អនុស្សតិ១០

  • ពុទ្ធានុស្សតិ សេចក្តីរលឹករឿយៗ មានពុទ្ធគុណជាអារម្មណ៍។
  • ធម្មានុស្សតិ សេចក្តីរលឹករឿយៗ មានធម្មគុណជាអារម្មណ៍។
  • សង្ឃានុស្សតិ សេចក្តីរលឹករឿយៗ មានសង្ឃគុណជាអារម្មណ៍។
  • សីលានុស្សតិ សេចក្តីរលឹករឿយៗ មានសីលគុណជាអារម្មណ៍។
  • ចាគានុស្សតិ សេចក្តីរលឹករឿយៗ មានចាគគុណជាអារម្មណ៍។
  • ទេវតានុស្សតិ សេចក្តីរលឹករឿយៗ មានសទ្ធាទិគុណរបស់ទេវតា និងសទ្ធាទិគុណ​របស់​ខ្លួន​ជាអារម្មណ៍។
  • មរណានុស្សតិ សេចក្តីរលឹករឿយៗ មានសេចក្តីស្លាប់ជាអារម្មណ៍។
  • កាយគតាសតិ សេចក្តីរលឹកក្នុងកាយ មានអាការៈ៣២ជាអារម្មណ៍។
  • អានាបានស្សតិ សេចក្តីរលឹក មានខ្យល់ដង្ហើមចេញចូលជាអារម្មណ៍។
  • ឧបសមានុស្សតិ សេចក្តីរលឹករឿយៗ មានគុណរបស់ព្រះនិព្វានជាអារម្មណ៍។
ពុទ្ធានុស្សតិ

ព្រះយោគាវចរ គប្បី​មាន​ចិត្តជ្រះថ្លាក្នុងគុណរបស់ព្រះពុទ្ធមិនឲ្យមានកម្រើក ហើយ​ចូលទៅរក​ទីដែលស្ងាត់ចាកអារម្មណ៍ផ្សេងៗ តម្កល់ស្មារតី រលឹកដល់​គុណ​របស់​ព្រះពុទ្ធ​ចាប់ដើមតាំងអំពី ឥតិបិសោ ភគវា រហូតដល់ ពុទ្ធោ ភគវា ជាទីបំផុត។

ក្នុងការពិចារណារលឹកគុណព្រះពុទ្ធនេះ យោគាវចរ ត្រូវឲ្យដឹងសេចក្តីអធិប្បាយ​ក្នុង​គុណ​នោះៗ ឲ្យបានសព្វគ្រប់ផង។

ដោយអំណាចនៃការរលឹករឿយៗ នូវពុទ្ធគុណ ចិត្តរបស់ព្រះយោគី ក៏ប្រាសចាកកិលេស គឺ រាគៈ ទោសៈ មោហៈ តម្កល់នៅត្រង់ចំពោះទៅរកព្រះតថាគត ព្រមទាំងនីវរណធម៌ ក៏ទ្រោមចុះផង វិតក្កៈ និងវិចារៈ ក៏កើតឡើង ត្រិះរិះពិចារណារឿយៗនូវពុទ្ធគុណ មាន​អរហំជាដើម ហើយបីតិក៏កើតឡើងជាបទដ្ឋានយ៉ាងនេះ កាយបស្សទ្ធិ និងចិត្តបស្សទ្ធិ គឺ​សេចក្តីស្ងប់កាយ និងសេចក្តីស្ងប់ចិត្តក៏កើតឡើង បណ្តាលឲ្យព្រះយោគី​ប្រាសចាក​សេចក្តី​ក្រវល់ក្រវាយ ស្ងប់រំងាប់យ៉ាងនេះហើយ សុខៈប្រព្រឹត្តទៅក្នុងកាយ និងចិត្តក៏កើត​ឡើង​ទៀត ពេលនោះចិត្តរបស់ព្រះយោគី ក៏តម្កល់នៅមាំក្នុងពុទ្ធគុណជាអារម្មណ៍ អង្គ​ឈាន​កើតឡើងក្នុងខណៈជាមួយគ្នាវៀរតាមលំដាប់ដូចនេះ។ តែក្នុង​ពុទ្ធានុស្សតិ​កម្មដ្ឋាន​នេះ មានអំណាចកើតឡើងត្រឹមតែ ឧបចារជ្ឈានប៉ុណ្ណោះ មិនអាចឲ្យកើតបាន​ដល់​អប្បនាឈាន​ឡើយ ព្រោះគុណរបស់ព្រះពុទ្ធជាគម្ភីរភាពក្រៃពេក ព្រះយោគីមិនអាច​នឹងរលឹក​ឲ្យសព្វគ្រប់ទៅបាន។

អានិសង្សនៃពុទ្ធានុស្សតិ

យោគីដែលមានពុទ្ធានុស្សតិប្រកបរឿយៗហើយ ជាអ្នកមានសេចក្តីគោរព ឱនលំទោន​ក្នុងព្រះសាស្តាមែនពិត ថែមទាំងបានដល់នូវ សទ្ធា សតិ បញ្ញា និងបុណ្យដ៏ទូលំទូលាយ មិនត្រឹមតែប៉ុណ្ណោះ នឹងជាអ្នកអាចគ្របសង្កត់នូវភ័យជាពន្លឹក និងអត់សង្កត់នូវសេចក្តី​ទុក្ខ​ដែលកើតឡើងហើយ និងបានចំពោះនូវសំវាសសញ្ញា គឺសេចក្តីសំគាល់នៅរួមជាមួយ​នឹង​ព្រះសាស្តាថែមទៀត ម្យ៉ាងទៀត សូម្បីសរីរៈនៃយោគីនោះ ក៏គួរដល់កិរិយាបូជា ដូចជាផ្ទះ គឺចេតិយ ដែលជនអ្នកត្រូវការដោយបុណ្យ នាំគ្នាបូជា ហើយ​ចិត្ត​សោត​របស់​ភិក្ខុ​នោះ រមែង​ឱនទៅក្នុងពុទ្ធភូមិ។

