សីលទាំង ៤ បើចាត់ឲ្យល្មមឈ្មោះតាមសុទ្ធិ គឺកិច្ចដែលត្រូវតែឲ្យស្អាតឡើងវិញ ក្នុងវេលាដែលបែកធ្លាយម្តងៗនោះ មាន ៤យ៉ាង មានឈ្មោះដោយឡែកៗអំពីគ្នាគឺ
- ទេសនាសុទ្ធិ សីលបរិសុទ្ធិដោយកិរិយាសំដែង បានដល់ បាដិមោក្ខសំវរសី។
- សំវរសុទ្ធិ សីលបរិសុទ្ធិដោយសង្រួម បានដល់ឥន្ទ្រិយសំវរសីល។
- បរិយេដ្ឋិសុទ្ធិ សីលបរិសុទ្ធដោយកិរិយាស្វែងរក បានដល់ អាជីវបារិសុទ្ធិសីល។
- បច្ចវេក្ខណសុទ្ធិ សីលបរិសុទ្ធដោយកិរិយាពិចារណា បានដល់ បច្ច័យសន្និស្សិតសីល។
អធិប្បាយ
បាដិមោក្ខសំវរសីល បានឈ្មោះថា ទេសនាសុទ្ធិ បរិសុទ្ធិដោយកិរិយាសំដែង ព្រោះថា កាលបើបែកធ្លាយហើយ ត្រូវតែសំដែងចំពោះមុខសង្ឃ គណៈ ឬបុគ្គល ទើបអាចកែឲ្យបរិសុទ្ធឡើងវិញបាន។
ឥន្ទ្រិយសំវរសីល បានឈ្មោះថា សំវរសុទ្ធិ បរិសុទ្ធដោយកិរិយាសង្រួម ព្រោះថា បើបែកធ្លាយហើយ ត្រូវតែអធិដ្ឋានតាំងចិត្តថា អញនឹងមិនធ្វើយ៉ាងនេះទៀត ហើយប្រុងប្រយ័ត្នសង្រួមតទៅ ទើបអាចកែឲ្យបរិសុទ្ធឡើងវិញបាន។
អាជីវបារិសុទ្ធិ បានឈ្មោះថា បរិយេដ្ឋិសុទ្ធិ បរិសុទ្ធដោយកិរិយាស្វែងរក ព្រោះថា បើបែកធ្លាយហើយ ត្រូវតែលះបង់នូវអនេសនៈដែលជាហេតុនាំឲ្យបែកធ្លាយនោះចេញ ហើយស្វែងរកនូវបច្ច័យដែលកើតឡើង ប្រកបដោយធម៌ យកមកបរិភោគ ទើបអាចកែឲ្យបរិសុទ្ធឡើងវិញ។
បច្ចយសន្និស្សិតសីល បានឈ្មោះថា បច្ចវេក្ខណសុទ្ធិ បរិសុទ្ធដោយកិរិយាពិចារណា ព្រោះសីលនេះ ដែលនឹងធ្វើឲ្យបរិសុទ្ធឡើងបាន ត្រាតែបានពិចារណាតាមបច្ចវេក្ខណវិធី ដែលពោលរួចមកហើយនោះ។
កាលបើដូច្នេះ ព្រះយោគាវចរភិក្ខុដែលមានសីលទាំង ៤ ណាមួយ ធ្លុះធ្លាយ មិនបរិសុទ្ធនោះ គួរតែកែឲ្យបរិសុទ្ធឡើងវិញ តាមទំនងដែលបានអធិប្បាយមកនេះចុះ មិនគួរសម្ងំឲ្យយកគ្រឿងមិនស្អាតនោះទុកក្នុងខ្លួនឡើយ។
សូមអនុមោទនា !!!