ទីឃនិកាយ ឆដ្ឋភាគ

ភាគទី១៩

លក្ខណសូត្រ ទី៧

[១] ខ្ញុំ​បាន​ស្តាប់​មក​យ៉ាង​នេះ។ សម័យ​មួយ ព្រះ​មាន​ព្រះភាគ ទ្រង់​គង់​ក្នុង​វត្ត​ជេតពន របស់​អនាថបិណ្ឌិកសេដ្ឋី ជិត​ក្រុង​​សាវត្ថី។ ក្នុង​វេលា​នោះ​ឯង ព្រះ​មាន​ព្រះភាគ ទ្រង់​ត្រាស់​​ហៅ​ភិក្ខុ​ទាំងឡាយ​មក​ថា ម្នាល​ភិក្ខុ​ទាំង​ឡាយ។ ភិក្ខុ​ទាំង​នោះ ឆ្លើយ​តប​ព្រះ​ពុទ្ធ​ដីកា នៃ​ព្រះ​មាន​ព្រះ​ភាគ​ថា បពិត្រ​ព្រះ​អង្គ​ដ៏​ចំរើន។ ព្រះ​មាន​ព្រះ​ភាគ ទ្រង់​ត្រាស់​ពាក្យ​នេះ​ថា ម្នាល​ភិក្ខុ​ទាំង​ឡាយ មហា​បុរស​ ប្រកប​ដោយ​ មហាបុរិស​លក្ខណៈ ៣២ ប្រការ​នេះ​ មហាបុរស (នោះ) រមែង​មាន​គតិ២យ៉ាង​ មិន​មែន​ក្រៅ​ពី២យ៉ាង​នេះ​ទេ គឺ​បើ​មហាបុរស​​នៅ​គ្រប់​គ្រង​គេហដ្ឋាន នឹង​បាន​ជា​ស្តេច​ចក្រពត្តិ​ ប្រកប​ដោយ​ធម៌ ជា​ស្តេច​ទ្រង់​ធម៌ មាន​ជ័យ​ជំនះ​ផ្សាយ​អំណាច រហូត​ដល់​ផែនដី ដែល​មាន​មហា​សមុទ្រ​ទាំង៤ ព័ទ្ធ​ជុំវិញ ទ្រង់​ដល់​នូវ​ភាវៈ​ ជា​អ្នក​មាន​ជនបទ​ដ៏​មាំ​មួន ទ្រង់​ប្រកប​ដោយ​រតន៍៧ប្រការ ឯរតន៍៧ប្រការ នៃ​ស្តេច​ចក្រពត្តិ​នោះ​គឺ ចក្ករតន៍ ១ ហត្ថិរតន៍ ១ អស្សរតន៍ ១ មណិរតន៍ ១ ឥត្ថី​ [អដ្ឋកថា ថា បាន​ដល់​ស្រីដែលនាំមក​នូវសេចក្តី​សុខដ៏វិសេស ដល់ស្តេច​ចក្រពត្តិ ដែល​គេនាំអំពី​មទ្ទរាជ​ត្រកូល ឬឧត្តរកុរុទ្វីប មកថ្វាយ​ឲ្យតាំង​ជាអគ្គមហេសី។]រតន៍ ១ គហបតិរតន៍[អដ្ឋកថា ក្នុង​មហាសុទស្សនសូត្រថា បានដល់ពួកអ្នកមានភោគសម្បត្តិ​ច្រើន។] ១ បរិនាយករតន៍  [ព្រះរាជបុត្រច្បង ដែលមានប្រាជ្ញាឈ្លាសវៃ អាចស្គាល់​ចិត្ត​ របស់​ស្តេច​ចក្រពត្តិ ជាអ្នក​ចាត់ចែង​កិច្ចការគ្រប់ចំពូកថ្វាយ​ស្តេច​ចក្រពត្តិបាន។] ១ រួម​ត្រូវ​ជា​៧ប្រការ។ ព្រះ​រាជបុត្រ​ របស់​ស្តេច​ចក្រពត្តិ​នោះ ក៏​មាន​ចំនួន​ច្រើន​ពាន់​ ច្រើន​តែ​ជា​អ្នក​ក្លៀវក្លា មាន​រូប​សណ្ឋាន​ជា​អ្នក​អង់អាច អាច​ញាំញី​នូវ​សេនា​ របស់​ស្តេច​ឯ​ទៀត​បាន។ ព្រះ​អង្គ​ប្រាប​ប្រាម​គ្រប់គ្រង​នូវ​ផែនដី​នេះ​ ដែល​មាន​សាគរ​ជា​ទី​បំផុត ឲ្យ​ជា​ផែនដី​ឥត​មាន​​គោល ឥត​មាន​និមិត្ត​ ឥត​មាន​បន្លា គឺចោរ​ឡើយ ជា​ផែនដី​ស្តុកស្តម្ភ​មាំ​មួន ក្សេមក្សាន្ត ឥត​មាន​ឧបទ្រព ឥត​មាន​ទី​ពួន​របស់​ចោរ ដោយ​ធម៌​ដ៏​ស្មើ ​គឺ​សីល៥ មិន​បាច់​ពឹង​អាជ្ញា​ មិន​បាច់​ពឹង​គ្រឿង​សស្ត្រាវុធ​ឡើយ បើ​មហាបុរស​នោះ​ ចេញ​ចាក​គេហដ្ឋាន ទៅ​ទ្រង់​ព្រះ​ផ្នួស​ហើយ នឹង​បាន​ត្រាស់​ជា​អរហន្ត​សម្មាសម្ពុទ្ធ ក្នុង​លោក ​មាន​ដម្បូល​គឺ​កិលេស​បើក​ចេញ​ហើយ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ មហាបុរស ​ប្រកប​ដោយ​មហាបុរិសលក្ខណៈ ៣២ ប្រការ​នោះ តើ​ដូច​ម្តេច​ខ្លះ ទើប​បាន​ជា​មាន​គតិ២យ៉ាង មិន​មែន​ក្រៅ​ពី២យ៉ាង​នេះ​ឡើយ គឺ​បើ​ មហាបុរស ​នៅ​គ្រប់​គ្រង​គេហដ្ឋាន ​នឹង​បាន​ជា​ស្តេច​ចក្រពត្តិ។ សេចក្តី​បំប្រួញ។ បើ​មហាបុរស ​ចេញ​ចាក​គេហដ្ឋាន​ ទៅ​ទ្រង់​ព្រះ​ផ្នួស នឹង​បាន​ត្រាស់​ជា​អរហន្ត​សម្មាសម្ពុទ្ធ​ក្នុង​លោក មាន​ដម្បូល​ គឺ​កិលេស​បើក​ចេញ​ហើយ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ មហាបុរស​ក្នុង​លោក​នេះ មាន​ព្រះ​បាទ​ប្រតិស្ឋាន​ល្អ គឺ​មាន​ផ្ទៃ​ព្រះ​បាទ​ទាំង​គូ​រាប​ស្មើ​សព្វ​អន្លើ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ មហាបុរស​មាន​ព្រះ​បាទ​ប្រតិស្ឋាន​ល្អ ដោយ​ហេតុ​ណា។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ហេតុ​នេះ​ឯង ជា​មហាបុរិសលក្ខណៈ​ របស់​មហាបុរស។ ម្នាល​ភិក្ខុ​ទាំង​ឡាយ មួយ​ទៀត ត្រង់​ផ្ទៃ​ព្រះ​បាទ​ទាំង​គូ ខាង​ក្រោម​របស់​មហាបុរស​ មាន​រូប​ចក្រ​កើត​ឡើង​ ប្រកប​ដោយ​ខ្នង​កង់ ​និង​ដុំ​ ព្រម​ទាំង​កាំ១០០០ មាន​ចន្លោះ​ស្មើ​គ្នា​គ្រប់​អន្លើ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ​ត្រង់​ផ្ទៃ​ព្រះ​បាទ​ទាំង​គូ​ខាង​ក្រោម​ របស់​មហាបុរស មាន​រូប​ចក្រ​កើត​ឡើង ​ប្រកប​ដោយ​ខ្នង​កង់ ​និង​ដុំ ​ព្រម​ទាំង​កាំ ១០០០ មាន​ចន្លោះ​ស្មើ​គ្នា គ្រប់​​អន្លើ​ ដោយ​ហេតុ​ណា។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ហេតុ​នេះ​ឯង ជា​មហា​បុរិសលក្ខណៈ​ របស់​មហា​បុរស។ ម្នាល​ភិក្ខុ​ទាំង​ឡាយ មួយ​ទៀត មហាបុរស​ មាន​ព្រះ​បណ្ហិ គឺ​កែង វែង។ មាន​ព្រះ​អង្គុលិ គឺ​ម្រាម​ព្រះ​ហស្ត និង​ម្រាម​ព្រះ​បាទ​វែងៗ។ មាន​ផ្ទៃ​ព្រះ​ហស្ត​ និង​ផ្ទៃ​ព្រះ​បាទ​ដ៏​ទន់​ល្មើយ។ មាន​ផ្ទៃ​ព្រះ​ហស្ត ​និង​ផ្ទៃ​ព្រះ​បាទ ​ប្រទាក់​ដោយ​ក្រឡា ដូច​ជា​សំណាញ់។ មាន​ព្រះ​បាទ​ដូច​ជា​អណ្តែត​ឡើង​ខាង​លើ។ មាន​ព្រះ​ជង្ឃា ​គឺ​ស្មង​រៀវ​មូល​ត្រសូល ស្រដៀង​នឹង​ស្មង​សត្វ​ទ្រាយ។ កាល​បើ​ទ្រង់​ឈរ មិន​បាច់​ឱន​ព្រះ​អង្គ​ចុះ អាច​ស្ទាប​អង្អែល​ព្រះ​ជាណុ គឺ​ជង្គង់​ ដោយ​ផ្ទៃ​ព្រះ​ហស្ត​ទាំង​ពីរ​បាន។ មាន​ព្រះ​អង្គាវយវៈ​ ដែល​ត្រូវ​លាក់​កំបាំង ​ដោយ​សំពត់​ឋិត​នៅ​ក្នុង​ស្រោម។ មាន​ស្បែក​សម្បុរ​ថ្ងៃ (លឿង​ភ្លឺ​អន្លង់) ដូច​ជា​សម្បុរ​នៃ​មាស។ មាន​ព្រះ​ឆវី​ គឺ​សម្បុរ​ថ្ងៃ ល្អិត​ផូរផង់​ រលីង​ស្រិល រអិល ​ធុលី​ធ្លាក់​មក​មិន​ជាប់​ព្រះ​កាយ។ មាន​ព្រះ​លោមា​តែ​១​សរសៃ​ៗ គឺ​ក្នុង​រណ្តៅ​រោម ១ មាន​រោម ១។ មាន​​ព្រះ​លោមា ​មាន​ចុង​ង​ឡើង​លើ ព្រះ​លោមា ​ដែល​ដុះ​ឡើង​ហើយ ​មាន​ចុង​ឡើង​លើ​ ជា​ទក្ខិណាវដ្ត វិលវង់​ព័ទ្ធ​ពេន​ទៅ​ខាង​ស្តាំ មាន​សម្បុរ​ខៀវ ដូច​ជា​សម្បុរ​នៃ​ផ្កា​អញ្ជ័ន កួច​មូល​ដូច​ជា​កុណ្ឌល។ មាន​ព្រះ​កាយ​ត្រង់ ដូច​ជា​កាយ​នៃ​ព្រហ្ម។ មាន​ព្រះ​មំសៈ គឺ​សាច់៧ អន្លើ​ពេញ​បរិបូណ៌។ មាន​ព្រះ​កាយ​ពាក់​កណ្តាល​ខាង​លើ ​ដូច​ជា​កាយ​នៃ​រាជសីហ៍។ មាន​ព្រះ​បិដ្ឋិ គឺ​ខ្នង​ ដ៏​ពេញ​បរិបូណ៌។ មាន​ទ្រង់​ទ្រាយ​ព្រះ​កាយ ដូច​ជា​បរិមណ្ឌល​ នៃ​ដើម​ជ្រៃ កាយ​របស់​មហាបុរស ​ប្រវែងណា ព្យាម​របស់​មហាបុរស ​ក៏​ប្រវែង​នោះ​ដែរ គឺ​មាន​កាយ ​និង​ព្យាម​ស្មើ​គ្នា។ មាន​ព្រះ​សូរង​មូល​សម។ មាន​ព្រះ​ប្រសាទ គឺ​សរសៃ​ល្អិត​ឆ្មារ ​ដ៏​លើស​លែង សម្រាប់​ទទួល​រស​អាហារ។ មាន​ព្រះ​ហនុកា​ (ចង្កា) ដូច​ជា​ចង្កា​នៃ​រាជសីហ៍។ មាន​ព្រះ​ទន្ត៤០គត់។ មាន​ព្រះ​ទន្ត​រាប​ស្មើ។ មាន​ព្រះ​ទន្ត​ជិត​ស្និទ្ធ​ល្អ។ មាន​ព្រះ​ទាឋា គឺ​ចង្កូម (ទាំង៤) ស​ស្អាត។ មាន​ព្រះ​ជិវ្ហា ដ៏​ធំ​វែង។ មាន​ព្រះ​សូរស័ព្ទ ដូចជា​សំឡេង​​នៃ​ព្រហ្ម។ កាល​បើ​បញ្ចេញ​វាចា លាន់​ឮ​ពីរោះ ដូច​ជា​សំឡេង​នៃ​សត្វ​ករវិក។ មាន​ព្រះ​នេត្រ​ខៀវ​ស្រស់។ មាន​ដួង​ព្រះ​នេត្រ ​ដូច​ជា​ភ្នែក​នៃ​ (កូន) គោ។ មាន​ព្រះ​ឧណ្ណាលោម គឺ​រោម​ប្រជុំ​ចិញ្ចើម ដុះ​ត្រង់​ចន្លោះ​នៃ​ព្រះ​ភមុកា (ចិញ្ចើម) មាន​ពណ៌​សក្បុស ទន់​ល្មើយ​ដូចជា​សំឡី។ ម្នាល​ភិក្ខុ​ទាំងឡាយ មហាបុរស​ ដែល​មាន​ព្រះ​ឧណ្ណាលោម​ ដុះ​ត្រង់​ចន្លោះ​នៃ​ព្រះ​ភមុកា មាន​ពណ៌​សក្បុស ទន់​ល្មើយ​ដូច​ជាសំឡី ដោយ​ហេតុ​ណា។ ម្នាល​ភិក្ខុ​ទាំងឡាយ ហេតុ​នេះ​ឯង ជា​មហាបុរិស​លក្ខណៈ​ របស់​មហាបុរស។ ម្នាល​ភិក្ខុ​ទាំងឡាយ មួយ​ទៀត មហាបុរស​ មាន​ព្រះ​សីរ្ស​ ហាក់​ដូច​ជា​ប្រដាប់​ដោយ​ក្បាំង​មកុដ​ស្រេច​ស្រាប់។ ម្នាលភិក្ខុទាំងឡាយ មហាបុរស ដែលមានព្រះសីរ្ស ហាក់​ដូច​ជា​ប្រដាប់​ដោយ​ក្បាំង​មកុដ​ស្រេច​ស្រាប់ ដោយហេតុណា។ ម្នាលភិក្ខុទាំងឡាយ ហេតុនេះឯង ជា​មហាបុរិស​លក្ខណៈ របស់មហាបុរស។ ម្នាលភិក្ខុទាំងឡាយ មហាបុរស ប្រកបដោយ​មហាបុរិស​លក្ខណៈទាំង៣២ប្រការនេះឯង ទើបបានជា មានគតិជាពីរយ៉ាង មិនមែនក្រៅ​អំពី២​យ៉ាង​នេះ​ឡើយ គឺបើមហាបុរស នៅគ្រប់គ្រងគេហដ្ឋាន នឹងបានជាស្តេច​ចក្រពត្តិ។ សេចក្តី​បំប្រួញ។ បើទ្រង់ចេញចាកគេហដ្ឋាន ទៅទ្រង់ព្រះផ្នួស នឹងបានត្រាស់ជា​ព្រះអរហន្ត​សម្មាសម្ពុទ្ធ ក្នុងលោក មានដម្បូល គឺកិលេស​បើកចេញហើយ។ ម្នាលភិក្ខុទាំងឡាយ ពួកឥសីជាខាងក្រៅ (អួតថា) តែង​ចេះចាំ មហាបុរិសលក្ខណៈ របស់មហាបុរសទាំង​៣២ប្រការនេះឯង តែឥសីទាំងនោះ ឥតដឹងសោះ។ ព្រោះមហាបុរស បានធ្វើនូវ​កម្មនេះ។បេ។ ទើបបាននូវលក្ខណៈនេះ។

