ចុល្លវគ្គ ទុតិយភាគ

ភាគទី១០

សមថក្ខន្ធកៈ ខុទ្ទកវត្ថុក្ខន្ធកៈ និងសេនាសនក្ខន្ធកៈ

សមថក្ខន្ធកៈ

[១] សម័យនោះ ព្រះសម្មាសម្ពុទ្ធមានព្រះភាគ ទ្រង់គង់​នៅក្នុងវត្តជេតវន របស់​អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុ តែង​ធ្វើ​កម្ម​ទាំងឡាយ គឺ​តជ្ជនីយកម្ម​ខ្លះ និយស្សកម្ម​ខ្លះ បព្វាជនីយកម្មខ្លះ បដិសារណីយកម្មខ្លះ ឧក្ខេបនីយកម្ម​ខ្លះ ដល់​​ភិក្ខុ​ទាំងឡាយ ដែល​មិនមាន​ក្នុងទី​ចំពោះ​មុខ។ ភិក្ខុ​ទាំងឡាយ​ណា ជាអ្នក​ប្រាថ្នាតិច។បេ។ ភិក្ខុ​​ទាំង​​នោះ ក៏ពោល​ទោស តិះដៀល បន្តុះបង្អាប់​ថា ពួកឆព្វគ្គិយ​ភិក្ខុ មិនសម​បើនឹង​ធ្វើកម្ម​​ទាំង​ឡាយ គឺ​តជ្ជនីយកម្ម​ខ្លះ និយស្សកម្ម​ខ្លះ បព្វាជនីយកម្ម​ខ្លះ បដិសារណីយកម្ម​ខ្លះ ឧក្ខេបនីយកម្ម​​ខ្លះ ដល់​ភិក្ខុ​ទាំងឡាយ ដែល​មិនមាន​ក្នុងទី​ចំពោះ​មុខសោះ។ គ្រានោះ ភិក្ខុ​ទាំង​នោះ ក្រាបបង្គំ​​ទូល​​​សេចក្តី​នុ៎ះ ចំពោះ​ព្រះដ៏មានព្រះភាគ។បេ។ ព្រះអង្គ​ទ្រង់​ត្រាស់​សួរថា នែភិក្ខុ​ទាំងឡាយ ឮថា ពួក​ឆព្វគ្គិយភិក្ខុ តែង​ធ្វើកម្ម​ទាំងឡាយ គឺ​តជ្ជនីយកម្ម​ខ្លះ និយស្សកម្ម​ខ្លះ បព្វាជនីយកម្ម​ខ្លះ បដិសារណីយ​កម្មខ្លះ ឧក្ខេបនីយ​កម្មខ្លះ ដល់​ភិក្ខុ​ទាំងឡាយ ដែល​មិនមាន​ក្នុង​ទី​ចំពោះ​មុខ ពិតមែន​ឬ។ ភិក្ខុ​ទាំងឡាយ ក្រាបបង្គំ​ទូលថា បពិត្រ​ព្រះមាន​ព្រះភាគ ពិត​មែន។ ព្រះពុទ្ធ​មាន​​ព្រះភាគ ទ្រង់​តិះដៀល​ថា ម្នាលភិក្ខុ​ទាំងឡាយ អំពើ​របស់​មោឃបុរស​ទាំង​នោះ មិន​សមគួរ មិនត្រូវ​ទំនង មិនត្រូវ​បែបផែន មិនមែន​ជារបស់​សមណៈ មិន​គប្បី មិនគួរ​​ធ្វើទេ ម្នាលភិក្ខុ​​ទាំង​ឡាយ មោឃបុរស​ទាំងនោះ មិនសមបើ​នឹងធ្វើ​កម្មទាំង​ឡាយ គឺ​តជ្ជនីយកម្ម​ខ្លះ និយស្សកម្ម​ខ្លះ បព្វាជនីយ​កម្មខ្លះ បដិសារណីយ​កម្មខ្លះ ឧក្ខេបនីយ​កម្មខ្លះ ដល់​ភិក្ខុ​ទាំងឡាយ ដែលមិន​មាន​ក្នុង​​ទីចំពោះ​មុខទេ ម្នាល​ភិក្ខុ​ទាំងឡាយ អំពើនេះ​ មិនមែន​នាំឲ្យ​ជ្រះថ្លា ដល់​ពួក​ជន ដែល​មិនទាន់​​ជ្រះ​ថ្លា។បេ។ លុះទ្រង់​តិះដៀល​​ហើយ ទ្រង់ធ្វើ​ធម្មីកថា ត្រាស់​ហៅភិក្ខុ​ទាំងឡាយ​​មកថា ម្នាលភិក្ខុ​​ទាំងឡាយ ភិក្ខុមិន​ត្រូវធ្វើ​​តជ្ជនីយកម្ម​ខ្លះ និយស្សកម្ម​ខ្លះ បព្វាជនីយកម្ម​ខ្លះ បដិសារណីយ​កម្មខ្លះ ឧក្ខេបនីយកម្ម​ខ្លះ ដល់​ភិក្ខុ​ទាំងឡាយ ដែល​មិនមាន​ក្នុងទី​ចំពោះ​មុខទេ ភិក្ខុណា​ធ្វើ ត្រូវ​អាបត្តិ​ទុក្កដ។

[២] (បទមាតិកាទាំង៦) គឺ បុគ្គល ជាអធម្មវាទី (អ្នកពោលមិនត្រូវធម៌)១ ភិក្ខុទាំងឡាយ​ច្រើន [សំដៅយកភិក្ខុ២.៣រូប បើនឹងហៅថា គណៈវិញ ក៏បាន ចំណែកភិក្ខុតែមួយរូប បាលី​ហៅថា បុគ្គល តាំងពី ​៤រូប​ឡើងទៅ ហៅថាសង្ឃ។] ជា​អធម្មវាទី ១ សង្ឃជា​អធម្មវាទី ១ បុគ្គល​ជា​ធម្មវាទី (អ្នកពោល​ត្រូវធម៌) ១ ភិក្ខុ​ទាំងឡាយ​ច្រើន ជាធម្មវាទី ១ សង្ឃជាធម្មវាទី ១។

[៣] បុគ្គលជាអធម្មវាទី ញុំាងបុគ្គលជាធម្មវាទី ឲ្យកត់សំគាល់ ឲ្យពិចារណា ឲ្យពិនិត្យ ឲ្យ​ពិនិត្យរឿយៗ ឲ្យឃើញ ឲ្យឃើញរឿយៗថា នេះធម៌ នេះវិន័យ នេះ​​ពាក្យ​​ប្រដៅ​​របស់​ព្រះសាស្តា អ្នកចូរកាន់យកពាក្យនេះចុះ ចូរគាប់ចិត្តនឹងពាក្យនេះចុះ ដូច្នេះ បើ​អធិករណ៍​នោះ រម្ងាប់​យ៉ាង​នេះ ឈ្មោះថា រម្ងាប់ដោយមិនត្រូវតាមធម៌ ជាសម្មុខាវិន័យប្លម គឺគ្រាន់​តែប្រហែល​គ្នា នឹងសម្មុខា​វិន័យ។ បុគ្គលជាអធម្មវាទី ញុំាង​ភិក្ខុទាំងឡាយច្រើន ជាធម្មវាទី ឲ្យកត់សំគាល់ ឲ្យពិចារណា ឲ្យពិនិត្យ ឲ្យ​ពិនិត្យរឿយៗ ឲ្យឃើញ ឲ្យឃើញរឿយៗថា នេះធម៌ នេះវិន័យ នេះ​ពាក្យ​ប្រដៅ របស់​ព្រះសាស្តា អ្នកទាំងឡាយ ចូរ​កាន់​យក​ពាក្យ​នេះចុះ ចូរពេញ​​ចិត្តនឹង​​ពាក្យ​នេះចុះ ដូច្នេះ បើ​អធិករណ៍​នោះ រម្ងាប់​យ៉ាង​នេះ ឈ្មោះថា រម្ងាប់​ដោយមិន​ត្រូវតាម​ធម៌ គ្រាន់​តែ​ប្រហែល​គ្នា នឹង​សម្មុខា​វិន័យ។ បុគ្គល​ជា​អធម្មវាទី ញុំាងសង្ឃ ជាធម្មវាទី ឲ្យកត់​សំគាល់ ឲ្យ​ពិចារណា ឲ្យពិនិត្យ ឲ្យ​ពិនិត្យ​រឿយៗ ឲ្យឃើញ ឲ្យឃើញ​រឿយៗថា នេះធម៌ នេះវិន័យ នេះ​ពាក្យ​ប្រដៅ របស់​​​ព្រះសាស្តា អ្នកចូរ​កាន់​យក​ពាក្យ​នេះ​ចុះ ចូរពេញ​ចិត្តនឹង​ពាក្យនេះចុះ ដូច្នេះ បើ​អធិករណ៍​​នោះ រម្ងាប់​យ៉ាង​នេះ ឈ្មោះថា រម្ងាប់​ដោយ​មិន​ត្រូវ​តាម​ធម៌ គឺគ្រាន់​តែ​ប្រហែល​គ្នា នឹង​សម្មុខា​វិន័យ។ ភិក្ខុទាំងឡាយ​ច្រើន ជាអធម្មវាទី ញុំាងបុគ្គល​ជាធម្មវាទី ឲ្យកត់​សំគាល់ ឲ្យពិចារណា ឲ្យពិនិត្យ ឲ្យ​ពិនិត្យរឿយៗ ឲ្យឃើញ ឲ្យឃើញរឿយៗថា នេះធម៌ នេះ​វិន័យ នេះពាក្យ​ប្រដៅ របស់ព្រះសាស្តា អ្នកចូរ​កាន់យក​ពាក្យនេះចុះ ចូរពេញ​ចិត្តនឹង​ពាក្យនេះចុះ ដូច្នេះ បើអធិករណ៍​នោះ រម្ងាប់យ៉ាង​នេះ ឈ្មោះថា រម្ងាប់ដោយមិនត្រូវតាមធម៌ គ្រាន់តែ​ប្រហែល​គ្នា នឹងសម្មុខា​វិន័យ។ ភិក្ខុទាំង​ឡាយច្រើន ជាអធម្មវាទី ញុំាង​ភិក្ខុ​ទាំងឡាយ​ច្រើន ជាធម្មវាទី ឲ្យកត់សំគាល់ ឲ្យពិចារណា ឲ្យពិនិត្យ ឲ្យ​ពិនិត្យរឿយៗ ឲ្យឃើញ ឲ្យឃើញ​រឿយៗថា នេះធម៌ នេះវិន័យ នេះពាក្យ​ប្រដៅ របស់​​ព្រះសាស្តា អ្នកទាំងឡាយ ចូរកាន់​យក​ពាក្យ​នេះចុះ ចូរពេញចិត្ត​នឹង​​ពាក្យ​នេះ​ចុះ ដូច្នេះ បើអធិករណ៍​រម្ងាប់យ៉ាង​នេះ ឈ្មោះថា រម្ងាប់​ដោយមិនត្រូវតាមធម៌ គ្រាន់​តែ​ប្រហែលគ្នា នឹងសម្មុខា​វិន័យ។ ភិក្ខុ​ទាំងឡាយ​ច្រើន ជា​អធម្មវាទី ញុំាងសង្ឃ ជាធម្មវាទី ឲ្យកត់​សំគាល់ ឲ្យពិចារណា ឲ្យ​ពិនិត្យ ឲ្យ​ពិនិត្យរឿយៗ ឲ្យឃើញ ឲ្យឃើញរឿយៗថា នេះធម៌ នេះវិន័យ នេះពាក្យប្រដៅ របស់​ព្រះសាស្តា អ្នកចូរកាន់​យក​ពាក្យនេះចុះ ចូរពេញចិត្តនឹងពាក្យនេះចុះ ដូច្នេះ បើ​អធិករណ៍​នោះ រម្ងាប់យ៉ាង​នេះ ឈ្មោះថា រម្ងាប់ដោយ​មិនត្រូវ​តាមធម៌ គ្រាន់តែ​ប្រហែល​គ្នា នឹងសម្មុខា​វិន័យ។ សង្ឃ ជាអធម្មវាទី ញុំាងបុគ្គល​ជាធម្មវាទី ឲ្យកត់សំគាល់ ឲ្យ​ពិចារណា ឲ្យពិនិត្យ ឲ្យ​ពិនិត្យរឿយៗ ឲ្យឃើញ ឲ្យឃើញរឿយៗថា នេះធម៌ នេះវិន័យ នេះពាក្យប្រដៅ របស់​ព្រះសាស្តា អ្នកចូរកាន់យកពាក្យនេះចុះ ចូរពេញ​ចិត្តនឹងពាក្យ​នេះចុះ ដូច្នេះ បើអធិករណ៍​នោះ រម្ងាប់យ៉ាង​នេះ ឈ្មោះថា រម្ងាប់ដោយមិនត្រូវតាមធម៌ គ្រាន់តែប្រហែលគ្នា នឹងសម្មុខា​វិន័យ។ សង្ឃ ជាអធម្មវាទី ញុំាង​ភិក្ខុច្រើន ជាធម្មវាទី ឲ្យកត់សំគាល់ ឲ្យពិចារណា ឲ្យពិនិត្យ ឲ្យ​ពិនិត្យរឿយៗ ឲ្យឃើញ ឲ្យឃើញរឿយៗថា នេះធម៌ នេះវិន័យ នេះពាក្យប្រដៅ របស់​ព្រះសាស្តា អ្នក​ទាំងឡាយ ចូរកាន់យក​ពាក្យនេះ​ចុះ ចូរពេញចិត្តនឹងពាក្យនេះចុះ ដូច្នេះ បើអធិករណ៍នោះ រម្ងាប់​យ៉ាង​នេះ ឈ្មោះថា រម្ងាប់ដោយមិនត្រូវតាមធម៌ គ្រាន់តែប្រហែលគ្នា នឹងសម្មុខា​វិន័យ។ សង្ឃ ជាអធម្មវាទី ញុំាងសង្ឃ ជាធម្មវាទី ឲ្យកត់សំគាល់ ឲ្យពិចារណា ឲ្យ​ពិនិត្យ ឲ្យ​ពិនិត្យ​រឿយៗ ឲ្យឃើញ ឲ្យឃើញ​រឿយៗថា នេះធម៌ នេះវិន័យ នេះពាក្យប្រដៅ របស់​ព្រះសាស្តា អ្នកចូរ​កាន់យក​ពាក្យនេះចុះ ចូរពេញចិត្ត​នឹងពាក្យ​នេះចុះ ដូច្នេះ បើ​អធិករណ៍​នោះ រម្ងាប់យ៉ាង​នេះ ឈ្មោះ​ថា រម្ងាប់​ដោយមិន​ត្រូវតាម​ធម៌ គ្រាន់តែ​ប្រហែល​គ្នា នឹងសម្មុខា​វិន័យ។

ចប់ កណ្ហបក្ខ មានចំនួន៩។

[៤] បុគ្គលជាធម្មវាទី ញុំាងបុគ្គលជាអធម្មវាទី ឲ្យកត់សំគាល់ ឲ្យពិចារណា ឲ្យពិនិត្យ ឲ្យ​ពិនិត្យរឿយៗ ឲ្យឃើញ ឲ្យឃើញរឿយៗថា នេះធម៌ នេះវិន័យ នេះពាក្យប្រដៅ របស់​ព្រះសាស្តា អ្នកចូរកាន់យកពាក្យនេះចុះ ចូរពេញចិត្តនឹងពាក្យនេះចុះ ដូច្នេះ បើអធិករណ៍​នោះ រម្ងាប់យ៉ាង​នេះ ឈ្មោះថា រម្ងាប់ដោយធម៌ ដោយសម្មុខាវិន័យ។ បុគ្គលជាធម្មវាទី ញុំាង​ភិក្ខុទាំងឡាយច្រើន ជាអធម្មវាទី ឲ្យកត់សំគាល់ ឲ្យពិចារណា ឲ្យពិនិត្យ ឲ្យ​ពិនិត្យរឿយៗ ឲ្យឃើញ ឲ្យឃើញរឿយៗថា នេះធម៌ នេះវិន័យ នេះពាក្យប្រដៅ របស់​ព្រះសាស្តា អ្នកទាំងឡាយ ចូរកាន់យកពាក្យនេះចុះ ចូរ​ពេញចិត្តនឹងពាក្យនេះចុះ ដូច្នេះ បើអធិករណ៍នោះ រម្ងាប់យ៉ាង​នេះ ឈ្មោះថា រម្ងាប់ដោយធម៌ ដោយសម្មុខា​វិន័យ។ បុគ្គលជាធម្មវាទី ញុំាងសង្ឃ ជាអធម្មវាទី ឲ្យកត់សំគាល់ ឲ្យពិចារណា ឲ្យពិនិត្យ ឲ្យ​ពិនិត្យរឿយៗ ឲ្យឃើញ ឲ្យឃើញរឿយៗថា នេះធម៌ នេះវិន័យ នេះពាក្យប្រដៅ របស់​ព្រះសាស្តា អ្នកចូរកាន់យកពាក្យនេះចុះ ចូរពេញចិត្តនឹងពាក្យនេះចុះ ដូច្នេះ បើអធិករណ៍​នោះ រម្ងាប់យ៉ាង​នេះ ឈ្មោះថា រម្ងាប់ដោយធម៌ ដោយសម្មុខា​វិន័យ។ ភិក្ខុទាំងឡាយច្រើន ជា​ធម្មវាទី ញុំាងបុគ្គលជាអធម្មវាទី ឲ្យកត់សំគាល់ ឲ្យពិចារណា ឲ្យពិនិត្យ ឲ្យ​ពិនិត្យ​រឿយៗ ឲ្យ​ឃើញ ឲ្យឃើញរឿយៗថា នេះធម៌ នេះវិន័យ នេះពាក្យប្រដៅ របស់ព្រះសាស្តា អ្នកចូរ​កាន់​យក​ពាក្យ​នេះចុះ ចូរពេញចិត្តនឹងពាក្យនេះចុះ ដូច្នេះ បើអធិករណ៍​នោះ រម្ងាប់យ៉ាង​នេះ ឈ្មោះថា រម្ងាប់ដោយធម៌ ដោយសម្មុខា​វិន័យ។ ភិក្ខុទាំងឡាយច្រើន ជាធម្មវាទី ញុំាង​ភិក្ខុច្រើន ជាអធម្មវាទី ឲ្យកត់សំគាល់ ឲ្យពិចារណា ឲ្យពិនិត្យ ឲ្យ​ពិនិត្យរឿយៗ ឲ្យឃើញ ឲ្យឃើញរឿយៗថា នេះធម៌ នេះវិន័យ នេះពាក្យប្រដៅ របស់​ព្រះសាស្តា អ្នកទាំងឡាយ ចូរកាន់យកពាក្យនេះចុះ ចូរពេញចិត្ត​នឹង​ពាក្យ​នេះ​ចុះ ដូច្នេះ បើអធិករណ៍នោះ រម្ងាប់យ៉ាង​នេះ ឈ្មោះថា រម្ងាប់ដោយធម៌ ដោយសម្មុខា​វិន័យ។ ភិក្ខុ​ទាំងឡាយច្រើន ជាធម្មវាទី ញុំាងសង្ឃ ជាអធម្មវាទី ឲ្យកត់​សំគាល់ ឲ្យពិចារណា ឲ្យពិនិត្យ ឲ្យ​ពិនិត្យរឿយៗ ឲ្យឃើញ ឲ្យឃើញរឿយៗថា នេះធម៌ នេះវិន័យ នេះ​ពាក្យ​ប្រដៅ របស់​ព្រះសាស្តា អ្នកចូរកាន់យកពាក្យនេះចុះ ចូរពេញចិត្តនឹងពាក្យនេះចុះ ដូច្នេះ បើអធិករណ៍​នោះ រម្ងាប់យ៉ាង​នេះ ឈ្មោះថា រម្ងាប់ដោយធម៌ ដោយសម្មុខា​វិន័យ។ សង្ឃ ជាធម្មវាទី ញុំាងបុគ្គលជាអធម្មវាទី ឲ្យកត់សំគាល់ ឲ្យពិចារណា ឲ្យពិនិត្យ ឲ្យ​ពិនិត្យរឿយៗ ឲ្យឃើញ ឲ្យឃើញរឿយៗថា នេះធម៌ នេះវិន័យ នេះពាក្យប្រដៅ របស់​ព្រះសាស្តា អ្នកចូរកាន់​យកពាក្យនេះចុះ ចូរពេញចិត្តនឹងពាក្យនេះចុះ ដូច្នេះ បើអធិករណ៍​នោះ រម្ងាប់យ៉ាង​នេះ ឈ្មោះថា រម្ងាប់ដោយធម៌ ដោយសម្មុខា​វិន័យ។ សង្ឃ ជាធម្មវាទី ញុំាង​ភិក្ខុទាំងឡាយច្រើន ជាអធម្មវាទី ឲ្យកត់សំគាល់ ឲ្យពិចារណា ឲ្យពិនិត្យ ឲ្យ​ពិនិត្យរឿយៗ ឲ្យឃើញ ឲ្យឃើញរឿយៗថា នេះធម៌ នេះវិន័យ នេះពាក្យប្រដៅ របស់​ព្រះសាស្តា អ្នកទាំងឡាយ ចូរកាន់យកពាក្យនេះចុះ ចូរពេញចិត្តនឹងពាក្យនេះចុះ ដូច្នេះ បើអធិករណ៍នោះ រម្ងាប់យ៉ាង​នេះ ឈ្មោះថា រម្ងាប់ដោយធម៌ ដោយសម្មុខា​វិន័យ។ សង្ឃ ជាធម្មវាទី ញុំាងសង្ឃ ជាអធម្មវាទី ឲ្យកត់សំគាល់ ឲ្យពិចារណា ឲ្យ​ពិនិត្យ ឲ្យ​ពិនិត្យ​រឿយៗ ឲ្យឃើញ ឲ្យឃើញរឿយៗថា នេះធម៌ នេះវិន័យ នេះពាក្យប្រដៅ របស់​ព្រះសាស្តា អ្នកចូរកាន់យកពាក្យនេះចុះ ចូរពេញចិត្តនឹងពាក្យនេះចុះ ដូច្នេះ បើអធិករណ៍​នោះ រម្ងាប់យ៉ាង​នេះ ឈ្មោះថា រម្ងាប់ដោយធម៌ ដោយសម្មុខា​វិន័យដូច្នេះ។

ចប់ សុក្កបក្ខ មានចំនួន៩។

[៥] សម័យនោះ ព្រះសម្មាសម្ពុទ្ធមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តវេឡុវ័ន ជា​កលន្ទក​និវាបស្ថាន ទៀបក្រុងរាជគ្រឹះ។ សម័យនោះឯង ព្រះទព្វមល្លបុត្តដ៏មានអាយុ បានធ្វើ​ឲ្យជាក់​ច្បាស់ នូវអរហត្តផល តាំងអំពីកើតមកបាន៧ឆ្នាំ ថែមទាំងគុណជាតណាមួយ ដែល សាវ័កត្រូវដល់ គុណជាតនោះ លោកក៏បានដល់ ដោយលំដាប់សព្វគ្រប់ហើយ កិច្ចអ្វីមួយ ដែល​លោក​គប្បីធ្វើតទៅទៀត ឬការសន្សំនូវកិច្ចដែលធ្វើរួចហើយ ក៏មិនមាន​ដល់​លោក។

[៦] លំដាប់នោះ ព្រះទព្វមល្លបុត្តដ៏មានអាយុ ទៅកាន់ទីស្ងាត់ សម្ងំនៅស្ងប់ស្ងៀមតែម្នាក់​ឯង ហើយមានចិត្តត្រិះរិះកើតឡើង យ៉ាងនេះថា អាត្មាអញ បានធ្វើឲ្យជាក់ច្បាស់ នូវ​អរហត្តផល តាំងពីកើតមកបាន៧ឆ្នាំ គុណជាតណានីមួយ ដែលសាវ័កត្រូវដល់ អាត្មា​អញ ក៏បានដល់ នូវ​គុណជាត​នោះ ដោយលំដាប់សព្វគ្រប់ហើយ មួយទៀត កិច្ចអ្វីមួយ ដែលអាត្មាអញ ត្រូវធ្វើ​តទៅ​ទៀត ឬការសន្សំនូវកិច្ចដែលធ្វើរួចហើយ ក៏មិនមានដល់​អាត្មាអញ (បើដូច្នោះ) គួរអាត្មាអញ ធ្វើ​ការ​ខ្វល់ខ្វាយបម្រើដល់សង្ឃដូចម្តេចហ្ន៎។ គ្រា​នោះ ព្រះទព្វមល្លបុត្តមានអាយុ បានត្រិះរិះដូច្នេះ​ថា បើដូច្នោះ មានតែអាត្មាអញ ត្រូវរៀបចំសេនាសនៈផង ត្រូវចាត់ចែងចង្ហាន់​ដល់សង្ឃផងចុះ។

[៧] គ្រានោះ ព្រះទព្វមល្លបុត្តដ៏មានអាយុ លុះសាយណ្ហសម័យ ក៏ចេញពីទីពួន​សម្ងំនៅ ហើយចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំ​ព្រះមាន​ព្រះភាគ រួចហើយ​អង្គុយក្នុងទីដ៏សមគួរ។ ព្រះទព្វមល្លបុត្តដ៏មានអាយុ អង្គុយក្នុងទី​សមគួរ​ហើយ ក៏ក្រាប​បង្គំ​ទូលព្រះមានព្រះភាគ ដោយពាក្យដូច្នេះថា បពិត្រព្រះអង្គដ៏​ចំរើន កាលដែលខ្ញុំព្រះអង្គ​ទៅកាន់​ទីស្ងាត់ ពួនសម្ងំនៅតែម្នាក់​ឯង ក៏មានចិត្តត្រិះរិះ កើតឡើងយ៉ាងនេះថា អាត្មាអញ បាន​ធ្វើឲ្យជាក់ច្បាស់ នូវអរហត្តផល តាំងអំពីកើត​មកបាន៧ឆ្នាំ ហើយគុណជាតណានីមួយ ដែល​សាវ័កត្រូវដល់ អាត្មាអញ ក៏បានដល់ នូវគុណជាតនោះ ដោយលំដាប់សព្វគ្រប់ហើយ មួយទៀត កិច្ច​អ្វីមួយ ដែលអាត្មាអញ គប្បីធ្វើតទៅទៀត ឬការសន្សំនូវកិច្ច ដែលបានធ្វើរួចហើយ មិនមាន​ដល់អាត្មាអញទេ គួរអាត្មាអញ ធ្វើការខ្វល់ខ្វាយបម្រើ ដល់សង្ឃដូចម្តេចហ្ន៎ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ខ្ញុំព្រះអង្គ ក៏មានសេចក្តីត្រិះរិះ ដូច្នេះថា បើដូច្នោះ មានតែអាត្មាអញ ត្រូវរៀបចំ​សេនាសនៈ​​ផង ត្រូវចាត់ចែងចង្ហាន់ ​ដល់សង្ឃផងចុះ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ ចង់​រៀបចំ​សេនាសនៈ​​ផង ចង់ចាត់ចែងចង្ហាន់ ​ដល់សង្ឃផង។ ព្រះបរមគ្រូ ទ្រង់ត្រាស់ថា ម្នាលទព្វៈ ប្រពៃ​ហើយៗ ម្នាលទព្វៈ បើដូច្នោះ អ្នកចូរ​រៀបចំ​សេនាសនៈ ហើយចាត់ចែងចង្ហាន់ ​ដល់សង្ឃចុះ។ ព្រះទព្វមល្លបុត្តដ៏មានអាយុ ក៏ទទួលព្រះពុទ្ធដីកា របស់ព្រះមានព្រះភាគ ដោយពាក្យថា ព្រះករុណា ព្រះអង្គ។

[៨] ព្រោះនិទាននេះ ដំណើរនេះ ទើប​ព្រះមានព្រះភាគ ទ្រង់ធ្វើធម្មីកថា ហើយទ្រង់​ត្រាស់​ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ សង្ឃចូរសន្មត​ទព្វមល្លបុត្ត ឲ្យជា​សេនាសនប្បញ្ញាបកៈ (អ្នកចាត់ចែង​សេនាសនៈ)ផង ឲ្យជាភត្តុទ្ទេសកៈ (អ្នកចាត់​ចែង​​ចង្ហាន់)​ផង។ ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវសន្មតយ៉ាងនេះ។ មុនដំបូង ត្រូវសង្ឃ​សូមទព្វភិក្ខុ លុះសូមរួចហើយ ត្រូវភិក្ខុដែលឈ្លាសវៃ ប្រកាសសង្ឃថា បពិត្រព្រះសង្ឃ​ដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ បើការសន្មតិ មានកាលគួរ ដល់សង្ឃហើយ សូមសង្ឃសន្មត​ទព្វមល្លបុត្តមានអាយុ ឲ្យជា​សេនា​សនប្បញ្ញាបកៈ​ផង ឲ្យជាភត្តុទ្ទេសកៈផង។ នេះជា​ញត្តិ។ បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ សង្ឃសន្មត​ទព្វមល្លបុត្ត​មានអាយុ ឲ្យជាសេនាសនប្បញ្ញាបកៈផង ឲ្យជាភត្តុទ្ទេសកៈផង។ ការសន្មតិ​ព្រះ​ទព្វ​មល្លបុត្តមាន​អាយុ ឲ្យជាសេនាសនប្បញ្ញាបកៈផង ឲ្យជាភត្តុទ្ទេសកៈផង គួរដល់លោក​ដ៏មាន​អាយុ​អង្គណា លោកដ៏មានអាយុអង្គនោះ ត្រូវស្ងៀម មិនគួរដល់​លោកដ៏មានអាយុអង្គណាទេ លោក​ដ៏មានអាយុអង្គនោះ ត្រូវនិយាយឡើង។ សង្ឃបាន​សន្មតព្រះ​ទព្វមល្លបុត្តមាន​អាយុ ឲ្យ​ជា​សេនាសនប្បញ្ញាបកៈផង ឲ្យជាភត្តុទ្ទេសកៈផងហើយ ការសន្មតិនេះ គួរដល់​សង្ឃ ហេតុនោះ បាន​ជាសង្ឃស្ងៀម។ ខ្ញុំសូម​ចាំទុកនូវដំណើរនេះ ដោយអាការស្ងៀម​យ៉ាងនេះ។

[៩] ព្រះទព្វមល្លបុត្តដ៏មានអាយុ ដែលសង្ឃបានសន្មតរួចហើយ ក៏រៀបចំសេនាសនៈ ដើម្បី​ភិក្ខុទាំងឡាយ ដែលសុទ្ធតែជាសភាគៈនឹងគ្នា ក្នុងទីជាមួយគ្នា ពួកភិក្ខុណាជាអ្នក​រៀន​​ព្រះសូត្រ ព្រះទព្វមល្លបុត្តដ៏មានអាយុ ក៏រៀបចំសេនាសនៈ ដើម្បីពួក​ភិក្ខុនោះ​ ក្នុងទីជាមួយ​គ្នា ដោយគិតថា ភិក្ខុទាំងនោះ នឹងនាំគ្នាហាត់សមព្រះសូត្រ  ពួកភិក្ខុណា ជាអ្នកទ្រទ្រង់វិន័យ ព្រះទព្វមល្លបុត្ត ក៏រៀបចំសេនាសនៈ ដើម្បីពួក​ភិក្ខុទាំងនោះ​ ក្នុងទី​ជាមួយ​គ្នា ដោយគិតថា ភិក្ខុទាំងនោះ នឹងនាំគ្នាវិនិច្ឆ័យវិន័យ ពួកភិក្ខុណា ជាធម្មកថិក ព្រះទព្វមល្លបុត្ត ក៏រៀប​ចំ​សេនា​សនៈ ដើម្បី​ភិក្ខុទាំងនោះ​ ក្នុងទីជាមួយ​គ្នា ដោយគិតថា ភិក្ខុទាំងនោះ នឹងនាំគ្នា​ធ្វើសាកច្ឆាធម៌ ពួកភិក្ខុណា ជាអ្នកចំរើនឈាន ព្រះទព្វមល្លបុត្ត ក៏រៀបចំសេនាសនៈ ដើម្បី​ភិក្ខុទាំងនោះ​ ក្នុង​ទី​ជា​មួយ​គ្នា ដោយគិតថា ភិក្ខុទាំងនោះ នឹងមិនបៀតបៀន​គ្នាទៅវិញ​ទៅមក ពួកភិក្ខុណា ជាអ្នក​ពោល​នូវតិរច្ឆានកថា ច្រើនតែ​មាន​រាងកាយ​មាំមួន ព្រះទព្វមល្លបុត្ត ក៏រៀបចំសេនាសនៈ ដើម្បី​ពួក​​ភិក្ខុនោះ​ ក្នុងទីជាមួយ​គ្នា ដោយគិតថា លោកមានអាយុ​ទាំងឡាយនេះ នឹងនៅទាល់ភ្លឺ ដោយ​ពោល​នូវ​តិរច្ឆានកថានេះ ភិក្ខុទាំងឡាយណា មកដល់​ក្នុងវេលាវិកាល [វេលាវិកាល កន្លែងខ្លះ សំដៅយក ពេលតាំងអំពីថ្ងៃជ្រេពីត្រង់ ទៅទល់​អរុណរះ កន្លែងខ្លះ សំដៅយក​ពេលតាំងពី​ព្រលប់​ឡើងទៅ ដូចក្នុងទីនេះ សំដៅយក​ពេលព្រលប់​ឡើងទៅ។] ព្រះទព្វមល្លបុត្ត ក៏ចូលកាន់​តេជោធាតុ ហើយរៀបចំសេនាសនៈ ដើម្បីភិក្ខុ​ទាំងនោះ ដោយពន្លឺនៃ​តេជោធាតុ​នោះឯង។ ចួន​កាល មានភិក្ខុទាំងឡាយក្លែងមក ក្នុងវេលាវិកាល ដោយគិតថា យើងទាំងឡាយ នឹងបាន​ឃើញ​ឥទ្ធិប្បាដិហារ្យ របស់​ព្រះទព្វមល្លបុត្តដ៏មានអាយុ។ ភិក្ខុទាំងឡាយនោះ ក៏ចូល​ទៅរក​ព្រះទព្វមល្ល​បុត្ត​ដ៏មានអាយុ ហើយនិយាយយ៉ាងនេះថា ម្នាល​អាវុសោទព្វៈ ចូរលោករៀបចំសេនាសនៈ ដើម្បី​យើងទាំងឡាយ។ ព្រះទព្វមល្លបុត្តដ៏​មានអាយុ និយាយយ៉ាងនេះ នឹងភិក្ខុទាំងនោះថា លោកទាំង​ឡាយដ៏មានអាយុ ចង់​នៅក្នុងទីណា ឲ្យខ្ញុំរៀបចំ​ក្នុងទីណា។ ភិក្ខុទាំងឡាយនោះ ក្លែងចង្អុរ​ទៅរក​ទីឆ្ងាយ ដោយ​ពាក្យថា ម្នាលអាវុសោទព្វៈ លោកចូររៀបចំសេនាសនៈ​លើភ្នំគិជ្ឈកូដ ដើម្បី​យើង​ទាំងឡាយ​ចុះ។ ម្នាលអាវុសោទព្វៈ លោកចូរ​រៀបចំសេនាសនៈ ជិតជ្រោះ​សម្រាប់​ទម្លាក់ចោរ ដើម្បី​យើងទាំងឡាយចុះ។ ម្នាលអាវុសោទព្វៈ លោកចូរ​រៀបចំសេនាសនៈ លើកាឡសិលា​ខាងភ្នំ​ឥសិគិលិ ដើម្បីយើងទាំងឡាយចុះ។ ម្នាលអាវុសោទព្វៈ លោកចូរ​រៀបចំសេនាសនៈ ក្នុងសត្ត​បណ្ណ​គូហា ខាងភ្នំវេភារៈ ដើម្បីយើងទាំងឡាយចុះ។ ម្នាល​អាវុសោទព្វៈ លោកចូរ​រៀបចំសេនា​សនៈ ទៀបញកភ្នំ ឈ្មោះ​ សប្បសោណ្ឌិកៈ ក្នុង​សីតវ័ន (ព្រៃត្រជាក់) ដើម្បីយើងទាំងឡាយចុះ។ ម្នាលអាវុសោទព្វៈ លោកចូរ​រៀបចំ​សេនាសនៈ ទៀបជ្រោះភ្នំ ឈ្មោះ គោមដៈ ដើម្បីយើងទាំង​ឡាយ​ចុះ។ ម្នាលអាវុសោទព្វៈ លោកចូរ​រៀបចំសេនាសនៈ ទៀបជ្រោះភ្នំ ឈ្មោះ តិណ្ឌុកៈ ដើម្បី​យើង​ទាំងឡាយចុះ។ ម្នាលអាវុសោទព្វៈ លោកចូរ​រៀបចំសេនាសនៈ ទៀបជ្រោះភ្នំ ឈ្មោះ​កបោតៈ ដើម្បី​យើងទាំងឡាយចុះ។ ម្នាលអាវុសោទព្វៈ លោកចូរ​រៀបចំសេនាសនៈ ក្នុងវត្ត​តបោទា ដើម្បីយើងទាំងឡាយចុះ។ ម្នាលអាវុសោទព្វៈ លោកចូរ​រៀបចំសេនាសនៈ ក្នុង​ជីវកម្ពវ័ន ដើម្បីយើងទាំងឡាយចុះ។ ម្នាលអាវុសោទព្វៈ លោកចូរ​រៀបចំសេនាសនៈ ក្នុង​មិគទាយវ័ន ទៀបភ្នំ​មទ្ទកុច្ឆិ ដើម្បីយើងទាំងឡាយចុះ។ ព្រះទព្វមល្លបុត្តដ៏មានអាយុ ក៏ចូលកាន់តេជោ​ធាតុ ហើយ​មានម្រាមភ្លឺរុងរឿង ដើរទៅអំពីខាងមុខៗ នៃភិក្ខុទាំងឡាយ​នោះ។ ភិក្ខុទាំងឡាយនោះ ក៏ដើរទៅ​អំពីខាងក្រោយៗ នៃព្រះទព្វមល្លបុត្តមានអាយុ ដោយពន្លឺនោះឯង។ ព្រះទព្វមល្លបុត្ត​មានអាយុ រៀបចំសេនាសនៈ ដល់ភិក្ខុទាំងឡាយ​នោះ យ៉ាងនេះថា នេះគ្រែ នេះតាំង នេះពូក នេះខ្នើយ នេះទីសម្រាប់​បន្ទោបង់ឧច្ចារៈ នេះទីសម្រាប់​បន្ទោបង់បស្សាវៈ នេះទឹកសម្រាប់ឆាន់ នេះទឹក​សម្រាប់​ប្រើប្រាស់ នេះ​ឈើច្រត់ នេះទីកតិកាសញ្ញា​របស់សង្ឃ ពេលនេះ ត្រូវលោក​ទាំងឡាយ​​ចូល ពេលនេះ ត្រូវលោកទាំងឡាយចេញ។ ព្រះទព្វមល្លបុត្តមានអាយុ រៀបចំ​សេនាសនៈ យ៉ាងនេះ ដល់ភិក្ខុទាំងឡាយនោះ ហើយនិមន្តត្រឡប់​មកវត្តវេឡុវ័នវិញ។

[១០] សម័យនោះឯង មេត្តិយភិក្ខុ និងភុម្មជកភិក្ខុទាំងឡាយ ជាភិក្ខុថ្មីផង មានបុណ្យ​តិចផង។ លោកទាំងនោះ តែងបានសេនាសនៈទាំងឡាយ របស់សង្ឃ ដែលជារបស់​ថោកទាប និងភត្តដ៏ថោកទាប។ សម័យនោះឯង មនុស្សទាំងឡាយ ក្នុងក្រុងរាជគ្រឹះ ចង់ប្រគេនសប្បិខ្លះ ប្រេងខ្លះ សម្លឧត្តរិភង្គខ្លះ [ជាឈ្មោះសម្លម្យ៉ាង ប្រែថា សម្លកាច់បង់​នូវរសដ៏ក្រៃលែង គឺជាសម្ល​មានឱជារសឆ្ងាញ់ជាងភោជនឯទៀតៗ ដែលគេនិយមក្នុង​ជាន់​នោះ។] ដែលគេតាក់តែង​ឡើង ដោយផ្ចិតផ្ចង់ ដល់ភិក្ខុទាំងឡាយជាថេរៈ ចំណែក​ខាងមេត្តិយភិក្ខុ និងភុម្មជកភិក្ខុវិញ គេប្រគេន​តែត្រឹមបាយចុងអង្ករ មានទឹកជ្រក់ ជា​គំរប់ពីរ ជាភោជន​ប្រក្រតី ដែលគេប្រារព្ធហើយយ៉ាងណា [គេប្រគេន ត្រឹមតែ​បាយ​ចុងអង្ករ គំរប់ពីនឹងទឹកជ្រក់ ជាភោជន​ធម្មតា ដែលគេធ្វើខ្ជីខ្ជាឲ្យតែបាន]។ ពួកមេត្តិយភិក្ខុ និងភុម្មជកភិក្ខុទាំងនោះ ត្រឡប់​ពីបិណ្ឌបាត ក្នុងវេលាខាងក្រោយភត្ត ហើយក៏​សួរភិក្ខុ​ទាំងឡាយ ជាថេរៈថា ម្នាលអាវុសោទាំងឡាយ ក្នុងរោងភត្តរបស់លោក មានអ្វីខ្លះ មិន​មាន​​អ្វីខ្លះ។ ព្រះថេរៈទាំងឡាយពួកខ្លះ ប្រាប់យ៉ាងនេះថា ម្នាលអាវុសោ ក្នុងរោងឆាន់​របស់​យើង មានសប្បិ មានប្រេង មានសម្លឧត្តរិភង្គ។ ឯមេត្តិយភិក្ខុ និងភុម្មជកភិក្ខុ និយាយប្រាប់​យ៉ាងនេះថា ម្នាលអាវុសោ យើងគ្មានវត្ថុអ្វីទេ មានតែបាយចុងអង្ករ និង​ទឹកជ្រក់ ជាគំរប់ពីរ ជាភោជនប្រក្រតី ដែលគេប្រារព្ធហើយយ៉ាងណាប៉ុណ្ណោះ។

[១១] សម័យនោះឯង គហបតិ ឈ្មោះកល្យាណភត្តិកៈ តែងប្រគេនចតុក្កភត្ត [ភត្ត​សម្រាប់​​ភិក្ខុ៤រូប។] ជានិច្ចភត្ត ដល់សង្ឃ។ គហបតិនោះ ព្រមទាំងកូនប្រពន្ធ តែងចូល​ទៅបម្រើ អង្គាស​ (ព្រះសង្ឃ) ក្នុងរោងភត្ត។ ភិក្ខុទាំងឡាយដទៃៗ ក៏សួររកបាយ សួររក​សម្ល រកប្រេង រកសម្លឧត្តរិភង្គ។

[១២] សម័យនោះឯង ភត្តុទ្ទេសកភិក្ខុ ចាត់​ពួក​មេត្តិយភិក្ខុ និងភុម្មជកភិក្ខុ (ឲ្យទៅទទួល) ចង្ហាន់របស់កល្យាណភត្តិកគហបតិ ក្នុងថ្ងៃព្រឹកស្អែក។ គ្រានោះ កល្យាណភត្តិកគហបតិ បានទៅកាន់អារាម ដោយមានកិច្ចអ្វីមួយ ហើយក៏ចូលទៅរកព្រះទព្វមល្លបុត្តដ៏មានអាយុ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះទព្វមល្លបុត្តដ៏មានអាយុ រួចអង្គុយក្នុងទីដ៏សមគួរ។ ព្រះទព្វមល្លបុត្តដ៏មានអាយុ បាននិយាយពន្យល់ កល្យាណភត្តិកគហបតិ ដែលអង្គុយ​នៅក្នុងទីដ៏សមគួរ ឲ្យឃើញច្បាស់ ឲ្យកាន់យក ឲ្យអាចហ៊ាន ឲ្យរីករាយ ដោយធម្មីកថា។ លំដាប់នោះ កល្យាណភត្តិកគហបតិ កាលព្រះទព្វមល្លបុត្តដ៏មានអាយុ និយាយពន្យល់​ឲ្យឃើញច្បាស់ ឲ្យកាន់យក ឲ្យអាចហ៊ាន ឲ្យរីករាយ ដោយធម្មីកថាហើយ និយាយពាក្យ​នេះ នឹងព្រះទព្វមល្លបុត្តដ៏មានអាយុថា បពិត្រលោកម្ចាស់ដ៏ចំរើន ស្អែកនេះ លោកម្ចាស់​ចាត់​ភិក្ខុអង្គណា (ឲ្យទៅទទួល) ភត្តក្នុងផ្ទះរបស់ខ្ញុំ។ ព្រះទព្វមល្លបុត្តឆ្លើយថា ម្នាល​គហបតី ស្អែកនេះ អាត្មានឹងចាត់មេត្តិយភិក្ខុ និងភុម្មជកភិក្ខុទាំងឡាយ (ឲ្យទៅទទួល) ភត្តក្នុងផ្ទះអ្នកក្នុងថ្ងៃស្អែក។ លំដាប់នោះ កល្យាណភត្តិកគហបតិ មានសេចក្តី​អាក់អន់​ចិត្ត ដោយគិតថា ចុះហេតុអ្វី បានជាភិក្ខុលាមកទាំងឡាយ ទៅឆាន់ក្នុងផ្ទះរបស់អាត្មាអញ (លុះ​គិត​ដូច្នេះហើយ) ក៏ទៅផ្ទះ បង្គាប់ទាសីថា នែហង ស្អែកត្រូវពួក​លោកណា​មក​ទទួល​ចង្ហាន់ ហង​ឯង​ចូរ​ក្រាលអាសនៈ ក្នុងជង្រុក ហើយអង្គាសលោកទាំងនោះ ដោយបាយ​ចុងអង្ករ មានទឹកជ្រក់​ ជាគំរប់ពីរចុះ។ ទាសីនោះ ទទួលស្តាប់ពាក្យ កល្យាណភត្តិក​គហបតិ ដោយពាក្យថា ច៎ាះ អ្នក​ម្ចាស់។ លំដាប់នោះ មេត្តិយភិក្ខុ និងភុម្មជកភិក្ខុ​ទាំងឡាយ​គិតគ្នាថា ម្នាលអាវុសោ អំពីថ្ងៃម្សិលមិញ ភត្តុទ្ទេសកភិក្ខុ បានចាត់ឲ្យ​យើង​ទៅទទួល​ភត្ត របស់​កល្យាណភត្តិក​គហបតិ កល្យាណភត្តិកគហបតិ ព្រមទាំងកូនប្រពន្ធ នឹងចូលមកបម្រើ អង្គាសពួកយើងក្នុងថ្ងៃស្អែក ភិក្ខុទាំងឡាយដទៃៗ មុខជានឹងសួរ​រកបាយ រកសម្ល រកប្រេង រកសម្លឧត្តរិភង្គ។ ដោយ​សេចក្តី​សោមនស្ស​នោះឯង មេត្តិយភិក្ខុ និងភុម្មជកភិក្ខុនោះ ក៏ដេកមិនលក់ តាមសេចក្តីគាប់ចិត្ត ក្នុងរាត្រី(នោះ)។ គ្រានោះ មេត្តិយភិក្ខុ និងភុម្មជកភិក្ខុ ក៏ស្លៀកស្បង់ ប្រដាប់បាត្រ ចីវរ ចូលទៅ​កាន់លំនៅ របស់កល្យាណភត្តិកគហបតិ អំពីព្រឹកព្រហាម។ ទាសីនោះ បានឃើញ​មេត្តិយភិក្ខុ​និងភុម្មជកភិក្ខុកំពុងដើរមកអំពីចម្ងាយ លុះឃើញហើយ ក៏ក្រាលអាសនៈ ក្នុងជង្រុក ហើយ​បាននិយាយពាក្យនេះ នឹងមេត្តិយភុម្មជកភិក្ខុថា បពិត្រលោកទាំងឡាយដ៏ចំរើន សូមលោក​ទាំងឡាយ​គង់ចុះ។ លំដាប់នោះ មេត្តិយភិក្ខុ និងភុម្មជកភិក្ខុ ត្រិះរិះដូច្នេះថា កុំសង្ស័យឡើយ ចង្ហាន់មិនទាន់ស្រេចទេ បានជាគេឲ្យយើងអង្គុយក្នុងជង្រុកសិន។ គ្រានោះ ទាសីនោះ ក៏ផ្គត់ផ្គង់ ដោយបាយចុងអង្ករ មានទឹកជ្រក់ ជាគំរប់ពីរ ហើយ​និមន្តថា បពិត្រលោកដ៏ចំរើន សូមលោក​ទាំង​ឡាយ​ឆាន់ចុះ។ មេត្តិយភិក្ខុ និងភុម្មជកភិក្ខុ ឆ្លើយថា ម្នាលប្អូនស្រី យើងទាំងឡាយ សុទ្ធតែជាអ្នក ទទួលនិច្ចភត្ត។ ទាសីនោះ ឆ្លើយថា ខ្ញុំព្រះករុណាដឹងថា លោកម្ចាស់ទាំងឡាយ ជាអ្នកទទួល​និច្ចភត្ត​ហើយ តែម្សិលមិញ គហបតិ បង្គាប់ខ្ញុំព្រះករុណាថា នែហង លោកទាំងឡាយណា ត្រូវការដោយចង្ហាន់ និមន្តមក ក្នុងថ្ងៃស្អែក ហងឯង ចូរក្រាលអាសនៈ ក្នុងជង្រុកចុះ ហើយ​អង្គាស​លោក​ទាំងនោះ ដោយបាយចុងអង្ករ មានទឹកជ្រក់ ជាគំរប់ពីរចុះ បពិត្រ​លោក​ទាំង​ឡាយ​ដ៏ចំរើន សូមលោកទាំងឡាយឆាន់ចុះ។ លំដាប់នោះ មេត្តិយភិក្ខុ និងភុម្មជកភិក្ខុ និយាយគ្នាថា ម្នាលអាវុសោ កាលថ្ងៃម្សិលមិញ កល្យាណភត្តិកគហបតិ បានទៅកាន់អារាមនៅ នា​សំណាក់​ទព្វមល្លបុត្ត ពួកយើង ប្រាកដជាទព្វមល្លបុត្ត ញុះញង់ ក្នុងសំណាក់នៃ​គហបតី​ពិតហើយ។ មេត្តិយភិក្ខុ និងភុម្មជកភិក្ខុទាំងនោះ ក៏មិនបានឆាន់ដូចចិត្ត ដែលប៉ុនប៉ង ព្រោះតែសេចក្តី​ទោមនស្ស​នោះឯង។ មេត្តិយភិក្ខុ និងភុម្មជកភិក្ខុ ត្រឡប់ពីបិណ្ឌបាត ក្នុងវេលាក្រោយភត្តហើយ ទៅកាន់អារាមក្នុងពេលនោះ ក៏រៀបទុកដាក់បាត្រ និងចីវរ ហើយអង្គុយ ត្របោមក្បាលជង្គង់ ទាំង​សង្ឃាដិខាងក្រៅក្លោងទ្វារវត្តនៅស្ងៀម មាន​សេចក្តីអៀនអន់ ឱនកចុះ មានមុខជ្រប់ ស្រពាប់ស្រពោន ឥតមាននិយាយអ្វីសោះ។ គ្រានោះ ភិក្ខុនីឈ្មោះ មេត្តិយា ចូលទៅរក​មេត្តិយភិក្ខុ និងភុម្មជកភិក្ខុ លុះចូលទៅ​ដល់ហើយ ក៏និយាយពាក្យនេះ នឹងមេត្តិយភិក្ខុ និងភុម្មជក​ភិក្ខុថា បពិត្រលោកម្ចាស់​ទាំងឡាយ ខ្ញុំព្រះករុណា សូមថ្វាយបង្គំ។ កាលបើ​មេត្តិយាភិក្ខុនី និយាយយ៉ាងនេះហើយ មេត្តិយភិក្ខុ និងភុម្មជកភិក្ខុមិននិយាយតបតសោះឡើយ។ មេត្តិយាភិក្ខុនី បាននិយាយ​ពាក្យនេះ ចំពោះមេត្តិយភុម្មជកភិក្ខុ ជាគំរប់ពីរដងផង។បេ។ ជាគំរប់​បីដងផងថា បពិត្រ​លោកម្ចាស់ទាំងឡាយ ខ្ញុំព្រះករុណា សូមថ្វាយបង្គំ។ មេត្តិយភិក្ខុ និងភុម្មជក​ភិក្ខុមិន​និយាយតតប ជាគំរប់បីដងផង។ ទើបមេត្តិយាភិក្ខុនីសួរថា ខ្ញុំព្រះករុណា បានប្រទូស្តនឹង​លោកម្ចាស់​រាល់អង្គ ដូចម្តេចខ្លះ ហេតុអ្វី បានជា​លោកម្ចាស់​រាល់អង្គ មិន​និយាយ​នឹង​ខ្ញុំព្រះ​ករុណា។ មេត្តិយភិក្ខុ និងភុម្មជកភិក្ខុឆ្លើយថា ម្នាលប្អូនស្រី ពិតដូច្នោះហើយ ទព្វមល្លបុត្ត កំពុងបៀតបៀនយើង នាងឯងក៏ធ្វើព្រងើយកន្តើយ។ មេត្តិយាភិក្ខុនីសួរថា បពិត្រលោកម្ចាស់​ទាំងឡាយ ខ្ញុំព្រះករុណា នឹងធ្វើដូចម្តេច។ មេត្តិយភិក្ខុ និងភុម្មជកភិក្ខុ​ឆ្លើយថា ម្នាលប្អូនស្រី បើនាងប្រាថ្នានឹង (ធ្វើ) ត្រូវក្រាបបង្គំទូល ព្រះមានព្រះភាគ ឲ្យញុំាង​ទព្វមល្លបុត្ត​មានអាយុ ឲ្យវិនាសចេញ ក្នុងថ្ងៃនេះឲ្យបាន។ មេត្តិយាភិក្ខុនីសួរថា បពិត្រ​លោកម្ចាស់​ទាំងឡាយ ខ្ញុំនឹង​ធ្វើដូចម្តេច ចុះអំពើអ្វី ដែលខ្ញុំនឹងអាច​ធ្វើបាន។ មេត្តិយភិក្ខុ និងភុម្មជកភិក្ខុឆ្លើយថា ម្នាល​ប្អូន​ស្រី នាងចូរមក នាងចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ចូរក្រាបបង្គំទូល​ព្រះមានព្រះភាគថាយ៉ាងនេះថា បពិត្រព្រះអង្គ​ដ៏ចំរើន ការនេះ មិនមែនជាការកំបាំងទេ មិនមែនជាការសមគួរ បពិត្រព្រះអង្គដ៏ចំរើន ទិសណាដែលមិនមានភ័យ មិនមានចង្រៃ មិនមានឧបទ្រព ទិសនោះ ត្រឡប់ជា​ប្រកប​ដោយភ័យ ប្រកបដោយចង្រៃ ប្រកបដោយ​ឧបទ្រព​ទៅវិញ ទីណា ដែលមិនធ្លាប់​មានខ្យល់ ទីនោះត្រឡប់ជាមានខ្យល់វិញ ដូចជាទឹកធ្លាប់ត្រជាក់ ប្រែខ្វែជាក្តៅ ឥឡូវ​ព្រះទព្វមល្លបុត្តជាម្ចាស់ បានប្រទូស្ត នឹងខ្ញុំព្រះអង្គហើយ។ មេត្តិយាភិក្ខុនី​ទទួល​ស្តាប់​ពាក្យ​មេត្តិយភិក្ខុ និងភុម្មជកភិក្ខុ ដោយពាក្យថា យ៉ាងហ្នឹងហើយ លោកម្ចាស់ រួចហើយ​ចូលទៅគាល់ ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះមានព្រះភាគ ហើយស្ថិតនៅ ក្នុងទីដ៏សមគួរ។ មេត្តិយាភិក្ខុនីនោះ លុះឋិតនៅក្នុងទីដ៏សមគួរហើយ ក៏ក្រាបបង្គំ​ទូល​ពាក្យនេះ នឹងព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន ការនេះមិនមែន​ជាការកំបាំងទេ មិនមែនជាការសមគួរទេ បពិត្រព្រះអង្គដ៏ចំរើន ទិសណាដែលមិនធ្លាប់​មានភ័យ មិនមានចង្រៃ មិនមានឧបទ្រព ទិសនោះត្រឡប់ទៅជាប្រកបដោយភ័យ ប្រកប​ដោយចង្រៃ ប្រកបដោយ​ឧបទ្រពទៅវិញ ទីណាដែលមិនធ្លាប់មានខ្យល់ ទីនោះ ត្រឡប់​ទៅជាមានខ្យល់វិញ ដូចជាទឹក​ធ្លាប់​ត្រជាក់ ប្រែខ្វែជាក្តៅវិញ ឥឡូវព្រះទព្វមល្លបុត្ត​ជា​ម្ចាស់ បានប្រទូស្តនឹងខ្ញុំព្រះអង្គហើយ។

[១៣] ព្រោះនិទាននេះ ដំណើរនេះ ព្រះមានព្រះភាគជាម្ចាស់ ទ្រង់ឲ្យប្រជុំភិក្ខុសង្ឃ ហើយសួរ​បញ្ជាក់ នូវព្រះទព្វមល្លបុត្តដ៏មានអាយុ ក្នុងវេលានោះថា ម្នាលទព្វៈ អ្នករលឹក​ឃើញថា អ្នកបានធ្វើអំពើ ដូចភិក្ខុនីនេះ បានពោលឬទេ។ ព្រះទព្វមល្លបុត្ត ក្រាបបង្គំ​ទូលថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន ដូចជាព្រះមានព្រះភាគ ទ្រង់ជ្រាបនូវខ្ញុំព្រះអង្គ​ស្រាប់​ហើយ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់សួរ ព្រះទព្វមល្លបុត្ត ជាគំរប់ពីរដងផង។បេ។ ជាគំរប់បីដងផងថា ម្នាលទព្វៈ អ្នករលឹក​ឃើញថា អ្នកបានធ្វើអំពើ ដូចជាភិក្ខុនីនេះ បានពោលឬទេ។ ព្រះទព្វមល្លបុត្ត ក្រាបបង្គំ​ទូលថា បពិត្រព្រះអង្គដ៏ចំរើន ដូចជា​ព្រះមានព្រះភាគ ទ្រង់ជ្រាបនូវខ្ញុំព្រះអង្គស្រាប់ហើយ។ ព្រះ​មានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលទព្វៈ អ្នកប្រាជ្ញទាំងឡាយ មិននិយាយ​បណ្តោះបណ្តៃ​យ៉ាង​នេះ​ទេ បើអំពើដែលអ្នក​បានធ្វើហើយ អ្នកចូរនិយាយថា ខ្ញុំបានធ្វើហើយ បើអំពើ​ដែល​អ្នក​មិនបាន​ធ្វើ​ទេ អ្នកចូរ​និយាយថា ខ្ញុំមិនបានធ្វើទេ។ ព្រះទព្វមល្លបុត្តក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន តាំងពីខ្ញុំព្រះអង្គកើតមក សូម្បីតែយល់សប្តិសេពមេថុនធម្ម ក៏មិនដែលស្គាល់សោះឡើយ នឹង​បាច់​និយាយទៅថ្វី ដល់ការភ្ញាក់រលឹកឡើង។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ត្រាស់​​ហៅ​ភិក្ខុ​ទាំងឡាយ​មកថា ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ អ្នកទាំងឡាយ ចូរឲ្យមេត្តិយាភិក្ខុនីសឹកចេញ មួយទៀត អ្នកទាំងឡាយ ចូរសាកសួរពួកភិក្ខុទាំង​នេះ​មើល។ លុះព្រះមានព្រះភាគ ទ្រង់ត្រាស់​ដូច្នេះហើយ ទ្រង់ក្រោកចាកអាសនៈ ចូលទៅ​កាន់វិហារវិញ។ ភិក្ខុទាំងឡាយនោះ ក៏ឲ្យមេត្តិយា​ភិក្ខុនីសឹកចេញ ក្នុងពេលនោះ។ ទើប​មេត្តិយភិក្ខុ និងភុម្មជកភិក្ខុ និយាយពាក្យនេះ នឹង​ភិក្ខុ​ទាំងឡាយនោះថា ម្នាលអាវុសោ ចូរលោកទាំងឡាយ កុំផ្សឹកមេត្តិយាភិក្ខុនីឡើយ នាង​នោះ ឥតមានកំហុសអ្វីទេ (ហេតុ​ដើមមកពី) យើងខឹង អាក់អន់ចិត្ត ចង់ឲ្យ​ទព្វមល្លបុត្ត ឃ្លាតចាក​សមណភេទ ទើបឲ្យ​មេត្តិយាភិក្ខុនីនោះ ខ្នាស់ខ្នែងឡើង។ ភិក្ខុទាំងឡាយសួរថា ម្នាលអាវុសោ អ្នកហ៊ានចោទ ព្រះទព្វមល្លបុត្តដ៏មានអាយុ ដោយសីលវិបត្តិ មិនមានមូលដែរឬ។ មេត្តិយភិក្ខុ និងភុម្មជកភិក្ខុឆ្លើយថា ម្នាលអាវុសោ យ៉ាងហ្នឹងហើយ។ ភិក្ខុទាំងឡាយណា មានសេចក្តី​ប្រាថ្នា​តិច។បេ។ ភិក្ខុទាំងឡាយនោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា មិនសមបើ មេត្តិយភិក្ខុ និងភុម្មជកភិក្ខុ ចោទព្រះទព្វមល្លបុត្តមានអាយុ ដោយសីលវិបត្តិ មិនមានមូល​សោះ។ ឯភិក្ខុ​ទាំងនោះ ក៏បានក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថា មេត្តិយភិក្ខុ និងភុម្មជកភិក្ខុ ចោទទព្វមល្លបុត្ត ដោយសីលវិបត្តិ មិនមានមូល ពិតមែនឬ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលថា បពិត្រ​ព្រះអង្គដ៏ចំរើន ពិតមែន។បេ។ លុះទ្រង់តិះដៀលហើយ ទ្រង់​ធ្វើធម្មីកថា ហើយត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយមកថា ម្នាលភិក្ខុ​ទាំងឡាយ បើដូច្នោះ សង្ឃចូរឲ្យសតិវិន័យ ដល់​ទព្វមល្លបុត្ត ជាអ្នកបរិបូណ៌ដោយសតិចុះ។ ម្នាលភិក្ខុទាំងឡាយ សតិវិន័យនោះ សង្ឃត្រូវ​ឲ្យយ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ ទព្វមល្លបុត្ត​នោះ ត្រូវចូលទៅរកសង្ឃ ធ្វើឧត្តរាសង្គ ឆៀងស្មាម្ខាង ហើយថ្វាយបង្គំបាទាភិក្ខុចាស់ទាំងឡាយ រួចអង្គុយច្រហោង ផ្គងអញ្ជលី​ឡើង និយាយយ៉ាងនេះថា បពិត្រព្រះសង្ឃដ៏ចំរើន មេត្តិយភិក្ខុ និងភុម្មជកភិក្ខុ​ទាំង​ឡាយនេះ ចោទខ្ញុំដោយសីលវិបត្តិ មិនមានមូល បពិត្រព្រះសង្ឃដ៏ចំរើន ខ្ញុំជាអ្នកបរិបូណ៌​ដោយសតិ មកសូមសតិវិន័យនឹងសង្ឃ។ ទព្វមល្លបុត្ត គប្បីសូមជាគំរប់​ពីរដង​ផង។បេ។ គប្បីសូម ជាគំរប់​បីដងផងថា បពិត្រព្រះសង្ឃដ៏ចំរើន មេត្តិយភិក្ខុ និងភុម្មជកភិក្ខុ​ទាំង​ឡាយនេះ ចោទខ្ញុំដោយសីលវិបត្តិ មិនមានមូល បពិត្រព្រះសង្ឃដ៏ចំរើន ខ្ញុំជាអ្នក​បរិបូណ៌​ដោយ​សតិ មកសូមសតិវិន័យនឹងសង្ឃ ជាគំរប់​បីដងផង។

[១៤] ភិក្ខុដែលឈ្លាស ប្រតិពល គប្បីប្រកាសសង្ឃឲ្យដឹងថា បពិត្រព្រះសង្ឃដ៏ចំរើន សូម​សង្ឃ​​ស្តាប់ខ្ញុំ មេត្តិយភិក្ខុ និងភុម្មជកភិក្ខុទាំងឡាយនេះ ចោទ​ព្រះទព្វមល្លបុត្ត​ដ៏មានអាយុ ដោយ​សីលវិបត្តិ មិនមានមូល។ ព្រះទព្វមល្លបុត្តដ៏មានអាយុ ជាអ្នកបរិបូណ៌ដោយសតិ មកសូម​សតិវិន័យនឹងសង្ឃ។ បើការសូមសតិវិន័យ មានកាលគួរ ដល់សង្ឃហើយ សូមសង្ឃឲ្យសតិវិន័យ ដល់​ព្រះទព្វមល្លបុត្តដ៏មានអាយុ ជាអ្នកបរិបូណ៌ដោយសតិចុះ។ នេះជាញត្តិ។ បពិត្រ​ព្រះសង្ឃ​ដ៏ចំរើន សូម​សង្ឃ​​ស្តាប់ខ្ញុំ មេត្តិយភិក្ខុ និងភុម្មជកភិក្ខុ​ទាំងឡាយ​នេះ ចោទ​ព្រះទព្វមល្លបុត្ត​ដ៏មាន​អាយុ ដោយសីលវិបត្តិ មិនមានមូល។ ព្រះទព្វមល្លបុត្តដ៏មានអាយុ ជាអ្នកបរិបូណ៌ដោយសតិ មកសូម​សតិវិន័យនឹងសង្ឃ។ សង្ឃបានឲ្យសតិវិន័យ ដល់​ព្រះទព្វមល្លបុត្តដ៏មានអាយុ ជាអ្នក​បរិបូណ៌​ដោយសតិ។ ការឲ្យសតិវិន័យ ដល់​ព្រះទព្វមល្លបុត្តដ៏មានអាយុ ជាអ្នក​បរិបូណ៌​ដោយសតិ សមគួរ​ដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះ ត្រូវស្ងៀម មិនសមគួរ ​ដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះ ត្រូវនិយាយឡើង។ ខ្ញុំប្រកាស​សេចក្តីនេះ ជាគំរប់ពីរដងផង។បេ។ ខ្ញុំប្រកាស​សេចក្តីនេះ ជាគំរប់​បីដងផង។ បពិត្រ​ព្រះសង្ឃដ៏ចំរើន សូម​សង្ឃ​​ស្តាប់ខ្ញុំ មេត្តិយភិក្ខុ និងភុម្មជកភិក្ខុទាំងឡាយនេះ ចោទ​ព្រះទព្វមល្លបុត្ត​ដ៏មានអាយុ ដោយសីលវិបត្តិ មិនមានមូល។ ព្រះទព្វមល្លបុត្តដ៏មានអាយុ ជាអ្នកបរិបូណ៌ដោយសតិ មកសូម​សតិវិន័យនឹងសង្ឃ។ សង្ឃបានឲ្យសតិវិន័យ ដល់​ព្រះទព្វមល្លបុត្តដ៏មានអាយុ ជាអ្នកបរិបូណ៌ដោយសតិ។ ការឲ្យសតិវិន័យ ដល់​ព្រះទព្វមល្លបុត្ត​​ដ៏មានអាយុ ជាអ្នកបរិបូណ៌ដោយសតិ សមគួរដល់លោកដ៏មានអាយុ​អង្គ​ណា លោកដ៏មាន​អាយុ​អង្គនោះ ត្រូវស្ងៀម មិនសមគួរ ​ដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះ ត្រូវ​និយាយ​ឡើង។ សង្ឃបានឲ្យ​សតិវិន័យ ដល់​ព្រះទព្វមល្លបុត្ត​ដ៏មានអាយុ ជាអ្នកបរិបូណ៌​ដោយ​សតិហើយ (ការឲ្យសតិវិន័យនេះ) សមគួរ​ដល់​សង្ឃ ព្រោះហេតុនោះ បានជាសង្ឃស្ងៀម។ ខ្ញុំ​សូម​ចាំទុក នូវសេចក្តីនេះ ដោយអាការស្ងៀមយ៉ាងនេះ។

[១៥] ម្នាលភិក្ខុទាំងឡាយ ការឲ្យសតិវិន័យ [អដ្ឋកថា ថា សតិវិន័យនេះ សង្ឃត្រូវ​ឲ្យ​តែ​ព្រះខីណាស្រពប៉ុណ្ណោះ មិនត្រូវឲ្យដល់ភិក្ខុឯទៀតទេ ដោយហោចទៅ សូម្បីតែភិក្ខុជា​អនាគាមី ក៏មិនត្រូវឲ្យដែរ។ សតិវិន័យនោះ ត្រូវឲ្យដល់ភិក្ខុដែលភិក្ខុដទៃចោទ បើគេមិន​ចោទ ក៏មិនត្រូវ​ឲ្យដែរ។ កាលបើសង្ឃឲ្យសតិវិន័យហើយ អ្នកចោទ ក៏ចោទមិនឡើង​ឡើយ។] ដែលប្រកបដោយ​ធម៌នេះ មាន៥យ៉ាង គឺឲ្យដល់ភិក្ខុបរិសុទ្ធ មិនមានអាបត្តិ១ ភិក្ខុឯទៀតចោទភិក្ខុនោះ១ ភិក្ខុនោះ​សូម១ សង្ឃឲ្យសតិវិន័យ ដល់ភិក្ខុនោះ១ សង្ឃព្រម​ព្រៀងឲ្យ ដោយធម៌១ ម្នាលភិក្ខុទាំងឡាយ ការឲ្យសតិវិន័យប្រកបដោយធម៌ ៥យ៉ាង​នេះឯង។

[១៦] សម័យនោះឯង គគ្គភិក្ខុ ជាភិក្ខុឆ្កួត មានចិត្តវិបល្លាសប្រែប្រួល។ ភិក្ខុឆ្កួត ដែល​មាន​ចិត្ត​វិបល្លាស ប្រែប្រួលហើយនោះ រមែងតែប្រព្រឹត្តអនាចារ បានពោល និងព្យាយាម​ល្មើស នូវកិច្ច​មិនមែន​ជារបស់​សមណៈជាច្រើន។ ភិក្ខុទាំងឡាយ ចោទគគ្គភិក្ខុ ដោយ​អាបត្តិ ព្រោះតែលោក​ជា​ភិក្ខុ​ឆ្កួត មានចិត្តវិបល្លាសប្រែប្រួល បានប្រព្រឹត្តអនាចារថា លោកដ៏មានអាយុ ចូររលឹកមើលចុះ លោកជាអ្នកត្រូវអាបត្តិ មានសភាពយ៉ាងនេះ​ហើយ។ គគ្គភិក្ខុនោះ និយាយយ៉ាងនេះថា ម្នាល​អាវុសោ​ទាំងឡាយ ខ្ញុំជា​មនុស្សឆ្កួត មាន​ចិត្តវិបល្លាស​ប្រែប្រួល កាលខ្ញុំឆ្កួត មានចិត្ត​វិបល្លាស ប្រែប្រួលហើយនោះ ក៏បានប្រព្រឹត្ត​អនាចារ បានពោល និងព្យាយាមល្មើស នូវកិច្ចមិនមែន​ជា​របស់​សមណៈជាច្រើន ខ្ញុំរលឹកមិនឃើញ នូវអំពើ​នោះថា អំពើនេះ អាត្មាអញ បានធ្វើ​ដោយ​សេចក្តី​​វង្វេង។ ភិក្ខុទាំងឡាយ ក៏នៅតែពោលចោទគគ្គភិក្ខុនោះ យ៉ាងនេះទៀតថា លោកដ៏​មានអាយុ ចូររលឹកមើលចុះ លោកជាអ្នកត្រូវអាបត្តិ មានសភាព​យ៉ាងនេះហើយ។ ភិក្ខុ​ទាំង​ឡាយ​ណា មានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុទាំងនោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុទាំង​ឡាយ មិនសមបើនឹងចោទគគ្គភិក្ខុ ដោយអាបត្តិ ព្រោះតែលោក ជា​ភិក្ខុ​ឆ្កួត មានចិត្តវិបល្លាស​ប្រែ​ប្រួល បានប្រព្រឹត្ត​អនាចារថា លោកដ៏មានអាយុ ចូររលឹកមើល​ចុះ លោកជាអ្នកត្រូវអាបត្តិ មាន​សភាព​យ៉ាងនេះហើយ គគ្គភិក្ខុនោះ បាននិយាយយ៉ាង​នេះថា ម្នាលអាវុសោទាំងឡាយ ខ្ញុំជា​ភិក្ខុឆ្កួត មានចិត្តវិបល្លាសប្រែប្រួល កាលដែលខ្ញុំឆ្កួត មានចិត្ត​វិបល្លាស ប្រែប្រួលហើយនោះ ក៏​បាន​ប្រព្រឹត្ត​អនាចារ បានពោល និង​ព្យាយាមល្មើស នូវកិច្ច​មិនមែន​​ជារបស់សមណៈជាច្រើន ខ្ញុំរលឹកមិនឃើញ នូវអំពើ​នោះថា អំពើនេះ អាត្មាអញ បានធ្វើ​ដោយសេចក្តី​វង្វេង ភិក្ខុទាំងឡាយ ក៏នៅតែពោល​ចោទគគ្គភិក្ខុនោះ យ៉ាងនេះទៀតថា លោកដ៏​មានអាយុ ចូររលឹកមើលចុះ លោក​ជា​អ្នកត្រូវអាបត្តិ មានសភាពយ៉ាងនេះហើយ។ លំដាប់នោះ ភិក្ខុ​ទាំងឡាយនោះ ក្រាបបង្គំ​ទូល​សេចក្តី​នុ៎ះ ចំពោះ​ព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ដំណើរនោះ ពិតមែនឬ។បេ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលថា បពិត្រ​ព្រះមាន​ព្រះភាគ ពិតមែន។បេ។ លុះទ្រង់​តិះដៀលហើយ ទ្រង់ធ្វើធម្មីកថា ត្រាស់ហៅភិក្ខុ​ទាំងឡាយ​មកថា ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ សង្ឃចូរឲ្យ​អមូឡ្ហវិន័យ ដល់​គគ្គភិក្ខុ ដែល​បាត់​វង្វេងចុះ។ ម្នាលភិក្ខុទាំងឡាយ អមូឡ្ហវិន័យនោះ សង្ឃគប្បីឲ្យយ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ គគ្គភិក្ខុនោះ គប្បីចូលទៅរកសង្ឃ ធ្វើឧត្តរាសង្គៈ ឆៀងស្មាម្ខាង ហើយថ្វាយបង្គំ​បាទា​ភិក្ខុចាស់​ទាំងឡាយ រួចអង្គុយច្រហោង ផ្គងអញ្ជលីឡើង និយាយយ៉ាងនេះថា បពិត្រ​ព្រះសង្ឃ​ដ៏ចំរើន ខ្ញុំ​ជាភិក្ខុឆ្កួត មានចិត្តវិបល្លាស ប្រែប្រួល កាលខ្ញុំឆ្កួត មានចិត្តវិបល្លាស​ប្រែប្រួលហើយនោះ ក៏បាន​ប្រព្រឹត្តកន្លង បានពោល និងព្យាយាមល្មើស នូវកិច្ច​មិនមែន​ជារបស់សមណៈជាច្រើន ឯភិក្ខុ​ទាំង​ឡាយ ក៏ចោទខ្ញុំដោយអាបត្តិ ព្រោះតែខ្ញុំជាភិក្ខុឆ្កួត មានចិត្ត​វិបល្លាសប្រែប្រួល បានប្រព្រឹត្ត​អនាចារ​ថា លោកដ៏មានអាយុ ចូររលឹកមើលចុះ លោក​ជាអ្នកត្រូវអាបត្តិ មានសភាព​យ៉ាងនេះ​ហើយ ខ្ញុំបាននិយាយ នឹងភិក្ខុទាំងឡាយ​នោះ យ៉ាងនេះ​ថា ម្នាលអាវុសោទាំងឡាយ ខ្ញុំជាភិក្ខុ​ឆ្កួត មានចិត្តវិបល្លាសប្រែប្រួល កាលដែលខ្ញុំកំពុងឆ្កួត មាន​ចិត្ត​វិបល្លាស ប្រែប្រួលនោះ ក៏បាន​ប្រព្រឹត្ត​​អនាចារ បានពោល និងព្យាយាមល្មើស នូវកិច្ច​មិនមែន​ជា​របស់សមណៈជាច្រើន ខ្ញុំ​រលឹក​មិនឃើញ នូវអំពើ​នោះថា អំពើនេះ អាត្មាអញ បានធ្វើ​ហើយ ដោយ​សេចក្តី​វង្វេង ភិក្ខុទាំងឡាយ ក៏ពោល​ចោទខ្ញុំ យ៉ាងនេះទៀតថា លោកដ៏​មានអាយុ ចូរ​រលឹក​មើល​ចុះ លោកជាអ្នកត្រូវអាបត្តិ មានសភាពយ៉ាងនេះហើយ បពិត្រព្រះសង្ឃដ៏ចំរើន ខ្ញុំបាត់​វង្វេង​ហើយ មកសូម​អមូឡ្ហវិន័យ​នឹងសង្ឃ។ គគ្គភិក្ខុ ត្រូវសូមជាគំរប់​ពីរដងផង។បេ។ សូមជាគំរប់​បីដងផងថា បពិត្រព្រះសង្ឃដ៏​ចំរើន ខ្ញុំជាភិក្ខុ​ឆ្កួត មានចិត្តវិបល្លាសប្រែប្រួល កាលដែលខ្ញុំ​កំពុង​ឆ្កួត មានចិត្ត​វិបល្លាស ប្រែប្រួល​នោះ ក៏បាន​ប្រព្រឹត្ត​​អនាចារ បានពោល និងព្យាយាមល្មើស នូវ​កិច្ច​​មិនមែនជា​របស់​សមណៈជា​ច្រើន ឯភិក្ខុទាំងឡាយ ក៏ចោទខ្ញុំ ដោយអាបត្តិ ព្រោះតែខ្ញុំ​ឆ្កួត មានចិត្តវិបល្លាស​ប្រែប្រួល បាន​ប្រព្រឹត្ត​​​អនាចារថា លោកដ៏មានអាយុ ចូរ​រលឹក​មើលចុះ លោក​ជា​អ្នក​​ត្រូវអាបត្តិ មានសភាព​យ៉ាងនេះហើយ ខ្ញុំក៏បាននិយាយ​នឹងភិក្ខុ​ទាំងឡាយនោះវិញ យ៉ាង​នេះ​ថា ម្នាល​អាវុសោ​​ទាំងឡាយ ខ្ញុំជាភិក្ខុ​ឆ្កួត មានចិត្តវិបល្លាស​ប្រែប្រួល កាលដែលខ្ញុំកំពុងឆ្កួត មាន​ចិត្ត​​វិបល្លាស ប្រែប្រួលនោះ ក៏បាន​ប្រព្រឹត្ត​​អនាចារ បានពោល និងព្យាយាមល្មើស នូវកិច្ច​មិនមែន​ជា​របស់​សមណៈ​ជាច្រើន ខ្ញុំ​រលឹក​មិន​ឃើញ នូវអំពើ​នោះថា អំពើនេះ អាត្មាអញ បានធ្វើ​ហើយ ដោយសេចក្តី​វង្វេង ឯភិក្ខុទាំង​ឡាយ ពោលចោទខ្ញុំ យ៉ាងនេះទៀតថា លោកដ៏​មានអាយុ ចូរ​រលឹកមើលចុះ លោកជា​អ្នកត្រូវអាបត្តិ មានសភាពយ៉ាងនេះហើយ បពិត្រព្រះសង្ឃដ៏ចំរើន ខ្ញុំបាត់វង្វេងហើយ មកសូម​អមូឡ្ហវិន័យ​នឹងសង្ឃ ជាគំរប់​បីដងផង។

[១៧] ភិក្ខុដែលឈ្លាស ប្រតិពល គប្បីផ្តៀងសង្ឃថា បពិត្រព្រះសង្ឃដ៏ចំរើន សូម​សង្ឃ​​ស្តាប់ខ្ញុំ គគ្គភិក្ខុនោះ ជាភិក្ខុឆ្កួត មានចិត្តវិបល្លាសប្រែប្រួល កាលដែលលោកកំពុងឆ្កួត មានចិត្ត​វិបល្លាស​ប្រែប្រួលនោះ ក៏បានប្រព្រឹត្តអនាចារ បានពោល និងព្យាយាម​ល្មើស នូវកិច្ច​មិនមែន​ជារបស់​សមណៈជាច្រើន។ ឯភិក្ខុទាំងឡាយ ចោទគគ្គភិក្ខុ ដោយអាបត្តិ ព្រោះតែ​លោកឆ្កួត មានចិត្ត​វិបល្លាស ប្រែប្រួល បានប្រព្រឹត្តអនាចារថា លោកដ៏​មានអាយុ ចូរ​រលឹកមើលចុះ លោក​ជា​អ្នក​ត្រូវអាបត្តិ មានសភាពយ៉ាងនេះហើយ។ គគ្គភិក្ខុនោះ ឆ្លើយយ៉ាងនេះថា ម្នាល​លោកដ៏​មាន​អាយុ ខ្ញុំជាភិក្ខុ​ឆ្កួត មានចិត្តវិបល្លាសប្រែប្រួល កាលដែល​ខ្ញុំកំពុងឆ្កួត មានចិត្ត​វិបល្លាស ប្រែប្រួល​នោះ បាន​ប្រព្រឹត្ត​​អនាចារ បានពោល និងព្យាយាមល្មើស នូវកិច្ច​មិនមែនជា​របស់​សមណៈ​ជា​ច្រើន ខ្ញុំ​រលឹក​មិនឃើញ នូវអំពើ​នោះថា អំពើនេះ អាត្មាអញ បានធ្វើ​ហើយ ដោយសេចក្តី​វង្វេង។ ឯភិក្ខុទាំងឡាយ ក៏នៅតែពោលចោទគគ្គភិក្ខុនោះ យ៉ាងនេះទៀតថា លោកដ៏​មានអាយុ ចូរ​រលឹកមើលចុះ លោកជាអ្នកត្រូវអាបត្តិ មានសភាពយ៉ាងនេះហើយ។ ឥឡូវ គគ្គភិក្ខុនោះ បាត់​វង្វេង​ហើយ មកសូម​អមូឡ្ហវិន័យ​នឹងសង្ឃ។ បើការសូមអមូឡ្ហវិន័យ មានកាល​គួរ ដល់សង្ឃហើយ សង្ឃគប្បីឲ្យអមូឡ្ហវិន័យ ដល់គគ្គភិក្ខុ ជាអ្នកបាត់វង្វេងហើយចុះ។​ នេះជា​ញត្តិ។ បពិត្រ​ព្រះសង្ឃ​ដ៏ចំរើន សូម​សង្ឃ​​ស្តាប់ខ្ញុំ គគ្គភិក្ខុនេះ ជាភិក្ខុឆ្កួត មានចិត្តវិបល្លាស​ប្រែប្រួល កាលដែលលោក​កំពុង​ឆ្កួត មានចិត្ត​វិបល្លាស​ប្រែប្រួល បានប្រព្រឹត្តអនាចារ បានពោល និងព្យាយាម​ល្មើស នូវកិច្ច​មិនមែន​ជារបស់​សមណៈជាច្រើន។ ឯភិក្ខុទាំងឡាយ ក៏ចោទ​គគ្គភិក្ខុ ដោយអាបត្តិ ព្រោះតែ​លោក​ជាភិក្ខុឆ្កួត មានចិត្ត​វិបល្លាស ប្រែប្រួល បានប្រព្រឹត្ត​អនាចារថា ចូរ​លោក​ដ៏​មានអាយុ ​រលឹកមើល​ចុះ លោក​ជា​អ្នក​ត្រូវអាបត្តិ មានសភាព​យ៉ាងនេះហើយ។ គគ្គ​ភិក្ខុ​នោះ និយាយយ៉ាងនេះថា ម្នាល​​អាវុសោទាំងឡាយ ខ្ញុំជា​ភិក្ខុ​ឆ្កួត មានចិត្តវិបល្លាសប្រែប្រួល កាល​ដែល​ខ្ញុំកំពុងឆ្កួត មានចិត្ត​វិបល្លាស ប្រែប្រួល​នោះ បាន​ប្រព្រឹត្ត​​អនាចារ បានពោល និងព្យាយាម​ល្មើស នូវកិច្ច​មិនមែនជា​របស់​សមណៈ​ជា​ច្រើន ខ្ញុំ​រលឹក​មិនឃើញ នូវអំពើ​នោះថា អំពើនេះ អាត្មា​អញ បានធ្វើ​ហើយ ដោយសេចក្តី​វង្វេង។ ភិក្ខុទាំងឡាយ ក៏នៅតែពោលចោទគគ្គភិក្ខុនោះ យ៉ាងនេះ​ទៀតថា លោកមាន​អាយុ ចូរ​រលឹកមើលចុះ លោកជាអ្នកត្រូវអាបត្តិ មានសភាព​យ៉ាង​នេះ​ហើយ។ គគ្គភិក្ខុ​នោះ បាត់វង្វេងហើយ មកសូម​អមូឡ្ហវិន័យ​នឹងសង្ឃ។ សង្ឃឲ្យអមូឡ្ហវិន័យ ដល់គគ្គភិក្ខុ ជាអ្នកបាត់វង្វេងហើយ។​ ការឲ្យអមូឡ្ហវិន័យ ដល់គគ្គភិក្ខុ ជាអ្នកបាត់វង្វេង​ គួរ​ដល់​លោក​ដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះ ត្រូវស្ងៀម មិនគួរ ​ដល់លោកដ៏មាន​អាយុ​អង្គ​ណា លោកដ៏មានអាយុអង្គនោះ ត្រូវនិយាយឡើង។ ខ្ញុំប្រកាសសេចក្តីនេះ ជាគំរប់​ពីរដង​ផង។បេ។ ខ្ញុំប្រកាស​សេចក្តីនេះ ជាគំរប់​បីដងផង។បេ។ សង្ឃបានឲ្យអមូឡ្ហវិន័យ ដល់គគ្គភិក្ខុ ជាអ្នកបាត់វង្វេងហើយ ការឲ្យអមូឡ្ហវិន័យនេះ គួរដល់សង្ឃ ព្រោះហេតុនោះ ទើបសង្ឃស្ងៀម។ ខ្ញុំសូម​ចាំទុក នូវសេចក្តីនេះ ដោយអាការស្ងៀមយ៉ាងនេះ។

[១៨] ម្នាលភិក្ខុទាំងឡាយ ការឲ្យអមូឡ្ហវិន័យនេះ ដែលមិនប្រកបដោយធម៌ មាន៣​យ៉ាង ដែលប្រកបដោយធម៌ មាន៣យ៉ាង។ ការឲ្យអមូឡ្ហវិន័យ មិនប្រកបដោយធម៌ មាន៣​យ៉ាង (នោះ) តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ត្រូវអាបត្តិហើយ។ សង្ឃក្តី ភិក្ខុ​ច្រើនរូបក្តី បុគ្គលមួយរូបក្តី ចោទភិក្ខុនោះថា លោកដ៏មានអាយុ​ ចូររលឹកមើល​ចុះ លោកត្រូវ​អាបត្តិ មានសភាពយ៉ាងនេះហើយ។ ភិក្ខុនោះ កាលរលឹកឃើញ​ ក៏និយាយ​យ៉ាងនេះថា ម្នាលអាវុសោ​ទាំងឡាយ ខ្ញុំជាអ្នកត្រូវអាបត្តិ មានសភាពយ៉ាងនេះ ខ្ញុំរលឹក​មិនឃើញទេ។ សង្ឃ​ឲ្យអមូឡ្ហវិន័យ ដល់ភិក្ខុនោះ។ ការឲ្យអមូឡ្ហវិន័យ (យ៉ាងនេះ) ឈ្មោះ​ថា មិនប្រកបដោយធម៌។

[១៩] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ត្រូវអាបត្តិហើយ។ សង្ឃក្តី ភិក្ខុ​ច្រើនរូបក្តី បុគ្គល១រូបក្តី ចោទភិក្ខុនោះថា លោកដ៏មានអាយុ​ ចូររលឹកមើលចុះ លោកត្រូវ​អាបត្តិ មាន​សភាព​យ៉ាងនេះហើយ។ កាលភិក្ខុនោះ រលឹកឃើញ​ ក៏និយាយ​យ៉ាងនេះថា ម្នាល​អាវុសោ​​ទាំងឡាយ ខ្ញុំរលឹកឃើញដែរ តែដូចជាយល់សប្តិ។ សង្ឃ​ឲ្យអមូឡ្ហវិន័យ ដល់ភិក្ខុ​នោះ។ ការឲ្យអមូឡ្ហវិន័យ (យ៉ាងនេះ) ឈ្មោះថា មិនប្រកបដោយធម៌។

[២០] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ត្រូវអាបត្តិហើយ។ សង្ឃក្តី ភិក្ខុ​ច្រើនរូបក្តី បុគ្គល១រូបក្តី ចោទភិក្ខុនោះថា លោកដ៏មានអាយុ​ ចូររលឹកមើលចុះ លោកត្រូវ​អាបត្តិ មាន​សភាព​យ៉ាងនេះហើយ។ ភិក្ខុនោះ មិនមែនជាឆ្កួត តែក្លែងធ្វើជាឆ្កួត និយាយថា ខ្ញុំរមែង​ធ្វើយ៉ាងនេះ សូម្បី​លោកទាំងឡាយ ក៏ធ្វើយ៉ាងនេះដែរ អំពើនេះ សមគួរដល់​ខ្ញុំផង អំពើនេះ សមគួរ​ដល់លោក​ទាំងឡាយផង។ សង្ឃក៏​ឲ្យអមូឡ្ហវិន័យ ដល់ភិក្ខុនោះ។ ការឲ្យ​អមូឡ្ហវិន័យ (យ៉ាងនេះ) ឈ្មោះថា មិនប្រកបដោយធម៌។ ការឲ្យអមូឡ្ហវិន័យ ដែលមិន​ប្រកបដោយធម៌ មាន៣យ៉ាង ប៉ុណ្ណេះឯង។

[២១] ការឲ្យអមូឡ្ហវិន័យ ដែលប្រកបដោយធម៌ មាន៣យ៉ាង (នោះ) តើដូចម្តេច។ ម្នាល​ភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាភិក្ខុឆ្កួត មានចិត្តវិបល្លាសប្រែប្រួល។ ភិក្ខុឆ្កួតនោះ មានចិត្តវិបល្លាស ប្រែប្រួល ហើយក៏ប្រព្រឹត្តអនាចារ បានពោល និងព្យាយាមល្មើស នូវកិច្ច មិនមែន​ជារបស់សមណៈជាច្រើន។ សង្ឃក្តី ភិក្ខុ​ច្រើនរូបក្តី បុគ្គល១រូបក្តី ចោទ​ភិក្ខុនោះថា លោកដ៏មានអាយុ​ ចូររលឹកមើលចុះ លោកត្រូវ​អាបត្តិ មាន​សភាព​យ៉ាងនេះ​ហើយ។ ភិក្ខុឆ្កួតនោះ រលឹកមិនឃើញសោះ ក៏និយាយ​យ៉ាងនេះថា ម្នាលអាវុសោ​ទាំង​ឡាយ ខ្ញុំជាអ្នកត្រូវអាបត្តិ មានសភាពយ៉ាងនេះ ខ្ញុំរលឹកមិនឃើញទេ។ សង្ឃ​ឲ្យ​អមូឡ្ហវិន័យ ដល់ភិក្ខុនោះ។ ការឲ្យ​អមូឡ្ហវិន័យ (យ៉ាងនេះ) ឈ្មោះថា ប្រកបដោយធម៌។

[២២] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាភិក្ខុឆ្កួត មានចិត្តវិបល្លាសប្រែប្រួល។ ភិក្ខុឆ្កួតនោះ មានចិត្តវិបល្លាស ប្រែប្រួល បានប្រព្រឹត្តអនាចារ បានពោល និងព្យាយាម​ល្មើស នូវកិច្ច មិនមែន​ជារបស់សមណៈជាច្រើន។ សង្ឃក្តី ភិក្ខុ​ច្រើនរូបក្តី បុគ្គល១រូបក្តី ចោទភិក្ខុនោះថា លោកដ៏មានអាយុ​ ចូររលឹកមើលចុះ លោកត្រូវ​អាបត្តិ មាន​សភាព​យ៉ាងនេះហើយ។ ភិក្ខុនោះ រលឹកមិនឃើញសោះ តែនិយាយ​យ៉ាងនេះថា ម្នាលអាវុសោ​ទាំងឡាយ ខ្ញុំរលឹកឃើញដែរ តែថា ដូចជាយល់សប្តិ។ សង្ឃក៏​ឲ្យអមូឡ្ហវិន័យ ដល់​ភិក្ខុនោះ។ ការឲ្យ​អមូឡ្ហវិន័យ (យ៉ាងនេះ) ឈ្មោះថា ប្រកបដោយធម៌។

[២៣] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាភិក្ខុឆ្កួត មានចិត្តវិបល្លាសប្រែប្រួល។ ភិក្ខុឆ្កួតនោះ មានចិត្តវិបល្លាស ប្រែប្រួលហើយ បានប្រព្រឹត្តអនាចារ បានពោល និង​ព្យាយាម​ល្មើស នូវកិច្ច មិនមែន​ជារបស់សមណៈជាច្រើន។ សង្ឃក្តី ភិក្ខុ​ច្រើនរូបក្តី បុគ្គល ១ រូបក្តី ចោទភិក្ខុនោះថា លោកដ៏មានអាយុ​ ចូររលឹកមើលចុះ លោកជាអ្នកត្រូវ​អាបត្តិ មាន​សភាព​យ៉ាងនេះហើយ។ ភិក្ខុនោះឆ្កួតមែន ក៏ធ្វើអាការជាឆ្កួត ហើយនិយាយថា ខ្ញុំរមែងធ្វើយ៉ាងនេះ សូម្បី​លោកទាំងឡាយ ក៏ធ្វើយ៉ាងនេះដែរ អំពើនេះ សមគួរដល់ខ្ញុំផង អំពើនេះ សមគួរ​ ដល់លោក​ទាំងឡាយផង។ សង្ឃ​ឲ្យអមូឡ្ហវិន័យ ដល់ភិក្ខុនោះ។ ការឲ្យ​អមូឡ្ហវិន័យ (យ៉ាងនេះ) ឈ្មោះថា ប្រកបដោយធម៌។ ការឲ្យ​អមូឡ្ហវិន័យ ដែលប្រកប​ដោយ​ធម៌ មាន៣យ៉ាងប៉ុណ្ណេះឯង។

[២៤] សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុធ្វើកម្មទាំងឡាយ គឺតជ្ជនីយកម្មខ្លះ និយស្សកម្មខ្លះ បព្វាជនីយកម្មខ្លះ បដិសារណីយកម្មខ្លះ ឧក្ខេបនីយកម្មខ្លះ ដល់ភិក្ខុទាំងឡាយ ដោយមិន​តាម​ពាក្យ​ប្តេជ្ញា។ ភិក្ខុទាំងឡាយណា មានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុទាំងនោះ ក៏ពោល​ទោស តិះដៀល បន្តុះបង្អាប់ថា ពួក​ឆព្វគ្គិយភិក្ខុ មិនសមបើនឹងធ្វើកម្ម​ទាំងឡាយ គឺ​តជ្ជនីយកម្មខ្លះ និយស្សកម្មខ្លះ បព្វាជនីយកម្មខ្លះ បដិសារណីយកម្មខ្លះ ឧក្ខេបនីយកម្មខ្លះ ដល់ភិក្ខុទាំងឡាយ ដោយមិនតាម​ពាក្យ​ប្តេជ្ញាសោះ។ គ្រានោះ ភិក្ខុទាំងនោះ ក្រាបបង្គំ​ទូល​សេចក្តីនុ៎ះ ចំពោះ​ព្រះមាន​ព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ដំណើរនោះ ពិតមែនឬ។បេ។ ភិក្ខុ​ទាំងឡាយ ក្រាបបង្គំទូលថា បពិត្រព្រះមានព្រះភាគ ពិតមែន។បេ។ លុះទ្រង់តិះដៀលហើយ ទ្រង់​ធ្វើធម្មីកថា ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវ​ធ្វើ​តជ្ជនីយកម្មក្តី និយស្សកម្មក្តី បព្វាជនីយកម្មក្តី បដិសារណីយកម្មក្តី ឧក្ខេបនីយកម្មក្តី ដល់ភិក្ខុទាំងឡាយ ដោយ​មិន​តាម​ពាក្យ​ប្តេជ្ញាទេ ភិក្ខុណាធ្វើ ត្រូវអាបត្តិទុក្កដ។

[២៥] ម្នាលភិក្ខុទាំងឡាយ ការធ្វើតាមពាក្យប្តេជ្ញា មិនប្រកបដោយធម៌ យ៉ាងនេះ ការធ្វើ​តាម​ពាក្យប្តេជ្ញា ប្រកបដោយធម៌ យ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ ចំណែកឯការធ្វើតាម​ពាក្យ​ប្តេជ្ញា ដែលមិនប្រកបដោយធម៌នោះ ដូចម្តេច។ ភិក្ខុត្រូវអាបត្តិបារាជិកហើយ។ សង្ឃក្តី ភិក្ខុ​ច្រើនរូបក្តី បុគ្គល១រូបក្តី ចោទភិក្ខុនោះថា លោកមានអាយុ ត្រូវអាបត្តិ​បារាជិកហើយ។ ភិក្ខុនោះ និយាយយ៉ាងនេះថា ម្នាលអាវុសោ ខ្ញុំមិនត្រូវអាបត្តិបារាជិកទេ ត្រូវអាបត្តិសង្ឃាទិសេសទេតើ។ សង្ឃក៏ឲ្យ​ភិក្ខុនោះធ្វើ (វុដ្ឋានវិធី) ដោយអាបត្តិ​សង្ឃាទិសេស។ ការធ្វើតាម​ពាក្យប្តេជ្ញា (យ៉ាងនេះ) ឈ្មោះថា មិនប្រកបដោយធម៌។ ភិក្ខុត្រូវអាបត្តិបារាជិក។ សង្ឃក្តី ភិក្ខុ​ច្រើនរូបក្តី បុគ្គល១រូបក្តី ចោទភិក្ខុនោះថា លោកដ៏​មានអាយុ ត្រូវអាបត្តិបារាជិកហើយ។ ភិក្ខុនោះ និយាយយ៉ាងនេះថា ម្នាលអាវុសោ ខ្ញុំមិនត្រូវអាបត្តិបារាជិកទេ ត្រូវអាបត្តិថុល្លច្ច័យទេតើ។ សង្ឃឲ្យ​ភិក្ខុនោះធ្វើ (ទេសនាវិធី) ដោយអាបត្តិថុល្លច្ច័យ។ ការធ្វើតាម​ពាក្យប្តេជ្ញា (យ៉ាងនេះ) ឈ្មោះថា មិនប្រកប​ដោយ​ធម៌។ ភិក្ខុត្រូវអាបត្តិបារាជិកហើយ។ សង្ឃក្តី ភិក្ខុ​ច្រើនរូបក្តី បុគ្គល១រូបក្តី ចោទភិក្ខុនោះថា លោកដ៏មានអាយុ ត្រូវអាបត្តិបារាជិកហើយ។ ភិក្ខុនោះ និយាយយ៉ាងនេះថា ម្នាល​អាវុសោ ខ្ញុំមិនត្រូវអាបត្តិបារាជិកទេ ត្រូវអាបត្តិបាចិត្តិយៈទេតើ។ សង្ឃឲ្យ​ភិក្ខុនោះធ្វើ (ទេសនាវិធី) ដោយ​អាបត្តិបាចិត្តិយៈ។ ការធ្វើតាម​ពាក្យប្តេជ្ញា (យ៉ាងនេះ) ឈ្មោះថា មិនប្រកបដោយធម៌។ ភិក្ខុត្រូវ​អាបត្តិ​បារាជិកហើយ។ សង្ឃក្តី ភិក្ខុ​ច្រើនរូបក្តី បុគ្គល១រូបក្តី ចោទភិក្ខុនោះថា លោកដ៏មានអាយុ ត្រូវអាបត្តិបារាជិកហើយ។ ភិក្ខុនោះ និយាយ​យ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ខ្ញុំមិនត្រូវ​អាបត្តិ​បារាជិកទេ ត្រូវអាបត្តិ​បាដិទេសនីយៈ​ទេតើ។ សង្ឃឲ្យ​ភិក្ខុនោះធ្វើ (ទេសនាវិធី) ដោយ​អាបត្តិ​បាដិទេសនីយៈ។ ការធ្វើតាម​ពាក្យប្តេជ្ញា (យ៉ាងនេះ) ឈ្មោះថា មិនប្រកបដោយធម៌។ ភិក្ខុត្រូវអាបត្តិ​បារាជិកហើយ។ សង្ឃក្តី ភិក្ខុ​ច្រើនរូបក្តី បុគ្គល១រូបក្តី ចោទភិក្ខុនោះថា លោក​ដ៏មានអាយុ ត្រូវអាបត្តិបារាជិកហើយ ភិក្ខុនោះ និយាយយ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ខ្ញុំមិនត្រូវអាបត្តិបារាជិកទេ ត្រូវអាបត្តិទុក្កដទេតើ។ សង្ឃឲ្យ​ភិក្ខុនោះធ្វើ (ទេសនាវិធី) ដោយអាបត្តិ​ទុក្កដ។ ការធ្វើតាម​ពាក្យប្តេជ្ញា (យ៉ាងនេះ) ឈ្មោះថា មិនប្រកបដោយធម៌។ ភិក្ខុត្រូវអាបត្តិបារាជិក​ហើយ។ សង្ឃក្តី ភិក្ខុ​ច្រើនរូបក្តី បុគ្គល១រូបក្តី ចោទភិក្ខុនោះថា លោកដ៏មានអាយុ ត្រូវអាបត្តិ​បារាជិក​ហើយ។ ភិក្ខុនោះ និយាយយ៉ាងនេះថា ម្នាល​អាវុសោ​ទាំងឡាយ ខ្ញុំមិនត្រូវ​អាបត្តិ​បារាជិក​ទេ ត្រូវអាបត្តិទុព្ភាសិតទេតើ។ សង្ឃឲ្យ​ភិក្ខុនោះធ្វើ (ទេសនាវិធី) ដោយអាបត្តិទុព្ភាសិត។ ការធ្វើ​តាម​​ពាក្យប្តេជ្ញា (យ៉ាងនេះ) ឈ្មោះថា មិនប្រកបដោយធម៌។ ភិក្ខុត្រូវអាបត្តិសង្ឃាទិសេស​ហើយ។បេ។ ថុល្លច្ច័យ។បេ។ បាចិត្តិយៈ។បេ។ បាដិទេសនីយៈ។បេ។ ទុក្កដ។បេ។ ត្រូវអាបត្តិ​ទុព្ភាសិតហើយ។ សង្ឃក្តី ភិក្ខុ​ច្រើនរូបក្តី បុគ្គល១រូបក្តី ចោទភិក្ខុនោះថា លោកដ៏មានអាយុ ត្រូវ​អាបត្តិ​ទុព្ភាសិតហើយ។ ភិក្ខុនោះ និយាយយ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ខ្ញុំមិនត្រូវ​អាបត្តិ​ទុព្ភាសិតទេ ត្រូវអាបត្តិបារាជិកទេតើ។ សង្ឃឲ្យ​ភិក្ខុនោះធ្វើ (ការប្តេជ្ញាខ្លួនជាគ្រហស្ថ) ដោយអាបត្តិបារាជិក។ ការធ្វើតាម​ពាក្យប្តេជ្ញា (យ៉ាងនេះ) ឈ្មោះថា មិនប្រកបដោយ​ធម៌។ ភិក្ខុត្រូវអាបត្តិទុព្ភាសិតហើយ។ សង្ឃក្តី ភិក្ខុ​ច្រើនរូបក្តី បុគ្គល១រូបក្តី ចោទភិក្ខុ​នោះថា លោកដ៏​មាន​អាយុ ត្រូវអាបត្តិទុព្ភាសិតហើយ។ ភិក្ខុនោះ និយាយយ៉ាងនេះថា ម្នាលលោកដ៏មានអាយុ ខ្ញុំមិនត្រូវអាបត្តិទុព្ភាសិតទេ ត្រូវអាបត្តិសង្ឃាទិសេសទេតើ។បេ។ ថុល្លច្ច័យ។បេ។ បាចិត្តិយៈ។បេ។ បាដិទេសនីយៈ។បេ។ ត្រូវអាបត្តិទុក្កដ។ សង្ឃឲ្យ​ភិក្ខុនោះធ្វើ (ទេសនាវិធី) ដោយអាបត្តិ​ទុក្កដ។ ការធ្វើតាម​ពាក្យប្តេជ្ញា (យ៉ាងនេះ) ឈ្មោះថា មិនប្រកបដោយធម៌។ ម្នាលភិក្ខុទាំងឡាយ ការធ្វើតាមពាក្យ​ប្តេជ្ញា ដែលមិន​ប្រកបដោយធម៌ យ៉ាងនេះឯង។

