អដ្ឋបាន ទឹកបាន ៨យ៉ាង
ព្រះតថាគតអនុញ្ញាតទឹកបានទាំងឡាយ ៨យ៉ាង គឺ ទឹកផ្លែស្វាយ ទឹកផ្លែព្រីង ទឹកផ្លែចេកមានគ្រាប់ ទឹកផ្លែចេកឥតគ្រាប់ ទឹកផ្លែស្រគំ ទឹកផ្លែចន្ទន៍ ទឹកក្រអៅឈូក ទឹកផ្លែមាក់ប្រាំង [អដ្ឋកថា ថា ទឹកអដ្ឋបានទាំងនេះ ជារបស់ត្រជាក់ក្តី ឆ្អិនដោយកំដៅថ្ងៃក្តី ក៏គួរ បើចំអិនដោយភ្លើង មិនគួរ។]។
ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតទឹកផ្លែឈើគ្រប់យ៉ាង លើកលែងតែផ្លែស្រូវ [បានដល់ស្រូវ ៧ប្រការ។]។
ព្រះតថាគតអនុញ្ញាតទឹកស្លឹកឈើគ្រប់យ៉ាង លើកលែងតែទឹកបន្លែដែលឆ្អិនហើយ [រសពួកស្លឹកឈើ ដែលជាយាវកាលិក ជារបស់គួរក្នុងបុរេភត្តប៉ុណ្ណោះ រសស្លឹកឈើ ដែលជាយាវជីវិក ភិក្ខុចំអិនលាយនឹងសប្បិជាដើម គួរអស់កាល ៧ថ្ងៃ បើចំអិនដោយទឹកសុទ្ធ គួរដរាបដល់អស់ បើចំអិនដោយទឹកដោះជាដើម មិនគួរ សូម្បីស្លឹកឈើដែលគេចំអិនដោយវត្ថុឯទៀតៗ ក៏ហៅថា រសបន្លែដែរ។]
ព្រះតថាគតអនុញ្ញាតទឹកផ្កាឈើគ្រប់យ៉ាង លើកលែងតែទឹកផ្កាស្រគំ។
ព្រះតថាគតអនុញ្ញាតទឹកអំពៅ។ (បិ.៧,ឃ.១៣៤)
អនន្តរិយកម្ម ៥
បុគ្គលសម្លាប់មាតា ១ សម្លាប់បិតា ១ សម្លាប់ព្រះអរហន្ត ១ បុគ្គលមានចិត្តប្រទូស្ត ញ៉ាំងព្រះលោហិតរបស់ព្រះតថាគត ឲ្យកើតឡើង ១ បំបែកសង្ឃ ១ នេះ អនន្តរិយកម្ម ៥។
អភ័ព្វបុគ្គល ១១ ពួក
បុគ្គលដែលព្រះសម្មាសម្ពុទ្ធមិនអនុញ្ញាតឲ្យបួស ឬបើបួសហើយ ត្រូវឲ្យសឹកចេញ មាន ១១ ពួក គឺ បណ្ឌក (ខ្ទើយ), ថេយ្យសង្វាសក (លួចសង្វាស), តិត្ថិយបក្កន្តក (ចូលពួកតិរ្ថិយ), តិរច្ឆាន, មាតុឃាតក (សម្លាប់មាតា), បិតុឃាតក (សម្លាប់បិតា), អរហន្តឃាតក (សម្លាប់ព្រះអរហន្ត), ភិក្ខុនីទូសកៈ (ប្រទូស្តភិក្ខុនី), សង្ឃភេទក (បំបែកសង្ឃ), លោហិតុប្បាទក (ធ្វើលោហិតព្រះពុទ្ធឲ្យពុរពង), ឧភតោព្យញ្ជនក (មនុស្សមានភេទពីរ)។ (ពិស្តារ បិ.៦, ឃ.២៨២)
អវន្ទិយបុគ្គល
បុគ្គលដែលភិក្ខុមិនត្រូវសំពះ មាន១០ពួក
- ភិក្ខុដែលបានឧបសម្បទាមុន មិនត្រូវសំពះភិក្ខុ ដែលបានឧបសម្បទាក្រោយ
- មិនត្រូវសំពះអនុបសម្បន្ន
- មិនត្រូវសំពះភិក្ខុចាស់ ដែលមានសំវាសផ្សេងគ្នា ជាអធម្មវាទី
- មិនត្រូវសំពះមាតុគ្រាម
- មិនត្រូវសំពះមនុស្សខ្ទើយ
- មិនត្រូវសំពះភិក្ខុ ដែលកំពុងនៅបរិវាស
