ទីឃនិកាយ បញ្ចមភាគ

ភាគទី១៨

បាដិកវគ្គ

សូមនមស្ការ ចំពោះព្រះមានព្រះភាគ ជាអរហន្តសម្មាសម្ពុទ្ធ ព្រះអង្គនោះ។

បាដិកសូត្រ ទី១

[១] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងអនុប្បិយ​និគម របស់ពួកមល្លជន ក្នុងមល្លជនបទ។ គ្រានោះឯង វេលាព្រឹកព្រហាម ព្រះមាន​ព្រះភាគ ទ្រង់​ស្បង់​ និងបាត្រ ចីវរ ទ្រង់ពុទ្ធដំណើរចូលទៅបិណ្ឌបាត ក្នុងអនុប្បិយនិគម។ ពេលនោះឯង ព្រះមានព្រះភាគ មានព្រះតម្រិះយ៉ាងនេះថា ការចូលទៅបិណ្ឌបាត ក្នុង​អនុប្បិយនិគម ក៏​នៅ​ព្រឹកពេកណាស់ បើដូច្នោះ គួរតែតថាគតចូលទៅរកបរិព្វាជក ជា​ភគ្គវគោត្រ ក្នុងអារាមនៃ​បរិព្វាជក ជាភគ្គវគោត្រសិន។ លំដាប់នោះឯង ព្រះមានព្រះភាគ ទ្រង់ពុទ្ធដំណើរចូលទៅរកបរិព្វាជក ជាភគ្គវគោត្រ ក្នុងអារាមនៃបរិព្វាជក ជាភគ្គវគោត្រ។ ពេលនោះឯង ភគ្គវគោត្របរិព្វាជក បាន​ក្រាបបង្គំទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន សូម​ព្រះមានព្រះភាគ ស្តេចមក​បពិត្រព្រះអង្គដ៏ចំរើន ព្រះមាន​ព្រះភាគ ស្តេចមកល្អហើយ បពិត្រព្រះអង្គដ៏ចំរើន ព្រះមានព្រះភាគ ធ្វើនូវបរិយាយនេះ ដើម្បីនិមន្តមកក្នុងទីនេះ អស់កាលយូរហើយ [បានសេចក្តីថា ព្រះអង្គខាននិមន្តមក ក្នុងទី​នេះយូរណាស់ហើយ។] បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានបុណ្យ​ស្តេច​គង់ នេះឯង​ជា​អាសនៈ ដែលខ្ញុំព្រះអង្គក្រាលបម្រុងទុក។ ព្រះមានព្រះភាគ ទ្រង់គង់លើអាសនៈ ដែល​បរិព្វាជកបានក្រាលទុក។ ចំណែកខាងភគ្គវគោត្របរិព្វាជក បានកាន់យកអាសនៈដ៏​ទាប​មួយ អង្គុយក្នុងទីសមគួរ។ លុះភគ្គវគោត្របរិព្វាជក អង្គុយក្នុងទីដ៏សមគួរហើយ បាន​ក្រាប​បង្គំទូល​ព្រះមានព្រះភាគ​ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន កាលពីថ្ងៃមុន យូរថ្ងៃ​ណាស់​មកហើយ លិច្ឆវិបុត្រឈ្មោះសុនក្ខត្តៈ បានចូលមករកខ្ញុំព្រះអង្គ លុះចូល​មក​ដល់​ហើយ  ក៏និយាយនឹងខ្ញុំព្រះ​អង្គ យ៉ាងនេះថា បពិត្រអ្នកជាភគ្គវគោត្រ ឥឡូវនេះ ខ្ញុំបោះបង់​ព្រះមានព្រះភាគហើយ បពិត្រ​អ្នកជាភគ្គវគោត្រ ឥឡូវនេះ ខ្ញុំមិនបាននៅពឹងផ្អែក នឹង​ព្រះមានព្រះភាគទេ បពិត្រព្រះអង្គដ៏ចំរើន សុនក្ខត្តលិច្ឆវិបុត្រ បាន​ក្រាបទូល​ព្រះអង្គ​យ៉ាង​នុ៎ះមែនឬទេ។ ព្រះមានព្រះភាគត្រាស់តបថា ម្នាលភគ្គវគោត្រ សុនក្ខត្តលិច្ឆវិបុត្រ បាន​និយាយ​ពាក្យនុ៎ះ យ៉ាងនោះមែន ម្នាលភគ្គវគោត្រ កាលពីថ្ងៃមុនយូរថ្ងៃណាស់មកហើយ សុនក្ខត្តលិច្ឆវិបុត្រ បានចូលមករកតថាគត លុះចូល​មកដល់​ហើយ ក៏ថ្វាយបង្គំតថាគត រួចអង្គុយក្នុងទីដ៏សមគួរ។ ម្នាលភគ្គវគោត្រ លុះ​សុនក្ខត្តលិច្ឆវិបុត្រ អង្គុយក្នុងទីដ៏សមគួរ​ហើយ បាននិយាយនឹងតថាគតយ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ឥឡូវនេះ ខ្ញុំព្រះអង្គ​សូមលាព្រះមានព្រះភាគហើយ បពិត្រព្រះអង្គដ៏ចំរើន ឥឡូវនេះ ខ្ញុំព្រះអង្គ​នឹង​លែង​នៅ​ពឹង​ផ្អែក នឹងព្រះមានព្រះភាគហើយ។ ម្នាលភគ្គវគោត្រ កាល​សុនក្ខត្តលិច្ឆវិបុត្រ និយាយ​យ៉ាង​នេះ​ហើយ តថាគតក៏បាននិយាយ​ទៅនឹង​សុនក្ខត្តលិច្ឆវិបុត្រ យ៉ាងនេះវិញថា ម្នាល​សុនក្ខត្តៈ ចុះតថាគត​មាន​បាននិយាយនឹងអ្នក យ៉ាងនេះថា នែសុនក្ខត្តៈ អ្នក​ចូរមក​នៅពឹងផ្អែកនឹងតថាគតចុះ ដូច្នេះ​ដែរ​ឬ។ បពិត្រព្រះអង្គដ៏ចំរើន ព្រះអង្គនឹងបានមានព្រះ​បន្ទូលយ៉ាងនុ៎ះ នឹងខ្ញុំព្រះអង្គក៏ទេ។ តថាគត​បាន​សួរ​តទៅទៀតថា ចុះអ្នកបាន​និយាយ​នឹងតថាគត យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ​នឹង​នៅ​ពឹងផ្អែក នឹង​ព្រះមានព្រះភាគ​ដូច្នេះដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គនឹង​បានក្រាប​ទូល​យ៉ាងនុ៎ះ ចំពោះព្រះអង្គក៏ទេ។ តថាគតបាននិយាយ​ទៀតថា​ នែសុនក្ខត្តៈ តថាគតក៏ឥត​បាន​និយាយ​​នឹងអ្នកថា ម្នាលសុនក្ខត្តៈ អ្នកចូរមកនៅពឹងផ្អែក នឹងតថាគតចុះ ដូច្នេះទេ ចំណែកអ្នក ក៏មិនបាន​និយាយ​​នឹងតថាគតថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ​នឹង​នៅ​ពឹង​ផ្អែក នឹងព្រះមានព្រះភាគ ដូច្នេះ​ដែរ ម្នាលមោឃបុរស កាលបើហេតុយ៉ាងនេះមានហើយ អ្នកឯងជាអុក ជាទុក្ខ ពោល​លា​អ្នក​ណា ម្នាលមោឃបុរស ចូរអ្នក​មើលចុះ អំពើនេះ ជា​កំហុសរបស់អ្នកហើយ។

[២] សុនក្ខត្តលិច្ឆវិបុត្រ បាននិយាយនឹងតថាគតថា បពិត្រព្រះអង្គដ៏ចំរើន ព្រោះ​ព្រះមាន​ព្រះភាគ មិនដែលបានធ្វើឥទ្ធិបាដិហារិយ៍ [បាដិហារិយ៍កើតអំពីឫទ្ធិ ហៅថា​ឥទ្ធិ​បាដិហារិយ៍។] ជាធម៌ដ៏ប្រសើរក្រៃលែង ជាងធម៌របស់មនុស្ស [សីល៥ និងសីល១០ ឈ្មោះថា ជាធម៌របស់មនុស្ស។ អដ្ឋកថា។] ឲ្យដល់ខ្ញុំព្រះអង្គសោះ។ តថាគតក៏​បាន​និយាយ​ថា ម្នាលសុនក្ខត្តៈ ចុះតថាគត បាន​និយាយ​នឹងអ្នកយ៉ាងនេះថា ម្នាលសុនក្ខត្តៈ ចូរអ្នកមកនៅពឹងផ្អែក នឹងតថាគតចុះ តថាគត នឹង​ធ្វើឥទ្ធិបាដិហារិយ៍ ជាធម៌​ដ៏ប្រសើរ​ក្រៃលែង ជាងធម៌របស់មនុស្ស ឲ្យដល់អ្នកដូច្នេះដែរឬ។ សុនក្ខត្តលិច្ឆវិ​បុត្រ ក៏ឆ្លើយតប​មក​ថា បពិត្រព្រះអង្គដ៏ចំរើន ព្រះអង្គនឹងបានមានព្រះបន្ទូលយ៉ាង​នុ៎ះ នឹងខ្ញុំព្រះអង្គក៏ទេ។ តថាគតក៏សួរទៅទៀតថា ចុះអ្នកបាននិយាយនឹងតថាគត យ៉ាងនេះថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន ខ្ញុំព្រះអង្គនឹងនៅពឹងផ្អែក នឹងព្រះមានព្រះភាគ ព្រះមានព្រះភាគ នឹង​ធ្វើ​ឥទ្ធិ​បាដិហារិយ៍ ជាធម៌ដ៏ប្រសើរក្រៃលែង ជាងធម៌របស់មនុស្ស ឲ្យដល់ខ្ញុំដូច្នេះដែរឬ។ សុនក្ខត្តលិច្ឆវិបុត្រ ក៏ឆ្លើយតបមកថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គនឹងបាននិយាយ​យ៉ាងនោះ នឹងព្រះអង្គក៏ទេ។ តថាគតក៏និយាយទៅទៀតថា ម្នាលសុនក្ខត្តៈ តថាគត​ក៏ឥត​បាននិយាយ​នឹងអ្នក​ថា ម្នាលសុនក្ខត្តៈ អ្នកចូរមកនៅពឹងផ្អែក នឹងតថាគតចុះ តថាគត នឹង​ធ្វើឥទ្ធិបាដិហារិយ៍ ជាធម៌​ដ៏​ប្រសើរក្រៃលែង ជាងធម៌របស់មនុស្ស ឲ្យដល់អ្នកដូច្នេះទេ ចំណែកខាងអ្នក ក៏មិននិយាយ​នឹង​តថាគតថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ នឹងនៅ​ពឹងផ្អែកនឹងព្រះមានព្រះភាគ ព្រះមានព្រះភាគ នឹង​ធ្វើឥទ្ធិបាដិហារិយ៍ ជាធម៌ដ៏ប្រសើរ​ក្រៃលែង ជាងធម៌របស់មនុស្ស ឲ្យដល់ខ្ញុំព្រះអង្គដូច្នេះដែរ ម្នាល​មោឃបុរស កាលបើ​ហេតុ​យ៉ាងនេះមានហើយ អ្នកឯងជាអុក ជាទុក្ខ ពោលលាអ្នកណា។ ម្នាលសុនក្ខត្តៈ អ្នកសំគាល់សេចក្តីនោះថាដូចម្តេច កាលបើតថាគតធ្វើឥទ្ធិបាដិហារិយ៍ ជាធម៌ដ៏ប្រ​សើរ​ក្រៃលែង ជាងធម៌របស់មនុស្សក្តី កាលបើតថាគតមិនធ្វើឥទ្ធិបាដិហារិយ៍ ជាធម៌ដ៏ប្រ​សើរ​ក្រៃ​លែង ជាងធម៌របស់មនុស្សក្តី ធម៌ដែលតថាគតបានសំដែងហើយ ដើម្បីជាប្រយោជន៍ ឲ្យអស់ទៅ​នៃទុក្ខណា ធម៌នោះ តែងដឹកនាំបុគ្គលអ្នកធ្វើតាម ឲ្យអស់ទៅនៃទុក្ខនោះ ដោយ​ប្រពៃ។ សុនក្ខត្តៈ​លិច្ឆវិបុត្រ ឆ្លើយតបថា បពិត្រព្រះអង្គដ៏ចំរើន កាលបើព្រះអង្គ​ធ្វើឥទ្ធិបាដិហារិយ៍ ជាធម៌ដ៏ប្រ​សើរ​ក្រៃលែង ជាងធម៌របស់មនុស្សក្តី​ កាលបើ​ព្រះអង្គ​មិន​ធ្វើឥទ្ធិបាដិហារិយ៍ ជាធម៌ដ៏ប្រ​សើរក្រៃលែង ជាងធម៌របស់មនុស្សក្តី ធម៌ដែល​ព្រះមាន​ព្រះភាគ ទ្រង់សំដែងហើយ ដើម្បីប្រយោជន៍ ឲ្យអស់ទៅ​នៃទុក្ខណា ធម៌នោះ តែងដឹកនាំ​បុគ្គលអ្នកធ្វើតាម ឲ្យអស់ទៅនៃទុក្ខនោះ ដោយប្រពៃ។ តថាគតនិយាយថា ម្នាល​សុនក្ខត្តៈ កាលបើតថាគតធ្វើឥទ្ធិបាដិហារិយ៍ ជាធម៌ដ៏ប្រ​សើរក្រៃលែង ជាងធម៌របស់​មនុស្សក្តី កាលបើតថាគតមិនធ្វើឥទ្ធិបាដិហារិយ៍ ជាធម៌ដ៏ប្រ​សើរក្រៃលែង ជាងធម៌​របស់​មនុស្សក្តី ធម៌ដែលតថាគតបានសំដែងហើយ ដើម្បីឲ្យអស់ទៅ​នៃទុក្ខណា ធម៌នោះ តែង​ដឹកនាំបុគ្គលអ្នកធ្វើតាម ឲ្យអស់ទៅនៃទុក្ខនោះ ដោយប្រពៃ។ ម្នាលសុនក្ខត្តៈ កាលបើ​ធម៌​ដែល​តថាគតបានសំដែងហើយនោះ ប្រព្រឹត្តទៅ ដើម្បីឲ្យអស់ទៅ​នៃទុក្ខដោយប្រពៃ យ៉ាង​នេះ​ហើយ នឹងចាំបាច់ធ្វើឥទ្ធិបាដិហារិយ៍ ដែលជាធម៌ដ៏ប្រសើរក្រៃលែង ជាង​ធម៌​របស់​មនុស្សធ្វើអ្វី ម្នាលមោឃបុរស អ្នកចូរមើលចុះ អំពើនេះជាកំហុសរបស់អ្នក។

[៣] សុនក្ខត្តលិច្ឆវិបុត្រ និយាយទៀតថា បពិត្រព្រះអង្គដ៏ចំរើន ព្រោះព្រះមានព្រះភាគ​ មិនបានបញ្ញត្តនូវច្បាប់ទំលាប់ [អដ្ឋកថា ថា លោកបញ្ញត្តិថា ច្បាប់ដ៏ប្រសើរ ដែលបុគ្គល​គួរ​ចេះ​ដឹង។] ដល់ខ្ញុំព្រះអង្គសោះ។ តថាគតក៏និយាយទៅវិញថា ម្នាលសុនក្ខត្តៈ ចុះ​តថាគត បានពោលនឹង​អ្នកយ៉ាងនេះថា ម្នាលសុនក្ខត្តៈ អ្នកចូរមកនៅពឹងផ្អែក នឹង​តថាគត​ចុះ តថាគត នឹង​បញ្ញត្តនូវច្បាប់ទំលាប់ដល់អ្នក ដូច្នេះដែរឬ។ សុនក្ខត្តលិច្ឆវិបុត្រ ឆ្លើយថា បពិត្រព្រះអង្គដ៏ចំរើន ព្រះអង្គនឹងបានមានព្រះបន្ទូលយ៉ាង​នុ៎ះ នឹងខ្ញុំព្រះអង្គ​ក៏​ទេ។ តថាគតនិយាយទៀតថា ចុះអ្នកបាននិយាយនឹងតថាគត យ៉ាងនេះថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន ខ្ញុំព្រះអង្គនឹងនៅពឹងផ្អែក នឹងព្រះមានព្រះភាគ ព្រះមានព្រះភាគ នឹង​បញ្ញត្តនូវច្បាប់ទំលាប់​ ដល់ខ្ញុំព្រះអង្គ ដូច្នេះដែរឬទេ។ សុនក្ខត្តលិច្ឆវិបុត្រទូលតបថា បពិត្រ​ព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គនឹងបានពោល​យ៉ាងនោះ នឹងព្រះអង្គក៏ទេ។ តថាគត​និយាយ​ថា នែសុនក្ខត្តៈ តថាគតឥតបាននិយាយ​នឹងអ្នក​ថា ម្នាលសុនក្ខត្តៈ អ្នកចូរ​មក​នៅពឹងផ្អែក នឹងតថាគតចុះ តថាគត នឹងបញ្ញត្តនូវច្បាប់ទំលាប់ ដល់​អ្នក​ ដូច្នេះទេ ចំណែក​ខាងអ្នក ក៏មិននិយាយ​នឹង​តថាគតថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ នឹងនៅ​ពឹងផ្អែក នឹងព្រះមានព្រះភាគ ព្រះមានព្រះភាគ នឹងបញ្ញត្តនូវច្បាប់ទំលាប់ដល់ខ្ញុំ ដូច្នេះ​ដែរ ម្នាល​មោឃបុរស កាលបើហេតុយ៉ាងនេះមានហើយ អ្នកឯងជាអុក ជាទុក្ខ ពោល​លា​អ្នកណា។ ម្នាលសុនក្ខត្តៈ អ្នកសំគាល់សេចក្តីនោះថាដូចម្តេច កាលបើតថាគត​បញ្ញត្ត​នូវ​ច្បាប់​ទំលាប់ក្តី មិនបានបញ្ញត្តនូវច្បាប់ទំលាប់ក្តី ធម៌ដែលតថាគតបានសំដែងហើយ ដើម្បី​​ជាប្រយោជន៍ ឲ្យអស់ទៅ​នៃទុក្ខណា ធម៌នោះ តែងដឹកនាំបុគ្គលអ្នកប្រព្រឹត្តតាម ឲ្យ​អស់​ទៅនៃទុក្ខនោះ ដោយប្រពៃ បានឬទេ។ សុនក្ខត្ត​លិច្ឆវិបុត្រ ទូលតបថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន កាលបើព្រះអង្គបញ្ញត្ត​នូវច្បាប់​ទំលាប់​ក្តី មិនបានបញ្ញត្តនូវច្បាប់ទំលាប់ក្តី ​ ធម៌​ដែល​​ព្រះមានព្រះភាគ ទ្រង់សំដែងហើយ ដើម្បី​ប្រយោជន៍ ឲ្យអស់ទៅ​នៃទុក្ខណា ធម៌​នោះ តែងដឹកនាំបុគ្គលអ្នកប្រព្រឹត្តតាមធម៌ ឲ្យអស់ទៅនៃទុក្ខនោះ ដោយប្រពៃបានមែន។ តថាគតនិយាយថា ម្នាលសុនក្ខត្តៈ កាលបើតថាគតបញ្ញត្តនូវច្បាប់ទំលាប់ក្តី មិនបាន​បញ្ញត្ត​​នូវច្បាប់ទំលាប់ក្តី ធម៌ដែលតថាគតបានសំដែងហើយ ដើម្បីប្រយោជន៍ ឲ្យអស់ទៅ​នៃទុក្ខណា ធម៌នោះ គង់នឹងដឹកនាំបុគ្គលអ្នកប្រព្រឹត្តតាមធម៌ ឲ្យអស់ទៅនៃទុក្ខនោះ ដោយ​ប្រពៃទេ​តើ។ ម្នាលសុនក្ខត្តៈ កាលបើ​ធម៌​ដែលតថាគតបានសំដែងហើយនោះ ប្រព្រឹត្ត​ទៅ ដើម្បីឲ្យអស់ទៅ​នៃទុក្ខដោយប្រពៃ យ៉ាងនេះ​ហើយ នឹងចាំបាច់​បញ្ញត្តច្បាប់​ទំលាប់​ធ្វើអ្វី ម្នាលមោឃបុរស អ្នកចូរ​មើល​ចុះ អំពើនេះជាកំហុសរបស់អ្នកឯង។ ម្នាល​សុនក្ខត្តៈ អ្នកបានពោលសរសើរគុណ នៃតថាគត​ក្នុងវជ្ជិគ្រាម ដោយអនេកបរិយាយថា ព្រះមានព្រះភាគនោះ ព្រះអង្គឆ្ងាយចាកសេចក្តីសៅហ្មង ព្រះអង្គត្រាស់ដឹងនូវ​ញេយ្យធម៌​ទាំងពួង ដោយប្រពៃចំពោះ​ព្រះអង្គ​ ព្រះអង្គបរិបូណ៌​ដោយវិជ្ជា និងចរណៈ គឺសេចក្តី​ចេះដឹង និងក្រិត្យដែលបុគ្គល​គប្បីប្រព្រឹត្ត ព្រះអង្គមានព្រះដំណើរល្អ ស្តេចទៅ​កាន់​ព្រះនិព្វាន ព្រះអង្គជ្រាបច្បាស់នូវត្រៃលោក ព្រះអង្គប្រសើរដោយសីលាទិគុណ រកបុគ្គល​ណាមួយស្មើគ្មាន ព្រះអង្គ ជាអ្នកទូន្មាននូវបុរសដែលគួរទូន្មានបាន ព្រះអង្គជាគ្រូនៃ​ទេវតា និងមនុស្ស​ទាំងឡាយ ព្រះអង្គត្រាស់ដឹងនូវអរិយសច្ចធម៌ ព្រះអង្គលែង​វិលមក​កាន់​​​ភព​ថ្មីទៀត ដូច្នេះៗ ម្នាលសុនក្ខត្តៈ អ្នកឯងបានពោលសរសើរគុណរបស់តថាគត ក្នុង​វជ្ជិគ្រាម ដោយអនេក​បរិយាយដូច្នេះឯង។ ម្នាលសុនក្ខត្តៈ អ្នកបានពោល​សរសើរ​គុណ​នៃព្រះធម៌ ក្នុងវជ្ជិគ្រាម ដោយ​អនេកបរិយាយថា ព្រះបរិយត្តិធម៌ ដែល​ព្រះមាន​ព្រះភាគ ទ្រង់ត្រាស់សំដែងហើយដោយល្អ ព្រះ​នវលោកុត្តរធម៌ ជាធម៌ដែល​ព្រះអរិយ​បុគ្គល គប្បីឃើញច្បាស់ដោយខ្លួនឯង ជាធម៌ឲ្យនូវផល មិនរង់ចាំកាល ជាធម៌​គួរដល់​ឯហិបស្សវិធី ជាធម៌ដែលព្រះអរិយបុគ្គល គប្បីបង្អោនចូលមកទុក​ក្នុងខ្លួន ជាធម៌​ដែល​អ្នកប្រាជ្ញទាំងឡាយ គប្បីដឹងច្បាស់ដោយខ្លួនឯង ម្នាលសុនក្ខត្តៈ អ្នកបាន​ពោលសរសើរ​គុណនៃ​ព្រះធម៌ ក្នុងវជ្ជិគ្រាម ដោយអនេកបរិយាយ ដូច្នេះឯង។ ម្នាលសុនក្ខត្តៈ អ្នកបាន​ពោលសរសើរគុណនៃ​ព្រះសង្ឃ ក្នុងវជ្ជិគ្រាម ដោយអនេកបរិយាយថា ពួកសាវ័ក​របស់​ព្រះមានព្រះភាគ លោកប្រតិបត្តិដោយប្រពៃ ពួកសាវ័ក​របស់​ព្រះមានព្រះភាគ លោក​ប្រតិបត្តិ​ដោយត្រង់ ពួកសាវ័ក​របស់​ព្រះមានព្រះភាគ លោកប្រតិបត្តិដើម្បីព្រះនិព្វាន ពួកសាវ័ក​របស់​ព្រះមានព្រះភាគ លោកប្រតិបត្តិដោយសមគួរ ពួកសាវ័កនេះ បើរាប់ជាគូ បាន៤គូ បើរាប់រៀងគ្នាជាបរសបុគ្គល បាន៨ ពួកសាវ័ក​របស់ព្រះមានព្រះភាគនេះ លោកគួរទទួល​នូវ​ចតុប្បច្ច័យ ដែលគេនាំមកអំពីចម្ងាយ ហើយបូជា លោកគួរទទួលនូវ​អាគន្តុកទាន លោកគួរ​ទទួល​នូវទាន ដែលបុគ្គលជឿនូវកម្ម និងផលនៃកម្ម ហើយបូជា លោកគួរដល់អញ្ជលិកម្ម លោកជា​បុញ្ញក្ខេត្ត នៃសត្វលោក រកខេត្តដទៃក្រៃលែងជាងគ្មាន ម្នាលសុនក្ខត្តៈ អ្នកបានពោលសរសើ​គុណ​នៃព្រះសង្ឃ ក្នុងវជ្ជិគ្រាម ដោយអនេក​បរិយាយ​ ដូច្នេះឯង។ ម្នាលសុនក្ខត្តៈ តថាគត នឹងប្រាប់ដល់​អ្នកឯង ម្នាលសុនក្ខត្តៈ តថាគត​នឹងពន្យល់​ឲ្យអ្នកដឹង ម្នាលសុនក្ខត្តៈ មុខជានឹងមានអ្នកផងស្តីឲ្យ​អ្នកថា សុនក្ខត្ត​លិច្ឆវិបុត្រ មិនអាចនឹងប្រព្រឹត្តព្រហ្មចរិយធម៌ ក្នុងសំណាក់នៃ​ព្រះសមណគោតម​បាន​ឡើយ លុះដល់គាត់មិនអាច (នឹងប្រព្រឹត្ត​ព្រហ្មចរិយធម៌) ក៏ពោលលាសិក្ខា ហើយនឹង​ត្រឡប់​​​ទៅកាន់ភេទដ៏ថោកទាបវិញ ម្នាលសុនក្ខត្តៈ ខ្លួនអ្នក មុខជានឹងមានអ្នកផងស្តីឲ្យ យ៉ាង​ដូច្នេះមិនខាន។ ម្នាលភគ្គវៈ សុនក្ខត្តលិច្ឆវិបុត្រ លុះដល់តថាគតស្តីថាឲ្យយ៉ាងនេះ ក៏គេច​ចេញ ចាកធម្មវិន័យនេះបាត់ទៅ ដូចសត្វដែលទៅកើតក្នុងអបាយ ឬទៅកើតក្នុង​នរក។

[៤] ម្នាលភគ្គវៈ សម័យមួយ តថាគតនៅក្នុងឧត្តរកានិគម របស់ពួកជនថូលុ ក្នុង​ថូលុ​ជនបទ​ឯណោះ។ ម្នាលភគ្គវៈ ក្នុងបុព្វណ្ហសម័យ តថាគតស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ មាន​សុនក្ខត្តលិច្ឆវិបុត្រ ជាបច្ឆាសមណៈ ដើរចូលទៅបិណ្ឌបាត ក្នុង​ឧត្តរកា​និគម។ ក៏សម័យ​នោះឯង មានអចេលម្នាក់ ជាកោរខត្តិយៈ [អដ្ឋកថា ថា ជាជាតិក្សត្រ មានបាទារួមចូលក្នុង។] សមាទានកុក្កុរវត្ត គឺប្រព្រឹត្តដូចសុនខ ដើរវារជើង៤ យកមាត់​ត្របាក់ស៊ី យកមាត់ស៊ីនូវភក្សាហារ ដែល​គេចាក់ចោលលើផែនដី។ ម្នាលភគ្គវៈ ឯ​សុនក្ខត្តលិច្ឆវិបុត្រ បានឃើញអចេលកោរខត្តិយៈ សមាទានកុក្កុរវត្ត ដើរវារជើង៤ កំពុង​យកមាត់ត្របាក់ស៊ី យកមាត់​ស៊ីនូវ​ភក្សាហារ ដែល​គេចាក់ចោលលើផែនដី។ លុះសុនក្ខត្ត​លិច្ឆវិបុត្រនោះ បានឃើញហើយ ក៏មានសេចក្តីត្រិះរិះ​ដូច្នេះថា អើហ្ន៎ សមណៈជា​ព្រះអរហន្តល្អពេកណាស់ ដើរវារជើង៤ យកមាត់ត្របាក់ស៊ី យក​មាត់​ស៊ីនូវភក្សាហារ ដែល​​គេចាក់ចោលលើផែនដី។ ម្នាលភគ្គវៈ លំដាប់នោះឯង តថាគតបានដឹង​ច្បាស់នូវ​សេចក្តីត្រិះរិះ ក្នុងចិត្ត​នៃសុនក្ខត្តលិច្ឆវិបុត្រ ដោយចិត្ត​ (របស់តថាគត) ហើយបាននិយាយ​នឹង​សុនក្ខត្តលិច្ឆវិបុត្រយ៉ាងនេះថា ម្នាលមោឃបុរស អ្នក​មិនសម​បើប្តេជ្ញា​ខ្លួនថាជា​សក្យបុត្តិយ៍​​សោះ​ឡើយ។ សុនក្ខត្តលិច្ឆវិបុត្រ និយាយថា បពិត្រព្រះអង្គដ៏ចំរើន ព្រោះ​ហេតុដូចម្តេច បានជាព្រះមាន​ព្រះភាគ ទ្រង់បន្ទោសខ្ញុំព្រះអង្គយ៉ាងនេះថា ម្នាល​មោឃបុរស អ្នក​មិនសម​បើនឹងប្តេជ្ញាខ្លួន ថាជា​សក្យបុត្តិយ៍​សោះឡើយ។ តថាគត​ ក៏និយាយ​ត្រឡប់ទៅវិញថា ម្នាលសុនក្ខត្តៈ ចុះអ្នកបានឃើញ​អចេលកោរខត្តិយៈ​នេះ សមាទាន​កុក្កុរវត្ត ដើរវារជើង៤ យកមាត់ត្របាក់ស៊ី យកមាត់ស៊ីនូវភក្សាហារ ដែល​គេចាក់​ចោលលើផែនដី។ លុះអ្នក​ឃើញហើយ ក៏មានសេចក្តីត្រិះរិះដូច្នេះថា អើហ្ន៎ សមណៈ​ជា​ព្រះអរហន្តល្អពេកណាស់ ដើរវារជើង៤ យកមាត់ត្របាក់ស៊ី យកមាត់ស៊ីនូវភក្សាហារ ដែល​គេចាក់ចោលលើផែនដី ដូច្នេះ មែនឬទេ។ សុនក្ខត្តលិច្ឆវិបុត្រ ទូលតបថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន កាលបើហេតុយ៉ាងនេះមានហើយ ហេតុអ្វី​ក៏​ព្រះមានព្រះភាគ កំណាញ់​ព្រះអរហត្តម្ល៉េះ។ តថាគតនិយាយតបថា ម្នាលមោឃបុរស តថាគត មិនមែនកំណាញ់​ព្រះអរហត្ត​ទេ តែថាទិដ្ឋិអាក្រក់យ៉ាងនេះ កើតឡើងដល់អ្នកហើយ ចូរអ្នក​លះបង់​ទិដ្ឋិ​អាក្រក់​នោះចេញ ទិដ្ឋិអាក្រក់ដែល​ប្រព្រឹត្តទៅដើម្បីមិនជាប្រយោជន៍ ជាទុក្ខអស់​កាលដ៏​យូរ​ កុំបី​មានដល់អ្នកឡើយ ម្នាលសុនក្ខត្តៈ អ្នកសំគាល់នូវអចេលកោរខត្តិយៈណា ថាជា​ព្រះអរហន្ត ជាសមណៈដូច្នេះ ឯអចេលនោះ នឹងធ្វើមរណកាល ដោយអលសកព្យាធិ [អដ្ឋកថា ថា ជម្ងឺ​ដែល​កើតអំពីសេចក្តីខ្ជិលច្រអូស។] ក្នុងថ្ងៃទី៧ពុំខាន លុះដល់គាត់ធ្វើ​មរណកាល​ទៅហើយ នឹងទៅ​កើតក្នុង​ពួកអសុរ ឈ្មោះកាលកញ្ជិកៈ ជាអសុរកាយ​ថោកទាប​ជាងគេទាំងអស់ ចំណែក​ខាងជន​ទាំងឡាយ នឹងនាំយកអចេល ដែលធ្វើមរណ​កាល​ហើយនោះ ទៅចោលក្នុងព្រៃស្មសាន ដែល​មានដើមស្បូវរណ្តាស។ ម្នាលសុនក្ខត្តៈ បើអ្នកចង់ដឹង គប្បីចូលទៅរកអចេលកោរខតិ្តយៈ ហើយ​សួរថា នែអាវុសោកោរខត្តិយៈ អ្នកដឹងគតិរបស់ខ្លួនដែរឬទេ ម្នាលសុនក្ខត្តៈ​ ហេតុនេះមានជាប្រាកដ គឺអចេលកោរ​ខត្តិយៈ មុខជានឹងប្រាប់អ្នកថា នែអាវុសោសុនក្ខត្តៈ ខ្ញុំដឹងគតិរបស់ខ្ញុំថា ខ្ញុំឯង លុះធ្វើ​មរណកាលទៅ នឹងទៅកើតក្នុងពួកអសុរឈ្មោះកាលកញ្ជិកៈ ជាអសុរកាយ​ថោកទាប​ជាង​គេ​​ទាំងអស់។ ម្នាលភគ្គវៈ សម័យនោះឯង សុនក្ខត្តលិច្ឆវិបុត្រ បានចូល​ទៅរក​អចេលកោរខត្តិយៈ លុះចូលទៅដល់ហើយ ក៏បាននិយាយនឹងអចេលកោរខត្តិយៈ យ៉ាង​នេះថា ម្នាល​អាវុសោ​កោរខត្តិយៈ ព្រះសមណគោតម ទ្រង់បានព្យាករឲ្យអ្នកថា អចេលកោរ​ខត្តិយៈ នឹងធ្វើមរណកាល​ ដោយអលសកព្យាធិក្នុងថ្ងៃទី៧ លុះដល់ធ្វើ​មរណកាល​ទៅហើយ នឹងទៅកើតក្នុងពួក​អសុរ ឈ្មោះ​កាលកញ្ជិកៈ ជាអសុរកាយ​ថោកទាប​ជាងគេទាំងអស់ ជនទាំងឡាយ នឹងនាំយកអចេល ដែលធ្វើ​មរណកាល​ហើយនោះ ទៅចោលឯព្រៃស្មសាន ដែលមានដើមស្បូវរណ្តាស ម្នាលអាវុសោ​កោរខត្តិយៈ ព្រោះហេតុនោះ គួរអ្នកបរិភោគភត្តាហារឲ្យល្មមៗ គួរផឹកទឹកឲ្យល្មមៗ ពាក្យ​របស់​​ព្រះ​សមណគោតម ត្រឡប់ទៅជាពាក្យខុសវិញយ៉ាងណា (អ្នកគប្បី​ធ្វើយ៉ាងនោះ)។ ម្នាលភគ្គវៈ គ្រានោះ​ឯង សុនក្ខត្តលិច្ឆវិបុត្រ មិនជឿពាក្យតថាគត​ ហើយក៏រាប់​តាំងអំពី​១ថ្ងៃ ២ថ្ងៃ រហូតដល់​៧យប់ ៧ថ្ងៃ។ ម្នាលភគ្គវៈ លំដាប់នោះឯង អចេលកោរខត្តិយៈ ក៏បានធ្វើមរណកាល ដោយអលសកព្យាធិ ក្នុងថ្ងៃទី៧ (នោះមែន) លុះធ្វើ​មរណកាល​ហើយ ក៏ទៅកើតក្នុងពួកអសុរឈ្មោះកាលកញ្ជិកៈ ជាអសុរកាយថោកទាបជាងគេ​ទាំង​អស់ ពួកមហាជន ក៏នាំគ្នាយកអចេល ដែលធ្វើមរណកាល​ហើយ​នោះ ទៅចោល​ក្នុងព្រៃ​ស្មសាន ដែលមានដើមស្បូវរណ្តាស។ ម្នាលភគ្គវៈ សុនក្ខត្តលិច្ឆវិបុត្រ បានឮដំណឹងថា អចេលកោរខត្តិយៈ បានធ្វើមរណកាល ដោយអលសកព្យាធិ ពួកមនុស្សបាន​នាំ​យក​ទៅ​ចោលឯព្រៃស្មសាន ដែលមានដើមស្បូវរណ្តាស។ ម្នាលភគ្គវៈ លំដាប់នោះឯង សុនក្ខត្ត​លិច្ឆវិបុត្រ ក៏ដើរចូលទៅរកអចេលកោរក្ខត្តិយៈ ក្នុងព្រៃស្មសាន ដែលមានដើម​ស្បូវ​រណ្តាស លុះចូលទៅដល់ហើយ  ក៏យកដៃទះសាកសពអចេលកោរក្ខត្តិយៈ៣ដង សួរថា ម្នាលអាវុសោ​កោរក្ខត្តិយៈ អ្នកដឹងគតិរបស់ខ្លួនឬទេ។ ម្នាលភគ្គវៈ សម័យនោះឯង សាកសព​អចេលកោរក្ខត្តិយៈ យកដៃបោសខ្នង ក្រោកឡើងប្រាប់ថា ម្នាល​អាវុសោ​សុនក្ខត្តៈ ខ្ញុំដឹងគតិ​របស់ខ្ញុំថា  ខ្ញុំបានមកកើតក្នុងពួកអសុរឈ្មោះកាលកញ្ជិកៈហើយ ជា​អសុរកាយ​​ថោកទាបជាងគេ​ទាំងអស់ [អដ្ឋកថា ថា សាកសពអចេលកោរក្ខត្តិយៈ ដែល​ស្លាប់ហើយ ត្រឡប់​ក្រោកឡើង និយាយតបមក​នឹង​សុនក្ខត្តលិច្ឆវិបុត្រវិញបាននេះ ក៏​ដោយ​អានុភាព​របស់​ព្រះពុទ្ធ​ជាម្ចាស់។ មានដំណាលថា ព្រះមាន​ព្រះភាគ បាននាំយក​អចេលកោរក្ខត្តិយៈ ពីកំណើត​អសុរកាយ មកបញ្ចូលក្នុងរូបខ្មោចអចេលនោះ ឲ្យនិយាយ​កើត ព្រោះហេតុនោះ បានជាខ្មោច​អចេលកោរក្ខត្តិយៈ និយាយបាន] ដូច្នេះរួចហើយ ក៏ដួលដេកផ្ងារស្រទាង ក្នុងទីនោះទៅវិញ។  ម្នាលភគ្គវៈ គ្រានោះឯង សុនក្ខត្តលិច្ឆវិបុត្រ ក៏ចូលមករកតថាគត លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំតថាគត រួចអង្គុយក្នុងទីសមគួរ។ ម្នាលភគ្គវៈ លុះសុនក្ខត្តលិច្ឆវិបុត្រ អង្គុយក្នុងទីដ៏សមគួរហើយ តថាគតក៏សួរយ៉ាងនេះថា ម្នាលសុនក្ខត្តៈ អ្នកសំគាល់សេចក្តីនោះ ថាដូចម្តេច តថាគតបាន​ប្រារព្ធព្យាករណ៍ នូវអចេលកោរខត្តិយៈ ប្រាប់អ្នកយ៉ាងណាមិញ វិបាក​នោះ ក៏ពិតដូច្នោះមែន មិនបាន​ទៅ​ជាខុសវិញទេឬ។ សុនក្ខត្តលិច្ឆវិបុត្រ ក៏ទូលតបមកវិញថា បពិត្រព្រះអង្គដ៏ចំរើន ព្រះមានព្រះភាគ ទ្រង់ប្រារព្ធព្យាករណ៍ នូវអចេលកោរក្ខត្តិយៈ ប្រាប់ខ្ញុំព្រះអង្គ​យ៉ាងណា វិបាកនោះ ក៏ពិតដូច្នោះមែន មិនមែនផ្សេងទេ។ តថាគតសួរថា ម្នាលសុនក្ខត្តៈ អ្នក​សំគាល់សេចក្តីនោះថាដូចម្តេច បើហេតុយ៉ាងនេះមានហើយ តើតថាគត ឈ្មោះ​ថាបាន​ធ្វើ​ឥទ្ធិបាដិហារិយ៍ ជាធម៌ដ៏ប្រសើរ​ ក្រៃលែងជាងធម៌របស់មនុស្សហើយ ឬមិនមែនបាន​ធ្វើទេ។ សុនក្ខត្តលិច្ឆវិបុត្រ ទូលតបថា បពិត្រព្រះអង្គដ៏ចំរើន កាលបើហេតុយ៉ាងនេះ​មាន​ហើយ ឈ្មោះថា ព្រះអង្គបានធ្វើឥទ្ធិបាដិហារិយ៍ ជាធម៌ដ៏ប្រសើរ ក្រៃលែង ជាងធម៌​របស់​មនុស្ស​ពិតមែនហើយ។ មិនមែនថាព្រះអង្គមិនធ្វើទេ។ តថាគតនិយាយតបថា ម្នាល​មោឃបុរស កាលបើ​ដូច្នោះមែន (ចុះដូចម្តេច) ក៏អ្នកនិយាយនឹងតថាគត ដែលជា​អ្នក​ធ្វើឥទ្ធិបាដិហារិយ៍ ជាធម៌ដ៏ប្រសើរ​ក្រៃលែងជាងធម៌របស់មនុស្ស យ៉ាងនេះថា បពិត្រ​ព្រះអង្គដ៏ចំរើន ព្រះមានព្រះភាគ ពិតជាមិន​ធ្វើឥទ្ធិបាដិហារិយ៍ ជាធម៌ដ៏ប្រសើរ​ក្រៃលែង​ជាង​ធម៌របស់មនុស្ស ដល់ខ្ញុំព្រះអង្គទេ ម្នាលមោឃបុរស អ្នកចូរមើលចុះ អំពើនេះ ជា​កំហុសរបស់អ្នក។ ម្នាលភគ្គវៈ ឯសុនក្ខត្តលិច្ឆវិបុត្រ កាលតថាគតស្តី​ឲ្យយ៉ាងនេះ ក៏គេច​ចេញ​ចាកធម្មវិន័យនេះបាត់ទៅ ដូចជាសត្វដែល​ទៅកើតក្នុងអបាយ ឬទៅកើត​ក្នុងនរក។

[៥] ម្នាលភគ្គវៈ សម័យមួយ តថាគតឋិតនៅក្នុងកូដាគារសាលា ក្នុងព្រៃមហាវ័ន ជិតក្រុង​វេសាលី។ សម័យនោះឯង មានអចេលម្នាក់ ឈ្មោះកឡារមជ្ឈកៈ [អដ្ឋកថា ថា ជាអ្នក​ដុសខាត់ធ្មេញ ដែលលៀនចេញមកក្រៅ។] នៅអាស្រ័យក្នុងក្រុងវេសាលី ជាអ្នកបាន​លាភ និងយសដ៏ប្រសើរ ក្នុងវជ្ជិគ្រាម។ ចំណែកវត្តទាំង៧ អចេលនោះ ក៏បានសមាទាន​សព្វគ្រប់ថា អាត្មាអញគួរជាអ្នក​អាក្រាត មិនត្រូវស្លៀកដណ្តប់សំពត់​ដរាបដល់អស់ជីវិត១ អាត្មាអញ គួរប្រព្រឹត្តធម៌ដ៏ប្រសើរ មិនត្រូវ​សេពមេថុនធម្ម ដរាបដល់អស់ជីវិត១ អាត្មាអញ​គួរ​ចិញ្ចឹមជីវិតដោយសុរា និងសាច់តែម្យ៉ាង មិនត្រូវ​បរិភោគ​បាយ និងនំ​ដរាបដល់​អស់​ជីវិត១ អាត្មាអញ មិនត្រូវបោះបង់ចោលនូវ​ឧទេនចេតិយ ខាង​កើតក្រុងវេសាលី១ អាត្មា​អញ មិនត្រូវបោះបង់ចោលនូវគោតមចេតិយ ខាងត្បូងក្រុងវេសាលី១ អាត្មាអញ មិនត្រូវ​បោះបង់ចោលនូវសត្តម្ពចេតិយ ខាងលិចក្រុងវេសាលី១ អាត្មាអញ មិនត្រូវបោះបង់​ចោល​នូវពហុបុត្តកចេតិយ ខាងជើងក្រុងវេសាលី១ ព្រោះហេតុដែលប្រព្រឹត្ត​សមាទាន នូវ​ចំណែកវត្តទាំង៧នេះហើយ ទើបអចេលនោះ បាននូវលាភ និងយសដ៏ប្រសើរ ក្នុង​វជ្ជិគ្រាម។ ម្នាលភគ្គវៈ គ្រានោះឯង សុនក្ខត្តលិច្ឆវិបុត្រ បានចូលទៅ​រក​អចេលក​ឡារមជ្ឈកៈ លុះចូលទៅដល់ហើយ ក៏សួរប្រស្នានឹង​អចេលកឡារមជ្ឈកៈ។ លុះ​សុនក្ខត្ត​លិច្ឆវិបុត្រ​សួរ​ប្រស្នា​​យ៉ាង​នោះហើយ អចេលកឡារមជ្ឈកៈ ក៏ឆ្លើយដោះស្រាយ​ប្រស្នា​នោះមិនរួច កាលបើឆ្លើយមិនរួច​ហើយ ក៏ធ្វើនូវសេចក្តីក្រេវក្រោធផង ប្រទូស្តផង សេចក្តីមិនត្រេកអរផង ឲ្យប្រាកដឡើង។ ម្នាលភគ្គវៈ លំដាប់នោះឯង សុនក្ខត្តលិច្ឆវិបុត្រ មានសេចក្តីត្រិះរិះ​យ៉ាងនេះថា ឱហ្ន៎ អាត្មាអញ បានដេញ​ដោល នូវអរហន្តសមណៈ មាន​សភាពដ៏ល្អ ធ្វើដូចម្តេចហ្ន៎ អំពើដែលប្រព្រឹត្តទៅ ដើម្បីមិនជាប្រយោជន៍ ដើម្បីសេចក្តី​ទុក្ខ​អស់កាលជាយូរអង្វែង កុំបីមានដល់អាត្មាអញឡើយ។ ម្នាលភគ្គវៈ លំដាប់នោះ​ សុនក្ខត្ត​លិច្ឆវិបុត្រ បានចូលមករកតថាគត លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំតថាគត រួច​អង្គុយក្នុងទីសមគួរ។ ម្នាលភគ្គវៈ លុះសុនក្ខត្តលិច្ឆវិបុត្រ អង្គុយក្នុងទីសមគួរហើយ តថាគត ក៏បាន​ពោលពាក្យនេះថា ម្នាលមោឃបុរស អ្នកមិនសមបើមកប្តេជ្ញាខ្លួន ថាជា​សក្យបុត្តិយ៍សោះឡើយ។ សុនក្ខត្តលិច្ឆវិបុត្រ បាននិយាយថា បពិត្រព្រះអង្គដ៏ចំរើន ព្រោះ​ហេតុអ្វី បានជាព្រះមានព្រះភាគ ទ្រង់បន្ទោសខ្ញុំព្រះអង្គយ៉ាងនេះថា ម្នាល​មោឃបុរស អ្នកមិនសមបើមកប្តេជ្ញាខ្លួន ថាជាសក្យបុត្តិយ៍សោះឡើយ។ តថាគត ក៏ត្រឡប់​​និយាយ​ទៅវិញទៀតថា ម្នាលសុនក្ខត្តៈ ក្រែងអ្នក​បានចូល​ទៅរកអចេលកឡារ​មជ្ឈកៈ ហើយសួរប្រស្នា ឯ​អចេលកឡារមជ្ឈកៈ លុះដល់អ្នក​សួរ​ប្រស្នា​ហើយ ក៏រកឆ្លើយ​ដោះប្រស្នាមិនរួច កាលបើឆ្លើយដោះប្រស្នាមិនរួច​ហើយ ក៏បានធ្វើនូវសេចក្តី​ក្រេវ​ក្រោធ​ផង ប្រទូស្តផង សេចក្តីមិនត្រេកអរផង ឲ្យប្រាកដឡើង អ្នកមានសេចក្តីត្រិះរិះ​យ៉ាងនេះ​ថា ឱហ្ន៎ អាត្មាអញ បានដេញ​ដោល នូវអរហន្តសមណៈ ដែលមានសភាពដ៏ល្អ ធ្វើ​ដូចម្តេច​ហ្ន៎ អំពើ​ដែល​ប្រព្រឹត្តទៅ ដើម្បីមិនជាប្រយោជន៍ ដើម្បីសេចក្តីទុក្ខអស់​កាល​ជាយូរ​អង្វែង កុំបីមាន​ដល់​អាត្មា​អញ​ឡើយ ដូច្នេះមែនឬ។ ឯសុនក្ខត្តលិច្ឆវិបុត្រ ក៏ត្រឡប់​ទូលថា ព្រះករុណាព្រះអង្គ បពិត្រព្រះអង្គដ៏ចំរើន ចុះព្រះមានព្រះភាគ ទ្រង់កំណាញ់​ព្រះអរហត្តឬអ្វី។ តថាគតនិយាយ​ថា ម្នាលមោឃបុរស តថាគតមិនមែន​កំណាញ់​អរហត្តទេ តែទិដ្ឋិអាក្រក់យ៉ាងនេះ កើតឡើងដល់​អ្នកទេតើ អ្នកចូរលះបង់នូវ​ទិដ្ឋិអាក្រក់​នោះចេញ ទិដ្ឋិអាក្រក់ដែលប្រព្រឹត្តទៅ ដើម្បីមិនជាប្រយោជន៍ ជាទុក្ខអស់កាលដ៏យូរ កុំបី​មានដល់អ្នកឡើយ។ តថាគតនិយាយទៀតថា ម្នាលសុនក្ខត្តៈ អ្នកឯង​សំគាល់នូវ​អចេលកឡារមជ្ឈកៈណាជាអរហន្តសមណៈ មានសភាពដ៏ប្រសើរដូច្នេះ មិនយូរ​ប៉ុន្មាន អចេលនោះ មុខជានឹងត្រឡប់ទៅជាអ្នកស្លៀកសំពត់ មានប្រពន្ធកូន បរិភោគបាយ និងនំ លះបង់​ចោលនូវចេតិយទាំងអស់ ដែលមាននៅជិតក្រុងវេសាលី និងសាបសូន្យចាក​យស ហើយធ្វើ​មរណ​កាលទៅ។ ម្នាលភគ្គវៈ លំដាប់នោះឯង អចេលកឡារមជ្ឈកៈ មិន​យូរប៉ុន្មាន ត្រឡប់ទៅជាអ្នក​ស្លៀក​សំពត់ មានប្រពន្ធកូន បរិភោគបាយ និងនំ លះបង់​ចោលនូវចេតិយទាំងអស់ ដែលមាននៅ​ជិត​ក្រុង​វេសាលី ជាអ្នកសាបសូន្យចាកយស ហើយធ្វើ​មរណ​កាលទៅ ដូច្នោះមែន។ ម្នាលភគ្គវៈ សុនក្ខត្តលិច្ឆវិបុត្រ បានឮដំណឹងថា អចេលកឡារមជ្ឈកៈ ត្រឡប់ទៅជាអ្នក​ស្លៀក​សំពត់ មានប្រពន្ធកូន បរិភោគបាយ និងនំ លះបង់​ចោលនូវចេតិយទាំងអស់ ដែលមាននៅ​ជិត​ក្រុង​វេសាលី ជាអ្នកសាបសូន្យចាក​យស ហើយធ្វើ​មរណ​កាលទៅដែរ។ ម្នាលភគ្គវៈ គ្រានោះឯង សុនក្ខត្តលិច្ឆវិបុត្រ ចូល​មករកតថាគត លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំតថាគត រួច​អង្គុយក្នុងទីសមគួរ។ ភគ្គវៈ លុះសុនក្ខត្តលិច្ឆវិបុត្រ អង្គុយក្នុងទីសមគួរហើយ តថាគតក៏បាន​សួរ​យ៉ាងនេះថា ម្នាល​សុនក្ខត្តៈ អ្នកសំគាល់សេចក្តីនោះថាដូចម្តេច តថាគត បានប្រារព្ធព្យាករណ៍​ នូវ​អចេលកឡារ​មជ្ឈកៈប្រាប់អ្នកយ៉ាងណា វិបាកនោះ ក៏ពិតដូច្នោះមែន មិនមែនទៅជា​ផ្សេង​វិញទេឬ។ ឯសុនក្ខត្តលិច្ឆវិបុត្រ បានឆ្លើយតបថា បពិត្រព្រះអង្គដ៏ចំរើន ព្រះមាន​ព្រះភាគ ទ្រង់ប្រារព្ធព្យាករណ៍ នូវអចេលកឡារមជ្ឈកៈប្រាប់ខ្ញុំព្រះអង្គយ៉ាងណា វិបាក​នោះ ក៏ពិតដូច្នោះមែន មិនមែន​ទៅជា​ផ្សេង​វិញទេ។ តថាគត ក៏និយាយថា ម្នាលសុនក្ខត្តៈ អ្នកសំគាល់សេចក្តីនោះ ថាដូចម្តេច កាលបើហេតុ​យ៉ាងនេះមានហើយ តើឈ្មោះថា តថាគតបានធ្វើឥទ្ធិបាដិហារិយ៍ ជាធម៌ដ៏ប្រសើរក្រៃលែង ជាង​ធម៌​របស់មនុស្សហើយ ឬថាមិនបានធ្វើទេ។ សុនក្ខត្តលិច្ឆវិបុត្រ ក៏ទូលតបថា បពិត្រព្រះអង្គដ៏ចំរើន កាលបើហេតុ​យ៉ាងនេះមានហើយ ឈ្មោះថា ព្រះអង្គបានធ្វើឥទ្ធិបាដិហារិយ៍ ជាធម៌ដ៏ប្រសើរ​ក្រៃលែង ជាង​ធម៌​របស់មនុស្សពិតមែនហើយ មិនមែនថាព្រះអង្គមិនធ្វើទេ។ តថាគតពោលថា ម្នាលមោឃបុរស កាលបើហេតុយ៉ាងនោះទេ ចុះដូចម្តេចក៏អ្នកនិយាយនឹងតថាគត ដែល​ជា​អ្នក​ធ្វើ​ឥទ្ធិបាដិហារិយ៍ ជាធម៌ដ៏ប្រសើរក្រៃលែង ជាង​ធម៌​របស់មនុស្សយ៉ាងនេះថា បពិត្រ​ព្រះអង្គដ៏ចំរើន ព្រះមានព្រះភាគ មិនធ្វើឥទ្ធិបាដិហារិយ៍ ជាធម៌ដ៏ប្រសើរក្រៃលែង ជាង​ធម៌​របស់មនុស្ស ដល់ខ្ញុំព្រះអង្គ​សោះ ម្នាលមោឃបុរស អ្នកចូរមើលចុះ អំពើនេះ ជាកំហុសរបស់អ្នកហើយ។ ម្នាលភគ្គវៈ ឯសុនក្ខត្តលិច្ឆវិបុត្រ កាលបើតថាគត​ស្តីថា​ឲ្យ​យ៉ាងនេះ ក៏គេចចេញចាកធម្មវិន័យ​នេះបាត់ទៅ ដូចជាសត្វដែលទៅកើត​ក្នុងអបាយ ឬទៅ​កើតក្នុងនរក។

[៦] ម្នាលភគ្គវៈ សម័យមួយ តថាគតឋិតនៅក្នុងកូដាគារសាលា នាព្រៃមហាវ័ន ជិតក្រុង​វេសាលីឯណោះ។ សម័យនោះឯង អចេលបាដិកបុត្រ នៅអាស្រ័យក្នុងក្រុងវេសាលី ជាអ្នក​​បាន​លាភ និងយសដ៏ប្រសើរ ក្នុងវជ្ជិគ្រាម។ អចេលបាដិកបុត្រនោះ ពោលពាក្យ​ក្នុង​កណ្តាលបរិសទ្យ ក្រុងវេសាលីយ៉ាងនេះថា ព្រះសមណគោតម ជាញាណវាទ (អ្នក​ពោលដោយប្រាជ្ញា) ឯយើង​ក៏ជាញាណវាទដែរ អ្នកដែលជាញាណវាទ និងអ្នកដែល​ជា​ញាណវាទដូចគ្នា គួរនឹងសំដែង​​ឥទ្ធិបាដិហារិយ៍ ជាធម៌ដ៏ប្រសើរក្រៃលែង ជាងធម៌របស់​មនុស្សតគ្នា តែព្រះសមណគោតម គួរ​មកកាន់ទីពាក់កណ្តាលផ្លូវ ឯយើងក៏គួរទៅដល់​ទីពាក់កណ្តាលផ្លូវដែរ ហើយយើងទាំងពីរ​នាក់​នោះ នឹងធ្វើ​ឥទ្ធិបាដិហារិយ៍ ជាធម៌ដ៏​ប្រសើរ​ក្រៃលែង ជាងធម៌របស់មនុស្ស ក្នុងទីដែល​ជួបគ្នានោះ បើព្រះសមណគោតម នឹងធ្វើ​ឥទ្ធិបាដិហារិយ៍ ជាធម៌ដ៏ប្រសើរក្រៃលែង ជាងធម៌របស់មនុស្សបាន១ យើង​អាច​នឹងធ្វើបានពីរ បើព្រះសមណគោតម នឹងធ្វើ​ឥទ្ធិបាដិហារិយ៍ ជាធម៌ដ៏ប្រសើរក្រៃលែង ជាង​ធម៌របស់មនុស្សបានពីរ យើងអាចនឹងធ្វើបាន៤ បើព្រះសមណគោតម នឹងធ្វើ​ឥទ្ធិបាដិហារិយ៍ ជាធម៌ដ៏ប្រសើរក្រៃលែង ជាងធម៌របស់មនុស្សបាន៤ យើងអាច​នឹង​ធ្វើបាន៨។ បើព្រះសមណគោតម នឹងធ្វើ​ឥទ្ធិបាដិហារិយ៍ ជាធម៌ដ៏ប្រសើរក្រៃលែង ជាង​ធម៌របស់មនុស្សបានប៉ុន្មានៗ យើងអាចនឹងធ្វើបានទ្វេគុណៗជាងនោះៗទៅទៀតថា ដោយ​ប្រការដូច្នេះឯង។ ម្នាលភគ្គវៈ ព្រោះហេតុនោះឯង បានជាសុនក្ខត្តលិច្ឆវិបុត្រ ចូល​មក​រក​តថាគត លុះចូលមកដល់ហើយ ក៏ថ្វាយបង្គំតថាគត រួច​អង្គុយក្នុងទីសមគួរ។ ម្នាលភគ្គវៈ លុះសុនក្ខត្តលិច្ឆវិបុត្រ អង្គុយក្នុងទីសមគួរហើយ ក៏បាននិយាយនឹង​តថាគត​យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន អចេលបាដិកបុត្រ នៅអាស្រ័យក្នុងក្រុងវេសាលី ជាអ្នក​បាន​លាភ និងយសដ៏ប្រសើរ ក្នុងវជ្ជិគ្រាម អចេលបាដិកបុត្រនោះ ក៏ពោលពាក្យ​ក្នុងកណ្តាលបរិសទ្យ ក្រុងវេសាលី យ៉ាងនេះថា ព្រះសមណគោតម ជាញាណវាទ ឯយើង​​ក៏ជាញាណវាទដែរ អ្នកដែលជាញាណវាទ និងអ្នកដែលជាញាណវាទដូចគ្នា គួរនឹងសំដែង​​ឥទ្ធិបាដិហារិយ៍ ជាធម៌​ដ៏ប្រសើរក្រៃលែង ជាងធម៌របស់មនុស្សតគ្នា តែ​ព្រះសមណគោតម គួរ​មកកាន់ទីពាក់កណ្តាលផ្លូវ ឯយើងក៏គួរទៅកាន់ទីពាក់កណ្តាល​ផ្លូវដែរ ហើយយើងទាំងពីរ​នាក់​នោះ នឹងធ្វើ​ឥទ្ធិបាដិហារិយ៍ ជាធម៌ដ៏ប្រសើរក្រៃលែង ជាង​ធម៌​របស់មនុស្ស ក្នុងទីដែល​ជួបគ្នានោះ បើព្រះសមណគោតម នឹងធ្វើ​ឥទ្ធិបាដិហារិយ៍ ជាធម៌ដ៏ប្រសើរក្រៃលែង ជាងធម៌របស់មនុស្សបាន១ យើងអាចនឹងធ្វើបាន២។ សេចក្តី​បំប្រួញ។ យើងអាចនឹងធ្វើឲ្យជាទ្វេគុណៗជាងនោះៗទៅទៀតបាន។ ម្នាលភគ្គវៈ កាលបើ​សុនក្ខត្តលិច្ឆវិបុត្រ ពោលពាក្យយ៉ាងនេះហើយ តថាគតក៏និយាយនឹង​សុនក្ខត្តលិច្ឆវិបុត្រ យ៉ាងនេះថា ម្នាលសុនក្ខត្តៈ អចេលបាដិកបុត្រ បើមិនលះបង់វាចានោះ មិនលះបង់ចិត្ត​នោះ មិនលះបង់ទិដ្ឋិនោះចេញទេ ក៏មិនគួរនឹងមកកាន់ទីចំពោះមុខ​តថាគតឡើយ បើ​ប្រសិន​ជា​អចេលបាដិកបុត្រនោះ តាំងចិត្តយ៉ាងនេះថា អាត្មាអញមិន​លះបង់វាចានោះ មិនលះបង់ចិត្តនោះ មិនលះបង់ទិដ្ឋិនោះចេញទេ ហើយគប្បីទៅកាន់ទីចំពោះមុខ​នៃ​ព្រះសមណគោតមដូច្នេះ ក្បាល​របស់​អចេលបាដិកបុត្រនោះ មុខជានឹងធ្លាក់ចុះ [អដ្ឋកថា ថា ក្បាលគប្បីធ្លាក់ចុះអំពីក ដូចជា​ផ្លែត្នោតទុំ ជ្រុះអំពីទង ឬគប្បី​ចែកចេញជា៧ភាគ។]។ សុនក្ខត្តលិច្ឆវិបុត្រ ក៏និយាយទៀតថា បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ​រក្សា​នូវ​វាចា​នុ៎ះ សូមព្រះសុគតរក្សានូវវាចានុ៎ះ។ តថាគត ​និយាយថា ម្នាលសុនក្ខត្តៈ ព្រោះ​ហេតុ​អ្វី បានជាអ្នកនិយាយនឹងតថាគតយ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន សូម​ព្រះមាន​ព្រះភាគ​​រក្សានូវវាចានុ៎ះ សូមព្រះសុគតរក្សានូវវាចានុ៎ះ។ សុនក្ខត្តលិច្ឆវិបុត្រ ទូល​តបថា បពិត្រ​ព្រះអង្គដ៏ចំរើន ព្រះមានព្រះភាគបានពោលនូវវាចា​នុ៎ះ ដោយដាច់ខាត​ដូច្នេះថា អចេលបាដិកបុត្រ បើមិនលះបង់វាចានោះ មិនលះបង់ចិត្តនោះ មិនលះបង់​ទិដ្ឋិ​នោះ​ចេញទេ មិនគួរនឹងមកកាន់ទីចំពោះមុខ​តថាគតបានឡើយ បើប្រសិនជា​អចេលបាដិក​បុត្រ​​នោះ តាំងចិត្តយ៉ាងនេះថា អាត្មាអញមិន​លះបង់វាចានោះ មិនលះបង់ចិត្តនោះ មិន​លះ​បង់ទិដ្ឋិនោះចេញទេ ហើយគប្បីទៅកាន់ទីចំពោះមុខ​នៃព្រះសមណគោតមដូច្នេះ ក្បាល​​របស់​អចេលបាដិកបុត្រនោះ មុខជានឹងធ្លាក់ចុះ។ បពិត្រព្រះអង្គដ៏ចំរើន ប្រសិនបើ​អចេលបាដិកបុត្រ​នឹងមកកាន់ទីចំពោះព្រះភក្ត្រព្រះមានព្រះភាគ ដោយរូបប្លែក [អដ្ឋកថា ថា រូបដែលកំបាំងបាត់ មើល​មិនឃើញ ឬរូបប្លែក មានរូបសីហៈ និងខ្លាជាដើម។] បាន ពាក្យរបស់ព្រះមានព្រះភាគ នឹងត្រឡប់​ទៅជាពាក្យមុសាវិញ។ តថាគតក៏និយាយទៀត​ថា ម្នាលសុនក្ខត្តៈ វាចាណា មានដំណើរ​បែកជាពីរផ្លូវ តថាគតគប្បី​ពោលវាចានោះ​ដែរ​ឬ​ទេ។ សុនក្ខត្តលិច្ឆវិបុត្រ ក៏ទូលតបថា បពិត្រព្រះអង្គដ៏ចំរើន ព្រះមានព្រះភាគ ទ្រង់​បាន​កំណត់​ជ្រាបចិត្ត​របស់​អចេលបាដិកបុត្រ ដោយព្រះហឫទ័យរបស់ព្រះអង្គថា​អចេល​បាដិក​បុត្រ បើមិនលះបង់វាចានោះ មិនលះបង់ចិត្តនោះ មិនលះបង់ទិដ្ឋិ​នោះចេញ​ទេ មិនគួរនឹងមកកាន់ទីចំពោះមុខ​តថាគតបានឡើយ បើប្រសិនជា​អចេលបាដិកបុត្រ​នោះ តាំងចិត្តយ៉ាងនេះថា អាត្មាអញមិន​លះបង់វាចានោះ មិនលះបង់ចិត្តនោះ មិន​លះបង់​ទិដ្ឋិនោះ ហើយគប្បីទៅកាន់ទីចំពោះមុខ​នៃព្រះសមណគោតមដូច្នេះ ក្បាល​របស់​អចេល​បាដិកបុត្រនោះ មុខជានឹងធ្លាក់ចុះ ដូច្នេះឬ ឬក៏ទេវតាទាំងឡាយ មកក្រាបបង្គំទូល​សេចក្តី​នុ៎ះ ចំពោះព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន អចេលបាដិកបុត្រ បើមិន​លះបង់វាចានោះ មិនគួរ​នឹង។បេ។ ក្បាល​របស់​អចេលបាដិកបុត្រនោះ មុខជានឹង​ធ្លាក់​ចុះ។ តថាគត ពោលថា ម្នាលសុនក្ខត្តៈ តថាគត បានកំណត់ដឹងចិត្ត​របស់អចេលបាដិក​បុត្រ ដោយចិត្ត​របស់តថាគតថា អចេលបាដិកបុត្រ​ បើ​មិនលះបង់វាចានោះ មិនលះបង់​ចិត្តនោះ មិនគួរនឹង។បេ។ ក្បាល​របស់​អចេលបាដិកបុត្រនោះ មុខជានឹងធ្លាក់ចុះ ដូច្នេះ​ផង ទាំងពួកទេវតា ក៏ប្រាប់ដំណើរនុ៎ះ ដល់តថាគតថា បពិត្រព្រះអង្គដ៏ចំរើន អចេល​បាដិក​បុត្រ បើ​មិនលះបង់វាចានោះ មិនគួរនឹង។បេ។ ក្បាល​របស់​អចេលបាដិកបុត្រនោះ មុខជានឹងធ្លាក់ចុះ ដូច្នេះផង។ មិនតែប៉ុណ្ណោះ បុរសឈ្មោះអជិត ជាសេនា​បតីរបស់​ពួកស្តេចលិច្ឆវី ទើបនឹងធ្វើមរណកាលថ្មីៗ ទៅកើតក្នុងពួកទេវតាជាន់តាវត្តិង្ស ឯ​អជិត​សេនាបតីនោះ ក៏ចូលមករកតថាគត ហើយប្រាប់យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន អចេលបាដិកបុត្រ ឥតមានសេចក្តីអៀនខ្មាស បពិត្រព្រះអង្គដ៏ចំរើន អចេលបាដិកបុត្រ តែងពោល​ពាក្យកុហក បពិត្រព្រះអង្គដ៏ចំរើន អចេលបាដិកបុត្រ បានទាយឲ្យខ្ញុំព្រះអង្គ​ថា អជិតសេនាបតី របស់​ពួកស្តេចលិច្ឆវី ក្នុងវជ្ជិគ្រាម ទៅកើតក្នុងមហានរកដូច្នេះ បពិត្រ​ព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ មិនមែនទៅកើតក្នុងមហានរកឡើយ បានទៅកើតក្នុងពួក​ទេវតា ជាន់តាវត្តិង្សទេតើ បពិត្រព្រះអង្គដ៏ចំរើន អចេលបាដិកបុត្រ ឥតមាន​សេចក្តី​អៀនខ្មាស​ទេ បពិត្រព្រះអង្គដ៏ចំរើន អចេលបាដិកបុត្រ តែងពោល​ពាក្យកុហក បពិត្រ​ព្រះអង្គ​ដ៏ចំរើន អចេលបាដិកបុត្រ បើមិនលះបង់​​វាចានោះ មិនគួរនឹង។បេ។ ក្បាល​របស់​អចេលបាដិកបុត្រនោះ មុខជានឹងធ្លាក់ចុះមិនខាន។ ម្នាលសុនក្ខត្តៈ តថាគតបានកំណត់​ដឹង​ចិត្តរបស់អចេលបាដិកបុត្រ ដោយចិត្តថា អចេលបាដិកបុត្រ បើមិនលះបង់វាចានោះ មិនលះបង់​ចិត្តនោះ មិនលះបង់ទិដ្ឋិនោះចេញទេ មិនគួរនឹងមកកាន់ទី ចំពោះ​មុខតថាគត​ឡើយ បើប្រសិនជាអចេលបាដិកបុត្រ តាំងចិត្តយ៉ាងនេះថា អាត្មាអញ​ មិនលះបង់​វាចានោះ មិនលះបង់​ចិត្តនោះ មិនលះបង់ទិដ្ឋិនោះចេញ ហើយគប្បីទៅកាន់ទីចំពោះ​ព្រះភក្ត្រនៃព្រះសមណគោតម ដូច្នេះ ក្បាលរបស់អចេលបាដិកបុត្រនោះ មុខជានឹងធ្លាក់​ចុះផង ទាំងពួកទេវតា ក៏ប្រាប់ដំណើរនុ៎ះ ដល់តថាគតថា បពិត្រព្រះអង្គដ៏ចំរើន អចេល​បាដិកបុត្រ បើមិនលះបង់វាចានោះ មិនលះបង់​ចិត្តនោះ មិនលះបង់ទិដ្ឋិនោះចេញទេ មិនគួរនឹងមកកាន់ទី ចំពោះ​ព្រះភក្ត្រនៃព្រះមានព្រះភាគបានឡើយ បើប្រសិនជាអចេល​បាដិកបុត្រ តាំងចិត្តយ៉ាងនេះថា អាត្មាអញ​ មិនលះបង់វាចានោះ មិនលះបង់​ចិត្តនោះ មិនលះបង់ទិដ្ឋិនោះចេញ ហើយគប្បី​ទៅកាន់ទីចំពោះ​ព្រះភក្ត្រព្រះសមណគោតម ក្បាល​របស់អចេលបាដិកបុត្រនោះ មុខជានឹងធ្លាក់​ចុះ ដូច្នេះ​ផង។ ម្នាលសុនក្ខត្តៈ ចំណែក​ខាងតថាគត ត្រេចទៅដើម្បីបិណ្ឌបាត ក្នុងក្រុងវេសាលី លុះដល់វេលាបច្ឆាភត្ត តថាគត​ត្រឡប់​ពីបិណ្ឌបាតមក ក៏ចូលសំដៅ​ទៅត្រង់អារាមរបស់​អចេលបាដិកបុត្រ ដើម្បីនៅ​សម្រាក​ក្នុងវេលាថ្ងៃ ម្នាលសុនក្ខត្តៈ ឥឡូវនេះ អ្នកចង់ប្រាប់នូវរឿង​ណា អ្នកចូរប្រាប់​នូវ​រឿង​នោះមកចុះ។

[៧] ម្នាលភគ្គវៈ គ្រានោះឯង តថាគតស្លៀកស្បង់ ប្រដាប់បាត្រចីវរ ក្នុងវេលាព្រឹកព្រហាម ចូលទៅបិណ្ឌបាត ក្នុងក្រុងវេសាលី លុះចូលទៅបិណ្ឌបាត ក្នុងក្រុងវេសាលីហើយ ត្រឡប់​ពី​បិណ្ឌបាត​មកវិញ ក្នុងវេលាក្រោយភត្ត ក៏ចូលសំដៅទៅត្រង់​អារាម របស់​អចេល​បាដិកបុត្រ ដើម្បីនៅសម្រាកក្នុងវេលាថ្ងៃ។ ម្នាកភគ្គវៈ លំដាប់នោះឯង សុនក្ខត្តលិច្ឆវិបុត្រ ជាអ្នកចូលទៅកាន់​ក្រុង​វេសាលី ដោយប្រញាប់ប្រញាល់ ហើយក៏ចូលទៅរកពួកលិច្ឆវី ដែល​​​មាន​កេរ្តិ៍​ឈ្មោះប្រាកដ​ជាងគេ លុះចូលទៅដល់ហើយ ក៏និយាយនឹងពួកលិច្ឆវី ដែល​មាន​កេរ្តិ៍ឈ្មោះប្រាកដ​ជាងគេ យ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ព្រះមានព្រះភាគនុ៎ះ ទ្រង់ពុទ្ធដំណើរទៅបិណ្ឌបាត ក្នុង​ក្រុង​វេសាលី ព្រះអង្គ​ត្រឡប់ពី​បិណ្ឌបាតមកវិញ ក្នុង​វេលា​ក្រោយភត្ត ក៏ចូលសំដៅទៅត្រង់​អារាម​របស់​អចេលបាដិកបុត្រ ដើម្បីនៅ​សម្រាក​ក្នុង​​វេលាថ្ងៃ បពិត្រអ្នកមានអាយុទាំងឡាយ អ្នក​ទាំងឡាយ ចូរ​អញ្ជើញ​ទៅ បពិត្រ​អ្នក​មានអាយុទាំងឡាយ អ្នកទាំងឡាយចូរអញ្ជើញទៅ ដ្បិត​ឥទ្ធិបាដិហារិយ៍ ជាធម៌ដ៏​ប្រសើរ​ក្រៃលែង ជាងធម៌របស់មនុស្ស នៃសមណៈទាំងឡាយ មានសភាព​ដ៏ល្អ មុខជា​នឹងមាន​មិនខាន។ ម្នាលភគ្គវៈ គ្រានោះឯង ពួកលិច្ឆវីដែលមានកេរ្តិ៍ឈ្មោះប្រាកដ​ជាងគេ ក៏ប្រឹក្សា​គ្នា​​ដូច្នេះ​ថា ម្នាលគ្នាយើង បានឮថា ឥទ្ធិបាដិហារិយ៍ ជាធម៌ដ៏ប្រសើរក្រៃលែង ជាងធម៌​របស់​​មនុស្ស របស់សមណៈទាំងឡាយ មានសភាព​ដ៏ល្អ មុខជានឹងមានមិនខាន ម្នាល​គ្នាយើង បើដូច្នោះ មានតែ​យើងទាំងឡាយ នាំគ្នាទៅមើល។ ឯសុនក្ខត្តលិច្ឆវិបុត្រ ក៏ដើរ​ចូល​ទៅរកពួក​ព្រាហ្មណមហាសាល និងគហបតី អ្នកសន្សំទ្រព្យ សមណព្រាហ្មណ៍ ដែលមានលទ្ធិផ្សេងៗ មាន​កេរ្តិ៍ឈ្មោះ​ប្រាកដ​ជាងគេ លុះចូល​ទៅដល់ហើយ បាន​និយាយ​ទៅនឹងសមណព្រាហ្មណ៍ ដែលមាន​លទ្ធិផ្សេងៗ មានកេរ្តិ៍​ឈ្មោះ​ប្រាកដ​ជាងគេ ដូច្នេះ​ថា ម្នាលអាវុសោទាំងឡាយ ព្រះមានព្រះភាគនុ៎ះ ទ្រង់​ពុទ្ធដំណើរ​ទៅ​បិណ្ឌបាត ក្នុង​ក្រុងវេសាលី ព្រះអង្គ​ត្រឡប់ពី​បិណ្ឌបាតមកវិញ ក្នុងវេលា​ក្រោយ​ភត្ត ក៏ចូល​សំដៅ​ទៅ​ត្រង់​អារាមរបស់អចេលបាដិកបុត្រ ដើម្បីនៅសម្រាកក្នុងវេលាថ្ងៃ នែអ្នកមាន​អាយុ​ទាំង​ឡាយ អ្នក​ទាំងឡាយ ចូរអញ្ជើញទៅ នែអ្នកមានអាយុទាំងឡាយ អ្នកទាំងឡាយ ចូរ​អញ្ជើញ​​ទៅ ដ្បិត​ឥទ្ធិបាដិហារិយ៍ ជាធម៌ដ៏ប្រសើរក្រៃលែង ជាងធម៌របស់មនុស្ស នៃ​សមណៈ​​ទាំងឡាយ មានសភាព​ដ៏ល្អ មុខជានឹងមានមិនខាន។ ម្នាលភគ្គវៈ លំដាប់​នោះ​ឯង ពួកសមណព្រាហ្មណ៍ ដែលមាន​លទ្ធិ​ផ្សេងៗ មានកេរ្តិ៍ឈ្មោះប្រាកដ​ជាងគេ ក៏ប្រឹក្សា​គ្នា​ដូច្នេះថា ម្នាលគ្នាយើង បានឮថា ឥទ្ធិបាដិហារិយ៍ ជាធម៌ដ៏ប្រសើរក្រៃលែង ជាងធម៌​របស់​មនុស្សនៃសមណៈ​ទាំងឡាយ មានសភាព​ដ៏ល្អ មុខជា​នឹង​មាន​មិនខាន ម្នាល​គ្នា​យើង បើដូច្នោះ មានតែយើង​ទាំងឡាយ នាំគ្នាទៅមើល។ ម្នាលភគ្គវៈ លំដាប់នោះឯង ពួកលិច្ឆវី ដែលមានកេរ្តិ៍ឈ្មោះ​ប្រាកដ​ជាងគេ និងពួក​ព្រាហ្មណមហាសាល និងគហបតី អ្នកសន្សំទ្រព្យ និងពួកសមណព្រាហ្មណ៍ មាន​លទ្ធិផ្សេងៗ សុទ្ធតែមាន​កេរ្តិ៍ឈ្មោះ​ប្រាកដ​ជាងគេ បាននាំគ្នាចូលទៅកាន់អារាម របស់អចេលបាដិកបុត្រ។ ម្នាលភគ្គវៈ បរិសទ្យនោះ មានប្រមាណច្រើនរយ ច្រើនពាន់នាក់។ ម្នាលភគ្គវៈ អចេលបាដិកបុត្រ បានឮដំណឹងថា ពួក​ស្តេច​លិច្ឆវី សុទ្ធតែមានកេរ្តិ៍ឈ្មោះប្រាកដ​ជាងគេ បានមកហើយ ពួកព្រាហ្មណ​មហា​សាល និងគហបតី អ្នកសន្សំទ្រព្យ និងសមណព្រាហ្មណ៍ មានលទ្ធិផ្សេងៗ សុទ្ធតែមាន​កេរ្តិ៍ឈ្មោះប្រាកដជាងគេ ក៏បាន​មក​ដែរ ព្រះសមណគោតម ក៏គង់​សម្រាក​ព្រះអង្គ​នៅវេលាថ្ងៃ ក្នុងអារាមរបស់អាត្មាអញ។ អចេលបាដិកបុត្រ​នោះ លុះឮដំណឹង​ហើយ ក៏កើត​ភ័យរន្ធត់ ព្រឺព្រួចអស់ទាំងរោម។ ម្នាលភគ្គវៈ លំដាប់នោះឯង លុះ​អចេល​បាដិក​បុត្រ កើតមានភ័យ តក់ស្លុត ព្រឺព្រួចរោមហើយ ក៏ចូលទៅឯ តិណ្ឌុកខានុបរិព្វាជការាម [អារាមរបស់​បរិព្វាជក ដែលគេកំណត់ដោយដង្គត់ដើមដង្កោរ ឬទន្លាប់។]។ ម្នាលភគ្គវៈ បរិសទ្យនោះ បានឮដំណឹង​ថា អចេលបាដិកបុត្រ កើតមានភ័យ តក់ស្លុត ព្រឺព្រួចរោម​ហើយ ក៏ចូលទៅ​ឯតិណ្ឌុកខានុបរិព្វាជការាម។ ម្នាលភគ្គវៈ វេលានោះឯង បរិសទ្យនោះ ហៅបុរសម្នាក់មកថា នែ​បុរស​ដ៏ចំរើន អ្នកចូរមកនេះ អ្នកចូរទៅរកអចេលបាដិកបុត្រ ក្នុង​តិណ្ឌុកខានុ​បរិព្វាជការាម លុះចូលទៅដល់ហើយ ចូរនិយាយ​នឹងអចេលបាដិកបុត្រ យ៉ាង​នេះថា នែអាវុសោបាដិកបុត្រ ចូរ​អ្នកត្រឡប់ទៅវិញ ព្រោះពួកស្តេចលិច្ឆវី សុទ្ធតែមាន​កេរ្តិ៍ឈ្មោះ​​ប្រាកដ​ជាង​គេ បាននាំគ្នាមកហើយ ពួកព្រាហ្មណមហាសាល ពួកគហបតី អ្នកសន្សំទ្រព្យ និងពួកសមណព្រាហ្មណ៍ មាន​លទ្ធិផ្សេងៗ សុទ្ធតែមានកេរ្តិ៍ឈ្មោះ​ប្រាកដ​ជាងគេ ក៏បាននាំគ្នាមកដែរ ទាំងព្រះសមណគោតមសោត ក៏នៅគង់​សម្រាកព្រះអង្គ នៅវេលាថ្ងៃ ក្នុងអារាមរបស់អ្នកមានអាយុ នែអាវុសោបាដិកបុត្រ ចំណែកអ្នក បាន​ពោល​វាចានេះ ក្នុងកណ្តាលបរិសទ្យ ក្នុងក្រុងវេសាលីថា ព្រះសមណគោតម ជាញាណវាទ យើង​ក៏ជាញាណវាទដែរ ចំណែកបុគ្គលជាញាណវាទ គួរសំដែង​​ឥទ្ធិបាដិហារិយ៍ ជាធម៌ដ៏​ប្រសើរ​ក្រៃលែង ជាងធម៌របស់មនុស្ស មួយអន្លើដោយ​បុគ្គល​ជាញាណ​វាទដូចគ្នា ព្រះ​សមណ​គោតម គួរ​មកកាន់ទីពាក់កណ្តាលផ្លូវ ឯយើងក៏គួរទៅកាន់ទីពាក់​កណ្តាលផ្លូវ​ដែរ យើងទាំងពីរ​នាក់​នោះ នឹងធ្វើ​ឥទ្ធិបាដិហារិយ៍ ជាធម៌ដ៏ប្រសើរក្រៃលែង ជាងធម៌របស់​មនុស្ស ក្នុងទីដែល​ជួបគ្នានោះ បើ​ព្រះសមណគោតម នឹងធ្វើ​ឥទ្ធិបាដិហារិយ៍ ជាធម៌ដ៏​ប្រសើរ​ក្រៃលែង ជាង​ធម៌​របស់មនុស្សបាន១ យើងអាចនឹងធ្វើបានពីរ បើព្រះសមណ​គោតម នឹងធ្វើ​ឥទ្ធិបាដិហារិយ៍ ជា​ធម៌​ដ៏ប្រសើរក្រៃលែង ជាងធម៌របស់មនុស្សបានពីរ យើង​អាចនឹងធ្វើបាន៤ បើព្រះសមណគោតម នឹងធ្វើ​​ឥទ្ធិបាដិហារិយ៍ ជាធម៌ដ៏ប្រសើរ​ក្រៃលែង ជាងធម៌របស់មនុស្សបាន៤ យើងអាចនឹងធ្វើបាន៨ បើ​ព្រះសមណគោតម នឹងធ្វើ​ឥទ្ធិបាដិហារិយ៍ ជាធម៌ដ៏ប្រសើរក្រៃលែង ជាង​ធម៌របស់​មនុស្ស​បាន​ប៉ុន្មាន​ៗ យើង​អាច​នឹង​ធ្វើបាន​ទ្វេគុណៗ ជាងនោះៗទៅទៀត ដូច្នេះឯង ម្នាលអាវុសោបាដិកបុត្រ អ្នក​ចូរត្រឡប់ទៅ​កាន់​ទីពាក់កណ្តាលផ្លូវចុះ ព្រះសមណគោតម ទ្រង់ពុទ្ធដំណើរ​មកដល់​មុនគេ​​ទាំងអស់​ហើយ គង់​សម្រាក​វេលាថ្ងៃ ក្នុងអារាមរបស់អ្នកមានអាយុ។ ម្នាលភគ្គវៈ បុរសនោះ ទទួលពាក្យបរិសទ្យនោះ​ថា អើអ្នកដ៏ចំរើន ហើយក៏ចូលទៅ​រក​អចេលបាដិក​បុត្រ ក្នុងតិណ្ឌុកខានុបរិព្វាជការាម លុះចូលទៅដល់ហើយ បាននិយាយនឹង​អចេលបាដិក​បុត្រ យ៉ាងនេះថា ម្នាលអាវុសោបាដិកបុត្រ ចូរ​អ្នកត្រឡប់ទៅវិញ ព្រោះពួកស្តេចលិច្ឆវី សុទ្ធតែមានកេរ្តិ៍ឈ្មោះប្រាកដជាងគេ បាននាំគ្នាមក​ហើយ ពួកព្រាហ្មណមហាសាល សុទ្ធតែមានកេរ្តិ៍ឈ្មោះប្រាកដជាងគេ ក៏បាននាំគ្នាមកដែរ។បេ។ ម្នាលអាវុសោបាដិកបុត្រ អ្នកចូរទៅ​កាន់​ទីពាក់កណ្តាលផ្លូវ ព្រះសមណគោតម ទ្រង់ពុទ្ធដំណើរ​មកដល់មុនគេ​ទាំង​អស់ហើយ គង់​សម្រាក​ព្រះអង្គនៅវេលាថ្ងៃ ក្នុងអារាមរបស់អ្នកមានអាយុ។ ម្នាលភគ្គវៈ កាលបើបុរសនោះ និយាយយ៉ាងនេះហើយ អចេលបាដិកបុត្រឆ្លើយថា ម្នាលអ្នក​មានអាយុ ខ្ញុំនឹងទៅ ម្នាលអ្នកមានអាយុ ខ្ញុំនឹងទៅហើយក៏អង្គុយ​ជ្រប់នៅត្រង់ទីនោះឯង មិនអាចក្រោកចាកអាសនៈ​បានឡើយ។ ម្នាលភគ្គវៈ ទើបបុរសនោះ និយាយនឹង​អចេល​បាដិក​បុត្រ យ៉ាងនេះថា ម្នាលអាវុសោបាដិកបុត្រ គូថអ្នកជាប់នៅនឹងតាំងរបស់អ្នកឬ ឬតាំង​ជាប់ស្អិត​នៅនឹង​គូថ​របស់អ្នក បានជាអ្នកគ្រាន់តែនិយាយថា ម្នាលអ្នកមានអាយុ ខ្ញុំនឹងទៅ ម្នាលអ្នកមានអាយុ ខ្ញុំនឹងទៅ ដូច្នេះហើយ ក៏នៅតែអង្គុយសំកុក ត្រង់កន្លែង​នោះដដែល មិនអាចក្រោកចាកអាសនៈបាន។ ម្នាល​ភគ្គវៈ អចេលបាដិកបុត្រ បើទុកជា​បុរសនោះនិយាយយ៉ាងនេះ ក៏នៅតែនិយាយថា ម្នាលអាវុសោ ខ្ញុំនឹងទៅ ម្នាលអាវុសោ ខ្ញុំនឹងទៅ ដូច្នេះ ហើយក៏នៅតែអង្គុយជ្រប់ ត្រង់កន្លែងនោះដដែល មិនអាច​ក្រោកចាក​អាសនៈបានឡើយ។ ម្នាលភគ្គវៈ កាលណាបុរសនោះដឹងថា អចេលបាដិកបុត្រនេះ​បរាជ័យ​​ហើយ នៅតែនិយាយថា ម្នាលអាវុសោ ខ្ញុំនឹងទៅ ម្នាលអាវុសោ ខ្ញុំនឹងទៅ ដូច្នេះហើយ​ ក៏នៅតែអង្គុយជ្រប់ ត្រង់កន្លែងនោះដដែល មិនអាច​ក្រោកចាក​អាសនៈ​បាន​ឡើយ កាលនោះ បុរស​នោះ ក៏ត្រឡប់មកកាន់បរិសទ្យនោះវិញ ហើយប្រាប់យ៉ាងនេះថា ម្នាលអ្នកដ៏ចំរើន អចេលបាដិកបុត្រនេះ បរាជ័យហើយ ក៏នៅតែនិយាយថា ម្នាលអាវុសោ ខ្ញុំនឹងទៅ ម្នាលអាវុសោ ខ្ញុំនឹងទៅ ដូច្នេះហើយ ក៏នៅតែអង្គុយជ្រប់ ត្រង់កន្លែង​នោះ​ដដែល មិនអាច​ក្រោកចាក​អាសនៈបាន​ឡើយ។ ម្នាលភគ្គវៈ កាលបើបុរសនោះ និយាយ​យ៉ាងនេះហើយ តថាគតបាននិយាយ​នឹងបរិសទ្យ​នោះ ដូច្នេះថា ម្នាលអ្នកមានអាយុ អចេលបាដិកបុត្រ បើមិនលះបង់វាចានោះ មិនលះបង់​ចិត្តនោះ មិនលះបង់​ទិដ្ឋិនោះ​ចេញ​ទេ មិនគួរនឹងមកកាន់ទីចំពោះមុខ​តថាគតឡើយ ប្រសិនបើជា​អចេលបាដិកបុត្រនោះ តាំង​ចិត្ត​យ៉ាងនេះថា អាត្មាអញ​ មិនលះបង់វាចានោះ មិនលះបង់​ចិត្តនោះ មិនលះបង់​ទិដ្ឋិនោះចេញឡើយ ហើយទៅកាន់ទីចំពោះព្រះភក្ត្រ នៃព្រះសមណគោតមឲ្យបាន ដូច្នេះ ក្បាលរបស់អចេលបាដិកបុត្រនោះ មុខជានឹងធ្លាក់ចុះមិនខាន។

