ចុល្លវគ្គ តតិយភាគ

ភាគទី១១

សង្ឃភេទក្ខន្ធកៈ

[១] សម័យនោះ ព្រះពុទ្ធ​មានព្រះភាគ គង់នៅក្នុងនិគម ឈ្មោះអនុបិយា ជានិគមរបស់​មល្លក្សត្រ ទៀបព្រៃអនុបិយា។ ក៏សម័យនោះឯង ពួកសក្យកុមារ សុទ្ធ​តែ​ជា​អ្នក​មាន​នាមល្បី​ល្បាញ ចេញ​បួសតាម​ព្រះមាន​ព្រះភាគ ដែល​ទ្រង់​​ព្រះផ្នួស​ហើយ។

[២]  សម័យនោះ មានសក្យៈជាបងប្អូន ​២អង្គ ឈ្មោះមហានាមសក្កៈ ១ ឈ្មោះ​​អនុរុទ្ធសក្កៈ ១។ ឯ​អនុរុទ្ធសក្កៈ ជាស្តេច​​សុខុមាលជាតិ [ជាក្សត្រ​ធ្លាប់​បាន​សេចក្តី​សុខ មិន​ដែល​បាន​សេចក្តី​លំបាក​ដោយ​ខ្យល់ និង​កំដៅ​ថ្ងៃជាដើម]។ អនុរុទ្ធសក្កៈនោះ មាន​ប្រាសាទ ៣ខ្នង ប្រាសាទ​មួយ សម្រាប់​រដូវរងា ប្រាសាទ​មួយ​សម្រាប់​រដូវក្តៅ ប្រាសាទ​មួយ​សម្រាប់​រដូវភ្លៀង។ អនុរុទ្ធសក្កៈ​នោះ (គង់នៅ) លើ​ប្រាសាទ​សម្រាប់​រដូវ​ភ្លៀង​អស់​បួន​ខែ មាន​តន្ត្រី នៅចាំ​គាល់​បម្រើ មិនមាន​មនុស្ស​បុ្រស (នៅលាយ) មិន​ដែល​យាងចុះ​អំពី​ប្រាសាទ មក​ខាងក្រោម​ឡើយ។ គ្រានោះ​ឯង មហានាម​សក្កៈ មាន​សេចក្តី​ត្រិះរិះ​ដូច្នេះ​ថា ឥឡូវនេះ ពួក​សក្យកុមារ សុទ្ធតែ​​ជាអ្នក​​មាន​នាមល្បី​ល្បាញ បាន​ចេញបួស​តាម​ព្រះមាន​ព្រះភាគ ដែល​ទ្រង់​ព្រះផ្នួស​ហើយ ចំណែក​​ខាង​​ត្រកូល​របស់​យើង គ្មាន​នរណា​មួយ​ចេញ​ចាកផ្ទះ ទៅបួស​ក្នុង​សាសនា​សោះ បើដូច្នោះ គួរតែ​​អាត្មាអញ ឬអនុរុទ្ធ​បួស​កុំ​ខានចុះ។ ទើប​មហានាម​សក្កៈ ចូលទៅ​រក​អនុរុទ្ធសក្កៈ លុះចូល​ទៅដល់​ហើយ  បាន​និយាយ​រឿងនុ៎ះ ចំពោះ​​អនុរុទ្ធសក្កៈ​ថា ម្នាល​អនុរុទ្ធ ជា​អនុជ ឥឡូវនេះ ពួកសក្យកុមារ សុទ្ធតែ​​ជាអ្នក​​មាននាម​ល្បីល្បាញ បាន​ចេញបួស​តាម​ព្រះមាន​​ព្រះភាគ ដែល​ទ្រង់​ព្រះផ្នួស​​​ហើយ ចំណែក​​ខាង​ត្រកូល​របស់យើង គ្មាន​នរណា​មួយ ចេញចាក​​ផ្ទះ ទៅបួស​ក្នុងសាសនា​សោះ បើដូច្នោះ ចូរឯងបួស ឬអញ​នឹងបួស​ក៏បាន។ អនុរុទ្ធ​ឆ្លើយថា ខ្ញុំជា​​មនុស្ស​សុខុមាលជាតិ ខ្ញុំមិនអាច​នឹងចេញ​ចាកផ្ទះ ទៅបួស​ក្នុងសាសនា​បានទេ សូមទ្រង់​​ស្តេច​បួស​ចុះ។ មហានាមសក្កៈ និយាយថា ម្នាលអនុរុទ្ធ​ជាអនុជ ចូរប្អូន​​មកអាយ បងនឹង​ពន្យល់​​ប្រយោជន៍​​របស់​ឃរាវាស​​ដល់ប្អូន​ថា ការធ្វើ​ស្រែនោះ មុនដំបូង​ត្រូវភ្ជួរ ភ្ជួររួច​ហើយ​ត្រូវព្រោះ ព្រោះរួចហើយ​ត្រូវបញ្ចូល​ទឹក បញ្ចូល​ទឹករួចហើយ​ត្រូវបញ្ចេញ​ទឹក បញ្ចេញ​ទឹករួច​ហើយ​ត្រូវ​ជំរះ​ស្មៅ ជំរះស្មៅ​រួចហើយ​ត្រូវច្រូតស្រូវ ច្រូតស្រូវ​ហើយ​ត្រូវចង​​កណ្តាប់ ចងជា​កណ្តាប់​ហើយ​ត្រូវធ្វើ​ឲ្យជាគំនរ ធ្វើឲ្យ​ជាគំនរ​ហើយ​ត្រូវបោក ឬបញ្ជាន់ បញ្ជាន់​ហើយ ត្រូវ​ជជុះយក​ចំបើង ជជុះ​យក​ចំបើងហើយ​ត្រូវ​ជជុះ​យកកំទេច​ចេញ ជជុះ​យក​កំទេច​​ចេញ​ហើយ​ត្រូវរោយ រោយហើយ​ត្រូវ​ជញ្ជូន​យកមកទុក ជញ្ជូន​​យកមក​ទុកហើយ​ត្រូវ​ចាប់​ធ្វើតែ​យ៉ាងនេះ​តទៅ​ទៀត រាល់ៗឆ្នាំ ត្រូវ​ចាប់ធ្វើ (សាពីដើម) តាមទំនង​​នេះទៀត​តែ​រាល់ៗឆ្នាំ។ អនុរុទ្ធសក្កៈ និយាយថា ការងារ​មិនចេះ​​អស់ទេ ទីបំផុត​នៃការងារ​មិន​ប្រាកដ​​​ទេ កាលណា​នឹងអស់​ការងារ កាលណា​នឹង​ប្រាកដ​​ថា ផុត​ការងារ​បាន កាលណា​យើង​នឹង​​ថយ​ខ្វល់ខ្វាយ​ឆ្អែតឆ្អន់ នឹង​ស្កប់ស្កល់​​បម្​រើដោយ​កាមគុណ ៥។ ម្នាល​អនុរុទ្​ជា​អនុជ ការងារ​មិនចេះ​អស់ទេ ទីបំផុត​ការងារ​ក៏មិន​ប្រាកដ មាតាបិតាក្តី ជីតាក្តី ធ្វើ​មរណភាព (ទៅអស់) ឯការងារ មិន​ចេះអស់​ទេ។ បើដូច្នោះ អនុជឯង ចូរជ្រាប​​អំពី​ប្រយោជន៍​​របស់​ឃរាវាស​ចុះ បងមុខ​ជានឹង​ចេញចាក​ផ្ទះ ទៅបួស​ក្នុង​សាសនា (មិនខាន)។

[៣] ក្នុងគ្រានោះ អនុរុទ្ធសក្កៈ ចូលទៅរកព្រះមាតា លុះចូលទៅដល់ហើយ ក៏និយាយ​នឹងព្រះមាតាយ៉ាងនេះថា បពិត្រ​ព្រះមាតា ខ្ញុំចង់​ចេញ​ចាកផ្ទះ ទៅបួស​ក្នុង​សាសនា បពិត្រ​​​ព្រះ​មាតា សូម​ព្រះមាតា​អនុញ្ញាត​​ឲ្យខ្ញុំ​ចេញចាក​ផ្ទះ ទៅបួស​ក្នុង​សាសនា។ កាល​បើ​​​អនុរុទ្ធសក្កៈ និយាយ​យ៉ាងនេះ​ហើយ ព្រះមាតា​នៃ​អនុរុទ្ធសក្កៈ និយាយ​យ៉ាងនេះ​ថា ម្នាល​​អនុរុទ្ធ​កូន អ្នកជា​បុត្រប្រុស​ទាំងពីរ​របស់​យើង រមែង​ជាទី​ស្រឡាញ់​​ពេញចិត្ត ឥត​មាន​​ស្អប់ខ្ពើម​​ទេ សូម្បី​ដល់​មរណភាព យើង​ក៏ពុំចង់​ព្រាត់ប្រាស​និរាស​ចាកអ្នក​ឡើយ កាលបើ​អ្នករស់​​នៅៗឡើយ យើង​ធ្វើម្តេច​នឹងយល់​ព្រមឲ្យ​អ្នកចេញ​ចាកផ្ទះ ទៅបួស​ក្នុង​សាសនា​បាន។ អនុរុទ្ធសក្កៈ​និយាយ​​នឹង​ព្រះ​មាតា​យ៉ាងនេះ អស់វារៈ​​ពីរដង​ផង។បេ។ អស់​វារៈ​​បីដង​ផងថា បពិត្រ​ព្រះមាតា ខ្ញុំចង់​​ចេញ​ចាក​ផ្ទះ ទៅបួស​ក្នុង​សាសនា បពិត្រ​ព្រះមាតា សូម​​ព្រះមាតា អនុញ្ញាត​ឲ្យខ្ញុំ​​ចេញចាក​ផ្ទះ ទៅបួស​​ក្នុង​សាសនា។

[៤] សម័យនោះឯង ភទ្ទិយសក្យរាជ សោយរាជ្យជាស្តេចរបស់​សក្យៈទាំងឡាយ។ ឯ​ភទ្ទិយសក្យរាជនោះ ត្រូវជាសំឡាញ់​នឹងអនុរុទ្ធសក្កៈ។ គ្រានោះឯង ព្រះមាតា​របស់​អនុរុទ្ធ​សក្កៈ ទ្រង់​ព្រះចិន្តា​ថា ព្រះភទ្ទិយ​សក្យរាជ​នេះ ទ្រង់​សោយរាជ្យ​ជាស្តេច​​របស់​ពួកសក្យៈ ស្តេច​នោះ ជាសំឡាញ់​​នឹង​អនុរុទ្ធសក្កៈ គង់មិន​អាច​ចេញ​ចាក​​អគារដ្ឋាន ទៅបួស​ក្នុង​សាសនាទេ (លុះ​ទ្រង់​ព្រះចិន្តា​ដូច្នេះ​ហើយ) ទើបមាន​ព្រះ​សវនីយ​ទៅនឹង​​អនុរុទ្ធសក្កៈ​ទៀតថា ម្នាល​អនុរុទ្ធ​កូន ប្រសិនបើ​ភទ្ទិយ​សក្យរាជ ចេញចាក​ផ្ទះ ទៅបួស​ក្នុងសាសនា កាលបើ​ដូច្នេះ សឹម​កូនឯង​ទៅ​បួស​ចុះ។ លំដាប់នោះ អនុរុទ្ធសក្កៈ ចូលទៅ​រកព្រះ​ភទ្ទិយ​សក្យរាជ លុះចូល​ទៅដល់​ហើយ ទើបថ្លែង​​សេចក្តីនុ៎ះ ទៅនឹង​​ភទ្ទិយសក្យរាជ​ថា ម្នាល​សំឡាញ់ ការបួស​របស់​ខ្ញុំជាប់​ទាក់ទង​គ្នានឹង​អ្នក។ ភទ្ទិយសក្យរាជ ក៏ឆ្លើយ​តបថា ម្នាល​សំឡាញ់ បើបព្វជ្ជា​របស់អ្នក ជាប់​ទាក់ទង​គ្នា​នឹងខ្ញុំក្តី មិនជាប់​ក្តី បព្វជ្ជានោះ ចូលលើក​ទុកចុះ យើងគង់​តែនឹង​បួសជា​មួយអ្នក​តាម​សប្បាយ​ដែរ។ អនុរុទ្ធសក្កៈ បបួល​ទៀតថា ម្នាល​សំឡាញ់ អ្នកចូរមក យើងទាំង​ពីរនាក់​នឹងចេញ​ចាកផ្ទះ ទៅបួស​ក្នុង​សាសនា។ ព្រះភទ្ទិយ​សក្យរាជ​តបថា ម្នាល​សំឡាញ់ ខ្ញុំមិន​អាច​ចេញ​ចាកផ្ទះ ទៅបួស​​ក្នុង​សាសនា​បានទេ កិច្ចឯទៀត ដែលខ្ញុំ​ល្មមធ្វើ​ជំនួសអ្នក​បាន ខ្ញុំនឹង​ធ្វើជំនួស​អ្នក អ្នកចូរ​​បួសចុះ។ អនុរុទ្ធសក្កៈ និយាយ​ថា ម្នាល​សំឡាញ់ ព្រះមាតា​និយាយ​​នឹងខ្ញុំ​យ៉ាងនេះថា ម្នាល​អនុរុទ្ធ បើ​ភទ្ទិយ​សក្យរាជ ចេញចាកផ្ទះ ទៅបួស​ក្នុងសាសនា កាលបើ​ដូច្នោះ អ្នកឯង​ចូរបួស​ចុះ។ ភទ្ទិយសក្យរាជ​​ឆ្លើយថា ម្នាល​សំឡាញ់ ខ្ញុំបាន​និយាយ​​វាចានុ៎ះ ចំពោះ​អ្នកមែន​ថា ម្នាល​សំឡាញ់ បើបព្វជ្ជា​របស់អ្នក​​ជាប់ទាក់​ទងនឹងខ្ញុំ​ក្តី មិនជាប់ក្តី បព្វជ្ជានោះ លើកទុក​ទៅចុះ ខ្ញុំគង់​​តែនឹង​បួសជា​មួយ​នឹង​អ្នកតាម​សប្បាយ​ដែរ។ អនុរុទ្ធ​បបួលថា ម្នាលសំឡាញ់ អ្នកចូរមក យើង​ទាំងពីរ​នាក់ នឹងចេញ​ចាកផ្ទះ ទៅបួស​ក្នុង​សាសនា។ ក្នុង​សម័យនោះ ពួកមនុស្ស ច្រើន​និយាយ​​ពាក្យសច្ចៈ ប្តេជ្ញាគ្នា​ដោយពាក្យ​សច្ចៈ។ លំដាប់នោះ ព្រះភទ្ទិយ​សក្យរាជ តបនឹង​អនុរុទ្ធសក្កៈ​យ៉ាងនេះថា ម្នាល​សំឡាញ់ អ្នកចូរ​បង្អង់ ៧ ឆ្នាំសិន លុះ​អំណឹះ ៧ ឆ្នាំទៅ យើងទាំង​ពីរ​នាក់ នឹងចេញ​ចាកផ្ទះ ទៅបួស​ក្នុង​សាសនា។ អនុរុទ្ធសក្កៈ​ឆ្លើយតប​ថា ម្នាល​សំឡាញ់ ៧ ឆ្នាំ​នោះយូរ​ណាស់ ខ្ញុំមិន​អាចនឹង​បង្អង់ចាំ​ដល់ ​៧ ឆ្នាំទេ។ ព្រះភទ្ទិយ​សក្យរាជ ឆ្លើយថា​ ម្នាល​សំឡាញ់ អ្នកចូរ​រង់ចាំ ៦ឆ្នាំចុះ។បេ។ ៥ឆ្នាំ ៤ឆ្នាំ ៣ឆ្នាំ ២ឆ្នាំ ១ឆ្នាំចុះ លុះអំណឹះ ១ឆ្នាំទៅ យើងទាំង​ពីរ​នាក់ នឹងចេញ​ចាកផ្ទះ ទៅបួស​ក្នុង​សាសនា។ អនុរុទ្ធសក្កៈ​បបួល​ទៀតថា ម្នាល​​សំឡាញ់ ១ឆ្នាំនោះ​យូរពេក​ណាស់ ខ្ញុំមិន​អាចនឹង​រង់ចាំទៅ​ដល់ ១ឆ្នាំបានទេ។ ព្រះភទ្ទិយ​សក្យរាជ អង្វរទៀតថា ម្នាលសំឡាញ់ អ្នកចូរបង្អង់ ៧ខែចុះ លុះអំណឹះ ៧ខែទៅ យើងទាំង​ពីរ​នាក់ នឹងចេញ​ចាកផ្ទះ ទៅបួស​ក្នុងសាសនា។ អនុរុទ្ធសក្កៈ​តបថា ម្នាល​សំឡាញ់ ៧ខែ​នោះយូរ​ណាស់ ខ្ញុំមិនអាច​នឹងរង់ចាំ​ដល់ទៅ ​៧ខែបាន​ទេ។ ព្រះភទ្ទិយ​សក្យរាជ អង្វរថា ម្នាល​សំឡាញ់ អ្នកចូរបង្អង់​ដល់ ៦ខែ។បេ។ ៥ខែ ៤ខែ ៣ខែ ២ខែ ១ខែ កន្លះខែចុះ លុះអំណឹះ​កន្លះ​ខែទៅ សឹមយើង​ទាំងពីរ​នាក់​ចេញចាក​ផ្ទះ ទៅបួស​ក្នុង​សាសនា។ អនុរុទ្ធសក្កៈ​តបថា ម្នាល​សំឡាញ់ កន្លះ​ខែ​យូរពេក​ណាស់ ខ្ញុំមិន​អាចនឹង​រង់ចាំ​ដល់កន្លះ​ខែបាន​ទេ។ ព្រះភទ្ទិយ​សក្យរាជ អង្វរចុះ​មកទៀត​ថា ម្នាល​សំឡាញ់ អ្នកចូរ​បង្អង់ ៧ថ្ងៃសិន ទម្រាំតែ​ខ្ញុំនឹង​ប្រគល់​​រាជ្យ​សម្បត្តិ​​ឲ្យ​កូន ឬបងប្អូន។ អនុរុទ្ធសក្កៈ​ទទួល​ព្រមថា ម្នាល​សំឡាញ់ ៧ថ្ងៃនោះ មិនជា​យូរប៉ុន្មាន​ទេ ខ្ញុំនឹង​រង់ចាំ​បាន។

[៥] គ្រានោះឯង (ពួកសក្យៈទាំង៦អង្គ) គឺភទ្ទិយសក្យរាជ ១ អនុរុទ្ធ ១ អានន្ទ ១ ភគ្គុ ១ កិមិល ១ ទេវទត្ត ១ ជាគំរប់ ៧នាក់​នឹង​ខ្មាន់​ព្រះកេស ឈ្មោះ​ឧបាលិ ចេញទៅ​កាន់ឱទ្យាន មួយ​អន្លើ​ដោយ​សេនា​មានអង្គ ៤ ក្នុងកាល​ពីដើម​យ៉ាងណា សក្យរាជ​​ទាំងនោះ យាង​ចេញ​​ទៅ (ដើម្បី​បព្វជ្ជា​​មួយអន្លើ) ដោយ​សេនា​មានអង្គ ៤ ក៏យ៉ាងនោះ​ដែរ។ សក្យៈ​ទាំង​នោះ លុះយាង​​ទៅ​ដល់​ទី​ឆ្ងាយ ទើបឲ្យ​សេនា​​វិលមក​វិញ លុះចូល​ទៅដល់​ដែនដទៃ​ហើយ ទើបដោះ​គ្រឿង​ប្រដាប់​ វេច​ជាបង្វេច​ដោយ​ព្រះពស្ត្រ​សម្រាប់​​ពានា រួចហើយ​ទើប​មាន​​ព្រះបន្ទូល​​ទៅនឹង​ខ្មាន់ព្រះកេស ឈ្មោះ​​ឧបាលិថា នែនាយ​ឧបាលិ ណ្ហើយ​នាយ​ឧបាលិ ចូរអ្នក​ឯងវិល​ទៅវិញ​ចុះ ទ្រព្យ​ប៉ុណ្ណេះ ក៏ល្មម​​នឹង​ចិញ្ចឹម​​ជីវិត​របស់អ្នក​បានហើយ។

[៦] គ្រានោះឯង កាលឧបាលិកប្បកៈ កំពុង​តែដើរវិលមកវិញ ក៏មានសេចក្តីត្រិះរិះ​យ៉ាង​នេះថា ពួសក្យៈសុទ្ធតែជាអ្នកាចៗ នឹងសម្លាប់អញក៏បាន ព្រោះគិតថា ឧបាលិកប្បកៈ​នេះហើយ សម្លាប់​ព្រះរាជកុមារ​ អម្បាលសក្យកុមារទាំងឡាយ ម្តេចគង់​​ចេញ​ចាក​អគារដ្ឋាន ទៅបួស​​ក្នុង​សាសនា​បាន ចំណង់​​បើអញ នឹងបាច់​​និយាយ​ទៅថ្វី។ ឧបាលិកប្បកៈ​​នោះ ក៏ស្រាយ​បង្វេច​ចេញ ហើយ​ព្យួររបស់​នោះ លើ​ដើមឈើ ទើប​និយាយ​ថា បើអ្នក​ណាឃើញ​ ចូររើស​យករបស់​ដែល​​អញ​ឲ្យ​ហើយចុះ ហើយ​ដើរចូល​ទៅរក​​ពួក​សក្យកុមារ​វិញ។ ពួកសក្យ​កុមារទាំង​នោះ បាន​ឃើញ​​ឧបាលិកប្បកៈ កំពុង​ដើរមក​អំពី​ចម្ងាយ​ហើយ ទើប​និយាយ​​ទៅនឹង​ឧបាលិកប្បកៈ​យ៉ាងនេះ​ថា នែនាយ​​ឧបាលិ ហេតុដូច​ម្តេច បានជា​អ្នកវិល​មកវិញ។ ឧបាលិកប្បកៈ ក៏ក្រាប​ទូលថា បពិត្រ​​ព្រះអយ្យបុត្ត កាល​ដែល​ខ្ញុំព្រះអង្គ​វិលអំពី​ទីនេះទៅ ក៏មាន​សេចក្តី​ត្រិះរិះ​ដូច្នេះ​ថា ពួសក្យរាជ​សុទ្ធតែ​កាចៗ នឹងសម្លាប់​ខ្ញុំព្រះអង្គ​ចោលក៏បាន ព្រោះគិតថា ខ្ញុំព្រះអង្គ​​នេះ​ហើយ ដែល​សម្លាប់​​ព្រះរាជ​កុមារ​ អម្បាល​ពួកសក្យកុមារ​នេះ (ម្តេចក៏) ​ចេញចាក​អគារដ្ឋាន ទៅបួស​​ក្នុង​​សាសនា ចុះនឹង​ចាំស្តីទៅ​ថ្វី​ដល់ខ្លួន​​ខ្ញុំព្រះអង្គ បពិត្រ​ព្រះអយ្យបុត្ត ខ្ញុំព្រះអង្គ​ ស្រាយ​​បង្វេច​ចេញ ហើយ​ព្យួរ​​របស់នោះ​លើដើមឈើ ហើយ​និយាយ​ថា បើអ្នក​ណាឃើញ ចូររើស​យករបស់​ដែល​អញ​​ឲ្យ​ហើយ​ចុះ ខ្ញុំព្រះអង្គ ក៏វិល​អំពីទី​នោះមក​វិញ។ ពួក​សក្យកុមារ​និយាយ​ថា នែ​នាយ​ឧបាលិ ដែល​អ្នក​ត្រឡប់​មកវិញ​នោះ ឈ្មោះថា​បានធ្វើ​ប្រពៃហើយ ដ្បិត​ពួកសក្យៈ​កាចៗណាស់ នឹងសម្លាប់​​អ្នកចោល​ក៏បាន ព្រោះ​គិតថា អ្នកនេះ​ហើយ ជាអ្នក​សម្លាប់​ព្រះរាជកុមារ​​ទាំងឡាយ។

[៧] គ្រានោះ ពួកសក្យកុមារទាំងនោះ នាំឧបាលិកប្បកៈ ចូលទៅគាល់​ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំ​ ចំពោះ​ព្រះមានព្រះភាគ រួច​​អង្គុយ​ក្នុង​ទីដ៏សម​គួរ។ ពួក​សក្យកុមារ​ទាំងនោះ លុះអង្គុយ​ក្នុងទី​ដ៏សមគួរ​ហើយ ទើប​ក្រាបបង្គំ​ទូលសេចក្តី​នេះ ចំពោះ​ព្រះមានព្រះភាគ​ថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន យើងខ្ញុំ​ជា​សក្យរាជ តែង​មានមានះ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ឧបាលិ​កប្បកៈនេះ ជាអ្នក​ធ្លាប់បម្រើ​យើងខ្ញុំ​អស់​កាលជា​អង្វែង​មក​ហើយ សូម​ព្រះមាន​ព្រះភាគ បំបួស​​ឧបាលិ​កប្បកៈ​នេះមុន យើងខ្ញុំ​នឹងធ្វើ​នូវ​​អភិវាទនកម្ម បច្ចុដ្ឋានកម្ម អញ្ជលីកម្ម និង​សាមីចិកម្ម ចំពោះ​​ឧបាលិ​កប្បកៈ​នេះ កាលបើ​យើងខ្ញុំ​​បានធ្វើ​យ៉ាងនេះ​ហើយ សេចក្តី​ប្រកាន់​ថា ខ្លួនយើងខ្ញុំ​ជាសក្យៈ​នោះ នឹងថយ​ចុះទៅ។ លំដាប់​នោះឯង ព្រះមានព្រះភាគ បាន​បំបួស​​ឧបាលិកប្បកៈ​មុន ហើយទើប​បំបួស​​ពួក​សក្យកុមារ​ទាំងនោះ​ក្រោយ។

[៨] គ្រានោះ ព្រះភទ្ទិយៈដ៏មានអាយុ បានសម្រេចនូវវិជ្ជា៣យ៉ាង ខាងក្នុងនៃ​វស្សា​នោះ​ឯង។ ព្រះអនុរុទ្ធដ៏មានអាយុ បានសម្រេចទិព្វចក្ខុ។ ព្រះអានន្ទដ៏មានអាយុ បានសម្រេច​សោតាបត្តិផល។ ឯទេវទត្ត បានសម្រេច​នូវឫទ្ធិ ជារបស់បុថុជ្ជន។

[៩] សម័យនោះឯង ព្រះភទ្ទិយដ៏មានអាយុ ទៅក្នុងព្រៃក្តី នៅក្រោមម្លប់ឈើក្តី នៅក្នុង​ផ្ទះ​ស្ងាត់ក្តី បន្លឺនូវ​ឧទានជារឿយៗថា ឱសុខអ្វីម្ល៉េះ ឱសុខអ្វីម្ល៉េះ។ លំដាប់នោះ ពួក​ភិក្ខុ​ច្រើនរូប ចូល​ទៅ​គាល់​​ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ទើប​ថ្វាយ​បង្គំ​ព្រះមាន​ព្រះភាគ ហើយ​អង្គុយ​នៅក្នុង​ទីដ៏​សមគួរ។ ពួកភិក្ខុ​ទាំងនោះ លុះ​អង្គុយ​ក្នុងទី​ដ៏សមគួរ​ហើយ បាន​ក្រាប​បង្គំទូល​​សេចក្តី​នុ៎ះ ចំពោះ​ព្រះមានព្រះភាគ​ថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន ព្រះភទ្ទិយៈ​ដ៏មាន​​អាយុ ទៅក្នុង​​ព្រៃក្តី នៅក្រោម​ម្លប់ឈើក្តី នៅក្នុង​​ផ្ទះ​ស្ងាត់ក្តី តែង​បន្លឺនូវ​​ឧទាន​ជារឿយៗ​ថា ឱសុខអ្វីម្ល៉េះ ឱសុខអ្វីម្ល៉េះ បពិត្រព្រះអង្គដ៏ចំរើន ព្រះភទ្ទិយៈដ៏មាន​អាយុ ប្រាកដជាអផ្សុកនឹង​ប្រព្រឹត្ត​ព្រហ្មចរិយធម៌ដោយពិត ពុំនោះសោត លោករលឹកនូវ​សេចក្តីសុខ ក្នុងរាជសម្បត្តិពីមុន​នោះឯង បានជាទៅក្នុងព្រៃក្តី នៅក្រោមម្លប់ឈើក្តី នៅ​ក្នុង​​ផ្ទះ​ស្ងាត់ក្តី តែងបន្លឺនូវ​ឧទានជារឿយៗថា ឱសុខអ្វីម្ល៉េះ ឱសុខអ្វីម្ល៉េះ។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅ​ភិក្ខុ១រូបមក ហើយបង្គាប់​ថា ម្នាលភិក្ខុ អ្នកចូរមក ចូរ​អ្នក​ទៅហៅ​ភទ្ទិយភិក្ខុ តាមពាក្យ​តថាគត​ថា ម្នាលអាវុសោភទ្ទិយៈ ព្រះសាស្តា​ទ្រង់​ឲ្យហៅ​អ្នក។ ភិក្ខុនោះ ទទួល​ស្តាប់​​ព្រះពុទ្ធដីកា​នៃ​ព្រះមាន​ព្រះភាគ​ថា បពិត្រ​​ព្រះអង្គ​ដ៏ចំរើន យ៉ាង​នេះហើយ ក៏ចូល​ទៅរក​​ភទ្ទិយភិក្ខុ​ដ៏មានអាយុ លុះចូល​ទៅដល់​ហើយ ទើប​និយាយ​​ពាក្យនេះ​នឹង​ភទ្ទិយភិក្ខុ​ដ៏មាន​​អាយុថា ម្នាល​អាវុសោ​ភទ្ទិយៈ ព្រះសាស្តា​ត្រាស់​ហៅអ្នក។

[១០] ព្រះភទ្ទិយៈដ៏មាន​អាយុ ទទួលស្តាប់ពាក្យរបស់​ភិក្ខុនោះថា ម្នាលអាវុសោ ដូច្នេះ​ហើយ ក៏ចូល​ទៅរក​ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ថ្វាយបង្គំ​ព្រះមានព្រះភាគ រួច​អង្គុយក្នុងទីសមគួរ។ ព្រះមានព្រះភាគ បានត្រាស់​ព្រះតម្រាស់​នេះ នឹង​ព្រះភទ្ទិយៈ​ដ៏មាន​អាយុ ដែល​អង្គុយក្នុងទីដ៏សមគួរថា ម្នាលភទ្ទិយៈ បានឮថា អ្នកទៅក្នុងព្រៃក្តី នៅ​ក្រោមម្លប់ឈើក្តី នៅក្នុង​ផ្ទះ​ស្ងាត់ក្តី តែងបន្លឺ​ឧទានជារឿយៗថា ឱសុខអ្វីម្ល៉េះ ឱសុខអ្វីម្ល៉េះ ពិតមែនឬ។ ភទ្ទិយ​ភិក្ខុ ក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន ពិតមែន។ ព្រះអង្គ ទ្រង់​ត្រាស់សួរថា ម្នាលភទ្ទិយៈ ចុះ​អ្នក​ពិចារណាឃើញ​អំណាច​ប្រយោជន៍យ៉ាងណា បានជា​អ្នក​​ទៅក្នុងព្រៃក្តី នៅក្រោម​ម្លប់ឈើ​ក្តី នៅក្នុង​ផ្ទះ​ស្ងាត់ក្តី តែងបន្លឺ​ឧទានជារឿយៗថា ឱសុខអ្វីម្ល៉េះ ឱសុខអ្វីម្ល៉េះ ដូច្នេះ។ ភទ្ទិយ​ភិក្ខុ ក្រាប​បង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន កាល​ពីដើម ខ្ញុំព្រះអង្គនៅជាស្តេច ការរក្សា​ខាងក្នុង​​ព្រះរាជ​វាំង គេបានចាត់ចែងល្អ ការរក្សា​ខាងក្រៅព្រះរាជវាំង គេបាន​ចាត់ចែង​ល្អ ការរក្សា​ខាង​ក្នុងនគរ គេបានចាត់ចែងល្អ ការ​រក្សា​​ខាងក្រៅនគរ គេបានចាត់ចែងល្អ ការរក្​សា​ខាងក្នុង​ជនបទ គេបានចាត់ចែងល្អ ការ​រក្សាខាងក្រៅ​ជនបទ គេក៏បានចាត់ចែងល្អ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ខ្ញុំ​ព្រះអង្គនោះឯង ជា​មនុស្ស​ដែលគេ​រក្សាមក​យ៉ាងនេះ​ផង គ្រប់គ្រង​យ៉ាង​នេះផង គង់នៅមាន​ខ្លាច ញាប់ញ័រ រន្ធត់ តក់ស្លុត បពិត្រ​ព្រះអង្គ​ដ៏ចំរើន ឥឡូវនេះ ខ្ញុំព្រះអង្គ​តែម្នាក់ឯង ទៅក្នុងព្រៃក្តី នៅក្រោមម្លប់ឈើក្តី នៅក្នុង​ផ្ទះ​ស្ងាត់ក្តី ក៏ឥតខ្លាច ឥតញាប់ញ័រ ឥតរន្ធត់តក់ស្លុតឡើយ ជាអ្នក​មានសេចក្តីខ្វល់ខ្វាយតិច ជា​មនុស្ស​សម្លប​រោម ចិញ្ចឹម​​ជីវិត​ដោយ​ចតុប្បច្ច័យ ដែល​បុគ្គល​​ដទៃ​ឲ្យ មាន​ចិត្ត​ដូច​ជា​ពួក​សត្វម្រឹគ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ខ្ញុំ​ព្រះអង្គ​​ពិចារណា​ឃើញ​​នូវ​អំណាច​ប្រយោជន៍​យ៉ាងនេះហើយ ទើបបានទៅក្នុងព្រៃក្តី។បេ។ តែង​​បន្លឺ​ឧទាន​ជារឿយៗថា ឱសុខអ្វីម្ល៉េះ ឱសុខអ្វីម្ល៉េះ ដូច្នេះ។ លំដាប់នោះ ព្រះមានព្រះភាគ​ជ្រាបច្បាស់​នូវ​សេចក្តី​នុ៎ះ​ហើយ ទ្រង់​បន្លឺ​នូវ​​ឧទាន​នេះ ក្នុងវេលា​នោះថា

[១១] សេចក្តីក្រោធ មិនមានក្នុងចិត្តរបស់អ្នកណា អ្នកនោះឈ្មោះថា កន្លងផុតនូវសេចក្តី​ចំរើន និងសេចក្តីវិនាសច្រើនប្រការ ទេវតាទាំងឡាយ ក៏កម្រនឹងបានឃើញ​នូវអ្នក ដែល​មាន​ភ័យ​កន្លងផុតហើយ បានប្រកបដោយ​សេចក្តីសុខ ឥត​មាន​សេចក្តី​សោក​នោះ​ឡើយ។

[១២] គ្រានោះឯង ព្រះមានព្រះភាគ ព្រះអង្គគង់នៅក្នុងព្រៃអនុបិយា គួរដល់​​ពុទ្ធ​អធ្យាស្រ័យ ហើយ​ទ្រង់​យាង​សំដៅ​ទៅកាន់​ចារិក​នគរ​កោសម្ពី ត្រាច់​ទៅកាន់​ចារិក​​តាម​លំដាប់ ឆ្ពោះ​ទៅ​នគរ​កោសម្ពី។ បានឮថា ព្រះមានព្រះភាគ ទ្រង់​សម្រេច​​ឥរិយាបថ​ក្នុង​​ឃោសិតារាម ទៀប​នគរ​កោសម្ពី​នោះ។

[១៣] គ្រានោះ ទេវទត្តទៅក្នុងទីស្ងាត់ សម្ងំនៅក្នុងទីស្ងាត់ កើតសេចក្តីត្រិះរិះ​ក្នុងចិត្ត​យ៉ាង​នេះថា អញនឹង​ឲ្យអ្នកណា​ជ្រះថ្លាហ្ន៎ កាលបើ​អ្នកណា​កើតចិត្ត​ជ្រះថ្លា​ចំពោះ​អញ លាភ​សក្ការៈ​ច្រើន មុខជា​នឹងកើត​ដល់​អញ​ពុំខាន។ គ្រានោះ ទេវទត្ត​មាន​សេចក្តី​ត្រិះរិះ​​ដូច្នេះថា អជាតសត្តុ​កុមារ​នេះ នៅក្មេងផង មានសេចក្តី​ចម្រើន​តទៅ​ទៀតផង បើដូច្នោះ គួរ​អញ​ឲ្យ​អជាតសត្តុ​កុមារ​ជ្រះថ្លា កាលបើ​អជាតសត្តុ​កុមារនោះ មានចិត្ត​ជ្រះថ្លា​​ចំពោះ​អញហើយ លាភ​​សក្ការៈ​ច្រើន មុខជា​នឹងកើត​ឡើង​ដល់អញ។ លំដាប់នោះ ទេវទត្ត​រៀបចំអាសនៈ ប្រដាប់​បាត្រ និងចីវរ សំដៅ​ទៅ​នគរ​រាជគ្រឹះ​តាមលំដាប់​លំដោយ ឆ្ពោះទៅ​​នគររាជគ្រឹះ​នោះ។ គ្រានោះ ទេវទត្ត​ដំណែង​ភេទខ្លួន និម្មិត​ធ្វើជា​ក្មេងតូច​ពាក់សង្វារពស់ ស្រាប់តែ​ទៅអង្គុយ​លើភ្លៅ​អជាតសត្តុ​កុមារ​ភ្លាម។ គ្រានោះ អជាតសត្តុកុមារ ក៏ខ្លាច ញាប់ញ័រ រន្ធត់​តក់ស្លុត។ លំដាប់នោះ ទេវទត្ត បាន​​និយាយ​​ពាក្យនេះ នឹង​អជាតសត្តុ​កុមារថា បពិត្រ​កុមារ ព្រះអង្គ​ខ្លាចអាត្មា​ឬ។ អជាតសត្តុ​កុមារ​ឆ្លើយ​ថា អើខ្ញុំខ្លាច ចុះអ្នកជាអ្វី។ ទេវទត្តថា អាត្មានេះ ជាភិក្ខុ​ឈ្មោះ​ទេវទត្ត។ អជាតសត្តុ​កុមារថា បពិត្រ​លោកម្ចាស់ បើលោក​ម្ចាស់ឈ្មោះ​ទេវទត្ត​មែន សូមផ្លាស់​មកជា​​ភេទ​របស់ខ្លួន​វិញមើល។ គ្រានោះ ទេវទត្ត ផ្លាស់ភេទ​ក្មេងតូច​ចេញហើយ ត្រឡប់​មកជាភិក្ខុ ទ្រទ្រង់​​សង្ឃាដិ បាត្រ និងចីវរ ឈរពី​ខាងមុខ​អជាតសត្តុ​កុមារ។ លំដាប់នោះ អជាតសត្តុកុមារ មានចិត្ត​ជ្រះថ្លា​ពេក ដោយ​ឥទ្ធិប្បាដិហារ្យ​នេះ របស់ទេវទត្ត ហើយ​តែងទៅ​​ដោយរថ​ប្រាំរយ បម្រើ​ទាំង​ល្ងាច​ ទាំង​ព្រឹក ទាំងឲ្យ​អ្នកនាំ​សម្រាប់​ យក​សម្រាប់​​ប្រាំរយថាស​ទៅផង។ គ្រានោះ ទេវទត្ត​ដែល​លាភ​សក្ការៈ និងសេចក្តី​​សរសើរ​​គ្របសង្កត់​ហើយ ក៏មាន​ចិត្តប្រែប្រួល កើតមាន​សេចក្តី​​ប្រាថ្នា​ មានសភាព​យ៉ាងនេះ​ថា អញនឹង​គ្រប់គ្រង​​នូវភិក្ខុសង្ឃ​ដូច្នេះ ទេវទត្ត ក៏សាប​សូន្យ​ចាក​​ឫទ្ធិនោះ ក្នុងពេល​ជាមួយ​នឹង​​អកុសល​ចិត្តកើតឡើង។

[១៤] សម័យនោះឯង មានកូនអ្នកស្រុក កោឡិយៈ ម្នាក់ ឈ្មោះកក្កុធៈ ជាឧបដ្ឋាក​របស់​ព្រះមហាមោគ្គល្លានដ៏មានអាយុ ទើបនឹងស្លាប់​ភ្លាម ហើយបានទៅកើត​ជាទេវកាយ ដែល​សម្រេច​ដោយចិត្តមួយអង្គ។ ទេវបុត្តនោះ បាននូវអត្តភាព មានសភាពយ៉ាងនេះ ដូច​ជា​បាន​គាមក្ខេត្តរបស់​អ្នកស្រុកមគធៈពីរឬបី។ លោកមិនដែលបៀតបៀនខ្លួនឯង និង​អ្នក​ដទៃ ដោយ​អាង​បាន​អត្តភាព​នោះទេ។ គ្រានោះ កក្កុធទេវបុត្ត ចូលទៅ​រក​ព្រះមហា​មោគ្គល្លាន​ដ៏មាន​អាយុ លុះចូល​ទៅដល់​ហើយ  ថ្វាយបង្គំ​​ព្រះមហា​មោគ្គល្លាន​​ដ៏មាន​អាយុ ហើយ​ទើបឈរ​​ក្នុងទី​សមគួរ។ លុះ​កក្កុធទេវបុត្ត ឈរក្នុង​ទីសមគួរ​ហើយ បានថ្លែង​ពាក្យនេះ នឹង​ព្រះមហា​មោគ្គល្លាន​​ដ៏មាន​អាយុ​ថា បពិត្រ​លោកម្ចាស់ (ឥឡូវ) ទេវទត្ត ត្រូវលាភ​សក្ការៈ និង​សេចក្តី​សរសើរ​គ្របសង្កត់​​ហើយ មានចិត្ត​ប្រែប្រួល កើតមាន​សេចក្តី​​ប្រាថ្នា មាន​សភាព​​យ៉ាងនេះថា អញ​នឹង​​រក្សានូវ​​ភិក្ខុសង្ឃ បពិត្រ​លោកម្ចាស់ ទេវទត្ត​សាបសូន្យ​​ចាកឫទ្ធិ​នោះ ក្នុងវេលា​​ជាមួយ​នឹង​អកុសលចិត្ត​​កើតឡើង។ កក្កុធទេវបុត្ត បានថ្លែង​ពាក្យនេះ លុះថ្លែង​ពាក្យនេះ​ហើយ ក៏ក្រាប​ថ្វាយបង្គំ​លា​​ព្រះមហា​មោគ្គល្លាន​ដ៏មាន​អាយុ ធ្វើប្រទក្សិណ ហើយស្រាប់​តែ​បាត់​ពីទីនោះ​ទៅ។

[១៥] គ្រានោះ ព្រះមហាមោគ្គល្លានដ៏មានអាយុ ចូលទៅគាល់​ព្រះមានព្រះភាគ លុះចូល​ទៅដល់ហើយ ក្រាបថ្វាយបង្គំ​ព្រះមានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះ​ព្រះមហាមោគ្គល្លានដ៏មានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ ទើប​ក្រាបបង្គំ​ទូល​ពាក្យនេះ នឹង​ព្រះមាន​ព្រះភាគ​ថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន កូនអ្នកស្រុកកោឡិយៈម្នាក់ ឈ្មោះកក្កុធៈ ជា​ឧបដ្ឋាក​​របស់ខ្ញុំ​ព្រះអង្គ ទើបនឹង​ស្លាប់អំបាញ់​មិញ បាន​ទៅ​កើត​ជា​ទេវកាយ ដែល​​សម្រេច​ដោយ​ចិត្ត​មួយ​អង្គ ទេវបុត្តនោះ បាន​អត្តភាព​​យ៉ាងនេះ ដូចជា​បានគាម​ក្ខេត្តរបស់​​អ្នក​ស្រុកមគធៈ​ពីរ ឬបី ទេវបុត្តនោះ មិនដែល​បៀតបៀន​ខ្លួនឯង និងអ្នក​ដទៃ ដោយ​អាង​​បាន​អត្តភាព​នោះទេ បពិត្រ​ព្រះអង្គ​ដ៏ចំរើន គ្រានោះ កក្កុធទេវបុត្ត ចូល​មករកខ្ញុំ​ព្រះអង្គ លុះមក​ដល់​ហើយ  ថ្វាយ​បង្គំ​ចំពោះ​​ខ្ញុំព្រះអង្គ​រួចស្រេច ក៏ឈរ​​ក្នុងទី​ដ៏​សមគួរ បពិត្រ​ព្រះអង្គ​ដ៏ចំរើន កក្កុធទេវបុត្ត លុះឈរ​ក្នុងទីដ៏​សមគួរ​ហើយ បានថ្លែង​ពាក្យនេះ នឹងខ្ញុំ​ព្រះអង្គ​ថា បពិត្រ​លោកម្ចាស់ (ឥឡូវនេះ) ទេវទត្ត​ត្រូវ​លាភសក្ការៈ និងសេចក្តី​​សរសើរ​​គ្របសង្កត់​​​ហើយ មានចិត្ត​ប្រែប្រួល កើតមាន​សេចក្តី​​ប្រាថ្នា មាន​សភាព​​យ៉ាងនេះថា អញ​​នឹងគ្រប់​គ្រង​នូវ​​ភិក្ខុសង្ឃ បពិត្រ​លោកម្ចាស់ ទេវទត្ត​សាបសូន្យ​​ចាកឫទ្ធិ​នោះ ក្នុងវេលា​ជាមួយ​នឹង​អកុសលចិត្ត​​កើតឡើង បពិត្រ​ព្រះអង្គ​ដ៏ចំរើន កក្កុធទេវបុត្ត បានថ្លែង​ពាក្យនេះ លុះថ្លែង​ពាក្យ​នេះ​​ហើយ ទើបក្រាប​ថ្វាយបង្គំ​លាខ្ញុំ​ព្រះអង្គ ធ្វើប្រទក្សិណ ហើយ​ក៏​បាត់ពីទី​នោះទៅ។ ព្រះអង្គ​ទ្រង់ត្រាស់​សួរថា ម្នាល​មោគ្គល្លាន កក្កុធទេវបុត្ត អ្នកបាន​កំណត់​ដឹងចិត្ត ដោយ​ចិត្តច្បាស់​​ហើយឬ កក្កុធទេវបុត្ត និយាយ​ពាក្យ​ណាមួយ ពាក្យនោះ​ជាពាក្យពិត​ ឬជា​ពាក្យ​ក្លែងទេ។ ព្រះមហា​មោគ្គល្លាន ក្រាបបង្គំ​ទូលថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន ខ្ញុំព្រះអង្គ​កំណត់​ដឹងចិត្ត ដោយ​ចិត្ត​ច្បាស់​ថា កក្កុធទេវបុត្ត និយាយ​ពាក្យណា​មួយ ពាក្យ​ទាំងនោះ ជាពាក្យ​ពិតហើយ មិនមែន​​ជាពាក្យ​ក្លែង​ទេ។ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាល​មោគ្គល្លាន ចូរអ្នក​រក្សាទុក​នូវសំដី​នេះចុះ ម្នាល​​មោគ្គល្លាន ចូរអ្នក​រក្សា​ទុក​នូវសំដី​​នេះចុះ ដ្បិត​​ឥឡូវនេះ មោឃបុរស​នោះ ធ្វើខ្លួន​​ឲ្យល្បី​​ដោយខ្លួន​ឯង។

[១៦] ម្នាលមោគ្គល្លាន គ្រូក្នុងលោកនេះ មាន៥ពួក។ គ្រូទាំង៥ពួកនោះ គឺគ្រូណាខ្លះ។ ម្នាលមោគ្គល្លាន គ្រូពួកមួយក្នុងលោកនេះ មានសីលមិនបរិសុទ្ធ តែប្តេជ្ញាថា អញមាន​សីល​បរិសុទ្ធខ្លះ ថាសីលរបស់អញ​បរិសុទ្ធផូរផង់ ឥតមានសៅហ្មងខ្លះ។ សាវ័ក​ទាំង​ឡាយ តែងដឹង​គ្រូ​នោះ​យ៉ាងនេះថា គ្រូដ៏ចំរើននេះ មានសីលមិនបរិសុទ្ធ តែប្តេជ្ញាថា អញ​មាន​សីលបរិសុទ្ធ​ខ្លះ ថាសីល​របស់អញ​បរិសុទ្ធផូរផង់ ឥតមាន​សៅហ្មងខ្លះ ដូច្នេះ តែថា បើយើងប្រាប់ (រឿងនោះ) ដល់​ពួក​គ្រហស្ថ គង់លោក​មិនគាប់ចិត្ត​ទេ ក៏រឿងណា​មិនគាប់​ចិត្តដល់លោក យើងនឹង​សើរើ​រឿង​លោក​នោះ ដូចម្តេចបាន ព្រោះលោក​​កំពុង​​រាប់អាន (យើង) ដោយចីវរ បិណ្ឌបាត សេនាសនៈ និង​​គិលានប្បច្ចយ​ភេសជ្ជ​បរិក្ខារ លោកនឹង​ធ្វើកម្មណា លោកគង់នឹងប្រាកដ ដោយ​កម្មនោះ​​មិនខាន។ ម្នាល​មោគ្គល្លាន​ សាវ័កទាំង​ឡាយ តែងរក្សា​គ្រូបែបនេះ​ដោយ​សីល។ ឯគ្រូ​មាន​សភាព​​យ៉ាងនេះ តែងនឹក​សង្ឃឹម​​នូវការរក្សា អំពី​​ពួកសាវ័ក​​ដោយសីល។

[១៧] ម្នាលមោគ្គល្លាន ពាក្យដទៃនៅមានទៀត គ្រូពួកមួយក្នុងលោកនេះ មាន​អាជីវៈ​មិនបរិសុទ្ធ តែប្តេជ្ញាថា អញមាន​អាជីវៈ​​បរិសុទ្ធ​ខ្លះ ថាអាជីវៈ​របស់អញ ​បរិសុទ្ធ​ផូរផង់ ឥត​មាន​សៅហ្មង​ខ្លះ។ ពួកសាវ័ក ដឹងគ្រូ​នោះយ៉ាងនេះថា គ្រូដ៏ចំរើននេះ មាន​អាជីវៈ​មិន​បរិសុទ្ធ តែ​ប្តេជ្ញា​ថា អញ​មាន​អាជីវៈ​បរិសុទ្ធ​ខ្លះ ថាអាជីវៈ​​របស់អញ ​បរិសុទ្ធផូរផង់ ឥតមាន​​សៅហ្មងខ្លះ ដូច្នេះ តែថា បើយើងប្រាប់ (រឿងនោះ) ដល់​ពួកគ្រហស្ថ គង់លោក​មិនគាប់​ចិត្ត​ទេ ក៏រឿង​ណា​មិន​គាប់ចិត្ត​ដល់លោក យើងនឹង​​សើរើ​​រឿង​លោក​នោះ ដូចម្តេចបាន ព្រោះ​លោក​កំពុង​​រាប់អាន (យើង) ដោយចីវរ បិណ្ឌបាត សេនាសនៈ និង​គិលានប្បច្ចយ​ភេសជ្ជបរិក្ខារ លោកនឹង​ធ្វើកម្ម​ណា គង់លោក​នឹងប្រាកដ ដោយកម្ម​នោះមិន​ខាន។ ម្នាល​មោគ្គល្លាន សាវ័ក​​ទាំងឡាយ តែងរក្សា​គ្រូបែបនេះ​​ដោយ​អាជីវៈ។ ឯគ្រូ​មាន​សភាព​​យ៉ាង​នេះ តែងនឹក​សង្ឃឹម​នូវ​ការរក្សា អំពី​ពួកសាវ័ក​​ដោយ​អាជីវៈ។

[១៨] ម្នាលមោគ្គល្លាន ពាក្យដទៃនៅមានទៀត គ្រូពួកមួយក្នុងលោកនេះ មាន​ធម្មទេសនា​​មិនបរិសុទ្ធ តែប្តេជ្ញាថា អញមានធម្មទេសនា​បរិសុទ្ធខ្លះ ថាធម្មទេសនារបស់​អញ​បរិសុទ្ធផូរផង់ ឥត​មានសៅហ្មងខ្លះ។ ពួកសាវ័ក តែងដឹងគ្រូ​នោះយ៉ាងនេះថា គ្រូដ៏​ចំរើននេះ មានធម្មទេសនា​មិន​បរិសុទ្ធ តែប្តេជ្ញាថា អញ​មានធម្មទេសនាបរិសុទ្ធខ្លះ ថា​ធម្មទេសនា​របស់អញ​បរិសុទ្ធផូរផង់ ឥតមាន​សៅហ្មងខ្លះ ដូច្នេះ តែថា បើយើងប្រាប់ (រឿងនោះ) ដល់​ពួកគ្រហស្ថ គង់លោក​មិនគាប់​ចិត្ត​ ក៏រឿងណាមិនគាប់ចិត្តដល់លោក យើងនឹង​សើរើ​រឿង​លោកនោះ ដូចម្តេចបាន ព្រោះលោក​កំពុង​​រាប់អាន (យើង) ដោយចីវរ បិណ្ឌបាត សេនាសនៈ និង​គិលានប្បច្ចយ​ភេសជ្ជបរិក្ខារ លោក​នឹង​ធ្វើកម្មណា គង់លោក​នឹងប្រាកដ ដោយកម្មនោះមិនខាន។ ម្នាល​មោគ្គល្លាន ពួកសាវ័ក តែង​រក្សាគ្រូបែបនេះ​ ដោយធម្មទេសនា។ ឯគ្រូ​បែបនេះសោត តែង​នឹកសង្ឃឹម​​នូវការរក្សា អំពី​ពួក​សាវ័ក​​ដោយ​ធម្មទេសនា។

[១៩] ម្នាលមោគ្គល្លាន ពាក្យដទៃនៅមានទៀត គ្រូពួកមួយក្នុងលោកនេះ មាន​វេយ្យាករណ៍​​មិនបរិសុទ្ធ តែប្តេជ្ញាថា អញមានវេយ្យាករណ៍​បរិសុទ្ធខ្លះ ថាវេយ្យាករណ៍ របស់​អញ​បរិសុទ្ធ​ផូរផង់ ឥតមានសៅហ្មងខ្លះ។ ពួកសាវ័ក តែងដឹងគ្រូ​នោះយ៉ាងនេះថា គ្រូដ៏ចំរើននេះ មាន​វេយ្យាករណ៍​​មិនបរិសុទ្ធ តែប្តេជ្ញាថា អញ​មានវេយ្យាករណ៍បរិសុទ្ធខ្លះ ថាវេយ្យាករណ៍​របស់​អញ​បរិសុទ្ធផូរផង់ ឥតមាន​សៅហ្មងខ្លះ ដូច្នេះ បើយើងប្រាប់ (រឿងនោះ) ដល់​ពួកគ្រហស្ថ គង់លោក​មិន​គាប់ចិត្តទេ​ ក៏រឿងណាមិនគាប់ចិត្តដល់លោក យើងនឹង​សើរើ​រឿង​លោកនោះ ដូចម្តេចបាន ព្រោះលោក​កំពុង​រាប់អាន (យើង) ដោយចីវរ បិណ្ឌបាត សេនាសនៈ និង​គិលានប្បច្ចយ​ភេសជ្ជ​បរិក្ខារ លោកនឹងធ្វើកម្មណា គង់លោក​នឹងប្រាកដឡើង ព្រោះកម្ម​នោះ​មិនខាន។ ម្នាល​មោគ្គល្លាន ពួកសាវ័ក តែងរក្សាគ្រូ​បែបនេះ​ ដោយវេយ្យាករណ៍។ ចំណែក​ខាងគ្រូ​នោះ តែងនឹក​សង្ឃឹម​​នូវការរក្សា អំពី​ពួក​សាវ័ក​ដោយវេយ្យាករណ៍។

[២០] ម្នាលមោគ្គល្លាន ពាក្យដទៃនៅមានទៀត គ្រូពួកមួយក្នុងលោកនេះ មាន​ញាណ​ទស្សនៈ​​មិនបរិសុទ្ធ តែប្តេជ្ញាថា អញមានញាណទស្សនៈ​បរិសុទ្ធខ្លះ ថាញាណទស្សនៈ​របស់​អញ ​បរិសុទ្ធផូរផង់ ឥតមានសៅហ្មងខ្លះ។ សាវ័ក តែងដឹងគ្រូ​នោះយ៉ាងនេះថា គ្រូដ៏ចំរើននេះ មាន​ញាណទស្សនៈមិនបរិសុទ្ធ តែប្តេជ្ញាថា អញ​​មាន​ញាណ​ទស្សនៈ​បរិសុទ្ធ​ខ្លះ ថាញាណ​ទស្សនៈ​របស់​​អញ​​បរិសុទ្ធ​ផូរផង់ ឥតមាន​​សៅហ្មងខ្លះ ដូច្នេះ បើយើង​ប្រាប់ (រឿងនោះ) ដល់​ពួកគ្រហស្ថ គង់លោក​មិនគាប់ចិត្តទេ​ ក៏រឿង​ណា​មិនគាប់​ចិត្តដល់​លោក យើង​នឹង​សើរើ​​រឿង​លោកនោះ ដូច​ម្តេច​​បាន ព្រោះលោក​​កំពុង​​រាប់អាន (យើង) ដោយចីវរ បិណ្ឌបាត សេនាសនៈ និង​គិលានប្បច្ចយ​ភេសជ្ជ​បរិក្ខារ លោក​នឹងធ្វើ​កម្មណា គង់​លោក​នឹងប្រាកដ​ឡើង ព្រោះកម្ម​នោះ​​មិនខាន។ ម្នាល​មោគ្គល្លាន ពួកសាវ័ក តែងរក្សា​គ្រូបែបនេះ​ ដោយ​ញាណ​ទស្សនៈ។ ក៏ឯគ្រូ​​មាន​សភាព​​យ៉ាងនេះ តែងនឹក​​សង្ឃឹម​​នូវការ​រក្សា អំពី​ពួក​សាវ័ក​​ដោយ​ញាណ​ទស្សនៈ។ ម្នាល​មោគ្គល្លាន គ្រូ​ ៥ពួកនេះ​​ឯង តែងមាន​ក្នុងលោក។

[២១] ម្នាលមោគ្គល្លាន ចំណែកខាងតថាគត ជាបុគ្គលមានសីលបរិសុទ្ធ ប្តេជ្ញា​ថា តថាគត​​មានសីលបរិសុទ្ធខ្លះ ថាសីលរបស់តថាគត បរិសុទ្ធផូរផង់ ឥតមាសៅហ្មងខ្លះ ពួកសាវ័ក​​ មិន​បាន​​រក្សាតថាគត​ដោយសីលឡើយ តថាគតសោត ក៏មិននឹកសង្ឃឹមនូវ​ការរក្សា​អំពី​ពួក​សាវ័ក​ ដោយសីលទេ។ (តថាគត) មានអាជីវៈ​បរិសុទ្ធ។បេ។ មានធម្មទេសនាបរិសុទ្ធ។បេ។ មាន​វេយ្យាករណ៍​បរិសុទ្ធ។បេ។ មានញាណទស្សនៈ​បរិសុទ្ធ ប្តេជ្ញា​ថា តថាគត​​មានញាណទស្សនៈ​បរិសុទ្ធខ្លះ ថាញាណទស្សនៈរបស់តថាគត បរិសុទ្ធផូរផង់ ឥតមាន​សៅហ្មងខ្លះ សាវ័ក​​ មិនបាន​រក្សា​តថាគត ​ដោយញាណទស្សនៈទេ តថាគតសោត មិននឹក​សង្ឃឹមនូវ​ការរក្សា​អំពី​ពួក​សាវ័ក​ ដោយញាណទស្សនៈឡើយ។

[២២] គ្រានោះ ព្រះមានព្រះភាគទ្រង់គង់នៅក្នុងនគរកោសម្ពី គួរតាម​ពុទ្ធអធ្យាស្រ័យ​ហើយ ស្តេច​ទៅកាន់ចារិក​នគររាជគ្រឹះ ត្រាច់ទៅកាន់ចារិក​តាមលំដាប់ ឆ្ពោះ​ទៅនគរ​រាជគ្រឹះ។ បានឮថា ព្រះមានព្រះភាគ គង់នៅវត្តវេឡុវន ជាកលន្ទកនិវាបស្ថាន ទៀប​នគរ​រាជគ្រឹះ។

[២៣] លំដាប់នោះ ភិក្ខុច្រើនរូបនាំគ្នាចូលទៅគាល់​ព្រះមានព្រះភាគ លុះចូលទៅដល់​ហើយ ក៏ក្រាបថ្វាយបង្គំ​ព្រះមានព្រះភាគ រួចទើប​អង្គុយក្នុងទីដ៏សមគួរ។ ភិក្ខុ​ទាំងនោះ លុះអង្គុយ​ក្នុង​ទីដ៏សមគួរហើយ បានក្រាបបង្គំ​ទូលពាក្យនេះ នឹងព្រះមានព្រះភាគ​ថា បពិត្រព្រះអង្គដ៏ចំរើន អជាតសត្តុកុមារ តែងទៅដោយរថ៥រយ បម្រើទេវទត្ត ទាំងល្ងាច​ ទាំង​ព្រឹក ទាំងឲ្យ​អ្នក​នាំ​សម្រាប់ យកសម្រាប់​៥រយថាស ទៅប្រគេន (ទេវទត្តផង)។ ព្រះអង្គ ទ្រង់ត្រាស់តបថា ម្នាល​ភិក្ខុ​ទាំងឡាយ អ្នកកុំស្ងើចលាភសក្ការៈ និង​សេចក្តី​សរសើរ​របស់​​ទេវទត្ត​ឡើយ ម្នាលភិក្ខុ​​ទាំង​ឡាយ អជាតសត្តុ​កុមារ ដែលទៅ​ដោយរថ​៥រយ ទៅបម្រើ​ទេវទត្ត​ទាំងល្ងាច​​ទាំង​ព្រឹក ទាំងឲ្យ​អ្នកនាំ​សម្រាប់ យក​សម្រាប់ ​៥រយថាស ទៅប្រគេន (ទេវទត្ត) ដរាបណា ម្នាលភិក្ខុ​ទាំងឡាយ សេចក្តី​សាបសូន្យ មុខ​ជា​​នឹងកើត​មានដល់​ទេវទត្ត (ដរាបនោះ) មិនខាន ឯការ​ចំរើន​ក្នុង​កុសលធម៌ មិនមាន​ឡើយ ម្នាល​ភិក្ខុ​ទាំងឡាយ ដូចគេ​ច្របាច់​ទឹកប្រម៉ាត់ (ត្រី ឬ​ខ្លាឃ្មុំ) ដាក់ក្នុង​ច្រមុះ​ឆ្កែ​កាច ឆ្កែនោះ រឹតតែ​កាច​ឡើង​​​ជាងដើម យ៉ាងណាមិញ ម្នាលភិក្ខុ​ទាំងឡាយ ក៏ដូច​ជា​អជាតសត្តុ​កុមារ ទៅដោយរថ៥រយ បម្រើទេវទត្ត ទាំងល្ងាច​ ទាំង​ព្រឹក ទាំងឲ្យអ្នកនាំសម្រាប់ យកសម្រាប់​៥រយថាស ទៅប្រគេន (ទេវទត្ត) ដរាបណា សេចក្តី​សាបសូន្យ​ មុខជានឹងកើតមាន​ដល់ទេវទត្ត (ដរាបនោះ) ពុំខាន ការ​ចំរើន​ក្នុងកុសលធម៌ មិនមាន​ឡើយ។ ម្នាលភិក្ខុ​ទាំងឡាយ លាភសក្ការៈ និងសេចក្តី​សរសើរ​កើត​ឡើង​​ហើយ ដល់​ទេវទត្ត ដើម្បី​សម្លាប់​ខ្លួន លាភសក្ការៈ និងសេចក្តីសរសើរកើតឡើង​ហើយ ដល់​ទេវទត្ត ដើម្បី​សេចក្តីវិនាស ម្នាលភិក្ខុទាំងឡាយ ដើមចេកចេញផ្លែ ដើម្បីសម្លាប់ដើម ចេញផ្លែ ដើម្បីវិនាស យ៉ាង​ណាមិញ ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និង​សេចក្តី​សរសើរ​កើតឡើង​​ហើយ ដល់​ទេវទត្ត ដើម្បី​​សម្លាប់​ខ្លួន លាភ​សក្ការៈ និង​សេចក្តី​សរសើរ​កើតឡើង​​ហើយ​ដល់​​ទេវទត្ត ដើម្បី​​សេចក្តី​វិនាស ក៏ដូច្នោះ​ដែរ ម្នាលភិក្ខុ​ទាំងឡាយ ឫស្សី​ចេញផ្លែ​ដើម្បី​សម្លាប់​ដើម ចេញ​ផ្លែ​ដើម្បី​​សេចក្តី​​វិនាស យ៉ាងណា ម្នាលភិក្ខុ​ទាំងឡាយ លាភ​សក្ការៈ និង​សេចក្តី​​សរសើរ​​កើត​ឡើង​​ហើយ​ដល់​ទេវទត្ត ដើម្បី​​សម្លាប់ខ្លួន លាភ​សក្ការៈ និងសេចក្តី​សរសើរ​កើតឡើង​​ហើយ​ដល់​ទេវទត្ត ដើម្បី​​បំផ្លាញ​ខ្លួន ក៏ដូច្នោះ​ដែរ ម្នាលភិក្ខុ​ទាំងឡាយ ដូចដើម​បបុស​ចេញផ្លែ ដើម្បី​​សម្លាប់​ដើម ចេញផ្លែ​ដើម្បី​​សេចក្តី​វិនាស យ៉ាងណា ម្នាលភិក្ខុ​ទាំងឡាយ លាភសក្ការៈ និង​សេចក្តី​​សរសើរ​​កើតឡើង​​ហើយ​ដល់​​ទេវទត្ត ដើម្បី​​សម្លាប់​ខ្លួន លាភសក្ការៈ និងសេចក្តី​សរសើរ​កើតឡើង​​ហើយ​ដល់​ទេវទត្ត ដើម្បី​បំផ្លាញ​ខ្លួន ក៏ដូច្នោះ​​ដែរ ម្នាលភិក្ខុ​ទាំងឡាយ ដូច​មេសេះ​អស្សតរ មាន​ផ្ទៃ​​ដើម្បី​សម្លាប់ខ្លួន មានផ្ទៃ ដើម្បី​វិនាស​ខ្លួន យ៉ាងណា ម្នាលភិក្ខុ​ទាំងឡាយ លាភសក្ការៈ និង​​សេចក្តី​​សរសើរ​កើត​ឡើង​ហើយ​ដល់​ទេវទត្ត ដើម្បី​​សម្លាប់​ខ្លួន លាភសក្ការៈ និង​សេចក្តី​សរសើរ​​កើតឡើង​​ហើយ​ដល់​ទេវទត្ត ដើម្បី​​បំផ្លាញ​ខ្លួន ក៏ដូច្នោះ​ដែរ។

[២៤] ផ្លែចេក តែងសម្លាប់ដើមចេក ផ្លែឫស្សី តែងសម្លាប់ដើមឫស្សី ផ្លែបបុស តែង​សម្លាប់​ដើមបបុស សក្ការៈ តែង​សម្លាប់បុរសអាក្រក់ ដូចជា​គភ៌ តែង​សម្លាប់មេ​សេះ​អស្សតរ។

ចប់ ភាណវារៈ ទី១។

[២៥] សម័យនោះឯង ព្រះមានព្រះភាគមានបរិសទ្យច្រើន ព្រមទាំងស្តេចចោមរោម​ជុំវិញ ព្រះអង្គកំពុងគង់សំដែងធម៌។ គ្រានោះ ទេវទត្តក្រោកចាកទីអង្គុយ ធ្វើចីពរឆៀងស្មាម្ខាង ប្រណម្យ​​អញ្ជលី ឆ្ពោះទៅរកព្រះមានព្រះភាគ ហើយក្រាបបង្គំទូលពាក្យនេះ នឹងព្រះមាន​ព្រះភាគ​​ថា បពិត្រព្រះអង្គដ៏ចំរើន ឥឡូវនេះ ព្រះមានព្រះភាគទ្រង់ព្រះជរា មាន​ព្រះជន្ម​ចម្រើន​ហើយ ចាស់ព្រះអង្គហើយ ទ្រង់ព្រះជន្ម​យូរឆ្នាំមកហើយ មានជ្រះជន្ម​ជ្រុល ចូល​មកក្នុងបច្ឆិមវ័យ​ហើយ បពិត្រព្រះអង្គដ៏ចំរើន ឥឡូវនេះ សូមព្រះមានព្រះភាគ​កុំខ្វល់ខ្វាយ​ពេក សូម​សម្រាក​ព្រះអង្គ​ឲ្យបាន​សុខស្រួល ក្នុងបច្ចុប្បន្ននេះចុះ សូមព្រះអង្គ ប្រគល់​ភិក្ខុសង្ឃ​ឲ្យ​មក​ខ្ញុំព្រះអង្គ ខ្ញុំព្រះអង្គ​នឹងទទួលគ្រប់គ្រង​ភិក្ខុសង្ឃ។ ព្រះអង្គ ទ្រង់​ត្រាស់​តបថា ម្នាលទេវទត្ត ណ្ហើយ អ្នក​កុំ​ពេញ​ចិត្តនឹងការគ្រប់គ្រង​ភិក្ខុសង្ឃឡើយ។ ទេវទត្ត បាន​ក្រាបទូល​ពាក្យនេះ នឹង​ព្រះមានព្រះ​ភាគ អស់វារៈ​ពីរដងផង។បេ។ អស់វារៈ​បីដង​ផងថា បពិត្រព្រះអង្គដ៏ចំរើន ឥឡូវនេះ ព្រះមានព្រះភាគ ទ្រង់​ព្រះជរា មាន​ព្រះជន្ម​ចម្រើន​ហើយ ចាស់ព្រះអង្គហើយ ទ្រង់ព្រះជន្ម​យូរឆ្នាំ​មក​ហើយ មាន​ជ្រះជន្ម​​ចូល​មកក្នុង​បច្ឆិមវ័យ​ហើយ បពិត្រព្រះអង្គដ៏ចំរើន ឥឡូវនេះ សូមព្រះមាន​ព្រះភាគ​​កុំខ្វល់​ខ្វាយ​ពេក សូម​​សម្រាកព្រះអង្គឲ្យបាន​សុខស្រួល ក្នុងបច្ចុប្បន្ននេះចុះ សូមព្រះអង្គ ប្រគល់ភិក្ខុ​សង្ឃ​​ឲ្យ​មក​ខ្ញុំព្រះអង្គ ខ្ញុំព្រះអង្គ​នឹងគ្រប់គ្រង​ភិក្ខុសង្ឃ។ ព្រះអង្គ ទ្រង់ត្រាស់តបថា ម្នាល​ទេវទត្ត អម្បាលយ៉ាងសារីបុត្ត និងមោគ្គល្លាន ម្តេច តថាគត​មិនប្រគល់​ភិក្ខុសង្ឃឲ្យ ចំណង់​បើ​អ្នក ជាមនុស្ស​ជួជាតិ អាក្រក់ ជាមនុស្ស​បរិភោគចតុប្បច្ច័យ ដែលកើតអំពី​អនេសនៈ ដូចជា​ដុំទឹកមាត់ តថាគត នឹងប្រគល់​ឲ្យដូចម្តេចបាន។ លំដាប់នោះ ទេវទត្ត​មានសេចក្តីក្រោធ អាក់អន់​ចិត្តថា ព្រះមាន​ព្រះភាគ ធ្វើអញ​ឲ្យអាប់មុខ ក្នុងកណ្តាល​បរិសទ្យ ព្រមទាំងស្តេច​ ដោយពាក្យថា (ទេវទត្តនេះ) បរិភោគចតុប្បច្ច័យ ដែលកើតអំពី​អនេសនៈ ដូចជាដុំទឹកមាត់ ហើយបែរ​ទៅ​លើកតំកើង​សារីបុត្ត និងមោគ្គល្លានវិញ ហើយ​ក៏​ក្រាបថ្វាយបង្គំ​ព្រះមានព្រះភាគ ធ្វើប្រទក្សិណ ចៀស​ចេញ​ទៅ។ នេះជាគំនុំដម្បូង របស់​​ទេវទត្ត ចំពោះ​ព្រះមានព្រះភាគ។

[២៦] លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅ​ភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុ​ទាំង​ឡាយ បើដូច្នោះ ត្រូវសង្ឃធ្វើ​បកាសនីយកម្ម ដល់ទេវទត្ត ក្នុងនគររាជគ្រឹះ (ដ្បិត) កាលពីដើម ទេវទត្តមានប្រក្រតីផ្សេង ឥឡូវនេះ មានប្រក្រតីផ្សេង ទេវទត្តធ្វើ​អំពើណា​ដោយកាយ វាចា អំពើ​នោះ នាំគាត់ឲ្យលែងបានឃើញព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃហើយ ទេវទត្ត ត្រូវគេឃើញ​ដោយ​កម្ម​នោះ​តែម្យ៉ាង។ ម្នាលភិក្ខុទាំងឡាយ បកាសនីយកម្ម សង្ឃ​គប្បី​​ធ្វើ​យ៉ាងនេះ។ គប្បី​ឲ្យភិក្ខុ​ដែល​ឈ្លាស ប្រតិពល ប្រកាសសង្ឃឲ្យដឹងថា បពិត្រ​ព្រះសង្ឃដ៏ចំរើន សូមសង្ឃ​ស្តាប់ខ្ញុំ បើកម្មមាន​កាល​គួរ ដល់សង្ឃហើយ សង្ឃគប្បី​ធ្វើ​បកាសនីយកម្ម ដល់​ទេវទត្ត ក្នុងនគររាជគ្រឹះ (ដ្បិត) ពី​ដើម ទេវទត្ត មានប្រក្រតីផ្សេង ឥឡូវនេះ មានប្រក្រតីផ្សេង ទេវទត្ត ធ្វើអំពើណាដោយកាយ វាចា អំពើនោះ នាំគាត់​ឲ្យលែង​បានឃើញព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃហើយ ទេវទត្ត ត្រូវគេឃើញ​ ដោយ​កម្មនោះតែម្យ៉ាង។ នេះជាញត្តិ។ បពិត្រ​ព្រះសង្ឃ​ដ៏ចំរើន សូម​សង្ឃ​ស្តាប់ខ្ញុំ សង្ឃធ្វើ​បកាសនីយកម្ម ដល់​ទេវទត្ត ក្នុងនគររាជគ្រឹះ (ដ្បិត) ពីដើម ទេវទត្ត មានប្រក្រតីផ្សេង ឥឡូវនេះ មានប្រក្រតីផ្សេង ទេវទត្ត ធ្វើអំពើណាដោយកាយ វាចា អំពើនោះ នាំគាត់​ឲ្យលែង​បានឃើញ​ព្រះ​ពុទ្ធ ព្រះធម៌ ព្រះសង្ឃហើយ ទេវទត្ត ត្រូវគេឃើញ​ ដោយកម្ម​នោះ​តែម្យ៉ាង។ ការធ្វើ​បកាសនីយ​កម្ម ដល់​ទេវទត្ត ក្នុងនគររាជគ្រឹះថា កាលពីដើម ទេវទត្ត មានប្រក្រតីផ្សេង ឥឡូវនេះ មាន​ប្រក្រតី​ផ្សេង ទេវទត្ត ធ្វើអំពើណាដោយកាយ វាចា អំពើនោះ នាំគាត់​ឲ្យលែងបានឃើញព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃហើយ ទេវទត្ត ត្រូវគេ​ឃើញ​ ដោយកម្មនោះតែម្យ៉ាង ដូច្នេះ គួរដល់លោក​មាន​អាយុអង្គណា លោកដ៏មានអាយុ​អង្គនោះ គប្បីស្ងៀម មិនគួរដល់លោកដ៏មានអាយុអង្គណា លោក​ដ៏មានអាយុអង្គនោះ គប្បីឆ្លើយឡើង។ សង្ឃ​បានធ្វើ​បកាសនីយកម្ម ដល់​ទេវទត្ត ក្នុង​នគរ​រាជគ្រឹះថា ពីដើម ទេវទត្ត មានប្រក្រតីផ្សេង ឥឡូវនេះ មានប្រក្រតីផ្សេង ទេវទត្ត ធ្វើអំពើណា​ដោយ​កាយ វាចា អំពើនោះ នាំគាត់​ឲ្យលែង​បាន​ឃើញ​ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃហើយ ទេវទត្ត ត្រូវគេ​ឃើញ​ ដោយកម្មនោះ​តែម្យ៉ាង ការធ្វើ​បកាសនីយកម្មនោះ គួរដល់សង្ឃហើយ ព្រោះ​ហេតុ​​​នោះ បានជា​សង្ឃស្ងៀម។ ខ្ញុំសូមចាំទុក នូវសេចក្តីនេះ ដោយអាការស្ងៀម​យ៉ាង​នេះ។

[២៧] លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅ​ព្រះសារីបុត្តដ៏មានអាយុមកថា ម្នាល​សារីបុត្ត បើដូច្នោះ ចូរអ្នកប្រកាស (ទោស) ទេវទត្ត ក្នុងនគររាជគ្រឹះ។ ព្រះសារីបុត្ត​ក្រាប​បង្គំ​ទូល​ថា បពិត្រព្រះអង្គដ៏ចំរើន កាលពីមុន ខ្ញុំព្រះអង្គ​បានប្រកាសគុណ​ទេវទត្ត ក្នុងនគរ​រាជគ្រឹះ​ថា ទេវទត្ត ជាគោធិបុត្ត មានឫទ្ធិច្រើន ជាគោធិបុត្ត មានអានុភាពច្រើន បពិត្រ​ព្រះអង្គដ៏ចំរើន (ឥឡូវ​នេះ) ខ្ញុំព្រះអង្គ នឹងប្រកាស​ (ទោស) ទេវទត្តដូចម្តេចបាន។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាល​សារីបុត្ត អ្នកបានប្រកាស​គុណពិត​របស់ទេវទត្ត ក្នុងនគរ​រាជគ្រឹះថា ទេវទត្ត ជាគោធិបុត្ត មាន​ឫទ្ធិច្រើន ជាគោធិបុត្ត មានអានុភាពច្រើន ដូច្នោះហើយឬ។ ព្រះសារីបុត្តក្រាបបង្គំ​ទូលថា ករុណា​ព្រះអង្គ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលសារីបុត្ត ចូរអ្នកប្រកាស (ទោស) ទេវទត្ត​ឲ្យពិត​យ៉ាង​នោះចុះ។ ព្រះសារីបុត្តដ៏មានអាយុ ក្រាបបង្គំ​ទូលថា ករុណាព្រះអង្គ។

[២៨] គ្រានោះ ព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅ​ភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុ​ទាំង​ឡាយ បើដូច្នោះ សង្ឃចូរ​សន្មត​សារីបុត្ត ដើម្បីឲ្យប្រកាស (ទោស) ទេវទត្ត ក្នុង​នគរ​រាជគ្រឹះថា ពី​ដើម ទេវទត្ត មានប្រក្រតីផ្សេង ឥឡូវនេះ មានប្រក្រតីផ្សេង ទេវទត្ត ធ្វើអំពើ​ណាដោយកាយ វាចា អំពើនោះ នាំគាត់​ឲ្យលែង​បាន​ឃើញ​ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ​ហើយ ទេវទត្ត ត្រូវគេឃើញ​ ដោយ​អំពើនោះ​តែម្យ៉ាង។ ម្នាលភិក្ខុទាំងឡាយ សង្ឃ​ត្រូវ​សន្មត​យ៉ាងនេះ។ សង្ឃត្រូវសូមសារីបុត្ត​ជាដំបូងសិន។ លុះសូមរួចហើយ ត្រូវ​ឲ្យ​ភិក្ខុ​ជាអ្នកឈ្លាស ប្រតិពល ប្រកាសសង្ឃឲ្យដឹងថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃ​ស្តាប់ខ្ញុំ បើកម្មមានកាលគួរ ដល់សង្ឃហើយ សង្ឃគប្បី​សន្មតព្រះសារីបុត្ត​ដ៏មានអាយុ ដើម្បី​ឲ្យប្រកាស​ (ទោស) ទេវទត្ត ក្នុង​នគររាជគ្រឹះថា (ដ្បិត) ពីដើម ទេវទត្ត មានប្រក្រតីផ្សេង ឥឡូវនេះ មាន​ប្រក្រតីផ្សេង ទេវទត្ត ធ្វើអំពើណា ដោយកាយ វាចា អំពើនោះ នាំគាត់​ឲ្យលែង​បាន​ឃើញ​ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃហើយ ទេវទត្ត ត្រូវគេឃើញ​ ដោយអំពើ​នោះ​តែម្យ៉ាង។ នេះជាញត្តិ។ បពិត្រ​ព្រះសង្ឃ​ដ៏ចំរើន សូម​សង្ឃ​ស្តាប់ខ្ញុំ សង្ឃសន្មត​ព្រះសារីបុត្តដ៏​មានអាយុ ឲ្យជាអ្នកប្រកាស (ទោស) ទេវទត្ត ក្នុង​នគររាជគ្រឹះថា កាលពី​ដើម ទេវទត្ត មានប្រក្រតីផ្សេង ឥឡូវនេះ មាន​ប្រក្រតី​ផ្សេង ទេវទត្ត ធ្វើអំពើណា​ដោយ​កាយ វាចា អំពើ​នោះ នាំគាត់​ឲ្យលែង​បាន​ឃើញ​ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃហើយ ទេវទត្ត ត្រូវគេឃើញ​ ដោយ​អំពើ​នោះ​តែម្យ៉ាង។ ការសន្មតិព្រះ​សារីបុត្ត​ដ៏មានអាយុ ឲ្យជាអ្នក​ប្រកាស (ទោស) ទេវទត្ត ក្នុង​នគរ​រាជគ្រឹះថា កាលពីដើម ទេវទត្ត មានប្រក្រតីផ្សេង ឥឡូវនេះ មានប្រក្រតីផ្សេង ទេវទត្ត ធ្វើ​អំពើណាដោយកាយ វាចា អំពើនោះ នាំគាត់​ឲ្យលែង​បាន​ឃើញ​ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃហើយ ទេវទត្ត ត្រូវគេឃើញ​ ដោយអំពើ​នោះ​តែម្យ៉ាង ដូច្នេះ គួរដល់លោកដ៏មានអាយុអង្គណា លោកដ៏​មាន​អាយុ​អង្គនោះ គប្បី​ស្ងៀម មិនគួរដល់លោកដ៏មានអាយុអង្គណា លោក​ដ៏មាន​អាយុ​អង្គនោះ គប្បី​និយាយ​ឡើង។ សង្ឃ​​បាន​សន្មត​ព្រះសារីបុត្ត​​ដ៏មាន​អាយុ ឲ្យជា​អ្នក​ប្រកាស (ទោស) ទេវទត្ត ក្នុង​នគរ​រាជគ្រឹះ​ថា ពីដើម ទេវទត្ត មាន​ប្រក្រតី​ផ្សេង ឥឡូវនេះ មាន​ប្រក្រតី​ផ្សេង ទេវទត្ត ធ្វើអំពើ​​ណា​ដោយ​កាយ វាចា អំពើនោះ នាំគាត់​​ឲ្យលែង​​បាន​ឃើញ​​ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ​​ហើយ ទេវទត្ត ត្រូវគេ​ឃើញ​ ដោយ​អំពើនោះ​​តែម្យ៉ាង ការសន្មតិ​នោះ គួរដល់​សង្ឃហើយ ព្រោះហេតុ​នោះ បានជា​​សង្ឃ​ស្ងៀម។ ខ្ញុំសូម​ចាំទុក​សេចក្តីនេះ ដោយ​អាការ​ស្ងៀម​យ៉ាងនេះ។

[២៩] ព្រះសារីបុត្តដ៏មានអាយុដែលសង្ឃបានសន្មតរួចហើយ ក៏ចូលទៅនគរ​រាជគ្រឹះ ជាមួយនឹង​ភិក្ខុច្រើនរូប បានប្រកាស (ទោស) ទេវទត្ត ក្នុង​នគររាជគ្រឹះថា កាលពីដើម ទេវទត្ត មានប្រក្រតីផ្សេង ឥឡូវនេះ មានប្រក្រតីផ្សេង ទេវទត្ត ធ្វើអំពើណាដោយកាយ វាចា អំពើនោះ នាំគាត់​ឲ្យលែង​បាន​ឃើញ​ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃហើយ ទេវទត្ត ត្រូវគេឃើញ​ ដោយកម្មនោះ​តែម្យ៉ាង។ ក្នុងនគររាជគ្រឹះនោះ មនុស្ស​ពួកណា ដែលមិន​មានសទ្ធា មិនជ្រះថ្លា ជាអ្នក​ឥតប្រាជ្ញា មនុស្សពួកនោះ និយាយគ្នាយ៉ាងនេះថា សមណសក្យបុត្តិយ៍ទាំងនេះ ជាអ្នកច្រណែន ឈ្នានីស​លាភសក្ការៈ​របស់ទេវទត្ត។ ចំណែក​​មនុស្សពួកណា ដែលមានសទ្ធាជ្រះថ្លា មានប្រាជ្ញាវាងវៃ មនុស្សពួកនោះ និយាយ​គ្នាថា ព្រះមានព្រះភាគឲ្យ​ភិក្ខុសង្ឃ​ប្រកាស (ទោស) ទេវទត្ត ក្នុងនគរ​រាជគ្រឹះ ដោយ​កិច្ចណា កិច្ចនេះ មិនមែន​ជាការ​ថោកទាបទេ។

[៣០] លំដាប់នោះ ទេវទត្តចូលទៅរក​អជាតសត្តុកុមារ លុះចូលទៅដល់ហើយ ទើប​និយាយ​ពាក្យនេះនឹង​អជាតសត្តុកុមារថា ម្នាលកុមារ កាលពីដើម មនុស្សមានអាយុវែង​មែន ឥឡូវនេះ មានអាយុខ្លីណាស់ ព្រះអង្គនៅក្មេងក៏ពិត តែគង់​ធ្វើ​មរណកាល​ដោយ​ហេតុណា ហេតុ​នុ៎ះតែង​តែ​មានជា​ប្រាកដ ម្នាលកុមារ បើដូច្នោះ ចូរព្រះអង្គសម្លាប់​បិតា ហើយព្រះអង្គ នឹង​បានជាស្តេច​ទ្រង់រាជ ឯអាត្មា​ក៏សម្លាប់ព្រះមានព្រះភាគ ហើយ​នឹងបាន​ជា​ព្រះពុទ្ធ​ដែរ។ គ្រានោះ អជាតសត្តុកុមារ​គិតថា លោកម្ចាស់​ទេវទត្ត​មាន​ឫទ្ធិច្រើន​ផង មាន​អានុភាព​ច្រើនផង លោក​ម្ចាស់​​ទេវទត្តដឹង (ការនេះ) លុះគិតដូច្នោះហើយ ក៏សៀតកាំបិតស្នៀតបណ្តោយភ្លៅ មានសេចក្តី​ខ្លាច ញាប់ញ័ររន្ធត់ តក់ស្លុត ចូល​ទៅកាន់​ព្រះរាជ​វាំង ដោយ​រួសរាន់​ទាំងថ្ងៃ​ត្រង់។ ពួក​មហាមាត្រ ជា​អ្នក​រក្សា​ព្រះរាជវាំង បាន​ឃើញ​​អជាតសត្តុកុមារ មាន​សេចក្តី​​ខ្លាច ញាប់ញ័រ រន្ធត់ តក់ស្លុត ចូលទៅ​​ព្រះរាជវាំង ដោយ​រួសរាន់​ទាំងថ្ងៃត្រង់ ក៏នាំគ្នាចាប់។ ពួកមហាមាត្រ​ទាំងនោះ ពិនិត្យ​មើល​ទៅ​ ឃើញ​មានសៀតកាំបិត​ស្នៀត បណ្តោយភ្លៅ ក៏ក្រាបទូលសួរ​រឿងនុ៎ះ នឹងអជាតសត្តុ​កុមារ​ថា បពិត្រព្រះរាជកុមារ ព្រះអង្គចង់ធ្វើការអ្វី។ អជាតសត្តុកុមារឆ្លើយថា យើងត្រូវការ​សម្លាប់​​បិតា។ មហាមាត្រ ក្រាបទូលសួរថា អ្នកណាបញ្ចេះព្រះអង្គ។ អជាតសត្តុកុមារឆ្លើយថា លោកម្ចាស់​ទេវទត្ត (ពន្យល់យើង)។ មហាមាត្រពួកខ្លះ វិនិច្ឆ័យយ៉ាងនេះថា ព្រះរាជកុមារ យើង​ត្រូវ​​សម្លាប់ ទាំងទេវទត្ត និងភិក្ខុទាំងពួង ក៏យើងត្រូវសម្លាប់។ មហាមាត្រពួកខ្លះ វិនិច្ឆ័យ​យ៉ាង​នេះ​ថា យើង​មិនត្រូវសម្លាប់ពួកភិក្ខុឡើយ ដ្បិតភិក្ខុទាំងនោះ មិនបាន​ប្រទូស្ត​អ្វីទេ យើង​ត្រូវ​សម្លាប់​​តែ​ព្រះ​រាជ​កុមារ និង​ទេវទត្ត។ មហាមាត្រ​ពួក​ខ្លះ វិនិច្ឆ័យថា កុមារក្តី ទេវទត្តក្តី ភិក្ខុទាំងឡាយក្តី យើង​​មិនត្រូវ​សម្លាប់ទេ (រឿងនេះ) គួរយើង​ក្រាបទូល​ដល់​ព្រះរាជា​សិន បើ​ព្រះរាជា​មាន​ព្រះរាជ​ឱង្ការ​​យ៉ាងណា សឹម​យើង​ធ្វើ​យ៉ាងនោះ។

[៣១] លំដាប់នោះ ពួកមហាមាត្រទាំងនោះ នាំ​អជាតសត្តុកុមារចូលទៅគាល់​ព្រះបាទ​ពិម្ពិសារមាគធសេនិយរាជ លុះចូលទៅដល់ហើយ ក៏ក្រាបទូលរឿងនុ៎ះ ចំពោះ​ព្រះបាទ​ពិម្ពិសារ​មាគធសេនិយរាជ។ ព្រះរាជា ទ្រង់ត្រាស់សួរថា ម្នាលនាយ ពួកមហាមាត្រ​វិនិច្ឆ័យ​ដូច​ម្តេចខ្លះ។ ពួកមហាមាត្រ​ក្រាបទូលថា បពិត្រព្រះសម្មតិទេព មហាមាត្រពួកខ្លះ វិនិច្ឆ័យ​យ៉ាង​នេះ​ថា យើង​ត្រូវ​​សម្លាប់ព្រះរាជកុមារផង ត្រូវសម្លាប់ទេវទត្ត និង​​ភិក្ខុ​​ទាំងអស់​​ផង មហាមាត្រ​ពួកខ្លះ វិនិច្ឆ័យ​​យ៉ាង​នេះ​ថា យើង​មិន​ត្រូវសម្លាប់​ពួកភិក្ខុ​ឡើយ ព្រោះភិក្ខុ​ទាំងនោះ មិនបាន​ប្រទូស្តអ្វី​ទេ យើងត្រូវ​​សម្លាប់​​តែ​​ព្រះ​រាជកុមារ និងទេវទត្ត មហាមាត្រ​ពួក​ខ្លះ វិនិច្ឆ័យ​យ៉ាង​នេះថា កុមារក្តី ទេវទត្តក្តី ពួក​ភិក្ខុ​ក្តី យើង​មិនត្រូវ​សម្លាប់ទេ (រឿងនេះ) គួរយើងក្រាបទូល ដល់ព្រះរាជាសិន បើព្រះរាជា​មាន​ព្រះរាជ​ឱង្ការ​យ៉ាងណា សឹម​យើង​ធ្វើយ៉ាង​នោះ។ ព្រះរាជាទ្រង់​មាន​ព្រះ​ឱង្ការ​ថា ម្នាលនាយ ព្រះពុទ្ធក្តី ព្រះធម៌ក្តី ព្រះសង្ឃក្តី នឹងធ្វើអ្វី ព្រះមានព្រះភាគ ទ្រង់ចាត់​ឲ្យភិក្ខុសង្ឃ​ប្រកាស​ទោស​ទេវទត្ត ក្នុងនគររាជគ្រឹះ​ថា កាលពីដើម ទេវទត្ត មានប្រក្រតីផ្សេង ឥឡូវនេះ មានប្រក្រតីផ្សេង ទេវទត្ត ធ្វើ​អំពើ​ណា​ដោយ​កាយ វាចា អំពើ​នោះ នាំគាត់​​ឲ្យលែង​​បាន​ឃើញ​​ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃហើយ ទេវទត្ត ត្រូវគេឃើញ​ ដោយកម្មនោះ​តែម្យ៉ាង ជាមុន​រួច​ហើយ មិនដូច្នោះឬ។ បណ្តាពួក​មហាមាត្រទាំងនោះ មហាមាត្រ​ពួកណា វិនិច្ឆ័យ​សេចក្តីថា យើងត្រូវ​សម្លាប់​ទាំងកុមារ ទាំងទេវទត្ត ទាំង​ពួក​ភិក្ខុ (ព្រះរាជា) ទ្រង់ហូត​ងារ​មហាមាត្រ​ទាំងនោះ។ មហាមាត្រ​ពួកណា​វិនិច្ឆ័យ​​ថា យើង​មិនត្រូវ​សម្លាប់​ពួកភិក្ខុ ព្រោះ​ពួកភិក្ខុ​មិនបាន​ប្រទូស្ត​អ្វីទេ យើង​ត្រូវសម្លាប់តែ​ព្រះរាជ​កុមារ និងទេវទត្ត (ព្រះរាជា) ក៏បន្ថយ​ឋានន្តរមហាមាត្រទាំងនោះ ក្នុងថ្នាក់ទាបវិញ។ មហា​មាត្រពួកណាវិនិច្ឆ័យ​ថា កុមារក្តី ទេវទត្តក្តី ភិក្ខុទាំងឡាយក្តី យើង​មិនត្រូវ​សម្លាប់ គួរយើង​ក្រាបទូល​ដល់ព្រះរាជាសិន បើព្រះរាជា​មានព្រះរាជ​ឱង្ការ​យ៉ាងណា សឹម​យើង​ធ្វើ​យ៉ាងនោះ (ព្រះ​រាជា) ក៏តាំង​មហាមាត្រ​ទាំងនោះ ឲ្យឡើង​ឋានន្តរខ្ពស់។ លំដាប់នោះ ព្រះបាទ​ពិម្ពិសារ​មាគធ​សេនិយរាជ បានត្រាស់ព្រះតម្រាស់​នេះ នឹង​អជាតសត្តុកុមារថា ម្នាលកុមារ អ្នក​ចង់​សម្លាប់​យើង​ដើម្បី​អ្វី។ អជាតសត្តុកុមារ​ក្រាបទូលថា បពិត្រព្រះសម្មតិទេព ខ្ញុំព្រះអង្គ​ត្រូវ​ការ​ដោយរាជ​សម្បត្តិ។ ព្រះរាជា​ប្រគល់រាជសម្បត្តិ​ ដល់​អជាតសត្តុកុមារថា ម្នាលកុមារ បើអ្នក​ត្រូវការ​ដោយ​រាជ​សម្បត្តិ រាជសម្បត្តិនេះ ជារបស់​អ្នកឯងហើយ។

[៣២] គ្រានោះ ទេវទត្ត ចូលទៅរក​​អជាតសត្តុកុមារ លុះចូលទៅដល់ហើយ បាននិយាយ​ពាក្យនេះនឹង​​អជាតសត្តុកុមារថា បពិត្រមហារាជ សូមព្រះអង្គប្រើបុរស​ឲ្យទៅសម្លាប់​ព្រះសមណ​គោតម។ ​អជាតសត្តុកុមារបង្គាប់​មនុស្សទាំងឡាយថា ម្នាលនាយ លោក​ម្ចាស់​​ទេវទត្ត មានថេរ​វាចា​​យ៉ាងណា ចូរអ្នកទាំងអស់គ្នា ធ្វើយ៉ាងនោះចុះ។ គ្រានោះ ទេវទត្តបង្គាប់​បុរស​ម្នាក់​ថា ម្នាល​នាយ ចូរអ្នកទៅសម្លាប់ព្រះសមណគោតម ដែលគង់​នៅក្នុង​ឱកាស​ឯណោះ ហើយសឹម​មកតាម​ផ្លូវនេះ បង្គាប់​បុរសពីរនាក់ ឲ្យឈរ​ចាំទៀប​ផ្លូវ​នោះថា បុរស​ណា​ដែល​មកតែម្នាក់ឯង តាម​ផ្លូវនេះ ចូរអ្នកទាំងពីរនាក់សម្លាប់បុរសនោះ ហើយសឹម​ដើរមក​តាមផ្លូវនេះ បង្គាប់​បុរស៤​នាក់ ឲ្យឈរ​ចាំទៀប​ផ្លូវ​នោះថា (បើ) បុរសពីរ​នាក់​ណា មកតាម​ផ្លូវនេះ ចូរអ្នក​សម្លាប់បុរស​ទាំងពីរនាក់នោះ ហើយសឹម​ដើរមក​តាម​ផ្លូវនេះ បង្គាប់​បុរស៨នាក់ ឲ្យឈរ​​ចាំទៀប​ផ្លូវ​នោះថា (បើ) បុរស​៤នាក់​ណា ដើរមកតាម​ផ្លូវនេះ ចូរអ្នក​សម្លាប់​បុរស​ទាំង ៤នាក់​នោះ ហើយសឹម​ដើរមកតាមផ្លូវនេះ បង្គាប់​​បុរស​១៦​នាក់ ឲ្យឈរ​ចាំទៀប​ផ្លូវ​នោះថា (បើ) បុរស ៨នាក់ណា ដើរមកតាម​ផ្លូវនេះ ចូរអ្នក​សម្លាប់​បុរស​ទាំង ៨ នាក់នោះ ហើយសឹម​ដើរមក (តាមផ្លូវនេះ)។

[៣៣] គ្រានោះ បុរស​ម្នាក់នោះ កាន់ដាវ និងខែល ស្ពាយធ្នូ និងបំពង់ព្រួញ ដើរ​សំដៅ​ទៅរក​ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ភ័យញាប់ញ័រ រន្ធត់ តក់ស្លុត ឈររឹងខ្លួន ជិត​ព្រះមានព្រះភាគ។ ព្រះមានព្រះភាគទតឃើញ​បុរសនោះ កំពុងភ័យ ញាប់ញ័រ រន្ធត់ តក់ស្លុត​ ឈរគាំងខ្លួន​ដូច្នោះ លុះទតឃើញហើយ ទើបត្រាស់ទៅនឹងបុរសនោះថា ម្នាលអ្នកដ៏មានអាយុ អ្នកឯងចូលមកចុះ កុំខ្លាចឡើយ។ លំដាប់នោះ បុរសនោះ ទុកដាវ និងខែល ក្នុងទី​ដ៏សមគួរ ហើយដាក់ធ្នូ និងបំពង់ព្រួញ ទើបដើរ​ចូលទៅ​​រក​ព្រះមាន​ព្រះភាគ លុះ​ចូលទៅ​ដល់ហើយ ក៏​ក្រាបចុះ​ទៀប​ព្រះបាទា​​របស់​​ព្រះមានព្រះភាគ​ដោយ​ត្បូង ហើយ​ក្រាបបង្គំ​ទូល​រឿងនេះ ចំពោះ​ព្រះមានព្រះភាគ​ថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន កំហុស​គ្របសង្កត់​ហើយនូវ​ខ្ញុំព្រះអង្គ តាម​ដោយ​ខ្ញុំ​ព្រះអង្គ​ជាមនុស្ស​ល្ងង់ខ្លៅ ជាមនុស្ស​វង្វេង ជាមនុស្ស​មិនឈ្លាស ខ្ញុំព្រះអង្គ​ដែលមាន​ចិត្ត​ប្រទូស្ត មានចិត្ត​ចង់សម្លាប់ ហើយដើរ​ចូលមក​ដល់ទីនេះ បពិត្រ​ព្រះអង្គ​ដ៏ចំរើន សូម​ព្រះមាន​ព្រះភាគ អត់នូវ​កំហុស តាមទោស​របស់ខ្ញុំ​ព្រះអង្គនោះ ដើម្បី​​នឹងសង្រួម​​តទៅ​ទៀត។ ព្រះអង្គ ទ្រង់​ត្រាស់ថា ម្នាលអ្នក​ដ៏មាន​អាយុ ណ្ហើយចុះ អ្នកមាន​កំហុស​គ្របសង្កត់​ហើយ ព្រោះ​អ្នកឯង​ជា​មនុស្ស​​ល្ងង់​ខ្លៅ ជាមនុស្ស​វង្វេង ជាមនុស្ស​មិនឈ្លាស អ្នកមាន​ចិត្ត​ប្រទូស្ត មានចិត្ត​ចង់សម្លាប់ (តថាគត) ហើយដើរ​ចូលមក​ដល់ទី​នេះ ម្នាលអ្នក​ដ៏មានអាយុ បើអ្នក​បានឃើញ​កំហុស​ តាមទោស​​ខុស​ណា​ហើយ ចូរធ្វើ​ឲ្យសម​គួរ​តាម​ធម៌ តថាគត​នឹង​ទទួល​អត់ទោស​របស់​អ្នកនោះ ម្នាល​អ្នក​​​ដ៏​មានអាយុ (បើ) អ្នក​ណាមួយ បានឃើញ​កំហុស តាម​ទោស​​ខុសពិត ហើយ​សំដែង (ទោស​នោះ) តាមធម៌ ដល់នូវ​សេចក្តី​សង្រួម​​តទៅ នេះជា​សេចក្តី​ចំរើន​របស់​អ្នកនោះ ក្នុង​​អរិយវិន័យ។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់សំដែង​​នូវ​អនុបុព្វីកថា ដល់បុរស​នោះ អនុបុព្វីកថា​នោះ ដូចម្តេច ព្រះ​អង្គ​​ទ្រង់​សំដែង​ទានកថា សីលកថា សគ្គកថា និងទោស​នៃ​កាម ដែលថោក​ទាប​សៅហ្មង អានិសង្ឃ​​ក្នុងការ​ចេញបួស។ ព្រះមានព្រះភាគ ទ្រង់​ជ្រាបថា បុរសនោះ មានចិត្តស្រួល មានចិត្តទន់ មាន​ចិត្ត​ប្រាសចាក​នីវរណធម៌ មានចិត្ត​រីករាយ មានចិត្ត​ជ្រះថ្លា​​ក្នុងកាល​​ណាហើយ ធម្មទេសនា​ណា ជា​របស់​​ព្រះពុទ្ធ​ទាំងឡាយ ដែលទ្រង់​លើកឡើង​សំដែង​ដោយ​​ព្រះអង្គឯង ព្រះអង្គ ក៏​ប្រកាស​​នូវ​ធម្ម​ទេសនានោះ គឺទុក្ខ ១ សមុទយ ១ និរោធ ១ មគ្គ ១ ក្នុងកាល​​នោះ។ សំពត់ស្អាត ឥតមាន​ពណ៌​ខ្មៅ គួរទទួល​នូវគ្រឿង​​ជ្រលក់​ដោយល្អ យ៉ាងណា​មិញ បុរសនោះ អង្គុយ​លើអាសនៈ​នោះ កើត​ធម្មចក្ខុ គឺ​សោតាបត្តិមគ្គ ប្រាសចាក​ធូលី ប្រាសចាក​មន្ទិលថា ធម្មជាត​ណាមួយ តែងកើត​ឡើង​ជា​ធម្មតា ធម្មជាត​ទាំងអស់​​នោះ រមែង​​រលត់ទៅ​វិញ​ជាធម្មតា ដូច្នោះដែរ។ លំដាប់នោះ បុរស​នោះ ឃើញធម៌​ច្បាស់ហើយ បានលុះ​ធម៌ហើយ ដឹងធម៌​ច្បាស់ហើយ មានចិត្ត​​ចុះកាន់​​ធម៌ស៊ប់​​ហើយ ឆ្លងផុត​សេចក្តី​សង្ស័យ​ហើយ ប្រាសចាក​សេចក្តី​ងឿង​ឆ្ងល់​​ហើយ ដល់នូវ​សេចក្តី​​ក្លៀវក្លា មិនជឿ​បុគ្គលដទៃ ក្នុង​សាសនា​របស់​ព្រះសាស្តា ក៏ក្រាបបង្គំ​​ទូល​ព្រះមានព្រះភាគ​​យ៉ាងនេះថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន ភាសិត​របស់​ព្រះអង្គ​ពីរោះ​ណាស់ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ភាសិត​របស់​​ព្រះអង្គ​​ពីរោះណាស់ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ធម៌ដែល​​ព្រះអង្គ​​បាន​សំដែង​ហើយ ដោយ​អនេក​បរិយាយ​ (យ៉ាងនេះ) គួរនាដូច​ជាគេបើក​របស់​ដែល​ផ្កាប់ ឲ្យផ្ងារ​ឡើង ពុំនោះ ដូចជា​មនុស្ស​បើកបង្ហាញ​របស់​ដែលគេ​បិទបាំង​ទុក ពុំនោះសោត ដូច​គេ​ប្រាប់ផ្លូវ ដល់អ្នក​វង្វេងផ្លូវ ឬក៏ដូច​គេទ្រោល​ប្រទីប ក្នុង​ទីងងឹត ឲ្យមនុស្ស​ដែលមាន​ភ្នែក មើលឃើញ​រូប​បាន បពិត្រ​ព្រះអង្គ​ដ៏ចំរើន ខ្ញុំព្រះអង្គ សូមដល់​នូវ​​ព្រះមានព្រះភាគ​ផង ព្រះធម៌ផង ព្រះសង្ឃ​ផង ជាទីពឹង ទីរលឹក សូម​ព្រះមានព្រះភាគ ចាំទុក​នូវ​ខ្ញុំ​ព្រះអង្គថា ជា​ឧបាសក អ្នកដល់​ហើយនូវ​​ព្រះរតនត្រ័យ ជាទីពឹង ទីរលឹក​​ស្មើដោយ​ជីវិត តាំងអំ​ពី​ថ្ងៃនេះទៅ។ លំដាប់នោះ ព្រះមានព្រះភាគ បានត្រាស់​ព្រះតម្រាស់​នេះ នឹងបុរស​នោះថា ម្នាលអ្នក​ដ៏មានអាយុ អ្នកកុំ​ទៅ​តាម​ផ្លូវនេះ ចូល​ទៅ​តាម​ផ្លូវនេះ​វិញ ហើយក៏​បញ្ជូន​​បុរសនោះ ទៅតាម​ផ្លូវ​ដទៃទៅ។

[៣៤] គ្រានោះ បុរសទាំងពីរនាក់នោះ គិតគ្នាថា បុរសម្នាក់នោះ ដូចម្តេចក៏​ក្រមកម្ល៉េះ ហើយក៏នាំគ្នា​ទៅកាន់ផ្លូវ​ជួបគ្នា ស្រាប់តែបានឃើញ​ព្រះមានព្រះភាគ គង់ទៀប​គល់ឈើ​មួយ លុះឃើញហើយ ក៏ចូលទៅរក​ព្រះមានព្រះភាគ លុះទៅដល់ហើយ ក៏ក្រាប​អភិវាទ​ចំពោះ​ព្រះមានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ។ ព្រះមានព្រះភាគ ទ្រង់សំដែងនូវ​អនុបុព្វីកថា ដល់បុរសទាំងពីរនាក់នោះ។បេ។ បុរសទាំងពីនាក់នោះ ក៏មិនជឿបុគ្គលដទៃ ក្នុងសាសនា​របស់​ព្រះសាស្តា ក៏បានក្រាបបង្គំ​ទូលព្រះមានព្រះភាគ​យ៉ាងនេះថា បពិត្រ​ព្រះអង្គដ៏ចំរើន ភាសិត​របស់​ព្រះអង្គពីរោះណាស់ បពិត្រព្រះអង្គដ៏ចំរើន ភាសិតរបស់​ព្រះអង្គ​ពីរោះណាស់។បេ។ សូម​ព្រះមានព្រះភាគ ចាំទុកនូវយើង​ខ្ញុំទាំងឡាយថា ជា​ឧបាសក អ្នកដល់ហើយនូវ​ព្រះរតនត្រ័យ ជាទីពឹង ទីរលឹក​ស្មើដោយជីវិត ចាប់ដើមតាំងអំ​ពីថ្ងៃនេះទៅ។ លំដាប់នោះ ព្រះមានព្រះភាគ បានត្រាស់ព្រះតម្រាស់នេះ នឹងបុរស​នោះថា ម្នាលអ្នកដ៏មានអាយុទាំងឡាយ ចូរអ្នកកុំដើរទៅ​តាមផ្លូវនេះ ចូរអ្នកដើរទៅ​តាម​ផ្លូវនេះវិញ ហើយក៏បញ្ជូន​ទៅតាមផ្លូវ​ដទៃទៅ។

[៣៥] គ្រានោះ បុរស៤នាក់។បេ។ គ្រានោះ បុរស៨នាក់។បេ។ គ្រានោះ បុរស​១៦នាក់ គិតគ្នាថា បុរស៨នាក់ ដូចម្តេចក៏ក្រមកម្ល៉េះ ហើយទៅកាន់​ផ្លូវជួបគ្នា ស្រាប់តែបានឃើញ​ព្រះមានព្រះភាគ គង់នៅទៀបគល់ឈើមួយ លុះឃើញហើយ ក៏ចូល​ទៅរក​ព្រះមានព្រះភាគ ក្រាប​អភិវាទ ចំពោះ​ព្រះមានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ។ ព្រះមានព្រះភាគ ទ្រង់​សំដែង​អនុបុព្វីកថា ដល់បុរសទាំង១៦នាក់នោះ អនុបុព្វីកថានោះ ដូចម្តេច គឺទានកថា សីលកថា។បេ។ បុរសទាំង១៦នាក់នោះ មិនជឿបុគ្គលដទៃ ក្នុង​សាសនារបស់ព្រះសាស្តា ហើយបានក្រាបបង្គំ​ទូលព្រះមានព្រះភាគ​យ៉ាងនេះថា បពិត្រ​ព្រះអង្គដ៏ចំរើន ភាសិត​របស់​ព្រះអង្គ​ពីរោះណាស់ បពិត្រព្រះអង្គដ៏ចំរើន ភាសិតរបស់​ព្រះអង្គពីរោះណាស់។បេ។ សូម​ព្រះមានព្រះភាគ ចាំទុកនូវយើង​ខ្ញុំថា ជា​ឧបាសក អ្នក​ដល់​ហើយនូវ​ព្រះរតនត្រ័យ ជាទីពឹង ស្មើ​ដោយ​ជីវិត ចាប់ដើម​ពីថ្ងៃនេះទៅ។ លំដាប់នោះ​ឯង មានបុរសម្នាក់ ចូលទៅរកទេវទត្ត លុះចូលទៅដល់ហើយ បាននិយាយពាក្យនេះ នឹង​ទេវទត្តថា បពិត្រលោកម្ចាស់ ខ្ញុំព្រះករុណា មិនអាចនឹងសម្លាប់​ព្រះមានព្រះភាគនោះទេ ដ្បិត​ព្រះមានព្រះភាគនោះ មានឫទ្ធិច្រើន មាន​អានុភាពច្រើនណាស់។ ទេវទត្ត​និយាយថា ណ្ហើយ អ្នកដ៏មានអាយុ បើអ្នកមិនអាច​នឹង​សម្លាប់​ព្រះ​សមណគោតមបានទេ ទុកឲ្យយើង​ឯង នឹង​សម្លាប់​ព្រះសមណគោតមវិញ។