[២៦] ម្នាលភិក្ខុទាំងឡាយ ចំណែកឯការធ្វើតាមពាក្យប្តេជ្ញា ដែលប្រកបដោយធម៌ (នោះ) ដូចម្តេច។ ភិក្ខុត្រូវអាបត្តិបារាជិកហើយ។ សង្ឃក្តី ភិក្ខុ​ច្រើនរូបក្តី បុគ្គល១រូបក្តី ចោទភិក្ខុ​នោះថា លោកដ៏មានអាយុ ត្រូវអាបត្តិបារាជិកហើយ។ ភិក្ខុនោះ និយាយយ៉ាងនេះថា ម្នាលអាវុសោ​ទាំងឡាយ អើខ្ញុំត្រូវអាបត្តិបារាជិកមែន។ សង្ឃឲ្យ​ភិក្ខុនោះធ្វើ (ការប្តេជ្ញាខ្លួន​ជាគ្រហស្ថ) ដោយ​អាបត្តិបារាជិក។ ការធ្វើតាម​ពាក្យប្តេជ្ញា (យ៉ាងនេះ) ឈ្មោះថា ប្រកបដោយធម៌។ ភិក្ខុត្រូវ​អាបត្តិ​ សង្ឃាទិសេស​។បេ។ ថុល្លច្ច័យ។បេ។ បាចិត្តិយៈ។បេ។ បាដិទេសនីយៈ។បេ។ ទុក្កដ។បេ។ ​ទុព្ភាសិត។ សង្ឃក្តី ភិក្ខុ​ច្រើនរូបក្តី បុគ្គល១រូបក្តី ចោទ​ភិក្ខុនោះថា លោកដ៏មានអាយុ ត្រូវ​អាបត្តិ​ទុព្ភាសិតហើយ។ ភិក្ខុនោះ និយាយ​យ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ អើខ្ញុំត្រូវ​អាបត្តិ​ទុព្ភាសិតមែន។ សង្ឃឲ្យ​ភិក្ខុនោះធ្វើ (ទេសនាវិធី) ដោយអាបត្តិទុព្ភាសិត។ ការធ្វើតាម​ពាក្យប្តេជ្ញា (យ៉ាងនេះ) ឈ្មោះថា ប្រកប​ដោយធម៌។ ម្នាលភិក្ខុទាំងឡាយ ការធ្វើតាមពាក្យ​ប្តេជ្ញា ដែលប្រកប​ដោយធម៌ យ៉ាងនេះឯង។

[២៧] សម័យនោះឯង ភិក្ខុទាំងឡាយ បង្កហេតុ ឈ្លោះទាស់ទែងគ្នា ក្នុងកណ្តាល​ជំនុំសង្ឃ ពោលពាក្យចាក់ដោតគ្នាទៅវិញទៅមក ដោយលំពែង គឺមាត់ ភិក្ខុទាំងឡាយ មិនអាច​ញុំាង​អធិករណ៍​នោះ ឲ្យរម្ងាប់បាន។ ភិក្ខុទាំងឡាយនោះ ក្រាបបង្គំទូល​សេចក្តីនុ៎ះ ចំពោះព្រះមាន​ព្រះ​ភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត​ឲ្យ​រម្ងាប់​អធិករណ៍ មាន​សភាព​យ៉ាងនេះ ដោយយេភុយ្យសិកា [គឺកំណត់យកពួក​ខាង​ធម្មវាទី មានចំនួនច្រើនជាង។]។ សង្ឃគប្បីសន្មតភិក្ខុ ដែលប្រកបដោយអង្គ៥ គឺភិក្ខុដែល​មិនលុះនូវឆន្ទាគតិ១ មិនលុះនូវ​ទោសា​គតិ១ មិនលុះនូវមោហាគតិ១ មិនលុះនូវ​ភយាគតិ១ ដឹងនូវស្លាកដែលបាន​ចាប់ហើយ និងមិន​ទាន់​បានចាប់១ឲ្យ (ធ្វើ) ជា​សលាកគ្គាហាបកៈ (អ្នកចាត់ចែងឲ្យគេចាប់ស្លាក) ម្នាលភិក្ខុទាំងឡាយ ឯ​សលាកគ្គាហាបកៈ​នោះ សង្ឃត្រូវសន្មតយ៉ាងនេះ។ មុនដម្បូងត្រូវសង្ឃ​សូមភិក្ខុ (នោះ) លុះ​សូម​រួច​ហើយ  ត្រូវភិក្ខុដែលឈ្លាស ប្រតិពល ផ្តៀងសង្ឃថា បពិត្រ​ព្រះសង្ឃ​ដ៏​ចំរើន សូម​សង្ឃ​ស្តាប់ខ្ញុំ បើការ​សន្មតិ មានកាលគួរ ដល់សង្ឃហើយ សូមសង្ឃសន្មតិភិក្ខុ ឈ្មោះ​នេះ ឲ្យជា​សលាកគ្គាហាបកៈ​ចុះ។ នេះជាញត្តិ។ បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃ​ស្តាប់ខ្ញុំ សង្ឃសន្មតភិក្ខុ​ឈ្មោះ​នេះ ឲ្យជាសលាកគ្គាហាបកៈ។ ការសន្មតិភិក្ខុ ឈ្មោះនេះ ឲ្យជាសលាកគ្គាហាបកៈ គួរដល់​លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះ ត្រូវស្ងៀម មិនគួរ​ដល់លោកដ៏​មានអាយុ​អង្គ​ណា លោកដ៏មានអាយុអង្គនោះ ត្រូវនិយាយ​ឡើង។ ភិក្ខុឈ្មោះនេះ សង្ឃ​បានសន្មត​ឲ្យជា​សលាកគ្គាហាបកៈហើយ ការសន្មតិនេះ គួរ​ដល់​សង្ឃ ព្រោះ​ហេតុនោះ ទើបសង្ឃស្ងៀម។ ខ្ញុំសូម​ចាំទុក នូវសេចក្តីនេះ ដោយ​អាការ​ស្ងៀមយ៉ាងនេះ។

[២៨] ម្នាលភិក្ខុទាំងឡាយ ការឲ្យចាប់ស្លាកនេះ ដែលមិនប្រកបដោយធម៌ មាន១០យ៉ាង ដែលប្រកបដោយធម៌ មាន១០យ៉ាង។​ ការឲ្យចាប់ស្លាក ដែលមិនប្រកបដោយធម៌ ១០ យ៉ាង (នោះ) តើ​ដូចម្តេច។ គឺមានអធិករណ៍បន្តិចបន្តួច [អដ្ឋកថា ថា អធិករណ៍នោះ មិនទាន់​រាលដាល​ដល់អាវាស​ទី ៣ ឬមិនទាន់​បានវិនិច្ឆ័យពីរបីលើក​នៅឡើយ] ១ អធិករណ៍​មិនទៅតាមគតិ១ អធិករណ៍ ដែលភិក្ខុ​មិនទាន់​បានរលឹកឃើញខ្លួនឯង និង​រំលឹកអ្នកដទៃ១ ភិក្ខុដឹងថា ពួកអធម្មវាទី មានចំនួនច្រើនជាង១ ភិក្ខុគិតថា ធ្វើម្តេចហ្ន៎ ទើបពួកអធម្មវាទី មានចំនួនច្រើនជាង១ ភិក្ខុដឹងថា សង្ឃនឹងបែកគ្នា១ ភិក្ខុគិតថា ធ្វើម្តេចហ្ន៎ ទើបសង្ឃបែកគ្នា១ ភិក្ខុទាំងឡាយ ចាប់ស្លាកដោយមិន​តាមធម៌ [ពួកអធម្មវាទី​ពោលថា ពួកយើងមានចំនួនច្រើនជាង ហើយចាប់ស្លាកពីរៗម្នាក់។]១ ភិក្ខុ​ទាំងឡាយ ចាប់ស្លាកជាពួកៗ១ ភិក្ខុទាំងឡាយ មិនចាប់ស្លាកតាមសមគួរ ដល់ទិដ្ឋិ [ពួកធម្មវាទី​ពោលថា ពួកយើងជាបក្ខពួក មានកំឡាំង ហើយទៅចាប់ស្លាករបស់អធម្មវាទីវិញ។]១ ការឲ្យចាប់ស្លាក​ ដែលមិនប្រកបដោយធម៌ មាន១០យ៉ាង ប៉ុណ្ណេះឯង។

[២៩] ការឲ្យចាប់ស្លាក ដែលប្រកបដោយធម៌ មាន១០យ៉ាង (នោះ) តើដូចម្តេច។ គឺមិនមាន​អធិករណ៍បន្តិចបន្តួច១ អធិករណ៍ប្រព្រឹត្តទៅតាមគតិ១ អធិករណ៍ ដែលភិក្ខុ​បាន​រលឹក​ឃើញ​ខ្លួនឯង ឬបានរំលឹកអ្នកដទៃ១ ភិក្ខុដឹងថា ពួកធម្មវាទី មានចំនួនច្រើន​ជាង១ ភិក្ខុគិតថា ធ្វើម្តេចហ្ន៎ ទើបពួកធម្មវាទី មានចំនួនច្រើនជាង១ ភិក្ខុដឹងថា សង្ឃនឹង​មិនបែកគ្នា១ ភិក្ខុគិតថា ធ្វើម្តេចហ្ន៎ ទើបសង្ឃមិនបែកគ្នា១ ភិក្ខុទាំងឡាយ ចាប់ស្លាក​ប្រកបដោយធម៌១ ព្រមព្រៀង​គ្នា​ចាប់ស្លាក១ ចាប់ស្លាកដោយសមគួរ ដល់ទិដ្ឋិ១ ការឲ្យ​ចាប់ស្លាក​ ដែលប្រកបដោយធម៌ មាន​១០យ៉ាង ប៉ុណ្ណេះឯង។

[៣០] សម័យនោះឯង ឧបវាឡភិក្ខុ កាលត្រូវគេសាកសួរដោយអាបត្តិក្នុងកណ្តាល​ជំនុំសង្ឃ ក៏គេចកែសំដី ហើយទទួលដឹង ទទួលដឹងហើយ បែរជាគេចកែសំដីវិញ បិទបាំង​ហេតុ​ដទៃ ដោយហេតុដទៃវិញ ពោលសម្បជានមុសាវាទ គឺពោលពាក្យកុហក​ដោយ​ដឹងខ្លួន។ ភិក្ខុ​ទាំងឡាយណា មានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុទាំងឡាយនោះ ក៏ពោល​ទោស តិះដៀល បន្តុះ​បង្អាប់ថា ឧបវាឡភិក្ខុ កាលត្រូវគេសាកសួរ ដោយអាបត្តិក្នុង​កណ្តាលជំនុំសង្ឃ មិនសមបើនឹង​គេចកែសំដី ហើយបែរជាទទួលដឹង ទទួលដឹងហើយ បែរជាគេចកែសំដីវិញ បិទបាំងហេតុដទៃ ដោយហេតុដទៃពោលសម្បជានមុសាវាទ​សោះ។ គ្រានោះ ភិក្ខុទាំងឡាយនោះ ក្រាបបង្គំទូល​រឿងនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ដំណើរនោះ ពិតមែនឬ។បេ។ ភិក្ខុទាំង​ឡាយ ក្រាបបង្គំទូលថា បពិត្រព្រះមានព្រះភាគ ពិតមែន។បេ។ លុះ​ទ្រង់បន្ទោសហើយ ទ្រង់ធ្វើធម្មីកថា ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ សង្ឃ​ចូរធ្វើតស្សបាបិយសិកាកម្ម ដល់ឧបវាឡភិក្ខុចុះ។ ម្នាលភិក្ខុទាំងឡាយ តស្សបាបិយសិកា​កម្ម​នោះ សង្ឃគប្បីធ្វើយ៉ាងនេះ។ មុនដម្បូង សង្ឃគប្បីចោទ ឧបវាឡភិក្ខុ លុះចោទហើយ គប្បីរំលឹក លុះរំលឹកហើយ គប្បីលើកអាបត្តិឡើង លុះលើកអាបត្តិឡើងហើយ ភិក្ខុដែល​ឈ្លាស ប្រតិពល គប្បីផ្តៀងសង្ឃថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃ​ស្តាប់ខ្ញុំ ឧបវាឡភិក្ខុ​នេះ កាលត្រូវគេសាកសួរ ដោយអាបត្តិ ក្នុងកណ្តាលជំនុំសង្ឃ ក៏គេចកែសំដី ហើយបែរជាទទួលដឹង ទទួលដឹងហើយ បែរជាគេចកែសំដីវិញ បិទបាំងហេតុដទៃ ដោយ​ហេតុ​ដទៃ ពោលសម្បជានមុសាវាទ។ បើការធ្វើ​ តស្សបាបិយសិកាកម្ម មានកាលគួរ ដល់សង្ឃហើយ សង្ឃគប្បីធ្វើ តស្សបាបិយសិកាកម្ម ដល់ឧបវាឡភិក្ខុ។ នេះជាញត្តិ។ បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ ឧបវាឡភិក្ខុនេះ កាលត្រូវគេសាកសួរ ដោយ​អាបត្តិ ក្នុងកណ្តាលជំនុំសង្ឃ ក៏គេចកែសំដី ហើយបែរជាទទួលដឹង ទទួលដឹងហើយ បែរជាគេចកែសំដីវិញ បិទបាំងហេតុដទៃ ដោយហេតុ​ដទៃ ពោលសម្បជានមុសាវាទ។ សង្ឃធ្វើ តស្សបាបិយសិកាកម្ម ដល់ឧបវាឡភិក្ខុ។ ការធ្វើ តស្សបាបិយសិកាកម្ម ដល់ឧបវាឡភិក្ខុ សមគួរដល់លោកដ៏មានអាយុអង្គណា លោកដ៏​មានអាយុអង្គនោះ ត្រូវ​ស្ងៀម មិនសមគួរ ដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុ​អង្គនោះ ត្រូវ​និយាយ​ឡើង។ ខ្ញុំសូមប្រកាសសេចក្តីនេះ ជាគំរប់​ពីរដងផង។បេ។ ខ្ញុំសូមប្រកាស​សេចក្តីនេះ ជាគំរប់​បីដងផង។បេ។ សង្ឃបានធ្វើ តស្សបាបិយសិកាកម្ម ដល់​ឧបវាឡភិក្ខុ​ហើយ (ការធ្វើតស្សបាបិយសិកាកម្មនេះ) សមគួរ ដល់សង្ឃហើយ ព្រោះ​ហេតុនោះ បានជាសង្ឃស្ងៀម។ ខ្ញុំសូមចាំទុក នូវសេចក្តីនេះ ដោយអាការស្ងៀម​យ៉ាង​នេះ។

[៣១] ម្នាលភិក្ខុទាំងឡាយ ការធ្វើ​តស្សបាបិយសិកាកម្មនេះ ប្រកបដោយធម៌ មាន៥​យ៉ាង គឺភិក្ខុនោះ (មានកាយវាចា) មិនស្អាត១ ជាអ្នកមិនមានសេចក្តីអៀនខ្មាស១ ជាអ្នកប្រកប​ដោយ​ពាក្យគេតិះដៀល១ សង្ឃធ្វើតស្សបាបិយសិកាកម្ម ដល់ភិក្ខុនោះ១ សង្ឃធ្វើដោយ​សេចក្តី​ព្រមព្រៀងគ្នា ត្រូវតាមធម៌១ ម្នាលភិក្ខុទាំងឡាយ ការធ្វើ​តស្សបាបិយសិកាកម្ម ដែលប្រកប​ដោយធម៌ មាន៥យ៉ាង ប៉ុណ្ណេះឯង។

[៣២] ម្នាលភិក្ខុទាំងឡាយ តស្សបាបិយសិកាកម្ម ជាកម្មមិនត្រូវតាមធម៌ផង ជាកម្ម​មិនត្រូវ​តាមវិន័យផង ជាកម្មរម្ងាប់​ដោយអាក្រក់ផង ប្រកបដោយអង្គ៣ គឺកម្មដែលសង្ឃ​ធ្វើកំបាំងមុខ១ ធ្វើដោយមិនបានសាកសួរជាមុន១ ធ្វើដោយមិនតាមប្តេជ្ញា១ ម្នាលភិក្ខុ​ទាំងឡាយ តស្សបាបិយសិកាកម្ម ជាកម្មមិនត្រូវតាមធម៌ផង ជាកម្មមិនត្រូវតាមវិន័យផង ជាកម្មរម្ងាប់​ដោយអាក្រក់ផង ប្រកបដោយអង្គទាំង៣ នេះឯង។បេ។ ម្នាលភិក្ខុទាំងឡាយ តស្សបាបិយសិកាកម្ម ជាកម្មមិនត្រូវតាមធម៌ផង ជាកម្ម​មិនត្រូវ​តាមវិន័យផង ជាកម្មរម្ងាប់​ដោយអាក្រក់ផង ប្រកបដោយអង្គ៣ដទៃទៀត គឺកម្មដែលសង្ឃ​មិនលើកអាបត្តិឡើង ហើយស្រាប់តែធ្វើ១ ធ្វើមិនត្រូវតាមធម៌១ ធ្វើដោយពួក១ ម្នាលភិក្ខុទាំងឡាយ តស្សបាបិយសិកាកម្ម ជាកម្មមិនត្រូវតាមធម៌ផង ជាកម្មមិនត្រូវតាមវិន័យផង ជាកម្មរម្ងាប់​ដោយអាក្រក់ផង ប្រកបដោយអង្គទាំង៣ នេះឯង។

[៣៣] ម្នាលភិក្ខុទាំងឡាយ តស្សបាបិយសិកាកម្ម ជាកម្មប្រកបដោយធម៌ផង ជាកម្ម​ប្រកបដោយវិន័យផង ជាកម្មរម្ងាប់​ដោយល្អផង ប្រកបដោយអង្គ៣ គឺកម្មដែលសង្ឃ​ធ្វើ​ក្នុងទីចំពោះមុខ១ ធ្វើដោយបានសាកសួរជាមុន១ ធ្វើតាមប្តេជ្ញា១ ម្នាលភិក្ខុទាំងឡាយ តស្សបាបិយសិកាកម្ម ជាកម្មប្រកបដោយធម៌ផង ជាកម្មប្រកបដោយវិន័យផង ជា​កម្ម​រម្ងាប់​​ដោយល្អផង ប្រកបដោយអង្គទាំង៣ នេះឯង។បេ។ ម្នាលភិក្ខុទាំងឡាយ តស្សបាបិយសិកាកម្ម ជាកម្មប្រកបដោយធម៌ផង ជាកម្មប្រកបដោយវិន័យផង ជាកម្ម​រម្ងាប់​​ដោយល្អផង ប្រកប​ដោយ​អង្គ​៣ដទៃទៀត គឺកម្មដែលសង្ឃ​លើកអាបត្តិឡើង ហើយ​ទើបធ្វើ១ ធ្វើត្រូវតាមធម៌១ ធ្វើដោយ​សេចក្តីព្រមព្រៀងគ្នា១ ម្នាលភិក្ខុទាំងឡាយ តស្សបាបិយសិកា​កម្ម ជាកម្មប្រកបដោយធម៌ផង ជាកម្មប្រកបដោយវិន័យផង ជាកម្ម​រម្ងាប់​​ដោយល្អផង ប្រកបដោយអង្គទាំង៣ នេះឯង។

[៣៤] ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា (នឹងធ្វើ) ក៏គប្បីធ្វើតស្សបាបិយសិកាកម្ម ដល់ភិក្ខុ ដែលប្រកបដោយអង្គ៣បាន គឺភិក្ខុអ្នកធ្វើ នូវសេចក្តីបង្កហេតុ ធ្វើជម្លោះ ធ្វើ​សេចក្តី​ទាស់ទែង បង្កតិរច្ឆានកថា ធ្វើអធិករណ៍ក្នុងសង្ឃ១ ភិក្ខុល្ងង់ មិនឈ្លាស មាន​អាបត្តិច្រើន មិនមាន​ការកំណត់អាបត្តិ១ ភិក្ខុនៅច្រឡូកច្រឡំដោយគ្រហស្ថ ដោយការ​ច្រឡូកច្រឡំ មិនសមគួរ១ ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា ក៏គប្បីធ្វើ​តស្សបាបិយសិកា​កម្ម ដល់ភិក្ខុ​ ដែល​ប្រកប​ដោយអង្គទាំង៣ នេះឯង។

[៣៥] ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា ក៏គប្បីធ្វើ​តស្សបាបិយសិកាកម្ម ដល់​ភិក្ខុដែល​ប្រកបដោយអង្គ៣ដទៃទៀត គឺភិក្ខុមានសីលវិបត្តិ ក្នុងអធិសីល១ មានអាចារ​វិបត្តិ ក្នុងអជ្ឈាចារ១ មានទិដ្ឋិវិបត្តិ ក្នុងអតិទិដ្ឋិ១។បេ។

[៣៦] ម្នាលភិក្ខុទាំងឡាយ។បេ។ អង្គ៣ដទៃទៀត គឺភិក្ខុពោលតិះដៀលព្រះពុទ្ធ១ ពោល​តិះដៀលព្រះធម៌១ ពោលតិះដៀលព្រះសង្ឃ១ ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា ក៏គប្បី​ធ្វើ​តស្សបាបិយសិកាកម្ម ដល់ភិក្ខុដែលប្រកបដោយអង្គទាំង៣នេះឯង។

[៣៧] ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា ក៏គប្បីធ្វើ​តស្សបាបិយសិកាកម្ម ដល់​ភិក្ខុ ៣ពួក គឺ ភិក្ខុអ្នកធ្វើការបង្កហេតុ ធ្វើជម្លោះ ធ្វើសេចក្តីទាស់ទែង បង្កតិរច្ឆានកថា ធ្វើ​អធិករណ៍​ក្នុងសង្ឃពួក១ ភិក្ខុល្ងង់ មិនឈ្លាស មានអាបត្តិច្រើន មិនមានការកំណត់​អាបត្តិពួក១ ភិក្ខុនៅ​ច្រឡូក​ច្រឡំដោយគ្រហស្ថ ដោយការច្រឡូកច្រឡំ​មិនសមគួរពួក១ ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា ក៏គប្បីធ្វើ​តស្សបាបិយសិកាកម្ម ដល់​ភិក្ខុទាំង ៣ ពួកនេះឯង។

[៣៨] ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា ក៏គប្បីធ្វើ​តស្សបាបិយសិកាកម្ម ដល់​ភិក្ខុ ៣ពួកដទៃទៀត គឺភិក្ខុមានសីលវិបត្តិ ក្នុងអធិសីលពួក១ ភិក្ខុមានអាចារវិបត្តិ ក្នុង​អជ្ឈាចារពួក១ ភិក្ខុមានទិដ្ឋិវិបត្តិ ក្នុងអតិទិដ្ឋិពួក១។បេ។

[៣៩] ម្នាលភិក្ខុទាំងឡាយ។បេ។ ភិក្ខុ ៣ពួកដទៃទៀត គឺ ភិក្ខុពោលតិះដៀលព្រះពុទ្ធ​ពួក១ ពោលតិះដៀលព្រះធម៌ពួក១ ពោលតិះដៀលព្រះសង្ឃពួក១ ម្នាលភិក្ខុទាំងឡាយ កាលបើ​សង្ឃ​ប្រាថ្នា ក៏គប្បីធ្វើ​តស្សបាបិយសិកាកម្ម ដល់​ភិក្ខុទាំង៣ពួកនេះឯង។

[៤០] ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលសង្ឃបានធ្វើតស្សបាបិយសិកាកម្មហើយនោះ ត្រូវ​ប្រព្រឹត្តវត្ត ដោយប្រពៃ។ ឯការប្រព្រឹត្តវត្ត ដោយប្រពៃ ក្នុងតស្សបាបិយសិកាកម្មនោះ ដូច្នេះ គឺភិក្ខុនោះ មិនត្រូវឲ្យឧបសម្បទា មិនត្រូវឲ្យនិស្ស័យ មិនត្រូវឲ្យសាមណេរបម្រើ មិនត្រូវ​ត្រេកអរ ក្នុងការសន្មតិខ្លួន ជាអ្នកប្រដៅភិក្ខុនី ទុកជាបានទទួលការសន្មតិហើយ ក៏មិនត្រូវ​ប្រដៅ​ភិក្ខុនី។បេ។ មិនត្រូវប្រកបពួកភិក្ខុ (ឲ្យឈ្លោះ) នឹងពួកភិក្ខុផងគ្នា។ គ្រានោះ សង្ឃបាន​ធ្វើ​តស្សបាបិយសិកាកម្ម ដល់ឧបវាឡភិក្ខុ។

[៤១] សម័យនោះឯង ពួកភិក្ខុនាំគ្នាបង្កហេតុ ឈ្លោះទាស់ទែងគ្នា ហើយក៏បាន​ប្រព្រឹត្ត​អនាចារ បានពោល និងព្យាយាមល្មើស នូវកិច្ចមិនមែនជារបស់​សមណៈជាច្រើន។ គ្រានោះ ភិក្ខុទាំងនោះ មានសេចក្តីបរិវិតក្ក យ៉ាងនេះថា ពួកយើង នាំគ្នាបង្កហេតុ ឈ្លោះទាស់ទែងគ្នា ហើយក៏បាន​ប្រព្រឹត្ត​អនាចារ បានពោល និងព្យាយាមល្មើស នូវកិច្ច មិនមែនជារបស់​សមណៈ​ជាច្រើន ប្រសិនបើពួកយើង នឹងញុំាងគ្នានិងគ្នាឲ្យធ្វើ ដោយ​អាបត្តិទាំងឡាយនេះ ក៏បានដែរ តែ​អធិករណ៍នោះ គប្បីប្រព្រឹត្តទៅ ដើម្បីសេចក្តី​រឹងរូស ដើម្បីកំណាច ដើម្បីទំលាយ (សង្ឃ) តើពួក​យើង​គប្បីប្រតិបត្តិដូចម្តេចហ្ន៎។ ភិក្ខុទាំងឡាយ ក្រាបទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។

[៤២] ម្នាលភិក្ខុទាំងឡាយ ភិក្ខុទាំងឡាយ ក្នុងសាសនានេះ នាំគ្នាបង្កហេតុ ឈ្លោះទាស់​ទែង​គ្នា ហើយបាន​ប្រព្រឹត្ត​អនាចារ បានពោល និងព្យាយាមល្មើស នូវកិច្ចមិនមែនជារបស់​សមណៈជាច្រើន។ ម្នាលភិក្ខុទាំងឡាយ បើពួកភិក្ខុក្នុងទីនោះ មានសេចក្តីត្រិះរិះ យ៉ាង​នេះថា ពួកយើង នាំគ្នាបង្កហេតុ ឈ្លោះទាស់ទែងគ្នា ហើយបាន​ប្រព្រឹត្ត​អនាចារ បាន​ពោល និងព្យាយាម​ល្មើស នូវកិច្ច មិនមែនជារបស់​សមណៈ​ជាច្រើន ប្រសិនបើពួកយើង ញុំាងគ្នានិងគ្នាឲ្យធ្វើ ដោយ​អាបត្តិទាំងឡាយនេះ ក៏បានដែរ តែ​អធិករណ៍នោះ គប្បី​ប្រព្រឹត្តទៅ ដើម្បីសេចក្តី​រឹងរូស ដើម្បី​កំណាច ដើម្បីទំលាយ (សង្ឃ)។ ម្នាលភិក្ខុ​ទាំងឡាយ​ តថាគត អនុញ្ញាតឲ្យសង្ឃរម្ងាប់​អធិករណ៍ មានសភាពយ៉ាងនេះ ដោយ​តិណវត្ថារកសមថៈ [ប្រែថា ធម៌ជាគ្រឿងរម្ងាប់ ដូចគ្រប​ទុកដោយ​ស្មៅ បានដល់កិរិយា ដែលឲ្យមានសេចក្តីស្រុះស្រួលគ្នា ទាំងពីរខាង គឺមិនជម្រះ​រកសេចក្តី​ដើម (ផ្សះផ្សា)។]

[៤៣] ម្នាលភិក្ខុទាំងឡាយ អធិករណ៍នោះ សង្ឃត្រូវរម្ងាប់យ៉ាងនេះ។ ភិក្ខុ​ទាំងអស់ គប្បីប្រជុំក្នុងទីជាមួយគ្នា លុះប្រជុំគ្នាហើយ ភិក្ខុដែលឈ្លាស ប្រតិពល ត្រូវផ្តៀង​សង្ឃ​ថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃ​ស្តាប់ខ្ញុំ យើងខ្ញុំទាំងឡាយ នាំគ្នាបង្កហេតុ ឈ្លោះ​ទាស់ទែង​គ្នា ហើយបាន​ប្រព្រឹត្ត​អនាចារ បានពោល និងព្យាយាមល្មើស នូវកិច្ចមិនមែន​ជារបស់​សមណៈ​ជា​ច្រើន ប្រសិនបើយើងខ្ញុំទាំងឡាយ នឹងញុំាងគ្នានិងគ្នាឲ្យធ្វើ ដោយ​អាបត្តិទាំងឡាយនេះ ក៏បាន​ដែរ តែ​អធិករណ៍នោះ នឹងគប្បីប្រព្រឹត្តទៅ ដើម្បីសេចក្តី​រឹងរូស ដើម្បីកំណាច ដើម្បីទំលាយ (សង្ឃ)។ បើកម្មមានកាលគួរ ដល់សង្ឃហើយ សង្ឃគប្បីរម្ងាប់អធិករណ៍នេះ ដោយ​តិណវត្ថារកសមថៈ វៀរលែងតែអាបត្តិ​មានទោស​ធ្ងន់ [អដ្ឋកថា ថា បានដល់អាបត្តិបារាជិក១ សង្ឃាទិសេស១។] វៀរលែងតែអាបត្តិ ដែលជាគិហិប្បដិសំយុត្ត [បានដល់អាបត្តិដែលភិក្ខុត្រូវ ដោយជេរប្រទេច នូវពួកគ្រហស្ថ ដោយពាក្យថោកទាប និងការទទួលពាក្យប្តេជ្ញា ប្រកបដោយធម៌។]។ បណ្តាភិក្ខុ​ទាំង​ឡាយ ដែលជាបក្ខពួកជាមួយគ្នា ភិក្ខុអ្នកឈ្លាស ប្រតិពល ត្រូវផ្តៀងបក្ខពួករបស់ខ្លួនថា សូមលោកដ៏មានអាយុទាំងឡាយស្តាប់ខ្ញុំ ពួកយើង នាំគ្នាបង្កហេតុ ឈ្លោះទាស់ទែងគ្នា ហើយបាន​ប្រព្រឹត្ត​អនាចារ បានពោល និងព្យាយាមល្មើស នូវកិច្ចមិនមែន​ជារបស់​សមណៈជាច្រើន ប្រសិនបើយើងទាំងឡាយ នឹងនាំគ្នាធ្វើ ដោយអាបត្តិទាំងនេះ ក៏បាន​ដែរ តែ​អធិករណ៍នោះ គប្បីប្រព្រឹត្តទៅ ដើម្បីសេចក្តី​រឹងរូស ដើម្បីកំណាច ដើម្បីទំលាយ (សង្ឃ)។ បើកម្មមានកាលគួរ ដល់លោកមានអាយុទាំងឡាយហើយ ខ្ញុំសូមសំដែង​អាបត្តិ របស់លោក​មានអាយុទាំងឡាយផង អាបត្តិរបស់ខ្លួនខ្ញុំផង ក្នុងកណ្តាលជំនុំសង្ឃ ដោយ​តិណវត្ថារកសមថៈ ដើម្បីប្រយោជន៍ ដល់លោកដ៏មានអាយុទាំងឡាយផង ដើម្បី​ប្រយោជន៍ ដល់ខ្លួនខ្ញុំផង វៀរលែង​តែអាបត្តិ​ ដែលមានទោសធ្ងន់ និងវៀរលែងតែអាបត្តិ ដែលជាគិហិប្បដិសំយុត្ត។

[៤៤] បណ្តាភិក្ខុទាំងឡាយ ដែលជាពួក ជាមួយគ្នាដទៃទៀត ​ភិក្ខុដែលឈ្លាស ប្រតិពល ត្រូវផ្តៀងពួករបស់ខ្លួន ក្នុងវេលានោះថា សូមលោកដ៏មានអាយុទាំងឡាយស្តាប់ខ្ញុំ ពួក​យើង​ទាំង​ឡាយ នាំគ្នាបង្កហេតុ ឈ្លោះទាស់ទែងគ្នា ហើយបាន​ប្រព្រឹត្ត​អនាចារ បាន​ពោល និងព្យាយាម​ល្មើស នូវកិច្ចមិនមែន​ជារបស់​សមណៈជាច្រើន ប្រសិនបើពួកយើង នឹងញ៉ាំងគ្នានឹងគ្នាឲ្យធ្វើ ដោយអាបត្តិទាំងនេះ ក៏បាន​ដែរ តែ​អធិករណ៍នោះ គប្បីប្រព្រឹត្ត​ទៅ ដើម្បីសេចក្តី​រឹងរូស ដើម្បី​កំណាច ដើម្បីទំលាយ (សង្ឃ)។ បើកម្មមានកាលដ៏សមគួរ ដល់លោកដ៏មានអាយុ​ទាំងឡាយ​ហើយ ខ្ញុំសូមសំដែង​អាបត្តិ របស់លោកដ៏​មានអាយុ​ទាំងឡាយផង អាបត្តិរបស់ខ្លួនខ្ញុំផង ក្នុង​កណ្តាលជំនុំសង្ឃ ដោយតិណវត្ថារកសមថៈ ដើម្បីប្រយោជន៍ ដល់លោកដ៏​មាន​អាយុ​ទាំងឡាយ​ផង ដើម្បីប្រយោជន៍ ដល់ខ្លួនខ្ញុំផង វៀរលែង​តែអាបត្តិ​ មានទោសធ្ងន់ វៀរលែងតែអាបត្តិ ដែលជាគិហិប្បដិសំយុត្ត។

[៤៥] បណ្តាភិក្ខុទាំងឡាយ ដែលជាបក្ខពួកជាមួយគ្នា ​ភិក្ខុដែលឈ្លាស ប្រតិពល ត្រូវ​ផ្តៀង​​សង្ឃថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ យើងខ្ញុំទាំង​ឡាយ នាំគ្នាបង្ក​ហេតុ ឈ្លោះទាស់ទែងគ្នា ហើយក៏បាន​ប្រព្រឹត្ត​អនាចារ បានពោល និងព្យាយាម​ល្មើស នូវកិច្ចមិនមែន​ជារបស់​សមណៈជាច្រើន ប្រសិនបើពួកយើង នឹងញ៉ាំងគ្នានឹងគ្នាឲ្យធ្វើ ដោយអាបត្តិទាំងនេះ ក៏បាន​ដែរ តែ​អធិករណ៍នោះ គប្បីប្រព្រឹត្តទៅ ដើម្បីសេចក្តី​រឹងរូស ដើម្បី​កំណាច ដើម្បីទំលាយ (សង្ឃ)។ បើកម្មមានកាលដ៏សមគួរ ដល់សង្ឃហើយ ខ្ញុំសូមសំដែង​អាបត្តិ របស់លោកដ៏​មានអាយុ​ទាំងនេះផង អាបត្តិរបស់ខ្លួនខ្ញុំផង ក្នុង​កណ្តាលជំនុំសង្ឃ ដោយតិណវត្ថារកសមថៈ ដើម្បី​ប្រយោជន៍ ដល់លោកដ៏​មាន​អាយុ​ទាំងឡាយនេះ​ផង ដើម្បីប្រយោជន៍ ដល់ខ្លួនខ្ញុំផង វៀរលែង​តែអាបត្តិ​ ដែលមាន​ទោសធ្ងន់ វៀរលែងតែអាបត្តិ ដែលជាគិហិប្បដិសំយុត្ត។ នេះជាញត្តិ។ បពិត្រព្រះសង្ឃ​ដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ ពួកយើង នាំគ្នាបង្កហេតុ ឈ្លោះទាស់ទែងគ្នា ហើយ​បាន​​ប្រព្រឹត្ត​អនាចារ បានពោល និងព្យាយាម​ល្មើស នូវកិច្ចមិនមែន​ជារបស់​សមណៈជា​ច្រើន ប្រសិន​បើយើងទាំងឡាយ នឹងនាំគ្នាធ្វើ ដោយអាបត្តិទាំងនេះ ក៏បាន​ដែរ តែ​អធិករណ៍នោះ គប្បី​ប្រព្រឹត្តទៅ ដើម្បីសេចក្តី​រឹងរូស ដើម្បី​កំណាច ដើម្បីទំលាយ (សង្ឃ)។ ខ្ញុំសូមសំដែង​អាបត្តិ របស់​លោក​​មានអាយុ​ទាំងនេះផង អាបត្តិរបស់ខ្លួនខ្ញុំផង ក្នុង​កណ្តាលជំនុំសង្ឃ ដោយ​តិណវត្ថារក​សមថៈ ដើម្បី​ប្រយោជន៍ ដល់លោកដ៏​មាន​អាយុ​ទាំងឡាយនេះ​ផង ដើម្បីប្រយោជន៍ ដល់​ខ្លួនខ្ញុំ​ផង វៀរលែង​តែអាបត្តិ​ ដែលមានទោសធ្ងន់ វៀរលែងតែអាបត្តិ ដែលជា​គិហិប្បដិសំយុត្ត។ ការ​សំដែងអាបត្តិទាំងឡាយនេះ របស់ពួកយើង ក្នុងកណ្តាល​ជំនុំសង្ឃ ដោយ​តិណវត្ថារកសមថៈ វៀរ​លែងតែអាបត្តិ ដែលមានទោសធ្ងន់ វៀរលែង​តែអាបត្តិ ដែលជាគិហិប្បដិសំយុត្ត គួរ​ដល់​លោក​មានអាយុអង្គណា លោក​មានអាយុ​អង្គនោះ ត្រូវស្ងៀម មិនគួរ ដល់លោក​មានអាយុអង្គ​ណា លោកមានអាយុ​អង្គនោះ ត្រូវ​និយាយឡើង។ អាបត្តិទាំងឡាយនេះ យើងទាំងឡាយ​បាន​សំដែងហើយ ក្នុងកណ្តាល​ជំនុំសង្ឃ ដោយតិណវត្ថារកសមថៈ វៀរលែងតែអាបត្តិ ដែលមាន​ទោសធ្ងន់ វៀរលែង​តែអាបត្តិ ដែលជា​គិហិប្បដិសំយុត្ត ការសំដែងនេះ គួរដល់សង្ឃ ព្រោះហេតុ​នោះ បានជា​សង្ឃស្ងៀម។ ខ្ញុំសូមចាំទុក នូវសេចក្តីនេះ ដោយអាការស្ងៀមយ៉ាងនេះ។

[៤៦] បណ្តាភិក្ខុ ដែលជាពួកជាមួយគ្នាដទៃទៀត ​ភិក្ខុដែលឈ្លាស ប្រតិពល ត្រូវផ្តៀង​សង្ឃ ក្នុងវេលានោះថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ យើងទាំង​ឡាយ នាំគ្នាបង្ក​ហេតុ ឈ្លោះទាស់ទែងគ្នា បាន​ប្រព្រឹត្ត​អនាចារ បានពោល និងព្យាយាម​ល្មើស នូវកិច្ចមិនមែន​ជារបស់​សមណៈជាច្រើន ប្រសិនបើយើងទាំងឡាយ ញ៉ាំងគ្នានឹងគ្នាឲ្យធ្វើ ដោយអាបត្តិទាំងឡាយនេះ ​អធិករណ៍នោះ គប្បីប្រព្រឹត្តទៅ ដើម្បីសេចក្តី​រឹងរូស ដើម្បី​កំណាច ដើម្បីទំលាយ (សង្ឃ)។ បើកម្ម​មានកាលគួរ ដល់សង្ឃហើយ ខ្ញុំគប្បីសំដែង​អាបត្តិ របស់លោកដ៏​មានអាយុ​ទាំងនេះផង អាបត្តិ​របស់ខ្ញុំផង ក្នុង​កណ្តាលជំនុំសង្ឃ ដោយតិណវត្ថារកសមថៈ ដើម្បី​ប្រយោជន៍ ដល់លោកដ៏​មាន​អាយុ​ទាំងឡាយ​ផង ដើម្បី​ប្រយោជន៍ ដល់ខ្លួនខ្ញុំផង វៀរលែង​តែអាបត្តិ​ ដែលមានទោសធ្ងន់ វៀរលែងតែអាបត្តិ ដែលជាគិហិប្បដិសំយុត្ត។ នេះជាញត្តិ។ បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃ​ស្តាប់ខ្ញុំ យើងខ្ញុំ​ទាំង​ឡាយ នាំគ្នាបង្កហេតុ ឈ្លោះទាស់ទែងគ្នា ហើយបាន​ប្រព្រឹត្ត​អនាចារ បាន​ពោល និងព្យាយាម​ល្មើស នូវកិច្ចមិនមែន​ជារបស់​សមណៈជា​ច្រើន។ ប្រសិនបើយើង​ទាំង​ឡាយ ញ៉ាំងគ្នានឹងគ្នាឲ្យធ្វើ ដោយអាបត្តិទាំងនេះ ​អធិករណ៍នោះ គប្បីប្រព្រឹត្តទៅ ដើម្បីសេចក្តី​រឹងរូស ដើម្បី​កំណាច ដើម្បីទំលាយ (សង្ឃ)។ ខ្ញុំសូមសំដែង​អាបត្តិ របស់​លោក​ដ៏មានអាយុ​ទាំងឡាយ​នេះ​ផង អាបត្តិរបស់ខ្លួនខ្ញុំផង ក្នុង​កណ្តាលជំនុំសង្ឃ ដោយ​តិណវត្ថារក​សមថៈ ដើម្បី​ប្រយោជន៍ ដល់​លោក​ដ៏​មាន​អាយុ​ទាំងឡាយនេះ​ផង ដើម្បី​ប្រយោជន៍ ដល់ខ្លួនខ្ញុំផង វៀរលែង​តែអាបត្តិ​ ដែល​មាន​ទោសធ្ងន់ វៀរលែងតែអាបត្តិ ដែលជា​គិហិប្បដិសំយុត្ត។ ការសំដែងអាបត្តិទាំងឡាយនេះ របស់យើងទាំងឡាយ ក្នុង​កណ្តាលជំនុំសង្ឃ ដោយ​តិណវត្ថារកសមថៈ វៀរលែងតែអាបត្តិ ដែលមានទោសធ្ងន់ វៀរលែងតែអាបត្តិ ដែលជាគិហិប្បដិសំយុត្ត គួរដល់លោកដ៏មានអាយុអង្គ​ណា លោកដ៏​មានអាយុអង្គនោះ ត្រូវស្ងៀម មិនគួរ ដល់លោកមានអាយុអង្គណា លោកដ៏​មាន​អាយុ​​អង្គ​នោះ ត្រូវនិយាយឡើង។ អាបត្តិទាំងនេះ យើងទាំងឡាយ បាន​សំដែង​ហើយ ក្នុង​កណ្តាល​​ជំនុំសង្ឃ ដោយតិណវត្ថារកសមថៈ វៀរលែងតែអាបត្តិ ដែលមានទោសធ្ងន់ វៀរ​លែង​តែអាបត្តិ ដែលជា​គិហិប្បដិសំយុត្ត ការសំដែងអាបត្តិនេះ គួរដល់សង្ឃ ព្រោះ​ហេតុ​នោះ បាន​ជា​សង្ឃស្ងៀម។ ខ្ញុំសូមចាំទុក នូវសេចក្តីនេះ ដោយអាការស្ងៀម​យ៉ាងនេះ។

[៤៧] ម្នាលភិក្ខុទាំងឡាយ ភិក្ខុទាំងនោះ ឈ្មោះថាបានចេញចាកអាបត្តិទាំងឡាយនោះ ដោយអាការយ៉ាងនេះហើយ វៀរលែងតែអាបត្តិ ដែលមានទោសធ្ងន់ វៀរលែងតែអាបត្តិ ដែលជា​គិហិប្បដិសំយុត្ត វៀរលែងតែការធ្វើឲ្យច្បាស់នូវទិដ្ឋិ វៀរលែងតែភិក្ខុទាំងឡាយ​ណា ដែលមិនមាន​នៅ [គឺមិនបានមកក្នុងទីនោះ ឬមកហើយ ឲ្យឆន្ទះហើយ តែទៅអង្គុយ​ក្នុងទីដទៃ មានបរិវេណ​ជាដើម] ក្នុងទីនោះ។

[៤៨] សម័យនោះឯង ភិក្ខុទាំងឡាយ ទាស់ទែងនឹងពួកភិក្ខុនី។ ពួកភិក្ខុនី ក៏ទាស់គ្នា នឹងពួកភិក្ខុ។ ចំណែកខាងឆន្នភិក្ខុ ក៏ចូលជ្រៀតជ្រក ទៅរកពួកភិក្ខុនី ហើយទាស់ទែង​នឹងពួក​ភិក្ខុ ប្រកាន់ គឺចូលដៃខាងពួកភិក្ខុនី។ ភិក្ខុទាំងឡាយណា មានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុទាំងនោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ឆន្នភិក្ខុ មិនសមបើ​នឹងចូល​ជ្រៀតជ្រក ទៅរកពួកភិក្ខុនី ហើយមកទាស់ទែងនឹងពួកភិក្ខុ ប្រកាន់ខាងពួកភិក្ខុនីសោះ។ លំដាប់នោះ ភិក្ខុទាំងឡាយនោះ ក្រាបបង្គំទូល​សេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ដំណើរនោះ ពិតមែនឬ។បេ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលថា បពិត្រ​ព្រះមានព្រះភាគ ដំណើរនោះ ពិតមែន។បេ។ លុះទ្រង់​តិះដៀលហើយ ទ្រង់ធ្វើធម្មីកថា ត្រាស់​ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុ​ទាំង​ឡាយ អធិករណ៍ទាំងឡាយ៤នេះ គឺវិវាទាធិករណ៍១ អនុវាទាធិករណ៍១ អាបត្តាធិករណ៍១ កិច្ចាធិករណ៍១។

[៤៩] បណ្តាអធិករណ៍៤យ៉ាងនោះ វិវាទាធិករណ៍ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុទាំងឡាយក្នុងសាសនានេះ ទាស់ទែងគ្នាថា នេះជាធម៌ ឬថា នេះមិនមែនជាធម៌ នេះជាវិន័យ ឬថា នេះមិនមែនជាវិន័យ នេះជាពាក្យ ដែលព្រះតថាគត ទ្រង់ត្រាស់​សំដែង​ទុកមកហើយ ឬថា នេះជាពាក្យ ដែលព្រះតថាគត មិនបានទ្រង់​ត្រាស់សំដែងទុកមកទេ នេះជាកិច្ច ដែល​ព្រះតថាគត ទ្រង់ប្រព្រឹត្តសន្សំមកហើយ ឬថា នេះជាកិច្ច ដែល​ព្រះតថាគត មិនបានទ្រង់​ប្រព្រឹត្ត​សន្សំ​មកទេ នេះជាពាក្យ ដែលព្រះតថាគត ទ្រង់បញ្ញត្ត​ទុកមកហើយ ឬថា នេះជាពាក្យ ដែល​ព្រះតថាគត មិនបានទ្រង់បញ្ញត្តទុកមកទេ នេះជា​អាបត្តិ ឬថា នេះមិនមែន​ជាអាបត្តិ នេះជា​អាបត្តិស្រាល ឬថា នេះជាអាបត្តិធ្ងន់ នេះជា​អាបត្តិមានចំណែក​សេសសល់ ឬថា នេះជាអាបត្តិ មិនមានចំណែកសេសសល់ នេះជា​អាបត្តិអាក្រក់ ឬថា នេះមិនមែន​ជាអាបត្តិអាក្រក់ បណ្តា​អធិករណ៍ទាំងឡាយនោះ ការបង្ក​ហេតុ ការឈ្លោះ ការប្រកាន់ផ្សេងគ្នា ការទាស់ទែងគ្នា ការពោល​ផ្សេងៗគ្នា ការពោល​ដោយឡែកពីគ្នា ការពោល ដើម្បីសេចក្តីទុក្ខដល់ចិត្ត ការប្រកួត​ប្រកាន់ណា ការបង្កហេតុ ជាដើមនេះ តថាគតហៅថា វិវាទាធិករណ៍ ។

[៥០] បណ្តាអធិករណ៍ទាំង៤នោះ អនុវាទាធិករណ៍ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុក្នុងសាសនានេះ ចោទភិក្ខុផងគ្នា ដោយសីលវិបត្តិក្តី ដោយអាចារវិបត្តិក្តី ដោយ​ទិដ្ឋិវិបត្តិ​ក្តី ដោយអាជីវវិបត្តិក្តី បណ្តាអធិករណ៍ទាំង៤នោះ ការចោទ ការតិះដៀល ការពោលរឿយៗ ការនិយាយរឿយៗ ការបង្អោនទៅ (កាន់អធិករណ៍) ការប្រឹងប្រែងឡើង ការបន្ថែមកំលាំងណា ការចោទ ជាដើមនោះ តថាគតហៅថា អនុវាទាធិករណ៍ ។

[៥១] បណ្តាអធិករណ៍ទាំង៤នោះ អាបត្តាធិករណ៍ តើដូចម្តេច។ អាបត្តិទាំង៥កង ជា​អាបត្តាធិករណ៍ក៏មាន អាបត្តិទាំង៧កង ជាអាបត្តាធិករណ៍ក៏មាន នេះតថាគតហៅថា អាបត្តាធិករណ៍ ។

[៥២] បណ្តាអធិករណ៍ទាំង៤នោះ កិច្ចាធិករណ៍ តើដូចម្តេច។ កិច្ចរបស់សង្ឃ (ឬ) កម្ម​ដែលសង្ឃត្រូវធ្វើបាន (ដូចយ៉ាង) អបលោកនកម្ម ញត្តិកម្ម ញត្តិទុតិយកម្ម និងញត្តិ​ចតុត្ថកម្ម នេះ តថាគតហៅថា កិច្ចាធិករណ៍ ។

[៥៣] អ្វីជាមូលនៃ វិវាទាធិករណ៍ ។ ធម៌៦យ៉ាង ជាមូលនៃសេចក្តីវិវាទ ចាត់ជា មូលនៃវិវាទាធិករណ៍ គឺ អកុសលមូល ៣យ៉ាង ជាមូលនៃវិវាទាធិករណ៍ និងកុសលមូល ៣យ៉ាង ជាមូលនៃវិវាទាធិករណ៍ដែរ។ ធម៌៦យ៉ាង ជាមូលនៃវិវាទ ដែលចាត់​ជា មូលនៃ​វិវាទាធិករណ៍នោះ ដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកមាន​សេចក្តី​ក្រោធច្រើន ជាអ្នក​ចងគំនុំទុក ម្នាលភិក្ខុទាំងឡាយ ភិក្ខុណា មានសេចក្តី​ក្រោធ​ច្រើន ជាអ្នកចងគំនុំទុក ភិក្ខុនោះ ឈ្មោះថា ឥតមានសេចក្តីគោរព ឥតមានសេចក្តី​កោតក្រែង ក្នុងព្រះសាស្តាផង ឈ្មោះថា ឥតមានសេចក្តីគោរព ឥតមានសេចក្តី​កោតក្រែង ក្នុងព្រះធម៌ផង ឈ្មោះថា ឥតមានសេចក្តីគោរព ឥតមានសេចក្តីកោតក្រែង ក្នុងព្រះសង្ឃផង ឈ្មោះថា មិនធ្វើឲ្យពេញ​លេញ ក្នុងសិក្ខាផង ម្នាលភិក្ខុទាំងឡាយ ភិក្ខុណាឥតមានសេចក្តីគោរព ឥតមានសេចក្តី​កោត​ក្រែង ក្នុងព្រះសាស្តាផង ឥតមាន​សេចក្តីគោរព ឥតមានសេចក្តីកោតក្រែង ក្នុងព្រះធម៌ផង ឥតមានសេចក្តីគោរព ឥតមាន​សេចក្តីកោតក្រែង ក្នុងព្រះសង្ឃផង មិនធ្វើឲ្យពេញលេញ ក្នុងសិក្ខាផង ភិក្ខុនោះ ឈ្មោះថា ញ៉ាំងសេចក្តីវិវាទ ដែលកំពុងកើត ឲ្យកើតឡើងក្នុងសង្ឃ ដើម្បី​មិនជា​ប្រយោជន៍ ដល់ជនច្រើន ដើម្បី​មិនបានសេចក្តីសុខ ដល់ជនច្រើន ដើម្បីសេចក្តី​មិន​ចម្រើន​ ដល់ជនច្រើន ដើម្បីមិនជាប្រយោជន៍ ដើម្បីសេចក្តីទុក្ខ ដល់ទេវតា និងមនុស្ស​ទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ បើអ្នកទាំងឡាយ ពិចារណាឃើញ នូវមូលនៃ​សេចក្តី​វិវាទខាងក្នុងក្តី ខាងក្រៅ​ក្តី មានសភាពយ៉ាងនេះហើយ ម្នាលភិក្ខុទាំងឡាយ អ្នកទាំង​ឡាយ គប្បីព្យាយាម ដើម្បី​លះបង់ នូវមូលនៃសេចក្តីវិវាទ ដ៏លាមកនោះឯង ក្នុង​អធិករណ៍​នោះចេញ។ ម្នាលភិក្ខុទាំងឡាយ បើអ្នកទាំងឡាយ មិនបាន​ពិចារណាឃើញ នូវមូលនៃសេចក្តីវិវាទខាងក្នុង និងខាងក្រៅ​ មានសភាពយ៉ាងនេះទេ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គួរប្រតិបត្តិ កុំឲ្យមូលនៃសេចក្តីវិវាទ ដ៏លាមកនោះ ចំរើនតទៅខាងមុខ ក្នុងអធិករណ៍នោះទៀតឡើយ។ យ៉ាងនេះឯង ឈ្មោះថា ការលះបង់ នូវមូលនៃ​សេចក្តី​វិវាទ​ដ៏លាមកនុ៎ះ។ យ៉ាងនេះឯង ឈ្មោះថា មិនឲ្យមូល​ នៃសេចក្តី​វិវាទ ដ៏លាមកនោះ ចំរើនតទៅខាងមុខទៀតបាន។

[៥៤] ម្នាលភិក្ខុទាំងឡាយ ហេតុដទៃមានតទៅទៀត ភិក្ខុជាអ្នកលុបគុណគេ ជាអ្នក​ប្រណាំងវាសនា។បេ។ ជាអ្នកមានសេចក្តីឫស្យា ជាអ្នកមានសេចក្តីកំណាញ់។បេ។ ជា​អ្នក​អួតអាង ជាអ្នកមានមាយា។បេ។ ជាអ្នកមានសេចក្តីប្រាថ្នាលាមក ជាអ្នកមានសេចក្តី​ឃើញខុស។បេ។ ជាអ្នកបបោសអង្អែលទិដ្ឋិរបស់ខ្លួន ប្រកាន់ខ្ជាប់មាំ លះបង់បានដោយ​កម្រ ម្នាលភិក្ខុទាំងឡាយ ភិក្ខុណា ជាអ្នកបបោសអង្អែលទិដ្ឋិរបស់ខ្លួន ប្រកាន់ខ្ជាប់មាំ លះបង់បានដោយកម្រ ភិក្ខុនោះ ឈ្មោះថា ឥតមានសេចក្តីគោរព ឥតមានសេចក្តី​កោត​ក្រែង ក្នុងព្រះសាស្តាផង ឥតមាន​សេចក្តី​គោរព ឥតមានសេចក្តីកោតក្រែង ក្នុង​ព្រះធម៌ផង ឥតមានសេចក្តីគោរព ឥតមាន​សេចក្តី​កោត​ក្រែង ក្នុងព្រះសង្ឃផង មិនធ្វើឲ្យពេញលេញ ក្នុងសិក្ខាផង ម្នាលភិក្ខុទាំងឡាយ ភិក្ខុឯណា ឥតមានសេចក្តីគោរព ឥតមានសេចក្តី​កោត​ក្រែង ក្នុងព្រះសាស្តាផង ក្នុងព្រះធម៌ផង។បេ។ ក្នុងព្រះសង្ឃផង។បេ។ មិនធ្វើឲ្យពេញលេញ ក្នុងសិក្ខាផង ភិក្ខុនោះ ឈ្មោះថា ញ៉ាំងវិវាទ ដែល​កំពុងកើត ឲ្យកើតឡើងក្នុងសង្ឃ ដើម្បី​មិនជាប្រយោជន៍ ដល់ជនច្រើន ដើម្បី​មិនបានសេចក្តីសុខ ដល់ជនច្រើន ដើម្បីមិនមានសេចក្តីចម្រើន​ ដល់ជនច្រើន ដើម្បីមិនមានប្រយោជន៍ ដើម្បី​សេចក្តី​ទុក្ខ ដល់ទេវតា និងមនុស្សទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ បើអ្នកទាំងឡាយ ពិចារណាឃើញ នូវមូលនៃសេចក្តីវិវាទខាងក្នុងក្តី ខាងក្រៅ​ក្តី មានសភាពយ៉ាងនេះ ម្នាលភិក្ខុទាំងឡាយ អ្នកទាំង​ឡាយ ត្រូវព្យាយាម ដើម្បី​លះបង់ នូវមូលនៃសេចក្តីវិវាទ ដ៏លាមកនោះឯង ក្នុងអធិករណ៍​នោះ​ចេញ។ ម្នាលភិក្ខុទាំងឡាយ បើអ្នកទាំងឡាយ មិន​ពិចារណាឃើញមូល នៃវិវាទខាងក្នុងក្តី  ខាង​ក្រៅ​ក្តី ដែលមានសភាពយ៉ាងនេះទេ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គួរប្រតិបត្តិ កុំឲ្យមូល​នៃ​វិវាទដ៏លាមកនោះ ចំរើន​តទៅខាងមុខ ក្នុងអធិករណ៍នោះទៀតឡើយ។ យ៉ាងនេះឯង ឈ្មោះថា ការលះបង់ នូវមូលនៃសេចក្តីវិវាទ ដ៏លាមកនុ៎ះ។ យ៉ាងនេះឯង ឈ្មោះថា មិនឲ្យមូល​ នៃ​វិវាទ ដ៏លាមកនោះ ចំរើនតទៅខាងមុខទៀតបាន មូលនៃវិវាទ៦យ៉ាងនេះ ចាត់ជា មូលនៃ​វិវាទាធិករណ៍ ។

[៥៥] អកុសលមូល៣ ដែលចាត់ជា មូលនៃវិវាទាធិករណ៍ នោះ តើដូចម្តេច។ ម្នាលភិក្ខុ​ទាំងឡាយ ពួកភិក្ខុក្នុងសាសនានេះ មានចិត្តលោភ ទាស់ទែងគ្នា មានចិត្ត​ប្រទូស្ត​ទាស់ទែងគ្នា មានចិត្តវង្វេងទាស់ទែងគ្នាថា នេះជាធម៌ក្តី នេះមិនមែនជាធម៌ក្តី នេះជា​វិន័យ​ក្តី នេះមិនមែនជាវិន័យក្តី នេះជាពាក្យ ដែលព្រះតថាគត ទ្រង់ត្រាស់​សំដែង​ទុក​មកហើយក្តី នេះមិនមែនជាពាក្យ ដែលព្រះតថាគត ទ្រង់​ត្រាស់សំដែងទុកមកទេក្តី នេះជា​កិច្ច ដែល​ព្រះតថាគត ទ្រង់ប្រព្រឹត្តសន្សំមកហើយក្តី នេះមិនមែនជាកិច្ច ដែល​ព្រះតថាគត ទ្រង់​ប្រព្រឹត្ត​សន្សំ​មកក្តី នេះជាពាក្យ ដែលព្រះតថាគត ទ្រង់បញ្ញត្តក្តី នេះមិន​មានជាពាក្យ ដែល​ព្រះតថាគត ទ្រង់បញ្ញត្តក្តី នេះជាអាបត្តិក្តី នេះមិនមែន​ជាអាបត្តិក្តី នេះជា​អាបត្តិស្រាលក្តី នេះជាអាបត្តិធ្ងន់​ក្តី នេះជាអាបត្តិ មានចំណែក​សេសសល់ក្តី នេះជាអាបត្តិ មិនមានចំណែកសេសសល់ក្តី នេះជាអាបត្តិអាក្រក់ក្តី នេះមិនមែន​ជា​អាបត្តិអាក្រក់ក្តី អកុសលមូល ទាំង៣នេះឯង ចាត់ជា មូលនៃវិវាទាធិករណ៍ ។

[៥៦] កុសលមូល ៣យ៉ាង ដែលចាត់ជា មូលនៃវិវាទាធិករណ៍ នោះ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុក្នុងសាសនានេះ មានចិត្តមិនលោភទាស់ទែងគ្នា មានចិត្តមិន​ប្រទូស្ត​ទាស់ទែងគ្នា មានចិត្តមិនវង្វេងទាស់ទែងគ្នាថា នេះជាធម៌ក្តី នេះមិនមែនជា​ធម៌ក្តី។បេ។ នេះជាអាបត្តិអាក្រក់ក្តី នេះមិនមែន​ជាអាបត្តិអាក្រក់ក្តី កុសលមូល ទាំង ៣ យ៉ាងនេះឯង ចាត់ជា មូលនៃវិវាទាធិករណ៍ ។

[៥៧] មូលនៃអនុវាទាធិករណ៍ នោះ តើដូចម្តេច។ មូលនៃការចោទគ្នា មាន៦យ៉ាង ចាត់​ជា​មូលនៃអនុវាទាធិករណ៍ គឺអកុសលមូល ៣យ៉ាង ក៏ចាត់ជាមូលនៃអនុវាទាធិករណ៍ កុសលមូល ៣យ៉ាង ក៏ចាត់ជាមូលនៃអនុវាទាធិករណ៍ដែរ កាយ ក៏ចាត់ជាមូលនៃ​អនុវាទាធិករណ៍ ទាំងវាចា ក៏ចាត់ជាមូលនៃអនុវាទាធិករណ៍ដែរ។

[៥៨] មូលនៃការចោទគ្នា មាន៦យ៉ាង ចាត់ជា មូលនៃអនុវាទាធិករណ៍ នោះ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកមានសេចក្តីក្រោធ ជាអ្នក​ចងគំនុំទុក ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុណា ជាអ្នកមានសេចក្តីក្រោធ ជាអ្នកចងគំនុំទុក ភិក្ខុនោះ ឈ្មោះថា ឥតមាន​សេចក្តី​គោរព ឥតមានសេចក្តីកោតក្រែង ក្នុងព្រះសាស្តាផង ឥតមាន​សេចក្តីគោរព ឥតមាន​សេចក្តី​កោតក្រែង ក្នុងព្រះធម៌ផង ឥតមានសេចក្តីគោរព ឥតមាន​សេចក្តីកោតក្រែង ក្នុង​ព្រះសង្ឃ​ផង មិនធ្វើឲ្យពេញ​លេញ ក្នុងសិក្ខាផង ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុណា​ឥតមាន​សេចក្តី​គោរព ឥតមានសេចក្តី​កោត​ក្រែង ក្នុងព្រះសាស្តាផង ឥតមានសេចក្តីគោរព ឥតមានសេចក្តី​កោត​ក្រែង ក្នុងព្រះធម៌ផង ឥតមានសេចក្តីគោរព ឥតមានសេចក្តីកោតក្រែង ក្នុងព្រះសង្ឃផង មិនធ្វើឲ្យពេញលេញ ក្នុងសិក្ខាផង ភិក្ខុនោះ ឈ្មោះថា ញ៉ាំងអនុវាទ គឺការចោទ ដែលកំពុងកើត ឲ្យកើតក្នុងសង្ឃ ដើម្បី​មិនជា​ប្រយោជន៍ ដល់ជនច្រើន ដើម្បី​មិនមានសេចក្តីសុខ ដល់ជនច្រើន ដើម្បី​មិនមាន​សេចក្តី​ចំរើន​ ដល់ជនច្រើន ដើម្បីមិនជាប្រយោជន៍ ដើម្បីសេចក្តីទុក្ខ ដល់ទេវតា និងមនុស្ស​ទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ បើអ្នកទាំងឡាយ ពិចារណាឃើញ មូលនៃអនុវាទ ទាំងខាងក្នុង និងខាងក្រៅ មានសភាពយ៉ាងនេះ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បី​ព្យាយាម ដើម្បី​លះបង់ នូវមូលនៃអនុវាទ ដ៏លាមកនោះ ក្នុងអធិករណ៍នោះចេញ។ ម្នាលភិក្ខុ​ទាំងឡាយ បើអ្នកទាំងឡាយ មិន​ពិចារណាឃើញ មូលនៃអនុវាទ ទាំងខាងក្នុង និងខាងក្រៅ​ មានសភាពយ៉ាងនេះទេ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីប្រតិបត្តិ ដើម្បីកុំឲ្យមូល​នៃ​អនុវិវាទ ដ៏លាមកនោះ ចំរើនតទៅខាងមុខ ក្នុងអធិករណ៍នោះ​ទៀត​ឡើយ។ យ៉ាងនេះឯង ឈ្មោះថា ការលះបង់ នូវមូលនៃអនុវាទដ៏លាមកនុ៎ះ។ យ៉ាងនេះ​ឯង ឈ្មោះថា មិនឲ្យមូល​ នៃអនុវាទ ដ៏លាមកនុ៎ះ ចំរើនតទៅទៀតបាន។

[៥៩] ម្នាលភិក្ខុទាំងឡាយ ហេតុដទៃមានតទៅទៀត ភិក្ខុជាអ្នកលុបគុណគេ ជាអ្នក​ប្រណាំងវាសនា។បេ។ ជាអ្នកមានសេចក្តីឫស្យា ជាអ្នកមានសេចក្តីកំណាញ់។បេ។ ជាអ្នកមាន​អំនួត ជាអ្នកមានមាយា។បេ។ ជាអ្នកមានសេចក្តីប្រាថ្នាលាមក ជាអ្នកមាន​សេចក្តី​ឃើញ​ខុស។បេ។ ជាអ្នកបបោសអង្អែលទិដ្ឋិរបស់ខ្លួន ប្រកាន់មាំ លះបង់បាន​ដោយ​កម្រ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុណា ជាអ្នកបបោសអង្អែលទិដ្ឋិរបស់ខ្លួន ប្រកាន់មាំ លះបង់បានដោយកម្រ ភិក្ខុនោះ ឈ្មោះថា ឥតមានសេចក្តីគោរព ឥតមានសេចក្តី​កោត​ក្រែង ក្នុងព្រះសាស្តាផង ក្នុងព្រះធម៌ផង។បេ។ ឈ្មោះថា ឥតមានសេចក្តីគោរព ឥតមាន​សេចក្តី​កោត​ក្រែង ក្នុងព្រះសង្ឃ​ផង ឈ្មោះថា មិនធ្វើឲ្យពេញលេញ ក្នុងសិក្ខាផង ម្នាលភិក្ខុទាំងឡាយ ភិក្ខុណា ឥតមាន​សេចក្តី​គោរព ឥតមានសេចក្តី​កោត​ក្រែង ក្នុងព្រះសាស្តាផង ក្នុងព្រះធម៌ផង។បេ។ ក្នុងព្រះសង្ឃ​ផង។បេ។ មិនធ្វើឲ្យពេញលេញ ក្នុងសិក្ខាផង ភិក្ខុនោះ ឈ្មោះថា ញ៉ាំងអនុវាទ ដែល​កំពុងកើត ឲ្យកើតឡើងក្នុងសង្ឃ ដើម្បី​មិនជាប្រយោជន៍ ដល់ជនច្រើន ដើម្បី​មិនមានសេចក្តីសុខ ដល់ជន​ច្រើន ដើម្បីសេចក្តីមិនចំរើន​ ដល់ជនច្រើន ដើម្បីមិនជាប្រយោជន៍ ដើម្បី​សេចក្តី​ទុក្ខ ដល់ទេវតា និងមនុស្សទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ បើអ្នកទាំងឡាយ ពិចារណាឃើញ មូលនៃអនុវាទ ទាំងខាងក្នុង និងខាងក្រៅ​ មានសភាពយ៉ាងនេះ ម្នាលភិក្ខុទាំងឡាយ អ្នកទាំង​ឡាយ គប្បី​ព្យាយាម ដើម្បី​លះបង់ មូលនៃអនុវាទ ដ៏លាមកនោះ ក្នុងអធិករណ៍​នោះ​ចេញ។ ម្នាលភិក្ខុ​ទាំងឡាយ បើអ្នកទាំងឡាយ មិន​ពិចារណាឃើញ មូលនៃអនុវាទ ទាំងខាងក្នុង និងខាង​ក្រៅ មានសភាពយ៉ាងនេះទេ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីប្រតិបត្តិ ដើម្បីកុំឲ្យមូល​នៃ​អនុវាទដ៏លាមកនោះ ចំរើនតទៅខាងមុខ ក្នុងអធិករណ៍​នោះទៀតបានឡើយ។ យ៉ាងនេះឯង ឈ្មោះថា លះបង់នូវ មូលនៃអនុវាទ ដ៏លាមកនុ៎ះ។ យ៉ាងនេះឯង ឈ្មោះថា មិនបានឲ្យមូល​ នៃ​អនុវាទ ដ៏លាមកនុ៎ះ ចំរើនតទៅទៀតបាន មូលនៃអនុវាទ ទាំង៦យ៉ាងនេះ ចាត់ជា មូលនៃអនុវាទាធិករណ៍ ។

[៦០] អកុសលមូល ៣យ៉ាង ដែលចាត់ជា មូលនៃអនុវាទាធិករណ៍ នោះ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុក្នុងសាសនានេះ មានចិត្តលោភ ពោលចោទ មានចិត្ត​ប្រទូស្ត​ពោលចោទ មានចិត្តវង្វេងពោលចោទ នូវភិក្ខុផងគ្នា ដោយសីលវិបត្តិក្តី ដោយអាចារ​វិបត្តិក្តី ដោយទិដ្ឋិវិបត្តិក្តី ដោយអាជីវវិបត្តិក្តី អកុលមូល ទាំង៣យ៉ាងនេះ ជាមូលនៃ​អនុវាទាធិករណ៍ ។

[៦១] កុសលមូល ៣យ៉ាង ដែលចាត់ជា មូលនៃអនុវាទាធិករណ៍ នោះ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុក្នុងសាសនានេះ មានចិត្តមិនលោភពោលចោទ មានចិត្តមិន​ប្រទូស្ត​ពោលចោទ មានចិត្តមិនវង្វេងពោលចោទ នូវភិក្ខុផងគ្នា ដោយសីលវិបត្តិក្តី ដោយអាចារវិបត្តិក្តី ដោយទិដ្ឋិវិបត្តិក្តី ដោយអាជីវវិបត្តិក្តី កុសលមូល ទាំង៣យ៉ាងនេះ ជា មូលនៃអនុវាទាធិករណ៍ ។

[៦២] ឯកាយ ចាត់ជា មូលនៃអនុវាទាធិករណ៍ នោះ តើដូចម្តេច។ ភិក្ខុពួកខ្លះ ក្នុងសាសនា​នេះ មានសម្បុរអាក្រក់ មានរូបអាក្រក់ ជាមនុស្សតឿ មានអាពាធច្រើន ខ្វាក់ ក្ងែង ខ្ចក ឬស្លាប់ខ្លួន១ចំហៀង [ក្នុងដីកា ថា ខ្វិន] ភិក្ខុទាំងឡាយចោទភិក្ខុនោះ ដោយកាយណា កាយនោះ ជាមូលនៃអនុវាទាធិករណ៍ ។

[៦៣] ចុះវាចា ដូចម្តេច ដែលជា មូលនៃអនុវាទាធិករណ៍។ ភិក្ខុពួកខ្លះ ក្នុងសាសនានេះ ជាអ្នកមានវាចាអាក្រក់ ជាអ្នកនិយាយជាប់ ជាអ្នកមានវាចាប៉ប៉ាច់ ប៉ប៉ោច ភិក្ខុទាំងឡាយ ចោទ​ភិក្ខុនោះ ដោយវាចាណា វាចានោះ ឈ្មោះថាជា មូលនៃអនុវាទាធិករណ៍ ។

[៦៤] អ្វីដែលជា មូលនៃអាបត្តាធិករណ៍។ សមុដ្ឋាន នៃអាបត្តិ៦យ៉ាង ជាមូល​នៃ​អាបត្តាធិករណ៍ (សមុដ្ឋាន នៃអាបត្តិ៦នោះ គឺ) អាបត្តិ កើតឡើងអំពីកាយ មិនកើតឡើង​អំពី​វាចា អំពីចិត្ត១ អាបត្តិ កើតឡើងអំពីវាចា មិនកើតឡើង​អំពីកាយ អំពីចិត្ត១ អាបត្តិ កើតឡើង​អំពី​កាយ ​អំពីវាចា មិនកើតឡើងអំពីចិត្ត១ អាបត្តិ កើតឡើងអំពីកាយ ​អំពីចិត្ត មិនកើតឡើង​អំពី​វាចា១ អាបត្តិ កើតឡើងអំពីវាចា អំពីចិត្ត មិនកើតឡើងអំពីកាយ១ អាបត្តិ កើតឡើងអំពីកាយ អំពីវាចា អំពីចិត្ត១ សមុដ្ឋាន នៃអាបត្តិ៦យ៉ាងនេះ ជាមូល​នៃអាបត្តាធិករណ៍។

[៦៥] អ្វីជា មូលនៃកិច្ចាធិករណ៍។ មានតែសង្ឃមួយ ជាមូលនៃកិច្ចាធិករណ៍ [អធិករណ៍​ឯទៀត មានមូលច្រើន ចំណែក​កិច្ចាធិករណ៍នេះ មានមូលតែ១។]

[៦៦] (សំដែងអំពី) វិវាទាធិករណ៍ ជាកុសល ជាអកុសល ជាអព្យាកតៈ។ វិវាទាធិករណ៍ ជាកុសលក៏មាន ជាអកុសលក៏មាន ជាអព្យាកតៈ ក៏មាន។

[៦៧] បណ្តាវិវាទាធិករណ៍ទាំង ៣ នោះ វិវាទាធិករណ៍ ជាអកុសល តើដូចម្តេច។ ម្នាល​ភិក្ខុ​ទាំងឡាយ ពួកភិក្ខុក្នុងសាសនានេះឯង មានចិត្តជាអកុសល ជជែកគ្នាថា នេះជាធម៌ក្តី នេះមិនមែនជាធម៌ក្តី។បេ។ នេះជាអាបត្តិអាក្រក់ក្តី នេះមិនមែនជាអាបត្តិអាក្រក់ក្តី ការបង្ក​ហេតុ ជម្លោះ សេចក្តីប្រកាន់ខុស ទាស់ទែង ការពោលផ្សេងៗ ការពោលដោយឡែកពីគ្នា ការនិយាយ​ដើម្បីឲ្យព្រួយចិត្ត សេចក្តីប្រកួតប្រកាន់ណា ក្នុងអធិករណ៍នោះ ការបង្ក​ហេតុ​ជាដើមនេះ តថាគត ហៅថា វិវាទាធិករណ៍ ជាអកុសល។

[៦៨] បណ្តាវិវាទាធិករណ៍ទាំង៣នោះ វិវាទាធិករណ៍ ជាកុសល តើដូចម្តេច។ ម្នាលភិក្ខុ​ទាំងឡាយ ពួកភិក្ខុក្នុងសាសនានេះឯង មានចិត្តជាកុសល ជជែកគ្នាថា នេះជាធម៌ក្តី នេះមិនមែន​ជាធម៌ក្តី។បេ។ នេះជាអាបត្តិអាក្រក់ក្តី នេះមិនមែនជាអាបត្តិអាក្រក់ក្តី ការបង្ក​ហេតុ ជម្លោះ សេចក្តី​ប្រកាន់ខុស ការទាស់ទែង ការពោលផ្សេងៗ ការពោលដោយ​ឡែក​ពីគ្នា ការនិយាយ​ដើម្បីឲ្យព្រួយចិត្ត ការប្រកួតប្រកាន់ណា ក្នុងអធិករណ៍នោះ ការបង្ក​ហេតុជាដើមនេះ តថាគត ហៅថា វិវាទាធិករណ៍ ជាកុសល។

[៦៩] បណ្តាវិវាទាធិករណ៍ទាំង៣នោះ វិវាទាធិករណ៍ ជាអព្យាកតៈ តើដូចម្តេច។ ម្នាល​ភិក្ខុ​ទាំងឡាយ ពួកភិក្ខុក្នុងសាសនានេះឯង មានចិត្តជាអព្យាកតៈ ជជែកនឹងភិក្ខុផងគ្នាថា នេះជាធម៌ក្តី នេះមិនមែនជាធម៌ក្តី។បេ។ នេះជាអាបត្តិអាក្រក់ក្តី នេះមិនមែនជាអាបត្តិ​អាក្រក់ក្តី ការបង្កហេតុ ជម្លោះ សេចក្តីប្រកាន់ខុស ការទាស់ទែងគ្នា ការពោលផ្សេងៗ ការពោល​ដោយ​ឡែក​ពីគ្នា ការនិយាយ​ដើម្បីឲ្យព្រួយចិត្ត ការប្រកួតប្រកាន់ណា ក្នុង​វិវាទាធិករណ៍នោះ ការបង្កហេតុជាដើមនេះ តថាគត ហៅថា វិវាទាធិករណ៍ ជា​អព្យាកតៈ។

[៧០] (សំដែងអំពី) អនុវាទាធិករណ៍ ជាកុសល ជាអកុសល ជាអព្យាកតៈ។ អនុវាទាធិករណ៍ ជាកុសលក៏មាន ជាអកុសលក៏មាន ជាអព្យាកតៈក៏មាន។

[៧១] បណ្តាអនុវាទាធិករណ៍ទាំង៣នោះ អនុវាទាធិករណ៍ ជាអកុសល តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុក្នុងសាសនានេះឯង មានចិត្តជាអកុសល ចោទភិក្ខុផងគ្នា ដោយសីលវិបត្តិក្តី ដោយអាចារវិបត្តិក្តី ដោយទិដ្ឋិវិបត្តិក្តី ដោយអាជីវវិបត្តិក្តី ការចោទ ការតិះដៀល ការចរចារឿយៗ ការនិយាយរឿយៗ ការពោលបង្កាច់ ការប្រឹងប្រែង ការបន្ថែមកម្លំាងឲ្យណា ក្នុងអធិករណ៍នោះ ការចោទ ជាដើមនេះ តថាគត ហៅថា អនុវាទាធិករណ៍ ជាអកុសល។

[៧២] បណ្តាអនុវាទាធិករណ៍ទាំង៣នោះ អនុវាទាធិករណ៍ ជាកុសល តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុក្នុងសាសនានេះឯង មានចិត្តជាកុសល ចោទភិក្ខុផងគ្នា ដោយ​សីលវិបត្តិក្តី ដោយអាចារវិបត្តិក្តី ដោយទិដ្ឋិវិបត្តិក្តី ដោយអាជីវវិបត្តិក្តី ការចោទ ការតិះដៀល ការចរចារឿយៗ ការនិយាយរឿយៗ ការពោលបង្កាច់ ការប្រឹងប្រែង ការបន្ថែមកម្លំាងឲ្យណា ក្នុងអធិករណ៍នោះ ការចោទ ជាដើមនេះ តថាគត ហៅថា អនុវាទាធិករណ៍ ជាកុសល។

 [៧៣] បណ្តាអនុវាទាធិករណ៍ទាំង៣នោះ អនុវាទាធិករណ៍ ជាអព្យាកតៈ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុក្នុងសាសនានេះ មានចិត្តជាអព្យាកតៈ ចោទភិក្ខុផងគ្នា ដោយ​សីលវិបត្តិក្តី ដោយអាចារវិបត្តិក្តី ដោយទិដ្ឋិវិបត្តិក្តី ដោយអាជីវវិបត្តិក្តី ការចោទ ការតិះដៀល ការចរចារឿយៗ ការនិយាយរឿយៗ ការពោលបង្កាច់ ការប្រឹងប្រែង ការបន្ថែមកម្លំាងឲ្យណា ក្នុងអធិករណ៍នោះ ការចោទ ជាដើមនេះ តថាគត ហៅថា អនុវាទាធិករណ៍ ជាអព្យាកតៈ។

[៧៤] (សំដែងអំពី) អាបត្តាធិករណ៍ ជាអកុសល ជាអព្យាកតៈ។ អាបត្តាធិករណ៍ ជា​អកុសលក៏មាន ជាអព្យាកតៈក៏មាន អាបត្តាធិករណ៍ ជាកុសល គ្មានទេ។

[៧៥] បណ្តាអាបត្តាធិករណ៍ ទាំង២នោះ អាបត្តាធិករណ៍ ជាអកុសល តើដូចម្តេច។ ភិក្ខុ កាលបើដឹង ស្គាល់ហើយ ក្លែងព្យាយាមកន្លង នូវអាបត្តិណា អាបត្តិនេះ តថាគត ហៅថា អាបត្តាធិករណ៍ ជាអកុសល។ បណ្តាអាបត្តាធិករណ៍ ទាំង២នោះ អាបត្តាធិករណ៍ ជាអព្យាកតៈ តើដូចម្តេច។ ភិក្ខុ កាលមិនដឹង មិនស្គាល់ហើយ មិនក្លែង មិនព្យាយាមកន្លង នូវអាបត្តិណា អាបត្តិនេះ តថាគត ហៅថា អាបត្តាធិករណ៍ ជាអព្យាកតៈ [អដ្ឋកថា ថា អាបត្តាធិករណ៍ ជាអព្យាកតៈនោះ គឺភិក្ខុមិនបានក្លែង មិនបានដឹងអ្វីសោះ ត្រែត្រូវអាបត្តិ (ជាអចិត្តកៈ) មានបឋមសហសេយ្យសិក្ខាបទ ជាដើម។ ក្នុងដីកាថា ដូចជាភិក្ខុ មានចិត្តចុះស៊ប់ កាន់កម្មដ្ឋាន ហើយសិងលក់ទៅ បើមានមាតុគ្រាម មកដេកជាមួយ ត្រូវអាបត្តិ ដោយការដេកក្នុងខណៈនោះ តែមិនមានចិត្តជាអកុសល បានជាលោកហៅថា អាបត្តាធិករណ៍ ជាអព្យាកតៈ។]។

[៧៦] ] (សំដែងអំពី) កិច្ចាធិករណ៍ ជាកុសល ជាអកុសល ជាអព្យាកតៈ។ កិច្ចាធិករណ៍ ជាកុសល ក៏មាន ជាអកុសលក៏មាន ជាអព្យាកតៈក៏មាន។

[៧៧] បណ្តាកិច្ចាធិករណ៍ ទាំង៣នេះ កិច្ចាធិករណ៍ ជាអកុសល តើដូចម្តេច។ សង្ឃ​មានចិត្ត ជាអកុសល ធ្វើកម្មណា គឺអបលោកនកម្ម ញត្តិកម្ម ញត្តិទុតិយកម្ម ញត្តិចតុត្ថកម្ម កម្មនេះ តថាគត​ ហៅថា កិច្ចាធិករណ៍ ជាអកុសល។

[៧៨] បណ្តាកិច្ចាធិករណ៍ ទាំង៣នេះ កិច្ចាធិករណ៍ ជាកុសល តើដូចម្តេច។ សង្ឃ​មានចិត្ត ជាកុសល ធ្វើកម្មណា គឺអបលោកនកម្ម ញត្តិកម្ម ញត្តិទុតិយកម្ម ញត្តិចតុត្ថកម្ម កម្មនេះ តថាគត​ ហៅថា កិច្ចាធិករណ៍ ជាកុសល។

[៧៩] បណ្តាកិច្ចាធិករណ៍ ទាំង៣នេះ កិច្ចាធិករណ៍ ជាអព្យាកតៈ តើដូចម្តេច។ សង្ឃ​មានចិត្ត ជាអព្យាកតៈ ធ្វើកម្មណា គឺអបលោកនកម្ម ញត្តិកម្ម ញត្តិទុតិយកម្ម ញត្តិចតុត្ថកម្ម កម្មនេះ តថាគត​ ហៅថា កិច្ចាធិករណ៍ ជាអព្យាកតៈ។

[៨០] (សំដែងអំពី) ការទាស់ទែងគ្នា ចាត់ជាវិវាទាធិករណ៍ ការទាស់ទែងគ្នា មិនចាត់ជា​អធិករណ៍ អធិករណ៍ មិនចាត់ជាការទាស់ទែងគ្នា ចាត់ជា​អធិករណ៍ផង ជាការ​ទាស់​ទែងគ្នាផង។ ការទាស់ទែងគ្នា ចាត់ជាវិវាទាធិករណ៍ក៏មាន ការទាស់ទែងគ្នា មិនចាត់​ជា​អធិករណ៍ក៏មាន អធិករណ៍ មិនចាត់ជាការទាស់ទែងគ្នាក៏មាន ចាត់ជា​អធិករណ៍ផង ជាការ​​ទាស់ទែងគ្នាផងក៏មាន។

[៨១] បណ្តាអធិករណ៍ទាំងនោះ ការទាស់ទែងគ្នា ដែលចាត់ជាវិវាទាធិករណ៍ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុក្នុងសាសនានេះ ជជែកគ្នាថា នេះជាធម៌ក្តី នេះមិនមែនជាធម៌ក្តី។បេ។ នេះជាអាបត្តិអាក្រក់ក្តី នេះមិនមែនជាអាបត្តិអាក្រក់ក្តី ការបង្ក​ហេតុ ជម្លោះ ការប្រកាន់ខុស ការទាស់ទែង ការនិយាយផ្សេងៗ ការនិយាយ​ផ្តេសផ្តាស ការនិយាយ​ដើម្បី​ឲ្យព្រួយចិត្ត ការប្រកួតប្រកាន់ណា ក្នុងអធិករណ៍នោះ ការបង្កហេតុ ជាដើមនេះ ចាត់ជាការ​ទាស់ទែងគ្នា ហៅថា វិវាទាធិករណ៍។ បណ្តាអធិករណ៍ទាំងនោះ ការទាស់ទែងគ្នា ដែលមិនមែនជាអធិករណ៍ តើដូចម្តេច។ មាតាទាស់នឹងបុត្រក្តី បុត្រ​ទាស់នឹង​មាតាក្តី បិតាទាស់​នឹងបុត្រក្តី បុត្រទាស់នឹងបិតាក្តី បងប្អូនប្រុសទាស់​នឹង​បងប្អូនប្រុសក្តី បងប្អូនប្រុស ទាស់នឹង​បងប្អូនស្រីក្តី បងប្អូនស្រី ទាស់នឹងបងប្អូនប្រុសក្តី សម្លាញ់ ទាស់នឹងសម្លាញ់ក្តី នេះហៅថា ការទាស់ទែងគ្នា មិនមែនជាអធិករណ៍។ បណ្តាអធិករណ៍ទាំងនោះ អធិករណ៍ ដែលមិនចាត់ជាការទាស់ទែងគ្នា តើដូចម្តេច។ អនុវាទាធិករណ៍១ អាបត្តាធិករណ៍១ កិច្ចាធិករណ៍១ នេះហៅថា អធិករណ៍ ដែលមិន​ចាត់ជាការទាស់ទែងគ្នា។ បណ្តាអធិករណ៍​ទាំងនោះ អធិករណ៍ ដែលចាត់ពេញថា ជាអធិករណ៍ផង ជាការទាស់ទែងគ្នាផង តើដូចម្តេច។ វិវាទាធិករណ៍ ចាត់ជាអធិករណ៍ផង ជាការទាស់ទែងគ្នាផង។

[៨២] (សំដែងអំពី) ការចោទ ចាត់ជាអនុវាទាធិករណ៍ ការចោទ មិនចាត់ជាអធិករណ៍ អធិករណ៍ មិនចាត់ជាការចោទ ទាំងជាអធិករណ៍ផង ចាត់ជាការចោទផង។ ការចោទ ចាត់ជា​អនុវាទាធិករណ៍ក៏មាន ការចោទ មិនចាត់ជាអធិករណ៍ក៏មាន អធិករណ៍ មិនចាត់​ជាការចោទក៏​មាន ទាំងជាអធិករណ៍ផង ចាត់ជាការចោទផងក៏មាន។

[៨៣] បណ្តាអធិករណ៍ទាំងនោះ ការចោទ ចាត់ជាអនុវាទាធិករណ៍ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុក្នុងសាសនានេះឯង ចោទប្រកាន់ភិក្ខុផងគ្នា ដោយសីលវិបត្តិ​ក្តី ដោយអាចារវិបត្តិក្តី ដោយទិដ្ឋិវិបត្តិក្តី ដោយអាជីវវិបត្តិក្តី ការចោទ ការតិះដៀល ការចរចា​រឿយៗ ការនិយាយរឿយៗ ការពោលបង្កាច់ ការប្រឹងប្រែង ការបន្ថែមកម្លាំង​ឲ្យណា ក្នុងអធិករណ៍នោះ ការចោទជាដើមនេះ ហៅថា អនុវាទាធិករណ៍។ បណ្តា​អធិករណ៍ទាំងនោះ ការចោទ ដែល​មិន​ចាត់​ជាអធិករណ៍ តើដូចម្តេច។ មាតាចោទបុត្រក្តី បុត្រចោទ​មាតាក្តី បិតាចោទបុត្រក្តី បុត្រចោទបិតាក្តី បងប្អូនប្រុសចោទបងប្អូនប្រុសក្តី បងប្អូនប្រុស ចោទ​បងប្អូនស្រីក្តី បងប្អូនស្រី ចោទបងប្អូនប្រុសក្តី សម្លាញ់ ចោទសម្លាញ់ក្តី នេះឯងហៅថា ការចោទ ដែលមិនមែនជា​អធិករណ៍។ បណ្តាអធិករណ៍ទាំងនោះ អធិករណ៍ តែមិនចាត់ជាការចោទ តើដូចម្តេច។ អាបត្តាធិករណ៍១ កិច្ចាធិករណ៍១ វិវាទាធិករណ៍១ នេះហៅថា អធិករណ៍ តែមិនចាត់​ជា​ការ​ចោទទេ។ បណ្តាអធិករណ៍​ទាំងនោះ អធិករណ៍ ដែលចាត់ពេញថា ជាអធិករណ៍ផង ចាត់ជាការចោទផង តើដូចម្តេច។ អនុវាទាធិករណ៍ ចាត់ជាអធិករណ៍ផង ចាត់ជាការចោទផង។

[៨៤] (សំដែងអំពី) អាបត្តិ ចាត់ជាអាបត្តាធិករណ៍ អាបត្តិ មិនមែនជាអធិករណ៍ អធិករណ៍ មិនមែនជាអាបត្តិ ទាំងអធិករណ៍ ទាំងអាបត្តិ។ អាបត្តិ ចាត់ជាអាបត្តាធិករណ៍ក៏មាន អាបត្តិ មិនមែនជាអធិករណ៍ក៏មាន អធិករណ៍ មិនមែនជាអាបត្តិក៏​មាន អធិករណ៍ផង អាបត្តិផងក៏មាន។

[៨៥] បណ្តាអធិករណ៍ទាំងនោះ អាបត្តិ ដែលចាត់ជាអាបត្តាធិករណ៍ តើដូចម្តេច។ អាបត្តិ​ទាំង៥កង ក៏ចាត់ជាអាបត្តាធិករណ៍ អាបត្តិទាំង៧កង ក៏ចាត់ជាអាបត្តាធិករណ៍ នេះហៅ​ថា អាបត្តិ ដែលចាត់ជាអាបត្តាធិករណ៍។ បណ្តាអធិករណ៍ទាំងនោះ អាបត្តិដែលមិនចាត់​ជា​​អធិករណ៍ តើដូចម្តេច។ សោតាបត្តិ និងសមាបត្តិ នេះហៅថា អាបត្តិ តែមិនចាត់ជា​អធិករណ៍។ បណ្តាអធិករណ៍ទាំងនោះ អធិករណ៍ ដែលមិនចាត់ជាអាបត្តិ តើដូចម្តេច។ កិច្ចាធិករណ៍១ វិវាទាធិករណ៍១ អនុវាទាធិករណ៍១ នេះហៅថា អធិករណ៍ មិនមែន​ជាអាបត្តិ។ បណ្តាអធិករណ៍ទាំងនោះ អធិករណ៍ ដែលចាត់ជាអធិករណ៍ផង ជាអាបត្តិផង តើដូចម្តេច។ អាបត្តាធិករណ៍ ចាត់ជាអធិករណ៍ផង ជាអាបត្តិផង។

[៨៦] (សំដែងអំពី) កិច្ចចាត់ជាកិច្ចាធិករណ៍ កិច្ចមិនមែនជាអធិករណ៍ អធិករណ៍ មិនមែន​ជា​កិច្ច ជាអធិករណ៍ផង កិច្ចផង។ កិច្ច ចាត់ជាកិច្ចាធិករណ៍ក៏មាន កិច្ច មិនមែនជា​អធិករណ៍ក៏មាន អធិករណ៍ មិនមែនជាកិច្ចក៏​មាន ជាអធិករណ៍ផង កិច្ចផងក៏មាន។

[៨៧] បណ្តាអធិករណ៍ទាំងនោះ កិច្ច ដែលចាត់ជាកិច្ចាធិករណ៍ តើដូចម្តេច។ កិច្ច ឬកម្ម​ណា ដែលសង្ឃ​គប្បីធ្វើ គឺ អបលោកនកម្ម ញត្តិកម្ម ញត្តិទុតិយកម្ម ញត្តិចតុត្ថកម្ម ទាំងនេះ ហៅថា កិច្ចដែល​ចាត់ជាកិច្ចាធិករណ៍។  បណ្តាអធិករណ៍ទាំងនោះ កិច្ច ដែលមិនមែន​ជា​អធិករណ៍ តើដូចម្តេច។ អាចរិយកិច្ច ឧបជ្ឈាយកិច្ច សមានុបជ្ឈាយកិច្ច សមានាចរិយកិច្ច ទាំងនេះហៅថា កិច្ច មិនមែនជាអធិករណ៍។ បណ្តាអធិករណ៍ទាំងនោះ អធិករណ៍ ដែលមិនមែនជាកិច្ច តើដូចម្តេច។ វិវាទាធិករណ៍ អនុវាទាធិករណ៍ អាបត្តាធិករណ៍ នេះហៅថា អធិករណ៍ មិនមែនជាកិច្ច។ បណ្តាអធិករណ៍​ទាំងនោះ អធិករណ៍ ដែលចាត់ជា អធិករណ៍ផង ជាកិច្ចផង តើដូចម្តេច។ កិច្ចាធិករណ៍ ចាត់ជាអធិករណ៍ផង ជាកិច្ចផង។

[៨៨] វិវាទាធិករណ៍ រម្ងាប់ដោយសមថៈប៉ុន្មានយ៉ាង។ វិវាទាធិករណ៍ រម្ងាប់ដោយសមថៈ​ពីរយ៉ាងគឺ សម្មុខាវិន័យ១ យេភុយ្យសិកា១។ វិវាទាធិករណ៍ មិនអាស្រ័យសមថៈ១ គឺ យេភុយ្យសិកា គ្រាន់តែរម្ងាប់ដោយសមថៈតែ១ គឺសម្មុខាវិន័យក៏មាន។ ពាក្យដែល​បណ្ឌិត គប្បី​ពោលថា ក៏មានដូច្នេះ។ ពាក្យនោះ តើដូចសំដែងត្រង់បទណា ម្នាលភិក្ខុ​ទាំងឡាយ ពួកភិក្ខុ​ ក្នុងសាសនានេះ ជជែកគ្នាថា នេះជាធម៌ក្តី នេះមិនមែនជាធម៌ក្តី នេះជាវិន័យក្តី នេះមិនមែនជា​វិន័យក្តី នេះជាពាក្យ ដែលព្រះតថាគត បានទ្រង់ត្រាស់​សំដែងទុកក្តី នេះមិនមែន​ជាពាក្យ ដែល​ព្រះតថាគត​ ទ្រង់ត្រាស់សំដែងទុកមកទេក្តី នេះ​ជាកិច្ច ដែលព្រះតថាគត ទ្រង់ប្រព្រឹត្តសន្សំ​ទុកក្តី នេះមិនមែនជាកិច្ច ដែល​ព្រះតថាគត ទ្រង់ប្រព្រឹត្តសន្សំមកទេក្តី នេះជាពាក្យ ដែលព្រះតថាគត ទ្រង់បញ្ញត្តក្តី នេះមិនមែន​ជាពាក្យ​ ដែលព្រះតថាគត ទ្រង់បញ្ញត្តទេក្តី នេះជាអាបត្តិក្តី នេះមិនមែន​ជាអាបត្តិក្តី នេះជាអាបត្តិ​ស្រាលក្តី នេះជាអាបត្តិធ្ងន់ក្តី នេះជាអាបត្តិ មានចំណែក​សេសសល់ក្តី នេះជាអាបត្តិ មិនមានចំណែក​សេសសល់ក្តី នេះជាអាបត្តិអាក្រក់ក្តី នេះមិនមែន​ជាអាបត្តិ​អាក្រក់ក្តី ម្នាលភិក្ខុទាំងឡាយ បើភិក្ខុទាំងនោះ អាចរម្ងាប់អធិករណ៍នោះបាន ម្នាលភិក្ខុ​ទាំងឡាយ នេះហើយ ដែលតថាគតហៅថា អធិករណ៍រម្ងាប់។ អធិករណ៍នោះ រម្ងាប់​ដោយអ្វី។ អធិករណ៍នោះ រម្ងាប់ដោយសម្មុខាវិន័យ។ ក្នុងសម្មុខាវិន័យនោះ មានអង្គ​ប៉ុន្មាន។ ការ​ចំពោះមុខសង្ឃ ការចំពោះមុខធម៌ ការចំពោះមុខវិន័យ ការចំពោះមុខបុគ្គល (ជាអង្គក្នុង​សម្មុខាវិន័យនោះ)។ ការចំពោះមុខសង្ឃ ក្នុងសម្មុខាវិន័យនោះ តើដូចម្តេច។ ពួកភិក្ខុ មានចំនួន​ប៉ុន្មានរូប ដែលគួរដល់កម្ម ភិក្ខុទាំងនោះ ក៏បានមក ទាំងឆន្ទៈរបស់ភិក្ខុ ដែលគួរដល់ឆន្ទៈ ក៏បាន​នាំមកហើយ ភិក្ខុទាំងឡាយមកប្រជុំចំពោះមុខ មិនឃាត់ហាម នេះហៅថា ការចំពោះមុខសង្ឃ ក្នុងសម្មុខាវិន័យនោះ។ ការចំពោះមុខធម៌ ការចំពោះ​មុខវិន័យ ក្នុងសម្មុខាវិន័យនោះ តើដូច​ម្តេច។ អធិករណ៍នោះ រម្ងាប់ដោយធម៌ណា ដោយវិន័យណា ដោយពាក្យ​ប្រៀនប្រដៅ របស់​ព្រះសាស្តាណា នេះហៅថា ចំពោះ​មុខធម៌ ចំពោះមុខ​វិន័យ ក្នុងសម្មុខាវិន័យនោះ ឯការចំពោះ​មុខបុគ្គល ក្នុងសម្មុខាវិន័យ​នោះ តើដូចម្តេច។ បុគ្គលណា ទាស់ទែងគ្នា ទៅវិញទៅមក បុគ្គល​ទាំង​ពីរ​នេះ ជា​សត្រូវ​នឹងគ្នា មាននៅក្នុងទីចំពោះមុខ នេះ​ហៅ​ថា ចំពោះមុខបុគ្គល ក្នុង​សម្មុខា​វិន័យ​នោះ។ ម្នាលភិក្ខុទាំងឡាយ បើអធិករណ៍រម្ងាប់យ៉ាងនេះ​ហើយ មានភិក្ខុអ្នកធ្វើត្រឡប់ សើរើ​ឡើង​វិញ ត្រូវឧក្កោដនកបាចិត្តិយៈ (ត្រូវអាបត្តិបាចិត្តិយៈ ព្រោះរើរុស)។ ភិក្ខុអ្នកឲ្យ​ឆន្ទៈហើយ ត្រឡប់តិះដៀល ត្រូវខីយនកបាចិត្តិយៈ (ត្រូវអាបត្តិ​បាចិត្តិយៈ ព្រោះតិះដៀល)។

