អាហារេបដិកូលសញ្ញា

អាហារ ៤ យ៉ាង​គឺ​ កពឡិង្ការាហារ ផស្សាហារ មនោសញ្ចេតនាហារ វិញ្ញាណាហារ។

១. កពឡិង្ការាហារ អាហារ​គួរធ្វើ​ឲ្យជាពំនូត គ្រោតគ្រាតក្តី ល្អិតក្តី។ បានដល់បាយ ​និង​នំ ជាដើម តែង​នាំមកនូវឱជដ្ឋមករូប។

២. ផស្សាហារ បានដល់​ផស្សៈ​ទាំង ៦ មានចក្ខុ​សម្ផស្សជាដើម តែងនាំមក​នូវវេទនា​ទាំង៣​។

៣. មនោសញ្ចេតនាហារ បានដល់កុសលាកុសលចេតនា ​ដែល​អាស្រ័យ​នឹងចិត្ត ចេតនា​​នោះ ចែកទៅជា ៣ ​គឺ ​បុញ្ញាភិសង្ខារ ១ អបុញ្ញាភិសង្ខារ ១ អនេញ្ជាភិសង្ខារ ១ តែងនាំ​មកនូវ​បដិសន្ធិក្នុងភព​ទាំង ​៣។

៤. វិញ្ញាណាហារ បានដល់វិញ្ញាណក្ខន្ធ ​គឺ​ចិត្តតែងនាំមកនូវនាមរូប ក្នុងខណៈ​នៃ​បដិសន្ធិ​។ (បិ. ១៩, ឃ. ១១៥)

បដិកូលដោយអាការៈ ១០យ៉ាង

ក្នុងទីនេះ សំដៅយកតែកពឡិង្ការាហារប៉ុណ្ណោះ។

១. គមនតោ បដិកូលដោយដំណើរ។ គប្បីពិចារណាថា អាហារនោះ ជាបដិកូល (គួរខ្ពើម) តាំង​អំពីចុះចាកទីសេនាសនៈ ទៅកាន់ស្រុកជាទីគោចរ ដើរកាត់ភក់​ជ្រាំ ជាន់លើវត្ថុ​មិន​ស្អាតផ្សេងៗ។

២. បរិយេសនតោ បដិកូលដោយការស្វែងរក។ គប្បីពិចារណាថា អាហារនោះ ជា​បដិកូល ព្រោះដើរស្វែងរកសព្វច្រកល្ហក បានខ្លះ មិនមិនបានខ្លះ ឆ្កែដេញខ្លះ អ្នកស្រុក​ប្រើ​សំដី​ទ្រគោះ​បោះបោកផ្សេងៗ ជាដើម។

៣. បរិភោគតោ បដិកូលដោយការបរិភោគ។ គប្បីពិចារណាថា អាហារនោះ ជាបដិកូល គួរខ្ពើម ព្រោះត្រូវចាប់កាន់ដោយម្រាមដៃ ជាប់ដោយញើសក្អែល។ វេលាដាក់ចូល​ក្នុងមាត់ ក៏ច្របល់លាយគ្នា ទំពារលាយឡំនឹងកំអែរធ្មេញ និងទឹកមាត់ មាន​សណ្ឋាន​ដូច​ជាកំអួតឆ្កែ គួរឲ្យខ្ពើមក្រៃពេក។

៤. អាសយតោ បដិកូលដោយទីអាស្រ័យ។ ទីអាស្រ័យមាន ៤ គឺ បិត្តាសយ ទីអាស្រ័យ​របស់ប្រមាត់ ១ សេម្ហាសយ ទីអាស្រ័យរបស់ស្លេស្ម ១ បញ្វសយ ទីអាស្រ័យរបស់ខ្ទុះ ១ លោហិតាសយ ទីអាស្រ័យរបស់ឈាម ១ ក្នុងអាសយទាំង​ ៤នេះ ព្រះពុទ្ធ ព្រះបច្ចេកពុទ្ធ ស្តេចចក្រពត្តិ មានមួយៗ ឯបុគ្គលដែលមានបុណ្យ​តិច មានប្រាជ្ញាទន់ មានអាសយ​នេះ​គ្រប់​ទាំង ៤។ បុគ្គលណា ដែលមានទីអាស្រ័យរបស់ប្រមាត់ច្រើន អាហារ​ដែល​បុគ្គល​នោះ​​លេប​ចូលទៅ ដូចជាប្រឡាក់ដោយប្រេងស្រគំយ៉ាងខាប់ គួរខ្ពើមក្រៃពេក។ បុគ្គល​ដែលមាន​ទី​អាស្រ័យរបស់ស្លេស្មច្រើន ដូចជាប្រឡាក់​ដោយ​រស​នៃផ្លែខ្ជឹង ឬស្លឹកខ្ជឹង បុគ្គល​​ដែល​មានទី​អាស្រ័យរបស់ខ្ទុះច្រើន ដូចជាប្រឡាក់​ដោយ​តក្កផ្អូម (ទឹកដោះជូរឡើង​ពពុះ) បុគ្គលដែល​មានទីអាស្រ័យរបស់ឈាមច្រើន ដូច​ជា​ប្រឡាក់​ដោយទឹកជ្រលក់ គួរខ្ពើម​ក្រៃពេក។ យោគី គប្បីពិចារណាថា អាហារ ជាបដិកូល គួរខ្ពើម ដោយទីអាស្រ័យ ដូចន័យ​ពោល​មក​នេះ។