ចប់ បឋមភាណវារៈ។

[៨] ម្នាលភគ្គវៈ លំដាប់នោះ លិច្ឆវីមហាមាត្រម្នាក់ ក្រោកចាកអាសនៈ ហើយនិយាយនឹង​បរិសទ្យនោះយ៉ាងនេះថា នែអ្នកដ៏ចំរើន បើដូច្នោះ អ្នកទាំងឡាយ ចូររង់ចាំមួយរំពេចសិន ទំរាំ​ខ្ញុំទៅ ក្រែងជួនជាខ្ញុំអាចនាំអចេលបាដិកបុត្រ មកកាន់បរិសទ្យនេះបាន។ ម្នាលភគ្គវៈ ទើបលិច្ឆវីមហាមាត្រ​នោះ ចូលទៅរកអចេលបាដិកបុត្រ ក្នុងតិណ្ឌុខានុបរិព្វាជការាម លុះ​ចូលទៅដល់ហើយ បាននិយាយ​នឹងអចេលបាដិកបុត្រ យ៉ាងនេះថា ម្នាលអាវុសោ​បាដិកបុត្រ ចូរអ្នកត្រឡប់ទៅវិញ ការ​ដែលអ្នកត្រឡប់ទៅវិញ ប្រសើរជាង ព្រោះ​ពួក​ជន​ដែលមានកេរ្តិ៍ឈ្មោះ​ប្រាកដជាងគេ បាននាំគ្នា​ទៅអស់ហើយ។ សេចក្តីបំប្រួញ។ ទាំង​ព្រះសមណ​គោតមសោត ក៏គង់សម្រាកព្រះអង្គ នៅវេលា​ថ្ងៃ​ ក្នុងអារាមរបស់អ្នក​មាន​អាយុ ម្នាលអាវុសោបាដិកបុត្រ ឯអ្នកក៏បាននិយាយសំដីនេះ ក្នុងកណ្តាល​បរិសទ្យ ក្នុងក្រុងវេសាលីថា ព្រះសមណគោតម ជាញាណវាទ ឯយើងក៏ជាញាណវាទដែរ។បេ។ យើងអាចនឹងធ្វើឲ្យជាទ្វេគុណៗ ជាងនោះៗទៀតបាន ដូច្នេះ ម្នាលអាវុសោបាដិកបុត្រ ចូរអ្នក​ត្រឡប់​ទៅ​​កាន់​ទីពាក់កណ្តាលផ្លូវចុះ ព្រះសមណគោតម ទ្រង់ពុទ្ធដំណើរ​មកដល់​មុនគេទាំងអស់ហើយ គង់​សម្រាក​ព្រះអង្គនៅវេលាថ្ងៃ ក្នុងអារាមរបស់អ្នកមានអាយុ ម្នាល​អាវុសោបាដិកបុត្ត មួយវិញ​ទៀត ព្រះសមណ​គោតម បានត្រាស់ព្រះវាចានេះ ក្នុង​កណ្តាលបរិសទ្យថា អចេលបាដិកបុត្រ បើមិនលះបង់វាចានោះ។បេ។ ក្បាលរបស់​អចេល​បាដិកបុត្រនោះ មុខជានឹងធ្លាក់ចុះមិនខាន នែអាវុសោបាដិកបុត្រ អ្នកចូរត្រឡប់​ទៅវិញចុះ យើងនឹងឲ្យជ័យជំនះដល់អ្នក និងឲ្យព្រះសមណគោតម​ចាញ់វិញ ព្រោះការ​ដែល​​អ្នក​ហ៊ានត្រឡប់ទៅវិញប៉ុណ្ណោះ។ ម្នាលភគ្គវៈ កាលបើលិច្ឆវីមហាមាត្រនោះ និយាយ​យ៉ាងនេះហើយ អចេលបាដិកបុត្រ ក៏និយាយថា ម្នាល​អាវុសោ ខ្ញុំនឹងទៅ ម្នាល​អាវុសោ ខ្ញុំនឹងទៅ ដូច្នេះ ហើយក៏​នៅ​អង្គុយជ្រប់ ត្រង់កន្លែងនោះដដែល មិនអាចក្រោក​ចាក​អាសនៈបានឡើយ។ ម្នាលភគ្គវៈ ទើបលិច្ឆវី​មហាមាត្រនោះ និយាយនឹង​អចេល​បាដិក​បុត្រ​​យ៉ាងនេះថា នែអាវុសោបាដិកបុត្រ គូថអ្នកជាប់ស្អិតនៅនឹងតាំងរបស់អ្នកឬ ឬតាំង​ជាប់ស្អិត​នៅនឹង​គូថ​របស់អ្នក បានជាអ្នក​និយាយ​ថា ម្នាលអាវុសោ ខ្ញុំនឹងទៅ ម្នាលអាវុសោ ខ្ញុំនឹងទៅ ដូច្នេះហើយ ក៏នៅតែអង្គុយជ្រប់ ត្រង់កន្លែងនោះ​ដដែល មិនអាចក្រោកចាកអាសនៈបានឡើយ។ ម្នាល​ភគ្គវៈ អចេលបាដិកបុត្រ បើទុកជា​លិច្ឆវីមហាមាត្រនិយាយយ៉ាងនេះក្តី ក៏នៅតែនិយាយថា ម្នាលអាវុសោ ខ្ញុំនឹងទៅ ម្នាលអាវុសោ ខ្ញុំនឹងទៅ ដូច្នេះ ហើយក៏នៅតែអង្គុយជ្រប់ ត្រង់កន្លែងនោះ​ដដែល មិនអាច​ក្រោកចាក​អាសនៈ​បាន​ឡើយ។ ម្នាលភគ្គវៈ កាលណាលិច្ឆវីមហាមាត្រ ​បាន​ដឹង​ច្បាស់​ថា អចេលបាដិកបុត្រនេះ ​បរាជ័យ​ហើយ ក៏នៅតែនិយាយថា ម្នាលអាវុសោ ខ្ញុំនឹងទៅ ម្នាល​អាវុសោ ខ្ញុំនឹងទៅ ដូច្នេះហើយ​ ក៏នៅតែ​អង្គុយ​ជ្រប់ ត្រង់កន្លែងនោះដដែល មិនអាច​ក្រោក​ចាក​អាសនៈ​បានឡើយ ដូច្នេះហើយ ទើប​ត្រឡប់​មកកាន់បរិសទ្យនោះវិញ ប្រាប់​យ៉ាង​នេះថា អចេលបាដិកបុត្រនេះ បរាជ័យហើយ ក៏នៅតែ​និយាយ​ថា នែអាវុសោ ខ្ញុំនឹងទៅ នែអាវុសោ ខ្ញុំនឹងទៅ ដូច្នេះហើយ ក៏នៅតែអង្គុយជ្រប់ ត្រង់កន្លែងនោះ​ដដែល មិនអាច​ក្រោកចាក​អាសនៈបាន​ឡើយ។ ម្នាលភគ្គវៈ កាលបើលិច្ឆវីមហាមាត្រ និយាយ​យ៉ាង​នេះ​ហើយ តថាគតក៏និយាយ​នឹង​បរិសទ្យ​នោះ ដូច្នេះថា ម្នាលអាវុសោទាំងឡាយ អចេលបាដិកបុត្រ បើមិនលះបង់វាចានោះ មិន​លះបង់​​ចិត្តនោះ មិនគួរ។បេ។ ប្រសិន​បើជា​អចេលបាដិកបុត្រនោះ តាំងចិត្ត​យ៉ាងនេះថា អាត្មាអញ​ មិនលះបង់វាចានោះ។បេ។ ហើយគប្បីទៅកាន់ទីចំពោះព្រះភក្ត្រ នៃព្រះសមណគោតម ដូច្នេះ ក្បាល​អចេលបាដិក​បុត្រ​នោះ មុខជានឹងធ្លាក់ចុះមិនខាន ទោះបី​ពួកលិច្ឆវីដ៏មានអាយុ គិតគ្នាថា បើទុកជា​យើងទាំងឡាយ ចងអចេលបាដិកបុត្រ ដោយខ្សែព្រ័ត្រ​ណា ហើយបង្អូសមក ដោយគោ​ច្រើននឹម​ដូច្នេះ ខ្សែព្រ័ត្រនោះនឹងដាច់ ឬខ្លួនអចេលបាដិកបុត្រ​ឯង នឹងដាច់ ឯអចេល​បាដិកបុត្រ បើមិនលះបង់​វាចានោះ មិនគួរ។បេ។ ប្រសិនបើ អចេលបាដិកបុត្រ​នោះ តាំងចិត្តយ៉ាងនេះថា អាត្មាអញ មិនលះបង់​វាចានោះ។បេ។ ហើយគប្បីទៅកាន់ទីចំពោះ​ព្រះភក្ត្រ នៃព្រះសមណគោតម ដូច្នេះ ក្បាលអចេលបាដិកបុត្រនោះ មុខជានឹង​ធ្លាក់ចុះ​មិនខាន។

[៩] ម្នាលភគ្គវៈ លំដាប់នោះឯង ជាលិយបព្វជិត ជាសិស្សរបស់ទារុបត្តិកបព្វជិត [អ្នកបួស​ប្រើប្រាស់បាត្រឈើ។] ក្រោកចាកអាសនៈ ហើយនិយាយនឹងបរិសទ្យនោះ យ៉ាងនេះថា នែអ្នក​ដ៏ចំរើន បើដូច្នោះ អ្នកទាំងឡាយ ចូររង់ចាំមួយរំពេចសិន ទំរាំខ្ញុំទៅ ក្រែងចួនជាខ្ញុំ​អាចនាំ​អចេលបាដិកបុត្រ​មកបាន។ ម្នាលភគ្គវៈ គ្រានោះឯង ជាលិយបព្វជិត ជាសិស្ស​របស់ទារុបត្តិក​បព្វជិត បានចូលទៅរកអចេលបាដិកបុត្រ ក្នុងតិណ្ឌុខានុបរិព្វាជការាម លុះ​ចូល​ទៅ​ដល់​ហើយ បាននិយាយ​នឹងអចេលបាដិកបុត្រ យ៉ាងនេះថា នែអាវុសោបាដិក​បុត្រ អ្នកចូរត្រឡប់ទៅវិញ​ចុះ ការ​ដែលអ្នកត្រឡប់ទៅវិញ ប្រសើរជាង ព្រោះពួក​ស្តេច​លិច្ឆវី សុទ្ធតែមានកេរ្តិ៍ឈ្មោះ​ប្រាកដ​ជាង​គេ បាននាំគ្នា​មកហើយ។បេ។ ទាំងព្រះសមណ​គោតមសោត ក៏គង់សម្រាកព្រះអង្គ នៅវេលា​ថ្ងៃ​ ក្នុង​អារាមរបស់អ្នកមានអាយុ នែ​អាវុសោ​បាដិកបុត្រ ឯអ្នកសោត ក៏បាននិយាយសំដីនេះ ក្នុងកណ្តាល​បរិសទ្យ ក្នុងក្រុង​វេសាលីថា ព្រះសមណគោតម ជាញាណវាទ។បេ។ យើងអាចនឹងធ្វើ​ឲ្យជា​ទ្វេគុណៗ ជាង​នេះៗទៅទៀត នែអាវុសោបាដិកបុត្រ អ្នកចូរ​ទៅ​​កាន់​ទីពាក់កណ្តាលផ្លូវចុះ ព្រះ​សមណ​គោតម ទ្រង់ពុទ្ធដំណើរ​មកដល់មុនគេទាំងអស់ហើយ គង់​សម្រាក​ព្រះអង្គនៅ​វេលា​ថ្ងៃ ក្នុងអារាមរបស់អ្នកមានអាយុ ម្នាលអាវុសោបាដិកបុត្រ មួយវិញទៀត ព្រះសមណ​​គោតម បានត្រាស់​ព្រះវាចានេះ ចំពោះរូបអ្នក ក្នុងកណ្តាលបរិសទ្យថា នែ​អាវុសោ​ទាំងឡាយ អចេល​បាដិកបុត្រ បើមិនលះបង់វាចានោះ មិនគួរ។បេ។ ប្រសិន​ជា​អចេលបាដិកបុត្រនោះ តាំងចិត្ត យ៉ាងនេះថា អាត្មាអញ មិនលះបង់​វាចានោះ។បេ។ ហើយ​គប្បីទៅកាន់ទីចំពោះ​ព្រះភក្ត្រ នៃ​ព្រះសមណគោតម ដូច្នេះ ក្បាល​អចេល​បាដិក​បុត្រនោះ មុខជានឹងធ្លាក់ចុះមិនខាន ប្រសិនបើ​ពួកលិច្ឆវីដ៏មានអាយុ គិតគ្នាយ៉ាងនេះថា បើទុកជាយើងទាំងឡាយ ចងអចេលបាដិកបុត្រ ដោយ​ខ្សែ​ព្រ័ត្រ​ណា ហើយបង្អូសមក ដោយគោច្រើននឹមដូច្នេះ ខ្សែព្រ័ត្រទាំងនោះនឹងដាច់ ឬ​ខ្លួនអចេលបាដិកបុត្រ​ឯង នឹង​ដាច់ ឯអចេលបាដិកបុត្រ បើមិនលះបង់​វាចានោះ មិនលះបង់​ចិត្ត​នោះ មិនលះបង់​ទិដ្ឋិ​នោះចេញទេ មិនគួរនឹងមកកាន់ទី​ចំពោះ​មុខតថាគតបានឡើយ ប្រសិនបើ​ជា​អចេល​បាដិក​បុត្រ​នោះ តាំងចិត្តយ៉ាងនេះថា អាត្មាអញ មិនលះបង់​វាចានោះ។បេ។ ហើយគប្បី​ទៅកាន់ទីចំពោះ​ព្រះភក្ត្រ នៃព្រះសមណគោតម ដូច្នេះ ក្បាលអចេលបាដិកបុត្រនោះ មុខជានឹង​ធ្លាក់ចុះមិនខាន នែអាវុសោបាដិកបុត្រ ចូរអ្នក​ត្រឡប់​ទៅវិញចុះ យើងនឹង​ឲ្យ​ជ័យ​ជំនះ​ដល់​អ្នក នឹងឲ្យព្រះសមណគោតមចាញ់ ព្រោះការដែល​អ្នក​ត្រឡប់ទៅវិញ​ប៉ុណ្ណោះ។ នែភគ្គវៈ កាលបើ​ជាលិយៈ និយាយយ៉ាងនេះហើយ អចេលបាដិកបុត្រ នៅតែ​និយាយថា នែអាវុសោ ខ្ញុំនឹងទៅ នែអាវុសោ ខ្ញុំនឹងទៅ ដូច្នេះ ហើយក៏​នៅ​អង្គុយជ្រប់ ត្រង់កន្លែងនោះដដែល មិនអាចក្រោក​ចាក​អាសនៈ​បានឡើយ។ នែភគ្គវៈ គ្រានោះ ជាលិយៈ ជាសិស្ស​នៃទារុបត្តិកៈ បាននិយាយ​នឹង​អចេលបាដិកបុត្រ​យ៉ាងនេះថា នែ​អាវុសោ​បាដិកបុត្រ គូថអ្នកជាប់ស្អិតនៅនឹងតាំងរបស់អ្នកឬ ឬតាំង​ជាប់ស្អិត​នៅនឹង​គូថ​របស់អ្នក បានជាអ្នក​និយាយ​ថា នែអាវុសោ ខ្ញុំនឹងទៅ នែអាវុសោ ខ្ញុំនឹងទៅ ដូច្នេះហើយ ក៏នៅតែអង្គុយជ្រប់ ត្រង់ទីនោះ​ដដែល មិនអាចក្រោកចាកអាសនៈបានឡើយ។ នែ​ភគ្គវៈ អចេលបាដិកបុត្រ សូម្បីជាលិយៈស្តី ថាឲ្យយ៉ាងនេះ ក៏នៅតែនិយាយថា នែអាវុសោ ខ្ញុំនឹងទៅ នែអាវុសោ ខ្ញុំនឹងទៅ ហើយក៏នៅតែអង្គុយជ្រប់ ត្រង់កន្លែងនោះដដែល មិនអាច​ក្រោកចាក​អាសនៈ​បាន​ឡើយ។ នែភគ្គវៈ កាលណាជាលិយៈ ជាសិស្សទារុបត្តិកៈ បាន​ដឹងច្បាស់ថា អចេលបាដិកបុត្រ​នេះ ​បរាជ័យ​ហើយ ក៏នៅតែនិយាយថា នែអាវុសោ ខ្ញុំនឹងទៅ នែអាវុសោ ខ្ញុំនឹងទៅ ដូច្នេះហើយ​ ក៏នៅតែ​អង្គុយ​ជ្រប់ ត្រង់កន្លែងនោះដដែល មិនអាច​ក្រោកចាក​អាសនៈបានឡើយ ដូច្នេះហើយ ទើប​និយាយនឹង​អចេលបាដិក​បុត្រ​នោះ យ៉ាងនេះថា នែអាវុសោបាដិកបុត្រ កាលពីព្រេងនាយមក មានសីហមិគរាជមួយ មានសេចក្តីត្រិះរិះយ៉ាងនេះថា គួរតែអាត្មាអញ នៅអាស្រ័យ​នឹងដងព្រៃ​មួយ ក៏សម្រេច​ការ​ដេក លុះសម្រេចការដេក ក្នុងដងព្រៃនោះហើយ ក្នុងវេលាសាយណ្ហសម័យ ត្រូវចេញ​ពីទីដេក លុះចេញពីទីដេកហើយ ត្រូវមិតពត់កាយ លុះមិតពត់កាយហើយ ត្រូវក្រឡេក​មើល​ទៅ​ទិសទាំង៤ ដោយជុំវិញ លុះក្រឡេកមើលទិសទាំង៤ ដោយជុំវិញហើយ ត្រូវ​បន្លឺសីហនាទ៣ដង លុះ​បន្លឺសីហនាទ៣ដងហើយ ត្រូវចេញទៅរកចំណី អាត្មាអញនោះ ត្រូវ​សំឡាប់ហ្វូងម្រឹគដ៏ធំៗ ហើយបរិភោគសាច់ដែល​ឆ្ងាញ់ៗ ហើយត្រឡប់ចូលទៅ​កាន់ទី​ដេកនោះដដែលវិញ។ គ្រានោះឯង សីហមិគរាជនោះ អាស្រ័យ​នឹងដងព្រៃ​មួយ សម្រេច​ការដេក លុះសម្រេចការដេក ក្នុងដងព្រៃនោះ​ហើយ ក្នុងវេលាសាយណ្ហសម័យ ក៏ចេញ​ពីទីដេក លុះចេញពីទីដេកហើយ មិតពត់ខ្លួន លុះមិតពត់ខ្លួនហើយ ក្រឡេក​មើល​ទៅ​ទិសទាំង៤ ដោយជុំវិញ លុះក្រឡេកមើលទិសទាំង៤ ដោយជុំវិញហើយ បន្លឺសីហនាទ​៣ដង លុះ​បន្លឺសីហនាទ៣ដងហើយ ទើបចេញទៅរកចំណី សីហមិគរាជនោះ សម្លាប់​ហ្វូង​ម្រឹគដ៏ធំៗ ហើយបរិភោគសាច់ដែល​ឆ្ងាញ់ៗ រួចត្រឡប់​ចូលទៅ​កាន់ទីដេក​នោះ​ដដែល​វិញ។ នែអាវុសោបាដិកបុត្រ មានចចកចាស់មួយ ស៊ីសាច់រំពា របស់​សីហមិគរាជ​នោះឯង ហើយចំរើន (សាច់ឈាម) ធាត់ធំ មានកំឡាំង​ឡើង។ ម្នាលអាវុសោ លំដាប់​នោះឯង ចចកចាស់នោះ មានគំនិតយ៉ាងនេះថា អញដូចម្តេច សីហមិគរាជ​ដូចម្តេច គួរតែ​អញឯង អាស្រ័យ​នឹងដងព្រៃ​មួយ សម្រេចការដេក លុះសម្រេចការដេក ក្នុងដង​ព្រៃនោះ​ហើយ ក្នុងវេលាសាយណ្ហសម័យ ត្រូវចេញ​ពីទីដេក លុះចេញពីទីដេកហើយ ត្រូវមិត​ពត់ខ្លួន លុះមិតពត់ខ្លួនហើយ ត្រូវក្រឡេក​មើល​ទៅ​ទិសទាំង៤ ដោយជុំវិញ លុះក្រឡេក​មើលទិសទាំង៤ ដោយជុំវិញហើយ ត្រូវបន្លឺសីហនាទ៣ដង លុះ​បន្លឺសីហនាទ​៣ដង​ហើយ ត្រូវចេញទៅរកចំណី អាត្មាអញ សម្លាប់ហ្វូងម្រឹគដ៏ធំៗ ហើយបរិភោគសាច់ដែល​ឆ្ងាញ់ៗ ហើយត្រឡប់​ចូលទៅកាន់​ទីដេក​នោះ​ដដែលវិញ។ ម្នាលអាវុសោ ទើបចចកចាស់​នោះ អាស្រ័យ​ដងព្រៃ​មួយ សម្រេចការដេក លុះសម្រេចការដេក ក្នុងដងព្រៃនោះហើយ ក្នុងវេលាសាយណ្ហសម័យ ក៏ចេញ​ចាកទីដេក លុះចេញចាកទីដេកហើយ ក៏មិតពត់ខ្លួន លុះមិតពត់ខ្លួនហើយ ក៏ក្រឡេក​មើល​ទៅ​ទិសទាំង៤ ដោយជុំវិញ លុះក្រឡេកមើលទិស​ទាំង៤ ដោយជុំវិញហើយ ក៏គិតថា អញនឹងបន្លឺសីហនាទ៣ដង ដូច្នេះហើយ ស្រែកជា​សម្រែកចចក ស្រែកសម្រែកដ៏ពន្លឹកថា ចចកអាក្រក់ដូចម្តេចទៅ ចំណែក​សីហនាទ​ដូចម្តេច​ទៅ។ នែអាវុសោបាដិកបុត្រ អ្នកក៏ដូចគ្នានឹងចចកចាស់នោះដែរ រស់នៅ​ក្នុង​សុគតាបទាន (ត្រៃសិក្ខា ជាសាសនារបស់ព្រះសុគត) បរិភោគ​ភោជន ជាសំណល់​សល់​អំពី​ព្រះសុគត ហើយតតាំងនឹងព្រះតថាគត ជាអរហន្តសម្មាសម្ពុទ្ធថា បាដិកបុត្រ​អាក្រក់​ដូចម្តេច ការតតាំង (បាដិហារិយ៍) របស់ព្រះតថាគត អរហន្តសម្មាសម្ពុទ្ធ ដូចម្តេច។ ម្នាលភគ្គវៈ កាលណា ជាលិយៈ ជាសិស្សទារុបត្តិកៈ មិនអាចឲ្យអចេលបាដិកបុត្រ ឃ្លាត​ចាកអាសនៈនោះ ដោយពាក្យប្រៀបផ្ទឹមនេះហើយ។ ទើបនិយានឹង​អចេលបាដិកបុត្រ​នោះ យ៉ាងនេះថា

ចចកសំគាល់ខ្លួនថាជាសីហរាជ បានសំគាល់ខ្លួនទៀតថា អាត្មាអញ ជាមិគរាជ ចចក​នោះ បន្លឺនូវសម្រែកចចកនោះថា សម្រែកចចកអាក្រក់ដូចម្តេចទៅ ចំណែក​ខាង​សីហនាទ ដូចម្តេចទៅ។

[១០] ម្នាលអាវុសោបាដិកបុត្រ អ្នកក៏ដូច្នោះដែរ រស់នៅ​ក្នុង​សុគតាបទាន (ត្រៃសិក្ខា ជា​សាសនា​របស់ព្រះសុគត) បរិភោគ​ភោជន ជាសំណល់​សល់អំពី​ព្រះសុគត ហើយ​តតាំង​នឹង​ព្រះតថាគត ជាអរហន្តសម្មាសម្ពុទ្ធថា បាដិកបុត្រលាមកដូចម្តេច ការតតាំងរបស់​ព្រះតថាគត អរហន្តសម្មាសម្ពុទ្ធ ដូចម្តេចទៅ។ ម្នាលភគ្គវៈ កាលណា ជាលិយៈ ជា​សិស្ស​ទារុបត្តិកៈ មិនអាចឲ្យអចេលបាដិកបុត្រ ឃ្លាតចាកអាសនៈនោះ ដោយពាក្យឧបមា​នេះ​ហើយ។ ទើបនិយានឹង​អចេលបាដិកបុត្រនោះ យ៉ាងនេះ ក្នុងកាលនោះថា

ចចកដើរទៅកាន់ទីស្ងាត់ បានឃើញស្រមោលខ្លួន ដែលឆ្លុះចូលទៅក្នុងទឹកសំណល់ (ក្នុង​ត្រពាំង) មិនបានឃើញខ្លួនច្បាស់ដរាបណា ក៏សំគាល់នូវស្រមោលនោះ ថាជាខ្លាធំដរាប​នោះ ចចកនោះ បន្លឺនូវសម្រែក​របស់ចចកនោះឯងថា សម្រែកចចកអាក្រក់ដូចម្តេចទៅ ចំណែក​ខាងសីហនាទ ដូចម្តេចទៅ។

[១១]  នែអាវុសោបាដិកបុត្រ អ្នកក៏ដូច្នោះដែរ រស់នៅ​ក្នុង​សុគតាបទាន (ត្រៃសិក្ខា ជា​សាសនា​របស់ព្រះសុគត) បរិភោគ​ភោជន ជាសំណល់​អំពី​ព្រះសុគត ក៏​តតាំងនឹង​ព្រះតថាគត ជាអរហន្តសម្មាសម្ពុទ្ធថា បាដិកបុត្រ អាក្រក់ដូចម្តេចទៅ ការតតាំង​របស់​ព្រះតថាគត អរហន្ត​សម្មាសម្ពុទ្ធ ដូចម្តេចទៅ។ ម្នាលភគ្គវៈ កាលណា ជាលិយៈ ជា​សិស្សទារុបត្តិកៈ មិនអាចឲ្យ​អចេលបាដិកបុត្រ ឃ្លាតចាកអាសនៈនោះបាន ដោយពាក្យ​ឧបមា​នេះហើយ។ ទើបនិយានឹង​អចេលបាដិកបុត្រនោះ យ៉ាងនេះថា

ចចកស៊ីកង្កែបទាំងឡាយក្នុងរណ្តៅផង ស៊ីកណ្តុរទាំងឡាយក្នុងទីលានផង ស៊ីសាកសព​ទាំងឡាយ ដែលគេចោលក្នុងព្រៃស្មសានផង បានចំរើនធំឡើងក្នុងព្រៃធំ ជាព្រៃស្ងាត់ ក៏សំគាល់ខ្លួនថា អាត្មាអញជាមិគរាជ ចចកនោះ ក៏បន្លឺនូវសម្រែក​ចចកយ៉ាង​នោះ​ដដែល​ថា សម្រែកចចកអាក្រក់ដូចម្តេចទៅ ចំណែក​ខាងសីហនាទ តើដូចម្តេចទៅ។

[១២] នែអាវុសោបាដិកបុត្រ អ្នកក៏ដូច្នោះដែរ រស់នៅ​ក្នុង​សុគតាបទាន (ត្រៃសិក្ខា ជា​សាសនា​របស់​ព្រះសុគត) បរិភោគ​ភោជន ជាសំណល់​អំពី​ព្រះសុគត ក៏​តតាំងនឹង​ព្រះតថាគត ជាអរហន្ត​សម្មា​សម្ពុទ្ធថា បាដិកបុត្រ អាក្រក់ដូចម្តេចទៅ ការតតាំង​របស់​ព្រះតថាគត អរហន្តសម្មាសម្ពុទ្ធ ដូចម្តេចទៅ។ ម្នាលភគ្គវៈ កាលណា ជាលិយៈ ជា​សិស្សទារុបត្តិកៈ មិនអាចឲ្យអចេលបាដិកបុត្រ ឃ្លាតចាកអាសនៈនោះបាន ដោយពាក្យ​ឧបមានេះហើយ។ ទើបត្រឡប់មករកបរិសទ្យនោះវិញ ហើយប្រាប់​យ៉ាង​នេះថា អស់​លោក​ដ៏ចំរើន អចេលបាដិកបុត្រ បរាជ័យហើយ គ្រាន់តែ​និយាយថា នែអាវុសោ ខ្ញុំនឹងទៅ នែអាវុសោ ខ្ញុំនឹងទៅ ដូច្នេះ​ហើយ ក៏អង្គុយជ្រប់ នៅត្រង់កន្លែងនោះដដែល មិនអាច​ក្រោក​ចាកអាសនៈ​បានឡើយ។ ម្នាលភគ្គវៈ កាលបើ​ជាលិយៈ និយាយយ៉ាងនេះហើយ តថាគត បាននិយាយ​នឹងបរិសទ្យ​នោះ យ៉ាងនេះថា នែអាវុសោទាំងឡាយ អចេលបាដិក​បុត្រ បើមិនលះបង់វាចានោះ មិនលះបង់​ចិត្តនោះ មិនលះបង់ទិដ្ឋិនោះចេញទេ មិនគួរ​នឹងមកកាន់​ទី​ចំពោះមុខតថាគតបានឡើយ បើប្រសិនជា​អចេលបាដិកបុត្រនោះ តាំងចិត្ត​យ៉ាងនេះថា អាត្មាអញ​ មិនលះបង់វាចានោះ មិនលះបង់ចិត្តនោះ មិនលះបង់ទិដ្ឋិ​នោះ​ចេញ ហើយគប្បីទៅកាន់​ទី​ចំពោះ​ព្រះភក្ត្រ នៃព្រះសមណគោតម ដូច្នេះ ក្បាលរបស់​អចេលបាដិកបុត្រនោះ មុខជានឹងធ្លាក់​ចុះមិន​ខាន ទោះបី​ពួកលិច្ឆវីដ៏មានអាយុ គិតគ្នា​យ៉ាង​នេះថា យើងត្រូវចងនូវអចេលបាដិកបុត្រ ដោយខ្សែព្រ័ត្រ​ណា ហើយបង្អូសមក ដោយ​គោច្រើននឹមដូច្នេះ ខ្សែព្រ័ត្រទាំងនោះនឹងដាច់ ឬខ្លួនអចេលបាដិកបុត្រ​ឯង នឹង​ដាច់ ឯអចេលបាដិកបុត្រ បើមិនលះបង់​វាចានោះ មិនគួរ។បេ។ នឹងមកកាន់ទី​ចំពោះមុខ​តថាគតបានឡើយ ទោះបីអចេលបាដិកបុត្រ​នោះ តាំងចិត្តយ៉ាងនេះថា អញមិនលះបង់​វាចានោះ។បេ។ ហើយគប្បីទៅកាន់ទីចំពោះ​ព្រះភក្ត្រព្រះសមណគោតម ដូច្នេះ ក្បាល​អចេលបាដិកបុត្រនោះ មុខជានឹងធ្លាក់ចុះមិនខាន។ ម្នាលភគ្គវៈ លំដាប់នោះ តថាគត បាន​ញុំាងបរិសទ្យនោះ ឲ្យឃើញច្បាស់ ឲ្យកាន់យក ឲ្យអាចហ៊ាន ឲ្យរីករាយ ដោយ​ធម្មីកថា លុះ​ញុំាង​បរិសទ្យនោះ ឲ្យឃើញច្បាស់ ឲ្យកាន់យក ឲ្យអាចហ៊ាន ឲ្យរីករាយ ដោយធម្មីកថាហើយ ក៏ធ្វើ​ឲ្យរួចចាកចំណងធំ ហើយស្រង់សត្វទាំង​៨ហ្មឺន៤ពាន់ អំពី​អន្លង់​ធំ (ឱឃៈទាំង៤) រួចហើយ ចូល​តេជោធាតុ ហោះទៅកាន់វេហាស៍ កំពង់ប្រមាណ​៧​ដើមត្នោត ទាំងបាននិម្មិតភ្លើងដទៃ កំពស់​ប្រមាណ៧ដើមត្នោត ឲ្យភ្លឺរន្ទាល បញ្ចេញផ្សែង មកប្រាកដ ក្នុងកូដាគារសាលា នាព្រៃមហាវ័ន។ ម្នាលភគ្គវៈ គ្រានោះឯង សុនក្ខត្ត​លិច្ឆវិបុត្រ បានចូលមករកតថាគត លុះចូលមកដល់ហើយ ក៏ថ្វាយ​បង្គំតថាគត រួចអង្គុយ​ក្នុងទីសមគួរ។ ម្នាលភគ្គវៈ កាលសុនក្ខត្តលិច្ឆវិបុត្រ អង្គុយក្នុងទីសមគួរហើយ តថាគត​បាន​សួរយ៉ាងនេះថា ម្នាលសុនក្ខត្តៈ អ្នកសំគាល់សេចក្តីនោះ ថាដូចម្តេច តថាគត បាន​ប្រារព្ធព្យាករណ៍ នូវអចេលបាដិកបុត្រ ប្រាប់អ្នកយ៉ាងណា ផលវិបាកនោះ ក៏ពិតដូច្នោះ​មែន មិនបាន​ទៅជាដទៃវិញទេឬ។ សុនក្ខត្តលិច្ឆវិបុត្រឆ្លើយថា បពិត្រព្រះអង្គដ៏ចំរើន ព្រះមានព្រះភាគ ទ្រង់ប្រារព្ធព្យាករណ៍ នូវអចេលបាដិកបុត្រ ប្រាប់ខ្ញុំព្រះអង្គយ៉ាងណា ផលវិបាកនោះ ក៏ពិតដូច្នោះ​មែន មិនបាន​ទៅជាដទៃវិញទេ។ តថាគតសួរថា ម្នាល​សុនក្ខត្តៈ អ្នកសំគាល់​សេចក្តីនោះថាដូចម្តេច កាលបើហេតុយ៉ាងនេះមានហើយ តើ​តថាគត ឈ្មោះថា​បានធ្វើ​ឥទ្ធិបាដិហារិយ៍ ជាធម៌ដ៏ប្រសើរ ក្រៃលែងជាងធម៌​របស់មនុស្ស ឬមិនបានធ្វើទេ។ សុនក្ខត្តលិច្ឆវិបុត្រឆ្លើយតបថា បពិត្រព្រះអង្គ​ដ៏ចំរើន កាលបើហេតុ​យ៉ាង​នេះមានហើយ ឈ្មោះថា ព្រះអង្គ​បានធ្វើ​ នូវឥទ្ធិបាដិហារិយ៍ ជាធម៌ដ៏​ប្រសើរ ក្រៃលែងជាងធម៌​របស់មនុស្សពិតមែនហើយ មិនមែនជាព្រះអង្គមិនបានធ្វើទេ។ តថាគត​តបថា ម្នាលមោឃបុរស កាលបើហេតុយ៉ាងនេះមានហើយ អ្នកនៅតែនិយាយនឹង​តថាគត ដែលជា​អ្នកធ្វើ​ឥទ្ធិបាដិហារិយ៍ ជាធម៌ដ៏ប្រសើរ ក្រៃលែងជាងធម៌​របស់មនុស្ស យ៉ាង​នេះថា បពិត្រ​ព្រះអង្គដ៏ចំរើន ព្រះមានព្រះភាគមិនធ្វើ​ឥទ្ធិបាដិហារិយ៍ ជាធម៌ដ៏​ប្រសើរ ក្រៃលែងជាងធម៌​របស់មនុស្ស ដល់ខ្ញុំព្រះអង្គទេ។ តថាគតពោលថា ម្នាល​មោឃបុរស អ្នកចូរមើលចុះ អំពើនេះ ជាសេចក្តីខុសរបស់អ្នក។ ម្នាលភគ្គវៈ ឯសុនក្ខត្ត​លិច្ឆវិបុត្រ កាលដែលតថាគតស្តីឲ្យយ៉ាងនេះ​ហើយ ក៏គេចចេញចាកធម្មវិន័យនេះ ដូចជា​សត្វដែល​ទៅកើតក្នុងអបាយ ឬទៅកើតក្នុងនរក។

[១៣] ម្នាលភគ្គវៈ តថាគតដឹងច្បាស់នូវច្បាប់ទំលាប់ផង ដឹងច្បាស់នូវគុណវិសេស ដ៏​លើស​លុប​ជាងនោះទៅទៀតផង [អដ្ឋកថា ថា ដឹងច្បាស់តាំងពី សីល សមាធិ (បញ្ញា) រហូតដល់​សព្វញ្ញុតញ្ញាណ ដែលជាគុណដ៏លើសលុប ជាងច្បាប់ទំលាប់នោះទៅទៀត។] កាលដែលតថាគត ដឹងច្បាស់នូវធម៌នោះហើយ ក៏មិនបានប្រកាន់ខុស (ដោយអំណាច​តណ្ហា ទិដ្ឋិ និងមានៈ) ទេ។ លុះ​តថាគតមិនបានប្រកាន់ខុស (នូវធម៌នោះហើយ) ទើបដឹង​ច្បាស់​នូវសេចក្តីរលត់ (កិលេស) ចំពោះ​ខ្លួនឯង កាលបើតថាគតដឹងច្បាស់​ នូវសេចក្តី​រលត់ នៃកិលេសហើយ ក៏មិនដល់នូវ​សេចក្តីវិនាស​ឡើយ។ សមណព្រាហ្មណ៍ពួកមួយ បញ្ញត្តនូវច្បាប់ទំលាប់ ជាអាចរិយវាទ ដែលព្រះឥសូរ​តាក់តែង​ហើយ ដែលព្រះព្រហ្មតាក់​តែង​ហើយ តថាគត បានចូលទៅរក​ពួកសមណព្រាហ្មណ៍ទាំងនោះ ហើយ​សួរយ៉ាង​នេះ​ថា ម្នាលអ្នកមានអាយុទាំងឡាយ ឮថាអ្នកទាំងឡាយ បញ្ញត្ត​នូវច្បាប់ទំលាប់ ជា​អាចរិយវាទ ដែលព្រះឥសូរ​តាក់តែងហើយ ដែលព្រះព្រហ្មតាក់តែងហើយ ពិតមែនឬ។ ចំណែក​ខាងសមណព្រាហ្មណ៍ទាំងនោះ លុះដល់តថាគតសួរយ៉ាងនេះហើយ ក៏ប្រាប់ថា ព្រះករុណា​ ដូច្នេះ ទើបតថាគត សួរសមណព្រាហ្មណ៍ទាំងនោះ យ៉ាងនេះទៀតថា ម្នាលអ្នកមានអាយុទាំងឡាយ ចុះ​អ្នកទាំងឡាយ​បញ្ញត្ត នូវច្បាស់ទំលាប់​ ជាអាចរិយវាទ ដែលព្រះឥសូរ​តាក់តែងហើយ ដែលព្រះព្រហ្មតាក់តែងហើយ តើមានប្រការដូចម្តេចខ្លះ។ សមណព្រាហ្មណ៍ទាំងនោះ លុះតថាគត​សួរហើយ ក៏រកឆ្លើយដោះមិនរួច កាលបើឆ្លើយ​ដោះមិនរួចហើយ ទើបត្រឡប់សួរមកតថាគតវិញ​ លុះសមណព្រាហ្មណ៍ទាំងឡាយនោះ សួរតថាគតហើយ តថាគតក៏ព្យាករថា ម្នាលអាវុសោ​ទាំងឡាយ មានសម័យដែលលោក​នេះ វិនាសទៅម្តងៗ ដោយកន្លងកាលយូរទៅពុំខាន កាលដែល​លោក​នេះវិនាសទៅ ពួក​សត្វច្រើន ទៅកើតក្នុងអាភស្សរព្រហ្ម ពួកសត្វ ដែលទៅកើត​ក្នុងអាភស្សរព្រហ្មនោះ ជាសត្វ​កើតដោយឈានចិត្ត មានបីតិជាអាហារ មានរស្មីភ្លឺដោយខ្លួនឯង ត្រាច់ទៅក្នុង​អាកាសបាន ឋិតនៅក្នុងទីដ៏ល្អ តាំងនៅអស់កាលយូរអង្វែង [ក្នុងព្រហ្មជាលសុត្តវណ្ណនា មានសេចក្តី​ពន្យល់ថា អស់៨កល្បយ៉ាងច្រើន]។ ម្នាលអាវុសោទាំងឡាយ មានសម័យ ដែលលោកនេះកើតឡើងវិញម្តងៗ ដោយកន្លងកាលយូរទៅពុំខាន កាលដែល លោក​នេះ​កើតឡើង វិមាននៃព្រហ្ម ដែលសូន្យស្ងាត់គ្មានសត្វ ក៏កើតឡើងប្រាកដ គ្រានោះឯង មានសត្វម្នាក់ច្យុត​ចាក​ពួក​អាភស្សរព្រហ្ម ព្រោះអស់អាយុ ឬអស់បុណ្យ ហើយទៅ​កើតក្នុង​វិមាននៃព្រហ្ម ដែលសូន្យ​ស្ងាត់ (នោះ) លុះសត្វនោះ បានទៅកើតក្នុងវិមាននោះ ក៏ជាសត្វកើត​ដោយឈានចិត្ត មានបីតិជាអាហារ មានរស្មីភ្លឺខ្លួនឯង ត្រាច់ទៅក្នុង​អាកាស​បាន ឋិតនៅក្នុងទីដ៏ល្អ តាំងនៅអស់កាលយូរអង្វែង [ក្នុង​ព្រហ្មជាលសុត្តវណ្ណនា មាន​សេចក្តី​ពន្យល់ថា ឋិតនៅអស់១កល្ប ឬកន្លះកល្ប។]។ សត្វម្នាក់នោះ ដែលទៅ​កើត​ក្នុងវិមាននោះតែម្នាក់ឯង នៅអស់កាលជាយូរអង្វែងទៅ ក៏មានសេចក្តី​ប្រាថ្នា សេចក្តី​អន្ទះអន្ទែង​ដោយតណ្ហាកើតឡើង ដូច្នេះថា ធ្វើដូចម្តេចហ្ន៎ ឲ្យបានពួកសត្វដទៃ មកកាន់​អត្តភាព​ជាព្រហ្មនេះផង។ លំដាប់នោះឯង ពួកសត្វដទៃច្យុតចាកពួកអាភស្សរព្រហ្ម ព្រោះ​អស់អាយុ ឬបុណ្យ ហើយមកកើតក្នុងវិមាន ដែលសូន្យ ជាមួយនឹងសត្វនោះដែរ ឯសត្វទាំងនោះ លុះកើត​ក្នុងព្រហ្ម​វិមាននោះហើយ ក៏ជាសត្វកើតដោយឈានចិត្ត មាន​បីតិជាអាហារ មានរស្មីភ្លឺខ្លួនឯង ត្រាច់ទៅ​ក្នុង​អាកាសបាន ឋិតនៅ​ក្នុងទីដ៏ល្អ តាំងនៅ​អស់កាលយូរអង្វែង។ ម្នាលអាវុសោទាំងឡាយ បណ្តា​សត្វ​ទាំងនោះ សត្វណា បានទៅ​កើតជាដម្បូង សត្វនោះ ក៏មានសេចក្តីត្រិះរិះ យ៉ាងនេះថា អាត្មាអញ​ជាព្រហ្ម ជាមហា​ព្រហ្ម គ្របសង្កត់នូវសត្វឯទៀតៗបាន សត្វឯទៀតៗ មិនអាចគ្របសង្កត់លើអាត្មា​អញ​បានឡើយ អាត្មាអញ ជាអ្នកឃើញហេតុសព្វគ្រប់ ជាអ្នកធ្វើជនទាំងពួង​ឲ្យលុះ​ក្នុង​អំណាច​​ខ្លួន ជាធំ (ក្នុងលោក) ជាអ្នកសាងលោក តាក់តែងលោក ជាចម្បងជាង​សត្វ​លោក ជាអ្នកចាត់ចែង [ជាអ្នក​ចែករំលែកសត្វលោក ឲ្យឈ្មោះថាក្សត្រ ព្រាហ្មណ៍ វេស្សៈ សុទ្ទៈ ជាដើម។] លោក ជាអ្នក​ស្ទាត់ជំនាញ ជាបិតារបស់ពួកភូត និងភព្យៈ [សត្វដែល​ប្រសូតចេញមកហើយ ហៅថា ភូត សត្វដែល​នៅក្នុងស្រោមស៊ុត ឬនៅក្នុងផ្ទៃ ហៅថា​ភព្យៈ។] សត្វទាំងនេះ សុទ្ធតែអាត្មាអញតាក់តែង​ហើយ។ ដំណើរនោះព្រោះហេតុអ្វី។ ព្រោះថា អាត្មាអញ មានគំនិតក្នុងកាលពីដើមមកដូច្នេះថា  ធ្វើ​ដូចម្តេចហ្ន៎ ឲ្យបានពួក​សត្វឯទៀត មកកាន់អត្តភាព​ជាព្រហ្មនេះផង ពួកសត្វទាំងនេះ មកកាន់អត្តភាពជាព្រហ្ម ត្រូវតាមសេចក្តីប្រាថ្នា របស់អាត្មាអញដូច្នោះឯង។ ពួកសត្វ​ទាំងឡាយណា ដែលមកកើត​ជា​ខាង​ក្រោយ សត្វទាំងនោះ ក៏មានសេចក្តីយល់ឃើញ​ យ៉ាងនេះថា ព្រហ្មដ៏ចំរើននេះ ជាមហាព្រហ្ម គ្របសង្កត់នូវសត្វ​ឯទៀត​ៗ​បាន សត្វឯទៀតៗ មិនអាចគ្របសង្កត់លើបាន ជាអ្នក​ឃើញ​ហេតុសព្វគ្រប់ ជាអ្នកធ្វើជនទាំងពួង ​ឲ្យលុះ​នៅក្នុងអំណាច​ខ្លួន ជាឥស្សរៈ​ក្នុង​លោក ជាអ្នក​សាង​លោក តាក់តែងលោក ជាចម្បងជាង​សត្វ​លោក ជាអ្នកចាត់ចែង​លោក ជាអ្នក​ស្ទាត់ជំនាញ ជាបិតារបស់ពួកភូត និងភព្យៈ យើងទាំងឡាយ គឺព្រហ្មដ៏​ចំរើននេះឯងបានតាក់តែង​ហើយ។ ដំណើរនោះ ព្រោះហេតុដូចម្តេច។ ព្រោះថា យើង​បាន​ឃើញព្រហ្មនេះ មកកើតក្នុងទីនេះមុន ចំណែកយើង មកកើតខាងក្រោយទេ។ ម្នាល​អាវុសោ បណ្តាសត្វទាំងនោះ សត្វណា បានទៅកើត​មុនគេ សត្វនោះឯង មានអាយុវែង​ជាងគេផង មានសម្បុរល្អជាងគេផង មានសក្តិធំជាងគេផង។ ចំណែក​ខាងពួកសត្វណា ដែលទៅ​កើត​ខាងក្រោយគេ ពួកសត្វនោះ មានអាយុ ក៏តិចជាងគេផង មានសម្បុរអន់​ជាង​គេផង មាន​សក្តិ​តូច​ជាងគេផង។ ម្នាលអាវុសោទាំងឡាយ ហេតុនុ៎ះ តែងមាន​ជា​ប្រាកដ ត្រង់ថា សត្វណាមួយ ច្យុត​ចាក​ពួកព្រហ្មនោះ មកកាន់អត្តភាពជាមនុស្សនេះ លុះបាន​មក​កាន់អត្តភាព​ជាមនុស្សនេះ ហើយក៏​ចេញ​ចាកផ្ទះ ចូលទៅកាន់ផ្នួស លុះបាន​ចេញចាកផ្ទះ ចូលទៅ​កាន់ផ្នួសហើយ ក៏អាស្រ័យនូវព្យាយាម ជាគ្រឿង​ដុតកំដៅកិលេស អាស្រ័យនូវព្យាយាម ជាគ្រឿង​តម្កល់មាំ អាស្រ័យនូវព្យាយាម ជាគ្រឿង​ប្រកបរឿយៗ អាស្រ័យ​នូវសេចក្តីមិនធ្វេសប្រហែស អាស្រ័យ​នូវការយកចិត្តទុកដាក់ល្អ ក៏បាន​ចេតោសមាធិ តាមបែបនៃចិត្ត​របស់ព្រះយោគី ដែលតាំង​នៅខ្ជាប់ខ្ជួន ដោយសមាធិ ហើយ​រលឹកនូវខន្ធ ដែលសត្វអាស្រ័យនៅហើយ ក្នុងកាលមុននោះ កំណត់​ត្រឹមតែ​អត្តភាព​ជាព្រហ្មនោះប៉ុណ្ណោះ មិនអាចរលឹកឃើញ នូវខន្ធហួសអំពីនោះបានឡើយ។ សត្វ​នោះឯង និយាយយ៉ាងនេះថា ព្រហ្មដ៏ចំរើននេះ ជាមហាព្រហ្ម គ្របសង្កត់​នូវសត្វ​ឯទៀតៗបាន សត្វឯទៀតៗ មិនអាចគ្របសង្កត់លើបាន ជាអ្នក​ឃើញ​ហេតុសព្វគ្រប់ ជាអ្នកធ្វើជនទាំងពួង ​ឲ្យលុះ​ក្នុងអំណាច​ខ្លួន ជាឥស្សរៈក្នុងលោក ជាអ្នក​សាង​លោក តាក់តែងលោក ជាចម្បងជាងសត្វលោក ជាអ្នកចាត់ចែងលោក ជាអ្នក​ស្ទាត់ជំនាញ ជាបិតារបស់ពួកភូត និងភព្យៈ។ ព្រហ្មដ៏ចំរើនណា ជាអ្នកតាក់តែងនូវយើងទាំងឡាយ ព្រហ្មនោះឯង ជាអ្នកទៀតទាត់ ឋិតថេរ មានអាយុវែង មានសេចក្តី​មិនប្រែប្រួលជាធម្មតា តែងឋិតនៅដូចជាសស្សតិវត្ថុ យ៉ាងនោះឯង។ ចំណែក​យើង​ទាំងឡាយណា ដែលព្រហ្មដ៏​ចំរើននោះ​បានតាក់តែង​ហើយ យើងទាំងឡាយនោះ ជាអ្នកមិនទៀង​ទាត់ ឋិតថេរទេ មានអាយុខ្លី មានកិរិយាច្យុតជាធម្មតា ទើបបានមកកាន់​អត្តភាពជាមនុស្ស​នេះ។ តថាគត​សួរ​សមណព្រាហ្មណ៍ទាំងនោះថា ម្នាលអ្នកមានអាយុដ៏ចំរើនទាំងឡាយ អ្នកទាំងឡាយ​បញ្ញត្ត នូវច្បាប់ទំលាប់ ជាអាចរិយវាទ ដែលព្រះឥសូរតាក់តែងហើយ ព្រះព្រហ្ម​តាក់តែង​ហើយ មានប្រការយ៉ាងនេះឬ។ ពួកសមណព្រាហ្មណ៍ទាំងនោះ បានឆ្លើយតបយ៉ាង​នេះថា នែអាវុសោគោតម ព្រះគោតមមានអាយុពោលយ៉ាងណា យើងទាំងឡាយ ក៏បាន​ឮមកយ៉ាង​នោះ​ដែរ។ ម្នាលភគ្គវៈ តថាគត ដឹងច្បាស់នូវច្បាប់ទំលាប់ផង។ សេចក្តី​បំប្រួញ។ កាលដែលតថាគត បាន​ដឹងច្បាស់នូវ​សេចក្តីរលត់ នៃកិលេសហើយ ក៏មិន​ដល់​នូវសេចក្តី​វិនាសឡើយ។

[១៤] ម្នាលភគ្គវៈ មានសមណព្រាហ្មណ៍ពួកមួយ បញ្ញត្តនូវច្បាប់ទំលាប់ ជាអាចរិយវាទ មាន​ទេវតាឈ្មោះខិឌ្ឌាបទោសិកាជាមូល (អ្នកវិនាសខ្លួនព្រោះល្បែង) តថាគត ក៏ចូលទៅ​រក​​ពួក​សមណព្រាហ្មណ៍ទាំងនោះ ហើយសួរយ៉ាងនេះថា នែអ្នកមានអាយុទាំងឡាយ បានឮថា ពួក​អ្នក​បញ្ញត្តនូវច្បាប់ទំលាប់ ជាអាចរិយវាទ មាន​ទេវតាឈ្មោះ​ខិឌ្ឌាបទោសិកា​ជាមូល ពិតមែនឬ។ ​សមណព្រាហ្មណ៍ទាំងនោះ លុះតថាគតសួរយ៉ាងនេះហើយ ក៏ប្រាប់​ថា ព្រះករុណាព្រះអង្គ ដូច្នេះ ទើបតថាគត សួរសមណព្រាហ្មណ៍​ទាំងនោះ​ទៀត​យ៉ាង​នេះថា នែអ្នកមានអាយុទាំងឡាយ ចុះអ្នក​ទាំងឡាយ បញ្ញត្តនូវច្បាប់ទំលាប់ ជា​អាចរិយវាទ មាន​ទេវតាឈ្មោះខិឌ្ឌាបទោសិកាជាមូល តើ​មានប្រការ​ដូចម្តេចខ្លះ។ សមណ​ព្រាហ្មណ៍ទាំងនោះ លុះតថាគតសួរហើយ ក៏ឆ្លើយមិនរួច កាលបើ​ឆ្លើយមិនរួច ក៏ត្រឡប់សួរមកតថាគតវិញ លុះសមណព្រាហ្មណ៍​ទាំងនោះ សួរតថាគត​ហើយ តថាគត​ក៏ព្យាករថា ម្នាលអាវុសោទាំងឡាយ មានពួកទេវតា ឈ្មោះខិឌ្ឌាបទោសិកា ទេវតា​ទាំងនោះ ជាអ្នកខ្វល់ខ្វាយ ក្នុងសេចក្តីត្រេកអរ ក្នុងការសើចសប្បាយនឹងល្បែងជាធម្មតា ហួសវេលា កាល​ទេវតា​ទាំងនោះ កំពុងតែខ្វល់ខ្វាយ ក្នុងសេចក្តីត្រេកអរ ក្នុងការសើច​សប្បាយ​នឹងល្បែងជា​ធម្មតា ហួសវេលាហើយ សតិក៏ភ្លេចវង្វេងទៅ (ខាន​បរិភោគ​អាហារ) កាលបើសតិភ្លេចវង្វេង​ហើយ ទេវតាទាំងនោះ ក៏ច្យុតចាកកាយនោះមក។ ម្នាល​អាវុសោទាំងឡាយ ហេតុនោះ តែងមានប្រាកដ ត្រង់ថា សត្វណាមួយ ច្យុតចាក​កាយ​នោះ បានមកកាន់អត្តភាពជាមនុស្សនេះ លុះបាន​មក​កាន់​អត្តភាព​ជាមនុស្សនេះហើយ ក៏ចេញចាកផ្ទះ ចូលទៅកាន់ផ្នួស លុះបានចេញចាកផ្ទះ ចូលទៅ​កាន់ផ្នួសហើយ ក៏​អាស្រ័យ​នូវព្យាយាម ជាគ្រឿង​ដុតកំដៅ(កិលេស) អាស្រ័យនូវព្យាយាម ជាគ្រឿង​តម្កល់​មាំ អាស្រ័យនូវព្យាយាម ជាគ្រឿង​ប្រកបរឿយៗ អាស្រ័យនូវសេចក្តីមិនធ្វេសប្រហែស អាស្រ័យ​​នូវការយកចិត្តទុកក្នុងចិត្តដោយល្អ ក៏បាន​នូវចេតោសមាធិ តាមបែបនៃចិត្ត​របស់ព្រះយោគី ដែលតាំង​នៅខ្ជាប់ខ្ជួន ដោយសមាធិ ហើយរលឹកឃើញនូវខន្ធ ដែល​សត្វ​អាស្រ័យនៅហើយ ក្នុង​កាល​មុននោះ កំណត់​ត្រឹមតែអត្តភាពជាព្រហ្មនោះប៉ុណ្ណោះ មិន​អាច​រលឹកឃើញ នូវខន្ធ​ហួសអំពីនោះទៅទៀតបានឡើយ។ សត្វនោះឯង និយាយយ៉ាង​នេះថា ទេវតាទាំងឡាយ​ដ៏ចំរើនណា មិនមែនឈ្មោះ ខិឌ្ឌាបទោសិកា ទេវតាទាំងនោះ ជាអ្នកមិនខ្វល់ខ្វាយ ក្នុងសេចក្តី​ត្រេកអរ ក្នុងការសើចសប្បាយ នឹងល្បែង ជាធម្មតា ហួសវេលាឡើយ កាលដែលទេវតាទាំងនោះ មិនខ្វល់​ខ្វាយ ក្នុង​សេចក្តីត្រេកអរ ក្នុងការ​សើច​សប្បាយ នឹងល្បែង ជាធម្មតា ហួសវេលាទេ សតិ ក៏មិន​ភ្លេច​វង្វេង កាលបើ​សតិ​មិន​ភ្លេចវង្វេងហើយ ទេវតាទាំងនោះ ក៏មិនច្យុតចាកកាយនោះឡើយ ជាទេវតា​ទៀងទាត់​ឋិតថេរ មានអាយុវែង មានសេចក្តី​មិនប្រែប្រួលជាធម្មតា តែងឋិតនៅ​ដូចជា​សស្សតិវត្ថុ។ ចំណែក​យើង​ទាំងឡាយណា ជាខិឌ្ឌាបទោសិកា យើងទាំងនោះ ជាអ្នកខ្វល់ខ្វាយ ក្នុង​សេចក្តីត្រេកអរ ក្នុងការសើចសប្បាយ នឹងល្បែង ជាធម្មតា ហួសវេលា កាលដែល​យើង​ទាំង​នោះ កំពុងខ្វល់ខ្វាយ ក្នុង​សេចក្តីត្រេកអរ ក្នុងការសើចសប្បាយ នឹងល្បែង ជាធម្មតា ហួសវេលាហើយ សតិក៏ភ្លេចវង្វេងទៅ កាលបើសតិភ្លេចវង្វេងហើយ ពួកយើងទាំងនោះ ក៏ច្យុតចាកកាយនោះ ជាទេវតាមិនទៀង​ទាត់ឋិតថេរទេ មានអាយុតិច មានកិរិយាច្យុត​ជា​ធម្មតា បានជាមកកាន់​អត្តភាព​ជា​មនុស្ស​នេះ។ តថាគត សួរសមណព្រាហ្មណ៍​ទាំង​នោះថា នែអ្នកមានអាយុទាំងឡាយ ចុះអ្នក​ទាំងឡាយ បញ្ញត្តនូវច្បាប់ទំលាប់ ជា​អាចរិយវាទ មានទេវតាឈ្មោះ​ខិឌ្ឌាបទោសិកាជាមូល មាន​ប្រការយ៉ាងនេះឬ។ សមណ​ព្រាហ្មណ៍​ទាំងនោះ បានឆ្លើយតបយ៉ាង​នេះថា ម្នាល​អាវុសោ​គោតម ព្រះគោតម​មាន​អាយុ ពោលយ៉ាងណា យើងទាំងឡាយ ក៏បានឮមកយ៉ាង​នោះ​ដែរ។ ម្នាលភគ្គវៈ តថាគត ដឹងច្បាស់នូវច្បាប់ទំលាប់ផង។បេ។ កាលដែលតថាគត ​ដឹងច្បាស់នូវ​សេចក្តីរលត់​នៃ​កិលេស​ហើយ ក៏មិនដល់នូវសេចក្តី​វិនាសឡើយ។

[១៥] ម្នាលភគ្គវៈ មានសមណព្រាហ្មណ៍ពួកមួយ បញ្ញត្តនូវច្បាប់ទំលាប់ ជាអាចរិយវាទ មាន​​ទេវតាឈ្មោះ មនោបទោសិកា ជាមូល (អ្នកវិនាសខ្លួនព្រោះចិត្ត) តថាគត បាន​ចូល​ទៅ​​រក​សមណ​ព្រាហ្មណ៍ទាំងនោះ ហើយសួរយ៉ាងនេះថា នែអ្នកមានអាយុទាំងឡាយ ឮ​ថា​​អ្នកទាំងឡាយ​បញ្ញត្តនូវច្បាប់ទំលាប់ ជាអាចរិយវាទ មាន​ទេវតាឈ្មោះ​មនោបទោសិកា​ជាមូល ពិតមែនឬ។ ​ឯសមណព្រាហ្មណ៍ទាំងនោះ លុះ​តថាគត​សួរ​យ៉ាងនេះហើយ ក៏ប្តេជ្ញាថា ព្រះករុណាព្រះអង្គ ដូច្នេះ ទើបតថាគត សួរសមណព្រាហ្មណ៍​ទាំងនោះ យ៉ាងនេះទៀតថា នែអ្នកមានអាយុទាំងឡាយ ចុះអ្នក​ទាំងឡាយ បញ្ញត្តនូវ​ច្បាប់ទំលាប់ ជាអាចរិយវាទ មាន​ទេវតាឈ្មោះ មនោបទោសិកា ជាមូល តើ​មាន​ប្រការ​​ដូចម្តេចខ្លះ។ សមណព្រាហ្មណ៍ទាំងនោះ លុះតថាគតសួរហើយ ក៏ឆ្លើយដោះមិនរួច កាល​បើ​ឆ្លើយ​មិនរួច ក៏ត្រឡប់សួរមកតថាគតវិញ លុះសមណព្រាហ្មណ៍​ទាំងនោះ សួរ​មក​តថាគត​ តថាគត​ក៏​ព្យាករថា ម្នាលអាវុសោទាំងឡាយ មានពួកទេវតា ឈ្មោះ មនោបទោសិកា ពួកទេវតា​ទាំងនោះ សំឡក់រិះគន់គ្នា នឹងគ្នាហួសវេលា កាល​ទេវតា​ទាំងនោះ សំឡក់រិះគន់គ្នានឹងគ្នា ហួសវេលាហើយ ក៏ធ្វើចិត្តឲ្យប្រទូស្ត ដល់គ្នានឹងគ្នាទៀត ទេវតាទាំងនោះ លុះមានចិត្តប្រទូស្ត ដល់គ្នានឹងគ្នាហើយ ក៏លំបាកកាយ លំបាកចិត្ត ទេវតាទាំងនោះ ក៏ច្យុតចាកកាយនោះមក ម្នាលអាវុសោ ហេតុនោះ តែងមានប្រាកដ ត្រង់ថា សត្វណាមួយ ច្យុតចាកកាយនោះ ហើយមកកាន់អត្តភាពជាមនុស្សនេះ លុះបាន​មក​កាន់​អត្តភាព​ជាមនុស្សហើយ ក៏ចេញចាកផ្ទះ ចូលទៅកាន់ផ្នួស លុះបានចេញចាកផ្ទះ ចូលទៅ​កាន់ផ្នួសហើយ ក៏អាស្រ័យនូវព្យាយាម ជាគ្រឿង​ដុតកំដៅ(កិលេស)។បេ។ ក៏​បាន​​នូវ​ចេតោសមាធិ តាមបែបនៃចិត្ត​របស់ព្រះយោគី ដែលតាំង​នៅខ្ជាប់ខ្ជួន ដោយ​សមាធិ ក៏រលឹកឃើញ​នូវខន្ធ ដែលសត្វអាស្រ័យនៅហើយ ក្នុង​កាល​មុននោះ កំណត់​ត្រឹមតែអត្តភាពជាព្រហ្មនោះប៉ុណ្ណោះ មិនអាចរលឹកឃើញ នូវខន្ធ​ហួសពីនោះទៅ​ទៀត​បានឡើយ។ សត្វនោះ បាននិយាយយ៉ាងនេះថា ពួកទេវតាដ៏ចំរើនណា ដែលមិនមែន​ឈ្មោះថា មនោបទោសិកាទេ ទេវតាទាំងនោះ មិនសំឡក់​រិះគន់គ្នានឹងគ្នា ហួសវេលា ហើយក៏មិនបានធ្វើចិត្ត​ឲ្យប្រទូស្ត​ ដល់គ្នានឹងគ្នា ទេវតាទាំងនោះ លុះមានចិត្តមិន​បាន​ប្រទូស្តហើយ ក៏មិនលំបាកកាយ មិនលំបាកចិត្ត ទេវតាទាំងនោះ ក៏មិនច្យុត​ចាក​កាយ​នោះឡើយ ជាទេវតា​ទៀងទាត់ឋិតថេរ មានអាយុវែង មានសេចក្តី​មិនប្រែប្រួល​ជា​ធម្មតា តែងតាំង​នៅដូចជាសស្សតិវត្ថុ។ ចំណែក​យើង​ទាំងឡាយណា ឈ្មោះថា មនោបទោសិកា​ទេវតា យើងទាំងនោះ បានសំឡក់រិះគន់គ្នានឹងគ្នា ហួសវេលា កាលដែលយើងទាំង​នោះ សំឡក់​រិះគន់គ្នានឹងគ្នា ហួសវេលាហើយ ក៏បានធ្វើចិត្ត​ឲ្យប្រទូស្តដល់គ្នានឹងគ្នាទៀត លុះ​ដល់​យើងទាំង​នោះ មានចិត្តប្រទូស្តដល់គ្នានឹងគ្នាហើយ ក៏លំបាកកាយ លំបាកចិត្ត យើងទាំងឡាយ ក៏ច្យុត​ចាកកាយនោះ ដោយអាការយ៉ាងនេះឯង ជាទេវតាមិនទៀង​ទាត់ មិនឋិតថេរ មានអាយុតិច មានការច្យុតជាធម្មតា បានជាមកកាន់​អត្តភាព​ជា​មនុស្ស​នេះ។ តថាគត សួរ​ពួកសមណព្រាហ្មណ៍​ទាំងនោះថា នែអ្នកមានអាយុទាំងឡាយ ចុះអ្នក​ទាំងឡាយ បញ្ញត្តនូវច្បាប់ទំលាប់ ជាអាចរិយវាទ មានទេវតាឈ្មោះ​មនោបទោសិកា​ជាមូល មាន​ប្រការយ៉ាងនេះឬ។ សមណព្រាហ្មណ៍ទាំងនោះ បានឆ្លើយតបយ៉ាង​នេះថា ម្នាល​អាវុសោ​គោតម ព្រះគោតមមានអាយុ ពោលយ៉ាងណា យើង​ទាំង​ឡាយ ក៏បាន​ឮ​មក​យ៉ាង​នោះ​ដែរ។ ម្នាលភគ្គវៈ តថាគត ដឹងច្បាស់នូវច្បាប់ទំលាប់ផង។បេ។ កាល​ដែល​តថាគត ​ដឹងច្បាស់ នូវ​សេចក្តីរលត់ ​នៃ​កិលេស​ហើយ ក៏មិនដល់នូវសេចក្តី​វិនាសឡើយ។

[១៦] ម្នាលភគ្គវៈ មានសមណព្រាហ្មណ៍ពួកមួយ បញ្ញត្តច្បាប់ទំលាប់ ជាអាចរិយវាទ ដែល​កើតឡើងដោយមិនអាស្រ័យហេតុ តថាគត ចូលទៅរក​​សមណព្រាហ្មណ៍ទាំងនោះ ហើយ​សួរ​យ៉ាងនេះថា នែអ្នកមានអាយុទាំងឡាយ ឮថា ​អ្នកទាំងឡាយ ​បញ្ញត្តច្បាប់​ទំលាប់ ជាអាចរិយវាទ ដែល​កើតឡើង ដោយមិនអាស្រ័យហេតុ ពិតមែនឬ។ ឯ​សមណ​ព្រាហ្មណ៍ទាំងនោះ លុះតថាគត​សួរ​យ៉ាង​នេះហើយ ក៏ប្តេជ្ញាថា ព្រះករុណាព្រះអង្គ ដូច្នេះ ហើយទើបតថាគត សួរយ៉ាងនេះទៅ​សមណព្រាហ្មណ៍ទាំងនោះទៀតថា នែអ្នកមាន​អាយុ​ទាំង​ឡាយ ចុះអ្នក​ទាំងឡាយ បញ្ញត្តនូវ​ច្បាប់​ទំលាប់ ជាអាចរិយវាទ ដែល​កើតឡើង ដោយមិនអាស្រ័យ​ហេតុ តើ​មានប្រការ​ដូចម្តេចខ្លះ។ ឯសមណព្រាហ្មណ៍ទាំងនោះ លុះ​តថាគតសួរហើយ ក៏ឆ្លើយដោះមិនរួច កាលបើ​ឆ្លើយដោះមិនរួច​ហើយ ក៏ត្រឡប់សួរ​មក​តថាគតវិញ លុះសមណព្រាហ្មណ៍​ទាំងនោះសួរ តថាគត​ក៏ព្យាករថា ម្នាលអាវុសោ​ទាំង​ឡាយ មានទេវតា ឈ្មោះអសញ្ញីសត្វ គឺសត្វមិនមានសញ្ញា ទេវតា​ទាំងនោះ លុះមាន​សញ្ញា​កើតឡើងហើយ ក៏ច្យុតចាកកាយនោះ។ ម្នាលអាវុសោទាំងឡាយ ហេតុនោះ តែង​មានប្រាកដ ត្រង់ថា សត្វណាមួយ ច្យុតចាកកាយនោះ ហើយមកកាន់​អត្តភាព​ជា​មនុស្ស​នេះ លុះបាន​មក​កាន់​អត្តភាព​ជាមនុស្សនេះហើយ ក៏ចេញចាកផ្ទះ ចូលទៅកាន់ផ្នួស លុះបានចេញ​ចាក​ផ្ទះ ចូលទៅ​កាន់ផ្នួសហើយ អាស្រ័យនូវព្យាយាម ជាគ្រឿង​ដុតកំដៅ (កិលេស) អាស្រ័យនូវព្យាយាម ជាគ្រឿង​តម្កល់មាំ។បេ។ ក៏បាន​នូវចេតោសមាធិ តាម​បែប​នៃចិត្ត​របស់យោគី ដែលតាំង​នៅខ្ជាប់ខ្ជួន ដោយសមាធិ ហើយក៏រលឹក​ឃើញ​ត្រឹម​កំណត់កាល ដែលមានសញ្ញាកើតឡើងហើយនោះ មិនអាចរលឹកឃើញ ឲ្យ​ហួសពីនោះ​បានឡើយ។ សត្វនោះ ក៏និយាយយ៉ាងនេះថា ខ្លួន និងលោក​កើតឡើង ដោយមិន​អាស្រ័យ​ហេតុ ការពោលដូច្នេះ តើព្រោះហេតុអ្វី ព្រោះថា អាត្មាអញ ក្នុងកាល​មុននោះ ក៏មិនបានកើតជាសត្វអ្វីទេ កើតតែក្នុងកាលឥឡូវនេះឯង តទៅមុខទៀត ក៏មិនបាន​កើតដែរ ត្រឡប់ទៅជាស្ងប់រម្ងាប់។ តថាគត សួរសមណព្រាហ្មណ៍ទាំងនោះថា នែអ្នក​មាន​​អាយុ​ទាំង​ឡាយ ចុះអ្នក​ទាំងឡាយ បញ្ញត្តច្បាប់ទំលាប់ ជាអាចរិយវាទ ដែល​កើតឡើង ដោយមិនអាស្រ័យ​ហេតុ មាន​ប្រការយ៉ាងនេះឬ។ សមណព្រាហ្មណ៍ទាំងនោះ បានឆ្លើយតបយ៉ាង​នេះថា នែ​អាវុសោ​គោតម ព្រះគោតមមានអាយុ ពោលយ៉ាងណា យើងទាំងឡាយ ក៏បានឮមកយ៉ាង​នោះ​ដែរ។ ម្នាលភគ្គវៈ តថាគត ដឹងច្បាស់នូវ​ច្បាប់​ទំលាប់ផង ដឹងច្បាស់នូវគុណវិសេសលើសលុប​ជាងនោះ​ផង កាលដែលតថាគតដឹង​ច្បាស់​នូវធម៌នោះហើយ ក៏មិនបានប្រកាន់ខុសឡើយ កាលតថាគត មិនបាន​ប្រកាន់​ខុសហើយ ទើបដឹងច្បាស់នូវ​សេចក្តីរលត់នៃ​កិលេស ចំពោះ​ខ្លួនឯង កាលដែលតថាគត ​ដឹងច្បាស់នូវ​សេចក្តីរលត់​នៃ​កិលេស​ហើយ ក៏មិនដល់នូវសេចក្តី​វិនាសឡើយ។

[១៧] ម្នាលភគ្គវៈ សមណព្រាហ្មណ៍ពួកមួយ ពោលបង្កាច់តថាគត ដែល​មានវាទៈ​យ៉ាង​នេះ ជាអ្នកប្រាប់យ៉ាងនេះ ដោយពាក្យមិនមាន ជាពាក្យទទេ ជាពាក្យកុហក​មិនពិតថា ព្រះសមណ​គោតម និងពួកភិក្ខុ មានសេចក្តីសំគាល់ខុស ព្រោះព្រះសមណគោតម និយាយ​យ៉ាង​នេះថា សម័យ​ណា យោគីបានដល់នូវសុភវិមោក្ខ (វណ្ណកសិណ) សម័យ​នោះ យោគី រមែងដឹងច្បាស់នូវ​របស់​ទាំង​ពួង ដែលល្អក្តី មិនល្អក្តី ថាជារបស់មិនល្អតែ​មួយ​យ៉ាង។ ម្នាលភគ្គវៈ តថាគត ឥតបានពោល​យ៉ាង​នេះថា សម័យ​ណា យោគីបាន​ដល់​នូវ​សុភវិមោក្ខ សម័យនោះ យោគី រមែងដឹងច្បាស់នូវ​របស់​ទាំង​ពួង ដែលល្អក្តី មិនល្អក្តី ថាជារបស់មិនល្អតែមួយយ៉ាង ដូច្នេះឡើយ។ ម្នាលភគ្គវៈ តថាគត តែងនិយាយ​យ៉ាង​នេះ​ថា សម័យ​ណា យោគីបានដល់នូវសុភវិមោក្ខ សម័យនោះ យោគី រមែងដឹង​ច្បាស់​ថា​ជា​របស់ល្អតែមួយយ៉ាង ដូច្នេះទេតើ។ ភគ្គវគោត្របរិព្វាជក ក្រាបបង្គំទូលថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន សមណព្រាហ្មណ៍ទាំងឡាយណា ដុតកំដៅព្រះមានព្រះភាគ និងពួក​ភិក្ខុថា ជាអ្នកមានសេចក្តីសំគាល់ខុស សមណព្រាហ្មណ៍ទាំងឡាយនោះ ជាបុគ្គលមានសេចក្តី​សំគាល់​​ខុស​វិញទេ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ ជាបុគ្គល​ជ្រះថ្លា ចំពោះ​ព្រះមាន​ព្រះភាគ ដោយប្រការ​ដូច្នេះ ដ្បិតព្រះមានព្រះភាគ អាចសំដែង​ធម៌ប្រោសខ្ញុំព្រះអង្គ ដោយ​អាការដែលធ្វើខ្ញុំព្រះអង្គ ឲ្យ​បានដល់នូវសុភវិមោក្ខបាន។ ព្រះមានព្រះភាគ ទ្រង់​ត្រាស់ថា ម្នាលភគ្គវៈ ការដែលអ្នកមាន​សេចក្តី​យល់ឃើញផ្សេង មានសេចក្តីគាប់​ចិត្ត​ផ្សេង មានសេចក្តីពេញចិត្តផ្សេង មានសេចក្តីព្យាយាម​ក្នុងទី​ដទៃ មានអាចរិយវាទ​ក្នុង​ទីដទៃ កម្រនឹង​បានដល់សុភវិមោក្ខនុ៎ះក្រៃពេក ម្នាលភគ្គវៈ ណ្ហើយចុះ សេចក្តីជ្រះថ្លា​របស់អ្នក ចំពោះតថាគត ចូរអ្នកពេញចិត្ត​រក្សាតែសេចក្តីជ្រះថ្លានោះឲ្យល្អចុះ។ ភគ្គវគោត្រ​បរិព្វាជក ក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន បើខ្ញុំព្រះអង្គ មានសេចក្តីយល់ឃើញ​ផ្សេង មានសេចក្តី​គាប់ចិត្តផ្សេង មានសេចក្តីពេញចិត្តផ្សេង មានសេចក្តីព្យាយាមផ្សេង ក្នុងទីដទៃ មានអាចរិយវាទក្នុងទីដទៃ កម្រនឹងបានដល់សុភវិមោក្ខនុ៎ះពេកណាស់ បពិត្រ​ព្រះអង្គដ៏ចំរើន សេចក្តីជ្រះថ្លាណា របស់ខ្ញុំព្រះអង្គ ចំពោះ​ព្រះមានព្រះភាគ ខ្ញុំព្រះអង្គ នឹង​ប្រុងរក្សា​តែសេចក្តី​ជ្រះថ្លានោះឯង​ឲ្យប្រពៃ។ ព្រះមានព្រះភាគ បានត្រាស់សំដែង​សេចក្តី​នេះចប់ហើយ។ ភគ្គវគោត្រ​បរិព្វាជក ក៏មានចិត្តរីករាយ ត្រេកអរនឹងភាសិត របស់​ព្រះមានព្រះភាគ។

ចប់ បាដិកសូត្រ ទី១។

ឧទុម្ពរិកសូត្រ ទី២

[១៨] ខ្ញុះបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ គង់នៅលើភ្នំគិជ្ឈកូដ ទៀប​ក្រុងរាជគ្រឹះ។ ក៏សម័យនោះឯង បរិព្វាជក ឈ្មោះនិគ្រោធ នៅអាស្រ័យ​ក្នុង​បរិព្វាជការាម ជារបស់​នាង​ទេវីឈ្មោះ ឧទុម្ពរិកា ជាមួយនឹងបរិព្វាជកបរិសទ្យជាច្រើន ប្រមាណ​៣០០០នាក់។ គ្រានោះឯង គហបតីឈ្មោះសន្ធាន បានចេញអំពីក្រុងរាជគ្រឹះ ដើម្បីគាល់ព្រះមានព្រះភាគ ក្នុងវេលាថ្ងៃជ្រេពី​ត្រង់។ គ្រានោះ សន្ធានគហបតី មាន​សេចក្តី​ត្រិះរិះដូច្នេះថា កាលនេះ ជាកាលមិនគួរនឹងទៅគាល់​ព្រះមានព្រះភាគនៅឡើយ (ព្រោះថា) ព្រះមានព្រះភាគ ទ្រង់កំពុងសម្ងំនៅ [អដ្ឋកថា ថា សំដៅ​ដល់ការ​ស្ងប់នៅ​ក្នុង​ឈាន។] ទាំងមិនមែនជាសម័យ ដើម្បីជួបភិក្ខុទាំងឡាយ ដែលជាអ្នក​ចម្រើន​ចិត្ត [សំដៅ​ដល់​ការដែលធ្វើឲ្យពេញចិត្ត] ព្រោះពួកភិក្ខុជាអ្នកចម្រើនចិត្ត ក៏កំពុងនៅសម្ងំដែរ បើ​ដូច្នោះ គួរតែអាត្មាអញ ចូលទៅរកនិគ្រោធបរិព្វាជក ឯបរិព្វាជការាម របស់ព្រះនាង​ឧទុម្ពរិកាទេវី (សិនចុះ)។ ទើបសន្ធានគហបតី ចូលទៅរកនិគ្រោធបរិព្វាជក ឯ​បរិព្វាជការាម របស់ព្រះនាង​ឧទុម្ពរិកាទេវី។

[១៩] សម័យនោះឯង និគ្រោធបរិព្វាជក កំពុងអង្គុយជាមួយនឹង​បរិព្វាជក​បរិសទ្យ​ជាច្រើន ដែលកំពុងគឹកកងរំពង មានសំឡេងហ៊ោ សំឡេងខ្លាំង និយាយតិរច្ឆានកថា មានប្រការ​ផ្សេងៗ គឺនិយាយពីស្តេច និយាយពីចោរ និយាយពីមហាមាត្រ និយាយពីសេនា និយាយ​ពីភ័យ និយាយពីចំបាំង និយាយពីបាយ និយាយពីទឹក និយាយពីសំពត់ និយាយពីទីដេក និយាយពីកម្រង​ផ្កា និយាយពីគ្រឿងក្រអូប និយាយពីញាតិ និយាយពីយាន និយាយ​ពីស្រុក និយាយពីនិគម និយាយពីជនបទ និយាយពីក្រុង និយាយពីស្ត្រី និយាយពីបុរស និយាយពីការផឹកសុរា និយាយពីច្រកល្ហក និយាយពីកំពង់ទឹក និយាយពីបុព្វប្រេត និយាយ​ពីរឿងផ្សេងៗ ដែល​ឥត​ប្រយោជន៍ និយាយរឿងលោក (និយាយរឿងក្អែកស កុកក្រហមជាដើម) និយាយពីសមុទ្រ និយាយពីសេចក្តីចំរើន និងសេចក្តីសាបសូន្យ ដែល​ជាហេតុឥតប្រយោជន៍ថាដូច្នេះខ្លះ ដូច្នោះ​ខ្លះ។ និគ្រោធបរិព្វាជក បានឃើញ​សន្ធានគហបតិ កំពុងដើរមកពីចម្ងាយ ក៏ហាមបរិសទ្យរបស់ខ្លួនថា ពួក​អ្នកដ៏ចំរើន ចូរមាន​សំឡេងតិចៗ ពួកអ្នកដ៏ចំរើន កុំនិយាយគ្នាឡើយ នេះជាសាវ័ករបស់​ព្រះមសណគោតម ឈ្មោះសន្ធានគហបតិ កំពុងដើរមក មួយទៀត ពួកគ្រហស្ថ ជាសាវ័ក​របស់​ព្រះសមណ​គោតម ជាមនុស្ស​មានសំលៀកបំពាក់ស នៅអាស្រ័យក្នុងក្រុងរាជគ្រឹះ សន្ធានគហបតិ​នេះ ក៏ជាសាវ័ក១ ក្នុងពួកសាវ័កទាំងនោះដែរ ពួកលោកមានអាយុ សុទ្ធតែត្រូវការ​មនុស្ស​មានសំឡេង​តិច សរសើរតែមនុស្ស​មានសំឡេងតិចៗ ធ្វើម្តេចឲ្យគេដឹងនូវបរិសទ្យ ដែល​មាន​សំឡេង​តិច ហើយសំគាល់នូវទី ដែលគេត្រូវចូលមករក។ កាលបើ​និគ្រោធ​បរិព្វាជក​និយាយយ៉ាងនេះហើយ ពួកបរិព្វាជកទាំងនោះ ក៏នាំគ្នាស្ងៀម។

[២០] លំដាប់នោះ សន្ធានគហបតិ បានចូលទៅរក​និគ្រោធបរិព្វាជក លុះចូលទៅ​ដល់​ហើយ ក៏បានរាក់ទាក់ជាមួយនឹង​និគ្រោធបរិព្វាជក បញ្ចប់ពាក្យដែលគួររីករាយ និងពាក្យ​ដែល​គួរ​រលឹក​ហើយ ក៏អង្គុយក្នុងទីសមគួរ។ លុះសន្ធានគហបតិ អង្គុយក្នុងទីដ៏សមគួរ​ហើយ បាននិយាយពាក្យ​នេះ ទៅនឹង​និគ្រោធបរិព្វាជកថា លោកដ៏ចំរើនទាំងឡាយ ពួក​បរិព្វាជក​ ជាអន្យតិរ្ថិយនេះ ជួបជុំ​សមាគមគ្នាហើយ តែងមានសំឡេងហ៊ោ សំឡេងខ្លាំង ប្រកបតិរច្ឆានកថាច្រើន គឺនិយាយពីស្តេច និយាយពីចោរ។បេ។ និយាយពីសេចក្តីចំរើន និងសេចក្តីសាបសូន្យ ដែលជាហេតុ​ឥតប្រយោជន៍ ថាដូច្នេះខ្លះ ដូច្នោះខ្លះ ឯព្រះមាន​ព្រះភាគ ព្រះអង្គនោះ ដោយឡែក គឺទ្រង់​សេពសេនាសនៈ​ដ៏ស្ងាត់ តាំងនៅក្នុងព្រៃ​ស្រោង ជាសេនាសនៈមានសំឡេងសន្ធឹកគឹកកងតិច ប្រាសចាកពាក្យសំដី​របស់អ្នក​ផង សមគួរដល់​ការស្ងប់ស្ងាត់របស់មនុស្ស គួរដល់ការលាក់ខ្លួន ពួនអាត្មាបាន។ កាលបើ​សន្ធាន​គហបតិ និយាយយ៉ាងនេះហើយ និគ្រោធបរិព្វាជក ក៏និយាយពាក្យនេះ ទៅនឹង​សន្ធានគហបតិថា នែគហបតិ ដូចជាយើងរិះគន់ អ្នកឯងត្រូវដឹងថា ព្រះសមណគោតម ចរចាជាមួយនឹងអ្នកណាបាន ប្រទះសាកច្ឆាជាមួយនឹងអ្នកណា ល្បងនូវភាពវាងវៃ ដោយប្រាជ្ញាជាមួយនឹងអ្នកណា (ដូចម្តេច​បាន) ព្រោះប្រាជ្ញារបស់ព្រះសមណគោតម បាត់វិនាសក្នុងផ្ទះស្ងាត់អស់ទៅហើយ ព្រះសមណគោតម ជាបុគ្គលមិនហ៊ានចុះ​កាន់​បរិសទ្យ មិនអាចធ្វើការចរចានឹងអ្នកដទៃបានទេ បានជាលោកតែងអាស្រ័យ​នៅតែក្នុង​សេនាសនៈ​ដ៏ស្ងាត់ប៉ុណ្ណោះ ដូចមេគោខ្វាក់ភ្នែកម្ខាង តែង​ត្រាច់ទៅតែក្នុងទីជុំវិញ គប់រក​តែ​ទីស្ងាត់ប៉ុណ្ណោះ [អដ្ឋកថា ថា មេគោខ្វាក់ម្ខាង ចូលចិត្ត​រកស៊ី​ខាងៗ​ព្រៃ ព្រោះខ្លាចក្រែង​ស្លឹកឈើ មែកឈើ ឬបន្លា ប៉ះលើ មិនហ៊ាននៅក្នុងហ្វូង ព្រោះខ្លាច​ក្រែងប៉ះស្នែង ប៉ះ​ត្រចៀក ឬកន្ទុយ​ពួកគោដូចគ្នា។] ដូចម្តេចមិញ ប្រាជ្ញារបស់ព្រះសមណគោតម ក៏វិនាស​បាត់​ទៅ ក្នុងផ្ទះស្ងាត់ហើយ ព្រះសមណគោតម មិនហ៊ានចូលមកកាន់បរិសទ្យ មិនគួរ​នឹង​និយាយ​សំណេះ​សំណាល​បានទេ លោកតែងអាស្រ័យនៅតែក្នុងសេនាសនៈដ៏ស្ងាត់ ដូច្នោះ​ឯង នែអ្នកគហបតិ ល្បងមើលចុះ បើព្រះសមណគោតមគប្បីមករកបរិសទ្យនេះ ពួក​​យើងគួរសាកសួរលោកមួយប្រស្នា​ល្បងមើលដែរ ពួកយើងត្រូវចាប់​បង្វិល​ព្រះ​សមណ​គោមតនោះ ឲ្យដូចជាគេចាប់បង្វិល​ឆ្នាំងទទេ (មិនខាន)។