ម្យ៉ាងទៀត យោគីនោះជាអ្នក ហាក់ដូចជាឃើញព្រះសាស្តាក្នុងទីចំពោះមុខ មានហិរិ សេចក្តី​ខ្មាសបាប ឱត្តប្ប សេចក្តីស្លុតនឹងអំពើបាប មិនហ៊ានប្រព្រឹត្តកន្លង​នូវអំពើខុស​ឆ្គង​ក្នុង​ធម៌វិន័យ ប្រសិនបើមិនទាន់បានត្រាស់ដឹងនូវធម៌ជាន់ខ្ពស់ទេ នឹងមានសុគតិប្រព្រឹត្ត​ទៅ​ក្នុងខាងមុខដោយពិត។

ធម្មានុស្សតិ

ព្រះយោគាវចរ គប្បីមានចិត្តជ្រះថ្លាក្នុងគុណរបស់ព្រះធម៌ កុំឲ្យមានកម្រើក ហើយ​ចូល​ទៅ​រក​ទីស្ងាត់ចាកអារម្មណ៍ផ្សេងៗ តម្កល់ស្មារតី រឭកដល់គុណរបស់ព្រះបរិយត្តិធម៌ និង​ព្រះនព្វលោកុត្តរធម៌ ចាប់ដើមអំពី ស្វាក្ខាតោ ភគវតា ធម្មោ ដរាបដល់ បច្ចត្តំ វេទិតព្វោ វិញ្ញូហិ ជាទីបំផុត។

ដោយអំណាចនៃការនឹករលឹករឿយៗ នូវគុណព្រះធម៌ គុណទាំងឡាយ មានចិត្តដែល​ស្ងប់​ចាក​កិលេស គឺរាគៈ ទោសៈ មោហៈ រហូតដល់បានសម្រេចឧបចារជ្ឈាន កើតឡើងតាមលំដាប់ មានសភាពដូចក្នុងពុទ្ធានុស្សតិកម្មដ្ឋានដែរ។

កម្មដ្ឋាននេះ មានអានុភាពឲ្យសម្រេចដល់ឧបចារជ្ឈានប៉ុណ្ណោះ មិនអាចនឹងឲ្យបានដល់​អប្បនាឈានឡើយ ព្រោះគុណរបស់ព្រះធម៌ ជាគម្ភីរភាពក្រៃពេក ព្រះយោគីមិនអាចនឹង​រលឹកឲ្យសព្វគ្រប់បាន។

អានិសង្សធម្មានុស្សតិ

ព្រះយោគីដែលប្រកបក្នុងធម្មានុស្សតិរឿយៗ នឹងជាអ្នកមានសេចក្តីគោរពកោតក្រែង ធ្វើ​នូវ​សេចក្តីគោរពដ៏ធ្ងន់ក្នុងព្រះធម៌ ដល់នូវគុណ មានសទ្ធាទិគុណដ៏ទូលំទូលាយ ច្រើន​ដោយ​បីតិ និងបាមោជ្ជៈ គ្របសង្កត់នូវភ័យដ៏ពន្លឹកបាន អាចអត់ទ្រាំនឹងទុក្ខដែល​កើត​ឡើង ហើយបានចំពោះនូវសេចក្តីសំគាល់នៅរួមជាមួយព្រះធម៌មែនពិត។

ម្យ៉ាងទៀត ឯសរីរៈរបស់យោគីនោះ នឹងគួរដល់កិរិយាបូជា ហាក់ដូចជាផ្ទះ គឺព្រះចេតិយ ឯចិត្ត រមែងឱនទៅក្នុងកិរិយាត្រាស់ដឹងនូវអនុត្តរធម៌ ហើយយោគីនោះ ជាអ្នកមានហិរិ និងឱត្តប្ប មិនប្រព្រឹត្តកន្លងខុសចាកធម្មវិន័យ ចិត្តនៃយោគីនោះ កាលមិនទាន់ត្រាស់ដឹង​នូវឧត្តរធម៌ទេ នឹងមានសុគតិប្រព្រឹត្តទៅក្នុងខាងមុខដោយពិត។

សង្ឃានុស្សតិ

ព្រះយោគាវចរ គប្បីមានចិត្តជ្រះថ្លាក្នុងគុណរបស់ព្រះសង្ឃ កុំឲ្យកម្រើក ហើយ​ចូល​ទៅរក​ទី​ស្ងាត់ចាកអារម្មណ៍ផ្សេងៗ តម្កល់ស្មារតី រឭកដល់គុណរបស់ព្រះអរិយសង្ឃ ចាប់​ផ្តើម​អំពី សុបដិបន្នោ ភគវតោ សាវកសង្ឃោ ដរាបដល់ អនុត្តរំ បុញ្ញក្ខេត្តំ លោកស្ស ជាទីបំផុត។