- មិនត្រូវសំពះភិក្ខុ ដែលគួរទាញមកកាន់មូលាបត្តិ
- មិនត្រូវសំពះភិក្ខុ ដែលគួរដល់មានត្ត
- មិនត្រូវសំពះភិក្ខុ ដែលកំពុងប្រព្រឹត្តមានត្ត
- មិនត្រូវសំពះភិក្ខុ ដែលគួរដល់អព្ភានកម្ម។ (បិ.១០, ឃ.៣៧៤)
អាឃាតវត្ថុ (ហេតុនៃគំនុំ) ៩
- គំនុំកើតឡើងថា ជនឯណោះ បានប្រព្រឹត្តនូវអំពើមិនមានប្រយោជន៍ដល់អញ។
- គំនុំកើតឡើងថា ជនឯណោះ កំពុងប្រព្រឹត្តនូវអំពើមិនមានប្រយោជន៍ដល់អញ។
- គំនុំកើតឡើងថា ជនឯណោះ នឹងប្រព្រឹត្តនូវអំពើមិនមានប្រយោជន៍ដល់អញ។
- គំនុំកើតឡើងថា ជនឯណោះ បានប្រព្រឹត្តហើយ នូវអំពើមិនមានប្រយោជន៍ ដល់ជនជាទីស្រឡាញ់ពេញចិត្តរបស់អញ។
- ជនឯណោះ កំពុងប្រព្រឹត្ត នូវអំពើមិនមានប្រយោជន៍ ដល់ជនជាទីស្រឡាញ់ពេញចិត្តរបស់អញ។
- ជនឯណោះ នឹងប្រព្រឹត្ត នូវអំពើមិនមានប្រយោជន៍ ដល់ជនជាទីស្រឡាញ់ពេញចិត្តរបស់អញ។
- គំនុំកើតឡើងថា ជនឯណោះ បានប្រព្រឹត្តហើយ នូវអំពើមានប្រយោជន៍ ដល់ជនមិនជាទីស្រឡាញ់ មិនជាទីពេញចិត្តរបស់អញ។
- ជនឯណោះ កំពុងប្រព្រឹត្តនូវអំពើមានប្រយោជន៍ ដល់ជនមិនជាទីស្រឡាញ់ មិនជាទីពេញចិត្តរបស់អញ។
- ជនឯណោះ នឹងប្រព្រឹត្តនូវអំពើមានប្រយោជន៍ ដល់ជនមិនជាទីស្រឡាញ់ មិនជាទីពេញចិត្តរបស់អញ។ (បិ.៨២, ឃ.២៥៤)
អានិសង្សបបរ ១០យ៉ាង
បុគ្គលអ្នកឲ្យបបរ ឈ្មោះថា ឲ្យអាយុ ១ ឲ្យពណ៌សម្បុរ ១ ឲ្យសេចក្តីសុខ ១ ឲ្យកំលាំងកាយ ១ ឲ្យប្រាជ្ញា ១ បបរដែលបុគ្គលហុតទៅហើយ រមែងហាមឃាត់សេចក្តីឃ្លាន ១ បន្ទោបង់សេចក្តីស្រេក ១ ញុំាងខ្យល់ឲ្យដើរទៅស្រួល ១ ញុំាងសរសៃឲ្យស្អាត ១ ញុំាងអាហារថ្មីដ៏សេសសល់ឲ្យរលួយ ១។ (បិ.៧, ឃ.១០៩)។
អាសវៈ ៤
ពួកធម៌ជាអាសវៈ មាន ៤ យ៉ាង គឺ
១. កាមាសវៈ សេចក្តីប្រាថ្នាក្នុងកាម តម្រេកក្នុងកាម ការរីករាយក្នុងកាម ការអន្ទះសាក្នុងកាម សេចក្តីស្រឡាញ់ក្នុងកាម ការរោលរាលក្នុងកាម ការជ្រប់នៅក្នុងកាម ការងប់ចិត្តក្នុងកាម។
២. ភវាសវៈ សេចក្តីប្រាថ្នាក្នុងភព តម្រេកក្នុងភព ការរីករាយក្នុងភព ការអន្ទះសាក្នុងភព សេចក្តីស្រឡាញ់ក្នុងភព ការរោលរាលក្នុងភព ការជ្រប់នៅក្នុងភព ការងប់ចិត្តក្នុងភព។
