​មានពិស​ដ៏ក្លៀវក្លា​អាស្រ័យ​នៅ​​ក្នុង​​អាស្រម​របស់​​ជដិល​ ទៀប​កំពង់​អម្ពៈ កុំឲ្យនាគ​នោះ​បៀតបៀន​ព្រះដ៏​មាន​ព្រះភាគ​​បាន​ឡើយ។ ព្រះដ៏​មានព្រះភាគ​ក៏ទ្រង់​ស្ងៀម ជា​គំរប់​បីដង។ លំដាប់នោះ​ ព្រះដ៏​​មាន​ព្រះភាគ​ទ្រង់ពុទ្ធ​ដំណើរ​ទៅកាន់​ចារិក​ដោយ​លំដាប់ ក៏បាន​យាង​ទៅដល់​ស្រុក​ភទ្ទវតិកា។ ​មាន​ដំណឹង​ល្បីទៅថា ព្រះដ៏​មានព្រះភាគគង់​នៅ​ក្នុង​ស្រុកភទ្ទវតិកានោះ​។ គ្រានោះ​ឯង ព្រះសាគតៈដ៏​​មានអាយុ​បាន​ចូល​ទៅ​កាន់អាស្រម​របស់​ជដិល​ ទៀបកំពង់អម្ពៈ លុះចូល​ទៅដល់​ហើយ​ ក៏​ដើរ​ចូល​​ទៅក្នុង​រោងភ្លើង ក្រាលកម្រាលស្មៅ ​ហើយ​ក៏​អង្គុយ​​ពែន​ភ្នែន តាំងកាយដ៏​ត្រង់ ដម្កល់​សតិ​ផ្ចិត​ផ្ចង់។ ឯនាគនោះ​​បាន​ឃើញព្រះសាគតៈដ៏​មានអាយុ​ចូល​មក​ហើយ​ លុះឃើញ​​ហើយ​ ក៏កើត​ទុក្ខទោមនស្ស​ បង្ហុយផ្សែង (ពិស​ចំពោះសាគតត្ថេរ)។ ចំណែកខាងព្រះសាគតៈដ៏​មានអាយុ ក៏បង្ហុយ​ផ្សែងតបទៅវិញ។ លំដាប់នោះ​ នាគ​នោះ​​ខំអត់ទ្រាំ​នូវ​សេចក្តី​​រំលុបលើ (នោះ​) ​មិន​បាន​ ក៏​បណ្តាល​ឲ្យ​កើតភ្លើងឡើង។ ឯព្រះសាគតៈ​ដ៏​មានអាយុ​ ក៏បាន​​ចូល​តេជោធាតុ ​ហើយ​បណ្តាល​ភ្លើង​តបទៅវិញ។ គ្រានោះ​ឯង ព្រះសាគតៈ​ដ៏​មានអាយុ ក៏បាន​​គ្រប​សង្កត់​តេជះ​របស់​នាគនោះ​ ដោយ​​តេជះ​ (របស់​លោក) ​ហើយ​ក៏ចូល​ទៅកាន់ស្រុក​ភទ្ទវតិកា។ កាលដែល​​ព្រះដ៏​មានព្រះភាគ គង់នៅ​ក្នុង​ស្រុក​ភទ្ទវតិកាតាមសមគួរដល់​ពុទ្ធ​អធ្យាស្រ័យ​ហើយ​ ក៏ទ្រង់​ពុទ្ធ​ដំណើរ​ទៅ​កាន់​ចារិក​ឯ​ក្រុង​កោសម្ពី។ ពួកឧបាសកនៅ​ក្នុង​ក្រុង​កោសម្ពីបាន​ឮ​គេ​និយាយថា លោកម្ចាស់​​សាគតៈ​ បាន​​ច្បាំង​គ្នា​នឹងនាគឈ្មោះ​អម្ពតិត្ថកៈ។ លំដាប់នោះ​ ព្រះដ៏​មានព្រះភាគ​ទ្រង់​ពុទ្ធ​ដំណើរ​ទៅ​កាន់​ចារិក​ដោយ​​លំដាប់ ​ហើយ​ទ្រង់សំដៅទៅ​ឯក្រុង​កោសម្ពីនោះ​។ គ្រានោះ​ឯង ពួកឧបាសកនៅ​​ក្នុង​​ក្រុង​កោសម្ពី​នាំ​គ្នា​​ទៅទទួលព្រះដ៏​មានព្រះភាគ ​ហើយ​ក៏ចូល​​ទៅរក​ព្រះសាគតៈ​ដ៏​មានអាយុ លុះចូល​​ទៅ​​ហើយ​ ក៏ថ្វាយបង្គំ​ព្រះសាគតៈ​ដ៏​មានអាយុ ​ហើយ​ក៏ឋិតនៅ​​ក្នុង​ទីដ៏សមគួរ។ ពួក​ឧបាសក​នៅ​​ក្នុង​​ក្រុងកោសម្ពី លុះឋិត​នៅ​ក្នុង​ទីដ៏សមគួរ​ហើយ​ ទើប​និយាយ​ពាក្យនេះនឹង​ព្រះសាគតៈដ៏​​មានអាយុ​ថា បពិត្រលោកម្ចាស់​ដ៏​ចំរើន វត្ថុអ្វីដែល​​លោកម្ចាស់​​បាន​ដោយ​​កម្រ​ផង ជា​ទី​គាប់​​ចិត្ត​ផង ពួកយើងខ្ញុំ​នឹងតាក់​តែ​ង​វត្ថុអ្វីប្រគេ​ន។ លុះឧបាសកទាំងនោះ​​បាន​ពោល​ពាក្យយ៉ាងនេះ​​ហើយ​ ពួកឆព្វគ្គិយ​ភិក្ខុ​ បាន​និយាយ​ពាក្យនេះ​នឹង​ពួក​ឧបាសក​ដែល​នៅ​ក្រុង​កោសម្ពីថា ម្នាល​អ្នក​​ទាំងឡាយ សុរាថ្លាឈ្មោះកាបោតិកា (​មានពណ៌​ក្រហម​​ដូចជើង​ព្រាប) ដែល​​ភិក្ខុ​​​ទាំងឡាយ​រក​បាន​​ដោយ​​កម្រផង ជា​ទីគាប់​ចិត្តរបស់​​ពួក​ភិក្ខុ​ផង ពួកអ្នក​ឯង​ចូរ​តាក់​តែ​ង​វត្ថុ​នោះ​ប្រគេ​ន​លោក​ចុះ។ លំដាប់នោះ​ឯង ពួកឧបាសក​នៅ​​ក្រុង​កោសម្ពី​ នាំ​គ្នា​តាក់​តែ​ង​សុរាថ្លា​ ឈ្មោះ ​កាបោតិកា​ គ្រប់​ៗ​ផ្ទះ បាន​ឃើញ​ព្រះសាគតៈ​​​ដ៏​មានអាយុ​កំពុង​ដើរ​ទៅបិណ្ឌបាត ​ហើយ​បាន​និយាយ​ពាក្យនេះ​នឹង​ព្រះ​សាគតៈដ៏​មានអាយុថា បពិត្រ​លោក​ដ៏ចំរើន សូមលោកម្ចាស់​​សាគតៈ​និមន្ត​ឆាន់​សុរាថ្លា​ឈ្មោះ​កាបោតិកាចុះ បពិត្រលោកដ៏ចំរើន សូមលោកម្ចាស់​សាគតៈ​និមន្តឆាន់​សុរាថ្លា​ឈ្មោះ​កាបោតិកាចុះ។ លំដាប់នោះ​ ព្រះសាគតៈ​ដ៏​មានអាយុ លុះបាន​ឆាន់សុរាថ្លា​ឈ្មោះ​កាបោតិកា​គ្រប់ៗ​ផ្ទះ​ហើយ​ចេញចាកនគរទៅ ក៏ដួលដេកទៀបទ្វារនគរ។ គ្រានោះ​ ព្រះដ៏​មានព្រះភាគ កាលចេញចាក​នគរ​ជា​មួយនឹង​ពួក​ភិក្ខុ​​ជា​ច្រើនអង្គ បាន​ទតឃើញ​ព្រះសាគតៈ​​ដ៏​មានអាយុ​ដួល​ដេក​នៅ​ទៀប​ទ្វារនគរ លុះទ្រង់ឃើញ​ហើយ​ក៏​ត្រាស់បង្គាប់​ពួក​ភិក្ខុ​ថា ម្នាលភិក្ខុ​​ទាំងឡាយ ពួក​អ្នក​ឯងចូរ​គ្រាហ៍​សាគតភិក្ខុ​ឡើង។ ភិក្ខុ​ទាំងនោះ​​ក៏ទទួល​ព្រះពុទ្ធដីកា​របស់​ព្រះ​ដ៏​មានព្រះភាគ​ដោយ​​ពាក្យថា បពិត្រ​ព្រះអង្គដ៏ចំរើន យ៉ាង​ហ្នឹង​ហើយ​ៗ ក៏គ្រាហ៍​ព្រះសាគតៈ​ដ៏​មានអាយុ​ទៅ​កាន់​អារាម ​ហើយ​ផ្តេក​បែរក្បាល​ទៅ​រកព្រះដ៏​មាន​ព្រះភាគ។ លំដាប់នោះ​ ព្រះសាគតៈ​ដ៏​​មានអាយុ​ប្រែ​ត្រឡប់​ដេកដាក់​ជើង​ទៅ​រក​ព្រះដ៏​មាន​ព្រះភាគ​វិញ។ លំដាប់នោះ​ ព្រះដ៏​មានព្រះភាគ​ត្រាស់​ហៅ​ភិក្ខុ​​ទាំងឡាយ​ថា ម្នាលភិក្ខុ​​ទាំងឡាយ ពីដើម​មក សាគតភិក្ខុ​​​មាន​សេចក្តី​គោរព​កោតក្រែង​ដល់​តថាគត​មែនឬទេ។ ពួកភិក្ខុ​ក្រាបទូលថា សូមទ្រង់​មេត្តាប្រោស ពិតយ៉ាងហ្នឹង​​ហើយ​។ ព្រះអង្គ​ទ្រង់​ត្រាស់​សួរថា ម្នាលភិក្ខុ​​ទាំងឡាយ ចុះឥឡូវនេះ សាគតភិក្ខុ​​​មាន​សេចក្តី​​គោរព​កោតក្រែង​ដល់​តថាគត​ឬទេ។ ពួកភិក្ខុ​ក្រាបទូលថា សូមទ្រង់មេត្តាប្រោស ​មិន​គោរពទេ។ ព្រះអង្គទ្រង់ត្រាស់សួរ​ថា ម្នាលភិក្ខុ​​ទាំងឡាយ សាគតភិក្ខុ​​បាន​​ច្បាំង​នឹង​អម្ពតិត្ថកនាគ ពិត​មែនឬទេ។ ពួកភិក្ខុ​ក្រាបទូល​ថា សូមទ្រង់មេត្តាប្រោស ពិតមែន។ ព្រះអង្គទ្រង់​ត្រាស់​សួរថា ម្នាលភិក្ខុ​​​ទាំងឡាយ ចុះឥឡូវ​នេះ សាគតភិក្ខុ​ (ដែល​​ដួលដេក​មិន​ដឹងខ្លួនយ៉ាងនេះ) អាចច្បាំង​នឹងពស់ទឹក​[ពស់ឥតពិស បាន​ដល់​ពស់​ចន្ទមម និងពស់​ព្រលិតជា​ដើម។] បាន​ឬទេ។ ពួកភិក្ខុ​ក្រាបទូលថា សូមទ្រង់មេត្តាប្រោស ​មិន​បាន​ទេ។ ព្រះអង្គទ្រង់ត្រាស់សួរថា ម្នាលភិក្ខុ​​ទាំងឡាយ ភិក្ខុ​​ប្រាសចាក​សញ្ញា​ព្រោះ​ផឹកទឹក​ណា ទឹកនោះ​ភិក្ខុ​គួរផឹកឬទេ។ ពួកភិក្ខុ​ក្រាបទូលថា សូមទ្រង់មេត្តាប្រោស ​មិន​គួរផឹកទេ។ ព្រះដ៏​​មានព្រះភាគ​ទ្រង់​ត្រាស់​ថា ម្នាលភិក្ខុ​​ទាំងឡាយ កម្មរបស់​សាគតភិក្ខុ​​មិន​សមគួរ ​មិន​ទំនង ​មិន​​ត្រូវ​បែប ​មិន​មែនជា​របស់​សមណៈ ​មិន​គប្បី ​មិន​គួរធ្វើ ម្នាលភិក្ខុ​​ទាំងឡាយ សាគតភិក្ខុ​​​មិន​គួរ​នឹង​ផឹក​ទឹក​ស្រវឹង​សោះ ម្នាលភិក្ខុ​​ទាំងឡាយ អំពើ​​នេះ​​មិន​​នាំ​ឲ្យ​ជ្រះថ្លាដល់​ពួកជន​ដែល​​​មិន​ទាន់​ជ្រះថ្លា ឬនាំ​ពួកជន​ដែល​​ជ្រះថ្លា​​​ហើយ​ ឲ្យ​រឹង​រឹត​​តែ​ជ្រះ​ថ្លា​ឡើងក៏​ទេដែរ។បេ។ ម្នាលភិក្ខុ​​​ទាំងឡាយ អ្នក​ទាំងឡាយ​គប្បី​សំដែងឡើង​នូវ​សិក្ខាបទ​​នេះ​យ៉ាងនេះថា ភិក្ខុ​ផឹកសុរានិងមេរ័យ​ ត្រូវ​អាបត្តិ​បាចិត្តិយ។

[១៩៤] ដែល​ហៅថាសុរា គឺសុរាធ្វើដោយ​ម្សៅ១ សុរាធ្វើដោយ​​នំ១ សុរាធ្វើដោយ​បាយ១ សុរាដែល​​គេ​ដាក់ពូជសុរា១ សុរាដែល​គេ​ប្រកបព្រមដោយ​គ្រឿង​ផ្សំផ្សេងៗ១។ ដែល​ហៅថា មេរ័យនោះ​ គឺទឹក​ត្រាំដែល​គេ​ធ្វើដោយ​ផ្កាឈើ១ ទឹក​ត្រាំដែល​គេ​ធ្វើដោយ​ផ្លែឈើ ១ ទឹក​ត្រាំដែល​គេ​ធ្វើដោយ​ផ្លែចន្ទន៍ ឬគេ​ធ្វើដោយ​ទឹកឃ្មុំ១ ទឹក​ត្រាំដែល​គេ​ធ្វើដោយ​ទឹកអំពៅ១ ទឹកត្រាំ​ដែល​​គេ​​ប្រកបព្រមដោយ​គ្រឿង​ផ្សំ​ផ្សេងៗ១។ ត្រង់ពាក្យថា ផឹក ​សេចក្តី​ថា ដោយ​ហោចទៅ សូម្បី​តែ​​ភិក្ខុ​ផឹក​ប្រមាណ​ប៉ុនចុងស្បូវ ក៏ត្រូវអាបត្តិបាចិត្តិយ។

[១៩៥] ទឹកស្រវឹង ភិក្ខុ​សំគាល់​ថា ទឹកស្រវឹង ​ហើយ​ផឹក ត្រូវអាបត្តិបាចិត្តិយ។ ទឹកស្រវឹង ភិក្ខុ​​មាន​សេចក្តី​សង្ស័យ ​ហើយ​ផឹក ត្រូវអាបត្តិបាចិត្តិយ។ ទឹកស្រវឹង ភិក្ខុ​សំគាល់​ថា ​មិន​មែន​​ទឹក​ស្រវឹង ​ហើយ​ផឹក ត្រូវអាបត្តិបាចិត្តិយ។ ​មិន​មែនទឹកស្រវឹង ភិក្ខុ​សំគាល់​ថា​ទឹកស្រវឹង ត្រូវអាបត្តិ​ទុក្កដ។ ​មិន​មែនទឹកស្រវឹង ភិក្ខុ​​មាន​សេចក្តី​សង្ស័យ ត្រូវអាបត្តិ​ទុក្កដ។ ​មិន​មែនទឹកស្រវឹង ភិក្ខុ​សំគាល់​ថា​មិន​មែនទឹកស្រវឹង ​មិន​ត្រូវអាបត្តិ​ឡើយ។

[១៩៦] វារៈដែល​​មិន​ត្រូវអាបត្តិ (ក្នុង​សិក្ខាបទនេះ​មាន៨យ៉ាង) គឺភិក្ខុ​ផឹកទឹក​មិន​ស្រវឹង ​តែ​ទឹកនោះ​​មានពណ៌ដូចជា​ទឹកស្រវឹង ​មានក្លិនដូចជា​ទឹកស្រវឹង ​មានរសដូច​ជា​ទឹកស្រវឹង១ ទឹក​ស្រវឹងដែល​គេ​ចំអិនលាយ​នឹងសម្ល១ ទឹកស្រវឹងដែល​គេ​ចំអិនលាយនឹងសាច់១ ទឹក​ស្រវឹង​​ដែល​គេ​​ចំអិនលាយ​នឹងប្រេង១ ទឹកអំពៅ​ដែល​គេ​ត្រាំ​នឹងផ្លែកន្ទួតព្រៃ១ ភិក្ខុ​​ផឹក​ថ្នាំ​អរិដ្ឋ​[ថ្នាំដែល​គេ​​ធ្វើ​ដោយ​​រស​​នៃ​​ផ្លែឈើ ​មានផ្លែកន្ទួត​ព្រៃជា​ដើម។]​​មិន​ស្រវឹង១ ដល់ភិក្ខុ​ឆ្កួត១ ដល់ភិក្ខុ​​ដើម​បញ្ញត្តិ១។

សិក្ខាបទទី១ ចប់។

សិក្ខាបទទី២

[១៩៧] សម័យនោះ​ ព្រះពុទ្ធដ៏​មានព្រះភាគ កាលគង់នៅ​វត្តជេតពន​ របស់​អនាថបិណ្ឌិក​សេដ្ឋី ទៀបក្រុងសាវត្ថី។ សម័យនោះ​ឯង ពួកឆព្វគ្គិយភិក្ខុ​ធ្វើសត្តរសវគ្គិយភិក្ខុ​​មួយរូប​ឲ្យសើច​ដោយ​​ជន្លួញ គឺម្រាមដៃ​[គឺយកម្រាមដៃចាក់ក្រលេកលេង]។ ភិក្ខុ​នោះ​​សើចគាំង​ដកដង្ហើម​​មិន​រួច ក៏ធ្វើ​កាលកិរិយា​ទៅ។ ភិក្ខុ​​ទាំងឡាយណា​មាន​សេចក្តី​​ប្រាថ្នាតិច។បេ។ ភិក្ខុ​​​ទាំងឡាយ​នោះ​​ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ឆព្វគ្គិយភិក្ខុ​​​មិន​គួរ​នឹង​ធ្វើ​ភិក្ខុ​​ផង​គ្នា​​ឲ្យ​សើច​ដោយ​ជន្លួញ​គឺម្រាមដៃសោះ។បេ។ ព្រះដ៏​មានព្រះភាគទ្រង់​ត្រាស់សួរថា ម្នាលភិក្ខុ​ទាំង​ឡាយ ឮថាពួកអ្នកឯងធ្វើភិក្ខុ​​ផង​គ្នា​​ឲ្យសើច​ដោយ​ជន្លួញ​គឺម្រាមដៃ ពិតមែន​ឬ។ ពួក​ឆព្វគ្គិយ​ភិក្ខុ​​ក្រាបទូលថា សូមទ្រង់មេត្តាប្រោស ពិតមែន។ ព្រះពុទ្ធដ៏​មានជោគ​ទ្រង់តិះដៀលថា ម្នាលមោឃបុរស​ទាំងឡាយ ពួកអ្នកឯង​មិន​គួរនឹងធ្វើភិក្ខុ​ផង​គ្នា​ឲ្យសើច​ដោយ​ជន្លួញ​គឺ​ម្រាមដៃ​ទេ ម្នាលមោឃបុរស​ទាំងឡាយ អំពើ​​នេះ​មិន​​នាំ​ឲ្យ​ជ្រះថ្លាដល់​ពួកជន​ដែល​​​មិន​ទាន់​ជ្រះថ្លា ឬនាំ​ពួក​ជន​ដែល​​ជ្រះថ្លា​​​ហើយ​ ឲ្យ​រឹង​រឹត​​តែ​ជ្រះ​ថ្លា​ឡើងក៏​ទេដែរ។បេ។ ម្នាលភិក្ខុ​​​ទាំងឡាយ អ្នក​ទាំងឡាយ​គប្បី​សំដែងឡើង​នូវ​សិក្ខាបទ​​នេះ​យ៉ាង​នេះថា ភិក្ខុ​ចាក់ក្រលេក​ប្រលែង​គ្នា​ដោយ​​ជន្លួញ គឺម្រាមដៃ​ ត្រូវអាបត្តិ​បាចិត្តិយ។

[១៩៨] ដែល​ហៅថាជន្លួញ គឺម្រាមដៃនោះ​ គឺភិក្ខុ​ចាក់ដោយ​ម្រាមដៃ។ ឧបសម្បន្ន ប៉ង​ដើម្បី​សើចលេង ​ហើយ​ប៉ះត្រូវកាយរបស់​ឧបសម្បន្នផង​គ្នា​ ដោយ​កាយរបស់​ខ្លួន ត្រូវ​អាបត្តិ​បាចិត្តិយ។

[១៩៩] ឧបសម្បន្ន ភិក្ខុ​សំគាល់​ថាឧបសម្បន្ន ​ហើយ​ធ្វើឲ្យសើច​ដោយ​ជន្លួញគឺម្រាមដៃ ត្រូវអាបត្តិបាចិត្តិយ។ ឧបសម្បន្ន ភិក្ខុ​​មាន​សេចក្តី​សង្ស័យ ​ហើយ​ធ្វើឲ្យសើច​ដោយ​ជន្លួញ​គឺម្រាម​ដៃ ត្រូវអាបត្តិបាចិត្តិយ។ ឧបសម្បន្ន ភិក្ខុ​សំគាល់​ថាជា​អនុបសម្បន្នទៅវិញ ​ហើយ​ធ្វើឲ្យសើច​ដោយ​ជន្លួញគឺម្រាមដៃ ត្រូវអាបត្តិបាចិត្តិយ។

[២០០] ភិក្ខុ​ពាល់ត្រូវនូវវត្ថុដែល​ជា​ប់ដោយ​កាយ (របស់​ភិក្ខុ​ផង​គ្នា​) ដោយ​កាយ (របស់​​ខ្លួន) ត្រូវអាបត្តិទុក្កដ។ ភិក្ខុ​ពាល់ត្រូវកាយ (របស់​ភិក្ខុ​ផង​គ្នា​) ដោយ​វត្ថុដែល​ជា​ប់នឹងកាយ​(របស់​​ខ្លួន) ត្រូវអាបត្តិទុក្កដ។ ភិក្ខុ​ពាល់ត្រូវវត្ថុដែល​ជា​ប់នឹងកាយ (របស់​ភិក្ខុ​ផង​គ្នា​) ដោយ​វត្ថុដែល​​ជា​ប់​នឹង​កាយ​(របស់​ខ្លួន) ត្រូវអាបត្តិទុក្កដ។ ភិក្ខុ​ពាល់ត្រូវកាយ​(របស់​ភិក្ខុ​ផង​គ្នា​) ដោយ​វត្ថុ​សម្រាប់​​បោះ​ចោល (របស់​ខ្លួន) ត្រូវអាបត្តិទុក្កដ។ ភិក្ខុ​ពាល់ត្រូវ​វត្ថុដែល​ជា​ប់នឹងកាយ (របស់​ភិក្ខុ​ផង​គ្នា​) ដោយ​វត្ថុ​សម្រាប់​បោះចោល (របស់​​ខ្លួន) ត្រូវអាបត្តិទុក្កដ។ ភិក្ខុ​ពាល់ត្រូវវត្ថុសម្រាប់​បោះចោល​(របស់​​ភិក្ខុ​ផង​គ្នា​) ដោយ​វត្ថុ​សម្រាប់​បោះចោល (របស់​ខ្លួន) ត្រូវអាបត្តិទុក្កដ។

[២០១] ភិក្ខុ​ពាល់ត្រូវកាយរបស់​អនុបសម្បន្នដោយ​កាយ (របស់​​ខ្លួន) ត្រូវអាបត្តិទុក្កដ។ ភិក្ខុ​ពាល់ត្រូវវត្ថុដែល​ជា​ប់នឹងកាយ (របស់​អនុបសម្បន្ន) ដោយ​កាយ (របស់​ខ្លួន) ត្រូវអាបត្តិទុក្កដ។ ភិក្ខុ​ពាល់ត្រូវកាយ​(របស់​អនុបសម្បន្ន) ដោយ​វត្ថុ​ដែល​ជា​ប់នឹងកាយ (របស់​ខ្លួន) ត្រូវអាបត្តិ​ទុក្កដ។ ភិក្ខុ​ពាល់ត្រូវវត្ថុដែល​ជា​ប់ដោយ​កាយ​របស់​អនុបសម្បន្ន ដោយ​វត្ថុដែល​ជា​ប់​ដោយ​​កាយរបស់​​ខ្លួន ត្រូវអាបត្តិទុក្កដ។ ភិក្ខុ​ពាល់ត្រូវកាយ (របស់​អនុបសម្បន្ន) ដោយ​​វត្ថុសម្រាប់​​បោះ​ចោល (របស់​ខ្លួន) ត្រូវអាបត្តិទុក្កដ។ ភិក្ខុ​ពាល់ត្រូវ​វត្ថុដែល​ជា​ប់នឹងកាយ (របស់​អនុបសម្បន្ន) ដោយ​វត្ថុ​សម្រាប់​បោះចោល (របស់​​ខ្លួន) ត្រូវអាបត្តិទុក្កដ។ ភិក្ខុ​ពាល់ត្រូវវត្ថុសម្រាប់​បោះចោល​(របស់​​អនុបសម្បន្ន) ដោយ​វត្ថុ​សម្រាប់​​បោះចោល (របស់​ខ្លួន) ត្រូវអាបត្តិទុក្កដ។

[២០២] អនុបសម្បន្ន ភិក្ខុ​សំគាល់​ថាឧបសម្បន្ន ត្រូវអាបត្តិទុក្កដ។ អនុបសម្បន្ន ភិក្ខុ​​មាន​សេចក្តី​សង្ស័យ ត្រូវអាបត្តិទុក្កដ។ អនុបសម្បន្ន ភិក្ខុ​សំគាល់​ថាអនុបសម្បន្ន ត្រូវអាបត្តិទុក្កដ។

[២០៣] វារៈដែល​​មិន​ត្រូវអាបត្តិ (ក្នុង​សិក្ខាបទនេះ​មាន៤យ៉ាង) គឺ ភិក្ខុ​គ្មាន​បំណង​នឹង​សើច​លេង១ ភិក្ខុ​​មានកិច្ច​ហើយ​ពាល់ត្រូវ១ ភិក្ខុ​ឆ្កួត១ ភិក្ខុ​ដើមបញ្ញត្តិ១។

សិក្ខាបទទី២ ចប់។

សិក្ខាបទទី៣

[២០៤] សម័យនោះ​ ព្រះពុទ្ធដ៏​មានជោគ កាលគង់នៅ​វត្តជេតពន​ របស់​​អនាថបិណ្ឌិក​សេដ្ឋី ទៀបក្រុងសាវត្ថី។ សម័យនោះ​ឯង ពួកសត្តរសវគ្គិយភិក្ខុ​លេងទឹក​ក្នុង​ស្ទឹង​ឈ្មោះ​អចិរវតី។ គ្រានោះ​ ព្រះបាទបសេនទិកោសល ទ្រង់គង់​នៅ​លើ​ប្រាសាទដ៏ប្រសើរ ជា​មួយ​នឹង​ព្រះទេពី​ព្រះនាម​មល្លិកា។ ព្រះបាទបសេនទិកោសលទ្រង់​ទត​ឃើញ​ពួក​សត្តរសវគ្គិយ​ភិក្ខុ​​កំពុង​លេង​ទឹក ក្នុង​ស្ទឹង​អចិរវតី លុះទ្រង់​​ឃើញ​ហើយ​ក៏​មាន​ព្រះបន្ទូលនឹង​នាងមល្លិកា​ទេវី​យ៉ាង​នេះថា នែ​​នាង​មល្លិកា ព្រះអរហន្តទាំងនេះលេងទឹកទេតើ។ នាងមល្លិកាទេវី​ក្រាបទូលថា បពិត្រមហារាជ សូម​ព្រះអង្គកុំសង្ស័យ ព្រះដ៏​មានព្រះភាគ​​មិន​ទាន់​បញ្ញត្ត​សិក្ខាបទទេ ពុំនោះ​សោត ភិក្ខុ​ទាំងនោះ​​ជា​អ្នក​​មិន​ដឹងនូវសិក្ខាបទ ដែល​ព្រះដ៏​មានព្រះ​ភាគ​ទ្រង់​បញ្ញត្តរួច​ហើយ​។ លំដាប់​នោះ​ ព្រះបាទ​បសេនទិកោសលទ្រង់​ត្រិះរិះ​យ៉ាងនេះ​ថា ដោយ​ឧបាយដូចម្តេចហ្ន៎ ដែល​អញ​​មិន​​បាច់​ក្រាប​ទូលព្រះដ៏​មានព្រះភាគផង ទាំង​ព្រះដ៏​មានព្រះភាគ​ ក៏ទ្រង់​ជ្រាបថា ភិក្ខុ​ទាំងនេះលេង​ទឹក​ផង។ កាល​នោះ​ ព្រះបាទ​បសេនទិកោសល ទ្រង់ឲ្យនិមន្ត​ពួក​សត្តរសវគ្គិយ​ភិក្ខុ​មក ​ហើយ​ប្រគេ​ន​ដុំ​ស្ករអំពៅ​មួយដុំ​ធំដល់​ពួកភិក្ខុ​ទាំងនោះ​ ដោយ​ព្រះតម្រាស់ថា បពិត្រលោកម្ចាស់​ សូម​លោកម្ចាស់​​​ទាំងឡាយថ្វាយដុំ​ស្ករអំពៅ​នេះដល់ព្រះដ៏​មានព្រះភាគ​ផង។ ពួកសត្តរសវគ្គិយភិក្ខុ​យក​ដុំស្ករ​​អំពៅ​នោះ​ចូល​ទៅគាល់ព្រះដ៏​មានព្រះភាគ លុះចូល​ទៅដល់​ហើយ​ ក៏ក្រាបទូល​ព្រះដ៏​មានព្រះ​ភាគ​ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ស្តេច​ថ្វាយដុំស្ករអំពៅ​នេះ​ចំពោះ​ព្រះអង្គ។ ព្រះដ៏​មានព្រះ​ភាគ​ទ្រង់ត្រាស់ថា ម្នាលភិក្ខុ​​ទាំងឡាយ ស្តេចឃើញពួក​អ្នកឯង​នៅ​ទី​ណា។ ពួកភិក្ខុ​ក្រាបទូល​ថា សូមទ្រង់មេត្តាប្រោស ស្តេចទតឃើ់ញ​ពួកខ្ញុំព្រះអង្គ​កំពុង​លេងទឹកក្នុង​ស្ទឹង​អចិរវតី។ ព្រះពុទ្ធដ៏​​មាន​ជោគ​​ទ្រង់បន្ទោសថា ម្នាល​មោឃបុរស​​ទាំងឡាយ ពួកអ្នកឯង​មិន​គួរនឹងនាំ​គ្នា​លេងទឹកទេ ម្នាលមោឃបុរស​ទាំងឡាយ អំពើ​​នេះ​មិន​​នាំ​ឲ្យ​ជ្រះថ្លាដល់​ពួកជន​ដែល​​​មិន​ទាន់​ជ្រះថ្លា ឬនាំ​ពួក​ជន​ដែល​​ជ្រះថ្លា​​​ហើយ​ ឲ្យ​រឹង​រឹត​​តែ​ជ្រះ​ថ្លា​ឡើងក៏​ទេដែរ។បេ។ ម្នាលភិក្ខុ​​​ទាំងឡាយ អ្នក​ទាំងឡាយ​គប្បី​សំដែងឡើង​នូវ​សិក្ខាបទ​​នេះ​យ៉ាងនេះថា ភិក្ខុ​លេងទឹក ត្រូវអាបត្តិ​បាចិត្តិយ។

[២០៥] ដែល​ហៅថាលេងទឹកនោះ​ គឺភិក្ខុ​​មានបំណងនឹងលេងទឹកដែល​​ជ្រៅ​ជា​ង​ភ្នែក​គោ​ឡើងទៅ ទោះមុជចុះក្តី ងើបឡើងក្តី ហែលក្តី ត្រូវអាបត្តិបាចិត្តិយ។

[២០៦] លេងទឹក ភិក្ខុ​សំគាល់​ថាលេងទឹក ត្រូវអាបត្តិបាចិត្តិយ។ លេងទឹក ភិក្ខុ​​មាន​​សេចក្តី​​សង្ស័យ ត្រូវអាបត្តិបាចិត្តិយ។ លេងទឹក ភិក្ខុ​សំគាល់​ថា​មិន​បាន​លេងវិញ ត្រូវអាបត្តិ​បាចិត្តិយ។

[២០៧] ភិក្ខុ​លេងទឹករាក់ជា​ងភ្នែកគោ ត្រូវអាបត្តិទុក្កដ។ ភិក្ខុ​លេងទឹក​ដោយ​ទូក ត្រូវអាបត្តិ​ទុក្កដ។ ភិក្ខុ​ប្រហារទឹកដោយ​ដៃក្តី ជើងក្តី កំណាត់ឈើក្តី អម្បែងក្តី ត្រូវអាបត្តិ​ទុក្កដ។ ភិក្ខុ​លេងទឹក​ដែល​​មានក្នុង​ភាជន៍ក្តី លេងទឹកបាយក្តី ទឹកដោះស្រស់ក្តី ទឹកដោះជូរ​ក្តី ទឹកជ្រលក់ក្តី ទឹកនោមក្តី ភក់ក្តី ត្រូវអាបត្តិ​ទុក្កដ។

[២០៨] ​មិន​បាន​លេងទឹកទេ ភិក្ខុ​សំគាល់​ថាលេង ត្រូវអាបត្តិទុក្កដ។ ​មិន​បាន​លេងទឹកទេ ភិក្ខុ​​មាន​សេចក្តី​សង្ស័យ ត្រូវអាបត្តិទុក្កដ។ ​មិន​បាន​លេងទឹកទេ ភិក្ខុ​សំគាល់​ថា​មិន​បាន​លេង ​មិន​ត្រូវអាបត្តិឡើយ។

[២០៩] វារៈដែល​​មិន​ត្រូវអាបត្តិ (ក្នុង​សិក្ខាបទនេះ​មាន៦យ៉ាង) គឺ ភិក្ខុ​គ្មាន​បំណង​នឹង​លេង១ ភិក្ខុ​​មានកិច្ច​ហើយ​ចុះទឹកមុជចុះក្តី ងើបក្តី ហែលក្តី១ ភិក្ខុ​ឆ្លងទៅត្រើយនាយ មុជចុះក្តី ងើបក្តី ហែលក្តី១ ភិក្ខុ​​មាន​សេចក្តី​អន្តរាយ១ ភិក្ខុ​ឆ្កួត១ ភិក្ខុ​ដើមបញ្ញត្តិ១។

សិក្ខាបទទី៣ ចប់។

សិក្ខាបទទី៤

[២១០] សម័យនោះ​ ព្រះពុទ្ធដ៏​មានជោគ កាលគង់នៅ​ឃោសិតារាម ជិតក្រុងកោសម្ពី។ សម័យនោះ​ឯង ឆន្នដ៏​មានអាយុ​តែ​ង​តែ​ប្រព្រឹត្តអនាចារ។ ភិក្ខុ​​ទាំងឡាយក៏និយាយយ៉ាង​នេះ​ថា ម្នាលឆន្នដ៏​មានអាយុ លោកកុំធ្វើអំពើ​​មានសភាពដូច្នេះឡើយ អំពើ​នេះ​មិន​សមគួរ​ទេ។ ឆន្ន​ភិក្ខុ​​នោះ​អាស្រ័យ​នូវ​សេចក្តី​​មិន​អើពើ ​ហើយ​ចេះ​តែ​ធ្វើ​(កម្មនោះ​)​ដដែល​។ ភិក្ខុ​​ទាំងឡាយណា​មាន​​សេចក្តី​ប្រាថ្នាតិច។បេ។ ភិក្ខុ​​ទាំងឡាយនោះ​ក៏ពោលទោស តិះដៀល បន្តុះបង្អាប់​ថា ឆន្ន​ដ៏​មាន​អាយុ ​មិន​គួរ​នឹងធ្វើនូវ​​សេចក្តី​​មិន​អើពើសោះ។បេ។ ព្រះអង្គ​​ទ្រង់ត្រាស់សួរថា នែ​ឆន្ន ឮថា​អ្នកឯង​ធ្វើនូវ​​សេចក្តី​​​មិន​អើពើ ពិតមែនឬ។ ឆន្នភិក្ខុ​ក្រាបទូលថា សូមទ្រង់មេត្តាប្រោស ពិតមែន។ ព្រះពុទ្ធ​ដ៏​មានព្រះភាគ​ទ្រង់បន្ទោសថា ម្នាលមោឃបុរស អ្នកឯង​មិន​គួរនឹងធ្វើនូវ​សេចក្តី​​​មិន​អើពើទេ ម្នាល​មោឃបុរស អំពើ​​នេះ​មិន​​នាំ​ឲ្យ​ជ្រះថ្លាដល់​ពួកជន​ដែល​​​មិន​ទាន់​ជ្រះថ្លា ឬនាំ​ពួក​ជន​ដែល​​ជ្រះថ្លា​​​ហើយ​ ឲ្យ​រឹង​រឹត​​តែ​ជ្រះ​ថ្លា​ឡើងក៏​ទេដែរ។បេ។ ម្នាលភិក្ខុ​​​ទាំងឡាយ អ្នក​ទាំងឡាយ​គប្បី​សំដែងឡើង​នូវ​សិក្ខាបទ​​នេះ​យ៉ាងនេះថា ភិក្ខុ​​មិន​អើពើ ត្រូវអាបត្តិ​បាចិត្តិយ។

[២១១] ដែល​ហៅថា​មិន​អើពើ បាន​ដល់​សេចក្តី​​មិន​អើពើពីរយ៉ាង គឺ​​មិន​អើពើ​នឹង​បុគ្គល​១ ​មិន​អើពើនឹងធម៌១។ ដែល​ហៅថា​មិន​អើពើនឹងបុគ្គលនោះ​ គឺ​ឧបសម្បន្ន កាលបើ​មាន​ឧបសម្បន្ន​ផង​គ្នា​​ពោលដាស់តឿន​តាមសិក្ខាបទ ​ដែល​​ព្រះដ៏​មានព្រះភាគ ​ទ្រង់បញ្ញត្ត​ហើយ​​ៗគិតថា ភិក្ខុ​នេះ​សង្ឃបាន​លើកវត្ត​ហើយ​ក្តី សង្ឃផ្តាសា​ហើយ​ក្តី សង្ឃតិះដៀល​​ហើយ​ក្តី ពាក្យរបស់​ភិក្ខុ​នេះ អញ​នឹង​​មិន​ធ្វើតាមទេ ​ហើយ​ក៏ធ្វើ​សេចក្តី​​​មិន​​អើពើ ត្រូវអាបត្តិ​បាចិត្តិយ។ ដែល​ហៅថា ​មិន​អើពើ​នឹង​ធម៌​នោះ​ គឺឧបសម្បន្ន កាលបើ​មានឧបសម្បន្ន​ផង​គ្នា​ពោល​ដាស់តឿន​តាមសិក្ខាបទ​ដែល​​ព្រះ​ដ៏​មានព្រះភាគ​ទ្រង់​បញ្ញត្តទុក​​ហើយ​ៗគិតថា ធ្វើដូចម្តេចហ្ន៎ ធម៌នេះបាត់ទៅក្តី សាបសូន្យទៅ​ក្តី អន្តរធានទៅក្តី ឬ​មិន​ចង់​សិក្សា​ធម៌នោះ​ ​ហើយ​ក៏ធ្វើ​​សេចក្តី​​​មិន​អើពើ ត្រូវអាបត្តិបាចិត្តិយ។

[២១២] ឧបសម្បន្ន ភិក្ខុ​សំគាល់​ថាឧបសម្បន្ន ​ហើយ​ធ្វើ​សេចក្តី​​មិន​អើពើ ត្រូវអាបត្តិ​បាចិត្តិយ។ ឧបសម្បន្ន ភិក្ខុ​​មាន​​សេចក្តី​​សង្ស័យ ​ហើយ​ធ្វើ​សេចក្តី​​មិន​អើពើ ត្រូវអាបត្តិ​បាចិត្តិយ។ ឧបសម្បន្ន ភិក្ខុ​សំគាល់​ថាអនុបសម្បន្នទៅវិញ ​ហើយ​ធ្វើ​សេចក្តី​​​មិន​អើពើ ត្រូវ​អាបត្តិបាចិត្តិយ។

[២១៣] ឧបសម្បន្ន កាលបើ​មានឧបសម្បន្នផង​គ្នា​​ពោលដាស់តឿន​ដោយ​ពាក្យ​ឯទៀត ដែល​​​មិន​មែនជា​​វិនយប្បញ្ញត្តិ ​ហើយ​គិតថា ពាក្យនេះ​​មិន​នាំឲ្យ​ចិត្ត​ផូរផង់ ​មិន​នាំឲ្យកំចាត់​បង់​កិលេស​វដ្ត ​មិន​នាំឲ្យ​កើត​សេចក្តី​​ជ្រះថ្លា ​មិន​មែននាំ​ឲ្យកើត​​សេចក្តី​​​មិន​សន្សំ​នូវកិលេស​វដ្ត ​មិន​នាំ​ឲ្យ​ប្រារព្ធ​​សេចក្តី​ព្យាយាម ​ហើយ​ធ្វើនូវ​​សេចក្តី​​​មិន​អើពើ ត្រូវអាបត្តិទុក្កដ។ ឧបសម្បន្ន កាល​បើ​​មាន​អនុបសម្បន្ន​ពោលដាស់តឿន​តាមសិក្ខាបទ ដែល​​ព្រះដ៏​មាន​ព្រះភាគ​​ទ្រង់បញ្ញត្ត​​ហើយ​ក្តី ​មិន​បញ្ញត្ត​ហើយ​​​[គឺពាក្យដែល​​មាន​មក​ក្នុង​​ព្រះសូត្រ​ និង​ព្រះអភិធម្ម។]​ក្តី ​ហើយ​គិតថា ពាក្យនេះ​​មិន​នាំឲ្យ​ចិត្ត​ផូរផង់ ​មិន​នាំឲ្យកំចាត់​បង់​កិលេស​វដ្ត ​មិន​នាំឲ្យ​កើត​សេចក្តី​​ជ្រះថ្លា ​មិន​មែននាំ​ឲ្យកើត​​សេចក្តី​​​មិន​សន្សំ​នូវកិលេស​វដ្ត ​មិន​នាំ​ឲ្យ​ប្រារព្ធ​​សេចក្តី​ព្យាយាម ​ហើយ​ធ្វើ​​សេចក្តី​​​មិន​អើពើ ត្រូវអាបត្តិទុក្កដ។

[២១៤] អនុបសម្បន្ន ភិក្ខុ​សំគាល់​ថាឧបសម្បន្ន ត្រូវអាបត្តិទុក្កដ។ អនុបសម្បន្ន ភិក្ខុ​​មាន​សេចក្តី​សង្ស័យ ត្រូវអាបត្តិទុក្កដ។ អនុបសម្បន្ន ភិក្ខុ​សំគាល់​ថាអនុបសម្បន្ន ត្រូវអាបត្តិ​ទុក្កដ។

[២១៥] វារៈដែល​​មិន​ត្រូវអាបត្តិ (ក្នុង​សិក្ខាបទនេះ​មាន៣យ៉ាង) គឺ ភិក្ខុ​ពោថា​ បាឡី​អដ្ឋកថា​នៃ​​អាចារ្យ​ទាំងឡាយ​របស់​យើង​យ៉ាងនេះ១ ភិក្ខុ​ឆ្កួត១ ភិក្ខុ​ដើមបញ្ញត្តិ១។

សិក្ខាបទទី៤ ចប់។

សិក្ខាបទទី៥

[២១៦] សម័យនោះ​ ព្រះពុទ្ធដ៏​មានព្រះភាគ កាលគង់នៅ​វត្តជេតវន របស់​អនាថ​បិណ្ឌិក​សេដ្ឋី ជិតក្រុងសាវត្ថី។ សម័យនោះ​ឯង ពួកឆព្វគ្គិយភិក្ខុ​​ធ្វើសត្តរសវគ្គិយភិក្ខុ​ឲ្យខ្លាច។ ពួក​សត្តរស​វគ្គិយភិក្ខុ​ទាំងនោះ​ កាលបើគេ​​ធ្វើឲ្យខ្លាច ក៏ស្រែកយំ។ ភិក្ខុ​​ទាំងឡាយបាន​​សួរ​យ៉ាងនេះថា ម្នាលអាវុសោ ហេតុ​អ្វីបាន​ជា​​អ្នក​ទាំងឡាយ​ស្រែកយំ។ ពួក​សត្តរសវគ្គិយភិក្ខុ​​ប្រាប់ថា ម្នាល​អាវុសោ ពួកឆព្វគ្គិយ​ភិក្ខុ​ទាំងនេះ​ធ្វើយើងរាល់​គ្នា​ឲ្យខ្លាច។ ពួកភិក្ខុ​ណា​មាន​​សេចក្តី​ប្រាថ្នា​តិច។បេ។ ពួកភិក្ខុ​ទាំងនោះ​ក៏ពោលទោស តិះដៀល បន្តុះបង្អាប់​ថា ពួក​ឆព្វគ្គិយភិក្ខុ​​​មិន​គួរ​នឹងធ្វើភិក្ខុ​ផង​គ្នា​ឲ្យខ្លាចសោះ។បេ។ ព្រះអង្គ​​ទ្រង់ត្រាស់សួរថា ម្នាល​ភិក្ខុ​​​ទាំងឡាយ ឮថា​អ្នករាល់​គ្នា​​ធ្វើភិក្ខុ​ផង​គ្នា​ឲ្យខ្លាច ពិតមែនឬ។ ឆព្វគ្គិយភិក្ខុ​ក្រាបទូលថា សូមទ្រង់មេត្តាប្រោស ពិតមែន។ ព្រះពុទ្ធ​ដ៏​មានជោគ​ទ្រង់បន្ទោសថា ម្នាលមោឃបុរស​ទាំងឡាយ អ្នករាល់​គ្នា​​​មិន​គួរ​នឹងបន្លាច​ភិក្ខុ​ផង​គ្នា​ទេ នែ​​មោឃបុរស​ទាំងឡាយ អំពើ​​នេះ​មិន​មែន​នាំ​ឲ្យ​ជ្រះថ្លា​ដល់​ពួកជន​ដែល​​​មិន​ទាន់​ជ្រះថ្លា ឬនាំ​ពួក​ជន​ដែល​​ជ្រះថ្លា​​​ហើយ​ ឲ្យ​រឹង​រឹត​​តែ​ជ្រះ​ថ្លា​ឡើងក៏​ទេ​ដែរ។បេ។ ម្នាលភិក្ខុ​​​ទាំងឡាយ អ្នក​ទាំងឡាយ​គប្បី​សំដែងឡើង​នូវ​សិក្ខាបទ​​នេះ​យ៉ាងនេះថា ភិក្ខុ​ណាមួយ​ធ្វើភិក្ខុ​ផង​គ្នា​ឲ្យខ្លាច ត្រូវអាបត្តិ​បាចិត្តិយ។

[២១៧] ត្រង់ពាក្យថា ភិក្ខុ​ណាមួយ ​មាន​សេចក្តី​​ដូច​គ្នា​នឹងបឋមបារាជិក។ ពាក្យថា ភិក្ខុ​​ផង​គ្នា​ គឺភិក្ខុ​ដទៃ (ក្រៅពីខ្លួន)។ ពាក្យថា ឲ្យខ្លាច គឺឧបសម្បន្ន​​មានបំណង​នឹង​ធ្វើ​ឧបសម្បន្ន​ឲ្យ​ខ្លាច ​ហើយ​សំដែង​រូបក្តី សំឡេងក្តី ក្លិនក្តី រសក្តី ផ្សព្វក្តី ទោះបីឧបសម្បន្ន​នោះ​ខ្លាចក្តី ​មិន​ខ្លាច​ក្តី  ក៏ត្រូវអាបត្តិបាចិត្តិយ។ (ឧបសម្បន្ន ​មាន​សេចក្តី​ប្រាថ្នា​ដើម្បីបន្លាច​ឧបសម្បន្ន​ផង​គ្នា​) ​ហើយ​ប្រាប់​ផ្លូវលំបាកដោយ​ចោរក្តី ផ្លូវលំបាកដោយ​ម្រឹគសាហាវ​ក្តី ផ្លូវ​លំបាក​ដោយ​ខ្មោចក្តី ទោះបី​ឧបសម្បន្ន​នោះ​ខ្លាចក្តី ​មិន​ខ្លាចក្តី ត្រូវអាបត្តិបាចិត្តិយ។

[២១៨] ឧបសម្បន្ន ភិក្ខុ​សំគាល់​ថាឧបសម្បន្ន ​ហើយ​បន្លាច ត្រូវអាបត្តិ​បាចិត្តិយ។ ឧបសម្បន្ន ភិក្ខុ​​សង្ស័យ ​ហើយ​បន្លាច ត្រូវអាបត្តិបាចិត្តិយ។ ឧបសម្បន្ន ភិក្ខុ​សំគាល់​ថា​អនុបសម្បន្នទៅវិញ ​ហើយ​បន្លាច ត្រូវអាបត្តិបាចិត្តិយ។

[២១៩] ឧបសម្បន្ន ​មានបំណងនឹងបន្លាច​អនុបសម្បន្ន ​ហើយ​សំដែងរូបក្តី សំឡេងក្តី ក្លិនក្តី ផ្សព្វក្តី រសក្តី ទោះបីអនុបសម្បន្ននោះ​ខ្លាចក្តី ​មិន​ខ្លាចក្តី ក៏ត្រូវអាបត្តិទុក្កដ។ (ឧបសម្បន្ន​​មាន​​សេចក្តី​​ប្រាថ្នាដើម្បី​បន្លាចអនុបសម្បន្ន) ​ហើយ​ប្រាប់ផ្លូវលំបាកដោយ​ចោរ​ក្តី ផ្លូវលំបាក​ដោយ​​ម្រឹគសាហាវក្តី ផ្លូវលំបាកដោយ​ខ្មោចក្តី ទោះបីអនុបសម្បន្ន​នោះ​ខ្លាច​ក្តី ​មិន​ខ្លាចក្តី  ត្រូវអាបត្តិ​ទុក្កដ។

[២២០] អនុបសម្បន្ន ភិក្ខុ​សំគាល់​ថាឧបសម្បន្នទៅវិញ ត្រូវអាបត្តិទុក្កដ។ អនុបសម្បន្ន ភិក្ខុ​​មាន​សេចក្តី​សង្ស័យ ត្រូវអាបត្តិទុក្កដ។ អនុបសម្បន្ន ភិក្ខុ​សំគាល់​ថាអនុបសម្បន្ន ត្រូវ​អាបត្តិទុក្កដ។