ដោយអំណាចនៃការនឹករលឹករឿយៗ នូវគុណនៃព្រះសង្ឃ គុណធម៌ទាំងឡាយ មានចិត្ត​ដែល​ស្ងប់ចាកកិលេស គឺរាគៈ ទោសៈ មោហៈ រហូតដល់បានដល់ឧបចារជ្ឈាន កើតឡើងតាមលំដាប់ មានសភាពដូចក្នុងពុទ្ធានុស្សតិកម្មដ្ឋានដែរ។

កម្មដ្ឋាននេះ មានអានុភាពឲ្យសម្រេចត្រឹមតែឧបចារជ្ឈានប៉ុណ្ណោះ មិនអាចនឹងឲ្យដល់​អប្បនាឈានឡើយ ព្រោះគុណរបស់ព្រះសង្ឃ ជាគម្ភីរភាពក្រៃពេក ព្រះយោគី​មិនអាច​នឹង​រលឹក​ឲ្យសព្វគ្រប់បាន។

អានិសង្សនៃកិរិយារឭកនូវសង្ឃគុណ

ព្រះយោគីដែលបានប្រកបក្នុងសង្ឃានុស្សតិរឿយៗ នឹងជាអ្នកមានសេចក្តីគោរព​ កោត​ក្រែង ធ្វើនូវសេចក្តីគោរពដ៏ធ្ងន់ក្នុងព្រះសង្ឃ ដល់នូវគុណ មានសទ្ធាទិគុណ​ដ៏ទូលំ​ទូលាយ ច្រើនដោយបីតិ និងបាមោជ្ជៈ គ្របសង្កត់នូវភ័យដ៏ពន្លឹកបាន អាចអត់ទ្រាំ​នឹងទុក្ខ​ដែល​កើតឡើងហើយ បានចំពោះនូវសេចក្តីសំគាល់នៅរួមជាមួយព្រះសង្ឃមែនពិត។

ម្យ៉ាងទៀត ឯសរីរៈរបស់យោគីនោះ នឹងគួរដល់កិរិយាបូជា ហាក់ដូចជារោងឧបោសថ ដែល​ព្រះសង្ឃមកជួបជុំគ្នា។ ចិត្តរបស់ព្រះយោគីនោះ រមែងឱនទៅក្នុងកិរិយាត្រាស់ដឹង​នូវ​សង្ឃគុណ ហើយយោគីនោះ ជាអ្នកមានហិរិ និងឱត្តប្ប មិនប្រព្រឹត្តកន្លង​ខុសចាក​ធម្មវិន័យ កាលមិនទាន់ត្រាស់ដឹង​នូវឧត្តរធម៌ នឹងមានសុគតិប្រព្រឹត្តទៅ​ក្នុងខាង​មុខដោយ​ពិត។

សីលានុស្សតិ

ព្រះយោគាវចរ ត្រូវជម្រះសីលរបស់ខ្លួនឲ្យបរិសុទ្ធ ហើយចូលទៅ​រកទីដែលស្ងាត់ចាក​អារម្មណ៍​ផ្សេងៗ តម្កល់​ស្មារតី រឭកដល់សីលគុណរបស់ខ្លួនថា ឱ ! ហ្ន៎ សីលទាំងឡាយ​របស់​អញ មិនមានដាច់ មិនមានធ្លុះ មិនមានពពាល មិនមានពព្រុះ រួចផុតអំពី​ខ្ញុំរបស់​តណ្ហា គួរឲ្យអ្នកប្រាជ្ញ មានព្រះពុទ្ធជាដើម លោកពោលសរសើរ តណ្ហា និងទិដ្ឋិពាល់​ត្រូវ​មិន​បាន ប្រព្រឹត្តទៅព្រម​ដើម្បីឲ្យបាននូវសមាធិ ដោយអំណាចដែលយោគី​នឹករលឹក​រឿយៗ នូវសីលរបស់ខ្លួន គុណធម៌ទាំងឡាយ មានចិត្តដែលស្ងប់ចាកកិលេស គឺរាគៈ ទោសៈ មោហៈ រហូតបានសម្រេចដល់ឧបចារជ្ឈាន កើតឡើងតាមលំដាប់ មាន​សភាព​ដូច​ក្នុង​ពុទ្ធានុស្សតិកម្មដ្ឋានដែរ។

កម្មដ្ឋាននេះ មានអានុភាពឲ្យសម្រេចត្រឹមតែឧបចារជ្ឈានប៉ុណ្ណោះ មិនអាចនឹងឲ្យដល់​អប្បនាឈានឡើយ ព្រោះសីលគុណជាគម្ភីរភាពក្រៃពេក ព្រោះយោគីមិនអាច​នឹករលឹក​ឲ្យសព្វគ្រប់បាន។

អានិសង្សនៃសីលានុស្សតិ

យោគីដែលបានប្រកបក្នុងសីលានុស្សតិរឿយៗ នឹងជាអ្នកមានសេចក្តីគោរព ក្នុងសិក្ខា មាន​កិរិយាប្រព្រឹត្តស្មើ មិនប្រមាទក្នុងបដិសណ្ឋារៈ ប្រាសចាកភ័យដែលកើតអំពី​ការ​តិះដៀល​ខ្លួនឯងជាដើម ជាអ្នកឃើញភ័យ សូម្បីក្នុងទោសបន្តិចបន្តួច តែងដល់នូវ​សទ្ធាទិគុណ​ដ៏ទូលំទូលាយ ហើយច្រើនដោយបីតិ និងបាមោជ្ជៈ កាលបើមិនទាន់​ត្រាស់ដឹង​ឧត្តរធម៌ នឹងមានសុគតិប្រព្រឹត្តទៅខាងមុខដោយពិត។