[៨៩] ម្នាលភិក្ខុទាំងឡាយ បើភិក្ខុទាំងនោះ មិនអាចរម្ងាប់អធិករណ៍នោះ ក្នុងអាវាស​នោះបានទេ ម្នាលភិក្ខុទាំងឡាយ (បើ) អាវាសណា មានភិក្ខុច្រើនក្រាសក្រែល ត្រូវភិក្ខុ​ទាំងនោះ ទៅរកអាវានោះ។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុទាំងនោះ កំពុង​ទៅរក​អាវាសនោះ អាចរម្ងាប់​អធិករណ៍នោះ ក្នុងកណ្តាលផ្លូវបាន ម្នាលភិក្ខុទាំងឡាយ នេះទើប​តថាគត ហៅថា អធិករណ៍​រម្ងាប់។ អធិករណ៍នោះ រម្ងាប់ដោយធម៌ដូចម្តេច។ រម្ងាប់ដោយ​សម្មុខាវិន័យ។ ចុះក្នុងសម្មុខាវិន័យ​នោះ មានអង្គប៉ុន្មាន។ ការចំពោះមុខសង្ឃ ការចំពោះ​មុខធម៌ ការចំពោះមុខវិន័យ ការចំពោះ​មុខ​បុគ្គល (ជាអង្គក្នុងសម្មុខាវិន័យនោះ)។ ក៏ការ​ចំពោះមុខសង្ឃ ក្នុងសម្មុខាវិន័យនោះ តើដូចម្តេច។ ពួកភិក្ខុ មានចំនួនប៉ុន្មានរូប ដែលគួរដល់កម្ម ភិក្ខុទាំងនោះ ក៏បានមក ទាំងឆន្ទៈរបស់ភិក្ខុ​ទាំងឡាយ ដែលគួរដល់ឆន្ទៈ ក៏បាននាំមក ភិក្ខុទាំងឡាយមានក្នុងទីចំពោះមុខ ក៏មិនបាន​ហាមឃាត់ នេះហៅថា ការ​ចំពោះ​មុខសង្ឃ ក្នុងសម្មុខាវិន័យនោះ។ ឯការចំពោះមុខធម៌ ការចំពោះ​មុខវិន័យ ក្នុង​សម្មុខាវិន័យនោះ តើដូចម្តេច។ អធិករណ៍នោះ រម្ងាប់ដោយធម៌ណា ដោយវិន័យណា ដោយពាក្យ​ប្រៀនប្រដៅ របស់ព្រះសាស្តាណា នេះហៅថា ការចំពោះមុខធម៌ ការចំពោះ​មុខ​វិន័យ ក្នុងសម្មុខាវិន័យនោះ។ ឯការចំពោះមុខបុគ្គល ក្នុងសម្មុខាវិន័យនោះ តើដូច​ម្តេច។ បុគ្គលណា ទាស់ទែងគ្នា ទៅវិញទៅមក បុគ្គលទាំងពីររូប ជាសត្រូវនឹងគ្នា មាន​ក្នុងទីចំពោះមុខ នេះ​ហៅ​ថា ការចំពោះមុខបុគ្គល ក្នុងសម្មុខាវិន័យនោះ។ ម្នាលភិក្ខុ​ទាំង​ឡាយ បើអធិករណ៍រម្ងាប់យ៉ាងនេះ​ហើយ មានភិក្ខុអ្នកធ្វើត្រឡប់ សើរើឡើងវិញ ត្រូវ​ឧក្កោដនកបាចិត្តិយៈ។ ភិក្ខុអ្នកធ្វើ ឲ្យឆន្ទៈហើយ ត្រឡប់តិះដៀល ត្រូវខីយនក​បាចិត្តិយៈ។

[៩០] ម្នាលភិក្ខុទាំងឡាយ បើភិក្ខុទាំងនោះ កំពុងទៅកាន់អាវាសនោះ មិនអាចរម្ងាប់​អធិករណ៍ ក្នុងកណ្តាលផ្លូវបានទេ ម្នាលភិក្ខុទាំងឡាយ ត្រូវភិក្ខុទាំងនោះ ទៅកាន់​អាវាស​នោះ​ហើយ ពោលយ៉ាងនេះ នឹងភិក្ខុទាំងឡាយ ជាម្ចាស់អាវាសថា ម្នាលលោកទាំងឡាយ​មានអាយុ អធិករណ៍នេះ កើតប្រាកដយ៉ាងនេះហើយ សូមលោកមានអាយុទាំងឡាយ រម្ងាប់​អធិករណ៍នេះ តាមធម៌ តាមវិន័យ តាមពាក្យប្រៀនប្រដៅ របស់ព្រះសាស្តា ដោយ​ប្រពៃ តាមទំនង ដែល​អធិរកណ៍​នេះ គប្បីរម្ងាប់ទៅដោយប្រពៃចុះ។ ម្នាលភិក្ខុទាំងឡាយ បើពួក​ភិក្ខុ ជាម្ចាស់អាវាស ចាស់ជាង ពួកភិក្ខុជាអាគន្តុកៈ ខ្ចីជាង ម្នាលភិក្ខុទាំងឡាយ ត្រូវភិក្ខុជាម្ចាស់​អាវាស​ទាំងនោះ និយាយ​ទៅនឹងពួកភិក្ខុ ជាអាគន្តុកៈ យ៉ាងនេះថា ម្នាល​លោកមានអាយុ​ទាំងឡាយ បើដូច្នោះ ចូរលោកទាំងឡាយនៅរង់ចាំ ក្នុងទីសមគួរ មួយ​រំពេចសិន ទំរាំយើងទាំងឡាយ ប្រឹក្សាគ្នា។ ម្នាល​ភិក្ខុទាំងឡាយ ប្រសិនបើពួក​ភិក្ខុជា​ម្ចាស់អាវាស ខ្ចីជាង ពួកភិក្ខុជាអាគន្តុកៈ ចាស់ជាង ម្នាលភិក្ខុ​ទាំងឡាយ ត្រូវភិក្ខុជា​ម្ចាស់អាវាសទាំងនោះ និយាយទៅនឹងពួក​ភិក្ខុជា​អាគន្តុកៈ យ៉ាងនេះថា ម្នាល​លោក​មានអាយុទាំងឡាយ បើដូច្នោះ ចូរលោកទាំងឡាយ នៅរង់​ចាំ ក្នុងទីនេះ មួយរំពេច​សិន ទំរាំយើងទាំងឡាយ ប្រឹក្សាគ្នា។ ម្នាលភិក្ខុទាំងឡាយ ប្រសិនបើ ពួក​ភិក្ខុជាម្ចាស់អាវាស កំពុង​ប្រឹក្សាគ្នា មានសេចក្តីត្រិះរិះ​យ៉ាងនេះថា យើងទាំងឡាយ មិនអាច​នឹងរម្ងាប់​អធិករណ៍នេះ តាមធម៌ តាមវិន័យ តាមពាក្យប្រៀនប្រដៅ របស់ព្រះសាស្តាបានទេ អធិករណ៍នោះ ភិក្ខុជា​ម្ចាស់​អាវាសទាំងឡាយ មិនត្រូវទទួលទេ។ ម្នាលភិក្ខុទាំងឡាយ ប្រសិន​បើពួកភិក្ខុជាម្ចាស់អាវាស កំពុង​ប្រឹក្សាគ្នា មានសេចក្តីត្រិះរិះយ៉ាងនេះថា យើង​ទាំងឡាយ អាច​នឹងរម្ងាប់អធិករណ៍នេះតាមធម៌ តាម​វិន័យ តាមពាក្យប្រៀនប្រដៅ របស់ព្រះសាស្តាបាន ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុជាម្ចាស់​អាវាស​នោះ ត្រូវនិយាយ នឹងពួក​ភិក្ខុជាអាគន្តុកៈ យ៉ាងនេះថា បពិត្រលោកមានអាយុទាំងឡាយ ប្រសិន​បើលោក​ទាំងឡាយ ប្រាប់អធិករណ៍នេះ តាមរឿង ដែលកើតប្រាកដហើយ ដល់យើង​ទាំង​ឡាយ យើងទាំងឡាយ នឹងរម្ងាប់អធិករណ៍​នេះ ឲ្យ​សមគួរ​តាមធម៌ តាមវិន័យ តាមពាក្យប្រៀន​ប្រដៅ របស់ព្រះសាស្តាបាន អធិករណ៍ មុខជា​នឹងរម្ងាប់បាន ដោយស្រួល បើយ៉ាងនេះ ទើប​យើង​ទាំងឡាយ នឹងទទួល​អធិករណ៍នេះ។ ម្នាលលោកមានអាយុ ប្រសិនបើលោក​ទាំងឡាយ មិនប្រាប់អធិករណ៍នេះ តាមរឿង ដែលកើតប្រាកដ ដល់យើងទាំងឡាយទេ ចំណែក​ខាង​យើង​ទាំងឡាយ នឹងរម្ងាប់អធិករណ៍​នេះ ឲ្យ​សមគួរ​តាមធម៌ តាមវិន័យ តាមពាក្យប្រៀនប្រដៅ របស់​ព្រះសាស្តា អធិករណ៍នោះ មុខជា​មិនបានរម្ងាប់ ដោយ​ល្អឡើយ យើងទាំងឡាយ មិនព្រមទទួល​អធិករណ៍នេះទេ។ ម្នាលភិក្ខុទាំងឡាយ ត្រូវពួកភិក្ខុជាម្ចាស់អាវាស ធ្វើសេចក្តីកំណត់ ឲ្យស្រួល​បួល​យ៉ាងនេះ រួចហើយ ត្រូវទទួល​អធិករណ៍នោះចុះ។ ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុជាអាគន្តុកៈ​នោះ ត្រូវនិយាយ​ទៅនឹងពួក​ភិក្ខុជាម្ចាស់​អាវាសយ៉ាងនេះថា យើងទាំងឡាយ នឹងប្រាប់អធិករណ៍​នេះ តាមរឿង ដែលកើតប្រាកដ ដល់លោកមានអាយុទាំងឡាយ ប្រសិនបើលោក​មានអាយុ​ទាំង​ឡាយ អាចនឹងរម្ងាប់អធិករណ៍នេះ តាមធម៌ តាមវិន័យ តាមពាក្យប្រៀនប្រដៅ របស់ព្រះសាស្តា ដោយហេតុមានប្រមាណប៉ុណ្ណេះក្តី ៗ អធិករណ៍នោះ មុខជា​នឹងរម្ងាប់បាន ដោយល្អ បើយ៉ាង​នេះ ទើបយើងទាំងឡាយ នឹងប្រគល់អធិករណ៍នេះ ឲ្យ​លោកមានអាយុ​ទាំង​ឡាយ បើលោកមាន​អាយុទាំងឡាយ មិនអាចនឹងរម្ងាប់អធិករណ៍នេះ តាមធម៌ តាមវិន័យ តាមពាក្យប្រៀនប្រដៅ របស់​​ព្រះសាស្តា ដោយហេតុមានប្រមាណប៉ុណ្ណេះក្តី ៗ អធិករណ៍​នោះ ក៏មុខជា​នឹងមិនរម្ងាប់ ដោយប្រពៃឡើយ យើងទាំងឡាយ នឹងមិនប្រគល់​អធិករណ៍​នេះ ឲ្យ​លោកមាន​អាយុទាំង​ឡាយ​ទេ យើងទាំងឡាយ នឹងជាម្ចាស់​អធិករណ៍នេះ។ ម្នាលភិក្ខុទាំងឡាយ ត្រូវពួកភិក្ខុ ជាអាគន្តុកៈ ធ្វើ​សេចក្តីកំណត់ ឲ្យស្រួលបួលយ៉ាងនេះ រួចហើយ សឹមប្រគល់​អធិករណ៍នោះ ដល់ពួក​ភិក្ខុជាម្ចាស់​វត្ត​ចុះ។ ម្នាលភិក្ខុទាំងឡាយ បើពួកភិក្ខុនោះ អាចនឹងរម្ងាប់អធិករណ៍នោះបាន ម្នាលភិក្ខុទាំង​ឡាយ នេះទើបតថាគត ហៅថា អធិករណ៍ រម្ងាប់បានដោយស្រួលល្អ។ អធិករណ៍នោះ រម្ងាប់​បាន​​ដោយអ្វី។ រម្ងាប់បានដោយសម្មុខាវិន័យ។ ក្នុងសម្មុខាវិន័យនោះ មានអង្គ​ដូចម្តេចខ្លះ។ ការ​ចំពោះ​មុខសង្ឃ ការចំពោះមុខធម៌ ការចំពោះមុខវិន័យ ការចំពោះមុខបុគ្គល (ជាអង្គ​ ក្នុង​សម្មុខាវិន័យ​នោះ)។បេ។ ម្នាលភិក្ខុទាំងឡាយ បើអធិករណ៍រម្ងាប់យ៉ាងនេះហើយ ភិក្ខុអ្នក​ធ្វើ​ត្រឡប់សើរើឡើងវិញ ត្រូវឧក្កោដនកបាចិត្តិយៈ។ ភិក្ខុអ្នកឲ្យឆន្ទៈហើយ ត្រឡប់​តិះដៀល ត្រូវ​ខីយនកបាចិត្តិយៈ។

[៩១] ម្នាលភិក្ខុទាំងឡាយ កាលបើអធិករណ៍នោះ ភិក្ខុទាំងឡាយនោះ កំពុងវិនិច្ឆ័យ ក៏មានពាក្យទ្រហឹង អឹងកង មិនមានទីបំផុត គឺមិនចេះអស់ មិនចេះហើយ កើតឡើងផង ទាំង​សេចក្តីអធិប្បាយ នៃភាសិតនុ៎ះ ក៏មិនមាននរណាដឹងច្បាស់ផង ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត ដើម្បី​ឲ្យរម្ងាប់អធិករណ៍​បែបនេះ ដោយឧព្វាហិ [អដ្ឋកថា ថា ត្រូវសង្ឃ​អបលោក ហើយសន្មត ឬសន្មតដោយញត្តិទុតិយកម្មវាចា ឯភិក្ខុ ដែលសង្ឃសន្មត​យ៉ាងនេះហើយ ត្រូវ​ទៅអង្គុយផ្សេងគ្នា ភិក្ខុឯទៀត ប្រកាសដល់បរិសទ្យនោះថា អ្នក​ទាំងឡាយ កុំនិយាយ​អ្វីឡើយ ហើយសឹមវិនិច្ឆ័យអធិករណ៍នោះ។] កាកម្មវាចា។ សង្ឃ​គប្បី​សន្មតភិក្ខុ ដែលប្រកបដោយ​អង្គ​១០ប្រការ ដោយឧព្វាហិកាកម្មវាចា (ឯអង្គ ១០ ប្រការនោះ) គឺ ភិក្ខុជាអ្នកមានសីល១ សង្រួម​ក្នុងបាតិមោក្ខសំវរៈ បរិបូណ៌ដោយអាចារៈ និងគោចរៈ១ ឃើញភ័យ ក្នុងទោស​បន្តិច​បន្តួច ហើយសមាទានសិក្សា ក្នុងសិក្ខាបទ​ទាំងឡាយ១ ជាពហុស្សូត ទ្រង់ទ្រង់ពុទ្ធវចនៈ ជាអ្នកសន្សំ​នូវ​ពុទ្ធវចនៈ១ ធម៌ណា ដែល​មានពីរោះបទខាងដើម ពីរោះបទកណ្តាល ពីរោះបទចុង ពោល​សរសើរ​ព្រហ្មចរិយធម៌ ព្រមទាំងអត្ថ​ ទាំងព្យញ្ជនៈ ឲ្យបរិសុទ្ធ បរិបូណ៌ទាំងអស់ ធម៌ទាំងឡាយ មានសភាព​យ៉ាងនេះ ភិក្ខុនោះ ក៏បានស្តាប់ច្រើន បានចាំទុក បានសន្សំទុកដោយវាចា (ស្ទាត់ជំនាញ) ជាក់ច្បាស់ក្នុងចិត្ត ត្រាស់ដឹងល្អ ដោយទិដ្ឋិ១ មិនតែប៉ុណ្ណោះឡើយ បាតិមោក្ខ ទាំងពីរ​យ៉ាង ក៏ភិក្ខុនោះចាំបាន ដោយពិស្តារ ចេះចែក រលែកស្រួល ចេះស្ទាត់រត់មាត់ វិនិច្ឆ័យ​បានដោយល្អ តាមសុត្តៈ តាមអនុព្យញ្ជនៈ១ ជាអ្នកខ្ជាប់ខ្ជួន ឥតទើសទាល់ ក្នុងផ្លូវវិន័យ១ ជាអ្នកអង់អាច ដើម្បី​ធ្វើបុគ្គលទាំងពីរ ដែលជាសត្រូវនឹងគ្នា ឲ្យដឹងច្បាស់ ឲ្យពិនិត្យ ឲ្យពិចារណា ឲ្យឃើញ​ ឲ្យជ្រះថ្លា​បាន១ ជាអ្នកឈ្លាស ដើម្បីរម្ងាប់អធិករណ៍ ដែលកើត​ឡើងហើយ១ ស្គាល់​អធិករណ៍ ស្គាល់​ហេតុ​ ដែលឲ្យកើត​អធិករណ៍ ស្គាល់ធម៌​សម្រាប់​រំលត់​អធិករណ៍ ទាំងស្គាល់​ផ្លូវ ទៅកាន់ធម៌ សម្រាប់​រំលត់​អធិករណ៍១ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ដើម្បីឲ្យសន្មតភិក្ខុ ដែលប្រកបដោយ​អង្គទាំង១០ប្រការនេះ ដោយ​ឧព្វាហិកាកម្ម។

[៩២] ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវសន្មតភិក្ខុនោះយ៉ាងនេះ។ សង្ឃត្រូវសូមភិក្ខុជាមុន លុះសូមរួចហើយ ភិក្ខុជាអ្នកឈ្លាស ប្រតិពល គប្បីផ្តៀងសង្ឃថា បពិត្រព្រះសង្ឃដ៏ចំរើន សូម​សង្ឃ​​ស្តាប់ខ្ញុំ អធិករណ៍នេះ យើងទាំងឡាយ កំពុងវិនិច្ឆ័យ ក៏មានពាក្យទ្រហឹង អឹងកង មិនមាន​ទីបំផុតកើតឡើង សេចក្តីអធិប្បាយ នៃភាសិតនុ៎ះ ក៏មិនមាននរណា​ដឹងច្បាស់។ បើកម្ម​មានកាល​គួរ ដល់សង្ឃហើយ សង្ឃត្រូវសន្មតភិក្ខុឈ្មោះនេះផង ឈ្មោះនេះផង ដើម្បីរម្ងាប់អធិករណ៍នេះ ដោយឧព្វាហិកាកម្មវាចា។ នេះជាញត្តិ។ បពិត្រព្រះសង្ឃដ៏ចំរើន សូម​សង្ឃ​​ស្តាប់ខ្ញុំ អធិករណ៍នេះ យើងទាំងឡាយ កំពុងវិនិច្ឆ័យ ក៏មានពាក្យទ្រហឹង អឹងកង មិនមាន​ទីបំផុតកើតឡើង សេចក្តី​អធិប្បាយ នៃភាសិតនុ៎ះ ក៏មិនមាននរណា​ដឹងច្បាស់។ សង្ឃសន្មតភិក្ខុឈ្មោះនេះផង ឈ្មោះនេះ​ផង ដើម្បីឲ្យរម្ងាប់​នូវអធិករណ៍នេះ ដោយឧព្វាហិកាកម្មវាចា។ ការសន្មតិ នូវភិក្ខុឈ្មោះនេះផង ឈ្មោះនេះ​ផង ដើម្បីរម្ងាប់នូវអធិករណ៍នេះ ដោយឧព្វាហិកាកម្មវាចា គួរដល់លោកមាន​អាយុ​អង្គ​ណា លោកមានអាយុអង្គនោះ ត្រូវស្ងៀម មិនគួរ​ដល់លោកមានអាយុអង្គណា លោកមាន​អាយុ​អង្គ​នោះ ត្រូវពោលឡើង។ ភិក្ខុឈ្មោះនេះផង ឈ្មោះនេះផង សង្ឃបានសន្មត ដើម្បី​ឲ្យរម្ងាប់​អធិករណ៍នេះ ដោយឧព្វាហិកាកម្មវាចាហើយ ការសន្មតិភិក្ខុ ដើម្បីឲ្យរម្ងាប់នូវ​អធិករណ៍នេះ គួរដល់​សង្ឃហើយ ព្រោះហេតុនោះ បានជាសង្ឃស្ងៀម។ ខ្ញុំសូមចាំទុក នូវសេចក្តីនេះ ដោយអាការស្ងៀម​យ៉ាងនេះ។

[៩៣] ម្នាលភិក្ខុទាំងឡាយ បើភិក្ខុទាំងនោះ អាចដើម្បីរម្ងាប់អធិករណ៍នោះ ដោយ​ឧព្វាហិកាកម្មវាចាបាន ម្នាលភិក្ខុទាំងឡាយ នេះទើបតថាគត ហៅថា អធិករណ៍​រម្ងាប់ហើយ។ អធិករណ៍នោះ រម្ងាប់ដោយធម៌អ្វី។ រម្ងាប់ដោយសម្មុខាវិន័យ។ ក្នុង​សម្មុខាវិន័យ​​នោះ មានអង្គ​ដូចម្តេច។ ការចំពោះមុខធម៌ ការចំពោះមុខវិន័យ ការចំពោះ​មុខ​បុគ្គល (ជាអង្គក្នុង​សម្មុខាវិន័យ​នោះ)។បេ។ ម្នាលភិក្ខុ​ទាំង​ឡាយ បើអធិករណ៍​រម្ងាប់​យ៉ាងនេះ​ហើយ ភិក្ខុអ្នកធ្វើត្រឡប់ សើរើឡើងវិញ ត្រូវ​ឧក្កោដនកបាចិត្តិយៈ។

[៩៤] ម្នាលភិក្ខុទាំងឡាយ បើភិក្ខុទាំងនោះ កំពុងតែវិនិច្ឆ័យ​អធិករណ៍នោះ មានភិក្ខុជា​ធម្មកថិក នៅក្នុងបរិសទ្យនោះ មិនចាំសុត្តៈ (មាតិកា) មិនចាំសុត្តវិភង្គ (វិន័យ) ភិក្ខុនោះ​ មិនបាន​កំណត់សេចក្តី ប្រកាន់យកតែព្យញ្ជនៈជាប្រមាណ ហើយត្រឡប់បដិសេធសេចក្តី​ចោលចេញ ភិក្ខុអ្នកឈ្លាស ប្រតិពល ត្រូវនិយាយបញ្ជាក់ភិក្ខុទាំងនោះថា លោកមាន​អាយុទាំងឡាយ ចូរប្រុង​ស្តាប់ខ្ញុំ ភិក្ខុជាធម្មកថិកឈ្មោះនេះ ៗ មិនចាំសុត្តៈ មិនស្ទាត់​សុត្តវិភង្គទេ ភិក្ខុជាធម្មកថិកនោះ​ ​កំណត់​សេចក្តីមិនបានទេ ប្រកាន់យកតែព្យញ្ជនៈ​ជាប្រមាណ ហើយត្រឡប់​បដិសេធ​សេចក្តី​ចោល​ចេញ។ បើកម្មមានកាលគួរ ដល់លោក​មានអាយុទាំងឡាយហើយ យើងទាំងឡាយ​ដ៏សេស គប្បីឲ្យភិក្ខុឈ្មោះនេះ ក្រោកឡើង ហើយសឹមរម្ងាប់នូវអធិករណ៍នេះ។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុទាំងនោះ ឲ្យភិក្ខុនោះ​ក្រោកឡើងហើយ អាចដើម្បីរម្ងាប់​អធិករណ៍​នោះបាន ម្នាលភិក្ខុទាំងឡាយ នេះទើប​តថាគត​ហៅថា អធិករណ៍រម្ងាប់។ អធិករណ៍​នោះ រម្ងាប់​ដោយធម៌អ្វី។ រម្ងាប់ដោយ​សម្មុខាវិន័យ។ ចុះក្នុងសម្មុខាវិន័យ​នោះ មានអង្គ​ដូចម្តេច។ ការចំពោះ​មុខ​ធម៌ ការចំពោះ​មុខវិន័យ ការចំពោះ​មុខ​បុគ្គល (ជាអង្គក្នុង​សម្មុខាវិន័យ​នោះ)។បេ។ ម្នាលភិក្ខុ​ទាំង​ឡាយ បើអធិករណ៍រម្ងាប់យ៉ាងនេះ​ហើយ ភិក្ខុអ្នកធ្វើត្រឡប់ សើរើឡើងវិញ ត្រូវ​ឧក្កោដនក​បាចិត្តិយៈ។

[៩៥] ម្នាលភិក្ខុទាំងឡាយ បើអធិករណ៍នោះ ភិក្ខុទាំងឡាយនោះ កំពុងតែវិនិច្ឆ័យ​ មានភិក្ខុ​ជា​ធម្មកថិក ក្នុងបរិសទ្យនោះ ជាអ្នកចាំសុត្តៈ តែមិនចាំសុត្តវិភង្គ ភិក្ខុនោះ​ ​កំណត់សេចក្តី​មិនបាន ប្រកាន់យកតែព្យញ្ជនៈជាប្រមាណ ហើយត្រឡប់បដិសេធ​សេចក្តី​ចោល​ចេញ ភិក្ខុអ្នក​ឈ្លាស ប្រតិពល ត្រូវនិយាយបញ្ជាក់ភិក្ខុទាំងនោះថា សូមលោកមាន​អាយុទាំងឡាយ ​ស្តាប់ខ្ញុំ (ដ្បិត) ភិក្ខុជាធម្មកថិកឈ្មោះនេះ ៗ លោកជាអ្នកចាំសុត្តៈ តែមិនចាំសុត្តវិភង្គទេ លោក​កំណត់​សេចក្តីមិនបាន ប្រកាន់យកតែព្យញ្ជនៈជាប្រមាណ ហើយត្រឡប់​បដិសេធ​សេចក្តី​ចោល​ចេញ។ បើកម្មមានកាលគួរ ដល់លោកដ៏មានអាយុ​ទាំងឡាយហើយ យើងទាំងឡាយ​ដ៏សេស គប្បី​ញុំាង​ភិក្ខុ​ឈ្មោះនេះ ឲ្យក្រោកចេញ ហើយសឹមរម្ងាប់អធិករណ៍នេះ។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុទាំង​នោះ បានឲ្យភិក្ខុនោះ​ក្រោកចេញហើយ អាចដើម្បីនឹងរម្ងាប់​អធិករណ៍​នោះបាន ម្នាលភិក្ខុទាំងឡាយ នេះទើប​តថាគតហៅថា អធិករណ៍រម្ងាប់។ អធិករណ៍​នោះ រម្ងាប់​ដោយធម៌អ្វី។ រម្ងាប់ដោយ​សម្មុខាវិន័យ។ ក៏ក្នុងសម្មុខាវិន័យ​នោះ មានអង្គ​ដូចម្តេច។ ការចំពោះ​មុខ​ធម៌ ការចំពោះ​មុខវិន័យ ការចំពោះ​មុខ​បុគ្គល (ជាអង្គក្នុង​សម្មុខាវិន័យ​នោះ)។បេ។ ម្នាលភិក្ខុ​ទាំង​ឡាយ បើអធិករណ៍​រម្ងាប់​យ៉ាង​នេះ​ហើយ ភិក្ខុអ្នកធ្វើ ត្រឡប់សើរើឡើងវិញ ត្រូវ​ឧក្កោដនក​បាចិត្តិយៈ។

[៩៦] ម្នាលភិក្ខុទាំងឡាយ បើភិក្ខុទាំងនោះ មិនអាចដើម្បីនឹងរម្ងាប់​អធិករណ៍​នោះ ដោយឧព្វាហិកាកម្មវាចាទេ ម្នាលភិក្ខុទាំងឡាយ ត្រូវភិក្ខុទាំងនោះ ប្រគល់អធិករណ៍នោះ ដល់សង្ឃថា បពិត្រព្រះសង្ឃដ៏ចំរើន យើងទាំងឡាយ មិនអាចដើម្បី​រម្ងាប់អធិករណ៍​នេះ ដោយឧព្វាហិកាកម្មវាចាទេ សូមសង្ឃ រម្ងាប់អធិករណ៍នេះចុះ។ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ដើម្បីរម្ងាប់អធិករណ៍បែបនេះ ដោយយេភុយ្យសិកាវិញ។ សង្ឃគប្បី​សន្មតភិក្ខុ​ប្រកបដោយអង្គ៥ប្រការ ឲ្យជាសលាកគ្គាហាបកៈ (អ្នកចែកស្លាក) គឺភិក្ខុណា មិនលំអៀងទៅខាងឆន្ទាគតិ១ មិនលំអៀងទៅខាងទោសាគតិ១ មិនលំអៀងទៅខាង​មោហាគតិ១ មិនលំអៀងទៅខាង​ភយាគតិ១ ដឹងស្លាកដែលគេបានចាប់ និងមិនបាន​ចាប់១។បេ។ ភិក្ខុឈ្មោះនេះ សង្ឃបានសន្មត ឲ្យជាសលាកគ្គាហាបកៈ ការសន្មតិ គួរដល់សង្ឃហើយ ព្រោះ​ហេតុនោះ បានជាសង្ឃស្ងៀម។ ខ្ញុំសូមចាំទុកនូវសេចក្តីនេះ ដោយអាការស្ងៀមយ៉ាងនេះ។ សលាកគ្គាហាបកភិក្ខុនោះ គប្បីឲ្យភិក្ខុទាំងឡាយចាប់​ស្លាក​ចុះ។ (បើ) ភិក្ខុទាំងឡាយ ជាធម្មវាទី​ មានចំនួនច្រើនជាង ពោលឡើងយ៉ាងណា សង្ឃត្រូវរម្ងាប់អធិករណ៍នោះ យ៉ាងនោះចុះ ម្នាលភិក្ខុទាំងឡាយ នេះទើបតថាគតហៅថា អធិករណ៍រម្ងាប់។ អធិករណ៍​នោះ រម្ងាប់​ដោយ​ធម៌​អ្វី។ រម្ងាប់ដោយ​សម្មុខាវិន័យ និងយេភុយ្យសិកា។ ចុះក្នុងសម្មុខាវិន័យ​នោះ មានអង្គ​ដូចម្តេច។ ការចំពោះមុខសង្ឃ ការចំពោះ​មុខ​ធម៌ ការចំពោះមុខវិន័យ ការចំពោះ​មុខ​បុគ្គល (ជាអង្គក្នុង​សម្មុខាវិន័យ​នោះ) ក៏ការចំពោះមុខសង្ឃ ក្នុងសម្មុខាវិន័យនោះ តើដូចម្តេច។ ពួកភិក្ខុ មានចំនួន​ប៉ុន្មាន​រូប ដែលគួរដល់កម្ម ភិក្ខុទាំងនោះ ក៏បានមក ទាំងឆន្ទៈរបស់ភិក្ខុទាំងឡាយ ដែលគួរ​ដល់​ឆន្ទៈ ក៏បាននាំមកហើយ ភិក្ខុទាំងឡាយ ដែលមាននៅក្នុងទីចំពោះមុខ ក៏មិនបានហាមឃាត់ នេះហៅថា ការចំពោះមុខសង្ឃ ក្នុងសម្មុខាវិន័យនោះ។ ឯការចំពោះមុខធម៌ និងការ​ចំពោះ​មុខវិន័យ ក្នុងសម្មុខាវិន័យនោះ តើដូចម្តេច។ អធិករណ៍នោះ រម្ងាប់តាមធម៌ តាមវិន័យ តាមពាក្យ​ប្រៀនប្រដៅ របស់ព្រះសាស្តាណា នេះហៅថា ការចំពោះមុខធម៌ ការចំពោះមុខ​វិន័យ ក្នុងសម្មុខាវិន័យនោះ។ ការចំពោះមុខបុគ្គល ក្នុងសម្មុខាវិន័យនោះ តើដូចម្តេច។ ភិក្ខុណា ទាស់ទែងគ្នា ទៅវិញទៅមក ភិក្ខុទាំងពីររូបនោះ ជាសត្រូវនឹងគ្នា ព្រោះការទាស់ទែងគ្នា ក៏មាននៅក្នុងទីចំពោះមុខ នេះ​ហៅ​ថា ការចំពោះមុខបុគ្គល ក្នុងសម្មុខាវិន័យនោះ។ ក្នុង​យេភុយ្យសិកាកម្មនោះ មានវិធីធ្វើដូចម្តេច។ ការធ្វើ កិរិយាធ្វើ ការចូលទៅជិត ការចូល​ទៅអែប​នែប ការទទួល និងការមិនហាមឃាត់ នូវ​យេភុយ្យសិកា​កម្ម​ណា នេះហៅថា វិធីធ្វើ ក្នុងយេភុយ្យសិកាកម្មនោះ។  ម្នាលភិក្ខុទាំងឡាយ បើ​អធិករណ៍រម្ងាប់យ៉ាងនេះ​ហើយ ភិក្ខុអ្នកធ្វើ ត្រឡប់សើរើឡើងវិញ ត្រូវឧក្កោដនក​បាចិត្តិយៈ។ ភិក្ខុអ្នកឲ្យឆន្ទៈហើយ ត្រឡប់តិះដៀល ត្រូវខីយនកបាចិត្តិយៈ។

[៩៧] សម័យនោះឯង ក្នុងក្រុងសាវត្ថី មានអធិករណ៍កើតប្រាកដយ៉ាងនេះឡើង។ គ្រានោះ​ឯង ភិក្ខុទាំងនោះ ជាអ្នកមិនត្រេកអរ ដោយវិធីរម្ងាប់​អធិករណ៍ របស់សង្ឃ ក្នុងក្រុង​សាវត្ថីឡើយ ហើយបានឮដំណឹងថា មានព្រះថេរៈច្រើនអង្គ គង់នៅក្នុងអាវាស​ឯណោះ ជាពហុស្សូត ចេះចាំនិកាយ ទ្រទ្រង់ធម៌ ទ្រទ្រង់វិន័យ ទ្រទ្រង់មាតិកា ជាអ្នក​ប្រាជ្ញ វាងវៃ មានប្រាជ្ញា មានអៀនខ្មាស ជាអ្នកមានរង្កៀស ជាអ្នកប្រាថ្នាការសិក្សា បើព្រះថេរៈ​ទាំងនោះ រម្ងាប់អធិករណ៍នេះតាមធម៌ តាមវិន័យ តាមពាក្យប្រៀនប្រដៅ​របស់​ព្រះសាស្តា យ៉ាងនេះ ទើប​អធិករណ៍នេះ រម្ងាប់បានដោយស្រួល។ គ្រានោះឯង ភិក្ខុ​ទាំងឡាយ​នោះ នាំគ្នាទៅកាន់អាវាសនោះ ហើយនិយាយពាក្យនុ៎ះ នឹងព្រះថេរៈទាំង​នោះថា បពិត្រលោកម្ចាស់​ទាំងឡាយដ៏ចំរើន អធិករណ៍នេះ កើតប្រាកដយ៉ាងនេះហើយ បពិត្រលោកម្ចាស់ទាំងឡាយ​ដ៏ចំរើន យើងខ្ញុំសូមអង្វរ សូមព្រះថេរៈទាំងឡាយ រម្ងាប់​នូវអធិករណ៍នេះ តាមធម៌ តាមវិន័យ តាមពាក្យប្រៀនប្រដៅ របស់ព្រះសាស្តា ដោយ​ទំនងដែល​អធិករណ៍នេះ គប្បីរម្ងាប់បានដោយ​ស្រួល។ គ្រានោះឯង ព្រះថេរៈទាំងនោះ​ បានរម្ងាប់​អធិករណ៍ទាំងនោះ តាមទំនង ដែល​អធិករណ៍​បានរម្ងាប់ដោយស្រួល ដូចជា​អធិករណ៍ ដែលសង្ឃបានរម្ងាប់ហើយ ក្នុងក្រុង​សាវត្ថី។ គ្រានោះឯង ភិក្ខុទាំងឡាយនោះ ក៏នៅតែមិនត្រេកអរ ដោយការរម្ងាប់​អធិករណ៍ របស់សង្ឃ ក្នុងក្រុងសាវត្ថី ទាំងមិន​ត្រេកអរដោយការរម្ងាប់អធិករណ៍ របស់ព្រះថេរៈទាំងឡាយច្រើនអង្គ បានឮដំណឹងថា ព្រះថេរៈទាំងឡាយបីអង្គ គង់នៅក្នុងអាវាសឯណោះ។បេ។ ព្រះថេរៈទាំងឡាយ​ពីរអង្គគង់​នៅ។បេ។ ព្រះថេរៈមួយអង្គ គង់នៅ (ក្នុងអាវាសឯណោះ) ជាពហុស្សូត ចេះចាំនិកាយ ទ្រទ្រង់ធម៌ ទ្រទ្រង់វិន័យ ទ្រទ្រង់​មាតិកា ជាអ្នកប្រាជ្ញ ជាអ្នកវាងវៃ មានប្រាជ្ញា មាន​អៀនខ្មាស មាន​សេចក្តីរង្កៀសប្រាថ្នាការសិក្សា ប្រសិនបើព្រះថេរៈអង្គនោះ គប្បីរម្ងាប់​អធិករណ៍នេះ តាមធម៌ តាមវិន័យ តាមពាក្យប្រៀនប្រដៅ របស់ព្រះសាស្តា យ៉ាងនេះ ទើបអធិករណ៍នេះ រម្ងាប់បានដោយស្រួល។ គ្រានោះឯង ភិក្ខុទាំងឡាយនោះ បានទៅ​កាន់អាវាសនោះ ហើយ​និយាយ​ពាក្យនុ៎ះ នឹងព្រះថេរៈនោះថា បពិត្រលោកម្ចាស់ដ៏ចំរើន អធិករណ៍នេះ កើតប្រាកដ​យ៉ាងនេះ បពិត្រលោកម្ចាស់ដ៏ចំរើន យើងខ្ញុំសូមអង្វរ សូម​ព្រះថេរៈរម្ងាប់អធិករណ៍នេះ តាមធម៌ តាមវិន័យ តាមពាក្យប្រៀនប្រដៅ របស់ព្រះសាស្តា ដោយទំនងដែលអធិករណ៍នេះ គប្បីរម្ងាប់​បានដោយស្រួល។ គ្រានោះឯង ព្រះថេរៈនោះ ក៏បានរម្ងាប់អធិករណ៍នោះ តាមទំនង​ ដែល​អធិករណ៍រម្ងាប់ទៅដោយស្រួល ដូចជា​អធិករណ៍ ដែលសង្ឃបានរម្ងាប់ហើយ ក្នុងក្រុងសាវត្ថី​ ដូចជា​អធិករណ៍ ដែលព្រះថេរៈ​ច្រើនអង្គ បានរម្ងាប់ហើយ ដូចជា​អធិករណ៍ ដែលព្រះថេរៈ​ទាំងឡាយបីអង្គ បានរម្ងាប់​ហើយ ដូចជា​អធិករណ៍ ដែលព្រះថេរៈទាំងឡាយពីរអង្គ បាន​រម្ងាប់ហើយ។ គ្រានោះឯង ភិក្ខុទាំងឡាយនោះ ក៏នៅតែ​មិនត្រេកអរ ដោយការរម្ងាប់​អធិករណ៍ របស់សង្ឃ ក្នុងក្រុង​សាវត្ថី មិនត្រេកអរ ដោយការរម្ងាប់​អធិករណ៍ របស់ព្រះថេរទាំងឡាយ​ច្រើនអង្គ មិន​ត្រេកអរ ដោយការរម្ងាប់​អធិករណ៍ របស់ព្រះថេរៈទាំងឡាយបីអង្គ មិនត្រេកអរ ដោយការ​រម្ងាប់​អធិករណ៍ របស់ព្រះថេរៈទាំងឡាយពីរអង្គ មិនត្រេកអរ ដោយការរម្ងាប់​អធិករណ៍ របស់ព្រះថេរៈមួយអង្គ ហើយក៏នាំគ្នាចូលទៅគាល់ព្រះមានព្រះភាគ លុះចូល​ទៅជិត​ហើយ ក៏ក្រាបបង្គំទូល ដំណើរនុ៎ះ ចំពោះ​ព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ អធិករណ៍នុ៎ះ សង្ឃបានកំចាត់បង់ឲ្យស្ងប់រម្ងាប់ហើយ ឈ្មោះថា​រម្ងាប់​ដោយប្រពៃហើយ។ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ការចាប់ស្លាកបីយ៉ាង គឺ​គូឡ្ហកៈ (បិទមុខ)១ សកណ្ណជប្បកៈ (ខ្សឹបប្រាប់)១ វិវដកៈ [អដ្ឋកថា ថា កាលបើភិក្ខុ​បរិសទ្យ ជាអលជ្ជីច្រើន​ជាង ត្រូវធ្វើស្លាកបិទមុខ។ បើភិក្ខុបរិសទ្យ ជាលជ្ជីច្រើនជាង ត្រូវធ្វើ​ស្លាកបើកមុខ។ បើភិក្ខុបរិសទ្យ​ជាមនុស្ស​ល្ងង់ច្រើនជាង ត្រូខ្សឹបប្រាប់ជិត​ត្រចៀក។] (បើកចំហ)១ ដើម្បីបញ្ជាក់​ដល់ភិក្ខុទាំងនោះ។ ម្នាលភិក្ខុទាំងឡាយ ចុះការ​ចាប់​ស្លាក ឈ្មោះគូឡ្ហកៈនោះដូចម្តេច។ ត្រូវសលាកគ្គាហាបកភិក្ខុនោះ ធ្វើស្លាកឲ្យមាន​ពណ៌ផ្សេងគ្នា ហើយចូលទៅរកភិក្ខុ១រូបម្តងៗ ហើយនិយាយយ៉ាងនេះថា នេះស្លាក​របស់ភិក្ខុមានវាទៈ​យ៉ាងនេះ នេះស្លាករបស់​ភិក្ខុមានវាទៈ​យ៉ាងនេះ លោកចង់ចាប់ស្លាក​ណា ចូរលោក​ចាប់ស្លាកនោះចុះ។ លុះភិក្ខុអ្នកចាប់នោះ ចាប់យកទៅហើយ សលាកគ្គាហាបក​ភិក្ខុ ត្រូវប្រាប់ថា លោកកុំបង្ហាញ​អ្នកណា​ឲ្យសោះ។ បើ​សលាកគ្គាហាបកភិក្ខុ​ដឹងថា ភិក្ខុជាអធម្មវាទី មានចំនួនច្រើនជាង ត្រូវ​ប្រាប់​ថា ការចាប់​នេះមិនល្អទេ ហើយសើរើជាថ្មីទៀត [អដ្ឋកថា ថា ត្រូវឲ្យចាប់ជាថ្មីទៀត ដរាប​តែគ្រប់​បីដង។]។ បើសលាកគ្គាហាបកភិក្ខុដឹងថា ភិក្ខុជាធម្មវាទី មានចំនួនច្រើនជាង ត្រូវប្រកាស​ថា ការចាប់​នេះ ល្អហើយ។ ម្នាលភិក្ខុទាំងឡាយ ការចាប់ស្លាកយ៉ាងនេះហើយ ដែលហៅថា គូឡ្ហកៈ។ ម្នាលភិក្ខុទាំងឡាយ ការចាប់ស្លាក​ ឈ្មោះសកណ្ណជប្បកៈនោះ តើដូចម្តេច។ សលាកគ្គាហាបកភិក្ខុនោះ ត្រូវខ្សឹបជិតត្រចៀកភិក្ខុមួយរូបៗថា នេះស្លាក​របស់ភិក្ខុមានវាទៈ​យ៉ាងនេះ នេះស្លាករបស់​ភិក្ខុមានវាទៈ​យ៉ាងនេះ លោកចង់ចាប់ស្លាក​ណា ចូរយកស្លាកនោះចុះ។ លុះភិក្ខុចាប់ស្លាកទៅហើយ ត្រូវសលាកគ្គាហាបកភិក្ខុ និយាយថា លោកកុំប្រាប់​អ្នកណា​ឲ្យ​សោះ។ បើសលាកគ្គាហាបកភិក្ខុដឹងថា ភិក្ខុជា​អធម្មវាទី មានចំនួនច្រើនជាង ត្រូវ​ប្រាប់​ថា ការចាប់នេះមិនល្អទេ ហើយសើរើជាថ្មីទៀត។ បើសលាកគ្គាហាបកភិក្ខុដឹងថា ភិក្ខុជាធម្មវាទី មានចំនួនច្រើនជាង ត្រូវប្រកាសថា ការចាប់​នេះ ល្អហើយ។ ម្នាលភិក្ខុទាំងឡាយ ការចាប់​ យ៉ាងនេះ ដែលហៅថា សកណ្ណជប្បកៈ។ ម្នាលភិក្ខុទាំងឡាយ ការចាប់ស្លាក​ ឈ្មោះវិវដកៈនោះ ដូចម្តេច។ បើសលាកគ្គាហាបកភិក្ខុដឹងថា ភិក្ខុជាធម្មវាទី មានចំនួនច្រើនជាង ត្រូវ​បណ្តោយ​ឲ្យចាប់​ដោយវិធីចាប់ស្លាក ឈ្មោះវិវកដៈចុះ ម្នាលភិក្ខុទាំងឡាយ ការចាប់​ស្លាកយ៉ាងនេះហើយ ដែល​ហៅថា វិវដកៈ ម្នាលភិក្ខុទាំងឡាយ វិធីចាប់ស្លាកមាន៣យ៉ាង ប៉ុណ្ណេះឯង។

[៩៨] អនុវាទាធិករណ៍ រម្ងាប់ដោយសមថៈ ប៉ុន្មានយ៉ាង។ អនុវាទាធិករណ៍ រម្ងាប់​ដោយសមថៈ​៤យ៉ាង គឺសម្មុខាវិន័យ១ សតិវិន័យ១ អមូឡ្ហវិន័យ១ តស្សបាបិយសិកា១។

[៩៩] អនុវាទាធិករណ៍ មិនបាច់អាស្រ័យ​សមថៈពីរយ៉ាង គឺអមូឡ្ហវិន័យ និង​តស្សបាបិយសិកា​ទេ គ្រាន់តែរម្ងាប់ដោយសមថៈពីរយ៉ាង គឺសម្មុខាវិន័យ និងសតិវិន័យ (ប៉ុណ្ណោះ) ក៏មាន។ ពាក្យដែលបណ្ឌិតគប្បីពោលថា ក៏មាន ដូច្នេះ។ ពាក្យនោះ តើដូចសំដែង​ត្រង់​បទណា។ ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុក្នុងសាសនានេះ ចោទភិក្ខុ​ផងគ្នា ដោយសីលវិបត្តិ ឥតមានមូល។ ម្នាលភិក្ខុទាំងឡាយ សតិវិន័យ សង្ឃត្រូវឲ្យ​ដល់ភិក្ខុ ដែលមានសតិបរិបូណ៌​នោះឯង។ ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវ​ឲ្យសតិវិន័យ​យ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះ ត្រូវចូលទៅរកសង្ឃ ធ្វើចីវរឆៀងស្មាម្ខាង។បេ។ ហើយនិយាយនឹងសង្ឃ យ៉ាងនេះថា បពិត្រព្រះសង្ឃដ៏ចំរើន ភិក្ខុទាំងឡាយ ចោទខ្ញុំ​ដោយ​សីលវិបត្តិ ឥតមានមូល បពិត្រព្រះសង្ឃដ៏ចំរើន ខ្ញុំជាអ្នកមានសតិពេញ​បរិបូណ៌​ហើយ មកសូមសតិវិន័យ​នឹងសង្ឃ។ ភិក្ខុនោះ ត្រូវសូម​សតិវិន័យ ជាគំរប់​ពីរដងផង។ ភិក្ខុនោះ ត្រូវសូមសតិវិន័យ ជាគំរប់​បីដងផង។

[១០០] ភិក្ខុអ្នកឈ្លាស វាងវៃ ត្រូវផ្តៀងសង្ឃថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃ​ស្តាប់ខ្ញុំ ភិក្ខុទាំងឡាយ​ ចោទភិក្ខុឈ្មោះនេះ ដោយសីលវិបត្តិ ឥតមានមូល។ ភិក្ខុនោះ ជាអ្នកមាន​សតិ​ពេញបរិបូណ៌ ហើយមកសូម​សតិវិន័យនឹងសង្ឃ។ បើកម្មមានកាលគួរ ដល់សង្ឃ​ហើយ សង្ឃត្រូវឲ្យសតិវិន័យ ដល់ភិក្ខុឈ្មោះនេះ ជាអ្នកមានសតិពេញបរិបូណ៌ហើយ។ នេះជាញត្តិ។ បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃ​ស្តាប់ខ្ញុំ ភិក្ខុទាំងឡាយ​ ចោទភិក្ខុឈ្មោះ​នេះ ដោយសីលវិបត្តិ ឥតមានមូល។ ភិក្ខុនោះ ជាអ្នកមាន​សតិ​ពេញបរិបូណ៌ ហើយ​មកសូម​សតិវិន័យនឹងសង្ឃ។ សង្ឃបានឲ្យនូវសតិវិន័យ ដល់ភិក្ខុឈ្មោះនេះ ដែល​ជាអ្នកមានសតិពេញបរិបូណ៌ហើយ។ ការឲ្យនូវសតិវិន័យ ដល់ភិក្ខុឈ្មោះនេះ ដែល​ជាអ្នកមានសតិពេញបរិបូណ៌ហើយ គួរដល់លោក​មាន​អាយុអង្គណា លោកមានអាយុអង្គ​នោះ គប្បីស្ងៀម មិនគួរ​ដល់លោកមានអាយុអង្គណា លោកមានអាយុអង្គនោះ គប្បី​ពោល​ឡើង។ ខ្ញុំប្រកាសសេចក្តីនេះ ជាគំរប់ពីរដងផង។បេ។ ខ្ញុំ​ប្រកាស​សេចក្តីនេះ ជាគំរប់​បីដងផង។បេ។ សតិវិន័យ សង្ឃបានឲ្យដល់​ភិក្ខុឈ្មោះនេះ ដែល​ជាអ្នកមាន​សតិពេញបរិបូណ៌ហើយ ការឲ្យសតិវិន័យនេះ គួរដល់សង្ឃហើយ ព្រោះហេតុនោះ ទើបសង្ឃស្ងៀម។ ខ្ញុំសូមចាំទុកនូវសេចក្តីនេះ ដោយអាការស្ងៀមយ៉ាងនេះ។ ម្នាលភិក្ខុ​ទាំងឡាយ នេះតថាគត ហៅថា អធិករណ៍ រម្ងាប់ហើយ។ អធិករណ៍នោះ រម្ងាប់ដោយ​ធម៌អ្វី។ រម្ងាប់ដោយ​សម្មុខាវិន័យ និងសតិវិន័យ។ ចុះក្នុងសម្មុខាវិន័យនោះ មានអង្គ​ដូចម្តេច។ ការ​ចំពោះមុខសង្ឃ ការចំពោះមុខធម៌ ការចំពោះមុខវិន័យ ការចំពោះ​មុខបុគ្គល (ជាអង្គក្នុងសម្មុខាវិន័យនោះ)។បេ។ ចុះការចំពោះមុខបុគ្គល ក្នុងសម្មុខាវិន័យ​នោះ តើដូចម្តេច។ បុគ្គលណា ចោទគ្នាទៅវិញទៅមក បុគ្គលទាំងពីរនាក់នោះ ក៏មាន​នៅក្នុងទីចំពោះមុខ នេះ​ហៅ​ថា ការចំពោះមុខបុគ្គល ក្នុង​សម្មុខាវិន័យ​នោះ។ ចុះក្នុង​សតិវិន័យនោះ មានកិច្ចដូចម្តេច។ ការធ្វើ កិរិយាធ្វើ ការចូល​ទៅជិត ការចូលទៅឯបនែប ការទទួល និងកិរិយាមិនឃាត់ហាម នូវសតិវិន័យកម្មណា នេះជាកិច្ច​ ក្នុង​សតិវិន័យនោះ។ ម្នាលភិក្ខុទាំងឡាយ បើអធិករណ៍រម្ងាប់យ៉ាងនេះ​ហើយ ភិក្ខុអ្នកធ្វើ ត្រឡប់ សើរើ​ឡើងវិញ ត្រូវឧក្កោដនកបាចិត្តិយៈ។ ភិក្ខុអ្នកឲ្យឆន្ទៈហើយ ត្រឡប់តិះដៀល ត្រូវ​ខីយនក​បាចិត្តិយៈ។

[១០១] អនុវាទាធិករណ៍ មិនបាច់អាស្រ័យសមថៈពីរយ៉ាង គឺសតិវិន័យ១ តស្សបាបិយសិកា ១ គ្រាន់តែរម្ងាប់ដោយសមថៈពីរយ៉ាង គឺសម្មុខាវិន័យ១ អមូឡ្ហវិន័យ១ ក៏មាន។ ពាក្យដែលបណ្ឌិតគប្បីពោលថា ក៏មាន ដូច្នេះ។ ពាក្យនោះ តើដូចសំដែង​ត្រង់​បទណា។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាមនុស្សឆ្កួត មានចិត្តវិបល្លាស​ប្រែប្រួល ភិក្ខុឆ្កួត មានចិត្ត​វិបល្លាស ប្រែប្រួលហើយនោះ ក៏បានប្រព្រឹត្តអនាចារ បាន​ពោល និងព្យាយាមធ្វើល្មើស នូវកិច្ច ដែលមិនមែន​ជារបស់​សមណៈជាច្រើន។ ព្រោះ​ហេតុ​តែភិក្ខុឆ្កួត មានចិត្ត​វិបល្លាស ប្រែប្រួល ហើយបានប្រព្រឹត្តអនាចារ ភិក្ខុទាំងឡាយ ក៏នាំគ្នាចោទភិក្ខុនោះ ដោយអាបត្តិ​ថា លោក​មានអាយុ ត្រូវអាបត្តិ​ មានសភាព​យ៉ាងនេះហើយ ចូរនឹកមើល។ ភិក្ខុឆ្កួតនោះ ឆ្លើយយ៉ាងនេះថា ម្នាលលោក​មានអាយុ​ទាំងឡាយ ខ្ញុំឯង ជាមនុស្សឆ្កួត មានចិត្ត​វិបល្លាស ប្រែប្រួល ខ្ញុំឆ្កួត មានចិត្ត​វិបល្លាស ប្រែប្រួលហើយនោះ ក៏បានប្រព្រឹត្តអនាចារ បានពោល និងព្យាយាមធ្វើល្មើស នូវកិច្ច ដែលមិនមែន​ជារបស់​សមណៈជាច្រើន ខ្ញុំនឹកអំពើនោះ មិនឃើញទេ អំពើនុ៎ះ ខ្ញុំបានធ្វើ​ហើយ ដោយសេចក្តីវង្វេង។ ភិក្ខុទាំងឡាយ ក៏នៅតែពោលចោទភិក្ខុឆ្កួតនោះ យ៉ាងនេះ​ទៀតថា លោកមានអាយុ​ ត្រូវអាបត្តិ មានសភាពយ៉ាងនេះហើយ ចូរនឹកមើល។ ម្នាលភិក្ខុទាំងឡាយ កាលបើ​ភិក្ខុឆ្កួតនោះបាត់វង្វេងហើយ សង្ឃគប្បីឲ្យអមូឡ្ហវិន័យចុះ។ ម្នាលភិក្ខុទាំងឡាយ សង្ឃ​គប្បីឲ្យអមូឡ្ហវិន័យ យ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះ គប្បីចូលទៅរកសង្ឃ ធ្វើឧត្តរាសង្គៈ ឆៀងស្មាម្ខាង។បេ។ ហើយពោលនឹងសង្ឃ យ៉ាង​នេះថា បពិត្រព្រះសង្ឃដ៏ចំរើន ខ្ញុំជាមនុស្ស​ឆ្កួត មានចិត្ត​វិបល្លាស ប្រែប្រួល កាលខ្ញុំឆ្កួត មានចិត្ត​វិបល្លាស ប្រែប្រួលហើយនោះ ក៏បានប្រព្រឹត្ត​អនាចារ បានពោល និង​ព្យាយាមធ្វើល្មើស នូវកិច្ច ដែលមិនមែន​ជារបស់​សមណៈជាច្រើន ព្រោះតែខ្ញុំជាមនុស្ស​ឆ្កួត មានចិត្ត​វិបល្លាស ប្រែប្រួល បានប្រព្រឹត្តអនាចារ ភិក្ខុទាំងឡាយ ក៏នាំគ្នាចោទខ្ញុំ ដោយអាបត្តិថា លោកមានអាយុ ត្រូវអាបត្តិ មានសភាពយ៉ាងនេះហើយ ចូរនឹកមើល ខ្ញុំក៏បានឆ្លើយតបនឹងភិក្ខុទាំងឡាយនោះវិញ យ៉ាងនេះថា ម្នាលអាវុសោ​ទាំងឡាយ ខ្ញុំជាមនុស្សឆ្កួត មានចិត្ត​វិបល្លាស ប្រែប្រួលមែន ខ្ញុំឆ្កួត មានចិត្ត​វិបល្លាស ប្រែប្រួល​ហើយនោះ ក៏បានប្រព្រឹត្តអនាចារ បានពោល និងព្យាយាមធ្វើល្មើស នូវកិច្ច ដែលមិនមែន​ជារបស់​សមណៈ​ជា​ច្រើន ខ្ញុំនឹកអំពើនោះ មិនឃើញទេ អំពើនុ៎ះ ខ្ញុំបានធ្វើហើយ ដោយ​សេចក្តីវង្វេង។ ភិក្ខុទាំង​ឡាយ ក៏នៅតែពោលចោទខ្ញុំ យ៉ាងនេះទៀតថា លោកមានអាយុ ត្រូវអាបត្តិ មានសភាព​យ៉ាងនេះហើយ ចូរនឹកមើល។ បពិត្រព្រះសង្ឃដ៏ចំរើន ខ្ញុំបាត់​វង្វេងហើយ មកសូម​អមូឡ្ហ​វិន័យនឹងសង្ឃ។ ភិក្ខុនោះ ត្រូវសូមអមូឡ្ហវិន័យ អស់វារៈ​ពីរដងផង។ ត្រូវសូមអមូឡ្ហវិន័យ អស់វារៈបីដងផង។

[១០២] ភិក្ខុអ្នកឈ្លាស ប្រតិពល ត្រូវផ្តៀងសង្ឃថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃ​ស្តាប់ខ្ញុំ ភិក្ខុឈ្មោះនេះ ជាមនុស្សឆ្កួត ជាអ្នក​មានចិត្ត​វិបល្លាស ប្រែប្រួល ភិក្ខុឆ្កួត មានចិត្ត​វិបល្លាស ប្រែប្រួលហើយនោះ ក៏បានប្រព្រឹត្តអនាចារ បានពោល និងព្យាយាមធ្វើល្មើស នូវកិច្ច ដែលមិន​មែន​​ជារបស់​សមណៈជាច្រើន។ ព្រោះតែភិក្ខុឆ្កួត មានចិត្ត​វិបល្លាស ប្រែប្រួល ប្រព្រឹត្តអនាចារ ភិក្ខុទាំងឡាយ នាំគ្នាចោទភិក្ខុនោះ ដោយអាបត្តិថា លោក​មានអាយុ ត្រូវអាបត្តិ មានសភាព​យ៉ាងនេះហើយ ចូរនឹកមើល។ ភិក្ខុនោះ ក៏ឆ្លើយយ៉ាង​នេះថា ម្នាលលោកមានអាយុទាំងឡាយ ខ្ញុំជាមនុស្សឆ្កួត មានចិត្ត​វិបល្លាស ប្រែប្រួលមែន ខ្ញុំឆ្លួត មានចិត្តវិបល្លាសប្រែប្រួលហើយនោះ ក៏បានប្រព្រឹត្តអនាចារ បានពោល និង​ព្យាយាមធ្វើល្មើស នូវកិច្ច ដែលមិនមែន​ជារបស់​សមណៈជាច្រើន ខ្ញុំនឹករកអំពើនោះ មិនឃើញទេ អំពើនុ៎ះ ខ្ញុំបានធ្វើហើយ ដោយសេចក្តីវង្វេង។ ភិក្ខុទាំងឡាយ ក៏នៅតែចោទ​ភិក្ខុ​នោះ យ៉ាងនេះទៀតថា លោកមានអាយុ ត្រូវអាបត្តិ មានសភាពយ៉ាងនេះហើយ ចូរនឹកមើល។ ភិក្ខុនោះ បាត់វង្វេងហើយ មកសូមអមូឡ្ហវិន័យ​នឹងសង្ឃ។ បើកម្មមានកាល​គួរ ដល់សង្ឃហើយ សង្ឃគប្បីឲ្យនូវអមូឡ្ហវិន័យ ដល់ភិក្ខុឈ្មោះនេះ ជាអ្នកបាត់វង្វេង។ នេះជាញត្តិ។ បពិត្រ​ព្រះសង្ឃ​ដ៏ចំរើន សូមសង្ឃ​ស្តាប់ខ្ញុំ ភិក្ខុឈ្មោះនេះ ជាមនុស្សឆ្កួត មានចិត្ត​វិបល្លាស ប្រែប្រួល ភិក្ខុឆ្កួត មានចិត្ត​វិបល្លាស ប្រែប្រួលហើយនោះ ក៏បានប្រព្រឹត្ត​អនាចារ បានពោល និងព្យាយាមធ្វើល្មើស នូវកិច្ច ដែលមិនមែន​ជារបស់​សមណៈ​ជាច្រើន។ ព្រោះតែភិក្ខុឆ្កួត មានចិត្ត​វិបល្លាស ប្រែប្រួល ប្រព្រឹត្តអនាចារ ភិក្ខុទាំងឡាយ ក៏នាំគ្នាចោទភិក្ខុនោះ ដោយអាបត្តិថា លោក​មានអាយុ ត្រូវអាបត្តិ មានសភាព​យ៉ាងនេះហើយ ចូរនឹកមើល។ ភិក្ខុនោះ ក៏ឆ្លើយតបយ៉ាងនេះវិញថា ម្នាលលោក​មាន​អាយុ​ទាំងឡាយ ខ្ញុំជាមនុស្សឆ្កួត មានចិត្ត​វិបល្លាស ប្រែប្រួលមែន កាលខ្ញុំឆ្កួត មានចិត្ត​វិបល្លាស ប្រែប្រួលហើយនោះ ក៏បានប្រព្រឹត្តអនាចារ បានពោល និងព្យាយាមធ្វើល្មើស នូវកិច្ច ដែលមិន​មែន​​ជារបស់​សមណៈជាច្រើន ខ្ញុំនឹករកអំពើនោះ មិនឃើញទេ អំពើនុ៎ះ ខ្ញុំបានធ្វើហើយ ដោយ​សេចក្តីវង្វេង។ ភិក្ខុទាំងឡាយ ក៏នៅតែពោលចោទភិក្ខុ​នោះ យ៉ាងនេះទៀតថា លោកមានអាយុ ត្រូវអាបត្តិ មានសភាពយ៉ាងនេះហើយ ចូរនឹកមើល។ ភិក្ខុនោះ បាត់វង្វេងហើយ មកសូម​អមូឡ្ហវិន័យ​នឹងសង្ឃ។ សង្ឃបានឲ្យអមូឡ្ហវិន័យ ដល់ភិក្ខុឈ្មោះនេះ ដែលបាត់វង្វេងហើយ។​ ការឲ្យអមូឡ្ហវិន័យ ដល់ភិក្ខុឈ្មោះនេះ ជាអ្នកបាត់វង្វេងហើយ សមគួរដល់លោក​មាន​អាយុអង្គណា លោកមានអាយុអង្គនោះ គប្បីស្ងៀម មិនសមគួរ ​ដល់លោកមានអាយុអង្គណាទេ លោកមានអាយុអង្គនោះ គប្បីពោល​ឡើង។ ខ្ញុំពោលសេចក្តីនេះ អស់វារៈពីរដងផង។បេ។ ខ្ញុំ​ពោល​សេចក្តីនេះ អស់វារៈ​បីដងផង។បេ។ អមូឡ្ហវិន័យ សង្ឃបានឲ្យដល់​ភិក្ខុឈ្មោះនេះ ដែល​បាត់វង្វេង​ហើយ ការឲ្យអមូឡ្ហវិន័យនេះ គួរដល់សង្ឃ ព្រោះហេតុនោះ ទើបសង្ឃស្ងៀម។ ខ្ញុំសូម​ចាំ​ទុកនូវសេចក្តីនេះ ដោយអាការស្ងៀមយ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ នេះតថាគត ហៅថា អធិករណ៍ រម្ងាប់ហើយ។ អធិករណ៍នោះ រម្ងាប់ដោយធម៌អ្វី។ រម្ងាប់ដោយ​សម្មុខាវិន័យ និងអមូឡ្ហវិន័យ។ ចុះក្នុងសម្មុខាវិន័យនោះ មានអង្គដូចម្តេច។ ការ​ចំពោះមុខសង្ឃ ការចំពោះមុខធម៌ ការចំពោះមុខវិន័យ ការចំពោះមុខបុគ្គល (ជាអង្គក្នុង​សម្មុខាវិន័យនោះ)។បេ។ ក្នុងអមូឡ្ហវិន័យនោះ មានកិច្ចដូចម្តេច។ ការធ្វើ កិរិយាធ្វើ ការចូល​ទៅជិត ការចូលទៅអែបនែប ការទទួល និងការមិនហាមឃាត់ នូវអមូឡ្ហវិន័យកម្ម​ណា នេះជាកិច្ច​ ក្នុងអមូឡ្ហវិន័យនោះ។ ម្នាលភិក្ខុទាំងឡាយ បើអធិករណ៍រម្ងាប់យ៉ាងនេះ​ហើយ ភិក្ខុអ្នកធ្វើ ត្រឡប់សើរើ​ឡើងវិញ ត្រូវឧក្កោដនកបាចិត្តិយៈ។ ភិក្ខុអ្នកឲ្យឆន្ទៈ ត្រឡប់​តិះដៀល ត្រូវ​ខីយនកបាចិត្តិយៈ។

[១០៣] អនុវាទាធិករណ៍ មិនបាច់អាស្រ័យសមថៈពីរយ៉ាង គឺសតិវិន័យ១ អមូឡ្ហ​វិន័យ១ គ្រាន់តែរម្ងាប់ដោយសមថៈពីរយ៉ាង គឺសម្មុខាវិន័យ១ តស្សបាបិយសិកា១ ក៏មាន។ ពាក្យដែលបណ្ឌិតគប្បីពោលថា ក៏មាន ដូច្នេះ។ ពាក្យនោះ តើដូចសំដែង​ត្រង់​បទណា។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចោទភិក្ខុផងគ្នា ដោយគរុកាបត្តិ ក្នុងកណ្តាល​ជំនុំសង្ឃ​ថា លោក​មានអាយុ ត្រូវគរុកាបត្តិ​ មានសភាព​យ៉ាងនេះ គឺអាបត្តិបារាជិក ឬអាបត្តិរងបារាជិក [អដ្ឋកថា ថា អាបត្តិទុក្កដ ឈ្មោះថា អាបត្តិរងបារាជិក ក្នុងមេថុនធម្ម​សិក្ខាបទ។ អាបត្តិថុល្លច្ច័យ ឈ្មោះថា អាបត្តិរងបារាជិក ក្នុងសិក្ខាបទឯទៀត មានអទិន្នានសិក្ខាបទ ជាដើម។]ហើយ ចូរនឹក​មើលទៅ។ ភិក្ខុនោះ ក៏ឆ្លើយតបយ៉ាង​នេះថា ម្នាលលោកមានអាយុទាំងឡាយ ខ្ញុំនឹកមិនឃើញថា ខ្ញុំត្រូវគរុកាបត្តិ មានសភាព​យ៉ាងនេះ គឺអាបត្តិបារាជិក ឬអាបត្តិ​រងបារាជិកទេ។ ភិក្ខុនោះ ក៏នៅតែ​ចោទប្រកាន់ភិក្ខុ ដែល​ប្រកែកនោះ ដោយពាក្យថា លោកមានអាយុ ខ្ញុំសូមដាស់តឿន លោកចូរ​ដឹងដោយស្រួលបួលចុះ បើលោកមានអាយុ ត្រូវគរុកាបត្តិ មានសភាពយ៉ាងនេះ គឺអាបត្តិ​បារាជិក ឬអាបត្តិរងបារាជិកហើយ នឹករកឃើញ។ ភិក្ខុនោះ ក៏ឆ្លើយតបវិញថា ម្នាល​លោកមានអាយុ ខ្ញុំ​នឹកមិនឃើញថា ខ្ញុំត្រូវគរុកាបត្តិ មានសភាពយ៉ាងនេះគឺ អាបត្តិ​បារាជិក ឬអាបត្តិរងបារាជិកទេ ម្នាលលោកមានអាយុ ខ្ញុំនឹកឃើញត្រឹមតែថា ខ្ញុំត្រូវអាបត្តិ​បន្តិចបន្តួច មានសភាព​យ៉ាងនេះ ប៉ុណ្ណោះ។ ភិក្ខុនោះ ក៏នៅតែចោទប្រកាន់ភិក្ខុ ដែលប្រកែកនោះ ដោយពាក្យថា លោកមានអាយុ ខ្ញុំសូមដាស់តឿន លោកចូរដឹង​ដោយស្រួលបួលចុះ បើលោកមានអាយុ ត្រូវគរុកាបត្តិ មានសភាព​យ៉ាងនេះ គឺអាបត្តិ​បារាជិក ឬអាបត្តិរងបារាជិកហើយ នឹករកឃើញ។ ភិក្ខុនោះ ក៏ឆ្លើយតបយ៉ាង​នេះ​វិញថា ម្នាលលោកមានអាយុ ខ្ញុំ​ត្រូវអាបត្តិឈ្មោះនេះបន្តិចបន្តួច ទោះបី​ឥតគេសួរនោះ ក៏គង់​តែខ្ញុំប្តេជ្ញា ចំណង់បើខ្ញុំត្រូវគរុកាបត្តិ មានសភាពយ៉ាងនេះគឺ អាបត្តិបារាជិក ឬអាបត្តិរង​បារាជិក​ គេសួរហើយ ខ្ញុំនឹងមិនប្តេជ្ញា ដូចម្តេចបាន។ ភិក្ខុនោះ ក៏ឆ្លើយតបវិញថា ម្នាលលោកមានអាយុ លោកត្រូវអាបត្តិ ឈ្មោះនេះបន្តិចបន្តួច ទោះបី​ឥតគេសួរនោះ ក៏គង់​តែលោកមិនប្តេជ្ញា ចំណង់បើលោកត្រូវគរុកាបត្តិ មានសភាពយ៉ាងនេះគឺ អាបត្តិ​បារាជិក ឬអាបត្តិរង​បារាជិក​ គេមិនសួរហើយ លោកនឹងប្តេជ្ញា ដូចម្តេចបាន លោកមាន​អាយុ ខ្ញុំសូមដាស់តឿន លោកចូរដឹង ដោយស្រួលបួលចុះ បើលោកត្រូវគរុកាបត្តិ មានសភាព​យ៉ាងនេះ គឺអាបត្តិបារាជិក ឬអាបត្តិរង​បារាជិកហើយ នឹករកឃើញ។ ភិក្ខុនោះ ក៏ឆ្លើយតបវិញយ៉ាងនេះថា ម្នាលលោកមានអាយុ ខ្ញុំនឹកឃើញត្រឹមតែថា ខ្ញុំត្រូវគរុកាបត្តិ មានសភាពយ៉ាងនេះ គឺ អាបត្តិបារាជិក ឬអាបត្តិរង​បារាជិក​ ពាក្យនេះ ខ្ញុំនិយាយលេងទេ ពាក្យនេះ ខ្ញុំនិយាយភ្លាត់ទេ ខ្ញុំនឹកមិនឃើញថា ខ្ញុំត្រូវ​គរុកាបត្តិ មានសភាពយ៉ាងនេះគឺ អាបត្តិបារាជិក ឬអាបត្តិរង​បារាជិកទេ។​ ម្នាលភិក្ខុទាំងឡាយ តស្សបាបិយសិកាកម្មនេះ សង្ឃត្រូវតែធ្វើដល់ភិក្ខុនោះកុំខានឡើយ។

[១០៤] ម្នាលភិក្ខុទាំងឡាយ តស្សបាបិយសិកាកម្ម សង្ឃត្រូវធ្វើយ៉ាងនេះ។ ភិក្ខុអ្នក​ឈ្លាស ប្រតិពល ត្រូវផ្តៀងសង្ឃថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃ​ស្តាប់ខ្ញុំ ភិក្ខុឈ្មោះ​នេះ កាលសង្ឃសាកសួរ ដោយគរុកាបត្តិ ក្នុងកណ្តាលជំនុំសង្ឃ គេចកែសំដីហើយ បែរជាប្តេជ្ញា ប្តេជ្ញាហើយ បែរជាគេចកែសំដីវិញ បិទបាំងហេតុដទៃ ដោយហេតុដទៃ ពោលសម្បជានមុសាវាទ។ បើកម្មមានកាលគួរ ដល់សង្ឃហើយ សង្ឃត្រូវធ្វើ​តស្សបាបិយសិកា​កម្ម ដល់ភិក្ខុឈ្មោះនេះ។ នេះជាញត្តិ។ បពិត្រព្រះសង្ឃដ៏ចំរើន សូម​សង្ឃ​​ស្តាប់ខ្ញុំ ភិក្ខុឈ្មោះនេះ កាលសង្ឃសាកសួរ ដោយគរុកាបត្តិ ក្នុងកណ្តាលជំនុំសង្ឃ ក៏គេចកែសំដីហើយ បែរជាប្តេជ្ញា ប្តេជ្ញាហើយ បែរជាគេចកែសំដីវិញ បិទបាំងហេតុដទៃ ដោយ​ហេតុដទៃ ពោលសម្បជានមុសាវាទ។ សង្ឃធ្វើតស្សបាបិយសិកាកម្ម ដល់ភិក្ខុ​ឈ្មោះនេះ។ ការធ្វើតស្សបាបិយសិកាកម្ម ដល់ភិក្ខុឈ្មោះនេះ សមគួរដល់លោកមាន​អាយុអង្គណា លោកមានអាយុអង្គនោះ គប្បីស្ងៀម មិនសមគួរ​ដល់លោកមាន​អាយុអង្គ​ណា លោកមានអាយុអង្គនោះ គប្បីពោលឡើង ខ្ញុំពោលសេចក្តីនេះ អស់វារៈពីរដង​ផង។បេ។ ខ្ញុំ​ពោល​សេចក្តីនេះ អស់វារៈបីដងផង។បេ។ តស្សបាបិយសិកាកម្ម សង្ឃបានធ្វើ​ហើយ ដល់ភិក្ខុឈ្មោះនេះ ការធ្វើនូវតស្សបាបិយសិកាកម្មនេះ សមគួរដល់សង្ឃ ព្រោះ​ហេតុ​នោះ ទើបសង្ឃស្ងៀម។ ខ្ញុំសូម​ចាំទុកនូវ​សេចក្តីនេះ ដោយអាការស្ងៀមយ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ នេះតថាគត ហៅថា អធិករណ៍រម្ងាប់ហើយ។ អធិករណ៍នោះ រម្ងាប់ដោយធម៌អ្វី។ រម្ងាប់ដោយសម្មុខាវិន័យ និងតស្សបាបិយសិកា។ ចុះក្នុងសម្មុខាវិន័យ​នោះ មានអង្គដូចម្តេច។ ការ​ចំពោះមុខសង្ឃ ការចំពោះមុខធម៌ ការចំពោះមុខវិន័យ ការចំពោះមុខបុគ្គល (ជាអង្គក្នុងសម្មុខាវិន័យនោះ)។បេ។ ក្នុងតស្សបាបិយសិកាកម្មនោះ មានកិរិយាធ្វើដូចម្តេច។ ការធ្វើ កិរិយាធ្វើ ការចូលទៅជិត ការចូល​ទៅអែបនែប ការទទួល និងការមិនឃាត់ហាម នូវតស្សបាបិយសិកាកម្មណា នេះជាកិរិយាធ្វើ​ ក្នុង​តស្សបាបិយសិកាកម្ម​នោះ។ ម្នាលភិក្ខុទាំងឡាយ បើអធិករណ៍រម្ងាប់យ៉ាងនេះហើយ ភិក្ខុអ្នក​ធ្វើ ត្រឡប់សើរើឡើងវិញ ត្រូវឧក្កោដនកបាចិត្តិយៈ។ ភិក្ខុអ្នកឲ្យឆន្ទៈហើយ ត្រឡប់​តិះដៀលវិញ ត្រូវខីយនកបាចិត្តិយៈ។

[១០៥] អាបត្តាធិករណ៍ រម្ងាប់ដោយសមថៈ ប៉ុន្មានយ៉ាង។ អាបត្តាធិករណ៍ រម្ងាប់​ដោយ​សមថៈបីយ៉ាងគឺ សម្មុខាវិន័យ១ បដិញ្ញាតករណៈ១ តិណវត្ថារកៈ១។

[១០៦] អាបត្តាធិករណ៍មិនបាច់អាស្រ័យសមថៈ១ គឺតិណវត្ថារកៈ គ្រាន់តែរម្ងាប់​ដោយ​សមថៈពីរយ៉ាង គឺសម្មុខាវិន័យ និងបដិញ្ញាតករណៈ១ ក៏មាន។ ពាក្យដែល​បណ្ឌិត​គប្បី​ពោល​ថា ក៏មាន ដូច្នេះ។ ពាក្យនោះ តើដូចសំដែង​ត្រង់​បទណា។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុង​សាសនានេះ ត្រូវលហុកាបត្តិ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះ គប្បីចូលទៅ​រកភិក្ខុ១រូប ហើយធ្វើចីវរឆៀងស្មាម្ខាង អង្គុយ​ច្រហោង ផ្គងអញ្ជលីឡើងហើយ ពោល​យ៉ាង​នេះ នឹងភិក្ខុនោះថា ម្នាលលោកមានអាយុ ខ្ញុំត្រូវអាបត្តិ ឈ្មោះនេះហើយ សូមសំដែង​អាបត្តិ​នោះចេញ។ ភិក្ខុអ្នកទទួលអាបត្តិនោះ ត្រូវពោលថា លោកឃើញ​ឬទេ។ ភិក្ខុអ្នកសំដែង​ ឆ្លើយថា ករុណា ខ្ញុំឃើញហើយ។ ភិក្ខុអ្នកទទួល ត្រូវប្រាប់ថា លោកត្រូវសង្រួមតទៅទៀត។ ម្នាលភិក្ខុទាំងឡាយ នេះតថាគតហៅថា អធិករណ៍រម្ងាប់​ហើយ។ អធិករណ៍នោះ រម្ងាប់​ដោយធម៌អ្វី។ រម្ងាប់ដោយ​សម្មុខាវិន័យ និង​បដិញ្ញាតករណៈ។ ចុះក្នុងសម្មុខាវិន័យនោះ មាន​អង្គ​ដូចម្តេច។ ការ​ចំពោះមុខធម៌ ការចំពោះ​មុខវិន័យ ការចំពោះមុខបុគ្គល (ជាអង្គក្នុងសម្មុខាវិន័យ​នោះ)។បេ។ ឯការ​ចំពោះ​មុខបុគ្គល ក្នុងសម្មុខាវិន័យនោះ តើដូចម្តេច។ បុគ្គលទាំងពីររូប ដែល​សំដែង​អាបត្តិដល់គ្នានឹងគ្នា ក៏មាននៅក្នុងទីចំពោះមុខ នេះ​ហៅ​ថា ការចំពោះមុខបុគ្គល ក្នុង​សម្មុខាវិន័យ​នោះ។ ចុះក្នុងបដិញ្ញាតករណៈនោះ មានកិច្ចដូចម្តេច។ ការធ្វើ កិរិយាធ្វើ ការចូល​ទៅជិត ការចូលទៅអែបនែប ការទទួល និងការមិនឃាត់ហាម នូវ​បដិញ្ញាតករណកម្មណា នេះជាកិច្ច​ ក្នុងបដិញ្ញាតករណកម្មនោះ។ ម្នាលភិក្ខុទាំងឡាយ បើអធិករណ៍រម្ងាប់យ៉ាងនេះ​ហើយ ភិក្ខុអ្នកទទួល ត្រឡប់សើរើ​ឡើងវិញ ត្រូវឧក្កោដនក​បាចិត្តិយៈ។ បើភិក្ខុនោះបានភិក្ខុអ្នកទទួល​យ៉ាងនេះហើយ ការបានយ៉ាងនេះ នេះជាការ​ស្រួល បើមិនបានទេ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះ ត្រូវចូលទៅរកភិក្ខុច្រើនរូប ហើយធ្វើ​ឧត្តរាសង្គៈ ឆៀងស្មាម្ខាង ក្រាបសំពះបាទាភិក្ខុចាស់ទាំង​ឡាយ ហើយអង្គុយច្រហោង ផ្គងអញ្ជលី គប្បីពោលយ៉ាងនេះ នឹងភិក្ខុទាំងនោះថា បពិត្រ​លោកទាំងឡាយដ៏ចំរើន ខ្ញុំព្រះករុណា ត្រូវអាបត្តិឈ្មោះនេះហើយ សូមសំដែងអាបត្តិ​នោះចេញ។ ភិក្ខុអ្នកឈ្លាស ប្រតិពល ត្រូវផ្តៀងភិក្ខុទាំងនោះថា លោកមានអាយុទាំងឡាយ ចូរស្តាប់ខ្ញុំ ភិក្ខុឈ្មោះនេះ នេះនឹកឃើញអាបត្តិ បង្ហើបអាបត្តិ ធ្វើអាបត្តិឲ្យងាយ សំដែង​អាបត្តិ។ បើកម្មមាន​កាលដ៏សមគួរ ដល់លោកមានអាយុទាំងឡាយហើយ ខ្ញុំគប្បីទទួលអាបត្តិ របស់ភិក្ខុ​ឈ្មោះ​នេះ។ ភិក្ខុអ្នកទទួលនោះ ត្រូវពោលថា លោកឃើញឬទេ។ ភិក្ខុនោះពោលថា ករុណា ខ្ញុំឃើញហើយ។ ភិក្ខុអ្នកទទួល ត្រូវប្រាប់ថា លោកត្រូវ​សង្រួមតទៅទៀត។ ម្នាលភិក្ខុទាំងឡាយ នេះតថាគតហៅថា អធិករណ៍រម្ងាប់ហើយ។ អធិករណ៍នោះ រម្ងាប់ដោយធម៌​អ្វី។​ រម្ងាប់ដោយ​សម្មុខាវិន័យ និងបដិញ្ញាតករណៈ។ ក្នុងសម្មុខាវិន័យនោះ មានអង្គ ដូចម្តេច។ ការ​ចំពោះមុខ​ធម៌ ការចំពោះមុខវិន័យ ការចំពោះមុខបុគ្គល (ជាអង្គក្នុងសម្មុខាវិន័យនោះ)។បេ។ ចុះការចំពោះមុខ​បុគ្គល ក្នុងសម្មុខាវិន័យនោះ តើដូចម្តេច។ បុគ្គលទាំងពីររូប ដែលសំដែងអាបត្តិ​ដល់គ្នានឹងគ្នា ក៏មាននៅក្នុងទី​ចំពោះមុខ នេះ​ហៅ​ថា ការចំពោះមុខបុគ្គល ក្នុងសម្មុខាវិន័យ​នោះ។ ក្នុងបដិញ្ញាតករណៈ មានកិច្ចដូចម្តេច។ ការធ្វើ កិរិយាធ្វើ ការចូលទៅជិត ការចូល​ទៅអែបនែប ការទទួល និងការមិនហាមឃាត់ នូវបដិញ្ញាតករណកម្មណា នេះជាកិច្ច ក្នុងបដិញ្ញាតករណកម្ម​នោះ។ ម្នាលភិក្ខុទាំងឡាយ បើអធិករណ៍រម្ងាប់យ៉ាងនេះ​ហើយ ភិក្ខុអ្នកទទួល ត្រឡប់​សើរើ​ឡើង​វិញ ត្រូវឧក្កោដនកបាចិត្តិយៈ។ បើភិក្ខុ បានភិក្ខុអ្នកទទួលនុ៎ះ យ៉ាងនេះហើយ ការបានយ៉ាងនេះ ជាការស្រួល បើមិនបានទេ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះ ត្រូវចូល​ទៅរកសង្ឃ ហើយធ្វើ​ឧត្តរាសង្គៈ ឆៀងស្មាម្ខាង ហើយក្រាបសំពះបាទា​ភិក្ខុចាស់ទាំង​ឡាយ អង្គុយច្រហោង ផ្គងអញ្ជលី ពោលនឹងសង្ឃ យ៉ាងនេះថា បពិត្រព្រះសង្ឃដ៏ចំរើន ខ្ញុំត្រូវ​អាបត្តិ ឈ្មោះនេះហើយ សូមសំដែង​ នូវអាបត្តិនោះចេញ។ ភិក្ខុអ្នកឈ្លាស ប្រតិពល ត្រូវផ្តៀង​សង្ឃ​ថា បពិត្រព្រះសង្ឃដ៏ចំរើន សូម​សង្ឃ​​ស្តាប់ខ្ញុំ ភិក្ខុឈ្មោះនេះ នឹកឃើញ​នូវអាបត្តិ បង្ហើបអាបត្តិ ធ្វើអាបត្តិឲ្យងាយ សំដែង​អាបត្តិ។ បើកម្មមានកាលដ៏គួរ ដល់សង្ឃ​ហើយ ខ្ញុំត្រូវទទួលនូវអាបត្តិ របស់ភិក្ខុឈ្មោះនេះ។ ភិក្ខុអ្នក​ទទួល​នោះ ត្រូវពោលថា លោកឃើញឬទេ។ ភិក្ខុអ្នកសំដែង ឆ្លើយថា ករុណា ខ្ញុំឃើញហើយ។ ភិក្ខុ​អ្នកទទួល ត្រូវប្រាប់ថា លោកត្រូវ​សង្រួមតទៅទៀតចុះ។ ម្នាលភិក្ខុទាំងឡាយ នេះតថាគត ហៅថា អធិករណ៍រម្ងាប់ហើយ។ អធិករណ៍ រម្ងាប់ដោយធម៌អ្វី។ រម្ងាប់ដោយសម្មុខាវិន័យ និង​បដិញ្ញាតករណៈ។ ក្នុងសម្មុខាវិន័យ​នោះ មានអង្គ​ដូចម្តេច។ ការចំពោះមុខសង្ឃ ការចំពោះ​មុខ​ធម៌ ការចំពោះមុខវិន័យ ការចំពោះ​មុខ​បុគ្គល (ជាអង្គក្នុង​សម្មុខាវិន័យ​នោះ)។បេ។ ម្នាលភិក្ខុ​ទាំង​ឡាយ បើអធិករណ៍រម្ងាប់យ៉ាងនេះ​ហើយ ភិក្ខុអ្នកទទួល ត្រឡប់សើរើឡើងវិញ ត្រូវ​ឧក្កោដនកបាចិត្តិយៈ។ ភិក្ខុអ្នកឲ្យឆន្ទៈ ហើយត្រឡប់តិះដៀល​វិញ ត្រូវខីយនកបាចិត្តិយៈ។

[១០៧] អាបត្តាធិករណ៍ មិនបាច់អាស្រ័យសមថៈ១ គឺបដិញ្ញាតករណៈ គ្រាន់តែរម្ងាប់​ដោយសមថៈពីរយ៉ាងគឺ សម្មុខាវិន័យ១ តិណវត្ថារកៈ១ ក៏មាន។ ពាក្យដែលបណ្ឌិត គប្បីពោល​ថា ក៏មាន ដូច្នេះ។ ពាក្យនោះ ដូចសំដែងត្រង់បទណា។ ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុក្នុង​សាសនា​នេះ បង្កហេតុ ឈ្លោះទាស់ទែងគ្នា ហើយក៏បានប្រព្រឹត្តអនាចារ បានពោល និងព្យាយាមធ្វើល្មើស នូវកិច្ច មិនមែនជារបស់សមណៈជាច្រើន។ ម្នាលភិក្ខុ​ទាំងឡាយ បើភិក្ខុទាំងឡាយ ក្នុងទីនោះ មាន​សេចក្តីត្រិះរិះ យ៉ាងនេះថា កាលបើ​យើងទាំងឡាយ នាំបង្កហេតុ ឈ្លោះ ទាស់ទែងគ្នា ហើយ​ក៏​បាន​ប្រព្រឹត្តអនាចារ បាន​ពោល និងព្យាយាមធ្វើល្មើស នូវកិច្ច មិនមែនជារបស់​សមណៈ​ជា​ច្រើន បើយើងទាំង​ឡាយ នឹងញុំាងគ្នានឹងគ្នា ឲ្យធ្វើដោយអាបត្តិទាំងឡាយនោះ ក៏បានដែរ តែ​អធិករណ៍នោះ គប្បីប្រព្រឹត្តទៅ ដើម្បីសេចក្តីរឹងរូស ដើម្បីកំណាច ដើម្បីបំបែក(សង្ឃ)។ ម្នាលភិក្ខុ​ទាំងឡាយ តថាគត អនុញ្ញាត ដើម្បីឲ្យរម្ងាប់​អធិករណ៍ មានសភាពយ៉ាងនេះ ដោយ​តិណវត្ថារកៈ។ ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវ​រម្ងាប់អធិករណ៍យ៉ាងនេះ។ ភិក្ខុទាំងឡាយ​រាល់គ្នា ត្រូវប្រជុំក្នុងទីជាមួយគ្នា លុះប្រជុំគ្នាហើយ ភិក្ខុអ្នកឈ្លាស ប្រតិពល ត្រូវផ្តៀង​សង្ឃថា បពិត្រ​ព្រះសង្ឃ​ដ៏ចំរើន សូមសង្ឃ​ស្តាប់ខ្ញុំ កាលបើយើងទាំងឡាយ បង្កហេតុ ឈ្លោះ ទាស់ទែងគ្នា ហើយ​ក៏​បាន​ប្រព្រឹត្តអនាចារ បានពោល និងព្យាយាមធ្វើល្មើស នូវកិច្ច មិនមែនជារបស់​សមណៈ​ជា​ច្រើន។ បើយើងទាំងឡាយ នឹងញុំាងគ្នានឹងគ្នា ឲ្យធ្វើដោយអាបត្តិទាំងឡាយនេះ ក៏បានដែរ តែ​អធិករណ៍នោះ គប្បីប្រព្រឹត្តទៅ ដើម្បី​សេចក្តីរឹងរូស ដើម្បីកំណាច ដើម្បីបំបែក(សង្ឃ)។ បើកម្ម​មាន​កាលដ៏សមគួរ ដល់សង្ឃ​ហើយ សង្ឃគប្បីរម្ងាប់នូវអធិករណ៍នេះ ដោយតិណវត្ថារកៈ វៀរលែងតែ អាបត្តិ ដែល​មាន​ទោសធំ វៀរលែងតែអាបត្តិ ដែលជាគិហិប្បដិសំយុត្តចេញ។ បណ្តា​ភិក្ខុទាំងឡាយ ដែលជាបក្ខពួកជាមួយគ្នា ភិក្ខុអ្នកឈ្លាស ប្រតិពល ត្រូវផ្តៀងពួក​របស់ខ្លួនថា លោក​មានអាយុទាំងឡាយ ចូរស្តាប់ខ្ញុំ កាលយើងទាំងឡាយ នាំគ្នាបង្កហេតុ ឈ្លោះ ទាស់ទែង​គ្នា ហើយ​ក៏​បាន​ប្រព្រឹត្តអនាចារ បានពោល និងព្យាយាមធ្វើល្មើស នូវកិច្ច មិនមែន​ជារបស់​សមណៈ​​ជា​ច្រើន។ ប្រសិនបើយើងទាំងឡាយ នឹងញុំាងគ្នានឹងគ្នា ឲ្យធ្វើដោយ​អាបត្តិ​ទាំងឡាយ​នេះ ក៏បានដែរ តែ​អធិករណ៍នោះ គប្បីប្រព្រឹត្តទៅ ដើម្បីសេចក្តីរឹងរូស ដើម្បីកំណាច ដើម្បីបំបែក​(សង្ឃ)។ បើកម្មមានកាលដ៏សមគួរ ដល់លោកមានអាយុ​ទាំងឡាយហើយ ខ្ញុំគប្បីសំដែងអាបត្តិ របស់លោកទាំងឡាយផង អាបត្តិរបស់ខ្លួនខ្ញុំផង ដោយតិណវត្ថារកៈ ក្នុងកណ្តាលជំនុំសង្ឃ ដើម្បីប្រយោជន៍ ដល់លោកមានអាយុទាំង​ឡាយផង ដើម្បីប្រយោជន៍ ដល់ខ្លួនខ្ញុំផង វៀរលែង​តែអាបត្តិ ដែលមានទោសធំ វៀវលែង​តែអាបត្តិ ដែលជាគិហិប្បដិសំយុត្តចេញ។

[១០៨] បណ្តាភិក្ខុទាំងឡាយ ដែលជាបក្ខពួក ជាមួយគ្នាម្ខាងទៀត ភិក្ខុអ្នកឈ្លាស ប្រតិពល ត្រូវផ្តៀងពួក​របស់ខ្លួនថា លោក​មានអាយុទាំងឡាយ ចូរស្តាប់ខ្ញុំ កាលដែល​យើង​ទាំង​ឡាយ នាំគ្នាបង្កហេតុ ឈ្លោះ ទាស់ទែង​គ្នា ហើយ​​បាន​ប្រព្រឹត្តអនាចារ បាន​ពោល និងព្យាយាម​ធ្វើ​ល្មើស នូវកិច្ច មិនមែនជារបស់​សមណៈ​​ជា​ច្រើន។ ប្រសិនបើ​យើងទាំងឡាយ នឹងញុំាងគ្នា​នឹង​គ្នា ឲ្យធ្វើដោយអាបត្តិ​ទាំងឡាយ​នេះ ក៏បានដែរ តែ​អធិករណ៍នោះ គប្បីប្រព្រឹត្តទៅ ដើម្បីសេចក្តី​រឹងរូស ដើម្បីកំណាច ដើម្បីបំបែក ​(សង្ឃ)។ បើកម្មមានកាលដ៏សមគួរ ដល់លោកមាន​អាយុ​ទាំង​ឡាយ​ហើយ ខ្ញុំគប្បីសំដែងអាបត្តិ របស់លោកទាំងឡាយផង អាបត្តិរបស់ខ្លួនខ្ញុំផង ដោយ​តិណវត្ថារកៈ ក្នុងកណ្តាលជំនុំ​សង្ឃ ដើម្បីប្រយោជន៍ ដល់លោកមានអាយុទាំងឡាយផង ដើម្បីប្រយោជន៍ ដល់ខ្លួនខ្ញុំ​ផង វៀរលែង​តែអាបត្តិ ដែលមានទោសធំ វៀវលែងតែអាបត្តិ ដែលជាគិហិប្បដិ​សំយុត្តចេញ។

[១០៩] បណ្តាភិក្ខុទាំងឡាយ ដែលជាបក្ខពួកជាមួយគ្នា ភិក្ខុអ្នកឈ្លាស ប្រតិពល ត្រូវផ្តៀងសង្ឃថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ កាលដែលយើង​ទាំង​ឡាយ នាំគ្នា​បង្កហេតុ ឈ្លោះ ទាស់ទែង​គ្នា ក៏​​បាន​ប្រព្រឹត្តអនាចារ បានពោល និងព្យាយាម​ធ្វើ​ល្មើស នូវកិច្ច មិនមែនជារបស់​សមណៈ​​ជា​ច្រើន។ ប្រសិនបើយើងទាំងឡាយ នឹងញុំាង​គ្នា​នឹង​គ្នា ឲ្យធ្វើដោយ​អាបត្តិ​​ទាំងឡាយ​នេះ ក៏បានដែរ តែ​អធិករណ៍នោះ គប្បីប្រព្រឹត្តទៅ ដើម្បីសេចក្តី​រឹងរូស ដើម្បី​កំណាច ដើម្បីបំបែក ​(សង្ឃ)។ បើកម្មមានកាលដ៏សមគួរ ដល់សង្ឃ​ហើយ ខ្ញុំគប្បីសំដែងអាបត្តិ របស់លោកមានអាយុទាំងឡាយនេះផង អាបត្តិ​របស់​ខ្លួនខ្ញុំផង ដោយ​តិណវត្ថារកៈ ក្នុងកណ្តាល​ជំនុំសង្ឃ ដើម្បីប្រយោជន៍ ដល់លោក​មានអាយុទាំងឡាយនេះផង ដើម្បីប្រយោជន៍ ដល់ខ្លួន​ខ្ញុំ​ផង វៀរលែង​តែអាបត្តិ ដែល​មានទោសធំ វៀវលែងតែអាបត្តិ ដែលជា​គិហិប្បដិសំយុត្ត​ចេញ។ នេះជាញត្តិ។ បពិត្រ​ព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ កាលដែលយើង​ទាំង​ឡាយ នាំគ្នា​បង្កហេតុ ឈ្លោះ ទាស់ទែង​គ្នា ហើយ​បាន​ប្រព្រឹត្តអនាចារ បានពោល និងព្យាយាម​ធ្វើ​ល្មើស នូវកិច្ច មិនមែនជារបស់​សមណៈ​​ជា​ច្រើន។ ប្រសិនបើយើងទាំងឡាយ នឹងញុំាងគ្នា​នឹង​គ្នា ឲ្យធ្វើ ដោយ​អាបត្តិ​​ទាំងឡាយ​នេះ ក៏បានដែរ តែ​អធិករណ៍នោះ គប្បីប្រព្រឹត្តទៅ ដើម្បីសេចក្តី​រឹងរូស ដើម្បី​កំណាច ដើម្បីបំបែក ​(សង្ឃ)។ ខ្ញុំសូមសំដែងអាបត្តិ របស់លោកមានអាយុ​ទាំងឡាយ​នេះ​ផង អាបត្តិរបស់ខ្លួនខ្ញុំផង ដោយ​តិណវត្ថារកៈ ក្នុងកណ្តាលជំនុំសង្ឃ ដើម្បីប្រយោជន៍ ដល់លោក​មាន​អាយុទាំងឡាយនេះផង ដើម្បីប្រយោជន៍ ដល់ខ្លួនខ្ញុំផង វៀរលែង​តែអាបត្តិ ដែលមានទោស​ធំ វៀវលែងតែអាបត្តិ ដែលជាគិហិប្បដិសំយុត្តចេញ។ ការសំដែងអាបត្តិទាំងឡាយនេះ របស់​យើង​​ទាំងឡាយ ដោយ​តិណវត្ថារកៈ ក្នុងកណ្តាល​ជំនុំសង្ឃ វៀរលែង​តែអាបត្តិ ដែលមានទោស​ធំ វៀវលែងតែអាបត្តិ ដែលជាគិហិប្បដិ​សំយុត្តចេញ។ ការសំដែងអាបត្តិនេះ សមគួរដល់លោក​មានអាយុអង្គណា លោកមាន​អាយុ​អង្គនោះ ត្រូវស្ងៀម មិនសមគួរ ដល់លោកមានអាយុអង្គណា លោកមានអាយុ​អង្គនោះ​ គប្បីពោលឡើង។ អាបត្តិទាំងឡាយនេះ យើងទាំងឡាយ បានសំដែង​ហើយ ដោយតិណវត្ថារកៈ ក្នុងកណ្តាលជំនុំសង្ឃ វៀរលែង​តែអាបត្តិ ដែលមានទោស​ធ្ងន់ វៀវ​លែង​តែអាបត្តិ ដែលជាគិហិប្បដិសំយុត្តចេញ ការសំដែងនេះ សមគួរដល់សង្ឃ ព្រោះ​ហេតុ​នោះ ទើបសង្ឃស្ងៀម។ ខ្ញុំសូមចាំទុកសេចក្តីនេះ ដោយអាការស្ងៀមយ៉ាងនេះ។ លំដាប់នោះ ភិក្ខុ​ទាំងឡាយ១ពួកទៀត។បេ។ ខ្ញុំសូមចាំទុក នូវសេចក្តីនេះ ដោយអាការ​ស្ងៀមយ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា អធិករណ៍រម្ងាប់ហើយ។ អធិករណ៍​នោះ រម្ងាប់​ដោយធម៌អ្វី។ រម្ងាប់ដោយសម្មុខាវិន័យ និងតិណវត្ថារកៈ។ ក្នុងសម្មុខាវិន័យ​នោះ តើមានអង្គដូចម្តេច។ ការ​ចំពោះមុខសង្ឃ ការចំពោះមុខធម៌ ការចំពោះមុខវិន័យ ការចំពោះមុខបុគ្គល (ជាអង្គក្នុង​សម្មុខាវិន័យ​នោះ)។ ចុះការចំពោះមុខសង្ឃ ក្នុង​សម្មុខាវិន័យ​នោះ តើដូចម្តេច។ ភិក្ខុទាំងឡាយ ដែលគួរដល់កម្ម មានចំនួនប៉ុន្មានរូប ភិក្ខុទាំងនោះ ក៏បានមកហើយ ទាំងឆន្ទៈរបស់ភិក្ខុ ដែលគួរដល់ឆន្ទៈ ក៏បាននាំមកហើយ ភិក្ខុទាំងឡាយ មាននៅក្នុងទីចំពោះមុខ ក៏មិនបានហាម​ឃាត់ នេះហៅថា ការចំពោះ​មុខសង្ឃ ក្នុងសម្មុខាវិន័យនោះ។ ចុះការចំពោះមុខធម៌ និងការ​ចំពោះ​​មុខ​វិន័យ ក្នុង​សម្មុខាវិន័យនោះ តើដូចម្តេច។ អធិករណ៍នោះ រម្ងាប់តាមធម៌ណា តាម​វិន័យ​ណា តាមពាក្យ​ប្រៀនប្រដៅ របស់ព្រះសាស្តាណា នេះហៅថា ការចំពោះមុខធម៌ និងការ​ចំពោះ​មុខ​វិន័យ ក្នុងសម្មុខាវិន័យនោះ។ ចុះការចំពោះមុខបុគ្គល ក្នុងសម្មុខាវិន័យនោះ តើដូចម្តេច។ បុគ្គលទាំងពីររូប ដែលសំដែងអាបត្តិ ដល់គ្នានឹងគ្នា ក៏មាននៅក្នុង​ទីចំពោះមុខ នេះ​ហៅ​ថា ការចំពោះមុខបុគ្គល ក្នុងសម្មុខាវិន័យនោះ។ ក្នុងតិណវត្ថារកៈ មានកិច្ចដូចម្តេច។ ការធ្វើ កិរិយាធ្វើ ការចូលទៅជិត ការចូលទៅអែបនែប ការទទួល និងការមិនហាមឃាត់ នូវ​តិណវត្ថារកកម្ម​ណា នេះជាកិច្ច ក្នុងតិណវត្ថារកកម្មនោះ។ ម្នាលភិក្ខុទាំងឡាយ បើអធិករណ៍​រម្ងាប់​យ៉ាងនេះ​ហើយ ភិក្ខុអ្នកទទួល ត្រឡប់សើរើ​ឡើងវិញ ត្រូវឧក្កោដនកបាចិត្តិយៈ។ ភិក្ខុអ្នកឲ្យ​ឆន្ទៈ​ហើយ ត្រឡប់តិះដៀលវិញ ត្រូវ​ខីយនកបាចិត្តិយៈ។