[២២១] វារៈដែល​​មិន​ត្រូវអាបត្តិ (ក្នុង​សិក្ខាបទនេះ​មាន៤យ៉ាង) គឺ ភិក្ខុ​គ្មានបំណងនឹង​បន្លាច ​ហើយ​សំដែងរូបក្តី សំឡេងក្តី ក្លិនក្តី រសក្តី ផ្សព្វក្តី១ ភិក្ខុ​​(គ្មានបំណង​នឹងបន្លាច​ហើយ​) ប្រាប់ផ្លូវ​លំបាកដោយ​ចោរក្តី ផ្លូវលំបាក​ដោយ​ម្រឹគសាហាវក្តី ផ្លូវលំបាកដោយ​ខ្មោចក្តី១ ភិក្ខុ​ឆ្កួត១ ភិក្ខុ​ដើមបញ្ញត្តិ១។

សិក្ខាបទទី៥ ចប់។

សិក្ខាបទទី៦

[២២២] សម័យនោះ​ ព្រះពុទ្ធដ៏​មានជោគ កាលគង់នៅ​ភេសកលាវន ជា​ទីឲ្យ​អភ័យ​ដល់​សត្វម្រឹគ ជិតក្រុង​សុំសុមារគិរៈ ក្នុង​ភគ្គជេនបទ។ សម័យនោះ​ឯង ភិក្ខុ​​ទាំងឡាយ​នាំ​គ្នា​​បង្កាត់​ភ្លើង​នឹងឈើដែល​​មានប្រហោង១ដុំ​ធំ ​ហើយ​នាំ​គ្នា​អាំងក្នុង​​ខែរងា។ ​មានពស់ខ្មៅ១​នៅ​ក្នុង​​ប្រហោង​ឈើនោះ​ លុះត្រូវកំដៅភ្លើង ក៏លូនចេញមក ​ហើយ​ធ្វើភិក្ខុ​​ទាំងឡាយ​ឲ្យដួលដាស​ពាស។ ភិក្ខុ​​​ទាំងឡាយ​ក៏ស្ទុះ​រត់​ទៅក្នុង​ទីនោះ​ៗ។ ភិក្ខុ​​ទាំងឡាយណាជា​អ្នក​មាន​​សេចក្តី​ប្រាថ្នា​តិច។បេ។ ភិក្ខុ​ទាំងនោះ​ក៏ពោលទោស តិះដៀល បន្តុះបង្អាប់​ថា ភិក្ខុ​​ទាំងឡាយ​មិន​គួរ​នឹងបង្កាត់​ភ្លើង​អាំង​សោះ។បេ។ ព្រះអង្គ​​ទ្រង់ត្រាស់សួរថា ម្នាលភិក្ខុ​​ទាំងឡាយ ឮថាភិក្ខុ​​ទាំងឡាយ​បង្កាត់ភ្លើងអាំង ពិតមែនឬ។ ពួកភិក្ខុ​ក្រាបទូលថា សូមទ្រង់មេត្តាប្រោស ពិតមែន។ ព្រះពុទ្ធ​ដ៏​មានជោគ​ទ្រង់​បន្ទោស​ថា នែ​ភិក្ខុ​​ទាំងឡាយ មោឃបុរសទាំងនោះ​ ​មិន​គួរនឹងបង្កាត់ភ្លើងអាំងទេ ម្នាលភិក្ខុ​​​ទាំងឡាយ អំពើ​​នេះ​មិន​មែន​នាំ​ឲ្យ​ជ្រះថ្លា​ដល់​ពួកជន​ដែល​​​មិន​ទាន់​ជ្រះថ្លា ឬនាំ​ពួក​ជន​ដែល​​ជ្រះថ្លា​​​ហើយ​ ឲ្យ​រឹង​រឹត​​តែ​ជ្រះ​ថ្លា​ឡើងក៏​ទេ​ដែរ។បេ។ ម្នាលភិក្ខុ​​​ទាំងឡាយ អ្នក​ទាំងឡាយ​គប្បី​សំដែងឡើង​នូវ​សិក្ខាបទ​​​នេះ​យ៉ាងនេះថា ភិក្ខុ​ណាមួយ​មានបំណងនឹងអាំងភ្លើង បង្កាត់ខ្លួនឯងក្តី ប្រើគេ​​ឲ្យបង្កាត់​ក្តី នូវភ្លើង ត្រូវអាបត្តិ​បាចិត្តិយ។ ព្រះដ៏​មានព្រះភាគ​បាន​ទ្រង់​បញ្ញត្ត​សិក្ខាបទ​នេះ​ដល់​ភិក្ខុ​​​ទាំងឡាយ​យ៉ាងនេះ​ហើយ​។

[២២៣] សម័យនោះ​ឯង ភិក្ខុ​​ទាំងឡាយ​មានជម្ងឺ។ ឯពួកភិក្ខុ​អ្នក​សួរជម្ងឺក៏និយាយ​ពាក្យ​នេះ​នឹងភិក្ខុ​ដែល​​​មានជម្ងឺថា ម្នាលអាវុសោ អ្នក​ទាំងឡាយល្មម​អត់ធន់​បាន​ឬទេ ល្មម​ញុំាង​អត្តភាព​ឲ្យប្រព្រឹត្តទៅបាន​ឬទេ។ ពួកភិក្ខុ​​មានជម្ងឺ​ប្រាប់ថា ម្នាលអាវុសោ ពីដើម​យើង​រាល់​​គ្នា​​បង្កាត់​ភ្លើងអាំង បាន​ជា​យើង​បាន​​សេចក្តី​សុខ​សប្បាយ​រាល់​គ្នា​ ដោយ​ហេតុ​​បាន​​អាំង​ភ្លើងនោះ​ ទេ​ឥឡូវនេះ ព្រះដ៏​មានព្រះភាគ​ទ្រង់ហាម​ហើយ​ ហេតុ​នោះ​ទើបយើង​​មាន​សេចក្តី​​ខ្លាចក្រែង ​មិន​ហ៊ាន​អាំងភ្លើង បាន​ជា​យើង​​មិន​​មាន​​សេចក្តី​សុខ​សប្បាយ​ដោយ​ហេតុ​នោះ​ឯង។ ភិក្ខុ​​ទាំងឡាយ​ក្រាបទូល​សេចក្តី​នោះ​ចំពោះព្រះដ៏​មានព្រះភាគ។ ព្រះអង្គ​ទ្រង់ត្រាស់ថា ម្នាល​ភិក្ខុ​​ទាំងឡាយ តថាគត​អនុញ្ញាត​ឲ្យភិក្ខុ​ដែល​​​មានជម្ងឺ​បង្កាត់ភ្លើង​ខ្លួនឯងក្តី ប្រើគេ​ឲ្យបង្កាត់​ក្តី ​ហើយ​​អាំងបាន​ ម្នាលភិក្ខុ​​ទាំងឡាយអ្នក​ទាំងឡាយ​គប្បី​សំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះ​ថា ភិក្ខុ​ណាមួយ​​មិន​​មានជម្ងឺ ប្រាថ្នា​នឹងអាំងភ្លើង ​ហើយ​បង្កាត់ខ្លួនឯងក្តី ប្រើគេ​ឲ្យបង្កាត់ក្តីនូវភ្លើង ត្រូវ​អាបត្តិបាចិត្តិយ។ សិក្ខាបទនេះព្រះដ៏​មានព្រះភាគ​ទ្រង់​បញ្ញត្ត​ហើយ​ដល់ភិក្ខុ​​ទាំងឡាយ​យ៉ាងនេះ។

[២២៤] សម័យនោះ​ឯង ភិក្ខុ​​ទាំងឡាយ​មាន​សេចក្តី​សង្ស័យក្នុង​​ការ​អុជប្រទីបខ្លះ បង្កាត់​ភ្លើង​​ដុតបាត្រ​ជា​ដើម​ខ្លះ រោងភ្លើងខ្លះ។ ភិក្ខុ​​ទាំងឡាយ​ក្រាបទូល​សេចក្តី​នោះ​​ចំពោះ​ព្រះដ៏​មាន​ព្រះភាគ។ ព្រះអង្គត្រាស់ថា ម្នាល​ភិក្ខុ​​ទាំងឡាយ បើ​មានហេតុ​យ៉ាងនោះ​ តថាគត​អនុញ្ញាត​ឲ្យភិក្ខុ​​បង្កាត់ភ្លើង​ខ្លួនឯង ឬប្រើគេ​ឲ្យបង្កាត់បាន​ ម្នាលភិក្ខុ​​ទាំងឡាយ អ្នក​ទាំងឡាយ​​គប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះ​ថា ភិក្ខុ​ណាមួយ​​មិន​​មានជម្ងឺ ​មាន​បំណង​នឹងអាំងភ្លើង ​ហើយ​បង្កាត់ខ្លួនឯងក្តី ប្រើគេ​ឲ្យបង្កាត់ក្តីនូវភ្លើង ត្រូវ​អាបត្តិបាចិត្តិយ វៀរលែង​តែ​​មាន​ហេតុ​ ​មាន​សភាពយ៉ាងនោះ​។

[២២៥] ត្រង់ពាក្យថា ភិក្ខុ​ណាមួយ ​មាន​សេចក្តី​​ដូច​គ្នា​នឹងបឋមបារាជិក។ ភិក្ខុ​ណាវៀរ​ចាកភ្លើង ​ហើយ​សប្បាយ ភិក្ខុ​នោះ​ហៅថា ជា​អ្នក​មិន​​មានជម្ងឺ។ ភិក្ខុ​ណាវៀវចាកភ្លើង ​ហើយ​​មិន​សប្បាយ ភិក្ខុ​នោះ​ហៅថា អ្នក​មានជម្ងឺ។ ពាក្យថា​មានបំណងនឹងអាំងភ្លើង គឺចង់កំដៅកាយ។ ដែល​ហៅថាភ្លើង គឺភ្លើងធម្មតានោះ​ឯង។ ពាក្យថា បង្កាត់ខ្លួនឯង គឺ​ភិក្ខុ​​បង្កាត់​ខ្លួនឯង ត្រូវអាបត្តិបាចិត្តិយ។ ពាក្យថា ប្រើឲ្យគេ​បង្កាត់ គឺភិក្ខុ​បង្គាប់អ្នកដទៃ​ ត្រូវអាបត្តិ​បាចិត្តិយ។ ភិក្ខុ​បង្គាប់​តែ​ម្តង អ្នកទទួលបង្គាប់​ទៅបង្កាត់ភ្លើងច្រើនដង (ភិក្ខុ​អ្នកបង្គាប់) ត្រូវ​អាបត្តិ​បាចិត្តិយ។ ពាក្យថា វៀរលែង​តែ​​មានហេតុ​ ​មានសភាពយ៉ាងនោះ​ គឺលើកទុក​ចំពោះ​ហេតុ​​មានសភាព​យ៉ាងនោះ​។

[២២៦] ខ្លួន​មិន​​មានជម្ងឺ ភិក្ខុ​សំគាល់​ថា​មិន​​មានជម្ងឺ ​មានបំណងនឹងអាំងភ្លើង ​ហើយ​​បង្កាត់​ភ្លើងឯងក្តី ប្រើអ្នកដទៃ​ឲ្យបង្កាត់ក្តី ត្រូវអាបត្តិ​បាចិត្តិយ វៀរលែង​តែ​​មានហេតុ​​​មានសភាព​យ៉ាង​នោះ​។ ខ្លួន​មិន​​មានជម្ងឺ ភិក្ខុ​​​មាន​សេចក្តី​សង្ស័យ ​មានបំណងនឹងអាំងភ្លើង ​ហើយ​​បង្កាត់​ភ្លើងឯង​ក្តី ប្រើអ្នកដទៃ​ឲ្យបង្កាត់ក្តី ត្រូវអាបត្តិ​បាចិត្តិយ វៀរលែង​តែ​​មានហេតុ​​​មានសភាព​យ៉ាងនោះ​។ ខ្លួន​មិន​​មានជម្ងឺ ភិក្ខុ​សំគាល់​ថា​មានជម្ងឺ ​មានបំណង​នឹងអាំង​ភ្លើង ​ហើយ​​បង្កាត់​ភ្លើងឯងក្តី ប្រើអ្នកដទៃ​ឲ្យបង្កាត់ក្តី ត្រូវអាបត្តិ​បាចិត្តិយ វៀរលែង​តែ​​មានហេតុ​​​មានសភាព​យ៉ាងនោះ​។ ភិក្ខុ​ចាប់អង្កត់ភ្លើងលើកឡើង ត្រូវអាបត្តិទុក្កដ។ ខ្លួន​មានជម្ងឺ ភិក្ខុ​សំគាល់​ថា ​មិន​​មាន​ជម្ងឺ ត្រូវអាបត្តិទុក្កដ។ ខ្លួន​មានជម្ងឺ ភិក្ខុ​​មាន​សេចក្តី​សង្ស័យ ​មិន​​មាន​ជម្ងឺ ត្រូវអាបត្តិទុក្កដ។ ខ្លួន​មានជម្ងឺ ភិក្ខុ​សំគាល់​ថា ​មាន​ជម្ងឺ ​មិន​ត្រូវ​អាបត្តិឡើយ។

 [២២៧] វារៈដែល​​មិន​ត្រូវអាបត្តិ (ក្នុង​សិក្ខាបទនេះ​មាន៧យ៉ាង) គឺ ភិក្ខុ​​មានជម្ងឺ១ ភិក្ខុ​អាំង​ភ្លើង​ដែល​អ្នកដទៃ​បង្កាត់១ ភិក្ខុ​អាំងរងើកភ្លើង​ដែល​គ្មានអណ្តាត១ ភិក្ខុ​​មានហេតុ​​​មាន​សភាព​យ៉ាង​នោះ​ គឺអុជ​ប្រទីបក្តី បង្កាត់ភ្លើង (ដើម្បីដុតបាត្រជា​ដើម)ក្តី បង្កាត់ភ្លើងក្នុង​រោង​ភ្លើងក្តី១ ភិក្ខុ​​មាន​​សេចក្តី​អន្តរាយ​[ភិក្ខុ​ពស់ចឹក ចោរ ឬម្រឹគ​សាហាវ​បៀតបៀនជា​ដើម ហៅថា ​មាន​សេចក្តី​​អន្តរាយ។]១ ភិក្ខុ​ឆ្កួត១ ភិក្ខុ​ដើមបញ្ញត្តិ១។

សិក្ខាបទទី៦ ចប់។

សិក្ខាបទទី៧

[២២៨] សម័យនោះ​ ព្រះពុទ្ធដ៏​មានជោគ កាលគង់នៅ​វត្តវេឡុវន ជា​កលន្ទកនិវាបស្ថាន ជិតក្រុងរាជគ្រឹះ។ សម័យនោះ​ឯង ពួកភិក្ខុ​​នាំ​គ្នា​ទៅស្រង់ទឹកឯកំពង់ទឹកឈ្មោះតបោទ។ គ្រានោះ​ ព្រះ​បាទពិម្ពិសារ​សេនិយរាជ ជា​ឥស្សរក្នុង​ដែនមគធៈ ទ្រង់យាងទៅកាន់​កំពង់​ទឹក​ឈ្មោះតបោទ ដោយ​​តាំងព្រះហ្ឫទ័យថានឹងស្រង់ជម្រះព្រះសិរ្ស ​ហើយ​ក៏ទ្រង់​ប្រថាប់​ចាំ ក្នុង​ទីដ៏សមគួរ ដោយ​តាំង​ព្រះហ្ឫទ័យ​ថា ចាំលោកម្ចាស់​​​ទាំងឡាយ​ស្រង់ទឹករួចសិន។ ភិក្ខុ​​ទាំងឡាយ​ក៏​ស្រង់​ទឹក​ទាល់​តែ​យប់ងងឹត។ គ្រានោះ​ ព្រះ​បាទពិម្ពិសារ​សេនិយរាជ ជា​ឥស្សរៈក្នុង​ដែនមគធៈ ស្រង់​ជម្រះ​ព្រះសិរ្ស​ក្នុង​វេលាវិកាល ពួកជនបិទទ្វារនគរ (ហួស)ទៅ ស្តេចក៏ឋិតនៅ​ខាងក្រៅនគរ លុះដល់​ព្រឹក​ឡើង ស្តេច​មានគ្រឿង​លាបព្រះអង្គ​មិន​ទាន់​បាន​​សំអាត ​ហើយ​ទ្រង់ព្រះដំណើរទៅ​គាល់​ព្រះដ៏​មានព្រះភាគ លុះចូល​ទៅ​ហើយ​ ក៏​ថ្វាយ​បង្គំ​ព្រះដ៏​មានព្រះភាគ ​ហើយ​គង់​ក្នុង​ទីដ៏សមគួរ។ លុះព្រះ​បាទពិម្ពិសារ​សេនិយរាជ ជា​ឥស្សរៈក្នុង​ដែនមគធៈ គង់ក្នុង​ទីដ៏សមគួរ​ហើយ​ ព្រះដ៏​មានព្រះភាគ​ទ្រង់ត្រាស់ថា បពិត្រមហារាជ ហេតុ​អ្វីបាន​ជា​ព្រះអង្គ​មាន​គ្រឿង​លាប​​មិន​ទាន់​​បាន​សំអាត ​ហើយ​ស្តេច​មកក្នុង​វេលាព្រឹក (យ៉ាងនេះ)។ គ្រានោះ​ ព្រះ​បាទពិម្ពិសារ​សេនិយរាជ ជា​ឥស្សរៈក្នុង​ដែនមគធៈក្រាបទូល​​សេចក្តី​នុ៎ះ​ចំពោះ​ព្រះដ៏​មានព្រះភាគ។ គ្រានោះ​ ព្រះដ៏​មានព្រះភាគ​ទ្រង់​ពន្យល់​ ព្រះ​បាទពិម្ពិសារ​សេនិយរាជ ជា​ឥស្សរៈក្នុង​ដែនមគធៈឲ្យ​យល់​ច្បាស់ ឲ្យកាន់​យកព្រម ឲ្យអាចហ៊ាន ឲ្យរីករាយ​ក្នុង​ពេលនោះ​ ដោយ​ធម្មីកថា។ លំដាប់នោះ​ ព្រះ​បាទពិម្ពិសារ​សេនិយរាជ ជា​ឥស្សរៈក្នុង​ដែនមគធៈ លុះព្រះដ៏​មានព្រះភាគទ្រង់​ពន្យល់​ឲ្យ​យល់​ច្បាស់ ឲ្យកាន់យកព្រម ឲ្យអាចហ៊ាន ឲ្យរីករាយ​​ដោយ​ធម្មីកថា​ហើយ​ ទ្រង់ក្រោកពី​អាសនៈ ថ្វាយបង្គំ​ព្រះដ៏​មានព្រះភាគ​ ធ្វើ​ប្រទក្សិណចៀសចេញទៅ។ ព្រោះរឿងនេះ ដំណើរនេះ ទើបព្រះ​ដ៏​មានព្រះភាគ​ទ្រង់ឲ្យ​ប្រជុំភិក្ខុ​សង្ឃ​ ​ហើយ​ទ្រង់ត្រាស់​សួរបញ្ជាក់​ភិក្ខុ​​ទាំងឡាយថា ម្នាល​ភិក្ខុ​​​ទាំងឡាយ ឮថាពួកភិក្ខុ​បាន​ឃើញ​ស្តេច​​ហើយ​ ងូតទឹក​​មិន​ដឹងប្រមាណ​កាល ពិតមែនឬ។ ពួក​ភិក្ខុ​​ក្រាបទូលថា សូមទ្រង់​មេត្តាប្រោស ពិតមែន។ ព្រះពុទ្ធ​ដ៏​មានព្រះភាគ​ទ្រង់​បន្ទោស​ថា ម្នាលភិក្ខុ​​ទាំងឡាយ ពួកមោឃបុរសទាំងនោះ​ បាន​ឃើញស្តេច​​ហើយ​ ​មិន​គួរនឹងងូតទឹក​​មិន​ដឹង​ប្រមាណកាលសោះ ម្នាលភិក្ខុ​​ទាំងឡាយ អំពើ​​នេះ​មិន​មែន​នាំ​ឲ្យ​ជ្រះថ្លា​ដល់​ពួកជន​ដែល​​​មិន​ទាន់​ជ្រះថ្លា ឬនាំ​ពួក​ជន​ដែល​​ជ្រះថ្លា​​​ហើយ​ ឲ្យ​រឹង​រឹត​​តែ​ជ្រះ​ថ្លា​ឡើង​ទេ។បេ។ ម្នាលភិក្ខុ​​​ទាំងឡាយ អ្នក​ទាំងឡាយ​គប្បី​សំដែង​ឡើង​នូវ​សិក្ខាបទ​​នេះ​យ៉ាងនេះថា ភិក្ខុ​ណាមួយ​​មិន​ទាន់ដល់​កំណត់​កន្លះខែ ​ហើយ​ងូតទឹក ត្រូវអាបត្តិ​បាចិត្តិយ។ សិក្ខាបទនេះ ព្រះដ៏​មានព្រះភាគ​ទ្រង់​បញ្ញត្ត​ដល់​ភិក្ខុ​​​ទាំងឡាយ​​យ៉ាង​នេះរួច​ហើយ​។

[២២៩] សម័យនោះ​ឯង ភិក្ខុ​​ទាំងឡាយសង្ស័យក្នុង​​សម័យក្តៅ ក្នុង​សម័យ​ស្អុះស្អាប់ ក៏​​មិន​ហ៊ាន​ងូតទឹកឡើយ ​មានខ្លួនប្រឡាក់ដោយ​​ញើសក្អែល ​ហើយ​ក៏ចេះ​តែ​សឹងទៅ។ ចីវរក្តី សេនាសនៈក្តី ក៏ប្រឡាក់​ប្រឡូស (ដោយ​ហេតុ​នោះ​)។ ភិក្ខុ​​ទាំងឡាយ​ក្រាបទូល​សេចក្តី​​នុ៎ះចំពោះ​ព្រះដ៏​មានព្រះភាគ។ ព្រះអង្គត្រាស់ថា ម្នាល​ភិក្ខុ​​ទាំងឡាយ ក្នុង​សម័យក្តៅ សម័យ​ស្អុះស្អាប់ ទុក​ជា​​មិន​ទាន់​ដល់​កន្លះខែ តថាគត​អនុញ្ញាត​ឲ្យភិក្ខុ​ងូតទឹកបាន​ ម្នាល​ភិក្ខុ​​ទាំងឡាយ អ្នក​ទាំងឡាយ​គប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះ​ថា ភិក្ខុ​ណាមួយ​​មិន​ទាន់ដល់​កំណត់​កន្លះខែ ​ហើយ​ងូតទឹក ត្រូវ​អាបត្តិបាចិត្តិយ វៀរលែង​តែ​​មានសម័យ។ ឯសម័យ​ក្នុង​សិក្ខាបទនោះ​ គឺមួយ​ខែ​កន្លះ​ដ៏សេស (ខាងចុង) ​នៃ​គិម្ហរដូវ មួយខែ​ខាងដើម​​នៃ​វស្សានរដូវ រួមខែ​ទាំងនេះ ត្រូវជា​​២ខែកន្លះ ហៅថា​សម័យ​ក្តៅ​[១.២.មួយខែ​កន្លះ​ខាងចុង​គិម្ហរដូវ គឺតាំងពី ១ កើត​ ខែជេស្ឋទៅដល់១៥កើតខែ​អាសាឡ្ហ នេះជា​ខេត្តរបស់​សម័យក្តៅ។ ឯមួយខែខាងដើម​នៃ​វស្សានរដូវ គឺតាំងពី​១រោច​ខែ​អាសាឡ្ហ ទៅដល់ ១៥ កើត ​ខែស្រាពណ៍ នេះជា​ខេត្ត​របស់​​សម័យ​ស្អុះស្អាប់។] សម័យ​ស្អុះស្អាប់​[២] នេះជា​សម័យ​​ក្នុង​សិក្ខាបទនោះ​។ សិក្ខាបទនេះ ព្រះដ៏​មានព្រះភាគ ​ទ្រង់​បញ្ញត្តដល់ភិក្ខុ​​ទាំង​ឡាយ​​យ៉ាងនេះរួច​ហើយ​។

[២៣០] សម័យនោះ​ឯង ភិក្ខុ​​មានជម្ងឺជា​ច្រើនអង្គ។ ឯពួកភិក្ខុ​​ជា​អ្នកសួរជម្ងឺបាន​​និយាយ​ពាក្យនេះ​នឹង​ភិក្ខុ​ដែល​​​មានជម្ងឺថា ម្នាលអាវុសោ អ្នក​ទាំងឡាយល្មម​អត់ធន់​បាន​ឬទេ ល្មម​ញុំាង​អត្តភាព​ឲ្យប្រព្រឹត្ត​ទៅបាន​​ឬទេ។ ពួកភិក្ខុ​​មានជម្ងឺ​ប្រាប់ថា ម្នាលអាវុសោ ពីដើម យើង​ទាំងឡាយ​​មិន​ទាន់​ដល់កំណត់កន្លះខែ ក៏​តែ​ង​​តែ​ងូតទឹក ព្រោះហេតុ​​នោះ​ ទើបពួក​យើង​​មាន​សេចក្តី​សប្បាយ ​តែ​ឥឡូវនេះ ព្រះដ៏​មានព្រះភាគទ្រង់ហាម​ហើយ​ ហេតុ​នេះយើង​ទាំងឡាយ​​មាន​សេចក្តី​សង្ស័យ​ ​មិន​ហ៊ានងូតទឹក​ឡើយ បាន​ជា​យើង​​មិន​បាន​​​សេចក្តី​​សប្បាយ​ដោយ​​ហេតុ​​នោះ​ឯង។ ទើបភិក្ខុ​​ទាំងឡាយនាំ​សេចក្តី​នុ៎ះ​ក្រាបទូល​ចំពោះ​ព្រះដ៏​មានព្រះភាគ។ ព្រះអង្គ​ទ្រង់​ត្រាស់​ថា ម្នាលភិក្ខុ​​ទាំងឡាយ ភិក្ខុ​​មានជម្ងឺ ទុកជា​​មិន​ទាន់ដល់​កន្លះខែ តថាគត​អនុញ្ញាតឲ្យងូត​ទឹកបាន​ ម្នាលភិក្ខុ​​ទាំងឡាយ អ្នក​ទាំងឡាយ​គប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះ​ថា ភិក្ខុ​ណាមួយ​​មិន​ទាន់ដល់កំណត់កន្លះខែ ​ហើយ​ងូតទឹក ត្រូវ​អាបត្តិបាចិត្តិយ វៀរលែង​តែ​​មាន​សម័យ។ ឯសម័យ​ក្នុង​សិក្ខាបទនោះ​គឺ មួយ​ខែ​កន្លះ​ដ៏សេស (ខាងចុង) ​នៃ​គិម្ហរដូវ មួយខែ​ខាងដើម​​នៃ​វស្សានរដូវ រួមខែ​ទាំងនេះ ត្រូវជា​​២ខែកន្លះ ហៅថា​សម័យ​ក្តៅ​ សម័យ​ស្អុះស្អាប់ សម័យភិក្ខុ​​មានជម្ងឺ នេះហៅថា សម័យ​ក្នុង​សិក្ខាបទនោះ​។ សិក្ខាបទ​នេះ ព្រះដ៏​មានព្រះភាគទ្រង់បញ្ញត្ត​ដល់ភិក្ខុ​​ទាំង​ឡាយ​​យ៉ាងនេះរួច​ហើយ​ ។

[២៣១] សម័យនោះ​ឯង ភិក្ខុ​​ទាំងឡាយ ធ្វើនវកម្ម ​ហើយ​​មាន​សេចក្តី​រង្កៀស (ខ្លាចក្រែង​ត្រូវទោស) ​មិន​ហ៊ានងូតទឹកឡើយ ​ហើយ​ក៏សឹងទាំងខ្លួនប្រឡាក់ ដោយ​ញើសក្អែល។ ចីវរក្តី សេនាសនៈក្តី ក៏សៅហ្មងទៅ។ ភិក្ខុ​​ទាំងឡាយក្រាបទូល​សេចក្តី​នុ៎ះ​ក្រាបទូល​ចំពោះព្រះដ៏​​មាន​ព្រះភាគ។ ព្រះអង្គ​ទ្រង់​ត្រាស់​ថា ម្នាលភិក្ខុ​​ទាំងឡាយ ក្នុង​សម័យ​ធ្វើការងារ ទោះ​​មិន​ទាន់​ដល់​កំណត់កន្លះខែ តថាគត​អនុញ្ញាតឲ្យភិក្ខុ​ងូត​ទឹកបាន​ ម្នាលភិក្ខុ​​ទាំងឡាយ អ្នក​ទាំងឡាយ​គប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះ​ថា ភិក្ខុ​ណាមួយ​​មិន​ទាន់ដល់កំណត់កន្លះខែ ​ហើយ​ងូតទឹក ត្រូវ​អាបត្តិបាចិត្តិយ វៀរលែង​តែ​​មាន​សម័យ។ ឯសម័យ​ក្នុង​សិក្ខាបទនោះ​គឺ មួយ​ខែ​កន្លះ​ដ៏សេស (ខាងចុង) ​នៃ​គិម្ហរដូវ មួយខែ​ខាងដើម​​នៃ​វស្សានរដូវ រួមខែ​ទាំងនេះ ត្រូវជា ​​២ ខែកន្លះ ហៅថា​សម័យ​ក្តៅ​ សម័យ​ស្អុះស្អាប់ សម័យភិក្ខុ​​មានជម្ងឺ សម័យ​ធ្វើការងារ នេះជា​សម័យ​ក្នុង​សិក្ខាបទនោះ​។ សិក្ខាបទ​នេះ ព្រះដ៏​មានព្រះភាគទ្រង់បញ្ញត្ត​ដល់ពួកភិក្ខុ​​យ៉ាងនេះ​ហើយ​ ។

[២៣២] សម័យនោះ​ឯង ភិក្ខុ​​ទាំងឡាយ ដើរផ្លូវឆ្ងាយ ​មាន​សេចក្តី​រង្កៀស (ខ្លាចក្រែង​ត្រូវទោស) ក៏​មិន​ហ៊ានងូតទឹក ​ហើយ​សិងទាំងខ្លួនដែល​សៅហ្មងដោយ​ញើសក្អែល។ ចីវរក្តី សេនាសនៈក្តី ក៏សៅហ្មងទៅ។ ភិក្ខុ​​ទាំងឡាយក្រាបទូល​សេចក្តី​នុ៎ះ​​ចំពោះព្រះដ៏​​មាន​ព្រះភាគ។ ព្រះអង្គ​ទ្រង់​ត្រាស់​ថា ម្នាលភិក្ខុ​​ទាំងឡាយ ក្នុង​សម័យដើរផ្លូវឆ្ងាយ ទោះ​​មិន​ទាន់​ដល់កំណត់​កន្លះខែ តថាគត​អនុញ្ញាតឲ្យភិក្ខុ​ងូត​ទឹកបាន​ ម្នាលភិក្ខុ​​ទាំងឡាយ អ្នក​ទាំងឡាយ​ គប្បីសំដែង​ឡើងនូវ​សិក្ខាបទនេះយ៉ាងនេះ​ថា ភិក្ខុ​ណាមួយ​​មិន​ទាន់ដល់​កំណត់​កន្លះខែ ​ហើយ​ងូតទឹក ត្រូវ​អាបត្តិបាចិត្តិយ វៀរលែង​តែ​​មាន​សម័យ។ ឯសម័យ​ក្នុង​សិក្ខាបទនោះ​គឺ មួយ​ខែ​កន្លះ​ដ៏សេស (ខាងចុង) ​នៃ​គិម្ហរដូវ និងមួយខែ​ខាងដើម​​នៃ​វស្សានរដូវ រួមខែ​ទាំងនេះ ត្រូវជា​​២ខែកន្លះ ហៅថា​សម័យ​ក្តៅ​ សម័យ​ស្អុះស្អាប់ សម័យ​មានជម្ងឺ សម័យ​ធ្វើការងារ សម័យដើរ​ផ្លូវ​ឆ្ងាយ នេះជា​សម័យ​ក្នុង​សិក្ខាបទនោះ​។ សិក្ខាបទ​នេះ ព្រះដ៏​មានព្រះភាគទ្រង់បញ្ញត្ត​ដល់ភិក្ខុ​​​ទាំងឡាយ​យ៉ាងនេះរួច​ហើយ​។

[២៣៣] សម័យនោះ​ឯង ភិក្ខុ​ជា​ច្រើនរូប ធ្វើចីវរកម្ម​ក្នុង​ទីវាល ត្រូវខ្យល់បក់​ដោយ​ទាំង​ធូលីមក ទាំងភ្លៀង​ក៏ធ្លាក់ចុះមកត្រូវបន្តិចៗផង។  ភិក្ខុ​​ទាំងឡាយ​មាន​សេចក្តី​រង្កៀស (ខ្លាចក្រែង​ត្រូវទោស) ក៏​មិន​ហ៊ានងូតទឹក សឹងទាំងខ្លួនប្រឡាក់ប្រឡូស (នោះ​ឯង)។ ចីវរក្តី សេនាសនៈក្តី ក៏សៅហ្មងទៅ។ ភិក្ខុ​​ទាំងឡាយក្រាបទូល​សេចក្តី​នុ៎ះ​​ចំពោះព្រះដ៏​​មាន​ព្រះភាគ។ ព្រះអង្គ​ទ្រង់​ត្រាស់​ថា ម្នាលភិក្ខុ​​ទាំងឡាយ ក្នុង​សម័យខ្យល់និងភ្លៀង ទុកជា​​​មិន​ទាន់​ដល់កំណត់​កន្លះខែ តថាគត​អនុញ្ញាតឲ្យភិក្ខុ​ងូត​ទឹកបាន​ ម្នាលភិក្ខុ​​ទាំងឡាយ អ្នក​ទាំងឡាយ​ គប្បីសំដែង​ឡើងនូវ​សិក្ខាបទនេះយ៉ាងនេះ​ថា ភិក្ខុ​ណាមួយ​​មិន​ទាន់ដល់​កំណត់​​កន្លះខែ ​ហើយ​ងូតទឹក ត្រូវ​អាបត្តិបាចិត្តិយ វៀរលែង​តែ​​មាន​សម័យ។ ឯសម័យ​ក្នុង​សិក្ខាបទនោះ​គឺ មួយ​ខែ​កន្លះ​ដ៏សេស (ខាងចុង) ​នៃ​គិម្ហរដូវ និងមួយខែ​ខាងដើម​​នៃ​វស្សានរដូវ រួមខែ​ទាំងនេះ ត្រូវជា​​២ខែកន្លះ ហៅថា​សម័យ​ក្តៅ​ សម័យ​ស្អុះស្អាប់ សម័យ​មានជម្ងឺ​[១.២.៣.៤.សម័យ​ទាំង៤​យ៉ាង​នេះ​​មិន​ចំពោះ​ខែណា ថ្ងៃណាទេ ដែល​​មានកំណត់​ពីរខែកន្លះ​នោះ​ ​តែ​សម័យ​ពីរយ៉ាង​ខាងដើម។] សម័យ​ធ្វើការងារ[២] សម័យដើរផ្លូវឆ្ងាយ​[៣] សម័យខ្យល់និងភ្លៀង[៤] នេះជា​សម័យ​ក្នុង​សិក្ខាបទ​នោះ​។

[២៣៤] ត្រង់ពាក្យថា ភិក្ខុ​ណាមួយ ​មាន​សេចក្តី​​ដូច​គ្នា​នឹងបឋមបារាជិក។ ពាក្យថា ​មិន​​ទាន់​ដល់កំណត់​កន្លះខែ គឺខ្វះកន្លះខែ។ ពាក្យថា ងូតទឹក គឺភិក្ខុ​កំពុង​ងូតទឹកដុសដោយ​ផង់លំអិត​ក្តី ដោយ​ដីស្អិតក្តី ត្រូវអាបត្តិទុក្កដគ្រប់ប្រយោគ។ លុះងូតរួចស្រេច ត្រូវអាបត្តិ​បាចិត្តិយ។ ពាក្យ​ថា វៀរលែង​តែ​​មានសម័យ គឺលើកលែង​ចំពោះ​សម័យដែល​គួរ។ មួយ​ខែ​កន្លះដ៏សេស (ខាងចុង)​​នៃ​​គិម្ហរដូវ ហៅថា សម័យក្តៅ។ មួយខែខាងដើម​​នៃ​វស្សានរដូវ ហៅថា សម័យស្អុះស្អាប់។ រួមខែ​ទាំង​នេះ ត្រូវជា​ពីរខែកន្លះ ហៅថា សម័យក្តៅ សម័យស្អុះស្អាប់ ភិក្ខុ​ដឹងដូច្នេះ​ហើយ​ គប្បីងូតទឹកចុះ។ ភិក្ខុ​ណាវៀរចាកការងូតទឹក​មាន​សេចក្តី​​មិន​សប្បាយ ភិក្ខុ​នោះ​ហៅថា​មានសម័យ​មានជម្ងឺ​ ឬថា​​មានសម័យឈឺថ្កាត់។ ភិក្ខុ​ដឹងខ្លួនថា ​មានសម័យឈឺថ្កាត់​ហើយ​ គប្បីងូតទឹកចុះ។ ការងារ​ដោយ​ហោច​ទៅ សូម្បី​​តែ​បោស​ច្រាសសំអាត​បរិវេណ​ ក៏ហៅថា​សម័យ​ធ្វើការងារ។ ភិក្ខុ​ដឹង​ខ្លួន​ថា សម័យធ្វើ​ការងារ​​ហើយ​ គប្បីងូតទឹកចុះ។ ដែល​ហៅថា សម័យ​ដើរផ្លូវឆ្ងាយ​ គឺភិក្ខុ​គិតថា អញ​នឹង​ដើរ​ផ្លូវ​ប្រមាណ​កន្លះយោជន៍ ​ហើយ​គប្បី​ងូតទឹក​បាន​ ភិក្ខុ​អ្នកដំណើរគប្បី​ងូតទឹកបាន​ ភិក្ខុ​​ដើរ​ទៅ​​ហើយ​ គប្បីងូតទឹក​បាន​។ ដែល​ហៅថា សម័យ​ខ្យល់​និងភ្លៀង គឺពួក​ភិក្ខុ​ត្រូវខ្យល់​ប្រកប​ដោយ​​ធូលី​​ហើយ​ ​មានដំណក់ទឹកពីរដំណក់ក្តី បីដំណក់ក្តី ធ្លាក់ត្រូវកាយ។ ភិក្ខុ​ដឹងថា ​មានសម័យ​ខ្យល់​និង​ភ្លៀង គប្បីងូតទឹកបាន​។

[២៣៥] ​មិន​ទាន់ដល់កន្លះខែ ភិក្ខុ​ក៏សំគាល់​ថា​មិន​ទាន់ដល់កន្លះខែ ​ហើយ​ងូតទឹក ត្រូវ​អាបត្តិ​បាចិត្តិយ វៀរលែង​តែ​​មានសម័យ។ ​មិន​ទាន់ដល់កន្លះខែ ភិក្ខុ​​មាន​សេចក្តី​សង្ស័យ ត្រូវ​អាបត្តិ​បាចិត្តិយ វៀរលែង​តែ​​មានសម័យ។ ​មិន​ទាន់ដល់កន្លះខែ ភិក្ខុ​ក៏សំគាល់​ថា​លើស ​ហើយ​​ងូតទឹក ត្រូវ​អាបត្តិ​បាចិត្តិយ វៀរលែង​តែ​​មានសម័យ។ កាលលើសជា​ងកន្លះខែ ភិក្ខុ​សំគាល់​​ថា​ខ្វះ​វិញ ត្រូវអាបត្តិទុក្កដ។ កាលលើស​ជា​ងកន្លះខែ ភិក្ខុ​​មាន​សេចក្តី​សង្ស័យ ត្រូវអាបត្តិទុក្កដ។ កាល​លើស​ជា​ងកន្លះខែ ភិក្ខុ​សំគាល់​ថា លើសមែន ​មិន​ត្រូវអាបត្តិឡើយ។

[២៣៦] វារៈដែល​​មិន​ត្រូវអាបត្តិ (ក្នុង​សិក្ខាបទនេះ​មាន៨យ៉ាង) គឺភិក្ខុ​​មានសម័យ១ កន្លះខែភិក្ខុ​ងូតទឹកម្តង១ លើសជា​ងកន្លះខែភិក្ខុ​ងូតទឹក១ ភិក្ខុ​ឆ្លងទៅត្រើយ​ម្ខាង​​ហើយ​ងូត១ ភិក្ខុ​នៅ​ក្នុង​ជនបទ​ចុងដែនបង្អស់១ ភិក្ខុ​​មាន​សេចក្តី​អន្តរាយ​[គឺភិក្ខុ​​មានសត្វឃ្មុំ​ជា​ដើម​ដេញទិច ​ហើយ​មុជទៅក្នុង​ទឹក ដើម្បីឲ្យផុតពី​សេចក្តី​អន្តរាយនោះ​ ហៅថា ​មាន​សេចក្តី​​អន្តរាយ​ក្នុង​​សិក្ខាបទ​នេះ]១ ភិក្ខុ​ឆ្កួត១ ភិក្ខុ​ដើមបញ្ញត្តិ១។

សិក្ខាបទទី៧ ចប់។

សិក្ខាបទទី៨

[២៣៧] សម័យនោះ​ ព្រះពុទ្ធដ៏​មានព្រះភាគ កាលគង់នៅ​វត្តជេតវន របស់​​អនាថបិណ្ឌិក​សេដ្ឋី ទៀបក្រុងសាវត្ថី។ កាលនោះ​ឯង ពួកភិក្ខុ​ខ្លះ​ ពួកបរិព្វាជកខ្លះ ជា​ច្រើន​រូប​នាំ​​គ្នា​ដើរផ្លូវឆ្ងាយ ពីក្រុងសាកេតទៅក្រុង​សាវត្ថី។ លុះដល់ពាក់កណ្តាលផ្លូវ ​មានពួកចោរ​ចេញ​មក​ប្លន់​ពួកភិក្ខុ​ និងពួកបរិព្វាជកទាំងនោះ​។ រាជអាមាត្យ​ទាំងឡាយនាំ​គ្នា​ចេញ​ពីក្រុង​សាវត្ថី មកចាប់​ចោរ​ទាំងនោះ​បាន​ ព្រមទាំងទ្រព្យរបស់​ ​ហើយ​ប្រើបម្រើ​ទៅក្នុង​​សំណាក់​ពួកភិក្ខុ​ថា លោកម្ចាស់​​​ទាំងឡាយ​ចូរ​និមន្ត​មកយកចីវររបស់​ខ្លួនៗតាមស្គាល់ចុះ។ ភិក្ខុ​​ទាំងឡាយ​ក៏​មិន​ស្គាល់ចីវរ។ មនុស្ស​​ទាំងឡាយក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា លោកម្ចាស់​​​ទាំងឡាយ​មិន​គួរនឹង​​មិន​​ស្គាល់​ចីវររបស់​ខ្លួនៗសោះ។ ភិក្ខុ​​ទាំងឡាយ​បាន​ឮ​មនុស្សទាំងនោះ​​ពោលទោស តិះដៀល បន្តុះ​បង្អាប់​ហើយ​។ ទើបភិក្ខុ​ទាំងនោះ​​ក្រាបទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះដ៏​មានព្រះភាគ។ ព្រោះ​រឿងនេះ ដំណើរនេះ ទើបព្រះ​ដ៏​មានព្រះភាគ​ទ្រង់ឲ្យ​ប្រជុំភិក្ខុ​សង្ឃ​ ​ហើយ​ធ្វើធម្មីកថាដ៏ល្មម​សមគួរ​ដល់​រឿង​នោះ​ៗ ដល់ភិក្ខុ​​ទាំងឡាយ ​ហើយ​ទ្រង់ត្រាស់ហៅពួក​ភិក្ខុ​ដោយ​ព្រះពុទ្ធដីកាថា ម្នាល​ភិក្ខុ​​​ទាំងឡាយ បើដូច្នោះ តថាគត​​នឹងបញ្ញត្ត​សិក្ខាបទដល់ភិក្ខុ​​ទាំងឡាយ ព្រោះអាស្រ័យ​អំណាច​ប្រយោជន៍​ ១០​យ៉ាង គឺដើម្បី​ប្រពៃដល់សង្ឃ១ ដើម្បីសប្បាយដល់សង្ឃ១។បេ។ ដើម្បី​ឋិត​នៅ​​​នៃ​ព្រះសទ្ធម្ម១ ដើម្បីអនុគ្រោះព្រះវិន័យ១។ ម្នាលភិក្ខុ​​ទាំងឡាយ អ្នក​ទាំងឡាយ​គប្បីសំដែង​ឡើង​នូវ​សិក្ខាបទ​​នេះ​យ៉ាងនេះថា ភិក្ខុ​បាន​ចីវរថ្មីមក​ហើយ​ គប្បីកាន់យកនូវវត្ថុ​សម្រាប់​​ធ្វើ​ឲ្យខូចពណ៌​៣​យ៉ាង គឺពណ៌ខៀវក្តី ពណ៌ភក់ក្តី ពណ៌ខ្មៅជាំក្តី វត្ថុសម្រាប់​ធ្វើឲ្យខូច​ពណ៌ណាមួយ បើភិក្ខុ​​​មិន​​កាន់យក​នូវវត្ថុ​សម្រាប់​​ធ្វើឲ្យខូចពណ៌​៣យ៉ាង វត្ថុសម្រាប់​​ធ្វើឲ្យ​ខូចពណ៌​ណាមួយ ​ហើយ​ប្រើ​ប្រាស់​ចីវរ​ថ្មី ត្រូវអាបត្តិ​បាចិត្តិយ។

[២៣៨] ដែល​ហៅថា ថ្មី គឺចីវរដែល​​មិន​ទាន់បាន​ធ្វើកប្ប។ ដែល​ហៅថា ចីវរ គឺ​បណ្តា​ចីវរ​ទាំង៦ ចីវរណាមួយ។ ត្រង់ពាក្យថា គប្បីកាន់យក​នូវ​វត្ថុ​សម្រាប់​​ធ្វើឲ្យ​ខូចពណ៌​៣យ៉ាង វត្ថុ​សម្រាប់​​ធ្វើ​ឲ្យខូចពណ៌​ណាមួយ ​សេចក្តី​ថា ភិក្ខុ​ត្រូវធ្វើកប្ប​ពិន្ទុ​ដោយ​កំណត់​យ៉ាង​តូច​បំផុត​​ត្រឹម​ប៉ុនចុង​ស្បូវ។ ដែល​ហៅថា ពណ៌ខៀវ គឺវត្ថុ​​មានពណ៌ខៀវ​ពីរយ៉ាង បាន​ដល់​ពណ៌ខៀវ​ដូច​សម្រិត១ ពណ៌ខៀវ​ដូចស្លឹកឈើ១។ ដែល​ហៅថា ពណ៌ភក់ គឺសំដៅ​យកភក់ដែល​​នៅ​ក្នុង​ទឹក។ ដែល​ហៅថា ពណ៌ខ្មៅជាំ គឺវត្ថុ​​មានពណ៌​ខ្មៅណាមួយ។ ពាក្យថា បើភិក្ខុ​​មិន​កាន់យក​នូវ​វត្ថុ​សម្រាប់​​ធ្វើឲ្យខូចពណ៌​៣យ៉ាង វត្ថុសម្រាប់​ធ្វើឲ្យខូច​ពណ៌​ណាមួយ ​សេចក្តី​ថា ភិក្ខុ​​​មិន​ធ្វើ​កប្ប​ពិន្ទុ បណ្តាវត្ថុសម្រាប់​​ធ្វើឲ្យខូច​ពណ៌​៣យ៉ាង ដោយ​វត្ថុសម្រាប់​ធ្វើ​ឲ្យខូច​ពណ៌ណាមួយ ដោយ​​កំណត់​ប្រមាណ​យ៉ាងតូចបំផុត​ត្រឹម​ប៉ុន​ចុង​ស្បូវ ​ហើយ​ប្រើប្រាស់​ចីវរថ្មី ត្រូវអាបត្តិបាចិត្តិយ។

[២៣៩] ចីវរដែល​ភិក្ខុ​​មិន​ធ្វើកប្បពិន្ទុ ភិក្ខុ​សំគាល់​ថា​មិន​ទាន់ធ្វើកប្បពិន្ទុ ​ហើយ​ប្រើប្រាស់​ ត្រូវ​អាបត្តិ​បាចិត្តិយ។ ចីវរ​មិន​ទាន់ធ្វើកប្បពិន្ទុ ភិក្ខុ​​មាន​សេចក្តី​​សង្ស័យ ​ហើយ​ប្រើប្រាស់​ ត្រូវ​​អាបត្តិ​បាចិត្តិយ។ ចីវរ​មិន​ទាន់ធ្វើកប្បពិន្ទុ ភិក្ខុ​សំគាល់​ថា​ធ្វើកប្បពិន្ទុ​ហើយ​  ៗ​ប្រើ​ប្រាស់ ​​ត្រូវ​អាបត្តិ​បាចិត្តិយ។ ចីវរបាន​ធ្វើកប្បពិន្ទុ​ហើយ​ ភិក្ខុ​សំគាល់​ថា​​មិន​ទាន់​បាន​ធ្វើ​កប្បពិន្ទុ ត្រូវអាបត្តិ​ទុក្កដ។ ចីវរបាន​ធ្វើកប្បពិន្ទុ​ហើយ​ ភិក្ខុ​​មាន​​សេចក្តី​​សង្ស័យ ត្រូវអាបត្តិ​ទុក្កដ។ ចីវរបាន​​ធ្វើកប្បពិន្ទុ​​ហើយ​ ភិក្ខុ​សំគាល់​​ថា​​​បាន​ធ្វើ​កប្បពិន្ទុ ​មិន​ត្រូវអាបត្តិ​ឡើយ។

[២៤០] វារៈដែល​​មិន​ត្រូវអាបត្តិ (ក្នុង​សិក្ខាបទនេះ​មាន៩យ៉ាង) គឺភិក្ខុ​បាន​ធ្វើ​កប្បពិន្ទុ ​ហើយ​ប្រើប្រាស់១ កប្បពិន្ទុខូចខាតទៅ១ កន្លែងដែល​​ធ្វើកប្បពិន្ទុ​គ្រាំគ្រា​ទៅ១ ភិក្ខុ​ដេរ​ចីវរ​ដែល​​​មិន​បាន​​ធ្វើកប្បពិន្ទុ​ភ្ជាប់​ជា​មួយ​នឹងចីវរ​ដែល​​បាន​​ធ្វើ​កប្បពិន្ទុ​​ហើយ​១ ចីវរ​ដែល​​ប៉ះ​ដោយ​​បំណះ​ថ្មី១ ចីវរដែល​ដាក់​អនុវាតថ្មី១ ចីវរ​ចាស់​ប្រក់ថែមថ្មី១ ភិក្ខុ​ឆ្កួត១ ភិក្ខុ​ដើម​បញ្ញត្តិ១។