សេចក្តីពន្យល់អំពីសីល

អខណ្ឌានិ សីលមិនដាច់។ សេចក្តីថា ទុកជាសីលរបស់គ្រហស្ថក្តី សីលរបស់បព្វជិតក្តី ដែលមិនដាច់ គឺមិនបែកធ្លាយត្រង់សីលខាងដើម ឬសីលត្រង់ទីបំផុត ដូចជាសំពត់​សាដក​ដែលមិនដាច់ជាយដូច្នោះ ដូចតួយ៉ាងសីល៥ សីលទី១ គឺចេតនាជាហេតុវៀរចាក​កិរិយា​ញុំាង​សត្វមានជីវិតឲ្យធ្លាក់ចុះកន្លង ជាសីលខាងដើម, សីលទី៥ គឺចេតនាជា​ហេតុវៀរ​ចាកហេតុ​ជាទីតាំងនៃសេចក្តីប្រមាទ គឺផឹកនូវទឹកស្រវឹង បានដល់សុរា និង​មេរ័យ ជា​សីលត្រង់ទីបំផុត ដែលមិនដាច់នោះ គឺមិនបែកធ្លាយត្រង់សីលទី១ និង​ទី៥​ហ្នឹងឯង។

អច្ឆិទ្ទានិ សីលមិនធ្លុះ។ សេចក្តីថា មិនបែកធ្លាយត្រង់សីលចំកណ្តាល ដូចជាសំពត់​សាដក ដែលមិនធ្លុះត្រង់ពាក់កណ្តាលសំពត់ដូច្នោះ ដូចតួយ៉ាងសីល ៥ គឺមិនបែកធ្លាយ​ត្រង់​សីលទី ៣ ហ្នឹងឯង។

អសពលានិ សីលមិនពពាល។ សេចក្តីថា ដូចតួយ៉ាងសីល ៥ មិនបែកធ្លាយត្រង់សីលទី ២ ឬទី ៣ តាមលំដាប់ដូចជាមេគោ មិនមានសម្បុរនៃសរីរៈ ពពាលត្រង់ទីណាមួយ។ មេគោ​ពពាលនោះ បានដល់មេគោដែលមានសម្បុរណាមួយ មានសម្បុរលឿងជាដើម ឆ្នូត​ត្រង់ពោះ ឬត្រង់សរីរៈណាមួយ មានសណ្ឋានវែង ឬមូល។

អកម្មាសានិ សីលមិនពព្រុះ។ សេចក្តីថា មិនបែកធ្លាយត្រង់សីលជាចន្លោះៗ ដូចតួ​យ៉ាង​សីល ៥ មិនបានបែកធ្លាយត្រង់សីលទី ២ ទី ៤ ជាដើម ដូចជាមេគោ ដែលមិនមាន​សម្បុរ​ពព្រុះដូច្នោះ សីលពព្រុះនោះ បានដល់សីលដែលបែកធ្លាយជាចន្លោះៗ មិនបានតាម​លំដាប់​សីល​ឡើយ ដូចយ៉ាងសីល ៥ សីលទី ២ បែកធ្លាយ ហើយសីលទី ៣ មិនបាន​បែកធ្លាយ​ទេ ទៅបែកធ្លាយត្រង់សីលទី ៤ ដូចមេគោដែលមានសម្បុរអុចៗ បន្តក់ៗ ពព្រុះ​ពេញ​រាងកាយដូច្នោះដែរ។

ភុជិស្សានិ សីលរួចអំពីតណ្ហា។ សេចក្តីថា សីលដែលយោគីរក្សា​មិនមាន​សេចក្តី​ប្រាថ្នា​ចង់​បានសម្បត្តិអ្វីៗ ក្នុងភពឡើយ រីឯសីលដែលជាខ្ញុំតណ្ហានោះវិញ បានដល់សីលដែល​បុគ្គលរក្សា ហើយប្រាថ្នាចង់បានសម្បត្តិក្នុងភពដែលកើតអំពីសីលនោះឯង។

វិញ្ញុបសដ្ឋានិ សីលគួរឲ្យអ្នកប្រាជ្ញ មានព្រះពុទ្ធជាដើម ពោលសរសើរ។ សេចក្តីថា សីល​ដ៏ស្អាតបរិសុទ្ធ ជាសីលមិនដាច់ មិនធ្លុះ មិនពពាល មិនពព្រុះ រួចពីខ្ញុំតណ្ហា មិន​ប៉ះពាល់​ដោយតណ្ហា និងទិដ្ឋិ ប្រព្រឹត្តទៅដើម្បីបានសមាធិហ្នឹងឯង។

អបរាមដ្ឋានិ សីលដែលតណ្ហា និងទិដ្ឋិពាល់ត្រូវមិនបាន។ សេចក្តីថា សីលដែលតណ្ហា គឺសេចក្តីប្រាថ្នាសម្បត្តិក្នុងភព និងទិដ្ឋិ សេចក្តីយល់ឃើញប្រកាន់ថា សីលរបស់អញ ឬថា​អញបរិសុទ្ធត្រឹមតែសីលប៉ុណ្ណោះ ប្រកាន់ស្អិតត្រឹមសីល និងវត្តប៉ុណ្ណោះឯងជាដើម ពាល់​ត្រូវក្តី សីលដែលអ្នកណាមួយអាចចោទបានថា នេះជាទោសក្នុងសីលរបស់អ្នកឯង ដូច្នេះ​ក្តី ហៅថា បរាមដ្ឋានិ រីឯ អបរាមដ្ឋានិ សីលដែលតណ្ហា និងទិដ្ឋិពាល់​ត្រូវ​មិន​បាន​នោះ គឺ​សីលដែលរួចចាកពីតណ្ហា និងទិដ្ឋិមានសភាពបែបហ្នឹងឯង។

