ខ្យល់មាន ៤ ត្រកូល
- ភិក្ខុ កាលដកដង្ហើមចេញវែង ក៏ដឹងច្បាស់ថា អាត្មាអញដកដង្ហើមចេញវែង កាលដកដង្ហើមចូលវែង ក៏ដឹងច្បាស់ថា អាត្មាអញដកដង្ហើមចូលវែង។
- ភិក្ខុ កាលដកដង្ហើមចេញខ្លី ក៏ដឹងច្បាស់ថា អាត្មាអញដកដង្ហើមចេញខ្លី កាលដកដង្ហើមចូលខ្លី ក៏ដឹងច្បាស់ថា អាត្មាអញដកដង្ហើមចូលខ្លី។
- ភិក្ខុសិក្ខាថា អាត្មាអញនឹងកំណត់ដឹងច្បាស់នូវកាយ គឺខ្យល់ចេញទាំងពួង ហើយដកដង្ហើមចេញ។ ភិក្ខុសិក្សាថា អាត្មាអញ នឹងកំណត់ដឹងច្បាស់នូវកាយ គឺខ្យល់ចូលទាំងពួង ហើយដកដង្ហើមចូល។
- ភិក្ខុសិក្សាថា អាត្មាអញនឹងរំងាប់នូវកាយសង្ខារ [អស្សាសបស្សាសៈ] ដកដង្ហើមចេញ។ សិក្សាថា អាត្មាអញនឹងរំងាប់នូវកាយសង្ខារ ដកដង្ហើមចូល។
អធិប្បាយ
ព្រះយោគាវចរ កាលបើតម្កល់ចិត្តក្នុងទ្រូងនឹងល្អហើយ បន្ទាប់មកត្រូវដកដង្ហើមចេញវែង ដកដង្ហើមចូលវែងរឿយៗ ទន្ទឹមនឹងការដកដង្ហើមចេញវែងចូលវែងនោះ ត្រូវមានស្មារតីរលឹក និងញាណ ដឹងនូវខ្យល់ដកដង្ហើមចេញវែង ចូលវែង ដែលកំពុងប្រព្រឹត្តឡើងចុះនោះផង។ កាលចំរើនដោយការរលឹក និងដឹងនូវខ្យល់ដកដង្ហើមចេញវែង ចូលវែង គឺយោគាវចរចេះតែចំរើនទៅ សេពទៅ ធ្វើទៅ ធ្វើឲ្យច្រើនរឿយៗទៅ ក្នុងពេលចំរើន បើសិនសតិ និងញាណរលត់ គេចចេញពីខ្យល់ចេញចូល គប្បីទាញទប់ចិត្តឲ្យមានសតិ និងញាណកំត់ដឹងនូវខ្យល់ចេញចូលវិញ។ មុនដំបូងការហាត់សតិ និងញាណកំណត់ដឹងនូវខ្យល់ចេញចូល យោគាវចរអ្នកសិក្សាថ្មីៗ នៅមានរលត់សតិ និងញាណ ក្នុងកាលខ្លះ មិនរលត់ក្នុងកាលខ្លះជាធម្មតា តែដល់យោគាវចរព្យាយាមហាត់រលឹក ហាត់ដឹងនូវខ្យល់ចេញចូលរឿយៗទៅ សតិ និងញាណក៏ដល់នូវការចាស់ក្លាបន្តិចម្តងៗ រហូតដល់សតិ និងញាណលែងរលត់សោះ អាចកំណត់ដឹងនូវខ្យល់ដកដង្ហើមចេញវែង ចូលវែង បានគ្រប់វារៈប្រព្រឹត្តឡើងចុះជាប្រក្រតីបាន។ កាលបើខ្យល់ដកដង្ហើមចេញវែង ចូលវែង ប្រព្រឹត្តទៅបានស្រួលជាប្រក្រតី ជាអារម្មណ៍របស់សតិ និងញាណ បន្ទាប់មក ខ្យល់នោះក៏ធ្លាក់ចុះមក មានសភាពខ្លីប្រព្រឹត្តឡើងចុះ កាលបើខ្យល់ដកដង្ហើមចេញខ្លី ចូលខ្លីកើតឡើងហើយ យោគាវចរត្រូវមានស្មារតី និងញាណកំណត់ដឹងនូវខ្យល់ដកដង្ហើមចេញខ្លី ចូលខ្លី ឈប់គិតអំពីខ្យល់ដកដង្ហើមចេញវែង ចូលវែង។