៥. និធានតោ បដិកូលដោយកន្លែងដែលតម្កល់នៅក្នុងផ្ទៃ។ ព្រះយោគី គប្បីពិចារណាថា អាហារដែលប្រឡាក់ដោយអាសយទាំង ៤ ណាមួយ ហើយចូល​ទៅកាន់​ផ្ទៃនោះ មិន​មែន​នៅក្នុងភាជន៍មាសជាដើមឡើយ គឺបើបុគ្គលលេបចូលទៅ អាហារនោះ ក៏ទៅ​តម្កល់នៅ​ក្នុង​ឱកាសប្រាកដស្មើដោយរណ្តៅលាមក ដែលគេមិនដែលលាងសម្អាតអស់កាលដ៏យូរ គឺ​ស្មើ​នឹងអាយុរបស់បុគ្គលនោះ។

៦. អបរិបក្កតោ បដិកូលដោយភាពដែលមិនទាន់រលួយ គឺគប្បីពិចារណាថា អាហារ​ដែល​លេបចូលទៅហើយ សូម្បីទើបបរិភោគក្នុងថ្ងៃនោះក្តី ក្នុងថ្ងៃម្សិលមិញក្តី ក្នុងថ្ងៃមុនៗ​ក្តី ក៏​ទៅផ្តុំគ្នា រួបរឹតដោយដុំស្លេស្ម ដុតកំដៅដោយភ្លើងធាតុ បែកទៅជា​ពពុះតូចធំ អាប់​អួរ​ដោយ​ក្លិនអសុភផ្សេងៗ គួរខ្ពើមក្រៃពេក។

៧. បរិបក្កតោ បដិកូលដោយភាពដែលរលួយហើយ។ ពិចារណាថា អាហារដែលភ្លើង​ធាតុ​ក្នុង​កាយដុតកំដៅឲ្យរលួយហើយនោះ មិនមែនក្លាយទៅជាមាសជាដើមឡើយ គ្រាន់​តែ​បញ្ចេញ​នូវពពុះ និងក្រពេញតូចធំ មួយផ្នែកដែលដល់នូវភាពជា​អាហារចាស់ ក៏ចូល​ទៅ​​តម្កល់​នៅក្នុងទីលំនៅនៃអាហារចាស់ ប្រៀបដូចដីស្អិត​ មាន​ពណ៌លឿង ដែល​គេកិន​ឲ្យ​ជ្រាយ ហើយដាក់ចុះទៅក្នុងបំពង់ មួយផ្នែកដែលដល់នូវភាព​ជា​ទឹកមូត្រ ក៏ជ្រាប​ចូល​ទៅ​ដក់​នៅ​ក្នុងផ្លោកមូត្រ ដែលគួរខ្ពើមក្រៃពេក។

៨. ផលតោ បដិកូលដោយផល គឺគប្បីពិចារណាថា អាហារណាដែលរលួយទៅ​ដោយល្អ ក៏ញុំាងសាកអសុភទាំងឡាយ មានសក់ រោម ជាដើម ឲ្យចំរើន​ឡើង អាហារ​ណាដែល​មិន​រលួយ​ល្អ ក៏បណ្តាលឲ្យកើតជារោគច្រើនប្រការ មានកម រមាស់ជាដើម។

៩. និស្សន្ទតោ បដិកូលដោយការហូរចេញ គឺពិចារណាថា អាហារនេះ កាលដែល​លេប​ចូលទៅ គឺទៅតាមតែទ្វារ ១ វេលាហូរចេញមកវិញ គឺហូរតាមទ្វារច្រើន គឺហូរតាម​ភ្នែកខ្លះ ហៅ​ថាពពិកភ្នែក ហូរតាមត្រចៀកខ្លះ ហៅថា អាចម៍ត្រចៀកជាដើម។ ពិចារណា​ម្យ៉ាង​ទៀត​ថា អាហារនេះ កាលដែលលេបចូល បបួលគ្នា​ច្រើន​មកជួបជុំ​បរិភោគសប្បាយ វេលា​​ក្លាយ​ជាឧច្ចារៈ និងបស្សាវៈ ក៏ទៅពួនសម្ងំ​បញ្ចេញ​ម្នាក់ឯង​ក្នុងទីស្ងាត់ គួរអៀនខ្មាស​ក្រៃពេក។

១០. សម្មក្ខនតោ បដិកូលដោយប្រឡាក់ប្រឡូស។ ពិចារណាថា អាហារនេះ កាលដែល​បរិភោគ ក៏ប្រឡាក់ដៃ និងបបូរមាត់ជាដើម ដល់បរិភោគរួចហើយ ភ្លើងធាតុក្នុង​កាយ ផាត់​ច្រានទៅសព្វសរីរៈទាំងមូល ក៏ត្រូវប្រឡាក់នៅត្រង់ធ្មេញ ត្រង់អណ្តាត ទ្វារតូច ទ្វារធំ​ជាដើម ដែល​គួរឲ្យខ្ពើមក្រៃពេក។

(ពិស្តារ បឋមវិបស្សនា ព្រះកេតុធម្មោ សំ ប៊ុនធឿន)

សូមអនុមោទនា !!!

Oben-pfeil