[៣៦] សម័យនោះឯង ព្រះមានព្រះភាគទ្រង់ចង្ក្រម ក្នុងម្លប់ភ្នំគិជ្ឈកូដ។ លំដាប់នោះ ទេវទត្តឡើងទៅលើ (កំពូល)ភ្នំគិជ្ឈកូដ ហើយប្រមៀលដុំថ្មធំ ដោយបំណងថា អញនឹង​សម្លាប់​ព្រះសមណគោតម ដោយដុំថ្មនេះ។ ឯកំពូលភ្នំទាំងពីរ ក៏មកប្រជុំគ្នា រងដុំថ្មនោះ។ គ្រានោះ បំណែក​ថ្ម ក៏ខ្ទាតឡើង ទង្គិច​ធ្វើព្រះលោហិត ក្នុងព្រះបាទព្រះមានព្រះភាគ ឲ្យ​ពុរពងឡើង។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ទតព្រះនេត្រ​ទៅខាងលើ ហើយមាន​ព្រះពុទ្ធ​ដីកា​ទៅរក​ទេវទត្តថា នែមោឃបុរស អ្នកឯងមានចិត្តប្រទូស្ត មានចិត្តចង់សម្លាប់ ហើយធ្វើលោហិត​របស់​តថាគត​ឲ្យពុរពង​ឡើង ដោយអំពើណា អំពើនោះ អ្នកនឹងរង​អកុសលកម្ម​ច្រើន។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅ​ភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ ទេវទត្តមានចិត្ត​ប្រទូស្ត​ មានចិត្តចង់សម្លាប់ បានធ្វើលោហិត​របស់​តថាគត​ឲ្យពុរពង​ឡើង ដោយអំពើណា អំពើ​នេះ ឈ្មោះថា​អនន្តរិយកម្ម ដែលទេវទត្ត​សន្សំ​មកជាដម្បូង។ ភិក្ខុទាំងឡាយ​បានឮដំណឹងថា ទេវទត្ត​ព្យាយាមសម្លាប់​ព្រះមាន​ព្រះភាគ​ហើយ។ ពួកភិក្ខុទាំងនោះ ចង្ក្រម​ព័ទ្ធជុំវិញ​វិហារ របស់​ព្រះមានព្រះភាគ នាំគ្នា​ស្រែក​ធ្វើសំឡេង​គឹកកងខ្លាំង ធ្វើស្វាធ្យាយ ដើម្បីរក្សាការពារ​គ្រប់​គ្រង​ព្រះមានព្រះភាគ។ ព្រះមានព្រះភាគ បានឮសំឡេងគឹកកង សំឡេងខ្លាំង សំឡេង​ស្វាធ្យាយ លុះ​ទ្រង់​ឮហើយ ត្រាស់ហៅព្រះអានន្ទដ៏មានអាយុមកថា ម្នាលអានន្ទ សំឡេងគឹកកង សំឡេង​ខ្លាំង សំឡេង​ស្វាធ្យាយនោះ តើជាសំឡេង​អ្វី។ ព្រះអានន្ទក្រាបបង្គំទូលថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន ភិក្ខុទាំងឡាយបានឮដំណឹងថា ទេវទត្ត​ព្យាយាមសម្លាប់​ព្រះមានព្រះភាគ បពិត្រ​ព្រះអង្គដ៏ចំរើន ភិក្ខុទាំងនោះ ក៏ចង្ក្រម​ព័ទ្ធជុំវិញ​វិហារ របស់​ព្រះមានព្រះភាគ នាំគ្នាស្រែក​ធ្វើសំឡេង​គឹកកង សំឡេងខ្លាំង ធ្វើស្វាធ្យាយ ដើម្បីរក្សាការពារ​គ្រប់​គ្រង​ព្រះមាន​ព្រះភាគ បពិត្រព្រះមានព្រះភាគ សំឡេង​គឹកកង សំឡេងខ្លាំង សំឡេងស្វាធ្យាយនោះ គឺជាសំឡេង​នោះឯង។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលអានន្ទ បើដូច្នោះ ចូរអ្នកហៅ​ភិក្ខុទាំង​នោះ មកតាមពាក្យ​តថាគត​ថា ព្រះសាស្តាឲ្យ​ហៅលោក​ដ៏មានអាយុទាំងឡាយ។ ព្រះអានន្ទ​ដ៏មានអាយុ ទទួលពុទ្ធដីកា​របស់​ព្រះមានព្រះភាគថា ករុណាព្រះអង្គ រួចហើយ ក៏ចូលសំដៅទៅរកភិក្ខុទាំងឡាយ លុះចូល​ទៅដល់​ហើយ បាននិយាយពាក្យនេះ នឹងភិក្ខុ​ទាំងនោះថា ព្រះសាស្តាត្រាស់​ឲ្យហៅ​លោក​ដ៏​មានអាយុទាំងឡាយ។ ភិក្ខុទាំងឡាយនោះ ទទួលស្តាប់​ពាក្យអានន្ទដ៏មានអាយុថា យ៉ាង​នេះ​ហើយអាវុសោ រួចហើយក៏ចូលទៅគាល់​ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ទើប​ក្រាប​បង្គំ​ ចំពោះ​ព្រះមានព្រះភាគ ហើយ​អង្គុយក្នុងទីដ៏សមគួរ។ លុះភិក្ខុទាំងនោះ អង្គុយក្នុងទីដ៏សមគួរ​ហើយ ព្រះមានព្រះភាគ បានត្រាស់តម្រាស់​នេះថា ម្នាលភិក្ខុទាំងឡាយ អ្នកណា​ព្យាយាម​សម្លាប់​តថាគត សេចក្តី​ព្យាយាម​សម្លាប់របស់អ្នកនោះ មិនមែនជាហេតុ មិនមែនជា​ឱកាស (គួរ​ធ្វើ​បានឡើយ) ម្នាលភិក្ខុទាំងឡាយ ព្រោះតថាគតទាំងឡាយ មិនដែលបរិនិព្វាន ដោយសេចក្តី​ព្យាយាម​របស់អ្នកដទៃទេ។ ម្នាលភិក្ខុទាំងឡាយ គ្រូក្នុងលោកនេះ មាន៥ពួក គ្រូទាំង៥ពួកនោះ គឺគ្រូណាខ្លះ  ម្នាលភិក្ខុទាំងឡាយ គ្រូ១ពួកក្នុងលោកនេះ មានសីលមិនបរិសុទ្ធ តែប្តេជ្ញា​ថា អញមានសីល​បរិសុទ្ធខ្លះ ថាសីលរបស់អញ​បរិសុទ្ធផូរផង់ ឥតមានសៅហ្មងខ្លះ។ ពួកសាវ័ក​ តែងដឹងគ្រូ​នោះយ៉ាងនេះថា គ្រូដ៏ចំរើននេះ មានសីលមិនបរិសុទ្ធ តែប្តេជ្ញាថា អញ​មាន​សីល​បរិសុទ្ធខ្លះ ថាសីល​របស់អញ​បរិសុទ្ធផូរផង់ ឥតមាន​សៅហ្មងខ្លះ ដូច្នេះ បើយើងប្រាប់ (រឿងនោះ) ដល់​ពួកគ្រហស្ថ គង់លោក​មិនគាប់ចិត្ត​ទេ ក៏រឿងណា​មិនគាប់​ចិត្តដល់លោក យើងនឹង​សើរើ​រឿង​លោកនោះ ដូចម្តេចបាន ព្រោះលោក​កំពុង​រាប់អាន (យើង) ដោយចីវរ បិណ្ឌបាត សេនាសនៈ និង​គិលានប្បច្ចយភេសជ្ជបរិក្ខារ លោកនឹង​ធ្វើកម្មណា គង់លោកនឹងប្រាកដឡើង ព្រោះ​កម្ម​នោះ​មិនខាន។ ម្នាលភិក្ខុទាំងឡាយ ពួកសាវ័ក តែងរក្សាគ្រូបែបនេះ​ដោយសីល។ ឯគ្រូ​បែបនេះ តែង​នឹកសង្ឃឹម​នូវការរក្សា អំពី​ពួកសាវ័ក​ដោយសីល។

[៣៧] ម្នាលភិក្ខុទាំងឡាយ ពាក្យដទៃនៅមានទៀត គ្រូ១ពួកក្នុងលោកនេះ មាន​អាជីវៈ​មិនបរិសុទ្ធ តែប្តេជ្ញាខ្លួនថា អញមានអាជីវៈ​បរិសុទ្ធខ្លះ។បេ។ ម្នាលភិក្ខុទាំងឡាយ ពួក​សាវ័ក​ តែង​រក្សា​គ្រូបែបនេះ​ដោយអាជីវៈ។ ឯគ្រូ​បែបនេះ តែងនឹកសង្ឃឹម​នូវការរក្សា អំពី​ពួកសាវ័ក​ដោយអាជីវៈ។

[៣៨] ម្នាលភិក្ខុទាំងឡាយ ពាក្យដទៃនៅមានទៀត គ្រូ១ពួកក្នុងលោកនេះ មាន​ធម្មទេសនា​​មិនបរិសុទ្ធ តែប្តេជ្ញាថា អញមានធម្មទេសនា​បរិសុទ្ធខ្លះ។បេ។ ម្នាលភិក្ខុ​ទាំងឡាយ សាវ័ក តែងរក្សាគ្រូបែបនេះ​ ដោយធម្មទេសនា។ ឯគ្រូ​បែបនេះ តែងនឹក​សង្ឃឹម​​នូវការរក្សា អំពី​ពួកសាវ័ក​ដោយធម្មទេសនា។

[៣៩] ម្នាលភិក្ខុទាំងឡាយ ពាក្យដទៃនៅមានទៀត គ្រូ១ពួកក្នុងលោកនេះ មាន​វេយ្យាករណ៍​​មិនបរិសុទ្ធ តែប្តេជ្ញាថា អញមានវេយ្យាករណ៍​បរិសុទ្ធខ្លះ។បេ។ ម្នាលភិក្ខុទាំង​ឡាយ ពួកសាវ័ក តែងរក្សាគ្រូបែបនេះ​ ដោយវេយ្យាករណ៍។ ឯគ្រូបែបនេះ តែងនឹក​សង្ឃឹម​​នូវការរក្សា អំពី​ពួកសាវ័ក​ដោយវេយ្យាករណ៍។

[៤០] ម្នាលមោគ្គល្លាន ពាក្យដទៃនៅមានទៀត គ្រូ១ពួកក្នុងលោកនេះ មាន​ញាណ​ទស្សនៈ​​មិនបរិសុទ្ធ តែប្តេជ្ញាថា អញមានញាណទស្សនៈ​បរិសុទ្ធខ្លះ ថាញាណទស្សនៈ​របស់​អញ ​បរិសុទ្ធផូរផង់ ឥតមានសៅហ្មងខ្លះ។ សាវ័កទាំងឡាយ តែងដឹងគ្រូ​នោះ​យ៉ាងនេះថា គ្រូដ៏ចំរើននេះ មានញាណទស្សនៈមិនបរិសុទ្ធ តែប្តេជ្ញាថា អញ​មានញាណ​ទស្សនៈបរិសុទ្ធខ្លះ ថាញាណទស្សនៈរបស់អញ ​បរិសុទ្ធផូរផង់ ឥតមាន​សៅហ្មងខ្លះ ដូច្នេះ បើយើងប្រាប់ (រឿងនោះ) ដល់​ពួកគ្រហស្ថ គង់លោក​មិនគាប់ចិត្តទេ​ ក៏រឿងណា​មិនគាប់ចិត្តដល់លោក យើងនឹង​សើរើ​រឿង​លោកនោះ ដូចម្តេចបាន ព្រោះលោក​កំពុង​រាប់អានយើង ដោយចីវរ បិណ្ឌបាត សេនាសនៈ និង​គិលានប្បច្ចយភេសជ្ជបរិក្ខារ លោក​នឹងធ្វើកម្មណា គង់លោកនឹងប្រាកដឡើង ព្រោះកម្ម​នោះ​មិនខាន។ ម្នាលភិក្ខុទាំងឡាយ ពួកសាវ័ក រមែងរក្សាគ្រូបែបនេះ​ ដោយញាណទស្សនៈ។ ក៏គ្រូ​បែបនេះ តែងនឹកសង្ឃឹម​នូវការរក្សា អំពី​ពួកសាវ័ក​ដោយញាណទស្សនៈ។ ម្នាលភិក្ខុទាំងឡាយ គ្រូទាំង ៥ ពួកនេះឯង តែងមានក្នុងលោកនេះ។ ម្នាលភិក្ខុទាំងឡាយ ចំណែកតថាគត ជា​អ្នក​មាន​សីលបរិសុទ្ធ ទើបប្តេជ្ញា​ថា តថាគត​​មានសីលបរិសុទ្ធខ្លះ ថាសីលរបស់តថាគត បរិសុទ្ធ​ផូរផង់ ឥតមានសៅហ្មងខ្លះ។ ឯសាវ័កទាំងឡាយ​​ មិនបាន​រក្សាតថាគត​ដោយសីលទេ។ ចំណែក​តថាគត​ ក៏មិននឹកសង្ឃឹមនូវ​ការរក្សា​អំពី​ពួក​សាវ័ក​ទាំងឡាយ ដោយសីល​ឡើយ។ ម្នាលភិក្ខុទាំងឡាយ ម្យ៉ាងទៀត តថាគត ជាអ្នកមានអាជីវៈ​បរិសុទ្ធ។បេ។ មានធម្មទេសនាបរិសុទ្ធ។បេ។ មាន​វេយ្យាករណ៍​បរិសុទ្ធ។បេ។ មានញាណទស្សនៈ​បរិសុទ្ធ ទើបប្តេជ្ញា​ថា តថាគត​​មានញាណទស្សនៈ​បរិសុទ្ធខ្លះ ថាញាណទស្សនៈ​របស់​តថាគត បរិសុទ្ធផូរផង់ ឥតមាសៅហ្មងខ្លះ។ ឯសាវ័កទាំង​ឡាយ​​ មិនបាន​រក្សាតថាគត ​ដោយញាណទស្សនៈឡើយ។ ចំណែកតថាគត ក៏មិននឹកសង្ឃឹមនូវ​ការរក្សា​អំពី​ពួក​សាវ័ក​ ដោយញាណទស្សនៈដែរ។ ម្នាលភិក្ខុទាំងឡាយ អ្នកណាព្យាយាម​សម្លាប់​តថាគត សេចក្តី​​ព្យាយាម​សម្លាប់​របស់អ្នកនោះ មិនមែនជាហេតុ មិនមែន​ជាឱកាស (គួរ​ឲ្យ​ធ្វើ​បានឡើយ) ម្នាលភិក្ខុទាំងឡាយ ព្រោះព្រះតថាគតទាំងឡាយ មិនដែលបរិនិព្វាន​ ដោយ​សេចក្តី​ព្យាយាម​របស់បុគ្គលដទៃទេ។ ម្នាលភិក្ខុទាំងឡាយ ចូរអ្នកទៅកាន់វិហារ​រាល់ខ្លួន​ចុះ ម្នាលភិក្ខុទាំងឡាយ ព្រោះព្រះតថាគតទាំងឡាយ មិនបាច់​មានបុគ្គលរក្សាទេ។

[៤១] ក៏សម័យនោះឯង ក្នុងនគររាជគ្រឹះ មានដំរី១ ឈ្មោះ នាឡាគិរី ជាសត្វកាច​សាហាវ តែងសម្លាប់មនុស្ស។ លំដាប់នោះ ទេវទត្តចូលទៅកាន់នគររាជគ្រឹះ ហួសទៅដល់រោងដំរី ហើយ​បាននិយាយ​ពាក្យនេះនឹងពួក​អ្នករក្សាដំរីថា នែនាយ យើងនេះ ជាព្រះញាតិនឹង​ស្តេច អាច​តាំង​អ្នកដែល​នៅក្នុងតំណែង​ទាប ឲ្យ​នៅក្នុងតំណែង​ខ្ពស់ក៏បាន អាច​បង្កើន​ភត្ត និងបៀវត្សក៏បាន ម្នាល​នាយ បើដូច្នោះ ព្រះសមណគោតម ដើរមកកាន់ច្រក​នេះ​ពេលណា អ្នកចូរលែង​ដំរីនាឡាគិរីនេះ ឲ្យដើរទៅកាន់ច្រក​នេះ ក្នុងពេលនោះ។ ពួកអ្នក​រក្សាដំរីទាំងនោះ ទទួលស្តាប់​ពាក្យទេវទត្តថា កុរណាលោកម្ចាស់។ គ្រានោះ ព្រះមាន​ព្រះភាគ​ទ្រង់ស្បង់ ប្រដាប់បាត្រ និងចីវរ​ក្នុងបុព្វណ្ហសម័យ ចូលទៅកាន់នគររាជគ្រឹះ ជាមួយនឹងភិក្ខុទាំងឡាយជាច្រើនរូប។ លំដាប់នោះ ព្រះមានព្រះភាគ ស្តេចទៅកាន់​ច្រកនោះ។ ឯពួកអ្នករក្សា​ដំរីទាំងនោះ បានឃើញ​ព្រះមានព្រះភាគ ស្តេចទៅកាន់​ច្រកនោះ លុះឃើញហើយ ក៏លែង​ដំរីនាឡាគិរី ឲ្យដើរ​ទៅកាន់​ច្រកនោះ។ ដំរីនាឡាគិរី បានឃើញព្រះមានព្រះភាគ ស្តេច​មកអំពីចម្ងាយលឹមៗ លុះឃើញ​ហើយ ក៏លើក​ប្រមោយ សម្រឹងត្រចៀក និងកន្ទុយ ស្ទុះទៅរកព្រះមានព្រះភាគ។ ពួក​ភិក្ខុទាំង​នោះ បានឃើញដំរីនាឡាគិរីមកអំពីចម្ងាយលឹមៗ លុះឃើញហើយ បាន​ក្រាបបង្គំ​ទូល​ព្រះមាន​ព្រះភាគ​យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ដំរីនាឡាគិរីនេះកាចអាក្រក់ ជាសត្វ​សម្លាប់​មនុស្ស (ឥឡូវ) ដើរមកកាន់ច្រកនេះហើយ បពិត្រព្រះអង្គដ៏ចំរើន សូម​ព្រះមានព្រះភាគ​ថយចេញ សូម​ព្រះសុគតស្តេចថយចេញ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ចូរអ្នកមកចុះ កុំខ្លាច​ឡើយ ម្នាលភិក្ខុទាំងឡាយ អ្នកណាព្យាយាម​សម្លាប់​តថាគត សេចក្តី​ព្យាយាម​សម្លាប់​របស់អ្នកនោះ មិនមែន​ជាហេតុ មិនមែន​ជាឱកាស (គួរ​ធ្វើបាន​ឡើយ) ម្នាលភិក្ខុទាំងឡាយ ព្រោះព្រះតថាគតទាំងឡាយ មិនដែលបរិនិព្វាន ដោយសេចក្តី​ព្យាយាម​របស់​អ្នកដទៃទេ។ ពួក​ភិក្ខុទាំងនោះ បាន​ក្រាបបង្គំ​ទូល​ព្រះមានព្រះភាគអស់វារៈ​ពីរដងផង។បេ។ ពួកភិក្ខុទាំងនោះ បានក្រាបបង្គំទូល​ព្រះមានព្រះភាគ អស់វារៈ​បីដង​ផងថា បពិត្រព្រះអង្គដ៏ចំរើន ដំរីនាឡាគិរីនេះ​កាច​អាក្រក់ ជាសត្វ​សម្លាប់​មនុស្ស (ឥឡូវ) ដើរមកកាន់ច្រកនេះហើយ បពិត្រ​ព្រះអង្គ​ដ៏ចំរើន សូម​ព្រះមានព្រះភាគថយចេញ សូម​ព្រះសុគតស្តេចថយចេញ។ ព្រះអង្គ ទ្រង់​ត្រាស់​ថា ម្នាលភិក្ខុ​ទាំង​ឡាយ ចូរអ្នកមកចុះ កុំខ្លាចឡើយ ម្នាលភិក្ខុទាំងឡាយ អ្នកណាព្យាយាម​សម្លាប់​តថាគត សេចក្តីព្យាយាម​សម្លាប់​របស់អ្នកនោះ មិនមែន​ជាហេតុ មិនមែន​ជាឱកាស ម្នាល​ភិក្ខុ​ទាំងឡាយ ព្រោះ​ព្រះតថាគតទាំងឡាយ មិនដែលបរិនិព្វាន ដោយសេចក្តីព្យាយាម​របស់​អ្នក​ដទៃ​ទេ។

[៤២] សម័យនោះឯង មនុស្សទាំងឡាយ នាំគ្នាឡើងទៅនៅលើប្រាសាទខ្លះ លើប្រាសាទ​ដំបូល​ត្រងិលខ្លះ លើដំបូលផ្ទះខ្លះ។ បណ្តាពួកមនុស្សទាំងនោះ មនុស្សពួកណាមិនទាន់​មាន​សទ្ធា មិនទាន់ជ្រះថ្លា​ ឥតប្រាជ្ញា មនុស្សពួកនោះ និយាយគ្នាយ៉ាងនេះថា ម្នាល​គ្នាយើង មហា​សមណៈ ឈ្មោះគោតម មានរូបល្អណាស់ ប៉ុន្តែមុខជាត្រូវដំរីបៀតបៀន។ ចំណែក​ខាងមនុស្ស​ពួកណា មានសទ្ធាជ្រះថ្លា ជាបណ្ឌិត មានប្រាជ្ញា មនុស្សពួកនោះ និយាយ​គ្នាយ៉ាងនេះថា ម្នាល​គ្នាយើង មិនយូរប៉ុន្មានឡើយ មុខជាព្រះពុទ្ធនាគ នឹងធ្វើ​សង្គ្រាមជាមួយនឹងហត្ថិនាគ (នេះ)។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ផ្សាយមេត្តាចិត្ត​ទៅកាន់ដំរីនាឡាគិរី។ គ្រានោះ ដំរីនាឡាគិរី ដែល​មេត្តាចិត្តរបស់​ព្រះមានព្រះភាគ​ពាល់​ត្រូវហើយ ក៏ដាក់ប្រមោយចុះ ចូលទៅជិត​ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ  បាន​ឈរ​នៅចំពោះព្រះភក្ត្រ​ព្រះមានព្រះភាគ។ ព្រះមានព្រះភាគ យកព្រះហស្ថខាងស្តំា​ ស្ទាប​ពោងដំរីនាឡាគិរី ហើយសំដែង​គាថា ចំពោះ​ដំរីនាឡាគិរីនោះថា

[៤៣] ម្នាលកុញ្ជរ អ្នកកុំចូលមកប៉ុនប៉ងសម្លាប់​ព្រះពុទ្ធនាគឡើយ ម្នាលកុញ្ជរ ព្រោះថា ការ​ចូលមកប៉ុនប៉ងសម្លាប់​ព្រះពុទ្ធនាគ ជាហេតុ​ឲ្យកើតទុក្ខ។ ម្នាលកុញ្ជរ កាលបើ​អ្នក​សម្លាប់​ព្រះពុទ្ធនាគហើយ ទៅអំពីជាតិ​នេះ ទៅកាន់​លោកខាងមុខ (អ្នក) មិនបាន​ទៅ​កើតក្នុង​សុគតិទេ។ ចូរអ្នកលែងស្រវឹង លែងប្រមាទទៅ ព្រោះថា សត្វ​ទាំងឡាយ ដែល​ប្រមាទហើយ តែង​មិនបាន​ទៅកាន់​សុគតិភូមិឡើយ។ អ្នកនឹងទៅកាន់សុគតិ ដោយ​ប្រការ​ដែលអ្នក​ធ្វើខ្លួន​ឯង។

[៤៤] លំដាប់នោះ ដំរីនាឡាគិរីចាប់ល្អងធូលី ដែលជាប់នឹងព្រះបាទព្រះមានព្រះភាគ ដោយ​ប្រមោយ យកមករោយរាយលើក្បាល ហើយបែរមុខចំព្រះមានព្រះភាគ អង្កុញ​ជើង​មុខ ថយក្រោយ ដរាបទាល់តែលែងឃើញ​ព្រះមានព្រះភាគ។ លំដាប់នោះ ដំរី​នាឡាគិរី ដើរទៅកាន់​រោងដំរី ក៏បានឈរនៅក្នុងកន្លែងរបស់ខ្លួនដដែល។ ព្រះមាន​ព្រះភាគ បានទូន្មាន​ដំរីនាឡាគិរី ដោយប្រការដូច្នេះឯង។

[៤៥] សម័យនោះឯង មនុស្សទាំងឡាយនាំគ្នាច្រៀងគាថានេះថា

ជនពួក១តែងទូន្មាន (ដំរី) ដោយដម្បងខ្លះ ដោយកង្វេរខ្លះ ដោយរំពាត់ខ្លះ (ចំណែក) ព្រះពុទ្ធ ដែលព្រះអង្គស្វែងរកនូវគុណធំ ឥតមានដម្បង ឥតមានគ្រឿង​សស្ត្រាអ្វីទេ តែ​អាច​ទូន្មាន​ហត្ថិនាគបាន។

មនុស្សទាំងឡាយ ពោលទោស តិះដៀល បន្តុះ​បង្អាប់ថា ទេវទត្តនេះ ជាមនុស្ស​អាក្រក់ ជាអ្នកឥតបុណ្យសោះ មិនសមបើនឹងព្យាយាម​សម្លាប់​ព្រះសមណគោតម ដែលមាន​ឫទ្ធិ​ច្រើន មានអានុភាពច្រើនយ៉ាងនេះឡើយ។ ទេវទត្តក៏សាបសូន្យ​លាភសក្ការៈទៅ។ ឯ​លាភ​សក្ការៈ ក៏រឹតតែចំរើន​ឡើង ដល់​ព្រះមានព្រះភាគ។

[៤៦] សម័យនោះឯង ទេវទត្ត ព្រមទាំងបរិសទ្យ​សាបសូន្យលាភសក្ការៈ ហើយក៏នាំគ្នារៃ​អង្គាស​គ្រប់ត្រកូល មកបរិភោគ។ មនុស្សទាំងឡាយ ពោលទោស តិះដៀល បន្តុះ​បង្អាប់ថា មិន​សម​​បើសមណៈ​ទាំងឡាយ ជាសក្យបុត្តិយ៍ នាំគ្នារៃអង្គាស​គ្រប់ត្រកូល យកមក​ឆាន់សោះ អ្នក​ណា មិនពេញចិត្តនឹងរបស់សម្បូណ៌ អ្នកណា មិនគាប់ចិត្ត​នឹងរបស់ឆ្ងាញ់។ ភិក្ខុទាំងឡាយ បានឮ​មនុស្សទាំងនោះ​ពោលទោស តិះដៀល បន្តុះ​បង្អាប់ហើយ។ ភិក្ខុណាដែល មានសេចក្តីប្រាថ្នា​តិច។បេ។ ភិក្ខុទាំងនោះ ក៏ពោលទោស តិះដៀល បន្តុះ​បង្អាប់ថា ទេវទត្តព្រមទាំងបរិសទ្យ មិន​សម​បើ​នឹង​រៃ​អង្គាស​គ្រប់ត្រកូល យកមកឆាន់សោះ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលដំណើរនុ៎ះ ចំពោះ​​ព្រះមាន​ព្រះភាគ។បេ។ ព្រះអង្គ ទ្រង់​ត្រាស់ថា ម្នាលទេវទត្ត បានឮថា អ្នកព្រម​ទាំង​បរិសទ្យ រៃអង្គាស​គ្រប់​ត្រកូល យកមកបរិភោគ ពិតមែនឬ។ ទេវទត្ត​ក្រាបបង្គំទូលថា បពិត្រ​ព្រះមានព្រះភាគ ពិតមែន។បេ។ ព្រះពុទ្ធ​មានព្រះភាគ ទ្រង់បន្ទោសហើយ ធ្វើនូវធម្មីកថា ត្រាស់​ហៅ​​ភិក្ខុទាំងឡាយ​មកថា ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ តថាគត នឹងអនុញ្ញាត​តិកភោជន [ភោជន​ដែលឆាន់បាន​ត្រឹម​បីរូប បើភិក្ខុតាំង​ពី៤រូបឡើងទៅ ឆាន់មិនបាន។] គ្រប់ត្រកូល ដល់​ភិក្ខុ​ទាំងឡាយ ព្រោះ​អាស្រ័យ​អំណាច​ប្រយោជន៍​៣យ៉ាង (គឺ) ដើម្បីនឹងផ្ចាញ់​ផ្ចាល​នូវបុគ្គល​ទាំង​ឡាយ ដែល​មិនមាន​អៀនខ្មាស១ ដើម្បីកិរិយានៅជាសុខស្រួល ដល់ភិក្ខុ​ទាំងឡាយ ដែល​មាន​សីល​ជាទីស្រឡាញ់ ថាកុំឲ្យពួកភិក្ខុ មានសេចក្តីប្រាថ្នាដ៏លាមក អាស្រ័យបក្ខពួក ហើយនាំគ្នា​បំបែក​សង្ឃ១ ដើម្បី​សេចក្តីអាណិត​ដល់ត្រកូល១ (វិនយធរ) ត្រូវកាត់​សេចក្តីតាម​អាបត្តិ ក្នុង​គណភោជន​សិក្ខាបទ​ចុះ។

[៤៧] គ្រានោះ ទេវទត្តដើរចូលទៅរកកោកាលិកភិក្ខុ កដមោរកតិស្សកភិក្ខុ ខណ្ឌទេវិយា​បុត្ត​ភិក្ខុ និងសមុទ្ទទត្តភិក្ខុ លុះចូលទៅដល់ហើយ បាននិយាយពាក្យនេះ ទៅនឹង​កោកាលិកភិក្ខុ កដមោរកតិស្សកភិក្ខុ ខណ្ឌទេវិយាបុត្តភិក្ខុ និងសមុទ្ទទត្តភិក្ខុថា ម្នាល​អាវុសោ​ទាំងឡាយ អ្នក​ចូរ​មក ពួកយើងនឹងធ្វើការបំបែកសង្ឃ និងទំលាយចក្រ​របស់ព្រះ​សមណ​គោតម។ កាលបើ​ទេវទត្ត​និយាយយ៉ាងនេះហើយ កោកាលិកភិក្ខុ ក៏បាននិយាយ​ពាក្យនេះ ទៅនឹង​ទេវទត្តថា ម្នាល​អាវុសោ ព្រះសមណគោតម មានឫទ្ធិច្រើន មាន​អានុភាពច្រើនណាស់ ពួកយើងនឹងធ្វើការបំបែកសង្ឃ នឹង​ទំលាយ​ចក្រ របស់​ព្រះសមណ​គោតម ដូចម្តេចបាន។ ទេវទត្តឆ្លើយថា ម្នាលអាវុសោ ចូរអ្នក​ទាំងឡាយមក ពួកយើង​នឹងនាំគ្នាចូលទៅគាល់​ព្រះសមណគោតម ហើយទូលសុំវត្ថុ៥ប្រការថា បពិត្រព្រះអង្គ​ដ៏ចំរើន ព្រះមានព្រះភាគ តែងសរសើរគុណ នៃបុគ្គលអ្នកមានសេចក្តីប្រាថ្នាតិច អ្នក​សន្តោស ដុសខាត់ចិត្ត ទ្រទ្រង់ធុតង្គវត្ត គួរជាទីជ្រះថ្លា មិនសន្សំកិលេសវដ្តៈ ប្រារព្ធ​សេចក្តី​ព្យាយាម ដោយបរិយាយជាច្រើន បពិត្រព្រះអង្គដ៏ចំរើន វត្ថុ៥ប្រការទាំងនេះ រមែង​ប្រព្រឹត្ត​ទៅដើម្បី​សេចក្តីប្រាថ្នាតិច ដើម្បីសន្តោស ដើម្បី​ដុសខាត់ចិត្ត ដើម្បីធុតង្គវត្ត ដើម្បីសេចក្តីជ្រះថ្លា ដើម្បី​មិនសន្សំ​កិលេសវដ្តៈ ដើម្បីប្រារព្ធសេចក្តី​ព្យាយាម ដោយ​បរិយាយ​ជាច្រើន បពិត្រព្រះអង្គដ៏​ចំរើន សូមទ្រង់មេត្តាប្រោស សូមឲ្យភិក្ខុទាំងឡាយ នៅតែក្នុងព្រៃជាវត្តអស់មួយជីវិត ភិក្ខុណានៅ​ក្នុងស្រុក ភិក្ខុនោះនឹងត្រូវទោស សូមឲ្យភិក្ខុ​ទាំងឡាយ កាន់បិណ្ឌបាតជាវត្តអស់មួយជីវិត ភិក្ខុ​ណា​ត្រេកអរដោយការនិមន្តន៍ ភិក្ខុនោះ​នឹងត្រូវទោស សូមឲ្យភិក្ខុទាំងឡាយ ប្រើប្រាស់​តែសំពត់​បង្សុកូលអស់មួយជីវិត ភិក្ខុណា​ត្រេកអរ​ចំពោះ​គហបតិចីវរ ភិក្ខុនោះនឹងត្រូវទោស សូមឲ្យភិក្ខុ​ទាំង​ឡាយ នៅទៀប​គល់ឈើ​ជាវត្តអស់មួយជីវិត ភិក្ខុណាចូល​ទៅនៅ​ក្នុងទី​ប្រក់ទីបាំង ភិក្ខុនោះ​នឹង​ត្រូវទោស សូមកុំឲ្យភិក្ខុទាំងឡាយឆាន់ត្រី និងសាច់អស់មួយជីវិត ភិក្ខុណាឆាន់ត្រី និងសាច់ ភិក្ខុ​នោះនឹងត្រូវទោស ព្រះសមណគោតម មុខជាមិនអនុញ្ញាតវត្ថុ៥ប្រការនេះឲ្យទេ ហើយ​ពួក​យើងឯង នឹងពន្យល់ជន (ឲ្យត្រកអរ​នឹងយើង) ដោយវត្ថុ៥ប្រការនេះ។ កោកាលិកភិក្ខុ​និយាយថា ម្នាលអាវុសោ ពួកយើង​អាចនឹងធ្វើការទំលាយសង្ឃ ទំលាយ​ចក្ររបស់​ព្រះសមណគោតម ដោយ​វត្ថុ៥ប្រការនេះបាន ម្នាលអាវុសោទាំងឡាយ ដ្បិតមនុស្ស​ទាំងឡាយ ដែលជ្រះថ្លា​ដោយ​វត្ថុ​សៅហ្មង (មានច្រើន)។

[៤៨] គ្រានោះ ទេវទត្តព្រមទាំងបរិសទ្យ ចូលទៅគាល់​ព្រះមានព្រះភាគជាម្ចាស់ លុះចូល​ទៅ​ដល់ហើយ ក្រាបថ្វាយបង្គំ​ព្រះមានព្រះភាគ រួច​អង្គុយក្នុងទីដ៏សមគួរ។ លុះ​ទេវទត្ត​អង្គុយ​ក្នុង​ទី​ដ៏សមគួរហើយ ក៏ក្រាបបង្គំទូល​ពាក្យនេះ នឹង​ព្រះមានព្រះភាគថា បពិត្រ​ព្រះអង្គដ៏ចំរើន ព្រះ​ទ្រង់​យស តែងសរសើរគុណ នៃបុគ្គលអ្នកមានសេចក្តីប្រាថ្នាតិច ជា​អ្នក​​សន្តោស ដុសខាត់ចិត្ត ទ្រ​ទ្រង់​ធុតង្គវត្ត គួរជាទីជ្រះថ្លា មិនសន្សំកិលេសវដ្តៈ ប្រារព្ធ​សេចក្តី​ព្យាយាម ដោយបរិយាយ​ជា​ច្រើន បពិត្រព្រះអង្គដ៏ចំរើន វត្ថុ៥ប្រការ​ទាំងនេះ រមែង​ប្រព្រឹត្ត​ទៅ​ដើម្បី​​សេចក្តីប្រាថ្នាតិច ដើម្បី​សន្តោស ដើម្បី​ដុសខាត់ចិត្ត ដើម្បីធុតង្គវត្ត ដើម្បីសេចក្តីជ្រះថ្លា ដើម្បី​​មិនសន្សំ​កិលេសវដ្តៈ ដើម្បី​ប្រារព្ធ​សេចក្តី​ព្យាយាម ដោយ​បរិយាយ​ជាច្រើន បពិត្រ​ព្រះអង្គ​ដ៏​ចំរើន សូមទ្រង់មេត្តាប្រោស សូម​ឲ្យភិក្ខុទាំងឡាយ នៅតែក្នុងព្រៃជាវត្តអស់មួយជីវិត ភិក្ខុណានៅ​ក្នុងស្រុក ភិក្ខុនោះ​នឹង​ត្រូវ​ទោស សូមឲ្យភិក្ខុ​ទាំងឡាយ កាន់បិណ្ឌបាតជាវត្តអស់មួយជីវិត ភិក្ខុ​ណា​ត្រេកអរដោយ​ការ​និមន្តន៍ ភិក្ខុនោះ​នឹងត្រូវទោស សូមឲ្យភិក្ខុទាំងឡាយ ទ្រទ្រង់សំពត់​បង្សុកូល​អស់មួយជីវិត ភិក្ខុ​ណា​ត្រេកអរ​ចំពោះ​គហបតិចីវរ ភិក្ខុនោះនឹងត្រូវទោស សូមឲ្យភិក្ខុ​ទាំង​​ឡាយ នៅទៀបគល់​ឈើ​ជាវត្តអស់មួយជីវិត ភិក្ខុណាចូល​ទៅនៅ​ក្នុងទី​ប្រក់ទីបាំង ភិក្ខុនោះ​នឹង​ត្រូវទោស សូមកុំឲ្យ​ភិក្ខុ​ទាំង​ឡាយ​ឆាន់ត្រី និងសាច់អស់មួយជីវិត ភិក្ខុណាឆាន់ត្រី និងសាច់ ភិក្ខុ​នោះ​នឹងត្រូវទោស។ ព្រះអង្គ ទ្រង់ត្រាស់ថា កុំទេវទត្ត ភិក្ខុណាចង់នៅក្នុងព្រៃ ចូរឲ្យភិក្ខុ​នោះ​​នៅចុះ ភិក្ខុណាចង់នៅក្នុងស្រុក ចូរ​ឲ្យភិក្ខុនោះនៅចុះ ភិក្ខុណា​ចង់ប្រព្រឹត្ត​បិណ្ឌបាត​ជាវត្ត ចូរ​ឲ្យ​ភិក្ខុនោះប្រព្រឹត្តចុះ ភិក្ខុណាចង់​ត្រេកអរដោយការនិមន្តន៍ ចូរឲ្យ​ភិក្ខុនោះ​ត្រេកអរចុះ ភិក្ខុណាចង់​ត្រេកអរ​នឹងគហបតិចីវរ ចូរឲ្យ​ភិក្ខុនោះត្រេកអរចុះ ម្នាលទេវទត្ត ដ្បិតតថាគតអនុញ្ញាត​សេនាសនៈ​ទៀបគល់ឈើអស់​កាល​៨​ខែ​ហើយ ទាំងបាន​អនុញ្ញាត​ត្រីសាច់ ដែលបរិសុទ្ធ ​ដោយទី​បំផុត៣ប្រការ គឺមិនបានឃើញ១ មិន​បាន​ឮ១ មិនបាន​រង្កៀស១ (ឲ្យភិក្ខុទាំងឡាយឆាន់បាន)។ លំដាប់នោះ ទេវទត្តត្រេកអររីករាយថា ព្រះមាន​ព្រះភាគ មិនព្រមអនុញ្ញាតវត្ថុ៥ប្រការនេះទេ បាន​ក្រាបថ្វាយបង្គំ​លាព្រះមានព្រះភាគ ព្រមទាំងបរិសទ្យ ក្រោកចាកអាសនៈ ធ្វើប្រទក្សិណ ហើយចៀសចេញទៅ។

[៤៩] គ្រានោះ ទេវទត្តព្រមទាំងបរិសទ្យ ចូលទៅកាន់ក្រុងរាជគ្រឹះ ពន្យល់​អ្នកផង​ឲ្យយល់ ដោយវត្ថុ៥ប្រការ ហើយនិយាយថា ម្នាលអាវុសោទាំងឡាយ ពួកយើងបាន​ចូលទៅ​គាល់​ព្រះ​សមណគោតម ហើយទូលសុំវត្ថុ៥ប្រការថា បពិត្រព្រះអង្គដ៏ចំរើន ព្រះមានព្រះភាគ តែង​សរសើរ​គុណ របស់បុគ្គលជាអ្នកមានសេចក្តីប្រាថ្នាតិច។បេ។ ប្រារព្ធសេចក្តី​ព្យាយាម ដោយ​បរិយាយ​ជាច្រើន បពិត្រព្រះអង្គដ៏ចំរើន វត្ថុ៥ប្រការទាំងនេះ រមែង​ប្រព្រឹត្ត​ទៅ​ដើម្បី​​សេចក្តី​ប្រាថ្នា​តិច។បេ។ ដើម្បីប្រារព្ធសេចក្តី​ព្យាយាម ដោយបរិយាយជាច្រើន បពិត្រ​ព្រះអង្គ​ដ៏​ចំរើន សូម​ទ្រង់​មេត្តា​ប្រោស សូមឲ្យភិក្ខុទាំងឡាយ នៅតែក្នុងព្រៃជា​វត្តអស់​មួយជីវិត ភិក្ខុណានៅ​ក្នុងស្រុក ភិក្ខុ​នោះ​នឹងត្រូវទោស។បេ។ សូមកុំឲ្យភិក្ខុទាំងឡាយ​ឆាន់ត្រី និងសាច់អស់មួយជីវិត ភិក្ខុណាឆាន់ត្រី និងសាច់ ភិក្ខុនោះនឹងត្រូវទោស (ឥឡូវ) វត្ថុ៥ប្រការទាំងនេះ ព្រះសមណ​គោតម​មិនព្រម​អនុញ្ញាត​​ឲ្យទេ ពួកយើង​ទាំងអស់គ្នានោះ នឹងសមាទាន​ប្រព្រឹត្ត​វត្ថុទាំង​៥ប្រការនេះ។

[៥០] បណ្តាមនុស្សទាំងនោះ មនុស្សពួកណាដែល​ឥតសទ្ធា មិនជ្រះថ្លា ឥតប្រាជ្ញា មនុស្ស​ពួកនោះ និយាយគ្នាយ៉ាងនេះថា ពួកសមណៈ ជាសក្យបុត្តទាំងនោះ ជាអ្នក​កំចាត់បង់នូវកិលេស ជាអ្នកប្រព្រឹត្តដុសខាត់ចិត្ត ចំណែកព្រះសមណគោតម ជាអ្នក​ល្មោភ (ដោយ​បច្ច័យ មានចីវរ​ជាដើម) តែងត្រិះរិះដើម្បីសេចក្តីល្មោភ (ចីវរជាដើម)។ ចំណែក​ពួកមនុស្សណា ដែលមានសទ្ធា​ជ្រះថ្លា ជាបណ្ឌិត មានប្រាជ្ញា មនុស្សពួកនោះ នាំគ្នាពោលទោស តិះដៀល បន្តុះ​បង្អាប់ថា ទេវទត្ត មិនសមបើនឹងខំប្រឹងទំលាយសង្ឃ និងទំលាយចក្រសោះ។ ភិក្ខុទាំងឡាយ បានឮដំណឹង​មនុស្សទាំងនោះពោលទោស តិះដៀល បន្តុះ​បង្អាប់ហើយ។ ពួកភិក្ខុណា ដែលមាន​សេចក្តី​ប្រាថ្នា​តិច។បេ។ ពួកភិក្ខុ​នោះ ពោលទោស តិះដៀល បន្តុះ​បង្អាប់ថា មិនសមបើ​ទេវទត្ត ខំប្រឹង​ទំលាយ​សង្ឃ និងទំលាយ​ចក្រសោះ។ ទើបភិក្ខុទាំងនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមាន​ព្រះ​ភាគ។ ព្រះអង្គ ទ្រង់​ត្រាស់ថា ម្នាលទេវទត្ត ឮថា អ្នកខំប្រឹងបំបែកសង្ឃ និងបំបែកចក្រ មែនឬ។ ទេវទត្តឆ្លើយថា បពិត្រព្រះមានព្រះភាគ ពិតមែន។ ព្រះអង្គ ទ្រង់ត្រាស់ថា កុំទេវទត្ត អ្នកកុំចូល​ចិត្ត​​នឹងការបំបែកសង្ឃឡើយ ម្នាលទេវទត្ត ដ្បិតការបំបែកសង្ឃ មានទោសជាទម្ងន់ណាស់ ម្នាល​ទេវទត្ត ប្រសិនបើអ្នកណាមួយបំបែកសង្ឃ ដែលកំពុង​ព្រមព្រៀង​គ្នា (អ្នកនោះ) រមែង​ទទួល​ទោស​​លាមកអាក្រក់ តាំងនៅអស់​១កប្ប ឆេះនៅ​ក្នុង​​នរក​អស់​១កប្ប ម្នាលទេវទត្ត បើអ្នកណា​មួយ​ធ្វើសង្ឃ ដែលបែកគ្នាហើយ ឲ្យ​ព្រមព្រៀង​គ្នាទៅវិញ (អ្នកនោះ) តែងទទួលនូវ​បុណ្យ​ដ៏​ប្រសើរ ហើយនឹងរីករាយ​ក្នុង​ឋានសួគ៌អស់១កប្ប ណ្ហើយ​ទេវទត្ត អ្នកកុំចូលចិត្តនឹង​ការ​បំបែក​សង្ឃ​ឡើយ ម្នាលទេវទត្ត ដ្បិតការបំបែកសង្ឃ មានទោសធ្ងន់​ណាស់។

[៥១] គ្រានោះ ព្រះអានន្ទដ៏មានអាយុ ស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហ​សម័យ ចូលទៅបិណ្ឌបាត ក្នុងក្រុងរាជគ្រឹះ។ ទេវទត្តបានឃើញ​ព្រះអានន្ទដ៏មានអាយុ កំពុង​ត្រាច់ទៅបិណ្ឌបាត ក្នុងនគររាជគ្រឹះ លុះឃើញហើយ ក៏ចូល​ទៅជិត​ព្រះអានន្ទដ៏​មានអាយុ លុះ​ចូល​ទៅដល់ហើយ បាននិយាយពាក្យនេះ នឹងព្រះអានន្ទដ៏​មានអាយុ​ថា ម្នាលអានន្ទដ៏មានអាយុ ឥឡូវនេះ ខ្ញុំនឹងធ្វើឧបោសថកម្ម និងធ្វើសង្ឃកម្ម បែកចេញ​ចាក​ព្រះមានព្រះភាគ បែក​ចេញចាក​ភិក្ខុ​សង្ឃ ចាប់ដើមពីថ្ងៃនេះរៀងទៅ។ ព្រះអានន្ទដ៏មាន​អាយុ ត្រាច់ទៅបិណ្ឌបាត ក្នុងនគរ​រាជគ្រឹះ បានត្រឡប់​មកពីបិណ្ឌបាត ក្នុងខាងក្រោយ​ភត្តហើយ ក៏ចូល​ទៅរក​ព្រះមានព្រះភាគ លុះ​ចូលទៅដល់ហើយ ទើបក្រាបថ្វាយបង្គំ​ព្រះមានព្រះភាគ ហើយ​អង្គុយក្នុងទីដ៏សមគួរ។ លុះ​អង្គុយ​ក្នុងទីដ៏សមគួរហើយ ព្រះអានន្ទ​ដ៏មានអាយុ បានក្រាប​បង្គំ​ទូល​ព្រះមានព្រះភាគ​យ៉ាងនេះ​ថា បពិត្រព្រះអង្គ​ដ៏ចំរើន ក្នុងបុព្វណ្ហសម័យថ្ងៃនេះ ខ្ញុំព្រះអង្គ ស្លៀក​ស្បង់ ប្រដាប់បាត្រ និងចីវរ ចូលទៅបិណ្ឌបាត ក្នុងក្រុងរាជគ្រឹះ ទេវទត្តបានឃើញ​ខ្ញុំព្រះអង្គ កំពុងត្រាច់បិណ្ឌបាត ក្នុងនគរ​រាជគ្រឹះ លុះឃើញហើយ ចូលមករកខ្ញុំព្រះអង្គ លុះមក​ដល់​ហើយ បាននិយាយ​ពាក្យនេះ នឹង​ខ្ញុំ​ព្រះ​អង្គ​ថា នែអាវុសោអានន្ទ ឥឡូវនេះ ខ្ញុំនឹងធ្វើ​ឧបោសថ​កម្ម និងធ្វើ​សង្ឃកម្ម បែកចេញ​ចាក​ព្រះ​មានព្រះភាគ បែកចេញចាកភិក្ខុសង្ឃ ចាប់​ដើម​ពី​ថ្ងៃនេះ​រៀងទៅហើយ បពិត្រព្រះអង្គដ៏ចំរើន ថ្ងៃ​នេះ​ទំនង​ជាទេវទត្ត​បំបែកសង្ឃហើយ។ លំដាប់​នោះ ព្រះមានព្រះភាគ ទ្រង់ជ្រាបច្បាស់​នូវ​ដំណើរ​​នេះហើយ ទើប​ទ្រង់បន្លឺ​នូវ​ឧទាន​វាចានេះ ក្នុងវេលានោះថា

[៥២] អំពើល្អ មនុស្សសប្បុរសធ្វើបានដោយងាយ អំពើល្អ មនុស្សបាប ធ្វើបានដោយ​ក្រ។ អំពើបាប មនុស្សបាប ធ្វើបានដោយងាយ អំពើបាប ព្រះអរិយៈទាំងឡាយ ធ្វើបាន​ដោយ​ក្រ។

ចប់ ភាណវារៈ ទី២។

[៥៣] គ្រានោះ ទេវទត្តក្រោកចាកអាសនៈ​ក្នុងថ្ងៃឧបោសថនោះ ហើយបង្គាប់​ភិក្ខុ​ឲ្យចាប់​ស្លាក ដោយពាក្យថា ម្នាលអាវុសោ ពួកយើងបាននាំគ្នាចូលទៅគាល់​ព្រះសមណគោតម ទូលសុំ​វត្ថុ​៥ប្រការថា បពិត្រព្រះអង្គដ៏ចំរើន ព្រះមានព្រះភាគទ្រង់សរសើរគុណ របស់​បុគ្គល​​អ្នកប្រាថ្នា​តិច។បេ។ ប្រារព្ធសេចក្តីព្យាយាម ដោយបរិយាយច្រើន បពិត្រព្រះអង្គ​ដ៏ចំរើន វត្ថុ៥ប្រការទាំង​នេះ ប្រព្រឹត្តទៅ ដើម្បី​សេចក្តីប្រាថ្នាតិច។បេ។ ដើម្បីប្រារព្ធសេចក្តី​ព្យាយាម ដោយបរិយាយ​ជា​ច្រើន បពិត្រព្រះអង្គដ៏ចំរើន សូមទ្រង់មេត្តាប្រោស សូមឲ្យ​ភិក្ខុទាំងឡាយ​ នៅតែក្នុងព្រៃជា​វត្ត​អស់​១​ជីវិត ភិក្ខុណានៅក្នុងស្រុក ភិក្ខុនោះនឹងត្រូវ​ទោស។បេ។ សូមកុំឲ្យភិក្ខុទាំងឡាយឆាន់ត្រី និង​សាច់​អស់​១ជីវិត ភិក្ខុណាឆាន់ត្រី និងសាច់ ភិក្ខុនោះនឹងត្រូវទោស ព្រះសមណគោតម មិនទ្រង់​អនុញ្ញាត​វត្ថុ៥ប្រការនេះទេ តែពួកយើង​ទាំងនោះ នឹងនាំគ្នា​សមាទាន​ ប្រព្រឹត្ត​វត្ថុ​ ៥ ប្រការ​នេះវិញ វត្ថុ៥ប្រការនេះ គួរដល់​លោកដ៏មានអាយុអង្គណា សូមលោក​ដ៏មាន​អាយុអង្គ​នោះ​​ចាប់​ស្លាកចុះ។

[៥៤] សម័យនោះឯង វជ្ជីបុត្តកភិក្ខុ នៅក្នុងនគរវេសាលី ប្រមាណ៥០០រូប ជាអ្នក​ទើប​នឹងបួសថ្មីផង ជាអ្នកមិនដឹងប្រក្រតី (មិនចេះវិន័យ)ផង។ ភិក្ខុទាំងនោះ គិតគ្នាថា នេះ​ជាធម៌ នេះ​ជាវិន័យ នេះជាពាក្យប្រដៅរបស់ព្រះសាស្តា ហើយក៏នាំគ្នាចាប់ស្លាក។ លំដាប់​នោះ ទេវទត្ត​បំបែក​​សង្ឃ ហើយនាំភិក្ខុទាំង​៥០០រូប (នោះ) ឆ្ពោះទៅ​កាន់​គយាសីសប្រទេស។

[៥៥] គ្រានោះ ព្រះសារីបុត្ត និងព្រះមោគ្គល្លាន ចូលទៅគាល់​ព្រះមានព្រះភាគ លុះចូល​ទៅ​ដល់ហើយ ក្រាបអភិវាទ ចំពោះ​ព្រះមានព្រះភាគ រួច​អង្គុយក្នុងទីដ៏សមគួរ។ លុះ​ព្រះសារីបុត្ត​ដ៏​មានអាយុអង្គុយ​ក្នុងទីសមគួរហើយ បានក្រាបបង្គំទូល​ព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន ទេវទត្តបំបែកសង្ឃ ហើយនាំភិក្ខុប្រមាណ​៥០០រូប ឆ្ពោះ​ទៅកាន់​គយាសីស​ប្រទេស​ទៅហើយ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលសារីបុត្ត និងមោគ្គល្លាន អ្នកទាំងឡាយ ទំនង​ជា​មាន​សេចក្តីអាណិតភិក្ខុ ដែលទើបនឹងបួសថ្មី​ទាំងនោះទេដឹង ម្នាល​សារីបុត្ត និងមោគ្គល្លាន ចូរអ្នកទាំងឡាយនាំគ្នាទៅចុះ ភិក្ខុទាំង​នោះ គង់ដល់នូវសេចក្តីវិនាស ក្នុងកាលជាអនាគត។ ព្រះសារីបុត្ត និងព្រះមោគ្គល្លាន ទទួល​ស្តាប់ព្រះពុទ្ធដីការបស់​ព្រះមានព្រះភាគថា ករុណា​ព្រះអង្គ ហើយក្រោកចាក​អាសនៈ ក្រាបបង្គំលាព្រះមានព្រះភាគ ធ្វើប្រទក្សិណ ហើយដើរសំដៅ​ទៅគយាសីស​ប្រទេស។

[៥៦] សម័យនោះ មានភិក្ខុមួយរូបឈរយំ នៅជិតព្រះមានព្រះភាគ។ លំដាប់នោះ ព្រះ​មាន​ព្រះភាគ បានត្រាស់​តម្រាស់នេះ នឹងភិក្ខុនោះថា ម្នាលភិក្ខុ ហេតុអ្វីក៏អ្នកយំ។ ភិក្ខុនោះ ក្រាប​បង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន អគ្គសាវ័ករបស់ព្រះមានព្រះភាគ គឺ​ព្រះសារីបុត្ត និង​ព្រះមោគ្គល្លាន​ទាំងនោះ ពេញចិត្តនឹងធម៌ទេវទត្តហើយ បានជាទៅ​កាន់សំណាក់​ទេវទត្ត។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុ សារីបុត្ត និងមោគ្គល្លាន ពេញចិត្ត​នឹងធម៌ទេវទត្ត ដោយ​ឧបាយណា ឧបាយនោះ មិនមែនជាហេតុ មិនមែនជាឱកាសឡើយ ឯសារីបុត្ត និង​មោគ្គល្លាន​ទៅ​នោះ ដើម្បីពន្យល់​ភិក្ខុផងគ្នាទេតើ។

[៥៧] ចួនសម័យនោះឯង ទេវទត្តមានបរិសទ្យជាច្រើនចោមរោមត្រៀបត្រា កំពុង​អង្គុយ​សំដែងធម៌។ ទេវទត្តបានឃើញ​ព្រះសារីបុត្ត និងព្រះមោគ្គល្លាន ដើរមកអំពីចម្ងាយលឹមៗ លុះ​ឃើញ​ហើយ ក៏ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ ចូរអ្នកមើលចុះ ធម៌យើងសំដែង​ហើយដោយល្អទាល់តែ​អគ្គសាវ័ក​របស់ព្រះសមណ​គោតម គឺ​សារីបុត្ត និងមោគ្គល្លាន (ពេញ​ចិត្ត​នឹង​ធម៌យើងហើយ បានជា) មកកាន់​សំណាក់យើង។ កាលបើ​ទេវទត្ត​និយាយ​យ៉ាងនេះ​ហើយ កោកាលិកភិក្ខុ ក៏បាននិយាយ​ពាក្យនេះនឹងទេវទត្តថា នែអាវុសោទេវទត្ត អ្នកកុំទុកចិត្ត​សារីបុត្ត និងមោគ្គល្លានឡើយ (ដ្បិត) សារីបុត្ត និង​មោគ្គល្លាន(នេះ) ជាអ្នកប្រាថ្នាលាមក លុះក្នុងអំណាច​សេចក្តីប្រាថ្នាអាក្រក់។ ទេវទត្ត​ឆ្លើយ​ថា មិនអ្វីទេ អាវុសោ សារីបុត្ត និងមោគ្គល្លាននោះ មក​ដោយស្រួលទេ ព្រោះ​ហេតុតែ​ពេញចិត្ត​នឹងធម៌របស់​យើងហើយ។ ទេវទត្តនិមន្ត​ព្រះសារីបុត្តដ៏​មានអាយុ ដោយ​អាសនៈ​ពាក់កណ្តាលថា នែអាវុសោសារីបុត្ត សូមលោកនិមន្ត​មកគង់​លើ​អាសនៈ​នេះ​ចុះ។ ព្រះសារីបុត្តដ៏មានអាយុនិយាយថា ណ្ហើយអាវុសោ ដូច្នេះ រួច​កាន់យក​អាសនៈ​មួយ ហើយអង្គុយ​ក្នុងទីដ៏សមគួរ។ ឯព្រះមហាមោគ្គល្លានដ៏មានអាយុ ក៏កាន់យកអាសនៈ​មួយ ហើយអង្គុយ​ក្នុងទីសមគួរ។ គ្រានោះ ទេវទត្តបានពន្យល់ភិក្ខុទាំងឡាយច្រើន ឲ្យយល់​ព្រម ឲ្យ​កាន់យកព្រម ឲ្យអាចហ៊ាន ឲ្យត្រេកអរ​រីករាយ ដោយធម្មីកថា ទាល់តែយប់ជ្រៅ ទើប​និមន្ត​ព្រះសារីបុត្តដ៏មានអាយុថា នែអាវុសោសារីបុត្ត ភិក្ខុសង្ឃប្រាសចាក​ថីនមិទ្ធ​ហើយ ម្នាលអាវុសោ​សារីបុត្ត ចូរអ្នកជួយបំភ្លឺធម្មីកថា ដល់ភិក្ខុទាំងឡាយផងចុះ ដ្បិតខ្ញុំ​ឈឺខ្នងណាស់ ខ្ញុំ​នឹងសម្រាក​បន្តិច។ ព្រះសារីបុត្តដ៏មានអាយុ ទទួលពាក្យទេវទត្តថា អើអាវុសោ។ ទេវទត្តក៏ក្រាល​សង្ឃាដិ៤​ជាន់ សម្រេច​នូវសេយ្យា (សិង) ផ្អៀង​ទៅ​ខាងស្តាំ។ ទេវទត្តនោះ ក៏ចួន​ជាអស់កំឡាំង ភ្លេចភ្លាំង​ស្មារតី មិនដឹងខ្លួនប្រាណ ក៏ដេក​លក់មួយរំពេចទៅ។

[៥៨] គ្រានោះ ព្រះសារីបុត្តដ៏មានអាយុ បានទូន្មានប្រៀនប្រដៅ​ភិក្ខុទាំងឡាយ ដោយ​ធម្មីកថា ជាអាទេសនាបាដិហារ្យ [សំដែងដឹងចិត្តរបស់បុគ្គលដទៃ ហៅថា អាទេសនាបាដិហារ្យ។] និងអនុសាសនីបាដិហារ្យ [ធម៌ទេសនាទាំងអស់ ហៅថា អនុសាសនីបាដិហារ្យ។] ចំណែកខាងព្រះមោគ្គល្លានដ៏មានអាយុ ក៏ទូន្មានប្រៀនប្រដៅ​ភិក្ខុ​ទាំងឡាយ ដោយធម្មីកថា ជាឥទ្ធិប្បាដិហារ្យ [ប្រៀនប្រដៅដោយឫទ្ធិជាអស្ចារ្យ ហៅថា ឥទ្ធិប្បាដិហារ្យ (ដីកា)។] និងអនុសាសនីបាដិហារ្យ។ លំដាប់នោះ ពួកភិក្ខុ​ទាំងនោះ ដែល​ព្រះសារីបុត្តដ៏មានអាយុ ទូន្មានប្រៀនប្រដៅ (ដោយធម្មីកថា) ជា​អាទេសនាបាដិហារ្យ និងអនុ​សាសនីបាដិហារ្យ ដែល​ព្រះមោគ្គល្លានដ៏មានអាយុ ទូន្មាន​ប្រៀនប្រដៅ​ (ដោយធម្មីកថា) ជាឥទ្ធិប្បាដិហារ្យ និងអនុសាសនីបាដិហារ្យ ក៏កើតធម្មចក្ខុ គឺសោតាបត្តិមគ្គ ប្រាសចាកធូលី ប្រាសចាកមន្ទិល (ដោយបញ្ញាថា) ធម្មជាតណាមួយ មានកិរិយាកើតឡើងជាធម្មតា ធម្មជាត​ទាំង​អស់នោះ រមែងរលត់​ទៅវិញជាធម្មតា។ ព្រះសារីបុត្តដ៏មានអាយុ ហៅភិក្ខុទាំងឡាយ​មកថា ម្នាល​អាវុសោ ពួកយើងនាំគ្នា​ទៅកាន់​សំណាក់​ព្រះមានព្រះភាគ លោកអង្គណា ចូលចិត្តនឹងធម៌​របស់​ព្រះមានព្រះភាគនោះ ចូរលោកអង្គនោះនិមន្តមក។ ទើប​ព្រះសារីបុត្ត និងព្រះមោគ្គល្លាននាំ​ភិក្ខុ​ទាំង៥០០រូប​នោះ ចូលសំដៅ​ទៅវត្តវេឡុវន។ លំដាប់នោះ កោកាលិកភិក្ខុ ដាស់ទេវទត្តឲ្យ​ក្រោក​ឡើងថា នែអាវុសោទេវទត្ត ចូរអ្នកក្រោកឡើង ដ្បិតសារីបុត្ត និងមោគ្គល្លាន នាំភិក្ខុ​ទាំងនោះ​ទៅ​ហើយ ម្នាលអាវុសោទេវទត្ត យើងបាននិយាយប្រាប់អ្នកថា នែទេវទត្តដ៏​មានអាយុ អ្នកកុំទុក​ចិត្ត​សារីបុត្ត និងមោគ្គល្លានឡើយ ដ្បិតសារីបុត្ត និងមោគ្គល្លាន (នោះ) ជាមនុស្សប្រាថ្នាលាមក លុះ​ក្នុង​អំណាច​សេចក្តីប្រាថ្នាអាក្រក់ ឥឡូវ​ឃើញទេហ៍។ លំដាប់​នោះ ទេវទត្តក៏ស្រាប់តែ​ក្អួតឈាម​ក្តៅ ចេញមកពីមាត់ក្នុងទីនោះ។

[៥៩] គ្រានោះ ​ព្រះសារីបុត្ត និងព្រះមោគ្គល្លាន ចូលទៅគាល់​ព្រះមានព្រះភាគ លុះ​ចូល​ទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំ​ព្រះមានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរហើយ ទើប​​ព្រះសារីបុត្តដ៏មានអាយុ ក្រាបបង្គំទូល​ព្រះមានព្រះភាគ​ថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន សូមទ្រង់ព្រះមេត្តាប្រោស សូមឲ្យភិក្ខុទាំងឡាយ ដែល​ជាអ្នកប្រព្រឹត្ត​តាមភិក្ខុ ដែលបំបែក​សង្ឃ ឧបសម្បទាជាថ្មីទៀត។ ព្រះអង្គ ទ្រង់ត្រាស់ថា ណ្ហើយសារីបុត្ត អ្នក​កុំចូលចិត្ត​នឹងការឲ្យ​ពួក​ភិក្ខុ​​ជាអ្នកប្រព្រឹត្ត​តាមភិក្ខុ ដែលបំបែកសង្ឃ ទទួលឧបសម្បទាជាថ្មីទៀត​ឡើយ ម្នាលសារីបុត្ត បើ​ដូច្នោះ ចូរអ្នក​ឲ្យភិក្ខុដែលប្រព្រឹត្ត​​តាមភិក្ខុ ដែលបំបែកសង្ឃ (នោះ) សំដែង​អាបត្តិថុល្លច្ច័យ​ចេញ​ចុះ ម្នាលសារីបុត្ត ចុះទេវទត្ត ប្រតិបត្តិចំពោះ​អ្នកដូចម្តេច។ ព្រះសារីបុត្ត​ក្រាបបង្គំទូលថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន ព្រះមានព្រះភាគ បានពន្យល់​ភិក្ខុទាំងឡាយ ឲ្យយល់ប្រយោជន៍ ឲ្យកាន់យក​ព្រម ឲ្យអាចហាន ឲ្យត្រេកអរ ឲ្យរីករាយ​ដោយធម្មីកថា ទាល់​តែ​យប់ជ្រៅ ទើបបានអារាធនា​ខ្ញុំព្រះអង្គថា ម្នាលសារីបុត្ត ភិក្ខុសង្ឃ​ប្រាសចាកសេចក្តីងុយងោក​អស់ហើយ ម្នាល​សារីបុត្ត ចូរ​អ្នកបំភ្លឺធម្មីកថា ចំពោះ​ភិក្ខុទាំងឡាយនោះផងចុះ ដ្បិតតថាគត​ឈឺខ្នង តថាគត​នឹងឈប់​សម្រាក​បន្តិច រឿងនេះយ៉ាងណា បពិត្រព្រះអង្គដ៏ចំរើន ទេវទត្ត ក៏​ប្រតិបត្តិ​​យ៉ាងនោះដែរ។

[៦០] លំដាប់នោះ​ ព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុ​ទាំងឡាយ រឿងធ្លាប់មានមកហើយ មានដំរីច្រើន នៅអាស្រ័យ​នឹងស្រះធំ១ ជិតព្រៃ​រំលោង។ ដំរី​ទាំងនោះ ចុះកាន់ស្រះនោះ ដកយកក្រអៅឈូកដោយប្រមោយ លាង​សម្អាត ហើយ​ទំពាលេប​របស់ដែលគ្មានភក់នោះទៅ។ ក្រអៅឈូកនោះ ក៏នាំឲ្យមាន​ពណ៌​​សម្បុរ និងកំឡាំង​ដល់​ដំរី​ទាំង​នោះ។ ដំរីទាំងនោះ ក៏មិនបានដល់​នូវសេចក្តី​ស្លាប់​ផង នូវសេចក្តីទុក្ខ ជិតនឹងស្លាប់ផង ព្រោះ​ការ​ទំពា​ស៊ីក្រអៅឈូកនោះទេ។ ម្នាលភិក្ខុ​ទាំងឡាយ ចំណែក​ខាងពួកដំរីក្មេង គឺដំរីស្ទាវ និងកូនដំរី តែងយកតម្រាប់ដំរីធំទាំងនោះ ក៏នាំគ្នាចុះកាន់ស្រះនោះ ហើយដកយកក្រអៅឈូក​ដោយ​ប្រមោយ តែមិនបានលាង​ទឹកឲ្យស្អាត ហើយក៏ទំពាលេបទាំងភក់ទៅ។ ក្រអៅឈូក​នោះ ក៏​មិន​នាំ​ឲ្យ​កើតសម្បុរ និងកំឡាំង​ដល់ដំរីទាំងនោះឡើយ។ (ដំរីស្ទាវ និងកូនដំរីទាំងឡាយ) តែងដល់​នូវ​សេចក្តី​ស្លាប់ ឬសេចក្តីទុក្ខជិតនឹងស្លាប់ ព្រោះការទំពាស៊ីរបស់​មិនស្អាតនោះជាហេតុ (យ៉ាងណា​មិញ) ម្នាលភិក្ខុទាំងឡាយ ទេវទត្ត ដែលធ្វើតាមតថាគត នឹងដល់​សេចក្តីលំបាក ស្លាប់​អសារ​ឥត​ការ យ៉ាងនោះដែរ។

[៦១] កាលដំរីធំរក្សាហ្វូង គាស់រំលើងផែនដី ទំពាស៊ីក្រអៅឈូក្នុងស្រះ កូនដំរី​ធ្វើតាមដំរី​ធំ​នោះ ក៏ទំពាស៊ី​ក្រអៅឈូក​ទាំងភក់ ដល់នូវសេចក្តីស្លាប់ យ៉ាងណាមិញ ទេវទត្ត ដែល​ធ្វើ​តាមតថាគត ក៏ដល់​សេចក្តីលំបាក ហើយនិងស្លាប់ យ៉ាងនោះដែរ។

[៦២] ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលប្រកបដោយអង្គ​៨ប្រការ ទើបគួរដល់​នូវទូតកម្ម​បាន។ អង្គ៨ប្រការនោះ គឺអ្វីខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកស្តាប់​បានដោយខ្លួន​ឯង១ ញុំាងបុគ្គលដទៃឲ្យស្តាប់បាន១ បានរៀនយក១ ចេះចាំទុកស្ទាត់១ ដឹងសេចក្តីដោយខ្លួន​ឯង១ ញុំាងបុគ្គល​ដទៃឲ្យដឹងសេចក្តីនោះ១ ឈ្លាសវៃ​ក្នុងហេតុដែល​គួរ និងមិនគួរ១ ជាអ្នក​មិនធ្វើ​នូវ​ជំលោះ១ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយ​អង្គ៨​ប្រការនេះឯង ទើបគួរដល់​នូវ ទូតកម្ម បាន។

[៦៣] ម្នាលភិក្ខុទាំងឡាយ សារីបុត្តប្រកបដោយអង្គ៨ប្រការ ទើបគួរដល់​នូវទូតកម្មបាន។ អង្គ៨ប្រការនោះគឺអ្វីខ្លះ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ សារីបុត្ត ជាអ្នកស្តាប់​បាន​ដោយ​ខ្លួន​​ឯង១ ញុំាងបុគ្គលដទៃឲ្យស្តាប់បាន១ បានរៀនយក១ ចេះចាំទុកស្ទាត់១ ដឹងសេចក្តីដោយខ្លួន​ឯង១ ញុំាងបុគ្គល​ដទៃឲ្យដឹងសេចក្តី១ ឈ្លាសវាងវៃ​ក្នុងហេតុដែល​គួរ និងមិនគួរ១ ជាអ្នក​មិនធ្វើ​នូវ​​ជំលោះ១ ម្នាលភិក្ខុទាំងឡាយ សារីបុត្តប្រកបដោយ​អង្គ៨ប្រការនេះឯង ទើបគួរដល់​នូវ ទូតកម្មបាន។

[៦៤] ភិក្ខុណា ទៅដល់បរិសទ្យដែលពោលពាក្យបង្គ្រប ហើយមិនញាប់ញ័រ១ មិនបំភ្លេច​ពាក្យ១ មិនលាក់ពាក្យបណ្តាំគេ១ ប្រាប់​មិនឲ្យច្រឡំពាក្យ១ គេសួរ​មកហើយ មិនខឹង១ ភិក្ខុប្រាកដដូច្នោះ នោះឯង ទើបគួរដល់​ទូតកម្មបាន។

[៦៥] ម្នាលភិក្ខុទាំងឡាយ ទេវទត្ត ត្រូវអសទ្ធម្ម (លោកធម៌) ទាំង៨ប្រការ គ្របសង្កត់ មានចិត្ត​ប្រែប្រួល ជាអ្នកទៅកើតក្នុងអបាយ ទៅកើតក្នុងនរក ឋិតនៅអស់មួយកប្ប កែខ្លួន​លែង​បាន។ អសទ្ធម្ម៨ប្រការតើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ទេវទត្ត ត្រូវលាភគ្រប​សង្កត់ មានចិត្ត​ប្រែប្រួល ជាអ្នកទៅកើតក្នុងអបាយ ទៅកើតក្នុងនរក ឋិតនៅអស់មួយកប្ប កែខ្លួន​លែង​បាន ម្នាលភិក្ខុទាំងឡាយ ព្រោះមិនមានលាភ។បេ។ ម្នាលភិក្ខុទាំងឡាយ ព្រោះយស។បេ។ ម្នាលភិក្ខុទាំងឡាយ ព្រោះមិនមានយស។បេ។ ម្នាលភិក្ខុទាំងឡាយ ព្រោះសក្ការៈ។បេ។ ម្នាលភិក្ខុទាំងឡាយ ព្រោះមិនមានសក្ការៈ។បេ។ ម្នាលភិក្ខុទាំង​ឡាយ ព្រោះ​ខ្លួនមានសេចក្តី​ប្រាថ្នា​អាក្រក់។បេ។ ម្នាលភិក្ខុទាំងឡាយ ទេវទត្តត្រូវភាវៈជា​បាបមិត្តគ្របសង្កត់ មានចិត្តប្រែប្រួល ជាអ្នក​ទៅកើតក្នុងអបាយ ទៅកើតក្នុងនរក ឋិតនៅអស់មួយកប្ប កែខ្លួនលែងបាន ម្នាលភិក្ខុ​ទាំងឡាយ ទេវទត្ត ត្រូវ​អសទ្ធម្ម​ទាំង៨ប្រការនេះ គ្របសង្កត់ មានចិត្ត​ប្រែប្រួល ជាអ្នកទៅកើតក្នុងអបាយ ទៅកើត​ក្នុងនរក ឋិតនៅអស់មួយកប្ប កែខ្លួន​លែង​បាន។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុគប្បីសង្កត់​សង្កិន​ញាំញី នូវលាភដែលកើតឡើងហើយ នូវអលាភ​ដែលកើតឡើងហើយ។បេ។ នូវយស​ដែលកើតឡើងហើយ នូវអយស​ដែលកើតឡើងហើយ នូវសក្ការៈ​ដែលកើតឡើង​ហើយ នូវ​អសក្ការៈ​ដែលកើតឡើងហើយ នូវ​សេចក្តីប្រាថ្នា​អាក្រក់​ដែលកើតឡើងហើយ។បេ។ គ្របសង្កត់​នូវ​ភាវៈជាបាបមិត្ត​ដែលកើតឡើងហើយ ជាការប្រពៃ ម្នាលភិក្ខុទាំង​ឡាយ ភិក្ខុគប្បី​សង្កត់​សង្កិន នូវលាភដែលកើតឡើងហើយ នូវអលាភ​ដែលកើតឡើង​ហើយ។បេ។ នូវយស​ដែលកើតឡើង​ហើយ នូវអយស​ដែលកើតឡើងហើយ នូវសក្ការៈ​ដែលកើតឡើងហើយ នូវ​អសក្ការៈ​ដែល​កើត​ឡើង​ហើយ នូវ​សេចក្តីប្រាថ្នា​អាក្រក់​ដែល​កើតឡើងហើយ។បេ។ គ្របសង្កត់​នូវ​ភាវៈជាបាបមិត្ត​ដែល​កើតឡើងហើយ ព្រោះ​អាស្រ័យ​​ប្រយោជន៍​ដូចម្តេច ម្នាលភិក្ខុទាំងឡាយ ព្រោះថា បើភិក្ខុ​មិនបានសង្កត់​សង្កិន​នូវលាភណា ដែលកើតឡើងហើយ អាសវក្កិលេសទាំងឡាយ គឺ​សេចក្តី​ចង្អៀតចង្អល់ និងសេចក្តីក្តៅក្រហាយ គប្បីកើតឡើង (ដល់​ភិក្ខុនោះ) កាលបើភិក្ខុបានសង្កត់​សង្កិន​ញំាញីនូវលាភដែលកើតឡើងហើយយ៉ាងនេះ អាសវក្កិលេសទាំងនោះ គឺ​សេចក្តី​ចង្អៀត​ចង្អល់ និងសេចក្តីក្តៅក្រហាយ រមែងមិនមាន (ដល់​ភិក្ខុនោះ) ម្នាលភិក្ខុទាំងឡាយ ព្រោះថា បើភិក្ខុនោះ មិនសង្កត់​សង្កិន នូវអលាភណា ដែលកើតឡើងហើយ។បេ។ នូវយស ដែលកើតឡើងហើយ នូវអយសដែលកើតឡើងហើយ នូវ​សក្ការៈ​ដែលកើត​ឡើងហើយ នូវ​អសក្ការៈ​ដែលកើតឡើងហើយ សេចក្តីប្រាថ្នាអាក្រក់ ដែលកើតឡើង​ហើយ។បេ។ កាលភិក្ខុ​មិន​សង្កត់សង្កិននូវភាវៈ​ជាបាបមិត្ត ដែលកើតឡើងហើយទេ អាសវក្កិលេសទាំងឡាយ គឺ​សេចក្តី​ចង្អៀតចង្អល់ និងសេចក្តីក្តៅក្រហាយ គប្បីកើតឡើង ដល់ភិក្ខុនោះ កាលបើ​ភិក្ខុបានសង្កត់សង្កិន​ញាំញី នូវ​អលាភដែលកើតឡើងហើយ នូវភាវៈ​​ជាបាបមិត្ត​ដែលកើតឡើងហើយ អាសវក្កិលេស​ទាំងនោះ គឺសេចក្តីចង្អៀតចង្អល់ និងសេចក្តីក្តៅក្រហាយ រមែងមិនមាន (ដល់ភិក្ខុនោះ) យ៉ាងនេះ ម្នាលភិក្ខុទាំងឡាយ ភិក្ខុគប្បីសង្កត់សង្កិន នូវលាភ​ដែលកើតឡើងហើយ នូវអលាភ​ដែលកើតឡើងហើយ។បេ។ នូវយស​ដែលកើតឡើងហើយ នូវអយស​ដែលកើតឡើងហើយ នូវ​សក្ការៈ​ដែលកើតឡើងហើយ នូវអសក្ការៈ​ដែលកើតឡើងហើយ នូវសេចក្តីប្រាថ្នាអាក្រក់​ដែល​កើតឡើងហើយ។បេ។ គ្របសង្កត់​នូវភាវៈ​ជាបាបមិត្ត​ដែលកើតឡើងហើយ ព្រោះ​អាស្រ័យ​​អំណាចប្រយោជន៍​នេះឯង។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុដូច្នេះ ក្នុង​សាសនា​នេះ គួរយើង​ទាំងឡាយ​សង្កត់សង្កិន ញាំញី នូវលាភ​ដែលកើតឡើងហើយ។ គួរយើងទាំងឡាយ សង្កត់សង្កិន ញាំញី នូវអលាភ​ដែលកើតឡើងហើយ។បេ។ នូវយស​ដែលកើតឡើងហើយ នូវអយស​ដែល​កើត​ឡើង​ហើយ នូវ​សក្ការៈ​ដែលកើតឡើងហើយ នូវអសក្ការៈ​ដែលកើតឡើងហើយ នូវសេចក្តី​ប្រាថ្នា​អាក្រក់​​ដែលកើតឡើងហើយ។បេ។ គ្របសង្កត់​នូវភាវៈ​ជាបាបមិត្ត ​ដែលកើត​ឡើង​ហើយ  ម្នាល​ភិក្ខុ​ទាំង​ឡាយ អ្នកទាំងឡាយ គប្បីសិក្សាយ៉ាងនេះចុះ។

[៦៦] ម្នាលភិក្ខុទាំងឡាយ ទេវទត្ត ត្រូវអសទ្ធម្ម៣ប្រការ គ្របសង្កត់ មានចិត្ត​ប្រែប្រួល ជាបុគ្គលទៅកើតក្នុងអបាយ ទៅកើតក្នុងនរក ឋិតនៅអស់១កប្ប កែខ្លួន​លែង​បាន។ អសទ្ធម្ម៣ប្រការតើដូចម្តេចខ្លះ។ (អសទ្ធម្ម៣ប្រការនោះគឺ) សេចក្តីប្រាថ្នាអាក្រក់១ ភាវៈ​ជាបាបមិត្ត១ ដល់នូវសេចក្តីរាយមាយ ក្នុងពាក់កណ្តាល ដោយកិរិយាបាននូវ​គុណ​វិសេស គឺ​ត្រឹម​តែឈានដ៏ថោកទាប១ ម្នាលភិក្ខុទាំងឡាយ ទេវទត្ត ត្រូវអសទ្ធម្ម​ទាំង៣​ប្រការនេះ គ្របសង្កត់​ហើយ មានចិត្ត​ប្រែប្រួល ជាអ្នកទៅកើតក្នុងអបាយ ទៅកើតក្នុង​នរក ឋិតនៅអស់១កប្ប។

[៦៧] បុគ្គលណាមួយ ជាអ្នកប្រាថ្នាលាមក សូមកុំកើតក្នុងលោកឡើយ ដំណើរនៃ​បុគ្គល​មានសេចក្តីប្រាថ្នាលាមកទាំងឡាយ យ៉ាងណា អ្នកទាំងឡាយ ចូរដឹងដំណើរនោះ​ ដោយហេតុនេះចុះ។ តថាគតបានឮថា ទេវទត្ត អ្នកផងឲ្យឈ្មោះថា ជាបណ្ឌិត អ្នកផង​សន្មត​ថា ជាអ្នកមានចិត្តអប់រំហើយ ទេវទត្តហាក់​ដូចជា​កាលរុងរឿង ដោយយស​ឋិតនៅ។ ទេវទត្តនោះឯង តែងសន្សំសេចក្តីប្រមាទរឿយៗ ហើយបៀតបៀនតថាគត​នោះ ក៏ធ្លាក់ទៅរងទុក្ខក្នុងនរកអវិចី មានទ្វារ៤ ដែលគួរខ្លាច។ សេចក្តីពិតថា នរណា​ប្រទូស្ត​ចំពោះ​បុគ្គល​ដែលមិនបាន​ប្រទូស្ត មិនបាន​ធ្វើអំពើ​អាក្រក់ បាប តែងពាល់ត្រូវ​នូវ​បុគ្គល​ ដែល​មានចិត្តប្រទូស្តអ្នកមិនអើពើនោះវិញ។ អ្នកណាប៉ងប្រទូស្តនូវសមុទ្រ ដោយ​ថ្នាំពិស​១ក្អម អ្នកនោះឯង មិនអាចនឹង​ប្រទូស្តដោយថ្នាំពិស១ក្អមនោះបានឡើយ ព្រោះ​ថា សមុទ្រធំទូលាយ គួរឲ្យស្ញប់ស្ញែង (សេចក្តីនេះ) មានឧបមាយ៉ាងណា មានឧបមេយ្យ​ ដូច​ជានរណាប្រទូស្ត​នឹងតថាគត ដែលមានចិត្តស្មើ មានចិត្តស្ងប់ ដោយពាក្យពោល​ទោស ពាក្យ​ជាទោសនោះ មិនបានលូតលាស់ ចំរើនឡើងក្នុងតថាគតនោះឡើយ។ ភិក្ខុដើរ​ទៅតាម​តម្រាយ​នៃមិត្តណា គប្បីដល់នូវកិរិយាក្ស័យ​ទៅនៃទុក្ខបាន ភិក្ខុជាបណ្ឌិត គប្បី​ធ្វើ​នូវសេចក្តី​ស្និទ្ធស្នាលនឹងមិត្តដូច្នោះផង គប្បី​សេពគប់នឹង​មិត្តនោះផង។

[៦៨] គ្រានោះ ព្រះឧបាលិដ៏មានអាយុ ចូលទៅគាល់​ព្រះមានព្រះភាគ លុះចូលទៅ​ដល់​ហើយ ក៏ក្រាបថ្វាយបង្គំ​ព្រះមានព្រះភាគ រួច​អង្គុយក្នុងទីសមគួរ។ លុះ​ព្រះឧបាលិដ៏​មានអាយុ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះ​ព្រះមាន​ព្រះភាគ​ថា បពិត្រព្រះអង្គដ៏ចំរើន សេចក្តីប្រេះឆានៃសង្ឃ ដែលហៅថា សង្ឃរាជិ បពិត្រ​ព្រះអង្គ​ដ៏ចំរើន សេចក្តីប្រេះឆានៃសង្ឃ ដែលមិនមែនជាសង្ឃភេទ ដោយហេតុប៉ុន្មាន​យ៉ាង សេចក្តី​ប្រេះឆា​នៃសង្ឃផង សង្ឃភេទផង ដោយហេតុប៉ុន្មានយ៉ាង។ ព្រះមានព្រះភាគ ទ្រង់​ត្រាស់ថា ម្នាលឧបាលិ ភិក្ខុប៉ែកម្ខាង [ប៉ែកខាងធម្មវាទី] មួយរូប ភិក្ខុប៉ែកម្ខាង [ប៉ែកខាង​ធម្មវាទី]​ពីររូប ឯភិក្ខុគំរប់៤ [ជាអធម្មវាទី។ (អដ្ឋកថា)] សូត្រឲ្យភិក្ខុចាប់ស្លាក ​ដោយពាក្យថា នេះជាធម៌ នេះ​ជាវិន័យ នេះជាពាក្យប្រដៅរបស់​ព្រះសាស្តា អ្នកទាំង​ឡាយ ចូរចាប់ស្លាកនេះចុះ ចូរពេញចិត្ត​នឹងស្លាកនេះចុះ ម្នាលឧបាលិ ហេតុយ៉ាងនេះឯង ហៅថា សេចក្តីប្រេះឆានៃសង្ឃ មិនមែនជា​សង្ឃភេទទេ។ ម្នាលឧបាលិ ភិក្ខុប៉ែកម្ខាង​ពីររូប ភិក្ខុប៉ែកម្ខាងពីររូប ឯភិក្ខុជាគំរប់​៥ សូត្រឲ្យភិក្ខុចាប់ស្លាក ​ដោយពាក្យថា នេះជាធម៌ នេះ​ជាវិន័យ នេះជាពាក្យប្រដៅរបស់​ព្រះសាស្តា អ្នកទាំងឡាយ ចូរចាប់ស្លាកនេះចុះ ចូរពេញចិត្ត​នឹងស្លាកនេះចុះ ម្នាលឧបាលិ ហេតុយ៉ាងនេះឯង ហៅថា សេចក្តីប្រេះឆា​នៃសង្ឃ មិនមែនជាសង្ឃភេទ។បេ។ ម្នាលឧបាលិ ភិក្ខុប៉ែកម្ខាងពីររូប ភិក្ខុប៉ែកម្ខាងបីរូប ឯភិក្ខុជាគំរប់៦ សូត្រឲ្យ​ភិក្ខុចាប់ស្លាក ​ដោយពាក្យថា នេះជាធម៌ នេះ​ជាវិន័យ នេះជាពាក្យប្រដៅរបស់​ព្រះសាស្តា អ្នកទាំងឡាយ ចូរចាប់ស្លាកនេះចុះ ចូរពេញចិត្ត​នឹងស្លាកនេះចុះ ម្នាលឧបាលិ ហេតុយ៉ាងនេះឯង ហៅថា សេចក្តីប្រេះឆានៃសង្ឃ មិនមែនជាសង្ឃភេទទេ។ ម្នាលឧបាលិ ភិក្ខុប៉ែកម្ខាង៣រូប ភិក្ខុប៉ែកម្ខាង៣រូប ឯភិក្ខុជា​គំរប់៧ សូត្រឲ្យភិក្ខុចាប់ស្លាក ​ដោយពាក្យថា នេះជាធម៌ នេះ​ជាវិន័យ នេះជាពាក្យ​ប្រដៅរបស់​ព្រះ​សាស្តា អ្នកទាំងឡាយ ចូរចាប់ស្លាកនេះចុះ ចូរពេញចិត្ត​នឹងស្លាកនេះចុះ ម្នាលឧបាលិ ហេតុ​យ៉ាងនេះឯង ហៅថា សេចក្តីប្រេះឆានៃសង្ឃ មិនមែនជាសង្ឃភេទ​ទេ។ ម្នាលឧបាលិ ភិក្ខុប៉ែកម្ខាង៣រូប ភិក្ខុប៉ែកម្ខាង៤រូប ឯភិក្ខុជាគំរប់៨ សូត្រឲ្យភិក្ខុ​ចាប់ស្លាក ​ដោយពាក្យថា នេះជាធម៌ នេះ​ជាវិន័យ នេះជាពាក្យប្រដៅរបស់​ព្រះសាស្តា អ្នកទាំងឡាយ ចូរចាប់ស្លាកនេះចុះ ចូរពេញចិត្ត​នឹងស្លាកនេះចុះ ម្នាលឧបាលិ ហេតុ​យ៉ាងនេះឯង ហៅថា សេចក្តីប្រេះឆានៃសង្ឃ មិនមែនជាសង្ឃភេទទេ។ ម្នាលឧបាលិ ភិក្ខុប៉ែកម្ខាង៤រូប ភិក្ខុប៉ែកម្ខាង៤រូប ឯភិក្ខុជាគំរប់៩ សូត្រឲ្យភិក្ខុចាប់ស្លាក ​ដោយពាក្យថា នេះជាធម៌ នេះ​ជាវិន័យ នេះជាពាក្យប្រដៅរបស់​ព្រះសាស្តា អ្នកទាំងឡាយ ចូរចាប់​ស្លាកនេះចុះ ចូរពេញចិត្ត​នឹងស្លាកនេះចុះ ម្នាលឧបាលិ ហេតុយ៉ាងនេះឯង ហៅថា សេចក្តីប្រេះឆានៃសង្ឃផង ហៅថា សង្ឃភេទផង។ ម្នាលឧបាលិ សេចក្តីប្រេះឆានៃសង្ឃ និងសង្ឃភេទ រមែងមានដល់ភិក្ខុ៩រូបក៏មាន ដល់ភិក្ខុច្រើនជាង​៩រូបទៅ​ក៏មាន។ ម្នាល​ឧបាលិ ភិក្ខុនី មិនឈ្មោះថាបំបែកសង្ឃទេ តែបានឈ្មោះថា ព្យាយាមដើម្បី​បំបែក​(សង្ឃ) សិក្ខមានា ក៏មិនឈ្មោះថា បំបែកសង្ឃ សាមណេរ ក៏មិនឈ្មោះថា បំបែកសង្ឃ សាមណេរី​ ក៏​មិនឈ្មោះថា បំបែកសង្ឃ ឧបាសក ក៏មិនឈ្មោះថា បំបែកសង្ឃ ឧបាសិកា ក៏មិនឈ្មោះថា បំបែកសង្ឃ តែបានឈ្មោះថា ព្យាយាម​ដើម្បីបំបែកសង្ឃ។ ម្នាលឧបាលិ លុះតែភិក្ខុ ដែល​មាន​ខ្លួន​ជាប្រក្រតី [ភិក្ខុដែលមានខ្លួនជាប្រក្រតី គឺភិក្ខុដែលសង្ឃ​មិន​បានលើកវត្ត ឬភិក្ខុ​ដែលបរិសុទ្ធ​ ឥត​មានត្រូវគរុកាបត្តិណាមួយ។] មានសំវាសស្មើគ្នា ឋិតនៅក្នុងសីមាជាមួយគ្នា ទើបឈ្មោះថា បំបែក​សង្ឃ។

[៦៩] ព្រះឧបាលិត្ថេរក្រាបបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចំរើន ការបំបែកសង្ឃ ព្រះអង្គ​ត្រាស់ថា សង្ឃភេទ បពិត្រព្រះអង្គដ៏ចំរើន ចុះសង្ឃដែលបែកធ្លាយ ដោយហេតុប៉ុន្មាន​យ៉ាង។ ព្រះមានព្រះភាគ ទ្រង់ត្រាស់តបថា ម្នាលឧបាលិ ភិក្ខុទាំងឡាយក្នុងសាសនានេះ សំដែង​សភាព​មិនមែនធម៌ ថាជាធម៌ សំដែងធម៌ ថាមិនមែនជាធម៌ សំដែង​សភាព​មិនមែនវិន័យ ថាជាវិន័យ សំដែងវិន័យ ថាមិនមែនជាវិន័យ សំដែង​ធម៌វិន័យ ដែល​តថាគត​​មិនបានសំដែង មិនបានពោល ថាតថាគតបានសំដែង បានពោល សំដែង​ធម៌វិន័យ ដែលតថាគតបានសំដែង បានពោល ថាតថាគតមិនបានសំដែង មិនបាន​ពោលវិញ សំដែងវត្ត ដែលតថាគត​មិនបានសន្សំមកហើយ ថា​ជាវត្ត ដែលតថាគតសន្សំ​មកហើយ សំដែងវត្ត ដែលតថាគត​បានសន្សំមកហើយ ថា​ជាវត្ត ដែលតថាគតមិន​បានសន្សំមកទេ សំដែងសិក្ខាបទ ដែលតថាគត​មិនបានបញ្ញត្ត ថា​តថាគត​បានបញ្ញត្ត សំដែងសិក្ខាបទ ដែលតថាគត​បានបញ្ញត្តហើយ ថា​តថាគតមិន​បានបញ្ញត្តទេ សំដែង​អនាបត្តិ ថាជាអាបត្តិ សំដែងអាបត្តិ ថាជាអនាបត្តិ សំដែងលហុកាបត្តិ ថាជាគរុកាបត្តិ សំដែង​គរុកាបត្តិ ថាជាលហុកាបត្តិ សំដែងសាវសេសាបត្តិ [សំដៅយកអាបត្តិ៦កង គឺសង្ឃាទិសេស១ ថុល្លច្ច័យ១ បាចិត្តិយៈ១ បាដិទេសនីយៈ១ ទុក្កដ១ ទុព្ភាសិត១។] ថាជា​អនវសេសាបត្តិ [សំដៅយកបារាជិកាបត្តិ (អដ្ឋកថា)។] សំដែង​អនវសេសាបត្តិ ថាជា​សាវសេសាបត្តិ សំដែង​ទុដ្ឋុល្លាបត្តិ ថាជាអទុដ្ឋុល្លាបត្តិ សំដែងអទុដ្ឋុល្លាបត្តិ ថាជា​ទុដ្ឋុល្លាបត្តិ ភិក្ខុ​ទាំងនោះ ក៏ទង់ទាញ កៀរគរ (បរិសទ្យ) ហើយធ្វើឧបោសថផ្សេងពីគ្នា ធ្វើបវារណាផ្សេងពីគ្នា ធ្វើ​សង្ឃកម្មផ្សេងពីគ្នា ដោយវត្ថុ​១៨ប្រការនេះឯង ម្នាលឧបាលិ សង្ឃដែលបែកធ្លាយ ដោយហេតុ​ប៉ុណ្ណេះឯង។

[៧០] ព្រះឧបាលិក្រាបបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចំរើន សេចក្តីព្រមព្រៀង​នៃសង្ឃ ព្រះអង្គ​ត្រាស់ថា សង្ឃសាមគ្គី បពិត្រព្រះអង្គដ៏ចំរើន សង្ឃដែលព្រមព្រៀងគ្នា ដោយ​ហេតុ​ប៉ុន្មាន​យ៉ាង។ ព្រះអង្គ ទ្រង់ត្រាស់តបថា ម្នាលឧបាលិ ភិក្ខុទាំងឡាយក្នុង​សាសនា​នេះ សំដែង​សភាព​មិនមែនធម៌ ថាមិនមែនធម៌ សំដែងធម៌ ថាជាធម៌ សំដែង​សភាព​មិនមែនវិន័យ ថាមិនមែន​ជា​វិន័យ សំដែងវិន័យ ថាជាវិន័យ សំដែង​ធម៌វិន័យ ដែល​តថាគត​មិនបានសំដែង មិនបានពោល ថាតថាគតមិនបានសំដែង មិនបានពោលទេ សំដែង​ធម៌វិន័យ ដែលតថាគតបានសំដែង បានពោល ថាតថាគតបានសំដែង បានពោល សំដែងវត្ត ដែលតថាគត​មិនធ្លាប់សន្សំមក ថា​ជាវត្ត ដែលតថាគតមិនធ្លាប់សន្សំមកទេ សំដែងវត្ត ដែលតថាគតធ្លាប់សន្សំមក ថា​ជាវត្ត ដែលតថាគតធ្លាប់សន្សំមក សំដែង​សិក្ខាបទ ដែលតថាគត​មិនបានបញ្ញត្ត ថា​តថាគតមិន​បានបញ្ញត្តទេ សំដែងសិក្ខាបទ ដែលតថាគត​បានបញ្ញត្ត ថា​តថាគត​បានបញ្ញត្ត សំដែងអនាបត្តិ ថាជាអនាបត្តិ សំដែង​អាបត្តិ ថាជាអាបត្តិ សំដែងលហុកាបត្តិ ថាជាលហុកាបត្តិ សំដែង​គរុកាបត្តិ ថាជាគរុកាបត្តិ សំដែងសាវសេសាបត្តិ ថាជាសាវសេសាបត្តិ សំដែង​អនវសេសាបត្តិ ថាជា​អនវសេសាបត្តិ សំដែង​ទុដ្ឋុល្លាបត្តិ (អាបត្តិបារាជិក ឬសង្ឃាទិសេស) ថាជាទុដ្ឋុល្លាបត្តិ សំដែងអទុដ្ឋុល្លាបត្តិ (អាបត្តិ​៥កង) ថាជាអ​ទុដ្ឋុល្លាបត្តិ ភិក្ខុ​ទាំងនោះ មិនទង់ទាញ មិនកៀរគរយក (បរិសទ្យ) ហើយមិនធ្វើឧបោសថផ្សេងគ្នា មិនធ្វើបវារណាផ្សេងគ្នា មិនធ្វើ​សង្ឃកម្មផ្សេងគ្នា ដោយវត្ថុ​១៨នេះ ម្នាលឧបាលិ សង្ឃឈ្មោះថា ព្រមព្រៀងគ្នា ដោយ​ហេតុ​ប៉ុណ្ណេះឯង។

[៧១] ព្រះឧបាលិត្ថេរក្រាបបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចំរើន ចុះភិក្ខុ​បំបែកសង្ឃ ដែលកំពុងព្រមព្រៀង​គ្នា ភិក្ខុនោះ រមែងបាននូវផល​ដូចម្តេចខ្លះ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាល​ឧបាលិ ភិក្ខុបំបែកសង្ឃ ដែលកំពុងព្រមព្រៀងគ្នា រមែងបាននូវផលដ៏ខ្លោចផ្សា តាំងនៅអស់១កប្ប ឆេះ​នៅក្នុងនរកអស់១កប្ប។

[៧២] ភិក្ខុបំបែកសង្ឃ ត្រេកអរក្នុងពួក មិនដំកល់ខ្លួននៅក្នុងធម៌ តែងទៅកើត​ក្នុងអបាយ ទៅកើតក្នុងនរក តាំងនៅ​អស់១កប្ប រមែង​ឃ្លាតចាកធម៌ ជាគ្រឿង​ក្សេមចាកយោគៈ។ ភិក្ខុ​បំបែកសង្ឃ ដែលកំពុង​ព្រមព្រៀងគ្នា រមែងឆេះនៅក្នុងនរកអស់១កប្ប។

[៧៣] ព្រះឧបាលិត្ថេរក្រាបបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចំរើន ចុះភិក្ខុ ជាអ្នក​សង្រួបសង្រួម​សង្ឃ ដែលបែកគ្នាហើយ ឲ្យបាន​ព្រមព្រៀងគ្នាទៅវិញ រមែង​បាននូវផល​ដូចម្តេចខ្លះ។ ព្រះអង្គ ទ្រង់ត្រាស់តបថា ម្នាលឧបាលិ ភិក្ខុអ្នកសង្រួបសង្រួមសង្ឃ ដែលបែកគ្នាហើយ ឲ្យបាន​ព្រមព្រៀង​គ្នាទៅវិញ រមែងបាននូវបុណ្យ​ដ៏ប្រសើរ រីករាយ​ក្នុងឋានសួគ៌អស់១កប្ប។

[៧៤] សេចក្តីព្រមព្រៀងនៃពួក តែងនាំសេចក្តីសុខមកឲ្យ ភិក្ខុអ្នកអនុគ្រោះ ដល់បុគ្គល​មានសេចក្តីព្រមព្រៀងគ្នាទាំងឡាយក្តី ជាអ្នកត្រេកអរក្នុងសេចក្តីព្រមព្រៀងក្តី បាន​ដំកល់​ខ្លួនក្នុងធម៌ក្តី (ភិក្ខុនោះ) មិនឃ្លាត​ចាកធម៌ ជាគ្រឿងក្សេមចាកយោគៈឡើយ។ ភិក្ខុអ្នក​សង្រួបសង្រួមសង្ឃ ឲ្យបានព្រមព្រៀងគ្នា តែងរីករាយ​ក្នុងឋានសួគ៌ អស់១កប្ប។

[៧៥] ព្រះឧបាលិត្ថេរក្រាបបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុអ្នកបំបែកសង្ឃ ជាអ្នកទៅកើតក្នុងអបាយ ទៅកើតក្នុងនរក ឋិតនៅ​អស់១កប្ប កែខ្លួនលែងបាន មានឬ​ទេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលឧបាលិ ភិក្ខុអ្នកបំបែកសង្ឃ តែងទៅកើតក្នុងអបាយ ទៅកើត​ក្នុង​នរក ឋិតនៅ​អស់១កប្ប កែខ្លួនលែងបាននោះ មាន។ ព្រះឧបាលិក្រាប​បង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចំរើន ចុះភិក្ខុអ្នកបំបែកសង្ឃ មិនទៅកើតក្នុងអបាយ មិនទៅកើតក្នុងនរក មិនឋិតនៅ​អស់១កប្ប នៅកែខ្លួនបាន មានដែរឬ។ ព្រះអង្គ ទ្រង់ត្រាស់​តបថា ម្នាលឧបាលិ ភិក្ខុអ្នកបំបែកសង្ឃ មិនទៅកើតក្នុងអបាយ មិនទៅកើត​ក្នុងនរក មិនឋិតនៅ​អស់១កប្ប នៅកែខ្លួនបាន ក៏មានដែរ។ ព្រះឧបាលិក្រាបបង្គំ​ទូលសួរថា បពិត្រព្រះអង្គដ៏ចំរើន ចុះភិក្ខុ​អ្នក​បំបែក​សង្ឃ ទៅកើតក្នុងអបាយ ទៅកើត​ក្នុងនរក ឋិតនៅ​អស់១កប្ប លែងកែខ្លួនបាន ដូចម្តេចខ្លះ។ ព្រះអង្គ ទ្រង់ត្រាស់តបថា ម្នាលឧបាលិ ភិក្ខុក្នុងសាសនានេះ សំដែងសភាព​មិនមែន​ជា​ធម៌ ថាជាធម៌ មានសេចក្តី​យល់​ឃើញក្នុងធម៌នោះ ថាមិនមែនជាធម៌ មានសេចក្តី​យល់ឃើញ​ក្នុង​ការបំបែក ថាមិន​មែន​ជាធម៌ បិទបាំងទិដ្ឋិ បិទបាំង​​សេចក្តីគាប់ចិត្ត បិទបាំង​សេចក្តីពេញចិត្ត បិទបាំង​សេចក្តីពិតត្រង់ ហើយសូត្រឲ្យភិក្ខុចាប់ស្លាក ដោយពាក្យថា នេះជាធម៌ នេះជាវិន័យ នេះជា​ពាក្យប្រដៅរបស់ព្រះសាស្តា អ្នកទាំងឡាយ ចូរចាប់ស្លាកនេះចុះ ចូរពេញចិត្ត​នឹងស្លាក​នេះចុះ ម្នាលឧបាលិ ភិក្ខុអ្នកបំបែកសង្ឃនេះឯង តែងកើតក្នុងអបាយ ទៅកើត​ក្នុងនរក ឋិតនៅ​អស់១កប្ប កែខ្លួនលែងបាន។ ម្នាលឧបាលិ ពាក្យដទៃនៅមានទៀត ភិក្ខុសំដែងសភាព​មិនមែន​​ធម៌ ថាជាធម៌ មានសេចក្តី​យល់​ឃើញក្នុងធម៌នោះ ថាមិនមែន​ជាធម៌ មានសេចក្តី​យល់ឃើញ​ក្នុង​ការបំបែកសង្ឃ ថា​ជាធម៌ បិទបាំងទិដ្ឋិ បិទបាំង​​សេចក្តីគាប់ចិត្ត បិទបាំង​សេចក្តីពេញចិត្ត បិទបាំង​សេចក្តីពិតត្រង់ ហើយសូត្រឲ្យភិក្ខុចាប់​ស្លាក ដោយពាក្យថា នេះជាធម៌ នេះជាវិន័យ នេះជា​ពាក្យប្រដៅរបស់ព្រះសាស្តា អ្នកទាំងឡាយ ចូរចាប់ស្លាកនេះចុះ ចូរពេញចិត្ត​នឹងស្លាក​នេះចុះ ម្នាលឧបាលិ ភិក្ខុអ្នកបំបែកសង្ឃនេះឯង តែងទៅកើតក្នុងអបាយ ទៅកើតក្នុងនរក ឋិតនៅ​អស់១កប្ប កែខ្លួនលែងបាន។ ម្នាលឧបាលិ ពាក្យដទៃនៅមានទៀត ភិក្ខុ​សំដែងសភាព​មិនមែន​ធម៌ ថាជាធម៌ មានសេចក្តី​យល់​ឃើញក្នុងធម៌នោះ ថាមិនមែនជាធម៌ មានសេចក្តី​សង្ស័យ​ក្នុង​ការបំបែក ហើយបិទបាំងទិដ្ឋិ បិទបាំង​​សេចក្តីគាប់ចិត្ត បិទបាំង​សេចក្តីពេញចិត្ត បិទបាំង​សេចក្តីពិតត្រង់ ហើយសូត្រឲ្យភិក្ខុចាប់ស្លាក ដោយពាក្យថា នេះជាធម៌ នេះជាវិន័យ នេះជា​ពាក្យប្រដៅរបស់ព្រះសាស្តា លោកទាំងឡាយ ចូរចាប់ស្លាកនេះចុះ ចូរពេញចិត្ត​នឹងស្លាក​នេះចុះ ម្នាលឧបាលិ ភិក្ខុអ្នកបំបែកសង្ឃនេះឯង តែងទៅកើតក្នុងអបាយ ទៅកើតក្នុងនរក ឋិតនៅ​អស់១កប្ប កែខ្លួនលែងបាន។ ម្នាលឧបាលិ ពាក្យដទៃនៅ​មានទៀត ភិក្ខុ​សំដែងសភាព​មិនមែន​ធម៌ ថាជាធម៌ មានសេចក្តី​យល់​ឃើញក្នុងធម៌នោះ ថាជាធម៌ មានសេចក្តី​យល់ឃើញ​ក្នុង​ការបំបែក ថាមិនមែន​ជាធម៌។បេ។ មានសេចក្តី​យល់ឃើញ​ក្នុងធម៌នោះ មានសេចក្តី​សង្ស័យ​ក្នុងការ​បំបែក។បេ។ មានសេចក្តីសង្ស័យ​ក្នុងធម៌នោះ មានសេចក្តី​យល់ឃើញ​ក្នុងការ​បំបែក​ ថា​មិនមែនជាធម៌ មានសេចក្តីសង្ស័យ​ក្នុងធម៌នោះ មានសេចក្តី​យល់ឃើញ​​ក្នុង​ការបំបែក​ថាជាធម៌ មានសេចក្តីសង្ស័យ​ក្នុងធម៌​នោះ មានសេចក្តីសង្ស័យ​ក្នុង​ការបំបែក ហើយបិទបាំងទិដ្ឋិ បិទបាំង​​សេចក្តីគាប់ចិត្ត បិទបាំង​សេចក្តីពេញចិត្ត បិទបាំង​សេចក្តីពិតត្រង់ ហើយសូត្រឲ្យភិក្ខុចាប់ស្លាក ដោយ​ពាក្យ​ថា នេះជាធម៌ នេះជាវិន័យ នេះជា​ពាក្យប្រៀនប្រដៅរបស់ព្រះសាស្តា លោកទាំង​ឡាយ ចូរចាប់ស្លាកនេះចុះ ចូរពេញចិត្ត​នឹងស្លាក​នេះចុះ ម្នាលឧបាលិ ភិក្ខុអ្នកបំបែក​សង្ឃនេះឯង ជាអ្នកទៅកើតក្នុងអបាយ ទៅកើតក្នុងនរក ឋិតនៅ​អស់១កប្ប កែខ្លួន​លែងបាន។ ម្នាលឧបាលិ ពាក្យដទៃនៅមានទៀត ភិក្ខុសំដែង​ធម៌ ថាមិនមែនធម៌។បេ។ សំដែងសភាវៈ​មិនមែន​វិន័យ ថាជាវិន័យ សំដែងវិន័យ ថាមិនមែនវិន័យ សំដែង​ធម៌វិន័យ ដែល​តថាគត​មិនបាន​សំដែង មិនបានពោល ថាតថាគត​បានសំដែង បានពោល សំដែង​ធម៌វិន័យ ដែល​តថាគត​បានសំដែង បានពោល ថាតថាគត​មិនបានសំដែង មិនបានពោល​ទេ សំដែងវត្ត ដែលតថាគត​មិនបាន​សន្សំមក ថាជាវត្ត​ដែល​តថាគត​បានសន្សំមក សំដែង​វត្តដែល​តថាគត​បានសន្សំមក ថាជាវត្ត​ ដែលតថាគត​មិនបានសន្សំមកទេ សំដែង​សិក្ខាបទ ដែលតថាគតមិនបាន​បញ្ញត្ត ថាតថាគត​បានបញ្ញត្ត សំដែងសិក្ខាបទ ដែល​តថាគត​​បានបញ្ញត្ត ថាតថាគតមិនបានបញ្ញត្តទេ សំដែង​អនាបត្តិ ថាជាអាបត្តិ សំដែង​អាបត្តិ ថាជាអនាបត្តិ សំដែង​លហុកាបត្តិ ថាជាគរុកាបត្តិ សំដែង​គរុកាបត្តិ ថាជា​លហុកាបត្តិ សំដែង​សាវសេសាបត្តិ ថាជាអនវសេសាបត្តិ សំដែង​អនវសេសាបត្តិ ថាជាសាវសេសាបត្តិ សំដែងទុដ្ឋុល្លាបត្តិ ថាមិនមែន​ជាទុដ្ឋុល្លាបត្តិ សំដែង​អទុដ្ឋុល្លាបត្តិ ថាជា​ទុដ្ឋុល្លាបត្តិ មានសេចក្តី​យល់​ឃើញធម៌នោះ ថាមិនមែនធម៌ មានសេចក្តី​យល់ឃើញ​ក្នុង​ការ​បំបែក ថាមិនមែនធម៌ មានសេចក្តីយល់ឃើញ​ក្នុងធម៌នោះ ថាមិនមែន​ធម៌ មានសេចក្តី​យល់ឃើញ​ក្នុងការបំបែក ថាជាធម៌ មានសេចក្តីយល់ឃើញ​ក្នុងធម៌នោះ ថាមិនមែនធម៌ មានសេចក្តីសង្ស័យ​ក្នុងការបំបែក មានសេចក្តី​យល់ឃើញ​ក្នុងធម៌នោះ ថាជាធម៌ មានសេចក្តី​យល់ឃើញ​ក្នុងការ​បំបែក ថាមិនមែនធម៌ មានសេចក្តីយល់​ឃើញ​ក្នុងធម៌នោះ ថាជាធម៌ មានសេចក្តីសង្ស័យ ក្នុងការបំបែក មានសេចក្តីសង្ស័យ​ក្នុងធម៌​នោះ មាន​សេចក្តី​យល់ឃើញ​ក្នុងការ​បំបែក ថាមិនមែន​ធម៌ មានសេចក្តីសង្ស័យ​ក្នុងធម៌​នោះ មានសេចក្តីយល់ឃើញក្នុងការ​បំបែកថាជាធម៌ មានសេចក្តី​សង្ស័យ​ក្នុងធម៌នោះ មានសេចក្តី​សង្ស័យ​ក្នុងការបំបែក ហើយបិទ​បាំង​ទិដ្ឋិ បិទបាំង​​សេចក្តីគាប់ចិត្ត បិទបាំង​សេចក្តីពេញចិត្ត បិទបាំង​សេចក្តីពិតត្រង់ ហើយសូត្រ​ឲ្យភិក្ខុ​ចាប់ស្លាក ដោយពាក្យថា នេះជាធម៌ នេះជាវិន័យ នេះជា​ពាក្យប្រៀនប្រដៅរបស់ព្រះ​សាស្តា លោកទាំងឡាយ ចូរ​ចាប់​ស្លាកនេះចុះ ចូរពេញចិត្ត​នឹងស្លាក​នេះចុះ ម្នាលឧបាលិ ភិក្ខុអ្នក​បំបែក​សង្ឃនេះឯង តែងទៅកើតក្នុងអបាយ ទៅកើតក្នុងនរក ឋិតនៅ​អស់១កប្ប កែខ្លួនលែងបាន។