[២] ម្នាលភិក្ខុទាំងឡាយ កាលព្រះតថាគត (អាស្រ័យ) នូវជាតិពីមុន ភពពីមុន លំនៅ​ពីមុន កើតជាមនុស្ស ក្នុងកាលពីមុន ជាអ្នកបានសមាទានមាំមួន ក្នុងកុសលធម៌​ទាំង​ឡាយ គឺជាអ្នកសមាទាន​ជាប់មិនដាច់ ក្នុងកាយសុចរិត វចីសុចរិត មនោសុចរិត ការ​បរិចាគ​ទាន ការសមាទានសីល ការរក្សាឧបោសថ វត្តដែលត្រូវធ្វើ ចំពោះមាតា វត្តដែល​ត្រូវធ្វើចំពោះ​បិតា វត្តដែលត្រូវធ្វើ ចំពោះ​សមណៈ វត្តដែលត្រូវធ្វើ ចំពោះព្រាហ្មណ៍ វត្តដែលត្រូវធ្វើចំពោះ​ជន ដែល​ជាច្បង​ក្នុងត្រកូល និងក្នុងពួក​ធម៌ជាកុសល ដ៏ក្រៃលែង​ឯទៀតៗ។ ព្រះតថាគតនោះ លុះបែកធ្លាយរាងកាយ បន្ទាប់អំពី​សេចក្តីស្លាប់ ក៏បាន​ទៅកើត​​ក្នុង​សុគតិសួគ៌ទេវលោក ព្រោះហេតុតែកុសលកម្ម ដែលមហាបុរស បានធ្វើ​សន្សំ បណ្តុះ ឲ្យធំទូលាយហើយនោះ។ ព្រះតថាគតនោះ តែងគ្របសង្កត់ពួក​ទេវតាឯទៀត ក្នុង​ឋានសួគ៌នោះ ដោយហេតុ១០ប្រការ គឺអាយុទិព្វ១ សម្បុរទិព្វ១ សុខទិព្វ១ យសទិព្វ១ ភាពជាធំដ៏ជាទិព្វ១ រូបទិព្វ១ សំឡេងទិព្វ១ ក្លិនទិព្វ១ រសទិព្វ១ សម្ផ័ស្សទិព្វ១។ លុះ​ព្រះតថាគត ច្យុតចាកឋានសួគ៌នោះ មកកាន់អត្តភាព​ជាមនុស្ស​នេះ ក៏បាននូវ​មហាបុរិសលក្ខណៈនេះ។

