ធម្មសារ – ត

តថាគតពលៈ ១០

១. ព្រះតថាគត ជ្រាបច្បាស់តាមពិតនូវ​ហេតុ ថាជាហេតុផង ជ្រាបច្បាស់តាមពិត នូវអំពើ​មិនមែនហេតុ ថាជាអំពើមិន​មែនហេតុផង។

២. ព្រះតថាគតជ្រាបច្បាស់តាមពិត នូវវិបាកនៃកម្មសមាទាន (ការកាន់យកកម្មជា​កុសល) ជាអតីត អនាគត និងបច្ចុប្បន្ន តាមបច្ច័យ តាមហេតុ។

៣. ព្រះតថាគតជ្រាបច្បាស់តាមពិត នូវបដិបទាជាដំណើរទៅ (កាន់សុគតិ និងទុគ្គតិ) ក្នុងទីទាំងពួង។

៤. ព្រះតថាគត ជ្រាបច្បាស់តាមពិត នូវលោកដែលមាន​ធាតុច្រើន មានធាតុផ្សេងៗគ្នា។

៥. ព្រះតថាគត ជ្រាបច្បាស់តាមពិត នូវអធ្យាស្រ័យ​ផ្សេងៗគ្នា របស់សត្វទាំងឡាយ។

៦. ព្រះតថាគត ជ្រាបច្បាស់តាមពិតនូវឥន្រ្ទិយចាស់ក្លា និងទន់ របស់ពួកសត្វដទៃ របស់​ពួក​បុគ្គលដទៃ។

៧. ព្រះតថាគត ជ្រាបច្បាស់តាម​ពិតនូវសេចក្តីសៅហ្មង នូវសេចក្តីផូរផង់ នូវការចេញ​នៃ​ឈាន វិមោក្ខ សមាធិ និងសមាបត្តិ។

៨. ព្រះតថាគត ជ្រាបច្បាស់​តាម​ពិត នូវការរលឹកជាតិដែលនៅអាស្រ័យក្នុងភពមុន។

៩. ព្រះតថាគត ​ជ្រាបច្បាស់​តាម​ពិតនូវការច្យុតិ និងការកើតរបស់សត្វទាំងឡាយ។

១០. ព្រះតថាគត​ជ្រាបច្បាស់​តាមពិត​ នូវ​ការអស់នៃអាសវៈទាំងឡាយ។

តថាគតពលៈ​ទាំង ១០ នេះ របស់ព្រះតថាគត ជាពលៈដែលព្រះតថាគតប្រកប​ហើយ ទើបប្តេជ្ញានូវ​ឋានៈដ៏ប្រសើរ ទើបបន្លឺសីហនាទក្នុងពួកបរិស័ទ ទើបញ៉ាំង​ចក្រដ៏ប្រសើរ​ឲ្យប្រព្រឹត្តទៅ ញាណវត្ថុមានប្រការ ១០ យ៉ាងនេះឯង។ (ពិស្តារ បិ.៨២, ឃ.៣៤)

សូមអនុមោទនា !!!

Oben-pfeil