បច្ចវេក្ខណៈ១៦

បច្ចវេក្ខណវិធី គឺវិធីសម្រាប់ពិចារណាក្នុងបច្ច័យមួយៗ មានបួនៗ គឺក្នុងចីវរបច្ច័យ មាន៤ បិណ្ឌបាតបច្ច័យ មាន៤ សេនាសនបច្ច័យ មាន៤ គិលានភេសជ្ជបច្ច័យ មាន៤ ហើយមាន​ឈ្មោះថា ធាតុបច្ចវេក្ខណៈ បដិកូលបច្ចវេក្ខណៈ តំខណិកបច្ចវេក្ខណៈ អតីតបច្ចវេក្ខណៈ ដូចគ្នា រួមទាំងអស់ ត្រូវជា បច្ចវេក្ខណៈ ១៦។

បច្ចវេក្ខណកាល គឺកាលដែលត្រូវពិចារណាក្នុងបច្ច័យមួយៗនោះ មានបីៗ គឺ

  1. បដិលាភកាល កាលដែលកំពុងបាន ឬកំពុងទទួលនូវបច្ច័យ។
  2. បរិភោគកាល កាលដែលកំពុងប្រើប្រាស់នូវបច្ច័យ។
  3. អតីតកាល កាលដែលបរិភោគ ប្រើប្រាស់កន្លងហើយ។

បច្ច័យទាំង ៤ មានបច្ចវេក្ខណកាល ៣ ទាំងអស់ត្រូវជាកាល ១២។

បណ្តាកាលទាំង ៣នោះ ក្នុងបដិលាភកាល ត្រូវពិចារណាដោយធាតុបច្ចវេក្ខណក៏បាន បដិកូលបច្ចវេក្ខណក៏បាន។ ក្នុងបរិភោគកាល ត្រូវពិចារណាដោយ​តំខណិកបច្ចវេក្ខណៈ។ ក្នុងអតីតកាល ត្រូវពិចារណាដោយអតីតបច្ចវេក្ខណៈ។

ធាតុបច្ចវេក្ខណៈ ត្រូវពិចារណាផ្អែបមកជាមួយនឹងកាយរបស់ខ្លួន ឲ្យឃើញថា គ្រាន់តែ​ជា​ធាតុ ដើម្បីនឹងលះបង់នូវសេចក្តីប្រកាន់ថាខ្លួន និងរបស់ខ្លួន រាប់បញ្ចូល​ក្នុង​ធាតុមនសិការ​កម្មដ្ឋាន ឬចតុធាតុវវដ្ឋានកម្មដ្ឋាន។

បដិកូលបច្ចវេក្ខណៈ ត្រូវពិចារណាផ្អែបមកជាមួយនឹងកាយរបស់ខ្លួន ឲ្យឃើញថា ជារបស់​មិន​ស្អាត គួរខ្ពើមរអើម ដើម្បីនឹងលះបង់សេចក្តីសំគាល់ខុសថាជាល្អស្អាត បើក្នុង​បិណ្ឌបាតបច្ច័យ រាប់បញ្ចូលក្នុងអាហារេបដិកូលសញ្ញា ឯក្នុងបច្ច័យឯទៀត រាប់បញ្ចូល​ក្នុង​បដិកូល​មនសិការកម្មដ្ឋាន។

តំខណិកបច្ចវេក្ខណៈ និង អតីតបច្ចវេក្ខណៈ ត្រូវពិចារណាឲ្យដឹងនូវដែនរបស់​ប្រយោជន៍ ក្នុងការបរិភោគ ប្រើប្រាស់នូវបច្ច័យ ៤ ដូចគ្នា មិនឲ្យសំគាល់ប្រយោជន៍​ក្នុង​ការ​បរិភោគ ប្រើប្រាស់នូវបច្ច័យ ៤ ដូចគ្នា មិនឲ្យសំគាល់ប្រយោជន៍ហួសកំរិត តែ​តំខណិកបច្ចវេក្ខណៈ ត្រូវពិចារណាក្នុងកាលកំពុងបរិភោគ ប្រើប្រាស់។ ឯអតីតបច្ចវេក្ខណៈ ត្រូវ​ពិចារណា​បន្ថែម​ក្នុង​កាល​ដែលបរិភោគ ប្រើប្រាស់រួចហើយក្នុងថ្ងៃដដែល ការពារក្រែង​ភ្លេចភ្លាំង​ស្មារតី​ មិន​បាន​ពិចារណាក្នុងកាលដែលកំពុងបរិភោគ ប្រើប្រាស់នោះ ដើម្បីនឹង​បិទនូវ​ក្រសែ​របស់​តណ្ហា មិនឲ្យសេចក្តីប្រាថ្នាជាប់ចិត្តក្នុងបច្ច័យទាំងនោះ និងប្រហារ​នូវ​ឧបនិស្ស័យ​របស់​រាគៈ ទោសៈ មោហៈ និងមានះ ជាដើម មិនឲ្យកើតឡើង ព្រោះតែ​បរិភោគ​ប្រើប្រាស់​នូវ​បច្ច័យ​ទាំងនោះ។