[១១០] កិច្ចាធិករណ៍ រម្ងាប់ដោយសមថៈប៉ុន្មានយ៉ាង។ កិច្ចាធិករណ៍ រម្ងាប់ដោយ​សមថៈ​តែមួយ គឺសម្មុខាវិន័យ។

ចប់ សមថក្ខន្ធកៈ ទី៤។

ខុទ្ទកវត្ថុក្ខន្ធកៈ

[១១១] សម័យនោះ ព្រះពុទ្ធមានព្រះភាគ ទ្រង់គង់នៅវត្តវេឡុវ័ន ជាកលន្ទកនិវាបស្ថាន ទៀបក្រុងរាជគ្រឹះ។ សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុ នាំគ្នាងូតទឹក ហើយត្រដុសកាយ ត្រង់ភ្លៅ​ខ្លះ ដើមដៃខ្លះ ទ្រូងខ្លះ ខ្នងខ្លះ នឹងដើមឈើ។ មនុស្សទាំងឡាយ បានឃើញ​ហើយ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកសមណៈ ជាសក្យបុត្តិយ៍ មិនសមបើ​នឹងមកងូតទឹក ត្រដុសកាយ ត្រង់ភ្លៅ​ខ្លះ ដើមដៃខ្លះ ទ្រូងខ្លះ ខ្នងខ្លះ នឹងដើមឈើ ដូចអ្នកប្រដាល់ ឬដូច​ពួកមនុស្ស​ អ្នកនៅ​ក្នុង​ក្រុង ដែលជាអ្នកខ្វល់ខ្វាយ នឹងការ​ប្រដាប់កាយ ដូច្នេះសោះ។ ពួកភិក្ខុ បានឮមនុស្សទាំងនោះ កំពុងពោលទោស តិះដៀល បន្តុះបង្អាប់។បេ។ គ្រានោះ ភិក្ខុទាំងនោះ ក៏ក្រាបបង្គំទូល​សេចក្តីនុ៎ះ ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រោះនិទាននេះ ដំណើរនេះ ព្រះមានព្រះភាគ ទ្រង់ឲ្យប្រជុំ​ភិក្ខុសង្ឃ ​ហើយទ្រង់សួរបញ្ជាក់​ពួកភិក្ខុ ក្នុងវេលានោះថា ម្នាលភិក្ខុទាំងឡាយ ឮថា ពួក​ឆព្វគ្គិយភិក្ខុ នាំគ្នា​ងូតទឹក ត្រដុសកាយ ត្រង់ភ្លៅ​ខ្លះ ដើមដៃខ្លះ ទ្រូងខ្លះ ខ្នងខ្លះ នឹង​ដើមឈើ ពិតមែនឬ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលថា បពិត្រព្រះមានព្រះភាគ ពិតមែន។ ព្រះពុទ្ធមានព្រះភាគ ទ្រង់​បន្ទោសថា ម្នាលភិក្ខុទាំងឡាយ អំពើរបស់មោឃបុរស​ទាំងនោះ ជាអំពើមិនសមគួរ មិនត្រូវទំនង មិនត្រូវបែប មិនមែនជារបស់សមណៈ មិនគប្បី មិនគួរធ្វើឡើយ នែភិក្ខុទាំងឡាយ មោឃបុរស​ទាំងនោះ មិនសមបើនឹង​មកនាំគ្នា​ងូតទឹក ត្រដុសកាយ ត្រង់ភ្លៅ​ខ្លះ ដើមដៃខ្លះ ទ្រូងខ្លះ ខ្នងខ្លះ នឹងដើមឈើទេ ម្នាលភិក្ខុ​ទាំងឡាយ អំពើនេះ មិនមែននាំឲ្យកើតសេចក្តីជ្រះថ្លា ដល់ពួកជន ដែល​មិនទាន់ជ្រះថ្លា​ទេ។បេ។ លុះទ្រង់បន្ទោសហើយ ក៏ធ្វើធម្មីកថា ត្រាស់ហៅភិក្ខុទាំងឡាយ​មកថា ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុ​ងូតទឹក មិនត្រូវត្រដុសកាយ នឹងដើមឈើទេ ភិក្ខុណាត្រដុស ត្រូវអាបត្តិ​ទុក្កដ។

[១១២] សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុ នាំគ្នាងូតទឹក ត្រដុសកាយ ត្រង់ភ្លៅ​ខ្លះ ដើមដៃ​ខ្លះ ទ្រូងខ្លះ ខ្នងខ្លះ នឹងសសរ [សសរ ដែលគេបោះទុក ក្បែរកំពង់ សម្រាប់ងូតទឹក]។ មនុស្ស​ទាំង​ឡាយ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកសមណៈ ជាសក្យបុត្តិយ៍ មិនសមបើ​នឹង​ងូតទឹក ត្រដុសកាយ ត្រង់ភ្លៅ​ខ្លះ ដើមដៃខ្លះ ទ្រូងខ្លះ ខ្នងខ្លះ នឹងសសរ ដូចអ្នកប្រដាល់ ឬដូច​ពួកមនុស្ស​ អ្នកនៅ​ក្នុង​ក្រុង ដែលជាអ្នកខ្វល់ខ្វាយ នឹងការប្រដាប់​កាយសោះ។ ភិក្ខុទាំងឡាយ បានឮមនុស្សទាំងនោះ កំពុងពោលទោស តិះដៀល បន្តុះបង្អាប់។បេ។ វេលានោះ ភិក្ខុទាំងនោះ ក៏ក្រាបបង្គំទូល​សេចក្តីនុ៎ះ ចំពោះ​ព្រះមានព្រះភាគ។បេ។ ព្រះអង្គ ទ្រង់ត្រាស់សួរថា ម្នាលភិក្ខុ​ទាំងឡាយ ពិតមែនឬ។បេ។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលថា បពិត្រព្រះមានព្រះភាគ ពិតមែន។ ព្រះមានព្រះភាគ ទ្រង់​បន្ទោសហើយ ទ្រង់ធ្វើធម្មីកថា រួចត្រាស់ហៅភិក្ខុទាំងឡាយ​មកថា ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុ​ងូតទឹក មិនត្រូវត្រដុសកាយ នឹងសសរទេ ភិក្ខុណាត្រដុស ត្រូវ​អាបត្តិ​ទុក្កដ។

[១១៣] សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុ នាំគ្នាងូតទឹក ត្រដុសកាយ ត្រង់ភ្លៅ​ខ្លះ ដើមដៃ​ខ្លះ ទ្រូងខ្លះ ខ្នងខ្លះ នឹងជញ្ជាំង។ មនុស្សទាំងឡាយ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកសមណៈ ជាសក្យបុត្តិយ៍ មិនសមបើនឹង មកងូតទឹក ត្រដុសកាយ ត្រង់ភ្លៅ​ខ្លះ ដើមដៃខ្លះ ទ្រូងខ្លះ ខ្នងខ្លះ នឹងជញ្ជាំង ដូចអ្នកប្រដាល់ ឬដូច​ពួកមនុស្ស​ អ្នកនៅ​ក្នុង​ក្រុង ដែលជាអ្នក​ខ្វល់​ខ្វាយ នឹងការប្រដាប់កាយសោះ។បេ។ ព្រះមានបុណ្យ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុ​ងូតទឹក មិនត្រូវត្រដុសកាយ នឹងជញ្ជាំងទេ ភិក្ខុណា​ត្រដុស ត្រូវអាបត្តិទុក្កដ។

[១១៤] សម័យនោះឯង ពួក​ឆព្វគ្គិយភិក្ខុ កាលងូតទឹក ក៏នាំគ្នាទៅងូត ក្នុងទីមិនគួរ [ឈើ​ដែលគេយកទៅចាំង ធ្វើជាផែនក្តារ ហើយឆូត ឲ្យមានស្នាមគំនូស ដូចជាក្រឡាចត្រង្គ ហើយ​ជីកដាំទុកក្បែរកំពង់សម្រាប់ងូតទឹក ហៅថា ទីមិនគួរ មនុស្សយកគ្រឿងលំអ ទៅដាក់​ក្នុង​ផែនក្តារនោះហើយ ត្រដុសកាយ។]។ មនុស្សទាំងឡាយ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់​ថា។បេ។ ដូចជាពួកគ្រហស្ថ អ្នកបរិភោគកាម។ ភិក្ខុទាំងឡាយ បានឮមនុស្សទាំងនោះ កំពុង​ពោល​ទោស តិះដៀល បន្តុះបង្អាប់។បេ។ គ្រានោះ ភិក្ខុទាំងនោះ ក៏ក្រាបបង្គំទូល​សេចក្តីនុ៎ះ ចំពោះ​ព្រះមានព្រះភាគ។បេ។ ព្រះអង្គ ទ្រង់​ត្រាស់​សួរថា ម្នាលភិក្ខុទាំងឡាយ ពិតមែនឬ។បេ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលថា សូមទ្រង់ព្រះមេត្តាប្រោស ពិតមែន។បេ។ លុះទ្រង់បន្ទោសហើយ ទ្រង់ធ្វើធម្មីកថា រួច​ត្រាស់ហៅភិក្ខុទាំងឡាយ​មកថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុ​កាលងូតទឹក មិនត្រូវ​ងូតក្នុងទី​មិនគួរទេ ភិក្ខុណាងូត ត្រូវអាបត្តិទុក្កដ។

[១១៥] សម័យនោះឯង ពួក​ឆព្វគ្គិយភិក្ខុនាំគ្នាងូតទឹក ដោយឈើ ដែលគេធ្វើជាដៃ​គន្ធព្វ [ឈើដែលគេធ្វើ ដូចជាដៃនៃមនុស្ស ហើយគេតម្កល់ទុកក្បែរកំពង់សម្រាប់ងូតទឹក មនុស្ស​ទាំងឡាយ យកគ្រឿងលំអិតទៅដាក់គរនឹងឈើនោះ ហើយត្រដុសកាយដោយ​ឈើនោះ (អដ្ឋកថា)។]។ មនុស្សទាំងឡាយ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា។បេ។ ដូចពួក​គ្រហស្ថ​ អ្នកបរិភោគកាម។ ភិក្ខុទាំងឡាយ បានឮមនុស្សទាំងនោះ កំពុង​ពោលទោស តិះដៀល បន្តុះបង្អាប់។បេ។ គ្រានោះ ភិក្ខុទាំងនោះ ក៏បានក្រាបបង្គំទូល​សេចក្តីនុ៎ះ ចំពោះព្រះមាន​ព្រះ​ភាគ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវងូតទឹក ដោយឈើដែល​គេ​ធ្វើជាដៃគន្ធព្វទេ ភិក្ខុណាងូត ត្រូវអាបត្តិទុក្កដ។

[១១៦] សម័យនោះឯង ពួក​ឆព្វគ្គិយភិក្ខុ នាំគ្នាងូតទឹកដោយដុំលំអិតថ្ម ឈ្មោះកុរុវិន្ទកៈ [គេយកលំអិតថ្ម ឈ្មោះកុរុវិន្ទកៈ មកលាយច្របល់នឹងល័ក្ត ហើយសូនធ្វើជាដុំ ហើយ​ស្រែះ ដោយអម្បោះ ហើយកាន់របស់នោះខាងចុងខាងដើម ហើយដុះកាយក្នុងវេលា​ងូតទឹក (អដ្ឋកថា)។]។ មនុស្សទាំងឡាយ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា។បេ។ ដូចពួក​គ្រហស្ថ​ អ្នកបរិភោគកាម។បេ។ ភិក្ខុទាំងឡាយ ក៏ក្រាបបង្គំទូល​សេចក្តីនុ៎ះ ចំពោះព្រះមាន​ព្រះ​ភាគ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវ​ងូតទឹក ដោយដុំលំអិតថ្ម ឈ្មោះកុរុវិន្ទកៈឡើយ ភិក្ខុណាងូត ត្រូវអាបត្តិទុក្កដ។

[១១៧] សម័យនោះឯង ពួក​ឆព្វគ្គិយភិក្ខុ ញុំាងគ្នានឹងគ្នាឲ្យធ្វើបរិកម្ម [ដុសខ្លួន​នឹងខ្លួន ទៅវិញទៅមក។] មនុស្សទាំងឡាយ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា។បេ។ ដូចពួក​គ្រហស្ថ​ អ្នកបរិភោគកាម។បេ។ ភិក្ខុទាំងនោះ ក្រាបបង្គំទូល​សេចក្តីនុ៎ះ ចំពោះ​ព្រះមាន​ព្រះ​ភាគ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវញុំាង​គ្នានឹង​គ្នា ឲ្យធ្វើបរិកម្ម ទៅវិញទៅមកទេ ភិក្ខុណាឲ្យធ្វើ ត្រូវអាបត្តិទុក្កដ។

[១១៨] សម័យនោះឯង ពួក​ឆព្វគ្គិយភិក្ខុ ងូតទឹកដោយឈើ មានសណ្ឋានដូចជើងកន្ថោរ [ឈើ​ដែលគេឆ្លាក់ជាក្បាច់ធ្មេញមករ ហើយធ្វើឲ្យមានទ្រង់ទ្រាយ ដូចជើងកន្ថោរ (អដ្ឋកថា)។] មនុស្សទាំងឡាយ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា។បេ។ ដូចពួក​គ្រហស្ថ​ អ្នក​បរិភោគ​កាម។ ភិក្ខុទាំងនោះ ក៏បានក្រាបបង្គំទូល​សេចក្តីនុ៎ះ ចំពោះព្រះមាន​ព្រះ​ភាគ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវងូតទឹក ដោយឈើ មានសណ្ឋាន​ដូចជើង​កន្ថោរទេ ភិក្ខុណាងូត ត្រូវអាបត្តិទុក្កដ។

[១១៩] សម័យនោះឯង មានភិក្ខុ១រូប កើតអាពាធកមរមាស់។ ភិក្ខុនោះ វៀរចាកឈើ មានសណ្ឋានដូចជើងកន្ថោរ ក៏មិនបាន​សេចក្តីសប្បាយ។បេ។ ភិក្ខុទាំងឡាយ ក៏​ក្រាបបង្គំ​ទូល​សេចក្តីនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុ​ទាំង​ឡាយ តថាគតអនុញ្ញាតឈើ មានសណ្ឋានដូចជើងកន្ថោរ ដែលគេមិនបាន​ឆ្លាក់ជា​ក្បាច់ធ្មេញមករ ដល់​ភិក្ខុមានជម្ងឺ។

[១២០] សម័យនោះឯង មានភិក្ខុ១រូប ចាស់ជរាកំឡាំងថយ កាលបើងូតទឹក មិនអាច​នឹងដុសកាយខ្លួនឯងបាន។បេ។ ភិក្ខុទាំងឡាយ ក៏ក្រាបបង្គំទូល​សេចក្តីនុ៎ះ ចំពោះ​ព្រះមាន​ព្រះភាគ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត​ខ្មាញ់សំពត់ [ខ្មាញ់ ឬធ្លុងសំពត់ដែលគេត្របាញ់។] (សម្រាប់ភិក្ខុចាស់​ជរាងូត​ទឹកដុស​ខ្លួនបាន)។

[១២១] សម័យនោះឯង មានភិក្ខុ១រូប រង្កៀសនឹងការបរិកម្មខ្នង (ដុសខ្នង)។បេ។ ភិក្ខុ​ទាំង​ឡាយ បានក្រាបបង្គំទូល​សេចក្តីនុ៎ះ ចំពោះព្រះមាន​ព្រះភាគ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតការដុសខ្នង ដោយដៃបាន។

[១២២] សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុ ទ្រទ្រង់គ្រឿងប្រដាប់ត្រចៀក [គ្រឿងប្រដាប់​ត្រចៀក ដែលគេព្យួរសំយុងចុះ ឲ្យផុតអំពីត្រចៀកជាដើម (បើតាមដីកាថា គ្រឿងប្រដាប់​ត្រចៀក មានកណ្ឌលជាដើម)។ អដ្ឋកថា។]។បេ។ ទ្រទ្រង់សង្វារ។ ទ្រទ្រង់គ្រឿង​ប្រដាប់ក។ ទ្រទ្រង់គ្រឿង​ប្រដាប់ចង្កេះ។ ពាក់កង។ ទ្រទ្រង់គ្រឿងប្រដាប់ដើមដៃ [ព្រះ​សុវណ្ណពាហុរតន៍ (កន្ទ្រុំ)។] ទ្រទ្រង់​គ្រឿងប្រដាប់ដៃ។ ពាក់ចិញ្ចៀន។ មនុស្សទាំងឡាយ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់​ថា។បេ។ ដូចពួកគ្រហស្ថ អ្នកបរិភោគកាម។ ភិក្ខុទាំងឡាយ បានឮមនុស្សទាំងនោះ កំពុង​ពោលទោស តិះដៀល បន្តុះបង្អាប់។បេ។ លំដាប់នោះ ភិក្ខុទាំងនោះ ក៏ក្រាបបង្គំទូលសេចក្តី​នុ៎ះ ចំពោះ​ព្រះមានព្រះភាគ។បេ។ ព្រះអង្គ ទ្រង់ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថា ពួក​ឆព្វគ្គិយភិក្ខុ ទ្រទ្រង់​គ្រឿង​ប្រដាប់ត្រចៀក។ ទ្រទ្រង់សង្វារ។ ទ្រទ្រង់គ្រឿងប្រដាប់ក។ ទ្រទ្រង់​គ្រឿង​​ប្រដាប់ចង្កេះ។ ពាក់កង។ ទ្រទ្រង់គ្រឿងប្រដាប់ដើមដៃ។ ទ្រទ្រង់​គ្រឿងប្រដាប់ដៃ។ ពាក់ចិញ្ចៀន ពិតមែនឬ។ ភិក្ខុទាំងឡាយ ក៏ក្រាបបង្គំទូលថា សូមទ្រង់ព្រះមេត្តាប្រោស ពិត​មែន។បេ។ លុះទ្រង់បន្ទោសហើយ ទ្រង់ធ្វើធម្មីកថា រួចត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុមិនត្រូវ​ទ្រទ្រង់គ្រឿងប្រដាប់ត្រចៀក មិនត្រូវទ្រទ្រង់សង្វារ មិនត្រូវទ្រទ្រង់​គ្រឿងប្រដាប់ក មិនត្រូវទ្រទ្រង់គ្រឿង​ប្រដាប់ចង្កេះ មិនត្រូវពាក់កង មិនត្រូវទ្រទ្រង់​គ្រឿងប្រដាប់ដើមដៃ មិនត្រូវទ្រទ្រង់​គ្រឿងប្រដាប់ដៃ មិនត្រូវពាក់ចិញ្ចៀន ភិក្ខុណា​ទ្រទ្រង់ ត្រូវអាបត្តិទុក្កដ។

[១២៣] សម័យនោះឯង ពួក​ឆព្វគ្គិយភិក្ខុទុកសក់វែង។ មនុស្សទាំងឡាយ ពោលទោស តិះដៀល បន្តុះបង្អាប់​ថា។បេ។ ដូចពួកគ្រហស្ថ អ្នកបរិភោគកាម។បេ។ ភិក្ខុទាំងឡាយ ក្រាបបង្គំ​ទូលសេចក្តី​នុ៎ះ ចំពោះ​ព្រះមានព្រះភាគ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុមិនត្រូវទុកសក់វែងទេ ភិក្ខុណាទុក ត្រូវអាបត្តិទុក្កដ។ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ឲ្យទុកសក់ កំណត់កាលត្រឹមពីរខែ ឬកំណត់ត្រឹមពីរធ្នាប់ [ពីរធ្នាប់​ទទឹងម្រាមដៃ]។

[១២៤] សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុ សិតសក់ដោយស្និត។ សិតសក់ដោយក្រាស។ ជ្រងសក់ដោយក្រាស គឺដៃធ្វើជាក្រាស។ សិតសក់ដោយក្រមួន និងប្រេង។ សិតសក់​ដោយប្រេង ដែលលាយដោយទឹក។ មនុស្សទាំងឡាយ ពោលទោស តិះដៀល បន្តុះបង្អាប់​ថា។បេ។ ដូចពួក​គ្រហស្ថ អ្នកបរិភោគកាម។បេ។ ភិក្ខុទាំងឡាយ ក្រាបបង្គំ​ទូលសេចក្តី​នុ៎ះ ចំពោះ​ព្រះមានព្រះ​ភាគ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវសិតសក់ដោយស្និត មិនត្រូវ​សិតសក់​ដោយក្រាស មិនត្រូវជ្រងសក់ដោយដៃ ធ្វើជាក្រាស មិនត្រូវសិតសក់ ដោយក្រមួន និងប្រេង មិនត្រូវសិតសក់ដោយប្រេង ដែលលាយដោយទឹកទេ ភិក្ខុណាសិត ត្រូវអាបត្តិទុក្កដ។

[១២៥] សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុ មើលមុខនិមិត្ត គឺស្រមោលមុខ ក្នុងកញ្ចក់ខ្លះ ក្នុងភាជនៈទឹកខ្លះ។ មនុស្សទាំងឡាយ ពោលទោស តិះដៀល បន្តុះបង្អាប់ថា។បេ។ ដូចពួក​គ្រហស្ថ អ្នកបរិភោគកាម។បេ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូល​សេចក្តីនុ៎ះ ចំពោះ​ព្រះ​មាន​ព្រះ​ភាគ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវ​មើលមុខ​និមិត្ត ក្នុងកញ្ចក់ ឬក្នុងភាជនៈទឹកទេ ភិក្ខុណាមើល ត្រូវអាបត្តិទុក្កដ។

[១២៦] សម័យនោះឯង មានភិក្ខុ១រូប កើតដម្បៅត្រង់មុខ។ ភិក្ខុនោះ សួរភិក្ខុទាំងឡាយ​ថា ម្នាលលោកមានអាយុ ដម្បៅខ្ញុំ ដូចម្តេចទៅ។ ភិក្ខុទាំងឡាយ ប្រាប់យ៉ាងនេះថា ម្នាលលោក​មានអាយុ ដម្បៅលោកដូច្នេះ។ ភិក្ខុនោះមិនជឿ។ ភិក្ខុទាំងឡាយ ក្រាបបង្គំ​ទូល​សេចក្តីនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។បេ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំង​ឡាយ បើមានអាពាធ​ ជាហេតុ តថាគតអនុញ្ញាត ឲ្យភិក្ខុមើលនិមិត្ត ក្នុងកញ្ចក់ ឬក្នុង​ភាជនៈទឹកបាន។

[១២៧] សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុ នាំគ្នាផាត់មុខ។ ដុសខាត់មុខ។ ប្រស់មុខ។ ចុចមុខដោយថ្មមនោសិលា។ ធ្វើការលាបខ្លួន។ ធ្វើការលាបមុខ។ ធ្វើការលាបទាំងខ្លួន ទាំងមុខ។ មនុស្សទាំងឡាយ ពោលទោស តិះដៀល បន្តុះបង្អាប់ថា។បេ។ ដូចពួក​គ្រហស្ថ អ្នកបរិភោគ​កាម។បេ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូល​សេចក្តីនុ៎ះ ចំពោះ​ព្រះមានព្រះភាគ។បេ។ ព្រះអង្គ​ទ្រង់​ត្រាស់​ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវផាត់មុខ មិនត្រូវដុសខាត់មុខ មិនត្រូវប្រស់មុខ មិនត្រូវ​ចុចមុខ ដោយថ្មមនោសិលា មិនត្រូវធ្វើ​ការលាបខ្លួន មិនត្រូវធ្វើការលាបមុខ មិនត្រូវ​ធ្វើការ​លាប​ទាំង​ខ្លួន ទាំងមុខទេ ភិក្ខុណាធ្វើ ត្រូវអាបត្តិទុក្កដ។

[១២៨] សម័យនោះឯង មានភិក្ខុ១រូប កើតអាពាធឈឺភ្នែក។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូល​សេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បើមាន​អាពាធ ជាហេតុ តថាគតអនុញ្ញាតឲ្យភិក្ខុផាត់មុខបាន។

[១២៩] សម័យនោះឯង មានល្បែងមហោស្រព លើកំពូលភ្នំ ទៀបក្រុងរាជគ្រឹះ។ ពួក​ឆព្វគ្គិយភិក្ខុ នាំគ្នាទៅមើលល្បែងមហោស្រព លើកំពូលភ្នំ។ មនុស្សទាំងឡាយ ពោល​ទោស តិះដៀល បន្តុះបង្អាប់ថា ពួកសមណៈសក្យបុត្តិយ៍ មិនសមបើនឹង ទៅមើលរាំ ឬស្តាប់ច្រៀង និងស្តាប់ភ្លេងប្រគំ ដូចពួកគ្រហស្ថ អ្នកបរិភោគកាម ដូច្នេះសោះ។បេ។ ភិក្ខុទាំងឡាយ ក្រាបបង្គំ​ទូល​សេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។បេ។ ព្រះអង្គ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុ​មិនត្រូវទៅមើលរាំ ស្តាប់ច្រៀង ឬភ្លេងប្រគំទេ ភិក្ខុណាទៅ ត្រូវអាបត្តិទុក្កដ។

[១៣០] សម័យនោះឯង ពួក​ឆព្វគ្គិយភិក្ខុ ច្រៀងធម៌ ដោយសំលេងច្រៀងដ៏វែងៗ។ មនុស្សទាំងឡាយ ពោលទោស តិះដៀល បន្តុះបង្អាប់ថា យើងច្រៀងយ៉ាងណាមិញ ពួកសមណៈ សក្យបុត្តិយ៍ទាំងនេះ ក៏ច្រៀងធម៌ ដោយសម្លេងច្រៀងដ៏វែងៗ យ៉ាងនោះ​ដែរ។ ភិក្ខុទាំងឡាយ បានឮមនុស្សទាំងនោះ កំពុងពោលទោស តិះដៀល បន្តុះបង្អាប់។ ភិក្ខុទាំងឡាយ​ណា មានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុទាំងនោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួក​ឆព្វគ្គិយភិក្ខុ មិនសមបើនឹង ច្រៀងធម៌ ដោយសម្លេងច្រៀងដ៏វែងៗ ដូច្នេះសោះ។ លំដាប់នោះ ភិក្ខុទាំងនោះ ក៏នាំយក​សេចក្តីនុ៎ះ ទៅក្រាបបង្គំទូល​ព្រះមានព្រះភាគ។បេ។ ព្រះអង្គ ទ្រង់ត្រាស់​សួរថា ម្នាលភិក្ខុទាំងឡាយ ពិតមែនឬ។បេ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលថា សូមទ្រង់ព្រះមេត្តា​ប្រោស ពិតមែន។បេ។ ព្រះអង្គ ទ្រង់ធ្វើធម្មីកថា ហើយត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ ទោសទាំង៥នេះ នឹងមានដល់ភិក្ខុអ្នកច្រៀងធម៌ ដោយសម្លេងច្រៀងវែងៗ គឺភិក្ខុនោះ ត្រេកអរក្នុងសម្លេង​របស់ខ្លួននោះ១ ជនទាំងឡាយដទៃ រមែងត្រេកអរ ក្នុងសម្លេង​នោះ១ គហបតិទាំងឡាយ តែងពោលទោស១ បុគ្គល ដែលពេញចិត្តនឹងការសូត្ររលាក់រលែក​សម្លេង រមែងខូច​សមាធិ១ ពួកជនខាងក្រោយ នឹងដល់នូវទិដ្ឋានុគតិ (យកតម្រាប់តាម)១ ម្នាលភិក្ខុទាំង​ឡាយ ទោសទាំង៥នេះឯង នឹងមានដល់ភិក្ខុអ្នកច្រៀងធម៌ ដោយសម្លេងច្រៀង​ដ៏វែងៗ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវ​ច្រៀងធម៌ ដោយសម្លេងច្រៀងដ៏វែងៗទេ ភិក្ខុណាច្រៀង ត្រូវអាបត្តិទុក្កដ។

[១៣១] សម័យនោះឯង ភិក្ខុទាំងឡាយរង្កៀសក្នុងសរភ័ញ្ញ គឺការសូត្រដោយប្រែសំឡេង [អដ្ឋកថា ថា វត្ថុសម្រាប់សូត្រសរភ័ញ្ញ មាន៣២យ៉ាង មានគរង្គវត្ត ទោហកវត្ត និង​គលិតវត្ត​ជាដើម។ ភិក្ខុពេញចិត្ត ចង់សូត្រដោយវត្តបែបណាក៏បាន ប៉ុន្តែត្រូវប្រយ័ត្ន កុំធ្វើបទនឹងព្យញ្ជនៈ​ឲ្យខូច ត្រូវសូត្រដោយន័យ ជាចតុរស្ស សមគួរតាម​សណ្តាប់​ធ្នាប់​របស់សមណៈ។]។ លំដាប់នោះ ភិក្ខុទាំងនោះ បានក្រាបបង្គំទូល​សេចក្តីនុ៎ះ ចំពោះ​ព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត​ឲ្យសូត្រ​សរភ័ញ្ញបាន។

[១៣២] សម័យនោះឯង ពួក​ឆព្វគ្គិយភិក្ខុប្រើប្រាស់សំពត់ ដែលគេធ្វើដោយរោមសត្វ មានរោមចេញមកខាងក្រៅ។ មនុស្សទាំងឡាយ ពោលទោស តិះដៀល បន្តុះបង្អាប់ថា។បេ។ ដូចពួកគ្រហស្ថ អ្នកបរិភោគកាម។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូល​សេចក្តីនុ៎ះ ចំពោះ​ព្រះ​មាន​ព្រះភាគ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវប្រើប្រាស់​សំពត់ ដែល​គេធ្វើដោយរោមសត្វ មានរោមចេញមកខាងក្រៅទេ ភិក្ខុណាប្រើប្រាស់ ត្រូវអាបត្តិទុក្កដ។

[១៣៣] សម័យនោះឯង ក្នុងសួនរបស់ព្រះរាជា ទ្រង់ព្រះនាមមាគធសេនិយពិម្ពិសារ មានស្វាយផ្លែជាច្រើន។ ព្រះរាជា ទ្រង់ព្រះនាមមាគធសេនិយពិម្ពិសារ ទ្រង់បវារណាថា សូម​លោកម្ចាស់ទាំងឡាយ និមន្តឆាន់ផ្លែស្វាយ តាមសប្បាយចុះ។ ពួក​ឆព្វគ្គិយភិក្ខុ នាំគ្នាបេះផ្លែ​ស្វាយខ្ចីៗឆាន់។ ក៏ជួនជា ព្រះរាជាមាគធសេនិយពិម្ពិសារ ទ្រង់មានសេចក្តី​ត្រូវការ ដោយផ្លែ​ស្វាយដែរ។ លំដាប់នោះ ព្រះរាជាមាគធសេនិយពិម្ពិសារ ទ្រង់បង្គាប់​មនុស្សទាំងឡាយថា ម្នាលនាយ អ្នកទាំងឡាយ ចូរទៅសួន ហើយបេះផ្លែស្វាយមក។ មនុស្សទាំងនោះ ទទួល​ព្រះរាជ​ឱង្ការព្រះរាជាមាគធសេនិយពិម្ពិសារ ដោយពាក្យថា ព្រះករុណាពិសេស ហើយក៏ទៅកាន់សួន និយាយនឹងនាយអារាមបាល (អ្នករក្សាសួន) យ៉ាងនេះថា នែនាយ ព្រះសម្មតិទេព ទ្រង់ត្រូវការ​ដោយផ្លែស្វាយ ចូរអ្នកទាំងឡាយ ថ្វាយផ្លែស្វាយកុំខាន។ នាយអារាមបាល ក៏ឆ្លើយថា បពិត្រ​លោកទាំងឡាយ ផ្លែស្វាយ​គ្មានទេ ព្រោះពួកភិក្ខុ បេះផ្លែស្វាយខ្ចីៗ យកទៅឆាន់អស់ហើយ។ លំដាប់នោះ មនុស្សទាំងនោះ ក៏នាំយកសេចក្តីនុ៎ះ ទៅក្រាបបង្គំទូល​ព្រះរាជា​មាគធសេនិយ​ពិម្ពិសារ។ ព្រះមហាក្សត្រ មានព្រះបន្ទូលថា ម្នាលនាយ លោកម្ចាស់ទាំងឡាយ បានឆាន់​ផ្លែស្វាយ ក៏ជាការប្រពៃហើយ តែថា ព្រះមានព្រះភាគ ទ្រង់សរសើរការដឹងប្រមាណ។ មនុស្សទាំង​ឡាយ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកសមណៈ សក្យបុត្តិយ៍ មិនសម​បើ នឹងឆាន់ផ្លែស្វាយ របស់​ព្រះរាជា មិនដឹងប្រមាណសោះ។ ភិក្ខុទាំងឡាយ បានឮ​មនុស្ស​ទាំងនោះ កំពុងពោលទោស តិះដៀល បន្តុះបង្អាប់។បេ។ លំដាប់នោះ ភិក្ខុទាំងនោះ ក្រាបបង្គំទូល​សេចក្តី​នុ៎ះ ចំពោះព្រះមានព្រះភាគ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុមិនត្រូវ​ឆាន់​ផ្លែស្វាយ ភិក្ខុណាឆាន់ ត្រូវអាបត្តិទុក្កដ។

[១៣៤] សម័យនោះ មានសង្ឃភត្តរបស់ប្រជុំជន១ពួក។ ប្រជុំជននោះ បានដាក់​ចំណិត​ផ្លែស្វាយក្នុងសម្ល។ ភិក្ខុទាំងឡាយ មានសេចក្តីរង្កៀស មិនហ៊ានទទួល។បេ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរទទួលឆាន់ចុះ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតចំណិតផ្លែស្វាយ។

[១៣៥] សម័យនោះឯង មានសង្ឃភត្តរបស់ប្រជុំជន១ពួក។ មនុស្សទាំងនោះ មិនអាច​នឹងធ្វើចំណិតផ្លែស្វាយបាន។ ជនទាំងនោះ ក៏នាំយកផ្លែស្វាយទាំងមូល ទៅក្នុងរោងភត្ត។ ភិក្ខុទាំងឡាយ មានសេចក្តីរង្កៀស មិនហ៊ានទទួល។បេ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរទទួលឆាន់ចុះ ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត​ឲ្យភិក្ខុឆាន់ផ្លែឈើ ដោយសមណកប្ប [ផ្លែឈើ ដែលគេធ្វើឲ្យសមគួរ ដល់​សមណៈ ហៅថា សមណកប្ប] ៥យ៉ាង គឺផ្លែឈើដែលគេអុជ ឬដុតកំដៅដោយភ្លើង១ ដែលគេចោះ ពុះ ចិត ដោយសស្ត្រា១ ដែលគេចុចដោយក្រចក១ ដែលគ្មានពូជដុះតទៅ១ មានពូជដែរ តែគួរបន្លេច​គ្រាប់ចេញបាន១ ជាគំរប់ប្រាំ ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាតឲ្យភិក្ខុឆាន់ផ្លែឈើ ដោយសមណកប្បទាំង៥នេះឯង។

[១៣៦] សម័យនោះឯង ភិក្ខុ១រូបពស់ចឹកហើយក៏ស្លាប់ទៅ។ ភិក្ខុទាំងឡាយ ក្រាបបង្គំ​ទូល​សេចក្តីនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ បានជា​ដូច្នោះ ព្រោះភិក្ខុនោះ មិនផ្សាយមេត្តាចិត្ត ទៅកាន់ត្រកូល​ស្តេចពស់​ទាំង៤។ ម្នាលភិក្ខុទាំងឡាយ ប្រសិនបើ ភិក្ខុនោះ បានផ្សាយមេត្តាចិត្ត ទៅកាន់​ត្រកូលស្តេចពស់​ទាំង៤ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះ បើទុកជាពស់ចឹក ក៏មិនបាន​ស្លាប់ទេ។ ត្រកូលស្តេចពស់​ទាំង៤ ដូចម្តេចខ្លះ។ ត្រកូល​ស្តេចពស់​ទាំង៤នោះ គឺ ត្រកូលស្តេចពស់​ ឈ្មោះវិរូបក្ខៈ ត្រកូលស្តេចពស់​ ឈ្មោះឯរាបថៈ ត្រកូលស្តេចពស់​ ឈ្មោះឆព្យាបុត្តៈ ត្រកូលស្តេចពស់​ ឈ្មោះកណ្ហាគោតមក ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះ​បានជា​ដូច្នោះ ព្រោះភិក្ខុនោះ មិនផ្សាយមេត្តាចិត្ត ទៅកាន់ត្រកូលស្តេចពស់ទាំង៤នេះ​ឯង។ ម្នាលភិក្ខុទាំងឡាយ ប្រសិនបើ ភិក្ខុនោះ បានផ្សាយមេត្តាចិត្ត ទៅកាន់ត្រកូល​ស្តេចពស់​ទាំង៤នេះ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះ បើទុកជាពស់ចឹក ក៏មិនបានស្លាប់ទេ។ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុផ្សាយមេត្តាចិត្ត ទៅកាន់​ត្រកូលស្តេចពស់​ទាំង៤​នេះ ដើម្បីគ្រប់គ្រងខ្លួន ដើម្បីរក្សាខ្លួន ដើម្បីការពារខ្លួន។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ត្រូវ​ធ្វើ​មេត្តាចិត្តយ៉ាងនេះឯង។

[១៣៧] មេត្តារបស់យើង (ចូរប្រព្រឹត្តទៅ) ជាមួយនឹងពួកត្រកូលស្តេចពស់ ឈ្មោះវិរូបក្ខៈ​ផង [យើងមានមេត្តាចិត្ត គឺចិត្តដែលឥតមានព្យាបាទ ដល់ពួកត្រកូលពស់ ឈ្មោះ​វិរូបក្ខៈ។] មេត្តារបស់យើង (ចូរប្រព្រឹត្តទៅ) ជាមួយនឹងពួកត្រកូលស្តេចពស់ ឈ្មោះ​ឯរាបថៈផង មេត្តារបស់យើង (ចូរប្រព្រឹត្តទៅ) ជាមួយនឹងពួកត្រកូលស្តេចពស់ ឈ្មោះ​ឆព្យាបុត្តៈផង មេត្តារបស់យើង (ចូរប្រព្រឹត្តទៅ) ជាមួយនឹងពួកត្រកូលស្តេចពស់ ឈ្មោះ​កណ្ហាគោតមកៈផង មេត្តារបស់យើង (ចូរប្រព្រឹត្តទៅ) ជាមួយនឹងពួកសត្វ​មិនមាន​ជើងផង មេត្តារបស់យើង (ចូរប្រព្រឹត្តទៅ) ជាមួយនឹងពួកសត្វមានជើងពីរផង មេត្តារបស់​យើង (ចូរប្រព្រឹត្តទៅ) ជាមួយនឹងពួកសត្វមានជើងបួនផង មេត្តារបស់យើង (ចូរប្រព្រឹត្ត​ទៅ) ជាមួយនឹងពួកសត្វមានជើង​ច្រើន​ផង សត្វគ្មានជើង កុំបៀតបៀនយើង សត្វមាន​ជើងពីរ កុំបៀតបៀនយើងឡើយ។ សត្វមានជើង​បួន កុំបៀតបៀនយើង សត្វមាន​ជើងច្រើន កុំបៀតបៀនយើងឡើយ។ ពួកសត្វ [១.២.៣ ពាក្យ​ទាំងបីនេះ ជាពាក្យ​សម្រាប់ផ្លាស់ប្តូរគ្នា និងពាក្យថាបុគ្គល (សារត្ថទីបនីដីកា)។] ទាំងអស់ផង ពួក​បាណៈ [២] ទាំងអស់ផង ពួកភូត [៣] ទាំងអស់ផង គ្រប់យ៉ាង សត្វទាំងអស់ (នោះ) ចូរឃើញ នូវ​អារម្មណ៍ ដ៏ចំរើន អំពើដ៏អាក្រក់តិចតួច កុំបីមកឡើយ។

ព្រះពុទ្ធ មានគុណប្រមាណមិនបាន ព្រះធម៌ មានគុណប្រមាណមិនបាន ព្រះសង្ឃ មានគុណប្រមាណមិនបាន ពួកសត្វទីឃជាតិ គឺពស់ ខ្ទួយ ក្អែប ពីងពាង តុកកែ និងកណ្តុរ ជាសត្វ​ប្រកបដោយគុណសម្បត្តិ (តិច) ការរក្សា យើងបានធ្វើហើយ សេចក្តីការពារ យើងបាន​ធ្វើហើយ សត្វទាំងឡាយ ចូរចៀសចេញទៅ យើងធ្វើកិរិយានមស្ការ ចំពោះ​ព្រះមានព្រះភាគ ធ្វើកិរិយានមស្ការ ចំពោះ​ព្រះសម្មាសម្ពុទ្ធទាំង៧ព្រះអង្គ (មានព្រះពុទ្ធ ទ្រង់ព្រះនាមវិបស្សីជា​ដើម)។

[១៣៨] សម័យនោះឯង ភិក្ខុ១រូប មានសេចក្តីអផ្សុកបៀតបៀន ហើយក៏កាត់​នូវ​អង្គជាត​របស់ខ្លួន។បេ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូល​សេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ វត្ថុដទៃ [ក្នុងដីកាថា រាគានុសយៈ ហៅថាវត្ថុដទៃ] ដែលខ្លួន​គួរ​កាត់ ក៏មាន តែមោឃបុរសនោះ ទៅកាត់ឯវត្ថុដទៃ (អង្គជាត) វិញ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ​មិនត្រូវ​កាត់អង្គជាត​របស់ខ្លួនទេ ភិក្ខុណាកាត់ ត្រូវ​អាបត្តិថុល្លច្ច័យ។

[១៣៩] សម័យនោះឯង រាជគហសេដ្ឋី (ជាសេដ្ឋីនៅក្នុងក្រុងរាជគ្រឹះ) បានពកចន្ទន៍ នៃខ្លឹមចន្ទន៍ មានតម្លៃច្រើន។ លំដាប់នោះ រាជគហសេដ្ឋី មានសេចក្តីត្រិះរិះ យ៉ាងនេះថា បើដូច្នោះ គួរតែអាត្មាអញ ឲ្យជាងក្រឡឹងបាត្រ ដោយពកចន្ទន៍នេះ លំអិតដែលបាន​ពីការ​ក្រឡឹង ក៏ជាគ្រឿងប្រើប្រាស់របស់អាត្មាអញផង ហើយអាត្មាអញ នឹងបានឲ្យបាត្រ ទៅជាទានផង។ គ្រានោះ រាជគហសេដ្ឋី ក៏ឲ្យជាងក្រឡឹងបាត្រ ដោយពកចន្ទន៍នោះ ហើយច្រកក្នុងសង្រែក ព្យួរ​លើចុងឫស្សី ហើយលើកឫស្សីតៗគ្នា (ឲ្យខ្ពស់)​ឡើង រួច​និយាយយ៉ាងនេះថា លោកណា ទោះបី​ជាសមណៈក្តី ព្រាហ្មណ៍ក្តី ដែលជាព្រះអរហន្ត មានឫទ្ធិ លោកនោះ ចូរដាក់យកបាត្រ ដែល​យើងឲ្យហើយទៅចុះ។

[១៤០] គ្រានោះ គ្រូឈ្មោះ បូរណកស្សបៈ ចូលទៅរករាជគហសេដ្ឋី លុះចូលទៅដល់​ហើយ ក៏និយាយយ៉ាងនេះ នឹងរាជគហសេដ្ឋីថា នែគហបតិ អាត្មាជាព្រះអរហន្ត ទាំងមានឫទ្ធិ​ផង សូមអ្នកឲ្យបាត្រមកអាត្មាចុះ។ សេដ្ឋីនិយាយថា បពិត្រលោកដ៏ចំរើន បើលោកមានអាយុ ជាព្រះ​អរហន្ត ទាំងមានឫទ្ធិផងមែន ចូរលោកដាក់យកបាត្រ ដែលយើងឲ្យហើយទៅចុះ។ លំដាប់​នោះ គ្រូឈ្មោះ មក្ខលិគោសាល គ្រូឈ្មោះ អជិតកេសកម្ពល គ្រូឈ្មោះបកុធកច្ចាយនៈ គ្រូឈ្មោះ សញ្ជយវេឡដ្ឋបុត្ត គ្រូឈ្មោះ និគ្គណ្ឋនាដបុត្ត បានចូលទៅរករាជគហសេដ្ឋី លុះចូលទៅដល់​ហើយ ក៏និយាយ​យ៉ាងនេះ នឹងរាជគហសេដ្ឋីថា នែគហបតិ អាត្មាជាព្រះអរហន្ត ទាំងមានឫទ្ធិ​ផង សូមអ្នកឲ្យបាត្រមកអាត្មាចុះ។ សេដ្ឋីនិយាយថា បពិត្រលោកដ៏ចំរើន បើលោកមានអាយុ ជាព្រះ​អរហន្ត ទាំងមានឫទ្ធិមែន ចូរលោកដាក់យកបាត្រ ដែលយើងឲ្យហើយទៅចុះ។

រឿង ព្រះបិណ្ឌោលភារទ្វាជ​ត្ថេរ

[១៤១] សម័យនោះឯង ព្រះមហាមោគ្គល្លានមានអាយុ និងព្រះបិណ្ឌោលភារទ្វាជៈ​មានអាយុ ស្លៀកដណ្តប់ក្នុងបុព្វណ្ហសម័យ ហើយទ្រង់បាត្រ និងចីវរ ចូលទៅកាន់​ក្រុងរាជគ្រឹះ ដើម្បីបិណ្ឌបាត។ ចំណែកខាង​ព្រះបិណ្ឌោលភារទ្វាជៈ​មានអាយុ ជា​ព្រះអរហន្ត ទាំងមានឫទ្ធិ​ផង។ ព្រះមហាមោគ្គល្លានមានអាយុ ជាព្រះអរហន្ត ទាំងមាន​ឫទ្ធិផងដែរ។ គ្រានោះ ព្រះបិណ្ឌោលភារទ្វាជៈ​មានអាយុ និយាយនឹង​ព្រះមហាមោគ្គល្លាន​មានអាយុ យ៉ាងនេះថា ម្នាល​អាវុសោមោគ្គល្លាន ចូរលោកនិមន្តទៅដាក់យកបាត្រនុ៎ះមក បាត្រនុ៎ះ ជាបាត្ររបស់លោក​ហើយ។ ឯព្រះមហាមោគ្គល្លានមានអាយុ ក៏និយាយទៅនឹង​ព្រះបិណ្ឌោលភារទ្វាជៈ​មានអាយុ យ៉ាងនេះវិញថា ម្នាលអាវុសោភារទ្វាជៈ ចូរលោកនិមន្ត​ទៅដាក់យកបាត្រនុ៎ះមក បាត្រនុ៎ះ ជាបាត្ររបស់លោកហើយ។ លំដាប់នោះ ព្រះ​បិណ្ឌោលភារទ្វាជៈ​មានអាយុ ក៏ហោះទៅឯ​អាកាស កាន់យកបាត្រនោះ ហើយហោះ​ក្រឡឹងក្រុងរាជគ្រឹះបីជុំ។

[១៤២] សម័យនោះឯង រាជគហសេដ្ឋី ព្រមទាំងកូន និងប្រពន្ធ ឈរនៅទីផ្ទះរបស់ខ្លួន ផ្គង​អញ្ជលីនមស្ការនិយាយថា បពិត្រលោកដ៏ចំរើន សូមព្រះភារទ្វាជៈជាម្ចាស់ មកប្រតិស្ឋាន ក្នុង​ផ្ទះ​របស់យើងឯនេះ។ លំដាប់នោះ ព្រះបិណ្ឌោលភារទ្វាជៈ​មានអាយុ ក៏មកប្រតិស្ឋាន ក្នុងទីផ្ទះ​របស់​រាជគហសេដ្ឋី។ លំដាប់នោះ រាជគហសេដ្ឋី ទទួលបាត្រ អំពីព្រះហស្ត​ព្រះបិណ្ឌោលភារទ្វាជៈ​មានអាយុ ហើយដាក់ខាទនីយៈ ដែលមានថ្លៃច្រើនឲ្យពេញ រួចប្រគេនដល់​ព្រះបិណ្ឌោលភារទ្វាជៈ​មានអាយុ។ ឯព្រះបិណ្ឌោលភារទ្វាជៈ​មានអាយុ ក៏ទទួលយកបាត្រនោះ ហើយដើរទៅកាន់អារាម។ មនុស្សទាំងឡាយ បានឮច្បាស់ថា ឥឡូវ បាត្ររបស់​រាជគហសេដ្ឋី ព្រះបិណ្ឌោលភារទ្វាជៈជាម្ចាស់ បានដាក់យកទៅហើយ។ មនុស្សទាំងនោះ ក៏ហ៊ោ កញ្ជ្រៀវ ដើរទៅតាមក្រោយៗព្រះបិណ្ឌោលភារទ្វាជៈ​មាន​អាយុ។ ព្រះមានព្រះភាគ ទ្រង់បានឮសំឡេង​ហ៊ោកញ្ជ្រៀវ លុះឮហើយ ទ្រង់ត្រាស់​ហៅព្រះអានន្ទមានអាយុមកសួរថា ម្នាលអានន្ទ សំឡេង​ហ៊ោកញ្ជ្រៀវនោះ ជាសំឡេង​អ្វី។ ព្រះអានន្ទក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន ឥឡូវ បាត្រ​របស់​រាជគហសេដ្ឋី ព្រះបិណ្ឌោលភារទ្វាជៈ​មានអាយុ បានដាក់យកទៅហើយ បពិត្រព្រះអង្គដ៏ចំរើន មនុស្ស​ទាំងឡាយ បានឮដំណឹងថា បាត្ររបស់រាជគហសេដ្ឋី លោកម្ចាស់​បិណ្ឌោលភារទ្វាជៈ​ បានដាក់យកទៅហើយ បពិត្រព្រះអង្គដ៏ចំរើន មនុស្សទាំងនោះ ក៏ហ៊ោ​កញ្ជ្រៀវឡើង ដើរទៅតាមក្រោយៗ ព្រះបិណ្ឌោលភារទ្វាជៈ​មានអាយុ បពិត្រព្រះមានព្រះភាគ សំឡេង​ហ៊ោកញ្ជ្រៀវនោះ គឺជាសំឡេងនុ៎ះឯង។

[១៤៣] ព្រោះនិទាននេះ ដំណើរនេះ ទើបព្រះមានព្រះភាគ ឲ្យប្រជុំភិក្ខុសង្ឃ ហើយ​ទ្រង់សួរ​ព្រះបិណ្ឌោលភារទ្វាជៈ​មានអាយុថា ម្នាលភារទ្វាជៈ ឮថា អ្នកបានដាក់យកបាត្រ របស់​រាជគហសេដ្ឋី ពិតមែនឬ។ ព្រះបិណ្ឌោលភារទ្វាជៈ​ ក្រាបបង្គំទូលថា សូមទ្រង់មេត្តា​ប្រោស ពិតមែន។ ព្រះពុទ្ធមានព្រះភាគ ទ្រង់បន្ទោសថា ម្នាលភារទ្វាជៈ (អំពើនេះ) មិនសមគួរ មិនត្រូវ​ទំនង មិនត្រូវបែប មិនមែនជារបស់សមណៈ មិនគប្បី មិនត្រូវធ្វើ ម្នាលភារទ្វាជៈ អ្នកមិនសម​បើនឹងសំដែង​ឥទ្ធិប្បាដិហារ្យ ដែលជាធម៌របស់មនុស្សជាន់​ខ្ពស់ ដល់ពួកគ្រហស្ថ ព្រោះតែ​បាត្រឈើ ជារបស់ថោកទាបទេ ម្នាលភារទ្វាជៈ មាតុគ្រាម​បង្ហាញកេរ្តិ៍ខ្មាស ព្រោះតែរូបមាសក [វត្ថុសម្រាប់ចាយ មានប្រាក់ជាដើម] ដូចជា​សាកសព ជារបស់ថោកទាប យ៉ាងណាមិញ ម្នាល​ភារទ្វាជៈ អ្នកឯងសំដែង​ឥទ្ធិប្បាដិហារ្យ ដែលជាធម៌របស់មនុស្សជាន់ខ្ពស់ ដល់ពួកគ្រហស្ថ ព្រោះ​តែបាត្រឈើ ជារបស់ថោកទាប ក៏យ៉ាងនោះដែរ ម្នាលភារទ្វាជៈ អំពើនេះ មិនមែននាំឲ្យជ្រះថ្លា ដល់ជន ដែលមិនទាន់ជ្រះថ្លាទេ។បេ។ លុះទ្រង់បន្ទោសហើយ ទ្រង់ធ្វើធម្មីកថា ត្រាស់ហៅភិក្ខុ​ទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវសំដែងឥទ្ធិប្បាដិហារ្យ ដែលជាធម៌​របស់​​មនុស្ស​ជាន់ខ្ពស់ ដល់ពួកគ្រហស្ថទេ ភិក្ខុណាសំដែង ត្រូវអាបត្តិទុក្កដ ម្នាលភិក្ខុ​ទាំងឡាយ អ្នកទាំងឡាយ ចូរបំបែកបាត្រឈើនុ៎ះចេញ ហើយធ្វើឲ្យជាចំណែកៗ ហើយ​ឲ្យដល់ភិក្ខុទាំងឡាយ សម្រាប់​កិន​ ធ្វើជាថ្នាំលាបភ្នែក ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវ​ប្រើប្រាស់បាត្រឈើទេ ភិក្ខុណាប្រើប្រាស់ ត្រូវ​អាបត្តិទុក្កដ។

[១៤៤] សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុ ប្រើប្រាស់បាត្រខ្ពស់ និងទាប គឺល្អអាក្រក់ គឺបាត្រ​​ធ្វើអំពីមាសខ្លះ ធ្វើអំពីប្រាក់ខ្លះ។ មនុស្សទាំងឡាយ ពោលទោស តិះដៀល បន្តុះបង្អាប់ថា។បេ។ ដូចពួកគ្រហស្ថ អ្នកបរិភោគកាម។បេ។ ភិក្ខុទាំងឡាយ ក្រាបបង្គំ​ទូល​សេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុ​មិនត្រូវ​ប្រើប្រាស់បាត្រធ្វើដោយមាស មិនត្រូវប្រើប្រាស់បាត្រ ធ្វើដោយប្រាក់ មិនត្រូវ​ប្រើប្រាស់បាត្រ ធ្វើដោយកែវមណី មិនត្រូវប្រើប្រាស់បាត្រ ធ្វើដោយកែវពិទូរ្យ មិន​ត្រូវ​ប្រើប្រាស់​បាត្រ ធ្វើដោយកែវផលិក មិនត្រូវប្រើប្រាស់បាត្រ ធ្វើដោយសំរឹទ្ធិ មិនត្រូវ​ប្រើប្រាស់​បាត្រ ធ្វើដោយកែវ​កញ្ចក់ មិនត្រូវប្រើប្រាស់បាត្រ ធ្វើដោយសំណប៉ាហាំង មិនត្រូវប្រើប្រាស់បាត្រ ធ្វើដោយសំណភក់ មិនត្រូវប្រើប្រាស់បាត្រ ធ្វើដោយស្ពាន់ ភិក្ខុណា​ប្រើប្រាស់ ត្រូវអាបត្តិទុក្កដ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតបាត្រពីរយ៉ាង គឺ បាត្រដែកម្យ៉ាង បាត្រដីម្យ៉ាង។

[១៤៥] សម័យនោះឯង ផ្ទៃបាត្រខាងក្រោម ក៏សឹករិលរេចទៅ។ ភិក្ខុទាំងឡាយ ក្រាបបង្គំ​ទូល​សេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ជើងបាត្រ។

[១៤៦] សម័យនោះឯង ​ពួកឆព្វគ្គិយភិក្ខុ ប្រើប្រាស់ជើងបាត្រខ្ពស់ និងទាប គឺល្អអាក្រក់ គឺ ​ធ្វើដោយមាសខ្លះ ធ្វើដោយប្រាក់ខ្លះ។ មនុស្សទាំងឡាយ ពោលទោស តិះដៀល បន្តុះ​បង្អាប់​ថា។បេ។ ដូចពួកគ្រហស្ថ អ្នកបរិភោគកាម។បេ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូល​សេចក្តី​នុ៎ះ ចំពោះ​ព្រះមានព្រះភាគ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុ​មិនត្រូវ​ប្រើប្រាស់ជើងបាត្រខ្ពស់ និងទាបទេ ភិក្ខុណាប្រើប្រាស់ ត្រូវអាបត្តិទុក្កដ ម្នាលភិក្ខុ​ទាំងឡាយ តថាគតអនុញ្ញាតជើងបាត្រពីរយ៉ាង គឺ ធ្វើដោយសំណប៉ាហាំងម្យ៉ាង ធ្វើដោយ​សំណភក់ម្យ៉ាង។ ជើងបាត្រក្រាសពេក ភិក្ខុចាប់កាន់មិនស្និទ្ធិ។ ភិក្ខុទាំងឡាយ ក្រាបបង្គំ​ទូលសេចក្តីនុ៎ះ ចំពោះ​ព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យ​ក្រឡឹង​បាន [អដ្ឋកថា ថា ធ្វើឲ្យស្តើង] លួសក៏កើតមាន (ដល់ពួក​ភិក្ខុក្នុង​សម័យនោះ)។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត​ឲ្យភិក្ខុកាត់លួសនោះ ធ្វើជាក្បាច់​ធ្មេញ​មករ។

[១៤៧] សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុ ប្រើប្រាស់ជើងបាត្រទាំងឡាយ ដ៏វិចិត្រ ឆ្លាក់ ដេរដាស ដោយរូបស្រី និងប្រុសជាដើម ហើយលាប ឲ្យមានពណ៌ផ្សេងៗ ក៏ដើរបង្ហាញ​ជើង​បាត្រ​ទាំងនោះ (ដល់មនុស្សទាំងពួង) តាមផ្លូវថ្នល់។ មនុស្សទាំងឡាយ ពោលទោស តិះដៀល បន្តុះបង្អាប់ថា។បេ។ ដូចពួកគ្រហស្ថ អ្នកបរិភោគកាម។ ភិក្ខុទាំងឡាយ ក្រាប​បង្គំទូលសេចក្តីនុ៎ះ ចំពោះ​ព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវ​ប្រើប្រាស់​ជើង​បាត្រ ដ៏វិចិត្រ ឆ្លាក់ ដេរដាស ដោយរូបស្រី និងប្រុសជាដើម និងលាបឲ្យមានពណ៌ផ្សេងៗទេ ភិក្ខុណាប្រើប្រាស់ ត្រូវអាបត្តិទុក្កដ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតជើងបាត្រជាប្រក្រតី [គ្រឿងប្រដាប់សម្រាប់ថ្កល់បាត្រជាធម្មតា។]

[១៤៨] សម័យនោះឯង ភិក្ខុទាំងឡាយ ទុកដាក់បាត្រទាំងទទឹក។ បាត្រក៏វិនាសខូចទៅ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះ​ព្រះមានព្រះភាគ។បេ។ ព្រះអង្គ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវទុកដាក់បាត្រទាំងទទឹកទេ ភិក្ខុណាទុកដាក់ ត្រូវអាបត្តិទុក្កដ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុហាលបាត្រសិន ហើយ​សឹម​ទុកដាក់។

[១៤៩] សម័យនោះឯង ភិក្ខុទាំងឡាយ ហាលបាត្រទាំងទទឹក។ បាត្រក៏មានក្លិនអាក្រក់។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះ​ព្រះមានព្រះភាគ។បេ។ ព្រះអង្គ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវហាលបាត្រទាំងទទឹកទេ ភិក្ខុណាហាល ត្រូវ​អាបត្តិទុក្កដ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុជូតបាត្រឲ្យស្ងួតទឹកសិន ហើយ​សឹមហាល​ទុកដាក់​ចុះ។

[១៥០] សម័យនោះឯង ភិក្ខុទាំងឡាយ ទុកបាត្រក្នុងទីក្តៅ។ បាត្រក៏ខូចពណ៌។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះ​ព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវទុកបាត្រក្នុងទីក្តៅទេ ភិក្ខុណាទុក ត្រូវអាបត្តិទុក្កដ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យហាលបាត្រក្នុងទីក្តៅមួយរំពេច ហើយសឹមទុក​ដាក់ចុះ។

[១៥១] សម័យនោះឯង មានបាត្រជាច្រើន តែមិនទាន់មានគ្រឿងរងដំកល់ ភិក្ខុទុកដាក់​ក្នុងទីវាលស្រឡះ។ បាត្រទាំងនោះ ក៏រមៀលបែកខូចទៅ​ ដោយខ្យល់កំបុតត្បូង។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះ​ព្រះមានព្រះភាគ។បេ។ ព្រះអង្គ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ តថាគតអនុញ្ញាតគ្រឿងរង ដំកល់បាត្រ [តាមអដ្ឋកថា ថា គ្រឿងរងដំកល់បាត្រ ដែល​គេធ្វើដោយភ្លុក និងវល្លិ៍ និងផ្តៅជាដើម។ វិមតិវិនោទនីដីកា ថា គ្រឿងរងដំកល់បាត្រ មានសណ្ឋាន​ដូចជាកង ដែលគេធ្វើ ដោយវត្ថុមានភ្លុកជាដើម (ឬនឹងហៅថា រង្វេល ថាទ្រនាប់ ដូច្នេះវិញក៏បាន)]។

[១៥២] សម័យនោះឯង ពួកភិក្ខុដាក់បាត្រលើទីបំផុតផែនក្តារតាំង [អដ្ឋកថា ថា ក្នុង​ទីបំផុត នៃផែនក្តារតាំង ដែលគេដំកល់ទុកក្នុងរបៀងជាដើម។]។ បាត្រក៏រមៀល ទង្គិច​បែក។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះ​ព្រះមានព្រះភាគ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវដាក់បាត្រលើទីបំផុត នៃផែនក្តារតាំងទេ ភិក្ខុណាដាក់ ត្រូវអាបត្តិទុក្កដ។

[១៥៣] សម័យនោះឯង ពួកភិក្ខុដាក់បាត្រក្នុងទីបំផុតនៃថ្នាក់ [សារត្ថទីបនីដីកា ថា ផែនក្តារតាំង ដែលស្តើង គេធ្វើឲ្យមាំដល់ជើងជញ្ជាំងខាងក្រៅនៃផ្ទះ ហៅថា ថ្នាក់ (ក្តារបែន)។]។ បាត្រក៏រមៀល ធ្លាក់បែក។ ពួកភិក្ខុ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះ​ព្រះមានព្រះភាគ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវដាក់​បាត្រ​ក្នុងទីបំផុត នៃថ្នាក់ទេ ភិក្ខុណាដាក់ ត្រូវអាបត្តិទុក្កដ។

[១៥៤] សម័យនោះឯង ភិក្ខុទាំងឡាយ ផ្កាប់បាត្រលើផែនដី។ រឹមមាត់បាត្រ ក៏សឹករិលរេច​ទៅ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះ​ព្រះមានព្រះភាគ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតកម្រាលស្មៅ។ ពួកកណ្តៀរ ក៏កាត់​កម្រាលស្មៅ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះ​ព្រះមានព្រះភាគ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតកំណាត់សំពត់។ ពួក​កណ្តៀរ ក៏កាត់​កំណាត់​សំពត់។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះ​ព្រះមានព្រះភាគ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត​រោងសម្រាប់ទុកបាត្រ។ បាត្រក៏រមៀល ធ្លាក់​អំពីរោងសម្រាប់​ទុកបាត្របែកទៅ។ ភិក្ខុទាំង​ឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះ​ព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតភាជន៍ដី មាន​មាត់ធំ (ថ្លាង) សម្រាប់ទុកបាត្រ។ បាត្រក៏សឹកដោយភាជនៈដី មានមាត់ធំ សម្រាប់ទុកបាត្រ។ ភិក្ខុទាំងឡាយ ក្រាបបង្គំ​ទូលសេចក្តីនុ៎ះ ចំពោះ​ព្រះមានព្រះភាគ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតថង់បាត្រ។ យោគបាត្រមិនទាន់មាននៅឡើយ។ ភិក្ខុទាំងឡាយ ក្រាប​បង្គំទូលសេចក្តីនុ៎ះ ចំពោះ​ព្រះមានព្រះភាគ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ តថាគតអនុញ្ញាតយោគបាត្រ និងខ្សែសម្រាប់ចង។

[១៥៥] សម័យនោះឯង ភិក្ខុទាំងឡាយព្យួរបាត្រនឹងមេជញ្ជាំងខ្លះ នឹងដែកែវខ្លះ។ បាត្រ ក៏រមៀល ធ្លាក់បែកទៅ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះ​ព្រះមាន​ព្រះភាគ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវព្យួរបាត្រទេ ភិក្ខុណា​ព្យួរ ត្រូវ​អាបត្តិទុក្កដ។

[១៥៦] សម័យនោះឯង ភិក្ខុទាំងឡាយទុកបាត្រលើគ្រែ។ ភិក្ខុទាំងឡាយ ភ្លេចស្មារតី ក៏អង្គុយសង្កត់បាត្របែកទៅ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះ​ព្រះមាន​ព្រះភាគ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវទុកបាត្រលើគ្រែ​ទេ ភិក្ខុណាទុក ត្រូវ​អាបត្តិទុក្កដ។

[១៥៧] សម័យនោះឯង ភិក្ខុទាំងឡាយទុកបាត្រលើតាំង។ ភិក្ខុទាំងឡាយ ភ្លេចស្មារតី អង្គុយសង្កត់បាត្របែកទៅ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះ​ព្រះមាន​ព្រះភាគ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវទុកបាត្រលើតាំង​ទេ ភិក្ខុណាទុក ត្រូវ​អាបត្តិទុក្កដ។

[១៥៨] សម័យនោះឯង ភិក្ខុទាំងឡាយដាក់បាត្រលើភ្លៅទាំងភ្នែន។ ក្រោកឡើងដោយ​ភ្លេច​ស្មារតី។ បាត្រ ក៏រមៀលធ្លាក់បែកទៅ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះ​ព្រះមានព្រះភាគ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិន​ត្រូវ​ដាក់​បាត្រលើភ្លៅ​ទាំងភ្នែន​ទេ ភិក្ខុណាដាក់ ត្រូវ​អាបត្តិទុក្កដ។

[១៥៩] សម័យនោះឯង ភិក្ខុទាំងឡាយដាក់បាត្រក្នុងឆត្រ។ ខ្យល់កំបុតត្បូង ក៏បក់ផើយ ប៉ើងឆត្រឡើង។ បាត្រក៏ធ្លាក់បែកទៅ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះ​ព្រះមានព្រះភាគ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវដាក់បាត្រ​ក្នុង​ឆត្រទេ ភិក្ខុណាដាក់ ត្រូវ​អាបត្តិទុក្កដ។

[១៦០] សម័យនោះឯង ភិក្ខុទាំងឡាយមានបាត្រនៅដៃ ច្រានសន្ទះទ្វារ។ បាត្រ ក៏ទង្គិច នឹងសន្ទះទ្វារ បែកទៅ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះ​ព្រះមាន​ព្រះភាគ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមានបាត្រនៅដៃ មិនត្រូវ​ច្រានសន្ទះទ្វារទេ ភិក្ខុណាច្រាន ត្រូវ​អាបត្តិទុក្កដ។

[១៦១] សម័យនោះឯង ភិក្ខុទាំងឡាយ ដើរទៅបិណ្ឌបាត ដោយសំបកឃ្លោក (កាន់​សំបក​ឃ្លោក)។ មនុស្សទាំងឡាយ ពោលទោស តិះដៀល បន្តុះបង្អាប់ថា។បេ។ ដូចពួកតិរ្ថីយ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះ​ព្រះមានព្រះភាគ។បេ។ ព្រះអង្គ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវដើរទៅបិណ្ឌបាត ដោយសំបកឃ្លោកទេ ភិក្ខុណា​ដើរទៅ ត្រូវ​អាបត្តិ​ទុក្កដ។

[១៦២] សម័យនោះឯង ពួកភិក្ខុដើរទៅបិណ្ឌបាត ដោយអម្បែងឆ្នាំង។ មនុស្សទាំងឡាយ ពោលទោស តិះដៀល បន្តុះបង្អាប់ថា។បេ។ ដូចពួកតិរ្ថីយ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូល​សេចក្តី​នុ៎ះ ចំពោះ​ព្រះមានព្រះភាគ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវ​ដើរ​ទៅ​បិណ្ឌបាត ដោយអម្បែងឆ្នាំងទេ ភិក្ខុណាដើរទៅ ត្រូវ​អាបត្តិ​ទុក្កដ។

[១៦៣] សម័យនោះឯង ភិក្ខុ១រូប ជាអ្នកប្រព្រឹត្តយកវត្ថុបំសុកូលគ្រប់មុខ [យកវត្ថុ​បង្សុកូល តាមតែប្រទះ គឺវត្ថុដទៃ ក្រៅអំពីត្រៃចីវរ និងគ្រែ តាំង]។ ភិក្ខុនោះ ប្រើប្រាស់​បាត្រ​ក្បាល​ខ្មោច។ មានស្រីម្នាក់ ឃើញហើយខ្លាច ស្រែកភ្លាត់សំឡេងថា ឱនេះជា​បិសាច ធ្វើសេចក្តី​វិនាស​ដល់​អញតើ។ មនុស្សទាំងឡាយ ពោលទោស តិះដៀល បន្តុះបង្អាប់ថា មិនសមបើ ពួកសមណៈ សក្យបុត្តិយ៍ ប្រើប្រាស់បាត្រក្បាលខ្មោច ដូច​ពួកបិសាចសោះ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះ​ព្រះមានព្រះភាគ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវប្រើប្រាស់​បាត្រក្បាល​ខ្មោចទេ ភិក្ខុណាប្រើប្រាស់ ត្រូវអាបត្តិ​ទុក្កដ ម្នាលភិក្ខុទាំងឡាយ ម្យ៉ាងទៀត ភិក្ខុមិន​ត្រូវជាអ្នកប្រព្រឹត្តយកវត្ថុបំសុកូលគ្រប់មុខទេ ភិក្ខុណាប្រព្រឹត្តយក ត្រូវអាបត្តិទុក្កដ។

[១៦៤] សម័យនោះឯង ភិក្ខុទាំងឡាយ យកបាត្រដាក់កាកអាមិសៈ ដែលគេចោលខ្លះ ឆ្អឹងខ្លះ ទឹកជាដែលខ្លះ ហើយនាំយកទៅចោល។ មនុស្សទាំងឡាយ ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកសមណៈ សក្យបុត្តិយ៍ទាំងនេះ ឆាន់ក្នុងបាត្រណា បាត្រ​នោះឯង ជាកន្ថោរ​របស់លោក។ ភិក្ខុទាំងឡាយ បានក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះ​ព្រះមានព្រះភាគ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវយកបាត្រ ដាក់កាកអាមិសៈ ដែលគេចោល​ក្តី ឆ្អឹងក្តី ទឹកជាដែលក្តី នាំយកទៅចោលទេ ភិក្ខុណា​នាំយកទៅចោល ត្រូវអាបត្តិទុក្កដ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតកន្ថោរ។

[១៦៥] សម័យនោះឯង ភិក្ខុទាំងឡាយ ហែកចីវរដោយដៃ ហើយដេរចីវរ។ ចីវរក៏មិនស្មើ​គ្នា។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះ​ព្រះមានព្រះភាគ។បេ។ ព្រះអង្គ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតកាំបិត និងកំណាត់សំពត់ សម្រាប់​រុំកាំបិត។

[១៦៦] សម័យនោះឯង កាំបិតមានដង កើតឡើងដល់សង្ឃ។ ភិក្ខុទាំងឡាយ ក្រាប​បង្គំទូលសេចក្តីនុ៎ះ ចំពោះ​ព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតកាំបិតមានដង។

[១៦៧] សម័យនោះឯង ពួក​ឆព្វគ្គិយភិក្ខុប្រើប្រាស់ដងកាំបិត ដ៏ខ្ពស់ និងទាប [ល្អ និងអន់] គឺធ្វើដោយមាស និងធ្វើដោយប្រាក់។ មនុស្សទាំងឡាយ ពោលទោស តិះដៀល បន្តុះ​បង្អាប់ថា។បេ។ ដូចជាពួកគ្រហស្ថ អ្នកបរិភោគកាម។បេ។ ភិក្ខុទាំងឡាយ ក្រាបបង្គំ​ទូលសេចក្តីនុ៎ះ ចំពោះ​ព្រះមានព្រះភាគ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវប្រើប្រាស់ដងកាំបិតខ្ពស់ និងទាបទេ ភិក្ខុណាប្រើប្រាស់ ត្រូវអាបត្តិទុក្កដ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតដងកាំបិត ធ្វើដោយឆ្អឹង ធ្វើដោយភ្លុក ធ្វើ​ដោយ​ស្នែង ធ្វើដោយបបុស ធ្វើដោយឫស្សី ធ្វើដោយឈើ ធ្វើដោយជ័រ ធ្វើដោយផ្លែ ធ្វើដោយ​លោហធាតុ [លោហជាតិផ្សេងៗ មានទង់ដែងជាដើម] ធ្វើដោយគូថស័ង្ខ។

[១៦៨] សម័យនោះឯង ភិក្ខុទាំងឡាយដេរចីវរដោយស្លាបមាន់ខ្លះ ដោយចំរៀកឫស្សី​ខ្លះ។ ចីវរមានថ្នេរមិនល្អ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះ​ព្រះមាន​ព្រះភាគ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតម្ជុល។ ម្ជុលទាំងឡាយ ក៏មាន​ច្រែះ​ចាប់។បេ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត បំពង់ម្ជុល។ ច្រែះក៏ចាប់​ក្នុងបំពង់ម្ជុលទៀត។បេ។ ព្រះអង្គ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យដាក់​លំអិតបំពេញ​ (ក្នុងបំពង់ម្ជុល)។ ច្រែះ ក៏កើតឡើងក្នុងលំអិតទៀត។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ឲ្យបំពេញបំពង់ម្ជុល ដោយលំអិតម្សៅ ដ៏លាយដោយរមៀត។ ច្រែះក៏កើតឡើង​ក្នុងលំអិតម្សៅដ៏លាយ​ដោយរមៀតទៀត។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ​ តថាគតអនុញ្ញាត លំអិតថ្ម។ ច្រែះក៏កើតឡើង ក្នុងលំអិតថ្ម​ទៀត។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ឲ្យលាបដោយ​ក្រមួន​ឃ្មុំ។ ក្រមួនឃ្មុំដែលភិក្ខុលាបហើយ ក៏បែករាត់រាយទៅ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត កំណាត់សំពត់សម្រាប់រុំក្រមួនឃ្មុំ។

[១៦៩] សម័យនោះឯង ភិក្ខុទាំងឡាយ ជីកដាំបង្គោលក្នុងទីនោះៗ ហើយចង​ដេរចីវរ។ ចីវរក៏ស្ទោក មិនស្មើល្អ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះ​ព្រះមាន​ព្រះភាគ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត​ឲ្យចង​ឈើស្តឹង [គេយកឈើ៤​កំណាត់ មកផ្គុំគ្នាជា៤ជ្រុង រាងទ្រវែង ឲ្យល្មមដាក់ចីវរដេរបាន មានទាំងទ្រនាប់សម្រាប់ឈើ​ស្តឹង​នោះផង។] និងខ្សែស្តឹង [ខ្សែសម្រាប់ចងចីវរ នឹង​ឈើស្តឹង ចំពោះភិក្ខុដែលដេរចីវរពីរជាន់។] ដើម្បី​ឲ្យភិក្ខុចងចីវរ ហើយដេរក្នុងទីនោះៗ។ ភិក្ខុទាំងឡាយ លាតឈើស្តឹងក្នុងទីមិនស្មើ។ ឈើស្តឹងក៏​បែក​បាក់ទៅ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវលាតឈើស្តឹង ក្នុងទី​មិនស្មើទេ ភិក្ខុណា​លាត ត្រូវអាបត្តិទុក្កដ។ ភិក្ខុទាំងឡាយ លាតឈើស្តឹង លើផែនដី។ ឈើស្តឹង ក៏ប្រឡាក់ដោយធូលី។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត កម្រាល​ស្មៅ។ ជាយចីវរ ដែលចងនឹងឈើស្តឹង ក៏ទក់ទីអស់។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យលើក (ថែម) អនុវាតបណ្តោយ និអនុវាត​ទទឹងរបស់​ចីវរ។ ឈើស្តឹងមិនល្មមគ្នានឹងចីវរ [ឈើស្តឹងដែលគេធ្វើតម្រូវនឹងភិក្ខុខ្ពស់ លុះដេរចីវរភិក្ខុទាប ក៏​មិនល្មម]។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតដងឈើស្តឹង [ទ្រង់​អនុញ្ញាត​ឲ្យចង​ឈើស្តឹងតូច ត្រង់កណ្តាលឈើស្តឹង​ធំ។] នឹងការបត់ទ្រនាប់ឈើស្តឹង ឲ្យជាពីរជាន់ [ទ្រង់អនុញ្ញាតឲ្យបត់​ជាយទ្រនាប់​ជា​ពីរជាន់ជុំវិញ ឲ្យល្មមនឹងឈើស្តឹងតូចនោះ] ស្លាកសម្រាប់​បញ្ចូលក្នុងចន្លោះនៃចីវរ​មាន​ជាន់ពីរ ខ្សែសម្រាប់រឹតឈើស្តឹងតូច ជាមួយនឹងឈើស្តឹងធំ និងខ្សែ​សម្រាប់រឹតចីវរ​ភ្ជាប់​នឹងឈើស្តឹងតូច ដើម្បីចង​ចីវរដេរ។ ចន្លោះថ្នេរចីវរមិនស្មើគ្នា។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ខ្នាតសម្រាប់វាស់។ ថ្នេរចីវរក៏វៀច មិនត្រង់ល្អ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតខ្សែបន្ទាត់។

[១៧០] សម័យនោះឯង ភិក្ខុទាំងឡាយ មានជើងមិនស្អាត ហើយដើរជាន់ឈើស្តឹង។ ឈើស្តឹងក៏ប្រឡាក់។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះ​ព្រះមានព្រះភាគ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមានជើងមិនស្អាត មិនត្រូវដើរ​ជាន់​ឈើស្តឹងទេ ភិក្ខុណាជាន់ ត្រូវអាបត្តិទុក្កដ។

[១៧១] សម័យនោះឯង ភិក្ខុទាំងឡាយ មានជើងទទឹក ដើរជាន់លើឈើស្តឹង។ ឈើស្តឹង​ក៏ប្រឡាក់។ ភិក្ខុទាំងឡាយ បានក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះ​ព្រះមានព្រះភាគ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមានជើងទទឹក មិនត្រូវជាន់ឈើស្តឹងទេ ភិក្ខុណាជាន់ ត្រូវអាបត្តិទុក្កដ។

[១៧២] សម័យនោះឯង ភិក្ខុទាំងឡាយ ពាក់ស្បែកជើង ដើរជាន់ឈើស្តឹង។ ឈើស្តឹងក៏​សៅហ្មង។ ភិក្ខុទាំងឡាយ បានក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះ​ព្រះមានព្រះភាគ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវពាក់ស្បែកជើង ជាន់ឈើស្តឹងទេ ភិក្ខុណាជាន់ ត្រូវអាបត្តិទុក្កដ។

[១៧៣] សម័យនោះឯង ភិក្ខុទាំងឡាយ ដេរចីវរ កាន់ដោយម្រាមដៃ។ ម្រាមដៃក៏ឈឺ។ ភិក្ខុទាំងឡាយ បានក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះ​ព្រះមានព្រះភាគ។បេ។ ព្រះអង្គ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតស្នាប់ម្រាមដៃ [ស្នាប់ដៃ ដែលគេពាក់​សម្រាប់ដេរ ដើម្បីកុំឲ្យម្ជុលមុតដៃ។]

[១៧៤] សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុប្រើប្រាស់ស្នាប់ម្រាមដៃ ដ៏ខ្ពស់និងទាប គឺធ្វើ​ដោយមាស និងធ្វើដោយប្រាក់។ មនុស្សទាំងឡាយ ក៏ពោលទោស តិះដៀល បន្តុះ​បង្អាប់ថា។បេ។ ដូចជាពួកគ្រហស្ថ អ្នកបរិភោគកាម។ ភិក្ខុទាំងឡាយ បានក្រាប​បង្គំ​ទូលសេចក្តីនុ៎ះ ចំពោះ​ព្រះមានព្រះភាគ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវប្រើប្រាស់ស្នាប់ម្រាម​ដៃខ្ពស់និងទាបទេ ភិក្ខុណាប្រើប្រាស់ ត្រូវអាបត្តិទុក្កដ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតស្នាប់ម្រាមដៃ ធ្វើដោយឆ្អឹង។បេ។ ធ្វើដោយ​គូថស័ង្ខ។

[១៧៥] សម័យនោះឯង ម្ជុល កាំបិត នឹងស្នាប់ម្រាមដៃបាត់ទៅ។ ភិក្ខុទាំងឡាយ បាន​ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះ​ព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ តថាគតអនុញ្ញាតវត្ថុសម្រាប់ដាក់ [វត្ថុណានីមួយ មានភាជនៈ និងប្រអប់​ជាដើម (អដ្ឋកថា)]។ (លុះដាក់) ក្នុងវត្ថុសម្រាប់ដាក់ក៏នៅតែរាត់រាយ។ ភិក្ខុទាំងឡាយ បានក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះ​ព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ តថាគតអនុញ្ញាតថង់សម្រាប់ដាក់ស្នាប់ម្រាមដៃ។ ខ្សែយោគ មិនទាន់​មាននៅឡើយ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ខ្សែ​យោគ និងខ្សែសម្រាប់ចង។

[១៧៦] សម័យនោះឯង ភិក្ខុទាំងឡាយ ដេរចីវរក្នុងទីវាល លំបាកដោយត្រជាក់ និងក្តៅ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះ​ព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតរោងសម្រាប់​ដាក់ឈើស្តឹង បារាំងសម្រាប់ដាក់​ឈើស្តឹង។ រោង​សម្រាប់ដាក់ឈើស្តឹងមានទីដ៏ទាប។ ទឹកក៏លិច។ ភិក្ខុទាំងឡាយ ក្រាប​បង្គំទូលសេចក្តីនុ៎ះ ចំពោះ​ព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យ​ធ្វើទី​ឲ្យខ្ពស់ឡើង។ ខឿនក៏របេះ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ តថាគតអនុញ្ញាត ឲ្យ​កពូនខឿន៣យ៉ាង គឺខឿនឥដ្ឋ១ ខឿនថ្ម១ ខឿនឈើ១។ ភិក្ខុទាំងឡាយ ក៏លំបាកនឹងឡើង។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតជណ្តើរ៣យ៉ាង គឺ ជណ្តើរឥដ្ឋ១ ជណ្តើរថ្ម១ ជណ្តើរឈើ១។ កាលភិក្ខុ​ទាំងឡាយឡើងទៅ ក៏ធ្លាក់មកវិញ។បេ។ ព្រះអង្គ ទ្រង់ត្រាស់​ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតបង្កាន់ដៃ។

[១៧៧] សម័យនោះឯង កំទេចស្មៅ ជ្រុះក្នុងរោងឈើស្តឹង។បេ។ ព្រះអង្គ ទ្រង់ត្រាស់​ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យគាបដម្បូល ហើយបូកទាំងខាងក្នុងខាងក្រៅ ធ្វើឲ្យ​មានពណ៌ស ពណ៌ខ្មៅ និងបរិកម្មដោយរង់ ក្បាច់ភ្ញីផ្កា ភ្ញីវល្លិ៍ ក្បាច់ធ្មេញមករ ក្បាច់មាន​ស្រទាប់​៥យ៉ាង ស្នួរចីវរ និងខ្សែស្បៀងចីវរ។

[១៧៨] សម័យនោះឯង ភិក្ខុទាំងឡាយដេរចីវររួចហើយ ទុកឈើស្តឹងចោល ក្នុងទីនោះ ហើយចៀសចេញទៅ។ ពួកកណ្តុរខ្លះ កណ្តៀរខ្លះ កាត់កោរ (ឈើស្តឹង)។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះ​ព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ តថាគតអនុញ្ញាតឲ្យសាឈើស្តឹងទុក។ ឈើស្តឹងក៏បាក់បែក។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យមូរឈើស្តឹងដោយឈើស្នូល។ ឈើស្តឹងក៏រលា​ចេញ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត​ខ្សែសម្រាប់ចង។

[១៧៩] សម័យនោះឯង ភិក្ខុទាំងឡាយផ្អែកឈើស្តឹងទុកនឹងជញ្ជាំងខ្លះ នឹងសសរខ្លះ ហើយចៀសចេញទៅ។ ឈើស្តឹង ក៏រលំបាក់។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះ​ព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត​ឲ្យពាក់ (ឈើស្តឹង) នឹងមេជញ្ជាំង ឬដៃកែវ។

[១៨០] គ្រានោះឯង ព្រះមានព្រះភាគ​ ទ្រង់គង់នៅក្នុងក្រុងរាជគ្រឹះ តាមសមគួរ ដល់​ពុទ្ធអធ្យាស្រ័យ ហើយទ្រង់យាងទៅកាន់ចារិក ក្រុងវេសាលី។ សម័យនោះឯង ភិក្ខុទាំង​ឡាយ យក​ម្ជុលខ្លះ កាំបិតខ្លះ ភេសជ្ជៈខ្លះ ដាក់ក្នុងបាត្រ ដើរទៅ។ ភិក្ខុទាំងឡាយ បាន​ក្រាបបង្គំ​ទូល​សេចក្តីនុ៎ះ ចំពោះ​ព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំង​ឡាយ តថាគតអនុញ្ញាតថង់សម្រាប់ដាក់ភេសជ្ជៈ។ ខ្សែយោគ មិនទាន់មាននៅឡើយ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតខ្សែយោគ និងខ្សែ​សម្រាប់ចង។

[១៨១] សម័យនោះឯង ភិក្ខុ១រូប ចងស្បែកជើងនឹងវត្ថពន្ធចង្កេះ ហើយចូលទៅ​បិណ្ឌបាត​ក្នុងស្រុក។ មានឧបាសកម្នាក់ ថ្វាយបង្គំភិក្ខុនោះ ក៏ទង្គិចក្បាលនឹងស្បែកជើង។ ភិក្ខុនោះ មានសេចក្តី​អៀនខ្មាស។ ចំណែកខាងភិក្ខុនោះ ទៅកាន់អារាម ហើយក៏បានប្រាប់​សេចក្តី​នុ៎ះ ដល់ភិក្ខុទាំងឡាយ។ ពួកភិក្ខុ បានយកសេចក្តីនុ៎ះ ទៅក្រាបបង្គំទូល​ចំពោះ​ព្រះមាន​ព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតថង់សម្រាប់​ដាក់ស្បែកជើង។ ខ្សែយោគ មិនទាន់មាននៅឡើយ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតខ្សែយោគ និងខ្សែសម្រាប់ចង។

[១៨២] សម័យនោះឯង មានទឹកជាអកប្បិយៈ ក្នុងចន្លោះផ្លូវ។ សំពត់តម្រងទឹក មិនទាន់​មាននៅឡើយ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះ​ព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតសំពត់តម្រងទឹក។ កំណាត់​សំពត់ មិនគ្រាន់។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត​តម្រងទឹក ដែល​គេរឹត​ភ្ជាប់​នឹងឈើបីកំណាត់។ កំណាត់សំពត់មិនគ្រាន់។ ភិក្ខុទាំងឡាយ បានក្រាបបង្គំទូលសេចក្តី​នុ៎ះ ចំពោះ​ព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ តថាគតអនុញ្ញាត​ធម្មក្រក។

[១៨៣] សម័យនោះឯង ក្នុងកោសលជនបទ មានភិក្ខុពីររូប នាំគ្នាដើរទៅកាន់ផ្លូវឆ្ងាយ។ ភិក្ខុមួយរូបប្រព្រឹត្តអនាចារ។ ភិក្ខុទីពីរ បាននិយាយនឹងភិក្ខុនោះថា ម្នាលអាវុសោ អ្នកកុំធ្វើ​អំពើ​យ៉ាងនេះឡើយ អំពើនេះ មិនគួរទេ។ ភិក្ខុដែលប្រព្រឹត្តអនាចារនោះ ក៏ចងគំនុំ នឹងភិក្ខុនោះ។ ចំណែកខាងភិក្ខុ អ្នកប្រព្រឹត្តអនាចារនោះ ស្រេកទឹក ក៏និយាយ​ទៅនឹងភិក្ខុ ដែលខ្លួនចងគំនុំ​យ៉ាងនេះថា ម្នាលអាវុសោ ចូរលោកឲ្យតម្រងទឹកមកខ្ញុំ ៗនឹងឆាន់ទឹក។ ភិក្ខុ ដែលគេចងគំនុំ​មិនព្រមឲ្យ។ ភិក្ខុ ដែលប្រព្រឹត្តអនាចារនោះ ស្រេកទឹកខ្លាំង ក៏ធ្វើ​មរណកាលទៅ។ កាល​ភិក្ខុ ដែលគេចងគំនុំនោះទៅអារាម ក៏បានប្រាប់សេចក្តីនុ៎ះ ដល់​ភិក្ខុ​ទាំងឡាយ។ ភិក្ខុទាំងនោះ ក៏​និយាយថា ម្នាលអាវុសោ កាលគេសុំសំពត់តម្រងទឹក លោកមិនឲ្យគេ មែនឬ។ ភិក្ខុនោះ​ឆ្លើយ​ថា មែនហើយ អាវុសោ។ ភិក្ខុទាំងឡាយណា មានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុទាំងឡាយនោះ ពោល​ទោស តិះដៀល បន្តុះបង្អាប់ថា កាលបើគេខ្ចីសំពត់តម្រងទឹក ភិក្ខុមិនសមបើ មិនឲ្យគេទេ។ លំដាប់នោះ ភិក្ខុទាំងនោះ បានក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះ​ព្រះមានព្រះភាគ។

[១៨៤] ព្រោះនិទាននេះ ដំណើរនេះ ព្រះមានព្រះភាគ ទ្រង់ឲ្យប្រជុំភិក្ខុសង្ឃ ក្នុងវេលា​នោះ ហើយត្រាស់សួរភិក្ខុនោះថា ម្នាលភិក្ខុ បានឮថា គេខ្ចីសំពត់តម្រងទឹក អ្នក​មិនឲ្យគេ ពិតមែនឬ។ ភិក្ខុនោះ ក្រាបបង្គំទូលថា សូមទ្រង់ព្រះមេត្តាប្រោស ពិតមែន។ ព្រះមានព្រះភាគ ទ្រង់បន្ទោសថា ម្នាលមោឃបុរស អំពើរបស់អ្នក ជាអំពើ​មិនសមគួរ មិនត្រូវ​ទំនង មិនត្រូវបែប មិនមែនជារបស់សមណៈ មិនគប្បី មិនត្រូវធ្វើ ម្នាលមោឃបុរស កាលបើ​គេខ្ចី​សំពត់តម្រងទឹក អ្នកមិនសមបើនឹង​មិនឲ្យគេទេ ម្នាលមោឃបុរស អំពើនេះ មិនមែននាំពួកជន ដែលមិនទាន់ជ្រះថ្លា ឲ្យជ្រះថ្លាឡើងទេ។បេ។ លុះទ្រង់បន្ទោសហើយ ទ្រង់ធ្វើធម្មីកថា រួច​ត្រាស់ហៅ​ភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុដើរទៅ​តាមផ្លូវឆ្ងាយ កាលបើគេខ្ចី​តម្រង​ទឹក កុំគប្បីមិនឲ្យ ភិក្ខុណាមិនឲ្យ ត្រូវអាបត្តិទុក្កដ ម្នាលភិក្ខុទាំងឡាយ ម្យ៉ាងទៀត ភិក្ខុគ្មានសំពត់​តម្រងទឹក មិនត្រូវដើរផ្លូវឆ្ងាយទេ ភិក្ខុណា​ដើរ ត្រូវអាបត្តិទុក្កដ បើមិនមានសំពត់តម្រងទឹកក្តី ធម្មក្រកក្តី ទុកជាជាយសង្ឃាដិ ក៏ត្រូវអធិដ្ឋានបានថា អាត្មាអញនឹងត្រងទឹក ដោយជាយសង្ឃាដិ​នេះ​​ឆាន់។

[១៨៥] លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ពុទ្ធដំណើរ ទៅកាន់ចារិក ដោយលំដាប់ ទ្រង់​សំដៅទៅកាន់ក្រុងវេសាលី។ បានឮថា ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងកូដាគារសាលា ព្រៃមហាវ័ន ទៀបក្រុងវេសាលីនោះ។

[១៨៦] សម័យនោះឯង ភិក្ខុទាំងឡាយធ្វើនវកម្ម (ការងារថ្មី)ៗ ភិក្ខុទាំងនោះ មិនបាន​សន្មត​សំពត់តម្រងទឹកនៅឡើយ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះ​ព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតសំពត់​តម្រងទឹក​មានដង។ ភិក្ខុមិនទាន់សន្មតសំពត់តម្រងទឹកមានដងនៅឡើយ។ ភិក្ខុទាំង​ឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះ​ព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតសំពត់តម្រងត្រាំ [សំពត់ដែលគេចងជាយទាំង ៤ ភ្ជាប់នឹងបង្គោលទាំង៤ ដែលគេបោះក្នុងទឹក ហើយសង្កត់ត្រង់កណ្តាលសំពត់នោះ ឲ្យ​ទឹកជ្រាបចូលមក ហើយយក​ភាជន៍ទៅដងទឹកនោះ។]។

[១៨៧] សម័យនោះឯង មូស​បៀតបៀន​ភិក្ខុទាំងឡាយ។ ភិក្ខុទាំងឡាយ បានក្រាប​បង្គំ​ទូលសេចក្តីនុ៎ះ ចំពោះ​ព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតមុង។

[១៨៨] សម័យនោះឯង ក្រុងវេសាលី ពួកជនបានចាត់ចែងភត្តដ៏ឧត្តម (ប្រគេន​ពួកភិក្ខុ)។ ពួកភិក្ខុ បានឆាន់ភោជនទាំងឡាយដ៏ឧត្តម មានកាយច្រើនទៅដោយទោស (រោគទល់) មានអាពាធច្រើន។ គ្រានោះឯង ជីវកកោមារភត្យ បានទៅក្រុងវេសាលី ដោយកិច្ច​នីមួយ។ ជីវកកោមារភត្យ បានឃើញភិក្ខុទាំងឡាយ មានកាយច្រើនទៅដោយរោគ មាន​អាពាធច្រើន លុះ​បានឃើញហើយ ក៏ចូលទៅគាល់​ព្រះមានព្រះភាគ លុះចូលទៅដល់​ហើយ ក្រាបថ្វាយបង្គំ​ព្រះមានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះជីវក​កោមារភត្យ អង្គុយនៅក្នុងទីដ៏សមគួរ​ហើយ ក៏ក្រាបទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ឥឡូវនេះ ភិក្ខុទាំងឡាយ មានកាយច្រើនទៅដោយទោស មានអាពាធច្រើន បពិត្រព្រះមានព្រះភាគដ៏ចំរើន ខ្ញុំព្រះអង្គ​សូម​អង្វរ សូមព្រះអង្គ អនុញ្ញាតទីចង្ក្រម និងរោងភ្លើង ដល់​ភិក្ខុទាំងឡាយ ជាការប្រពៃ កាលបើ​យ៉ាងនេះ ភិក្ខុទាំងឡាយ នឹងមិនសូវមានអាពាធ។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់​ពន្យល់​ជីវកកោមារភត្យ ឲ្យឃើញ ឲ្យកាន់យក ឲ្យអាចហ៊ាន ឲ្យរីករាយ ដោយធម្មីកថា។ វេលានោះ ជីវកកោមារភត្យ កាលដែលព្រះមានព្រះភាគ ​ទ្រង់​ពន្យល់​ ឲ្យឃើញ ឲ្យកាន់​យក ឲ្យអាចហ៊ាន ឲ្យរីករាយ ដោយធម្មីកថារួចហើយ ក៏ក្រោកចាកអាសនៈ ថ្វាយបង្គំ​ព្រះមានព្រះភាគ ធ្វើ​ប្រទក្សិណ ចៀសចេញទៅ។

[១៨៩] ព្រោះនិទាននេះ ដំណើរនេះ ព្រះមានព្រះភាគ ទ្រង់ធ្វើធម្មីកថា ក្នុងវេលានោះ ហើយត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតទីចង្ក្រម និងរោង​ភ្លើង។

[១៩០] សម័យនោះឯង ភិក្ខុទាំងឡាយចង្ក្រមក្នុងទីចង្ក្រមមិនរាបស្មើ។ ជើងទាំងឡាយក៏​ឈឺ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះ​ព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យធ្វើទីចង្ក្រម ឲ្យរាបស្មើ។

[១៩១] សម័យនោះឯង ទីចង្ក្រមជាទីទាប។ ទឹកក៏លិច ក្នុងទីចង្ក្រមនោះ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យ​ធ្វើទីចង្ក្រមឲ្យខ្ពស់ឡើង។ ខឿនក៏​របេះ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា  ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យកពូនខឿន​៣យ៉ាង ខឿនឥដ្ឋ១​ ខឿនថ្ម១ ខឿនឈើ១។ ភិក្ខុទាំងឡាយនាំគ្នាឡើងទៅ​ ក៏លំបាក។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតជណ្តើរ៣យ៉ាង គឺជណ្តើរឥដ្ឋ១ ជណ្តើរថ្ម១ ជណ្តើរឈើ១។ ភិក្ខុទាំងឡាយនាំគ្នាឡើងទៅ ក៏ធ្លាក់ចុះមក​វិញ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ​ តថាគតអនុញ្ញាតបង្កាន់ដៃ។