[២១] ព្រះមានព្រះភាគ ទ្រង់ជ្រាបពាក្យឆ្លើយឆ្លងនេះ របស់សន្ធានគហបតិ និង​និគ្រោធបរិព្វាជក ដោយសោតធាតុ ដូចជាទិព្វដ៏បរិសុទ្ធ កន្លងបង់​នូវសោតធាតុរបស់​មនុស្ស​​សាមញ្ញ។ លំដាប់នោះ ព្រះមានព្រះភាគ ស្តេចចុះអំពីភ្នំគិជ្ឈកូដ ហើយ​ចូល​ទៅ​ឯមោរនិវាបស្ថាន (កន្លែងសម្រាប់ឲ្យចំណីដល់សត្វក្ងោក) ក្បែរឆ្នេរស្រះ ឈ្មោះសុមាគធា លុះចូលទៅដល់ហើយ ក៏​ទ្រង់ចង្ក្រមក្នុងទីវាល ទៀបមោរនិវាបស្ថាន ក្បែរឆ្នេរស្រះឈ្មោះ​សុមាគធា។ លុះ​និគ្រោធបរិព្វាជក បានឃើញព្រះមានព្រះភាគ ទ្រង់ចង្ក្រមក្នុងទីវាល ជិតមោរនិវាបស្ថាន ទៀបឆ្នេរស្រះសុមាគធា​ហើយ ក៏បញ្ឈប់បរិសទ្យរបស់ខ្លួនថា សូម​អ្នក​ដ៏ចំរើនទាំងឡាយ មានសំឡេងតិចៗ សូមអ្នក​ទាំងឡាយ កុំជជែកគ្នាឡើយ នេះ​ព្រះសមណគោតម​ កំពុងចង្ក្រម​ក្នុងទីវាល ជិតមោរនិវាបស្ថាន ក្បែរឆ្នេរស្រះសុមាគធា ដ្បិតលោកដ៏មានអាយុនោះ ត្រូវការ​តែបុគ្គល​មានសំឡេង​តិចៗ សរសើរ​តែ​មនុស្ស​​មាន​សំឡេងតិចៗ ធ្វើដូចម្តេចឲ្យលោកជ្រាបថា បរិសទ្យ មាន​សំឡេង​តិច ហើយគប្បី​សំគាល់​នូវកិច្ចដែលលោកគួរចូលមករក (យើង) បើព្រះសមណគោតម គប្បីមករក​បរិសទ្យ​នេះ (មែន) ពួកយើងត្រូវសួរប្រស្នានេះនឹងលោកថា បពិត្រព្រះអង្គដ៏ចំរើន ព្រះមានព្រះភាគ ទ្រង់ទូន្មាន​ពួកសាវ័ក ដោយធម៌ណា ពួកសាវ័ក ដែលព្រះមានព្រះភាគ ទ្រង់ទូន្មានដោយ​ធម៌​ណាហើយ ដល់នូវសេចក្តីត្រេកអរ បានបំពេញអរិយមគ្គ ជាព្រហ្មចរិយធម៌ដើម ជាធម៌ឲ្យកើត​និស្ស័យ​ដ៏ឧត្តម ធម៌របស់​ព្រះមានព្រះភាគនោះ តើឈ្មោះដូចម្តេច។ កាល​បើ​និគ្រោធបរិព្វាជក និយាយ​យ៉ាងនេះហើយ បរិព្វាជកទាំងនោះ ក៏នាំគ្នានៅស្ងៀម។

[២២] លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ពុទ្ធដំណើរចូលទៅ ត្រង់កន្លែងដែល​និគ្រោធ​បរិព្វាជកនៅ។ ទើបនិគ្រោធ​បរិព្វាជក ក្រាបទូលសេចក្តីនេះ នឹងព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន ព្រះអង្គស្តេចមកប្រពៃហើយ បពិត្រព្រះអង្គដ៏ចំរើន ព្រះអង្គបានធ្វើ​បរិយាយ​នេះ ដើម្បីមកក្នុងទីនេះយូរយាណាស់ហើយ សូមព្រះអង្គ ស្តេចគង់ចុះ បពិត្រ​ព្រះអង្គដ៏ចំរើន នេះសេនាសនៈ ដែលខ្ញុំព្រះអង្គ បានក្រាលទុកស្រេចហើយ។ ព្រះមាន​ព្រះភាគ ស្តេចគង់លើ​អាសនៈ ដែលគេក្រាលទុកស្រេចហើយ។ ចំណែកឯនិគ្រោធ​បរិព្វាជក ក៏កាន់យក​អាសនៈ​ទាប​មួយ ហើយអង្គុយក្នុងទីដ៏សមគួរ។ ព្រះមានព្រះភាគ បានត្រាស់សួរសេចក្តីនេះ នឹងនិគ្រោធ​បរិព្វាជក ដែល​អង្គុយក្នុងទីដ៏សមគួរ យ៉ាងនេះថា ម្នាលនិគ្រោធ អម្បាញ់មិញនេះ អ្នកអង្គុយ​ប្រជុំគ្នា និយាយ​រឿងអ្វី សំដីដូចម្តេច ដែល​ពួកអ្នកឈប់បង្អង់ទាំងពាក់កណ្តាល។ កាលបើព្រះមានព្រះភាគ ត្រាស់សួរ​យ៉ាងនេះ​ហើយ និគ្រោធ​បរិព្វាជក ក្រាបទូលសេចក្តីនេះ នឹងព្រះមានព្រះភាគថា​ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ពួកខ្ញុំព្រះអង្គ ក្នុងទីនេះ បានឃើញ​ព្រះមានព្រះភាគ ស្តេចកំពុង​ចង្ក្រម ក្នុងទីវាល ទៀបមោរនិវាបស្ថាន ក្បែរឆ្នេរស្រះសុមាគធា លុះឃើញហើយ បាននាំគ្នានិយាយយ៉ាង​នេះថា បើព្រះសមណគោតម គប្បីមករកបរិសទ្យនេះ (មែន) ពួកយើង ត្រូវសួរប្រស្នានេះ ចំពោះ​ព្រះអង្គថា បពិត្រព្រះអង្គដ៏ចំរើន ព្រះមានព្រះភាគ ទ្រង់ទូន្មាន​ពួកសាវ័ក ដោយ​ធម៌​ណា ពួកសាវ័ក ដែលព្រះមានព្រះភាគ ទ្រង់ទូន្មានដោយ​ធម៌​ណាហើយ ដល់នូវសេចក្តី​ត្រេកអរ បានបំពេញ​អរិយមគ្គ ព្រហ្មចរិយធម៌ដើម ដែលឲ្យកើត​និស្ស័យ​ដ៏ឧត្តម ធម៌របស់​ព្រះមានព្រះភាគនោះ តើឈ្មោះដូចម្តេច។ បពិត្រព្រះអង្គដ៏ចំរើន សំដីនេះឯង ដែលពួក​ខ្ញុំព្រះអង្គ ឈប់បង្អង់​ទាំង​ពាក់កណ្តាល ក៏ទទួល​ព្រះមានព្រះភាគ ស្តេចមកដល់។ ព្រះមានព្រះភាគ ត្រាស់ថា ម្នាលនិគ្រោធ  តថាគតទូន្មានពួកសាវ័ក ដោយធម៌ណា ពួក​សាវ័ក ដែលតថាគតទូន្មានហើយ ដោយធម៌ណា ដល់​នូវសេចក្តីគាប់ចិត្ត បានបំពេញ​អរិយមគ្គ ជាព្រហ្មចរិយធម៌ដើម ដែលឲ្យកើតនិស្ស័យ​ដ៏ឧត្តម អ្នកឯង​ ដែលមាន​ទិដ្ឋិ​ដោយឡែក មានសេចក្តីពេញចិត្តដោយឡែក មានសេចក្តីគាប់ចិត្ត​ដោយឡែក មិនងាយ​នឹងដឹងធម៌នោះទេ វៀរលែងតែអ្នកមានព្យាយាម ជាគ្រឿងប្រកបខ្លាំង វៀរលែងតែ​អ្នក​បាន​រៀនក្នុងសំណាក់អាចារ្យ (នោះទើបដឹងបាន) ម្នាលនិគ្រោធ​ អញ្ជើញអ្នកសួរប្រស្នា​ក្នុង​ការខ្ពើមបាប ជាអាចរិយវាទរបស់ខ្លួន នឹងតថាគតថា បពិត្រព្រះអង្គដ៏ចំរើន ការខ្ពើម​បាប ដោយសេចក្តីព្យាយាម ជាគ្រឿងដុតកិលេសដូចម្តេច ឈ្មោះថាបរិបូណ៌ ដូចម្តេច ឈ្មោះថាមិនបរិបូណ៌។ កាលបើព្រះ​មានព្រះភាគ ត្រាស់យ៉ាងនេះហើយ ពួកបរិព្វាជក​ទាំងនោះ ក៏នាំគ្នាបន្លឺមានសំឡេងហ៊ោ សំឡេង​ខ្លាំង​ថា នែអ្នកដ៏ចម្រើន គួរអស្ចារ្យ​ណាស់​តើ នែអ្នកដ៏ចម្រើន ហេតុមិនដែលមានហ្ន៎ ព្រះសមណ​គោតម ព្រះអង្គមានឫទ្ធិច្រើន មាន​អានុភាព​ខ្លាំង ព្រោះទ្រង់​បញ្ឈប់វាទៈរបស់ព្រះអង្គ ទ្រង់​បណ្តោយ​ឲ្យអ្នកដទៃ​និយាយ​វិញ។

[២៣] លំដាប់នោះឯង និគ្រោធបរិព្វាជក ធ្វើពួកបរិព្វាជកទាំងនោះ ឲ្យមានសំឡេង​តិច​ហើយ បានទូលស្នើសេចក្តីនេះ នឹងព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន ពួកខ្ញុំ​ព្រះអង្គ ជាតបោជិគុច្ឆវាទ (អ្នកពោលប្រកាន់ការខ្ពើមបាប ដោយព្យាយាម ជាគ្រឿង​ដុត​កិលេស) ជាអ្នក​មិនរួញរានឹង តបោជិគុច្ឆវត្ត បពិត្រព្រះអង្គដ៏ចំរើន ការខ្ពើមបាប​ដោយ​ព្យាយាម ជាគ្រឿង​ដុត​កិលេស ដូចម្តេច ទើបឈ្មោះថាបរិបូណ៌ ដូចម្តេចឈ្មោះថា មិន​បរិបូណ៌។ ព្រះមានព្រះភាគត្រាស់​ថា ម្នាលនិគ្រោធ មនុស្សបំពេញ​ព្យាយាម ជាគ្រឿង​ដុត​កិលេស​ក្នុងលោកនេះ ជាអ្នកអាក្រាតកាយ មាន​មារយាទល្អលះបង់ហើយ ប្រកាន់​ហត្ថាវលេខនបដិបត្តិ [អដ្ឋកថា ថា សំដៅដល់ការបរិភោគ​លិទ្ធដៃ ឬថាវេលាបន្ទោបង់​ឧច្ចារៈ​ហើយ ជូតជម្រះផ្ទាល់នឹងដៃ។ មហាសីហនាទសូត្រ។] ជាអ្នកប្រកាន់​វត្ត ដែល​គេនិមន្តថា លោកដ៏ចំរើន សូមចូលមកទទួលភត្ត ហើយមិនចូលមក ប្រកាន់វត្តដែល​គេ​និមន្ត​ថា លោកដ៏ចម្រើនចូររង់ចាំសិន ហើយមិនរង់ចាំ មិនត្រេកអរនឹងភិក្ខា ដែល​គេនាំ​មកមុនបំផុត មិនត្រេកអរ​នឹងភិក្ខា ដែលគេធ្វើចំពោះខ្លួន មិនត្រេកអរនឹង​ការនិមន្ត មិន​ទទួលភិក្ខាដែលគេ​ដួស​ឲ្យពីឆ្នាំ មិនទទួលភិក្ខាដែលគេដួស​ឲ្យពីកញ្ជើ មិនទទួលភិក្ខា ដែល​គេ​កន្លងធរណី​ទ្វារនាំមក មិនទទួល​ភិក្ខា ដែលគេកន្លង​ត្បាល់នាំមក មិនទទួលភិក្ខា ដែលគេ​កន្លងអង្រែនាំមក មិនទទួលភិក្ខា ដែលគេកន្លងកំណាត់ឈើនាំមក មិនទទួល​ភិក្ខា របស់មនុស្ស​កំពុងបរិភោគពីរនាក់ មិនទទួលភិក្ខារបស់ស្ត្រីមានគភ៌ មិនទទួលភិក្ខា​របស់​ស្រ្តីកំពុងបំបៅកូន មិនទទួលភិក្ខារបស់ស្ត្រី​ដែល​កំពុងស្ទាបអង្អែល​បុរស មិនទទួល​ភិក្ខា​របស់បុគ្គលដែលមានគេដឹកនាំឲ្យធ្វើ មិនទទួលភិក្ខា ក្នុងទី​ដែលមានឆ្កែនៅចាំ មិនទទួលភិក្ខា ក្នុងទីដែលរុយកំពុងរោម មិនស៊ីត្រី មិនស៊ីសាច់ មិនផឹក​សុរា មិនផឹក​មេរ័យ មិនផឹកទឹកថ្នាំត្រាំ។ អចេលកៈនោះ ទទួលភិក្ខា ចំពោះតែក្នុងផ្ទះ១ ឬញុំាងអត្តភាព​ឲ្យ​ប្រព្រឹត្ត​​ទៅ ដោយដុំបាយ១ពំនូតខ្លះ ទទួលភិក្ខា ចំពោះតែក្នុងផ្ទះ២ ញុំាងអត្តភាព​ឲ្យ​ប្រព្រឹត្ត​ទៅ ដោយដុំបាយ២ពំនូតខ្លះ ទទួលភិក្ខា ចំពោះតែក្នុងផ្ទះ៧ ឬញុំាងអត្តភាព​ឲ្យ​ប្រព្រឹត្ត​ទៅ ចំពោះតែ​ដុំបាយ៧ពំនូតខ្លះ ញុំាងអត្តភាពឲ្យប្រព្រឹត្តទៅ ដោយភាជន៍១ខ្លះ ញុំាង​អត្តភាពឲ្យប្រព្រឹត្តទៅ ដោយភាជន៍២ខ្លះ ញុំាងអត្តភាពឲ្យប្រព្រឹត្តទៅ ដោយភាជន៍​៧ខ្លះ បរិភោគអាហាររំលង១ថ្ងៃខ្លះ បរិភោគអាហាររំលង២ថ្ងៃខ្លះ បរិភោគអាហារ​រំលង​៧ថ្ងៃ​ខ្លះ អចេលកៈនោះ ប្រកបនូវព្យាយាម ក្នុងភត្ត​ភោជនដោយការ​ផ្លាស់ប្តូរគ្នា​កន្លះខែ​យ៉ាងនេះ ដូច្នេះ។ អចេលកៈនោះ បរិភោគតែអន្លក់​ស្រស់ខ្លះ បរិភោគតែស្រងែខ្លះ បរិភោគ​តែស្គួយ​ខ្លះ បរិភោគតែចំនៀរស្បែក ដែលគេចោលខ្លះ បរិភោគតែជ័រ ឬ​សារាយ​ខ្លះ បរិភោគតែកុណ្ឌកខ្លះ បរិភោគ​តែបាយក្តាំង ដែលគេចោលខ្លះ បរិភោគតែម្សៅខ្លះ បរិភោគ​តែស្មៅខ្លះ បរិភោគតែ​អាចមន៍គោ​ខ្លះ បរិភោគតែមើម និងផ្លែក្នុង​ព្រៃ ជា​អាហារ​ខ្លះ បរិភោគតែផ្លែឈើដែលជ្រុះខ្លះ។ គេប្រើសំពត់សម្បកធ្មៃខ្លះ ប្រើសំពត់ដែលគេត្បាញ​លាយគ្នាខ្លះ ប្រើសំពត់រុំសាកសពខ្លះ ប្រើសំពត់​បង្សុកូលខ្លះ ស្លៀកពាក់សម្បកឈើខ្លះ ស្លៀកពាក់​ស្បែកខ្លាខ្លះ ស្លៀកពាក់ស្បែកខ្លាទាំងក្រចកខ្លះ ស្លៀកពាក់​ស្បូវក្រងខ្លះ​ ស្លៀក​ពាក់​សំពត់​សម្បក​ក្រចៅខ្លះ ប្រើសំពត់គេត្បាញដោយ​សម្បក​ផ្លែ​ឈើខ្លះ ប្រើសំពត់កម្ពល ដែលគេត្បាញដោយសក់​មនុស្សខ្លះ ប្រើសំពត់កម្ពល ដែលគេត្បាញដោយសក់​កន្ទុយសេះ​ខ្លះ ស្លៀកពាក់សំពត់ស្លាប​មៀម​ខ្លះ ជាអ្នកដកសក់ និងពុកមាត់ ប្រកប​ព្យាយាម​ក្នុងការដកសក់ និងពុកមាត់ខ្លះ ជាអ្នកឈរងើយ ហាម​ឃាត់ក្នុងអាសនៈខ្លះ ជាអ្នកអង្គុយច្រហោង ប្រកបព្យាយាម ក្នុងការអង្គុយច្រហោងខ្លះ ជាអ្នកកាន់វត្តឈរ ដើរជាដើមលើបន្លា សម្រេចការដេកលើបន្លាខ្លះ សម្រេចការដេក​លើបន្ទះក្តារខ្លះ សម្រេច​ការដេកលើផែនដីទួលខ្លះ ជាអ្នកដេកផ្ទៀងតែម្ខាងខ្លះ ជាអ្នកប្រឡាក់​ខ្លួន​ដោយធូលី ឈរ​ក្នុង​ទីវាល អង្គុយតែលើអាសនៈមួយ ដែលខ្លួនបានមកយ៉ាងណាខ្លះ បរិភោគតែ​លាមក ប្រកបព្យាយាម ក្នុងការបរិភោគលាមកខ្លះ ជាអ្នកហាមឃាត់ទឹកត្រជាក់ ប្រកបព្យាយាម ក្នុង​ការហាមឃាត់ទឹកត្រជាក់ខ្លះ ប្រកបព្យាយាម​ក្នុងការចុះត្រាំទឹកក្នុងមួយថ្ងៃ៣ដងខ្លះ។ ម្នាលនិគ្រោធ អ្នកសំគាល់​សេចក្តីនោះដូចម្តេច កាលបើហេតុយ៉ាងនេះមាន ការខ្ពើមបាប​ដោយសេចក្តីព្យាយាម ជាគ្រឿងដុតកិលេស ឈ្មោះថា​ បរិបូណ៌ហើយ ឬមិនទាន់​បរិបូណ៌​ទេ។ និគ្រោធបរិព្វាជក ក្រាបទូល​ថា បពិត្រព្រះអង្គដ៏ចំរើន កាលបើហេតុយ៉ាងនេះមាន ការខ្ពើមបានដោយសេចក្តីព្យាយាម ជាគ្រឿង​ដុតកិលេស ឈ្មោះថា បរិបូណ៌ហើយ​ដោយ​ពិត មិនមែនមិនបរិបូណ៌ទេ។ ព្រះមានព្រះភាគ ត្រាស់ថា ម្នាលនិគ្រោធ ការខ្ពើមបាប​ដោយព្យាយាម ជាគ្រឿង​ដុតកិលេស ទុកជាបរិបូណ៌ហើយ​យ៉ាងនេះ ក៏តថាគតឲ្យឈ្មោះ​ថា នៅតែមានឧបក្កិលេសច្រើនយ៉ាង។

[២៤] និគ្រោធបរិព្វាជក ទូលសួរថា បពិត្រព្រះអង្គដ៏ចំរើន ការខ្ពើមបាន ដោយ​ព្យាយាម ជាគ្រឿងដុតកិលេស បានបរិបូណ៌ប៉ុណ្ណេះដែរ ហេតុអ្វីក៏ព្រះមានព្រះភាគ នៅឲ្យឈ្មោះថា មានឧបក្កិលេសច្រើនយ៉ាង។ ព្រះមានព្រះភាគ ត្រាស់ថា ម្នាលនិគ្រោធ ព្រោះមនុស្ស​មាន​តបវត្ត (វត្ត​សម្រាប់ព្យាយាមដុតកិលេស) ក្នុងលោកនេះ សមាទានតបវត្ត គេពេញ​ចិត្ត ទាំង​មានសេចក្តី​ត្រិះរិះ​អស់ហើយ ត្រឹមតបវត្តនោះ។ ម្នាលនិគ្រោធ ត្រង់ដែល​មនុស្ស​មានតបវត្ត សមាទាននូវតបវត្ត គេ​ពេញចិត្ត​ ទាំងមានសេចក្តីត្រិះរិះអស់ហើយ ត្រឹម​តបវត្ត​នោះ ម្នាលនិគ្រោធនេះឯង ជាឧបក្កិលេស​ របស់មនុស្ស​អ្នកមានតបវត្ត។ ម្នាលនិគ្រោធ ពាក្យ​ខាងមុខនៅមានទៀត អ្នកមានតបវត្ត សមាទាន​តបវត្ត អ្នកនោះ លើកតែខ្លួនឯង បង្អាប់អ្នកដទៃ ព្រោះតបវត្តនោះ។ ម្នាលនិគ្រោធ ត្រង់ដែល​អ្នក​មានតបវត្ត សមាទាន​នូវ​តបវត្ត គេលើកតែខ្លួនឯង តែងបង្អាប់អ្នកដទៃ ព្រោះតបវត្តនោះ ម្នាល​និគ្រោធ នេះក៏ជា​ឧបក្កិលេស របស់អ្នកមានតបវត្តដែរ។ ម្នាលនិគ្រោធ ពាក្យខាងមុខនៅមានទៀត មនុស្ស​អ្នក​មានតបវត្ត សមាទាន​នូវតបវត្ត គេស្រវឹងជ្រប់ ដល់នូវសេចក្តីស្រវឹង ព្រោះតបវត្ត​នោះ។ ម្នាលនិគ្រោធ ត្រង់ដែលមនុស្ស​អ្នក​មានតបវត្ត សមាទាននូវតបវត្ត គេស្រវឹង ជ្រប់ ដល់នូវសេចក្តីស្រវឹង ព្រោះតបវត្តនោះ ម្នាល​និគ្រោធ នេះក៏ជាឧបក្កិលេស របស់អ្នកមាន​តបវត្តដែរ។ ម្នាលនិគ្រោធ ពាក្យខាងមុខនៅមានទៀត អ្នកមានតបវត្ត សមាទាន​នូវតបវត្ត គេយក​តបវត្តនោះ ជាគ្រឿងឲ្យកើតលាភសក្ការៈ និងសេចក្តីសរសើរ គេពេញចិត្ត ទាំង​មានសេចក្តី​ត្រិះរិះ​អស់ហើយ ត្រឹមលាភសក្ការៈ និងសេចក្តីសរសើរនោះ។ ម្នាលនិគ្រោធ ត្រង់ដែល​អ្នក​មានតបវត្ត សមាទាននូវតបវត្ត គេយកតបវត្តនោះ ជាគ្រឿង​ឲ្យកើត​លាភ​សក្ការៈ និងសេចក្តី​សរសើរ គេពេញ​ចិត្ត ទាំងមានសេចក្តីត្រិះរិះអស់ហើយ ត្រឹមលាភ​សក្ការៈ និងសេចក្តីសរសើរនោះ ម្នាល​និគ្រោធ នេះឯង​ក៏ជាឧបក្កិលេស របស់អ្នក​មាន​តបវត្តដែរ។ ម្នាលនិគ្រោធ ពាក្យខាងមុខ​នៅមានទៀត អ្នក​មានតបវត្ត សមាទាននូវ​តបវត្ត គេយកតបវត្តនោះ ជាគ្រឿង​ឲ្យកើត​លាភសក្ការៈ និងសេចក្តីសរសើរ គេលើកខ្លួនឯង បង្អាប់អ្នកដទៃ ព្រោះតែលាភសក្ការៈ និងសេចក្តីសរសើរនោះ។ ម្នាលនិគ្រោធ ត្រង់​ដែល​​អ្នក​មានតបវត្ត សមាទាននូវតបវត្ត គេយកតបវត្តនោះ ជាគ្រឿង​ឲ្យកើតលាភសក្ការៈ និងសេចក្តី​សរសើរ គេលើកខ្លួនឯង តែងបង្អាប់អ្នកដទៃ ព្រោះតែលាភសក្ការៈ នោះ ម្នាល​និគ្រោធ នេះឯងក៏ជាឧបក្កិលេស របស់អ្នកមានតបវត្តដែរ។ ម្នាលនិគ្រោធ ពាក្យខាង​មុខ​នៅ​មានទៀត អ្នក​មាន​តបវត្ត សមាទាននូវ​តបវត្ត គេយកតបវត្តនោះ ជាគ្រឿង​ឲ្យកើត​លាភសក្ការៈ និងសេចក្តី​សរសើរ​នោះ គេក៏ស្រវឹង ភ្លេចខ្លួន ដល់នូវសេចក្តីវង្វេង ព្រោះ​តែលាភសក្ការៈ និងសេចក្តី​សរសើរនោះ។ ម្នាល​និគ្រោធ ត្រង់ដែល​អ្នក​មានតបវត្ត សមាទាននូវតបវត្ត គេយក​តបវត្តនោះ ជាគ្រឿង​ឲ្យកើត​លាភសាក្ការៈ និងសេចក្តីសរសើរ គេក៏ស្រវឹង ភ្លេចខ្លួន ដល់នូវ​សេចក្តីវង្វេង ព្រោះតែ​លាភសក្ការៈ និងសេចក្តី​សរសើរនោះ ម្នាល​និគ្រោធ នេះឯងក៏ជាឧបក្កិលេស របស់មនុស្សអ្នកមានតបវត្តដែរ។ ម្នាលនិគ្រោធ ពាក្យខាងមុខនៅមានទៀត អ្នកមានតបវត្ត សមាទាន​នូវតបវត្ត ចែកភោជន​ជា​ពីរ​ចំណែក​ថា ភោជននេះគាប់ចិត្តខ្ញុំ ភោជននេះ មិនគាប់​ចិត្តខ្ញុំទេ។ តាបសដែលប្រកបដោយសេចក្តី​ចង់នោះ មិនគាប់ចិត្ត​ភោជនណា រមែង​លះ​ចោល​ភោជន​នោះ ចំណែកភោជនណា គាប់ចិត្តគេ ៗក៏​ត្រេកត្រអាលភ្លេចស្មារតី ជាប់ស្អិតនឹងភោជន​នោះ ជាបុគ្គល​ឥតឃើញ​ទោស ឥតមានប្រាជ្ញា ជាគ្រឿង​​រលាស់ចិត្តចេញ ចេះតែបរិភោគ ម្នាលនិគ្រោធ នេះឯង​ក៏ជា​ឧបក្កិលេស របស់អ្នក​មាន​តបវត្តដែរ។ ម្នាលនិគ្រោធ ពាក្យខាងមុខនៅមានទៀត អ្នកមានតបវត្ត សមាទាននូវ​តបវត្ត ដោយ​ហេតុ​ប្រាថ្នាលាភសក្ការៈ និងសេចក្តីសរសើរថា ពួកព្រះរាជា រាជមហាមាត្រ ក្សត្រ ព្រាហ្មណ៍ គហបតី តិត្ថិយ នឹងធ្វើសក្ការៈ ចំពោះយើង ម្នាល​និគ្រោធ នេះឯងក៏ជាឧបក្កិលេស របស់អ្នក​មាន​តបវត្តដែរ។ ម្នាលនិគ្រោធ ពាក្យ​ខាង​មុខ​នៅ​មាន​ទៀត អ្នកមានតបវត្ត ពោលបង្អាប់​សមណ​ព្រាហ្មណ៍​ណាមួយថាបែប​នេះ​ឬ សមណព្រាហ្មណ៍ ជាអ្នក​មានការចិញ្ចឹមជីវិតច្រើនយ៉ាង តែង​ស៊ីពូជឈើ សព្វ​សរពើ គឺពូជ​កើតអំពីឫស ពូជកើត​អំពី​ដើម ពូជកើតអំពីថ្នាំង ពូជកើតអំពីចុង ពូជកើត​អំពីពូជផងគ្នាជាគំរប់៥ នរណាៗ ក៏ដឹងថា ញញួរ គឺធ្មេញរបស់សមណៈនេះ ដូចជាកាំរន្ទះ អ្នកនេះជាសមណៈ ត្រឹមតែការប្តេជ្ញាថាសមណៈ​ប៉ុណ្ណោះ  ម្នាល​និគ្រោធ នេះឯងក៏ជា​ឧបក្កិលេស របស់អ្នកមានតបវត្តដែរ។ ម្នាលនិគ្រោធ ពាក្យខាងមុខ​នៅមាន​ទៀត អ្នកមាន​តបវត្ត ឃើញ​សមណ​ព្រាហ្មណ៍​ណាមួយ ដែលមានគេកំពុងធ្វើ​សក្ការៈ គោរព រាប់អាន បូជាក្នុងត្រកូលទាំងឡាយ។ អ្នក​នោះ តែងមានសេចក្តីត្រិះរិះយ៉ាងនេះថា មនុស្ស​ទាំង​ឡាយ គេធ្វើសក្ការៈ គោរព រាប់អាន បូជា​សមណៈ ដែលមានការចិញ្ចឹមជីវិតច្រើនមុខនេះ ក្នុងត្រកូលទាំងឡាយ ប្រយោជន៍អ្វី ពួកគេម្តេច​ក៏​មិន​ធ្វើសក្ការៈ គោរព រាប់អាន បូជា​អាត្មាអញ ដែល​មាន​តបវត្ត ជាអ្នកមានការចិញ្ចឹមជីវិតសៅហ្មង ក្នុងត្រកូលទាំងឡាយ​វិញ។ អ្នកនោះ រមែងកើតសេចក្តីឫស្សា កំណាញ់ត្រកូលទាំងឡាយ ដោយ​ប្រការ​យ៉ាង​នេះ ម្នាល​និគ្រោធ នេះឯងក៏ជាឧបក្កិលេស របស់មនុស្សអ្នកមានតបវត្តដែរ។ ម្នាល​និគ្រោធ ពាក្យខាងមុខនៅមានទៀត អ្នកមានតបវត្ត រមែងអង្គុយក្នុង​ទី​ចំភ្នែក​មនុស្ស​មើល​ឃើញ [សំដៅយកការរំទំ ឬធ្វើកិច្ចវត្តផ្សេងៗ បានតែក្នុងទីចំពោះមុខគេ ឲ្យគេស្ងើច។] ម្នាល​និគ្រោធ នេះឯងក៏ជាឧបក្កិលេស របស់មនុស្សអ្នកមានតបវត្តដែរ។ ម្នាលនិគ្រោធ ពាក្យខាងមុខនៅមានទៀត អ្នកមានតបវត្ត ដើរបង្ហាញខ្លួន ដើរទៅក្នុងត្រកូលទាំងឡាយ [សំដៅយកពុតត្បុតរបស់មនុស្ស ដែលដើរអួតអាង បើមាន​គេសរសើរ​ពីកិច្ចវត្តណា ឬពី​អ្នក​ណា ក៏លើកដាក់ខ្លួនថា ការនោះ ជាស្នាដៃខ្លួន ឬថាជាសិស្សខ្លួនជាដើម។] ដោយគិត​ថា ការនេះជាតបវត្ត របស់អាត្មាអញ ការនេះ ជា​តបវត្តរបស់អាត្មាអញ ម្នាល​និគ្រោធ នេះ​ឯក៏ជាឧបក្កិលេស របស់អ្នកមានតបវត្តដែរ។ ម្នាលនិគ្រោធ ពាក្យខាងមុខនៅមានទៀត អ្នកមានតបវត្ត អាស្រ័យល្បិចបិទបាំងនីមួយ គឺបើមានគេសួរអ្នកនោះថា លោកគាប់ចិត្ត​ការនេះ​ឬ បើទុកជាការនោះ ខ្លួនមិនគាប់ចិត្តទេ ក៏និយាយថា គាប់ចិត្ត បើការនោះខ្លួន​គាប់ចិត្ត ក៏និយាយ​ថា មិនគាប់ចិត្តវិញ។ អ្នកនោះឈ្មោះថា និយាយកុហកទាំងដឹងខ្លួន ដោយសំដី​បែបនេះ ម្នាល​និគ្រោធ នេះឯងក៏ជាឧបក្កិលេស របស់អ្នកមានតបវត្តដែរ។ ម្នាល​និគ្រោធ ពាក្យខាងមុខនៅមានទៀត អ្នកមានតបវត្ត កាលបើព្រះតថាគត ឬសាវ័ក​របស់​ព្រះតថាគត​ កំពុងសំដែងធម៌ រមែង​មិនអនុមោទនា នូវបរិយាយដែល​ខ្លួនគួរ​អនុមោទនា ម្នាល​និគ្រោធ នេះឯងក៏ជាឧបក្កិលេស របស់អ្នកមានតបវត្តដែរ។ ម្នាល​និគ្រោធ ពាក្យខាងមុខនៅមានទៀត អ្នកមានតបវត្ត ជាអ្នក​មាន​សេចក្តីក្រោធ ចង​សេចក្តី​ក្រោធទុក។ ម្នាល​និគ្រោធ អ្នកមានតបវត្ត មានសេចក្តីក្រោធ ចងសេចក្តី​ក្រោធទុកណា ម្នាលនិគ្រោធ នេះឯងក៏ជាឧបក្កិលេស របស់អ្នកមានតបវត្តដែរ។ ម្នាលនិគ្រោធ ពាក្យ​ខាង​មុខនៅមានទៀត អ្នកមានតបវត្ត ជាអ្នករមិលគុណ វាយឫកស្មើ ឈ្នានីស កំណាញ់ អួតអាង មានកលមាយា រឹងត្អឹង មើលងាយគេ មានសេចក្តីប្រាថ្នាលាមក ទាំងលុះអំណាច​នៃ​សេចក្តីប្រាថ្នាលាមក ជាមនុស្ស​មិច្ឆាទិដ្ឋិ ប្រកបដោយអន្តគ្គាហិកទិដ្ឋិ [មិច្ឆាទិដ្ឋិ ដែលស្ទុះដល់ទីបំផុត​លែងរើ គឺប្រកាន់មាំក្នុងទិដ្ឋិទាំង១០នោះ ណាមួយ មានប្រកាន់ថា លោកទៀង លោក​មិនទៀង​ជាដើម។ សារត្ថទីបនីដីកាវិន័យ។] អ្នកប្រកាន់យកតែសេចក្តី​ឃើញរបស់ខ្លួន ប្រកាន់មាំ ជាបុគ្គល​ដែលគេ​មិនអាចឲ្យលះបង់​បានដោយងាយ។ ម្នាល​និគ្រោធ ត្រង់ដែលអ្នកមានតបវត្ត ជាអ្នកប្រកាន់​យក​តែសេចក្តីឃើញរបស់ខ្លួន ប្រកាន់មាំ ជាបុគ្គលដែលគេឲ្យលះបង់បានដោយក្រ ម្នាលនិគ្រោធ  នេះឯងក៏ជាឧបក្កិលេស របស់​អ្នក​មានតបវត្តដែរ។ ម្នាលនិគ្រោធ អ្នកសំគាល់​សេចក្តីនោះដូចម្តេច បើការខ្ពើមបាប ដោយសេចក្តីព្យាយាម ជាគ្រឿងដុតកិលេសទាំងនេះ ជាឧបក្កិលេស ឬមិនមែន​ជា​ឧបក្កិលេសទេ។ និគ្រោធបរិព្វាជក ក្រាបទូលថា បពិត្រព្រះអង្គដ៏ចំរើន ការខ្ពើមបាប ដោយ​​សេចក្តី​ព្យាយាម ជាគ្រឿងដុតកិលេសទាំងនេះ ជាឧបក្កិលេសពិតៗ មិនមែន​ជា​អនុបក្កិលេសទេ បពិត្រព្រះអង្គដ៏ចំរើន អ្នកមានតបវត្តពួកខ្លះ ក្នុងលោកនេះ ជាអ្នក​ប្រកប​ដោយ​ឧបក្កិលេស ទាំងអស់​នេះទៅហើយ ចាំបាច់ពោលទៅថ្វី ដោយ​ឧបក្កិលេស​ឯទៀតៗ។

[២៥] ម្នាលនិគ្រោធ អ្នកមានតបវត្តក្នុងលោកនេះ សមាទាននូវតបវត្ត គេមិនមែន​ពេញ​ចិត្ត ទាំងមានសេចក្តីត្រិះរិះមិនមែនអស់ហើយ ត្រឹមតបវត្តនោះ។ ម្នាលនិគ្រោធ ត្រង់​ដែល​អ្នកមានតប​វត្ត សមាទាននូវតបវត្តណា គេមិនមែនពេញចិត្ត ទាំងមានសេចក្តីត្រិះរិះ មិនមែនអស់ហើយត្រឹមតបវត្ត​នោះ គេឈ្មោះថា បរិសុទ្ធក្នុងហេតុនោះ យ៉ាងនេះបាន។ ម្នាលនិគ្រោធ ពាក្យខាងមុខនៅមានទៀត អ្នកមានតបវត្ត សមាទានតបវត្ត គេមិន​លើក​ខ្លួនឯង មិនកំហែងអ្នកដទៃ ព្រោះតបវត្តនោះ។បេ។ គេឈ្មោះថា បរិសុទ្ធក្នុងហេតុនោះ យ៉ាងនេះបាន។ ម្នាលនិគ្រោធ ពាក្យខាងមុខនៅមានទៀត អ្នកមានតបវត្ត សមាទាន​តបវត្ត គេមិនស្រវឹង មិនឈ្លក់គំនិត មិនដល់នូវសេចក្តីស្រវឹង ព្រោះតែតបវត្តនោះទេ។បេ។ គេឈ្មោះថា បរិសុទ្ធក្នុងហេតុនោះ យ៉ាងនេះបាន។ ម្នាលនិគ្រោធ ពាក្យខាង​មុខ​នៅ​មានទៀត អ្នកមានតបវត្ត សមាទាននូវតបវត្ត គេញុំាងលាភសក្ការៈ និងសេចក្តីសរសើរ ឲ្យកើតឡើង ព្រោះតបវត្តនោះ តែគេមិនពេញចិត្ត មិនមានសេចក្តីត្រិះរិះ អស់ហើយ​ត្រឹម​លាភសក្ការៈ និងសេចក្តីសរសើរនោះទេ ម្នាលនិគ្រោធ ត្រង់ដែលអ្នក​មានតបវត្ត។បេ។ គេឈ្មោះថា បរិសុទ្ធក្នុងហេតុនោះ យ៉ាងនេះបាន។ ម្នាលនិគ្រោធ ពាក្យខាងមុខ​នៅមាន​ទៀត អ្នកមានតបវត្ត សមាទានតបវត្ត គេញុំាង​លាភសក្ការៈ និងសេចក្តីសរសើរ ឲ្យកើត​ឡើង គេមិនលើកខ្លួន មិនបង្អាប់អ្នកដទៃ ព្រោះតែ​លាភសក្ការៈ និងសេចក្តីសរសើរ​នោះ​ទេ។ ម្នាលនិគ្រោធ ត្រង់ដែលអ្នកមានតបវត្ត។បេ។ គេឈ្មោះថា បរិសុទ្ធក្នុងហេតុនោះ យ៉ាងនេះ​បាន។ ម្នាលនិគ្រោធ ពាក្យខាងមុខនៅមានទៀត អ្នកមានតបវត្ត សមាទាន​នូវតបវត្ត គេញុំាងលាភសក្ការៈ និងសេចក្តីសរសើរឲ្យកើតឡើង ដោយតបវត្តនោះ តែ​គេមិនស្រវឹង មិនឈ្លក់គំនិត មិនដល់នូវសេចក្តីស្រវឹង ព្រោះតែលាភសក្ការៈ និងសេចក្តី​សរសើរនោះទេ។ ម្នាលនិគ្រោធ ត្រង់ដែលអ្នកមានតបវត្ត។បេ។ គេឈ្មោះថា បរិសុទ្ធក្នុង​ហេតុនោះ យ៉ាងនេះបាន។ ម្នាលនិគ្រោធ ពាក្យខាងមុខនៅមានទៀត អ្នកមានតបវត្ត សមាទានតបវត្ត មិនចែកភោជនជាពីរចំណែកថា ភោជននេះគាប់ចិត្តខ្ញុំ ភោជននេះ មិន​គាប់ចិត្ត​ខ្ញុំ​ទេ។ គេជាមនុស្សគ្មានប្រាថ្នាភោជនណា មិនគាប់ចិត្តគេៗក៏លះបង់​ភោជន​នោះ​ដែរ តែថា ភោជន​ណាគាប់ចិត្តគេ ៗ មិនត្រេកត្រអាល មិនភ្លេចស្មារតី មិនជាប់ស្អិត ជាអ្នកឃើញទោសជាប្រក្រតី មានប្រាជ្ញា ជាគ្រឿងរលាស់ចិត្តចេញ បរិភោគភោជននោះ គេឈ្មោះថា បរិសុទ្ធក្នុងហេតុនោះ យ៉ាងនេះបាន។ ម្នាលនិគ្រោធ ពាក្យខាងមុខ​នៅមាន​ទៀត អ្នកមានតបវត្ត គេមិនសមាទានតបវត្ត ហេតុតែសេចក្តីប្រាថ្នាលាភសក្ការៈ និង​សេចក្តី​សរសើរថា ពួកព្រះរាជា រាជមហាមាត្រ ក្សត្រិយ៍ ព្រាហ្មណ៍ គហបតី តិរ្ថិយ នឹងធ្វើសក្ការៈ ចំពោះអាត្មាអញ អ្នកនោះឈ្មោះថា បរិសុទ្ធក្នុងហេតុនោះ យ៉ាងនេះបាន។ ម្នាលនិគ្រោធ ពាក្យខាងមុខនៅមានទៀត អ្នកមានតបវត្ត មិនបានពោលបង្អាប់សមណៈ ឬព្រាហ្មណ៍ណាមួយ ថា បែបនេះ សមណព្រាហ្មណ៍ ជាអ្នកមានការចិញ្ចឹម​ជីវិត​ច្រើន​យ៉ាង តែងស៊ីពូជសព្វសរពើ គឺពូជកើតអំពីឫស ពូជកើតអំពីដើម ពូជ​កើតអំពីថ្នាំង ពូជ​កើត​អំពីចុង ពូជកើតអំពីពូជជាគំរប់៥ នរណាៗ ក៏ដឹងថា ញញួរ គឺធ្មេញ​របស់​សមណៈ​នេះ ដូចជាកាំរន្ទះ គេជាសមណៈ ត្រឹមតែការប្តេជ្ញាថា សមណៈប៉ុណ្ណោះទេ គេឈ្មោះថា បរិសុទ្ធក្នុងហេតុនោះ យ៉ាងនេះបាន។ ម្នាលនិគ្រោធ ពាក្យខាងមុខនៅមានទៀត អ្នក​មានតបវត្ត ឃើញគេធ្វើសក្ការៈ គោរព រាប់អាន បូជាសមណៈ ឬព្រាហ្មណ៍ណាមួយ ក្នុង​ត្រកូល​​ទាំងឡាយ។ គេមិនបានត្រិះរិះយ៉ាងនេះថា គួរដែរឬ ពួកមនុស្សតែងធ្វើសក្ការៈ គោរព រាប់អាន​បូជា​សមណៈ ដែលមានអាជីវៈច្រើន ក្នុងត្រកូលទាំងឡាយនេះ ចំណែក​ខាង​អាត្មាអញ ជាអ្នកមាន​តបវត្ត មានអាជីវៈសៅហ្មង (ម្តេចក៏) ពួកគេមិនធ្វើសក្ការៈ មិន​គោរព មិនរាប់អាន មិនបូជា ក្នុងត្រកូលទាំងឡាយ​វិញ។ គេមិនឲ្យកើតសេចក្តីឫស្យា និង​សេចក្តីកំណាញ់ ក្នុងត្រកូលទាំងឡាយ ដូច្នេះឡើយ គេឈ្មោះថា បរិសុទ្ធក្នុងហេតុនោះ យ៉ាងនេះបាន។ ម្នាលនិគ្រោធ ពាក្យខាងមុខ​នៅមាន​ទៀត អ្នកមានតបវត្ត មិនជាអ្នក​អង្គុយ​ក្នុងទីចំភ្នែកមនុស្ស គេឈ្មោះថា បរិសុទ្ធក្នុងហេតុនោះ យ៉ាងនេះបាន។ ម្នាល​និគ្រោធ ពាក្យខាងមុខនៅមានទៀត អ្នកមានតបវត្ត មិនដើរបង្ហាញខ្លួន ក្នុងត្រកូល​ទាំង​ឡាយថា ការនេះជាតបវត្តរបស់អាត្មាដែរ ការនេះជាតបវត្តរបស់អាត្មាដែរ គេឈ្មោះថា បរិសុទ្ធក្នុងហេតុនោះ យ៉ាងនេះបាន។ ម្នាលនិគ្រោធ ពាក្យខាងមុខនៅមានទៀត អ្នកមាន​តបវត្ត មិនអាស្រ័យការបិទបាំងនីមួយ បើមានគេសួរអ្នកនោះថា ការនេះគាប់ចិត្តលោកឬ បើការនោះមិនគាប់ចិត្តខ្លួន ក៏និយាយថា មិនគាប់ចិត្ត របស់នេះគួរដល់អ្នក ឬប្រាប់នូវ​របស់​​ដែលមិន​គួរថា មិនគួរ បើការនោះខ្លួនគាប់ចិត្ត ក៏និយាយថា គាប់ចិត្ត។ អ្នកនោះ​មិនបាន​និយាយកុហកទាំង​ដឹងខ្លួន គេឈ្មោះថា បរិសុទ្ធក្នុងហេតុនោះ យ៉ាងនេះបាន។ ម្នាល​និគ្រោធ ពាក្យខាងមុខ​នៅមាន​ទៀត អ្នកមានតបវត្ត កាលតថាគត ឬសាវ័ក​របស់​តថាគត កំពុងសំដែងធម៌ រមែងអនុមោទនា នូវ​បរិយាយដែលគួរអនុមោទនា គេឈ្មោះថា បរិសុទ្ធក្នុងហេតុនោះ យ៉ាងនេះបាន។ ម្នាលនិគ្រោធ ពាក្យខាងមុខនៅមានទៀត អ្នកមាន​តបវត្ត ជាអ្នកមិនក្រោធ មិនចងសេចក្តីក្រោធទុក។ ម្នាលនិគ្រោធ ត្រង់ដែលអ្នក​មាន​តបវត្ត ជាអ្នកមិនក្រោធ មិនចងសេចក្តីក្រោធទុក គេឈ្មោះថា បរិសុទ្ធក្នុងហេតុនោះ យ៉ាង​នេះបាន។ ម្នាលនិគ្រោធ ពាក្យខាងមុខនៅមានទៀត អ្នកមានតបវត្ត ជាអ្នកមិន​រមិលគុណ មិនវាយឫកស្មើ មិនឈ្នានីស មិនកំណាញ់ មិនអួតអាង មិនមានកលមាយា មិនរឹងត្អឹង មិនមើលងាយគេ មិនមានសេចក្តីប្រាថ្នាដ៏លាមក មិនលុះក្នុងអំណាចនៃ​សេចក្តី​ប្រាថ្នា​ដ៏លាមក មិនមែនជាមិច្ឆាទិដ្ឋិ មិនប្រកបដោយអន្តគ្គាហិកទិដ្ឋិ មិនប្រកាន់​យកតាម​តែសេចក្តី​ឃើញ​របស់ខ្លួន មិនប្រកាន់មាំ ជាមនុស្សដែលគេឲ្យលះបង់​បាន​ដោយ​ងាយ។ ម្នាលនិគ្រោធ ត្រង់ដែល​អ្នកមានតបវត្ត ជាអ្នកមិនប្រកាន់​យកតាម​តែ​សេចក្តី​ឃើញរបស់ខ្លួន មិនប្រកាន់មាំ ជាមនុស្សដែល​គេឲ្យលះបង់បានដោយងាយ គេ​ឈ្មោះថា បរិសុទ្ធក្នុងហេតុនោះ យ៉ាងនេះបាន។ ព្រះមានបុណ្យត្រាស់សួរថា ម្នាល​និគ្រោធ អ្នកសំគាល់សេចក្តីនោះដូចម្តេច កាលបើហេតុមានមក​ដូច្នេះ ការខ្ពើមបាប ដោយសេចក្តីព្យាយាម ជាគ្រឿង​ដុតកិលេស ឈ្មោះថា បរិសុទ្ធហើយ ឬមិនទាន់​បរិសុទ្ធទេ។ និគ្រោធបរិព្វាជក ក្រាបទូលព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន កាលបើហេតុ​មានមកដូច្នេះ ការខ្ពើមបាប ដោយសេចក្តីព្យាយាម ជាគ្រឿង​ដុតកិលេស ឈ្មោះថា បរិសុទ្ធហើយ​ដោយពិត មិនមែនមិន​បរិសុទ្ធទេ ទាំងដល់កំពូលធម៌ផង ដល់ខ្លឹម​ធម៌ហើយផង។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលនិគ្រោធ ការខ្ពើមបាប ដោយ​សេចក្តី​ព្យាយាម ជាគ្រឿង​ដុតកិលេស ត្រឹមតែប៉ុណ្ណេះ មិនទាន់ដល់កំពូលធម៌ មិនទាន់​ដល់ខ្លឹមធម៌នៅឡើយទេ គ្រាន់តែដល់ត្រឹមធម៌ ដូចជា​ក្រមរប៉ុណ្ណោះទេតើ។

[២៦] និគ្រោធបរិព្វាជក ក្រាបទូលថា បពិត្រព្រះអង្គដ៏ចំរើន ចុះ​ការខ្ពើមបាប ដោយ​សេចក្តីព្យាយាម ជាគ្រឿង​ដុតកិលេសត្រឹមណា ទើបឈ្មោះថា ដល់កំពូលធម៌ផង ដល់​ខ្លឹម​​ធម៌​ផង បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានបុណ្យ សំដែងឲ្យដល់កំពូល ឲ្យដល់​ខ្លឹមសារ របស់​ការខ្ពើម​បាប ដោយសេចក្តីព្យាយាម ជាគ្រឿង​ដុតកិលេស តែម្តង ដល់ខ្ញុំ​ព្រះអង្គឲ្យទាន។ ព្រះមានព្រះភាគ ត្រាស់ថា ម្នាលនិគ្រោធ អ្នកមានតបវត្តក្នុងលោកនេះ ជាអ្នកសង្រួម ដោយការសង្រួម៤យ៉ាង។ ម្នាលនិគ្រោធ អ្នកមានតបវត្ត ជាអ្នកសង្រួម ដោយការសង្រួម៤យ៉ាង តើដូចម្តេច។ ម្នាលនិគ្រោធ អ្នកមានតបវត្តក្នុងលោកនេះ មិន​សម្លាប់សត្វ មិនប្រើអ្នកដទៃឲ្យសម្លាប់សត្វ មិនគាប់ចិត្តនឹង​អ្នក​សម្លាប់សត្វ មិនកាន់យក​ទ្រព្យ ដែលម្ចាស់គេមិនបានឲ្យ មិនប្រើអ្នកដទៃឲ្យកាន់យកទ្រព្យ ដែលម្ចាស់​គេមិនបាន​ឲ្យ មិនគាប់ចិត្តនឹងអ្នកកាន់យកទ្រព្យ ដែលម្ចាស់គេមិនបានឲ្យ រមែង​មិន​និយាយកុហក មិនប្រើអ្នកដទៃឲ្យនិយាយកុហក មិនគាប់ចិត្តនឹងអ្នកនិយាយកុហក មិនសេព​ភាវិតធម៌ (គឺកាមគុណ៥) មិនប្រើអ្នកដទៃ​ឲ្យសេពនូវភាវិតធម៌ មិនគាប់ចិត្តនឹងអ្នកដែលសេពនូវ​ភាវិតធម៌។ ម្នាលនិគ្រោធ អ្នកមានតបវត្ត ជាអ្នកសង្រួម ដោយការសង្រួម៤យ៉ាង ដោយ​ហេតុ​យ៉ាងនេះ។ ម្នាលនិគ្រោធ កាលណាអ្នកមានតបវត្ត ជាអ្នកសង្រួម ដោយការសង្រួម​ទាំង៤យ៉ាង​ ក៏រមែងមានពាក្យគេសរសើរអ្នកនោះ ព្រោះខ្លួនជាអ្នកមានតបវត្ត។ គេខំប្រឹង​បំពេញ (សីល) មិនត្រ​ឡប់មក ដើម្បីភេទថោកទាប (ភេទគ្រហស្ថ)។ គេរមែងអាស្រ័យ​សេនាសនៈ​ស្ងាត់ ព្រៃ គល់ឈើ ភ្នំ ញកភ្នំ ជ្រោះភ្នំ ទីស្មសាន ដងព្រៃ ទីវាល និងទីដែល​ប្រក់បាំងដោយស្មៅ។ បុគ្គលនោះ លុះកាល​ខាងក្រោយភត្ត ក៏ត្រឡប់​មកពីបិណ្ឌបាត ហើយអង្គុយពែនភ្នែន តម្រង់កាយឲ្យត្រង់ ប្រុងស្មារតី ឲ្យមានមុខឆ្ពោះ (ទៅរកកម្មដ្ឋាន)។ គេលះអភិជ្ឈាក្នុងលោក មានចិត្តប្រាសចាកអភិជ្ឈា ជម្រះចិត្ត​ចាកអភិជ្ឈា លះព្យាបាទ ជាគ្រឿងប្រទូស្ត មានចិត្តមិនព្យាបាទ មានសេចក្តីអនុគ្រោះសត្វទាំងពួង ដោយ​ប្រយោជន៍ ជម្រះចិត្តឲ្យស្អាត ចាកព្យាបាទ ជាគ្រឿងប្រទូស្ត លះថីនមិទ្ធៈ មានចិត្តប្រាស​ចាក​ថីនមិទ្ធៈ មានសេចក្តីសំគាល់ក្នុងពន្លឺ មានសតិ មានសម្បជញ្ញៈ ជម្រះចិត្តចាក​ថីនមិទ្ធៈ លះឧទ្ធច្ចកុក្កុច្ចៈ មានចិត្តមិនរវើរវាយ មានចិត្តខាងក្នុងស្ងប់រម្ងាប់ ជម្រះចិត្តចាក​ឧទ្ធច្ចកុក្កុច្ចៈ លះវិចិកិច្ឆា មានចិត្តឆ្លងផុតចាកវិចិកិច្ឆា មិនមានសេចក្តីងឿងឆ្ងល់ ជម្រះចិត្ត​ឲ្យ​ស្អាត ចាក​វិចិកិច្ឆា ក្នុងកុសលធម៌ទាំងឡាយ។ គេលះនីវរណៈទាំង៥នេះ ដែលជា​ឧបក្កិលេស ជាគ្រឿងធ្វើបញ្ញា ឲ្យថយកំឡាំង ក៏សម្រចសម្រាន្តឥរិយាបថ ដោយការ​ផ្សាយ​ចិត្តប្រកបដោយមេត្តា ទៅកាន់ទិស​ទី១ ទិសទី២ ក៏ដូច្នោះ ទិសទី៣ ក៏ដូច្នោះ ទិសទី៤ ក៏ដូច្នោះ សម្រចសម្រាន្តឥរិយាបថ ដោយការផ្សាយ​ចិត្ត ប្រកបដោយមេត្តា​ដ៏ធំ​ទូលាយ មិនមានប្រមាណ មិនមានពៀរ មិនមានព្យាបាទ ទៅកាន់សត្វលោក​ទាំងមូល ដោយយកខ្លួនទៅប្រៀបនឹងសត្វទាំងអស់ ក្នុងទិសទាំងពួង គឺទិសខាងលើ ទិសខាង​ក្រោម និងទិសទទឹង [សំដៅយកទិសតូចៗ គឺទិសអគ្នេយ៍ និរតី ពាយព្យ ឦសាន។] ដោយប្រការដូច្នេះ។ ចិត្តប្រកបដោយករុណា។ ចិត្តប្រកបដោយមុទិតា។ សម្រចសម្រាន្ត​ឥរិយាបថ ដោយការផ្សាយចិត្ត ប្រកបដោយឧបេក្ខា ទៅកាន់ទិស​ទី១ ទិសទី២ ក៏ដូច្នោះ ​ទី៣ ទិសទី៤ ក៏ដូច្នោះ សម្រចសម្រាន្តឥរិយាបថ ដោយការផ្សាយ​ចិត្ត ប្រកបដោយ​ឧបេក្ខា ដ៏ធំទូលាយ មិនមានប្រមាណ មិនមានពៀរ មិនមានព្យាបាទ ទៅកាន់សត្វលោក​ទាំងមូល ដោយ​យកខ្លួន​ទៅប្រៀប​នឹងសត្វទាំងអស់ ក្នុងទិសទាំងពួង គឺទិសខាងលើ ទិសខាងក្រោម និងទិសទទឹង។ ម្នាល​និគ្រោធ អ្នកសំគាល់សេចក្តីនោះដូចម្តេច កាលបើ​ហេតុមានមកដូច្នេះ ការខ្ពើមបាប ដោយសេចក្តី​ព្យាយាម ជាគ្រឿងដុតកិលេស ឈ្មោះថា បរិសុទ្ធហើយ ឬមិនទាន់បរិសុទ្ធទេ។ និគ្រោធបរិព្វាជក ក្រាប​ទូលថា បពិត្រព្រះអង្គដ៏​ចំរើន កាលបើដូច្នោះ ការខ្ពើមបាប ដោយសេចក្តី​ព្យាយាម ជាគ្រឿង​ដុតកិលេស ឈ្មោះ​ថា បរិសុទ្ធដោយពិត មិនមែនមិនបរិសុទ្ធទេ ទាំងដល់កំពូលធម៌ផង ដល់ខ្លឹម​ធម៌ផង។ ព្រះមានព្រះភាគ ត្រាស់ថា ម្នាលនិគ្រោធ ការខ្ពើមបាប ដោយសេចក្តី​ព្យាយាម ជាគ្រឿង​ដុតកិលេស ត្រឹមតែប៉ុណ្ណេះ មិនទាន់ឈ្មោះថា ដល់កំពូលធម៌ ឬដល់ខ្លឹមធម៌នៅឡើយទេ គ្រាន់តែដល់ត្រឹម​ សំបកធម៌ ប៉ុណ្ណោះ ទេ។

[២៧] និគ្រោធបរិព្វាជក ក្រាបទូលថា បពិត្រព្រះអង្គដ៏ចំរើន ចុះការខ្ពើមបាប ដោយ​ព្យាយាម ជាគ្រឿងដុតកិលេសត្រឹមណា ទើបឈ្មោះថា ដល់កំពូលធម៌ផង ដល់ខ្លឹម​ធម៌​ផង បពិត្រ​ព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ សំដែងឲ្យដល់កំពូល ឲ្យដល់ខ្លឹមសារ​របស់​​ការខ្ពើម​បាប ដោយសេចក្តី​ព្យាយាម ជាគ្រឿងដុតកិលេសតែម្តង ដល់ខ្ញុំព្រះអង្គឲ្យ​ទាន។ ព្រះមានព្រះភាគ ត្រាស់ថា ម្នាលនិគ្រោធ អ្នកមានតបវត្ត ក្នុងលោកនេះ ជាអ្នក​សង្រួម ដោយការ​សង្រួម៤យ៉ាង។ ម្នាលនិគ្រោធ អ្នកមានតបវត្ត ជាអ្នកសង្រួម ដោយ​ការសង្រួម៤យ៉ាង តើដូចម្តេច។បេ។ ម្នាលនិគ្រោធ កាលណាអ្នកមានតបវត្ត ជាអ្នក​សង្រួម ដោយការសង្រួម​៤យ៉ាង រមែង​មានពាក្យគេសរសើរអ្នកនោះ ព្រោះខ្លួន​ជាអ្នក​មាន​តបវត្ត។ គេខំប្រឹងបំពេញសីល មិនត្រឡប់​មកដើម្បីភេទថោកទាប។ គេអាស្រ័យ​សេព​សេនាសនៈស្ងាត់។បេ។ គេបានលះនីវរណធម៌ទាំង៥នេះ ដែលជាគ្រឿងធ្វើចិត្តឲ្យ​សៅហ្មង ជាគ្រឿង​ធ្វើប្រាជ្ញាឲ្យថយកំលាំង សម្រេចសម្រាន្តឥរិយាបថ ដោយការផ្សាយ​ចិត្ត ប្រកបដោយមេត្តា ទៅកាន់ទិសទី១។បេ។ គេរលឹកឃើញខន្ធបញ្ចកៈ ដែលបាន​អាស្រ័យនៅអំពីមុន ជាច្រើនជាតិ គឺមួយជាតិខ្លះ ពីរជាតិខ្លះ បីជាតិខ្លះ បួនជាតិខ្លះ ប្រាំ​ជាតិខ្លះ។បេ។ ១០ជាតិខ្លះ ២០ជាតិខ្លះ ៣០ជាតិខ្លះ ៤០ជាតិខ្លះ ៥០ជាតិខ្លះ មួយរយ​ជាតិខ្លះ មួយពាន់​ជាតិខ្លះ ១សែនជាតិខ្លះ ច្រើនសំវដ្តកប្ប (កប្បវិនាស)ខ្លះ ច្រើនវិវដ្តកប្ប (កប្បចំរើន)ខ្លះ ច្រើនសំវដ្តវិវដ្តកប្ប (កប្បវិនាស និងកប្បចំរើន)ខ្លះ ថា ក្នុងកាលឯណោះ អាត្មាអញ បានមានឈ្មោះ​យ៉ាងនេះ មានគោត្រយ៉ាងនេះ មានសម្បុរយ៉ាងនេះ មាន​អាហារ​យ៉ាងនេះ ទទួលសុខទុក្ខយ៉ាង​នេះ មានកំណត់អាយុយ៉ាងនេះ អាត្មាអញនោះ លុះច្យុតចាកអត្តភាពនោះហើយ បានទៅកើតក្នុងភព​ឯណោះ ក្នុងភពនោះឯង អាត្មាអញ បានមានឈ្មោះ​យ៉ាងនេះ មានគោត្រយ៉ាងនេះ មានសម្បុរយ៉ាងនេះ មានអាហារយ៉ាង​នេះ ទទួលសុខទុក្ខយ៉ាង​នេះ មានកំណត់អាយុយ៉ាងនេះ អាត្មាអញនោះ លុះច្យុតចាក​អត្តភាព​នោះហើយ មកកើតក្នុងភពនេះ រមែងរលឹកឃើញ​ខន្ធបញ្ចកៈ ដែលអាស្រ័យនៅ​អំពី​មុន បានច្រើនជាតិ ព្រមទាំងអាការៈ[អដ្ឋកថា ថា គឺរូប និងអាហារ​ជាដើម។] ព្រមទាំង​ឧទ្ទេសៈ [គឺឈ្មោះ និងគោត្រកូល។] ដោយប្រការដូច្នេះ។ ម្នាលនិគ្រោធ អ្នកសំគាល់​សេចក្តី​នោះដូចម្តេច កាលបើដូច្នោះ ការខ្ពើមបាប ដោយសេចក្តី​ព្យាយាម ជាគ្រឿងដុត​កិលេស ឈ្មោះថា បរិសុទ្ធហើយ ឬមិនទាន់បរិសុទ្ធទេ។ និគ្រោធបរិព្វាជក ក្រាប​ទូលថា បពិត្រព្រះអង្គដ៏ចំរើន កាលបើយ៉ាងនេះ ការខ្ពើមបាប ដោយសេចក្តី​ព្យាយាម ជាគ្រឿង​ដុតកិលេស ឈ្មោះថា បរិសុទ្ធដោយពិត មិនមែនមិនបរិសុទ្ធទេ ទាំងដល់កំពូលធម៌ផង ដល់ខ្លឹម​ធម៌ផង។ ព្រះមានព្រះភាគ ត្រាស់ថា ម្នាលនិគ្រោធ ការខ្ពើមបាប ដោយសេចក្តី​ព្យាយាម ជាគ្រឿងដុតកិលេស ត្រឹមតែប៉ុណ្ណេះ មិនទាន់ឈ្មោះថា ដល់កំពូលធម៌ ឬដល់​ខ្លឹមធម៌នៅឡើយទេ បានដល់ត្រឹមតែ ស្រាយ របស់ធម៌ ប៉ុណ្ណោះទេ។

[២៨] និគ្រោធបរិព្វាជក ក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន ការខ្ពើមបាប ដោយ​សេចក្តី​ព្យាយាម ជាគ្រឿងដុតកិលេសត្រឹមណា ទើបឈ្មោះថា ដល់កំពូលធម៌ផង ដល់​ខ្លឹម​ធម៌​ផង បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ សំដែងឲ្យដល់កំពូល ឲ្យដល់​ខ្លឹមសារ​របស់​ការខ្ពើមបាប ដោយសេចក្តី​ព្យាយាម ជាគ្រឿងដុតកិលេសតែម្តង ដល់ខ្ញុំ​ព្រះអង្គ​ឲ្យទាន។ ព្រះមានព្រះភាគ ត្រាស់ថា ម្នាលនិគ្រោធ អ្នកមានតបវត្ត ក្នុងលោកនេះ ជាអ្នកសង្រួម ដោយការ​សង្រួម៤យ៉ាង។ ម្នាលនិគ្រោធ អ្នកមានតបវត្ត ជាអ្នកសង្រួម ដោយការសង្រួម៤យ៉ាង តើដូច​ម្តេច។បេ។ ម្នាលនិគ្រោធ កាលណាអ្នកមានតបវត្ត ជាអ្នកសង្រួម ដោយការសង្រួម​៤យ៉ាង ក៏រមែង​មានពាក្យគេសរសើរអ្នកនោះ ព្រោះខ្លួន​ជាអ្នកមានតបវត្ត។ គេខំប្រឹងបំពេញសីល មិនត្រឡប់​មកដើម្បីភេទថោកទាប។ គេ​អាស្រ័យ​សេពសេនាសនៈស្ងាត់។បេ។ គេលះនីវរណៈទាំង៥នេះ ដែលជាឧបក្កិលេស ជា​គ្រឿង​​ធ្វើប្រាជ្ញាឲ្យថយកំលាំង មានចិត្តប្រកបដោយមេត្តា។បេ។ សម្រេច​សម្រាន្ត​ឥរិយាបថ ដោយការផ្សាយចិត្ត ប្រកបដោយឧបេក្ខា ដ៏ធំទូលាយ មិនមានប្រមាណ មិន​មាន​ពៀរ មិនមានព្យាបាទ។ គេរមែងរលឹកឃើញខន្ធបញ្ចកៈ ដែលបានអាស្រ័យ​នៅ​អំពី​មុន ជាច្រើនជាតិ គឺមួយជាតិខ្លះ ពីរជាតិខ្លះ។បេ។ រមែងរលឹកឃើញនូវ​ខន្ធបញ្ចកៈ ដែល​អាស្រ័យ​នៅអំពីមុន ជាច្រើនជាតិ ព្រមទាំងអាការៈ ព្រមទាំងឧទ្ទេសៈ ដោយប្រការ​ដូច្នេះ។ គេមានចក្ខុដូចជាទិព្វដ៏បរិសុទ្ធ កន្លងចក្ខុមនុស្សសាមញ្ញ បានឃើញនូវសត្វ​ទាំង​ឡាយ ដែលកំពុងច្យុត និងចាប់បដិសន្ធិ ដ៏ទាបថោក និងឧត្តម មានទ្រង់ទ្រាយល្អ និង​អាក្រក់ ទៅកាន់សុគតិ និងទុគ្គតិ រមែងដឹងច្បាស់​នូវសត្វ​ទាំងឡាយ ដែលអន្ទោលទៅតាម​កម្មថា អើហ្ន៎ សត្វទាំងឡាយនេះ ប្រកបដោយកាយទុច្ចរិត ប្រកបដោយវចីទុច្ចរិត ប្រកប​ដោយ​មនោទុច្ចរិត ជាអ្នកតិះដៀលនូវពួកព្រះអរិយបុគ្គល ជាមច្ឆាទិដ្ឋិ សមាទាននូវ​មិច្ឆាទិដ្ឋិកម្ម សត្វទាំងនោះ លុះបែកធ្លាយរាងកាយ បន្ទាប់អំពីមរណៈទៅ ទៅកើតឯ​អបាយ ទុគ្គតិ វិនិបាត នរក ចំណែក​ខាងសត្វទាំងនេះ ប្រកបដោយ​កាយសុចរិត ប្រកប​ដោយ​វចី​សុចរិត ប្រកបដោយមនោសុចរិត មិនតិះដៀលពួកព្រះអរិយៈ ជាសម្មាទិដ្ឋិ សមាទាននូវកម្ម ជាសម្មាទិដ្ឋិ សត្វទាំងនោះ លុះបែកធ្លាយរាងកាយ បន្ទាប់អំពីមរណៈទៅ ក៏ទៅកើតឯ​សុគតិលោក គឺសួគ៌ មានចក្ខុដូចជាទិព្វដ៏បរិសុទ្ធ កន្លងចក្ខុមនុស្សសាមញ្ញ រមែង​ឃើញ នូវសត្វទាំងឡាយ កំពុង​ច្យុត និងចាប់បដិសន្ធិ ដ៏ទាបថោក និងឧត្តម មាន​ទ្រង់ទ្រាយល្អ និងអាក្រក់ ទៅកាន់សុគតិ​ និង​ទុគ្គតិ ដឹងច្បាស់នូវសត្វទាំងឡាយ ដែល​អន្ទោល​ទៅតាមកម្ម ដោយប្រការដូច្នេះ។ ម្នាលនិគ្រោធ អ្នក​សំគាល់​សេចក្តីនោះដូចម្តេច កាលបើដូច្នេះ ការខ្ពើមបាប ដោយសេចក្តី​ព្យាយាម ជាគ្រឿងដុតកិលេស ឈ្មោះថា បរិសុទ្ធ​ហើយ ឬមិនទាន់បរិសុទ្ធទេ។ និគ្រោធបរិព្វាជក ក្រាប​ទូលថា បពិត្រព្រះអង្គ​ដ៏ចំរើន កាលបើដូច្នេះ ការខ្ពើមបាប ដោយសេចក្តី​ព្យាយាម ជាគ្រឿង​ដុតកិលេស ឈ្មោះ​ថា បរិសុទ្ធដោយពិត មិនមែនមិនបរិសុទ្ធទេ ទាំងដល់កំពូលធម៌ផង ដល់ខ្លឹម​ធម៌ផង។ ម្នាលនិគ្រោធ ការខ្ពើមបាប ដោយសេចក្តី​ព្យាយាម ជាគ្រឿងដុតកិលេសទាំងប៉ុណ្ណេះ ទើប​ឈ្មោះថា ដល់កំពូលធម៌ផង ដល់ខ្លឹមធម៌ផង។ ម្នាលនិគ្រោធ អ្នកបាននិយាយ នឹង​តថាគតថា ព្រះមានព្រះភាគ ទ្រង់ទូន្មានពួកសាវ័ក ដោយធម៌ណា ពួកសាវ័កដែល​ព្រះអង្គ​ទ្រង់ទូន្មាន ដោយធម៌​ណាហើយ ដល់នូវសេចក្តីគាប់ចិត្ត បានបំពេញអរិយមគ្គ ជាព្រហ្មចរិយធម៌ដើម ដែល​ឲ្យកើត​និស្ស័យ​ដ៏ឧត្តម ធម៌របស់ព្រះមានព្រះភាគនោះ តើ​ឈ្មោះដូចម្តេច។ ម្នាលនិគ្រោធ តថាគត​ទូន្មានពួកសាវ័ក ដោយពាក្យប្រៀនប្រដៅណា ពួកសាវ័កដែលតថាគតបានទូន្មាន ដោយពាក្យប្រៀន​ប្រដៅ​ណា ដល់នូវសេចក្តីត្រេកអរ បានបំពេញអរិយមគ្គ ជាព្រហ្មចរិយធម៌ដើម ដែល​ឲ្យកើត​និស្ស័យ​ដ៏ឧត្តម ហេតុ (របស់​ពាក្យ​ប្រៀនប្រដៅនោះ) ឧត្តមជាង វិសេសជាង ដូច្នេះឯង។ កាល​ព្រះមានព្រះភាគ ត្រាស់​យ៉ាងនេះហើយ បរិព្វាជកទាំងនោះ ក៏បន្លឺសំឡេងហ៊ោ សំឡេងខ្លាំងថា ពួកយើង ដែល​ជាអ្នករួមអាចារ្យផងគ្នា​ មិនដែលឃើញ ក្នុងដំណើរនេះឡើយ ពួកយើង ដែលជាអ្នក​រួម​អាចារ្យ​ផងគ្នា​ មិនដែលឃើញ ក្នុងដំណើរនេះឡើយ ពួកយើងមិនធ្លាប់ដឹង ឲ្យលើស​ជាង​ពី​នេះទៅទៀតឡើយ។

[២៩] កាលណាសន្ធានគហបតី បានដឹងថា ឥឡូវនេះ ពួកបរិព្វាជក ជាអន្យតិរ្ថិយទាំងនេះ កំពុងប្រុសស្តាប់ភាសិត របស់ព្រះមានព្រះភាគ ត្រាប់ត្រង់ស្រោតប្រសាទ ដំកល់ចិត្តមិន​ឲ្យ​រាយមាយ ដោយពិតដូច្នោះហើយ ទើបបាននិយាយពាក្យនេះ នឹងនិគ្រោធបរិព្វាជកថា បពិត្រនិគ្រោធ លោក​បាននិយាយនឹងខ្ញុំរួចហើយថា នែគហបតិ ដូចជាយើងរិះគន់ អ្នក​ត្រូវដឹងថា ព្រះសមណគោតម ចរចាជាមួយនឹងអ្នកណាបាន ប្រទះសាកច្ឆាជាមួយនឹង​អ្នក​ណាបាន ល្បងនូវភាពវាងវៃ ដោយ​ប្រាជ្ញាជាមួយនឹងអ្នកណា (ដូចម្តេចបាន) ព្រោះ​ប្រាជ្ញារបស់​ព្រះសមណគោតម វិនាសបាត់ទៅ ក្នុង​ផ្ទះស្ងាត់ទៅហើយ ព្រះមសណ​គោតម មិនហ៊ានចូលកាន់បរិសទ្យទេ មិនអាចធ្វើការចរចា នឹងអ្នកដទៃបានទេ បានជា​លោក តែងអាស្រ័យសេនាសនៈដ៏ស្ងាត់ប៉ុណ្ណោះ ដូចមេគោខ្វាក់​ភ្នែកម្ខាង តែងត្រាច់ទៅ​តែ​ខាងៗ ជុំវិញ តែងគប់រកតែទីស្ងាត់ប៉ុណ្ណោះ ដូចម្តេចមិញ ប្រាជ្ញារបស់​ព្រះសមណ​គោតម វិនាសបាត់បង់ទៅ ក្នុងផ្ទះស្ងាត់ទៅហើយ ព្រះសមណគោតម មិនហ៊ានចូលកាន់​បរិស័ទ មិន​អាចធ្វើការចរចានឹងអ្នកដទៃបានទេ បានជាលោកតែងអាស្រ័យនៅតែ​ក្នុង​សេនាសនៈ​ស្ងាត់ ដូច្នោះ​ឯង នែគហបតិ ល្បងមើលចុះ (ប្រសិនបើ) ព្រះសមណគោតម គប្បី​មកកាន់បរិស័ទនេះ (មែន) ពួកយើង​គួរសាកសួរលោកមួយប្រស្នាល្បងមើលដែរ ពួក​យើងត្រូវចាប់បង្វិលព្រះសមណគោតម​នោះ ឲ្យដូចគេចាប់បង្វិលឆ្នាំងទទេ (មិនខាន) បពិត្រ​លោកដ៏ចំរើន ស្រាប់តែព្រះមានព្រះភាគ ជាអរហន្ត សម្មាសម្ពុទ្ធព្រះអង្គនោះ ស្តេច​ដល់​មកក្នុងទីនេះ អើឥឡូវនេះដល់ហើយ ចូរលោក​ធ្វើ​ព្រះអង្គ ឲ្យជាអ្នកមិន​ហ៊ានចូល​មក​កាន់​បរិស័ទចុះ ចូរលោកធ្វើព្រះអង្គ ឲ្យដូចមេគោខ្វាក់ភ្នែកម្ខាង ដែលត្រាច់ទៅតែខាងៗ ជុំវិញ​ចុះ ចូរលោកសាកសួរព្រះអង្គ ដោយប្រស្នាចុះ ចូរលោកបង្វិល​ព្រះ​សមណគោតម​នោះ ឲ្យដូចជាគេចាប់បង្វិលឆ្នាំងទទេចុះ។ កាលសន្ធានគហបតិ និយាយយ៉ាងនេះ​ហើយ និគ្រោធ​បរិព្វាជក អង្គុយនៅតែស្ងៀម អៀនខ្មាស ឱនក ដាក់មុខជ្រប់ស្រពោន ទ័ល​ប្រាជ្ញា។

[៣០] លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ជ្រាបថា និគ្រោធបរិព្វាជក អង្គុយនៅស្ងៀម អៀនខ្មាស ឱនក ដាក់មុខជ្រប់ស្រពោន ទ័លប្រាជ្ញាហើយ ក៏បានត្រាស់សួរនិគ្រោធ​បរិព្វាជក យ៉ាង​នេះថា ម្នាលនិគ្រោធ សំដីនេះ អ្នកបាននិយាយមែនឬ។ និគ្រោធបរិព្វាជក ក្រាបទូលថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ បាននិយាយសំដីនេះពិតមែន តាមដែលខ្ញុំ​ព្រះអង្គ ជាមនុស្សល្ងង់ ជាមនុស្សវង្វេង ជាមនុស្សមិនឈ្លាស។ ព្រះមានព្រះភាគ ត្រាស់​ថា ម្នាលនិគ្រោធ អ្នកសំគាល់​សេចក្តី​នោះដូចម្តេច អ្នកបានឮពួកបរិព្វាជក​ព្រឹទ្ធាចារ្យ​មាន​អាយុច្រើន ជាអាចារ្យប្រធានលើអាចារ្យ និយាយ​ថា ព្រះអរហន្តសម្មាសម្ពុទ្ធទាំង​ឡាយ​ណា ក្នុងកាលកន្លងទៅហើយ ព្រះសម្មាសម្ពុទ្ធទាំង​ឡាយដ៏មានព្រះភាគនោះ ទ្រង់ជួបជុំ​សមាគម ហើយបន្លឺសំឡេងហ៊ោ សំឡេងខ្លាំង ប្រកបនូវ​តិរច្ឆាន​កថា ជាច្រើនយ៉ាង គឺនិយាយពីស្តេច និយាយពីចោរ។បេ។ និយាយពីសេចក្តីចំរើន និងសេចក្តី​សាប​សូន្យ ដែលឥតប្រយោជន៍ ថា ដូច្នេះខ្លះ ដូច្នោះខ្លះ ដូចជាអ្នកដែលរួមអាចារ្យផងគ្នា ក្នុងកាល​ឥឡូវ​នេះ យ៉ាងនេះដែរឬ ឬថា ព្រះមានព្រះភាគទាំងនោះ តែងអាស្រ័យ​សេនាសនៈ​ដ៏ស្ងាត់ ជាទីតាំង​នៅក្នុងព្រៃស្រោង ជាសេនាសនៈមានសំឡេងសន្ធឹកគឹកកងតិច ប្រាស​ចាក​សំដីអ្នកផង សមគួរដល់​ការស្ងប់ស្ងាត់របស់មនុស្ស គួរដល់ការលាក់ខ្លួន ពួនអាត្មា​បាន ដូចជាតថាគត ក្នុងកាលឥឡូវនេះ យ៉ាងនេះ។ និគ្រោធបរិព្វាជក ក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គបានឮពួក​បរិព្វាជក​ព្រឹទ្ធាចារ្យមានអាយុច្រើន ជា​អាចារ្យ​ប្រធាន​លើអាចារ្យ និយាយ​គ្នា យ៉ាងនេះថា ព្រះអរហន្ត​សម្មាសម្ពុទ្ធ​ទាំងឡាយណា ក្នុង​កាល​​កន្លងទៅហើយ ព្រះមានព្រះភាគទាំងនោះ ជួបជុំសមាគម​យ៉ាងនេះហើយ បន្លឺ​សំឡេង​ហ៊ោ សំឡេងខ្លាំង ប្រកបនូវ​តិរច្ឆាន​កថា ជាច្រើនយ៉ាង គឺនិយាយពីស្តេច និយាយ​ពីចោរ។បេ។ និយាយពីសេចក្តីចំរើន និងសេចក្តី​សាប​សូន្យ ដែលឥតប្រយោជន៍ ថា ដូច្នេះខ្លះ ដូច្នោះខ្លះ ដូចជាខ្ញុំព្រះអង្គ ជាអ្នករួមអាចារ្យផងគ្នា ក្នុងកាល​ឥឡូវ​នេះ យ៉ាង​នេះ​ក៏ទេ ព្រះមានព្រះភាគទាំងនោះ តែងអាស្រ័យសេនាសនៈដ៏ស្ងាត់ ជាទីតាំង​នៅក្នុង​ព្រៃស្រោង ជាសេនាសនៈមានសំឡេងសន្ធឹកគឹកកងតិច ប្រាសចាកសំដីរបស់អ្នកផង សមគួរដល់​ការស្ងប់ស្ងាត់របស់មនុស្ស គួរដល់ការលាក់ខ្លួន ពួនអាត្មាបាន ដូចព្រះមាន​ព្រះភាគ ក្នុងកាលឥឡូវនេះ យ៉ាងនេះដែរ។ ព្រះអង្គត្រាស់ថា ម្នាលនិគ្រោធ វិញ្ញូជន​ចាស់ទុំ ដែល​ជាអ្នក​មានសតិនោះ មិនមានសេចក្តីត្រិះរិះដូច្នេះថា ព្រះមានព្រះភាគ​អង្គ​នោះ ទ្រង់ត្រាស់ដឹង (ដោយ​ព្រះអង្គឯង) ហើយទ្រង់សំដែងធម៌ ដើម្បីញុំាងបុគ្គលដទៃ ឲ្យត្រាស់ដឹង ព្រះមានព្រះភាគ​អង្គនោះ ទ្រង់ទូន្មានព្រះអង្គបានហើយ ទើបសំដែងធម៌ ដើម្បីទូន្មានអ្នកដទៃ ព្រះមានព្រះភាគ​អង្គនោះ ទ្រង់​ស្ងប់ហើយ ទើបសំដែងធម៌ ដើម្បី​សេចក្តីស្ងប់ដល់អ្នកដទៃ ព្រះមានព្រះភាគអង្គនោះ ទ្រង់ឆ្លងផុត​ហើយ ទើបសំដែងធម៌ ដើម្បីការឆ្លងដល់អ្នកដទៃ ព្រះមានព្រះភាគអង្គនោះ ទ្រង់រំលត់កិលេស​បានហើយ ទើប​សំដែង​ធម៌ ដើម្បីសេចក្តីរំលត់កិលេសដល់អ្នកដទៃ។