សិក្ខាបទទី៨ ចប់។

សិក្ខាបទទី៩

[២៤១] សម័យនោះ​ ព្រះពុទ្ធដ៏​មានព្រះភាគ កាលគង់នៅ​វត្តជេតវន របស់​​អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ សម័យនោះ​ឯង ឧបនន្ទសក្យបុត្រដ៏​មានអាយុ​បាន​​វិកប្ប​ចីវរ​របស់​​ខ្លួន​ដោយ​ខ្លួនឯង រួចផ្ញើរ​នឹងភិក្ខុ​ជា​សទ្ធិវិហារិករបស់​​ព្រះថេរៈ​ជា​បងប្អូន ​ហើយ​​មិន​​បាន​​ឲ្យ​ដក​វិកប្បចេញ ក៏​ចេះ​តែ​​ប្រើប្រាស់ទៅ។ ទើបភិក្ខុ​នោះ​​ប្រាប់​សេចក្តី​​នុ៎ះ​ដល់​ភិក្ខុ​​​ទាំងឡាយ​ថា ម្នាល​អាវុសោ ឧបនន្ទ​សក្យបុត្រ​ដ៏​មានអាយុ​នេះ បាន​វិកប្បចីវរ​របស់​ខ្លួន​ដោយ​ខ្លួន​ឯង ផ្ញើនឹង​ខ្ញុំ ​ហើយ​​មិន​​ឲ្យ​ដក​វិកប្ប (ជា​មុន) ​ហើយ​ចេះ​តែ​​ប្រើប្រាស់​ទៅ។ ភិក្ខុ​​ទាំងឡាយ​ណាជា​អ្នក​​មាន​សេចក្តី​​ប្រាថ្នាតិច។បេ។ ភិក្ខុ​​ទាំងឡាយនោះ​ ក៏​ពោលទោស តិះដៀល បន្តុះ​បង្អាប់ថា ឧបនន្ទសក្យបុត្រ​ដ៏​មានអាយុ​​មិន​គួរ​នឹងវិកប្ប​ចីវរ​របស់​ខ្លួន​ដោយ​ខ្លួនឯង​ នឹងភិក្ខុ​ផង​គ្នា​ ​ហើយ​​មិន​​បាន​​ឲ្យ​ដក​វិកប្ប​ចេញសិន ចេះ​តែ​​ប្រើប្រាស់​ទៅសោះ។បេ។ ព្រះអង្គទ្រង់ត្រាស់​សួរថា នែ​ឧបនន្ទ ឮថា អ្នកឯង​បាន​​វិកប្ប​ចីវរ​របស់​ខ្លួន​ដោយ​​ខ្លួនឯង​នឹងភិក្ខុ​ផង​គ្នា​ ​ហើយ​​​មិន​ឲ្យ​ដក​វិកប្ប​ចេញសិន ចេះ​តែ​ប្រើ​ប្រាស់​ទៅ ពិតមែនឬ។ ឧបនន្ទ​ដ៏​មានអាយុ​ក្រាបទូលថា សូមទ្រង់​មេត្តា​ប្រោស ពិតមែន។ ព្រះពុទ្ធដ៏​មានព្រះភាគ ទ្រង់បន្ទោសថា នែ​មោឃបុរស អ្នកឯង​​មិន​គួរ​នឹង​វិកប្ប​ចីវរ​របស់​​ខ្លួនដោយ​ខ្លួន​ឯង​នឹងភិក្ខុ​ផង​គ្នា​ ​ហើយ​ប្រើប្រាស់​ចីវរ ដែល​​មិន​បាន​​ឲ្យ​គេ​ដក​វិកប្ប​ចេញ​សិន​ទេ ម្នាលមោឃបុរស អំពើ​នេះ​​មិន​មែននាំឲ្យ​ជ្រះថ្លា​ដល់ពួក​ជនដែល​​​មិន​ទាន់​ជ្រះថ្លា ឬនាំ​ពួក​ជន​ដែល​​ជ្រះថ្លា​​ហើយ​ ឲ្យរឹងរឹត​​តែ​ជ្រះថ្លា​ឡើងទេ។បេ។ ម្នាលភិក្ខុ​​ទាំងឡាយ អ្នក​ទាំងឡាយ​គប្បី​សំដែង​​ឡើង​នូវ​សិក្ខាបទ​​នេះ​យ៉ាងនេះថា ភិក្ខុ​ណាមួយបាន​វិកប្បចីវរ​ដោយ​​​ខ្លួន​ឯង​ចំពោះ​ភិក្ខុ​​ផង​គ្នា​ក្តី ភិក្ខុ​នីក្តី សិក្ខមានាក្តី សាមណេរក្តី សាមណេរីក្តី ​ហើយ​ប្រើ​ប្រាស់ចីវរ​ដែល​​​មិន​ទាន់​ឲ្យ​គេ​ដក​វិកប្ប​ចេញសិន ត្រូវអាបត្តិ​បាចិត្តិយ។

[២៤២] ត្រង់ពាក្យថា ភិក្ខុ​ណាមួយ ​មាន​សេចក្តី​​ដូច​គ្នា​នឹង​បឋមបារាជិក​សិក្ខាបទ។ ពាក្យថា ភិក្ខុ​ផង​គ្នា​ គឺភិក្ខុ​ឯទៀត។ ដែល​ហៅថាភិក្ខុ​នី គឺភិក្ខុ​នីដែល​​បាន​​ឧបសម្បទាក្នុង​​សង្ឃ​ទាំង​ពីរពួក។ ដែល​ហៅថាសិក្ខមានា គឺស្រី​ដែល​បាន​សិក្សា​សិក្ខាក្នុង​ធម៌ទាំង​៦ គ្រប់ពីរឆ្នាំ​ហើយ​។ ដែល​ហៅថា សាមណេរ គឺកុលបុត្រ (ដែល​បាន​សម្រេច​បព្វជ្ជាកម្ម​​ហើយ​) ទ្រទ្រង់​នូវសិក្ខាបទ​ទាំង​១០។ ដែល​ហៅថា សាមណេរី គឺស្រី(ដែល​​បាន​សម្រេច​បព្វជ្ជាកម្ម​ហើយ​) ទ្រទ្រង់​នូវសិក្ខាបទ​ទាំង​១០។ ពាក្យថា ដោយ​ខ្លួនឯង គឺវិកប្ប​ដោយ​ខ្លួនឯង។ ដែល​ហៅថា ចីវរ គឺបណ្តាចីវរទាំង​៦ ចីវរ​ណាមួយ យ៉ាងតូចបំផុត​ល្មម​សម្រេច​កិច្ចវិកប្បបាន​។ ដែល​ហៅថា វិកប្ប គឺវិកប្ប​មានពីរយ៉ាង បាន​​ដល់​វិកប្ប​ចំពោះមុខ១ វិកប្ប​កំបាំងមុខ១។ ដែល​ហៅថា វិកប្បចំពោះមុខ គឺ​ភិក្ខុ​​កំណត់​ដោយ​​ពាក្យថា ខ្ញុំ​វិកប្ប​ចីវរ​នេះចំពោះ​លោក​ ឬចំពោះ​ភិក្ខុ​ឈ្មោះ​នេះ។ ដែល​ហៅថា វិកប្ប​កំបាំងមុខ គឺ​ភិក្ខុ​​កំណត់​ដោយ​ពាក្យថា ខ្ញុំ​ឲ្យ​ចីវរ​នេះដល់លោក ដើម្បីវិកប្ប​ទុក។ ភិក្ខុ​នោះ​​ត្រូវសួរ​ភិក្ខុ​​ជា​ម្ចាស់​​ចីវរ​ថា លោកណា​ជា​មិត្រ​របស់​លោក ឬលោក​ស្គាល់​លោកណា។ ភិក្ខុ​ម្ចាស់​​ចីវរ​ត្រូវប្រាប់​ថា ភិក្ខុ​​ឈ្មោះនេះផង ភិក្ខុ​​ឈ្មោះនេះផង។ ភិក្ខុ​អ្នក​ទទួល​វិកប្បនោះ​ ត្រូវនិយាយ​នឹងភិក្ខុ​​ម្ចាស់​​ចីវរ​ថា ខ្ញុំ​ឲ្យ​ចីវរ​ដល់ភិក្ខុ​​ទាំងនោះ​ លោកចូរ​​ប្រើប្រាស់ក្តី ឬលោក​ចូរ​លះបង់ក្តី លោកចូរ​ធ្វើ​តាមសម​គួរ​ដល់​បច្ច័យ​ក្តី នូវចីវរ​របស់​ភិក្ខុ​​ទាំងនោះ​ចុះ។ ដែល​ហៅថា ​មិន​បាន​ឲ្យ​គេ​ដកវិកប្ប គឺ​ភិក្ខុ​ជា​ម្ចាស់​​ចីវរ​ប្រើប្រាស់​ចីវរដែល​​ភិក្ខុ​​អ្នក​ទទួលវិកប្ប​នោះ​​មិន​​បាន​ប្រគល់​ឲ្យក្តី ​មិន​ស្និទ្ធស្នាល​នឹងភិក្ខុ​​ជា​អ្នក​ទទួល​វិកប្បនោះ​ ​ហើយ​ប្រើប្រាស់​ក្តី ត្រូវអាបត្តិ​បាចិត្តិយ។

[២៤៣] ចីវរដែល​​មិន​បាន​ឲ្យគេ​ដកវិកប្ប ភិក្ខុ​សំគាល់​ថា​មិន​បាន​ឲ្យគេ​ដកវិកប្ប ​ហើយ​ប្រើប្រាស់​ ត្រូវ​អាបត្តិ​បាចិត្តិយ។ ចីវរដែល​​មិន​បាន​ឲ្យគេ​ដកវិកប្ប ភិក្ខុ​​មាន​សេចក្តី​​សង្ស័យ ​ហើយ​ប្រើប្រាស់​ ត្រូវ​អាបត្តិ​បាចិត្តិយ។ ចីវរដែល​​មិន​បាន​ឲ្យគេ​ដកវិកប្ប ភិក្ខុ​សំគាល់​ថា​បាន​​ឲ្យ​គេ​​ដកវិកប្ប ​ហើយ​​ប្រើប្រាស់ ​​ត្រូវ​អាបត្តិ​បាចិត្តិយ។ ភិក្ខុ​អធិដ្ឋានក្តី លះបង់ចោលក្តី ត្រូវអាបត្តិ​ទុក្កដ។ ចីវរ​ដែល​បាន​ឲ្យ​គេ​ដកវិកប្ប ភិក្ខុ​សំគាល់​ថា ​មិន​បាន​ឲ្យ​គេ​ដក​វិកប្ប​វិញ ត្រូវអាបត្តិ​ទុក្កដ។ ចីវរ​ដែល​បាន​ឲ្យ​គេ​ដកវិកប្ប​ហើយ​ ភិក្ខុ​​មាន​សេចក្តី​​សង្ស័យ ត្រូវអាបត្តិ​ទុក្កដ។ ចីវរ​ដែល​បាន​ឲ្យ​គេ​ដកវិកប្ប​ហើយ​ ភិក្ខុ​សំគាល់​ថា បាន​ឲ្យ​គេ​ដក​វិកប្ប​ហើយ​ ​មិន​ត្រូវអាបត្តិឡើយ។

[២៤៤] វារៈដែល​​មិន​ត្រូវអាបត្តិ (ក្នុង​សិក្ខាបទនេះ​មាន៣យ៉ាង) គឺភិក្ខុ​ប្រើប្រាស់​ចីវរ​ដែល​​ភិក្ខុ​អ្នកទទួល​វិកប្ប​នោះ​ឲ្យក្តី ភិក្ខុ​​ម្ចាស់​របស់​​ស្និទ្ធស្នាល​នឹងភិក្ខុ​​ជា​អ្នកទទួល​វិកប្ប​នោះ​ក្តី១ ភិក្ខុ​ឆ្កួត១ ភិក្ខុ​ដើមបញ្ញត្តិ១។

សិក្ខាបទទី៩ ចប់។

សិក្ខាបទទី១០

[២៤៥] សម័យនោះ​ ព្រះពុទ្ធដ៏​មានព្រះភាគ កាលគង់នៅ​ក្នុង​អារាមជេតវន របស់​​អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ សម័យនោះ​ឯង ពួកសត្តរសវគ្គិយភិក្ខុ​​​មិន​បាន​​ទុកគ្រឿង​បរិក្ខារ​ដោយ​ស្រួល។ ពួកឆព្វគ្គិយភិក្ខុ​​លាក់​ទុកបាត្រខ្លះ ចីវរខ្លះ របស់​ពួក​សត្តរសវគ្គិយ​ភិក្ខុ​។ ពួក​សត្តរសវគ្គិយភិក្ខុ​ក៏និយាយ​ពាក្យនេះនឹងពួកឆព្វគ្គិយភិក្ខុ​ថា ម្នាល​អាវុសោ អ្នក​ទាំងឡាយ​ចូរ​​ឲ្យ​បាត្រខ្លះ ចីវរខ្លះ​ដល់​យើង។ ពួកឆព្វគ្គិយភិក្ខុ​​ក៏នាំ​គ្នា​​សើច។ ពួកសត្តរសវគ្គិយភិក្ខុ​ទាំងនោះ​​ក៏យំ។ ភិក្ខុ​​ទាំងឡាយ​សួរ​យ៉ាងនេះថា ម្នាល​អាវុសោ ហេតុ​អ្វី​បាន​ជា​អ្នក​​ទាំងឡាយ​យំ។ ពួក​សត្តរសវគ្គិយ​ភិក្ខុ​​ប្រាប់ថា ម្នាលអាវុសោ ពួកឆព្វគ្គិយភិក្ខុ​​ទាំងនេះ លាក់ទុកនូវបាត្រខ្លះ ចីវរខ្លះ របស់​យើង។ ភិក្ខុ​​ទាំងឡាយ​ណា​ជា​អ្នក​មាន​សេចក្តី​​ប្រាថ្នាតិច។បេ។ ភិក្ខុ​ទាំងនោះ​ ក៏​ពោលទោស តិះដៀល បន្តុះ​បង្អាប់ថា ​មិន​សម្បី​បើពួកឆព្វគ្គិយភិក្ខុ​​លាក់​ទុក​បាត្រខ្លះ ចីវរខ្លះ របស់​ភិក្ខុ​​ផង​គ្នា​​សោះ។បេ។ ព្រះអង្គទ្រង់​ត្រាស់​សួរថា ម្នាលភិក្ខុ​​​ទាំងឡាយ ឮថា អ្នក​ទាំងឡាយលាក់​ទុក​នូវបាត្រខ្លះ ចីវរខ្លះ របស់​ភិក្ខុ​​ផង​គ្នា​ ពិតមែនឬ។ ពួកឆព្វគ្គិយភិក្ខុ​​ក្រាបទូលថា សូមទ្រង់​ព្រះមេត្តា​ប្រោស ពិតមែន។ ព្រះពុទ្ធដ៏​មានព្រះភាគ ទ្រង់បន្ទោសថា នែ​មោឃបុរស​​ទាំងឡាយ ​មិន​សម្បី​បើអ្នកឯងរាល់​គ្នា​​មកលាក់​ទុក​នូវបាត្រខ្លះ ចីវរខ្លះ​របស់​ភិក្ខុ​​ផង​គ្នា​សោះ ម្នាលមោឃបុរស​​ទាំងឡាយ អំពើ​​ដែល​​ពួក​អ្នកឯង​រាល់​គ្នា​​ធ្វើនេះ ​​មិន​មែននាំឲ្យ​ជ្រះថ្លា​ដល់ពួក​ជនដែល​​​មិន​ទាន់​ជ្រះថ្លា ឬនាំ​ពួក​ជន​ដែល​​ជ្រះថ្លា​​ហើយ​ ឲ្យរឹងរឹត​​តែ​ជ្រះថ្លា​ឡើងទេ។បេ។ ម្នាលភិក្ខុ​​ទាំងឡាយ អ្នក​ទាំងឡាយ​គប្បី​សំដែង​​ឡើង​នូវ​សិក្ខាបទ​​នេះ​យ៉ាងនេះថា ភិក្ខុ​ណាមួយ​លាក់ទុកឯង ឬប្រើ​គេ​​ឲ្យលាក់ទុកនូវបាត្រក្តី ចីវរក្តី និសីទនៈក្តី បំពង់ម្ជុលក្តី វត្ថពន្ធចង្កេះក្តី របស់​ភិក្ខុ​ផង​គ្នា​ ដោយ​ហោចទៅ​សូម្បី​គ្រាន់​​តែ​​មាន​បំណង​នឹងសើចលេង ត្រូវអាបត្តិ​បាចិត្តិយ។

[២៤៦] ត្រង់ពាក្យថា ភិក្ខុ​ណាមួយ ​មាន​សេចក្តី​​ដូច​គ្នា​នឹង​បឋមបារាជិក​សិក្ខាបទ។ ពាក្យថា ភិក្ខុ​ផង​គ្នា​ គឺភិក្ខុ​ឯទៀត។ ដែល​ហៅថាបាត្រ គឺបាត្រ​មានពីរយ៉ាង បាន​ដល់​បាត្រ​ដែក​១ បាត្រដី១។ ដែល​ហៅថាចីវរ គឺបណ្តាចីវរទាំង​៦ ចីវរ​ណាមួយ យ៉ាងតូចបំផុត​ល្មម​វិកប្បបាន​។ ដែល​ហៅថា និសីទនៈ សំដៅយកនិសីទនៈ​ដែល​​មានជា​យ។ ដែល​ហៅថា បំពង់ម្ជុល គឺបំពង់​ម្ជុល​ដែល​​មានម្ជុលក្តី ឥត​ម្ជុលក្តី។ ដែល​ហៅថា វត្តពន្ធចង្កេះ គឺវត្តពន្ធចង្កេះ​​មានពីរយ៉ាង បាន​​ដល់​វត្ថពន្ធចង្កេះ​ឈ្មោះ​បដ្តិកៈ (ចំរៀកសម្ពត់)១ វត្ថពន្ធ​ឈ្មោះសូករន្តកៈ (គឺ​វត្ថពន្ធ​​មានសណ្ឋាន​ដូច​ពោះវៀន​ជ្រូក)១។ ពាក្យថាលាក់ទុកឯង គឺភិក្ខុ​​លាក់ទុក​ដោយ​ខ្លួន​ឯង ត្រូវអាបត្តិ​បាចិត្តិយ។ ពាក្យថា ប្រើគេ​ឲ្យលាក់ គឺភិក្ខុ​​បង្គាប់​អ្នកដទៃ (ឲ្យលាក់​ទុក) ត្រូវអាបត្តិ​បាចិត្តិយ។ ភិក្ខុ​​បង្គាប់​គេ​​​តែ​​ម្តង អ្នកទទួល​បង្គាប់​លាក់ទុក​ច្រើនដង ត្រូវអាបត្តិ​បាចិត្តិយ១។ ពាក្យថា ដោយ​ហោច​ទៅ សូម្បី​គ្រាន់​តែ​​​មានបំណង​នឹងសើចលេង គឺ​ភិក្ខុ​​មាន​សេចក្តី​​ប្រាថ្នានឹងលេង។

[២៤៧] ឧបសម្បន្ន ភិក្ខុ​សំគាល់​ថាឧបសម្បន្ន ​ហើយ​លាក់ទុកឯង ឬប្រើគេ​​ឲ្យ​លាក់​ទុក នូវ​បាត្រក្តី ចីវរក្តី និសីទនៈក្តី បំពង់ម្ជុលក្តី វត្ថពន្ធ​ចង្កេះក្តី ដោយ​ហោចទៅ សូម្បី​គ្រាន់​​តែ​​​មាន​បំណង​នឹង​សើច​លេង ក៏ត្រូវ​អាបត្តិ​បាចិត្តិយ។ ឧបសម្បន្ន ភិក្ខុ​​មាន​សេចក្តី​​សង្ស័យ ​ហើយ​លាក់ទុកឯង ឬប្រើគេ​​ឲ្យ​លាក់​ទុក នូវ​បាត្រក្តី ចីវរក្តី និសីទនៈក្តី បំពង់ម្ជុលក្តី វត្ថពន្ធ​ចង្កេះក្តី ដោយ​ហោចទៅ សូម្បី​គ្រាន់​​តែ​​​មាន​បំណង​នឹង​សើច​លេង ត្រូវ​អាបត្តិ​បាចិត្តិយ។។ ឧបសម្បន្ន ភិក្ខុ​សំគាល់​ថាអនុបសម្បន្នទៅវិញ ​ហើយ​លាក់ទុកឯង ឬប្រើគេ​​ឲ្យ​លាក់​ទុក នូវ​បាត្រក្តី ចីវរក្តី និសីទនៈក្តី បំពង់ម្ជុលក្តី វត្ថពន្ធ​ចង្កេះក្តី ដោយ​ហោចទៅ សូម្បី​គ្រាន់​​តែ​​​មាន​បំណង​នឹង​សើច​លេង ក៏ត្រូវ​អាបត្តិ​បាចិត្តិយ។ ភិក្ខុ​លាក់ទុកឯង ឬប្រើគេ​ឲ្យ​លាក់ទុក នូវបរិក្ខារ​ដទៃ ដោយ​ហោច​ទៅ​ សូម្បី​គ្រាន់​តែ​​​មានបំណង​នឹងសើច​លេង ត្រូវអាបត្តិ​ទុក្កដ។ ភិក្ខុ​លាក់ទុកឯង ឬប្រើគេ​ឲ្យ​លាក់ទុក នូវបាត្រក្តី ចីវរក្តី បរិក្ខារដទៃក្តី របស់​អនុបសម្បន្ន ដោយ​ហោច​ទៅ​ សូម្បី​គ្រាន់​តែ​​​មានបំណង​នឹងសើច​លេង ត្រូវអាបត្តិ​ទុក្កដ។ អនុបសម្បន្ន ភិក្ខុ​សំគាល់​ថា​ឧបសម្បន្នទៅវិញ ត្រូវអាបត្តិទុក្កដ។ អនុបសម្បន្ន ភិក្ខុ​​មាន​សេចក្តី​​សង្ស័យ ត្រូវអាបត្តិទុក្កដ។ អនុបសម្បន្ន ភិក្ខុ​សំគាល់​ថាអនុបសម្បន្ន ត្រូវអាបត្តិ​ទុក្កដ។

[២៤៨] វារៈដែល​​មិន​ត្រូវអាបត្តិ (ក្នុង​សិក្ខាបទនេះ​មាន៤យ៉ាង) គឺភិក្ខុ​​មិន​ប្រាថ្នា​នឹងសើច​លេង ​ហើយ​ទុកដាក់បាត្រ​ជា​ដើម​ដែល​គេ​ទុក​ដាក់​​មិន​ល្អ១ ភិក្ខុ​​ទុកដាក់​ដោយ​​គិតថា អញ​នឹង​ធ្វើ​ធម្មីកថា​​ហើយ​សឹម​ឲ្យវិញ១ ភិក្ខុ​ឆ្កួត១ ភិក្ខុ​ដើមបញ្ញត្តិ១។

សិក្ខាបទទី១០ ចប់។

សុរាបាន​វគ្គទី៦ ចប់។

ឧទ្ទាន​នៃ​សុរាបាន​វគ្គនោះ​ (​មាន១០សិក្ខាបទ) គឺ

សុរាសិក្ខាបទ ១ អង្គុលិសិក្ខាបទ ១ ហាសសិក្ខាបទ ១ អនាទរិយសិក្ខាបទ ១ ភឹសនសិក្ខាបទ ១ ជោតិសិក្ខាបទ ១ ន្ហានសិក្ខាបទ ១ ទុព្វណ្ណសិក្ខាបទ ១ សាមសិក្ខាបទ ១ អបនិធសិក្ខាបទ ១។

សប្បាណកវគ្គ សិក្ខាបទទី១

[២៤៩] សម័យនោះ​ ព្រះពុទ្ធដ៏​មានព្រះភាគ កាលគង់នៅ​វត្តជេតវន របស់​​អនាថបិណ្ឌិក​សេដ្ឋី ទៀបក្រុងសាវត្ថី។ សម័យនោះ​ឯង ឧទាយិ​ដ៏​មានអាយុ (ធ្លាប់) ជា​នាយ​ខ្មាន់​ធ្នូ។ លោក​នោះ​​​មិន​ពេញ​ចិត្ត​នឹង​សត្វ​ក្អែក​​ទាំងឡាយ។ ឧទាយិ​នោះ​ ក៏បាញ់​សត្វក្អែក​​ទាំង​ឡាយ​ កាត់ក្បាល ​ហើយ​​ដោត​លើឈើ​អណ្តោត ដោយ​លំដាប់​គ្នា​។ ភិក្ខុ​​ទាំងឡាយ​សួរយ៉ាងនេះ​ថា ម្នាលអាវុសោ លោក​ណា​សម្លាប់​សត្វក្អែក​ទាំងនេះ។ ឧទាយិឆ្លើយថា ម្នាលអាវុសោ ខ្ញុំ​សម្លាប់ (ព្រោះ) សត្វក្អែក​ ខ្ញុំ​​មិន​​ចូល​​ចិត្តសោះ។  ពួកភិក្ខុ​​ណាដែល​​មាន​សេចក្តី​​ប្រាថ្នាតិច។បេ។ ភិក្ខុ​ទាំងនោះ​ ក៏​ពោលទោស តិះដៀល បន្តុះ​បង្អាប់ថា ឧទាយិដ៏​មានអាយុ ​មិន​គួរ​នឹងក្លែង​ផ្តាច់​បង់​សត្វ​ចាក​ជីវិតសោះ។បេ។​ ព្រះអង្គទ្រង់ត្រាស់​សួរថា ម្នាលឧទាយិ ឮថា អ្នកឯង​ក្លែងផ្តាច់​បង់​សត្វ​ចាកជីវិត ពិតមែនឬ។ ឧទាយិ​ក្រាបទូលថា សូមទ្រង់មេត្តា​ប្រោស ពិតមែន។ ព្រះពុទ្ធដ៏​មានព្រះភាគ ទ្រង់បន្ទោសថា នែ​មោឃបុរស​ អ្នកឯង​មិន​គួរ​នឹង​ក្លែង​ផ្តាច់​បង់​សត្វចាក​ជីវិតទេ ម្នាលមោឃបុរស អំពើ​នេះ ​​មិន​មែន​នាំឲ្យ​ជ្រះថ្លា​ដល់ពួក​ជនដែល​​​មិន​ទាន់​ជ្រះថ្លា ឬនាំ​ពួក​ជន​ដែល​​ជ្រះថ្លា​​ហើយ​ ឲ្យរឹងរឹត​​តែ​ជ្រះថ្លា​ឡើងទេ។បេ។ ម្នាលភិក្ខុ​​ទាំងឡាយ អ្នក​ទាំងឡាយ​គប្បី​សំដែង​​ឡើង​នូវ​សិក្ខាបទ​​នេះ​យ៉ាងនេះថា ភិក្ខុ​ណាមួយក្លែង​ផ្តាច់បង់​សត្វចាក​ជីវិត ត្រូវអាបត្តិ​បាចិត្តិយ។

[២៥០] ត្រង់ពាក្យថា ភិក្ខុ​ណាមួយ ​មាន​សេចក្តី​​ដូច​គ្នា​នឹង​បឋមបារាជិក​សិក្ខាបទ។ ពាក្យថាក្លែង គឺដឹង​ស្គាល់​ជា​ក់ ​ហើយ​ក្លែង​ប្រព្រឹត្ត​ល្មើស ប្រព្រឹត្តកន្លង។ ដែល​ហៅថាសត្វ គឺសំដៅយក​សត្វតិរច្ឆាន។ ពាក្យថាផ្តាច់បង់​នូវ​សត្វ​ចាកជីវិត គឺផ្តាច់បង់ បំបាត់បង់​នូវ​ជីវិតិន្ទ្រិយ គឺធ្វើ​តំណជីវិត​របស់​សត្វ​ឲ្យ​កក្រើក ត្រូវអាបត្តិ​បាចិត្តិយ។

[២៥១] សត្វ (តិរច្ឆាន) ភិក្ខុ​សំគាល់​ថាសត្វ(តិរច្ឆាន) ​ហើយ​ដាក់ចុះ​ចាកជីវិត (សម្លាប់) ត្រូវ​អាបត្តិ​បាចិត្តិយ។ សត្វ (តិរច្ឆាន) ភិក្ខុ​​មាន​សេចក្តី​​សង្ស័យ ​ហើយ​ដាក់ចុះ​ចាកជីវិត ត្រូវ​អាបត្តិ​ទុក្កដ។ សត្វ (តិរច្ឆាន) ភិក្ខុ​សំគាល់​ថា​មិន​មែនសត្វ(តិរច្ឆាន) ​ហើយ​ដាក់ចុះ​ចាកជីវិត ​មិន​ត្រូវ​អាបត្តិ​ឡើយ។ ​មិន​មែនសត្វ (តិរច្ឆាន) ភិក្ខុ​សំគាល់​ថាសត្វ(តិរច្ឆាន) ត្រូវ​អាបត្តិ​ទុក្កដ។ ​មិន​មែនសត្វ (តិរច្ឆាន) ភិក្ខុ​​មាន​សេចក្តី​​សង្ស័យ ត្រូវ​អាបត្តិ​ទុក្កដ។ ​មិន​មែនសត្វ (តិរច្ឆាន) ភិក្ខុ​សំគាល់​ថា​មិន​មែនសត្វ(តិរច្ឆាន) ​មិន​ត្រូវ​អាបត្តិ​ឡើយ។

[២៥២] វារៈដែល​​មិន​ត្រូវអាបត្តិ (ក្នុង​សិក្ខាបទនេះ​មាន៦យ៉ាង) គឺភិក្ខុ​​មិន​ក្លែង១ ​មិន​​មាន​ស្មារតី១ ​មិន​ដឹង១ ​មិន​ប៉ង​នឹងសម្លាប់១ ភិក្ខុ​ឆ្កួត១ ភិក្ខុ​ដើមបញ្ញត្តិ១។

សិក្ខាបទទី១ ចប់។

សិក្ខាបទទី២

[២៥៣] សម័យនោះ​ ព្រះពុទ្ធដ៏​មានព្រះភាគ កាលគង់នៅ​វត្តជេតពន របស់​​អនាថបិណ្ឌិក​សេដ្ឋី ទៀបក្រុងសាវត្ថី។ សម័យនោះ​ឯង ពួកឆព្វគ្គិយភិក្ខុ​​ដឹងថាទឹក​​មានសត្វ​ហើយ​ យកទៅប្រើ​ប្រាស់។ ភិក្ខុ​​ទាំងឡាយ​ណា​មាន​សេចក្តី​​ប្រាថ្នាតិច។បេ។ ភិក្ខុ​ទាំងនោះ​ ក៏​ពោលទោស តិះដៀល បន្តុះ​បង្អាប់ថា ពួកឆព្វគ្គិយភិក្ខុ​ដឹង​ថាទឹក​​មានសត្វ​ហើយ​ ​មិន​គួរ​នឹងយកទៅប្រើប្រាស់សោះ។បេ។​ ព្រះដ៏​មានព្រះភាគត្រាស់​សួរថា ម្នាលភិក្ខុ​​ទាំងឡាយ ឮថា អ្នក​ទាំងឡាយដឹង​ថាទឹក​​មានសត្វ​​ហើយ​ យកទៅប្រើប្រាស់ ពិតមែនឬ។ ពួក​ឆព្វគ្គិយភិក្ខុ​​ក្រាបទូលថា បពិត្រព្រះដ៏​​មានព្រះភាគ ពិតមែន។ ព្រះពុទ្ធដ៏​មានជោគ ទ្រង់បន្ទោសថា ម្នាលមោឃបុរស​ទាំងឡាយ​ ពួកអ្នកឯងដឹង​ថា​ទឹក​​មានសត្វ​​ហើយ​ ​មិន​គួរ​នឹងយក​ទៅ​ប្រើប្រាស់​ទេ នែ​មោឃបុរស​ទាំងឡាយ អំពើ​នេះ ​​មិន​មែន​នាំឲ្យ​ជ្រះថ្លា​ដល់ពួក​ជនដែល​​​មិន​ទាន់​ជ្រះថ្លា ឬនាំ​ពួក​ជន​ដែល​​ជ្រះថ្លា​​ហើយ​ ឲ្យរឹងរឹត​​តែ​ជ្រះថ្លា​ឡើងទេ។បេ។ ម្នាលភិក្ខុ​​ទាំងឡាយ អ្នក​ទាំងឡាយ​គប្បី​សំដែង​​ឡើង​នូវ​សិក្ខាបទ​​នេះ​យ៉ាងនេះថា ភិក្ខុ​ណាមួយ​ដឹង​ហើយ​ បរិភោគ​ទឹកដែល​​​មានសត្វ​​មានជីវិត (ភិក្ខុ​នោះ​) ត្រូវអាបត្តិ​បាចិត្តិយ។

[២៥៤] ត្រង់ពាក្យថា ភិក្ខុ​ណាមួយ ​មាន​សេចក្តី​អធិប្បាយក្នុង​សិក្ខាបទទី១ ​នៃ​​បារាជិក​កណ្ឌ​រួច​ហើយ​។ ដែល​ហៅថាដឹង គឺភិក្ខុ​ដឹងខ្លួនឯង ឬពួក​អ្នកដទៃ​ប្រាប់​ដល់​ភិក្ខុ​នោះ​។ ភិក្ខុ​​ដឹង​ថា​ទឹក​​មានសត្វ​​មានជីវិត (ឬ) ដឹងថា​ពួកសត្វ​នឹង​ស្លាប់​ដោយ​ការ​ប្រើប្រាស់ ​ហើយ​ប្រើប្រាស់​ ត្រូវអាបត្តិ​បាចិត្តិយ។

[២៥៥] ទឹក​មានសត្វ​មានជីវិត ភិក្ខុ​សំគាល់​ថាទឹក​មានសត្វ​មានជីវិត ​ហើយ​ប្រើប្រាស់​ទឹក​នោះ​ ត្រូវ​អាបត្តិ​បាចិត្តិយ។ ភិក្ខុ​​សង្ស័យក្នុង​ទឹក​ដែល​​មានសត្វ​​មានជីវិត ​ហើយ​ប្រើប្រាស់ ត្រូវ​អាបត្តិ​ទុក្កដ។ ទឹក​មានសត្វ​​មានជីវិត ភិក្ខុ​សំគាល់​ថាទឹកគ្មានសត្វ ​ហើយ​ប្រើប្រាស់ ​មិន​ត្រូវ​អាបត្តិ​។ ទឹកគ្មានសត្វ ភិក្ខុ​សំគាល់​ថា​មានសត្វ ត្រូវ​អាបត្តិ​ទុក្កដ។ ទឹកគ្មានសត្វ ភិក្ខុ​​មាន​សេចក្តី​​សង្ស័យ ត្រូវ​អាបត្តិ​ទុក្កដ។ ទឹកគ្មានសត្វ ភិក្ខុ​សំគាល់​ថាគ្មានសត្វ ​មិន​ត្រូវ​អាបត្តិ។

[២៥៦] វារៈដែល​​មិន​ត្រូវអាបត្តិ (ក្នុង​សិក្ខាបទនេះ​មាន៣យ៉ាង) គឺភិក្ខុ​​មិន​ដឹងថា​ទឹក​​មានសត្វ(ក្តី) ដឹងថា​ទឹក​គ្មាន​សត្វរស់​(ក្តី) ដឹងថាពួក​សត្វ​នឹង​​មិន​ស្លាប់​ដោយ​ការ​ប្រើប្រាស់ (ក្តី) ​ហើយ​ប្រើប្រាស់១ ភិក្ខុ​ឆ្កួត១ ភិក្ខុ​ដើមបញ្ញត្តិ១។

សិក្ខាបទទី២ ចប់។

សិក្ខាបទទី៣

[២៥៧] សម័យនោះ​ ព្រះពុទ្ធដ៏​មានព្រះភាគ កាលគង់នៅ​វត្តជេតពន របស់​​អនាថបិណ្ឌិក​សេដ្ឋី ជិតក្រុងសាវត្ថី។ សម័យនោះ​ឯង ពួកឆព្វគ្គិយភិក្ខុ​​ដឹងថាអធិករណៈ​[​មាន​សេចក្តី​​អធិប្បាយ​ក្នុង​សិក្ខាបទទី៨ តេរសកណ្ឌ​សៀវភៅ​ទី២រួច​ហើយ​។] ដែល​​សង្ឃ​រម្ងាប់​សមគួរ​តាមធម៌​ហើយ​ សើរើដើម្បី​ធ្វើជា​ថ្មីទៀតថា កម្ម(នោះ​) គឺសង្ឃ​​មិន​បាន​ធ្វើ​ កម្ម(នោះ​) គឺសង្ឃ​ធ្វើ​មិន​ត្រឹមត្រូវ ពួកយើង​ត្រូវធ្វើ​ជា​ថ្មីទៀត កម្មឈ្មោះ​ថា សង្ឃ​រម្ងាប់​ហើយ​​​មិន​ស្រេច រម្ងាប់​​ហើយ​​​មិន​ល្អ ពួកយើងត្រូវ​រម្ងាប់​ជា​ថ្មីទៀត។ ភិក្ខុ​​ទាំងឡាយ​ណា​មាន​សេចក្តី​​ប្រាថ្នាតិច។បេ។ ភិក្ខុ​ទាំងនោះ​ ពោលទោស តិះដៀល បន្តុះ​បង្អាប់ថា ពួកឆព្វគ្គិយភិក្ខុ​ដឹង​ថាអធិករណៈ ដែល​​សង្ឃ​រម្ងាប់​សមគួរ​តាមធម៌​ហើយ​ ​មិន​គួរ​នឹងសើរើ​ដើម្បី​ធ្វើជា​ថ្មីទៀត​សោះ។បេ។​ ព្រះដ៏​មាន​ព្រះភាគ​ត្រាស់​សួរថា ម្នាលភិក្ខុ​​ទាំងឡាយ ឮថា ពួកអ្នកឯងដឹង​ថាអធិករណៈ ដែល​​សង្ឃ​រម្ងាប់​សមគួរ​តាមធម៌​​ហើយ​ សើរើដើម្បី​ធ្វើជា​ថ្មី​ទៀត ពិតមែន​ឬ។ ពួកឆព្វគ្គិយភិក្ខុ​​ក្រាបទូលថា បពិត្រព្រះដ៏​​មានព្រះភាគ ពិតមែន។ ព្រះពុទ្ធដ៏​មានជោគ ទ្រង់បន្ទោសថា ម្នាលមោឃបុរស​​ទាំងឡាយ​ ពួកអ្នកដឹង​ថាអធិករណៈ ដែល​សង្ឃ​រម្ងាប់សមគួរ​តាមធម៌​​ហើយ​ ​មិន​គួរ​នឹងសើរើ​ដើម្បី​ធ្វើជា​ថ្មី​ទៀតទេ នែ​មោឃបុរស​ទាំង​ឡាយ អំពើ​នេះ ​​មិន​មែន​នាំឲ្យ​ជ្រះថ្លា​ដល់ពួក​ជនដែល​​​មិន​ទាន់​ជ្រះថ្លា ឬនាំ​ពួក​ជន​ដែល​​ជ្រះថ្លា​​ហើយ​ ឲ្យរឹងរឹត​​តែ​ជ្រះថ្លា​ឡើងទេ។បេ។ ម្នាលភិក្ខុ​​ទាំង​ឡាយ អ្នក​ទាំងឡាយ​គប្បី​សំដែង​​ឡើង​នូវ​សិក្ខាបទ​​នេះ​យ៉ាងនេះថា ភិក្ខុ​ណាមួយកាល​ដឹងថា​អធិករណៈ​ដែល​សង្ឃ​រម្ងាប់​សមគួរ​តាមធម៌​​ហើយ​ សើរើ​ដើម្បី​ធ្វើ​ជា​ថ្មីទៀត ភិក្ខុ​នោះ​ ត្រូវអាបត្តិ​បាចិត្តិយ។

[២៥៨] ត្រង់ពាក្យថា ភិក្ខុ​ណាមួយ ​មាន​សេចក្តី​ដូច​គ្នា​ក្នុង​សិក្ខាបទទី១ ​នៃ​​បារាជិក​កណ្ឌ​។ ដែល​ហៅថាដឹង គឺភិក្ខុ​ដឹងខ្លួនឯងក្តី ពួក​អ្នកដទៃ​ប្រាប់​ដល់​ភិក្ខុ​នោះ​ក្តី ភិក្ខុ​ដែល​​​មាន​រឿង​នោះ​​ប្រាប់ក្តី។ ដែល​ហៅថា សមគួរ​តាមធម៌ គឺអធិរណៈ​ដែល​សង្ឃ​ធ្វើ (គឺរម្ងាប់) ​ហើយ​តាម​ធម៌​ តាមវិន័យ តាមពាក្យ​ប្រៀន​ប្រដៅ​ព្រះសាស្តា នេះហៅថា សមគួរតាមធម៌។

[២៥៩] ដែល​ហៅថា អធិករណៈ គឺអធិករណៈ​​មាន៤យ៉ាង គឺវិវាទាធិករណៈ១ អនុវាទាធិករណៈ១ អាបត្តាធិករណៈ១ កិច្ចាធិករណៈ១។ ពាក្យថា សើរើដើម្បីធ្វើ​ជា​ថ្មីទៀត គឺ​ភិក្ខុ​​សើរើ​ថា សង្ឃធ្វើកម្ម​​មិន​ស្រេច សង្ឃ​ធ្វើ​កម្ម​​មិន​ល្អ យើង​ត្រូវ​ធ្វើ​ជា​ថ្មី​ទៀត សង្ឃ​រម្ងាប់​កម្ម​​មិន​​ស្រេច សង្ឃ​រម្ងាប់​កម្ម​​មិន​ល្អ យើងត្រូវ​រម្ងាប់​ជា​ថ្មីទៀត ដូច្នេះ ត្រូវអាបត្តិ​បាចិត្តិយ។

[២៦០] កម្មប្រកបដោយ​ធម៌ ភិក្ខុ​សំគាល់​ថាកម្មប្រកបដោយ​ធម៌ ​ហើយ​​សើរើ​ឡើង ត្រូវ​អាបត្តិ​បាចិត្តិយ។ កម្មប្រកបដោយ​ធម៌ ភិក្ខុ​​មាន​សេចក្តី​​សង្ស័យ ​ហើយ​​សើរើ ត្រូវ​អាបត្តិទុក្កដ។ កម្មប្រកបដោយ​ធម៌ ភិក្ខុ​សំគាល់​ថាកម្ម​មិន​ប្រកបដោយ​ធម៌ ​ហើយ​​សើរើ ​មិន​ត្រូវ​អាបត្តិ។ កម្ម​មិន​ប្រកបដោយ​ធម៌ ភិក្ខុ​សំគាល់​ថាកម្មប្រកបដោយ​ធម៌ ត្រូវ​អាបត្តិ​ទុក្កដ។ កម្ម​មិន​​ប្រកប​ដោយ​ធម៌ ភិក្ខុ​​មាន​​សេចក្តី​សង្ស័យ ត្រូវ​អាបត្តិ​ទុក្កដ។ កម្ម​មិន​ប្រកបដោយ​ធម៌ ភិក្ខុ​សំគាល់​​ថាកម្ម​​មិន​ប្រកបដោយ​ធម៌ ​មិន​ត្រូវ​អាបត្តិ។

[២៦១] វារៈដែល​​មិន​ត្រូវអាបត្តិ (ក្នុង​សិក្ខាបទនេះ​មាន៣យ៉ាង) គឺភិក្ខុ​ដឹងថា កម្មដែល​​សង្ឃ​ធ្វើ​ហើយ​​ដោយ​កិច្ចដែល​​​មិន​មែន​ជា​ធម៌ក្តី​ [បាន​ដល់​កម្ម​ ដែល​​ធ្វើ​​មិន​ត្រឹមត្រូវ​តាម​ច្បាប់។] ដោយ​ពួកក្តី​[បាន​ដល់​កម្មដែល​​ធ្វើ​បែកខ្ញែក​ជា​ពួក​ ​មិន​ព្រមព្រៀង​គ្នា​។] សង្ឃធ្វើ​កម្ម​ដល់​ភិក្ខុ​​ដែល​​​មិន​គួរ​ដល់​កម្មក្តី ​ហើយ​សើរើ ១ ភិក្ខុ​ឆ្កួត១ ភិក្ខុ​ដើមបញ្ញត្តិ១។

សិក្ខាបទទី៣ ចប់។

សិក្ខាបទទី៤

[២៦២] សម័យនោះ​ ព្រះពុទ្ធដ៏​មានព្រះភាគ កាលគង់នៅ​វត្តជេតពន របស់​​អនាថបិណ្ឌិក​សេដ្ឋី ទៀបក្រុងសាវត្ថី។ សម័យនោះ​ឯង ព្រះឧបនន្ទ​សក្យបុត្រដ៏​មានអាយុ ត្រូវអាបត្តិ​ឈ្មោះ​សញ្ចេតនិកសុក្កវិសដ្ឋិ​ [បាន​ប្រែ​ក្នុង​​សិក្ខាបទ​ទី១ ​នៃ​​សង្ឃាទិសេសរួច​ហើយ​។] ហើយ​ប្រាប់​ដល់​ភិក្ខុ​​ជា​សទ្ធិវិហារិក របស់​ព្រះថេរៈ​ជា​បងប្អូន​ថា នែ​​អាវុសោ ខ្ញុំ​ត្រូវ​អាបត្តិ​សញ្ចេតនិកសុក្កវិសដ្ឋិ​​ហើយ​ លោកកុំប្រាប់​ដល់អ្នកណាឡើយ។ សម័យ​នោះ​ឯង ភិក្ខុ​១រូប​ត្រូវអាបត្តិ​សញ្ចេតនិកសុក្កវិសដ្ឋិ ​ហើយ​​សូមនៅ​​បរិវាស​ដើម្បី​អាបត្តិ​នោះ​នឹងសង្ឃ។ សង្ឃ​បាន​​ឲ្យ​បរិវាស ដើម្បី​អាបត្តិ​នោះ​ដល់​ភិក្ខុ​នោះ​។ ភិក្ខុ​នោះ​​កំពុងនៅ​បរិវាស ក៏បាន​ឃើញ​ភិក្ខុ​​ដែល​​ព្រះឧបនន្ទ​ប្រាប់អាបត្តិ​នោះ​ ​ហើយ​​បាន​​ពោលពាក្យ​នេះថា នែ​អាវុសោ ខ្ញុំ​ត្រូវអាបត្តិ​សញ្ចេតនិកសុក្កវិសដ្ឋិ ​ហើយ​សុំបរិវាស ដើម្បី​អាបត្តិ​នោះ​នឹងសង្ឃ សង្ឃ​បាន​ឲ្យ​បរិវាស ដើម្បីអាបត្តិ​នោះ​ដល់ខ្ញុំ​នោះ​ឯង ខ្ញុំ​នោះ​កំពុង​នៅ​​បរិវាស នែ​អាវុសោ ខ្ញុំសូម​ប្រាប់ឲ្យដឹង លោកដ៏​មាន​អាយុចូរ​ចាំ​ទុកនូវខ្ញុំថា ភិក្ខុ​នេះ​បាន​ប្រាប់​ឲ្យ​ដឹង។ ភិក្ខុ​​នោះ​សួរ​វិញថា នែ​អាវុសោ ទុកជា​ភិក្ខុ​​ដទៃ​ណា ​តែ​ត្រូវអាបត្តិនេះ ភិក្ខុ​នោះ​​តែ​ង​ធ្វើ​យ៉ាងហ្នឹង​ឬ។ ភិក្ខុ​ដែល​នៅ​​បរិវាស​តបថា យ៉ាងហ្នឹង​ហើយ​ អាវុសោ។ ភិក្ខុ​នោះ​​និយាយថា នែ​អាវុសោ លោក​ឧបនន្ទ​សក្យបុត្រ​ដ៏​មានអាយុ​នេះ ត្រូវ​អាបត្តិ​សញ្ចេតនិកសុក្កវិសដ្ឋិ​ហើយ​ លោក​ឧបនន្ទនោះ​​បាន​​ប្រាប់​ខ្ញុំថា នែ​អាវុសោ ខ្ញុំត្រូវអាបត្តិ​សញ្ចេតនិកសុក្កវិសដ្ឋិ​ហើយ​ លោកកុំ​ប្រាប់ដល់​អ្នកណាឡើយ។ ភិក្ខុ​ដែល​​នៅ​បរិវាសនោះ​​និយាយ​ថា នែ​អាវុសោ អ្នកបិទ​បាំង​អាបត្តិ​នោះ​ឬអ្វី។ ភិក្ខុ​​នោះ​​ប្រាប់ថា យ៉ាងហ្នឹង​ហើយ​ អាវុសោ។ លំដាប់នោះ​ឯង ភិក្ខុ​នោះ​​ប្រាប់​​សេចក្តី​​នុ៎ះ​ដល់​ភិក្ខុ​​​ទាំងឡាយ។ ភិក្ខុ​​ទាំងឡាយ​ណា​មាន​សេចក្តី​​ប្រាថ្នាតិច។បេ។ ភិក្ខុ​ទាំងនោះ​ ពោលទោស តិះដៀល បន្តុះ​បង្អាប់ថា ភិក្ខុ​កាល​ដឹង​ហើយ​ ​មិន​គួរ​នឹង​បិទបាំង​អាបត្តិ​អាក្រក់​របស់​​ភិក្ខុ​​ផង​គ្នា​សោះ។បេ។ ព្រះដ៏​មាន​ព្រះភាគ​ត្រាស់​សួរថា ម្នាលភិក្ខុ​ ឮថា អ្នកឯងកាលដឹង​ហើយ​ បិទបាំង​អាបត្តិ​អាក្រក់​របស់​​ភិក្ខុ​​ផង​គ្នា​ ពិតមែនឬ។ ភិក្ខុ​នោះ​​ក្រាបទូលថា បពិត្រព្រះដ៏​​មានព្រះភាគ ពិតមែន។ ព្រះពុទ្ធដ៏​មានជោគ ទ្រង់បន្ទោសថា នែ​មោឃបុរស​​ អ្នកឯងកាលបើដឹង​​ហើយ​ ​មិន​គួរ​នឹង​បិទបាំង​អាបត្តិ​អាក្រក់​របស់​ភិក្ខុ​​ផង​គ្នា​ទេ នែ​មោឃបុរស អំពើ​នេះ ​​មិន​មែន​នាំឲ្យ​ជ្រះថ្លា​ដល់ពួក​ជនដែល​​​មិន​ទាន់​ជ្រះថ្លា ឬនាំ​ពួក​ជន​ដែល​​ជ្រះថ្លា​​ហើយ​ ឲ្យរឹងរឹត​​តែ​ជ្រះថ្លា​ឡើងទេ។បេ។ ម្នាលភិក្ខុ​​ទាំង​ឡាយ អ្នក​ទាំងឡាយ​គប្បី​សំដែង​​ឡើង​នូវ​សិក្ខាបទ​​នេះ​យ៉ាងនេះថា ភិក្ខុ​ណាមួយ កាល​ដឹង​ហើយ​ បិទបាំង​ទុកនូវ​អាបត្តិ​អាក្រក់​របស់​ភិក្ខុ​​ផង​គ្នា​​ (ភិក្ខុ​នោះ​) ត្រូវអាបត្តិ​បាចិត្តិយ។