[១៩២] សម័យនោះឯង ពួកភិក្ខុកំពុងចង្ក្រម លើទីចង្ក្រម ក៏ធ្លាក់ចុះមក។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះ​ព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំង​ឡាយ តថាគតអនុញ្ញាតបង្កាន់ដៃ [វត្ថុដែលបោះរាំងទីចង្ក្រម បង្ការកុំឲ្យធ្លាក់ ហៅថា​បង្កាន់ដៃ ស្រុកខ្លះ​ហៅថា ដែរបៃក៏មាន] ក្នុងទីចង្ក្រម។

[១៩៣] សម័យនោះឯង ភិក្ខុទាំងឡាយកំពុងចង្ក្រមក្នុងទីវាល ក៏លំបាកដោយត្រជាក់​ខ្លះ ក្តៅខ្លះ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះ​ព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតរោងចង្រ្កម។ កំទេចស្មៅក៏ជ្រុះមក ក្នុងរោង​ចង្រ្កម។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត​ឲ្យ​គាបដម្បូល ហើយបូកទាំងខាងក្នុង ខាងក្រៅ ធ្វើឲ្យមានពណ៌ស ពណ៌ខ្មៅ បរិកម្ម​ដោយរង់ ក្បាច់ភ្ញីផ្កា ភ្ញីវល្លិ៍ ក្បាច់ធ្មេញមករ ក្បាច់មានស្រទាប់៥ ស្នួរចីវរ និងខ្សែស្បៀង។

[១៩៤] សម័យនោះឯង រោងភ្លើងមានទីដីទាប។ ទឹក (ជោរជន់មក) ក៏លិច រោងភ្លើង​នោះ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យ​ធ្វើទីដីឲ្យ​ខ្ពស់​ឡើង។ ខឿនក៏របេះធ្លាក់ចុះ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា  ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត​ឲ្យ​កពូន​ខឿន​៣យ៉ាង ខឿនឥដ្ឋ១​ ខឿនថ្ម១ ខឿនឈើ១។ ពួកភិក្ខុនាំគ្នាឡើងទៅ​ ក៏លំបាក។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត​ជណ្តើរ ៣ យ៉ាង គឺជណ្តើរឥដ្ឋ១ ជណ្តើរថ្ម១ ជណ្តើរឈើ១។ ពួកភិក្ខុនាំគ្នាឡើងទៅ ក៏ធ្លាក់ចុះ​មកវិញ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ​ តថាគតអនុញ្ញាតបង្កាន់ដៃ។ រោងភ្លើង មិនទាន់មានទ្វារ បង្អួចនៅ​ឡើយ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ តថាគតអនុញ្ញាតសន្ទះទ្វារ ក្របទ្វារ ត្បាល់ ឬដំណាប់ក្រោម ឈើអន្ទាក់លើ (ដំណាប់លើ) សសររបស់សន្ទះទ្វារ ត្រដោកទ្វារ រនុក​ទ្វារ គន្លឹះទ្វារ មេសោ ប្រហោង​សម្រាប់ទាញ និងខ្សែសម្រាប់ទាញ (បិទបើក)។ ជើងជញ្ជាំងរោងភ្លើង​ក៏ពុក។ ពួកភិក្ខុ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះ​ព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំង​ឡាយ តថាគតអនុញ្ញាតឲ្យធ្វើទីដីឲ្យទាបជុំវិញ [ធ្វើទីដីឲ្យទាប ព័ទ្ធជុំវិញជញ្ជាំង ដើម្បីនឹងទប់ជើងជញ្ជាំង។] ប្រហោងសម្រាប់បង្ហុយផ្សែង របស់រោងភ្លើង មិនទាន់មាន​នៅ​ឡើយ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតប្រហោង​ សម្រាប់​បង្ហុយផ្សែង។

[១៩៥] សម័យនោះឯង ពួកភិក្ខុធ្វើចង្ក្រានកណ្តាលរោងភ្លើងតូច។ ទីឱកាសសម្រាប់​ចេញ​ចូលមិនមាន។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ កាលបើរោងភ្លើងតូច តថាគតអនុញ្ញាតឲ្យភិក្ខុធ្វើចង្ក្រាន ក្នុងទីដ៏សមគួរមួយ កាលបើរោងភ្លើងធំ ឲ្យធ្វើ​ចង្ក្រាន ក្នុងទី​ពាក់កណ្តាលចុះ។ ភ្លើងក្នុងរោងភ្លើង ក៏ជះចំហាយក្តៅមកត្រូវមុខ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យយកដីមកលាបមុខ។ ពួកភិក្ខុ ធ្វើដីឲ្យទទឹក​ដោយដៃ (របស់ខ្លួន)។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ស្នូកសម្រាប់​ដាក់ដីស្អិត។ ដីស្អិតក៏ធុំក្លិនស្អុយ។បេ។ ព្រះអង្គ ទ្រង់​ត្រាស់​ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យអប់ដោយគ្រឿងក្រអូប។

[១៩៦] សម័យនោះឯង ភ្លើងក្នុងរោងភ្លើងក៏ជះចំហាយក្តៅមកត្រូវកាយ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យដងទឹកទុក។ ពួកភិក្ខុ ដងទឹក​ដោយចាន​ខ្លះ ដោយបាត្រខ្លះ។បេ។ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាតសៀន និងផ្តិល។ រោងភ្លើង ដែលប្រក់ដោយស្មៅ ក៏គ្មានចំហាយញើស។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យគាបដម្បូល ហើយបូក​លាបដីស្អិតទាំងខាងក្នុង ខាង​ក្រៅ។ រោងភ្លើង ក៏មានភក់ជ្រាំ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យក្រាលកម្រាល៣យ៉ាង គឺកម្រាលឥដ្ឋ១ កម្រាល​ថ្ម១ កម្រាលឈើ១។ រោងភ្លើង ក៏នៅតែមានភក់ជ្រាំដដែល។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា  ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុលាងចេញ។ ទឹកក៏ដក់នៅ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ តថាគតអនុញ្ញាតឲ្យធ្វើប្រឡាយទឹក។

[១៩៧] សម័យនោះឯង ពួកភិក្ខុអង្គុយផ្ទាល់លើផែនដី ក្នុងរោងភ្លើង យកដៃអេះ​ខ្លួន។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតតាំងសម្រាប់រោងភ្លើង។

[១៩៨] សម័យនោះឯង រោងភ្លើង មិនមានវត្ថុអ្វីបិទបាំងនៅឡើយ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យបិទបាំងកំពែង៣យ៉ាង គឺកំពែង​ឥដ្ឋ១ កំពែងថ្ម១ កំពែងឈើ១។ បន្ទប់មិនទាន់មាននៅឡើយ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យធ្វើបន្ទប់។ បន្ទប់មានទីដ៏ទាប។ ទឹកក៏ជោរជន់​លិច​មក។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត​ឲ្យធ្វើទីឲ្យ​ខ្ពស់ឡើង។ ខឿនក៏របេះធ្លាក់ចេញ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យ​កពូនខឿន៣យ៉ាង គឺខឿនឥដ្ឋ១ ខឿនថ្ម១ ខឿនឈើ១។ ភិក្ខុទាំង​ឡាយ ក៏នាំគ្នាឡើងទៅ បាន​ដោយលំបាក។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ តថាគតអនុញ្ញាតជណ្តើរ​៣យ៉ាង គឺជណ្តើរឥដ្ឋ១ ជណ្តើរថ្ម១ ជណ្តើរឈើ១។ ពួកភិក្ខុឡើងទៅ ក៏ធ្លាក់ចុះមក។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាតបង្កាន់ដៃ។ បន្ទប់មិនទាន់មានទ្វារ បង្អួច​នៅឡើយ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតសន្ទះទ្វារ ក្របទ្វារ ត្បាល់ ឬដំណាប់ក្រោមឈើ អន្ទាក់លើ (ដំណាប់លើ) សសរ របស់សន្ទះទ្វារ ត្រដោកទ្វារ រនុកទ្វារ គន្លឹះទ្វារ មេសោ ប្រហោងសម្រាប់ទាញ និងខ្សែសម្រាប់ទាញ (បិទបើក)។

[១៩៩] សម័យនោះឯង កំទេចស្មៅ ក៏ធ្លាក់ចុះមកក្នុងបន្ទប់។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យគាបដម្បូល ហើយបូកលាប ទាំងខាងក្នុង ខាងក្រៅ ធ្វើឲ្យ​មានពណ៌ស ពណ៌ខ្មៅ និងលាបដោយរង់ ធ្វើភ្ញីផ្កា ភ្ញីវល្លិ៍ ក្បាច់ធ្មេញមករ និងក្បាច់មាន​ស្រទាប់៥។ ទីបរិវេណក៏មានភក់ជ្រាំ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ តថាគតអនុញ្ញាតឲ្យយកខ្សាច់ចាក់រោយរាយចុះ។ ដីខ្សាច់មិនរាបស្មើ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យក្រាលកម្រាលថ្ម។ ទឹកក៏ដក់​នៅ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត​ឲ្យធ្វើ​ប្រឡាយសម្រាប់បង្ហូរទឹក។

[២០០] សម័យនោះឯង ពួកភិក្ខុអាក្រាត សំពះភិក្ខុអាក្រាត។ ពួកភិក្ខុអាក្រាត សំពះ​ភិក្ខុ​មិនអាក្រាត។ ពួកភិក្ខុអាក្រាត ឲ្យគេសំពះភិក្ខុអាក្រាត។ ពួកភិក្ខុអាក្រាត ឲ្យគេសំពះ​ភិក្ខុមិន​អាក្រាត។ ពួកភិក្ខុអាក្រាត ធ្វើបរិកម្ម ដល់​ភិក្ខុអាក្រាត។ ពួកភិក្ខុអាក្រាត ឲ្យគេធ្វើ​បរិកម្ម ដល់ភិក្ខុអាក្រាត។ ពួកភិក្ខុអាក្រាតឲ្យ (របស់) ដល់ភិក្ខុអាក្រាត។ ពួកភិក្ខុ​អាក្រាតទទួល (របស់)។ ពួកភិក្ខុអាក្រាតទំពាស៊ី។ ពួកភិក្ខុអាក្រាតបរិភោគ។ ពួកភិក្ខុ​អាក្រាតលិតភ្លក្ស។ ពួកភិក្ខុអាក្រាតផឹក។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះ​ព្រះមានព្រះភាគ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុអាក្រាត មិនត្រូវ​សំពះភិក្ខុអាក្រាត ភិក្ខុអាក្រាត មិនត្រូវ​សំពះ (គេ) ភិក្ខុអាក្រាត មិនត្រូវឲ្យគេ​សំពះ​ភិក្ខុអាក្រាត ភិក្ខុអាក្រាត មិនត្រូវ​ឲ្យគេសំពះ​ខ្លួន ភិក្ខុអាក្រាត មិនត្រូវធ្វើបរិកម្ម ដល់ភិក្ខុ​អាក្រាត ភិក្ខុអាក្រាត មិនត្រូវឲ្យគេធ្វើបរិកម្ម​ដល់ខ្លួន ភិក្ខុអាក្រាត មិនត្រូវឲ្យរបស់ ដល់ភិក្ខុអាក្រាត ភិក្ខុអាក្រាត មិនត្រូវទទួលរបស់ ភិក្ខុអាក្រាតមិនត្រូវ​ទំពាស៊ី ភិក្ខុអាក្រាត​មិនត្រូវបរិភោគ ភិក្ខុអាក្រាត មិនត្រូវលិតភ្លក្ស ភិក្ខុអាក្រាត មិនត្រូវផឹកទេ ភិក្ខុណាផឹក ត្រូវអាបត្តិទុក្កដ។

[២០១] សម័យនោះឯង ពួកភិក្ខុដាក់ចីវរលើផែនដី ក្នុងរោងភ្លើង។ ចីវរក៏ប្រឡាក់​ទៅដោយ​អាចម៍ដី។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះ​ព្រះមានព្រះភាគ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតខ្សែស្នួរចីវរ និងខ្សែស្បៀងចីវរ ក្នុងរោងភ្លើង។ កាលដែលភ្លៀងបង្អោរចុះមក ចីវរក៏ទទឹក។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតសាលាជិតរោងភ្លើង។ សាលាជិតរោងភ្លើង មានទីទាប។ ទឹក​ក៏ជោរជន់​មកលិចចុះ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត​ឲ្យធ្វើ​ទីឲ្យខ្ពស់ឡើង។ ខឿនក៏របេះធ្លាក់ចេញ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យ​កពូន។បេ។ ពួកភិក្ខុ នាំគ្នាឡើងទៅ ក៏លំបាក។បេ។ ពួកភិក្ខុឡើងទៅ ក៏ធ្លាក់ចុះមក។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត (ឲ្យធ្វើ) បង្កាន់ដៃ។

[២០២] សម័យនោះឯង កំទេចស្មៅ ក៏ធ្លាក់ចុះមកក្នុងរោងភ្លើង។បេ។ ព្រះអង្គ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យគាបដម្បូល ហើយបូកលាប ដោយដី ទាំងខាងក្នុង ខាងក្រៅ។បេ។ (តថាគតអនុញ្ញាតឲ្យធ្វើ) ស្បៀងស្នួរចីវរ និងខ្សែស្បៀង​ចីវរ។

[២០៣] សម័យនោះឯង ពួកភិក្ខុមានសេចក្តីរង្កៀស នឹងធ្វើបរិកម្មខ្នង (ដុសខ្នង) ក្នុងរោង​ភ្លើងខ្លះ ក្នុងទឹកខ្លះ។ ភិក្ខុទាំងនោះ ក៏ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះ​ព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតទីបិទបាំង៣យ៉ាង គឺទីបិទ​បាំងដោយរោង​ភ្លើង១ ទីបិទបាំងដោយទឹក១ ទីបិទបាំងដោយសំពត់១។

[២០៤] សម័យនោះឯង រោងភ្លើងមិនទាន់មានទឹកនៅឡើយ។ ភិក្ខុទាំងអម្បាលនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះ​ព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ តថាគតអនុញ្ញាតឲ្យធ្វើអណ្តូងទឹក។ ច្រាំងអណ្តូង ក៏បាក់ចុះ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត (ឲ្យក) ខឿន៣យ៉ាងគឺ ខឿនឥដ្ឋ១ ខឿនថ្ម១ ខឿនឈើ១។ អណ្តូងទឹកមានទីទាប។ ទឹកក៏ជោរជន់លិច។ ពួកភិក្ខុ ក្រាបបង្គំ​ទូលសេចក្តីនុ៎ះ ចំពោះ​ព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យធ្វើ​ទីដី ឲ្យខ្ពស់​ឡើង។ ខឿនក៏របេះធ្លាក់ចេញ។បេ។ ពួកភិក្ខុនាំគ្នា​ឡើង ក៏លំបាក។បេ។ ពួកភិក្ខុនាំគ្នា​ឡើងទៅ ក៏ធ្លាក់ចុះមក។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត (ឲ្យ​ធ្វើ) បង្កាន់ដៃ។

[២០៥] សម័យនោះឯង ពួកភិក្ខុយោងទឹកឡើងដោយវល្លិ៍ខ្លះ ដោយវត្ថពន្ធចង្កេះខ្លះ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត (ឲ្យធ្វើ) ខ្សែសម្រាប់​យោងទឹក​អណ្តូង។ ដៃក៏ឈឺ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត (ឲ្យធ្វើ) ឈើថ្លឹងយន្ត សម្រាប់យោង (ទឹក) ព្រ័ត្រវែង និងរ៉ត (សម្រាប់យោង)។ ភាជន៍ ក៏បែកបាក់​ជាច្រើន។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាតឲ្យធ្វើបំពង់៣​យ៉ាង គឺបំពង់លោហជាតិ១ បំពង់ឈើ១ បំពង់ស្បែក១។

[២០៦] សម័យនោះឯង ពួកភិក្ខុយោងទឹកក្នុងទីវាល​ ក៏លំបាក ដោយរងាខ្លះ ដោយក្តៅខ្លះ ភិក្ខុទាំងឡាយនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះ​ព្រះមានព្រះភាគ។ ព្រះអង្គទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យធ្វើរោងអណ្តូងទឹក។ កំទេចស្មៅ ក៏ធ្លាក់ចុះក្នុងរោង​អណ្តូងទឹក។បេ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត ឲ្យគាបដម្បូល ហើយបូកលាបដីស្អិត ទាំងខាងក្នុង ខាងក្រៅ ឲ្យមានពណ៌ស ឲ្យមានពណ៌ខ្មៅ លាបដោយរង់ ធ្វើ​ភ្ញីផ្កា ភ្ញីវល្លិ៍ ក្បាច់ធ្មេញមករ ធ្វើក្បាច់មានស្រទាប់៥ ស្បៀងស្នួរចីវរ ខ្សែស្បៀងចីវរ។

[២០៧] សម័យនោះឯង អណ្តូងទឹក មិនទាន់មានគំរប​នៅឡើយ។ កំទេចស្មៅខ្លះ អាចម៍ដី​ខ្លះ ក៏រោយរាយចុះ (ក្នុងអណ្តូងនោះ)។បេ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត​ឲ្យធ្វើគំរប។

[២០៨] សម័យនោះឯង ភាជន៍សម្រាប់ដងទឹកមិនទាន់មាននៅឡើយ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតស្នូកសម្រាប់ដាក់ទឹក និងផើង​សម្រាប់​​ដាក់ទឹក។

[២០៩] សម័យនោះឯង ពួកភិក្ខុងូតទឹក ក្នុងទីពីសពាស ក្នុងអារាម។ អារាម ក៏មានភក់​ជ្រាំ។ ភិក្ខុទាំងអម្បាលនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះ​ព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតអណ្តូងសម្រាប់ដាក់ទឹកជ្រាំ។ អណ្តូង​​សម្រាប់​ដាក់ទឹកជ្រាំ តាំងនៅក្នុងទីវាល មិនទាន់បានបិទបាំងនៅឡើយ។ ពួកភិក្ខុក៏អៀនខ្មាស មិនហ៊ាន​ងូតទឹក។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យបិទបាំង ដោយកំពែង៣យ៉ាង គឺកំពែងឥដ្ឋ១ កំពែងថ្ម១ កំពែង​ឈើ១។ អណ្តូងសម្រាប់ដាក់ទឹក​ជ្រាំក៏​មានភក់។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ តថាគតអនុញ្ញាត​ឲ្យក្រាលកម្រាល ៣​យ៉ាងគឺ កម្រាលឥដ្ឋ១ កម្រាលថ្ម១ កម្រាលឈើ១។ ទឹកក៏ដក់នៅ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាតឲ្យធ្វើប្រឡាយទឹក។

[២១០] សម័យនោះឯង ពួកភិក្ខុមានខ្លួនត្រជាក់ (ដោយដំណក់ទឹក)។ ពួកភិក្ខុក្រាបបង្គំ​ទូល​សេចក្តីនុ៎ះ ចំពោះ​ព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគត​​អនុញ្ញាត​ឲ្យធ្វើវត្ថុសម្រាប់ជូតទឹក (មានភ្លុកជាដើម) ឬនឹងជូតដោយកំណាត់​សំពត់ ក៏បាន។

[២១១] សម័យនោះឯង មានឧបាសកម្នាក់ មានចំណង់នឹងធ្វើស្រះ ជាប្រយោជន៍​ដល់​សង្ឃ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះ​ព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យធ្វើស្រះបាន។ (វេលានោះ) ភ្លឺស្រះ ក៏របេះចេញ។បេ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត​ឲ្យធ្វើ​ខឿន៣យ៉ាងគឺ ខឿនឥដ្ឋ១ ខឿនថ្ម១ ខឿនឈើ១។ ពួកភិក្ខុនាំគ្នាឡើង ក៏លំបាក។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតជណ្តើរ៣យ៉ាង គឺជណ្តើរ​ឥដ្ឋ១ ជណ្តើរថ្ម១ ជណ្តើរឈើ១។ ភិក្ខុទាំងនោះ នាំគ្នា​ឡើងទៅ ក៏ធ្លាក់ចុះមកវិញ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យ​ធ្វើបង្កាន់ដៃ។ (វេលា​នោះ) ក្នុងស្រះ មានទឹកចាស់ដក់នៅ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យធ្វើប្រឡាយទឹក និងទបង្ហូរទឹក។

[២១២] សម័យនោះឯង មានឧបាសកម្នាក់ មានចំណង់នឹងធ្វើរោងភ្លើង ជាទីរក្សាកាយ (ប្រកបដោយ) ជហ្វ៊ាដងក្តារ ដើម្បីជាប្រយោជន៍ដល់ភិក្ខុសង្ឃ។ ពួកភិក្ខុ ក្រាបបង្គំ​ទូល​សេចក្តីនុ៎ះ ចំពោះ​ព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាតឲ្យ​ធ្វើរោងភ្លើង ជាទីរក្សាកាយ មានជហ្វ៊ាដងក្តារ។

[២១៣] សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុ នៅប្រាសចាកនិសីទនៈ អស់៤ខែ។ ពួកភិក្ខុ ក្រាប​បង្គំទូលសេចក្តីនុ៎ះ ចំពោះ​ព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុមិនត្រូវនៅប្រាសចាកនិសីទនៈ អស់៤ខែទេ ភិក្ខុណានៅប្រាស ត្រូវ​អាបត្តិទុក្កដ។

[២១៤] សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុ ដេកលើដំណេក ដែលគេរោយរាយ ដោយផ្កា។ មនុស្សទាំងឡាយ ដើរមកកាន់វិហារចារិក ឃើញហើយ ក៏ពោលទោស តិះដៀល បន្តុះ​បង្អាប់​ថា។បេ។ ដូចពួកគ្រហស្ថ អ្នកបរិភោគកាម។ ពួកភិក្ខុ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះ​​ព្រះមាន​ព្រះភាគ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិន​ត្រូវដេកលើដំណេក ដែល​គេរោយរាយដោយផ្កាទេ ភិក្ខុណាដេក ត្រូវអាបត្តិទុក្កដ។

[២១៥] សម័យនោះឯង មនុស្សទាំងឡាយ នាំយកគ្រឿងក្រអូបខ្លះ ផ្កាកម្រងខ្លះ មក​កាន់អារាម។ ពួកភិក្ខុ មានសេចក្តីរង្កៀស មិនហ៊ានទទួល។ ភិក្ខុទាំងនោះ ក្រាបបង្គំ​ទូលសេចក្តីនុ៎ះ ចំពោះ​ព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ឲ្យ​ទទួល​គ្រឿងក្រអូប ហើយឲ្យប្រស់ព្រំដោយម្រាមដៃ ៥ ត្រង់ទ្វារ និង​បង្អួច ព្រមទាំងទទួលយកផ្កា ទៅ​ទុក​ក្នុងទីដ៏សមគួរ ក្នុងវិហារបាន។

[២១៦] សម័យនោះឯង កម្រាលស្មាច់ ដែលគេធ្វើដោយរោមចៀម កើតឡើង​ដល់សង្ឃ។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះ​ព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ តថាគតអនុញ្ញាតកម្រាលស្មាច់ ដែលគេធ្វើដោយរោមចៀម។ ភិក្ខុ​ទាំង​ឡាយ មាន​សេចក្តីត្រិះរិះថា កម្រាលស្មាច់ ដែលគេធ្វើដោយរោមចៀមនេះ យើងគួរ​អធិដ្ឋាន ឬគួរ​វិកប្ប។បេ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនបាច់អធិដ្ឋាន មិនបាច់​វិកប្ប នូវកម្រាល​ស្មាច់ ដែលគេធ្វើដោយរោមចៀមទេ។

[២១៧] សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុ ឆាន់ភោជនក្នុងភាជន៍ពិសេស [អដ្ឋកថា តុ ឬថាស ដែលធ្វើដោយស្ពាន់ ឬទង់ដែង និងប្រាក់។] សម្រាប់រងចង្ហាន់។ មនុស្ស​ទាំងឡាយ​ ពោលទោស តិះដៀល បន្តុះបង្អាប់ថា។បេ។ ដូចពួកគ្រហស្ថ អ្នកបរិភោគ​កាម។ ពួកភិក្ខុ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះ​ព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវឆាន់ភោជន ក្នុងភាជន៍ពិសេស សម្រាប់រងចង្ហាន់ទេ ភិក្ខុណាឆាន់ ត្រូវអាបត្តិទុក្កដ។

[២១៨] សម័យនោះឯង ភិក្ខុ១រូប មានជម្ងឺ។ កាលដែលភិក្ខុនោះឆាន់ មិនអាចនឹងទប់​បាត្រ​ដោយដៃបាន។ ពួកភិក្ខុ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះ​ព្រះមានព្រះភាគ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតភាជន៍ សម្រាប់រង ដែលធ្វើដោយ​ឈើ។

[២១៩] សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុឆាន់ (ភោជន) ក្នុងភាជន៍ជាមួយគ្នាខ្លះ។ ផឹកទឹក​ក្នុង​ផ្តិលជាមួយគ្នាខ្លះ។ ដេកលើគ្រែ ជាមួយគ្នាខ្លះ។ ដេកលើកម្រាលជាមួយគ្នាខ្លះ។ ដេក​ដណ្តប់​ជាមួយគ្នាខ្លះ។ ដេកលើកម្រាល និងដណ្តប់ជាមួយគ្នាខ្លះ។ មនុស្សទាំងឡាយ ពោលទោស តិះដៀល បន្តុះបង្អាប់ថា។បេ។ ដូចពួកគ្រហស្ថ អ្នកបរិភោគកាម។បេ។ ពួកភិក្ខុ ក្រាបបង្គំ​ទូល​សេចក្តី​នុ៎ះ ចំពោះ​ព្រះមានព្រះភាគ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុ​មិនត្រូវ​ឆាន់ (ភោជន) រួមភាជន៍ជាមួយគ្នា មិនត្រូវផឹកទឹករួមផ្តិល​ជាមួយគ្នា មិនត្រូវ​ដេកលើគ្រែ​ជាមួយគ្នា មិនត្រូវដេកលើកម្រាលជាមួយគ្នា មិនត្រូវ​ដេកដណ្តប់​ជាមួយគ្នា មិនត្រូវដេក​លើកម្រាល​ និងដណ្តប់​ជាមួយគ្នាទេ ភិក្ខុណាដេក ត្រូវអាបត្តិទុក្កដ។

[២២០] សម័យនោះឯង វឌ្ឍលិច្ឆវិ ជាសំឡាញ់ មេត្តិយភិក្ខុ និងភុម្មជកភិក្ខុ។ លំដាប់​នោះ វឌ្ឍលិច្ឆវិ ចូលទៅរកមេត្តិយភិក្ខុ និងភុម្មជកភិក្ខុ លុះចូលទៅដល់ហើយ ក៏និយាយ​ទៅនឹង​មេត្តិយភិក្ខុ និងភុម្មជកភិក្ខុថា លោកម្ចាស់ ខ្ញុំព្រះករុណាថ្វាយបង្គំ។ កាលវឌ្ឍលិច្ឆវិ និយាយ​​យ៉ាងនេះហើយ មេត្តិយភិក្ខុ និងភុម្មជកភិក្ខុ មិនបាននិយាយ​រាក់ទាក់​មកវិញ​ឡើយ។ វឌ្ឍលិច្ឆវិ ក៏និយាយ​ទៅរកមេត្តិយភិក្ខុ និងភុម្មជកភិក្ខុ ជាគំរប់ពីរដងទៀតថា លោកម្ចាស់ ខ្ញុំព្រះករុណា​ថ្វាយបង្គំ។ មេត្តិយភិក្ខុ និងភុម្មជកភិក្ខុ ក៏មិនបាននិយាយ​រាក់ទាក់ ជាគំរប់​ពីរដងទៀត។ វឌ្ឍលិច្ឆវិ និយាយទៅរកមេត្តិយភិក្ខុ និងភុម្មជកភិក្ខុ ជាគំរប់បីដងទៀតថា លោកម្ចាស់ ខ្ញុំព្រះករុណា ថ្វាយបង្គំ។ មេត្តិយភិក្ខុ និងភុម្មជកភិក្ខុ ក៏មិនបាននិយាយរាក់ទាក់ ជាគំរប់បីដងទៀត។ វឌ្ឍលិច្ឆវិ និយាយថា ខ្ញុំធ្វើខុស​នឹង​លោកម្ចាស់ដូចម្តេច ហេតុអ្វី ក៏បានជាលោកម្ចាស់ មិននិយាយរាក់ទាក់​នឹងខ្ញុំ។ មេត្តិយភិក្ខុ និងភុម្មជកភិក្ខុនិយាយថា នែអាវុសោវឌ្ឍៈ បានជាយើងមិននិយាយ​រាក់ទាក់​ទៅរកអ្នក ព្រោះព្រះទព្វមល្លបុត្រ បៀតបៀនយើង អ្នកមិនអើពើសោះ។ វឌ្ឍលិច្ឆវិនិយាយថា លោកម្ចាស់ ខ្ញុំនឹងធ្វើដូចម្តេច។ មេត្តិយភិក្ខុ និងភុម្មជកភិក្ខុនិយាយថា នែអាវុសោវឌ្ឍៈ ប្រសិន​បើអ្នកចង់ដែរ (ចូលដៃផង) ព្រះមានព្រះភាគ គប្បីឲ្យព្រះទព្វមល្លបុត្ត​មាន​អាយុ​វិនាស ក្នុងថ្ងៃ​នេះឯង។ វឌ្ឍលិច្ឆវិនិយាយថា លោកម្ចាស់ ខ្ញុំនឹងធ្វើដូចម្តេច ខ្ញុំនឹងអាច​ដើម្បីធ្វើដូចម្តេច។ មេត្តិយភិក្ខុ និងភុម្មជកភិក្ខុ និយាយបង្គាប់ថា នែអាវុសោវឌ្ឍៈ អ្នកឯងចូរមក អ្នកចូលទៅគាល់​ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ត្រូវក្រាបបង្គំ​ទូលព្រះមានព្រះភាគ ដោយពាក្យ​យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ទីនេះមិនកំបាំង មិនសមគួរ បពិត្រ​ព្រះអង្គដ៏ចំរើន ទិសណា ដែលមិនមានភ័យ មិនមានចង្រៃ មិនមាន​ឧបទ្រព ទិសនោះ ក៏ត្រឡប់​ទៅជាមានភ័យ មានចង្រៃ មានឧបទ្រពវិញ ខ្យល់ចេញ​អំពីទិសណា ទិសនោះ ត្រឡប់​ទៅជាមានខ្យល់ចូលវិញ ទឹក (ត្រជាក់) ត្រឡប់ទៅ​ជាក្តៅវិញ ឥឡូវនេះ លោកម្ចាស់ទព្វមល្លបុត្ត បានប្រទូស្ត​នឹងប្រពន្ធខ្ញុំ។ វឌ្ឍលិច្ឆវិ ទទួល​ស្តាប់ពាក្យរបស់​មេត្តិយភិក្ខុ និងភុម្មជកភិក្ខុទាំងនោះថា ករុណា លោកម្ចាស់ ហើយក៏ចូល​ទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំ ហើយអង្គុយ​ក្នុងទី​ដ៏សមគួរ។ លុះវឌ្ឍលិច្ឆវិ អង្គុយក្នុងទីដ៏សមគួរហើយ ក៏ក្រាបបង្គំទូល​ព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ទីនេះមិនកំបាំង មិនសមគួរ បពិត្រ​ព្រះអង្គដ៏ចំរើន ទិសណា ដែលមិនមានភ័យ មិនមានចង្រៃ មិនមានឧបទ្រព ទិសនោះ ក៏ត្រឡប់​ទៅជា​មានភ័យ មានចង្រៃ មានឧបទ្រព ខ្យល់ចេញអំពីទិសណា ទិសនោះ ត្រឡប់​ទៅជាមាន​ខ្យល់ចូលវិញ ទឹក (ត្រជាក់) ត្រឡប់ទៅជាក្តៅវិញ ឥឡូវនេះ លោកម្ចាស់ទព្វមល្លបុត្ត ប្រទូស្ត​​នឹងភរិយារបស់ខ្ញុំ។

[២២១] ព្រោះនិទាននេះ ដំណើរនេះ ទើបព្រះមានព្រះភាគ ឲ្យប្រជុំភិក្ខុសង្ឃ ហើយទ្រង់​ត្រាស់សួរព្រះទព្វមល្លបុត្តមានអាយុថា ម្នាលទព្វៈ អ្នករលឹកមើល អ្នកបានធ្វើអំពើ​យ៉ាង​នេះ ដូចជាវឌ្ឍៈនេះពោលមែនឬ។ ព្រះទព្វមល្លបុត្ត ក្រាបបង្គំទូលថា បពិត្រព្រះអង្គ​ដ៏ចំរើន ព្រះមាន​ព្រះភាគ ទ្រង់ជ្រាបខ្ញុំព្រះអង្គស្រាប់ហើយ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់​ទៅ​នឹង​ព្រះទព្វមល្លបុត្ត ដ៏មានអាយុ ជាគំរប់ពីរដងផង។បេ។ ជាគំរប់បីដងផងថា ម្នាល​ទព្វៈ អ្នករលឹកមើល អ្នកបាន​ធ្វើ​អំពើយ៉ាងនេះ ដូចជាវឌ្ឍៈនេះពោលមែនឬ។ ព្រះទព្វមល្ល​បុត្ត ក្រាបបង្គំទូលថា បពិត្រព្រះអង្គ​ដ៏ចំរើន ព្រះមានព្រះភាគ ទ្រង់ជ្រាបខ្ញុំព្រះអង្គ​ស្រាប់ហើយ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលទព្វៈ អ្នកប្រាជ្ញទាំងឡាយ មិនពោល​បណ្តោះបណ្តៃយ៉ាងនេះទេ បើអំពើអ្វី ដែលអ្នកបាន​ធ្វើហើយ អ្នកចូរឆ្លើយថា ធ្វើហើយ បើអំពើ ដែលអ្នកមិនបានធ្វើទេ អ្នកចូរឆ្លើយថា មិនបាន​ធ្វើទេ។ ព្រះទព្វមល្លបុត្ត ក្រាប​បង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ តាំងអំពីកើតមក វេលាណា មិនដែល​ស្គាល់​សេពមេថុនធម្មទេ សូម្បីតែយល់សប្តិ ក៏មិនដែលឃើញឡើយ បាច់​និយាយទៅថ្វី ដល់ការ​ភ្ញាក់រលឹក។

[២២២] គ្រានោះ ព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំង​ឡាយ បើដូច្នោះ សង្ឃត្រូវផ្កាប់បាត្រដល់​វឌ្ឍលិច្ឆវិ គឺធ្វើមិនឲ្យសង្ឃសេពគប់រក។

[២២៣] ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវផ្កាប់បាត្រ ដល់ឧបាសកប្រកបដោយអង្គ៨ប្រការ គឺឧបាសកព្យាយាម ដើម្បីនឹងមិនឲ្យភិក្ខុទាំងឡាយបានលាភ១ ព្យាយាម ដើម្បីនឹងមិនឲ្យ​ភិក្ខុទាំងឡាយបានប្រយោជន៍១ ព្យាយាម ដើម្បីមិនឲ្យភិក្ខុទាំងឡាយបានទី​លំនៅ១ ជេរប្រទេច​ពួកភិក្ខុ១ បំបែកពួកភិក្ខុឲ្យបែកចាកពួកភិក្ខុ១ ពោលតិះដៀលព្រះពុទ្ធ១ ពោល​តិះដៀលព្រះធម៌១ ពោលតិះដៀលព្រះសង្ឃ១ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យ​ផ្កាប់បាត្រ ដល់ឧបាសក ដែលប្រកបដោយអង្គ៨ប្រការនេះឯង។

[២២៤] ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវផ្កាប់បាត្រយ៉ាងនេះ។ ភិក្ខុដែលឈ្លាស ប្រតិពល គប្បីផ្តៀងសង្ឃថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ (ដ្បិត) វឌ្ឍលិច្ឆវិ (ឧបាសក) ចោទ​ព្រះទព្វមល្លបុត្រមានអាយុ ដោយសីលវិបត្តិ មិនមានមូល បើកម្មមានកាលគួរ​ ដល់សង្ឃហើយ សង្ឃត្រូវផ្កាប់បាត្រ ដល់វឌ្ឍលិច្ឆវិ គឺធ្វើវឌ្ឍលិច្ឆវិ មិនឲ្យសង្ឃរាប់អាន។ នេះជាញត្តិ។ បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ វឌ្ឍលិច្ឆវិ ចោទ​ព្រះទព្វមល្លបុត្រ​ដ៏មានអាយុ ដោយសីលវិបត្តិ មិនមានមូល។ សង្ឃផ្កាប់បាត្រ ដល់វឌ្ឍលិច្ឆវិ គឺធ្វើវឌ្ឍលិច្ឆវិ មិនឲ្យ​សង្ឃ​រាប់​អាន។ ការផ្កាប់បាត្រ ដល់វឌ្ឍលិច្ឆវិ គឺធ្វើវឌ្ឍលិច្ឆវិ មិនឲ្យសង្ឃរាប់អាន គួរដល់​លោកដ៏​មានអាយុ​អង្គណា លោកដ៏មានអាយុអង្គនោះត្រូវស្ងៀម មិនគួរដល់​លោក​ដ៏មានអាយុអង្គណាទេ លោកដ៏​មានអាយុអង្គនោះ ត្រូវនិយាយឡើង។ សង្ឃបាន​ផ្កាប់បាត្រ ដល់វឌ្ឍលិច្ឆវិ គឺធ្វើវឌ្ឍលិច្ឆវិ មិន​ឲ្យសង្ឃរាប់អានហើយ ការផ្កាប់បាត្រនេះ គួរដល់សង្ឃ ព្រោះហេតុនោះ បានជាសង្ឃស្ងៀម។ ខ្ញុំ​សូមចាំទុកនូវរឿងនេះ ដោយ​អាការ​ស្ងៀមយ៉ាងនេះ។

[២២៥] គ្រានោះ ព្រះអានន្ទដ៏មានអាយុ ស្លៀកស្បង់ កាន់យកបាត្រ និងចីវរក្នុងបុព្វណ្ហ​សម័យ ចូលទៅកាន់ផ្ទះវឌ្ឍលិច្ឆវិ លុះចូលទៅដល់ហើយ ក៏ពោលនឹងវឌ្ឍលិច្ឆវិ​យ៉ាង​នេះថា ម្នាល​អាវុសោវឌ្ឍៈ សង្ឃបានផ្កាប់បាត្រ ដល់អ្នកហើយ ខ្លួនអ្នក សង្ឃលែង​រាប់អានហើយ។ ឯវឌ្ឍលិច្ឆវិ ឮដំណឹងថា សង្ឃផ្កាប់បាត្រ ដល់អាត្មាអញហើយ អាត្មាអញ សង្ឃលែងរាប់អានហើយ ក៏ជ្រប់​ដួល នៅក្នុងទីនោះឯង។ គ្រានោះ ពួកមិត្តអមាត្យ ញាតិសាលោហិត របស់វឌ្ឍលិច្ឆវិ ក៏បាន​និយាយទៅនឹងវឌ្ឍលិច្ឆវិ យ៉ាងនេះថា ណ្ហើយ អាវុសោ វឌ្ឍៈ អ្នកកុំសោយសោក កុំខ្សឹកខ្សួល​ឡើយ យើងនឹងធ្វើព្រះមានព្រះភាគ និងព្រះសង្ឃ ឲ្យជ្រះថ្លាឡើងវិញ។ លំដាប់នោះ វឌ្ឍលិច្ឆវិ ព្រមទាំងបុត្រ ភរិយា មិត្តអមាត្យ និងញាតិសាលោហិត មានសំពត់ទទឹក មានសក់ទទឹក នាំគ្នា​ចូលទៅ​គាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ឱនសិរ្សៈ ទៀបព្រះបាទទាំងគូ របស់​ព្រះមានព្រះភាគ ហើយពោលនឹងព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន សេចក្តី​ឆ្គាំឆ្គង មានដល់ខ្ញុំព្រះអង្គហើយ តាមដោយ​ខ្ញុំព្រះអង្គ ជាមនុស្សល្ងង់ ជាមនុស្ស​វង្វេង ជាមនុស្ស​មិនឈ្លាស ព្រោះថាខ្ញុំព្រះអង្គ បានចោទលោកម្ចាស់ទព្វមល្លបុត្រ ដោយ​សីលវិបត្តិ មិនមានមូល​ហើយ បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ អត់​សេចក្តី​ឆ្គាំឆ្គង តាមដោយសេចក្តី​ឆ្គាំឆ្គង​របស់ខ្ញុំព្រះអង្គ ដើម្បីនឹងសម្រួម​តទៅ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលអាវុសោវឌ្ឍៈ អើ សេចក្តី​ឆ្គាំឆ្គង មានដល់អ្នកហើយ តាមដោយអ្នក ជាមនុស្សល្ងង់ ជាមនុស្សវង្វេង ជាមនុស្ស​មិនឈ្លាស ព្រោះថាអ្នកបានចោទទព្វមល្លបុត្រ ដោយសីលវិបត្តិ មិនមានមូល​ហើយ ម្នាល​អាវុសោវឌ្ឍៈ (ឥឡូវនេះ) អ្នកឃើញ​សេចក្តី​ឆ្គាំឆ្គង តាមដោយសេចក្តី​ឆ្គាំឆ្គង ហើយសំដែង​ទោស សមគួរ​តាមដំណើរទោស យើងក៏​អត់ទោសនោះដល់អ្នក ម្នាលអាវុសោ វឌ្ឍៈ អ្នកណា បានឃើញ​សេចក្តីឆ្គាំឆ្គង តាមដោយ​សេចក្តីឆ្គាំឆ្គង ហើយសំដែងទោស សមគួរ​តាមដំណើរ​ទោស ដល់នូវ​សេចក្តី​សង្រួមតទៅ នេះជាសេចក្តី​ចំរើន របស់អ្នកនោះ ក្នុងអរិយវិន័យ។

[២២៦] គ្រានោះ ព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំង​ឡាយ បើដូច្នោះ សង្ឃចូរផ្ងារបាត្រ ដល់វឌ្ឍលិច្ឆវិ គឺធ្វើវឌ្ឍលិច្ឆវិ ឲ្យសង្ឃរាប់អាន​វិញ។ ម្នាល​ភិក្ខុទាំងឡាយ សង្ឃត្រូវផ្ងារបាត្រ ដល់ឧបាសក ដែលប្រកបដោយអង្គ៨ប្រការ គឺ​ឧបាសកមិន​ព្យាយាម ដើម្បីនឹងឲ្យសាបសូន្យលាភ របស់ភិក្ខុទាំងឡាយ១ មិនព្យាយាម ដើម្បី​ឲ្យខូច​ប្រយោជន៍ របស់ភិក្ខុទាំងឡាយ១ មិនព្យាយាម ដើម្បីឲ្យភិក្ខុទាំងឡាយ​ខាន​បានទី​លំនៅ១ មិនជេរប្រទេចភិក្ខុទាំងឡាយ១ មិនញុះញង់ភិក្ខុទាំងឡាយ ឲ្យបែកចាក​ភិក្ខុទាំងឡាយ១ មិនពោលតិះដៀលព្រះពុទ្ធ១ មិនពោលតិះដៀលព្រះធម៌១ មិនពោល​តិះដៀលព្រះសង្ឃ១ ម្នាលភិក្ខុ​ទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុ​ផ្ងារបាត្រ ដល់​ឧបាសក ដែលប្រកប​ដោយ​អង្គទាំង៨​​នេះ។

[២២៧] ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវផ្ងារបាត្រយ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ ត្រូវ​វឌ្ឍលិច្ឆវិនោះ ចូលទៅរកសង្ឃ ធ្វើសំពត់​បង់ក ឆៀងស្មាម្ខាង សំពះបាទាភិក្ខុទាំងឡាយ ហើយអង្គុយ​ច្រហោង ផ្គងអញ្ជលីឡើង និយាយយ៉ាងនេះថា បពិត្រព្រះសង្ឃដ៏ចំរើន សង្ឃបាន​ផ្កាប់បាត្រ ដល់ខ្ញុំហើយ សង្ឃលែងរាប់អាន​ខ្ញុំហើយ បពិត្រព្រះសង្ឃ​ដ៏ចំរើន (ឥឡូវ) ខ្ញុំ​បាន​ប្រព្រឹត្តវត្តដោយប្រពៃ ទាំងសម្លបរោម ប្រព្រឹត្តវត្ត គួរដល់​កិរិយា​រលាស់ខ្លួន ចេញចាក​ទោស ខ្ញុំមកសូមឲ្យព្រះសង្ឃ ផ្ងារបាត្រឡើងវិញ។ វឌ្ឍលិច្ឆវិនោះ ត្រូវ​សូមជា​គំរប់​ពីរដងផង ជាគំរប់​បីដងផង។

[២២៨] ភិក្ខុដែលឈ្លាស ប្រតិពល ត្រូវផ្តៀងសង្ឃថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃ​ស្តាប់ខ្ញុំ សង្ឃបានផ្កាប់បាត្រ ដល់វឌ្ឍលិច្ឆវិ គឺធ្វើមិនឲ្យសង្ឃ​រាប់អាន។ វឌ្ឍលិច្ឆវិនោះ បានប្រព្រឹត្តវត្ត ដោយប្រពៃ ទាំងសម្លបរោម ប្រព្រឹត្តវត្ត គួរដល់កិរិយារលាស់ខ្លួន​ចេញចាក​ទោស មកសូមឲ្យសង្ឃផ្ងារបាត្រឡើងវិញ។ បើកម្មមានកាលគួរ​ ដល់សង្ឃហើយ សង្ឃគប្បីផ្ងារបាត្រ ដល់វឌ្ឍលិច្ឆវិ គឺធ្វើឲ្យសង្ឃរាប់រកឡើងវិញ។ នេះជាញត្តិ។ បពិត្រ​ព្រះសង្ឃដ៏ចំរើន សូមសង្ឃ​ស្តាប់​ខ្ញុំ សង្ឃបានផ្កាប់បាត្រ ដល់វឌ្ឍលិច្ឆវិ គឺធ្វើមិនឲ្យ​សង្ឃរាប់រក។ (ឥឡូវនេះ) វឌ្ឍលិច្ឆវិនោះ បានប្រព្រឹត្តវត្ត ដោយប្រពៃ ទាំងសម្លបរោម ប្រព្រឹត្តវត្ត គួរដល់កិរិយារលាស់ខ្លួន​ចេញចាក​ទោស មកសូមឲ្យសង្ឃផ្ងារបាត្រឡើងវិញ។ សង្ឃក៏ផ្ងារបាត្រ ដល់វឌ្ឍលិច្ឆវិ គឺធ្វើឲ្យ​សង្ឃ​រាប់​អានឡើងវិញ។ ការផ្ងារបាត្រ ដល់​វឌ្ឍលិច្ឆវិ គឺធ្វើឲ្យសង្ឃរាប់អានឡើងវិញ គួរដល់​លោក​មាន​អាយុ​​អង្គណា លោកមាន​អាយុអង្គនោះត្រូវស្ងៀម មិនគួរដល់លោកមានអាយុអង្គណា លោក​មានអាយុអង្គនោះ ត្រូវនិយាយឡើង។ សង្ឃបានផ្ងារបាត្រ ដល់វឌ្ឍលិច្ឆវិ គឺធ្វើឲ្យសង្ឃ​រាប់រក​វិញ​ហើយ ការផ្ងារ​បាត្រនោះ គួរដល់សង្ឃ ព្រោះហេតុនោះ បានជាសង្ឃស្ងៀម។ ខ្ញុំ​សូមចាំទុក​នូវ​សេចក្តី​នេះ ដោយអាការស្ងៀមយ៉ាងនេះ។

[២២៩] គ្រានោះឯង ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងក្រុងវេសាលី គួរ​ដល់ពុទ្ធ​អធ្យាស្រ័យ ហើយទ្រង់ពុទ្ធដំណើរទៅកាន់ចារិក ក្នុងភគ្គជនបទ យាងទៅតាមលំដាប់ ក៏បានទៅដល់​ភគ្គជនបទនោះ។ ឮថា ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងភេសកឡាវ័ន [ព្រៃឈើ​ហិង្គុ ឬព្រៃនៃយក្ខិនី ឈ្មោះភេសកឡា នៅរក្សាគ្រប់គ្រង។] ជាទីឲ្យអភ័យ ដល់សត្វម្រឹគ ទៀបក្រុង​សុំសុមារគិរៈ ក្នុងភគ្គជនបទនោះ។

[២៣០] សម័យនោះឯង ពោធិរាជកុមារ ចាត់ការកសាងប្រាសាទ ឈ្មោះកោកនុទ [បាន​ជាឈ្មោះថា កោកនុទ ព្រោះប្រាសាទនោះ មានការរចនា មានលំអដូចផ្កាឈូកក្រហម។] ទើប​តែនឹងហើយថ្មីៗ ដែលសមណៈ និងព្រាហ្មណ៍ ឬបុគ្គលណានីមួយ ជាតិជាមនុស្ស មិនដែល​ធ្លាប់​បាននៅអាស្រ័យ។ លំដាប់នោះ ពោធិរាជកុមារ ទ្រង់ហៅសញ្ជិកាបុត្ត​មាណព​មកប្រាប់ថា នែ​សញ្ជិកាបុត្តសំឡាញ់ អ្នកចូរមក អ្នកចូលទៅគាល់​ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ថ្វាយបង្គំបាទាព្រះមានព្រះភាគដោយត្បូង ទូលសួរ​អាពាធតិចតួច សេចក្តីលំបាកតិចតួច សេចក្តី​ព្យាយាមស្រួល កម្លំាងកាយ និងធម៌ជាគ្រឿងនៅសប្បាយ តាមពាក្យអញថា បពិត្រព្រះអង្គដ៏​ចំរើន ពោធិរាជកុមារ សូមថ្វាយបង្គំព្រះបាទាព្រះអង្គ ដោយត្បូង ទូលសួរអាពាធតិចតួច សេចក្តី​លំបាកតិចតួច សេចក្តីព្យាយាមស្រួល កម្លាំងកាយ និងធម៌ ជាគ្រឿងនៅសប្បាយ ហើយទូល​យ៉ាងនេះ​ទៀតថា បពិត្រព្រះអង្គដ៏ចំរើន សូមព្រះអង្គ ព្រមទាំងភិក្ខុសង្ឃទទួលភត្តរបស់​ពោធិរាជ​កុមារ ដើម្បីឆាន់ក្នុងថ្ងៃស្អែក។ សញ្ជិកាបុត្តមាណព ទទួលព្រះបន្ទូលពោធិរាជកុមារថា ព្រះករុណាវិសេស ហើយក៏ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ពោលរាក់ទាក់ សំណេះសំណាល ទៅរកព្រះមានព្រះភាគ លុះបញ្ចប់ពាក្យ ដែលគួរ​ជាទី​រីករាយ និងពាក្យដែលគួររឭកហើយ អង្គុយក្នុងទីដ៏សមគួរ។ លុះសញ្ជិកាបុត្តមាណព អង្គុយ​នៅក្នុងទីដ៏សមគួរហើយ ក៏បានក្រាបបង្គំទូលព្រះមានព្រះភាគ ដោយពាក្យ​យ៉ាង​នេះថា ពោធិរាជកុមារ សូមថ្វាយបង្គំព្រះបាទាព្រះគោតមជាម្ចាស់ ដោយត្បូង ទូលសួរ​អាពាធតិចតួច សេចក្តី​លំបាកតិចតួច សេចក្តីព្យាយាមស្រួល កម្លាំងកាយ និងធម៌ ជាគ្រឿងនៅសប្បាយ មួយទៀត ពោធិរាជកុមារ ឲ្យក្រាបទូលព្រះអង្គ ​យ៉ាងនេះថា សូមព្រះគោតមដ៏ចំរើន ព្រមទាំង​ភិក្ខុសង្ឃ ទទួលភត្តរបស់​ពោធិរាជកុមារ ដើម្បីឆាន់ក្នុង​ថ្ងៃស្អែក។ ព្រះមានព្រះភាគ ទ្រង់ទទួល​ដោយតុណ្ហីភាព។ គ្រានោះ សញ្ជិកាបុត្តមាណព ដឹងថា ព្រះមានព្រះភាគទទួលនិមន្តហើយ ក៏​ក្រោកចាកអាសនៈ ចូលទៅរកពោធិរាជ​កុមារ លុះចូលទៅដល់ហើយ​ ក៏ក្រាបទូល​ពោធិរាជកុមារ យ៉ាងនេះថា ខ្ញុំព្រះអង្គ បានក្រាបបង្គំទូលព្រះគោតមមានព្រះភាគ តាមបន្ទូលរបស់ទ្រង់​ហើយថា ពោធិរាជកុមារ សូមថ្វាយបង្គំព្រះបាទាព្រះគោតមដ៏ចំរើន ដោយត្បូង ទូលសួរអាពាធតិចតួច សេចក្តី​លំបាកតិចតួច សេចក្តីព្យាយាមស្រួល កម្លាំងកាយ និងធម៌ ជាគ្រឿងនៅសប្បាយ មួយទៀត ពោធិរាជកុមារ ឲ្យក្រាប​ទូលព្រះអង្គយ៉ាងនេះថា សូមព្រះគោតមដ៏ចំរើន ព្រម​ទាំងភិក្ខុ​សង្ឃ​ ទទួលភត្ត របស់​ពោធិរាជកុមារ ដើម្បីឆាន់ក្នុងថ្ងៃស្អែក ព្រះសមណគោតម​ជា​ម្ចាស់ បាន​ទទួល​និមន្តហើយ។

[២៣១] លុះព្រឹកឡើង ពោធិរាជកុមារ ក៏ចាត់ចែងខាទនីយភោជនីយាហារដ៏ឧត្តម ហើយ​ឲ្យក្រាលកោកនុទប្រាសាទ ដោយសំពត់សទាំងឡាយ ដរាបដល់កាំជណ្តើរជាន់ខាង​ក្រោមបំផុត ហើយត្រាស់ហៅសញ្ជិកាបុត្តមាណពមកថា ម្នាលសញ្ជិកាបុត្ត សំឡាញ់ អ្នកចូរមក អ្នកចូរទៅ​គាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក្រាបថ្វាយបង្គំទូល​ភត្តកាល ដល់ព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន កាលគួរហើយ ភត្តក៏សម្រេច​ហើយ។ សញ្ជិកាបុត្តមាណព ទទួល​ព្រះបន្ទូល​ របស់ពោធិរាជកុមារថា ព្រះករុណាវិសេស ហើយក៏​ចូលទៅគាល់​ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំទូល​ភត្តកាល ដល់​ព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន កាលគួរហើយ ភត្តក៏សម្រេច​ហើយ។

[២៣២] គ្រានោះ ព្រះមានព្រះភាគ ទ្រង់ស្លៀកស្បង់ ទ្រង់បាត្រ ចីវរ ក្នុងបុព្វណ្ហសម័យ ទ្រង់​ពុទ្ធដំណើរទៅកាន់និវេសនស្ថាន របស់ពោធិរាជកុមារ។ សម័យនោះឯង ពោធិរាជ​កុមារ ឈរនៅខាងក្រៅខ្លោងទ្វារ រង់ចាំព្រះមានព្រះភាគ។ ពោធិរាជកុមារ បានឃើញ​ព្រះមានព្រះភាគ ទ្រង់ស្តេចយាងមកអំពីចំងាយលិមៗ លុះឃើញហើយ ក៏ក្រោកទៅ​ទទួល​ក្នុងទីនោះ ហើយក្រាប​ថ្វាយបង្គំព្រះមានព្រះភាគ និមន្តព្រះអង្គ ឲ្យស្តេច​យាងទៅ​ខាងមុខ ហើយចូលទៅកាន់​កោកនុទ​ប្រាសាទ។ វេលានោះ​ ព្រះមានព្រះភាគ ទ្រង់ឈប់​អាស្រ័យនៅកាំជណ្តើរជាន់ខាងក្រោម​បំផុត។ លំដាប់នោះ ពោធិរាជកុមារ ក្រាបថ្វាយបង្គំ ទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គ​ដ៏ចំរើន សូមព្រះមានព្រះភាគ ទ្រង់ជាន់​សំពត់ទាំងឡាយ បពិត្រព្រះអង្គដ៏ចំរើន សូម​ព្រះសុគត ទ្រង់ជាន់សំពត់ទាំងឡាយ ដើម្បី​ជា​ប្រយោជន៍ និងសេចក្តីសុខ ដល់ខ្ញុំព្រះអង្គ អស់កាលជា​យូរ​អង្វែង។ កាលពោធិរាជ​កុមារ ក្រាបបង្គំទូលយ៉ាងនេះហើយ ព្រះអង្គទ្រង់នៅស្ងៀម។ ពោធិរាជកុមារ ក្រាបបង្គំ​ទូលព្រះមានព្រះភាគ ជាគំរប់ពីរដងផង។បេ។ ជាគំរប់បីដងផងថា បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ ទ្រង់ជាន់សំពត់ទាំងឡាយ បពិត្រព្រះអង្គដ៏ចំរើន សូម​ព្រះសុគត ទ្រង់ស្តេចយាងជាន់សំពត់ទាំងឡាយ ដើម្បីជាប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់ខ្ញុំ​ព្រះអង្គ អស់កាលជា​យូរ​អង្វែង។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់បែរព្រះភក្ត្រ ទៅរក​ព្រះ​អានន្ទមានអាយុ។ ព្រះអានន្ទមានអាយុ ក៏មានថេរវាចាទៅនឹងពោធិរាជកុមារ យ៉ាងនេះ​ថា បពិត្ររាជកុមារ សូមទ្រង់សារសំពត់ចេញ ព្រះមានព្រះភាគ ព្រះអង្គ មិនទ្រង់​ជាន់​កម្រាល​សំពត់​ទេ ព្រះតថាគត ទ្រង់អនុគ្រោះដល់ប្រជុំជនជាខាងក្រោយ។ គ្រានោះ ពោធិរាជកុមារ ទ្រង់​ឲ្យសារ​សំពត់ទាំងឡាយចេញ ហើយទ្រង់ឲ្យក្រាលអាសនៈខាងលើ​កោកនុទប្រាសាទវិញ។ ព្រះមានព្រះភាគ ស្តេចយាងឡើងកាន់កោកនុទប្រាសាទ ហើយ​គង់​លើអាសនៈ ដែលគេក្រាល​ស្រេចហើយ ព្រមទាំងភិក្ខុសង្ឃ។ លំដាប់នោះ ពោធិរាជ​កុមារ បានអង្គាសខាទនីយ​ភោជនីយាហារ (បង្អែមចំអាប) ដ៏ឆ្ងាញ់ពីសារ ថ្វាយដោយ​ព្រះហស្ត​ព្រះអង្គឯង ចំពោះ​ព្រះភិក្ខុសង្ឃ មានព្រះពុទ្ធជាប្រធាន ឲ្យឆ្អែតស្កប់ស្កល់ ត្រាតែដល់ទ្រង់​ហាមឃាត់ លុះកំណត់​ជ្រាបថា ព្រះមានព្រះភាគ ទ្រង់សោយស្រេច លែងលូកព្រះហស្ត​ ទៅក្នុងបាត្រហើយ ក៏គង់ក្នុង​ទីសមគួរ។ លុះពោធិរាជកុមារ​ គង់ក្នុង​ទីសមគួរហើយ ទើប​ព្រះមានព្រះភាគ ទ្រង់សំដែងធម៌ ពន្យល់ឲ្យយល់ ឲ្យកាន់យក ឲ្យអាចហ៊ាន ឲ្យរីករាយ ដោយធម្មីកថា ហើយទ្រង់​ក្រោក​ចាក​អាសនៈ ស្តេចចេញទៅ។

[២៣៣] ព្រោះនិទាននេះ ដំណើរនេះ ព្រះមានព្រះភាគ ទ្រង់ធ្វើធម្មីកថា ត្រាស់ហៅ​ភិក្ខុទាំងឡាយមក ក្នុងពេលនោះថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវជាន់កម្រាល​សំពត់​ទេ ភិក្ខុណាជាន់ ត្រូវអាបត្តិទុក្កដ។

[២៣៤] សម័យនោះឯង មានស្រីម្នាក់ សម្រាលកូនរួចហើយ និមន្តភិក្ខុទាំងឡាយ ហើយក្រាលសំពត់ និយាយយ៉ាងនេះថា បពិត្រលោកទាំងឡាយដ៏ចំរើន សូមលោក​ទាំងឡាយ ជាន់សំពត់ចុះ។ ភិក្ខុទាំងឡាយ មានសេចក្តីរង្កៀស មិនហ៊ានជាន់។ ស្រីនោះនិយាយថា បពិត្រ​លោកទាំងឡាយដ៏ចំរើន សូមលោកទាំងឡាយ ជាន់សំពត់ ដើម្បីប្រយោជន៍ជាមង្គល។ ភិក្ខុ​ទាំងឡាយ ក៏នៅតែរង្កៀស មិនហ៊ានជាន់សំពត់ (ទៀត)។ លំដាប់នោះ ស្រីនោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា លោកម្ចាស់ទាំងឡាយ កាលបើគេអង្វរ ដើម្បីប្រយោជន៍ជាមង្គល មិន​សមបើនឹងមិនហ៊ានជាន់កម្រាល​សំពត់​សោះ។ ភិក្ខុទាំងឡាយ បានឮស្រីនោះ កំពុងពោលទោស តិះដៀល បន្តុះបង្អាប់។ ភិក្ខុអម្បាលនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះ​ព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ (បើ) គ្រហស្ថត្រូវការមង្គល ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាតឲ្យភិក្ខុ ដែលគ្រហស្ថអង្វរ ដើម្បីប្រយោជន៍​ជាមង្គល ជាន់​កម្រាលសំពត់​បាន។

[២៣៥] សម័យនោះឯង ភិក្ខុទាំងឡាយរង្កៀសនឹងជាន់កម្រាលសម្រាប់ភិក្ខុ ដែលមាន​ជើងស្អាតបាត។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះ​ព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុជាន់លើកម្រាល សម្រាប់​​ភិក្ខុ ដែល​មានជើងស្អាតបាត។

ចប់ភាណវារៈ ជាគំរប់ពីរ។

[២៣៦] គ្រានោះ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងភគ្គជនបទ គួរដល់ពុទ្ធអធ្យាស្រ័យ ហើយយាងទៅកាន់ចារិក ក្នុងក្រុងសាវត្ថី ទ្រង់ពុទ្ធដំណើរ ទៅកាន់ចារិក ដោយលំដាប់ ក៏បានដល់ទៅក្រុងសាវត្ថីនោះ។ ឮថា ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងជេតវនារាម របស់​អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថីនោះ។ លំដាប់នោះ នាងវិសាខាមិគារមាតា នាំយកក្អម និង​ទ្រនាប់សម្រាប់ជូតជើង មានរចនាដូចពកផ្លែឈូក [ទ្រនាប់សម្រាប់​ជូតជើង ដែលគេធ្វើ​ឲ្យ​មានពក កន្ទួលខ្ពស់ៗឡើង មានអាការដូចគ្រាប់ឈូក ដែលកន្ទួល​ផុលៗ ឡើងចេញពីផ្លែ។] និង​អម្បោស ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅ​ដល់ហើយ ក៏ក្រាបថ្វាយបង្គំ​ព្រះមានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះនាង​វិសាខា​មិគារមាតា អង្គុយ​ក្នុងទីដ៏សមគួរ​ហើយ បានក្រាបបង្គំទូល​ព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ ទទួលក្អម​ទ្រនាប់ជូតជើង និងអម្បោស ដើម្បីជាប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់ខ្ញុំម្ចាស់ អស់​កាលជាអង្វែងទៅ។ ព្រះមានព្រះភាគ ទ្រង់ទទួល​តែក្អម និងអម្បោស។ ព្រះអង្គ មិនទ្រង់​ទទួល​ទ្រនាប់​ជូតជើងឡើយ។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់ពន្យល់​នាងវិសាខាមិគារមាតា ឲ្យយល់ ឲ្យកាន់យក ឲ្យអាចហ៊ាន ឲ្យរីករាយ ដោយធម្មីកថា។ លំដាប់នោះ នាងវិសាខាមិគារមាតា កាលដែលព្រះមានព្រះភាគ ទ្រង់ពន្យល់ឲ្យយល់ ឲ្យកាន់យក ឲ្យអាចហ៊ាន ឲ្យរីករាយ ដោយ​ធម្មីកថាហើយ ក៏ក្រោកចាកអាសនៈ ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ធ្វើ​ប្រទក្សិណ ហើយចៀស​ចេញទៅ។

[២៣៧] ព្រោះនិទាននេះ ដំណើរនេះ ព្រះមានព្រះភាគ ទ្រង់ធ្វើធម្មីកថា ត្រាស់ហៅ​ភិក្ខុ​ទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតក្អម និងអម្បោស ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុ​មិនត្រូវ​ប្រើប្រាស់​ទ្រនាប់សម្រាប់ជូតជើង មានរចនាដូចពកផ្លែឈូក [ក្នុង​អដ្ឋកថា ពន្យល់ថា បានជាទ្រង់ហាម ព្រោះទ្រនាប់សម្រាប់ជូតជើងនោះ ប្រកបការច្រើន អស់បច្ច័យក៏ច្រើន។] ទេ ភិក្ខុណាប្រើប្រាស់ ត្រូវអាបត្តិទុក្កដ ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាតទ្រនាប់សម្រាប់​ជូត​ជើង​៣យ៉ាង គឺគ្រួស ឬដុំថ្ម១ អម្បែងក្បឿង ឬឥដ្ឋ១ ផ្សិត ដែលកើតពីពពុះទឹកសមុទ្រ១។

[២៣៨] គ្រាខាងក្រោយ នាងវិសាខាមិគារមាតា នាំយកផ្លិត៤ជ្រុង និងផ្លិតមូល [សារត្ថទីបនីដីកាពន្យល់ថា ផ្លិតមូល គេធ្វើដោយស្លឹកត្នោតជាដើម។] ចូលទៅគាល់​ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះមានព្រះភាគ អង្គុយ​ក្នុងទី​ដ៏សមគួរ។ លុះនាងវិសាខាមិគារមាតា អង្គុយក្នុងទីដ៏សមគួរហើយ ក៏ក្រាបបង្គំ​ទូល​ព្រះមានព្រះភាគ ដោយពាក្យដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន សូម​ព្រះមានព្រះភាគ ទទួលផ្លិត៤ជ្រុង និងផ្លិតមូល (ស្លឹកត្នោត) ដើម្បីជាប្រយោជន៍ ដើម្បី​សេចក្តីសុខ ដល់​ខ្ញុំម្ចាស់ អស់កាលជាអង្វែង។ ព្រះមានព្រះភាគ ទ្រង់ទទួលយកផ្លិត៤ជ្រុង ផ្លិតមូល (ស្លឹកត្នោត) រួចហើយ។ ទើប​ព្រះមានព្រះភាគ ទ្រង់ពន្យល់នាងវិសាខាមិគារមាតា ឲ្យយល់ (ប្រយោជន៍) ដោយធម្មីកថា។បេ។ ធ្វើប្រទក្សិណ រួចចៀសចេញទៅ។

[២៣៩] ព្រោះនិទាននេះ ដំណើរនេះ ទើបព្រះមានព្រះភាគ ទ្រង់ធ្វើធម្មីកថា ត្រាស់ហៅ​ភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតផ្លិត៤ជ្រុង និងផ្លិតមូល (ស្លឹកត្នោត)។

[២៤០] សម័យនោះឯង ផ្លិតសម្រាប់បក់មូស កើតឡើងដល់សង្ឃ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះ​ព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំង​ឡាយ តថាគតអនុញ្ញាតផ្លិតសម្រាប់បក់មូស។ (សម័យខាងក្រោយមក) ផ្លិតដែលគេធ្វើ​ដោយ​រោមចាមរី កើតឡើង (ដល់សង្ឃ)។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះ​ព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវប្រើប្រាស់ផ្លិត ដែលគេធ្វើដោយរោមចាមរី​ទេ ភិក្ខុណាប្រើប្រាស់ ត្រូវអាបត្តិទុក្កដ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតផ្លិត៣យ៉ាង គឺ ផ្លិត​ដែលគេធ្វើដោយសម្បកឈើ១ ផ្លិតដែលគេក្រង​ដោយស្បូវភ្លំាង១ ផ្លិតដែលគេធ្វើដោយរោម​កន្ទុយ​ក្ងោក១។

[២៤១] សម័យនោះឯង មានឆត្រកើតឡើងដល់សង្ឃ។ ភិក្ខុទាំងឡាយ ក្រាបបង្គំ​ទូលសេចក្តីនុ៎ះ ចំពោះ​ព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឆត្រ។

[២៤២] សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុបាំងឆត្រដើរទៅ។ សម័យនោះឯង មានឧបាសក​ម្នាក់​ដើរទៅកាន់ឱទ្យាន ជាមួយនឹងពួកសាវ័ក របស់​អាជីវកជាច្រើននាក់។ សាវ័ករបស់​អាជីវក​ទាំងឡាយនោះ បានឃើញពួកឆព្វគ្គិយភិក្ខុបាំងឆត្រ ដើរមកអំពីចម្ងាយលឹមៗ លុះឃើញហើយ ក៏និយាយនឹងឧបាសកនោះយ៉ាងនេះថា លោកទាំងអម្បាលនេះ ជា​ជីតុន​របស់អ្នក លោកបាំង​ឆត្រ​ដើរមក ដូចជាពួកមហាមាត្យត្រួតពល។ ឧបាសកនោះ​ក៏តបថា លោកទាំងអម្បាល​នេះ មិនមែនជាភិក្ខុទេ គឺជាបរិព្វាជក។ ពួកសាវ័កអាជីវក និងឧបាសក ក៏ភ្នាល់គ្នា​ដោយពាក្យថា ភិក្ខុ (ឬ) មិនមែនជាភិក្ខុ។ ទើប​ឧបាសកនោះ ដើរចូលទៅជិត មើល​ស្គាល់ច្បាស់ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ហេតុអ្វី​ក៏លោកម្ចាស់ដ៏ចំរើន បាំងឆត្រដើរ។ ភិក្ខុទាំងឡាយ បានឮ​ឧបាសក​នោះ ពោលទោស តិះដៀល បន្តុះបង្អាប់ដូច្នោះ។ ទើប​ភិក្ខុទាំងនោះ ក្រាបបង្គំទូល​សេចក្តីនុ៎ះ ចំពោះ​ព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ (អំពើនោះ) ពិតមែនឬ។បេ។ ភិក្ខុទាំងអម្បាលនោះ ក្រាបទូលថា បពិត្រព្រះមានព្រះភាគ ពិតមែន។បេ។ ព្រះអង្គ ទ្រង់បន្ទោស រួចហើយទ្រង់ធ្វើធម្មីកថា ត្រាស់​ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុ​ទាំង​ឡាយ ភិក្ខុមិនត្រូវប្រើប្រាស់ឆត្រទេ ភិក្ខុណាប្រើប្រាស់ ត្រូវអាបត្តិទុក្កដ។

[២៤៣] សម័យនោះឯង ភិក្ខុ១រូបទៀតមានជម្ងឺ។ ភិក្ខុនោះ បើខានបាំងឆត្រ មិនបាន​សេចក្តីសប្បាយ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលដំណើរនុ៎ះ ចំពោះ​ព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឆត្រ ដល់ភិក្ខុមានជម្ងឺ។

[២៤៤] សម័យនោះឯង ភិក្ខុទាំងឡាយដឹងថា ព្រះមានព្រះភាគ ទ្រង់អនុញ្ញាតឆត្រ ដល់​ភិក្ខុមានជម្ងឺតែម្យ៉ាង មិនបានទ្រង់អនុញ្ញាត ដល់ភិក្ខុគ្មានជម្ងឺទេ ហើយរង្កៀសនឹងការបាំង​ឆត្រ​ក្នុងអារាម និងឧបចាររបស់អារាម។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះ​ព្រះមាន​ព្រះ​ភាគ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យ​ភិក្ខុ​មិនមានជម្ងឺ​បាំងឆត្រ​ក្នុងអារាម និងឧបចារនៃអារាមបាន។

[២៤៥] សម័យនោះឯង ភិក្ខុ១រូបច្រកបាត្រក្នុងសង្រែក ហើយពាក់លើឈើច្រត់ ដើរទៅ​តាមទ្វារស្រុកមួយ ក្នុងវេលាវិកាល។ មនុស្សទាំងឡាយនាំគ្នានិយាយថា បពិត្រអ្នកម្ចាស់​ទាំង​ឡាយ បុរសនេះជាចោរដើរទៅ ដាវរបស់វា (មានមុខ) ភ្លឺស្ងាច ហើយក៏ដេញតាមចាប់ លុះចាប់​បានហើយ ស្គាល់ថា (ជាភិក្ខុ) ក៏លែងទៅវិញ។ ទើបភិក្ខុនោះទៅកាន់អារាម ប្រាប់​សេចក្តីនុ៎ះ ដល់ភិក្ខុផងគ្នា។ ភិក្ខុទាំងអម្បាលនោះ សួរថា ម្នាលអាវុសោ អ្នកទ្រទ្រង់​ឈើច្រត់​ទាំងសង្រែក ឬអ្វី។ ភិក្ខុនោះប្រាប់ថា អើអាវុសោ។ ភិក្ខុទាំងឡាយណា មានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុទាំងឡាយ​នោះ ពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុមិនសម​បើនឹងទ្រទ្រង់ឈើច្រត់ ទាំងសង្រែកសោះ។ ទើបភិក្ខុទាំងអម្បាលនោះ ក្រាបបង្គំ​ទូលសេចក្តីនុ៎ះ ចំពោះ​ព្រះមានព្រះ​ភាគ។បេ។ ព្រះអង្គ ទ្រង់បន្ទោស ហើយ​ទ្រង់ធ្វើធម្មីកថា ត្រាស់ហៅ​ភិក្ខុ​ទាំងឡាយមកថា ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុមិនត្រូវ​ប្រើប្រាស់​ឈើច្រត់ទាំងសង្រែកទេ ភិក្ខុណា​ប្រើប្រាស់ ត្រូវអាបត្តិទុក្កដ។

[២៤៦] សម័យនោះឯង ភិក្ខុ១រូបមានជម្ងឺ តែវៀរលែងឈើច្រត់ចេញហើយ មិនអាច​នឹងដើរទៅមកបាន។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលដំណើរនុ៎ះ ចំពោះ​ព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យសង្ឃ ឲ្យទណ្ឌសម្មតិ ដល់ភិក្ខុ​មានជម្ងឺ។

[២៤៧] ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវឲ្យយ៉ាងនេះ។ ភិក្ខុមានជម្ងឺនោះ ត្រូវចូលទៅរក​សង្ឃ ហើយធ្វើឧត្តរាសង្គៈ ឆៀងស្មាម្ខាង ថ្វាយបង្គំបាទារបស់ភិក្ខុចាស់ទាំងឡាយ ហើយអង្គុយ​ច្រហោង ផ្គងអញ្ជលី ពោលពាក្យយ៉ាងនេះថា បពិត្រព្រះសង្ឃដ៏ចំរើន ខ្ញុំមានជម្ងឺ បើវៀរលែង​ឈើ​ច្រត់​ចេញ ក៏មិនអាចនឹងដើរទៅមកបាន បពិត្រព្រះសង្ឃដ៏​ចំរើន ខ្ញុំសូមទណ្ឌសម្មតិ​នឹង​សង្ឃ។ ភិក្ខុនោះគប្បីសូមជាគំរប់ពីរដងផង គប្បីសូមជាគំរប់​បី​ដងផង។

[២៤៨] ភិក្ខុដែលឈ្លាស ប្រតិពល ត្រូវផ្តៀងសង្ឃថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃ​ស្តាប់ខ្ញុំ ភិក្ខុឈ្មោះនេះ នេះមានជម្ងឺ តែវៀរលែងឈើច្រត់ចេញហើយ ក៏មិនអាច​នឹងដើរទៅ​មក​បាន ភិក្ខុនោះមកសូមទណ្ឌសម្មតិនឹងសង្ឃ។ បើកម្មមានកាលគួរ ដល់​សង្ឃ​ហើយ សង្ឃគប្បី​ឲ្យ​ទណ្ឌសម្មតិ ដល់ភិក្ខុឈ្មោះនេះ។ នេះជាញត្តិ។ បពិត្រ​ព្រះសង្ឃដ៏ចំរើន សូម​សង្ឃ​ស្តាប់ខ្ញុំ ភិក្ខុ​ឈ្មោះ​នេះនេះ មានជម្ងឺ តែវៀរលែង​ឈើច្រត់​ចេញ ក៏មិនអាចនឹងដើរទៅមកបាន ភិក្ខុនោះ មកសូមទណ្ឌសម្មតិនឹងសង្ឃ។ សង្ឃឲ្យ​ទណ្ឌសម្មតិ ដល់ភិក្ខុឈ្មោះនេះ។ ការឲ្យទណ្ឌសម្មតិ ដល់ភិក្ខុឈ្មោះនេះ គួរដល់​លោកមានអាយុអង្គណា លោកមានអាយុ​អង្គនោះ ត្រូវស្ងៀម មិនគួរដល់​លោកមាន​អាយុអង្គណា លោកមានអាយុអង្គនោះ ត្រូវពោលឡើង។ សង្ឃ​បានឲ្យទណ្ឌសម្មតិ ដល់ភិក្ខុឈ្មោះនេះហើយ ការឲ្យនោះ គួរដល់សង្ឃ ព្រោះហេតុនោះ បានជា​សង្ឃស្ងៀម។ ខ្ញុំសូមចាំទុក នូវសេចក្តីនេះ ដោយអាការស្ងៀមយ៉ាងនេះ។

[២៤៩] សម័យនោះឯង ភិក្ខុ១រូប មានជម្ងឺ តែវៀរលែងសង្រែកចេញ ក៏មិនអាច​នឹងនាំ​យកបាត្រទៅបាន។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះ​ព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ឲ្យសង្ឃឲ្យសិក្កាសម្មតិ ដល់ភិក្ខុមានជម្ងឺ។

[២៥០] ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវឲ្យយ៉ាងនេះ។ ភិក្ខុដែលមានជម្ងឺ ត្រូវចូលទៅរក​សង្ឃ ហើយធ្វើ​ឧត្តរាសង្គៈ ឆៀងស្មាម្ខាង ថ្វាយបង្គំបាទារបស់ភិក្ខុចាស់ទាំងឡាយ ហើយ​អង្គុយច្រហោង ផ្គង​អញ្ជលី ពោលពាក្យយ៉ាងនេះថា បពិត្រព្រះសង្ឃដ៏ចំរើន ខ្ញុំមានជម្ងឺ បើវៀរលែងសង្រែកចេញ ក៏មិនអាចនាំយកបាត្រទៅបាន បពិត្រព្រះសង្ឃដ៏ចំរើន (ឥឡូវ​នេះ) ខ្ញុំមកសូមសិក្កាសម្មតិនឹង​សង្ឃ។ ភិក្ខុនោះ គប្បីសូមជាគំរប់ពីរដងផង គប្បីសូម​ជាគំរប់​បីដងផង។

[២៥១] ភិក្ខុដែលឈ្លាស ប្រតិពល គប្បីផ្តៀងសង្ឃថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃ​ស្តាប់ខ្ញុំ ភិក្ខុឈ្មោះនេះនេះ មានជម្ងឺ តែវៀរលែងសង្រែកចេញហើយ ក៏មិនអាច​នាំយក​បាត្រទៅ​បាន (ឥឡូវនេះ) ភិក្ខុនោះមកសូមសិក្កាសម្មតិនឹងសង្ឃ។ បើកម្មមានកាលគួរ ដល់សង្ឃហើយ សង្ឃគប្បី​ឲ្យសិក្កាសម្មតិ ដល់ភិក្ខុឈ្មោះនេះ។ នេះជាញត្តិ។ បពិត្រ​ព្រះសង្ឃដ៏ចំរើន សូម​សង្ឃ​ស្តាប់ខ្ញុំ ភិក្ខុឈ្មោះនេះនេះ មានជម្ងឺ តែវៀរលែងសង្រែកចេញ ក៏មិនអាចនាំយក​បាត្រទៅបាន (ឥឡូវនេះ) ភិក្ខុនោះ មកសូមសិក្កាសម្មតិនឹងសង្ឃ។ សង្ឃក៏ឲ្យសិក្កាសម្មតិ ដល់ភិក្ខុឈ្មោះនេះ។ ការឲ្យសិក្កាសម្មតិ ដល់ភិក្ខុឈ្មោះនេះ គួរដល់លោកមានអាយុអង្គណា លោកមានអាយុ​អង្គនោះ ត្រូវស្ងៀម មិនគួរដល់​លោក​មានអាយុអង្គណា លោកមានអាយុអង្គនោះ ត្រូវពោលឡើង។ សង្ឃ​ឲ្យសិក្កាសម្មតិ ដល់ភិក្ខុឈ្មោះនេះហើយ ការឲ្យនោះ គួរដល់សង្ឃ ព្រោះហេតុនោះ បានជា​សង្ឃស្ងៀម។ ខ្ញុំសូមចាំទុក នូវសេចក្តីនេះ ដោយអាការស្ងៀមយ៉ាងនេះ។

[២៥២] សម័យនោះឯង ភិក្ខុ១រូប មានជម្ងឺ តែវៀរលែងឈើច្រត់ ចេញ ក៏មិនអាច​នឹងដើរទៅ​មក បើវៀរលែងសង្រែកចេញ ក៏មិនអាច​នឹងនាំ​យកបាត្រទៅបាន។ ភិក្ខុទាំង​ឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះ​ព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ឲ្យសង្ឃឲ្យទណ្ឌសិក្កាសម្មតិ ដល់ភិក្ខុមានជម្ងឺ។ ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវឲ្យយ៉ាងនេះ។ ភិក្ខុដែលមានជម្ងឺនោះ ត្រូវចូលទៅរកសង្ឃ ហើយធ្វើ​ឧត្តរាសង្គៈ ឆៀងស្មាម្ខាង ថ្វាយបង្គំបាទានៃភិក្ខុចាស់ទាំងឡាយ ហើយអង្គុយ​ច្រហោង ផ្គង​អញ្ជលី ពោលពាក្យយ៉ាងនេះថា បពិត្រព្រះសង្ឃដ៏ចំរើន ខ្ញុំមានជម្ងឺ តែវៀរ​លែងឈើច្រត់ចេញ ក៏មិនអាចនឹងដើរទៅមក តែវៀរលែងសង្រែកចេញ ក៏មិនអាចនឹង​នាំយកបាត្រទៅបាន បពិត្រព្រះសង្ឃដ៏ចំរើន ខ្ញុំមកសូមទណ្ឌសិក្កាសម្មតិនឹង​សង្ឃ។ ភិក្ខុនោះ គប្បីសូម​ ជាគំរប់​ពីរដងផង គប្បីសូម ជាគំរប់​បីដងផង។

[២៥៣] ភិក្ខុដែលឈ្លាស ប្រតិពល គប្បីផ្តៀងសង្ឃថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃ​ស្តាប់ខ្ញុំ ភិក្ខុឈ្មោះនេះនេះ មានជម្ងឺ តែវៀរលែងឈើច្រត់ចេញ ក៏មិនអាច​នឹងដើរទៅមក វៀរលែងតែសង្រែកចេញ ក៏មិនអាចនឹងនាំយកបាត្រទៅ​បាន (ឥឡូវនេះ) ភិក្ខុនោះ សូម​ទណ្ឌសិក្កាសម្មតិនឹងសង្ឃ។ បើកម្មមានកាលគួរ ដល់សង្ឃហើយ សង្ឃគប្បី​ឲ្យ​ទណ្ឌសិក្កាសម្មតិ ដល់ភិក្ខុឈ្មោះនេះ។ នេះជាញត្តិ។ បពិត្រព្រះសង្ឃដ៏ចំរើន សូម​សង្ឃ​ស្តាប់ខ្ញុំ ភិក្ខុឈ្មោះនេះនេះ មានជម្ងឺ តែវៀរលែងឈើច្រត់ចេញ ក៏មិនអាចនឹងដើរទៅមក វៀរលែងសង្រែកចេញ ក៏មិនអាចនឹងនាំយក​បាត្រទៅបាន (ឥឡូវនេះ) ភិក្ខុនោះ មកសូម​ទណ្ឌសិក្កាសម្មតិ​នឹងសង្ឃ។ សង្ឃឲ្យទណ្ឌសិក្កាសម្មតិ ដល់ភិក្ខុឈ្មោះនេះ។ ការឲ្យ​ទណ្ឌសិក្កា​សម្មតិ ដល់ភិក្ខុឈ្មោះនេះ គួរដល់លោកមានអាយុអង្គណា លោកមានអាយុ​អង្គនោះ ត្រូវស្ងៀម មិនគួរដល់លោកមានអាយុអង្គណា លោកមានអាយុអង្គនោះ ត្រូវ​ពោល​ឡើង។ សង្ឃ​បានឲ្យទណ្ឌសិក្កាសម្មតិ ដល់ភិក្ខុឈ្មោះនេះហើយ ការឲ្យនោះ គួរ​ដល់​សង្ឃ ព្រោះ​ហេតុនោះ បានជា​សង្ឃស្ងៀម។ ខ្ញុំសូមចាំទុក នូវសេចក្តីនេះ ដោយ​អាការ​ស្ងៀមយ៉ាងនេះ។

[២៥៤] សម័យនោះឯង ភិក្ខុ១រូបទំពាអៀងជាប្រក្រតី។ ភិក្ខុនោះទំពាអៀងៗ ហើយលេប​ចូលទៅ។ ភិក្ខុទាំងឡាយ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុនេះឆាន់ភោជន ក្នុងវេលា​វិកាល។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះ​ព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុនេះទើបតែច្យុតមកអំពី​កំណើតនៃគោ ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាតទំពាអៀង ដល់ភិក្ខុអ្នកទំពាអៀង ជាប្រក្រតី ម្នាលភិក្ខុទាំងឡាយ ប៉ុន្តែភិក្ខុកុំខ្ជាក់អាហារចេញមកខាងក្រៅទ្វារមាត់ ហើយលេបចូល​ទៅវិញ បើភិក្ខុណា លេបចូលទៅវិញ វិនយធរគប្បីឲ្យភិក្ខុនោះធ្វើតាមធម៌ (សំដែង​អាបត្តិ​ចេញ)។

[២៥៥] សម័យនោះឯង មានសង្ឃភត្តរបស់ប្រជុំជន១ពួក។ គ្រាប់បាយដ៏ច្រើន ក៏ជ្រុស​រោយរាយ ក្នុងរោងភត្ត។ មនុស្សទាំងឡាយ ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួក​សមណសក្យបុត្តិយ៍ កាលបើគេកំពុងប្រគេនបាយ មិនសមបើ មិនទទួលដោយសេចក្តី​គោរព​សោះ ធម្មតា គ្រាប់បាយមួយគ្រាប់ៗ រមែងញុំាងការងារច្រើន ឲ្យសម្រេចបាន។ ភិក្ខុទាំងឡាយ បានឮមនុស្សទាំងនោះ ពោលទោស តិះដៀល បន្តុះបង្អាប់ (ដូច្នោះ)។ ទើបភិក្ខុទាំងអម្បាល​នោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះ​ព្រះមានព្រះភាគ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុ​ទាំង​ឡាយ គ្រាប់បាយណា ដែលគេកំពុងឲ្យ ហើយធ្លាក់​ចុះ តថាគតអនុញ្ញាត​ឲ្យភិក្ខុ​រើសគ្រាប់បាយ​នោះ​ខ្លួនឯង ហើយឆាន់ចុះ ព្រោះហេតុអ្វី ម្នាលភិក្ខុទាំងឡាយ ព្រោះថា គ្រាប់បាយនោះ ទាយក​គេលះ គឺប្រគេនរួចស្រេចហើយ។

[២៥៦] សម័យនោះឯង ភិក្ខុ១រូបមានក្រចកវែង ដើរទៅបិណ្ឌបាត។ ស្រីម្នាក់ឃើញ​ហើយ និយាយនឹងភិក្ខុនោះដូច្នេះថា បពិត្រលោកដ៏ចំរើន សូមលោកម្ចាស់និមន្តមក​សេព​មេថុនធម្ម (នឹង​ខ្ញុំចុះ)។ ភិក្ខុនោះឃាត់ថា នែប្អូនស្រី កុំឡើយ ការនុ៎ះ មិនគួរទេ។ ស្រីនោះ និយាយទៀតថា បពិត្រ​លោកដ៏ចំរើន បើលោកម្ចាស់មិនសេពទេ ខ្ញុំនឹងខ្វារក្រចៅខ្លួន ដោយក្រចករបស់ខ្លួន ហើយនឹង​ស្រែកឥឡូវនេះថា ភិក្ខុនេះ ធ្វើវិប្បការនឹងខ្ញុំ។ ភិក្ខុនោះ ក៏បណ្តោយថា ប្អូនស្រី នាងឯងចូរដឹង​ចុះ។ ទើបស្រីនោះ ខ្វារក្រចៅរាងកាយ ដោយ​ក្រចករបស់ខ្លួន ហើយស្រែកថា ភិក្ខុនេះធ្វើវិប្បការ​នឹងខ្ញុំ។ មនុស្សទាំងឡាយ ក៏ស្ទុះទៅ​ចាប់ភិក្ខុនោះ។ មនុស្សទាំងអម្បាលនោះ បានឃើញ​ស្បែក និងឈាមក្នុងក្រចកស្រីនោះ លុះឃើញហើយ ក៏ជឿជាក់ថា ភិក្ខុនេះ មិនបានធ្វើកម្មនេះ ដល់ស្រី​នេះទេ ហើយក៏លែង​ភិក្ខុនោះទៅ។ ទើបភិក្ខុនោះ ទៅកាន់អារាមប្រាប់ដំណើរ​នុ៎ះ ដល់ភិក្ខុ​ផងគ្នា។ ភិក្ខុទាំង​ឡាយសួរថា ម្នាលលោកមានអាយុ ចុះលោកទុកក្រចកវែងឬ។ ភិក្ខុនោះប្រាប់ថា អើ​អាវុសោ។ ពួកភិក្ខុណា មានសេចក្តីប្រាថ្នាតិច។បេ។ ពួកភិក្ខុនោះ ពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុមិនសមបើនឹងទុកក្រចកវែងសោះ។ លំដាប់នោះ ភិក្ខុទាំងអម្បាលនោះ ក្រាបបង្គំទូលដំណើរនុ៎ះ ចំពោះ​ព្រះមានព្រះភាគ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុមិនត្រូវទុកក្រចកវែងទេ ភិក្ខុណាទុក ត្រូវអាបត្តិទុក្កដ។

[២៥៧] សម័យនោះឯង ភិក្ខុទាំងឡាយ កាត់ក្រចកដោយក្រចកខ្លះ។ កាត់ក្រចក​ដោយមាត់​ខ្លះ។ ត្រដុសក្រចកនឹងជញ្ជាំងខ្លះ។ ម្រាមដៃទាំងឡាយ ក៏ឈឺចាប់។ ភិក្ខុទាំង​ឡាយ ក្រាបបង្គំទូលដំណើរនុ៎ះ ចំពោះ​ព្រះមានព្រះភាគ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំង​ឡាយ តថាគតអនុញ្ញាតនូវកាំបិតកាត់ក្រចក។ ភិក្ខុទាំងនោះ កាត់ក្រចក​ត្រាតែដល់​ឈាម។ ម្រាមដៃទាំងឡាយ ក៏ឈើចាប់។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ឲ្យភិក្ខុកាត់ក្រចកត្រឹមនឹងសាច់។

[២៥៨] សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុ ឲ្យគេខាត់ក្រចកទាំង២០។ មនុស្សទាំងឡាយ ពោលទោស តិះដៀល បន្តុះបង្អាប់ថា។បេ។ ដូចពួកគ្រហស្ថ អ្នកបរិភោគកាម។បេ។ ភិក្ខុទាំង​ឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះ​ព្រះមានព្រះភាគ។បេ។ ព្រះអង្គ ទ្រង់​ត្រាស់​ថា ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុមិនត្រូវ​ឲ្យគេខាត់ក្រចកទាំង២០ទេ ភិក្ខុណាឲ្យគេខាត់ ត្រូវអាបត្តិ​ទុក្កដ ម្នាលភិក្ខុ​ទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុគ្រាន់តែជម្រះ​ក្អែល​ប៉ុណ្ណោះ។

[២៥៩] សម័យនោះឯង ភិក្ខុទាំងឡាយមានសក់វែង។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូល​ដំណើរនុ៎ះ ចំពោះ​ព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់សួរថា នែភិក្ខុទាំងឡាយ ភិក្ខុទាំងឡាយ អាចនឹងកោរសក់គ្នាទៅវិញទៅមកបានឬទេ។ ភិក្ខុទាំងនោះ ក្រាបបង្គំ​ទូល​ថា បពិត្រ​ព្រះមានព្រះភាគ អាច​នឹងកោរបាន។ ព្រោះនិទាននេះ ដំណើរនេះ ទើបព្រះមានព្រះភាគ ឲ្យប្រជុំភិក្ខុសង្ឃ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយមក អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត​កាំបិតកោរ ថ្មសំលៀងកាំបិតកោរ ស្រោមកាំបិតកោរ គ្រឿងស្មាច់ដែលគេធ្វើដោយរោមចៀម និងគ្រឿងប្រដាប់កាំបិតកោរ​ទាំងពួង។

[២៦០] សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុ ឲ្យគេកាត់ពុកមាត់ (ដោយកន្ត្រៃខ្លះ)។ ទុក​ពុកមាត់ (ឲ្យវែង)ខ្លះ។ ឲ្យគេធ្វើពុកចង្កាឲ្យវែង ដូចជាពុកចង្កាពពែខ្លះ។ ឲ្យគេធ្វើពុកមាត់​ជា៤ជ្រុងខ្លះ។ ប្រមូលជួររោមត្រង់ទ្រូងខ្លះ។ ទុកជួររោមត្រង់ពោះខ្លះ។ ទុកពុកមាត់ឲ្យ​ដូចជា​ចង្កូមខ្លះ។ ឲ្យគេដករោមក្នុងទីចង្អៀតខ្លះ។ មនុស្សទាំងឡាយ ពោលទោស តិះដៀល បន្តុះបង្អាប់ថា។បេ។ ដូចពួកគ្រហស្ថ អ្នកបរិភោគកាម។បេ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលដំណើរនុ៎ះ ចំពោះ​ព្រះមានព្រះភាគ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាល​ភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវឲ្យគេកាត់ពុកមាត់ (ដោយកន្ត្រៃ) មិនត្រូវទុកពុកមាត់ ឲ្យវែង មិនត្រូវឲ្យគេធ្វើពុកចង្កាឲ្យវែង (ដូចជាពុកចង្កាពពែ) មិនត្រូវឲ្យគេធ្វើពុកមាត់​៤ជ្រុង មិន​ត្រូវប្រមូលជួររោមត្រង់ទ្រូង មិនត្រូវទុកជួររោមត្រង់ពោះ មិនត្រូវទុកពុកមាត់ឲ្យ​ដូចជា​ចង្កូម មិនត្រូវឲ្យគេដករោមក្នុងទីចង្អៀត ភិក្ខុណាឲ្យគេដក ត្រូវអាបត្តិទុក្កដ។

[២៦១] សម័យនោះឯង ភិក្ខុមួយរូបកើតដំបៅក្នុងទីចង្អៀត។ លាបថ្នាំមិនជាប់។បេ។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលដំណើរនុ៎ះ ចំពោះ​ព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ (បើ) មានអាពាធជាហេតុ តថាគតអនុញ្ញាតឲ្យភិក្ខុ ឲ្យគេដករោម​ក្នុងទី​ចង្អៀតបាន។

[២៦២] សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុប្រើគេឲ្យកាត់សក់ ដោយកន្ត្រៃ។ មនុស្សទាំង​ឡាយ ពោលទោស តិះដៀល បន្តុះបង្អាប់ថា។បេ។ ដូចពួកគ្រហស្ថ អ្នក​បរិភោគ​កាម។បេ។ ភិក្ខុទាំងឡាយ ក៏ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះ​ព្រះមានព្រះភាគ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវឲ្យគេកាត់សក់ ដោយកន្ត្រៃទេ។ ភិក្ខុណា​ឲ្យគេ​កាត់ ត្រូវអាបត្តិទុក្កដ។

[២៦៣] សម័យនោះឯង ភិក្ខុ១រូប កើតដំបៅត្រង់ក្បាល។ ភិក្ខុនោះ មិនអាច​នឹងកោរសក់​ ដោយកាំបិតកោរបាន។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលរឿងនុ៎ះ ចំពោះ​ព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ (បើ) មានអាពាធជាហេតុ តថាគតអនុញ្ញាត​ឲ្យភិក្ខុ ឲ្យគេកាត់​សក់ដោយកន្ត្រៃបាន។

[២៦៤] សម័យនោះឯង ភិក្ខុទាំងឡាយ ទុករោមច្រមុះវែង។ មនុស្សទាំងឡាយ ពោលទោស តិះដៀល បន្តុះបង្អាប់ថា។បេ។ ដូចបិសាច។បេ។ ភិក្ខុទាំងឡាយ ក្រាបបង្គំ​ទូលដំណើរនុ៎ះ ចំពោះ​ព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវទុករោមច្រមុះឲ្យវែងទេ ភិក្ខុណាទុក ត្រូវអាបត្តិទុក្កដ។

[២៦៥] សម័យនោះឯង ភិក្ខុទាំងឡាយ ឲ្យគេដករោមច្រមុះ ដោយដុំក្រួសខ្លះ ដោយ​ក្រមួនឃ្មុំខ្លះ។ ច្រមុះក៏ឈឺចាប់។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាតសណ្ឌាស។

[២៦៦] សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុឲ្យគេដកសក់ស្កូវ។ មនុស្សទាំងឡាយ ពោល​ទោស តិះដៀល បន្តុះបង្អាប់ថា។បេ។ ដូចពួកគ្រហស្ថ អ្នកបរិភោគកាម។បេ។ ភិក្ខុទាំង​ឡាយ ក្រាបបង្គំទូលដំណើរនុ៎ះ ចំពោះ​ព្រះមានព្រះភាគ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវឲ្យគេដកសក់ស្កូវទេ ភិក្ខុណាឲ្យគេដក ត្រូវអាបត្តិទុក្កដ។

[២៦៧] សម័យនោះឯង ភិក្ខុមួយរូបមានត្រចៀកថ្លង់ ដោយអាចម៍ត្រចៀក។បេ។ ពួកភិក្ខុ ក្រាបបង្គំទូលដំណើរនុ៎ះ ចំពោះ​ព្រះមានព្រះភាគ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ តថាគតអនុញ្ញាតចង្កៀលអាចម៍ត្រចៀក។

[២៦៨] សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុ ប្រើប្រាស់ចង្កៀលអាចម៍ត្រចៀកខ្ពស់និងទាប (មិនរាបសា) គឺធ្វើដោយមាសខ្លះ ដោយប្រាក់ខ្លះ។ មនុស្សទាំងឡាយ ពោលទោស តិះដៀល បន្តុះបង្អាប់ថា។បេ។ ដូចពួកគ្រហស្ថ អ្នកបរិភោគកាម។បេ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលដំណើរនុ៎ះ ចំពោះ​ព្រះមានព្រះភាគ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុមិនត្រូវប្រើប្រាស់ចង្កៀលអាចម៍ត្រចៀកខ្ពស់ និងទាប (មិនរាបសា)​ទេ ភិក្ខុណាប្រើប្រាស់ ត្រូវអាបត្តិទុក្កដ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតចង្កៀល​អាចម៍​ត្រចៀក ដែលធ្វើដោយឆ្អឹង ភ្លុក ស្នែង បបុស ឫស្សី ឈើ ជ័រឈើ ផ្លែឈើ លោហជាតិ គូថស័ង្ខ។

[២៦៩] សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុសន្សំទុកដាក់គ្រឿងលោហជាតិ និងសំរិទ្ធជា​ច្រើន។ មនុស្សទាំងឡាយ ដើរទៅកាន់វិហារចារិក ឃើញហើយ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា មិនសមបើពួកសមណសក្យបុត្តិយ៍ សន្សំទុកដាក់គ្រឿង​លោហជាតិ និង​គ្រឿង​​សំរិទ្ធ ដូចពួកអ្នកជួញសំរិទ្ធសោះ។បេ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះ​ព្រះមានព្រះភាគ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវ​សន្សំ​ទុកដាក់​គ្រឿង​លោហជាតិ និងសំរិទ្ធទេ ភិក្ខុណាសន្សំទុកដាក់ ត្រូវអាបត្តិទុក្កដ។

[២៧០] សម័យនោះឯង ពួកភិក្ខុរង្កៀសនឹងកិច្ចសព្វបើគ្រាន់តែចងបំពង់ថ្នាំភ្នែកខ្លះ (គឺចង​ចង្កំ) ចង្កឹះបំពង់ថ្នាំភ្នែកខ្លះ ចង្កៀលអាចម៍ត្រចៀកខ្លះ។ ភិក្ខុទាំងឡាយ ក៏ក្រាបបង្គំទូល​ដំណើរ​នុ៎ះ ចំពោះ​ព្រះមានព្រះភាគ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតត្រឹមតែការចងបំពង់ថ្នាំភ្នែក ចង្កឹះបំពង់ថ្នាំភ្នែក ចង្កៀលអាចម៍ត្រចៀក​បាន។