សមាធិសំវត្តនិកានិ សីលដែលប្រព្រឹត្តទៅព្រម ដើម្បីឲ្យបាននូវសមាធិ។ សេចក្តីថា សីល​ដែល​ញុំាងឧបចារសមាធិក្តី អប្បនាសមាធិក្តី ម្យ៉ាងទៀត ញុំាងមគ្គសមាធិក្តី ផលសមាធិក្តី ឲ្យប្រព្រឹត្តទៅបានហ្នឹងឯង។

ចាគានុស្សតិ

ព្រះយោគាវចរ គប្បីមានចិត្តឈានចុះក្នុងការបរិច្ចាគទានជាប្រក្រតី គប្បីចែក​រំលែក​ទាន​អស់​កាលជានិច្ច ពេលដែលប្រារព្ធ និងចំរើន ត្រូវអធិដ្ឋានថា តាំងអំពីពេលនេះជាដើម កាល​​បើមានបដិគ្គាហកអ្នកទទួលយកនូវទាន តែអញមិនទាន់បានឲ្យទោះបី ១ ពំនូត​យ៉ាង​ហោច​ជាមុន អញនឹងមិនបរិភោគខ្លួនឯងឡើយ។

កាលបើបានឲ្យទានដល់លោកអ្នកមានគុណវិសេសអង្គណាមួយ ទោះបីតិចក្តី ច្រើនក្តី រួច​ហើយ​ចូលទៅរកទីស្ងាត់ចាកអារម្មណ៍ផ្សេងៗ តម្កល់ស្មារតី រឭកចាគគុណរបស់ខ្លួនថា

អានិសង្ស ៥ ប្រការ [អានិសង្សរបស់ទាយកអ្នកឲ្យទាន មាន ៥ ប្រការគឺ អាយុវែង ១ សម្បុរ​ល្អ ១ សេចក្តីសុខ ១ កម្លាំងច្រើន ១ ប្រាជ្ញាឈ្លាសវៃ ១ ន័យមួយទៀតថា បានជា​ទី​ស្រឡាញ់​ពេញចិត្តនៃមហាជន ១ លោកសប្បុរសតែងគប់រក ១ មានកិត្តិស័ព្ទល្អ ១ បាន​ឈ្មោះ​ថា មិនប្រាសចាកធម៌របស់គ្រហស្ថ ១ ពេលទំលាយរាងកាយទៅ នឹងបាន​ទៅកើត​ក្នុង​សុគតិភព។] ដែលព្រះមានព្រះភាគ ទ្រង់សរសើរថា ជាលាភ​របស់​ទាយក​អ្នកឲ្យ​នូវ​ទាន អានិសង្សទាំងនោះ ជាលាភរបស់អញពិត ពុទ្ធសាសនាក្តី ភាពជាមនុស្សក្តី ដែល​អញ​បានហើយ នេះឈ្មោះថា បានដោយប្រពៃ ព្រោះថា ពួកសត្វទាំងអស់កំពុងមាន​មន្ទិល គឺសេចក្តីកំណាញ់គ្របសង្កត់ជាប់ជានិច្ច ហើយអញម្នាក់ឯង មានចិត្តប្រាសចាក​មន្ទិល គឺសេចក្តីកំណាញ់ បានបរិច្ចាគឲ្យទាន មានដៃលាងសំអាត ដើម្បីឲ្យនូវទេយ្យធម៌​ដោយ​គោរពដោយដៃឯងសព្វកាល ជាអ្នកត្រេកអរក្នុងការលះបង់ គួរដល់កិរិយាសូម ពេញចិត្ត​ក្នុងការឲ្យនូវទាន និងការចែករំលែក សូម្បីវត្ថុដែលខ្លួនគប្បីបរិភោគ។

ដោយអានុភាពនៃការនឹករលឹករឿយៗ នូវចាគរបស់ខ្លួន គុណធម៌ទាំងឡាយ មានចិត្ត​ដែល​​ស្ងប់ចាកកិលេស គឺរាគៈ ទោសៈ មោហៈ រហូតបានសម្រេចដល់ឧបចារជ្ឈាន កើតឡើងតាមលំដាប់ មានសភាពដូចក្នុងពុទ្ធានុស្សតិកម្មដ្ឋានដែរ។

កម្មដ្ឋាននេះ មានអានុភាពឲ្យចំរើនត្រឹមតែឧបចារជ្ឈានប៉ុណ្ណោះ មិនអាចនឹងឲ្យដល់​អប្បនាឈានឡើយ ព្រោះចាគគុណជាគម្ភីរភាពក្រៃពេក ព្រះយោគី​មិនអាចនឹករលឹក​ឲ្យ​សព្វ​គ្រប់បាន។

អានិសង្សនៃចាគានុស្សតិ

យោគីដែលបានប្រកបក្នុងចាគានុស្សតិរឿយៗ នឹងជាអ្នកលះ បរិច្ចាគឲ្យនូវទានយ៉ាង​ក្រៃ​លែង មានអធ្យាស្រ័យមិនលោភ មានកិរិយាធ្វើអនុលោមតាមដោយមេត្តាជាប្រក្រតី ជា​អ្នក​អង់អាច ច្រើនដោយបីតិ និងបាមោជ្ជៈ កាលបើមិនទាន់បានត្រាស់ដឹងនូវធម៌ជាន់ខ្ពស់​ក្នុងបច្ចុប្បន្នជាតិទេ នឹងមានសុគតិប្រព្រឹត្តទៅក្នុងខាងមុខ។