៣. ទិដ្ឋាសវៈ ការយល់ឃើញថាលោកទៀងខ្លះ ថាលោកមិនទៀងខ្លះ ថាលោកមានទីបំផុតខ្លះ ថាលោកមិនមានទីបំផុតខ្លះ ថាជីវិតនោះ គឺសរីរៈនោះខ្លះ ថាជីវិតដទៃ សរីរៈដទៃខ្លះ ថាសត្វស្លាប់ទៅកើតទៀតខ្លះ ថាសត្វស្លាប់ទៅមិនកើតទៀតខ្លះ ថាសត្វស្លាប់ទៅកើតទៀតក៏មាន មិនកើតទៀតក៏មានខ្លះ ថាសត្វស្លាប់ទៅកើតទៀតក៏មិនមែន មិនកើតទៀតក៏មិនមែនខ្លះ និងទិដ្ឋិ ដំណើរគឺទិដ្ឋិ ព្រៃញាតស្បាតគឺទិដ្ឋិ ផ្លូវឆ្ងាយគឺទិដ្ឋិ ចម្រូងគឺទិដ្ឋិ ការយល់ឆ្វេងគឺទិដ្ឋិ ការទាក់ទិនគឺទិដ្ឋិ ការកាន់ ការប្រកាន់ ការប្រកាន់ខ្ជាប់ ការស្ទាបអង្អែល ផ្លូវអាក្រក់ ផ្លូវខុស ធម្មជាតិដែលខុស លទ្ធិដូចជាកំពង់ សេចក្តីប្រកាន់ក្នុងការស្វែងរកខុសណា ដែលមានសភាពបែបនេះ នេះហៅថា ទិដ្ឋាសវៈ។ មួយទៀត មិច្ឆាទិដ្ឋិទាំងអស់ ក៏ហៅថា ទិដ្ឋាសវៈដែរ។
៤. អវិជ្ជាសវៈ ការមិនដឹងក្នុងទុក្ខ មិនដឹងក្នុងហេតុនៃទុក្ខ មិនដឹងក្នុងការរលត់ទុក្ខ មិនដឹងក្នុងបដិបទា ជាដំណើរទៅកាន់ទីរលត់ទុក្ខ មិនដឹងក្នុងខន្ធជាចំណែកខាងដើម មិនដឹងក្នុងខន្ធជាចំណែកខាងចុង មិនដឹងក្នុងខន្ធជាចំណែកខាងដើម និងខាងចុង មិនដឹងក្នុងពួកធម៌ដែលកើតឡើង ព្រោះអាស្រ័យបច្ច័យនោះៗ និងការមិនដឹង ការមិនឃើញ ការមិនត្រាស់ដឹង ការមិនយល់ ការមិនត្រាស់ដឹងព្រម ការមិនចាក់ធ្លុះ ការមិនបានដោតក្រងទុក្ខ មិនចុះចិត្តស៊ប់ មិនរំពឹងមើល មិនពិចារណា អំពើមិនជាក់ច្បាស់ ការយល់បានដោយក្រ ភាពនៃចិត្តល្ងង់ ការមិនដឹងខ្លួន ការវង្វេង វង្វេងជ្រប់ ការភ្លេចភ្លាំង អវិជ្ជា (ការមិនដឹងច្បាស់) ជំនន់គឺអវិជ្ជា ការប្រកបគឺអវិជ្ជា អនុស័យគឺអវិជ្ជា ការស្ទាក់ដំណើរគឺអវិជ្ជា គន្លឹះគឺអវិជ្ជា ការវង្វេង ជាអកុសលមូលណា ដែលមានសភាពបែបនេះ នេះហៅថា អវិជ្ជាសវៈ។ (ពិស្តារ បិ.៧៩, ឃ.២០៨)
អាហារ ៤
អាហារ មាន ៤យ៉ាងគឺ
- កពឡិង្ការាហារ អាហារគួរធ្វើឲ្យជាពំនូត គ្រោតគ្រាតក្តី ល្អិតក្តី។ បានដល់បាយ និងនំ ជាដើម តែងនាំមកនូវឱជដ្ឋមករូប។
- ផស្សាហារ បានដល់ផស្សៈទាំង ៦ មានចក្ខុសម្ផស្សជាដើម តែងនាំមកនូវវេទនាទាំង ៣ ។
- មនោសញ្ចេតនាហារ បានដល់កុសលាកុសលចេតនា ដែលអាស្រ័យនឹងចិត្ត ចេតនានោះ ចែកទៅជា ៣ គឺ បុញ្ញាភិសង្ខារ ១ អបុញ្ញាភិសង្ខារ ១ អនេញ្ជាភិសង្ខារ ១ តែងនាំមកនូវបដិសន្ធិក្នុងភពទាំង ៣។]
- វិញ្ញាណាហារ បានដល់វិញ្ញាណក្ខន្ធ គឺចិត្តតែងនាំមកនូវនាមរូប ក្នុងខណៈនៃបដិសន្ធិ។ (បិ. ១៩, ឃ. ១១៥)
សូមអនុមោទនា !!!