[២៧១] សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុអង្គុយត្របោមក្បាលជង្គង់ទាំងសង្ឃាដិ។ ផ្នត់​សង្ឃាដិក៏ទក់ខូចអស់។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលដំណើរនុ៎ះ ចំពោះ​ព្រះមាន​ព្រះភាគ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវ​អង្គុយត្របោម​ក្បាលជង្គង់ទាំងសង្ឃាដិ​ទេ ភិក្ខុណាអង្គុយ ត្រូវអាបត្តិទុក្កដ។

[២៧២] សម័យនោះឯង ភិក្ខុ១រូបមានជម្ងឺ។ ភិក្ខុនោះ តែវៀរលែងសំពត់អាយោគចេញ ក៏​មិនបានសេចក្តីសប្បាយកាយ។បេ។ ទើប​ពួកភិក្ខុ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះ​ព្រះមាន​ព្រះភាគ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត​សំពត់​អាយោគ។ ទើបភិក្ខុទាំងឡាយ មានសេចក្តីត្រិះរិះយ៉ាងនេះថា សំពត់អាយោគ យើងរាល់គ្នា គប្បីដឹងដូចម្តេចហ្ន៎។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះ​ព្រះមានព្រះភាគ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត​ក្តារមូរ ធ្មេញឈើ ខ្សែសម្រាប់រឹត ចន្ទាល់ និងប្រដាប់តម្បាញទាំងអស់។

[២៧៣] សម័យនោះឯង ភិក្ខុ១រូប មិនមានកាយពន្ធ គឺវត្ថពន្ធចង្កេះ ចូលទៅបិណ្ឌបាត ក្នុងស្រុក។ ស្បង់របស់ភិក្ខុនោះ របូតចុះក្នុងច្រកផ្លូវ។ មនុស្សទាំងឡាយ ឃើញហើយ ក៏ស្រែកហ៊ោ​ឡើង។ ភិក្ខុនោះមានសេចក្តីអៀនខ្មាស។ ទើបភិក្ខុនោះ ទៅកាន់អារាម ប្រាប់ដំណើរនុ៎ះ ដល់ពួក​ភិក្ខុផងគ្នា។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលដំណើរនុ៎ះ ចំពោះ​ព្រះមានព្រះភាគ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនមានកាយពន្ធ [ក្នុងអដ្ឋកថា ពន្យល់ថា បើភ្លេច មិនបាន​ក្រវាត់កាយពន្ធដើរចេញ (ពីវត្ត) ទៅ លុះនឹក​ឃើញត្រឹមណា ត្រូវក្រវាត់ត្រឹមណោះ (ទើបរួចទោស)។] មិនត្រូវចូលទៅកាន់ស្រុកទេ ភិក្ខុណាចូលទៅ ត្រូវអាបត្តិទុក្កដ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតកាយពន្ធ។

[២៧៤] សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុ ប្រើប្រាស់កាយពន្ធខ្ពស់ និងទាប (មិនរាបសា) គឺ​កាយពន្ធមានខ្សែច្រើន កាយពន្ធមានសណ្ឋានដូចក្បាលពស់ទឹក កាយពន្ធមានសណ្ឋាន​ដូចខ្សែ​រឹតសំភោរ និងកាយពន្ធ មានសណ្ឋានដូចសង្វារ។ មនុស្សទាំងឡាយពោលទោស តិះដៀល បន្តុះ​បង្អាប់ថា។បេ។ ដូចពួកគ្រហស្ថ អ្នកបរិភោគកាម។បេ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះ​​ព្រះមានព្រះភាគ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុមិនត្រូវ​ប្រើប្រាស់​កាយពន្ធ​ខ្ពស់ និងទាប (មិនរាបសា) គឺកាយពន្ធ​មានខ្សែច្រើន កាយពន្ធមាន​សណ្ឋាន​ដូចក្បាល​ពស់​ទឹក កាយពន្ធ​ដូចខ្សែ​រឹតសំភោរ និង​កាយពន្ធ មានសណ្ឋានដូចសង្វារទេ ភិក្ខុណាប្រើប្រាស់ ត្រូវអាបត្តិទុក្កដ ម្នាលភិក្ខុទាំង​ឡាយ តថាគតអនុញ្ញាតកាយពន្ធពីរយ៉ាង គឺកាយពន្ធធ្វើជាផ្ទាំង១ កាយពន្ធមានសណ្ឋាន​ដូចពោះវៀនជ្រូក១។បេ។ លុះដល់កាយពន្ធ មានជាយរេច។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតជាយកាយពន្ធ មានសណ្ឋានដូចខ្សែរឹត​សំភោរ និងជាយកាយពន្ធ មានសណ្ឋានដូចសង្វារ។ (ក្រោយមកទៀត) រិមកាយពន្ធក៏រេច។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ដេរ លិន និដេរឲ្យ​មានអាការ​ដូចកួ​ផ្លែស្កួយ។ (យូរមកទៀត) ចុងអន្ទាក់កាយពន្ធក៏រេច។បេ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះ​ព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ តថាគតអនុញ្ញាតក្រវិល​កាយពន្ធ។

[២៧៥] សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុប្រើប្រាស់ក្រវិលកាយពន្ធខ្ពស់ និងទាប (មិន​រាបសា) គឺធ្វើដោយមាសខ្លះ ប្រាក់ខ្លះ។ មនុស្សទាំងឡាយ ពោលទោស តិះដៀល បន្តុះ​បង្អាប់ថា។បេ។ ដូចពួកគ្រហស្ថ អ្នកបរិភោគកាម។បេ។ ពួកភិក្ខុ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះ​​ព្រះមានព្រះភាគ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវ​ប្រើប្រាស់​ក្រវិលកាយពន្ធ​ខ្ពស់ និងទាបទេ ភិក្ខុណាប្រើប្រាស់ ត្រូវអាបត្តិទុក្កដ ម្នាលភិក្ខុ​ទាំងឡាយ តថាគតអនុញ្ញាតក្រវិលកាយពន្ធ ដែលធ្វើដោយឆ្អឹង ដោយភ្លុក ដោយស្នែង ដោយបបុះ ដោយឫស្សី។បេ។ ធ្វើដោយគូថស័ង្ខ ធ្វើដោយសូត្រ ឬអំបោះ។

[២៧៦] សម័យនោះឯង ព្រះអានន្ទមានអាយុ ឃ្លុំសង្ឃាដិ និងឧត្តរាសង្គៈដែលស្រាល ហើយចូលទៅបិណ្ឌបាតក្នុងស្រុក។ ខ្យល់កំបុតត្បូង ក៏ប៉ើងសង្ឃាដិ និងឧត្តរាសង្គៈ​ របស់​ព្រះ​អានន្ទនោះ។ លំដាប់នោះ ព្រះអានន្ទមានអាយុ ទៅកាន់អារាម ហើយប្រាប់រឿងនុ៎ះ ដល់​ពួកភិក្ខុ​ផងគ្នា។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះ​ព្រះមានព្រះភាគ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឡេវ និងអន្ទាក់ឡេវ។

[២៧៧] សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុប្រើប្រាស់ឡេវខ្ពស់ និងទាប គឺធ្វើដោយមាស​ខ្លះ ប្រាក់ខ្លះ។ ពួកមនុស្ស ពោលទោស តិះដៀល បន្តុះ​បង្អាប់ថា។បេ។ ដូចពួកគ្រហស្ថ អ្នកបរិភោគកាម។បេ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះ​​ព្រះមានព្រះភាគ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវ​ប្រើប្រាស់​ឡេវ​ខ្ពស់ និងទាប​ទេ ភិក្ខុណា​ប្រើប្រាស់ ត្រូវអាបត្តិទុក្កដ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឡេវ ដែល​ធ្វើដោយឆ្អឹង ដោយភ្លុក ដោយស្នែង ដោយបបុះ ដោយឫស្សី ដោយឈើ ដោយជ័រឈើ ដោយផ្លែឈើ ដោយលោហជាតិ ដោយគូថស័ង្ខ ដោយសូត្រ​ ឬអំបោះ។

[២៧៨] សម័យនោះឯង ពួកភិក្ខុដេរភ្ជាប់ឡេវ និងអន្ទាក់ក្នុងផ្ទៃចីវរ។ ចីវរក៏គ្រាំគ្រា។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះ​ព្រះមានព្រះភាគ។បេ។ ព្រះអង្គ ទ្រង់​ត្រាស់​ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតទ្រនាប់ឡេវ និងទ្រនាប់អន្ទាក់ឡេវ។ ពួកភិក្ខុទាំងនោះ ដេរភ្ជាប់ទ្រនាប់ឡេវ និងទ្រនាប់អន្ទាក់ឡេវក្នុងទីបំផុត (ចីវរ)។ មុំចីវរក៏​របើក។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះ​ព្រះមានព្រះភាគ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុដេរភ្ជាប់ទ្រនាប់​ឡេវក្នុងទី​បំផុតចីវរ ដេរទ្រនាប់​អន្ទាក់ បន្ថយចូលមកខាងក្នុងត្រឹម៧ធ្នាប់ ឬ៨ធ្នាប់។

[២៧៩] សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុស្លៀកស្បង់ ដូចសំលៀករបស់គ្រហស្ថ គឺ​ស្លៀក​ឲ្យស្លុយមុខ ដូចប្រមោយដំរី (ដូចសំលៀកមនុស្សស្រីក្នុងចោឡកប្រទេស) ស្លៀកមាន​សណ្ឋាន​​ដូច​កន្ទុយត្រី [ស្លៀកលយជាយ] ស្លៀកឲ្យមានជ្រុង៤ (ស្លៀកបន្លេចជ្រុងស្បង់​ទាំង៤ឲ្យប្រាកដ) ស្លៀកដោយអាការដូចធាងត្នោត (ស្លៀកសំឡុយសាដកឲ្យស្លុយចុះ) ស្លៀកអង្កាញ់ ឲ្យមានផ្នត់​ច្រើន។ ពួកមនុស្ស ពោលទោស តិះដៀល បន្តុះ​បង្អាប់ថា។បេ។ ដូចពួកគ្រហស្ថ អ្នកបរិភោគកាម។បេ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះ​ព្រះមានព្រះភាគ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវ​ស្លៀកស្បង់ ដូចសំលៀកគ្រហស្ថ គឺ​ស្លៀក​ឲ្យស្លុយមុខ ដូចប្រមោយដំរី មានសណ្ឋាន​ដូច​កន្ទុយត្រី ស្លៀកឲ្យមានជ្រុង៤ ស្លៀកមានអាការ​ដូច​ធាងត្នោត ស្លៀកអង្កាញ់ ឲ្យមានផ្នត់​ច្រើនទេ ភិក្ខុណាស្លៀក ត្រូវអាបត្តិទុក្កដ។

[២៨០] សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុ ដណ្តប់ដូចគ្រហស្ថ។ ពួកមនុស្ស ពោលទោស តិះដៀល បន្តុះបង្អាប់ថា។បេ។ ដូចពួកគ្រហស្ថ អ្នកបរិភោគកាម។បេ។ ពួកភិក្ខុ ក្រាបបង្គំ​ទូល​សេចក្តី​នុ៎ះ ចំពោះ​ព្រះមានព្រះភាគ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុ​មិនត្រូវដណ្តប់​ដូចពួកគ្រហស្ថទេ ភិក្ខុណាដណ្តប់ ត្រូវអាបត្តិទុក្កដ។

[២៨១] សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុស្លៀកចងក្បិន។ ពួកមនុស្ស ពោលទោស តិះដៀល បន្តុះបង្អាប់ថា។បេ។ ដូចពួកមនុស្ស អ្នកនាំគ្រឿងបរិក្ខារ របស់ព្រះរាជា ដែល​យាង​​ទៅកាន់ទីណាមួយ។បេ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលដំណើរនុ៎ះ ចំពោះ​ព្រះមានព្រះភាគ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវស្លៀក​ចងក្បិនទេ ភិក្ខុណាស្លៀក ត្រូវអាបត្តិទុក្កដ។

[២៨២] សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុ នាំយកអម្រែកទាំងសងខាង គឺរែក។ មនុស្ស​ទាំង​ឡាយ ពោលទោស តិះដៀល បន្តុះបង្អាប់ថា។បេ។ ដូចពួកមនុស្ស នាំគ្រឿងបរិក្ខារ របស់ព្រះរាជា ដែលយាង​ទៅកាន់ទីណាមួយ។បេ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូល​ដំណើរ​នុ៎ះ ចំពោះ​ព្រះមានព្រះភាគ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិន​ត្រូវនាំអម្រែកទេ ភិក្ខុណានាំទៅ ត្រូវអាបត្តិទុក្កដ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ឲ្យភិក្ខុពុន សែង ទូល លី កណ្តៀត និងយួរបាន។

[២៨៣] សម័យនោះឯង ពួកភិក្ខុមិនទំពាឈើស្ទន់។ មាត់ក៏មានក្លិនស្អុយ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលដំណើរនុ៎ះ ចំពោះ​ព្រះមានព្រះភាគ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ទោសក្នុងការមិនទំពាឈើស្ទន់នេះ មាន៥ប្រការ គឺនាំឲ្យថយកំលាំង​ភ្នែក១ មាត់មានក្លិនស្អុយ១ សរសៃសម្រាប់នាំរសមិនបរិសុទ្ធ១ ប្រមាត់ និងស្លេស្មរួបរឹត​បាយ១ ភិក្ខុនោះ​ឆាន់ចង្ហាន់មិនឆ្ងាញ់១ ម្នាលភិក្ខុទាំងឡាយ ទោសក្នុងការមិន​ទំពា​ឈើស្ទន់ មាន៥ប្រការនេះឯង។ ម្នាលភិក្ខុទាំងឡាយ អានិសង្ស ក្នុងការទំពាឈើស្ទន់នេះ មាន៥ប្រការ គឺនាំឲ្យមានកំលាំងភ្នែក១ មាត់មិនមានក្លិនស្អុយ១ សរសៃសម្រាប់នាំ​រស​បរិសុទ្ធ១ ប្រមាត់ និងស្លេស្ម មិនរួបរឹតបាយ១ ភិក្ខុនោះ​ឆ្ងាញ់បាយ១ ម្នាលភិក្ខុទាំងឡាយ អានិសង្ស ក្នុងការទំពាឈើស្ទន់ មាន៥ប្រការនេះឯង។ ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាតឈើស្ទន់។

[២៨៤] សម័យនោះ ពួកឆព្វគ្គិយភិក្ខុទំពាឈើស្ទន់វែង ហើយគោះ វាយសាមណេរ ដោយ​ឈើស្ទន់នោះឯង។ ពួកភិក្ខុ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះ​ព្រះមានព្រះភាគ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវទំពាឈើស្ទន់វែងទេ ភិក្ខុណាទំពា ត្រូវអាបត្តិ​ទុក្កដ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឈើស្ទន់យ៉ាងវែង ត្រឹម៨ [អដ្ឋកថា ពន្យល់ថា ឈើស្ទន់ប្រវែង៨ធ្នាប់មនុស្សប្រក្រតី ដីកាថា ៨ធ្នាប់ជាងឈើ។ ឈើស្ទន់ប្រវែង​៤ធ្នាប់ មានន័យ​ដូចគ្នា។] ធ្នាប់ តែថា កុំគោះវាយសាមណេរ ដោយឈើស្ទន់នោះឡើយ ភិក្ខុណាគោះ ត្រូវអាបត្តិ​ទុក្កដ។

[២៨៥] សម័យនោះឯង ភិក្ខុមួយរូប មានឈើស្ទន់ខ្លីពេក ឈើស្ទន់ ក៏របូតចូលទៅក្នុង​បំពង់ក។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះ​ព្រះមានព្រះភាគ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវទំពាឈើស្ទន់ខ្លីពេកទេ ភិក្ខុណាទំពា ត្រូវ​អាបត្តិ​ទុក្កដ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ឈើស្ទន់យ៉ាងខ្លីបំផុតត្រឹម៤ធ្នាប់។

[២៨៦] សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុដុតព្រៃ។ ពួកមនុស្ស ពោលទោស តិះដៀល បន្តុះបង្អាប់ថា។បេ។ ដូចអ្នកដុតព្រៃ។បេ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលរឿងនុ៎ះ ចំពោះ​ព្រះមានព្រះភាគ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវដុតព្រៃទេ ភិក្ខុណាដុតព្រៃ ត្រូវអាបត្តិទុក្កដ។

[២៨៧] សម័យនោះឯង វិហារទាំងឡាយ ក៏ស្មុកស្មាញដោយស្មៅ។ កាលដែល​ភ្លើង​ឆេះព្រៃ (រាលមក) ក៏ឆេះទាំងវិហារផង។ ភិក្ខុទាំងឡាយរង្កៀសនឹងការដុតភ្លើងតទល់គ្នា ដើម្បី​នឹងធ្វើសេចក្តីការពារ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលរឿងនុ៎ះ ចំពោះ​ព្រះមាន​ព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ កាលបើភ្លើងព្រៃឆេះមក តថាគត​អនុញ្ញាត ឲ្យដុតភ្លើង​តទល់ ដើម្បីនឹងធ្វើសេចក្តីការពារបាន។

[២៨៨] សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុឡើងដើមឈើ ឆ្លងពីដើមឈើមួយ ទៅដើមឈើ​មួយ។ ពួកមនុស្ស ពោលទោស តិះដៀល បន្តុះបង្អាប់ថា។បេ។ ដូចពួកស្វា។បេ។ ភិក្ខុ​ទាំង​ឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះ​ព្រះមានព្រះភាគ។បេ។ ព្រះអង្គ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវឡើងដើមឈើទេ ភិក្ខុណាឡើង ត្រូវអាបត្តិ​ទុក្កដ។

[២៨៩] សម័យនោះឯង ភិក្ខុមួយរូប ដើរសំដៅទៅក្រុងសាវត្ថី ក្នុងកោសលជនបទ ក៏​មានដំរីដេញព្រេច ពាក់កណ្តាលផ្លូវ។ ទើបភិក្ខុនោះស្ទុះចូលទៅរកដើមឈើ ក៏មាន​សេចក្តី​​រង្កៀស មិនហ៊ានឡើងដើមឈើ។ ដំរីនោះ ក៏ហួសទៅទីដទៃ។ គ្រានោះឯង ភិក្ខុនោះទៅដល់ក្រុងសាវត្ថី ប្រាប់ដំណើរនុ៎ះ ដល់ពួកភិក្ខុផងគ្នា។ ពួកភិក្ខុ ក៏ក្រាបបង្គំ​ទូលសេចក្តីនុ៎ះ ចំពោះ​ព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ កាលបើមានកិច្ចគួរធ្វើ តថាគតអនុញ្ញាត​ឲ្យឡើង​ដើមឈើ​បានត្រឹម​មួយ​ជួរ​បុរស បើមាន​អន្តរាយ [អដ្ឋកថា ពន្យល់ថា ភិក្ខុឃើញម្រឹគសាហាវជាដើមក្តី វង្វេងផ្លូវ ហើយ​ប្រាថ្នា​នឹង​រមិលមើលទិសក្តី ឃើញភ្លើងឆេះក្តី ឃើញទឹកជន់ កំពុងហូរមកក្តី ហើយ​ឡើង​ដើមឈើ​​ខ្ពស់ហួសប្រមាណ ព្រោះអន្តរាយ ដូច្នេះបាន។] ឲ្យឡើង​កំណត់ត្រឹមណា​ក៏បាន។

[២៩០] សម័យនោះឯង មានភិក្ខុពីររូប ជាបងប្អូននឹងគ្នា ឈ្មោះមេដ្ឋកៈ១ ឱកុដ្ឋៈ១ ជាជាតិ​ព្រាហ្មណ៍ មានសំដីពីរោះ មានសំឡេងក៏ពីរោះ។ ភិក្ខុទាំងពីររូបនោះ ចូលទៅគាល់​ព្រះមានព្រះ​ភាគ លុះចូលទៅដល់ហើយ ថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយ​ក្នុងទីសមគួរ។ លុះភិក្ខុទាំង​នោះ អង្គុយក្នុងទីសមគួរហើយ ទើបក្រាបបង្គំទូល​ព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន សព្វថ្ងៃនេះ ពួកភិក្ខុមានឈ្មោះផ្សេងគ្នា មានគោត្រផ្សេងគ្នា មានជាតិ​ផ្សេង​គ្នា ចេញអំពីត្រកូលទីទៃៗ មកបួស ភិក្ខុទាំងនោះ ធ្វើពុទ្ធវចនៈឲ្យខូច ដោយភាសារបស់ខ្លួន បពិត្រព្រះមានព្រះភាគ បើដូច្នោះ​ ខ្ញុំព្រះអង្គ​ទាំងអម្បាលនេះ សូមលើកពុទ្ធវចនៈតាមឆន្ទ [ពាក្យថា ឆន្ទ នេះ ក្នុងទីដទៃសំដៅ​កាព្យឃ្លោង ឯក្នុងទីនេះ សំដៅយកសកដភាសា គឺភាសា​សំស្ក្រឹត។]។ ព្រះពុទ្ធ ទ្រង់​ព្រះភាគជាម្ចាស់ ព្រះអង្គ ទ្រង់បន្ទោសថា នែមោឃបុរសទាំងឡាយ មិនសមបើអ្នក​រាល់គ្នាពោលថា បពិត្រព្រះអង្គដ៏ចំរើន បើដូច្នោះ ខ្ញុំព្រះអង្គរាល់គ្នា សូមលើក​ពុទ្ធវចនៈ តាមឆន្ទ ដូច្នេះទេ នែមោឃបុរស អំពើដែលអ្នករាល់គ្នាធ្វើនេះ មិននាំឲ្យកើត​សេចក្តី​ជ្រះថ្លា ដល់ជនដែលមិនទាន់ជ្រះថ្លាទេ។បេ។ លុះទ្រង់បន្ទោសហើយ ក៏ទ្រង់ធ្វើធម្មីកថា ត្រាស់ហៅ​ពួកភិក្ខុមកថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវលើកពុទ្ធវចនៈតាមឆន្ទទេ ភិក្ខុណា​លើក ត្រូវអាបត្តិទុក្កដ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុរៀនពុទ្ធវចនៈ តាមសកភាសា [ក្នុងអដ្ឋកថា ពន្យល់ថា វោហារ (ពាក្យពោល) របស់អ្នកស្រុកមគធ ដែលព្រះសម្មាសម្ពុទ្ធ តែងពោល ឈ្មោះថា សកភាសា។] គឺមគធភាសា។

[២៩១] សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុរៀនគម្ពីរលោកាយតៈ [គម្ពីរតិត្ថីយ ដែលប្រកប​ដោយហេតុឥតប្រយោជន៍ មានពាក្យថា វត្ថុទាំងពួងជារបស់ដែល (គេលះចោល) វត្ថុទាំងពួង មិនមែនជារបស់​ដែល គឺរបស់ថ្មោង ក្អែកស បានជាស ព្រោះហេតុនេះ កុកបានជាខ្មៅ ព្រោះ​ហេតុនេះ ជាដើម ឈ្មោះថា លោកាយតៈ។]។ មនុស្សទាំងឡាយ ពោលទោស តិះដៀល បន្តុះបង្អាប់ថា។បេ។ ដូចពួកគ្រហស្ថ អ្នកបរិភោគកាម។ ពួកភិក្ខុ បានឮមនុស្សទាំងនោះ កំពុង​ពោលទោស តិះដៀល បន្តុះបង្អាប់។បេ។ ទើបភិក្ខុទាំង​អម្បាលនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះ​ព្រះមានព្រះភាគ។បេ។ ព្រះអង្គ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុធ្លាប់ឃើញ​ថា មានខ្លឹមក្នុងគម្ពីរលោកាយតៈហើយ គួរដល់នូវសេចក្តីចំរើនលូតលាស់ ធំទូលាយក្នុងធម្មវិន័យ​នេះដែរឬ។ ពួកភិក្ខុ ក្រាប​បង្គំទូលថា បពិត្រព្រះមានព្រះភាគ សេចក្តីនេះមិនមែនទេ។ ទ្រង់ត្រាស់​សួរទៀតថា ចុះភិក្ខុដែលឃើញថា មានខ្លឹមក្នុងធម្មវិន័យនេះហើយ គួររៀនគម្ពីរលោកាយតៈដែរ​ឬ។ ពួកភិក្ខុក្រាបបង្គំទូលថា បពិត្រព្រះមានព្រះភាគ សេចក្តីនេះ មិនមែនទេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវរៀនគម្ពីរលោកាយតៈទេ ភិក្ខុណារៀន ត្រូវអាបត្តិ​ទុក្កដ។

[២៩២] សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុ បង្រៀនគម្ពីរលោកាយតៈ។ មនុស្សទាំងឡាយ ពោលទោស តិះដៀល បន្តុះបង្អាប់ថា។បេ។ ដូចពួកគ្រហស្ថ អ្នកបរិភោគកាម។បេ។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។បេ។ ព្រះអង្គ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុ​ទាំង​ឡាយ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិន​ត្រូវ​បង្រៀនគម្ពីរលោកាយតៈទេ ភិក្ខុណាបង្រៀន ត្រូវ​អាបត្តិទុក្កដ។

[២៩៣] សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុរៀនតិរច្ឆានវិជ្ជា។បេ។ ភិក្ខុទាំងឡាយ ក្រាបបង្គំ​ទូលសេចក្តីនុ៎ះ ចំពោះ​ព្រះមានព្រះភាគ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវរៀនតិរច្ឆានវិជ្ជាទេ ភិក្ខុណារៀន ត្រូវអាបត្តិទុក្កដ។

[២៩៤] សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុបង្រៀនតិរច្ឆានវិជ្ជា។ មនុស្សទាំងឡាយ ពោល​ទោស តិះដៀល បន្តុះបង្អាប់ថា។បេ។ ដូចពួកគ្រហស្ថ អ្នកបរិភោគកាម។បេ។ ភិក្ខុទាំង​ឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះ​ព្រះមានព្រះភាគ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវបង្រៀនតិរច្ឆានវិជ្ជាទេ ភិក្ខុណាបង្រៀន ត្រូវអាបត្តិទុក្កដ។

[២៩៥] សម័យនោះឯង ព្រះពុទ្ធទ្រង់ព្រះភាគ មានបរិសទ្យជាច្រើនចោមរោម ទ្រង់សំដែង​ធម៌ ហើយទ្រង់កណ្តាស។ ពួកភិក្ខុក៏ធ្វើសំឡេងគឹកកងយ៉ាងខ្លាំងថា បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ ចំរើនព្រះជន្មាយុរស់នៅ សូមព្រះសុគតចំរើនព្រះជន្មាយុរស់នៅ [ត្រង់​ពាក្យ​ថា ព្រះមានព្រះភាគចូររស់នៅ និងពាក្យថា ព្រះសុគតចូររស់នៅ ពាក្យទាំង​ពីរនេះ ជាពាក្យថ្វាយព្រះពរ តែព្រះពុទ្ធជាម្ចាស់ទ្រង់ហាម]។ ធម្មកថា ក៏ដាច់ពាក់កណ្តាល ដោយសំឡេង​នោះ។ ទើបព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយមកសួរថា ម្នាលភិក្ខុទាំងឡាយ បុគ្គលដែលគេនិយាយថា អ្នកចូររស់នៅដូច្នេះ ក្នុងវេលាដែល​កណ្តាស បុគ្គលនោះ គួររស់នៅ ឬគួរស្លាប់ ព្រោះហេតុប៉ុណ្ណោះដែរឬ។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន ហេតុនុ៎ះមិនមែនទេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ អ្នកដទៃ ភិក្ខុមិនត្រូវពោលថា អ្នកចូររស់នៅ ក្នុងវេលាកណ្តាស (ប៉ុណ្ណោះ)ទេ ភិក្ខុណាពោល ត្រូវ​អាបត្តិ​ទុក្កដ។

[២៩៦] សម័យនោះឯង មនុស្សទាំងឡាយ ទៅនិយាយនឹងពួកភិក្ខុ ក្នុងវេលាដែល​កណ្តាសថា បពិត្រលោកទាំងឡាយដ៏ចំរើន ចូរលោករស់នៅ។ ពួកភិក្ខុមានសេចក្តី​រង្កៀស មិនហ៊ានពោលតបវិញ។ មនុស្សទាំងឡាយ ពោលទោស តិះដៀល បន្តុះ​បង្អាប់ថា មិនសមបើ សមណសក្យបុត្តិយ៍ទាំងនេះ កាលបើពួកយើងនិយាយថា បពិត្រ​លោកទាំងឡាយដ៏ចំរើន ចូរ​លោករស់នៅដូច្នេះ ហើយលោកមិនពោលតប​នឹងយើង​សោះ។ ពួកភិក្ខុ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះ​ព្រះមានព្រះភាគ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ធម្មតា គ្រហស្ថទាំងឡាយ តែងត្រូវការដោយមង្គល ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យ​ភិក្ខុ ដែលគ្រហស្ថទាំងឡាយនិយាយថា បពិត្រ​លោកដ៏ចំរើន លោកចូររស់នៅ ដូច្នេះ ឲ្យនិយាយតបទៅវិញថា អ្នកចូររស់នៅអស់​កាល​យូរ ដូច្នេះបាន។

[២៩៧] សម័យនោះឯង ព្រះមានព្រះភាគ មានបរិសទ្យច្រើនចោមរោម ទ្រង់គង់​សំដែង​ធម៌។ ភិក្ខុមួយរូបឆាន់ខ្ទឹម។ ភិក្ខុនោះ អង្គុយក្នុងទីបំផុតដោយគិតថា ពួកភិក្ខុកុំធុំក្លិន​ឡើយ។ ព្រះមានព្រះភាគ ទ្រង់ទតឃើញភិក្ខុនោះ អង្គុយក្នុងទីបំផុត លុះឃើញហើយ ទើបត្រាស់​ហៅពួក​ភិក្ខុមកសួរថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលអង្គុយ​ក្នុងទីបំផុតនោះ ដោយហេតុអ្វី។ ពួកភិក្ខុ ក្រាបបង្គំទូលថា បពិត្រព្រះមានព្រះភាគដ៏ចំរើន (ព្រោះ) ភិក្ខុនោះ​ឆាន់ខ្ទឹម បានជាភិក្ខុនោះ អង្គុយ​ក្នុងទីបំផុត​ ដោយគិតថា ពួកភិក្ខុកុំធុំក្លិនឡើយ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលនៅឆ្ងាយពីធម្មកថា មានសភាពយ៉ាងនេះ ព្រោះតែឆាន់ខ្ទឹមណា ខ្ទឹមនោះ ភិក្ខុគួរឆាន់ដែរឬ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន ហេតុនេះ មិនគួរ​ទេ។ ព្រះអង្គ ទ្រង់ត្រាស់ថា  ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវឆាន់ខ្ទឹមទេ ភិក្ខុណាឆាន់ ត្រូវ​អាបត្តិទុក្កដ។

[២៩៨] សម័យនោះឯង ព្រះសារីបុត្តមានអាយុ មានអាពាធ កើតអំពីខ្យល់ក្នុងផ្ទៃ។ លំដាប់​នោះ ព្រះមហាមោគ្គល្លានមានអាយុ ចូលទៅរកព្រះសារីបុត្តមានអាយុ លុះចូល​ទៅ​​ដល់​ហើយ មានថេរវាចាសួរព្រះសារីបុត្តមានអាយុដូច្នេះថា នែអាវុសោសារីបុត្ត អាពាធ ដែល​កើតអំពីខ្យល់ ក្នុងផ្ទៃរបស់លោកពីមុន តែងជាសះស្បើយ ដោយថ្នាំអ្វី។ ព្រះសារីបុត្តតបថា ម្នាលអាវុសោ ខ្ញុំតែងជាសះស្បើយដោយខ្ទឹម។ ពួកភិក្ខុ ក្រាបបង្គំ​ទូលសេចក្តីនុ៎ះ ចំពោះ​ព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បើមានអាពាធជាហេតុ តថាគតអនុញ្ញាត ឲ្យឆាន់ខ្ទឹមបាន។

[២៩៩] សម័យនោះឯង ពួកភិក្ខុ បន្ទោបង់បស្សាវៈ ក្នុងទីពីសពាស។ អារាមមិនស្អាត។ ពួកភិក្ខុ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះ​ព្រះមានព្រះភាគ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុបន្ទោបង់បស្សាវៈ តែក្នុងកន្លែងមួយ។ អារាម​មានក្លិន​អាក្រក់។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត​ឆ្នាំងសម្រាប់រង​បស្សាវៈ។ ពួកភិក្ខុលំបាកនឹងអង្គុយបន្ទោបង់បស្សាវៈ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា  ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ទ្រនាប់ជើងសម្រាប់បន្ទោបង់​បស្សាវៈ។ ទ្រនាប់ជើងសម្រាប់បន្ទោបង់បស្សាវៈ នៅទីវាល មិនបិទបាំង។ ពួកភិក្ខុអៀន​នឹងបន្ទោបង់បស្សាវៈ​។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា  ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាតឲ្យភិក្ខុបិទបាំងដោយកំពែង ៣យ៉ាង គឺកំពែងឥដ្ឋ១ កំពែងថ្ម១ កំពែងឈើ១។ ឆ្នាំងសម្រាប់រងបស្សាវៈ មិនទាន់មានគ្រប ក៏ធុំ​ក្លិនស្អុយ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា  ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតគម្រប។

[៣០០] សម័យនោះឯង ពួកភិក្ខុបន្ទោបង់វច្ចៈ ក្នុងទីពីសពាស ក្នុងអារាម។ អារាមក៏​មិនស្អាត។បេ។ ពួកភិក្ខុ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះ​ព្រះមានព្រះភាគ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យបន្ទោបង់វច្ចៈ តែក្នុងកន្លែងមួយ។ អារាម​ក៏ធុំក្លិន​ស្អុយ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត​រណ្តៅវច្ចៈ។ មាត់រណ្តៅវច្ចៈ ក៏បាក់រលុះ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ឲ្យភិក្ខុកខឿន ៣យ៉ាង គឺខឿនឥដ្ឋ១ ខឿនថ្ម១ ខឿនឈើ១។ រណ្តៅវច្ចៈ មានទីដីទាប។ ទឹកក៏លិចកន្លែងនោះ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា  ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត​ឲ្យភិក្ខុ​ធ្វើទីដីឲ្យខ្ពស់ឡើង។ ខឿនក៏បាក់រលុះហូរចេញ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា  ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យកខឿន ៣យ៉ាង គឺខឿនឥដ្ឋ១ ខឿនថ្ម១ ខឿនឈើ១។ ពួកភិក្ខុឡើង ក៏លំបាក។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ តថាគតអនុញ្ញាតជណ្តើរ ៣យ៉ាង គឺជណ្តើរឥដ្ឋ១ ជណ្តើរថ្ម១ ជណ្តើរឈើ១។ ពួកភិក្ខុឡើងទៅ ក៏ដួល។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា  ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាតបង្កាន់ដៃ។ ពួកភិក្ខុអង្គុយក្នុងទីបំផុត កំពុងបន្ទោបង់​វច្ចៈ ក៏​ធ្លាក់ចុះមក។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុក្រាលក្តារ ហើយចោះ​ប្រហោងកណ្តាល ហើយបន្ទោបង់វច្ចៈ។ ពួកភិក្ខុក៏លំបាកនឹងអង្គុយបន្ទោបង់​វច្ចៈ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា  ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតទ្រនាប់ជើង សម្រាប់​បន្ទោបង់វច្ចៈ។ ពួកភិក្ខុបន្ទោបង់បស្សាវៈខាងក្រៅ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា  ម្នាល​ភិក្ខុ​ទាំងឡាយ តថាគតអនុញ្ញាតទ សម្រាប់រងបស្សាវៈ។ ឈើខ្នៀសមិនទាន់មាននៅ​ឡើយ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឈើខ្នៀស។ ត្រក​សម្រាប់ដាក់​ឈើខ្នៀស មិនទាន់មាននៅឡើយ។បេ។​ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ តថាគតអនុញ្ញាតត្រកសម្រាប់ដាក់ឈើខ្នៀស។ រណ្តៅវច្ចៈ មិនទាន់មានគ្រប ក៏ធុំក្លិនស្អុយ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតគម្រប។

[៣០១] សម័យនោះឯង ពួកភិក្ខុបន្ទោបង់វច្ចៈក្នុងទីកណ្តាលវាល ក៏លំបាកដោយត្រជាក់​ខ្លះ ក្តៅខ្លះ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះ​ព្រះមានព្រះភាគ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតវច្ចកុដិ។ សន្ទះទ្វារវច្ចកុដិ មិនទាន់មាន។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត​សន្ទះទ្វារ ក្របទ្វារ ក្បាល (ដំណាប់​ក្រោម) អន្ទាក់លើ (ដំណាប់លើ) សសររបស់សន្ទះទ្វារ ត្រដោកទ្វារ រនុកទ្វារ គន្លឹះទ្វារ មេសោ ប្រហោង​សម្រាប់ទាញ និងខ្សែសម្រាប់ទាញ។ កំទេចស្មៅធ្លាក់ចុះក្នុងវច្ចកុដិ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាតឲ្យភិក្ខុគាបដំបូល ហើយបូកលាបទាំងខាង​ក្នុង ខាងក្រៅ [អដ្ឋកថា ថា ទ្រង់អនុញ្ញាតឲ្យប្រក់ដំបូល ហើយច្រុះឈើតាន់ ហើយបូកទាំងខាង​ក្នុង ខាងក្រៅដោយ​ដីស្អិត។] និងថ្នាំមានពណ៌ស ពណ៌ខ្មៅ បរិកម្មដោយរង់ ក្បាច់ភ្ញីផ្កា ក្បាច់​ភ្ញីវល្លិ៍ ក្បាច់ធ្មេញមករ ក្បាច់មានស្រទាប់៥ ស្នួរសំរាប់ពាក់ចីវរ និងខ្សែសំរាប់​ពាក់ចីវរ។

[៣០២] សម័យនោះឯង ភិក្ខុមួយរូប ជរាទុព្វល កាលនឹងបន្ទោបង់វច្ចៈ ហើយក្រោកឡើង ក៏ដួលទៅវិញ។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះ​ព្រះមានព្រះភាគ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតរបស់សម្រាប់តោង។

[៣០៣] សម័យនោះឯង វច្ចកុដិ មិនទាន់មានរបង ភិក្ខុទាំងនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះ​ព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុបិទបាំង​ដោយកំពែង៣យ៉ាង គឺកំពែងឥដ្ឋ១ កំពែងថ្ម១ កំពែងឈើ១។

[៣០៤] បន្ទប់មិនទាន់មាន។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា  ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាតបន្ទប់។ បន្ទប់មានទីដីដ៏ទាប។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុធ្វើទីដីឲ្យខ្ពស់ឡើង។ ខឿនក៏បាក់រលុះរលាយ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុកខឿន៣យ៉ាង គឺខឿនឥដ្ឋ១ ខឿនថ្ម១ ខឿនឈើ១។ ពួកភិក្ខុលំបាកនឹងឡើង។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតជណ្តើរ៣យ៉ាង គឺជណ្តើរឥដ្ឋ១ ជណ្តើរថ្ម១ ជណ្តើរឈើ១។ កាលពួកភិក្ខុ នាំគ្នា​ឡើង ក៏ធ្លាក់មកវិញ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតបង្កាន់ដៃ។ សន្ទះទ្វាររបស់បន្ទប់មិនទាន់មាន។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតសន្ទះទ្វារ ក្របទ្វារ ក្បាល (ដំណាប់ក្រោម) អន្ទាក់លើ (ដំណាប់លើ) សសរ របស់សន្ទះទ្វារ ត្រដោកទ្វារ រនុកទ្វារ គន្លឹះទ្វារ មេសោ ប្រហោងសម្រាប់​ទាញ ខ្សែសម្រាប់ទាញ។ កំទេចស្មៅ ក៏ធ្លាក់ចុះក្នុងបន្ទប់។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត​ឲ្យភិក្ខុគាបដំបូល ហើយបូកលាបទាំងខាង​ក្នុង ទាំងខាងក្រៅ និងថ្នាំមានពណ៌ស ពណ៌ខ្មៅ បរិកម្មដោយរង់ ក្បាច់ភ្ញីផ្កា ក្បាច់​ភ្ញីវល្លិ៍ ក្បាច់ធ្មេញមករ និងក្បាច់មាន​ស្រទាប់៥។ ទីលានក៏ភក់ជ្រាំ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា  ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុរោយរាយដោយក្រួសរវាន។ ទីលានមិនរាបស្មើ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យក្រាល​កម្រាលថ្ម។បេ។ ទឹកក៏ដក់​នៅ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត​ទ-ទឹក។ ឆ្នាំងទឹកសម្រាប់ជម្រះមិនទាន់មាន។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឆ្នាំងទឹកសម្រាប់ជ្រះ។ ផ្តិលសម្រាប់​ជម្រះមិនទាន់មាន។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតផ្តិលសម្រាប់ជម្រះ។ ពួកភិក្ខុលំបាក​នឹងអង្គុយ​ជម្រះ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត​ទ្រនាប់​ជើង​សម្រាប់ជម្រះ។ ទ្រនាប់ជើងសម្រាប់ជម្រះ នៅកណ្តាលវាល។ ពួកភិក្ខុ​អៀនខ្មាសនឹងជម្រះ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត​ឲ្យភិក្ខុបិទបាំងដោយកំពែង៣យ៉ាង គឺកំពែងឥដ្ឋ១ កំពែងថ្ម១ កំពែងឈើ១។ ឆ្នាំងទឹក​សម្រាប់ជម្រះមិនទាន់មានគម្រប។ ឆ្នាំងទឹក​សម្រាប់ជម្រះ ស្មោកគ្រោកដោយកំទេច​ស្មៅខ្លះ អាចម៍ដីខ្លះ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត​គម្រប។

[៣០៥] សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុ ប្រព្រឹត្តអនាចារ មានសភាពយ៉ាងនេះ គឺដាំ​កូនផ្កាខ្លួនឯងខ្លះ ប្រើគេឲ្យដាំខ្លះ ស្រោចខ្លួនឯងខ្លះ ប្រើគេឲ្យស្រោចខ្លះ បេះខ្លួនឯងខ្លះ ប្រើគេ​ឲ្យបេះ​ខ្លះ ក្រងខ្លួនឯងខ្លះ ប្រើគេឲ្យក្រងខ្លះ ធ្វើកម្រងផ្កា ឲ្យមានទងតែម្ខាង​ខ្លួនឯងខ្លះ ប្រើគេឲ្យធ្វើខ្លះ ធ្វើផ្កាកម្រងមានទងទាំងពីរខាងខ្លួនឯងខ្លះ ប្រើគេឲ្យធ្វើខ្លះ ធ្វើផ្កាឈើ ចាក់រំលេច​ទងខ្លួនឯងខ្លះ ប្រើគេឲ្យធ្វើខ្លះ ធ្វើផ្កាឈើ ដោត [អដ្ឋកថា ពន្យល់ថា កម្រងផ្កា​ដែល​គេដោត​ដោយ​ម្ជុល ឬកន្លះ] ជាចង្កោម ខ្លួនឯងខ្លះ ប្រើគេឲ្យធ្វើខ្លះ ធ្វើផ្កាកម្រង សម្រាប់ប្រដាប់ក្បាល​ខ្លួនឯងខ្លះ ប្រើគេឲ្យធ្វើខ្លះ ធ្វើផ្កាកម្រង សម្រាប់ប្រដាប់​ត្រចៀក ខ្លួនឯងខ្លះ ប្រើគេឲ្យធ្វើខ្លះ ធ្វើផ្កាកម្រង សម្រាប់ប្រដាប់ទ្រូង ខ្លួនឯងខ្លះ ប្រើគេឲ្យធ្វើខ្លះ ពួកភិក្ខុទាំងអម្បាលនោះ នាំផ្កាកម្រង មានទងតែម្ខាងទៅខ្លួនឯងខ្លះ ប្រើគេឲ្យនាំទៅខ្លះ នាំផ្កាកម្រង មានទង​ទាំងពីរខាង ទៅ​ខ្លួនឯងខ្លះ ប្រើគេឲ្យនាំទៅឲ្យខ្លះ នាំផ្កាឈើចាក់រំលេចទង ទៅខ្លួនឯងខ្លះ ប្រើគេឲ្យនាំទៅខ្លះ នាំផ្កាឈើ ដែលដោតជា​ចង្កោម ទៅខ្លួនឯងខ្លះ ប្រើគេឲ្យនាំទៅឲ្យខ្លះ នាំផ្កាកម្រង សម្រាប់ប្រដាប់ក្បាល ទៅខ្លួន​ឯងខ្លះ ប្រើគេឲ្យនាំទៅខ្លះ នាំផ្កាកម្រង សម្រាប់ប្រដាប់​ត្រចៀក ទៅខ្លួនឯងខ្លះ ប្រើគេ​ឲ្យនាំទៅខ្លះ នាំផ្កាកម្រង សម្រាប់ប្រដាប់ទ្រូង ទៅខ្លួនឯងខ្លះ ប្រើគេនាំទៅឲ្យខ្លះ ដើម្បីពួក​ស្រីក្រមុំនៃត្រកូល ធីតានៃត្រកូល កុមារីនៃត្រកូល ស្រីជាកូនប្រសានៃត្រកូល ទាសីនៃ​ត្រកូល។ ពួកភិក្ខុទាំងអម្បាលនោះ ឆាន់ (ភោជន) ក្នុងភាជន៍មួយ ជាមួយនឹងស្រី​នៃត្រកូល ធីតានៃត្រកូល កុមារីនៃត្រកូល ស្រីជាកូនប្រសា​នៃ​ត្រកូល ទាសីនៃត្រកូល​ទាំងឡាយខ្លះ ផឹកទឹកក្នុងផ្តិលជាមួយគ្នាខ្លះ អង្គុយលើអាសនៈ​ជាមួយ​គ្នា​ខ្លះ ដេកលើគ្រែ​ជា​មួយគ្នាខ្លះ ដេកលើកម្រាលជាមួយគ្នាខ្លះ ដេកដណ្តប់សំពត់ជាមួយគ្នាខ្លះ ដេកលើ​កម្រាល ទាំងដណ្តប់សំពត់ជាមួយគ្នាខ្លះ ស៊ីខុសពេលខ្លះ ផឹកទឹកស្រវឹងខ្លះ ទ្រទ្រង់​ផ្កាកម្រង គ្រឿងក្រអូប និងគ្រឿងលាបខ្លះ រាំខ្លះ ច្រៀងខ្លះ ប្រគំខ្លះ កែក្រាយខ្លះ រាំជាមួយនឹងស្រីដែលរាំខ្លះ ច្រៀងជាមួយនឹងស្រីដែលរាំខ្លះ ប្រគំជាមួយនឹងស្រីដែលរាំខ្លះ កែក្រាយជាមួយនឹងស្រីដែលរាំខ្លះ។បេ។ រាំជាមួយនឹងស្រីដែលកែក្រាយខ្លះ ច្រៀងជា​មួយ​នឹងស្រីដែលកែក្រាយខ្លះ ប្រគំជាមួយនឹងស្រី ដែលកែក្រាយខ្លះ កែក្រាយជា​មួយនឹងស្រី ដែលកែក្រាយខ្លះ លេងបាស្កាមានក្រឡាប្រាំបីខ្លះ លេងបាស្កាមាន​ក្រឡាដប់ខ្លះ លេងបាស្កាក្នុងអាកាសខ្លះ លេងវាងផ្លូវដែលគួរវាង (លេងពួន)ខ្លះ លេងផ្ទាត់គ្រាប់ មានគ្រាប់ក្រួសជាដើមខ្លះ លេងបាស្កា ក្នុងលានសម្រាប់លេងខ្លះ លេងហ៊ឹងខ្លះ លេងរលាស់ទឹកល័ក្ត ឲ្យទាយរូបខ្លះ លេងអង្គញ់ខ្លះ លេងផ្លុំប៉ីស្លឹកខ្លះ លេងនង្គ័លតូចខ្លះ លេងដាំដូងខ្លះ លេងកង្ហារខ្លះ លេងវាល់ដីខ្សាច់ (បាយឡុកបាយឡ) ខ្លះ លេងរថតូចខ្លះ លេងធ្នូតូចខ្លះ លេងសរសេរខ្យល់ ឲ្យទាយខ្លះ លេងទាយចិត្ត (ស្តេចចង់) ខ្លះ លេងកំប្លែងត្រាប់គេខ្លះ ហាត់វិជ្ជាដំរីខ្លះ ហាត់វិជ្ជាសេះខ្លះ ហាត់វិជ្ជារថខ្លះ ហាត់វិជ្ជាធ្នូខ្លះ ហាត់វិជ្ជាដង មានដងដាវជាដើមខ្លះ ស្ទុះរត់ពីមុខដំរីខ្លះ ស្ទុះរត់ពី​មុខសេះខ្លះ ស្ទុះរត់ពីមុខរថខ្លះ ស្ទុះរត់ទៅខ្លះ ស្ទុះរត់មកខ្លះ ស្រែកហ៊ោខ្លះ ទះដៃខ្លះ ចំបាប់គ្នាខ្លះ ដាល់គ្នាខ្លះ ក្រាលសង្ឃាដិ ក្នុង​កណ្តាល​រោងរាំ ហើយនិយាយនឹងស្រីដែលរាំ យ៉ាងនេះថា ម្នាលប្អូនស្រី នាងចូររាំ ក្នុងទីនេះខ្លះ ដាក់ម្រាមដៃ លើថ្ងាសខ្លួន និង​លើថ្ងាសស្រី ដែលរាំខ្លះ ប្រព្រឹត្តអនាចារផ្សេងៗខ្លះ (ក្រៅអំពី​នេះទៅទៀត)។ ពួកភិក្ខុ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះ​ព្រះមានព្រះភាគ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុមិនត្រូវប្រព្រឹត្តអនាចារផ្សេងៗទេ ភិក្ខុណាប្រព្រឹត្ត វិន័យ​ធរ គប្បីឲ្យ​ភិក្ខុនោះ ធ្វើតាមធម៌។

[៣០៦] សម័យនោះឯង កាលព្រះឧរុវេឡកស្សបមានអាយុ ចូលមកបួសហើយ ក៏មាន​គ្រឿង​លោហៈ គ្រឿងឈើ គ្រឿងដី ជាច្រើន កើតឡើងដល់សង្ឃ។ ពួកភិក្ខុគិត​យ៉ាង​នេះថា គ្រឿង​លោហៈ ព្រះមានព្រះភាគ ទ្រង់អនុញ្ញាតហើយ ឬមិនទាន់អនុញ្ញាតទេ គ្រឿងឈើ ព្រះមានព្រះភាគ ទ្រង់អនុញ្ញាតហើយ ឬមិនទាន់អនុញ្ញាតទេ គ្រឿងដី ព្រះមានព្រះភាគ ទ្រង់អនុញ្ញាតហើយ ឬមិនទាន់អនុញ្ញាតទេ។ ភិក្ខុទាំងឡាយ ក្រាបបង្គំ​ទូលសេចក្តីនុ៎ះ ចំពោះ​ព្រះមានព្រះភាគ។ ព្រោះនិទាននេះ ដំណើរនេះ ព្រះមានព្រះភាគ ទ្រង់ធ្វើធម្មីកថា ត្រាស់ហៅ​ភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត​គ្រឿងលោហៈទាំងពួង វៀរលែងតែ លោហៈ ដែលជាគ្រឿងសម្រាប់ប្រហារ អនុញ្ញាត​គ្រែទាំងពួង វៀវលែងតែ អាសនៈកន្លងហួស​ប្រមាណ ដែលហៅថាអាសន្ទិ អនុញ្ញាត​គ្រឿងឈើទាំងពួង វៀវលែងតែបាត្រឈើ និងទ្រនាប់​ជើងឈើ អនុញ្ញាត​គ្រឿងដីទាំងពួង វៀវលែងតែ គ្រឿងជូតជើង ដែលគេធ្វើ​ជាពក ឲ្យស្រួចៗឡើង មានអាការដូចពក​គ្រាប់ផ្លែឈូក និងកុដិធ្វើដោយដីសុទ្ធ (ដូចកុដិ​ធនិយភិក្ខុ)។

ចប់ ខុទ្ទកវត្ថុក្ខន្ធកៈ ជាគំរប់៥។

ឧទ្ទាន គឺបញ្ជីរឿងនៃ ខុទ្ទកវត្ថុក្ខន្ធកៈ នោះដូច្នេះ

[៣០៧] រឿងភិក្ខុងូតទឹក ត្រដុសកាយនឹងដើមឈើ នឹងសសរ នឹងជញ្ជាំង ទាំងងូតទឹក ក្នុងទីមិនសមគួរ ងូតទឹកដុសខ្លួន ដោយឈើដែល​គេធ្វើជាដៃគន្ធព្វ ងូតទឹក ដុសដោយ​លំអិត​ថ្ម ឈ្មោះករុវិន្ទកសុត្តិ ងូតទឹកត្រដុសគ្នាទៅវិញទៅមក ងូតទឹកដោយឈើ មាន​សណ្ឋាន​ដូចជើង​កន្ថោរ១ រឿងភិក្ខុកើតកមរមាស់ និងភិក្ខុជរា ទ្រង់អនុញ្ញាតឲ្យដុសខ្នង​ដោយបាតដៃបាន១ រឿងទ្រង់​ហាមមិនឲ្យភិក្ខុទ្រទ្រង់ប្រដាប់ត្រចៀក សង្វារប្រដាប់ក ប្រដាប់ចង្កេះ កងប្រដាប់ដើម​ដៃ ប្រដាប់ដៃ និងចិញ្ចៀន១ រឿងភិក្ខុទុកសក់វែង សិតសក់​ដោយស្និត សិតសក់ដោយក្រាស សិតសក់​ដោយដៃ សិតសក់ដោយក្រមួន លាបសក់​ដោយប្រេង លាយដោយទឹក១ រឿង​ភិក្ខុ​ឆ្លុះ​មុខក្នុងកញ្ចក់ ក្នុងភាជន៍ទឹក១ រឿងភិក្ខុកើត​ដំបៅមុខ លាបមុខ ផាត់មុខ ប្រស់មុខ ចុចមុខ លាប​អវយវៈ លាបមុខ និងលាបទាំង​អវយវៈទាំងមុខ១ រឿងភិក្ខុកើតរោគភ្នែក១ រឿងមហោស្រព​លើ​កំពូលភ្នំ១ រឿងភិក្ខុច្រៀង​ធម៌ ដោយសំឡេងវែង១ រឿងភិក្ខុមានសេចក្តីរង្កៀសនឹងសូត្រជាបទ​សរភ័ញ្ញ១ រឿងភិក្ខុ​ទ្រទ្រង់សំពត់ដែលធ្វើដោយរោមសត្វ មានរោមចេញមកខាងក្រៅ១ រឿង​អនុញ្ញាត​ចំណិតស្វាយ១ រឿងពួកជន នាំយកផ្លែស្វាយទាំងមូលទៅក្នុងរោងភត្ត១ រឿងភិក្ខុ​ពស់ចឹក១ រឿងភិក្ខុកាត់អង្គជាត​របស់ខ្លួន១ រឿងបាត្រខ្លឹមចន្ទន៍១ រឿងភិក្ខុប្រើបាត្រខ្ពស់ និងទាប១ រឿងផ្ទៃបាត្រសឹករិល ព្រោះគ្មានជើង១ រឿងបញ្ញត្តជើងបាត្រ ធ្វើដោយមាស និងប្រាក់១ រឿងជើងបាត្រក្រាសពេក១ រឿងលួសកើតឡើងដល់ភិក្ខុ១ រឿងភិក្ខុ​ប្រើ​ជើងបាត្រ វិចិត្រផ្សេងៗ១ រឿងភិក្ខុទុកបាត្រទាំងទទឹក បាត្រក៏ខូចទៅ១ រឿងបាត្រធុំក្លិន​អាក្រក់១ រឿងភិក្ខុ​ទុកបាត្រក្នុងទីក្តៅ បាត្ររមៀលធ្លាក់បែក១ រឿងភិក្ខុទុកបាត្រក្នុង​ទីបំផុតនៃក្តារតាំង ទុកបាត្រ​ក្នុងទីបំផុតនៃថ្នាក់១ រឿងអនុញ្ញាត​កម្រាលស្មៅ អនុញ្ញាត​កំណាត់សំពត់ អនុញ្ញាត​រោងទុក​បាត្រ អនុញ្ញាតថ្លាងសម្រាប់ទុកបាត្រ អនុញ្ញាតស្លោក​បាត្រ យោគបាត្រ និងខ្សែសម្រាប់ចង​បាត្រ១ រឿងភិក្ខុព្យួរបាត្រនឹងចំរឹងជញ្ជាំង ទុកបាត្រ​លើគ្រែ និងតាំង ដាក់បាត្រលើភ្លៅ ទុកបាត្រក្នុងឆត្រ និងមានបាត្រក្នុងដៃ ច្រាន​សន្ទះទ្វារ១ រឿងភិក្ខុត្រាច់ទៅបិណ្ឌបាត ដោយសំបកឃ្លោក ដោយអំបែងឆ្នាំង១ រឿងភិក្ខុប្រើបាត្រក្បាលខ្មោច១ រឿងភិក្ខុយកបាត្រទៅដាក់កាកអាមិសៈ ហើយយកទៅ​ចាក់ចោល ទ្រង់អនុញ្ញាតកន្ថោរ១ រឿងភិក្ខុហែកចីវរដោយដៃ១ រឿងកាំបិតមាន​ដង កើតឡើងដល់សង្ឃ ភិក្ខុប្រើដងកាំបិត ធ្វើដោយមាស (ជាដើម)១ រឿងភិក្ខុដេរចីវរ ដោយស្លាប​មាន់ និងចំរៀកឫស្សី ទ្រង់អនុញ្ញាត​បំពង់ម្ជុល អនុញ្ញាតឲ្យយកលំអិតពូជសុរា (ដំបែ) ច្រកក្នុងបំពង់ម្ជុល អនុញ្ញាតឲ្យយកលំអិតម្សៅលាយដោយរមៀត ឲ្យយកលំអិតថ្ម ច្រកក្នុងបំពង់​ម្ជុល ក្រមួនឃ្មុំ និងស្រោមលំអិតថ្ម១ រឿងដេរចីវរមានមុំមិនស្មើគ្នា ទ្រង់​អនុញ្ញាតឈើស្តឹង និងខ្សែ​ស្តឹងឲ្យភិក្ខុចងដេរចីវរ១ រឿងភិក្ខុលាឈើស្តឹង ក្នុងទីមិន​រាបទាប ភិក្ខុក្រាល ឬលាឈើស្តឹង​លើផែន​ដី ឈើស្តឹងរេចរិលត្រង់ដោយជាយជុំវិញ១ រឿងអនុញ្ញាតខ្នាតសម្រាប់វាស់ចីវរ និងខ្សែ​បន្ទាត់១ រឿងភិក្ខុមិនលាងជើង ហើយជាន់​លើឈើស្តឹង ភិក្ខុពាក់ស្បែកជើង ជាន់លើឈើស្តឹង១ រឿងភិក្ខុឈឺម្រាមដៃ ព្រោះដេរចីវរ ទ្រង់អនុញ្ញាតស្នាប់ម្រាមដៃដេរ ប្រអប់សម្រាប់ដាក់​ម្ជុល​កាំបិត ស្នាប់ម្រាមដៃដេរ ថង់សម្រាប់ដាក់​ស្នាប់ម្រាមដៃដេរ ខ្សែយោគ និងខ្សែចង១ រឿងភិក្ខុ​ដេរចីវរ​ក្នុងទីវាល រោងសម្រាប់ដាក់ឈើស្តឹង មានទីដីទាប១ រឿងខឿនបាក់រលុះរលើងទៅ ភិក្ខុ​លំបាកឡើងខឿន ដែលគ្មានជណ្តើរ ភិក្ខុដួលធ្លាក់ដោយឡើងជណ្តើរ កំទេចស្មៅធ្លាក់ចុះ​ ក្នុងរោង​ឈើស្តឹង ទ្រង់អនុញ្ញាត​ឲ្យបូក លាបដំបូលទាំងក្នុង ទាំងក្រៅ ធ្វើឲ្យមានពណ៌ស ពណ៌ខ្មៅ និងបរិកម្មដោយរង់ ទ្រង់អនុញ្ញាតឲ្យធ្វើក្បាច់ភ្ញីផ្កា ភ្ញីវល្លិ៍ ក្បាច់ធ្មេញមករ ក្បាច់​មានស្រទាប់​ប្រាំ ទាំងអនុញ្ញាត​ស្នួរចីវរ និងខ្សែស្បៀង១។ រឿងភិក្ខុចោលឈើស្តឹង ហើយចៀស​ចេញទៅ ឈើស្តឹង​វិនាសខូចទៅ ភិក្ខុមូរឈើស្តឹង ៗ ចេះតែរលាចេញ ភិក្ខុផ្អែកឈើស្តឹង​នឹងជញ្ជាំង ភិក្ខុយកបាត្រដាក់ម្ជុល កាំបិត និងថ្នាំហើយដើរទៅ អនុញ្ញាត​ថង់សម្រាប់​ដាក់ថ្នាំ និងខ្សែចង១ រឿងភិក្ខុចងស្បែកជើងនឹងវត្ថពន្ធចង្កេះ អនុញ្ញាតថង់​សម្រាប់ដាក់ស្បែកជើង ខ្សែ​យោគ និងខ្សែចង១ រឿងទឹកជាអកប្បិយៈ មានកណ្តាលផ្លូវ អនុញ្ញាត​សំពត់តម្រងទឹក និងធម្មក្រក១ រឿងភិក្ខុពីររូបដើរផ្លូវឆ្ងាយ១ រឿងព្រះមហាមុនី យាងទៅកាន់ក្រុងវេសាលី អនុញ្ញាត​សំពត់តម្រងទឹក ដែលមានដង និងសំពត់តម្រងត្រាំ ក្នុងក្រុងវេសាលីនោះ១។ រឿង​ភិក្ខុ​មានមូសខាំ ភិក្ខុមានអាពាធច្រើន ព្រោះឆាន់​បណីតភោជន១ រឿងជីវកកោមារភត្យ១ រឿងអនុញ្ញាត​ទីចង្ក្រម និងរោងភ្លើង១ រឿងភិក្ខុចង្ក្រម ក្នុងទីចង្ក្រមមិនស្មើ ទីចង្ក្រមមានទីដី​ទាប ទ្រង់​អនុញ្ញាតខឿន៣យ៉ាង ពួកភិក្ខុលំបាកនឹងឡើង ព្រោះគ្មានជណ្តើរ ទ្រង់អនុញ្ញាតជណ្តើរ និង​បង្កាន់ដៃ និង​ដៃរបៃនៃទីចង្ក្រម១ រឿងភិក្ខុចង្ក្រមក្នុងទីវាល កំទេចស្មៅធ្លាក់ចុះក្នុងរោងចង្ក្រម ទ្រង់​អនុញ្ញាត​​ឲ្យបូក លាបទាំងក្នុង ទាំងក្រៅ ទ្រង់អនុញ្ញាតថ្នាំមានពណ៌ស ពណ៌ខ្មៅ បរិកម្មដោយរង់ ធ្វើក្បាច់ភ្ញីផ្កា ភ្ញីវល្លិ៍ ក្បាច់ធ្មេញមករ ក្បាច់​មានស្រទាប់​ប្រាំ ​ស្នួរចីវរ និងខ្សែស្បៀង១។  រឿងអនុញ្ញាត​ឲ្យធ្វើទីដីរោងភ្លើងឲ្យខ្ពស់ឡើង ខឿន ជណ្តើរ និង​បង្កាន់ដៃ​ជណ្តើរ សន្ទះទ្វាររោងភ្លើង ក្របទ្វារ ក្បាល (ដំណាប់ក្រោម) អន្ទាក់ខាងលើ (ដំណាប់លើ ឬច្បោះ) សសរ​នៃសន្ទះទ្វារ ត្រដោកទ្វារ រនុកទ្វារ គន្លឹះទ្វារ មេសោ ប្រហោងសម្រាប់បិទបើក ខ្សែទាញបិទបើក និងអនុញ្ញាតឲ្យធ្វើមណ្ឌល គឺដីឲ្យទាបជុំវិញ​រោងភ្លើង បំពង់ផ្សែង (បំពង់ភ្លើង)១ រឿងភិក្ខុ​ធ្វើចង្ក្រាន ពាក់កណ្តាលរោងភ្លើងតូច អនុញ្ញាតដីលាបមុខ ទាំងអនុញ្ញាតស្នូកសម្រាប់​លាយដីស្អិត ដីធុំក្លិនអាក្រក់១ រឿងភ្លើង​រលាកភិក្ខុ១ រឿង​អនុញ្ញាត​អាងទឹក និងផ្តិលទឹក១ រឿងដំបូលស្មៅ មិនមានចំហាយ​ញើស១ រឿងរោងភ្លើងមានភក់ជ្រាំ១ រឿងអនុញ្ញាត​ឲ្យលាង​កម្រាលរោងភ្លើង និងធ្វើឲ្យ​ទទឹក១ រឿងអនុញ្ញាតតាំងសម្រាប់រោងភ្លើង១ រឿងអនុញ្ញាតបន្ទប់ទឹក និងកិច្ចការក្នុង​រោងភ្លើង១ រឿងអនុញ្ញាតឲ្យរោយក្រួសរវាន អនុញ្ញាតកម្រាលថ្ម និងទទឹក១ រឿង​ភិក្ខុអាក្រាត សំពះគ្នា១ រឿងភិក្ខុដាក់ចីវរលើផែនដី ភ្លៀងទទឹកចីវរ១ រឿងអនុញ្ញាត​គ្រឿង​បិទបាំង​កាយបីយ៉ាង១ រឿងទឹកមិនមានក្នុងរោងភ្លើងនោះ អនុញ្ញាត​អណ្តូងទឹក មាត់​អណ្តូងទឹក បាក់រលុះ​រលាយ ភិក្ខុយោងទឹក​ដោយវល្លិខ្លះ ដោយវត្ថពន្ធចង្កេះខ្លះ អនុញ្ញាត​ថ្លឹងសម្រាប់​យោងទឹក យន្តសម្រាប់ទាញទឹក និងរហាត់ទឹក១ រឿងភាជន៍បែកជាច្រើន បំពង់លោហៈ បំពង់​ឈើ និងចម្មខណ្ឌ១ រឿងអនុញ្ញាតសាលាជិតអណ្តូងទឹក កំទេចស្មៅ​ធ្លាក់ចុះក្នុងសាលា អនុញ្ញាត​គ្របអណ្តូងទឹក ស្នូកទឹក អណ្តូងជ្រាំ និងកំពែង ៣យ៉ាង១ រឿងអណ្តូងជ្រាំ មានភក់ អនុញ្ញាត​ទ បង្ហូរទឹក១ រឿងភិក្ខុមានកាយរងារ១ រឿងឧបាសក​ជីកស្រះបោក្ខរណី ទឹកដក់នៅយូរក្នុងស្រះ​បោក្ខរណី១ រឿងឧបាសក សង់រោងភ្លើង មានជហ្វាដងក្តារ១ រឿងភិក្ខុនៅប្រាសចាកសំពត់​និសីទនៈ៤ខែ១ រឿងភិក្ខុដេកនៅលើទី​ដំណេក ដែលរោយរាយដោយផ្កា ពួកមនុស្ស​នាំយក​គ្រឿងក្រអូប និងផ្កាកម្រង​មកកាន់​អារាម១ រឿងទ្រង់ហាមមិនឲ្យអធិដ្ឋានសំពត់ស្មាច់ ដោយរោមចៀម១ រឿងភិក្ខុឆាន់​លើតុ ឬថាស អនុញ្ញាត​ភាជន៍ឈើសម្រាប់​ដម្កល់បាត្រ១ រឿង​ភិក្ខុឆាន់ក្នុងភាជន៍ជាមួយគ្នា ដេកលើគ្រែជាមួយគ្នា លើកម្រាលជាមួយគ្នា១ រឿងវឌ្ឍលិច្ឆវិ១ រឿងពោធិរាជកុមារ១ រឿងមិនទ្រង់ជាន់​លើកម្រាលសំពត់១ រឿងនាងវិសាខានាំយកក្អម និងទ្រនាប់​សម្រាប់​ជូតជើង ដែលមានពក និងអំបោស ទ្រង់អនុញ្ញាតទ្រនាប់សម្រាប់ជូតជើង ៣យ៉ាងគឺ ទ្រនាប់ថ្ម ក្បឿង ឬអំបែង និងទ្រនាប់ផ្សិតសមុទ្រ រឿងនាងវិសាខា នាំយកផ្លិតបួន​ជ្រុង និងផ្លិតមូល ទៅថ្វាយព្រះមានព្រះភាគ១ រឿងផ្លិតបក់មូស កើតឡើងដល់សង្ឃ ទ្រង់ហាម​មិនឲ្យ​ភិក្ខុប្រើប្រាស់ផ្លិតចាមរី១ រឿងភិក្ខុឈឺ តែខានបាំងឆត្រ មិនសប្បាយ និងភិក្ខុរង្កៀស​នឹង​បាំង​ឆត្រ ក្នុងអារាម១ រឿងអនុញ្ញាតសិក្កាសម្មតិ ដល់ភិក្ខុ៣រូប រឿងភិក្ខុទំពាអៀង១ រឿងគ្រាប់បាយ​ធ្លាក់​រាត់រាយ ក្នុងរោងភត្ត រឿងភិក្ខុមានក្រចកវែង ភិក្ខុកាត់ក្រចកដោយ​ក្រចក ភិក្ខុត្រដុសក្រចក​នឹង​ជញ្ជាំង ម្រាមដៃឈឺចាប់ ភិក្ខុកាត់ក្រចក ត្រាតែចេញឈាម ទ្រង់អនុញ្ញាតឲ្យកាត់ក្រចក​ស្មើ​នឹងសាច់១ រឿងភិក្ខុដុសខាត់ក្រចកទាំងម្ភៃ១ រឿង​ភិក្ខុទុក​សក់វែង អនុញ្ញាតកាំបិតកោរ ថ្មសំលៀង​កាំបិតកោរ ស្រោមកាំបិតកោរ គ្រឿងស្មាច់ ធ្វើដោយរោមចៀម និងគ្រឿង​ប្រដាប់​កាំបិតកោរទាំងអស់១ រឿងភិក្ខុកោរពុកមាត់ ទុក​ពុកមាត់ ទុកពុកចង្កាឲ្យវែង ដូចជាពុកចង្កា​ពពែ ទុកពុកមាត់ឲ្យមានជ្រុង៤ ប្រមូល​ជួររោមត្រង់ដើមទ្រូង ទុកជួររោមត្រង់ពោះ ទុកពុកមាត់ដូច​ចង្កូម១ រឿងទ្រង់អនុញ្ញាត​ឲ្យដករោមក្នុងទីចង្អៀត ដោយមានអាពាធជាហេតុ១ រឿង​ភិក្ខុកាត់​សក់ដោយកន្ត្រៃ រឿងភិក្ខុកើតដំបៅក្បាល១ រឿងភិក្ខុទុករោមច្រមុះវែង ភិក្ខុឲ្យគេដករោមច្រមុះ ដោយ​ក្រួស ភិក្ខុឲ្យគេដកសក់ស្កូវ១ រឿងភិក្ខុថ្លង់ ឆព្វគ្គិយភិក្ខុប្រើចង្កៀលត្រចៀកខ្ពស់ និងទាប ភិក្ខុសន្សំទុកគ្រឿងលោហៈជាច្រើន១ រឿងភិក្ខុរង្កៀសនឹងចងចង្កំក្លាក់ដាក់ថ្នាំ សម្រាប់​លាប​ភ្នែក១ រឿងភិក្ខុអង្គុយត្របោមក្បាលជង្គង់ទាំងសង្ឃាដិ១ រឿងភិក្ខុសង្ស័យនឹងសំពត់​អាយោគ ទ្រង់អនុញ្ញាតក្តារមូរសម្រាប់​ធ្វើសំពត់​អាយោគ១ ទ្រង់អនុញ្ញាតកាយពន្ធ ភិក្ខុប្រើកាយពន្ធ មានខ្សែច្រើន មានសណ្ឋានដូចក្បាលពស់ទឹក មានសណ្ឋានដូច​ខ្សែសម្ភោរ និងមានសណ្ឋានដូច​សង្វារ ទ្រង់អនុញ្ញាត​កាយពន្ធពីរយ៉ាង គឺសំពត់ផ្ទាំងមួយ សំពត់ដូច​ពោះវៀនជ្រូកមួយ រឿង​ជាយ​កាយពន្ធរេច ទ្រង់អនុញ្ញាតកាយពន្ធ មាន​សណ្ឋាន​ដូចខ្សែរិតសម្ភោរ និងមានសណ្ឋាន​ដូច​សង្វារ រឿង​រឹមកាយពន្ធរេច ទ្រង់​អនុញ្ញាត​ឲ្យ​ដេរលិន និងដេរឲ្យមានអាការដូចកួផ្លែស្កួច រឿងអន្ទាក់​កាយពន្ធរេច និងរឿង​ភិក្ខុប្រើឡេវក្ឌុំខ្ពស់ និងទាប១ រឿងភិក្ខុដេរទ្រនាប់ឡេវ ទ្រនាប់អន្ទាក់ ក្នុងទីបំផុតនៃចីវរ ទ្រង់អនុញ្ញាតឲ្យដាក់ទ្រនាប់អន្ទាក់លូកចូលទៅខាងក្នុង ១ រឿងភិក្ខុ​ស្លៀក​ស្បង់​ដូច​គ្រហស្ថ ស្លៀកស្បង់ស្លុយមុខ ដូចប្រមោយដំរី ស្លៀកមានសណ្ឋានដូចកន្ទុយត្រី ស្លៀក​បន្លិច​ជ្រុងស្បង់ទាំង៤ ឲ្យប្រាកដ ស្លៀកដោយអាការដូចកំពូលត្នោត ស្លៀកអង្កាញ់​ឲ្យមានផ្នត់ច្រើន ដណ្តប់ដូចគ្រហស្ថ និងស្លៀកចងក្បិន១ រឿងភិក្ខុរែក១ រឿងភិក្ខុមិន​ទំពាឈើស្ទន់ ភិក្ខុគោះ​សាមណេរដោយឈើស្ទន់ ភិក្ខុទំពាឈើស្ទន់ខ្លីពេក ឈើស្ទន់​ក៏របូតចូលក្នុងបំពង់ក១ រឿងភិក្ខុ​ដុតព្រៃ ភិក្ខុរង្កៀសនឹងការដុតភ្លើងតទល់ ភិក្ខុរត់ឡើង​ដើមឈើ ព្រោះដំរីដេញ១ រឿង​ភិក្ខុទូល​សូមសូត្រពុទ្ធវចនៈ ជាភាសាសំស្ក្រឹត ភិក្ខុរៀន​ទាំងបង្រៀនគម្ពីរលោកាយតៈ និងភិក្ខុរៀន​តិរច្ឆាន​វិជ្ជា១ រឿងព្រះអង្គកណ្តាស រឿង​អនុញ្ញាត​​ឲ្យភិក្ខុឆ្លើយតបដើម្បីមង្គល រឿងភិក្ខុឆាន់ខ្ទឹម១ រឿង​ព្រះសារីបុត្រ​អាពាធដោយ​ខ្យល់១ រឿងភិក្ខុបន្ទោបង់បស្សាវៈ ក្នុងអារាមៗ ក៏មិនស្អាត អារាម​មានក្លិនអាក្រក់ ភិក្ខុលំបាកនឹងអង្គុយបន្ទោបង់បស្សាវៈ ទ្រង់អនុញ្ញាតទ្រនាប់ជើង សម្រាប់​បន្ទោបង់​បស្សាវៈ ភិក្ខុអៀនខ្មាសនឹងបន្ទោបង់បស្សាវៈ ឆ្នាំងបស្សាវៈមិនមានគ្រប មានក្លិនអាក្រក់ ភិក្ខុបន្ទោបង់វច្ចៈ ក្នុងទីពីសពាស អារាមមានក្លិនអាក្រក់ អនុញ្ញាតឲ្យធ្វើរណ្តៅវច្ចៈ១ រឿង​មាត់រណ្តៅបាក់រលុះ ទ្រង់អនុញ្ញាតឲ្យធ្វើទីដីឲ្យខ្ពស់ឡើង មួយអន្លើដោយខឿន៣យ៉ាង និងជណ្តើរ បង្កាន់ដៃជណ្តើរ ពួកភិក្ខុអង្គុយបន្ទោបង់វច្ចៈ ក្នុងទីបំផុត ក៏ធ្លាក់ចុះ ភិក្ខុលំបាក​នឹងអង្គុយ​បន្ទោបង់វច្ចៈ ទ្រង់អនុញ្ញាតទ្រនាប់ជើង សម្រាប់​បន្ទោបង់វច្ចៈ ពួកភិក្ខុបន្ទោបង់​បស្សាវៈ​ខាងក្រៅ ទ្រង់អនុញ្ញាតស្នូកបស្សាវៈ ទ្រង់អនុញ្ញាតឈើខ្នៀស និងត្រកសម្រាប់​ដាក់ឈើខ្នៀស រណ្តៅវច្ចៈមិនមានគ្រប១ រឿងអនុញ្ញាតវច្ចកុដិ និងសន្ទះទ្វារ ក្របទ្វារ ក្បាល (ដំណាប់ក្រោម) អន្ទាក់លើ (ដំណាប់លើ) សសរទ្វារ ត្រដោកទ្វារ រនុកទ្វារ គន្លឹះទ្វារ មេសោ ប្រហោងសម្រាប់ទាញ និងខ្សែសម្រាប់ទាញ ទ្រង់អនុញ្ញាត​ឲ្យបូក លាបវច្ចកុដិ ទាំងខាងក្នុង ទាំងខាងក្រៅ និងថ្នាំមានពណ៌ស ពណ៌ខ្មៅ ក្បាច់ភ្ញីផ្កា ក្បាច់ភ្ញីវល្លិ ក្បាច់ធ្មេញមករ ក្បាច់មានស្រទាប់ប្រាំ ស្នួរចីវរ ខ្សែស្បៀង១ រឿងភិក្ខុមានកំលាំង​ថយដោយជរា អនុញ្ញាត​កំពែង៣យ៉ាង អនុញ្ញាត​បន្ទប់​ទឹក និងកំពែងដូច្នោះ អនុញ្ញាត​ឲ្យរោយក្រួសរវាន អនុញ្ញាត​ឲ្យក្រាល​កម្រាលថ្ម១ រឿងទឹកដក់​នៅក្នុងបន្ទប់នោះ ទ្រង់​អនុញ្ញាតទទឹក អនុញ្ញាត​ឆ្នាំងសម្រាប់ដាក់ទឹកជម្រះ អនុញ្ញាត​ផ្តិលសម្រាប់​ជម្រះ ភិក្ខុ​លំបាក​នឹងអង្គុយជម្រះ​ ភិក្ខុអៀនខ្មាសនឹងជម្រះ ទ្រង់អនុញ្ញាត​គ្រប១ រឿង​ភិក្ខុ​ប្រព្រឹត្ត​អនាចារ១។ រឿងអនុញ្ញាតលោហភណ្ឌ លើកលែងតែលោហភណ្ឌ ដែលជាគ្រឿង​ប្រហារ​ទាំងពួង១។ រឿងព្រះមហាមុនី ទ្រង់អនុញ្ញាតគ្រែ វៀរលែងតែអាសន្ទិ ព្រះមហាមុនី ទ្រង់​អនុញ្ញាត​គ្រឿងឈើទាំងអស់ វៀរលែងតែបាត្រឈើ និងទ្រនាប់ជើងឈើ១។ រឿង​ព្រះតថាគត មានសេចក្តី​អនុគ្រោះ ទ្រង់អនុញ្ញាត​គ្រឿងដីទាំងពួង វៀរលែងតែទ្រនាប់​សម្រាប់ជូតជើង ដែលគេធ្វើ​មានពក​ឡើង និងកុដិធ្វើដោយដីសុទ្ធ១។ កិរិយាសំដែងចេញ​នូវវត្ថុណា វត្ថុនោះដូចគ្នានឹងវត្ថុមុនដដែល យើងបានពោលទុកដោយសង្ខេបក្នុងឧទ្ទាន អ្នកប្រាជ្ញគប្បីដឹងនូវវត្ថុនោះ តាមន័យ (សមគួរចុះ)។ អ្នកប្រាជ្ញ ជាវិន័យធរ មានចិត្ត​ប្រកបដោយប្រយោជន៍ មានសីលជាទីស្រឡាញ់ដោយប្រពៃ អ្នកធ្វើ​នូវប្រទីប គឺ​ព្រះសទ្ធម្ម គួរដល់ការបូជា ជាពហុស្សូត ជាអ្នកញុំាង​ព្រះសទ្ធម្ម ឲ្យតាំង​នៅមាំផង ជាអ្នកអនុគ្រោះ ដល់ភិក្ខុមានសីលជាទីស្រឡាញ់ទាំងឡាយផង បានសិក្សាហើយ​ដោយ​ប្រពៃ នូវវត្ថុមានចំនួន១១០ ក្នុងខុទ្ទកវត្ថុក្ខន្ធកៈ ក្នុងព្រះវិន័យ ដោយប្រការ​ដូច្នេះហោង។

សេនាសនក្ខន្ធកៈ

[៣០៨] សម័យនោះ ព្រះពុទ្ធមានព្រះភាគ គង់នៅវត្តវេឡុវ័ន កលន្ទកនិវាបស្ថាន ក្បែរក្រុងរាជគ្រឹះ។ សម័យនោះឯង ព្រះមានព្រះភាគ មិនទាន់បានបញ្ញត្តសេនាសនៈ ដល់ពួក​ភិក្ខុនៅឡើយ។ ភិក្ខុទាំងនោះ ក៏នៅក្នុងទីនោះៗ គឺព្រៃ គល់ឈើ ភ្នំ ច្រក គូហាទៀបភ្នំ ព្រៃស្មសាន ព្រៃធំ ទីកណ្តាលវាល និងគំនរចម្បើង។ លុះព្រលឹមឡើង ភិក្ខុទាំងនោះ ដើរចេញអំពីទីនោះៗ គឺព្រៃ គល់ឈើ ភ្នំ ច្រក គូហាទៀបភ្នំ ព្រៃស្មសាន ព្រៃធំ ទីកណ្តាលវាល និងគំនរចម្បើង សឹងមាន​ចក្ខុសំឡឹងចុះ បរិបូណ៌ដោយឥរិយាបថ គឺឈានទៅមុខ​ ថយក្រោយ ក្រឡេកស្តាំ ក្រឡេកឆ្វេង បត់ចូល លាចេញ គួរឲ្យកើត​សេចក្តីជ្រះថ្លា។

[៣០៩] គ្រានោះឯង រាជគហសេដ្ឋី បានទៅឱទ្យានអំពីព្រលឹម។ រាជគហសេដ្ឋី ក៏បាន​ឃើញ​ភិក្ខុទាំងនោះ កំពុងនិមន្តចេញពីទីនោះៗ គឺព្រៃ គល់ឈើ ភ្នំ ច្រក គូហាទៀបភ្នំ ព្រៃស្មសាន ព្រៃធំ ទីកណ្តាលវាល និងគំនរចម្បើងអំពីព្រលឹមដែរ សឹងមាន​ចក្ខុសំឡឹងចុះ បរិបូណ៌ដោយឥរិយាបថ គឺឈានទៅមុខ​ ថយក្រោយ ក្រឡេកស្តាំ ក្រឡេកឆ្វេង បត់ចូល លាចេញ គួរឲ្យកើតសេចក្តីជ្រះថ្លា។ លុះរាជគហសេដ្ឋីនោះឃើញហើយ ក៏មានចិត្ត​ជ្រះថ្លា។ លំដាប់នោះ រាជគហសេដ្ឋី ក៏ដើរចូលទៅរកពួកភិក្ខុនោះ លុះចូលទៅដល់ហើយ បាននិយាយ​ពាក្យនេះ នឹងភិក្ខុទាំងនោះថា បពិត្រលោកទាំងឡាយដ៏ចំរើន ប្រសិនបើ​ខ្ញុំព្រះករុណាឲ្យគេធ្វើ​វិហារ [សំដៅយកទីនៅរបស់សង្ឃ។] (ប្រគេន) តើលោកម្ចាស់​ទាំងឡាយ នឹងនៅក្នុងវិហារ​របស់ខ្ញុំ​ព្រះករុណាឬទេ។ ភិក្ខុទាំងនោះឆ្លើយថា ម្នាល​គហបតិ ព្រះមានព្រះភាគមិនទាន់បានអនុញ្ញាត​វិហារទេ។ រាជគហសេដ្ឋីឆ្លើយថា បពិត្រ​លោកទាំងឡាយដ៏ចំរើន បើដូច្នោះ សូមលោកម្ចាស់ ក្រាបបង្គំទូលសួរ ចំពោះ​ព្រះមានព្រះភាគ (អំពីរឿងវិហារនោះ) ហើយមេត្តាប្រាប់ដល់ខ្ញុំ​ព្រះករុណាផង។ ភិក្ខុទាំង​នោះ ទទួលស្តាប់ពាក្យរាជគហសេដ្ឋី ដោយពាក្យថា យ៉ាងហ្នឹងហើយ គហបតិ រួចក៏ចូល​ទៅកាន់ទី ដែលព្រះមានព្រះភាគគង់ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំ​ព្រះមាន​ព្រះភាគ រួចអង្គុយក្នុងទីដ៏សមគួរ។ ភិក្ខុទាំងនោះ អង្គុយក្នុងទីដ៏សមគួរហើយ ក៏បាន​ក្រាប​បង្គំទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន រាជគហសេដ្ឋី មានសេចក្តី​ប្រាថ្នានឹង​ឲ្យគេធ្វើវិហារ បពិត្រព្រះអង្គដ៏ចំរើន តើយើងខ្ញុំគប្បីប្រតិបត្តិដូចម្តេច។

[៣១០] ព្រោះនិទាននេះ ដំណើរនេះ ព្រះមានព្រះភាគ ទ្រង់ធ្វើធម្មីកថា ហើយត្រាស់​ហៅ​ភិក្ខុទាំងឡាយមកក្នុងពេលនោះថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតសេនាសនៈ ៥ យ៉ាង គឺវិហារ [លំនៅដែលក្រៅពីសេនាសនៈ មានអឌ្ឍយោគជាដើម។]១ អឌ្ឍយោគ [ផ្ទះមានសណ្ឋាន​ដូចស្លាបគ្រុឌ ឬផ្ទះដែលមានដំបូលតែម្ខាង គឺបង្ហារ។]១ ប្រាសាទ [ប្រាសាទវែង]១ ហម្មិយៈ [ផ្ទះ ឬប្រាសាទមានកំពូល]១ គុហា [គុហាដែលធ្វើដោយឥដ្ឋ ដោយថ្ម ដោយឈើ ដោយអាចម៍ដី ឬដែល​កើតឯង ក្នុងភ្នំ (អដ្ឋកថា)។]១។

[៣១១] គ្រានោះ ពួកភិក្ខុនោះ ចូលទៅរករាជគហសេដ្ឋី លុះចូលទៅដល់ហើយ បាន​និយាយ​ពាក្យនេះ នឹងរាជគហសេដ្ឋីថា ម្នាលគហបតិ ព្រះមានព្រះភាគ ទ្រង់អនុញ្ញាត​វិហារ​ហើយ ឥឡូវនេះ អ្នកយល់ថាកាលណាគួរ (ក៏គប្បីធ្វើចុះ)។ គ្រានោះ រាជគហសេដ្ឋី ឲ្យគេ​សាងវិហារចំនួន៦០ តែមួយថ្ងៃគត់ ក៏ហើយជាស្រេច។ រាជគហសេដ្ឋី ឲ្យគេសាង​វិហារ​៦០ រួចស្រេចហើយ ក៏ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ថ្វាយបង្គំព្រះមានព្រះភាគ រួចអង្គុយក្នុងទីដ៏សមគួរ។ រាជគហសេដ្ឋី លុះអង្គុយ​ក្នុង​ទីសមគួរ​ហើយ បានក្រាបទូលពាក្យនេះ នឹងព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ មួយអន្លើដោយភិក្ខុសង្ឃ ទទួលភត្តរបស់ខ្ញុំព្រះអង្គ ដើម្បីធ្វើ​ភត្តកិច្ច ក្នុងថ្ងៃ​ស្អែក។ ព្រះមានព្រះភាគ ទ្រង់ទទួលនិមន្ត ដោយតុណ្ហីភាណ។ គ្រានោះ រាជគហសេដ្ឋី ដឹងច្បាស់​ថា ព្រះមានព្រះភាគ ទទួលនិមន្តហើយ ក៏ក្រោកចាកអាសនៈ ថ្វាយបង្គំលាព្រះមានព្រះភាគ ធ្វើប្រទក្សិណ រួចចៀសចេញទៅ។ គ្រាកាលកន្លង​រាត្រីនោះទៅ រាជគហសេដ្ឋី ក៏ឲ្យតាក់តែងខាទនីយភោជនីយាហារដ៏ឧត្តម ហើយឲ្យទៅ​ក្រាបបង្គំទូល​ភត្តកាល ចំពោះ​ព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន វេលាគួរហើយ ភត្តសម្រេចហើយ។

[៣១២] លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ស្បង់ និងបាត្រចីវរ ក្នុងវេលាបុព្វណ្ហសម័យ ហើយទ្រង់យាងទៅកាន់លំនៅ​នៃរាជគហសេដ្ឋី លុះយាងទៅដល់ហើយ ក៏គង់លើ​អាសនៈ ដែល​គេក្រាល (បម្រុងទុក) មួយអន្លើ ដោយភិក្ខុសង្ឃ។ ឯរាជគហសេដ្ឋី បានអង្គាសខាទនីយ​ភោជនីយាហារ ដ៏ឆ្ងាញ់ពីសារដោយដៃខ្លួនឯង ថ្វាយចំពោះ​ព្រះភិក្ខុ​សង្ឃ មានព្រះពុទ្ធ ជាប្រធាន ឲ្យឆ្អែតស្កប់ស្កល់ លុះព្រះមានព្រះភាគ ទ្រង់សោយស្រេច លែងលូកព្រះហស្តទៅក្នុងបាត្រហើយ (សេដ្ឋីនោះ) ក៏អង្គុយក្នុងទីសមគួរ។ រាជគហសេដ្ឋី លុះអង្គុយក្នុងទីសមគួរហើយ បានក្រាបបង្គំ​ទូល​ពាក្យនេះ នឹងព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ ជាអ្នកត្រូវការដោយ​បុណ្យ និងឋានសួគ៌ បានសាងវិហារ​ទាំង៦០នុ៎ះស្រេចហើយ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ នឹងប្រតិបត្តិក្នុងវិហារ​ទាំងនោះ​ដូចម្តេច។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលគហបតិ បើដូច្នោះ អ្នកចូរ​ប្រតិស្ឋានវិហារ​ទាំង​៦០នោះ សម្រាប់សង្ឃ ដែលមកហើយ និងមិនទាន់មក អំពីទិសទាំង៤ចុះ។ រាជគហសេដ្ឋី ទទួលស្តាប់ព្រះពុទ្ធដីកាព្រះមានព្រះភាគ ដោយពាក្យថា ព្រះករុណា​ព្រះអង្គ រួច​ក៏ប្រតិស្ឋាន​វិហារ​ទាំង៦០នោះ ដើម្បីសង្ឃ ដែលមកហើយ ទាំងមិនទាន់មក អំពីទិសទាំង៤។ ទើបព្រះមានព្រះភាគ ទ្រង់អនុមោទនា ចំពោះរាជគហសេដ្ឋី ដោយ​គាថា​ទាំងឡាយនេះថា

[៣១៣] (​វិហារ គឺទីអាវាស ឬសេនាសនៈ ជាទីនៅនៃសង្ឃទាំងឡាយ) រមែងការពារ​រងា​ផង ក្តៅផង ម្រឹគសាហាវទាំងឡាយផង ពស់តូច និងពស់ធំទាំងឡាយផង មូសទាំង​ឡាយ​​ផង ត្រជាក់ទាំងឡាយផង គ្រាប់ភ្លៀងទាំងឡាយផង ខ្យល់ និងកំដៅថ្ងៃដ៏ក្លាខ្លំាង ដែលកើតឡើង​ហើយ រមែងបាត់ទៅវិញ ព្រោះវិហារនោះៗ។ វិហារទាន គឺការឲ្យលំនៅ (ដែលបុគ្គល​បានឲ្យហើយ) ដល់សង្ឃ ដើម្បីជាទីជ្រកកោនផង ដើម្បីនៅជាសុខផង ដើម្បីដុតបាបធម៌ផង ដើម្បីចំរើនវិបស្សនាផង ព្រះពុទ្ធទាំងឡាយ តែងសរសើរ ថាជា​ទានដ៏ប្រសើរ។ ព្រោះហេតុ​នោះឯង បុរស (ស្ត្រី) ជាបណ្ឌិត កាលបើបានឃើញច្បាស់ នូវប្រយោជន៍របស់ខ្លួន ក៏គួរ​កសាង​ព្រះវិហារ គឺអាវាស ឬសេនាសនៈទាំងឡាយ ដ៏ជាទីគួររីករាយ ហើយគួរនិមន្តលោក ដែល​ជា​ពហុស្សូត [ពាក្យថា ពហុស្សូត សំដៅយកពហុស្សូតពីរយ៉ាង គឺ បរិយត្តិពហុស្សូត និងបដិវេធ​ពហុស្សូត (អដ្ឋកថា)។] គឺលោកអ្នកចេះដឹងច្រើនទាំងឡាយ ឲ្យនៅក្នុងទីនោះ។ គួរមានចិត្ត​ជ្រះថ្លាចំពោះ​លោក​ទាំងឡាយ ដែលមានចិត្តត្រង់ ហើយប្រគេនបាយ ទឹក សំពត់ និងសេនាសនៈ​ទាំងឡាយ ដល់លោកទាំងនោះចុះ។ លោកទាំងនោះ រមែងសំដែងធម៌ ជាគ្រឿងបន្ទោបង់ ឲ្យឃ្លាត​ចាកទុក្ខគ្រប់ប្រការ ដល់អ្នកនោះ លុះអ្នកនោះបានដឹងធម៌ណា ក្នុងព្រះពុទ្ធសាសនា​នេះ​ហើយ ក៏ជាអ្នកមិនមានអាសវៈ រមែងបរិនិព្វាន។

កាលដែលព្រះមានព្រះភាគ ទ្រង់អនុមោទនា ចំពោះរាជគហសេដ្ឋី ដោយគាថាទាំង​ឡាយនេះហើយ ទើបទ្រង់ក្រោកចាកអាសនៈ យាងចៀសចេញទៅ។

[៣១៤] មនុស្សទាំងឡាយបានឮដំណឹងថា ព្រះមានព្រះភាគ ទ្រង់អនុញ្ញាតវិហារហើយ។ មនុស្សទាំងនោះ ក៏យកចិត្តទុកដាក់ នាំគ្នាកសាងវិហារ។ វិហារទាំងនោះ មិនទាន់មាន​សន្ទះទ្វារ​នៅឡើយ។ ពស់ និងខ្ទួយខ្លះ ក្អែបខ្លះ ក៏តែងចូលទៅ។ ភិក្ខុទាំងឡាយ ក្រាបបង្គំ​ទូលសេចក្តីនុ៎ះ ចំពោះ​ព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត​ឲ្យមាន​សន្ទះទ្វារ។ ពួកភិក្ខុធ្វើប្រហោងជញ្ជាំង ហើយចងសន្ទះទ្វារ​ដោយ​វល្លិខ្លះ ដោយខ្សែខ្លះ។ កណ្តុរខ្លះ កណ្តៀរខ្លះ ក៏ចេះតែកោរកាត់។ ចំណង​ដែលសត្វកាត់ហើយ សន្ទះទ្វារ ក៏ធ្លាក់​ចុះមក។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះ​ព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត (ឲ្យធ្វើ) ក្របទ្វារ ដំណាប់ក្រោម និងដំណាប់លើ។ សន្ទះទ្វារ​ទាំងឡាយ មិនជិតស្និទ្ធល្អ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត (ឲ្យធ្វើ) ប្រហោង​សម្រាប់ដាក់ខ្សែទាញ និងខ្សែសម្រាប់ទាញ។ ភិក្ខុបិទសន្ទះ​ទ្វារ មិនកើត។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត (ឲ្យធ្វើ) មេទ្វារ ត្រដោកទ្វារ រនុកទ្វារ និងគន្លឹះទ្វារខាងលើ។

[៣១៥] សម័យនោះ ពួកភិក្ខុបិទសន្ទះទ្វារមិនកើត។ ភិក្ខុទាំងនោះ ក្រាបបង្គំទូល​សេចក្តី​នុ៎ះ ចំពោះ​ព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត (ឲ្យធ្វើ) ប្រហោងសោ និងសោ៣យ៉ាង គឺ សោធ្វើដោយលោហជាតិ១ សោធ្វើ​ដោយ​ឈើ១ សោធ្វើ​ដោយស្នែង១។ ភិក្ខុទាំងឡាយណាបើកទ្វារចូលទៅ។ (ភិក្ខុទាំង​នោះ) មិនបានបិទវិហារទៅវិញ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលរឿងនុ៎ះ ចំពោះ​ព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត (ឲ្យធ្វើ) គ្រឿងយន្ត និងគន្លឹះ។

[៣១៦] សម័យនោះឯង វិហារប្រក់ស្មៅ រដូវរងាក៏រងាណាស់ រដូវក្តៅ ក៏ក្តៅណាស់។ ពួកភិក្ខុ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះ​ព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ តថាគតអនុញ្ញាតឲ្យអប ឬឲ្យគាបដម្បូល ហើយបូកលាបខាងក្នុង និងខាងក្រៅ។

[៣១៧] សម័យនោះឯង វិហារមិនទាន់មានបង្អួចនៅឡើយ ទៅជាងងឹត មើលអ្វី​មិនឃើញ ទាំងធំក្លិនស្អុយ។ ពួកភិក្ខុ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះ​ព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត បង្អួច៣យ៉ាង គឺបង្អួច​មានវេទី [ជាពាក្យហៅ​របស់សម្រាប់រង សម្រាប់កល់ របស់សម្រាប់អង្គុយ ជើងម៉ា​សម្រាប់អង្គុយ និងក្របរងស្បូវ ដូចទីបំផុត​រងស្បូវជាន់លើ និងរងស្បូវជាន់ក្រោម ឬក្បាច់ខ្សែចេតិយ ដែលធ្វើជាត្របកឈូកផ្ងា និងត្របកឈូកផ្កាប់ គឺត្រង់កចេតិយ និងតួចេតិយ បង្កាន់ដៃស្តានទាំងនេះ ហៅថា វេទី។] (ដូច​វេទីចេតិយ)១ បង្អួចដែលគេចង ឲ្យមានសណ្ឋានដូចក្រឡាសំណាញ់១ បង្អួច​មានឈើចំរឹង១។ សត្វកង្ហែនខ្លះ ប្រចៀវខ្លះ ចូលទៅតាមចន្លោះបង្អួចបាន។ ពួកភិក្ខុ ក្រាបបង្គំទូលរឿងនុ៎ះ ចំពោះ​ព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតរនាំងបង្អួច។ សត្វកង្ហែនខ្លះ ប្រចៀវខ្លះ ក៏ចូលទៅតាមចន្លោះរនាំង (នោះទៀត)។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតសន្ទះបង្អួច ឬរនាំងពូកបង្អួច។

[៣១៨] សម័យនោះឯង ពួកភិក្ខុដេកផ្ទាល់នឹងផែនដី។ ខ្លួន និងចីវររបស់ភិក្ខុប្រឡាក់​ដោយអាចម៍ដី។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលរឿងនុ៎ះ ចំពោះ​ព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតកម្រាលធ្វើដោយស្មៅ។ សត្វកណ្តុរ និងកណ្តៀរ តែង​កាត់កម្រាលស្មៅ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតបន្ទះក្តារសម្រាប់ដេក។ ពួកភិក្ខុឈឺខ្លួន ព្រោះដេកលើបន្ទះក្តារ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតគ្រែផ្តៅ។

[៣១៩] សម័យនោះឯង គ្រែដែលមានមេ គេបញ្ចូលទៅក្នុងដំណាប់ជើង ដែលគេចោល​ក្នុងព្រៃស្មសាន កើតឡើងដល់សង្ឃ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលរឿងនុ៎ះ ចំពោះ​ព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតគ្រែ ដែល​មានមេ គេបញ្ចូលទៅក្នុងដំណាប់ជើង។ (តមកទៀត) មានតាំងដែលមានមេ គេបញ្ចូល​ទៅក្នុង​ដំណាប់​ជើង កើតឡើង(ដល់សង្ឃ)។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូល​រឿងនុ៎ះ ចំពោះ​ព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាតតាំង ដែល​មានមេ គេបញ្ចូលទៅក្នុងដំណាប់ជើង។

[៣២០] សម័យនោះឯង គ្រែដែលគេបង្ខាំជើង ដោយមេគ្រែ ចោលក្នុងព្រៃស្មសាន កើតឡើង​ដល់សង្ឃ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលរឿងនុ៎ះ ចំពោះ​ព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតគ្រែ ដែលគេបង្ខាំជើង​ដោយមេគ្រែ។ (តមកទៀត) តាំងដែលគេបង្ខាំជើង ដោយមេតាំង កើតឡើង​ (ដល់​សង្ឃ)។ ពួកភិក្ខុ ក្រាបបង្គំទូលរឿងនុ៎ះ ចំពោះ​ព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតតាំង ដែលគេបង្ខាំជើងជាប់នឹងមេតាំង។