កាលបើយោគាវចរមានសតិ និងញាណ កំពុងតែកំណត់ដឹងខ្យល់ដកដង្ហើមចេញខ្លី ចូលខ្លី ក្នុងពេលនោះ សភាពនៃខ្យល់ក៏កើតឡើងយ៉ាងសម្បើម ប្រព្រឹត្តទៅក្នុងករជកាយ ពួកខ្យល់ខ្លះប្រព្រឹត្តឡើងទៅលើ ខ្លះប្រព្រឹត្តចុះក្រោម ខ្លះប្រព្រឹត្តកាត់ទទឹងកាយ ខ្លះមានសភាពជាដុំស៊កសៀតណែនក្នុងកាយ ខ្លះរាយបែកផ្សាយទៅពេញកាយ បណ្តាលឲ្យរសេបរសីប តឹងមុខមាត់ ណែនខ្លួន ដៃ ជើង ពោះ ទ្រូង ក ក្បាលជាដើម ពួកខ្យល់ទាំងនេះ មានសភាពគ្រោតគ្រាត ជាពួកខ្យល់ប្រព្រឹត្តទៅក្នុងកាយមិនទៀងទាត់សោះឡើយ កាលបើខ្យល់មានសភាពគ្រោតគ្រាតកើតឡើងហើយ តែងតាក់តែងទុក្ខវេទនាឲ្យកើតឡើង កាលបើទុក្ខវេទនានេះកើតឡើងហើយ ក្នុងខណៈនោះ យោគាវចរអង្គខ្លះ ត្អូញត្អែរអំពីរឿងលំបាកតាមផ្លូវកាយខ្លះ ភ័យតក់ស្លុតខ្លាចស្លាប់ រហូតដល់ឈប់ចំរើននូវធម៌ក៏មាន។ ក្នុងបញ្ហាដែលយោគាវចរដល់នូវភាពជាអ្នកសោយនូវទុក្ខវេទនាយ៉ាងខ្លាំង ឬល្មម ឬតិច ជាអ្នកតក់ស្លុង រន្ធត់ ខ្លាចរអាចិត្ត រហូតដល់លះបង់កម្មដ្ឋាន ឈប់ចំរើនព្រោះតែសេចក្តីអាល័យក្នុងជីវិត នោះក៏មកតែអំពីធ្វើទុកក្នុងចិត្តមិនត្រូវទំនង តាមឧបាយនៃបញ្ញាមែនពិត។
ក្នុងគម្ពីរវិសុទ្ធិមគ្គភាគ ២ មានសេចក្តីថា កាលបើយោគាវចរមានសតិ និងញាណកំណត់នូវខ្យល់ដកដង្ហើមចេញ និងចូលទៅ កាលបើមានសភាពខ្យល់គ្រោតគ្រាតកើតឡើងក្នុងករជកាយយ៉ាងច្រើន យោគាវចរមិនត្រូវមានចិត្តទៅជាប់ជំពាក់ក្នុងខ្យល់ទាំងអស់នោះឡើយ ត្រូវតែមានសតិ និងញាណកំណត់ដឹងខាងដើម កណ្តាល និងខាងចុងនៃកាយ គឺខ្យល់អស្សាសបស្សាសៈឲ្យពិតប្រាកដ ហើយដកដង្ហើមចេញចូលតែម្យ៉ាងបានហើយ កាលបើយោគាវចរប្រតិបត្តិយ៉ាងនេះមិនយូរប៉ុន្មាន ពួកខ្យល់ដ៏គ្រោតគ្រាតដែលកើតឡើងហើយ ក្នុងករជកាយទាំងនោះ ក៏បាត់ទៅ ក៏ស្ងប់ទៅដោយពិត។
ខាងដើម កណ្តាល ខាងចុងនៃខ្យល់អស្សាសៈ គឺខ្យល់ដកដង្ហើមចេញត្រង់ផ្ចិតជាខាងដើម បេះដូងជាកណ្តាល ចុងច្រមុះជាខាងចុង។
ខាងដើម កណ្តាល ខាងចុងនៃខ្យល់បស្សាសៈខ្យល់ដកដង្ហើមចូល ត្រង់ចុងច្រមុះជាខាងដើមនៃខ្យល់ បេះដូងជាកណ្តាលនៃខ្យល់ ផ្ចិតជាខាងចុងនៃខ្យល់។
កាលបើខ្យល់គ្រោតគ្រាតកើតឡើងពាសពេញក្នុងករជកាយ ត្រូវយោគាវចរតម្កល់ស្មារតី និងញាណត្រង់ចំណុច ៣ មានខាងដើមនៃខ្យល់ជាដើម ឲ្យស្មើល្អ ហើយដកដង្ហើមចេញចូល មិនយូរប៉ុន្មាន កងខ្យល់គ្រោតគ្រាតក៏ស្ងប់រលត់បាត់ទៅ។
