សិក្ខាបទ៦

សិក្ខាបទ ៦ គឺព្រះមានព្រះភាគ ទ្រង់បញ្ញត្តដល់ភិក្ខុសាមណេរ ព្រោះការចិញ្ចឹមជីវិត។

១. ភិក្ខុមានសេចក្តីប្រាថ្នាលាមក ឲ្យសេចក្តីប្រាថ្នាគ្របសង្កត់បាន ហើយពោលអួត​នូវ​ឧត្តរិមនុស្សធម្ម គឺមហគ្គតធម៌ និងលោកុត្តរធម៌ ដែលមិនមានក្នុងខ្លួន ព្រោះ​ហេតុតែ​ការ​ចិញ្ចឹម​​ជីវិត ត្រូវអាបត្តិបារាជិក។

២. ភិក្ខុដល់នូវភាពជាអ្នកត្រេកអរ ប្រព្រឹត្តទៅក្នុងចន្លោះស្ត្រី និងបុរស ប្រាប់នូវ​សេចក្តី​ត្រូវ​ការ​​របស់​បុរសដល់ស្ត្រី ឬប្រាប់នូវសេចក្តីត្រូវការរបស់ស្ត្រីដល់បុរស ដឹកនាំបុរស និង​ស្ត្រី​ឲ្យ​បាន​គ្នាជា​ប្តីប្រពន្ធ ព្រោះហេតុតែការចិញ្ចឹមជីវិត ត្រូវអាបត្តិសង្ឃាទិសេស។

៣. ភិក្ខុពោលអួតឧត្តរិមនុស្សធម្មមិនចំៗ តែបញ្ឆិតបញ្ឆៀងមកដាក់ខ្លួនថា មើលតែភិក្ខុ​អង្គ​ណា ដែលនៅក្នុងវិហាររបស់អ្នក ភិក្ខុអង្គុយនោះជាព្រះអរហន្តហើយ ពោលអួតដូច្នេះ ព្រោះ​ហេតុ​តែការចិញ្ចឹមជីវិត ត្រូវអាបត្តិថុល្លច្ច័យ។

៤. ភិក្ខុគ្មានជម្ងឺ សូមបណីតភោជនទាំងឡាយ ដើម្បីប្រយោជន៍នៃខ្លួន ហើយឆាន់ ព្រោះ​ហេតុ​​តែ​ការចិញ្ចឹមជីវិត ត្រូវអាបត្តិបាចិត្តិយ។

៥. ភិក្ខុនីគ្មានជម្ងឺ សូមបណីតភោជនទាំងឡាយ ដើម្បីប្រយោជន៍នៃខ្លួន ហើយឆាន់ ព្រោះ​ហេតុ​​​តែការចិញ្ចឹមជីវិត ត្រូវអាបត្តិបាដិទេសនីយ។

៦. ភិក្ខុគ្មានជម្ងឺ សូមសម្លក្តី បាយក្តី ដើម្បីប្រយោជន៍នៃខ្លួន ហើយឆាន់ ព្រោះហេតុ​តែការ​ចិញ្ចឹម​​ជីវិត ត្រូវអាបត្តិទុក្កដ។

(បឋមវិបស្សនា ព្រះកេតុធម្មោ សំ ប៊ុនធឿន)

សូមអនុមោទនា !!!

Oben-pfeil