[៣២១] សម័យនោះឯង គ្រែមានជើងដូចជើងក្តាម [១.២.គ្រែដែលមានជើងដូចជើងសេះ ជើងពពែ ជើងក្តាមជាដើម ឯតាំង ក៏មានជើងដូចជើងគ្រែដែរ។] ដែលគេចោលក្នុង​ព្រៃស្មសាន កើតឡើងដល់សង្ឃ។ ពួកភិក្ខុ ក្រាបបង្គំទូលរឿងនុ៎ះ ចំពោះ​ព្រះមាន​ព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត គ្រែមានជើង​ដូចជើងក្តាម។ (តមកទៀត) តាំងមានជើងដូចជើងក្តាម [២] កើតឡើង(ដល់សង្ឃ)។ ពួកភិក្ខុ ក្រាបបង្គំទូលរឿងនុ៎ះ ចំពោះ​ព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ តថាគតអនុញ្ញាត តាំងមានជើងដូចជើងក្តាម។

[៣២២] សម័យនោះឯង គ្រែមានជើងទល់នឹងមេ ឬគ្រែដែលគេបញ្ចូលជើង ទៅក្នុង​ដំណាប់មេ ដែលគេចោលក្នុងព្រៃស្មសាន កើតឡើង​ដល់សង្ឃ។ ពួកភិក្ខុ ក្រាបបង្គំទូល​សេចក្តីនុ៎ះ ចំពោះ​ព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតគ្រែមានជើងទល់នឹងមេ ឬគ្រែដែលគេបញ្ចូលជើង ទៅក្នុងដំណាប់មេ។ (តមកទៀត) តាំងមានជើងទល់នឹងមេ ឬតាំងដែលគេបញ្ចូលជើង ទៅក្នុងដំណាប់មេ កើតឡើង​ (ដល់សង្ឃ)។ ពួកភិក្ខុ ក្រាបបង្គំទូលរឿងនុ៎ះ ចំពោះ​ព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតតាំង មានជើងទល់នឹងមេ ឬតាំង​ដែលគេបញ្ចូលជើង ទៅក្នុងដំណាប់មេ។

[៣២៣] សម័យនោះឯង តាំង៤ជ្រុងកើតឡើងដល់សង្ឃ។ ពួកភិក្ខុ ក្រាបបង្គំទូលរឿងនុ៎ះ ចំពោះ​ព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត​តាំង​៤ជ្រុង។ (តមកទៀត) តាំង៤ជ្រុង មានជើងខ្ពស់ កើតឡើង(ដល់សង្ឃ)។ ពួកភិក្ខុ ក្រាបបង្គំទូលរឿងនុ៎ះ ចំពោះ​ព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំង​ឡាយ តថាគតអនុញ្ញាតតាំង៤ជ្រុង សូម្បីមានជើងខ្ពស់ [អដ្ឋកថា ថា តាំង៤ជ្រុង សូម្បីមានជើងខ្ពស់​ហួសប្រមាណក៏គួរ បើតាំងដែលវែង លុះតែធ្វើឲ្យមានជើងកំពស់ត្រឹម​៨ធ្នាប់ ទើបគួរ។​]។ (តមកទៀត) គ្រែមានអង្គ៧ កើតឡើង(ដល់សង្ឃ)។ ពួកភិក្ខុ ក្រាបបង្គំទូលរឿងនុ៎ះ ចំពោះ​ព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់អនុញ្ញាតថា ម្នាល​ភិក្ខុទាំងឡាយ តថាគតអនុញ្ញាតគ្រែ មានអង្គ៧ [គ្រែដែលមានបង្អែក១ ភ្នាក់ដៃ២ និងជើង៤ ទុកជាកន្លងហួសប្រមាណ ក៏គួរ]។ (តមកទៀត) គ្រែមានអង្គ៧ មានជើងខ្ពស់​កើតឡើង (ដល់សង្ឃ)។ ពួកភិក្ខុ ក្រាបបង្គំទូលរឿងនុ៎ះ ចំពោះ​ព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតគ្រែ​មានអង្គ៧ សូម្បីមានជើងខ្ពស់​ក៏បាន។ (តមកទៀត) មានតាំងចាក់ផ្តៅ [អដ្ឋកថា ពន្យល់ថា ធ្វើអំពី​ផ្តៅសុទ្ធ គឺទាំងតួ ទាំងជើង ទាំងបង្អែក សុទ្ធតែផ្តៅទាំងអស់ ឥតមានអ្វីលាយសោះឡើយ។] កើតឡើង​(ដល់សង្ឃ)។បេ។ ព្រះអង្គ ទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតតាំង​ចាក់ផ្តៅ។ (តមកទៀត) មានតាំងសំពត់ កើតឡើង (ដល់សង្ឃ)។ ពួកភិក្ខុ ក្រាបបង្គំ​ទូលសេចក្តីនុ៎ះ ចំពោះ​ព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតតាំងសំពត់។ (តមកទៀត) តាំងមានជើងដូចជើងពពែ កើតឡើង (ដល់សង្ឃ)។ ពួកភិក្ខុ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះ​ព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតតាំងមានជើងដូចជើងពពែ។ (តមក​ទៀត) ក៏មានតាំង (មានជើងច្រើន ដែលគេប្រកបដោយ) អាការដូចជាផ្លែកន្ទួតព្រៃ កើតឡើង (ដល់សង្ឃ)។ ពួកភិក្ខុ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះ​ព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតតាំង (មានជើងច្រើន ដែលគេប្រកបដោយ) អាការដូចជាផ្លែកន្ទួតព្រៃ។ (តមកទៀត) ផែនក្តារ ក៏កើតឡើង (ដល់សង្ឃ)។ ពួកភិក្ខុ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះ​ព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតផែនក្តារ។ (តមកទៀត) កៅអី ក៏កើត​ឡើង (ដល់សង្ឃ)។ ពួកភិក្ខុ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះ​ព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតកៅអី។ (តមកទៀត) តាំង ដែល​ធ្វើពីចំបើង ក៏កើតឡើង។ ពួកភិក្ខុ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះ​ព្រះមាន​ព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតតាំង ដែល​ធ្វើពីចំបើង។

[៣២៤] សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុដេកលើគ្រែខ្ពស់។ មនុស្សទាំងឡាយ ដើរមក​កាន់​វិហារចារិកបានឃើញ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា។បេ។ ដូចពួក​គ្រហស្ថ អ្នកបរិភោគកាម។បេ។ ពួកភិក្ខុ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះ​ព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុកុំដេកលើគ្រែខ្ពស់ ភិក្ខុណាដេក ត្រូវអាបត្តិ​ទុក្កដ។

[៣២៥] សម័យនោះឯង ភិក្ខុ១រូបដេកលើគ្រែទាប ពស់ក៏ចឹក (ភិក្ខុនោះ)។ ពួកភិក្ខុ ក្រាប​បង្គំ​ទូលសេចក្តីនុ៎ះ ចំពោះ​ព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតទ្រនាប់គ្រែ។

[៣២៦] សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុប្រើប្រាស់ទ្រនាប់គ្រែខ្ពស់។ ភិក្ខុធ្វើគ្រែ​ឲ្យរញ្ជួយ​ទាំងទ្រនាប់គ្រែ។ មនុស្សទាំងឡាយដើរមកកាន់វិហារចារិក បានឃើញ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា។បេ។ ដូចពួកគ្រហស្ថ អ្នកបរិភោគកាម។បេ។ ពួកភិក្ខុ ក្រាបបង្គំ​ទូលសេចក្តីនុ៎ះ ចំពោះ​ព្រះមានព្រះភាគ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវប្រើប្រាស់​ទ្រនាប់គ្រែខ្ពស់ទេ ភិក្ខុណាប្រើប្រាស់ ត្រូវអាបត្តិទុក្កដ ម្នាលភិក្ខុទាំង​ឡាយ តថាគតអនុញ្ញាត​ទ្រនាប់គ្រែយ៉ាងខ្ពស់ត្រឹម៨ធ្នាប់។

[៣២៧] សម័យនោះឯង អម្បោះកើតឡើងដល់សង្ឃ។ ពួកភិក្ខុ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះ​ព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត​ឲ្យ​យក​អម្បោះចងប្រទាក់គ្រែ។ ភិក្ខុចងប្រទាក់រាងគ្រែ (ទាំងនោះ) ក៏អស់អម្បោះប្រើ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យចោះត្រង់រាងគ្រែ ហើយចងឆ្វាក់ ជាក្រឡា​ចត្រង្គ។ (តមកទៀត) កំណាត់សំពត់ ក៏កើតឡើង (ដល់សង្ឃ)។ ពួកភិក្ខុ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះ​ព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យធ្វើ​ទ្រនាប់។ (តមកទៀត) គ្រឿងសេនាសនៈ ដែលញាត់ដោយប៉ុយ ក៏កើតឡើង (ដល់សង្ឃ)។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុ​ទាំង​ឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុជជុះចេញ ហើយធ្វើជាខ្នើយ​បាន ឯប៉ុយមាន៣យ៉ាង គឺប៉ុយដើមឈើ១ ប៉ុយវល្លិ១ ប៉ុយស្មៅ១។

[៣២៨] សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុប្រើប្រាស់ខ្នើយពាក់កណ្តាលកាយ។ មនុស្ស​ទាំង​​ឡាយ ដើរទៅកាន់វិហារចារិកឃើញហើយ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា។បេ។ ដូច​ពួកគ្រហស្ថ អ្នកបរិភោគកាម។បេ។ ពួកភិក្ខុ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះ​ព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវប្រើប្រាស់​ខ្នើយពាក់កណ្តាលកាយទេ ភិក្ខុណាប្រើប្រាស់ ត្រូវអាបត្តិទុក្កដ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុធ្វើខ្នើយ ឲ្យល្មមប៉ុនក្បាល។

[៣២៩] សម័យនោះឯង មានមហោស្រពលេងលើកំពូលភ្នំ ជិតក្រុងរាជគ្រឹះ។ មនុស្ស​ទាំងឡាយ នាំគ្នាតាក់តែងពូកជាច្រើន គឺពូកញាត់រោមកែះ ញាត់សំពត់ ញាត់សម្បកឈើ ញាត់ស្មៅ ញាត់ស្លឹកឈើ ដើម្បីប្រយោជន៍ដល់ពួកមហាមាត្យ។ លុះមហោស្រព​ស្ងប់ស្ងាត់ ឈប់លេង​ហើយ មនុស្សទាំងនោះ ក៏បកតែស្រោមពូក យកទៅ។ ពួកភិក្ខុ ក៏បានឃើញ​ពូក​ទាំងឡាយ ញាត់រោមកែះខ្លះ ញាត់សំពត់ខ្លះ ញាត់សម្បកឈើខ្លះ ញាត់ស្មៅខ្លះ ញាត់ស្លឹកឈើខ្លះ ជាច្រើន ដែលគេចោលនៅទីមហោស្រព។ លុះឃើញ​ហើយ ក៏ក្រាបបង្គំទូល​សេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតពូក៥យ៉ាង គឺពូកញាត់រោមកែះ១ ពូកញាត់សំពត់១ ពូកញាត់សម្បកឈើ១ ពូកញាត់ស្មៅ១ ពូកញាត់ស្លឹកឈើ១។

[៣៣០] សម័យនោះឯង មានសំពត់ជារបស់គួរប្រើប្រាស់ ក្នុងសេនាសនៈ កើតឡើងដល់​សង្ឃ។ ពួកភិក្ខុ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុញាត់ពូកដោយសំពត់។

[៣៣១] សម័យនោះឯង ពួកភិក្ខុយកពូកសម្រាប់គ្រែ ទៅក្រាលលើតាំង យកពូកសម្រាប់​តាំង ទៅក្រាលគ្រែវិញ។ ពូកទាំងឡាយ ក៏រហែកអស់។ ពួកភិក្ខុ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត​គ្រែដែលញាត់ភ្ជាប់ និងតាំងដែលញាត់ភ្ជាប់ (ដោយគ្រឿងញាត់)។ ពួកភិក្ខុ មិនបាន​ទ្រាប់ទ្រនាប់ពីក្រោម ហើយក៏ក្រាល។ គ្រឿងញាត់ទាំងនោះ ក៏លៀនចេញទៅខាងក្រៅ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុទ្រាប់ នូវទ្រនាប់ រួចក្រាល ហើយសឹមញាត់ពូក។ ពួកចោរ ក៏បកតែស្រោម​ពូកយកទៅ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យប្រស់ព្រំ [អដ្ឋកថា ពន្យល់ថា ត្រូវឲ្យភិក្ខុយកទឹកជ្រលក់ ឬរមៀតមកប្រស់ព្រំ។]។ ពួកចោរក៏នៅតែលួចទៀត។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុគូស​ដោយគំនូស​ផ្សេងៗ។ ពួកចោរក៏នៅតែលួចយកទៀត។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុផ្តិតនឹងម្រាមដៃ។

[៣៣២] សម័យនោះឯង ទីដេករបស់ពួកតិរ្ថីយ មានពណ៌ស។ ផ្ទៃលាបពណ៌ខ្មៅ។ ជញ្ជាំង​លាបដោយរង់។ មនុស្សទាំងឡាយជាច្រើន (ដែលទៅដល់ទីនោះ) មៀងមើលទីដេក​ហើយ ទើបដើរទៅ។​ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យបូកលាបវិហារ ឲ្យមាន​ពណ៌ស ពណ៌ខ្មៅ និងលាបដោយរង់។

[៣៣៣] សម័យនោះឯង ពណ៌ស ដិតមិនស្មើ ព្រោះផ្ទៃជញ្ជាំងមិនស្អាត។ ពួកភិក្ខុ ក្រាបបង្គំ​ទូលរឿងនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំង​ឡាយ តថាគតអនុញ្ញាតឲ្យលាយអង្កាម ហើយកៀសដោយខ្នៀស ឲ្យពណ៌សដិតស្មើ។ ពណ៌ស ក៏នៅតែ​មិនស្អិតជាប់គ្នា។ ពួកភិក្ខុ ក្រាបបង្គំទូលរឿងនុ៎ះ ចំពោះព្រះមាន​ព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យលាយ​ដីស្អិត​ដ៏មដ្ឋ ហើយកៀសដោយ​ខ្នៀស ឲ្យពណ៌សដិតស្មើ។ ពណ៌ស ក៏នៅតែមិនស្អិតជាប់គ្នា។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតជ័រឈើ ឬបាយម៉ាន​ក៏បាន។

[៣៣៤] សម័យនោះឯង ផ្ទៃជញ្ជាំងអាក្រក់ ជ័ររង់ដិតមិនស្មើ។ ពួកភិក្ខុ ក្រាបបង្គំទូលរឿង​នុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត​ឲ្យ​លាយអង្កាម ហើយកៀសដោយខ្នៀស ឲ្យជ័ររង់ដិតស្មើ។ ជ័ររង់ ក៏នៅតែ​ដិតមិនស្មើ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យ​យកដី​ដែលលាយដោយកុណ្ឌក ហើយកៀសដោយខ្នៀស ឲ្យជ័ររង់ដិតស្មើ។ ជ័ររង់ ក៏នៅតែ​ដិតមិនស្មើ។ ពួកភិក្ខុ ក្រាបបង្គំទូលរឿងនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់​ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យយកម្សៅគ្រាប់ស្ពៃ ឬប្រេងលាយក្រមួន។ ដំណក់ថ្នាំលាប ក៏ជោរឡើង (ហូរចៀរចេញ)។ ពួកភិក្ខុ ក្រាបបង្គំទូលរឿងនុ៎ះ ចំពោះ​ព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យ​ជូត​ដោយកំណាត់សំពត់ចេញ។

[៣៣៥] សម័យនោះឯង ផ្ទៃជញ្ជាំងអាក្រក់ ពណ៌ខ្មៅដិតមិនសព្វ។បេ។ ព្រះអង្គ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យ​លាយអង្កាម ហើយកៀសដោយ​ខ្នៀស ឲ្យពណ៌ខ្មៅដិតស្មើ។ ពណ៌ខ្មៅ ក៏នៅតែមិនស្អិតជាប់គ្នា។ ពួកភិក្ខុ ក្រាបបង្គំទូល​រឿងនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាតឲ្យលាយដីអាចម៍ជន្លេន ហើយកៀសដោយខ្នៀស ឲ្យពណ៌ខ្មៅដិតស្មើ។ ពណ៌ខ្មៅ ក៏នៅតែមិនស្អិតជាប់គ្នា។ ពួកភិក្ខុ ក្រាបបង្គំទូលរឿងនុ៎ះ ចំពោះ​ព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតជ័រឈើ និងទឹកចត់ [អដ្ឋកថា ថា ទឹកចត់សំដៅយកទឹកផ្លែសម៉ ឬផ្លែកន្ទួតព្រៃ។]។

[៣៣៦] សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុឲ្យគេគូរគំនូរជារូបស្រី និងរូបបុរស ក្នុងវិហារ។ មនុស្សទាំងឡាយ ដើរមកកាន់វិហារចារិក ឃើញហើយ ក៏ពោលទោស តិះដៀល បន្តុះ​បង្អាប់ថា។បេ។ ដូចពួកគ្រហស្ថ អ្នកបរិភោគកាម។បេ។ ពួកភិក្ខុ ក្រាបបង្គំទូលរឿងនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវឲ្យ​គេគូរគំនូរ ជារូបស្រី និងរូបបុរសទេ ភិក្ខុណាឲ្យគេគូរ ត្រូវអាបត្តិទុក្កដ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត​គំនូរភ្ញីផ្កា និងគំនូរភ្ញីវល្លិ និងក្បាច់ធ្មេញមករ និងក្បាច់មានស្រទាប់៥។

[៣៣៧] សម័យនោះឯង វិហារមានទីទាប។ ទឹកក៏លិច។ ពួកភិក្ខុ ក្រាបបង្គំទូលរឿងនុ៎ះ ចំពោះព្រះមានព្រះភាគ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត​ឲ្យធ្វើទីឲ្យខ្ពស់ឡើង។ ខឿនវិហារក៏រលំ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ តថាគតអនុញ្ញាតឲ្យកខឿន៣យ៉ាង គឺខឿនឥដ្ឋ១ ខឿនថ្ម១ ខឿនឈើ១។ ពួកភិក្ខុនាំគ្នាឡើងទៅ ក៏លំបាក។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតជណ្តើរ៣យ៉ាង គឺ ជណ្តើរឥដ្ឋ១ ជណ្តើរថ្ម១ ជណ្តើរឈើ១។ ពួកភិក្ខុនាំ​គ្នា​ឡើងទៅ ក៏ធ្លាក់ចុះមកវិញ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាតឲ្យធ្វើបង្កាន់ដៃ។

[៣៣៨] សម័យនោះឯង វិហារមានមនុស្សកុះករច្រើនពេក។ ពួកភិក្ខុក៏អៀនខ្មាស (មិនអាច) នឹងសិងបាន។ ពួកភិក្ខុ ក្រាបបង្គំទូលរឿងនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត (ឲ្យធ្វើ) រនាំង។ ពួកមនុស្ស ក៏នៅតែបើករនាំង​មើល។ ពួកភិក្ខុ ក្រាបបង្គំទូលរឿងនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យធ្វើជញ្ជាំងតឿ។ ពួកមនុស្ស ក៏នៅតែអើតមើលពីខាង​លើជញ្ជាំងតឿទៀត។ ពួកភិក្ខុ ក្រាបបង្គំទូលរឿងនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត​ឲ្យធ្វើ​បន្ទប់៣យ៉ាង គឺបន្ទប់​មានជ្រុងបួន១ បន្ទប់​មានបណ្តោយវែង១ បន្ទប់​មានដម្បូល​ខ្ពស់១។

[៣៣៩] សម័យនោះឯង ពួកភិក្ខុធ្វើបន្ទប់ត្រង់កណ្តាលវិហារតូច។ ទីឧបចារៈមិនមាន។ ពួក​ភិក្ខុ ក្រាបបង្គំទូលរឿងនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ តថាគតអនុញ្ញាតឲ្យធ្វើបន្ទប់ក្នុងទីសមគួរ ក្នុងវិហារតូច ឲ្យធ្វើ​បន្ទប់​ត្រង់​កណ្តាល​វិហារធំបាន។

[៣៤០] សម័យនោះឯង ជើងជញ្ជាំងវិហារ ក៏ពុកផុយទៅ។ ពួក​ភិក្ខុ ក្រាបបង្គំទូលរឿងនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត​ឲ្យធ្វើ​ទ្រនាប់ជើងជញ្ជាំង។ ភ្លៀងក៏សាចមកត្រូវជញ្ជាំងវិហារ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យធ្វើប្រដឹសសម្រាប់ការពារភ្លៀង ហើយលាបដី​ស្អិត [អដ្ឋកថា ថា ឲ្យយកដីស្អិតលាយជាមួយនឹងអាចម៍គោ និងផេះ ហើយលាបប្រដឹស​នោះ។]។

[៣៤១] សម័យនោះឯង មានពស់ធ្លាក់ពីដម្បូលស្មៅ មកលើ-ក-ភិក្ខុ១រូប។ ភិក្ខុនោះខ្លាច ក៏ស្រែកភ្លាត់សំឡេង។ ភិក្ខុទាំងឡាយ ក៏ស្ទុះទៅសួរភិក្ខុនោះដូច្នេះថា ម្នាលអាវុសោ ព្រោះ​ហេតុ​អ្វី បានជាលោកស្រែកភ្លាត់សំឡេងដល់ម្ល៉េះ។ ទើបភិក្ខុនោះ បានប្រាប់​សេចក្តីនុ៎ះ ដល់ពួក​ភិក្ខុ។ ពួក​ភិក្ខុ ក្រាបបង្គំទូលរឿងនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត (ឲ្យធ្វើ) ពិតានឡើង។

[៣៤២] សម័យនោះឯង ពួក​ភិក្ខុព្យួរថង់នឹងជើងគ្រែខ្លះ នឹងជើងតាំងខ្លះ។ អស់ទាំងសត្វ​កណ្តុរ និងកណ្តៀរ កាត់ដាច់ដាចអស់។ ពួក​ភិក្ខុ ក្រាបបង្គំទូលរឿងនុ៎ះ ចំពោះ​ព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត (ឲ្យធ្វើ) ចំរឹងជញ្ជាំង និងដៃកែវ។

[៣៤៣] សម័យនោះឯង ពួក​ភិក្ខុទុកចីវរលើគ្រែខ្លះ លើតាំងខ្លះ។ ចីវរក៏ធ្លុះធ្លាយអស់។ ពួក​ភិក្ខុ ក្រាបបង្គំទូលរឿងនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ តថាគតអនុញ្ញាតស្នួរចីវរ និងខ្សែស្បៀងទុកក្នុងវិហារ។

[៣៤៤] សម័យនោះឯង វិហារនៅមិនទាន់មានរបៀង ឥតមានទីញកជ្រកកោនបាន។ ពួក​ភិក្ខុ ក្រាបបង្គំទូលរឿងនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ តថាគតអនុញ្ញាតយ៉មុខ ជើងជញ្ជាំង ឬធរណីបាំងសាចជុំវិញ និងហោណាំង។ យ៉មុខ ក៏នៅវាល (ឥតមានវត្ថុអ្វីបិទបាំង)។ ពួក​ភិក្ខុ អ្នកមានអៀនខ្មាស (មិនអាច) នឹងសិងបាន។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត​រនាំង​ព្រួល សម្រាប់រូតចុះឡើង នឹងឡប់ឡែ។

[៣៤៥] សម័យនោះឯង ពួកភិក្ខុធ្វើនូវការឆាន់អាហារ ក្នុងទីវាល លំបាកដោយត្រជាក់​ខ្លះ ក្តៅខ្លះ។ ពួកភិក្ខុ ក្រាបបង្គំទូលរឿងនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឧបដ្ឋានសាលា [សាលាសម្រាប់សម្រេច​សាធារណកិច្ច​​គ្រប់យ៉ាង។] ឧបដ្ឋានសាលា ក៏មានទីទាប។ ទឹកក៏លិច។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យធ្វើទីឲ្យខ្ពស់ឡើង។ ខឿនសាលា​នោះ ក៏រលំ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត​ឲ្យកខឿន៣យ៉ាង គឺខឿនឥដ្ឋ១ ខឿនថ្ម១ ខឿនឈើ១។ ពួកភិក្ខុ ឡើងទៅតាម​ខឿននោះក៏លំបាក។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត​ឲ្យធ្វើជណ្តើរ៣យ៉ាង គឺជណ្តើរឥដ្ឋ១ ជណ្តើរថ្ម១ ជណ្តើរឈើ១។ ពួកភិក្ខុឡើង​តាម​ជណ្តើរនោះ ក៏ធ្លាក់មកវិញ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាតឲ្យធ្វើបង្កាន់ដៃឡើង។ កំទេចស្មៅ ក៏ធ្លាក់រោយរាយចុះ​មក ក្នុងឧបដ្ឋានសាលា។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យគាប​ដម្បូលហើយ​លាប ទាំងខាងក្នុង ខាងក្រៅ ហើយបរិកម្មឲ្យមានពណ៌ស ពណ៌ខ្មៅ ពណ៌រង់ គូរ​គំនូរភ្ញីផ្កា គំនូរភ្ញីវល្លិ ក្បាច់ធ្មេញមករ ក្បាច់មានស្រទាប់៥ ស្នួរចីវរ និងខ្សែស្បៀង។

[៣៤៦] សម័យនោះឯង ពួកភិក្ខុហាលចីវរលើដីក្នុងទីវាល។ ចីវរក៏ប្រឡាក់​អាចម៍ដី។បេ។ ព្រះអង្គ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យធ្វើស្នួរចីវរ និងខ្សែស្បៀង​ក្នុងទីវាល។បេ។ ទឹកសម្រាប់ឆាន់ក៏ក្តៅ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យធ្វើរោងសម្រាប់ដាក់ទឹកឆាន់ និងបារាំងសម្រាប់ដាក់​ទឹកឆាន់។ រោង​សម្រាប់​ដាក់ទឹកឆាន់នោះ ក៏មានទីទាប។ ទឹកក៏លិច។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យធ្វើទីឲ្យខ្ពស់ឡើង។ ខឿនរោងនោះ ក៏រលំ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យកខឿន៣យ៉ាង គឺខឿនឥដ្ឋ១ ខឿនថ្ម១ ខឿនឈើ១។ ពួកភិក្ខុ ឡើងទៅតាមខឿននោះ ក៏លំបាក។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យធ្វើជណ្តើរ៣យ៉ាង គឺជណ្តើរឥដ្ឋ១ ជណ្តើរថ្ម១ ជណ្តើរឈើ១។ ពួកភិក្ខុ​ឡើងតាមជណ្តើរនោះ ក៏ធ្លាក់មកវិញ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យធ្វើបង្កាន់ដៃឡើង។ កំទេចស្មៅ ក៏ធ្លាក់រោយរាយចុះ​មក ក្នុង​រោងសម្រាប់​ដាក់​ទឹកឆាន់។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យគាប​ដម្បូល ហើយឲ្យលាប ទាំងខាងក្នុង ខាងក្រៅ បរិកម្មឲ្យមានពណ៌ស ពណ៌ខ្មៅ បរិកម្មដោយរង់ គូរ​គំនូរភ្ញីផ្កា គំនូរភ្ញីវល្លិ ក្បាច់ធ្មេញមករ ក្បាច់មានស្រទាប់៥ ស្នួរចីវរ និងខ្សែស្បៀង។ (គ្រានោះ) ភាជន៍សម្រាប់ដាក់ទឹកឆាន់មិនទាន់មាន។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំង​ឡាយ តថាគតអនុញ្ញាតស័ង្ខសម្រាប់ដាក់ទឹកឆាន់ និងផ្តឹលទឹក។

[៣៤៧] សម័យនោះឯង វិហារមិនមានគ្រឿងបិទបាំង។បេ។ ព្រះអង្គ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យបិទបាំង ដោយកំពែង៣យ៉ាង គឺ កំពែងឥដ្ឋ១ កំពែង​ថ្ម១ កំពែងឈើ១។ បន្ទប់ទឹកមិនទាន់មាន។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតបន្ទប់ទឹក។ បន្ទប់ទឹកមានទីទាប។ ទឹកក៏លិច។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យធ្វើទីឲ្យខ្ពស់ឡើង។ សន្ទះទ្វារបន្ទប់ ក៏មិនទាន់មាន។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតសន្ទះទ្វារ ក្របទ្វារ ដំណាប់ក្រោម ដំណាប់លើ មេទ្វារ ត្រដោកទ្វារ រនុកទ្វារ គន្លឹះទ្វារខាងលើ ប្រហោងសោ ប្រហោង​សម្រាប់ទាញ និងខ្សែសម្រាប់ទាញ។ កំទេចស្មៅ ក៏ធ្លាក់រោយរាយចុះ​មក ក្នុងបន្ទប់។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ តថាគតអនុញ្ញាតឲ្យគាប​ដម្បូល ហើយធ្វើប្រដឹស ហើយលាប ទាំងខាងក្នុង ខាងក្រៅ លាបឲ្យមានពណ៌ស ពណ៌ខ្មៅ បរិកម្មដោយរង់ ធ្វើជាក្បាច់ភ្ញីផ្កា ក្បាច់ភ្ញីវល្លិ ក្បាច់​ធ្មេញមករ ក្បាច់មានស្រទាប់៥។

[៣៤៨] សម័យនោះឯង ទីបរិវេណ មានភក់ជ្រាំ។ ពួកភិក្ខុ ក្រាបបង្គំទូលរឿងនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ឲ្យចាក់​ក្រាលក្រួសរវាន (នៅទីនោះ)។ ក្រួសរវាន ក៏មិនបានរាបស្មើ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យក្រាលថ្ម។ ទឹកក៏ដក់នៅ (លើថ្ម​នោះ)។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតប្រឡាយទឹក។

[៣៤៩] សម័យនោះឯង ភិក្ខុនាំគ្នាធ្វើចង្ក្រានត្រង់ទីនោះៗ ក្នុងបរិវេណ។ ទីបរិវេណ ក៏ខ្ជាំ​ដោយសម្រាម។ ពួកភិក្ខុ ក្រាបបង្គំទូលរឿងនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យធ្វើរោងភ្លើង ក្នុងទីដ៏សមគួរ។ រោងភ្លើងមានទីទាប។ ទឹកក៏លិច។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត​ឲ្យធ្វើ​ទី​ឲ្យខ្ពស់​ឡើង។ ខឿន (រោងភ្លើងនោះ) រលំ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាតឲ្យកខឿន៣យ៉ាង គឺខឿនឥដ្ឋ១ ខឿនថ្ម១ ខឿនឈើ១។ ពួកភិក្ខុ ឡើង (តាម​ខឿន​នោះ​ទៅ) ក៏លំបាក។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត​ឲ្យធ្វើ​ជណ្តើរ ៣យ៉ាង គឺជណ្តើរឥដ្ឋ១ ជណ្តើរថ្ម១ ជណ្តើរឈើ១។ ពួកភិក្ខុឡើងទៅ (តាមជណ្តើរ) ក៏ធ្លាក់​ចុះ​មក។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យធ្វើបង្កាន់ដៃឡើង។ សន្ទះទ្វារនៃ​រោងភ្លើង នៅមិនទាន់មាន។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាតសន្ទះទ្វារ ក្របទ្វារ ដំណាប់ក្រោម ដំណាប់លើ មេទ្វារ ត្រដោកទ្វារ គន្លឹះទ្វារ​ខាងលើ ប្រហោងសោ ប្រហោងសម្រាប់ដាក់​ខ្សែទាញ និងខ្សែទាញ។ កំទេចស្មៅ ក៏ធ្លាក់រោយ​រាយ​ចុះ​មក ក្នុងរោងភ្លើង។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត​​ឲ្យគាប​ដម្បូល ហើយធ្វើប្រដឹស លាបទាំងខាងក្នុង ខាងក្រៅ ធ្វើឲ្យមាន​ពណ៌ស ពណ៌ខ្មៅ លាបដោយរង្គ ធ្វើជាក្បាច់ភ្ញីផ្កា ក្បាច់ភ្ញីវល្លិ ក្បាច់ធ្មេញមករ ក្បាច់​មានស្រទាប់៥ ស្នួរចីវរ និងខ្សែស្បៀង។ អារាម នៅមិនទាន់មានរបង។ ពួកសត្វពពែ និងសត្វចិញ្ចឹម (ឯទៀតៗ) តែងចូលទៅបៀតបៀនដំណាំ។ ពួកភិក្ខុ ក្រាបបង្គំទូល​សេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាតឲ្យបិទបាំងរបង៣យ៉ាង គឺ​របង​ឫស្សី១ របងបន្លា១ និងស្នាមភ្លោះ១។ ខ្លោងទ្វារ​នៅមិនទាន់មាន។ ពួកសត្វពពែ និងសត្វចិញ្ចឹម (ឯទៀតៗ) នៅតែចូលទៅបៀតបៀន​ដំណាំបានដដែល។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត​ខ្លោងទ្វារ ទ្វារគាបបន្លា [អដ្ឋកថា ពន្យល់ថា ទ្វារ​ញាត់​បន្លា ដែលគេបញ្ចូលឈើសម្រួច ក្នុងមេឈើវែង ហើយចងរឹតបន្លាឲ្យណែន ហើយទើបធ្វើ។] សន្ទះ​ទ្វារ​ទាំងគូ របងសសរ និងទ្វារជើងគុល។ កំទេចស្មៅ ក៏ធ្លាក់រោយរាយចុះ​មក ក្នុងខ្លោងទ្វារ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យគាប​ដម្បូល ធ្វើប្រដឹស ហើយ​លាប ទាំងខាងក្នុង ខាងក្រៅ លាបឲ្យមានពណ៌ស ពណ៌ខ្មៅ លាបដោយរង្គ ធ្វើក្បាច់ភ្ញីផ្កា ក្បាច់ភ្ញីវល្លិ ក្បាច់ធ្មេញមករ និងក្បាច់មានស្រទាប់៥។ អារាម ក៏មានភក់ជ្រាំ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យក្រាលក្រួសរវាន។ ក្រួសនោះ ក៏​មិនបានរាបស្មើ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត​ឲ្យក្រាល​កម្រាលថ្ម។ ទឹកក៏ដក់នៅ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យ​ធ្វើប្រឡាយទឹក។

[៣៥០] សម័យនោះឯង ព្រះបាទពិម្ពិសារមាគធសេនិយរាជ ទ្រង់មានបំណងឲ្យគេ​សាង​ប្រាសាទ លាបដោយបាយអ ដើម្បីប្រយោជន៍ដល់សង្ឃ។ វេលានោះ ពួកភិក្ខុ មានសេចក្តី​ត្រិះរិះ​ថា គ្រឿងសម្រាប់ប្រក់ ព្រះមានព្រះភាគ បានអនុញ្ញាតហើយឬ។ ពួកភិក្ខុ ក្រាបបង្គំ​ទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតគ្រឿងប្រក់៥យ៉ាង គឺប្រក់​ដោយឥដ្ឋ១ ប្រក់ដោយថ្ម១ ប្រក់ដោយ​បាយអ១ ប្រក់​ដោយស្មៅ១ ប្រក់ដោយស្លឹកឈើ១។

ចប់ភាណវារៈ ជាបឋម។

រឿង អនាថបិណ្ឌិកសេដ្ឋី និងរឿង រាជគហសេដ្ឋី

[៣៥១] សម័យនោះឯង អនាថបិណ្ឌិកគហបតិ ជាប្តីប្អូនស្រីរបស់រាជគហសេដ្ឋី គឺជា​ប្អូន​ថ្លៃ​រាជគហសេដ្ឋី។ គ្រានោះ អនាថបិណ្ឌិកគហបតិ បានទៅកាន់ក្រុង​រាជគ្រឹះ ដោយ​កិច្ចការ​​នីមួយ។

[៣៥២] សម័យនោះឯង រាជគហសេដ្ឋី និមន្តព្រះសង្ឃ មានព្រះពុទ្ធអង្គ ជាប្រធាន ដើម្បី​ភត្តកិច្ចក្នុងថ្ងៃស្អែក។ ឯរាជគហសេដ្ឋី ក៏បានបង្គាប់ខ្ញុំប្រុសស្រីខ្លះ និងពួកអ្នកធ្វើការ​ឈ្នួលខ្លះថា នែនាយរាល់គ្នា បើដូច្នោះ ចូរអ្នករាល់គ្នាក្រោមពីព្រលឹម ហើយចំអិនបបរ ចំអិនបាយ ចាត់ចែង​សម្ល និងតាក់តែងសម្លឧត្តរិភង្គៈ (ឲ្យល្អ)។

[៣៥៣] លំដាប់នោះ អនាថបិណ្ឌិកគហបតិ មានសេចក្តីត្រិះរិះថា កាលពីដើម បើអញ​បានមកដល់ហើយ គហបតិនេះ ក៏រមែងតែបញ្ឈប់កិច្ចការទាំងពួង ហើយនិយាយរាក់ទាក់​មកនឹង​អញ ក៏ឥឡូវគហបតិនេះ ជាអ្នកតោះតើយ (បែរទៅ) បង្គាប់ខ្ញុំប្រុសស្រីខ្លះ ពួកអ្នកធ្វើការឈ្នួលខ្លះថា នែនាយរាល់គ្នា បើដូច្នោះ ចូរអ្នករាល់គ្នាក្រោមពីព្រលឹម ហើយចំអិនបបរ ចំអិនបាយ ចាត់ចែង​សម្ល និងតាក់តែងសម្លឧត្តរិភង្គៈ (ឲ្យល្អ) ប្រហែល​ជាគហបតិនេះ មានអាវាហមង្គល ឬវិវាហមង្គល ឬក៏មហាយញ្ញពិធី ឬពុំនោះ គាត់​អញ្ជើញ​ព្រះបាទពិម្ពិសារមាគធសេនិយរាជ ព្រមទាំងពួកពល ឲ្យមកទទួលក្រយាហារ ក្នុងថ្ងៃស្អែក​ទេដឹង។

[៣៥៤] គ្រានោះ រាជគហសេដ្ឋី បង្គាប់ខ្ញុំប្រុសស្រីខ្លះ ពួកអ្នកធ្វើការឈ្នួលខ្លះរួចហើយ ទើបចូលទៅរក​អនាថបិណ្ឌិកគហបតិ លុះចូលទៅដល់ហើយ ក៏និយាយរាក់ទាក់ ជាមួយនឹង​ អនាថបិណ្ឌិកគហបតិ ហើយក៏អង្គុយក្នុងទីដ៏សមគួរ។ អនាថបិណ្ឌិកគហបតិ និយាយនឹង​រាជគហសេដ្ឋី ដែលអង្គុយក្នុងទីដ៏សមគួរ ដោយពាក្យដូច្នេះថា នែគហបតិ កាលពីដើម បើខ្ញុំ​បាន​មក​ដល់ហើយ អ្នករមែងតែបញ្ឈប់កិច្ចការទាំងពួង ហើយនិយាយ​រាក់ទាក់​មកជាមួយនឹងខ្ញុំ ក៏ឥឡូវនេះ អ្នកធ្វើតោះតើយ បែរជាបង្គាប់ខ្ញុំប្រុសស្រីខ្លះ ពួកអ្នកធ្វើការឈ្នួលខ្លះថា នែនាយរាល់គ្នា បើដូច្នេះ ចូរអ្នករាល់គ្នាក្រោមពីព្រលឹម ហើយចំអិនបបរ ចំអិនបាយ ចាត់ចែង​សម្ល និងតាក់តែង​សម្លឧត្តរិភង្គៈ (ឲ្យល្អ) នែគហបតិ អាវាហមង្គល និងវិវាហមង្គល ឬមហាយញ្ញពិធី នឹងកើតមាន​ឡើង​ប្រាកដដល់អ្នកឬអ្វី ឬមួយអ្នកបានអញ្ជើញ​ព្រះបាទពិម្ពិសាមាគធសេនិយរាជ ព្រមទាំងពួកពល ឲ្យមកទទួល​ក្រយាហារ ក្នុងថ្ងៃស្អែក​។ រាជគហសេដ្ឋី និយាយថា នែគហបតិ អាវាហមង្គល និងវិវាហមង្គលរបស់ខ្ញុំ មិនមានទេ ឬមួយខ្ញុំអញ្ជើញ​ព្រះបាទ​ពិម្ពិសាមាគធសេនិយ​រាជ ព្រមទាំងពួកពល ឲ្យមកទទួលក្រយាហារ ក្នុងថ្ងៃស្អែកនេះក៏ទេដែរ ខ្ញុំមានតែមហា​យញ្ញពិធី​មែន គឺនិមន្តព្រះសង្ឃ មានព្រះពុទ្ធអង្គ ជាប្រធាន មកទទួលភត្តក្នុង​ថ្ងៃស្អែកនេះ។ អនាថបិណ្ឌិក​គហបតិ​សួរថា នែគហបតិ អ្នកពោលថា ពុទ្ធោ ដូច្នេះឬ។ រាជគហសេដ្ឋីតបថា អើ​គហបតិ ខ្ញុំពោល​ថា ពុទ្ធោ ដូច្នេះមែន។ អនាថបិណ្ឌិកគហបតិ សួរទៀតថា នែគហបតិ អ្នកពោល​ថា ពុទ្ធោ ដូច្នេះឬ។ ​រាជគហសេដ្ឋីតបថា អើ​គហបតិ ខ្ញុំពោលថា ពុទ្ធោ ដូច្នេះមែន។ អនាថបិណ្ឌិក​គហបតិ សួរទៀតថា នែគហបតិ អ្នកពោល​ថា ពុទ្ធោ ដូច្នេះឬ។ រាជគហសេដ្ឋីតបថា អើ​គហបតិ ខ្ញុំពោលថា ពុទ្ធោ ដូច្នេះមែន។ អនាថបិណ្ឌិកគហបតិ ពោលទៀតថា អើគហបតិ សម្លេងគឹកកង​ថា ពុទ្ធោ ដូច្នេះនេះ ជាសម្លេងដែលគេរកបានដោយកម្រក្នុងលោក ម្នាលគហបតិ តើខ្ញុំ​នឹងអាច​ចូលទៅគាល់​ព្រះមានព្រះភាគ ជាអរហន្តសម្មាសម្ពុទ្ធនោះ ទាន់ក្នុងពេលនេះបានដែរឬ។ រាជគហ​សេដ្ឋីតបថា ម្នាលគហបតិ កាលនេះ ជាកាលមិនគួរ ដើម្បីនឹងចូលទៅគាល់​ព្រះមានព្រះភាគ ជាអរហន្តសម្មាសម្ពុទ្ធនោះទាន់ក្នុងពេលនេះទេ ចាំដល់វេលាថ្ងៃស្អែក សឹមអ្នក​ចូលទៅគាល់​ព្រះមានព្រះភាគ ជាអរហន្តសម្មាសម្ពុទ្ធនោះ ទើបគួរ។

[៣៥៥] គ្រានោះ អនាថបិណ្ឌិកគហបតិគិតថា ឥឡូវនេះ វេលាថ្ងៃ ស្អែកនេះ អញនឹងចូល​ទៅគាល់ព្រះមានព្រះភាគ ជាអរហន្តសម្មាសម្ពុទ្ធនោះ ទើបគួរ គិតហើយ ក៏ដំកល់ស្មារតី ចំពោះ​ទៅរក​ព្រះពុទ្ធជាអារម្មណ៍ ហើយក៏ដេកទៅ ក៏ក្នុងវេលាយប់ (នោះ) អនាថ​បិណ្ឌិកគហបតិ ស្មានថាភ្លឺហើយ ក៏ក្រោកឡើង៣ដង។ លំដាប់នោះ អនាថបិណ្ឌិក​គហបតិ ចូលទៅកាន់ទ្វារ​សីតវន (ព្រៃត្រជាក់)។ ពួកអមនុស្ស [អមនុស្ស គឺខ្មោច ឬទេវតា] ក៏នាំគ្នាបើកទ្វារឲ្យ។ កាល​អនាថបិណ្ឌិកគហបតិ ចេញផុតអំពីនគរហើយ ពន្លឺក៏បាត់​ទៅវិញ។ ស្រាប់តែមានងងឹតកើត​ឡើង។ ភ័យ សេចក្តីតក់ស្លុត និងព្រឺរោមក៏កើតឡើង។ អនាថបិណ្ឌិកគហបតិ ចង់ត្រឡប់អំពី​ទីនោះមកវិញ។

[៣៥៦] គ្រានោះ សីវកយក្ស ដែលបាត់ទៅ ក៏បញ្ចេញ​សម្លេង​ឡើង​ថា

ដំរី១សែន សេះ១សែន រថទឹមដោយមេសេះអស្សតរ១សែន ស្រីជំទង់ ដែលប្រដាប់​ដោយកុណ្ឌល ជាវិការៈ​ នៃកែវមណី១សែន ក៏មិនដល់មួយចំណិត នៃការឈានទៅ ១ ជំហាន ដែលបណ្ឌិតចែកឲ្យជាចំណែក​១៦ អស់វារៈ​១៦ដងទេ។

ម្នាលគហបតិ អ្នកចូរឈានដើរទៅ ម្នាលគហបតិ អ្នកចូរឈានដើរទៅ​ ការឈានដើរ​ទៅ​របស់អ្នក ប្រសើរណាស់ ការត្រឡប់ទៅវិញ មិនប្រសើរទេ។

[៣៥៧] លំដាប់នោះ អនាថបិណ្ឌិកគហបតិ ក៏បាត់ងងឹតទៅវិញ។ ពន្លឺភ្លឺ ក៏កើតប្រាកដ​ឡើង។ ភ័យ សេចក្តីតក់ស្លុត ព្រឺរោមនោះឯង ក៏រម្ងាប់បាត់ទៅ។ អនាថបិណ្ឌិកគហបតិ ក៏បាត់​ពន្លឺ​អស់វារៈពីដងផង។បេ។ អស់វារៈ​បីដងផង។ ងងឹតក៏កើតប្រាកដឡើង។ ភ័យ សេចក្តីតក់ស្លុត ព្រឺរោមក៏កើតឡើង។ អនាថបិណ្ឌិកគហបតិ ចង់ត្រឡប់អំពី​ទីនោះមកវិញ សីវកយក្ស ដែល​បាត់​ទៅហើយនោះ ស្រាប់តែបញ្ចេញសម្លេងអស់វារៈ ជាគំរប់​បីដងថា

ដំរី១សែន សេះ១សែន រថដែលទឹមដោយមេសេះអស្សតរ១សែន ស្រីជំទង់ ដែលពាក់​ដោយកុណ្ឌល ជាវិការៈ​ នៃកែវមណី១សែន មិនដល់ចំណិត នៃការឈានទៅ១ជំហាន ដែល​បណ្ឌិត​ចែក ឲ្យជាចំណែក​១៦ អស់វារៈ​១៦ដងទេ។

ម្នាលគហបតិ អ្នកចូរឈានដើរទៅ ម្នាលគហបតិ អ្នកចូរឈានដើរទៅ​ ការឈានដើរ​ទៅ​របស់អ្នក ប្រសើរណាស់ ដំណើរត្រឡប់ថយក្រោយវិញ មិនប្រសើរទេ។ អនាថ​បិណ្ឌិក​គហបតិ ក៏បាត់ងងឹតទៅវិញ អស់វារៈបីដង។ ពន្លឺក៏កើតប្រាកដឡើង។ ភ័យសេចក្តី​តក់ស្លុត ព្រឺរោមនោះ​ឯង ក៏រម្ងាប់ទៅ។ លំដាប់នោះ អនាថបិណ្ឌិកគហបតិ ចូលទៅកាន់​សីតវន។

[៣៥៨] សម័យនោះឯង ព្រះមានព្រះភាគ ទ្រង់តើនឡើងក្នុងបច្ចូសសម័យនៃរាត្រី ហើយទ្រង់​ចង្ក្រមក្នុងទីវាល។ ព្រះមានព្រះភាគ ទ្រង់ទតឃើញ​អនាថបិណ្ឌិកគហបតិ ដើរមក​ពីចម្ងាយលឹមៗ លុះទ្រង់ទតឃើញហើយ ក៏ថយចុះអំពីទីចង្ក្រម ទ្រង់គង់លើ​អាសនៈ ដែល​គេតាក់តែងថ្វាយស្រាប់។ ព្រះមានព្រះភាគ ទ្រង់គង់ហើយ ទើបមាន​ព្រះបន្ទូល​នេះ ទៅនឹង​អនាថបិណ្ឌិកគហបតិថា​ ម្នាលសុទត្ត អ្នកចូរមកនេះ។ ឯអនាថ​បិណ្ឌិក​គហបតិ មានចិត្តត្រេក​អរ រីករាយ ដោយគិតថា ព្រះមានព្រះភាគ ទ្រង់មាន​ព្រះបន្ទូល​ត្រាស់ហៅអាត្មាអញចំឈ្មោះ ហើយក៏ចូលទៅគាល់ព្រះមានព្រះភាគ លុះចូល​ទៅដល់ហើយ ក៏ក្រាបទៀបព្រះបាទទាំងគូ នៃ​ព្រះមានព្រះភាគ ហើយក្រាបបង្គំទូល​ព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន ព្រះអង្គ​ទ្រង់​ផ្ទុំស្កល់ស្រួលទេឬ។

[៣៥៩] ព្រះអង្គ ទ្រង់ត្រាស់ថា បុគ្គលណាមានសេចក្តីត្រជាក់ មិនមានកិលេសគ្រឿង​សៅហ្មងមិនជាប់នៅក្នុងកាមទាំងឡាយ បុគ្គលនោះ ឈ្មោះថាព្រាហ្មណ៍ អ្នកមានទុក្ខ​រំលត់​​ហើយ រមែងដេកនៅជាសុខគ្រប់កាលទាំងពួង។ (មនុស្សណា) កាត់បង់នូវ​សេចក្តីប្រាថ្នា ក្នុងភពទាំងពួង ហើយនាំបង់នូវសេចក្តីក្រវល់ក្រវាយ ក្នុងហឫទ័យចេញ (មនុស្សនោះ) ឈ្មោះថា ជាអ្នកស្ងប់​រម្ងាប់ ដល់ហើយនូវសេចក្តីរម្ងាប់នៃចិត្ត រមែងដេក​នៅជាសុខ។

[៣៦០] លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់សំដែងអនុបុព្វីកថា ដល់អនាថបិណ្ឌិក​គហបតិ។ អនុបុព្វីកថា នោះគឺអ្វីខ្លះ។ អនុបុព្វីកថានោះគឺ ទ្រង់ប្រកាសនូវទានកថា១ សីលកថា១ សគ្គកថា១ កាមាទីនវៈ ដ៏លាមកសៅហ្មង១ និងអានិសង្ស ក្នុងការចេញ​សាងផ្នួស១។ ព្រះមានព្រះភាគ ទ្រង់ជ្រាបច្បាស់ថា អនាថបិណ្ឌិកគហបតិ មានចិត្តស្រួល មានចិត្តទន់ មានចិត្ត​ប្រាសចាកនីវរណធម៌ មានចិត្តអណ្តែតឡើង មានចិត្តជ្រះថ្លាក្នុង​ពេលណា ក៏ធម្មទេសនា ដែល​ព្រះពុទ្ធទាំងឡាយ ទ្រង់លើកឡើងសម្តែងដោយ​ព្រះអង្គ​ឯង ព្រះអង្គ ទ្រង់ប្រកាសនូវ​ធម្មទេសនា​នោះ គឺ ទុក្ខសច្ច សមុទយសច្ច និរោធសច្ច មគ្គសច្ច ក្នុងពេលនោះ។ សំពត់ដ៏ស្អាត ដែលមិន​មាន​ពណ៌ខ្មៅ តែងទទួលយក​នូវ​ទឹកជ្រលក់ដោយប្រពៃ យ៉ាងណាមិញ ក៏ដូចជាធម្មចក្ខុ គឺ​សោតាបត្តិផល មានធូលីទៅ​ប្រាសហើយ មានមន្ទិលទៅប្រាសហើយ ក៏បានកើតឡើងដល់​អនាថបិណ្ឌិកគហបតិ លើអាសនៈនោះដូច្នេះថា ធម្មជាតឯណានីមួយ មានសភាពកើតឡើង​ហើយជាធម្មតា ធម្មជាតទាំងអស់នោះ មានសភាពរលត់ទៅវិញជាធម្មតា។

[៣៦១] គ្រានោះ អនាថបិណ្ឌិកគហបតិ បានឃើញធម៌ហើយ បានលុះធម៌ហើយ បានជ្រាបច្បាស់ធម៌ហើយ មានចិត្តចុះកាន់ធម៌ស៊ប់ហើយ ឆ្លងចាកសេចក្តីសង្ស័យហើយ ប្រាសចាក​សេចក្តីងឿងឆ្ងល់ហើយ ដល់នូវសេចក្តីក្លៀវក្លា លែងជឿនូវពាក្យបុគ្គលដទៃ​ក្នុងសាសនា របស់ព្រះសាស្តា ហើយបានក្រាបបង្គំទូលពាក្យនេះ នឹងព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន ពីរោះពេកណាស់ បពិត្រព្រះអង្គដ៏ចំរើន ពីរោះពេកណាស់ បពិត្រព្រះអង្គដ៏ចំរើន ធម៌ដែលព្រះអង្គ ទ្រង់សម្តែងហើយ ដោយអនេកបរិយាយ​យ៉ាងនេះ (ភ្លឺច្បាស់ណាស់) គួរនាដូចជាមនុស្ស បើកវត្ថុដែលគេផ្កាប់ ឲ្យផ្ងាឡើង ឬដូចជាមនុស្សបើក​បង្ហាញ​របស់ដែលគេលាក់បិទបាំងទុក ពុំនោះសោត ដូចជាមនុស្ស​ប្រាប់ផ្លូវ ដល់អ្នកវង្វេង ឬដូចមនុស្ស​កាន់ប្រទីប ទ្រោលបំភ្លឺក្នុងទីងងឹត ដោយគិតថា មនុស្សដែលមានភ្នែក នឹងមើល​ឃើញរូបទាំងឡាយបាន បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ​នេះ សូមដល់​នូវព្រះមានព្រះភាគផង នូវព្រះធម៌ផង នូវព្រះភិក្ខុសង្ឃផង ថាជាទីពឹង​ទីរលឹក សូមព្រះមានព្រះភាគ ទ្រង់ជ្រាប​នូវខ្ញុំ​ព្រះអង្គថា ជាឧបាសក ដល់ហើយនូវ​ព្រះត្រៃសរណគមន៍ ស្មើដោយជីវិត ចាប់ដើមតាំងអំពី​ថ្ងៃនេះ ជាដើមរៀងទៅ បពិត្រ​ព្រះអង្គដ៏ចំរើន មួយវិញទៀត សូមព្រះមានព្រះភាគ មួយអន្លើ​ដោយ​ព្រះភិក្ខុសង្ឃ ទទួល​ភត្តរបស់ខ្ញុំព្រះអង្គ ដើម្បីភត្តកិច្ចក្នុងថ្ងៃស្អែក។ ព្រះមានព្រះភាគ ទ្រង់​ទទួល​និមន្ត​ដោយតុណ្ហីភាព។ គ្រានោះ អនាថបិណ្ឌិកគហបតិ ដឹងច្បាស់ថា ព្រះមានព្រះភាគ ទ្រង់​ទទួលនិមន្តហើយ ក៏ក្រោកចាកអាសនៈ ថ្វាយបង្គំលាព្រះមានព្រះភាគ ធ្វើប្រទក្សិណ រួច​ចៀសចេញទៅ។

[៣៦២] រាជគហសេដ្ឋីបានឮថា អនាថបិណ្ឌិកគហបតិនិមន្តព្រះសង្ឃ មានព្រះពុទ្ធ​ជា​ប្រធាន ដើម្បីភត្តកិច្ចក្នុងថ្ងៃស្អែកដូច្នេះហើយ។ ចំណែកខាង​រាជគហសេដ្ឋី បាននិយាយ​ពាក្យ​នេះ នឹងអនាថបិណ្ឌិកគហបតិថា ម្នាលគហបតិ បានឮថា អ្នកនិមន្តព្រះសង្ឃ មាន​ព្រះពុទ្ធ​ជាប្រធាន ដើម្បីភត្តកិច្ចក្នុងថ្ងៃស្អែក តែអ្នកជាអាគន្តុកៈ នឹងធ្វើភត្តដើម្បី​ព្រះសង្ឃ មានព្រះពុទ្ធ​ជាប្រធានដោយវត្ថុសម្រាប់ចាយវាយ (ស្បៀង) ឯណា ម្នាល​គហបតិ ខ្ញុំនឹង​ឲ្យវត្ថុសម្រាប់​ចាយវាយ​នោះដល់អ្នក។ អនាថបិណ្ឌិកគហបតិឆ្លើយថា ម្នាលគហបតិ កុំចុះ ខ្ញុំមានវត្ថុសម្រាប់​ចាយវាយ​ ធ្វើភត្ត ដើម្បីសង្ឃ មានព្រះពុទ្ធជា​ប្រធានហើយ។

[៣៦៣] អ្នកនិគមក្រុងរាជគ្រឹះ បានឮដំណឹងច្បាស់ថា អនាថបិណ្ឌិកគហបតិ បាននិមន្ត​ព្រះសង្ឃ មានព្រះពុទ្ធជាប្រធាន ដើម្បីភត្តកិច្ចក្នុងថ្ងៃស្អែក។ វេលានោះ អ្នកនិគមក្រុង​រាជគ្រឹះ និយាយពាក្យនេះ ទៅនឹងអនាថបិណ្ឌិកគហបតិថា បពិត្រគហបតិ ឮថា អ្នកបាន​និមន្តព្រះសង្ឃ មានព្រះពុទ្ធ​ជាប្រធាន ដើម្បីភត្តកិច្ចក្នុងថ្ងៃស្អែក តែអ្នកជាអាគន្តុកៈ នឹងធ្វើភត្តដើម្បីព្រះសង្ឃ មានព្រះពុទ្ធ​ជាប្រធាន ដោយវត្ថុសម្រាប់ចាយវាយឯណា ម្នាលគហបតិ ខ្ញុំឲ្យវត្ថុសម្រាប់​ចាយ​វាយ​​នោះដល់អ្នក។ អនាថបិណ្ឌិកឆ្លើយថា នែអ្នក កុំចុះ ខ្ញុំមានវត្ថុសម្រាប់​ចាយវាយ​ ធ្វើភត្ត ដើម្បីសង្ឃ មានព្រះពុទ្ធជាប្រធានហើយ។

[៣៦៤] ព្រះបាទពិម្ពិសារមាគធសេនិយរាជ ជ្រាបច្បាស់ថា ឮថា អនាថបិណ្ឌិកគហបតិ បាននិមន្តព្រះសង្ឃ មានព្រះពុទ្ធ​ជាប្រធាន ដើម្បីភត្តកិច្ចក្នុងថ្ងៃស្អែក។ ឯព្រះបាទពិម្ពិសារ​មាគធ​សេនិយរាជ ទ្រង់មានបន្ទូល​នេះ ទៅនឹង​អនាថបិណ្ឌិកគហបតិថា ម្នាលគហបតិ ឮថា អ្នកបាន​និមន្ត​ព្រះសង្ឃ មានព្រះពុទ្ធ​ជាប្រធាន ដើម្បីភត្តកិច្ចក្នុងថ្ងៃស្អែក តែអ្នកជា​អាគន្តុកៈ នឹង​ធ្វើ​ភត្ត​ដើម្បីព្រះសង្ឃ មានព្រះពុទ្ធ​ជាប្រធាន​ ដោយវត្ថុសម្រាប់ចាយ​វាយ​ឯណា យើងនឹង​ឲ្យនូវ​វត្ថុ​សម្រាប់​ចាយវាយ​នោះដល់អ្នក។ អនាថបិណ្ឌិកគហបតិក្រាប​ទូល​តបថា បពិត្រព្រះសម្មតិទេព ពុំបាច់ទេ ខ្ញុំព្រះអង្គ មានវត្ថុសម្រាប់​ចាយវាយ​ ធ្វើភត្ត ដើម្បីព្រះសង្ឃ មានព្រះពុទ្ធ​ជាប្រធាន​ហើយ។

[៣៦៥] គ្រានោះ អនាថបិណ្ឌិកគហបតិ លុះកន្លងរាត្រីនោះទៅ ក៏ឲ្យជនតាក់តែង​ខាទនីយភោជនីយាហារដ៏ឧត្តម ក្នុងលំនៅរបស់រាជគហសេដ្ឋី ហើយឲ្យជន ក្រាបបង្គំ​ទូល​ភត្តកាល ចំពោះ​ព្រះមានបុណ្យថា បពិត្រព្រះអង្គដ៏ចំរើន កាលគួរហើយ ភត្តក៏​សម្រេច​ហើយ។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ស្បង់ និងបាត្រចីវរ ក្នុងបុព្វណ្ហ​សម័យ ហើយទ្រង់ពុទ្ធ​ដំណើរ​ ទៅកាន់លំនៅរបស់រាជគហសេដ្ឋី លុះចូលទៅដល់ហើយ ក៏គង់លើអាសនៈ ដែលបុគ្គលក្រាល​ថ្វាយ ជាមួយនឹងភិក្ខុសង្ឃ។ លំដាប់នោះ អនាថ​បិណ្ឌិកគហបតិ បានអង្គាសថ្វាយ​ខាទនីយ​ភោជនីយាហារដ៏ឆ្ងាញ់ពីសា ដោយដៃខ្លួនឯង ចំពោះព្រះភិក្ខុសង្ឃ មានព្រះពុទ្ធជាប្រធាន ឲ្យឆ្អែត​ស្កប់ស្កល់ ត្រាតែដល់លោកប្រកែក លែងទទួលទៀត លុះព្រះមានព្រះភាគ ទ្រង់សោយ​ស្រេច លែងលូកព្រះហស្ត​ទៅក្នុង​បាត្រហើយ ក៏អង្គុយក្នុងទីដ៏សមគួរ។ អនាថបិណ្ឌិកគហបតិ លុះ​អង្គុយក្នុងទីដ៏​សមគួរ​ហើយ ក៏បាន​ក្រាបទូលពាក្យនេះ ចំពោះ​ព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ ព្រមទាំងភិក្ខុសង្ឃ ទទួលនិមន្តគង់ចាំវស្សា ក្នុង​ក្រុងសាវត្ថី​របស់​ខ្ញុំព្រះអង្គ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលគហបតិ ព្រះតថាគតទាំងឡាយ រមែង​ត្រេកអរ​ចំពោះ​ក្នុងលំនៅដ៏ស្ងាត់តែម្យ៉ាង។ អនាថបិណ្ឌិកគហបតិក្រាបបង្គំទូលថា បពិត្រ​ព្រះមានព្រះភាគ ខ្ញុំព្រះអង្គដឹងច្បាស់ហើយ បពិត្រព្រះសុគត ខ្ញុំព្រះអង្គដឹងច្បាស់​ហើយ។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់ពន្យល់​អនាថបិណ្ឌិកគហបតិ ឲ្យឃើញព្រម ឲ្យកាន់យក​ព្រម ឲ្យឧស្សាហ៍ព្រម ឲ្យរីករាយព្រម ដោយធម្មីកថា ហើយព្រះអង្គ ក្រោក​ចាកអាសនៈ ទ្រង់​ពុទ្ធដំណើរចៀសចេញទៅ។

[៣៦៦] សម័យនោះឯង អនាថបិណ្ឌិកគហបតិ ជាបុគ្គលមានមិត្តច្រើន មានសម្លាញ់ច្រើន មានវាចាគួរឲ្យអ្នកផងកាន់យក។ ទើប​អនាថបិណ្ឌិកគហបតិពិចារណា នូវកិច្ចដែលគួរ​ធ្វើនោះ ក្នុងក្រុងរាជគ្រឹះ រួចហើយក៏ត្រឡប់មកក្រុងសាវត្ថីវិញ។ លុះដល់ពាក់កណ្តាលផ្លូវ អនាថបិណ្ឌិកគហបតិ បង្គាប់មនុស្សទាំងឡាយថា ម្នាលអ្នកទាំងឡាយ ចូរអ្នករាល់គ្នា​ធ្វើអារាម សាងវិហារ ផ្តើមធ្វើនូវទាន ឥឡូវនេះ ព្រះពុទ្ធត្រាស់ហើយក្នុងលោក ឯព្រះអង្គ​នោះសោត ខ្ញុំក៏​បាននិមន្តហើយ ព្រះអង្គនឹងទ្រង់ពុទ្ធដំណើរមកតាមផ្លូវនេះ។ គ្រានោះ ពួកមនុស្ស​ដែល​អនាថបិណ្ឌិកគហបតិបញ្ជូនទៅនោះ ក៏បានធ្វើអារាម សាងវិហារ និងផ្តើម​ធ្វើនូវទាន។ លំដាប់​នោះ អនាថបិណ្ឌិកគហបតិ ទៅដល់ក្រុងសាវត្ថីហើយ ក៏គយគន់មើល (កន្លែង) ក្នុងក្រុងសាវត្ថី​គ្រប់អន្លើ ដោយគិតថា ព្រះមានព្រះភាគ សមនឹង​គង់នៅក្នុងទីណាហ្ន៎ ទីណាមិនជិតពេក មិនឆ្ងាយពេក អំពីស្រុក ល្មមទៅ ល្មមមកបាន ល្មមពួកមនុស្សដែលត្រូវការដោយប្រយោជន៍ ងាយនឹងទៅមក ជាទីមិនច្រឡូកច្រឡំ​ក្នុងវេលាថ្ងៃ មានសម្លេងតិច ឥតមានសម្លេងគឹកកង ជាទី​ប្រាសចាកខ្យល់បក់​មក​អំពីសរីរៈ នៃជនគួរជាទីធ្វើការសម្ងាត់នៃមនុស្ស និងជាទីគួរ​ដល់វិវេក​ក្នុងវេលាយប់។ អនាថបិណ្ឌិកគហបតិ បានឃើញឱទ្យានរបស់រាជកុមារឈ្មោះជេត ជាទី​មិនឆ្ងាយពេក មិនជិតពេក អំពីស្រុក ល្មមទៅមកបាន ល្មមពួកមនុស្ស ដែលត្រូវការ​ដោយ​ប្រយោជន៍ ងាយទៅមក មិនច្រឡូកច្រឡំក្នុងវេលាថ្ងៃ មានសម្លេងតិច ឥតមានសម្លេងគឹកកង ជាទី​ប្រាសចាកខ្យល់បក់មកអំពីសរីរៈ នៃមនុស្សគួរជាទីធ្វើការសម្ងាត់នៃមនុស្ស ជាទីគួរ​ដល់វិវេក​ក្នុងវេលាយប់ លុះឃើញហើយ ក៏ចូលទៅរកព្រះរាជកុមារឈ្មោះជេត លុះចូល​ទៅ​ដល់ហើយ បានពោលពាក្យនេះ នឹងព្រះរាជកុមារឈ្មោះជេតថា បពិត្រព្រះអយ្យបុត្រ សូមព្រះអង្គប្រទាន​ឱទ្យាន​មកខ្ញុំព្រះអង្គ ដើម្បីនឹងធ្វើអារាម។ ជេតរាជកុមារឆ្លើយថា ម្នាលគហបតិ អារាមខ្ញុំឲ្យ (អ្នកទទេ) មិនបានទេ លុះតែ (អ្នកឲ្យថ្លៃ) គឺក្រាលដោយ​កោដិនៃកហាបណៈ (ទើបឲ្យបាន)។ អនាថបិណ្ឌិក​គហបតិឆ្លើយថា បពិត្រព្រះអយ្យបុត្រ អារាម ខ្ញុំព្រះអង្គមុខជានឹងយកហើយ។ ជេតរាជកុមារ​ឆ្លើយថា ម្នាលគហបតិ អ្នកកុំអាល​យកអារាម (ចាំយើងសួរពួកមហាមាត្រ អ្នកវិនិច្ឆ័យសេចក្តី​សិន)។ ជេតរាជកុមារ និង​អនាថបិណ្ឌិកគហបតិ ក៏សួរពួកមហាមាត្រ អ្នកវិនិច្ឆ័យសេចក្តីថា អារាម គួរឲ្យអនាថ​បិណ្ឌិកគហបតិយក ឬមិនឲ្យយកទេ។ ពួកមហាមាត្រពោលយ៉ាងនេះថា បពិត្រ​ព្រះអយ្យបុត្រ ព្រះអង្គបានកាត់ថ្លៃអារាមចំនួនប៉ុន្មាន ក៏ឲ្យ​អនាថបិណ្ឌិកគហបតិទទួល​យក ដោយថ្លៃប៉ុណ្ណោះចុះ។ លំដាប់នោះ អនាថបិណ្ឌិកគហបតិ បានឲ្យគេផ្ទុក​ប្រាក់​ដោយ​រទេះ​ទាំងឡាយ ហើយឲ្យក្រាលតំរៀប ដោយកោដិនៃកហាបណៈ ក្នុងព្រៃរបស់​ជេតរាជកុមារ។ ប្រាក់​ដែលជញ្ជូនយកមកតែម្តងប៉ុណ្ណោះ មិនគ្រាន់ត្រង់ទីឱកាសបន្តិច​ជុំវិញ​ខ្លោងទ្វារ។ ឯ​អនាថបិណ្ឌិកគហបតិ ក៏បានបង្គាប់ពួកមនុស្សថា នែនាយរាល់គ្នា ចូរអ្នកទៅនាំយកប្រាក់មក​ទៀត យើងនឹងក្រាលត្រង់ទីឱកាសនេះ។ គ្រានោះ ជេតរាជ​កុមារ មានសេចក្តីត្រិះរិះដូច្នេះថា គហបតិនេះ ចំណាយប្រាក់ច្រើនដល់ម្ល៉ោះ ចំពោះ​កិច្ចណា កិច្ចនោះ មិនមែនជារបស់ថោកទាប​ទេ។ វេលានោះ ជេតរាជកុមារ ពោលនូវ​ពាក្យនេះ នឹងអនាថបិណ្ឌិកគហបតិថា ណ្ហើយគហបតិ អ្នកកុំឲ្យក្រាលទីឱកាស​នោះ​ឡើយ អ្នកចូរឲ្យទីឱកាសនោះដល់ខ្ញុំ ទាននុ៎ះនឹងមានដល់ខ្ញុំ។ លំដាប់​នោះ អនាថបិណ្ឌិក​គហបតិ បានថ្វាយទីឱកាសនោះ ដល់ជេតរាជកុមារ ដោយគិតថា ជេត​រាជកុមារ​នេះ ជាមនុស្សល្បីល្បាញ មានមនុស្សស្គាល់(ច្រើន) មានឫទ្ធិច្រើន ឯសេចក្តីជ្រះថ្លា​ក្នុង​ធម្មវិន័យនេះ (នឹងមាន) ដល់ពួកមនុស្សដែលគេស្គាល់ មានសភាពយ៉ាងនេះ។ គ្រានោះ ជេតរាជកុមារ បានកសាងខ្លោងទ្វារ ក្នុងទីឱកាសនោះ។ លំដាប់នោះ អនាថបិណ្ឌិក​គហបតិ ឲ្យគេធ្វើវិហារ ឲ្យគេធ្វើបរិវេណ ឲ្យធ្វើបន្ទប់ ឲ្យធ្វើឧបដ្ឋានសាលា ឲ្យធ្វើរោងភ្លើង ឲ្យធ្វើ​កប្បិយកុដិ ឲ្យធ្វើវច្ចកុដិ ឲ្យធ្វើទីចង្ក្រម ឲ្យធ្វើសាលាសម្រាប់ចង្ក្រម ឲ្យធ្វើអណ្តូងទឹក ឲ្យធ្វើសាលាទៀប​អណ្តូងទឹក ឲ្យធ្វើរោងភ្លើង ឲ្យធ្វើសាលាទៀបរោងភ្លើង ឲ្យធ្វើស្រះ​បោក្ខរណី ឲ្យធ្វើមណ្ឌប​ក្នុង​ជេតវន។

[៣៦៧] គ្រានោះ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងក្រុងរាជគ្រឹះ គួរដល់ពុទ្ធអធ្យាស្រ័យ ហើយទ្រង់ពុទ្ធដំណើរទៅកាន់ចារិកក្រុងវេសាលី ព្រះអង្គទ្រង់ពុទ្ធដំណើរទៅកាន់ចារិក ដោយលំដាប់ឆ្ពោះត្រង់ទៅក្រុងវេសាលី។ មានសេចក្តីដំណាលថា ព្រះមានព្រះភាគ គង់នៅ​ក្នុងកូដាគារសាលា ក្នុងព្រៃមហាវ័ន ទៀបក្រុងវេសាលីនោះ។

[៣៦៨] សម័យនោះឯង មនុស្សទាំងឡាយ កំពុងយកចិត្តទុកដាក់ធ្វើនវកម្ម គឺការងារ​ថ្មី ក៏បានផ្គត់ផ្គង់ពួកភិក្ខុ ដែលជាអ្នករ៉ាប់រងនូវនវកម្ម ដោយចីវរ បិណ្ឌបាត សេនាសនៈ និងភេសជ្ជ​បរិក្ខារ ថ្នាំជាបច្ច័យសម្រាប់អ្នកជម្ងឺដោយគោរព។

[៣៦៩] លំដាប់នោះ មានជាងជុល ឬដេរម្នាក់ ជាអ្នកកំសត់ មានសេចក្តីត្រិះរិះដូច្នេះថា ពួកមនុស្សទាំងនេះ កំពុងយកចិត្តទុកដាក់ធ្វើនវកម្មព្រោះអំពើណា អំពើនេះ មិនមែន​ជារបស់​ថោកទាបទេ បើដូច្នោះ គួរតែអញធ្វើនវកម្មដែរ។ ឯជាងជុល ឬដេរជាអ្នក​កំសត់នោះ ជាន់ដី បោះឥដ្ឋ ហើយធ្វើជញ្ជាំងដោយខ្លួនឯង។ ជាងជុលនោះ មិនឈ្លាស រៀបជញ្ជាំងវៀច ជញ្ជាំង​ក៏រលំទៅ។ ជាងជុលកំសត់នោះ ជាន់ដីឥដ្ឋ ធ្វើជញ្ជាំង​ដោយ​ខ្លួនឯង។ អស់វារៈ ជាគំរប់​ពីរដង​ផង។បេ។ អស់វារៈ ជាគំរប់បីដងផង។ ជាងជុល មិន​ឈ្លាស​នោះ ធ្វើជញ្ជាំងវៀច ជញ្ជាំង​ក៏​រលំ​ទៅ។ លំដាប់នោះ ជាងជុលកំសត់នោះ ពោលទោសតិះដៀល បន្តុះបង្អាប់ថា ជនទាំងឡាយណា ឲ្យចីវរ បិណ្ឌបាតសេនាសនៈ និងភេសជ្ជបរិក្ខារថ្នាំ ជាបច្ច័យសម្រាប់អ្នកជម្ងឺ ដល់ពួក​សមណៈ ជាសក្យបុត្តិយ៍នេះ ពួកសមណសក្យបុត្តិយ៍នេះ ទូន្មានប្រៀនប្រដៅនូវជនទាំងឡាយផង រ៉ាប់​រង​នូវនវកម្ម​របស់ជនទាំងនោះផង ចំណែក​ខាងអញ ជាមនុស្សកំសត់ គ្មានអ្នកណាមួយជួយ​ទូន្មាន ប្រៀនប្រដៅ ឬរ៉ាប់រង នូវនវកម្មរបស់អញសោះឡើយ។ ពួកភិក្ខុ ក៏បានឮជាង​ជុល​កំសត់នោះ ពោលទោស តិះដៀល បន្តុះបង្អាប់។ ភិក្ខុទាំងនោះ ក៏ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះ​ព្រះមាន​ព្រះភាគ។ ព្រោះនិទាននេះ ដំណើរនេះ ទើបព្រះមានព្រះភាគ ទ្រង់ធ្វើ​ធម្មីកថា ហើយត្រាស់ហៅ​ភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត (ឲ្យភិក្ខុ) ឲ្យនវកម្ម [បើមានឧបាសក មានសទ្ធាធ្វើការងារថ្មី គឺសាងវិហារ កុដិជាដើម ប្រគេនសង្ឃ សង្ឃត្រូវចាត់ភិក្ខុដែលប៉ិនប្រសប់​ណាមួយ ឲ្យជាអ្នកជួយរ៉ាប់រង ត្រួតត្រា​ការងារ​នោះ ដូចកាលនាងវិសាខាសាងបុព្វារាម ព្រះសម្មាសម្ពុទ្ធ ទ្រង់ចាត់ព្រះមោគ្គល្លាន ឲ្យជាអ្នកជួយត្រួតត្រាដូច្នោះ។] ម្នាលភិក្ខុទាំងឡាយ ភិក្ខុ​ប្រកបដោយនវកម្ម នឹងដល់នូវ​សេចក្តីខ្វល់ខ្វាយថា គិតដូចម្តេច នឹងឲ្យវិហារហើយឆាប់ នឹង​ជួសជុល​នូវទីដែល​បាក់បែក​ឡើងវិញបាន។ ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវឲ្យយ៉ាងនេះ។ មុនដម្បូង ត្រូវសង្ឃ​សូមភិក្ខុ។ លុះសូមហើយ ត្រូវភិក្ខុដែលឈ្លាស ប្រតិពល ផ្តៀងសង្ឃថា បពិត្រព្រះសង្ឃ​ដ៏ចំរើន សូមសង្ឃ​ស្តាប់ខ្ញុំ បើកម្មមានកាលគួរ ដល់សង្ឃហើយ សង្ឃគប្បី​ឲ្យនូវនវកម្ម ដល់ភិក្ខុមានឈ្មោះនេះ ចំពោះវិហាររបស់គហបតិឈ្មោះនេះ។ នេះជាញត្តិ។ បពិត្រ​ព្រះសង្ឃដ៏ចំរើន សូម​សង្ឃ​ស្តាប់ខ្ញុំ សង្ឃ​ឲ្យនូវនវកម្ម ដល់ភិក្ខុឈ្មោះនេះ ចំពោះ​វិហារ​របស់​គហបតិឈ្មោះនេះ ការឲ្យនវកម្ម ដល់ភិក្ខុឈ្មោះនេះ ចំពោះវិហារ​របស់​គហបតិ​ឈ្មោះនេះ​ ​គួរ​ដល់លោកមានអាយុអង្គណា លោកមានអាយុ​អង្គនោះ គប្បីស្ងៀម មិនគួរដល់លោកមាន​អាយុ​អង្គណា លោកមានអាយុអង្គនោះ គប្បីពោលឡើង។ សង្ឃ​ឲ្យនវកម្ម ដល់ភិក្ខុឈ្មោះនេះ ចំពោះ​វិហាររបស់គហបតិឈ្មោះនេះ គួរដល់សង្ឃ ព្រោះ​ហេតុនោះ បានជា​សង្ឃស្ងៀម។ ខ្ញុំសូមចាំទុក នូវដំណើរនេះ ដោយការស្ងៀមយ៉ាងនេះ។

[៣៧០] គ្រានោះ ព្រះមានព្រះភាគ គង់នៅក្នុងក្រុងវេសាលី គួរដល់ពុទ្ធអធ្យាស្រ័យ ហើយទ្រង់ពុទ្ធដំណើរទៅកាន់ក្រុងសាវត្ថី។ សម័យនោះឯង ពួកភិក្ខុជាអន្តេវាសិក របស់​ពួក​ឆព្វគ្គិយភិក្ខុ នាំគ្នាដើរជែងទៅខាងមុខៗសង្ឃ មានព្រះពុទ្ធជាប្រធាន ក៏ហួងហែង​វិហារ ហួងហែង​ទីដេកថា ទីនេះសម្រាប់ឧបជ្ឈាយ៍របស់ពួកយើង ទីនេះសម្រាប់​អាចារ្យ​របស់ពួកយើង ទីនេះ​សម្រាប់​ពួកយើង។ កាលនោះ ព្រះសារីបុត្តមានអាយុ ទៅអំពីខាង​ក្រោយៗសង្ឃ មានព្រះពុទ្ធ​ជាប្រធាន កាលបើពួកអន្តេវាសិករបស់​ពួកឆព្វគ្គិយភិក្ខុ​ហួងហែង​វិហារ ហួងហែងទីដេកហើយ លោក៏រកទីសំណឹងមិនបាន ទើបទៅគង់ទៀប​គល់ឈើ១។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់តើន​ឡើង ក្នុងពេលបច្ចូសសម័យនៃរាត្រី ហើយទ្រង់ក្អកគ្រហែម។ ព្រះសារីបុត្តមានអាយុ ក៏ក្អក​គ្រហែមដែរ។ ព្រះអង្គ ទ្រង់ត្រាស់​សួរថា នរណានៅក្នុងទីនុ៎ះ។ ព្រះសារីបុត្តក្រាបបង្គំទូលថា បពិត្រព្រះមានព្រះភាគ ខ្ញុំព្រះអង្គឈ្មោះសារីបុត្ត។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលសារីបុត្ត ហេតុអ្វី​ក៏អ្នកមកអង្គុយ​ក្នុងទីនេះ។ ឯព្រះសារីបុត្តមានអាយុ ក៏ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះ​ព្រះមាន​ព្រះភាគ។

[៣៧១] ព្រោះនិទាននេះ ដំណើរនេះ ទើបព្រះមានព្រះភាគ ទ្រង់ឲ្យប្រជុំភិក្ខុសង្ឃ ហើយសួរបញ្ជាក់ភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ ឮថា ភិក្ខុជាអន្តេវាសិក របស់​ពួក​ឆព្វគ្គិយភិក្ខុ ដើរជែងទៅខាងមុខៗសង្ឃ មានព្រះពុទ្ធជាប្រធាន ហើយហួងហែងវិហារ ហួងហែង​ទីដំណេកថា ទីនេះសម្រាប់ឧបជ្ឈាយ៍របស់ពួកយើង ទីនេះសម្រាប់​អាចារ្យ​របស់​ពួកយើង ទីនេះ​សម្រាប់​ពួកយើង ពិតមែនឬ។ ពួកភិក្ខុ ក្រាបបង្គំទូលថា សូមទ្រង់​ព្រះមេត្តាប្រោស ពិតមែន។ ព្រះពុទ្ធមានព្រះភាគ ទ្រង់បន្ទោសថា ម្នាលភិក្ខុទាំងឡាយ ពួកមោឃបុរសនោះ មិនសមបើនឹង ដើរជែងទៅខាងមុខៗសង្ឃ មានព្រះពុទ្ធជាប្រធាន ហើយហួងហែងវិហារ ហួងហែង​ទីដំណេកថា ទីនេះសម្រាប់ឧបជ្ឈាយ៍របស់ពួកយើង ទីនេះសម្រាប់​អាចារ្យរបស់ពួកយើង ទីនេះ​សម្រាប់​ពួកយើង ដូច្នេះទេ ម្នាលភិក្ខុទាំង​ឡាយ អំពើនេះ មិនមែនដឹកនាំពួកជន ដែលមិនទាន់ជ្រះថ្លា ឲ្យជ្រះថ្លាឡើងទេ។បេ។ លុះទ្រង់បន្ទោសហើយ ក៏ធ្វើធម្មីកថា ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំង​ឡាយ ភិក្ខុដូចម្តេច គួរនឹងទទួល​អាសនៈប្រសើរ [អដ្ឋកថា ថា សំដៅយកអាសនៈ​សម្រាប់ព្រះថេរៈ។] ទឹកប្រសើរ [សំដៅយកទឹក​ទក្ខិណាទកៈ។] និងដុំបាយប្រសើរ [សំដៅ​យក​ដុំបាយ​សម្រាប់សង្ឃត្ថេរ។] បាន។ ពួកភិក្ខុខ្លះ កា្របបង្គំទូលយ៉ាងនេះថា បពិត្រព្រះមានព្រះភាគ ភិក្ខុណាចេញអំពីខត្តិយត្រកូលមកបួស ភិក្ខុនោះ ទើបគួរទទួល​អាសនៈប្រសើរ ទឹកប្រសើរ និងដុំ​បាយប្រសើរបាន។ ពួកភិក្ខុខ្លះ កា្របបង្គំទូល​យ៉ាងនេះថា បពិត្រព្រះមានព្រះភាគ ភិក្ខុណាចេញអំពីព្រាហ្មណត្រកូលមកបួស ភិក្ខុនោះ ទើបគួរទទួលអាសនៈប្រសើរ ទឹកប្រសើរ និងដុំ​បាយប្រសើរបាន។ ពួកភិក្ខុខ្លះ កា្របបង្គំ​ទូលយ៉ាងនេះថា បពិត្រព្រះមានព្រះភាគ ភិក្ខុណា​ចេញ​អំពីគហបតិត្រកូលមកបួស ភិក្ខុនោះ ទើបគួរទទួលអាសនៈប្រសើរ ទឹកប្រសើរ និងដុំ​បាយប្រសើរបាន។ ពួកភិក្ខុខ្លះ កា្របបង្គំទូលយ៉ាងនេះថា បពិត្រព្រះមានព្រះភាគ ភិក្ខុណា​ រៀនគម្ពីរ​ព្រះសូត្រ ភិក្ខុនោះ ទើបគួរទទួលអាសនៈប្រសើរ ទឹកប្រសើរ និងដុំ​បាយប្រសើរបាន។ ពួកភិក្ខុខ្លះ កា្របបង្គំ​ទូលយ៉ាងនេះថា បពិត្រព្រះមានព្រះភាគ ភិក្ខុណា ទ្រទ្រង់វិន័យ។បេ។ បពិត្រ​ព្រះមានព្រះភាគ ភិក្ខុណាជាធម្មកថិក ភិក្ខុនោះ ទើបគួរទទួលអាសនៈប្រសើរ ទឹកប្រសើរ និងដុំ​បាយប្រសើរបាន។ ពួកភិក្ខុខ្លះ កា្របបង្គំទូលយ៉ាងនេះថា បពិត្រព្រះមានព្រះភាគ ភិក្ខុណា បានបឋមជ្ឈាន ភិក្ខុនោះ ទើបគួរទទួលអាសនៈប្រសើរ ទឹកប្រសើរ និងដុំ​បាយប្រសើរបាន។ ពួកភិក្ខុខ្លះ កា្របបង្គំទូលយ៉ាងនេះថា បពិត្រព្រះមានព្រះភាគ ភិក្ខុណាបានទុតិយជ្ឈាន ភិក្ខុនោះ ទើបគួរទទួលអាសនៈប្រសើរ ទឹកប្រសើរ និងដុំ​បាយប្រសើរបាន។ ពួកភិក្ខុខ្លះ កា្របបង្គំ​ទូល​យ៉ាង​នេះថា បពិត្រព្រះមានព្រះភាគ ភិក្ខុណាបានតតិយជ្ឈាន។បេ។ បពិត្រព្រះមានព្រះភាគ ភិក្ខុ​ណា​បាន​ចតុត្ថជ្ឈាន ភិក្ខុនោះ ទើបគួរទទួលអាសនៈប្រសើរ ទឹកប្រសើរ និងដុំ​បាយ​ប្រសើរ​បាន។ ពួក​ភិក្ខុ​ខ្លះ កា្របបង្គំ​ទូលយ៉ាងនេះថា បពិត្រព្រះមានព្រះភាគ ភិក្ខុណា​ជាសោតាបន្ន ភិក្ខុនោះ ទើប​គួរ​ទទួលអាសនៈប្រសើរ ទឹកប្រសើរ និងដុំ​បាយប្រសើរបាន។ ពួកភិក្ខុខ្លះ កា្របបង្គំទូល​យ៉ាង​នេះ​ថា បពិត្រព្រះមានព្រះភាគ ភិក្ខុណាជាសកទាគាមី។បេ។ បពិត្រព្រះមាន​ព្រះភាគ ភិក្ខុណា ជាអនាគាមី។បេ។ បពិត្រព្រះមានព្រះភាគ ភិក្ខុណាជាអរហន្ត ភិក្ខុនោះ ទើបគួរទទួល​អាសនៈ​ប្រសើរ ទឹកប្រសើរ និងដុំ​បាយប្រសើរបាន។ ពួកភិក្ខុខ្លះ កា្របបង្គំ​ទូលយ៉ាងនេះថា បពិត្រព្រះ​មាន​ព្រះភាគ ភិក្ខុណាបានវិជ្ជា៣ ភិក្ខុនោះ ទើបគួរទទួល​អាសនៈប្រសើរ ទឹកប្រសើរ និងដុំ​បាយប្រសើរបាន។ ពួកភិក្ខុខ្លះ កា្របបង្គំទូលយ៉ាង​នេះថា បពិត្រព្រះមានព្រះភាគ ភិក្ខុណាបានអភិញ្ញា៦ ភិក្ខុនោះ ទើបគួរទទួល​អាសនៈ​ប្រសើរ ទឹកប្រសើរ និងដុំ​បាយប្រសើរបាន។

រឿងសត្វជាសម្លាញ់គ្នា៣តួ

[៣៧២] គ្រានោះ ព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ ហេតុ (នេះ) ធ្លាប់មានមកហើយ នៅខាងហិមវន្តប្បទេស មានដើមជ្រៃធំ១ដើម។ សត្វ៣តួ គឺ ទទា១ ស្វា១ ដំរី១ ជាសំឡាញ់គ្នា តែងនៅអាស្រ័យនឹងដើមជ្រៃធំនោះ។ សត្វទាំងនោះ មិនគោរព មិនកោតក្រែង មិនប្រព្រឹត្តស្មោះស្មើទៅវិញទៅមករកគ្នាឡើយ។ ម្នាលភិក្ខុ​ទាំងឡាយ សត្វជាសម្លាញ់នឹងគ្នាទាំងនោះ មានសេចក្តីត្រិះរិះថា ឱពួកយើង ធ្វើម្តេច​នឹងដឹងពិតថា នរណា​ជាធំពីកំណើតជាងយើង ៗត្រូវធ្វើសក្ការៈ ធ្វើសេចក្តីគោរព រាប់អាន បូជាអ្នកនោះ ម្យ៉ាងទៀត យើងត្រូវឋិតនៅក្នុងឱវាទរបស់អ្នកនោះ។ ម្នាលភិក្ខុទាំងឡាយ គ្រានោះ ទទា និងស្វាសួរដំរីថា ម្នាលសម្លាញ់ អ្នកបានរលឹកឃើញហេតុពីមុនដូចម្តេច។ ដំរីឆ្លើយថា ម្នាលសម្លាញ់ទាំងឡាយ កាលដែលខ្ញុំនៅតូច ខ្ញុំធ្វើដើមជ្រៃនេះ ក្នុងចន្លោះ​ភ្លៅទាំងពីរហើយដើរទៅ ចុងត្រួយ (ជ្រៃនេះ) ទល់នឹងពោះខ្ញុំ ម្នាលសម្លាញ់ទាំងឡាយ ខ្ញុំរលឹកឃើញនូវហេតុពីមុនដូច្នេះ។ ម្នាលភិក្ខុទាំងឡាយ កាលនោះ ទទា និងដំរីសួរស្វាថា ម្នាលសម្លាញ់ អ្នករលឹកឃើញហេតុពីមុនដូចម្តេចខ្លះ។ ស្វាឆ្លើយថា ម្នាលសម្លាញ់​ទាំងឡាយ កាលដែលខ្ញុំនៅតូច ខ្ញុំអង្គុយ​លើផែនដី ហើយទំពាស៊ីត្រួយ​ជ្រៃនេះ ម្នាលសម្លាញ់ទាំងឡាយ ខ្ញុំរលឹកឃើញហេតុពីមុនដូច្នេះ។ ម្នាលភិក្ខុទាំងឡាយ គ្រានោះ ស្វា និងដំរីសួរទៅទទាថា ម្នាលសម្លាញ់ អ្នករលឹកឃើញហេតុពីមុនដូចម្តេចខ្លះ។ ទទាឆ្លើយថា ម្នាលសម្លាញ់ទាំងឡាយ ក្នុងទីឯណោះ មានដើមជ្រៃធំ១ដើម ខ្ញុំស៊ីផ្លែរួច​ហើយ ហើរមកអំពីនោះ មកបន្ទោបង់វច្ចៈក្នុងឱកាសនេះ ជ្រៃនេះក៏កើតអំពីវច្ចៈរបស់ខ្ញុំ ម្នាលសម្លាញ់ទាំងឡាយ ខ្ញុំជាសត្វ​ធំពីកំណើត តាំងអំពីកាលនោះមក។ ម្នាលភិក្ខុ​ទាំងឡាយ ស្វា និងដំរីបានពោលពាក្យ​នេះ នឹងទទាថា ម្នាលសម្លាញ់ អ្នកជាធំពីកំណើត​ជាងយើង យើងនឹងធ្វើសក្ការៈ គោរព រាប់អាន បូជា​អ្នក មួយទៀត យើងនឹង​តាំងនៅក្នុងឱវាទរបស់អ្នក។ ម្នាលភិក្ខុទាំងឡាយ គ្រានោះ ទទាឲ្យស្វា និង​ដំរីកាន់​សីលទាំង៥ ហើយសមាទាន ប្រព្រឹត្តសីលទាំង៥ ដោយខ្លួនឯង។ សត្វទាំងឡាយនោះ គោរពកោតក្រែង ប្រព្រឹត្តស្មោះស្មើ ទៅវិញទៅមករកគ្នា លុះទំលាយខន្ធ ទៅកាន់​លោកខាងមុខ ក៏បានទៅកើតក្នុងសុគតិ គឺឋានសួគ៌។ ម្នាលភិក្ខុទាំងឡាយ ព្រហ្មចរិយធម៌​នុ៎ះឯង ឈ្មោះ​តិត្តិរិយព្រហ្មចរិយៈ។

[៣៧៣] ព្រះអង្គ ទ្រង់ត្រាស់ថា ពួកជនដែលឈ្លាសក្នុងធម៌ កោតក្រែងចាស់ព្រឹទ្ធាចារ្យ រមែងបានសេចក្តីសរសើរក្នុងបច្ចុប្បន្នផង បានសុគតិក្នុងបរលោកផង។

ម្នាលភិក្ខុទាំងឡាយ អម្បាលពួកសត្វតិរច្ឆានទាំងនោះ ម្តេចក៏ចេះគោរព កោតក្រែង​ ប្រព្រឹត្តស្មោះស្មើ ដល់គ្នានឹងគ្នាទៅបាន ចំណង់បើអ្នកទាំងឡាយបួសក្នុងធម្មវិន័យ ដែល​តថាគត​​សំដែងហើយដោយប្រពៃយ៉ាងនេះ គួរណាស់តែគោរព កោតក្រែង ប្រព្រឹត្ត​ស្មោះស្មើដល់គ្នានឹង​គ្នា ដោយហេតុណា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរធ្វើហេតុ​នុ៎ះឲ្យល្អ ក្នុងសាសនានេះចុះ ម្នាលភិក្ខុទាំងឡាយ អំពើនេះ មិនមែននាំឲ្យ​ជ្រះថ្លា​ដល់ពួកជន ដែលមិនទាន់ជ្រះថ្លាទេ។បេ។ លុះ​ទ្រង់បន្ទោសហើយ ទ្រង់ធ្វើធម្មីកថា ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតការថ្វាយបង្គំ ការក្រោកទទួល អញ្ជលិកម្ម សាមីចិកម្ម អាសនៈ​ប្រសើរ ទឹក​ប្រសើរ និងដុំបាយប្រសើរ (ដល់ភិក្ខុ) តាមលំដាប់​ចាស់ខ្ចី ម្នាលភិក្ខុទាំងឡាយ តែថា វត្ថុជារបស់​សង្ឃ ភិក្ខុមិន​ត្រូវឃាត់ខាំងតាមលំដាប់ចាស់ខ្ចីទេ ភិក្ខុណាឃាត់ខាំង ត្រូវអាបត្តិទុក្កដ។

អវន្ទិយបុគ្គល វន្ទិយបុគ្គល

[៣៧៤] ម្នាលភិក្ខុទាំងឡាយ អវន្ទិយបុគ្គល (បុគ្គលដែលភិក្ខុមិនត្រូវសំពះ) នេះ មាន១០ពួក គឺ ភិក្ខុដែលបានឧបសម្បទាមុន មិនត្រូវសំពះភិក្ខុ ដែលបាន​ឧបសម្បទា​ក្រោយ១ មិនត្រូវសំពះអនុបសម្បន្ន១ មិនត្រូវសំពះភិក្ខុចាស់ ដែលមានសំវាសផ្សេងគ្នា ជាអធម្មវាទី១ មិនត្រូវសំពះមាតុគ្រាម១ មិនត្រូវសំពះមនុស្សខ្ទើយ១ មិនត្រូវសំពះភិក្ខុ ដែលកំពុង​នៅបរិវាស១ មិនត្រូវសំពះភិក្ខុ ដែលគួរទាញមកកាន់មូលាបត្តិ១ មិនត្រូវ​សំពះភិក្ខុ ដែលគួរដល់មានត្ត១ មិនត្រូវសំពះភិក្ខុ ដែលកំពុងប្រព្រឹត្តមានត្ត១ មិនត្រូវ​សំពះភិក្ខុ ដែលគួរដល់អព្ភានកម្ម១ ម្នាលភិក្ខុទាំងឡាយ បុគ្គលដែលភិក្ខុមិនត្រូវសំពះ មាន១០ចំពូក ដូច្នេះឯង។ ម្នាលភិក្ខុទាំងឡាយ វន្ទិយបុគ្គល (បុគ្គលដែលភិក្ខុត្រូវសំពះ) នេះ មាន៣ពួក គឺភិក្ខុដែលបានឧបសម្បទាក្រោយ ត្រូវសំពះភិក្ខុដែលបានឧបសម្បទា​មុន១ ត្រូវសំពះភិក្ខុចាស់ជាង ដែលមានសំវាសផ្សេងគ្នា ជាធម្មវាទី១ ម្នាលភិក្ខុទាំងឡាយ ត្រូវថ្វាយបង្គំព្រះតថាគតអរហន្តសម្មាសម្ពុទ្ធ ក្នុងលោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ក្នុងពពួកសត្វ ព្រមទាំងសមណៈ និងព្រាហ្មណ៍ ទាំងមនុស្សជាសម្មតិទេព និងមនុស្សដ៏សេស១ ម្នាលភិក្ខុទាំងឡាយ បុគ្គល ដែល​ភិក្ខុ​ត្រូវសំពះ មាន៣ចំពូក ដូច្នេះ​ឯង។

[៣៧៥] សម័យនោះឯង មនុស្សទាំងឡាយ តាក់តែងមណ្ឌប តាក់តែងកម្រាល តាក់តែង​ទីឱកាសចំពោះសង្ឃ។ ភិក្ខុទាំងឡាយជាសិស្សរបស់ពួកឆព្វគ្គិយភិក្ខុគិតគ្នាថា វត្ថុជា​របស់សង្ឃ ព្រះមានព្រះភាគ ទ្រង់អនុញ្ញាត ទៅតាមលំដាប់ចាស់ខ្ចីពិតមែនហើយ តែវត្ថុដែលគេធ្វើឧទ្ទិស (ដល់សង្ឃ) ព្រះមានព្រះភាគ មិនទាន់ទ្រង់អនុញ្ញាត​នៅឡើយ (លុះគិតដូច្នោះហើយ) ក៏នាំគ្នា​ដើរជែងទៅពីខាងមុខៗសង្ឃ មានព្រះពុទ្ធជាប្រធាន ហើយហួងហែងមណ្ឌប ហួងហែង​កម្រាល ហួងហែងទីឱកាសថា ទីនេះសម្រាប់​ឧបជ្ឈាយ៍របស់ពួកយើង ទីនេះសម្រាប់​អាចារ្យ​របស់ពួក​យើង ទីនេះសម្រាប់ពួកយើង។ លំដាប់នោះ ព្រះសារីបុត្តមានអាយុ និមន្តទៅពីខាងក្រោយៗ​សង្ឃ មានព្រះពុទ្ធជាប្រធាន កាលបើពួកអន្តេវាសិក របស់ពួកឆព្វគ្គិយភិក្ខុ ហួងហែងមណ្ឌប ហួងហែង​កម្រាល ហួងហែងទីឱកាស (ដូច្នោះ) លោកមិនបានទីឱកាស ក៏ទៅគង់ទៀបគល់​ឈើ១។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់តើន​ឡើង ក្នុងបច្ចូសសម័យនៃរាត្រី ហើយទ្រង់​ក្អក​គ្រហែម។ ព្រះសារីបុត្តមានអាយុ ក៏ក្អក​គ្រហែមដែរ។ ព្រះអង្គ ទ្រង់ត្រាស់សួរថា នរណា​នៅក្នុង​ទី​នុ៎ះ។ ព្រះសារីបុត្តក្រាបបង្គំទូលថា បពិត្រព្រះមានព្រះភាគ ខ្ញុំព្រះអង្គឈ្មោះ​សារីបុត្ត។ ព្រះអង្គ ទ្រង់ត្រាស់សួរថា ម្នាលសារីបុត្ត ហេតុអ្វី​បានជាអ្នកមកអង្គុយ​ក្នុងទី​នេះ។ ព្រះសារីបុត្តមានអាយុ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះ​ព្រះមាន​ព្រះភាគ។