ទេវតានុស្សតិ

ព្រះយោគាវចរ គប្បីតាំងខ្លួនឲ្យតម្កល់ក្នុងគុណ មានសទ្ធាជាដើម ហើយចូលទៅរក​ទី​ស្ងាត់​​ចាកអារម្មណ៍ផ្សេងៗ តម្កល់ស្មារតី រឭកសទ្ធាទិគុណរបស់ទេវតាទុកជាបន្ទាល់ ហើយ​​រលឹកសទ្ធាទិគុណរបស់ខ្លួនថា

ទេវតាទាំងឡាយ មានទេវតាទាំងឡាយ ក្នុងជាន់ចាតុម្មហារាជិកា ជាន់តាវត្តឹង្ស ជាន់​យាមា ជាន់តុសិត ជាន់និម្មានរតី ជាន់បរនិមិ្មតវសវត្តី មានទេវតាទាំងឡាយលើសអំពីនេះ​ទៅទៀតក៏មាន ទេវតាទាំងឡាយនោះ ប្រកបដោយសទ្ធា សីល សុត ចាគ បញ្ញា មាន​សភាពយ៉ាងណា ទើបច្យុតអំពីមនុស្សលោកនេះទៅកើតក្នុងទេវលោក និងព្រហ្មលោក​នោះៗ បាន សទ្ធា សីល សុត ចាគ បញ្ញា មានសភាពយ៉ាងនេះរបស់អញ ក៏មានព្រម។

ដោយអានុភាពដែលយោគីនឹករលឹករឿយៗ នូវគុណរបស់ទេវតាជាចំណែកមុន ហើយ​រលឹកនូវសទ្ធាទិគុណរបស់ខ្លួនដែលកំពុងមានខាងក្រោយ  ចិត្តរបស់​ព្រះយោគីក៏​ប្រាស​ចាក​​រាគាទិក្កិលេស តម្កល់នៅត្រង់សទ្ធាទិគុណ ព្រមទាំងនីវរណធម៌ទ្រោមចុះផង អង្គនៃ​ឈាន​ទាំងឡាយ ក៏កើតឡើងក្នុងមួយខណៈតាមលំដាប់ មានសភាពដូចក្នុង​ពុទ្ធានុស្សតិ​កម្មដ្ឋាន​ដែរ។

កម្មដ្ឋាននេះ មានអានុភាពឲ្យចំរើនត្រឹមតែឧបចារជ្ឈានប៉ុណ្ណោះ មិនអាចនឹងឲ្យដល់​អប្បនាឈាន​ឡើយ ព្រោះសទ្ធាទិគុណជាគម្ភីរភាពក្រៃពេក ព្រះយោគីមិន​អាចនឹករលឹក​ឲ្យ​សព្វគ្រប់បាន។

អានិសង្សនៃទេវតានុស្សតិ

យោគីដែលបានប្រកបក្នុងទេវតានុស្សតិរឿយៗ នឹងបានជាទីស្រឡាញ់ពេញចិត្តដល់​ពពួក​​ទេវតា បាននូវសទ្ធាទិគុណដ៏ទូលំទូលាយ ហើយស្ថិតនៅដោយឥរិយាបថទាំង ៤ ជាអ្នកច្រើនដោយបីតិ និងបាមោជ្ជៈ។ កាលបើមិនទាន់បានត្រាស់ដឹងនូវធម៌ជាន់ខ្ពស់​ទេ នឹងមានសុគតិប្រព្រឹត្តទៅក្នុងខាងមុខ។

មរណានុស្សតិ

ព្រះយោគាវចរ គប្បីចូលទៅកាន់ទីដែលស្ងាត់ចាកអារម្មណ៍ផ្សេងៗ ហើយធ្វើទុក​ក្នុងចិត្ត​ដោយ​ឧបាយថា មរណំ ភវិស្សតិ ជីវិតិន្ទិ្រយំ ឧបច្ឆិជ្ជិស្សតិ សេចក្តីស្លាប់គង់តែនឹងមាន ជីវិតិន្ទ្រិយមុខជានឹងដាច់បង់ទៅ ឬថា មរណំ មរណំ សេចក្តីស្លាប់ សេចក្តីស្លាប់ ដូចនេះ​ក៏បាន។

បើធ្វើទុកក្នុងចិត្តដោយឧបាយយ៉ាងនេះហើយ នីវរណធម៌ ៥ មិនទាន់ទ្រោមចុះ ស្មារតី​មិន​ទាន់​តាំងនៅ កម្មដ្ឋានមិនទាន់ដល់នូវឧបចារៈ យោគីត្រូវរលឹកដល់សេចក្តីស្លាប់ ដោយ​អាការៈ ៨យ៉ាងតទៅទៀត។