[៧៦] ព្រះឧបាលិត្ថេរក្រាបបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចំរើន ចុះភិក្ខុអ្នកបំបែកសង្ឃ មិនទៅកើតក្នុងអបាយ មិនទៅកើតក្នុងនរក មិនឋិតនៅ​អស់១កប្ប នៅកែខ្លួនបាននោះ ដូចម្តេច​ខ្លះ។ ព្រះអង្គ ទ្រង់ត្រាស់តបថា ម្នាលឧបាលិ ភិក្ខុក្នុងសាសនានេះ សំដែងសភាព​មិនមែន​​ធម៌ ថាជាធម៌ មានសេចក្តី​យល់​ឃើញក្នុងធម៌នោះ ថាជាធម៌ មានសេចក្តី​យល់ឃើញ​ក្នុង​ការបំបែក ថា​ជាធម៌ ហើយមិនបិទបាំងទិដ្ឋិ មិនបិទបាំង​​សេចក្តីគាប់ចិត្ត មិនបិទបាំង​សេចក្តីពេញចិត្ត មិន​បិទ​បាំង​​សេចក្តីពិតត្រង់ ហើយសូត្រឲ្យភិក្ខុចាប់ស្លាក ដោយពាក្យថា នេះជាធម៌ នេះជាវិន័យ នេះជា​ពាក្យប្រៀនប្រដៅរបស់ព្រះសាស្តា លោកទាំងឡាយ ចូរចាប់ស្លាកនេះចុះ ចូរពេញចិត្ត​នឹងស្លាក​នេះចុះ ម្នាលឧបាលិ ភិក្ខុអ្នកបំបែកសង្ឃនេះឯង មិនទៅកើតក្នុងអបាយ មិនទៅកើតក្នុងនរក មិនឋិតនៅ​អស់១កប្ប គួរដល់កិរិយា​រក្សាបាន។ ម្នាលឧបាលិ ពាក្យខាងមុខនៅមានទៀត ភិក្ខុ​សំដែង​​ធម៌ ថាមិនមែនធម៌។បេ។ សំដែងទុដ្ឋុល្លាបត្តិ ថា​ជាអទុដ្ឋុល្លាបត្តិ មានសេចក្តី​យល់​ឃើញ​ក្នុង​អធម៌នោះ ថាជាធម៌ មានសេចក្តី​យល់ឃើញ​ក្នុង​ការ​បំបែក ថាជាធម៌ ហើយមិនបិទ​បាំង​ទិដ្ឋិ មិនបិទបាំង​​សេចក្តីគាប់ចិត្ត មិនបិទបាំង​សេចក្តីពេញចិត្ត មិនបិទបាំង​សេចក្តី​ពិតត្រង់ ហើយសូត្រ​ឲ្យភិក្ខុ​ចាប់ស្លាក ដោយពាក្យថា នេះជាធម៌ នេះជាវិន័យ នេះជា​ពាក្យប្រៀនប្រដៅរបស់​ព្រះ​សាស្តា លោកទាំងឡាយ ចូរចាប់ស្លាកនេះចុះ ចូរពេញចិត្ត​នឹងស្លាក​នេះចុះ ម្នាលឧបាលិ ភិក្ខុអ្នក​បំបែក​សង្ឃនេះឯង មិនទៅកើតក្នុងអបាយ មិនទៅ​កើតក្នុងនរក មិនឋិតនៅ​អស់១កប្ប ជាបុគ្គលនៅកែខ្លួនបាន។

ចប់ ភាណវារៈ ទី៣។

ចប់ សង្ឃភេទក្ខន្ធកៈ ទី៧ តែប៉ុណ្ណេះ។

ឧទ្ទាន

(បញ្ជីរឿងនៃសង្ឃភេទក្ខន្ធកៈ គឺ)

[៧៧] រឿងព្រះសម្មាសម្ពុទ្ធ គង់ក្នុងអនុបិយនិគម១ រឿងពួកសក្យកុមារមានឈ្មោះល្បី​ល្បាញ១ រឿងអនុរុទ្ធសក្យៈ ជាសុខុមាលជាតិ មិនចង់ចេញ​សាងផ្នួស១ រឿងមហានាម​ពន្យល់​អនុរុទ្ធថា ការធ្វើស្រែ មុនដម្បូង​ត្រូវភ្ជួររាស់ ៗរួចសាបព្រោះ ៗរួចបញ្ចូលទឹក ៗរួច​ជំរះស្មៅ ៗរួច​ច្រូត ៗរួចចងជាកណ្តាប់ ៗរួច គរកណ្តាប់​ជាគំនរ ៗរួចបញ្ជាន់ ឬបែនបោក ៗរួចជជុះចំបើង ៗរួច​ជជុះកំទេច ៗរួចរោយស្រូវ ៗរួចជញ្ជូន​មកទុក ទាំងពន្យល់ថា ស្រែត្រូវតែធ្វើយ៉ាងនេះរាល់ឆ្នាំ​តទៅ ថាមាតាបិតា និងជីដូនជីតា ទោះបី​អនិច្ចកម្មទៅអស់ ឯការងារ​ក៏នៅតែ​មិនចេះអស់១ រឿង​ភទ្ទិយៈ អនុរុទ្ធ អានន្ទ ភគ្គុ និងកិមិលៈ ចេញបួស១ រឿងពួកសក្យរាជកុមារ​បន្ថយ​នូវមានះ១ រឿង​ព្រះអង្គគង់នៅ (ក្នុងឃោសិតារាម) ទៀប​ក្រុង​កោសម្ពី១ រឿង​ទេវទត្តសាបសូន្យ (លាភសក្ការៈ)១ រឿងកក្កុធទេវបុត្ត១ រឿង​ព្រះសារីបុត្តត្ថេរ​ប្រកាសនូវ (ទោស​ទេវទត្ត)១ រឿងទេវទត្ត​ដឹកនាំ​អជាតសត្តុកុមារ​ឲ្យសម្លាប់​​បិតា១ បញ្ជូនបុរសទាំងឡាយ ឲ្យទៅសម្លាប់​ព្រះពុទ្ធអង្គ១ ប្រមៀល​ថ្ម១ លែងដំរីនាឡាគិរី១ រឿងព្រះពុទ្ធ​អង្គអនុញ្ញាត​ តិកភោជន១ រឿងទេវទត្ត​សូមវត្ថុ៥ប្រការ១ រឿងព្រះពុទ្ធអង្គសំដែងថា បុគ្គលដែលបំបែកសង្ឃ មានទោសជាទម្ងន់១ រឿងទេវទត្ត​បំបែក​សង្ឃ១ រឿងព្រះពុទ្ធអង្គ ទ្រង់​បង្គាប់​ឲ្យ ភេទានុវត្តកភិក្ខុ សំដែងថុល្លច្ចយាបត្តិ​ចេញ១ រឿង​ព្រះពុទ្ធអង្គ ទ្រង់សំដែងពីភិក្ខុដែល​គួរធ្វើទូតបាន លុះតែប្រកបដោយ​អង្គ៨ប្រការបីលើក១ រឿង​ព្រះពុទ្ធអង្គ ទ្រង់សំដែងអសទ្ធម្ម៣ប្រការ១ រឿងព្រះឧបាលិត្ថេរ ទូលសួរ​ព្រះពុទ្ធអង្គ ពីសេចក្តី​ប្រេះឆានៃសង្ឃ និង​ការបែកធ្លាយ​នៃសង្ឃ១ ពីភិក្ខុអ្នក​បំបែកសង្ឃ ដែលទៅកើត​ក្នុងអបាយ​មានឬទេ១។

វត្តក្ខន្ធកៈ

[៧៨] សម័យនោះ ព្រះពុទ្ធមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិក​គហបតិ ទៀបក្រុងសាវត្ថី។ សម័យនោះឯង អាគន្តុកភិក្ខុទាំងឡាយ ពាក់ស្បែកជើងដើរ​ចូល​ទៅ​កាន់អារាមខ្លះ បាំងឆត្រដើរ​ចូល​ទៅ​កាន់អារាមខ្លះ ទទូរក្បាល​ដើរ​ចូល​ទៅ​កាន់អារាមខ្លះ ទូល​ចីវរ​លើក្បាល​ដើរ​ចូល​ទៅ​កាន់អារាមខ្លះ លាងជើងដោយទឹកសម្រាប់​ផឹកខ្លះ មិនថ្វាយបង្គំ​អាវាសិក​ភិក្ខុ [ភិក្ខុអ្នកនៅក្នុងអាវាស] ទាំងឡាយ ដែលចាស់ជាង​ខ្លួនខ្លះ មិនសួររកសេនាសនៈខ្លះ។ មានអាគន្តុកភិក្ខុមួយរូបទៀត បើកគន្លឹះ ច្រាន​សន្ទះទ្វារ ហើយចូលទៅកាន់វិហារ ដែល​មិនមាន​អ្នកណានៅ ដោយប្រញាប់ប្រញាល់។ មានពស់ធ្លាក់ពីខាងលើក្របទ្វារ មកត្រូវត្រង់កភិក្ខុនោះ។ ភិក្ខុនោះខ្លាច ក៏ស្រែកភ្លាត់​សម្លេង។ ភិក្ខុទាំងឡាយ ស្ទុះចូលទៅសួរភិក្ខុនោះថា ម្នាលអាវុសោ ហេតុអ្វីបានជាលោក​ស្រែក​ភ្លាត់សម្លេងម្ល៉េះ។ លំដាប់នោះ ភិក្ខុនោះ បានប្រាប់ដំណើរនោះ ដល់​ភិក្ខុទាំងឡាយ។ ភិក្ខុទាំងឡាយណា មានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុទាំងនោះ ក៏ពោល​ទោស តិះដៀល បន្តុះ​បង្អាប់ថា មិនគួរបើ​អាគន្តុកភិក្ខុទាំងឡាយ ពាក់ស្បែកជើងដើរ​ចូល​ទៅ​កាន់​អារាម​ខ្លះ បាំងឆត្រដើរ​ចូល​ទៅ​កាន់អារាមខ្លះ ទទូរក្បាល​ដើរ​ចូល​ទៅ​កាន់​អារាមខ្លះ ទូល​ចីវរ​លើក្បាល​ដើរ​ចូល​ទៅ​កាន់អារាមខ្លះ លាងជើងដោយទឹកសម្រាប់​ផឹកខ្លះ មិនថ្វាយបង្គំ​អាវាសិក​ភិក្ខុទាំងឡាយ ដែលចាស់ជាងខ្លួនខ្លះ មិនសួររក​សេនាសនៈ​ខ្លះសោះ។ គ្រានោះឯង ភិក្ខុ​ទាំង​នោះ បានក្រាបបង្គំទូលដំណើរនុ៎ះ ចំពោះ​ព្រះមានព្រះភាគ។បេ។ ទើបព្រះមានព្រះភាគ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បានឮថា អាគន្តុកភិក្ខុទាំងឡាយ ពាក់​ស្បែកជើងដើរ​ចូល​ទៅ​កាន់អារាមខ្លះ បាំងឆត្រដើរ​ចូល​ទៅ​កាន់អារាមខ្លះ ទទូរក្បាល​ដើរ​ចូល​ទៅ​កាន់អារាមខ្លះ ទូល​ចីវរ​លើក្បាល​ដើរ​ចូល​ទៅ​កាន់អារាមខ្លះ លាងជើងដោយទឹកសម្រាប់ផឹកខ្លះ មិនថ្វាយបង្គំ​អាវាសិក​ភិក្ខុទាំង​ឡាយ ដែលចាស់ជាងខ្លួនខ្លះ មិនសួររកសេនាសនៈខ្លះ ពិតមែនឬ។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលថា សូម​ទ្រង់ព្រះមេត្តាប្រោស ពិតមែន។ ព្រះពុទ្ធមានព្រះភាគ ទ្រង់បន្ទោស​ថា ម្នាលភិក្ខុទាំងឡាយ មិនសមបើអាគន្តុកភិក្ខុទាំងឡាយ ហ៊ានពាក់​ស្បែកជើងដើរ​ចូល​ទៅ​កាន់អារាមខ្លះ បាំងឆត្រដើរ​ចូល​ទៅ​កាន់អារាមខ្លះ ទទូរក្បាល​ដើរ​ចូល​ទៅ​កាន់​អារាមខ្លះ ទូល​ចីវរ​លើក្បាល​ដើរ​ចូល​ទៅ​កាន់​អារាមខ្លះ លាងជើងដោយទឹកសម្រាប់​ផឹក​ខ្លះ មិនថ្វាយបង្គំ​អាវាសិក​ភិក្ខុទាំងឡាយ ដែល​ចាស់​ជាង​ខ្លួនខ្លះ មិនសួររកសេនាសនៈ​ខ្លះ (ដូច្នោះ)សោះ ម្នាលភិក្ខុទាំងឡាយ អំពើនេះ មិននាំឲ្យជ្រះថ្លា ដល់ពួកជនដែល​មិនទាន់ជ្រះថ្លាទេ។បេ។ លុះទ្រង់​បន្ទោសហើយ ទើបទ្រង់ធ្វើ​ធម្មីកថា ត្រាស់ហៅ​ភិក្ខុទាំងឡាយ​មកថា ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ តថាគតនឹងបញ្ញត្តវត្ត ដល់​អាគន្តុកភិក្ខុទាំងឡាយ តាមទំនងដែលអាគន្តុកភិក្ខុទាំងឡាយ ត្រូវប្រព្រឹត្តដោយប្រពៃ។

[៧៩] ម្នាលភិក្ខុទាំងឡាយ អាគន្តុកភិក្ខុគិតថា អាត្មាអញនឹងចូលទៅកាន់អារាមក្នុង​កាល​ឥឡូវនេះ ហើយត្រូវដោះស្បែកជើង ធ្វើឲ្យទាប ហើយគោះចេញ កាន់យកទៅ ហើយ​ដម្លោះឆត្រ បើកក្បាល ដាក់ចីវរ​ពីលើក្បាល មកលើ-កវិញ ហើយត្រូវដើរសន្សឹមៗ ចូលទៅកាន់អារាម​ដោយស្រួល កាលនឹងដើរចូលទៅកាន់អារាម ត្រូវកំណត់ទុកក្នុង​ចិត្តថា អាវាសិកភិក្ខុទាំងឡាយ ប្រជុំគ្នាក្នុងទីណា (បើ) អាវាសិកភិក្ខុទាំងឡាយ​ប្រជុំគ្នា​ក្នុងទីណា ត្រូវទៅក្នុងទីនោះ គឺក្នុង​ឧបដ្ឋាន​សាលាក្តី ក្នុងមណ្ឌបក្តី ទៀប​គល់ឈើក្តី ហើយទុកដាក់បាត្រ ក្នុងទីដ៏សមគួរ ទុកដាក់ចីវរ​ក្នុងទី​ដ៏សមគួរ កាន់យកអាសនៈ​ដ៏សមគួរ ហើយអង្គុយ គប្បីសួររកទឹក​សម្រាប់ឆាន់ គប្បីសួរ​រកទឹក​សម្រាប់ប្រើប្រាស់ថា ណាទឹកសម្រាប់ឆាន់ ណាទឹកសម្រាប់ប្រើប្រាស់ បើមានសេចក្តី​ត្រូវការ​ដោយ​ទឹក​សម្រាប់​ឆាន់ ត្រូវយកទឹក​សម្រាប់ឆាន់ ហើយឆាន់ចុះ បើមានសេចក្តីត្រូវការ​ដោយ​ទឹកសម្រាប់​ប្រើប្រាស់ ត្រូវយកទឹក​សម្រាប់​ប្រើប្រាស់លាងជើងចុះ កាលនឹងលាងជើង ត្រូវស្រោច​ទឹកដោយដៃម្ខាង លាងជើង​ដោយដៃម្ខាង បើស្រោចទឹក​ដោយដៃណា មិនត្រូវ​លាងជើង​ដោយដៃ​នោះទេ ត្រូវសួររកកំណាត់សម្ពត់​សម្រាប់​ជូតស្បែកជើង រួចជូត​ស្បែកទាំង​ឡាយចុះ កាលដែលនឹងជូតស្បែកជើង (នោះ) មុនដម្បូង ជូតដោយកំណាត់ស្ងួត ខាង​ក្រោយ​មក ត្រូវ​ជូត​ដោយកំណាត់​សម្ពត់ទទឹក ត្រូវលាងកំណាត់សម្ពត់​សម្រាប់ជូត​ស្បែកជើង ហើយពូតហាល​ទុក​ក្នុងទីដ៏សមគួរ បើអាវាសិក​ភិក្ខុចាស់វស្សាជាង អាគន្តុក​ភិក្ខុ​ត្រូវ​ថ្វាយបង្គំ បើខ្ចីវស្សា អាគន្តុក​ភិក្ខុ​ត្រូវ​ឲ្យថ្វាយបង្គំខ្លួនវិញ អាគន្តុកភិក្ខុ ត្រូវសួរ​រកសេនាសនៈថា សេនាសនៈដូចម្តេច សម្រាប់ខ្ញុំ​ព្រះករុណា ត្រូវសួរ​អំពីសេនាសនៈ ដែលគេនៅហើយឬ ៗគ្មានគេនៅទេ ត្រូវសួររកគោចរគ្រាម [អដ្ឋកថា ថា អាគន្តុកភិក្ខុ ត្រូវសួររក​ទីភិក្ខាចារយ៉ាងនេះថា គោចរគ្រាមនោះ នៅជិត ឬនៅ​ឆ្ងាយ ត្រូវចេញទៅ​បិណ្ឌបាតអំពីពេលព្រឹក ឬពេលថ្ងៃ។] ត្រូវសួររកអគោចរគ្រាម [អគោចរគ្រាម បានដល់​ភូមិ ឬស្រុក​រស់ពួកមិច្ឆាទិដ្ឋិ ឬទីដែល​គេឈប់​ដាក់បិណ្ឌបាតហើយ។] ត្រូវសួររក​សេក្ខសម្មតិត្រកូល ត្រូវសួររកទីសម្រាប់បន្ទោបង់វច្ចៈ ត្រូវសួររកទីសម្រាប់បន្ទោបង់​បស្សាវៈ ត្រូវសួររកទឹកសម្រាប់ឆាន់ ត្រូវសួររកឈើច្រត់ ត្រូវសួររករបៀបនៃកតិកា គឺសេចក្តី​ប្តេជ្ញារបស់​សង្ឃថា គួរចូលទៅក្នុងពេលណា គួរចេញមកវិញក្នុងពេលណា បើវិហារគ្មានភិក្ខុណានៅទេ អាគន្តុកភិក្ខុ ត្រូវគោះសន្ទះទ្វារ ហើយរង់ចាំមួយស្របក់ ដកគន្លឹះ ហើយច្រាន​សន្ទះទ្វារ ហើយឈរ​ខាងក្រៅ ពិនិត្យឲ្យគ្រប់សព្វ បើវិហារមាន​សម្រាមក្តី គេតម្រួតគ្រែលើគ្រែក្តី គេតម្រួត​តាំងលើតាំងក្តី គេបានតម្រួត​សេនាសនៈ​គរទុកលើគ្នាក្តី បើអាគន្តុកភិក្ខុអាច (ដើម្បីសំអាតបាន) ត្រូវសំអាតចេញ កាល​សំអាតវិហារ មុនដម្បូង ត្រូវជញ្ជូនកម្រាលផ្ទាល់ផែនដី ទៅទុក​ដាក់ក្នុង​ទីដ៏​សមគួរ ត្រូវយកទ្រនាប់គ្រែទាំងឡាយទៅទុកដាក់ក្នុងទីដ៏សមគួរ ត្រូវជញ្ជូន​យកពូក និងខ្នើយ​ទៅទុកដាក់ក្នុងទីដ៏សមគួរ ត្រូវជញ្ជូន​យកកម្រាល​សម្រាប់អង្គុយ​ទៅទុកដាក់ក្នុងទី​ដ៏សម​គួរ អាគន្តុកភិក្ខុ ត្រូវលើក​គ្រែបន្ទាបកុំឲ្យទង្គិច កុំឲ្យប៉ះ​នឹងសន្ទះទ្វារ នឹងក្របទ្វារ ហើយ​ជញ្ជូន​ឲ្យស្រួល យកទៅទុកក្នុងទីដ៏សមគួរ ត្រូវលើកតាំងបន្ទាប កុំឲ្យទង្គិច កុំឲ្យប៉ះ​នឹងសន្ទះទ្វារ នឹងក្រប​ទ្វារ ហើយជញ្ជូន​ឲ្យស្រួល​យកទៅទុកក្នុងទីដ៏សមគួរ ត្រូវនាំ​យកកន្ថោរ​សម្រាប់​ស្តោះ​ទឹកមាត់​ទៅទុកក្នុងទីដ៏សមគួរ ត្រូវនាំយកផែនក្តារសម្រាប់ផ្អែក ទៅទុកក្នុងទីដ៏សមគួរ បើគ្រឿង​ស្មុកស្មាញ (មានសំបុកកណ្តូប និងសរសៃពីងពាង​ជាដើម) មាននៅក្នុងវិហារ អាគន្តុកភិក្ខុ ត្រូវ​បោសតាំងពីពិតានមកជាមុន ចំណែក​ជ្រុងសន្ទះបង្អួច ត្រូវជូតសំអាត បើជញ្ជាំង​ដែលគេលាប​ដោយរង់ មានសៅហ្មង​ពណ៌​សម្បុរ ត្រូវជ្រលក់កំណាត់សម្ពត់ពូតហើយសឹមជូត បើផ្ទៃ​គេធ្វើ​ដោយវត្ថុ​មានពណ៌ខ្មៅ មានសៅហ្មងពណ៌សម្បុរ ត្រូវជ្រលក់កំណាត់សម្ពត់ពូតហើយសឹមជូត បើទីផ្ទៃ​គេមិន​បានធ្វើទេ ត្រូវប្រស់ដោយទឹក រួចហើយសឹមជូត ដោយគិតថា កុំឲ្យវិហាររាយខ្ជាំ ដោយធូលីឡើយ គប្បីប្រមូលសម្រាមយកទៅចោល ក្នុងទីដ៏សមគួរ លុះហាលកម្រាល​ផ្ទាល់​ផែនដីហើយ ត្រូវបោសឲ្យស្អាត គោះឲ្យល្អ រួច​នាំយក​មកក្រាល​ដូចដើមវិញ លុះហាល​ទ្រនាប់​គ្រែហើយ ត្រូវបោសឲ្យស្អាត ​នាំយក​មកទុក​ដូចដើមវិញ លុះហាល​​គ្រែហើយ ត្រូវបោសឲ្យស្អាត គោះឲ្យល្អ លើកបន្ទាប កុំឲ្យ​ទង្គិច​ កុំឲ្យប៉ះសន្ទះទ្វារ នឹងក្របទ្វារ ហើយ​នាំឲ្យស្រួល យកទៅទុក​​ដូច​ដែលវិញ លុះហាល​តាំងហើយ ត្រូវបោស​ឲ្យស្អាត គោះឲ្យល្អ លើកបន្ទាប កុំឲ្យ​ទង្គិច​ កុំឲ្យប៉ះ​សន្ទះ​ទ្វារ នឹងក្របទ្វារ ហើយ​នាំឲ្យស្រួល យកទៅទុក​​ដូច​ដែលវិញ លុះហាលពូកខ្នើយហើយ ត្រូវបោសឲ្យស្អាត គោះឲ្យល្អ រួចយកទៅរៀបចំទុកដូច​ដែលវិញ លុះហាលកម្រាលសម្រាប់​អង្គុយ​ហើយ ត្រូវបោសឲ្យស្អាត គោះឲ្យល្អ យកទៅក្រាលទុកដូច​ដើមវិញ លុះហាលកន្ថោរ​សម្រាប់​ស្តោះ​ទឹកមាត់ហើយ ត្រូវជូតឲ្យស្អាត រួចយកទៅទុកដូច​ដែលវិញ លុះហាលផែនក្តារ សម្រាប់ផ្អែកហើយ ត្រូវជូតឲ្យស្អាត រួចយកទៅទុកដូច​ដែលវិញ ត្រូវរៀបចំទុកដាក់បាត្រ និងចីវរ កាលនឹងទុកដាក់បាត្រ ត្រូវកាន់បាត្រដៃម្ខាង ស្ទាបក្រោមគ្រែ ឬក្រោមតាំងដៃម្ខាង ហើយទុកដាក់​បាត្រចុះ តែមិនត្រូវទុកដាក់បាត្រ លើផ្ទៃដែលមិនស្អាតទេ កាលនឹងទុកចីវរ ត្រូវចាប់ចីវរដៃម្ខាង ជូត​ស្នួរចីវរ ឬខ្សែស្បៀងដៃម្ខាង ធ្វើជាយខាងនាយ ឲ្យជាផ្នត់​មកខាងអាយ ហើយទុកចីវរចុះ បើខ្យល់ប្រកបដោយធូលី បក់មកអំពីទិសខាងកើត អាគន្តុកភិក្ខុ ត្រូវបិទបង្អួច​ទិសខាងកើត បើខ្យល់ប្រកបដោយធូលី បក់មកអំពីទិសខាង​លិច ត្រូវបិទបង្អួច​ទិសខាងលិច បើខ្យល់ប្រកប​ដោយធូលី បក់មកពីទិសខាងជើង ត្រូវបិទបង្អួច​ទិសខាងជើង បើខ្យល់ប្រកបដោយធូលី បក់​មក​អំពីទិសខាងត្បូង ត្រូវបិទ​បង្អួច​​ទិសខាងត្បូង បើរដូវត្រជាក់ ត្រូវបើកបង្អួចក្នុងវេលាថ្ងៃ ត្រូវបិទ​បង្អួច​ក្នុងវេលាយប់ បើរដូវក្តៅ ត្រូវបិទបង្អួចក្នុងវេលាថ្ងៃ ត្រូវបើក​ក្នុងវេលាយប់ បើបរិវេណ​មានសម្រាម ត្រូវបោសបរិវេណចេញ បើបន្ទប់ទឹកមានសម្រាម ត្រូវបោសបន្ទប់ទឹកចេញ បើ​ឧបដ្ឋាន​សាលា (រោងឆាន់) មានសម្រាម ត្រូវបោសឧបដ្ឋានសាលាចេញ បើរោងភ្លើងមានសម្រាម ត្រូវបោសរោងភ្លើងចេញ បើបង្គន់មានសម្រាម ត្រូវបោសបង្គន់ចេញ បើទឹកឆាន់មិនមាន ត្រូវ​ដម្កល់​ទឹកឆាន់ទុក បើទឹកសម្រាប់ប្រើប្រាស់មិនមាន ត្រូវដម្កល់ទុកនូវទឹក​សម្រាប់​ប្រើប្រាស់ បើទឹក​ក្នុងឆ្នាំងសម្រាប់ជម្រះមិនមាន ត្រូវចាក់ទឹកដាក់ទៅក្នុងឆ្នាំងសម្រាប់​ជម្រះ ម្នាលភិក្ខុទាំងឡាយ ​នេះជាវត្ត​របស់អាគន្តុកភិក្ខុទាំងឡាយ ដែល​អាគន្តុកភិក្ខុ​ទាំងឡាយ​ ត្រូវប្រព្រឹត្តដោយប្រពៃ។

[៨០] សម័យនោះឯង ពួកអាវាសិកភិក្ខុ ឃើញអាគន្តុកភិក្ខុទាំងឡាយហើយ មិននាំ​គ្នាក្រាលអាសនៈ មិនបានដម្កល់ទឹកសម្រាប់លាងជើង តាំងសម្រាប់ទ្រាប់ជើង ដែល​លាង​ហើយ ទ្រនាប់សម្រាប់ជូតជើង ដែល​មិនទាន់លាង មិនក្រោកទៅទទួលបាត្រ និងចីវរ មិនសួរទឹកសម្រាប់ផឹក មិនសួរទឹកសម្រាប់ប្រើប្រាស់ មិនថ្វាយបង្គំ​ពួក​អាគន្តុកភិក្ខុ​ដែល​ចាស់ជាងខ្លួន មិនរៀបចំ​សេនាសនៈ។ ពួកភិក្ខុណា មានសេចក្តី​ប្រាថ្នាតិច។បេ។ ភិក្ខុ​ទាំងនោះ ក៏​ពោលទោស តិះដៀល បន្តុះ​បង្អាប់ថា មិនគួរបើពួក​អាវាសិកភិក្ខុ ឃើញ​អាគន្តុក​ភិក្ខុ​ទាំងឡាយ​ហើយ មិននាំ​គ្នាក្រាលអាសនៈទទួល មិន​ដម្កល់​ទឹកលាងជើង តាំងសម្រាប់ទ្រាប់ជើង ដែលលាង​ហើយ ទ្រនាប់សម្រាប់ជូតជើង ដែល​មិនទាន់បានលាង មិនក្រោកទៅទទួលបាត្រ និងចីវរ មិនសួរទឹកសម្រាប់ផឹក មិនសួរទឹកសម្រាប់ប្រើប្រាស់ មិនថ្វាយបង្គំ​ពួក​អាគន្តុកភិក្ខុ​ ដែល​ចាស់​ជាង​ខ្លួន មិនរៀបចំ​សេនាសនៈ​សោះ។ លំដាប់នោះ ភិក្ខុទាំងនោះ ក្រាបបង្គំទូលដំណើរនុ៎ះ ចំពោះ​ព្រះមានព្រះភាគ។បេ។ ព្រះអង្គ ទ្រង់​ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថា ដំណើរ​នោះ ពិត​មែន​ឬ។បេ។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលថា សូម​ទ្រង់ព្រះមេត្តាប្រោស ពិតមែន។បេ។ លុះទ្រង់​​បន្ទោសហើយ ទ្រង់ធ្វើ​ធម្មីកថា ត្រាស់ហៅ​ភិក្ខុទាំងឡាយ​មកថា ម្នាលភិក្ខុទាំង​ឡាយ បើ​ដូច្នោះ តថាគតនឹងបញ្ញត្តវត្ត ដល់​អាវាសិកភិក្ខុទាំងឡាយ តាមទំនងដែល​អាវាសិកភិក្ខុ​ទាំង​ឡាយ ត្រូវ​ប្រព្រឹត្ត​ដោយប្រពៃ។

[៨១] ម្នាលភិក្ខុទាំងឡាយ អាវាសិកភិក្ខុ ឃើញអាគន្តុកភិក្ខុ​ ដែលចាស់ជាងខ្លួនហើយ ត្រូវក្រាលអាសនៈ ត្រូវដម្កល់ទុកនូវទឹកលាងជើង តាំងសម្រាប់​ទ្រាប់ជើង ដែលលាង​ហើយ ទ្រនាប់​​សម្រាប់ជូតជើង ដែលមិនទាន់បានលាង ត្រូវក្រោកទទួល​យកបាត្រ និងចីវរ ត្រូវសួរ​ទឹក​សម្រាប់ផឹក ត្រូវសួរទឹកសម្រាប់ប្រើប្រាស់ បើអាវាសិកភិក្ខុមាន​​សេចក្តីឧស្សាហ៍ ត្រូវជូតស្បែកជើង កាលនឹងជូតស្បែកជើង មុនដម្បូង ត្រូវជូតដោយ​សំពត់ស្ងួត បន្ទាប់មក ត្រូវ​ជូត​ដោយសម្ពត់ទទឹក ត្រូវលាងកំណាត់សម្ពត់​សម្រាប់ជូត​ស្បែកជើង ហើយពូតហាល​ទុក​ក្នុងទីដ៏សមគួរ (បើ) អាគន្តុក​ភិក្ខុ​ចាស់វស្សាជាង អាវាសិកភិក្ខុត្រូវថ្វាយបង្គំ ត្រូវរៀបសេនាសនៈ ដោយពាក្យថា សេនាសនៈ​នេះសម្រាប់​លោកម្ចាស់ ត្រូវប្រាប់សេនាសនៈ ដែលមានគេនៅក្តី ឥតមានគេនៅក្តី ត្រូវប្រាប់​គោចរគ្រាម ត្រូវប្រាប់អគោចរគ្រាម ត្រូវប្រាប់ត្រកូលទាំងឡាយ ដែលសង្ឃសន្មត​ថាជា​សេក្ខៈ ត្រូវប្រាប់ទីសម្រាប់បន្ទោបង់វច្ចៈ ត្រូវប្រាប់ទីសម្រាប់បន្ទោបង់​បស្សាវៈ ត្រូវប្រាប់​ទឹក​សម្រាប់​ឆាន់ ត្រូវប្រាប់ទឹកសម្រាប់ប្រើប្រាស់ ត្រូវប្រាប់ឈើច្រត់  ត្រូវប្រាប់​របៀប​កតិកា​របស់​សង្ឃ​ថា លោកម្ចាស់ត្រូវចូលមកក្នុងពេលនេះ ត្រូវចេញទៅក្នុងពេលនេះ បើអាគន្តុកភិក្ខុខ្ចីវស្សាជាង អាវាសិកភិក្ខុ ត្រូវអង្គុយ​ប្រាប់វិញថា ចូរលោកទុកបាត្រ​ត្រង់ទីនេះ ចូរទុក​ចីវរ​ត្រង់នេះចុះ ចូរអង្គុយលើអាសនៈ​នេះចុះ អាវាសិកភិក្ខុ ត្រូវប្រាប់​ទឹកសម្រាប់ឆាន់ ត្រូវប្រាប់​ទឹកសម្រាប់​ប្រើប្រាស់ ត្រូវប្រាប់សម្ពត់​សម្រាប់ជូត​ស្បែកជើង បើអាគន្តុក​ភិក្ខុខ្ចីវស្សាជាង អាវាសិកភិក្ខុ ត្រូវបង្គាប់​ឲ្យថ្វាយ​បង្គំខ្លួន ត្រូវប្រាប់​សេនាសនៈ​ថា សេនាសនៈនុ៎ះសម្រាប់លោក ត្រូវប្រាប់សេនាសនៈ​ដែល​មានគេនៅក្តី ឥតមានគេ​នៅក្តី ត្រូវប្រាប់គោចរគ្រាម ត្រូវប្រាប់​អគោចរគ្រាម ត្រូវ​ប្រាប់ត្រកូលទាំងឡាយ ដែល​សង្ឃសន្មតជាសេក្ខៈ ត្រូវប្រាប់ទី​សម្រាប់បន្ទោបង់​វច្ចៈ ត្រូវ​ប្រាប់​ទីសម្រាប់​បន្ទោបង់​បស្សាវៈ ត្រូវប្រាប់ទឹកសម្រាប់ឆាន់ ត្រូវប្រាប់​ទឹកសម្រាប់​ប្រើប្រាស់ ត្រូវប្រាប់ឈើច្រត់ ត្រូវប្រាប់របៀបកតិកា​របស់សង្ឃថា លោកត្រូវចូលមកក្នុងពេលនេះ ត្រូវ​ចេញ​ទៅវិញ​ក្នុងពេលនេះ ម្នាលភិក្ខុទាំងឡាយ នេះហើយ ជាវត្តរបស់អាវាសិកភិក្ខុទាំងឡាយ តាម​បែប​​បទ ដែលអាវាសិកភិក្ខុទាំងឡាយ ត្រូវប្រព្រឹត្តដោយប្រពៃ។

[៨២] សម័យនោះឯង ពួកគមិកភិក្ខុ (ភិក្ខុអ្នកដំណើរ) មិនរៀបចំទុកដាក់គ្រឿងឈើ [អដ្ឋកថា ថា គ្រឿងឈើបានដល់គ្រែ និងតាំងជាដើម។] និងគ្រឿងដី [គ្រឿងដីបាន​ដល់ភាជន៍​សម្រាប់ជ្រលក់ជាដើម។ ចូរមើលសេចក្តីពិស្តារក្នុងសេនាសនក្ខន្ធកៈ។] បើក​ទ្វារ និងបង្អួចចោល មិនអើពើនឹងសេនាសនៈ ហើយចៀសចេញទៅ។ គ្រឿងឈើ គ្រឿងដី ក៏វិនាសអស់ទៅ។ ឯសេនាសនៈ ក៏រកអ្នកណាគ្រប់គ្រងគ្មាន។ ភិក្ខុទាំងឡាយ​ណា មានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុទាំងនោះ ក៏ពោលទោស តិះដៀល បន្តុះ​បង្អាប់ថា មិនគួរបើពួក​គមិកភិក្ខុ មិនរៀបចំទុក​ដាក់​គ្រឿងឈើ គ្រឿងដី បើកទ្វារ និងបង្អួចចោល មិនអើពើនឹងសេនាសនៈ ហើយចៀសចេញទៅ​សោះ ឯគ្រឿងឈើ គ្រឿងដី ក៏វិនាស​អស់ទៅ សេនាសនៈ ក៏រកអ្នកណាគ្រប់គ្រងគ្មាន។ លំដាប់​នោះ ភិក្ខុទាំងនោះ បាន​ក្រាបបង្គំទូលដំណើរនុ៎ះ ចំពោះព្រះមានព្រះភាគ។បេ។ ព្រះអង្គ ទ្រង់​ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថា រឿងនោះពិតមែនឬ។បេ។ ភិក្ខុទាំងនោះ​ ក្រាបបង្គំទូលថា សូមទ្រង់ព្រះមេត្តាប្រោស ពិតមែន។បេ។ លុះទ្រង់បន្ទោសហើយ ទ្រង់ធ្វើធម្មីកថា ត្រាស់​ហៅ​ភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ តថាគតនឹងបញ្ញត្តវត្ត ដល់ពួក​គមិកភិក្ខុ តាមបែប​បទ ដែលពួកគមិកភិក្ខុត្រូវប្រព្រឹត្តដោយប្រពៃ។

[៨៣] ម្នាលភិក្ខុទាំងឡាយ គមិកភិក្ខុត្រូវរៀបចំទុកដាក់គ្រឿងឈើ និងគ្រឿងដី ហើយបិទ​ទ្វារ និងបង្អួច អើពើនឹងសេនាសនៈ [សេនាសនៈ ដែលគេទើរលើខ្នងថ្មក្តី លើសសរថ្មក្តី ដែលពួក​សត្វកណ្តៀរ​ឡើង​ទៅបៀតបៀនមិនបាន ទុកជាភិក្ខុមិនអើពើ ក៏មិនត្រូវអាបត្តិ​ឡើយ។] បើមិន​មានភិក្ខុទេ ត្រូវលាសាមណេរ បើមិនមានសាមណេរ ត្រូវលាអារាមិកជន បើមិនមានអារាមិកជន ត្រូវលាឧបាសក បើភិក្ខុក្តី សាមណេរក្តី អារាមិកជនក្តី ឧបាសកក្តី មិនមានទេ ត្រូវរៀបចំ​គ្រែលើថ្ម​តូច៤ដុំ ហើយតម្រួតគ្រែលើគ្រែ តម្រួតតាំងលើតាំង ធ្វើសេនាសនៈឲ្យគរលើគ្នា ហើយរៀបចំទុក​ដាក់គ្រឿង​ឈើ និងគ្រឿងដី ហើយបិទទ្វារ និងបង្អួច រួចដើរចេញទៅចុះ ប្រសិនបើវិហារលេច បើ​គមិកភិក្ខុអាច (ប្រក់បាន) ក៏គប្បីប្រក់ ម្យ៉ាងទៀត គប្បីធ្វើសេចក្តីខ្វល់ខ្វាយថា អាត្មាអញប្រក់​វិហារ​ដោយឧបាយ​ដូចម្តេចហ្ន៎ បើគមិកភិក្ខុបានធ្វើ​សេចក្តីខ្វល់ខ្វាយ​យ៉ាងនេះ ការបានដូច្នេះនេះ ក៏ជាការ​គាប់ប្រពៃ បើមិនបានទេ ទីណាជាទីមិនលេច គមិកភិក្ខុ ត្រូវរៀបចំគ្រែលើថ្ម​តូច៤ដុំ ក្នុងប្រទេសនោះ ហើយតម្រួតគ្រែលើគ្រែ តម្រួតតាំងលើតាំង ហើយធ្វើសេនាសនៈ​ឲ្យគរលើគ្នា រៀបចំទុក​ដាក់គ្រឿង​ឈើ និងគ្រឿងដី បិទទ្វារ និងបង្អួច រួចដើរចេញទៅចុះ ប្រសិនបើ​វិហារ​លេច​គ្មានសល់ បើគមិកភិក្ខុអាច (នាំយកទៅបាន) ត្រូវនាំសេនាសនៈ​ទៅកាន់ស្រុក ឬត្រូវធ្វើ​សេចក្តី​ខ្វល់ខ្វាយថា អាត្មាអញ នឹងនាំយកសេនាសនៈ​ទៅកាន់​ស្រុក ដោយឧបាយដូចម្តេចហ្ន៎ បើគមិក​ភិក្ខុបានធ្វើសេចក្តីខ្វល់ខ្វាយ​យ៉ាងនេះ ការបាន​ដូច្នេះ នេះជាការល្អ បើមិនបានទេ គមិកភិក្ខុ​ត្រូវ​រៀបចំគ្រែលើថ្ម​តូច៤ដុំ ក្នុងទីវាល ហើយតម្រួតគ្រែលើគ្រែ តម្រួតតាំងលើតាំង ធ្វើសេនាសនៈ​ឲ្យ​គរ​លើគ្នា ហើយរៀបចំទុក​ដាក់គ្រឿង​ឈើ និងគ្រឿងដី បិទបាំងដោយស្មៅ ឬដោយស្លឹកឈើ រួច​សឹម​ដើរចេញទៅ ដោយធ្វើទុកក្នុងចិត្តថា ធ្វើដូចម្តេច នឹងឲ្យអវយវៈ (របស់គ្រែ និងតាំង) ទាំងឡាយ​សល់នៅបាន ម្នាលភិក្ខុទាំងឡាយ នេះហើយជាវត្តរបស់​ពួកគមិកភិក្ខុ តាមបែប​បទ ដែល​ពួកគមិកភិក្ខុត្រូវប្រព្រឹត្តដោយប្រពៃ។

[៨៤] សម័យនោះឯង ភិក្ខុទាំងឡាយមិនអនុមោទនាក្នុងរោងភត្ត។ មនុស្សទាំងឡាយ ពោលទោស តិះដៀល បន្តុះ​បង្អាប់ថា ពួកសមណៈ ជាសក្យបុត្តិយ៍ មិនគួរបើមិន​អនុមោទនា​ ក្នុងរោងភត្តសោះ។ កាលដែល​មនុស្សទាំងឡាយ កំពុង​ពោលទោស តិះដៀល បន្តុះ​បង្អាប់ ពួក​ភិក្ខុក៏បានឮ។ លំដាប់នោះ ភិក្ខុទាំងនោះ ក្រាបបង្គំទូល​សេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រោះនិទាននេះ ដំណើរនេះ ព្រះមានព្រះភាគ ទ្រង់ធ្វើធម្មីកថា ត្រាស់ហៅភិក្ខុទាំងឡាយ​មក ក្នុងវេលានោះថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុធ្វើអនុមោទនាក្នុងរោងភត្ត។

[៨៥] លំដាប់នោះ ពួកភិក្ខុមានសេចក្តីត្រិះរិះដូច្នេះថា ភិក្ខុដូចម្តេចហ្ន៎ ដែលគួរ​អនុមោទនា​ក្នុងរោងភត្តបាន។ ភិក្ខុទាំងនោះ បានក្រាបបង្គំទូលដំណើរនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រោះនិទាននេះ ដំណើរនេះ ព្រះមានព្រះភាគ ទ្រង់ធ្វើធម្មីកថា ហើយត្រាស់ហៅ​ភិក្ខុទាំងឡាយ​មក ក្នុងវេលានោះថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត​ឲ្យភិក្ខុជាថេរៈ អនុមោទនាក្នុង​រោងភត្ត។

[៨៦] សម័យនោះឯង មានសង្ឃភត្តរបស់គណៈជនមួយពួក។ ព្រះសារីបុត្តដ៏មានអាយុ​ជាសង្ឃត្ថេរ។ ភិក្ខុទាំងឡាយគិតគ្នាថា ព្រះមានព្រះភាគ ទ្រង់អនុញ្ញាតឲ្យភិក្ខុជាថេរៈ​អនុមោទនា​ក្នុងរោងភត្ត ហើយក៏ដើរចៀសចេញទៅ ចោលព្រះសារីបុត្ត​ដ៏មានអាយុ ឲ្យគង់នៅតែមួយអង្គ។ លំដាប់នោះ ព្រះសារីបុត្ត​ដ៏មានអាយុ (និយាយ) សំណេះ​សំណាល​​នឹងមនុស្សទាំងនោះហើយ ក៏បាន​និមន្តទៅតែមួយអង្គ ក្នុងកាលជាខាង​ក្រោយ។ ព្រះមានព្រះភាគ ទ្រង់បានទតទៅឃើញ​ព្រះសារីបុត្ត​ដ៏មានអាយុ កំពុងតែដើរ​មកតែមួយអង្គ អំពីចម្ងាយ លុះទ្រង់ទតឃើញហើយ ក៏ត្រាស់​សួរសេចក្តីនុ៎ះ នឹង​ព្រះសារីបុត្ត​ដ៏មានអាយុថា ម្នាលសារីបុត្ត ចុះភត្ត​មានបរិបូណ៌​ទេឬ។ ព្រះសារីបុត្ត​ដ៏មាន​អាយុ ក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន ភត្តមានបរិបូណ៌ទេ ប៉ុន្តែ​ភិក្ខុទាំងឡាយ ដើរចោលខ្ញុំព្រះអង្គ ឲ្យនៅតែម្នាក់ឯង។ ព្រោះនិទាននេះ ដំណើរនេះ ព្រះមានព្រះភាគ ទ្រង់ធ្វើធម្មីកថា ហើយត្រាស់ហៅ​ភិក្ខុទាំងឡាយមកក្នុងវេលានោះថា ម្នាលភិក្ខុទាំង​ឡាយ តថាគតអនុញ្ញាត​ភិក្ខុទាំងឡាយជាថេរៈ និងអនុត្ថេរបួនប្រាំរូប រង់ចាំ​ក្នុងរោងភត្ត។

[៨៧] សម័យនោះ មានព្រះថេរៈមួយរូប ឈឺបន្ទោបង់ឧច្ចារៈ ហើយរង់ចាំ​ក្នុងរោងភត្ត កាលបើព្រះថេរៈ​នោះ ខំអត់ទ្រាំឧច្ចារៈ លោកក៏ជ្រប់ដួលទៅ។ ភិក្ខុទាំងឡាយ ក្រាបបង្គំ​ទូល​​ដំណើរ​​នុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ កាលបើ​មានកិច្ច​គួរធ្វើ តថាគតអនុញ្ញាត​ឲ្យលាភិក្ខុ ដែលអង្គុយ​នៅលើអាសនៈ ជាលំដាប់ ហើយទៅបាន។

[៨៨] សម័យនោះ ពួក​ឆព្វគ្គិយភិក្ខុ ស្លៀកមិនល្អ ដណ្តប់មិនល្អ ប្រកបដោយ​មារយាទ​មិនសមគួរ ដើរទៅកាន់​រោងភត្ត ជែងទៅខាងមុខៗ នៃពួក​ភិក្ខុជាថេរៈខ្លះ ចូលទៅ​អង្គុយ​ជ្រៀតបៀតពួកភិក្ខុជាថេរៈខ្លះ ឃាត់ពួកភិក្ខុខ្ចីដោយអាសនៈខ្លះ អង្គុយ​សង្កត់​សង្ឃាដិ ក្នុងចន្លោះ​ផ្ទះខ្លះ។ ភិក្ខុទាំងឡាយណា មានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុទាំងនោះ ពោលទោស តិះដៀល បន្តុះ​បង្អាប់ថា ពួកឆព្វគ្គិយភិក្ខុ មិនគួរបើ​ស្លៀកមិនល្អ ដណ្តប់​មិនល្អ ប្រកបដោយ​មារយាទ​មិន​សម​គួរ ដើរទៅកាន់​រោងភត្តសោះ ឆព្វគ្គិយភិក្ខុទាំងនោះ ដើរជែងទៅខាងមុខៗ នៃពួក​ភិក្ខុ​ជា​ថេរៈ​ខ្លះ ចូលទៅ​អង្គុយ​ជ្រៀតបៀតពួកភិក្ខុជាថេរៈខ្លះ ឃាត់ពួកភិក្ខុខ្ចីដោយអាសនៈខ្លះ អង្គុយ​សង្កត់​សង្ឃាដិ ក្នុងចន្លោះ​ផ្ទះខ្លះ។ គ្រានោះ ភិក្ខុទាំងនោះ ក្រាបបង្គំទូលដំណើរនុ៎ះ ចំពោះព្រះមាន​ព្រះ​ភាគ។ ព្រះអង្គ ទ្រង់​ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថា ពួកឆព្វគ្គិយភិក្ខុ ស្លៀកមិនល្អ ដណ្តប់​មិន​ល្អ ប្រកបដោយ​មារយាទមិនសមគួរ ដើរទៅកាន់​រោងភត្ត ដើរជែងទៅខាងមុខៗ នៃពួក​ភិក្ខុ​ជា​ថេរៈ​ខ្លះ អង្គុយ​ជ្រៀតបៀតភិក្ខុជាថេរៈខ្លះ ឃាត់ពួកភិក្ខុខ្ចីដោយអាសនៈខ្លះ អង្គុយ​សង្កត់​សង្ឃាដិ ក្នុងចន្លោះ​ផ្ទះ ពិតមែនឬ។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលថា បពិត្រព្រះអង្គ ពិតមែន។បេ។ ព្រះមានព្រះភាគ ទ្រង់បន្ទោសហើយ ទ្រង់ធ្វើធម្មីកថា ត្រាស់ហៅ​ភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ តថាគតនឹងបញ្ញត្តវត្ត ក្នុងរោងភត្ត​ដល់ភិក្ខុទាំងឡាយ តាម​ទំនង​ ដែលភិក្ខុទាំងឡាយ គប្បីប្រព្រឹត្តដោយប្រពៃក្នុងរោងភត្ត។

[៨៩] បើគេប្រាប់ភត្តកាលក្នុងអារាមហើយ ភិក្ខុត្រូវបិទបាំងមណ្ឌល៣ គឺស្លៀកឲ្យជា​បរិមណ្ឌល ក្រវាត់សម្ពត់កាយពន្ធន៍ (វត្ថពន្ធចង្កេះ) តម្រួតឧត្តរាសង្គ និងសង្ឃាដិ ហើយឃ្លុំ​ពាក់ក្ឌុំ ហើយជូតបាត្រឲ្យស្អាត ហើយកាន់យកទៅ ដើរតាមសម្រួល មិនរលះរលាំង ចូលទៅកាន់​ស្រុក មិនត្រូវដើរជែងទៅខាងមុខៗ នៃពួកភិក្ខុជាថេរៈទេ ត្រូវបិទបាំងកាយ​ដោយល្អ ដើរទៅក្នុង​ចន្លោះផ្ទះ ត្រូវសង្រួមប្រយ័ត្នឲ្យល្អ ដើរទៅក្នុងចន្លោះផ្ទះ ត្រូវមាន​ភ្នែក​សម្លឹងចុះក្រោម គឺក្រឡេក​មើលប្រមាណមួយជួរនឹម ដើរទៅក្នុងចន្លោះផ្ទះ មិនត្រូវ​សើយចីវរ ដើរចូលទៅក្នុងចន្លោះផ្ទះ មិនត្រូវសើចខ្លាំងដើរទៅក្នុងចន្លោះផ្ទះ ត្រូវមាន​សំឡេងតិច ដើរទៅក្នុងចន្លោះផ្ទះ មិនត្រូវដើរ​គ្រលែងកាយ​ទៅក្នុងចន្លោះផ្ទះ មិនត្រូវ​បង់បោយ​​ដើរទៅក្នុងចន្លោះផ្ទះ មិនត្រូវងេកងោក​ក្បាល​ដើរទៅក្នុងចន្លោះផ្ទះ មិនត្រូវ​ស្ទឹមចង្កេះ​​ដើរទៅក្នុងចន្លោះផ្ទះ មិនត្រូវទទូរក្បាល​ដើរទៅក្នុងចន្លោះផ្ទះ មិនត្រូវ​ចំអើតជើង​​​ដើរ​ទៅក្នុងចន្លោះផ្ទះ ត្រូវបិទបាំងកាយឲ្យល្អ អង្គុយ​នៅក្នុងចន្លោះផ្ទះ ត្រូវ​សង្រួមប្រយ័ត្នដោយល្អ អង្គុយ​នៅក្នុងចន្លោះផ្ទះ ត្រូវមានភ្នែកសម្លឹង​ចុះក្រោម​ គឺក្រឡេក​មើល​ប្រមាណមួយ​ជួរនឹម អង្គុយ​នៅក្នុងចន្លោះផ្ទះ មិនត្រូវសើយចីវរ​អង្គុយ​នៅក្នុង​ចន្លោះផ្ទះ មិនត្រូវសើចខ្លាំង​អង្គុយ​នៅក្នុងចន្លោះផ្ទះ ត្រូវមានសំឡេងតិច​អង្គុយ​នៅក្នុង​ចន្លោះផ្ទះ មិនត្រូវគ្រលែងកាយ​អង្គុយ​នៅក្នុងចន្លោះផ្ទះ មិនត្រូវឆ្ការដៃ អង្គុយ​នៅក្នុង​ចន្លោះផ្ទះ មិនត្រូវងេកងោកក្បាល អង្គុយ​នៅក្នុងចន្លោះផ្ទះ មិនត្រូវស្ទឹមចង្កេះ​អង្គុយ​នៅក្នុងចន្លោះផ្ទះ មិនត្រូវទទូរក្បាល​អង្គុយ​នៅក្នុងចន្លោះផ្ទះ មិនត្រូវត្របោមក្បាលជង្គង់​អង្គុយ​នៅក្នុងចន្លោះផ្ទះ មិនត្រូវអង្គុយ​ច្រៀតបៀតពួកភិក្ខុជាថេរៈ មិនត្រូវបៀតបៀន​ភិក្ខុខ្ចីទាំងឡាយ ដោយអាសនៈ មិនត្រូវអង្គុយសង្កត់​សង្ឃាដិ ក្នុងចន្លោះផ្ទះ កាលបើ​ទាយកប្រគេនទឹក ត្រូវកាន់​បាត្រដោយដៃទាំងពីរ ហើយទទួលយកទឹក ត្រូវបន្ទាប​បាត្រឲ្យស្រួល កុំឲ្យទង្គិច (អ្វីៗ) ឡើយ ហើយលាងឲ្យស្អាត បើមានកន្ថោរដាក់ទឹក ត្រូវធ្វើឲ្យទាប ហើយចាក់ទឹកទៅក្នុងកន្ថោរដាក់ទឹក​ ដោយតាំងចិត្តថា កុំឲ្យកន្ថោរ​ដាក់​ទឹកខ្ចាត់ខ្ចាយទឹកឡើយ កុំឲ្យភិក្ខុទាំងឡាយជិតខាង​ទទឹក​ដោយ​ទឹកឡើយ កុំឲ្យសង្ឃាដិ​ទទឹកដោយទឹកឡើយ បើគ្មានកន្ថោរដាក់ទឹកទេ ភិក្ខុត្រូវ​ធ្វើទឹក (នោះ) ឲ្យទាប ហើយ​ស្រោច​លើផែនដី ដោយតាំងចិត្តថា កុំឲ្យភិក្ខុជិតខាងទាំងឡាយ ​ទទឹក​ដោយ​ទឹកឡើយ កុំឲ្យសង្ឃាដិ​ ទទឹកដោយទឹកឡើយ បើមានទាយកប្រគេនបាយ ត្រូវកាន់បាត្រ​ដោយ​ដៃ​​ទាំងពីរ ហើយទទួលយកបាយ តែត្រូវធ្វើទីឱកាស​ឲ្យដាក់សម្លបានផង បើមាន​ទឹកដោះថ្លាក្តី ប្រេងក្តី សម្ល​ឧត្តរិភង្គក្តី ភិក្ខុជាថេរៈត្រូវពោលថា ចូរអ្នកចាត់ចែងដល់ភិក្ខុ​គ្រប់រូបឲ្យបានស្មើៗគ្នា ត្រូវទទួល​បិណ្ឌបាតដោយគោរព ត្រូវមានសេចក្តីសំគាល់​តែក្នុង​បាត្រ ទទួលបិណ្ឌបាត ត្រូវ​ទទួល​បិណ្ឌបាត​ឲ្យមានសម្លស្មើគ្នា ត្រូវ​ទទួលបិណ្ឌបាតឲ្យស្មើ​តែត្រឹមកណ្តាប់មាត់បាត្រ ភិក្ខុគ្រប់រូប​មិនទាន់បាន​បាយ​ទុកគ្រប់គ្រាន់ត្រឹមណា ភិក្ខុជា​ថេរៈ មិនគប្បីឆាន់ត្រឹមនោះ ត្រូវឆាន់ចង្ហាន់​បិណ្ឌបាត​​ដោយគោរព ត្រូវឆាន់ចង្ហាន់​បិណ្ឌបាត​សំគាល់​តែក្នុងបាត្រ ត្រូវឆាន់ចង្ហាន់​បិណ្ឌបាត​វាច​ឲ្យ​ស្មើ ត្រូវឆាន់ចង្ហាន់​បិណ្ឌបាត​មានសម្លស្មើគ្នា មិនត្រូវច្រមចុះអំពីកំពូលបាយ ឆាន់ចង្ហាន់​បិណ្ឌបាត​​មិន​ត្រូវកកាយបាយ​លុបសម្ល ឬម្ហូបក្រៀម ដើម្បីឲ្យបានច្រើនជាងគេ បើគ្មានជម្ងឺ មិន​ត្រូវ​​សូម​សម្ល ឬបាយ​ដើម្បីជាប្រយោជន៍​ដល់ខ្លួន ហើយឆាន់ទេ មិនត្រូវសំឡឹងរំពៃមើល​បាត្រភិក្ខុ​ទាំងឡាយ​​ដទៃ ដោយគិតនឹងលើកទោសទេ មិនត្រូវធ្វើពំនូតបាយ ឲ្យធំហួសប្រមាណ ត្រូវធ្វើ​ពំនូត​បាយ​ឲ្យជា​បរិមណ្ឌល គឺធ្វើឲ្យមូល កាលបើពំនូតបាយ មិនទាន់ដល់មាត់ មិនត្រូវ​ហារ​មាត់​ចាំ​ឡើយ កាលនឹងឆាន់ មិនត្រូវញាត់ម្រាមដៃទាំងអស់​ ទៅក្នុងមាត់ មិនត្រូវនិយាយ​ទាំងពំនូត​បាយ​នៅ​ក្នុងមាត់ មិនត្រូវបោះដុំបាយ (ទៅក្នុងមាត់) ហើយ​ឆាន់ទេ មិនត្រូវឆាន់​ខាំកាត់ពំនូតបាយ (មួយ​កំណាត់ម្តង) មិនត្រូវឆាន់បៀមពំនូតបាយ ឲ្យទុលថ្ពាល់ឡើង (ដូចជាស្វា) មិនត្រូវ​ឆាន់​រលាស់​​ដៃបណ្តើរ មិនត្រូវឆាន់បាយឲ្យ​រោយរាយ​គ្រាប់បាយ មិនត្រូវឆាន់​លៀន​អណ្តាត​ចេញ​មកក្រៅ (ទទួលអាហារ) មិនត្រូវ​ឆាន់​ឲ្យឮផ្ចប់ៗ មិនត្រូវឆាន់ឲ្យឮគ្រូកៗ មិនត្រូវឆាន់លិទ្ធដៃ មិនត្រូវ​ឆាន់​លិទ្ធបាត្រ មិនត្រូវឆាន់លិទ្ធបបូរមាត់ មិនត្រូវទទួល​ភាជន៍ទឹកទាំងដៃ​ប្រឡាក់អាមិសៈ ភិក្ខុទាំង​ពួង មិនទាន់ឆាន់ហើយត្រឹមណា ភិក្ខុជាថេរៈ មិនគប្បីទទួលយកទឹក​ត្រឹមនោះ កាល​បើ​ទាយក​​ប្រគេន​ទឹក ត្រូវកាន់បាត្រដោយដៃ​ទាំងពីរ​ ហើយទទួលយកទឹក ត្រូវធ្វើបាត្រ​ឲ្យទាប កុំឲ្យទង្គិច (អ្វីៗ) ហើយ​លាងឲ្យស្អាត បើមានកន្ថោរទឹក ត្រូវធ្វើឲ្យទាប ហើយចាក់ទឹក​ទៅក្នុង​កន្ថោរ​ដាក់ទឹក​ ដោយ​តាំង​ចិត្តថា កុំឲ្យកន្ថោរដាក់ទឹកខ្ចាត់ខ្ចាយទឹកឡើយ កុំឲ្យពួក​ភិក្ខុជិតខាង​ទទឹក​ដោយ​ទឹកឡើយ កុំ​ឲ្យ​សង្ឃាដិ​ទទឹកដោយទឹកឡើយ បើមិនមានកន្ថោរ​ទឹកទេ ត្រូវ​ធ្វើទឹកឲ្យ​ទាប ហើយចាក់​លើ​ផែនដី ដោយតាំងចិត្តថា កុំឲ្យពួកភិក្ខុជិតខាង ​ទទឹក​ដោយ​ទឹកឡើយ កុំឲ្យ​សង្ឃាដិ​ ទទឹកដោយទឹកឡើយ មិនត្រូវចាក់ទឹកលាង​បាត្រ​មានទាំងគ្រាប់បាយក្នុងចន្លោះផ្ទះ កាល​បើត្រឡប់វិញ ត្រូវត្រឡប់ឲ្យ​បាន​មុនពួកភិក្ខុខ្ចី ត្រូវបិទបាំង​កាយឲ្យល្អ ដើរទៅក្នុងចន្លោះ​ផ្ទះ​ក្រោយភិក្ខុជាថេរៈទាំងឡាយ ត្រូវ​សង្រួម​ប្រយ័ត្នឲ្យល្អ ដើរទៅក្នុងចន្លោះផ្ទះ ត្រូវមានភ្នែកសម្លឹង​ចុះ​ក្រោម គឺក្រឡេក​មើល​ប្រមាណ​មួយ​ជួរនឹម ដើរទៅក្នុងចន្លោះផ្ទះ មិនត្រូវសើយចីវរ ដើរទៅ​ក្នុង​ចន្លោះផ្ទះ មិនត្រូវ​សើចខ្លាំង​ដើរ​ទៅ​ក្នុងចន្លោះផ្ទះ ត្រូវមានសំឡេងតិចៗ ដើរទៅក្នុងចន្លោះផ្ទះ មិន​ត្រូវដើរ​គ្រលែងកាយ​ទៅក្នុង​ចន្លោះ​ផ្ទះ មិនត្រូវបង់បោយ​ដើរទៅក្នុងចន្លោះផ្ទះ មិនត្រូវងេក​ងោក​​ក្បាល​ដើរទៅក្នុងចន្លោះផ្ទះ មិនត្រូវស្ទឹមចង្កេះ​ដើរទៅក្នុងចន្លោះផ្ទះ មិនត្រូវទទូរក្បាល​ដើរ​ទៅ​ក្នុងចន្លោះផ្ទះ មិនត្រូវដើរចំអើត​ជើង​​ដើរទៅក្នុងចន្លោះផ្ទះ ម្នាលភិក្ខុទាំងឡាយ នេះ​ហើយ​ជាវត្ត​របស់ភិក្ខុទាំងឡាយ តាមទំនង​ដែល​ភិក្ខុទាំងឡាយ គប្បីប្រព្រឹត្ត​ដោយប្រពៃ​ក្នុងរោងភត្ត។

ភាណវារៈ ទី១ ចប់។

[៩០] សម័យនោះឯង ពួកភិក្ខុអ្នកប្រព្រឹត្តបិណ្ឌបាត ស្លៀកមិនល្អ ដណ្តប់មិនល្អ ប្រកប​ដោយមារយាទមិនសមគួរ ត្រាច់ទៅបិណ្ឌបាត មិនបានសង្កេត ហើយចូលទៅ​កាន់លំនៅ (ផ្ទះគេ) ខ្លះ មិនបានសង្កេត ហើយចេញមកខ្លះ ចូលទៅដោយរហ័ស​ពេកខ្លះ ចេញមក​ដោយ​រហ័ស​ពេកខ្លះ ឈរក្នុងទីឆ្ងាយពេកខ្លះ ឈរក្នុងទីជិតពេកខ្លះ ឈរយូរពេកខ្លះ ​ត្រឡប់មកវិញ​ដោយរហ័ស​ពេកខ្លះ។ មានភិក្ខុអ្នកប្រព្រឹត្ត​បិណ្ឌបាតមួយរូប មិនបាន​សង្កេត ហើយដើរចូល​ទៅកាន់​លំនៅ (គេ)។ ភិក្ខុនោះ កាលសំគាល់នូវទ្វារ ដើរចូល​ទៅកាន់​បន្ទប់តូចមួយ។ ក្នុងបន្ទប់​តូចនោះសោត មានស្រីអាក្រាតដេកផ្ងារ។ ភិក្ខុនោះ ក៏បានឃើញស្រីអាក្រាតដេកផ្ងារនោះ លុះ​ឃើញហើយ គិតថា នេះមិនមែនជាទ្វារទេ នេះជាបន្ទប់តូចទេតើ ហើយក៏ចេញចាក​បន្ទប់​តូច​នោះមក។ ស្វាមីរបស់ស្រីនោះ ក៏បាន​ឃើញស្រីជាប្រពន្ធនោះអាក្រាតដេកផ្ងារ លុះឃើញហើយ ក៏គិតថា ភិក្ខុនេះប្រទូស្ត​នឹងប្រពន្ធរបស់អញហើយតើ ហើយចាប់ទះតប់ភិក្ខុនោះ។ លំដាប់នោះ ស្រីនោះ ក៏ភ្ញាក់​ឡើង ដោយសារឮសូរសន្ធឹកនោះ ហើយបានសួរបុរសនោះថា នែអ្នក ហេតុអ្វី​បាន​ជាអ្នកទះតប់ភិក្ខុនេះ។ ស្វាមីឆ្លើយថា ភិក្ខុនេះប្រទូស្តហងឯងហើយ។ ប្រពន្ធប្រាប់ថា នែអ្នក ភិក្ខុនេះ មិនបានប្រទូស្តខ្ញុំទេ ភិក្ខុនោះ ឥតបានធ្វើ (អំពើ​ដូច្នោះទេ) ថាហើយ ក៏ឲ្យប្តីលែង​ភិក្ខុ​នោះទៅ។ ខណៈនោះ ភិក្ខុនោះបានទៅកាន់អារាម ហើយប្រាប់ដំណើរនុ៎ះ​ដល់ភិក្ខុទាំងឡាយ។ ភិក្ខុទាំងឡាយណា ដែលមានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុទាំងនោះ ពោលទោស តិះដៀល បន្តុះ​បង្អាប់ថា ពួកភិក្ខុអ្នកប្រព្រឹត្តបិណ្ឌបាត មិនសមបើនឹង​ស្លៀកមិនល្អ ដណ្តប់មិនល្អ ប្រកប​ដោយ​មារយាទ​មិនសមគួរ ត្រាច់ទៅបិណ្ឌបាត មិនបាន​សង្កេត ហើយចូលទៅ​កាន់លំនៅ (គេ) ខ្លះ មិនបានសង្កេត ហើយចេញមកខ្លះ ចូលទៅ​ដោយរហ័ស​ពេកខ្លះ ចេញមកដោយរហ័ស​ពេកខ្លះ ឈរក្នុងទីឆ្ងាយពេកខ្លះ ឈរក្នុងទី​ជិតពេកខ្លះ ឈរយូរពេកខ្លះ ​ត្រឡប់មក​ដោយរហ័ស​ពេកខ្លះ (ដូច្នេះ)សោះ។ គ្រានោះ ភិក្ខុទាំងនោះ បានក្រាបបង្គំទូលដំណើរនុ៎ះ ចំពោះព្រះមានព្រះ​ភាគ។បេ។ ព្រះអង្គ ទ្រង់​ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថារឿងនោះពិតមែនឬ។បេ។ ភិក្ខុទាំងឡាយ ក្រាបបង្គំ​ទូលថា សូមទ្រង់ព្រះមេត្តាប្រោស ពិតមែន។បេ។ លុះទ្រង់​បន្ទោស​ហើយ ទ្រង់​ធ្វើធម្មីកថា ត្រាស់ហៅភិក្ខុទាំងឡាយ​មកថា ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ តថាគតនឹង​បញ្ញត្ត​វត្ត ដល់ពួកភិក្ខុ​អ្នកប្រព្រឹត្តបិណ្ឌបាត តាមទំនង ដែល​ពួកភិក្ខុអ្នកប្រព្រឹត្តបិណ្ឌបាត គប្បី​ប្រព្រឹត្តដោយប្រពៃបាន។

[៩១] ម្នាលភិក្ខុទាំងឡាយ បិណ្ឌចារិកភិក្ខុ (ភិក្ខុអ្នកប្រព្រឹត្តបិណ្ឌបាត) គិតថា អាត្មាអញ​នឹងចូលទៅកាន់ស្រុក ក្នុងកាលឥឡូវនេះ ហើយគប្បីបិទបាំងមណ្ឌលបី គឺស្លៀកឲ្យជា​បរិមណ្ឌល ក្រវាត់សម្ពត់កាយពន្ធន៍ (វត្ថពន្ធចង្កេះ) ហើយតម្រួតឧត្តរាសង្គ និងសង្ឃាដិ ពាក់ក្ឌុំហើយឃ្លុំ ជូត​បាត្រ​ឲ្យស្អាត កាន់ដើរចូលទៅកាន់ស្រុកដោយស្រួល មិនរលះរលាំង ត្រូវបិទបាំងកាយឲ្យល្អ ដើរទៅក្នុង​ចន្លោះផ្ទះ ត្រូវសង្រួមប្រយ័ត្នឲ្យល្អ ដើរទៅក្នុងចន្លោះ​ផ្ទះ ត្រូវមានភ្នែកសម្លឹងចុះក្រោម ដើរទៅក្នុងចន្លោះផ្ទះ មិនត្រូវសើយចីវរ ដើរទៅ​ក្នុងចន្លោះផ្ទះ មិនត្រូវសើចខ្លាំង​ដើរទៅ​ក្នុង​ចន្លោះ​ផ្ទះ ត្រូវមានសំឡេងតិចៗ ដើរទៅក្នុង​ចន្លោះផ្ទះ មិនត្រូវ​គ្រលែងកាយ​ដើរទៅក្នុងចន្លោះផ្ទះ មិនត្រូវបង់បោយ​ដើរទៅក្នុងចន្លោះ​ផ្ទះ មិនត្រូវងេកងោក​ក្បាល​ដើរទៅក្នុងចន្លោះផ្ទះ មិនត្រូវ​ស្ទឹម​ចង្កេះ​​ដើរទៅក្នុងចន្លោះផ្ទះ មិនត្រូវទទូរក្បាល​ដើរទៅក្នុងចន្លោះផ្ទះ មិនត្រូវចំអើតជើង​ដើរទៅ​ក្នុង​ចន្លោះ​ផ្ទះ កាល​ដែលនឹងចូលទៅកាន់លំនៅគេ ត្រូវកំណត់ថា អាត្មាអញនឹងចូលទៅ​តាម​ផ្លូវ​នេះ នឹងចេញ​មកវិញ​តាមផ្លូវនេះ មិនត្រូវដើរចូលទៅ​ដោយរហ័សពេក មិនត្រូវចេញមក​ដោយរហ័ស​ពេក មិនត្រូវឈរ​ក្នុងទីឆ្ងាយពេក មិនត្រូវឈរក្នុងទីជិតពេក មិនត្រូវ​ឈរយូរពេក មិនត្រូវ​ត្រឡប់​រហ័សពេក ត្រូវឈរសង្កេតថា គេមានបំណងនឹងឲ្យចង្ហាន់ ឬឥតមានបំណង​នឹងឲ្យទេ បើប្រសិន​ជាគេបញ្ឈប់ការងារ ឬគេក្រោកចាកអាសនៈ ឬចាប់​វែក ឬចាប់​ភាជន៍ ឬគេមានបំណង​នឹងឲ្យ ហើយនិមន្ត​ឲ្យរង់ចាំក្តី ដឹងដូច្នេះហើយ ត្រូវឈររង់ចាំ កាល​បើគេប្រគេនចង្ហាន់ បិណ្ឌចារិក​ភិក្ខុ ត្រូវវែកសង្ឃាដិដោយដៃឆ្វេង បង្អោនបាត្រដោយ​ដៃស្តាំ ហើយទ្របាត្រដោយដៃទាំងពីរ ទទួលយកចង្ហាន់ តែកុំសំឡឹងមើលមុខស្រី​ដែលប្រគេន [អដ្ឋកថា ថា ប្រុសក្តី ស្រីក្តី បិណ្ឌចារិកភិក្ខុ មិនគប្បីមើលមុខគេ ក្នុងខណៈ​ដែលគេប្រគេនចង្ហាន់។] ចង្ហាន់នោះឡើយ ត្រូវ​សង្កេតថា គេមានបំណងនឹងឲ្យសម្ល ឬមិនមានបំណង​នឹងឲ្យទេ បើប្រសិន​ជាគេ​ចាប់​វែកក្តី ចាប់​ភាជន៍ក្តី ឬគេមានបំណង​នឹងឲ្យ ហើយនិមន្ត​ឲ្យរង់ចាំក្តី បិណ្ឌចារិកភិក្ខុដឹងដូច្នេះហើយ ត្រូវ​ឈរ​រង់​ចាំ កាលបើគេ​បានប្រគេនចង្ហាន់ហើយ ត្រូវបិទបាំង​បាត្រដោយសង្ឃាដិ ដើរត្រឡប់មកដោយ​ស្រួល មិនរលះរលាំង ត្រូវបិទបាំង​កាយឲ្យល្អ ដើរទៅក្នុងចន្លោះផ្ទះ ត្រូវ​សង្រួម​ប្រយ័ត្នដោយល្អ ដើរទៅក្នុងចន្លោះផ្ទះ ត្រូវមានភ្នែកសម្លឹងចុះក្រោម ដើរទៅក្នុងចន្លោះផ្ទះ មិនត្រូវសើយ​ចីវរ ដើរ​ទៅ​ក្នុងចន្លោះផ្ទះ មិនត្រូវ​សើចខ្លាំង​ដើរ​ទៅ​ក្នុងចន្លោះផ្ទះ ត្រូវមានសំឡេងតិចៗ ដើរទៅក្នុង​ចន្លោះ​ផ្ទះ មិនត្រូវ​គ្រលែងកាយ​ដើរទៅក្នុង​ចន្លោះ​ផ្ទះ មិនត្រូវបង់បោយ​ដើរទៅ​ក្នុងចន្លោះផ្ទះ មិនត្រូវ​ងេក​ងោក​ក្បាល​ដើរទៅក្នុងចន្លោះផ្ទះ មិនត្រូវស្ទឹមចង្កេះ​ដើរទៅក្នុង​ចន្លោះផ្ទះ មិនត្រូវទទូរក្បាល​ដើរទៅក្នុងចន្លោះផ្ទះ មិនត្រូវចំអើត​ជើង​​ដើរទៅក្នុងចន្លោះផ្ទះ ភិក្ខុណាត្រឡប់មកពីបិណ្ឌបាត​ក្នុងស្រុកមុនគេ ភិក្ខុនោះត្រូវក្រាលអាសនៈ (ទុកចាំ) ត្រូវដម្កល់ទុកនូវទឹកសម្រាប់លាងជើង តាំង​សម្រាប់ទ្រាប់ជើង ដែលលាងហើយ ទ្រនាប់​សម្រាប់ជូតជើង ដែលមិនទាន់លាង ត្រូវលាងភាជន៍​សម្រាប់ផ្ទេរភោជន ហើយដម្កល់ទុក ត្រូវដម្កល់ទុកនូវទឹកសម្រាប់ឆាន់ និងទឹកសម្រាប់ប្រើប្រាស់ ភិក្ខុណាត្រឡប់​មកពី​បិណ្ឌបាត​​ក្នុងស្រុកក្រោយគេ បើមានអាហារ ដែលសល់​អំពីបរិភោគ បើចង់​ឆាន់ គប្បី​ឆាន់ចុះ បើមិនចង់ឆាន់ទេ ត្រូវយកទៅចោល​ក្នុងទីដែល​គ្មានវត្ថុខៀវ (មានស្មៅជាដើម) ឬយកទៅចាក់ក្នុង​ទឹកដែល​គ្មានសត្វ ភិក្ខុនោះគប្បីសារអាសនៈ​ទុក ត្រូវទុកដាក់​នូវទឹក​សម្រាប់​លាងជើង តាំងសម្រាប់ទ្រាប់ជើងដែលលាងហើយ ទ្រនាប់សម្រាប់​ជូតជើង​ដែលមិនទាន់លាង ត្រូវលាងភាជន៍​សម្រាប់ផ្ទេរ​ភោជន ហើយរៀបចំទុកដាក់ ត្រូវទុកដាក់​ទឹកសម្រាប់ឆាន់ និងទឹក​សម្រាប់ប្រើប្រាស់ ត្រូវបោសរោងភត្ត ភិក្ខុណាឃើញក្អម​សម្រាប់ដាក់ទឹកឆាន់ក្តី ក្អម​សម្រាប់​ដាក់ទឹកប្រើប្រាស់ក្តី ក្អមសម្រាប់ដាក់ទឹកលាងវច្ចៈក្តី ដែលទទេគ្មានទឹក ភិក្ខុនោះត្រូវរកទឹក​មក​ដម្កល់ទុក បើភិក្ខុនោះ មិនអាចនឹងលើក (ដោយដៃខ្លួន) រួចទេ ត្រូវហៅរកគេ ជាគំរប់ពីរនាក់ ដោយហត្ថវិការ (បោយដៃ) ហើយ​ឲ្យគេជួយ​លើកដម្កល់​ទុក តែកុំបញ្ចេញវាចា ព្រោះហេតុតែ​កិច្ច​ប៉ុណ្ណោះឡើយ ម្នាលភិក្ខុ​ទាំងឡាយ ទាំងនេះ ជាវត្តរបស់បិណ្ឌចារិកភិក្ខុទាំងឡាយ តាមទំនង​ដែល​បិណ្ឌចារិក​ភិក្ខុទាំងឡាយ ត្រូវប្រព្រឹត្ត​ដោយប្រពៃ។

[៩២] សម័យនោះឯង មានភិក្ខុច្រើនរូបនៅក្នុងព្រៃ។ ភិក្ខុទាំងនោះ មិនដងទឹកសម្រាប់​ឆាន់ទុក មិនដងទឹកសម្រាប់ប្រើប្រាស់ទុក មិនបានដម្កល់ទុកនូវភ្លើង មិនបានដម្កល់​ទុក​នូវ​ពំនួត​ភ្លើង មិនដឹងផ្កាយនក្ខត្តឫក្ស មិនដឹងចំណែកនៃទិស។ មានពួកចោរទៅក្នុងទីនោះ បានសួរ​ភិក្ខុ​ទាំងនោះថា មានទឹកផឹកឬទេ លោកម្ចាស់។ ភិក្ខុទាំងឡាយប្រាប់ថា គ្មានទេ អាវុសោ។ ចោរ​សួរថា ចុះទឹកសម្រាប់ប្រើប្រាស់ មានឬទេ លោកម្ចាស់។ ភិក្ខុទាំងឡាយ​ប្រាប់ថា គ្មានទេ អាវុសោ។ ពួក​ចោរសួរថា ចុះភ្លើងមានឬទេ លោកម្ចាស់។ ភិក្ខុទាំងឡាយ​ប្រាប់ថា គ្មានទេអាវុសោ។ ពួក​ចោរ​សួរថា ចុះឈើពំនួតភ្លើង មានឬទេ លោកម្ចាស់។ ភិក្ខុទាំងឡាយប្រាប់ថា គ្មានទេ អាវុសោ។ ពួកចោរ​សួរថា ចុះក្នុងថ្ងៃនេះ ប្រកប​ដោយផ្កាយ​នក្ខត្តឫក្សអ្វី។ ភិក្ខុទាំងឡាយ​ប្រាប់ថា​ ម្នាល​អាវុសោ យើងទាំងឡាយ​មិន​ដឹងទេ។ ពួកចោរសួរថា នេះហៅថាទិសអ្វី លោកម្ចាស់។ ភិក្ខុទាំងឡាយ​ប្រាប់ថា យើងទាំងឡាយមិនដឹងទេ អាវុសោ។ លំដាប់នោះ ចោរទាំងនោះ​និយាយ​ថា ទឹកសម្រាប់​ផឹករបស់ភិក្ខុទាំងនេះក៏គ្មាន ទឹកសម្រាប់ប្រើប្រាស់ក៏គ្មាន ភ្លើងក៏គ្មាន ឈើពំនួត​ភ្លើង​ក៏គ្មាន ផ្កាយនក្ខត្តឫក្សក៏មិនដឹង ចំណែកនៃទិសក៏មិនស្គាល់ ពួកនេះ ជាចោរទេតើ ពួកនេះ មិនមែនជាភិក្ខុឡើយ ថាហើយ ក៏នាំគ្នាវាយ ហើយដើរចេញទៅ។ លំដាប់នោះ ភិក្ខុទាំងនោះ បានប្រាប់ដំណើរ​នុ៎ះ ដល់ភិក្ខុទាំងឡាយ។ ភិក្ខុទាំងឡាយ បានយក​សេចក្តីនុ៎ះ ក្រាបបង្គំទូល ចំពោះ​ព្រះមានព្រះភាគ។ ព្រោះនិទាននេះ ដំណើរនេះ ទើប​ព្រះមានព្រះភាគ ទ្រង់ធ្វើធម្មីកថា ត្រាស់​ហៅ​ភិក្ខុទាំងឡាយមក ក្នុងពេលនោះថា ម្នាលភិក្ខុ​ទាំងឡាយ បើដូច្នោះ តថាគតនឹងបញ្ញត្ត​វត្ត ដល់​អារញ្ញកភិក្ខុទាំងឡាយ (ភិក្ខុអ្នក​នៅក្នុងព្រៃ) តាមទំនងដែលអារញ្ញកភិក្ខុទាំងឡាយ គប្បី​ប្រព្រឹត្តដោយ​ប្រពៃបាន។

[៩៣] ម្នាលភិក្ខុទាំងឡាយ (អារញ្ញកភិក្ខុ) ត្រូវក្រោកឡើងអំពី​ព្រឹកព្រហាម ហើយច្រក​បាត្រក្នុងស្លោក រួច​ស្ពាយលើស្មា ធ្វើចីពរឲ្យនៅលើ-ក ពាក់ស្បែកជើង ហើយរៀបចំ​ទុកដាក់​គ្រឿងឈើ និងគ្រឿងដី បិទទ្វារ និងបង្អួច រួចហើយចុះពីទីសេនាសនៈ ដោយ​គិតថា អាត្មា​អញ នឹងចូលទៅកាន់ស្រុកក្នុងកាលឥឡូវនេះ ត្រូវដោះស្បែកជើង ហើយ​បន្ទាប​គោះ ច្រកដាក់ក្នុង​ស្លោកបាត្រ ហើយស្ពាយលើស្មា បិទបាំងកាយឲ្យមានមណ្ឌលបី ស្លៀកស្បង់​ឲ្យជាបរិមណ្ឌល ក្រវាត់សម្ពត់​កាយពន្ធន៍ តម្រួតឧត្តរាសង្គៈ និងសង្ឃាដិ ហើយឃ្លុំពាក់ក្ឌុំ ហើយជូតបាត្រ កាន់​ដើរចូលទៅក្នុងស្រុក​ដោយស្រួល មិនរលះរលាំង អារញ្ញកភិក្ខុ ត្រូវបិទបាំងកាយឲ្យល្អ ដើរទៅ​ក្នុងចន្លោះផ្ទះ ត្រូវសង្រួម​ប្រយ័ត្ន​ដោយល្អ ដើរទៅក្នុងចន្លោះផ្ទះ។បេ។ មិនត្រូវចំអើតជើង ដើរទៅ​ក្នុងចន្លោះផ្ទះ កាលបើនឹង​ចូល​ទៅកាន់លំនៅគេ ត្រូវកំណត់​ទុកក្នុងចិត្តថា អាត្មាអញនឹងចូលទៅ តាមផ្លូវនេះ នឹងចេញមកវិញតាមផ្លូវនេះ មិនត្រូវ​ចូលទៅដោយរហ័សពេក មិនត្រូវចេញ​មកវិញ​ដោយរហ័សពេក មិនត្រូវឈរក្នុងទីឆ្ងាយពេក មិនត្រូវឈរក្នុងទីជិតពេក មិនត្រូវឈរ​យូរពេក មិនត្រូវត្រឡប់មករហ័សពេក ត្រូវឈរសង្កេតមើលថា គេចង់ឲ្យចង្ហាន់ ឬមិនចង់ឲ្យទេ បើគេ​បញ្ឈប់ការងារក្តី ក្រោកអំពីអាសនៈក្តី ចាប់កាន់​វែកក្តី ចាប់កាន់​ភាជន៍ក្តី គេចង់ប្រគេនចង្ហាន់ ហើយនិមន្ត​ឲ្យរង់ចាំក្តី ភិក្ខុដឹងដូច្នេះហើយ ត្រូវរង់ចាំ កាលបើគេប្រគេនចង្ហាន់ ត្រូវ​យកដៃឆ្វេង​វែកសង្ឃាដិ យកដៃស្តាំបង្អោនបាត្រ ហើយ​ទ្របាត្រដោយដៃទាំងពីរ ទទួលយកចង្ហាន់ តែកុំ​សំឡឹង​មើលមុខស្រី្តដែល​ប្រគេនចង្ហាន់​ឡើយ ត្រូវ​សង្កេតពិនិត្យមើលថា គេចង់ប្រគេនសម្ល ឬមិនចង់ប្រគេនទេ បើគេ​ចាប់កាន់​វែកក្តី ចាប់កាន់​ភាជន៍ក្តី គេចង់ប្រគេន ហើយនិមន្ត​ឲ្យរង់ចាំក្តី ភិក្ខុដឹងដូច្នេះហើយ ត្រូវ​រង់​ចាំ កាលបើគេប្រគេនចង្ហាន់ហើយ ត្រូវយកសង្ឃាដិបិទបាំង​បាត្រ ដើរត្រឡប់ចេញ​មកដោយ​ស្រួល មិនរលះរលាំង ត្រូវបិទបាំង​កាយឲ្យល្អ ដើរទៅក្នុងចន្លោះ​ផ្ទះ។បេ។ មិនត្រូវចំអើត​ជើង​​ដើរទៅក្នុងចន្លោះផ្ទះ កាលបើត្រឡប់ចេញមក​ពីស្រុកវិញហើយ ត្រូវ​ច្រកបាត្រក្នុងស្លោក ហើយស្ពាយលើស្មា ហើយប្រមូលចីពរទូល លើក្បាល ហើយពាក់​ស្បែក​ជើង​ដើរទៅ ម្នាលភិក្ខុទាំងឡាយ អារញ្ញកភិក្ខុ ត្រូវដងទឹកសម្រាប់ឆាន់ទុក ត្រូវ​ដងទឹក​សម្រាប់​ប្រើប្រាស់ទុក ត្រូវកម្កល់ទុក​នូវ​ភ្លើង ត្រូវដម្កល់ទុកនូវឈើពំនួតភ្លើង ត្រូវ​ដម្កល់ទុកនូវឈើច្រត់ ត្រូវរៀននូវផ្កាយនក្ខត្តឫក្សទាំងអស់ ឬ​ដោយឯកទេស គួរជាអ្នក​ឈ្លាសវៃ​ក្នុងទិស ម្នាលភិក្ខុទាំង​ឡាយ ទាំងនេះ ជាវត្តរបស់​អារញ្ញកភិក្ខុទាំងឡាយ តាម​ទំនង​ដែលអារញ្ញកភិក្ខុទាំងឡាយ ត្រូវ​ប្រព្រឹត្ត​​ដោយប្រពៃ។

[៩៤] សម័យនោះឯង មានភិក្ខុច្រើនរូបធ្វើចីវរកម្មក្នុងទីវាល។ ពួកឆព្វគ្គិយភិក្ខុ គោះ​គ្រឿងសេនាសនៈ ក្នុងទីធ្លាដែលជាទីច្រាសខ្យល់។ ភិក្ខុទាំងឡាយប្រឡាក់ដោយធូលី។ ភិក្ខុទាំងឡាយណា មានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុទាំងនោះ ក៏ពោលទោស តិះដៀល បន្តុះ​បង្អាប់ថា ពួកឆព្វគ្គិយភិក្ខុ មិនសមបើនឹងគោះគ្រឿងសេនាសនៈ ក្នុងទីធ្លាដែលជាទី​ច្រាស​ខ្យល់ ឲ្យ​ភិក្ខុទាំងឡាយប្រឡាក់ដោយធូលីសោះឡើយ។ ភិក្ខុទាំងឡាយនោះ បាន​យកសេចក្តីនុ៎ះ ក្រាបបង្គំទូលព្រះមានព្រះភាគ។បេ។ ព្រះអង្គ ទ្រង់​ត្រាស់សួរថា ម្នាលភិក្ខុ​ទាំងឡាយ បានឮថា  ពួកឆព្វគ្គិយភិក្ខុ គោះគ្រឿងសេនាសនៈ ក្នុងទីធ្លាដែលជាទី​ច្រាស​ខ្យល់ ឲ្យ​ភិក្ខុទាំងឡាយ​ប្រឡាក់​ដោយធូលី ពិតមែនឬ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលថា សូមទ្រង់ព្រះមេត្តាប្រោស ពិតមែន។បេ។ លុះទ្រង់បន្ទោសហើយ ទ្រង់ធ្វើធម្មីកថា ត្រាស់​ហៅ​ភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ តថាគតនឹងបញ្ញត្តសេនាសនវត្ត ដល់ភិក្ខុទាំងឡាយ តាមទំនង​ដែលភិក្ខុទាំងឡាយ គប្បីប្រព្រឹត្តដោយប្រពៃ។

[៩៥] ភិក្ខុនៅក្នុងវិហារណា បើវិហារនោះមានសម្រាម បើអាច (សំអាតបាន) ក៏​ត្រូវសំអាត កាលដែលនឹងសំអាតវិហារ ត្រូវយកបាត្រ និងចីវរ​ទៅទុក​ក្នុងទីដ៏សមគួរជាមុន ហើយ​ត្រូវយក​និសីទនៈ និងកម្រាល ទៅទុកក្នុង​ទីដ៏​សមគួរ ត្រូវនាំយកពូក និងខ្នើយ​ទៅទុក​ក្នុងទីដ៏សមគួរ ត្រូវ​លើកបន្ទាបគ្រែឲ្យស្រួល កុំឲ្យទង្គិចទង្គុក កុំឲ្យប៉ះសន្ទះទ្វារ និង​ក្របទ្វារ នាំយកទៅទុក​ក្នុងទី​ដ៏​សម​គួរ ត្រូវលើកបន្ទាបតាំងឲ្យស្រួល កុំឲ្យទង្គិច កុំឲ្យប៉ះសន្ទះទ្វារ និងក្រប​ទ្វារ នាំយកទៅ​ទុកក្នុង​ទីដ៏សមគួរ ត្រូវនាំយកទ្រនាប់ជើង​គ្រែទៅទុកក្នុងទីដ៏សមគួរ ត្រូវនាំយក​កន្ថោរ​សម្រាប់​ស្តោះ​ទឹក​មាត់​ទៅទុកក្នុងទីដ៏សមគួរ ត្រូវនាំយកក្តារសម្រាប់ផ្អែក ទៅទុកក្នុង​ទីដ៏​សម​គួរ ត្រូវកំណត់ទី​ដែល​គេ​ក្រាល​កម្រាល​ផែនដីយ៉ាងណា ហើយនាំយកទៅ​ទុកក្នុង​ទីដ៏សម​គួរ បើក្នុងវិហារស្មុកស្មាញ (មិនស្អាត​ដោយសរសៃពីងពាងជាដើម) ភិក្ខុត្រូវ​បោស​តាំងពី​ពិតាន​​ជា​មុន ចំណែក​ជ្រុងសន្ទះ​បង្អួច ត្រូវជូតសំអាត បើជញ្ជាំង​ដែលគេលាប​ដោយថ្នាំ មាន​សៅហ្មង​ពណ៌​សម្បុរ ត្រូវជ្រលក់​កំណាត់សម្ពត់ពូត ហើយសឹមជូត បើទីផ្ទៃ​ដែលគេធ្វើ​ដោយវត្ថុ​មានពណ៌ខ្មៅ មានសៅ​ហ្មង​ពណ៌​សម្បុរ ត្រូវជ្រលក់កំណាត់សម្ពត់ពូត រួចសឹមជូត បើទីផ្ទៃ​គេមិនធ្វើទេ ភិក្ខុត្រូវ​ប្រស់ដោយទឹក ហើយសឹមជូត ដោយគិតថា កុំឲ្យវិហារប្រឡាក់ដោយធូលីឡើយ ត្រូវ​ប្រមូល​សម្រាមទៅចោល ក្នុងទីដ៏សមគួរ មិនត្រូវគោះគ្រឿង​សេនាសនៈ​ជិតភិក្ខុផងគ្នា មិនត្រូវគោះគ្រឿង​សេនាសនៈ​ជិត​វិហារ មិនត្រូវគោះគ្រឿង​សេនាសនៈជិតទឹក​សម្រាប់​ឆាន់ មិនត្រូវគោះគ្រឿង​សេនាសនៈជិតទឹក​សម្រាប់ប្រើប្រាស់ មិនត្រូវគោះគ្រឿង​សេនាសនៈ ក្នុងធ្លា​ដែល​ជាទីច្រាសខ្យល់ ត្រូវគោះគ្រឿង​សេនាសនៈ ក្នុងទីក្រោមខ្យល់ ត្រូវហាលកម្រាល​ផែនដី​ហើយ ជម្រះគោះក្នុងទីដ៏សមគួរ រួចសារ​យក​មកក្រាល​ដូច​ដើមវិញ ត្រូវហាល​ទ្រនាប់ជើង​គ្រែ​ហើយជូតសំអាតក្នុងទីដ៏សមគួរ រួច​នាំយក​មកដម្កល់​ទុក​ដូចដែលវិញ ត្រូវហាល​​គ្រែ ហើយជម្រះ​គោះក្នុងទីដ៏សមគួរ ហើយ​លើកបន្ទាប​ឲ្យ​ស្រួល កុំឲ្យ​ទង្គិច​ កុំឲ្យប៉ះសន្ទះទ្វារ និងក្របទ្វារ រួច​នាំ​យកទៅទុក​​ដូច​ដើមវិញ ត្រូវហាល​តាំង ហើយ​ជម្រះគោះក្នុងទីដ៏សមគួរ ហើយលើកបន្ទាបឲ្យ​ស្រួល កុំឲ្យ​ទង្គិច​ កុំឲ្យប៉ះ​សន្ទះ​ទ្វារ និង​ក្រប​ទ្វារ រួច​នាំយកមកទុក​​ដូចដើមវិញ ត្រូវហាល​ពូក​ខ្នើយ​ ហើយ​ជម្រះគោះ ក្នុងទីដ៏សមគួរ រួចនាំ​យក​មករៀបចំទុកដូចដើមវិញ ត្រូវហាលកម្រាល​សម្រាប់​​អង្គុយ ​ហើយជម្រះគោះ ក្នុងទីដ៏សមគួរ រួចសារយកមកក្រាលទុកដូច​ដើមវិញ ត្រូវហាល​កន្ថោរ​សម្រាប់ស្តោះទឹកមាត់ក្នុងទីដ៏សមគួរ ហើយ​ជូត រួចនាំយកមកទុកដូច​ដែលវិញ ត្រូវ​ហាល​ផែនក្តារសម្រាប់ផ្អែក ក្នុងទីដ៏សមគួរ ហើយ​ជូត រួចនាំយកមកទុកដូច​ដែលវិញ ត្រូវទុកដាក់បាត្រ និងចីវរ កាលដែលទុកដាក់បាត្រ ត្រូវកាន់​បាត្រដោយដៃម្ខាង ហើយស្ទាបខាងក្រោមគ្រែ ឬខាងក្រោម​តាំង ដោយដៃម្ខាងសិន សឹមទុកដាក់​បាត្រ​ចុះ តែថាមិនត្រូវទុកដាក់បាត្រ ក្នុងទីដែលមិនស្អាត​ឡើយ កាលដែលនឹងទុកចីវរ ត្រូវកាន់​ចីវរ​ដោយដៃម្ខាង ហើយជូត​ស្នួរចីវរ ឬខ្សែស្បៀងដោយ​ដៃ​ម្ខាង ហើយធ្វើជាយខាងនាយ ឲ្យជា​ផ្នត់​មកខាងអាយសិន សឹមទុកចីវរចុះ បើមាន​ខ្យល់ប្រកប​ដោយ​ធូលី បក់មកអំពី​ទិសខាងកើត ភិក្ខុត្រូវបិទបង្អួច​ទិសខាងកើត បើមាន​ខ្យល់​ប្រកបដោយ​ធូលី បក់មកពី​ទិស​ខាងលិច ត្រូវបិទ​បង្អួច​ទិសខាងលិច បើមានខ្យល់ប្រកប​ដោយ​ធូលី បក់មក​ពី​ទិសខាង​ជើង ត្រូវបិទបង្អួច​ទិស​ខាងជើង បើមានខ្យល់ប្រកបដោយធូលី បក់​មក​​ពីទិស​ខាងត្បូង ត្រូវបិទបង្អួច​ទិសខាងត្បូង បើ​រដូវ​ត្រជាក់ ភិក្ខុត្រូវបើកបង្អួចក្នុងវេលាថ្ងៃ បិទ​ក្នុង​វេលាយប់ បើរដូវក្តៅ ត្រូវបិទបង្អួចក្នុងវេលាថ្ងៃ បើកបង្អួច​ក្នុងវេលាយប់ បើបរិវេណ​មាន​សម្រាម ត្រូវបោស​បរិវេណ​ចេញ បើបន្ទប់ទឹក​មាន​សម្រាម ត្រូវបោសបន្ទប់ទឹកចេញ បើ​ឧបដ្ឋាន​សាលា​មានសម្រាម ត្រូវ​បោស​ឧបដ្ឋានសាលាចេញ បើរោងភ្លើងមានសម្រាម ត្រូវបោសរោង​ភ្លើង​ចេញ បើបង្គន់​មាន​សម្រាម ត្រូវបោសបង្គន់ចេញ បើមិន​មានទឹក​សម្រាប់ឆាន់ ត្រូវដង​ទឹក​សម្រាប់​ឆាន់ទុក បើ​មិនមានទឹក​សម្រាប់ប្រើប្រាស់ ភិក្ខុ​ត្រូវ​ដងទឹកសម្រាប់ប្រើប្រាស់ទុក បើមិនមានទឹក​ក្នុង​ឆ្នាំង​សម្រាប់​ជម្រះ ត្រូវចាក់ទឹកក្នុងឆ្នាំង​សម្រាប់​ជម្រះទុក បើភិក្ខុខ្ចីនៅក្នុងវិហារមួយ ជាមួយ​នឹង​​ភិក្ខុចាស់ មិនទាន់បានអនុញ្ញាត​ពីភិក្ខុចាស់ទេ មិនត្រូវបង្រៀនបាលី មិនត្រូវបង្រៀន​អដ្ឋកថា មិនត្រូវ​ធ្វើស្វាធ្យាយ មិន​ត្រូវសំដែងធម៌ មិនត្រូវ​អុជចង្កៀង មិនត្រូវលត់ចង្កៀង មិនត្រូវបើក​បង្អួច មិនត្រូវ​បិទបង្អួចឡើយ បើភិក្ខុខ្ចីដើរចង្ក្រម ក្នុង​ទីចង្ក្រមមួយជាមួយ​នឹងភិក្ខុចាស់ ភិក្ខុចាស់ ចង្ក្រម​តាម​ផ្លូវណា ភិក្ខុខ្ចីត្រូវដើរចៀសពីផ្លូវនោះ តែ​កុំឲ្យជាយសង្ឃាដិប៉ះភិក្ខុចាស់ឡើយ ម្នាល​ភិក្ខុ​ទាំង​ឡាយ ទាំង​នេះជាសេនាសនវត្ត​របស់​ភិក្ខុ​ទាំង​ឡាយ តាមទំនង ដែលភិក្ខុទាំង​ឡាយ​ ត្រូវ​ប្រព្រឹត្ត​ដោយប្រពៃ ក្នុងសេនាសនៈ។

[៩៦] សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុ កាលដែលភិក្ខុទាំងឡាយជាថេរៈ ហាមប្រាម​ក្នុង​ផ្ទះ​​ជាទីរក្សាកាយ ក៏នៅតែមិនអើពើ នាំគ្នាគរឧសច្រើនបង្កាត់ភ្លើង ហើយបិទទ្វារ អង្គុយ​នៅ​ត្រង់​ទ្វារ។ ជួនជាភិក្ខុទាំងឡាយជាថេរៈ ត្រូវកំដៅបៀតបៀនខ្លាំងណាស់ ហើយរកទ្វារ​ចេញ​មកមិន​បាន ក៏ជ្រប់ដួលទៅ។ ភិក្ខុទាំងឡាយណា មានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុទាំងនោះ​ ក៏​ពោល​ទោស តិះដៀល បន្តុះ​បង្អាប់ថា មិនសមបើ ពួកឆព្វគ្គិយភិក្ខុ កាល​ដែល​ភិក្ខុ​ទាំងឡាយ​ជា​ថេរៈ ហាមឃាត់​ក្នុងផ្ទះ​ជាទីរក្សាកាយ ក៏នៅតែមិនអើពើ នាំគ្នា​គរឧស​ជាច្រើន បង្កាត់ភ្លើង ហើយ​បិទទ្វារ អង្គុយ​នៅត្រង់ទ្វារសោះ ជួនជាភិក្ខុទាំងឡាយ​ជាថេរៈ ត្រូវកំដៅបៀតបៀនខ្លាំងណាស់ ហើយ​រកទ្វារ​ចេញមកមិនបាន ក៏ជ្រប់ដួលទៅ។ គ្រានោះ ភិក្ខុទាំងនោះ បានក្រាបបង្គំ​ទូលដំណើរ​នុ៎ះ ចំពោះព្រះមានព្រះភាគ។បេ។ ព្រះអង្គ ទ្រង់​ត្រាស់សួរថា ម្នាលភិក្ខុ​ទាំងឡាយ បានឮថា ពួកឆព្វគ្គិយភិក្ខុ កាលដែល​ភិក្ខុទាំងឡាយជាថេរៈ ហាមឃាត់​ក្នុងផ្ទះ​ជាទីរក្សាកាយ ក៏នៅតែ​មិន​អើពើ នាំគ្នាមក​គរឧសជាច្រើនបង្កាត់ភ្លើង ហើយបិទទ្វារ អង្គុយ​នៅត្រង់ទ្វារ ភិក្ខុទាំងឡាយ​ជាថេរៈ ត្រូវកំដៅបៀតបៀនខ្លាំងណាស់ រកទ្វារ​ចេញមកមិនបាន ក៏ជ្រប់ដួលទៅ ពិតមែនឬ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលថា សូមទ្រង់ព្រះមេត្តាប្រោស ពិតមែន។បេ។ លុះទ្រង់​បន្ទោស​រួចហើយ ទ្រង់ធ្វើធម្មីកថា ត្រាស់ហៅ​ភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ (បើ) ភិក្ខុជាថេរៈ​ហាមឃាត់ក្នុងផ្ទះ ជាទីរក្សាកាយហើយ មិនត្រូវ​នាំគ្នាគរឧសជាច្រើន បង្កាត់ភ្លើង ​ព្រោះអាស្រ័យ​សេចក្តីមិនអើពើទេ ភិក្ខុណាបង្កាត់ ត្រូវអាបត្តិទុក្កដ ម្នាលភិក្ខុ​ទាំងឡាយ ម្យ៉ាងទៀត ភិក្ខុ​មិនត្រូវ​បិទទ្វារ ហើយអង្គុយ​នៅត្រង់ទ្វារឡើយ ភិក្ខុណាអង្គុយ ត្រូវអាបត្តិទុក្កដ ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ តថាគតនឹងបញ្ញត្ត​ជន្តាឃរវត្ត ដល់ភិក្ខុ​ទាំងឡាយ តាមទំនងដែលភិក្ខុទាំងឡាយ គប្បី​ប្រព្រឹត្ត​ដោយប្រពៃ ក្នុងផ្ទះជាទីរក្សា​កាយ។

[៩៧] ភិក្ខុណាទៅកាន់ផ្ទះ ជាទីរក្សាកាយមុនគេ បើមានផេះនៅកកកុញ ភិក្ខុនោះ ត្រូវ​កើបផេះចោលចេញ បើផ្ទះ​ជាទីរក្សាកាយមានសម្រាម ត្រូវបោស​ផ្ទះ​ជាទីរក្សាកាយចេញ បើលាន​ខាងក្រៅ (ផ្ទះ​ជាទីរក្សាកាយ) មានសម្រាម ត្រូវបោស​លានខាងក្រៅចេញ បើបរិវេណ​មានសម្រាម ត្រូវបោសបរិវេណចេញ បើបន្ទប់មានសម្រាម ត្រូវបោស​បន្ទប់ចេញ បើរោង​នៃ​ផ្ទះ​ជាទីរក្សា​កាយមានសម្រាម ត្រូវបោស​រោង​នៃ​ផ្ទះ​​ជាទី​រក្សាកាយ​ចេញ ត្រូវសូន្យ​គ្រឿង​លំអិតទុក ត្រូវលាយដី​ស្អិតទុក ត្រូវចាក់ទឹក​ទុកក្នុងស្នូកទឹក កាលនឹង​ចូលទៅកាន់​ផ្ទះ​ជាទីរក្សាកាយ ត្រូវ​លាប​មុខដោយដីស្អិត ហើយបិទបាំងទាំង​ខាង​មុខ ទាំងខាងក្រោយ ហើយសឹម​ចូលទៅ​​កាន់​ផ្ទះ​​ជាទី​រក្សាកាយ មិនត្រូវ​អង្គុយ​ជ្រៀតបៀត​​ពួកភិក្ខុ​ជាថេរៈ មិនត្រូវ​ហាម​ឃាត់​ពួក​ភិក្ខុថ្មី​ដោយ​​អាសនៈ បើអាច (ធ្វើ​បរិកម្ម​បាន) ត្រូវធ្វើ​បរិកម្ម​ដល់ភិក្ខុ​ទាំងឡាយ​ជាថេរៈ ក្នុង​ផ្ទះ​ជាទីរក្សាកាយ កាលភិក្ខុនឹង​ចេញ​ពី​ផ្ទះ​ជាទីរក្សាកាយទៅ ត្រូវនាំ​យកតាំង​សម្រាប់​​ផ្ទះ​ជាទី​រក្សាកាយ ហើយ​បិទបាំង​ទាំងខាង​មុខ ទាំងខាងក្រោយ ហើយសឹមចេញពី​ផ្ទះ​ជាទីរក្សាកាយ បើភិក្ខុអាច (ធ្វើ​បរិកម្ម​បាន) សូម្បីក្នុងទឹក ក៏ត្រូវធ្វើបរិកម្ម ដល់​ភិក្ខុទាំងឡាយជាថេរៈ​បានដែរ​ មិនត្រូវងូតទឹកពី​ខាងមុខ​ពួកភិក្ខុ​ជាថេរៈ មិនត្រូវងូតទឹក​ពីខាងលើខ្សែទឹក កាលភិក្ខុងូតរួចហើយ ឡើងមក​វិញ​ ត្រូវ​បើក​ផ្លូវ​ឲ្យដល់​ភិក្ខុទាំងឡាយដែលកំពុងចុះទៅ ភិក្ខុណា ចេញពី​ផ្ទះ​ជាទីរក្សា​កាយខាង​ក្រោយគេ បើ​ផ្ទះ​ជាទីរក្សាកាយមានភក់ ភិក្ខុនោះត្រូវលាងចេញ ត្រូវលាង​ស្នូកសម្រាប់​ដាក់ដីស្អិត ហើយរៀប​ចំ​ទុកដាក់តាំងសម្រាប់​ផ្ទះ​ជាទីរក្សាកាយ រួចលត់ភ្លើង ហើយ​បិទទ្វារ​​សឹមចេញមក ម្នាលភិក្ខុទាំងឡាយ ទាំងនេះ ជាជន្តាឃរវត្តរបស់​ភិក្ខុទាំងឡាយ តាមទំនង​ដែលភិក្ខុទាំងឡាយ ត្រូវប្រព្រឹត្ត​ដោយប្រពៃ ក្នុងផ្ទះ​ជាទីរក្សាកាយ។