[៣៧៦] ព្រោះនិទាននេះ ដំណើរនេះ ទើបព្រះមានព្រះភាគ ទ្រង់ឲ្យប្រជុំភិក្ខុសង្ឃ ហើយទ្រង់សួរបញ្ជាក់ពួកភិក្ខុថា ម្នាលភិក្ខុទាំងឡាយ ឮថា ភិក្ខុទាំងឡាយជាសិស្ស របស់​ពួក​ឆព្វគ្គិយភិក្ខុ គិតគ្នាថា វត្ថុជារបស់សង្ឃ ព្រះមានព្រះភាគ ទ្រង់អនុញ្ញាតតាមលំដាប់​ចាស់ខ្ចី ពិតមែនហើយ តែវត្ថុដែលគេឧទ្ទិស (ដល់សង្ឃ) ព្រះមានព្រះភាគ មិនទាន់​ទ្រង់អនុញ្ញាត​នៅឡើយ (លុះគិតដូច្នោះហើយ) ក៏នាំគ្នាដើរជែងទៅពីខាងមុខៗសង្ឃ មាន​ព្រះពុទ្ធជាប្រធាន ហើយក៏នាំគ្នាហួងហែងមណ្ឌប ហួងហែងកម្រាល ហួងហែងទី​ឱកាសថា ទីនេះ​សម្រាប់​ឧបជ្ឈាយ៍​របស់​យើង ទីនេះសម្រាប់​អាចារ្យរបស់យើង ទីនេះ​សម្រាប់​យើង ពិតមែនឬ។ ពួកភិក្ខុ ក្រាបបង្គំ​ទូល​ថា សូមទ្រង់ព្រះមេត្តាប្រោស ពិតមែន។បេ។ លុះទ្រង់បន្ទោសហើយ ទ្រង់ធ្វើធម្មីកថា ត្រាស់​ហៅ​ពួកភិក្ខុមកថា ម្នាលភិក្ខុទាំង​ឡាយ ទោះបីវត្ថុដែលគេធ្វើឧទ្ទិស (ដល់សង្ឃ) ពួកភិក្ខុមិនត្រូវ​ឃាត់ខាំងទៅតាម​លំដាប់​ចាស់ខ្ចីទេ ភិក្ខុណាឃាត់ខាំង ត្រូវអាបត្តិទុក្កដ។

[៣៧៧] សម័យនោះឯង មនុស្សទាំងឡាយនាំគ្នាក្រាលអាសនៈខ្ពស់ អាសនៈប្រសើរ ក្នុងរោងភត្ត និងចន្លោះផ្ទះ (ប្រគេនពួកភិក្ខុ) អាសនៈខ្ពស់ អាសនៈប្រសើរដូចម្តេចខ្លះ អាសនៈខ្ពស់ អាសនៈប្រសើរនោះគឺ អាសន្ទិ (អាសនៈខ្ពស់ហួសប្រមាណ) បល្លង្កៈ (គ្រែដែល​មានជើងខ្ពស់វិចិត្រដោយរូបសត្វសាហាវ) គោណកៈ (ព្រំដែលមានរោមវែង​ជាង​៤ធ្នាប់) ចិត្តកៈ (កម្រាលដែលធ្វើពីរោមសត្វ វិចិត្រដោយរូបសត្វសាហាវ) បដិកៈ (កម្រាលមានពណ៌ស ដែលធ្វើ​ដោយរោមសត្វ) បដលិកៈ (កម្រាល​ដែលធ្វើដោយ​រោមសត្វ ជាផ្កាចង្កោម) តូលិកៈ (កម្រាល​ដែលញាត់ដោយសំឡីគ) វិកតិកៈ (កម្រាល​ដែលធ្វើដោយរោមសត្វ វិចិត្រដោយរូបសត្វ មានសីហៈ​ និងខ្លាធំជាដើម) ឧទ្ធលោមិ (កម្រាលដែលធ្វើដោយរោមសត្វ មានរោមច្រាងតែ​ម្ខាង) ឯកន្តលោមិ (កម្រាល​ដែលធ្វើដោយរោមសត្វ មានរោមច្រាងទាំងពីរខាង) កដិស្សៈ (កម្រាលដែលធ្វើដោយ​ឌិនមាស និងសូត្រ ហើយចាក់ស្រែះដោយរតនវត្ថុ) កោសេយ្យៈ (កម្រាលដែលធ្វើដោយ​សរសៃសូត្រ ហើយចាក់ស្រែះដោយរតនវត្ថុ) កម្ពលៈ (កម្រាលដែលធ្វើដោយរោមសត្វ) កុត្តកៈ (កម្រាលដែលធ្វើដោយរោមសត្វ ល្មមពួកស្រីរបាំ១៦​នាក់ឈររាំបាន) ហត្ថត្ថរៈ (កម្រាលសម្រាប់ក្រាលលើខ្នងដំរី) អស្សត្ថរៈ (កម្រាលសម្រាប់​ក្រាល​លើខ្នងសេះ) រថត្ថរៈ (កម្រាលសម្រាប់​ក្រាល​លើរថ) អជិនប្បវេណិ (កម្រាលដែលធ្វើដោយស្បែកខ្លា) កទលិមិគបវរប្បច្ចត្ថរណៈ (កម្រាលដ៏ឧត្តម ដែលធ្វើដោយ​ស្បែកសត្វឈ្មុស) សឧត្តរច្ឆទៈ (ទីដេកដែលមានពិតានក្រហមពីខាងលើ) ឧភតោលោហិតកុបធានៈ (កម្រាលដែល​មានខ្នើយ មានពណ៌ក្រហមទាំងពីរខាង គឺខ្នើយក្បាល និងខ្នើយជើង)។ ពួកភិក្ខុរង្កៀស មិនហ៊ានអង្គុយ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះ​ព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យអង្គុយ​លើ​អាសនៈ ដ៏សេស ជាគិហិវិក័ដ គឺអាសនៈដែលប្លែកសម្រាប់គ្រហស្ថបាន តែដេកមិនបាន វៀរលែង​តែសេនាសនៈ៣យ៉ាង គឺអាសន្ទិ១ បល្លង្កៈ១ តូលិកៈ១។

[៣៧៨] សម័យនោះឯង ពួកមនុស្សតាក់តែងគ្រែផង តាំងផង ដែលញាត់សំឡីគ ក្នុងរោង​ភត្ត និងចន្លោះផ្ទះ ពួកភិក្ខុរង្កៀស មិនហ៊ានអង្គុយ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូល​សេចក្តី​នុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត​ឲ្យ​អង្គុយ​លើអាសនៈជាគិហិវិក័ដ ដែលប្លែក​សម្រាប់គ្រហស្ថបាន តែដេកមិន​បាន។

[៣៧៩] គ្រានោះ ព្រះមានព្រះភាគ ទ្រង់ពុទ្ធដំណើរទៅកាន់ចារិកតាមលំដាប់ សំដៅត្រង់​ទៅកាន់ក្រុងសាវត្ថី។ មានរឿងដំណាលថា ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់​អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថីនោះ។ លំដាប់នោះ អនាថបិណ្ឌិកគហបតិ ចូលទៅគាល់​ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំ​ព្រះមានព្រះភាគ ហើយអង្គុយ​ក្នុងទី​សមគួរ។ លុះអនាថបិណ្ឌិកគហបតិ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាប​បង្គំ​ទូលពាក្យនេះ ចំពោះ​ព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ ទ្រង់ទទួលភត្ត របស់ខ្ញុំព្រះអង្គ ដើម្បីភត្តកិច្ចក្នុងថ្ងៃស្អែក ជាមួយនឹងភិក្ខុសង្ឃ។ ព្រះមាន​ព្រះភាគ ទ្រង់ទទួលនិមន្តដោយ​តុណ្ហីភាព។ លុះអនាថបិណ្ឌិកគហបតិ ដឹងច្បាស់ថា ព្រះមានព្រះភាគ ទទួល​និមន្តហើយ ក៏​ក្រោកចាកអាសនៈ ថ្វាយបង្គំលាព្រះមានព្រះភាគ ធ្វើប្រទក្សិណ ហើយចៀសចេញទៅ។

[៣៨០] លំដាប់នោះ អនាថបិណ្ឌិកគហបតិ ឲ្យតាក់តែងខាទនីយភោជនីយាហារ ដ៏ឆ្ងាញ់​ពីសា ក្នុងពេលដែលកន្លងរាត្រីនោះទៅហើយ ឲ្យទៅក្រាបបង្គំទូលភត្តកាល ចំពោះ​ព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន កាលគួរហើយ ភត្តសម្រេចហើយ។ លំដាប់​នោះ ព្រះមានព្រះភាគ ទ្រង់ស្បង់ និងបាត្រចីវរក្នុងបុព្វណ្ហសម័យ ហើយទ្រង់ពុទ្ធដំណើរ​ទៅកាន់​លំនៅ​របស់អនាថបិណ្ឌិកគហបតិ លុះយាងទៅដល់ហើយ ក៏គង់​លើអាសនៈ ដែលគេតាក់តែង​ថ្វាយ ជាមួយនឹងភិក្ខុសង្ឃ។ អនាថបិណ្ឌិកគហបតិ ក៏បានអង្គាស​ខាទនីយភោជនីយាហារដ៏ឆ្ងាញ់​ពីសា ថ្វាយដោយដៃឯង ចំពោះ​ភិក្ខុសង្ឃ មានព្រះពុទ្ធជា​ប្រធាន ឲ្យឆ្អែតស្កប់ស្កល់ ត្រាតែទ្រង់​ប្រកែក លែងទទួលទៀត (លុះដឹងថា) ព្រះមាន​ព្រះភាគ ទ្រង់សោយស្រេច លែងលូក​ព្រះហស្ត​ទៅ​​ក្នុងបាត្រហើយ ទើបអង្គុយក្នុងទី​សមគួរ។ អនាថបិណ្ឌិកគហបតិ អង្គុយក្នុងទីសមគួរហើយ ក៏​ក្រាបបង្គំទូលពាក្យនេះ ចំពោះ​ព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ ត្រូវប្រតិបត្តិ​ក្នុងវត្តជេតវន​ដូចម្តេច។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលគហបតិ បើដូច្នោះ អ្នកចូរប្រតិស្ឋាន​វត្តជេតវន សម្រាប់សង្ឃ ដែលបានមកហើយ និងមិនទាន់បានមក អំពីទិសទាំង៤។ អនាថបិណ្ឌិក​គហបតិ ទទួលស្តាប់ព្រះពុទ្ធដីកា នៃព្រះមានព្រះភាគ​ដោយពាក្យថា បពិត្រព្រះអង្គ​ដ៏ចំរើន យ៉ាងហ្នឹងហើយ ហើយក៏ប្រតិស្ឋាន​វត្តជេតវ័ន សម្រាប់សង្ឃ ដែលបាន​មកហើយ និងមិនទាន់បានមកអំពីទិសទាំង៤។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់អនុមោទនា ចំពោះ​អនាថបិណ្ឌិកគហបតិ ដោយគាថាទាំងនេះថា

[៣៨១] (វិហារ គឺទីអាវាស ឬសេនាសនៈ ជាទីនៅនៃសង្ឃទាំងឡាយ) រមែងការពារ​រងាផង ក្តៅផង ម្រឹគសាហាវទាំងឡាយផង ពស់តូច ពស់ធំទាំងឡាយផង មូសទាំង​ឡាយផង ត្រជាក់ទាំងឡាយផង គ្រាប់ភ្លៀងទាំងឡាយផង ខ្យល់ និងកំដៅថ្ងៃ ដ៏ក្លា​ខ្លាំង ដែលកើតឡើងហើយ រមែងបាត់ទៅវិញ ព្រោះវិហារនោះៗ។ វិហារទាន គឺ ការឲ្យលំនៅ (ដែលបុគ្គលបានឲ្យហើយ) ដល់សង្ឃ សម្រាប់ជ្រកកោនផង សម្រាប់នៅជាសុខផង ដើម្បី​ដុតបាបធម៌ផង ដើម្បីចំរើនវិបស្សនាផង ព្រះពុទ្ធជាម្ចាស់ទាំងឡាយ តែងត្រាស់​សរសើរ​ថា ជាអគ្គទាន (ទានដ៏ប្រសើរ)។ ព្រោះហេតុនោះឯង បុរស (ស្រ្តី) ជាបណ្ឌិត កាលបើបាន​ឃើញច្បាស់​នូវប្រយោជន៍របស់ខ្លួនហើយ គប្បីកសាងវិហារ គឺអាវាស ឬសេនាសនៈ​ទាំងឡាយ ដ៏ជាទីគួររីករាយ ហើយគប្បីនិមន្តលោក​ ដែលជាពហុស្សូត គឺលោកអ្នកចេះ​ដឹងច្រើនទាំងឡាយ ឲ្យនៅក្នុងទីនោះ។ គប្បីមានចិត្តជ្រះថ្លាចំពោះ​លោក​ទាំងឡាយ ដែល​មានកាយ និងចិត្តត្រង់ ហើយឲ្យម្ហូបចំណីផង ទឹកផង សំពត់ និង​សេនាសនៈទាំងឡាយ​ផង ដល់លោកទាំងនោះចុះ។ លោកទាំងនោះ រមែងសំដែងធម៌ ជាគ្រឿង​បន្ទោបង់​សេចក្តី​ទុក្ខគ្រប់ប្រការ ដល់អ្នកនោះ លុះអ្នកនោះបានដឹងធម៌ណា ក្នុង​ព្រះពុទ្ធសាសនានេះ​ហើយ ក៏ជាអ្នកមិនមានអាសវៈ រមែង​បរិនិព្វាន។

លុះព្រះមានព្រះភាគ ទ្រង់អនុមោទនា ចំពោះ​អនាថបិណ្ឌិកគហបតិ ដោយគាថា​ទាំងនេះ​ហើយ ទ្រង់ក្រោកចាកអាសនៈ ទ្រង់ពុទ្ធដំណើរចៀសចេញទៅ។

[៣៨២] សម័យនោះ មានមហាមាត្រម្នាក់ ជាសាវ័ករបស់អាជីវក ធ្វើសង្ឃភត្ត។ ឧបនន្ទ​សក្យបុត្រមានអាយុមកដល់ក្រោយគេ ក៏បណ្តេញភិក្ខុដែលមានវស្សាជាលំដាប់ខ្លួន កំពុង​ឆាន់​មិនទាន់លែង ឲ្យក្រោកចេញ។ រោងភត្តក៏កើតមានសេចក្តីជ្រួលជ្រើម។ មហាមាត្រ​នោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកសមណៈ ជាសក្យបុត្តិយ៍ មកដល់​ក្រោយគេ មិនគួរនឹង​បណ្តេញភិក្ខុ ដែលមានវស្សាជាលំដាប់ខ្លួន កំពុងឆាន់មិនទាន់លែង ឲ្យក្រោកចេញ​សោះ (នាំឲ្យ) រោងភត្តកើតមានសេចក្តីជ្រួលជ្រើម បើយ៉ាងហ្នឹង ភិក្ខុឯ​ទៀត អាចឆានឆ្អែត ស្រួល​បួលដែរ វៀរលែងតែភិក្ខុដែលអង្គុយស៊ប់ហើយ។ ពួកភិក្ខុបាន​ឮមហាមាត្រនោះ ពោលទោស តិះដៀល បន្តុះ​បង្អាប់ហើយ។ ពួកភិក្ខុណា មានសេចក្តី​ប្រាថ្នាតិច។បេ។ ភិក្ខុទាំងនោះ ក៏ពោលទោស តិះដៀល បន្តុះ​បង្អាប់ថា ឧបនន្ទ​សក្យបុត្តិយ៍​មានអាយុ មកក្រោយគេ មិនគួរនឹងបណ្តេញភិក្ខុ ដែលមាន​វស្សាជាលំដាប់​ខ្លួន កំពុងឆាន់ មិនទាន់លែង ឲ្យក្រោកចេញសោះ (នាំឲ្យ) រោងភត្តកើតមាន​សេចក្តី​ជ្រួលជ្រើម។ គ្រានោះ ភិក្ខុទាំងនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះ​ភាគ។បេ។ ព្រះអង្គ ទ្រង់​ត្រាស់សួរថា ម្នាលឧបនន្ទ ឮថា អ្នកមកដល់ក្រោយគេ ហើយបណ្តេញ​ភិក្ខុ ដែលមាន​វស្សាជាលំដាប់ខ្លួន កំពុងឆាន់មិនទាន់លែង ឲ្យក្រោកចេញ (នាំឲ្យ) រោងភត្ត​កើត​មាន​​សេចក្តីជ្រួលជ្រើម ពិតមែនឬ។ ឧបនន្ទ ក្រាបបង្គំទូលថា បពិត្រ​ព្រះមានព្រះភាគ ពិតមែន។ ព្រះពុទ្ធមានព្រះភាគ ទ្រង់បន្ទោសថា នែមោឃបុរស មិនគួរ​បើអ្នកមកក្រោយគេ ហើយបណ្តេញ​ភិក្ខុ ដែលមាន​វស្សាជាលំដាប់ កំពុងឆាន់មិន​ទាន់​លែង ឲ្យក្រោកចេញសោះ (នាំឲ្យ) រោងភត្តកើត​មាន​សេចក្តីជ្រួលជ្រើម នែមោឃបុរស អំពើនេះ មិនមែននាំឲ្យជ្រះថ្លា ដល់ពួកជន ដែល​មិនទាន់ជ្រះថ្លាទេ។បេ។ លុះទ្រង់​បន្ទោសរួចហើយ ទ្រង់ធ្វើធម្មីកថា ត្រាស់ហៅភិក្ខុទាំងឡាយ​មកថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវបណ្តេញភិក្ខុ ដែលអង្គុយ​ខាងក្រោយគេបង្អស់ ដែល​កំពុង​នៅឆាន់ មិនទាន់​លែង ឲ្យក្រោកចេញទេ ភិក្ខុណាបណ្តេញ ត្រូវអាបត្តិទុក្កដ តែបើ (ភិក្ខុចាស់) បណ្តេញ (ភិក្ខុខ្ចីដែលកំពុងឆាន់) ឲ្យក្រោកចេញ ត្រូវភិក្ខុខ្ចីឃាត់ ហើយនិយាយថា ចូរលោក​ទៅយក​ទឹកមក បើបានទឹកនោះមក ដោយអាការដូច្នេះ ការនេះជាការឥតទោស បើមិនបាន​ទឹក​មកទេ ត្រូវភិក្ខុខ្ចី លេបគ្រាប់បាយឲ្យស្រួល ហើយឲ្យអាសនៈ ដល់ភិក្ខុចាស់ជាង (នោះ) ចុះ ម្នាលភិក្ខុទាំងឡាយ តថាគតមិនដែលពោលថា ឲ្យភិក្ខុទាំងឡាយឃាត់អាសនៈ ចំពោះ​ភិក្ខុ​ចាស់ជាង ដោយបរិយាយឯណានីមួយទេ ភិក្ខុណាឃាត់ ត្រូវអាបត្តិទុក្កដ។

[៣៨៣] សម័យនោះ ពួកឆព្វគ្គិយភិក្ខុ នាំគ្នាបណ្តេញពួកភិក្ខុឈឺ ឲ្យក្រោកចេញ។ ភិក្ខុឈឺ​ទាំងឡាយ ពោលយ៉ាងនេះថា ម្នាលអាវុសោ ពួកខ្ញុំករុណាសុទ្ធតែជាអ្នកឈឺ មិនអាច​នឹងក្រោក​ចេញបានទេ។ ពួកឆព្វគ្គិយភិក្ខុ គិតគ្នាថា យើងនឹងបណ្តេញលោកមានអាយុ​ទាំងឡាយឲ្យក្រោកចេញ ហើយក៏នាំគ្នាចាប់ភិក្ខុទាំងនោះ​ ឲ្យក្រោកឈរឡើង ហើយ​លែង​ចេញ។ ពួកភិក្ខុឈឺ ក៏ជ្រប់ដួលទៅ។បេ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះ​ព្រះមាន​ព្រះភាគ។បេ។ ព្រះអង្គ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវ​បណ្តេញភិក្ខុឈឺទេ ភិក្ខុណា​បណ្តេញ ត្រូវអាបត្តិទុក្កដ។

[៣៨៤] សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុ គិតគ្នាថា យើងទាំងឡាយជាអ្នកឈឺ ទុកជា​អ្នកណា ក៏មិនគប្បីបណ្តេញ​ ឲ្យក្រោកចេញបាន ហើយក៏ដេកជាប់នៅនឹងដំណេកដ៏​ប្រសើរ។បេ។ ពួកភិក្ខុ​ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។បេ។ ព្រះអង្គ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យៗទីដំណេកដ៏សមគួរ ដល់ភិក្ខុឈឺ​បាន។

[៣៨៥] សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុ ឃាត់អាសនៈដោយកលមាយាអាក្រក់។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។បេ។ ព្រះអង្គ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវហាមឃាត់អាសនៈ ដោយកលមាយាអាក្រក់ទេ [ដោយកល​មាយា អាងហេតុ ឬដោយពុតមាយា ដូចអាងដល់ជម្ងឺឈឺក្បាលជាដើម។] ភិក្ខុណាហាមឃាត់ ត្រូវអាបត្តិទុក្កដ។

[៣៨៦] សម័យនោះឯង ពួកសត្តរសវគ្គិយភិក្ខុ ជួសជុលវិហារធំមួយ ដែលមាននៅក្នុង​ទីបំផុតដែន ដោយគិតគ្នាថា ពួកយើងនឹងនៅចាំវស្សាក្នុងវិហារធំនេះ។ ពួកឆព្វគ្គិយភិក្ខុ បានឃើញ​ពួកសត្តរសវគ្គិយភិក្ខុ កំពុងតែជួសជុលវិហារ លុះឃើញហើយ ក៏បាន​ពោល​ពាក្យ​​យ៉ាងនេះថា ម្នាលអាវុសោ ពួកសត្តរសវគ្គិយភិក្ខុទាំងនេះ កំពុងតែជួសជុលវិហារ បើដូច្នោះ ពួក​យើងនឹងនាំគ្នាបណ្តេញភិក្ខុទាំងនោះ ឲ្យដើរចេញ ភិក្ខុពួកខ្លះពោល​យ៉ាងនេះថា លោកទាំងឡាយ ចូរបង្អង់សិន ដ្បិតសត្តរសវគ្គិយភិក្ខុ កំពុងតែជួសជុល ចាំដល់លោកទាំងនោះ ជួសជុលរួចស្រេច សឹមយើងនាំគ្នាបណ្តេញឲ្យដើរចេញ។ គ្រានោះឯង ពួកឆព្វគ្គិយភិក្ខុ ពោលពាក្យនេះ នឹងពួកសត្តរសវគ្គិយភិក្ខុថា ម្នាលអាវុសោ លោកចូរក្រោកចេញ វិហារ (នេះ) ត្រូវបានមកពួកយើងទេ។ សត្តរសវគ្គិយភិក្ខុឆ្លើយថា ម្នាលអាវុសោ លោកទាំងឡាយ គួរប្រាប់មក ឲ្យប្រាកដជាមុន ពួកយើងនឹងនាំគ្នាជួស​ជុលវិហារឯទៀត។ ឆព្វគ្គិយភិក្ខុនិយាយថា ម្នាលអាវុសោ វិហារ (នេះ) ជារបស់សង្ឃ មិនមែនឬ។ សត្តរសវគ្គិយភិក្ខុនិយាយតបថា ម្នាលលោកដ៏មានអាយុ អើ វិហារ (នេះ) ជារបស់សង្ឃមែន។ ឆព្វគ្គិយភិក្ខុនិយាយថា ម្នាលអាវុសោ លោកត្រូវក្រោកចេញ​ទៅ វិហារ (នេះ) ត្រូវបានមកពួកយើងទេ។ សត្តរសវគ្គិយភិក្ខុនិយាយថា ម្នាលអាវុសោ វិហារធំ​ដែរ លោកទាំងឡាយនៅក៏បាន យើងនៅក៏បាន។ ឆព្វគ្គិយភិក្ខុ ខឹង អាក់អន់ចិត្ត ហើយ​ច្បាមត្រង់​ក ទាញចេញដោយពាក្យថា ម្នាលអាវុសោ លោកទាំងឡាយ ចូរក្រោកដើរចេញ វិហារ ត្រូវ​បាន​មកពួកយើងទេ។ សត្តរសវគ្គិយភិក្ខុនោះ កាលបើឆព្វគ្គិយភិក្ខុទាញចេញ ក៏នាំគ្នាស្រែកយំ។ ភិក្ខុទាំងឡាយសួរយ៉ាងនេះថា ម្នាលអាវុសោ ព្រោះហេតុអ្វី បានជា​លោកយំ។ សត្តរសវគ្គិយភិក្ខុ​ឆ្លើយថា ម្នាលអាវុសោ ឆព្វគ្គិយភិក្ខុទាំងនេះ ខឹងអាក់អន់ចិត្ត ហើយចាប់ទាញពួកយើង ឲ្យចេញ​ចាកវិហារ​របស់សង្ឃ។ ភិក្ខុទាំងឡាយណា មាន​សេចក្តីប្រាថ្នាតិច ភិក្ខុទាំងនោះ ក៏ពោលទោស តិះដៀល បន្តុះ​បង្អាប់ថា ឆព្វគ្គិយភិក្ខុ មិនសមបើនឹងខឹង អាក់អន់ចិត្ត ហើយចាប់ទាញ​ភិក្ខុទាំង​ឡាយ ឲ្យចេញចាកវិហារ ជា​របស់​សង្ឃសោះ។ លំដាប់នោះ ភិក្ខុទាំងនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះ​ព្រះមានព្រះភាគ។បេ។ ព្រះអង្គ ទ្រង់​ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថា ឆព្វគ្គិយភិក្ខុ ខឹងអាក់អន់ចិត្ត ហើយចាប់កន្ត្រាក់ភិក្ខុទាំងឡាយ ឲ្យចេញ​ចាកវិហារជារបស់សង្ឃ ពិត​មែន​ឬ។ ពួកភិក្ខុ​ក្រាបបង្គំទូលថា បពិត្រព្រះមានព្រះភាគ ពិតមែន។បេ។ ព្រះមាន​ព្រះភាគ ទ្រង់បន្ទោស ហើយទ្រង់ធ្វើធម្មីកថា ត្រាស់ហៅភិក្ខុទាំងឡាយ​មកថា ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុមិនត្រូវខឹង អាក់អន់ចិត្ត ហើយចាប់កន្ត្រាក់​ភិក្ខុទាំងឡាយ ឲ្យចេញ​ចាកវិហារ ជារបស់សង្ឃទេ ភិក្ខុណាចាប់កន្ត្រាក់ទាញចេញ វិនយធរ គប្បីកាត់សម្រេច​ឲ្យសមគួរ តាមអាបត្តិ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យមាន​ភិក្ខុប្រគល់​សេនាសនៈ (ដល់​ភិក្ខុណាមួយ)។

[៣៨៧] គ្រានោះ ភិក្ខុទាំងឡាយមានសេចក្តីត្រិះរិះដូច្នេះថា ភិក្ខុដូចម្តេចហ្ន៎ ដែលគួរ​ប្រគល់​​សេនាសនៈ​ឲ្យបាន។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះ​ភាគ។បេ។ ព្រះអង្គ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យសន្មតភិក្ខុ ដែល​ប្រកប​ដោយអង្គ៥ ឲ្យជាសេនាសនគ្គាហាបកៈ (អ្នកប្រគល់សេនាសនៈ) គឺភិក្ខុមិន​លុះ​ក្នុងឆន្ទាគតិ១ មិនលុះក្នុងទោសាគតិ១ មិនលុះក្នុងមោហាគតិ១ មិនលុះក្នុង​ភយាគតិ១ ដឹងច្បាស់នូវ​សេនាសនៈ ដែលខ្លួនបានប្រគល់​ និងមិនទាន់​បានប្រគល់១។

[៣៨៨] ម្នាលភិក្ខុទាំងឡាយ ភិក្ខុត្រូវសន្មតយ៉ាងនេះ។ សង្ឃត្រូវសូមភិក្ខុជាមុនសិន។ លុះ​សូមហើយ ត្រូវភិក្ខុដែលឈ្លាស ប្រតិពល ប្រកាសសង្ឃឲ្យដឹងថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃ​ស្តាប់ខ្ញុំ បើកម្មមានកាលគួរ ដល់សង្ឃហើយ សង្ឃគប្បីសន្មតភិក្ខុឈ្មោះនេះ ឲ្យជាសេនាសនគ្គាហាបកៈ (អ្នកប្រគល់សេនាសនៈ)។ នេះជាញត្តិ។ បពិត្រព្រះសង្ឃដ៏​ចំរើន សូម​សង្ឃ​ស្តាប់ខ្ញុំ ដ្បិតសង្ឃនឹងសន្មតភិក្ខុឈ្មោះនេះ ឲ្យជាសេនាសនគ្គាហាបកៈ។ ការសន្មតិភិក្ខុ​ឈ្មោះ​នេះ ឲ្យជាសេនាសនគ្គាហាបកៈ សមគួរដល់លោកមានអាយុ​អង្គ​ណា លោកមានអាយុ​អង្គនោះ ត្រូវស្ងៀម មិនគួរដល់លោកមានអាយុអង្គណា លោកមាន​អាយុអង្គនោះ ត្រូវឆ្លើយមក។ ភិក្ខុឈ្មោះនេះ សង្ឃបានសន្មត ឲ្យជា​សេនាសនគ្គាហាបកៈ គួរដល់សង្ឃ ព្រោះហេតុដូច្នោះ បានជា​សង្ឃស្ងៀម។ ខ្ញុំសូមចាំ​សេចក្តីនុ៎ះទុក ដោយអាការស្ងៀមយ៉ាងនេះ។

[៣៨៩] គ្រានោះឯង ពួកភិក្ខុជាសេនាសនគ្គាហាបកៈ មានសេចក្តីត្រិះរិះដូច្នេះថា យើង​គប្បីប្រគល់សេនាសនៈដូចម្តេចហ្ន៎។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះ​ព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យរាប់​ភិក្ខុមុន លុះរាប់ភិក្ខុរួចហើយ ឲ្យរាប់ដំណេក លុះរាប់ដំណេក​រួចហើយ សឹមប្រគល់​ឲ្យតាមកំណត់​នៃដំណេក។ ភិក្ខុទាំងឡាយ ក៏ប្រគល់​ឲ្យតាមកំណត់នៃដំណេក ដំណេក ក៏សល់នៅច្រើន។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យ​ប្រគល់​តាមកំណត់នៃវិហារ។ ភិក្ខុទាំងឡាយ ក៏ប្រគល់​ឲ្យតាមកំណត់នៃវិហារ វិហារក៏​សល់​នៅ​ច្រើន។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា  ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ឲ្យប្រគល់​តាមកំណត់​នៃបរិវេណ។ ពួកភិក្ខុ ក៏ប្រគល់​ឲ្យតាមកំណត់នៃបរិវេណ បរិវេណ ក៏សល់នៅច្រើន។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យ​ៗ នូវបរិវេណ តាមចំណែកជាលំដាប់​ទៅចុះ កាលបើចំណែកនៃបរិវេណតាមលំដាប់ ពួកភិក្ខុ​បានទទួលយកហើយ ទើបមានភិក្ខុឯទៀត​មកដល់ (តែបើភិក្ខុនោះ) មិនត្រូវការ មិនត្រូវ​ឲ្យទេ។

[៣៩០] សម័យនោះឯង ភិក្ខុទាំងឡាយប្រគល់សេនាសនៈ ដល់ភិក្ខុដែលឋិតនៅក្នុង​ទីក្រៅសីមា។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។បេ។ ព្រះអង្គ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវប្រគល់​សេនាសនៈ ដល់ភិក្ខុដែល​ឋិតនៅក្នុងទីក្រៅសីមា​ទេ ភិក្ខុណាប្រគល់ឲ្យ ត្រូវអាបត្តិទុក្កដ។

[៣៩១] សម័យនោះឯង ភិក្ខុទាំងឡាយទទួលយកសេនាសនៈ [(អដ្ឋកថា) ទទួលយក​សេនាសនៈ​ក្នុងថ្ងៃជិតចូលវស្សា។] ហើយឃាត់ខាំងទុកគ្រប់កាល [អស់វស្សានរដូវ៤​ខែ]។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។បេ។ ព្រះអង្គ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវទទួលយកសេនាសនៈ ហើយឃាត់ខាំង​ទុក​គ្រប់កាលទេ ភិក្ខុណា​ឃាត់ខាំងទុក ត្រូវអាបត្តិទុក្កដ ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាតឲ្យឃាត់ខាំងបានតែត្រឹម​៣ខែ ក្នុងវស្សានរដូវ (ប៉ុណ្ណោះ) មិនឲ្យឃាត់ខាំងគ្រប់​រដូវទេ។

[៣៩២] គ្រានោះឯង ភិក្ខុទាំងឡាយមានសេចក្តីត្រិះរិះដូច្នេះថា ការប្រគល់សេនាសនៈ មានប៉ុន្មានហ្ន៎។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ការប្រគល់សេនាសនៈនេះ មាន៣យ៉ាង គឺបុរិមកៈ១ បច្ឆិមកៈ១ អន្តរាមុត្តកៈ១ ដែលឈ្មោះថា បុរិមកៈ ត្រូវភិក្ខុប្រគល់ឲ្យតាំងអំពីថ្ងៃ១រោច ខែអាសាធទៅ ដែលឈ្មោះថា បច្ឆិមកៈ ត្រូវភិក្ខុប្រគល់ឲ្យ តាំងអំពីថ្ងៃ១រោច ខែស្រាពណ៍​ទៅ ដែលឈ្មោះថា អន្តរាមុត្តកៈ ត្រូវភិក្ខុប្រគល់ឲ្យ តាំងអំពីថ្ងៃបវារណា ក្នុងខែអស្សុជទៅ ដើម្បីនៅចាំវស្សាតទៅ ម្នាលភិក្ខុទាំងឡាយ ការប្រគល់​សេនាសនៈ មាន៣យ៉ាង​ដូច្នេះ​ឯង។

ចប់ ភាណវារៈ ជាគំរប់ពីរ។

[៣៩៣] សម័យនោះឯង ឧបនន្ទភិក្ខុមានអាយុ ជាសក្យបុត្ត ទទួលយកសេនាសនៈ ទៀបក្រុងសាវត្ថី ហើយដើរទៅកាន់អាវាស ក្នុងស្រុកតូចមួយ ក៏ទទួលយក​សេនាសនៈ ក្នុងទី​នោះទៀត។ លំដាប់នោះ ភិក្ខុទាំងនោះ (ដែលនៅក្នុងទីអាវាសនោះ) គិតគ្នាដូច្នេះថា ម្នាលអាវុសោទាំងឡាយ ឧបនន្ទភិក្ខុមានអាយុ ជាសក្យបុត្តនេះ ជាអ្នកធ្វើនូវសេចក្តី​ប្រកួត​ប្រកាន់ ធ្វើនូវជំលោះ ធ្វើនូវការទាស់ទែង ធ្វើនូវតិរច្ឆានកថា ធ្វើនៅអធិករណ៍ក្នុងសង្ឃ ប្រសិនបើ ឧបនន្ទភិក្ខុនេះ នៅចាំវស្សាក្នុងទីនេះ យើងទាំងអស់គ្នា នឹងនៅពុំបាន​សប្បាយ​ឡើយ បើដូច្នោះ មានតែយើងសួរលោកមើល។ ភិក្ខុទាំងនោះ ក៏សួរ​ឧបនន្ទភិក្ខុមានអាយុ ជាសក្យបុត្តដូច្នេះថា ម្នាលអាវុសោឧបនន្ទ លោកបានទទួលយកសេនាសនៈ ទៀបក្រុង​សាវត្ថី មែនឬ។ ឧបនន្ទភិក្ខុឆ្លើយថា ម្នាលអាវុសោទាំងឡាយ ខ្ញុំបានទទួលយកមែន។ ភិក្ខុទាំងនោះសួរថា ម្នាលអាវុសោឧបនន្ទ ចុះលោកតែម្នាក់ឯងទេ ម្តេចក៏ហួងហែង​សេនាសនៈ ដល់ទៅពីរកន្លែង។ ឧបនន្ទភិក្ខុឆ្លើយថា ម្នាលអាវុសោទាំងឡាយ ឥឡូវនេះ ខ្ញុំលែងយកក្នុងទីនេះហើយ ខ្ញុំនឹង​ទៅទទួល​យកក្នុងទីនោះវិញ។ ពួកភិក្ខុណា មាន​សេចក្តី​ប្រាថ្នាតិច មានសេចក្តីសន្តោស។បេ។ ភិក្ខុទាំងនោះ ក៏ពោលទោស តិះដៀល បន្តុះ​បង្អាប់ថា ឧបនន្ទភិក្ខុមានអាយុ ជាសក្យបុត្ត តែមួយរូប មិនសមបើនឹងហួងហែង​សេនាសនៈ ដល់ទៅពីរកន្លែងសោះ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះ​ព្រះមានព្រះភាគ។បេ។ ព្រះអង្គ ទ្រង់​ត្រាស់ថា ម្នាលឧបនន្ទ ឮថា អ្នកតែម្នាក់ឯង ហួងហែងសេនាសនៈ ដល់ទៅពីរកន្លែង មែនឬ។ ឧបនន្ទ ក្រាបបង្គំទូលថា បពិត្រ​ព្រះមានព្រះភាគ ពិតមែន។ ព្រះសម្មាសម្ពុទ្ធជាម្ចាស់មានព្រះភាគ ទ្រង់បន្ទោសថា នែមោឃបុរស អ្នកតែម្នាក់ឯង មិនសមបើនឹង​ហួងហែង​សេនាសនៈ ដល់ទៅពីរកន្លែងទេ ម្នាល​មោឃបុរស (បើ) អ្នកទទួលយកសេនាសនៈ ក្នុងទីនោះហើយ មានតែលែងទទួល​យក​ក្នុងទីនេះ (បើ) អ្នកទទួលយកក្នុងទីនេះហើយ មានតែលែង​ទទួលយក​ក្នុងទីនោះ នែមោឃបុរស បើយ៉ាង​ហ្នឹង អ្នកចាត់ថា ជាមនុស្សខាងក្រៅ គឺថា មិនត្រូវបានសេនាសនៈ​ក្នុងទីទាំងពីរខាងទេ នែ​មោឃបុរស អំពើនេះ មិនមែននាំឲ្យជ្រះថ្លា ដល់ពួកជន ដែល​មិនទាន់ជ្រះថ្លាទេ។បេ។ លុះទ្រង់​បន្ទោសហើយ ទ្រង់ធ្វើធម្មីកថា ត្រាស់ហៅភិក្ខុ​ទាំង​ឡាយ​មកថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុម្នាក់​ឯង មិនត្រូវហួងហែងសេនាសនៈ​ពីរកន្លែងទេ ភិក្ខុណាហួងហែងទុក ត្រូវអាបត្តិទុក្កដ។

[៣៩៤] សម័យនោះឯង ព្រះមានព្រះភាគ ទ្រង់សំដែងវិនយកថា សំដែងគុណរបស់​វិន័យ សំដែងគុណរបស់ការសិក្សាវិន័យ សំដែងគុណ​របស់ព្រះថេរៈឈ្មោះឧបាលិដ៏មានអាយុ​រឿយៗ ដល់ភិក្ខុទាំងឡាយ ដោយបរិយាយជាច្រើន។ ភិក្ខុទាំងឡាយមានសេចក្តី​ត្រិះរិះ​ដូច្នេះថា ព្រះមានព្រះភាគ ទ្រង់សំដែងវិនយកថា សំដែងគុណរបស់​វិន័យ សំដែងគុណ​របស់ការ​សិក្សា​វិន័យ សំដែងគុណ​របស់ព្រះថេរៈ ឈ្មោះឧបាលិដ៏មានអាយុរឿយៗ ដល់​ភិក្ខុទាំងឡាយ ដោយ​បរិយាយជាច្រើន ម្នាលអាវុសោ បើដូច្នោះ យើងនឹងរៀនវិន័យ ក្នុងសំណាក់​ព្រះឧបាលិដ៏​មានអាយុចុះ។ ភិក្ខុច្រើនអង្គទាំងនោះ ទោះជាថេរៈក្តី ខ្ចីក្តី កណ្តាល​ក្តី តែងនាំគ្នាមករៀន​វិន័យ ក្នុងសំណាក់​ព្រះឧបាលិដ៏មានអាយុ។ ព្រះថេរៈ ឈ្មោះឧបាលិដ៏មានអាយុ ក៏ចេះតែឈរ សំដែង​ (វិន័យ) ដោយសេចក្តីគោរព ចំពោះ​ពួកភិក្ខុជាថេរៈ។ ឯពួកភិក្ខុជាថេរៈ ក៏ឈរឲ្យលោក​សំដែង​ (វិន័យ) ដោយសេចក្តីគោរព​ក្នុងធម៌ដែរ។ បណ្តាភិក្ខុទាំងនោះ ពួកភិក្ខុជាថេរៈក្តី ព្រះឧបាលិដ៏មានអាយុក្តី ក៏លំបាក (ពេកណាស់)។ ពួកភិក្ខុ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យ​ភិក្ខុខ្ចី​ដែលសំដែង (វិន័យ) អង្គុយ​លើអាសនៈស្មើគ្នាក៏បាន ខ្ពស់ជាងក៏បាន ដោយសេចក្តីគោរព​ក្នុងធម៌ និងអនុញ្ញាត​ឲ្យភិក្ខុ​ជាថេរៈ ដែលនិមន្តភិក្ខុខ្ចីឲ្យសំដែងវិន័យ អង្គុយលើអាសនៈស្មើគ្នាក៏បាន ទាបជាងណាស់​ទៅក៏បាន ដោយសេចក្តីគោរពក្នុងធម៌។

[៣៩៥] សម័យនោះឯង ភិក្ខុច្រើនរូប នាំគ្នាឈររៀនបាលី ក្នុងសំណាក់​នៃព្រះឧបាលិ​ដ៏មានអាយុ ក៏លំបាក។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យ​ពួកភិក្ខុដែលមាន​អាសនៈ​ស្មើគ្នា អង្គុយជាមួយគ្នាបាន។

[៣៩៦] គ្រានោះឯង ពួកភិក្ខុមានសេចក្តីត្រិះរិះដូច្នេះថា ភិក្ខុដែលហៅថា មានអាសនៈ​ស្មើគ្នា ដោយវស្សាប៉ុន្មានហ្ន៎។ ពួកភិក្ខុ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុដែល​មានវស្សា​រវាង៣ អង្គុយ​ជាមួយគ្នាបាន [អដ្ឋកថា ថា សំដៅយកភិក្ខុដែលចាស់ជាងគ្នាពីរវស្សា ឬក្មេង​ជាងគ្នាពីរវស្សា]។

[៣៩៧] សម័យនោះឯង ភិក្ខុច្រើនរូបមានអាសនៈស្មើគ្នា នាំគ្នាទៅអង្គុយលើគ្រែមួយ ទាល់​តែបាក់គ្រែ។ ទៅអង្គុយលើតាំងមួយ ក៏បាក់តាំងទៅទៀត។ ភិក្ខុទាំងឡាយ ក្រាបបង្គំ​ទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតគ្រែមួយ ដល់ភិក្ខុ៣រូប តាំងមួយ ដល់ភិក្ខុ៣រូប។ ភិក្ខុ៣រូបអង្គុយ​លើគ្រែមួយ ក៏​បាក់គ្រែទៅ។ អង្គុយលើតាំងមួយ ក៏បាក់តាំងទៀត។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ តថាគតអនុញ្ញាតគ្រែ​មួយ ដល់ភិក្ខុពីររូប តាំងមួយ ដល់ភិក្ខុពីររូប [អដ្ឋកថា ថា បើគ្រែ ឬតាំងចំណុះភិក្ខុ៣រូប ទ្រង់អនុញ្ញាត​ឲ្យអង្គុយតែពីររូប]។

[៣៩៨] សម័យនោះឯង ពួកភិក្ខុមានសេចក្តីសង្ស័យនឹងការអង្គុយលើអាសនៈវែង​ជាមួយ​នឹងភិក្ខុដែល​មានអាសនៈ​មិនស្មើគ្នា។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះ​ព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ឲ្យ​អង្គុយ​លើអាសនៈ​វែងជាមួយនឹងភិក្ខុ ដែលមានអាសនៈ​មិនស្មើគ្នាបាន វៀរលែងតែ​មនុស្ស​​ខ្ទើយ មាតុគ្រាម និងមនុស្សមានភេទពីរ។

[៣៩៩] គ្រានោះ ភិក្ខុទាំងឡាយ មានសេចក្តីត្រិះរិះដូច្នេះថា អាសនៈវែង តើមានទីបំផុត​ត្រឹមណា។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតអាសនៈវែង ដែល​មានទីបំផុតល្មមភិក្ខុ៣រូប (អង្គុយបាន)។

[៤០០] សម័យនោះឯង នាងវិសាខា ជាមិគារមាតា ចង់ឲ្យជាងធ្វើបា្រសាទ ប្រកបដោយ​របៀងឈ្មោះ ហត្ថិនខកៈ [ប្រែថា ប្រាសាទ តាំងនៅលើពោងដំរី] បំរុង​ប្រគេនព្រះសង្ឃ។ លំដាប់​នោះ ភិក្ខុទាំងឡាយមានសេចក្តីត្រិះរិះដូច្នេះថា ព្រះមានព្រះភាគ បានទ្រង់​អនុញ្ញាត​ការប្រើ​ប្រាស់ប្រាសាទហើយឬ ៗ មិនទាន់បាន​ទ្រង់អនុញ្ញាតទេហ្ន៎។ ភិក្ខុទាំង​នោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតការប្រើប្រាស់​ប្រាសាទគ្រប់យ៉ាងបាន។

[៤០១] សម័យនោះ ព្រះអយ្យិការបស់ព្រះបាទបសេនទិកោសលសុគត។ កាលដែល​ព្រះអយ្យិកានោះសុគតទៅ សង្ឃក៏បានអកប្បិយភណ្ឌជាច្រើន ឯអកប្បិយភណ្ឌនោះគឺ អាសនៈ ដែលកន្លងហួសប្រមាណ គ្រែមានជើងវិចិត្រដោយរូបសត្វសាហាវ ព្រំមានរោម​វែង​​ជាង​៤ធ្នាប់ កម្រាលដែលធ្វើពីរោមសត្វ វិចិត្រដោយរូបសត្វសាហាវ កម្រាលមាន​ពណ៌ស ដែលធ្វើពីរោម​សត្វ កម្រាលដែលធ្វើពីរោម​សត្វជាផ្កាចង្កោម កម្រាលដែល​ញាត់គ កម្រាលដែលធ្វើពីរោមសត្វ វិចិត្រ​ដោយរូបសីហៈ និងខ្លាធំជាដើម កម្រាល​ដែលធ្វើពីរោមសត្វ មានរោមច្រាងតែម្ខាង កម្រាលដែល​ធ្វើពីរោមសត្វ មានរោមច្រាង​ទាំងពីរខាង កម្រាលដែលធ្វើពីឌិនមាស ឬខ្សែសយ ចាក់ស្រែះ​ដោយ​រតនវត្ថុ កម្រាល​ដែល​ដែល​ធ្វើពីសរសៃសូត្រ ចាក់ស្រែះ​ដោយរតនវត្ថុ កម្រាលដែល​ធ្វើពី​រោម​សត្វល្មម​ស្រី​របាំ១៦នាក់ឈររាំបាន កម្រាលសម្រាប់​ក្រាលលើខ្នងដំរី កម្រាលសម្រាប់ក្រាល​លើខ្នងសេះ កម្រាលសម្រាប់ក្រាលលើរថ កម្រាលដែលធ្វើដោយស្បែកខ្លា កម្រាលដ៏​ឧត្តម ដែល​ធ្វើពីស្បែកឈ្មុស ខ្នើយពណ៌ក្រហមទាំងពីរខាង (គឺខ្នើយក្បាល និងខ្នើយ​ជើង) ព្រមទាំងពិតាន ដែលមានពណ៌ក្រហម។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ឲ្យកាត់ជើងអាសនៈ ដែលកន្លង​ហួស​ប្រមាណ ហើយសឹមប្រើប្រាស់ ឲ្យទំលាយរូបសត្វ​សាហាវនៃគ្រែមានជើងវិចិត្រដោយ​រូប​សត្វសាហាវ ហើយសឹមប្រើប្រាស់ ឲ្យកកាយ​កម្រាល​ដែលញាត់គ យកមកធ្វើជាខ្នើយ អាសនៈ​ក្រៅអំពីនោះ យកមកធ្វើ​ជា​កម្រាល​សម្រាប់​ក្រាលលើផែនដីបាន។

[៤០២] សម័យនោះឯង ពួកអាវាសិកភិក្ខុ នៅក្នុងអាវាសជិតស្រុកតូច១ មិនឆ្ងាយពី​ក្រុង​សាវត្ថី មានសេចក្តីលំបាកនឹងរៀបចំក្រាលសេនាសនៈបម្រុងពួកភិក្ខុមកថ្មី និងពួកភិក្ខុ​រៀបដំណើរទៅ។ ភិក្ខុទាំងនោះ ក៏គិតគ្នាថា ម្នាលអាវុសោទាំងឡាយ ឥឡូវនេះ ពួកយើង​លំបាក​នឹងក្រាលសេនាសនៈបម្រុងពួកភិក្ខុមកថ្មី និងពួក​ភិក្ខុរៀបដំណើរទៅ ម្នាល​អាវុសោ​ទាំងឡាយ បើដូច្នោះ យើងនឹងប្រគល់សេនាសនៈទាំងអស់ ជារបស់សង្ឃ ទៅភិក្ខុ​មួយរូប ឯយើងរាល់គ្នា ចាំ​ប្រើប្រាស់ទ្រព្យរបស់ ដោយសារភិក្ខុនោះវិញ។ ភិក្ខុទាំង​នោះ ក៏បានប្រគល់​សេនាសនៈទាំងអស់​ ជារបស់សង្ឃ ទៅភិក្ខុមួយរូប។ ពួកអាគន្តុកភិក្ខុ​និយាយពាក្យនេះ នឹងអាវាសិកភិក្ខុនោះថា ម្នាលអាវុសោ ចូរលោករៀបចំសេនាសនៈ​បម្រុងយើង។ អាវាសិកភិក្ខុឆ្លើយថា ម្នាលអាវុសោ សេនាសនៈរបស់សង្ឃ មិនមានទេ (ព្រោះ) យើងបានប្រគល់ឲ្យភិក្ខុមួយរូបអស់ទៅហើយ។ អាគន្តុកភិក្ខុសួរថា ម្នាលអាវុសោ ពួកលោកហ៊ានលះសេនាសនៈរបស់សង្ឃឬ។ អាវាសិកភិក្ខុឆ្លើយថា យ៉ាងហ្នឹងហើយ អាវុសោ។ ពួកភិក្ខុណា មានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុទាំងនោះ ក៏ពោលទោស តិះដៀល បន្តុះ​បង្អាប់ថា ពួកភិក្ខុ មិនសមបើហ៊ានលះសេនាសនៈ ជារបស់សង្ឃសោះ។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះមានព្រះភាគ ទ្រង់​ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ បានឮថា ពួកភិក្ខុ លះសេនាសនៈ​របស់សង្ឃ ពិតមែន​ឬ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលថា បពិត្រព្រះមានព្រះភាគ ពិតមែន។ ព្រះសម្ពុទ្ធមាន​ព្រះភាគ ទ្រង់បន្ទោសថា ម្នាលភិក្ខុទាំងឡាយ មោឃបុរសទាំងនោះ មិនសមបើ​នឹងលះសេនាសនៈរបស់សង្ឃសោះ ម្នាលភិក្ខុទាំងឡាយ អំពើនេះ មិនមែននាំឲ្យជ្រះថ្លា ដល់ពួក​ជន ដែល​មិនទាន់ជ្រះថ្លាទេ។បេ។ លុះទ្រង់បន្ទោសហើយ ទ្រង់ធ្វើធម្មីកថា ត្រាស់ហៅ​ភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ របស់ដែលមិនគួរលះចេញ៥យ៉ាង​នេះ ទោះសង្ឃក្តី គណៈក្តី បុគ្គលក្តី ក៏មិនត្រូវ​លះចេញ សូម្បីលះចេញហើយ ក៏មិនឈ្មោះថាលះ ភិក្ខុណាលះចេញ ត្រូវអាបត្តិថុល្លច្ច័យ។ របស់ទាំង៥នោះ ដូចម្តេច។ គឺអារាម គឺសួនច្បារ [អដ្ឋកថា ថា សួនផ្កា សួនផ្លែ] ១ អារាមវត្ថុ គឺទីដីដាំសួនច្បារ១ នេះជារបស់មិនគួរលះចេញ​ ជាដំបូង ទោះសង្ឃក្តី គណៈក្តី បុគ្គលក្តី ក៏មិនត្រូវ​លះចេញ សូម្បីលះចេញហើយ ក៏មិនឈ្មោះថាលះ ភិក្ខុណាលះចេញ ត្រូវអាបត្តិថុល្លច្ច័យ វិហារ គឺលំនៅ១ វិហារវត្ថុ គឺទីដី​សម្រាប់​សង់លំនៅ១ នេះជារបស់មិនគួរលះចេញ​ ជាគំរប់ពីរ ទោះសង្ឃក្តី គណៈក្តី បុគ្គលក្តី ក៏មិនត្រូវ​លះចេញ សូម្បីលះហើយ ក៏មិនឈ្មោះថាលះ ភិក្ខុណាលះចេញ ត្រូវអាបត្តិថុល្លច្ច័យ មញ្ចៈ គឺគ្រែ១ បីឋៈ គឺតាំង ឬកៅអី១ ភិសី គឺពូក១ ពិម្ពោហនៈ គឺខ្នើយ១ នេះជារបស់មិនគួរលះចេញ​ ជាគំរប់បី ទោះសង្ឃក្តី គណៈក្តី បុគ្គលក្តី ក៏មិនត្រូវ​លះចេញ សូម្បីលះចេញហើយ ក៏មិនឈ្មោះថាលះ ភិក្ខុណាលះចេញ ត្រូវអាបត្តិថុល្លច្ច័យ លោហកុម្ភី គឺឆ្នាំងដែលធ្វើពីលោហជាតិ១ លោហភាណកៈ គឺ​ខ្ទះលោហៈ១ លោហវារកៈ គឺក្អមលោហៈ១ លោហកដាហៈ គឺផើងលោហៈ១ វាសី គឺកាំបិត១ ផរសុ គឺពូថៅ១ កុឋារី គឺដឹងចាំង១ កុទ្ទាលៈ គឺចប១ និខាទនៈ គឺពន្លាក១ នេះជារបស់មិនគួរលះចេញ​ ជាគំរប់៤ ទោះសង្ឃក្តី គណៈក្តី បុគ្គលក្តី ក៏មិនត្រូវ​លះចេញ សូម្បីលះចេញហើយ ក៏មិនឈ្មោះថាលះ ភិក្ខុណាលះចេញ ត្រូវអាបត្តិថុល្លច្ច័យ វល្លី គឺវល្លិ១ វេឡុ គឺឫស្សី១ មុញ្ជៈ គឺស្មៅដំណេកទន្សាយ១ បព្វជៈ គឺស្មៅ​យ៉ាផ្លង១ តិណៈ គឺស្មៅធម្មតា១ មត្តិកា គឺដីស្អិត១ ទារុភណ្ឌៈ គឺគ្រឿងឈើ១ មត្តិកាភណ្ឌៈ គឺ​គ្រឿង​ធ្វើពីដី១ នេះជារបស់មិនគួរលះចេញ​ ជាគំរប់៥ ទោះសង្ឃក្តី គណៈក្តី បុគ្គលក្តី ក៏មិនត្រូវ​លះចេញ សូម្បីលះចេញហើយ ក៏មិនឈ្មោះថាលះ ភិក្ខុណាលះចេញ ត្រូវអាបត្តិថុល្លច្ច័យ ម្នាលភិក្ខុ​ទាំងឡាយ របស់ទាំង៥ពួកនេះឯង ជារបស់មិនគួរលះចេញ ទោះសង្ឃក្តី គណៈក្តី បុគ្គលក្តី ក៏មិនត្រូវ​លះចេញ សូម្បីលះចេញហើយ ក៏មិនឈ្មោះថាលះ ភិក្ខុណាលះចេញ ត្រូវអាបត្តិថុល្លច្ច័យ។

[៤០៣] គ្រានោះឯង ព្រះមានព្រះភាគទ្រង់គង់នៅក្នុងក្រុងសាវត្ថី សំរាន្តពុទ្ធឥរិយាបថ ហើយយាងទៅកាន់ចារិក ក្នុងកិដាគិរិជនបទ ជាមួយនឹងភិក្ខុសង្ឃច្រើន ប្រមាណ៥០០រូប ព្រម​ទាំងព្រះសារីបុត្ត និងព្រះមោគ្គល្លានផង។ ពួកអស្សជិ និងបុនព្វសុកភិក្ខុ បានឮ​ដំណឹងថា ព្រះមានព្រះភាគ យាងមកដល់កិដាគិរិជនបទ ជាមួយនឹងភិក្ខុសង្ឃ​ច្រើន ប្រមាណ៥០០រូប ព្រមទាំងព្រះសារីបុត្ត និងព្រះមោគ្គល្លានផង ក៏និយាយថា ម្នាល​អាវុសោ បើដូច្នោះ មានតែ​យើង​នាំគ្នាចែកសេនាសនៈ ជារបស់សង្ឃទាំងអស់ (ដ្បិត) សារីបុត្ត និងមោគ្គល្លាន ជាអ្នកមានសេចក្តី​ប្រាថ្នាលាមក លុះក្នុងអំណាច​សេចក្តីប្រាថ្នា​លាមក យើងរាល់គ្នា កុំរៀបចំក្រាលសេនាសនៈ​ប្រគេន​លោកឡើយ។ ភិក្ខុទាំងនោះ ក៏នាំគ្នាចែកសេនាសនៈ ដែលជារបស់សង្ឃទាំងអស់។ គ្រានោះ ព្រះមានព្រះភាគ កំពុង​ស្តេចមកកាន់ចារិក តាមលំដាប់ ទ្រង់តម្រង់ទៅកាន់កិដាគិរិ​ជនបទនោះ។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុច្រើនរូបមកថា ម្នាលភិក្ខុទាំងឡាយ អ្នករាល់គ្នា ចូរដើរទៅរកពួកអស្សជិ និងបុនព្វសុកភិក្ខុ ហើយនិយាយ​យ៉ាងនេះថា ម្នាលអាវុសោ ព្រះមានព្រះភាគ កំពុងតែស្តេចមក ជាមួយនឹងភិក្ខុសង្ឃច្រើន ប្រមាណ​៥០០រូប ព្រមទាំង​ព្រះសារីបុត្ត និងព្រះមោគ្គល្លានផង ម្នាលអាវុសោ លោករាល់គ្នា ចូរ​រៀបចំក្រាល​សេនាសនៈទុក បម្រុងព្រះមានព្រះភាគផង បម្រុងព្រះភិក្ខុសង្ឃផង បម្រុង​ព្រះ​សារីបុត្ត និងព្រះមោគ្គល្លានផង។ ភិក្ខុទាំងនោះ ទទួលស្តាប់ (ព្រះពុទ្ធដីកា) នៃព្រះមានព្រះភាគ​ថា ព្រះករុណាព្រះអង្គ ហើយក៏នាំគ្នាចូលទៅរកពួកអស្សជិ និងបុនព្វសុកភិក្ខុ លុះចូលទៅ​ដល់​ហើយ ទើបថ្លែងបណ្តាំនេះ ប្រាប់ពួក​អស្សជិ និងបុនព្វសុកភិក្ខុថា ម្នាលអាវុសោ ដ្បិតព្រះមាន​ព្រះភាគ ស្តេចមក ជាមួយនឹងភិក្ខុសង្ឃច្រើន ប្រមាណ​៥០០រូប ព្រមទាំង​ព្រះសារីបុត្ត និង​ព្រះ​មោគ្គល្លានផង ម្នាលអាវុសោ លោកទាំងឡាយ ចូរនាំគ្នា​រៀបចំក្រាលសេនាសនៈទុក បម្រុង​ព្រះ​មានព្រះភាគផង បម្រុងព្រះភិក្ខុសង្ឃផង បម្រុង​ព្រះ​សារីបុត្ត និងព្រះមោគ្គល្លានផង។ ពួក​អស្សជិ និងបុនព្វសុកភិក្ខុឆ្លើយថា ម្នាលអាវុសោ សេនាសនៈ ដែល​ជារបស់សង្ឃ មិនមានទេ (ព្រោះ) សេនាសនៈទាំងអស់ យើងចែកគ្នា​អស់ហើយ ម្នាលអាវុសោ ព្រះមានព្រះភាគ ស្តេចមកល្អហើយ ព្រះអង្គសព្វព្រះហឫទ័យ​គង់ក្នុងវិហារណា ក៏នឹងគង់ក្នុងវិហារនោះទៅ ឯសារីបុត្ត និងមោគ្គល្លាន ជាអ្នកមាន​សេចក្តីប្រាថ្នាលាមក លុះអំណាចនៃសេចក្តីប្រាថ្នាលាមក យើងរាល់គ្នា មិនបាន​រៀបចំ​ក្រាលសេនាសនៈឲ្យលោកទាំងនោះទេ។ ភិក្ខុទាំងនោះសួរថា ម្នាលអាវុសោ លោកទាំង​ឡាយ នំាគ្នាចែកសេនាសនៈរបស់សង្ឃ មែនឬ។ ពួក​អស្សជិ និងបុនព្វសុកភិក្ខុ​ឆ្លើយថា ម្នាលអាវុសោ យើងចែកមែន។ ភិក្ខុទាំងឡាយណា មានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុទាំង​នោះ ក៏ពោលទោស តិះដៀល បន្តុះ​បង្អាប់ថា ពួក​អស្សជិ និងបុនព្វសុកភិក្ខុ មិនសម​បើមកនាំគ្នាចែក​សេនាសនៈរបស់សង្ឃសោះ។ លំដាប់នោះ ភិក្ខុទាំងនោះ ក្រាបបង្គំទូល​សេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។បេ។ ព្រះអង្គ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បានឮថា ពួក​អស្សជិ និងបុនព្វសុកភិក្ខុ នាំគ្នាចែកសេនាសនៈរបស់សង្ឃ មែនឬ។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលថា បពិត្រព្រះមានព្រះភាគ ពិតមែន។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ មោឃបុរសទាំងនោះ មិនគួរនឹងហ៊ាននាំគ្នាចែក​សេនាសនៈ​របស់សង្ឃទេ ម្នាលភិក្ខុទាំងឡាយ អំពើនេះ មិនមែននាំឲ្យជ្រះថ្លា ដល់ពួកជន ដែល​មិនទាន់ជ្រះថ្លាទេ។បេ។ លុះទ្រង់បន្ទោស​ហើយ ទ្រង់ធ្វើធម្មីកថា ត្រាស់ហៅភិក្ខុ​ទាំងឡាយ​មកថា ម្នាលភិក្ខុទាំងឡាយ របស់ដែលមិនគួរចែក៥ពួក​នេះ ទោះសង្ឃក្តី គណៈក្តី បុគ្គលក្តី ក៏មិនត្រូវ​ចែក សូម្បីចែកហើយ ក៏មិនឈ្មោះថាចែក ភិក្ខុណាចែក ត្រូវអាបត្តិថុល្លច្ច័យ។ របស់៥ពួក ដូចម្តេច។ (របស់៥ពួកនោះ គឺ) អារាម គឺសួនច្បារ១ អារាមវត្ថុ គឺទីដីដាំសួនច្បារ១ នេះជារបស់មិនគួរចែក​ ជាដំបូង ទោះសង្ឃក្តី គណៈក្តី បុគ្គលក្តី ក៏មិនត្រូវចែក សូម្បីចែកហើយ ក៏មិនឈ្មោះថាចែក ភិក្ខុណាចែក ត្រូវ​អាបត្តិថុល្លច្ច័យ វិហារ គឺលំនៅ១ វិហារវត្ថុ គឺទីដី​សម្រាប់​សង់លំនៅ១ នេះជារបស់មិន​គួរចែក​ ជា​គំរប់ពីរ ទោះសង្ឃក្តី គណៈក្តី បុគ្គលក្តី ក៏មិនត្រូវ​ចែក សូម្បីចែកហើយ ក៏មិនឈ្មោះថាចែក ភិក្ខុណាចែក ត្រូវអាបត្តិថុល្លច្ច័យ មញ្ចៈ គឺគ្រែ១ បីឋៈ គឺតាំង ឬកៅអី១ ភិសី គឺពូក១ ពិម្ពោហនៈ គឺខ្នើយ១ នេះជាវត្ថុមិនគួរចែក​ ជាគំរប់បី ទោះសង្ឃក្តី គណៈក្តី បុគ្គលក្តី ក៏មិនត្រូវចែក សូម្បីចែកហើយ ក៏មិនឈ្មោះថាចែក ភិក្ខុណាចែក ត្រូវអាបត្តិ​ថុល្លច្ច័យ លោហកុម្ភី គឺឆ្នាំង​ដែល​ធ្វើពីលោហជាតិ១ លោហភាណកៈ គឺខ្ទះលោហៈ១ លោហវារកៈ គឺក្អមលោហៈ១ លោហកដាហៈ គឺផើងលោហៈ១ វាសី គឺកាំបិត១ ផរសុ គឺពូថៅ១ កុឋារី គឺដឹងចាំង១ កុទ្ទាលៈ គឺចប១ និខាទនៈ គឺពន្លាក១ នេះជាវត្ថុមិនគួរចែក​ ជាគំរប់៤ ទោះសង្ឃក្តី គណៈក្តី បុគ្គលក្តី ក៏មិនត្រូវចែក សូម្បីចែកហើយ ក៏មិនឈ្មោះ​ថាចែក ភិក្ខុណាចែក ត្រូវអាបត្តិថុល្លច្ច័យ វល្លី គឺវល្លិ១ វេឡុ គឺឫស្សី១ មុញ្ជៈ គឺ​ស្មៅដំណេកទន្សាយ១ បព្វជៈ គឺស្មៅ​យ៉ាផ្លង១ តិណៈ គឺស្មៅធម្មតា១ មត្តិកា គឺដីស្អិត១ ទារុភណ្ឌៈ គឺគ្រឿងឈើ១ មត្តិកាភណ្ឌៈ គឺ​គ្រឿង​ធ្វើពីដី១ នេះជាវត្ថុ​មិនគួរចែក​ ជា​គំរប់៥ ទោះសង្ឃក្តី គណៈក្តី បុគ្គលក្តី ក៏មិនត្រូវចែក សូម្បីចែកហើយ ក៏មិនឈ្មោះថាចែក ភិក្ខុណាចែក ត្រូវអាបត្តិថុល្លច្ច័យ ម្នាលភិក្ខុទាំងឡាយ របស់ទាំង៥ពួកនេះឯង ជាវត្ថុ​មិន​គួរចែក ទោះសង្ឃក្តី គណៈក្តី បុគ្គលក្តី ក៏មិនត្រូវចែក សូម្បីចែកហើយ ក៏មិនឈ្មោះថា​ចែកឡើយ ភិក្ខុណាចែក ត្រូវអាបត្តិថុល្លច្ច័យ។

[៤០៤] គ្រានោះឯង ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងកិដាគិរិជនបទ តាមសមគួរ​ដល់​ពុទ្ធ​អធ្យាស្រ័យ ហើយយាងទៅកាន់ចារិក ក្នុងដែនអាឡវី ទ្រង់ត្រាច់ទៅកាន់ចារិក តាម​លំដាប់ សំដៅ​ទៅកាន់ដែនអាឡវីនោះ។ ឮដំណឹងថា ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុង អគ្គាឡវចេតិយ ទៀប​ដែនអាឡវីនោះ។

[៤០៥] សម័យនោះឯង ពួកភិក្ខុនៅក្នុងដែនឡាឡវី ឲ្យនវកម្មមានសភាពយ៉ាងនេះ គឺឲ្យ​នវកម្មដោយគ្រាន់តែទុកដាក់ដុំដី ឬដុំបាយអខ្លះ ឲ្យនវកម្មដោយគ្រាន់តែលាបជញ្ជាំងខ្លះ​​ ឲ្យនវកម្ម​ ដោយគ្រាន់តែដំកល់ទ្វារខ្លះ ឲ្យនវកម្មដោយគ្រាន់តែធ្វើសសរមេទ្វារខ្លះ ឲ្យ​នវកម្ម ដោយគ្រាន់​តែធ្វើបង្អួចខ្លះ ឲ្យនវកម្មដោយគ្រាន់តែលាបពណ៌សខ្លះ ឲ្យនវកម្ម​ដោយ​គ្រាន់តែលាបពណ៌ខ្មៅខ្លះ ឲ្យនវកម្មដោយគ្រាន់តែធ្វើបរិកម្ម​ដោយជ័ររង្គខ្លះ [មិន​ចំពោះ​តែជ័ររង្គប៉ុណ្ណោះទេ សូម្បីជ័រ​ឈើដទៃ ដូចយ៉ាង​ជ័រចុងជ័រទឹក ក៏រាប់បញ្ចូលក្នុង​ជ័រ​សម្រាប់ផ្ជិតដែរ។] ឲ្យនវកម្មដោយគ្រាន់តែប្រក់ព្រំខ្លះ ឲ្យនវកម្មដោយគ្រាន់តែចងខ្លះ ឲ្យនវកម្មដោយគ្រាន់តែបិទបាំងទីអាស្រ័យនៅ នៃសត្វពា្របខ្លះ ឲ្យនវកម្មដោយគ្រាន់តែ​ជួសជុល ត្រង់កន្លែងដែលដាច់ និងធ្លុះខ្លះ ឲ្យនវកម្មដោយគ្រាន់តែប្រោះព្រំខ្លះ ឲ្យនវកម្ម​អស់​២០ឆ្នាំខ្លះ ឲ្យនវកម្មអស់៣០ឆ្នាំខ្លះ ឲ្យនវកម្មអស់១ជីវិតខ្លះ ឲ្យនវកម្ម ចំពោះវិហារ​ដែលធ្វើស្រេចហើយ ដែលខ្លួនបានអបលោកឲ្យ ក្នុងកាលមានផ្សែងខ្លះ។ ភិក្ខុទាំង​ឡាយ​ណា មានសេចក្តី​ប្រាថ្នា​តិច។បេ។ ភិក្ខុទាំងនោះ ក៏ពោលទោស តិះដៀល បន្តុះ​បង្អាប់ថា ពួកភិក្ខុនៅ​ដែនអាឡវី មិនសមនឹង​ឲ្យនវកម្មមានសភាពយ៉ាងនេះទេ គឺឲ្យ​នវកម្មដោយ​គ្រាន់​តែ​ទុកដាក់ដុំដី ឬដុំ​បាយអ​ខ្លះ ឲ្យនវកម្មដោយគ្រាន់តែលាបជញ្ជាំងខ្លះ​​ ឲ្យនវកម្ម​ដោយ​គ្រាន់តែដំកល់ទ្វារខ្លះ ឲ្យនវកម្ម​ដោយ​គ្រាន់តែធ្វើសសរមេទ្វារខ្លះ ឲ្យនវកម្មដោយ​គ្រាន់តែធ្វើបង្អួចខ្លះ ឲ្យនវកម្មដោយគ្រាន់​តែ​លាប​ពណ៌​សខ្លះ ឲ្យនវកម្មដោយគ្រាន់តែ​លាបពណ៌ខ្មៅខ្លះ ឲ្យនវកម្មដោយគ្រាន់តែធ្វើបរិកម្ម​ដោយ​ជ័ររង្គ​ខ្លះ ឲ្យនវកម្មដោយគ្រាន់​តែ​ប្រក់ព្រំខ្លះ ឲ្យនវកម្មដោយគ្រាន់តែចងខ្លះ ឲ្យនវកម្ម​ដោយ​គ្រាន់​តែ​បិទបាំងទីអាស្រ័យ​នៅ នៃសត្វពា្របខ្លះ ឲ្យនវកម្មដោយគ្រាន់តែ​ជួសជុល ត្រង់កន្លែងដែលដាច់ និងធ្លុះខ្លះ ឲ្យនវកម្មដោយគ្រាន់តែប្រោះព្រំខ្លះ ឲ្យនវកម្មអស់​២០ឆ្នាំខ្លះ ឲ្យនវកម្មអស់៣០ឆ្នាំខ្លះ ឲ្យនវកម្មអស់១ជីវិតខ្លះ ឲ្យនវកម្ម ចំពោះវិហារដែលធ្វើស្រេចហើយ ដែលខ្លួនបាន​អបលោក​ឲ្យ ក្នុងកាលមានផ្សែងខ្លះ។ ភិក្ខុទាំងនោះ ក៏ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះ​ព្រះមានព្រះភាគ។បេ។ ព្រះអង្គ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ការនោះពិតមែនឬ។បេ។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលថា បពិត្រព្រះមានព្រះភាគ ពិតមែន។បេ។ លុះទ្រង់​បន្ទោសហើយ ទ្រង់ធ្វើធម្មីកថា ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវ​ឲ្យនវកម្ម​ដោយ​គ្រាន់​តែ​ទុក​ដាក់​ដុំដី ឬដុំបាយអ មិនត្រូវឲ្យនវកម្ម​ដោយគ្រាន់​តែ​​លាបជញ្ជាំង មិនត្រូវឲ្យនវកម្ម ដោយគ្រាន់តែ​ដំកល់​ទ្វារ មិនត្រូវឲ្យនវកម្មដោយ​គ្រាន់តែ​​ធ្វើសសរ​មេទ្វារ មិនត្រូវឲ្យនវកម្ម ដោយគ្រាន់តែធ្វើ​បង្អួច មិនត្រូវឲ្យនវកម្មដោយ​គ្រាន់តែលាបឲ្យមាន​ពណ៌ស មិនត្រូវឲ្យនវកម្មដោយគ្រាន់តែលាបឲ្យមានពណ៌ខ្មៅ មិន​ត្រូវឲ្យនវកម្មដោយគ្រាន់​តែធ្វើបរិកម្ម​ដោយជ័ររង្គ មិនត្រូវឲ្យនវកម្មដោយគ្រាន់តែប្រក់ព្រំ មិនត្រូវឲ្យនវកម្មដោយគ្រាន់​តែចងទុក មិនត្រូវឲ្យនវកម្មដោយគ្រាន់តែបិទបាំងទី​អាស្រ័យ​នៅ នៃសត្វពា្រប មិនត្រូវឲ្យនវកម្ម​ដោយ​គ្រាន់តែ​​ជួសជុល ត្រង់កន្លែងដែលដាច់ និងធ្លុះ មិនត្រូវឲ្យនវកម្មដោយគ្រាន់តែប្រោះព្រំ មិនត្រូវឲ្យនវកម្មអស់​២០ឆ្នាំ មិនត្រូវឲ្យនវកម្ម​អស់​​៣០ឆ្នាំ មិនត្រូវឲ្យនវកម្មអស់១ជីវិត មិនត្រូវ​ឲ្យនវកម្មអស់ ចំពោះវិហារដែល​ធ្វើ​ស្រេចហើយ ដែលខ្លួន​បាន​អបលោកឲ្យ ក្នុងកាលមានផ្សែង ភិក្ខុណាឲ្យ ត្រូវអាបត្តិទុក្កដ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុឲ្យនវកម្ម ចំពោះ​តែ​វិហារ ដែលមិនទាន់ធ្វើ ឬធ្វើមិនទាន់ហើយ (បើ) វិហារតូច ឲ្យត្រួតមើលការងារហើយ សឹមឲ្យ​នវកម្ម​អស់ត្រឹម៦ឆ្នាំ ឬ៥ឆ្នាំ ឲ្យរួច (បើ) អឌ្ឍយោគ ឲ្យត្រួតមើលការងារ ហើយសឹមឲ្យនូវនវកម្ម អស់ត្រឹម៧ឆ្នាំ ឬ៨ឆ្នាំឲ្យរួច (បើ) វិហារធំ ឬប្រាសាទ ឲ្យត្រួតមើលការងារ ហើយសឹមឲ្យនវកម្ម​អស់​ត្រឹម​​១០ឆ្នាំ ឬ១២ឆ្នាំឲ្យរួច។

[៤០៦] សម័យនោះឯង ភិក្ខុទាំងឡាយឲ្យនវកម្មចំពោះវិហារទាំងអស់។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុ​មិនត្រូវឲ្យនវកម្ម ចំពោះវិហារ​ទាំងអស់ទេ ភិក្ខុណាឲ្យ ត្រូវអាបត្តិទុក្កដ។

[៤០៧] សម័យនោះឯង ភិក្ខុទាំងឡាយឲ្យនវកម្មពីរកន្លែង ដល់ភិក្ខុ១រូប។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុមិនត្រូវឲ្យវនកម្មពីរកន្លែង ដល់ភិក្ខុ១រូបទេ ភិក្ខុណាឲ្យ ត្រូវអាបត្តិទុក្កដ។

[៤០៨] សម័យនោះឯង ភិក្ខុទាំងឡាយទទួលយកនវកម្ម (ក្នុងវិហាររបស់សង្ឃ) ហើយ​ឲ្យភិក្ខុដទៃនៅវិញ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវទទួលយកវនកម្ម (ក្នុងវិហាររបស់​សង្ឃ) ហើយឲ្យភិក្ខុដទៃនៅទេ ភិក្ខុណាឲ្យភិក្ខុដទៃនៅ ត្រូវអាបត្តិទុក្កដ។

[៤០៩] សម័យនោះឯង ភិក្ខុទាំងឡាយទទួលយកនវកម្ម (ក្នុងវិហាររបស់សង្ឃ) ហើយ​ហាម​ឃាត់សេនាសនៈរបស់សង្ឃ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះ​ព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវទទួលយក​វនកម្ម ហើយហាមឃាត់​សេនាសនៈរបស់សង្ឃទេ ភិក្ខុណាហាមឃាត់ ត្រូវអាបត្តិទុក្កដ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត (ឲ្យភិក្ខុដែលធ្វើការនោះ) ទទួលយកទីដេកដ៏​ប្រសើរ១ (បន្ទប់បាន)។

[៤១០] សម័យនោះឯង ភិក្ខុទាំងឡាយឲ្យនវកម្ម ដល់ភិក្ខុនៅក្នុងទីឥតសីមា។ ភិក្ខុទាំង​ឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់​ត្រាស់ថា ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុមិនត្រូវឲ្យនវកម្ម ដល់ភិក្ខុនៅក្នុងទីឥតសីមាទេ ភិក្ខុណាឲ្យ ត្រូវអាបត្តិ​ទុក្កដ។

[៤១១] សម័យនោះឯង ភិក្ខុទាំងឡាយទទួលយកនវកម្ម ហើយហាមឃាត់​គ្រប់កាល។​ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវទទួលយកនវកម្ម ហើយហាមឃាត់គ្រប់កាលទេ ភិក្ខុណា​ហាមឃាត់ ត្រូវអាបត្តិទុក្កដ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ឲ្យហាមឃាត់​ត្រឹម​៣​ខែ នៃវស្សានរដូវ (ប៉ុណ្ណោះ) មិនមែនហាមឃាត់គ្រប់កាលនៃរដូវទេ។

[៤១២] សម័យនោះឯង ភិក្ខុទាំងឡាយទទួលយកនវកម្មហើយ ដើរចេញទៅខ្លះ សឹកខ្លះ ធ្វើមរណភាពខ្លះ ប្តេជ្ញាខ្លួនទៅជាសាមណេរខ្លះ ប្តេជ្ញាជាអ្នកលាសិក្ខាខ្លះ ប្តេជ្ញាជាអ្នកត្រូវ​អន្តិមវត្ថុខ្លះ ប្តេជ្ញាជាមនុស្សឆ្កួតខ្លះ ប្តេជ្ញាជាអ្នកមានចិត្តរវើរវាយខ្លះ ប្តេជ្ញាជាអ្នកមាន​ទុក្ខវេទនា​​គ្របសង្កត់ខ្លះ ប្តេជ្ញាជាអ្នកត្រូវសង្ឃលើកវត្ត ព្រោះមិនឃើញអាបត្តិខ្លះ ប្តេជ្ញា​ជាអ្នកត្រូវសង្ឃ​លើកវត្ត ព្រោះមិនសំដែងអាបត្តិខ្លះ ប្តេជ្ញាជាអ្នកត្រូវសង្ឃលើកវត្ត ព្រោះ​មិនលះបង់​ទិដ្ឋិ​អាក្រក់​ចេញខ្លះ ប្តេជ្ញាជាមនុស្សខ្ទើយខ្លះ​ ប្តេជ្ញាជាមនុស្ស​លួចសំវាសខ្លះ ប្តេជ្ញាជាមនុស្សស្ទុះទៅកាន់​លទ្ធិតិរ្ថិយខ្លះ ប្តេជ្ញាជាសត្វតិរច្ឆានខ្លះ ប្តេជ្ញាជាអ្នកសម្លាប់​មាតា​ខ្លះ ប្តេជ្ញាជាអ្នកសម្លាប់បិតាខ្លះ ប្តេជ្ញាជាអ្នកសម្លាប់ព្រះអរហន្តខ្លះ ប្តេជ្ញាជាអ្នក​ប្រទូស្ត​ភិក្ខុនីខ្លះ ប្តេជ្ញាជាអ្នកបំបែកសង្ឃខ្លះ ប្តេជ្ញាជាអ្នក​ធ្វើព្រះលោហិត (របស់​ព្រះសម្មាសម្ពុទ្ធ) ឲ្យពុរពងខ្លះ ប្តេជ្ញាជាអ្នកមានភេទពីរខ្លះ។ ភិក្ខុទាំងឡាយ ក្រាបបង្គំ​ទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។

[៤១៣] ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បើមានភិក្ខុក្នុងសាសនានេះ ទទួល​យក​នវកម្មហើយ ចៀរចេញទៅ។ ត្រូវភិក្ខុនោះឲ្យ (នវកម្មនោះ) ដល់ភិក្ខុដទៃ ដោយគិត​ថា សូម​កុំឲ្យនវកម្មរបស់សង្ឃវិនាសឡើយ។ ម្នាលភិក្ខុទាំងឡាយ បើមានភិក្ខុក្នុង​សាសនា​នេះ ទទួល​យក​នវកម្ម ហើយសឹកចេញ ធ្វើមរណភាព ប្តេជ្ញាទៅជាសាមណេរ ប្តេជ្ញាជាអ្នកលាសិក្ខា ប្តេជ្ញាជាអ្នកត្រូវ​អន្តិមវត្ថុ ប្តេជ្ញាជាមនុស្សឆ្កួត ប្តេជ្ញាជាអ្នកមាន​ចិត្ត​រវើរវាយ ប្តេជ្ញាជាអ្នកមានទុក្ខវេទនា​គ្របសង្កត់ ប្តេជ្ញាជាអ្នកត្រូវសង្ឃលើកវត្ត ព្រោះមិន​ឃើញអាបត្តិ ប្តេជ្ញាជាអ្នកត្រូវសង្ឃ​លើកវត្ត ព្រោះមិនសំដែងអាបត្តិ ប្តេជ្ញាជាអ្នកត្រូវ​សង្ឃលើកវត្ត ព្រោះមិនលះបង់​ទិដ្ឋិ​អាក្រក់​ចេញ ប្តេជ្ញាជាមនុស្សខ្ទើយ​ ប្តេជ្ញាជាមនុស្ស​លួចសំវាស ប្តេជ្ញាជាមនុស្សស្ទុះទៅកាន់​លទ្ធិតិរ្ថិយ ប្តេជ្ញាជាសត្វតិរច្ឆាន ប្តេជ្ញាជាអ្នក​សម្លាប់មាតា ប្តេជ្ញាជាអ្នកសម្លាប់បិតា ប្តេជ្ញាជាអ្នកសម្លាប់ព្រះអរហន្ត ប្តេជ្ញាជាអ្នក​ប្រទូស្តភិក្ខុនី ប្តេជ្ញាជាអ្នកបំបែកសង្ឃ ប្តេជ្ញាជាអ្នក​ធ្វើព្រះលោហិត (របស់ព្រះសម្មាសម្ពុទ្ធ) ឲ្យពុរពង ប្តេជ្ញាជាអ្នកមានភេទពីរ។ ត្រូវភិក្ខុនោះឲ្យ (នវកម្មនោះ) ដល់ភិក្ខុដទៃ ដោយ​គិតថា សូមកុំឲ្យ​នវកម្មរបស់សង្ឃវិនាសឡើយ។

[៤១៤] ម្នាលភិក្ខុទាំងឡាយ បើមានភិក្ខុក្នុងសាសនានេះ ទទួល​យក​នវកម្មហើយ ចៀស​ចេញទៅក្នុងវេលាដែលធ្វើ (នវកម្ម) មិនទាន់ស្រេច។ ត្រូវភិក្ខុនោះឲ្យ (នវកម្មនោះ) ដល់​ភិក្ខុ​​ឯទៀត ដោយគិតថា សូមកុំឲ្យ​នវកម្មរបស់សង្ឃវិនាសឡើយ។ ម្នាលភិក្ខុទាំងឡាយ បើមាន​ភិក្ខុក្នុងសាសនានេះ ទទួល​យក​នវកម្មហើយ សឹក​ចេញ ក្នុងវេលាដែលធ្វើនវកម្ម មិនទាន់ស្រេច។ ធ្វើមរណភាព។បេ។ ប្តេជ្ញាជាអ្នកមានភេទពីរ។ ត្រូវភិក្ខុនោះឲ្យ (នវកម្ម​នោះ) ដល់ភិក្ខុ​ដទៃ ដោយ​គិតថា សូមកុំឲ្យ​នវកម្មរបស់សង្ឃវិនាសឡើយ។

[៤១៥] ម្នាលភិក្ខុទាំងឡាយ បើមានភិក្ខុក្នុងសាសនានេះ ទទួល​យក​នវកម្មហើយ ចៀស​ចេញទៅ ក្នុងវេលាដែលធ្វើ (នវកម្ម) ហើយស្រេច (លុះត្រឡប់មកនៅវិញ) នវកម្មនុ៎ះ ជា​របស់​ភិក្ខុនោះឯង។

[៤១៦] ម្នាលភិក្ខុទាំងឡាយ បើមានភិក្ខុក្នុងសាសនានេះ ទទួល​យក​នវកម្មហើយ សឹក​ចេញ​ ធ្វើមរណភាព ប្តេជ្ញាជាសាមណេរ ប្តេជ្ញាជាអ្នកលាសិក្ខា ប្តេជ្ញាជាអ្នកត្រូវអន្តិមវត្ថុ ក្នុង​វេលា​ដែលធ្វើនវកម្មហើយស្រេច។ ត្រូវសង្ឃជាម្ចាស់។

[៤១៧] ម្នាលភិក្ខុទាំងឡាយ បើមានភិក្ខុក្នុងសាសនានេះ ទទួល​យក​នវកម្មហើយ ប្តេជ្ញា​ជា​មនុស្សឆ្កួត ប្តេជ្ញាជាអ្នកមានចិត្តរវើរវាយ ប្តេជ្ញាជាអ្នកត្រូវ​ទុក្ខវេទនាគ្របសង្កត់ ប្តេជ្ញាជា​អ្នក​ត្រូវសង្ឃ​លើកវត្ត ព្រោះមិនឃើញអាបត្តិ ប្តេជ្ញាជាអ្នកត្រូវសង្ឃលើកវត្ត ព្រោះ​មិន​សំដែងអាបត្តិចេញ ប្តេជ្ញាជាអ្នកត្រូវសង្ឃលើកវត្ត ព្រោះ​មិនលះបង់ទិដ្ឋិអាក្រក់ចេញ ក្នុង​វេលា​ដែលធ្វើនវកម្មហើយស្រេច នវកម្មនុ៎ះ ជារបស់ភិក្ខុនោះឯង។

[៤១៨] ម្នាលភិក្ខុទាំងឡាយ បើមានភិក្ខុក្នុងសាសនានេះ ទទួល​យក​នវកម្មហើយ ប្តេជ្ញា​ជា​មនុស្សខ្ទើយ ប្តេជ្ញាជាអ្នកលួចសំវាស ប្តេជ្ញាជាអ្នកស្ទុះទៅកាន់លទ្ធិតិរ្ថិយ ប្តេជ្ញាជាសត្វ​តិរច្ឆាន ប្តេជ្ញាជាអ្នកសម្លាប់មាតា ប្តេជ្ញាជាអ្នកសម្លាប់បិតា ប្តេជ្ញាជាអ្នកសម្លាប់​ព្រះអរហន្ត ប្តេជ្ញាជាអ្នកប្រទូស្តភិក្ខុនី ប្តេជ្ញាជាអ្នកបំបែកសង្ឃ ប្តេជ្ញាជាអ្នកធ្វើព្រះលោហិត (របស់​ព្រះសម្មាសម្ពុទ្ធ) ឲ្យពុរពង ប្តេជ្ញាជាអ្នកមានភេទពីរ ក្នុង​វេលា​ដែលធ្វើ (នវកម្ម) ហើយ​ស្រេច។ ត្រូវសង្ឃជាម្ចាស់។

[៤១៩] សម័យនោះឯង ភិក្ខុទាំងឡាយយកសេនាសនៈ​របស់ឧបាសកម្នាក់ (ដែលគេ​ឧទ្ទិស) ជាគ្រឿងសម្រាប់ប្រើប្រាស់ ក្នុងវិហារ ទៅប្រើប្រាស់ក្នុងទីឯទៀត។ គ្រានោះ ឧបាសក​នោះ ពោលទោស តិះដៀល បន្តុះ​បង្អាប់ថា លោកដ៏ចំរើនទាំងឡាយ មិនសមបើ​នឹងយកគ្រឿង​ប្រើប្រាស់អំពីទីឯទៀត ទៅប្រើប្រាស់ក្នុងទីឯទៀតសោះ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុមិនត្រូវ​យកគ្រឿង​ប្រើប្រាស់ ក្នុងទី​ឯទៀត ទៅប្រើប្រាស់ក្នុងទីឯទៀតទេ ភិក្ខុណាប្រើប្រាស់ ត្រូវអាបត្តិទុក្កដ។

[៤២០] សម័យនោះឯង ពួកភិក្ខុមានសេចក្តីសង្ស័យ (មិនហ៊ាន) នាំយក (គ្រឿង​ប្រើ​ប្រាស់) ទៅកាន់រោងឧបោសថ កាន់រោងជាទីប្រជុំ ហើយក៏នាំគ្នាអង្គុយផ្ទាល់លើផែនដី។ ទាំងខ្លួន ទាំង​ចីវរ (របស់ភិក្ខុនោះ) ក៏ប្រឡាក់ប្រឡូស ដោយអាចម៍ដី។ ភិក្ខុទាំងឡាយ ​ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំង​ឡាយ តថាគតអនុញ្ញាត​ឲ្យនាំយក​ (គ្រឿងប្រើប្រាស់នោះ) ឲ្យជារបស់ខ្ចីបាន។

[៤២១] សម័យនោះឯង វិហារធំរបស់សង្ឃទ្រុឌទ្រោម។ ពួកភិក្ខុសង្ស័យ មិនហ៊ាន​នាំយក​សេនាសនៈចេញ។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ឲ្យនាំយក (សេនាសនៈ) ទៅទុក​ថែរក្សា​បាន។

[៤២២] សម័យនោះឯង សំពត់កម្ពលមានតម្លៃច្រើន ជាសេនាសនបរិក្ខារ កើតឡើងដល់​សង្ឃ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យផ្លាស់ប្តូរ ដើម្បីប្រយោជន៍ ជាផាតិកម្ម គឺ​ការចំរើនបាន។

[៤២៣] សម័យនោះឯង សំពត់មានតម្លៃច្រើន ជាបរិក្ខារក្នុងសេនាសនៈ កើតឡើង​ដល់​សង្ឃ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យផ្លាស់ប្តូរ ដើម្បីប្រយោជន៍ ជាផាតិកម្ម​បាន។

[៤២៤] សម័យនោះឯង ស្បែកខ្លាឃ្មុំ កើតឡើងដល់សង្ឃ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូល​សេចក្តី​នុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត​ឲ្យធ្វើជាទ្រនាប់សម្រាប់ជូតជើងបាន។

[៤២៥] សម័យនោះឯង វត្ថុមានសណ្ឋានដូចជាកង់ (ដែល​គេវេញ ដោយសំពត់​កម្ពលជា​ដើម) កើតឡើងដល់សង្ឃ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូល​សេចក្តី​នុ៎ះ ចំពោះព្រះមាន​ព្រះភាគ។ ព្រះអង្គ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត​ឲ្យធ្វើជារង្វេល ម្រាប់ជូតជើងបាន។

[៤២៦] សម័យនោះឯង មានកំណាត់សំពត់ កើតឡើងដល់សង្ឃ។ ភិក្ខុទាំងឡាយ ក្រាប​បង្គំទូល​សេចក្តី​នុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំង​ឡាយ តថាគត​អនុញ្ញាត​ឲ្យធ្វើជាសំពត់ សម្រាប់ជូតជើងបាន។

[៤២៧] សម័យនោះឯង ពួកភិក្ខុមិនទាន់លាងជើង [បញ្ញត្តិនេះ ចំពោះ​យកជើង​មិនស្អាត​ជាប្រមាណ សូម្បី​ជើងដែលបានលាងហើយ តែនៅ​មិនទាន់ស្អាត ក៏​មិនគួរ​ជាន់​សេនាសនៈ​​ឡើយ។] ហើយដើរជាន់សេនាសនៈ។ សេនាសនៈក៏ប្រឡាក់អស់។ ភិក្ខុទាំង​ឡាយ ក្រាបបង្គំទូល​សេចក្តី​នុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់​ត្រាស់ថា ម្នាល​ភិក្ខុទាំងឡាយ ភិក្ខុឥតលាង​ជើង មិនត្រូវដើរជាន់សេនាសនៈទេ ភិក្ខុណាជាន់ ត្រូវអាបត្តិ​ទុក្កដ។

[៤២៨] សម័យនោះឯង ពួកភិក្ខុដើរជាន់សេនាសនៈទាំងជើងទទឹក។ សេនាសនៈក៏សើម​អស់។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូល​សេចក្តី​នុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវដើរជាន់សេនាសនៈទាំងជើងទទឹកទេ ភិក្ខុណា​ជាន់ ត្រូវអាបត្តិទុក្កដ។

[៤២៩] សម័យនោះឯង ពួកភិក្ខុពាក់ស្បែកជើង ដើរជាន់សេនាសនៈ។ សេនាសនៈ​ក៏​ប្រឡាក់​អស់។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូល​សេចក្តី​នុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុពាក់ស្បែក​ជើង មិនត្រូវដើរជាន់សេនាសនៈទេ ភិក្ខុ​ណាជាន់ ត្រូវអាបត្តិទុក្កដ។

[៤៣០] សម័យនោះឯង ពួកភិក្ខុស្តោះទឹកមាត់ លើទីដែលគេតាក់តែងឲ្យស្អាត។ (ទីនោះ) ក៏អាប់អន់ពណ៌សម្បុរទៅ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមាន​ព្រះភាគ។ ព្រះអង្គ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវស្តោះទឹកមាត់ លើទី​ដែល​គេតាក់តែង​ទេ ភិក្ខុណាស្តោះ ត្រូវអាបត្តិទុក្កដ ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត (ឲ្យប្រើ) កន្ថោរទឹកមាត់។

[៤៣១] សម័យនោះឯង ជើងគ្រែខ្លះ ជើងតាំងខ្លះ ក៏កោសដាច់ទីកន្លែង ដែលគេ​តាក់តែង​ឲ្យល្អ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យរុំ (ជើងគ្រែ ជើងតាំងនោះ) ដោយ​កំណាត់​សំពត់។

[៤៣២] សម័យនោះឯង ពួកភិក្ខុផ្អែកនឹងជញ្ជាំងដែលគេលាប (ថ្នាំផ្សេងៗ)។ ពណ៌សម្បុរ (ជញ្ជាំង) ក៏អាប់អន់ទៅ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមាន​ព្រះភាគ។ ព្រះអង្គ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវផ្អែក​នឹងជញ្ជាំង ដែល​គេ​លាប (ថ្នាំផ្សេង​ៗ) ទេ ភិក្ខុណាផ្អែក ត្រូវអាបត្តិទុក្កដ ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាតផែនក្តារសម្រាប់ផ្អែក។ ឯផែនក្តារសម្រាប់ផ្អែក ក៏កោសផ្ទៃទីខាងក្រោមនឹង​ជញ្ជាំង​ខាងលើ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យរុំសំពត់ទាំងខាងលើ ទាំង​ខាងក្រោម។

[៤៣៣] សម័យនោះឯង ភិក្ខុមានជើងលាងស្រេចហើយ តែនៅមានសង្ស័យ (មិនហ៊ាន) ដេក។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យក្រាលកម្រាលរួចសឹមដេក។

[៤៣៤] គ្រានោះ ព្រះមានព្រះភាគគង់នៅក្នុងដែន អាឡវី គួរតាមព្រះអធ្យាស្រ័យ រួចហើយ ទ្រង់ស្តេចទៅកាន់ចារិក ក្រុងរាជគ្រឹះ ស្តេចទៅកាន់ចារិកតាមលំដាប់ សំដៅ​ទៅ​កាន់​ក្រុងរាជគ្រឹះនោះ។ បានឮថា ព្រះមានព្រះភាគ គង់នៅក្នុងវត្តវេឡុវ័ន ជាកលន្ទក​និវាបស្ថាន ទៀបក្រុងរាជគ្រឹះ។

[៤៣៥] សម័យនោះឯង ក្រុងរាជគ្រឹះក៏កើតទុរ្ភិក្ស (អត់បាយ) មនុស្សទាំងឡាយ មិនអាច​នឹងធ្វើសង្ឃភត្តបាន ហើយក៏ប្រាថ្នានឹងធ្វើឧទ្ទេសភត្ត និមន្តភត្ត សលាកភត្ត បក្ខិកភត្ត ឧបោសថិកភត្ត និងបាដិបទិកភត្ត។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះ​ព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត​នូវ​សង្ឃភត្ត ឧទ្ទេសភត្ត និមន្តភត្ត សលាកភត្ត បក្ខិកភត្ត ឧបោសថិកភត្ត និងបាដិបទិកភត្ត។

[៤៣៦] សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុទទួលយកភត្តប្រសើរ ចំពោះខ្លួនឯង ហើយ​ឲ្យភត្ត​មិនថ្លៃថ្លា ដល់ភិក្ខុទាំងឡាយ។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះ​ព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ឲ្យ​សន្មត​​ភិក្ខុដែលប្រកបដោយអង្គ៥ ឲ្យជាភត្តុទ្ទេសកៈ គឺអ្នកសំដែងភត្ត (អង្គ៥នោះគឺ) មិនលុះឆន្ទាគតិ១ មិនលុះទោសាគតិ១ មិនលុះមោហាគតិ១ មិនលុះភយាគតិ១ ស្គាល់​ភត្តដែលខ្លួនបានសំដែង និង​មិនទាន់បានសំដែង១។

[៤៣៧] ម្នាលភិក្ខុទាំងឡាយ សង្ឃគប្បីសន្មតយ៉ាងនេះ។ សង្ឃត្រូវសូម​ភិក្ខុជាមុនសិន។ លុះ​សូមរួចហើយ ត្រូវ​ឲ្យភិក្ខុជាអ្នកឈ្លាស ប្រតិពល ប្រកាសសង្ឃឲ្យដឹងថា បពិត្រ​ព្រះសង្ឃ​ដ៏​ចំរើន សូមសង្ឃ​ស្តាប់ខ្ញុំ បើកម្មមានកាលគួរ ដល់សង្ឃហើយ សង្ឃគប្បីសន្មត​ភិក្ខុឈ្មោះនេះ ​ឲ្យ​ជា​ភត្តុទ្ទេសកៈ។ នេះជាញត្តិ។ បពិត្រព្រះសង្ឃដ៏ចំរើន សូម​សង្ឃ​ស្តាប់ខ្ញុំ សង្ឃបាន​សន្មត​ភិក្ខុ​ឈ្មោះ​នេះ ឲ្យជាភត្តុទ្ទេសកៈ។ ការសន្មតិភិក្ខុឈ្មោះនេះ ឲ្យជាភត្តុទ្ទេសកៈ គួរដល់​លោកមាន​អាយុ​អង្គណា លោកមានអាយុ​អង្គនោះ គប្បីស្ងៀម មិនគួរដល់លោកមានអាយុអង្គណា លោក​មាន​អាយុអង្គនោះ គប្បីឆ្លើយមក។ សង្ឃ​បានសន្មតភិក្ខុឈ្មោះនេះ ឲ្យជាភត្តុទ្ទេសកៈហើយ ការសន្មតិនេះ គួរដល់សង្ឃ ព្រោះ​ហេតុនោះ បានជា​សង្ឃស្ងៀម។ ខ្ញុំសូមចាំទុក នូវដំណើរនេះ ដោយអាការស្ងៀម​យ៉ាង​នេះ។

[៤៣៨] លំដាប់នោះ ពួកភិក្ខុជាភត្តុទ្ទេសកៈ មានសេចក្តីត្រិះរិះ​ដូច្នេះថា យើងគួរ​សំដែង​ភត្ត​ដូចម្តេចហ្ន៎។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុចារិក ដោយសលាក ឬដំបា (មាន​បន្ទះ​ឫស្សី និងស្លឹកត្នោតជាដើម) លា ឬបើកហើយ សឹមសំដែងភត្ត។

[៤៣៩] សម័យនោះឯង មិនទាន់មានភិក្ខុជាសេនាសនប្បញ្ញាបកៈ (អ្នកក្រាលសេនា​សនៈ) បម្រុងសង្ឃ។បេ។ មិនទាន់មានភិក្ខុជាភណ្ឌាគារិកៈ (អ្នក​រ