អាការៈ ៨យ៉ាងនោះគឺ

  1. វធកបច្ចុបដ្ឋានតោ ត្រូវរលឹកថា សេចក្តីស្លាប់តាំងឡើងប្រាកដ ដូចជាសត្រូវងារ​ដាវ​ផ្គង​ដាក់លើ-ក។
  2. សម្បត្តិវិបត្តិតោ ត្រូវរលឹកថា ធម្មតា សម្បត្តិក្នុងលោក សុទ្ធតែកន្លងនូវវិបត្តិពុំបាន។
  3. ឧបសំហរណតោ ត្រូវរលឹកដល់ សេចក្តីស្លាប់របស់ខ្លួន ប្រៀបដោយសេចក្តីស្លាប់​របស់​អ្នកដទៃ។
  4. កាយពហុសាធារណតោ ត្រូវរលឹកថា កាយនេះទួទៅដល់អន្តរាយច្រើនប្រការ មាន​ត្រកូល​នៃសត្វដង្កូវ ៨០ជាដើម។
  5. អាយុទុព្វលតោ ត្រូវរលឹកថា អាយុនេះមានកម្លាំងថយពន់ពេក ព្រោះថា ជីវិត​របស់​សត្វទាំងឡាយ ជាប់ទៅដោយខ្យល់អស្សាសបស្សាសៈជាដើម។
  6. អនិមិត្តតោ ត្រូវរលឹកថា សេចក្តីស្លាប់មិនមានកំណត់ ព្រោះថា ជីវិតជាដើម របស់​សត្វ​ទាំងឡាយ រកកំណត់មិនបាន។
  7. អទ្ធានបរិច្ឆេទតោ ត្រូវរលឹកថា ជីវិតរបស់មនុស្សក្នុងកាលឥឡូវនេះ កំណត់​យ៉ាង​យូរ​បំផុត​ត្រឹមមួយរយឆ្នាំ ឬលើសបន្តិចបន្តួច។
  8. ខណបរិត្តតោ ត្រូវរលឹកថា ខណៈនៃជីវិតរបស់សត្វទាំងឡាយ បើពោលតាមបរមត្ថ តូច​ពេកណាស់ ប្រព្រឹត្តទៅបានតែត្រឹមមួយខណៈចិត្តប៉ុណ្ណោះ។

 ត្រង់អាការៈទី ៣ គឺត្រូវប្រៀបដោយសេចក្តីស្លាប់របស់បុគ្គល ៧ពួកគឺ

  1. យសមហត្តតោ ប្រៀបដោយសេចក្តីស្លាប់របស់បុគ្គលមានយសបរិវារ មានស្តេច មហាសម្មតិរាជ និងស្តេចមន្ធាតុ ជាដើម។
  2. បុញ្ញមហត្តតោ ប្រៀបដោយសេចក្តីស្លាប់របស់បុគ្គលដែលមានបុណ្យច្រើន មាន ជោតិកសេដ្ឋី និងជដិលសេដ្ឋី ជាដើម។
  3. ថាមមហត្តតោ ប្រៀបដោយសេចក្តីស្លាប់របស់បុគ្គលដែលមានកម្លាំងច្រើន មាន ស្តេច​វាសុទេវ និងស្តេចពលទេវ ជាដើម។
  4. ឥទ្ធិមហត្តតោ ប្រៀបដោយសេចក្តីស្លាប់របស់បុគ្គលដែលមានឫទ្ធិច្រើន ដូច​ព្រះមហាមោគ្គល្លាន។
  5. បញ្ញាមហត្តតោ ប្រៀបដោយសេចក្តីស្លាប់របស់បុគ្គលដែលមានប្រាជ្ញាច្រើន ដូច ព្រះសារីបុត្ត។
  6. បច្ចេកពុទ្ធតោ ប្រៀបដោយបរិនិព្វានរបស់ព្រះបច្ចេកពុទ្ធ។
  7. សម្មាសម្ពុទ្ធតោ ប្រៀបដោយបរិនិព្វានរបស់ព្រះសម្មាសម្ពុទ្ធ។

គឺប្រៀបថា បុគ្គលដែលថ្កើនថ្កាន មានយស មានឫទ្ធិច្រើនយ៉ាងនេះ គង់មិនអាចគេច​ផុត​ពី​សេចក្តីស្លាប់បាន អាត្មាអញក៏មិនអាចគេចផុតពីសេចក្តីស្លាប់បានដែរ។

កម្មដ្ឋាននេះ មានអំណាចឲ្យសម្រេចបានត្រឹមតែឧបចារជ្ឈានប៉ុណ្ណោះ មិនអាច​សម្រេច​ដល់​​អប្បនាឈានបានឡើយ។

អានិសង្សនៃមរណស្សតិ

យោគីដែលមានមរណស្សតិប្រកបរឿយៗ នឹងជាអ្នកមិនប្រមាទ រមែងមិនត្រេកអរក្នុង​ភព​ទាំងអស់ លះបង់នូវសេចក្តីប្រាថ្នាក្នុងជីវិត ជាអ្នកតិះដៀលអំពើបាប ច្រើនដោយការ​មិន​សន្សំទុក្ខ មិនមានសេចក្តីត្រេកអរក្នុងបរិក្ខារទាំងឡាយ ជាអ្នកមានអនិច្ចសញ្ញា ទុក្ខសញ្ញា អនត្តសញ្ញាសន្សំហើយ។ ម្យ៉ាងទៀត ព្រះយោគីនោះ មិនមានសេចក្តីភ័យ មិនវង្វេង​ក្នុង​ពេល​​ធ្វើមរណកាលទៅ បើមិនទាន់បានត្រាស់ដឹងនូវអមតៈធម៌ទេ បន្ទាប់អំពី​បែកធ្លាយ​សរីរៈ នឹងមានសុគតិទៅខាងមុខដោយពិត។

