បច្ចយសន្និស្សិតសីល

សីលដែលអាស្រ័យនូវបច្ច័យ​ ៤ ហៅថា បច្ចយសន្និស្សិតសីល បានដល់កិរិយាបរិភោគ ប្រើប្រាស់​នូវបច្ច័យ ៤ ដែលបរិសុទ្ធដោយកិរិយាពិចារណា។

ពាក្យថា បច្ច័យ បានសេចក្តីថា គ្រឿងដែលសត្វត្រូវអាស្រ័យបរិភោគ ប្រើប្រាស់ ហើយ​ប្រព្រឹត្ត​​ទៅបាន។

បច្ច័យ មាន ៤ យ៉ាងគឺ

  1. ចីវរ គ្រឿងសំរាប់ស្លៀកដណ្តប់បិទបាំងរាងកាយ។
  2. បិណ្ឌបាត គ្រឿងសម្រាប់បរិភោគ។
  3. សេនាសនៈ ទីដេក ទីអង្គុយសំរាប់ជ្រកកោន។
  4. គិលានភេសជ្ជៈ ថ្នាំកែរោគ។

ការបរិភោគ ប្រើប្រាស់នូវបច្ច័យនេះ មាន៤យ៉ាងគឺ

  1. ថេយ្យបរិភោគ បរិភោគដោយការលួច បានដល់បរិភោគរបស់ភិក្ខុទ្រុស្តសីល។
  2. ឥណបរិភោគ បរិភោគដោយបំណុល បានដល់បរិភោគរបស់​ភិក្ខុដែល​មានសីល តែ​មិន​បាន​ពិចារណា។
  3. ទាយជ្ជបរិភោគ បរិភោគនូវមត៌កដែលត្រូវបាន បានដល់ការបរិភោគរបស់​សេក្ខបុគ្គល ៧ពួក។
  4. សាមិបរិភោគ បរិភោគរបស់ជនជាម្ចាស់ បានដល់បរិភោគរបស់ព្រះខីណាស្រព។

ការមិនបែកធ្លាយ និងបែកធ្លាយនៃបច្ចយសន្និស្សិតសីល

បច្ចយសន្និស្សិតសីល មានការបរិសុទ្ធដោយពិចារណា ឲ្យតែបានពិចារណាហើយ ទាំង​បី​យ៉ាង ហោចទៅត្រឹមបច្ចវេក្ខណណាមួយ ក្នុងបច្ច័យណាមួយតែត្រឹមមួយចប់ក្តី ពីរចប់​ក្តី ក៏​បាន​​ឈ្មោះ​ថា មិនទាន់បែកធ្លាយនៅឡើយ ត្រាតែមិនបានពិចារណាទទេសោះ រហូត​ដល់​អរុណរះ​ឡើង ទើបបាន​ឈ្មោះថា បែកធ្លាយ ហើយភិក្ខុនោះក៏ស្ថិតនៅ​ក្នុង​ឥណបរិភោគ​ផង​ទៀត។ ការ​ពោល​មកនេះ ចំពោះតែបច្ច័យឯទៀតក្រៅពីភេសជ្ជបច្ច័យប៉ុណ្ណោះ ឯ​ភេសជ្ជបច្ច័យ ត្រូវ​ពិចារណា​ក្នុងកាលទទួលផង ក្នុងកាលបរិភោគផង ទើបគួរ ឬបើ​មិន​បាន​ពិចារណា ក្នុង​កាល​ដែល​ទទួលឲ្យតែបានពិចារណាក្នុងកាលដែលបរិភោគក៏បាន បើ​មិន​​បាន​ពិចារណាក្នុងកាល​ដែល​បរិភោគ ទុកជាបានពិចារណាក្នុងកាលដែលទទួល ក៏​គង់​ត្រូវ​អាបត្តិទុក្កដ ហើយ​បាដិមោក្ខសំវរៈ​ក៏បែកធ្លាយផង តែបច្ចយសន្និស្សិតសីល មិន​ទាន់​បែក​ធ្លាយ​នៅឡើយ ត្រាតែ​ផុត​ដែនរបស់អតីតបច្ចវេក្ខណៈទៀត ទើបបែកធ្លាយ ព្រោះ​​តំខណិកបច្ចវេក្ខណៈ ក្នុង​គិលានភេសជ្ជបច្ច័យ​នេះ រក្សាទាំង​បាដិមោក្ខសំវរសីល ទាំង​​​បច្ច័យស្និស្សិតសីល ឯ​អតីតបច្ចវេក្ខណៈ​រក្សាបានតែត្រឹមបច្ចយសន្និស្សិតសីល​តែ​ម្យ៉ាង គឺ​ថា​​បើ​បាន​ពិចារណា​តែ​តំខណិកបច្ចវេក្ខណៈ​ហើយ អតីតបច្ចវេក្ខណៈ មិន​បាច់​ពិចារណា​ក៏បាន សីលទាំង ២ នឹងមិន​បែក​ធ្លាយ​ឡើយ បើតំខណិកបច្ចវេក្ខណៈ មិនបាន​ពិចារណា​ហើយ ទុកជាបាន​ពិចារណា​អតីតបច្ចវេក្ខណៈ​ក៏​មិន​បែកធ្លាយ តែ​បច្ចយសន្និស្សិតសីល​​ប៉ុណ្ណោះ ឯបាដិមោក្ខសំវរសីល នៅ​ជា​បែកធ្លាយដដែល ព្រោះ​ភិក្ខុ​នោះ​ ត្រូវអាបត្តិទុក្កដ​រួច​ហើយ។