[៣] ព្រះតថាគត មានជើងប្រតិស្ឋានល្អ ដាក់លើផែនដីក៏ស្មើ លើកឡើងក៏ស្មើ គឺ​បាតជើងដិតស៊ប់នឹងផែនដីសព្វផ្ទៃជើង។ ព្រះតថាគតនោះ ប្រកបដោយលក្ខណៈនោះ បើនៅគ្រប់គ្រងគេហដ្ឋាន នឹងបានជាស្តេច​ចក្រពត្តិ ប្រកបដោយធម៌ ជាស្តេចទ្រង់ធម៌ មានជ័យជំនះ ផ្សាយអំណាច​រហូតដល់ផែនដី ដែល​មានមហាសមុទ្រទាំង៤ ព័ទ្ធជុំវិញ នឹងដល់នូវភាពជាអ្នកមានជនបទដ៏មាំមួន ប្រកបដោយ​រតន៍ទាំង​៧ប្រការ។ រតន៍៧​ប្រការ​របស់ស្តេច​ចក្រពត្តិនោះ គឺចក្ករតន៍១ ហត្ថិរតន៍ ១ អស្សរតន៍ ១ មណិរតន៍ ១ ឥត្ថីរតន៍ ១ គហបតិរតន៍១ បរិនាយករតន៍ ១ រួម​ត្រូវ​ជា​៧ប្រការ។ ព្រះ​រាជបុត្រ​ របស់​ស្តេច​ចក្រពត្តិ​នោះ ក៏​មាន​ចំនួន​ច្រើន​ពាន់​ ច្រើន​តែ​ជា​អ្នក​ក្លៀវក្លា មាន​រូប​សណ្ឋាន​ជា​អ្នក​អង់អាច អាច​ញាំញី​នូវ​សេនា​ របស់​ស្តេច​ឯ​ទៀត​បាន។ ស្តេចចក្រពត្តិនោះ ​ប្រាប​ប្រាម​គ្រប់គ្រង​ផែនដី​នេះ​ ដែល​មាន​សាគរ​ជា​ទី​បំផុត ឲ្យ​ជា​ផែនដី​ឥត​មាន​​គោល ឥត​មាន​និមិត្ត​ ឥត​មាន​បន្លា គឺចោរ​ឡើយ ជា​ផែនដី​ស្តុកស្តម្ភ​មាំ​មួន ក្សេមក្សាន្ត ឥត​មាន​ឧបទ្រព ឥត​មាន​​ទី​ពួន​របស់​ចោរ ដោយ​ធម៌​ដ៏​ស្មើ ​គឺ​សីល៥ មិន​បាច់​ពឹង​អាជ្ញា​ មិន​បាច់​ពឹង​គ្រឿង​សស្ត្រាវុធ​ឡើយ បើ​ព្រះតថាគតនៅសោយរាជ្យ នឹងបានរបស់អ្វី នឹងបានជាអ្នកមិនតក់​ស្លុត ដោយមនុស្ស​ណាមួយជាសឹកសត្រូវ ជាបច្ចាមិត្ត កាលបើព្រះតថាគត នៅសោយ​រាជ្យ នឹងបាន​របស់​នេះឯង។ បើចេញ​ចាក​គេហដ្ឋាន ទៅ​បួស នឹង​បាន​ត្រាស់​ជា​អរហន្ត​សម្មាសម្ពុទ្ធ ក្នុង​លោក ​មាន​ដម្បូល​ គឺ​កិលេស​បើក​ចេញ​ហើយ កាលបើព្រះតថាគត បានត្រាស់​ជាព្រះពុទ្ធ បាននូវរបស់អ្វី ទើបជាអ្នកមិនតក់ស្លុត ដោយសឹកសត្រូវ បច្ចាមិត្ត​ខាងក្នុង ឬខាងក្រៅ គឺរាគៈក្តី ទោសៈក្តី មោហៈក្តី សមណៈក្តី ព្រាហ្មណ៍ក្តី ទេវតាក្តី មារក្តី ព្រហ្មក្តី អ្នក​ណា​មួយក្តី ក្នុងលោក(នេះ)។ កាលបើ​ព្រះតថាគតបានត្រាស់ជាព្រះពុទ្ធ បានរបស់នេះឯង។ លុះព្រះមានព្រះភាគ បានពោលនូវសេចក្តីនេះរួចហើយ។ ទើបទ្រង់​ត្រាស់នូវ​គាថា​ព័ន្ធ​នេះ ក្នុងលក្ខណៈនោះថា

[៤] ព្រះតថាគត តែងត្រេកអរ ក្នុងវចីសច្ចៈផង ក្នុងធម៌ គឺកុសលកម្មបថ១០ផង ក្នុង​ការទូន្មាន នូវឥន្ទ្រិយផង ក្នុងសេចក្តីសង្រួម (ក្នុងសីល) ផង ក្នុងការសំអាតផ្លូវកាយ​ជាដើម និងសីលជាទីនៅអាស្រ័យ [ដីកាថា សីលជាទីតាំងរបស់សមថៈ និងវិបស្សនា។] និងឧបោសថកម្មផង ក្នុងកិរិយាមិនបៀតបៀន នូវពួកសត្វផង ក្នុងអំពើដែល​មិនរួសរាន់​ផង សមាទានមាំទាំ ប្រព្រឹត្ត​គ្រប់ទាំងអស់។ ព្រោះកម្មនោះឯង ទើបតថាគត បានទៅកាន់​ឋានសួគ៌ ដោយសេចក្តីសុខ សេចក្តីសម្រាន និងសេចក្តីត្រេកអរ លុះច្យុតចាកឋានសួគ៌​នោះ បានមកកើតក្នុងមនុស្ស​លោកនេះវិញ ក៏មានផ្ទៃជើងទាំងពីររាបស្មើល្អ ជាន់ត្រូវនូវ​ផែនដី (ដោយព្រះបាទដ៏ស្មើ)។ ពួកជនអ្នកស្គាល់លក្ខណៈ មកប្រជុំគ្នា ហើយទាយថា ព្រះតថាគត ដែលមានព្រះបាទប្រតិស្ឋានល្អ ទោះបីនៅជាគ្រហស្ថក្តី ធ្វើជាបព្វជិតក្តី ក៏ឥត​ញាប់ញ័រ (ដោយសត្រូវឡើយ) ព្រោះមានលក្ខណៈនោះ ជាគ្រឿងឆ្លុះបំភ្លឺសេចក្តី​នោះ។ កាលបើនៅគ្រប់គ្រងគេហដ្ឋាន តែង​មិនញាប់ញ័រ (ដោយសត្រូវ) អាចគ្រងសង្កត់​នូវជនដទៃបាន ពួកសត្រូវក៏មិនអាចញាំញីបាន ព្រះតថាគត មិនបានតក់ស្លុតនឹង​មនុស្ស​ណាមួយ ក្នុងលោកនេះ ដោយសារផលនៃកម្មនោះឯង។ បើបុគ្គល (មានលក្ខណៈ) ដូច​ព្រះតថាគតនោះ ចូលទៅកាន់ផ្នួស រមែង​ពេញចិត្ត ត្រេកអរក្នុងនេក្ខម្មៈ បានជាអ្នកប្រាជ្ញា ប្រសើរបំផុត អ្នកប្រាជ្ញនោះ ជាអគ្គបុគ្គល ប្រសើរជាង​នរជន តែងមិនដល់នូវ​សេចក្តី​ញាប់ញ័រ (ដោយកិលេស) ជាដាច់ខាត នេះ​ឯង ជាធម្មតា របស់ព្រះតថាគតនោះ។

[៥] ម្នាលភិក្ខុទាំងឡាយ កាលព្រះតថាគត (អាស្រ័យ) នូវជាតិពីមុន ភពពីមុន លំនៅ​ពីមុន កើតជាមនុស្ស ក្នុងកាលពីមុន ជាអ្នកបាននាំមកនូវសេចក្តីសុខ ឲ្យដល់​ជនច្រើន​នាក់ផង ជាអ្នកកំចាត់បង់នូវភ័យ គឺសេចក្តី​ភ្ញាក់ផ្អើល និងសេចក្តីតក់ស្លុតផង ជាអ្នក​ចាត់​ចែង នូវការរក្សាការពារ គ្រប់គ្រងប្រកបដោយធម៌ផង បានឲ្យទាន ព្រមទាំងបរិវារ (របស់​ទាន [អដ្ឋកថា ថា បរិវារ របស់ទានមាន១០ប្រការគឺ បាយ ទឹក សំពត់ យាន ផ្កាកម្រង គ្រឿងក្រអូប គ្រឿងលាប គ្រែ ឬតាំង លំនៅ ប្រទីប និងប្រេង។])ផង។ ព្រះតថាគតនោះ លុះបែកធ្លាយរាងកាយ ខាងមុខអំពី​សេចក្តីស្លាប់ ក៏បានទៅកើត​ក្នុង​សុគតិសួគ៌ទេវលោក ព្រោះកុសលកម្ម ដែលព្រះតថាគត បានធ្វើ​សន្សំ បណ្តុះបណ្តាល ឲ្យធំទូលាយនោះឯង។ ព្រះតថាគតនោះ តែងគ្របសង្កត់នូវ​ទេវតា​ឯ​ទៀត ក្នុងឋានសួគ៌នោះ ដោយហេតុ ១០ ប្រការ។បេ។ លុះព្រះតថាគតនោះ ច្យុតចាកឋាន​សួគ៌​នោះ មកកាន់អត្តភាព​ជាមនុស្ស​នេះ ក៏បាននូវមហាបុរិស​លក្ខណៈនេះ។ គឺត្រង់​ផ្ទៃ​ជើងទាំងគូ ខាងក្រោម មានរូបចក្រ ប្រកបដោយខ្នងកង់ និងដុំ ព្រមទាំងកាំ១ពាន់ មានចន្លោះស្មើគ្នាគ្រប់អន្លើ។ ព្រះតថាគត​នោះ ប្រកបដោយលក្ខណៈនោះ បើនៅ​គ្រប់គ្រង​គេហដ្ឋាន នឹងបានជាស្តេចចក្រពត្តិ។បេ។ បើបានជាស្តេចហើយ តើនឹងបានរបស់​អ្វី ទើបជាអ្នកមានបរិវារច្រើន ឯបរិវារ​ច្រើន​របស់​ស្តេចនោះគឺ ព្រាហ្មណ៍ គហបតី អ្នកនិគម អ្នកជនបទ ពួកស្មៀន និងមហាមាត្រ ពួកសេនាមានអង្គ៤ (មាន​សេនាដំរីជាដើម) អ្នករក្សាទ្វារ អាមាត្យ ពួកបរិស័ទ ស្តេច​ (ចំណុះ) ពួកអ្នកមានទ្រព្យ និង​ពួករាជកុមារ កាលបើបានជាស្តេច នឹងបានរបស់នេះ។ បើ​ចេញចាកគេហដ្ឋាន ទៅបួស នឹង​បានត្រាស់​ជាព្រះអរហន្ត​សម្មាសម្ពុទ្ធក្នុងលោក មាន​ដម្បូល គឺកិលេស​បើកចេញហើយ កាលបើបានត្រាស់​ជាព្រះពុទ្ធហើយ តើបាន​របស់អ្វី ទើប​ជាអ្នកមាន​បរិវារ​ច្រើន ឯបរិវារច្រើនរបស់​ព្រះពុទ្ធនោះគឺ ពួកភិក្ខុ ពួកភិក្ខុនី ឧបាសក ឧបាសិកា ទេវតា មនុស្ស អសុរ នាគ គន្ធព្វ កាលបើបានត្រាស់​ជាព្រះពុទ្ធ បាននូវ​បរិស័ទ​នេះ។ លុះ​ព្រះមានព្រះភាគ បានត្រាស់​សេចក្តីនេះចប់ហើយ។ ទើបទ្រង់​ត្រាស់នូវ​គាថា​ព័ន្ធ​នេះ ក្នុងលក្ខណៈ​នោះថា