កាលបើខ្យល់គ្រោតគ្រាតក្នុងករជកាយទាំងអស់ស្ងប់រម្ងាប់រលត់បាត់ទៅហើយ កាលបើពិនិត្យមើលខ្យល់ក្នុងករជកាយទាំងអស់ នឹងឃើញថា ខ្យល់អស្សាសៈបស្សាសៈ មានសភាពល្អិតៗ ស្តើងៗ ប្រព្រឹត្តឡើងចុះ ទន្ទឹមនឹងខ្យល់អស្សាសៈបស្សាសៈល្អិត ប្រព្រឹត្តឡើងចុះនោះ ភាពត្រជាក់ស្រួលក៏ផ្សាយចេញទៅក្នុងករជកាយបន្តិចម្តងៗ រហូតដល់ពេញករជកាយទាំងមូល មានសភាពត្រជាក់ទាំងអស់ កាលបើភាពត្រជាក់ផ្សាយទៅពេញស៊ប់ក្នុងករជកាយយ៉ាងនេះ សុខវេទនាក៏កើតឡើង ក្នុងខណៈដែលសុខវេទនាកើតឡើង យោគាវចរខ្លះក៏ដល់នូវសេចក្តីរីករាយ ស្រស់ស្រាយសប្បាយចិត្ត រហូតដល់សរសើរប្រាប់ដល់សព្រហ្មចារី ដែលនៅប្រតិបត្តិធម៌ជាមួយគ្នា ហើយក៏ជាប់ចិត្តក្នុងសុខវេទនានោះ ក្នុងបញ្ហាកាលដែលសុខវេទនាកើតឡើងហើយ យោគាវចរបែរជាសរសើរ ហើយជាប់ចិត្តក្នុងសុខវេទនានោះ មកតែអំពីការធ្វើទុកក្នុងចិត្តមិនត្រូវតាមឧបាយនៃបញ្ញាមែនពិត។
ក្នុងសេចក្តីប្រតិបត្តិនេះ កាលបើសុខវេទនាកើតឡើងហើយ ព្រោះការត្រជាក់ស្រួលកើតឡើងក្នុងករជកាយ យោគាវចរ មិនត្រូវជាប់ចិត្តរីករាយក្នុងសុខវេទនានោះទេ គប្បីខំប្រឹងកំណត់នូវក្រុមខ្យល់អស្សាសៈបស្សាសៈដ៏ល្អិតនោះរឿយៗបន្តទៅទៀត ខ្យល់អស្សាសៈបស្សាសៈដ៏ល្អិតដែលជាអារម្មណ៍របស់សតិ និងញាណនោះ ដែលយោគាវចរមានសតិ និងញាណកំណត់ដឹង ចំរើន សេព ធ្វើ ធ្វើឲ្យច្រើនហើយ កាន់តែល្អិតទៅៗ ម៉ត់ទៅៗ រហូតដល់ល្អិតក្រៃពេក មិនដល់នូវការប្រព្រឹត្តឡើងចុះបានមែនពិត។ កាលបើព្រះយោគី បានចំរើននូវខ្យល់អស្សាសៈបស្សាសៈ តាមលំដាប់នៃត្រកូលខ្យល់ទាំង ៤ បានល្អហើយ ត្រូវចំរើននូវកម្មដ្ឋាននោះឲ្យបានស្ទាត់ជំនាញគ្រប់ឥរិយាបថទាំង ៤ គឺ ដេក ដើរ ឈរ អង្គុយថែមទៀត ដើម្បីធ្វើឲ្យស្ទាត់ជំនាញល្អ។
ក្នុងខណៈដែលព្រះយោគីតាមដានខ្យល់អស្សាសៈបស្សាសៈល្អិតនោះរឿយៗទៅ ខ្យល់ល្អិតនោះក៏ដល់នូវការរលត់ទៅ សូន្យទៅ អស់ទៅម្តងៗហើយ កើតឡើងវិញញឹកញយៗ ចិត្តក្នុងខណៈនេះ ក៏ដល់នូវភាពនឹងល្អ ហៅថាសមាធិចិត្តដោយពិត មានអារម្មណ៍តែមួយ។ រីឯសភាពនៃចិត្តក្នុងខណៈដែលមានខ្យល់ល្អិតៗជាអារម្មណ៍ ឬមានខ្យល់អស់សូន្យតាមខណៈៗ ជាអារម្មណ៍ ពេលខ្លះប្រកបដោយសោមនស្សវេទនា ព្រោះមានសេចក្តីសុខកើតឡើង ពេលខ្លះប្រកបដោយឧបេក្ខាវេទនា ជាចិត្តមានសភាពស្មើៗ កណ្តាលៗ ប្រព្រឹត្តទៅព្រងើយកន្តើយ ព្រោះរលត់នូវសុខវេទនា ទុក្ខវេទនា សោមនស្សវេទនា ទោមនស្សវេទនា តែចិត្តប្រកបដោយឧបេក្ខាវេទនា ដែលកើតឡើងនោះ មុនដំបូងជាចិត្តទន់ស្រាល ជាបរិត្តចិត្តកើតឡើង ១ខណៈៗ ផ្សាយទៅហើយរលត់ទៅវិញ។
យោគាវចរដែលបានចម្រើនអានាបានស្សតិសមាធិ បានសម្រេចនូវចិត្តមានសភាពជាឧបេក្ខា ត្រូវហាត់បង្វឹកធ្វើចិត្តជាឧបេក្ខាឲ្យបានចាស់ក្លារឹងមាំដោយវសីទាំង ៥។
(បឋមវិបស្សនា សំ ប៊ុនធឿន កេតុធម្មោ)
សូមអនុមោទនា !!!