បច្ចយសន្និស្សិតសីលនេះ ព្រះយោគាវចរភិក្ខុ គប្បីឲ្យសំរេចដោយអំណាចនៃបញ្ញា គឺថា មាន​​បញ្ញា​ជាគ្រឿងជំនួយឲ្យសម្រេច ព្រោះសីលនេះ ត្រាតែលោកដែល​មានប្រាជ្ញាឃើញ​ទោស និង​អានិសង្សក្នុងបច្ច័យទាំង ៤ ជាក់ច្បាស់ ទើបអាចពិចារណាធ្វើឲ្យសំរេចទៅបាន ព្រោះ​ហេតុ​នោះ ព្រះយោគីគប្បីលះបង់នូវសេចក្តីប្រាថ្នា ឈ្លក់ក្នុងបច្ច័យទាំង ៤ ហើយ​ពិចារណា​​ដោយ​ប្រាជ្ញា​ តាមវិធីដែលលោកបានរៀបរៀងទុកនោះជាមុនសិន ហើយ​សឹម​បរិភោគ​ប្រើប្រាស់។

មានពាក្យសរសើរថា បើភិក្ខុអង្គណាមួយ បានប្រព្រឹត្តធ្វើតាមបែបនេះ ភិក្ខុអង្គនោះ បាន​ឈ្មោះ​ថា ជាអ្នកបានធ្វើនូវកិច្ចដ៏សមគួរ ដល់ពាក្យប្តេជ្ញាដើមរបស់ខ្លួន សមដូចគាថា​ដែល​លោក​​ពោល​ទុកថា

សាវកអ្នកមានប្រាជ្ញាដ៏ប្រសើរ កាលបើបានស្តាប់នូវព្រះធម៌ដែលព្រះសុគត​ ទ្រង់សំដែង​ហើយ ត្រូវពិចារណាជាមុន សឹមសេពនូវបិណ្ឌបាត ទីជ្រក ទីដេក ទីអង្គុយ ទឹកភេសជ្ជៈ ទឹក​សម្រាប់​​លាងធូលី ដែលជាប់នៅឰដ៏សំពត់ សង្ឃាដិ ព្រោះហេតុនោះ ភិក្ខុមិនត្រូវ​ជាប់​ចិត្តក្នុង​បិណ្ឌបាត ទីដេក ទីអង្គុយ ទឹកភេសជ្ជៈ ទឹកសម្រាប់លាងនូវធូលី ដែលជាប់នៅ​ឰដ៏​សំពត់ សង្ឃាដិ​ទាំង​ឡាយ​នុ៎ះឡើយ ឲ្យដូចជាដំណក់ទឹកដែលធ្លាក់ចុះលើស្លឹកឈូក។ ភិក្ខុ​ដែល​ជាអ្នកមាន​ស្មារតី​ដម្កល់​ខ្ជាប់ខ្ជួន សព្វកាលនោះ ត្រូវតែដឹងនូវប្រមាណក្នុងបង្អែម ចំអាប និងគ្រឿង​ស្រស់ស្រូប​ទាំង​ឡាយ ដែលខ្លួនបានហើយអំពីបុគ្គលដទៃក្នុងកាលគួរ ដើម្បី​អនុគ្រោះដល់ទាយក ឲ្យដូច​ជា​ដឹងប្រមាណក្នុងកិរិយាដុះ​ឡើងនៃ​កំដៅដោយ​កិរិយា​លាប​នូវថ្នាំ។

បុរសអ្នកដើរផ្លូវឆ្ងាយ បរិភោគនូវសាច់របស់កូនកំដរអត្តភាពទាំងទើសទាល់ ក្នុងផ្លូវ​កន្តារ​យ៉ាង​ណា អ្នករទេះសេពនូវខ្លាញ់សំរាប់លាបនូវភ្លៅរទេះសោះ តែខានមិនបានយ៉ាងណា ព្រះយោគី​ក៏ត្រូវ​លេបនូវអាហារ បំណងឲ្យគ្រាន់តែញុំាងសរីរៈឲ្យប្រព្រឹត្តទៅបានយ៉ាង​នោះ មិនត្រូវ​ឈ្លក់​ចិត្ត​ទៅក្នុងអាហារដោយស្ថានឯណានីមួយឡើយ។

សូមអនុមោទនា !!!

Oben-pfeil