[៦] ព្រះតថាគត កើតជាមនុស្ស ក្នុងកាលពីមុនៗ ជាតិពីមុនៗ ជាអ្នកនាំនូវសេចក្តីសុខ មកឲ្យដល់​ជនច្រើននាក់ ជាអ្នកបន្ទោបង់នូវភ័យ គឺសេចក្តី​ភ្ញាក់ផ្អើល និងសេចក្តីតក់ស្លុត ជាអ្នក​ខ្វល់ខ្វាយ ក្នុងការគ្រប់គ្រង ការរក្សាការពារ។ ព្រោះកម្មនោះ ព្រះតថាគត បាន​ទៅកាន់ឋានសួគ៌ ហើយសោយ​សេចក្តីសុខ សេចក្តីសម្រាន្ត និងសេចក្តីត្រេកអរ លុះ​ព្រះតថាគតច្យុត ចាកឋានសួគ៌នោះ មកកើត​ក្នុងមនុស្សលោកនេះទៀត ក៏បាននូវចក្រ ត្រង់ផ្ទៃ​ជើងទាំងពីរ ប្រកបដោយ​ខ្នងកង់ ដុំ ព្រមទាំង​កាំ១ពាន់ មានចន្លោះស្មើគ្នា។ ពួកជន​អ្នកស្គាល់លក្ខណៈ បានឃើញ​រាជកុមារ ដែលមានលក្ខណៈ​នៃបុណ្យច្រើន (យ៉ាងនេះ) ទើបព្រមគ្នាព្យាករថា (ព្រះរាជកុមារនេះ) នឹងមានបរិវារច្រើន អាចញាំញីនូវសត្រូវបាន ដូចជាចក្រដែល​មានខ្នងកង់ (និងដុំ ព្រមទាំង​កាំ១ពាន់) មានចន្លោះ​ស្មើគ្នា ដូច្នោះឯង។ បើព្រះរាជកុមារ (ដែល​ប្រកប​ដោយលក្ខណៈ) ដូច្នោះ មិនបានចេញទៅទ្រង់ព្រះផ្នួសទេ នឹងបានជា​ស្តេច​ចក្រពត្តិ ទ្រង់ប្រាបប្រាមផែនដី មានពួកក្សត្រ ដែលចុះចូល មាន​យសសក្តិ៍ធំ ទៅតាមហែហម​ព្រះរាជកុមារនោះ ក្នុងទីនេះ។ បើព្រះរាជកុមារ (ដែល​ប្រកប​ដោយលក្ខណៈ) ដូច្នោះ ចេញទៅទ្រង់ព្រះផ្នួស តែងពេញចិត្ត ត្រេកអរ ចំពោះនេក្ខម្មៈ នឹងបានជាអ្នកប្រាជ្ញ មានទេវតា មនុស្ស អសុរ ព្រះឥន្ទ្រ អារក្ស គន្ធព្វ នាគ សត្វបក្សី សត្វជើង៤ ដែល​មានយសសក្តិ៍ធំ ចោមរោមព្រះពុទ្ធដ៏ប្រសើរ ដែលទេវតា និងមនុស្ស​បូជាហើយនោះ។

[៧] ម្នាលភិក្ខុទាំងឡាយ កាលតថាគត អាស្រ័យនូវជាតិពីមុន ភពពីមុន លំនៅ​ពីមុន កើតជាមនុស្ស ក្នុងកាលមុន ជាអ្នកបានលះបង់បាណាតិបាត វៀរស្រឡះ​ ចាក​បាណាតិបាត ជាអ្នកដាច់ចុះនូវអាជ្ញា និងគ្រឿង​សស្ត្រាវុធ មានសេចក្តីខ្មាសបាប មាន​ចិត្ត​អាសូរ ករុណា តែងអនុគ្រោះសព្វសត្វ ដោយប្រយោជន៍។ ព្រះតថាគតនោះ ព្រោះបាន​ធ្វើនូវកុសលកម្មនោះ។បេ។ លុះព្រះតថាគតនោះ ច្យុតចាកឋាន​សួគ៌​នោះ មកកាន់​អត្តភាព​​ជាមនុស្ស​នេះ ក៏បាននូវមហាបុរិស​លក្ខណៈទាំង៣នេះ គឺជាអ្នក​មាន​កែងជើង​វែង១ មានម្រាមដៃ និងម្រាមជើងវែងៗ១ មានកាយត្រង់ ដូចជាកាយ​ព្រហ្ម១។ ព្រះ​តថាគត​នោះ ប្រកបដោយលក្ខណៈ (ទាំង៣)នោះ បើនៅ​គ្រប់គ្រង​គេហដ្ឋាន នឹងបាន​ជា​ស្តេចចក្រពត្តិ។បេ។ បើបានជាស្តេចហើយ តើនឹងបានរបស់​អ្វី គឺនឹងបានជា​អ្នកមាន​អាយុ​វែង ប្រតិស្ឋាននៅអស់កាលយូរ គ្រប់គ្រង​នូវជន្មាយុ ឲ្យរស់​នៅបានយូរ មនុស្សជា​សឹក​សត្រូវ និងជាបច្ចាមិត្តណាមួយ មិនអាចនឹង​ផ្តាច់បង់ជីវិត ត្រង់​រវាងអាយុបានទេ កាលបើ​បានជាស្តេច នឹងបានរបស់នេះឯង។បេ។ កាលបើព្រះតថាគត ​បានត្រាស់​ជាព្រះពុទ្ធ នឹងបាន​របស់អ្វី គឺនឹងបានជាអ្នកមានអាយុវែងផង ប្រតិស្ឋាននៅអស់កាលយូរ គ្រប់គ្រង​ជន្មាយុរស់នៅបានយូរ សមណៈក្តី ព្រាហ្មណ៍ក្តី ទេវតាក្តី មារក្តី ព្រហ្មក្តី អ្នកណាមួយក្តី ជាសឹកសត្រូវ ជាបច្ចាមិត្ត ក្នុងលោកនេះ មិនអាច​នឹង​ផ្តាច់​បង់ជីវិត ត្រង់រវាង​អាយុ​បាន​ឡើយ កាលបើព្រះតថាគត បានត្រាស់​ជាព្រះពុទ្ធ នឹងបាននូវរបស់នេះឯង។ លុះ​ព្រះមានព្រះភាគ បានត្រាស់​សេចក្តីនេះរួចហើយ។ ទើបទ្រង់​ត្រាស់នូវ​គាថាព័ន្ធនេះ ក្នុង​លក្ខណៈ​នោះថា

[៨] ព្រះតថាគត ដឹងច្បាស់នូវភ័យ អំពីសេចក្តីស្លាប់ ដែលហៅថា មរណៈ ចំពោះ​ខ្លួនឯងហើយ បានវៀរស្រឡះ ចាកការសម្លាប់នូវសត្វដទៃ ព្រោះអំពើសុចរិត​នេះឯង ព្រះតថាគតនោះ បានទៅកើតក្នុងឋានសួគ៌ សោយផលវិបាករបស់កម្ម ដែលបានធ្វើទុក​ល្អហើយ។ លុះច្យុតចាក(ឋានសួគ៌)នោះ មកកើត​ក្នុងមនុស្សលោកនេះទៀត ក៏បាននូវ​លក្ខណៈទាំង៣នេះ ក្នុងភពនេះ គឺជាអ្នក​មានកែងជើងវែងទូលាយ១ មានកាយ​ត្រង់​ល្អស្អាត ដូចជាកាយព្រហ្ម១។ មានភ្នែនល្អ មានរូបនៅក្មេង មានទ្រង់ទ្រាយល្អ មានជាតិ​ល្អ មានអង្គុលិរបស់ព្រះតថាគតនោះ ទន់ល្វន់វែងល្អ ព្រះតថាគត ប្រកបដោយ​មហាបុរិស​លក្ខណៈ៣ (នេះ) ដើម្បីញុំាង​ជីវិត ឲ្យប្រព្រឹត្តទៅអស់កាលយូរ ប្រហែល​ដូចជានៅក្មេង។ បើព្រះតថាគតនៅជាគ្រហស្ថ តែងញុំាងជីវិតឲ្យរស់នៅអស់កាលយូរ បើចេញទៅបួស នឹងញុំាងជីវិត​ឲ្យរស់នៅ​អស់កាលយូរជាងនោះទៅទៀត ព្រះតថាគត ជាអ្នកស្ទាត់ជំនាញ រមែងញុំាងជីវិតឲ្យរស់នៅ ដោយការចំរើនឫទ្ធិ លក្ខណៈទាំង៣នោះ ជានិមិត្តរូប​នៃ​ទីឃាយុភាព យ៉ាងនេះឯង។