[៣១] កាលព្រះមានព្រះភាគ ត្រាស់យ៉ាងនេះហើយ និគ្រោធបរិព្វាជក បានក្រាបទូល​ព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ទោសកំហុសបានគ្របសង្កត់​នូវខ្ញុំ​ព្រះអង្គ ព្រោះជាមនុស្សល្ងង់យ៉ាងណា ជាមនុស្សវង្វេងយ៉ាងណា ជាមនុស្ស​មិនឈ្លាស​យ៉ាងណា ខ្ញុំ​ព្រះអង្គ បានពោលពាក្យឆ្គាំឆ្គងយ៉ាងនេះ នឹងព្រះមានព្រះភាគហើយ បពិត្រ​ព្រះអង្គ​ដ៏ចំរើន សូមព្រះមានព្រះភាគ ទ្រង់អត់នូវទោសតាមទោស ដល់ខ្ញុំព្រះអង្គនោះ ដើម្បីសេចក្តីសង្រួមតទៅ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលនិគ្រោធ អើ ក៏ទោស​កំហុស គ្របសង្កត់នូវអ្នក ព្រោះជាមនុស្សល្ងង់យ៉ាងណា ជាមនុស្សវង្វេងយ៉ាងណា ជា​មនុស្ស​មិនឈ្លាសយ៉ាងណា អ្នកបានពោល​ពាក្យឆ្គាំឆ្គងណា នឹងតថាគតយ៉ាងនេះហើយ ម្នាលនិគ្រោធ បើអ្នកឃើញទោស តាមទោសណាហើយ ត្រឡប់ធ្វើឲ្យសមគួរ តាមធម៌វិញ តថាគតនឹងអត់ទោស​នោះដល់អ្នក ម្នាលនិគ្រោធ នេះឯងជាសេចក្តីចំរើន ក្នុងវិន័យ​របស់​ព្រះអរិយបុគ្គល ព្រោះមនុស្សណា ឃើញ​ទោសតាមទោសហើយ ត្រឡប់ធ្វើឲ្យសមគួរ​តាមធម៌វិញ អ្នកនោះ រមែងដល់នូវសេចក្តី​សង្រួមតទៅបាន។ ម្នាលនិគ្រោធ មួយទៀត តថាគតបានពោលយ៉ាងនេះថា បុរសអ្នកដឹង​ ជាអ្នក​មិនអួតអាង មិនមានមាយា ប្រកប​ដោយជាតិ ជាអ្នកត្រង់ ក៏ចូរមកចុះ តថាគតនឹងប្រដៅ តថាគត​នឹងសំដែងធម៌ បុគ្គលនោះ កាលបើប្រតិបត្តិតាមធម៌ ដែលតថាគតប្រៀនប្រដៅហើយ ពួកកុលបុត្រ ដែលចេញ​ចាកផ្ទះ ហើយចូលទៅកាន់ផ្នួសដោយប្រពៃ ដើម្បីប្រយោជន៍ដល់​អនុត្តរធម៌ណា ក៏បាន​ធ្វើឲ្យជាក់ច្បាស់ នូវអនុត្តរធម៌នោះ ជាទីបំផុតនៃមគ្គព្រហ្មចារ្យ ដោយប្រាជ្ញាខ្លួនឯង ក្នុង​បច្ចុប្បន្ន​នេះ បានសម្រេចសម្រាន្តនៅ (ដោយឥរិយាបថទាំង៤) អស់៧ឆ្នាំ។ ម្នាលនិគ្រោធ ៧ឆ្នាំចូរលើកទុកចុះ។ បុរសជាអ្នកប្រាជ្ញ ជាអ្នកមិនអួតអាង មិនមានមាយា​ ប្រកបដោយ​ជាតិជាអ្នកត្រង់ ចូរមកចុះ តថាគត​នឹងប្រដៅ តថាគត​នឹងសំដែងធម៌ បុគ្គលនោះ កាលបើ​ប្រតិបត្តិតាមធម៌ ដែលតថាគត​ប្រៀន​ប្រដៅ​ហើយ ពួកកុលបុត្រ ដែលចេញចាកផ្ទះ ហើយ​ចូលទៅកាន់ផ្នួសដោយប្រពៃ ដើម្បី​ប្រយោជន៍​ដល់​​អនុត្តរធម៌ណា ក៏បាន​ធ្វើឲ្យ​ជាក់​ច្បាស់ នូវអនុត្តរធម៌នោះ ជាទីបំផុតនៃមគ្គព្រហ្មចារ្យ ដោយប្រាជ្ញាខ្លួនឯង ក្នុងបច្ចុប្បន្ន​នេះ បានសម្រេចសម្រាន្តនៅ (ដោយឥរិយាបថទាំង៤) អស់៦ឆ្នាំ។ ៥ឆ្នាំ។ ៤ឆ្នាំ។ ៣ឆ្នាំ។ ២ឆ្នាំ។ ១ឆ្នាំ។ ម្នាលនិគ្រោធ ១ឆ្នាំចូរលើកទុកចុះ។ បុរសជាអ្នកប្រាជ្ញ ជាអ្នកមិនអួតអាង មិនមានមាយា​ ប្រកបដោយជាតិជាអ្នកត្រង់ ចូរមកចុះ តថាគតនឹងប្រដៅ តថាគត​នឹង​សំដែងធម៌ បុគ្គលនោះ កាលបើប្រតិបត្តិតាមធម៌ ដែលតថាគតប្រៀនប្រដៅហើយ ពួក​កុលបុត្រ ដែលចេញចាកផ្ទះ ហើយចូលទៅកាន់ផ្នួស ដើម្បីប្រយោជន៍ដល់​អនុត្តរធម៌ណា ក៏បាន​ធ្វើឲ្យជាក់ច្បាស់ នូវអនុត្តរធម៌នោះ ជាទីបំផុតនៃមគ្គព្រហ្មចារ្យ ដោយប្រាជ្ញាខ្លួនឯង ក្នុងបច្ចុប្បន្ន​នេះ បានសម្រេចសម្រាន្តនៅ (ដោយឥរិយាបថទាំង៤) អស់៧ខែ។ ម្នាល​និគ្រោធ ៧ខែចូរលើកទុកចុះ។ ៦ខែ។ ៥ខែ។ ៤ខែ។ ៣ខែ។ ២ខែ។ ១ខែ។ កន្លះខែ។ ម្នាល​និគ្រោធ កន្លះខែ ចូរ​លើកទុកចុះ។ បុរសជាអ្នកប្រាជ្ញ ជាអ្នកមិនអួតអាង មិនមាន​មាយា​ ប្រកបដោយជាតិជាអ្នកត្រង់ ចូរមកចុះ​ តថាគតនឹងប្រដៅ តថាគត​នឹងសំដែងធម៌ បុគ្គលនោះ កាលបើប្រតិបត្តិតាមធម៌ ដែលតថាគតប្រៀនប្រដៅហើយ ពួកកុលបុត្រ ដែល​ចេញចាកផ្ទះ ហើយចូលទៅកាន់ផ្នួស ដើម្បីប្រយោជន៍ដល់​អនុត្តរធម៌ណា ក៏បាន​ធ្វើឲ្យជាក់ច្បាស់ នូវអនុត្តរធម៌នោះ ជាទីបំផុតនៃមគ្គព្រហ្មចារ្យ ដោយប្រាជ្ញាខ្លួនឯង ក្នុង​បច្ចុប្បន្ន​នេះ បានសម្រេចសម្រាន្តនៅ (ដោយឥរិយាបថទាំង៤) អស់៧ថ្ងៃ។ ម្នាលនិគ្រោធ សមតែអ្នកមានគំនិតយ៉ាងនេះថា ព្រះសមណ​គោតម បានជានិយាយយ៉ាងនេះ ព្រោះចង់​បាន​កូនសិស្ស។ ម្នាលនិគ្រោធ តែថា អ្នកមិនត្រូវឃើញ​ហេតុនុ៎ះ យ៉ាងនេះឡើយ អ្នកណា​ជាអាចារ្យរបស់ពួកអ្នក អ្នកនោះ ចូរនៅជាអាចារ្យរបស់ពួកអ្នក​ដដែលចុះ។ ម្នាលនិគ្រោធ មួយទៀត សមតែអ្នកមានគំនិតយ៉ាងនេះថា ព្រះសមណគោតម ប្រាថ្នា​ដើម្បីញុំាង​ពួក​យើងឲ្យកក្រើកចាកឧទ្ទេស ទើបបានត្រាស់យ៉ាងនេះ។ ម្នាលនិគ្រោធ តែថា អ្នកមិនត្រូវ​ឃើញ​ហេតុនុ៎ះ យ៉ាងនេះឡើយ ឧទ្ទេសណាជារបស់អ្នក ឧទ្ទេសនោះ ក៏នៅជាឧទ្ទេស​របស់​អ្នក​ដដែលចុះ។ ម្នាលនិគ្រោធ មួយទៀត សមតែអ្នកមានគំនិតយ៉ាងនេះថា ព្រះសមណ​គោតម ប្រាថ្នា​ដើម្បីញុំាង​ពួកយើង ឲ្យកក្រើកចាកអាជីវៈ ទើបបាន​ត្រាស់​យ៉ាង​នេះ។ ម្នាលនិគ្រោធ អ្នកមិនត្រូវឃើញ​ហេតុនុ៎ះ យ៉ាងនេះឡើយ អាជីវៈណា​ជារបស់​អ្នក អាជីវៈនោះ ក៏នៅ​ជាអាជីវៈរបស់អ្នក​ដដែលចុះ។ ម្នាលនិគ្រោធ មួយទៀត សមតែអ្នក​មានគំនិតយ៉ាងនេះថា ពួកធម៌​ណា ជាអកុសល រាប់ចូលក្នុងអកុសលរបស់ជន ដែលរួម​អាចារ្យផងគ្នា ព្រះសមណគោតម ប្រាថ្នា​នឹងដើម្បីញុំាង​ពួកអ្នក ឲ្យតាំងនៅ ក្នុងធម៌ទាំង​នោះ ទើបបានត្រាស់យ៉ាងនេះ។ ម្នាលនិគ្រោធ តែថា​អ្នកមិនត្រូវឃើញ​ហេតុនុ៎ះ យ៉ាងនេះ​ឡើយ ពួកធម៌ជាអកុសល រាប់ចូលក្នុងអកុសលនោះ របស់ជនរួម​អាចារ្យផងគ្នា ចូរនៅជា​អកុសលធម៌ដដែលចុះ។ ម្នាលនិគ្រោធ មួយទៀត សមតែអ្នកមានគំនិតយ៉ាងនេះថា ពួក​ធម៌​ណាជាកុសល រាប់ចូលក្នុងកុសល របស់ជនជាអ្នករួម​អាចារ្យផងគ្នា ព្រះសមណ​គោតម ប្រាថ្នា​ដើម្បីញុំាង​ពួកអ្នក ឲ្យឃ្លាតចាកកុសលធម៌ទាំងនោះ ទើបបានត្រាស់​យ៉ាង​នេះ។ ម្នាលនិគ្រោធ តែថា អ្នកមិនត្រូវឃើញ​ហេតុនុ៎ះ យ៉ាងនេះឡើយ ពួកធម៌​ណា​ជា​កុសលរាប់ចូលក្នុងកុសលនោះ របស់ពួកជនរួមអាចារ្យផងគ្នា ចូរនៅជាកុសលធម៌​ដដែល​ចុះ។ ម្នាលនិគ្រោធ តថាគតបានពោលយ៉ាងនេះ ព្រោះចង់បានអន្តេវាសិកក៏ទេ មានប្រាថ្នា​ដើម្បីញុំាង​ពួកអ្នក ឲ្យកក្រើកចាកឧទ្ទេស ទើបបានពោលយ៉ាងនេះក៏ទេ មាន​ប្រាថ្នាដើម្បីញុំាង​ពួកអ្នក ឲ្យកក្រើកចាកអាជីវៈ ទើបបានពោលយ៉ាងនេះក៏ទេ ពួកធម៌ណា​ជាអកុសល រាប់ថា​ជាអកុសល របស់ពួកជនដែលរួមអាចារ្យផងគ្នា​តថាគត​ប្រាថ្នាដើម្បី​ញុំាង​​ពួកអ្នក ឲ្យតាំង​នៅក្នុង​ធម៌ទាំងនោះ ទើបបានពោលយ៉ាងនេះក៏ទេ ពួកធម៌ណាជា​កុសល រាប់ថាជាកុសល របស់ពួកជន​ ដែលរួមអាចារ្យផងគ្នា តថាគតប្រាថ្នា​ដើម្បី​ញុំាង​ពួកអ្នក ឲ្យឃ្លាតចាកធម៌ទាំងនោះ ទើបបានពោលយ៉ាងនេះក៏ទេ។ ម្នាលនិគ្រោធ មួយ​ទៀត ពួកធម៌ជាអកុសល ដែលបុគ្គលលះ​មិន​ទាន់បាន ប្រព្រឹត្តទៅ ដើម្បីសេចក្តីសៅហ្មង ប្រព្រឹត្តទៅ ដើម្បីសេចក្តីកើតទៀត ប្រកបដោយសេចក្តី​ក្រវល់ក្រវាយ មានទុក្ខ ជាផល ជាបច្ច័យ ដល់សេចក្តីកើត ចាស់ ស្លាប់ ទៅខាងមុខ តថាគតសំដែង​ធម៌ ដើម្បីលះបង់​នូវធម៌ ជាអកុសលទាំងឡាយនោះ។ កាលបើពួកអ្នកប្រតិបត្តិសមគួរហើយ ធម៌​ទាំង​ឡាយ​ប្រកបដោយសេចក្តីសៅហ្មង មុខជានឹងសាបសូន្យទៅ ធម៌ទាំងឡាយ ជាទីតាំង​នៃ​សេចក្តីបរិសុទ្ធ នឹងចំរើនឡើង ពួកអ្នករាល់គ្នា មុខជានឹងធ្វើឲ្យជាក់ច្បាស់ នូវការ​បំពេញ​ប្រាជ្ញា ដើម្បី​មគ្គ និងសេចក្តីផូរផង់នៃប្រាជ្ញា ដើម្បីដល់ដោយប្រាជ្ញាខ្លួនឯង ក្នុងបច្ចុប្បន្ន​នេះ សម្រេចសម្រាន្តនៅ (ដោយឥរិយាបថទាំង៤)។ កាល​ព្រះមានព្រះភាគ ត្រាស់​យ៉ាង​នេះ​ហើយ ពួកបរិព្វាជកទាំងនោះ ក៏អង្គុយនៅស្ងៀម អៀនខ្មាស ឱនក ដាក់មុខ ជ្រប់​ស្រពោន ទ័លប្រាជ្ញា ព្រោះមារចូលជ្រែកចិត្ត។

[៣២] គ្រានោះឯង ព្រះមានព្រះភាគ មានសេចក្តីត្រិះរិះដូច្នេះថា មោឃបុរសទាំងអស់នេះ ត្រូវមារចិត្តបាប ចូលជ្រែកហើយ ព្រោះថា សូម្បីតែម្នាក់ មុខជាគ្មានគំនិតយ៉ាងនេះថា ណ្ហើយចុះ ពួកយើងទាំងអស់គ្នា ចូរប្រព្រឹត្តព្រហ្មចរិយធម៌ ក្នុងសំណាក់​ព្រះសមណ​គោតម ដើម្បីសេចក្តី​ដឹង​ទួទៅ ត្រឹម៧ថ្ងៃប៉ុណ្ណោះ នឹងយូរប៉ុន្មាន។ លំដាប់នោះ ព្រះមាន​ព្រះភាគ ទ្រង់បន្លឺនូវសីហនាទ ក្នុង​អារាមនៃបរិព្វាជក ជារបស់នៃនាងឧទុម្ពរិកាទេវី ហើយ​ទ្រង់ហោះឡើងទៅកាន់វេហាសស្ថាន ត្រឡប់​ទៅគង់លើភ្នំគិជ្ឈកូដវិញ។ ឯសន្ធាន​គហបតិ ក៏ចូលទៅកាន់ក្រុងរាជគ្រឹះ ក្នុងពេលនោះដែរ។

ចប់ ឧទុម្ពរិកាសូត្រ ទី២។

ចក្កវត្តិសូត្រ ទី៣

[៣៣] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅ (ក្នុង​ដងព្រៃ) ជិតមាតុលានគរ ក្នុងដែនមគធៈ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់នឹង​ភិក្ខុទាំង​ឡាយ ក្នុងទីនោះថា ម្នាលភិក្ខុទាំងឡាយ។ ភិក្ខុទាំងនោះ ទទួលព្រះពុទ្ធដីកា​ព្រះមានព្រះភាគ​ថា ព្រះករុណាព្រះអង្គ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុ​ទាំងឡាយ អ្នកទាំងឡាយ ចូរមានខ្លួន [អដ្ឋកថា ថា លោកិយធម៌ និងលោកុត្តរធម៌ ឈ្មោះថាខ្លួន។ ព្រោះហេតុនោះ បានជាទ្រង់ពោលថែមទៀតថា ចូរមានធម៌ជាទីពឹង មានធម៌ជាទីពំនាក់ កុំមានរបស់ដទៃជាទីពឹងពំនាក់ឡើយ។] ជាទីពឹង មានខ្លួន​ជាទីពំនាក់ កុំមានរបស់ដទៃ ជាទីពឹងពំនាក់ឡើយ ចូរមាន​ធម៌ជាទីពឹង មានធម៌ជាទីពំនាក់ កុំមាន​របស់​ដទៃ ជាទីពឹងពំនាក់ឡើយ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមានខ្លួនជាទីពឹង មានខ្លួន​ជាទី​ពំនាក់ មិន​មានរបស់ដទៃ ជាទីពឹងពំនាក់ មានធម៌ជាទីពឹង មានធម៌ជាទីពំនាក់ មិនមាន​របស់​ដទៃ ជាទីពឹង​ពំនាក់ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ពិចារណា​នូវកាយក្នុងកាយ ជាប្រក្រតី មានព្យាយាម ជាគ្រឿង​ដុតកំដៅនូវកិលេស មាន​ប្រាជ្ញាដឹងសព្វ មានស្មារតីកំចាត់បង់​នូវអភិជ្ឈា និងទោមនស្សក្នុងលោកបាន។ ពិចារណា​នូវ​វេទនា ក្នុងវេទនាទាំងឡាយជាប្រក្រតី។ ពិចារណានូវចិត្ត ក្នុងចិត្តជាប្រក្រតី។ ពិចារណា​នូវធម៌ ក្នុងធម៌ទាំងឡាយជាប្រក្រតី មានព្យាយាម ជាគ្រឿង​ដុតកំដៅនូវ​កិលេស មានប្រាជ្ញាដឹងសព្វ មានស្មារតីកំចាត់បង់​នូវអភិជ្ឈា និង​ទោមនស្ស ក្នុងលោក​បាន។ ម្នាលភិក្ខុទាំងឡាយ យ៉ាងនេះ ហៅថា ភិក្ខុមានខ្លួន​ជាទីពឹង មានខ្លួន​ជាទីពំនាក់ មិនមានរបស់ដទៃ ជាទីពឹងពំនាក់ មានធម៌ជាទីពឹង មានធម៌ជាទីពំនាក់ មិនមានរបស់ដទៃ ជាទីពឹង​ពំនាក់។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរប្រព្រឹត្តក្នុងគោចរជាវិស័យ ដែល​មានមកអំពីបិតារបស់ខ្លួន។ ម្នាលភិក្ខុទាំងឡាយ កាលបើអ្នកទាំងឡាយប្រព្រឹត្ត ក្នុង​គោចរ​ជាវិស័យ ដែលមានមកអំពីបិតារបស់ខ្លួន [ជាដំណែលរបស់ព្រះសម្មាសម្ពុទ្ធ ជា​បិតានៃពុទ្ធបរិស័ទ។] មារ [អដ្ឋកថា​ សំដៅយកតែទេវបុត្តមារ និងកិលេសមារប៉ុណ្ណេះ។] ក៏មិនបាននូវចន្លោះ មិនបាននូវអារម្មណ៍ឡើយ។ ម្នាលភិក្ខុទាំងឡាយ បុណ្យនេះ រមែង​ចំរើន​ឡើង ព្រោះហេតុសមាទាន នូវកុសលធម៌ទាំងឡាយ យ៉ាងនេះ។

[៣៤] ម្នាលភិក្ខុទាំងឡាយ កាលពីព្រេងនាយមក មានព្រះរាជា (ព្រះអង្គ) ទ្រង់ព្រះនាម​ទល្ហនេមិ ជាស្តេចចក្រពត្តិ ព្រះអង្គជាធម្មិកធម្មរាជ ជាឥស្សរលើផែនដី ដែល​មាន​សមុទ្រ​ទាំង​៤ ជាទី​បំផុតជាស្តេច​ឈ្នះសង្គ្រាម ទ្រង់មានជនបទ ដល់នូវថិរភាព (សេចក្តីមាំមួន) ទ្រង់បរិបូណ៌ ដោយរ័តន៍ទាំង​៧ប្រការ។ ឯរ័តន៍ទាំង៧ប្រការរបស់ព្រះបាទទល្ហនេមិនោះ គឺចក្ករ័តន៍ (ចក្រកែវ) ១ ហត្ថិរ័តន៍ (ដំរីកែវ) ១ អស្សរ័តន៍ (សេះកែវ) ១ មណីរ័តន៍ (កែវមណិ) ១ ឥត្ថីរ័តន៍ (ស្រីកែវ) ១ គហបតីរ័តន៍ (គហបតិកែវ) ១ បរិនាយករ័តន៍ (នាយពលកែវ) ១ រួមត្រូវជា៧ប្រការ។ ឯព្រះបាទទល្ហនេមិនោះ មានព្រះរាជបុត្រ​ច្រើន​ជាង​ពាន់ សុទ្ធសឹងតែក្លៀវក្លា អង់អាច អាចសង្កត់​សង្កិន នូវសេនារបស់ស្តេចដទៃបាន។ ព្រះបាទទល្ហនេមិនោះ ទ្រង់ត្រួតត្រា គ្រប់គ្រងផែនដី ដែល​មានសាគរ ជាព្រំប្រទល់នេះ ដោយធម៌ដ៏ស្មើ មិនបាច់ប្រើអាជ្ញា មិនបាច់ប្រើគ្រឿង​សស្ត្រាវុធទេ។ ម្នាលភិក្ខុទាំងឡាយ លុះកាលកន្លងទៅបានច្រើនឆ្នាំ ច្រើនរយឆ្នាំ ច្រើនពាន់ឆ្នាំ ទើបព្រះបាទទល្ហនេមិ ទ្រង់​ត្រាស់នឹងបុរសម្នាក់ថា ម្នាលបុរសដ៏ចំរើន (បើ) អ្នកឃើញចក្ករ័តន៍​ជាទិព្វ ឃ្លាតច្យុតចាកទី ក្នុងកាលណា អ្នកត្រូវប្រាប់ដល់យើង ក្នុងកាលនោះ។ ម្នាលភិក្ខុទាំងឡាយ បុរសនោះ ទទួលស្តាប់ព្រះរាជឱង្ការនៃព្រះបាទទល្ហនេមិថា ព្រះករុណាថ្លៃវិសេស។ ម្នាលភិក្ខុទាំង​ឡាយ លុះកាលកន្លងទៅ បានច្រើនឆ្នាំ​ ច្រើនរយឆ្នាំ ច្រើនពាន់ឆ្នាំ បុរសនោះ បានឃើញ​ចក្ករ័តន៍​ជាទិព្វ ឃ្លាតច្យុតចាកទី ក៏ចូលទៅគាល់ព្រះបាទទល្ហនេមិ លុះចូលទៅ​ដល់​ហើយ ក៏ក្រាបបង្គំទូលព្រះបាទទល្ហនេមិដូច្នេះថា សូមព្រះរាជតេជះដម្កល់លើត្បូង បពិត្រ​ព្រះសម្មតិទេព សូមទ្រង់ជ្រាប (ដ្បិត) ចក្ករ័តន៍​ជាទិព្វ របស់ព្រះអង្គ ឃ្លាតច្យុតចាក​ទីហើយ។ ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង ព្រះបាទទល្ហនេមិ​ ទ្រង់ហៅព្រះរាជកុមារ ជាបុត្រច្បងមកហើយ ទ្រង់ត្រាស់ដូច្នេះថា ម្នាលកុមារមាសឪពុក ឮថា ចក្ករ័តន៍ជា​ទិព្វ​របស់​យើង ឃ្លាតច្យុតចាកទីហើយ សេចក្តីនេះ ឪពុកធ្លាប់ឮថា (បើ) ចក្ករ័តន៍​ជាទិព្វរបស់​ស្តេចចក្រពត្តិអង្គណា ឃ្លាតច្យុតចាកទីហើយ តពីនោះ​មក ស្តេចអង្គនោះ មិនរស់​នៅបានយូរឡើយ ឯកាមជារបស់មនុស្ស ឪពុកបានបរិភោគ (ឆ្អែតស្កប់ស្កល់ហើយ) សម័យ​នេះ ជាសម័យដែលឪពុក​គួរស្វែងរកកាម ជាទិព្វវិញ ម្នាលកុមារមាស​ឪពុក ចូរអ្នក​គ្រប់គ្រងផែនដី ដែលមានសមុទ្រ ជាព្រំប្រទល់នេះចុះ ឯឪពុក និងកោរសក់ ពុកមាត់ ពុកចង្កា ស្លៀកដណ្តប់កាសាវពស្ត្រ ចេញចាកផ្ទះ ចូលទៅកាន់ផ្នួស។ ម្នាលភិក្ខុ​ទាំង​ឡាយ លំដាប់នោះឯង ព្រះបាទទល្ហនេមិ ទ្រង់លួងលោមព្រះរាជកុមារ ជាបុត្រច្បង ឲ្យត្រេកអរ​ក្នុង​រាជសម្បត្តិ ដោយប្រពៃ ហើយក៏ទ្រង់ដាក់ព្រះកេសា និងព្រះមស្សុ ទ្រង់​ស្លៀក​ដណ្តប់​កាសាវពស្ត្រ រួចចេញចាក​រាជាគារស្ថាន ចូលទៅកាន់ផ្នួស។ ម្នាល​ភិក្ខុទាំង​ឡាយ កាលព្រះរាជឥសី ទើបនឹង​ទ្រង់​ព្រះផ្នួសបាន៧ថ្ងៃ ចក្ករ័តន៍ជាទិព្វបាត់ទៅ។

[៣៥] ម្នាលភិក្ខុទាំងឡាយ លំដាប់នោះ មានបុរសម្នាក់ចូលទៅគាល់ព្រះរាជា ជាក្សត្រិយ៍ ដែល​បានមុទ្ធាភិសេកហើយ លុះចូលទៅដល់ ក៏ក្រាបបង្គំទូលព្រះរាជា ជាក្សត្រិយ៍ ដែល​បានមុទ្ធាភិសេកហើយថា សូមព្រះរាជតេជះតម្កល់លើត្បូង បពិត្រព្រះសម្មតិទេព សូម​ទ្រង់​ជ្រាប (ដ្បិត) ចក្ករ័តន៍ជាទិព្វ បាត់ទៅហើយ។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះឯង កាលបើចក្ករ័តន៍​ជាទិព្វបាត់ទៅ ព្រះរាជា ជាក្សត្រិយ៍ ដែលបានមុទ្ធាភិសេកហើយ ក៏តូច​ព្រះហឫទ័យ និងសោយ​នូវ​សេចក្តីមិនសប្បាយព្រះហឫទ័យ។ ព្រះមហាក្សត្រិយ៍​អង្គ​នោះ ក៏ចូលទៅគាល់ព្រះរាជឥសី លុះចូលទៅដល់ហើយ ក៏ក្រាបបង្គំទូល​ព្រះរាជ​ឥសី​ដូច្នេះ​ថា សូមព្រះរាជតេជះតម្កល់លើត្បូង បពិត្រព្រះសម្មតិទេព សូមទ្រង់ជ្រាប (ដ្បិត) ចក្ករ័តន៍​ជាទិព្វបាត់ទៅហើយ។ ម្នាលភិក្ខុទាំងឡាយ កាលបើព្រះមហាក្សត្រិយ៍ ក្រាបបង្គំ​ទូល​យ៉ាងនេះហើយ ព្រះរាជឥសី ទ្រង់ត្រាស់នឹងព្រះរាជា ជាក្សត្រិយ៍ ដែលបាន​មុទ្ធាភិសេក​ហើយដូច្នេះថា ម្នាលបា កាលបើចក្ករ័តន៍ជាទិព្វបាត់ទៅ អ្នកកុំមាន​សេចក្តី​តូចចិត្ត កុំសោយនូវសេចក្តីមិនសប្បាយចិត្តឡើយ ម្នាលបា ព្រោះថា ចក្ករ័តន៍​ជាទិព្វនេះ មិនមែនជាមត៌ក ដែលមានមកអំពីបិតាអ្នកទេ ម្នាលបា ណ្ហើយចុះ អ្នកចូរប្រព្រឹត្តចក្កពត្តិ​វត្ត (វត្តរបស់ស្តេចចក្រពត្តិ) ដ៏ប្រសើរវិញចុះ កាលបើចក្កពត្តិវត្ត ដែលអ្នកប្រព្រឹត្តហើយ ចក្ករ័តន៍​ជាទិព្វ មានកាំ១ពាន់ ព្រមទាំងខ្នងកង់ ព្រមទាំងដុំ បរិបូណ៌ ដោយអាការសព្វគ្រប់ នឹងកើតប្រាកដ​ដល់បា ដែលកក់កេសា ហើយរក្សាឧបោសថ ឋិតនៅលើប្រាសាទ​ដ៏​ប្រសើរ ក្នុងថ្ងៃ១៥ ជាថ្ងៃឧបោសថនោះ ហេតុនេះ រមែងមានប្រាកដ។ ព្រះមហាក្សត្រិយ៍​ក្រាបបង្គំទូលសួរថា បពិត្រ​ព្រះសម្មតិទេព ចុះចក្កពត្តិវត្តដ៏ប្រសើរនុ៎ះ តើដូចម្តេច។ ព្រះរាជឥសីត្រាស់ថា ម្នាលបា បើដូច្នោះ ចូរអ្នក​អាស្រ័យនូវធម៌តែម្យ៉ាង ហើយធ្វើសក្ការៈ ចំពោះធម៌ គោរពធម៌ រាប់អានធម៌ បូជាធម៌ កោតក្រែង​ធម៌ យកធម៌ជាទង់ជ័យ យកធម៌​ជាស្ពាន យកធម៌ជាអធិបតី ចាត់ចែងនូវការរក្សា​ទប់ទល់ គ្រប់គ្រង ប្រកបដោយធម៌ ចំពោះ​ជនខាងក្នុង គឺបុត្រ ភរិយា ចំពោះពួកពល ពួកក្សត្រិយ៍ ពួកជន​ចុះចូល ពួក​ព្រាហ្មណ៍ គហបតី ពួកអ្នកនិគម អ្នកជនបទ ពួកសមណព្រាហ្មណ៍ និងពួកម្រឹគ បក្សី ម្នាលបា អ្នកកុំធ្វើអកុសលធម៌ ក្នុងដែនរបស់អ្នកឡើយ ម្នាលបា បើពួកជនណា ក្នុងដែន​របស់អ្នក មិនមានទ្រព្យ អ្នកគប្បីផ្តល់ទ្រព្យ ដល់ជនទាំងនោះ ម្នាលបា បើពួកសមណ​ព្រាហ្មណ៍ណា ក្នុងដែន​របស់អ្នក ជាអ្នកវៀរចាកសេចក្តីស្រវឹង និងសេចក្តីប្រមាទ តាំងនៅ​ក្នុងខន្តិ និងសោរច្ចៈ តែងទូន្មាន​ខ្លួនឯងតែម្នាក់ឯង ធ្វើខ្លួនឯងឲ្យស្ងប់រម្ងាប់តែម្នាក់ឯង ធ្វើខ្លួន​ឯងឲ្យរលត់ (ចាករាគាទិក្កិលេស) តែ​ម្នាក់ឯង អ្នកគប្បីចូលទៅរក​សមណ​ព្រាហ្មណ៍ ទាំងនោះសព្វៗកាល ហើយគប្បីសាកសួរ គប្បីចោទ​ដណ្តឹងថា បពិត្រលោក​ដ៏ចំរើន អ្វីជាកុសល បពិត្រលោកដ៏ចំរើន អ្វីជាអកុសល អ្វីជាអំពើ​ប្រកប​ដោយទោស អ្វីជាអំពើមិនប្រកបដោយទោស អ្វីគួរសេព អ្វីមិនគួរសេព អំពើដូចម្តេច ដែលខ្ញុំធ្វើ​ទៅ​ហើយ មិនជាប្រយោជន៍ ជាទុក្ខអស់កាលយូរអង្វែង មួយទៀត អំពើដូចម្តេច ដែលខ្ញុំធ្វើ​ទៅហើយ ជាប្រយោជន៍ ជាសុខអស់កាលយូរអង្វែង លុះអ្នកបានស្តាប់​ពាក្យសមណ​ព្រាហ្មណ៍ ទាំងនោះ​ហើយ គប្បីវៀរនូវអំពើដែលជាអកុសល ហើយសមាទាន ប្រព្រឹត្តនូវ​អំពើ ដែលជាកុសល ម្នាលបា នេះឯង ជាចក្កពត្តិវត្ត ដ៏ប្រសើរនោះ។ ម្នាលភិក្ខុទាំងឡាយ ព្រះរាជា ជាក្សត្រិយ៍ ដែលបាន​មុទ្ធាភិសេក​ហើយ បានទទួលស្តាប់ពាក្យ​ព្រះរាជឥសីថា ព្រះករុណាថ្លៃវិសេស ហើយក៏ប្រព្រឹត្ត​ចក្កពត្តិវត្តដ៏ប្រសើរ។ កាលដែលព្រះរាជានោះ កំពុង​ប្រព្រឹត្តចក្កពត្តិវត្តដ៏ប្រសើរ កក់ព្រះកេសា សមាទានឧបោសថ ហើយស្តេចទៅ​ខាង​លើប្រាសាទដ៏ប្រសើរ ក្នុងថ្ងៃ១៥ ដែលជាថ្ងៃឧបោសថនោះ ចក្ករ័តន៍ជាទិព្វ មានកាំ១ពាន់ ព្រមទាំងខ្នងកង់ ព្រមទាំងដុំ បរិបូណ៌ដោយអាការ​សព្វគ្រប់ ក៏កើត​ប្រាកដឡើង។ ព្រះរាជា ជាក្សត្រិយ៍ ដែលបានមុទ្ធាភិសេក ទ្រង់ទតឃើញហើយ ទ្រង់ព្រះរាជតម្រិះ​ថា អាត្មាអញ បានឮមកដូច្នេះថា ចក្ករ័តន៍ជាទិព្វ មានកាំ១ពាន់ ព្រមទាំងខ្នងកង់ ព្រមទាំងដុំ បរិបូណ៌ដោយអាការ​គ្រប់យ៉ាង កើតប្រាកដឡើង ដល់ព្រះរាជា ជាក្សត្រិយ៍អង្គណា ដែល​បាន​មុទ្ធាភិសេកហើយ កក់ព្រះកេសា សមាទានឧបោសថ ស្តេចទៅខាងលើ​ប្រាសាទ​ដ៏ប្រសើរ ក្នុងថ្ងៃទី​១៥ ដែលជាថ្ងៃឧបោសថនោះ ព្រះរាជាអង្គនោះ នឹងជាស្តេចចក្រពត្តិ ឱហ្ន៎! អាត្មាអញ ប្រាកដ​ជាស្តេច​ចក្រពត្តិហើយតើ។

[៣៦] ម្នាលភិក្ខុទាំងឡាយ គ្រានោះ ព្រះរាជា ជាក្សត្រិយ៍ ដែលបានមុទ្ធាភិសេកហើយ ទ្រង់​ក្រោកអំពីអាសនៈ ធ្វើសំពត់ឧត្តរាសង្គៈ ឆៀងស្មាម្ខាង ទើបយកព្រះហស្តខាងឆ្វេង កាន់កុណ្ឌី យក​ព្រះហស្តខាងស្តាំ ប្រស់ព្រំចក្ករ័តន៍ ហើយអធិដ្ឋានថា សូមឲ្យចក្ករ័តន៍ដ៏​ចំរើន​ប្រព្រឹត្តទៅ សូមឲ្យចក្ករ័តន៍ដ៏ចំរើន មានជ័យជំនះចុះ។ ម្នាលភិក្ខុទាំងឡាយ គ្រា​នោះ ចក្ករ័តន៍នោះ ក៏អណ្តែត​ត្រសែត ទៅកាន់ទិសខាងកើត។ ទើបព្រះបាទចក្រពត្តិ ស្តេច​ទៅតាម (ចក្ករ័តន៍នោះ) ព្រមដោយ​ចតុរង្គសេនា។ ម្នាលភិក្ខុទាំងឡាយ បើចក្ករ័តន៍​ទៅ​ប្រតិស្ឋានក្នុងប្រទេសណា ព្រះបាទចក្រពត្តិ ក៏​ស្តេច​ចូលទៅតាំងព្រះរាជនិវេសន៍ ក្នុង​ប្រទេសនោះ ព្រមដោយចតុរង្គសេនា។ ម្នាលភិក្ខុទាំងឡាយ ចំណែកខាងស្តេច ជាសឹក​សត្រូវទាំងឡាយណា ដែលនៅក្នុងទិសខាងកើត ស្តេចទាំងនោះ ក៏ចូល​ទៅគាល់​ព្រះបាទ​ចក្រពត្តិ ហើយក្រាបបង្គំទូល យ៉ាងនេះថា បពិត្រមហារាជ សូមព្រះអង្គ​ស្តេច​ចូល​មកចុះ បពិត្រ​មហារាជ ព្រះអង្គមានព្រះរាជដំណើរមកស្រួលហើយ បពិត្រមហារាជ ដែនរបស់ខ្ញុំ​ព្រះអង្គ ជាដែនរបស់ព្រះអង្គហើយ បពិត្រមហារាជ សូមព្រះអង្គ ទ្រង់ប្រៀន​ប្រដៅចុះ។ ព្រះបាទ​ចក្រពត្តិ មានព្រះបន្ទូល (ប្រដៅ) យ៉ាងនេះថា អ្នកទាំងឡាយ​មិន​ត្រូវសម្លាប់សត្វ មិនត្រូវលួចទ្រព្យ ដែលគេមិនបានឲ្យ មិនត្រូវប្រព្រឹត្តខុសក្នុង​កាមទាំង​ឡាយ មិនត្រូវពោលពាក្យមុសាវាទ មិនត្រូវផឹក​ទឹកស្រវឹងឡើយ ចូរបរិភោគតែរបស់​ដែល​គួរបរិភោគចុះ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ស្តេចជា​សឹកសត្រូវទាំងឡាយណា ដែល​នៅក្នុងទិសខាងកើត ស្តេចទាំងនោះ ក៏ទៅជាចុះចូលព្រះបាទ​ចក្រពត្តិវិញ។ ម្នាលភិក្ខុ​ទាំង​ឡាយ លំដាប់នោះ ចក្ករ័តន៍នោះ ក៏ចុះកាន់សមុទ្រ ក្នុងទិសខាងកើត រួចឆ្លងឡើង​ចុះ​ទៅកាន់សមុទ្រ ក្នុងទិសខាងត្បូង រួចឆ្លងឡើងអណ្តែតត្រសែត ទៅកាន់ទិស​ខាងលិច។ ព្រះបាទ​ចក្រពត្តិ ក៏ស្តេចទៅតាម (ចក្ករ័តន៍នោះ) ព្រមដោយ​ចតុរង្គសេនា។ ម្នាលភិក្ខុ​ទាំងឡាយ បើចក្ករ័តន៍ទៅប្រតិស្ឋាន ក្នុងប្រទេសណា ព្រះបាទចក្រពត្តិ ក៏​ស្តេច​ចូលទៅកាន់ទី​សម្រាក​ ក្នុងប្រទេសនោះ ព្រមដោយចតុរង្គសេនា។ ម្នាលភិក្ខុទាំងឡាយ ឯស្តេច ជាសឹក​សត្រូវ​ទាំងឡាយណា ដែលនៅក្នុងទិសខាងលិច ស្តេចទាំងនោះ ក៏នាំគ្នា​ចូល​​ទៅគាល់ព្រះបាទចក្រពត្តិ ហើយក្រាបបង្គំទូល យ៉ាងនេះថា បពិត្រមហារាជ សូម​ព្រះអង្គស្តេចចូល​មកចុះ បពិត្រ​មហារាជ ព្រះអង្គមានព្រះរាជដំណើរមកស្រួលហើយ បពិត្រ​មហារាជ ដែនរបស់ខ្ញុំ​ព្រះអង្គ ជាដែនរបស់​ព្រះអង្គ​ហើយ បពិត្រមហារាជ សូម​ព្រះអង្គ ទ្រង់ប្រៀនប្រដៅចុះ។ ព្រះបាទ​ចក្រពត្តិ ទ្រង់មានព្រះរាជឱង្ការ (ប្រដៅ) យ៉ាង​នេះថា អ្នកទាំងឡាយ មិនត្រូវសម្លាប់សត្វ មិនត្រូវលួចទ្រព្យ ដែលគេមិនបានឲ្យ មិនត្រូវ​ប្រព្រឹត្តខុសក្នុងកាមទាំងឡាយ មិនត្រូវពោលពាក្យមុសាវាទ មិនត្រូវផឹក​ទឹកស្រវឹងឡើយ ចូរបរិភោគតែរបស់ ដែលគួរបរិភោគចុះ។ ម្នាលភិក្ខុទាំងឡាយ ឯស្តេចជា​សឹកសត្រូវ​ទាំង​ឡាយណា ដែលនៅក្នុងទិសខាងលិច ស្តេចទាំងនោះ ក៏ទៅជាចុះចូលព្រះបាទ​ចក្រពត្តិ​វិញ។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះ ចក្ករ័តន៍នោះ ក៏ចុះកាន់សមុទ្រ ក្នុងទិសខាងលិច ឆ្លងឡើងអណ្តែតត្រសែត ទៅកាន់ទិស​ខាងជើង។ ព្រះបាទ​ចក្រពត្តិ ក៏ស្តេចទៅតាម (ចក្ករ័តន៍នោះ) ព្រមដោយ​ចតុរង្គសេនា។ ម្នាលភិក្ខុទាំងឡាយ បើចក្ករ័តន៍ទៅប្រតិស្ឋាន ក្នុង​ប្រទេសណា ព្រះបាទ​ចក្រពត្តិ ក៏​ស្តេច​ចូលទៅកាន់ទីសម្រាក ក្នុងប្រទេសនោះ ព្រម​ដោយ​ចតុរង្គសេនា។ ម្នាលភិក្ខុ​ទាំងឡាយ ឯស្តេចជាសឹកសត្រូវទាំងឡាយណា ដែល​នៅ​ក្នុង​ទិសខាងជើង ស្តេចទាំងនោះ ក៏ចូល​ទៅគាល់ព្រះបាទចក្រពត្តិ ហើយ​ក្រាប​បង្គំទូល យ៉ាង​នេះថា បពិត្រមហារាជ សូមព្រះអង្គស្តេចចូល​មកចុះ បពិត្រ​មហារាជ ព្រះអង្គ​មាន​ព្រះរាជ​ដំណើរមកស្រួលហើយ បពិត្រមហារាជ ដែនរបស់ខ្ញុំ​ព្រះអង្គ ជា​ដែន​របស់​ព្រះអង្គ​ហើយ បពិត្រមហារាជ សូមព្រះអង្គ ទ្រង់ប្រៀនប្រដៅចុះ។ ព្រះបាទ​ចក្រពត្តិ ទ្រង់​មាន​ព្រះរាជ​ឱង្ការ (ប្រដៅ) យ៉ាងនេះថា អ្នកទាំងឡាយ មិនត្រូវសម្លាប់សត្វ មិនត្រូវ​លួច​​ទ្រព្យ ដែល​គេមិនបានឲ្យ មិនត្រូវប្រព្រឹត្តខុសក្នុងកាមទាំងឡាយ មិនត្រូវពោល​ពាក្យ​មុសាវាទ មិន​ត្រូវផឹក​ទឹកស្រវឹងឡើយ ចូរបរិភោគតែរបស់ដែលគួរបរិភោគចុះ។ ម្នាលភិក្ខុ​ទាំង​ឡាយ ឯស្តេចជា​សឹកសត្រូវទាំងឡាយណា ដែលនៅក្នុងទិសខាងជើង ស្តេចទាំង​នោះ ក៏​ទៅ​ជាចុះ​ចូល​ព្រះបាទ​ចក្រពត្តិវិញ។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះ ចក្ករ័តន៍​នោះ ក៏​បង្ក្រាប​ផែនដី ដែល​មានសមុទ្រ ជាព្រំប្រទល់ ហើយត្រឡប់មក​កាន់​ព្រះរាជធានី​នោះវិញ ឋិត​នៅ​ក្នុង​របៀងនៃ​សាលាវិនិច្ឆ័យ ទៀបទ្វារព្រះរាជវាំង របស់ព្រះបាទ​ចក្រពត្តិ (នៅ​នឹង​ថ្កល់) ហាក់ដូចជាបាក់ភ្លៅ បំភ្លឺ​ព្រះរាជវាំងរបស់ព្រះបាទចក្រពត្តិ ឲ្យភ្លឺព្រោង​ព្រាត។

[៣៧] ម្នាលភិក្ខុទាំងឡាយ ស្តេចចក្រពត្តិទី២ក្តី។ ម្នាលភិក្ខុទាំងឡាយ ស្តេចចក្រពត្តិ​ទី៣ក្តី។ ម្នាល​ភិក្ខុទាំងឡាយ ស្តេចចក្រពត្តិទី៤ក្តី។ ម្នាលភិក្ខុទាំងឡាយ ស្តេចចក្រពត្តិ​ទី៥ក្តី។ ម្នាលភិក្ខុ​ទាំង​ឡាយ ស្តេចចក្រពត្តិទី៦ក្តី។ ម្នាលភិក្ខុទាំងឡាយ ស្តេចចក្រពត្តិ​ទី៧ក្តី លុះកន្លងកាលទៅ បាន​ច្រើន​ឆ្នាំ ច្រើនរយឆ្នាំ ច្រើនពាន់ឆ្នាំ ត្រាស់នឹងបុរសម្នាក់ថា ម្នាលបុរស​ដ៏ចំរើន បើអ្នក​បានឃើញចក្ករ័តន៍​ជាទិព្វ ឃ្លាតច្យុតចាកទីកាលណា អ្នកគប្បី​ប្រាប់​ដល់យើង ក្នុងកាលនោះ។ ម្នាលភិក្ខុទាំងឡាយ បុរសនោះ ក៏ទទួលព្រះរាជ​ឱង្ការ​ព្រះបាទចក្រពត្តិថា ព្រះករុណាថ្លៃវិសេស។ ម្នាលភិក្ខុទាំងឡាយ លុះកន្លងទៅ ជាច្រើន​ឆ្នាំ​ ច្រើនរយឆ្នាំ ច្រើនពាន់ឆ្នាំ បុរសនោះ បានឃើញចក្ករ័តន៍​ជាទិព្វ ឃ្លាត​ច្យុត​ចាក​ទី ក៏ចូលទៅគាល់ស្តេចចក្រពត្តិ លុះចូលទៅដល់ហើយ ក៏ក្រាបបង្គំទូលព្រះបាទ​ចក្រពត្តិ​ដូច្នេះ​ថា សូមព្រះរាជតេជះដម្កល់លើត្បូង បពិត្រព្រះសម្មតិទេព សូមទ្រង់ជ្រាប (ដ្បិត) ចក្ករ័តន៍​ជាទិព្វ របស់ព្រះអង្គ ឃ្លាតច្យុតចាកទីហើយ។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះ ព្រះបាទចក្រពត្តិ ទ្រង់ហៅ​ព្រះរាជកុមារ ជាបុត្រច្បងមក ហើយទ្រង់ត្រាស់ដូច្នេះថា ម្នាល​កុមារមាសឪពុក ឮថា ចក្ករ័តន៍ជាទិព្វ​របស់​យើង ឃ្លាតចាកទីហើយ សេចក្តីនេះ ឪពុកធ្លាប់​ឮថា (បើ) ចក្ករ័តន៍ជាទិព្វរបស់ស្តេចចក្រពត្តិ​អង្គ​ណា ឃ្លាតច្យុតចាកទីហើយ តពីនោះ​មក ស្តេចអង្គនោះ មិនរស់នៅបានយូរឡើយ ឯកាមជា​របស់​មនុស្ស ឪពុកបានបរិភោគ (ឆ្អែតស្កប់ស្កល់ហើយ) សម័យនេះ ជាសម័យដែលឪពុក​គួរស្វែង​រក​កាម ជាទិព្វវិញ ម្នាល​កុមារមាស​ឪពុក ចូរអ្នកគ្រប់គ្រងផែនដី ដែលមានសមុទ្រ ជាព្រំប្រទល់នេះចុះ ឯឪពុក នឹងកោរសក់ ពុកមាត់ ពុកចង្កា ស្លៀកដណ្តប់កាសាវព័ស្ត្រ ចេញចាកអគារស្ថាន ចូល​ទៅ​កាន់​ផ្នួស។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះឯង ព្រះបាទចក្រពត្តិ ទ្រង់លួងលោម​ព្រះរាជកុមារ ជាបុត្រច្បង ឲ្យត្រេកអរក្នុង​រាជសម្បត្តិ ដោយប្រពៃ ទ្រង់ដាក់ព្រះកេសា និង​ព្រះមស្សុ រួចទ្រង់ស្លៀក​ដណ្តប់​​កាសាវព័ស្ត្រ ចេញចាក​រាជាគារស្ថាន ចូលទៅ​ទ្រង់​ព្រះ​ផ្នួស។ ម្នាលភិក្ខុទាំងឡាយ កាល​ព្រះរាជឥសី ទើបនឹង​ទ្រង់​ព្រះផ្នួសបាន៧ថ្ងៃ ចក្ករ័តន៍​ជា​ទិព្វ ក៏បាត់ទៅ។

[៣៨] ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង បុរសម្នាក់ បានក្រាបបង្គំទូលព្រះរាជា ដែល​បានមុទ្ធាភិសេកហើយ។បេ។ ថា ចក្ករ័តន៍ជារបស់ទិព្វ បាត់ទៅហើយ។ ម្នាលភិក្ខុទាំង​ឡាយ លំដាប់នោះ​ឯង កាលបើចក្ករ័តន៍​ជាទិព្វបាត់ទៅ ព្រះរាជា ជាក្សត្រិយ៍ ដែលបាន​មុទ្ធាភិសេកហើយ ក៏ទ្រង់តូច​ព្រះហឫទ័យ និងសោយ​នូវ​សេចក្តីមិនសប្បាយ ក្នុង​ព្រះហឫទ័យ តែមិនចូលទៅសួរវត្ត របស់ស្តេច​ចក្រពត្តិដ៏ប្រសើរ នឹងព្រះរាជឥសីឡើយ។ បានឮថា ព្រះរាជា ជាក្សត្រិយ៍ ដែលបាន​មុទ្ធាភិសេក​ហើយ​នោះ ទ្រង់ប្រៀនប្រដៅ​អ្នក​ជនបទ តាមព្រះយោបល់របស់ព្រះអង្គ កាលព្រះរាជានោះ ប្រៀន​ប្រដៅអ្នកជនបទ តាម​ព្រះយោបល់​របស់ព្រះអង្គហើយ លុះចំណេរ​មកខាងក្រោយ អ្នកជនបទ ក៏​មិនចំរើន​ស្មើនឹងកាលមុន ដូចកាលស្តេចទាំងឡាយជាន់ដើម ដែលប្រព្រឹត្ត​វត្ត របស់ស្តេចចក្រពត្តិ​ដ៏​ប្រសើរនោះឡើយ។ ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង ពួកអាមាត្យ ពួកបរិស័ទ ពួក​ហោរា និងមហា​មាត្រ ពួកហ្មដីរំ ពួកអ្នករក្សាទ្វារ និងពួកជនអ្នកចិញ្ចឹមជីវិតដោយមន្ត ក៏ប្រជុំគ្នា (ចូលទៅ) ក្រាបបង្គំទូលព្រះរាជាជាក្សត្រិយ៍ ដែលបានមុទ្ធាភិសេក​ហើយ​ដូច្នេះ​ថា បពិត្រព្រះសម្មតិទេព បាន​ឮថា កាលព្រះអង្គទ្រង់ប្រៀនប្រដៅអ្នកជនបទ ដោយ​ព្រះយោបល់​របស់ព្រះអង្គ លុះចំណេរ​មកខាងក្រោយ ពួកអ្នកជនបទ មិនចំរើនស្មើនឹង​កាលមុន ដូចកាលព្រះរាជាទាំងឡាយជាន់ដើម ដែល​ប្រព្រឹត្ត​ចក្កពត្តិវត្ត​ដ៏ប្រសើរនោះ​ឡើយ បពិត្រព្រះសម្មតិទេព ពួកអាមាត្រ ពួកបរិស័ទ ពួក​ហោរា និងមហាមាត្រ ពួកហ្មដំរី ពួកអ្នករក្សាទ្វារ និងពួកជនអ្នកចិញ្ចឹមជីវិតដោយមន្ត ទាំងពួកខ្ញុំ​ព្រះអង្គក្តី ពួកជនដទៃក្តី ក៏មាននៅក្នុងដែន របស់ព្រះអង្គស្រាប់ហើយ យើងខ្ញុំទាំងឡាយ (សុទ្ធតែ) ចាំស្ទាត់ នូវ​ចក្កពត្តិវត្តដ៏ប្រសើរ បពិត្រព្រះសម្មតិទេព ពួកខ្ញុំព្រះអង្គ សូមរំលឹក សូមព្រះអង្គ ទ្រង់សួរ នូវចក្កពត្តិវត្តដ៏ប្រសើរ នឹងពួកខ្ញុំព្រះអង្គចុះ ពួកខ្ញុំព្រះអង្គ បើព្រះអង្គទ្រង់ត្រាស់សួរ នូវ​ចក្កពត្តិវត្ត ដ៏​ប្រសើរហើយ មុខជានឹងព្យាករបាន។

[៣៩] ម្នាលភិក្ខុទាំងឡាយ លំដាប់នោះ ព្រះរាជា ជាក្សត្រិយ៍ ដែលបានមុទ្ធាភិសេកហើយ ទ្រង់​ត្រាស់បង្គាប់ពួកអាមាត្រ ពួកបរិស័ទ ពួក​ហោរា និងមហាមាត្រ ពួកហ្មដំរី ពួកអ្នករក្សា​ទ្វារ និងពួកជនអ្នកចិញ្ចឹមជីវិតដោយមន្ត ឲ្យប្រជុំគ្នា ហើយទ្រង់សួរ នូវចក្កពត្តិវត្តដ៏​ប្រសើរ។ ជនទាំងនោះ ដែលព្រះរាជា​អង្គនោះទ្រង់សួរ នូវចក្កពត្តិវត្តដ៏ប្រសើរហើយ ក៏​បាន​ព្យាករថ្វាយ។ លុះព្រះរាជា ទ្រង់ព្រះសវនាការពាក្យព្យាករណ៍ របស់ជនទាំងនោះ​ហើយ ទើបទ្រង់ចាត់ចែងនូវ​ការរក្សា ទប់ទល់គ្រប់គ្រង ប្រកបដោយធម៌វិញ តែទ្រង់​មិន​បានព្រះរាជទានព្រះរាជទ្រព្យ ដល់ពួក​អ្នក​ខ្សត់​ទ្រព្យឡើយ។ កាលបើព្រះរាជទ្រព្យ ដែល​ទ្រង់មិនបានព្រះរាជទានដល់​ពួកអ្នកខ្សត់ទ្រព្យ សេចក្តី​ទ័ល​ក្រ ក៏មានច្រើនឡើង។ កាល​បើ​សេចក្តីទ័លក្រ មានច្រើនឡើងហើយ មានបុរសម្នាក់កាន់យក​ទ្រព្យ របស់ជន​ទាំង​ឡាយ​ដទៃ ដែលគេមិនបានឲ្យ ដែលហៅថា លួច។ ពួករាជបុរស ចាប់បុរស​នោះ​បាន នាំយកទៅថ្វាយ​ព្រះរាជា ជាក្សត្រិយ៍ ដែលបានមុទ្ធាភិសេក ហើយក្រាបបង្គំទូលថា បពិត្រ​ព្រះសម្មតិទេព បុរសនេះ កាន់យកទ្រព្យ របស់ជនទាំងឡាយដទៃ ដែល​គេមិន​បាន​ឲ្យ ដែល​ហៅថាលួច។ ម្នាលភិក្ខុទាំងឡាយ កាលបើពួករាជបុរស ក្រាបបង្គំទូលយ៉ាងនេះ ព្រះរាជា ជាក្សត្រិយ៍ ដែលបានមុទ្ធាភិសេកហើយ ទ្រង់ត្រាស់សួរបុរសនោះ ដូច្នេះថា នែបុរស អ្នកឯង​កាន់យកទ្រព្យ របស់ជនទាំងឡាយដទៃ ដែលគេមិនបានឲ្យ ដែល​ហៅថាលួច ពិតមែនឬ។ បុរស​នោះ ក្រាបបង្គំទូលថា បពិត្រព្រះសម្មតិទេព ពិតមែន។ ព្រះរាជាទ្រង់ត្រាស់សួរថា ព្រោះហេតុអ្វី (បានជាអ្នកលួចទ្រព្យគេ)។ បុរសនោះក្រាបបង្គំ​ទូល​ថា បពិត្រព្រះសម្មតិទេព ព្រោះខ្ញុំព្រះអង្គ មិនមាន​(របស់អ្វី) នឹងចិញ្ចឹមជីវិត។ ម្នាលភិក្ខុ​ទាំងឡាយ លំដាប់នោះ ព្រះរាជា ជាក្សត្រិយ៍ ដែល​បាន​មុទ្ធាភិសេកហើយ ក៏ទ្រង់​ព្រះរាជទានព្រះរាជទ្រព្យ ដល់បុរសនោះ រួចទ្រង់ត្រាស់បង្គាប់ថា ម្នាល​បុរស​ដ៏ចំរើន អ្នកចូរយកទ្រព្យនេះ ទៅចិញ្ចឹមជីវិតខ្លួនផង ចិញ្ចឹម​មាតាបិតាផង ចិញ្ចឹមបុត្រ​ភរិយា​ផង ប្រកបការងារផង ចូរតម្កល់​ទក្ខិណាទាន ដែលមានផលខ្ពង់ខ្ពស់ ចំពោះ​សមណ​ព្រាហ្មណ៍​ទាំង​ឡាយ ជាទានអាចនាំសត្វឲ្យកើត ក្នុងឋានសួគ៌ មានផលជាសុខ ប្រព្រឹត្តទៅ ដើម្បីកើតក្នុងឋាន​សួគ៌​ផងចុះ។ ម្នាលភិក្ខុទាំងឡាយ បុរសនោះ ក៏ទទួល​ព្រះរាជឱង្ការ នៃ​ព្រះរាជា ជាក្សត្រិយ៍ ដែល​បាន​មុទ្ធាភិសេកហើយ ដោយពាក្យថា ព្រះករុណា​ថ្លៃវិសេស។ ម្នាលភិក្ខុទាំងឡាយ មានបុរសម្នាក់ទៀត កាន់យក​ទ្រព្យ របស់​ជនទាំងឡាយដទៃ ដែលគេមិនបានឲ្យ ដែលគេហៅថា លួច។ ពួករាជបុរស ចាប់បុរស​នោះ​បាន ក៏នាំយកទៅថ្វាយ​ព្រះរាជា ជាក្សត្រិយ៍ ដែលបានមុទ្ធាភិសេកហើយ ក្រាបបង្គំ​ទូលថា បពិត្រព្រះសម្មតិទេព បុរសនេះ កាន់យកទ្រព្យ របស់ជនទាំងឡាយដទៃ ដែលគេ​មិន​បានឲ្យ ដែល​ហៅថាលួច។ ម្នាលភិក្ខុទាំងឡាយ កាលបើពួករាជបុរស ក្រាបបង្គំទូល​យ៉ាងនេះ​ហើយ ព្រះរាជា ជាក្សត្រិយ៍ ដែលបានមុទ្ធាភិសេកហើយ ក៏ទ្រង់ត្រាស់សួរ​បុរស​នោះ យ៉ាង​នេះថា ម្នាលបុរសដ៏ចំរើន អ្នកឯង​កាន់យកទ្រព្យ របស់ជនទាំងឡាយដទៃ ដែលគេមិនបានឲ្យ ដែល​ហៅថា​លួច ពិតមែនឬ។ បុរស​នោះ ក្រាបបង្គំទូលថា បពិត្រ​ព្រះសម្មតិទេព ពិតមែន។ ព្រះរាជា​ទ្រង់​ត្រាស់​សួរ​ថា ព្រោះហេតុអ្វី (បានជាអ្នកឯង​លួច​ទ្រព្យគេ)។ បុរសនោះក្រាបបង្គំទូលថា បពិត្រព្រះ​សម្មតិ​ទេព ព្រោះខ្ញុំព្រះអង្គ មិនមាន​(របស់អ្វី) នឹងចិញ្ចឹមជីវិត។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះឯង ព្រះរាជា ជាក្សត្រិយ៍ ដែល​បាន​មុទ្ធាភិសេកហើយ ក៏ទ្រង់ព្រះរាជទានព្រះរាជទ្រព្យ ដល់បុរសនោះ រួចទ្រង់​ត្រាស់​បង្គាប់ថា ម្នាល​បុរសដ៏ចំរើន អ្នកចូរយកទ្រព្យនេះ ទៅចិញ្ចឹមជីវិតខ្លួនផង ចិញ្ចឹម​មាតាបិតាផង ចិញ្ចឹមបុត្រភរិយា​ផង ប្រកបការងារផង ចូរតម្កល់​ទក្ខិណាទាន ដែល​មាន​ផលខ្ពង់ខ្ពស់ ចំពោះសមណព្រាហ្មណ៍​ទាំង​ឡាយ ជាទានអាចនាំសត្វឲ្យកើត ក្នុងឋាន​សួគ៌ មានផលជាសុខ ប្រព្រឹត្ត​ទៅ ដើម្បីកើតក្នុងឋាន​សួគ៌​ផងចុះ។ ម្នាលភិក្ខុទាំងឡាយ បុរសនោះ ក៏ទទួលព្រះរាជឱង្ការ​ព្រះរាជា ជាក្សត្រិយ៍ ដែល​បាន​មុទ្ធាភិសេកហើយ ដោយ​ពាក្យថា ព្រះករុណាថ្លៃវិសេស។ ម្នាលភិក្ខុទាំងឡាយ ពួកមនុស្សបានឮដំណឹងថា ព្រះរាជា​ទ្រង់ព្រះរាជទាន​ នូវព្រះរាជទ្រព្យ ដល់ពួក​មនុស្ស ដែលកាន់យកទ្រព្យ​ របស់​ជន​ទាំងឡាយដទៃ ដែលគេមិនបានឲ្យ ដែលហៅថា លួច។ លុះមនុស្សទាំងនោះ​បាន​ឮ​ហើយ ក៏មានសេចក្តីត្រិះរិះដូច្នេះថា បើដូច្នោះ មានតែពួក​យើង​នាំគ្នាទៅកាន់យកទ្រព្យ​ របស់ជនទាំងឡាយដទៃ ដែលគេមិនបានឲ្យ ដែលហៅថា លួច (កុំខាន)។

[៤០] ម្នាលភិក្ខុទាំងឡាយ លុះគ្រាជាខាងក្រោយមក មានបុរសម្នាក់​កាន់យកទ្រព្យ​ របស់​ជនទាំងឡាយដទៃ ដែលគេមិនបានឲ្យ ដែលហៅថា លួច។ ពួករាជបុរស ចាប់បុរស​នោះ​បាន ក៏នាំយកទៅថ្វាយ​ព្រះរាជា ជាក្សត្រិយ៍ ដែលបានមុទ្ធាភិសេកហើយ ក្រាបបង្គំទូល​ថា បពិត្រ​ព្រះសម្មតិទេព បុរសនេះឯង កាន់យកទ្រព្យ របស់ជនទាំងឡាយដទៃ ដែលគេ​មិន​បានឲ្យ ដែល​ហៅថាលួច។ ម្នាលភិក្ខុទាំងឡាយ កាលបើពួករាជបុរស ក្រាបបង្គំទូល​យ៉ាងនេះ​ហើយ ព្រះរាជា ជាក្សត្រិយ៍ ដែលបានមុទ្ធាភិសេកហើយ ក៏ទ្រង់ត្រាស់សួរ​បុរស​នោះ យ៉ាង​នេះថា ម្នាលបុរសដ៏ចំរើន អ្នកឯង​កាន់យកទ្រព្យ របស់ជនទាំងឡាយដទៃ ដែល​គេមិនបានឲ្យ ដែល​ហៅថា​លួច ពិតមែនឬ។ បុរស​នោះ ក្រាបបង្គំទូលថា បពិត្រ​ព្រះសម្មតិទេព ពិតមែន។ ព្រះរាជា​ទ្រង់​ត្រាស់​សួរ​ថា ព្រោះហេតុអ្វី (បានជាអ្នកឯង​លួច​ទ្រព្យគេ)។ បុរសនោះ ក្រាបបង្គំទូលថា បពិត្រព្រះ​សម្មតិ​ទេព ព្រោះខ្ញុំព្រះអង្គ មិនមាន​(របស់អ្វី) នឹងចិញ្ចឹមជីវិត។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះឯង ព្រះរាជា ជាក្សត្រិយ៍ ដែល​បាន​មុទ្ធាភិសេកហើយ ទ្រង់មានសេចក្តីត្រិះរិះ ដូច្នេះថា បើអាត្មាអញនៅតែឲ្យ​ទ្រព្យ ដល់អ្នកដែល​កាន់យកទ្រព្យរបស់​ជនទាំងឡាយដទៃ ដែលគេមិនបានឲ្យ ដែលហៅថា លួច តែ​យ៉ាងនេះ មុខជាអទិន្នាទាននេះ នឹងរឹងរឹតតែចំរើនឡើង បើដូច្នោះ គួរតែអាត្មាអញ ផ្ចាញ់ផ្ចាល​បុរសនេះ គួរធ្វើនូវការផ្តាច់ផ្តិលឫគល់ គឺកាត់ក្បាលវាចេញ។ ម្នាលភិក្ខុទាំង​ឡាយ ទើប​ព្រះរាជា ជាក្សត្រិយ៍ ដែលបានមុទ្ធាភិសេកហើយ ទ្រង់ត្រាស់​បង្គាប់ពួករាជ​បុរសថា នែប្រស្តែង បើដូច្នោះ ចូរអ្នកទាំងឡាយ ចងស្លាបសេកបុរសនេះ ឲ្យជាប់​ដោយ​ខ្សែដ៏មាំ ហើយកោរក្បាលឲ្យរលីង រួច (ត្រូវ​ទូង) ស្គរ ដែលមានសំឡេងឮខ្លាំង នាំបណ្តើរ​ជុំវិញសព្វច្រក សព្វផ្លូវបំបែក រួចនាំចេញទៅតាមទ្វារ​ខាងត្បូង ហើយចូរផ្ចាញ់ផ្ចាល ធ្វើនូវ​ការផ្តាច់ឫសគល់ គឺកាត់ក្បាលវាចេញ ក្នុងទិសខាងត្បូង​នៃក្រុង​ចុះ។ ម្នាលភិក្ខុទាំងឡាយ រាជបុរសទាំងនោះ ទទួលព្រះរាជឱង្ការ​ព្រះរាជា ជាក្សត្រិយ៍ ដែលបានមុទ្ធាភិសេកហើយ ដោយពាក្យថា ព្រះករុណាថ្លៃវិសេស ហើយចងស្លាប់សេក បុរសនោះ ឲ្យជាប់​ដោយ​ខ្សែដ៏មាំ រួចកោរក្បាលឲ្យរលីង (​ទូង) ស្គរ ដែលមានសំឡេងឮខ្លាំង នាំបណ្តើរ​ជុំវិញ​សព្វ​ច្រក សព្វផ្លូវបំបែក នាំចេញទៅតាមទ្វារ​ខាងត្បូង ហើយផ្ចាញ់ផ្ចាល ធ្វើនូវការផ្តាច់​ផ្តិល​​ឫសគល់ គឺកាត់ក្បាលបុរសនោះ ក្នុងទិសខាងត្បូង​នៃក្រុង។

[៤១] ម្នាលភិក្ខុទាំងឡាយ ពួកមនុស្សបានឮដំណឹងថា ពួកជនណា ​កាន់យកទ្រព្យរបស់​ជនទាំងឡាយដទៃ ដែលគេមិនបានឲ្យ ដែលហៅថា លួច ព្រះរាជាទ្រង់ផ្ចាញ់ផ្ចាល នូវ​ជន​ទាំង​នោះ ទ្រង់ធ្វើនូវការផ្តាច់ផ្តិលឫសគល់ គឺទ្រង់កាត់ក្បាលពួកជនទាំងនោះ។ លុះ​មនុស្ស​ទាំងនោះ បានឮហើយ ក៏គិតយ៉ាងនេះថា បើដូច្នោះ មានតែពួក​យើងនាំ​គ្នាធ្វើ​គ្រឿង​​សស្ត្រាវុធដ៏មុតក្លា លុះនាំ​គ្នាធ្វើគ្រឿងសស្ត្រាវុធដ៏មុតក្លារួចហើយ នឹង​​កាន់យក​ទ្រព្យរបស់​ពួកជនណា ដែលគេមិនបានឲ្យ ដែលហៅថា លួច ហើយពួក​យើង​នឹង​ផ្ចាញ់ផ្ចាល នូវជនទាំងនោះ នឹងធ្វើនូវការផ្តាច់ផ្តិលនូវ​ឫសគល់ គឺកាត់ក្បាលរបស់ជន​ទាំង​នោះចេញ។ មនុស្សទាំងនោះ ក៏នាំគ្នាធ្វើគ្រឿង​សស្ត្រាវុធដ៏មុត​ក្លា​រួចហើយ លុះនាំគ្នាធ្វើ​គ្រឿងសស្ត្រាវុធដ៏មុតក្លារួចហើយ ក៏ព្យាយាមធ្វើនូវការសម្លាប់​អ្នកស្រុកខ្លះ ព្យាយាមធ្វើ នូវ​ការសម្លាប់​អ្នកនិគមខ្លះ ព្យាយាមធ្វើនូវការសម្លាប់អ្នកនគរខ្លះ ព្យាយាមធ្វើនូវ​ការ​ប្លន់​អ្នកដើរផ្លូវខ្លះ។ មនុស្សទាំងនោះ តែង​​កាន់យកទ្រព្យរបស់​ពួកជនណា ដែលគេមិន​បាន​ឲ្យ ដែលហៅ​ថា លួច ហើយផ្ចាញ់ផ្ចាល ពួកជនទាំងនោះ ធ្វើនូវការផ្តាច់ផ្តិល​ឫសគល់ គឺ​កាត់ក្បាល​របស់ជន​ទាំងនោះ​។

[៤២] ម្នាលភិក្ខុទាំងឡាយ កាលបើព្រះមហាក្សត្រិយ៍ មិនទ្រង់ព្រះរាជទានព្រះរាជទ្រព្យ ដល់ពួកអ្នកខ្សត់ទ្រព្យដូច្នេះ សេចក្តីទ័លក្រ ក៏មានច្រើនឡើង កាលបើសេចក្តីទ័លក្រមាន​ច្រើន​​ឡើងហើយ អទិន្នាទាន ក៏មានច្រើនឡើង កាលបើអទិន្នាទាន មានច្រើនឡើងហើយ បាណាតិបាត ក៏មានច្រើនឡើង កាលបើបាណាតិបាតមានច្រើនឡើងហើយ មុសាវាទ ក៏មានច្រើនឡើង កាលបើ​មុសាវាទមានច្រើនឡើងហើយ ទាំងអាយុ ទាំងពណ៌សម្បុរ របស់សត្វទាំងនោះក៏ថយចុះ កាលសត្វ​ទាំងនោះថយទាំងអាយុ ថយទាំងពណ៌សម្បុរ​ចុះ​ហើយ កូនទាំងឡាយរបស់មនុស្ស ដែលមានអាយុ​៨ហ្មឺនឆ្នាំ ក៏ថយមកមានអាយុត្រឹម​៤ហ្មឺនឆ្នាំវិញ ម្នាលភិក្ខុទាំងឡាយ បណ្តាពួកមនុស្ស ដែល​មានអាយុត្រឹម៤ហ្មឺនឆ្នាំ (នោះ) មានបុរសម្នាក់ ​​កាន់យកទ្រព្យរបស់​ជនទាំងឡាយដទៃ ដែលគេ​មិន​បាន​ឲ្យ ដែលហៅថា លួច។ ពួករាជបុរស ក៏ចាប់បុរសនោះ នាំយកទៅថ្វាយព្រះរាជា ជាក្សត្រិយ៍ ដែលបាន​មុទ្ធាភិសេកហើយ ក្រាបបង្គំទូលថា បពិត្រព្រះសម្មតិទេព បុរសនេះ  កាន់យកទ្រព្យរបស់​ជន​ទាំងឡាយដទៃ ដែលគេ​មិន​បាន​ឲ្យ ដែលហៅថា លួច។ ម្នាលភិក្ខុទាំងឡាយ កាលបើ​ពួក​រាជបុរស ក្រាបបង្គំទូលយ៉ាងនេះហើយ ទើបព្រះរាជា ជាក្សត្រិយ៍ ដែលបាន​មុទ្ធាភិសេក ទ្រង់​ត្រាស់សួរ​បុរសនោះ យ៉ាងនេះថា នែបុរសដ៏ចំរើន អ្នកឯង​កាន់យក​ទ្រព្យរបស់​ជនទាំងឡាយដទៃ ដែលគេ​មិន​បាន​ឲ្យ ដែលហៅថា លួច ពិតមែនឬ។ បុរស​នោះ ក៏ពោល​សម្បជានមុសាវាទ​ថា បពិត្រព្រះសម្មតិទេព មិនមែនទេ។

[៤៣] ម្នាលភិក្ខុទាំងឡាយ កាលបើព្រះមហាក្សត្រិយ៍ មិនទ្រង់ព្រះរាជទានព្រះរាជទ្រព្យ ដល់​ពួកអ្នកខ្សត់ទ្រព្យដូច្នេះហើយ សេចក្តីទ័លក្រ ក៏មានច្រើនឡើង កាលបើសេចក្តី​ទ័លក្រ​មានច្រើន​ឡើងហើយ អទិន្នាទាន ក៏មានច្រើនឡើង កាលបើអទិន្នាទាន មានច្រើន​ឡើង​ហើយ គ្រឿងសស្ត្រាវុធ​ក៏មានច្រើនឡើង កាលបើគ្រឿងសស្ត្រាវុធ​មានច្រើន​ឡើង​ហើយ បាណាតិបាត ក៏មានច្រើនឡើង កាលបើបាណាតិបាតមានច្រើនឡើងហើយ មុសាវាទ ក៏មានច្រើនឡើង កាលបើ​មុសាវាទមាន​ច្រើន​ឡើង​ហើយ ទាំងអាយុ ទាំង​ពណ៌​សម្បុរ របស់សត្វទាំងនោះក៏ថយចុះ កាលសត្វ​ទាំងនោះថយ​ទាំង​អាយុ ថយទាំងពណ៌​សម្បុរចុះ​ហើយ កូនទាំងឡាយរបស់មនុស្ស ដែលមានអាយុ៤ហ្មឺនឆ្នាំ ក៏ថយ​មក​មាន​អាយុត្រឹម២ហ្មឺនឆ្នាំវិញ ម្នាលភិក្ខុទាំងឡាយ បណ្តាពួកមនុស្ស ដែល​មានអាយុត្រឹម២ហ្មឺន​ឆ្នាំ (នោះ) មានបុរសម្នាក់ ​​កាន់យកទ្រព្យរបស់​ជនទាំងឡាយដទៃ ដែលគេ​មិន​បាន​ឲ្យ ដែល​ហៅថា លួច។ បុរសម្នាក់ នាំយកសេចក្តីនុ៎ះ ទៅក្រាបបង្គំទូល ញុះញង់ព្រះរាជា ជាក្សត្រិយ៍ ដែល​បាន​មុទ្ធាភិសេក​ហើយថា បពិត្រព្រះសម្មតិទេព បុរសឈ្មោះនេះ  កាន់​យកទ្រព្យរបស់​ជន​ទាំងឡាយ​ដទៃ ដែលគេ​មិន​បាន​ឲ្យ ដែលហៅថា លួច។

[៤៤] ម្នាលភិក្ខុទាំងឡាយ កាលបើព្រះមហាក្សត្រិយ៍ មិនទ្រង់ព្រះរាជទានព្រះរាជទ្រព្យ ដល់​អ្នកខ្សត់ទ្រព្យដូច្នេះហើយ សេចក្តីទ័លក្រ ក៏មានច្រើនឡើង កាលបើសេចក្តីទ័ល​ក្រ​មាន​ច្រើន​ឡើងហើយ។បេ។ បិសុណាវាចា ក៏មានច្រើនឡើង កាលបើបិសុណាវាចា​មាន​ច្រើនឡើងហើយ ទាំងអាយុ ទាំងពណ៌សម្បុរ របស់សត្វទាំងនោះក៏ថយចុះ កាលសត្វ​ទាំងនោះថយទាំងអាយុ ថយទាំងពណ៌សម្បុរចុះហើយ កូនទាំងឡាយរបស់មនុស្ស ដែលមានអាយុ២ហ្មឺនឆ្នាំ ក៏ថយចុះមកមានអាយុត្រឹម១ហ្មឺនឆ្នាំវិញ ម្នាលភិក្ខុទាំងឡាយ បណ្តាពួកមនុស្ស ដែល​មានអាយុ​ត្រឹម១ហ្មឺនឆ្នាំ (នោះ) សត្វពួកខ្លះ មានពណ៌សម្បុរល្អ សត្វពួកខ្លះ មានពណ៌សម្បុរអាក្រក់ បណ្តា​សត្វទាំងពីរពួកនោះ សត្វណា ដែលមានពណ៌​សម្បុរអាក្រក់ ក៏ស្រឡាញ់​ពួកសត្វ​ ដែល​មានពណ៌​សម្បុរសល្អ ក៏ប្រព្រឹត្ត​មិច្ឆាចារ ក្នុង​ភរិយា​របស់ពួកជនដទៃ។

[៤៥] ម្នាលភិក្ខុទាំងឡាយ កាលបើព្រះមហាក្សត្រិយ៍ មិនទ្រង់ព្រះរាជទានព្រះរាជទ្រព្យ ដល់​ពួកអ្នកខ្សត់ទ្រព្យដូច្នេះហើយ សេចក្តីទ័លក្រ ក៏មានច្រើនឡើង កាលបើសេចក្តី​ទ័លក្រ​មានច្រើន​ឡើងហើយ អទិន្នាទាន ក៏មានច្រើនឡើង កាលបើអទិន្នាទាន មានច្រើន​ឡើងហើយ។ សេចក្តីសង្ខេប។ កាមេសុ មិច្ឆាចារ ក៏មានច្រើនឡើង កាលបើកាមេសុ មិច្ឆាចារមានច្រើនឡើងហើយ ទាំងអាយុ ទាំងពណ៌សម្បុរ របស់សត្វទាំងនោះក៏ថយចុះ កាលសត្វ​ទាំងនោះថយទាំងអាយុ ថយ​ទាំង​ពណ៌សម្បុរចុះហើយ កូនទាំងឡាយរបស់​មនុស្ស ដែលមានអាយុ១ហ្មឺនឆ្នាំ ក៏ថយមក មានអាយុ​ត្រឹម៥ពាន់ឆ្នាំវិញ ម្នាលភិក្ខុទាំង​ឡាយ ធម៌ទាំងពីរប្រការ គឺផរុសវាចា១ សម្ផប្បលាបៈ១ ក៏​មានច្រើនឡើង ក្នុងពួកមនុស្ស ដែលមានអាយុត្រឹម​៥ពាន់ឆ្នាំ កាលបើ ធម៌ទាំងពីរប្រការ មានច្រើន​ឡើង​ហើយ ទាំងអាយុ ទាំងពណ៌សម្បុរ របស់សត្វទាំងនោះ ក៏ថយចុះ កាលសត្វទាំងនោះ ថយ​ទាំង​អាយុ ថយទាំងពណ៌សម្បុរចុះហើយ កូនទាំងឡាយរបស់ពួកមនុស្ស ដែលមានអាយុ​៥ពាន់ឆ្នាំ ពួក​ខ្លះ​ក៏ថយមក មានអាយុត្រឹម​២ពាន់៥រយឆ្នាំវិញ ពួកខ្លះ ក៏ថយមកមានអាយុត្រឹម​២ពាន់​ឆ្នាំវិញ ម្នាល​ភិក្ខុ​ទាំងឡាយ អភិជ្ឈា និងព្យាបាទ ក៏មានច្រើនឡើង ក្នុងពួកមនុស្ស ដែល​មាន​អាយុត្រឹម​២ពាន់​៥រយ​ឆ្នាំ កាលអភិជ្ឈា និងព្យាបាទ មានច្រើនឡើងហើយ ទាំង​អាយុ ទាំងពណ៌សម្បុរ របស់​សត្វ​ទាំង​នោះ​ក៏ថយចុះ កាលសត្វ​ទាំងនោះថយទាំងអាយុ ថយទាំងពណ៌សម្បុរចុះហើយ កូនទាំងឡាយ​របស់​មនុស្ស ដែលមានអាយុ​២ពាន់​៥រយ​ឆ្នាំ ក៏ថយមកមានអាយុត្រឹម១ពាន់ឆ្នាំវិញ ម្នាលភិក្ខុ​ទាំង​ឡាយ មិច្ឆាទិដ្ឋិ ក៏មានច្រើនឡើង ក្នុងពួក​មនុស្ស ដែលមានអាយុត្រឹម​១ពាន់ឆ្នាំ កាលបើមិច្ឆាទិដ្ឋិ​មាន​ច្រើន​ឡើងហើយ ទាំង​អាយុ ទាំងពណ៌សម្បុរ របស់សត្វទាំងនោះក៏ថយចុះ កាលសត្វ​ទាំងនោះ​ថយ​ទាំង​អាយុ ថយ​ទាំងពណ៌សម្បុរចុះហើយ កូនទាំងឡាយរបស់មនុស្ស ដែលមានអាយុ១ពាន់ឆ្នាំ ក៏​ថយ​​មកមានអាយុត្រឹម៥រយឆ្នាំវិញ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយ៣ប្រការគឺ អធម្មរាគៈ ​[អដ្ឋកថា ថា សេចក្តីត្រេកត្រអាលក្រៅគន្លងធម៌ បានដល់​តម្រេក​ក្នុង​ទី​មិន​សមគួរ គឺ​តម្រេក​ក្នុងមាតា ម្តាយមីងខាងមាតាបិតា ម្តាយធំខាងបិតាជាដើម។]១ វិសមលោភៈ [សេចក្តីចង់​បានខ្លាំងពេក។] ១ មិច្ឆាធម្មៈ [សេចក្តីប្រាថ្នាខុសគន្លងធម៌ បាន​ដល់​តម្រេករបស់បុរស ក្នុងបុរស របស់​ស្ត្រីក្នុងស្ត្រី។]១ ក៏មានច្រើនឡើងក្នុងពួកមនុស្ស ដែល​មានអាយុត្រឹម៥រយឆ្នាំ កាលបើធម៌៣​ប្រការ មាន​ច្រើន​ឡើង​ហើយ ទាំងអាយុ ទាំង​ពណ៌សម្បុរ របស់សត្វទាំងនោះក៏ថយចុះ កាលសត្វ​ទាំងនោះថយទាំងអាយុ ថយទាំង​ពណ៌​សម្បុរចុះហើយ កូនទាំងឡាយរបស់មនុស្ស ដែលមានអាយុ​៥រយឆ្នាំ ពួកខ្លះ ក៏ថយ​មក មានអាយុត្រឹម២រយ៥០ឆ្នាំវិញ ពួកខ្លះ ក៏ថយមក មានអាយុត្រឹម​២រយឆ្នាំវិញ ម្នាល​ភិក្ខុ​ទាំង​ឡាយ ធម៌ទាំងឡាយនេះ គឺការមិនគោរពមាតា មិនគោរពបិតា មិនគោរព​សមណៈ មិនគោរព​ព្រាហ្មណ៍ មិនប្រព្រឹត្ត​កោតក្រែង ដល់បុគ្គល​ជាធំក្នុងត្រកូល ក៏​មាន​ច្រើនឡើង ក្នុងពួកមនុស្ស ដែល​មាន​អាយុត្រឹម​២រយ៥០ឆ្នាំ។ ម្នាលភិក្ខុទាំងឡាយ កាល​បើ​​ព្រះមហាក្សត្រិយ៍ មិនទ្រង់​ព្រះរាជ​ទាន​ព្រះរាជ​ទ្រព្យ ដល់​ពួកអ្នកខ្សត់ទ្រព្យដូច្នេះ​ហើយ សេចក្តី​ទ័លក្រ ក៏មានច្រើនឡើង កាលបើ​សេចក្តី​ទ័លក្រ​មានច្រើន​ឡើងហើយ អទិន្នាទាន ក៏មានច្រើនឡើង កាលបើអទិន្នាទាន មានច្រើនឡើង​ហើយ គ្រឿងសស្ត្រាវុធ ក៏មានច្រើនឡើង កាលគ្រឿង​សស្ត្រាវុធ​មានច្រើនឡើងហើយ បាណាតិបាត ក៏មាន​ច្រើន​ឡើង កាលបាណាតិបាតមានច្រើនឡើងហើយ មុសាវាទ ក៏មានច្រើនឡើង កាល​មុសាវាទ​​មានច្រើនឡើងហើយ បិសុណាវាចា ក៏មានច្រើនឡើង កាលបិសុណាវាចា​មាន​ច្រើន​ឡើង​ហើយ កាមេសុ មិច្ឆាចារ ក៏មានច្រើនឡើង កាលកាមេសុ មិច្ឆាចារ មានច្រើន​ឡើងហើយ ធម៌២​ប្រការ គឺផរុសវាចា១ សម្ផប្បលាបៈ១ ក៏មានច្រើនឡើង កាលធម៌២​ប្រការ​មានច្រើនឡើងហើយ អភិជ្ឈា និងព្យាបាទ ក៏មានច្រើនឡើង កាលអភិជ្ឈា និងព្យាបាទ​ មានច្រើនឡើងហើយ មិច្ឆាទិដ្ឋិ ក៏មានច្រើនឡើង កាលមិច្ឆាទិដ្ឋិមាន​ច្រើន​ឡើងហើយ ធម៌៣ប្រការ គឺអធម្មរាគៈ១ វិសមលោភៈ១ មិច្ឆាធម្មៈ១ ក៏មានច្រើនឡើង កាលធម៌៣ប្រការ មានច្រើនឡើង​ហើយ ធម៌ទាំងឡាយនេះ គឺការ​មិន​គោរព​មាតា មិន​គោរពបិតា មិនគោរពសមណៈ មិនគោរពព្រាហ្មណ៍ មិនប្រព្រឹត្ត​កោតក្រែង ដល់​បុគ្គល​ជាធំ ក្នុងត្រកូល ក៏មានច្រើនឡើង កាលធម៌ទាំង​នេះ​ មានច្រើនឡើងហើយ ទាំងអាយុ ទាំង​​ពណ៌សម្បុរ របស់សត្វទាំងនោះក៏ថយចុះ កាលសត្វ​ទាំងនោះថយទាំងអាយុ ថយ​ទាំង​ពណ៌​សម្បុរ​ចុះហើយ កូនទាំងឡាយរបស់មនុស្ស ដែលមានអាយុ២រយ៥០ឆ្នាំ ក៏ថយ​មកមាន​អាយុ​ត្រឹម១រយ​ឆ្នាំ​វិញ។

[៤៦] ម្នាលភិក្ខុទាំងឡាយ (តទៅខាងមុខ) នឹងមានសម័យ ដែលកូនរបស់មនុស្ស​ទាំង​នេះ មានអាយុ១០ឆ្នាំ កាលបើមនុស្សមានអាយុ១០ឆ្នាំ ពួកនាងកុមារិកាអាយុ៥ឆ្នាំ នឹងល្មមឲ្យ​មាន​ប្តី ម្នាលភិក្ខុទាំងឡាយ កាលបើមនុស្សមានអាយុ១០ឆ្នាំ រស (ដ៏ប្រសើរ) ទាំងនេះគឺ ទឹកដោះថ្លា ទឹកដោះខាប់ ប្រេង ទឹកឃ្មុំ ទឹកអំពៅ អំបិល នឹងបាត់ទៅ ម្នាលភិក្ខុទាំងឡាយ កាលបើពួកមនុស្ស​មានអាយុ១០ឆ្នាំ ស្មៅគែលលក នឹងជាភោជនដ៏ប្រសើរ ម្នាលភិក្ខុទាំង​ឡាយ ក្នុងកាលឥឡូវនេះ បាយស្រូវសាលី លាយដោយសាច់ ជាភោជនដ៏ប្រសើរ ដូចម្តេច​មិញ ម្នាលភិក្ខុទាំងឡាយ កាលបើ​ពួកមនុស្ស មានអាយុ១០ឆ្នាំ ស្មៅគែលលក នឹងជាភោជនដ៏ប្រសើរ យ៉ាងនេះឯង ម្នាលភិក្ខុ​ទាំង​ឡាយ កាលបើពួកមនុស្ស​មានអាយុ​១០ឆ្នាំ កុសលកម្មបទទាំង១០ នឹងសាបសូន្យទៅ គ្រប់អន្លើ អកុសលកម្មបទទាំង១០ នឹងចំរើនឡើង ម្នាលភិក្ខុទាំងឡាយ កាលបើពួកមនុស្ស​មានអាយុ១០ឆ្នាំ សូម្បីពាក្យថា កុសល ក៏មិនមាន បើដល់ម្ល៉ោះទៅហើយ មនុស្សអ្នកធ្វើកុសល តើ​នឹង​មានមកពីណា ម្នាលភិក្ខុទាំងឡាយ កាលបើពួកមនុស្ស​មានអាយុ១០ឆ្នាំ ជនទាំងឡាយណា​ ដែលជាអ្នក​មិនគោរព​មាតា មិនគោរពបិតា មិនគោរពសមណៈ មិនគោរពព្រាហ្មណ៍ មិនប្រព្រឹត្តកោត​ក្រែង​​បុគ្គលជាច្បង​ក្នុង​ត្រកូល ជនទាំងនោះ នឹងជាអ្នកគួរគេបូជាផង នឹងជាអ្នកគួរ​គេ​សរសើរ​ផង ម្នាលភិក្ខុទាំងឡាយ មនុស្ស​ក្នុងកាលឥឡូវនេះ ដែលជាអ្នកគោរពមាតា គោរពបិតា គោរពសមណៈ គោរពព្រាហ្មណ៍ ប្រព្រឹត្ត​កោតក្រែងបុគ្គល ជាច្បងក្នុងត្រកូល មនុស្សទាំងនោះ ទើប​ជាអ្នកគួរគេបូជាផង គួរគេ​សរសើរ​ផង ដូចម្តេចមិញ ម្នាលភិក្ខុ​ទាំងឡាយ កាលបើពួកមនុស្ស​មានអាយុ១០ឆ្នាំ ជនណា​មិន​គោរព​មាតា មិនគោរពបិតា មិនគោរពសមណៈ មិនគោរពព្រាហ្មណ៍ មិនប្រព្រឹត្តកោតក្រែងបុគ្គល ជាច្បងក្នុងត្រកូល ជនទាំងនោះ ទើបជាអ្នកគួរគេបូជាផង គួរគេសរសើរផង ដូច្នោះឯង ម្នាលភិក្ខុ​ទាំងឡាយ កាលដែលមនុស្ស​មានអាយុ១០ឆ្នាំ នឹងមិនមាន​សេចក្តីគោរព កោតក្រែងថា (អ្នកនេះ) ជា​មាតា ជាម្តាយមីងខាងមាតា ជាបិតា ជាម្តាយមីង​ខាងបិតា ជាម្តាយធំខាងមាតា ជាភរិយា​របស់​អាចារ្យ ឬថា ជាប្រពន្ធនៃគ្រូ (នៃខ្លួន) ដូច្នេះឡើយ សត្វលោក នឹង​ច្រឡូកច្រឡំគ្នា ដូចជាពពែ មាន់ ជ្រូក ឆ្កែ ចចក ដូច្នោះឯង ម្នាលភិក្ខុទាំងឡាយ កាលដែលមនុស្ស​មាន​អាយុ១០ឆ្នាំ គំនុំដ៏ក្លៀវក្លា ព្យាបាទដ៏ក្លៀវក្លា ចិត្តប្រទូស្តដ៏ក្លៀវក្លា ចិត្តប្រាថ្នា​នឹងសម្លាប់​ដ៏ក្លៀវក្លា នឹងកើតប្រាកដ ដល់គ្នានឹងគ្នា គឺមាតានឹងបុត្ត។ បុត្តនឹងមាតា។ បិតានឹងបុត្ត។ បុត្ត​នឹងបិតា។ បងប្អូនប្រុស នឹងបងប្អូនស្រី។ គំនុំដ៏​ក្លៀវក្លា ព្យាបាទដ៏ក្លៀវក្លា ចិត្តប្រទូស្តដ៏​ក្លៀវក្លា ចិត្តប្រាថ្នា​នឹងសម្លាប់ដ៏ក្លៀវក្លា របស់បងប្អូនស្រី នឹងកើតប្រាកដ ដល់បងប្អូនប្រុស ម្នាលភិក្ខុទាំងឡាយ គំនុំដ៏ក្លៀវក្លា ព្យាបាទដ៏ក្លៀវក្លា ចិត្តប្រទូស្ត​ដ៏ក្លៀវក្លា ចិត្តប្រាថ្នា​នឹង​សម្លាប់ដ៏ក្លៀវក្លា របស់ព្រានម្រឹគ កើតប្រាកដ ព្រោះឃើញម្រឹគ មានឧបមា​ដូច​ម្តេចមិញ ម្នាលភិក្ខុទាំងឡាយ កាលដែលមនុស្ស​មានអាយុ១០ឆ្នាំ គំនុំដ៏ក្លៀវក្លា ព្យាបាទដ៏​ក្លៀវក្លា ចិត្តប្រទូស្តដ៏ក្លៀវក្លា ចិត្តប្រាថ្នា​នឹងសម្លាប់ដ៏ក្លៀវក្លា របស់សត្វទាំងនោះ នឹងកើតប្រាកដ ដល់​​គ្នានឹងគ្នា មានឧបមេយ្យដូច្នោះឯង គឺមាតានឹងបុត្ត។ បុត្តនឹងមាតា។ បិតានឹងបុត្ត។ បុត្ត​​នឹងបិតា។ បងប្អូន​ប្រុស នឹងបងប្អូនស្រី។ គំនុំដ៏ក្លៀវក្លា ព្យាបាទដ៏ក្លៀវក្លា ចិត្ត​ប្រទូស្ត​ដ៏ក្លៀវក្លា ចិត្តប្រាថ្នា​នឹង​សម្លាប់ដ៏ក្លៀវក្លា របស់បងប្អូនស្រី នឹងកើតប្រាកដ ដល់បង​ប្អូនប្រុស។