[២៦៣] ត្រង់ពាក្យថា ភិក្ខុ​ណាមួយ ​មាន​សេចក្តី​ដូច​គ្នា​នឹងសិក្ខាបទទី១ ​នៃ​​បារាជិក​កណ្ឌ​។ ពាក្យថា ភិក្ខុ​ផង​គ្នា​ បាន​ដល់​ភិក្ខុ​ដទៃ។ ដែល​ហៅថា ដឹងនោះ​ គឺភិក្ខុ​ដឹងដោយ​ខ្លួនឯង​ក្តី ពួក​អ្នកដទៃ​ប្រាប់ភិក្ខុ​នោះ​​ក្តី ភិក្ខុ​ដែល​​ត្រូវអាបត្តិ​នោះ​ប្រាប់​ក្តី។ ដែល​​ហៅថា អាបត្តិ​អាក្រក់ បាន​​ដល់​អាបត្តិ​បារាជិក​ទាំង៤ផង អាបត្តិ​សង្ឃាទិសេសទាំង១៣ផង។ ពាក្យថា បិទបាំង​ទុក ​សេចក្តី​ថា (ភិក្ខុ​ណា) គ្រាន់​តែ​​ដាក់​ធុរៈថា ភិក្ខុ​​ទាំងឡាយដឹង​នូវ​ភិក្ខុ​នេះ​ហើយ​ នឹងចោទ នឹងរលឹក នឹង​ជេរ នឹង​ប្រទេច នឹង​បង្អាប់​បង្អោន (ហេតុ​នោះ​) អញ​​មិន​បាច់​ប្រាប់ឡើយ (ភិក្ខុ​នោះ​) ត្រូវអាបត្តិ​បាចិត្តិយ។

[២៦៤] អាបត្តិអាក្រក់(ធ្ងន់) ភិក្ខុ​សំគាល់​ថាអាបត្តិអាក្រក់ ​ហើយ​បិទបាំងទុក ត្រូវ​អាបត្តិ​បាចិត្តិយ។ អាបត្តិអាក្រក់ ភិក្ខុ​​សង្ស័យ ​ហើយ​បិទបាំងទុក ត្រូវ​អាបត្តិទុក្កដ។ អាបត្តិ​អាក្រក់ ភិក្ខុ​សំគាល់​ថា​មិន​មែនអាបត្តិអាក្រក់ (ស្រាល) ​ហើយ​បិទ​បាំងទុក ត្រូវ​អាបត្តិទុក្កដ។ ភិក្ខុ​​បិទបាំង​អាបត្តិ​​មិន​អាក្រក់ទុក ត្រូវអាបត្តិ​ទុក្កដ។ ភិក្ខុ​បិទបាំង​​សេចក្តី​​ប្រព្រឹត្តល្មើស​អាក្រក់ (ធ្ងន់)ក្តី ​មិន​អាក្រក់​ (ស្រាល)ក្តី របស់​អនុបសម្បន្ន ត្រូវអាបត្តិទុក្កដ។ អាបត្តិ​​មិន​អាក្រក់ ភិក្ខុ​សំគាល់​ថា​អាបត្តិ​អាក្រក់ ត្រូវ​អាបត្តិ​ទុក្កដ។ អាបត្តិ​មិន​អាក្រក់ ភិក្ខុ​​មាន​​សេចក្តី​សង្ស័យ ត្រូវ​អាបត្តិ​ទុក្កដ។ អាបត្តិ​​មិន​អាក្រក់ ភិក្ខុ​សំគាល់​​ថាអាបត្តិ​​មិន​អាក្រក់ ត្រូវ​អាបត្តិទុក្កដ។

[២៦៥] វារៈដែល​​មិន​ត្រូវអាបត្តិ (ក្នុង​សិក្ខាបទនេះ​មាន៨យ៉ាង) គឺភិក្ខុ​​មិន​ប្រាប់​ដោយ​គិត​ថា ​សេចក្តី​​បង្កហេតុ​ក្តី ជំលោះក្តី ប្រកួតប្រកាន់ក្តី វិវាទក្តី នឹង​មាន​ដល់សង្ឃ១ ភិក្ខុ​​​មិន​ប្រាប់​ដោយ​​គិត​ថា សង្ឃ​នឹង​បែក​បាក់ ឬសង្ឃ​នឹង​ប្រេះឆា១ ភិក្ខុ​​មិន​​ប្រាប់​ដោយ​គិតថា ភិក្ខុ​នេះ កាច​អាក្រក់ នឹងធ្វើ​នូវ​​សេចក្តី​​អន្តរាយ​ដល់ជីវិត ឬនូវ​​សេចក្តី​​អន្តរាយ​ដល់​ព្រហ្មចារ្យ១ ភិក្ខុ​​​មិន​ឃើញ​ភិក្ខុ​​​ទាំងឡាយ​ដទៃ​ដ៏សមគួរ​ (នឹងប្រាប់) ​ហើយ​ខានប្រាប់១ ភិក្ខុ​​​មិន​ប្រាថ្នា​នឹង​បិទបាំង ​ហើយ​​​មិន​ទាន់​បាន​​ប្រាប់១ ភិក្ខុ​​​មិន​ប្រាប់​ដោយ​​សង្ឃឹមថា ភិក្ខុ​​ដែល​​ត្រូវ​អាបត្តិ​នោះ​ នឹង​ប្រាកដ​ដោយ​កម្ម​ជា​របស់​​ខ្លួន១ ភិក្ខុ​ឆ្កួត១ ភិក្ខុ​ដើមបញ្ញត្តិ១។

សិក្ខាបទទី៤ ចប់។

សិក្ខាបទទី៥

[២៦៦] សម័យនោះ​ ព្រះពុទ្ធដ៏​មានព្រះភាគ កាលគង់នៅ​វត្តវេឡុវន ជា​​កលន្ទកនិវាបស្ថាន ទៀបក្រុងរាជគ្រឹះ។ សម័យនោះ​ឯង កូនក្មេង​ទាំងឡាយ​​មានពួក​១៧នាក់ ជា​សំឡាញ់​នឹង​គ្នា​នៅ​​ក្នុង​​ក្រុងរាជគ្រឹះ។ ក្មេង​ឈ្មោះ​ឧបាលិ​ជា​ប្រធាន​​នៃ​​ក្មេង​ទាំងនោះ​។ លំដាប់​នោះ​ឯង មាតាបិតា​ឧបាលិកុមារ​បាន​គិត​​គ្នា​ដូច្នេះថា កាល​បើ​ឥត​អំពី​យើងទៅ ឧបាលិ​គប្បី​រស់​នៅ​​សប្បាយផង ​មិន​លំបាកផង ដោយ​ឧបាយ​ដូចម្តេចហ្ន៎។ មាតាបិតា​របស់​ឧបាលិកុមារ​បាន​គិត​គ្នា​ ក្នុង​រឿងនេះទៀតថា បើឧបាលិរៀន​សរសេរ​អក្សរ ដល់​ឥត​អំពី​យើងទៅ ឧបាលិ​គប្បី​រស់នៅ​​សប្បាយ​​ផង ​មិន​លំបាក​ផង ដោយ​ប្រការដូច្នេះ។ មាតាបិតា​របស់​ឧបាលិកុមារ បាន​គិត​​គ្នា​​ (ថែម)​ ក្នុង​រឿង​នេះថា បើឧបាលិ​នឹង​រៀន​សរសេរ​អក្សរ ម្រាមដៃ​នឹងរួយ បើឧបាលិ​រៀន​រាប់ ដល់​ឥត​អំពី​យើងទៅ ឧបាលិ​គប្បី​រស់​នៅ​សប្បាយផង ​មិន​លំបាកផង ដោយ​អាការ​យ៉ាងនេះឯង។ ទើប​មាតាបិតា​របស់​ឧបាលិកុមារ បាន​គិត​​គ្នា​ទៅទៀតថា បើឧបាលិ​នឹង​រៀន​រាប់ ​នឹងលំបាក​ដល់​ទ្រូង បើឧបាលិ​រៀនមើលរូបនិមិត្ត ដល់​ឥត​អំពី​យើងទៅ ឧបាលិ​គប្បី​រស់​នៅ​ជា​សុខផង ​មិន​លំបាកផង ដោយ​អាការ​យ៉ាងនេះ​ឯង។ មាតាបិតា​ឧបាលិ​បាន​គិត​គ្នា​​ក្នុង​រឿង​នេះ​ទៀត​ថា បើ​ឧបាលិ​​រៀនមើលរូបនិមិត្ត ភ្នែក​របស់​​ឧបាលិនោះ​​នឹង​លំបាក ឃើញ​​តែ​​ពួក​សមណៈ ជា​សក្យបុត្រ​នេះ ​មានសីល​ជា​សុខ ​មាន​សេចក្តី​​ប្រព្រឹត្ត​ល្អ​ជា​សុខ ឆាន់​ចង្ហាន់ល្អ សិង​លើសំណិង​ដែល​​ខ្យល់​​មិន​បាន​ចូល​ទៅ  បើឧបាលិ​បួសក្នុង​សំណាក់​សមណៈ​ទាំងឡាយ ជា​សក្យបុត្រ ដល់​ឥត​អំពី​យើងទៅ ឧបាលិ​​គប្បី​រស់​នៅ​ជា​សុខផង ​មិន​លំបាកផង ដោយ​អាការ​យ៉ាងនេះឯង។

[២៦៧] ទារកឈ្មោះឧបាលិ បាន​ស្តាប់​ពាក្យ​មាតាបិតា​ចរចា​គ្នា​យ៉ាងនេះ​ហើយ​។ ទើប​ឧបាលិ​ទារក ចូល​ទៅរកពួកក្មេង​ទាំងនោះ​ លុះ​ចូល​ទៅ​ហើយ​ បាន​និយាយ​ពាក្យនេះ​នឹង​ពួក​ក្មេង​ទាំងនោះ​ថា នែ​អ្នក​ទាំងឡាយ ពួក​អ្នកចូរ​មក យើងនឹង​ទៅបួស​ក្នុង​សំណាក់​សមណៈ​​ទាំងឡាយ ជា​សក្យបុត្រ។ ក្មេង​ទាំងនោះ​​និយាយ​ថា នែ​អ្នក​ បើអ្នក​នឹងបួស យើង​នឹង​បួស​យ៉ាងហ្នឹង​ដែរ។ ទើប​ក្មេង​ទាំងនោះ​​ចូល​​ទៅរក​មាតាបិតា​រៀង​រាល់ខ្លួន ​ហើយ​បាន​​និយាយ​ពាក្យនេះថា សូម​លោក​ម្តាយ លោកឪពុក​អនុញ្ញាត​ឲ្យ​យើងខ្ញុំ​ចេញពីផ្ទះ​ទៅបួស ក្នុង​ព្រះពុទ្ធ​សាសនា។ ទើប​មាតាបិតា​ក្មេង​ទាំងនោះ​ក៏​បាន​អនុញ្ញាតដោយ​​គិតឃើញថា ក្មេង​ទាំងអស់​នេះ​​មាន​ចំណង់​ស្មើគ្មា ​មាន​​សេចក្តី​​ប្រាថ្នាល្អ។ ពួកក្មេង​ទាំងនោះ​​ចូល​ទៅរក​ភិក្ខុ​​ទាំងឡាយ​​ហើយ​សូមបព្វជ្ជា។ ភិក្ខុ​​ទាំងនោះ​​ក៏​បាន​​ឲ្យ​បព្វជ្ជា​ឧបសម្បទា។ ពួកភិក្ខុ​ (បួសថ្មី) នោះ​ ក្រោកឡើង​ក្នុង​រាត្រី​សម័យ​ជិត​ភ្លឺ​​ហើយ​យំ​ទារ​ថា អ្នក​ទាំងឡាយចូរ​​ឲ្យ​បបរ ចូរ​ឲ្យបាយ ចូរ​ឲ្យ​ខាទនីយៈ (នំចំណី)។ ភិក្ខុ​​ទាំងឡាយ​និយាយ​យ៉ាង​នេះថា នែ​​អាវុសោ អ្នក​ទាំងឡាយ​ចូរ​បង្អង់ចាំ​ភ្លឺសិន បើ​មានបបរ អ្នក​ទាំងឡាយ​នឹង​បាន​​ហុត​បបរ បើ​​មាន​បាយ អ្នក​ទាំងឡាយ​នឹង​បាន​ឆាន់ បើខាទនីយៈ​​មាន ពួកអ្នក​នឹង​បាន​​ទំពា បើបបរ ឬបាយ​ ឬខាទនីយៈគ្មាន​ទេ ពួកអ្នក​នឹង​ត្រាច់ទៅបិណ្ឌបាត​​ហើយ​ឆាន់។ ពួកភិក្ខុ​ក្មេង​ទាំងនោះ​​ដែល​​ភិក្ខុ​​​ទាំងឡាយ​និយាយ​យ៉ាងនេះក៏ដោយ​ នៅ​​តែ​យំ​ទារថា អ្នក​ទាំងឡាយ​ចូរ​ឲ្យ​បបរ ចូរ​ឲ្យ​បាយ ចូរ​​ឲ្យ​ខាទនីយៈ ជុះដាក់សេនាសនៈខ្លះ នោមដាក់ខ្លះ។

[២៦៨] ព្រះដ៏​មានព្រះភាគ​ទ្រង់​ក្រោក​ក្នុង​រាត្រី​សម័យ​ជិត​ភ្លឺ​បាន​ឮ​សម្លេង​ក្មេង លុះ​ឮ​​ហើយ​ ក៏ត្រាស់ហៅ​ព្រះអានន្ទ​ដ៏​មានអាយុមកថា ម្នាល​អានន្ទ សម្លេង​នោះ​ជា​​សម្លេង​ក្មេងឬអ្វី។ ទើប​ព្រះអានន្ទ​ដ៏​មានអាយុ​ក្រាបទូលដំណើរ​នុ៎ះ​ចំពោះ​ព្រះដ៏​មានព្រះភាគ។ ព្រោះ​​និទាននេះ ដំណើរនេះ ទើបព្រះ​ដ៏​មានព្រះភាគ​ឲ្យ​ប្រជុំ​ភិក្ខុ​សង្ឃ ​ហើយ​ត្រាស់​សួរ​ចំពោះ​​ភិក្ខុ​ទាំង​ឡាយថា ម្នាល​ភិក្ខុ​​ទាំងឡាយ ឮថាភិក្ខុ​​​ទាំងឡាយ​ដឹង​ហើយ​ ឲ្យ​ឧបសម្បទា​​ដល់​បុគ្គល​​មានអាយុ​ខ្វះពី​២០ឆ្នាំ ពិតមែនឬ។ ភិក្ខុ​​ទាំងឡាយ​ក្រាបទូលថា បពិត្រព្រះដ៏​​មានព្រះភាគ ពិតមែន។ ព្រះពុទ្ធ​ដ៏​​មានជោគ​ទ្រង់​បន្ទោសថា នែ​ភិក្ខុ​​ទាំង​ឡាយ មោឃបុរស​ទាំងនោះ​​ដឹង​​ហើយ​ ​មិន​គួរ​នឹង​ឲ្យ​ឧបសម្បទា​ដល់​បុគ្គល​​មានអាយុខ្វះ​ពី២០ឆ្នាំទេ ម្នាល​ភិក្ខុ​​ទាំងឡាយ (ធម្មតា) បុគ្គល​​មានអាយុ​​មិន​គ្រប់​២០ឆ្នាំ ​តែ​ង​​មិន​ធន់ទ្រាំ ត្រជា​ក់ក្តៅ ឃ្លាន​ស្រេក​សម្ផស្ស​របោម​មូស​ខ្យល់​កំដៅថ្ងៃ​សត្វ​ទីឃជា​តិ​[បាន​ដល់សត្វ​​មាន​ខ្លួនវែង ​មានពស់​ក្អែប​ជា​ដើម។ ] ​ទាំងឡាយ​នឹងគន្លង​ពាក្យដែល​​បុគ្គល​ពោលអាក្រក់ នឹង​គន្លង​ពាក្យអាក្រក់​ដែល​​បុគ្គល​នាំមកប្រាប់ និងទុក្ខ​វេទនា​ប្រជុំ​ក្នុង​​សរីរៈ​ដ៏ក្លៀវក្លា រឹង អាក្រក់ ​មិន​ស្រួល ​មិន​ជា​ទីគាប់​ចិត្ត ជា​ទីនាំ​បង់​នូវជីវិត​ដែល​​កើតឡើង​​ហើយ​ ចាត់​ជា​អ្នក​មាន​ជា​តិ​​មិន​អត់ទ្រាំ ម្នាលភិក្ខុ​​​ទាំងឡាយ ចំណែក​ខាង​បុគ្គល​​មានវស្សា​គ្រប់២០ ទើប​ទ្រាំ​ត្រជា​ក់ ក្តៅ ឃ្លាន ស្រេក សម្ផស្សរបោមមូស ខ្យល់កំដៅថ្ងៃ សត្វទីឃជា​តិ​ទាំងឡាយ នឹង​គន្លង​ពាក្យដែល​​បុគ្គល​ពោល​អាក្រក់​មានមក នឹងគន្លង​ពាក្យអាក្រក់​ដែល​​បុគ្គល​នាំមក​ប្រាប់ នឹង​ទុក្ខវេទនា​ប្រជុំ​ក្នុង​សរីរៈ​ដ៏ក្លៀវក្លា​រឹង​អាក្រក់ ​មិន​ស្រួល ​មិន​ជា​ទីគាប់​ចិត្ត ជា​ទីនាំ​បង់​នូវជីវិត​ដែល​​កើតឡើង​​ហើយ​ ចាត់ជា​អ្នក​មានជា​តិ​អត់​ទ្រាំបាន​ ម្នាល​ភិក្ខុ​​ទាំងឡាយ អំពើ​នេះ​​មិន​មែន​នាំឲ្យ​ជ្រះថ្លា ដល់ពួកជនដែល​​​មិន​ទាន់ជ្រះថ្លា ឬនាំពួកជន​ដែល​ជ្រះថ្លា​​ហើយ​ ឲ្យរឹងរឹត​​តែ​​ជ្រះថ្លា​ឡើង​ទេ។បេ។ ម្នាលភិក្ខុ​​ទាំងឡាយ អ្នក​ទាំងឡាយ​គប្បីសំដែង​ឡើង​នូវសិក្ខាបទ​នេះយ៉ាងនេះថា ភិក្ខុ​​ណាមួយ កាលដឹង​ហើយ​ ឲ្យឧបសម្បទាដល់​បុគ្គល​ដែល​​​មាន​អាយុ​​មិន​ទាន់​គ្រប់២០ឆ្នាំ [គឺរាប់​ឆ្នាំ​បាន​គ្រប់​២០​ហើយ​ ​តែ​នៅ​ខ្វះ​ខែ និងថ្ងៃ ដូចមនុស្ស​ណាមួយ ​កាលនៅ​ក្នុង​ផ្ទៃ​មាតាបាន​​តែ​​៧ខែ កាលដែល​សម្រាល ៗនៅ​ថ្ងៃ​១៥កើតខែ​ពិសាខ ឆ្នាំជូត លុះដល់​មកថ្ងៃ​១៥កើត ខែ​ពិសាខ ឆ្នាំមមែ បាន​២០ឆ្នាំ​ខ្វះ​៣ខែ លុះ​តែ​បង្អង់​ឲ្យហួស​ដល់ថ្ងៃ១៥កើត ខែ​ស្រាពណ៌ ឆ្នាំមមែ ​ហើយ​រាប់យក៧ខែ ក្នុង​ផ្ទៃ​និង​អធិកមាស២ខែ មកផ្សំផង ទើបបាន​គ្រប់​២០ឆ្នាំគត់។] បុគ្គល​ដែល​​​មានអាយុ​​មិន​ទាន់​គ្រប់២០ឆ្នាំ​នោះ​ ក៏នៅ​​ជា​អនុបសម្បន្នដដែល​ ចំណែក​ភិក្ខុ​​ទាំងឡាយនោះ​ អ្នកប្រាជ្ញ​គប្បីតិះដៀល នេះជា​​អាបត្តិ​បាចិត្តិយ ក្នុង​រឿងនោះ​។

[២៦៩] ត្រង់ពាក្យថា ភិក្ខុ​ណាមួយ ​មាន​សេចក្តី​​ដូច​គ្នា​នឹងសិក្ខាបទទី១ ​នៃ​បារាជិកកណ្ឌ។ ដែល​ហៅថាដឹង គឺភិក្ខុ​នោះ​ដឹង​ដោយ​ខ្លួនឯងក្តី ពួកភិក្ខុ​ដទៃ​ប្រាប់ដល់​ភិក្ខុ​នោះ​ក្តី កុលបុត្រ​ដែល​​នឹង​ឧបសម្បទា​នោះ​ប្រាប់ក្តី។ បុគ្គល​ដែល​​មានវស្សា​មិន​ទាន់​ដល់២០ឆ្នាំ ហៅថា ​មានវស្សា​​មិន​ទាន់​គ្រប់២០ឆ្នាំ។ ភិក្ខុ​គិតថា​ អញនឹង​ឲ្យ​ឧបសម្បទា ​ហើយ​ស្វែង​រកគណៈ​សង្ឃក្តី អាចារ្យ​ក្តី បាត្រក្តី ចីវរក្តី សន្មតសីមា (ថ្មី)ក្តី ត្រូវអាបត្តិទុក្កដ។ ភិក្ខុ​ត្រូវ​អាបត្តិ​ទុក្កដ ក្នុង​​ខណៈ​ចប់ញត្តិ។ ភិក្ខុ​​ត្រូវ​អាបត្តិ​ទុក្កដ​​ទាំងឡាយ ក្នុង​ខណៈ​ចប់កម្មវាចាពីរដង។ ឧបជ្ឈាយ៍​​ត្រូវអាបត្តិ​បាចិត្តិយ​ គណៈ​សង្ឃ​នឹង​អាចារ្យ ត្រូវអាបត្តិ​ទុក្កដ​ក្នុង​ខណៈ​ចប់​កម្មវាចា​ស្រេច។

[២៧០] កុលបុត្រ​មានវស្សា​មិន​គ្រប់២០ ភិក្ខុ​សំគាល់​ថា​មានវស្សា​មិន​គ្រប់២០ ​ហើយ​ឲ្យ​ឧបសម្បទា ត្រូវ​អាបត្តិ​បាចិត្តិយ។ កុលបុត្រ​មានវស្សា​មិន​គ្រប់២០ ភិក្ខុ​​មាន​សេចក្តី​​សង្ស័យ ​ហើយ​ឲ្យ​ឧបសម្បទា ត្រូវ​អាបត្តិ​ទុក្កដ។ កុលបុត្រ​មានវស្សា​មិន​គ្រប់២០ ភិក្ខុ​​សំគាល់​​ថា​មាន​វស្សាគ្រប់២០ ​ហើយ​ឲ្យ​ឧបសម្បទា ​មិន​ត្រូវ​អាបត្តិ។ កុលបុត្រ​​មាន​វស្សាគ្រប់​២០ ភិក្ខុ​​សំគាល់​ថា ​មានវស្សា​មិន​គ្រប់​២០ ត្រូវអាបត្តិ​ទុក្កដ។ កុលបុត្រ​​មាន​វស្សាគ្រប់​២០ ភិក្ខុ​​មាន​សេចក្តី​​សង្ស័យ ត្រូវអាបត្តិ​ទុក្កដ។ កុលបុត្រ​​មានវស្សាគ្រប់​២០ ភិក្ខុ​​សំគាល់​ថា ​មានវស្សាគ្រប់​២០ ​មិន​ត្រូវអាបត្តិ។

[២៧១] វារៈដែល​​មិន​ត្រូវអាបត្តិ (ក្នុង​សិក្ខាបទនេះ​មាន៤យ៉ាង) គឺភិក្ខុ​សំគាល់​​បុគ្គល​ដែល​​​មាន​វស្សា​​មិន​ទាន់គ្រប់​២០ ថា​មានវស្សា​គ្រប់​២០ ​ហើយ​ឲ្យ​ឧបសម្បទា១ ភិក្ខុ​​សំគាល់​​បុគ្គល​ដែល​​​មាន​វស្សា​គ្រប់​២០ថា​មានវស្សាគ្រប់​២០​ ​ហើយ​ឲ្យ​ឧបសម្បទា១ ភិក្ខុ​ឆ្កួត១ ភិក្ខុ​ដើមបញ្ញត្តិ១។

សិក្ខាបទទី៥ ចប់។

សិក្ខាបទទី៦

[២៧២] សម័យនោះ​ ព្រះពុទ្ធដ៏​មានព្រះភាគ កាលគង់នៅ​វត្តជេតពន របស់​​អនាថ​បិណ្ឌិក​សេដ្ឋី ទៀបក្រុង​សាវត្ថី។ សម័យនោះ​ឯង ​មានពួកឈ្មួញរទេះ​១ពួក ​មាន​សេចក្តី​​ប្រាថ្នា​ចេញពី​ក្រុង​រាជគ្រឹះ ​ហើយ​ទៅ​កាន់ប្រទេស​ឈ្មោះ​បដិយាលោក។ ភិក្ខុ​១រូប​បាន​និយាយ​ពាក្យ​នេះ​នឹង​មនុស្ស​ទាំងនោះ​​ថា អាត្មានឹង​ទៅជា​មួយ​នឹង​អ្នកដ៏​​មានអាយុ​​ទាំងឡាយដែរ។ ពួក​មនុស្ស​ទាំងនោះ​​និយាយ​វិញថា សូមទាន ពួក​យើង​នឹង​គេ​ចវាង​ឲ្យរួច​ពន្ធ​ទេតើ។ ភិក្ខុ​​នោះ​​និយាយ​ថា នែ​​អ្នក​ដ៏​មានអាយុ​​ទាំងឡាយ អ្នក​ទាំងឡាយ​ចូរ​​ដឹង​ចុះ។ ពួកអ្នក​ធ្វើ​ការគយ​បាន​ឮគេ​​និយាយ​ថា ពួក​ឈ្មួញ​នឹង​គេ​ច​វាង​ឲ្យ​រួចពន្ធ ​ហើយ​ចាំ​ស្កាត់​ពួក​មនុស្ស​ទាំងនោះ​​ក្នុង​ផ្លូវ។ ឯពួក​អ្នក​ធ្វើការ​គយ​នោះ​ ក៏ចាប់​រឹប​យកពួកឈ្មួញ​រទេះ​នោះ​ ​ហើយ​បាន​​និយាយ​ពាក្យនេះ​នឹងភិក្ខុ​​នោះ​ថា ទានប្រោស លោក​ដឹង​ហើយ​ ហេតុ​អ្វី​បាន​ជា​ទៅជា​មួយ​នឹងពួកឈ្មួញ​រទេះ​ដែល​​គេ​ចវាង​ឲ្យរួច​ពន្ធ ថាដូច្នោះ​​ហើយ​ ក៏ចាប់ឃាត់​ភិក្ខុ​​នោះ​ទុក ហើយ​​លែងទៅ។ លំដាប់នោះ​ឯង ភិក្ខុ​នោះ​ទៅ​កាន់​ក្រុង​សាវត្ថី ​ហើយ​ប្រាប់​ដំណើរនុ៎ះ​ដល់ភិក្ខុ​​ទាំងឡាយ។ ភិក្ខុ​​ទាំងឡាយណា​​មាន​សេចក្តី​ ប្រាថ្នាតិច។បេ។ ភិក្ខុ​​​ទាំងឡាយ​នោះ​ ពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុ​ដឹង​​ហើយ​ ​មិន​គួរ​នឹង​បបួល​​គ្នា​​ដើរ​ទៅកាន់​ផ្លូវឆ្ងាយ​ជា​មួយ​គ្នា​ មួយ​អន្លើ​ដោយ​ពួកឈ្មួញ​គេ​ច​វាង​ឲ្យរួចពន្ធ​សោះ។ ព្រះដ៏​មានព្រះ​ភាគ​ត្រាស់សួរថា នែ​ភិក្ខុ​ ឮថា អ្នកដឹង​ហើយ​ បបួល​គ្នា​​ដើរផ្លូវ​ឆ្ងាយ​ជា​មួយ​គ្នា​ មួយអន្លើ​ដោយ​ពួក​ឈ្មួញដែល​​គេ​ចវាង​ឲ្យរួច​ពន្ធ ពិតមែនឬ។ ភិក្ខុ​នោះ​​ក្រាបទូលថា បពិត្រ​ព្រះដ៏​មានព្រះភាគ ពិតមែន។ ព្រះពុទ្ធដ៏​មានជោគ ទ្រង់បន្ទោសថា ម្នាលមោឃបុរស អ្នកដឹង​​ហើយ​ ​មិន​គួរ​នឹងបបួល​​គ្នា​​ដើរផ្លូវ​ឆ្ងាយ​ជា​មួយ​គ្នា​ មួយអន្លើ​ដោយ​ពួកឈ្មួញ​ដែល​គេ​ច​វាង​ឲ្យរួចពន្ធ​ទេ នែ​មោឃបុរស អំពើ​នេះ​​មិន​មែន​នាំឲ្យ​ជ្រះថ្លាដល់ពួកជនដែល​​​មិន​ទាន់ជ្រះថ្លា ឬនាំពួកជន​ដែល​ជ្រះថ្លា​​ហើយ​ ឲ្យរឹងរឹត​​តែ​​ជ្រះថ្លា​ឡើង​ទេ។បេ។ ម្នាលភិក្ខុ​​ទាំងឡាយ អ្នក​ទាំងឡាយ​គប្បីសំដែង​ឡើង​នូវសិក្ខាបទ​នេះយ៉ាងនេះថា ភិក្ខុ​​ណាមួយដឹង​ហើយ​ បបួល​គ្នា​​ដើរផ្លូវ​ឆ្ងាយ​ជា​មួយ​គ្នា​ មួយ​អន្លើ​ដោយ​​ពួក​ឈ្មួញ​ជា​ចោរ ដោយ​ហោចទៅ​ សូម្បី​ចន្លោះ​ស្រុក​មួយ ត្រូវអាបត្តិ​បាចិត្តិយ។

[២៧៣] ត្រង់ពាក្យថា ភិក្ខុ​ណាមួយ ​មាន​សេចក្តី​​ដូច​គ្នា​នឹងសិក្ខាបទទី១ ​នៃ​បារាជិកកណ្ឌ។ ដែល​ហៅថាដឹង គឺភិក្ខុ​ដឹង​ដោយ​ខ្លួនឯងក្តី ពួកអ្នកដទៃ​ប្រាប់​ភិក្ខុ​នោះ​ក្តី ពួកឈ្មួញ​នោះ​ប្រាប់ក្តី។ ដែល​ហៅថាពួក​ឈ្មួញ​ជា​ចោរ គឺពួកចោរ​ដែល​​ធ្វើការ (លួច) ​ហើយ​ក្តី ​មិន​បាន​​ធ្វើការ​(លួច)​​ហើយ​ក្តី ដល់នូវ​កិរិយាលួច​(របស់​)​ស្តេចក្តី គេ​ចវាង​ឲ្យរួច​ពន្ធក្តី។ ពាក្យថា មួយអន្លើ គឺជា​មួយ​គ្នា​។ ពាក្យថា បបួល គឺភិក្ខុ​​នឹង​ឈ្មួញ​បបួល​គ្នា​ថា នែ​អាវុសោ យើងនឹងទៅ បពិត្រ​លោកដ៏​ចំរើន យើង​នឹងទៅ បពិត្រ​លោកដ៏ចំរើន យើងនឹងទៅ នែ​អាវុសោ យើងនឹងទៅ យើងនឹង​ទៅ​ក្នុង​ថ្ងៃ​នេះក្តី ស្អែក​ក្តី ខានស្អែកក្តី ភិក្ខុ​នោះ​ ត្រូវអាបត្តិ​ទុក្កដ។ ពាក្យថា ដោយ​ហោចទៅ​ សូម្បី​ចន្លោះ​ស្រុក​មួយ​ ​សេចក្តី​ថា ភិក្ខុ​ដើរទៅក្នុង​ស្រុក​​មានចម្ងាយ​ល្មម​មាន់ហើរ​ដល់ ត្រូវអាបត្តិ​បាចិត្តិយ គ្រប់ៗ​ចន្លោះ​ស្រុក។ ភិក្ខុ​​ដើរ​ទៅក្នុង​ព្រៃ​​មិន​មែនជា​ស្រុក ត្រូវអាបត្តិ​បាចិត្តិយ គ្រប់ៗ​កន្លះយោជន៍។

[២៧៤] ពួកឈ្មួញដែល​​ជា​ចោរ ភិក្ខុ​សំគាល់​ថាពួកឈ្មួញ​ជា​ចោរ ​ហើយ​បបួល​​គ្នា​​ដើរ​ផ្លូវ​ឆ្ងាយ​ជា​មួយ​គ្នា​ ដោយ​ហោចទៅ​ សូម្បី​ចន្លោះ​ស្រុកមួយ ត្រូវ​អាបត្តិ​បាចិត្តិយ។ ពួកឈ្មួញ​ដែល​​ជា​ចោរ ភិក្ខុ​​មាន​សេចក្តី​​សង្ស័យ ​ហើយ​បបួល​​គ្នា​​ដើរ​ផ្លូវ​ឆ្ងាយ​ជា​មួយ​គ្នា​ ដោយ​ហោចទៅ​ សូម្បី​ចន្លោះ​ស្រុកមួយ ត្រូវ​អាបត្តិ​ទុក្កដ។ ពួកឈ្មួញដែល​​ជា​ចោរ ភិក្ខុ​សំគាល់​ថា​មិន​មែនពួកឈ្មួញ​ជា​ចោរ ​ហើយ​បបួល​​គ្នា​​ដើរ​ផ្លូវ​ឆ្ងាយ​ជា​មួយ​គ្នា​ ដោយ​ហោចទៅ​ សូម្បី​​ចន្លោះ​ស្រុកមួយ ​មិន​ត្រូវ​អាបត្តិ។ ភិក្ខុ​បបួល ​តែ​មនុស្ស​​ទាំងឡាយ​​មិន​បបួល (ភិក្ខុ​នោះ​)​ត្រូវអាបត្តិ​ទុក្កដ។ ពួកឈ្មួញ​​មិន​មែន​ជា​ចោរ ភិក្ខុ​សំគាល់​​ថាពួកឈ្មួញ​ជា​ចោរ ត្រូវ​អាបត្តិ​ទុក្កដ។ ពួកឈ្មួញ​​មិន​មែន​ជា​ចោរ ភិក្ខុ​សង្ស័យ ត្រូវអាបត្តិ​ទុក្កដ។ ពួកឈ្មួញ​​មិន​មែន​ជា​ចោរ ភិក្ខុ​សំគាល់​​ថាពួកឈ្មួញ​មិន​មែន​​ជា​ចោរ ​មិន​ត្រូវអាបត្តិ​។

[២៧៥] វារៈដែល​​មិន​ត្រូវអាបត្តិ (ក្នុង​សិក្ខាបទនេះ​មាន៦យ៉ាង) គឺភិក្ខុ​​មិន​បបួល ​ហើយ​ទៅ១ មនុស្ស​​ទាំងឡាយ​បបួល ភិក្ខុ​​​មិន​បបួល១ ភិក្ខុ​ទៅ​ដោយ​​ខុស​សង្កេត​[បាន​ដល់​ភិក្ខុ​​បបួល​ថាទៅថ្ងៃ​នេះ ពេលនេះ ​តែ​​​មិន​បាន​​ទៅ​តាមថ្ងៃ តាម​ពេល​ដែល​​បាន​​កំណត់នោះ​។]១ ភិក្ខុ​ទៅ​ព្រោះ​​មាន​​សេចក្តី​​អន្តរាយ១ ភិក្ខុ​ឆ្កួត១ ភិក្ខុ​ដើមបញ្ញត្តិ១។

សិក្ខាបទទី៦ ចប់។

សិក្ខាបទទី៧

[២៧៦] សម័យនោះ​ ព្រះពុទ្ធដ៏​មានព្រះភាគ កាលគង់នៅ​វត្តជេតពន របស់​​អនាថ​បិណ្ឌិក​សេដ្ឋី ទៀបក្រុង​សាវត្ថី។ សម័យនោះ​ឯង ភិក្ខុ​១រូប​ទៅកាន់​ក្រុង​សាវត្ថី​ក្នុង​កោសលជនបទ បាន​ចេញ​ទៅតាម​ទ្វារមួយ។ ស្រី១នាក់​ឈ្លោះនឹងប្តី ​ហើយ​ចេញ​ពីស្រុកទៅ ឃើញ​ភិក្ខុ​​នោះ​​​ហើយ​ បាន​និយាយ​ពាក្យនេះថា បពិត្រ​លោកម្ចាស់​ លោកម្ចាស់​​នឹងទៅទីណា។ ភិក្ខុ​​នោះ​និយាយថា នែ​​នាង អាត្មា​នឹង​ទៅក្រុង​សាវត្ថី។ ស្រីនោះ​​និយាយ​ថា ខ្ញុំម្ចាស់​​នឹង​ទៅជា​មួយ​លោកម្ចាស់​​ដែរ។ ភិក្ខុ​​នោះ​​ឆ្លើយ​ថា មកចុះនាង។ ខណៈនោះ​ឯង ប្តី​នៃ​​ស្រីនោះ​ចេញពីស្រុក​ទៅ ​ហើយ​​សួរ​មនុស្ស​​ទាំងឡាយថា នែ​​អ្នក​ទាំងឡាយ អ្នក​ទាំងឡាយ​បាន​ឃើញ​ស្រី​មាន​រូបរាង​យ៉ាងនេះ​ទេ។ គេ​ប្រាប់​ថា នែ​អ្នក ស្រីនោះ​ទៅ​ជា​មួយ​នឹងអ្នកបួស​ទៅ​ហើយ​។ ទើប​បុរស​នោះ​​ទៅតាម​ចាប់​ភិក្ខុ​នោះ​ វាយ ​​ហើយ​លែងទៅ។ ភិក្ខុ​នោះ​​ទ្រម​គ្រាំគ្រាអង្គុយ​​នៅ​ក្បែរ​គល់ឈើ១ដើម​ក្នុង​កាលនោះ​។ ឯស្រី​នោះ​ បាន​និយាយ​ពាក្យនេះ​នឹង​បុរស​នោះ​ថា នែ​អ្នក ភិក្ខុ​​នោះ​​​មិន​មែន​បបួល​ណែនាំខ្ញុំ​មកទេ ​តែ​ថា ខ្ញុំ​ឯងទៅ​ជា​មួយ​នឹង​ភិក្ខុ​នោះ​ទេតើ ភិក្ខុ​នោះ​​​មិន​មែន​ជា​អ្នក​ធ្វើ (​សេចក្តី​​ខុស)​ទេ អ្នក​ចូរ​​ទៅឲ្យ​ភិក្ខុ​​នោះ​​អត់​ទោសទៅ។ ទើបបុរសនោះ​​សូមទោស​នឹងភិក្ខុ​​នោះ​។ លំដាប់នោះ​ ភិក្ខុ​នោះ​​ទៅកាន់​ក្រុង​សាវត្ថី ​ហើយ​ប្រាប់​ដំណើរនុ៎ះ​ដល់ភិក្ខុ​​ទាំងឡាយ។ ភិក្ខុ​​ទាំងឡាយណា​​មាន​សេចក្តី​ ប្រាថ្នា​តិច។បេ។ ភិក្ខុ​​ទាំងនោះ​ ពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុ​​មិន​គួរ​នឹង​បបួល​​គ្នា​​ ​ហើយ​ដើរ​​ផ្លូវឆ្ងាយ​ជា​មួយ​គ្នា​ មួយ​អន្លើ​ដោយ​មាតុគ្រាម​សោះ។បេ។ ព្រះដ៏​មានព្រះ​ភាគ​ត្រាស់សួរថា ម្នាល​ភិក្ខុ​ ឮថា អ្នកឯងបបួល​គ្នា​ ​ហើយ​​ដើរផ្លូវ​ឆ្ងាយ​ជា​មួយ​គ្នា​ មួយអន្លើ​ដោយ​មាតុគ្រាម ពិតមែនឬ។ ភិក្ខុ​នោះ​​ក្រាបទូលថា បពិត្រ​ព្រះដ៏​មានព្រះភាគ ពិតមែន។ ព្រះពុទ្ធដ៏​មានជោគ ទ្រង់បន្ទោសថា នែ​មោឃបុរស អ្នកឯង​មិន​គួរ​នឹងបបួល​​គ្នា​​ដើរផ្លូវ​ឆ្ងាយ​ជា​មួយ​គ្នា​ មួយអន្លើ​ដោយ​មាតុគ្រាមទេ។ នែ​មោឃបុរស អំពើ​នេះ​​មិន​មែន​នាំឲ្យ​ជ្រះថ្លាដល់ពួកជនដែល​​​មិន​ទាន់ជ្រះថ្លា ឬនាំពួកជន​ដែល​ជ្រះថ្លា​​ហើយ​ ឲ្យរឹងរឹត​​តែ​​ជ្រះថ្លា​ឡើង​ទេ។បេ។ ម្នាលភិក្ខុ​​ទាំងឡាយ អ្នក​ទាំងឡាយ​គប្បីសំដែង​ឡើង​នូវសិក្ខាបទ​នេះ​យ៉ាង​នេះថា ភិក្ខុ​​ណាមួយ បបួល​គ្នា​​ដើរផ្លូវ​ឆ្ងាយ​ជា​មួយ​គ្នា​ មួយ​អន្លើ​ដោយ​មាតុគ្រាម ដោយ​ហោចទៅ​ សូម្បី​ចន្លោះ​ស្រុក​មួយ ត្រូវអាបត្តិ​បាចិត្តិយ។

[២៧៧] ត្រង់ពាក្យថា ភិក្ខុ​ណាមួយ ​មាន​សេចក្តី​​ដូច​គ្នា​នឹងសិក្ខាបទទី១ ​នៃ​បារាជិកកណ្ឌ។ ដែល​ហៅថាមាតុគ្រាម សំដៅ​យកមនុស្ស​ស្រី ​មិន​សំដៅ​យក​យក្សស្រី ប្រេតស្រី តិរច្ឆាន​ញីទេ មនុស្ស​ស្រីនោះ​តោង​ជា​អ្នក​ដឹងក្តី​អាចដឹងសព្វ នូវពាក្យ​ដែល​គេ​​ពោល្អ​ ពោល​អាក្រក់ ពាក្យទ្រគោះ ​មិន​មែន​ពាក្យ​ទ្រគោះ។ ពាក្យថា មួយអន្លើ គឺជា​មួយ​គ្នា​។ ពាក្យថា បបួល​គ្នា​ គឺ​ភិក្ខុ​​ និងមាតុគ្រាម​បបួល​គ្នា​ថា នែ​នាង យើងនឹងទៅ លោកម្ចាស់​ យើងនឹងទៅ លោកម្ចាស់​ យើងនឹង​ទៅ​ នែ​នាង យើងនឹងទៅ យើងនឹងទៅថ្ងៃនេះ ថ្ងៃស្អែក ឬខានស្អែក ភិក្ខុ​នោះ​ ត្រូវអាបត្តិ​ទុក្កដ។ ពាក្យថា ដោយ​ហោចទៅ​ សូម្បី​ចន្លោះ​ស្រុក​មួយ​ គឺភិក្ខុ​ទៅក្នុង​ស្រុក​​មានចម្ងាយ​ល្មម​មាន់ហើរ​ដល់ ត្រូវអាបត្តិ​បាចិត្តិយ គ្រប់ៗ​ចន្លោះ​ស្រុក។ ភិក្ខុ​​ដើរ​ទៅក្នុង​ព្រៃ​​មិន​មែនជា​ស្រុក ត្រូវអាបត្តិ​បាចិត្តិយ គ្រប់ៗ​កន្លះយោជន៍។

[២៧៨] មាតុគ្រាម ភិក្ខុ​សំគាល់​ថាមាតុគ្រាម ​ហើយ​បបួល​ដើរ​ផ្លូវ​ឆ្ងាយ​ជា​មួយ​គ្នា​ ដោយ​ហោចទៅ​ សូម្បី​ចន្លោះ​ស្រុកមួយ ត្រូវ​អាបត្តិ​បាចិត្តិយ។ មាតុគ្រាម ភិក្ខុ​​សង្ស័យ ​ហើយ​បបួល​​ដើរ​ផ្លូវ​ឆ្ងាយ​ជា​មួយ​គ្នា​ ដោយ​ហោចទៅ​ សូម្បី​ចន្លោះ​ស្រុកមួយ ត្រូវ​អាបត្តិ​បាចិត្តិយ។ មាតុគ្រាម ភិក្ខុ​សំគាល់​ថា​មិន​មែនមាតុគ្រាម ​ហើយ​បបួល​ដើរ​ផ្លូវ​ឆ្ងាយ​ជា​មួយ​គ្នា​ ដោយ​ហោចទៅ​ សូម្បី​ចន្លោះ​ស្រុកមួយ ត្រូវ​អាបត្តិបាចិត្តិយ។ ភិក្ខុ​បបួល មាតុគ្រាម​មិន​បបួល ភិក្ខុ​​ត្រូវអាបត្តិ​ទុក្កដ។ ភិក្ខុ​បបួលដើរផ្លូវ​ឆ្ងាយ​ជា​មួយ​គ្នា​ មួយអន្លើ​ដោយ​យក្សស្រី ប្រេតស្រី មនុស្ស​ខ្ទើយ និងតិរច្ឆានញី​​មានរាងដូចមនុស្ស ដោយ​ហោចទៅ សូម្បី​ចន្លោះ​ស្រុកមួយ ត្រូវអាបត្តិ​ទុក្កដ។ ​​មិន​មែនមាតុគ្រាម​ ភិក្ខុ​សំគាល់​​ថាមាតុគ្រាម ត្រូវអាបត្តិ​ទុក្កដ។ ​មិន​មែនមាតុគ្រាម ភិក្ខុ​​មាន​សេចក្តី​​សង្ស័យ ត្រូវអាបត្តិ​ទុក្កដ។ ​​មិន​មែនមាតុគ្រាម ភិក្ខុ​សំគាល់​​ថា ​មិន​មែនមាតុគ្រាម ​មិន​ត្រូវអាបត្តិ​។

[២៧៩] វារៈដែល​​មិន​ត្រូវអាបត្តិ (ក្នុង​សិក្ខាបទនេះ​មាន៦យ៉ាង) គឺភិក្ខុ​​មិន​បបួល ​ហើយ​ទៅ១ មាតុគ្រាមបបួល ភិក្ខុ​​​មិន​បបួល១ ភិក្ខុ​ទៅ​ដោយ​​ខុស​សង្កេត១ ភិក្ខុ​ទៅ​ព្រោះ​​មាន​​សេចក្តី​​អន្តរាយ១ ភិក្ខុ​ឆ្កួត១ ភិក្ខុ​ដើមបញ្ញត្តិ១។