កាយគតាសតិ

ព្រះយោគី គប្បីតម្កល់ស្មារតីក្នុងអាការៈ ៣២ ដែលមាននៅក្នុងកាយ មាន សក់ រោម ក្រចក ធ្មេញ ស្បែក សាច់ សរសៃ ឆ្អឹង ខួរក្នុងឆ្អឹង តម្រងបស្សាវៈ បេះដូង ថ្លើម វៀវ ក្រពះ សួត ពោះវៀនធំ ពោះវៀនតូច អាហារថ្មី អាហារចាស់ ខួរក្នុងក្បាល ប្រមាត់ ស្លេស្ម ខ្ទុះ ឈាម ញើស ខ្លាញ់ខាប់ ទឹកភ្នែក ខ្លាញ់រាវ ទឹកមាត់ ទឹកសំបោរ ទឹករំអិល ទឹកមូត្រ។

ព្រះយោគីគប្បី ធ្វើទុកក្នុងចិត្តនូវអាការៈ ទាំង ៣២នេះថា បដិកូល គួរខ្ពើម។

អានាបានស្សតិ

ព្រះយោគី គប្បីលើកឡើងនូវ​អានាបានស្សតិកម្មដ្ឋាន​មួយ យកមកចំរើនជាកំណត់ ឲ្យ​បានជាទីពឹង​នៃចិត្ត ព្រោះថា កម្មដ្ឋាននេះ មានឧបការៈ​ច្រើនសម្រាប់​ធ្វើឲ្យបុគ្គល​ដែល​មិន​មានសតិ ចេះតែវង្វេង ភ្លេចច្រើនក្នុងកិច្ចការ ឲ្យមានសតិឡើងវិញ មានសេចក្តីដឹង​ខ្លួន ប្រកបព្រមក្នុងកិច្ចការ។ ព្រះយោគី ត្រូវមានស្មារតី និងញាណរលឹកដឹងឲ្យប្រាកដ ចំពោះខ្យល់ដកដង្ហើមចេញ និងខ្យល់ដកដង្ហើមចូល គ្រប់ឥរិយាបថទាំង ៤។

ឧបសមានុស្សតិ

ព្រះយោគីវចរ គប្បីចូលទៅកាន់ទីស្ងាត់ចាកអារម្មណ៍ផ្សេងៗ ហើយរលឹកដល់គុណ​របស់​ព្រះនិព្វាន ដែលជាគ្រឿង​រម្ងាប់បង់​នូវសំសារទុក្ខទាំងពួង។

ដោយអំណាចនៃការរលឹករឿយៗ នូវគុណនៃព្រះនិព្វាន គុណវិសេសទាំងឡាយ មាន​ចិត្ត​ស្ងប់​ចាកកិលេស មានរាគៈជាដើម កើតឡើងតាមលំដាប់ រហូតដល់អង្គ​នៃ​ឧបចារជ្ឈាន ក៏មានសភាពកើតឡើងដូចក្នុងពុទ្ធានុស្សតិកម្មដ្ឋានដែរ។

កម្មដ្ឋាននេះ មានអានុភាពឲ្យសម្រេចត្រឹមឧបចារជ្ឈានប៉ុណ្ណោះ មិនអាចឲ្យសម្រេច​ដល់​អប្បនាឈានបានឡើយ ព្រោះឧបសមគុណ ជាគម្ភីរភាព យោគីមិនអាចរឭក​ឲ្យ​សព្វ​គ្រប់​បាន។

កម្មដ្ឋាននេះ យោគីចំរើនទៅឲ្យបានសម្រេចនូវគុណពេញលេញល្អ រមែងសម្រេចដល់​ព្រះអរិយបុគ្គល​តែម្យ៉ាង។ ឯអនុស្សតិ ៦ខាងដើម មានពុទ្ធានុស្សតិ ធម្មានុស្សតិ សង្ឃានុស្សតិ សីលានុស្សតិ ចាគានុស្សតិ ទេវតានុស្សតិ ក៏មានគុណសម្រេច​ល្អនៃ​ព្រះកម្មដ្ឋាន​ដូចគ្នានឹងឧបសមានុស្សតិដែរ។ សូម្បីឧបសមានុស្សតិ មានគុណ​សម្រេច​ពេញ​​ល្អ រមែងសម្រេចដល់ព្រះអរិយបុគ្គលតែម្យ៉ាងក៏ដោយ បុថុជ្ជនដែល​ធ្ងន់ក្នុង​ព្រះនិព្វាន ក៏គប្បីធ្វើទុកក្នុងចិត្តរឿយៗ ព្រោះថា សូម្បីត្រឹមតែការស្តាប់ប៉ុណ្ណោះ ក៏ចិត្ត​របស់​បុថុជ្ជន រមែងជ្រះថ្លាក្នុងព្រះនិព្វានដែរ។

អានិសង្សនៃឧបសមានុស្សតិ

យោគីដែលមានឧបសមានុស្សតិប្រកបរឿយៗហើយរមែងដេកជាសុខ ភ្ញាក់ឡើងជាសុខ មានឥន្ទ្រិយស្ងប់រម្ងាប់ល្អ មានចិត្តស្ងប់ ប្រកបព្រមដោយហិរិ និងឱត្តប្ប ជាទីជ្រះថ្លា​នៃ​មហាជន ជាបុគ្គលមានចិត្តលិចចុះក្នុងគុណដ៏ប្រណិត គឺព្រះនិព្វាន ជាទីគោរព សរសើរ​នៃ​សព្រហ្មចារី កាលមិនទាន់ត្រាស់ដឹងនូវឧត្តរធម៌ រមែងមានសុគិត ប្រព្រឹត្តទៅ​ក្នុង​ខាង​មុខ។

សូមអនុមោទនា !!!

Oben-pfeil