[៤៧] ម្នាលភិក្ខុទាំងឡាយ កាលដែលមនុស្សមានអាយុ១០ឆ្នាំ សត្ថន្តរកប្ប (លោក​វិនាស​ទៅ ដោយ​គ្រឿងសស្ត្រាវុធ) នឹងកើតមានឡើង អស់៧ថ្ងៃ មនុស្សទាំងនោះ នឹងសំគាល់​គ្នាថា ដូចជាម្រឹគ គ្រឿងសស្ត្រាវុធ ដ៏មុតក្លា នឹងជាប់នៅតែក្នុងដៃ នៃមនុស្សទាំងនោះ មនុស្ស​ទាំងនោះ សំគាល់ថា នេះ​ជាម្រឹគ ហើយក៏ផ្តាច់ជីវិតគ្នានឹងគ្នា ដោយគ្រឿង​សស្ត្រាវុធ​ដ៏មុតក្លា។ ម្នាលភិក្ខុទាំងឡាយ លំ​ដាប់នោះឯង បណ្តាសត្វទាំងនោះ សត្វពួក​ខ្លះ នឹងគិតគ្នាយ៉ាងនេះថា ពួកយើងកុំសម្លាប់បុរស​ណាមួយឡើង ទាំងបុរសណាមួយ ក៏កុំសម្លាប់ពួកយើងឡើង បើដូច្នោះ ពួកយើងគួរ​ចូលទៅរក​ស្មៅ​ស្បាត ព្រៃស្បាត ឈើស្បាត ស្ទឹង ដែលទៅមកបានដោយលំបាក ឬភ្នំ ដែលមិនរាបស្មើ ហើយយក​មើម និងផ្លែក្នុងព្រៃ ជាអាហារចិញ្ចឹមជីវិត។ សត្វទាំងនោះ នឹងចូល​ទៅរកស្មៅស្បាត ព្រៃស្បាត ឈើស្បាត ស្ទឹង ដែលទៅមកបានដោយលំបាក ឬភ្នំដែលមិនរាបស្មើ ហើយយកមើម និងផ្លែក្នុងព្រៃ ជាអាហារចិញ្ចឹមជីវិតអស់៧ថ្ងៃ។ លុះថ្ងៃ៧នោះ​ កន្លងទៅ​ ទើបសត្វអម្បាល​នោះ ចេញមក អំពីស្មៅ​ស្បាត អំពីព្រៃស្បាត អំពីឈើស្បាត អំពីស្ទឹង ដែលទៅមក​បាន​ដោយលំបាក អំពីភ្នំ ដែល​មិនរាប​ស្មើ ហើយឱបគ្នាទៅវិញទៅមក រួចហើយ និយាយ​រាក់ទាក់ លួងលោមគ្នាក្នុងរោងទាំងឡាយ ដោយ​ពាក្យ​ថា ម្នាលអ្នកដ៏ចំរើន អ្នករស់នៅ​ដូច​ពួកសត្វ ដែលយើងបានឃើញហើយ ម្នាលអ្នកដ៏ចំរើន អ្នករស់នៅដូចពួកសត្វ ដែលយើង​បានឃើញហើយ។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះឯង សត្វ​អម្បាលនោះ នឹងមាន​សេចក្តីត្រិះរិះយ៉ាងនេះថា ពួកយើងនេះឯង បានជាដល់នូវការអស់ទៅ នៃ​ញាតិជា​ច្រើនដូច្នេះ ព្រោះហេតុតែកាន់ធម៌ជាអកុសលទាំងឡាយ បើដូច្នោះ មានតែពួកយើង ធ្វើ​កុសលវិញ តើគួរ​ធ្វើកុសលដូចម្តេច​ ណ្ហើយចុះ ពួកយើងគួរវៀរចាកបាណាតិបាត ប្រព្រឹត្ត​សមាទាន​នូវកុសលធម៌នេះចុះ។ ទើបសត្វទាំងនោះ នាំគ្នាវៀរចាកបាណាតិបាត ប្រព្រឹត្ត​សមាទាន នូវ​កុសល​ធម៌នេះ សត្វទាំងនោះ ក៏ចំរើនអាយុ ចំរើនពណ៌សម្បុរឡើង ព្រោះ​ហេតុដែលបានសមាទាននូវ​កុសលធម៌ទាំងឡាយ កាលសត្វទាំងនោះ បានចំរើនអាយុ ចម្រើនពណ៌សម្បុរហើយ កូនទាំងឡាយ​របស់​ពួកមនុស្ស ដែលមានអាយុ១០ឆ្នាំ ក៏​ត្រឡប់​​ទៅជាមានអាយុ២០ឆ្នាំឡើងវិញ។ ម្នាលភិក្ខុទាំង​ឡាយ លំដាប់នោះឯង សត្វ​អម្បាល​នោះ នឹងមានសេចក្តីត្រិះរិះ យ៉ាងនេះថា ពួក​យើង​បាន​ចំរើន​អាយុ បានចំរើន​ពណ៌​សម្បុរឡើងវិញ ព្រោះហេតុតែបានសមាទាននូវ​កុសលធម៌​ទាំង​ឡាយ បើ​ដូច្នោះ ពួក​យើងគួរធ្វើកុសល ឲ្យច្រើនក្រៃលែង ជាងនេះទៅទៀត តើគួរធ្វើ​កុសលអ្វី ណ្ហើយចុះ ពួកយើងគួរវៀរចាកអទិន្នាទាន គួរវៀរចាកកាមេសុ មិច្ឆាចារ គួរវៀរចាកបិសុណាវាចា គួរវៀរ​ចាក​ផរុសវាចា គួរវៀរចាកសម្ផប្បលាបៈ គួរលះបង់​អភិជ្ឈា គួរលះបង់ព្យាបាទ គួរលះបង់​មិច្ឆាទិដ្ឋិចេញ គួរលះ​បង់ធម៌៣ប្រការ គឺអធម្មរាគៈ១ វិសមលោភៈ១ មិច្ឆាធម្មៈ១ ចេញ បើដូច្នោះ ពួកយើង​គួរ​ជា​អ្នក​គោរពមាតា គោរពបិតា គោរពសមណៈ គោរព​ព្រាហ្មណ៍ និងជាអ្នកប្រព្រឹត្ត​កោត​ក្រែង​បុគ្គល​ជា​ច្បង​ក្នុងត្រកូល ពួកយើងគួរនាំគ្នា​ប្រព្រឹត្ត​សមាទាន នូវកុសលធម៌ទាំងនេះចុះ។ សត្វទាំងនោះ ក៏​ជា​អ្នក​គោរពមាតា គោរពបិតា គោរពសមណៈ គោរពព្រាហ្មណ៍ និងជាអ្នកប្រព្រឹត្ត​កោត​ក្រែង​បុគ្គល​ជា​ច្បង​ក្នុងត្រកូល ប្រព្រឹត្តសមាទាន នូវកុសលធម៌ទាំងនេះ ក៏បានចំរើនអាយុ ចំរើន​ពណ៌សម្បុរ​ឡើងវិញ ព្រោះ​ហេតុដែលបានសមាទាននូវ​កុសលធម៌ទាំងនោះ កាលសត្វ​អម្បាលនោះ ចំរើនអាយុ ចម្រើនពណ៌សម្បុរឡើងហើយ កូនទាំងឡាយរបស់ពួកមនុស្ស ដែលមាន​អាយុ​២០ឆ្នាំ ក៏មានអាយុ​៤០​ឆ្នាំឡើងវិញ។ កូនទាំងឡាយ របស់ពួកមនុស្ស​ ដែលមាន​អាយុ​​៤០ឆ្នាំ ក៏មានអាយុ​៨០ឆ្នាំ​ឡើង​វិញ។ កូនទាំងឡាយ របស់ពួកមនុស្ស​ ដែលមាន​អាយុ​៨០ឆ្នាំ ក៏មានអាយុ១៦០ឆ្នាំឡើងវិញ។ កូន​ទាំង​ឡាយ របស់ពួកមនុស្ស​ ដែលមាន​អាយុ​១៦០ឆ្នាំ ក៏មានអាយុ៣២០ឆ្នាំឡើងវិញ។ កូនទាំងឡាយ របស់​ពួកមនុស្ស​ ដែល​មាន​អាយុ​៣២០ឆ្នាំ ក៏មានអាយុ៦៤០ឆ្នាំឡើងវិញ។ កូនទាំងឡាយ របស់​ពួក​មនុស្ស​ ដែល​មាន​អាយុ៦​៤០ឆ្នាំ ក៏មានអាយុ២ពាន់ឆ្នាំឡើងវិញ។ កូនទាំងឡាយ របស់ពួកមនុស្ស​ ដែល​មានអាយុ២ពាន់ឆ្នាំ ក៏មានអាយុ៤ពាន់ឆ្នាំឡើងវិញ។ កូនទាំងឡាយ របស់ពួកមនុស្ស​ ដែល​​មាន​អាយុ​៤ពាន់ឆ្នាំ ក៏មានអាយុ៨ពាន់ឆ្នាំឡើងវិញ។ កូនទាំងឡាយ របស់ពួក​មនុស្ស​ ដែលមាន​អាយុ​៨ពាន់ឆ្នាំ ក៏មានអាយុ២ម៉ឺនឆ្នាំឡើងវិញ។ កូនទាំងឡាយ របស់​ពួក​មនុស្ស​ ដែលមានអាយុ​២ម៉ឹន​ឆ្នាំ ក៏មានអាយុ៤ម៉ឺនឆ្នាំឡើងវិញ។ កូនទាំងឡាយ របស់​ពួកមនុស្ស​ ដែលមានអាយុ​៤ម៉ឺនឆ្នាំ ក៏មានអាយុ​៨ម៉ឺនឆ្នាំឡើងវិញ។

[៤៨] ម្នាលភិក្ខុទាំងឡាយ កាលបើពួកមនុស្ស​មានអាយុ៨ហ្មឺនឆ្នាំ ពួកនាង​កុមារិកា មាន​អាយុ​៥០០ឆ្នាំ ទើបល្មមឲ្យមានប្តី។ ម្នាលភិក្ខុទាំងឡាយ កាលបើពួកមនុស្ស​មាន​អាយុ៨​ហ្មឺន​ឆ្នាំ នឹងមាន​អាពាធតែ៣យ៉ាង គឺចំណង់ក្នុងអាហារ១ បរិភោគអាហារមិនបាន១ សេចក្តី​គ្រាំគ្រារាងកាយ១។ ម្នាលភិក្ខុទាំងឡាយ កាលបើពួកមនុស្ស​មានអាយុ៨ហ្មឺនឆ្នាំ ជម្ពូទ្វីប​នេះ នឹងជាទ្វីបស្តុកស្តម្ភធំ​ទូលាយ មានស្រុក និគម រាជធានី (តៗគ្នា) មួយរយៈ​មាន់ហើរធ្លាក់។ ម្នាលភិក្ខុទាំងឡាយ កាលបើ​ពួកមនុស្ស​មានអាយុ៨ហ្មឺនឆ្នាំ ជម្ពូទ្វីបនេះ នឹងពេញដោយពួកមនុស្ស (រកចន្លោះគ្មាន) ដូច​អវិចីនរក ពុំនោះសោត ដូចព្រៃប្របុស ឬព្រៃរាំងភ្នំ។ ម្នាលភិក្ខុទាំងឡាយ កាលបើពួកមនុស្ស​មានអាយុ​៨ហ្មឺន​ឆ្នាំ ក្រុងពារាណសី​នេះ នឹងប្រែឈ្មោះជា កេតុមតីរាជធានីវិញ ជារាជធានី ស្តុក​ស្តម្ភ ធំទូលាយ មានជន​ក៏ច្រើន មានមនុស្សកុះករ និងមានភិក្ខាហារដ៏សម្បូណ៌។ ម្នាលភិក្ខុទាំងឡាយ កាលបើ​ពួក​មនុស្ស​មានអាយុ៨ហ្មឺនឆ្នាំ ក្នុងជម្ពូទ្វីបនេះ នឹងមាននគរ​៨ហ្មឺន៤ពាន់ មានកេតុមតីរាជ​ធានី ឯងជា​ប្រធាន។ ម្នាលភិក្ខុទាំងឡាយ កាលបើពួកមនុស្ស​មានអាយុ៨ហ្មឺនឆ្នាំ នឹងមាន​ព្រះរាជា (១ព្រះអង្គ) ព្រះ​នាមសង្ខៈ ទ្រង់កើតឡើង ក្នុងកេតុមតីរាជធានី ជាស្តេចចក្រពត្តិ ទ្រង់ជាធម្មិកធម្មរាជ ជាឥស្សរៈ​លើផែនដី មានសមុទ្រទាំង៤ ជាទីបំផុត ជាស្តេចឈ្នះ​សង្គ្រាម ទ្រង់មានជនបទ ដល់នូវ​ថិរភាព ទ្រង់បរិបូណ៌ដោយរ័តន៍៧ប្រការ។ ឯរ័តន៍ទាំង​៧ប្រការរបស់ព្រះបាទសង្ខៈនោះ គឺចក្ករ័តន៍ ១ ហត្ថិរ័តន៍១ អស្សរ័តន៍១ មណីរ័តន៍១ ឥត្ថីរ័តន៍១ គហបតីរ័តន៍១ បរិនាយករ័តន៍១ផង ជាគំរប់៧។ ឯព្រះបាទសង្ខៈនោះ នឹងមាន​ព្រះរាជបុត្រច្រើនជាងពាន់ សុទ្ធសឹងក្លៀវក្លា អង់អាច អាចសង្កត់​សង្កិន នូវពួកសេនា​របស់​ស្តេចដទៃបាន។ ព្រះបាទសង្ខៈនោះ ទ្រង់ត្រួតត្រា គ្រប់គ្រងនូវផែនដី ដែល​មាន​សាគរ ជាទីបំផុត ដោយធម៌ មិនបាច់ប្រើអាជ្ញា មិនបាច់ប្រើគ្រឿង​សស្ត្រាវុធទេ។ ម្នាលភិក្ខុ​ទាំងឡាយ កាលបើពួកមនុស្សមានអាយុ៨ហ្មឺនឆ្នាំ ព្រះមានព្រះភាគ ទ្រង់ព្រះនាម ​មេត្តេយ្យៈ នឹងកើតឡើងក្នុងលោក ទ្រង់ឆ្ងាយចាកកិលេស ទ្រង់ត្រាស់ដឹង​នូវ​ញេយ្យធម៌​ទាំងពួង ដោយប្រពៃ ចំពោះព្រះអង្គ ទ្រង់បរិបូណ៌ដោយវិជ្ជា និងចរណៈ ទ្រង់មាន​ព្រះដំណើរ​ល្អ ទ្រង់ជ្រាបច្បាស់នូវ​ត្រៃ​លោក ទ្រង់ប្រសើរ​ដោយសីលាទិគុណ ឥតមាន​បុគ្គល​​ណាស្មើ ទ្រង់ទូន្មាន នូវបុរស ដែលគួរ​ទូន្មាន​ ទ្រង់ជាសាស្តានៃទេវតា និងមនុស្ស​ទាំងឡាយ ទ្រង់ជ្រាបច្បាស់ នូវចតុរារិយសច្ច ទ្រង់មានដំណើរ​ទៅ​កាន់​ត្រៃភព ខ្ជាក់ចោល​ហើយ ដូចជាតថាគត ដែលឆ្ងាយចាកកិលេស ត្រាស់ដឹងនូវ​ញេយ្យធម៌​ទាំងពួង ដោយ​ប្រពៃ ចំពោះខ្លួនឯង បរិបូណ៌ដោយវិជ្ជា និងចរណៈ មានព្រះដំណើរល្អ ជ្រាបច្បាស់​នូវ​ត្រៃ​លោក ប្រសើរ​ដោយសីលាទិគុណ ឥតមានបុគ្គល​ណាស្មើ ទូន្មាន នូវបុរស ដែលគួរ​ទូន្មាន​ ជាសាស្តានៃទេវតា និងមនុស្ស​ទាំងឡាយ ជ្រាបច្បាស់ នូវចតុរារិយសច្ច មានដំណើរ​ទៅ​កាន់​​ត្រៃភព ខ្ជាក់ចោលហើយ ដែលកើតឡើងក្នុងលោក ក្នុងកាលឥឡូវនេះដែរ។ ព្រះមេត្តេយ្យៈ​​​មានព្រះភាគអង្គ​នោះ ទ្រង់បានត្រាស់ដឹង បានធ្វើឲ្យជាក់ច្បាស់ នូវ​ព្រះនិព្វាន ចំពោះព្រះអង្គ ហើយញុំាង​លោកនេះ ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ញុំាងពពួកសត្វ ព្រមទាំង​សមណៈ និងព្រាហ្មណ៍ ទាំងមនុស្ស ជាសម្មតិទេព និងមនុស្សដ៏សេស ឲ្យត្រាស់ដឹងផង ដូចតថាគត ដែលបានត្រាស់ដឹង ហើយធ្វើ​ឲ្យ​ជាក់​ច្បាស់ នូវព្រះនិព្វាន ចំពោះខ្លួនឯង ហើយញុំាង​លោកនេះ ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ញុំាងពពួកសត្វ ព្រមទាំង​សមណៈ និងព្រាហ្មណ៍ ទាំងមនុស្ស ជាសម្មតិទេព និងមនុស្សដ៏សេស ឲ្យត្រាស់ដឹងផង ក្នុងកាលឥឡូវនេះដែរ។ ព្រះមេត្តេយ្យៈ​មានព្រះភាគ​អង្គ​នោះ នឹងទ្រង់សំដែង​ធម៌ ពីរោះបទដើម ពីរោះបទកណ្តាល ពីរោះ​បងចុង ទាំង​ទ្រង់​ប្រកាសព្រហ្មចរិយធម៌ ព្រមទាំងអត្ថ និងព្យញ្ជនៈ ដ៏ពេញបរិបូណ៌ បរិសុទ្ធទាំង​អស់ ដូច​តថាគត ដែលសំដែង​ធម៌ ពីរោះបទដើម ពីរោះបទកណ្តាល ពីរោះ​បងចុង ប្រកាស​ព្រហ្មចរិយធម៌ ព្រមទាំងអត្ថ និងព្យញ្ជនៈ ដ៏ពេញបរិបូណ៌ បរិសុទ្ធទាំង​អស់ ក្នុងកាល​ឥឡូវ​នេះដែរ។ ព្រះមេត្តេយ្យៈមានព្រះភាគអង្គនោះ នឹងគ្រប់គ្របនូវភិក្ខុសង្ឃច្រើនពាន់ ដូច​តថាគត ដែល​គ្រប់គ្រង​នូវភិក្ខុសង្ឃ​ច្រើនរយ ក្នុងកាលឥឡូវនេះដែរ។ ម្នាលភិក្ខុទាំង​ឡាយ លំដាប់នោះឯង ព្រះបាទសង្ខៈ ទ្រង់ត្រាស់បង្គាប់ឲ្យលើកប្រាសាទ ដែល​ព្រះបាទ​មហាបនាទៈឲ្យកសាង ហើយទ្រង់ប្រថាប់នៅ (ក្នុង​ប្រាសាទនោះ) ទ្រង់លះបង់ [អដ្ឋកថា ថា ទ្រង់អធិដ្ឋាន​ឲ្យប្រាសាទនោះបែកខ្ទេច ហើយទ្រង់ព្រះរាជ​ទាន។] (ប្រាសាទនោះ) ឲ្យជាទាន ដល់ពួកសមណព្រាហ្មណ៍ កបណៈ (មនុស្សកំព្រា) អទ្ធិកៈ (អ្នក​ដំណើរ) វណិព្វកៈ (អ្នកនិយាយសរសើរហើយសូម) និងពួកយាចក (ស្មូម) រួចទ្រង់ដាក់ព្រះកេសា និងព្រះមស្សុ ទ្រង់ស្លៀកដណ្តប់កាសាវព័ស្ត្រ ចេញចាករាជាគារស្ថាន ចូលទៅកាន់ផ្នួស ក្នុងសំណាក់​នៃ​ព្រះមេត្តេយ្យៈមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ។ កាលព្រះបាទសង្ខៈ​នោះ ទ្រង់​ព្រះ​ផ្នួសយ៉ាងនេះហើយ ទ្រង់គេចចេញទៅតែមួយព្រះអង្គឯង ឥតមានសេចក្តី​ប្រមាទឡើយ មានសេចក្តីព្យាយាម ជាគ្រឿងដុតបង់នូវកិលេស មានព្រះហឫទ័យបែរ​ឆ្ពោះ​ទៅរកព្រះនិព្វាន ពួក​កុលបុត្រ ដែលចេញចាកផ្ទះ ទៅបួសក្នុងភាពជាបុគ្គល​មិនមាន​ផ្ទះ ដោយប្រពៃ ដើម្បីប្រយោជន៍​ដល់​អនុត្តរធម៌ណា ពុំយូរប៉ុន្មាន ក៏ព្រះសង្ខត្ថេរ បាន​ត្រាស់ដឹង បានធ្វើឲ្យជាក់ច្បាស់ នូវអនុត្តរធម៌​នោះ ដែលជាទីបំផុតនៃព្រហ្មចារ្យ ដោយ​ខ្លួន​ឯង ក្នុងបច្ចុប្បន្ននេះ ក៏សម្រាកសម្រាន្តនៅ ដោយឥរិយាបថទាំង៤។

[៤៩] ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរមានខ្លួនជាទីពឹង មានខ្លួនជាទីពំនាក់ កុំមាន​របស់​ដទៃ ជាទីពឹងពំនាក់ឡើយ ចូរមានធម៌ជាទីពឹង មានធម៌ជាទីពំនាក់ កុំមាន​របស់​ដទៃ ជាទីពឹងពំនាក់ឡើយ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមានខ្លួន​ជាទីពឹង មានខ្លួនជាទីពំនាក់ មិនមាន​របស់​ដទៃ ជាទីពឹងពំនាក់ មានធម៌​ជាទីពឹង មានធម៌ជាទីពំនាក់ មិនមាន​របស់​ដទៃ ជាទីពឹងពំនាក់ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ពិចារណានូវកាយ ក្នុងកាយជាប្រក្រតី មានព្យាយាម ជាគ្រឿងដុតកំដៅនូវកិលេស មានប្រាជ្ញាដឹងសព្វ មាន​ស្មារតី កំចាត់បង់នូវ​អភិជ្ឈា និងទោមនស្ស ក្នុងលោកបាន ពិចារណានូវវេទនា ក្នុងវេទនា​ទាំងឡាយ ជាប្រក្រតី មានព្យាយាម ជាគ្រឿងដុតបង់នូវកិលេស មានប្រាជ្ញាដឹងសព្វ មាន​ស្មារតី កំចាត់បង់នូវ​អភិជ្ឈា និងទោមនស្ស ក្នុងលោកបាន ពិចារណានូវចិត្ត ក្នុងចិត្ត ជាប្រក្រតី មានព្យាយាម ជាគ្រឿងដុតបង់នូវកិលេស មានប្រាជ្ញាដឹងសព្វ មានស្មារតី កំចាត់បង់នូវ​អភិជ្ឈា និងទោមនស្ស ក្នុងលោកបាន ពិចារណានូវធម៌ ក្នុងធម៌ទាំងឡាយ ជាប្រក្រតី មានព្យាយាម ជាគ្រឿងដុតបង់នូវកិលេស មានប្រាជ្ញាដឹងសព្វ មានស្មារតី កំចាត់បង់នូវ​អភិជ្ឈា និងទោមនស្ស ក្នុងលោកបាន។ ម្នាលភិក្ខុទាំងឡាយ យ៉ាងនេះ ហៅថា ភិក្ខុមានខ្លួនជាទីពឹង មានខ្លួនជាទីពំនាក់ មិនមាន​របស់​ដទៃ ជាទីពឹងពំនាក់ មាន​ធម៌ជាទីពឹង មានធម៌ជាទីពំនាក់ មិនមាន​របស់​ដទៃ ជាទីពឹងពំនាក់ឡើយ។

[៥០] ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរប្រព្រឹត្តក្នុងគោចរជាវិស័យ ដែលមានមក​អំពី​បិតានៃខ្លួន។ ម្នាលភិក្ខុទាំងឡាយ កាលបើអ្នកទាំងឡាយ ប្រព្រឹត្តក្នុងគោចរជាវិស័យ ដែលមានមក​អំពី​បិតានៃខ្លួន នឹងចំរើនអាយុផង ចំរើនពណ៌សម្បុរផង ចំរើនសេចក្តីសុខ​ផង ចំរើនភោគៈផង​ ចំរើនកំឡាំងផង។ ម្នាលភិក្ខុទាំងឡាយ ចុះអ្វី (ជាហេតុឲ្យចំរើន) អាយុរបស់ភិក្ខុ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចំរើនឥទ្ធិបាទ ប្រកប​ដោយ​ឆន្ទសមាធិ និងបធានសង្ខារ ចំរើនឥទ្ធិបាទ ប្រកបដោយវីរិយសមាធិ និងបធានសង្ខារ… ចិត្តសមាធិ និងបធានសង្ខារ… វីមំសាសមាធិ និងបធានសង្ខារ… ភិក្ខុនោះ បើមានបំណង (នឹងរស់នៅ) គប្បីឋិតនៅអស់១អាយុកប្ប ឬ១អាយុកប្បប្លាយ ព្រោះហេតុតែបានចំរើន បានធ្វើឲ្យច្រើន នូវឥទ្ធិបាទទាំង៤នេះ។ ម្នាលភិក្ខុទាំងឡាយ នេះឯង (ជាហេតុ​ឲ្យចំរើន) អាយុរបស់ភិក្ខុ។ ម្នាលភិក្ខុទាំងឡាយ ចុះអ្វី (ជាហេតុឲ្យចំរើន) ពណ៌សម្បុរ របស់ភិក្ខុ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកមានសីល សង្រួមក្នុងបាតិមោក្ខសំវរៈ បរិបូណ៌ ដោយអាចារ និងគោចរៈ ជាអ្នកឃើញ​ភ័យ​​ក្នុងទោស សូម្បីបន្តិចបន្តួច សមាទាន​សិក្សា ក្នុងសិក្ខាបទទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ នេះឯង (ជាហេតុ​ឲ្យចំរើន) សម្បុរ​របស់ភិក្ខុ។ ម្នាលភិក្ខុទាំងឡាយ ចុះអ្វី (ជាហេតុឲ្យចំរើន) សេចក្តីសុខ របស់ភិក្ខុ។ ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុក្នុងសាសនានេះ ស្ងាត់ចាកកាមទាំងឡាយ ស្ងាត់ចាកអកុសល​ធម៌​ទាំងឡាយ ចូលបឋមជ្ឈាន ដែលប្រកបដោយវិតក្ក វិចារៈ មានបីតិ និងសុខៈ ដែល​កើត​អំពី​សេចក្តីស្ងប់ ជាអារម្មណ៍ ភិក្ខុនោះ លុះរម្ងាប់វិតក្កវិចារៈ​រួចហើយ។បេ។ ក៏ចូល​ទុតិយជ្ឈាន។ ចូលតតិយជ្ឈាន។ ចូលចតុត្ថជ្ឈាន។ ម្នាលភិក្ខុទាំងឡាយ នេះឯង (ជាហេតុ​ឲ្យចំរើន) សេចក្តីសុខរបស់ភិក្ខុ។ ម្នាលភិក្ខុទាំងឡាយ ចុះអ្វី (ជាហេតុឲ្យចំរើន) ភោគៈ​របស់ភិក្ខុ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ មានចិត្តប្រកបដោយមេត្តា ផ្សាយ​ទៅ​កាន់ទិស​ទី១ ទិស​ទី២ ក៏ដូចគ្នា ទិសទី៣ក៏ដូចគ្នា ទិសទី៤ក៏ដូចគ្នា តាមទំនងនេះ សូម្បី​ទិសខាងលើ ទិសខាងក្រោម ទិសទទឹង ក៏មានចិត្តប្រកបដោយមេត្តាដ៏ធំទូលាយ រកប្រមាណមិនបាន ជាចិត្ត​ឥតមាន​ចងពៀរ ឥត​មានព្យាបាទ ផ្សាយទៅកាន់សត្វលោក​ទាំងអស់ ព្រោះហេតុប្រៀបផ្ទឹមខ្លួន ឲ្យស្មើនឹងសត្វទាំងអស់ ក្នុងទិសទាំងពួង។ មានចិត្ត​ប្រកបដោយករុណា។ មានចិត្តប្រកបដោយ​មុទិតា។ មានចិត្ត​ប្រកបដោយ​ឧបេក្ខា ផ្សាយ​ទៅកាន់ទិស​ទី១ ទិស​ទី២ ក៏ដូចគ្នា ទិសទី៣ក៏ដូចគ្នា ទិសទី៤ក៏ដូចគ្នា តាមទំនងនេះ សូម្បីទិសខាងលើ ទិសខាងក្រោម ទិសទទឹង ក៏មានចិត្តប្រកបដោយឧបេក្ខាដ៏ធំទូលាយ រកប្រមាណ​មិនបាន ជាចិត្ត​ឥតមាន​ចងពៀរ ឥត​មានព្យាបាទ ផ្សាយទៅកាន់សត្វលោក​ទាំងអស់ ព្រោះហេតុ​ប្រៀប​​ផ្ទឹមខ្លួន ឲ្យស្មើនឹងសត្វទាំងអស់ ក្នុងទិសទាំងពួង។ ម្នាលភិក្ខុ​ទាំងឡាយ នេះឯង (ជាហេតុ​ឲ្យចំរើន) ភោគៈរបស់ភិក្ខុ។ ម្នាលភិក្ខុទាំងឡាយ ចុះអ្វី (ជា​ហេតុឲ្យចំរើន) កំឡាំងរបស់ភិក្ខុ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ បានត្រាស់​ដឹង បានធ្វើជាក់ច្បាស់ ដោយខ្លួនឯង នូវ​ចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់ទៅនៃអាសវៈទាំងឡាយ ក្នុងបច្ចុប្បន្ន​នេះ ហើយសម្រាកសម្រាន្ត ដោយ​ឥរិយាបថ​ទាំង៤។ ម្នាលភិក្ខុទាំងឡាយ នេះឯង (ជាហេតុឲ្យចំរើន) កំឡាំង​របស់ភិក្ខុ។ ម្នាលភិក្ខុទាំងឡាយ តថាគតពិចារណាមើល មិនឃើញកំឡាំងដទៃ សូម្បីតែ​កំឡាំង១ ដែល​បុគ្គលគ្របសង្កត់បានដោយក្រ ឲ្យដូចជាកំឡាំងនៃមារនេះឡើយ ម្នាលភិក្ខុ​ទាំង​ឡាយ បុណ្យនេះ តែងចំរើនឡើងយ៉ាងនេះ ព្រោះហេតុសមាទាន នូវកុសលធម៌​ទាំង​ឡាយ។ លុះ​ព្រះមានព្រះភាគ ទ្រង់សំដែង នូវព្រះសូត្រនេះចប់ហើយ។ ភិក្ខុទាំងនោះ ក៏មាន​ចិត្ត​ត្រេកអរ រីករាយ ចំពោះភាសិតរបស់ព្រះមានព្រះភាគ។

ចប់ ចក្កវត្តិសូត្រ ទី៣។

អគ្គញ្ញសូត្រ ទី៤

[៥១] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងប្រាសាទ របស់​មិគារមាតា (នាងវិសាខា) ក្នុងវត្តបុព្វារាម ជិតក្រុងសាវត្ថី។ សម័យនោះឯង វាសេដ្ឋ​សាមណេរ និងភារទ្វាជសាមណេរ[អដ្ឋកថា ថា សាមណេរទាំងពីររូបនេះ កើតក្នុងត្រកូល​ព្រាហ្មណមហាសាល មានទ្រព្យ៤០កោដិដូចគ្នា ជាអ្នកបានរៀនចេះចប់ត្រៃវេទ បាន​ស្តាប់​វាសេដ្ឋសូត្រហើយ ក៏ដល់​សរណគមន៍ លុះស្តាប់តេវិជ្ជសូត្រហើយ ក៏បួសជា​សាមណេរ ដល់ពេលនេះ មានប្រាថ្នានឹងបួស​ជាភិក្ខុទៀត ទើបនៅតិត្ថិយបរិវាស។] មាន​ប្រាថ្នានឹងបួសជាភិក្ខុ ទើបធ្វើតិត្ថិយបរិវាស ក្នុងសំណាក់​ភិក្ខុទាំងឡាយ។ លំដាប់នោះឯង វេលាថ្ងៃរសៀល ព្រះមានព្រះភាគ ទ្រង់ចេញចាកទីសម្ងំ ហើយចុះ​អំពីប្រាសាទ ទៅ​ចង្ក្រមក្នុងទីវាល ត្រង់ម្លប់ប្រាសាទ។ ឯវាសេដ្ឋសាមណេរ ក៏បានឃើញ​ព្រះមានព្រះភាគ ដែលទ្រង់ចេញចាកទីសម្ងំ ក្នុងវេលាថ្ងៃរសៀល ហើយចុះអំពីប្រាសាទ ទៅចង្ក្រម​ក្នុងទី​វាល ត្រង់ម្លប់​ប្រាសាទ លុះឃើញហើយ ក៏ប្រាប់ភារទ្វាជសាមណេរថា ម្នាលអាវុសោ​ភារទ្វាជៈ ព្រះមានព្រះភាគនេះ ទ្រង់ចេញចាកទីសម្ងំ ក្នុងវេលាថ្ងៃរសៀល ហើយចុះអំពី​ប្រាសាទ កំពុងចង្ក្រម​ក្នុងទីវាល ត្រង់ម្លប់​ប្រាសាទ ម្នាលអាវុសោភារទ្វាជៈ មក យើងនឹង​ចូលទៅគាល់ព្រះមានព្រះភាគ ក្រែងលោយើងនឹងបានស្តាប់ធម្មីកថា ចំពោះ​ព្រះភក្ត្រ នៃ​ព្រះមានព្រះភាគ។ ភារទ្វាជសាមណេរ ក៏បានទទួលស្តាប់ពាក្យវាសេដ្ឋសាមណេរ ថា អើអាវុសោ។ គ្រានោះឯង វាសេដ្ឋសាមណេរ និងភារទ្វាជសាមណេរ នាំគ្នាចូលទៅ​គាល់​ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ថ្វាយបង្គំព្រះមានព្រះភាគ ហើយក៏ដើរតាម​ព្រះមានព្រះភាគ ដែល​កំពុង​ចង្ក្រម។ លំដាប់នោះឯង ព្រះមានព្រះភាគ ទ្រង់មាន​ព្រះបន្ទូល នឹងវាសេដ្ឋសាមណេរថា ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ អ្នកទាំងឡាយ ជា​ជាតិព្រាហ្មណ៍ ជាត្រកូលព្រាហ្មណ៍ បានលះបង់ត្រកូល​ព្រាហ្មណ៍ ចេញចាកផ្ទះ ចូល​មក​កាន់ផ្នួស ចុះពួកព្រាហ្មណ៍ដ៏ប្រសើរ មិនជេរ មិនប្រទេចអ្នកទាំងឡាយទេឬ។ វាសេដ្ឋ​សាមណេរ ក្រាបទូលថា បពិត្រព្រះអង្គដ៏ចំរើន ពួក​ព្រាហ្មណ៍ ជេរប្រទេចយើងទាំងឡាយ ដោយពាក្យប្រទេច តាមចិត្តគេពេញទី មិនមែនខ្វះកន្លះទេ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់​សួរថា ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ ចុះពួកព្រាហ្មណ៍ ជេរប្រទេច​អ្នក​ទាំងឡាយ ដោយ​ពាក្យប្រទេច តាមចិត្តគេពេញទី មិនមែនខ្វះកន្លះទេ​ តើដូចម្តេច។ វាសេដ្ឋសាមណេរ​ក្រាបទូលថា បពិត្រព្រះអង្គដ៏ចំរើន ពួកព្រាហ្មណ៍និយាយយ៉ាងនេះថា មានតែ​ព្រាហ្មណ៍ ទើបជាវណ្ណៈ [ពាក្យថា វណ្ណៈនេះ តាមដំណើរដើម សំដៅយកពណ៌សំលៀកបំពាក់ ជា​គ្រឿង​សំគាល់ជាតិ។]ប្រសើរបំផុត ពួកជនឯទៀត ជាវណ្ណៈថោកថយ មានតែព្រាហ្មណ៍ ទើបជាវណ្ណៈស ពួកជន​ឯទៀត ជាវណ្ណៈខ្មៅ មានតែពួកព្រាហ្មណ៍ ទើបបរិសុទ្ធ​ ពួកជន​ដែល​មិនមែន​ព្រាហ្មណ៍ មិនបរិសុទ្ធទេ ពួកព្រាហ្មណ៍ ជាបុត្រ ជាឱរសរបស់ព្រហ្ម កើតអំពី​ព្រះឱស្ឋព្រហ្ម កើតមកអំពីព្រហ្ម ព្រហ្មបានតាក់តែងមក ជាទាយាទ [ញាតិអ្នកទទួល​កេរ្តិ៍សំបាច់។] របស់ព្រហ្ម ឯអ្នក​ទាំងឡាយនោះ លះចោលវណ្ណៈដ៏​ប្រសើរ​ចេញ ហើយ​ត្រឡប់​មកកាន់វណ្ណៈ​ថោកថយ​វិញ គឺ​ត្រឡប់ចូលទៅក្នុងសំណាក់​សមណៈ​ត្រងោល ជា​គហបតី វណ្ណៈខ្មៅ ជាពួកនៃមារ កើតអំពី​ព្រះបាទ​ព្រហ្ម ក៏អ្នកទាំងឡាយលះចោល​វណ្ណៈ​ដ៏ប្រសើរចេញ ហើយត្រឡប់មកកាន់វណ្ណៈ​ថោកថយ​វិញ គឺ​ត្រឡប់ចូលទៅក្នុងសំណាក់​សមណៈត្រងោល ជាគហបតី វណ្ណៈខ្មៅ ជាពួកនៃមារ កើតអំពី​ព្រះបាទ​ព្រហ្ម ដោយ​ហេតុ​ណា ហេតុនោះ ពុំប្រពៃ ពុំសមគួរឡើយ។ បពិត្រព្រះអង្គដ៏ចំរើន ពួកព្រាហ្មណ៍ ជេរ​ប្រទេច​​យើង​ទាំង​ឡាយ ដោយពាក្យប្រទេច តាមចិត្តគេពេញទី មិនមែនខ្វះកន្លះទេ យ៉ាង​នេះឯង។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា អើវាសេដ្ឋៈ និងភារទ្វាជៈ ពួកព្រាហ្មណ៍​របស់​អ្នក​ទាំងឡាយ មិនបានដឹង នូវការកើត​ឡើង នៃលោកអំពីដើមមកទេ ទើបបាន​ជានិយាយ​យ៉ាងនេះថា មានតែ​ព្រាហ្មណ៍ ទើបជា​វណ្ណៈ​ប្រសើរបំផុត ពួកជនឯទៀត ជាវណ្ណៈថោក​ថយ មានតែព្រាហ្មណ៍ ទើបជាវណ្ណៈស ពួកជន​ឯទៀត ជាវណ្ណៈខ្មៅ មានតែពួកព្រាហ្មណ៍ ទើបបរិសុទ្ធ​ ពួកជន​ដែល​មិនមែន​ជាព្រាហ្មណ៍ មិនបរិសុទ្ធទេ ពួកព្រាហ្មណ៍ ជាបុត្រ ជា​ឱរសរបស់ព្រហ្ម កើតអំពីព្រះឱស្ឋព្រហ្ម កើតអំពីព្រហ្ម ព្រហ្ម​បាន​តាក់​តែង​មក ជាទាយាទ​របស់ព្រហ្ម។ ម្នាល​វាសេដ្ឋៈ និងភារទ្វាជៈ ឯពួកនាងព្រាហ្មណី ដែលមានរដូវក្តី មាន​គភ៌ក្តី កំពុងសម្រាលកូនក្តី កំពុងបំបៅកូនក្តី សឹងប្រាកដដល់ពួកព្រាហ្មណី ឯពួក​ព្រាហ្មណ៍​ទាំង​នោះ ក៏សុទ្ធតែកើតមកអំពីយោនី (នាង​ព្រាហ្មណី) តែត្រឡប់ជានិយាយយ៉ាងនេះវិញថា មាន​តែ​ព្រាហ្មណ៍ ទើបជាវណ្ណៈ​ប្រសើរបំផុត​។បេ។ ជាទាយាទរបស់ព្រហ្មដូច្នេះ។ ឯ​ព្រាហ្មណ៍​ទាំងនោះ ឈ្មោះថា និយាយបង្កាច់ព្រហ្មផង និយាយកុហក​ផង រមែងទទួលនូវ​បាបច្រើន។

[៥២] ម្នាលវាសេដ្ឋៈនិងភារទ្វាជៈ វណ្ណៈទាំងឡាយនេះមាន៤ពួក គឺខត្តិយៈ១ ព្រាហ្មណ៍១ វេស្សៈ១ សុទ្ទៈ១។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ ទោះខត្តិយៈពួកខ្លះ ក្នុងលោកនេះ ក៏ជាអ្នក​សម្លាប់​សត្វ លួចទ្រព្យគេ ប្រព្រឹត្តខុសក្នុងកាមទាំងឡាយ និយាយពាក្យកុហក និយាយ​ពាក្យញុះញង់ និយាយពាក្យទ្រគោះ និយាយពាក្យឥតប្រយោជន៍ ជាអ្នកមានសេចក្តី​លោភ មានចិត្តប្រកប​ដោយ​ព្យាបាទ មានសេចក្តីយល់ខុសដែរ។ ម្នាលវាសេដ្ឋៈ និង​ភារទ្វាជៈ​ព្រោះហេតុនេះឯង ធម៌ទាំង​ឡាយ​ណា ជាអកុសល ក៏រាប់ថា ជាអកុសល ដែល​មានទោស ក៏រាប់ថា មានទោស ដែលមិនគួរ​សេព ក៏រាប់ថា មិនគួរសេព ដែល​មិនសមគួរ​ ក្នុងអរិយភាវៈ ក៏រាប់ថា មិនសមគួរ ក្នុងអរិយភាវៈ ជាធម៌ខ្មៅ មានផលខ្មៅ ដែលវិញ្ញូជន តែងតិះដៀល។ ធម៌ទាំងឡាយនោះ តែងប្រាកដក្នុងខត្តិយៈពួកខ្លះ ក្នុងលោកនេះឯង។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ ទោះព្រាហ្មណ៍។បេ។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ ទោះ​វេស្សៈ។បេ។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ ទោះសុទ្ទពួកខ្លះ ក្នុងលោកនេះ ក៏ជាអ្នកសម្លាប់​សត្វ លួច​ទ្រព្យគេ។បេ។ មានសេចក្តីយល់ខុសដែរ។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ ព្រោះ​ហេតុនេះឯង ធម៌​ទាំងឡាយណា ជាអកុសល ក៏រាប់ថា ជាអកុសល។បេ។ ជាធម៌ខ្មៅ មាន​ផលខ្មៅ ដែលវិញ្ញូជន​ តែង​តិះដៀល។ ធម៌ទាំងឡាយនោះ តែងប្រាកដ ក្នុងសុទ្ទៈពួកខ្លះ ក្នុងលោកនេះឯង។

[៥៣] ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ ទោះខត្តិយៈពួកខ្លះ ក្នុងលោកនេះ ក៏ជាអ្នកវៀរ​ចាក​បាណាតិបាត វៀរចាកអទិន្នាទាន វៀរចាកកាមេសុ មិច្ឆាចារ វៀរចាកមុសាវាទ វៀរចាក​បិសុណាវាចា វៀរចាក​ផរុសវាចា វៀរចាកសម្ផប្បលាបៈ ជាអ្នកមិនមានសេចក្តីលោភ មិន​មាន​ចិត្តព្យាបាទ មានសេចក្តី​​យល់ត្រូវដែរ។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ ព្រោះហេតុ​នេះ​ឯង ធម៌ទាំងឡាយណា​ជា​កុសល ក៏រាប់ថា ជាកុសល ដែលមិនមានទោស ក៏រាប់ថា មិនមានទោស ដែល​គួរសេព ក៏រាប់ថា គួរសេព ដែលសមគួរ ក្នុងអរិយភាវៈ ក៏រាប់ថា សមគួរ​ក្នុងអរិយភាវៈ ជាធម៌ស មានផល​ស ដែល​វិញ្ញូជន​តែង​សរសើរ។ ធម៌ទាំងឡាយ​នោះ តែងប្រាកដក្នុងខត្តិយៈ ពួកខ្លះ ក្នុង​លោកនេះឯង។ ម្នាល​វាសេដ្ឋៈ និងភារទ្វាជៈ ទោះព្រាហ្មណ៍។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ ទោះ​វេស្សៈ។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ ទោះសុទ្ទៈ ពួកខ្លះ ក្នុងលោកនេះ ក៏ជាអ្នកវៀរចាក​បាណាតិបាត។បេ។ ជាអ្នកមិន​មាន​សេចក្តីលោភ មិនមានចិត្តព្យាបាទ មានសេចក្តីយល់ត្រូវដែរ។ ម្នាលវាសេដ្ឋៈ និង​ភារទ្វាជៈ ព្រោះ​ហេតុ​នេះឯង ធម៌ទាំងឡាយណាជាកុសល ក៏រាប់ថា ជាកុសល ដែលមិន​មានទោស ក៏រាប់ថា មិនមានទោស ដែល​គួរសេព ក៏រាប់ថា គួរសេព ដែលសមគួរ​ក្នុង​អរិយភាវៈ ក៏រាប់ថា សមគួរក្នុង​អរិយភាវៈ ជាធម៌ស មានផល​ស ដែលវិញ្ញូជនតែង​សរសើរ។ ធម៌ទាំងឡាយនោះ តែងប្រាកដ​ក្នុង​សុទ្ទៈ​ពួកខ្លះ ក្នុង​លោកនេះឯង។ ម្នាល​វាសេដ្ឋៈ និងភារទ្វាជៈ កាលបើវណ្ណៈ​ទាំង៤ពួកនេះឯង ប្រព្រឹត្ត​ច្រឡូកច្រឡំគ្នា ក្នុងធម៌ពីរ​ពួក គឺធម៌ខ្មៅ និងធម៌ស ដែល​វិញ្ញូជនតែង​តិះដៀលខ្លះ សរសើរ​ខ្លះ បើពួកព្រាហ្មណ៍ (ដែល​កំពុងប្រព្រឹត្ត) ក្នុងធម៌ខ្មៅ និងធម៌​ស​នោះ និយាយយ៉ាងនេះថា មាន​តែ​ព្រាហ្មណ៍ ទើបជាវណ្ណៈប្រសើរបំផុត ពួកជនឯទៀត ជាវណ្ណៈ​ថោកទាប មានតែព្រាហ្មណ៍ ទើបជា​វណ្ណៈស ពួកជនឯទៀត ជាវណ្ណៈខ្មៅ មានតែពួកព្រាហ្មណ៍ ទើប​បរិសុទ្ធ ពួកជនដែល​មិន​មែនជា​ព្រាហ្មណ៍ មិនបរិសុទ្ធទេ ពួកព្រាហ្មណ៍ ជាបុត្រ ជាឱរសរបស់​ព្រហ្ម កើតអំពី​ព្រះឱស្ឋព្រហ្ម កើត​អំពី​ព្រហ្ម ព្រហ្មបានតាក់តែងមក ជាទាយាទរបស់ព្រហ្មដូច្នេះ។ វិញ្ញូជន​​ទាំងឡាយ មិនយល់ព្រមតាម គឺ​មិនសរសើរនូវពាក្យ របស់ពួក​ព្រាហ្មណ៍​ទាំងនោះ​ទេ។ ដំណើរនោះ តើព្រោះហេតុអ្វី។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ ព្រោះថា បណ្តាវណ្ណៈ​ទាំង៤ពួកនេះ វណ្ណៈណា ជាភិក្ខុឆ្ងាយចាកកិលេស អស់​អាសវៈ​ហើយ ប្រព្រឹត្តព្រហ្មចារ្យ រួចស្រេចហើយ បានធ្វើ​សោឡសកិច្ច​ស្រេចហើយ មានភារៈ គឺកិលេស និងខន្ធដាក់ចុះ​ហើយ បានសម្រេចប្រយោជន៍របស់ខ្លួន​តាម​លំដាប់​ហើយ មានតណ្ហា ជាគ្រឿងចង ក្នុងភពអស់រលីងហើយ មានចិត្ត​ផុតស្រឡះហើយ ព្រោះ​បាន​ត្រាស់ដឹង​ដោយប្រពៃ វណ្ណៈ​នោះ ប្រាកដជាបុគ្គលប្រសើរលើស ជាងវណ្ណៈទាំងនោះ ដោយធម៌ពិត មិនមែន​ដោយអធម៌ទេ។ ម្នាល​វាសេដ្ឋៈ និងភារទ្វាជៈ ព្រោះថា ធម៌ជាគុណដ៏ប្រសើរបំផុត ក្នុង​ប្រជុំជន ទាំងបច្ចុប្បន្ន និងបរលោក។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ បើដោយបរិយាយ​នេះ​ឯង អ្នក​គប្បីដឹងយ៉ាងនេះថា ធម៌ជាគុណ​ដ៏​ប្រសើរ​បំផុត ក្នុងប្រជុំជន ទាំងបច្ចុប្បន្ន និង​បរលោក។

[៥៤] ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ ព្រះបាទបសេនទិកោសល ទ្រង់ជ្រាបថា ព្រះសមណ​គោតម ជាបុគ្គលខ្ពង់ខ្ពស់ ចេញចាកសក្យត្រកូល មកទ្រង់ព្រះផ្នួស។ ម្នាលវាសេដ្ឋៈ និង​ភារទ្វាជៈ ប៉ុនអម្បាលពួកសក្យៈ គង់ជាចំណុះព្រះបាទបសេនទិកោសល មិនមានចន្លោះ [អដ្ឋកថា ថា ចុះចូលកោតខ្លាចព្រះបាទបសេនទិកោសល ដូចជាត្រកូលរបស់ខ្លួន]។ ម្នាល​វាសេដ្ឋៈ និងភារទ្វាជៈ ពួកសក្យៈតែងធ្វើសេចក្តីគោរព ថ្វាយបង្គំ ក្រោកទទួល អញ្ជលិកម្ម និង​សាមីចិកម្ម ចំពោះ​ព្រះបាទ​បសេនទិកោសល។ ម្នាលវាសេដ្ឋៈ និង​ភារទ្វាជៈ ពួកសក្យៈ តែង​ធ្វើ​សេចក្តីគោរព ថ្វាយបង្គំ ក្រោក​ទទួល អញ្ជលិកម្ម និង​សាមីចិកម្ម​ណាៗ​ ចំពោះព្រះបាទបសេនទិកោសល ឯព្រះបាទ​បសេន​ទិ​កោសល ក៏ទ្រង់​ធ្វើសេចក្តីគោរព ថ្វាយបង្គំ ក្រោកទទួល អញ្ជលិកម្ម និងសាមីចិកម្មនោះៗ ចំពោះ​តថាគត​ដែរ ដោយទ្រង់ព្រះដំរិះថា ព្រះសមណគោតម ព្រះអង្គមានជាតិបរិសុទ្ធ អាត្មាអញ​ជា​មនុស្ស មានជាតិមិនបរិសុទ្ធ ព្រះសមណ​គោតម ព្រះអង្គមានកំឡាំង អាត្មាអញជាមនុស្ស មានកំឡាំង​​ថយ ព្រះសមណគោតម ព្រះអង្គមាន​សម្បុរជ្រះថ្លា អាត្មាអញជាមនុស្ស មាន​សម្បុរ​សៅហ្មង ព្រះសមណគោតម ព្រះអង្គមានសក្តានុភាព​ច្រើន អាត្មាអញជាមនុស្ស មានសក្តានុភាព​តិច ដូច្នេះ តពីនោះមក ទ្រង់ក៏ធ្វើសក្ការៈ ចំពោះធម៌នោះ ធ្វើសេចក្តី​គោរព​ធម៌ រាប់អានធម៌ បូជាធម៌ កោតក្រែងធម៌ ដោយប្រការដូច្នេះឯង។ ព្រះបាទ​បសេនទិ​កោសល ទ្រង់ធ្វើសេចក្តីគោរព ថ្វាយបង្គំ ក្រោកទទួល អញ្ជលិកម្ម និង​សាមីចិកម្ម ចំពោះ​តថាគត យ៉ាងនេះឯង។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ បើដោយ​បរិយាយ​នេះឯង អ្នកគប្បីដឹងយ៉ាងនេះថា ធម៌​ជាគុណប្រសើរបំផុត ក្នុងប្រជុំជន ទាំងបច្ចុប្បន្ន និង​បរលោក។

[៥៥] ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ អ្នកទាំងឡាយមានជាតិផ្សេងៗគ្នា មានឈ្មោះផ្សេងៗ​គ្នា មានគោត្រផ្សេងៗគ្នា មានត្រកូលផ្សេងៗគ្នា ចេញចាកផ្ទះ មកកាន់ផ្នួស បើមានគេ​សួរថា លោកទាំង​ឡាយជាអ្វី ដូច្នេះ ចូរប្រាប់ទៅគេវិញថា យើងជាសមណសក្យបុត្តិយ៍។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ បើជនណាមានសទ្ធា គឺការជឿស្លុងចុះស៊ប់ហើយ មានឫស​ដុះ​តាំងខ្ជាប់មំាមួន ក្នុងតថាគត ទោះបី​សមណព្រាហ្មណ៍ ទេវតា ព្រហ្ម ឬនរណាមួយ ក្នុងលោក ក៏មិនអាចនឹងបំបែរ ឲ្យត្រឡប់បានឡើយ ជននោះគួរនិយាយ យ៉ាងនេះថា ខ្ញុំជាបុត្រ ជាឱរស នៃ​ព្រះមានព្រះភាគ កើតមកអំពី​ព្រះឱស្ឋ របស់​ព្រះមានព្រះភាគ កើតមកអំពីធម៌ ធម៌តាក់តែងមក ជាទាយាទរបស់ធម៌។ ព្រោះហេតុអ្វី បានជា​តថាគត ថាដូច្នោះ។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ ព្រោះពាក្យថា ធម្មកាយ ដូច្នេះក្តី ព្រហ្មកាយ ដូច្នេះក្តី ធម្មភូតដូច្នេះក្តី ព្រហ្មភូតដូច្នេះក្តី ជាឈ្មោះ​របស់តថាគត។

[៥៦] ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ មានសម័យដែលលោកនេះត្រូវវិនាសម្តងៗ ដោយ​ការ​កន្លង​កាល ជាយូរអង្វែង កាលដែលលោកកំពុងតែវិនាសទៅ មានពួកសត្វ​បានទៅកើត​ក្នុង​អាភស្សរព្រហ្ម ដោយច្រើន ពួកសត្វទាំងនោះ ជាអ្នកកើត ដោយឈានចិត្ត [អដ្ឋកថា ថា ក្នុងបឋម​កប្ប ពួកសត្វទាំងនោះ សូម្បីមកកើតក្នុងមនុស្សលោកនេះ ក៏គង់​កើតជា​ឱបបាតិកកំណើត គឺ​កើត​តាមចិត្តបាន។] មានបីតិជាអាហារ [សត្វទាំងនោះ មានបីតិជា​អាហារ ក្នុងមនុស្សលោកនេះ ដូច​ព្រហ្មក្នុងព្រហ្មលោកនោះដែរ។] មានរស្មីភ្លឺចេញឯង ត្រាច់ទៅក្នុងអាកាសបាន ឋិតនៅក្នុងវិមានដ៏ល្អ នៅអស់កាល ជាយូរអង្វែង។ ម្នាល​វាសេដ្ឋៈ និងភារទ្វាជៈ មានសម័យ ដែលលោកនេះត្រូវចំរើន​ឡើង​ម្តងៗ ដោយកាលកន្លង ជាយូរអង្វែងទៅ កាលដែលលោកកំពុងតែចំរើនឡើង សត្វទាំងឡាយ​ច្យុត​ចាកអាភស្សរ​ព្រហ្ម មកកាន់ភាពជាមនុស្សនេះ ឯសត្វទាំងនោះ ជាអ្នកកើត​ដោយឈានចិត្ត មាន​បីតិជាអាហារ មានពន្លឺភ្លឺចេញឯង ត្រាច់ទៅក្នុងអាកាសបាន ឋិតនៅក្នុងវិមានដ៏ល្អ នៅ​អស់​​កាលជា​យូរអង្វែង។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ សម័យនោះឯង ចក្រវាឡទាំងអស់ ក៏រលាយទៅ​ជា​ទឹក​ចូលគ្នា មានងងឹតអព្ទសូន្យសុង ព្រះចន្ទ្រ និងព្រះអាទិត្យ ក៏មិនប្រាកដ នក្ខត្តឬក្ស ដែលមានរូប ជាផ្កាយទាំង​ឡាយ ក៏មិនប្រាកដ យប់និងថ្ងៃ ក៏មិនប្រាកដ ខែមួយ និងកន្លះខែ​ ក៏មិនប្រាកដ រដូវ​និងឆ្នាំ ក៏មិនប្រាកដ ស្រីនិងប្រុស ក៏មិនប្រាកដ។ សត្វទាំងឡាយ ក៏គ្រាន់តែរាប់ថា ជាសត្វ​ប៉ុណ្ណោះ​ឯង។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ លុះកាលកន្លងទៅ​ជាយូរអង្វែងម្តងៗ ផែនដី មានរសអណ្តែត​ដាស​លើទឹក សំរាប់សត្វ​ទាំង​នោះ ប្រាកដដូចជាទឹកដោះក្តៅ រលាយអណ្តែតដាស នៅលើ​ទឹក​ដូច្នោះ ផែនដីមាន​រសនោះ មានសម្បុរល្អ មានក្លិនក្រអូប មានរសផ្អែម មានសម្បុរស ដូចទឹកដោះថ្លា ឬដូចទឹកដោះខាប់ ដែលមានរសផ្អែម ផែនដីនុ៎ះ មានរសឆ្ងាញ់ពិសា ដូចទឹកឃ្មុំតូច (ឃ្មុំផ្លិត) ដែល​ឥត​ទោស (គ្មានកូនឃ្មុំ)។​ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ គ្រានោះឯង មាន​សត្វម្នាក់ មានជាតិជាអ្នក លេះលោះគិតថា យីអើ នេះជាអ្វីអេះ ក៏យកចង្អុលដៃ (ឆ្កឹះយក) ផែនដីមានរសមកលិទ្ធមើល កាល​សត្វ​នោះយកចង្អុលដៃ (ឆ្កឹះយក) ផែនដីមានរស​មក​លិទ្ធភ្លក្សមើល រសផែនដីក៏ជ្រួតជ្រាបទៅ សព្វ​សរសៃ​សម្រាប់ទទួលនូវរស ឯសេចក្តី​ប្រាថ្នា​​ក្នុងរស ក៏កើតដល់សត្វនោះ។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ មានពួកសត្វដទៃទៀត កាលយកតម្រាប់តាម​សត្វនោះ នាំគ្នាយកចង្អុលដៃ (ឆ្កឹះយក) ផែនដីមានរស មក​លិទ្ធភ្លក្ស​មើល។​ កាលពួកសត្វទាំងនោះ លិទ្ធភ្លក្សរសផែនដីនឹងចង្អុលដៃ រស​ផែនដី ក៏ជ្រួតជ្រាបទៅ (សព្វសរសៃសម្រាប់ទទួលនូវរស) ឯសេចក្តីប្រាថ្នាក្នុងរស ក៏កើត​ឡើង ដល់​ពួកសត្វទាំងនោះ។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ លំដាប់នោះ ក៏សត្វទាំងនោះនាំ​យក​ដៃ កកាយ​ផែនដី ដែលមានរស មកធ្វើជាពំនូត ហើយបរិភោគ។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ កាលដែល​សត្វ​ទាំងឡាយ នាំគ្នាយកដៃកកាយផែនដី ដែលមានរស មកធ្វើ​ជាពំនូត ហើយបរិភោគ ពន្លឺដែលភ្លឺ​ចេញឯង (អំពីកាយ) របស់សត្វទាំងនោះ ក៏សាប​សូន្យបាត់ទៅ។ លុះពន្លឺដែលភ្លឺចេញឯង សាបសូន្យ​ទៅហើយ ព្រះចន្ទ្រ​ និងព្រះអាទិត្យ ក៏កើតប្រាកដឡើង លុះព្រះចន្ទ្រ និង​ព្រះអាទិត្យកើត ប្រាកដ​ឡើងហើយ នក្ខត្តឫក្ស ដែលមានរូបជាផ្កាយទាំងឡាយ ក៏កើតប្រាកដឡើង លុះនក្ខត្តឫក្ស ដែល​មានរូបជា​ផ្កាយ​ទាំងឡាយ កើតប្រាកដឡើងហើយ យប់និងថ្ងៃ ក៏កើតប្រាកដឡើង លុះយប់​និងថ្ងៃ កើតប្រាកដឡើងហើយ ខែ១ និងកន្លះខែ ក៏កើតប្រាកដ​ឡើង លុះខែ១ និងកន្លះខែ កើត​ប្រាកដ​​ឡើង​ហើយ រដូវនិងឆ្នាំ ក៏កើត​ប្រាកដឡើង។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ លោក​នេះ​ចំរើន​ឡើង​វិញ ដោយហេតុប៉ុណ្ណេះឯង។

[៥៧] ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ គ្រាកាលពួកសត្វទាំងនោះ នាំគ្នា​បរិភោគផែនដីមាន​រស យកផែនដី​នោះជាចំណី យកផែនដីនោះ​ជាអាហារ ហើយឋិតនៅ អស់កាលជាយូរ​អង្វែង​។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ កាលពួកសត្វ​ទាំងនោះ បរិភោគផែនដីមានរស យក​ផែនដីនោះ​ជា​ចំណី យកផែនដីនោះជាអាហារ ហើយឋិតនៅអស់កាលយូរអង្វែង​ ដោយ​ប្រការ​យ៉ាងណាៗ សេចក្តី​រឹងប៉ឹង ក្នុងរាងកាយរបស់សត្វទាំងនោះ ក៏កើតឡើងទាំងពណ៌​សម្បុរក៏ប្លែកៗគ្នា​ ប្រាកដឡើង ដោយ​ប្រការ​យ៉ាង​នោះៗ។ សត្វពួកខ្លះមានសម្បុរល្អ សត្វពួកខ្លះមានសម្បុរអាក្រក់។ បណ្តា​សត្វទាំងពីរពួកនោះ ពួកសត្វណា ដែលមាន​សម្បុរល្អ ពួកសត្វនោះ​ តែងមើលងាយពួកសត្វ ដែលមានសម្បុរអាក្រក់ថា ពួកយើងមាន​សម្បុរល្អ លើសជាងពួកសត្វនុ៎ះ ពួកសត្វនុ៎ះ ​មានសម្បុរអាក្រក់ ​ជាងពួកយើង។ កាល​សត្វទាំងនោះ មានសេចក្តីប្រកាន់ខ្លួន ​និងការមើលងាយកើតឡើង ព្រោះបច្ច័យ នៃ​សេចក្តី​មើល​ងាយ​ នូវ​សម្បុរគ្នា ផែនដីដែលមានរស ក៏សាបសូន្យអស់ទៅ។ លុះផែនដី​ដែលមានរស សាប​សូន្យ​ហើយ​ សត្វទាំងឡាយក៏ប្រជុំគ្នា លុះមក​ប្រជុំគ្នាហើយ ក៏​ត្អូញត្អែរ​ថា ឱ រស (ឆ្ងាញ់របស់យើង) ឱ រស (ឆ្ងាញ់របស់យើង)។ ហេតុនោះ ក៏ដូចគ្នា នឹង​មនុស្សទាំងឡាយ ក្នុងកាលឥឡូវនេះដែរ ដែលបាន​វត្ថុ​អ្វី​មួយ មានរសឆ្ងាញ់ហើយ តែង​នាំគ្នាលាន់មាត់ យ៉ាងនេះថា ឱ រស (ឆ្ងាញ់របស់យើង) ឱ រស (ឆ្ងាញ់របស់យើង)។ សត្វទាំងឡាយ នាំគ្នានឹករកអក្ខរៈ ដែលជា​ច្បាប់ចាស់ [អដ្ឋកថា ថា បានដល់​សំដីជាវង្ស ដែលកើតឡើងសម្រាប់លោក។] នោះឯង ប៉ុន្តែមិនអាចនឹងយល់សេចក្តី នៃអក្ខរៈ​នោះ​បានឡើយ។

[៥៨] ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ លុះផែនដីមានរសរបស់សត្វទាំងនោះ សាបសូន្យអស់ ទៅហើយ ក្រមរផែនដី ក៏កើតប្រាកដឡើង។ ក្រមរផែនដីនោះ កើតប្រាកដឡើង ដូចជា​ផ្សិត។ ក្រមរ​ផែន​ដីនោះ បរិបូណ៌ដោយសម្បុរ មានក្លិន(ក្រអូប) មានរស(ឆ្ងាញ់) មានពណ៌ ដូចជាសប្បិសុទ្ធ ឬដូចជា នវនីតសុទ្ធ មានរស(ឆ្ងាញ់ពិសា) ដូចទឹកឃ្មុំតូច (ឃ្មុំផ្លិត) ដែល​ឥតទោស (គ្មានកូនឃ្មុំ) ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ គ្រានោះឯង សត្វទាំងឡាយនោះ ក៏នាំគ្នាបរិភោគក្រមរផែនដី កាលសត្វ ទាំងនោះ នាំគ្នាបរិភោគក្រមរផែនដី យកក្រមរ​ផែនដីនោះជាចំណី យកក្រមផែនដីនោះ ជាអាហារ ក៏ឋិតនៅអស់កាលជាយូរអង្វែង។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ កាលពួកសត្វទាំងនោះ នាំគ្នាបរិភោគ​ក្រមរ​ផែនដី យកក្រមរ​ផែនដី​នោះ ជាចំណី យកក្រមផែនដីនោះ ជាអាហារ ឋិតនៅអស់កាល ជា​យូរ​អង្វែង ដោយប្រការយ៉ាងណាៗ សេចក្តីរឹងប៉ឹង ​ក្នុងរាងកាយ​របស់សត្វទាំងនោះ ក៏កើតដោយ​ក្រៃលែង​លើសប្រមាណ ពណ៌សម្បុរ​ក៏ប្លែកៗគ្នាប្រាកដឡើង ដោយប្រការយ៉ាងនោះៗ។ សត្វពួកខ្លះ​មានសម្បុរល្អ សត្វពួកខ្លះ មានសម្បុរអាក្រក់។ បណ្តា​សត្វទាំងពីរ​ពួកនោះ ពួក​សត្វណា មាន​សម្បុរ​ល្អ សត្វពួកនោះ រមែងមើល​ងាយ ពួកសត្វដែល​មាន​សម្បុរ​អាក្រក់ថា ពួកយើងមាន​​សម្បុរ​ល្អ ជាង​ពួក​សត្វនុ៎ះ ពួកសត្វទាំងនោះ ​មានសម្បុរអាក្រក់​ជាង​ពួក​យើង។ កាលសត្វទាំងឡាយនោះ មាន​សេចក្តី​ប្រកាន់ខ្លួន ​និងការមើល​ងាយកើត​ឡើង ព្រោះសេចក្តីមើលងាយ នូវសម្បុរគ្នា ជាបច្ច័យ ក្រមរផែនដី ក៏សាបសូន្យអស់ទៅ លុះក្រមរផែនដី​សាបសូន្យទៅហើយ បទាលតា [អដ្ឋកថា ថា ជាឈ្មោះវល្លិមួយយ៉ាង មានរសផ្អែម។] ក៏កើតប្រាកដឡើង។ បទាលតានោះ កើតប្រាកដឡើង ដូចជាវល្លិ៍​ត្រកួន។ បទាលតានោះ មានសម្បុរល្អ មានក្លិន (ក្រអូប) មានរស(ឆ្ងាញ់)​ វល្លិ​នោះ​មាន​សម្បុរ​ដូចសប្បិសុទ្ធ ឬដូចនវនីតសុទ្ធ មានរស (ឆ្ងាញ់ពិសា) ដូចទឹកឃ្មុំតូច (ឃ្មុំផ្លិត) ដែល​ឥត​ទោស (គ្មានកូនឃ្មុំ)។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ គ្រានោះឯង​ សត្វទាំងឡាយនោះ ក៏នាំគ្នា​បរិភោគ​បទាលតា កាលពួកសត្វទាំងនោះ បរិភោគបទាលតា យកវល្លិនោះជា​ចំណី យកវល្លិនោះជាអាហារ ក៏ឋិតនៅអស់កាលជាយូរអង្វែង។ ម្នាលវាសេដ្ឋៈ និង​ភារទ្វាជៈ កាលសត្វទាំងនោះ បរិភោគ​បទាលតា យកវល្លិនោះជាចំណី យកវល្លិនោះ​ជា​អាហារ ក៏ឋិតនៅអស់កាលជាយូរអង្វែង ដោយ​ប្រការ​​យ៉ាងណាៗ សេចក្តីរឹងប៉ឹង ក្នុងរាង​កាយ​​របស់សត្វទាំងនោះ ក៏កើតឡើង ដោយក្រៃលែង​លើស​ប្រមាណ ទាំងពណ៌សម្បុរ ក៏ប្លែកៗគ្នា​ប្រាកដឡើង ដោយប្រការយ៉ាងនោះៗ។ សត្វពួក​ខ្លះ មានសម្បុរល្អ សត្វពួក​ខ្លះ មានសម្បុរ​អាក្រក់។ បណ្តាសត្វទាំងពីរពួកនោះ ពួកសត្វណា ដែលមាន​សម្បុរល្អ ពួកសត្វនោះ តែងមើលងាយពួកសត្វ ដែលមានសម្បុរអាក្រក់ថា ពួកយើងមានសម្បុរល្អ លើស​ជាងពួកសត្វនុ៎ះ ពួកសត្វ​នោះ ​មានសម្បុរអាក្រក់ ជាងពួកយើង។ កាលសត្វទាំង​ឡាយ​នោះ មានសេចក្តីប្រកាន់ខ្លួន ​និងការមើលងាយកើតឡើង ព្រោះសេចក្តី​មើលងាយ នូវសម្បុរគ្នាជាបច្ច័យ ឯបទាលតា ក៏សាបសូន្យទៅ។ លុះបទាលតាសាបសូន្យហើយ សត្វទាំងឡាយ ក៏មកប្រជុំគ្នា​ លុះមក​ប្រជុំគ្នាហើយ ក៏ត្អូញត្អែរថា ឱហ្ន៎ បទាលតា​របស់​យើងធ្លាប់មានហើយ ឱហ្ន៎ បទាលតារបស់យើង បាត់​អស់ទៅ​ហើយ។ ហេតុនោះ ក៏ដូច​គ្នានឹងមនុស្សទាំងឡាយ ក្នុងកាលឥឡូវ​នេះដែរ ដែលធម៌​ជាទុក្ខ​​ណាមួយប៉ះពាល់ ក៏​និយាយ​គ្នាយ៉ាងនេះថា​ ឱហ្ន៎ យើងធ្លាប់មាន ឱហ្ន៎ យើងសាបសូន្យអស់ ហើយ។ សត្វ​ទាំង​ឡាយ នាំគ្នានឹក​រកអក្សរ ដែលជាច្បាប់ចាស់នោះ​ឯង ប៉ុន្តែ មិនអាចនឹង​យល់​សេចក្តី នៃ​អក្សរ​នោះបានឡើយ។

[៥៩] ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ គ្រាកាលបទាលតា របស់សត្វ​ទាំងនោះ សាបសូន្យ​ទៅ​ហើយ ស្រូវសាលីកើតឯង ជាស្រូវគ្មាន​កុណ្ឌក គ្មានអង្កាម សស្អាត មានក្លិនក្រអូប មានផ្លែចេញមក ជាអង្ករតែម្តង ក៏កើតប្រាកដឡើង។ មនុស្សទាំងឡាយ នាំយកស្រូវ​សាលី ត្រង់ទីណា ក្នុងវេលាល្ងាច សម្រាប់បរិភោគ ក្នុងវេលាល្ងាច លុះព្រឹកឡើង ទីនោះ ក៏មានស្រូវសាលីដុះទ្រុបទ្រុល មានផ្លែទុំ​ឡើង​វិញ​ មនុស្សទាំងឡាយ នាំយកស្រូវសាលី ត្រង់ទីណា ក្នុង​វេលាព្រឹក សម្រាប់បរិភោគ ក្នុងវេលាព្រឹក លុះវេលាល្ងាច ទីនោះ​ក៏មាន​ស្រូវសាលីដុះទ្រុបទ្រុល មានផ្លែទុំឡើងវិញ ទីនោះក៏ប្រាកដ ហាក់ដូច​ជា​មិនបានច្រូត​ឡើយ។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ គ្រានោះឯង សត្វទាំងឡាយ ក៏​បរិភោគស្រូវ​សាលី​កើតឯង យកស្រូវសាលីនោះជាចំណី យកស្រូវ​សាលីនោះ ជាអាហារ ក៏ឋិតនៅ​អស់​កាល​ជា​យូរ​អង្វែង។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ កាលសត្វ​ទាំងនោះ នាំគ្នាបរិភោគស្រូវ​សាលី​កើតឯង យក​ស្រូវ​សាលីនោះ​ជាចំណី យកស្រូវសាលីនោះ ជាអាហារ ឋិតនៅអស់​កាល​ជាយូរ​អង្វែង ដោយ​ប្រការ​យ៉ាង​ណាៗ សេចក្តីរឹងប៉ឹង ក្នុងរាងកាយរបស់​សត្វទាំងនោះ ក៏កើតឡើងលើសប្រមាណ ទាំង​ពណ៌​សម្បុរ ក៏ប្លែកៗគ្នាប្រាកដឡើង ដោយប្រការយ៉ាង​នោះ។ ភេទស្រី​ ក៏ប្រាកដឡើង ដល់ស្រី ភេទប្រុស​ក៏ប្រាកដឡើង ដល់ប្រុស។ បានឮថា ស្រីសំឡឹងមើលប្រុសទាល់តែហួសវេលា ចំណែកខាងប្រុស​ក៏​សំឡឹងមើលស្រី ទាល់តែ​ហួស​វេលា។ កាលសត្វទាំងនោះ សំឡឹងមើលគ្នាទៅវិញទៅមក​ទាល់​តែ​ហួស​វេលា តម្រេក​ក៏កើត​ឡើង សេចក្តីក្តៅក្រហាយ ព្រោះតម្រេក ក៏ប្រជុំចុះក្នុងកាយ។ សត្វទាំង​នោះ ក៏នាំគ្នាសេពមេថុនធម្ម ព្រោះសេចក្តីរោលរាលជា​បច្ច័យ។ ម្នាលវាសេដ្ឋៈ និង​ភារទ្វាជៈ សម័យ​នោះ​ឯង ពួកសត្វណាបានឃើញនូវពួកសត្វ ដែលកំពុងសេពមេថុនធម្ម ពួកសត្វខ្លះ ក៏យកអាចម៍ដី​បោះ​ទៅ សត្វខ្លះយកផែះបាចដាក់ សត្វខ្លះយកអាចម៍គោ​បោះ​ទៅ និយាយថា នែវសលិ [ជាពាក្យ​អាសគ្រាម សម្រាប់ជេរបញ្ចោរ។] លាញទៅ នែ វសលិ លាញ​ទៅ ហងលាញទៅ។ ចុះហេតុដូចម្តេច បានជាសត្វហ៊ានធ្វើអំពើដល់​សត្វយ៉ាង​នេះ។ ហេតុនោះ ក៏ដូចគ្នានឹងពួកមនុស្ស ក្នុងកាល​ឥឡូវ​នេះ​ដែរ កាលបើស្រីក្នុង​ជនបទ​នីមួយ មានគេចាប់នាំយកទៅ ពួកខ្លះក៏យកអាចម៍ដីបោះទៅ ពួកខ្លះ​ក៏​យក​ផេះបាចដាក់ ពួកខ្លះ​ក៏យកអាចម៍​គោបោះទៅ។ សត្វទាំងឡាយ នាំគ្នានឹករកអក្ខរៈ​ ដែល​ជា​ច្បាប់ចាស់​នោះឯង ប៉ុន្តែ​មិនអាចនឹងយល់សេចក្តី នៃអក្ខរៈ​នោះបាន​ឡើយ។

[៦០] ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ សម័យនោះឯង អំពើមានការបោះអាចម៍ដីជាដើមនោះ គេ​សន្មតថា ​​មិនមែនធ​ម៌ តែអំពើនោះ ក្នុងកាលឥឡូវនេះ គេត្រឡប់សន្មតថា​ជាធម៌វិញ។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ សម័យនោះ បើពួកសត្វណាសេពមេថុនធម្ម​ សត្វ​ទាំងនោះ មិនហ៊ានចូលមក កាន់​ស្រុក​ ឬនិគម អស់បីខែក៏មាន ពីរខែក៏មាន។ ម្នាលវាសេដ្ឋៈ និង​ភារទ្វាជៈ កាលណាបើពួកសត្វ​ទាំង​នោះ ដល់ស៊ប់នូវភាព​ជាអ្នកសេព ចំពោះអសទ្ធធម្ម​នោះ​ហួសវេលាហើយ ក៏នាំគ្នាផ្តើម​ធ្វើផ្ទះ ដើម្បីបិទបាំងអសទ្ធធម្មនោះឯង។ ម្នាល​វាសេដ្ឋៈ និងភារទ្វាជៈ គ្រានោះឯង មានសត្វ១នាក់ ប្រកប​ដោយ​ជាតិ ជាអ្នកខ្ជិលច្រអូស បានគិតយ៉ាងនេះថា យីអើ អាត្មាអញកាលដែលនាំយកស្រូវសាលី ក្នុងវេលាល្ងាច សម្រាប់បរិភោគក្នុងវេលាល្ងាច នាំយកស្រូវលាលី ក្នុងវេលាព្រឹក សម្រាប់​បរិភោគ​ក្នុង​វេលាព្រឹក ហៅពេញជាលំបាកខ្លួនអ្វីម្ល៉េះ ណ្ហើយចុះ អាតា្មអញ គួរតែនាំយកស្រូវសាលី ក្នុង​វេលា​ល្ងាចតែម្តង ហើយទុកបរិភោគ ក្នុងវេលាព្រឹកផង។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ គ្រានោះឯង សត្វនោះ​ក៏ទៅយកស្រូវសាលី ក្នុងវេលាលា្ងចតែម្តងប៉ុណ្ណោះ សម្រាប់​បរិភោគក្នុងវេលាព្រឹកផង។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ គ្រានោះឯង មានសត្វម្នាក់ ចូលទៅរក​សត្វនោះ លុះចូលទៅដល់ហើយ បាននិយាយបបួលសត្វនោះ ដូច្នេះថា នែសត្វដ៏ចំរើន អ្នកចូរមក យើងនឹងទៅនាំយកស្រូវ​សាលីជា អាហារ។ សត្វនោះ ឆ្លើយ​តបថា នែសត្វដ៏ចំរើន ណ្ហើយកុំ ខ្ញុំបាននាំយកស្រូវសាលី ក្នុងវេលាល្ងាចតែម្តង ហើយ​ទុក​បរិភោគ ក្នុងវេលាព្រឹកផង។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ ទើបសត្វនោះ បានយក​តម្រាប់​តាមសត្វនោះ ក៏ទៅនាំយកស្រូវសាលីមក ដោយគិតថា យីអើ ការដែលនាំ​យក​ស្រូវ​សាលី មកតែម្តងប៉ុណ្ណោះ សម្រាប់បរិភោគ បានពីរថ្ងៃយ៉ាងនេះ ជាការ​ស្រួល​មែន។ ម្នាល​វាសេដ្ឋៈ និងភារទ្វាជៈ គ្រានោះឯង មានសត្វមា្នក់ទៀត ចូលទៅរកសត្វនោះ លុះចូល​ទៅ​ដល់ហើយ បាននិយាយបបួលសត្វនោះ ដូច្នេះថា នែសត្វដ៏ចំរើន អ្នកចូរមក យើង​នឹង​ទៅនាំ​យក​ស្រូវសាលី ជាអាហារ។ សត្វនោះ ឆ្លើយតបថា នែសត្វដ៏ចំរើន ណ្ហើយកុំ ខ្ញុំបាន​នាំយក ស្រូវសាលី​ក្នុង​វេលាល្ងាចតែម្តង ហើយទុកបរិភោគ​វេលាព្រឹកផង។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ ទើបសត្វនោះ យកតម្រាប់តាមសត្វនោះ ក៏នាំយកស្រូវសាលីមក ដោយគិត​ថា យីអើ ការដែលនាំយក​ស្រូវសាលី មកតែម្តងប៉ុណ្ណោះ សម្រាប់បរិភោគ បានបួនថ្ងៃ​យ៉ាង​នេះ ជាការស្រួលមែន។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ គ្រានោះឯង មានសត្វម្នាក់​ទៀត​ ចូលទៅ​រកសត្វនោះ លុះចូលទៅដល់ហើយ បាននិយាយបបួលសត្វនោះ ដូច្នេះថា ម្នាលសត្វដ៏ចំរើន អ្នកចូរមក យើងនឹងទៅនាំយកស្រូវ​សាលី​ជាអាហារ។ សត្វនោះឆ្លើយ​តបថា ម្នាលសត្វដ៏ចំរើន ណ្ហើយកុំ ខ្ញុំបាននាំយកស្រូវសាលីមកតែម្តង ហើយ​ទុក​បរិភោគ​បានបួនថ្ងៃ។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ ទើបសត្វនោះ យកតម្រាប់តាមសត្វនោះ ក៏នាំ​យកស្រូវសាលីមក ដោយគិតថា យីអើ កាលដែលនាំយក​ស្រូវសាលី មកតែម្តងប៉ុណ្ណោះ ទុកសម្រាប់បរិភោគបាន៨ថ្ងៃយ៉ាង​នេះ ជាការស្រួលមែន។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ លុះពួក​សត្វទាំងនោះ បាននាំគ្នាផ្តើមបរិភោគ​ស្រូវសាលី ដែលខ្លួនសន្សំទុក ក្នុងកាល​ណា​ហើយ។ ម្នាល​វាសេដ្ឋៈ និងភារទ្វាជៈ កាលនោះឯង កុណ្ឌកក៏រុំព័ទ្ធអង្ករ ទាំងអង្កាម​ក៏រុំព័ទ្ធអង្ករ សូម្បីកន្លែង ដែលគេច្រូត​ហើយ ​ក៏លែងដុះឡើងវិញ ប្រាកដជាមិន​ពេញ​ដូច​ដើម ស្រូវសាលីទាំងឡាយ ក៏​ដុះមួយ​គុម្ពៗ (ហាក់ដូចជាគេចងជាបាច់)។