[៩៨] សម័យនោះឯង ភិក្ខុ១រូប ជាតិជាព្រាហ្មណ៍ បន្ទោបង់វច្ចៈហើយ មិនប្រាថ្នា​ដើម្បី​នឹង​ជម្រះចេញ ដោយគិតថា នរណានឹងហ៊ានប៉ះពាល់នូវរបស់អាក្រក់ មានក្លិនស្អុយនេះ។ ដង្កូវ​ក៏​តាំងនៅក្នុងវច្ចមគ្គ របស់ភិក្ខុនោះ។ ភិក្ខុនោះ ក៏ប្រាប់សេចក្តីនុ៎ះ​ដល់​ភិក្ខុទាំង​ឡាយ។ ភិក្ខុទាំងឡាយ​សួរថា ម្នាលលោកដ៏មានអាយុ លោកបន្ទោបង់​វច្ចៈ ហើយមិន​ជម្រះចេញ​ទេដឹង។ ភិក្ខុនោះប្រាប់ថា ម្នាលលោកមានអាយុ យ៉ាងហ្នឹងហើយ។ ភិក្ខុទាំង​ឡាយណា ជាអ្នក​មាន​សេចក្តី​ប្រាថ្នាតិច។បេ។ ភិក្ខុទាំងនោះ ក៏ពោលទោស តិះដៀល បន្តុះ​បង្អាប់ថា មិនសមបើ​ភិក្ខុ​បន្ទោបង់វច្ចៈ ហើយមិនជម្រះ​ចេញសោះ។ ភិក្ខុទាំង​ឡាយនោះ ក៏ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។បេ។ ព្រះអង្គ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បានឮថា អ្នកបន្ទោបង់​វច្ចៈហើយ មិនជម្រះចេញ ពិត​មែនឬ។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលថា ពិតមែន ព្រះអង្គ។បេ។ ព្រះមានព្រះភាគ ទ្រង់តិះដៀល ហើយធ្វើធម្មីកថា រួចត្រាស់ហៅភិក្ខុទាំងឡាយ​មកថា ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុបន្ទោបង់វច្ចៈហើយ បើទឹកមាន​ [អដ្ឋកថា ថា បើមានទឹក តែគ្មាន​ទីកំបាំង ភិក្ខុត្រូវដង​ទឹកដោយភាជន៍យកមកជម្រះ (ក្នុង​ទីកំបាំង)។ បើគ្មានភាជន៍​សម្រាប់ដងទឹក ត្រូវដង​ដោយបាត្រ។ បើបាត្រក៏គ្មាន ទាំងវត្ថុឯទៀតក៏គ្មាន។ ភិក្ខុត្រូវតាំងចិត្ត​ថា ទីនេះ​ស្រឡះ​ណាស់ ខាងមុខគង់មានទឹក លុះទៅរក​ទឹកមិនបាន ក៏ដល់ពេល​ភិក្ខាចារ ភិក្ខុនោះនឹងជូត​ដោយឈើ ឬ​វត្ថុអ្វីមួយក៏បាន។] ភិក្ខុកុំគប្បីមិនជម្រះចេញ ភិក្ខុណាមិនជម្រះចេញ ត្រូវ​អាបត្តិទុក្កដ។

[៩៩] សម័យនោះ ភិក្ខុទាំងឡាយបន្ទោបង់វច្ចៈ​ក្នុងវច្ចកុដិ តាមលំដាប់ចាស់ខ្ចី។ ភិក្ខុថ្មី​ទាំង​ឡាយ ដែលឈឺវច្ចៈ​មកដល់មុនហើយរង់ចាំ។ ភិក្ខុទាំងនោះខំអត់ទ្រាំវច្ចៈ ក៏ជ្រប់ដួលទៅ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។បេ។ ព្រះអង្គ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បានឮថា ភិក្ខុទាំងឡាយបន្ទោបង់​វច្ចៈក្នុងវច្ចកុដិ តាម​លំដាប់​ចាស់ខ្ចី​ ភិក្ខុខ្ចីទាំង​ឡាយ ដែលឈឺវច្ចៈ​មកដល់មុនហើយរង់ចាំ ភិក្ខុទាំងនោះ​ខំអត់ទ្រាំវច្ចៈ ក៏ជ្រប់ដួលទៅ ពិតមែន​ឬ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលថា ពិតមែន ព្រះអង្គ។បេ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវបន្ទោបង់​វច្ចៈ ក្នុងវច្ចកុដិ តាមលំដាប់​ចាស់ខ្ចីទេ ភិក្ខុណាបន្ទោបង់ ត្រូវអាបត្តិទុក្កដ ម្នាលភិក្ខុ​ទាំងឡាយ តថាគតអនុញ្ញាតឲ្យ​ភិក្ខុបន្ទោបង់វច្ចៈ តាមលំដាប់​ដែល​មកដល់ [អដ្ឋកថា ថា វច្ចកុដិ១ ទីបន្ទោបង់បស្សាវៈ១ កំពង់សម្រាប់​ងូតទឹក១ ទាំង៣កន្លែងនេះ គួរ​ប្រកាន់​តាមលំដាប់​ភិក្ខុដែលទៅដល់ (មុនក្រោយ)។]

[១០០] សម័យនោះ ពួកឆព្វគ្គិយភិក្ខុ ចូលទៅកាន់វច្ចកុដិដោយរហ័សពេកខ្លះ សើយ​ស្បង់​ចូលទៅខ្លះ បន្ទោបង់វច្ចៈប្រឹងរមាត់ខ្លះ បន្ទោបង់វច្ចៈទាំងទំពាឈើស្ទន់ខ្លះ បន្ទោបង់​វច្ចៈ​ខាងក្រៅ​ទវច្ចៈខ្លះ បន្ទោបង់បស្សាវៈខាងក្រៅទបស្សាវៈខ្លះ ស្តោះទឹកមាត់​ក្នុងទបស្សាវៈ​ខ្លះ កិតដោយ​ឈើដ៏គ្រោតគ្រាតខ្លះ ចោលឈើសម្រាប់កិតក្នុងរណ្តៅវច្ចខ្លះ ចេញមក​ដោយ​រហ័សពេកខ្លះ សើយស្បង់ចេញមកខ្លះ ជម្រះធ្វើសំឡេងឮចបុចបុខ្លះ ទុកទឹកឲ្យ​សល់​នៅក្នុងភាជន៍សម្រាប់​ជម្រះខ្លះ។ ភិក្ខុទាំងឡាយណា មានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុទាំងនោះ ក៏ពោលទោស តិះដៀល បន្តុះ​បង្អាប់ថា មិនសមបើពួកឆព្វគ្គិយភិក្ខុ នឹងចូល​ទៅកាន់វច្ចកុដិដោយរហ័ស​ពេក​ខ្លះ សើយ​ស្បង់​ចូលទៅកាន់ខ្លះ ខំប្រឹងរមាត់បន្ទោបង់​វច្ចៈខ្លះ បន្ទោបង់វច្ចៈទាំងទំពាឈើស្ទន់ខ្លះ បន្ទោបង់​វច្ចៈខាងក្រៅ​ទវច្ចៈខ្លះ បន្ទោបង់​បស្សាវៈ​ខាងក្រៅទបស្សាវៈខ្លះ ស្តោះទឹកមាត់​ក្នុង​ទបស្សាវៈខ្លះ កិតដោយ​ឈើដ៏​គ្រោតគ្រាតខ្លះ ចោលឈើសម្រាប់កិតក្នុងរណ្តៅវច្ចៈខ្លះ ចេញមកដោយរហ័សពេកខ្លះ សើយ​ស្បង់ចេញមកខ្លះ ជម្រះធ្វើឲ្យឮសំឡេងចបុចបុខ្លះ ទុកទឹកឲ្យសល់​នៅក្នុងភាជន៍​សម្រាប់​ជម្រះខ្លះ ដូច្នេះសោះ។ គ្រានោះ ភិក្ខុទាំងនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះ​ព្រះមានព្រះភាគ។បេ។ ព្រះអង្គ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំង​ឡាយ រឿងនុ៎ះពិតមែនឬ។បេ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលថា ពិតមែន ព្រះអង្គ។បេ។ ព្រះមានព្រះភាគ ទ្រង់​តិះដៀលហើយ ធ្វើធម្មីកថា ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ បើ​ដូច្នោះ តថាគតនឹងបញ្ញត្តនូវវច្ចកុដិវត្ត ដល់ភិក្ខុទាំងឡាយ តាមទំនង​ដែលភិក្ខុទាំងឡាយ គប្បីប្រព្រឹត្តដោយប្រពៃ ក្នុងវច្ចកុដិចុះ។

[១០១] ភិក្ខុណាទៅកាន់វច្ចកុដិ ភិក្ខុនោះត្រូវឈរខាងក្រៅ ហើយគ្រហែម ទោះបី​ភិក្ខុ​ដែលអង្គុយ​នៅខាងក្នុង ក៏ត្រូវគ្រហែមតប ភិក្ខុនោះត្រូវពាក់ចីវរលើស្នួរចីវរ ឬខ្សែស្បៀង រួច​កុំប្រញាប់​ប្រញាល់ ចូលទៅកាន់វច្ចកុដិដោយស្រួល កុំចូលទៅដោយប្រញាប់ពេក មិនត្រូវ​សើយ​ស្បង់ចូលទៅ ត្រូវឈរលើទ្រនាប់ជើងសម្រាប់បន្ទោបង់វច្ចៈ ហើយ​សឹម​សើយ​ស្បង់ មិនត្រូវ​ខំប្រឹង​រមាត់បន្ទោបង់វច្ចៈ មិនត្រូវបន្ទោបង់​វច្ចៈទាំងទំពាឈើស្ទន់ មិន​ត្រូវបន្ទោបង់​វច្ចៈខាងក្រៅទវច្ចៈ មិនត្រូវ​បន្ទោបង់បស្សាវៈខាងក្រៅទបស្សាវៈ មិនត្រូវ​ស្តោះទឹកមាត់​ក្នុងទបស្សាវៈ មិនត្រូវកិត​ដោយ​ឈើគ្រោតគ្រាត មិនត្រូវចោល​ឈើ​សម្រាប់​​កិតក្នុងរណ្តៅវច្ចៈ ត្រូវឈរ​លើទ្រនាប់​សម្រាប់​បន្ទោបង់​វច្ចៈ ហើយសឹមបិទបាំង (ស្បង់) មិនត្រូវចេញមកដោយរួសរាន់ពេក មិនត្រូវ​ចេញមក​ទាំង​សើយស្បង់ ត្រូវឈរលើ​ទ្រនាប់​សម្រាប់ជម្រះ ហើយសឹមសើយស្បង់ មិនត្រូវជម្រះធ្វើ​សំឡេង​ឲ្យឮចបុចបុ មិន​ត្រូវទុកទឹកឲ្យសល់​នៅក្នុងភាជន៍សម្រាប់ជម្រះ ត្រូវឈរលើទ្រនាប់​សម្រាប់​ជម្រះ ហើយ​សឹមបិទបាំង បើវច្ចកុដិប្រឡាក់​ ត្រូវលាងចេញ បើកញ្ជើសម្រាប់ដាក់​ឈើ​សម្រាប់​កិតពេញ ត្រូវចាក់ឈើសម្រាប់កិតចោលចេញ បើវច្ចកុដិមានសម្រាម ត្រូវ​បោស​វច្ចកុដិ​ចេញ បើលានវច្ចកុដិមានសម្រាម ត្រូវបោសលានវច្ចកុដិចេញ បើបរិវេណមានសម្រាម ត្រូវ​បោស​បរិវេណចេញ បើបន្ទប់មានសម្រាម ត្រូវបោស​បន្ទប់ចេញ បើទឹក​ក្នុងក្អម​សម្រាប់​​ជម្រះ​គ្មាន​ទេ ត្រូវចាក់ទឹកដាក់ក្នុងក្អម​សម្រាប់ជម្រះ ម្នាលភិក្ខុទាំងឡាយ ទាំង​នេះ ជា វច្ចកុដិវត្ត របស់ភិក្ខុ​ទាំងឡាយ តាមទំនង​ដែល​ភិក្ខុទាំងឡាយ ត្រូវប្រព្រឹត្ត ដោយ​ប្រពៃ​ក្នុងវច្ចកុដិចុះ។

[១០២] សម័យនោះឯង ពួកសទ្ធិវិហារិក មិនប្រព្រឹត្តដោយប្រពៃ ក្នុងឧបជ្ឈាយ៍​ទាំង​ឡាយ។ ភិក្ខុទាំងឡាយណា ជាអ្នកមានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុទាំងនោះ ពោល​ទោស តិះដៀល បន្តុះ​បង្អាប់ថា មិនសមបើពួកសទ្ធិវិហារិក មិនប្រព្រឹត្ត​ដោយប្រពៃ ក្នុងឧបជ្ឈាយ៍​ទាំងឡាយសោះ។ គ្រានោះ ភិក្ខុទាំងនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះ​ព្រះមានព្រះភាគ។បេ។ ព្រះមានព្រះភាគ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បានឮថា ពួកសទ្ធិវិហារិក មិនប្រព្រឹត្តដោយប្រពៃ ក្នុងឧបជ្ឈាយ៍​ទាំងឡាយ ពិតមែនឬ។ ភិក្ខុ​ទាំងឡាយ ក្រាបបង្គំទូលថា ពិតមែន ព្រះអង្គ។ ព្រះពុទ្ធ​ជាម្ចាស់ទ្រង់បន្ទោសថា ម្នាល​ភិក្ខុទាំងឡាយ មិនសមបើសទ្ធិវិហារិក មិនប្រព្រឹត្តដោយប្រពៃ ក្នុង​ឧបជ្ឈាយ៍​​ទាំងឡាយ​សោះ ម្នាលភិក្ខុទាំងឡាយ អំពើនេះ មិនមែននាំឲ្យកើត​សេចក្តីជ្រះថ្លា ដល់​ពួកជនដែល​មិនទាន់ជ្រះថ្លាទេ។បេ។ លុះទ្រង់តិះដៀលហើយ ទ្រង់ធ្វើធម្មីកថា ត្រាស់ហៅ​ភិក្ខុទាំង​ឡាយ​មកថា ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ តថាគតនឹងបញ្ញត្តនូវ ឧបជ្ឈាយវត្ត ដល់​សទ្ធិវិហារិកទាំងឡាយ តាមទំនង​ដែល​សទ្ធិវិហារិកទាំងឡាយ ត្រូវប្រព្រឹត្ត​ដោយប្រពៃ ក្នុង​ឧបជ្ឈាយ៍​ទាំងឡាយ។

[១០៣]  ម្នាលភិក្ខុទាំងឡាយ សទ្ធិវិហារិក ត្រូវប្រព្រឹត្តដោយប្រពៃ ក្នុងឧបជ្ឈាយ៍។ ឯសេចក្តីប្រព្រឹត្តដោយប្រពៃ ក្នុងឧបជ្ឈាយ៍នោះ ដូច្នេះ សទ្ធិវិហារិក ត្រូវក្រោកអំពីព្រឹក ហើយ​ដោះស្បែកជើង រួចធ្វើសំពត់​ឧត្តរាសង្គៈ ឆៀងស្មាម្ខាង ហើយប្រគេនឈើស្ទន់ ប្រគេនទឹកសម្រាប់លុបមុខ ក្រាលអាសនៈ បើមានបបរ សទ្ធិវិហារិក ត្រូវលាងភាជន៍ ហើយ​បង្អោន​បបរចូលទៅប្រគេន កាលបើឧបជ្ឈាយ៍ហុតបបររួចហើយ សទ្ធិវិហារិក ត្រូវ​ប្រគេន​ទឹក ហើយទទួលយកភាជន៍ លើកបន្ទាបឲ្យស្រួល កុំឲ្យទង្គិច (អ្វីៗ) ហើយលាង​ឲ្យស្អាត រួច​រៀបចំ​ទុក​ដាក់​ កាលបើឧបជ្ឈាយ៍ក្រោកចេញហើយ សទ្ធិវិហារិក​ត្រូវ​សារអាសនៈចេញ បើប្រទេស​នោះ​មាន​សម្រាម សទ្ធិវិហារិកត្រូវបោសប្រទេសនោះចេញ បើឧបជ្ឈាយ៍​ចង់ចូលទៅកាន់ស្រុក សទ្ធិវិហារិកត្រូវប្រគេនស្បង់ ហើយទទួលស្បង់​បន្លាស់មកវិញ ត្រូវប្រគេនវត្ថពន្ធចង្កេះ ត្រូវតម្រួត​ឧត្តរាសង្គៈ និងសង្ឃាដិ ហើយប្រគេន ត្រូវជូតបាត្រដែលទទឹក រួចហើយ​សឹមប្រគេន បើ​ឧបជ្ឈាយ៍​ចង់បានសទ្ធិវិហារិក​ជា​បច្ឆាសមណៈ (តាមក្រោយឧបជ្ឈាយ៍) សទ្ធិវិហារិក ត្រូវ​បិទបាំងមណ្ឌល៣ គឺស្លៀកស្បង់​ឲ្យជាបរិមណ្ឌល ក្រវាត់វត្ថពន្ធចង្កេះ ហើយ​តម្រួតឧត្តរាសង្គៈ និងសង្ឃាដិ ហើយឃ្លុំពាក់ក្ឌុំ ហើយជូតបាត្រ ហើយកាន់យកទៅ ធ្វើជាបច្ឆាសមណៈ មិន​ត្រូវ​ដើរ​ឆ្ងាយ​ពេក មិនត្រូវដើរ​ជិតពេក ត្រូវចាំទទួលយកវត្ថុ ដែលគេដាក់ក្នុងបាត្រ កាលបើ​ឧបជ្ឈាយ៍​កំពុង​និយាយ សទ្ធិវិហារិកមិនត្រូវនិយាយស្កាត់ក្នុងចន្លោះៗឡើយ បើឧបជ្ឈាយ៍ កំពុង​និយាយ​ពាក្យ​ដែលជិតនឹងត្រូវអាបត្តិ សទ្ធិវិហារិកត្រូវឃាត់ កាលវិលត្រឡប់មកវិញ សទ្ធិវិហារិក​ត្រូវ​មកឲ្យបាន​មុន ហើយក្រាលអាសនៈចាំ រួចដម្កល់ទុកនូវទឹកសម្រាប់លាងជើង តាំង​សម្រាប់​រង​ជើង​ដែលលាងហើយ និងទ្រនាប់សម្រាប់ជូតជើងដែលមិនទាន់បានលាង ហើយ​​​​ត្រូវ​ក្រោកទៅ​ទទួល​បាត្រ និងចីវរ ត្រូវប្រគេនស្បង់បន្លាស់ ទទួលយក​ស្បង់​ដែល​ស្លៀកមកវិញ បើចីវរ​ទទឹក សទ្ធិវិហារិក ត្រូវសំដិលក្នុងកំដៅថ្ងៃមួយស្របក់ តែមិន​ត្រូវទុកចីវរក្នុងកំដៅថ្ងៃ (ឲ្យយូរពេក) ត្រូវ​បត់ចីវរទុក កាលនឹងបត់ចីវរ ត្រូវលើកជាយ​ឲ្យហួសពីគ្នាមានប្រមាណ៤ធ្នាប់ ហើយសឹមបត់ចីវរ ដោយ​គិតថា កុំឲ្យបាក់​ផ្នត់​ចីវរ​ពាក់កណ្តាលឡើយ ត្រូវដាក់វត្ថពន្ធចង្កេះក្នុងផ្នត់ចីវរ បើមាន​អាហារ​បិណ្ឌបាត ហើយ​ឧបជ្ឈាយ៍ចង់ឆាន់ សទ្ធិវិហារិកត្រូវប្រគេនទឹក ហើយបង្អោន​អាហារ​បិណ្ឌបាត​ចូលទៅ​ប្រគេន ត្រូវសួរឧបជ្ឈាយ៍ដោយទឹកសម្រាប់ឆាន់ កាលបើឧបជ្ឈាយ៍​ឆាន់​រួច​ហើយ សទ្ធិវិហារិក ត្រូវប្រគេនទឹក រួចទទួលយកបាត្រមកវិញ កាន់បន្ទាប កុំឲ្យទង្គិច (អ្វីៗ) លាងឲ្យស្អាត ជូតឲ្យស្ងួតទឹកចេញ ហើយហាលក្នុងកំដៅថ្ងៃមួយស្របក់ តែកុំទុក​បាត្រក្នុង​កំដៅថ្ងៃ (យូរពេក) សទ្ធិវិហារិក ត្រូវទុកបាត្រ និងចីវរ កាលដែល​ទុកបាត្រ ត្រូវ​យកដៃម្ខាង​ចាប់បាត្រ ដៃម្ខាងស្ទាបក្រោមគ្រែ ឬក្រោមតាំងសិន ហើយសឹមទុកបាត្រ តែ​មិន​ត្រូវ​ទុកក្នុងទី​ដែលមិនស្អាតឡើយ កាលនឹងទុកចីវរ ត្រូវយកដៃម្ខាងចាប់ចីវរ ដៃម្ខាង​ជូតស្នួរចីវរ ឬខ្សែស្បៀង រួចធ្វើជាយចីវរខាងនាយ ឲ្យជាផ្នត់មកខាងអាយ ហើយ​សឹមទុកចីវរចុះ កាលបើ​ឧបជ្ឈាយ៍​ក្រោកចេញហើយ សទ្ធិវិហារិកត្រូវសារអាសនៈចេញ ត្រូវទុកដាក់​ទឹក​សម្រាប់​លាង​ជើង តាំងសម្រាប់រងជើងដែលលាងហើយ និងទ្រនាប់​សម្រាប់​ជូតជើងដែលមិនទាន់បាន​លាង បើប្រទេសនោះមានសម្រាម សទ្ធិវិហារិក​ត្រូវ​បោសប្រទេសនោះចេញ បើឧបជ្ឈាយ៍​ចង់​ស្រង់ទឹក សទ្ធិវិហារិកត្រូវចាត់ចែង​ទឹក​សម្រាប់​ស្រង់ប្រគេន បើឧបជ្ឈាយ៍ត្រូវការទឹកត្រជាក់ សទ្ធិវិហារិក​ត្រូវចាត់ចែងទឹកត្រជាក់ប្រគេន បើឧបជ្ឈាយ៍ត្រូវការទឹកក្តៅ សទ្ធិវិហារិកត្រូវ​ចាត់ចែង​ទឹកក្តៅ​ប្រគេន បើឧបជ្ឈាយ៍ចង់ចូល​ទៅកាន់ផ្ទះជាទីរក្សាកាយ  សទ្ធិវិហារិក ត្រូវសូន្យ​គ្រឿង​លំអិត​ត្រូវលាយដីស្អិត ត្រូវនាំ​យក​តាំងសម្រាប់ផ្ទះជាទីរក្សាកាយ ហើយដើរតាម​ពី​ខាងក្រោយ​ៗ​ឧបជ្ឈាយ៍ ហើយ​ប្រគេន​តាំងសម្រាប់ផ្ទះជាទីរក្សាកាយ រួចទទួល​ចីវរមកទុកដាក់ ក្នុងទីដ៏សមគួរ ត្រូវ​ប្រគេនគ្រឿងលំអិត ត្រូវប្រគេនដីស្អិត បើសទ្ធិវិហារិកអាចចូលទៅបាន ក៏គប្បីចូល​ទៅកាន់ផ្ទះជាទីរក្សាកាយ កាលនឹងចូលទៅកាន់ផ្ទះជាទីរក្សាកាយ ត្រូវ​លាប​មុខ​ដោយ​ដី​ស្អិត ហើយបិទបាំង(កាយ) ពីខាងមុខ ខាងក្រោយ រួចសឹមចូលទៅ​កាន់ផ្ទះ​ជាទី​រក្សា​កាយចុះ មិនត្រូវអង្គុយច្រៀតបៀតភិក្ខុជាថេរៈទាំងឡាយ មិនត្រូវ​ហាមឃាត់​ភិក្ខុខ្ចី​ ដោយ​អាសនៈ ត្រូវធ្វើបរិកម្ម ដល់ឧបជ្ឈាយ៍ក្នុងផ្ទះជាទីរក្សាកាយ កាលឧបជ្ឈាយ៍​ដើរ​ចេញ​ពីផ្ទះជាទីរក្សាកាយ​ទៅ សទ្ធិវិហារិក ត្រូវនាំយកតាំងសម្រាប់ផ្ទះជាទីរក្សាកាយ ហើយ​បិទបាំង (កាយ) ពីខាងមុខ  ខាងក្រោយ រួចសឹមថយចេញពីផ្ទះជាទីរក្សាកាយ សូម្បីក្នុង​ទឹក សទ្ធិវិហារិក ក៏ត្រូវធ្វើ​បរិកម្ម​ដល់​ឧបជ្ឈាយ៍ លុះស្រង់ទឹករួចហើយ ត្រូវឡើងមកមុន ហើយជូតកាយរបស់ខ្លួនឲ្យស្ងួតទឹកចេញ រួច​ស្លៀកស្បង់ ហើយត្រូវជូតទឹកពីកាយរបស់​ឧបជ្ឈាយ៍ ត្រូវប្រគេនស្បង់ ប្រគេនសង្ឃាដិ (ទៅ​ឧបជ្ឈាយ៍) សទ្ធិវិហារិក ត្រូវនាំយក​តាំងសម្រាប់ផ្ទះជាទីរក្សាកាយដើរចេញមកមុន ហើយ​រៀបចំ​អាសនៈចាំ ត្រូវដំកល់ទុក​នូវ​ទឹកសម្រាប់លាងជើង តាំងសម្រាប់រងជើងដែលលាងហើយ និងទ្រនាប់សម្រាប់ជូតជើង​ដែលមិនទាន់បានលាង ត្រូវសួរឧបជ្ឈាយ៍ដោយទឹកសម្រាប់​ឆាន់ បើ​សទ្ធិវិហារិក​ចង់រៀន​បាលី គប្បីឲ្យឧបជ្ឈាយ៍​បង្រៀនចុះ បើសទ្ធិវិហារិក ចង់រៀនអដ្ឋកថា គប្បីរៀនអដ្ឋកថា (នឹងឧបជ្ឈាយ៍)ចុះ ឧបជ្ឈាយ៍នៅក្នុងវិហារណា បើវិហារនោះមានសម្រាម បើ​សទ្ធិវិហារិក​អាច (នឹងបោសសំអាតបាន) ត្រូវបោសសំអាតចេញ កាលនឹងបោសសំអាតវិហារ ត្រូវនាំយកបាត្រ និងចីវរចេញមកមុន ទៅកម្កល់ទុកក្នុងទីដ៏សមគួរ​ត្រូវ​នាំយក​កម្រាល​សម្រាប់​អង្គុយ ទៅដម្កល់ទុកក្នុងទីដ៏សមគួរ ត្រូវនាំយកពូកនិងខ្នើយ ទៅដម្កល់ទុក​ក្នុងទីដ៏សមគួរ ត្រូវលើកគ្រែបន្ទាប កុំឲ្យទង្គិច កុំឲ្យប៉ះសន្ទះទ្វារ និងក្របទ្វារ ហើយ​នាំយក​ដោយស្រួល ទៅ​ទុក​ក្នុងទីដ៏សមគួរ ត្រូវលើកតាំងបន្ទាប កុំឲ្យទង្គិច កុំឲ្យប៉ះ​សន្ទះទ្វារ និងក្របទ្វារ ហើយនាំ​យក​ឲ្យស្រួល ទៅដម្កល់ទុកក្នុងទីដ៏សមគួរ ត្រូវនាំយក​ទ្រនាប់ជើងគ្រែ ទៅដម្កល់ទុកក្នុងទីដ៏សមគួរ ត្រូវនាំយកកន្ថោរសម្រាប់ស្តោះទឹកមាត់ ទៅទុកដាក់ក្នុងទីដ៏សមគួរ ត្រូវនាំយកក្តារ​សម្រាប់​ផ្អែក​ ទៅទុកដាក់ក្នុងទីដ៏សមគួរ ត្រូវ​ចំណាំទុកនូវកម្រាលផែនដី ដែលគេក្រាលទុកនៅកន្លែងណា ហើយនាំយកទៅទុកក្នុង​ទីដ៏សមគួរ បើគ្រឿងស្មុកស្មាញ (មានសរសៃពីងពាងជាដើម) មាន​នៅ​ក្នុង​វិហារ សទ្ធិវិហារិក​ត្រូវបោសចេញពីពិតានជាមុន ត្រូវបោសចំណែកជ្រុងសន្លឹកបង្អួច បើជញ្ជាំង​គេលាបដោយថ្នាំរួចហើយ ត្រឡប់ជាមានប្រឡាក់ដោយធូលីជាដើម សទ្ធិវិហារិក ត្រូវ​ជ្រលក់កំណាត់សំពត់ពូត ហើយសឹមជូត បើផ្ទៃ (ផែនដី) ដែលគេបរិកម្មដោយវត្ថុ​មានពណ៌ខ្មៅរួចហើយ ត្រឡប់ជាមានប្រឡាក់ សទ្ធិវិហារិក ត្រូវជ្រលក់កំណាត់សំពត់ពូត ហើយសឹមជូត បើផ្ទៃ (ផែនដី) គេមិនបានធ្វើបរិកម្មទេ សទ្ធិវិហារិក ត្រូវប្រស់ទឹករួច សឹមជូត ដោយគិតថា វិហារកុំប្រឡាក់ដោយធូលីឡើយ ត្រូវប្រមូលសម្រាម​យកទៅ​ចាក់ចោល ក្នុងទី​ដ៏សមគួរ ត្រូវហាលកម្រាលផែនដី រួចហើយបោកជម្រះ គោះ (ដីចេញឲ្យស្អាត) រួចហើយ សឹមនាំយកទៅក្រាលទុកដូចដែលវិញ ត្រូវហាល​ទ្រនាប់ជើង​គ្រែ ហើយជូត (ឲ្យស្អាត) ហើយនាំយកទៅដម្កល់ទុកក្នុងទីដូចដែលវិញ ត្រូវហាលគ្រែ រួចហើយបោសជម្រះ គោះ (ឲ្យ​ស្អាត) រួចលើកបន្ទាប កុំឲ្យទង្គិច កុំឲ្យប៉ះសន្ទះទ្វារ និងក្របទ្វារ នាំយកចេញដោយស្រួល ហើយតាំងទុកដូចដែលវិញ ត្រូវសំដិលហាលតាំង ហើយបោសជម្រះ គោះ (ឲ្យស្អាត) ហើយ​លើកបន្ទាប​ កុំឲ្យទង្គិច កុំឲ្យប៉ះសន្ទះទ្វារ និងក្របទ្វារ នាំយកដោយស្រួល ហើយរៀបចំ​ទុក​ដាក់​ដូច​ដែលវិញ ត្រូវសំដិលពូក និងខ្នើយ រួចហើយបោសគោះហើ (ឲ្យស្អាត) រួចនាំយកទៅក្រាល​ទុកដូចដែលវិញ ត្រូវសំដិលកម្រាលសម្រាប់ទ្រាប់អង្គុយ ហើយបោសជម្រះគោះ (ឲ្យស្អាត) រួច​នាំយក​ទៅក្រាលទុកដូចដែលវិញ ត្រូវហាលកន្ថោរសម្រាប់ស្តោះទឹកមាត់ រួចជូត (ឲ្យស្អាត) ហើយ​នាំយកទៅដម្កល់ទុកក្នុងទីដូចដែលវិញ ត្រូវហាលក្តារសម្រាប់ផ្អែក រួចជូត ហើយ​នាំ​យក​ទៅទុក ក្នុងទីដូចដែលវិញ ត្រូវទុកបាត្រ និងចីវរ (ឲ្យល្អ) កាលដែលនឹងទុកបាត្រ ត្រូវ​យក​ដៃម្ខាង​ចាប់បាត្រ ដៃម្ខាងស្ទាបក្រោមគ្រែ ឬក្រោមតាំង ហើយសឹមទុកបាត្រ តែ​មិនត្រូវ​ទុក​បាត្រ​លើទី​ដែល​មិនស្អាតឡើយ កាលដែលនឹងទុកចីវរ ត្រូវយកដៃម្ខាងចាប់​ចីវរ ដៃម្ខាង​ជូត​ស្នួរ​ចីវរ​ ឬខ្សែ​ស្បៀង ហើយបត់ជាយខាងនាយ ឲ្យជាផ្នត់មកខាងអាយ រួចសឹម​ទុកចីវរចុះ បើខ្យល់​មាន​ទាំង​ធូលី បក់មកអំពីទិសខាងកើត សទ្ធិវិហារិក ត្រូវបិទ​បង្អួចទិសខាងកើត បើខ្យល់មាន​ទាំងធូលី​បក់​មកពីទិសខាងលិច សទ្ធិវិហារិក ត្រូវបិទ​បង្អួចទិសខាងលិច បើខ្យល់មានទាំង​ធូលីបក់មកពីទិស​ខាងជើង សទ្ធិវិហារិក ត្រូវបិទ​បង្អួច​ទិសខាងជើង បើខ្យល់មានទាំងធូលីបក់មកពីទិសខាងត្បូង សទ្ធិវិហារិក ត្រូវបិទ​បង្អួច​ទិសខាងត្បូង បើរដូវ​ត្រជាក់ សទ្ធិវិហារិក ត្រូវបើកបង្អួចក្នុងវេលាថ្ងៃ បិទបង្អួច​ក្នុងវេលាយប់ បើរដូវក្តៅ សទ្ធិវិហារិក ត្រូវបិទបង្អួចក្នុងវេលាថ្ងៃ បើកបង្អួចក្នុងវេលាយប់ បើទីបរិវេណមានសម្រាម ត្រូវបោសបរិវេណ​ចេញ បើបន្ទប់មានសម្រាម ត្រូវបោស​បន្ទប់ចេញ បើរោងឆាន់មានសម្រាម ត្រូវបោសរោង​ឆាន់​ចេញ បើរោងភ្លើងមានសម្រាម ត្រូវបោសរោងភ្លើង បើបង្គន់មានសម្រាម ត្រូវបោសបង្គន់ចេញ បើគ្មានទឹកសម្រាប់​ឆាន់​ទេ ត្រូវដងទឹកសម្រាប់​ឆាន់​ទុក បើគ្មានទឹកសម្រាប់ប្រើប្រាស់ទេ ត្រូវ​ដង​ទឹកសម្រាប់​ប្រើប្រាស់ទុក បើទឹកក្នុងក្អមសម្រាប់​ជម្រះ​មិនមាន សទ្ធិវិហារិក ត្រូវចាក់ទឹកទៅ​ក្នុង​ក្អម​សម្រាប់ជម្រះ បើសេចក្តីអផ្សុក​កើតឡើងដល់​ឧបជ្ឈាយ៍ សទ្ធិវិហារិក ត្រូវរម្ងាប់ដោយ​ខ្លួនឯង ឬត្រូវឲ្យគេជួយរម្ងាប់ ឬនិយាយ​ធម្មកថា ដល់​ឧបជ្ឈាយ៍​នោះ បើសេចក្តី​សង្ស័យ​កើតឡើង ដល់ឧបជ្ឈាយ៍ សទ្ធិវិហារិកត្រូវបន្ទោបង់​ដោយខ្លួន​ឯង ឬត្រូវរកគេឲ្យជួយ​បន្ទោបង់ ឬ​និយាយ​ធម្មកថា ដល់ឧបជ្ឈាយ៍នោះ បើទិដ្ឋិអាក្រក់ កើតឡើង​ដល់ឧបជ្ឈាយ៍ សទ្ធិវិហារិក ត្រូវ​ជួយ​ដោះស្រាយដោយខ្លួនឯង ឬត្រូវឲ្យគេជួយដោះស្រាយ ឬនិយាយ​ធម្មកថា ដល់ឧបជ្ឈាយ៍​នោះ បើ​ឧបជ្ឈាយ៍ត្រូវគរុកាបត្តិ គួរនឹងចូលបរិវាស សទ្ធិវិហារិក​ត្រូវធ្វើសេចក្តីខ្វល់ខ្វាយថា សង្ឃគួរឲ្យ​បរិវាស​ដល់ ឧបជ្ឈាយ៍ ដោយឧបាយ​ដូចម្តេច​ហ្ន៎ បើ​ឧបជ្ឈាយ៍​​គួរដល់មូលាយបដិកស្សនៈ គឺទាញ​មកដាក់​ក្នុងមូលាបត្តិ សទ្ធិវិហារិកត្រូវធ្វើ​សេចក្តី​ខ្វល់​ខ្វាយថា សង្ឃគប្បីទាញឧបជ្ឈាយ៍ មកដាក់​ក្នុងមូលាបត្តិ ដោយ​ឧបាយ​ដូចម្តេចហ្ន៎ បើ​ឧបជ្ឈាយ៍​គួរដល់មានត្ត សទ្ធិវិហារិក ត្រូវធ្វើសេចក្តីខ្វល់​ខ្វាយ​ថា សង្ឃគប្បី​ឲ្យមានត្ត ដល់​ឧបជ្ឈាយ៍ ដោយឧបាយដូចម្តេចហ្ន៎ បើ​ឧបជ្ឈាយ៍​គួរ​ដល់​អព្ភាន​កម្ម សទ្ធិវិហារិក​ត្រូវធ្វើសេចក្តី​ខ្វល់ខ្វាយថា សង្ឃគប្បីឲ្យអព្ភានកម្ម ដល់ឧបជ្ឈាយ៍ ដោយ​ឧបាយ​ដូចម្តេចហ្ន៎ បើសង្ឃប្រាថ្នានឹង​ធ្វើកម្ម គឺតជ្ជនីយកម្មក្តី និយស្សកម្មក្តី បព្វាជនីយកម្ម​ក្តី បដិសារណីយកម្មក្តី ឧក្ខេបនីយកម្មក្តី ដល់​ឧបជ្ឈាយ៍ សទ្ធិវិហារិក ត្រូវធ្វើសេចក្តី​ខ្វល់ខ្វាយថា សង្ឃមិនគប្បីធ្វើកម្ម ឬគប្បីបន្អោនទៅ​ដើម្បីកម្ម​ស្រាល ដល់ឧបជ្ឈាយ៍ ដោយឧបាយដូចម្តេចហ្ន៎ ប្រសិនបើសង្ឃបានធ្វើកម្ម គឺ តជ្ជនីយ​កម្ម​ក្តី និយស្សកម្មក្តី បព្វាជនីយកម្មក្តី បដិសារណីយកម្មក្តី ឧក្ខេបនីយកម្មក្តី ដល់ឧបជ្ឈាយ៍​នោះ​រួចហើយ សទ្ធិវិហារិក ត្រូវធ្វើសេចក្តីខ្វល់ខ្វាយថា ឧបជ្ឈាយ៍ គប្បីប្រព្រឹត្តដោយប្រពៃ គប្បីសម្លប​រោម គប្បីប្រព្រឹត្តវត្ត គួរដល់កិរិយារលាស់ខ្លួន ចេញចាកកម្ម សង្ឃគប្បីរម្ងាប់កម្មនោះ ដោយ​ឧបាយ​ដូចម្តេចហ្ន៎ បើចីវររបស់ឧបជ្ឈាយ៍គួរនឹងលាង សទ្ធិវិហារិកត្រូវលាង ឬត្រូវ​ធ្វើសេចក្តី​ខ្វល់ខ្វាយថា គួរនឹងលាងចីវររបស់ឧបជ្ឈាយ៍ ដោយឧបាយ​ដូចម្តេចហ្ន៎ បើចីវរ​របស់ឧបជ្ឈាយ៍ ជាសំពត់គួរធ្វើ សទ្ធិវិហារិកត្រូវធ្វើ ឬត្រូវធ្វើសេចក្តីខ្វល់ខ្វាយថា គួរនឹង​ធ្វើចីវរ​ដល់ឧបជ្ឈាយ៍ ដោយឧបាយដូចម្តេចហ្ន៎ បើគ្រឿងជ្រលក់របស់ឧបជ្ឈាយ៍គួរស្ងោរ សទ្ធិវិហារិក ត្រូវស្ងោរ ឬត្រូវធ្វើសេចក្តីខ្វល់ខ្វាយថា នឹងគប្បីស្ងោរគ្រឿងជ្រលក់ របស់​ឧបជ្ឈាយ៍ ដោយឧបាយ​ដូចម្តេចហ្ន៎ បើចីវររបស់ឧបជ្ឈាយ៍គួរជ្រលក់ សទ្ធិវិហារិក ត្រូវ​ជ្រលក់ ឬត្រូវ​ធ្វើ​សេចក្តី​ខ្វល់ខ្វាយថា នឹងគប្បី​ជ្រលក់​ចីវររបស់ឧបជ្ឈាយ៍ ដោយ​ឧបាយ​​ដូចម្តេចហ្ន៎ កាល​នឹង​ជ្រលក់​ចីវរ ត្រូវជ្រលក់ ប្រែត្រឡប់ឲ្យសព្វល្អ បើដំណក់​ទឹកមិន​ទាន់ដាច់ទេ សទ្ធិវិហារិក មិន​ត្រូវ​ចៀស​ចេញទៅឡើយ សទ្ធិវិហារិកមិនទាន់ប្រាប់​ឧបជ្ឈាយ៍ មិនត្រូវឲ្យបាត្រដល់ភិក្ខុណាមួយ មិនត្រូវទទួលយកបាត្រ​របស់​ភិក្ខុណាមួយ មិនត្រូវឲ្យចីវរ ដល់ភិក្ខុណាមួយ មិនត្រូវទទួលចីវររបស់ភិក្ខុណាមួយ មិនត្រូវឲ្យ​គ្រឿង​បរិក្ខារ ដល់ភិក្ខុណាមួយ មិនត្រូវទទួលបរិក្ខាររបស់ភិក្ខុណាមួយ មិនត្រូវ​កោរសក់ ដល់ភិក្ខុណាមួយ មិនត្រូវ​ឲ្យភិក្ខុណាមួយកោរសក់ឲ្យ មិនត្រូវធ្វើបរិកម្ម ដល់ភិក្ខុណាមួយ មិនត្រូវឲ្យភិក្ខុណាមួយ ធ្វើបរិកម្ម (ដល់ខ្លួន) មិនត្រូវធ្វើសេចក្តីខ្វាល់ខ្វាយ ដល់ភិក្ខុណា​មួយ មិនត្រូវឲ្យភិក្ខុណាមួយ ធ្វើសេចក្តី​ខ្វល់ខ្វាយ (ដល់ខ្លួន) មិនត្រូវធ្វើជា​បច្ឆាសមណៈ​របស់ភិក្ខុណាមួយ មិនត្រូវយកភិក្ខុណាមួយ ជាបច្ឆាសមណៈ (របស់ខ្លួន) មិនត្រូវនាំ​ចង្ហាន់បិណ្ឌបាត ទៅឲ្យភិក្ខុណាមួយ មិនត្រូវឲ្យ​ភិក្ខុណាមួយ នាំបិណ្ឌបាតមកឲ្យ (ខ្លួន) សទ្ធិវិហារិក​មិនបានលាឧបជ្ឈាយ៍ មិនត្រូវចូល​ទៅ​កាន់​ស្រុក​ មិនត្រូវទៅកាន់ព្រៃស្មសាន មិនត្រូវ​ចៀសចេញទៅកាន់ទិស បើឧបជ្ឈាយ៍មានជម្ងឺ សទ្ធិវិហារិក ត្រូវនៅបម្រើអស់​កាល ដែល​លោក​មាន​ជីវិតរស់នៅ ត្រូវរង់ចាំ​លោក​ទាល់តែ​សះជារោគ  ម្នាលភិក្ខុទាំង​ឡាយ ទាំងនេះជា ឧបជ្ឈាយ​វត្ត របស់សទ្ធិវិហារិកទាំងឡាយ តាម​ទំនង​ដែលសទ្ធិវិហារិក ត្រូវប្រព្រឹត្តដោយប្រពៃ ក្នុង​ឧបជ្ឈាយ៍​ទាំងឡាយ។

[១០៤] សម័យនោះឯង ឧបជ្ឈាយ៍ទាំងឡាយ​ ​ពុំបាន​ប្រព្រឹត្ត​ដោយប្រពៃ ក្នុង​សទ្ធិវិហារិក​ទាំងឡាយឡើយ។ ភិក្ខុទាំងឡាយណា មានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុទាំងនោះ ក៏ពោល​ទោស តិះដៀល បន្តុះ​បង្អាប់ថា មិនសមបើឧបជ្ឈាយ៍​ទាំងឡាយ មិនប្រព្រឹត្ត​ដោយប្រពៃ ក្នុងសទ្ធិវិហារិក​ទាំងឡាយសោះ។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។បេ។ ព្រះអង្គ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បានឮថា ឧបជ្ឈាយ៍​ទាំងឡាយ មិនប្រព្រឹត្តដោយប្រពៃ ក្នុង​សទ្ធិវិហារិក​ទាំងឡាយ ពិតមែនឬ។ ពួកភិក្ខុក្រាបបង្គំទូលថា ពិតមែន ព្រះអង្គ។បេ។ លុះទ្រង់​បន្ទោស​ហើយ ទ្រង់ធ្វើធម្មីកថា ត្រាស់ហៅ​ភិក្ខុទាំងឡាយ​មកថា ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ តថាគតនឹង​បញ្ញត្ត​ សទ្ធិវិហារិកវត្ត ដល់ឧបជ្ឈាយ៍​ទាំងឡាយ តាម​ទំនង​ដែលឧបជ្ឈាយ៍ទាំងឡាយ ត្រូវ​ប្រព្រឹត្ត​ដោយប្រពៃ ក្នុងពួកភិក្ខុជាសទ្ធិវិហារិក។

[១០៥] ម្នាលភិក្ខុទាំងឡាយ ឧបជ្ឈាយ៍ត្រូវប្រព្រឹត្តដោយប្រពៃ ក្នុងសទ្ធិវិហារិក។ ឯការ​ដែលប្រព្រឹត្តដោយប្រពៃ ក្នុងសទ្ធិវិហារិកនោះ ដូច្នេះ ម្នាលភិក្ខុទាំងឡាយ ឧបជ្ឈាយ៍​ត្រូវ​សង្គ្រោះ និងអនុគ្រោះសទ្ធិវិហារិក ដោយបាលី ដោយអដ្ឋកថា ដោយដម្បូន្មាន ដោយការ​ប្រៀន​ប្រដៅ បើឧបជ្ឈាយ៍មានបាត្រ សទ្ធិវិហារិកគ្មានបាត្រ ឧបជ្ឈាយ៍ត្រូវឲ្យ​បាត្រ​ទៅសទ្ធិវិហារិក ឬត្រូវ​ធ្វើ​សេចក្តីខ្វល់ខ្វាយថា បាត្រគប្បីកើតដល់សទ្ធិវិហារិក ដោយ​ឧបាយ​ដូចម្តេចហ្ន៎ បើ​ឧបជ្ឈាយ៍​មានចីវរ សទ្ធិវិហារិកគ្មានចីវរ ឧបជ្ឈាយ៍ត្រូវឲ្យ​ចីវរទៅ​សទ្ធិវិហារិក ឬត្រូវធ្វើសេចក្តីខ្វល់ខ្វាយថា ចីវរ​គប្បីកើតដល់សទ្ធិវិហារិក ដោយឧបាយ​ដូចម្តេចហ្ន៎ បើឧបជ្ឈាយ៍មានគ្រឿងបរិក្ខារ សទ្ធិវិហារិក​គ្មាន​គ្រឿងបរិក្ខារ ឧបជ្ឈាយ៍ត្រូវ​ឲ្យគ្រឿងបរិក្ខារទៅសទ្ធិវិហារិក ឬត្រូវធ្វើសេចក្តីខ្វល់ខ្វាយថា គ្រឿងបរិក្ខារ គប្បីកើត​ឡើងដល់សទ្ធិវិហារិក ដោយឧបាយ​ដូចម្តេចហ្ន៎ បើសទ្ធិវិហារិកមានជម្ងឺ ឧបជ្ឈាយ៍ត្រូវ​ក្រោកឡើងពីព្រឹក ហើយឲ្យឈើស្ទន់ ឲ្យទឹកលុបមុខ ក្រាលអាសនៈ បើមានបបរ ត្រូវឧបជ្ឈាយ៍លាងភាជន៍ ហើយបង្អោនបបរទៅឲ្យ កាលសទ្ធិវិហារិកហុតបបររួចហើយ ឧបជ្ឈាយ៍​ត្រូវឲ្យទឹក រួចទទួលភាជន៍យកមកវិញ កាន់បន្ទាប កុំឲ្យទង្គិច (នឹងអ្វីៗ) លាងរួច​ហើយ ទុក​ដាក់ឲ្យល្អ កាលបើសទ្ធិវិហារិកក្រោកចេញហើយ ឧបជ្ឈាយ៍ត្រូវសារអាសនៈ​ទុក បើប្រទេស​នោះ​មានសម្រាម ឧបជ្ឈាយ៍ត្រូវបោសប្រទេស​នោះ​ចេញ បើសទ្ធិវិហារិក មានប្រាថ្នា​នឹងចូល​ទៅ​កាន់​ស្រុក ឧបជ្ឈាយ៍ត្រូវឲ្យស្បង់សម្រាប់ស្លៀក ត្រូវ​ទទួល​យក​ស្បង់បន្លាស់មកវិញ ត្រូវឲ្យ​វត្ថពន្ធចង្កេះ ត្រូវដម្រួតឧត្តរាសង្គៈ និងសង្ឃាដិ​ហើយ​ឲ្យ ត្រូវជូតបាត្រ​ដែលទទឹក​ ហើយសឹមឲ្យ ឧបជ្ឈាយ៍ត្រូវក្រាលអាសនៈទុក ដោយគិតថា ពេល​ថ្មើនេះ សទ្ធិវិហារិក មុខជានឹង​ត្រឡប់​មកវិញ ត្រូវដំកល់ទឹកសម្រាប់លាងជើង តាំង​សម្រាប់ទ្រ​ជើង ដែលលាងហើយ និងទ្រនាប់សម្រាប់​ជូត​ជើង ដែលមិនទាន់បានលាង ត្រូវក្រោកឡើង ទៅទទួលបាត្រ និងចីវរ ត្រូវឲ្យស្បង់បន្លាស់ ហើយទទួលយកស្បង់ ដែលស្លៀកមកវិញ បើចីវរសើម ឬជាំដាម (ដោយញើសក្អែល) ត្រូវ​សំដិល​ចីវរក្នុង​កំដៅថ្ងៃ១ស្របក់ តែកុំទុកចីវរក្នុងកំដៅថ្ងៃ (ឲ្យយូរពេក) ត្រូវបត់ចីវរ (យកមកទុក) កាល​នឹងបត់ចីវរ ត្រូវលើកជាយចីវរឲ្យហួសពីគ្នាប្រមាណ៤ធ្នាប់ ហើយសឹមបត់ចីវរ ដោយ​គិតថា កុំឲ្យបាក់ផ្នត់ពាក់កណ្តាលឡើយ ត្រូវធ្វើវត្ថពន្ធចង្កេះក្នុងផ្នត់ចីវរ បើមានអាហារ​បិណ្ឌបាត សទ្ធិវិហារិកត្រូវការនឹងឆាន់ ឧបជ្ឈាយ៍ត្រូវឲ្យទឹក ហើយបង្អោនអាហារ​បិណ្ឌបាតចូលទៅឲ្យ ត្រូវសួរសទ្ធិវិហារិកដោយទឹកឆាន់ លុះសទ្ធិវិហារិកឆាន់រួចហើយ ឧបជ្ឈាយ៍ត្រូវឲ្យទឹក ហើយ​ទទួលយកបាត្រមកវិញ កាន់បន្ទាប​ កុំឲ្យទង្គិច (នឹងអ្វីៗ) លាងឲ្យស្អាត ហើយជូតទឹកឲ្យស្ងួត ហើយហាលថ្ងៃ១ស្របក់ តែមិនត្រូវទុកបាត្រ​ក្នុង​កំដៅថ្ងៃ (ឲ្យយូរពេកឡើយ) ត្រូវទុកដាក់​បាត្រ និង​ចីវរ កាលនឹងរៀបទុកដាក់បាត្រ ដៃម្ខាងចាប់បាត្រ ដៃម្ខាងស្ទាបក្រោមគ្រែ ឬក្រោមតាំង ហើយសឹមទុកដាក់បាត្រ តែមិន​ត្រូវទុកដាក់បាត្រលើទីដែលមិនស្អាតឡើយ កាល​នឹងរៀបចំ​ទុក​ដាក់​ចីវរ ដៃម្ខាងចាប់ចីវរ ដៃម្ខាងជូតស្នួរចីវរ ឬខ្សែស្បៀង ហើយធ្វើជាយខាងនាយ ឲ្យជាផ្នត់​មកខាងអាយ រួច​សឹមទុកដាក់ចីវរ កាលសទ្ធិវិហារិកក្រោកឡើង ឧបជ្ឈាយ៍ត្រូវសារអាសនៈ រៀប​ចំទុក​ដាក់ទឹកសម្រាប់លាងជើង តាំងសម្រាប់ទ្រជើង ដែលលាងហើយ និងទ្រនាប់​សម្រាប់​ជូត​ជើង ដែលមិនទាន់បានលាង បើប្រទេសនោះមានសម្រាម ឧបជ្ឈាយ៍ត្រូវបោសប្រទេស​នោះ​ចេញ បើសទ្ធិវិហារិកចង់ងូតទឹក ឧបជ្ឈាយ៍ត្រូវចាត់ចែងទឹកសម្រាប់ងូតឲ្យ បើ​សទ្ធិវិហារិក​​ត្រូវការ​ទឹក​ត្រជាក់ ឧបជ្ឈាយ៍ត្រូវចាត់ចែងទឹកត្រជាក់ឲ្យ បើសទ្ធិវិហារិកត្រូវ​ការ​ទឹកក្តៅ ឧបជ្ឈាយ៍​ត្រូវ​ចាត់​ចែង​ទឹកក្តៅឲ្យ បើសទ្ធិវិហារិកចង់ចូល​ទៅកាន់ផ្ទះ​ជាទី​រក្សាកាយ ឧបជ្ឈាយ៍​ត្រូវសូន្យ​គ្រឿង​លំអិត​ ត្រូវលាយដីស្អិត ត្រូវនាំយកតាំង​សម្រាប់​ផ្ទះជាទីរក្សាកាយទៅ ហើយ​ប្រគល់តាំង​សម្រាប់​ផ្ទះជា​ទី​រក្សា​កាយ ដល់(សទ្ធិវិហារិក) ហើយទទួលយកចីវរមកទុកដាក់ក្នុងទីដ៏សមគួរ ឧបជ្ឈាយ៍​ត្រូវ​ឲ្យ​គ្រឿង​លំអិត ត្រូវឲ្យ​ដីស្អិតដល់ (សទ្ធិវិហារិក) បើឧបជ្ឈាយ៍អាចនឹងចូលទៅកាន់ (ផ្ទះជាទីរក្សា​កាយ​បាន) ត្រូវចូលទៅកាន់ផ្ទះជាទីរក្សាកាយចុះ កាលនឹងចូលទៅកាន់ផ្ទះជាទីរក្សាកាយ ត្រូវយក​ដីស្អិតលាបមុខ រួចបិទបាំង (កាយ) ទាំងខាងមុខ ទាំងខាងក្រោយ ហើយ​សឹមចូល​ទៅ​កាន់​ផ្ទះជាទីរក្សាកាយ មិនត្រូវអង្គុយជ្រៀតបៀតពួកភិក្ខុជាថេរៈ មិនត្រូវហាម​ពួកភិក្ខុ​ខ្ចី​ដោយ​អាសនៈ ត្រូវធ្វើបរិកម្ម ដល់សទ្ធិវិហារិកក្នុងផ្ទះជាទីរក្សាកាយ កាលនឹងចេញ​ពីផ្ទះ​ជាទីរក្សា​កាយ ត្រូវនាំយកតាំងសម្រាប់ផ្ទះជាទីរក្សាកាយចេញ ហើយបិទបាំង (កាយ) ទាំងខាងមុខ ខាងក្រោយ រួចសឹមចេញពីផ្ទះជាទីរក្សាកាយ សូម្បីក្នុងទឹក ឧបជ្ឈាយ៍ ក៏ត្រូវតែធ្វើបរិកម្ម ដល់សទ្ធិវិហារិកដែរ ងូតរួចហើយ ឧបជ្ឈាយ៍ ត្រូវឡើងមកមុន ជូត​កាយរបស់ខ្លួនឲ្យស្ងួតទឹក ហើយស្លៀកស្បង់ រួចត្រូវជូតទឹកអំពីកាយរបស់សទ្ធិវិហារិក ហុចស្បង់សម្រាប់ស្លៀក ហុចសង្ឃាដិទៅឲ្យ (សទ្ធិវិហារិក) ត្រូវនាំយកតាំង​សម្រាប់ផ្ទះ​ជាទីរក្សាកាយចេញមកមុន ហើយក្រាល​អាសនៈ​ចាំ​ ត្រូវដម្កល់ទឹកសម្រាប់លាងជើង តាំងសម្រាប់ទ្រជើង ដែលលាងហើយ និងទ្រនាប់​សម្រាប់​ជូត​ជើង ដែលមិនទាន់​បានលាង ត្រូវសួរសទ្ធិវិហារិកដោយទឹកសម្រាប់ឆាន់ សទ្ធិវិហារិកនៅក្នុងវិហារណា បើវិហារនោះមានសម្រាម បើឧបជ្ឈាយ៍អាចនឹង (បោសសំអាតបាន) ត្រូវសំអាតចេញ កាល​នឹង​សំអាត​វិហារ ត្រូវនាំយកបាត្រ និងចីវរចេញជាមុន ទៅទុកក្នុងទីដ៏សមគួរ។បេ។ បើទឹក​ក្នុង​ក្អម​សម្រាប់​ជម្រះគ្មាន ឧបជ្ឈាយ៍ ត្រូវចាក់ទឹកទៅក្នុងក្អមសម្រាប់ជម្រះ បើ​សេចក្តី​អផ្សុក កើតឡើង​ដល់​សទ្ធិវិហារិក ឧបជ្ឈាយ៍ត្រូវរម្ងាប់​ ដោយខ្លួនឯង ឬត្រូវ​ឲ្យគេជួយរម្ងាប់ ឬធ្វើធម្មកថា ដល់​សទ្ធិវិហារិក​នោះ បើសេចក្តីសង្ស័យកើតឡើង ដល់​សទ្ធិវិហារិក ឧបជ្ឈាយ៍ត្រូវបន្ទោបង់​ដោយ​ខ្លួន​ឯង ឬឲ្យគេជួយបន្ទោបង់ ឬធ្វើធម្មកថា ដល់សទ្ធិវិហារិកនោះ បើទិដ្ឋិ (អាក្រក់) កើតឡើងដល់​សទ្ធិវិហារិក ឧបជ្ឈាយ៍​ត្រូវ​ដោះស្រាយ ដោយខ្លួនឯង ឬឲ្យគេជួយដោះស្រាយ ឬធ្វើធម្មកថា ដល់​សទ្ធិវិហារិកនោះ បើសទ្ធិវិហារិកត្រូវគរុកាបត្តិ គួរនឹងចូលបរិវាស ឧបជ្ឈាយ៍​ត្រូវធ្វើសេចក្តីខ្វល់​ខ្វាយ​ថា សង្ឃគួរឲ្យបរិវាស ដល់សទ្ធិវិហារិក ដោយឧបាយដូចម្តេចហ្ន៎ បើសទ្ធិវិហារិក​គួរ​ដល់​មូលាយបដិកស្សនៈ គឺទាញមកដាក់ក្នុងមូលាបត្តិ ឧបជ្ឈាយ៍ត្រូវធ្វើសេចក្តីខ្វល់ខ្វាយថា សង្ឃ​គប្បី​ទាញសទ្ធិវិហារិក មកដាក់ក្នុងមូលាបត្តិ ដោយឧបាយដូចម្តេចហ្ន៎ បើ​សទ្ធិវិហារិកគួរដល់មានត្ត ឧបជ្ឈាយ៍ ត្រូវធ្វើសេចក្តីខ្វល់ខ្វាយថា សង្ឃគប្បីឲ្យមានត្ត ដល់​សទ្ធិវិហារិក ដោយឧបាយ​ដូច​ម្តេច​ហ្ន៎ បើសទ្ធិវិហារិក គួរដល់អព្ភានកម្ម ឧបជ្ឈាយ៍​ត្រូវធ្វើនូវសេចក្តីខ្វល់ខ្វាយថា សង្ឃគប្បី​ឲ្យ​អព្ភានកម្ម ដល់សទ្ធិវិហារិក ដោយឧបាយ​ដូចម្តេចហ្ន៎ បើសង្ឃចង់ធ្វើកម្ម គឺ តជ្ជនីយកម្មក្តី និយស្សកម្មក្តី បព្វាជនីយកម្មក្តី បដិសារណីយកម្មក្តី ឧក្ខេបនីយកម្មក្តី ដល់សទ្ធិវិហារិក ឧបជ្ឈាយ៍ត្រូវធ្វើ​សេចក្តី​ខ្វល់ខ្វាយថា សូមកុំឲ្យសង្ឃធ្វើកម្ម ឬបង្អោនទៅ ដើម្បី​កម្មស្រាល ដល់​សទ្ធិវិហារិក ដោយឧបាយដូចម្តេចហ្ន៎ ម្យ៉ាងទៀត តជ្ជនីយកម្មក្តី និយស្សកម្មក្តី បព្វាជនីយកម្មក្តី បដិសារណីយកម្មក្តី ឧក្ខេបនីយកម្មក្តី សង្ឃបានធ្វើ ដល់សទ្ធិវិហារិកនោះរួចហើយ ឧបជ្ឈាយ៍​ត្រូវ​ធ្វើ​សេចក្តីខ្វល់ខ្វាយថា សទ្ធិវិហារិក គប្បីប្រព្រឹត្តដោយប្រពៃ គប្បី​សម្លបរោម គប្បីប្រព្រឹត្តវត្ត គួរ​ដល់​កិរិយា​រលាស់ខ្លួន ចេញចាកកម្ម សង្ឃ​គប្បីរម្ងាប់​នូវកម្មនោះ ដោយឧបាយ​ដូចម្តេចហ្ន៎ បើ​ចីវរ​របស់​សទ្ធិវិហារិកគួរនឹងលាង ឧបជ្ឈាយ៍​ត្រូវប្រាប់ថា អ្នកគប្បីលាងយ៉ាងនេះ ឬត្រូវធ្វើសេចក្តី​ខ្វល់​ខ្វាយ​ថា ចីវររបស់សទ្ធិវិហារិក​គួរនឹងលាង ដោយឧបាយដូចម្តេចហ្ន៎ បើចីវររបស់​សទ្ធិវិហារិក​គួរ​នឹង​ធ្វើ ឧបជ្ឈាយ៍​ត្រូវប្រាប់ថា អ្នកគប្បីធ្វើចីវរយ៉ាងនេះ ឬត្រូវធ្វើសេចក្តីខ្វល់ខ្វាយថា ចីវរ​របស់​សទ្ធិវិហារិក​គួរនឹងធ្វើដោយឧបាយដូចម្តេចហ្ន៎ បើគ្រឿងជ្រលក់របស់សទ្ធិវិហារិក គួរនឹងស្ងោរ ឧបជ្ឈាយ៍​ត្រូវប្រាប់ថា អ្នកត្រូវស្ងោរយ៉ាងនេះ ឬត្រូវធ្វើសេចក្តីខ្វល់ខ្វាយថា គ្រឿងជ្រលក់​របស់​សទ្ធិវិហារិក គួរនឹងស្ងោរដោយឧបាយដូចម្តេចហ្ន៎ បើចីវររបស់សទ្ធិវិហារិកគួរនឹង​ជ្រលក់ ឧបជ្ឈាយ៍​ត្រូវប្រាប់ថា អ្នកត្រូវជ្រលក់ចីវរយ៉ាងនេះ ឬត្រូវធ្វើសេចក្តីខ្វល់ខ្វាយថា ចីវររបស់​សទ្ធិវិហារិក គួរនឹងជ្រលក់ដោយឧបាយដូចម្តេចហ្ន៎ កាលនឹងជ្រលក់ចីវរ ត្រូវ​ជ្រលក់​ប្រែ​ត្រឡប់​ឲ្យ​សព្វ​ស្មើល្អ បើដំណក់ទឹកស្រក់មិនទាន់អស់ ឧបជ្ឈាយ៍កុំអាល​ដើរចេញ បើសទ្ធិវិហារិក មានជម្ងឺ ឧបជ្ឈាយ៍​ត្រូវថែទាំ​ដរាបអស់​កាលដែល​មានជីវិត​រស់​នៅ ត្រូវរង់ចាំដរាបសទ្ធិវិហារិកសះ​ជាជម្ងឺ ម្នាលភិក្ខុទាំងឡាយ ទាំងនេះជា សទ្ធិវិហារិកវត្ត របស់ឧបជ្ឈាយ៍ តាមទំនង​ដែលឧបជ្ឈាយ៍​ទាំងឡាយ គប្បីប្រព្រឹត្ត​ដោយប្រពៃ ក្នុង​សទ្ធិវិហារិកទាំងឡាយ។

ចប់ ភាណវារៈជាគំរប់ពីរ។

[១០៦] សម័យនោះឯង ពួកអន្តេវាសិក មិនបានប្រព្រឹត្ត​ដោយប្រពៃក្នុងអាចារ្យ​ទាំង​ឡាយ។ ភិក្ខុទាំងឡាយណា មានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុទាំងនោះ ក៏ពោលទោស តិះដៀល បន្តុះ​បង្អាប់ថា មិនសមបើ ពួកអន្តេវាសិក មិនប្រព្រឹត្តដោយប្រពៃ ក្នុងអាចារ្យ​ទាំង​ឡាយសោះ។ គ្រានោះ ភិក្ខុទាំងនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះ​ព្រះមានព្រះភាគ។បេ។ ព្រះអង្គ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បានឮថា ពួក​អន្តេវាសិក មិនបានប្រព្រឹត្តដោយប្រពៃ ក្នុងអាចារ្យទាំង​ឡាយ ពិតមែនឬ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលថា ពិតមែន ព្រះអង្គ។បេ។ ទ្រង់បន្ទោស ហើយធ្វើធម្មីកថា ត្រាស់​ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ តថាគតនឹងបញ្ញត្ត​ អាចរិយវត្ត ដល់ពួកភិក្ខុជាអន្តេវាសិក តាមទំនងដែលពួក​ភិក្ខុជាអន្តេវាសិក ត្រូវ​ប្រព្រឹត្ត​ដោយប្រពៃ ក្នុងអាចារ្យទាំងឡាយ។

[១០៧] ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអន្តេវាសិក ត្រូវប្រព្រឹត្តដោយប្រពៃក្នុងអាចារ្យ។ ឯការប្រព្រឹត្តដោយប្រពៃ ក្នុងអាចា្យនោះ ដូច្នេះ គឺអន្តេវាសិកត្រូវក្រោកអំពីព្រឹក ហើយ​ដោះ​ស្បែក​ជើង ធ្វើសំពត់ឧត្តរាសង្គៈ ឆៀងស្មាម្ខាង ហើយប្រគេនឈើស្ទន់ ប្រគេន​ទឹក​សម្រាប់​លាងមុខ ក្រាលអាសនៈទុក បើបបរមាន អន្តេវាសិកត្រូវលាងភាជន៍ ហើយ​បង្អោន​បបរ​ទៅ​ប្រគេន​ កាលបើអាចារ្យហុតបបររួចហើយ អន្តេវាសិកត្រូវប្រគេនទឹក ហើយទទួលភាជន៍មក​វិញ កាន់បន្ទាប កុំឲ្យទង្គិចនឹង (អ្វីៗ) ហើយលាងឲ្យស្អាត រួចរៀបចំ​ទុកដាក់ កាលបើ​អាចារ្យ​ក្រោក​ចេញ​ហើយ អន្តេវាសិកត្រូវសារអាសនៈចេញ បើប្រទេស​នោះមានសម្រាម អន្តេវាសិក ត្រូវ​បោស​ប្រទេស​នោះចេញ បើអាចារ្យចង់​ចូលទៅ​កាន់ស្រុក អន្តេវាសិក ត្រូវប្រគេនស្បង់សម្រាប់ស្លៀក ហើយទទួលយកស្បង់​បន្លាស់​មកវិញ ត្រូវប្រគេនវត្ថពន្ធចង្កេះ តម្រួតឧត្តរាសង្គៈ និង​សង្ឃាដិ​ហើយប្រគេន ត្រូវជូត​បាត្រដែលទទឹក ហើយសឹមប្រគេន បើអាចារ្យ​ចង់បាន​ភិក្ខុ​ជាបច្ឆាសមណៈ អន្តេវាសិក​ត្រូវបិទបាំងមណ្ឌលបី គឺស្លៀកស្បង់ឲ្យជាបរិមណ្ឌល ក្រវាត់វត្ថពន្ធចង្កេះ ហើយតម្រួត​ឧត្តរាសង្គៈ និងសង្ឃាដិ ហើយឃ្លុំ ពាក់ឡេវក្ឌុំ លាងបាត្រ ហើយកាន់យក​ទៅធ្វើ​ជា​បច្ឆាសមណៈ នៃអាចារ្យ កុំដើរឆ្ងាយពេក កុំដើរជិតពេក ត្រូវចាំទទួល​យកវត្ថុ ដែល​គេដាក់​ចុះក្នុងបាត្រ កាលបើអាចារ្យកំពុងនិយាយ អន្តេវាសិក មិនត្រូវនិយាយស្កាត់​ពាក្យក្នុង​ចន្លោះៗ​ឡើយ កាលបើអាចារ្យនិយាយពាក្យ ដែលជិតនឹងត្រូវអាបត្តិ អន្តេវាសិកត្រូវឃាត់ កាលនឹង​ត្រឡប់​មក អន្តេវាសិក ត្រូវស្រូតមកមុន ហើយក្រាលអាសនៈចាំ ត្រូវដម្កល់​ទឹកសម្រាប់លាងជើង តាំងសម្រាប់ទ្រជើង ដែលលាងហើយ និងទ្រនាប់សម្រាប់ជូតជើង ដែលមិនទាន់បានលាង រួច​ក្រោកទៅទទួលបាត្រ និងចីវរ ប្រគេនស្បង់បន្លាស់ ទទួល​យកស្បង់ដែលស្លៀកមកវិញ បើ​ចីវរ​សើម ឬជាំដាម (ដោយញើស) អន្តេវាសិក ត្រូវ​សំដិលក្នុងទីមានកំដៅថ្ងៃមួយស្របក់ តែ​កុំទុក​ចីវរក្នុងទីមានកំដៅថ្ងៃ (ឲ្យយូរពេក) ត្រូវបត់​ចីវរទុក កាលនឹងបត់ចីវរ ត្រូវលើកជាយ ឲ្យហួស​ពីគ្នា​ប្រមាណ៤ធ្នាប់ ហើយ​សឹមបត់ចីវរ ដោយគិតថា កុំឲ្យចីវរបាក់ផ្នត់ត្រង់ពាក់កណ្តាលឡើយ ត្រូវធ្វើវត្ថពន្ធចង្កេះ​ក្នុងផ្នត់ចីវរ បើមានចង្ហាន់បិណ្ឌបាត ហើយអាចារ្យចង់ឆាន់ អន្តេវាសិក ត្រូវ​ប្រគេន​ទឹក ហើយបង្អោនបិណ្ឌបាតទៅប្រគេន ត្រូវសួរអាចារ្យដោយទឹកឆាន់ លុះអាចារ្យ​ឆាន់​រួច​ហើយ អន្តេវាសិកត្រូវប្រគេនទឹក ហើយទទួលយកបាត្រមកវិញ កាន់បន្ទាប កុំឲ្យ​ទង្គិចទង្គុក (នឹង​អ្វីៗ) ហើយលាងឲ្យស្អាត ជូតឲ្យស្ងួតទឹក រួចហាលក្នុងកំដៅ​ថ្ងៃមួយ​ស្របក់ តែកុំទុកបាត្រចោល​ក្នុង​កំដៅ​ថ្ងៃ (ឲ្យយូរពេក) អន្តេវាសិក ត្រូវទុកបាត្រ និងចីវរ កាលនឹងទុកបាត្រ ដៃម្ខាង​ចាប់​បាត្រ ដៃម្ខាងស្ទាបក្រោមគ្រែ ឬក្រោមតាំង ហើយ​សឹមទុកបាត្រ តែមិនត្រូវ​ទុក​បាត្រ​ ក្នុង​ទី​ដែល​មិន​ស្អាតឡើយ កាលនឹងទុកចីវរ ត្រូវយក​ដៃម្ខាងចាប់ចីវរ ដៃម្ខាងជូតស្នួរចីវរ ឬខ្សែស្បៀង ធ្វើជាយ​ខាងនាយ ឲ្យជាផ្នត់មក​ខាងអាយ ហើយសឹមទុកចីវរចុះ កាលបើអាចារ្យ​ក្រោក​ចេញ​ អន្តេវាសិក ត្រូវសារអាសនៈ​ចេញ ត្រូវទុកដាក់ទឹកសម្រាប់លាងជើង តាំងសម្រាប់ទ្រជើង ដែល​លាងហើយ និង​ទ្រនាប់សម្រាប់ជូតជើង ដែលមិនទាន់បានលាង បើប្រទេសនោះមានសម្រាម អន្តេវាសិក​ត្រូវបោសប្រទេសនោះចេញ បើអាចារ្យចង់ស្រង់ទឹក អន្តេវាសិក ត្រូវចាត់ចែង​ទឹក​សម្រាប់​ស្រង់ប្រគេន បើអាចារ្យត្រូវការទឹកត្រជាក់ អន្តេវាសិកត្រូវចាត់ចែងទឹកត្រជាក់ប្រគេន បើអាចារ្យត្រូវការទឹកក្តៅ អន្តេវាសិកត្រូវចាត់ចែងទឹកក្តៅប្រគេន បើ​អាចារ្យ​ចង់ចូល​ទៅ​កាន់​ផ្ទះ​ជាទីរក្សា​កាយ អន្តេវាសិកត្រូវសូន្យគ្រឿងលំអិត ត្រូវលាយដីស្អិត ហើយកាន់​យកតាំង សម្រាប់​ផ្ទះ​ជាទីរក្សា​កាយ ដើរតាមក្រោយអាចារ្យ ហើយប្រគេនតាំង​សម្រាប់​ផ្ទះ​ជាទីរក្សា​កាយ រួចទទួល​យក​ចីវរមកទុកដាក់ក្នុងទីដ៏សមគួរ ត្រូវប្រគេនគ្រឿងលំអិត ត្រូវប្រគេនដីស្អិត បើអន្តេវាសិក​អាច​ (នឹងចូលទៅបាន) គប្បីចូលទៅកាន់ផ្ទះ​ជាទីរក្សា​កាយ កាលនឹងចូលទៅកាន់ផ្ទះ​ជាទីរក្សា​កាយ ត្រូវលាបមុខដោយដីស្អិត ហើយបិទបាំង (កាយ) ទាំងខាងមុខ ទាំងខាងក្រោយ រួចសឹម​ចូល​ទៅកាន់ផ្ទះ​ជាទីរក្សា​កាយ មិនត្រូវ​អង្គុយច្រៀតបៀតពួកភិក្ខុជាថេរៈ មិនត្រូវ​ហាម​ឃាត់​ពួក​ភិក្ខុខ្ចី ដោយអាសនៈ ត្រូវធ្វើ​បរិកម្ម ដល់អាចារ្យក្នុង​ផ្ទះ​ជាទីរក្សា​កាយ កាលនឹងចេញពីផ្ទះ​ជាទីរក្សា​កាយ អន្តេវាសិក ត្រូវកាន់យកតាំងសម្រាប់ផ្ទះ​ជាទីរក្សា​កាយ ហើយបិទបាំង (កាយ) ទាំង​ខាង​មុខ ទាំងខាង​ក្រោយ រួចសឹមចេញពីផ្ទះ​ជាទីរក្សា​កាយ សូម្បីក្នុងទឹក អន្តេវាសិក ក៏ត្រូវតែធ្វើ​បរិកម្ម ដល់​អាចារ្យដែរ កាលអន្តេវាសិកងូតរួចហើយ ត្រូវឡើងមកមុន ហើយជូតកាយ​របស់​ខ្លួន​ឲ្យ​ស្ងួត​ទឹក ស្លៀកស្បង់ រួចត្រូវជូតទឹកពីកាយរបស់អាចារ្យ ត្រូវប្រគេនស្បង់ ប្រគេនសង្ឃាដិ ត្រូវកាន់​យក​តាំង​សម្រាប់ផ្ទះ​ជាទីរក្សា​កាយ ដើរចេញមកមុន ហើយ​ក្រាលអាសនៈចាំ ត្រូវដំកល់ទឹកសម្រាប់លាងជើង តាំងសម្រាប់ទ្រជើង ដែលលាងហើយ និងទ្រនាប់​សម្រាប់​ជូត​ជើង ដែលមិនទាន់បានលាង ត្រូវសួរអាចារ្យដោយទឹក​សម្រាប់​ឆាន់ បើអន្តេវាសិក ចង់ឲ្យអាចារ្យ​បង្រៀនបាលី ត្រូវឲ្យលោក​បង្រៀនចុះ បើអន្តេវាសិក ចង់រៀនអដ្ឋកថា គប្បី​រៀនអដ្ឋកថា​(នឹងអាចារ្យចុះ) អាចារ្យនៅក្នុងវិហារណា បើវិហារ​នោះមានសម្រាម បើអន្តេវាសិកអាច (នឹងបោសសំអាតបាន) ត្រូវបោសសំអាតចេញ កាលនឹងបោសសំអាតវិហារ ត្រូវនាំយក​បាត្រ និង​ចីវរ​​ចេញមកមុន ទៅដម្កល់​ទុកក្នុង​ទីដ៏សមគួរ ត្រូវនាំយក​កម្រាល​សម្រាប់​អង្គុយ ទៅដម្កល់​ទុក​ក្នុង​ទីដ៏សមគួរ ត្រូវនាំយក​ពូក និងខ្នើយ ទៅដម្កល់ទុកក្នុងទីដ៏សមគួរ ត្រូវលើកគ្រែបន្ទាប កុំឲ្យ​ទង្គិច​ទង្គុក​ កុំឲ្យប៉ះ​សន្ទះទ្វារ និងក្របទ្វារ នាំយកឲ្យស្រួល ទៅដម្កល់ទុកក្នុងទីដ៏សមគួរ ត្រូវលើក​បន្ទាប​​តាំង កុំឲ្យទង្គិចទង្គុក កុំឲ្យប៉ះសន្ទះទ្វារ និងក្របទ្វារ នាំយកឲ្យស្រួល ទៅដម្កល់​ទុកក្នុង​ទី​ដ៏​សម​គួរ ត្រូវនាំយកទ្រនាប់ជើងគ្រែ ទៅដម្កល់ទុកក្នុងទីដ៏សមគួរ ត្រូវនាំយកកន្ថោរ សម្រាប់​ស្តោះ​ទឹក​មាត់ ទៅដំកល់ទុកក្នុងទីដ៏សមគួរ ត្រូវនាំយកក្តារ​សម្រាប់​ផ្អែក​ទៅដំកល់ទុក​ក្នុងទីដ៏សមគួរ ត្រូវកំណត់ចាំទុកនូវកម្រាលផែនដី ដែលគេក្រាលទុកនៅកន្លែង​ណា ហើយនាំយក​ទៅ​ទុក​ក្នុងទីដ៏សមគួរ បើក្នុងវិហារ​មានគ្រឿងស្មុកស្មាញ (មានសរសៃ​ពីងពាងជាដើម) អន្តេវាសិក ត្រូវ​បោស​ពីពិតានចុះមកជាមុន ត្រូវជូតចំណែកជ្រុង​សន្លឹក​បង្អួច បើជញ្ជាំង ដែលគេ​បរិកម្ម​ដោយថ្នាំរួចហើយ ត្រឡប់ជាមានប្រឡាក់ អន្តេវាសិកត្រូវ​ជ្រលក់កំណាត់សំពត់ ពូតហើយ​សឹម​ជូត បើផ្ទៃផែនដី ដែលគេបរិកម្មដោយ​វត្ថុមាន​ពណ៌ខ្មៅរួចហើយ ត្រឡប់ជាមានប្រឡាក់ អន្តេវាសិក ត្រូវជ្រលក់កំណាត់សំពត់ ពូតចេញ រួចហើយសឹមជូត បើផ្ទៃគេមិនបានបរិកម្មទេ អន្តេវាសិក ត្រូវប្រស់ដោយទឹក រួចសឹមជូត ដោយគិតថា វិហារកុំប្រឡាក់ដោយធូលីឡើយ ត្រូវ​ប្រមូលសម្រាម​យកទៅ​ចាក់ចោល​ក្នុងទីដ៏សមគួរ លុះអន្តេវាសិក ហាលកម្រាលផែនដី ហើយ ជម្រះគោះ (ដីចេញឲ្យស្អាត) រួចហើយសឹមនាំយកទៅក្រាលទុកដូចដែលវិញ ត្រូវហាល​ទ្រនាប់​ជើង​គ្រែ រួចហើយជូត (ឲ្យស្អាត) ហើយនាំយកទៅដម្កល់ទុកក្នុងទីដូចដែលវិញ ត្រូវ​ហាល​គ្រែ រួចហើយ​ជម្រះគោះ (ឲ្យស្អាត) រួចលើកបន្ទាប កុំឲ្យទង្គិចទង្គុក កុំឲ្យប៉ះសន្ទះទ្វារ និងក្របទ្វារ នាំយកទៅដោយស្រួល ហើយតាំងទុកដូចដែលវិញ ត្រូវហាលតាំង រួចហើយត្រូវ​ជម្រះគោះ (ឲ្យស្អាត) ហើយលើកបន្ទាប កុំឲ្យទង្គិចទង្គុក កុំឲ្យប៉ះសន្ទះទ្វារ និងក្របទ្វារ នាំយកទៅ​ដោយ​ស្រួល តាំងទុកដូចដែលវិញ ត្រូវហាលពូក និងខ្នើយ ហើយជម្រះគោះ (ឲ្យស្អាត) ហើយនាំយកទៅរៀបចំទុកដាក់ដូចដែលវិញ ត្រូវសំដិល​កម្រាល​សម្រាប់​ទ្រាប់អង្គុយ ហើយជម្រះ​គោះ (ឲ្យស្អាត) រួចនាំយកទៅក្រាលទុកដូចដែលវិញ ត្រូវហាល​កន្ថោរសម្រាប់​ស្តោះទឹកមាត់ រួចហើយជូត (ឲ្យស្អាត) ហើយនាំយកទៅ​ដម្កល់ទុក​ក្នុងទី​ដូចដែលវិញ ត្រូវហាលផែន​ក្តារ​សម្រាប់​ផ្អែក រួចជូត (ឲ្យស្អាត) ហើយនាំយក​ទៅដម្កល់​ទុកក្នុងទីដូចដែលវិញ អន្តេវាសិក ត្រូវ​ទុកដាក់​បាត្រ និងចីវរ កាលនឹងទុកបាត្រ ត្រូវយក​ដៃម្ខាងចាប់បាត្រ ដៃម្ខាងស្ទាបក្រោមគ្រែ ឬក្រោមតាំង រួចហើយសឹមទុកដាក់បាត្រ តែមិន​ត្រូវទុកបាត្រលើទីដែលមិនស្អាតឡើយ អន្តេវាសិក កាលនឹង​ទុក​ចីវរ ត្រូវយកដៃ​ម្ខាងចាប់ចីវរ ដៃម្ខាងជូតស្នួរចីវរ ឬខ្សែស្បៀង ហើយធ្វើជាយ​ខាងនាយ ឲ្យជាផ្នត់​មក​ខាងអាយ ហើយសឹមទុកចីវរ បើមានខ្យល់ទាំងធូលីបក់មកពីទិសខាងកើត អន្តេវាសិក ត្រូវបិទបង្អួចទិសខាងកើត បើខ្យល់មានទាំងធូលីបក់មកពីទិសខាងលិច អន្តេវាសិក ត្រូវ​បិទ​បង្អួចទិសខាងលិច បើខ្យល់មានទាំងធូលីបក់មកពីទិសខាងជើង អន្តេវាសិក ត្រូវ​បិទបង្អួចទិសខាងជើង បើខ្យល់មានទាំងធូលីបក់មកពីទិសខាងត្បូង អន្តេវាសិក ត្រូវបិទ​បង្អួច​ទិសខាងត្បូង បើរដូវត្រជាក់ អន្តេវាសិកត្រូវបើកបង្អួចក្នុងវេលាថ្ងៃ បិទក្នុងវេលាយប់ បើរដូវក្តៅ អន្តេវាសិកត្រូវបិទបង្អួចក្នុងវេលាថ្ងៃ បើកក្នុងវេលាយប់ បើទីបរិវេណមាន​សម្រាម អន្តេវាសិកត្រូវបោសបរិវេណចេញ បើបន្ទប់មានសម្រាម អន្តេវាសិកត្រូវបោស​បន្ទប់ចេញ បើរោងឆាន់មានសម្រាម អន្តេវាសិកត្រូវបោសរោងឆាន់ចេញ បើរោងភ្លើង​មានសម្រាម អន្តេវាសិកត្រូវបោសរោងភ្លើងចេញ បើវច្ចកុដិមានសម្រាម អន្តេវាសិកត្រូវ​បោសវច្ចកុដិចេញ បើគ្មានទឹកសម្រាប់ឆាន់ អន្តេវាសិក ត្រូវដំកល់ទឹកសម្រាប់ឆាន់ទុក បើគ្មានទឹកសម្រាប់ប្រើប្រាស់ អន្តេវាសិកត្រូវដំកល់ទឹកសម្រាប់ប្រើប្រាស់ បើទឹកក្នុង​ក្អមសម្រាប់ជម្រះគ្មាន អន្តេវាសិក ត្រូវចាក់ទឹកក្នុងក្អមសម្រាប់ជម្រះ បើសេចក្តី​អផ្សុក​កើតឡើងដល់អាចារ្យ អន្តេវាសិក ត្រូវ​បំបាត់​ដោយ​ខ្លួនឯង ឬត្រូវឲ្យគេជួយបំបាត់ ឬធ្វើធម្មកថា ដល់អាចារ្យនោះ បើសេចក្តី​សង្ស័យ​កើត​ឡើង​ដល់​អាចារ្យ អន្តេវាសិកត្រូវ​បន្ទោបង់ដោយខ្លួនឯង ឬត្រូវឲ្យគេជួយបន្ទោបង់ ឬធ្វើធម្មកថា​ដល់​អាចារ្យ​នោះ បើទិដ្ឋិ (សេចក្តីយល់ខុស) កើតឡើងដល់អាចារ្យ អន្តេវាសិក ត្រូវដោះស្រាយ​ដោយ​ខ្លួន​ឯង ឬត្រូវឲ្យគេជួយដោះស្រាយ ឬធ្វើធម្មកថាដល់អាចារ្យនោះ បើអាចារ្យត្រូវគរុកាបត្តិ គួរដល់​បរិវាសកម្ម អន្តេវាសិកត្រូវធ្វើសេចក្តីខ្វល់ខ្វាយថា សង្ឃគប្បីឲ្យ​បរិវាសកម្ម​ដល់​អាចារ្យ ដោយឧបាយដូចម្តេចហ្ន៎ បើអាចារ្យគួរដល់មូលាយបដិកស្សនៈ (ទាញមកដាក់​ក្នុងមូលាបត្តិ) អន្តេវាសិកត្រូវធ្វើសេចក្តីខ្វល់ខ្វាយថា សង្ឃគប្បីទាញអាចារ្យ មកដាក់​ក្នុងមូលាបត្តិ ដោយ​ឧបាយ​ដូចម្តេចហ្ន៎ បើអាចារ្យគួរដល់មានត្ត អន្តេវាសិក ត្រូវធ្វើ​សេចក្តីខ្វល់ខ្វាយថា សង្ឃគប្បីឲ្យមានត្ត​ដល់​អាចារ្យ ដោយឧបាយដូចម្តេចហ្ន៎ បើ​អាចារ្យគួរដល់អព្ភានកម្ម អន្តេវាសិក​ត្រូវធ្វើ​សេចក្តី​ខ្វល់ខ្វាយ​ថា សង្ឃគប្បីធ្វើអព្ភានកម្ម ដល់អាចារ្យ ដោយឧបាយដូចម្តេចហ្ន៎ បើសង្ឃ​មានប្រាថ្នា​ដើម្បី​ធ្វើកម្ម គឺតជ្ជនីយកម្មក្តី និយស្សកម្មក្តី បព្វាជនីយកម្មក្តី បដិសារណីយកម្មក្តី ឧក្ខេបនីយកម្ម​ក្តី ដល់អាចារ្យហើយ អន្តេវាសិកត្រូវធ្វើសេចក្តីខ្វល់ខ្វាយថា សង្ឃគប្បីធ្វើកម្មដល់អាចារ្យ ឬសង្ឃបង្អោនទៅ ដើម្បីកម្មដ៏ស្រាល ដល់អាចារ្យ ដោយឧបាយដូចម្តេចហ្ន៎ មួយវិញទៀត បើកម្ម គឺ តជ្ជនីយកម្មក្តី និយស្សកម្មក្តី បព្វាជនីយកម្មក្តី បដិសារណីយកម្មក្តី ឧក្ខេបនីយកម្មក្តី ដែលសង្ឃបានធ្វើដល់អាចារ្យរួចហើយ អន្តេវាសិកត្រូវធ្វើសេចក្តីខ្វល់ខ្វាយថា អាចារ្យ​គប្បី​ប្រព្រឹត្ត​ដោយប្រពៃ គប្បីសម្លបរោម គប្បីប្រព្រឹត្តវត្ត គួរដល់កិរិយារលាស់​ខ្លួន​ចេញចាកកម្ម សង្ឃគប្បី​រម្ងាប់​នូវកម្មនោះ ដោយឧបាយដូចម្តេចហ្ន៎ បើចីវររបស់​អាចារ្យ​គួរនឹងលាង អន្តេវាសិក​ត្រូវ​លាង​ប្រគេន ឬត្រូវធ្វើសេចក្តីខ្វល់ខ្វាយថា ចីវររបស់អាចារ្យ​គួរនឹងលាងដោយឧបាយដូចម្តេចហ្ន៎ បើ​ចីវរ​របស់អាចារ្យគួរនឹងធ្វើ អន្តេវាសិកត្រូវ​ធ្វើប្រគេន ឬត្រូវធ្វើសេចក្តីខ្វល់ខ្វាយថា ចីវរ​របស់​អាចារ្យ​គួរ​នឹងធ្វើ ដោយឧបាយ​ដូចម្តេច​ហ្ន៎ បើគ្រឿងជ្រលក់របស់អាចារ្យគួរនឹងស្ងោរ អន្តេវាសិកត្រូវស្ងោរ​ប្រគេន ឬធ្វើសេចក្តី​ខ្វល់ខ្វាយថា គ្រឿងជ្រលក់របស់អាចារ្យគួរនឹងស្ងោរ ដោយឧបាយដូចម្តេចហ្ន៎ បើចីវរ​របស់​អាចារ្យគួរនឹងជ្រលក់ អន្តេវាសិកត្រូវជ្រលក់ប្រគេន ឬធ្វើសេចក្តីខ្វល់ខ្វាយថា ចីវរ​របស់​អាចារ្យគួរនឹងជ្រលក់ ដោយឧបាយដូចម្តេចហ្ន៎ អន្តេវាសិកកាលនឹងជ្រលក់ចីវរ ត្រូវ​ជ្រលក់ប្រែត្រឡប់ឲ្យសព្វល្អ មួយទៀត កាលបើដំណក់ទឹកស្រក់ពុំទាន់អស់ អន្តេវាសិក កុំអាល​ចៀស​ចេញទៅឡើយ អន្តេវាសិកមិនទាន់ប្រាប់អាចារ្យ មិនត្រូវឲ្យបាត្រដល់ភិក្ខុ​ណាមួយ មិន​ត្រូវ​ទទួលបាត្ររបស់ភិក្ខុណាមួយ មិនត្រូវឲ្យចីវរដល់ភិក្ខុណាមួយ មិនត្រូវ​ទទួលយកចីវរ​របស់ភិក្ខុ​ណាមួយ មិនត្រូវឲ្យបរិក្ខារដល់ភិក្ខុណាមួយ មិនត្រូវទទួល​បរិក្ខារ​របស់ភិក្ខុណាមួយ មិនត្រូវកោរសក់ឲ្យភិក្ខុណាមួយ មិនត្រូវឲ្យអ្នកណាមួយ មកកោរសក់​ឲ្យខ្លួនឡើយ មិនត្រូវធ្វើបរិកម្ម (គក់ច្របាច់) ដល់ភិក្ខុណាមួយ មិនត្រូវឲ្យអ្នកណាមួយ ធ្វើបរិកម្មដល់ខ្លួន មិនត្រូវធ្វើវេយ្យាវច្ចៈ ដល់ភិក្ខុណាមួយ មិនត្រូវឲ្យភិក្ខុណាមួយ ធ្វើវេយ្យាវច្ចៈ ដល់ខ្លួន មិនត្រូវធ្វើជាបច្ឆាសមណៈរបស់ភិក្ខុណាមួយ មិនត្រូវកាន់យក​ភិក្ខុណាមួយ (ធ្វើជា) បច្ឆាសមណៈរបស់ខ្លួន មិនត្រូវនាំបិណ្ឌបាតទៅឲ្យភិក្ខុណាមួយ មិនត្រូវឲ្យភិក្ខុណាមួយ នាំបិណ្ឌបាតមកឲ្យខ្លួន អន្តេវាសិកមិនទាន់លាអាចារ្យ មិនត្រូវ​ចូល​ទៅកាន់ស្រុក មិនត្រូវ​ទៅកាន់​ព្រៃស្មសាន មិនត្រូវចៀសទៅកាន់ទិស បើអាចារ្យ​មានជម្ងឺ អន្តេវាសិកត្រូវថែទាំ​អស់កាល​ដែល​លោករស់នៅ អន្តេវាសិក ត្រូវរង់ចាំត្រាតែ​អាចារ្យសះជាជម្ងឺ ម្នាលភិក្ខុទាំងឡាយ ទាំងនេះ ជា អាចារិយវត្ត របស់អន្តេវាសិក​ទាំងឡាយ តាមទំនងដែលអន្តេវាសិក ត្រូវប្រព្រឹត្ត​ដោយប្រពៃ ក្នុង​អាចារ្យទាំងឡាយ។

[១០៨] សម័យនោះឯង ពួកអាចារ្យពុំបានប្រព្រឹត្តដោយប្រពៃ ក្នុងអន្តេវាសិក​ទាំងឡាយ។ ភិក្ខុទាំងឡាយណា មានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុទាំងនោះ ពោលទោស តិះដៀល បន្តុះ​បង្អាប់ថា មិនសមបើពួកអាចារ្យ​មិនប្រព្រឹត្តដោយប្រពៃ ក្នុងអន្តេវាសិកទាំងឡាយ​សោះ។ ភិក្ខុទាំងនោះ បានក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រោះ​និទាននេះ ដំណើរនេះ ព្រះមានព្រះភាគ ទ្រង់ត្រាស់ឲ្យប្រជុំ​ភិក្ខុសង្ឃ ហើយត្រាស់សួរ​ចំពោះ​ភិក្ខុទាំងឡាយ ក្នុងពេលនោះថា ម្នាលភិក្ខុទាំងឡាយ ឮថា ពួកអាចារ្យ​ពុំបាន​ប្រព្រឹត្ត​ដោយប្រពៃ ក្នុង​អន្តេវាសិក​ទាំងឡាយ ពិតមែនឬ។ ភិក្ខុទាំងឡាយ ក្រាបបង្គំ​ទូលថា ពិតមែនព្រះអង្គ។បេ។ ព្រះសព្វញ្ញូជា​ម្ចាស់ ទ្រង់បន្ទោស ហើយធ្វើធម្មីកថា ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ តថាគតនឹងបញ្ញត្ត អន្តេវាសិកវត្ត ដល់អាចារ្យទាំងឡាយ តាមទំនង​ដែលអាចារ្យ​ទាំង​ឡាយ ត្រូវប្រព្រឹត្ត​ដោយប្រពៃ ក្នុងអន្តេវាសិកទាំងឡាយ។

[១០៩] ម្នាលភិក្ខុទាំងឡាយ អាចារ្យត្រូវប្រព្រឹត្តដោយប្រពៃ ក្នុងអន្តេវាសិក។ ការដែល​ប្រព្រឹត្តដោយប្រពៃ ក្នុងអន្តេវាសិកនោះ ដូច្នេះ ម្នាលភិក្ខុទាំងឡាយ អាចារ្យត្រូវសង្គ្រោះ ត្រូវអនុគ្រោះអន្តេវាសិកដោយបាលី ដោយអដ្ឋកថា ដោយដម្បូន្មាន ដោយការប្រៀន​ប្រដៅ បើ​អាចារ្យមានបាត្រ អន្តេវាសិកគ្មានបាត្រ ត្រូវអាចារ្យឲ្យបាត្រទៅអន្តេវាសិក ឬត្រូវធ្វើ​សេចក្តី​ខ្វល់​ខ្វាយ​ថា បាត្រគប្បីកើតឡើងដល់អន្តេវាសិក ដោយឧបាយ​ដូចម្តេច​ហ្ន៎ បើអាចារ្យមានចីវរ អន្តេវាសិកគ្មានចីវរ ត្រូវអាចារ្យឲ្យចីវរទៅអន្តេវាសិក ឬត្រូវធ្វើ​សេចក្តីខ្វល់ខ្វាយថា ចីវរ​គប្បី​កើត​ឡើង​ដល់អន្តេវាសិក ដោយឧបាយដូចម្តេចហ្ន៎ បើ​អាចារ្យ​មានគ្រឿងបរិក្ខារ អន្តេវាសិក​គ្មាន​គ្រឿង​បរិក្ខារ ត្រូវអាចារ្យឲ្យគ្រឿងបរិក្ខារទៅ​អន្តេវាសិក ឬត្រូវធ្វើសេចក្តីខ្វល់ខ្វាយថា គ្រឿងបរិក្ខារ គប្បី​កើត​ឡើងដល់អន្តេវាសិក ដោយឧបាយដូចម្តេចហ្ន៎ បើអន្តេវាសិកមានជម្ងឺ អាចារ្យត្រូវក្រោកពី​ព្រឹក ហើយឲ្យ​ឈើស្ទន់ ឲ្យទឹកសម្រាប់លាងមុខ ក្រាលអាសនៈ បើមានបបរ អាចារ្យ ត្រូវលាង​ភាជន៍ ហើយបង្អោន​បបរឲ្យទៅ កាលអន្តេវាសិក ហុតបបររួចហើយ អាចារ្យ​ត្រូវ​ឲ្យ​ទឹក រួច​ទទួល​យក​ភាជន៍មកវិញ កាន់បន្ទាប​ កុំឲ្យទង្គិចទង្គុក (អ្វី) ហើយ​រៀបចំទុកដាក់​ឲ្យល្អ កាល​បើ​អន្តេវាសិក​ក្រោកចេញឡើង អាចារ្យត្រូវសារអាសនៈចេញ បើប្រទេសនោះមានសម្រាម អាចារ្យត្រូវបោសប្រទេសនោះចេញ បើអន្តេវាសិកមានប្រាថ្នា ដើម្បីនឹងចូលទៅ​កាន់​ស្រុក អាចារ្យត្រូវឲ្យស្បង់សម្រាប់ស្លៀក ហើយទទួលយកស្បង់បន្លាស់មកវិញ ត្រូវឲ្យ​វត្ថពន្ធចង្កេះ ត្រូវតម្រួតឧត្តរាសង្គៈ និងសង្ឃាដិហើយឲ្យ ត្រូវជូតបាត្រដែលទទឹក ហើយ​សឹមឲ្យ អាចារ្យត្រូវក្រាលអាសនៈទុក ដោយគិតថា អន្តេវាសិកមុខជានឹង​ត្រឡប់មកវិញ ក្នុងវេលានេះ ត្រូវដំកល់​ទឹកលាងជើង តាំងសម្រាប់រងជើង ដែលលាងហើយ និងទ្រនាប់​សម្រាប់ជូតជើង ដែល​មិនទាន់​បានលាង ត្រូវក្រោកទៅទទួលបាត្រ និងចីវរ ត្រូវឲ្យ​ស្បង់បន្លាស់ ហើយទទួលយក​ស្បង់​ដែលស្លៀកមកវិញ បើចីវរសើម ឬជាំដាម (ដោយ​ញើសក្អែល) ត្រូវសំដិលចីវរ​ក្នុង​កំដៅថ្ងៃ​មួយស្របក់ តែកុំទុកចីវរក្នុងកំដៅថ្ងៃ (ឲ្យយូរពេក) អាចារ្យ​ត្រូវបត់ចីវរ កាលនឹងបត់ចីវរ ត្រូវ​លើក​ជាយ​ចីវរឲ្យហួសពីគ្នាប្រមាណ៤ធ្នាប់ ហើយសឹមបត់ចីវរ ដោយគិតថា កុំឲ្យបាក់ផ្នត់​ពាក់​កណ្តាល​ឡើយ ត្រូវធ្វើវត្ថពន្ធចង្កេះ​ក្នុងផ្នត់ចីវរ បើអាហារបិណ្ឌបាតមាន ហើយអន្តេវាសិក​ត្រូវការចង់ឆាន់ អាចារ្យត្រូវឲ្យទឹក ហើយបង្អោនអាហារបិណ្ឌបាតចូលទៅ អាចារ្យ​ត្រូវ​សួរ​អន្តេវាសិកដោយទឹកឆាន់ លុះ​អន្តេវាសិកឆាន់រួចហើយ អាចារ្យត្រូវឲ្យទឹក ហើយទទួលយក​បាត្រ​មកវិញ កាន់បន្ទាប​កុំឲ្យទង្គិចទង្គុក ហើយលាងឲ្យស្អាត ជូតឲ្យស្ងួតទឹកចេញ ហើយ​ហាល​ថ្ងៃ​មួយ​ស្របក់ តែមិនត្រូវទុកបាត្រក្នុងកំដៅថ្ងៃ (ឲ្យយូរពេក) អាចារ្យ​ត្រូវទុកបាត្រ និងចីវរ កាល​ដែល​រៀបចំ​ទុកដាក់បាត្រ។បេ។ កាលដែលរៀបចំទុកចីវរ។បេ។ ត្រូវបត់ជាយ​ចីវរ​ខាងនាយ ឲ្យជាផ្នត់​មកខាងអាយ ហើយសឹមទុកចីវរចុះ កាលអន្តេវាសិកក្រោកចេញហើយ អាចារ្យ​ត្រូវសារអាសនៈ​ចេញ ត្រូវរៀបចំទុកដាក់ទឹកសម្រាប់លាងជើង តាំងសម្រាប់រងជើង ដែលលាងហើយ និងទ្រនាប់​សម្រាប់​ជូតជើង ដែលមិនទាន់បានលាង បើប្រទេស​នោះមានសម្រាម អាចារ្យ​ត្រូវ​បោស​ប្រទេស​នោះ​ចេញ បើអន្តេវាសិកចង់ងូតទឹក អាចារ្យ​ត្រូវចាត់ចែងទឹកសម្រាប់ងូតឲ្យ បើអន្តេវាសិក​ត្រូវការ​ដោយ​ទឹកត្រជាក់ អាចារ្យត្រូវ​ចាត់ចែង​ទឹកត្រជាក់ឲ្យ បើអន្តេវាសិកត្រូវការដោយទឹកក្តៅ អាចារ្យត្រូវចាត់ចែងទឹកក្តៅឲ្យ បើអន្តេវាសិកចង់ចូលទៅកាន់ផ្ទះ​ជាទី​រក្សាកាយ អាចារ្យ​ត្រូវ​សូន្យ​គ្រឿង​លំអិត ត្រូវលាយ​ដីស្អិត ត្រូវកាន់យកតាំងសម្រាប់ផ្ទះ​ជាទី​រក្សាកាយហើយទៅ ឲ្យតាំង​សម្រាប់​ផ្ទះ​ជាទី​រក្សាកាយ រួចហើយទទួលយកចីវរមកទុកដាក់ក្នុងទីដ៏សមគួរ ត្រូវឲ្យគ្រឿងលំអិត ត្រូវឲ្យ​ដីស្អិត បើអាចារ្យអាច (នឹងចូលទៅបាន) ត្រូវចូលទៅកាន់ផ្ទះ​ជាទី​រក្សាកាយចុះ  កាលនឹង​ចូល​ទៅកាន់ផ្ទះ​ជាទី​រក្សាកាយ ត្រូវយកដីស្អិតលាបមុខ ហើយបិទបាំងទាំងខាងមុខ ទាំង​ខាង​ក្រោយ ហើយសឹមចូលទៅកាន់ផ្ទះ​ជាទី​រក្សាកាយ មិនត្រូវអង្គុយជ្រៀតបៀតពួក​ភិក្ខុជា​ថេរៈ មិនត្រូវហាមឃាត់ពួកភិក្ខុខ្ចីដោយអាសនៈ អាចារ្យត្រូវធ្វើបរិកម្ម ដល់​អន្តេវាសិកក្នុងផ្ទះ​ជាទី​រក្សាកាយ កាលនឹងចេញពីផ្ទះ​ជាទី​រក្សាកាយ ត្រូវយកតាំង​សម្រាប់​ផ្ទះ​ជាទី​រក្សាកាយ ហើយ​បិទ​បាំង​ទាំងខាងមុខ ទាំងខាងក្រោយ ហើយសឹមចេញពីផ្ទះ​ជាទី​រក្សាកាយ សូម្បីក្នុងទឹក អាចារ្យក៏​ត្រូវតែ​ធ្វើបរិកម្ម ដល់អន្តេវាសិកដែរ លុះអាចារ្យ​ងូតទឹករួចហើយ ត្រូវឡើងមកមុន ហើយ​ជូតខ្លួន​ឲ្យ​ស្ងួតទឹក រួចសឹមស្លៀកស្បង់ ហើយ​ជូតទឹកអំពីខ្លួនរបស់អន្តេវាសិក ត្រូវឲ្យស្បង់សម្រាប់ស្លៀក ត្រូវ​ឲ្យ​សង្ឃាដិ ត្រូវនាំយក​តាំងសម្រាប់ផ្ទះ​ជាទី​រក្សាកាយមកមុន ហើយក្រាលអាសនៈចាំ ត្រូវដំកល់​ទឹក​សម្រាប់​លាងជើង តាំងសម្រាប់រងជើង ដែលលាងហើយ និងទ្រនាប់សម្រាប់ជូតជើង ដែល​មិនទាន់បានលាង ត្រូវសួរអន្តេវាសិក ដោយទឹកសម្រាប់ឆាន់ អន្តេវាសិកនៅក្នុង​វិហារណា បើវិហារនោះមានសម្រាម បើអាចារ្យអាច (នឹងសំអាតបាន) ត្រូវសំអាត កាល​នឹងសំអាតវិហារ ត្រូវនាំយកបាត្រ និងចីវរចេញមុន ទៅទុកដាក់ក្នុងទីដ៏សមគួរ។បេ។ បើគ្មាន​ទឹក​ក្នុងក្អម​សម្រាប់​ជម្រះ អាចារ្យត្រូវចាក់ទឹកទៅក្នុងក្អមសម្រាប់ជម្រះ បើសេចក្តី​អផ្សុក កើតឡើងដល់អន្តេវាសិក អាចារ្យត្រូវរម្ងាប់ដោយខ្លួនឯង ឬត្រូវឲ្យគេជួយរម្ងាប់ ឬធ្វើធម្មកថាដល់អន្តេវាសិកនោះ បើសេចក្តី​សង្ស័យ​ កើតឡើងដល់អន្តេវាសិក អាចារ្យ​ត្រូវបន្ទោបង់ដោយខ្លួនឯង ឬត្រូវ​ឲ្យគេ​ជួយ​បន្ទោបង់​ ឬធ្វើធម្មកថាដល់អន្តេវាសិកនោះ បើទិដ្ឋិ (អាក្រក់) កើតឡើង ដល់អន្តេវាសិក អាចារ្យត្រូវ​ដោះ​ស្រាយ​ដោយខ្លួនឯង ឬត្រូវឲ្យគេជួយដោះស្រាយ ឬធ្វើធម្មកថាដល់អន្តេវាសិកនោះ បើ​អន្តេវាសិក​ត្រូវគរុកាបត្តិ គួរដល់បរិវាសកម្ម អាចារ្យត្រូវធ្វើសេចក្តីខ្វល់ខ្វាយថា សង្ឃគប្បីឲ្យបរិវាស​ដល់អន្តេវាសិក ដោយឧបាយដូចម្តេចហ្ន៎ បើអន្តេវាសិកគួរដល់​មូលាយបដិកស្សនៈ (ទាញមកដាក់​ក្នុង​មូលាបត្តិ) អាចារ្យត្រូវធ្វើសេចក្តីខ្វល់ខ្វាយថា សង្ឃគប្បីទាញអន្តេវាសិក មកដាក់ក្នុង​មូលាបត្តិ ដោយឧបាយដូចម្តេចហ្ន៎ បើអន្តេវាសិក​គួរ​ដល់​មានត្ត អាចារ្យត្រូវធ្វើសេចក្តី​ខ្វល់ខ្វាយថា សង្ឃគប្បីឲ្យមានត្តដល់អន្តេវាសិក ដោយឧបាយ​ដូចម្តេច​ហ្ន៎ បើអន្តេវាសិក​គួរដល់អព្ភានកម្ម អាចារ្យត្រូវធ្វើសេចក្តីខ្វល់ខ្វាយថា សង្ឃគប្បីឲ្យអព្ភានកម្ម ដល់​អន្តេវាសិក ដោយឧបាយដូចម្តេចហ្ន៎ បើសង្ឃប្រាថ្នា​នឹង​ធ្វើកម្ម គឺ តជ្ជនីយកម្មក្តី និយស្សកម្មក្តី បព្វាជនីយកម្មក្តី បដិសារណីយកម្មក្តី ឧក្ខេបនីយកម្មក្តី ដល់​អន្តេវាសិក អាចារ្យត្រូវធ្វើសេចក្តីខ្វល់ខ្វាយថា សង្ឃកុំគប្បីធ្វើកម្ម ឬគប្បីបង្អោន​ទៅ ដើម្បី​កម្ម​ស្រាល ដល់អន្តេវាសិក ដោយឧបាយដូចម្តេចហ្ន៎ ម្យ៉ាងទៀត បើកម្ម គឺ តជ្ជនីយកម្មក្តី និយស្សកម្មក្តី បព្វាជនីយកម្មក្តី បដិសារណីយកម្មក្តី ឧក្ខេបនីយកម្មក្តី សង្ឃបានធ្វើដល់​អន្តេវាសិកនោះរួចហើយ អាចារ្យត្រូវធ្វើសេចក្តីខ្វល់ខ្វាយថា អន្តេវាសិក គប្បីប្រព្រឹត្ត​ដោយ​ប្រពៃ គប្បីសម្លបរោម គប្បីប្រព្រឹត្តវត្ត គួរដល់​កិរិយា​រលាស់​ខ្លួនចេញ​ចាក​កម្ម សង្ឃគប្បីរម្ងាប់កម្មនោះ ដោយឧបាយដូចម្តេចហ្ន៎ បើចីវររបស់​អន្តេវាសិក គួរនឹងលាង អាចារ្យ​ត្រូវ​ប្រាប់ថា អ្នកត្រូវលាងយ៉ាងនេះ ឬត្រូវធ្វើសេចក្តីខ្វល់ខ្វាយថា ចីវររបស់​អន្តេវាសិក​គួរនឹងលាង​ដោយឧបាយដូចម្តេចហ្ន៎ បើចីវររបស់អន្តេវាសិក គួរនឹងធ្វើ អាចារ្យត្រូវប្រាប់ថា អ្នកត្រូវ​ធ្វើ​យ៉ាង​នេះ ឬត្រូវធ្វើសេចក្តីខ្វល់ខ្វាយថា ចីវររបស់អន្តេវាសិក គួរនឹងធ្វើដោយឧបាយដូចម្តេចហ្ន៎ បើ​គ្រឿងជ្រលក់​របស់អន្តេវាសិក គួរនឹងស្ងោរ អាចារ្យ​ត្រូវប្រាប់ថា អ្នកត្រូវស្ងោរយ៉ាងនេះ ឬត្រូវ​ធ្វើ​សេចក្តីខ្វល់ខ្វាយថា គ្រឿងជ្រលក់របស់​អន្តេវាសិកគួរនឹងស្ងោរ ដោយឧបាយដូចម្តេចហ្ន៎ បើចីវររបស់អន្តេវាសិក គួរនឹងជ្រលក់ អាចារ្យត្រូវប្រាប់ថា អ្នកត្រូវជ្រលក់ចីវរយ៉ាងនេះ ឬត្រូវធ្វើសេចក្តីខ្វល់ខ្វាយថា បើចីវររបស់​អន្តេវាសិកគួរនឹងជ្រលក់ ដោយឧបាយដូចម្តេចហ្ន៎ កាលនឹងជ្រលក់ចីវរ ត្រូវជ្រលក់​ប្រែត្រឡប់ឲ្យសព្វល្អ បើដំណក់ទឹកស្រក់ពុំទាន់អស់ អាចារ្យ​កុំ​អាល​ចៀសចេញទៅ បើ​អន្តេវាសិកមានជម្ងឺ អាចារ្យត្រូវថែទាំ ដល់កាលដែល​អន្តេវាសិក​មានជីវិត​រស់នៅ ត្រូវ​រង់ចាំ​ត្រាតែសះជាជម្ងឺ ម្នាលភិក្ខុទាំងឡាយ ទាំងនេះ ជាអន្តេវាសិកវត្ត របស់អាចារ្យ តាមទំនងដែលពួកអាចារ្យត្រូវប្រព្រឹត្ត ដោយប្រពៃ ក្នុងអន្តេវាសិកទាំងឡាយ។

