មេថុនសំយោគ មាន៧គឺ
- អ្នកប្រព្រឹត្តព្រហ្មចរិយ ហើយត្រេកអរនូវកិរិយាអប់គក់ ផ្ងូត ច្របាច់ របស់មាតុគ្រាម ឬប្រាថ្នាចង់ឲ្យបាននូវអំពើទាំងនោះ។
- មិនដល់ម្ល៉ោះ ត្រឹមតែសើចក្អាកក្អាយ លេងប្រឡែងជាមួយនឹងមាតុគ្រាម ហើយត្រេកអរតាមនោះ។
- មិនដល់ម្ល៉ោះ ត្រឹមតែសំឡក់ភ្នែករបស់មាតុគ្រាម ដោយភ្នែករបស់ខ្លួន ឬញាក់ចិញ្ចើមឲ្យមាតុគ្រាម ហើយត្រេកអរតាមនោះ។
- មិនដល់ម្ល៉ោះ ត្រឹមតែស្តាប់សំឡេងរបស់មាតុគ្រាមសើច និយាយស្តី ឬច្រៀងជាដើម ខំផ្ទៀងចាំស្តាប់អំពីខាងក្រៅជញ្ជាំង ឬខាងក្រៅកំពែងជាដើម ហើយត្រេកអរតាមនោះ។
- មិនដល់ម្ល៉ោះ ត្រឹមតែនឹកភ្នកដល់សំណើចសើច សំដីចចារ និងល្បែងលេងដែលខ្លួនធ្លាប់សើច ធ្លាប់ចចារ ធ្លាប់លេងជាមួយនឹងមាតុគ្រាមក្នុងកាលមុន ហើយត្រេកអរតាមនោះ។
- មិនដល់ម្ល៉ោះ ត្រឹមតែឃើញគហបតី ដែលស្កប់ស្កល់ដោយកាមគុណ ៥ ជាដើម ហើយត្រេកអរចំពោះការស្កប់ស្កល់ដោយកាមគុណ ៥ នោះ។
- មិនដល់ម្ល៉ោះ ត្រឹមតែប្រាថ្នាឲ្យបានជាទេវនិកាយណាមួយ ហើយប្រព្រឹត្តព្រហ្មចរិយធម៌ ដោយប្រាថ្នាថា អញនឹងបានជាទេវតាបែបនេះ ឬទេវតាដែលមានសក្តិធំណាមួយ ដោយសីលនេះ វត្តនេះ តបៈនេះ ព្រហ្មចរិយនេះ ដូច្នេះហើយ ត្រេកអរទៅតាមទំនងនោះ។
ទាំង ៧យ៉ាងនេះ លោកហៅថា មេថុនសំយោគ ព្រោះស្រដៀងៗតែនឹងប្រកបដោយមេថុន។
កាលបើសមណព្រាហ្មណ៍ណាមួយ ប្រព្រឹត្តតាមលំអាននេះ សីលក្តី ព្រហ្មចរិយក្តី របស់សមណព្រាហ្មណ៍នោះ បានឈ្មោះថា ដាច់ផង ធ្លុះផង ពពាលផង ពព្រុះផង។
(បឋមវិបស្សនា ព្រះកេតុធម្មោ សំ ប៊ុនធឿន)
សូមអនុមោទនា !!!