សិក្ខាបទទី៧ ចប់។

សិក្ខាបទទី៨

[២៨០] សម័យនោះ​ ព្រះពុទ្ធដ៏​មានព្រះភាគ កាលគង់នៅ​វត្តជេតពន របស់​​អនាថ​បិណ្ឌិក​សេដ្ឋី ទៀបក្រុង​សាវត្ថី។ សម័យនោះ​ឯង ភិក្ខុ​ឈ្មោះ​អរិដ្ឋ​ជា​កូន​នៃ​​ត្រកូល​អ្នកសម្លាប់​ត្មាត ​មាន​ទិដ្ឋិ​អាក្រក់​​មាន​សភាព​យ៉ាងនេះ​កើតឡើងដូច្នេះ​ថា ធម៌​​ទាំងឡាយ​ណាដែល​​ព្រះដ៏​​មានព្រះភាគ​សំដែង​ថា ​តែ​ង​ធ្វើ​នូវ​សេចក្តី​​អន្តរាយ ធម៌​​ទាំងឡាយ​នោះ​​​មិន​អាច​ធ្វើ​​សេចក្តី​​អន្តរាយ​ដល់អ្នក​សេព ដោយ​ប្រការណា ខ្ញុំដឹង​ច្បាស់នូវ​ធម៌ដែល​​ព្រះដ៏​​មានព្រះភាគ​សំដែង​ហើយ​​ដោយ​ប្រការ​ដូច្នោះ។ ភិក្ខុ​​ជា​ច្រើនរូប​បាន​ឮ​ពាក្យនោះ​ថា ឮថា ភិក្ខុ​ឈ្មោះ​អរិដ្ឋ​ជា​កូន​នៃ​​ត្រកូល​អ្នកសម្លាប់​ត្មាត ​មាន​ទិដ្ឋិ​អាក្រក់​​មាន​សភាព​យ៉ាងនេះ​ កើតឡើង​ដូច្នេះ​​ថា ធម៌​​ទាំងឡាយ​ណាដែល​​ព្រះដ៏​​មានព្រះភាគ​សំដែង​ថា ​ធ្វើ​​សេចក្តី​​អន្តរាយ ធម៌​​ទាំងឡាយ​នោះ​​​មិន​អាច​ធ្វើ​​សេចក្តី​​អន្តរាយ​ដល់អ្នក​សេព ដោយ​​ប្រការណា ខ្ញុំដឹង​ច្បាស់នូវ​ធម៌ដែល​​ព្រះដ៏​​មានព្រះភាគ​សំដែង​ហើយ​​ដោយ​ប្រការ​ដូច្នោះ។ ទើប​ភិក្ខុ​ទាំងនោះ​ ចូល​ទៅរក​អរិដ្ឋ​ភិក្ខុ​ជា​កូន​​នៃ​ត្រកូលអ្នកសម្លាប់ត្មាតនោះ​ លុះចូល​​ទៅ​ហើយ​ បាន​​និយាយ​ពាក្យនេះ​នឹង​អរិដ្ឋ​ភិក្ខុ​ជា​កូន​​នៃ​​ត្រកូល​អ្នកសម្លាប់ត្មាតថា ម្នាលអាវុសោអរិដ្ឋ ឮថា អ្នក​​មាន​​ទិដ្ឋិ​អាក្រក់​​មាន​សភាព​យ៉ាងនេះ​កើតឡើងដូច្នេះ​ថា ធម៌​​ទាំងឡាយ​ណាដែល​​ព្រះដ៏​​មាន​ព្រះភាគ​សំដែង​ហើយ​​ថា ​តែ​ង​ធ្វើ​នូវ​សេចក្តី​​អន្តរាយ ធម៌​​ទាំងឡាយ​នោះ​ ​​មិន​អាច​ធ្វើ​​សេចក្តី​​អន្តរាយ​ដល់អ្នក​សេព ដោយ​ប្រការណា ខ្ញុំដឹង​ច្បាស់នូវ​ធម៌ដែល​​ព្រះដ៏​​មាន​ព្រះភាគ​​សំដែង​​ហើយ​ ​ដោយ​ប្រការ​ដូច្នោះ មែនឬ។ អរិដ្ឋ​ភិក្ខុ​ឆ្លើយថា នែ​អាវុសោ ធម៌​​ទាំងឡាយ​ណាដែល​​ព្រះដ៏​​មានព្រះភាគ​សំដែង​ហើយ​​ថា ​តែ​ង​ធ្វើ​​សេចក្តី​​អន្តរាយ ធម៌​​ទាំងឡាយ​នោះ​​​មិន​អាច​ធ្វើ​​សេចក្តី​​អន្តរាយ​ដល់បុគ្គលអ្នក​សេព ដោយ​ប្រការណា ខ្ញុំដឹង​ច្បាស់នូវ​ធម៌ដែល​​ព្រះដ៏​​មានព្រះភាគ​សំដែង​ហើយ​ ​ដោយ​ប្រការ​ដូច្នោះ។ ភិក្ខុ​​ទាំងឡាយ​និយាយ​ថា នែ​អាវុសោ​អរិដ្ឋ អ្នកចូរ​​កុំ​និយាយ​យ៉ាងហ្នឹង អ្នកកុំពោល​បង្កាច់​ព្រះដ៏​មាន​ព្រះភាគ​ឡើយ ការ​ពោលបង្កាច់​ព្រះដ៏​មានព្រះភាគ ​​មិន​ល្អទេ ព្រោះថា ព្រះដ៏​មានព្រះភាគ​​មិន​បាន​​ត្រាស់ថាយ៉ាងនេះទេ នែ​អាវុសោ​អរិដ្ឋ ធម៌​​ទាំងឡាយដែល​​ធ្វើ​​សេចក្តី​​អន្តរាយ ព្រះដ៏​​មានព្រះភាគ​សំដែង​ហើយ​​ដោយ​បរិយាយ​ជា​ច្រើន ធម៌​​ទាំងឡាយ​នោះ​សោត អាច​ធ្វើ​​សេចក្តី​​អន្តរាយ​ដល់អ្នក​សេពពិតមែន ព្រះដ៏​មានព្រះភាគ​សំដែង​​ហើយ​ថា កាម​ទាំងឡាយ​​មាន​សេចក្តី​​រីករាយតិច ​មានទុក្ខច្រើន ​មាន​សេចក្តី​​ចង្អៀត​ចង្អល់​ច្រើន ទោស​ក្នុង​កាម​ទាំងឡាយ​នេះ​​មានច្រើន ព្រះដ៏​មានព្រះភាគ​សំដែង​​ហើយ​ថា កាម​​ទាំងឡាយ​​មាន​ឧបមា​ដោយ​រាង​ឆ្អឹង ​មានទុក្ខច្រើន ​មាន​សេចក្តី​ចង្អៀតចង្អល់​ច្រើន ទោសក្នុង​កាម​​ទាំងឡាយ​នេះ​​មាន​ច្រើន ព្រះដ៏​មានព្រះភាគ​សំដែង​​ហើយ​ថា កាម​ទាំងឡាយ​​មាន​ឧបមា​ដោយ​ដុំសាច់។បេ។ ព្រះដ៏​មានព្រះភាគ​សំដែង​​ហើយ​ថា កាម​​ទាំងឡាយ​​មាន​ឧបមា​ដោយ​​គប់ភ្លើង​ធ្វើពីស្មៅ។បេ។ ព្រះដ៏​មានព្រះភាគ​សំដែង​​ហើយ​ថា កាម​​ទាំងឡាយ​​មាន​ឧបមា​ដោយ​រណ្តៅ​រងើកភ្លើង។បេ។ ព្រះដ៏​មានព្រះភាគ​សំដែង​​ហើយ​ថា កាម​​ទាំងឡាយ​​មាន​ឧបមា​ដោយ​អ្នកយល់សប្តិ។បេ។ ព្រះដ៏​មានព្រះភាគ​សំដែង​​ហើយ​ថា កាម​​ទាំង​ឡាយ​​​មាន​ឧបមា​ដោយ​របស់​ដែល​​ខ្ចីគេ​។បេ។ ព្រះដ៏​មានព្រះភាគ​សំដែង​​ហើយ​ថា កាម​​ទាំងឡាយ​​មាន​ឧបមា​ដោយ​ផ្លែឈើ។បេ។ ព្រះដ៏​មានព្រះភាគ​សំដែង​​ហើយ​ថា កាម​​ទាំង​ឡាយ​​មាន​ឧបមា​ដោយ​កាំបិត​និងជ្រញ់។បេ។ ព្រះដ៏​មានព្រះភាគ​សំដែង​​ហើយ​ថា កាម​​ទាំងឡាយ​​មាន​ឧបមា​ដោយ​លំពែង​និងដែក​ស្រួច។បេ។ ព្រះដ៏​មានព្រះភាគ​សំដែង​​ហើយ​ថា កាម​​ទាំងឡាយ​​មាន​ឧបមា​ដោយ​ក្បាលពស់ ​មានទុក្ខច្រើន ​មាន​សេចក្តី​​ចង្អៀត​ចង្អល់​ច្រើន ទោស​ក្នុង​កាម​​ទាំងឡាយ​នេះ​​មានច្រើន។ អរិដ្ឋភិក្ខុ​​ជា​កូន​នៃ​​ត្រកូល​អ្នកសម្លាប់​ត្មាត ទុកជា​​ភិក្ខុ​​ទាំងឡាយ​និយាយ​ប្រដៅ​យ៉ាងនេះ ក៏នៅ​​​តែ​ប្រកាន់​ទិដ្ឋិ​លាមក​នោះ​​ ដោយ​​សេចក្តី​​​ប្រកាន់មាំ​ដោយ​កំលាំង ​ហើយ​ពោលយ៉ាង​នោះ​​ដដែល​ថា នែ​អាវុសោ ធម៌​​ទាំងឡាយ​ណា ដែល​​ព្រះដ៏​មានព្រះភាគ​សំដែង​ហើយ​​ថា ធ្វើ​​សេចក្តី​​អន្តរាយ ធម៌​​ទាំង​ឡាយ​​នោះ​​​មិន​អាច​ធ្វើ​​សេចក្តី​​អន្តរាយ​ដល់​បុគ្គល​អ្នក​សេព ដោយ​ប្រការ​ណា ខ្ញុំដឹង​ច្បាស់​នូវ​ធម៌​ដែល​​ព្រះ​ដ៏​​មានព្រះភាគ​សំដែង​ហើយ​ ដោយ​ប្រការ​ដូច្នោះ។ ភិក្ខុ​​ទាំងឡាយ​នោះ​ ​មិន​អាច​ដោះ​ភិក្ខុ​​ឈ្មោះ​អរិដ្ឋ​ ជា​កូន​​នៃ​ត្រកូល​អ្នកសម្លាប់ត្មាត​ចេញ​ពីទិដ្ឋិ​អាក្រក់យ៉ាង​នេះ​ក្នុង​កាលណា ភិក្ខុ​​​ទាំងឡាយ​នោះ​​ក៏ចូល​ទៅគាល់​ព្រះដ៏​មានព្រះភាគ​ក្នុង​កាលនោះ​ឯង លុះចូល​​ទៅ​ហើយ​ ក៏​ក្រាបទូល​ដំណើរ​នុ៎ះចំពោះ​ព្រះដ៏​មានព្រះភាគ។ ព្រោះនិទាននេះ ដំណើរនេះ ព្រះដ៏​មានព្រះ​ភាគទ្រង់​ឲ្យប្រជុំ​ភិក្ខុ​សង្ឃ​ ​ហើយ​​ត្រាស់សួរចំពោះ​អរិដ្ឋ​ភិក្ខុ​​ជា​កូន​នៃ​​ត្រកូល​អ្នកសម្លាប់ត្មាតថា នែ​អរិដ្ឋ ឮថា អ្នក​មានទិដ្ឋិអាក្រក់​​មានសភាព​យ៉ាងនេះ​កើតឡើង​ដូច្នេះថា ធម៌​ទាំងឡាយ​ណា ដែល​​ព្រះដ៏​មានព្រះភាគ​សំដែង​ថាធ្វើ​​សេចក្តី​អន្តរាយ ធម៌​ទាំងឡាយ​នោះ​​មិន​អាច​ធ្វើ​​សេចក្តី​​អន្តរាយ​ដល់​បុគ្គល​អ្នកសេព ដោយ​ប្រការណា ខ្ញុំ​ដឹងច្បាស់​នូវធម៌​ដែល​ព្រះ​ដ៏​មានព្រះភាគ​សំដែង​ហើយ​ ដោយ​ប្រការ​ដូច្នោះ ពិតមែនឬ។ អរិដ្ឋភិក្ខុ​ក្រាបទូលថា សូមទ្រង់​មេត្តាប្រោស ធម៌​ទាំងឡាយ​ណា​ដែល​​​ព្រះដ៏​មានព្រះភាគ​សំដែង​ហើយ​​ថា ធ្វើ​​សេចក្តី​អន្តរាយ ធម៌​ទាំងឡាយ​នោះ​​មិន​អាច​ធ្វើនូវ​​សេចក្តី​​​អន្តរាយ​ដល់​អ្នកសេព ដោយ​ប្រការណា បពិត្រ​ព្រះអង្គ​ដ៏ចំរើន ខ្ញុំព្រះអង្គ​​ដឹងច្បាស់​នូវធម៌​ដែល​ព្រះ​ដ៏​មានព្រះភាគ​សំដែង​ហើយ​ ដោយ​ប្រការ​ដូច្នោះឯង។ ព្រះអង្គ​ទ្រង់​ត្រាស់ថា ម្នាល​មោឃបុរស អ្នកដឹងច្បាស់​នូវធម៌ដែល​តថាគតសំដែង​ហើយ​យ៉ាងនេះ មកពីអ្នកណា នែ​​មោឃបុរស ធម៌​ធ្វើ​សេចក្តី​អន្តរាយ​ តថាគត​សំដែង​ហើយ​​ដោយ​បរិយាយ​ជា​ច្រើន ធម៌​​ទាំងឡាយ​នោះ​​សោត អាចធ្វើ​​សេចក្តី​​អន្តរាយ​ដល់បុគ្គល​អ្នកសេព​បាន​ពិតមែន តថាគត​សំដែង​​ហើយ​ថា កាម​​ទាំងឡាយ​​មាន​សេចក្តី​​រីករាយតិច ​មាន​ទុក្ខ​ច្រើន ​មាន​សេចក្តី​​ចង្អៀត​ចង្អល់​ច្រើន ទោស​ក្នុង​កាម​​ទាំងឡាយ​នេះ​​មានច្រើន តថាគត​សំដែង​​ហើយ​ថា កាម​​ទាំងឡាយ​​មាន​ឧបមា​ដោយ​រាងឆ្អឹង។បេ។ តថាគតសំដែង​​ហើយ​ថា កាម​​ទាំងឡាយ​​មាន​ឧបមា​ដោយ​ដុះសាច់។បេ។ តថាគត​សំដែង​​​ហើយ​ថា កាម​​ទាំងឡាយ​​មាន​ឧបមា​ដោយ​គប់ភ្លើងធ្វើ​ពីស្មៅ។បេ។ តថាគតសំដែង​​ហើយ​ថា កាម​​ទាំងឡាយ​​មាន​ឧបមា​ដោយ​រណ្តៅ​រងើកភ្លើង។បេ។ តថាគតសំដែង​​ហើយ​ថា កាម​​ទាំងឡាយ​​មាន​ឧបមា​ដោយ​អ្នកយល់សប្តិ។បេ។ តថាគតសំដែង​​ហើយ​ថា កាម​​ទាំងឡាយ​​​មាន​ឧបមា​ដោយ​របស់​​ដែល​​ខ្ចីគេ​។បេ។ តថាគតសំដែង​​ហើយ​ថា កាម​​ទាំងឡាយ​​មាន​ឧបមា​ដោយ​ផ្លែ​ឈើ។បេ។ តថាគតសំដែង​​ហើយ​ថា កាម​​ទាំងឡាយ​​មាន​ឧបមា​ដោយ​កាំបិត​និង​ជ្រញ់។បេ។ តថាគតសំដែង​​ហើយ​ថា កាម​​ទាំងឡាយ​​មាន​ឧបមា​ដោយ​លំពែង​និង​ដែក​ស្រួច។បេ។ តថាគតសំដែង​​ហើយ​ថា កាម​​ទាំងឡាយ​​មាន​ឧបមា​ដោយ​ក្បាលពស់ ​មានទុក្ខច្រើន ​មាន​សេចក្តី​​ចង្អៀត​ចង្អល់​ច្រើន ទោស​ក្នុង​កាម​​ទាំងឡាយ​នេះ​មានច្រើន នែ​មោឃបុរស កាលបើ​ហេតុ​​​មាន​ទំនង​យ៉ាងនេះ អ្នកឯង​ហៅថា​ពោល​បង្កាច់​យើង​ផង ជីកគាស់​ខ្លួន​ឯងផង បាន​បាបជា​ច្រើន​ផង ដោយ​ទិដ្ឋិ​ដែល​ខ្លួន​ប្រកាន់ខុស នែ​មោឃបុរស ព្រោះថាទិដ្ឋិ​របស់​អ្នកឯងនោះ​ នឹងប្រព្រឹត្ត​ទៅ​ដើម្បី​ទោស ​មិន​មែនជា​​ប្រយោជន៍ និងទុក្ខ​អស់កាល​ជា​អង្វែង នែ​មោឃបុរស អំពើ​នេះ​​មិន​មែន​នាំឲ្យ​ជ្រះថ្លាដល់ពួកជនដែល​​​មិន​ទាន់ជ្រះថ្លា ឬនាំពួក​ជន​ដែល​ជ្រះថ្លា​​ហើយ​ ឲ្យរឹងរឹត​​តែ​​ជ្រះថ្លា​ឡើង​ទេ។បេ។ ម្នាលភិក្ខុ​​ទាំងឡាយ អ្នក​ទាំងឡាយ​គប្បីសំដែង​ឡើង​នូវសិក្ខាបទ​នេះយ៉ាងនេះថា ភិក្ខុ​​ណាមួយ ពោល​យ៉ាងនេះថា ធម៌​ទាំងឡាយ​ណា​​តែ​ង​ធ្វើ​នូវ​សេចក្តី​​អន្តរាយ​ដែល​​ព្រះដ៏​មានព្រះភាគ​សំដែង​ហើយ​ ធម៌​​ទាំងឡាយ​នោះ​​​មិន​អាច​ធ្វើនូវ​​សេចក្តី​​អន្តរាយ​ដល់​បុគ្គល​អ្នក​សេពទេ ដោយ​ប្រការយ៉ាង​ណា ខ្ញុំដឹង​ច្បាស់នូវ​ធម៌​ដែល​ព្រះដ៏​​មានព្រះភាគ​សំដែង​ហើយ​ ដោយ​ប្រការ​យ៉ាងនោះ​។ ភិក្ខុ​នោះ​ គឺ​ភិក្ខុ​​​ទាំងឡាយ​និយាយ​ប្រដៅ​យ៉ាងនេះថា លោកដ៏​មាន​អាយុ លោក​ចូរ​​កុំពោល​យ៉ាងនេះឡើយ កុំពោល​បង្កាច់​ព្រះដ៏​មានព្រះភាគ​ឡើយ ការ​ពោល​បង្កាច់​ព្រះ​ដ៏​មាន​ព្រះភាគ​ ​មិន​ល្អទេ ព្រះដ៏​មានព្រះភាគ​​មិន​ពោល​យ៉ាងនេះទេ នែ​អាវុសោ ធម៌​​ទាំងឡាយ​​តែ​ង​ធ្វើនូវ​​សេចក្តី​​អន្តរាយ​ដែល​ព្រះដ៏​មានព្រះភាគ​សំដែង​ហើយ​ ដោយ​បរិយា​យជា​ច្រើន ធម៌ទាំង​ឡាយ​នោះ​​អាចធ្វើ​នូវ​សេចក្តី​​អន្តរាយដល់​អ្នកសេពមែន។ ឯភិក្ខុ​នោះ​ កាលដែល​​ភិក្ខុ​​ទាំងឡាយ​ពោល​យ៉ាងនេះ​ហើយ​ ក៏​នៅ​​តែ​​ប្រកាន់​មាំ​យ៉ាងនោះ​ដដែល​ ភិក្ខុ​នោះ​​ត្រូវ​ភិក្ខុ​​ទាំងឡាយ​សូត្រ​សមនុភាសនកម្ម​អស់វារៈបីដង ដើម្បី​ឲ្យ​លះទិដ្ឋិ​នោះ​ចេញ។ បើភិក្ខុ​នោះ​ កាលភិក្ខុ​​​ទាំងឡាយ​សូត្រ​សមនុភាសនកម្ម​អស់វារៈ​បីដង​ ​ហើយ​លះបង់​នូវទិដ្ឋិ​នោះ​បាន​។ ការលះបង់​បាន​នេះ ជា​ការ​ល្អ បើភិក្ខុ​​នោះ​​​មិន​លះបង់​ទេ ត្រូវអាបត្តិ​បាចិត្តិយ។

[២៨១] ត្រង់ពាក្យថា ភិក្ខុ​ណាមួយ ​មាន​សេចក្តី​​ដូច​គ្នា​នឹងសិក្ខាបទទី១ ​នៃ​បារាជិកកណ្ឌ។ ពាក្យថា ភិក្ខុ​នោះ​ពោលយ៉ាងនេះ គឺភិក្ខុ​នោះ​ពោលថា ធម៌​​ទាំងឡាយណា​ដែល​ព្រះដ៏​​មានព្រះភាគ​​សំដែង​​ហើយ​ថា ធ្វើ​សេចក្តី​​អន្តរាយ​ ធម៌​ទាំងឡាយ​នោះ​ ​មិន​អាច​ធ្វើ​​សេចក្តី​​អន្តរាយ​ដល់​បុគ្គល​អ្នកសេព ដោយ​ប្រការណា ខ្ញុំ​ដឹងច្បាស់​នូវធម៌​ដែល​ព្រះដ៏​​មាន​ព្រះ​ភាគ​​សំដែង​​​ហើយ​ ដោយ​ប្រការ​ដូច្នោះ។

[២៨២] ពាក្យថា ភិក្ខុ​នោះ​ គឺភិក្ខុ​​ដែល​និយាយ​យ៉ាងនេះនោះ​ឯង។ ពាក្យថា ភិក្ខុ​​ទាំងឡាយ គឺ​ភិក្ខុ​​ទាំងឡាយដទៃ។ ភិក្ខុ​​ទាំងឡាយ​ណាឃើញ ភិក្ខុ​​ទាំងឡាយ​ណាឮ ភិក្ខុ​​ទាំងឡាយ​នោះ​ ត្រូវ​និយាយ​ឲ្យភិក្ខុ​​ដែល​​មាន​ទិដ្ឋិ​អាក្រក់​នោះ​ថា នែ​លោកដ៏​មាន​អាយុ លោក​កុំនិយាយ​យ៉ាងហ្នឹង កុំពោល​បង្កាច់​ព្រះដ៏​មានព្រះភាគយ៉ាងហ្នឹង ការ​ពោល​បង្កាច់​ព្រះ​ដ៏​មានព្រះភាគ​ ​មិន​ល្អទេ ព្រះដ៏​មានព្រះភាគ​​មិន​ពោល​យ៉ាងនេះទេ ម្នាលអាវុសោ ធម៌​​ទាំងឡាយ​​ធ្វើនូវ​​សេចក្តី​​អន្តរាយ​ដែល​ព្រះដ៏​មានព្រះភាគ​សំដែង​ហើយ​ ដោយ​បរិយាយ​ជា​ច្រើន ធម៌ទាំង​ឡាយ​នោះ​ ​អាចធ្វើ​​សេចក្តី​​អន្តរាយដល់​បុគ្គលអ្នកសេពមែន។ ភិក្ខុ​​ទាំងឡាយ​ត្រូវ​និយាយ​ប្រដៅ​ឲ្យភិក្ខុ​​​មានទិដ្ឋិ​អាក្រក់​នោះ​​អស់​វារៈ​ពីរដងផង ត្រូវនិយាយ​ប្រដៅ​ឲ្យ​អស់វារៈ​បីដងផង។ បើភិក្ខុ​នោះ​​លះបង់បាន​ ការលះ​បង់​បាន​នេះ​ជា​ការ​ល្អ បើ​មិន​លះ​បង់ទេ ត្រូវអាបត្តិ​ទុក្កដ។ ភិក្ខុ​​ទាំងឡាយ​ឮ​ហើយ​ ​មិន​និយាយ​ប្រដៅ ត្រូវអាបត្តិ​ទុក្កដ។ ភិក្ខុ​​ទាំងឡាយ​ត្រូវ​​ទាញ​ភិក្ខុ​នោះ​​មក​កាន់ទី​កណ្តាល​សង្ឃ ​ហើយ​និយាយ​ប្រដៅ​ថា លោក​ដ៏​មាន​អាយុ លោក​​កុំពោល​យ៉ាងនេះឡើយ កុំពោល​បង្កាច់​ព្រះដ៏​មានព្រះភាគ ការ​ពោល​បង្កាច់​ព្រះ​ដ៏​មានព្រះភាគ​ ​មិន​ល្អទេ ព្រោះព្រះដ៏​មានព្រះភាគ​​មិន​ពោល​យ៉ាងនេះទេ នែ​អាវុសោ ធម៌​​ទាំងឡាយ​​តែ​ង​ធ្វើ​​សេចក្តី​​អន្តរាយ ព្រះដ៏​មានព្រះភាគ​សំដែង​ហើយ​ ដោយ​បរិយាយ​ជា​ច្រើន ធម៌ទាំង​ឡាយ​នោះ​ ​អាចធ្វើ​​សេចក្តី​​អន្តរាយដល់​អ្នកសេពមែន។ ភិក្ខុ​​ទាំងឡាយ​ត្រូវ​និយាយ​ប្រដៅ​ភិក្ខុ​​​មានទិដ្ឋិ​អាក្រក់​នោះ​​អស់​វារៈ​ពីរដងផង ត្រូវនិយាយ​ប្រដៅ​​​អស់វារៈ​បីដងផង។ បើភិក្ខុ​​នោះ​លះបង់បាន​ ការលះបង់​បាន​នេះ ជា​ការ​ល្អ បើ​​មិន​​លះបង់​ទេ ត្រូវអាបត្តិ​ទុក្កដ។

[២៨៣] ភិក្ខុ​នោះ​​ត្រូវភិក្ខុ​​​ទាំងឡាយ​សូត្រ​សមនុភាសនកម្ម។ ម្នាលភិក្ខុ​​​ទាំងឡាយ ភិក្ខុ​​​ទាំងឡាយ​ត្រូវសូត្រ​សមនុភាសនកម្ម​ (ដល់​ភិក្ខុ​​មាន​ទិដ្ឋិអាក្រក់) យ៉ាងនេះ។ ភិក្ខុ​​ដែល​​ឈ្លាស​ អង់​អាច ត្រូវផ្តៀង​សង្ឃថា បពិត្រព្រះ​សង្ឃ​ដ៏ចំរើន សូមសង្ឃស្តាប់​ខ្ញុំ ភិក្ខុ​ឈ្មោះនេះ ​មានទិដ្ឋិ​អាក្រក់ ​មានសភាព​យ៉ាងនេះ​កើតឡើង (ដូច្នេះ)ថា ធម៌​​ទាំងឡាយ​ណា​ដែល​ព្រះដ៏​មានព្រះភាគ​សំដែង​ថា ធ្វើ​សេចក្តី​​អន្តរាយ ធម៌​ទាំងឡាយ​នោះ​​មិន​អាច​ធ្វើ​សេចក្តី​​អន្តរាយ​ដល់បុគ្គល​អ្នកសេព ដោយ​ប្រការ​ណា ខ្ញុំ​ដឹងច្បាស់​នូវធម៌​ដែល​ព្រះដ៏​មានព្រះភាគ​សំដែង​ហើយ​ ដោយ​ប្រការ​ដូច្នោះ។ ភិក្ខុ​នោះ​ ​មិន​លះបង់ទិដ្ឋិ​នោះ​។ បើកម្ម​​មានកាល​គួរ​ដល់​សង្ឃ​ហើយ​ សង្ឃ​គប្បីសូត្រ​សមនុភាសនកម្ម​ ចំពោះ​ភិក្ខុ​ឈ្មោះនេះ ដើម្បី​​ឲ្យ​លះបង់​ទិដ្ឋិ​នោះ​។ នេះជា​ញត្តិ។  បពិត្រព្រះ​សង្ឃ​ដ៏ចំរើន សូមព្រះសង្ឃស្តាប់​ខ្ញុំ ភិក្ខុ​ឈ្មោះនេះ ​មានទិដ្ឋិ​អាក្រក់ ​មានសភាព​យ៉ាងនេះ​កើតឡើង (ដូច្នេះ)ថា ធម៌​​ទាំងឡាយ​ណា​ដែល​ព្រះដ៏​មានព្រះភាគ​សំដែង​ថា ធ្វើ​សេចក្តី​​អន្តរាយ ធម៌​​ទាំងឡាយ​​នោះ​ ​មិន​អាច​ធ្វើ​សេចក្តី​​អន្តរាយ​ដល់បុគ្គល​អ្នកសេព ដោយ​ប្រការ​ណា ខ្ញុំ​ដឹងច្បាស់​នូវធម៌​ដែល​ព្រះដ៏​មានព្រះភាគ​សំដែង​ហើយ​ ដោយ​ប្រការ​ដូច្នោះ។ ភិក្ខុ​នោះ​ ​មិន​លះបង់ទិដ្ឋិ​នោះ​។ (ឥឡូវនេះ) សង្ឃសូត្រ​សមនុភាសនកម្ម​ចំពោះ​ភិក្ខុ​ឈ្មោះនេះ ដើម្បី​ឲ្យ​លះបង់​ទិដ្ឋិ​នោះ​។ ការសូត្រសមនុភាសនកម្ម​ចំពោះ​ភិក្ខុ​ឈ្មោះនេះ ដើម្បី​ឲ្យ​លះបង់​ទិដ្ឋិ​នោះ​ គួរ​ដល់​លោកដ៏​​មានអាយុ​អង្គណា លោកដ៏​មានអាយុ​អង្គ​នោះ​​ត្រូវស្ងៀម ​មិន​គួរ​ដល់លោកដ៏​មាន​អាយុ​អង្គ​ណា លោកដ៏​​មានអាយុ​អង្គនោះ​​ត្រូវនិយាយ​ឡើង។ ខ្ញុំប្រកាស​​សេចក្តី​​នេះអស់​វារៈ​ពីរដង​ផង។បេ។ ខ្ញុំ​ប្រកាស​​សេចក្តី​​នេះអស់​វារៈ​បីដងផង។ បពិត្រព្រះ​សង្ឃ​ដ៏ចំរើន សូម​ព្រះសង្ឃ​ស្តាប់​ខ្ញុំ ភិក្ខុ​ឈ្មោះនេះ ​មានទិដ្ឋិ​អាក្រក់ ​មានសភាព​យ៉ាងនេះ​កើតឡើង (ដូច្នេះ)ថា ធម៌​​ទាំងឡាយ​ណា​ដែល​ព្រះដ៏​មានព្រះភាគ​សំដែង​​ហើយ​ថា ធ្វើ​សេចក្តី​​អន្តរាយ ធម៌​​ទាំងឡាយ​​នោះ​ ​មិន​អាច​ធ្វើ​សេចក្តី​​អន្តរាយ​ដល់បុគ្គល​អ្នកសេព ដោយ​ប្រការ​ណា ខ្ញុំ​ដឹងច្បាស់​នូវធម៌​ដែល​ព្រះដ៏​មាន​ព្រះភាគ​សំដែង​ហើយ​ ដោយ​ប្រការ​ដូច្នោះ។ ភិក្ខុ​នោះ​ ​មិន​លះបង់ទិដ្ឋិ​នោះ​ទេ។ (ឥឡូវនេះ) សង្ឃសូត្រ​សមនុភាសនកម្ម​ចំពោះ​ភិក្ខុ​ឈ្មោះនេះ ដើម្បី​ឲ្យ​លះបង់​ទិដ្ឋិ​នោះ​​ហើយ​។ ការសូត្រសមនុភាសនកម្ម​ចំពោះ​ភិក្ខុ​ឈ្មោះនេះ ដើម្បី​ឲ្យ​​លះបង់​ទិដ្ឋិ​នោះ​ គួរ​ដល់​លោកដ៏​​មាន​អាយុ​អង្គណា លោកដ៏​មានអាយុ​អង្គ​នោះ​​ត្រូវ​ស្ងៀម ​មិន​គួរ​ដល់លោកដ៏​មាន​អាយុ​អង្គ​ណា លោកដ៏​​មានអាយុ​អង្គនោះ​​ត្រូវនិយាយ​ឡើង។ សង្ឃ​សូត្រ​សមនុភាសនកម្ម​ចំពោះ​ភិក្ខុ​ឈ្មោះ​នេះ​ដើម្បី​ឲ្យលះបង់​ទិដ្ឋិ​នោះ​​ហើយ​។ ការសូត្រសមនុភាសនកម្មនេះ គួរ​ដល់សង្ឃ ហេតុ​នោះ​​សង្ឃ​ស្ងៀម។ ខ្ញុំ​ចាំទុក​នូវ​សង្ឃកម្ម​នេះ​ដោយ​អាការស្ងៀម​នៅ​យ៉ាងនេះ។

[២៨៤] ភិក្ខុ​ត្រូវអាបត្តិ​ទុក្កដ ក្នុង​ខណៈ​ចប់ញត្តិ។ ភិក្ខុ​ត្រូវអាបត្តិ​ទុក្កដ​ទាំងឡាយ ក្នុង​ខណៈ​ចប់​កម្មវាចាពីរ (លើក)។ ភិក្ខុ​ត្រូវអាបត្តិ​បាចិត្តិយ ក្នុង​ខណៈ​ចប់កម្ម​វាចា​ស្រេច។

[២៨៥] កម្មប្រកបដោយ​ធម៌ ភិក្ខុ​សំគាល់​ថាកម្មប្រកបដោយ​ធម៌ ​តែ​​មិន​លះបង់ ត្រូវ​អាបត្តិ​បាចិត្តិយ។ កម្មប្រកបដោយ​ធម៌ ភិក្ខុ​​មាន​សេចក្តី​​សង្ស័យ ​តែ​​មិន​លះបង់ ត្រូវ​អាបត្តិ​បាចិត្តិយ។ កម្មប្រកបដោយ​ធម៌ ភិក្ខុ​សំគាល់​ថាកម្ម​មិន​ប្រកបដោយ​ធម៌ ​តែ​​មិន​លះបង់ ត្រូវ​អាបត្តិបាចិត្តិយ។  កម្ម​មិន​ប្រកបដោយ​ធម៌ ភិក្ខុ​សំគាល់​ថាកម្មប្រកបដោយ​ធម៌ ត្រូវ​អាបត្តិ​ទុក្កដ។ កម្ម​មិន​​ប្រកប​ដោយ​​ធម៌ ភិក្ខុ​​មាន​សេចក្តី​​សង្ស័យ ត្រូវ​អាបត្តិទុក្កដ។ កម្ម​មិន​ប្រកបដោយ​ធម៌ ភិក្ខុ​សំគាល់​ថាកម្ម​មិន​ប្រកបដោយ​ធម៌ ត្រូវ​អាបត្តិទុក្កដ។

[២៨៦] វារៈដែល​​មិន​ត្រូវអាបត្តិ (ក្នុង​សិក្ខាបទនេះ​មាន៤យ៉ាង) គឺសង្ឃ​​មិន​សូត្រ​សមនុភាសនកម្ម ១ ភិក្ខុ​លះបង់ ១ ភិក្ខុ​ឆ្កួត ១ ភិក្ខុ​ដើមបញ្ញត្តិ ១។

សិក្ខាបទទី៨ ចប់។

សិក្ខាបទទី៩

[២៨៧] សម័យនោះ​ ព្រះពុទ្ធដ៏​មានព្រះភាគ កាលគង់នៅ​វត្តជេតពន របស់​​អនាថ​បិណ្ឌិក​សេដ្ឋី ទៀបក្រុង​សាវត្ថី។ សម័យនោះ​ឯង ពួកឆព្វគ្គិយភិក្ខុ​ដឹង​ហើយ​ បរិភោគរួមខ្លះ នៅ​រួមខ្លះ សម្រេច​ឥរិយាបថ​ដេករួមខ្លះ ជា​មួយនឹងអរិដ្ឋភិក្ខុ​ដែល​នៅ​​តែ​​ពោល​យ៉ាងនោះ​ ​មិន​បាន​​ធ្វើ​តាម​ធម៌ ​មិន​លះបង់​ទិដ្ឋិនោះ​ចេញ។ ភិក្ខុ​​ទាំងឡាយណា​មាន​​សេចក្តី​ប្រាថ្នាតិច។បេ។ ភិក្ខុ​​ទាំងឡាយ​នោះ​​ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកឆព្វគ្គិយភិក្ខុ​ដឹង​ហើយ​ ​មិន​គួរ​នឹងបរិភោគរួមខ្លះ នៅ​រួមខ្លះ សម្រេច​ឥរិយាបថ​ដេករួមខ្លះ ជា​មួយនឹងអរិដ្ឋភិក្ខុ​ដែល​នៅ​​តែ​​ពោល​យ៉ាងនោះ​ ជា​អ្នក​មិន​​ធ្វើ​តាម​ធម៌ ​មិន​លះបង់​ទិដ្ឋិនោះ​សោះ។បេ។ ព្រះដ៏​មានព្រះភាគ​ត្រាស់​សួរថា ម្នាល​ភិក្ខុ​​​ទាំងឡាយ ឮថា អ្នក​ទាំងឡាយ​ដឹង​ហើយ​ បរិភោគ​រួមខ្លះ នៅ​រួមខ្លះ សម្រេច​ឥរិយាបថ​ដេករួមខ្លះ ជា​មួយនឹងអរិដ្ឋភិក្ខុ​ដែល​នៅ​​តែ​​ពោល​យ៉ាង​នោះ​ ជា​អ្នក​មិន​បាន​​ធ្វើ​តាម​ធម៌ ជា​អ្នក​មិន​លះបង់​ទិដ្ឋិនោះ​ចេញ ពិតមែនឬ។ ពួកឆព្វគ្គិយ​ភិក្ខុ​​ក្រាបទូលថា បពិត្រ​ព្រះដ៏​មានព្រះភាគ ពិតមែន។ ព្រះពុទ្ធ​ដ៏​មានជោគទ្រង់​បន្ទោសថា ម្នាល​មោឃបុរស​​ទាំងឡាយ អ្នក​ទាំងឡាយ​ដឹង​ហើយ​ ​មិន​គួរ​នឹង​ បរិភោគរួមខ្លះ នៅ​រួមខ្លះ សម្រេច​ឥរិយាបថ​ដេករួមខ្លះ ជា​មួយនឹងអរិដ្ឋភិក្ខុ​ដែល​នៅ​​តែ​​ពោល​យ៉ាងនោះ​ ​មិន​​ធ្វើ​តាម​ធម៌ ​មិន​លះបង់​ទិដ្ឋិនោះ​ទេ នែ​មោឃបុរស​​ទាំងឡាយ អំពើ​នេះ​​មិន​មែន​នាំឲ្យ​ជ្រះថ្លា​ដល់ពួកជនដែល​​​មិន​ទាន់ជ្រះថ្លា ឬនាំពួកជន​ដែល​ជ្រះថ្លា​​ហើយ​ ឲ្យរឹងរឹត​​តែ​​ជ្រះថ្លា​ឡើង​ទេ។បេ។ ម្នាលភិក្ខុ​​ទាំងឡាយ អ្នក​ទាំងឡាយ​គប្បីសំដែង​ឡើង​នូវសិក្ខាបទ​នេះយ៉ាងនេះ​ថា ភិក្ខុ​​ណាមួយដឹង​ហើយ​ បរិភោគរួមក្តី នៅ​រួមក្តី សម្រេច​ឥរិយាបថ​ដេករួមក្តី ជា​មួយ​នឹងភិក្ខុ​​ដែល​​​មានប្រក្រតីពោល​យ៉ាងនោះ​ ជា​អ្នក​មិន​​ធ្វើ​តាម​ធម៌ ជា​អ្នក​មិន​លះបង់​ទិដ្ឋិ​នោះ​ ត្រូវអាបត្តិបាចិត្តិយ។

[២៨៨] ត្រង់ពាក្យថា ភិក្ខុ​ណាមួយ ​មាន​សេចក្តី​​ដូច​គ្នា​នឹងបឋមបារាជិក។ ដែល​ហៅថា ដឹង គឺភិក្ខុ​ដឹងដោយ​​ខ្លួនឯងក្តី ពួកភិក្ខុ​ដទៃ​ប្រាប់​ភិក្ខុ​នោះ​ក្តី ភិក្ខុ​​​មានទិដ្ឋិ​អាក្រក់​នោះ​ប្រាប់ក្តី។ ពាក្យថា ​មានប្រក្រតី​ពោលយ៉ាងនោះ​ គឺនៅ​​តែ​និយាយ​យ៉ាងនេះថា ធម៌​​ទាំងឡាយ​ណាដែល​​ព្រះដ៏​មានព្រះភាគ​សំដែង​​ហើយ​ថា ធ្វើ​​សេចក្តី​​អន្តរាយ ធម៌​​ទាំង​ឡាយ​​នោះ​ ​មិន​អាច​ធ្វើ​​សេចក្តី​ អន្តរាយ​ដល់អ្នកសេព ដោយ​ប្រការណា ខ្ញុំដឹង​ច្បាស់​នូវ​ធម៌​នោះ​ដែល​​ព្រះដ៏​មានព្រះភាគ​សំដែង​​ហើយ​ ដោយ​ប្រការ​ដូច្នោះ។ ភិក្ខុ​ណា​ដែល​សង្ឃ​លើក​វត្ត​[គឺភិក្ខុ​ដែល​​សង្ឃ​លើកវត្ត ដោយ​សូត្រ​ញត្តិចតុត្ថកម្មវាចា ព្រោះភិក្ខុ​​នោះ​​​មិន​ឃើញ​អាបត្តិ ​មិន​សំដែង​អាបត្តិ ​មិន​លះបង់​ទិដ្ឋិ ហៅថា ភិក្ខុ​​ដែល​សង្ឃ​លើក​វត្ត ឯរូប​ភិក្ខុ​នោះ​​ ​មិន​ត្រូវ​បរិភោគ​រួម​នឹង​សង្ឃឡើយ។ ​សេចក្តី​​ពិស្តារ​ក្នុង​​កម្មក្ខន្ធកៈ គម្ពីរ​ចុល្លវគ្គ។] ​ហើយ​​សង្ឃ​​មិន​បាន​​ហៅ​ចូល​ពួក​ទេ ភិក្ខុ​នោះ​ ហៅថា​​មិន​ធ្វើតាម​ធម៌។ ពាក្យថា ជា​មួយនឹង (ភិក្ខុ​) ​មិន​លះបង់​ទិដ្ឋិនោះ​ គឺ​ជា​មួយ​នឹង​(ភិក្ខុ​) ដែល​​​មិន​លះបង់​នូវទិដ្ឋិ​នោះ​ឲ្យដាច់​ស្រឡះ។ ពាក្យថា បរិភោគរួមក្តី​[បរិភោគ​ ក្នុង​ទីនេះចំពោះ​យកការសេពគប់។] ​សេចក្តី​ថា ដែល​ហៅថា បរិភោគរួម គឺបរិភោគរួម​​មានពីរយ៉ាង បរិភោគរួម​ដោយ​​អាមិសៈ១ បរិភោគ​រួម​ដោយ​​ធម៌១។ ដែល​ហៅថា បរិភោគរួមដោយ​អាមិសៈ​នោះ​គឺ ភិក្ខុ​​ឲ្យ​អាមិសៈ (ដល់​ភិក្ខុ​នោះ​ក្តី) ទទួល​អាមិសៈ​អំពី​ភិក្ខុ​នោះ​ក្តី ត្រូវអាបត្តិ​បាចិត្តិយ។ ដែល​ហៅថា បរិភោគរួម​ដោយ​ធម៌ គឺភិក្ខុ​​សំដែង​ធម៌ (ដល់​ភិក្ខុ​នោះ​)ក្តី ឲ្យ (ភិក្ខុ​នោះ​)​សំដែងធម៌​ឲ្យ​ស្តាប់ក្តី។ ភិក្ខុ​សំដែង​ធម៌ (ដល់ភិក្ខុ​នោះ​)ក្តី ឲ្យ(ភិក្ខុ​នោះ​)​សំដែង​ធម៌ឲ្យស្តាប់ក្តី ដោយ​បទ ត្រូវអាបត្តិ​បាចិត្តិយ រាល់ៗបទ។ ភិក្ខុ​សំដែង​ធម៌ (ដល់ភិក្ខុ​នោះ​)ក្តី ឲ្យ(ភិក្ខុ​នោះ​)​សំដែង​ធម៌ឲ្យស្តាប់ក្តី ដោយ​អក្ខរៈ ត្រូវអាបត្តិបាចិត្តិយ រាល់ៗ​អក្ខរៈ។ ពាក្យថា នៅ​រួមក្តី គឺភិក្ខុ​​ធ្វើ​ឧបោសថក្តី បវារណាក្តី សង្ឃកម្មក្តី ជា​មួយ​នឹងភិក្ខុ​​ដែល​​សង្ឃ​លើក​វត្ត ត្រូវអាបត្តិ​បាចិត្តិយ។ ពាក្យថា សម្រេច​ឥរិយាបថ​ដេករួមក្តី គឺកាល​បើភិក្ខុ​ដែល​​សង្ឃ​​លើក​វត្ត​បាន​ដេក​ហើយ​ ភិក្ខុ​ក៏​ដេក​ក្នុង​ទីបិទបាំង​ជា​មួយ​គ្នា​ ត្រូវអាបត្តិ​បាចិត្តិយ។ កាលបើ​ភិក្ខុ​​ដេក​ហើយ​ ភិក្ខុ​ដែល​​សង្ឃ​លើកវត្ត​ក៏ដេកដែរ ភិក្ខុ​​នោះ​​ត្រូវអាបត្តិ​បាចិត្តិយ។ ឬថាភិក្ខុ​​ទាំងពីរ​រូប​ដេក (ជា​មួយ​គ្នា​) ត្រូវអាបត្តិ​បាចិត្តិយ។ ភិក្ខុ​ក្រោក​ឡើង ​ហើយ​ដេកវិញញយៗ ត្រូវអាបត្តិ​បាចិត្តិយ។

[២៨៩] ភិក្ខុ​ដែល​​សង្ឃលើកវត្ត​ហើយ​ ភិក្ខុ​សំគាល់​ថាសង្ឃលើកវត្ត​ហើយ​ ៗបរិភោគ​រួមក្តី នៅ​រួមក្តី សម្រេច​ឥរិយាបថ​ដេករួមក្តី ត្រូវ​អាបត្តិ​បាចិត្តិយ។ ភិក្ខុ​ដែល​​សង្ឃលើកវត្ត​ហើយ​ ភិក្ខុ​​មាន​សេចក្តី​​សង្ស័យ ​ហើយ​បរិភោគ​រួមក្តី នៅ​រួមក្តី សម្រេច​ឥរិយាបថ​ដេករួមក្តី ត្រូវ​អាបត្តិ​ទុក្កដ។ ភិក្ខុ​ដែល​​សង្ឃលើកវត្ត​ហើយ​ ភិក្ខុ​សំគាល់​ថាសង្ឃ​មិន​បាន​លើកវត្តទេ ហើយ​​បរិភោគ​រួមក្តី នៅ​រួមក្តី សម្រេច​ឥរិយាបថ​ដេករួមក្តី ​មិន​ត្រូវ​អាបត្តិ។ ភិក្ខុ​ដែល​​សង្ឃ​មិន​បាន​លើកវត្ត ភិក្ខុ​សំគាល់​ថាសង្ឃលើកវត្ត​ហើយ​ ត្រូវ​អាបត្តិទុក្កដ។ ភិក្ខុ​ដែល​​សង្ឃ​មិន​លើកវត្ត ភិក្ខុ​​មាន​សេចក្តី​​សង្ស័យ ត្រូវ​អាបត្តិ​ទុក្កដ។ ភិក្ខុ​ដែល​​សង្ឃ​មិន​លើកវត្ត ភិក្ខុ​សំគាល់​ថាសង្ឃ​មិន​លើកវត្ត ​មិន​ត្រូវ​អាបត្តិ។

[២៩០] វារៈដែល​​មិន​ត្រូវអាបត្តិ (ក្នុង​សិក្ខាបទនេះ​មាន៥យ៉ាង) គឺភិក្ខុ​ដឹងថា ភិក្ខុ​នោះ​​សង្ឃ​​មិន​លើកវត្ត១ ភិក្ខុ​ដឹងថា ភិក្ខុ​ដែល​​សង្ឃ​លើកវត្ត​ហើយ​ ដែល​សង្ឃ​បាន​សូត្រ​ហៅ​ចូល​​ពួកវិញ១ ភិក្ខុ​​ដឹងថា ភិក្ខុ​​ដែល​​សង្ឃ​លើកវត្ត​​ហើយ​ ៗបាន​លះបង់​ទិដ្ឋិ​នោះ​ចេញ​​ហើយ​១ ភិក្ខុ​ឆ្កួត១ ភិក្ខុ​ដើមបញ្ញត្តិ១។