កាលបើភិក្ខុបរិភោគ ប្រើប្រាស់នូវបច្ច័យទាំងនោះហើយ មិនបានពិចារណា ក៏អំពើដែល​ភិក្ខុ​បរិភោគ ប្រើប្រាស់នោះ មិនមែននាំយកនូវសេចក្តីសុខមកប្រគល់ឲ្យឡើយ មានតែនាំ​មក​នូវ​សេចក្តីទុក្ខក្នុងអបាយមកប្រគល់ឲ្យដោយពិត។

ដែនរបស់ប្រយោជន៍ក្នុងការប្រើប្រាស់នូវបច្ច័យ

ក្នុងចីវរបច្ច័យ កំណត់ដែនត្រឹមប្រយោជន៍ ៤យ៉ាងគឺ

  1. សីតស្ស បដិឃាតាយ ដើម្បីការពារត្រជាក់។
  2. ឧណ្ហស្ស បដិឃាតាយ ដើម្បីការពារនូវកំដៅ។
  3. ឌំសមកសវាតាតបសិរិសប្បសម្ផស្សានំ បដិឃាតាយ ដើម្បីការពារនូវ​សម្ផស្ស របោម មូស ខ្យល់ កំដៅថ្ងៃ ពស់តូច ពស់ធំទាំងឡាយ។
  4. ហិរិកោបិនប្បដិច្ឆាទនត្ថំ ដើម្បីបិទបាំងនូវអវយវ ដែលធ្វើនូវសេចក្តីខ្មាសឲ្យ​កម្រើក។

ក្នុងបិណ្ឌបាតបច្ច័យ ចាត់ជាអង្គដែលត្រូវឃាត់ ៤ ដែលជាដែនរបស់ប្រយោជន៍ ៨ រួម​ទាំង​អស់ ត្រូវជាអង្គ ១២ ដូច្នេះគឺ

  1. នេវ ទវាយ មិនមែនដើម្បីលេងដូចក្មេងអ្នកស្រុក
  2. ន មទាយ មិនមែនដើម្បីឲ្យកើតបុរសមានៈ ស្រវឹងដូចអ្នកប្រដាល់។
  3. ន មណ្ឌនាយ មិនមែនដើម្បីប្រដាប់តាក់តែងរាងកាយដូចស្ត្រីក្នុងបុរី។
  4. ន វិភូសនាយ មិនមែនដើម្បីស្អិតស្អាងរាងកាយឲ្យផូរផង់ពណ៌សម្បុរ​ដូច​អ្នក​លេង​របាំ។

ទាំង ៤នេះ ជាអង្គត្រូវឃាត់ មិនមែនជាដែនរបស់ប្រយោជន៍។

  1. ឥមស្សកាយស្ស ឋិតិយា ដើម្បីនឹងតាំងនៅនៃកាយនេះ។
  2. យាបនាយ ដើម្បីញុំាងជីវិតិន្ទ្រិយឲ្យប្រព្រឹត្តទៅ។
  3. វិហឹសុបរតិយា ដើម្បីបំបាត់បង់នូវសេចក្តីលំបាក។
  4. ព្រហ្មចរិយានុគ្គហាយ ដើម្បីអនុគ្រោះដល់មគ្គព្រហ្មចរិយានិងសាសនា​ព្រហ្មចរិយា។
  5. ឥតិបុរាណញ្ច វេទនំ បដិហង្កាមិ ដូច្នេះអញនឹងកំចាត់បង់នូវវេទនាចាស់ គឺ​សេចក្តី​ឃ្លាន​ដែលមានហើយផង។
  6. នវញ្ច វេទនំ ន ឧប្បាទេស្សាមិ អញនឹងញុំាងវេទនាថ្មី គឺឆ្អែតហួសប្រមាណ មិន​ឲ្យ​កើត​ឡើង​​បានផង។
  7. យាត្រា ច មេ ភវិស្សតិ កិរិយាប្រព្រឹត្តទៅនៃ​ឥរិយាបថ​ទាំង ៤ នឹងមានដល់អញ​ផង។
  8. អនវជ្ជតា ច សេចក្តីមិនមានទោស មានមិនច្រអូសកាយ មិន​ច្រអូស​ចិត្ត​ជាដើម (នឹង​មាន​ដល់អញផង)។