ចប់ វត្តក្ខន្ធកៈ ជាគំរប់៨។

ក្នុងខន្ធកៈនេះ មានរឿង១៩ មានវត្ត១៤។

ឧទ្ទាននៃវត្តក្ខន្ធកៈនោះ

[១១០] រឿងអាគន្តុកភិក្ខុពាក់ស្បែកជើង បាំងឆត្រ ទទូរក្បាល ដាក់ចីវរលើក្បាល លាងជើងដោយទឹកឆាន់ មិនសំពះអាវាសិកភិក្ខុ ដែលចាស់ជាងខ្លួន និងមិនសួររកទី​សេនាសនៈ រឿងពស់ធ្លាក់លើភិក្ខុ ភិក្ខុទាំងឡាយមានសីលជាទីស្រឡាញ់ ក៏ពោលទោស (ក្នុងរឿង​អម្បាល​នេះ)។ រឿង​ព្រះអង្គទ្រង់អនុញ្ញាតថា អាគន្តុក​ភិក្ខុត្រូវដោះស្បែកជើង ដំឡោះឆត្រ ដាក់​ចីវរ​ឰដ៏​ស្មា ហើយសន្សឹមៗចូលទៅកាន់អារាម អាគន្តុកភិក្ខុត្រូវចូល​ទៅកាន់ទី​ដែលអាវាសិកភិក្ខុ​ប្រជុំគ្នា ត្រូវទុកបាត្រ និងចីវរ​ក្នុងទីសមគួរ ត្រូវកាន់​យក​អាសនៈដ៏សមគួរមកអង្គុយ ត្រូវសួររកទឹកឆាន់ និងទឹកសម្រាប់ប្រើប្រាស់ ត្រូវចាក់ទឹក​ដោយដៃម្ខាង លាងជើងដោយដៃម្ខាង ត្រូវជូត​ស្បែកជើង ដោយសំពត់ស្ងួតមុន រួចសឹម​ជូតដោយសំពត់ទទឹកជាខាងក្រោយ អាវាសិកភិក្ខុចាស់ជាង អាគន្តុកភិក្ខុត្រូវសំពះ បើក្មេងជាង អាគន្តុកភិក្ខុត្រូវឲ្យ​អាវាសិកភិក្ខុសំពះវិញ អាគន្តុកភិក្ខុត្រូវ​សួររក​សេនាសនៈ ត្រូវសួររក​សេនាសនៈ ដែលមានគេនៅ ឬឥតគេនៅ ត្រូវសួររកគោចរគ្រាម និង​អគោចរគ្រាម ត្រូវសួររកសេក្ខត្រកូល ដែលសង្ឃសន្មត ត្រូវសួររកទីសម្រាប់​បន្ទោបង់​វច្ចៈ និង​បស្សាវៈ ត្រូវសួររកទឹកសម្រាប់ឆាន់ ទឹកសម្រាប់​ប្រើប្រាស់ ត្រូវសួររកឈើច្រត់ ត្រូវសួរ​អំពី​របៀប​នៃកតិការបស់សង្ឃ បើវិហារគ្មានគេនៅ ត្រូវគោះសន្ទះទ្វារ រួចឈរ​រង់ចាំមួយស្របក់សិន បើវិហារ​មានសម្រាម ត្រូវបោសជម្រះចេញ ត្រូវជញ្ជូនយកកម្រាល​ផែនដី ទ្រនាប់ជើងគ្រែ ពូក ខ្នើយ គ្រែ តាំង កន្ថោរ និងផែនក្តារសម្រាប់​ផ្អែក ទៅទុក​ក្នុងទីដ៏សមគួរ បើវិហារមានគ្រឿង​ស្មុកស្មាញ ភិក្ខុត្រូវ​បោសអំពីពិតានចុះមកជាមុន ត្រូវជូតចំណែក​ជ្រុងបង្អួច បើជញ្ជាំងគេបរិកម្មដោយ​ថ្នាំ មានសម្បុរសៅហ្មង បើផ្ទៃ​ផែនដី​ដែលគេបរិកម្មដោយពណ៌ខ្មៅ ភិក្ខុត្រូវជ្រលក់​សំពត់ រួចពូត​ចេញហើយសឹមជូត បើផ្ទៃ​ដែល​គេមិនបានធ្វើបរិកម្ម ភិក្ខុត្រូវប្រស់ហើយសឹមជូត ត្រូវជញ្ជូន​សម្រាមទៅចាក់ចោល ក្នុងទីដ៏សមគួរ ត្រូវជញ្ជូន​យកកម្រាល​ផែនដី ទ្រនាប់​ជើងគ្រែ គ្រែ តាំង ពូក ខ្នើយ កម្រាល​សម្រាប់អង្គុយ កន្ថោរ និងក្តារសម្រាប់​ផ្អែក ទៅទុកក្នុងទីដដែលវិញ ត្រូវ​ទុក​ដាក់បាត្រ និងចីវរ មិនត្រូវទុកបាត្រ ក្នុងទីដែលមិនស្អាត ត្រូវបត់ចីវរធ្វើជាយខាងនាយ ឲ្យមាន​ផ្នត់​មកខាងអាយ បើខ្យល់​ប្រកបដោយ​ធូលីបក់មកពីទិស​ខាងកើត ត្រូវបិទបង្អួច​ទិសខាង​កើត បក់មកពីទិសខាងលិច ត្រូវបិទបង្អួច​ទិសខាងលិច បក់មកពីទិសខាងជើង ត្រូវបិទ​បង្អួច​ទិស​ខាង​ជើង បក់​មក​ពីទិសខាងត្បូង ត្រូវបិទបង្អួច​ទិសខាងត្បូង បើរដូវត្រជាក់ ត្រូវបើកបង្អួចវេលាថ្ងៃ បិទ​វេលាយប់ បើរដូវក្តៅ ត្រូវបិទបង្អួចវេលាថ្ងៃ បើកវេលាយប់ បរិវេណ បន្ទប់ រោងឆាន់ រោងភ្លើង វច្ចកុដិ (បើមានសម្រាម ភិក្ខុត្រូវបោសចេញ) ត្រូវ​ដម្កល់​ទឹកសម្រាប់ឆាន់ ទឹកសម្រាប់ប្រើប្រាស់ ត្រូវចាក់​ទឹកក្នុងក្អមសម្រាប់ជម្រះ ព្រះតថាគត​មិនមានបុគ្គល​ប្រៀបផ្ទឹម បានទ្រង់បញ្ញត្តវត្ត ដែលអាគន្តុក​ភិក្ខុទាំងឡាយ (ត្រូវប្រព្រឹត្ត)។ រឿង​ភិក្ខុម្ចាស់អាវាសមិនក្រាលអាសនៈ​ទទួលអាគន្តុកៈ មិនដំកល់​ទឹក​ទុក មិនក្រោក​ទទួល​បាត្រ​ និងចីវរ មិនសួរដោយទឹកសម្រាប់ឆាន់ ទឹកសម្រាប់ប្រើប្រាស់ មិនថ្វាយ​បង្គំ​អាគន្តុកភិក្ខុ ដែលមានវស្សាចាស់ជាង មិនរៀបចំសេនាសនៈ​ឲ្យអាគន្តុកភិក្ខុ ភិក្ខុ​ទាំងឡាយមានសីលជាទីស្រឡាញ់ ក៏ពោលទោសឡើង (ក្នុង​រឿងនោះ)។ (ព្រះអង្គទ្រង់​បញ្ញត្តថា) អាវាសិកភិក្ខុ​ ត្រូវក្រាលអាសនៈដល់អាគន្តុកភិក្ខុដែលចាស់ជាង ត្រូវដំកល់​ទឹកសម្រាប់​លាងជើង ត្រូវក្រោកទៅទទួល (បាត្រនិងចីវរ) ត្រូវសួររកទឹកសម្រាប់ឆាន់ និងទឹកសម្រាប់​ប្រើប្រាស់ ត្រូវជូត​ស្បែកជើង ដោយសំពត់ស្ងួតមុន រួចជូតដោយសំពត់​ទទឹកជាខាង​ក្រោយ ត្រូវលាង​កំណាត់​សំពត់​សម្រាប់​ជូតស្បែកជើង ពូតហើយហាលទុក​ក្នុងទីដ៏សមគួរ ត្រូវថ្វាយបង្គំ​ភិក្ខុ​អាគន្តុកៈ ដែលចាស់ជាង ត្រូវចាត់ចែង​សេនាសនៈ ឲ្យភិក្ខុអាគន្តុកៈ ត្រូវប្រាប់សេនាសនៈដែលមាន​ភិក្ខុនៅ​ហើយ ឬមិនមានភិក្ខុនៅ ត្រូវប្រាប់​គោចរគ្រាម និង​អគោចរគ្រាម ត្រូវប្រាប់សេក្ខត្រកូល ដែល​សង្ឃ​សន្មត ត្រូវប្រាប់​ទីសម្រាប់​បន្ទោបង់​ឧច្ចារៈ និង​បស្សាវៈ ត្រូវប្រាប់ទឹកសម្រាប់ឆាន់ និងទឹក​សម្រាប់​​ប្រើប្រាស់ ត្រូវប្រាប់ឈើច្រត់ ត្រូវប្រាប់កតិការបស់សង្ឃថា កាលនេះ​ត្រូវចូល កាលនេះ​ត្រូវចេញ បើភិក្ខុជាអាគន្តុកៈខ្ចីវស្សាជាង អាវាសិកភិក្ខុគ្រាន់តែអង្គុយ​ប្រាប់ក៏បាន ត្រូវ​ឲ្យ​ថ្វាយបង្គំ ត្រូវ​ប្រាប់សេនាសនៈ (តអំពីនេះទៅ) បណ្ឌិតគប្បីដឹងតាមន័យ​ដែលបាន​ពោល​រួច​មកហើយចុះ។ ព្រះតថាគត​ជានាយកនៃពពួកសត្វ បានសំដែងវត្ត ដែល​អាវាសិក​ភិក្ខុទាំងឡាយ (ត្រូវ​ប្រព្រឹត្ត​ដោយ​ប្រពៃ)។ រឿងភិក្ខុជាអ្នកដំណើរ​មិនរៀបចំទុកដាក់គ្រឿង​ឈើ និងគ្រឿង​ដី បើកទ្វារ​ និង​បង្អួច​ចំហចោល មិនអើពើនឹងសេនាសនៈ ហើយ​ចៀសចេញទៅ ឯគ្រឿងឈើ គ្រឿងដី ក៏ខូច​ខាត​អស់ទៅ សេនាសនៈ ក៏គ្មានអ្នករក្សា ទើបភិក្ខុមានសីលជាទីស្រឡាញ់ ក៏ពោលទោសឡើង។ រឿង​ភិក្ខុអ្នកដំណើរ ត្រូវរៀបចំ​ទុកដាក់​គ្រឿងឈើ និងគ្រឿងដី ហើយបិទទ្វារ បង្អួច អើពើនឹង​សេនាសនៈ រួចហើយ​សឹមចៀសចេញទៅ។ បើគ្មានភិក្ខុ ឬសាមណេរ ឬអ្នករក្សាវត្ត ឬឧបាសកទេ ភិក្ខុអ្នក​ដំណើរ ត្រូវរៀបចំគ្រែ លើថ្ម៤ដុំ ហើយធ្វើសេនាសនៈឲ្យគរលើគ្នា រួចសឹមទុកដាក់​គ្រឿង​ឈើ និងគ្រឿងដី បិទទ្វារបង្អួចរួចហើយ សឹមចៀសចេញទៅ បើវិហារលេច អាគន្តុកភិក្ខុ​អាច​នឹង​ប្រក់បាន ត្រូវប្រក់ ឬធ្វើសេចក្តីខ្វល់ខ្វាយ ទីណាភ្លៀងមិនលេច អាគន្តុកភិក្ខុ​រៀបចំគ្រែ លើថ្ម៤ដុំ ដូចន័យមុន បើវិហារភ្លៀងលេចគ្មានសល់ ត្រូវនាំយកគ្រឿង​សេនាសនៈ​​ទៅផ្ញើ​នឹងមនុស្សអ្នក​ស្រុក បើមិនដូច្នោះ ត្រូវរៀបចំគ្រែលើថ្ម៤ដុំក្នុងទីវាល ហើយត្រូវប្រតិបត្តិដូចន័យមុន ហើយ​ចៀស​ចេញទៅ ដោយគិតថា ធ្វើដូចម្តេចហ្ន៎ ចំណែកផ្សេងៗនៃគ្រឿងឈើ និងគ្រឿងដីគប្បីសល់នៅខ្លះ នេះជាវត្តដែលភិក្ខុអ្នកដំណើរ (ត្រូវប្រព្រឹត្ត)។ រឿងភិក្ខុមិនអនុមោទនា ក្នុងរោងភត្ត ព្រះអង្គ​ទ្រង់​អនុញ្ញាតឲ្យភិក្ខុជាថេរៈ ធ្វើអនុមោទនា រឿងភិក្ខុទាំងឡាយ​លះបង់​ព្រះសារីបុត្ត ទ្រង់អនុញ្ញាត​ឲ្យ​ភិក្ខុជាថេរៈ​បួនប្រាំរូបរង់ចាំក្នុងរោងភត្ត រឿង​ព្រះថេរៈមួយរូបឈឺបន្ទោបង់វច្ចៈ ខំអត់ទ្រាំទាល់​តែ​ជ្រប់ដួលទៅ នេះជាវត្តដែលព្រះតថាគត បានអនុញ្ញាត​ទុកក្នុង​អនុមោទនាវិធី។ រឿង​ពួកឆព្វគ្គិយភិក្ខុស្លៀកមិនល្អ ដណ្តប់​មិនល្អ មានមារយាទមិនសមគួរ ហើយដើរទៅ​ខាងមុខ​ភិក្ខុ​ជាថេរៈ អង្គុយជ្រៀតបៀតភិក្ខុជាថេរៈ ហាមឃាត់ភិក្ខុថ្មី ដោយអាសនៈ អង្គុយ​សង្កត់​សង្ឃាដិ​ក្នុងចន្លោះផ្ទះ ភិក្ខុទាំងឡាយមានសីល​ជាទីស្រឡាញ់ ក៏ពោលទោស​ឡើង។ (រឿង​ព្រះអង្គ​ទ្រង់​បញ្ញត្តវត្តក្នុងរោងភត្តថា) ភិក្ខុត្រូវបិទបាំងមណ្ឌលបី គឺស្លៀកឲ្យ​ជាបរិមណ្ឌល ក្រវាត់​វត្ថពន្ធចង្កេះ ហើយតម្រួត​ឧត្តរាសង្គៈ និងសង្ឃាដិ ហើយឃ្លុំ ពាក់ក្ឌុំហើយសឹមដើរចូលទៅកាន់ស្រុក មិនត្រូវ​ដើរ​ទៅអំពីខាងមុខ​ភិក្ខុជាថេរៈ ត្រូវបិទ​បាំង​កាយដោយល្អ ត្រូវសង្រួម​ដោយប្រពៃ ត្រូវមាន​ភ្នែក​សំឡឹងចុះក្រោម មិនត្រូវ​សើយចីវរ មិនត្រូវសើចឮខ្លាំង ត្រូវមានសំឡេង​តិចៗ ការកំរើក​៣យ៉ាង គឺ (ឃ្លោងកាយ បង់បោយ ងេកងោកក្បាល) មិនត្រូវស្ទឹមចង្កេះ មិនត្រូវទទូរក្បាល មិនត្រូវចំអើត​ជើង ភិក្ខុត្រូវបិទបាំងកាយដោយល្អ អង្គុយនៅក្នុងចន្លោះផ្ទះ ត្រូវសង្រួម​ដោយល្អ ត្រូវមាន​ភ្នែក​សម្លឹង​ចុះក្រោម មិនត្រូវសើយចីវរ មិនត្រូវសើចខ្លាំង ត្រូវមានសំឡេង​តិចៗ ការកំរើក​៣យ៉ាង (ឃ្លោងកាយ បង់បោយ ងេកងោកក្បាល) មិនត្រូវស្ទឹមចង្កេះ មិនត្រូវទទូរក្បាល មិនត្រូវត្របោម​ក្បាលជង្គង់ មិនត្រូវអង្គុយ​ជ្រៀតបៀតភិក្ខុជាថេរៈ មិនត្រូវហាមឃាត់ភិក្ខុថ្មី​ដោយអាសនៈ មិនត្រូវ​អង្គុយសង្កត់សង្ឃាដិ បើទាយក​ប្រគេនទឹក ត្រូវទ្របាត្រដោយ​ដៃទាំងពីរ ហើយទទួលទឹក ត្រូវ​ធ្វើ​ឲ្យទាប ហើយលាងបាត្រឲ្យស្អាត ត្រូវចាក់ទៅ​ក្នុងកន្ថោរទឹក ដោយគិតថា អ្នកជិតខាង កុំទទឹក​ដោយ​ទឹកឡើយ សង្ឃាដិ កុំទទឹក​ដោយទឹកឡើយ។ បើទាយកប្រគេនបាយ ភិក្ខុត្រូវ​ទ្របាត្រដោយ​ដៃទាំងពីរ ហើយ​ទទួល​យកបាយ ត្រូវទុកឱកាស​ដល់សម្ល បើមានសម្លឧត្តរិភង្គជាដើម ព្រះថេរៈ​ត្រូវប្រាប់​ទាយកថា អ្នកចូរចាត់ចែងដល់ភិក្ខុគ្រប់រូបឲ្យស្មើៗគ្នា ត្រូវទទួលបិណ្ឌបាតដោយគោរព ត្រូវធ្វើសេចក្តី​សំគាល់​តែក្នុងបាត្រ ត្រូវទទួល​បិណ្ឌបាត ឲ្យមានសម្លសមគួរដល់បាយ ត្រូវទទួល​បិណ្ឌបាតស្មើត្រឹមកណ្តាប់មាត់បាត្រ បើបាយមិនទាន់គ្រប់គ្រាន់ទេ ព្រះថេរៈ​កុំអាលឆាន់មុន ត្រូវ​ឆាន់បិណ្ឌបាតដោយគោរព ត្រូវមានសេចក្តី​សំគាល់តែក្នុងបាត្រ ត្រូវឆាន់​បិណ្ឌបាតវាចឲ្យស្មើ ត្រូវឆាន់បិណ្ឌបាត​ឲ្យមានសម្ល និងម្ហូបស្មើគ្នា មិនត្រូវឆាន់​បិណ្ឌបាត​ច្រមចុះពីកំពូលបាយ មិនត្រូវកកាយបាយលុបសម្ល ឬម្ហូបដើម្បីឲ្យបានច្រើន​ជាងគេ ភិក្ខុមិនឈឺ មិនត្រូវសូមសម្ល ឬម្ហូប​ ឬបាយដើម្បីខ្លួន មិនត្រូវសំគាល់​ក្នុង​បាត្រភិក្ខុដទៃ ដើម្បីលើកទោស មិនត្រូវធ្វើពំនូតបាយ​ឲ្យធំ​ហួសប្រមាណ ត្រូវធ្វើ​ពំនូត​បាយឲ្យជាបរិមណ្ឌល កាលពំនូតបាយ​នៅមិនទាន់​ដល់មាត់ កុំហា​មាត់ចាំ កុំឆាន់ញាត់​ម្រាមដៃទាំងអស់​ទៅក្នុងមាត់ មិនត្រូវនិយាយទាំង​បាយនៅក្នុងមាត់ មិនត្រូវ​ឆាន់​បោះ​ដុំបាយ​ទៅក្នុងមាត់ មិនត្រូវឆាន់​ខាំកាត់ពំនូតបាយមួយកំណាត់ម្តង មិនត្រូវឆាន់បៀម​ពំនូតបាយទុលថ្ពាល់ឡើង មិនត្រូវឆាន់រលាស់ដៃបណ្តើរ មិនត្រូវឆាន់ឲ្យជ្រុះគ្រាប់បាយ មិនត្រូវ​ឆាន់លៀនអណ្តាត មិនត្រូវឆាន់ឲ្យឮផ្ចប់ៗ មិនត្រូវឆាន់ឲ្យឮគ្រូកៗ មិនត្រូវឆាន់​លិទ្ធដៃ លិទ្ធបាត្រ លិទ្ធបបូរមាត់ មិនត្រូវយក​ដៃប្រឡាក់​អាមិសៈ ទទួលចាប់កាន់​ភាជន៍​ទឹក ភិក្ខុទាំងពួង​ឆាន់មិន​ទាន់រួច ព្រះថេរៈកុំអាលទទួលទឹក បើគេប្រគេនទឹក ត្រូវទទួល​ទឹកធ្វើឲ្យទាប កុំឲ្យទង្គិចទង្គុក​អ្វី ហើយលាងបាត្រឲ្យស្អាត ត្រូវចាក់ទឹកទៅក្នុងកន្ថោរទឹក ដោយគិតថា ភិក្ខុជិតខាង​កុំទទឹក​ដោយទឹក​ឡើយ សង្ឃាដិកុំទទឹក​ដោយទឹកឡើយ បើកន្ថោរទឹកមិនមាន ត្រូវបន្ទាប​ភាជន៍ទឹក​ឲ្យទាប ហើយសឹមចាក់ទៅលើផែនដី មិនត្រូវ​ចាក់ទឹកលាងបាត្រទាំងគ្រាប់បាយក្នុងចន្លោះផ្ទះ ភិក្ខុថ្មីត្រូវត្រឡប់​ស្រូតមកមុន ដើរក្នុង​ចន្លោះផ្ទះ​ ត្រូវបិទបាំងកាយដោយល្អ មិនត្រូវ​ចំអើត​ជើង​ដើរទៅក្នុងចន្លោះផ្ទះ ភត្តគ្គវត្ត​នេះ ព្រះតថាគតជាធម្មរាជ បានបញ្ញត្តទុកហើយ។ រឿង​បិណ្ឌចារិកភិក្ខុស្លៀកមិនល្អ មានកិរិយាមិនសមគួរ ត្រាច់ទៅបិណ្ឌបាត មិនបានពិនិត្យ ហើយចូល​ទៅកាន់​ទីលំនៅ​គេខ្លះ ចេញមកខ្លះ ចូលដោយរហ័សពេកខ្លះ ចេញមកដោយរហ័សពេកខ្លះ ឈរ​ឆ្ងាយ​ពេកខ្លះ ឈរជិតពេកខ្លះ ឈរយូរ​ពេកខ្លះ ត្រឡប់មករហ័ស​ពេកខ្លះ រឿង​បិណ្ឌចារិកភិក្ខុ១​រូប​ទៀត បានប្រព្រឹត្តដូច្នោះដែរ (ព្រះអង្គទ្រង់បញ្ញត្តថា) បិណ្ឌចារិកភិក្ខុ ត្រូវបិទបាំង​កាយដោយល្អ ហើយសឹមដើរទៅក្នុងចន្លោះផ្ទះ ត្រូវសង្រួម​ដោយល្អ ត្រូវមានភ្នែកសម្លឹង​ចុះក្រោម មិនត្រូវសើយ​ចីវរ មិនត្រូវសើចខ្លាំង ត្រូវមានសំឡេងតិចៗ ការកម្រើក៣យ៉ាង (គឺគ្រលែងកាយ បង់បោយ ងេកងោកក្បាល) មិនត្រូវស្ទឹមចង្កេះ មិនត្រូវទទូរក្បាល មិនត្រូវដើរចំអើតជើង ត្រូវកំណត់​ផ្លូវ​ចេញ​ផ្លូវចូល មិនត្រូវចូលទៅដោយរហ័សពេក មិនត្រូវចេញ​មកដោយរហ័ស​ពេក មិនត្រូវឈរ​ឆ្ងាយពេក ជិតពេក យូរពេក ឆាប់ពេក មិនត្រូវត្រឡប់រហ័សពេក ត្រូវកំណត់អាការ​របស់ទាយក ដែលគេប្រគេនបាយ បើគេ​បញ្ឈប់ការងារក្តី ក្រោកចាកអាសនៈក្តី ចាប់វែកក្តី ចាប់ភាជន៍ក្តី និមន្ត​ឲ្យរង់ចាំក្តី កាល​គេប្រគេនបាយ ត្រូវវែកសង្ឃាដិដោយដៃឆ្វេង បង្អោន​បាត្រដោយដៃស្តាំ ហើយទទួល​យកបាយ មិនត្រូវមើលមុខទាយក ទុកជាសម្ល ឬម្ហូបក្រៀម ក៏ត្រូវកំណត់​អាការ​របស់​ទាយក​ដូចគ្នាដែរ ភិក្ខុត្រូវបិទបាំងបាត្រដោយសង្ឃាដិ ត្រូវបិទបាំងកាយដោយល្អ ហើយ​សឹម​ដើរទៅ​ក្នុងចន្លោះផ្ទះ ត្រូវសង្រួមដោយល្អ ត្រូវមានភ្នែកសំឡឹងចុះក្រោម មិនត្រូវ​សើយចីវរ មិន​ត្រូវសើចខ្លាំង ត្រូវមានសំឡេងតិចៗ ការកម្រើក៣យ៉ាង (គឺគ្រលែងកាយ បង់បោយ ងេកងោកក្បាល) មិនត្រូវស្ទឹមចង្កេះ មិនត្រូវទទូរក្បាល មិនត្រូវចំអើតជើង ភិក្ខុណាដែល​ត្រឡប់​មកពីបិណ្ឌបាត​មុនគេ ភិក្ខុនោះត្រូវក្រាលអាសនៈ ត្រូវលាងបាត្រ​សម្រាប់ផ្ទេរ​ភោជន ហើយដំកល់​ទុក ត្រូវដំកល់ទឹកសម្រាប់ឆាន់ សម្រាប់ប្រើប្រាស់ ភិក្ខុដែលត្រឡប់​ពីបិណ្ឌបាត​ក្រោយ​គេ បើមានភោជនសល់នៅ ត្រូវការនឹងឆាន់ ក៏គប្បី​ឆាន់ចុះ បើមិនត្រូវការឆាន់ទេ ត្រូវ​យក​ទៅចាក់​ចោលក្នុងទីដែលគ្មានវត្ថុ​ខៀវស្រស់ ឬ​ក្នុងទីដែលគ្មាន​សត្វ ត្រូវសារអាសនៈចេញ ត្រូវ​រៀបចំទុកដាក់​ទឹកសម្រាប់​លាងជើង​ជាដើម ត្រូវបោសច្រាសរោងភត្ត បើឃើញក្អមទឹកសម្រាប់​ឆាន់ក្តី ក្អមទឹកសម្រាប់​ប្រើប្រាស់ក្តី ក្អម​វច្ចៈក្តី គ្មានទឹកទេ ត្រូវដងដំកល់ទុក ត្រូវបោយដៃហៅគ្នា ឲ្យមកជួយ​លើកទឹកទៅដំកល់ទុក តែមិនត្រូវបញ្ចេញវាចា នេះជា បិណ្ឌបាតិកវត្ត ។ រឿង​ភិក្ខុនៅ​ព្រៃ មិនដំកល់ទុកនូវទឹក​សម្រាប់ឆាន់ ទឹកសម្រាប់​ប្រើប្រាស់ ភ្លើង ពំនួតភ្លើង មិនស្គាល់ផ្កាយ​នក្ខត្តឫក្ស មិនស្គាល់ទិស ចោរទាំងឡាយ ក៏ទះតប់​នូវភិក្ខុទាំងឡាយ ដែលនៅព្រៃ ព្រោះឆ្លើយថា មិនមានរបស់ទាំងអម្បាលនេះ (ព្រះអង្គទ្រង់​បញ្ញត្តថា) ភិក្ខុនៅព្រៃ ត្រូវ​ក្រោកពីព្រឹក ច្រកបាត្រ​ក្នុងស្លោក រួចស្ពាយ ពាក់ចីវរលើស្មា ពាក់ស្បែកជើង ទុកដាក់​គ្រឿងឈើ គ្រឿងដី បិទទ្វារបង្អួច ហើយចុះពីសេនាសនៈទៅ ដោយគិតថា អាត្មាអញ​នឹងចូលទៅកាន់ស្រុក​ក្នុងកាលឥឡូវនេះ ត្រូវ​ដោះស្បែកជើង ហើយច្រកក្នុងថង់ ស្ពាយ ហើយបិទបាំងមណ្ឌលបី ស្លៀកដណ្តប់​ឲ្យជាបរិមណ្ឌល ក្នុងអារញ្ញកវត្តនេះ បណ្ឌិត​គប្បីដឹងសេចក្តី ដូចជាបិណ្ឌចារិកវត្ត ដូច្នោះ ភិក្ខុ​អ្នកនៅ​ក្នុងព្រៃ លុះចេញពីស្រុកហើយ ត្រូវច្រកបាត្រ​ក្នុងស្លោក ហើយស្ពាយ បត់ចីវរ​ដាក់លើ​ក្បាល ពាក់ស្បែកជើង ហើយ​ទើបដើរចេញទៅ ភិក្ខុអ្នកនៅព្រៃត្រូវដំកល់​ទឹក​សម្រាប់ឆាន់ ទឹក​សម្រាប់ប្រើប្រាស់ ភ្លើង ឈើពំនួតភ្លើង ឈើច្រត់ ត្រូវរៀនផ្កាយនក្ខត្តឫក្សទាំងអស់ ឬដោយ​ឯកទេស ត្រូវឈ្លាស​ក្នុងទិស។ អារញ្ញកវត្ត ព្រះតថាគត ជាបុគ្គលខ្ពង់ខ្ពស់ជាងសត្វ បានបញ្ញត្ត​ទុកហើយ រឿងភិក្ខុច្រើនរូបធ្វើ​ចីវរក្នុងទីវាល ពួកឆព្វគ្គិយភិក្ខុ គោះសេនាសនៈ​ក្នុងទីធ្លា ជាទី​ច្រាសខ្យល់ ភិក្ខុទាំងឡាយ ក៏ប្រឡាក់​ដោយធូលី ភិក្ខុទាំងឡាយ មានសីលជាទីស្រឡាញ់ ក៏​ពោលទោសឡើង។ (ព្រះអង្គទ្រង់បញ្ញត្តថា) បើវិហារមានសម្រាម ភិក្ខុត្រូវបោស​ជម្រះចេញ កាល​នឹងបោសសំអាតវិហារ ត្រូវជញ្ជូនយកបាត្រ និងចីវរចេញជាមុន ទៅទុកដាក់​ក្នុងទីដ៏សមគួរ ត្រូវ​នាំយកពូក ខ្នើយ គ្រែ តាំង កន្ថោរ​សម្រាប់ស្តោះទឹកមាត់ ក្តារបង្អែក (ទៅដំកល់​ទុកក្នុងទីដ៏សមគួរ) ត្រូវបោសអីពីពិតានជាមុន ហើយសឹមបោស​ជ្រុងបង្អួច បើជញ្ជាំង​ដែលគេបរិកម្មដោយថ្នាំ មាន​ពណ៌សម្បុរសៅហ្មង បើផ្ទៃដែលគេធ្វើ​ដោយវត្ថុមានពណ៌ខ្មៅសៅហ្មង ត្រូវជ្រលក់កំណាត់​សំពត់​ ហើយសឹមជូត បើផ្ទៃគេ​មិនបានធ្វើទេ ត្រូវប្រស់ ហើយសឹមជូត ត្រូវប្រមូល​សម្រាមទៅចាក់ចោល មិនត្រូវគោះ​សេនាសនៈជិត​ភិក្ខុ ជិតវិហារ ជិតទឹក​សម្រាប់ឆាន់ ជិតទឹក​សម្រាប់ប្រើប្រាស់ ក្នុងទីធ្លា​ជាទីច្រាសខ្យល់ ត្រូវគោះសេនាសនៈ​ក្នុងទីក្រោមខ្យល់ កម្រាលផែនដី ទ្រនាប់ជើងគ្រែ គ្រែ តាំង ពូក ខ្នើយ កម្រាលសម្រាប់អង្គុយ កន្ថោរសម្រាប់ស្តោះទឹកមាត់ និងក្តារ​បង្អែក (បើហាលរួចហើយ ត្រូវជញ្ជូន​យកទៅទុក​ក្នុងទីដដែលវិញ) ត្រូវទុកដាក់បាត្រចីវរ តែមិន​ត្រូវ​ទុកដាក់បាត្រ​ក្នុងទីដែល​មិន​ស្អាត ត្រូវបត់ចីវរ ធ្វើជាយខាងនាយ ឲ្យជាផ្នត់មក​ខាងអាយ បើខ្យល់ប្រកបដោយធូលី បក់មក​ពី​ទិសខាងកើត ពីទិសខាងលិច ពីទិស​ខាងជើង ពីទិសខាងត្បូង ត្រូវបិទបង្អួច​ការពារខ្យល់ បើរដូវ​ត្រជាក់ ត្រូវបើក​បង្អួចក្នុង​វេលាថ្ងៃ បិទក្នុងវេលាយប់ បើរដូវក្តៅ ត្រូវបិទបង្អួច​ក្នុងវេលាថ្ងៃ បើក​ក្នុង​វេលាយប់ បើបរិវេណ បន្ទប់ រោងឆាន់ រោងភ្លើង បង្គន់ (មានសម្រាម ត្រូវបោសចេញ) ត្រូវដំកល់​ទឹកសម្រាប់ឆាន់ និងទឹកសម្រាប់ប្រើប្រាស់ ត្រូវចាក់ទឹកក្នុងក្អមសម្រាប់​ជម្រះ បើនៅជា​មួយនឹង​ភិក្ខុចាស់ជាង មិនទាន់ប្រាប់​លោកជាមុន កុំបង្រៀនបាលី កុំបង្រៀនអដ្ឋកថា កុំស្វាធ្យាយធម៌ កុំ​សំដែងធម៌ កុំអុជប្រទីប កុំលត់ប្រទីប កុំបើកបង្អួច កុំបិទបង្អួច បើចង្ក្រមជាមួយនឹងភិក្ខុចាស់ ភិក្ខុចាស់ ចង្ក្រមក្នុងទីណា ភិក្ខុត្រូវផ្លាស់ទីចង្ក្រម កុំឲ្យប៉ះ​ជាយសង្ឃាដិភិក្ខុចាស់ឡើយ ព្រះសម្មា​សម្ពុទ្ធ​មានព្យាយាមធំ បានបញ្ញត្តវត្តនោះ ក្នុង​សេនាសនៈ​ទាំងឡាយ (យ៉ាងនេះ)។ រឿង​ឆព្វគ្គិយភិក្ខុទាំងឡាយ គរឧសជាច្រើន ក្នុងផ្ទះជាទីរក្សាកាយ ដុត ហើយអង្គុយ​រាំងមាត់ទ្វារ ព្រះថេរៈទាំងឡាយត្រូវកំដៅ​ខ្លាំង​ណាស់ មិនបានទ្វារចេញមក ក៏ជ្រប់ដួលទៅ ភិក្ខុទាំងឡាយ មានសីលជាទីស្រឡាញ់ ក៏ពោលទោសឡើង។ (ព្រះអង្គទ្រង់បញ្ញត្តថា) បើផេះកកកុញច្រើន ក្នុងផ្ទះ​ជាទីរក្សាកាយ ភិក្ខុត្រូវចាក់ផេះចោល បើផ្ទះ​ជាទីរក្សាកាយ ទីលានខាងក្រៅបរិវេណ បន្ទប់ និងរោងនៃ​ផ្ទះ​ជាទីរក្សាកាយ (មានសម្រាម ត្រូវបោសចេញ) ត្រូវសូន្យគ្រឿងលំអិត ត្រូវ​លាយដីស្អិត ត្រូវចាក់ទឹកក្នុងស្នូក ត្រូវលាបមុខដោយដីស្អិត ហើយបិទបាំងពីមុខពីក្រោយ ហើយ​សឹមចូលទៅកាន់​ផ្ទះ​ជាទីរក្សាកាយ មិនត្រូវអង្គុយជ្រៀតបៀតព្រះថេរៈ មិនត្រូវហាម​ឃាត់​ភិក្ខុខ្ចីដោយអាសនៈ បើអាចធ្វើបរិកម្មបាន ត្រូវធ្វើបរិកម្មដល់ព្រះថេរៈ មិនត្រូវងូតទឹកពី​ខាង​មុខ​ព្រះថេរៈ មិនត្រូវងូតទឹកពីលើខ្សែទឹក ត្រូវបើកផ្លូវ​ឲ្យភិក្ខុដែល​ចុះទៅងូតទឹក ត្រូវលាង​ផ្ទះ​ជាទីរក្សាកាយ ដែលប្រឡាក់​ដោយភក់ ត្រូវលាងស្នូកសម្រាប់ដាក់ដីស្អិត ហើយទុកដាក់​តាំង​សម្រាប់​ផ្ទះ​ជាទីរក្សាកាយ លត់ភ្លើង បិទទ្វារ ហើយសឹមដើរចៀស​ចេញទៅ នេះជាវត្ត​ដែល​ព្រះ​តថាគតបានបញ្ញត្តទុកហើយ ក្នុង​ផ្ទះ​ជាទីរក្សាកាយទាំង​ឡាយ។ រឿងភិក្ខុបន្ទោបង់ឧច្ចារៈ ហើយមិន​ជម្រះចេញ រឿងភិក្ខុបន្ទោបង់​ឧច្ចារៈ​តាមលំដាប់ចាស់ខ្ចី ទើបព្រះអង្គទ្រង់​អនុញ្ញាត​ឲ្យបន្ទោបង់​ឧច្ចារៈ​តាមលំដាប់​ដែលមក​ដល់ រឿង​ឆព្វគ្គិយភិក្ខុ ចូលទៅកាន់វច្ចកុដិ​ដោយរហ័ស​ពេកខ្លះ សើយស្បង់​ចូលទៅខ្លះ បន្ទោបង់ឧច្ចារៈ​រមាត់ខ្លះ ទំពាឈើស្ទន់​បន្ទោបង់​ឧច្ចារៈខ្លះ បន្ទោបង់​ឧច្ចារៈ​ខាងក្រៅ​ទឧច្ចារៈ​ខ្លះ បន្ទោបង់បស្សាវៈ​ខាងក្រៅទបស្សាវៈខ្លះ ស្តោះទឹកមាត់ក្នុង​ទបស្សាវៈ​ខ្លះ កិតដោយឈើគគ្រាតខ្លះ ចោលឈើសម្រាប់កិត ក្នុងរណ្តៅឧច្ចារៈខ្លះ ចេញពីវច្ចកុដិ​ដោយរហ័ស​ពេកខ្លះ សើយស្បង់ចេញមកខ្លះ ជម្រះឲ្យឮ​ចបុចបុខ្លះ ឲ្យសល់ទឹក​នៅក្នុងបំពង់​សម្រាប់​ជម្រះខ្លះ (ទើបព្រះអង្គទ្រង់បញ្ញត្ត​ថា) ភិក្ខុណាទៅកាន់វច្ចកុដិ ភិក្ខុនោះ ត្រូវឈរគ្រហែម​ពីខាងក្រៅ ឯភិក្ខុដែលអង្គុយ​នៅខាងក្នុង ត្រូវគ្រហែមតប រឿង​ពាក់ចីវរ​លើស្នួរចីវរ ឬខ្សែស្បៀង​ចីវរ ហើយសឹមចូលទៅដោយសន្សឹមៗ មិនត្រូវចូលទៅ​ដោយរហ័សពេក មិនត្រូវសើយស្បង់​ចូលទៅ ត្រូវឈរលើទ្រនាប់សម្រាប់បន្ទោបង់ឧច្ចារៈ ហើយសឹមសើយស្បង់ មិនត្រូវប្រឹង​រមាត់​បន្ទោបង់ឧច្ចារៈ មិនត្រូវ​ទំពាឈើស្ទន់​បន្ទោបង់​ឧច្ចារៈ មិនត្រូវបន្ទោបង់​ឧច្ចារៈ​ខាងក្រៅទ មិនត្រូវ​បន្ទោបង់បស្សាវៈ​ខាងក្រៅទបស្សាវៈ មិនត្រូវស្តោះទឹកមាត់ក្នុង​ទបស្សាវៈ​ មិនត្រូវ​កិតដោយ​ឈើ​គគ្រាត មិនត្រូវចោលឈើ​សម្រាប់កិត ក្នុងរណ្តៅឧច្ចារៈ ត្រូវឈរ​លើទ្រនាប់​សម្រាប់​បន្ទោបង់​ឧច្ចារៈ រួចសឹមបិទ​បាំងស្បង់ មិនត្រូវចេញមក​ដោយរហ័ស​ពេក មិនត្រូវសើយស្បង់ចេញមក ត្រូវឈរលើ​ទ្រនាប់សម្រាប់ជម្រះ ហើយសឹមសើយស្បង់ មិនត្រូវជម្រះឲ្យឮ​ចបុចបុ មិនត្រូវ​ទុក​ទឹក​ឲ្យសល់នៅក្នុងបំពង់​សម្រាប់​ជម្រះ ត្រូវឈរលើទ្រនាប់សម្រាប់ជម្រះ ហើយសឹមបិទបាំង ត្រូវ​លាងវច្ចកុដិដែលប្រឡាក់ បើកញ្ជើសម្រាប់ដាក់​ឈើសម្រាប់កិតពេញហើយ ត្រូវនាំ​យកទៅ​ចាក់​ចោល បើវច្ចកុដិ លានវច្ចកុដិ បរិវេណ និង​បន្ទប់ មានសម្រាម ត្រូវបោស​សំអាត​ចេញ ត្រូវចាក់​ទឹកក្នុងក្អម​សម្រាប់ជម្រះ (នេះ) ជាវត្តដែល​ព្រះតថាគត បានបញ្ញត្ត​ទុក​ក្នុងវច្ចកុដិទាំងឡាយ។ (រឿង​ព្រះអង្គទ្រង់បញ្ញត្ត​ឧបជ្ឈាយវត្តថា) សទ្ធិវិហារិក ត្រូវ​ក្រោកអំពីព្រឹក ហើយដោះស្បែកជើង ធ្វើសំពត់ឧត្តរាសង្គៈ ឆៀងស្មាម្ខាង ហើយ​ប្រគេន​ឈើស្ទន់ ប្រគេនទឹកលាងមុខ ក្រាលអាសនៈ ប្រគេន​បបរ ប្រគេនទឹក ហើយទទួល​យកភាជន៍​ ហើយលាងទុកដាក់ ត្រូវសារអាសនៈចេញ បើទីនោះ​មាន​សម្រាម ត្រូវបោស​ចេញ បើឧបជ្ឈាយ៍​ចង់ចូលទៅកាន់ស្រុក សទ្ធិវិហារិក​ត្រូវប្រគេន​ស្បង់ទៅ​លោក ត្រូវ​ប្រគេន​​វត្ថពន្ធចង្កេះ តម្រួតឧត្តរាសង្គៈ និងសង្ឃាដិ​ប្រគេន ត្រូវជូតបាត្រ​ដែលទទឹក រួច​ហើយសឹមប្រគេន បើឧបជ្ឈាយ៍ចង់​បានជាបច្ឆាសមណៈ ត្រូវបិទបាំងមណ្ឌលបី គឺស្លៀក​ឲ្យជា​បរិមណ្ឌល ក្រវាត់វត្ថពន្ធចង្កេះ ឃ្លុំតម្រួតឧត្តរាសង្គៈ និងសង្ឃាដិ ពាក់ក្ឌុំ លាងបាត្រ ហើយកាន់​យកទៅ ធ្វើជាបច្ឆាសមណៈចុះ មិនត្រូវដើរឆ្ងាយពេក មិនត្រូវដើរជិតពេក ត្រូវចាំ​ទទួល​​របស់ដែលគេដាក់ក្នុងបាត្ររបស់ឧបជ្ឈាយ៍ បើឧបជ្ឈាយ៍​កំពុងនិយាយ មិន​ត្រូវនិយាយ​ស្កាត់ បើឧបជ្ឈាយ៍​និយាយពាក្យដែលជិតនឹងត្រូវអាបត្តិ ត្រូវហាម ត្រូវត្រឡប់​ស្រូតមកមុន ហើយ​ក្រាលអាសនៈចាំ ត្រូវដំកល់ទឹកសម្រាប់លាងជើង តាំងរងជើងដែល​លាងហើយ និង​ទ្រនាប់​សម្រាប់​ជូតជើង ដែលមិនទាន់បានលាង ត្រូវក្រោកទទួលបាត្រ និងចីវរ ត្រូវប្រគេន​ស្បង់​បន្លាស់ ហើយទទួលយកស្បង់ដែលស្លៀកមកវិញ ត្រូវសំដិល​ចីវរ​ក្នុងកំដៅថ្ងៃមួយស្របក់ តែ​កុំទុក​ចីវរ​យូរពេក ត្រូវបត់ចីវរកុំឲ្យបាក់ពាក់កណ្តាល ធ្វើវត្ថពន្ធក្នុងផ្នត់ចីវរ​ បើឧបជ្ឈាយ៍​ចង់ឆាន់ ត្រូវ​បង្អោន​បិណ្ឌបាតចូលទៅប្រគេន ត្រូវសួរ​ទឹកឆាន់ ត្រូវប្រគេនទឹក ហើយទទួលបាត្រ កាន់​ឲ្យទាប​ស្រួល លាង ហើយហាល​ក្នុងកំដៅថ្ងៃមួយស្របក់ តែកុំទុកយូរពេក ត្រូវទុកដាក់​បាត្រ និងចីវរ មិនត្រូវទុក​បាត្រក្នុងទីមិនស្អាត ត្រូវធ្វើជាយចីវរ​ខាងនាយ ឲ្យជាផ្នត់​មកខាងអាយ ហើយ​សឹម​ទុក​ដាក់ កាល​ឧបជ្ឈាយ៍ក្រោកឡើងហើយ ត្រូវសារអាសនៈចេញ ហើយរៀបទុកដាក់ទឹក​ត្រជាក់ ទឹកក្តៅ បើឧបជ្ឈាយ៍ចង់ស្រង់ទឹក ត្រូវចាត់ចែងទឹកស្រង់ បើឧបជ្ឈាយ៍​ចង់ចូល​ទៅកាន់​ផ្ទះ​ជាទី​រក្សាកាយ ត្រូវសូន្យគ្រឿងលំអិតទុក ត្រូវលាយដីស្អិត ត្រូវកាន់យកតាំង​សម្រាប់​​ផ្ទះ​ជាទី​រក្សា​កាយ ដើរទៅពីខាងក្រោយ​ឧបជ្ឈាយ៍ ប្រគេនតាំងហើយ ទទួលយក​ចីវរមកដាក់​ក្នុងទីសមគួរ ត្រូវ​ប្រគេនគ្រឿងលំអិត ត្រូវប្រគេនដីស្អិត បើសទ្ធិវិហារិក​អាចនឹងចូលទៅកាន់​ផ្ទះ​ជាទីរក្សាកាយ ត្រូវ​លាបមុខដោយដីស្អិត ហើយបិទបាំងពីមុខ ពីក្រោយ ហើយសឹមចូលទៅ​ មិនត្រូវអង្គុយ​ជ្រៀត​បៀត​​ភិក្ខុជាថេរៈ មិនត្រូវហាម​ឃាត់​ភិក្ខុខ្ចីដោយ​អាសនៈ ត្រូវធ្វើបរិកម្ម ដល់​ឧបជ្ឈាយ៍ ក្នុង​ផ្ទះ​ជាទីរក្សាកាយ កាលនឹង​ចេញ​មកវិញ ត្រូវបិទបាំងពីមុខ ពីក្រោយ រួចសឹមចេញមកពី​ផ្ទះ​ជាទី​រក្សាកាយ សូម្បីក្នុងទឹក ក៏ត្រូវធ្វើបរិកម្ម ដល់ឧបជ្ឈាយ៍ កាលសទ្ធិវិហារិកងូតរួចហើយ ត្រូវឡើង​មកមុន ជូតខ្លួន​ឲ្យស្ងួតទឹក ហើយស្លៀកស្បង់ រួចសឹមជូតទឹកអំពីខ្លួនរបស់​ឧបជ្ឈាយ៍ ត្រូវ​ប្រគេន​ស្បង់​សម្រាប់ស្លៀក ត្រូវប្រគេនសង្ឃាដិ ត្រូវនាំយកតាំងមកមុន ហើយក្រាលអាសនៈ ត្រូវដំកល់​ទឹក​លាងជើង តាំងរងជើង ដែលលាងហើយ និងទ្រនាប់​សម្រាប់ជូតជើង ដែល​មិនទាន់​បានលាង សទ្ធិវិហារិក​ត្រូវសួរឧបជ្ឈាយ៍ ដោយទឹកឆាន់ ត្រូវឲ្យឧបជ្ឈាយ៍​បង្រៀនបាលី ត្រូវ​ឲ្យ​ឧបជ្ឈាយ៍​បង្រៀន​​អដ្ឋកថា បើវិហារ​មានសម្រាម ត្រូវបោស​សម្រាមចេញ កាលនឹង​សំអាតវិហារ ត្រូវនាំយក​បាត្រ និងចីវរចេញជាមុន ទៅទុកក្នុង​ទីដ៏សមគួរ កម្រាលសម្រាប់អង្គុយ ពូកនិងខ្នើយ គ្រែ តាំង ទ្រនាប់ជើងគ្រែ កន្ថោរ​សម្រាប់ស្តោះទឹកមាត់ ក្តារសម្រាប់ផ្អែក កម្រាលផែនដី សទ្ធិវិហារិក ត្រូវ​នាំ​យក​ទៅទុកក្នុងទីដ៏សមគួរ បើវិហារ​មានគ្រឿងស្មុកស្មាញ មានសរសៃពីងពាង​ជាដើម ត្រូវ​បោស​អំពីពិតានមកមុន ត្រូវជូតជ្រុងបង្អួច បើជញ្ជាំង​ដែលគេបរិកម្មដោយថ្នាំរួច​ហើយ ត្រឡប់ជាមាន​សៅហ្មង ត្រូវជ្រលក់កំណាត់សំពត់ពូត ហើយសឹមជូត ត្រូវជូត​ផ្ទៃ​ដែល​គេ​ធ្វើ​ដោយវត្ថុ​មានពណ៌​ខ្មៅ បើផ្ទៃ​ដែលគេមិនបានធ្វើ ត្រូវប្រស់ទឹក ហើយសឹមជូត កម្រាលផែនដី ទ្រនាប់ជើង​គ្រែ គ្រែ តាំង ពូក ខ្នើយ កម្រាលសម្រាប់អង្គុយ កន្ថោរ​សម្រាប់ស្តោះទឹកមាត់ និង​ក្តារ​សម្រាប់​ផ្អែក លុះ​សទ្ធិវិហារិកហាលរួចហើយ ត្រូវនាំ​យកទៅទុក ក្នុងទីដដែលវិញ ត្រូវទុកដាក់​បាត្រ និងចីវរ បើខ្យល់ប្រកបដោយធូលី បក់មក​ពីទិសខាងកើត ពីទិសខាងលិច ពីទិសខាងជើង ពីទិសខាង​ត្បូង (ត្រូវបិទបង្អួច​ការពារ​ខ្យល់) បើរដូវ​ត្រជាក់ ត្រូវបើកបង្អួចក្នុងវេលាថ្ងៃ បិទក្នុង​វេលា​យប់ បើរដូវក្តៅ ត្រូវបិទបង្អួច​ក្នុងវេលាថ្ងៃ បើកក្នុងវេលាយប់ បរិវេណ បន្ទប់ រោងឆាន់​ រោងភ្លើង និងវច្ចកុដិ បើមានសម្រាម សទ្ធិវិហារិក ត្រូវបោសសម្រាមចេញ ត្រូវដំកល់​ទឹកសម្រាប់​ឆាន់​ ដំកល់ទឹក​សម្រាប់ប្រើប្រាស់ ត្រូវចាក់ទឹក​ក្នុង​ក្អម​សម្រាប់ជម្រះ បើឧបជ្ឈាយ៍ កើត​សេចក្តី​អផ្សុក ត្រូវជួយរម្ងាប់សេចក្តីអផ្សុករបស់ឧបជ្ឈាយ៍ ត្រូវជួយបន្ទោបង់សេចក្តីសង្ស័យ​របស់​ឧបជ្ឈាយ៍ ត្រូវ​ជួយ​ដោះទិដ្ឋិរបស់ឧបជ្ឈាយ៍ ត្រូវធ្វើសេចក្តីខ្វល់ខ្វាយដល់ឧបជ្ឈាយ៍ ដែលត្រូវ​​គរុកាបត្តិ ដែលគួរ​ដល់​មូលាយបដិកស្សនៈ ដែលគួរដល់មានត្ត ដែលគួរ​ដល់អព្ភាន បើសង្ឃ​ធ្វើ​តជ្ជនីយកម្មក្តី និយស្សកម្មក្តី បព្វាជនីយកម្មក្តី បដិសារណីយកម្មក្តី ឧក្ខេបនីយកម្មក្តី សទ្ធិវិហារិក ត្រូវធ្វើ​សេចក្តី​ខ្វល់ខ្វាយថា ត្រូវលាងចីវររបស់ឧបជ្ឈាយ៍ ត្រូវធ្វើចីវររបស់ឧបជ្ឈាយ៍ ត្រូវស្ងោរ​គ្រឿង​ជ្រលក់ ត្រូវ​ជ្រលក់​ចីវរ ប្រែត្រឡប់ឲ្យសព្វល្អ មិនត្រូវទទួលបាត្រ ចីវរ បរិក្ខារ កោរសក់ ធ្វើ​បរិកម្ម ធ្វើ​វេយ្យាវច្ចៈ ធ្វើជាបច្ឆាសមណៈ​របស់ភិក្ខុឯទៀត មិនត្រូវឲ្យបិណ្ឌបាត ដល់ភិក្ខុណានី​មួយឡើយ មិនទាន់លាឧបជ្ឈាយ៍ មិនត្រូវចូល​ទៅ​កាន់​ស្រុក​ មិនត្រូវចូលទៅកាន់ព្រៃស្មសាន មិនត្រូវចៀស​ចេញ​ទៅកាន់​ទិស បើឧបជ្ឈាយ៍អាពាធ ត្រូវបម្រើត្រាតែអស់ជីវិត នេះជា ឧបជ្ឈាយវត្ត ដែល​ព្រះតថាគត​បានបញ្ញត្តទុក ចំពោះសទ្ធិវិហារិកទាំងឡាយ។ (រឿង​ព្រះអង្គទ្រង់​បញ្ញត្ត​សទ្ធិវិហារិកវត្តថា) ឧបជ្ឈាយ៍ត្រូវសង្គ្រោះ អនុគ្រោះសទ្ធិវិហារិក ដោយដម្បូន្មាន ដោយ​ពាក្យ​ប្រដៅ ដោយបាលី ដោយអដ្ឋកថា ត្រូវឲ្យបាត្រ ឲ្យចីវរ ឲ្យបរិក្ខារ បើសទ្ធិវិហារិក​មាន​ជម្ងឺ ឧបជ្ឈាយ៍ត្រូវថែទាំ ឧបជ្ឈាយ៍​មិនត្រូវធ្វើជាបច្ឆាសមណៈរបស់សទ្ធិវិហារិក ក្នុង​ឧបជ្ឈាយ៍វត្ត សទ្ធិវិហារិក ត្រូវប្រព្រឹត្តយ៉ាងណា សូម្បីក្នុងអាចរិយវត្ត អន្តេវាសិក ក៏ត្រូវប្រព្រឹត្ត​យ៉ាងនោះដែរ​ សទ្ធិវិហារិកវត្ត ឧបជ្ឈាយ៍​ត្រូវប្រព្រឹត្តយ៉ាងណា អន្តេវាសិកវត្ត អាចារ្យត្រូវ​ប្រព្រឹត្តយ៉ាងនោះដែរ។ ក្នុងខន្ធកៈនេះ មានរឿង១៩ មានវត្ត​១៤ គឺ អាគន្តុកវត្ត១ អាវាសិកវត្ត១ គមិកវត្ត១ អនុមោទនាវត្ត១ ភត្តគ្គវត្ត១ បិណ្ឌបាតិកវត្ត១ អារញ្ញកវត្ត១ សេនាសនវត្ត១ ជន្តាឃរវត្ត១ វច្ចកុដិវត្ត១ ឧបជ្ឈាយវត្ត១ សទ្ធិវិហារិកវត្ត១ អាចរិយវត្ត១ អន្តេវាសិកវត្ត១ ភិក្ខុណា​មិនបាន​ញុំាងវត្ត​ឲ្យ​ពេញ​បរិបូណ៌ទេ សីលរបស់​ភិក្ខុនោះក៏មិនពេញបរិបូណ៌ដែរ ភិក្ខុណាមាន​សីល​មិន​បរិសុទ្ធ ខ្សត់​ប្រាជ្ញា ភិក្ខុនោះ​ក៏មិនបាននូវ​ឯកគ្គតាចិត្តឡើយ ភិក្ខុណាមានចិត្តរវើរវាយ មាន​អារម្មណ៍រាយមាយ ភិក្ខុ​នោះ នឹងមិនបានឃើញ​ព្រះសទ្ធម្មដោយប្រពៃ កាលបើភិក្ខុណា មិនបានឃើញ​ព្រះសទ្ធម្ម​ហើយ ភិក្ខុនោះនឹងមិនបានរួចផុតចាកទុក្ខ។ ភិក្ខុណា បានញុំាង​វត្ត​ណានីមួយ ឲ្យពេញ​បរិបូណ៌​ហើយ សីលរបស់ភិក្ខុនោះក៏ពេញបរិបូណ៌ ភិក្ខុណាមាន​សីល​បរិសុទ្ធ ប្រកប​ដោយ​​ប្រាជ្ញា ភិក្ខុនោះរមែងបាន​ឯកគ្គតាចិត្ត ភិក្ខុណាមានចិត្តមិនរវើរវាយ មានអារម្មណ៍​តែមួយ ភិក្ខុនោះ នឹងបានឃើញច្បាស់នូវធម៌ដោយប្រពៃ កាលបើឃើញច្បាស់នូវ​ព្រះសទ្ធម្ម (ដោយប្រពៃ​ហើយ) ភិក្ខុនោះនឹងបានផុតចាកសេចក្តីទុក្ខ។ ព្រោះហេតុនោះ ភិក្ខុដែលជាបុត្តនៃ​ព្រះជិនស្រី ជាអ្នកមាន​ប្រាជ្ញា ពិចារណាឃើញច្បាស់​នូវឱវាទ នៃ​ព្រះពុទ្ធ​​ដ៏ប្រសើរ គប្បីបំពេញវត្ត​ឲ្យពេញលេញ នឹង​បាន​សម្រេច​នូវព្រះនិព្វាន ក្នុងលំដាប់​នោះឯង។

បាតិមោក្ខដ្ឋបនក្ខន្ធកៈ

[១១១] សម័យនោះ ព្រះពុទ្ធមានព្រះភាគ ទ្រង់គង់ក្នុងប្រាសាទ​មិគារមាតា ក្នុងបុព្វារាម ទៀបក្រុងសាវត្ថី។ សម័យនោះឯង នាថ្ងៃបណ្ណរសីឧបោសថនោះ ព្រះមានព្រះភាគ ទ្រង់គង់​ (ក្នុង​រោងឧបោសថ) មានភិក្ខុសង្ឃចោមរោម។ លុះវេលារាត្រីបឋមយាម​កន្លងទៅហើយ ព្រះអានន្ទ​ដ៏មាន​អាយុ ក៏ក្រោកចាកអាសនៈ ធ្វើឧត្តរាសង្គៈ ឆៀងស្មាម្ខាង លើកអញ្ជលី​ប្រណម្យ​ចំពោះ​ព្រះមានព្រះភាគ ហើយក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះ​ព្រះមានព្រះភាគថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន វេលារាត្រីបឋមយាម​កន្លងទៅហើយ ភិក្ខុសង្ឃ​អង្គុយចាំយូរហើយ បពិត្រព្រះអង្គដ៏ចំរើន សូម​ព្រះមានព្រះភាគ ទ្រង់សំដែង បាតិមោក្ខ ដល់​ភិក្ខុទាំងឡាយ។ កាល​ដែល​ព្រះអានន្ទ​ដ៏​មាន​អាយុ​ក្រាបបង្គំទូល​យ៉ាងនេះហើយ ព្រះមានព្រះភាគ ក៏គង់ស្ងៀម។ កាល​បើវេលា​រាត្រី​មជ្ឈិមយាម​កន្លងទៅហើយ ព្រះអានន្ទ​ដ៏មាន​អាយុ ក្រោកចាកអាសនៈ ធ្វើ​ឧត្តរាសង្គៈ ឆៀងស្មា​ម្ខាង លើកអញ្ជលី​ប្រណម្យ​ ចំពោះ​ព្រះមានព្រះភាគ ហើយក្រាបបង្គំ​ទូល​សេចក្តី​នុ៎ះ ចំពោះ​ព្រះមាន​ព្រះភាគ អស់វារៈ​ ជាគំរប់ពីរដងទៀតថា បពិត្រព្រះអង្គដ៏ចំរើន វេលារាត្រីមជ្ឈិមយាម​កន្លងទៅហើយ ភិក្ខុសង្ឃអង្គុយចាំយូរហើយ បពិត្រព្រះអង្គដ៏ចំរើន សូម​ព្រះមានព្រះភាគ ទ្រង់​សំដែង បាតិមោក្ខ ដល់​ភិក្ខុទាំងឡាយ។ ព្រះមានព្រះភាគ ទ្រង់គង់ស្ងៀម អស់​វារៈ ជាគំរប់ពីរ​ដង។ លុះវេលារាត្រីបច្ឆិមយាមកន្លងទៅហើយ រាត្រីក៏ប្រាកដដូចជាមាន​មុខស្រស់ (បំព្រង) ក្នុង​ពេល​ដែលអរុណរះឡើង ព្រះអានន្ទ​ដ៏មាន​អាយុ ក៏ក្រោកចាកអាសនៈ ហើយធ្វើឧត្តរាសង្គៈ ឆៀង​ស្មាម្ខាង លើកអញ្ជលី​ប្រណម្យ​ចំពោះ​ព្រះមានព្រះភាគ ហើយ​ក្រាប​បង្គំ​ទូល​សេចក្តីនុ៎ះ ចំពោះ​ព្រះមានព្រះភាគ ជាគំរប់បីដងទៀតថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន ឥឡូវ​នេះ រាត្រីបច្ឆិមយាម​កន្លង​ទៅហើយ អរុណក៏រះហើយ រាត្រីក៏ប្រាកដដូចជា​មានមុខស្រស់ហើយ ភិក្ខុសង្ឃអង្គុយ​ចាំ​យូរហើយ បពិត្រព្រះអង្គដ៏ចំរើន សូម​ព្រះមានព្រះភាគ ទ្រង់សំដែង បាតិមោក្ខ ដល់​ភិក្ខុទាំង​ឡាយ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលអានន្ទ បរិសទ្យមិនបរិសុទ្ធទេ។

[១១២] គ្រានោះ ព្រះមហាមោគ្គល្លានដ៏មានអាយុ មានសេចក្តីត្រិះរិះដូច្នេះថា ព្រះ​មាន​ព្រះភាគ ទ្រង់សំដៅយកបុគ្គលណាហ្ន៎ បានជាទ្រង់ត្រាស់ថា ម្នាលអានន្ទ បរិសទ្យ​មិន​បរិសុទ្ធ​ទេ​យ៉ាង​នេះ។ គ្រានោះ ព្រះមហាមោគ្គល្លានដ៏មានអាយុ ស្ទង់មើលចិត្ត (របស់​សង្ឃ) ដោយ​ចិត្ត (របស់​លោក) ហើយធ្វើទុកក្នុងចិត្តចំពោះ​ភិក្ខុសង្ឃទាំងអស់នោះ។ ព្រះមហា​មោគ្គល្លាន​ដ៏​មាន​អាយុ បានឃើញបុគ្គលទ្រុស្តសីលនោះ មានធម៌លាមក មាន​មារយាទ​មិនល្អ គួរឲ្យគេរង្កៀស មាន​អំពើអាក្រក់បិទបាំងទុក មិនមែនជាសមណៈ តែ​ប្តេជ្ញាថាខ្លួន​ជាសមណៈ មិន​ប្រព្រឹត្ត​ធម៌​ដ៏​ប្រសើរ តែប្តេជ្ញាខ្លួនថា ជាអ្នកប្រព្រឹត្តធម៌​ដ៏ប្រសើរ ស្អុយក្នុង មានចិត្ត​ជោកដោយរាគៈ កខ្វក់​ដូច​សម្រាម អង្គុយនៅក្នុង​កណ្តាល​ភិក្ខុសង្ឃ លុះឃើញហើយ ក៏​ចូលទៅរកបុគ្គលនោះ លុះចូល​ទៅជិត​ហើយ ក៏ពោល​ពាក្យនេះ ចំពោះបុគ្គលនោះថា នែអាវុសោ អ្នកចូរក្រោកចេញ ដ្បិត​ព្រះមានព្រះភាគ ទ្រង់បានឃើញអ្នកឯងច្បាស់ហើយ អ្នកលែងបាន​នៅរួម​ជាមួយ​នឹងភិក្ខុ​ទាំង​ឡាយ​ហើយ។ កាលដែល​ព្រះមហាមោគ្គល្លាន ពោលយ៉ាងនេះ បុគ្គល​នោះក៏នៅស្ងៀម។ ព្រះ​មហាមោគ្គល្លានដ៏មានអាយុ បាននិយាយពាក្យនេះ នឹងបុគ្គលនោះ ជាគំរប់​ពីរដង​ទៀតថា នែ​អាវុសោ អ្នកចូរក្រោកចេញ ដ្បិត​ព្រះមានព្រះភាគ ទ្រង់បានឃើញ​អ្នក​ច្បាស់​ហើយ អ្នកលែងបាន​នៅរួម​​ជាមួយនឹងភិក្ខុទាំងឡាយហើយ។ បុគ្គល​នោះ ក៏នៅស្ងៀម អស់​វារៈ​ពីរដងទៀត។ ព្រះ​មហា​មោគ្គល្លាន​ដ៏មានអាយុ បាននិយាយពាក្យនេះ នឹងបុគ្គល​នោះ ជា​គំរប់​បីដងទៀតថា នែអាវុសោ អ្នកចូរ​ក្រោកចេញ ដ្បិត​ព្រះមានព្រះភាគ ទ្រង់​បានឃើញ​អ្នកឯង​ច្បាស់​ហើយ អ្នកលែងបាន​នៅរួម​ជាមួយនឹងភិក្ខុទាំងឡាយហើយ។ ឯបុគ្គល​នោះ ក៏នៅស្ងៀម អស់​វារៈ​ជាគំរប់​បីដងទៀត។ តពីនោះមក ព្រះមហាមោគ្គល្លាន​ដ៏មានអាយុ ក៏ចាប់ដៃបុគ្គលនោះ ទាញចេញ​ទៅខាង​ក្រៅ​ស៊ុំ​ទ្វារ ហើយស៊កខ្ទាស់គន្លឹះ និងរនុកទ្វារ រួចចូលទៅគាល់​ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ បាន​ក្រាបបង្គំ​ទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ​ថា បពិត្រព្រះអង្គដ៏ចំរើន បុគ្គល (ទ្រុស្ត​សីល) នោះ ខ្ញុំព្រះអង្គ បានបណ្តេញ​ឲ្យដើរចេញ​ទៅហើយ ឥឡូវនេះ បរិសទ្យបរិសុទ្ធហើយ បពិត្រព្រះអង្គដ៏ចំរើន សូមព្រះអង្គ ទ្រង់សំដែង​បាតិមោក្ខ ដល់ភិក្ខុទាំងឡាយ។ ព្រះអង្គ ទ្រង់​ត្រាស់ថា ម្នាលមោគ្គល្លាន (ហេតុនេះ) អស្ចារ្យណាស់ មិនធ្លាប់កើតមានទេ ម្នាល​មោគ្គល្លាន មោឃបុរសនោះ មិនសមបើនឹង​មក ដរាប​តែ​គេចាប់ទាញដៃ (បណ្តេញ​ចេញដូច្នេះ) សោះ។

[១១៣] គ្រានោះ ព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅ​ភិក្ខុទាំងឡាយ​មកថា ម្នាលភិក្ខុ​ទាំង​ឡាយ ក្នុងមហាសមុទ្រ មានធម្មតា មិនដែលកើតគួរអស្ចារ្យ​៨យ៉ាងនេះ ដែល​ពួក​អសុរ​ឃើញ​ហើយ តែងរីករាយ ក្នុងមហាសមុទ្រ។ ធម្មតាគួរអស្ចារ្យ៨យ៉ាង ដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ មហាសមុទ្រ មានទំនាបដោយលំដាប់ មានទីជម្រាលដោយលំដាប់ មានទីទេរ​ទៅដោយលំដាប់ មិនមែន​ចោតជ្រៅទៅតែម្តង ដូចជាអណ្តូងទេ ម្នាលភិក្ខុ​ទាំងឡាយ ឯ​មហាសមុទ្រ ដែលមាន​ទំនាប​ដោយ​លំដាប់ មានទីជម្រាល​ដោយលំដាប់ មានទីទេរ​ទៅដោយលំដាប់ មិនមែន​ចោតជ្រៅ​ទៅ​តែម្តង ដូចអណ្តូងទេ ដោយធម្មតាណា ម្នាលភិក្ខុទាំងឡាយ នេះជាធម្មតាមិនដែលកើត គួរអស្ចារ្យ​ទី១ ក្នុងមហាសមុទ្រ ដែលពួក​អសុរ​ឃើញហើយ តែងរីករាយ ក្នុងមហាសមុទ្រ។

[១១៤] ម្នាលភិក្ខុទាំងឡាយ ហេតុដទៃនៅមានតទៅទៀត មហាសមុទ្រ មានទឹកតាំងនៅ​នឹង​ជាធម្មតា មិនដែលឡើង ឬជោរហួសច្រាំងទៅបានទេ ម្នាលភិក្ខុទាំងឡាយ មហា​សមុទ្រ តែង​មានទឹក​តាំងនៅនឹង ជាធម្មតា មិនដែលឡើង ឬជោរ​ហួសច្រាំងបានឡើយ ដោយធម្មតាណា ម្នាល​ភិក្ខុទាំងឡាយ នេះជាធម្មតាមិនដែលកើតមាន គួរអស្ចារ្យទី២ ក្នុង​មហាសមុទ្រ ដែលពួក​អសុរ​ឃើញហើយ តែងរីករាយ ក្នុងមហាសមុទ្រ។

[១១៥] ម្នាលភិក្ខុទាំងឡាយ ហេតុដទៃនៅមានតទៅទៀត មហាសមុទ្រ មិនដែល​មាន​សាកសពស្លាប់​នៅរួមបានទេ បើសាកសពស្លាប់ណាមាននៅក្នុងមហាសមុទ្រ រលកតែង​បន្សាត់​សាកសព​​ស្លាប់នោះ ទៅរកច្រាំង ផាត់ឡើងទៅលើគោកមួយរំពេច ម្នាលភិក្ខុទាំង​ឡាយ ឯមហា​សមុទ្រ មិនដែល​មានសាកសព​ស្លាប់នៅរួមបាន បើសាកសពណា មាន​ក្នុងមហាសមុទ្រ រលក​តែង​បន្សាត់​សាកសព​ស្លាប់នោះ ទៅរកច្រាំង ផាត់ឡើងទៅលើ​គោក​មួយ​រំពេច ដោយធម្មតាណា ម្នាលភិក្ខុទាំងឡាយ នេះជាធម្មតាមិនដែលកើត គួរ​អស្ចារ្យទី៣ ក្នុងមហា​សមុទ្រ ដែលពួក​អសុរ​ឃើញហើយ តែងរីករាយ ក្នុងមហាសមុទ្រ។

[១១៦] ម្នាលភិក្ខុទាំងឡាយ ហេតុដទៃនៅមានតទៅទៀត ទន្លេធំៗទាំងឡាយ​ណា​នីមួយ ដូចជាទន្លេគង្គា យមុនា អចិរវតី សរភូ មហី ទន្លេទាំងនោះ កាលបើហូរទៅដល់​មហា​សមុទ្រ​ហើយ តែងលះបង់នាម និងគោត្រដើម (របស់ខ្លួន) ហើយដល់នូវកិរិយា​រាប់បញ្ចូលថា មហា​សមុទ្រ​តែម្យ៉ាង ម្នាលភិក្ខុទាំងឡាយ ទន្លេធំទាំងឡាយ​ណា​នីមួយ ដូចជាទន្លេគង្គា យមុនា អចិរវតី សរភូ មហី ទន្លេទាំងនោះ កាលបើហូរទៅដល់​មហាសមុទ្រ​ហើយ តែងលះបង់នាម និងគោត្រដើម (របស់ខ្លួន) ហើយដល់​នូវ​កិរិយារាប់បញ្ចូលថា មហាសមុទ្រតែម្យ៉ាង ដោយ​ធម្មតា​ណា ម្នាលភិក្ខុទាំងឡាយ នេះ​ជាធម្មតាមិនដែលកើត គួរអស្ចារ្យទី៤ ក្នុងមហា​សមុទ្រ ដែលពួក​អសុរ​ឃើញហើយ តែង​រីករាយ ក្នុងមហាសមុទ្រ។

[១១៧] ម្នាលភិក្ខុទាំងឡាយ ហេតុដទៃនៅមានតទៅទៀត ទឹកទន្លេទាំងឡាយ​ណា​នីមួយ​ក្នុងលោក ដែលហូរស្រោចទៅរក​មហាសមុទ្រក្តី ទ-ទឹកភ្លៀងទាំងឡាយណា ដែលហូរ​ធ្លាក់​ចុះ​មក​ពីអាកាសក្តី មហាសមុទ្រ ក៏មិនប្រាកដជាស្រក ឬពេញដោយទឹកទន្លេ និងទ ទឹកភ្លៀង​នោះឡើយ ម្នាលភិក្ខុទាំងឡាយ ទឹកទន្លេទាំងឡាយ​ណា​នីមួយ​ក្នុងលោក ដែល​ហូរទៅរក​មហាសមុទ្រក្តី ទ-ទឹកភ្លៀងទាំងឡាយណា ដែលហូរ​ធ្លាក់​ចុះមកពីអាកាសក្តី មហាសមុទ្រ ក៏មិន​ប្រាកដជាស្រក ឬ​ពេញ​ដោយទឹកទន្លេ និងទ-ទឹកភ្លៀងទាំង​នោះ ដោយ​ធម្មតា​ណា ម្នាលភិក្ខុ​ទាំងឡាយ នេះ​ជា​ធម្មតា​​មិនដែលកើត គួរអស្ចារ្យទី៥ ក្នុង​មហា​សមុទ្រ ដែលពួក​អសុរ​ឃើញ​ហើយ តែងរីករាយ ក្នុង​មហាសមុទ្រ។

[១១៨] ម្នាលភិក្ខុទាំងឡាយ ហេតុដទៃនៅមានតទៅទៀត មហាសមុទ្រមានរស​តែមួយ គឺរសប្រៃ ម្នាលភិក្ខុទាំងឡាយ មហាសមុទ្រតែងមានរសតែមួយ គឺរសប្រៃ ដោយ​ធម្មតា​ណា ម្នាលភិក្ខុ​ទាំងឡាយ នេះជាធម្មតាមិនដែលកើត គួរអស្ចារ្យទី៦ ក្នុងមហា​សមុទ្រ ដែលពួក​អសុរ​ឃើញ​ហើយ តែងរីករាយ ក្នុងមហាសមុទ្រ។

[១១៩] ម្នាលភិក្ខុទាំងឡាយ ហេតុដទៃនៅមានតទៅទៀត មហាសមុទ្រ មានរតនៈ (ទ្រព្យ​ជាគ្រឿង​ពេញចិត្ត) ច្រើនយ៉ាង មិនមែនមានតែរតនៈម្យ៉ាងទេ ឯរតនៈទាំងនេះ ដែល​មានក្នុង​មហា​សមុទ្រនោះ គឺកែវមុក្តា កែវមណី កែវពិទូរ្យ ស័ង្ខ សិលា កែវ​ប្រពាឡ ប្រាក់ មាស កែវក្រហម (ត្បូង​ទទឹម) និងកែវមរកត ម្នាលភិក្ខុទាំងឡាយ មហាសមុទ្រ មាន​រតនៈច្រើនយ៉ាង មិនមែន​មាន​តែ​រតនៈ​ម្យ៉ាង​ទេ ឯរតនៈទាំងនេះ ដែល​មាននៅ​ក្នុងមហាសមុទ្រនោះ គឺកែវមុក្តា កែវមណី កែវពិទូរ្យ ស័ង្ខ សិលា កែវ​ប្រពាឡ ប្រាក់ មាស កែវក្រហម និងកែវមរកត ដោយ​ធម្មតា​ណា ម្នាលភិក្ខុ​ទាំងឡាយ នេះ​ជាធម្មតា​មិន​ដែលកើត គួរអស្ចារ្យទី៧ ក្នុងមហា​សមុទ្រ ដែលពួក​អសុរ​ឃើញ​ហើយ តែងរីក​រាយ ក្នុងមហាសមុទ្រ។

[១២០] ម្នាលភិក្ខុទាំងឡាយ ហេតុដទៃនៅមានតទៅទៀត មហាសមុទ្រ ជាទីនៅអាស្រ័យ​នៃពួកសត្វធំៗជាច្រើន ពួកសត្វធំៗទាំងនេះ (តែងនៅ) ក្នុងមហាសមុទ្រនោះ គឺ​ត្រីឈ្មោះតិមិ ឈ្មោះ​​តិមិង្គល ឈ្មោះតិមិតិមិង្គល ឈ្មោះមហាតិមិង្គល និងពួកអសុរ នាគ គន្ធព្វ ដែល​មាន​អត្តភាព១រយយោជន៍ខ្លះ មានអត្តភាព២រយយោជន៍ខ្លះ មាន​អត្តភាព៣រយ​យោជន៍ខ្លះ មាន​អត្តភាព​៤រយយោជន៍ខ្លះ មានអត្តភាព៥រយយោជន៍ខ្លះ តែងនៅក្នុងមហាសមុទ្រ ម្នាលភិក្ខុ​ទាំងឡាយ មហាសមុទ្រ ជាទីនៅអាស្រ័យ​នៃពួក​សត្វធំៗជាច្រើន ពួកសត្វធំៗទាំងនេះ ក្នុងមហា​សមុទ្រ​នោះ គឺត្រីឈ្មោះតិមិ ឈ្មោះ​តិមិង្គល ឈ្មោះតិមិតិមិង្គល ឈ្មោះមហាតិមិង្គល និងពួកអសុរ នាគ គន្ធព្វ ដែល​មានអត្តភាព១រយយោជន៍ខ្លះ។បេ។ មានអត្តភាព៥រយយោជន៍ខ្លះ តែងនៅ​ក្នុង​មហា​សមុទ្រ ដោយ​ធម្មតា​ណា ម្នាលភិក្ខុ​ទាំងឡាយ នេះជាធម្មតាមិនដែលកើត គួរអស្ចារ្យទី៨ ក្នុងមហា​​សមុទ្រ ដែលពួក​អសុរ​ឃើញ​ហើយ តែងរីករាយ ក្នុងមហាសមុទ្រ។

[១២១] ម្នាលភិក្ខុទាំងឡាយ ក្នុងធម៌វិន័យនេះ មានសភាពមិនដែលកើត គួរអស្ចារ្យ​៨​ប្រការ ដែលភិក្ខុទាំងឡាយឃើញហើយ តែងត្រេកអរ ក្នុងធម៌វិន័យនេះ ដូចមហាសមុទ្រ​ដែរ។ សភាព​គួរអស្ចារ្យ៨ប្រការ​នោះ ដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ក្នុងធម៌វិន័យនេះ មាន​ការ​សិក្សា​​ដោយលំដាប់ មានកិច្ចដែលត្រូវធ្វើដោយលំដាប់ មានសេចក្តីប្រតិបត្តិ​ដោយលំដាប់ មិន​មែន​​បានត្រាស់ដឹងព្រះអរហត្តផលតែម្តងទេ ដូចមហាសមុទ្រ ដែល​មានទំនាបដោយលំដាប់ មាន​ទី​ជម្រាលដោយលំដាប់ មានទីទេរ​ដោយលំដាប់ មិនមែន​ចោតជ្រៅទៅតែម្តង ដូច​អណ្តូង​ទេ ម្នាល​ភិក្ខុទាំងឡាយ ក្នុងធម៌វិន័យនេះ តែង​មាន​ការ​សិក្សា​ដោយលំដាប់ មានកិច្ចដែល​ត្រូវធ្វើ​ដោយ​​លំដាប់ មានសេចក្តីប្រតិបត្តិដោយលំដាប់ មិនមែន​បានត្រាស់ដឹងព្រះអរហត្តផលតែម្តង ដោយ​​សភាពណា ម្នាលភិក្ខុទាំងឡាយ នេះជាសភាពមិនដែលកើត គួរអស្ចារ្យ​ទី១ ក្នុងធម៌វិន័យ​នេះ ដែល​ភិក្ខុទាំងឡាយ​ឃើញ​ហើយ តែងត្រេកអរ​ក្នុងធម៌វិន័យនេះ។

[១២២] ម្នាលភិក្ខុទាំងឡាយ សិក្ខាបទណា ដែលតថាគតបានបញ្ញត្ត​ដល់សាវ័ក​ទាំងឡាយ​​ហើយ ពួកសាវ័កនៃតថាគត សូម្បីមានហេតុដល់ជីវិត ក៏មិនហ៊ាន​ប្រព្រឹត្ត​កន្លង​សិក្ខាបទ​នោះ​ឡើយ ដូចមហាសមុទ្រ​ ដែលមានទឹកតាំងនៅនឹងជាធម្មតា មិនដែលឡើង ឬជោរ​ហួស​ច្រាំងទៅបាន ដូច្នោះ​ឯង ម្នាលភិក្ខុទាំងឡាយ សិក្ខាបទណា ដែលតថាគត​បានបញ្ញត្ត​ដល់សាវ័ក​ទាំងឡាយ​ហើយ ពួកសាវ័កនៃតថាគត សូម្បីមានហេតុដល់ជីវិត ក៏មិនហ៊ាន​ប្រព្រឹត្ត​កន្លង​សិក្ខាបទ​នោះ​ ដោយ​សភាពណា នេះជាសភាពមិនដែលកើត គួរអស្ចារ្យទី​២ ក្នុងធម៌វិន័យ​នេះ ដែល​ពួក​ភិក្ខុ​ឃើញហើយ តែងត្រេកអរ​ក្នុងធម៌​វិន័យ​នេះ។

[១២៣] ម្នាលភិក្ខុទាំងឡាយ បុគ្គលណា ជាអ្នកទ្រុស្តសីល មានធម៌អាក្រក់ មានមារយាទ​មិនល្អ គួរឲ្យគេរង្កៀស មានអំពើអាក្រក់បិទបាំងទុក មិនមែនជាសមណៈ តែប្តេជ្ញា​ខ្លួនថា ជា​សមណៈ មិនមែន​ជាអ្នកប្រព្រឹត្តធម៌ដ៏ប្រសើរ តែប្តេជ្ញាខ្លួនថា ជាអ្នកប្រព្រឹត្តធម៌​ដ៏​ប្រសើរ ស្អុយ​ក្នុង មាន​ចិត្តជោកដោយរាគៈ កខ្វក់ដូចសម្រាម សង្ឃនៅរួម​ជាមួយនឹង​បុគ្គល​នោះមិនបាន សង្ឃ​ប្រជុំ​គ្នា នាំយកបុគ្គលនោះចេញមួយរំពេច បុគ្គលនោះ បើទុក​ជាអង្គុយនៅ​ក្នុងកណ្តាលភិក្ខុសង្ឃ​ពិត​មែន បុគ្គលនោះ ក៏ឈ្មោះថា​នៅឆ្ងាយអំពីសង្ឃ ចំណែក​ខាងសង្ឃ ក៏ឈ្មោះថា នៅឆ្ងាយ​អំពី​បុគ្គល​នោះ ដូចមហាសមុទ្រ មិនដែល​មានសាកសពស្លាប់នៅរួមបាន បើសាកសព​ស្លាប់ណា​នី​មួយ ដែលមានក្នុងមហាសមុទ្រ មហាសមុទ្រ​តែងបន្សាត់សាកសពនោះទៅរកច្រាំង ផាត់ឡើង​ទៅ​លើគោកមួយរំពេច ដូច្នោះឯង ម្នាលភិក្ខុទាំងឡាយ បុគ្គលណា ជាអ្នកទ្រុស្តសីល មានធម៌​អាក្រក់ មានមារយាទ​មិនល្អ គួរឲ្យគេរង្កៀស បិទបាំងអំពើអាក្រក់ទុក មិនមែនជា​សមណៈ តែ​ប្តេជ្ញា​ខ្លួនថា ជាសមណៈ មិនមែន​ជាអ្នកប្រព្រឹត្តធម៌ដ៏ប្រសើរ តែប្តេជ្ញាខ្លួនថា ជាអ្នក​ប្រព្រឹត្តធម៌​ដ៏​ប្រសើរ ស្អុយ​ក្នុង មានចិត្តជោកដោយរាគៈ កខ្វក់ដូចសម្រាម សង្ឃនៅរួម​ជាមួយនឹងបុគ្គល​នោះ​មិន​បាន សង្ឃ​តែងប្រជុំគ្នា នាំយកបុគ្គលនោះចេញមួយរំពេច បុគ្គលនោះ បើទុកជាអង្គុយនៅ​ក្នុង​កណ្តាល​ភិក្ខុសង្ឃ​ដោយពិត បុគ្គលនោះ ក៏ឈ្មោះថា​នៅឆ្ងាយអំពីសង្ឃ ចំណែក​ខាងសង្ឃ ក៏​ឈ្មោះ​ថា នៅឆ្ងាយ​អំពី​បុគ្គលនោះ ដោយ​សភាពណា ម្នាលភិក្ខុទាំងឡាយ នេះជា​សភាព​មិន​ដែល​កើត គួរអស្ចារ្យទី៣ ក្នុងធម៌វិន័យ​នេះ ដែល​ពួកភិក្ខុឃើញហើយ តែងត្រេកអរ​​ក្នុង​ធម៌វិន័យ​នេះ។

[១២៤] ម្នាលភិក្ខុទាំងឡាយ វណ្ណៈ៤ពួកនេះ គឺខត្តិយៈ១ ព្រាហ្មណ៍១ វេស្សៈ១ សុទ្ទៈ១ វណ្ណៈទាំងនោះ ចេញចាកផ្ទះមកបួសក្នុងធម៌វិន័យ ដែលតថាគតសំដែងហើយ រមែង​លះបង់​នាម និង​គោត្រដើម (របស់ខ្លួន) ហើយដល់នូវកិរិយារាប់បញ្ចូល ថាជា​សមណសក្យបុត្តិយ៍តែម្យ៉ាង ដូច​ទន្លធំៗ​ទាំងឡាយ គឺទន្លេគង្គា យមុនា អចិរវតី សរភូ មហី ទន្លេទាំងនោះ កាលបើហូរ​ទៅដល់​មហា​សមុទ្រ​ហើយ តែលះបង់​នាម និងគោត្រ​ដើម (របស់ខ្លួន) ហើយដល់នូវកិរិយារាប់ថា ជាមហា​សមុទ្រ​​តែម្យ៉ាង ដូច្នោះឯង ម្នាលភិក្ខុទាំងឡាយ វណ្ណៈ៤ពួកនេះ គឺខត្តិយៈ១ ព្រាហ្មណ៍១ វេស្សៈ១ សុទ្ទៈ១ វណ្ណៈ​ទាំងនោះ ចេញចាកផ្ទះ មកបួសក្នុងធម៌វិន័យ ដែលតថាគតសំដែងហើយ ក៏រមែង​លះ​បង់​​នាម និងគោត្រដើម (របស់ខ្លួន) ហើយដល់នូវកិរិយារាប់បញ្ចូល ថាជា​សមណសក្យបុត្តិយ៍​តែម្យ៉ាង ដោយ​សភាពណា ម្នាលភិក្ខុទាំងឡាយ នេះជាសភាពមិនដែលកើត គួរអស្ចារ្យ​ទី៤ ក្នុងធម៌​វិន័យ​នេះ ដែល​ពួកភិក្ខុឃើញហើយ រមែងត្រេកអរ​​ក្នុងធម៌វិន័យនេះ។

[១២៥] ម្នាលភិក្ខុទាំងឡាយ ទោះបីពួកភិក្ខុច្រើនរូប បរិនិព្វាន ដោយអនុបាទិសេស​និព្វានធាតុ និព្វានធាតុ ក៏មិនប្រាកដថា ខ្វះ ឬពេញដោយភិក្ខុទាំងនោះឡើយ ម្នាលភិក្ខុ​ទាំងឡាយ ដូច​ទឹក​ទន្លេ​ទាំងឡាយណានីមួយក្នុងលោក ដែលហូរស្រោច ចុះទៅកាន់​មហា​សមុទ្រក្តី ទ-ទឹកភ្លៀងទាំងឡាយណា ដែលហូរចុះមកពីអាកាសក្តី មហាសមុទ្រ ក៏មិនប្រាកដ​ថា​ស្រក ឬពេញដោយទឹក​នោះ ដូច្នោះឯង ម្នាលភិក្ខុទាំងឡាយទុកជា​ពួកភិក្ខុច្រើនរូប បរិនិព្វាន ដោយ​អនុបាទិសេស​និព្វានធាតុ និព្វានធាតុ ក៏មិនប្រាកដថា ខ្វះ ឬពេញ ដោយភិក្ខុទាំងនោះ ដោយ​​សភាពណា ម្នាលភិក្ខុទាំងឡាយ នេះជាសភាព​មិនដែលកើត គួរអស្ចារ្យទី៥ ក្នុងធម៌វិន័យ​នេះ ដែល​ពួកភិក្ខុឃើញហើយ តែងត្រេកអរ​​ក្នុងធម៌វិន័យនេះ។

[១២៦] ម្នាលភិក្ខុទាំងឡាយ ធម៌វិន័យនេះ មានរសតែមួយ គឺ វិមុត្តិរស ដូចមហា​សមុទ្រ ដែល​មានរសតែមួយ គឺរសប្រៃ ដូច្នោះឯង ម្នាលភិក្ខុទាំងឡាយ។បេ។ គឺវិមុត្តិរស ដោយ​សភាព​ណា ម្នាលភិក្ខុទាំងឡាយ នេះជាសភាពមិនដែលកើត គួរអស្ចារ្យទី៦ ក្នុងធម៌វិន័យ​នេះ ដែល​ពួកភិក្ខុឃើញហើយ តែងត្រេកអរ​​ក្នុងធម៌វិន័យនេះ។

[១២៧] ម្នាលភិក្ខុទាំងឡាយ ធម៌វិន័យនេះ មានរតនៈ (ធម៌ជាទី​រីករាយ) ច្រើនយ៉ាង មិន​មែន​​មានត្រឹមតែ​មួយប៉ុណ្ណោះទេ រតនៈ​នេះ ក្នុងធម៌វិន័យនោះ គឺ សតិប្បដ្ឋាន៤ សម្មប្បធាន៤ ឥទ្ធិបាទ៤ ឥន្ទ្រិយ៥ ពលៈ៥ ពោជ្ឈង្គ៧ និងមគ្គប្រកបដោយអង្គ៨ ដែលជាផ្លូវ​ដ៏ប្រសើរ ដូចមហា​សមុទ្រ មានរតនៈ (ទ្រព្យជាគ្រឿង​រីករាយ) ច្រើនយ៉ាង មិនមែនមានតែមួយទេ រតនៈ​ទាំង​នេះ ក្នុងមហាសមុទ្រ​នោះ គឺ​កែវមុក្តា កែវមណី កែវពិទូរ្យ ស័ង្ខ សិលា កែវប្រពាឡ ប្រាក់ មាស កែវ​ក្រហម (ត្បូងទទឹម) និងកែវមរកត ដូច្នោះឯង ម្នាលភិក្ខុទាំងឡាយ ធម៌វិន័យនេះ មានរតនៈ ច្រើនយ៉ាង មិនមែន​មានត្រឹមតែ​មួយប៉ុណ្ណោះទេ រតនៈ​ទាំងនេះ ក្នុងធម៌វិន័យនោះ គឺ សតិប្បដ្ឋាន៤។បេ។ និងមគ្គ​ប្រកបដោយអង្គ៨ ដែលជាផ្លូវ​ដ៏ប្រសើរ ដោយ​សភាពណា ម្នាលភិក្ខុទាំងឡាយ នេះជា​សភាពមិនដែលកើត គួរអស្ចារ្យទី៧ ក្នុងធម៌វិន័យ​នេះ ដែល​ពួកភិក្ខុឃើញហើយ តែង​ត្រេកអរ​​ក្នុងធម៌វិន័យនេះ។

[១២៨] ម្នាលភិក្ខុទាំងឡាយ ធម៌វិន័យនេះ ជាទីនៅអាស្រ័យនៃពួក​បុគ្គលធំៗ​ជាច្រើន បុគ្គល​ទាំងនេះ ក្នុងធម៌វិន័យនោះ គឺ សោតាបន្នបុគ្គល និងបុគ្គលដែលកំពុងប្រតិបត្តិ ដើម្បី​ធ្វើ​ឲ្យជាក់ច្បាស់​នូវសោតាបត្តិផល សកទាគាមិបុគ្គល និងបុគ្គលដែលកំពុងប្រតិបត្តិ ដើម្បី​ធ្វើ​ឲ្យជាក់ច្បាស់​នូវសកទាគាមិផល អនាគាមិបុគ្គល និងបុគ្គលដែលកំពុងប្រតិបត្តិ ដើម្បី​ធ្វើ​ឲ្យជាក់ច្បាស់​នូវអនាគាមិផល អរហន្ត និងបុគ្គលដែលកំពុងប្រតិបត្តិ ដើម្បី (​ធ្វើ​ឲ្យជាក់ច្បាស់) ​នូវ​អរហត្តផល ដូចមហាសមុទ្រ ដែលជាទីនៅអាស្រ័យ​នៃពួក​សត្វធំៗ​ជាច្រើន ឯពួកសត្វទាំង​នេះ ក្នុង​មហាសមុទ្រ​នោះ គឺ ត្រីឈ្មោះតិមិ។បេ។ និងពួកអសុរ នាគ គន្ធព្វ ដែលមានអត្តភាព​១រយ​យោជន៍ខ្លះ​ មានអត្តភាព​២រយ​យោជន៍ខ្លះ មាន​អត្តភាព​៣រយ​យោជន៍ខ្លះ មានអត្តភាព​៤រយ​យោជន៍ខ្លះ មានអត្តភាព​៥រយ​យោជន៍ខ្លះ ដែលមាននៅក្នុងមហាសមុទ្រដូច្នោះឯង ម្នាល​ភិក្ខុ​ទាំងឡាយ ធម៌វិន័យនេះ ជាទីនៅ​អាស្រ័យនៃពួក​បុគ្គលធំៗ​ជាច្រើន ពួកបុគ្គល​ទាំងនេះ ក្នុងធម៌វិន័យនោះ គឺ សោតាបន្ន​បុគ្គល។បេ។ និងបុគ្គលដែលកំពុងប្រតិបត្តិ ដើម្បី (​ធ្វើ​ឲ្យជាក់​ច្បាស់) ​នូវ​អរហត្តផល ដោយ​សភាពណា ម្នាលភិក្ខុទាំងឡាយ នេះជាសភាពមិនដែលកើត គួរអស្ចារ្យទី៨ ក្នុងធម៌វិន័យ​នេះ ដែល​ពួកភិក្ខុឃើញហើយ តែងត្រេកអរ​​ក្នុងធម៌វិន័យនេះ ម្នាលភិក្ខុ​ទាំងឡាយ នេះឯងហើយ ដែលហៅថា សភាព​មិនដែលកើត គួរអស្ចារ្យ​៨ប្រការ ក្នុង​ធម៌វិន័យ​នេះ ដែលពួកភិក្ខុឃើញហើយ តែងត្រេកអរ ក្នុងធម៌វិន័យនេះ។

[១២៩] គ្រានោះ ព្រះមានព្រះភាគ ទ្រង់ជ្រាបច្បាស់សេចក្តីនុ៎ះហើយ ទ្រង់បន្លឺនូវ​ឧទាន​វាចានេះ ក្នុងវេលានោះថា

ភិក្ខុត្រូវអាបត្តិហើយ បិទបាំងអាបត្តិទុក រមែងត្រូវអាបត្តិថ្មីដទៃទៀត ភិក្ខុត្រូវអាបត្តិ​ហើយ បើកអាបត្តិ មិនត្រូវអាបត្តិដទៃទៀតទេ ព្រោះហេតុនោះ កាលបើភិក្ខុ (ណាមួយ) ត្រូវ​អាបត្តិហើយ បិទបាំង​អាបត្តិទុក ភិក្ខុ (នោះ) ត្រូវបើកអាបត្តិចេញ ធ្វើយ៉ាងនេះ ទើប​មិនត្រូវ​អាបត្តិ​នោះទៀតឡើយ។

[១៣០] លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុ​ទាំងឡាយ ក្នុងកាលឥឡូវនេះ តាំងអំពីថ្ងៃនេះតទៅមុខ តថាគតនឹងមិនធ្វើឧបោសថ មិនសំដែងបាតិមោក្ខទេ ម្នាលភិក្ខុទាំងឡាយ ក្នុងកាលឥឡូវនេះ ចាប់ដើម​អំពីថ្ងៃនេះ​តទៅមុខ ចូរអ្នកទាំងឡាយ នាំគ្នាធ្វើឧបោសថ សំដែងបាតិមោក្ខចុះ ម្នាលភិក្ខុទាំងឡាយ តថាគតនឹង​​ធ្វើ​ឧបោសថ សំដែងបាតិមោក្ខជាមួយនឹង​បរិសទ្យ​មិនបរិសុទ្ធ​ដោយហេតុណា ហេតុនុ៎ះ​មិនមែន​ជាទី​តាំង មិនមែនជា​ឱកាស (ល្មមនឹងធ្វើបានទេ) ម្នាលភិក្ខុទាំងឡាយ មួយវិញទៀត ភិក្ខុដែលមាន​អាបត្តិ មិនត្រូវស្តាប់​បាតិមោក្ខទេ ភិក្ខុណាស្តាប់ ត្រូវអាបត្តិ​ទុក្កដ។ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យបញ្ឈប់​បាតិមោក្ខ ដល់​ភិក្ខុដែលមាន​អាបត្តិ​ហើយ មកស្តាប់​បាតិមោក្ខ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុត្រូវបញ្ឈប់ (បាតិមោក្ខ) យ៉ាងនេះឯង។ ក្នុងថ្ងៃចាតុទ្ទសី ឬបណ្ណរសី​ឧបោសថនោះ កាលបើមានបុគ្គល គឺភិក្ខុ​នោះមក ក្នុងទីចំពោះមុខ ភិក្ខុគប្បីប្រកាសកណ្តាលជំនុំ​សង្ឃថា បពិត្រព្រះអង្គដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ ដ្បិតបុគ្គលឈ្មោះនេះ ជាអ្នកមានអាបត្តិ ខ្ញុំនឹង​បញ្ឈប់បាតិមោក្ខ ដល់​បុគ្គលនោះ កាលបើបុគ្គលនោះ នៅក្នុងទីចំពោះមុខ សង្ឃមិនគួរសំដែង​បាតិមោក្ខទេ។ សង្ឃឈ្មោះថា បញ្ឈប់បាតិមោក្ខហើយ។

[១៣១] ក្នុងសម័យនោះ ពួកឆព្វគ្គិយភិក្ខុ សុទ្ធតែជាអ្នកមានអាបត្តិ នាំគ្នាមកស្តាប់​បាតិមោក្ខ ដោយគិតថា មិនមាននរណាស្គាល់ពួក​យើងទេ។ ពួកភិក្ខុជាថេរៈ ដែល​ជ្រាបច្បាស់​នូវវារៈចិត្ត​នៃបុគ្គលដទៃ ក៏ប្រាប់ភិក្ខុទាំងឡាយថា ម្នាលអាវុសោទាំងឡាយ ឆព្វគ្គិយភិក្ខុឈ្មោះ​នេះមួយ ឈ្មោះនេះមួយ សុទ្ធតែជាអ្នកមានអាបត្តិ ហើយនាំគ្នាមក​ស្តាប់បាតិមោក្ខ ដោយគិតថា មិនមាននរណាស្គាល់​ពួកយើងទេ។ ពួកឆព្វគ្គិយភិក្ខុ បានឮដំណឹងថា ពួកភិក្ខុជាថេរៈ ដែល​លោក​ជ្រាបច្បាស់នូវវារៈចិត្ត នៃបុគ្គល​ដទៃប្រាប់ (រឿង) យើងដល់ភិក្ខុទាំងឡាយថា ម្នាល​អាវុសោ​ទាំងឡាយ ពួកឆព្វគ្គិយភិក្ខុឈ្មោះ​នេះមួយ ឈ្មោះនេះមួយ សុទ្ធតែជាអ្នកមានអាបត្តិ ហើយ​នាំគ្នាមកស្តាប់បាតិមោក្ខ ដោយ​គិតថា មិនមាននរណាស្គាល់​ពួកយើងទេ។ ពួកឆព្វគ្គិយភិក្ខុទាំងនោះគិតគ្នាថា កាលពីមុន ភិក្ខុទាំងឡាយ ដែលមានសីលជាទីស្រឡាញ់ បញ្ឈប់បាតិមោក្ខចំពោះពួកយើង ហើយ​ប្រញាប់បញ្ឈប់​បាតិមោក្ខ ដល់ភិក្ខុទាំងឡាយ ដែល​បរិសុទ្ធ មិនមានអាបត្តិ ដោយឥត​មានរឿង​ ឥតមានហេតុ។ ពួកភិក្ខុណា មានសេចក្តី​ប្រាថ្នា​តិច។បេ។ ភិក្ខុទាំងនោះ ក៏ពោលទោស តិះដៀល បន្តុះ​បង្អាប់ថា ពួកឆព្វគ្គិយភិក្ខុ មិនសមបើនឹង​បញ្ឈប់​បាតិមោក្ខ ដល់​ភិក្ខុទាំងឡាយ ដែលបរិសុទ្ធមិនមានអាបត្តិ ដោយឥតមាន​រឿង ឥតមាន​ហេតុ​សោះឡើយ។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលដំណើរនុ៎ះ ចំពោះព្រះមានព្រះភាគ។បេ។ ព្រះអង្គ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បានឮថា ពួកឆព្វគ្គិយ​បញ្ឈប់​បាតិមោក្ខ​ ដល់ភិក្ខុទាំងឡាយ ដែលបរិសុទ្ធ មិនមានអាបត្តិ ដោយឥតមានរឿង ឥតមានហេតុ ពិតមែនឬ។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលថា បពិត្រព្រះមានព្រះភាគ ពិតមែន។បេ។ ព្រះមានព្រះភាគ ទ្រង់​បន្ទោស ហើយទ្រង់ធ្វើធម្មីកថា ត្រាស់ហៅភិក្ខុទាំងឡាយ​មកថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវ​បញ្ឈប់​បាតិមោក្ខ​ ដល់ពួកភិក្ខុ ដែលបរិសុទ្ធ មិនមាន​អាបត្តិ ដោយឥតមានរឿង ឥតមានហេតុទេ ភិក្ខុណាបញ្ឈប់ ត្រូវអាបត្តិទុក្កដ។

[១៣២] ម្នាលភិក្ខុទាំងឡាយ ការបញ្ឈប់បាតិមោក្ខមិនប្រកបដោយធម៌១ ប្រកបដោយធម៌​១ ការបញ្ឈប់​បាតិមោក្ខមិនប្រកបដោយធម៌២យ៉ាង ប្រកបដោយធម៌២យ៉ាង។ ការបញ្ឈប់​បាតិមោក្ខ​មិនប្រកបដោយធម៌៣យ៉ាង ប្រកបដោយធម៌៣យ៉ាង។ ការបញ្ឈប់បាតិមោក្ខ​មិន​ប្រកប​ដោយធម៌៤យ៉ាង ប្រកបដោយធម៌៤យ៉ាង។ ការបញ្ឈប់បាតិមោក្ខមិន​ប្រកប​ដោយធម៌​៥យ៉ាង ប្រកបដោយធម៌៥យ៉ាង។ ការបញ្ឈប់បាតិមោក្ខមិនប្រកបដោយ​ធម៌៦យ៉ាង ប្រកប​ដោយ​ធម៌​៦យ៉ាង។ ការបញ្ឈប់​បាតិមោក្ខមិន​ប្រកប​ដោយធម៌ ៧ យ៉ាង ប្រកប​ដោយ​ធម៌ ៧  យ៉ាង។ ការ​បញ្ឈប់​បាតិមោក្ខមិនប្រកបដោយធម៌៨យ៉ាង ប្រកប​ដោយធម៌៨យ៉ាង។ ការបញ្ឈប់​បាតិមោក្ខ​​មិន​​ប្រកបដោយធម៌ ៩ យ៉ាង ប្រកបដោយធម៌ ៩ យ៉ាង។ ការបញ្ឈប់បាតិមោក្ខ​មិនប្រកបដោយធម៌​ ១០​ យ៉ាង ប្រកបដោយធម៌ ១០ យ៉ាង។

[១៣៣] ដូចម្តេចហៅថា ការបញ្ឈប់បាតិមោក្ខមិនប្រកបដោយធម៌១យ៉ាង។ ភិក្ខុបញ្ឈប់​បាតិមោក្ខ ព្រោះសីលវិបត្តិមិនមានមូល នេះហៅថា ការបញ្ឈប់បាតិមោក្ខ​មិន​ប្រកប​ដោយ​ធម៌​១យ៉ាង។

[១៣៤] ដូចម្តេចហៅថា ការបញ្ឈប់បាតិមោក្ខប្រកបដោយធម៌១យ៉ាង។ ភិក្ខុបញ្ឈប់​បាតិមោក្ខ ព្រោះសីលវិបត្តិមានមូល នេះហៅថា ការបញ្ឈប់បាតិមោក្ខ​ប្រកបដោយ​ធម៌១យ៉ាង។

[១៣៥] ដូចម្តេចហៅថា ការបញ្ឈប់បាតិមោក្ខមិនប្រកបដោយធម៌២យ៉ាង។ ភិក្ខុបញ្ឈប់​បាតិមោក្ខ ព្រោះសីលវិបត្តិមិនមានមូល១ បញ្ឈប់បាតិមោក្ខ ព្រោះអាចារវិបត្តិ​មិន​មានមូល១ នេះហៅថា ការបញ្ឈប់បាតិមោក្ខមិនប្រកបដោយធម៌២យ៉ាង។

[១៣៦] ដូចម្តេចហៅថា ការបញ្ឈប់បាតិមោក្ខប្រកបដោយធម៌២យ៉ាង។ ភិក្ខុបញ្ឈប់​បាតិមោក្ខ ព្រោះសីលវិបត្តិមានមូល១ បញ្ឈប់​បាតិមោក្ខ ព្រោះអាចារវិបត្តិមានមូល១ នេះហៅថា ការបញ្ឈប់បាតិមោក្ខប្រកបដោយធម៌២យ៉ាង។

[១៣៧]  ដូចម្តេចហៅថា ការបញ្ឈប់បាតិមោក្ខមិនប្រកបដោយធម៌៣យ៉ាង។ ភិក្ខុបញ្ឈប់​បាតិមោក្ខ ព្រោះសីលវិបត្តិមិនមានមូល១ បញ្ឈប់​បាតិមោក្ខ ព្រោះអាចារវិបត្តិមិន​មាន​មូល១ បញ្ឈប់បាតិមោក្ខ ព្រោះទិដ្ឋិវិបត្តិមិនមានមូល១ នេះហៅថា ការបញ្ឈប់បាតិមោក្ខ​មិនប្រកបដោយធម៌៣យ៉ាង។