[៩] ម្នាលភិក្ខុទាំងឡាយ កាលព្រះតថាគត (អាស្រ័យ) នូវជាតិពីមុន ភពពីមុន លំនៅ​ពីមុន កើតជាមនុស្ស ក្នុងកាលមុន ជាអ្នកឲ្យនូវ​ខាទនីយភោជនីយាហារ មានរសជាតិ​ដ៏ថ្លៃថ្លា ព្រមទាំងទឹក (៨ប្រការ) ដែលគួរភ្លក្ស គួរលិទ្ធ។ ព្រះតថាគតនោះ ព្រោះបានធ្វើ សន្សំកុសលកម្មនោះ។បេ។ លុះបែកធ្លាយរាងកាយ ខាងមុខអំពី​រមណៈ ក៏បានទៅកើត​ក្នុង​សុគតិសួគ៌ទេវលោក។បេ។ លុះព្រះតថាគតនោះ ច្យុតចាកឋាន​សួគ៌​នោះ មកកាន់​អត្តភាព​ជាមនុស្ស​នេះ ក៏បាននូវមហាបុរិស​លក្ខណៈនេះ គឺជាអ្នក​មានសាច់ដ៏ពេញ ក្នុងទី​ទាំង​៧អន្លើ គឺសាច់ពេញត្រង់​ខ្នងដៃទាំងពីរ សាច់ពេញ​ត្រង់ខ្នង​ជើង​ទាំងពីរ សាច់ពេញ​ត្រង់ចង្កួយស្មាទាំងពីរ សាច់ពេញ​ត្រង់ក។ ព្រះតថាគតនោះ ប្រកបដោយលក្ខណៈនោះ បើនៅ​គ្រប់គ្រង​គេហដ្ឋាន នឹងបានជាស្តេចចក្រពត្តិ។បេ។ កាលបើបានជាស្តេចហើយ តើ​នឹងបានរបស់​អ្វី គឺនឹងបាននូវខាទនីយភោជនីយាហារ មានរសជាតិ​ដ៏ថ្លៃថ្លា ព្រមទាំងទឹក (៨ប្រការ) ដែលគួរភ្លក្ស គួរលិទ្ធ បើបានជាស្តេច នឹងបាននូវរបស់នេះឯង។បេ។ កាលបើ​ព្រះតថាគត ​បានត្រាស់​ជាព្រះពុទ្ធ នឹងបាន​របស់អ្វី គឺនឹងបាននូវខាទនីយភោជនីយាហារ មានរសជាតិដ៏ថ្លៃថ្លា ព្រមទាំងទឹក (៨ប្រការ) ដែលគួរភ្លក្ស គួរលិទ្ធ កាលបើបានត្រាស់​ជាព្រះពុទ្ធ នឹងបានរបស់នេះឯង។ លុះ​ព្រះមានព្រះភាគ បានត្រាស់​សេចក្តីនេះរួច​ហើយ។ ទើបទ្រង់​ត្រាស់នូវ​គាថាព័ន្ធនេះ ក្នុងលក្ខណៈ​នោះថា

[១០] ព្រះតថាគត ជាអ្នកឲ្យនូវខាទនីយភោជនីយាហារ និងទឹក​ដែលគួរលិទ្ធ គួរភ្លក្ស ដែលមានរសជាតិដ៏ឧត្តមថ្លៃថ្លា ព្រោះកម្ម ជាសុចរិតនោះ ព្រះតថាគតនោះ ទើប​រីករាយក្នុងនន្ទវ័ន (ឱទ្យាន) អស់កាលយូរ។ (លុះច្យុតមកកើត) ក្នុងមនុស្សលោកនេះ ក៏​បាន​នូវសាច់​ដ៏ពេញ ក្នុងទីទាំង​៧អន្លើផង បាននូវផ្ទៃដៃ និងផ្ទៃជើង ដ៏ទន់ល្វន់ផង ជន​ទាំងឡាយ ដែលជាអ្នកឈ្លាស ក្នុងការទាយនូវព្យញ្ជនៈ និងនិមិត្ត នាំគ្នាទាយ (ព្រះតថាគត) ព្រោះហេតុដែលព្រះតថាគត បានឲ្យនូវខាទនីយ ភោជនីយាហារ ទើបបាន​នូវខាទនីយ ភោជនីយាហារ មានរស (ជាតិដ៏ថ្លៃថ្លា)។ លក្ខណៈនោះ មិនមែនជា​គ្រឿងឆ្លុះបំភ្លឺសេចក្តីដល់តថាគត ដែលនៅជាគ្រហស្ថប៉ុណ្ណោះទេ ទោះបីតថាគត ចេញ​ទៅបួស ក៏គង់បានទួលផលនោះដែរ អ្នកដែលបាននូវ​ខាទនីយភោជនីយាហារ មានរស​ជាតិ​​ដ៏ឧត្តម ហៅថា អ្នកកាត់បង់នូវចំណងរបស់គ្រហស្ថទាំងអស់បាន។

[១១] ម្នាលភិក្ខុទាំងឡាយ កាលព្រះតថាគត (អាស្រ័យ) នូវជាតិពីមុន ភពពីមុន លំនៅពីមុន កើតជាមនុស្ស ក្នុងកាលពីមុន ជាអ្នកបានសង្គ្រោះ ដល់ពពួកជន ដោយ​សង្គហវត្ថុ ៤ ប្រការ គឺទាន១ ពាក្យជាទីស្រឡាញ់១ ការប្រព្រឹត្ត​ ដែលជាប្រយោជន៍១ ការតាំងខ្លួនស្មើ គឺមិនប្រកាន់ខ្លួន១។ ព្រះតថាគតនោះ លុះបែកធ្លាយរាងកាយ បន្ទាប់អំពី​សេចក្តីស្លាប់ ក៏បានទៅកើត​ក្នុង​សុគតិសួគ៌ទេវលោក ព្រោះកុសលកម្ម ដែលព្រះតថាគត បានធ្វើ​សន្សំ បណ្តុះបណ្តាល ឲ្យធំទូលាយ​នោះ​ឯង។ លុះព្រះតថាគតនោះ ច្យុតចាកឋាន​សួគ៌​នោះ មកកាន់អត្តភាព​ជាមនុស្ស​នេះ ក៏បាននូវមហាបុរិស​លក្ខណៈទាំងពីរនេះ គឺជា​អ្នកមាន​ផ្ទៃ​ដៃ និងផ្ទៃជើងទន់ល្វន់ (ដូចជាសំឡី ដែលគេថ្ពេចអស់១០០ដង)១ មានផ្ទៃដៃ និងផ្ទៃជើង ប្រទាក់​ដោយក្រឡា ដូចជាសំណាញ់១។ ព្រះតថាគតនោះ ប្រកប​ដោយ​លក្ខណៈ​ទាំងពីរនោះ បើនៅ​គ្រប់គ្រង​គេហដ្ឋាន នឹងបានជាស្តេចចក្រពត្តិ។បេ។ កាលបើ​បាន​ជាស្តេចហើយ តើនឹងបាននូវរបស់​អ្វី គឺនឹងបានជាអ្នកសង្គ្រោះ នូវជនជាបរិស័ទ ជនបរិស័ទដែល​ព្រះ​តថាគតបានសង្គ្រោះនោះគឺ ពួកព្រាហ្មណ៍ គហបតិ អ្នកនិគម អ្នកជនបទ ពួកស្មៀន មហាមាត្រ ពួកសេនាមានអង្គ៤ (មានសេនាដំរីជាដើម) ឆ្មាំទ្វារ អាមាត្យ រាជបរិស័ទ ស្តេចចំណុះ អ្នកមានភោគៈ និងរាជកុមារ កាលបើព្រះតថាគត​នៅ​ជាស្តេច នឹងបាន​របស់នេះឯង។បេ។ កាលបើព្រះតថាគត ​បានត្រាស់​ជាព្រះពុទ្ធ នឹងបាន​នូវរបស់អ្វី គឺនឹងបានជាអ្នកសង្គ្រោះ នូវជនជាបរិស័ទ ជនជាបរិស័ទ ដែលព្រះតថាគត បានសង្គ្រោះ​នោះគឺ ពួកភិក្ខុ ពួកភិក្ខុនី ឧបាសក ឧបាសិកា ទេវតា មនុស្ស អសុរ នាគ គន្ធព្វ កាលបើព្រះតថាគត បានត្រាស់​ជាព្រះពុទ្ធ នឹងបានរបស់នេះឯង។ លុះ​ព្រះមានព្រះភាគ ត្រាស់​សេចក្តីនេះរួចហើយ។ ទើបទ្រង់​ត្រាស់នូវ​គាថាព័ន្ធនេះ ក្នុង​លក្ខណៈ​​នោះថា