[៦១] ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ គ្រានោះឯង​ ពួកសត្វទាំងនោះ ​មកប្រជុំគ្នា លុះមក​ប្រជុំគ្នា ហើយត្អូញត្អែរថា ម្នាលអ្នកទាំងឡាយ​ដ៏ចំរើន ឱហ្ន៎ ធម៌ដ៏លាមកទាំងឡាយ បាន​កើត​​ប្រាកដ​ក្នុង​ពួក​​សត្វហើយ ព្រោះកាលពីដើម​ ពួកយើងជាអ្នកកើតដោយឈានចិត្ត មាន​បីតិជាអាហារ មានពន្លឺ ភ្លឺចេញឯង អំពីកាយ ត្រាច់ទៅក្នុង​អាកាសបាន ឋិតនៅ​ក្នុង​ទីដ៏ល្អ បានឋិតនៅ​អស់កាល​ជា​យូរ​អង្វែង លុះកាលកន្លងជាយូរអង្វែងទៅ ផែនដីមានរស ក៏អណ្តែតដាស​លើទឹក ដើម្បីពួកយើង​ទាំង​នោះ ឯផែនដីនោះ មានសម្បុរ(ល្អ) មានក្លិន (ក្រអូប) មានរស(ផ្អែម) ពួកយើងទាំងនោះ​ បាននាំគ្នា​យក​ដៃ​កកាយផែនដី​​ ដែលមានរស មកធ្វើជាពំនូត ហើយបរិភោគ​ កាលពួកយើងទាំងនោះ នាំគ្នា​យកដៃកកាយផែនដី ដែលមានរសធ្វើជាពំនូត ហើយបរិភោគ ពន្លឺដែល​ភ្លឺចេញឯង​(អំពីកាយ)​​​ ក៏​សាបសូន្យទៅ លុះពន្លឺដែលភ្លឺចេញឯង សាបសូន្យទៅហើយ ព្រះចន្រ្ទ​ និងព្រះអាទិត្យ ក៏កើត​ប្រាកដ​​ឡើង​ លុះព្រះចន្ទ្រ និងព្រះអាទិត្យ កើតប្រាកដឡើងហើយ នក្ខត្តឫក្ស ដែលមានរូប​ជា​ផ្កាយ​ទាំងឡាយ ក៏កើតប្រាដកឡើង​ លុះនក្ខត្តឫក្ស ដែល​មានរូបជាផ្កាយទាំងឡាយ កើត​ប្រាកដឡើងហើយ យប់និងថែ្ង ក៏កើតប្រាដក​ឡើង លុះយប់និងថែ្ងកើតប្រាដក​ឡើង​ហើយ​ ខែ​​​១ និងកន្លះខែ ​ក៏កើតប្រាដកឡើង លុះខែ១ និងកន្លះខែ កើតប្រាដកឡើងហើយ រដូវនិងឆ្នាំ​ក៏កើត​ប្រាដកឡើង កាលពួកយើងទាំងនោះ បរិភោគផែនដី​មានរស យកផែនដី​នោះ ជាចំណី យកផែនដី​នោះ ជាអាហារ ក៏ឋិតនៅអស់កាលជាយូរអង្វែង ស្រាប់តែ​ផែនដី មានរសសាបសូន្យទៅ ព្រោះហេតុ​នៃធម៌ទាំងឡាយ​ ជាអកុសលដ៏​លាមក​កើត​ប្រាដក ដល់យើងទាំងឡាយនោះ លុះផែនដី​មាន​រស​សាបសូន្យហើយ​ ក្រមរផែនដីក៏​កើត​ប្រាកដឡើង ឯក្រមរផែនដីនោះ មានសម្បុរ(ល្អ)​ មាន​ក្លិន​(ក្រអូប) មានរស(ផ្អែម) ពួកយើងទាំងនោះ ក៏នាំគ្នាផ្តើមបរិភោគក្រមរផែនដី កាលពួកយើង​ទាំង​នោះ បរិភោគ​ក្រមរ​ផែនដីនោះ យកក្រមរផែនដីនោះ ជាចំណី យកក្រមរផែនដីនោះ ជាអាហារ ក៏​ឋិត​នៅ​អស់កាលជាយូរអង្វែង ស្រាប់តែក្រមរផែនដីនោះសាបសូន្យទៅ ព្រោះហេតុ នៃធម៌​ទាំង​ឡាយ ជា​អកុសល​ដ៏លាមក កើតប្រាកដដល់យើងទាំងឡាយនោះ លុះក្រមរផែនដី​សាបសូន្យ​ហើយ បទាលតា​ ក៏កើតប្រាកដឡើង ឯបទាលតានោះ មានសម្បុរ(ល្អ)​ មាន​ក្លិន (ក្រអូប) មានរស (ផ្អែម) ពួក​យើងទាំងនោះ ក៏នាំគ្នាផ្តើមបរិភោគបទាលតា កាលពួក​យើង​ទាំងនោះ បរិភោគបទាលតានោះ យក​បទាលតានោះជាចំណី យកបទាលតា​នោះជា​អាហារ ក៏ឋិតនៅអស់កាល​ជាយូរអង្វែង ស្រាប់​តែ​បទាលតានោះសាបសូន្យទៅ ព្រោះហេតុនៃធម៌ទាំង​ឡាយ ជាអកុសលដ៏លាមក កើតប្រាកដ​ឡើង​ដល់យើងទាំង​ឡាយ​​នោះ ​បទាលតាសាបសូន្យហើយ ទើបស្រូវសាលីកើត​​ឯង មិនមានកុណ្ឌក មិន​មានអង្កាម ជាស្រូវសស្អាត មានក្លិនក្រអូប មានផ្លែចេញមកជាអង្ករ ក៏កើតប្រាកដឡើង ពួកយើង​នាំយកស្រូវសាលី ត្រង់ទីណាក្នុងវេលាល្ងាច ​សម្រាប់បរិភោគ ក្នុងវេលាល្ងាច លុះព្រឹក​ឡើង​ទីនោះ ក៏មានស្រូវសាលីដុះ​ទ្រុបទ្រុល មានផ្លែទុំឡើងវិញ ពួកយើង​នាំ​យក​ស្រូវសាលី ត្រង់​ទី​ណា​មកក្នុង​វេលាព្រឹក សម្រាប់បរិភោគ ក្នុងវេលាព្រឹក លុះវេលាល្ងាច ទីនោះក៏មានស្រូវសាលី​ដុះ​ទ្រុបទ្រុល មានផ្លែទុំឡើងវិញ ទីនោះក៏ប្រាកដ ហាក់ដូចជាមិន​បាន​ច្រូតឡើយ កាលពួក​យើង​ទាំង​នោះ បរិភោគ​ស្រូវសាលីកើតឯង យកស្រូវសាលី​នោះ​ជា​ចំណី យកស្រូវសាលីនោះ ជាអាហារ ក៏​ឋិត​នៅ​អស់កាលជាយូរអង្វែង ស្រាប់តែ​កុណ្ឌក រុំពទ្ធ័អង្ករ ទាំងអង្កាមក៏រុំពទ្ធ័អង្ករ សូម្បីទីដែលច្រូត ក៏​មិន​ដុះឡើងវិញប្រាកដ ពេញ​ដូចដើម ស្រូវសាលីទាំងឡាយ ក៏​ដុះមួយគុម្ពៗ (ហាក់ដូចជា​គេចង​ជាបាច់) ព្រោះហេតុ​នៃ​ធម៌ទាំងឡាយ ជាអកុសលដ៏លាមក កើតប្រាកដ ដល់យើងទាំងឡាយនោះ បើដូច្នោះ គួរតែយើង​ចែកស្រូវសាលីគ្នា គួរតែបោះព្រំខណ្ឌ។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ លំដាប់​នោះ​ឯង សត្វទាំងឡាយ ក៏នាំគ្នាចែកស្រូវសាលី បោះព្រំខណ្ឌដោយខ្លូនៗ។

[៦២] ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ គ្រានោះ មានសត្វម្នាក់ ជាតិជាអ្នកលេះលោះ លាក់សំចៃ ចំណែករបស់ខ្លូន​ទុក លួចយកចំណែករបស់អ្នកដទៃ ដែលគេមិនបានឲ្យ មកបរិភោគ។ សត្វ​ទាំង​ឡាយ ក៏បានចាប់សត្វនោះ លុះចាប់បានហើយ ក៏ស្តីឲ្យដូច្នេះថា ឱសត្វអើយ ឯងធ្វើអំពើអាក្រក់ ណាស់ មិនគួរបើឯងលាក់សំចៃចំណែករបស់ខ្លួន​ទុក លួច​យកចំណែករបស់អ្នកដទៃ ដែល​គេ​មិន​បាន​ឲ្យ មកបរិភោគសោះ នែសត្វអើយ ឯងកុំធ្វើ​អំពើបែបនេះទៀតឡើយ។ ម្នាលវាសេដ្ឋៈ និង​ភារទ្វាជៈ សត្វនោះបានទទួលតបពាក្យ របស់​ពួកសត្វទាំងនោះថា អើអ្នកដ៏ចំរើន។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ សត្វនោះ (លួច​យកចំណែករបស់អ្នក​ដទៃ) ជាគំរប់ពីរដងផង។បេ។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ សត្វ​នោះ​បានលាក់សំចៃចំណែករបស់ខ្លូនទុក លួចយកចំណែករបស់អ្នកដទៃ ដែល​គេ​មិន​បានឲ្យ មកបរិភោគជាគំរប់បីដង​ផង។ សត្វទាំងឡាយ ក៏បានចាប់សត្វនោះ លុះចាប់បាន​ហើយ​ក៏ស្តីឲ្យដូច្នេះ​ថា ឱសត្វអើយ ឯងធ្វើអំពើអាក្រក់ណាស់​ មិនគួរបើឯងលាក់សំចៃ​របស់ខ្លួនទុក លួច​យក​ចំណែករបស់អ្នកដទៃ ដែលគេមិនបានឲ្យ មកបរិភោគសោះ នែសត្វ​អើយ ឯងកុំធ្វើ​អំពើ​បែប​នេះ​ទៀតឡើយ។ ពួកសត្វខ្លះតប់​ទះ (សត្វនោះ) នឹងដៃ ​ពួកសត្វខ្លះចោលនឹងដុំដី ពួកសត្វ​ខ្លះ​វាយ​នឹងតម្បង។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ ការ​លួច​ទ្រព្យគេ​ ក៏ប្រាកដឡើង ការតិះដៀល ក៏​ប្រាកដ​ឡើង ការនិយាយកុហក ក៏ប្រាកដ​ឡើង ការដាក់អាជ្ញា ក៏បា្រកដឡើង តាំងពីកាលនោះជាដើមមក។ ម្នាលវាសេដ្ឋៈ និង​ភារទ្វាជៈ គ្រានោះឯង ពួកសត្វទាំង​នោះ មកប្រជុំគ្នា លុះប្រជុំគ្នាហើយ ក៏ត្អូញ​ត្អែ​ថា យីអើហ្ន៎ ធម៌ដ៏លាមកទាំងឡាយ កើតប្រាកដដល់សត្វទាំងឡាយហើយ ព្រោះថា ការ​លួច​​ទ្រព្យ​គេ ក៏កើតប្រាកដឡើង​ ការតិះដៀល ក៏កើតប្រាកដឡើង ការនិយាយកុហក ក៏កើតប្រាកដឡើង ការដាក់​អាជ្ញា ក៏កើតប្រាកដឡើង បើដូច្នោះ គួរតែយើងសន្មតសត្វ​ណា​ម្នាក់ ឲ្យជាអ្នកបន្ទោសសត្វ ដែលយើងគួរ​បន្ទោសតាមហេតុ ឲ្យតិះដៀលសត្វ ដែល​យើងគួរតិះដៀលតាមហេតុ ឲ្យប​ណ្តេញ សត្វ ដែលយើងគួរបណ្តេញតាមហេតុ ចំណែក​ខាង​ពួកយើង ត្រូវ​ជូនចំណែកស្រូវសាលីទាំងឡាយ ឲ្យដល់សត្វនោះ។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ ទើបពួកសត្វទាំងនោះ​ នាំគ្នាចូលទៅរកសត្វ ដែល​ជា​អ្នក​មានរូបល្អ គួររមិល​មើល គួរជ្រះថ្លា មានស័ក្កិធំ [(អដ្ឋកថា) គឺព្រះបរមពោធិសត្វ នៃយើង។] ​ជាងពួក​សត្វ​ទាំងនោះ លុះចូលទៅដល់ហើយ បាននិយាយដូច្នេះថា បពិត្រសត្វ​ដ៏​ចំរើន អ្នកចូរមក បន្ទោសសត្វ ដែលគួរបន្ទោសតាមហេតុ ចូរតិះដៀលសត្វ ដែលគួរ​តិះដៀលតាមហេតុ​ ចូរ​បណ្តេញ​សត្វ ដែលគួរបណ្តេញតាមហេតុចុះ សិមពួកយើង នឹងជូនចំណែកស្រូវ​សាលី​ទាំងឡាយដល់អ្នក។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ សត្វនោះ បានទទួលតបពាក្យ​របស់​សត្វទាំងនោះថា អើអ្នកដ៏ចំរើន​ទាំង​ឡាយ ហើយក៏បន្ទោសសត្វ ដែលគួរ​បន្ទោស​តាម​ហេតុ តិះដៀលសត្វ ដែលគួរតិះដៀលតាមហេតុ បណ្តេញសត្វ ដែល​គួរបណ្តេញ​តាម​ហេតុ។ ពួកសត្វទាំងនោះ ក៏បានជូនចំណែកស្រូវ សាលី​ទាំងឡាយ ដល់សត្វនោះ។

[៦៣] ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ សត្វនោះ មហាជនសន្មតហើយ ព្រោះហេតុ​នោះឯង ទើប​អក្ខរៈ [អដ្ឋកថា ថា បានដល់​ពាក្យសម្រាប់កំណត់ សម្រាប់ចេញឈ្មោះ សម្រាប់​បញ្ញត្តិ សម្រាប់​និយាយ។] ជាដំបូងក៏កើតឡើងថា មហាសន្មតដូច្នេះ​។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ សត្វនោះ ជាអធិបតី នៃស្រែទាំងឡាយ ព្រោះហេតុនោះឯង ទើបអក្ខរៈទីពីរ ក៏កើតឡើងថា ខត្តិយៈ ខត្តិយៈ​ដូច្នេះ។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ សត្វនោះញុំាង​សត្វ​ទាំងឡាយដទៃ ឲ្យពេញចិត្តដោយធម៌ ព្រោះ​ហេតុនោះ​ឯង ទើបអក្ខរៈទី៣ ក៏កើតឡើងថា រាជា រាជាដូច្នេះ​។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ ហេតុដូ​ច្នោះ អក្ខរៈដែលជាច្បាប់ចាស់ បាន​កើត​ឡើងដល់ខត្តិយមណ្ឌលនោះ យ៉ាងនេះឯង។ ការ​កើត​នៃអក្ខរៈ ដល់ពួកសត្វទាំង​នោះឯង ដូចគ្នានឹងសត្វទាំងឡាយដទៃដែរ មិនមែនខុសគ្នាទេ កើត​ឡើង​តែដោយ​ធម៌​ប៉ុណ្ណោះ​ឯង មិនមែនដោយខុសធម៌ទេ។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ ព្រោះថា ធម៌​ជា​គុណដ៏ប្រសើរបំផុត ក្នុងប្រជុំជន​ ទាំងបច្ចុប្បន្ន និងបរលោក។

[៦៤] គ្រានោះឯង បណ្តាសត្វទាំងឡាយនោះ សត្វពួកខ្លះ បានគិតគ្នា យ៉ាងនេះថា​ ម្នាល​អ្នក​ដ៏​ចំរើនទាំងឡាយ ធម៌ដ៏លាមកទាំងឡាយ កើតប្រាកដ ដល់ពួកសត្វហើយ​ ព្រោះថា ការលួចទ្រព្យគេ ក៏ប្រាកដឡើង ពាក្យតិះដៀល ក៏ប្រាកដឡើង ការនិយាយកុហក ក៏ប្រាកដ​ឡើង ការដាក់អាជ្ញា ក៏ប្រាកដឡើង ការបណ្តេញ ក៏ប្រាកដឡើង បើដូច្នោះ ពួកយើងគួរតែបន្សាត់ នូវធម៌ជាអកុសល ដ៏លាមកទាំង​ឡាយចេញ។ សត្វទាំងនោះ ក៏បានបន្សាត់ នូវធម៌ជាអកុសលដ៏លាមកចេញ។ ម្នាល​វាសេដ្ឋៈ និងភារទ្វាជៈ សត្វទាំង​ឡាយនោះ បន្សាត់នូវធម៌ជាអកុសលដ៏លាមក ព្រោះ​ហេតុ​នោះ​​ឯង ទើបអក្ខរៈទី១ ក៏កើត​ឡើងថា ព្រាហ្មណៈ ព្រាហ្មណៈដូច្នេះ។ សត្វទាំងឡាយ​នោះ​ បានធ្វើ​ជំរំ​ស្លឹក ក្នុង​ព្រៃរំលោង ហើយសំឡឹងអារម្មណ៍ ក្នុងជំរំប្រក់ស្លឹកទាំងឡាយ។ ពួកសត្វទាំងនោះ មិន​មាន​ភ្លើង មិនមានផ្សែង មិនមានអង្រែ ត្រាច់ទៅកាន់ស្រុក និគម និងរាជធានី ស្វែងរក​អាហារ ក្នុង​វេលា​ល្ងាច សំរាប់បរិភោគ ក្នុងវេលាល្ងាច ស្វែងរកក្នុងវេលាព្រឹក សំរាប់​បរិភោគ​ក្នុងវេលាព្រឹក។ ពួកសត្វទាំងនោះ​ លុះបានអាហារហើយ ក៏នៅសំឡឹងអារម្មណ៍ ក្នុងជំរំស្លឹកទាំង​ឡាយ ក្នុង​ព្រៃ​រំលោង​ទៀត។ មនុស្សទាំងឡាយ លុះឃើញសត្វទាំងនោះ​ហើយ ក៏និយាយគ្នាយ៉ាងនេះថា នែគ្នា​យើង​អើយ ពួកសត្វទាំង​នេះឯង ធ្វើជំរំស្លឹក​ទាំងឡាយ ក្នុងព្រៃរំលោង ហើយនៅសំឡឹង​អារម្មណ៍ ក្នុងជំរំស្លឹកទាំងឡាយ ជាសត្វមិន​មានភ្លើង មិនមានផ្សែង មិនមានអង្រែ តែងត្រាច់ទៅ កាន់ស្រុកនិគម និងរាជធានី ស្វែងរក​​អាហារក្នុងវេលាល្ងាច សំរាប់បរិភោក្នុងវេលាល្ងាច ស្វែងរក​ក្នុងវេលាព្រឹក សំរាប់​បរិភោគ ក្នុងវេលាព្រឹក។ ពួកសត្វទាំងនោះ លុះបានអាហារ​ហើយ ក៏សំឡឹង​អារម្មណ៍​ ក្នុង​ជំរំ​ស្លឹក ក្នុង​ព្រៃរំលោងទៀត។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ ពួកសត្វទាំងនោះឯង តែង​សំឡឹង​អារម្មណ៍ ព្រោះហេតុនោះឯង ទើបអក្ខរៈទី២​ ក៏កើតឡើងថា ឈាយិកា ឈាយិកា​(អ្នក​សំឡឹងអារម្មណ៍)។  ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ បណ្តាសត្វទាំងនោះឯង សត្វ​ពួកខ្លះ កាល​​មិនអាចនឹងសំឡឹងអារម្មណ៍ ក្នុងជំរំស្លឹកទាំងឡាយ ក្នុងព្រៃរំលោង​បាន ក៏​ចូល​ទៅ​កាន់​ស្រុកជិត និគមជិត តាក់តែងបង្រៀននូវគន្ថៈ​(គឺវេទមន្ត) រួចត្រឡប់មកវិញ​។ មនុស្ស​ទាំង​ឡាយ លុះបានឃើញ​សត្វទាំងនោះហើយ និយាយគ្នាយ៉ាងនេះថា ម្នាល​គ្នា​យើង​អើយ ពួកសត្វទាំងនេះឯង មិនអាចនឹង​សំឡឹងអារម្មណ៍ ក្នុងជំរំស្លឹក​ទាំងឡាយ ក្នុងព្រៃ​រំលោង​បាន ក៏ចូលមកកាន់ស្រុកជិត និគមជិត តាក់​តែង​បង្រៀននូវគន្ថៈ រួចត្រឡប់​ទៅ​វិញ។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ សត្វទាំងនេះ រមែង​មិន​សំឡឹង​អារម្មណ៍ ក្នុងកាល​ឥឡូវ​នេះ សត្វទាំងនេះ រមែង​មិនសំឡឹងអារម្មណ៍ ក្នុងកាល​ឥឡូវនេះ ព្រោះ​ហេតុ​នោះ​ឯង ទើប​អក្ខរៈទី៣ ក៏កើតឡើងថា អជ្ឈាយិកា អជ្ឈាយិកា (អ្នកមិនសំឡឹងអារម្មណ៍)។ ម្នាល​វាសេដ្ឋៈ និងភារទ្វាជៈ ក្នុង​សម័យ​នោះ ការទ្រទ្រង់ និងការបង្រៀននូវមន្ត​ គេសន្មតថា ជាការថោកទាបទេ​ តែក្នុងកាលឥឡូវនេះ ការទ្រទ្រង់ និងការ​បង្រៀននូវមន្តនោះ គេ​សន្មតថា​ ជាការប្រសើរវិញ។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ ហេតុដូច្នោះឯង អក្ខរៈដែល​ជា​ច្បាប់ចាស់ បាន​កើត​ឡើង ដល់ព្រាហ្មណមណ្ឌល​នោះ យ៉ាងនេះ។ ការកើតនៃអក្ខរៈ​ដល់​ពួកសត្វទាំងនោះ​ឯង ដូចគ្នា​នឹង​សត្វ​ទាំងឡាយដទៃដែរ មិនមែនខុសគ្នាទេ កើតឡើង​ដោយធម៌​តែម៉្យាងប៉ុណ្ណោះឯង មិន​មែន​ដោយ​ខុស​ធម៌ទេ​។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ ព្រោះថា ធម៌ជាគុណដ៏ប្រសើរបំផុត ក្នុងប្រជុំជន ទាំង​បច្ចុប្បន្ន និងបរលោក។

[៦៥] ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ បណ្តាសត្វទាំងអស់នោះឯង សត្វពួកខ្លះ​ប្រព្រឹត្ត​កាន់​នូវ​មេថុនធម្ម ហើយប្រកបការងារផ្សេងគ្នា។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ សត្វទាំងឡាយ ប្រព្រឹត្ត​កាន់​នូវ​មេថុនធម្ម ហើយប្រកបការងារផ្សេងគ្នា ព្រោះហេតុនោះឯង ទើបអក្ខរៈ​ក៏កើតថា វេស្សៈ វេស្សៈ ដូច្នោះ។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ (ការកើតឡើងនៃអក្ខរៈ ដែល​ជាច្បាប់ចាស់ក៏មាន​ឡើង) ដល់​វេស្សមណ្ឌលនុ៎ះ យ៉ាងនេះ ដោយហេតុនេះឯង។ សេចក្តីបំព្រួញ។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ ហេតុដូច្នោះឯង អក្ខរៈដែលជាច្បាប់ចាស់ បានកើតឡើង ដល់សុទ្ទមណ្ឌលនុ៎ះ យ៉ាងនេះឯង ការ​កើត​​ឡើងនៃអក្ខរៈ ដល់ពួកសត្វ​នោះ​ឯងដូចគ្នា នឹងសត្វទាំងឡាយដទៃដែរ មិនមែន​ខុសគ្នាទេ កើតឡើងដោយធម៌ តែ​ប៉ុណ្ណោះឯង មិនមែនដោយខុសធម៌ទេ។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ ព្រោះ​ថា​ ​​ធម៌​ជា​គុណដ៏ប្រសើរបំផុត ក្នុងប្រជុំជន ទាំងបច្ចុប្បន្ន និងបរលោក។

[៦៦] ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ មានសម័យ ដែលខត្តិយៈខ្លះ តិះដៀលធម៌របស់ខ្លួន ហើយចេញចាកផ្ទះចូលមកបួស ដោយបំណងថា អាត្មាអញ នឹងធ្វើជាសមណៈ ​ដូច្នេះ​ក៏មាន។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ ព្រាហ្មណ៍ខ្លះ។បេ។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ វេស្សៈ​ខ្លះ។បេ។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ សុទ្ទៈខ្លះ តិះដៀលធម៌របស់​ខ្លួន​ ចេញចាក​ផ្ទះ ចូលទៅបួស​ដោយ​បំណង​ថា អាត្មាអញ នឹងធ្វើជាសមណៈ​ ដូច្នោះក៏​មាន។ ម្នាល​វាសេដ្ឋៈ និងភារទ្វាជៈ ការកើត​ឡើង​នៃ​សមណមណ្ឌល ក៏បានមានឡើង ដោយ​សារមណ្ឌល​​ទាំង៤នេះឯង ការកើតឡើង នៃសមណមណ្ឌល ដល់សត្វទាំងនោះ​​​​​​​​ឯង ដូចគ្នា​នឹងសត្វទាំងឡាយដទៃដែរ មិនមែនខុសគ្នាទេ កើតឡើងដោយធម៌តែប៉ុណ្ណេះឯង​ មិនមែនដោយខុសធម៌ទេ។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ ព្រោះថា ធម៌ជាគុណ​ដ៏ប្រសើរ​បំផុត ក្នុងប្រជុំជន ទាំង​បច្ចុប្បន្ន និងបរលោក។

[៦៧] ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ មានខត្តិយៈខ្លះ ប្រព្រឹត្តអាក្រក់ ដោយកាយ ប្រព្រឹត្ត​អាក្រក់ដោយវាចា​ ប្រព្រឹត្តអាក្រក់ដោយចិត្ត ជាមិច្ឆាទិដ្ឋិ ប្រកាន់នូវកម្ម ជាមិច្ឆាទិដ្ឋិ ព្រោះហេតុ​តែ​ប្រកាន់​ នូវកម្មជាមិច្ឆាទិដ្ឋិនោះ លុះបែកធ្លាយរាងកាយ បន្ទាប់អំពីសេចក្តី​ស្លាប់ ក៏ទៅកើត​ក្នុង​កំណើត​សត្វតិរច្ឆាន ប្រេតវិស័យ​ អសុរកាយ នរក។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ មានព្រាហ្មណ៍​ខ្លះ។បេ។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ មានវេស្សៈខ្លះ។បេ។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ មានសុទ្ទៈខ្លះ។បេ។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ មាន​សមណៈ​ខ្លះ ប្រព្រឹត្តអាក្រក់​ដោយកាយ​ ប្រព្រឹត្ត​អាក្រក់ដោយវាចា​ ប្រព្រឹត្តអាក្រក់​ដោយ​ចិត្ត ជាមិច្ឆាទិដ្ឋិ ប្រកាន់នូវកម្ម ជាមិច្ឆាទិដ្ឋិ ព្រោះហេតុតែ​ប្រកាន់​នូវ​កម្ម ជាមិច្ឆាទិដ្ឋិនោះ លុះបែកធ្លាយរាងកាយ បន្ទាប់អំពីសេចក្តីស្លាប់ ក៏ទៅកើត​ក្នុង​កំណើត សត្វតិរច្ឆាន ប្រេតវិស័យ អសុរកាយ នរក។

[៦៨] ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ​ មានខត្តិយៈខ្លះ ប្រព្រឹត្តល្អដោយកាយ ប្រព្រឹត្តល្អ​ដោយ​វាចា ប្រព្រឹត្តល្អដោយចិត្ត​ ជាសម្មាទិដ្ឋិ ប្រកាន់នូវកម្មជាសម្មាទិដ្ឋិ ព្រោះហេតុតែប្រកាន់នូវ​កម្ម ជា​សម្មាទិដ្ឋិនោះ លុះបែកធ្លាយរាងកាយ បន្ទាប់អំពីសេចក្តីស្លាប់ ក៏ទៅកើតក្នុង​សុគតិសួគ៌ទេវលោក។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ មានព្រាហ្មណ៍ខ្លះ។បេ។ ម្នាល​វាសេដ្ឋៈ និងភារទ្វាជៈ មានវេស្សៈ​ខ្លះ។បេ។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ មានសុទ្ទៈខ្លះ។បេ។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ មានសមណៈ​ខ្លះ ប្រព្រឹត្តល្អដោយកាយ ប្រព្រឹត្ត​ល្អ​ដោយ​វាចា ប្រព្រឹត្តល្អដោយចិត្ត ជាសម្មាទិដ្ឋិ ប្រកាន់​នូវ​កម្ម ជាសម្មាទិដ្ឋិ ព្រោះហេតុ​តែ​ប្រកាន់នូវកម្ម ជាសម្មាទិដ្ឋិនោះ លុះបែកធ្លាយរាងកាយ បន្ទាប់​អំពី​សេចក្តីស្លាប់ ក៏ទៅកើត ក្នុងសុគតិសួគ៌ទេវលោក។

[៦៩] ម្នាលវាសេដ្ឋៈ និងភារទា្វជៈ មានខត្តិយៈខ្លះ ជាអ្នកធ្វើ​អំពើទាំងពីរ គឺជួនកាល ធ្វើ​អំពើ​អាក្រក់ ជួនកាល ធ្វើអំពើល្អដោយកាយ ធ្វើអំពើទាំងពីរដោយវាចា ធ្វើអំពើទាំងពីរ​ដោយ​ចិត្ត មាន​ទិដ្ឋិ​ច្រឡំគ្នាផ្សេងៗ ប្រកាន់នូវកម្ម ដែល​ច្រឡំគ្នាផ្សេងៗ ព្រោះហេតុតែ​ប្រកាន់នូវកម្ម ដែលច្រឡំ​គ្នា​ផ្សេងៗនោះ ​លុះបែកធ្លាយរាងកាយ បន្ទាប់អំពីសេចក្តីស្លាប់ ក៏បានទទួលសុខខ្លះ​ ​ទុក្ខខ្លះ។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ មានព្រាហ្មណ៍ខ្លះ ជាអ្នកធ្វើ​អំពើ​ទាំងពីរ ដោយកាយ ធ្វើ​អំពើ​ទាំងពីរ​ដោយវាចា ធ្វើអំពើ​ទាំងពីរដោយចិត្ត មានទិដ្ឋិ​ច្រឡំ​គ្នាផ្សេងៗ ប្រកាន់​នូវកម្មដែលច្រឡំគ្នាផ្សេងៗ ព្រោះហេតុតែប្រកាន់នូវកម្ម ដែល​ច្រឡំ​គ្នាផ្សេងៗនោះ លុះបែកធ្លាយរាងកាយ បន្ទាប់អំពីសេចក្តី​ស្លាប់ ក៏បានទទួលសុខខ្លះ ទុក្ខខ្លះ។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ មានវេស្សៈខ្លះ ជាអ្នកធ្វើ​អំពើទាំងពីរ ដោយកាយ ធ្វើអំពើទាំងពីរដោយវាចា ធ្វើអំពើទាំងពីរដោយចិត្ត មាន​ទិដ្ឋិ​ច្រឡំគ្នាផ្សេងៗ ប្រកាន់​នូវ​កម្ម ដែល​ច្រឡំគ្នាផ្សេងៗ ព្រោះហេតុតែប្រកាន់នូវកម្ម ដែលច្រឡំ​គ្នា​ផ្សេងៗនោះ ​លុះ​បែកធ្លាយរាងកាយ បន្ទាប់អំពីសេចក្តីស្លាប់ ក៏បានទទួលសុខខ្លះ​ ​ទុក្ខខ្លះ។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ មានសុទ្ទៈខ្លះ ជាអ្នកធ្វើ​អំពើទាំងពីរ ដោយកាយ ធ្វើអំពើទាំងពីរដោយវាចា ធ្វើអំពើទាំងពីរដោយចិត្ត មាន​ទិដ្ឋិ​ច្រឡំគ្នាផ្សេងៗ ប្រកាន់នូវកម្ម ដែល​ច្រឡំគ្នាផ្សេងៗ ព្រោះហេតុ​តែប្រកាន់នូវកម្ម ដែលច្រឡំ​គ្នា​ផ្សេងៗនោះ ​លុះបែកធ្លាយរាងកាយ បន្ទាប់អំពី​សេចក្តីស្លាប់ ក៏បានទទួលសុខខ្លះ​ ​ទុក្ខខ្លះ។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ មានសមណៈខ្លះ ជាអ្នកធ្វើអំពើទាំងពីរ ដោយកាយ ធ្វើ​អំពើ​ទាំងពីរ​ដោយវាចា ធ្វើអំពើ​ទាំងពីរដោយចិត្ត មានទិដ្ឋិច្រឡំគ្នាផ្សេងៗ ប្រកាន់​នូវកម្មដែលច្រឡំគ្នាផ្សេងៗ ព្រោះហេតុតែប្រកាន់នូវកម្ម ដែលច្រឡំគ្នាផ្សេងៗនោះ លុះ​បែក​ធ្លាយ​រាង​កាយ បន្ទាប់អំពីសេចក្តី​ស្លាប់ ក៏បានទទួល​សុខខ្លះ ទុក្ខខ្លះ។

[៧០] ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ មានខត្តិយៈខ្លះ ជាអ្នកសង្រួម​ដោយកាយ សង្រួម​ដោយ​វាចា សង្រួមដោយចិត្ត អាស្រ័យនូវការចំរើន ពោធិបក្ខិយធម៌ ៧កង [ពោធិបក្ខិយ​ធម៌ ៧កង រាប់យកសតិប្បដ្ឋាន៤ ជាកង១ រហូតដល់អដ្ឋង្គិកមគ្គ ជាកងទីបំផុត។] ក៏​បរិនិព្វាន ក្នុង​បច្ចុប្បន្ន​នេះឯង។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ មានព្រាហ្មណ៍ខ្លះ ជាអ្នក​សង្រួម​​ដោយកាយ សង្រួម​ដោយ​វាចា សង្រួមដោយចិត្ត អាស្រ័យនូវការចំរើន ពោធិបក្ខិយធម៌​៧កង ក៏បរិនិព្វាន ក្នុង​បច្ចុប្បន្ន​នេះ​ឯង។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ មានវេស្សៈខ្លះ ជាអ្នកសង្រួម​ដោយកាយ សង្រួម​ដោយវាចា សង្រួមដោយចិត្ត អាស្រ័យ​នូវការចំរើន ពោធិបក្ខិយធម៌ ៧កង ក៏បរិនិព្វាន ក្នុង​បច្ចុប្បន្ន​នេះឯង។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ មានសុទ្ទៈខ្លះ ជាអ្នកសង្រួម​ដោយកាយ សង្រួម​ដោយវាចា សង្រួម​ដោយ​ចិត្ត អាស្រ័យនូវការចំរើន ពោធិបក្ខិយធម៌ ៧កង ក៏បរិនិព្វាន ក្នុង​បច្ចុប្បន្ន​នេះឯង។

[៧១] ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ ក៏បណ្តាវណ្ណៈទាំង៤នេះ វណ្ណៈណា ជាភិក្ខុ ជាអរហន្ត ជាខីណាស្រព ប្រព្រឹត្តព្រហ្មចារ្យ រួចស្រេចហើយ បានធ្វើសោឡសកិច្ចស្រេចហើយ​ មាន​ភារៈដាក់ ចុះហើយ បានសម្រេចប្រយោជន៍របស់ខ្លួន ដោយលំដាប់ហើយ មានតណ្ហា​ ជា​គ្រឿង​ចងក្នុង​ភព​អស់​រលីងហើយ មានចិត្តផុតស្រឡះហើយ ព្រោះបានត្រាស់ដឹងដោយ​ប្រពៃ អ្នកនោះប្រាកដថា ជាបុគ្គលប្រសើរលើសជាងវណ្ណៈទាំង៤នោះ តាមធម៌ពិត មិន​មែន​មិនដោយធម៌ទេ។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ ព្រោះថា ធម៌ជាគុណដ៏ប្រសើរបំផុត ក្នុងប្រជុំជនទាំងបច្ចុប្បន្ន និងបរលោក។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ សូម្បីព្រហ្មឈ្មោះ សនង្កុមារ ក៏បានពោលគាថាទុកថា

[៧២] ខត្តិយៈ ជាជាតិប្រសើបំផុត ក្នុងប្រជុំជន ដែលជាអ្នករឭកដល់គោត្រ អ្នក​ដែល​បរិបូណ៌​ដោយ​វិជ្ជា និងចរណៈ ប្រសើរបំផុត ក្នុងពួកទេវតា និងមនុស្ស។

ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ ឯគាថានេះឯង ព្រហ្មឈ្មោះ សនង្កុមារ បានពោលពីរោះ​ហើយ មិនមែនពោលមិនពីរោះទេ បានសំដែងល្អហើយ មិនមែនសំដែងមិនល្អទេ ជា​គាថា​ប្រកបដោយ ប្រយោជន៍ មិនមែនជាមិនប្រកបដោយប្រយោជន៍ឡើយ តថាគត ក៏​យល់ព្រមដែរ។ ម្នាល​វាសេដ្ឋៈ និងភារទ្វាជៈ ចំណែកខាងតថាគត ក៏បានពោល​យ៉ាង​នេះថា ខត្តិយៈជាជាតិប្រសើរបំផុត ក្នុង​ប្រជុំ​ជន ដែលជាអ្នករឭកដល់គោត្រ ដែលជាអ្នក​បរិបូណ៌ ដោយវិជ្ជា និងចរណៈ ប្រសើរបំផុត ក្នុង​ពួក​ទេវតា និងមនុស្ស។

លុះព្រះមានព្រះភាគ ទ្រង់ត្រាស់ព្រះសូត្រនេះ ចប់ហើយ។ វាសេដ្ឋៈសមណេរ និង​ភារទ្វាជៈ​សាមណេរ ក៏មានចិត្តត្រេកអរ រីករាយ ចំពោះភាសិតរបស់ព្រះមានព្រះភាគ ដោយ​ប្រការដូច្នេះឯង។

ចប់ អគ្គញ្ញសូត្រទី ៤។

សម្បសាទនីយសូត្រ ទី៥

[៧៣] ខ្ញុំបានស្តាប់មកហើយយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ គង់នៅក្នុង​ព្រៃស្វាយ របស់បាវារិកសេដ្ឋី [អដ្ឋកថា ថា បានជាឈ្មោះថា បាវារិកសេដ្ឋី ព្រោះសេដ្ឋីនេះ ជាអ្នក​លក់សំពត់​ឈ្មោះបាវារៈ គឺសំពត់​ដែល​មានរោមញឹក វែងហើយទន់ផង។] ទៀប​ក្រុង​នាឡន្ទា។ លំដាប់នោះឯង ព្រះសារីបុត្រដ៏មានអាយុ ចូលទៅគាល់​ព្រះមានជោគ លុះចូលទៅដល់ហើយ ថ្វាយបង្គំ​ព្រះមានព្រះភាគ ​ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះ​ព្រះសារីបុត្រដ៏មានអាយុ អង្គុយក្នុងទីដ៏សមគួរ​ស្រេច​ហើយ ទើបក្រាបបង្គំទូល​ព្រះមាន​ព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ ជ្រះថ្លា​ចំពោះ​ព្រះមានព្រះភាគ យ៉ាង​នេះថា សមណៈ ឬព្រាហ្មណ៍​ឯទៀត ដែលមានញាណ​ដ៏លើស​លុបជាង​ព្រះមានព្រះភាគ ក្នុងការត្រាស់ដឹង ក្នុងកាលកន្លង​ទៅ​ហើយ ក៏មិនមាន ក្នុងកាលខាងមុខ ក៏មិន​មាន ក្នុងកាលឥឡូវនេះ ក៏មិនមាន។ ព្រះមានព្រះភាគ ត្រាស់ថា ម្នាល​សារីបុត្រ អាសភិវាចា (វាចាដ៏អង់អាច) ដែល​អ្នកបាន​ពោលមកនេះ ហួស​ពេកណាស់ អ្នកបាន​កាន់​យកនូវសេចក្តីដាច់ស្រេច [ចូលចិត្តស៊ប់ដោយប្រាជ្ញា មិនជឿតាមពាក្យដែលឮតាមៗគ្នា​មក មិនជឿតាមពាក្យបរម្បរា គឺពាក្យដែលតៗ មកតាមអាចារ្យ មិនជឿតាម​ពាក្យដែល​ឮគេថា មិនជឿដោយអាងក្បួនខុស មិនជឿតាមសេចក្តីផ្គូរផ្គងអាការៈ មិនជឿតាមសេចក្តី​ចូលចិត្ត ដោយគំនិតដែលខ្លួន​ធ្លាប់​យល់ មិនជឿតាមហេតុ ដែលខ្លួន​ត្រិះរិះ មិនជឿ​តាម​ហេតុ​ ដែលប្រមាណ​យកនឹងខ្លួនឯង។ អដ្ឋកថា។ (មើលសេចក្តីពិស្តារ ក្នុងកាលាមសូត្រ របស់ព្រះមហាវិមលធម្ម ដែល​បោះពុម្ព រួចហើយផងចុះ)។] ហើយ បានទាំងបន្លឺ​សីហនាទ​ថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ​ជ្រះថ្លា ចំពោះ​ព្រះមានព្រះភាគ យ៉ាងនេះថា សមណៈ ឬព្រាហ្មណ៍ឯទៀត ដែល​មានញាណ​ដ៏​លើស​លុប ជាង​ព្រះមានព្រះភាគ ក្នុងការ​ត្រាស់​ដឹង ក្នុងកាលកន្លងទៅហើយ ក៏មិនមាន ក្នុងកាល​ខាងមុខ ក៏មិនមាន ទាំងក្នុង​កាល​ឥឡូវ​នេះ ក៏មិនមាន។

[៧៤] ព្រះមានព្រះភាគត្រាស់ថា ម្នាលសារីបុត្រ ព្រះអរហន្ត សម្មាសម្ពុទ្ធទាំងឡាយ ដែល​កន្លង​ទៅហើយ អ្នកបានកំណត់​នូវព្រះហឫទ័យ របស់ព្រះអរហន្ត សម្មាសម្ពុទ្ធ​មាន​ព្រះភាគ​​ទាំង​អស់នោះ ដោយចិត្ត (របស់ខ្លួន) ថា ព្រះមានព្រះភាគទាំងនោះ មាន​សីល​យ៉ាងនេះក្តី ព្រះមានព្រះភាគទាំងនោះ មានធម៌យ៉ាងនេះក្តី ព្រះមានព្រះភាគទាំងនោះ មាន​បញ្ញាយ៉ាងនេះក្តី ព្រះមានព្រះភាគទាំងនោះ មានវិហារធម៌យ៉ាងនេះក្តី ព្រះមាន​ព្រះភាគ​ទាំងនោះ មានវិមុត្តិ​យ៉ាងនេះ​ក្តី ដូច្នេះៗដែរឬ។ ព្រះសារីបុត្រក្រាបបង្គំទូលថា ដំណើរនុ៎ះ មិនមែនដូច្នោះទេ ព្រះអង្គ។ ព្រះមានព្រះភាគ​ត្រាស់ថា ម្នាលសារីបុត្រ ព្រះអរហន្ត សម្មាសម្ពុទ្ធទាំងឡាយ ដែលនឹងមាន​ក្នុងខាង​មុខ អ្នកបានកំណត់​នូវ​ព្រះហឫទ័យ​របស់ព្រះអរហន្ត សម្មាសម្ពុទ្ធមានព្រះភាគទាំងអស់នោះ ដោយ​ចិត្ត (របស់ខ្លួន)ថា ព្រះមានព្រះភាគទាំងនោះ នឹងមានសីលយ៉ាងនេះក្តី និងមានធម៌​យ៉ាងនេះ​ក្តី ដែរឬ។ នឹងមានបញ្ញាយ៉ាងនេះ។ នឹងមានវិហារធម៌យ៉ាងនេះ។ ព្រះមានព្រះភាគ​ទាំងនោះ នឹងមាន​វិមុត្តិយ៉ាងនេះ ដូច្នេះៗ ដែរឬ។ ព្រះសារីបុត្តក្រាបបង្គំទូលថា ដំណើរនុ៎ះ មិនមែន​ដូច្នោះទេ ព្រះអង្គ។ ព្រះមានព្រះភាគត្រាស់ថា ម្នាលសារីបុត្រ តថាគត ដែល​ជាព្រះអរហន្តសម្មាសម្ពុទ្ធ ក្នុង​កាលឥឡូវនេះ អ្នកបាន​កំណត់នូវចិត្តរបស់តថាគត ដោយ​ចិត្ត (របស់ខ្លួន) ថា ព្រះមានព្រះភាគ មាន​សីលយ៉ាងនេះក្តី មានធម៌យ៉ាងនេះក្តី។ មាន​បញ្ញា​យ៉ាងនេះ។ មានវិហារធម៌យ៉ាងនេះ។ ព្រះមានព្រះភាគ មានវិមុត្តិយ៉ាងនេះ ដូច្នេះៗ​ដែរឬ។ ព្រះសារីបុត្ត ក្រាបបង្គំទូលថា ដំណើរនុ៎ះ មិនមែន​ដូច្នោះទេ ព្រះអង្គ។ ព្រះមាន​ព្រះភាគ ត្រាស់ថា ម្នាលសារីបុត្រ អ្នកមិនមាន​ចេតោបរិយញ្ញាណ គឺប្រាជ្ញាជាគ្រឿង​កំណត់​ដឹងនូវចិត្ត ក្នុងព្រះអរហន្តសម្មាសម្ពុទ្ធទាំងឡាយនេះ ដែល​ជាអតីត អនាគត បច្ចុប្បន្នទេ កាលបើមិនមានញាណដូច្នេះ ហេតុអ្វីបានជាអ្នកនិយាយយ៉ាង​នេះ ម្នាល​សារីបុត្រ អ្នកបាននិយាយអាសភិវាចា ដែលអ្នកបានពោលមកនេះ ហួសពេកណាស់ អ្នក​បានកាន់យកនូវសេចក្តីដាច់ស្រេច ហើយបានទាំងបន្លឺសីហនាទថា បពិត្រព្រះអង្គដ៏​ចំរើន ខ្ញុំព្រះអង្គ ជ្រះថ្លា ក្នុង​ព្រះមានព្រះភាគ យ៉ាងនេះថា សមណៈ ឬព្រាហ្មណ៍​ឯទៀត ដែល​មានញាណ​ដ៏លើស​លុប​ជាងព្រះមានព្រះភាគ ក្នុងការត្រាស់ដឹង ក្នុងកាលកន្លង​ទៅ​ហើយ ក៏មិនមាន ក្នុងកាល​ខាងមុខ ក៏មិនមាន ក្នុងកាលឥឡូវនេះ ក៏មិនមាន។ ព្រះ​សារីបុត្រ ក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គមិនមាន​ចេតោបរិយ​ញ្ញាណ​នេះ ក្នុងព្រះអរហន្តសម្មាសម្ពុទ្ធទាំងឡាយ ដែលជាអតីត អនាគត បច្ចុប្បន្នទេ ប៉ុន្តែខ្ញុំ​ព្រះអង្គ បានដឹងតាមទំនងធម៌ បពិត្រព្រះអង្គដ៏ចំរើន នគរចុងដែន​របស់​ព្រះរាជា មាន​ជើង​បន្ទាយមាំ មានសសរ ក្លោងទ្វារកំពែងមាំ មានច្រកទ្វារតែមួយ អ្នករក្សាទ្វារនៃ​នគរ​នោះ ជាបណ្ឌិត ឈ្លាសវៃ មានប្រាជ្ញា ហាមប្រាមនូវពួកមនុស្ស ដែលខ្លួនមិនធ្លាប់ស្គាល់ (មិនឲ្យចូល​ទៅ) បើកឲ្យតែពួកមនុស្ស ដែលខ្លួនធ្លាប់ស្គាល់ ឲ្យចូលទៅ អ្នករក្សាទ្វារនោះ កាលដើរត្រួតត្រា​មើល​ផ្លូវ កំពែងខ្វាត់ខ្វែង ដោយជុំវិញនៃនគរនោះ ក៏មិនបានឃើញ​នូវទី ត នៃកំពែង ឬចន្លោះនៃ​កំពែង​ឡើយ ដោយហោចទៅ សូម្បីគ្រាន់តែឆ្មាចេញរួច (ក៏ពុំមាន) អ្នករក្សាទ្វារនោះ មានគំនិតយ៉ាងនេះ​ថា ពួកសត្វដែលធំៗណាមួយ ចូលមកកាន់នគរនេះ​ក្តី ចេញទៅវិញក្តី សត្វទាំងអស់នោះ រមែង​ចូល​មក ឬចេញទៅតាមទ្វារ​នេះប៉ុណ្ណោះ សេចក្តី​នេះយ៉ាងណាមិញ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំ​ព្រះអង្គ បានដឹងតាមទំនងធម៌ យ៉ាង​នោះដែរថា ព្រះអរហន្តសម្មាសម្ពុទ្ធទាំងឡាយ ដែលកន្លងទៅហើយ ព្រះអរហន្ត សម្មាសម្ពុទ្ធ​មានព្រះភាគទាំងនោះ ទ្រង់លះនូវនីវរណៈទាំង៥ប្រការ ជាឧបក្កិលេស របស់​ចិត្ត ជាគ្រឿងធ្វើបញ្ញាឲ្យទុព្វភាព មានព្រះហឫទ័យតាំងខ្ជាប់ល្អ ក្នុង​សតិប្បដ្ឋានទាំង៤ បាន​​ចំរើន​នូវសម្ពោជ្ឈង្គទាំង៧ តាមគួរដល់សេចក្តីពិត ក៏បានត្រាស់ដឹង នូវ​ព្រះអនុត្តរ​សម្មា​សម្ពោធិញ្ញាណ បពិត្រព្រះអង្គដ៏ចំរើន ទោះបីព្រះអរហន្តសម្មាសម្ពុទ្ធទាំងឡាយ ដែល​នឹង​មានក្នុង​អនាគតកាល ព្រះអរហន្តសម្មាសម្ពុទ្ធមានព្រះភាគទាំងអស់នោះ ទ្រង់​លះនូវនីវរណៈទាំង៥ប្រការ ជាឧបក្កិលេស របស់ចិត្ត ជាគ្រឿងធ្វើបញ្ញាឲ្យទុព្វភាព មាន​ព្រះហឫទ័យតាំងខ្ជាប់ល្អ ក្នុង​សតិប្បដ្ឋាន​ទាំង៤ បាន​ចំរើន​នូវសម្ពោជ្ឈង្គទាំង៧ តាមគួរ​ដល់​សេចក្តីពិត នឹងបានត្រាស់ដឹង នូវព្រះអនុត្តរសម្មា​សម្ពោធិញ្ញាណ បពិត្រព្រះអង្គដ៏​ចំរើន ទោះបីព្រះមានព្រះភាគ ជាព្រះអរហន្ត​សម្មាសម្ពុទ្ធ ក្នុងកាល​ឥឡូវនេះ លះនូវ​នីវរណៈ​ទាំង៥ប្រការ ជាឧបក្កិលេស របស់ចិត្ត ជាគ្រឿងធ្វើបញ្ញាឲ្យទុព្វភាព មាន​ព្រះហឫទ័យ​តាំងខ្ជាប់ល្អ ក្នុងសតិប្បដ្ឋានទាំង៤ បាន​ចំរើន​នូវសម្ពោជ្ឈង្គទាំង៧ តាមគួរ​ដល់​​សេចក្តីពិត បានត្រាស់ដឹង នូវព្រះអនុត្តរសម្មា​សម្ពោធិញ្ញាណដែរ។ បពិត្រព្រះអង្គដ៏​ចំរើន ខ្ញុំព្រះអង្គ បានចូលមកគាល់​ព្រះមានព្រះភាគ ក្នុងទីនេះ ដើម្បីស្តាប់ធម៌។ បពិត្រ​ព្រះអង្គដ៏ចំរើន សូម​ព្រះមានព្រះភាគ ទ្រង់សំដែងធម៌ដ៏ប្រសើរថ្លាថ្លា ព្រមទាំងគ្រឿង​ប្រៀបធៀប ទាំងចំណែក​ខ្មៅ ទាំង​ចំណែកស ដល់ខ្ញុំព្រះអង្គ។ បពិត្រព្រះអង្គដ៏ចំរើន ព្រះមានព្រះភាគ ទ្រង់សំដែងធម៌ដ៏ប្រសើរថ្លាថ្លា ព្រមទាំងគ្រឿងប្រៀបធៀប ទាំង​ចំណែក​​ខ្មៅ ទាំង​ចំណែកស ដោយប្រការយ៉ាងណាៗ ខ្ញុំព្រះអង្គ បានដឹងក្នុងធម៌នោះ បានចូលចិត្តធម៌ពួកខ្លះក្នុងធម៌ទាំងឡាយ ក៏ជ្រះថ្លាក្នុងព្រះសាស្តា ដោយប្រការ​យ៉ាង​នោះៗថា ព្រះមានព្រះភាគ ព្រះអង្គត្រាស់ដឹងប្រពៃហើយ ព្រះធម៌ដែល​ព្រះមានព្រះភាគ ពោលទុកប្រពៃហើយ ព្រះសង្ឃលោកប្រតិបត្តិប្រពៃហើយ ដូច្នេះ។

[៧៥] បពិត្រព្រះអង្គដ៏ចំរើន ពាក្យខាងមុខនៅមានតទៅទៀត ព្រះមានព្រះភាគ ទ្រង់​សំដែង​​ធម៌ ក្នុងកុសលធម៌ទាំងឡាយ ដោយទេសនាណ ទេសនានុ៎ះ ប្រសើរក្រៃលែង បណ្តា​ធម៌​ទាំងនោះ កុសលធម៌នោះ​តើដូចម្តេច កុសលធម៌នោះ គឺសតិប្បដ្ឋាន៤ សម្មប្បធាន​៤ ឥទ្ធិបាទ៤ ឥន្ទ្រិយ៥ ពលៈ៥ ពោជ្ឈង្គ៧ មគ្គដ៏ប្រសើរប្រកបដោយអង្គ៨។ បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុក្នុងសាសនានេះ ធ្វើ​ឲ្យច្បាស់នូវចេតោវិមុត្ត និងបញ្ញាវិមុត្ត មិនមានអាសវៈ ព្រោះអស់ទៅនៃអាសវៈទាំងឡាយ ​ដោយបញ្ញារបស់ខ្លួន ក្នុងបច្ចុប្បន្ន សម្រេចសម្រាន្តនៅ ដោយឥរិយាបថ។ បពិត្រព្រះអង្គដ៏ចំរើន នេះជា​ទេសនាដ៏ប្រសើរ ក្នុង​កុសលធម៌ទាំងឡាយ ព្រះមានព្រះភាគ ទ្រង់ជ្រាបនូវ​ទេសនា​នោះ ឥត​មានសល់ កាល​ព្រះមានព្រះភាគ ជ្រាបច្បាស់​នូវទេសនានោះ ឥតមានសេសសល់ហើយ ក៏​នឹងរក​បុគ្គល​ដែលគួរដឹងច្បាស់​ជាងព្រះអង្គនោះទៅទៀតគ្មាន សមណៈ ឬព្រាហ្មណ៍ឯទៀត កាលបើ​​ដឹង ក៏នឹងដឹងជាង​ព្រះមានព្រះភាគ ក្នុងកុសលធម៌ទាំងឡាយ មិនមានដែរ។

[៧៦] បពិត្រព្រះអង្គដ៏ចំរើន ពាក្យខាងមុខនៅមានតទៅទៀត ព្រះមានព្រះភាគ ទ្រង់​សំដែង​ធម៌ ក្នុងអាយតនបណ្ណត្តិ គឺកិរិយាញុំាង​បុគ្គល​ឲ្យស្គាល់ នូវអាយតនៈទាំងឡាយ ដោយទេសនា ទេសនានុ៎ះ ប្រសើរក្រៃលែង។ បពិត្រព្រះអង្គដ៏ចំរើន អាយតនៈ​ទាំង​ឡាយ​ខាងក្នុង៦ ខាងក្រៅ​៦នេះ គឺចក្ខុ១ រូប១ សោតៈ១ សទ្ទៈ១ ឃានៈ១ គន្ធៈ១ ជិវ្ហា១ រស១ កាយ១ ផោដ្ឋព្វៈ១ មនោ១ ធម្មៈ១។ បពិត្រព្រះអង្គដ៏ចំរើន នេះជាទេសនាដ៏ប្រសើរ ក្នុង​អាយតនបណ្ណត្តិទាំងឡាយ ព្រះមានព្រះភាគ ទ្រង់ជ្រាបច្បាស់​នូវទេសនានោះ ឥតមាន​សល់ កាលព្រះមានព្រះភាគ ជ្រាបច្បាស់​នូវទេសនានោះ ឥត​មានសេសសល់ហើយ នឹង​រក​បុគ្គល​ដែលគួរដឹងច្បាស់ ជាងព្រះអង្គទៅទៀតគ្មាន សមណៈ ឬ​ព្រាហ្មណ៍ឯទៀត កាល​បើដឹង ក៏នឹងដឹងឲ្យជាងព្រះមានព្រះភាគ ក្នុងអាយតនបណ្ណត្តិទាំងឡាយ ក៏​មិន​មានដែរ។

[៧៧] បពិត្រព្រះអង្គដ៏ចំរើន ពាក្យខាងមុខនៅមានតទៅទៀត ព្រះមានព្រះភាគ ទ្រង់​សំដែង​ធម៌ ក្នុងដំណើរ​ចុះកាន់គភ៌ទាំងឡាយ ដោយទេសនាណា ទេសនានុ៎ះ ប្រសើរ​ក្រៃលែង។ បពិត្រព្រះអង្គដ៏ចំរើន ដំណើរចុះកាន់គភ៌ទាំងឡាយនេះ មាន៤យ៉ាង។ បពិត្រ​ព្រះអង្គដ៏ចំរើន សត្វ​ពួកខ្លះ ក្នុងលោកនេះ ចុះកាន់ផ្ទៃមាតា ក៏មិនដឹងខ្លួន ឋិតនៅក្នុង​ផ្ទៃ​មាតា ក៏មិនដឹងខ្លួន ប្រសូត​ចេញ​ចាកផ្ទៃមាតា ក៏មិនដឹងខ្លួន នេះជាដំណើរ​ចុះ​កាន់​គភ៌ទី១។ បពិត្រព្រះអង្គដ៏ចំរើន ពាក្យខាង​មុខ​នៅ​មាន​ទៀត សត្វពួកខ្លះក្នុងលោកនេះ ចុះកាន់ផ្ទៃមាតា ក៏ដឹងខ្លួន តែឋិតនៅក្នុងផ្ទៃមាតា ក៏លែង​ដឹង​ខ្លួន ប្រសូត​ចេញ​ចាកផ្ទៃ​មាតា ក៏លែងដឹងខ្លួន នេះជាដំណើរចុះកាន់គភ៌ទី២។ បពិត្រព្រះអង្គដ៏ចំរើន ពាក្យខាងមុខ​នៅមានទៀត សត្វ​ពួកខ្លះ ក្នុងលោកនេះ ចុះកាន់ផ្ទៃមាតា ក៏ដឹងខ្លួន ឋិតនៅក្នុងផ្ទៃមាតា ក៏ដឹងខ្លួន លុះប្រសូត​ចេញ​ចាកផ្ទៃមាតា ក៏លែងដឹងខ្លួនទៅវិញ នេះជាដំណើរចុះ​កាន់​គភ៌ទី៣។ បពិត្រព្រះអង្គដ៏ចំរើន ពាក្យខាងមុខនៅមានទៀត សត្វ​ពួកខ្លះ ក្នុងលោកនេះ ចុះ​កាន់ផ្ទៃមាតា ក៏ដឹងខ្លួន ឋិតនៅក្នុងផ្ទៃមាតា ក៏ដឹងខ្លួន ប្រសូត​ចេញ​ចាកផ្ទៃមាតា ក៏ដឹង​ខ្លួន នេះជាដំណើរចុះកាន់គភ៌ទី៤។ បពិត្រព្រះអង្គដ៏ចំរើន នេះជាទេសនាដ៏​ប្រសើរ​ក្នុង​ដំណើរ​​ចុះកាន់គភ៌ទាំងឡាយ។

[៧៨] បពិត្រព្រះអង្គដ៏ចំរើន ពាក្យខាងមុខនៅមានតទៅទៀត ព្រះមានព្រះភាគ ទ្រង់​សំដែង​ធម៌ ក្នុងអាទេសនវិធី គឺវិធីសម្រាប់ទាយទាំងឡាយ ដោយទេសនាណា ទេសនា​នុ៎ះ ប្រសើរក្រៃលែង។ បពិត្រព្រះអង្គដ៏ចំរើន អាទេសនាវិធីនេះ មាន៤យ៉ាង។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន បុគ្គលពួកខ្លះ ក្នុងលោកនេះ ចេះទាយតាមនិមិត្ត [និមិត្តមាន៣ប្រការ គឺអាគតនិមិត្ត ទាយ​និមិត្ត​ដែល​មកដល់ត្រូវតាមហេតុ ដែលខ្លួនធ្លាប់ចំណាំ១ គតិនិមិត្ត ទាយ​និមិត្តដែលបុគ្គល​ដទៃ​ដើរជិតខ្លួន១ ឋាននិមិត្ត ទាយនិមិត្តដែលបុគ្គលដទៃ​ឈរជិត​ខ្លួន១។ដីកា។] ថា ចិត្តរបស់អ្នកយ៉ាង​នេះ​ខ្លះ ចិត្តរបស់អ្នក មានប្រការយ៉ាងនេះខ្លះ ចិត្តរបស់​អ្នកដូច្នេះខ្លះ។ ទោះបី​បុគ្គលនោះ ទាយច្រើន​តទៅ​ទៀត ចិត្តនោះក៏ដូច្នោះឯង មិនមែនជាយ៉ាងដទៃទេ។ នេះចាត់ជាអាទេសនវិធីទី១។ បពិត្រព្រះអង្គដ៏ចំរើន ពាក្យខាង​មុខ​នៅមានតទៅទៀត បុគ្គលពួកខ្លះ ក្នុងលោកនេះ នឹងបានទាយតាមនិមិត្តក៏ទេ គ្រាន់តែ​ស្តាប់សំឡេង​ពួក​មនុស្ស និងអមនុស្ស ឬទេវតាទាំងឡាយ ហើយទើប​ទាយថា ចិត្តរបស់​អ្នកយ៉ាងនេះខ្លះ ចិត្តរបស់អ្នកមានប្រការយ៉ាងនេះខ្លះ ចិត្តរបស់​អ្នកដូច្នេះខ្លះ។ ទោះបី​បុគ្គលនោះ ទាយច្រើន​តទៅ​ទៀត ចិត្តនោះក៏ដូច្នោះឯង មិនមែន​ជា​យ៉ាងដទៃវិញទេ។ នេះចាត់ជាអាទេសនវិធីទី២។ បពិត្រព្រះអង្គដ៏ចំរើន ពាក្យខាងមុខ​នៅ​មាន​​ទៀត បុគ្គល​ពួក​ខ្លះ ក្នុងលោកនេះ មិនបានទាយតាមនិមិត្ត ទាំងមិនបានស្តាប់សំឡេង​ពួក​មនុស្ស និង​អមនុស្ស ឬទេវតាទាំងឡាយទេ ក៏​ទាយត្រូវដែរ ប៉ុន្តែ លុះតែបានស្តាប់សំឡេង ដែល​ផ្សាយ​ចេញ​អំពី​សេចក្តីត្រិះរិះ របស់អ្នក​ដែលកំពុងនឹក កំពុង​គិត ក៏ទាយថា ចិត្តរបស់​អ្នកយ៉ាងនេះខ្លះ ចិត្ត​របស់​អ្នក​មានប្រការយ៉ាងនេះខ្លះ ចិត្តរបស់​អ្នកដូច្នេះខ្លះ។ ទោះបី​បុគ្គលនោះ ទាយច្រើន​ទៅ​ទៀត ចិត្តនោះក៏ដូច្នោះឯង មិនមែន​ជា​យ៉ាងដទៃទេ។ នេះចាត់​ជា​អាទេសនវិធីទី៣។ បពិត្រព្រះអង្គដ៏ចំរើន ពាក្យខាងមុខនៅមានទៀត បុគ្គលពួកខ្លះ ក្នុង​លោកនេះ មិនបានទាយតាមនិមិត្ត ទាំង​មិនបាន​ស្តាប់​សំឡេង​ពួក​មនុស្ស និង​អមនុស្ស ឬទេវតាទាំងឡាយ ហើយ​ទាយទេ នឹងថាបានស្តាប់​សំឡេង​ ដែលផ្សាយ​ចេញ​អំពី​សេចក្តីត្រិះរិះ របស់អ្នកដែលកំពុង​នឹក កំពុងគិត ហើយទាយក៏ទេដែរ តែថា បុគ្គល​នោះ កំណត់​ដឹងនូវចិត្តរបស់អ្នក ដែលចូលកាន់វិតក្កវិចារសមាធិ ដោយចិត្តរបស់​ខ្លួន​បាន​ថា បុគ្គល​ដ៏ចំរើននេះ ដំកល់ទុកនូវមនោសង្ខារ ដោយប្រការណា ចិត្តរបស់បុគ្គលនេះ នឹង​នឹក​ដល់​វិតក្កៈ ឈ្មោះ​នេះ មិនមានចន្លោះ ទោះបីបុគ្គលនោះ ទាយច្រើនទៅទៀត ចិត្តនោះ​ក៏​ដូច្នោះឯង មិនមែន​ជា​យ៉ាងដទៃទេ។ បពិត្រព្រះអង្គដ៏ចំរើន​ នេះចាត់ជា​អាទេសន​វិធីទី៤។ បពិត្រព្រះអង្គដ៏ចំរើន នេះជា​អាទេសនាដ៏ប្រសើរ ក្នុងអាទេសនវិធីទាំងឡាយ។

[៧៩] បពិត្រព្រះអង្គដ៏ចំរើន ពាក្យខាងមុខនៅមានតទៅទៀត ព្រះមានព្រះភាគ ទ្រង់​សំដែង​​ធម៌ ក្នុងទស្សនសមាបត្តិ [អដ្ឋកថា ថា សំដៅយកបឋមជ្ឈានសមាបត្តិ ដែល​ព្រះយោគី​ធ្វើទុក​ក្នុងចិត្ត ចំពោះ​អាការ ៣២ មានសក់ជាដើមឲ្យកើតឡើង ដោយ​បដិកូល។] ទាំងឡាយ។ បពិត្រព្រះអង្គដ៏ចំរើន ទស្សនសមាបត្តិទាំងនេះមាន៤យ៉ាង។ បពិត្រព្រះអង្គដ៏ចំរើន សមណៈ ឬ​ព្រាហ្មណ៍ពួកខ្លះ ក្នុងលោកនេះ អាស្រ័យ​សេចក្តី​ព្យាយាម ជាគ្រឿង​ដុតកិលេស អាស្រ័យ​សេចក្តី​​ព្យាយាម ជាគ្រឿង​ដំកល់មំា អាស្រ័យ​សេចក្តី​ព្យាយាម ជាគ្រឿង​ប្រកបរឿយៗ អាស្រ័យ​សេចក្តីមិន​ប្រមាទ អាស្រ័យ​សេចក្តីធ្វើ​ទុកក្នុងចិត្តដោយប្រពៃ កាលបើចិត្តខ្ជាប់ខ្ជួនហើយយ៉ាងណា ក៏បាននូវ​ចេតោសមាធិ មាន​សភាពយ៉ាងនោះ ក៏ពិចារណាឃើញ​នូវកាយនេះឯង ខាងលើតាំងពីបាទជើង​ឡើង​មក ខាង​ក្រោមតាំងពីចុងសក់ចុះទៅ មានស្បែក​រុំព័ទ្ធពីក្រៅ ដែលពេញ​ទៅដោយ​របស់​មិន​ស្អាត មានប្រការផ្សេងៗ មាននៅក្នុងកាយនេះ គឺសក់ រោម ក្រចក ធ្មេញ ស្បែក សាច់ សរសៃ ឆ្អឹង ខួរក្នុងឆ្អឹង ទាច បេះដូង ថ្លើម វាវ ក្រពះ សួត ពោះវៀនធំ ពោះវៀនតូច អាហារ​ថ្មី អាហារចាស់ ប្រមាត់ ស្លេស្ម ខ្ទុះ ឈាម ញើស ខ្លាញ់ខាប់ ទឹកភ្នែក ខ្លាញ់រាវ ទឹកមាត់ ទឹកសម្បោរ ទឹករំអិល ទឹក​មូត្រ នេះជាទស្សនសមាបត្តិទី១។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ពាក្យខាងមុខនៅមានទៀត សមណៈ ឬ​ព្រាហ្មណ៍ពួកខ្លះ ក្នុងលោកនេះ អាស្រ័យ​សេចក្តីព្យាយាម ជាគ្រឿង​ដុតកិលេស។បេ។ កាលបើចិត្តខ្ជាប់ខ្ជួនហើយយ៉ាងណា ក៏បាន​នូវ​ចេតោសមាធិ មានសភាពយ៉ាងនោះ ពិចារណាឃើញ​នូវកាយនេះឯង ខាងលើតាំងពី​បាតជើង​​ឡើង​មក ខាងក្រោមតាំងពីចុងសក់ចុះទៅ មានស្បែក​រុំព័ទ្ធពីក្រៅ ដែលពេញ​ទៅដោយ​របស់​មិនស្អាត មានប្រការផ្សេងៗ មាននៅក្នុងកាយនេះ គឺសក់ រោម។បេ។ ទឹករំអិល ទឹក​មូត្រ រហូតដល់ទៅពិចារណា នូវពណ៌សម្បុរ សាច់ ឈាម ឆ្អឹង របស់បុរស នេះជាទស្សនសមាបត្តិទី២។ បពិត្រព្រះអង្គដ៏ចំរើន ពាក្យខាងមុខនៅមានទៀត សមណៈ ឬ​ព្រាហ្មណ៍ពួកខ្លះ ក្នុងលោកនេះ អាស្រ័យ​សេចក្តីព្យាយាម ជាគ្រឿង​ដុតកិលេស។បេ។ កាលបើចិត្តខ្ជាប់ខ្ជួនហើយយ៉ាងណា ក៏បាននូវ​ចេតោសមាធិ មានសភាពយ៉ាងនោះ ពិចារណា​ឃើញ​នូវកាយនេះឯង ខាងលើតាំងពីបាតជើង​ឡើង​មក ខាងក្រោមតាំងពី​ចុង​សក់ចុះទៅ មានស្បែក​រុំព័ទ្ធពីក្រៅ ដែលពេញដោយ​របស់​មិនស្អាត មានប្រការផ្សេងៗ មាននៅក្នុងកាយនេះ គឺសក់ រោម។បេ។ ទឹករំអិល ទឹក​មូត្រ រហូតដល់ទៅពិចារណា នូវពណ៌សម្បុរ សាច់ ឈាម ឆ្អឹង របស់បុរស ទាំងដឹងច្បាស់ នូវវិញ្ញាណសោតៈ [ដីកា ជាឈ្មោះ​របស់វិញ្ញាណ តែបាន​ជាឈ្មោះថា វិញ្ញាណសោតៈ ដូច្នេះ ព្រោះវិញ្ញាណនេះ ចេះតែប្រព្រឹត្ត​ទៅមិនដាច់ដូចខ្សែទឹកហូរ គឺថាវិញ្ញាណ​នុ៎ះ លុះតែបាន​អនន្តរប្បច្ច័យ អំពីមុនហើយ ទើបឲ្យជាបច្ច័យ ដល់អនន្តរប្បច្ច័យ ដែលកើត​ខាង​ក្រោយទៀត។] របស់​បុរស ដែល​មិនដាច់ចេញជាពីរចំណែក គឺតាំង​នៅក្នុង​លោកនេះ១ផ្នែក តាំង​នៅ​ក្នុងលោក​ខាងមុខ១ផ្នែក នេះជាទស្សនសមាបត្តិទី៣។ បពិត្រព្រះអង្គដ៏ចំរើន ពាក្យខាងមុខនៅ​មាន​ទៀត សមណៈ ឬ​ព្រាហ្មណ៍ពួកខ្លះ ក្នុងលោកនេះ អាស្រ័យ​សេចក្តីព្យាយាម ជាគ្រឿង​ដុតកិលេស។បេ។ ទឹករំអិល ទឹក​មូត្រ រហូតដល់ទៅពិចារណា ពណ៌សម្បុរ សាច់ ឈាម ឆ្អឹង របស់បុរស ទាំងដឹងច្បាស់នូវវិញ្ញាណសោតៈ របស់បុរស ដែលមិនដាច់ចេញ ជាពីរ​ចំណែក គឺ​មិនតាំង​នៅ ក្នុងលោកនេះ១ផ្នែក មិនតាំងនៅ ក្នុងលោកខាងមុខ១ផ្នែក នេះ​ជា​ទស្សនសមាបត្តិទី៤។ បពិត្រព្រះអង្គដ៏ចំរើន នេះជាទេសនា ដ៏ប្រសើរក្រៃលែង ក្នុង​ទស្សន​សមាបត្តិទាំងឡាយ។

[៨០] បពិត្រព្រះអង្គដ៏ចំរើន ពាក្យខាងមុខនៅមានតទៅទៀត ព្រះមានព្រះភាគ ទ្រង់​សំដែង​ធម៌ ក្នុងបុគ្គលបញ្ញត្តិទាំងឡាយ ដោយទេសនាណា​ ទេសនានុ៎ះ ប្រសើរ​ក្រៃលែង។ បពិត្រព្រះអង្គដ៏ចំរើន បុគ្គលទាំង៧ពួកនេះគឺ ឧភតោភាគវិមុត្តបុគ្គល គឺបុគ្គល​ដែល​រួចចាកចំណែក​ទាំងពីរ [គឺរួចចាករូបកាយ ដោយអរូបសមាបត្តិ១ រួចចាកនាមកាយ ដោយមគ្គ១ សំដៅយក​បុគ្គល​៥ពួក គឺបុគ្គលដែលចេញចាកអរូបសមាបត្តិ៤ អរូប​សមាបត្តិ​មួយៗ ហើយពិចារណានូវសង្ខារ​ ទើប​បាន​សម្រេចព្រះអរហត្ត៤ពួក អនាគាមិ​បុគ្គល ដែលចេញចាក​និរោធ ហើយបានសម្រេច​ព្រះអរហត្ត១ពួក រួមត្រូវជា៥ពួក។] ១ បញ្ញាវិមុត្តបុគ្គល គឺបុគ្គលដែល​រួចចាកអាសវៈដោយបញ្ញា [សំដៅយកបុគ្គល៥ពួក គឺ​សុក្ខវិបស្សកបុគ្គល១ពួក​ បុគ្គលដែលចេញចាកឈានទាំង៤ ហើយទើប​បានសម្រេច​អរហត្ត៤ពួក រួមត្រូវជា៥ពួក។ បុគ្គលទាំងនេះ មិនបានពាល់ត្រូវវិមោក្ខ៨ទេ គ្រាន់តែ​ឃើញ​ដោយបញ្ញាប៉ុណ្ណោះ ហើយក៏អស់អាសវៈទៅ។]១ កាយសក្ខិបុគ្គល គឺបុគ្គលដែល​ធ្វើឲ្យច្បាស់ នូវឈានផស្សៈ ដែលខ្លួន​ពាល់ត្រូវ [បុគ្គលអ្នកបាននូវឈានផស្សៈមុន ហើយ​​ទើបធ្វើឲ្យជាក់ច្បាស់ នូវព្រះនិព្វាន ជាខាងក្រោយ សំដៅយកបុគ្គល៦ពួក គឺរាប់​ពី​ត្រឹម​បុគ្គលដែល​បានសម្រេច​សោតាបត្តិផល រហូតដល់​បុគ្គលដែល​បានសម្រេច​អរហត្ត​មគ្គ។] ១ ទិដ្ឋិប្បត្តបុគ្គល គឺបុគ្គល​ដែលដល់ នូវសេចក្តី​ឃើញច្បាស់ [សំដៅ​យក​បុគ្គល​៦ពួក ដូចគ្នានឹងកាយសក្ខិបុគ្គលដែរ ប៉ុន្តែបុគ្គលទាំងនេះ បានដឹងច្បាស់នូវ​អរិយសច្ច​៤ប្រការ ដោយបញ្ញារបស់ខ្លួន។]១ សទ្ធាវិមុត្តបុគ្គល គឺបុគ្គល​រួចចាក​អាសវៈ ដោយសទ្ធា [បុគ្គលនេះ បានដឹងច្បាស់ នូវអរិយសច្ច៤ប្រការ ដូចគ្នានឹងទិដ្ឋិប្បត្តបុគ្គលដែរ ប្លែកតែ​សទ្ធាវិមុត្តបុគ្គលនេះ មានសេចក្តីជឿស៊ប់ មិនកំរើកក្នុងខណៈនៃមគ្គជាចំណែក​ខាងដើម ហើយទើបអស់កិលេស ឯទិដ្ឋិប្បត្តបុគ្គលនោះ មានបញ្ញាជាគ្រឿង​កាត់កិលេសដ៏មុតក្លា ក្នុងខណៈ​នៃ​មគ្គ ជាចំណែក​ខាងដើម។]១ ធម្មានុសារីបុគ្គល គឺបុគ្គលដែលរលឹករឿយៗ នូវ(មគ្គដែលមានបញ្ញា​ [សំដៅយកសោតាបត្តិមគ្គបុគ្គលតែមួយពួកប៉ុណ្ណោះ។ តែ​សោតាបត្តិមគ្គ​បុគ្គល​ដែលផ្គងចិត្ត ដើម្បី​ឲ្យ​បានសម្រេច​សោតាបត្តិផល ជាអ្នកមាន​បញ្ញិន្ទ្រិយដ៏ក្លៀវក្លា ដឹកនាំ​ឲ្យចំរើន នូវអរិយមគ្គ ដែល​មានបញ្ញាជាទីតាំង ហៅថា ធម្មានុសារី​បុគ្គល។ សោតាបត្តិមគ្គបុគ្គល ដែលផ្គងចិត្ត ដើម្បីឲ្យបាន​សម្រេចនូវ​សោតាបត្តិផល ជាអ្នកមានសទ្ធិន្ទ្រិយដ៏ក្លៀវក្លា ដឹកនាំឲ្យចំរើន​ នូវអរិយមគ្គ ដែល​មាន​សទ្ធា​ជាទីតាំង ហៅថា សទ្ធានុសារីបុគ្គល។ អដ្ឋកថា ព្រមទាំង​ដីកា។] ជាប្រធាន)១ សទ្ធានុសារីបុគ្គល គឺបុគ្គល​ដែលរលឹករឿយៗ នូវធម៌ គឺបញ្ញាដោយសទ្ធា ​[សំដៅ​យក​សោតាបត្តិមគ្គបុគ្គលតែមួយពួកប៉ុណ្ណោះ។ តែសោតាបត្តិមគ្គបុគ្គល​ដែលផ្គងចិត្ត ដើម្បី​ឲ្យ​បានសម្រេច​សោតាបត្តិផល ជាអ្នកមានបញ្ញិន្ទ្រិយដ៏ក្លៀវក្លា ដឹកនាំ​ឲ្យចំរើន នូវអរិយមគ្គ ដែល​មានបញ្ញាជាទីតាំង ហៅថា ធម្មានុសារីបុគ្គល។ សោតាបត្តិមគ្គបុគ្គល ដែលផ្គងចិត្ត ដើម្បីឲ្យបាន​សម្រេចនូវសោតាបត្តិផល ជាអ្នកមានសទ្ធិន្ទ្រិយដ៏ក្លៀវក្លា ដឹកនាំឲ្យចំរើន​ នូវ​អរិយមគ្គ ដែល​មានសទ្ធា​ជាទីតាំង ហៅថា សទ្ធានុសារីបុគ្គល។ អដ្ឋកថា ព្រមទាំង​ដីកា។] ១។ បពិត្រព្រះអង្គដ៏ចំរើន នេះជាទេសនាដ៏ប្រសើរ ក្រៃលែង ក្នុងបុគ្គល​បញ្ញត្តិ​ទាំងឡាយ។

[៨១] បពិត្រព្រះអង្គដ៏ចំរើន ពាក្យខាងមុខនៅមានតទៅទៀត ព្រះមានព្រះភាគ ទ្រង់​សំដែង​​ធម៌ ក្នុងបធានធម៌ គឺពោជ្ឈង្គទាំង៧ ដោយទេសនាណា​ ទេសនានុ៎ះ ប្រសើរ​ក្រៃលែង។ បពិត្រព្រះអង្គដ៏ចំរើន ពោជ្ឈង្គនេះមាន៧គឺ សតិសម្ពោជ្ឈង្គ១ ធម្មវិចយ​សម្ពោជ្ឈង្គ១ វីរិយសម្ពោជ្ឈង្គ១ បីតិសម្ពោជ្ឈង្គ១ បស្សទ្ធិសម្ពោជ្ឈង្គ១ សមាធិសម្ពោជ្ឈង្គ១ ឧបេក្ខាសម្ពោជ្ឈង្គ [ចូរ​មើលនយលក្ខណៈ របស់ពោជ្ឈង្គទាំង៧នេះ ក្នុងមហាសតិប្បដ្ឋាន​សូត្រ ទីឃនិកាយ មហាវគ្គ ខាង​ដើមផងចុះ។]១។ បពិត្រព្រះអង្គដ៏ចំរើន នេះជា​ទេសនា​ដ៏ប្រសើរ ក្រៃលែង ក្នុងបធានធម៌ទាំងឡាយ។

[៨២] បពិត្រព្រះអង្គដ៏ចំរើន ពាក្យខាងមុខនៅមានតទៅទៀត ព្រះមានព្រះភាគ ទ្រង់​សំដែង​ធម៌ ក្នុងបដិបទាទាំងឡាយ ដោយទេសនាណា​ ទេសនានុ៎ះ ប្រសើរក្រៃលែង។ បពិត្រព្រះអង្គដ៏ចំរើន បដិបទានេះ មាន៤យ៉ាង គឺទុក្ខាបដិបទា ទន្ធាភិញ្ញា១ ទុក្ខាបដិបទា ខិប្បាភិញ្ញា១ សុខាបដិបទា ទន្ធាភិញ្ញា១ សុខាបដិបទា ខិប្បាភិញ្ញា១ បពិត្រព្រះអង្គដ៏ចំរើន បណ្តាបដិបទាទាំង៤នោះ បដិបទា​ណា ប្រកបដោយសេចក្តីលំបាក ត្រាស់ដឹងបាន​ដោយ​យឺតយូរ បពិត្រព្រះអង្គដ៏ចំរើន បដិបទា​នេះ​ឯង រមែងប្រាកដថា ថោកទាប ដោយចំណែក​ទាំងពីរ គឺប្រកបដោយសេចក្តី​លំបាកផង យឺតយូរ​ផង។ បពិត្រព្រះអង្គដ៏ចំរើន បណ្តា​បដិបទាទាំងនោះ បដិបទាណា ប្រកបដោយ​សេចក្តីលំបាក តែ​ត្រាស់ដឹងបានដោយឆាប់ បពិត្រព្រះអង្គដ៏ចំរើន បដិបទានេះឯង រមែងប្រាកដថា ថោកទាប ព្រោះ​ប្រកបដោយ​សេចក្តី​លំបាក។ បពិត្រព្រះអង្គដ៏ចំរើន បណ្តាបដិបទាទាំងនោះ បដិបទាណា ប្រកប​ដោយ​​សេចក្តីងាយ តែ​ត្រាស់ដឹងបានដោយយឺតយូរ បពិត្រព្រះអង្គដ៏ចំរើន បដិបទា​នេះឯង រមែងប្រាកដថា ថោកទាប ព្រោះត្រាស់ដឹងដោយយឺតយូរ។ បពិត្រព្រះអង្គដ៏​ចំរើន បណ្តា​បដិបទាទាំងនោះ បដិបទាណា ប្រកបដោយ​សេចក្តីងាយ ទាំង​ត្រាស់ដឹង​បានដោយឆាប់ បពិត្រព្រះអង្គដ៏ចំរើន បដិបទានេះឯង រមែងប្រាកដថា ប្រសើរដោយ ចំណែកទាំងពីរ គឺប្រកបដោយសេចក្តី​ងាយផង ទាំងត្រាស់ដឹងបានដោយឆាប់​ផង។ បពិត្រព្រះអង្គដ៏ចំរើន នេះជាទេសនា ដ៏ប្រសើរ ក្នុងបដិបទាទាំងឡាយ។

[៨៣] បពិត្រព្រះអង្គដ៏ចំរើន ពាក្យខាងមុខនៅមានតទៅទៀត ព្រះមានព្រះភាគ ទ្រង់​សំដែង​ធម៌ ក្នុងភស្សសមាចារ (កិរិយាប្រព្រឹត្តិល្អដោយវាចា) ដោយទេសនាណា​ ទេសនា​នុ៎ះ ប្រសើរក្រៃលែង។ បពិត្រព្រះអង្គដ៏ចំរើន បុគ្គលពួកខ្លះ ក្នុងលោកនេះ មិននិយាយ​សំដី​ប្រកបដោយ​មុសាវាទផង មិននិយាយពាក្យញុះញង់ ដែលធ្វើ​គេឲ្យបែកបាក់​ផ្សេង​ពីគ្នាផង មិននិយាយនូវពាក្យ​ដែលកើត អំពីការប្រណាំង​ប្រជែង​ផង ជាអ្នកមិនប្រាថ្នា​ចង់​ឈ្នះ ពិចារណា​ដោយបញ្ញា (ទើប​ពោល​ផង) និយាយនូវសំដី គួរឲ្យ​អ្នកផងយកទុក ក្នុង​ហឫទ័យ តាមកាលគួរផង។ បពិត្រព្រះអង្គដ៏ចំរើន នេះ​ជាទេសនាដ៏ប្រសើរ ក្នុង​ភស្សសមាចារ។

[៨៤] បពិត្រព្រះអង្គដ៏ចំរើន ពាក្យខាងមុខនៅមានតទៅទៀត ព្រះមានព្រះភាគ ទ្រង់​សំដែង​ធម៌ ក្នុងបុរិសសីលសមាចារ ដោយទេសនាណា​ ទេសនានុ៎ះ ប្រសើរក្រៃលែង។ បពិត្រព្រះអង្គដ៏ចំរើន បុគ្គលពួកខ្លះក្នុងលោកនេះ ជាអ្នកមានសច្ចធម៌ផង មានសទ្ធាផង មិនកុហក​ផង មិននិយាយរួសរាយ (ហួសហេតុ)ផង មិននិយាយ​បញ្ឆិតបញ្ឆៀងផង មិន​និយាយគម្រាមគេផង មិននាំ​ទៅនូវលាភ ដើម្បីលាភផង ជាអ្នកមានទ្វារគ្រប់គ្រង ក្នុង​ឥន្ទ្រិយទាំងឡាយ ដឹងប្រមាណ​ក្នុង​ភោជនទាំងឡាយ ប្រព្រឹត្តស្មើ ប្រកបរឿយៗ នូវ​សេចក្តី​ព្យាយាម ជាគ្រឿង​ភ្ញាក់រលឹក មិនខ្ជិលច្រអូស ប្រារព្ធសេចក្តីព្យាយាម មានឈាន មានសតិ មានបដិភាណដ៏ល្អ មានគតិ គឺប្រាជ្ញា ជាគ្រឿង​ស្ទុះទៅ មានប្រាជ្ញា ជាគ្រឿង​ទ្រទ្រង់ មានគំនិត ជាអ្នកមិនជាប់ជក់នៅក្នុងកាមទាំងឡាយផង មានសតិផង មាន​ប្រាជ្ញា​ខ្ជាប់ខ្ជួនផង។ បពិត្រព្រះអង្គដ៏ចំរើន នេះ​ជាទេសនាដ៏ប្រសើរ ក្នុងបុរិសសីលសមាចារ។

[៨៥] បពិត្រព្រះអង្គដ៏ចំរើន ពាក្យខាងមុខ នៅមានតទៅទៀត ព្រះមានព្រះភាគ ទ្រង់​សំដែង​​ធម៌ ក្នុងអនុសាសនវិធាទាំងឡាយ ដោយទេសនាណា​ ទេសនានុ៎ះ ប្រសើរ​ក្រៃលែង។ បពិត្រព្រះអង្គដ៏ចំរើន អនុសាសនវិធានេះ មាន៤យ៉ាង។ បពិត្រ​ព្រះអង្គ​ដ៏​ចំរើន ព្រះមានព្រះភាគ ទ្រង់ជ្រាបបុគ្គលដទៃ ព្រោះទ្រង់ធ្វើទុកក្នុងព្រះហឫទ័យ ចំពោះ​ព្រះអង្គ​ថា បុគ្គលនេះ កាលប្រតិបត្តិ​តាមគួរ ដល់ពាក្យប្រៀនប្រដៅ នឹងបានជា​សោតាបន្ន​បុគ្គល ព្រោះអស់ទៅនៃសំយោជនៈទាំងឡាយ ៣ប្រការ មានកិរិយាមិនធ្លាក់ចុះជាធម្មតា ជាបុគ្គលទៀងទាត់ មានកិរិយា​ត្រាស់ដឹង​ប្រព្រឹត្តទៅខាងមុខ១។ បពិត្រព្រះអង្គដ៏ចំរើន ព្រះមានព្រះភាគ ទ្រង់ជ្រាបបុគ្គលដទៃ ព្រោះទ្រង់ធ្វើទុកក្នុងព្រះហឫទ័យ ចំពោះ​ព្រះអង្គ​ថា បុគ្គលនេះ កាលប្រតិបត្តិ​តាមគួរ ដល់ពាក្យប្រៀនប្រដៅ នឹងបានជាសកទាគាមិបុគ្គល ព្រោះអស់ទៅនៃសំយោជនៈទាំងឡាយ ៣ប្រការ និងស្រាលស្តើងចាករាគៈ ទោសៈ មោហៈ នឹងមកកាន់លោកនេះ តែម្តងទៀត ទើបធ្វើនូវ​ទីបំផុត​ទុក្ខបាន១។ បពិត្រព្រះអង្គដ៏​ចំរើន ព្រះមានព្រះភាគ ទ្រង់ជ្រាបបុគ្គលដទៃ ព្រោះទ្រង់ធ្វើទុកក្នុងព្រះហឫទ័យ ចំពោះ​ព្រះអង្គថា បុគ្គលនេះ កាលប្រតិបត្តិ​តាមគួរ ដល់ពាក្យប្រៀនប្រដៅ នឹងបានជាឱបបាតិកៈ (ជាអនាគាមិបុគ្គល) ព្រោះអស់ទៅនៃសំយោជនៈទាំងឡាយ ជាចំណែកខាងក្រោម ៥ប្រការ នឹងបរិនិព្វាន ក្នុងភពនោះ មិនត្រឡប់ចាកលោកនោះ ជាធម្មតា១។ បពិត្រ​ព្រះអង្គដ៏ចំរើន ព្រះមានព្រះភាគ ទ្រង់ជ្រាបបុគ្គលដទៃ ព្រោះទ្រង់ធ្វើទុកក្នុងព្រះហឫទ័យ ចំពោះព្រះអង្គថា បុគ្គលនេះ កាលប្រតិបត្តិ​តាមគួរ ដល់ពាក្យប្រៀនប្រដៅ នឹងធ្វើឲ្យជាក់​ច្បាស់ នូវចេតោវិមុត្តិ បញ្ញាវិមុត្តិ មិនមានអាសវៈ ព្រោះអស់ទៅនៃអាសវៈទាំងឡាយ ដោយ​បញ្ញារបស់ខ្លួន ក្នុងបច្ចុប្បន្ននេះ ក៏សម្រេចសម្រាន្តនៅ ដោយ​ឥរិយាបថ១។ បពិត្រ​ព្រះអង្គដ៏ចំរើន នេះ​ជាទេសនាដ៏ប្រសើរ ក្នុងអនុសាសនវិធាទាំងឡាយ។