[១៣៨] ដូចម្តេចហៅថា ការបញ្ឈប់បាតិមោក្ខប្រកបដោយធម៌៣យ៉ាង។ ភិក្ខុបញ្ឈប់​បាតិមោក្ខ ព្រោះសីលវិបត្តិមានមូល១ បញ្ឈប់​បាតិមោក្ខ ព្រោះអាចារវិបត្តិមានមូល១ បញ្ឈប់​បាតិមោក្ខ ព្រោះទិដ្ឋិវិបត្តិមានមូល១ នេះហៅថា ការបញ្ឈប់បាតិមោក្ខ​ប្រកប​ដោយធម៌៣យ៉ាង។

[១៣៩] ដូចម្តេចហៅថា ការបញ្ឈប់បាតិមោក្ខមិនប្រកបដោយធម៌៤យ៉ាង។ ភិក្ខុបញ្ឈប់​បាតិមោក្ខ ព្រោះសីលវិបត្តិមិនមានមូល១ បញ្ឈប់​បាតិមោក្ខ ព្រោះអាចារវិបត្តិ​មិន​មានមូល១ បញ្ឈប់បាតិមោក្ខ ព្រោះទិដ្ឋិវិបត្តិមិនមានមូល១ បញ្ឈប់​បាតិមោក្ខ ព្រោះ​អាជីវវិបត្តិ​មិនមានមូល១ នេះហៅថា ការបញ្ឈប់បាតិមោក្ខ​មិនប្រកបដោយធម៌៤យ៉ាង។

[១៤០] ដូចម្តេចហៅថា ការបញ្ឈប់បាតិមោក្ខប្រកបដោយធម៌៤យ៉ាង។ ភិក្ខុបញ្ឈប់​បាតិមោក្ខ ព្រោះសីលវិបត្តិមានមូល១ បញ្ឈប់​បាតិមោក្ខ ព្រោះអាចារវិបត្តិមានមូល១ បញ្ឈប់បាតិមោក្ខ ព្រោះទិដ្ឋិវិបត្តិមានមូល១ បញ្ឈប់​បាតិមោក្ខ ព្រោះអាជីវវិបត្តិ​មានមូល១ នេះហៅថា ការបញ្ឈប់បាតិមោក្ខប្រកបដោយធម៌៤យ៉ាង។

[១៤១] ដូចម្តេចហៅថា ការបញ្ឈប់បាតិមោក្ខមិនប្រកបដោយធម៌៥យ៉ាង។ ភិក្ខុបញ្ឈប់​បាតិមោក្ខ ព្រោះបារាជិកាបត្តិមិនមានមូល១ បញ្ឈប់​បាតិមោក្ខ ព្រោះសង្ឃាទិសេសាបត្តិ​មិន​មាន​មូល១ បញ្ឈប់បាតិមោក្ខ ព្រោះបាចិត្តិយាបត្តិមិនមានមូល១ បញ្ឈប់​បាតិមោក្ខ ព្រោះបាដិទេសនីយាបត្តិ​មិនមានមូល១ បញ្ឈប់បាតិមោក្ខ ព្រោះ​ទុក្កដាបត្តិមិនមានមូល១ នេះហៅថា ការបញ្ឈប់បាតិមោក្ខ​មិនប្រកបដោយធម៌៥យ៉ាង។

[១៤២] ដូចម្តេចហៅថា ការបញ្ឈប់បាតិមោក្ខប្រកបដោយធម៌៥យ៉ាង។ ភិក្ខុបញ្ឈប់​បាតិមោក្ខ ព្រោះបារាជិកាបត្តិមានមូល១ បញ្ឈប់​បាតិមោក្ខ ព្រោះសង្ឃាទិសេសាបត្តិ​​មាន​មូល១ បញ្ឈប់បាតិមោក្ខ ព្រោះបាចិត្តិយាបត្តិមានមូល១ បញ្ឈប់​បាតិមោក្ខ ព្រោះ​បាដិទេសនីយាបត្តិ​មានមូល១ បញ្ឈប់បាតិមោក្ខ ព្រោះ​ទុក្កដាបត្តិមានមូល១ នេះហៅថា ការបញ្ឈប់បាតិមោក្ខ​ប្រកបដោយធម៌៥យ៉ាង។

[១៤៣] ដូចម្តេចហៅថា ការបញ្ឈប់បាតិមោក្ខមិនប្រកបដោយធម៌៦យ៉ាង។ ភិក្ខុបញ្ឈប់​បាតិមោក្ខ ព្រោះសីលវិបត្តិមិនមានមូល ដែលភិក្ខុមិនបានធ្វើ១ បញ្ឈប់​បាតិមោក្ខ ព្រោះ​សីលវិបត្តិមិនមានមូល ដែលភិក្ខុធ្វើហើយ១ បញ្ឈប់បាតិមោក្ខ ព្រោះអាចារវិបត្តិមិន​មានមូល ដែលភិក្ខុមិនបានធ្វើ១ បញ្ឈប់​បាតិមោក្ខ ព្រោះអាចារវិបត្តិ​មិនមានមូល ដែល​ភិក្ខុធ្វើហើយ១ បញ្ឈប់បាតិមោក្ខ ព្រោះទិដ្ឋិវិបត្តិមិនមានមូល ដែលភិក្ខុមិន​បានធ្វើ១ បញ្ឈប់បាតិមោក្ខ ព្រោះទិដ្ឋិវិបត្តិមិនមានមូល ដែល​ភិក្ខុធ្វើហើយ១ នេះហៅថា ការ​បញ្ឈប់បាតិមោក្ខ​មិនប្រកបដោយធម៌៦យ៉ាង។

[១៤៤] ដូចម្តេចហៅថា ការបញ្ឈប់បាតិមោក្ខប្រកបដោយធម៌៦យ៉ាង។ ភិក្ខុបញ្ឈប់​បាតិមោក្ខ ព្រោះសីលវិបត្តិមានមូល ដែលភិក្ខុមិនបានធ្វើ១ បញ្ឈប់​បាតិមោក្ខ ព្រោះ​សីលវិបត្តិ​មាន​មូល ដែលភិក្ខុធ្វើហើយ១ បញ្ឈប់បាតិមោក្ខ ព្រោះអាចារវិបត្តិមានមូល ដែលភិក្ខុ​មិនបាន​ធ្វើ១ បញ្ឈប់​បាតិមោក្ខ ព្រោះអាចារវិបត្តិមានមូល ដែលភិក្ខុធ្វើហើយ១ បញ្ឈប់បាតិមោក្ខ ព្រោះទិដ្ឋិវិបត្តិមានមូល ដែលភិក្ខុមិន​បានធ្វើ១ បញ្ឈប់បាតិមោក្ខ ព្រោះទិដ្ឋិវិបត្តិមានមូល ដែល​ភិក្ខុធ្វើហើយ១ នេះហៅថា ការបញ្ឈប់បាតិមោក្ខ​ប្រកប​ដោយធម៌៦យ៉ាង។

[១៤៥] ដូចម្តេចហៅថា ការបញ្ឈប់បាតិមោក្ខមិនប្រកបដោយធម៌៧យ៉ាង។ ភិក្ខុបញ្ឈប់​បាតិមោក្ខ ព្រោះបារាជិកាបត្តិមិនមានមូល១ បញ្ឈប់​បាតិមោក្ខ ព្រោះសង្ឃាទិសេសាបត្តិ​មិន​មាន​មូល១ បញ្ឈប់បាតិមោក្ខ ព្រោះថុល្លច្ចយាបត្តិ​មិនមានមូល១ បញ្ឈប់​បាតិមោក្ខ ព្រោះ​បាចិត្តិយាបត្តិ​មិនមានមូល១ បញ្ឈប់​បាតិមោក្ខ ព្រោះបាដិទេសនីយាបត្តិ​មិនមាន​មូល១ បញ្ឈប់បាតិមោក្ខ ព្រោះ​ទុក្កដាបត្តិមិនមានមូល១ បញ្ឈប់បាតិមោក្ខ ព្រោះ​ទុព្ភាសិតាបត្តិ​មិនមាន​មូល១ នេះហៅថា ការបញ្ឈប់បាតិមោក្ខ​មិនប្រកបដោយ​ធម៌៧​យ៉ាង។

[១៤៦] ដូចម្តេចហៅថា ការបញ្ឈប់បាតិមោក្ខប្រកបដោយធម៌៧យ៉ាង។ ភិក្ខុបញ្ឈប់​បាតិមោក្ខ ព្រោះបារាជិកាបត្តិមានមូល១ បញ្ឈប់​បាតិមោក្ខ ព្រោះសង្ឃាទិសេសាបត្តិ​មាន​មូល១ បញ្ឈប់បាតិមោក្ខ ព្រោះថុល្លច្ចយាបត្តិ​មានមូល១ បញ្ឈប់​បាតិមោក្ខ ព្រោះ​បាចិត្តិយាបត្តិ​មាន​មូល​១ បញ្ឈប់​បាតិមោក្ខ ព្រោះបាដិទេសនីយាបត្តិ​មានមូល១ បញ្ឈប់​បាតិមោក្ខ ព្រោះ​ទុក្កដាបត្តិ​មាន​មូល​១ បញ្ឈប់បាតិមោក្ខ ព្រោះ​ទុព្ភាសិតាបត្តិ​មាន​មូល១ នេះហៅថា ការបញ្ឈប់បាតិមោក្ខ​ប្រកបដោយធម៌៧យ៉ាង។

[១៤៧] ដូចម្តេចហៅថា ការបញ្ឈប់បាតិមោក្ខមិនប្រកបដោយធម៌៨យ៉ាង។ ភិក្ខុបញ្ឈប់​បាតិមោក្ខ ព្រោះសីលវិបត្តិមិនមានមូល ដែលភិក្ខុមិនបានធ្វើ១ បញ្ឈប់​បាតិមោក្ខ ព្រោះ​សីលវិបត្តិ​មិន​មានមូល ដែលភិក្ខុធ្វើហើយ១ បញ្ឈប់បាតិមោក្ខ ព្រោះអាចារ​វិបត្តិ​មិនមានមូល ដែលភិក្ខុ​មិន​បាន​ធ្វើ១ បញ្ឈប់​បាតិមោក្ខ ព្រោះអាចារវិបត្តិ​មិនមានមូល ដែលភិក្ខុធ្វើហើយ១ បញ្ឈប់បាតិមោក្ខ ព្រោះទិដ្ឋិវិបត្តិមិនមានមូល ដែលភិក្ខុមិន​បានធ្វើ១ បញ្ឈប់បាតិមោក្ខ ព្រោះទិដ្ឋិវិបត្តិមិនមានមូល ដែល​ភិក្ខុធ្វើហើយ១ បញ្ឈប់​បាតិមោក្ខ ព្រោះ​អាជីវវិបត្តិមិនមានមូល ដែលភិក្ខុ​មិនបានធ្វើ១ បញ្ឈប់​បាតិមោក្ខ ព្រោះអាជីវវិបត្តិ​មិនមានមូល ដែលភិក្ខុធ្វើហើយ១ នេះហៅថា ការបញ្ឈប់​បាតិមោក្ខ​​មិនប្រកប​ដោយ​ធម៌៨យ៉ាង។

[១៤៨] ដូចម្តេចហៅថា ការបញ្ឈប់បាតិមោក្ខប្រកបដោយធម៌៨យ៉ាង។ ភិក្ខុបញ្ឈប់​បាតិមោក្ខ ព្រោះសីលវិបត្តិមានមូល ដែលភិក្ខុមិនបានធ្វើ១ បញ្ឈប់​បាតិមោក្ខ ព្រោះ​សីលវិបត្តិ​​មានមូល ដែលភិក្ខុធ្វើហើយ១ បញ្ឈប់បាតិមោក្ខ ព្រោះអាចារវិបត្តិមានមូល ដែលភិក្ខុ​មិន​បាន​ធ្វើ១ បញ្ឈប់​បាតិមោក្ខ ព្រោះអាចារវិបត្តិ​មានមូល ដែលភិក្ខុធ្វើហើយ១ បញ្ឈប់បាតិមោក្ខ ព្រោះទិដ្ឋិវិបត្តិមានមូល ដែលភិក្ខុមិន​បានធ្វើ១ បញ្ឈប់បាតិមោក្ខ ព្រោះទិដ្ឋិវិបត្តិមានមូល ដែល​ភិក្ខុធ្វើហើយ១ បញ្ឈប់​បាតិមោក្ខ ព្រោះ​អាជីវវិបត្តិមានមូល ដែលភិក្ខុ​មិនបានធ្វើ១ បញ្ឈប់​បាតិមោក្ខ ព្រោះអាជីវវិបត្តិមានមូល ដែលភិក្ខុធ្វើហើយ១ នេះហៅថា ការបញ្ឈប់​បាតិមោក្ខ​​ប្រកបដោយធម៌៨យ៉ាង។

[១៤៩] ដូចម្តេចហៅថា ការបញ្ឈប់បាតិមោក្ខមិនប្រកបដោយធម៌៩យ៉ាង។ ភិក្ខុបញ្ឈប់​បាតិមោក្ខ ព្រោះសីលវិបត្តិមិនមានមូល ដែលភិក្ខុមិនបានធ្វើ១ បញ្ឈប់​បាតិមោក្ខ ព្រោះសីលវិបត្តិ​មិន​មានមូល ដែលភិក្ខុធ្វើហើយ១ បញ្ឈប់បាតិមោក្ខ ព្រោះ​សីលវិបត្តិ​មិនមានមូល ដែលភិក្ខុធ្វើហើយ និងមិនធ្វើហើយ១ បញ្ឈប់បាតិមោក្ខ ព្រោះអាចារវិបត្តិ​មិនមានមូល ដែលភិក្ខុ​មិន​បាន​ធ្វើ១ បញ្ឈប់​បាតិមោក្ខ ព្រោះអាចារវិបត្តិ​មិនមានមូល ដែលភិក្ខុធ្វើហើយ១ បញ្ឈប់បាតិមោក្ខ ព្រោះអាចារវិបត្តិមិនមានមូល ដែលភិក្ខុធ្វើហើយ និងមិនធ្វើហើយ១ បញ្ឈប់បាតិមោក្ខ ព្រោះទិដ្ឋិវិបត្តិមិនមានមូល ដែលភិក្ខុមិន​បានធ្វើ១ បញ្ឈប់បាតិមោក្ខ ព្រោះ​ទិដ្ឋិវិបត្តិមិនមានមូល ដែល​ភិក្ខុធ្វើហើយ១ បញ្ឈប់បាតិមោក្ខ ព្រោះទិដ្ឋិវិបត្តិមិនមានមូល ដែលភិក្ខុធ្វើហើយ និងមិនធ្វើហើយ១ នេះហៅថា ការបញ្ឈប់​បាតិមោក្ខ​​មិនប្រកបដោយធម៌៩យ៉ាង។

[១៥០] ដូចម្តេចហៅថា ការបញ្ឈប់បាតិមោក្ខប្រកបដោយធម៌៩យ៉ាង។ ភិក្ខុបញ្ឈប់​បាតិមោក្ខ ព្រោះសីលវិបត្តិមានមូល ដែលភិក្ខុមិនបានធ្វើ១ បញ្ឈប់​បាតិមោក្ខ ព្រោះ​សីលវិបត្តិ​មានមូល ដែលភិក្ខុធ្វើហើយ១ បញ្ឈប់បាតិមោក្ខ ព្រោះសីលវិបត្តិមានមូល ដែល​ភិក្ខុធ្វើហើយ និងមិនធ្វើហើយ១ បញ្ឈប់បាតិមោក្ខ ព្រោះអាចារវិបត្តិមានមូល ដែល​ភិក្ខុ​​មិន​បាន​ធ្វើ១ បញ្ឈប់​បាតិមោក្ខ ព្រោះអាចារវិបត្តិមានមូល ដែលភិក្ខុធ្វើហើយ១ បញ្ឈប់​​បាតិមោក្ខ ព្រោះអាចារវិបត្តិមានមូល ដែលភិក្ខុធ្វើហើយ និងមិនធ្វើហើយ១ បញ្ឈប់​បាតិមោក្ខ ព្រោះទិដ្ឋិវិបត្តិមានមូល ដែលភិក្ខុមិន​បានធ្វើ១ បញ្ឈប់បាតិមោក្ខ ព្រោះ​ទិដ្ឋិវិបត្តិមានមូល ដែល​ភិក្ខុធ្វើហើយ១ បញ្ឈប់បាតិមោក្ខ ព្រោះទិដ្ឋិវិបត្តិមានមូល ដែល​ភិក្ខុធ្វើហើយ និងមិនធ្វើហើយ១ នេះហៅថា ការបញ្ឈប់​បាតិមោក្ខប្រកប​ដោយ​ធម៌៩​យ៉ាង។

[១៥១] ដូចម្តេចហៅថា ការបញ្ឈប់បាតិមោក្ខមិនប្រកបដោយធម៌១០យ៉ាង។ មិនមានភិក្ខុ​ត្រូវបារាជិក អង្គុយក្នុងបរិសទ្យនោះ១ មិនមានពាក្យពណ៌នា អំពីភិក្ខុត្រូវបារាជិក ដែលសង្ឃ​ធ្វើ​មិនទាន់​ស្រេច១ មិនមានភិក្ខុអ្នកពោលលាសិក្ខា អង្គុយ​ក្នុងបរិសទ្យនោះ១ មិនមាន​ពាក្យ​ពណ៌នា អំពីភិក្ខុអ្នកពោលលាសិក្ខា ដែលសង្ឃ​ធ្វើ​មិនទាន់​ស្រេច១ ភិក្ខុចូល​មកព្រមព្រៀងគ្នា ប្រកប​ដោយ​ធម៌១ ភិក្ខុមិនត្រឡប់សើរើសេចក្តីព្រមព្រៀង ដែលប្រកប​ដោយធម៌១ មានពាក្យ​ពណ៌នា អំពី​ការ​ត្រឡប់សើរើសេចក្តីព្រមព្រៀងប្រកបដោយធម៌ ដែលសង្ឃ​ធ្វើស្រេចហើយ១ មិនមាន​ភិក្ខុដែល​សង្ឃ​ឃើញ ឮ ឬរង្កៀសដោយសីលវិបត្តិ១ មិនមានភិក្ខុដែល​សង្ឃ​ឃើញ ឮ ឬរង្កៀស​ដោយអាចារវិបត្តិ១ មិនមានភិក្ខុដែល​សង្ឃ​ឃើញ ឮ ឬរង្កៀសដោយទិដ្ឋិវិបត្តិ១ នេះហៅថា ការបញ្ឈប់​បាតិមោក្ខ មិនប្រកប​ដោយ​ធម៌១០យ៉ាង។

[១៥២] ដូចម្តេចហៅថា ការបញ្ឈប់បាតិមោក្ខ ប្រកបដោយធម៌១០យ៉ាង។ មានភិក្ខុ​ត្រូវ​បារាជិក អង្គុយក្នុងបរិសទ្យនោះ១ មានពាក្យពណ៌នា អំពីភិក្ខុត្រូវបារាជិក ដែលសង្ឃ​ធ្វើ​មិនទាន់​ស្រេច១ មានភិក្ខុអ្នកពោលលាសិក្ខា អង្គុយ​ក្នុងបរិសទ្យ១ មានពាក្យពណ៌នា អំពីភិក្ខុ​អ្នក​ពោល​លា​សិក្ខា ដែលសង្ឃ​ធ្វើ​មិនទាន់​ស្រេច១ ភិក្ខុមិនចូលមកព្រមព្រៀងគ្នា​ប្រកប​ដោយ​ធម៌១ ភិក្ខុ​ត្រឡប់​សើរើសេចក្តីព្រមព្រៀង ដែលប្រកបដោយធម៌១ មាន​ពាក្យពណ៌នា អំពី​ការ​ត្រឡប់​សើរើ​សេចក្តីព្រមព្រៀងប្រកបដោយធម៌ ដែលសង្ឃបាន​ធ្វើស្រេចហើយ១ មានភិក្ខុដែល​សង្ឃ​ឃើញ ឮ ឬរង្កៀសដោយសីលវិបត្តិ១ មានភិក្ខុដែល​សង្ឃ​ឃើញ ឮ ឬរង្កៀស​ដោយ​អាចារវិបត្តិ១ មានភិក្ខុដែល​សង្ឃ​ឃើញ ឮ ឬរង្កៀស​ដោយទិដ្ឋិវិបត្តិ១ នេះហៅថា ការបញ្ឈប់​បាតិមោក្ខ ប្រកបដោយធម៌១០យ៉ាង។

[១៥៣] ដូចម្តេចហៅថា ភិក្ខុត្រូវបារាជិក អង្គុយក្នុងបរិសទ្យនោះ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ រមែងមានការត្រូវអាបត្តិបារាជិក ដោយអាការណា ដោយភេទណា ដោយនិមិត្តណា ឯភិក្ខុរមែងឃើញភិក្ខុដែល​ត្រូវអាបត្តិបារាជិក ដោយអាការនោះ ដោយ​ភេទ​នោះ ដោយនិមិត្តនោះ បើភិក្ខុមិនបានឃើញភិក្ខុដែលត្រូវអាបត្តិបារាជិក (នោះ) ទេ ក៏គង់​មានភិក្ខុ​ឯទៀត ប្រាប់ដល់ភិក្ខុផងគ្នាថា ម្នាលអាវុសោ ភិក្ខុឈ្មោះនេះ ត្រូវអាបត្តិ​បារាជិកហើយ ប្រសិនបើ​ភិក្ខុមិនឃើញភិក្ខុដែលត្រូវអាបត្តិបារាជិកនោះទេ ទាំងភិក្ខុឯ​ទៀត ក៏មិនបានប្រាប់ដល់ភិក្ខុ​ផងគ្នាថា ម្នាលអាវុសោ ភិក្ខុឈ្មោះនេះ ត្រូវអាបត្តិ​បារាជិក​ហើយ ដូច្នេះទេ ក៏ភិក្ខុនោះឯង ប្រាប់ដល់​ភិក្ខុផងគ្នាថា ម្នាលអាវុសោ ខ្ញុំត្រូវអាបត្តិ​បារាជិកហើយ ដូច្នេះ (មិនខាន) ម្នាលភិក្ខុទាំងឡាយ បើភិក្ខុមានប្រាថ្នា ក៏គប្បីសូត្រ​ក្នុងកណ្តាលសង្ឃ ចំពោះ​បុគ្គល គឺភិក្ខុ​ត្រូវ​អាបត្តិបារាជិក ដែលនៅក្នុងទីចំពោះមុខនោះ ក្នុងថ្ងៃចាតុទ្ទសី ឬបណ្ណរសីឧបោសថនោះ ដោយ​ការឃើញនោះ ដោយការឮនោះ ដោយការរង្កៀសនោះថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃ​ស្តាប់ខ្ញុំ ដ្បិតបុគ្គលឈ្មោះនេះ ត្រូវអាបត្តិបារាជិកហើយ ឥឡូវនេះ ខ្ញុំនឹងបញ្ឈប់​បាតិមោក្ខដល់បុគ្គលនោះ កាលបើ​បុគ្គល​នោះមកនៅក្នុងទី​ចំពោះមុខ សង្ឃមិនត្រូវសំដែង​បាតិមោក្ខទេ។ ការបញ្ឈប់​បាតិមោក្ខ​នេះ ឈ្មោះថា ប្រកបដោយធម៌។

[១៥៤] កាលបើសង្ឃបញ្ឈប់បាតិមោក្ខដល់ភិក្ខុហើយ បរិសទ្យក្រោកឡើង ព្រោះ​បណ្តា​អន្តរាយទាំង១០យ៉ាង អន្តរាយណាមួយ ទោះបីអន្តរាយអំពីព្រះរាជាក្តី អន្តរាយអំពីចោរក្តី អន្តរាយអំពីភ្លើងក្តី អន្តរាយអំពីទឹកក្តី អន្តរាយអំពីមនុស្សក្តី អន្តរាយអំពីអមនុស្សក្តី អន្តរាយអំពី​សត្វសាហាវក្តី អន្តរាយអំពីសត្វពស់តូច និងពស់ធំក្តី អន្តរាយអំពីជីវិតក្តី អន្តរាយ​ព្រហ្មចរិយធម៌​ក្តី ម្នាលភិក្ខុទាំងឡាយ ភិក្ខុកាលបើប្រាថ្នា ក៏គប្បីសូត្រក្នុង​កណ្តាលជំនុំសង្ឃ ចំពោះ​បុគ្គល ដែល​នៅក្នុងទីចំពោះមុខនោះ ក្នុងអាវាសនោះ ឬក្នុង​អាវាសណាមួយបានថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃ​ស្តាប់ខ្ញុំ ពាក្យពណ៌នា​អំពីបារាជិក របស់បុគ្គលឈ្មោះនេះ សង្ឃធ្វើមិនទាន់ស្រេច​នៅឡើយ​ទេ (ព្រោះ) រឿង​នោះ សង្ឃមិនទាន់វិនិច្ឆ័យដាច់ស្រេច បើកម្មមានកាលគួរ ដល់​សង្ឃ​ហើយ សង្ឃគប្បី​វិនិច្ឆ័យរឿង​នោះចុះ។ បើសង្ឃបានវិនិច្ឆ័យ​រឿងនោះដាច់ស្រេច នេះជាការល្អ បើបែរ​ជាវិនិច្ឆ័យ​មិនបានវិញ ភិក្ខុត្រូវសូត្រក្នុងកណ្តាល​ជំនុំសង្ឃ ចំពោះបុគ្គល​ដែលនៅក្នុង​ទី​ចំពោះមុខនោះ ក្នុងថ្ងៃចាតុទ្ទសី ឬបណ្ណរសី​ឧបោសថនោះថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃ​ស្តាប់ខ្ញុំ ពាក្យពណ៌នាអំពីបារាជិក របស់បុគ្គលឈ្មោះនេះ សង្ឃធ្វើមិន​ទាន់​ស្រេច​នៅឡើយ (ព្រោះ) រឿងនោះ សង្ឃមិនទាន់វិនិច្ឆ័យដាច់ស្រេច ឥឡូវ ខ្ញុំនឹងបញ្ឈប់​បាតិមោក្ខ ដល់បុគ្គល​នោះ​ កាលបើបុគ្គលនោះ នៅក្នុងទីចំពោះមុខ សង្ឃមិនត្រូវសំដែង​បាតិមោក្ខទេ។ ការបញ្ឈប់​បាតិមោក្ខ (នេះ) ឈ្មោះថា ប្រកបដោយធម៌។

[១៥៥] ភិក្ខុអ្នកពោលលាសិក្ខា អង្គុយនៅក្នុងបរិសទ្យនោះ តើដូចម្តេច។ ម្នាលភិក្ខុ​ទាំង​ឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកពោលលាសិក្ខា ដោយអាការណា ដោយភេទណា ដោយ​និមិត្ត​ណា ភិក្ខុឃើញភិក្ខុកំពុងពោលលាសិក្ខា ដោយអាការនោះ ដោយភេទ​នោះ ដោយនិមិត្តនោះ បើភិក្ខុ​មិនបានឃើញភិក្ខុកំពុងពោលលាសិក្ខា (នោះ) ទេ គង់​មានភិក្ខុ​ឯទៀត ប្រាប់ភិក្ខុផងគ្នាថា ម្នាលអាវុសោ ភិក្ខុឈ្មោះនេះ ពោលលាសិក្ខាហើយ បើ​ភិក្ខុមិនឃើញ​ភិក្ខុកំពុងពោលលាសិក្ខា ទាំងភិក្ខុឯទៀត ក៏មិនប្រាប់ដល់ភិក្ខុ​ផងគ្នាថា ម្នាលអាវុសោ ភិក្ខុឈ្មោះនេះ ពោលលាសិក្ខាហើយ ដូច្នេះទេ ក៏គង់ភិក្ខុនោះឯង ប្រាប់ដល់​ភិក្ខុផងគ្នាថា ម្នាលអាវុសោ ខ្ញុំពោលលាសិក្ខាហើយ ដូច្នេះ ម្នាលភិក្ខុទាំងឡាយ កាលបើភិក្ខុប្រាថ្នា ក៏គប្បីសូត្រក្នុងកណ្តាលជំនុំសង្ឃ ចំពោះបុគ្គល ដែល​នៅ​ក្នុង​ទីចំពោះមុខ ក្នុងថ្ងៃចាតុទ្ទសី ឬបណ្ណរសីឧបោសថនោះ ដោយ​ការឃើញនោះ ដោយការ​ឮ​នោះ ដោយការរង្កៀសនោះថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃ​ស្តាប់ខ្ញុំ បុគ្គលឈ្មោះ​នេះ ពោលលាសិក្ខាហើយ ខ្ញុំនឹងបញ្ឈប់​បាតិមោក្ខដល់បុគ្គលនោះ កាលបើបុគ្គលនោះ​នៅក្នុងទី​ចំពោះ​មុខ សង្ឃមិនត្រូវសំដែង​បាតិមោក្ខទេ។ ការបញ្ឈប់​បាតិមោក្ខ (នេះ) ឈ្មោះថា ប្រកបដោយធម៌។

[១៥៦] កាលបើសង្ឃបញ្ឈប់បាតិមោក្ខដល់ភិក្ខុហើយ បរិសទ្យក្រោកឡើង ព្រោះ​អន្តរាយ​ទាំង១០យ៉ាង អន្តរាយណាមួយ ទោះបីអន្តរាយអំពីព្រះរាជាក្តី។បេ។ អន្តរាយ​ព្រហ្មចរិយធម៌​ក្តី ម្នាលភិក្ខុទាំងឡាយ កាលបើភិក្ខុប្រាថ្នា ក៏គប្បីសូត្រក្នុងកណ្តាល​ជំនុំសង្ឃ ចំពោះបុគ្គល ដែល​នៅក្នុងទីចំពោះមុខនោះ ក្នុងអាវាសនោះ ឬក្នុងអាវាស​ណាមួយថា បពិត្រព្រះសង្ឃដ៏ចំរើន សូម​សង្ឃ​​ស្តាប់ខ្ញុំ ពាក្យពណ៌នាអំពីភិក្ខុអ្នក​ពោល​លាសិក្ខា នៃបុគ្គលឈ្មោះនេះ សង្ឃធ្វើ​មិន​ទាន់​ស្រេច​​ទេ (ព្រោះ) រឿងនោះ សង្ឃកាត់​សេចក្តីមិនទាន់ដាច់ស្រេចនៅឡើយ បើកម្មមានកាលគួរ ដល់​សង្ឃ​ហើយ សង្ឃគប្បី​វិនិច្ឆ័យរឿង​នោះចុះ។ បើសង្ឃបានវិនិច្ឆ័យ​រឿងនោះដាច់ស្រេច នេះ​ជាការល្អ បើបែរ​ជាវិនិច្ឆ័យ​មិនបានវិញ ភិក្ខុត្រូវសូត្រក្នុងកណ្តាល​ជំនុំសង្ឃ ចំពោះបុគ្គល​ដែល​នៅ​ក្នុង​​ទី​ចំពោះមុខនោះ ក្នុងថ្ងៃចាតុទ្ទសី ឬបណ្ណរសីឧបោសថនោះថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃ​ស្តាប់ខ្ញុំ ពាក្យពណ៌នាអំពីភិក្ខុអ្នក​ពោលលាសិក្ខា នៃបុគ្គលឈ្មោះនេះ សង្ឃធ្វើ​មិន​ទាន់​ស្រេច​​ទេ (ព្រោះ) រឿងនោះ សង្ឃកាត់សេចក្តីមិនទាន់ដាច់ស្រេចនៅឡើយ ខ្ញុំនឹង​បញ្ឈប់​បាតិមោក្ខ ដល់បុគ្គល​នោះ​ កាលបើបុគ្គលនោះ នៅក្នុងទីចំពោះមុខ សង្ឃមិន​ត្រូវសំដែង​បាតិមោក្ខ​ទេ។ ការបញ្ឈប់​បាតិមោក្ខ (នេះ) ឈ្មោះថា ប្រកបដោយធម៌។

[១៥៧] ភិក្ខុមិនបានចូលមកព្រមព្រៀងគ្នា ប្រកបដោយធម៌ (នោះ) តើដូចម្តេច។ ម្នាលភិក្ខុ​ទាំង​ឡាយ ក្នុងសាសនានេះ មានកិរិយាមិនដល់សេចក្តីព្រមព្រៀង ប្រកបដោយធម៌ ដោយអាការ​ណា ដោយភេទណា ដោយ​និមិត្ត​ណា ភិក្ខុឃើញភិក្ខុដែលមិនដល់​សេចក្តី​ព្រមព្រៀងគ្នា ប្រកប​ដោយ​ធម៌ ដោយអាការនោះ ដោយភេទ​នោះ ដោយនិមិត្តនោះ បើភិក្ខុ​មិន​ឃើញ​ភិក្ខុដែលមិនដល់សេចក្តីព្រមព្រៀង ប្រកបដោយធម៌ (នោះ) ទេ គង់​មានភិក្ខុ​ឯទៀត ប្រាប់ភិក្ខុផងគ្នាថា ម្នាលអាវុសោ ភិក្ខុឈ្មោះនេះ មិនដល់សេចក្តី​ព្រមព្រៀង ប្រកបដោយ​ធម៌​ទេ ប្រសិនបើ​ភិក្ខុ ក៏មិនបានឃើញ​ភិក្ខុដែល​មិនដល់​សេចក្តីព្រមព្រៀង ប្រកបដោយ​ធម៌ ទាំងភិក្ខុ​ឯទៀត ក៏មិនបានប្រាប់ដល់ភិក្ខុ​ផងគ្នាថា ម្នាលអាវុសោ ភិក្ខុឈ្មោះនេះ មិនដល់សេចក្តីព្រមព្រៀង ប្រកបដោយធម៌ ដូច្នេះទេ ក៏គង់ភិក្ខុនោះឯង ប្រាប់ដល់​ភិក្ខុផងគ្នាថា ម្នាលអាវុសោ ខ្ញុំមិនដល់សេចក្តីព្រមព្រៀង ប្រកបដោយធម៌ទេ ម្នាលភិក្ខុទាំងឡាយ កាលបើភិក្ខុ​ប្រាថ្នា ក៏គប្បីសូត្រក្នុង​កណ្តាល​ជំនុំសង្ឃ ចំពោះបុគ្គល ដែល​នៅ​ក្នុង​ទីចំពោះមុខ ក្នុងថ្ងៃចាតុទ្ទសី ឬបណ្ណរសីឧបោសថ​នោះ ដោយ​ការឃើញនោះ ដោយការ​ឮ​នោះ ដោយការរង្កៀសនោះថា បពិត្រ​ព្រះសង្ឃដ៏ចំរើន សូមសង្ឃ​ស្តាប់ខ្ញុំ (ដ្បិត) បុគ្គល គឺភិក្ខុឈ្មោះនេះ មិនដល់សេចក្តី​ព្រមព្រៀង ប្រកបដោយធម៌ទេ ឥឡូវ ខ្ញុំនឹងបញ្ឈប់​បាតិមោក្ខ ដល់បុគ្គលនោះ កាល​បើបុគ្គលនោះនៅក្នុងទី​ចំពោះ​មុខ សង្ឃមិនត្រូវសំដែង​បាតិមោក្ខទេ។ ការបញ្ឈប់​បាតិមោក្ខ (នេះ) ឈ្មោះថា ប្រកបដោយធម៌។

[១៥៨] ភិក្ខុត្រឡប់សើរើសេចក្តីព្រមព្រៀង ប្រកបដោយធម៌ (នោះ) តើដូចម្តេច។ ម្នាលភិក្ខុ​ទាំង​ឡាយ ក្នុងសាសនានេះ រមែងមានការត្រឡប់សើរើសេចក្តីព្រមព្រៀង ប្រកប​ដោយធម៌ ដោយអាការ​ណា ដោយភេទណា ដោយ​និមិត្ត​ណា ភិក្ខុឃើញភិក្ខុ​ដែលត្រឡប់សើរើសេចក្តីព្រមព្រៀង ប្រកបដោយធម៌ ដោយអាការនោះ ដោយភេទ​នោះ ដោយនិមិត្តនោះ បើភិក្ខុ​មិន​ឃើញ​ភិក្ខុដែលត្រឡប់សើរើសេចក្តីព្រមព្រៀង ប្រកបដោយ​ធម៌ទេ គង់​មានភិក្ខុ​ឯទៀត ប្រាប់ដល់ភិក្ខុផងគ្នាថា ម្នាលអាវុសោ ភិក្ខុឈ្មោះនេះ ត្រឡប់សើរើសេចក្តីព្រមព្រៀង ប្រកបដោយធម៌ហើយ ប្រសិនបើ​ភិក្ខុ ក៏មិនឃើញ​ភិក្ខុដែល​ត្រឡប់សើរើសេចក្តីព្រមព្រៀង ប្រកបដោយធម៌ ទាំងភិក្ខុ​ឯទៀត ក៏មិនបាន​ប្រាប់ដល់ភិក្ខុ​ផង​គ្នា​ថា ម្នាលអាវុសោ ភិក្ខុឈ្មោះនេះ ត្រឡប់សើរើសេចក្តីព្រមព្រៀង ប្រកបដោយធម៌ហើយ ដូច្នេះទេ ក៏គង់ភិក្ខុនោះ ប្រាប់​ភិក្ខុផងគ្នាថា ម្នាលអាវុសោ ខ្ញុំត្រឡប់សើរើសេចក្តីព្រមព្រៀង ប្រកបដោយធម៌ហើយ ម្នាលភិក្ខុទាំងឡាយ កាលបើ​ភិក្ខុ​ប្រាថ្នា គប្បីសូត្រក្នុងកណ្តាលជំនុំសង្ឃ ចំពោះបុគ្គល ដែល​នៅ​ក្នុង​ទីចំពោះមុខនោះ ក្នុងថ្ងៃចាតុទ្ទសី ឬបណ្ណរសីឧបោសថនោះ ដោយ​ការឃើញនោះ ដោយការ​ឮ​នោះ ដោយការរង្កៀសនោះថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃ​ស្តាប់ខ្ញុំ បុគ្គលឈ្មោះនេះ ត្រឡប់សើរើសេចក្តីព្រមព្រៀង ប្រកបដោយធម៌ហើយ ខ្ញុំនឹងបញ្ឈប់​បាតិមោក្ខ ដល់​បុគ្គលនោះ កាលបើបុគ្គលនោះនៅក្នុងទី​ចំពោះ​មុខ សង្ឃមិនត្រូវសំដែង​បាតិមោក្ខ​ទេ។ ការបញ្ឈប់​បាតិមោក្ខ (នេះ) ឈ្មោះថា ប្រកបដោយធម៌។

[១៥៩] កាលបើសង្ឃបានបញ្ឈប់បាតិមោក្ខដល់ភិក្ខុនោះហើយ បរិសទ្យក៏ក្រោកចេញ ព្រោះ​បណ្តាអន្តរាយ​ទាំង១០យ៉ាង អន្តរាយណាមួយ ទោះបីអន្តរាយអំពីព្រះរាជាក្តី។បេ។ អន្តរាយ​ព្រហ្មចរិយធម៌​ក្តី ម្នាលភិក្ខុទាំងឡាយ ភិក្ខុកាលបើប្រាថ្នា ក៏គប្បីសូត្រ​ក្នុង​កណ្តាល​ជំនុំ​សង្ឃ ចំពោះបុគ្គល ដែល​នៅក្នុងទីចំពោះមុខនោះ ក្នុងអាវាសនោះ ឬក្នុង​អាវាសណាមួយថា បពិត្រ​ព្រះសង្ឃដ៏ចំរើន សូម​សង្ឃ​​ស្តាប់ខ្ញុំ ពាក្យពណ៌នា​អំពីការត្រឡប់សើរើសេចក្តីព្រមព្រៀង ប្រកប​ដោយធម៌ នៃបុគ្គលឈ្មោះនេះ សង្ឃធ្វើ​មិន​ទាន់​ស្រេចនៅឡើយ (ព្រោះ) រឿងនោះ សង្ឃ​វិនិច្ឆ័យមិនទាន់ដាច់ស្រេច បើកម្មមាន​កាលគួរ ដល់​សង្ឃ​ហើយ សង្ឃគប្បីវិនិច្ឆ័យរឿង​នោះចុះ។ បើ​សង្ឃបានវិនិច្ឆ័យ​រឿងនោះ​ដាច់ស្រេច នេះ​ក៏ជាការប្រពៃ បើបែរជាវិនិច្ឆ័យ​មិន​បាន​វិញ ក្នុង​ថ្ងៃ​ចាតុទ្ទសី ឬបណ្ណរសី​ឧបោសថនោះ ភិក្ខុត្រូវសូត្រក្នុងកណ្តាល​ជំនុំសង្ឃ ចំពោះបុគ្គល​ដែល​នៅ​ក្នុង​​​ទី​ចំពោះមុខនោះថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃ​ស្តាប់ខ្ញុំ ពាក្យពណ៌នាអំពី​ការត្រឡប់​សើរើ​សេចក្តីព្រមព្រៀង ប្រកប​ដោយធម៌ នៃបុគ្គលឈ្មោះនេះ សង្ឃធ្វើ​មិន​ទាន់​ស្រេច​នៅឡើយ​​ទេ (ព្រោះ) រឿងនោះ សង្ឃវិនិច្ឆ័យមិនទាន់ដាច់ស្រេច ខ្ញុំ​នឹង​បញ្ឈប់​​បាតិមោក្ខ ដល់បុគ្គល​នោះ​ កាលបើបុគ្គលនោះ នៅក្នុងទីចំពោះមុខ សង្ឃមិនត្រូវសំដែង​បាតិមោក្ខ​ទេ។ ការបញ្ឈប់​បាតិមោក្ខ (នេះ) ឈ្មោះថា ប្រកបដោយធម៌។

[១៦០] ភិក្ខុដែលគេបានឃើញ ឮ រង្កៀសដោយសីលវិបត្តិ តើដូចម្តេច។ ម្នាលភិក្ខុ​ទាំង​ឡាយ ភិក្ខុក្នុងសាសនានេះ ដែលគេបានឃើញ ឮ រង្កៀស ដោយសីលវិបត្តិ ដោយអាការ​ណា ដោយភេទណា ដោយ​និមិត្ត​ណា ភិក្ខុក៏ឃើញភិក្ខុ​ដែលគេបានឃើញ ឮ រង្កៀស ដោយសីលវិបត្តិ ដោយអាការនោះ ដោយភេទ​នោះ ដោយនិមិត្តនោះ បើភិក្ខុ​មិន​ឃើញ​ភិក្ខុដែលគេឃើញ ឮ រង្កៀស ដោយសីលវិបត្តិនោះទេ គង់​មានភិក្ខុ​ឯទៀត ប្រាប់ដល់ភិក្ខុ​ផងគ្នាថា ម្នាលអាវុសោ ភិក្ខុ​ឈ្មោះនេះ មានគេឃើញ ឮ រង្កៀសដោយសីលវិបត្តិ (ប្រសិនបើ) ភិក្ខុ​មិនឃើញភិក្ខុ​ដែលមាន​គេ​ឃើញ ឮ រង្កៀស ដោយសីលវិបត្តិ ទាំងភិក្ខុ​ឯទៀត ក៏មិនប្រាប់ដល់ភិក្ខុ​ផង​គ្នា​ថា ម្នាលអាវុសោ ភិក្ខុ​ឈ្មោះនេះ មានគេឃើញ ឮ រង្កៀស ដោយសីលវិបត្តិ ដូច្នេះទេ ក៏គង់ភិក្ខុនោះ​ឯង ប្រាប់ដល់​ភិក្ខុផងគ្នាថា ម្នាល​អាវុសោ ខ្លួនខ្ញុំមានគេឃើញ ឮ ឬរង្កៀស ដោយសីលវិបត្តិដូច្នេះ (មិនលែង) ម្នាលភិក្ខុ​ទាំងឡាយ កាលបើភិក្ខុមាន​ប្រាថ្នា ក៏គប្បីសូត្រក្នុង​កណ្តាលជំនុំសង្ឃ ចំពោះបុគ្គល ដែល​នៅ​ក្នុង​ទីចំពោះមុខនោះ ដោយការឃើញនោះ ដោយការឮ​នោះ​ ដោយការរង្កៀស​នោះ ក្នុងថ្ងៃចាតុទ្ទសី ឬបណ្ណរសីឧបោសថនោះថា បពិត្រ​ព្រះសង្ឃ​ដ៏ចំរើន សូមសង្ឃ​ស្តាប់ខ្ញុំ  (ដ្បិត) បុគ្គលឈ្មោះនេះ មានគេឃើញ ឮ ឬរង្កៀស ដោយសីលវិបត្តិ ខ្ញុំនឹងបញ្ឈប់​​បាតិមោក្ខ ចំពោះ​បុគ្គល​នោះ កាលបើបុគ្គលនោះនៅក្នុងទី​ចំពោះ​មុខសង្ឃ​ សង្ឃ​មិន​ត្រូវសំដែង​បាតិមោក្ខឡើយ។ ការ​បញ្ឈប់​បាតិមោក្ខ (នេះ) ឈ្មោះថា ប្រកបដោយធម៌។

[១៦១] ភិក្ខុដែលគេឃើញ ឮ រង្កៀសដោយអាចារវិបត្តិ តើដូចម្តេច។ ម្នាលភិក្ខុ​ទាំង​ឡាយ ភិក្ខុក្នុងសាសនានេះ រមែងមានគេឃើញ ឮ ឬរង្កៀស ដោយអាចារវិបត្តិ ដោយអាការ​ណា ដោយ​ភេទណា ដោយ​និមិត្ត​ណា ភិក្ខុក៏ឃើញភិក្ខុ​ដែលមានគេឃើញ ឮ ឬរង្កៀសហើយ ដោយ​អាចារ​វិបត្តិ ដោយអាការនោះ ដោយភេទ​នោះ ដោយនិមិត្តនោះដែរ បើភិក្ខុ​មិនបាន​ឃើញ​ភិក្ខុ​ដែលមាន​គេ​ឃើញ ឮ ឬរង្កៀស ដោយអាចារវិបត្តិនោះទេ គង់​មានភិក្ខុ​ឯទៀត ប្រាប់ដល់ភិក្ខុ​ផង​គ្នា​ថា ម្នាល​អាវុសោ ភិក្ខុ​ឈ្មោះនេះ មានគេឃើញ ឮ ឬរង្កៀស ដោយអាចារវិបត្តិ​ដូច្នេះដែរ (ប្រសិនបើ) ភិក្ខុក៏​មិន​បានឃើញភិក្ខុ​ដែលមានគេឃើញ ឮ ឬរង្កៀស ដោយអាចារវិបត្តិទេ ទាំង​ភិក្ខុ​​ឯទៀត ក៏មិន​បានប្រាប់ដល់ភិក្ខុ​ផង​គ្នា​ថា ម្នាល​អាវុសោ ភិក្ខុឈ្មោះនេះ មានគេឃើញ ឮ ឬរង្កៀស ដោយ​អាចារ​វិបត្តិ ដូច្នេះទេ ក៏គង់ភិក្ខុនោះ​ឯង ប្រាប់ដល់​ភិក្ខុផងគ្នាថា ម្នាលអាវុសោ ខ្លួនខ្ញុំមានគេឃើញ ឮ ឬរង្កៀស ដោយអាចារវិបត្តិហើយ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ​កាលបើ​​ប្រាថ្នា ក៏គប្បីសូត្រក្នុង​កណ្តាល​ជំនុំសង្ឃ ចំពោះបុគ្គល ដែល​នៅ​ក្នុង​ទីចំពោះមុខនោះ ដោយការ​ឃើញ​នោះ ដោយ​ការឮ​​នោះ​ ដោយការរង្កៀស​នោះ ក្នុងថ្ងៃចាតុទ្ទសី ឬបណ្ណរសី​ឧបោសថ​នោះ​ថា បពិត្រ​ព្រះសង្ឃ​ដ៏​ចំរើន សូមសង្ឃ​ស្តាប់ខ្ញុំ  (ដ្បិត) បុគ្គលឈ្មោះនេះ មានគេឃើញ ឮ ឬរង្កៀស ដោយអាចារវិបត្តិ​ហើយ ខ្ញុំនឹងបញ្ឈប់​បាតិមោក្ខ ចំពោះបុគ្គលនោះ កាលបើបុគ្គល​នោះ​នៅក្នុងទី​ចំពោះ​មុខ​ សង្ឃ​មិន​ត្រូវសំដែង​បាតិមោក្ខឡើយ។ ការបញ្ឈប់​បាតិមោក្ខ (នេះ) ឈ្មោះថា ប្រកបដោយធម៌។

[១៦២] ភិក្ខុដែលមានគេឃើញ ឮ ឬរង្កៀសដោយទិដ្ឋិវិបត្តិ តើដូចម្តេច។ ម្នាលភិក្ខុ​ទាំង​ឡាយ ភិក្ខុក្នុងសាសនានេះ រមែងមានគេឃើញ ឮ ឬរង្កៀស ដោយទិដ្ឋិវិបត្តិ ដោយអាការ​ណា ដោយភេទណា ដោយ​និមិត្ត​ណា ភិក្ខុផងគ្នាក៏ឃើញភិក្ខុ​ដែលមានគេឃើញ ឮ ឬរង្កៀស ដោយទិដ្ឋិវិបត្តិ ដោយអាការនោះ ដោយភេទ​នោះ ដោយនិមិត្តនោះដែរ បើភិក្ខុផងគ្នា​មិន​ឃើញ​ភិក្ខុដែលមានគេឃើញ ឮ ឬរង្កៀស ដោយទិដ្ឋិវិបត្តិទេ គង់​មានភិក្ខុ​ឯទៀត ប្រាប់ដល់ភិក្ខុផងគ្នាថា ម្នាលអាវុសោ ភិក្ខុ​ឈ្មោះនេះ មានគេឃើញ ឮ ឬរង្កៀសដោយទិដ្ឋិវិបត្តិដូច្នេះដែរ (ប្រសិនបើ) ភិក្ខុ​ក៏មិនឃើញភិក្ខុ​ដែលមានគេឃើញ ឮ ឬរង្កៀស ដោយសីលវិបត្តិទេ ទាំងភិក្ខុ​ឯទៀត ក៏មិនប្រាប់ដល់ភិក្ខុ​ផង​គ្នា​ថា ម្នាលអាវុសោ ភិក្ខុឈ្មោះនេះ មានគេឃើញ ឮ ឬរង្កៀសហើយ ដោយទិដ្ឋិវិបត្តិ ដូច្នេះទេ ក៏គង់ភិក្ខុនោះ​ឯង ប្រាប់ដល់​ភិក្ខុផងគ្នាថា ម្នាលអាវុសោ ខ្លួនខ្ញុំ​មាន​គេ​ឃើញ ឮ ឬរង្កៀស ដោយ​ទិដ្ឋិវិបត្តិហើយ ម្នាលភិក្ខុទាំងឡាយ ភិក្ខុកាលបើ​ប្រាថ្នា ក៏គប្បីសូត្រក្នុងទី​កណ្តាល​ជំនុំសង្ឃ ចំពោះបុគ្គល ដែល​នៅ​ក្នុង​ទីចំពោះមុខនោះ ដោយការឃើញនោះ ដោយការ​ឮ​នោះ​ ដោយការរង្កៀស​នោះ ក្នុងថ្ងៃចាតុទ្ទសី ឬបណ្ណរសីឧបោសថថា បពិត្រ​ព្រះសង្ឃ​ដ៏ចំរើន សូមសង្ឃ​ស្តាប់ខ្ញុំ  (ដ្បិត) បុគ្គលឈ្មោះនេះ មានគេឃើញ ឮ ឬរង្កៀស ដោយ​ទិដ្ឋិវិបត្តិហើយ ខ្ញុំនឹងបញ្ឈប់​បាតិមោក្ខ ចំពោះបុគ្គលនោះ កាលបើបុគ្គលនោះ នៅក្នុងទី​ចំពោះ​មុខ​ សង្ឃ​មិន​ត្រូវសំដែង​បាតិមោក្ខទេ។ (នេះ) ឈ្មោះថា ការបញ្ឈប់​បាតិមោក្ខ ប្រកបដោយធម៌។ ទាំង១០​នេះ ឈ្មោះថា ការបញ្ឈប់បាតិមោក្ខប្រកបដោយធម៌។

ភាណវារៈ ជាបឋម។

[១៦៣] គ្រានោះឯង ព្រះឧបាលិដ៏មានអាយុ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូល​ទៅដល់​ហើយ ថ្វាយបង្គំព្រះមានព្រះភាគ រួចហើយអង្គុយ​ក្នុងទីដ៏សមគួរ។ ព្រះឧបាលិដ៏​មានអាយុ លុះ​អង្គុយក្នុងទីដ៏សមគួរហើយ ក៏​ក្រាបបង្គំទូល​សេចក្តីនេះ នឹង​ព្រះមានព្រះភាគ​​ថា បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុដែលមានប្រាថ្នានឹងកាន់យកនូវអត្តាទាន [អដ្ឋកថា ពន្យល់ថា ភិក្ខុមាន​ប្រាថ្នានឹងជម្រះនូវ​សាសនា ហើយកាន់យកអធិករណ៍ណា ដោយខ្លួនឯង អធិករណ៍នោះ ហៅថា អត្តាទាន គឺជាឈ្មោះនៃអធិករណ៍ម្យ៉ាង ដែល​មានភិក្ខុរ៉ាប់រងដោយខ្លួនឯង។] (ការទទួលរ៉ាងរង​អធិករណ៍​ដោយខ្លួនឯង) តើត្រូវ​កាន់យក​នូវអត្តាទាន ប្រកបដោយអង្គប៉ុន្មាន។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលឧបាលិ (បើ) ភិក្ខុមានសេចក្តីប៉ុនប៉ង​នឹងកាន់យក​នូវអត្តាទាន ត្រូវកាន់យក​នូវអត្តាទាន ដែលប្រកប​ដោយអង្គ៥ ម្នាលឧបាលិ ឯភិក្ខុដែលមានសេចក្តីប៉ុនប៉ងនឹង​កាន់យក​នូវ​អត្តាទាន (នោះ) ត្រូវពិចារណាយ៉ាងនេះថា អាត្មាអញមានបំណងនឹងកាន់​យកនូវអត្តាទាននេះ ចុះ​កាលនេះ ជាកាលគួរនឹងកាន់​យកនូវអត្តាទាននេះ ឬមិនគួរទេ។ ម្នាលឧបាលិ ប្រសិន​បើភិក្ខុ​ពិចារណាទៅ បានដឹងយ៉ាងនេះថា កាលនេះជាកាលមិនគួរ ជាកាលមិនទំនងនឹង​កាន់​យកនូវអត្តាទាននេះទេ ម្នាលឧបាលិ ភិក្ខុមិនត្រូវ​កាន់​យកនូវអត្តាទាននោះឡើយ។ ម្នាល​ឧបាលិ ប្រសិនជាភិក្ខុពិចារណាទៅបានដឹងយ៉ាងនេះថា កាលនេះជាកាលគួរ មិនមែន​ជាកាល​មិនគួរ​នឹង​កាន់​យកនូវអត្តាទាននេះទេ ម្នាលឧបាលិ ភិក្ខុនោះ ត្រូវ​ពិចារណា​តទៅទៀតថា អាត្មាអញ មានបំណង​នឹង​កាន់​យកនូវអត្តាទាននេះ តើអត្តាទាន​នេះពិតឬទេ។ ម្នាលឧបាលិ បើភិក្ខុពិចារណា​ទៅដឹងយ៉ាងនេះថា អត្តាទាននេះ មិនពិត មិនប្រាកដទេ ម្នាលឧបាលិ ភិក្ខុ​មិនត្រូវ​កាន់​យកនូវអត្តាទាននោះឡើយ។ ម្នាលឧបាលិ ប្រសិនជាភិក្ខុពិចារណាទៅ បានដឹង​យ៉ាងនេះថា អត្តាទាននេះ ពិតប្រាកដហើយ មិនមែន​មិនពិតទេ ម្នាលឧបាលិ ភិក្ខុនោះត្រូវ​ពិចារណា​តទៅទៀតថា អាត្មាអញ មានបំណង​នឹងកាន់យកនូវអត្តាទាននេះ អត្តាទាននេះ តើ​ប្រកប​ដោយប្រយោជន៍ ឬមិនប្រកប​ដោយប្រយោជន៍​ទេ។ ម្នាលឧបាលិ ប្រសិនបើ​ភិក្ខុ​ពិចារណាទៅ បានដឹង​យ៉ាងនេះថា អត្តាទាននេះ មិនប្រកបដោយប្រយោជន៍ ជាអំពើ​ឥត​ប្រយោជន៍ទេ ម្នាលឧបាលិ ភិក្ខុមិនត្រូវកាន់យកនូវអត្តាទាននោះឡើយ។ ម្នាលឧបាលិ ប្រសិនជាភិក្ខុពិចារណាទៅ បានដឹង​យ៉ាងនេះថា អត្តាទាននេះ ប្រកបដោយប្រយោជន៍ មិនមែន​ជាអំពើ​ឥត​ប្រយោជន៍ទេ ម្នាលឧបាលិ ភិក្ខុនោះ ត្រូវពិចារណាតទៅទៀតថា កាលបើអាត្មាអញ​ កាន់យកនូវអត្តាទាននេះទៅ តើនឹងបានពួកភិក្ខុជាមិត្តសម្លាញ់​គ្រាន់តែជួបគ្នា ឬជាមិត្ត​សម្លាញ់​ តែងនៅរួមជាមួយគ្នា ជាពួក​ខាងធម៌ ខាងវិន័យ ឬមិនបានទេ។ ម្នាលឧបាលិ ប្រសិនជា​ភិក្ខុ​ពិចារណា​ទៅ បានដឹង​យ៉ាងនេះថា កាលបើអាត្មាអញ កាន់យកនូវ​អត្តាទាននេះទៅហើយ នឹងមិន​បានពួកភិក្ខុជាមិត្តសម្លាញ់គ្រាន់តែជួបគ្នា ឬជាមិត្ត​សម្លាញ់តែង​នៅរួមជាមួយគ្នា ជាពួក​ខាងធម៌ ខាងវិន័យ (ទាំងនោះទេ) ម្នាលឧបាលិ ភិក្ខុមិនត្រូវកាន់យកនូវអត្តាទាននោះឡើយ។ ម្នាលឧបាលិ ប្រសិនជាភិក្ខុពិចារណាទៅ បានដឹង​យ៉ាងនេះថា កាលបើអាត្មាអញ កាន់យក​នូវ​អត្តាទាននេះទៅ នឹងបានពួកភិក្ខុ ជាមិត្តសម្លាញ់គ្រាន់តែជួបគ្នា ឬជាមិត្ត​សម្លាញ់​តែង​នៅ​រួម​ជា​មួយ​គ្នា ដែលជាពួក​ខាងធម៌ ខាងវិន័យ ម្នាលឧបាលិ ភិក្ខុនោះ ត្រូវពិចារណា​តទៅទៀតថា កាល​បើ​អាត្មាអញ កាន់យក​នូវ​អត្តាទាននេះទៅ ក្រែងមានការប្រកួតប្រកាន់ ការឈ្លោះ ការប្រកាន់ខុស ការទាស់ទែង ការបែកធ្លាយនៃសង្ឃ ការប្រេះឆានៃសង្ឃ ការកំណត់ផ្សេងនៃ​សង្ឃ ការធ្វើផ្សេងៗ​នៃសង្ឃ នឹងកើតមានដល់សង្ឃ ព្រោះហេតុនៃអត្តាទាននោះ ឬមិនមានទេ។ ម្នាលឧបាលិ បើភិក្ខុពិចារណាទៅ បានដឹង​យ៉ាងនេះថា កាលបើអាត្មាអញ កាន់យក​នូវ​អត្តាទាន​ទៅហើយ ការប្រកួតប្រកាន់ ការឈ្លោះ ការប្រកាន់ខុស ការទាស់ទែង ការបែកធ្លាយ​នៃសង្ឃ ការប្រេះឆានៃសង្ឃ ការកំណត់ផ្សេងនៃ​សង្ឃ ការធ្វើផ្សេងៗនៃសង្ឃ នឹងកើត​មានដល់សង្ឃ ព្រោះហេតុនៃអត្តាទាននោះ (ជាប្រាកដ) ម្នាលឧបាលិ ភិក្ខុមិន​ត្រូវកាន់យក​នូវ​អត្តាទាននោះ​ឡើយ។ ម្នាលឧបាលិ បើភិក្ខុពិចារណាទៅ បានដឹង​យ៉ាងនេះថា កាលបើអាត្មាអញ កាន់យក​នូវ​អត្តាទាននេះ​ទៅ ការប្រកួតប្រកាន់ ការ​ឈ្លោះ ការប្រកាន់ខុស ការទាស់ទែង ការបែកធ្លាយ​នៃ​សង្ឃ ការប្រេះឆានៃសង្ឃ ការកំណត់​ផ្សេងនៃ​សង្ឃ និងការធ្វើផ្សេងៗនៃសង្ឃ មិនកើតមាន​ដល់​សង្ឃ ព្រោះ​ហេតុនៃអត្តាទាននោះឡើយ ម្នាលឧបាលិ ភិក្ខុត្រូវកាន់យក​នូវ​អត្តាទាននោះចុះ​ ម្នាល​ឧបាលិ អត្តាទានប្រកបដោយអង្គ៥ប្រការ ដូចបានសំដែង​មកនេះឯង កាលបើ​ភិក្ខុកាន់​យក​ហើយ នឹងមិនធ្វើ​ឲ្យកើត​សេចក្តី​ក្តៅក្រហាយចិត្ត ក្នុងកាលជាខាងក្រោយឡើយ។

[១៦៤] ព្រះឧបាលិក្រាបបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុអ្នកចោទ មានបំណង​នឹងចោទភិក្ខុដទៃ តើត្រូវពិចារណាធម៌ចំពោះខ្លួនឯង មានប៉ុន្មានសិន ទើបគួរនឹងចោទ​ភិក្ខុដទៃ​បាន។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលឧបាលិ ឯភិក្ខុអ្នកចោទមានបំណង​នឹងចោទ​ភិក្ខុដទៃ ត្រូវ​ពិចារណាធម៌​៥ប្រការ ចំពោះ​ខ្លួនឯងសិន រួចសឹម​ចោទភិក្ខុដទៃ ម្នាលឧបាលិ ភិក្ខុអ្នកចោទមាន​បំណង​នឹងចោទភិក្ខុដទៃ ត្រូវពិចារណាយ៉ាងនេះថា អាត្មាអញ មាន​កាយសមាចារបរិសុទ្ធឬហ្ន៎ អាត្មាអញ ជាអ្នកប្រកបដោយកាយសមាចារបរិសុទ្ធ មិនធ្លុះ​ធ្លាយ មិនមានទំនងគួរឲ្យ​គេចាប់ថ្នាក់​បាន ធម៌នុ៎ះមានគ្រប់គ្រាន់ដល់អាត្មាអញ ឬមិនមាន​ទេ។ ម្នាលឧបាលិ បើភិក្ខុមានកាយសមាចារ​មិន​បរិសុទ្ធទេ (តែហាក់ដូច) ជាអ្នកប្រកប​ដោយកាយសមាចារបរិសុទ្ធ មិនធ្លុះធ្លាយ មិនមាន​ទំនងគួរ​ឲ្យគេចាប់ថ្នាក់បាន ភិក្ខុនោះ​ឯងគង់មានអ្នកផងស្តីដាស់តឿនថា នែលោកដ៏​មានអាយុ ចូរ​លោកសិក្សា​នូវ​សមាចារ​ផ្លូវ​កាយជាមុនសិន ភិក្ខុនោះគង់មានអ្នកផងស្តីដាស់តឿន ដូច​សំដែង​មកនេះឯង។

[១៦៥] ម្នាលឧបាលិ ពាក្យខាងមុខ​នៅមានទៀត ភិក្ខុអ្នកចោទមានបំណង​នឹងចោទ​ភិក្ខុដទៃ ត្រូវពិចារណាយ៉ាងនេះថា អាត្មាអញ មានវចីសមាចារបរិសុទ្ធឬហ្ន៎ អាត្មាអញ ប្រកប​ដោយ​វចីសមាចារបរិសុទ្ធ មិនធ្លុះធ្លាយ មិនមានទំនងគួរឲ្យ​គេចាប់ថ្នាក់​បាន ធម៌​នោះ មាន​គ្រប់​គ្រាន់​ដល់អាត្មាអញ ឬមិនមានទេ។ ម្នាលឧបាលិ បើភិក្ខុមានវចីសមាចារ​មិន​បរិសុទ្ធទេ (តែ​ហាក់​ដូច) ជាអ្នកប្រកបដោយវចីសមាចារបរិសុទ្ធ មិនធ្លុះធ្លាយ មិនមាន​ទំនងគួរ​ឲ្យគេចាប់ថ្នាក់បាន ភិក្ខុនោះ គង់មានអ្នកផងស្តីដាស់តឿនថា នែលោកដ៏​មាន​អាយុ ចូរ​លោកសិក្សា​នូវ​សមាចារ​ផ្លូវ​វាចាជាមុនសិន ភិក្ខុនោះ គង់មានអ្នកផង​ស្តី​ដាស់តឿន ដូច​សំដែង​មកនេះឯង។

[១៦៦] ម្នាលឧបាលិ ពាក្យខាងមុខ​នៅមានទៀត ភិក្ខុអ្នកចោទមានបំណង​នឹងចោទ​ភិក្ខុ​ដទៃ ត្រូវពិចារណាយ៉ាងនេះថា ចិត្តរបស់អាត្មាអញ មានមេត្តាតាំងមាំ ទាំង​មិន​ចង្អៀតចង្អល់​ក្នុង​សព្រហ្មចារីបុគ្គលទេឬហ្ន៎ ធម៌នោះ មាន​គ្រប់​គ្រាន់​ដល់អាត្មាអញ ឬមិនមានទេ។ ម្នាលឧបាលិ បើភិក្ខុមិនមានមេត្តាចិត្តតាំងមាំ មានចិត្តចង្អៀតចង្អល់ ក្នុង​សព្រហ្មចារីបុគ្គល ភិក្ខុនោះ គង់​មាន​អ្នក​ផងស្តីដាស់តឿនថា នែលោកដ៏​មានអាយុ ចូរ​លោកតាំងមេត្តាចិត្តឲ្យ (មាំ) ក្នុងសព្រហ្មចារី​បុគ្គល​ចុះ ភិក្ខុនោះ គង់មានអ្នកផង​ស្តីដាស់​តឿន ដូច​សំដែង​មកនេះឯង។

[១៦៧] ម្នាលឧបាលិ ពាក្យខាងមុខ​នៅមានទៀត ភិក្ខុអ្នកចោទ មានបំណង​នឹងចោទ​ភិក្ខុ​ដទៃ ត្រូវពិចារណាយ៉ាងនេះថា អាត្មាអញ ជាពហុស្សូត ទ្រទ្រង់ព្រះសូត្រ សន្សំ​ព្រះសូត្រ​ឬហ្ន៎ (មួយទៀត) ធម៌ទាំងឡាយណា មានលំអបទដើម លំអបទកណ្តាល លំអបទចុង ប្រកាសនូវ​ព្រហ្មចរិយធម៌ ព្រមទាំងអត្ថ ទាំងព្យញ្ជនៈ ពេញបរិបូណ៌ បរិសុទ្ធទាំងអស់ ធម៌ទាំងនោះ ជាធម៌​ដែល​អាត្មាអញ​បានស្តាប់​ច្រើន បានទ្រទ្រង់ បានសន្សំដោយពាក្យ បានពិចារណា (មុតមាំ) ហើយក្នុងចិត្ត បានយល់ត្រឹមត្រូវ​ហើយដោយទិដ្ឋិ ធម៌នោះមាន​គ្រប់​គ្រាន់​ដល់អាត្មាអញ ឬមិនទាន់មានទេ។ ម្នាលឧបាលិ ប្រសិនជាភិក្ខុមិនមែន​ជា​ពហុស្សូត មិនទ្រទ្រង់ព្រះសូត្រ មិនសន្សំ​ព្រះសូត្រ​សោះទេ បើធម៌ទាំងឡាយណា មានលំអបទដើម លំអបទកណ្តាល លំអបទចុង ប្រកាស​ព្រហ្មចរិយធម៌ ព្រមទាំងអត្ថ ទាំងព្យញ្ជនៈពេញបរិបូណ៌ បរិសុទ្ធទាំងអស់ ធម៌​ទាំងឡាយ​មានសភាពដូច្នោះ គឺភិក្ខុនោះ​មិនបានចេះដឹងច្រើន មិនបានទ្រទ្រង់ មិនបានសន្សំ​ដោយពាក្យ មិនបានពិចារណា (មុតមាំ) ក្នុងចិត្ត មិនបានយល់ត្រឹមត្រូវដោយទិដ្ឋិទេ ភិក្ខុនោះឯង គង់មានអ្នកផង​ស្តីដាស់តឿនថា ម្នាលលោកដ៏​មានអាយុ សូមនិមន្ត​លោករៀន​ព្រះបរិយត្តិធម៌​សិន​ទៅ ភិក្ខុនោះគង់មានអ្នកផងស្តីដាស់តឿន ដូចសំដែង​មកនេះឯង។

[១៦៨] ម្នាលឧបាលិ ពាក្យខាងមុខ​នៅមានទៀត ភិក្ខុអ្នកចោទ មានបំណង​នឹងចោទ​ភិក្ខុ​ដទៃ ត្រូវពិចារណាយ៉ាងនេះថា បាតិមោក្ខទាំងពីរ អញក៏ចេះចាំដោយសេចក្តីពិស្តារ ចែកចេញ​បានដោយប្រពៃ ចាំស្ទាត់រត់មាត់ កាត់សេចក្តីបានដោយល្អ តាមសូត្រ គឺខន្ធកៈ និងបរិវារៈ តាម​អនុព្យញ្ជនៈដែរឬ ធម៌នុ៎ះមាន​គ្រប់​គ្រាន់​ដល់អាត្មាអញ ឬមិនមានទេ។ ម្នាលឧបាលិ ប្រសិនបើ​បាតិមោក្ខទាំងពីរ ភិក្ខុមិនបានចេះចាំដោយសេចក្តីពិស្តារ មិនបាន​ចែកចេញ​ដោយប្រពៃ មិនបាន​ចាំស្ទាត់​រត់មាត់ មិនបានកាត់សេចក្តី​ដោយល្អ តាមសូត្រ តាមអនុព្យញ្ជនៈទេ ភិក្ខុនោះឯង បើមាន​គេសួរថា ម្នាលោកដ៏មានអាយុ ចុះសិក្ខាបទនេះ ព្រះមានព្រះភាគ ទ្រង់ត្រាស់សំដែងក្នុងនគរ​ណា ភិក្ខុនោះមុខជាឆ្លើយប្រាប់ទៅវិញមិនរួច ភិក្ខុនោះឯង គង់មានអ្នកផងស្តីដាស់តឿនថា ម្នាលលោកដ៏​មានអាយុ សូមនិមន្ត​លោក​រៀនវិន័យ​សិន​ទៅ ភិក្ខុនោះឯង គង់មានអ្នកផងស្តីដាស់តឿន ដូចសំដែង​មកនេះឯង ម្នាលឧបាលិ ភិក្ខុអ្នកចោទ មានប្រាថ្នា​នឹងចោទ​ភិក្ខុដទៃ ត្រូវពិចារណាធម៌៥ប្រការនេះ ក្នុងខ្លួនឯងសិន ហើយសឹមចោទភិក្ខុដទៃ។

[១៦៩] ព្រះឧបាលិក្រាបបង្គំ​ទូលសួរថា បពិត្រព្រះអង្គដ៏ចំរើន បើភិក្ខុអ្នកចោទ មានប្រាថ្នា​នឹងចោទភិក្ខុដទៃ តើត្រូវតាំងធម៌ប៉ុន្មានប្រការក្នុងខ្លួនឯង ហើយទើបគួរចោទភិក្ខុដទៃ​បាន។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលឧបាលិ ភិក្ខុអ្នកចោទ បើមានប្រាថ្នា​នឹងចោទ​ភិក្ខុ​ដទៃ លុះតែតាំង​ធម៌៥ប្រការក្នុងខ្លួនឯង ទើបគួរចោទភិក្ខុដទៃបាន (ធម៌៥ប្រការនោះគឺ) អាត្មាអញ នឹងនិយាយ​ត្រូវ​តាមកាលគួរ មិននិយាយខុសកាល១ អាត្មាអញ នឹងនិយាយ​ពាក្យពិត មិននិយាយពាក្យមិន​ពិត១ អាត្មាអញ​នឹងនិយាយពាក្យផ្អែមល្ហែម មិននិយាយ​ពាក្យអាក្រក់១ អាត្មាអញ​នឹងនិយាយ​ពាក្យប្រកបដោយប្រយោជន៍ មិននិយាយ​ពាក្យឥត​ប្រយោជន៍១ អាត្មាអញនឹងតាំង​មេត្តាចិត្ត​ហើយសឹមនិយាយ មិននិយាយ​ទាំងទោសចិត្ត១ ម្នាលឧបាលិ ភិក្ខុអ្នកចោទ មានប្រាថ្នា​នឹងចោទ​ភិក្ខុដទៃ ត្រូវតាំងធម៌​៥ប្រការ​ទុកក្នុងខ្លួន​ឯង ហើយសឹមចោទភិក្ខុដទៃ។

[១៧០] ព្រះឧបាលិក្រាបបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចំរើន សង្ឃត្រូវតាំង​វិប្បដិសារៈ (សេចក្តីក្តៅក្រហាយស្តាយក្រោយ) ទុកចំពោះភិក្ខុអ្នកចោទ ដែលមិនប្រកបដោយធម៌ ដោយអាការ​ប៉ុន្មានយ៉ាង។ ព្រះអង្គ ទ្រង់ត្រាស់តបថា ម្នាលឧបាលិ សង្ឃត្រូវ​តាំង​វិប្បដិសារៈ ទុក​ចំពោះភិក្ខុអ្នកចោទដែល​មិនប្រកបដោយធម៌ ដោយអាការ​៥យ៉ាងដូច្នេះ​ថា នែលោកដ៏​មានអាយុ លោកចោទខុសកាល មិនមែន​ចោទត្រូវតាមកាលទេ លោកគួរដល់វិប្បដិសារៈហើយ១ នែ​លោក​ដ៏មានអាយុ លោកចោទ​ដោយពាក្យ​មិនពិត មិនមែន​ចោទដោយពាក្យ​ពិតទេ លោក​គួរ​ដល់​វិប្បដិសារៈហើយ១ នែលោក​ដ៏​មានអាយុ លោកចោទដោយពាក្យអាក្រក់ មិនមែន​ចោទ​ដោយ​ពាក្យ​ពីរោះទេ លោកគួរ​ដល់​វិប្បដិសារៈ​ហើយ១ នែលោកដ៏​មានអាយុ លោកចោទប្រកបដោយ​កម្ម​ឥតប្រយោជន៍ មិនមែន​ចោទប្រកបដោយកម្មមានប្រយោជន៍​ទេ លោកគួរដល់វិប្បដិសារៈ​ហើយ១ នែ​លោក​ដ៏​មានអាយុ លោកជាអ្នកចោទ (គេ) ទាំងទោសចិត្ត មិនមែន​ចោទដោយ​មេត្តា​ចិត្តទេ លោកគួរដល់​វិប្បដិសារៈ​ហើយ១ ម្នាលឧបាលិ សង្ឃគប្បីតាំងវិប្បដិសារៈទុក ចំពោះ​ភិក្ខុ​អ្នក​ចោទ ដែលមិនប្រកប​ដោយធម៌ ដោយអាការ​៥យ៉ាងនេះឯង។ សេចក្តីនោះ ព្រោះហេតុអ្វី។ ព្រោះថា ភិក្ខុដទៃ មិនត្រូវសំគាល់​ភិក្ខុផងគ្នា ដែលត្រូវ​គេចោទ​ដោយ​ពាក្យមិនពិត (នោះទេ)។

[១៧១] ព្រះឧបាលិក្រាបបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចំរើន ចុះសង្ឃគប្បីតាំង​អវិប្បដិសារៈ (សេចក្តីមិនក្តៅក្រហាយ) ទុក ចំពោះភិក្ខុដែលគេចោទ មិនប្រកបដោយធម៌ ដោយ​អាការ​​ប៉ុន្មាន។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលឧបាលិ សង្ឃគប្បី​តាំងអវិប្បដិសារៈទុក​ ចំពោះ​ភិក្ខុ​ដែល​គេ​ចោទ ​មិនប្រកបដោយធម៌ ដោយអាការ​៥យ៉ាងដូច្នេះថា នែលោកដ៏​មានអាយុ គេចោទ​លោក​ខុសកាល មិនមែន​ត្រូវតាមកាលទេ លោកគួរដល់​អវិប្បដិសារៈ១ នែលោក​ដ៏​មានអាយុ គេចោទ​លោកដោយពាក្យមិនពិត មិនមែន​តាម​ពិតទេ លោកគួរ​ដល់​អវិប្បដិសារៈ១ នែលោកដ៏​មានអាយុ គេចោទលោក ដោយពាក្យ​អាក្រក់ មិនមែនដោយពាក្យ​ពីរោះទេ លោកគួរ​ដល់​អវិប្បដិសារៈ១ នែលោកដ៏មានអាយុ គេចោទ​លោកដោយពាក្យ​មិនប្រកប​ដោយ​ប្រយោជន៍ មិនមែនដោយពាក្យប្រកបដោយ​ប្រយោជន៍​ទេ លោកគួរដល់អវិប្បដិសារៈ១ នែលោកដ៏​មាន​អាយុ គេចោទលោកដោយ​ទោសចិត្ត មិនមែន​ដោយមេត្តាចិត្តទេ លោកគួរដល់អ​វិប្បដិសារៈ​១ ម្នាលឧបាលិ សង្ឃ​គប្បី​តាំងអវិប្បដិសារៈទុក ចំពោះ​ភិក្ខុ ដែលគេចោទមិនប្រកប​ដោយធម៌ ដោយអាការ​៥យ៉ាងនេះឯង។

[១៧២] ព្រះឧបាលិក្រាបបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចំរើន សង្ឃគប្បីតាំង​អវិប្បដិសារៈ​ទុក ចំពោះភិក្ខុអ្នកចោទ ដែលប្រកបដោយធម៌ ដោយ​អាការ​​ប៉ុន្មានយ៉ាង។ ព្រះអង្គ ត្រាស់ថា ម្នាលឧបាលិ សង្ឃគប្បី​តាំងអវិប្បដិសារៈទុក​ ចំពោះ​ភិក្ខុអ្នក​ចោទ ដែល​ប្រកប​ដោយ​ធម៌ ដោយអាការ​៥យ៉ាងដូច្នេះថា នែលោកដ៏​មានអាយុ លោកចោទគេ​ត្រូវតាមកាល​គួរហើយ មិន​មែន​ចោទខុសកាលទេ លោកគួរដល់អវិប្បដិសារៈ១ នែលោក​ដ៏​មានអាយុ លោកចោទ​គេដោយ​ពាក្យ​ពិតហើយ មិនមែនចោទដោយពាក្យ​មិនពិតទេ លោកគួរ​ដល់​អវិប្បដិសារៈ១ នែលោកដ៏​មានអាយុ លោកចោទគេ ដោយពាក្យ​ពីរោះ​ហើយ មិនមែនចោទ ដោយពាក្យ​អាក្រក់ទេ លោក​គួរ​ដល់អវិប្បដិសារៈ១ នែលោកដ៏​មានអាយុ លោក​ចោទគេ​ដោយ​ពាក្យ​ប្រកប​ដោយ​ប្រយោជន៍ មិនមែនចោទដោយ​ពាក្យមិន​ប្រកបដោយប្រយោជន៍​ទេ លោក​គួរ​ដល់​អវិប្បដិសារៈ១ នែលោកដ៏​មាន​អាយុ លោកជាអ្នកតាំងមេត្តាចិត្ត ហើយទើបចោទ មិនមែន​ចោទ​ទាំងទោសចិត្តទេ លោកគួរ​ដល់អ​វិប្បដិសារៈ​១ ម្នាលឧបាលិ សង្ឃគប្បីតាំងអវិប្បដិសារៈទុក ចំពោះ​ភិក្ខុ អ្នកចោទ ដែល​ប្រកប​​ដោយធម៌ ដោយអាការ​៥យ៉ាងនេះឯង។ សេចក្តីនោះ ព្រោះ​ហេតុអ្វី។ ព្រោះ​ថា ភិក្ខុដទៃ គប្បីសំគាល់​ភិក្ខុផងគ្នា ដែលគេចោទដោយពាក្យពិត។

[១៧៣] ព្រះឧបាលិក្រាបបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចំរើន សង្ឃគប្បីតាំង​វិប្បដិសារៈទុក ចំពោះភិក្ខុដែលគេចោទ ប្រកបដោយធម៌ ដោយ​អាការ​​ប៉ុន្មានយ៉ាង។ ព្រះអង្គ​ត្រាស់​ថា ម្នាលឧបាលិ សង្ឃគប្បី​តាំងវិប្បដិសារៈទុក​ ចំពោះ​ភិក្ខុដែលគេ​ចោទ​ប្រកប​ដោយ​ធម៌ ដោយអាការ​៥យ៉ាងដូច្នេះថា ម្នាលលោកដ៏​មានអាយុ គេចោទលោកត្រូវ​តាមកាលហើយ មិនមែនចោទដោយខុសកាលទេ លោកគួរដល់វិប្បដិសារៈហើយ១ នែលោក​ដ៏​មានអាយុ គេចោទលោកដោយពាក្យពិតហើយ មិនមែនចោទដោយពាក្យ​មិនពិតទេ លោកគួរ​ដល់​វិប្បដិសារៈហើយ១ ម្នាលលោកដ៏​មានអាយុ គេចោទលោក​ដោយ​ពាក្យពីរោះហើយ មិនមែន​ចោទដោយពាក្យ​អាក្រក់ទេ លោកគួរ​ដល់វិប្បដិសារៈ​ហើយ១ ម្នាលលោកដ៏មានអាយុ គេចោទលោក​ដោយ​ពាក្យ​ប្រកប​ដោយ​ប្រយោជន៍​ហើយ មិនមែន​ចោទ​ដោយ​ពាក្យ​មិន​ប្រកប​ដោយ​ប្រយោជន៍​ទេ លោក​គួរ​ដល់វិប្បដិសារៈ​ហើយ១ ម្នាលលោកដ៏​មាន​អាយុ គេចោទ​លោក​ដោយមេត្តាចិត្តហើយ មិនមែន​ចោទ​ដោយទោសចិត្តទេ លោកគួរដល់​វិប្បដិសារៈហើយ​១ ម្នាល​ឧបាលិ សង្ឃគប្បី​តាំង​វិប្បដិសារៈ​ទុក ចំពោះ​ភិក្ខុ ដែលគេចោទប្រកប​ដោយធម៌ ដោយអាការ​៥យ៉ាងនេះឯង។

[១៧៤] ព្រះឧបាលិក្រាបបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុអ្នកចោទ មានប្រាថ្នា​នឹងចោទ​ភិក្ខុដទៃ ត្រូវធ្វើទុក​ក្នុងចិត្តនូវធម៌មានប៉ុន្មានក្នុងខ្លួនឯងហើយ ទើបចោទ​ភិក្ខុដទៃ​បាន។ ព្រះអង្គ​ត្រាស់តប​ថា ម្នាលឧបាលិ ភិក្ខុអ្នក​ចោទ មានប្រាថ្នានឹងចោទភិក្ខុដទៃ​ត្រូវ​ធ្វើទុកក្នុងចិត្ត​នូវធម៌​៥យ៉ាងក្នុងខ្លួនឯងសិន ទើបចោទ​ភិក្ខុដទៃបាន (ធម៌៥យ៉ាងនោះគឺ) ជាអ្នក​មានចិត្តករុណា១ អ្នកស្វែងរកប្រយោជន៍១ អ្នកទំនុកបម្រុង (ដោយប្រយោជន៍​នោះ)១ អ្នកប៉ង​ឲ្យភិក្ខុដទៃ​រួចចាកអាបត្តិ១ យកវិន័យជាប្រធាន១ ម្នាលឧបាលិ ភិក្ខុអ្នក​ចោទ មាន​ប្រាថ្នា​នឹងចោទ​ភិក្ខុដទៃ ត្រូវធ្វើទុកក្នុងចិត្តនូវ​ធម៌៥យ៉ាងនេះឯង ក្នុងខ្លួនឯង​សិន ទើបចោទភិក្ខុដទៃបាន។

[១៧៥] ព្រះឧបាលិក្រាបបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចំរើន ចុះភិក្ខុដែលគេចោទវិញ ត្រូវតាំងនៅក្នុងធម៌ប៉ុន្មានយ៉ាង។ ព្រះអង្គត្រាស់ថា ម្នាលឧបាលិ ភិក្ខុដែលគេចោទ​ត្រូវតាំង​​នៅក្នុង​ធម៌២យ៉ាង គឺ សេចក្តីពិតត្រង់១ សេចក្តី​មិនក្រោធ១។

ចប់ បាតិមោក្ខដ្ឋបនក្ខន្ធកៈ ទី៩។

ក្នុងខន្ធកៈនេះ មានរឿង​៣។

ចប់ ភាណវារៈ ២ប្រការ។

ឧទ្ទាននៃ បាតិមោក្ខដ្ឋបនក្ខន្ធកៈ នោះដូច្នេះ

[១៧៦] រឿង​ព្រះមានព្រះភាគ គង់ក្នុងរោងឧបោសថ១ រឿងព្រះអានន្ទក្រាបបង្គំទូល​អស់​វារៈ៣ដង១​ រឿងភិក្ខុបាបមិនចេញពីរោងឧបោសថ១ រឿងព្រះមោគ្គល្លានបណ្តេញ​ភិក្ខុ​បាប​ចេញ១ រឿងក្នុងសាសនារបស់ព្រះជិនស្រី មាន អច្ឆរិយព្ភូតធម៌ (៨យ៉ាងគឺ) មាន​សិក្ខាជាលំដាប់ ដូចមហាសមុត្រមានទំនាប​ជាលំដាប់ ពួកសាវ័ក មិនប្រព្រឹត្តកន្លង​សិក្ខាបទ ដូច​មហាសមុទ្រ មានទឹក​តាំងនៅនឹងជាធម្មតា សង្ឃរមែងលើកបុគ្គល​អាក្រក់​ចេញ ដូចរលកសមុទ្រ ដែល​ផាត់​សាកសពស្លាប់ទៅលើគោក​ (វណ្ណៈ៤ពួក) ដែលចេញ​បួសហើយ តែងលះបង់នាម និងគោត្រ​ដើម ដូចទន្លេធំៗ តែងលះបង់នាម និងគោត្រដើម ពួកភិក្ខុដែលបរិនិព្វាន ព្រះនិព្វាន ក៏មិនប្រាកដ​ជាខ្វះ ឬពេញ ព្រះធម៌វិន័យ​មានរស​តែមួយ គឺវិមុត្តិរស ដូច​មហាសមុទ្រ មានរសតែមួយ គឺ​រសប្រៃ ព្រះធម៌វិន័យ​មាន​គុណសម្បត្តិជាគ្រឿងត្រេកអរច្រើន ដូច​មហាសមុទ្រ មានរតនៈ​ច្រើនយ៉ាង ព្រះធម៌វិន័យ ជាទីអាស្រ័យនៅ​នៃព្រះ​អរិយបុគ្គល៨ពួក ដូច​មហាសមុទ្រជាទី​អាស្រ័យ​នៃសត្វធំៗ១ រឿងព្រះមានព្រះភាគ ធ្វើសេចក្តីប្រៀបផ្ទឹមនឹង​​មហាសមុទ្រ ហើយទ្រង់​តម្កល់​គុណទុក​ក្នុងសាសនា១។ រឿងព្រះមានព្រះភាគ ទ្រង់អនុញ្ញាត​ឲ្យសំដែងបាតិមោក្ខ ក្នុងថ្ងៃ​ឧបោសថ១ រឿងព្រះមានព្រះភាគ ទ្រង់អនុញ្ញាត​ឲ្យបញ្ឈប់បាតិមោក្ខ១ រឿង​ឆព្វគ្គិយភិក្ខុ ត្រូវ​អាបត្តិហើយ ចូលទៅស្តាប់បាតិមោក្ខ ដោយប្តេជ្ញាខ្លួនថា គ្មាននរណាមួយស្គាល់​យើងឡើយ១ រឿង​ឆព្វគ្គិយភិក្ខុបញ្ឈប់បាតិមោក្ខ ដោយប្រញាប់ប្រញាល់១ រឿង​ពួកភិក្ខុពោលទោស (ព្រោះ​បញ្ឈប់បាតិមោក្ខ)១ រឿងបញ្ឈប់បាតិមោក្ខមិនប្រកប​ដោយ​ធម៌ និងប្រកបដោយធម៌ មាន១,​២,​៣,​៤,៥,៦,៧,៨,៩,១០យ៉ាងក៏មាន១។ រឿងភិក្ខុបញ្ឈប់​បាតិមោក្ខ ព្រោះវិបត្តិមានចំណែក​៤ប្រការ​ គឺ សីលវិបត្តិ អាចារវិបត្តិ ទិដ្ឋិវិបត្តិ អាជីវវិបត្តិ១។ រឿងភិក្ខុបញ្ឈប់បាតិមោក្ខ ព្រោះវិបត្តិ​មាន​ចំណែក៥​ប្រការ​ គឺ បារាជិកាបត្តិ សង្ឃាទិសេសាបត្តិ បាចិត្តិយាបត្តិ បាដិទេសនីយាបត្តិ ទុក្កដាបត្តិ១ រឿងភិក្ខុបញ្ឈប់​បាតិមោក្ខ ព្រោះវិបត្តិមានចំណែក៦ប្រការ​ គឺ សីលវិបត្តិ អាចារវិបត្តិ (ទិដ្ឋិវិបត្តិ) ក្នុងមួយៗ ចែកជាពីរ គឺចែកទៅជាភិក្ខុមិនធ្វើ និងធ្វើ១។ រឿងភិក្ខុបញ្ឈប់បាតិមោក្ខ ព្រោះអាបត្តិ (មានចំណែក​៧យ៉ាង)​ គឺ បារាជិកាបត្តិ សង្ឃាទិសេសាបត្តិ ថុល្លច្ចយាបត្តិ បាចិត្តិយាបត្តិ បាដិទេសនីយាបត្តិ ទុក្កដាបត្តិ ទុព្ភាសិតាបត្តិ១ រឿងភិក្ខុបញ្ឈប់បាតិមោក្ខ ព្រោះវិបត្តិ​មានចំណែក​៨យ៉ាង​ គឺ សីលវិបត្តិ អាចារវិបត្តិ (ទិដ្ឋិវិបត្តិ) អាជីវវិបត្តិ (ក្នុងមួយៗ ចែក​ជា២ គឺចែកជា) ភិក្ខុមិនធ្វើ និងធ្វើ១ រឿងភិក្ខុបញ្ឈប់បាតិមោក្ខ ព្រោះវិបត្តិ​៩យ៉ាង ដែល​ព្រះមានព្រះភាគ ទ្រង់ជ្រាបពិតហើយ ទ្រង់ត្រាស់​ដូច្នេះថា សីលវិបត្តិ អាចារវិបត្តិ ទិដ្ឋិវិបត្តិ (ក្នុង​មួយៗ ចែក​ជា៣ គឺចែកជា) ភិក្ខុមិនធ្វើ និងធ្វើ ទាំងធ្វើនិងមិនធ្វើ១។ រឿងអ្នក​ប្រាជ្ញត្រូវដឹងថា ការបញ្ឈប់បាតិមោក្ខនោះ ដោយហេតុ១០យ៉ាងគឺ មានភិក្ខុត្រូវបារាជិក (អង្គុយក្នុងបរិសទ្យនោះ) បារាជិកកថា សង្ឃធ្វើមិនទាន់ស្រេច ភិក្ខុពោលលាសិក្ខា អង្គុយ​ក្នុងបរិសទ្យនោះ បច្ចក្ខាតកថា សង្ឃ​ធ្វើមិនទាន់ស្រេច ភិក្ខុព្រមព្រៀងគ្នា ភិក្ខុត្រឡប់​សើរើសេចក្តីព្រមព្រៀងវិញ បច្ចាទានកថា សង្ឃ​ធ្វើ​មិនទាន់ស្រេច ភិក្ខុមានគេឃើញ ឮ ឬរង្កៀសដោយសីលវិបត្តិ ដោយអាចារវិបត្តិ ដោយ​ទិដ្ឋិវិបត្តិ១។ រឿង (ភិក្ខុត្រូវអាបត្តិ​បារាជិក អង្គុយ​ក្នុងបរិសទ្យ) ថានឹងមានភិក្ខុផងគ្នាឃើញ​ភិក្ខុ​ត្រូវ​អាបត្តិបារាជិក (នោះ) បើមិនដូច្នោះ គង់មានភិក្ខុឯទៀតប្រាប់ដំណើរនោះ ដល់ភិក្ខុផងគ្នា ឬ​ភិក្ខុ​នោះ ប្រាប់ដល់​ភិក្ខុបរិសុទ្ធដោយខ្លួនឯង១ រឿង​ភិក្ខុបញ្ឈប់បាតិមោក្ខ ចំពោះភិក្ខុនោះ១។ រឿង​បរិសទ្យក្រោកដើរចេញ ព្រោះអន្តរាយ១០យ៉ាង អន្តរាយណាមួយ គឺអន្តរាយ​អំពីព្រះរាជា ចោរ ភ្លើង ទឹក មនុស្ស អមនុស្ស សត្វសាហាវ ពស់តូចធំ ជីវិត និងព្រហ្មចរិយ១ ការបញ្ឈប់បាតិមោក្ខ​ប្រកបដោយធម៌ និងមិនប្រកបដោយធម៌ (នេះ) ភិក្ខុគប្បីដឹងតាម​សមគួរដល់​ឧបាយចុះ។ រឿង (ព្រះមានព្រះភាគ ទ្រង់សំដែងថា បើមានភិក្ខុប៉ងនឹង​កាន់យកនូវ​អត្តាទាន ត្រូវកាន់យកអត្តាទាន ដែល​ប្រកបដោយអង្គ៥ប្រការ) គឺ កាលគួរ អធិករណ៍ពិតប្រាកដ អធិករណ៍ប្រកបដោយ​ប្រយោជន៍ បានភិក្ខុដែលជាប៉ែកខាងធម៌​វិន័យ​មកជាមិត្តសម្លាញ់ មិនមានហេតុ មានសេចក្តី​ប្រកាន់​ជាដើម១ រឿង (ព្រះមានព្រះភាគ ទ្រង់សំដែងថា ភិក្ខុអ្នកចោទ ប្រាថ្នានឹងចោទភិក្ខុ​ដទៃ ត្រូវ​ពិចារណា​ធម៌​៥យ៉ាង ចំពោះ​ខ្លួនឯងជាមុន) ថា អាត្មាអញមានកាយ​សមាចារ​បរិសុទ្ធដែរឬទេ មាន​វចីសមាចារ​បរិសុទ្ធដែរឬទេ មានមេត្តាចិត្តតាំង​មាំដែរឬទេ ជាពហុស្សូតដែរឬទេ ជាអ្នក​ស្ទាត់​ជំនាញក្នុងបាតិមោក្ខទាំងពីរ​ដែរឬទេ១។ រឿង (ព្រះមានព្រះភាគ ទ្រង់សំដែងថា ភិក្ខុអ្នកចោទ ប្រាថ្នានឹង​ចោទភិក្ខុដទៃ ត្រូវតាំងខ្លួន​ឲ្យមាំក្នុងធម៌៥យ៉ាងគឺ ជាអ្នកនិយាយ​ត្រូវតាមកាលគួរ និយាយ​ពាក្យពិត និយាយពាក្យពីរោះ និយាយពាក្យប្រកប​ដោយ​ប្រយោជន៍ ចោទដោយ​មេត្តាចិត្ត)១ រឿង (ព្រះមានព្រះភាគ ទ្រង់សំដែងថា ភិក្ខុគួរតាំង​នៅ​វិប្បដិសារៈទុក ចំពោះ​ភិក្ខុ​អ្នកចោទមិនប្រកបដោយធម៌៥យ៉ាង)១ រឿងសង្ឃគួរ​បន្ទោបង់​វិប្បដិសារៈ ចំពោះ​ភិក្ខុដែល​ចោទ​ប្រកបដោយធម៌៥យ៉ាងដូចគ្នា១ រឿង​ព្រះមានព្រះភាគ ទ្រង់សំដែងថា ភិក្ខុគួរតាំង​អវិប្បដិសារៈ ចំពោះ​ភិក្ខុដែលគេចោទ​ប្រកបដោយធម៌ ដោយអាការ៥យ៉ាង១ រឿងព្រះមានព្រះភាគ ទ្រង់សំដែងថា ភិក្ខុអ្នក​ចោទ ប្រាថ្នានឹងចោទភិក្ខុដទៃ ត្រូវតាំងធម៌៥យ៉ាងទុកក្នុងចិត្ត គឺ ជាអ្នក​មានសេចក្តីករុណា ស្វែងរក​ប្រយោជន៍ មានសេចក្តីអនុគ្រោះ (ដោយប្រយោជន៍នោះ) ប៉ុនប៉ង​ឲ្យភិក្ខុដទៃរួច​ចាកអាបត្តិ យកវិន័យ​ជាប្រធាន១ រឿង​ព្រះសម្ពុទ្ធ ទ្រង់សំដែងសេចក្តីប្រតិបត្តិ របស់​ភិក្ខុអ្នកត្រូវចោទ តាំងខ្លួនក្នុងធម៌២យ៉ាងគឺ ពាក្យពិតត្រង់ និងសេចក្តីមិនក្រោធ១ នេះជា​ធម្មតា របស់​ភិក្ខុដែលត្រូវគេចោទ។

ភិក្ខុនីខន្ធកៈ

[១៧៧] សម័យនោះ ព្រះពុទ្ធ​មានព្រះភាគ ទ្រង់គង់ក្នុងនិគ្រោធារាម ក្បែរក្រុងកបិលព័ស្តុ ក្នុងដែនសក្កៈ។ លំដាប់នោះឯង ព្រះនាងមហាបជាបតីគោតមី ចូលទៅគាល់​ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ថ្វាយបង្គំ​ព្រះមានព្រះភាគ ហើយឋិតនៅ​ក្នុងទីដ៏សមគួរ។ លុះ​ព្រះនាងមហាបជាបតីគោតមី ឋិតនៅក្នុងទីដ៏សមគួរហើយ ទើប​ក្រាប​បង្គំទូល​ពាក្យនេះ នឹង​ព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំម្ចាស់សូមអង្វរ មាតុគ្រាមគួរនឹងបានចេញចាកផ្ទះ ចូលទៅកាន់ផ្នួសក្នុងធម្មវិន័យ ដែល​ព្រះតថាគត ទ្រង់ជ្រាបច្បាស់ហើយ។ ព្រះសម្មាសម្ពុទ្ធទ្រង់​ឃាត់ថា កុំឡើយ ព្រះនាងគោតមី ព្រះនាង​កុំគាប់ព្រះទ័យ ឲ្យមាតុគ្រាមចេញចាកផ្ទះ ចូលមក​កាន់​ផ្នួសក្នុងធម្មវិន័យ ដែលតថាគត ជ្រាបច្បាស់ហើយ (នោះ) ឡើយ។ ព្រះនាងមហា​បជាបតីគោតមី បានក្រាបបង្គំទូលសូម អស់វារៈជាគំរប់ពីរដងផង។បេ។ ព្រះនាងមហាបជាបតី​គោតមី បានក្រាបបង្គំទូល​ព្រះមានព្រះភាគ អស់វារៈជាគំរប់បីដងផង យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំម្ចាស់​សូមអង្វរ មាតុគ្រាមគួរនឹងបានចេញចាកផ្ទះ ចូលទៅកាន់​ផ្នួស​ក្នុង​ធម្មវិន័យ ដែល​ព្រះតថាគត ទ្រង់ជ្រាបច្បាស់ហើយ។ ព្រះសម្មាសម្ពុទ្ធទ្រង់​ឃាត់ថា កុំឡើយ ព្រះនាង​គោតមី ព្រះនាងកុំគាប់ព្រះទ័យ ឲ្យមាតុគ្រាមចេញចាកផ្ទះ ចូលមក​កាន់​ផ្នួស​ក្នុង​ធម្ម​វិន័យ ដែលតថាគត ជ្រាបច្បាស់ហើយ (នោះ) ឡើយ។ លំដាប់នោះឯង ព្រះនាងមហាបជាបតី​គោតមី បាន(ជ្រាបថា) ព្រះមានព្រះភាគ មិនទ្រង់អនុញ្ញាត​ឲ្យមាតុគ្រាម​ចេញ​ចាកផ្ទះ ចូលមក​កាន់ផ្នួស​ ក្នុងធម្មវិន័យ ដែលព្រះតថាគត​ទ្រង់ជ្រាបច្បាស់ហើយ (ដូច្នោះ) ក៏ជាទុក្ខ តូចព្រះទ័យ ស្រក់ទឹកព្រះនេត្រ ទ្រង់ព្រះកន្សែង ហើយក្រាបថ្វាយបង្គំ​លា​ព្រះមានព្រះភាគ ធ្វើប្រទក្សិណ រួចចៀសចេញទៅ។

[១៧៨] លំដាប់នោះឯង ព្រះមានព្រះភាគ ទ្រង់គង់ក្នុងក្រុងកបិលព័ស្តុ តាមគួរដល់​ពុទ្ធ​អធ្យាស្រ័យ ហើយយាងចេញទៅកាន់ចារិកនគរវេសាលី លុះយាងទៅកាន់ចារិក​ដោយ​លំដាប់ ក៏បានទៅដល់នគរវេសាលីនោះឯង។ មានសេចក្តីដំណាលថា ព្រះមានព្រះភាគ ទ្រង់គង់​ក្នុង​កូដាគារសាលា នាព្រៃមហាវ័ន ទៀតក្រុងវេសាលីនោះ។ លំដាប់នោះឯង ព្រះនាងមហា​បជាបតីគោតមី ឲ្យគេកោរព្រះកេសា ហើយស្លៀកសំពត់ជ្រលក់​ដោយទឹក​អម្ចត់ ក៏ទ្រង់យាង​សំដៅទៅនគរវេសាលី ចូលទៅកាន់កូដាគារសាលា នាព្រៃមហាវ័ន ទៀបក្រុង​វេសាលីនោះតាមលំដាប់ ជាមួយនឹងពួកនាងសាកិយានីជាច្រើន។ លំដាប់​នោះឯង ព្រះនាងមហាបជាបតីគោតមី មានព្រះបាទទាំងពីរពុរពង មានព្រះអង្គ​ប្រឡាក់​ដោយធូលី ជាទុក្ខ តូចព្រះទ័យ ស្រក់ទឹកព្រះនេត្រ ឈរទ្រង់ព្រះកន្សែង ទៀបក្លោងទ្វារ​ខាងក្រៅ។ ព្រះអានន្ទ​ដ៏​មានអាយុ​បានឃើញ​ព្រះនាងមហាបជាបតីគោតមី មានព្រះបាទ​ទាំងគូពុរពង មានព្រះអង្គ​ប្រឡាក់​ដោយធូលី ជាទុក្ខ តូចព្រះទ័យ ស្រក់ទឹកព្រះនេត្រ កំពុងតែឈរទ្រង់ព្រះកន្សែង ទៀបក្លោងទ្វារខាងក្រៅ លុះបានឃើញហើយ ក៏ពោល​ពាក្យនេះ នឹងព្រះនាង​មហា​បជាបតី​គោតមីថា បពិត្រព្រះនាងគោតមី ហេតុអ្វីបានជា​ព្រះនាង មានព្រះបាទទាំងគូពុរពង មានព្រះអង្គ​ប្រឡាក់​ដោយធូលី ជាទុក្ខ តូចព្រះទ័យ ស្រក់ទឹកព្រះនេត្រ ឈរទ្រង់ព្រះកន្សែង ទៀបក្លោងទ្វារ​ខាងក្រៅដូច្នេះ។ ព្រះនាង​មហា​បជាបតី​គោតមីឆ្លើយតបថា បពិត្រ​ព្រះអានន្ទដ៏ចំរើន បានជាដូច្នោះ ព្រោះតែ​ព្រះមានព្រះភាគ មិនទ្រង់អនុញ្ញាតឲ្យមាតុគ្រាម​ចេញ​ចាកផ្ទះ មកកាន់​ផ្នួស​ ក្នុងធម្មវិន័យ ដែលព្រះមានព្រះភាគ ​ទ្រង់ជ្រាបច្បាស់ហើយផងសោះ។ ព្រះអានន្ទដ៏មាន​អាយុ មាន​វាចាថា បពិត្រព្រះនាងគោតមី បើដូច្នោះ សូមព្រះនាងទ្រង់ចាំអាត្មាភាព ក្នុងទីនេះមួយ​រំពេច​សិនចុះ ទម្រាំ​អាត្មាភាព ទៅក្រាប​បង្គំទូលសុំ​ព្រះមានព្រះភាគ ឲ្យមាតុគ្រាម​បាន​ចេញ​ចាកផ្ទះ ចូលមកកាន់ផ្នួស​ ក្នុងធម្មវិន័យ ដែលព្រះតថាគត​ជ្រាបច្បាស់ហើយ។

[១៧៩] លំដាប់នោះ ព្រះអានន្ទដ៏មានអាយុ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូល​ទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំ​ព្រះមានព្រះភាគ រួចគង់ក្នុងទីដ៏សមគួរ។ លុះ​ព្រះអានន្ទ​ដ៏មានអាយុ គង់​ក្នុងទីដ៏សមគួរហើយ ក្រាបបង្គំទូលពាក្យនេះ នឹង​ព្រះមានព្រះភាគ​ថា បពិត្រព្រះអង្គដ៏ចំរើន ព្រះនាង​មហាបជាបតី​គោតមីនេះ មានព្រះបាទ​ទាំងគូ​ពុរពង មាន​ព្រះ​អង្គប្រឡាក់​ដោយធូលី ជាទុក្ខ តូចព្រះទ័យ ស្រក់ទឹកព្រះនេត្រ ឈរទ្រង់ព្រះកន្សែង​ទៀប​ក្លោង​ទ្វារខាងក្រៅ (ព្រោះ​ជ្រាបថា) ព្រះមានព្រះភាគ មិនទ្រង់អនុញ្ញាតឲ្យមាតុគ្រាម ចេញចាក​ផ្ទះ ចូលមកកាន់ផ្នួសក្នុងធម្មវិន័យ ដែល​ព្រះតថាគត​ ទ្រង់ជ្រាបច្បាស់​ហើយ បពិត្រព្រះអង្គដ៏ចំរើន សូមទ្រង់ព្រះមេត្តាប្រោស ឲ្យមាតុគ្រាមបានចេញចាក​ផ្ទះ ចូលមក​កាន់ផ្នួសក្នុងធម្មវិន័យ ដែល​ព្រះតថាគត​ ទ្រង់ជ្រាបច្បាស់​ហើយផង។ ព្រះសម្មាសម្ពុទ្ធ​ទ្រង់ឃាត់ថា កុំឡើយ អានន្ទ អ្នកកុំចូល​ចិត្ត​ឲ្យមាតុគ្រាម​ចេញចាក​ផ្ទះ ចូលមកកាន់​ផ្នួសក្នុងធម្មវិន័យ ដែលតថាគត​ជ្រាបច្បាស់​ហើយ (នោះ) ឡើយ។ ព្រះអានន្ទដ៏មានអាយុ បានក្រាបបង្គំ​ទូលពាក្យនេះ នឹង​ព្រះមានព្រះភាគ ជាគំរប់​ពីរដងផងថា បពិត្រព្រះអង្គ​ដ៏ចំរើន សូមទ្រង់ព្រះមេត្តាប្រោស ឲ្យមាតុគ្រាមបានចេញចាក​ផ្ទះ ចូលមកកាន់ផ្នួស​ក្នុងធម្មវិន័យ ដែល​ព្រះតថាគត​ ទ្រង់ជ្រាបច្បាស់​ហើយផងចុះ។ ព្រះសម្មា​សម្ពុទ្ធ​ទ្រង់​ឃាត់ថា កុំឡើយ អានន្ទ អ្នកកុំចូល​ចិត្ត​ឲ្យមាតុគ្រាម​ចេញចាក​ផ្ទះ ចូលមកកាន់ផ្នួស​ក្នុង​ធម្ម​វិន័យ ដែលតថាគត​ជ្រាបច្បាស់​ហើយ (នោះ) ឡើយ។ ព្រះអានន្ទដ៏មានអាយុ បានក្រាបបង្គំ​ទូល​ពាក្យ​នេះ នឹង​ព្រះមានព្រះភាគ ជាគំរប់​បីដងផងថា បពិត្រព្រះអង្គ​ដ៏ចំរើន សូមទ្រង់ព្រះ​មេត្តា​ប្រោស ឲ្យមាតុគ្រាមបានចេញចាក​ផ្ទះ ចូលមកកាន់ផ្នួស​ក្នុងធម្មវិន័យ ដែល​ព្រះតថាគត​ ទ្រង់ជ្រាបច្បាស់​ហើយផងចុះ។ ព្រះសម្មាសម្ពុទ្ធទ្រង់​ឃាត់ថា កុំឡើយ អានន្ទ អ្នកកុំចូល​ចិត្ត​ឲ្យមាតុគ្រាម​ចេញចាក​ផ្ទះ ចូលមកកាន់ផ្នួស​ក្នុងធម្មវិន័យ ដែលតថាគត​ជ្រាបច្បាស់​ហើយ (នោះ) ឡើយ។ លំដាប់នោះ ព្រះអានន្ទ​ដ៏មានអាយុត្រិះរិះថា ឥឡូវនេះ ព្រះមានព្រះភាគ មិនទ្រង់​អនុញ្ញាត​ឲ្យមាតុគ្រាម​ចេញចាក​ផ្ទះ ចូលមកកាន់ផ្នួសក្នុងធម្មវិន័យ ដែល​ព្រះតថាគត​ ទ្រង់​ជ្រាប​ច្បាស់​​ហើយទេ បើដូច្នេះ គួរតែអាត្មាអញ ក្រាបបង្គំទូល​សូម​ព្រះមានព្រះភាគ ដោយ​បរិយាយ​ផ្សេងៗ​ទៀត ដើម្បី​​ឲ្យមាតុគ្រាម​ចេញចាក​ផ្ទះ ចូលមកកាន់ផ្នួស ក្នុងធម្មវិន័យ ដែលព្រះតថាគត​ទ្រង់ជ្រាបច្បាស់​ហើយ។ លំដាប់នោះ ព្រះអានន្ទដ៏មានអាយុ បានក្រាបបង្គំ​ទូលពាក្យនេះ នឹង​ព្រះ​មាន​ព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន (បើ) មាតុគ្រាមចេញចាក​ផ្ទះ ចូលមកកាន់​ផ្នួសក្នុង​ធម្មវិន័យ ដែល​ព្រះតថាគត​ ទ្រង់ជ្រាបច្បាស់​ហើយ តើអាច​ដើម្បី​ធ្វើឲ្យជាក់ច្បាស់ នូវ​សោតាបត្តិផលខ្លះ សកិទាគាមិផលខ្លះ អនាគាមិផលខ្លះ អរហត្តផលខ្លះ​ បានដែរឬ​ទេ។ ព្រះ​សម្មាសម្ពុទ្ធ ទ្រង់ត្រាស់ថា ម្នាលអានន្ទ (បើ) មាតុគ្រាម​ចេញចាក​ផ្ទះ ចូលមក​កាន់ផ្នួស​ក្នុង​ធម្ម​វិន័យ ដែលតថាគត​ជ្រាបច្បាស់​ហើយ ក៏អាចដើម្បី​ធ្វើឲ្យជាក់ច្បាស់ នូវ​សោតាបត្តិផលខ្លះ សកិទាគាមិផលខ្លះ អនាគាមិផលខ្លះ អរហត្តផលខ្លះបាន។​ ព្រះអានន្ទ​ក្រាបបង្គំ​ទូលថា បពិត្រព្រះអង្គដ៏ចំរើន បើ​មាតុគ្រាមចេញចាក​ផ្ទះ ចូលមកកាន់ផ្នួស​ក្នុងធម្មវិន័យ ដែល​ព្រះតថាគត​ ទ្រង់ជ្រាបច្បាស់​ហើយ អាចដើម្បី​ធ្វើឲ្យជាក់ច្បាស់ នូវ​សោតាបត្តិផលខ្លះ សកិទាគាមិផលខ្លះ អនាគាមិផលខ្លះ អរហត្តផលខ្លះ​ បានដែរ បពិត្រព្រះអង្គដ៏ចំរើន ព្រះនាង​មហាបជាបតី​គោតមី មានឧបការៈច្រើន ជាព្រះមាតុច្ឆានៃ​ព្រះមានព្រះភាគ ព្រះនាង​បាន​ទ្រាំ​ទ្រ​ថែរក្សា ថ្វាយទឹកក្សីរ កាលព្រះមាតា​ទ្រង់ទិវង្គតទៅ ព្រះនាងបានបំបៅ​ព្រះអង្គ (តរៀងមក) បពិត្រព្រះអង្គដ៏ចំរើន សូមទ្រង់ព្រះមេត្តាប្រោស ​ឲ្យមាតុគ្រាម​បានចេញចាក​ផ្ទះ ចូលមកកាន់​ផ្នួសក្នុងធម្មវិន័យ ដែលព្រះតថាគត​ជ្រាបច្បាស់​​ហើយផងចុះ។