អង្គទាំង ៨នេះ ជាដែនរបស់ប្រយោជន៍។ នៅមានសល់អង្គ ១ទៀតគឺ សុផាវិហារោ ច កិរិយា​នៅសប្បាយក្នុងឥរិយាបថ ទាំង ៤ (នឹងមានដល់អញ) តែអង្គនេះ លោកមិនបាន​រាប់បញ្ចូលមកផង ព្រោះលោក​ចាត់ជា​អានិសង្សរបស់ភោជន។

បណ្តាអង្គទាំង១២ អង្គដែលត្រូវឃាត់៤ខាងដើម សម្រាប់​ប្រហារ​ឧបនិស្ស័យ​របស់​កិលេស គឺ

  1. អង្គទី១ សម្រាប់ប្រហារនូវ​ឧបនិស្ស័យរបស់មោហៈ។
  2. អង្គទី២ សម្រាប់ប្រហារនូវ​ឧបនិស្ស័យរបស់ទោសៈ។
  3. អង្គទី៣ សម្រាប់ប្រហារនូវ​ឧបនិស្ស័យរបស់រាគៈ។
  4. អង្គទី៤ សម្រាប់ប្រហារនូវ​ឧបនិស្ស័យរបស់រាគៈ។

អង្គក្រៅពីនេះ សម្រាប់កំណត់ដែនរបស់ប្រយោជន៍ប៉ុណ្ណោះ។

ក្នុងសេនាសនបច្ច័យ កំណត់ដែនត្រឹមប្រយោជន៍ ៥យ៉ាងគឺ

  1. សីតស្ស បដិឃាតាយ ដើម្បីការពារត្រជាក់។
  2. ឧណ្ហស្ស បដិឃាតាយ ដើម្បីការពារនូវកំដៅ។
  3. ឌំសមកសវាតាតបសិរិសប្បសម្ផស្សានំ បដិឃាតាយ ដើម្បីការពារនូវ​សម្ផស្ស របោម មូល ខ្យល់ កំដៅថ្ងៃ ពស់តូច ពស់ធំទាំងឡាយ។
  4. ឧតុបរិស្សយវិនោទនំ​ ដើម្បីបន្ទោបង់នូវក្រវល់ក្រវាយដែលកើតអំពីរដូវ។
  5. បដិសល្ថានារាមត្ថំ ដើម្បីប្រមូលចិត្តអំពីអារម្មណ៍ផ្សេងៗ ហើយអភិរម្យនៅក្នុង​កម្មដ្ឋាន។

ក្នុងគិលានបច្ច័យ កំណត់ដែនត្រឹមតែប្រយោជន៍ ១ គឺ

  1. ឧប្បន្នានំ វេយ្យាពាធិកានំ វេទនានំ បដិឃាតាយ អព្យាបជ្ឈ បរមតាយ ដើម្បីការពារ​នូវ​ទុក្ខវេទនាទាំងឡាយ ដែលបៀតបៀនផ្សេងៗ ដែលកើតឡើងហើយ ដរាប​ទៅ​ដល់​ត្រឹមប្រាសចាកសេចក្តីទុក្ខ។

ប្រយោជន៍ក្នុងការប្រើប្រាស់បច្ច័យ ៤ ព្រះយោគីត្រូវសង្ឃឹមតែត្រឹមដែនបានកំណត់​ទុក​មក​នេះឯង មិនត្រូវសង្ឃឹមឲ្យជ្រុលហួសអំពីដែនទាំងនេះទៅឡើយ។

សូមអនុមោទនា !!!

Oben-pfeil