[១២] ព្រះតថាគត បានធ្វើ បានប្រព្រឹត្តការសង្គ្រោះ ដោយល្អ ដល់ពួកជនច្រើន​នាក់ (ដោយ​​សង្គហវត្ថុ ៤ប្រការ) គឺទាន១ ការប្រព្រឹត្តដែលជាប្រយោជន៍១ ពាក្យជាទី​ស្រឡាញ់១ សេចក្តី​ពេញចិត្ត ក្នុងការតាំងខ្លួនស្មើ១ ទើបទៅកាន់ឋានសួគ៌ដោយគុណ គឺសេចក្តី​មិនប្រមាទ។ លុះព្រះតថាគតច្យុត (ចាកឋានសួគ៌នោះ) មកកើត​ក្នុងភពនេះ​ទៀត ជាមនុស្សកំឡោះ នៅក្មេងល្អ ក៏បាននូវអំពើដែលគួរធ្វើ គួរប្រព្រឹត្តទន់ភ្លន់ផង បាននូវសេចក្តីរុងរឿង សេចក្តីឈ្លាសវៃក្រៃលែង និងរូប​ដែល​គួរ​ឲ្យអ្នកផងពិតពិល រមិល​មើល ដើម្បីចេញចាកសំណាញ់ ពោលគឺសង្សារ។ ព្រះតថាគត បានចាត់ចែងការងារ បាន​គ្រប់គ្រងនូវ​ផែនដីធំនេះ និងការសង្គ្រោះ​ដោយល្អ ចំពោះ​ជន​ជាបរិស័ទ ពោលពាក្យជា​ទី​ស្រឡាញ់ ស្វែងរកនូវប្រយោជន៍ និងសេចក្តីសុខ អើពើតែ​នឹងគុណ ដែលខ្លួន​គាប់ចិត្ត​ដ៏ក្រៃលែង។ បើព្រះតថាគតលះបង់ នូវការបរិភោគកាមគ្រប់យ៉ាងហើយ (ចេញទៅបួស) នឹងបានជាព្រះជិនស្រី សំដែង​នូវធម្មកថា ដល់ជន​ជាបរិស័ទ ពួកជនជាបរិស័ទ ដែលបាន​ស្តាប់​ធម្មកថានោះ ក៏ជ្រះថ្លា ហើយធ្វើតាមពាក្យនៃព្រះតថាគតនោះ ទើបនាំគ្នាប្រព្រឹត្ត​នូវ​ធម៌ដ៏សមគួរដល់ធម៌។

[១៣] ម្នាលភិក្ខុទាំងឡាយ កាលព្រះតថាគត (អាស្រ័យ) នូវជាតិពីមុន ភពពីមុន លំនៅពីមុន កើតជា​មនុស្ស ក្នុងកាលមុន ជាអ្នកបានពោលពាក្យ​ប្រកបដោយប្រយោជន៍ ទាំងប្រកបដោយធម៌ បានពន្យល់ជនច្រើននាក់ តែងនាំមកនូវប្រយោជន៍ និង​សេចក្តីសុខ ឲ្យដល់សត្វទាំងឡាយ ជាអ្នកបូជានូវធម្មទាន។ ព្រោះកុសលកម្ម ដែលព្រះតថាគត បានធ្វើ​សន្សំ ឲ្យធំទូលាយហើយនោះ ព្រះតថាគតនោះ។បេ។ លុះព្រះតថាគតនោះ ច្យុតចាកឋាន​សួគ៌​នោះ មកកាន់អត្តភាព​ជាមនុស្ស​នេះ ក៏បាននូវមហាបុរិស​លក្ខណៈទាំង​ពីរ​នេះ គឺជាអ្នកមានកជើងដូចជាអណ្តែតឡើងខាងលើ១ មានចុងរោម ង ឡើងលើ១។ ព្រះតថាគតនោះ ប្រកបដោយលក្ខណៈទាំងពីរនោះ បើនៅ​គ្រប់គ្រង​គេហដ្ឋាន នឹងបាន​ជាស្តេចចក្រពត្តិ។បេ។ កាលបើព្រះតថាគតនៅសោយរាជ្យ នឹងបាន​របស់​អ្វី គឺនឹង​បាន​ជាចម្បង ប្រសើរ ជាប្រធាន ឧត្តម បវរ ជាងពួកជន ដែលបរិភោគកាម ​ កាលបើ​ព្រះតថាគតនៅសោយរាជ្យ នឹងបានរបស់នេះឯង។បេ។ កាលបើព្រះតថាគត បាន​ត្រាស់​ជាព្រះពុទ្ធ នឹងបាន​របស់អ្វី គឺនឹងបានជាចម្បង ប្រសើរ ជាប្រធាន បវរ ជាងពួក​សត្វ​ទាំង​អស់ កាលបើព្រះតថាគតបានត្រាស់​ជាព្រះពុទ្ធ នឹងបានរបស់នេះឯង។ ព្រះមានព្រះភាគ ត្រាស់​សេចក្តីនេះរួចហើយ។ ទើបទ្រង់​ត្រាស់​គាថាព័ន្ធនេះ ក្នុង​លក្ខណៈ​​នោះថា

[១៤] ក្នុងភពពីមុន តថាគតបានពោលពាក្យ ដែលប្រកបដោយអត្ថ ​ទាំងប្រកបដោយ​ធម៌ បាន​ពន្យល់​ប្រយោជន៍ ដល់ជនច្រើននាក់ ជាអ្នកបាន​នាំមក​នូវ​ប្រយោជន៍ និងសេចក្តី​សុខ ឲ្យដល់សត្វទាំងឡាយ ជាអ្នកមិនមានសេចក្តីកំណាញ់ បានចាត់ចែងនូវ​ការបូជា​ធម្មទាន។ ព្រះតថាគតនោះ បានទៅកាន់ឋានសុគតិ រីករាយក្នុង​ឋានសុគតិនោះ ព្រោះ​កម្មជាសុចរិតនោះឯង (លុះច្យុត ចាកឋានសួគ៌នោះ) មកកើត​ក្នុងភពនេះ ក៏បាននូវ​លក្ខណៈទាំងពីរ ដើម្បីភាពនៃសេចក្តីសុខដ៏ឧត្តម។ ព្រះតថាគតនោះ មានចុងរោម ង ឡើងលើ មានសន្លាក់ ក ជើងប្រតិស្ឋានល្អ​ មានសាច់ និងឈាមប្រផូរ បិទបាំង​ដោយ​ស្បែក មានជង្គង់ល្អ។ ព្រះតថាគត បានប្រកបដោយ​លក្ខណៈ​ដូច្នោះ បើនៅគ្រប់គ្រង​គេហដ្ឋាន នឹងបានជា​អ្នកខ្ពង់ខ្ពស់ ជាងពួក​ជន អ្នកបរិភោគកាម មិនមានអ្នកដទៃ​ក្រៃលែង​ជាងព្រះតថាគតនោះបានឡើយ ព្រះតថាគត តែងគ្របសង្កត់ នូវជម្ពូទ្វីប (ទាំងមូល)។ សូម្បីបព្វជ្ជា (របស់ព្រះតថាគត) ក៏មិនថយ​ថោក​ឡើយ តែងដល់​នូវភាពជាអ្នកខ្ពង់ខ្ពស់ ជាងពួកសត្វទាំងអស់ មិនមានសត្វឯទៀត លើស​លុបជាងព្រះតថាគតនោះឡើយ ព្រះតថាគត ជាអ្នកគ្របសង្កត់ នូវសត្វ​លោកទាំង​អស់។

[១៥] ម្នាលភិក្ខុទាំងឡាយ កាលព្រះតថាគត (អាស្រ័យ) នូវជាតិពីមុន ភពពីមុន លំនៅពីមុន កើត​ជា​មនុស្ស ក្នុងកាលមុន ជាអ្នកបានបង្ហាញនូវសិល្បសាស្ត្រ (ថោកទាប និង​សិល្បសាស្ត្រ​ឧត្តម)ផង នូវវិជ្ជា (ច្រើនប្រការ មានវិជ្ជាស្តោះពស់ជាដើម)ផង នូវ​ចរណៈ គឺសីល៥ សីល៨ ឬសីល១០ ឬបាតិមោក្ខសំវរសីលផង នូវការងារផង ដោយយក​ចិត្តទុកដាក់ ដោយតាំងចិត្តថា ធ្វើដូចម្តេចហ្ន៎ ពួកជននេះ បានចេះដឹងឆាប់ បានទទួល​សេចក្តីប្រតិបត្តិឆាប់ កុំឲ្យលំបាកអស់កាលជាយូរអង្វែងឡើយ។ ព្រះតថាគតនោះ ព្រោះ​បានធ្វើ សន្សំនូវកុសលកម្មនោះ។បេ។ លុះព្រះតថាគតនោះ ច្យុតចាកឋាន​សួគ៌​នោះ មក​កាន់អត្តភាព​ជាមនុស្ស​នេះ ក៏បាននូវ មហាបុរិស​លក្ខណៈ នេះ គឺជាអ្នកមាន​ស្មងរៀវ​មូលត្រសូល ស្រដៀងនឹងស្មងសត្វទ្រាយ។ ព្រះតថាគតនោះ ប្រកបហើយដោយ​លក្ខណៈ​នោះ បើនៅ​គ្រប់គ្រង​គេហដ្ឋាន នឹងបានជាស្តេច​ចក្រពត្តិ។បេ។ កាលបើ​ព្រះតថាគត​នៅសោយរាជ្យ នឹងបាន​របស់​អ្វី គឺនឹងបាននូវ​រាជ​វាហនៈ ដ៏សមគួរដល់ស្តេច និងវាហនៈជាអង្គនៃរាជសេនា និងគ្រឿង​រាជូបភោគ ដ៏សមគួរដល់ស្តេច ដោយឆាប់​រហ័ស កាលបើព្រះតថាគតនៅសោយរាជ្យ នឹងបាន​របស់នេះឯង។បេ។ កាលបើ​ព្រះតថាគត បាន​ត្រាស់​ជាព្រះពុទ្ធ នឹងបាន​របស់អ្វី គឺនឹងបាននូវបច្ច័យ ដ៏សមគួរ​ដល់​សមណៈ និងបរិស័ទ ដែលជាអង្គ​របស់សមណៈ និងគ្រឿង​សមណូបភោគ ដ៏សមគួរ​ដល់សមណៈ ដោយឆាប់រហ័ស កាលបើព្រះតថាគត​បានត្រាស់​ជាព្រះពុទ្ធ នឹងបានរបស់​នេះ​ឯង។ លុះព្រះមានព្រះភាគ ត្រាស់​សេចក្តីនេះរួចហើយ។ ទើបទ្រង់​ត្រាស់​នូវគាថាព័ន្ធ​នេះ ក្នុង​លក្ខណៈ​​នោះថា