[១៨០] ព្រះសម្ពុទ្ធ ទ្រង់ត្រាស់ថា ម្នាលអានន្ទ បើព្រះនាង​មហាបជាបតី​គោតមី ទទួល​ប្រតិបត្តិ​តាម គរុធម៌ ទាំង​៨បាន ឧបសម្បទា​នោះ ចូរ​សម្រេច​ដល់ព្រះនាងចុះ (ឯគរុធម៌៨នោះ) គឺ​ភិក្ខុនីសូម្បី​ឧបសម្បទា​បានមួយរយវស្សាហើយ ក៏ត្រូវតែថ្វាយបង្គំ ក្រោកទទួល ធ្វើអញ្ជលីកម្ម សាមីចិកម្ម ចំពោះភិក្ខុ ដែលទើបនឹងបាន​ឧបសម្បទា​ក្នុងថ្ងៃនោះ ធម៌នេះ ភិក្ខុនីត្រូវធ្វើសក្ការៈ គោរពរាប់អានបូជា កុំប្រព្រឹត្តកន្លង ដរាប​អស់ជីវិត១ ភិក្ខុនីមិនត្រូវ​នៅចាំវស្សា ក្នុង​អាវាស​ដែល​គ្មានភិក្ខុឡើយ ធម៌នេះ ភិក្ខុនី​ត្រូវធ្វើសក្ការៈ គោរព រាប់អាន បូជា កុំប្រព្រឹត្តកន្លង​ដរាប​អស់​ជីវិត១ ភិក្ខុនីត្រូវប្រាថ្នា​ធម៌ពីរប្រការ គឺសួរឧបោសថ ចូលទៅស្តាប់ឱវាទ អំពីសំណាក់​ភិក្ខុ​សង្ឃ​រាល់​កន្លះ​ខែ ធម៌នេះ ភិក្ខុនីត្រូវធ្វើសក្ការៈ គោរពរាប់អានបូជា កុំប្រព្រឹត្តកន្លង​ដរាប​អស់​ជីវិត១ ភិក្ខុនី ​នៅចាំវស្សារួចហើយ ត្រូវបវារណា ក្នុងសំណាក់​សង្ឃទាំង២ពួក ដោយស្ថានទាំង​៣ គឺឃើញក្តី ឮក្តី រង្កៀសក្តី ធម៌នេះ ភិក្ខុនីត្រូវធ្វើសក្ការៈ គោរព រាប់អាន បូជា កុំប្រព្រឹត្តកន្លង ដរាប​អស់​ជីវិត១ ភិក្ខុនីត្រូវគរុកាបត្តិហើយ គប្បីប្រព្រឹត្តបក្ខមានត្ត​ ក្នុងសំណាក់សង្ឃទាំង​២ពួក ធម៌នេះ ភិក្ខុនី​ត្រូវ​ធ្វើសក្ការៈ គោរព រាប់អាន បូជា កុំប្រព្រឹត្តកន្លង ដរាបអស់ជីវិត១ ភិក្ខុនី ត្រូវជួយ​ស្វែងរកឧបសម្បទា ក្នុងសំណាក់សង្ឃទាំង២ពួក ដល់សិក្ខមានា ដែល​បានសិក្សាសិក្ខា​ក្នុងធម៌ទាំង៦ប្រការ​គ្រប់២ឆ្នាំហើយ ធម៌នេះ ភិក្ខុនីត្រូវធ្វើសក្ការៈ គោរព រាប់អាន បូជា កុំប្រព្រឹត្ត​កន្លង​ដរាបអស់ជីវិត១ ភិក្ខុនីមិនត្រូវជេរ មិនត្រូវ​ប្រទេច​​ភិក្ខុ ​ដោយបរិយាយណាមួយឡើយ ធម៌នេះ ភិក្ខុនីត្រូវធ្វើសក្ការៈ គោរព រាប់អាន បូជា កុំប្រព្រឹត្តកន្លងដរាបអស់ជីវិត១ តាំងពីថ្ងៃ (ដែលបានឧបសម្បទា​នេះទៅ) ភិក្ខុនី ត្រូវតែ​ស្តាប់បង្គាប់​ភិក្ខុ ឯភិក្ខុ មិនត្រូវស្តាប់​បង្គាប់​ភិក្ខុនី​វិញទេ ធម៌នេះ ភិក្ខុនីត្រូវធ្វើសក្ការៈ គោរព រាប់អាន បូជា កុំប្រព្រឹត្តកន្លងដរាបអស់ជីវិត១ ម្នាលអានន្ទ បើ​ព្រះនាង​មហាបជាបតី​គោតមី ទទួលប្រតិបត្តិ​តាម គរុធម៌ ទាំង៨នេះបាន ឧបសម្បទានោះ ចូរសម្រេច​ដល់​ព្រះនាងចុះ។

[១៨១] លំដាប់នោះ ព្រះអានន្ទដ៏មានអាយុ បានរៀនគរុធម៌ទាំង៨ ក្នុងសំណាក់​ព្រះមាន​ព្រះភាគ (ចាំស្ទាត់ហើយ) ក៏ចូលទៅរក​ព្រះនាង​មហាបជាបតី​គោតមី លុះចូលទៅដល់​ហើយ ពោល​ពាក្យនេះ នឹងព្រះនាង​មហាបជាបតី​គោតមីថា បពិត្រព្រះនាង​គោតមី បើព្រះនាងទទួល​ប្រតិបត្តិ​តាមគរុធម៌ទាំង៨បាន ឧបសម្បទានោះ ទើបបានសម្រេច​ដល់​ព្រះនាង (ឯគរុធម៌​ទាំង៨នោះគឺ) ភិក្ខុនី សូម្បី​បានឧបសម្បទាមួយរយវស្សាហើយ ក៏ត្រូវ​តែ​​ថ្វាយ​បង្គំ ក្រោកទទួល ធ្វើអញ្ជលីកម្ម សាមីចិកម្ម ចំពោះភិក្ខុ ដែលទើបនឹងបួស​ក្នុងថ្ងៃនោះ ធម៌នេះ ភិក្ខុនី ត្រូវធ្វើសក្ការៈ គោរព រាប់អាន បូជា កុំប្រព្រឹត្តកន្លង ដរាប​អស់ជីវិត១ ភិក្ខុនីមិនត្រូវ​នៅចាំវស្សា ក្នុង​អាវាស ​ដែល​គ្មានភិក្ខុទេ ធម៌នេះ ភិក្ខុនី​ត្រូវធ្វើសក្ការៈ គោរព រាប់អាន បូជា កុំប្រព្រឹត្តកន្លង​ដរាប​អស់​​ជីវិត១ ភិក្ខុនី ត្រូវប្រាថ្នា​ធម៌ពីរប្រការ គឺសួរបាតិមោក្ខ ចូលទៅស្តាប់ឱវាទ អំពីសំណាក់​ភិក្ខុ​សង្ឃ​ រាល់កន្លះខែ ធម៌នេះ ភិក្ខុនីត្រូវធ្វើសក្ការៈ គោរព រាប់អាន បូជា កុំប្រព្រឹត្តកន្លង ​ដរាប​អស់​​ជីវិត១ ភិក្ខុនី ​នៅចាំវស្សារួចហើយ ត្រូវបវារណាក្នុងសំណាក់​សង្ឃទាំង២ពួក ដោយស្ថានទាំង​៣ គឺឃើញ​ក្តី ឮក្តី រង្កៀសក្តី ធម៌នេះ ភិក្ខុនីត្រូវធ្វើសក្ការៈ គោរព រាប់អាន បូជា កុំប្រព្រឹត្ត​កន្លងដរាប​អស់​ជីវិត១ ភិក្ខុនីត្រូវគរុកាបត្តិហើយ គប្បីប្រព្រឹត្តបក្ខមានត្ត​ ក្នុងសំណាក់​សង្ឃទាំង២ពួក ធម៌នេះ ភិក្ខុនីត្រូវធ្វើសក្ការៈ គោរព រាប់អាន បូជា កុំប្រព្រឹត្តកន្លង ដរាបអស់ជីវិត១ ភិក្ខុនី ត្រូវជួយ​ស្វែងរកឧបសម្បទា ក្នុងសំណាក់សង្ឃទាំង២ពួក ដល់សិក្ខមានា ដែល​បានសិក្សាសិក្ខា​ក្នុងធម៌ទាំង៦ប្រការ គ្រប់២ឆ្នាំហើយ ធម៌នេះ ភិក្ខុនីត្រូវធ្វើសក្ការៈ គោរព រាប់អាន បូជា កុំប្រព្រឹត្ត​កន្លង ​ដរាបអស់ជីវិត១ ភិក្ខុនីមិន​ត្រូវជេរ មិនត្រូវ​ប្រទេច​​ភិក្ខុ ​ដោយ​បរិយាយ​ណាមួយឡើយ ធម៌នេះ ភិក្ខុនីត្រូវធ្វើសក្ការៈ គោរព រាប់អាន បូជា កុំប្រព្រឹត្តកន្លង ដរាបអស់ជីវិត១ តាំងពីថ្ងៃ (ដែលបានឧបសម្បទា​នេះទៅ) ភិក្ខុនីត្រូវស្តាប់បង្គាប់​ភិក្ខុ ឯភិក្ខុ មិនត្រូវស្តាប់​បង្គាប់​ភិក្ខុនី​វិញទេ ធម៌នេះ ភិក្ខុនីត្រូវធ្វើសក្ការៈ គោរព រាប់អាន បូជា កុំប្រព្រឹត្ត​កន្លង ដរាបអស់ជីវិត១ បពិត្រ​ព្រះនាង​គោតមី បើព្រះនាងទទួលប្រព្រឹត្តិគរុធម៌ ទាំង៨នេះបាន ឧបសម្បទា​នោះ នឹងសម្រេច​ដល់ព្រះនាងមិនខាន។ ព្រះនាង​មហាបជាបតី​គោតមី​ឆ្លើយតប​ថា បពិត្រព្រះអានន្ទដ៏​ចំរើន ស្ត្រី ឬបុរសនៅក្រមុំកំឡោះ តែងចូលចិត្តស្អិតស្អាងខ្លួន សិតសក់ស្អាត​ហើយ បានកម្រងផ្កាឧប្បលក្តី ផ្កាម្លិះក្តី ផ្កាដែលមានក្លិនក្រអូបណាស់ក្តី ហើយទទួលយក​ដោយ​ដៃទាំងពីរ តម្កល់ទុក​លើអវយវៈ​ដ៏ឧត្តម គឺត្បូង យ៉ាងណាមិញ បពិត្រព្រះអានន្ទដ៏ចំរើន ខ្ញុំនឹង​ទទួល​ប្រតិបត្តិ​តាមគរុធម៌​ទាំង៨នេះ (ដោយសេចក្តីពេញចិត្ត) ហើយមិនប្រព្រឹត្ត​កន្លង ដរាប​អស់​ជីវិត ដូច្នោះដែរ។

[១៨២] លំដាប់នោះ ព្រះអានន្ទដ៏មានអាយុ ចូលទៅគាល់​ព្រះមានព្រះភាគ លុះចូល​ទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំ​ព្រះមានព្រះភាគ ហើយគង់ក្នុងទីដ៏សមគួរ។ ព្រះ​អានន្ទ​មាន​អាយុ លុះគង់ក្នុងទីសមគួរហើយ បានក្រាបបង្គំទូលពាក្យនេះ នឹង​ព្រះមានព្រះភាគ​ថា បពិត្រ​ព្រះអង្គដ៏ចំរើន គរុធម៌ទាំង៨យ៉ាង ព្រះនាង​មហាបជាបតី​គោតមី បាន​ទទួលហើយ ព្រះ​មាតុច្ឆា​នៃព្រះមានព្រះភាគ បានឧបសម្បទារួចហើយ។ ព្រះសម្ពុទ្ធ ទ្រង់ត្រាស់ថា ម្នាលអានន្ទ បើប្រសិន​ណា​ជាមាតុគ្រាម មិនបានចេញចាកផ្ទះ ចូលមក​កាន់ផ្នួស ក្នុងធម្មវិន័យ ដែល​តថាគត​ជ្រាបច្បាស់​ហើយទេ ម្នាលអានន្ទ ព្រហ្មចារ្យ នឹងបានតាំងនៅជាអង្វែង ព្រះសទ្ធម្ម គឺអរហត្តផល ក៏​នឹងបានតាំងនៅអស់១ពាន់ឆ្នាំ ម្នាលអានន្ទ តែកាលណាមាតុគ្រាម​ចេញចាកផ្ទះ ចូល​មក​កាន់​ផ្នួស ក្នុងធម្មវិន័យ ដែល​តថាគត​ជ្រាបច្បាស់​ហើយ ម្នាលអានន្ទ ឥឡូវនេះ ព្រហ្មចារ្យ មិនបាន​តាំង​នៅយូរ​អង្វែងទេ ម្នាលអានន្ទ ឥឡូវនេះ ព្រះសទ្ធម្ម ​នឹងឋិតនៅបានត្រឹមតែ​ប្រាំរយឆ្នាំវិញ ម្នាលអានន្ទ មាតុគ្រាម បានចេញចាកផ្ទះ ចូលមកកាន់ផ្នួស ក្នុងធម្មវិន័យ គឺព្រហ្មចារ្យណា ព្រហ្មចារ្យនោះ មិនបានតាំងនៅយូរ​អង្វែងទេ ម្នាលអានន្ទ ប្រៀបដូចត្រកូល​ទាំងឡាយ​ណានី​មួយ ដែលមានស្ត្រីច្រើន មានប្រុសតិច ត្រកូលទាំងនោះ ពួកចោរលួចក្អមឆ្នាំង ក៏អាចចូល​មក​បំផ្លាញ​បានដោយងាយ ម្នាលអានន្ទ មាតុគ្រាម បានចេញចាកផ្ទះ ចូលមកកាន់ផ្នួស ក្នុងធម្មវិន័យ គឺព្រហ្មចារ្យណា ព្រហ្មចារ្យនោះ មិនតាំងនៅយូរអង្វែងទេ ម្នាលអានន្ទ ប្រៀបដូចជារោគជាតិ ឈ្មោះ​សេតដ្ឋិកា (ក្រារ) ធ្លាក់ចុះក្នុងស្រែស្រូវណា ដែលកំពុង​តែ​លូត​លាស់ល្អ ស្រែស្រូវនោះ មិនបានតាំងនៅយូរអង្វែង ដោយប្រការដូច្នេះ ម្នាលអានន្ទ មាតុគ្រាម បានចេញចាកផ្ទះ ចូលមកកាន់ផ្នួស ក្នុងធម្មវិន័យ គឺព្រហ្មចារ្យណា ព្រហ្មចារ្យនោះ មិនបាន​តាំង​នៅ​យូរអង្វែងទេ ម្នាលអានន្ទ ប្រៀបដូចរោគជាតិ ឈ្មោះ​មញ្ជេដ្ឋិកា (ដង្កូវក្រារ) ធ្លាក់ចុះ​ក្នុងច្បារ​អំពៅណា ដែលកំពុងតែ​លូតលាស់ល្អ ច្បារអំពៅ​នោះ មិនបានតាំងនៅអង្វែង ដោយប្រការ​ដូច្នេះ ម្នាលអានន្ទ គរុធម៌៨ប្រការ ដែល​តថាគត​បានបញ្ញត្តហើយ ចំពោះ​ភិក្ខុនីជាតម្បូង ដើម្បី​មិនឲ្យ (ភិក្ខុនី) ប្រព្រឹត្តកន្លង ដរាប​ដល់អស់ជីវិត ម្នាលអានន្ទ ប្រៀបដូចជាបុរស ប្រញាប់​លើកទំនប់ទប់​ទឹកស្រះដ៏ធំ ដើម្បី​នឹងទប់ទឹក​មិនឲ្យ​ហូរចេញទៅជាដរាប។

ចប់ គរុធម៌ ទាំង៨ របស់ពួក​ភិក្ខុនី។

[១៨៣] លំដាប់នោះ ព្រះនាង​មហាបជាបតី​គោតមី ចូលទៅគាល់​ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំ​ព្រះមានព្រះភាគ រួច​ក៏គង់ក្នុងទីសមគួរ។ លុះ​ព្រះនាង​មហាបជាបតី​គោតមី គង់ក្នុងទីសមគួរហើយ បានក្រាបបង្គំទូលពាក្យនេះ ចំពោះ​ព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ​នឹងប្រតិបត្តិដូចម្តេច ក្នុងនាង​សាកិយានី​ទាំងនេះ។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ពន្យល់​ព្រះនាង​មហាបជាបតី​គោតមី ឲ្យឃើញ​តាម ឲ្យកាន់យកតាម ឲ្យអាចហ៊ាន ឲ្យរីករាយ ដោយធម្មីកថា។ ឯ​ព្រះនាង​មហាបជាបតី​គោតមី ដែល​ព្រះមានព្រះភាគ បានពន្យល់ ឲ្យឃើញ​តាម ឲ្យកាន់​យកតាម ឲ្យអាចហ៊ាន ឲ្យរីករាយ ដោយធម្មីកថារួច ក៏ក្រាបថ្វាយបង្គំ​លាព្រះមានព្រះភាគ ធ្វើប្រទក្សិណ ហើយចៀសចេញទៅ។ ព្រោះនិទាននេះ ដំណើរនេះ ទើប​ព្រះមានព្រះភាគ ទ្រង់ធ្វើធម្មីកថា ត្រាស់ហៅ​ភិក្ខុទាំងឡាយ​មកថា ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត​ឲ្យភិក្ខុទាំងឡាយ ឲ្យឧបសម្បទា ដល់ពួក​ភិក្ខុនី​បាន។

[១៨៤] លំដាប់នោះ ភិក្ខុនីទាំងនោះ បាននិយាយពាក្យនេះនឹង​ព្រះនាង​មហាបជាបតី​គោតមីថា ព្រះនាងជាម្ចាស់ ជាអនុបសម្បន្នា (មិនបានឧបសម្បទាទេ) យើងខ្ញុំទាំងឡាយ ទើប​ជាឧបសម្បន្នា (បាន​ឧបសម្បទា) ដ្បិតព្រះមានព្រះភាគ បានទ្រង់​បញ្ញត្ត​ដូច្នេះថា ភិក្ខុទាំងឡាយ ត្រូវឲ្យឧបសម្បទា ដល់​ភិក្ខុនីទាំងឡាយ។ គ្រានោះ ព្រះនាង​មហាបជាបតី​គោតមី ចូលទៅរក​ព្រះអានន្ទមានអាយុ លុះចូលទៅដល់ហើយ  ថ្វាយបង្គំ​ព្រះអានន្ទមាន​អាយុ រួច​អង្គុយក្នុងទី​សមគួរ។  លុះ​ព្រះនាង​មហាបជាបតី​គោតមី អង្គុយក្នុងទីសមគួរ​ហើយ បាន​និយាយ​ពាក្យនេះនឹង​ព្រះអានន្ទមានអាយុថា បពិត្រព្រះអានន្ទដ៏ចម្រើន ភិក្ខុនីទាំងនេះ នាំគ្នាមក​និយាយ​នឹងខ្ញុំ យ៉ាងនេះថា ព្រះនាងជាម្ចាស់ ជាអនុបសម្បន្នា យើងខ្ញុំ​ទាំងឡាយ ទើបជាឧបសម្បន្នា ដ្បិត​ព្រះមានព្រះភាគ បានទ្រង់បញ្ញត្តិ​ដូច្នេះថា ភិក្ខុទាំងឡាយ ត្រូវឲ្យ​ឧបសម្បទាដល់​ពួកភិក្ខុនី។ ព្រះអានន្ទមានអាយុ ក៏ចូល​ទៅគាល់​ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ថ្វាយបង្គំ​ព្រះមានព្រះភាគ រួចគង់​ក្នុងទី​ដ៏សមគួរ។ ព្រះអានន្ទមានអាយុ លុះគង់​ក្នុងទី​ដ៏សមគួរ​ហើយ ក៏​ក្រាបបង្គំ​ទូលពាក្យនេះ ចំពោះ​ព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន ព្រះនាង​មហាបជាបតី​គោតមី បានមក​និយាយនឹងខ្ញុំព្រះអង្គ យ៉ាងនេះថា បពិត្រព្រះអានន្ទដ៏ចម្រើន ភិក្ខុនីទាំងនេះ មក​និយាយ​នឹងខ្ញុំថា ព្រះនាងជាម្ចាស់ ជាអនុបសម្បន្នា យើងខ្ញុំ​ទាំងឡាយ ទើបជាឧបសម្បន្នា ដ្បិត​ព្រះមានព្រះភាគ ទ្រង់បានបញ្ញត្តិ​ដូច្នេះថា ភិក្ខុទាំងឡាយ ត្រូវឲ្យ​ឧបសម្បទាដល់​ពួកភិក្ខុនី។ ព្រះសម្មាសម្ពុទ្ធ ទ្រង់ត្រាស់ថា ម្នាលអានន្ទ គរុធម៌ទាំង៨យ៉ាង ដែល​ព្រះនាង​មហាបជាបតី​គោតមីបានទទួលហើយ ដោយចំណែកណា ចំណែកនោះឯង ជា​ឧបសម្បទា​របស់​ព្រះនាង​មហាបជាបតី​គោតមីនោះ។

[១៨៥] គ្រានោះ ព្រះនាង​មហាបជាបតី​គោតមី ចូលទៅរក​ព្រះអានន្ទមានអាយុ លុះ​ចូល​ទៅ​ដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះអានន្ទមានអាយុ ហើយគង់​ក្នុងទីដ៏សមគួរ។ ព្រះនាង​មហា​បជាបតី​គោតមី លុះគង់​ក្នុងទីដ៏សមគួរហើយ បានពោលពាក្យនេះ នឹងព្រះអានន្ទ​មានអាយុ​ថា បពិត្រព្រះអានន្ទដ៏ចម្រើន ខ្ញុំម្ចាស់តែម្នាក់ឯង នឹងសូមពរព្រះមានព្រះភាគ​ថា បពិត្រព្រះអង្គ​ដ៏ចំរើន ខ្ញុំម្ចាស់សូមអង្វរ សូម​ព្រះមានព្រះភាគ ទ្រង់អនុញ្ញាត​ការថ្វាយ​បង្គំ ការក្រោកទទួល ការធ្វើ​អញ្ជលី និងសាមីចិកម្ម ដល់ពួកភិក្ខុផង ដល់ពួកភិក្ខុនីផង តាមលំដាប់​វស្សាចាស់ខ្ចី។ លំដាប់នោះ ព្រះអានន្ទមានអាយុ ចូលទៅគាល់​ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏​ក្រាបថ្វាយបង្គំចំពោះ​ព្រះមានព្រះភាគ រួចគង់​ក្នុងទីដ៏សមគួរ។ ព្រះអានន្ទមានអាយុ លុះ​គង់​ក្នុងទីដ៏​សមគួរហើយ ក៏ក្រាបបង្គំ​ទូល​ពាក្យនេះ នឹង​ព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន ព្រះនាង​មហាបជាបតី​គោតមី ពោល (នឹងខ្ញុំព្រះអង្គ) យ៉ាងនេះថា បពិត្រ​ព្រះអានន្ទដ៏ចម្រើន ខ្ញុំម្ចាស់តែម្នាក់ឯង នឹងសូម​ពរ​ព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំម្ចាស់​សូមអង្វរ សូម​ព្រះមានព្រះភាគ ទ្រង់អនុញ្ញាត នូវ​ការថ្វាយបង្គំ ការក្រោកទទួល ការធ្វើ​អញ្ជលី និងសាមីចិកម្ម ដល់ពួក​ភិក្ខុផង ដល់ពួកភិក្ខុនីផង តាមលំដាប់​វស្សាចាស់ខ្ចី។ ព្រះសម្មាសម្ពុទ្ធ ទ្រង់ត្រាស់ថា ម្នាលអានន្ទ ការសូមនេះ មិនមែន​ជាហេតុ ជាបច្ច័យទេ ត្រង់ពាក្យដែលថា ឲ្យតថាគត​អនុញ្ញាត នូវការ​ថ្វាយបង្គំ ការក្រោកទទួល ការធ្វើ​អញ្ជលី និងសាមីចិកម្ម ដល់មាតុគ្រាម (នោះ) ម្នាល​អានន្ទ អម្បាល​ដូចជាពួក​តិរ្ថិយដទៃអស់នេះ ដែលជាអ្នកពោលធម៌​អាក្រក់ ម្តេចគង់​តែមិនធ្វើ​នូវការថ្វាយបង្គំ ការក្រោកទទួល ការធ្វើអញ្ជលី និងសាមីចិកម្ម ចំពោះ​មាតុគ្រាមដែរ ចំណង់​បើតថាគត នឹងអនុញ្ញាត នូវ​ការថ្វាយបង្គំ ការក្រោកទទួល ការធ្វើ​អញ្ជលី និងសាមីចិកម្ម ដល់​មាតុគ្រាម ដូចម្តេចបាន។ ព្រោះនិទាននេះ ដំណើរនេះ ទើបព្រះមានព្រះភាគ ទ្រង់ធ្វើ​ធម្មីកថា ត្រាស់ហៅភិក្ខុទាំងឡាយ​មកថា ម្នាលភិក្ខុទាំង​ឡាយ ភិក្ខុមិនត្រូវធ្វើ នូវការថ្វាយបង្គំ ការក្រោក​ទទួល ការធ្វើ​អញ្ជលី និងសាមីចិកម្ម ចំពោះ​មាតុគ្រាមឡើយ ភិក្ខុណាធ្វើ ត្រូវអាបត្តិទុក្កដ។

[១៨៦] គ្រានោះ ព្រះនាង​មហាបជាបតី​គោតមី ចូលទៅគាល់​ព្រះមានព្រះភាគ លុះចូល​ទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំ រួច​គង់ក្នុងទី​ដ៏សមគួរ។ លុះ​ព្រះនាង​មហាបជាបតី​គោតមី គង់ក្នុងទីដ៏សមគួរហើយ ទើប​ក្រាបបង្គំ​ទូលពាក្យនេះ នឹងព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន សិក្ខាបទទាំងឡាយណា ជារបស់​ពួកភិក្ខុនី ដែលទួទៅ​ដល់ពួក​ភិក្ខុផង​ តើខ្ញុំម្ចាស់នឹងប្រតិបត្តិក្នុងសិក្ខាបទទាំងនោះដូចម្តេច។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលព្រះនាង​គោតមី សិក្ខាបទទាំងឡាយណា ជារបស់ពួកភិក្ខុនី ដែលទួទៅ​ដល់ពួក​ភិក្ខុផង ពួកភិក្ខុសិក្សា​យ៉ាងណា ពួកភិក្ខុនី ក៏ត្រូវសិក្សាក្នុងសិក្ខាបទទាំងនោះ យ៉ាងនោះ​ដែរ។ ព្រះនាង​មហាបជាបតី​គោតមី ក្រាបបង្គំទូលសួរ​ទៀតថា បពិត្រព្រះអង្គដ៏ចំរើន មួយវិញទៀត សិក្ខាបទទាំងឡាយ​ណា សម្រាប់ពួកភិក្ខុនី មិនទួទៅដល់ពួកភិក្ខុផង បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំម្ចាស់​នឹងប្រតិបត្តិក្នុងសិក្ខា​បទ​ទាំងនោះដូចម្តេច។ ព្រះអង្គ ទ្រង់​ត្រាស់ថា ម្នាលព្រះនាងគោតមី សិក្ខាបទទាំងឡាយណា សម្រាប់ភិក្ខុនី មិនទួទៅ​ដល់ពួក​ភិក្ខុផង ពួកភិក្ខុនីត្រូវសិក្សាក្នុងសិក្ខាបទទាំងឡាយ ដូច​តថាគត​បានបញ្ញត្តទុក​មកហើយ​ចុះ។

[១៨៧] គ្រានោះ ព្រះនាង​មហាបជាបតី​គោតមី ចូលទៅគាល់​ព្រះមានព្រះភាគ លុះចូល​ទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំ​ចំពោះ​ព្រះមានព្រះភាគ រួចគង់ក្នុងទីសមគួរ។ ព្រះនាង​មហាបជាបតី​គោតមី លុះគង់ក្នុងទីសមគួរហើយ ក៏ក្រាបបង្គំ​ទូលពាក្យនេះ នឹង​ព្រះមានព្រះភាគ​ថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គសូមអង្វរ ខ្ញុំព្រះអង្គតែម្នាក់ឯង ចៀសចេញអំពីពួក (ហើយ​ទៅនៅក្នុងទីស្ងាត់) មិនមានសេចក្តីប្រមាទ មានតែសេចក្តី​ព្យាយាម​​កម្តៅកិលេស (ឲ្យ​រីងស្ងួត) មានចិត្តបញ្ជូន​ទៅក្នុងកម្មដ្ឋាន ព្រោះស្តាប់ធម៌ណា​របស់​ព្រះមានព្រះភាគ សូម​ព្រះមានព្រះភាគ ទ្រង់សម្តែងធម៌ (នោះ) ដោយសង្ខេប (ដល់​ខ្ញុំម្ចាស់)។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលព្រះនាង​គោតមី ព្រះនាង​គប្បីដឹងនូវធម៌​ទាំងឡាយណាថា ធម៌ទាំងនេះ ប្រព្រឹត្តទៅដើម្បីការ​ប្រកបដោយតម្រេក មិនប្រព្រឹត្ត​ទៅដើម្បីការ​ប្រាសចាកតម្រេក ប្រព្រឹត្តទៅដើម្បីការ​ប្រកបក្នុងវដ្តៈ មិន​ប្រព្រឹត្ត​ទៅ​ដើម្បី​ការ​ប្រាសចាកការប្រកបក្នុងវដ្តៈ ប្រព្រឹត្តទៅដើម្បីការសន្សំ​កិលេសវដ្តៈ មិនប្រព្រឹត្ត​ទៅ​ដើម្បី​​ប្រាសចាកការសន្សំ​កិលេសវដ្តៈ ប្រព្រឹត្តទៅដើម្បីសេចក្តី​ប្រាថ្នាច្រើន មិនប្រព្រឹត្ត​ទៅដើម្បីសេចក្តី​ប្រាថ្នាតិច ប្រព្រឹត្តទៅដើម្បីសេចក្តី​មិនសន្តោស មិនប្រព្រឹត្តទៅដើម្បី​សេចក្តីសន្តោស ប្រព្រឹត្ត​ទៅ​ដើម្បី​ការច្រឡូកច្រឡំដោយពួក មិនប្រព្រឹត្តទៅដើម្បីការ​ស្ងប់ស្ងាត់ចាកពួក​ ប្រព្រឹត្ត​ទៅដើម្បី​សេចក្តី​ខ្ជិលច្រអូស មិនប្រព្រឹត្តទៅដើម្បីប្រារព្ធ​សេចក្តីព្យាយាម ប្រព្រឹត្តទៅដើម្បីឲ្យ​គេចិញ្ចឹម​បាន​ដោយ​ក្រ មិនប្រព្រឹត្តទៅដើម្បីឲ្យគេ​ចិញ្ចឹម​បានដោយងាយ ម្នាល​ព្រះនាងគោតមី ព្រះនាងគប្បី​ចាំទុកដោយចំណែក​មួយថា នេះមិនមែនជាធម៌ នេះមិនមែនជាវិន័យ នេះមិនមែន​ជាពាក្យ​ប្រៀន​ប្រដៅរបស់​ព្រះសាស្តា​ទេ ម្នាលព្រះនាងគោតមី មួយវិញទៀត ព្រះនាងគប្បីដឹងនូវ​ធម៌ណា ថា ធម៌ទាំងនេះ ប្រព្រឹត្តទៅដើម្បីការប្រាសចាកតម្រេក មិនប្រព្រឹត្តទៅដើម្បីការ​ប្រកប​ដោយ​តម្រេក ប្រព្រឹត្តទៅដើម្បីការ​ប្រាសចាកការប្រកបក្នុងវដ្តៈ មិន​ប្រព្រឹត្ត​ទៅ​ដើម្បី​ការ​ប្រកប​ក្នុងវដ្តៈ ប្រព្រឹត្តទៅដើម្បីការមិនសន្សំ​កិលេសវដ្តៈ មិនប្រព្រឹត្ត​ទៅ​ដើម្បីការសន្សំ​កិលេសវដ្តៈ ប្រព្រឹត្តទៅដើម្បីសេចក្តី​ប្រាថ្នាតិច មិនប្រព្រឹត្តទៅដើម្បីសេចក្តី​ប្រាថ្នាច្រើន ប្រព្រឹត្ត​ទៅដើម្បី​សេចក្តី​សន្តោស មិនប្រព្រឹត្តទៅដើម្បីសេចក្តីមិនសន្តោស ប្រព្រឹត្ត​ទៅ​ដើម្បី​ការស្ងប់ស្ងាត់ចាក​ពួក មិនប្រព្រឹត្តទៅដើម្បីការច្រឡូកច្រឡំដោយពួក ប្រព្រឹត្ត​ទៅដើម្បី​ការប្រារព្ធសេចក្តីព្យាយាម​ មិន​ប្រព្រឹត្ត​ទៅដើម្បីសេចក្តី​ខ្ជិលច្រអូស ប្រព្រឹត្តទៅ​ដើម្បីឲ្យ​គេចិញ្ចឹម​បាន​ដោយងាយ មិន​ប្រព្រឹត្ត​ទៅ​ដើម្បី​ឲ្យគេចិញ្ចឹម​បានដោយក្រ ម្នាល​ព្រះនាងគោតមី ព្រះនាងគប្បី​ចាំទុក ដោយចំណែក​មួយថា នេះជាធម៌ នេះជាវិន័យ នេះ​ជាពាក្យ​​ប្រដៅរបស់ព្រះសាស្តាហើយ។

[១៨៨] សម័យនោះឯង ភិក្ខុទាំងឡាយមិនបានសម្តែង​បាតិមោក្ខ ដល់ពួក​ភិក្ខុនី។បេ។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។បេ។ ព្រះអង្គ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យសម្តែង​បាតិមោក្ខដល់ពួកភិក្ខុនី។ គ្រានោះ ភិក្ខុទាំងឡាយ មានសេចក្តីត្រិះរិះ​ដូច្នេះថា អ្នកណាហ្ន៎ គួរសម្តែង​បាតិមោក្ខដល់​ពួកភិក្ខុនី។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។បេ។ ព្រះអង្គ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុទាំងឡាយសម្តែង​បាតិមោក្ខ ដល់ពួកភិក្ខុនី។

[១៨៩] សម័យនោះឯង ភិក្ខុទាំងឡាយទៅកាន់លំនៅរបស់​ភិក្ខុនី ហើយសំដែង​បាតិមោក្ខ ដល់ពួក​ភិក្ខុនី។ មនុស្សទាំងឡាយ ក៏ពោលទោស តិះដៀល បន្តុះ​បង្អាប់ថា ភិក្ខុនីទាំងនេះ ជា​ប្រពន្ធរបស់ភិក្ខុទាំងនេះ ភិក្ខុនីទាំងនេះ ជាសហាយរបស់ភិក្ខុទាំងនេះ ឥឡូវនេះ ភិក្ខុទាំងនោះ មុខជានឹងត្រេកអរជាមួយនឹងភិក្ខុនីទាំងនេះ (ទៀត)។ កាលដែលមនុស្ស​ទាំងនោះ កំពុង​ពោលទោស តិះដៀល បន្តុះ​បង្អាប់ ភិក្ខុទាំងនោះ ក៏បានឮច្បាស់។ លំដាប់​នោះ ភិក្ខុទាំងនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។បេ។ ព្រះអង្គ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ ពួកភិក្ខុមិនត្រូវសម្តែង​បាតិមោក្ខ ដល់ពួកភិក្ខុនីឡើយ ភិក្ខុណាសម្តែង ត្រូវអាបត្តិទុក្កដ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុនី​សម្តែង​បាតិមោក្ខ ដល់ភិក្ខុនីផងគ្នាចុះ។ ភិក្ខុនីទាំង​ឡាយ មិនបានដឹងថា ភិក្ខុនីត្រូវ​សម្តែង​បាតិមោក្ខយ៉ាងនេះ។បេ។ ភិក្ខុទាំងនោះ ក្រាបបង្គំ​ទូល​សេចក្តី​នុ៎ះ ចំពោះ​ព្រះមានព្រះភាគ។បេ។ ព្រះអង្គ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យ​ភិក្ខុប្រាប់​ដល់ភិក្ខុនីថា នាងទាំងឡាយត្រូវសម្តែង​បាតិមោក្ខយ៉ាងនេះ។

[១៩០] ក្នុងសម័យនោះឯង ភិក្ខុនីទាំងឡាយ មិនបានសម្តែង​អាបត្តិចេញ។បេ។ ភិក្ខុទាំង​នោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។បេ។ ព្រះអង្គ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីមិនមែន​មិនត្រូវសម្តែង​អាបត្តិចេញទេ ភិក្ខុនីណាមិនសម្តែង ត្រូវអាបត្តិទុក្កដ។ ភិក្ខុនីទាំងឡាយ មិនបានដឹងថា ភិក្ខុនីត្រូវសម្តែងអាបត្តិយ៉ាងនេះ។បេ។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។បេ។ ព្រះអង្គ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុទាំងឡាយប្រាប់ដល់ភិក្ខុនីថា នាង​ទាំងឡាយ​ត្រូវ​សម្តែង​អាបត្តិយ៉ាងនេះ។ លំដាប់នោះ ភិក្ខុទាំងឡាយ មានសេចក្តី​ត្រិះរិះ​ដូច្នេះថា អ្នកណាហ្ន៎ គួរ​នឹងទទួលអាបត្តិ របស់ពួកភិក្ខុនី។ ភិក្ខុទាំងនោះ ក្រាបបង្គំ​ទូលសេចក្តីនុ៎ះ ចំពោះ​ព្រះមាន​ព្រះ​ភាគ។បេ។ ព្រះអង្គ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យ​ភិក្ខុទទួល​អាបត្តិ​របស់​ភិក្ខុនី។

[១៩១] សម័យនោះ ភិក្ខុនីទាំងឡាយបានឃើញភិក្ខុ (កំពុងដើរ) ក្នុងច្រករហូតខ្លះ ក្នុងច្រក​ទាល់ខ្លះ ក្នុងផ្លូវ​បែកជាបីខ្លះ ក៏ដាក់បាត្រលើផែនដី ហើយធ្វើចីពរ ឆៀងស្មាម្ខាង អង្គុយ​ច្រហោង ផ្គងអញ្ជលី សម្តែងអាបត្តិ។ មនុស្សទាំងឡាយ ពោលទោស តិះដៀល បន្តុះ​បង្អាប់ថា ភិក្ខុនីទាំង​នេះ ជាភរិយារបស់ភិក្ខុទាំងនេះ ភិក្ខុនីទាំងនេះ ជាសហាយរបស់​ភិក្ខុទាំងនេះ ក្នុងវេលាយប់​ប្រទូស្តគ្នា គឺរួមដំណេកជាមួយគ្នា ឥឡូវនេះ មកខមាទោស​នឹងគ្នា។បេ។ ភិក្ខុទាំងនោះ ក្រាបបង្គំ​ទូល​សេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។បេ។ ព្រះអង្គ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុ​មិនត្រូវទទួលអាបត្តិ​របស់ភិក្ខុនីទេ ភិក្ខុណាទទួល ត្រូវអាបត្តិទុក្កដ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យតែ​ភិក្ខុនី​ទទួលអាបត្តិ​របស់ពួក​ភិក្ខុនីផងគ្នា។ ភិក្ខុនីទាំងឡាយ មិនបាន​ដឹងថា ភិក្ខុនីត្រូវទទួល​អាបត្តិយ៉ាងនេះ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះ​ព្រះមាន​ព្រះភាគ។បេ។ ព្រះអង្គ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុ​ប្រាប់ដល់​ភិក្ខុនីទាំងឡាយថា នាងទាំងឡាយ​ ត្រូវទទួលអាបត្តិយ៉ាងនេះ។

[១៩២] សម័យនោះឯង ភិក្ខុទាំងឡាយ មិនបានធ្វើកម្ម (មានតជ្ជនីយកម្ម ជាដើម) ដល់​ភិក្ខុនី។បេ។ ភិក្ខុទាំងនោះ ក្រាបបង្គំ​ទូល​សេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។បេ។ ព្រះអង្គ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យធ្វើកម្ម ដល់​ភិក្ខុនីទាំង​ឡាយ។ លំដាប់​នោះ ភិក្ខុទាំងឡាយ ក៏មានសេចក្តីត្រិះរិះដូច្នេះថា អ្នកណាហ្ន៎ គួរនឹងធ្វើ​កម្មដល់ភិក្ខុនី។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ  តថាគតអនុញ្ញាត ឲ្យភិក្ខុធ្វើកម្មដល់ពួកភិក្ខុនី។

[១៩៣] សម័យនោះឯង ពួកភិក្ខុនី ដែលភិក្ខុបានធ្វើកម្មរួចហើយ លុះឃើញ​ភិក្ខុ (កំពុងដើរ) ក្នុងច្រករហូតខ្លះ ក្នុងច្រក​ទាល់ខ្លះ ក្នុងផ្លូវ​បែកជាបីខ្លះ ក៏ដាក់បាត្រលើផែនដី ហើយធ្វើចីពរ ឆៀងស្មាម្ខាង អង្គុយច្រហោង ផ្គងអញ្ជលីខមាទោសថា សូមលោកម្ចាស់​ទាំងឡាយ សំគាល់ថា យើងលែងធ្វើយ៉ាងនេះទៀតហើយ។ មនុស្សទាំងឡាយ (បានឃើញ) ដូច្នោះ ក៏ពោលទោស តិះដៀល បន្តុះ​បង្អាប់ថា ភិក្ខុនីទាំង​នេះ ជាប្រពន្ធ​របស់ភិក្ខុទាំងនេះ ភិក្ខុនីទាំងនេះ ជាសហាយរបស់​ភិក្ខុទាំងនេះ ក្នុងពេលយប់​ប្រទូស្តគ្នា គឺរួមដំណេកជាមួយគ្នា ឥឡូវនេះ មកខមាទោសនឹងគ្នា។ ភិក្ខុទាំងនោះ ក្រាបបង្គំ​ទូល​សេចក្តីនុ៎ះ ចំពោះព្រះមាន​ព្រះ​ភាគ។ ព្រះអង្គ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុ​មិនត្រូវធ្វើកម្ម​ ដល់ភិក្ខុនីឡើយ ភិក្ខុណាធ្វើ ត្រូវអាបត្តិទុក្កដ ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាតឲ្យ​ភិក្ខុនី ធ្វើកម្ម​ដល់​ភិក្ខុនីផងគ្នា។ ភិក្ខុនីទាំងឡាយ មិនបាន​ដឹងថា ភិក្ខុនីត្រូវ​ធ្វើកម្មយ៉ាងនេះ។ ភិក្ខុទាំងនោះ ក្រាបបង្គំទូល​សេចក្តី​នុ៎ះ ចំពោះ​ព្រះមាន​ព្រះភាគ។ ព្រះអង្គ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត​ឲ្យ​ភិក្ខុ​​ប្រាប់ដល់​ភិក្ខុនីទាំង​ឡាយថា នាងទាំងឡាយ​ ត្រូវធ្វើកម្មយ៉ាងនេះ។

[១៩៤] សម័យនោះឯង ភិក្ខុនីទាំងឡាយ បង្កហេតុ ឈ្លោះទាស់ទែង ជជែកគ្នា​កណ្តាល​ជំនុំសង្ឃ ពោលចាក់ដោតគ្នាដោយលំពែង គឺមាត់ មិនមានអ្នកណាអាចរម្ងាប់​នូវ​អធិករណ៍​នោះ​បានឡើយ។បេ។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះ​ព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យ​ភិក្ខុរម្ងាប់​​អធិករណ៍​របស់ពួកភិក្ខុនី។

[១៩៥] សម័យនោះឯង ភិក្ខុទាំងឡាយ តែងរម្ងាប់អធិករណ៍របស់ពួកភិក្ខុនី។ កាល​បើ​ភិក្ខុ​បានវិនិច្ឆ័យ​អធិករណ៍នោះហើយ ភិក្ខុនីទាំងឡាយ គួរដល់កម្មខ្លះ គួរដល់អាបត្តិខ្លះ។ ភិក្ខុនី​ទាំងឡាយ និយាយយ៉ាងនេះថា បពិត្រលោកម្ចាស់ទាំងឡាយ សូមលោកម្ចាស់​ទាំងឡាយ មេត្តា​ធ្វើកម្មដល់ភិក្ខុនីចុះ សូមលោកម្ចាស់ទទួលអាបត្តិ​របស់ភិក្ខុនីចុះ ព្រះមានព្រះភាគ ទ្រង់បញ្ញត្ត​យ៉ាង​នេះថា ភិក្ខុត្រូវរម្ងាប់​អធិករណ៍របស់ពួកភិក្ខុនី។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យ​ភិក្ខុ លើកកម្មរបស់ពួកភិក្ខុនី ហើយ​ប្រគល់​ឲ្យភិក្ខុនី ឲ្យភិក្ខុនី​ធ្វើកម្មដល់​ភិក្ខុនីផងគ្នា ឲ្យភិក្ខុលើក​អាបត្តិរបស់ភិក្ខុនី ហើយប្រគល់​ឲ្យភិក្ខុនីទទួលអាបត្តិរបស់​ភិក្ខុនីផងគ្នា។

[១៩៦] សម័យនោះឯង ភិក្ខុនីជាសិស្សរបស់ឧប្បលវណ្ណាភិក្ខុនី ទៅតាម​ព្រះមានព្រះភាគ រៀនវិន័យអស់៧ឆ្នាំ។ ភិក្ខុនីនោះច្រើនភ្លេចស្មារតី វិន័យដែល​បានរៀនមកហើយ ក៏ចេះតែ​ភ្លេច​ទៅវិញ។ ភិក្ខុនីនោះ ឮដំណឹងថា ព្រះមានព្រះភាគ ទ្រង់មានបំណង​នឹងស្តេច​ទៅកាន់នគរ​សាវត្ថី។ លំដាប់នោះ ភិក្ខុនីនោះ ក៏មានសេចក្តីត្រិះរិះដូច្នេះថា អាត្មាអញនេះ បានទៅតាម​ព្រះមានព្រះភាគ រៀនវិន័យ​អស់៧ឆ្នាំហើយ អាត្មាអញនេះ ជាមនុស្ស​ភ្លេចច្រើន វិន័យ​ដែល​បាន​រៀនហើយ ចេះតែ​ភ្លេចទៅវិញ ធម្មតា មាតុគ្រាមនឹង​ដើរ​តាមព្រះសាស្តាអស់មួយជីវិត ក៏លំបាក​ពេកណាស់ បើដូច្នោះ អាត្មាអញនឹងប្រតិបត្តិ​យ៉ាងណា។ លំដាប់នោះ ភិក្ខុនីនោះ ប្រាប់​រឿង​នុ៎ះ​ ដល់​ភិក្ខុនីទាំងឡាយ។ ភិក្ខុនី​ទាំងឡាយ ដំណាលរឿងនុ៎ះប្រាប់ពួកភិក្ខុ។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។បេ។ ព្រះអង្គ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ តថាគត​អនុញ្ញាតឲ្យ​ពួកភិក្ខុបង្ហាញវិន័យ​ ដល់ពួកភិក្ខុនីបាន។

ភាណវារៈ ទី១។

[១៩៧] លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងក្រុងវេសាលី គួរតាមពុទ្ធ​អធ្យាស្រ័យហើយ ក៏ស្តេច​ទៅកាន់ចារិក​នគរសាវត្ថី កាលត្រាច់ទៅកាន់ចារិកតាមលំដាប់ ទ្រង់​ឆ្ពោះ​ទៅកាន់​នគរសាវត្ថីនោះ។ មានសេចក្តីដំណាលថា ព្រះមានព្រះភាគ ទ្រង់គង់​ក្នុង​វត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបនគរសាវត្ថីនោះ។ សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុ សាចភក់ និងទឹក​ទៅលើពួកភិក្ខុនី ដោយគិតថា ធ្វើដូចម្តេចហ្ន៎ នឹងបាន​ពួកភិក្ខុនីត្រេកអរ​ក្នុងពួក​យើង។បេ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះ​ព្រះមានព្រះភាគ។បេ។ ព្រះអង្គ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវ​សាចភក់ និងទឹកទៅលើពួកភិក្ខុនីទេ ភិក្ខុណាសាច ត្រូវអាបត្តិទុក្កដ ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាតឲ្យ (ភិក្ខុសង្ឃ) ធ្វើទណ្ឌកម្មដល់ភិក្ខុ​នោះ។ ភិក្ខុទាំងឡាយ ក៏មានសេចក្តីត្រិះរិះ​ដូច្នេះថា ភិក្ខុសង្ឃត្រូវធ្វើទណ្ឌកម្មដូចម្តេចហ្ន៎។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីសង្ឃ គប្បីធ្វើភិក្ខុនោះឲ្យជាអវន្ទិយបុគ្គល (បុគ្គល​ដែលមិនគួរ​ឲ្យភិក្ខុនីសំពះ)។

[១៩៨] សម័យនោះ ពួកឆព្វគ្គិយភិក្ខុ បើកកាយបង្ហាញពួកភិក្ខុនី លាត់ភ្លៅបង្ហាញ​ពួកភិក្ខុនី បើកអង្គជាតបង្ហាញ​ពួកភិក្ខុនី ចំអកចំអន់​ពួកភិក្ខុនី (ដោយ​អសទ្ធម្ម) ផ្សំផ្គុំ (ពួក​បុរសលេង) ជាមួយនឹងពួកភិក្ខុនី ដោយគិតថា ធ្វើដូចម្តេចហ្ន៎ នឹងបានពួក​ភិក្ខុនីត្រេកអរ​ក្នុង​ពួក​យើង។បេ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។បេ។ ព្រះអង្គ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវបើកកាយបង្ហាញពួកភិក្ខុនី មិនត្រូវលាត់ភ្លៅ​បង្ហាញ​ពួកភិក្ខុនី មិនត្រូវបើកអង្គជាតបង្ហាញ​ពួកភិក្ខុនី មិនត្រូវចំអកចំអន់​ពួកភិក្ខុនី (ដោយ​អសទ្ធម្ម) មិនត្រូវផ្សំផ្គុំ (ពួក​បុរសលេង) ជាមួយនឹងពួកភិក្ខុនីទេ ភិក្ខុណាផ្សំផ្គុំលេង ត្រូវអាបត្តិទុក្កដ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យ (ភិក្ខុសង្ឃ) ធ្វើទណ្ឌកម្ម ដល់​ភិក្ខុនោះ។ លំដាប់នោះ ភិក្ខុទាំងឡាយ មានសេចក្តីត្រិះរិះ​ដូច្នេះថា ភិក្ខុសង្ឃ​ ត្រូវធ្វើ​ទណ្ឌកម្ម ដូចម្តេចហ្ន៎។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះ​ព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីសង្ឃ គប្បី​ធ្វើភិក្ខុ​នោះ ឲ្យជា​អវន្ទិយបុគ្គល។

[១៩៩] សម័យនោះឯង ឆព្វគ្គិយាភិក្ខុនី សាចភក់ និងទឹកទៅលើពួកភិក្ខុ ដោយគិតថា ធ្វើដូចម្តេចហ្ន៎ នឹងបានពួកភិក្ខុត្រេកអរមករកពួកយើង។ ភិក្ខុទាំងនោះ ក្រាបបង្គំទូល​សេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។បេ។ ព្រះអង្គ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីមិនត្រូវសាច​ភក់ និងទឹក​ទៅលើពួកភិក្ខុទេ ភិក្ខុនីណាសាច ត្រូវអាបត្តិទុក្កដ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត​ឲ្យ (ភិក្ខុនីសង្ឃ) ធ្វើទណ្ឌកម្ម ដល់ភិក្ខុនីនោះ។ គ្រានោះ ភិក្ខុទាំងឡាយ មានសេចក្តីត្រិះរិះ​ដូច្នេះថា ភិក្ខុនីសង្ឃ ត្រូវធ្វើទណ្ឌកម្ម​ដូចម្តេចហ្ន៎។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យ (ភិក្ខុនីសង្ឃ) ធ្វើអាវរណកម្ម គឺហាមប្រាម។ លុះហាមប្រាមហើយ ភិក្ខុនីទាំងឡាយ មិនទទួល​យកដោយស្រុះស្រួល។ ភិក្ខុទាំងឡាយនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យ (ភិក្ខុនីសង្ឃ) បញ្ឈប់ឱវាទ។

[២០០] សម័យនោះឯង ឆព្វគ្គិយាភិក្ខុនី បើកកាយបង្ហាញពួកភិក្ខុ បើកដោះបង្ហាញ​ពួក​ភិក្ខុ បើកភ្លៅបង្ហាញ​ពួកភិក្ខុ បើកអង្គជាតបង្ហាញ​ពួកភិក្ខុ ចំអកចំអន់​ពួកភិក្ខុ (ដោយ​អសទ្ធម្ម) ផ្សំផ្គុំ (ពួកភិក្ខុនីលេង) ជាមួយនឹងពួកភិក្ខុ ដោយគិតថា ធ្វើដូចម្តេចហ្ន៎ នឹងបានពួក​ភិក្ខុត្រេកអរ​មករក​ពួក​យើង។បេ។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះ​ព្រះមានព្រះភាគ។បេ។ ព្រះអង្គ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីមិនត្រូវ​បើកកាយបង្ហាញពួកភិក្ខុ មិនត្រូវ​បើក​ដោះបង្ហាញ​ពួកភិក្ខុ មិនត្រូវបើកភ្លៅបង្ហាញ​ពួកភិក្ខុ មិនត្រូវបើកអង្គជាតបង្ហាញ​ពួកភិក្ខុ មិនត្រូវ​ចំអកចំអន់​ពួកភិក្ខុ (ដោយ​អសទ្ធម្ម) មិនត្រូវ​ផ្សំផ្គុំ (ពួកភិក្ខុនីលេង) ជាមួយនឹងពួកភិក្ខុទេ ភិក្ខុនី​ណា​ផ្សំផ្គុំលេង ត្រូវអាបត្តិទុក្កដ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យ (ភិក្ខុនីសង្ឃ) ធ្វើ​ទណ្ឌកម្ម ដល់ភិក្ខុនីនោះ។ គ្រានោះ ភិក្ខុទាំងឡាយ មានសេចក្តីត្រិះរិះ​ដូច្នេះថា ភិក្ខុនីសង្ឃ​ ត្រូវ​ធ្វើ​ទណ្ឌកម្ម ដូចម្តេចហ្ន៎។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។បេ។ ព្រះអង្គ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យ (ភិក្ខុនីសង្ឃ) ធ្វើ​អាវរណកម្ម (ដល់ភិក្ខុនីទាំងឡាយ)។ លុះធ្វើអាវរណកម្មហើយ ភិក្ខុនីទាំងឡាយ ក៏មិនទទួល​ដោយស្រុះ​ស្រួល។បេ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះ​ព្រះមានព្រះភាគ។បេ។ ព្រះអង្គ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យ (ភិក្ខុនីសង្ឃ) បញ្ឈប់ឱវាទ។

[២០១] លំដាប់នោះ ភិក្ខុទាំងឡាយមានសេចក្តីត្រិះរិះ​ដូច្នេះថា ការធ្វើឧបោសថកម្ម​ជាមួយនឹងភិក្ខុនី ដែលភិក្ខុនីសង្ឃបញ្ឈប់​ឱវាទហើយ គួរដែរ ឬមិនគួរទេ។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។បេ។ ព្រះអង្គ ទ្រង់​ត្រាស់ថា ម្នាល​ភិក្ខុទាំងឡាយ ភិក្ខុនីសង្ឃ មិនត្រូវធ្វើ​ឧបោសថកម្មជាមួយនឹងភិក្ខុនី ដែលភិក្ខុនី​សង្ឃ​បញ្ឈប់​ឱវាទទេ ដ្បិតអធិករណ៍នោះ មិនទាន់រម្ងាប់នៅឡើយ។

[២០២] សម័យនោះ ឧទាយីដ៏មានអាយុ បញ្ឈប់ឱវាទ​ ហើយចេញទៅកាន់ទីចារិក។ ភិក្ខុនី​ទាំងឡាយពោលទោស តិះដៀល បន្តុះបង្អាប់ថា លោកម្ចាស់ឧទាយី មិនសមបើនឹង​បញ្ឈប់​ឱវាទ​ ហើយចេញទៅកាន់ទីចារិកសោះ។បេ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូល​សេចក្តីនុ៎ះ ចំពោះព្រះមាន​ព្រះភាគ។បេ។ ព្រះអង្គ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវបញ្ឈប់​ឱវាទ ហើយចេញ​ទៅកាន់ទីចារិកទេ ភិក្ខុណាចៀសចេញទៅ ត្រូវ​អាបត្តិ​ទុក្កដ។

[២០៣] សម័យនោះ មានពួកភិក្ខុល្ងង់ មិនឈ្លាសបញ្ឈប់ឱវាទ។បេ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។បេ។ ព្រះអង្គ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុល្ងង់ មិនឈ្លាស មិនត្រូវ​បញ្ឈប់ឱវាទទេ ភិក្ខុណាបញ្ឈប់ ត្រូវអាបត្តិទុក្កដ។

[២០៤] សម័យនោះ ពួកភិក្ខុបញ្ឈប់ឱវាទ ក្នុងទីដែលមិនមានរឿង មិនមានហេតុ។បេ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវបញ្ឈប់ឱវាទ ក្នុងទីដែលឥតរឿង ឥតហេតុទេ ភិក្ខុណា​បញ្ឈប់​ ត្រូវអាបត្តិទុក្កដ។

[២០៥] សម័យនោះឯង ភិក្ខុទាំងឡាយ បញ្ឈប់ឱវាទហើយ មិនឲ្យវិនិច្ឆ័យ (មិនជំនុំ​ជម្រះ)។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវបញ្ឈប់ឱវាទ ហើយមិនឲ្យវិនិច្ឆ័យទេ ភិក្ខុណា​មិនឲ្យ ត្រូវអាបត្តិទុក្កដ។

[២០៦] សម័យនោះ ភិក្ខុនីទាំងឡាយមិនទៅទទួលឱវាទ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូល​សេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុនី​មិនត្រូវមិនទៅទទួលឱវាទទេ ភិក្ខុនីណាមិនទៅទទួល វិន័យធរត្រូវវិនិច្ឆ័យតាមអាបត្តិ។

[២០៧] សម័យនោះឯង ភិក្ខុនីសង្ឃទាំងអស់ នាំគ្នាទៅទទួលឱវាទ។ មនុស្សទាំងឡាយ ពោលទោស តិះដៀល បន្តុះ​បង្អាប់ថា ភិក្ខុនីទាំងនេះ ជាប្រពន្ធរបស់ភិក្ខុទាំងនេះ ភិក្ខុនី​ទាំងនេះ ជាសហាយរបស់ភិក្ខុទាំងនេះ ឥឡូវនេះ ភិក្ខុទាំងនេះ នឹងត្រេកត្រអាល ជាមួយនឹង​ភិក្ខុនី​ទាំងនេះ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះ​ព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីសង្ឃ មិនត្រូវ​ទៅទទួល​ឱវាទ (ព្រមគ្នា) ទាំងអស់ទេ បើទៅ ត្រូវអាបត្តិទុក្កដ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុនី បួន ឬប្រាំរូប ទៅទទួល​ឱវាទ (ម្តងៗបាន)។

[២០៨] សម័យនោះឯង ភិក្ខុនីបួនប្រាំរូប នាំគ្នាទៅទទួលឱវាទ។ មនុស្សទាំងឡាយ ពោលទោស តិះដៀល បន្តុះ​បង្អាប់ដូច្នោះទៀតថា ភិក្ខុនីទាំងនេះ ជាប្រពន្ធរបស់ភិក្ខុទាំង​នេះ ភិក្ខុនីទាំងនេះ ជាសហាយរបស់ភិក្ខុទាំងនេះ ឥឡូវនេះ ភិក្ខុទាំងនេះមកត្រេកត្រអាល ជាមួយ​នឹង​ភិក្ខុនីទាំងឡាយនេះ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះ​ព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីបួនប្រាំរូប មិនត្រូវ​ទៅទទួល​ឱវាទទេ បើទៅ ត្រូវអាបត្តិទុក្កដ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យ​ភិក្ខុនីពីរ ឬបីរូប ទៅទទួល​ឱវាទ។ ភិក្ខុនីសង្ឃ ត្រូវចូលទៅរកភិក្ខុ១រូប ធ្វើឧត្តរាសង្គៈ ឆៀងស្មាម្ខាង ក្រាបថ្វាយបង្គំបាទា ហើយអង្គុយ​ច្រហោង ផ្គងអញ្ជលីឡើង ពោល​យ៉ាងនេះថា បពិត្រលោកម្ចាស់ ភិក្ខុនីសង្ឃ ថ្វាយ​បង្គំបាទានៃភិក្ខុសង្ឃផង សូមចូល​មកទទួលយកឱវាទផង បពិត្រលោកម្ចាស់ ឮថាភិក្ខុនីសង្ឃ ត្រូវបានចូលមកទទួល​យកឱវាទ។ ភិក្ខុនោះ គប្បីចូលទៅរកភិក្ខុអ្នកសម្តែងបាតិមោក្ខ ហើយពោល​យ៉ាងនេះថា បពិត្រលោកម្ចាស់ ភិក្ខុនីសង្ឃថ្វាយបង្គំបាទានៃភិក្ខុសង្ឃផង ចូលមក​ទទួលឱវាទផង បពិត្រលោកម្ចាស់ ឮថាភិក្ខុនីសង្ឃ ត្រូវបាន​ចូលមកទទួលឱវាទ។ ភិក្ខុសម្តែង​បាតិមោក្ខ គប្បីពោលថា មានភិក្ខុណាមួយ ដែលសង្ឃបានសន្មតឲ្យជាអ្នកឲ្យឱវាទ ដល់​ភិក្ខុដែរឬ។ បើមានភិក្ខុណាមួយ ដែលសង្ឃបានសន្មតឲ្យជាអ្នកឲ្យឱវាទដល់ភិក្ខុនី ត្រូវភិក្ខុ​អ្នក​សម្តែងបាតិមោក្ខនិយាយថា ភិក្ខុឈ្មោះនេះ ដែលសង្ឃបានសន្មតឲ្យជាអ្នកឲ្យឱវាទ​ដល់​ភិក្ខុនី ភិក្ខុនីសង្ឃ ចូរចូលទៅរកភិក្ខុនោះចុះ។ បើមិនមានភិក្ខុណាមួយ ដែលសង្ឃ​សន្មតឲ្យជា​អ្នកឲ្យ​ឱវាទ ដល់ភិក្ខុនីទេ ត្រូវភិក្ខុអ្នកសម្តែងបាតិមោក្ខនិយាយថា លោកដ៏​មានអាយុ​អង្គណា អាច​ទូន្មានភិក្ខុនីបាន។ បើភិក្ខុណាមួយអាចទូន្មានភិក្ខុនីបាន ទាំង​ភិក្ខុនោះ ក៏ប្រកបដោយ​អង្គ៨​ប្រការ​ផង ដែលសង្ឃ​ត្រូវសន្មតថា ភិក្ខុឈ្មោះនេះ សង្ឃ​បានសន្មតឲ្យជាអ្នកឲ្យឱវាទ ដល់ភិក្ខុនីហើយ ភិក្ខុនីសង្ឃ ត្រូវចូល​ទៅរកភិក្ខុនោះចុះ។ បើមិនមានភិក្ខុណាមួយ អាចនឹងទូន្មានភិក្ខុនីបានទេ ភិក្ខុ​អ្នកសម្តែងបាតិមោក្ខ គប្បី​ប្រាប់ថា ភិក្ខុណាមួយដែល​សង្ឃសន្មត ឲ្យជា​អ្នកទូន្មានភិក្ខុនីនោះ មិនមានទេ ចូរភិក្ខុនី​សង្ឃសម្រេច​ប្រយោជន៍ ដោយសេចក្តីជ្រះថ្លាចុះ។

[២០៩] សម័យនោះឯង ភិក្ខុទាំងឡាយ មិនព្រមទទួលឲ្យឱវាទ។បេ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។បេ។ ព្រះអង្គ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុមិនត្រូវប្រកែកមិនព្រមទទួលឲ្យឱវាទទេ ភិក្ខុណាមិនព្រមទទួល ត្រូវ​អាបត្តិ​ទុក្កដ។

[២១០] សម័យនោះ មានភិក្ខុ១រូបល្ងង់។ ភិក្ខុនីទាំងឡាយនាំគ្នាចូលទៅរក​ភិក្ខុនោះ ហើយ​ពោល​ពាក្យនេះថា បពិត្រលោកម្ចាស់ សូមលោកម្ចាស់ទទួល​ឲ្យឱវាទចុះ។ ភិក្ខុនោះ​ឆ្លើយថា ម្នាលនាង យើងជាមនុស្សល្ងង់ យើងទទួលឲ្យឱវាទដូចម្តេចបាន។ ពួកភិក្ខុនី​ពោលថា បពិត្រលោកម្ចាស់ សូមលោក​ទទួលឲ្យឱវាទចុះ ដ្បិតហេតុនេះ ព្រះមាន​ព្រះភាគ ទ្រង់បញ្ញត្ត​ថា ត្រូវភិក្ខុទទួល​ឲ្យឱវាទ ដល់ភិក្ខុនី។ ភិក្ខុទាំងឡាយ ក្រាបបង្គំ​ទូលសេចក្តីនុ៎ះ ចំពោះព្រះមាន​ព្រះ​ភាគ។ ព្រះអង្គ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យ​បញ្ឈប់ភិក្ខុល្ងង់ ឲ្យភិក្ខុ​ក្រៅ​ពី​នេះ ទទួលឲ្យឱវាទបាន។

[២១១] សម័យនោះឯង មានភិក្ខុ១រូបមានជម្ងឺ។ ភិក្ខុនីទាំងឡាយ នាំគ្នាចូលទៅ​រកភិក្ខុនោះ ហើយនិយាយពាក្យនេះថា បពិត្រលោកម្ចាស់ សូមលោកម្ចាស់ទទួល​ឲ្យ​ឱវាទ។ ភិក្ខុនោះឆ្លើយថា ម្នាលនាង យើងជាមនុស្សមានជម្ងឺ យើងទទួល​ឲ្យឱវាទ​ដូចម្តេចបាន។ ភិក្ខុនី​ទាំងឡាយនិយាយ​ថា បពិត្រលោកម្ចាស់ សូមលោកម្ចាស់ទទួលឲ្យ​ឱវាទ ដ្បិតហេតុនេះ ព្រះមានព្រះភាគ ទ្រង់​បញ្ញត្ត​ថា ឲ្យបញ្ឈប់ភិក្ខុល្ងង់ ឲ្យភិក្ខុក្រៅពី​នេះទទួលឲ្យឱវាទបាន។ ភិក្ខុទាំងឡាយ ក្រាបបង្គំ​ទូល​សេចក្តីនុ៎ះ ចំពោះ​ព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត​ឲ្យ​បញ្ឈប់​ភិក្ខុល្ងង់ និងភិក្ខុឈឺ ឲ្យភិក្ខុក្រៅពីនេះ ទទួល​ឲ្យឱវាទបាន។

[២១២] សម័យនោះឯង មានភិក្ខុ១រូប ជាអ្នកដំណើរ។ ភិក្ខុនីទាំងឡាយ ចូលទៅ​រកភិក្ខុ​នោះ ហើយនិយាយពាក្យនេះថា បពិត្រលោកម្ចាស់ សូមមេត្តាទទួល​ឲ្យឱវាទ។ ភិក្ខុនោះ​ឆ្លើយថា ម្នាលនាង យើងជាអ្នកដំណើរ យើងទទួល​ឲ្យឱវាទដូចម្តេចបាន។ ភិក្ខុនី​ទាំងឡាយ​ពោលថា បពិត្រ​លោកម្ចាស់ សូមមេត្តាទទួលឲ្យ​ឱវាទ ដ្បិតហេតុនេះ ព្រះមានព្រះភាគ ទ្រង់បញ្ញត្តថា លើកលែងតែភិក្ខុល្ងង់ លើកលែងតែភិក្ខុឈឺចេញ ត្រូវឲ្យភិក្ខុក្រៅពីនេះទទួលឲ្យឱវាទបាន។ ភិក្ខុទាំងឡាយ ក្រាប​បង្គំ​ទូល​សេចក្តីនុ៎ះ ចំពោះ​ព្រះមានព្រះភាគ។បេ។ ព្រះអង្គ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត​ឲ្យលើកលែងភិក្ខុល្ងង់ លើកលែងភិក្ខុឈឺ និងភិក្ខុអ្នក​ដំណើរ ឲ្យភិក្ខុដែលក្រៅពីនេះ ទទួល​ឲ្យឱវាទបាន។

[២១៣] សម័យនោះឯង មានភិក្ខុ១រូបជាអ្នកនៅក្នុងព្រៃ។ ភិក្ខុនីទាំងឡាយ ចូលទៅ​រក​ភិក្ខុ​នោះ ហើយនិយាយពាក្យនេះថា បពិត្រលោកម្ចាស់ សូមមេត្តាទទួល​ឲ្យឱវាទ។ ភិក្ខុនោះ​ឆ្លើយថា ម្នាលនាង ដ្បិតយើងជាអ្នកនៅក្នុងព្រៃ យើងនឹងទទួល​ឲ្យឱវាទដូចម្តេចបាន។ ភិក្ខុនី​ទាំងឡាយ​និយាយ​ថា បពិត្រលោកម្ចាស់ សូមមេត្តាទទួលឲ្យ​ឱវាទ ដ្បិតហេតុនេះ ព្រះមានព្រះភាគ ទ្រង់បញ្ញត្តឲ្យលើកលែងតែភិក្ខុល្ងង់ លើកលែងតែភិក្ខុឈឺ និងលើក​លែង​តែភិក្ខុអ្នកដំណើរ​ចេញ ឲ្យភិក្ខុក្រៅពីនេះទទួលឲ្យឱវាទបាន។ ភិក្ខុទាំងឡាយ ក្រាប​បង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមាន​ព្រះភាគ។ ព្រះអង្គ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុ​អ្នកនៅ​ក្នុងព្រៃ ទទួល​ឲ្យឱវាទផង ឲ្យធ្វើសង្កេត (សេចក្តីកំណត់)ផងថា អាត្មាអញ នឹងផ្លាស់ទៅក្នុងទីនោះ។

[២១៤] សម័យនោះឯង ភិក្ខុទាំងឡាយទទួលឲ្យឱវាទ ហើយមិនបានប្រាប់​ដល់ (ភិក្ខុ​អ្នកសំដែងបាតិមោក្ខ)។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមាន​ព្រះភាគ។បេ។ ព្រះអង្គ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ មិនត្រូវ​ភិក្ខុមិនប្រាប់ឱវាទ (ដល់ភិក្ខុនី)ទេ ភិក្ខុណាមិនប្រាប់ ត្រូវអាបត្តិទុក្កដ។

[២១៥] សម័យនោះឯង ភិក្ខុទាំងឡាយ ទទួលឲ្យឱវាទហើយ មិនផ្លាស់ទី (តាមសង្កេត)។បេ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវមិនផ្លាស់ទី (តាមសង្កេត)ទេ ភិក្ខុណាមិនផ្លាស់ ត្រូវអាបត្តិទុក្កដ។

[២១៦] សម័យនោះឯង ភិក្ខុនីទាំងឡាយ មិនទៅកាន់ទីដែលសង្ឃកំណត់ហើយ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីមិនត្រូវខានទៅកាន់ទីដែលសង្ឃ​កំណត់​ហើយទេ ភិក្ខុនី​ណាមិនទៅ ត្រូវអាបត្តិទុក្កដ។

[២១៧] សម័យនោះឯង ភិក្ខុនីទាំងឡាយទ្រទ្រង់វត្ថពន្ធចង្កេះវែងៗ ចងរឹតឆ្អឹងជំនីរ ដោយវត្ថពន្ធចង្កេះនោះ [អដ្ឋកថាពន្យល់ថា ចងរឹងឆ្អឹងជំនីរឲ្យទន់ដោយវត្ថពន្ធចង្កេះ ហាក់​ដូច​ជានាងទារិកា ជាគ្រហស្ថ រុំដោយសំពត់ចោមពុង គឺសំពត់បិទដោះ។]។ មនុស្ស​ទាំងឡាយ ពោលទោស តិះដៀល បន្តុះ​បង្អាប់ថា។បេ។ ដូចពួកស្រីគ្រហស្ថ​អ្នក​បរិភោគកាម។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីមិនត្រូវទ្រទ្រង់វត្ថពន្ធចង្កេះវែងទេ ភិក្ខុនីណា​ទ្រទ្រង់ ត្រូវអាបត្តិទុក្កដ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតវត្ថពន្ធចង្កេះ​ល្មមព័ទ្ធ​តែ១ជុំបាន មិនត្រូវចងរឹតឆ្អឹងជំនីរ ដោយវត្ថពន្ធចង្កេះ​នោះទេ ភិក្ខុនីណាចងរឹត ត្រូវ​អាបត្តិទុក្កដ។

[២១៨] សម័យនោះឯង ភិក្ខុនីទាំងឡាយ ចងរឹតឆ្អឹងជំនីរ ដោយផ្ទាំងដែលធ្វើអំពី​បន្ទោះឫស្សី ចងរឹតឆ្អឹងជំនីរ ដោយផ្ទាំងស្បែក ចងរឹតឆ្អឹងជំនីរ ដោយផ្ទាំងសំពត់ស ចងរឹតឆ្អឹងជំនីរ ដោយសំណុំសំពត់ស ចងរឹតឆ្អឹងជំនីរ ដោយខ្មាញ់សំពត់ស ចងរឹតឆ្អឹងជំនីរ ដោយផ្ទាំងសំពត់មានពណ៌ ចងរឹតឆ្អឹងជំនីរ ដោយសំណុំសំពត់​មានពណ៌ ចងរឹតឆ្អឹងជំនីរ ដោយខ្មាញ់សំពត់មានពណ៌ ចងរឹតឆ្អឹងជំនីរ ដោយសំណុំសំពត់​សូត្រ ចងរឹតឆ្អឹងជំនីរ ដោយខ្មាញ់សំពត់សូត្រ។ មនុស្សទាំងឡាយ ក៏ពោលទោស តិះដៀល បន្តុះ​បង្អាប់ថា។បេ។ ដូចជាពួកស្រីគ្រហស្ថអ្នកបរិភោគកាម។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមាន​ព្រះ​ភាគ។ ព្រះអង្គ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីមិន​ត្រូវ​ចងរឹតឆ្អឹងជំនីរ ដោយផ្ទាំង ដែលធ្វើ​ដោយបន្ទោះឫស្សី មិនត្រូវចងរឹតឆ្អឹងជំនីរ ដោយ​ផ្ទាំងស្បែក មិនត្រូវចងរឹតឆ្អឹងជំនីរ ដោយផ្ទាំងសំពត់ស មិនត្រូវ​ចងរឹតឆ្អឹងជំនីរ ដោយ​សំណុំសំពត់ស មិនត្រូវ​ចងរឹតឆ្អឹងជំនីរ ដោយខ្មាញ់​សំពត់ស មិនត្រូវ​ចងរឹតឆ្អឹងជំនីរ ដោយផ្ទាំងសំពត់មានពណ៌ មិនត្រូវ​ចងរឹតឆ្អឹងជំនីរ ដោយសំណុំ​សំពត់មានពណ៌ មិនត្រូវ​ចងរឹតឆ្អឹងជំនីរ ដោយខ្មាញ់សំពត់​មានពណ៌ មិនត្រូវ​ចងរឹតឆ្អឹងជំនីរ ដោយសំណុំ​សំពត់​សូត្រទេ ភិក្ខុនីណាចងរឹត ត្រូវអាបត្តិទុក្កដ។

[២១៩] សម័យនោះឯង ភិក្ខុនីទាំងឡាយឲ្យគេដំត្រគាក ដោយឈើមានសណ្ឋាន​ដូច​ឆ្អឹង​ស្មងគោ ឲ្យគេដំត្រគាក ឲ្យគេដំដៃ ឲ្យគេដំខ្នងដៃ ឲ្យគេដំជើង ឲ្យគេដំខ្នងជើង ឲ្យគេដំភ្លៅ ឲ្យ​គេដំ​មុខ ឲ្យគេដំសាច់ជើងធ្មេញ ដោយឈើមានសណ្ឋានដូចឆ្អឹងចង្កាគោ។ មនុស្ស​ទាំងឡាយ ក៏​ពោល​ទោស តិះដៀល បន្តុះ​បង្អាប់ថា។បេ។ ដូចពួកស្រីគ្រហស្ថ អ្នក​បរិភោគកាម។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុនី​មិនត្រូវ​ឲ្យគេដំត្រគាកដោយឈើមានសណ្ឋាន​ដូចឆ្អឹងស្មងគោ មិនត្រូវឲ្យគេ​ដំត្រគាក មិនត្រូវ​ឲ្យគេដំដៃ មិនត្រូវឲ្យគេដំខ្នងដៃ មិនត្រូវ​ឲ្យគេដំជើង មិនត្រូវឲ្យគេដំខ្នងជើង មិនត្រូវ​ឲ្យគេដំភ្លៅ មិនត្រូវឲ្យ​គេដំ​មុខ មិនត្រូវឲ្យ​គេដំសាច់ជើងធ្មេញ ដោយឈើ​មាន​សណ្ឋាន​ដូចឆ្អឹង​ចង្កាគោទេ ភិក្ខុនីណាឲ្យគេដំ ត្រូវ​អាបត្តិទុក្កដ។

[២២០] សម័យនោះឯង ពួកឆព្វគ្គិយាភិក្ខុនី លាបមុខ ប្រស់មុខ ខាត់មុខ ចឹមមុខ ស្រឡាប​ខ្លួន ស្រឡាបមុខ ស្រឡាបទាំងខ្លួន ទាំងមុខ ដោយគ្រឿងលាប លាយដោយមនោសិលា (ម្សៅលាម)។ មនុស្សទាំងឡាយ ពោលទោស តិះដៀល បន្តុះ​បង្អាប់ថា។បេ។ ដូចជា​ពួកស្រី​គ្រហស្ថ អ្នកបរិភោគកាម។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះ​ព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុនី​មិនត្រូវលាបមុខ មិនត្រូវប្រស់មុខ មិនត្រូវ​ខាត់មុខ មិនត្រូវចឹមមុខ មិនត្រូវស្រឡាប​ខ្លួន មិនត្រូវស្រឡាបមុខ មិនត្រូវស្រឡាបទាំងខ្លួន ទាំងមុខ ដោយគ្រឿងលាបលាយដោយមនោសិលាទេ ភិក្ខុនី​ណា​ធ្វើ ត្រូវអាបត្តិទុក្កដ។

[២២១] សម័យនោះឯង ពួកឆព្វគ្គិយាភិក្ខុនី ធ្វើនូវគំនូសខាងក្រោមមាត់ [អដ្ឋកថា ពន្យល់​ថា ពួកភិក្ខុនី​យកថ្នាំបន្តក់ភ្នែក ទៅធ្វើជាគំនូសខាងក្រោមមាត់ត្រង់កន្លែងណាដែលវៀចៗ ឬខូងៗ។] ធ្វើ​គំនូសប្លែកៗត្រង់ថ្ពាល់ ក្រឡេកមើលតាមបង្អួច ឈរត្រង់ទ្វារ បង្ហាញ​កាយពាក់​កណ្តាល ប្រើ​ឲ្យ​គេលេងមហោស្រព បំបួសស្រីផ្កាមាស តាំងរោងសុរោ តាំង​រោងលក់សាច់ បើក​រានផ្សារ ដំឡើង​ថ្លៃ (ទំនិញ) ប្រកបជំនួញ ឲ្យខ្ញុំប្រុសបំរើ ឲ្យខ្ញុំស្រី​បម្រើ ឲ្យកូនឈ្នួលប្រុសបំរើ ឲ្យ​កូន​​ឈ្នួល​ស្រីបំរើ ឲ្យសត្វតិរច្ឆានបំរើ លក់វត្ថុខ្ចី និងវត្ថុទុំ (តាំងរានផ្សារលក់ដូររបស់រាយរង) ទ្រ​ទ្រង់​កំរាលស្មាច់ដោយរោមចៀម។ មនុស្សទាំង​ឡាយ ក៏ពោលទោស តិះដៀល បន្តុះ​បង្អាប់ថា។បេ។ ដូចជាពួកស្រីគ្រហស្ថ អ្នក​បរិភោគកាម។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុនី​មិនត្រូវ​ធ្វើគំនូស​ក្រោមមាត់ មិនត្រូវធ្វើ​គំនូស​ប្លែកៗត្រង់ថ្ពាល់ មិនត្រូវក្រឡេកមើលតាមបង្អួច មិនត្រូវឈរត្រង់​មាត់​ទ្វារ បង្ហាញ​កាយពាក់កណ្តាល មិនត្រូវប្រើគេ​ឲ្យលេងមហោស្រព មិនត្រូវបំបួសស្រីផ្កាមាស មិនត្រូវ​តាំងរោងសុរោ មិនត្រូវតាំងរោងលក់សាច់ មិនត្រូវបើករានផ្សារ មិនត្រូវដំឡើង​ថ្លៃ (ទំនិញ) មិនត្រូវ​ប្រកបជំនួញ មិនត្រូវឲ្យខ្ញុំប្រុសបំរើ មិនត្រូវឲ្យខ្ញុំស្រីបម្រើ មិនត្រូវឲ្យកូន​ឈ្នួល​ប្រុសបំរើ មិនត្រូវឲ្យកូន​ឈ្នួល​ស្រីបំរើ មិនត្រូវឲ្យសត្វតិរច្ឆានបំរើ មិនត្រូវលក់វត្ថុខ្ចី និងវត្ថុទុំ (តាំងរាន​ផ្សារ​លក់​ដូររបស់រាយរង) មិនត្រូវទ្រទ្រង់កំរាលស្មាច់ដោយរោមចៀមទេ ភិក្ខុនី​ណាទ្រទ្រង់ ត្រូវអាបត្តិទុក្កដ។

[២២២] សម័យនោះឯង ពួកឆព្វគ្គិយាភិក្ខុនី ទ្រទ្រង់ចីវរខៀវសុទ្ធ ទ្រទ្រង់ចីវរលឿងខ្ចី​សុទ្ធ ទ្រទ្រង់ចីវរក្រហមសុទ្ធ ទ្រទ្រង់ចីវរហង្សបាទសុទ្ធ ទ្រទ្រង់ចីវរខ្មៅសុទ្ធ ទ្រទ្រង់ចីវរ​ក្រហមក្រមៅ​សុទ្ធ ទ្រទ្រង់ចីវរលឿងទុំសុទ្ធ ទ្រទ្រង់ចីវរមានជាយ​មិនបានកាត់ដាច់ ទ្រទ្រង់​ចីវរ​មានជាយវែង ទ្រទ្រង់ចីវរមានជាយវិចិត្រដោយផ្កាឈើ ទ្រទ្រង់ចីវរមានជាយ​វិ​ចិត្រដោយផ្លែឈើ ទ្រទ្រង់អាវ​បំពង់វែង ទ្រទ្រង់មួក។ មនុស្សទាំងឡាយ ពោលទោស តិះដៀល បន្តុះ​បង្អាប់ថា។បេ។ ដូចជាពួកស្រីគ្រហស្ថ អ្នកបរិភោគកាម។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះ​មាន​ព្រះភាគ។ ព្រះអង្គ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុនី​មិនត្រូវ​ទ្រទ្រង់ចីវរខៀវសុទ្ធ មិនត្រូវ​ទ្រទ្រង់ចីវរលឿងខ្ចី​សុទ្ធ មិនត្រូវ​ទ្រទ្រង់ចីវរក្រហមសុទ្ធ មិនត្រូវទ្រទ្រង់ចីវរហង្សបាទសុទ្ធ មិនត្រូវ​ទ្រទ្រង់ចីវរខ្មៅសុទ្ធ មិនត្រូវទ្រទ្រង់ចីវរក្រហមក្រមៅ​សុទ្ធ មិនត្រូវទ្រទ្រង់ចីវរលឿងទុំសុទ្ធ មិនត្រូវ​ទ្រទ្រង់​ចីវរមានជាយ​មិនបានកាត់ដាច់ មិនត្រូវទ្រទ្រង់ចីវរ​មានជាយវែង មិនត្រូវ​ទ្រទ្រង់ចីវរ​មាន​ជាយ​វិចិត្រដោយផ្កាឈើ មិនត្រូវទ្រទ្រង់ចីវរមានជាយ​វិ​ចិត្រដោយផ្លែឈើ មិនត្រូវទ្រទ្រង់​អាវ​បំពង់​វែង មិនត្រូវទ្រទ្រង់មួកទេ ភិក្ខុនីណាទ្រទ្រង់ ត្រូវអាបត្តិទុក្កដ។

[២២៣] សម័យនោះឯង មានភិក្ខុនី១រូប កាលដែលទៀបនឹងធ្វើមរណកាល បាន​ផ្តាំ​យ៉ាងនេះថា អំណឹះអំពីខ្ញុំទៅ បរិក្ខាររបស់ខ្ញុំ ចូរបានទៅជារបស់​សង្ឃចុះ។ ភិក្ខុ និងភិក្ខុនី​ទាំង​ឡាយ ក្នុងទីនោះ ជជែកគ្នាថា បរិក្ខារនេះត្រូវបានយើង បរិក្ខារនេះ ត្រូវបានយើង។ ភិក្ខុទាំង​ឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។បេ។ ព្រះអង្គ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ បើភិក្ខុនី កាលដែលទៀបនឹងធ្វើមរណកាល បានផ្តាំ​យ៉ាងនេះថា អំណឹះអំពីខ្ញុំទៅ បរិក្ខារ​របស់ខ្ញុំ ចូរបានទៅជារបស់​សង្ឃចុះ ដូច្នេះ ភិក្ខុសង្ឃមិនជាឥស្សរៈ​ លើបរិក្ខារ​នោះទេ បរិក្ខារ​នុ៎ះ ត្រូវបានជារបស់ភិក្ខុនីសង្ឃ។ ម្នាលភិក្ខុទាំងឡាយ បើសិក្ខមានា។បេ។ ម្នាលភិក្ខុ​ទាំងឡាយ បើសាមណេរី កាលដែល​ទៀបនឹងមរណកាល បាន​ផ្តាំ​យ៉ាងនេះថា អំណឹះអំពីខ្ញុំទៅ បរិក្ខាររបស់ខ្ញុំ ចូរបានទៅ​ជារបស់​សង្ឃចុះ យ៉ាងនេះ ភិក្ខុសង្ឃមិនជាធំ ក្នុងបរិក្ខារ​នោះទេ បរិក្ខារ​នុ៎ះ ត្រូវបាន​ជារបស់ភិក្ខុនីសង្ឃ។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុ កាលដែលទៀបនឹង​មរណកាល​ហើយ បាន​ផ្តាំ​យ៉ាងនេះថា អំណឹះអំពីខ្ញុំទៅ បរិក្ខាររបស់ខ្ញុំ ចូរបានទៅជារបស់​សង្ឃចុះ យ៉ាងនេះ ភិក្ខុនីសង្ឃមិនជាធំ លើបរិក្ខារ​នោះទេ បរិក្ខារនុ៎ះ ត្រូវបានជា​របស់ភិក្ខុសង្ឃ។ ម្នាលភិក្ខុ​ទាំងឡាយ បើសាមណេរ។បេ។ ម្នាលភិក្ខុទាំងឡាយ បើ​ឧបាសក។បេ។ ម្នាលភិក្ខុទាំង​ឡាយ បើ​ឧបាសិកា។បេ។ ម្នាលភិក្ខុទាំងឡាយ បើនរណាៗដទៃ កាលដែល​ទៀប​នឹងមរណកាលហើយ បាន​ផ្តាំ​យ៉ាងនេះថា អំណឹះអំពីខ្ញុំទៅ បរិក្ខាររបស់ខ្ញុំ ចូរបាន​ទៅជា​របស់​សង្ឃចុះ យ៉ាងនេះ ភិក្ខុនី​សង្ឃ​មិនជាធំ លើបរិក្ខារ​នោះទេ បរិក្ខារនុ៎ះ ត្រូវបានជា​របស់​ភិក្ខុសង្ឃ។

[២២៤] សម័យនោះឯង មានស្ត្រីម្នាក់ ជាភរិយាចាស់របស់ស្តេច​មល្លៈ ចូលមកបួស​ក្នុងសំណាក់​ភិក្ខុនី។ ភិក្ខុនី (បួសថ្មី) នោះបានឃើញភិក្ខុ១រូប មានកម្លាំងថយ ដើរទៅ​តាមច្រក ប៉ះដោយចង្កួយ​ស្មា ភិក្ខុនោះក៏ដួលចុះទៅ។ ភិក្ខុទាំងឡាយ ពោលទោស តិះដៀល បន្តុះ​បង្អាប់ថា មិនសមបើ​ភិក្ខុនី​ នឹងដើរទៅប៉ះភិក្ខុទេ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុនី មិនត្រូវឲ្យប៉ះភិក្ខុឡើយ ភិក្ខុនីណាឲ្យប៉ះ ត្រូវ​អាបត្តិទុក្កដ។ ម្នាលភិក្ខុ​ទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុនី ដែលឃើញ​ភិក្ខុហើយ ត្រូវ​ចៀសចេញអំពីចម្ងាយ បើកផ្លូវឲ្យ។

[២២៥] សម័យនោះ មានស្ត្រីម្នាក់ ជាស្រីប្តីលែង ហើយមានផ្ទៃដោយសហាយ។ ស្រី​នោះ រំលូតកូនចេញហើយ បាននិយាយពាក្យនេះ នឹងភិក្ខុនីជាកុលុបកីថា បពិត្រលោកម្ចាស់ លោក​ម្ចាស់សូមដាក់កូនខ្ចីនេះ ក្នុងបាត្រយកទៅចុះ។ ភិក្ខុនីនោះ ដាក់កូនខ្ចីនោះក្នុងបាត្រ ហើយបិទ​បាំង​នឹងសង្ឃាដិដើរទៅ។ សម័យនោះឯង មានបិណ្ឌចារិកភិក្ខុ១រូប សមាទាន​ថា បើអាត្មាអញ​បាន​ចង្ហាន់​ជាដម្បូងណា ហើយមិនទាន់បាន​ឲ្យចង្ហាន់​នោះដល់ភិក្ខុក្តី ភិក្ខុនីក្តី អាត្មាអញ​ក៏​មិនបរិភោគ។ លំដាប់នោះ ភិក្ខុនោះ បានឃើញភិក្ខុនីនោះហើយ និយាយពាក្យនេះថា ហ៏​នាង នាងទទួលយកចង្ហាន់ចុះ។ ភិក្ខុនីឆ្លើយថា ណ្ហើយ លោកម្ចាស់។ ភិក្ខុនោះ និយាយពាក្យនេះនឹង​ភិក្ខុនី​នោះ អស់វារៈពីរដងថា ហ៏​នាង ចូរនាងទទួលយកចង្ហាន់ទៅចុះ។ ភិក្ខុនីឆ្លើយថា ណ្ហើយ លោកម្ចាស់។ ភិក្ខុនោះ និយាយពាក្យនេះនឹង​ភិក្ខុនី​នោះ អស់វារៈបីដងថា ហ៏​នាង ចូរនាង​ទទួល​យក​ចង្ហាន់​ទៅចុះ។ ភិក្ខុនីឆ្លើយថា ណ្ហើយ លោកម្ចាស់។ ភិក្ខុប្រាប់ថា ម្នាលនាង យើងបាន​សមាទាន​ថា (បើ) អាត្មាអញបាន​ចង្ហាន់ណា​ជាដម្បូង ហើយមិនទាន់បាន​ឲ្យចង្ហាន់​នោះ ដល់ភិក្ខុក្តី ដល់ភិក្ខុនីក្តី អាត្មាអញ​ក៏​មិនឆាន់ចង្ហាន់នោះទេ ម្នាលនាង ហ៏ចូរនាងទទួលយក​ចង្ហាន់​នេះទៅចុះ។ គ្រានោះ ភិក្ខុនីនោះ កាលបើភិក្ខុនោះបង្ខំ (ឲ្យទទួល) ក៏បង្ហាញបាត្រថា បពិត្រ​លោកម្ចាស់ សូមនិមន្តមើលកូនខ្ចីក្នុងបាត្រ (តែ) សូមលោកម្ចាស់​កុំប្រាប់​នរណា​ឡើយ។ លំដាប់​នោះ ភិក្ខុនោះ​ពោលទោស តិះដៀល បន្តុះ​បង្អាប់ថា មិនសមបើ​ភិក្ខុនីដាក់កូនខ្ចីក្នុងបាត្រសោះ។ ទើបភិក្ខុនោះ ប្រាប់រឿងនុ៎ះ ដល់ភិក្ខុទាំងឡាយ។ ភិក្ខុណា មានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុទាំងនោះ ក៏ពោលទោស តិះដៀល បន្តុះ​បង្អាប់ថា មិនសមបើភិក្ខុនី ដាក់កូនខ្ចី​ក្នុង​បាត្រ​សោះ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូល​សេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។បេ។ ព្រះអង្គ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុនី មិនត្រូវដាក់កូនខ្ចីក្នុងបាត្រទេ ភិក្ខុនីណាដាក់យកទៅ ត្រូវអាបត្តិទុក្កដ ម្នាលភិក្ខុ​ទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុនី ឃើញភិក្ខុហើយ ត្រូវបើក​បាត្រ​បង្ហាញ។

[២២៦] សម័យនោះឯង ពួកឆព្វគ្គិយាភិក្ខុនី បានឃើញ​ភិក្ខុហើយ ផ្តូរបាត្រប្រាប់ថ្លៃ​បាត្រ។ ​​ភិក្ខុទាំងនោះពោលទោស តិះដៀល បន្តុះ​បង្អាប់ថា មិនសមបើ ពួកឆព្វគ្គិយាភិក្ខុនី ឃើញ​ភិក្ខុ​ហើយផ្តូរបាត្រ រួចប្រាប់ថ្លៃបាត្រសោះ។ ទើបភិក្ខុទាំងនោះ ក្រាបបង្គំទូល​សេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។បេ។ ព្រះអង្គ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុនី​មិនត្រូវឃើញ​ភិក្ខុហើយផ្តូរបាត្រ រួចប្រាប់ថ្លៃបាត្រទេ ភិក្ខុនីណាប្រាប់ថ្លៃ ត្រូវអាបត្តិ​ទុក្កដ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុនី​ឃើញភិក្ខុហើយបើកបាត្របង្ហាញ ប្រសិន​បើមាន​អាមិសៈណា​នៅក្នុងបាត្រ ត្រូវនិមន្ត​ភិក្ខុ ដោយអាមិសៈនោះចុះ។

[២២៧] សម័យនោះឯង មាននិមិត្តរបស់បុរសដែលគេចោលក្នុងច្រកក្នុងក្រុងសាវត្ថី។ ភិក្ខុនីទាំងឡាយ ចូលទៅគយគន់និមិត្តនោះដោយផ្ចិតផ្ចង់។ មនុស្សទាំងឡាយធ្វើសម្លេង​ហ៊ោ។ ភិក្ខុនីទាំងនោះ ក៏មានសេចក្តីអៀនខ្មាស។ ទើបភិក្ខុនីទាំងអម្បាលនោះ ចូលទៅ​កាន់​លំនៅ (ភិក្ខុនី) ប្រាប់សេចក្តីនុ៎ះ ដល់ភិក្ខុនីផងគ្នា។ ភិក្ខុនីណា មានសេចក្តី​ប្រាថ្នាតិច។បេ។ ភិក្ខុនីទាំង​នោះ ក៏ពោលទោស តិះដៀល បន្តុះ​បង្អាប់ថា មិនសមបើភិក្ខុនីទាំងឡាយ ចូលទៅគយគន់និមិត្ត របស់​បុរសសោះ។ ភិក្ខុនីទាំងនោះ ក៏ប្រាប់រឿងនុ៎ះ ដល់ភិក្ខុ​ទាំងឡាយ។បេ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីមិនត្រូវគយគន់មើលនិមិត្តរបស់បុរស ភិក្ខុនីណាចូលទៅគយគន់មើល ត្រូវអាបត្តិទុក្កដ។

[២២៨] សម័យនោះឯង មនុស្សទាំងឡាយឲ្យអាមិសៈ ដល់ភិក្ខុទាំងឡាយ។ ពួកភិក្ខុ ក៏ឲ្យ​អាមិសៈ (នោះ) ទៅពួកភិក្ខុនី។ មនុស្សទាំងឡាយនាំគ្នាពោលទោស តិះដៀល បន្តុះ​បង្អាប់ថា មិនសមបើលោកម្ចាស់ទាំងនេះឲ្យ (អាមិសៈ) ដែលគេឲ្យសម្រាប់ឆាន់ខ្លួនឯង ទៅអ្នកឯទៀត​ទេ យើងទាំងឡាយមិនចេះឲ្យទានឬ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូល​សេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិន​ត្រូវឲ្យ (អាមិសៈ) ដែលគេ​ឲ្យសម្រាប់ឆាន់ ទៅអ្នកឯទៀតទេ ភិក្ខុណាឲ្យ ត្រូវអាបត្តិទុក្កដ។

[២២៩] សម័យនោះឯង អាមិសៈរបស់ពួកភិក្ខុ ក៏សម្បូណ៌ច្រើនឡើង។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំង​ឡាយ តថាគតអនុញ្ញាតឲ្យៗ (អាមិសៈ) ដល់សង្ឃ។ អាមិសៈ ក៏កាន់តែសម្បូណ៌​ច្រើន​ណាស់​ទៅទៀត។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះ​ព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត​ឲ្យៗ​អាមិសៈ ទៅជា​របស់​បុគ្គលក៏បាន។

[២៣០] សម័យនោះឯង ពួកភិក្ខុធ្វើការសន្សំអាមិសៈជាច្រើន។ ភិក្ខុទាំងឡាយ ក្រាបបង្គំ​ទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុនី ឬភិក្ខុឲ្យគេទទួលការសន្សំរបស់ភិក្ខុទាំងឡាយបរិភោគចុះ។

[២៣១] សម័យនោះឯង មនុស្សទាំងឡាយឲ្យអាមិសៈ ដល់ពួកភិក្ខុនី។ ភិក្ខុនីទាំងឡាយ ឲ្យ​(អាមិសៈ) នោះ ដល់ពួកភិក្ខុ។ មនុស្សទាំងឡាយពោលទោស តិះដៀល បន្តុះ​បង្អាប់ថា មិនសម​បើភិក្ខុនីទាំងឡាយ ឲ្យអាមិសៈ ដែលគេឲ្យ​សម្រាប់បរិភោគខ្លួនឯង ដល់ភិក្ខុ​ឯទៀត​សោះ យើងរាល់គ្នាមិនចេះឲ្យទានឬ។ ពួកភិក្ខុ​ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះ​ព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីមិនត្រូវឲ្យអាមិសៈ ដែលគេឲ្យសម្រាប់​បរិភោគ​ខ្លួនឯង ដល់ភិក្ខុឯទៀតទេ ភិក្ខុនីណាឲ្យ ត្រូវអាបត្តិទុក្កដ។

[២៣២] សម័យនោះឯង អាមិសៈរបស់ភិក្ខុនីសម្បូណ៌ច្រើនឡើង ភិក្ខុទាំងឡាយ ក្រាបបង្គំ​ទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យ (ភិក្ខុនី) ឲ្យអាមិសៈដល់សង្ឃ (អាមិសៈ) ក៏កាន់តែសម្បូណ៌​ច្រើន​ឡើង​ទៀត។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត​ឲ្យៗអាមិសៈទៅជារបស់​បុគ្គល​ក៏បាន។

[២៣៣] សម័យនោះឯង ភិក្ខុនីធ្វើការសន្សំ​អាមិសៈ ដែលកាន់តែ​សម្បូណ៌ឡើង។ ពួកភិក្ខុ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំង​ឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុ ឬភិក្ខុនី ឲ្យទទួលការសន្សំរបស់ភិក្ខុនីបរិភោគចុះ។

[២៣៤] សម័យនោះឯង សេនាសនៈសម្បូណ៌ឡើង ដល់ពួកភិក្ខុ។ សេនាសនៈ មិនកើតឡើងដល់ពួកភិក្ខុនី។ ភិក្ខុនីទាំងឡាយ ក៏បញ្ជូនទូត​ទៅកាន់សំណាក់​ពួកភិក្ខុថា បពិត្រ​លោកម្ចាស់​ទាំងឡាយ សូមលោកម្ចាស់ឲ្យសេនាសនៈ ដល់យើងឲ្យជារបស់ខ្ចី។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ដើម្បី​ឲ្យនូវសេនាសនៈ ដល់ពួកភិក្ខុនី ជារបស់​ខ្ចីបាន។

[២៣៥] សម័យនោះឯង ភិក្ខុនីទាំងឡាយ​មានរដូវ អង្គុយសង្កត់ខ្លះ ដេកសង្កត់ខ្លះ នូវគ្រែ​ដែលគេញាត់ភ្ជាប់ និងតាំងដែលគេញាត់ភ្ជាប់។ សេនាសនៈ ក៏ប្រឡាក់ដោយឈាម។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីមិនត្រូវអង្គុយសង្កត់ ដេកសង្កត់ នូវគ្រែ​ដែលគេញាត់ភ្ជាប់ នូវតាំងដែលគេញាត់ភ្ជាប់ទេ ភិក្ខុនីណាអង្គុយសង្កត់ក្តី ដេកសង្កត់ក្តី ត្រូវអាបត្តិទុក្កដ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតនូវចីវរក្នុងរោងទាន។ ចីវរក្នុងរោងទាន ក៏ប្រឡាក់​ដោយឈាម។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលរឿងនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត នូវសំពត់ទ្រនាប់។ សំពត់​ទ្រនាប់ក៏របូតចុះ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យចង (សំពត់​ទ្រនាប់) ដោយសរសៃអំបោះ ហើយចងភ្ជាប់​នឹងភ្លៅចុះ។ សរសៃអំបោះ​ក៏ដាច់ទៅ។ ពួកភិក្ខុ ក្រាបបង្គំទូលរឿងនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំង​ឡាយ តថាគតអនុញ្ញាត ខ្សែក្រវាត់សម្រាប់ចងឆ្នុកក្បិន។

[២៣៦] សម័យនោះឯង ឆព្វគ្គិយាភិក្ខុនី ទ្រទ្រង់ខ្សែក្រវាត់សព្វកាល។ មនុស្សទាំងឡាយ ពោលទោស តិះដៀល បន្តុះ​បង្អាប់ថា។បេ។ ដូចជាពួកស្រីគ្រហស្ថ អ្នកបរិភោគកាម។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីមិនត្រូវប្រើខ្សែក្រវាត់សព្វកាលទេ ភិក្ខុនីណាប្រើ ត្រូវអាបត្តិ​ទុក្កដ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតខ្សែក្រវាត់ ដល់ភិក្ខុនីដែលមានរដូវ។

ចប់ ភាណវារៈ ទី២។

[២៣៧] សម័យនោះឯង ឧបសម្បន្នាភិក្ខុនីទាំងឡាយ គ្មាននិមិត្តខ្លះ មានហេតុ​គ្រាន់​តែជានិមិត្តខ្លះ មិនមានឈាមរដូវខ្លះ មានឈាមរដូវជានិច្ចខ្លះ មានសំពត់ទ្រនាប់ជានិច្ចខ្លះ មានឈាម​រដូវហូរខ្លះ ជាសិខរិណីខ្លះ ជាស្រីខ្ទើយខ្លះ មានរូបដូចប្រុសខ្លះ ទ្វារមគ្គ (ទាំង២) រលាយចូលគ្នាខ្លះ ជាឧភតោព្យញ្ជនកាខ្លះ។បេ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត​ឲ្យ (ភិក្ខុនី) សួរនូវ​អន្តរាយិកធម៌២៤ប្រការ ចំពោះស្ត្រីដែលមកសូមឧបសម្បទា។ ម្នាលភិក្ខុទាំងឡាយ ត្រូវភិក្ខុសួរភិក្ខុនីយ៉ាងនេះថា នាងមិនមែនឥតនិមិត្តទេឬ នាងមិន​មែន​មានហេតុគ្រាន់តែ​ជានិមិត្ត​ទេឬ នាងមិនមែន​មិនមានឈាមទេឬ នាងមិនមានឈាម​ជានិច្ចទេឬ នាងមិនមែនមានសំពត់​ទ្រនាប់​ជានិច្ចទេឬ នាងមិនមែនមានឈាម​រដូវហូរ​ជានិច្ចទេឬ នាងមិនមែន​ជាសិខរិណីទេឬ នាង​មិនមែនជាស្រី្តខ្ទើយទេឬ នាង​មិនមែន​ជាស្រ្តីមានរូបដូចប្រុសទេឬ នាងឥតមានទ្វារមគ្គ​រលាយ​ចូលគ្នា​ទេឬ នាង​មិនមែន​ជា​ឧភតោព្យញ្ជនកាទេឬ (ម្យ៉ាងទៀត) អាពាធយ៉ាងនេះ គឺ ឃ្លង់ ពក ស្រែង ស្រកីអណ្តែង ឆ្កួត​ជ្រូក នាងមានឬទេ នាងជាមនុស្សឬ នាងជាស្ត្រីឬ នាងជាអ្នកជាឬ នាង​មិនមាន​ជំពាក់បំណុល​គេទេឬ នាងមិនមែនជាអ្នកបំរើព្រះរាជាទេឬ មាតាបិតា និងប្តី (របស់នាង) បានអនុញ្ញាត​ហើយឬ នាង​មានអាយុគ្រប់២០ឆ្នាំហើយឬ នាងមានបាត្រ និងចីវរ​គ្រប់​គ្រាន់​ហើយ​ឬ នាងឈ្មោះអ្វី បវត្តិនី (ឧបជ្ឈាយ៍) របស់នាងឈ្មោះអ្វី។

[២៣៨] សម័យនោះឯង ភិក្ខុទាំងឡាយសួរ អន្តរាយិកធម៌ ចំពោះពួកភិក្ខុនី។ ឧបសម្បទា​បេក្ខាទាំងឡាយអៀនខ្មាស មានមុខឱនចុះ មិនអាចនឹងឆ្លើយប្រាប់បាន។ ពួកភិក្ខុ​ក្រាប​បង្គំទូលរឿងនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ដើម្បីឲ្យឧបសម្បទា ក្នុងសំណាក់ភិក្ខុសង្ឃ ដល់ភិក្ខុនី ដែលបាន​ឧបសម្បទា ដោយចំណែកម្ខាងដ៏បរិសុទ្ធ ក្នុងភិក្ខុនីសង្ឃរួច (ម្តង)ហើយ។

