ធម្មសារ – ម

មច្ឆរិយ ៥

សេចក្តីកំណាញ់ ៥យ៉ាង គឺ អាវាសមច្ឆរិយៈ (ការកំណាញ់អាវាស) ១ កុលមច្ឆរិយៈ (ការកំណាញ់ត្រកូល) ១ លាភមច្ឆរិយៈ (ការកំណាញ់លាភ) ១ វណ្ណមច្ឆរិយៈ (ការកំណាញ់​ពណ៌សម្បុរ) ១ ធម្មច្ឆរិយៈ (ការកំណាញ់ធម៌) ១។ (បិ.៨២, ឃ.២១២)


មិច្ឆត្តធម៌ (សេចក្ដីខុស) ១០ប្រការ

មិច្ឆាទិដ្ឋិ ១ មិច្ឆាសង្កប្បៈ ១ មិច្ឆាវាចា ១ មិច្ឆាកម្មន្តៈ ១ មិច្ឆាអាជីវៈ ១ មិច្ឆាវាយាមៈ ១ មិច្ឆាសតិ ១ មិច្ឆាសមាធិ ១ មិច្ឆាញាណ ១ មិច្ឆាវិមុត្តិ ១។ នេះ មិច្ឆត្តធម៌ ១០។ (បិ.៨២, ឃ.២៦៤)


មិច្ឆាទិដ្ឋិ

មិច្ឆាទិដ្ឋិ ការយល់ខុស មាន ១០ប្រការគឺ

  1. យល់ថា ទានដែលគេឲ្យហើយ មិនមានផល។
  2. យល់ថា ការបូជាធំ មិនមានផល។
  3. យល់ថា ការបូជាតូច មិនមានផល។
  4. យល់ថា ផលនៃកម្មល្អ ឬកម្មអាក្រក់ដែលគេធ្វើហើយ មិនមានផល។
  5. យល់ថា លោកនេះមិនមាន។
  6. យល់ថា លោកដទៃមិនមាន។
  7. យល់ថា មាតាមិនមានគុណ។
  8.  យល់ថា បិតាមិនមានគុណ។
  9. យល់ថា សត្វដែលស្លាប់ហើយ មិនកើតទៀត។
  10. យល់ថា សមណៈ ឬព្រាហ្មណ៍ទាំងឡាយ ជាអ្នកប្រតិបត្តិត្រូវ ដឹងច្បាស់ដោយខ្លួន នូវលោកនេះ និងលោកដទៃ មិនមាន។

មន្ទិលរបស់បុរស ៩

សេចក្ដី​ក្រោធ ១ សេចក្ដីលុបគុណ ១ សេចក្ដីច្រណែន ១ សេចក្ដីកំណាញ់ ១ ការលាក់​ពុតត្បុត ១ សេចក្ដីអួតអាង ១ ការពោលពាក្យមិនពិត ១ សេចក្ដីប្រាថ្នាដ៏​លាមក ១ សេចក្ដីយល់ឃើញខុស ១។ (បិ. ៨២, ឃ.២៥៥)


មានះ ៩ យ៉ាង
  1. សេចក្ដីប្រកាន់របស់បុគ្គលប្រសើរជាងគេថា អញប្រសើរជាងគេ។
  2. សេចក្ដីប្រកាន់របស់​បុគ្គលប្រសើរជាងគេថា អញស្មើនឹងគេ។
  3. សេចក្ដីប្រកាន់របស់បុគ្គលប្រសើរ​ជាងគេថា អញថោកទាបជាងគេ។
  4. សេចក្ដីប្រកាន់របស់បុគ្គលស្មើនឹងគេថា អញប្រសើរជាងគេ។
  5. សេចក្ដីប្រកាន់របស់​បុគ្គលស្មើនឹងគេថា អញស្មើនឹងគេ។
  6. សេចក្ដីប្រកាន់របស់​បុគ្គលស្មើនឹងគេថា អញថោកទាបជាងគេ។
  7. សេចក្ដីប្រកាន់របស់​បុគ្គលថោកទាបជាងគេថា អញប្រសើរជាងគេ។
  8. សេចក្ដី​ប្រកាន់របស់​បុគ្គលថោកទាបជាងគេថា អញស្មើនឹងគេ។
  9. សេចក្ដីប្រកាន់របស់​បុគ្គលថោកទាបជាងគេថា អញថោកទាបជាងគេ។ (បិ.៨២, ឃ.២៥៦)

មាតុគ្រាមមិនអាចធ្វើធំបាន

ហេតុដូចម្តេច បច្ច័យដូចម្តេច ដែល​នាំ​ឲ្យ​មាតុគ្រាម មិនអាចធ្វើធំបាន មិនសម្រេច នូវភោគ​សម្បត្តិ ដែលកើត​អំពីការងារបាន។

  1. មាតុគ្រាម មានសេចក្តីក្រោធច្រើន
  2. មាតុគ្រាម មានសេចក្តីច្រណែន (ឫស្សា) ច្រើន
  3. មាតុគ្រាម មានសេចក្តីកំណាញ់ច្រើន
  4. មាតុគ្រាម មានប្រាជ្ញាតិច (អាប់ប្រាជ្ញា)

(បិ.៤២, ឃ.៨១)


មិត្តប្លម ៤ ពួក
  1. ពួកមនុស្ស​ ដែលគិតយកតែប្រយោជន៍ខ្លួន ជាមិត្តប្លម ១
  2. ​ពួកមនុស្ស​ ល្អតែសំដី ជាមិត្តប្លម ១
  3. ពួក​មនុស្ស​ ដែល​និយាយចាក់បណ្តោយ ឲ្យគាប់ចិត្ត ជាមិត្តប្លម ១
  4. ពួកមនុស្ស​ ជាសំឡាញ់ ក្នុងការ​វិនាសភោគៈ​ទាំងឡាយ ជាមិត្តប្លម ១។

(បិ.១៩, ឃ.៥៧)

សូមអនុមោទនា !!!

Oben-pfeil