[១៦] ព្រះតថាគត តែងប្រាថ្នាដូច្នេះថា ធ្វើម្តេចហ្ន៎ ជនទាំងឡាយនេះ នឹងចេះដឹង​នូវ​សិល្បសាស្ត្រ វិជ្ជា ចរណៈ និងការងារទាំងឡាយ បានដោយឆាប់រហ័ស ឯសិល្បសាស្ត្រ​ណា មិនបៀតបៀន ដល់អ្នកណាមួយ ព្រះតថាគតបង្រៀននូវ​សិល្បសាស្ត្រនោះ យ៉ាង​ឆាប់​រហ័ស មិនឲ្យ​លំបាកអស់កាលយូរឡើយ។ ព្រោះព្រះតថាគត បានធ្វើកុសលកម្ម​នោះ ដែល​ជាកម្មញុំាង​សុខឲ្យចំរើន ទើបបាននូវ​ស្មងដ៏ល្អ មានរបៀបរៀបរយល្អ ព្រះតថាគត មានចុងរោម ង ឡើងលើ វិលជា​ទក្ខិណាវដ្ត ដុសឡើងល្អ ច្រាងឡើងលើ ទៅតាមលំដាប់ ទាំងមានស្បែក​កាយដ៏ល្អិត មដ្ឋ ព័ទ្ធជុំវិញ។ បុគ្គលដែល​ប្រកប​ដោយ​លក្ខណៈដូច្នោះ អ្នកប្រាជ្ញទាំងឡាយ ពោលថា មានព្រះ​ជង្ឃារ​រៀវមូល ដូចជាស្មង​សត្វទ្រាយ ឯរោមមួយៗ (ក៏ដុះឡើងល្អ) ព្រះតថាគត ប្រាថ្នានូវសម្បត្តិណា សម្បត្តិនោះ ទោះបីព្រះតថាគតមិនបានបព្វជ្ជា ក៏គង់បានឆាប់​ក្នុងលោកនេះ។ បើបុគ្គល (មាន​លក្ខណៈ) ដូចព្រះតថាគតនោះ ចេញទៅបួស នឹងបានជាអ្នកប្រាជ្ញ មានសេចក្តីពេញចិត្ត ត្រេកអរចំពោះនេក្ខម្មៈ ជាអ្នកមានសេចក្តី​ព្យាយាម មិនថោកថយឡើយ តែងបាននូវ​សម្បត្តិដ៏សមគួរ ដល់បុគ្គល ដែលមាន​សភាព​ដ៏សមគួរ។

[១៧] ម្នាលភិក្ខុទាំងឡាយ កាលព្រះតថាគត (អាស្រ័យ) នូវជាតិពីមុន ភពពីមុន លំនៅពីមុន កើតជាមនុស្ស ក្នុងកាលមុន ជាអ្នកចូលទៅរកសមណព្រាហ្មណ៍ ហើយ​សាក​សួរថា បពិត្រលោកដ៏ចំរើន អំពើដូចម្តេចជាកុសល អំពើដូចម្តេច ជាអកុសល អំពើ​ដូចម្តេច ដែលប្រកបដោយទោស អំពើដូចម្តេច ដែល​មិនប្រកបដោយទោស អំពើ​ដូចម្តេច គួរសេព អំពើដូចម្តេច មិនគួរសេព អំពើដូចម្តេច ដែលខ្ញុំធ្វើហើយ ប្រព្រឹត្តទៅ ដើម្បី​មិន​ជាប្រយោជន៍ ដើម្បីទុក្ខអស់កាលយូរអង្វែង មួយទៀត អំពើដូចម្តេច ដែលខ្ញុំធ្វើ​ហើយ ប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ អស់កាលយូរអង្វែង។ ព្រះតថាគត​នោះ ព្រោះបាន​ធ្វើ សន្សំ កសាង នូវកុសលកម្មនោះ។បេ។ លុះព្រះតថាគតនោះ ច្យុតចាកឋាន​សួគ៌​នោះ មកកាន់អត្តភាព​ជាមនុស្ស​នេះ ក៏បាននូវមហាបុរិស​លក្ខណៈនេះ គឺជាអ្នក​មាន​ឆវី (សម្បុរថ្ងៃ) ដ៏ល្អិត ផូរផង់ រលីងស្រិល រអិលធុលីធ្លាក់មកត្រូវ មិនជាប់កាយ។ ព្រះតថាគត​នោះ ប្រកបដោយលក្ខណៈនោះ បើនៅ​គ្រប់គ្រង​គេហដ្ឋាន នឹងបានជា​ស្តេច​ចក្រពត្តិ។បេ។ កាលបើព្រះតថាគតនៅសោយរាជ្យ នឹងបាន​របស់​អ្វី គឺនឹងបានជាអ្នក​មាន​ប្រាជ្ញាច្រើន បណ្តាអ្នកបរិភោគកាមទាំងឡាយ នឹងរកអ្នក​ណាមួយ​ឲ្យមានប្រាជ្ញាប្រហែល​ ឬប្រសើរវិសេស ជាងបញ្ញារបស់ព្រះតថាគតនោះ គ្មានឡើយ  កាលបើព្រះតថាគត​នៅ​សោយរាជ្យ នឹងបានរបស់នេះឯង។បេ។ កាលបើព្រះតថាគត បាន​ត្រាស់​ជាព្រះពុទ្ធ នឹង​បាន​របស់អ្វី គឺនឹងបានជាអ្នកមានប្រាជ្ញាច្រើន មានប្រាជ្ញាក្រាស់ មានប្រាជ្ញារីករាយ មាន​ប្រាជ្ញារហ័ស មានប្រាជ្ញាដ៏មោះមុត មានប្រាជ្ញា ជាគ្រឿងសង្កត់​សង្កិន ឬទំលាយ (នូវគំនរ​កិលេស មានលោភៈជាដើម) បណ្តាសត្វទាំងពួង នឹងរកសត្វ​ណាមួយ ឲ្យមានប្រាជ្ញា​ស្មើ ឬប្រសើរវិសេសជាងបញ្ញា​របស់ព្រះតថាគតនោះគ្មានឡើយ  កាលបើព្រះតថាគត បាន​ត្រាស់​​ជាព្រះពុទ្ធ នឹងបានរបស់នេះឯង។ លុះព្រះមានព្រះភាគ ត្រាស់​សេចក្តីនេះ​រួច​ហើយ។ ទើបទ្រង់​ត្រាស់នូវ​គាថាព័ន្ធនេះ ក្នុង​លក្ខណៈ​​នោះថា

[១៨] ក្នុងកាលមុន ភពមុន ជាតិពីមុន តថាគត ជាអ្នកចង់ចេះដឹង បានចូលទៅ​រក​បព្វជិត ហើយសាកសួរ (នូវប្រស្នា) បានស្តាប់ដោយគោរព ធ្វើសេចក្តី​ឲ្យតាំង​នៅខាង​ក្នុង ហើយ​ចំណាំនូវពាក្យ ដែលប្រកបដោយ​ប្រយោជន៍តែមួយយ៉ាង។ ព្រោះកម្មដែលប្រព្រឹត្ត​ទៅ ដើម្បីបាននូវប្រាជ្ញា (នោះ) ទើបព្រះតថាគត កើតមកជាមនុស្ស មានឆវីដ៏ល្អិតផូរផង់ ពួកអ្នក​ប្រាជ្ញឈ្លាស ក្នុងការទាយនូវឧប្បាដ និងនិមិត្ត នាំគ្នាទាយថា ព្រះតថាគត នឹង​ពិចារណា ឃើញច្បាស់ នូវអត្ថដ៏ល្អិតសុខុមទាំងឡាយបាន។ បើបុគ្គល (មានលក្ខណៈ) ដូចព្រះតថាគតនោះ មិនបានចេញទៅបព្វជ្ជាទេ ក៏គង់ញុំាងចក្រ ឲ្យប្រព្រឹត្តទៅ និង​គ្រប់គ្រងផែនដីបាន បណ្តាពួកអ្នកប្រៀនប្រដៅនូវអត្ថ និងពួកអ្នក​កំណត់កត់ចាំ (នូវអត្ថ) នឹងរកបុគ្គលណាមួយ ឲ្យត្រឹមស្មើ ឬប្រសើរជាងព្រះតថាគត នោះ គ្មានឡើយ។ បើបុគ្គល (មានលក្ខណៈ) ដូចព្រះតថាគតនោះ ចេញទៅបព្វជ្ជា នឹង​បានជាអ្នកប្រាជ្ញ មានសេចក្តី​ពេញចិត្ត ទាំងត្រេកអរក្នុងនេក្ខម្មៈ ជាអ្នកមានប្រាជ្ញាដ៏​ប្រសើរ ប្រៀបដោយផែនដី នឹង​បាន​ដល់​ពោធិញ្ញាណ ដ៏ខ្ពង់ខ្ពស់ មានចំណែក​ដ៏ប្រសើរ​ក្នុងផ្លូវប្រាជ្ញា។

