កម្មដ្ឋាន ៤០ គឺ កសិណ ១០ អសុភ ១០ អនុស្សតិ ១០ ព្រហ្មវិហារ ៤ អារុប្ប ៤ សញ្ញា ១ វវដ្ឋាន ១ រួមជា ៤០។
កសិណ ១០
- បឋវីកសិណ យកដីធ្វើជាវង់កសិណ។
- អាបោកសិណ យកទឹកធ្វើជាវង់កសិណ។
- តេជោកសិណ យកភ្លើងធ្វើជាវង់កសិណ។
- វាយោកសិណ យកខ្យល់ធ្វើជាកសិណ។
- នីលកសិណ យកវត្ថុមានពណ៌ខៀវជាកសិណ។
- បីតកសិណ យកវត្ថុមានពណ៌លឿងជាកសិណ។
- លោហិតកសិណ យកវត្ថុមានពណ៌ក្រហមជាកសិណ។
- ឱទាតកសិណ យកវត្ថុមានពណ៌សជាកសិណ។
- អាកាសកសិណ យកអាកាសដែលកំណត់ទុកជាកសិណ។
- អាលោកកសិណ យកពន្លឺជាកសិណ។
អសុភ ១០
- ឧទ្ធុមាតក អសុភហើមពោរពងឡើង។
- វិនីលក អសុភហើមមានពណ៌ខៀវដោយច្រើន។
- វិបុព្វក អសុភហើមមានខ្ទុះហូរទៅក្នុងខាងលើ ខាងក្រោម។
- វិច្ឆិទ្ទក អសុភដែលគេកាត់ដាច់ពាក់កណ្តាលខ្លួន។
- វិក្ខាយិតក អសុភដែលសត្វខាំកកេរស៊ីមានសំណាមរលុះរលាយផ្សេងៗ។
- វិក្ខិត្តក អសុភដែលគេកាត់ដាច់ចេញពីគ្នាជាកំណាត់ៗ រាត់រាយទៅផ្សេងៗ។
- ហតវិក្ខិត្តក អសុភដែលគេកាប់សាប់មានស្នាមសាំរវាម។
- លោហិតក អសុភត្រូវប្រហារមានឈាមហូរស្រោចស្រប។
- បុឡូវក អសុភមានដង្កូវចុះហូរចេញតាមទ្វារទាំង ៩។
- អដ្ឋិក អសុភមានតែរាងឆ្អឹងរាត់រាយខ្ចាត់ខ្ចាយទៅផ្សេងៗ។
អនុស្សតិ ១០
- ពុទ្ធានុស្សតិ សេចក្តីរលឹករឿយៗ មានពុទ្ធគុណជាអារម្មណ៍។
- ធម្មានុស្សតិ សេចក្តីរលឹករឿយៗ មានធម្មគុណជាអារម្មណ៍។
- សង្ឃានុស្សតិ សេចក្តីរលឹករឿយៗ មានសង្ឃគុណជាអារម្មណ៍។
- សីលានុស្សតិ សេចក្តីរលឹករឿយៗ មានសីលជាអារម្មណ៍។
- ចាគានុស្សតិ សេចក្តីរលឹករឿយៗ មានចាគគុណជាអារម្មណ៍។
- ទេវតានុស្សតិ សេចក្តីរលឹករឿយៗ មានសទ្ធាទិគុណរបស់ទេវតា និងសទ្ធាទិគុណរបស់ខ្លួនជាអារម្មណ៍។
- មរណានុស្សតិ សេចក្តីរលឹករឿយៗ មានសេចក្តីស្លាប់ជាអារម្មណ៍។
- កាយគតាសតិ សេចក្តីរលឹកតាំងចុះក្នុងកាយ មានកោដ្ឋាសនិមិត្ត [និមិត្តរបស់ចំណែកនៃអាការៈទាំង ៣២ មានសក់ជាដើម។] នៃអាការៈ មានសក់ជាដើមជាអារម្មណ៍។
- អានាបានស្សតិ សេចក្តីរលឹក មានអស្សាសបស្សាសនិមិត្ត [និមិត្តរបស់ខ្យល់ដង្ហើមចេញចូល។] ជាអារម្មណ៍។
- ឧបសមានុស្សតិ សេចក្តីរលឹករឿយៗ មានគុណរបស់ព្រះនិព្វានដែលជាទីរម្ងាប់នូវទុក្ខទាំងពួងជាអារម្មណ៍។
ព្រហ្មវិហារ ៤
- មេត្តា ផ្សាយមេត្តាដល់សព្វសត្វទាំងអស់។
- ករុណា ផ្សាយករុណាដល់សព្វសត្វទាំងអស់។
- មុទិតា ផ្សាយមុទិតាដល់សព្វសត្វទាំងអស់។
- ឧបេក្ខា ផ្សាយឧបេក្ខាដល់សព្វសត្វទាំងអស់។
អារុប្ប ៤
- អាកាសនញ្ចាយតនៈ យកអាកាសក្នុងបដិភាគនិមិត្ត ដែលកើតអំពីកសិណ ៩ លើកអាកាសកសិណចេញ ដែលមិនមានទីបំផុតជាអារម្មណ៍។
- វិញ្ញាណញ្ចាយតនៈ ស្រាវយកអរូបវិញ្ញាណទី១ ដែលផ្សាយទៅមិនមានទីបំផុតមកជាអារម្មណ៍។
- អាកិញ្ចញ្ញាយតនៈ កំណត់យកអរូបវិញ្ញាណទី១ ដែលផ្សាយទៅមិនមានកង្វល់តិចតួចមកជាអារម្មណ៍។
- នេវសញ្ញានាសញ្ញាយតនៈ កំណត់យកសេចក្តីល្អិតរបស់អរូបវិញ្ញាណទី២ ដែលមានស្ទើរតែនឹងមិនមានមកជាអារម្មណ៍។
សញ្ញា ១
សញ្ញានោះ សំដៅយក អាហារេបដិកូលសញ្ញា ដែលយោគាវចរពិចារណាអាហារដោយបដិកូល។
វវដ្ឋាន ១
វវដ្ឋាននោះ សំដៅយកចតុធាតុវវដ្ឋាន ដែលព្រះយោគាវចរពិចារណាកំណត់ធាតុទាំង ៤ ក្នុងករជកាយ។
រួមទាំងអស់ ត្រូវជាកម្មដ្ឋាន ៤០។
សូមអនុមោទនា !!!