សិក្ខាបទទី៩ ចប់។

សិក្ខាបទទី១០

[២៩១] សម័យនោះ​ ព្រះពុទ្ធដ៏​មានព្រះភាគ កាលគង់នៅ​វត្តជេតវន របស់​​អនាថ​បិណ្ឌិក​សេដ្ឋី ទៀបក្រុង​សាវត្ថី។ សម័យនោះ​ឯង សមណុទ្ទេស​[សមណុទ្ទេស ជា​ពាក្យ​ផ្លាស់ប្តូរ​​គ្នា​នឹង​ពាក្យ​ថា សមណេរ នឹងហៅថា​សមណុទ្ទេស​ក៏បាន​ ថាសាមណេរក៏បាន​។]​ឈ្មោះ​កណ្ឌកៈ ​មាន​ទិដ្ឋិ​អាក្រក់​​មាន​សភាព​យ៉ាងនេះ​កើតឡើង(ដូច្នេះ)​ថា ខ្ញុំដឹងច្បាស់​នូវធម៌​ដែល​​ព្រះដ៏​មានព្រះភាគ​សំដែង​​ហើយ​ គឺធម៌​​ទាំងឡាយ​ណាដែល​​ព្រះដ៏​​មានព្រះភាគ​សំដែង​​ថា ជា​ធម៌​ធ្វើ​សេចក្តី​​អន្តរាយ ធម៌​​ទាំងឡាយ​នោះ​ ​​មិន​អាច​ធ្វើ​​សេចក្តី​​អន្តរាយ​ដល់បុគ្គលអ្នក​សេពនោះ​ទេ។ ភិក្ខុ​​ជា​ច្រើន​បាន​ឮ​ដំណឹងថា សមណុទ្ទេសឈ្មោះ​កណ្ឌកៈ ​មាន​ទិដ្ឋិ​អាក្រក់​​មាន​សភាព​យ៉ាងនេះ​កើតឡើង(ដូច្នេះ)​ថា ខ្ញុំដឹងច្បាស់​នូវធម៌ ដែល​ព្រះដ៏​​មានព្រះភាគ​សំដែង​ហើយ​ គឺធម៌​​ទាំងឡាយ​ណាដែល​​ព្រះដ៏​​មានព្រះភាគ​សំដែង​ថា ជា​ធម៌​ធ្វើ​​សេចក្តី​​អន្តរាយ ធម៌​​ទាំងឡាយ​នោះ​​ ​មិន​អាច​ធ្វើ​​សេចក្តី​​អន្តរាយ​ដល់បុគ្គលអ្នក​សេពទេ។ ទើប​ភិក្ខុ​​ទាំងឡាយនោះ​ចូល​ទៅរក​សមណុទ្ទេ​ឈ្មោះ​កណ្ឌកៈ លុះចូល​​ទៅ​ហើយ​ បាន​​និយាយ​ពាក្យនេះ​នឹង​កណ្ឌកសមណុទ្ទេសថា នែ​អាវុសោកណ្ឌកៈ ឮថា អ្នកឯង​​មាន​​ទិដ្ឋិ​អាក្រក់​​មាន​សភាព​យ៉ាងនេះ​កើតឡើង(ដូច្នេះ)​ថា ខ្ញុំដឹងច្បាស់​នូវធម៌ ដែល​ព្រះដ៏​​មានព្រះភាគ​សំដែង​ហើយ​ គឺធម៌​​ទាំងឡាយ​ណាដែល​​ព្រះដ៏​​មាន​ព្រះភាគ​សំដែង​ថា ជា​ធម៌​ធ្វើ​​សេចក្តី​​អន្តរាយ ធម៌​​ទាំងឡាយ​នោះ​ ​​មិន​អាច​ធ្វើ​​សេចក្តី​​អន្តរាយ​ដល់បុគ្គលអ្នក​សេពទេ ពិតមែន​ឬ។ កណ្ឌកៈ​សមណុទ្ទេសឆ្លើយថា បពិត្រលោក​ម្ចាស់​ដ៏ចំរើន ខ្ញុំករុណា​ដឹងច្បាស់​នូវធម៌ ដែល​ព្រះដ៏​​មានព្រះភាគ​សំដែងយ៉ាងនេះថា ធម៌​​ទាំងឡាយ​ណាដែល​​ព្រះដ៏​​មានព្រះភាគ​សំដែង​ថា ជា​ធម៌​ធ្វើ​​សេចក្តី​​អន្តរាយ ធម៌​​ទាំងឡាយ​នោះ​ ​​មិន​អាច​ធ្វើ​​សេចក្តី​​អន្តរាយ​ដល់បុគ្គលអ្នក​សេព ពិតមែន។ ភិក្ខុ​​ទាំងឡាយ​និយាយ​ថា នែ​អាវុសោ​កណ្ឌកៈ អ្នក​កុំ​និយាយ​យ៉ាងនេះឡើយ កុំពោល​បង្កាច់​​ព្រះដ៏​មានព្រះភាគ​ឡើយ ការ​ពោលបង្កាច់​ព្រះដ៏​មានព្រះភាគ ​​មិន​ល្អទេ ព្រះដ៏​មាន​ព្រះភាគ​​​មិន​បាន​​ត្រាស់ថាយ៉ាង​នេះ​ទេ នែ​អាវុសោ​កណ្ឌកៈ ធម៌​​ទាំងឡាយ​ធ្វើ​​សេចក្តី​​អន្តរាយ​ដែល​​ព្រះដ៏​​មានព្រះភាគ​សំដែង​ហើយ​​ដោយ​បរិយាយ​ជា​ច្រើន ធម៌​​ទាំងឡាយ​នោះ​ អាចធ្វើ​​សេចក្តី​​អន្តរាយ​ដល់បុគ្គលអ្នក​សេពមែន ព្រះដ៏​មានព្រះភាគ​សំដែង​​ហើយ​ថា កាម​ទាំងឡាយ​​មាន​សេចក្តី​​សុខតិច មានទុក្ខច្រើន ​មាន​សេចក្តី​​ចង្អៀត​ចង្អល់​ច្រើន ទោស​ក្នុង​កាម​ទាំងឡាយ​នេះ​​មានច្រើន ព្រះដ៏​មានព្រះភាគ​សំដែង​​ហើយ​ថា កាម​​ទាំងឡាយ​​មាន​ឧបមា​ដោយ​រាង​ឆ្អឹង។បេ។ ព្រះដ៏​មានព្រះភាគ​សំដែង​ហើយ​ថា កាម​ទាំងឡាយ​​មានឧបមាដោយ​ដុំសាច់។បេ។ ព្រះដ៏​​មាន​ព្រះភាគ​សំដែង​​ហើយ​ថា កាម​​ទាំងឡាយ​​មាន​ឧបមា​ដោយ​គប់ភ្លើងដែល​​​ធ្វើពីស្មៅ។បេ។ ព្រះដ៏​​មាន​ព្រះភាគ​សំដែង​​ហើយ​ថា កាម​​ទាំងឡាយ​​មាន​ឧបមា​ដោយ​រណ្តៅ​រងើកភ្លើង។បេ។ ព្រះដ៏​មាន​ព្រះភាគ​សំដែង​​ហើយ​ថា កាម​​ទាំងឡាយ​​មាន​ឧបមា​ដោយ​អ្នកយល់​សប្តិ។បេ។ ព្រះដ៏​មានព្រះ​ភាគ​​សំដែង​​ហើយ​ថា កាម​​ទាំងឡាយ​​មាន​ឧបមា​ដោយ​របស់​ដែល​​​ខ្ចីគេ​។បេ។ ព្រះដ៏​មានព្រះភាគ​សំដែង​​ហើយ​ថា កាម​​ទាំងឡាយ​​មាន​ឧបមា​ដោយ​ផ្លែឈើ។បេ។ ព្រះដ៏​មានព្រះភាគ​សំដែង​​ហើយ​ថា កាម​​ទាំងឡាយ​​មាន​ឧបមា​ដោយ​កាំបិត​និងជ្រញ់។បេ។ ព្រះដ៏​មានព្រះភាគ​សំដែង​​ហើយ​ថា កាម​​ទាំងឡាយ​​មាន​ឧបមា​ដោយ​លំពែង​និងដែក​ស្រួច។បេ។ ព្រះដ៏​មានព្រះភាគ​សំដែង​​ហើយ​ថា កាម​​ទាំងឡាយ​​មាន​ឧបមា​ដោយ​ក្បាលពស់ ​មានទុក្ខច្រើន ​មាន​សេចក្តី​​ចង្អៀត​ចង្អល់​ច្រើន ទោស​ក្នុង​កាម​​ទាំងឡាយ​នេះ​​មានច្រើន។ សមណុទ្ទេសកណ្ឌកៈ កាលដែល​​ភិក្ខុ​​​ទាំងឡាយ​ពោល​យ៉ាងនេះ ក៏នៅ​ប្រកាន់​ទិដ្ឋិ​អាក្រក់​នោះ​​ដោយ​​សេចក្តី​​ប្រកាន់ដ៏មាំ ​ហើយ​​ពោល​យ៉ាង​​នោះ​​ដដែល​ថា បពិត្រលោកដ៏ចំរើន ខ្ញុំដឹងច្បាស់​នូវធម៌​ដែល​ព្រះ​ដ៏​មានព្រះភាគ​សំដែង​​ហើយ​​យ៉ាងនេះថា ធម៌​​ទាំងឡាយ​ណាដែល​​ព្រះដ៏​មានព្រះភាគ​សំដែង​ហើយ​​ថាជា​ធម៌ធ្វើ​​សេចក្តី​​អន្តរាយ ធម៌​​ទាំងឡាយ​នោះ​​​មិន​អាច​ធ្វើ​​សេចក្តី​​អន្តរាយ​ដល់​បុគ្គល​អ្នក​សេពទេ។ ភិក្ខុ​​ទាំងឡាយ​នោះ​ ​មិន​អាច​នឹងដោះ​សមណុទ្ទេសឈ្មោះកណ្ឌកៈ​​ចេញ​ពីទិដ្ឋិ​អាក្រក់នោះ​​ក្នុង​កាលណា ភិក្ខុ​​​ទាំងឡាយ​នោះ​​ចូល​ទៅគាល់​ព្រះដ៏​មានព្រះភាគ​ក្នុង​កាលនោះ​ លុះចូល​​ទៅ​ហើយ​ ​ក្រាបទូល​​សេចក្តី​​​នុ៎ះ​ដល់​ព្រះដ៏​មានព្រះភាគ។ ព្រោះនិទាននេះ ដំណើរនេះ ព្រះដ៏​មានព្រះ​ភាគ​ឲ្យប្រជុំ​ភិក្ខុ​សង្ឃ​ ​ហើយ​​ត្រាស់សួរចំពោះកណ្ឌក​សមណុទ្ទេសក្នុង​ពេលនោះ​ថា នែ​កណ្ឌកៈ ឮថា អ្នកឯង​មានទិដ្ឋិអាក្រក់​​មានសភាព​យ៉ាងនេះ​កើតឡើង​(ដូច្នេះ)ថា ខ្ញុំដឹងច្បាស់​នូវធម៌​ដែល​​ព្រះ​ដ៏​មានព្រះភាគ​សំដែង​ហើយ​ គឺធម៌​ទាំងឡាយ​ណាដែល​​ព្រះដ៏​មានព្រះភាគ​សំដែង​ថា ជា​ធម៌ធ្វើ​​សេចក្តី​អន្តរាយ ធម៌​ទាំងឡាយ​នោះ​ ​មិន​អាច​ធ្វើ​​សេចក្តី​​អន្តរាយ​ដល់​បុគ្គល​អ្នកសេពទេ ពិត​មែន​ឬ។ កណ្ឌកសមណុទ្ទេសនោះ​ក្រាបទូលថា បពិត្រព្រះអង្គ​ដ៏ចំរើន ខ្ញុំព្រះអង្គ​ដឹងច្បាស់​នូវធម៌​ដែល​​ព្រះដ៏​មានព្រះភាគ​សំដែង​​ហើយ​យ៉ាងនេះថា ធម៌​ទាំងឡាយ​ណា​ដែល​​​ព្រះដ៏​មានព្រះភាគ​សំដែង​ហើយ​​ថា ជា​​ធម៌ធ្វើ​​សេចក្តី​អន្តរាយ ធម៌​ទាំងឡាយ​នោះ​ ​មិន​អាច​ធ្វើ​​សេចក្តី​​​អន្តរាយ​ដល់​បុគ្គល​អ្នកសេពពិតមែន។ ព្រះដ៏​មានព្រះភាគ​​ទ្រង់​ត្រាស់ថា ម្នាល​មោឃបុរស អ្នកដឹងច្បាស់​នូវធម៌​ដែល​តថាគតសំដែង​ហើយ​យ៉ាងនេះ អំពីបុគ្គលណាមក នែ​​មោឃបុរស ធម៌​ទាំងឡាយ​ដែល​​ធ្វើ​សេចក្តី​អន្តរាយ​ តថាគត​សំដែង​ហើយ​​ដោយ​បរិយាយ​ជា​ច្រើន ក៏ធម៌​​ទាំងឡាយ​នោះ​​ អាចធ្វើ​​សេចក្តី​​អន្តរាយ​ដល់បុគ្គល​អ្នកសេព (មែន) តថាគត​សំដែង​​ហើយ​ថា កាម​​ទាំងឡាយ​​មាន​សេចក្តី​​សុខតិច ​មានទុក្ខច្រើន ​មាន​សេចក្តី​​ចង្អៀត​ចង្អល់​ច្រើន ទោស​ក្នុង​កាម​​ទាំងឡាយ​នេះ​​មានច្រើន តថាគតសំដែង​​ហើយ​ថា កាម​​ទាំងឡាយ​​មាន​ឧបមា​ដោយ​រាងឆ្អឹង។បេ។ តថាគតសំដែង​​ហើយ​ថា កាម​​ទាំងឡាយ​​មាន​ឧបមា​ដោយ​ដុះសាច់។បេ។ តថាគត​សំដែង​​ហើយ​ថា កាម​​ទាំងឡាយ​​មាន​ឧបមា​ដោយ​គប់ភ្លើងធ្វើ​ដោយ​ស្មៅ។បេ។ តថាគត​សំដែង​​ហើយ​ថា កាម​​ទាំងឡាយ​​មាន​ឧបមា​ដោយ​រណ្តៅ​រងើក​ភ្លើង។បេ។ តថាគត​សំដែង​​​ហើយ​ថា កាម​​ទាំងឡាយ​​មាន​ឧបមា​ដោយ​អ្នកយល់សប្តិ។បេ។ តថាគតសំដែង​​ហើយ​ថា កាម​​ទាំងឡាយ​​មាន​ឧបមា​ដោយ​របស់​ដែល​​ខ្ចីគេ​។បេ។ តថាគតសំដែង​​ហើយ​ថា កាម​​ទាំងឡាយ​​មាន​ឧបមា​ដោយ​ផ្លែឈើ។បេ។ តថាគតសំដែង​​ហើយ​ថា កាម​​ទាំងឡាយ​​មាន​ឧបមា​ដោយ​កាំបិត​និង​ជ្រញ់។បេ។ តថាគតសំដែង​​ហើយ​ថា កាម​​ទាំងឡាយ​​មាន​ឧបមា​ដោយ​លំពែង​និង​ដែក​ស្រួច។បេ។ តថាគតសំដែង​​ហើយ​ថា កាម​​ទាំងឡាយ​​មាន​ឧបមា​ដោយ​ក្បាលពស់ ​មានទុក្ខច្រើន ​មាន​សេចក្តី​​ចង្អៀត​ចង្អល់​ច្រើន ទោស​ក្នុង​កាម​​ទាំងឡាយ​នេះ​មានច្រើន នែ​មោឃបុរស កាលបើ​ដូច្នោះ​ហើយ​ អ្នកឯង​ហៅថា​ពោល​បង្កាច់​យើង​ផង គាស់កកាយ​ខ្លួន​ឯងផង សោយបាបជា​ច្រើន​ផង ព្រោះទិដ្ឋិ​ដែល​ខ្លួន​កាន់យកខុស នែ​មោឃបុរស ទិដ្ឋិដែល​អ្នកឯងកាន់​យក​អាក្រក់នោះ​ នឹងបង្កទោស​​មិន​ជា​​ប្រយោជន៍ ជា​ទុក្ខ​ដល់អ្នក​ឯងអស់កាល​ជា​អង្វែង នែ​មោឃបុរស អំពើ​នេះ​​មិន​មែន​នាំឲ្យ​ជ្រះថ្លាដល់ពួកជនដែល​​​មិន​ទាន់ជ្រះថ្លា ឬនាំពួកជន​ដែល​ជ្រះថ្លា​​ហើយ​ ឲ្យរឹងរឹត​​តែ​​ជ្រះថ្លា​ឡើង​ទេ ម្នាលមោឃបុរស ទិដ្ឋិអាក្រក់​របស់​អ្នកឯង​នេះ ​មាន​តែ​​នាំ​មិន​ឲ្យជ្រះថ្លា​ដល់ពួកជន​ដែល​​​មិន​ទាន់​ជ្រះថ្លា និងដើម្បី​សេចក្តី​​រាយមាយ​ដល់មនុស្ស​ពួកខ្លះ​ដែល​ជ្រះថ្លា​​ហើយ​ផង។ ព្រះដ៏​​មានព្រះភាគ​បន្ទោស​ហើយ​ ទ្រង់ធ្វើធម្មីកថា រួច​ត្រាស់​​ហៅភិក្ខុ​​​ទាំងឡាយ​ថា ម្នាលភិក្ខុ​​ទាំងឡាយ បើដូច្នោះ សង្ឃចូរ​ញុំាង​កណ្ឌក​សមណុទ្ទេស​​ឲ្យវិនាស​ចុះ​[អដ្ឋកថា វិនាសនោះ​​​មាន​បីយ៉ាង គឺ​សំវាសនាសនា វិនាស​ទីខានបាន​នៅ​រួម​ជា​មួយនឹងសង្ឃ១ លិង្គនាសនា វិនាសចាកភេទ គឺត្រូវ​ផ្សឹក​ចេញ១ ទណ្ឌកម្មនាសនា វិនាស​ដោយ​​ត្រូវទណ្ឌកម្ម ​មាន​មិន​ឲ្យដេក​នៅ​រួម​នឹងភិក្ខុ​​អស់​ពីរ​បី​រាត្រី​ជា​ដើម១ កណ្ឌកៈនេះ​ត្រូវ​ទណ្ឌកម្មនាសនា។] ម្នាលភិក្ខុ​​ទាំងឡាយ កណ្ឌកសមណុទ្ទេស​នោះ​ ភិក្ខុ​​ទាំងឡាយ​ត្រូវឲ្យ​វិនាស​យ៉ាងនេះថា នែ​អាវុសោ​កណ្ឌកៈ កាល​មាន​ថ្ងៃនេះជា​ដើម អ្នក​ឯង​​មិន​ត្រូវ​អាង​ព្រះដ៏​​មានព្រះភាគ​អង្គនោះ​​ថា ជា​​សាស្តា​របស់​អ្នកឡើយ សមណុទ្ទេស​​​ទាំងឡាយ​ដទៃ​​តែ​ង​បាន​​នូវ​កិរិយា​ដេក​រួម​ឯណា អស់​រាត្រីពីរ​និងរាត្រី​បី​ជា​មួយ​នឹង​ភិក្ខុ​​ទាំងឡាយ កិរិយា​ដេក​នៅ​​រួម​នោះ​​មិន​​មាន​ដល់អ្នកទេ នែ​មនុស្ស​ក្រៅការ អ្នកឯង​ចូរ​​ចៀស​ចេញទៅ  អ្នកចូរ​វិនាស​ទៅ។ ក្នុង​កាលនោះ​ឯង សង្ឃ​បាន​​ឲ្យ​កណ្ឌក​សមណុទ្ទេស​វិនាស​ហើយ​។

[២៩២] សម័យនោះ​ឯង ពួកឆព្វគ្គិយភិក្ខុ​ដឹងថា កណ្ឌកសមណុទ្ទេស​ សង្ឃ​ឲ្យវិនាស​​យ៉ាង​នោះ​​ហើយ​ បញ្ចុះបញ្ចូលខ្លះ ឲ្យបម្រើខ្លះ បរិភោគរួមខ្លះ សម្រេច​ឥរិយាបថ​ដេករួមខ្លះ។ ភិក្ខុ​​ទាំងឡាយណា ​មាន​​សេចក្តី​ប្រាថ្នាតិច។បេ។ ភិក្ខុ​​ទាំងឡាយ​នោះ ​​ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកឆព្វគ្គិយភិក្ខុ​ដឹងថា កណ្ឌកសមណុទ្ទេស​ ដែល​សង្ឃ​ឲ្យវិនាស​​យ៉ាង​នោះ​​ហើយ​ ​មិន​គួរនឹងបញ្ចុះបញ្ចូលខ្លះ ឲ្យបម្រើខ្លះ បរិភោគរួមខ្លះ សម្រេច​ឥរិយាបថ​ដេករួមខ្លះ។បេ។ ព្រះដ៏​មានព្រះភាគ​ត្រាស់​សួរថា ម្នាល​ភិក្ខុ​​​ទាំងឡាយ ឮថា អ្នក​ទាំងឡាយ​ដឹងថា កណ្ឌកសមណុទ្ទេស​ ដែល​សង្ឃ​ឲ្យវិនាស​​យ៉ាង​នោះ​​ហើយ​ បញ្ចុះ​បញ្ចូលខ្លះ ឲ្យបម្រើខ្លះ បរិភោគរួមខ្លះ សម្រេច​ឥរិយាបថ​ដេករួមខ្លះ ពិតមែនឬ។ ពួកឆព្វគ្គិយភិក្ខុ​​ក្រាបទូលថា បពិត្រ​ព្រះដ៏​មានព្រះភាគ ពិតមែន។ ព្រះពុទ្ធ​ដ៏​មានជោគ​ទ្រង់​បន្ទោសថា ម្នាល​មោឃបុរស​​ទាំងឡាយ អ្នក​ទាំងឡាយ​ដឹងថា កណ្ឌកសមណុទ្ទេស​ ដែល​សង្ឃ​ឲ្យវិនាស​​យ៉ាង​នោះ​​ហើយ​ ​មិន​គួរនឹង​បញ្ចុះបញ្ចូលខ្លះ ឲ្យបម្រើខ្លះ បរិភោគ​រួមខ្លះ សម្រេច​ឥរិយាបថ​ដេករួមខ្លះទេ នែ​មោឃបុរស​​ទាំងឡាយ អំពើ​នេះ​​មិន​មែន​នាំឲ្យ​ជ្រះថ្លាដល់ពួកជនដែល​​​មិន​ទាន់ជ្រះថ្លា ឬនាំពួកជន​ដែល​ជ្រះថ្លា​​ហើយ​ ឲ្យរឹងរឹត​​តែ​​ជ្រះថ្លា​ឡើង​ទេ។បេ។ ម្នាលភិក្ខុ​​ទាំងឡាយ អ្នក​ទាំងឡាយ​គប្បី​សំដែង​​ឡើង​នូវសិក្ខាបទ​នេះយ៉ាង​នេះថា បើសមណុទ្ទេស​ពោលយ៉ាងនេះថា ខ្ញុំដឹងច្បាស់​នូវ​ធម៌​ដែល​ព្រះដ៏​មានព្រះភាគ​សំដែង​ហើយ​ គឺធម៌​​ទាំងឡាយណា ដែល​ព្រះដ៏​មានព្រះភាគ​សំដែង​ហើយ​ ថាជា​ធម៌​ធ្វើ​សេចក្តី​​អន្តរាយ ធម៌​ទាំងឡាយ​នោះ​ ​មិន​អាច​ធ្វើ​សេចក្តី​អន្តរាយ​ដល់​បុគ្គល​អ្នកសេពទេ។ សមណុទ្ទេស​នោះ​ ភិក្ខុ​​ទាំងឡាយ​ត្រូវនិយាយ​ប្រដៅ​ យ៉ាងនេះថា នែ​អាវុសោ​សមណុទ្ទេស អ្នកឯង​កុំនិយាយ​យ៉ាងនេះឡើយ អ្នកកុំពោល​បង្កាច់​ព្រះដ៏​មានព្រះភាគ​ឡើយ ការ​ពោល​បង្កាច់​ព្រះដ៏​មានព្រះភាគ​ ​មិន​ល្អទេ ព្រោះ​ព្រះដ៏​មានព្រះភាគ​​មិន​ពោល​យ៉ាងនេះទេ នែ​​អាវុសោសមណុទ្ទេស ធម៌​ទាំងឡាយធ្វើ​សេចក្តី​​អន្តរាយ​ដែល​ព្រះ​ដ៏​មានព្រះភាគ​សំដែង​ហើយ​ ដោយ​​បរិយាយជា​ច្រើន ធម៌​ទាំងឡាយនោះ​​អាចធ្វើ​​សេចក្តី​​អន្តរាយ​ដល់បុគ្គល​អ្នកសេព (មែន)។ សមណុទ្ទេស​នោះ​ កាលដែល​ភិក្ខុ​​​ទាំងឡាយ​ពោលយ៉ាងនេះ​ហើយ​ ក៏នៅ​​តែ​ប្រកាន់​ដដែល​ សមណុទ្ទេស​នោះ​ ភិក្ខុ​​ទាំងឡាយត្រូវ​និយាយ​ប្រដៅ​យ៉ាងនេះថា នែ​អាវុសោ​សមណុទ្ទេស កាល​មាន​ថ្ងៃនេះជា​ដើម អ្នក​​មិន​ត្រូវ​អាង​ព្រះដ៏​​មានព្រះភាគ​នោះ​​ថាជា​​សាស្តា​របស់​អ្នកឡើយ សាមណេរ​​ទាំងឡាយ​ដទៃ​​តែ​ង​បាន​​កិរិយា​ដេក​រួម​ឯណា អស់​រាត្រីពីរ​បី​ជា​មួយ​នឹង​ភិក្ខុ​​ទាំងឡាយ ការ​ដេក​នៅ​​រួម​នោះ​​មិន​​មាន​ដល់អ្នកទេ នែ​មនុស្ស​ក្រៅការ អ្នក​ចូរ​​ចៀស​ចេញទៅ  ចូរ​វិនាស​ទៅ។ ភិក្ខុ​ណាមួយ​ដឹងថា សមណុទ្ទេស​ដែល​សង្ឃ​ឲ្យវិនាសយ៉ាងនោះ​​ហើយ​ បញ្ចុះបញ្ចូល​ក្តី ឲ្យបម្រើ​ក្តី បរិភោគក្តី សម្រេច​ឥរិយាបថ​ដេករួមក្តី ភិក្ខុ​នោះ​​ត្រូវអាបត្តិ​បាចិត្តិយ។

[២៩៣] ដែល​ហៅថា សមណុទ្ទេស គឺសំដៅយក​សាមណេរ។ ពាក្យថា ពោលយ៉ាងនេះ គឺពោលថា ខ្ញុំដឹងច្បាស់នូវធម៌​ដែល​ព្រះដ៏​មានព្រះភាគ​សំដែង​ហើយ​ គឺធម៌​​ទាំងឡាយ​ណា​ដែល​ព្រះដ៏​​មានព្រះភាគ​សំដែងថា ជា​ធម៌ធ្វើ​សេចក្តី​​អន្តរាយ​ ធម៌​ទាំងឡាយ​នោះ​ ​មិន​អាច​ធ្វើ​​សេចក្តី​​អន្តរាយ​ដល់​បុគ្គល​អ្នកសេពទេ។

[២៩៤] ពាក្យថា សមណុទ្ទេសនោះ​ គឺសមណុទ្ទេស​ដែល​​ជា​អ្នកពោល​យ៉ាងនេះ​នោះ​ឯង។ ពាក្យថា ភិក្ខុ​​ទាំងឡាយ គឺ​ភិក្ខុ​​ទាំងឡាយឯទៀត។ ភិក្ខុ​​ទាំងឡាយ​ណាឃើញ ភិក្ខុ​​ទាំងឡាយ​ណា​ឮ ភិក្ខុ​​ទាំងឡាយ​នោះ​ត្រូវពោលនឹងសមណុទ្ទេស​នោះ​ថា នែ​អាវុសោ​សមណុទ្ទេស អ្នកកុំពោល​យ៉ាងនេះឡើយ កុំពោល​បង្កាច់ព្រះដ៏​មានព្រះភាគ​ឡើយ ការពោល​បង្កាច់​ព្រះដ៏​មានព្រះភាគ​​មិន​សម្រេច​ប្រយោជន៍​ទេ ព្រោះ​ព្រះដ៏​មានព្រះភាគ​​មិន​​ពោលយ៉ាងនេះទេ នែ​អាវុសោ​សមណុទ្ទេស ធម៌​​ទាំងឡាយ ដែល​​​ធ្វើ​​សេចក្តី​​អន្តរាយ ព្រះដ៏​មានព្រះភាគ​សំដែង​ហើយ​ ដោយ​​បរិយាយ​​ជា​ច្រើន ធម៌ទាំង​ឡាយ​នោះ​ ​អាចធ្វើ​​សេចក្តី​​អន្តរាយដល់​បុគ្គលអ្នកសេព(មែន)។ សមណុទ្ទេស​នោះ​ ភិក្ខុ​​ទាំងឡាយ​ត្រូវពោល​​អស់​វារៈ​ពីរដងផង ត្រូវពោល​​អស់វារៈ​បីដងផង។ បើ​សមណុទ្ទេស​នោះ​​លះបង់បាន​ ការលះ​បង់​បាន​នេះ​ជា​ការ​ល្អ បើលះ​បង់​មិន​បាន​ទេ សមណុទ្ទេស​នោះ​ ភិក្ខុ​​ទាំងឡាយ​ត្រូវនិយាយ​យ៉ាងនេះថា នែ​អាវុសោ​សមណុទ្ទេស កាល​មាន​ថ្ងៃនេះជា​ដើម អ្នក​​មិន​ត្រូវអាង​ព្រះដ៏​មានព្រះភាគ​នោះ​ថាជា​សាស្តារបស់​អ្នកឡើយ សមណុទ្ទេស​​ទាំងឡាយ​ដទៃ​ ​តែ​ងបាន​ការដេកនៅ​រួមឯណា​អស់​រាត្រីពីរនិង​រាត្រីបី​ជា​មួយ​នឹងភិក្ខុ​​ទាំងឡាយ ការ​ដេកនៅ​​រួមនោះ​​​មិន​​មាន​ដល់អ្នកទេ នែ​មនុស្ស​ឥត​គេ​រាប់ អ្នកចូរ​​ចៀស​ចេញទៅ ចូរ​វិនាសទៅ។

[២៩៥] ត្រង់ពាក្យថា ភិក្ខុ​ណាមួយ ​មាន​សេចក្តី​ដូច​គ្នា​​នឹងសិក្ខាបទ​ទី១​​នៃ​បារាជិកកណ្ឌ។ ដែល​ហៅថា ដឹង គឺភិក្ខុ​​ដឹង​ដោយ​ខ្លួនឯងក្តី ភិក្ខុ​​ទាំងឡាយដទៃ​ប្រាប់​ភិក្ខុ​នោះ​ក្តី ឬ​សមណុទ្ទេស​នោះ​ប្រាប់ក្តី។ ពាក្យថា ដែល​សង្ឃ​ឲ្យវិនាសយ៉ាងនោះ​​​ហើយ​ គឺសង្ឃ​ឲ្យខូច​យ៉ាងនេះ​ហើយ​។ ដែល​ហៅថា សមណុទ្ទេស គឺសំដៅយក​សាមណេរ។ ពាក្យថា បញ្ចុះបញ្ចូលក្តី គឺភិក្ខុ​បញ្ចុះ​បញ្ចូល​ដោយ​គិតថា អញ​នឹងឲ្យ​បាត្រក្តី ចីវរក្តី បាលីក្តី អដ្ឋកថាក្តី ដល់សមណុទ្ទេសនោះ​ ត្រូវ​អាបត្តិ​បាចិត្តិយ។ ពាក្យថា ឲ្យបម្រើក្តី គឺភិក្ខុ​ត្រេកអរ​នឹងគ្រឿង​លំអិតក្តី ដីស្អិតក្តី ឈើស្ទន់ក្តី ទឹក​ខ្ពុរមាត់​ក្តី របស់​សមណុទ្ទេស​នោះ​ ត្រូវអាបត្តិ​បាចិត្តិយ។ ពាក្យថា បរិភោគរួមក្តី គឺបរិភោគ​រួម​​មាន​ពីរយ៉ាង បាន​ដល់បរិភោគ​រួមដោយ​​អាមិសៈ១ បរិភោគរួម​ដោយ​​ធម៌១ ហៅថា​បរិភោគរួម។ ដែល​​ហៅថា បរិភោគរួម​ដោយ​អាមិសៈ គឺ​ភិក្ខុ​ឲ្យ​អាមិសៈ​ក្តី ទទួលក្តី ត្រូវអាបត្តិ​បាចិត្តិយ។ ដែល​ហៅថា បរិភោគរួម​ដោយ​ធម៌ គឺភិក្ខុ​សំដែង​ធម៌ដល់​សមណុទ្ទេស​នោះ​ក្តី ឲ្យ​សមណុទ្ទេស​នោះ​​សំដែង​ឲ្យ​ស្តាប់ក្តី។ ភិក្ខុ​សំដែង​ធម៌ដល់​សមណុទ្ទេស​នោះ​ក្តី ឲ្យ​សមណុទ្ទេស​នោះ​​សំដែង​ឲ្យ​ស្តាប់ក្តី ដោយ​​បទ ត្រូវអាបត្តិ​បាចិត្តិយ​រាល់ៗបទ។ ភិក្ខុ​សំដែង​ធម៌ដល់​សមណុទ្ទេស​នោះ​ក្តី ឲ្យ​សមណុទ្ទេស​នោះ​​សំដែង​ឲ្យ​ស្តាប់ក្តី ដោយ​អក្ខរៈ ត្រូវអាបត្តិ​បាចិត្តិយ​រាល់ៗអក្ខរៈ។ ពាក្យថា សម្រេច​កិរិយា​ដេកនៅ​​រួម​ក្តី គឺកាល​បើសមណុទ្ទេស​ដែល​សង្ឃ​ឲ្យវិនាស​នោះ​បាន​​ដេក​​ហើយ​ ភិក្ខុ​ក៏​ដេក​ក្នុង​ទី​បិទបាំង​ជា​មួយ ត្រូវអាបត្តិ​បាចិត្តិយ។ កាលបើភិក្ខុ​ដេក​ហើយ​ សមណុទ្ទេស​ដែល​​សង្ឃ​ឲ្យវិនាស​ក៏ដេក​នៅ​ (ដែរ) ភិក្ខុ​នោះ​ត្រូវអាបត្តិ​បាចិត្តិយ។ ឬដេកទាំងពីរនាក់ ភិក្ខុ​នោះ​ត្រូវ​អាបត្តិ​បាចិត្តិយ។ ភិក្ខុ​​ក្រោក​ឡើង​​ហើយ​ ដេកញយៗ ត្រូវអាបត្តិ​បាចិត្តិយ។

 [២៩៦] សមណុទ្ទេសដែល​សង្ឃ​ឲ្យ​វិនាស​​ហើយ​ ភិក្ខុ​សំគាល់​ថាសង្ឃឲ្យវិនាស​ហើយ​ ៗបញ្ចុះបញ្ចូលក្តី ឲ្យបម្រើក្តី បរិភោគ​រួមក្តី សម្រេច​កិរិយា​ដេករួមក្តី ត្រូវ​អាបត្តិ​បាចិត្តិយ។ សមណុទ្ទេស​ដែល​សង្ឃ​ឲ្យ​វិនាស​ហើយ​ ភិក្ខុ​​មាន​សេចក្តី​​សង្ស័យ ​ហើយ​បញ្ចុះបញ្ចូលក្តី ឲ្យបម្រើក្តី បរិភោគ​រួមក្តី សម្រេច​កិរិយា​ដេករួមក្តី ត្រូវ​អាបត្តិ​ទុក្កដ។ សមណុទ្ទេសដែល​សង្ឃ​ឲ្យ​វិនាស​ហើយ​ ភិក្ខុ​សំគាល់​ថាសង្ឃ​មិន​បាន​ឲ្យវិនាសទៅវិញ ​ហើយ​បញ្ចុះបញ្ចូលក្តី ឲ្យបម្រើក្តី បរិភោគ​រួមក្តី សម្រេចកិរិយា​ដេករួមក្តី ​មិន​ត្រូវ​អាបត្តិ។ សមណុទ្ទេសដែល​សង្ឃ​​មិន​ឲ្យ​វិនាស ភិក្ខុ​សំគាល់​ថា​សង្ឃឲ្យវិនាស ត្រូវ​អាបត្តិ​ទុក្កដ។ សមណុទ្ទេសដែល​សង្ឃ​មិន​​ឲ្យ​វិនាស ភិក្ខុ​​មាន​សេចក្តី​​សង្ស័យ ត្រូវ​អាបត្តិ​ទុក្កដ។ សមណុទ្ទេសដែល​សង្ឃ​មិន​​ឲ្យ​វិនាស ភិក្ខុ​សំគាល់​ថា​សង្ឃ​មិន​ឲ្យវិនាស ​មិន​ត្រូវ​អាបត្តិ។

[២៩៧] វារៈដែល​​មិន​ត្រូវអាបត្តិ (ក្នុង​សិក្ខាបទនេះ​មាន៤យ៉ាង) គឺភិក្ខុ​ដឹងថា សមណុទ្ទេស​នោះ​ សង្ឃ​​មិន​បាន​ឲ្យ​វិនាស​១ ភិក្ខុ​ដឹងថា​សមណុទ្ទេស​នោះ​ លះបង់​ទិដ្ឋិ​នោះ​​ហើយ​១ ភិក្ខុ​ឆ្កួត១ ភិក្ខុ​ដើមបញ្ញត្តិ១។

សិក្ខាបទទី១០ ចប់។

សប្បាណកវគ្គទី៧ ចប់។

ឧទាន​នៃ​សប្បាណកវគ្គនោះ​ ​មាន១០សិក្ខាបទនេះគឺ

            សញ្ចិច្ចវធសិក្ខាបទ ១ សប្បាណសិក្ខាបទ ១ ឧក្កោសិក្ខាបទ ១ ទុដ្ឋុលឆាទនសិក្ខាបទ ១ ឩនវីសតិសិក្ខាបទ ១ សត្ថសិក្ខាបទ ១ សំវិធានសិក្ខាបទ ១ អរិដ្ឋកសិក្ខាបទ ១ ឧក្ខិត្តសិក្ខាបទ ១ កណ្ឌកសិក្ខាបទ ១។

សហធម្មិកវគ្គ សិក្ខាបទទី១

[២៩៨] សម័យនោះ​ ព្រះពុទ្ធដ៏​មានព្រះភាគ កាលគង់នៅ​ឃោសិតារាម ទៀប​ក្រុង​កោសម្ពី។ សម័យនោះ​ឯង ឆន្នៈដ៏​មានអាយុ​​តែ​ងប្រព្រឹត្ត​អនាចារ។ ភិក្ខុ​​ទាំងឡាយ​និយាយ​យ៉ាង​នេះថា នែ​​អាវុសោឆន្នៈ អ្នកកុំធ្វើ​កម្ម​​មានសភាព​យ៉ាងនេះ កម្មដែល​​អ្នកធ្វើនេះ​ ​មិន​គួរទេ។ ឆន្នភិក្ខុ​​នោះ​និយាយ​យ៉ាងនេះ​ថា នែ​អាវុសោ​​ទាំងឡាយ ខ្ញុំ​​មិន​ទាន់​សិក្សាសិក្ខាបទ​នេះទេ ព្រោះ​ខ្ញុំ​​មិន​ទាន់​សាកសួរ​ភិក្ខុ​ដទៃ​ដែល​ឈ្លាស​ ដែល​ទ្រទ្រង់​វិន័យ។ ភិក្ខុ​​ទាំងឡាយណា​មាន​​សេចក្តី​​ប្រាថ្នា​តិច។បេ។ ភិក្ខុ​​ទាំងឡាយ​នោះ​​ពោលទោស តិះដៀល បន្តុះបង្អាប់ថា ឆន្នៈដ៏​មានអាយុ កាលបើ​ភិក្ខុ​​ទាំងឡាយ​ពោលពាក្យ​ប្រកប​ដោយ​ធម៌ ​មិន​គួរ​នឹងពោល​យ៉ាងនេះថា នែ​អាវុសោ​​ទាំងឡាយ ខ្ញុំ​​មិន​ទាន់​សិក្សាសិក្ខាបទ​នេះទេ ព្រោះ​ខ្ញុំ​​មិន​ទាន់បាន​​សាកសួរ​ភិក្ខុ​ដទៃ​ដែល​ឈ្លាស​ ដែល​ទ្រទ្រង់​វិន័យនៅ​ឡើយ។បេ។ ព្រះដ៏​មានព្រះភាគ​ត្រាស់​សួរថា នែ​ឆន្នៈ ឮថា អ្នកឯង កាលបើ​ភិក្ខុ​​​ទាំងឡាយ​​ពោលពាក្យ​ប្រកប​ដោយ​ធម៌ និយាយ​(នឹងភិក្ខុ​​ទាំងឡាយ) យ៉ាងនេះវិញថា នែ​អាវុសោ​​ទាំងឡាយ ខ្ញុំ​​មិន​ទាន់​សិក្សាសិក្ខាបទ​នេះទេ ព្រោះ​ខ្ញុំ​​មិន​ទាន់បាន​​សាកសួរ​ភិក្ខុ​ដទៃ​ដែល​ឈ្លាស​ ដែល​ទ្រទ្រង់​វិន័យនៅ​ឡើយ ពិតមែនឬ។ ឆន្នៈភិក្ខុ​​ក្រាបទូលថា បពិត្រ​ព្រះដ៏​មានព្រះភាគ ពិត​មែន។ ព្រះពុទ្ធ​ដ៏​មានជោគ ទ្រង់​បន្ទោសថា នែ​​មោឃបុរស កាលបើ​ភិក្ខុ​​ទាំងឡាយនិយាយពាក្យ​ប្រកប​ដោយ​ធម៌ អ្នកឯង​មិន​គួរ​នឹងពោល​យ៉ាងនេះថា នែ​អាវុសោ​​ទាំងឡាយ ខ្ញុំ​​មិន​ទាន់​សិក្សា​សិក្ខាបទ​​នេះទេ ព្រោះ​ខ្ញុំ​​មិន​ទាន់បាន​​សាកសួរ​ភិក្ខុ​ដទៃ​ដែល​ឈ្លាស​ ដែល​ទ្រទ្រង់​វិន័យនៅ​ឡើយ នែ​មោឃបុរស​ អំពើ​នេះ​​មិន​មែន​នាំឲ្យ​ជ្រះថ្លាដល់ពួកជនដែល​​​មិន​ទាន់​ជ្រះថ្លា ឬនាំពួកជន​ដែល​ជ្រះថ្លា​​ហើយ​ ឲ្យរឹងរឹត​​តែ​​ជ្រះថ្លា​ឡើង​ទេ។បេ។ ម្នាលភិក្ខុ​​ទាំងឡាយ អ្នក​ទាំងឡាយ​គប្បី​សំដែង​​​ឡើង​នូវសិក្ខាបទ​នេះយ៉ាងនេះថា ភិក្ខុ​ណាមួយ កាល​ភិក្ខុ​​ទាំងឡាយ​ពោលពាក្យ​ប្រកប​ដោយ​ធម៌ ​ហើយ​ពោល​យ៉ាងនេះថា នែ​អាវុសោ​​ទាំងឡាយ ខ្ញុំ​​មិន​ទាន់សាកសួរភិក្ខុ​ដទៃ​ ​ដែល​​ឈ្លាស​ ដែល​ទ្រទ្រង់​វិន័យដរាបណា ខ្ញុំ​នឹង​មិន​សិក្សា​សិក្ខាបទ​នេះដរាបនោះ​ ភិក្ខុ​នោះ​​ត្រូវអាបត្តិ​បាចិត្តិយ។ ម្នាលភិក្ខុ​​ទាំងឡាយ ភិក្ខុ​អ្នកសិក្សា គួរ​ដឹងច្បាស់​ គួរ​សាកសួរ គួរ​ពិចារណា។ នេះ​ជា​​សាមីចិកម្ម​ក្នុង​សិក្ខាបទនោះ​។

[២៩៩] ត្រង់ពាក្យថា ភិក្ខុ​ណាមួយ ​មាន​សេចក្តី​ដូច​គ្នា​​នឹងសិក្ខាបទ​ទី១​​នៃ​បារាជិកកណ្ឌ។ ពាក្យថា ភិក្ខុ​​​ទាំងឡាយ គឺភិក្ខុ​​ទាំងឡាយដទៃ។ ដែល​ហៅថា ពាក្យ​ប្រកប​ដោយ​ធម៌ គឺសិក្ខាបទ​ណា ដែល​ព្រះដ៏​មានព្រះភាគ​បញ្ញត្ត​ហើយ​ សិក្ខាបទ​នោះ​ហៅថា ពាក្យ​ប្រកប​ដោយ​ធម៌។ ភិក្ខុ​នោះ​ កាលភិក្ខុ​​ទាំងឡាយ​ពោលតាម​សិក្ខាបទ​នោះ​ ត្រឡប់​ជា​ពោល​យ៉ាងនេះ គឺពោលថា នែ​​អាវុសោ​​ទាំងឡាយ ខ្ញុំ​​មិន​ទាន់​សិក្សាក្នុង​សិក្ខាបទ​នេះទេ ព្រោះ​ខ្ញុំ​​មិន​ទាន់បាន​​សាកសួរ​ភិក្ខុ​ដទៃ​ដែល​ឈ្លាស ជា​វិនយធរ ជា​បណ្ឌិត​​មានប្រាជ្ញ ជា​ពហុស្សូត ជា​ធម្មកថិក​នៅ​ឡើយ ភិក្ខុ​​នោះ​ ត្រូវ​អាបត្តិ​បាចិត្តិយ។

 [៣០០] ឧបសម្បន្ន ភិក្ខុ​សំគាល់​ថាឧបសម្បន្នពិតមែន ​ហើយ​ពោលយ៉ាងនេះ ត្រូវ​អាបត្តិ​បាចិត្តិយ។ ឧបសម្បន្ន ភិក្ខុ​​មាន​សេចក្តី​​សង្ស័យ ​ហើយ​ពោលយ៉ាងនេះ ត្រូវ​អាបត្តិ​បាចិត្តិយ។ ឧបសម្បន្ន ភិក្ខុ​សំគាល់​ថា​មិន​មែនឧបសម្បន្ន ​ហើយ​ពោលយ៉ាងនេះ ត្រូវ​អាបត្តិ​បាចិត្តិយ។ ភិក្ខុ​ កាល​ភិក្ខុ​​ទាំងឡាយ​ពោលតាមពាក្យ​ដែល​​មិន​មែន​ជា​វិនយបញ្ញត្តិ ​ហើយ​ពោល​យ៉ាងនេះ​ថា ពាក្យនេះ​​មិន​​ប្រព្រឹត្ត​ទៅដើម្បី​​សេចក្តី​​ផូរផង់​ចាកកិលេស ​មិន​ប្រព្រឹត្តទៅ​ដើម្បីកំចាត់​បង់កិលេស ​មិន​ប្រព្រឹត្ត​ទៅដើម្បី​​នាំមក​នូវ​សេចក្តី​​ជ្រះថ្លា ​មិន​ប្រព្រឹត្ត​ទៅដើម្បី​​មិន​សន្សំ​នូវកិលេសវដ្ត ​មិន​ប្រព្រឹត្ត​​ទៅ​ដើម្បី​ប្រារព្ធ​​សេចក្តី​​ព្យាយាមទេ (ម្យ៉ាងទៀត) ពោលថា នែ​អាវុសោ​​ទាំងឡាយ ខ្ញុំ​​មិន​ទាន់​សិក្សា​សិក្ខាបទនោះ​​ទេ ព្រោះខ្ញុំ​​មិន​ទាន់​សាកសួរ​ភិក្ខុ​ដទៃ ដែល​ឈ្លាស​ទ្រទ្រង់​វិន័យ ជា​បណ្ឌិត​​មានប្រាជ្ញា ជា​ពហុស្សូត ជា​ធម្មកថិក នៅ​ឡើយ ត្រូវអាបត្តិ​ទុក្កដ។ ភិក្ខុ​​ កាល​អនុបសម្បន្ន ពោលដោយ​​វិនយបញ្ញត្តិក្តី ដោយ​ពុទ្ធវចនៈ​ដែល​​មិន​មែន​ជា​វិនយបញ្ញត្តិក្តី ត្រឡប់​ពោល​យ៉ាងនេះថា ពាក្យនេះ​​មិន​​ប្រព្រឹត្ត​ទៅដើម្បី​​សេចក្តី​​ផូរផង់​ចាកកិលេស ​មិន​ប្រព្រឹត្តទៅ​ដើម្បី​កំចាត់​កិលេស ​មិន​ប្រព្រឹត្ត​ទៅដើម្បី​​នាំមក​នូវ​សេចក្តី​​ជ្រះថ្លា ​មិន​ប្រព្រឹត្ត​ទៅដើម្បី​​មិន​សន្សំ​នូវ​កិលេសវដ្ត ​មិន​ប្រព្រឹត្ត​​ទៅ​ដើម្បី​ប្រារព្ធ​​សេចក្តី​​ព្យាយាមទេ (ម្យ៉ាងទៀត) ពោលថា នែ​អាវុសោ​​ទាំងឡាយ ខ្ញុំ​​មិន​ទាន់​សិក្សា​សិក្ខាបទនេះ​ទេ ព្រោះខ្ញុំ​​មិន​ទាន់​បាន​សាកសួរ​ភិក្ខុ​ដទៃ ដែល​ឈ្លាស​ទ្រទ្រង់​វិន័យ ជា​បណ្ឌិត​​មានប្រាជ្ញា ជា​ពហុស្សូត ជា​ធម្មកថិកនៅ​ឡើយ ត្រូវអាបត្តិ​ទុក្កដ។ ​មិន​មែន​ឧបសម្បន្ន ភិក្ខុ​សំគាល់​​ថា​ឧបសម្បន្ន ត្រូវអាបត្តិ​ទុក្កដ។ ​មិន​មែន​ឧបសម្បន្ន ភិក្ខុ​​មាន​​សេចក្តី​​សង្ស័យ ត្រូវអាបត្តិ​ទុក្កដ។ ​មិន​មែន​ឧបសម្បន្ន ភិក្ខុ​សំគាល់​​ថា​មិន​មែន​ឧបសម្បន្ន ត្រូវអាបត្តិ​ទុក្កដ។

[៣០១] ត្រង់ពាក្យថា អ្នកសិក្សា គឺអ្នក​​មាន​សេចក្តី​​ប្រាថ្នា​ដើម្បីនឹង​សិក្សា។ ពាក្យថា គួរ​ដឹងច្បាស់ គឺគួរ​ចេះ។ ពាក្យថា គួរ​សាកសួរ គឺគួរ​សាកសួរថា បពិត្រ​លោកដ៏ចំរើន ពាក្យនេះ​ដូចម្តេច ពាក្យនេះ​​មាន​​សេចក្តី​​ដូចម្តេច។ ពាក្យថា គួរ​ពិចារណា គឺគួរ​គិត​ គួរ​ថ្លឹង។ ពាក្យថា នេះ​ជា​​សាមីចិកម្ម​ក្នុង​សិក្ខាបទនោះ​ គឺថានេះ​តាមទំនៀមក្នុង​សិក្ខាបទនោះ​។

[៣០២] វារៈដែល​​មិន​ត្រូវអាបត្តិ (ក្នុង​សិក្ខាបទនេះ​មាន៣យ៉ាង) គឺភិក្ខុ​ពោលថា ខ្ញុំ​នឹងដឹង ខ្ញុំ​នឹងសិក្សា១ ភិក្ខុ​ឆ្កួត១ ភិក្ខុ​ដើមបញ្ញត្តិ១។

សិក្ខាបទទី១ ចប់។

សិក្ខាបទទី២

[៣០៣] សម័យនោះ​ ព្រះពុទ្ធដ៏​មានព្រះភាគ កាលគង់នៅ​វត្តជេតពន របស់​​អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ សម័យនោះ​ឯង ព្រះដ៏​មានព្រះភាគ​ទ្រង់សំដែង​វិនយកថា សំដែង​គុណ​​នៃ​​វិន័យ ទ្រង់​សំដែង​គុណ​នៃ​ការរៀនវិន័យ ទ្រង់​កំណត់​រឿយៗ ​ហើយ​ទ្រង់​សំដែង​គុណ​របស់​​ព្រះឧបាលិដ៏​​មានអាយុ​ដល់​ភិក្ខុ​​​ទាំងឡាយ​ដោយ​បរិយាយ​ជា​ច្រើន។ ភិក្ខុ​​ទាំងឡាយ​និយាយ​ថា ព្រះដ៏​មានព្រះភាគ​ទ្រង់សំដែង​វិនយកថា ទ្រង់​សំដែង​គុណ​​នៃ​​វិន័យ ទ្រង់​សំដែង​គុណ​​នៃ​ការរៀនវិន័យ ទ្រង់​កំណត់​រឿយៗ ​ហើយ​ទ្រង់​សំដែង​គុណ​របស់​​ព្រះឧបាលិដ៏​​មានអាយុ​​ដោយ​បរិយាយ​ជា​ច្រើន នែ​អាវុសោ​​ទាំងឡាយ បើដូច្នោះ​យើងនឹង​រៀន​វិន័យ​ក្នុង​សំណាក់​ព្រះឧបាលិដ៏​មានអាយុ។ ទើប​ភិក្ខុ​​​ទាំងឡាយ​នោះ​ ជា​ថេរៈខ្លះ ជា​ភិក្ខុ​ថ្មីខ្លះ ជា​ភិក្ខុ​​កណ្តាល​ខ្លះ​ច្រើនរូប វៀនវិន័យ​ក្នុង​សំណាក់​ព្រះឧបាលិ​ដ៏​មានអាយុ។ លំដាប់​នោះ​ឯង ពួក​ឆព្វគ្គិយភិក្ខុ​​​មានគំនិតដូច្នេះថា នែ​​អាវុសោ​ទាំងឡាយច ឥឡូវនេះឯង ភិក្ខុ​ច្រើនអង្គ ជា​ថេរៈខ្លះ ជា​ភិក្ខុ​​ថ្មី​ខ្លះ ជា​ភិក្ខុ​​កណ្តាលខ្លះ វៀន​វិន័យ​ក្នុង​សំណាក់​ព្រះឧបាលិ​ដ៏​មានអាយុ បើភិក្ខុ​​​ទាំងឡាយ​នេះ​ជា​អ្នក​ចេះស្ទាត់​ក្នុង​វិន័យ​ នឹង​​ទាញមក នឹងច្រានទៅ​នូវយើង​​ទាំងឡាយ​តាមគាប់​ចិត្ត នែ​​អាវុសោ​​ទាំងឡាយ ណ្ហើយ​ចុះ យើងគួរ​ពោល​បង្អាប់​វិន័យវិញ។ ទើបពួកឆព្វគ្គិយភិក្ខុ​​ចូល​ទៅជិត​ភិក្ខុ​​​ទាំងឡាយ ​ហើយ​និយាយ​យ៉ាងនេះថា ប្រយោជន៍​អ្វីដោយ​​សិក្ខាបទ​តូចៗ​ទាំងនេះ ដែល​​បុគ្គល​ណា​មួយ​សំដែង​ឡើង​ហើយ​ សិក្ខាបទ​​ទាំងឡាយនេះ ប្រព្រឹត្តទៅ​ដើម្បី​​សេចក្តី​​ក្តៅ​ក្រហាយ​​​ចិត្ត ដើម្បី​សេចក្តី​​លំបាក​ចិត្ត ដើម្បី​សេចក្តី​​សាំញុំា​ចិត្ត។ ភិក្ខុ​​ទាំងឡាយណា​មាន​​សេចក្តី​​ប្រាថ្នា​តិច។បេ។ ភិក្ខុ​​ទាំងឡាយ​នោះ​​ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកឆព្វគ្គិយ​ភិក្ខុ​​ ​មិន​គួរ​នឹងពោល​បង្អាប់​វិន័យសោះ។បេ។ ព្រះដ៏​មានព្រះភាគ​ត្រាស់​សួរថា ម្នាលភិក្ខុ​​ទាំង​ឡាយ ឮថា អ្នក​ទាំងឡាយ​ពោល​បង្អាប់​វិន័យ ពិតមែនឬ។ ពួកឆព្វគ្គិយភិក្ខុ​​ក្រាបទូលថា បពិត្រ​ព្រះដ៏​មាន​ព្រះភាគ ពិត​មែន។ ព្រះពុទ្ធ​ដ៏​មានជោគ ទ្រង់​បន្ទោសថា នែ​​មោឃបុរស​ទាំងឡាយ អ្នក​ទាំងឡាយ​​មិន​គួរ​នឹងពោលបង្អាប់​វិន័យទេ នែ​មោឃបុរស​​ទាំងឡាយ​ អំពើ​នេះ​​មិន​មែន​នាំឲ្យ​ជ្រះថ្លាដល់​ជនដែល​​​មិន​ទាន់ជ្រះថ្លា ឬនាំពួកជន​ដែល​ជ្រះថ្លា​​ហើយ​ ឲ្យ​រឹងរឹត​​តែ​​ជ្រះថ្លា​ឡើង​ទេ។បេ។ ម្នាល​ភិក្ខុ​​​ទាំងឡាយ អ្នក​ទាំងឡាយ​គប្បី​សំដែង​​​ឡើង​នូវ​សិក្ខាបទ​នេះយ៉ាងនេះថា ភិក្ខុ​ណាមួយ កាល​បើ​​ភិក្ខុ​សំដែង​ឡើង​នូវ​បាតិមោក្ខ ​ហើយ​ពោលយ៉ាង​នេះថា ប្រយោជន៍​អ្វី​ដោយ​​សិក្ខាបទ​តូចៗទាំង​នេះ​ ដែល​ភិក្ខុ​​ណាមួយ​សំដែង​ឡើង​ហើយ​ សិក្ខាបទ​​ទាំងឡាយនេះ ប្រព្រឹត្តទៅ​ដើម្បី​​សេចក្តី​​ក្តៅ​ក្រហាយ​​ចិត្ត ដើម្បី​សេចក្តី​​លំបាក​ចិត្ត ដើម្បី​សេចក្តី​​រសេមរសាម​ចិត្តប៉ុណ្ណោះឯង ភិក្ខុ​នោះ​​ត្រូវអាបត្តិ​បាចិត្តិយ ព្រោះ​ពោលបង្អាប់​សិក្ខាបទ។