[៨៦] បពិត្រព្រះអង្គដ៏ចំរើន ពាក្យខាងមុខ នៅមានតទៅទៀត ព្រះមានព្រះភាគ ទ្រង់​សំដែង​ធម៌ ក្នុងវិមុត្តិញ្ញាណ របស់បុគ្គលដទៃ ដោយទេសនាណា​ ទេសនានុ៎ះ ប្រសើរ​ក្រៃលែង។ បពិត្រព្រះអង្គដ៏ចំរើន ព្រះមានព្រះភាគ ទ្រង់ជ្រាបបុគ្គលដទៃ ព្រោះទ្រង់ធ្វើ​ទុក​ក្នុងព្រះហឫទ័យ ចំពោះ​ព្រះអង្គថា បុគ្គលនេះ ជាសោតាបន្នបុគ្គល ព្រោះអស់ទៅនៃ​សំយោជនៈទាំងឡាយ​៣ប្រការ មានកិរិយាមិនធ្លាក់ចុះ ជាធម្មតា ជាបុគ្គលទៀង មាន​កិរិយាត្រាស់ដឹង ប្រព្រឹត្តទៅក្នុងខាង​មុខ១។ បពិត្រព្រះអង្គដ៏ចំរើន ព្រះមានព្រះភាគ ទ្រង់​ជ្រាបបុគ្គលដទៃ ព្រោះទ្រង់ធ្វើទុក​ក្នុងព្រះហឫទ័យ ចំពោះ​ព្រះអង្គថា បុគ្គលនេះ ជា​សកទាគាមិបុគ្គល ព្រោះអស់ទៅ​នៃ​សំយោជនៈ​ទាំងឡាយ​៣ប្រការ ទាំងស្រាល​ស្តើង​ចាករាគៈ ទោសៈ មោហៈ នឹងមកកាន់​លោកនេះម្តងទៀត ទើប​ធ្វើនូវទីបំផុតទុក្ខបាន១។ បពិត្រព្រះអង្គដ៏ចំរើន ព្រះមានព្រះភាគ ជ្រាបបុគ្គលដទៃ ព្រោះទ្រង់ធ្វើទុក​ក្នុង​ព្រះហឫទ័យ ចំពោះ​ព្រះអង្គថា បុគ្គលនេះ ជាឱបបាតិកៈ (ជាអនាគាមិបុគ្គល៌) ព្រោះ​អស់​ទៅ​នៃ​សំយោជនៈ​ទាំងឡាយ ជាចំណែកខាងក្រោម​៥ប្រការ នឹងបរិនិព្វាន​ក្នុងភពនោះ មិន​ត្រឡប់​ចាកលោកនោះ ជាធម្មតា១។ បពិត្រព្រះអង្គដ៏ចំរើន ព្រះមានព្រះភាគ ទ្រង់​ជ្រាបបុគ្គលដទៃ ព្រោះទ្រង់ធ្វើទុក​ក្នុងព្រះហឫទ័យ ចំពោះ​ព្រះអង្គថា បុគ្គលនេះ នឹងធ្វើ​ឲ្យជាក់ច្បាស់ នូវចេតោវិមុត្តិ បញ្ញាវិមុត្តិ មិនមានអាសវៈ ព្រោះអស់ទៅនៃ​អាសវៈ​ទាំង​ឡាយ ដោយប្រាជ្ញារបស់ខ្លួន ក្នុងបច្ចុប្បន្ន​នេះ សម្រេចសម្រាន្តនៅ ដោយ​ឥរិយាបថ១។ បពិត្រព្រះអង្គដ៏ចំរើន នេះជាទេសនាដ៏ប្រសើរ ក្នុងវិមុត្តិញ្ញាណរបស់បុគ្គលដទៃ។

[៨៧] បពិត្រព្រះអង្គដ៏ចំរើន ពាក្យខាងមុខ នៅមានតទៅទៀត ព្រះមានព្រះភាគ ទ្រង់​សំដែង​ធម៌ ក្នុងសស្សតវាទទាំងឡាយ ដោយទេសនាណា​ ទេសនានុ៎ះ ប្រសើរក្រៃលែង។ បពិត្រព្រះអង្គ​ដ៏ចំរើន សស្សតវាទ នេះ មាន៣យ៉ាង។ បពិត្រព្រះអង្គដ៏ចំរើន សមណៈ ឬព្រាហ្មណ៍ពួកខ្លះ ក្នុង​លោកនេះ អាស្រ័យ​សេចក្តីព្យាយាម ដុតកិលេស។បេ។ កាលបើ​ចិត្ត​តាំងនៅមាំហើយយ៉ាងណា ក៏បាននូវ​ចេតោសមាធិ មានសភាពយ៉ាងនោះ រលឹកជាតិ​ដែលធ្លាប់អាស្រ័យនៅ ក្នុងកាលមុន ជាច្រើន​ជាតិ គឺរលឹក​បាន១ជាតិខ្លះ ២ជាតិខ្លះ ៣ជាតិខ្លះ ៤ជាតិខ្លះ ៥ជាតិខ្លះ ១០ជាតិខ្លះ ២០ជាតិ​ខ្លះ ៣០ជាតិខ្លះ ៤០ជាតិខ្លះ ៥០ជាតិខ្លះ ១០០ជាតិខ្លះ ១០០០ជាតិខ្លះ ១០០០០០ជាតិខ្លះ ច្រើនជាង​១០០ជាតិខ្លះ ច្រើនជាង​១ពាន់ជាតិខ្លះ ច្រើនជាង១សែនជាតិខ្លះ ដូច្នេះថា អាត្មាអញ កើតក្នុងភព​ឯនោះ មានឈ្មោះយ៉ាងនេះ មានគោត្រយ៉ាងនេះ មានសម្បុរយ៉ាងនេះ មានអាហារយ៉ាងនេះ បានទទួល​សុខទុក្ខយ៉ាងនេះ មានកំណត់អាយុប៉ុណ្ណេះ អាត្មាអញនោះ លុះច្យុតចាក​អត្តភាព​នោះ​ហើយ បានទៅកើត​ក្នុងភពឯនោះ ដែលទៅកើតក្នុងភពនោះ អាត្មាអញ ​មានឈ្មោះយ៉ាងនេះ មានគោត្រយ៉ាងនេះ មានសម្បុរយ៉ាងនេះ មានអាហារយ៉ាងនេះ ទទួល​សុខទុក្ខយ៉ាងនេះ មានកំណត់អាយុប៉ុណ្ណេះ អាត្មាអញនោះ លុះច្យុតចាកអត្តភាព​នោះ​ហើយ ទើបបានមកកើត​ក្នុងភពនេះ។ បុគ្គលនោះ រមែង​រលឹកនូវជាតិ ដែលធ្លាប់​អាស្រ័យនៅក្នុងកាលមុន ជាច្រើនជាតិ ព្រម​ទាំងអាការ ព្រមទាំងឧទ្ទេស ដោយប្រការ​ដូច្នេះ បុគ្គលនោះ និយាយយ៉ាងនេះថា អាត្មាអញ តែង​ដឹង​នូវ​អតីតកាលថា លោកវិនាស ឬលោកចំរើន ដូច្នេះ។ អាត្មាអញ តែងដឹងនូវ​អនាគតកាលថា លោកនឹង​វិនាស ឬលោក​នឹង​ចំរើនដូច្នេះ។ បុគ្គលនោះ និយាយថា ខ្លួន និងលោក​ជាសភាព​ទៀង​ទាត់ ផុតពូជធារ ឋិតនៅដូចភ្នំ ឋិតនៅ​ដូចសសរគោល ចំណែកសត្វ​ទាំងឡាយនោះ តែង​ត្រាច់​ទៅ អន្ទោល​ទៅ ច្យុតកើតមាននៅប្រាកដស្មើ ដូចសស្សតិវត្ថុ។ នេះជាសស្សតវាទទី១។ បពិត្រ​ព្រះអង្គដ៏ចំរើន ពាក្យខាងមុខ នៅមានទៀត សមណៈ ឬព្រាហ្មណ៍ពួកខ្លះ ក្នុង​លោក​នេះ អាស្រ័យ​សេចក្តីព្យាយាម ជាគ្រឿងដុតកិលេស។បេ។ កាលបើចិត្តដំកល់​មាំហើយយ៉ាងណា ក៏បាននូវ​ចេតោសមាធិ មានសភាពយ៉ាងនោះ រលឹកនូវជាតិ ដែល​ធ្លាប់អាស្រ័យនៅ ក្នុងកាលមុន ជាច្រើន​ជាតិ គឺរលឹក​បាន១សំវដ្តកប្ប និងវិវដ្តកប្ប (កប្ប​វិនាស និង​កប្បចំរើន) ខ្លះ ២សំវដ្តកប្ប និងវិវដ្តកប្បខ្លះ ៣សំវដ្តកប្ប និងវិវដ្តកប្បខ្លះ ៤សំវដ្តកប្ប និងវិវដ្តកប្បខ្លះ ៥សំវដ្តកប្ប និងវិវដ្តកប្ប​ខ្លះ ១០សំវដ្តកប្ប និងវិវដ្តកប្បខ្លះថា អាត្មាអញ បានកើតក្នុងភព​ឯនោះ មានឈ្មោះយ៉ាងនេះ មានគោត្រយ៉ាងនេះ មានសម្បុរ​យ៉ាងនេះ មានអាហារយ៉ាងនេះ បានទទួល​សុខទុក្ខយ៉ាងនេះ មានកំណត់អាយុប៉ុណ្ណេះ អាត្មាអញនោះ លុះច្យុតចាកអត្តភាព​នោះ​ហើយ បានទៅកើត​ក្នុងភពឯនោះ ដែលទៅ​កើត​ក្នុងភពនោះ អាត្មាអញ ​មានឈ្មោះយ៉ាងនេះ មានគោត្រយ៉ាងនេះ​។បេ។ មានកំណត់​អាយុប៉ុណ្ណេះ អាត្មាអញ លុះច្យុតចាកអត្តភាព​នោះ​ហើយ ទើបបានមកកើត​ក្នុងភពនេះ។ បុគ្គលនោះ រមែង​រលឹកនូវជាតិ ដែលធ្លាប់អាស្រ័យនៅក្នុងកាលមុន ជាច្រើនជាតិ ព្រម​ទាំងអាការ ព្រមទាំងឧទ្ទេស ដោយបការដូច្នេះ បុគ្គលនោះ និយាយយ៉ាងនេះថា អាត្មា​អញ តែង​ដឹង​នូវ​អតីតកាលថា លោកវិនាស ឬលោកចំរើន ដូច្នេះ។ បុគ្គលនោះ និយាយ​ថា អាត្មាអញ តែងដឹងនូវ​អនាគតកាលថា លោកនឹង​វិនាស ឬលោកនឹងចំរើនដូច្នេះ។ បុគ្គលនោះ និយាយថា ខ្លួន និងលោក​ជាសភាព​ទៀង​ទាត់ ផុតពូជធារ ឋិតនៅដូចភ្នំ ឋិត​នៅ​ដូចសសរគោល ចំណែកសត្វ​ទាំងឡាយនោះ តែង​ត្រាច់​ទៅ អន្ទោលទៅ ច្យុតកើត​មាននៅប្រាកដស្មើ ដូចសស្សតិវត្ថុ។ នេះជាសស្សតវាទទី២។ បពិត្រព្រះអង្គដ៏ចំរើន ពាក្យ​ខាងមុខ នៅមានទៀត សមណៈ ឬព្រាហ្មណ៍ពួកខ្លះ ក្នុង​លោកនេះ អាស្រ័យ​សេចក្តី​ព្យាយាម ជាគ្រឿងដុតកិលេស។បេ។ កាលបើចិត្តដំកល់នៅមាំហើយយ៉ាងណា ក៏បាននូវ​ចេតោសមាធិ មានសភាពយ៉ាងនោះ រលឹកនូវជាតិ ដែលធ្លាប់អាស្រ័យនៅ ក្នុងកាលមុន ជាច្រើន​ជាតិ គឺរលឹក​បាន១០សំវដ្តកប្ប និងវិវដ្តកប្បខ្លះ ២០សំវដ្តកប្ប និងវិវដ្តកប្បខ្លះ ៣០សំវដ្តកប្ប និងវិវដ្តកប្បខ្លះ ៤០សំវដ្តកប្ប និងវិវដ្តកប្បខ្លះ ថា អាត្មាអញ បានកើត​ក្នុងភព​ឯនោះ មានឈ្មោះយ៉ាងនេះ មានគោត្រយ៉ាងនេះ មានសម្បុរយ៉ាងនេះ មាន​អាហារ​យ៉ាងនេះ បានទទួល​សុខទុក្ខយ៉ាងនេះ មានកំណត់អាយុប៉ុណ្ណេះ អាត្មាអញនោះ លុះច្យុតចាកអត្តភាព​នោះ​ហើយ បានទៅកើត​ក្នុងភពឯនោះ ដែលទៅកើតក្នុងភពនោះ អាត្មាអញ ​មានឈ្មោះយ៉ាងនេះ។បេ។ បុគ្គលនោះ រមែង​រលឹកនូវជាតិ ដែលធ្លាប់​អាស្រ័យ​នៅក្នុងកាលមុន បានច្រើនជាតិ ព្រម​ទាំងអាការ ព្រមទាំងឧទ្ទេស ដោយប្រការដូច្នេះ បុគ្គលនោះ និយាយយ៉ាងនេះថា អាត្មាអញ តែង​ដឹង​នូវ​អតីតកាលថា លោកវិនាសទៅខ្លះ ឬលោកចំរើនឡើងខ្លះ ដូច្នេះ។ អាត្មាអញ តែងដឹងនូវ​អនាគតកាលថា លោកនឹង​វិនាស​ទៅខ្លះ ឬលោកនឹងចំរើនឡើងខ្លះ ដូច្នេះ។ បុគ្គលនោះ និយាយថា ខ្លួន និងលោក​ជា​សភាព​ទៀង​ទាត់ ផុតពូជធារ ឋិតនៅដូចភ្នំ ឋិតនៅ​ដូចសសរគោល ចំណែកសត្វ​ទាំង​ឡាយ​នោះ តែង​ត្រាច់​ទៅ តែងអន្ទោលទៅ ច្យុត កើត មាននៅប្រាកដស្មើ ដូច​សស្សតិវត្ថុ។ បពិត្រព្រះអង្គដ៏ចំរើន នេះជាសស្សតវាទទី៣។ បពិត្រព្រះអង្គដ៏ចំរើន នេះ​ជា​ទេសនាដ៏ប្រសើរ ក្នុង​សស្សតវាទទាំងឡាយ។

[៨៨] បពិត្រព្រះអង្គដ៏ចំរើន ពាក្យខាងមុខ នៅមានតទៅទៀត ព្រះមានព្រះភាគ សំដែង​ធម៌ ក្នុងបុព្វេនិវាសានុស្សតិញ្ញាណ ដោយទេសនាណា​ ទេសនានុ៎ះ ប្រសើរក្រៃលែង។ បពិត្រព្រះអង្គ​ដ៏ចំរើន សមណៈ ឬព្រាហ្មណ៍ពួកខ្លះ ក្នុង​លោកនេះ អាស្រ័យ​សេចក្តី​ព្យាយាម ជាគ្រឿង​ដុតកិលេស។បេ។ កាលបើចិត្តដំកល់នៅមាំហើយយ៉ាងណា ក៏បាននូវ​ចេតោសមាធិ មានសភាព​យ៉ាងនោះ រលឹកនូវជាតិ ដែលធ្លាប់អាស្រ័យនៅ ក្នុងកាលមុន ជាច្រើន​ជាតិ គឺរលឹក​បាន១ជាតិខ្លះ ២ជាតិខ្លះ ៣ជាតិខ្លះ ៤ជាតិខ្លះ ៥ជាតិខ្លះ ១០ជាតិខ្លះ ២០ជាតិ​ខ្លះ ៣០ជាតិខ្លះ ៤០ជាតិខ្លះ ៥០ជាតិខ្លះ ១០០ជាតិខ្លះ ១០០០ជាតិខ្លះ ១០០០០០​ជាតិខ្លះ រលឹកបានច្រើនសំវដ្តកប្បខ្លះ ច្រើនវិវដ្តកប្បខ្លះ ច្រើនសំវដ្តកប្បវិវដ្តកប្បខ្លះ។បេ។ បុគ្គលនោះ រមែងរលឹកនូវជាតិ ដែលធ្លាប់​អាស្រ័យ​នៅក្នុងកាលមុន ជាច្រើនជាតិ ព្រម​ទាំងអាការ ព្រមទាំងឧទ្ទេស ដោយប្រការដូច្នេះ។ បពិត្រព្រះអង្គដ៏ចំរើន មួយទៀត ឥតមានបុគ្គលណាមួយ អាចរាប់​អត្តភាព​របស់ពួកសត្វ ដែលធ្លាប់កើត ក្នុងរូបភព អរូបភព សញ្ញិភព អសញ្ញិភព និងនេវសញ្ញិនាសញ្ញិភព ដោយការរាប់​បូក ឬរាប់ដោយគំនិត​បាន​ឡើយ (បុគ្គល ដែលបាននូវចេតោសមាធិនោះ) ទើបរលឹក​នូវជាតិ ដែល​ធ្លាប់​អាស្រ័យនៅ ក្នុង​កាលមុន ជាច្រើនជាតិ ព្រមទាំងអាការ ព្រមទាំងឧទ្ទេសបាន ដោយប្រការ​ដូច្នេះ។ បពិត្រ​ព្រះអង្គដ៏ចំរើន នេះជាទេសនាដ៏ប្រសើរ ក្នុងបុព្វេនិវាសានុស្សតិញ្ញាណ។

[៨៩] បពិត្រព្រះអង្គដ៏ចំរើន ពាក្យខាងមុខ នៅមានតទៅទៀត ព្រះមានព្រះភាគ ទ្រង់សំដែង​ធម៌ ក្នុងចុតូបបាតញ្ញាណ គឺញាណជាគ្រឿង​ដឹងនូវ​ចុតិ និងបដិសន្ធិ របស់សត្វទាំងឡាយ ដោយ​ទេសនា​ណា​ ទេសនានុ៎ះ ប្រសើរក្រៃលែង។ បពិត្រព្រះអង្គ​ដ៏ចំរើន សមណៈ ឬព្រាហ្មណ៍ពួកខ្លះ ក្នុង​លោកនេះ អាស្រ័យ​សេចក្តីព្យាយាម ជាគ្រឿង​ដុតកិលេស។បេ។ កាលបើចិត្ត​ដំកល់​នៅ​មាំហើយ​យ៉ាង​ណា ក៏បាននូវ​ចេតោសមាធិ មានសភាព​យ៉ាងនោះ ឃើញនូវសត្វទាំងឡាយ ដែលច្យុត និងចាប់​បដិសន្ធិ ទាបថោក និងឧត្តម មានសណ្ឋាន​ល្អ និងអាក្រក់ មានគតិល្អ មានគតិអាក្រក់ ដោយ​ចក្ខុ​ដូចជាទិព្វ ដ៏បរិសុទ្ធ លើសលែង​ជាងចក្ខុ របស់មនុស្សសាមញ្ញ រមែងដឹង​ច្បាស់នូវ​សត្វទាំងឡាយ ដែលអន្ទោលទៅតាមកម្មថា អើហ្ន៎ សត្វទាំងនេះ ជាអ្នកប្រកបដោយ​កាយទុច្ចរិត ប្រកប​ដោយវចីទុច្ចរិត ប្រកបដោយ​មនោទុច្ចរិត តិះដៀល​នូវពួក​ព្រះអរិយបុគ្គល ប្រកាន់ខាង​មិច្ឆា​ទិដ្ឋិ កាន់យក​នូវកម្មជាមិច្ឆាទិដ្ឋិ សត្វទាំងនោះ លុះបែកធ្លាយរាងកាយ បន្ទាប់​អំពីមរណៈទៅ ក៏ទៅ​កើតឯ​អបាយ ទុគ្គតិ វិនិបាត នរក ចំណែកខាង​ពួកសត្វទាំងនេះ ជាអ្នកប្រកបដោយកាយសុចរិត ប្រកបដោយវចីសុចរិត ប្រកបដោយមនោសុចរិត មិនតិះដៀល​នូវពួកព្រះអរិយបុគ្គល ប្រកាន់​ខាង​សម្មាទិដ្ឋិ កាន់យកនូវកម្ម ជាសម្មាទិដ្ឋិ សត្វទាំងនោះ លុះបែកធ្លាយរាងកាយ បន្ទាប់អំពី​មរណៈ​ទៅ ក៏ទៅកើត​ក្នុង​សុគតិ​សួគ៌​ទេវលោក។ បុគ្គលនោះ រមែងឃើញនូវសត្វទាំងឡាយ ដែលច្យុត និងចាប់​បដិសន្ធិ ទាបថោក និងឧត្តម មានសណ្ឋាន​ល្អ និងអាក្រក់ មានគតិល្អ មានគតិអាក្រក់ ដោយ​ចក្ខុ​ដូចជាទិព្វ ដ៏បរិសុទ្ធ លើសលែង​ជាងចក្ខុ របស់មនុស្សសាមញ្ញ ដឹង​ច្បាស់នូវ​សត្វទាំង​ឡាយ ដែល​អន្ទោល​ទៅតាមកម្ម ដោយប្រការដូច្នេះ។ បពិត្រព្រះអង្គដ៏ចំរើន នេះជា​ទេសនា​ដ៏ប្រសើរ ក្នុងចុតូបបាតញ្ញាណ របស់សត្វទាំងឡាយ។

[៩០] បពិត្រព្រះអង្គដ៏ចំរើន ពាក្យខាងមុខ នៅមានតទៅទៀត ព្រះមានព្រះភាគ សំដែង​នូវធម៌ ក្នុងឥទ្ធិវិធា (វិធីនៃឫទ្ធិ) ទាំងឡាយ ដោយ​ទេសនា​ណា​ ទេសនានុ៎ះ ប្រសើរ​ក្រៃលែង។ បពិត្រព្រះអង្គ​ដ៏ចំរើន ឥទ្ធិវិធា មាន២យ៉ាង។ បពិត្រព្រះអង្គដ៏ចំរើន ឫទ្ធិ​ប្រកប​ដោយអាសវៈ [អដ្ឋកថា ថា ឫទ្ធិប្រកបដោយទោស (ប្រទូស្តអ្នកដទៃ)។] ប្រកបដោយ​ឧបធិ [ឫទ្ធិប្រកបដោយ​ការ​ប្រណាំងប្រជែង (ប្រឡងនឹងអ្នកដទៃ)។] ព្រះអង្គមិន​ត្រាស់​ហៅថា ឫទ្ធិរបស់ព្រះអរិយៈ​ឡើយ១។ បពិត្រព្រះអង្គដ៏ចំរើន ឫទ្ធិមិនមានអាសវៈ មិនមាន​ឧបធិ ទើប​ព្រះអង្គត្រាស់ហៅថា ឫទ្ធិ​របស់​ព្រះ​អរិយៈ១។ បពិត្រព្រះអង្គដ៏ចំរើន ចុះឫទ្ធិ​ប្រកប​ដោយអាសវៈ ប្រកបដោយឧបធិ ដែលព្រះអង្គ​មិន​ត្រាស់ហៅថា ឫទ្ធិរបស់​ព្រះអរិយៈ​នោះ តើដូចម្តេច។ បពិត្រព្រះអង្គដ៏ចំរើន សមណៈ ឬព្រាហ្មណ៍ពួកខ្លះ ក្នុង​លោកនេះ អាស្រ័យ​សេចក្តីព្យាយាម ជាគ្រឿង​ដុតកិលេស អាស្រ័យ​សេចក្តីព្យាយាម ជាគ្រឿងដំកល់មាំ អាស្រ័យ​សេចក្តីព្យាយាម ជាគ្រឿងប្រកបរឿយៗ អាស្រ័យ​សេចក្តី​មិនប្រមាទ អាស្រ័យ​សេចក្តីធ្វើទុកក្នុងចិត្តដោយប្រពៃ កាលបើចិត្ត​ដំកល់​នៅ​មាំហើយ​យ៉ាង​​ណា ក៏បាននូវ​ចេតោសមាធិ មានសភាព​យ៉ាងនោះ បាននូវឥទ្ធិវិធាច្រើនប្រការ មនុស្ស​តែម្នាក់ (និម្មិត) ទៅជាមនុស្សច្រើននាក់ក៏បាន មនុស្សច្រើននាក់ (និម្មិត) ទៅ​ជា​មនុស្សម្នាក់ក៏បាន ដើរ (ចេញ​ពីខាងក្នុង) ទៅកាន់ទីវាល ទីខាងក្រៅក៏បាន ដើរទំលុះ​ទៅ​ខាងក្រៅជញ្ជាំង ខាងក្រៅកំពែង ខាងក្រៅ​ភ្នំក៏បាន ឥតមានទើសទាស់ ដូចជាដើរទៅ​ឯអាកាស មុជងើបក្នុងផែនដី ដូចជាមុជងើបក្នុងទឹកក៏​បាន ដើរទៅលើទឹក មិនបែកធ្លាយ ដូចជាដើរលើផែនដីក៏បាន ពែនភ្នែនចង្ក្រម ឯអាកាស ដូចសត្វ​បក្សីក៏បាន។ ស្ទាបអង្អែល ចាប់ពាល់ព្រះចន្ទ្រ និងព្រះអាទិត្យនេះ ដែលមានឫទ្ធិច្រើនយ៉ាងនេះ មាន​អានុភាពច្រើន​យ៉ាងនេះ ដោយដៃ​ខ្លួនឯងក៏បាន ញុំាងកាយឲ្យប្រព្រឹត្តទៅ រហូតដល់ព្រហ្មលោក​ក៏បាន។ បពិត្រព្រះអង្គដ៏ចំរើន នេះជាឫទ្ធិប្រកបដោយអាសវៈ ប្រកបដោយឧបធិ ដែលមិនហៅថា ឫទ្ធិរបស់ព្រះអរិយៈឡើយ។ បពិត្រព្រះអង្គដ៏ចំរើន ចុះឫទ្ធិមិនមានអាសវៈ មិនមានឧបធិ ដែលហៅ​ថា ឫទ្ធិរបស់​ព្រះអរិយៈនោះ​ តើដូចម្តេច។ បពិត្រព្រះអង្គដ៏ចំរើន បើភិក្ខុក្នុង​សាសនា​នេះ ប្រាថ្នាថា អាត្មាអញ គប្បីជាអ្នកសំគាល់ថា​ មិនជាបដិកូល ក្នុងរបស់ជា​បដិកូល ដូច្នេះ រមែង​ជាអ្នកសំគាល់ថា មិនជាបដិកូល ក្នុងរបស់​ជាបដិកូលនោះ បើភិក្ខុ​ប្រាថ្នា​ថា អាត្មាអញ គប្បីជាអ្នកសំគាល់ថា​ ជាបដិកូល ក្នុងរបស់មិនជាបដិកូល ដូច្នេះ រមែង​ជាអ្នកសំគាល់ថា ជាបដិកូល ក្នុងរបស់​មិនជា​បដិកូលនោះ បើភិក្ខុប្រាថ្នាថា អាត្មាអញ គប្បីជាអ្នកសំគាល់ថា​ មិនជាបដិកូល ក្នុងរបស់ជាបដិកូល និងមិនជាបដិកូល ដូច្នេះ រមែង​ជាអ្នកសំគាល់ថា មិនជាបដិកូល ក្នុងរបស់​ជាបដិកូល និងមិន​ជាបដិកូលនោះ បើភិក្ខុប្រាថ្នាថា អាត្មាអញ គប្បីជាអ្នកសំគាល់ថា​ ជាបដិកូល ក្នុងរបស់ជាបដិកូល និង​មិនជាបដិកូល ដូច្នេះ រមែង​ជាអ្នកសំគាល់ថា ជាបដិកូល ក្នុងរបស់​ជាបដិកូល និងមិន​មែនជា​បដិកូលនោះ បើភិក្ខុប្រាថ្នាថា អាត្មាអញ គប្បីជាអ្នកមានសតិ និងសម្បជញ្ញៈ វៀរនូវរបស់​បដិកូលផង មិនមែន​ជារបស់បដិកូលផង ទាំង២យ៉ាងនោះចេញ ហើយជា​អ្នក​មានចិត្តព្រងើយ ដូច្នេះ រមែង​ជាអ្នកមានសតិ និងសម្បជញ្ញៈ មានចិត្តនៅព្រងើយ ក្នុង​របស់​ជាបដិកូល និង​មិនមែនជា​របស់​បដិកូលនោះ។ បពិត្រព្រះអង្គដ៏ចំរើន នេះឯង ជា​ឫទ្ធិមិនមានអាសវៈ មិនមាន​ឧបធិ ដែលហៅថា ជាឫទ្ធិ​របស់ព្រះអរិយៈ។ បពិត្រព្រះអង្គដ៏​ចំរើន នេះជាទេសនាដ៏ប្រសើរ ក្នុងឥទ្ធិវិធា​ទាំងឡាយ។ ព្រះមានព្រះភាគ ទ្រង់ជ្រាប​ច្បាស់ នូវទេសនានោះ ឥតមានសេសសល់ កាលព្រះមានព្រះភាគ ជ្រាបច្បាស់នូវ​ទេសនា​នោះ ឥតមានសល់ហើយ នឹងរកបុគ្គល​ដែលគួរ​ដឹងច្បាស់ ជាងព្រះអង្គនោះ​ទៅ​ទៀត​គ្មាន សមណៈ ឬព្រាហ្មណ៍ឯទៀត កាលបើដឹង ក៏នឹងដឹង​ជាង​ព្រះមានព្រះភាគ ក្នុង​ឥទ្ធិវិធាទាំងឡាយ មិនមានឡើយ។

[៩១] បពិត្រព្រះអង្គដ៏ចំរើន អំពើណាដែលកុលបុត្រអ្នកមានសទ្ធា មានព្យាយាម មិនបន្ធូរ​បន្ថយ មានព្យាយាមខ្ជាប់ខ្ជួន គប្បីសម្រេចដោយព្យាយាម​ខ្ជាប់ខ្ជួនរបស់បុរស ដោយ​សេចក្តី​​ប្រឹង​ប្រែង​របស់បុរស ដោយការខ្នះខ្នែងរបស់បុរស ដោយកិរិយានាំទៅ នូវធុរៈ​របស់​បុរស អំពើនោះ ព្រះមានព្រះភាគ បានសម្រេច​ហើយដោយលំដាប់។ បពិត្រ​ព្រះអង្គ​ដ៏​ចំរើន ព្រះមានព្រះភាគ មិន​បានប្រកបនូវកាមសុខល្លិកានុយោគ ក្នុងកាមទាំងឡាយ​ដ៏ទាបថោក ជារបស់អ្នកស្រុក ជារបស់បុថុជ្ជន មិនមែនជារបស់​ព្រះអរិយៈ មិនប្រកប​ដោយ​ប្រយោជន៍ផង មិនបាន​ប្រកប នូវអត្តកិលមថានុយោគ​ជាទុក្ខ មិនមែនជារបស់​ព្រះអរិយៈ មិនប្រកបដោយប្រយោជន៍ផង ព្រះមានព្រះភាគ ទ្រង់បាន​ដូច​សេចក្តីប្រាថ្នា បានដោយឥតលំបាក បានដោយធំទូលាយ នូវឈានទាំង៤ ដ៏កន្លងបង់ នូវ​កាមាវចរចិត្ត ជាសុខវិហារធម៌ ក្នុងបច្ចុប្បន្នផង។ បពិត្រព្រះអង្គដ៏ចំរើន បើមានអ្នកផងសួរខ្ញុំព្រះអង្គ​ យ៉ាងនេះថា បពិត្រព្រះសារីបុត្រមានអាយុ ពួកសមណៈ ឬព្រាហ្មណ៍ឯទៀត ដែលកន្លង​ហួស​ទៅហើយ ជាអ្នកមានញាណដ៏លើសលុប ជាង​ព្រះមានព្រះភាគ ក្នុងការត្រាស់ដឹង មានខ្លះដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន កាលបើមានអ្នកផង គេសួរយ៉ាងនេះ ខ្ញុំព្រះអង្គ ត្រូវប្រាប់គេថា មិនមានទេ។ បើគេសួរថា បពិត្រព្រះសារីបុត្រមានអាយុ ពួកសមណៈ ឬព្រាហ្មណ៍ឯទៀត ក្នុងកាលដែលមិនទាន់​មានមក ជាអ្នកមានញាណដ៏លើសលុប ជាង​ព្រះមានព្រះភាគ ក្នុងការត្រាស់ដឹង នឹងមានខ្លះដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន កាលបើ​មាន​អ្នកផង គេសួរយ៉ាងនេះ ខ្ញុំព្រះអង្គ ត្រូវប្រាប់គេថា មិនមានទេ។ បើមានគេសួរថា បពិត្រព្រះសារីបុត្រមានអាយុ ពួកសមណៈ ឬព្រាហ្មណ៍ឯទៀត ក្នុងកាល​ឥឡូវនេះ ជាអ្នកមានញាណដ៏លើសលុប ជាង​ព្រះមានព្រះភាគ ក្នុងការត្រាស់ដឹង មានខ្លះដែរឬ។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន កាលបើមានអ្នកផង គេសួរយ៉ាងនេះ ខ្ញុំព្រះអង្គ ត្រូវប្រាប់គេថា មិនមានទេ។ បពិត្រព្រះអង្គដ៏ចំរើន បើមានអ្នកផងសួរខ្ញុំព្រះអង្គ យ៉ាងនេះថា បពិត្រ​ព្រះសារីបុត្រមានអាយុ ពួកសមណៈ ឬព្រាហ្មណ៍ឯទៀត ដែលកន្លងហួស​ទៅហើយ ជា​អ្នក​មានញាណស្មើៗ នឹង​ព្រះមានព្រះភាគ ក្នុងការត្រាស់ដឹង មានខ្លះដែរឬ។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន កាលបើមានអ្នកផង សួរយ៉ាងនេះ ខ្ញុំព្រះអង្គ ត្រូវប្រាប់គេថា បើយ៉ាងនោះ មានមែន។ បើមានគេសួរថា បពិត្រ​ព្រះសារីបុត្រ​មានអាយុ ពួកសមណៈ ឬព្រាហ្មណ៍​ឯទៀត ដែលមិនទាន់​មានមក ជាអ្នកមានញាណស្មើៗ នឹង​ព្រះមានព្រះភាគ ក្នុងការ​ត្រាស់​ដឹង នឹងមានខ្លះដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន កាលបើមានអ្នកផង សួរយ៉ាងនេះ ខ្ញុំព្រះអង្គ ត្រូវប្រាប់គេថា បើយ៉ាង​នោះ មានមែន។ បើមានគេសួរថា បពិត្រ​ព្រះសារីបុត្រ​មានអាយុ ពួកសមណៈ ឬព្រាហ្មណ៍ឯទៀត ក្នុងកាល​ឥឡូវនេះ ជាអ្នកមានញាណស្មើៗ នឹង​ព្រះមានព្រះភាគ ក្នុងការត្រាស់ដឹង មានដែរឬ។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន កាលបើ​មាន​អ្នកផង សួរយ៉ាងនេះ ខ្ញុំព្រះអង្គ ត្រូវប្រាប់គេថា មិនមានទេ។ បពិត្រព្រះអង្គដ៏ចំរើន បើមាន​អ្នកផងសួរ យ៉ាងនេះថា ព្រះសារីបុត្រមានអាយុ ព្រោះហេតុអ្វី បានជា​ដឹងខ្លះ មិនដឹងខ្លះ។ បពិត្រព្រះអង្គដ៏ចំរើន កាលបើមានអ្នកផង សួរយ៉ាងនេះ ខ្ញុំព្រះអង្គ ត្រូវ​ព្យាករយ៉ាងនេះថា ម្នាលអ្នកមានអាយុ ពាក្យនេះ អាត្មាបានស្តាប់ ចំពោះ​ព្រះភក្ត្រ បាន​ទទួល ចំពោះ​ព្រះភក្ត្រ​ព្រះមានព្រះភាគ យ៉ាងនេះថា ព្រះអរហន្តសម្មាសម្ពុទ្ធទាំងឡាយ ដែលកន្លងទៅ​ហើយ ក៏មានញាណស្មើៗនឹងតថាគត ក្នុងការត្រាស់ដឹងដូច្នេះ ម្នាលអ្នក​ដ៏មានអាយុ ពាក្យនេះ អាត្មាបានស្តាប់ ចំពោះ​ព្រះភក្ត្រ បានទទួល ចំពោះ​ព្រះភក្ត្រ​ព្រះមានព្រះភាគ មកហើយថា ព្រះអរហន្ត​សម្មាសម្ពុទ្ធទាំងឡាយ ក្នុង​កាល​មិនទាន់​មាន​មក នឹងមានញាណស្មើៗនឹងតថាគត ក្នុងការត្រាស់ដឹងដូច្នេះ ម្នាលអ្នកដ៏មានអាយុ ពាក្យ​នេះ អាត្មាបានស្តាប់ ចំពោះ​ព្រះភក្ត្រ បានទទួល ចំពោះ​ព្រះភក្ត្រ​ព្រះមានព្រះភាគ យ៉ាង​នេះថា មានព្រះអរហន្តសម្មាសម្ពុទ្ធទាំងឡាយ២ព្រះអង្គ ត្រាស់ដឹងក្នុងលោកធាតុមួយ មិន​មុនមិនក្រោយ (ដំណាលគ្នា) ដំណើរនេះ មិនមែន​ជាឋានៈ គឺ​មិនមានហេតុ ជាទំនង​ដូច្នោះទេ។

[៩២] បពិត្រព្រះអង្គដ៏ចំរើន ចុះកាលបើមានអ្នកផងសួរយ៉ាងនេះ ខ្ញុំព្រះអង្គក៏ឆ្លើយតបទៅ​នឹង​គេយ៉ាងនេះ ឈ្មោះថា និយាយទៅតាមព្រះពុទ្ធវចនៈ របស់ព្រះមានព្រះភាគ មិនបាន​ពោល​បង្កាច់​ព្រះមានព្រះភាគ ដោយពាក្យមិនពិត ឆ្លើយនូវធម៌សមគួរតាមធម៌ ទាំង​វាទានុវាទ (ការពោល​តាមវាទៈ) ណាមួយ ដែលប្រកបដោយហេតុ ក៏ឈ្មោះថា មិនមក​កាន់ទីដែល​គួរតិះដៀលដែរឬ។ ព្រះមានព្រះភាគ ត្រាស់ថា អើសារីបុត្រ កាលបើមាន​អ្នកផងសួរយ៉ាងនេះ អ្នកក៏ឆ្លើយតបទៅ​នឹង​គេយ៉ាងនេះ ឈ្មោះថា និយាយតាមពាក្យ​របស់​តថាគត មិនបាននិយាយ​បង្កាច់តថាគត ដោយពាក្យមិនពិត ឆ្លើយនូវធម៌សមគួរ​ដល់​ធម៌ហើយ ទាំងវាទានុវាទណាមួយ ដែលប្រកបដោយហេតុ ក៏ឈ្មោះថា មិនបាន​មក​កាន់​ទី​គួរតិះដៀលឡើយ។

[៩៣] កាលព្រះមានព្រះភាគ ត្រាស់យ៉ាងនេះហើយ ទើបឧទាយិដ៏មានអាយុ ក្រាបបង្គំ​ទូល​ព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ហេតុនេះអស្ចារ្យណាស់ បពិត្រ​ព្រះអង្គដ៏ចំរើន ហេតុនេះ​មិនដែលមានសោះ អម្បាលព្រះតថាគត មានឫទ្ធិច្រើន​យ៉ាង​នេះ មានអានុភាពច្រើន​យ៉ាងនេះ គង់តែ​មិនធ្វើព្រះអង្គ​ឲ្យប្រាកដ [អដ្ឋកថា ថា ព្រះមាន​ព្រះភាគ មិនសំដែង​នូវគុណ​របស់​ព្រះអង្គ គឺថា មិនអួតខ្លួន (ឲ្យអ្នកដទៃ​ដឹងឡើយ)។] ព្រោះព្រះតថាគត ទ្រង់​មិនមានសេចក្តីប្រាថ្នា ទ្រង់សន្តោស មានព្រះហឫទ័យផូរផង់ ចាកកិលេស បពិត្រព្រះអង្គដ៏ចំរើន ពួកបរិព្វាជក ជាអន្យតិរ្ថិយក្រៅចាកធម៌វិន័យនេះ (បើ) ពិចារណាឃើញធម៌មួយៗ ក្នុងខ្លួនហើយ ពួកបរិព្វាជក​ទាំងនោះ នឹងលើកទង់ ដើរ​ប្រកាស​​ប្រាប់គ្នា ដោយហេតុមានប្រមាណប៉ុណ្ណេះថា (រកអ្នកណាស្មើ​នឹងយើងបាន) បពិត្រ​ព្រះអង្គដ៏ចំរើន ហេតុនេះអស្ចារ្យណាស់ បពិត្រព្រះអង្គដ៏ចំរើន ហេតុនេះ​មិន​ដែល​មានសោះ អម្បាលព្រះតថាគត មានឫទ្ធិច្រើនយ៉ាងនេះ មានអានុភាពច្រើន​យ៉ាងនេះ គង់តែ​មិនធ្វើព្រះអង្គ​ឲ្យប្រាកដ ព្រោះព្រះតថាគត ទ្រង់​មិនមានសេចក្តីប្រាថ្នា ទ្រង់​សន្តោស មានព្រះហឫទ័យផូរផង់ ចាកកិលេស។ ព្រះអង្គត្រាស់ថា ម្នាលឧទាយី អ្នកចូរ​មើលចុះ អម្បាលដូចតថាគត មានឫទ្ធិច្រើនយ៉ាងនេះ មានអានុភាពច្រើន​យ៉ាងនេះ គង់តែ​​មិនធ្វើខ្លួន​ឲ្យប្រាកដ ព្រោះតថាគត ជាអ្នក​មិនមានសេចក្តីប្រាថ្នា ជាអ្នកសន្តោស មានចិត្តផូរផង់ ចាកកិលេស ម្នាលឧទាយី ពួកបរិព្វាជក ជាអន្យតិរ្ថិយ​ក្រៅ​ចាក​ធម៌​វិន័យ​នេះ បើពិចារណាឃើញធម៌មួយៗ ក្នុង​ខ្លួន​ហើយ ពួកបរិព្វាជក​ទាំងនោះ នឹងលើកទង់ ដើរប្រកាស​ប្រាប់គ្នា ដោយហេតុមាន​ប្រមាណ​ប៉ុណ្ណេះ​ថា (រកអ្នកណាស្មើ​នឹងយើងបាន) ម្នាលឧទាយី អ្នកចូរមើលចុះ អម្បាលតថាគត មានឫទ្ធិច្រើនយ៉ាងនេះ មានអានុភាពច្រើន​យ៉ាងនេះ គង់តែ​មិនធ្វើខ្លួន​ឲ្យប្រាកដ ព្រោះតថាគត ជាអ្នក​មិនមានសេចក្តីប្រាថ្នា ជាអ្នក​សន្តោស មានចិត្តផូរផង់ ចាកកិលេស។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ត្រាស់​ហៅ​ព្រះសារីបុត្រមានអាយុមកថា ម្នាលសារីបុត្រ ចូរអ្នក​ពោល​ធម្មបរិយាយនេះ ដល់ពួក​ភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកា រឿយៗចុះ ម្នាលសារីបុត្រ ព្រោះថា សេចក្តីសង្ស័យ ឬសេចក្តី​ងឿងឆ្ងល់ ចំពោះតថាគត នឹងមានមកដល់មោឃបុរសពួកណា សេចក្តី​សង្ស័យ ឬសេចក្តី​ងឿងឆ្ងល់ របស់មោឃបុរសពួកនោះ ចំពោះតថាគតនោះ នឹងសាបសូន្យទៅ ព្រោះ​បាន​ស្តាប់​ធម្មបរិយាយ​នេះ មិនខាន។ ព្រះសារីបុត្រមានអាយុ ក៏សំដែង​នូវ​អំណរនេះ ចំពោះ​ព្រះភក្ត្រនៃព្រះមានព្រះភាគ ដោយប្រការដូច្នេះឯង។ ព្រោះហេតុដូច្នោះ សូត្រនេះ ឈ្មោះ​ថា សម្បសាទនីយសូត្រ ដោយវេយ្យាករណ៍នេះ ដូច្នេះឯង។

ចប់ សម្បសាទនីយសូត្រ ទី៥។

បាសាទិកសូត្រ ទី៦

[៩៤] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងប្រាសាទ នាអម្ពវ័ន របស់ពួកសក្យៈ ដែលមានឈ្មោះ​ថា វេធញ្ញៈ (អ្នកហាត់បាញ់ធ្នូ) ក្នុងសក្កជនបទ​ទាំង​ឡាយ។ សម័យនោះឯង និគណ្ឋនាដបុត្រ ទើបតែធ្វើមរណកាលហើយថ្មីៗ ក្នុង​នគរ​បាវា។ ព្រោះ​តែនិគណ្ឋនាដបុត្រនោះ ធ្វើមរណកាលទៅ ពួកនិគ្រន្ថ កើតបែកគ្នា​ទៅ​ជា​ពីរពួក កើតសេចក្តីប្រកួត​ប្រកាន់ កើតឈ្លោះប្រកែក ចាក់ដោតគ្នីគ្នា ដោយលំពែងមាត់ថា អ្នកមិនចេះធម្មវិន័យ​នេះទេ ខ្ញុំទើប​ចេះ​ធម្មវិន័យនេះ អ្នកនឹងចេះធម្មវិន័យនេះដូចម្តេចបាន អ្នកជាអ្នកប្រតិបត្តិ​ខុសហើយ ខ្ញុំទើប​ប្រតិបត្តិ​ត្រូវ ពាក្យរបស់ខ្ញុំ ប្រកបដោយប្រយោជន៍ ពាក្យរបស់អ្នក មិនប្រកបដោយប្រយោជន៍ទេ ពាក្យដែលគេត្រូវនិយាយមុន អ្នកនិយាយ​ក្រោយ ពាក្យដែលគេត្រូវនិយាយក្រោយ អ្នកនិយាយ​មុន អ្នកបានសន្សំច្រើន​តែវត្ត​ដែល​ខុសៗ ខ្ញុំលើកសេចក្តីខុស​ដាក់លើអ្នក អ្នកត្រូវខ្ញុំផ្ទញ់ផ្ទាល់ហើយ ដើម្បី​ឲ្យផុតអំពីវាទៈ​របស់សាស្តាដទៃ បើអ្នកអង់អាច ចូរដោះខ្លួនឲ្យរួចចុះ។ ហាក់ដូចជាសេចក្តីស្លាប់​តែ​ម្យ៉ាង ប្រព្រឹត្តទៅតាមពួកនិគ្រន្ថ ជាសិស្សរបស់នាដបុត្រ។ ពួកគ្រហស្ថណា មានសម្លៀកបំពាក់ ដែល​ជាសាវ័ករបស់និគណ្ឋនាដបុត្រ ពួកគ្រហស្ថទាំងនោះ ជាអ្នកមានសេចក្តីធុញទ្រាន់ ប្រាសចាក​សេចក្តីស្រឡាញ់ លែងគោរព​ក្នុងពួកនិគ្រន្ថ ដែលជាសិស្ស​របស់​នាដបុត្រ ព្រោះ​តែ​និគណ្ឋនាដបុត្រ សំដែង​នូវធម្មវិន័យមិនល្អ ប្រកាស​ទុកមិនល្អ មិនមែនជា​និយ្យានិកធម៌ មិនមែនប្រព្រឹត្តទៅ ដើម្បី​ស្ងប់រម្ងាប់ ជាធម្មវិន័យ ដែលបុគ្គល​មិន​បាន​ត្រាស់​ដឹងខ្លួនឯង ដោយប្រពៃ ប្រកាសទុកហើយ ទាំង​មានស្តូប គឺទីពំនាក់ បែកធ្លាយហើយ មិនមានទីពឹងឡើយ។

[៩៥] លំដាប់នោះ សមណុទ្ទេស [អដ្ឋកថា ថា សមណុទ្ទេស ជាពាក្យហៅសាមណេរ ព្រះចុន្ទនោះ លោក​បានឧបសម្បទាហើយ គង់គេ​នៅតែហៅលោកយ៉ាងនោះ ព្រោះធ្លាប់​ហៅជាប់​ពីសាមណេរមក។] ឈ្មោះចុន្ទ នៅចាំវស្សាក្នុងក្រុងបាវា បានចូលទៅរក​ព្រះអានន្ទ​មានអាយុ គង់នៅ​នាសាមគ្រាម លុះចូលទៅដល់ហើយ ថ្វាយបង្គំ​ព្រះអានន្ទ​មាន​អាយុ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះ​ចុន្ទសមណុទ្ទេស អង្គុយក្នុងទីដ៏សមគួរ​ហើយ ក៏និយាយ​នឹងព្រះអានន្ទមានអាយុ យ៉ាងនេះថា បពិត្រលោកដ៏ចំរើន និគណ្ឋនាដ​បុត្រ ទើបនឹងធ្វើមរណកាលហើយថ្មីៗ ក្នុងក្រុងបាវា ព្រោះ​កាលកិរិយានៃ​និគណ្ឋនាដបុត្រ​នោះ ពួកនិគ្រន្ថ បែកគ្នាទៅជាពីរពួក។បេ។ ​មានស្តូប គឺទីពំនាក់ បែកធ្លាយហើយ មិនមាន​ទីពឹងឡើយ។ កាលបើចុន្ទសមណុទ្ទេស និយាយយ៉ាងនេះហើយ ព្រះអានន្ទមានអាយុ ក៏និយាយនឹងចុន្ទសមណុទ្ទេស យ៉ាងនេះថា នែចុន្ទមានអាយុ ពាក្យមានមូល​ហេតុនេះ គួរក្រាបបង្គំទូល ដល់ព្រះមានព្រះភាគ នែចុន្ទដ៏មានអាយុ មក យើងនឹងទៅគាល់​ព្រះមាន​ព្រះភាគ លុះចូលទៅដល់ហើយ យើងត្រូវ​ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះ​ព្រះមាន​ព្រះភាគ។ ចុន្ទសមណុទ្ទេស ក៏ទទួលស្តាប់​ព្រះអានន្ទមានអាយុថា បពិត្រ​លោក​ដ៏ចំរើន យ៉ាងនោះមែនហើយ។ លំដាប់នោះ ព្រះអានន្ទដ៏មានអាយុ និងចុន្ទសមណុទ្ទេស ចូលទៅគាល់​ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំ​នូវព្រះមានព្រះភាគ ហើយអង្គុយក្នុង​ទីដ៏សមគួរ។ លុះព្រះអានន្ទមានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ បាន​ក្រាបបង្គំទូល នូវព្រះ​មាន​ព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ចុន្ទសមណុទ្ទេស​នេះ និយាយយ៉ាងនេះថា បពិត្រ​លោកដ៏ចំរើន និគណ្ឋនាដបុត្រ ទើបនឹងធ្វើ​មរណកាល​ហើយថ្មីៗ ក្នុងក្រុងបាវា ព្រោះ​កាលកិរិយា​ នៃនិគណ្ឋនាដបុត្រនោះ ពួកនិគ្រន្ថ បែកគ្នា។បេ។ ​មានស្តូប គឺទីពំនាក់ បែកធ្លាយហើយ មិនមាន​ទីពឹងឡើយ។

[៩៦] ព្រះមានព្រះភាគទ្រង់ត្រាស់ថា ម្នាលចុន្ទ ការណ៍នុ៎ះ រមែងមានយ៉ាងហ្នឹងឯង ព្រោះ​តែ​បុគ្គលពោល នូវធម្មវិន័យ​មិនល្អ ប្រកាសទុកមិនល្អ មិនមែនជានិយ្យានិកធម៌ មិនមែន​ប្រព្រឹត្ត​ទៅ ដើម្បី​ស្ងប់រម្ងាប់ ជាធម្មវិន័យ ដែលបុគ្គលមិនបានត្រាស់ដឹង​ខ្លួនឯង ដោយ​ប្រពៃ ប្រកាសទុកហើយ។ ម្នាលចុន្ទ បើសាស្តាក្នុងលោកនេះ មិនមែន​ជាអ្នកត្រាស់ដឹង​ខ្លួនឯង​​ដោយប្រពៃ ទាំងធម៌​សោត ក៏​សាស្តានោះ សំដែង​មិនល្អ ប្រកាសទុកមិនល្អ មិន​មែនជានិយ្យានិកធម៌ មិនមែនប្រព្រឹត្ត​ទៅ ដើម្បី​ស្ងប់រម្ងាប់ ជាធម្មវិន័យ ដែលបុគ្គល​មិន​បានត្រាស់ដឹង​ខ្លួនឯង ដោយប្រពៃ ប្រកាសទុកហើយ តែ​សាវ័ក មិនមែនជាអ្នក​ប្រតិបត្តិ​ធម៌ សមគួរតាមធម៌ មិនមែន​ជាអ្នកប្រតិបត្តិកោតក្រែង មិនមែន​ជាអ្នកប្រព្រឹត្ត​សមគួរ​តាមធម៌ ក្នុងធម៌នោះ រមែងប្រព្រឹត្តគេចចេញ ចាកធម៌នោះថែមទៀត សាវ័ក​នោះ គួរគេ​សរសើរយ៉ាងនេះថា ម្នាលអាវុសោ ជាលាភរបស់អ្នកនោះហើយ អ្នកនោះឈ្មោះថា បាន​ល្អហើយ ព្រោះសាស្តារបស់អ្នក មិនមែន​ជាអ្នកត្រាស់ដឹង​ខ្លួនឯង​ដោយប្រពៃទេ ទាំងធម៌​សោត ក៏​សាស្តានោះ បានសំដែង​មិនល្អ ប្រកាសទុកមិនល្អ មិនមែនជានិយ្យានិកធម៌ មិនប្រព្រឹត្ត​ទៅ ដើម្បី​ស្ងប់រម្ងាប់ ជាធម៌ ដែលបុគ្គលមិនបានត្រាស់ដឹង​ខ្លួនឯង ដោយប្រពៃ ប្រកាសទុកហើយ ទាំងអ្នក​សោត ក៏មិនមែនជាអ្នកប្រតិបត្តិនូវធម៌ សមគួរតាមធម៌ មិន​ប្រតិបត្តិកោតក្រែង មិន​ប្រព្រឹត្ត​សម​គួរតាមធម៌ ក្នុងធម៌នោះ គឺប្រព្រឹត្តគេចចេញ ចាក​ធម៌នោះ។ ម្នាលចុន្ទ សូម្បីសាស្តា ក៏គួរឲ្យអ្នក​ផង​តិះ​ដៀល ក្នុងហេតុនោះ ទាំងធម៌ ក៏គួរ​ឲ្យអ្នកផងតិះដៀល ក្នុងហេតុនោះ ដោយប្រការ​ដូច្នេះឯង តែឯសាវ័ក គួរគេសរសើរ ក្នុងហេតុនោះ យ៉ាងនេះ។ ម្នាលចុន្ទ អ្នកណាមួយ និយាយនឹងសាវ័ក មានសភាពដូច្នោះ យ៉ាងនេះថា អ្នកមានអាយុចូរមក ចូរប្រតិបត្តិធម៌ ដែល​សាស្តា​របស់អ្នកបាន​សំដែង​ទុកហើយ បានបញ្ញត្ត​ទុកហើយយ៉ាងនោះចុះ។ បុគ្គលណាបបួលក្តី បបួលនូវបុគ្គល​ណាក្តី បុគ្គលណា ដែល​គេបបួលហើយ ប្រតិបត្តិ​តាមដូច្នោះក្តី ពួកបុគ្គល​ទាំងអស់​នោះ រមែង​បាននូវ​បាប​ដ៏ច្រើន។ ដំណើរនោះ តើព្រោះហេតុអ្វី។ ម្នាលចុន្ទ ព្រោះដំណើរនុ៎ះ រមែង​មានយ៉ាងនេះ ក្នុង​ធម្មវិន័យ ដែលសាស្តាសំដែង​មិនល្អហើយ ប្រកាស​ទុក​មិនល្អ​ហើយ មិនមែន​ជា​និយ្យានិកធម៌ មិនមែនប្រព្រឹត្ត​ទៅ ដើម្បី​ស្ងប់រម្ងាប់ ជាធម៌ ដែល​បុគ្គល​មិនបានត្រាស់ដឹង​ខ្លួនឯង ដោយប្រពៃ ប្រកាសទុកហើយ។

[៩៧] ម្នាលចុន្ទ មួយទៀត សាស្តាក្នុងលោកនេះ មិនមែនជាសម្មាសម្ពុទ្ធ ទាំងធម៌ ក៏​សាស្តា​​នោះ សំដែងហើយមិនល្អ បានប្រកាសទុកហើយមិនល្អ មិនមែនជានិយ្យានិកធម៌ មិនមែនប្រព្រឹត្ត​ទៅ ដើម្បី​ស្ងប់រម្ងាប់ ជាធម៌ ដែលបុគ្គលមិនបានត្រាស់ដឹង​ខ្លួនឯង ប្រកាស​ទុកហើយ តែឯសាវ័ក ជា​អ្នក​ប្រតិបត្តិធម៌ តាមធម៌ ប្រតិបត្តិកោតក្រែង ប្រព្រឹត្តតាមធម៌ ក្នុងធម៌នោះ សមាទានប្រព្រឹត្ត​ធម៌​នោះ សាវ័កនោះ គួរគេនិយាយឲ្យ យ៉ាងនេះថា ម្នាល​អាវុសោ មិនមែនជាលាភ របស់អ្នកនោះទេ អ្នកនោះ​ឈ្មោះ​ថា បានអាក្រក់ហើយ ព្រោះ​តែសាស្តារបស់អ្នក មិនមែន​ជាអ្នកត្រាស់ដឹង​ឯង​ដោយប្រពៃទេ ទាំងធម៌​សោត ក៏​សាស្តា​នោះ បានសំដែង​ហើយមិនល្អ ប្រកាសទុកមិនល្អ មិនមែនជានិយ្យានិកធម៌ មិនមែន​ប្រព្រឹត្ត​​ទៅ ដើម្បី​ស្ងប់រម្ងាប់ ជាធម៌ ដែលបុគ្គលមិនបានត្រាស់ដឹង​ខ្លួនឯង ប្រកាស​ទុក​ឡើយ ឯអ្នក ក៏ជាអ្នកប្រតិបត្តិធម៌ តាមធម៌ ​ប្រតិបត្តិកោតក្រែង ប្រព្រឹត្តតាមធម៌ ក្នុង​ធម៌នោះ សមាទាន​ប្រព្រឹត្ត​តាមធម៌នោះ។ ម្នាលចុន្ទ ព្រោះហេតុនេះ បានជាសាស្តា ក៏គួរគេ​តិះដៀល ក្នុងហេតុនោះ ធម៌ ក៏គួរគេតិះដៀល ក្នុងហេតុនោះ សាវ័ក ក៏គួរ​គេតិះដៀល ក្នុងហេតុនោះ យ៉ាងនេះ។ ម្នាលចុន្ទ បើអ្នកណាមួយ និយាយនឹងសាវ័ក មានសភាពដូច្នោះ យ៉ាងនេះថា លោកមានអាយុ ជាអ្នក​ប្រតិបត្តិ​ត្រូវហេតុហើយ មុខជា​នឹងសម្រេច​ហេតុ​មិនខាន។ បុគ្គលណាសរសើរក្តី សរសើរនូវបុគ្គលណាក្តី អ្នកដែល​គេ​សរសើរហើយ ប្រារព្ធព្យាយាម ឲ្យលើស​ជាងប្រមាណក្តី ពួកអ្នក​ទាំងអស់​នោះ តែងបាន​នូវ​បាបដ៏ច្រើន។ ដំណើរនោះ តើព្រោះហេតុអ្វី។ ម្នាលចុន្ទ ព្រោះដំណើរនុ៎ះ រមែង​មាន​យ៉ាងនេះ ក្នុង​ធម្មវិន័យ ដែលសាស្តាសំដែង​ហើយមិនល្អ ប្រកាសទុកមិនល្អ មិនមែន​ជា​និយ្យានិកធម៌ មិនមែន​ប្រព្រឹត្ត​​ទៅ ដើម្បី​ស្ងប់រម្ងាប់ ជាធម៌ ដែលបុគ្គល មិនបានត្រាស់ដឹង​ខ្លួនឯង ប្រកាសទុកហើយ។

[៩៨] ម្នាលចុន្ទ មួយទៀត សាស្តាក្នុងលោកនេះ ជាអ្នកត្រាស់ដឹងឯងដោយប្រពៃផង ទាំងធម៌​សោត ក៏សាស្តា​នោះ សំដែងទុកល្អហើយ ប្រកាសទុកល្អហើយ ជានិយ្យានិកធម៌ ជាធម៌ប្រព្រឹត្ត​ទៅ ដើម្បី​សេចក្តីស្ងប់រម្ងាប់ ជាធម៌ ដែលព្រះសម្មាសម្ពុទ្ធ ប្រកាសទុកហើយ តែសាវ័ក មិនមែន​ជា​អ្នក​ប្រតិបត្តិ​ធម៌ សមគួរតាមធម៌ មិនប្រតិបត្តិដោយកោតក្រែង មិន​ប្រព្រឹត្តសមគួរតាមធម៌ ក្នុងធម៌នោះ រមែងប្រព្រឹត្ត​គេចចេញចាកធម៌នោះថែមទៀត សាវ័ក​នោះ គួរគេនិយាយឲ្យ យ៉ាងនេះថា ម្នាល​អាវុសោ មិនមែនជាលាភ របស់​អ្នក​នោះ​ទេ អ្នកនោះឈ្មោះថា បានអាក្រក់ហើយ ព្រោះ​សាស្តា​របស់​អ្នក ជាសម្មាសម្ពុទ្ធស្រាប់ ទាំងធម៌ ក៏​សាស្តានោះ សំដែងទុកល្អហើយ ប្រកាសទុកល្អហើយ ជា​និយ្យានិកធម៌ ជា​ធម៌ប្រព្រឹត្ត​ទៅ ដើម្បីសេចក្តី​ស្ងប់រម្ងាប់ ជាធម៌ ដែលព្រះសម្មាសម្ពុទ្ធ ទ្រង់​ប្រកាស​ទុក​ហើយ ទាស់តែអ្នក មិនមែនជាអ្នកប្រតិបត្តិធម៌ សមគួរតាមធម៌ មិន​ប្រតិបត្តិកោតក្រែង មិន​ប្រព្រឹត្ត​សមគួរតាមធម៌ ក្នុងធម៌នោះ ទៅជា​ប្រព្រឹត្ត​គេច​ចេញចាកធម៌នោះវិញ។ ម្នាល​ចុន្ទ ព្រោះ​ហេតុ​នេះ សាស្តា ក៏គួរគេ​សរសើរ ក្នុងហេតុនោះ ធម៌ ក៏គួរគេសរសើរ ក្នុង​ហេតុនោះ ដោយ​ប្រការ​ដូច្នេះឯង ប៉ុន្តែឯសាវ័ក គួរគេតិះដៀល ក្នុងហេតុនោះ យ៉ាងនេះ។ ម្នាលចុន្ទ បើអ្នកណាមួយ និយាយ​នឹងសាវ័ក មានសភាពដូច្នោះ យ៉ាងនេះថា អ្នកដ៏​មានអាយុចូរមក ចូរប្រតិបត្តិតាមធម៌ ដែលសាស្តារបស់អ្នក សំដែងទុកហើយ បញ្ញត្តទុក​ហើយ យ៉ាងនោះចុះ។ បុគ្គលណាបបួលក្តី បបួលនូវបុគ្គលណាក្តី អ្នកដែល​គេបបួល​ហើយ ប្រតិបត្តិតាមយ៉ាងនោះក្តី ពួកអ្នក​ទាំងអស់​នោះ រមែងបាននូវបុណ្យច្រើន។ ដំណើរ​នោះ ព្រោះហេតុអ្វី។ ម្នាលចុន្ទ ព្រោះដំណើរនុ៎ះ រមែង​មាន​យ៉ាង​នេះ ក្នុងធម្មវិន័យ ដែល​សាស្តាសំដែង​ល្អហើយ បានប្រកាសទុកល្អហើយ ​ជា​និយ្យានិកធម៌ ជាធម៌​ប្រព្រឹត្ត​ទៅ ដើម្បី​សេចក្តីស្ងប់រម្ងាប់ ជាធម៌ ដែលព្រះសម្មាសម្ពុទ្ធ ទ្រង់ត្រាស់ទុកហើយ។

[៩៩] ម្នាលចុន្ទ មួយទៀត សាស្តាក្នុងលោកនេះ ក៏ជាសម្មាសម្ពុទ្ធ ទាំងធម៌ ក៏សាស្តា​នោះ សំដែងល្អហើយ ប្រកាសទុកល្អហើយ ជានិយ្យានិកធម៌ ជាធម៌ប្រព្រឹត្ត​ទៅ ដើម្បី​ស្ងប់រម្ងាប់ ជាធម៌ ដែលព្រះសម្មាសម្ពុទ្ធ ទ្រង់ប្រកាសទុកហើយ ទាំងសាវ័កសោត ក៏ជាអ្នកប្រតិបត្តិ​ធម៌ សមគួរតាមធម៌ ប្រតិបត្តិកោតក្រែង ប្រព្រឹត្តសមគួរតាមធម៌ ក្នុងធម៌នោះ សមាទាន​ប្រព្រឹត្ត​តាមធម៌​នោះ សាវ័កនោះ គួរគេនិយាយយ៉ាងនេះថា ម្នាលអាវុសោ ជាលាភល្អ របស់អ្នកនោះហើយ អ្នកនោះឈ្មោះថា បានល្អហើយ ព្រោះសាស្តារបស់អ្នក ​ជាអ្នក​ឆ្ងាយចាកកិលេស ត្រាស់ដឹង​ឯង​ដោយប្រពៃ ទាំងធម៌​សោត ក៏​សាស្តានោះ បានសំដែង​ល្អហើយ ប្រកាសទុកល្អហើយ ជានិយ្យានិកធម៌ ជាធម៌ប្រព្រឹត្ត​ទៅ ដើម្បី​ស្ងប់រម្ងាប់ ជាធម៌ ដែលព្រះសម្មាសម្ពុទ្ធ ទ្រង់ប្រកាសទុកហើយ អ្នកសោត ក៏ជាអ្នកប្រតិបត្តិធម៌ សមគួរតាម​ធម៌ ​ប្រតិបត្តិកោតក្រែង ប្រព្រឹត្តសមគួរតាមធម៌ ក្នុងធម៌នោះ សមាទាន​ប្រព្រឹត្ត​តាម​ធម៌​នោះ។ ម្នាលចុន្ទ ព្រោះហេតុនេះ បានជាសាស្តា ក៏គួរគេសរសើរ ក្នុងហេតុនោះ ធម៌ ក៏គួរ​គេសរសើរ ក្នុងហេតុនោះ សាវ័ក ក៏គួរគេសរសើរ ក្នុងហេតុនោះ យ៉ាងនេះ។ ម្នាលចុន្ទ បើអ្នកណាមួយ និយាយ​នឹង​សាវ័ក មានសភាពដូច្នោះ យ៉ាងនេះថា លោកមានអាយុ ជាអ្នកប្រតិបត្តិត្រូវហេតុហើយ មុខ​ជា​នឹង​សម្រេច​ហេតុ​មិនខាន។ បុគ្គលណាសរសើរក្តី សរសើរនូវបុគ្គលណាក្តី អ្នកដែល​គេសរសើរហើយ ប្រារព្ធព្យាយាម យ៉ាងក្រៃលែង ​ជាងប្រមាណក្តី ពួកអ្នក​ទាំងអស់​នោះ រមែងបាននូវបុណ្យច្រើន។ ដំណើរ​នោះ ព្រោះ​ហេតុ​អ្វី។ ម្នាលចុន្ទ ព្រោះដំណើរនុ៎ះ រមែង​មានយ៉ាងនេះ ក្នុងធម្មវិន័យ ដែល​សាស្តា​សំដែង​​ល្អហើយ ប្រកាសទុកល្អ​ហើយ ​ជា​និយ្យានិកធម៌ ជាធម៌ប្រព្រឹត្ត​ទៅ ដើម្បី​សេចក្តី​ស្ងប់​រម្ងាប់ ជាធម៌ ដែលព្រះសម្មាសម្ពុទ្ធ ទ្រង់ប្រកាសទុកហើយ។

[១០០] ម្នាលចុន្ទ ព្រះសាស្តាជាអរហន្តសម្មាសម្ពុទ្ធ កើតហើយក្នុងលោកនេះ ទាំងធម៌​សោត ក៏ព្រះសាស្តា សំដែងល្អហើយ ប្រកាសទុកល្អហើយ ជានិយ្យានិកធម៌ ជាធម៌​ប្រព្រឹត្ត​​ទៅ ដើម្បី​សេចក្តី​ស្ងប់រម្ងាប់ ជាធម៌ ដែលព្រះសម្មាសម្ពុទ្ធ ទ្រង់ប្រកាសទុកហើយ តែ​ពួកសាវ័ក របស់ព្រះសាស្តានោះ មិនទាន់យល់សេចក្តីច្បាស់ ក្នុងព្រះសទ្ធម្មឡើយ ទាំង​ព្រះសាស្តា​ របស់​សាវ័ក​ទាំងនោះ ក៏ពុំទាន់បាន​ធ្វើ​ឲ្យច្បាស់ នូវ​ព្រហ្មចរិយធម៌ ឲ្យ​បរិបូណ៌​​ទាំងអស់ ពុំទាន់​ធ្វើឲ្យងាយ ពុំទាន់​ធ្វើដោយ​បទចង​ក្រង​សព្វគ្រប់ ពុំទាន់ធ្វើឲ្យ​ជា​ធម៌​ល្មមដឹកនាំគ្នាបាន ដល់ពួកសាវ័កនោះ ដរាប​តែពួកទេវតា និងមនុស្ស​សំដែងបាន ដោយ​​ប្រពៃនៅឡើយ ហើយព្រះសាស្តារបស់សាវ័ក​ទាំង​នោះ បាត់ខ្លួនទៅ។ ម្នាលចុន្ទ ព្រះសាស្តា មានសភាពយ៉ាងនេះ ឈ្មោះថា ធ្វើមរណកាល ឲ្យមានសេចក្តី​ក្តៅ​ក្រហាយ ស្តាយ​​ក្រោយ ដល់ពួកសាវ័ក។ ដំណើរនោះ ព្រោះហេតុអ្វី។ ព្រោះ (ពួកសាវ័កនោះ មាន​សេចក្តី​​ស្តាយ​ក្រោយ​ថា) ព្រះសាស្តា ជាអរហន្តសម្មាសម្ពុទ្ធ បានកើតឡើងហើយក្នុង​លោក ទាំងធម៌សោត ក៏​ព្រះសាស្តានោះ សំដែងល្អហើយ ប្រកាសទុកល្អហើយ ជា​និយ្យានិកធម៌ ជាធម៌ប្រព្រឹត្ត​ទៅ ដើម្បី​សេចក្តីស្ងប់រម្ងាប់ ជាធម៌ ដែលព្រះសម្មាសម្ពុទ្ធ ទ្រង់​ប្រកាស​ទុកហើយ ប៉ុន្តែពួកយើង មិនទាន់​យល់​សេចក្តី​ច្បាស់ ក្នុងព្រះសទ្ធម្មឡើយ ទាំង​ព្រហ្មចរិយធម៌ដ៏បរិបូណ៌គ្រប់គ្រាន់ ក៏ព្រះសាស្តា​មិនទាន់​បាន​ធ្វើឲ្យច្បាស់ មិនទាន់​ធ្វើឲ្យ​ងាយ មិនទាន់បាន​ធ្វើ ដោយបទចងក្រងសព្វគ្រប់ មិនទាន់បានធ្វើឲ្យ​ជាធម៌ គួរដឹក​នាំគ្នា​បាន ដល់យើងទាំងឡាយ ដរាប​តែពួកទេវតា និងមនុស្ស ក៏សំដែងបាន ដោយ​ប្រពៃ​នៅ​ឡើយ ព្រះសាស្តារបស់ពួកយើង បាត់បង់ទៅ។ ម្នាលចុន្ទ ព្រះសាស្តាមាន​សភាព​យ៉ាង​នេះ​​ឯង ឈ្មោះថា ធ្វើមរណកាល ឲ្យមានសេចក្តី​ក្តៅ​ក្រហាយ ស្តាយក្រោយ ដល់ពួក​សាវ័ក។

[១០១] ម្នាលចុន្ទ មួយទៀត ព្រះសាស្តាជាអរហន្តសម្មាសម្ពុទ្ធ កើតឡើងក្នុងលោកនេះ ទាំងធម៌ ក៏ព្រះសាស្តានោះ សំដែងល្អហើយ បានប្រកាសទុកល្អហើយ ជានិយ្យានិកធម៌ ជាធម៌​ប្រព្រឹត្ត​​ទៅ ដើម្បី​សេចក្តីស្ងប់រម្ងាប់ ជាធម៌ ដែលព្រះសម្មាសម្ពុទ្ធ បានប្រកាស​ទុក​ហើយ ទាំងពួក​សាវ័ក របស់ព្រះសាស្តានោះ បានយល់សេចក្តីច្បាស់ ក្នុងព្រះសទ្ធម្ម​ហើយ ព្រះសាស្តា​ ក៏បាន​ធ្វើឲ្យ​ជាក់​ច្បាស់ នូវ​ព្រហ្មចរិយធម៌ ដ៏បរិបូណ៌គ្រប់គ្រាន់ ​ធ្វើឲ្យ​ងាយ​ហើយ ​ធ្វើដោយបទ​ចងក្រង​សព្វ​គ្រប់​ហើយ ធ្វើឲ្យ​ជាធម៌ គួរណែនាំគ្នាបានហើយ ដរាប​តែពួកទេវតា និងមនុស្ស ក៏សំដែងបាន ដោយ​ប្រពៃ ទើបព្រះសាស្តា របស់សាវ័ក​ទាំង​នោះ អន្តរធានទៅ។ ម្នាលចុន្ទ សាស្តា មានសភាព​យ៉ាង​នេះ​ឯង ឈ្មោះថា ធ្វើ​មរណកាល មិនឲ្យមានសេចក្តី​ក្តៅ​ក្រហាយ ស្តាយក្រោយ ដល់ពួកសាវ័ក។ ដំណើរ​នោះ ព្រោះ​ហេតុអ្វី។ ព្រោះថា (ពួកសាវ័កទាំងនោះ មាន​សេចក្តី​ត្រេកអរយ៉ាងនេះថា) ព្រះ​សាស្តា ជាអរហន្ត សម្មាសម្ពុទ្ធ បានកើតឡើងហើយក្នុងលោក ទាំងធម៌សោត ក៏ព្រះ​សាស្តា បាន​សំដែង​ល្អ​ហើយ ប្រកាសទុកល្អហើយ ជានិយ្យានិកធម៌ ជាធម៌ប្រព្រឹត្ត​ទៅ ដើម្បី​​សេចក្តីស្ងប់រម្ងាប់ ជាធម៌ ដែល​ព្រះសម្មាសម្ពុទ្ធ បានប្រកាសទុកហើយ ពួកយើង​សោត ក៏បានយល់សេចក្តីច្បាស់ ក្នុងព្រះសទ្ធម្ម​ហើយ ព្រះសាស្តា​ បានធ្វើឲ្យច្បាស់ នូវ​ព្រហ្មចរិយធម៌ ដ៏បរិបូណ៌ទាំងអស់ បាន​ធ្វើឲ្យងាយហើយ បាន​ធ្វើដោយបទ​ ចងក្រង​សព្វ​គ្រប់​ហើយ បានធ្វើឲ្យ​ជាធម៌ គួរណែនាំគ្នាបានហើយ ដរាប​តែ​ពួក​ទេវតា និងមនុស្ស ក៏​សំដែង​បាន ដោយប្រពៃ ទើបព្រះសាស្តា បាត់បង់ទៅ។ ម្នាលចុន្ទ សាស្តា​មាន​សភាព​យ៉ាង​នេះឯង ឈ្មោះថា ធ្វើមរណកាល​ មិនឲ្យមានសេចក្តី​ក្តៅ​ក្រហាយ ស្តាយក្រោយ ដល់​ពួកសាវ័ក។

[១០២] ម្នាលចុន្ទ ប្រសិនបើព្រហ្មចរិយធម៌ ប្រកបដោយអង្គទាំង​នុ៎ះហើយ សាស្តាមិន​មែន​​ជាថេរៈ ជាអ្នកដឹងរាត្រី ជាអ្នកបួសយូរ តាំងនៅជាអង្វែង ជាអ្នកចំរើនវ័យ ដោយ​លំដាប់ទេ ព្រហ្ម​ចរិយធម៌នោះ ឈ្មោះថា មិនបរិបូណ៌ដោយអង្គនោះ យ៉ាងនេះឡើយ។ ម្នាលចុន្ទ បើព្រហ្មចរិយធម៌ ប្រកបដោយអង្គទាំងនេះហើយ ទាំងសាស្តា ក៏​ជាថេរៈ ជាអ្នក​ដឹងរាត្រី បួសយូរ តាំងនៅជាអង្វែង ចំរើនវ័យ ដោយលំដាប់ ក្នុងកាលណាហើយ ព្រហ្ម​ចរិយធម៌នោះ ទើបឈ្មោះថា បរិបូណ៌​ ដោយ​អង្គ​នោះ យ៉ាងនេះ ក្នុងកាលនោះ។

[១០៣] ម្នាលចុន្ទ ប្រសិនបើព្រហ្មចរិយធម៌ ប្រកបដោយអង្គទាំង​នុ៎ះ ទាំងសាស្តា ក៏​ជា​ថេរៈ ជាអ្នកដឹងរាត្រី បួសយូរ តាំងនៅជាអង្វែង ចំរើនវ័យ ដោយលំដាប់ហើយ តែមិន​មាន​ពួកភិក្ខុ​ជាសាវ័ក របស់សាស្តានោះ ជាថេរៈ ជាអ្នកឈ្លាសវៃ ដឹកនាំ ក្លៀវក្លា បានដល់​ធម៌​ក្សេមចាកយោគៈ អាចនឹងប្រាប់នូវព្រះសទ្ធម្មបាន អាចសង្កត់សង្កិន នូវបរប្បវាទ ដែល​កើត​​ឡើងហើយ ឲ្យជាពាក្យ​ ដែល​ខ្លួនសង្កត់សង្កិន​រៀបរយ ដោយពាក្យប្រកបដោយ​ធម៌ ហើយសំដែងធម៌ ព្រមទាំង​បាដិហារិយ៍  ព្រហ្ម​ចរិយធម៌នោះ ឈ្មោះថា មិនបរិបូណ៌​ដោយ​អង្គនោះ យ៉ាងនេះ។ ម្នាលចុន្ទ បើព្រហ្មចរិយធម៌ ប្រកបដោយអង្គទាំងនុ៎ះហើយ ទាំង​សាស្តា ក៏​ជាថេរៈ ជាអ្នកដឹងរាត្រី បួសយូរ តាំងនៅជាអង្វែង ចំរើនវ័យ ដោយលំដាប់​ហើយ ទាំងពួកភិក្ខុ​ជាសាវ័ក របស់សាស្តានោះ ក៏ជាថេរៈ ជាអ្នកឈ្លាសវៃ ដឹកនាំ ក្លៀវក្លា បានដល់ធម៌ក្សេមចាកយោគៈ អាចនឹងប្រាប់នូវព្រះសទ្ធម្មបាន អាចសង្កត់​សង្កិន​នូវ​បរប្បវាទ ដែលកើត​ឡើងហើយ ឲ្យជាពាក្យ​ ដែល​ខ្លួនសង្កត់សង្កិន ​រៀបរយ ប្រកបដោយ​ធម៌ ហើយសំដែងធម៌ ព្រមទាំង​បាដិហារិយ៍  ក្នុងកាលណា ព្រហ្ម​ចរិយធម៌នោះ ទើប​ឈ្មោះថា បរិបូណ៌ដោយអង្គនោះ យ៉ាងនេះ ក្នុងកាលនោះ។

[១០៤] ម្នាលចុន្ទ ប្រសិនបើព្រហ្មចរិយធម៌ ប្រកបដោយអង្គទាំង​នុ៎ះ ទាំងសាស្តា ក៏​ជាថេរៈ ជាអ្នកដឹងរាត្រី បួសយូរ តាំងនៅជាអង្វែង ចំរើនវ័យ ដោយលំដាប់ហើយ ទាំងពួកភិក្ខុ​ជាសាវ័ក របស់សាស្តានោះ ក៏ជាថេរៈ ជាអ្នកឈ្លាសវៃ ដឹកនាំ ក្លៀវក្លា។បេ។ អាច​សង្កត់​សង្កិន​នូវបរប្បវាទ ដែលកើត​ឡើងហើយ ជាពាក្យ​ ដែល​ខ្លួនសង្កត់សង្កិន​រៀបរយដោយ​ធម៌ ហើយសំដែងធម៌ ព្រមទាំង​បាដិហារិយ៍ តែពួកភិក្ខុជាន់កណ្តាល ជាសាវ័ករបស់​សាស្តា​នោះ មិនមាន។ បើមានតែពួក​ភិក្ខុ​ជាន់កណ្តាល ជាសាវ័ក។ តែសាស្តានោះ មិនមាន​ពួកភិក្ខុខ្ចីជាសាវ័ក។ សាស្តានោះ មានតែពួក​ភិក្ខុនីខ្ចីជាសាវិកា។ តែសាស្តានោះ មិនមានពួក​ភិក្ខុនីចាស់ជាសាវិកា។ សាស្តានោះ​ មានតែពួក​ភិក្ខុនីចាស់ ជាសាវិកា។ តែសាស្តានោះ មិនមានពួកភិក្ខុនីជាន់កណ្តាលជាសាវិកា។ សាស្តានោះ មានតែពួកភិក្ខុនី​ជាន់កណ្តាល ជាសាវិកា។ តែសាស្តានោះ មិនមានពួកភិក្ខុនីខ្ចី ជាសាវិកា។ សាស្តានោះ មានតែពួកភិក្ខុនីខ្ចី ជាសាវិកា។ តែសាស្តានោះ មិនមានពួកគ្រហស្ថឧបាសក មាន​សម្លៀក​​បំពាក់ស ប្រព្រឹត្តព្រហ្មចារ្យ ជាសាវ័ក។ បើសាស្តានោះ មាន​តែពួកគ្រហស្ថ​ឧបាសក មានសម្លៀកបំពាក់ស ប្រព្រឹត្តព្រហ្មចា្យ ជាសាវ័ក។ តែសាស្តានោះ មិនមាន​ពួកគ្រហស្ថ​ឧបាសក មានសម្លៀកបំពាក់ស ជាអ្នកបរិភោគកាម ជាសាវ័ក។ បើសាស្តា​នោះ មាន​តែពួកគ្រហស្ថឧបាសក មានសម្លៀកបំពាក់ស បរិភោគកាម ជាសាវ័ក។ តែ​សាស្តានោះ មិនមាន​ពួក​គ្រហស្ថឧបាសិកា មានសម្លៀកបំពាក់ស ប្រព្រឹត្តព្រហ្មចា្យ ជា​សាវិកា។ បើសាស្តានោះ មានតែពួកគ្រហស្ថ​ឧបាសិកា មានសម្លៀកបំពាក់ស ប្រព្រឹត្ត​ព្រហ្មចា្យ ជាសាវិកា។ តែសាស្តានោះ មិនមានពួកគ្រហស្ថ​ឧបាសិកា មានសម្លៀក​បំពាក់ស បរិភោគកាម ជាសាវិកា។ បើសាស្តានោះ មាន​តែពួកគ្រហស្ថឧបាសិកា មាន​សម្លៀកបំពាក់ស បរិភោគកាម ជាសាវិកា។ តែព្រហ្ម​ចរិយធម៌របស់សាស្តានោះ មិនមាំ​មួន​​ផ្សាយ​ទូលាយទៅ ឥតមានគេចេះដឹងច្រើនក្រាស់ក្រែល ដរាបតែពួកទេវតា និង​មនុស្ស សំដែង​ដោយ​ប្រពៃមិនបាន បើទុកជាព្រហ្មចារ្យរបស់សាស្តានោះ មាំមួន​ផ្សាយ​ទូលាយទៅ មានគេចេះដឹងច្រើន​ក្រាស់ក្រែល ដរាបតែពួកទេវតា និងមនុស្ស សំដែង​បានដោយប្រពៃ តែមិនបានដល់នូវ​លាភ​ដ៏ប្រសើរ និងយសដ៏ប្រសើរ កាលបើដូច្នេះ ព្រហ្មចារ្យនោះ ឈ្មោះថា មិនបរិបូណ៌ដោយអង្គនោះទេ។ ម្នាលចុន្ទ កាលណាបើ​ព្រហ្មចារ្យ ប្រកបដោយអង្គទាំង​នុ៎ះ ទាំងសាស្តា ក៏​ជាថេរៈ ជាអ្នកដឹងរាត្រី បួសយូរ តាំងនៅជាអង្វែង ចំរើនវ័យ ដោយលំដាប់ ទាំងពួកភិក្ខុ​ជាសាវ័ក របស់ព្រះសាស្តានោះ ក៏ជាថេរៈ ជាអ្នកឈ្លាសវៃ អាចដឹកនាំ ក្លៀវក្លា។បេ។ អាចសំដែងធម៌ ព្រមទាំង​បាដិហារិយ៍បាន។ សាស្តានោះ មានពួកភិក្ខុជាន់កណ្តាល ជាសាវ័កផង។ សាស្តានោះ មាន​ពួកភិក្ខុខ្ចី ជាសាវ័កផង។ សាស្តានោះ មានពួក​ភិក្ខុនីចាស់ ជាសាវិកាផង។ សាស្តា​នោះ មានពួកភិក្ខុនីជាន់កណ្តាលជាសាវិកាផង។ សាស្តានោះ មានពួកភិក្ខុនីខ្ចី ជា​សាវិកា​ផង។ សាស្តានោះ មានពួកគ្រហស្ថឧបាសក មានសម្លៀកបំពាក់ស ប្រព្រឹត្តព្រហ្មចា្យ ជាសាវ័កផង។ សាស្តានោះ មានពួកគ្រហស្ថឧបាសក មានសម្លៀកបំពាក់ស បរិភោគ​កាម ជាសាវ័ក​ផង។ សាស្តានោះ មានពួកគ្រហស្ថ​ឧបាសិកា មានសម្លៀកបំពាក់ស ប្រព្រឹត្ត​ព្រហ្មចា្យ ជាសាវិកាផង។ សាស្តានោះ មានពួកគ្រហស្ថឧបាសិកា មាន​សម្លៀក​បំពាក់ស បរិភោគកាម ជាសាវិកាផង។ ទាំង​ព្រហ្មចារ្យ របស់សាស្តានោះ ក៏មាំមួន ​ផ្សាយ​ទូលាយទៅ មានគេចេះដឹងច្រើនក្រាស់ក្រែល ដរាប​តែពួកទេវតា និងមនុស្ស សំដែង​បាន​ដោយ​ប្រពៃ ទាំងបានដល់នូវ​លាភ​ដ៏ប្រសើរ និងយសដ៏ប្រសើរ កាលបើដូច្នេះ ព្រហ្មចារ្យ​នោះ ទើបឈ្មោះថា បរិបូណ៌ដោយអង្គនោះ។