[២៣៩] សម័យនោះឯង ពួកភិក្ខុនី មិនបានប្រៀនប្រដៅឧបសម្បទាបេក្ខាសោះទេ គ្រាន់​តែ​សាកសួរអន្តរាយិកធម៌។ ឧបសម្បទាបេក្ខា ក៏អៀនខ្មាស មានមុខឱនចុះ មិន​អាចនឹង​ឆ្លើយប្រាប់បាន។ ភិក្ខុទាំងឡាយ ​ក្រាបបង្គំទូលរឿងនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ឲ្យប្រៀនប្រដៅ​ជាមុនសិន ហើយ​សឹមសួរ​អន្តរាយិកធម៌ជាក្រោយ។ ពួកភិក្ខុក៏ប្រៀនប្រដៅ (ឧបសម្បទាបេក្ខា) ក្នុង​កណ្តាល​ជំនុំសង្ឃ​នោះ។ ឧបសម្បទាបេក្ខា នៅតែអៀនខ្មាស មានមុខឱនចុះ មិនអាច​ឆ្លើយប្រាប់បានដូច្នោះទៀត។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលរឿងនុ៎ះ ចំពោះ​ព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ តថាគត​អនុញ្ញាត​ឲ្យប្រៀនប្រដៅក្នុងទីដ៏សមគួរ ហើយសឹមសួរ​អន្តរាយិកធម៌ ក្នុង​កណ្តាលជំនុំសង្ឃ។ ម្នាលភិក្ខុទាំងឡាយ (ភិក្ខុនី) ត្រូវប្រៀនប្រដៅ​ឧបសម្បទាបេក្ខាយ៉ាងនេះ។ មុនដំបូង ត្រូវភិក្ខុនីឲ្យឧបសម្បទាបេក្ខា កាន់យកឧបជ្ឈាយ៍ លុះឲ្យកាន់យក​ឧបជ្ឈាយ៍ហើយ គប្បី​ប្រាប់បាត្រ និងចីវរថា នេះជាបាត្រ នេះជាសង្ឃាដី នេះជាចីពរ នេះជាស្បង់ នេះជាសំពត់​ពុង [តាមទំនងពាក្យខ្មែរខ្លះ គួរប្រែថា អៀម។] នេះជាសំពត់ងូតទឹករបស់នាង នាង​ចូរទៅឈរ ក្នុងទី​ឱកាសឯណោះ (វេលានោះ) ភិក្ខុនីល្ងង់ មិនឆ្លាសទៅប្រដៅ។ ឧបសម្បទា​បេក្ខាទាំងឡាយ ដែល​ភិក្ខុនីមិនឆ្លាស ប្រដៅមិនស្រួល ក៏នៅតែរឹងខ្លួន អៀនខ្មាស មិនអាចនឹងឆ្លើយប្រាប់បាន។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីដែលល្ងង់ មិនឆ្លាស មិនត្រូវប្រដៅឧបសម្បទាបេក្ខាទេ ភិក្ខុនីណា​ប្រដៅ ត្រូវអាបត្តិទុក្កដ ម្នាលភិក្ខុ​ទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុនី ដែលឆ្លាសប្រតិពល ប្រដៅ (ឧបសម្បទាបេក្ខា)បាន។ ភិក្ខុនីដែលសង្ឃមិនបានសន្មត ក៏ទៅប្រៀនប្រដៅ។ ភិក្ខុទាំងឡាយ ក្រាបបង្គំ​ទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីដែលសង្ឃមិនបានសន្មត មិនត្រូវ​ប្រៀនប្រដៅឧបសម្បទាបេក្ខាទេ ភិក្ខុនីណាប្រៀន​ប្រដៅ ត្រូវអាបត្តិទុក្កដ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុនី ដែល​សង្ឃសន្មតហើយ (នោះ) ប្រៀនប្រដៅបាន។ ម្នាលភិក្ខុទាំងឡាយ សង្ឃគប្បីសន្មត​យ៉ាងនេះ។ ខ្លួនឯងគប្បី​សន្មតខ្លួនឯងក៏បាន ភិក្ខុនីដទៃគប្បី​សន្មតភិក្ខុនី​ដទៃក៏​បាន។

[២៤០] ខ្លួនឯង គប្បីសន្មតខ្លួនឯងយ៉ាងណា។ ភិក្ខុនីដែលឆ្លាស ប្រតិពល ត្រូវប្រកាស​សង្ឃថា បពិត្រព្រះនាងជាម្ចាស់ សូមព្រះសង្ឃស្តាប់ខ្ញុំ (ដ្បិត) ឧបសម្បទាបេក្ខា (ជាសិស្ស) របស់​នាងជាម្ចាស់ឈ្មោះនេះ។ បើកម្មមានកាលគួរដល់សង្ឃហើយ ខ្ញុំម្ចាស់​គប្បី​ប្រៀនប្រដៅ ឧបសម្បទាបេក្ខាឈ្មោះនេះ។ ខ្លួនឯងគប្បីសន្មតខ្លួនឯងយ៉ាងនេះ។

[២៤១] ភិក្ខុនីដទៃគប្បីសន្មតភិក្ខុនីដទៃយ៉ាងណា។ ភិក្ខុនីដែលឆ្លាស ប្រតិពល គប្បី​ញុំាង​សង្ឃឲ្យដឹងថា បពិត្រព្រះនាងជាម្ចាស់ សូមព្រះសង្ឃស្តាប់ខ្ញុំ លោកម្ចាស់ឈ្មោះនេះ ជាឧបសម្បទាបេក្ខា របស់ភិក្ខុនីឈ្មោះនេះ។ បើកម្មមានកាលគួរដល់សង្ឃហើយ ភិក្ខុនី​ឈ្មោះ​នេះ គប្បីប្រៀនប្រដៅ ឧបសម្បទាបេក្ខាឈ្មោះនេះ។ ភិក្ខុនីដទៃ គប្បីសន្មត​ភិក្ខុនីដទៃ ដោយអាការ​យ៉ាងនេះ។

[២៤២] ភិក្ខុនីដែលសង្ឃសន្មតហើយនោះ គប្បីចូលទៅរកឧបសម្បទាបេក្ខា ហើយពោល​យ៉ាងនេះថា នែនាងឈ្មោះនេះ នាងស្តាប់ហ្ន៏ កាលនេះជាកាលពិត ជាកាលមែន​របស់នាងហើយ របស់ណាដែលកើតហើយ ខ្ញុំសួររបស់នោះចំពោះ​នាងក្នុងកណ្តាល​ជំនុំសង្ឃ ហេតុដែលមាន នាងត្រូវនិយាយថាមាន ហេតុដែលមិនមាន នាងត្រូវ​និយាយ​ថាមិនមាន នាងកុំរឹងខ្លួនឡើយ កុំអៀនខ្មាសឡើយ ខ្ញុំនឹងសួរនាងយ៉ាងនេះថា នាងមិន​មែនឥតនិមិត្តទេឬ នាងមិនមែន​មាន​ហេតុ​គ្រាន់​តែ​ជានិមិត្ត​ទេឬ នាងមិនមែន​ឥតឈាម​ទេឬ នាងមិនមានឈាមជានិច្ចទេឬ នាងមិនមែន​មាន​សំពត់ទ្រនាប់ជានិច្ចទេឬ នាងមិន​មែន​​មានឈាម​រដូវហូរ​ជានិច្ចទេឬ នាងមិនមែន​ជា​សិខរិណី​ទេឬ នាង​មិនមែនជា​ស្រី្តខ្ទើយទេឬ នាង​មិនមែនមានរូបដូចប្រុសទេឬ នាងមិនមានទ្វារមគ្គរលាយចូលគ្នាទេឬ នាង​មិនមែន​ជា​ឧភតោព្យញ្ជនកាទេឬ នាង​មាន​អាពាធ​យ៉ាងនេះ គឺ ឃ្លង់ ពក ស្រែង រីងរៃ ឆ្កួត​ជ្រូកដែរឬ នាងជាមនុស្សឬ នាងជាស្ត្រីឬ នាងជាអ្នកជាឬ នាងជាស្ត្រី​ឥតចំពាក់​បំណុល​គេទេឬ នាងមិនមែនជាអ្នកបំរើព្រះរាជាទេឬ មាតាបិតា និងប្តី របស់នាង បានអនុញ្ញាត​ហើយឬ នាង​មានអាយុគ្រប់២០ឆ្នាំហើយឬ នាងមានបាត្រ និង​ចីវរ​គ្រប់​គ្រាន់​ហើយឬ នាងឈ្មោះអ្វី បវត្តិនីរបស់នាងឈ្មោះអ្វី។ ភិក្ខុនីជាអ្នកប្រៀនប្រដៅ និង​ឧបសម្បទាបេក្ខា មកជាមួយគ្នា។បេ។ មិនគប្បីមកជាមួយគ្នាទេ។ ភិក្ខុនីជាអ្នក​ប្រៀន​ប្រដៅ​ គប្បី​មកមុនបង្អស់ ហើយផ្តៀងសង្ឃឲ្យដឹងថា បពិត្រព្រះនាងជាម្ចាស់ សូម​សង្ឃស្តាប់ខ្ញុំ ដ្បិត​នាង​សិក្ខមានា ឈ្មោះនេះ ជាឧបសម្បទាបេក្ខារបស់នាង​ជាម្ចាស់​ឈ្មោះនេះ ខ្ញុំម្ចាស់បានប្រៀនប្រដៅ​ហើយ។ បើកម្មមានកាលគួរដល់សង្ឃហើយ ឧបសម្បទា​បេក្ខាឈ្មោះនេះ គប្បីមក។ ភិក្ខុនី​អ្នកប្រៀនប្រដៅគប្បីពោលថា នាងចូរមក។ ត្រូវភិក្ខុនីអ្នកប្រៀនប្រដៅឲ្យ​ឧបសម្បទាបេក្ខានោះ ធ្វើចីពរឆៀងស្មាម្ខាង ឲ្យថ្វាយបង្គំ​បាទាភិក្ខុនីទាំងឡាយ ឲ្យអង្គុយច្រហោង ផ្គងអញ្ជលីឡើយ ហើយឲ្យសូម​ឧបសម្បទាថា បពិត្រនាងជាម្ចាស់ ខ្ញុំម្ចាស់សូមឧបសម្បទានឹងសង្ឃ បពិត្រនាង​ជាម្ចាស់ សូមសង្ឃ​អាស្រ័យសេចក្តីអនុគ្រោះ ស្រោចស្រង់ខ្ញុំផង បពិត្រនាងជាម្ចាស់ ខ្ញុំម្ចាស់​សូម​ឧបសម្បទា​នឹងសង្ឃ អស់វារៈពីរដងផង បពិត្រនាងជាម្ចាស់ សូមសង្ឃអាស្រ័យ​សេចក្តី​អនុគ្រោះ ស្រោចស្រង់ខ្ញុំផង បពិត្រនាងជាម្ចាស់ ខ្ញុំម្ចាស់​សូម​ឧបសម្បទានឹងសង្ឃ អស់វារៈបី​ដងផង បពិត្រនាងជាម្ចាស់ សូមសង្ឃអាស្រ័យ​សេចក្តីអនុគ្រោះ ស្រោចស្រង់​ខ្ញុំផង។ ភិក្ខុនីដែលឆ្លាស ប្រតិពល គប្បីផ្តៀង​សង្ឃឲ្យដឹងថា បពិត្រនាងជាម្ចាស់ សូមព្រះសង្ឃ​ស្តាប់ខ្ញុំ ដ្បិតនាងឈ្មោះនេះ ជាឧបសម្បទាបេក្ខា របស់នាងជាម្ចាស់ឈ្មោះនេះ បើ​កម្មមានកាលគួរដល់សង្ឃហើយ ខ្ញុំគួរ​សួរ​អន្តរាយិកធម៌នឹងឧបសម្បទាបេក្ខាឈ្មោះ​នេះ។ នែនាងឈ្មោះនេះ នាងស្តាប់ហ្ន៏ កាលនេះ ជាកាលពិត ជាកាលមែនរបស់នាងហើយ ហេតុណាដែលកើត​ហើយ ខ្ញុំសួរចំពោះហេតុនោះ ហេតុដែលមាន នាងគប្បី​ឆ្លើយថាមាន ហេតុដែលគ្មាន ​នាងគប្បីឆ្លើយថាគ្មាន នាងមិនមែន​ឥត​និមិត្តទេឬ នាងមិនមែន​មាន​ហេតុ​គ្រាន់​តែ​ជានិមិត្ត​ទេឬ។បេ។ នាងឈ្មោះអ្វី បវត្តិនីរបស់នាងឈ្មោះអ្វី។ ភិក្ខុនី ដែលឈ្លាស ប្រតិពល គប្បីផ្តៀងសង្ឃឲ្យដឹងថា បពិត្រ​នាង​ជា​ម្ចាស់ សូមសង្ឃស្តាប់ខ្ញុំ ដ្បិត​នាងឈ្មោះនេះនេះ ជាឧបសម្បទាបេក្ខារបស់នាង​ជាម្ចាស់ឈ្មោះនេះ បរិសុទ្ធចាក​អន្តរាយិកធម៌​ទាំងឡាយហើយ។ បាត្រ និងចីវររបស់នាងនេះ មានគ្រប់គ្រាន់ហើយ។ ឥឡូវ ឧបសម្បទាបេក្ខាឈ្មោះនេះ មាននាងជាម្ចាស់​ឈ្មោះនេះ ជាបវត្តិនី មកសូម​ឧបសម្បទា​នឹងសង្ឃ។ បើកម្មមានកាលគួរដល់សង្ឃហើយ សង្ឃគប្បីញុំាង​ឧបសម្បទា​បេក្ខាឈ្មោះនេះ មាននាងជាម្ចាស់​ឈ្មោះនេះ ជាបវត្តិនី ឲ្យបានឧបសម្បទា។ នេះជា​ញត្តិ។ បពិត្រ​នាងជាម្ចាស់ សូមសង្ឃស្តាប់ខ្ញុំ ដ្បិតនាងឈ្មោះនេះនេះ ជាឧបសម្បទា​បេក្ខា របស់នាងជាម្ចាស់​ឈ្មោះនេះ បរិសុទ្ធចាកអន្តរាយិកធម៌ទាំងឡាយហើយ។ បាត្រ និងចីវររបស់នាងនេះ មានគ្រប់គ្រាន់ហើយ។ ឥឡូវឧបសម្បទាបេក្ខាឈ្មោះនេះ មាននាង​ជាម្ចាស់ឈ្មោះនេះ ជាបវត្តិនី មកសូម​ឧបសម្បទា​នឹងសង្ឃ។ ឥឡូវសង្ឃញុំាង​ឧបសម្បទា​បេក្ខាឈ្មោះនេះ មាននាងជាម្ចាស់ឈ្មោះនេះ ជាបវត្តិនី​ឲ្យបានឧបសម្បទា។ ឧបសម្បទា របស់ឧបសម្បទាបេក្ខាឈ្មោះនេះ មាននាងជាម្ចាស់ឈ្មោះ​នេះ ជាបវត្តិនី គួរដល់នាង​ជាម្ចាស់​អង្គណា នាងជាម្ចាស់អង្គនោះ គប្បីស្ងៀម មិនគួរដល់នាង​ជាម្ចាស់​អង្គ​ណា នាងជាម្ចាស់អង្គនោះ គប្បីឆ្លើយមក។ ខ្ញុំប្រកាសសេចក្តីនេះអស់វារៈពីរដងផង។បេ។ ខ្ញុំប្រកាសសេចក្តីនេះអស់វារៈបីដងផងថា បពិត្រ​នាងជាម្ចាស់ សូមសង្ឃស្តាប់ខ្ញុំ នាង​ឈ្មោះ​នេះ​នេះ ជាឧបសម្បទាបេក្ខា របស់នាងជាម្ចាស់​ឈ្មោះនេះ បរិសុទ្ធចាក​អន្តរាយិកធម៌​ទាំងឡាយ​ហើយ។ បាត្រនិងចីវររបស់នាងនេះ មានគ្រប់គ្រាន់ហើយ។ ឥឡូវឧបសម្បទាបេក្ខាឈ្មោះនេះ មាននាងជាម្ចាស់ឈ្មោះនេះ ជាបវត្តិនី មកសូម​ឧបសម្បទា​នឹងសង្ឃ។ ឥឡូវសង្ឃ​ញុំាង​ឧបសម្បទាបេក្ខាឈ្មោះនេះ របស់នាងជា​ម្ចាស់​ឈ្មោះនេះ ជាបវត្តិនី​ឲ្យបានឧបសម្បទា។ ឧបសម្បទារបស់ឧបសម្បទាបេក្ខាឈ្មោះនេះ មាននាងជាម្ចាស់ឈ្មោះ​នេះ ជាបវត្តិនី គួរ​ដល់​នាង​ជាម្ចាស់អង្គណា នាងជាម្ចាស់អង្គនោះ គប្បីស្ងៀម មិនគួរដល់នាង​ជាម្ចាស់​អង្គ​ណា នាងជាម្ចាស់​អង្គ​នោះ គប្បីឆ្លើយមក។ ឧបសម្បទាបេក្ខាឈ្មោះនេះ មាននាងជាម្ចាស់ឈ្មោះនេះ ជាបវត្តិនី សង្ឃ​បានឲ្យ​ឧបសម្បទាហើយ។ ការឲ្យឧបសម្បទានេះ គួរដល់សង្ឃ ព្រោះហេតុនោះ បានជា​សង្ឃស្ងៀម។ ខ្ញុំម្ចាស់សូមចាំទុកនូវសេចក្តីនេះ ដោយអាការស្ងៀមយ៉ាងនេះ។

[២៤៣] ភិក្ខុនីអ្នកប្រៀនប្រដៅ គប្បីនាំយកឧបសម្បទាបេក្ខានោះ ចូលទៅរកភិក្ខុសង្ឃ ឲ្យ​ធ្វើចីពរឆៀងស្មាម្ខាង ឲ្យក្រាបបង្គំបាទាភិក្ខុទាំងឡាយ ឲ្យអង្គុយច្រហោង ផ្គងអញ្ជលី​ឡើង ហើយ​ឲ្យសូមឧបសម្បទា ក្នុងខណៈនោះថា បពិត្រលោកជាម្ចាស់ទាំងឡាយ ខ្ញុំម្ចាស់​ឈ្មោះ​នេះ ជា​ឧបសម្បទាបេក្ខា របស់នាងជាម្ចាស់​ឈ្មោះនេះ បានឧបសម្បទា ដោយ​ចំណែកម្ខាងហើយ បរិសុទ្ធក្នុងភិក្ខុនីសង្ឃហើយ បពិត្រ​លោកម្ចាស់​ទាំងឡាយ ខ្ញុំម្ចាស់​មកសូម​ឧបសម្បទា នឹងភិក្ខុសង្ឃ (ម្តងទៀត) បពិត្រលោកម្ចាស់ទាំងឡាយ សូមសង្ឃ​អាស្រ័យសេចក្តីអនុគ្រោះ  ហើយស្រោចស្រង់ខ្ញុំផង។ បពិត្រលោកម្ចាស់​ទាំង​ឡាយ ខ្ញុំម្ចាស់​ឈ្មោះនេះ ជាឧបសម្បទាបេក្ខា​របស់​នាងជាម្ចាស់ឈ្មោះនេះ បាន​ឧបសម្បទា​ដោយចំណែកម្ខាងហើយ បរិសុទ្ធក្នុងភិក្ខុនីសង្ឃ​ហើយ បពិត្រលោកម្ចាស់​ទាំងឡាយ ខ្ញុំម្ចាស់មកសូម​ឧបសម្បទានឹងភិក្ខុសង្ឃ (ម្តងទៀត) អស់វារៈពីរដងផង បពិត្រលោកម្ចាស់​ទាំងឡាយ សូមសង្ឃអាស្រ័យ​សេចក្តី​អនុគ្រោះ ហើយ​ស្រោច​ស្រង់ខ្ញុំផង។ បពិត្រ​លោកម្ចាស់​ទាំងឡាយ ខ្ញុំម្ចាស់ឈ្មោះនេះ ជាឧបសម្បទាបេក្ខា​របស់​នាងជាម្ចាស់​ឈ្មោះនេះ បាន​ឧបសម្បទាដោយចំណែកម្ខាងហើយ បរិសុទ្ធក្នុងភិក្ខុនីសង្ឃ​ហើយ បពិត្រ​លោកជាម្ចាស់​ទាំងឡាយ ខ្ញុំម្ចាស់មកសូម​ឧបសម្បទានឹងភិក្ខុសង្ឃ (ម្តងទៀត) អស់វារៈ​បី​ដង​ផង បពិត្រលោកម្ចាស់ទាំងឡាយ សូមសង្ឃអាស្រ័យ​សេចក្តី​អនុគ្រោះ ស្រោចស្រង់​ខ្ញុំផង។

[២៤៤] ភិក្ខុដែលឆ្លាស ប្រតិពល គប្បីប្រកាសសង្ឃថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃ​ស្តាប់ខ្ញុំ (ដ្បិត) ឧបសម្បទាបេក្ខា​ឈ្មោះនេះនេះ ជាឧបសម្បទាបេក្ខា របស់​ភិក្ខុនី​ឈ្មោះនេះ បានឧបសម្បទា ដោយចំណែកម្ខាងហើយ បរិសុទ្ធក្នុងភិក្ខុនីសង្ឃហើយ ឥឡូវ​ឧបសម្បទាបេក្ខាឈ្មោះនេះ មានភិក្ខុនីឈ្មោះនេះ ជាបវត្តិនី (ឧបជ្ឈាយ៍) ​មកសូម​ឧបសម្បទា នឹងសង្ឃ (ម្តងទៀត)។ បើកម្មមានកាលគួរដល់សង្ឃហើយ សង្ឃគប្បីញុំាង​ឧបសម្បទាបេក្ខា​ឈ្មោះនេះ មានភិក្ខុនីឈ្មោះនេះ ជាបវត្តិនី ឲ្យបានឧបសម្បទា។ នេះជាញត្តិ។ បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ ឧបសម្បទាបេក្ខា​ឈ្មោះនេះនេះ ជាឧបសម្បទាបេក្ខា របស់​ភិក្ខុនី​ឈ្មោះនេះ បានឧបសម្បទា ដោយចំណែកម្ខាងហើយ បរិសុទ្ធក្នុងភិក្ខុនីសង្ឃហើយ ឥឡូវ​ឧបសម្បទាបេក្ខាឈ្មោះនេះ មានភិក្ខុនីឈ្មោះនេះ ជាបវត្តិនី ​មកសូម​ឧបសម្បទានឹងសង្ឃ (ម្តងទៀត)។ សង្ឃញុំាងឧបសម្បទាបេក្ខា​ឈ្មោះនេះ មានភិក្ខុនីឈ្មោះនេះ ជាបវត្តិនី ឲ្យបានឧបសម្បទា។ ឧបសម្បទា របស់​ឧបសម្បទាបេក្ខាឈ្មោះនេះ មានភិក្ខុនីឈ្មោះនេះ ជា​បវត្តិនី គួរដល់លោក​ដ៏មានអាយុ​អង្គណា លោកដ៏មានអាយុអង្គនោះ គប្បីស្ងៀម មិនគួរដល់​លោក​ដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះ គប្បីឆ្លើយមក។ ខ្ញុំប្រកាសសេចក្តីនេះ អស់វារៈពីដងផង។បេ។ ខ្ញុំប្រកាសសេចក្តីនេះ អស់វារៈបីដងផងថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ ដ្បិតឧបសម្បទាបេក្ខា​ឈ្មោះនេះនេះ ជាឧបសម្បទាបេក្ខា របស់​ភិក្ខុនី​ឈ្មោះនេះ បាន​ឧបសម្បទា ដោយចំណែកម្ខាងហើយ បរិសុទ្ធក្នុងភិក្ខុនីសង្ឃហើយ ឥឡូវ​ឧបសម្បទា​បេក្ខា​ឈ្មោះ​នេះ មានភិក្ខុនីឈ្មោះនេះ ជាបវត្តិនី មកសូម​ឧបសម្បទានឹងសង្ឃ (ម្តង​ទៀត)។ សង្ឃញុំាង​ឧបសម្បទាបេក្ខា​ឈ្មោះនេះ មានភិក្ខុនីឈ្មោះនេះ ជាបវត្តិនី ឲ្យបាន​ឧបសម្បទា។ ឧបសម្បទា របស់ឧបសម្បទាបេក្ខាឈ្មោះនេះ មានភិក្ខុនីឈ្មោះនេះ ជា​បវត្តិនី គួរដល់លោក​ដ៏មានអាយុ​អង្គ​ណា លោកដ៏មានអាយុអង្គនោះ គប្បីស្ងៀម មិនគួរ​ដល់​លោក​ដ៏មានអាយុអង្គណា លោកដ៏មាន​អាយុអង្គនោះ គប្បីឆ្លើយមក។ ឧបសម្បទាបេក្ខាឈ្មោះនេះ មានភិក្ខុនីឈ្មោះនេះ ជា​បវត្តិនី សង្ឃ​បានឲ្យ​ឧបសម្បទា​ហើយ។ កម្មនេះសមគួរដល់សង្ឃហើយ ហេតុនោះបានជាសង្ឃស្ងៀម។ ខ្ញុំសូមចាំ​សេចក្តី​នេះទុក​ ដោយអាការស្ងៀមយ៉ាងនេះ។

[២៤៥] ឧបជ្ឈាយ៍ គប្បីវាស់ស្រមោល គប្បីប្រាប់ប្រមាណនៃរដូវ គប្បីប្រាប់ចំណែកថ្ងៃ គប្បីប្រាប់​សង្គីតិ គប្បីប្រាប់ពួកភិក្ខុនីថា នាងទាំងឡាយ ចូរប្រាប់និស្ស័យ​៣យ៉ាងផង ប្រាប់​អករណីកិច្ច៨យ៉ាងផង ដល់ភិក្ខុនីថ្មីនេះ។

[២៤៦] សម័យនោះឯង ភិក្ខុនីទាំងឡាយរវល់រៀបចំអាសនៈ [ក្នុងអដ្ឋកថា ប្រាប់​សេចក្តី​ថា រវល់​រៀបចំអាសនៈ ត្រូវប្រាប់ឲ្យភិក្ខុនីដទៃក្រោកចេញ ហើយឲ្យភិក្ខុនីឯទៀតអង្គុយ ត្រង់​កន្លែង​នោះយ៉ាងនេះ ទាល់តែហួសពេលឆាន់។] ក្នុងរោងភត្ត ធ្វើភត្តកាលឲ្យ​កន្លងហួស​ទៅ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតលំដាប់​ទីចាស់ខ្ចី ដល់ភិក្ខុនី​ទាំងឡាយ​៨រូប និងទីសមគួរ​តាម​ដំណើរមុនក្រោយ ដល់ភិក្ខុនីទាំងឡាយក្រៅពីនោះ។

[២៤៧] សម័យនោះឯង ភិក្ខុនីទាំងឡាយដឹងថា ព្រះមានព្រះភាគ ទ្រង់អនុញ្ញាត​លំដាប់​ទីចាស់ខ្ចី ដល់ភិក្ខុនី៨រូប និងទីសមគួរ​តាម​ដំណើរមុនក្រោយ ដល់ភិក្ខុនីទាំងឡាយ​ក្រៅពីនោះ ដូច្នេះហើយ ក៏ឃាត់​លំដាប់ទីចាស់ខ្ចីចំពោះ​ភិក្ខុនី៨រូប ឃាត់នូវ​ទីដ៏សមគួរ​តាមដំណើរ​មុនក្រោយ ចំពោះ​ភិក្ខុនីទាំងឡាយក្រៅពីនោះគ្រប់កន្លែង។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះ​ព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ តថាគតអនុញ្ញាតនូវ​លំដាប់​​ទី​ចាស់​ខ្ចី ចំពោះភិក្ខុនី៨រូប និងទី​តាមលំដាប់​មុនក្រោយ ដល់ភិក្ខុនីទាំងឡាយក្រៅពីនោះ ក្នុង​រោងឆាន់ កន្លែងដទៃទៀត ភិក្ខុនីមិន​ត្រូវឃាត់​លំដាប់ទី​ចាស់ខ្ចីទេ ភិក្ខុនីណាឃាត់ ត្រូវអាបត្តិទុក្កដ។

[២៤៨] សម័យនោះឯង ពួកភិក្ខុនីមិនបានបវារណា។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូល​សេចក្តី​នុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុនី មិនត្រូវ​មិន​បវារណាទេ ភិក្ខុនីណាមិនបវារណា វិន័យធរ ត្រូវវិនិច្ឆ័យតាមអាបត្តិ។

[២៤៩] សម័យនោះឯង ភិក្ខុនីទាំងឡាយ បវារណាដោយខ្លួនឯង មិនបវារណា​នឹងភិក្ខុ​សង្ឃ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីមិនទាន់បវារណាដោយខ្លួនឯង មិនត្រូវបវារណា​នឹងភិក្ខុសង្ឃទេ ភិក្ខុនី​ណាមិនបវារណា វិន័យធរត្រូវវិនិច្ឆ័យតាមអាបត្តិ។

[២៥០] សម័យនោះឯង ភិក្ខុនីទាំងឡាយ បវារណាក្នុងទីមួយជាមួយនឹងពួកភិក្ខុ ហើយធ្វើ​កោលាហល។ ពួកភិក្ខុ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីមិនត្រូវបវារណា ក្នុងទីមួយជាមួយនឹងពួកភិក្ខុទេ ភិក្ខុនី​ណា​បវារណា ត្រូវអាបត្តិទុក្កដ។

[២៥១] សម័យនោះឯង ភិក្ខុនីទាំងឡាយ បវារណាមុនភត្ត ធ្វើភត្ត​កាលឲ្យ​កន្លងហួស​ទៅ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់​ត្រាស់ថា ម្នាល​ភិក្ខុ​​ទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុនីបវារណាក្រោយភត្តវិញ។ ភិក្ខុនី​ក៏​បវារណា​ក្រោយភត្ត ក្នុងវេលាវិកាល។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះ​ព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់​​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត​ឲ្យភិក្ខុនី​បវារណានឹងភិក្ខុនីសង្ឃក្នុង​ថ្ងៃនេះ ហើយបវារណា​នឹងភិក្ខុសង្ឃ ក្នុងថ្ងៃស្អែក​ទៀត។

[២៥២] សម័យនោះឯង ភិក្ខុនីសង្ឃទាំងអស់ នាំគ្នាបវារណាហើយ ធ្វើឲ្យកើត​កោលាហល។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់​ត្រាស់​ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យសន្មតភិក្ខុនី១រូប ដែលឆ្លាស ប្រតិពល ឲ្យ​បវារណា​នឹងភិក្ខុសង្ឃ ដើម្បីប្រយោជន៍ដល់ភិក្ខុនីសង្ឃ (ជំនួសភិក្ខុនីសង្ឃ)។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីត្រូវសន្មតយ៉ាងនេះ គប្បីសូមភិក្ខុនីជាមុន លុះសូមរួចហើយ ត្រូវ​ភិក្ខុនី​ដែលឆ្លាស ប្រតិពល ប្រកាសសង្ឃថា បពិត្រនាងជាម្ចាស់ សូមសង្ឃស្តាប់ខ្ញុំ បើកម្មមានកាលគួរ ដល់សង្ឃហើយ សង្ឃគប្បីសន្មតភិក្ខុនីឈ្មោះនេះ ឲ្យជាអ្នកបវារណា​នឹងភិក្ខុសង្ឃ ដើម្បីប្រយោជន៍​ដល់ភិក្ខុនី​សង្ឃ។ នេះជាញត្តិ។ បពិត្រនាងជាម្ចាស់ សូម​សង្ឃ​ស្តាប់ខ្ញុំ សង្ឃនឹង​សន្មតភិក្ខុនីឈ្មោះនេះ ឲ្យ​ជា​អ្នក​បវារណានឹងភិក្ខុសង្ឃ ដើម្បី​ប្រយោជន៍​ដល់ភិក្ខុនី​សង្ឃ។ ការសន្មតិភិក្ខុនីឈ្មោះនេះ ឲ្យជា​អ្នក​បវារណានឹងភិក្ខុសង្ឃ ដើម្បីប្រយោជន៍​ដល់ភិក្ខុនី​សង្ឃ សមគួរដល់នាងជាម្ចាស់អង្គណា នាងជា​ម្ចាស់​​អង្គនោះ គប្បីស្ងៀម មិនសមគួរដល់នាងជាម្ចាស់​អង្គ​ណា នាងជាម្ចាស់​អង្គនោះ គប្បី​ឆ្លើយ​មក។ ភិក្ខុនីឈ្មោះនេះ សង្ឃ​បាន​សន្មត ឲ្យជា​អ្នក​បវារណា​នឹងភិក្ខុ​សង្ឃ ដើម្បី​ប្រយោជន៍​​ដល់​ភិក្ខុនី​សង្ឃហើយ។ ការសន្មតិ សមគួរដល់សង្ឃ ព្រោះហេតុ​នោះ បានជា​សង្ឃ​ស្ងៀម។ ខ្ញុំសូម​ចាំទុក នូវសេចក្តីនេះ ដោយអាការស្ងៀមយ៉ាងនេះ។

[២៥៣] ភិក្ខុនីដែលសង្ឃសន្មតហើយនោះ គប្បីនាំភិក្ខុនីសង្ឃចូលទៅរកភិក្ខុសង្ឃ ធ្វើចីពរ ឆៀងស្មាម្ខាង ថ្វាយបង្គំបាទានៃ​ភិក្ខុទាំងឡាយ ហើយអង្គុយច្រហោង ផ្គងអញ្ជលីឡើយ ពោល​យ៉ាងនេះថា បពិត្រលោកម្ចាស់ទាំងឡាយ ឥឡូវនេះ ភិក្ខុនីសង្ឃ​បវារណា​នឹង​ភិក្ខុសង្ឃ ដោយ​ឃើញ​​ក្តី ដោយឮក្តី ដោយរង្កៀសក្តី បពិត្រលោកម្ចាស់​ទាំងឡាយ សូមភិក្ខុសង្ឃ អាស្រ័យ​សេចក្តី​អនុគ្រោះ ពោលដាស់តឿនភិក្ខុនីសង្ឃ កាល​បើឃើញ​ច្បាស់ហើយ នឹងសម្តែង​ចេញ។ បពិត្រ​លោកម្ចាស់​ទាំងឡាយ។បេ។ បពិត្រ​លោកម្ចាស់​ទាំងឡាយ ភិក្ខុនីសង្ឃ សូម​បវារណា​នឹងភិក្ខុសង្ឃ ដោយឃើញ​ក្តី ដោយឮក្តី ដោយ​រង្កៀសក្តី បពិត្រលោកម្ចាស់ទាំងឡាយ សូមភិក្ខុ​សង្ឃ អាស្រ័យ​សេចក្តីអនុគ្រោះ ពោល​ដាស់តឿនភិក្ខុនីសង្ឃ កាលបើឃើញច្បាស់ហើយ នឹង​សម្តែង​​ចេញ។

[២៥៤] សម័យនោះឯង ភិក្ខុនីទាំងឡាយឃាត់ឧបោសថ ឃាត់បវារណារបស់ពួកភិក្ខុ ធ្វើ​ជាអ្នកមានមាត់ពាក្យ (ក្នុងអធិរណ៍) ផ្តើមអនុវាទាធិរណ៍ ឲ្យភិក្ខុធ្វើឱកាស (ដើម្បីចោទ) ចោទ (ភិក្ខុ) រំលឹក (ភិក្ខុ)។បេ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះ​ព្រះមានព្រះភាគ។បេ។ ព្រះអង្គ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីមិនត្រូវ​ឃាត់ឧបោសថរបស់ភិក្ខុ សូម្បីឃាត់​ហើយ ក៏ឈ្មោះថា មិនបានឃាត់ឡើយ កាល​បើឃាត់ ត្រូវអាបត្តិទុក្កដ  ភិក្ខុនីមិន​ត្រូវឃាត់​បវារណា​ សូម្បីឃាត់​ហើយ ក៏ឈ្មោះថា មិន​បានឃាត់ កាលបើឃាត់ ត្រូវអាបត្តិទុក្កដ ភិក្ខុនី​មិន​ត្រូវ​​ធ្វើជាអ្នកមានមាត់ពាក្យ (ក្នុងអធិករណ៍) សូម្បីធ្វើ​ហើយ ក៏ឈ្មោះថា មិនបានធ្វើ កាល​បើ​ធ្វើ ត្រូវ​អាបត្តិទុក្កដ ភិក្ខុនី​មិនត្រូវ​ផ្តើមអនុវាទាធិករណ៌ សូម្បីផ្តើមហើ ក៏​ឈ្មោះថា មិន​បានផ្តើម កាល​បើ​ផ្តើម ត្រូវ​អាបត្តិទុក្កដ ភិក្ខុនី មិនត្រូវ​ឲ្យគេធ្វើ​ឱកាស (ដើម្បីចោទ) បើទុក​ជា​ឲ្យគេ​ធ្វើ​ហើយ ក៏ឈ្មោះ​ថា មិនបានឲ្យធ្វើ កាលបើឲ្យធ្វើ ត្រូវអាបត្តិទុក្កដ ភិក្ខុនីមិនត្រូវ​ចោទភិក្ខុទេ បើទុក​ជា​ចោទ​ហើយ ក៏ឈ្មោះថាមិនបានចោទ កាលបើចោទ ត្រូវអាបត្តិទុក្កដ ភិក្ខុនីមិន​ត្រូវរំលឹក​ពួកភិក្ខុទេ ទោះ​បីរំលឹកហើយ ក៏ឈ្មោះថាមិនបានរំលឹក កាលបើរំលឹក ត្រូវ​អាបត្តិទុក្កដ។

[២៥៥] សម័យនោះឯង ភិក្ខុទាំងឡាយ ឃាត់ឧបោសថ ឃាត់បវារណារបស់ពួក​ភិក្ខុនី ធ្វើជាអ្នកមានមាត់ពាក្យ (ក្នុងអធិករណ៍) ផ្តើមអនុវាទាធិករណ៍ ឲ្យភិក្ខុនីធ្វើឱកាស (ដើម្បី​ចោទ) ចោទ (ភិក្ខុនី) រំលឹក (ភិក្ខុនី)។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះ​ព្រះមាន​ព្រះ​ភាគ។បេ។ ព្រះអង្គ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ឲ្យភិក្ខុឃាត់ឧបោសថ​ដល់​ភិក្ខុនី ឧបោសថដែលឃាត់​ហើយ ក៏ឈ្មោះថាឃាត់​ដោយ​ប្រពៃ ភិក្ខុដែល​ឃាត់ មិនត្រូវអាបត្តិ ឲ្យភិក្ខុឃាត់បវារណា បវារណាដែលឃាត់​ហើយ ក៏ឈ្មោះថា​ឃាត់​ដោយប្រពៃ ភិក្ខុដែល​ឃាត់ មិនត្រូវអាបត្តិ ឲ្យភិក្ខុធ្វើជាអ្នកមានមាត់ពាក្យ (ក្នុង​អធិករណ៍) ទោះបី​ភិក្ខុធ្វើហើយ ក៏ឈ្មោះថាធ្វើដោយប្រពៃ ភិក្ខុដែល​ធ្វើ មិនត្រូវអាបត្តិ ឲ្យភិក្ខុផ្តើម​អនុវាទាធិករណ៍ ទោះបី​ភិក្ខុផ្តើម​ហើយ ក៏ឈ្មោះថាផ្តើមឡើងដោយប្រពៃ ភិក្ខុដែល​​ផ្តើម មិនត្រូវអាបត្តិ ឲ្យភិក្ខុបើកឱកាស (ដើម្បីចោទ) ទោះបីភិក្ខុបើកហើយ ក៏ឈ្មោះថាបើកដោយប្រពៃ ភិក្ខុដែល​បើក មិនត្រូវអាបត្តិ ឲ្យភិក្ខុចោទ(ភិក្ខុនី) ទោះបី​ភិក្ខុចោទហើយ ក៏ឈ្មោះថាចោទដោយប្រពៃ ភិក្ខុដែល​ចោទ មិនត្រូវអាបត្តិ ឲ្យភិក្ខុរំលឹក (ភិក្ខុនី) ទោះបីភិក្ខុរំលឹកហើយ ក៏ឈ្មោះថារំលឹកដោយប្រពៃ ភិក្ខុដែលរំលឹក មិនត្រូវ​អាបត្តិឡើយ។

[២៥៦] សម័យនោះឯង ឆព្វគ្គិយាភិក្ខុនីទៅដោយយានដែលទឹមគោញី មានប្រុស​ជាអ្នក​បរខ្លះ ដែលទឹមគោឈ្មោល មានស្រី​ជាអ្នកបរខ្លះ។ មនុស្សទាំងឡាយ ពោលទោស តិះដៀល បន្តុះបង្អាប់ថា។បេ។ ដូចជាស្រីអ្នកលេងទឹកក្នុងទន្លេគង្គា និងទន្លេមហី។ ភិក្ខុ​ទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីមិនត្រូវ​ទៅដោយយានទេ ភិក្ខុនីណាទៅ វិន័យធរត្រូវវិនិច្ឆ័យ​តាមអាបត្តិ។

[២៥៧] សម័យនោះឯង ភិក្ខុនី១រូប មានជម្ងឺ មិនអាចនឹងដើរទៅដោយជើងបាន។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុនី ដែលមានជម្ងឺទៅដោយយានបាន។ លំដាប់​នោះ ភិក្ខុនីទាំងឡាយមានសេចក្តីត្រិះរិះដូច្នេះថា (ព្រះសម្មាសម្ពុទ្ធទ្រង់​អនុញ្ញាតយាន) ដែលទឹមគោញី ឬយានដែល​ទឹមគោឈ្មោលហ្ន៎។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមាន​ព្រះ​ភាគ។ ព្រះអង្គ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ តថាគតអនុញ្ញាតយានដែលទឹមគោញី ដែលទឹម​គោឈ្មោល និងយាន​ដែល​អូស​ដោយដៃ (មានស្រី ឬប្រុស ​ជាអ្នកអូស)។

[២៥៨] សម័យនោះឯង មានភិក្ខុនី១រូប កើតសេចក្តីមិនសប្បាយជាខ្លាំង ដោយសារ​រទេះ​ទង្គិច។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតគ្រែស្នែង និងអង្រឹងស្នែង។

[២៥៩] សម័យនោះឯង មានស្រីផ្កាមាសឈ្មោះអឌ្ឍកាសី មកបួសក្នុងសំណាក់​ពួកភិក្ខុនី។ នាងអឌ្ឍកាសីនោះ ចង់ទៅនគរសាវត្ថី ដោយគិតថា អាត្មាអញនឹង​បាន​ឧបសម្បទា ក្នុងសំណាក់​នៃព្រះមានព្រះភាគ។ ពួកអ្នកលេងបានឮដំណឹងថា នាង​អឌ្ឍកាសី​ស្រីផ្កាមាស ចង់ទៅ​នគរ​សាវត្ថី។ ពួកអ្នកលេងទាំងនោះ ក៏ចាំស្កាត់​ត្រង់​កណ្តាលផ្លូវ។ នាងអឌ្ឍកាសីស្រីផ្កាមាស បានឮ​ដំណឹងថា ពួកអ្នកលេងចាំ​ស្កាត់ត្រង់​កណ្តាលផ្លូវដូច្នោះ ក៏បញ្ជូនទូតទៅក្រាបបង្គំទូល​ព្រះមាន​ព្រះភាគថា ដ្បិតខ្ញុំម្ចាស់​ចង់​ឧបសម្បទា តើខ្ញុំម្ចាស់នឹង​ប្រតិបត្តិយ៉ាងណា។ ព្រោះនិទាននេះ ដំណើរ​នេះ ទើប​ព្រះមានព្រះភាគ ធ្វើធម្មីកថា ត្រាស់ហៅ​ភិក្ខុទាំងឡាយ​មកថា ម្នាល​ភិក្ខុ​ទាំង​ឡាយ តថាគត​អនុញ្ញាតឲ្យឲ្យឧបសម្បទា សូម្បីដោយទូតក៏បាន។ ភិក្ខុទាំងឡាយ ក៏​ឲ្យ​ឧបសម្បទា (ដល់ភិក្ខុនី) ដោយភិក្ខុទូត។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះ​ព្រះមាន​ព្រះភាគ។ ព្រះអង្គ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវឲ្យ​ឧបសម្បទា​ (ដល់​ភិក្ខុនី) ដោយ​ភិក្ខុទូតទេ ភិក្ខុណាឲ្យឧបសម្បទា ត្រូវអាបត្តិទុក្កដ។ ភិក្ខុទាំងឡាយ ក៏​ឲ្យឧបសម្បទា (ដល់ភិក្ខុនី) ដោយសិក្ខមានាទូត។បេ។ ឲ្យឧបសម្បទា ដោយសាមណេរ​ទូត។បេ។ ឲ្យឧបសម្បទា ដោយសាមណេរីទូត។បេ។ ឲ្យឧបសម្បទាដល់​ឧបសម្បទា​បេក្ខា ដែលល្ងង់ មិនឆ្លាសដោយទូត។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវ​ឲ្យឧបសម្បទាដល់​ឧបសម្បទាបេក្ខា ដែល​ល្ងង់ មិនឆ្លាសដោយទូតទេ ភិក្ខុណា​ឲ្យឧបសម្បទា ត្រូវអាបត្តិទុក្កដ ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត​ឲ្យឲ្យឧបសម្បទា​ដល់ភិក្ខុនី ដែលឆ្លាស ប្រតិពល ដោយទូតបាន។ ភិក្ខុនីជាទូតនោះ គប្បី​ចូលទៅរកសង្ឃ ធ្វើចីពរ ឆៀងស្មាម្ខាង ក្រាបថ្វាយ​បង្គំ​បាទានៃ​ភិក្ខុទាំងឡាយ ហើយ​អង្គុយ​ច្រហោង ផ្គងអញ្ជលីឡើង ពោល​យ៉ាងនេះថា បពិត្រលោកម្ចាស់ទាំងឡាយ ឧបសម្បទាបេក្ខា​ឈ្មោះ​នេះ របស់ភិក្ខុនី​ឈ្មោះនេះ បានឧបសម្បទា​ ដោយចំណែកម្ខាង បរិសុទ្ធ​ក្នុងភិក្ខុនី​សង្ឃ​ហើយ ឧបសម្បទាបេក្ខានោះ មកពុំបាន ព្រោះ​មាន​អន្តរាយ​ណា​មួយ បពិត្រ​លោកម្ចាស់​ទាំង​ឡាយ ឥឡូវ ឧបសម្បទាបេក្ខាឈ្មោះនេះ សូម​ឧបសម្បទា​នឹងសង្ឃ (ម្តងទៀត) បពិត្រលោកម្ចាស់​ទាំងឡាយ សូមព្រះសង្ឃ​អាស្រ័យ​សេចក្តី​អនុគ្រោះ ស្រោចស្រង់​ឧបសម្បទាបេក្ខានោះ។ បពិត្រ​លោកម្ចាស់​ទាំងឡាយ ឧបសម្បទា​បេក្ខា​​ឈ្មោះនេះ របស់នាងជាម្ចាស់​ឈ្មោះនេះ បាន​ឧបសម្បទា​ ដោយ​ចំណែកម្ខាង បរិសុទ្ធ​ក្នុង​ភិក្ខុនី​សង្ឃ​ហើយ ឥឡូវ ឧបសម្បទាបេក្ខានោះ មកពុំ​បាន ព្រោះ​មានអន្តរាយណាមួយ បពិត្រលោកម្ចាស់ទាំងឡាយ ឧបសម្បទាបេក្ខាឈ្មោះនេះ សូម​ឧបសម្បទានឹងសង្ឃ (ម្តងទៀត) បពិត្រលោកម្ចាស់ទាំងឡាយ សូមព្រះសង្ឃ​អាស្រ័យ​សេចក្តី​អនុគ្រោះ ស្រោចស្រង់នូវ​ឧបសម្បទាបេក្ខា​នោះ អស់វារៈពីរដងផង។ បពិត្រ​លោកម្ចាស់​ទាំង​ឡាយ ឧបសម្បទា​បេក្ខា​ឈ្មោះនេះ របស់នាងជាម្ចាស់​ឈ្មោះនេះ បាន​ឧបសម្បទា​ ដោយ​ចំណែក​ម្ខាង បរិសុទ្ធ​ក្នុង​ភិក្ខុនី​សង្ឃ​ហើយ ឥឡូវ ឧបសម្បទាបេក្ខា​នោះ មកពុំបាន ព្រោះ​មាន​អន្តរាយ​ណាមួយ បពិត្រ​លោកម្ចាស់​ទាំងឡាយ ឧបសម្បទាបេក្ខា​ឈ្មោះនេះ សូមឧបសម្បទានឹងសង្ឃ (ម្តងទៀត) បពិត្រ​លោកម្ចាស់​ទាំងឡាយ សូមព្រះសង្ឃ​អាស្រ័យ​សេចក្តី​អនុគ្រោះ ស្រោចស្រង់​ឧបសម្បទា​បេក្ខា​នោះ អស់វារៈបីដងផង។

[២៦០] ភិក្ខុដែលឆ្លាស ប្រតិពល គប្បីប្រកាសសង្ឃថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃ​ស្តាប់ខ្ញុំ ដ្បិតឧបសម្បទា​បេក្ខា​ឈ្មោះនេះ របស់ភិក្ខុនី​ឈ្មោះនេះ បានឧបសម្បទា​ ដោយ​ចំណែក​ម្ខាង បរិសុទ្ធ​ក្នុងសំណាក់​ភិក្ខុនី​សង្ឃ​ហើយ ឥឡូវ ឧបសម្បទាបេក្ខានោះ មកពុំបាន ព្រោះ​មាន​អន្តរាយណាមួយ ឧបសម្បទាបេក្ខាឈ្មោះនេះ មានភិក្ខុនី​ឈ្មោះ​នេះជាបវត្តិនី សូមឧបសម្បទា​នឹង​សង្ឃ (ម្តងទៀត)។ បើកម្មមានកាលគួរ ដល់សង្ឃ​ហើយ សង្ឃគប្បី​ញុំាង​ ឧបសម្បទាបេក្ខា​​ឈ្មោះនេះ មានភិក្ខុនី​ឈ្មោះនេះជាបវត្តិនី ឲ្យបាន​ឧបសម្បទា។ នេះជាញត្តិ។ បពិត្រ​ព្រះសង្ឃ​ដ៏​ចំរើន សូម​សង្ឃ​ស្តាប់ខ្ញុំ ឧបសម្បទា​បេក្ខា​ឈ្មោះនេះ របស់ភិក្ខុនី​ឈ្មោះនេះ បានឧបសម្បទា​ ដោយចំណែកម្ខាង បរិសុទ្ធ​ក្នុង​សំណាក់​ភិក្ខុនី​សង្ឃ​ហើយ ឥឡូវ ឧបសម្បទាបេក្ខានោះ មកពុំបាន ព្រោះ​មានអន្តរាយ​ណាមួយ ឧបសម្បទាបេក្ខាឈ្មោះនេះ មានភិក្ខុនី​ឈ្មោះនេះជាបវត្តិនី សូម​ឧបសម្បទា​នឹងសង្ឃ (ម្តងទៀត) ឥឡូវនេះ សង្ឃញុំាង​ឧបសម្បទា​បេក្ខា​ឈ្មោះនេះ មានភិក្ខុនី​ឈ្មោះនេះ​ជាបវត្តិនី ឲ្យបានឧបសម្បទា។​ ឧបសម្បទា នៃឧបសម្បទាបេក្ខាឈ្មោះនេះ មានភិក្ខុនី​ឈ្មោះ​នេះជាបវត្តិនី សមគួរដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុ​អង្គនោះ គប្បី​ស្ងៀម មិនសមគួរ ដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុ​អង្គនោះ គប្បីឆ្លើយមក។ ខ្ញុំប្រកាស​សេចក្តីនេះ អស់វារៈពីរដងផង។បេ។ ខ្ញុំប្រកាស​សេចក្តីនេះ អស់វារៈ​បីដងផងថា បពិត្រ​ព្រះសង្ឃ​ដ៏​ចំរើន សូម​សង្ឃ​ស្តាប់ខ្ញុំ ឧបសម្បទា​បេក្ខា​ឈ្មោះនេះ របស់ភិក្ខុនី​ឈ្មោះនេះ បាន​ឧបសម្បទា​ ដោយចំណែកម្ខាង បរិសុទ្ធ​ក្នុងសំណាក់​នៃភិក្ខុនី​សង្ឃ​ហើយ ឥឡូវ ឧបសម្បទា​បេក្ខា​នោះ មកពុំបាន ព្រោះ​មាន​អន្តរាយណាមួយ ឧបសម្បទាបេក្ខាឈ្មោះនេះ មានភិក្ខុនី​ឈ្មោះនេះ​ជា​បវត្តិនី សូម​ឧបសម្បទានឹងសង្ឃ (ម្តងទៀត)។ ឥឡូវនេះ សង្ឃញុំាង​ឧបសម្បទា​បេក្ខា​ឈ្មោះ​នេះ មានភិក្ខុនី​ឈ្មោះនេះជាបវត្តិនី ឲ្យបានឧបសម្បទា។​ ឧបសម្បទា នៃ​ឧបសម្បទា​បេក្ខា​ឈ្មោះ​នេះ មានភិក្ខុនីឈ្មោះនេះជាបវត្តិនី សមគួរដល់លោកដ៏មានអាយុអង្គណា លោកដ៏​មាន​អាយុ​អង្គ​នោះ គប្បីស្ងៀម មិនសមគួរ ដល់លោកដ៏មានអាយុអង្គណា លោកដ៏​មាន​អាយុអង្គនោះ គប្បី​ឆ្លើយ​​មក។ ឧបសម្បទាបេក្ខាឈ្មោះនេះ មានភិក្ខុនី​ឈ្មោះនេះ​ជាបវត្តិនី សង្ឃបាន​ឲ្យ​ឧបសម្បទា​ហើយ។ ឧបសម្បទាកម្មនេះ សមគួរ​ដល់​សង្ឃហើយ ព្រោះហេតុ​នោះ បានជា​សង្ឃស្ងៀម។ ខ្ញុំ​សូម​ចាំ​ទុក នូវសេចក្តីនេះ ដោយអាការ​ស្ងៀមយ៉ាងនេះ។ ភិក្ខុត្រូវវាស់ស្រមោល ប្រាប់​ប្រមាណ​រដូវ ប្រាប់​ចំណែកថ្ងៃ ប្រាប់សង្គីតិ និងត្រូវប្រាប់​ពួកភិក្ខុនីថា នាងទាំងឡាយត្រូវ​ប្រាប់​និស្ស័យ​៣​យ៉ាង​ផង អករណីយកិច្ច៨​យ៉ាងផង ដល់​ភិក្ខុនីថ្មីនោះ។

[២៦១] សម័យនោះឯង ភិក្ខុនីទាំងឡាយទៅនៅក្នុងព្រៃ។ ពួកអ្នកលេងតែងប្រទូស្ត។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីមិនត្រូវ​នៅក្នុងព្រៃទេ ភិក្ខុនីណានៅ ត្រូវអាបត្តិទុក្កដ។

[២៦២] សម័យនោះឯង ឧបាសកម្នាក់ប្រគេនឃ្លាំង(សម្រាប់ដាក់របស់) ដល់ភិក្ខុនីសង្ឃ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឃ្លាំង។ ឃ្លាំងក៏មិនគ្រប់គ្រាន់។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ តថាគតអនុញ្ញាតផ្ទះ។ ផ្ទះក៏នៅតែមិនគ្រប់គ្រាន់។ ភិក្ខុទាំងឡាយ ក្រាបបង្គំ​ទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតនូវ​នវកម្ម (ការងារថ្មី)។ នវកម្មក៏នៅតែមិនគ្រប់គ្រាន់។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ តថាគតអនុញ្ញាតឲ្យធ្វើ​នវកម្មនោះទៅជារបស់បុគ្គលវិញ។

[២៦៣] សម័យនោះឯង មានស្ត្រី១នាក់ មានគភ៌នៅខ្ចី ចូលមកបួស​ក្នុងសំណាក់​ភិក្ខុនី។ លុះស្រ្តីនោះបួសហើយ គភ៌ក៏ប្រសូតមក។ ភិក្ខុនីនោះ មានសេចក្តីត្រិះរិះដូច្នេះថា អាត្មាអញ​នឹង​ថែរក្សាទារកនេះ ដោយប្រការដូចម្តេច។ ភិក្ខុទាំងឡាយ ក្រាបបង្គំ​ទូល​សេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត​ឲ្យ​ចិញ្ចឹម​ដរាបតែ​ទារកនោះបានដឹងក្តី។ ទើបភិក្ខុនីនោះ មានសេចក្តី​ត្រិះរិះដូច្នេះថា អាត្មាអញម្នាក់ឯង នៅ​ជាមួយនឹងក្មេងប្រុសមិនបាន ទាំងភិក្ខុនីឯទៀត ក៏នៅជាមួយនឹងក្មេង​ប្រុសមិនបាន តើអាត្មាអញ​ ត្រូវថែរក្សា​ដូចម្តេច។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ តថាគតអនុញ្ញាតឲ្យសន្មតភិក្ខុនី១រូប ឲ្យបានជាគំរប់ពីរនឹង​ភិក្ខុនីនោះ។ ម្នាលភិក្ខុទាំងឡាយ ត្រូវសន្មតយ៉ាងនេះ។ ត្រូវសូមភិក្ខុនីជាមុន លុះសូមរួចហើយ គប្បីឲ្យភិក្ខុនីដែលឈ្លាស ប្រតិពល ប្រកាសសង្ឃថា បពិត្រព្រះនាងជាម្ចាស់ សូមសង្ឃ​ស្តាប់ខ្ញុំ បើកម្មមានកាលគួរ ដល់សង្ឃហើយ សង្ឃគប្បី​សន្មតភិក្ខុនីឈ្មោះនេះ ឲ្យបាន​ជាគំរប់​ពីរ​នឹងភិក្ខុនីឈ្មោះនេះ។ នេះជាញត្តិ។ បពិត្រព្រះនាងជាម្ចាស់ សូម​សង្ឃ​ស្តាប់ខ្ញុំ សង្ឃសន្មត​ភិក្ខុនី​ឈ្មោះនេះ ឲ្យបានជាគំរប់​ពីរនឹងភិក្ខុនីឈ្មោះនេះ។ ការសន្មតិ​ភិក្ខុនី​ឈ្មោះ​នេះ ឲ្យជាគំរប់​ពីរ នឹងភិក្ខុនីឈ្មោះនេះ សមគួរដល់នាងជាម្ចាស់អង្គណា នាងជា​ម្ចាស់​អង្គនោះ គប្បីស្ងៀម មិនសមគួរ​ដល់នាងជាម្ចាស់អង្គណា នាងជាម្ចាស់អង្គនោះ គប្បីឆ្លើយមក។ ភិក្ខុនីឈ្មោះនេះ សង្ឃបានសន្មត​ ឲ្យជាគំរប់​ពីរ នឹងភិក្ខុនី​ឈ្មោះ​នេះហើយ។ ការសន្មតិនេះ សមគួរដល់សង្ឃ ព្រោះ​ហេតុនោះ បានជា​សង្ឃស្ងៀម។ ខ្ញុំសូមចាំទុក នូវដំណើរនេះ ដោយអាការស្ងៀមយ៉ាងនេះ។ លំដាប់នោះ ភិក្ខុនីជាគំរប់ពីរ​របស់ភិក្ខុនីនោះ មានសេចក្តីត្រិះរិះដូច្នេះថា អាត្មាអញត្រូវ​ថែរក្សា​ក្នុង​ទារកនោះដូចម្តេច។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យថែរក្សាក្នុងទារកនោះដូចជា​ប្រតិបត្តិក្នុងបុរស​ដទៃ​ដែរ វៀរលែងតែការដេកក្នុងផ្ទះ​ជាមួយគ្នាចេញ។

[២៦៤] សម័យនោះឯង មានភិក្ខុនី១រូប ត្រូវគរុកាបត្តិហើយ នៅប្រព្រឹត្តមានត្ត។ ភិក្ខុនី​នោះ ក៏មានសេចក្តីត្រិះរិះដូច្នេះថា អាត្មាអញម្នាក់ឯង នៅមិនបាន ទាំងភិក្ខុនីឯទៀត ក៏នៅជា​មួយ​អាត្មាអញមិនបាន អាត្មាអញគួរ​ប្រតិបត្តិដូចម្តេចហ្ន៎។ ភិក្ខុទាំងឡាយ ក្រាបបង្គំ​ទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ តថាគតអនុញ្ញាតឲ្យសន្មតភិក្ខុនី១រូប ឲ្យជាគំរប់ពីរនឹងភិក្ខុនីនោះ។ ម្នាលភិក្ខុ​ទាំងឡាយ គប្បីសន្មតយ៉ាងនេះ។ ត្រូវសូមភិក្ខុនីជាមុនសិន លុះសូមរួចហើយ ភិក្ខុនី​ដែលឆ្លាស ប្រតិពល គប្បីផ្តៀងសង្ឃថា បពិត្រនាងជាម្ចាស់ សូមសង្ឃ​ស្តាប់ខ្ញុំ បើកម្ម​មានកាលគួរ ដល់សង្ឃហើយ សង្ឃគប្បីសន្មតភិក្ខុនីឈ្មោះនេះ ឲ្យជាគំរប់ពីរនឹង​ភិក្ខុនីឈ្មោះនេះ។ នេះជាញត្តិ។ បពិត្រនាង​ជាម្ចាស់ សូម​ព្រះសង្ឃ​ស្តាប់ខ្ញុំ ឥឡូវនេះ សង្ឃសន្មតភិក្ខុនី​ឈ្មោះនេះ ឲ្យជាគំរប់ពីរនឹង​ភិក្ខុនី​ឈ្មោះនេះ​។ ការសន្មតិភិក្ខុនីឈ្មោះ​នេះ ឲ្យជាគំរប់ពីរនឹង​ភិក្ខុនីឈ្មោះនេះ គួរដល់នាងជាម្ចាស់ អង្គណា នាងជាម្ចាស់អង្គនោះ គប្បីស្ងៀម មិនគួរ​ដល់នាងជាម្ចាស់​អង្គណា នាងជាម្ចាស់​អង្គនោះ គប្បីនិយាយឡើង។ ភិក្ខុនីឈ្មោះនេះ សង្ឃបាន​សន្មត ឲ្យជា​គំរប់​ពីរ​នឹង​ភិក្ខុនីឈ្មោះនេះហើយ។ ការសន្មតិ​នេះ គួរដល់សង្ឃ ព្រោះហេតុនោះ បានជា​សង្ឃស្ងៀម។ ខ្ញុំសូមចាំដំណើរនេះទុក ដោយ​អាការស្ងៀម​យ៉ាងនេះ។

[២៦៥] សម័យនោះឯង មានភិក្ខុនី១រូប មិនបានពោលលាសិក្ខា ហើយស្រាប់តែ​សឹក​ចេញទៅ។ នាងនោះ ក៏ត្រឡប់មកសូមឧបសម្បទានឹងភិក្ខុនីទាំងឡាយវិញ។ ភិក្ខុទាំង​ឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ (បើ) ភិក្ខុនីមិនបានពោលលាសិក្ខាទេ ភិក្ខុនីនោះសឹកចេញទៅ ព្រោះ​ហេតុណា នាងនោះ មិនហៅថា ភិក្ខុនី ព្រោះតែហេតុនោះឯង។

[២៦៦] សម័យនោះឯង មានភិក្ខុនី១រូប ចូលទៅកាន់​លទ្ធិតិរ្ថិយ ទាំង​សំពត់​កាសាវៈ នាងនោះក៏​ត្រឡប់មកសូមឧបសម្បទានឹងភិក្ខុនីទាំងឡាយវិញ។ ភិក្ខុទាំងឡាយ ក្រាប​បង្គំ​​ទូល​សេចក្តី​នុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុនីណា ចូលទៅកាន់តិរ្ថិយទាំងសំពត់កាសាវៈ ហើយនាងនោះត្រឡប់មកវិញ សង្ឃ​មិនត្រូវឲ្យ​ឧបសម្បទាទេ។

[២៦៧] សម័យនោះឯង ភិក្ខុនីទាំងឡាយមានសេចក្តីរង្កៀស មិនត្រេកអរចំពោះ​កិរិយា​ថ្វាយ​បង្គំ ការកោរសក់ ការកាត់ក្រចក ចំពោះការរក្សាដំបៅមួយអន្លើដោយបុរស​ទាំង​ឡាយ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុនីត្រេកអរបាន។

[២៦៨] សម័យនោះឯង ភិក្ខុនីទាំងឡាយ អង្គុយពែនភ្នែនហើយ ក៏ត្រេកអរនឹងសម្ផស្ស​កែង​ជើង។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីមិនត្រូវអង្គុយពែនភ្នែនឡើយ ភិក្ខុនីណាអង្គុយ ត្រូវអាបត្តិទុក្កដ។

[២៦៩] សម័យនោះឯង មានភិក្ខុនី១រូបឈឺ។ ភិក្ខុនីនោះ បើវៀរពែនភ្នែន មិនមាន​សេចក្តី​សប្បាយ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុនីអង្គុយ​ពែនជើងម្ខាងបាន។

[២៧០] សម័យនោះឯង ភិក្ខុនីទាំងឡាយ បន្ទោបង់វច្ចៈក្នុងបង្គន់។ ឯពួកឆព្វគ្គិយាភិក្ខុនី ក៏ទៅ​រំលូតគភ៌ (កូន) ក្នុងបង្គន់នោះឯង។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះ​ព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីមិនត្រូវបន្ទោបង់​វច្ចៈក្នុងបង្គន់ ភិក្ខុនីណាបន្ទោបង់ ត្រូវអាបត្តិទុក្កដ។ ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាតឲ្យ​ភិក្ខុនី​បន្ទោបង់វច្ចៈ ទៅក្នុងទីខាងក្រោម ដែលមិនមានបិទបាំង មានបិទ​បាំង​តែខាងលើជុំវិញ។

[២៧១] សម័យនោះឯង ភិក្ខុនីទាំងឡាយ ងូតទឹកដោយគ្រឿងលំអិត។ មនុស្សទាំងឡាយ ពោលទោស តិះដៀល បន្តុះបង្អាប់ថា។បេ។ ដូចជាស្រីគ្រហស្ថ អ្នកបរិភោគកាម។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីមិនត្រូវងូតទឹកដោយគ្រឿងលំអិតទេ ភិក្ខុនីណាងូត ត្រូវអាបត្តិ​ទុក្កដ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតនូវ​កុណ្ឌកនឹងដីស្អិត។

[២៧២] សម័យនោះឯង ភិក្ខុនីទាំងឡាយ ងូតទឹកដោយដីស្អិតដែលគេអប់។ មនុស្សទាំង​ឡាយ ពោលទោស តិះដៀល បន្តុះបង្អាប់ថា។បេ។ ដូចជាស្រីគ្រហស្ថ អ្នកបរិភោគកាម។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីមិនត្រូវងូតទឹកដោយដីស្អិតដែលគេអប់ទេ ភិក្ខុនីណាងូត ត្រូវអាបត្តិទុក្កដ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតនូវដីស្អិតប្រក្រតី។

[២៧៣] សម័យនោះឯង ភិក្ខុនីទាំងឡាយ ងូតទឹកក្នុងរោងសម្រាប់រក្សាកាយ ហើយធ្វើ​នូវកោលាហល។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីមិនត្រូវងូតទឹកក្នុងរោង​សម្រាប់រក្សា​កាយទេ ភិក្ខុនីណាងូត ត្រូវអាបត្តិទុក្កដ។

[២៧៤] សម័យនោះឯង ភិក្ខុនីទាំងឡាយ ងូតទឹក (បែរមុខទៅ) ក្នុងទីច្រាសខ្សែទឹក ហើយត្រេកអរនឹងសម្ផស្សខ្សែទឹក។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះ​ព្រះមាន​ព្រះភាគ។ ព្រះអង្គ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីមិនត្រូវ​ងូតទឹក (បែរមុខទៅ) កាន់ទីច្រាសខ្សែទឹក ភិក្ខុនីណាងូត ត្រូវអាបត្តិទុក្កដ។

[២៧៥] សម័យនោះឯង ភិក្ខុនីទាំងឡាយ ងូតទឹកក្នុងទីដែលមិនមែនជាកំពង់។ ពួក​អ្នកលេងទៅប្រទូស្ត (ធ្វើអសទ្ធម្ម)។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះ​ព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីមិនត្រូវ​ងូតទឹក​ក្នុងទី​មិនមែនជាកំពង់ ភិក្ខុនីណាងូត ត្រូវអាបត្តិទុក្កដ។

[២៧៦] សម័យនោះឯង ភិក្ខុនីទាំងឡាយ ងូតទឹកក្នុងកំពង់ទឹកសម្រាប់បុរស។ មនុស្ស​ទាំងឡាយ ពោលទោស តិះដៀល បន្តុះបង្អាប់ថា។បេ។ ដូចជាស្រីគ្រហស្ថ អ្នក​បរិភោគកាម។បេ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។បេ។ ព្រះអង្គ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីមិនត្រូវ​ងូតទឹក​ ក្នុងកំពង់​សម្រាប់​បុរសទេ ភិក្ខុនីណាងូត ត្រូវអាបត្តិទុក្កដ ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត​ឲ្យភិក្ខុនី​ងូតទឹក ក្នុងកំពង់​សម្រាប់ស្រីដ៏ប្រសើរ គឺភិក្ខុនីផងគ្នា។

ភាណវារៈ ទី៣។

ចប់ ភិក្ខុនីខន្ធកៈ ទី១០។

ក្នុងខន្ធកៈនេះ មានរឿង១០៦។

ឧទ្ទានគឺបញ្ជីរឿង នៃភិក្ខុនីខន្ធកៈ​នោះគឺ

[២៧៧] រឿង​ព្រះនាងបជាបតីគោតមីសូមបព្វជ្ជា ព្រះតថាគត ជាវិនាយក មិនទ្រង់​អនុញ្ញាត ហើយស្តេចចេញចាកក្រុងកបិលព័ស្តុ ទៅកាន់ក្រុងវេសាលី១។ រឿង​ព្រះនាង​បជាបតីគោតមី មានព្រះអង្គប្រឡាក់ដោយធូលី ទ្រង់ព្រះសណ្ឋិតទៀប​ក្លោងទ្វារ​ ហើយ​ទូលសេចក្តីនុ៎ះ ចំពោះ​ព្រះអានន្ទ១។ រឿងព្រះអានន្ទទូលសូមបព្វជ្ជា ឲ្យព្រះនាង​គោតមី តាមន័យដែលព្រះអង្គថា គួរនឹងបានសម្រេចមគ្គផលដែរ ដោយពោលអាងថា ព្រះនាង​គោតមី ជាព្រះមាតុច្ឆាផង ជាអ្នកចិញ្ចឹមព្រះអង្គផង។ រឿងព្រះសាស្តាទ្រង់សម្តែង​គរុធម៌៨ប្រការ គឺ​ភិក្ខុនី​សូម្បីមានវស្សា១រយ ក៏ត្រូវគោរពភិក្ខុ ដែលទើបបានឧបសម្បទា​ក្នុងថ្ងៃនោះ១ ភិក្ខុនីមិនត្រូវ​នៅចាំ​វស្សាក្នុងអាវាស​គ្មានភិក្ខុ១ ភិក្ខុនីត្រូវស្វែងរក​ធម៌ពីរ​ប្រការ អំពីសំណាក់​ភិក្ខុសង្ឃ១ ភិក្ខុនី​ត្រូវបវារណា ក្នុងឧភតោសង្ឃ១ ភិក្ខុនីត្រូវ​គរុកាបត្តិហើយ ត្រូវប្រព្រឹត្តបក្ខមានត្ត ក្នុងឧភតោសង្ឃ​១ ភិក្ខុនីត្រូវស្វែងរកឧបសម្បទា ឲ្យនាងសិក្ខមានា ដែលបានសិក្សាធម៌​៦ប្រការ អស់ពីរវស្សា ក្នុង​សំណាក់​ឧភតោសង្ឃ១ ភិក្ខុនីមិនត្រូវជេរប្រទេចភិក្ខុ១ ភិក្ខុនីមិនត្រូវឲ្យឱវាទ​ ដល់ភិក្ខុ១ ភិក្ខុនី​ត្រូវ​ប្រព្រឹត្តតាម​ គរុធម៌ ​៨ប្រការដរាបអស់ជីវិត១។ រឿងព្រះអានន្ទរៀនគរុធម៌​៨ប្រការ ហើយប្រាប់​ដល់​ព្រះនាង​បជាបតីគោតមីថា បើព្រះនាងទទួលប្រព្រឹត្ត​គរុធម៌៨ប្រការ នាងនឹងបាន​ឧបសម្បទា១។ រឿង​ព្រះមានព្រះភាគត្រាស់ថា បើមិនមានស្រីបួសទេ ព្រះសទ្ធម្មនឹង​ឋិតនៅអស់​១ពាន់ឆ្នាំ កាលបើមានស្រីបួស ព្រះសទ្ធម្មនឹង​ឋិតនៅបានត្រឹមតែ​ប្រាំរយឆ្នាំ ប្រៀបដូចចោរលួច​ឆ្នាំង ឬប្រៀបដូចក្រាដែល​ស៊ីស្រូវ ពុំនោះសោត ដូចជាក្រាភ្លើង ដែលស៊ីអំពៅ ឯមាតុគ្រាម តែង​បៀតបៀននូវព្រះសទ្ធម្ម យ៉ាងនោះដែរ មួយវិញទៀត បុរសទប់ទឹកឲ្យជាប់នៅយ៉ាងណា គរុធម៌ ​៨ប្រការ ដែលព្រះអង្គបញ្ញត្តទុកមក ក៏ញុំាង​ព្រះសទ្ធម្មឲ្យឋិតឋេរ យ៉ាងនោះដែរ១ រឿង​ព្រះមានព្រះភាគ ទ្រង់អនុញ្ញាតឧបសម្បទា​ដល់ភិក្ខុនី១ រឿង​ពួកភិក្ខុនីនិយាយនឹង​ព្រះនាង​បជាបតីគោតមីថា ព្រះនាងជាម្ចាស់ មិនទាន់បានឧបសម្បទានៅឡើយ១ រឿងព្រះនាង​បជាបតីគោតមី ទូលសូមឲ្យទ្រង់​អនុញ្ញាត ការគោរពដល់ភិក្ខុ ភិក្ខុនី តាមលំដាប់ចាស់ខ្ចី ហើយ​ព្រះអង្គ ទ្រង់ឃាត់ថា មិនបាច់តថាគតអនុញ្ញាតទេ១ រឿង​ព្រះនាង​បជាបតីគោតមី ទូលសួរ​អំពី​សាធារណៈ និងអសាធារណសិក្ខាបទ១ រឿងទ្រង់ប្រទានឱវាទ១ រឿង​ទ្រង់អនុញ្ញាតបាតិមោក្ខ១ រឿង​ពួកភិក្ខុសង្ស័យថា ត្រូវនរណា សម្តែងបាតិមោក្ខ១ រឿងភិក្ខុចូលទៅកាន់សំណាក់ភិក្ខុនី១ រឿង​ពួក​ភិក្ខុនីមិនចេះបាតិមោក្ខ១ រឿងទ្រង់អនុញ្ញាតឲ្យភិក្ខុប្រាប់បាតិមោក្ខុទ្ទេស១ រឿង​ភិក្ខុនី​មិនសំដែងអាបត្តិ១ រឿងទ្រង់អនុញ្ញាតឲ្យពួកភិក្ខុ​ទទួលអាបត្តិ​របស់ពួកភិក្ខុនី១ រឿងទ្រង់​អនុញ្ញាតឲ្យពួកភិក្ខុប្រាប់ដល់ការសំដែង​អាបត្តិ ដល់ពួកភិក្ខុនី១ រឿងទ្រង់​អនុញ្ញាតឲ្យ​ភិក្ខុនីផងគ្នា ទទួលអាបត្តិ១ រឿងទ្រង់អនុញ្ញាតឲ្យពួកភិក្ខុប្រាប់​ការទទួល​អាបត្តិ ដល់ពួក​ភិក្ខុនី១ រឿងទ្រង់អនុញ្ញាតឲ្យពួកភិក្ខុធ្វើកម្ម ដល់ពួកភិក្ខុនី១ រឿងមនុស្ស​ទាំងឡាយពោលទោសថា ភិក្ខុនី​ទាំងនេះ ជាប្រពន្ធ​របស់ភិក្ខុ១ រឿងទ្រង់អនុញ្ញាត​ឲ្យពួកភិក្ខុប្រាប់ការធ្វើកម្ម ដល់ពួកភិក្ខុនី១ រឿង​ភិក្ខុនីឈ្លោះគ្នាកណ្តាលសង្ឃ១ រឿងទ្រង់​អនុញ្ញាតឲ្យភិក្ខុលើកកម្មរបស់ភិក្ខុនី ប្រគល់ឲ្យភិក្ខុនី​ផងគ្នា១ រឿង​ភិក្ខុនីជាកូនសិស្ស​នាងឧប្បលវណ្ណា១ រឿងទ្រង់គង់នៅក្នុងក្រុងសាវត្ថី១ រឿងពួក​ភិក្ខុ សាចពួកភិក្ខុនី​ដោយភក់ និងទឹក១ រឿង​អវន្ទិយភិក្ខុ មិនគួរឲ្យពួកភិក្ខុនីថ្វាយបង្គំ១ រឿងពួកភិក្ខុ​សើយ​កាយ សើយភ្លៅ បញ្ចេញ​អង្គជាត ចំអកចំអន់ពួកភិក្ខុនី ផ្សំផ្គុំភិក្ខុជាមួយនឹងពួកភិក្ខុនី១ រឿងទ្រង់អនុញ្ញាតឲ្យធ្វើទណ្ឌកម្ម មិនឲ្យភិក្ខុនីសំពះពួកភិក្ខុ១ រឿងភិក្ខុនីសាចទឹក និងភក់​លើ​ពួកភិក្ខុ១ រឿងទ្រង់អនុញ្ញាតឲ្យធ្វើអាវរណកម្ម១ រឿងទ្រង់អនុញ្ញាតឲ្យបញ្ឈប់ឱវាទ១ រឿង​ពួក​ភិក្ខុគិតថា កាលធ្វើឧបោសថជាមួយនឹងភិក្ខុនី ដែលឃាត់ឱវាទហើយ គួរ ឬមិនគួរ១ រឿង​ឧទាយី​ឃាត់ឱវាទ ហើយចៀសចេញទៅកាន់ចារិក១ រឿងភិក្ខុល្ងង់ឃាត់​ឱវាទ១ រឿង​ពួកភិក្ខុឃាត់​ឱវាទ​ដោយឥតរឿង១ រឿងពួកភិក្ខុឃាត់ឱវាទ ហើយមិន​ឲ្យ​វិនិច្ឆ័យ១ រឿង​ភិក្ខុនីសង្ឃទៅទទួល​យក​ឱវាទ១ រឿងទ្រង់អនុញ្ញាតឲ្យភិក្ខុនី ៤-៥ រូប ទៅទទួលយកឱវាទ១ រឿងទ្រង់អនុញ្ញាតឲ្យភិក្ខុនី ២-៣រូប ទៅទទួលយកឱវាទ១ រឿង​ពួកភិក្ខុមិនទទួលឲ្យឱវាទ១ រឿងទ្រង់អនុញ្ញាតឲ្យភិក្ខុ​ទទួល​ឲ្យ​ឱវាទភិក្ខុនី វៀរលែងតែ​ភិក្ខុល្ងង់ ភិក្ខុឈឺ និងភិក្ខុអ្នកដំណើរ១ រឿងទ្រង់អនុញ្ញាតឲ្យភិក្ខុដែល​នៅក្នុងព្រៃ​ ឲ្យឱវាទ១ រឿងពួកភិក្ខុទទួលឲ្យឱវាទ ហើយមិនបានប្រាប់១ រឿងពួកភិក្ខុទទួល​ឲ្យឱវាទហើយ មិនប្រគល់មកវិញ១ រឿងពួកភិក្ខុនីប្រើវត្ថពន្ធចង្កេះវែង១ រឿង​ពួកភិក្ខុនីចងរឹត​ឆ្អឹងជំនីរ ដោយផ្ទាំងដែលធ្វើពីបន្ទោះឫស្សីខ្លះ ដោយស្បែកខ្លះ ដោយសំពត់សខ្លះ ដោយសំណុំ​សំពត់សខ្លះ ដោយខ្មាញ់សំពត់សខ្លះ ដោយផ្ទាំង​សំពត់មានពណ៌ផ្សេងៗខ្លះ ដោយ​សំណុំសំពត់​មានពណ៌ខ្លះ ដោយខ្មាញ់សំពត់មានពណ៌ខ្លះ ដោយសំណុំសូត្រខ្លះ ដោយ​ខ្មាញ់​សំពត់សូត្រ​ខ្លះ១ រឿងពួកភិក្ខុនីប្រើឲ្យគេដំត្រគាគ ដោយឈើដូចឆ្អឹងស្មងគោខ្លះ ដូចចង្កាគោខ្លះ ឲ្យគេ​ដំដៃខ្លះ ខ្នងដៃខ្លះ ខ្នងជើងខ្លះ ភ្លៅខ្លះ មុខខ្លះ សាច់ធ្មេញខ្លះ ដោយឈើដូចគ្នា ពួកភិក្ខុនី​លាប​មុខខ្លះ ប្រស់មុខខ្លះ ខាត់មុខខ្លះ ផ្តិតមុខខ្លះ ស្រឡាប​មុខខ្លះ ស្រឡាបទាំងខ្លួន​ ទាំងមុខខ្លះ១ រឿង​ភិក្ខុនីធ្វើគំនូស​ក្រោមមាត់ខ្លះ ធ្វើគំនូស​ប្លែកៗត្រង់ថ្ពាល់ខ្លះ ក្រឡេកមើលតាមបង្អួចខ្លះ ឈរត្រង់​មាត់ទ្វារបង្ហាញកាយខ្លះ ប្រើគេ​ឲ្យ​លេង​មហោស្រពខ្លះ បំបួសស្រីពេស្យាខ្លះ តាំងរោងលក់​សុរា​ខ្លះ តាំងរោងលក់សាច់ខ្លះ បើករានផ្សារខ្លះ ដំឡើងថ្ងៃរបស់ខ្លះ ប្រកបជំនួញផ្សេងៗខ្លះ ឲ្យខ្ញុំ​ប្រុស​បម្រើខ្លះ ឲ្យខ្ញុំស្រី​បម្រើខ្លះ ឲ្យកូនឈ្នួលប្រុសបម្រើខ្លះ ឲ្យកូនឈ្នួលស្រីបម្រើខ្លះ ឲ្យសត្វតិរច្ឆាន​បម្រើខ្លះ តាំងរានលក់​វត្ថុខ្ចី និងវត្ថុទុំខ្លះ ប្រើកម្រាលស្មាញ់ដោយរោមចៀមខ្លះ១ រឿងភិក្ខុនីប្រើ​ចីវរពណ៌ខៀវសុទ្ធខ្លះ លឿងខ្ចីសុទ្ធខ្លះ ក្រហមសុទ្ធខ្លះ ហង្សបាទសុទ្ធខ្លះ ខ្មៅសុទ្ធខ្លះ ក្រហម​ក្រមៅ​សុទ្ធខ្លះ លឿងទុំសុទ្ធខ្លះ មានជាយមិនបានកាត់ដាច់ខ្លះ វែងខ្លះ រំលេច​ដោយផ្កា​ឈើខ្លះ រំលេច​ដោយផ្លែឈើខ្លះ ពាក់អាវបំពង់វែងខ្លះ ពាក់មួកខ្លះ១។ រឿងភិក្ខុនី​នឹងសិក្ខមានា និងសាមណេរី ធ្វើមរណកាលទៅ ត្រូវភិក្ខុនីសង្ឃជាឥស្សរៈ​ លើគ្រឿង​បរិក្ខារ ដែល​ភិក្ខុនី​ជាដើម​នោះ ប្រគល់ឲ្យ១ រឿងភិក្ខុ សាមណេ ឧបាសក ឧបាសិកា និងជនឯទៀត ធ្វើមរណកាលទៅ ត្រូវពួកភិក្ខុ ជាឥស្សរៈ​ លើគ្រឿង​បរិក្ខារ ដែល​ភិក្ខុ​ជាដើម​នោះ ប្រគល់ឲ្យ១។ រឿង​មល្លីភិក្ខុនី ប្រហារ​ភិក្ខុនី១ រឿងភិក្ខុនីមួយ​រូបដាក់​កូនខ្ចីក្នុងបាត្រ១ រឿងពួកភិក្ខុនីផ្លាស់ប្តូរបាត្រ ហើយប្រាប់​ថ្លៃឈ្នួលបាត្រ១ រឿង​ភិក្ខុនីគន់មើលនិមិត្ត​របស់បុរស១ រឿងមនុស្សទាំងឡាយប្រគេនអាមិសៈ ដល់ពួកភិក្ខុ១ រឿងអាមិសៈ ក៏សម្បូណ៌ច្រើនឡើង១ រឿងពួកភិក្ខុសន្សំអាមិសៈទុក១ រឿង​មនុស្ស​ទាំងឡាយឲ្យអាមិសៈ ដល់ពួកភិក្ខុយ៉ាងណា ឲ្យដល់ភិក្ខុនីខាងក្រោយ ក៏ដូចគ្នា១។ រឿង​សេនាសនៈ​របស់ភិក្ខុ សម្បូណ៌ឡើង១ រឿងពួកភិក្ខុនីមានរដូវធ្លាក់ប្រឡាក់សំពត់១ រឿងភិក្ខុនីមានសំពត់ទ្រនាប់​ដាច់ដាច១ រឿងភិក្ខុនីប្រើខ្សែក្រវាត់គ្រប់កាល១ រឿងភិក្ខុនី​គ្មាន​និមិត្តខ្លះ មានហេតុបន្តិចគ្រាន់តែ​ជាស្នាមខ្លះ មិនមានរដូវខ្លះ មានឈាមរដូវធ្លាក់​ជានិច្ចខ្លះ មានសំពត់ទ្រនាប់ជានិច្ចខ្លះ មានឈាមរដូវ​ហូរខ្លះ ជាសិខរិណីខ្លះ ជាស្រីខ្ទើយ​ខ្លះ ជាស្រីមាន​ទ្រង់ដូចប្រុសខ្លះ មានទ្វារមគ្គរលាយចូលគ្នាខ្លះ ជាឧភតោព្យញ្ជនកាខ្លះ តាំងពីរឿងភិក្ខុនីគ្មាន​និមិត្ត រហូតដល់​ឧភតោព្យញ្ជនកា ពាក្យខាងក្រោមបេយ្យាលនុ៎ះ មានរឿងភិក្ខុសួរ​អន្តរាយិកធម៌​២៤ប្រការ ចំពោះ​ឧបសម្បទាបេក្ខាថា នាងមានរោគឃ្លង់ឬ នាងមានរោគពកឬ នាងមាន​រោគស្រែងឬ នាងមានរោគរីងរៃឬ នាងមានរោគឆ្កួតជ្រូកឬ នាងជាស្រីមនុស្សឬ នាងជាស្រី​ពិតឬ នាងជាអ្នកជាឬ នាងគ្មានចំពាក់បំណុល​គេទេឬ នាងមិនមែនជាស្រីខ្ញុំរាជការទេឬ នាង​មានមាតាមិតា និងស្វាមីអនុញ្ញាត​ហើយឬ នាង​មានវស្សាគ្រប់២០ហើយឬ នាងមានបាត្រ​គ្រប់​គ្រាន់ហើយឬ នាងឈ្មោះអ្វី បវត្តិនី​របស់នាងឈ្មោះអ្វី១។ រឿងឧបសម្បទាបេក្ខា ដែលមិនទាន់​បានប្រៀនប្រដៅ ក្រអិម​ក្រអៀម មិនហ៊ានប្រាប់អន្តរាយិកធម៌១ រឿងទ្រង់អនុញ្ញាតឲ្យប្រៀន​ប្រដៅហើយ សឹមសួរ​អន្តរាយិកធម៌កណ្តាលជំនុំសង្ឃ១ រឿងទ្រង់អនុញ្ញាតថា មុនដម្បូង ត្រូវភិក្ខុនី​ឲ្យ​ឧបសម្បទាបេក្ខាកាន់យក​ឧបជ្ឈាយ៍ ហើយត្រូវប្រាប់​បាត្រ និងចីវរថា (នេះបាត្រ​របស់នាង) នេះសង្ឃាដិ នេះចីពរ នេះស្បង់ នេះសំពត់ចោមពុង នេះសំពត់ងូតទឹក (របស់នាង) លុះប្រាប់ហើយ ត្រូវបង្គាប់ឲ្យឈរក្នុងឱកាស​ឯណោះ១ រឿងភិក្ខុនី១រូបល្ងង់ មិនឆ្លាស ទៅប្រៀន​ប្រដៅ១ រឿងភិក្ខុនីដែលសង្ឃមិនទានសន្មតឲ្យប្រៀនប្រដៅ ទៅ​ប្រៀន​ប្រដៅ១ រឿងឧបសម្បទា​បេក្ខា សូត្រសូមឧបសម្បទា១ រឿងសួរ​អន្តរាយិកធម៌១ រឿងឧបសម្បទាបេក្ខា បានឧបសម្បទា​ចំណែកមួយ ហើយត្រូវសូម​ឧបសម្បទា​ក្នុង​សំណាក់​ភិក្ខុសង្ឃម្តងទៀត១ រឿង​ភិក្ខុនីជាបវត្តិនី ត្រូវវាស់ស្រមោល ប្រាប់ប្រមាណ​នៃរដូវ ប្រាប់ចំណែកថ្ងៃ ប្រាប់សង្គីតិ ប្រាប់និស្ស័យ៣យ៉ាង ប្រាប់​អករណីយកិច្ច៨យ៉ាង១ រឿងពួកភិក្ខុនីញុំាងភត្តកាលឲ្យកន្លងហួស១ រឿងពួកភិក្ខុនី​៨រូប ឃាត់អាសនៈភិក្ខុនីចាស់ ក្នុងទីទាំងពួង១ រឿងពួកភិក្ខុនីមិនបានបវារណា១ រឿងពួក​ភិក្ខុនី​បវារណាដោយខ្លួនឯង ហើយមិនបានបវារណាក្នុងភិក្ខុសង្ឃ១ រឿងពួកភិក្ខុនី​បវារណានឹងភិក្ខុ​សង្ឃហើយ កើត​កោលាហល១ រឿងពួកភិក្ខុនីបវារណាមុនភត្ត ហើយញុំាងភត្តកាល​ឲ្យកន្លង​ហួសទៅ និងបវារណា​ខាងក្រោយភត្ត ក្នុងវេលាវិកាល១ រឿង​ភិក្ខុនីសង្ឃបវារណា​ហើយ ក៏កើត​កោលាហល១ រឿងពួកភិក្ខុនីឃាត់ឧបោសថ ឃាត់បវារណារបស់ភិក្ខុ ធ្វើឲ្យមាន​មាត់ពាក្យ ក្នុង​អធិករណ៍ ផ្តើមអនុវាទាធិករណ៍ ឲ្យគេធ្វើឱកាស ចោទភិក្ខុ និងរំលឹកភិក្ខុ ព្រះសម្មាសម្ពុទ្ធ អ្នក​ស្វែង​រកនូវគុណដ៏ធំ ទ្រង់ឃាត់ដោយទុក្កដាបត្តិ១ រឿង​ពួកភិក្ខុ​ឃាត់កម្មដូច្នោះ ដែលជា​របស់​ពួកភិក្ខុនី ព្រះសម្មាសម្ពុទ្ធ ព្រះអង្គអ្នកស្វែងរកគុណដ៏ធំ ទ្រង់អនុញ្ញាត១។ រឿង​ពួកភិក្ខុនីជិះ​យាន១ រឿង​ភិក្ខុនីមានជម្ងឺ ទ្រង់អនុញ្ញាត​ឲ្យជិះយាន ដែលស្រី ឬបុរសអូសដោយដៃ១ រឿង​ភិក្ខុនី​១រូបមិនសប្បាយដោយទង្គិច​នឹងយាន១ រឿងនាងអឌ្ឍកាសីស្រីផ្កាមាស បួសក្នុងសំណាក់​ភិក្ខុនី១ រឿងពួកភិក្ខុឲ្យឧបសម្បទា ដល់ភិក្ខុនីដែលល្ងង់ ដោយភិក្ខុទូត ដោយសិក្ខមានាទូត ដោយសាមណេរទូត ដោយ​សាមណេរីទូត១ រឿងពួកភិក្ខុនីនៅក្នុងព្រៃ១ រឿងឧបាសកម្នាក់​ថ្វាយ​ឃ្លាំង (សម្រាប់​ដាក់របស់) និងអនុញ្ញាត​ផ្ទះលំនៅៗតែមិនគ្រប់គ្រាន់ ព្រះអង្គក៏អនុញ្ញាត​ឲ្យធ្វើ​នវកម្ម១ រឿងស្រីម្នាក់មានគភ៌មកបួស លុះទារកប្រសូតមក នាងមិនហ៊ាននៅម្នាក់ឯងជាមួយ​ទារក ព្រះអង្គអនុញ្ញាត​ឲ្យរក្សាទារកនោះ ដូចជាប្រតិបត្តិក្នុងបុរសដទៃ វៀរលែងតែផ្ទះ​ជាមួយគ្នា១ រឿងភិក្ខុនីមួយរូប ត្រូវគរុកាបត្តិ ហើយប្រព្រឹត្តមានត្ត១ រឿងភិក្ខុនីមួយរូប មិនលាសិក្ខា ហើយស្រាប់តែសឹកចេញ និងរឿង​ព្រះអង្គត្រាស់ថា ភិក្ខុនីដែលចូលទៅកាន់​លទ្ធិតិរ្ថិយទាំងសំពត់កាសាវៈ ហើយមកបួសវិញ មិនបាន១ រឿងពួក​ភិក្ខុនីមាន​សេចក្តី​រង្កៀស​ មិនត្រេកអរចំពោះការថ្វាយបង្គំ ការកោសក់ ការកាត់ក្រចក ការរក្សាដម្បៅ មួយអន្លើ​ដោយបុរស១ រឿងពួកភិក្ខុនី អង្គុយពែនភ្នែន ត្រេកអរដោយសម្ផស្សនៃកែងជើង និងអនុញ្ញាត​ឲ្យភិក្ខុនីឈឺអង្គុយ​ពែនមួយចំហៀងបាន១ រឿង​ភិក្ខុនីបន្ទោបង់នូវវច្ចៈ​ក្នុង​បង្គន់១ រឿង​ពួក​ភិក្ខុនី​ដុសខ្លួនដោយលំអិត និងដីដែលគេអប់១ រឿងភិក្ខុនីងូតទឹកក្នុងរោង​សម្រាប់រក្សាកាយ១ រឿង​ភិក្ខុនីងូតទឹកឈរក្នុងទីច្រាស់ខ្សែទឹក ងូតទឹកក្នុងទីមិន​មែន​ជាកំពង់ និងងូតទឹក​ក្នុងទីជាកំពង់​សម្រាប់បុរស១ ព្រះនាងមហាបជាបតីគោតមី ក្រាប​បង្គំទូលសូមបព្វជ្ជា ព្រះអានន្ទក៏ជួយ​សូម​ ដោយឧបាយ (ដោយប្រការដូច្នេះ)។ ឯពួកស្រ្តី​បានបួសក្នុងសាសនានៃព្រះជិនស្រី ក៏រាប់ថា​ជាបរិសទ្យ៤ពួក (តាំងពីកាលនោះមក)។ ព្រះសម្មាសម្ពុទ្ធជាម្ចាស់បានសម្តែង (ភិក្ខុនីខន្ធកៈ) ទុក​មកដោយប្រការដូច្នេះ ដើម្បី​ប្រយោជន៍ និងបង្កើតសេចក្តីសង្វេគផង ដើម្បីឲ្យចំរើនព្រះសទ្ធម្ម​ផង ដូចជាថ្នាំ (ដែល​ពេទ្យផ្សំឡើង) បម្រុងព្យាបាលជម្ងឺ។ សូម្បីមាតុគ្រាម ក្រៅអំពី​ព្រះនាង​មហា​បជាបតី​គោតមី ព្រះមានព្រះភាគ ក៏បានទូន្មាន​ឲ្យឋិតនៅក្នុងព្រះសទ្ធម្មយ៉ាងនេះឯង ហើយស្ត្រី​ទាំងនោះ បានដល់នូវឋាន គឺព្រះនិព្វាន ដែលជាឋាន​ពួកជនដល់ហើយ មិនបានសោយ​សោក។

បញ្ចសតិកក្ខន្ធកៈ

[២៧៨] លំដាប់នោះ ព្រះមហាកស្សបមានអាយុ ហៅភិក្ខុទាំងឡាយមកថា ម្នាល​អាវុសោ​ទាំងឡាយ សម័យមួយ ខ្ញុំគិតថានឹងត្រាច់ទៅបិណ្ឌបាតក្នុងក្រុងបាវានេះ រួចហើយនឹង​ទៅកាន់​ក្រុង​កុសិនារា ហើយក៏ដើរទៅតាមផ្លូវឆ្ងាយ ជាមួយនឹងភិក្ខុសង្ឃជាច្រើនចំនួន​៥០០រូប ម្នាលអាវុសោ​ទាំងឡាយ គ្រានោះឯង ខ្ញុំគេចចៀសចេញពីផ្លូវ ហើយទៅ​អង្គុយទៀបគល់​ឈើ​មួយដើម ក៏សម័យនោះឯង មានអាជីវកម្នាក់កាន់ផ្កាមន្ទារវៈ (មន្ទារវបុស្ស) ពីក្នុងនគរកុសិនារា ដើរតាមផ្លូវឆ្ងាយ សំដៅទៅកាន់ក្រុងបាវា ម្នាលអាវុសោ​ទាំងឡាយ ខ្ញុំក៏បានឃើញអាជីវក​នោះ កំពុងដើរមកអំពីចម្ងាយ លុះឃើញហើយ ខ្ញុំនិយាយសួរទៅ​អាជីវក​នោះដូច្នេះថា នែអាវុសោ អ្នក​បានដឹងដំណឹងព្រះជាគ្រូ​នៃយើង​ដែរឬ អាជីវកនោះឆ្លើយតបថា អើអាវុសោ ខ្ញុំដឹងដែរ ព្រះសមណគោតម ជាគ្រូអ្នក បរិនិព្វានកន្លងទៅ៧ថ្ងៃហើយ រាប់ពីថ្ងៃនេះទៅ ផ្កាមន្ទារវៈនេះ ខ្ញុំ​យកពីនគរកុសិនារា​នោះមក ម្នាលអាវុសោទាំងឡាយ បណ្តាភិក្ខុទាំងនោះ ភិក្ខុទាំងឡាយណា ដែលមិន​ទាន់ប្រាសចាករាគៈ [ក្នុងដីកាថា បុថុជ្ជន សោតាបន្នបុគ្គល និងសកទាគាមិបុគ្គល ហៅថា បុគ្គលមិនទាន់​ប្រាសចាករាគៈក្នុងទីនេះ។] ភិក្ខុទាំងនោះ ពួកខ្លះ ក៏លើកដៃឡើង ហើយ​យំ​កន្ទក់កន្ទេញ [លើកដៃទាំងពីរដាក់លើក្បាល ហើយទួញយំ។] ដួលដេកទៅ ហាក់​ដូចជាមានជើង​ដាច់ ហើយបម្រាស់ននៀលទៅមក ពោលពាក្យថា ព្រះមានព្រះភាគ​ឆាប់បរិនិព្វានពេកណាស់ ព្រះសុគតជាម្ចាស់​ឆាប់បរិនិព្វានអ្វីម្ល៉េះ ចក្ខុ ពោលគឺ​ព្រះពុទ្ធ​ក្នុងលោក (ពុទ្ធចក្ខុ) ឆាប់បាត់បង់ទៅ​អ្វីម្ល៉េះ ចំណែកភិក្ខុទាំងឡាយណា ដែលប្រាសចាក​រាគៈ [ក្នុងដីកាថា ព្រះអនាគាមី និងព្រះខីណាស្រព។] ហើយ ភិក្ខុទាំងនោះ មានស្មារតីតាំងមាំ មានបញ្ញាដឹងច្បាស់ ក៏អត់សង្កត់​បាន ដោយពិចារណាថា សង្ខារ​ទាំងឡាយមិនទៀងទេ ព្រោះហេតុនោះ បុគ្គលគប្បីបាន (នូវ​សេចក្តីទៀងទាត់) ក្នុងខន្ធ​ប្រវត្តិនេះអំពីណា ម្នាលអាវុសោទាំងឡាយ គ្រានោះឯង ខ្ញុំបាន​និយាយ​ឃាត់ពួក​ភិក្ខុ​នោះដូច្នេះថា ម្នាលអាវុសោទាំងឡាយ ចូរអ្នកទាំងឡាយកុំសោយសោក​ឡើយ កុំខ្សឹក​ខ្សួល​ឡើយ ម្នាលអាវុសោទាំងឡាយ ក្រែងព្រះមានព្រះភាគបានត្រាស់ប្រាប់​សេចក្តី​នេះមកពីមុនហើយថា សេចក្តីព្រាត់ប្រាស ស្លាប់និរាស ចាកចោលសត្វ និងសង្ខារ​ជាទីស្រឡាញ់​ ជាទីគាប់ចិត្តទាំងអស់ រមែង​មាន នែអាវុសោទាំងឡាយ ព្រោះហេតុនោះ បុគ្គលគប្បីបាន (នូវ​សេចក្តីមិនព្រាត់ប្រាស) ក្នុងខន្ធប្រវត្តិនេះអំពីណា ធម្មជាតណា ដែលកើតឡើងហើយ ដែល​មានហើយ ដែលសង្ខារ​តាក់តែង​មកហើយ ជារបស់មាន​កិរិយាទ្រុឌទ្រោម វិនាសទៅវិញជាធម្មតា ធម្មជាតនោះ បុគ្គលឃាត់ថា កុំវិនាស​ទៅវិញដូច្នេះ ពុំបានឡើយ ម្នាលអាវុសោទាំងឡាយ សម័យនោះឯង មានភិក្ខុមួយរូប​ឈ្មោះ សុភទ្ទ បួសឯចាស់ អង្គុយនៅក្នុងចំណោម​បរិសទ្យនោះ ម្នាលអាវុសោទាំងឡាយ គ្រានោះ ស្រាប់តែសុភទ្ទភិក្ខុបួសឯចាស់ និយាយទៅនឹងភិក្ខុទាំងឡាយ​នោះ យ៉ាងនេះថា នែអាវុសោទាំងឡាយ អ្នកទាំងឡាយ កុំសោយសោកឡើយ កុំខ្សឹកខ្សួល​អណ្តឺត​អណ្តកឡើយ យើងទាំងឡាយឈ្មោះថា ផុតស្រឡះហើយ អំពីមហាសមណៈនោះ ព្រោះថា យើងទាំងឡាយ មហាសមណៈនោះតែងបៀតបៀនថា អំពើនេះគួរដល់អ្នក​ទាំងឡាយ អំពើនេះ មិនគួរដល់អ្នកទាំងឡាយទេ ឥឡូវនេះស្រួលហើយ យើងរាល់គ្នា​ចង់ធ្វើនូវអំពើណា នឹង​ធ្វើនូវអំពើនោះក៏បាន មិនចង់ធ្វើនូវអំពើណា នឹងមិនធ្វើនូវ​អំពើ​នោះក៏បាន ម្នាលអាវុសោ​ទាំងឡាយ ណ្ហើយចុះ យើងរាល់គ្នាសង្គាយនានូវធម៌ និងវិន័យ តំណទៅមុខ អកុសលធម៌ មុខ​ជានឹងរុងរឿងឡើង កុសលធម៌មុខជានឹង​សាបសូន្យទៅ សភាវៈមិនមែនជាវិន័យ មុខជានឹងរុង​រឿងឡើង វិន័យមុខជានឹងសាបសូន្យទៅ តំណ​ទៅមុខ ពួកបុគ្គលជាអធម្មវាទី នឹងមានកំឡាំង​ឡើង ពួកបុគ្គលជាធម្មវាទី នឹង​ថយកំឡាំង​ចុះ ពួកបុគ្គលជាអវិនយវាទី នឹងមានកំឡាំង​ឡើង ពួកបុគ្គលជាវិនយវាទី នឹង​ថយ​កំឡាំងចុះ។

[២៧៩] ភិក្ខុទាំងឡាយពោលថា បពិត្រព្រះថេរៈដ៏ចំរើន បើដូច្នោះ សូមព្រះថេរៈជ្រើរើ​នូវ​ភិក្ខុ​ទាំងឡាយចុះ។ ទើបព្រះមហាកស្សមានអាយុ ជ្រើសរើសនូវព្រះអរហន្តទាំងឡាយ បានចំនួន​៤៩៩អង្គ។ ភិក្ខុទាំងឡាយ និយាយពាក្យនេះ នឹងព្រះមហាកស្សមានអាយុថា បពិត្រព្រះករុណា​ដ៏​ចំរើន ព្រះអានន្ទមានអាយុនេះ នៅជាសេក្ខបុគ្គលពិតមែន តែលោក​មិនអាច​នឹងលុះដោយ​ឆន្ទាគតិ ទោសាគតិ មោហាគតិ ភយាគតិទេ ធម៌ក្តី វិន័យក្តី ព្រះអានន្ទនេះ បាន​សិក្សារៀនសូត្រ ក្នុងសំណាក់ព្រះមានព្រះភាគជាច្រើន បពិត្រ​ព្រះករុណា​ដ៏ចំរើន បើដូច្នោះ សូម​ព្រះថេរៈ​ជ្រើសរើស​យកព្រះអានន្ទមានអាយុផង។ ទើប​ព្រះមហាកស្សមានអាយុ ជ្រើសរើសយកព្រះ​អានន្ទមានអាយុបញ្ចូលផង (ជា៥០០អង្គ)។ លំដាប់នោះ ភិក្ខុទាំងឡាយ ដែលជាថេរៈ មាន​សេចក្តីរិះគិត​ដូច្នេះថា យើងទាំងឡាយ​គប្បីសង្គាយនាធម៌ និងវិន័យក្នុងទីណាហ្ន៎។ គ្រានោះឯង ភិក្ខុទាំងឡាយ ដែលជាថេរៈ មានសេចក្តីរិះគិតឃើញដូច្នេះថា នគរ​រាជគ្រឹះ ជាស្រុក​មានទីគោចរ​ក៏ច្រើន មាន​សេនាសនៈ​ក៏ច្រើន បើដូច្នោះ គួរតែយើងរាល់គ្នា ទៅនៅចាំវស្សា​ក្នុងនគរ​រាជគ្រឹះ ទើបអាច​នឹង​សង្គាយនា នូវធម៌និងវិន័យបាន ឯភិក្ខុទាំងឡាយឯទៀត កុំគប្បី​ចូលទៅ​នៅចាំវស្សា ក្នុងនគររាជគ្រឹះឡើយ។ លំដាប់នោះឯង ព្រះមហាកស្សមានអាយុ ប្រកាស​សង្ឃឲ្យដឹងថា ម្នាល​លោកមានអាយុ សង្ឃចូរស្តាប់ខ្ញុំ បើសង្គីតិកម្ម មានកាលគួរ​ដល់សង្ឃហើយ សង្ឃគប្បី​សន្មត​ភិក្ខុ​ទាំង​៥០០រូបនេះ ឲ្យនៅចាំវស្សាក្នុងនគររាជគ្រឹះ ដើម្បីសង្គាយនា នូវធម៌ និង​វិន័យ ឯភិក្ខុទាំង​ឡាយ​ដទៃ មិនត្រូវនៅចាំវស្សា​ក្នុងនគរ​រាជគ្រឹះ​ឡើយ។ នេះជាញត្តិ។ ម្នាល​លោកមានអាយុ សង្ឃចូរស្តាប់ខ្ញុំ ឥឡូវសង្ឃ​សន្មតភិក្ខុទាំង៥០០រូបនេះ ឲ្យនៅចាំវស្សា ក្នុង​នគរ​រាជគ្រឹះ ដើម្បី​សង្គាយនា នូវធម៌ និង​វិន័យ ឯភិក្ខុទាំងឡាយដទៃ មិនត្រូវនៅចាំវស្សា​ក្នុង​នគរ​រាជ​គ្រឹះ​ឡើយ។ ការសន្មតិភិក្ខុ​ទាំង៥០០រូបនេះ ឲ្យនៅចាំវស្សាក្នុងនគររាជគ្រឹះ ដើម្បីនឹងសង្គាយនា នូវធម៌ និង​វិន័យ ឯភិក្ខុទាំងឡាយដទៃ មិនត្រូវឲ្យនៅចាំវស្សាក្នុងនគររាជគ្រឹះទេ គាប់ចិត្ត​ដល់​លោកមាន​អាយុអង្គណា លោកមានអាយុអង្គនោះ ត្រូវស្ងៀម មិនគាប់ចិត្តដល់លោកមានអាយុ​អង្គណា លោក​មានអាយុអង្គនោះ គប្បីពោលឡើង។ សង្ឃបានសន្មតពួកភិក្ខុ​ទាំង​៥០០រូបនេះ ឲ្យនៅ​ចាំ​វស្សាក្នុងនគររាជគ្រឹះ ដើម្បីសង្គាយនា នូវធម៌ និង​វិន័យ ឯភិក្ខុទាំងឡាយដទៃ មិនត្រូវ​នៅ​ចាំវស្សាក្នុងនគររាជគ្រឹះឡើយ។ ការសន្មតិនេះ គាប់ចិត្ត​ដល់សង្ឃហើយ ព្រោះហេតុនោះ បានជាសង្ឃស្ងៀម។ ខ្ញុំសូមចាំទុកនូវសេចក្តីនេះ ដោយ​អាការស្ងៀមយ៉ាងនេះ។

[២៨០] គ្រានោះ ភិក្ខុជាថេរៈទាំងឡាយ បានទៅកាន់នគររាជគ្រឹះ ដើម្បីសង្គាយនា​នូវធម៌ និងវិន័យ។ ទើប​ភិក្ខុទាំងឡាយជាថេរៈ មានសេចក្តីរិះគិតដូច្នេះថា ម្នាលអាវុសោ បដិសង្ខរណកម្ម គឺការជួសជុលសេនាសនៈ ដែលដាច់ដាច ធ្លុះធ្លាយ ព្រះមានព្រះភាគ ទ្រង់សរសើរហើយ ម្នាលអាវុសោ បើដូច្នោះ គួរតែយើងរាល់គ្នា ជួសជុល​សេនសាសនៈ ដែលដាច់ដាច ធ្លុះធ្លាយ​អស់ខែមួយជាដម្បូងសិន ដល់មកខែជាកណ្តាល យើងនឹង​ប្រជុំគ្នាសង្គាយនា នូវធម៌ និងវិន័យ។ លំដាប់នោះ ភិក្ខុជាថេរៈទាំងឡាយ ក៏នាំគ្នា​ជួសជុល​សេនាសនៈ ដែលដាច់ដាច ធ្លុះធ្លាយ អស់ខែ​មួយជាដម្បូង។

[២៨១] គ្រានោះ ព្រះអានន្ទមានអាយុត្រិះរិះថា ថ្ងៃស្អែកនេះ នឹងប្រជុំសង្ឃ កិច្ចនោះ មិនសមគួរដល់អាត្មាអញឡើយ ព្រោះថាអាត្មាអញនៅជាសេក្ខបុគ្គលនៅឡើយ ហើយ​ទៅកាន់​ប្រជុំសង្ឃ គិតដូច្នេះហើយ ក៏ចំរើនកាយគតាសតិកម្មដ្ឋាន អស់រាត្រីជ្រៅ លុះ​ដល់បច្ចូសម័យ​នៃរាត្រី (ជិតភ្លឺ) នោះហើយ ក៏ទំរេតកាយដោយគិតថានឹងសឹង។ ព្រះសិរ​ពុំទាន់ដល់ខ្នើយ។ ព្រះបាទាទើបតែនឹងផុតអំពីផែនដី។ ព្រះទ័យ (របស់ល