[៣០៤] ត្រង់ពាក្យថា ភិក្ខុ​ណាមួយ ​មាន​សេចក្តី​ដូច​គ្នា​​នឹងសិក្ខាបទ​ទី១​​នៃ​បារាជិកកណ្ឌ។ ពាក្យថា កាលបើភិក្ខុ​សំដែង​ឡើង​នូវ​បាតិមោក្ខ គឺ​កាល​បើ​ភិក្ខុ​សំដែងឡើង​ឯងក្តី ឲ្យគេ​​សំដែង​ឡើងក្តី ធ្វើ​ស្វាធ្យាយក្តី។ ពាក្យថា ពោលយ៉ាងនេះ គឺភិក្ខុ​ណាពោល​បង្អាប់​វិន័យ​ដល់​ឧបសម្បន្ន​ផង​គ្នា​ថា ប្រយោជន៍​អ្វី​ដោយ​សិក្ខាបទតូចៗ​ទាំងនេះ ដែល​ភិក្ខុ​​ណាមួយ​សំដែង​ឡើង​​ហើយ​ សិក្ខាបទ​ទាំង​នេះ ប្រព្រឹត្តទៅ​ដើម្បី​​សេចក្តី​​ក្តៅ​ក្រហាយ​​ចិត្ត ​សេចក្តី​​លំបាក​ចិត្ត ​សេចក្តី​រសេមរសាម​ចិត្ត​ប៉ុណ្ណោះឯង ភិក្ខុ​ណា​រៀន​សិក្ខាបទនេះ ភិក្ខុ​នោះ​​​មាន​សេចក្តី​​ក្តៅក្រហាយ​​ចិត្ត ​សេចក្តី​​លំបាក​​ចិត្ត ​សេចក្តី​​រសេមរសាម​​ចិត្ត ភិក្ខុ​ណា​​មិន​រៀន​សិក្ខាបទ​នេះ ភិក្ខុ​នោះ​​​មិន​​មាន​សេចក្តី​​ក្តៅក្រហាយ​​ចិត្ត ​សេចក្តី​​លំបាក​​ចិត្ត ​សេចក្តី​​រសេមរសាម​​ចិត្តទេ សិក្ខាបទ​នេះ​ បើ​មិន​​មាន​អ្នកណា​សំដែង​ឡើង ក៏​ជា​ការល្អ សិក្ខាបទ​នេះ បើ​មិន​​មានអ្នក​ណាសិក្សា​ ក៏ជា​ការល្អ សិក្ខាបទនេះ បើ​មិន​​មាន​អ្នកណា​រៀន ក៏ជា​ការល្អ សិក្ខាបទនេះ បើ​មិន​​មានអ្នកណា​ទ្រទ្រង់​ ក៏ជា​ការល្អ វិន័យ​ចូរ​​អន្តរធានទៅ ឬ​ភិក្ខុ​​​ទាំងឡាយ​នេះ ចូរ​​កុំឲ្យចេះ​ដឹងអ្វីសោះ ភិក្ខុ​នោះ​​ត្រូវអាបត្តិ​បាចិត្តិយ។

[៣០៥] ឧបសម្បន្ន ភិក្ខុ​សំគាល់​ថាឧបសម្បន្ន ​ហើយ​ពោលបង្អាប់វិន័យ ត្រូវ​អាបត្តិ​បាចិត្តិយ។ ឧបសម្បន្ន ភិក្ខុ​​មាន​សេចក្តី​​សង្ស័យ ​ហើយ​ពោលបង្អាប់វិន័យ ត្រូវ​អាបត្តិ​បាចិត្តិយ។ ឧបសម្បន្ន ភិក្ខុ​សំគាល់​ថា​មិន​មែនឧបសម្បន្ន ​ហើយ​ពោលបង្អាប់វិន័យ ត្រូវ​អាបត្តិ​បាចិត្តិយ។ ភិក្ខុ​ ពោលបង្អាប់ធម៌ដទៃ ត្រូវអាបត្តិ​ទុក្កដ។ ភិក្ខុ​ពោល​បង្អាប់​វិន័យក្តី ធម៌​ដទៃក្តី ចំពោះ​អនុបសម្បន្ន ត្រូវអាបត្តិ​ទុក្កដ។ ​មិន​មែន​ឧបសម្បន្ន ភិក្ខុ​សំគាល់​​ថា​ឧបសម្បន្ន ត្រូវអាបត្តិ​ទុក្កដ។ ​មិន​មែន​ឧបសម្បន្ន ភិក្ខុ​​មាន​​សេចក្តី​​សង្ស័យ ត្រូវអាបត្តិ​ទុក្កដ។ ​មិន​មែន​ឧបសម្បន្ន ភិក្ខុ​សំគាល់​​ថា​មិន​មែន​ឧបសម្បន្ន ត្រូវអាបត្តិ​ទុក្កដ។

[៣០៦] វារៈដែល​​មិន​ត្រូវអាបត្តិ (ក្នុង​សិក្ខាបទនេះ​មាន៤យ៉ាង) គឺភិក្ខុ​​មិន​ចង់ពោល​បង្អាប់១ ភិក្ខុ​ពោលថា ណ្ហើយចុះ អ្នកចូរ​រៀន​ព្រះសូត្រ​​ទាំងឡាយក្តី គាថា​​ទាំងឡាយក្តី អភិធម្មក្តី ជា​មុនសិន ចាំរៀន​វិន័យ​ជា​ខាងក្រោយវិញ១ ភិក្ខុ​ឆ្កួត១ ភិក្ខុ​ដើមបញ្ញត្តិ១។

សិក្ខាបទទី២ ចប់។

សិក្ខាបទទី៣

[៣០៧] សម័យនោះ​ ព្រះពុទ្ធដ៏​មានព្រះភាគ កាលគង់នៅ​វត្តជេតវន របស់​​អនាថបិណ្ឌិក​សេដ្ឋី ជិតក្រុងសាវត្ថី។ គ្រានោះ​ឯង ពួកឆព្វគ្គិយភិក្ខុ​​នាំ​គ្នា​ប្រព្រឹត្ត​អនាចារ​ ​ហើយ​គិតថា ភិក្ខុ​​​ទាំងឡាយ​ចូរ​ដឹងថា យើង​ទាំងឡាយ​ត្រូវអាបត្តិ​ដោយ​​សេចក្តី​​ល្ងង់ កាលភិក្ខុ​កំពុង​សំដែង​​បាតិមោក្ខ ក៏នាំ​គ្នា​​ពោលយ៉ាងនេះថា យើង​ទាំងឡាយ​ទើប​​តែ​​នឹងដឹង​ឥឡូវ​នេះថា ធម៌​នេះ​មក​ហើយ​​ក្នុង​​សុត្តៈ រាប់ចូល​​​ហើយ​ក្នុង​​សុត្តៈ មកកាន់​ឧទ្ទេស (ការសូត្រ) រាល់​កន្លះ​ខែ។ ភិក្ខុ​​​ទាំងឡាយ​ណាជា​អ្នក​មាន​​ប្រាថ្នា​តិច។បេ។ ភិក្ខុ​​ទាំងឡាយ​នោះ​​ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកឆព្វគ្គិយ​ភិក្ខុ​​ កាលភិក្ខុ​កំពុង​សំដែង​បាតិមោក្ខ ម្តេចក៏នាំ​គ្នា​​ពោលយ៉ាងនេះថា យើង​ទាំងឡាយ​ទើប​​តែ​​នឹងដឹង​ក្នុង​កាលឥឡូវ​នេះថា ធម៌​នេះ​មក​ហើយ​​ក្នុង​​សុត្តៈ រាប់ចូល​​​ហើយ​ក្នុង​​សុត្តៈ មកកាន់​ឧទ្ទេស រាល់កន្លះខែ។បេ។ ព្រះដ៏​មានព្រះភាគ​ត្រាស់​សួរថា ម្នាលភិក្ខុ​​ទាំងឡាយ ឮថា អ្នក​ទាំងឡាយ​ កាលភិក្ខុ​កុំពុង​សំដែង​បាតិមោក្ខ ក៏នាំ​គ្នា​​ពោលយ៉ាង​នេះថា យើង​ទាំងឡាយ​ទើប​​តែ​​នឹងដឹង​ឥឡូវ​នេះថា ធម៌​នេះ​មក​ហើយ​​ក្នុង​​សុត្តៈ រាប់ចូល​​​ហើយ​ក្នុង​​សុត្តៈ មកកាន់​ឧទ្ទេសរាល់​កន្លះ​ខែ ពិតមែន​ឬ។ ពួកឆព្វគ្គិយភិក្ខុ​​ទូលថា សូមទ្រង់​មេត្តាប្រោស ពិត​មែន។ ព្រះពុទ្ធជា​ម្ចាស់​​ដ៏​មាន​ព្រះភាគ ទ្រង់​តិះដៀលថា ម្នាល​មោឃបុរស​ទាំងឡាយ អ្នក​ទាំងឡាយ កាលភិក្ខុ​កំពុង​សំដែង​បាតិមោក្ខ ​មិន​គួរ​នឹងមកពោលយ៉ាងនេះថា យើង​ទាំងឡាយ​ទើប​​តែ​​នឹងដឹងក្នុង​កាល​​ឥឡូវ​នេះថា ធម៌​នេះ​មក​ហើយ​​ក្នុង​​សុត្តៈ រាប់ចូល​​​ហើយ​ក្នុង​​សុត្តៈ មកកាន់​ឧទ្ទេស​រាល់កន្លះខែ ម្នាល​មោឃបុរស​​​ទាំងឡាយ​ អំពើ​នេះ​​មិន​មែន​នាំពួកជនដែល​​មិន​ទាន់​ជ្រះថ្លាឲ្យជ្រះថ្លា ឬនាំពួកជន​ដែល​ជ្រះថ្លា​​ហើយ​ ឲ្យរឹងរឹត​​តែ​​ជ្រះថ្លា​ឡើង​ទេ។បេ។ ម្នាល​ភិក្ខុ​​​ទាំងឡាយ អ្នក​ទាំងឡាយ​គប្បី​សំដែង​​​ឡើង​នូវសិក្ខាបទ​នេះយ៉ាងនេះថា ភិក្ខុ​ណាមួយ កាលភិក្ខុ​កំពុង​សំដែង​បាតិមោក្ខរាល់​កន្លះ​ខែ ​ហើយ​​ពោលយ៉ាងនេះថា ខ្ញុំ​ទើប​​តែ​​នឹងដឹង​ក្នុង​​កាល​ឥឡូវ​នេះថា ឮថា ធម៌​នេះ​មក​ហើយ​​ក្នុង​​សុត្តៈ រាប់ចូល​​​ហើយ​ក្នុង​​សុត្តៈ មកកាន់​ឧទ្ទេសរាល់កន្លះខែ។ បើភិក្ខុ​​ទាំងឡាយ​ដទៃ​ដឹង​នូវភិក្ខុ​​នោះ​ថា ភិក្ខុ​នេះ​ធ្លាប់​អង្គុយ​​ស្តាប់​បាតិមោក្ខ ដែល​ភិក្ខុ​​សំដែង​អស់​វារៈពីរ​បីដង​ហើយ​ នឹងពោល​ទៅ​ថ្វី​ទៀត​ដល់​ការស្តាប់​ច្រើនដង ​សេចក្តី​រួច (ចាកអាបត្តិ) ដោយ​អាការដែល​​​មិន​ដឹង ​មិន​​មាន​ដល់​ភិក្ខុ​​នោះ​ទេ ភិក្ខុ​នោះ​​ត្រូវអាបត្តិ​ណា ក្នុង​រឿង​អនាចារ​នោះ​ សង្ឃ​គប្បីញុំាង​ភិក្ខុ​នោះ​​ឲ្យ​ធ្វើ​នូវ​អាបត្តិ​នោះ​ ដោយ​គួរ​តាមធម៌ ម្យ៉ាងទៀត គប្បីលើកមោហារោបនកម្ម​ដល់ភិក្ខុ​នោះ​​ថែមទៀតថា ម្នាល​អាវុសោ (ការនេះ) ​មិន​ជា​លាភរបស់​​អ្នកឯងទេ អ្នក​ឯង​បាន​នូវ​របស់​​អាក្រក់ ដោយ​ហេតុ​ថា កាល​ភិក្ខុ​​កំពុង​សំដែង​បាតិមោក្ខ អ្នក​មិន​បាន​​ធ្វើទុក​ក្នុង​​ចិត្ត​ឲ្យសម្រេច​ប្រយោជន៍ដ៏ល្អ​ឡើយ។ នេះជា​​អាបត្តិ​បាចិត្តិយ ព្រោះក្លែង​ធ្វើវង្វេង​នោះ​ (ធ្វើពើរ)។

[៣០៨] ត្រង់ពាក្យថា ភិក្ខុ​ណាមួយ ​មាន​សេចក្តី​ដូច​គ្នា​​នឹងសិក្ខាបទ​ទី១​​នៃ​បារាជិកកណ្ឌ។ ពាក្យថា រាល់កន្លះខែ គឺរាល់​ថ្ងៃ​ឧបោសថ។ ពាក្យថា ភិក្ខុ​កំពុងសំដែង​​បាតិមោក្ខ ​សេចក្តី​ថា ​កាល​​ភិក្ខុ​កំពុងសូត្របាតិមោក្ខ។ ពាក្យថា ពោលយ៉ាងនេះ ​សេចក្តី​ថា ភិក្ខុ​ណាប្រព្រឹត្ត​អនាចារ ​ហើយ​ប្រាថ្នាថា ភិក្ខុ​​ទាំងឡាយចូរ​​ដឹងថា យើងត្រូវ​អាបត្តិ​ដោយ​អាការ​​មិន​ដឹង កាលភិក្ខុ​កំពុង​សំដែង​បាតិមោក្ខ ភិក្ខុ​នោះ​​ពោលយ៉ាងនេះថា ខ្ញុំ​ទើប​​តែ​​នឹងដឹង​ឥឡូវ​នេះថា ឮថាធម៌​នេះ​មក​​ហើយ​​ក្នុង​​សុត្តៈ រាប់ចូល​​​ហើយ​ក្នុង​​សុត្តៈ មកកាន់​ឧទ្ទេសរាល់​កន្លះខែ​ដូច្នេះ ភិក្ខុ​នោះ​​ត្រូវអាបត្តិ​ទុក្កដ។

[៣០៩] ពាក្យថា បើ(ភិក្ខុ​​ទាំងឡាយដទៃដឹង)​នូវភិក្ខុ​នោះ​ ​សេចក្តី​ថា ភិក្ខុ​​ទាំងឡាយ​ដទៃ​ដឹងនូវ​ភិក្ខុ​អ្នក​ប្រាថ្នានូវ​​សេចក្តី​​វង្វេង​ថា ភិក្ខុ​នេះ​ធ្លាប់​អង្គុយ ​​(ស្តាប់)​ បាតិមោក្ខ​ដែល​​ភិក្ខុ​​សំដែង​​អស់​វារៈ​ពីរបីដង​​ហើយ​ នឹងពោលទៅ​ថ្វីទៀត​ដល់ការ​ស្តាប់​ច្រើនដង ​សេចក្តី​​រួច (ចាកអាបត្តិ) ដោយ​​អាការ​ដែល​​​មិន​ដឹង ​មិន​​មាន​ដល់ភិក្ខុ​នោះ​ទេ ភិក្ខុ​នោះ​​ត្រូវអាបត្តិ​ណាក្នុង​រឿង​អនាចារ​នោះ​ សង្ឃ​គប្បីញុំាង​ភិក្ខុ​នោះ​​ឲ្យធ្វើ​នូវអាបត្តិនោះ​ ដោយ​គួរ​តាមធម៌ ម្យ៉ាងទៀត គប្បីលើក​​សេចក្តី​វង្វេង គឺ​មោហារោបនកម្ម​ដល់ភិក្ខុ​​នោះ​ថែមទៀត។ ម្នាលភិក្ខុ​​ទាំងឡាយ សង្ឃ​គប្បី​លើក​មោហារោបនកម្ម​ឡើងយ៉ាងនេះ។ ភិក្ខុ​ដែល​ជា​អ្នក​ឈ្លាស អង់អាច គប្បីញុំាង​សង្ឃ​ឲ្យដឹងថា បពិត្រ​ព្រះសង្ឃ​ដ៏ចំរើន សូមព្រះសង្ឃ​ស្តាប់ខ្ញុំ ភិក្ខុ​នេះ​ឈ្មោះនេះ កាលភិក្ខុ​កំពុង​សំដែង​បាតិមោក្ខ ​មិន​បាន​​ធ្វើទុក​ក្នុង​​ចិត្ត​ឲ្យសម្រេច​ប្រយោជន៍​ដ៏ល្អឡើយ។ បើមោហារោបនកម្ម​ ​មានកាលដ៏សមគួរ​ដល់សង្ឃ​​ហើយ​ សង្ឃគប្បីលើក​មោហារោបនកម្ម​ដល់ភិក្ខុ​ឈ្មោះនេះ។ នេះជា​វាចាប្រកាស​ឲ្យសង្ឃដឹង។ បពិត្រ​ព្រះសង្ឃ​ដ៏ចំរើន សូមព្រះសង្ឃ​ស្តាប់ខ្ញុំ ភិក្ខុ​នេះ​ឈ្មោះនេះ កាលភិក្ខុ​កំពុង​សំដែង​បាតិមោក្ខ ​មិន​បាន​​​ធ្វើទុក​ក្នុង​​ចិត្ត​ឲ្យសម្រេច​ប្រយោជន៍​ដ៏ល្អទេ។ ឥឡូវនេះ សង្ឃលើកនូវ​មោហារោបន​កម្ម​​ ​ដល់​ភិក្ខុ​ឈ្មោះនេះ។ ការលើក​មោហារោបនកម្ម​ដល់ភិក្ខុ​ឈ្មោះនេះ គួរ​ដល់លោកដ៏​មានអាយុ​អង្គ​ណា លោកដ៏​មានអាយុ​អង្គ​នោះ​​គប្បីស្ងៀមនៅ​ ​មិន​គួរ​ដល់លោកដ៏​មាន​អាយុ​​អង្គណា លោកដ៏​​មានអាយុ​អង្គនោះ​គប្បី​ពោលឡើង។ មោហារោបនកម្ម​ សង្ឃបាន​​លើក​ឡើង​ហើយ​​ដល់​ភិក្ខុ​​ឈ្មោះនេះ។ ការលើក​មោហារោបនកម្មនេះ សមគួរ​ដល់សង្ឃ ហេតុ​នោះ​សង្ឃស្ងៀមនៅ​។ ខ្ញុំ​សូមចាំ​ទុក​នូវ​មោហារោបនកម្ម​នេះ ដោយ​ការស្ងៀមនៅ​យ៉ាងនេះ។

[៣១០] កាលមោហារោបនកម្ម​ សង្ឃ​​មិន​ទាន់​លើកឡើងទេ បើភិក្ខុ​ក្លែង​ធ្វើវង្វេង ត្រូវ​អាបត្តិ​ទុក្កដ។ កាលមោហារោបនកម្ម​ សង្ឃ​​លើកឡើង​ហើយ​ ភិក្ខុ​នៅ​ក្លែង​ធ្វើវង្វេងទៀត ត្រូវអាបត្តិបាចិត្តិយ។

[៣១១] កម្មប្រកបដោយ​ធម៌ ភិក្ខុ​សំគាល់​ថា កម្មប្រកបដោយ​ធម៌ ​ហើយ​ក្លែងធ្វើ​វង្វេង ត្រូវ​អាបត្តិ​បាចិត្តិយ។ កម្មប្រកបដោយ​ធម៌ ភិក្ខុ​​មាន​សេចក្តី​​សង្ស័យ ​ហើយ​ក្លែងធ្វើវង្វេង ត្រូវ​អាបត្តិ​បាចិត្តិយ។ កម្មប្រកបដោយ​ធម៌ ភិក្ខុ​សំគាល់​ថា កម្ម​មិន​ប្រកបដោយ​ធម៌ ​ហើយ​ក្លែង​ធ្វើវង្វេង ត្រូវ​អាបត្តិ​បាចិត្តិយ។ កម្ម​មិន​ប្រកបដោយ​ធម៌ ភិក្ខុ​សំគាល់​​ថា កម្មប្រកប​ដោយ​ធម៌ ​ហើយ​(ក្លែង​ធ្វើវង្វេង) ត្រូវអាបត្តិ​ទុក្កដ។ កម្ម​មិន​ប្រកបដោយ​ធម៌ ភិក្ខុ​​មាន​​សេចក្តី​​សង្ស័យ ត្រូវអាបត្តិ​ទុក្កដ។ កម្ម​មិន​ប្រកបដោយ​ធម៌ ភិក្ខុ​សំគាល់​​ថា កម្ម​មិន​ប្រកបដោយ​ធម៌ ត្រូវអាបត្តិ​ទុក្កដ។

[៣១២] វារៈដែល​​មិន​ត្រូវអាបត្តិ (ក្នុង​សិក្ខាបទនេះ​មាន៥យ៉ាង) គឺភិក្ខុ​​មិន​ទាន់​បាន​ស្តាប់​បាតិមោក្ខ​ដោយ​ពិស្តារ១ ភិក្ខុ​ស្តាប់​បាតិមោក្ខ​ដោយ​ពិស្តារ​អស់​វារៈ​​មិន​ទាន់​ដល់ពីរបីដង១ ភិក្ខុ​​​មិន​ប៉ង​នឹងក្លែង​ធ្វើវង្វេង១ ភិក្ខុ​ឆ្កួត១ ភិក្ខុ​ដើមបញ្ញត្តិ១។

សិក្ខាបទទី៣ ចប់។

សិក្ខាបទទី៤

[៣១៣] សម័យនោះ​ ព្រះពុទ្ធដ៏​មានព្រះភាគ កាលគង់នៅ​វត្តជេតវន របស់​​អនាថបិណ្ឌិក​សេដ្ឋី ជិតក្រុងសាវត្ថី។ គ្រានោះ​ឯង ពួកឆព្វគ្គិយភិក្ខុ​​ក្រោធខឹង ​ហើយ​ឲ្យ​ប្រហារ​ដល់​ពួក​សត្តរសវគ្គិយភិក្ខុ​ (ភិក្ខុ​​មាន​ពួក​១៧)។ សត្តរសវគ្គិយភិក្ខុ​ទាំងនោះ​​នាំ​គ្នា​ស្រែកយំ។ ភិក្ខុ​​ទាំងឡាយ​បាន​សួរ​យ៉ាងនេះថា ម្នាលអាវុសោ អ្នក​ទាំងឡាយ​ ហេតុ​អ្វី​បាន​ជា​យំ។ ពួក​សត្តរសវគ្គិយភិក្ខុ​​ឆ្លើយ​ថា ម្នាលអាវុសោ ពួកឆព្វគ្គិយភិក្ខុ​​ទាំងនេះ​ក្រោធខឹង បាន​ឲ្យ​ប្រហារ​​ដល់​ពួកយើង។  ភិក្ខុ​​​ទាំងឡាយ​ណា​មាន​​សេចក្តី​​ប្រាថ្នា​តិច។បេ។ ភិក្ខុ​​ទាំងឡាយ​នោះ​​ពោលទោស តិះដៀល បន្តុះ​បង្អាប់​ថា ពួកឆព្វគ្គិយ​ភិក្ខុ​ ​មិន​គួរ​ក្រោធខឹង ​ហើយ​ទៅ​ប្រហារ​ភិក្ខុ​​ទាំងឡាយ​សោះ។បេ។​ ព្រះដ៏​​មានព្រះភាគ​ត្រាស់​សួរថា ម្នាលភិក្ខុ​​ទាំងឡាយ ឮថា អ្នក​ទាំងឡាយ​ក្រោធខឹង ​ហើយ​នាំ​គ្នា​​ប្រហារ​ភិក្ខុ​​ទាំងឡាយ ពិតមែនឬ។ ពួក​ឆព្វគ្គិយភិក្ខុ​​ទូលថា សូមទ្រង់​មេត្តាប្រោស ពិត​មែន។ ព្រះពុទ្ធ​ដ៏​​មាន​ព្រះភាគ ទ្រង់​តិះដៀល​ថា ម្នាល​មោឃបុរស​ទាំងឡាយ ពួកអ្នកឯង​មិន​គួរ​ក្រោធខឹង ​ហើយ​នាំ​គ្នា​​ប្រហារ​ភិក្ខុ​​ទាំងឡាយ​ទេ ម្នាល​មោឃបុរស​​​ទាំងឡាយ​ អំពើ​នេះ​​មិន​​នាំឲ្យជ្រះថ្លា​ដល់​ពួកជនដែល​​មិន​ទាន់​ជ្រះថ្លា ឬនាំពួកជន​ដែល​ជ្រះថ្លា​​ហើយ​ ឲ្យរឹងរឹត​​តែ​​ជ្រះថ្លា​ឡើង​ទេ។បេ។ ម្នាល​ភិក្ខុ​​​ទាំងឡាយ អ្នក​ទាំងឡាយ​គប្បី​សំដែង​​​ឡើង​នូវសិក្ខាបទ​នេះយ៉ាងនេះថា ភិក្ខុ​ណាមួយ ក្រោធខឹង ​ហើយ​ឲ្យ​ប្រហារ​ដល់ភិក្ខុ​ផង​គ្នា​ ភិក្ខុ​នោះ​​ត្រូវ​អាបត្តិ​បាចិត្តិយ។

[៣១៤] ត្រង់ពាក្យថា ភិក្ខុ​ណាមួយ ​មាន​សេចក្តី​ដូច​គ្នា​​ក្នុង​សិក្ខាបទ​ទី១​​នៃ​បារាជិកកណ្ឌ។ ពាក្យថា ដល់ភិក្ខុ​ផង​គ្នា​ គឺដល់​ភិក្ខុ​​ដទៃ។ ពាក្យថា ក្រោធខឹង ​សេចក្តី​ថា ​មាន​ចិត្ត​​មិន​ត្រេកអរ ​មាន​ចិត្ត​គុំគួន ​មាន​ចិត្ត​រឹងត្អឹង។ ពាក្យថា ឲ្យប្រហារ គឺឲ្យប្រហារ​ដោយ​កាយ​ក្តី ដោយ​វត្ថុ​ជា​ប់​នឹង​កាយ​ក្តី ដោយ​វត្ថុ​សម្រាប់​​ចោលក្តី ដោយ​ហោចទៅ សូម្បី​តែ​​ដោយ​​ស្លឹក​ព្រលិត ភិក្ខុ​នោះ​​ត្រូវ​អាបត្តិ​បាចិត្តិយ។

[៣១៥] ឧបសម្បន្ន​[បាន​ដល់​ភិក្ខុ​] ភិក្ខុ​សំគាល់​ថា ឧបសម្បន្ន ​ហើយ​ក្រោធខឹង ឲ្យប្រហារ ត្រូវ​អាបត្តិ​បាចិត្តិយ។ ឧបសម្បន្ន ភិក្ខុ​​មាន​សេចក្តី​​សង្ស័យ ​ហើយ​ក្រោធខឹង ឲ្យប្រហារ ត្រូវ​អាបត្តិ​បាចិត្តិយ។ ឧបសម្បន្ន ភិក្ខុ​សំគាល់​ថា ជា​អនុបសម្បន្ន​[បាន​ដល់​ជន​​មិន​មែន​ភិក្ខុ​] ​ហើយ​ក្រោធ​ខឹង ឲ្យប្រហារ ត្រូវ​អាបត្តិ​បាចិត្តិយ។ ភិក្ខុ​ក្រោធខឹង ​ហើយ​ឲ្យ​ប្រហារ​ដល់​អនុបសម្បន្ន ត្រូវអាបត្តិ​ទុក្កដ។ អនុបសម្បន្ន ភិក្ខុ​សំគាល់​​ថាឧបសម្បន្ន ត្រូវអាបត្តិ​ទុក្កដ។ អនុបសម្បន្ន ភិក្ខុ​​មាន​​សេចក្តី​​សង្ស័យ (​ហើយ​ឲ្យ​ប្រហារ) ត្រូវអាបត្តិ​ទុក្កដ។ អនុបសម្បន្ន ភិក្ខុ​សំគាល់​​ថា អនុបសម្បន្ន ត្រូវអាបត្តិ​ទុក្កដ។

[៣១៦] វារៈដែល​​មិន​ត្រូវអាបត្តិ (ក្នុង​សិក្ខាបទនេះ​មាន៣យ៉ាង) គឺភិក្ខុ​ដែល​ជន​ណាមួយ​បៀតបៀន ​ហើយ​​មាន​​សេចក្តី​​ប្រាថ្នា​ដើម្បីនឹង​ឲ្យ​រួចខ្លួន ក៏ឲ្យ​ប្រហារ​ទៅវិញ១ ភិក្ខុ​ឆ្កួត១ ភិក្ខុ​ដើមបញ្ញត្តិ១។

សិក្ខាបទទី៤ ចប់។

សិក្ខាបទទី៥

[៣១៧] សម័យនោះ​ ព្រះពុទ្ធដ៏​មានព្រះភាគ កាលគង់នៅ​វត្តជេតវន របស់​​អនាថបិណ្ឌិក​សេដ្ឋី ជិតក្រុងសាវត្ថី។ គ្រានោះ​ឯង ពួកឆព្វគ្គិយភិក្ខុ​​ក្រោធខឹង ​ហើយ​ងាលំពែង គឺបាតដៃ​ឡើង​សំដៅ​ពួក​សត្តរសវគ្គិយភិក្ខុ​ (ធ្វើអាការ​បីដូច​ជា​នឹងវាយ) សត្តរសវគ្គិយភិក្ខុ​ទាំងនោះ​ទើប​​តែ​​នឹង​រួច​អំពី​ប្រហារ​មក​ហើយ​ (​មាន​សេចក្តី​​ភិតភ័យ) ក៏​នាំ​គ្នា​យំ។ ភិក្ខុ​​ទាំងឡាយ​បាន​សួរ​យ៉ាងនេះថា ម្នាលអាវុសោ ហេតុ​អ្វី​បាន​ជា​​ពួកអ្នកយំ។ ពួកសត្តរសវគ្គិយភិក្ខុ​​ឆ្លើយ​ថា ម្នាលអាវុសោ ពួកឆព្វគ្គិយភិក្ខុ​​ទាំងនេះ​ក្រោធខឹង ​ហើយ​ងាបាត​ដៃឡើង​ដូចជា​លំពែង​សំដៅ​ពួកយើង។  ភិក្ខុ​​​ទាំងឡាយ​ណា​មាន​​សេចក្តី​​ប្រាថ្នា​តិច។បេ។ ភិក្ខុ​​ទាំងឡាយ​នោះ​​ពោលទោស តិះដៀល បន្តុះ​បង្អាប់​ថា ពួកឆព្វគ្គិយ​ភិក្ខុ​ ​មិន​គួរ​ក្រោធខឹង ​ហើយ​ងាបាត​ដៃឡើង​ដូចជា​លំពែង​សំដៅ​​ភិក្ខុ​​ផង​គ្នា​​សោះ។បេ។​ ព្រះដ៏​​មានព្រះភាគ​ត្រាស់​សួរថា ម្នាល​ភិក្ខុ​​ទាំងឡាយ ឮថា អ្នក​ទាំងឡាយ​ក្រោធខឹង ​ហើយ​ងាបាត​ដៃឡើង​ដូចជា​លំពែង​សំដៅ​ភិក្ខុ​​ទាំងឡាយ ពិតមែនឬ។ ពួកឆព្វគ្គិយភិក្ខុ​​ទូលថា សូមទ្រង់​មេត្តាប្រោស ពិត​មែន។ ព្រះពុទ្ធ​ជា​ម្ចាស់​​ដ៏​​មាន​ព្រះភាគ ទ្រង់​តិះដៀលថា ម្នាល​មោឃបុរស​​ទាំងឡាយ ពួកអ្នកឯង​មិន​គួរនឹង​ក្រោធខឹង ​ហើយ​ងាបាត​ដៃឡើង​ដូចជា​លំពែង​សំដៅ​​ភិក្ខុ​​​ទាំងឡាយ​ទេ ម្នាល​មោឃបុរស​​​ទាំងឡាយ​ អំពើ​នេះ​​មិន​មែន​នាំឲ្យជ្រះថ្លា​ដល់​ពួកជន​ដែល​​​មិន​ទាន់​​ជ្រះថ្លា ឬ​នាំ​ពួកជន​ដែល​ជ្រះថ្លា​​ហើយ​ ឲ្យរឹងរឹត​​តែ​​ជ្រះថ្លា​ឡើង​ទេ។បេ។ ម្នាល​ភិក្ខុ​​ទាំង​ឡាយ អ្នក​ទាំងឡាយ​គប្បី​សំដែង​​​ឡើង​នូវសិក្ខាបទ​នេះយ៉ាងនេះថា ភិក្ខុ​ណាមួយក្រោធខឹង ​ហើយ​ងាឡើងនូវលំពែង គឺបាតដៃ​ សំដៅ​ភិក្ខុ​ផង​គ្នា​ ភិក្ខុ​នោះ​​ត្រូវ​អាបត្តិ​បាចិត្តិយ។

[៣១៨] ត្រង់ពាក្យថា ភិក្ខុ​ណាមួយ ​មាន​សេចក្តី​ដូច​គ្នា​​ក្នុង​សិក្ខាបទ​ទី១​​នៃ​បារាជិកកណ្ឌ។ ពាក្យថា សំដៅភិក្ខុ​ផង​គ្នា​ គឺសំដៅ​ភិក្ខុ​​ដទៃ។ ពាក្យថា ក្រោធខឹង គឺ​មាន​ចិត្ត​​មិន​ត្រេកអរ ​មាន​ចិត្ត​គុំគួន ​មាន​ចិត្ត​រឹងត្អឹង។ ពាក្យថា ងាឡើង​នូវលំពែងគឺបាតដៃ ​សេចក្តី​ថា ភិក្ខុ​លើក​កាយ​ក្តី លើក​វត្ថុ​ជា​ប់​នឹង​កាយ​ក្តី ឡើងជន្ល ដោយ​ហោចទៅ សូម្បី​តែ​​​ស្លឹក​ព្រលិត ​ត្រូវ​អាបត្តិ​បាចិត្តិយ។

[៣១៩] ឧបសម្បន្ន ភិក្ខុ​សំគាល់​ថា ឧបសម្បន្ន ​ហើយ​ក្រោធខឹង ងាលំពែង​គឺ​បាតដៃ​ឡើង ត្រូវ​អាបត្តិ​បាចិត្តិយ។ ឧបសម្បន្ន ភិក្ខុ​​មាន​សេចក្តី​​សង្ស័យ ​ហើយ​ក្រោធខឹង ងាលំពែង​គឺ​បាតដៃ​ឡើង ត្រូវ​អាបត្តិ​បាចិត្តិយ។ ឧបសម្បន្ន ភិក្ខុ​សំគាល់​ថាអនុបសម្បន្ន ​ហើយ​ក្រោធ​ខឹង ងាលំពែង​គឺ​បាតដៃ​ឡើង ត្រូវ​អាបត្តិ​បាចិត្តិយ។ ភិក្ខុ​ក្រោធខឹងដល់​អនុបសម្បន្ន ​ហើយ​ងាលំពែង​គឺ​បាតដៃ​ឡើង ត្រូវអាបត្តិ​ទុក្កដ។ អនុបសម្បន្ន ភិក្ខុ​សំគាល់​​ថាឧបសម្បន្ន ត្រូវអាបត្តិ​ទុក្កដ។ អនុបសម្បន្ន ភិក្ខុ​​មាន​​សេចក្តី​​សង្ស័យ ត្រូវអាបត្តិ​ទុក្កដ។ អនុបសម្បន្ន ភិក្ខុ​សំគាល់​​ថា អនុបសម្បន្ន ត្រូវអាបត្តិ​ទុក្កដ។​

[៣២០] វារៈដែល​​មិន​ត្រូវអាបត្តិ (ក្នុង​សិក្ខាបទនេះ​មាន៣យ៉ាង) គឺភិក្ខុ​ដែល​ជន​ណាមួយ​បៀតបៀន ​ហើយ​​មាន​​សេចក្តី​​ប្រាថ្នា​ដើម្បីនឹង​ឲ្យ​រួចខ្លួន ក៏ងាលំពែង​គឺ​បាតដៃ​ឡើង១ ភិក្ខុ​ឆ្កួត១ ភិក្ខុ​ដើមបញ្ញត្តិ១។

សិក្ខាបទទី៥ ចប់។

សិក្ខាបទទី៦

[៣២១] សម័យនោះ​ ព្រះពុទ្ធដ៏​មានព្រះភាគ កាលគង់នៅ​វត្តជេតវន របស់​​អនាថបិណ្ឌិក​សេដ្ឋី ជិតក្រុងសាវត្ថី។ គ្រានោះ​ឯង ពួកឆព្វគ្គិយភិក្ខុ​​នាំ​គ្នា​កំចាត់ (គឺចោទ) ភិក្ខុ​​ផង​គ្នា​​ដោយ​​​អាបត្តិ​សង្ឃាទិសេស​​មិន​​មានមូល។ ភិក្ខុ​​​ទាំងឡាយ​ណា​មាន​​សេចក្តី​​ប្រាថ្នា​តិច។បេ។ ភិក្ខុ​​ទាំងឡាយ​នោះ​​ពោលទោស តិះដៀល បន្តុះ​បង្អាប់​ថា ពួកឆព្វគ្គិយ​ភិក្ខុ​ ​មិន​គួរនឹងចោទ​​ភិក្ខុ​​ផង​គ្នា​​​ដោយ​អាបត្តិ​សង្ឃាទិសេស​​មិន​​មានមូល​សោះ។បេ។​ ព្រះដ៏​​មានព្រះ​ភាគ​ត្រាស់​សួរថា ម្នាលភិក្ខុ​​ទាំងឡាយ ឮថា អ្នក​ទាំងឡាយចោទ​​ភិក្ខុ​​ផង​គ្នា​​​ដោយ​អាបត្តិ​សង្ឃាទិសេស​​មិន​​មានមូល ពិតមែនឬ។ ពួក​ឆព្វគ្គិយ​ភិក្ខុ​​ទូលថា សូមទ្រង់​មេត្តាប្រោស ពិត​មែន។ ព្រះពុទ្ធ​ជា​ម្ចាស់​​ដ៏​​មាន​ព្រះភាគ ទ្រង់​តិះដៀលថា ម្នាល​​មោឃបុរស​​ទាំងឡាយ ពួកអ្នកឯង​មិន​គួរនឹងចោទ​​ភិក្ខុ​​ផង​គ្នា​​​ដោយ​អាបត្តិ​សង្ឃាទិសេស​​មិន​​មានមូល​ទេ ម្នាល​មោឃបុរស​​​ទាំងឡាយ​ អំពើ​នេះ​​មិន​​នាំឲ្យជ្រះថ្លា​ដល់​ជន​ទាំងឡាយ​ដែល​​​មិន​ទាន់​​ជ្រះថ្លា ឬនាំពួកជន​ដែល​ជ្រះថ្លា​​ហើយ​ ឲ្យរឹងរឹត​​តែ​​ជ្រះថ្លា​ឡើង​ទេ។បេ។ ម្នាល​ភិក្ខុ​​ទាំង​ឡាយ អ្នក​ទាំងឡាយ​គប្បី​សំដែង​​​ឡើង​នូវសិក្ខាបទ​នេះយ៉ាងនេះថា ភិក្ខុ​ណាមួយចោទ​​ភិក្ខុ​​ផង​គ្នា​​​ដោយ​អាបត្តិ​សង្ឃាទិសេស​​មិន​​មានមូល ​ត្រូវ​អាបត្តិ​បាចិត្តិយ។

[៣២២] ត្រង់ពាក្យថា ភិក្ខុ​ណាមួយ ​មាន​សេចក្តី​ដូច​គ្នា​​ក្នុង​សិក្ខាបទ​ទី១​​នៃ​បារាជិកកណ្ឌ។ ពាក្យថា ភិក្ខុ​ផង​គ្នា​ គឺ​ភិក្ខុ​​ដទៃ។ ដែល​ហៅថា ​មិន​​មានមូល គឺ​អាបត្តិ​សង្ឃាទិសេស​ដែល​ខ្លួន​​មិន​បាន​​ឃើញ ​មិន​បាន​ឮ ​មិន​បាន​​រង្កៀស។ ពាក្យថា ដោយ​អាបត្តិ​សង្ឃាទិសេស គឺ​បណ្តា​សង្ឃាទិសេស​ទាំង១៣សិក្ខាបទ សិក្ខាបទ​ណាមួយ។ ពាក្យថា ចោទ ​សេចក្តី​ថា ភិក្ខុ​​ចោទ​ឯងក្តី ប្រើគេ​​ឲ្យចោទ​ក្តី ​ត្រូវ​អាបត្តិ​បាចិត្តិយ។

[៣២៣] ឧបសម្បន្ន ភិក្ខុ​សំគាល់​ថា ឧបសម្បន្ន ​ហើយ​ចោទ​​​​ដោយ​អាបត្តិ​សង្ឃាទិសេស​​មិន​​មានមូល ត្រូវ​អាបត្តិ​បាចិត្តិយ។ ឧបសម្បន្ន ភិក្ខុ​​មាន​សេចក្តី​​សង្ស័យ ​ហើយ​ចោទ​​​​ដោយ​អាបត្តិ​សង្ឃាទិសេស​​មិន​​មានមូល ត្រូវ​អាបត្តិ​បាចិត្តិយ។ ឧបសម្បន្ន ភិក្ខុ​សំគាល់​ថា​អនុបសម្បន្ន ​ហើយ​ចោទ​​​​ដោយ​អាបត្តិ​សង្ឃាទិសេស​​មិន​​មានមូល ត្រូវ​អាបត្តិ​បាចិត្តិយ។ ភិក្ខុ​ចោទ​ដោយ​​អាចារវិបត្តិ​ក្តី ដោយ​​ទិដ្ឋិវិបត្តិក្តី ត្រូវអាបត្តិ​ទុក្កដ។ ភិក្ខុ​ចោទ​អនុបសម្បន្ន ត្រូវអាបត្តិ​ទុក្កដ។ អនុបសម្បន្ន ភិក្ខុ​សំគាល់​​ថាឧបសម្បន្ន (​ហើយ​ចោទ) ត្រូវអាបត្តិ​ទុក្កដ។ អនុបសម្បន្ន ភិក្ខុ​​មាន​​សេចក្តី​​សង្ស័យ ត្រូវអាបត្តិ​ទុក្កដ។ អនុបសម្បន្ន ភិក្ខុ​សំគាល់​​ថា​អនុបសម្បន្ន ត្រូវអាបត្តិ​ទុក្កដ។​

[៣២៤] វារៈដែល​​មិន​ត្រូវអាបត្តិ (ក្នុង​សិក្ខាបទនេះ​មាន៣យ៉ាង) គឺភិក្ខុ​​មាន​​សេចក្តី​​សំគាល់​​ពិតមែន ​ហើយ​ចោទ​ឯងក្តី ប្រើគេ​​ឲ្យចោទ​ក្តី១ ភិក្ខុ​ឆ្កួត១ ភិក្ខុ​ដើមបញ្ញត្តិ១។

សិក្ខាបទទី៦ ចប់។

សិក្ខាបទទី៧

[៣២៥] សម័យនោះ​ ព្រះពុទ្ធដ៏​មានព្រះភាគ កាលគង់នៅ​វត្តជេតវន របស់​​អនាថបិណ្ឌិក​សេដ្ឋី ជិតក្រុងសាវត្ថី។ គ្រានោះ​ឯង ពួកឆព្វគ្គិយភិក្ខុ​​ក្លែង​បង្កហេតុ​​ឲ្យ​មាន​​សេចក្តី​​រង្កៀស​សង្ស័យ​កើត​ដល់ពួក​សត្តរសវគ្គិយភិក្ខុ​ថា ម្នាល​អាវុសោ សិក្ខាបទ ព្រះដ៏​​មានព្រះភាគ​ទ្រង់​បញ្ញត្ត​ទុក​​ហើយ​ថា បុគ្គល​​មានឆ្នាំ​ថយ​ពី២០ សង្ឃ​​មិន​គប្បី​ឲ្យ​ឧបសម្បទា​ឡើយ ចំណែក​ពួក​លោក ​មាន​អាយុ​​មិន​ទាន់​ដល់​២០ឆ្នាំ​ មកទទួល​ឧបសម្បទា ពួក​លោក​​មិន​មែន​ជា​​ឧបសមប្បន្ន​ទេដឹង។ សត្តរសវគ្គិយ​ភិក្ខុ​ទាំងនោះ​​ក៏នាំ​គ្នា​យំ។ ភិក្ខុ​​​ទាំងឡាយ​បាន​សួរយ៉ាង​នេះ​ថា ម្នាលអាវុសោ ពួក​លោកយំ ព្រោះអ្វី។ ពួក​សត្តរសវគ្គិយ​ភិក្ខុ​​ប្រាប់ថា អាវុសោ​ ឆព្វគ្គិយ​ភិក្ខុ​ទាំងនេះ ក្លែង​បង្កហេតុ​​ឲ្យ​​មាន​សេចក្តី​​រង្កៀស​សង្ស័យ​ដល់ពួកយើង។ ភិក្ខុ​​​ទាំងឡាយ​ណា​មាន​​សេចក្តី​​ប្រាថ្នា​តិច។បេ។ ភិក្ខុ​​ទាំងឡាយ​នោះ​​ពោលទោស តិះដៀល បន្តុះ​បង្អាប់​ថា ពួកឆព្វគ្គិយ​ភិក្ខុ​ ​មិន​គួរនឹងបង្កហេតុ​​ឲ្យ​មាន​​សេចក្តី​​រង្កៀស​សង្ស័យ ដល់​ភិក្ខុ​​ទាំងឡាយ​ផង​គ្នា​សោះ។បេ។​ ព្រះដ៏​​មានព្រះភាគ​ត្រាស់​សួរថា ម្នាលភិក្ខុ​​ទាំងឡាយ ឮថា ពួកអ្នកឯងក្លែងបង្កហេតុ​​ឲ្យ​មាន​​សេចក្តី​​រង្កៀស​សង្ស័យ ដល់​ភិក្ខុ​​ទាំងឡាយ​ផង​គ្នា​ ពិត​មែន​ឬ។ ពួក​ឆព្វគ្គិយ​ភិក្ខុ​​ទូលថា សូមទ្រង់​មេត្តាប្រោស ពិត​មែន។ ព្រះពុទ្ធ​​ដ៏​​មាន​ព្រះភាគ ទ្រង់​តិះដៀលថា ម្នាល​​មោឃបុរស​​ទាំងឡាយ ពួកអ្នកឯង​មិន​គួរនឹង​ក្លែង​បង្កហេតុ​​ឲ្យ​មាន​​សេចក្តី​​រង្កៀស​សង្ស័យ ដល់​ភិក្ខុ​​ទាំងឡាយ​ផង​គ្នា​ទេ ម្នាល​មោឃបុរស​​​​ទាំងឡាយ​ អំពើ​នេះ​​មិន​​មែននាំឲ្យជ្រះថ្លា​ដល់​ពួកជន​ដែល​​​មិន​ទាន់​​ជ្រះថ្លា ឬនាំពួក​ជន​ដែល​​ជ្រះថ្លា​​ហើយ​ ឲ្យ​រឹងរឹត​​​តែ​​ជ្រះថ្លា​ឡើង​ទេ។បេ។ ម្នាល​ភិក្ខុ​​ទាំង​ឡាយ អ្នក​ទាំងឡាយ​គប្បី​សំដែង​​​ឡើង​នូវសិក្ខាបទ​នេះយ៉ាងនេះថា ភិក្ខុ​ណាមួយក្លែងបង្កហេតុ​​ ឲ្យ​មាន​​សេចក្តី​​រង្កៀស​​សង្ស័យ ដល់​​ភិក្ខុ​​ផង​គ្នា​​ដោយ​គិត​ថា (​សេចក្តី​​រង្កៀស​សង្ស័យនេះ)​កើតឡើង ការ​មិន​​សប្បាយ​ចិត្ត​នឹង​មាន​ដល់​ភិក្ខុ​នោះ​១រំពេច​​មិន​ខាន ភិក្ខុ​នោះ​​​ត្រូវ​អាបត្តិ​បាចិត្តិយ ព្រោះ​ធ្វើ​សេចក្តី​​រង្កៀស​សង្ស័យ​នោះ​ឯង​ជា​ហេតុ​ពិត ​មិន​មែន​ហេតុ​​ដទៃឡើយ។

[៣២៦] ត្រង់ពាក្យថា ភិក្ខុ​ណាមួយ ​មាន​សេចក្តី​ដូច​គ្នា​​ក្នុង​សិក្ខាបទ​ទី១​​នៃ​បារាជិកកណ្ឌ។ ពាក្យថា ដល់ភិក្ខុ​ផង​គ្នា​ គឺដល់​ភិក្ខុ​​ដទៃ។ ពាក្យថា ក្លែង ​សេចក្តី​ថា ភិក្ខុ​ដឹង​គឺដឹងជា​ក់ ក្លែង​ល្មើស​ប្រព្រឹត្ត​កន្លង។ ពាក្យថា បង្កហេតុ​ឲ្យ​​មាន​សេចក្តី​​​រង្កៀស​សង្ស័យ ​សេចក្តី​ថា ភិក្ខុ​ណាបង្កហេតុ​​ឲ្យ​​មាន​សេចក្តី​​រង្កៀស​សង្ស័យថា លោកទំនង​ជា​​មាន​ឆ្នាំ​​មិន​ទាន់​គ្រប់២០ ​ហើយ​ឧបសម្បទា​ទេដឹង លោក​បរិភោគ​អាហារ​ក្នុង​វេលា​វិកាល​ទេដឹង លោកផឹកទឹក​ស្រវឹង​​ទេដឹង លោក​អង្គុយ​​ក្នុង​ទី​ស្ងាត់​ជា​មួយ​នឹងមាតុគ្រាម​ទេដឹង ភិក្ខុ​នោះ​​ត្រូវ​អាបត្តិ​បាចិត្តិយ។ ពាក្យថា ព្រោះធ្វើ​​សេចក្តី​​រង្កៀស​សង្ស័យនោះ​ឯង​ជា​ហេតុ​ពិត ​មិន​មែន​ហេតុ​​ដទៃឡើយ ​សេចក្តី​ថា ហេតុ​ណា​មួយ​ដទៃ​គ្មាន ចំពោះ​ត្រង់បង្កហេតុ​​ឲ្យ​​មាន​សេចក្តី​​រង្កៀស​សង្ស័យ​កើតឡើង​ប៉ុណ្ណោះឯង។