[១០៥] ម្នាលចុន្ទ ក៏ឥឡូវនេះ តថាគតជាសាស្តា ជាអរហន្តសម្មាសម្ពុទ្ធ កើតឡើង​ហើយក្នុង​លោក ទាំងធម៌សោត តថាគត បានសំដែងប្រពៃហើយ ប្រកាសទុកប្រពៃហើយ ជានិយ្យានិកធម៌ ជាធម៌ប្រព្រឹត្ត​ទៅ ដើម្បី​សេចក្តីស្ងប់រម្ងាប់ ជាធម៌ ដែលព្រះសម្មាសម្ពុទ្ធ ប្រកាសទុកហើយ ទាំង​ពួក​សាវ័ក ក៏តថាគតបានពន្យល់ ឲ្យដឹងច្បាស់​សេចក្តីក្នុង​ព្រះសទ្ធម្ម​ហើយ ទាំង​ព្រហ្មចរិយធម៌ ដ៏បរិបូណ៌សព្វគ្រប់ ក៏តថាគតបានធ្វើឲ្យជាក់ច្បាស់ ដល់សាវ័កទាំងនោះ ​ធ្វើឲ្យងាយឡើង ​ធ្វើដោយបទ ​ចងក្រង​ ធ្វើឲ្យ​ជាធម៌ គួរដឹកនាំគ្នាបាន ដរាប​តែពួកទេវតា និងមនុស្ស សំដែងបាន ដោយប្រពៃ។ ម្នាលចុន្ទ ឥឡូវនេះ តថាគត ក៏ជាសាស្តា ជាថេរៈ អ្នកដឹងរាត្រី បួសយូរ តាំង​នៅ​អង្វែង ចំរើនវ័យ ដោយលំដាប់ហើយ។

[១០៦] ម្នាលចុន្ទ ក្នុងកាលឥឡូវនេះ តថាគត មានពួកភិក្ខុជាថេរៈ ជាសាវ័ក ជាអ្នក​ឈ្លាសវៃ ដឹកនាំ ក្លៀវក្លា ដល់នូវធម៌ក្សេម ចាកយោគៈ អាចប្រាប់​នូវព្រះសទ្ធម្មបាន អាច​សង្កត់​សង្កិន​នូវ​បរប្បវាទ ដែលកើត​ឡើងហើយ ឲ្យជាពាក្យ​ ដែល​ខ្លួនសង្កត់សង្កិន​រៀប​រយ ដោយពាក្យប្រកប​ដោយ​ធម៌ ហើយសំដែងធម៌ ព្រមទាំង​បាដិហារិយ៍បាន។ ម្នាលចុន្ទ ក្នុងកាលឥឡូវនេះ តថាគត មានពួក​ភិក្ខុ​ជាន់កណ្តាល ជាសាវ័កផង។ ម្នាលចុន្ទ ឥឡូវនេះ តថាគត មាន​ពួកភិក្ខុខ្ចី ជាសាវ័កផង។ ម្នាល​ចុន្ទ ឥឡូវនេះ តថាគត មានពួក​ភិក្ខុនីចាស់ ជាសាវិកាផង។ ម្នាលចុន្ទ ឥឡូវនេះ តថាគត មានពួក​ភិក្ខុនី​ជាន់កណ្តាលជាសាវិកាផង។ ម្នាលចុន្ទ ឥឡូវនេះ តថាគត មានពួកភិក្ខុនីខ្ចី ជាសាវិកាផង។ ម្នាលចុន្ទ ឥឡូវនេះ តថាគត មានពួកគ្រហស្ថឧបាសក មានសម្លៀកបំពាក់ស ប្រព្រឹត្តព្រហ្មចា្យ ជា​សាវ័កផង។ ម្នាល​ចុន្ទ ឥឡូវនេះ តថាគត មានពួកគ្រហស្ថឧបាសក មានសម្លៀកបំពាក់ស បរិភោគកាម ជាសាវ័ក​ផង។បេ។ ម្នាលចុន្ទ ឥឡូវនេះ តថាគត មានពួកគ្រហស្ថ​ឧបាសិកា មាន​សម្លៀក​បំពាក់​ស បរិភោគកាម ជាសាវិកា។ ម្នាលចុន្ទ ឥឡូវនេះ ​ព្រហ្មចរិយធម៌ របស់តថាគត ក៏មាំមួន ​ផ្សាយ​ទូលាយទៅ មានគេចេះដឹងច្រើនក្រាស់ក្រែល ទាំងពួកទេវតា និងមនុស្ស ក៏សំដែង​បាន ដោយ​ប្រពៃ​ហើយ។

[១០៧] ម្នាលចុន្ទ ឥឡូវនេះ ទោះជាសាស្តាទាំងឡាយ កើតឡើងហើយក្នុងលោក។ ម្នាល​ចុន្ទ តថាគត ជ្រើសរើសមិនឃើញសាស្តាដទៃ សូម្បីម្នាក់ ដែលបានដល់នូវលាភដ៏ប្រសើរ និងយសដ៏​ប្រសើរយ៉ាងនេះ ឲ្យដូចជាតថាគតឡើយ។ ម្នាលចុន្ទ ឥឡូវនេះ ទោះជាសង្ឃ​ក្តី គណៈក្តី របស់​តថាគត កើតឡើង​ក្នុងលោកហើយ។ ម្នាលចុន្ទ តថាគត ជ្រើសរើស​មិនឃើញសង្ឃដទៃ​ សូម្បីមួយ​ពួក ដែលបានដល់នូវ​លាភដ៏ប្រសើរ និងយសដ៏ប្រសើរ​យ៉ាង​នេះ ឲ្យដូចជាភិក្ខុសង្ឃ (ក្នុង​សាសនា​នេះ)ឡើយ។ ម្នាលចុន្ទ បុគ្គល កាលនិយាយ​ពាក្យណា ឲ្យត្រូវនោះ គួរនិយាយថា ព្រហ្មចារ្យ ដល់​ព្រម​ហើយ ដោយហេតុគ្រប់យ៉ាង បរិបូណ៌ហើយ ដោយអាការគ្រប់យ៉ាង មិនខ្វះ​មិនលើស ដែល​ព្រះមាន​ព្រះភាគ ត្រាស់​ទុកល្អហើយ បរិបូណ៌ទាំងអស់ បានប្រកាស​ទុកល្អហើយ។ បុគ្គល កាល​និយាយ​ឲ្យត្រូវ គួរនិយាយពាក្យនេះឯងថា ព្រហ្មចារ្យ ដល់ព្រមហើយ ដោយអាការ​គ្រប់យ៉ាង បរិបូណ៌​ ដោយអាការគ្រប់យ៉ាង។បេ។ បានប្រកាសល្អហើយ ដូច្នេះ។ ម្នាលចុន្ទ ឮថា ឧទ្ទករាមបុត្រ និយាយសំដីយ៉ាងនេះថា បុគ្គល កាលឃើញ ក៏ឈ្មោះថាមិនឃើញ។ ឃើញនូវអ្វី ឈ្មោះ​ថា មិន​ឃើញ។ បុគ្គលឃើញបានតែត្រឹមផ្ទៃ​នៃកាំបិតកោរ ដែលមុតល្អ តែមិនឃើញ​មុខកាំ​បិតកោរទេ។ ម្នាលចុន្ទ នេះឯង ដែលឧទ្ទករាមបុត្រ និយាយថា បុគ្គលកាលឃើញ ក៏​ឈ្មោះ​ថា មិនឃើញ។ ម្នាលចុន្ទ ឯពាក្យដែលឧទ្ទករាមបុត្រ ពោលនោះ ជាពាក្យថោក​ទាប ជារបស់អ្នកស្រុក ជា​របស់​បុថុជ្ជន មិនមែនជារបស់ព្រះអរិយៈ មិនប្រកបដោយ​ប្រយោជន៍ ព្រោះសំដៅកាំបិតកោរ​តែម្យ៉ាង។ ម្នាលចុន្ទ កាលបើបុគ្គល និយាយពាក្យណា ឲ្យត្រូវនោះ គួរនិយាយថា បុគ្គល​កាលឃើញ ក៏ឈ្មោះ​ថា មិនឃើញ។ បុគ្គលកាល​និយាយ​ឲ្យត្រូវ គួរនិយាយពាក្យនេះឯងថា បុគ្គល​កាលឃើញ ក៏ឈ្មោះ​ថា មិនឃើញ។ បុគ្គលឃើញនូវអ្វីខ្លះ ឈ្មោះថា មិនឃើញ។ ពាក្យថា ព្រហ្មចារ្យ ដល់ព្រម​ហើយ ដោយ​ហេតុគ្រប់យ៉ាង បរិបូណ៌​ហើយ ដោយអាការគ្រប់យ៉ាង មិនខ្វះ មិនលើស ដែលតថាគត សំដែង​ទុកល្អហើយ បរិបូណ៌ទាំងអស់ បានប្រកាសទុកល្អហើយ យ៉ាងនេះ បុគ្គល​មិន​ឃើញ​សេចក្តី​នុ៎ះ ដូច្នេះសោះ សមជាដកពាក្យនេះចេញ ក្នុងរឿងនោះ។ បុគ្គលនោះ ថែម​ទាំង​មិន​ឃើញសេចក្តី​នុ៎ះ ដូច្នេះថា ព្រហ្មចារ្យនោះ បរិសុទ្ធក្រៃលែងយ៉ាងនេះ សមជា​បញ្ចូល​ពាក្យនេះ ក្នុង​រឿងនុ៎ះ។ បុគ្គលនោះ ឈ្មោះថា មិនឃើញសេចក្តីនៃពាក្យថា ព្រហ្មចារ្យ​នោះ បរិសុទ្ធក្រៃលែង ដូច្នេះ យ៉ាង​នេះ។ នេះហៅថា បុគ្គល​កាលឃើញ ឈ្មោះថា មិនឃើញ។ ម្នាលចុន្ទ បុគ្គលកាល​និយាយ​ពាក្យណា ឲ្យត្រូវនោះ គួរនិយាយថា ព្រហ្មចារ្យ ដល់ព្រម​ហើយ ដោយហេតុគ្រប់យ៉ាង។បេ។ បាន​ប្រកាស​ទុក​ល្អ​ហើយ។ បុគ្គលកាលនិយាយឲ្យត្រូវ គួរនិយាយពាក្យនេះឯងថា ព្រហ្មចារ្យ ដល់ព្រម​ហើយ ដោយ​ហេតុ​គ្រប់យ៉ាង បរិបូណ៌​ហើយ ដោយអាការគ្រប់យ៉ាង មិនខ្វះ មិនលើស ដែលតថាគត សំដែង​ទុក​ល្អ​ហើយ បរិបូណ៌ទាំងអស់ បានប្រកាសទុកល្អហើយ ដូច្នេះ។

[១០៨] ម្នាលចុន្ទ ព្រោះហេតុនោះ ធម៌ទាំងឡាយណា ដែលតថាគត បានត្រាស់ដឹង សំដែង​ទុកល្អហើយ ក្នុងលោកនេះ គួរឲ្យអ្នកទាំងអស់រួមគំនិត មកប្រជុំរួបរួមផ្ទៀងផ្ទាត់ នូវអត្ថ​ដោយអត្ថ ព្យញ្ជនៈ ដោយព្យញ្ជនៈ ក្នុងធម៌នោះ ដែលជា​ហេតុឲ្យព្រហ្មចារ្យនេះ តាំងនៅមាំ ឋិតឋេរ​អស់​កាលយូរ ដើម្បីប្រយោជន៍ ដល់ជនច្រើន ដើម្បីសេចក្តីសុខ ដល់​ជនច្រើន ដើម្បីអនុគ្រោះ ដល់​សត្វលោក ដើម្បីសេចក្តីចំរើន ដើម្បីជាប្រយោជន៍ ដើម្បី​សេចក្តីសុខ ដល់ទេវតា និងមនុស្ស​ទាំង​ឡាយ។ ម្នាលចុន្ទ ធម៌ទាំងឡាយដែលតថាគត បានសំដែងហើយដល់អ្នក ព្រោះសេចក្តី​ដឹងដ៏​ក្រៃ​លែងនោះ តើដូចម្តេច។ ពួកអ្នកទាំង​អស់គ្នា ត្រូវរួមគំនិត មកប្រជុំរួបរួមផ្ទៀងផ្ទាត់ នូវអត្ថ​ដោយអត្ថ ព្យញ្ជនៈ ដោយព្យញ្ជនៈ ក្នុងពួកធម៌ណា ដែលជា​ហេតុឲ្យព្រហ្មចារ្យនេះ តាំងនៅបានមាំមួន ឋិតឋេរ​អស់​កាលយូរ ដើម្បីជាប្រយោជន៍ ដល់ជនច្រើន ដើម្បីសេចក្តីសុខ ដល់ជនច្រើន ដើម្បីអនុគ្រោះ ដល់​សត្វលោក ដើម្បីសេចក្តីចំរើន ដើម្បីជាប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់ទេវតា និង​មនុស្ស​​ទាំង​ឡាយ។ ពួកធម៌នោះ ដូចម្តេចខ្លះ។ ពួកធម៌នោះ គឺ សិប្បដ្ឋាន៤ សម្មប្បធាន៤ ឥទ្ធិបាទ៤ ឥន្ត្រិយ៥ ពលៈ៥ សម្ពោជ្ឈង្គ៧ និងអរិយមគ្គប្រកបដោយអង្គ៨។ ម្នាលចុន្ទ ធម៌ទាំងឡាយនេះឯង ដែល​តថាគត បានត្រាស់ដឹង សំដែងហើយ ដែលពួកបរិស័ទ​ទាំងអស់ ត្រូវរួមគំនិត ប្រជុំរួបរួមផ្ទៀងផ្ទាត់ នូវអត្ថ​ដោយអត្ថ ព្យញ្ជនៈ ដោយព្យញ្ជនៈ ដែល​ជា​ហេតុឲ្យព្រហ្មចារ្យនេះ ឋិតនៅបានមាំ តាំងនៅ​អស់​កាលយូរ ដើម្បីជាប្រយោជន៍ ដល់ជនច្រើន ដើម្បីសេចក្តីសុខ ដល់ជនច្រើន ដើម្បីអនុគ្រោះ ដល់​សត្វលោក ដើម្បី​សេចក្តីចំរើន ដើម្បីជាប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់ទេវតា និងមនុស្ស​ទាំង​ឡាយ។

[១០៩] ម្នាលចុន្ទ ពួកអ្នកនោះឯង ជាអ្នកព្រមព្រៀងគ្នា ជាអ្នកមានចិត្តរីករាយ មិនទាស់​ទែង​គ្នា គប្បីសិក្សាចុះ។ សង្ឃជា​សព្រហ្មចារីបុគ្គលណាមួយ និយាយធម៌ ក្នុងការនិយាយ​ធម៌នោះ បើ​អ្នកទាំងឡាយ មានសេចក្តីយល់យ៉ាងនេះថា ម្នាលអាវុសោ លោកដ៏មាន​អាយុ​នេះឯង កាន់យក​នូវ​អត្ថខុស សំដែងនូវ​ព្យញ្ជនៈក៏ខុស។ អ្នកទាំងឡាយ មិនត្រូវ​ត្រេកអរ មិនត្រូវហាមឃាត់គេឡើយ។ លុះពួកអ្នកមិនត្រេកអរ មិនជំទាស់ហើយ គួរ​និយាយ​នឹងគេ យ៉ាងនេះថា ម្នាលអាវុសោ ព្យញ្ជនៈ​ទាំងនេះ ឬថា ព្យញ្ជនៈទាំងនុ៎ះ របស់អត្ថនេះ ពួកណាស្រួលជាង មួយទៀត អត្ថនេះ ឬក៏អត្ថ​នុ៎ះ របស់ព្យញ្ជនៈពួកនេះ អត្ថណាស្រួលជាង។ ប្រសិនបើគេនិយាយ យ៉ាងនេះថា ម្នាលអាវុសោ ពួក​ព្យញ្ជនៈ​នេះឯង របស់អត្ថនេះ ជាព្យញ្ជនៈស្រួលជាង អត្ថនេះឯង របស់ពួកព្យញ្ជនៈ​នុ៎ះ ជាអត្ថ​ស្រួល​ជាង។ ភិក្ខុមិនត្រូវលើក មិនត្រូវ​បង្អាប់គេឡើយ។ លុះមិនលើក មិនបង្អាប់គេហើយ គួរ​ពន្យល់​គេដោយស្រួលបួល ដើម្បីចាំទុកនូវ​អត្ថនោះ និងពួកព្យញ្ជនៈនោះ។

[១១០] ម្នាលចុន្ទ បើសង្ឃជាសព្រហ្មចារីដទៃ និយាយធម៌ ក្នុងការនិយាយនោះ បើ​អ្នក​ទាំងឡាយ មានសេចក្តីយល់យ៉ាងនេះថា លោកដ៏មានអាយុនេះឯង កាន់យក​នូវ​អត្ថខុស (តែ) សំដែង​ព្យញ្ជនៈ​ទាំងឡាយត្រូវ។ អ្នកទាំងឡាយ ក៏មិនត្រូវត្រេកអរ មិនត្រូវជំទាស់​គេឡើយ។ លុះមិន​ត្រេកអរ មិនជំទាស់ហើយ ត្រូវនិយាយនឹងគេ យ៉ាងនេះថា ម្នាល​អាវុសោ អត្ថនេះ ឬអត្ថនុ៎ះ របស់ពួកព្យញ្ជនៈ​ទាំងនេះ អត្ថណាស្រួលជាង។ ប្រសិនបើ​គេ​និយាយ យ៉ាងនេះថា ម្នាលអាវុសោ អត្ថនេះឯង របស់ព្យញ្ជនៈពួកនេះ ជាអត្ថស្រួល​ជាង។ អ្នកទាំងឡាយ មិនត្រូវលើក មិនត្រូវ​បង្អាប់គេឡើយ។ លុះមិនលើក មិនបង្អាប់ហើយ គួរ​ពន្យល់​គេដោយស្រួលបួល ដើម្បីចាំទុកនូវ​អត្ថនោះ។

[១១១] ម្នាលចុន្ទ បើសង្ឃជាសព្រហ្មចារីដទៃទៀត និយាយធម៌ ក្នុងការនិយាយនោះ បើ​អ្នកទាំងឡាយ មានសេចក្តីយល់យ៉ាងនេះថា លោកមានអាយុនេះឯង កាន់យក​នូវ​អត្ថ​ត្រូវ (តែ) សំដែង​នូវព្យញ្ជនៈខុស។ អ្នកទាំងឡាយ មិនត្រូវត្រេកអរ មិនត្រូវជំទាស់​គេ​ឡើយ។ លុះមិនត្រេកអរ មិនជំទាស់ហើយ ត្រូវនិយាយនឹងគេ យ៉ាងនេះថា ម្នាលអាវុសោ ពួកព្យញ្ជនៈនេះ ឬពួកព្យញ្ជនៈ​នុ៎ះ របស់អត្ថនេះ ពួកណាស្រួលជាង។ បើគេនិយាយ យ៉ាងនេះថា ម្នាលអាវុសោ ពួកព្យញ្ជនៈ​នេះឯង របស់អត្ថនេះ ជាព្យញ្ជនៈស្រួល​ជាង។ អ្នកទាំងឡាយ មិនត្រូវលើក មិនត្រូវ​បង្អាប់គេឡើយ។ លុះមិនលើក មិនបង្អាប់ហើយ គួរ​ពន្យល់​គេដោយស្រួលបួល ដើម្បីចាំទុកនូវ​ពួកព្យញ្ជនៈនោះ។

[១១២] ម្នាលចុន្ទ បើសង្ឃជាសព្រហ្មចារីដទៃទៀត និយាយធម៌ ក្នុងការនិយាយនោះ បើ​អ្នកទាំងឡាយ មានសេចក្តីយល់យ៉ាងនេះថា លោកដ៏មានអាយុនេះឯង កាន់យក​នូវ​អត្ថ ក៏ត្រឹមត្រូវ សំដែងនូវពួក​ព្យញ្ជនៈ ក៏ត្រឹមត្រូវ។ អ្នកទាំងឡាយ ត្រូវត្រេកអរ ត្រូវអនុមោទនា ចំពោះភាសិត របស់​ភិក្ខុនោះថា សាធុ ដូច្នេះ។ លុះត្រេកអរ អនុមោទនា ចំពោះភាសិត របស់ភិក្ខុនោះថា សាធុ ដូច្នេះ​ហើយ ត្រូវនិយាយនឹងភិក្ខុនោះ យ៉ាងនេះថា ម្នាលអាវុសោ ជាលាភរបស់ពួកយើង ម្នាលអាវុសោ ពួកយើងបានស្រួលហើយ ពួកយើង​រលឹកនូវ​លោកដ៏មានអាយុថា សព្រហ្មចារីប្រាកដ​ដូចជាលោក ដែលជាអ្នកដឹងច្បាស់​ នូវអត្ថ ដឹងច្បាស់នូវ​ព្យញ្ជនៈយ៉ាងនេះ។

[១១៣] ម្នាលចុន្ទ តថាគត មិនសំដែងធម៌ ដើម្បីរារាំងនូវ​អាសវៈទាំងឡាយ ដែលប្រព្រឹត្ត​ទៅ​ក្នុងបច្ចុប្បន្ន តែមួយយ៉ាង ដល់ពួកអ្នកទេ ម្នាលចុន្ទ តថាគត មិនសំដែងធម៌ ដើម្បី​កំចាត់បង់​ នូវ​អាសវៈទាំងឡាយ ដែលប្រព្រឹត្ត​ទៅ​ក្នុងលោកខាងមុខ ប៉ុណ្ណោះទេ ម្នាលចុន្ទ តថាគត សំដែងធម៌ ដើម្បីរារាំងនូវ​អាសវៈទាំងឡាយ ដែលប្រព្រឹត្ត​ទៅ​ក្នុងបច្ចុប្បន្នផង ដើម្បីកំចាត់បង់​ នូវ​អាសវៈ​ទាំងឡាយ ដែលប្រព្រឹត្តទៅក្នុងលោកខាងមុខផង។ ម្នាលចុន្ទ ព្រោះហេតុដូច្នោះ ចីវរណា ដែលតថាគត បានអនុញ្ញាតហើយ ដល់អ្នកទាំងឡាយ ចីវរ​នោះ ក៏សមគួរដល់អ្នកទាំងឡាយ ដើម្បី​ការពារនូវ​ត្រជាក់ ដើម្បីការពារនូវកំដៅ ដើម្បី​ការពារ​នូវ​សម្ផ័ស្សរបោម មូស ខ្យល់ កំដៅថ្ងៃ និង​ពស់​តូច ពស់ធំ ទាំងឡាយប៉ុណ្ណោះ ទាំងដើម្បីបិទបាំង នូវអវយវៈ ជាគ្រឿង​ញុំាង​សេចក្តីអៀនខ្មាស ឲ្យកម្រើក ប៉ុណ្ណោះឯង ចង្ហាន់បិណ្ឌបាតណា ដែលតថាគត បានអនុញ្ញាតហើយ ដល់អ្នក​ទាំងឡាយ ចង្ហាន់​បិណ្ឌបាតនោះ ក៏គួរដល់អ្នកទាំងឡាយ ដើម្បីគ្រាន់តែឲ្យកាយនេះ តាំងនៅបាន ប្រព្រឹត្ត​ទៅបាន ដើម្បីកំចាត់បង់ នូវសេចក្តីលំបាក ដើម្បីអនុគ្រោះដល់ព្រហ្មចារ្យ ដើម្បីធ្វើ​ទុក​ក្នុង​ចិត្ត​ថា អាត្មាអញ នឹងបំបាត់ នូវវេទនាចាស់ផង ទាំងមិនឲ្យវេទនាថ្មីកើតឡើងបានផង ការប្រព្រឹត្ត​ទៅ (នៃ​ឥរិយាបថទាំង៤ក្តី) សេចក្តីមិនមានទោសក្តី ការនៅសប្បាយក្តី នឹង​មាន​ដល់អាត្មាអញ (ដោយ​ការ​បរិភោគ នូវចង្ហាន់​បិណ្ឌបាតនេះ) ទីសេនាសនៈណា ដែល​តថាគតបានអនុញ្ញាតហើយ ដល់អ្នក​ទាំងឡាយ ទីសេនាសនៈ​នោះ សមគួរ ដល់អ្នក​ទាំងឡាយ ដើម្បីការពារនូវត្រជាក់ ដើម្បីការពារ​នូវ​កំដៅ ដើម្បីការពារនូវសម្ផ័ស្សរបោម មូស ខ្យល់ កំដៅថ្ងៃ និងពស់តូច ពស់ធំទាំងឡាយ ប៉ុណ្ណោះ​ ដើម្បីបន្ទោបង់ នូវក្រវល់​ក្រវាយ ដែលកើតអំពីរដូវ អភិរម្យសម្ងំនៅ ក្នុងកម្មដ្ឋាន ប៉ុណ្ណោះឯង គ្រឿង​បរិក្ខារ ជាទី​រក្សានូវជីវិត គឺថ្នាំ ជាបច្ច័យ ដល់អ្នកជម្ងឺ​ណា ដែលតថាគត​ បានអនុញ្ញាតហើយ ដល់អ្នក​ទាំងឡាយ គ្រឿង​បរិក្ខារ ជាទីរក្សានូវជីវិត គឺថ្នាំ ជាបច្ច័យ ដល់អ្នកជម្ងឺនោះ សមគួរដល់​អ្នកទាំងឡាយ ដើម្បីការពារ នូវវេទនាទាំងឡាយ ដែលបៀតបៀនផ្សេងៗ ដែលកើតឡើង​ហើយ ដើម្បី​ប្រាសចាក​ទុក្ខ​ខ្លាំង ជាធម្មតា។

[១១៤] ម្នាលចុន្ទ ហេតុជាទីតាំង រមែងមានយ៉ាងនេះ គឺពួកបរិព្វាជក ជាអន្យតិរ្ថិយ [សំដៅ​ដល់មេលទ្ធិដទៃ ក្រៅព្រះពុទ្ធសាសនា។] សមបីជានិយាយយ៉ាងនេះថា ពួកសមណសក្យ​បុត្តិយ៍ ជាអ្នកប្រកបរឿយៗ ក្នុងសុខល្លិកានុយោគ (ប្រកបខ្លួនឲ្យប្រព្រឹត្តទៅ ក្នុងការ​ស្រួល)។ ម្នាលចុន្ទ កាលបើ​ពួកបរិព្វាជក ជាអន្យតិរ្ថិយ និយាយយ៉ាងនេះ ត្រូវអ្នកទាំង​ឡាយ និយាយយ៉ាងនេះថា ម្នាល​អាវុសោ សុខល្លិកានុយោគនោះ ដូចម្តេចខ្លះ ព្រោះថា សុខល្លិកានុយោគមានច្រើន មិនមែន​តែមួយ មានប្រការផ្សេងៗ។ ម្នាលចុន្ទ សុខល្លិកានុយោគ​នេះមាន៤ ជារបស់ថោកទាប ជារបស់អ្នក​ស្រុក ជារបស់​បុថុជ្ជន មិន​មែន​ជា​របស់ព្រះអរិយៈ មិនមែនប្រកបដោយប្រយោជន៍ មិនប្រព្រឹត្ត​ទៅ ដើម្បីសេចក្តី​នឿយណា មិនប្រព្រឹត្តទៅ ដើម្បីសេចក្តីប្រាសចាករាគៈ មិនប្រព្រឹត្តទៅ ដើម្បី​សេចក្តី​រំលត់​ទុក្ខ មិនប្រព្រឹត្តទៅ ដើម្បី​សេចក្តីស្ងប់រម្ងាប់ មិនប្រព្រឹត្តទៅ ដើម្បីសេចក្តីដឹង​ក្រៃលែង មិនប្រព្រឹត្តទៅ ដើម្បីសេចក្តីត្រាស់ដឹង មិនប្រព្រឹត្តទៅ ដើម្បីព្រះនិព្វានទេ។ សុខល្លិកានុយោគ​៤​យ៉ាងនោះ ដូចម្តេចខ្លះ។ ម្នាលចុន្ទ ជនពាលខ្លះ ក្នុងលោកនេះ សម្លាប់​សត្វទាំងឡាយ ហើយធ្វើ​ខ្លួន​ឲ្យបានសុខ ឲ្យបាន​ធាត់ធំ នេះឈ្មោះថា សុខល្លិកានុយោគ​ទី១។ ម្នាលចុន្ទ មួយទៀត ជនពាល​ពួកខ្លះ ក្នុងលោកនេះ កាន់​យក​នូវ​វត្ថុ ដែលគេមិនបានឲ្យ ហើយធ្វើ​ខ្លួន​ឲ្យបានសុខ ឲ្យបាន​ធាត់ធំ នេះឈ្មោះថា សុខល្លិកានុយោគ​ទី២។ ម្នាលចុន្ទ មួយទៀត ជនពាលពួកខ្លះ ក្នុងលោកនេះ ពោល​ពាក្យ​មុសាវាទ ហើយធ្វើ​ខ្លួន​ឲ្យបានសុខ ឲ្យបាន​ធាត់ធំ នេះឈ្មោះថា សុខល្លិកានុយោគទី៣។ ម្នាលចុន្ទ មួយទៀត បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកឆ្អែតស្កប់ស្កល់ បំរើដោយ​កាមគុណទាំង​៥  នេះឈ្មោះថា សុខល្លិកានុយោគទី៤។ ម្នាលចុន្ទ សុខល្លិកានុយោគ ៤​យ៉ាងនេះឯង ជាធម៌ថោកទាប ជារបស់អ្នក​ស្រុក ជារបស់​បុថុជ្ជន មិនមែនជា​របស់​ព្រះអរិយៈ មិនមែនប្រកបដោយប្រយោជន៍ មិនប្រព្រឹត្ត​ទៅ ដើម្បីសេចក្តីនឿយណាយ មិនប្រព្រឹត្តទៅ ដើម្បីសេចក្តីប្រាសចាករាគៈ មិនប្រព្រឹត្ត​ទៅ ដើម្បី​សេចក្តី​រំលត់ទុក្ខ មិន​ប្រព្រឹត្ត​ទៅ ដើម្បី​សេចក្តីស្ងប់រម្ងាប់ មិនប្រព្រឹត្តទៅ ដើម្បីសេចក្តីដឹង​ក្រៃលែង មិន​ប្រព្រឹត្ត​ទៅ ដើម្បីសេចក្តីត្រាស់ដឹង មិនប្រព្រឹត្តទៅ ដើម្បីព្រះនិព្វានទេ។ ម្នាលចុន្ទ ហេតុជាទីតាំង រមែងមានយ៉ាងនេះ គឺពួកបរិព្វាជក ជាអន្យតិរ្ថិយ សមបីជានិយាយយ៉ាងនេះថា ពួក​សមណសក្យបុត្តិយ៍ ជាអ្នកប្រកបរឿយៗ នូវសុខល្លិកានុយោគទាំង៤នេះ។ អ្នកទាំង​ឡាយ ត្រូវនិយាយតបទៅនឹងពួកបរិព្វាជកនោះថា ពួកលោកកុំនិយាយយ៉ាងនោះ ឯពួក​បរិព្វាជកទាំង​នោះ មិនមែននិយាយ​ដោយត្រឹមត្រូវនឹងពួកអ្នកទេ ពួកបរិព្វាជក​ទាំងនោះ មិនគប្បី​បង្កាច់​ពួកអ្នក ដោយពាក្យមិនមែន ដោយពាក្យមិនពិតទេ។

[១១៥] ម្នាលចុន្ទ សុខល្លិកានុយោគនេះមាន៤ ប្រព្រឹត្ត​ទៅ ដើម្បីសេចក្តីនឿយណាយ ដើម្បី​សេចក្តី​ប្រាសចាករាគៈ ដើម្បី​សេចក្តី​រំលត់ទុក្ខ ដើម្បី​សេចក្តីស្ងប់រម្ងាប់ ដើម្បីសេចក្តី​ដឹង​ក្រៃលែង ដើម្បីសេចក្តីត្រាស់ដឹង ដើម្បីព្រះនិព្វានដោយពិត។ សុខល្លិកានុយោគ៤​យ៉ាងនោះ ដូចម្តេចខ្លះ។ ម្នាលចុន្ទ ភិក្ខុក្នុងសាសនានេះ ស្ងាត់ស្រឡះចាក​កាមទាំងឡាយ ស្ងាត់ស្រឡះចាកធម៌​ទាំងឡាយ ជាអកុសល ដល់នូវ​បឋមជ្ឈាន ដែលប្រកបដោយវិតក្កៈ វិចារៈ មានបីតិ និងសុខៈ ដែល​កើតអំពី​សេចក្តីស្ងប់ស្ងាត់ (ជាអារម្មណ៍) នេះឈ្មោះថា សុខល្លិកានុយោគទី១។ ម្នាលចុន្ទ មួយទៀត ព្រោះ​សេចក្តីរម្ងាប់នូវ​វិតក្កៈ និងវិចារៈទាំង​ឡាយ។បេ។ ភិក្ខុដល់នូវ​ទុតិយជ្ឈាន នេះឈ្មោះថា សុខល្លិកានុយោគ​ទី២។ ម្នាលចុន្ទ មួយទៀត ព្រោះនឿយណាយចាកបីតិ។បេ។ ភិក្ខុដល់នូវ​តតិយ​ជ្ឈាន នេះឈ្មោះថា សុខល្លិកានុយោគទី៣។ ម្នាលចុន្ទ មួយទៀត ព្រោះលះបង់​នូវសុខផង លះបង់​នូវ​ទុក្ខ​ផង។បេ។ ភិក្ខុដល់នូវចតុត្ថជ្ឈាន នេះឈ្មោះថា សុខល្លិកានុយោគទី៤។ ម្នាលចុន្ទ សុខល្លិកានុយោគ​ទាំង៤យ៉ាងនេះឯង ទើបប្រព្រឹត្ត​ទៅ ដើម្បីសេចក្តីនឿយណាយ ដើម្បី​សេចក្តី​ប្រាសចាករាគៈ ដើម្បី​សេចក្តី​រំលត់ទុក្ខ ដើម្បី​សេចក្តីរម្ងាប់ ដើម្បីសេចក្តីដឹង​ក្រៃលែង ដើម្បីសេចក្តី​ត្រាស់ដឹង ដើម្បីព្រះនិព្វាន ដោយចំណែកមួយ។ ម្នាលចុន្ទ ហេតុ​ជាទីតាំង រមែងមានយ៉ាងនេះ គឺពួក​បរិព្វាជក ជាអន្យតិរ្ថិយ សមជានិយាយយ៉ាងនេះថា ពួកសមណៈ ជាសក្យបុត្តិយ៍ ជាអ្នក​ប្រកប​រឿយៗ នូវសុខល្លិកានុយោគ​ទាំង​៤​យ៉ាង​នេះឯង។ ពួកអ្នកទាំងឡាយ គួរនិយាយទៅនឹង​ពួកបរិព្វាជក​ទាំងនោះថា យ៉ាងហ្នឹង​ហើយ ពួកគេ កាលនិយាយ​ឲ្យអ្នកទាំងឡាយ ឈ្មោះថា និយាយ​ដោយត្រូវ ពួកគេ​មិន​មែន​និយាយ​បង្កាច់​អ្នកទាំងឡាយ ដោយ​មិនមាន​មែន ដោយមិនពិតទេ។

[១១៦] ម្នាលចុន្ទ ហេតុជាទីតាំងរមែងមានយ៉ាងនេះ គឺពួកបរិព្វាជក ជាអន្យតិរ្ថិយ សមបី​ជានិ​យាយ យ៉ាងនេះថា ម្នាលអាវុសោ ផលប៉ុន្មានយ៉ាង អានិសង្សប៉ុន្មានយ៉ាង រមែង​ប្រាកដ​ ដល់​បុគ្គល​អ្នក​ប្រកបរឿយៗ នូវ​សុខល្លិកានុយោគទាំង៤យ៉ាងនេះ។ ម្នាលចុន្ទ ពួកបរិព្វាជក ជា​អន្យតិរ្ថិយ និយាយ​​យ៉ាងនេះ អ្នកទាំងឡាយ ត្រូវនិយាយ យ៉ាងនេះថា ម្នាលអាវុសោ ផល៤យ៉ាង អានិសង្ស​៤យ៉ាង រមែង​ប្រាកដ ​ដល់​ពួកបុគ្គល ​អ្នក​ប្រកបរឿយៗ នូវ​សុខល្លិកានុយោគទាំង៤ យ៉ាងនេះឯង។ ផល និងអានិសង្ស​ ទាំង៤យ៉ាង ដូចម្តេចខ្លះ។ ម្នាលអាវុសោ ភិក្ខុក្នុងធម្មវិន័យ​នេះ ជាសោតាបន្ន​បុគ្គល មានកិរិយា​មិនធ្លាក់ចុះជាធម្មតា ជាបុគ្គលទៀងទាត់ មានសេចក្តីត្រាស់ដឹង​ ប្រព្រឹត្តទៅ​ខាង​មុខ ព្រោះអស់ទៅ នៃសំយោជនៈទាំង៣នេះ ជាផលទី១ ជាអានិសង្សទី១។ ម្នាលអាវុសោ មួយទៀត ភិក្ខុជាសកទាគមិបុគ្គល ព្រោះអស់ទៅ នៃសំយោជនៈ ទាំង៣ ទាំង​ស្រាល​ស្តើង​ចាករាគៈ ទោសៈ និងមោហៈ មកកាន់លោកនេះម្តងទៀត រមែងធ្វើនូវទីបំផុត នៃទុក្ខ​បាន នេះជាផលទី២ ជាអានិសង្ស​ទី២។ ម្នាលអាវុសោ មួយទៀត ភិក្ខុបានកំណើត​ជា​ឱបបាតិកៈ (អនាគាមិបុគ្គល)តែង​បរិនិព្វាន​ក្នុង​ភព​នោះ មានកិរិយាមិនត្រឡប់​ចាកលោក​នេះ ជាធម្មតា ព្រោះអស់ទៅ នៃសំយោជនៈ ជាចំណែក​ខាង​ក្រោម៥ នេះជាផលទី៣ ជាអានិសង្សទី៣។ ម្នាលអាវុសោ មួយទៀត ភិក្ខុធ្វើឲ្យជាក់ច្បាស់ នូវចេតោវិមុត្តិ និង​បញ្ញាវិមុត្តិ [ចេតោវិមុត្តិ សេចក្តីរួច​ចាក​កិលេសដោយអំណាចចិត្ត គឺវិមុត្តិ មានសមាធិ ជាបទដ្ឋាន សំដៅយកវិមុត្តិ របស់ព្រះអរិយៈ ដែល​បានសម្រេច​អរូបជ្ឈានណា​មួយរួច​ហើយ ទើបបំពេញ​វិបស្សនាជាក្រោយ។ បញ្ញាវិមុត្តិ សេចក្តីរួច​ ដោយ​អំណាច​បញ្ញា គឺវិមុត្តិ​សម្រេច ដោយការបំពេញ​តែវិបស្សនាសុទ្ធ ឬបានត្រឹម​រូបជ្ឈានណាមួយ ហើយក៏សម្រេច​មគ្គផល សំដៅយកវិមុត្តិ​ របស់ពួក​ព្រះអរិយៈ ប៉ែកខាង​សុក្ខវិបស្សកៈ ក្នុងទីខ្លះ លោកថា ជាឈ្មោះ​អរហត្តផល ជាមួយគ្នា គឺចេតោវិមុត្តិ សំដៅដល់ការផុតចាករាគៈ បញ្ញាវិមុត្តិ ការផុតចាកអវិជ្ជា។ ក្នុងបរមត្ថទីបនី អដ្ឋកថា អភិធម្ម បញ្ជាក់ថា សុក្ខវិបស្សកៈ ហៅបាន​តាំងពីព្រះសោតាឡើងទៅ ក្នុងសូត្រនេះ មានបន្ថែមពាក្យថា មិនមានអាសវៈ បន្ទាប់​នឹង​ចេតោវិមុត្តិ​ បញ្ញាវិមុត្តិផង នាំឲ្យយល់ថា វិមុត្តិទាំងពីរនេះ គង់ហៅបានតាំងពី​ស្រោតា​ឡើងទៅដែរ។] ដែល​មិនមាន​អាសវៈ ព្រោះ​អស់ទៅនៃអាសវៈទាំងឡាយ ដោយប្រាជ្ញា​របស់ខ្លួន ដោយខ្លួនឯង ក្នុង​បច្ចុប្បន្ន​​នេះ រមែងសម្រេច​សម្រាន្តនៅ ដោយឥរិយាបថ នេះ​ជាផលទី៤ ជាអានិសង្សទី៤។ ម្នាលអាវុសោ ផលទាំង៤នេះ អានិសង្សទាំង៤នេះ រមែង​ប្រាកដ​ ដល់ពួក​ភិក្ខុ អ្នកប្រកបរឿយៗ នូវ​សុខល្លិកានុយោគ ទាំងនេះឯង។

[១១៧] ម្នាលចុន្ទ ហេតុជាទីតាំងរមែងមានយ៉ាងនេះ គឺពួកបរិព្វាជក ជាអន្យតិរ្ថិយ និយាយ​​យ៉ាងនេះថា ពួកសមណៈ ជាសក្យបុត្តិយ៍ ជាបុគ្គល​មានសភាពមិនឋិតថេរ។ ម្នាល​ចុន្ទ ពួក​បរិព្វាជក ជាអន្យតិរ្ថិយ និយាយយ៉ាងនេះ អ្នកទាំងឡាយ ត្រូវនិយាយ​យ៉ាង​នេះថា ម្នាលអាវុសោ ធម៌​ទាំង​ឡាយ ដែលព្រះមានព្រះភាគ ព្រះអង្គនោះ ទ្រង់ជ្រាប​ទ្រង់​ឃើញ ជាព្រះអរហន្តសម្មាសម្ពុទ្ធ សំដែង​ហើយ បញ្ញត្តហើយ ដល់សាវ័កទាំងឡាយ ជាធម៌ដែល​ពួកសាវ័ក មិនត្រូវ​ប្រព្រឹត្ត​កន្លង​ដរាប​ដល់​អស់​ជីវិត (នោះ) រមែងមានពិត។ ម្នាលអាវុសោ សសរគោល ឬសសរដែក ដែល​លិច​ទៅ​ក្នុងដី​ដ៏ជ្រៅ ដែលបុគ្គល​ដាំហើយ​ដោយល្អ មិនកម្រើក មិនរញ្ជួយ យ៉ាងណាមិញ ម្នាលអាវុសោ ធម៌​ទាំងឡាយ ដែល​ព្រះមានព្រះភាគព្រះអង្គនោះ ទ្រង់ជ្រាប ទ្រង់ឃើញ ជាព្រះអរហន្ត ​សម្មាសម្ពុទ្ធ សំដែង​ហើយ បញ្ញត្តហើយ ដល់សាវ័កទាំងឡាយ ជាធម៌ដែលពួកសាវ័ក មិនត្រូវប្រព្រឹត្តកន្លង ដរាប​ដល់អស់ជីវិត យ៉ាងនោះឯង។ ម្នាលអាវុសោ ភិក្ខុណា ជាព្រះអរហន្ត ខីណាស្រព មានព្រហ្មចរិយ​ធម៌ចប់​ស្រេច​ហើយ មានកិច្ចធ្វើហើយ មានភារៈដាក់ចុះហើយ មាន​ប្រយោជន៍​​ដល់ហើយ ដោយលំដាប់ មាន​សំយោជនៈ ក្នុងភពអស់រលីងហើយ ជាអ្នកផុត​ស្រឡះ​ហើយ ព្រោះដឹងដោយ​ប្រពៃ ភិក្ខុនោះ ឈប់​ប្រព្រឹត្ត​​កន្លង នូវហេតុ​ទាំងឡាយ​៩យ៉ាង។ ម្នាលអាវុសោ ភិក្ខុជាខីណាសវៈ ឈប់​ក្លែងផ្តាច់បង់​សត្វ​ចាក​ជីវិត ភិក្ខុជា​ខីណាសវៈ ឈប់កាន់យកនូវវត្ថុ ដែល​គេមិនបាន​ឲ្យ ដែល​ហៅថា លួច ភិក្ខុជា​ខីណាសវៈ ឈប់សេពនូវមេថុនធម្ម ភិក្ខុជាខីណាសវៈ ឈប់ពោលពាក្យ​មុសាវាទ ដោយដឹងខ្លួន ភិក្ខុ​ជា​ខីណាសវៈ ឈប់បរិភោគ នូវកាមដែល​ជាសន្និធិការកៈទាំងឡាយ ដូចកាល​ដែល​ខ្លួន នៅជា​គ្រហស្ថ​ពីមុន ភិក្ខុជាខីណាសវៈ ឈប់លុះឆន្ទាគតិ ភិក្ខុជាខីណាសវៈ ឈប់លុះ​ទោសាគតិ ភិក្ខុជា​ខីណាសវៈ ឈប់លុះមោហាគតិ ភិក្ខុជាខីណាសវៈ ឈប់លុះភយាគតិ [អដ្ឋកថា សំដៅយកការបរិភោគវត្ថុកាម គឺកាមគុណ៥ មានរូបជាដើម និងកិលេសកាម គឺកិលេស​ជាហេតុ​ឲ្យ​ប្រាថ្នា​នូវរូបដើម ដែលខ្លួន​បានធ្វើការសន្សំមករួចហើយ។]។ ម្នាល​អាវុសោ ភិក្ខុណាជាព្រះអរហន្តខីណាស្រព មានព្រហ្មចរិយធម៌ ចប់ស្រេចហើយ មាន​កិច្ចធ្វើហើយ មានភារៈ​ដាក់ចុះហើយ មានប្រយោជន៍​ដល់ហើយដោយលំដាប់ មាន​សញ្ញោជនៈ​ប្រព្រឹត្តទៅ ក្នុងភព​អស់​ហើយ ជាអ្នកផុតស្រឡះហើយ ព្រោះដឹង​ដោយប្រពៃ ភិក្ខុនោះឈប់ប្រព្រឹត្តកន្លង នូវហេតុ​ទាំង៩​យ៉ាង​នេះឯង។

[១១៨] ម្នាលចុន្ទ ហេតុជាទីតាំងរមែង​មានយ៉ាងនេះ គឺពួកបរិព្វាជក ជាអន្យតិរ្ថិយ និយាយ​យ៉ាងនេះថា ព្រះសមណគោតម រមែងបញ្ញត្ត​ញាណទស្សនៈដ៏លើសលុប ព្រោះប្រារព្ធនូវ​អតីត​កាល ប៉ុណ្ណោះ មិនបញ្ញត្ត​ញាណទស្សនៈដ៏លើសលុប ព្រោះប្រារព្ធនូវកាល​ជា​អនាគត​ឡើយ ការ​មិន​បញ្ញត្តិនោះ ព្រោះហេតុអ្វី ការមិនបញ្ញតិ្តដូច្នោះ ព្រោះហេតុ​ដូចម្តេច។ ឯពួកបរិព្វាជក ជា​អន្យតិរ្ថិយដទៃនោះ រមែង​សំគាល់​ នូវពាក្យ​ដែល​គួរបញ្ញត្ត​ នូវហេតុ​មិនមែន​ជាញាណទស្សនៈ ដែល​ឃ្វាងទៅកាន់ទីដទៃ ដោយញាណទស្សនៈ ដែលបែរទៅកាន់ទីដទៃ ប្រៀបដូច​ជាពួកជនពាល ជា​អ្នក​មិនវាងវៃដូច្នោះឯង។ ម្នាលចុន្ទ តថាគត រមែង​មានសតានុសារិញ្ញាណ [អដ្ឋកថា ថា ញាណ​ដែលសម្បយុត្ត​ដោយ​បុព្វេនិវាសានុស្សតិ។] ប្រារព្ធតែកាលដែលកន្លងទៅហើយ តថាគតនោះ ប្រាថ្នាហេតុ មានប្រមាណណា ក៏នឹកតាមនូវហេតុ មានប្រមាណប៉ុណ្ណោះបាន ឯញាណដែលកើត​អំពី​ការត្រាស់ដឹង ប្រារព្ធកាលជាអនាគត ក៏កើតឡើងដល់តថាគតថា ឥឡូវនេះ ជាតិនេះ ជាជាតិ​ទីបំផុតហើយ ការកើតតទៅទៀត មិនមានទេ។

[១១៩] ម្នាលចុន្ទ បើពាក្យដែលកន្លងហើយមិនពិត មិនមែន​មិនប្រកបដោយប្រយោជន៍ តថាគត មិនព្យាករពាក្យនោះទេ។ ម្នាលចុន្ទ បើពាក្យដែលកន្លងហើយ ជាពាក្យពិត​ប្រាកដ (តែ) មិនប្រកបដោយប្រយោជន៍ តថាគតក៏មិនព្យាករពាក្យនោះដែរ។ ម្នាលចុន្ទ ប្រសិនបើពាក្យដែល​កន្លង​ហើយ ជាពាក្យពិតប្រាកដ ប្រកបដោយប្រយោជន៍ តថាគត​ជាអ្នកដឹងកាលគួរ ក្នុងពាក្យនោះ ទើបព្យាករប្រស្នានោះ។ ម្នាលចុន្ទ បើពាក្យជាអនាគត។បេ។ ម្នាលចុន្ទ បើពាក្យជាបច្ចុប្បន្ន មិនពិត​មិនមែន មិនប្រកបដោយប្រយោជន៍ តថាគត រមែងមិនព្យាករពាក្យនោះទេ។ ម្នាលចុន្ទ បើពាក្យជា​បច្ចុប្បន្នដែលពិតមែន (តែ) មិន​ប្រកប​ដោយប្រយោជន៍ តថាគតរមែង​មិនព្យាករពាក្យនោះទេ។ ម្នាលចុន្ទ តែបើ​ពាក្យ​ជាបច្ចុប្បន្ន ដែលពិតមែន ប្រកបដោយ​ប្រយោជន៍ តថាគត ជាអ្នកដឹងកាល​គួរ ក្នុង​ពាក្យនេះ​ ទើបព្យាករនូវប្រស្នានោះ។ ម្នាលចុន្ទ តថាគត តែងនិយាយ​ក្នុងកាលគួរ និយាយ​តែ​ពាក្យសច្ចៈ និយាយតែពាក្យ​ពិត និយាយតែពាក្យជាប្រយោជន៍ និយាយ​តែ​ពាក្យជាធម៌ និយាយ​តែពាក្យជាវិន័យ ក្នុងធម៌ទាំងឡាយ ដែលជាអតីត អនាគត និង​បច្ចុប្បន្ន ព្រោះហេតុនោះ បានជាហៅ​ថា ព្រះតថាគត ដោយប្រការដូច្នេះឯង។

[១២០] ម្នាលចុន្ទ របស់ណាដែលលោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ទាំង​ពពួក​សត្វ ព្រមទាំងសមណៈ និងព្រាហ្មណ៍ និងមនុស្សដែលជាសម្មតិទេព បានឃើញ​ហើយ បាន​ឮហើយ បានលិទ្ធភ្លក្សហើយ បានដឹងច្បាស់ហើយ បានដល់ហើយ បាន​ស្វែងរក​ហើយ បាន​ជ្រើស​រើស​ហើយដោយចិត្ត (របស់នោះ) តថាគតត្រាស់ដឹង​ហើយ​ដោយប្រពៃ ហេតុដូច្នោះ បានជា​គេហៅ​ថា ព្រះតថាគត។ ម្នាលចុន្ទ តថាគតត្រាស់ដឹង​នូវ​សម្មាសម្ពោធិដ៏ប្រសើរ ក្នុងវេលាយប់ណា​ផង បរិនិព្វាន ដោយអនុបាទិសេសនិព្វានធាតុ ក្នុងវេលាយប់ណាផង រមែង​សំដែង​ហៅចង្អុលបង្ហាញ នូវហេតុណា ក្នុងចន្លោះនុ៎ះ ហេតុទាំងអស់នោះ សុទ្ធតែពិត មិនមែនត្រឡប់​ទៅជាដទៃឡើយ ហេតុ​ដូច្នោះហើយ បានជាគេហៅថា ព្រះតថាគត។ ម្នាលចុន្ទ តថាគតនិយាយ​យ៉ាងណា តែងធ្វើយ៉ាង​នោះ ធ្វើយ៉ាងណា តែងនិយាយយ៉ាងនោះ ព្រោះតែតថាគត និយាយយ៉ាងណា តែងធ្វើយ៉ាង​នោះ ធ្វើយ៉ាងណា តែងនិយាយយ៉ាងនោះ ហេតុ​ដូច្នោះហើយ បានជាគេហៅថា ព្រះ​តថាគត។ តថាគត ជាអ្នកលើសលុប មិនមានបុគ្គលដទៃគ្របសង្កត់បាន ជាអ្នកចង្អុល​បង្ហាញ​នូវហេតុដ៏ពិត ជាអ្នក​ផ្សាយ​​នូវអំណាចទៅ ក្នុងលោក ព្រមទាំងទេវលោក ព្រម​ទាំងមារលោក ព្រមទាំង​ព្រហ្ម​លោក ព្រមទាំង​សមណព្រាហ្មណ៍ និងពពួកសត្វ ព្រម​ទាំងមនុស្ស ជាសម្មតិទេព ព្រោះហេតុនោះ បានជា​គេហៅថា ព្រះតថាគត ។

[១២១] ម្នាលចុន្ទ ហេតុជាទីតាំង រមែង​មានយ៉ាងនេះ គឺពួកបរិព្វាជក ជាអន្យតិរ្ថិយ និយាយ​យ៉ាងនេះថា ម្នាលអាវុសោ ខាងមុខអំពីសេចក្តីស្លាប់ទៅ សត្វនឹងកើតទៀត ឬហ្ន៎ ការយល់ឃើញ​នេះឯង ជាការពិត ពាក្យពួកមនុស្សដទៃ ជាពាក្យសោះសូន្យទទេឬ។ ម្នាលចុន្ទ (កាលបើ) ពួកបរិព្វាជក ជាអន្យតិរ្ថិយ និយាយ​យ៉ាងនេះហើយ អ្នកត្រូវ​និយាយ​យ៉ាងនេះថា ម្នាលអាវុសោ ព្រះមានព្រះភាគ មិនដែលសំដែងថា ខាងមុខអំពីសេចក្តី​ស្លាប់ទៅ សត្វគង់កើតទៀត ការយល់​​ឃើញនេះឯង ជាការពិត ពាក្យពួកមនុស្សដទៃ ជាពាក្យសោះសូន្យទទេ ដូច្នេះទេ។ ម្នាលចុន្ទ ហេតុជាទីតាំង រមែង​មានយ៉ាងនេះ គឺពួកបរិព្វាជក ជាអន្យតិរ្ថិយ និយាយ​យ៉ាងនេះថា ម្នាលចុន្ទ ខាងមុខអំពីសេចក្តីស្លាប់ទៅ សត្វមិនកើតទៀត ឬហ្ន៎ ការយល់ឃើញ​នេះឯង ជាការពិត ពាក្យពួក​មនុស្សដទៃ ជាពាក្យសោះសូន្យទទេឬ។ ម្នាលចុន្ទ (កាលបើ) ពួកបរិព្វាជក ជាអន្យតិរ្ថិយ និយាយ​យ៉ាងនេះហើយ អ្នកត្រូវ​និយាយ​យ៉ាងនេះថា ម្នាលអាវុសោ ពាក្យនុ៎ះឯង ព្រះមានព្រះភាគ មិន​ព្យាករថា ខាងមុខអំពីសេចក្តីស្លាប់ទៅ សត្វមិនកើតទៀត ការយល់​​ឃើញនេះឯង ជា​ការពិត ពាក្យ​ពួកមនុស្សដទៃ ជាពាក្យសោះសូន្យទទេ ដូច្នេះទេ។ ម្នាលចុន្ទ ហេតុជា​ទីតាំង រមែង​មានយ៉ាងនេះ គឺពួកបរិព្វាជក ជាអន្យតិរ្ថិយ និយាយ​យ៉ាងនេះថា ម្នាល​អាវុសោ ខាងមុខ​អំពី​សេចក្តីស្លាប់ទៅ សត្វកើតទៀតខ្លះ មិនកើតទៀតខ្លះ ការយល់ឃើញ​នេះឯង ជាការពិត ពាក្យពួកមនុស្សដទៃ ជាពាក្យសោះសូន្យទទេ ឬហ្ន៎។ ម្នាលចុន្ទ (កាលបើ) ពួកបរិព្វាជក ជាអន្យតិរ្ថិយ និយាយ​យ៉ាងនេះហើយ អ្នកត្រូវ​និយាយ​យ៉ាង​នេះថា ម្នាលអាវុសោ ពាក្យនុ៎ះឯង ព្រះមានព្រះភាគ មិនព្យាករថា ខាងមុខអំពី​សេចក្តី​ស្លាប់ទៅ សត្វកើតទៀតខ្លះ មិនកើតទៀតខ្លះ ការយល់​ឃើញ​នេះឯង ជាការពិត ពាក្យ​ពួកមនុស្សដទៃ ជាពាក្យសោះសូន្យទទេ ដូច្នេះទេ។ ម្នាលចុន្ទ ហេតុជាទីតាំង រមែង​មានយ៉ាងនេះ គឺពួកបរិព្វាជក ជាអន្យតិរ្ថិយ និយាយ​យ៉ាងនេះថា ម្នាលអាវុសោ ខាងមុខ​អំពីសេចក្តីស្លាប់ទៅ សត្វកើតទៀតក៏មិនមែន មិនកើតទៀតក៏មិនមែន ការយល់ឃើញ​នេះឯង ជាការពិត ពាក្យពួកមនុស្សដទៃ ជាពាក្យសោះសូន្យទទេ ឬហ្ន៎។ ម្នាលចុន្ទ (កាលបើ) ពួកបរិព្វាជក ជាអន្យតិរ្ថិយ និយាយ​យ៉ាងនេះហើយ អ្នកត្រូវ​និយាយ​យ៉ាង​នេះថា ម្នាលអាវុសោ ពាក្យនុ៎ះឯង ព្រះមានព្រះភាគ មិនព្យាករថា ខាងមុខអំពី​សេចក្តី​ស្លាប់ទៅ សត្វកើតទៀតក៏មិនមែន មិនកើតទៀតក៏មិនមែន ការយល់​​ឃើញនេះឯង ជា​ការ​ពិត ពាក្យពួកមនុស្សដទៃ ជាពាក្យសោះ​សូន្យ​ទទេ ដូច្នេះទេ។

[១២២] ម្នាលចុន្ទ ហេតុជាទីតាំង រមែង​មានយ៉ាងនេះ គឺពួកបរិព្វាជក ជាអន្យតិរ្ថិយ និយាយ​យ៉ាងនេះថា ម្នាលអាវុសោ ហេតុអ្វីបានជាព្រះសមណគោតម មិនព្យាករពាក្យ​នុ៎ះ។ ម្នាលចុន្ទ (កាលបើ) ពួកបរិព្វាជក ជាអន្យតិរ្ថិយ និយាយ​យ៉ាងនេះហើយ អ្នកត្រូវ​និយាយ​​យ៉ាងនេះថា ម្នាលអាវុសោ ព្រោះថា ពាក្យនុ៎ះ មិនប្រកបដោយប្រយោជន៍ មិន​ប្រកបដោយ​ធម៌ មិនមែន​ជាដើម​ចម នៃសាសនព្រហ្មចារ្យ មិនប្រព្រឹត្តទៅដើម្បី​សេចក្តី​នឿយណាយ មិនប្រព្រឹត្តទៅ ដើម្បី​សេចក្តី​ប្រាសចាករាគៈ មិនប្រព្រឹត្តទៅ ដើម្បី​សេចក្តី​រំលត់ទុក្ខ មិនប្រព្រឹត្តទៅ ដើម្បី​សេចក្តី​ស្ងប់រម្ងាប់ មិនប្រព្រឹត្តទៅ ដើម្បី​សេចក្តី​ដឹងក្រៃលែង មិនប្រព្រឹត្តទៅ ដើម្បី​សេចក្តី​ត្រាស់ដឹង មិនប្រព្រឹត្តទៅ ដើម្បី​ព្រះនិព្វាន ព្រោះហេតុ​នោះ​ហើយ បានជាព្រះមានព្រះភាគ មិនព្យាករពាក្យនោះឡើយ។ ម្នាលចុន្ទ ហេតុជាទីតាំង រមែង​មានយ៉ាងនេះ គឺពួកបរិព្វាជក ជាអន្យតិរ្ថិយ និយាយ​យ៉ាងនេះថា ម្នាលអាវុសោ ចុះព្រះសមណគោតម ព្យាករដូចម្តេចទៅវិញ។ ម្នាលចុន្ទ (កាលបើ) ពួកបរិព្វាជក ជា​អន្យតិរ្ថិយ និយាយ​យ៉ាងនេះហើយ អ្នកត្រូវ​និយាយ​យ៉ាងនេះថា ម្នាលអាវុសោ ព្រះមាន​ព្រះភាគ​ព្យាករថា នេះជាទុក្ខ ដូច្នេះ ម្នាលអាវុសោ ព្រះមានព្រះភាគព្យាករថា នេះជាទុក្ខ​សមុទ័យដូច្នេះ ម្នាលអាវុសោ ព្រះមានព្រះភាគព្យាករថា នេះជាទុក្ខនិរោធដូច្នេះ ម្នាល​អាវុសោ ព្រះមានព្រះភាគព្យាករថា នេះជាទុក្ខនិរោធគាមិនី បដិបទាដូច្នេះ។ ម្នាលចុន្ទ ហេតុជាទីតាំង រមែង​មានយ៉ាងនេះ គឺពួកបរិព្វាជក ជាអន្យតិរ្ថិយ និយាយ​យ៉ាងនេះថា ម្នាលអាវុសោ ព្រោះហេតុអ្វី បានជា​ព្រះសមណគោតម ព្យាករពាក្យនុ៎ះ។ ម្នាលចុន្ទ (កាលបើ) ពួកបរិព្វាជក ជាអន្យតិរ្ថិយ និយាយ​យ៉ាងនេះហើយ អ្នកត្រូវ​និយាយ​យ៉ាង​នេះថា ម្នាលអាវុសោ ព្រោះថា ពាក្យនុ៎ះ ជាពាក្យ​ប្រកបដោយប្រយោជន៍ ប្រកបដោយ​ធម៌ ពាក្យនុ៎ះ​ជាដើម​ចម នៃសាសនព្រហ្មចារ្យ រមែងប្រព្រឹត្តទៅ ដើម្បី​សេចក្តីនឿយណាយ ប្រព្រឹត្តទៅ ដើម្បី​សេចក្តី​ប្រាសចាករាគៈ ប្រព្រឹត្តទៅ ដើម្បី​សេចក្តី​រំលត់ទុក្ខ ប្រព្រឹត្តទៅ ដើម្បី​សេចក្តី​ស្ងប់រម្ងាប់ ប្រព្រឹត្តទៅ ដើម្បី​សេចក្តី​ដឹងក្រៃលែង ប្រព្រឹត្តទៅ ដើម្បី​សេចក្តី​ត្រាស់ដឹង ប្រព្រឹត្តទៅ ដើម្បី​ព្រះនិព្វានដោយពិត ព្រោះហេតុនោះ បានជា​ព្រះមាន​ព្រះភាគ ទ្រង់ព្យាករពាក្យនោះ។

[១២៣] ម្នាលចុន្ទ ទិដ្ឋិនិស្ស័យ [ពាក្យថា ទិដ្ឋិនិស្ស័យ ទិដ្ឋិនិស្សិតក ទិដ្ឋិគតិក ក៏សំដៅ​យកតែតួ​ទិដ្ឋិដូចគ្នា (អដ្ឋកថា)។]ទាំងឡាយណា ដែលប្រព្រឹត្តទៅ ក្នុងចំណែកខាងដើម តថាគតក៏បានសំដែង​ នូវទិដ្ឋិនិស្ស័យទាំងឡាយនោះ ដល់អ្នកហើយ តថាគត ត្រូវសំដែង​ទិដ្ឋិនិស្ស័យទាំងនោះ យ៉ាងណា មួយវិញទៀត តថាគត មិនត្រូវសំដែង​ទិដ្ឋិនិស្ស័យ​ទាំង​នោះ យ៉ាងណា តថាគត នឹងត្រូវសំដែង​នូវទិដ្ឋិនិស្ស័យទាំងនោះ ដើម្បីអ្នក ចំពោះពួក​អន្យតិរ្ថិយដទៃ ក្នុងហេតុនោះ ដូចម្តេចកើត។ ម្នាលចុន្ទ ទិដ្ឋិនិស្ស័យទាំងឡាយណា ដែល​ប្រព្រឹត្តទៅ ក្នុងខាងមុខ តថាគតក៏បានសំដែង​ នូវទិដ្ឋិនិស្ស័យទាំង​នោះ ដល់អ្នកហើយ តថាគត ត្រូវសំដែង នូវទិដ្ឋិនិស្ស័យទាំងនោះ យ៉ាងណា មួយវិញទៀត តថាគត​មិន​ត្រូវសំដែង​ទិដ្ឋិនិស្ស័យទាំងនោះយ៉ាងណា តថាគត នឹងមិនសំដែង​ទិដ្ឋិនិស្ស័យ​ទាំងនោះ ដើម្បី​អ្នក ក្នុងហេតុ​នោះទេឬ។ ម្នាលចុន្ទ ទិដ្ឋិនិស្ស័យទាំងឡាយណា ដែលប្រព្រឹត្តទៅ​ក្នុងចំណែក​ខាងដើម តថាគត សំដែងនូវទិដ្ឋិនិស្ស័យទាំងឡាយនោះហើយ តថាគតត្រូវ​សំដែង​​នូវទិដ្ឋិនិស្ស័យទាំងឡាយនោះ យ៉ាងណា មួយវិញទៀត ​មិនត្រូវសំដែង​ទិដ្ឋិនិស្ស័យ​​ទាំងនោះ​យ៉ាងណា ​ទិដ្ឋិនិស្ស័យ​ទាំងនោះ តើដូចម្តេច។ ម្នាលចុន្ទ មាន​សមណៈ និងព្រាហ្មណ៍​មួយពួក ធ្លាប់​និយាយយ៉ាងនេះ ធ្លាប់យល់ឃើញយ៉ាងនេះថា ខ្លួន និងលោកជាសភាវៈទៀង ការយល់ឃើញ​នេះឯង ជាការពិត ពាក្យពួកមនុស្សដទៃ ជាពាក្យសោះសូន្យទទេ។ ម្នាលចុន្ទ មួយទៀត រមែង​មាន​​សមណៈ និងព្រាហ្មណ៍​មួយពួក ធ្លាប់​និយាយយ៉ាងនេះ ធ្លាប់យល់ឃើញយ៉ាងនេះថា ខ្លួន និងលោកជា​សភាវៈមិនទៀង។ សេចក្តីសង្ខេប។ ខ្លួន និងលោក ជាសភាវៈទៀងក៏មាន មិនទៀង​ក៏មាន។ ខ្លួន និងលោក ជាសភាវៈទៀងក៏មិនមែន មិនទៀងក៏មិនមែន។ ខ្លួននិងលោក គឺខ្លួន​ឯង​ធ្វើ។ ខ្លួននិង​លោក គឺអ្នកដទៃធ្វើ។ ខ្លួននិងលោក គឺខ្លួនឯងធ្វើក៏មាន អ្នកដទៃធ្វើក៏មាន។ ខ្លួននិងលោក គឺ​ខ្លួនឯង​ធ្វើក៏មិនមែន អ្នកដទៃ​ធ្វើក៏មិនមែន គឺកើតឡើង​ដោយឥតហេតុ ការយល់​ឃើញ​នេះឯង ជាការពិត ពាក្យពួកមនុស្សដទៃ ជាពាក្យសោះសូន្យទទេ។ សុខនិងទុក្ខ ជា​ធម្មជាត​ទៀង។ សុខនិងទុក្ខ ជាធម្មជាតមិនទៀង។ សុខនិងទុក្ខ ជាធម្មជាតទៀងខ្លះ មិន​ទៀងខ្លះ។ សុខនិងទុក្ខ ជាធម្មជាតទៀងក៏មិនមែន មិនទៀងក៏មិនមែន។ សុខនិងទុក្ខ ខ្លួនឯងធ្វើ។ សុខនិងទុក្ខ អ្នកដទៃធ្វើ។ សុខនិងទុក្ខ ខ្លួនឯងធ្វើខ្លះ អ្នកដទៃធ្វើខ្លះ។ សុខ​និងទុក្ខ មិនមែនខ្លួនឯងធ្វើ មិនមែនអ្នកដទៃធ្វើ គឺ​កើត​ឡើងដោយ​ឥតហេតុ ការយល់​ឃើញ​នេះឯង ជាការពិត ពាក្យពួកមនុស្សដទៃ ជាពាក្យសោះសូន្យទទេ។

[១២៤] ម្នាលចុន្ទ បណ្តាពួកសមណៈ និងព្រាហ្មណ៍ទាំងនោះ ពួកសមណៈ និងព្រាហ្មណ៍​ណា ធ្លាប់​និយាយយ៉ាងនេះ ធ្លាប់យល់ឃើញយ៉ាងនេះថា ខ្លួន និងលោក ជាសភាវៈទៀង ការយល់ឃើញ​នេះឯង ជាការពិត ពាក្យពួកមនុស្សដទៃ ជាពាក្យសោះសូន្យទទេ ដូច្នេះ តថាគត ក៏​ចូលទៅរក​ពួកសមណៈ និងព្រាហ្មណ៍ទាំងនោះ ហើយសួរយ៉ាងនេះថា ម្នាល​អាវុសោ ការយល់ឃើញ​ថា ខ្លួននិងលោក ជាសភាវៈទៀងនេះ អ្នកនិយាយមែនឬ។ ពួក​សមណៈ និងព្រាហ្មណ៍ទាំងនោះ បាននិយាយ នូវពាក្យណាយ៉ាងនេះថា ការយល់ឃើញ​នេះឯង ជាការពិត ពាក្យពួក​មនុស្សដទៃ ជាពាក្យសោះសូន្យទទេ។ តថាគត ក៏មិន​យល់​តាមពាក្យនោះ របស់ពួកសមណៈ និងព្រាហ្មណ៍នោះទេ។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលចុន្ទ ព្រោះថា គង់​មានសត្វពួក១ មានសេចក្តីសំគាល់​ដោយឡែក ក្នុងដំណើរនេះ​ដែរ។ ម្នាលចុន្ទ តថាគត ពិចារណា​មិនឃើញ​បុគ្គលស្មើដោយញាណ ដ៏ស្មើរបស់តថាគត ដោយបញ្ញត្តិនេះសោះ មានពីណា​ក្រៃលែងជាង មានតែតថាគតហ្នឹងឯង ក្រៃលែង (ជាងគេ) ក្នុងអធិបញ្ញត្តិទាំងនោះ។

[១២៥] ម្នាលចុន្ទ បណ្តាពួក​​សមណៈ និងព្រាហ្មណ៍ទាំងនោះ ពួកសមណៈ និងព្រាហ្មណ៍​ណា ធ្លាប់​និយាយយ៉ាងនេះ ធ្លាប់យល់ឃើញយ៉ាងនេះថា ខ្លួន និងលោក ជា​សភាវៈ​មិន​ទៀង។ សេចក្តីសង្ខេប។ ខ្លួន និងលោក ជាសភាវៈទៀងខ្លះ មិនទៀងខ្លះ។ ខ្លួន និងលោក ជាសភាវៈ​ទៀង​ក៏​មិនមែន មិនទៀងក៏មិនមែន។ ខ្លួននិងលោក ខ្លួន​ឯង​ធ្វើ។ ខ្លួននិងលោក អ្នកដទៃធ្វើ។ ខ្លួននិងលោក ខ្លួនឯងធ្វើក៏មាន អ្នកដទៃធ្វើក៏មាន។ ខ្លួននិងលោក ​ខ្លួនឯង​តាក់តែង ក៏មិនមែន អ្នកដទៃ​តាក់​តែង​ក៏មិនមែន កើតឡើង​ដោយឥតហេតុ។ សុខនិងទុក្ខ ជាធម្មជាតទៀង។ សុខនិងទុក្ខ ជាធម្មជាត​មិនទៀង។ សុខនិងទុក្ខ ជាធម្មជាតទៀងខ្លះ មិនទៀងខ្លះ។ សុខនិងទុក្ខ ជាធម្មជាតទៀងក៏មិនមែន មិនទៀងក៏មិនមែន។ សុខនិងទុក្ខ ខ្លួនឯងតាក់តែង។ សុខនិងទុក្ខ អ្នកដទៃតាក់តែង។ សុខនិងទុក្ខ ខ្លួនឯងតាក់តែងក៏មាន អ្នកដទៃតាក់តែងក៏មាន។ សុខនិងទុក្ខ ខ្លួនឯងតាក់តែងក៏មិនមែន អ្នកដទៃ​តាក់​តែងក៏​មិន​មែន ​កើត​ឡើងដោយ​ឥតហេតុ។ ការយល់ឃើញនេះឯង ជាការពិត ពាក្យពួកមនុស្ស​ដទៃ ជាពាក្យសោះសូន្យទទេ ដូច្នេះ។ តថាគត ក៏​ចូលទៅរក​ពួកបរិព្វាជកទាំងនោះ ហើយសួរ​យ៉ាង​នេះថា ម្នាលអាវុសោ ការយល់ឃើញ​ថា សុខ និងទុក្ខ មិនមែនខ្លួនឯងធ្វើ មិន​មែន​បុគ្គលដទៃធ្វើ កើត​ឡើង​ដោយឥតហេតុ នេះ អ្នកនិយាយមែនឬ។ ពួកសមណៈ និង​ព្រាហ្មណ៍ទាំងនោះ និយាយ នូវពាក្យណា យ៉ាងនេះថា ការយល់ឃើញ​នេះឯង ជាការពិត ពាក្យពួក​មនុស្សដទៃ ជាពាក្យ​សោះ​សូន្យទទេ។ តថាគត ក៏មិនយល់តាមពាក្យនោះ របស់សមណព្រាហ្មណ៍នោះទេ។ ដំណើរនោះ ព្រោះ​ហេតុអ្វី។ ម្នាលចុន្ទ ព្រោះថា គង់​មានសត្វពួកខ្លះ មានសេចក្តីសំគាល់​ដោយឡែក ក្នុងរឿង​នេះ​ដែរ។ ម្នាលចុន្ទ តថាគត ពិចារណា​មិនឃើញ​បុគ្គលស្មើ ដោយញាណដ៏ស្មើ របស់តថាគត ក្នុងបញ្ញត្តិ​នេះ  មានពីណា​ក្រៃលែងជាង មានតែតថាគតហ្នឹងឯង ក្រៃលែងជាងគេ ក្នុងអធិបញ្ញត្តិ​នោះ។ ម្នាលចុន្ទ ទិដ្ឋិនិស្ស័យ​ទាំងឡាយ ដែលប្រព្រឹត្តទៅ ក្នុងចំណែក​ខាងដើមនេះឯង តថាគត បានសំដែង ដល់​អ្នកហើយ ​តថាគត ត្រូវសំដែង​នូវទិដ្ឋិនិស្ស័យទាំងឡាយនោះ យ៉ាងណា មួយវិញទៀត តថាគត មិនត្រូវសំដែង​នូវទិដ្ឋិនិស្ស័យទាំងនោះ យ៉ាងណា តថាគត នឹងសំដែង នូវទិដ្ឋិនិស្ស័យ​ទាំងនោះ ដើម្បីអ្នក​ ក្នុង​ហេតុ​ទាំងនោះ​ ដូចម្តេចកើត។

[១២៦] ម្នាលចុន្ទ ទិដ្ឋិនិស្ស័យទាំងឡាយណា ដែលប្រព្រឹត្តទៅក្នុងខាងមុខ តថាគតបាន​សំដែង នូវទិដ្ឋិនិស្ស័យទាំងនោះហើយ តថាគតត្រូវសំដែង នូវទិដ្ឋិនិស្ស័យទាំងនោះ​យ៉ាង​ណា តថាគត​មិនត្រូវសំដែង​ នូវទិដ្ឋិនិស្ស័យទាំងនោះយ៉ាងណា ឯទិដ្ឋិនិស្ស័យទាំងនោះ តើដូចម្តេច តថាគត នឹងសំដែងនូវទិដ្ឋិនិស្ស័យទាំងនោះ ដើម្បីអ្នកក្នុងហេតុនោះ ដូចម្តេច​កើត។ ម្នាលចុន្ទ មានសមណព្រាហ្មណ៍​១ពួកនេះ ធ្លាប់​និយាយយ៉ាងនេះ ធ្លាប់យល់ឃើញ​យ៉ាងនេះថា ខាងមុខ​អំពីសេចក្តីស្លាប់ទៅ ខ្លួនមានរូប មិនមានរោគ ការយល់ឃើញ​នេះ​ឯង ជាការពិត ពាក្យពួក​មនុស្ស​ដទៃ ជាពាក្យសោះសូន្យទទេ ដូច្នេះ។ ម្នាលចុន្ទ មាន​សមណ​ព្រាហ្មណ៍១ពួក ធ្លាប់​និយាយយ៉ាងនេះ ធ្លាប់យល់ឃើញយ៉ាងនេះថា ខ្លួនមិនមាន​រូប។ ខ្លួន​មានរូបក៏មាន ឥតរូបក៏មាន។ ខ្លួន​មានរូបក៏​មិនមែន ឥតរូបក៏មិនមែន។ ខ្លួនមាន​សញ្ញា។ ខ្លួន​មិនមានសញ្ញា។ ខ្លួនមានសញ្ញាក៏មាន ឥតសញ្ញា​ក៏មាន។ ខ្លួនមានសញ្ញា​ក៏មិនមែន ឥតសញ្ញាក៏មិនមែន។ ខាងមុខ​អំពីសេចក្តីស្លាប់ទៅ ខ្លួនរមែង​ដាច់សូន្យទៅ វិនាសទៅ មិនកើតទៀត ការយល់ឃើញនេះឯង ជាការពិត ពាក្យពួក​មនុស្ស​ដទៃ ជា​ពាក្យសោះសូន្យទទេ ដូច្នេះ។ ម្នាលចុន្ទ បណ្តាពួកសមណព្រាហ្មណ៍ទាំងនោះ ពួក​សមណ​​ព្រាហ្មណ៍​ណា ធ្លាប់​និយាយយ៉ាងនេះ ធ្លាប់យល់ឃើញយ៉ាងនេះថា ខាងមុខ​អំពីសេចក្តីស្លាប់ទៅ ខ្លួននៅមានរូប មិនមានរោគ ការយល់ឃើញនេះឯង ជាការពិត ពាក្យពួក​មនុស្ស​ដទៃ ជាពាក្យសោះ​សូន្យទទេ ដូច្នេះ តថាគត ក៏ចូលទៅ​រកពួក​សមណ​ព្រាហ្មណ៍ទាំងនោះ ហើយនិយាយ​យ៉ាង​នេះ​ថា  ម្នាលអាវុសោ ខាងមុខអំពីសេចក្តីស្លាប់ ខ្លួននៅមានរូប មិនមានរោគ នេះអ្នកនិយាយ​មែនឬ។ មួយ​ទៀត ពួកសមណ​ព្រាហ្មណ៍​ទាំងនោះ បាននិយាយពាក្យណា យ៉ាងនេះថា ការយល់ឃើញនេះឯង ជាការពិត ពាក្យ​ពួក​មនុស្ស​ដទៃ ជាពាក្យសោះសូន្យទទេ។ តថាគត មិនយល់តាមពាក្យនោះ របស់​ពួក​សមណព្រាហ្មណ៍នោះទេ។ ដំណើរនុ៎ះ ព្រោះហេតុអ្វី។ ម្នាលចុន្ទ ព្រោះថា គង់​មាន​សត្វ​ពួកខ្លះ មានសេចក្តីសំគាល់​ដោយឡែក ក្នុងដំណើរនេះដែរ។ ម្នាលចុន្ទ តថាគត ពិចារណា​​មិនឃើញ​បុគ្គលស្មើ ដោយញាណដ៏ស្មើ របស់តថាគត ក្នុងបញ្ញត្តិនេះទេ មាន​ពីណា​ក្រៃលែងជាង មាន​តែ​តថាគត​ហ្នឹងឯង ក្រៃលែង(ជាងគេ) ក្នុងអធិបញ្ញត្តិនោះ។

[១២៧] ម្នាលចុន្ទ បណ្តាពួកសមណព្រាហ្មណ៍ទាំងនោះ ពួកសមណ​ព្រាហ្មណ៍​ណា ធ្លាប់​និយាយយ៉ាងនេះ ធ្លាប់យល់ឃើញយ៉ាងនេះថា ខ្លួន​មិនមានរូប។ ខ្លួនមានរូបក៏មាន ឥតរូប​ក៏មាន។ ខ្លួន​មានរូបក៏​មិនមែន ឥតរូបក៏មិនមែន។ ខ្លួនមានសញ្ញា។ ខ្លួន​ឥតសញ្ញា។ ខ្លួនមានសញ្ញាក៏មាន ឥតសញ្ញា​ក៏មាន។ ខ្លួនមានសញ្ញាក៏មិនមែន ឥតសញ្ញាក៏មិនមែន។ ខាងមុខ​អំពីសេចក្តីស្លាប់ ខ្លួនរមែង​ដាច់សូន្យទៅ វិនាសទៅ មិនកើតទៀត ការយល់​ឃើញ​នេះឯង ជាការពិត ពាក្យពួក​មនុស្ស​ដទៃ ជាពាក្យសោះសូន្យទទេ ដូច្នេះ តថាគត ក៏ចូល​ទៅរកពួកសមណព្រាហ្មណ៍ទាំងនោះ ហើយ​និយាយ​​យ៉ាង​នេះ​ថា  ម្នាលអាវុសោ ខាងមុខ​អំពីសេចក្តីស្លាប់ ខ្លួនរមែងដាច់សូន្យទៅ វិនាសទៅ មិនកើតទៀតនេះ អ្នកនិយាយ​មែន​ឬ។ ម្នាលចុន្ទ ពួកសមណព្រាហ្មណ៍ទាំងនោះ និយាយនូវ​ពាក្យ​ណា យ៉ាងនេះថា ការយល់ឃើញនេះឯង ជាការពិត ពាក្យពួក​មនុស្ស​ដទៃ ជាពាក្យសោះសូន្យ​ទទេ ដូច្នេះ។ តថាគត មិនយល់តាមពាក្យ របស់​ពួកគេនោះទេ។ ដំណើរនុ៎ះ ព្រោះហេតុអ្វី។ ម្នាលចុន្ទ ព្រោះថា ​មានសត្វ១ពួក តែងមានសេចក្តីសំគាល់​ដោយឡែក ក្នុងដំណើរនេះ។ ម្នាលចុន្ទ តថាគត ពិចារណា​មិនឃើញ​បុគ្គលស្មើ ដោយញាណដ៏ស្មើ របស់តថាគត ក្នុងបញ្ញត្តិនេះ​សោះ មានពីណា​ក្រៃលែងជាង មាន​តែ​តថាគត​ហ្នឹងឯង ក្រៃលែង(ជាងគេ) ក្នុងអធិបញ្ញត្តិ​នោះ។ ម្នាលចុន្ទ ទិដ្ឋិ​និស្ស័យ​​ទាំងឡាយ ដែលប្រព្រឹត្តទៅ ក្នុងចំណែក​ខាងដើមនេះឯង តថាគត បានសំដែងដល់​អ្នក​ហើយ ​តថាគត ត្រូវសំដែង​ទិដ្ឋិនិស្ស័យទាំងនោះ យ៉ាងណា មួយវិញទៀត មិនត្រូវសំដែង​ទិដ្ឋិនិស្ស័យ​ទាំងនោះ យ៉ាងណា តថាគត នឹងសំដែង នូវទិដ្ឋិនិស្ស័យ​ទាំងនោះ ដើម្បីអ្នក​ ក្នុង​ហេតុ​ទាំងនោះ​ ដូចម្តេចកើត។

[១២៨] ម្នាលចុន្ទ សតិប្បដ្ឋានទាំង៤ ដែលតថាគត សំដែងហើយ បញ្ញត្តហើយយ៉ាងនេះ ដើម្បី​លះបង់ ដើម្បីឈានកន្លង​នូវពួកទិដ្ឋិនិស្ស័យដែលប្រព្រឹត្តទៅ ក្នុងចំណែក​ខាងដើម​នេះ​ផង នូវពួក​ទិដ្ឋិនិស្ស័យ ដែលប្រព្រឹត្តទៅ ក្នុងចំណែក​ខាងមុខនេះផង។ សតិប្បដ្ឋាន​ទាំង៤ ដូចម្តេច។ ម្នាលចុន្ទ ភិក្ខុក្នុងធម្មវិន័យនេះ រមែង​មានកិរិយា​ពិចារណារឿយៗ នូវកាយ​ក្នុងកាយ មានព្យាយាម ជាគ្រឿង​ដុតបង់នូវកិលេស ជាអ្នកដឹងខ្លួន មានស្មារតី គប្បីកំចាត់បង់ នូវអភិជ្ឈា និងទោមនស្ស ក្នុងលោក។ ក្នុងវេទនាទាំងឡាយ។ ក្នុងចិត្ត។ ភិក្ខុ​មានកិរិយា​ពិចារណារឿយៗ នូវធម៌ក្នុងធម៌ទាំង​ឡាយ មានព្យាយាម ជាគ្រឿង​ដុត​បង់នូវកិលេស ជាអ្នកដឹងខ្លួន មានស្មារតី គប្បីកំចាត់បង់ នូវ​អភិជ្ឈា និងទោមនស្ស ក្នុង​លោក។ ម្នាលចុន្ទ​ សតិប្បដ្ឋានទាំង៤នេះ ដែលតថាគត សំដែងហើយ បញ្ញត្តហើយ​យ៉ាង​នេះ ដើម្បី​លះបង់ ដើម្បីឈានកន្លង​ នូវពួកទិដ្ឋិនិស្ស័យ ដែលប្រព្រឹត្តទៅ ក្នុង​ចំណែក​​ខាង​ដើម​នេះផង នូវពួក​ទិដ្ឋិនិស្ស័យ ដែលប្រព្រឹត្តទៅ ក្នុងចំណែក​ខាងមុខនេះផង។

[១២៩] សម័យនោះឯង ព្រះឧបទានដ៏មានអាយុ ឈរបក់ព្រះមានព្រះភាគ អំពី​ខាង​ក្រោយ​​ព្រះមានព្រះភាគ លំដាប់នោះ ព្រះឧបទានដ៏មានអាយុ បានក្រាប​ទូល​ព្រះមានព្រះភាគ យ៉ាង​នេះថា បពិត្រព្រះអង្គដ៏ចំរើន ហេតុនេះអស្ចារ្យណាស់ មិនគួរកើត​បានសោះ បពិត្រព្រះអង្គដ៏ចំរើន ធម្មបរិយាយនេះ គួរជាទីជ្រះថ្លាហ្ន៎ បពិត្រព្រះអង្គដ៏ចំរើន ធម្មបរិយាយនេះ គួរជាទីជ្រះថ្លាហ្ន៎ បពិត្រព្រះអង្គដ៏ចំរើន ធម្មបរិយាយនេះ ឈ្មោះអ្វី។ ព្រះអង្គត្រាស់ថា ម្នាលឧបទាន ហេតុដូច្នោះ អ្នកចូរចាំទុក នូវធម្មបរិយាយនេះថា ជា បាសាទិកៈ ដូច្នេះចុះ។ លុះ​ព្រះមានព្រះភាគ បាន​សំដែង​សូត្រនេះ (ចប់) ហើយ។ ឧបទាន​ដ៏មានអាយុ ក៏មានចិត្តត្រេកអរ រីករាយ ចំពោះភាសិត របស់​ព្រះមានព្រះភាគ ដោយ​ប្រការ​ដូច្នេះឯង។

ចប់ បាសាទិកសូត្រ ទី៦។

ចប់ ភាគ១៨។

សូមអនុមោទនា !!!

Oben-pfeil