[៣២៧] ឧបសម្បន្ន ភិក្ខុ​សំគាល់​ថាឧបសម្បន្ន ​ហើយ​ក្លែង​ផ្តើម​​​សេចក្តី​​រង្កៀស​សង្ស័យឲ្យ​កើតឡើង ត្រូវ​អាបត្តិ​បាចិត្តិយ។ ឧបសម្បន្ន ភិក្ខុ​​មាន​សេចក្តី​​សង្ស័យ ​ហើយ​ក្លែង​ផ្តើម​​​សេចក្តី​​រង្កៀស​សង្ស័យឲ្យ​កើតឡើង ត្រូវ​អាបត្តិ​បាចិត្តិយ។ ឧបសម្បន្ន ភិក្ខុ​សំគាល់​ថា​អនុបសម្បន្ន ​ហើយ​ក្លែង​ផ្តើម​​​សេចក្តី​​រង្កៀស​សង្ស័យឲ្យ​កើតឡើង ត្រូវ​អាបត្តិ​បាចិត្តិយ។ ភិក្ខុ​ក្លែង​ផ្តើម​​​សេចក្តី​​រង្កៀស​សង្ស័យឲ្យ​កើតឡើង​ដល់​អនុបសម្បន្ន ត្រូវអាបត្តិ​ទុក្កដ។ អនុបសម្បន្ន ភិក្ខុ​សំគាល់​​ថា​ឧបសម្បន្ន ត្រូវអាបត្តិ​ទុក្កដ។ អនុបសម្បន្ន ភិក្ខុ​​មាន​​សេចក្តី​​សង្ស័យ ត្រូវអាបត្តិ​ទុក្កដ។ អនុបសម្បន្ន ភិក្ខុ​សំគាល់​​ថាអនុបសម្បន្ន ត្រូវអាបត្តិ​ទុក្កដ។​

[៣២៨] វារៈដែល​​មិន​ត្រូវអាបត្តិ (ក្នុង​សិក្ខាបទនេះ​មាន៣យ៉ាង) គឺភិក្ខុ​​មិន​​មានបំណង​នឹង​​ផ្តើម​​​​សេចក្តី​​រង្កៀស​សង្ស័យឲ្យ​កើតឡើង ​តែ​ពោល​(តាម​សេចក្តី​​យល់)​ថា លោក​ប្រហែល​​មានឆ្នំា​​មិន​ទាន់​ដល់​២០ ​ហើយ​ឧបសម្បទា​ទេដឹង លោកបរិភោគ​អាហារ​ក្នុង​វេលា​វិកាល​ទេដឹង លោក​ផឹក​ទឹក​ស្រវឹង​ទេដឹង លោកអង្គុយ​​ក្នុង​ទីស្ងាត់​ជា​មួយ​នឹងមាតុគ្រាម​ទេដឹង ណ្ហើយចុះ លោកចូរ​​ដឹង​ចុះ លោក​កុំរង្កៀស​សង្ស័យ​ស្តាយក្រោយ​ឡើយ១ ភិក្ខុ​ឆ្កួត១ ភិក្ខុ​ដើមបញ្ញត្តិ១។

សិក្ខាបទទី៧ ចប់។

សិក្ខាបទទី៨

[៣២៩] សម័យនោះ​ ព្រះពុទ្ធដ៏​មានព្រះភាគ កាលគង់នៅ​វត្តជេតវន របស់​​អនាថបិណ្ឌិក​សេដ្ឋី ជិតក្រុងសាវត្ថី។ គ្រានោះ​ឯង ពួកឆព្វគ្គិយភិក្ខុ​ឈ្លោះ​នឹងភិក្ខុ​​ទាំងឡាយ​ដែល​​​មានសីល​ជា​ទីស្រឡាញ់។ ពួក​ភិក្ខុ​​ដែល​​មានសីល​ជា​ទី​ស្រឡាញ់ និយាយ​គ្នា​​យ៉ាងនេះថា ម្នាល​អាវុសោ ឆព្វគ្គិយ​ភិក្ខុ​​ទាំងនេះ​ជា​ពួក​អលជ្ជីទេ ពួក​យើង​​មិន​អាច​ឈ្លោះ​នឹង​ពួកនេះ​ទេ។ ពួកឆព្វគ្គិយ​ភិក្ខុ​​(បាន​ឮ) ក៏និយាយ​យ៉ាងនេះថា ម្នាលអាវុសោ ​ព្រោះហេតុ​អ្វី អ្នក​ទាំងឡាយ​ញុំាង​ពួកយើង​ឲ្យ​ដល់​ដោយ​ពាក្យ​ថា​អលជ្ជី។ ពួកភិក្ខុ​​​មានសីល​ជា​ទីស្រឡាញ់​សួរថា ម្នាលអាវុសោ ចុះពួក​អ្នកបាន​​ឮ​ក្នុង​ទីណា។ ពួកឆព្វគ្គិយភិក្ខុ​​ឆ្លើយថា យើង​​ទាំងឡាយ​ឈរ​អែប​ស្តាប់​ពួកលោកដ៏​មានអាយុ។  ភិក្ខុ​​​ទាំងឡាយ​ណា​មាន​​សេចក្តី​​ប្រាថ្នា​តិច។បេ។ ភិក្ខុ​​ទាំងឡាយ​នោះ​​ពោលទោស តិះដៀល បន្តុះ​បង្អាប់​ថា ពួកឆព្វគ្គិយ​ភិក្ខុ​ កាលភិក្ខុ​​​ទាំងឡាយ​បង្កហេតុ​​ប្រកួត​ប្រកាន់​ទាស់ទែង​​គ្នា​ ​មិន​​គួរ​នឹង​ឈរអែប​ស្តាប់សោះ។បេ។​ ព្រះដ៏​​មានព្រះភាគ​ត្រាស់​សួរថា ម្នាលភិក្ខុ​​ទាំងឡាយ ឮថា កាលភិក្ខុ​​​ទាំងឡាយ​បង្កហេតុ​​ប្រកួត​ប្រកាន់​ទាស់ទែង​​គ្នា​ ពួកអ្នកឯង​​ឈរអែប​ស្តាប់ ពិតមែនឬ។ ពួក​ឆព្វគ្គិយ​ភិក្ខុ​​ទូលថា សូមទ្រង់​មេត្តាប្រោស ពិត​មែន។ ព្រះពុទ្ធ​​ជា​ម្ចាស់​ដ៏​​មាន​ព្រះភាគ ទ្រង់​តិះដៀលថា ម្នាល​​មោឃបុរស​​ទាំងឡាយ កាលភិក្ខុ​​​ទាំងឡាយ​បង្កហេតុ​​ប្រកួត​ប្រកាន់​ទាស់ទែង​​គ្នា​ ពួកអ្នកឯង​​មិន​​គួរ​នឹង​ឈរអែប​ស្តាប់ទេ ម្នាល​មោឃបុរស​​​ទាំងឡាយ​ អំពើ​នេះ​​មិន​​មែននាំឲ្យជ្រះថ្លា​ដល់​ពួកជន​ដែល​​​មិន​ទាន់​​ជ្រះថ្លា ឬនាំពួកជន​ដែល​ជ្រះថ្លា​​ហើយ​ ឲ្យ​រឹងរឹត​​​តែ​​ជ្រះថ្លា​ឡើង​ទេ។បេ។ ម្នាល​ភិក្ខុ​​ទាំង​ឡាយ អ្នក​ទាំងឡាយ​គប្បី​សំដែង​​​ឡើង​នូវសិក្ខាបទ​នេះយ៉ាងនេះថា ភិក្ខុ​ណា​មួយ​កាលបើភិក្ខុ​​​ទាំងឡាយ ​បង្កហេតុ​​ប្រកួត​ប្រកាន់​ទាស់ទែង​​គ្នា​ ទៅ​ឈរអែប​ស្តាប់ ដោយ​គិតថា ភិក្ខុ​​ទាំងនេះ​នឹងពោលពាក្យ​ណា អញ​នឹងស្តាប់​ពាក្យនោះ​ ភិក្ខុ​នោះ​​​ត្រូវ​អាបត្តិ​បាចិត្តិយ ព្រោះ​ធ្វើ​កិរិយា​​​ឈរអែប​ស្តាប់​នោះ​​ជា​ហេតុ​ពិត ​មិន​មែន​ហេតុ​​ដទៃឡើយ។

[៣៣០] ត្រង់ពាក្យថា ភិក្ខុ​ណាមួយ ​មាន​សេចក្តី​ដូច​គ្នា​​ក្នុង​សិក្ខាបទ​ទី១​​នៃ​បារាជិកកណ្ឌ។ ពាក្យថា កាលបើភិក្ខុ​​​ទាំងឡាយ គឺកាលបើ​ភិក្ខុ​​​ទាំងឡាយ​ដទៃ។ ពាក្យថា បង្កហេតុ​​ប្រកួត​ប្រកាន់​ទាស់ទែង​​គ្នា​ គឺភិក្ខុ​​ទាំងនោះ​​មាន​អធិករណៈ​កើតឡើង​​ហើយ​។ ពាក្យថា ឈរ​អែប​ស្តាប់ គឺភិក្ខុ​ដើរ​ទៅដោយ​​គិតថា អញ​ស្តាប់​ភិក្ខុ​ទាំងនេះ​​ហើយ​ នឹង​ចោទ​ នឹងឲ្យ​រលឹក នឹងចោទ​ចំពោះ​ នឹងឲ្យ​រលឹក​ចំពោះ នឹងធ្វើ​ឲ្យអៀនខ្មាស ត្រូវអាបត្តិ​ទុក្កដ។ ភិក្ខុ​នោះ​​ឈរ​ស្តាប់​ក្នុង​ទីណា ត្រូវ​អាបត្តិ​បាចិត្តិយ ក្នុង​ទីនោះ​។ ភិក្ខុ​​ដើរទៅ​តាមក្រោយ បើដើរ​ទៅ​ដោយ​​រហ័ស​ដោយ​គិតថា អញ​នឹងស្តាប់ ត្រូវ​អាបត្តិ​ទុក្កដ។ ភិក្ខុ​ឈរ​ស្តាប់​ក្នុង​ទីណា ត្រូវអាបត្តិ​បាចិត្តិយ​ក្នុង​ទីនោះ​។ ភិក្ខុ​​ដើរទៅមុន ​ហើយ​​ឈប់​ ដោយ​គិតថា អញ​នឹងស្តាប់ ត្រូវ​អាបត្តិ​ទុក្កដ។ ភិក្ខុ​ឈរ​ស្តាប់​ក្នុង​ទីណា ត្រូវអាបត្តិ​បាចិត្តិយ​ក្នុង​ទីនោះ​។ ភិក្ខុ​ណា​មកកាន់​ទីឈរក្តី ទីអង្គុយ​ក្តី ទីដេកក្តី របស់​ភិក្ខុ​ផង​គ្នា​ ភិក្ខុ​នោះ​​គប្បី​ក្អក គប្បី​ញុំាង​ភិក្ខុ​​ដែល​កំពុង​ប្រឹក្សា​​គ្នា​នោះ​​ឲ្យដឹង។ បើភិក្ខុ​​នោះ​​​មិន​ក្អក​ក្រហែមក្តី ​មិន​ឲ្យ​គេ​ដឹងក្តី ត្រូវអាបត្តិ​បាចិត្តិយ។ ពាក្យថា ព្រោះ​ធ្វើ​កិរិយា​ឈរអែប​ស្តាប់​នោះ​ជា​ហេតុ​ពិត ​មិន​មែន​ហេតុ​​ដទៃ​ឡើយ ​សេចក្តី​ថា ហេតុ​ឯណា​នីមួយ​ដទៃ​គ្មាន​ទេ ចំពោះ​ត្រង់​ការ​ឈរ​អែប​ស្តាប់​ប៉ុណ្ណោះឯង។

[៣៣១] ឧបសម្បន្ន ភិក្ខុ​សំគាល់​ថាឧបសម្បន្ន ​ហើយ​ឈរអែប​ស្តាប់ ត្រូវ​អាបត្តិ​បាចិត្តិយ។ ឧបសម្បន្ន ភិក្ខុ​​មាន​សេចក្តី​​សង្ស័យ ​ហើយ​ឈរអែប​ស្តាប់ ត្រូវ​អាបត្តិ​បាចិត្តិយ។ ឧបសម្បន្ន ភិក្ខុ​សំគាល់​ថាអនុបសម្បន្ន ​ហើយ​ឈរអែប​ស្តាប់ ត្រូវ​អាបត្តិ​បាចិត្តិយ។ ភិក្ខុ​ឈរអែប​ស្តាប់​អនុបសម្បន្ន ត្រូវអាបត្តិ​ទុក្កដ។ អនុបសម្បន្ន ភិក្ខុ​សំគាល់​​ថា​ឧបសម្បន្ន ត្រូវអាបត្តិ​ទុក្កដ។ អនុបសម្បន្ន ភិក្ខុ​​មាន​​សេចក្តី​​សង្ស័យ ត្រូវអាបត្តិ​ទុក្កដ។ អនុបសម្បន្ន ភិក្ខុ​សំគាល់​​ថាអនុបសម្បន្ន​ដដែល​ ត្រូវអាបត្តិ​ទុក្កដ។​

[៣៣២] វារៈដែល​​មិន​ត្រូវអាបត្តិ (ក្នុង​សិក្ខាបទនេះ​មាន៣យ៉ាង) គឺភិក្ខុ​ដើរ​ទៅ​ ដោយ​គិតថា អញ​នឹងស្តាប់​ភិក្ខុ​ទាំងនេះ​ហើយ​ នឹង​ថយចេញ នឹងវៀរ នឹងរម្ងាប់ (​សេចក្តី​​ប្រកួត​ប្រកាន់) នឹងដោះខ្លួន១ ភិក្ខុ​ឆ្កួត១ ភិក្ខុ​ដើមបញ្ញត្តិ១។

សិក្ខាបទទី៨ ចប់។

សិក្ខាបទទី៩

[៣៣៣] សម័យនោះ​ ព្រះពុទ្ធដ៏​មានព្រះភាគ កាលគង់នៅ​វត្តជេតវន របស់​​អនាថបិណ្ឌិក​សេដ្ឋី ជិតក្រុងសាវត្ថី។ គ្រានោះ​ឯង ពួកឆព្វគ្គិយភិក្ខុ​បាន​ប្រព្រឹត្ត​អនាចារ កាលសង្ឃ​ធ្វើ​កម្ម (ដើម្បី​ដាក់ទោស) ដល់ភិក្ខុ​​មួយរូបៗ ក៏​នាំ​គ្នា​និយាយ​ខ្ទាស់។ គ្រានោះ​ឯង សង្ឃបាន​​ប្រជុំ​​គ្នា​​ដោយ​​សង្ឃកិច្ច​នីមួយ។ ទើបពួកឆព្វគ្គិយ​ភិក្ខុ​ កំពុង​ធ្វើចីវរកម្ម​ បាន​ឲ្យ​ឆន្ទៈ (​សេចក្តី​គាប់​ចិត្ត​របស់​​ខ្លួន) ដល់​ភិក្ខុ​​មួយរូប។ គ្រានោះ​ឯង សង្ឃ​ប្រឹក្សា​គ្នា​ថា ម្នាលអាវុសោ ឆព្វគ្គិយ​ភិក្ខុ​​នេះ​មក​តែ​​ម្នាក់​ឯង បើដូច្នោះ ពួកយើង​ត្រូវ​ធ្វើ​កម្ម​ដល់ភិក្ខុ​នោះ​ចុះ ​ហើយ​បាន​​ធ្វើ​កម្មដល់​ភិក្ខុ​នោះ​។ ទើប​ភិក្ខុ​នោះ​​ចូល​​ទៅរក​ពួកឆព្វគ្គិយភិក្ខុ​។ ពួកឆព្វគ្គិយភិក្ខុ​បាន​សួរ​ភិក្ខុ​នោះ​​យ៉ាងនេះថា ម្នាលអាវុសោ សង្ឃ​បាន​ធ្វើអ្វី។ ភិក្ខុ​នោះ​​ប្រាប់ថា ម្នាលអាវុសោ សង្ឃ​បាន​ធ្វើ​កម្ម​ដល់ខ្ញុំ។ ពួកឆព្វគ្គិយភិក្ខុ​​បាន​​និយាយ​ថា ម្នាលអាវុសោ យើង​​ទាំងឡាយ​បាន​ឲ្យឆន្ទៈ​ ដើម្បីជា​ប្រយោជន៍​ដល់​កម្ម​នេះ​ ដោយ​គិតថា សង្ឃ​នឹងធ្វើកម្ម​​ដល់លោក ក៏ទេ បើយើង​​ទាំងឡាយ​ដឹងថា សង្ឃ​នឹងធ្វើកម្ម​ដល់លោកសោត យើង​​ទាំងឡាយ​​មិន​ឲ្យឆន្ទៈ​ទេ។ ភិក្ខុ​​​ទាំងឡាយ​ណា​មាន​​សេចក្តី​​ប្រាថ្នា​តិច។បេ។ ភិក្ខុ​​ទាំងឡាយ​នោះ​​ពោល​ទោស តិះដៀល បន្តុះ​បង្អាប់​ថា ពួកឆព្វគ្គិយ​ភិក្ខុ​ ​មិន​​គួរ​នឹងឲ្យឆន្ទៈ​ដល់សង្ឃកម្ម​​ទាំង​ឡាយ​ដែល​​ប្រកប​ដោយ​ធម៌ ​ហើយ​ត្រឡប់​មកតិះដៀល​ជា​ខាងក្រោយ​វិញសោះ។បេ។​ ព្រះដ៏​​មានព្រះភាគ​ត្រាស់​សួរថា ម្នាលភិក្ខុ​​ទាំងឡាយ ឮថាពួកអ្នកឯងរាល់​គ្នា​​ឲ្យឆន្ទៈ​ ដើម្បី​សង្ឃកម្ម​ដែល​​ប្រកបដោយ​​ធម៌ ​ហើយ​ត្រឡប់​មកតិះដៀល​ជា​ខាងក្រោយ​វិញ ពិតមែនឬ។ ពួក​ឆព្វគ្គិយ​ភិក្ខុ​​ទូលថា សូមទ្រង់​មេត្តាប្រោស ពិត​មែន។ ព្រះពុទ្ធ​​ជា​ម្ចាស់​ដ៏​​មាន​ព្រះភាគ ទ្រង់បន្ទោសថា នែ​​​មោឃបុរស​​ទាំងឡាយ ពួកអ្នកឯង​​មិន​​គួរ​នឹង​ឲ្យឆន្ទៈ​ ដើម្បី​សង្ឃកម្ម​ដែល​​ប្រកបដោយ​​ធម៌ ​ហើយ​ត្រឡប់​មកតិះដៀល​ជា​ខាងក្រោយ​វិញ ម្នាល​មោឃបុរស​​​ទាំងឡាយ​ អំពើ​នេះ​​មិន​​មែន​នាំឲ្យជ្រះថ្លា​ដល់​ពួកជន​ដែល​​​មិន​ទាន់​​ជ្រះថ្លា ឬនាំពួកជន​ដែល​ជ្រះថ្លា​​ហើយ​ ឲ្យ​រឹងរឹត​​​តែ​​ជ្រះថ្លា​ឡើង​ទេ។បេ។ ម្នាល​ភិក្ខុ​​ទាំង​ឡាយ អ្នក​ទាំងឡាយ​គប្បី​សំដែង​​​ឡើង​នូវសិក្ខាបទ​នេះយ៉ាងនេះថា ភិក្ខុ​ណា​មួយ​​ឲ្យឆន្ទៈ​ ដើម្បី​កម្ម​ទាំងឡាយ​ដែល​​ប្រកបដោយ​​ធម៌ ​ហើយ​ពោលតិះដៀល​ជា​ខាង​ក្រោយ​ (ភិក្ខុ​នោះ​)​​ត្រូវ​អាបត្តិ​បាចិត្តិយ។

[៣៣៤] ត្រង់ពាក្យថា ភិក្ខុ​ណាមួយ ​មាន​សេចក្តី​ដូច​គ្នា​​ក្នុង​សិក្ខាបទ​ទី១​​នៃ​បារាជិកកណ្ឌ។ កម្មដែល​ហៅថា ប្រកបដោយ​ធម៌នោះ​ គឺអបលោកនកម្ម១ ញត្តិកម្ម១ ញត្តិទុតិយកម្ម១ ញត្តិចតុត្ថកម្ម១ ដែល​សង្ឃ​ធ្វើតាមធម៌​ តាមវិន័យ តាម​ពាក្យ​ប្រដៅ​របស់​​ព្រះសាស្តា កម្មនេះ ហៅថា កម្មប្រកបដោយ​ធម៌។ ភិក្ខុ​​ព្រមឲ្យ​ឆន្ទៈ ​ហើយ​ត្រឡប់​តិះដៀល (ជា​ខាង​ក្រោយវិញ) ត្រូវ​អាបត្តិ​បាចិត្តិយ។

[៣៣៥] កម្មប្រកបដោយ​ធម៌ ភិក្ខុ​សំគាល់​ថាកម្មប្រកប​ដោយ​ធម៌ ​ហើយ​ឲ្យឆន្ទៈ ត្រឡប់​តិះដៀល​វិញ ត្រូវ​អាបត្តិ​បាចិត្តិយ។ កម្មប្រកប​ដោយ​ធម៌ ភិក្ខុ​​មាន​សេចក្តី​​សង្ស័យ ​ហើយ​ឲ្យឆន្ទៈ ត្រឡប់​តិះដៀល​វិញ ត្រូវ​អាបត្តិទុក្កដ។ កម្មប្រកប​ដោយ​ធម៌ ភិក្ខុ​សំគាល់​ថាកម្ម​​មិន​ប្រកប​ដោយ​ធម៌ ​ហើយ​ឲ្យឆន្ទៈ ត្រឡប់​តិះដៀល​ ​មិន​ត្រូវ​អាបត្តិអ្វី។ កម្ម​មិន​ប្រកប​ដោយ​ធម៌ ភិក្ខុ​​សំគាល់​ថាកម្មប្រកប​ដោយ​ធម៌ (​ហើយ​ឲ្យឆន្ទៈ ត្រឡប់​តិះដៀល) ត្រូវ​អាបត្តិទុក្កដ។ កម្ម​មិន​​ប្រកប​ដោយ​ធម៌ ភិក្ខុ​​មាន​សេចក្តី​​សង្ស័យ ត្រូវ​អាបត្តិទុក្កដ។ កម្ម​មិន​ប្រកប​ដោយ​ធម៌ ភិក្ខុ​សំគាល់​ថាកម្ម​​មិន​ប្រកប​ដោយ​ធម៌ ​មិន​ត្រូវ​អាបត្តិអ្វី។

[៣៣៦] វារៈដែល​​មិន​ត្រូវអាបត្តិ (ក្នុង​សិក្ខាបទនេះ​មាន៣យ៉ាង) គឺភិក្ខុ​ដឹងថា​កម្ម​ដែល​​សង្ឃធ្វើ​ដោយ​​​មិន​ជា​ធម៌ក្តី ដោយ​ពួកក្តី ដល់ភិក្ខុ​​អ្នក​មិន​គួរ​ដល់កម្មក្តី ​ហើយ​តិះដៀល១ ភិក្ខុ​ឆ្កួត១ ភិក្ខុ​ដើមបញ្ញត្តិ១។

សិក្ខាបទទី៩ ចប់។

សិក្ខាបទទី១០

[៣៣៧] សម័យនោះ​ ព្រះពុទ្ធដ៏​មានព្រះភាគ កាលគង់នៅ​វត្តជេតវន របស់​​អនាថបិណ្ឌិក​សេដ្ឋី ជិតក្រុងសាវត្ថី។ គ្រានោះ​ឯង សង្ឃ​បាន​ប្រជុំ​​គ្នា​ដោយ​​សង្ឃកិច្ច​ឯណានីមួយ។ ពួកឆព្វគ្គិយភិក្ខុ​​​កំពុង​ធ្វើចីវរ​ ​ហើយ​​បាន​ឲ្យ​ឆន្ទៈ​ដល់​ភិក្ខុ​មួយ​រូប។ គ្រានោះ​ឯង សង្ឃ​ប្រជុំ​​គ្នា​​ដើម្បី​ប្រយោជន៍​ដល់កម្មណា ​ហើយ​តាំង​ញត្តិឡើងដោយ​​ប្រឹក្សា​គ្នា​ថា យើង​ទាំងឡាយ​នឹងធ្វើ​នូវ​កម្ម​នោះ​។ ខណៈនោះ​ ​ភិក្ខុ​នោះ​​បាន​និយាយ​ថា ភិក្ខុ​ទាំងនេះ​​តែ​ង​ធ្វើ​កម្មដល់​ភិក្ខុ​​មួយរូបៗ យ៉ាងនេះ​ឯង (ឥឡូវ) លោក​ទាំងឡាយ​នឹងធ្វើកម្ម​ដល់​អ្នកណាបាន​ ​ហើយ​​​មិន​ឲ្យ​ឆន្ទៈ ក៏ក្រោក​ចាក​អាសនៈ ចៀសចេញទៅ។ ភិក្ខុ​​​ទាំងឡាយ​ណា​មាន​​សេចក្តី​​ប្រាថ្នា​តិច។បេ។ ភិក្ខុ​​ទាំងឡាយ​នោះ​​ពោល​ទោស តិះដៀល បន្តុះ​បង្អាប់​ថា កាលសង្ឃ​កំពុង​ប្រឹក្សា​វិនិច្ឆ័យ ភិក្ខុ​​​មិន​​បាន​​ឲ្យ​ឆន្ទៈ ​មិន​គួរ​នឹង​ក្រោកចាក​អាសនៈ ចៀស​ចេញទៅសោះ។បេ។​ ព្រះដ៏​​មានព្រះភាគ​ត្រាស់​សួរថា ម្នាលភិក្ខុ​ ឮថា កាលសង្ឃ​កំពុង​ប្រឹក្សា​វិនិច្ឆ័យ (គឺ​សង្ឃ​កំពុង​វិនិច្ឆ័យ​រឿង​អ្វីមួយ​​មិន​ទាន់​ហើយ​) អ្នកឯង​មិន​បាន​​ឲ្យឆន្ទៈ​ ​ហើយ​ក្រោក​ចាក​អាសនៈ ចៀសចេញទៅ ពិតមែនឬ។ ​ភិក្ខុ​នោះ​ក្រាប​ទូលថា បពិត្រ​ព្រះដ៏​មានព្រះភាគ ពិត​មែន។ ព្រះពុទ្ធ​​ជា​ម្ចាស់​ដ៏​​មាន​ព្រះភាគ ទ្រង់តិះដៀលថា ម្នាល​​មោឃបុរស​ កាលសង្ឃ​កំពុង​ប្រឹក្សា​វិនិច្ឆ័យ ហេតុ​អ្វីក៏​អ្នកឯង​​​មិន​​ឲ្យ​ឆន្ទៈ ​ហើយ​​ក្រោកចាក​អាសនៈ ចៀស​ចេញទៅ ម្នាល​មោឃបុរស​​​ អំពើ​នេះ​​មិន​​មែន​នាំឲ្យជ្រះថ្លា​ដល់​ពួកជន​ដែល​​​មិន​ទាន់​​ជ្រះថ្លា ឬនាំពួក​ជន​ដែល​ជ្រះថ្លា​​ហើយ​ ឲ្យ​រឹងរឹត​​​តែ​​ជ្រះថ្លា​ឡើង​ទេ។បេ។ ម្នាល​ភិក្ខុ​​ទាំង​ឡាយ អ្នក​​ទាំង​ឡាយ​​គប្បី​សំដែង​​​ឡើង​នូវសិក្ខាបទ​នេះយ៉ាងនេះថា ភិក្ខុ​ណា​មួយ ​កាលពាក្យ​វិនិច្ឆ័យ​​កំពុង​​ប្រព្រឹត្តទៅ​ក្នុង​សង្ឃ ​មិន​​ឲ្យ​ឆន្ទៈ ​ហើយ​​ក្រោកចាក​អាសនៈ ចៀស​ចេញទៅ ​​ត្រូវ​អាបត្តិ​បាចិត្តិយ។

[៣៣៨] ត្រង់ពាក្យថា ភិក្ខុ​ណាមួយ ​មាន​សេចក្តី​ដូច​គ្នា​​ក្នុង​សិក្ខាបទ​ទី១​​នៃ​បារាជិកកណ្ឌ។ រឿង​ដែល​សង្ឃ​ប្រាប់​ហើយ​ ​តែ​​មិន​ទាន់​បាន​​វិនិច្ឆ័យ​ក្តី ញត្តិ​សង្ឃតាំងទុក​​ហើយ​ក្តី កម្មវាចា​សង្ឃ​ធ្វើ​​មិន​ទាន់​​ហើយ​ក្តី ឈ្មោះថា​ពាក្យវិនិច្ឆ័យ​ (កំពុង​ប្រព្រឹត្តទៅ)​ក្នុង​សង្ឃ។ ពាក្យថា ភិក្ខុ​​​មិន​ឲ្យ​ឆន្ទៈ ​ហើយ​​ក្រោក​ចាកអាសនៈ ចៀសចេញទៅ ​សេចក្តី​ថា ភិក្ខុ​ចេញទៅ​ដោយ​គិតថា ​មិន​ដឹង​ជា​ការ​អ្វី កម្មនេះ​ជា​កម្មកំរើកទេ ជា​ពួកទេ សង្ឃ​​មិន​ត្រូវ​ធ្វើទេ ត្រូវអាបត្តិ​ទុក្កដ។ កាលភិក្ខុ​​កំពុង​លះ​ហត្ថបាសបរិសទ្យ ត្រូវអាបត្តិ​ទុក្កដ។ កាលលះហត្ថបាស​​ហើយ​ ត្រូវអាបត្តិ​បាចិត្តិយ។

[៣៣៩] កម្មប្រកបដោយ​ធម៌ ភិក្ខុ​សំគាល់​ថាកម្មប្រកប​ដោយ​ធម៌ ​ហើយ​​មិន​ឲ្យឆន្ទៈ ក្រោក​ចាកអាសនៈ​ចៀសចេញ​ទៅ ត្រូវ​អាបត្តិ​បាចិត្តិយ។ កម្មប្រកប​ដោយ​ធម៌ ភិក្ខុ​​មាន​សេចក្តី​​សង្ស័យ ​ហើយ​​មិន​ឲ្យឆន្ទៈ  ក្រោក​ចាកអាសនៈ​ចៀសចេញ​ទៅ ត្រូវ​អាបត្តិទុក្កដ។ កម្ម​ប្រកប​ដោយ​ធម៌ ភិក្ខុ​សំគាល់​ថាកម្ម​​មិន​ប្រកប​ដោយ​ធម៌ ​ហើយ​​មិន​ឲ្យឆន្ទៈ  ក្រោក​ចាក​អាសនៈ​ចៀសចេញ​ទៅ ​មិន​ត្រូវ​អាបត្តិ។ កម្ម​មិន​ប្រកបដោយ​ធម៌ ភិក្ខុ​​សំគាល់​ថា​កម្ម​ប្រកប​​ដោយ​ធម៌ (​ហើយ​​មិន​ឲ្យឆន្ទៈ ក្រោក​ចាកអាសនៈ​ចៀសចេញ​ទៅ) ត្រូវ​អាបត្តិ​ទុក្កដ។ កម្ម​មិន​​ប្រកប​ដោយ​ធម៌ ភិក្ខុ​​មាន​សេចក្តី​​សង្ស័យ ត្រូវ​អាបត្តិទុក្កដ។ កម្ម​មិន​ប្រកប​ដោយ​ធម៌ ភិក្ខុ​សំគាល់​ថាកម្ម​​មិន​ប្រកប​ដោយ​ធម៌ ​មិន​ត្រូវ​អាបត្តិ។

[៣៤០] វារៈដែល​​មិន​ត្រូវអាបត្តិ (ក្នុង​សិក្ខាបទនេះ​មាន៩យ៉ាង) គឺភិក្ខុ​ទៅ ដោយ​គិតថា ​សេចក្តី​​បង្កហេតុ​ក្តី ​សេចក្តី​​ប្រកួត​ប្រកាន់ក្តី ​សេចក្តី​​ប្រកាន់​ខុស​គ្នា​ក្តី ​សេចក្តី​​ទាស់ទែង​ក្តី នឹង​មាន​ដល់​សង្ឃ១ ភិក្ខុ​​ទៅដោយ​គិតថា ការបែក​ធ្លាយ​​នៃ​​សង្ឃ​ក្តី ការ​ប្រេះ​ឆា​នៃ​​សង្ឃក្តី នឹង​មាន១ ភិក្ខុ​ទៅ​ដោយ​គិតថា សង្ឃ​នឹងធ្វើ​កម្ម​​មិន​ប្រកប​ដោយ​​ធម៌​ក្តី នឹងធ្វើ​កម្ម​ជា​ពួកក្តី នឹងធ្វើ​កម្ម​ដល់​ភិក្ខុ​​ដែល​​មិន​គួរ​ដល់កម្មក្តី១ ភិក្ខុ​​​មានជម្ងឺ​ចៀសចេញទៅ១ ភិក្ខុ​ទៅ​ដោយ​កិច្ច​ដែល​គួរ​ធ្វើ​ដល់​ភិក្ខុ​​ឈឺ១ ភិក្ខុ​ដែល​​ឧច្ចារៈក្តី បស្សាវៈ​ក្តី​បៀតបៀន​​ហើយ​ទៅ១ ភិក្ខុ​​​មិន​ប្រាថ្នា​ដើម្បី​នឹងញុំាង​កម្ម​ឲ្យ​កម្រើក ​ហើយ​ចេញទៅ​ដោយ​គិតថា អញ​នឹង​ត្រឡប់​មកវិញ​ទៀត១ ភិក្ខុ​ឆ្កួត១ ភិក្ខុ​ដើមបញ្ញត្តិ១។

សិក្ខាបទទី១០ ចប់។

សិក្ខាបទទី១១

[៣៤១] សម័យនោះ​ ព្រះពុទ្ធដ៏​មានព្រះភាគ កាលគង់នៅ​វត្តវេឡុវន ជា​​កលន្ទកនិវាប​ស្ថាន ជិតក្រុង​រាជគ្រឹះ។ គ្រានោះ​ឯង ទព្វមល្លបុត្រ​ដ៏​មានអាយុ ចាត់ចែង​សេនាសនៈ និង​សំដែងភត្ត​ដល់សង្ឃ។ ទព្វមល្លបុត្រ​ដ៏​មានអាយុ​នោះ​ជា​​អ្នក​​មានចីវរ​ទុព្វលភាព។ សម័យ​នោះ​​ឯង ចីវរ១​បាន​​កើតឡើង​ដល់​សង្ឃ។ សង្ឃ​ឲ្យចីវរ​នោះ​​ដល់​ទព្វមល្លបុត្រ​ដ៏​មាន​អាយុ។ ពួក​ឆព្វគ្គិយ​ភិក្ខុ​នាំ​គ្នា​​ពោលទោស តិះដៀល បន្តុះបង្អាប់​ថា ភិក្ខុ​​ទាំងឡាយ​បង្អោន​លាភ​របស់​​សង្ឃ​ទៅតាម​​សេចក្តី​​គាប់​ចិត្ត។ ភិក្ខុ​​​ទាំងឡាយ​ណា​មាន​​សេចក្តី​​ប្រាថ្នាតិច។បេ។ ភិក្ខុ​​​ទាំងឡាយ​នោះ​ ពោលទោស តិះដៀល បន្តុះបង្អាប់​ថា កាលបើសង្ឃ​ព្រមព្រៀង​​គ្នា​​ឲ្យ​ចីវរ (ដល់​ភិក្ខុ​) ​ហើយ​ ពួក​ឆព្វគ្គិយ​ភិក្ខុ​ ​មិន​គួរ​នឹងមក​តិះដៀល​ជា​ខាងក្រោយ​សោះ។បេ។​ ព្រះដ៏​​មានព្រះភាគ​ត្រាស់​សួរថា ម្នាលភិក្ខុ​​​ទាំងឡាយ ឮថាសង្ឃព្រមព្រៀង​​គ្នា​ឲ្យចីវរ​(ដល់ភិក្ខុ​)​​ហើយ​ អ្នក​ទាំងឡាយ​ត្រឡប់​មក​តិះដៀល​ជា​ខាងក្រោយ​វិញ ពិតមែនឬ។ ​ពួកឆព្វគ្គិយភិក្ខុ​​ទូលថា សូមទ្រង់​មេត្តា​ប្រោស ពិត​មែន។ ព្រះពុទ្ធ​​ជា​ម្ចាស់​ដ៏​​មាន​ព្រះភាគ ទ្រង់តិះដៀលថា ម្នាល​​មោឃបុរស​​ទាំងឡាយ (កាលបើ)​ សង្ឃ​ព្រមព្រៀង​គ្នា​​ឲ្យ​ចីវរ (ដល់ភិក្ខុ​) ​ហើយ​ ​មិន​គួរ​នឹងពួក​អ្នកឯង​តិះដៀល​ជា​ខាងក្រោយ​វិញទេ ម្នាល​មោឃបុរស​​ទាំងឡាយ​​​ អំពើ​នេះ​​មិន​​មែន​នាំឲ្យជ្រះថ្លា​ដល់​ពួកជន​ដែល​​​មិន​ទាន់​​ជ្រះថ្លាទេ ឬ​នាំពួក​ជន​ដែល​ជ្រះថ្លា​​ហើយ​ ឲ្យ​រឹងរឹត​​​តែ​​ជ្រះថ្លា​ឡើង​ទេ។បេ។ ម្នាល​ភិក្ខុ​​ទាំង​ឡាយ អ្នក​​ទាំងឡាយ​​គប្បី​សំដែង​​​ឡើង​នូវសិក្ខាបទ​នេះយ៉ាងនេះថា ភិក្ខុ​ណា​មួយ (​កាលបើ)​សង្ឃព្រម​ព្រៀង​គ្នា​​ឲ្យចីវរ​(ដល់​ភិក្ខុ​)​​ហើយ​ ក៏ដល់​នូវធម៌ គឺ​កិរិយា​តិះដៀល​ជា​ខាងក្រោយវិញថា ភិក្ខុ​​​ទាំង​ឡាយ​​បង្អោន​លាភ​របស់​​សង្ឃ តាម​សេចក្តី​​គាប់​ចិត្ត ភិក្ខុ​​នោះ​​​ត្រូវ​អាបត្តិ​បាចិត្តិយ។

[៣៤២] ត្រង់ពាក្យថា ភិក្ខុ​ណាមួយ ​មាន​សេចក្តី​ដូច​គ្នា​​ក្នុង​សិក្ខាបទ​ទី១​​នៃ​បារាជិកកណ្ឌ។ សង្ឃ​មាន​សំវាស​ស្មើ​គ្នា​ ឋិតនៅ​ក្នុង​​សីមាស្មើ​គ្នា​ ហៅថា ព្រមព្រៀង​គ្នា​។ ដែល​ហៅថា ចីវរ គឺ​បណ្តា​ចីវរ​៦យ៉ាង ចីវរណាមួយ យ៉ាងតូចបំផុត​ល្មម​សម្រេច​កិច្ច​វិកប្ប​បាន​​[អដ្ឋកថា បាន​ដល់​សម្ពត់​ខ្នាតតូច បណ្តោយ​៨ធ្នាប់ ទទឹង​៤ធ្នាប់ ដោយ​ធ្នាប់​ព្រះសុគត​ឡើងទៅ ហៅថា សម្ពត់​គួរ​ដល់​ការ​វិកប្ប។] ពាក្យថា ឲ្យ គឺឲ្យ​ដោយ​ខ្លួនឯង។ ដែល​ហៅថា តាម​សេចក្តី​​គាប់​ចិត្ត​នោះ​ គឺ​តាម​បុគ្គល​ដែល​ជា​មិត្ត តាមបុគ្គល​ដែល​ធ្លាប់​ស្គាល់​គ្នា​ តាមបុគ្គល​ដែល​ធ្លាប់​គប់​គ្នា​ តាមបុគ្គល​ដែល​​​មាន​ឧបជ្ឈាយ៍​ស្មើ​គ្នា​ តាមបុគ្គល​ដែល​​មាន​អាចារ្យ​ស្មើ​គ្នា​។ ដែល​ហៅថា របស់​សង្ឃ​នោះ​ បាន​ខាង​លាភ​ដែល​គេ​លះបង់​ប្រគេ​ន​ដល់សង្ឃ។ ដែល​ហៅថា លាភនោះ​ បាន​​ខាង​ចីវរ បិណ្ឌបាត សេនាសនៈ និងភេសជ្ជបរិក្ខារ​ជា​បច្ច័យ​ដល់​មនុស្ស​ឈឺ ដោយ​ហោច​ទៅ សូម្បី​​តែ​ដុំ​លំអិតក្តី ឈើស្ទន់ក្តី អម្បោះ​រងជើងក្តី (ក៏ហៅថាលាភ)។ ពាក្យថា ដល់នូវ​ធម៌​ គឺ​កិរិយា​តិះដៀល ជា​ខាង​ក្រោយ ​សេចក្តី​ថា ភិក្ខុ​​តិះដៀល​សង្ឃ​ដែល​​បាន​ឲ្យ​ចីវរ​ដល់ឧបសម្បន្ន​ ដែល​សង្ឃ​សន្មត​ឲ្យជា​អ្នក​ក្រាលនូវ​សេនាសនៈក្តី ជា​អ្នក​សំដែង​​នូវភត្តក្តី ជា​អ្នកចែក​នូវបបរ​ក្តី ជា​អ្នកចែក​នូវផ្លែឈើ​ក្តី ជា​អ្នក​ចែកនូវ​បង្អែមក្តី ជា​អ្នកចាត់​ចែង​នូវ​វត្ថុ​បន្តិច​បន្តួច​ក្តី ត្រូវ​អាបត្តិ​បាចិត្តិយ។

[៣៤៣] កម្មប្រកបដោយ​ធម៌ ភិក្ខុ​សំគាល់​ថាកម្មប្រកប​ដោយ​ធម៌ ​ហើយ​តិះដៀល​សង្ឃ​ដែល​​បាន​ឲ្យ​ចីវរ ត្រូវ​អាបត្តិ​បាចិត្តិយ។ កម្មប្រកប​ដោយ​ធម៌ ភិក្ខុ​​មាន​សេចក្តី​​សង្ស័យ ​ហើយ​​តិះដៀល​​សង្ឃ​ដែល​​បាន​ឲ្យ​ចីវរ ត្រូវ​អាបត្តិបាចិត្តិយ។ កម្មប្រកប​ដោយ​ធម៌ ភិក្ខុ​សំគាល់​ថាកម្ម​​មិន​ប្រកប​ដោយ​ធម៌ ​ហើយ​តិះដៀល​សង្ឃ​ដែល​​បាន​ឲ្យ​ចីវរ ត្រូវ​អាបត្តិ​បាចិត្តិយ។ ភិក្ខុ​​តិះដៀល​សង្ឃ​ដែល​បាន​​ឲ្យបរិក្ខារ​ដទៃ ត្រូវអាបត្តិ​ទុក្កដ។ ភិក្ខុ​តិះដៀល​​សង្ឃ​ដែល​​បាន​ឲ្យ​ចីវរ ឬ​បរិក្ខារ​ដទៃ​ដល់​ឧបសម្បន្ន​ដែល​​សង្ឃ​​មិន​បាន​​សន្មត​ឲ្យជា​អ្នក​ក្រាលនូវ​សេនាសនៈក្តី ជា​អ្នក​សំដែង​នូវ​ភត្តក្តី ជា​អ្នកចែកនូវ​បបរក្តី ជា​អ្នកចែក​នូវ​ផ្លែឈើក្តី ជា​អ្នកចែក​នូវ​បង្អែម​ក្តី ជា​អ្នក​ចាត់ចែង​នូវ​វត្ថុ​បន្តិច​បន្តួច​ក្តី ត្រូវ​អាបត្តិទុក្កដ។ ភិក្ខុ​តិះដៀល​​សង្ឃ​ដែល​​បាន​ឲ្យ​ចីវរ ឬ​បរិក្ខារ​ដទៃ​ដល់​អនុបសម្បន្ន​ដែល​​សង្ឃសន្មត ឬ​​មិន​បាន​​សន្មត​ ឲ្យជា​អ្នក​ក្រាលនូវ​សេនាសនៈក្តី ជា​អ្នក​សំដែង​នូវ​ភត្តក្តី ជា​អ្នក​ចែក​នូវ​បបរក្តី ជា​អ្នកចែក​នូវ​ផ្លែឈើក្តី ជា​អ្នកចែក​នូវ​បង្អែម​ក្តី ជា​អ្នក​ចាត់ចែង​នូវ​វត្ថុ​បន្តិច​បន្តួច​ក្តី ត្រូវ​អាបត្តិទុក្កដ។ កម្ម​​មិន​​ប្រកប​ដោយ​​ធម៌ ភិក្ខុ​សំគាល់​​ថា​កម្ម​ប្រកប​ដោយ​​ធម៌ ត្រូវ​អាបត្តិ​ទុក្កដ។ កម្ម​មិន​​ប្រកប​ដោយ​ធម៌ ភិក្ខុ​​មាន​សេចក្តី​​សង្ស័យ ត្រូវ​អាបត្តិទុក្កដ។ កម្ម​មិន​ប្រកប​ដោយ​ធម៌ ភិក្ខុ​សំគាល់​ថាកម្ម​​មិន​ប្រកប​ដោយ​ធម៌ ​មិន​ត្រូវ​អាបត្តិ។

[៣៤៤] វារៈដែល​​មិន​ត្រូវអាបត្តិ (ក្នុង​សិក្ខាបទនេះ​មាន៣យ៉ាង) គឺភិក្ខុ​តិះដៀល​សង្ឃ​អ្នកធ្វើ ព្រោះ​ឆន្ទាគតិ ទោសាគតិ មោហាគតិ ភយាគតិ ដោយ​ប្រក្រតីថា ប្រយោជន៍​អ្វី​ដោយ​​លាភ​ដែល​​សង្ឃ​ឲ្យដល់​ភិក្ខុ​នោះ​ ភិក្ខុ​នោះ​​ទុក​ជា​បាន​​ហើយ​ ក៏គង់​ធ្វើ​លាភនោះ​​ឲ្យ​វិនាស​ទៅដដែល​ នឹង​​មិន​បាន​​នាំយក​ទៅដោយ​​ប្រពៃ​ទេ១ ភិក្ខុ​ឆ្កួត១ ភិក្ខុ​ដើមបញ្ញត្តិ១។

សិក្ខាបទទី១១ ចប់។

សិក្ខាបទទី១២

[៣៤៥] សម័យនោះ​ ព្រះពុទ្ធដ៏​មានព្រះភាគ កាលគង់នៅ​វត្តជេតវន របស់​​អនាថ​បិណ្ឌិក​សេដ្ឋី ជិតក្រុង​សាវត្ថី។ គ្រានោះ​ឯង ប្រជុំជន​ពួកមួយ​ក្នុង​ក្រុង​សាវត្ថី​ នាំ​គ្នា​​តាក់​តែ​ង​ចង្ហាន់ ព្រមទាំង​ចីវរ​ទុកដើម្បី​ថ្វាយសង្ឃ​ ដោយ​គិត​គ្នា​ថា យើង​ទាំងឡាយ​នឹង​និមន្ត​ឲ្យលោក​ឆាន់​ ​ហើយ​នឹង​ប្រគេ​ន​ចីវរ។ លំដាប់នោះ​ ពួក​ឆព្វគ្គិយ​ភិក្ខុ​ចូល​​ទៅកាន់ទីប្រជុំ​ជន​នោះ​ លុះចូល​​ទៅ​ហើយ​ បាន​និយាយ​ពាក្យនេះ​នឹងប្រជុំជន​នោះ​ថា ម្នាលអាវុសោ ពួក​អ្នកចូរ​​ឲ្យចីវរ​ទាំង​នេះ​ដល់​ភិក្ខុ​​​ទាំងឡាយនេះ។ ពួកជន​​ទាំងឡាយនោះ​​បាន​និយាយ​តបវិញថា ព្រះករុណា ពួកខ្ញុំ​​មិន​ថ្វាយទេ ពួក​ខ្ញុំ​ធ្លាប់​តាក់​តែ​ង​ចង្ហាន់​ ព្រមទាំងចីវរទុក​ដើម្បី​ថ្វាយសង្ឃ​រាល់ៗឆ្នាំ។ ពួកឆព្វគ្គិយ​ភិក្ខុ​​និយាយ​លួង​លោមថា ម្នាលអាវុសោ ទាយក​របស់​​សង្ឃ​​មានច្រើន ភត្ត​របស់​សង្ឃ​ក៏​មានច្រើន ភិក្ខុ​​អម្បាល​នេះ​បាន​​អាស្រ័យ​លើអ្នក​​ទាំងឡាយ បាន​ជួប​ប្រសព្វ​អ្នក​ទាំងឡាយ ទើប​មកគង់​នៅ​ក្នុង​​​ទីនេះ​បាន​ បើអ្នក​ទាំងឡាយ​​មិន​ប្រគេ​ន​ដល់លោក​ទាំងនេះ ចុះអ្នកណា​ តើគេ​នឹងប្រគេ​ន​ដល់​លោកទាំង​នេះបាន​ ម្នាលអាវុសោ ចូរ​អ្នក​​ទាំងឡាយ​ឲ្យនូវ​ចីវរ​​ទាំងឡាយ​នេះដល់​ភិក្ខុ​​អម្បាលនេះចុះ។ ប្រជុំ​ជននោះ​ កាល​ត្រូវ​ពួកឆព្វគ្គិយភិក្ខុ​ឆ្កឹះឆ្កៀល ទើប​ថ្វាយចីវរ​ដែល​ខ្លួនតាក់​​តែ​ងទុក ដល់ពួក​ឆព្វគ្គិយភិក្ខុ​​អស់ទៅ ​ហើយ​អង្គាស​សង្ឃ​​តែ​ភត្ត​ប៉ុណ្ណោះ។ ភិក្ខុ​​ទាំងឡាយ​ណាដឹង​ថាភត្ត ព្រមទាំង​ចីវរ​ដែល​​ប្រជុំជន​តាក់​តែ​ង​ទុកដើម្បី​ថ្វាយសង្ឃ ​តែ​​មិន​ដឹងថាគេ​ថ្វាយ​ដល់ពួក​ឆព្វគ្គិយ​ភិក្ខុ​​ទៅ​ហើយ​ ភិក្ខុ​​ទាំងឡាយ​នោះ​បាន​និយាយ​យ៉ាងនេះ​(នឹង