[១៩] ម្នាលភិក្ខុទាំងឡាយ កាលព្រះតថាគត (អាស្រ័យ) នូវជាតិពីមុន ភពពីមុន លំនៅពីមុន កើតជាមនុស្ស ក្នុងកាលមុន ជាអ្នកមិនមានសេចក្តីក្រោធ មិនច្រើនដោយ​សេចក្តីចង្អៀតចង្អល់ចិត្ត សូម្បីជនច្រើននាក់ នាំគ្នាស្តីថាឲ្យ ក៏មិនឈឺចិត្ត មិនក្រោធ មិនចង​កំហឹងទុក មិនដម្កល់ទុកនូវសេចក្តីក្រោធ ទាំងមិនបានធ្វើនូវសេចក្តីក្រោធ នូវការ​ប្រទូស្ត និងសេចក្តីតូចចិត្តឲ្យប្រាកដឡើង (ដោយកាយវិការ ឬវចីវិការ) ឡើយ ព្រះតថាគត ជាអ្នកបានឲ្យនូវកម្រាល និងសម្ពត់ដណ្តប់ មានសាច់ល្អិត ទន់ល្មៃ គឺសម្ពត់​ធ្វើពីសម្បកឈើ មានសាច់មដ្ឋ សម្ពត់ធ្វើពីកប្បាស មានសាច់មដ្ឋ សំពត់ធ្វើពីសូត្រ មានសាច់មដ្ឋ សំពត់ធ្វើពីរោមសត្វ មានសាច់មដ្ឋ។ ព្រះតថាគត​នោះ ព្រោះបាន​ធ្វើ សន្សំ នូវកុសលកម្មនោះ។បេ។ លុះព្រះតថាគតនោះ ច្យុតចាកឋាន​សួគ៌​នោះ មកកាន់អត្តភាព​ជាមនុស្ស​នេះ ក៏បាននូវមហាបុរិស​លក្ខណៈនេះ គឺជាអ្នកមានពណ៌សម្បុរ (លឿងភ្លឺ​បំព្រង) ដូចជាសម្បុរនៃមាស និងមានស្បែកជិតស្និទ្ធល្អ ដូចជាមាស។ ព្រះតថាគតនោះ ប្រកបដោយលក្ខណៈនោះ បើនៅ​គ្រប់គ្រង​គេហដ្ឋាន នឹងបានជាស្តេចចក្រពត្តិ។បេ។ កាល​បើព្រះតថាគតនៅសោយរាជ្យ នឹងបាន​របស់​អ្វី គឺនឹងបាននូវកម្រាល និង​សម្ពត់​ដណ្តប់ មានសាច់ល្អិតទន់ល្មៃ គឺសម្ពត់​ធ្វើដោយ​សម្បក​ឈើ មានសាច់មដ្ឋ សម្ពត់ធ្វើ​ដោយ​កប្បាស មានសាច់មដ្ឋ សំពត់ធ្វើដោយសូត្រ មានសាច់មដ្ឋ សំពត់ធ្វើដោយ​រោមសត្វ មានសាច់មដ្ឋ  កាលបើព្រះតថាគត​នៅសោយ​រាជ្យ នឹងបានរបស់នេះឯង។បេ។ កាលបើព្រះតថាគត បាន​ត្រាស់​ជាព្រះពុទ្ធ នឹងបាន​របស់អ្វី គឺនឹងបាននូវកម្រាល និង​សម្ពត់​មានសាច់ល្អិត ទន់ល្មៃ គឺសម្ពត់​ធ្វើដោយ​សម្បកឈើ មានសាច់មដ្ឋ សម្ពត់ធ្វើ​ដោយ​កប្បាស មានសាច់មដ្ឋ សំពត់ដោយសូត្រ មានសាច់មដ្ឋ សំពត់ធ្វើដោយរោមសត្វ មាន​សាច់មដ្ឋ កាលបើព្រះតថាគត បានត្រាស់​ជាព្រះពុទ្ធ នឹងបានរបស់នេះឯង។ លុះ​ព្រះមានព្រះភាគ បានត្រាស់​សេចក្តីនេះរួចហើយ។ ទើបទ្រង់​ត្រាស់នូវ​គាថាព័ន្ធនេះ ក្នុង​លក្ខណៈ​​​នោះថា

[២០] ព្រះតថាគត តាំងទុកនូវសេចក្តីមិនក្រោធផង នូវ​ទានផង ហើយបាន​ឲ្យនូវ​សម្ពត់​ទាំង​ឡាយ មានសាច់មដ្ឋ មានពណ៌ស្រស់ ព្រះតថាគត ឋិតនៅក្នុងភពពីមុន បានបរិច្ចាគ (ទាន) ហាក់​ដូចជាទឹកភ្លៀង ដែលធ្លាក់ចុះមកលើផែនដី ដូច្នោះឯង។ ព្រះតថាគត ព្រោះ​បានធ្វើនូវកុសលកម្មនោះ លុះច្យុត​ចាកអត្តភាពនេះហើយ ចូលទៅកាន់​ទិព្វវិមាន បាន​សោយផលវិបាក នៃអំពើដែលខ្លួនបានធ្វើហើយ ជាអ្នកមានខ្លួន​ដូចជាមាស (លុះមក​កើត) ក្នុងភពនេះ បានគ្របសង្កត់ (នូវមនុស្ស​ទាំងអស់) ហាក់ដូចជាព្រះឥន្ទ្រ ដែលប្រសើរ​ជាងពួកទេវតា ដូច្នោះឯង។ បើព្រះតថាគត នៅជាមនុស្ស គ្រប់គ្រងគេហដ្ឋាន មិន​ប្រាថ្នានឹងបួសទេ ក៏គង់តែបានគ្រប់គ្រងផែនដីធំ គ្របសង្កត់ (នូវពួកបច្ចាមិត្ត) ព្រមទាំង​បាននូវរតនៈ​៧ប្រការ ក្នុងលោកនេះផង បាននូវ​សម្ពត់ ដ៏ធំទូលាយ មានសាច់ល្អិតមដ្ឋ មានសម្បុរ​ស្រស់ស្អាតផង។ បើព្រះតថាគតចេញ​ទៅទ្រង់​ព្រះផ្នួស នឹងបានសម្ពត់​សម្រាប់​ស្លៀក និងសម្ពត់​សម្រាប់​ដណ្តប់ដ៏ប្រសើរ ព្រះតថាគត រមែង​បានសោយ​ផល​របស់កម្ម ដែលបានទំនុកបម្រុងល្អហើយ នឹងបានធ្វើ​ទុកមកពីជាតិមុន សេចក្តីវិនាស​នៃ​កម្ម ដែលព្រះតថាគតធ្វើនោះ មិនមានឡើយ។

[២១] ម្នាលភិក្ខុទាំងឡាយ កាលព្រះតថាគត (អាស្រ័យ) នូវជាតិពីមុន ភពពីមុន លំនៅ​ពីមុន កើតជាមនុស្ស ក្នុងកាលមុន ជាអ្នកបានរាប់អាននូវញាតិមិត្ត សំឡាញ់ស្និទ្ធស្នាល ដែលព្រាត់ប្រាសនិរាស បាត់មុខយូរហើយផង ជាអ្នករាប់អានមាតា ព្រមទាំងកូនផង រាប់អាននូវកូន ព្រមទាំងមាតាផង រាប់អានបិតាព្រមទាំងកូនផង រាប់អាន​កូន ព្រមទាំង​បិតាផង រាប់អានបិតា ព្រមទាំង​បងប្អូនប្រុស រាប់អាន​បងប្អូនប្រុស ព្រមទាំងបងប្អូនស្រី​ផង រាប់អានបងប្អូនស្រី ព្រមទាំង​បងប្អូនប្រុសផង ហើយជាអ្នក​ត្រេកអរ​ក្រៃលែង ព្រោះ​បាន​ធ្វើ​គេឲ្យ​ព្រមព្រៀងគ្នាផង។ ព្រះតថាគតនោះ ព្រោះបាន​ធ្វើនូវកុសលកម្មនោះ។បេ។ លុះព្រះតថាគតនោះ ច្យុតចាកឋាន​សួគ៌​នោះ មកកាន់​អត្តភាព​​ជាមនុស្ស​នេះ ក៏បាននូវ​មហាបុរិស​លក្ខណៈនេះ គឺជាអ្នកមានអង្គាវយវៈ ដែល​ត្រូវលាក់ឲ្យកំបាំង ដោយសម្ពត់ ឋិតនៅក្នុងស្រោម (ដូចជាអង្គជាតនៃដំរី)។ ព្រះតថាគត​នោះ ប្រកបដោយលក្ខណៈនោះ បើនៅ​គ្រប់គ្រង​គេហដ្ឋាន នឹងបានជាស្តេច​ចក្រពត្តិ។បេ។ កាលបើព្រះតថាគតនៅ​សោយ​រាជ្យ នឹងបាន​របស់​អ្វី គឺនឹងបានជាអ្នក​មានបុត្រច្រើន ឯបុត្ររបស់​ព្រះតថាគត​នោះ​​មានចំនួន​ច្រើនពាន់ សុទ្ធសឹង​តែជាអ្នក​ក្លៀវក្លា អង់អាច អាចញាំញីនូវសេនារបស់​ស្តេចដទៃបាន កាលបើព្រះតថាគត​នៅ​សោយ​​រាជ្យ នឹងបានរបស់នេះឯង។បេ។ កាលបើ​ព្រះតថាគត បាន​ត្រាស់​ជាព្រះពុទ្ធ នឹងបាន​របស់អ្វី គឺនឹងបានជាអ្នកមានបុត្រច្រើន ឯបុត្រ​របស់ព្រះតថាគតនោះ​ ចំនួន​ច្រើនពាន់ សុទ្ធសឹងតែជាអ្នកក្លៀវក្លា អស់អាច អាចញាំញី​នូវ​សេនារបស់ស្តេចឯទៀត​បាន កាលបើព្រះតថាគត បានត្រាស់​ជាព្រះពុទ្ធ នឹងបានរបស់​នេះឯង។ លុះព្រះមាន​ព្រះភាគ បានត្រាស់​សេចក្តីនេះរួចហើយ។ ទើបទ្រង់​ត្រាស់នូវ​គាថាព័ន្ធ​នេះ ក្នុងកម្មជា​ដើមនោះថា

[២២] ក្នុងកាលពីមុន ភពពីមុន ជាតិពីមុន ព្រះតថាគត រាប់អាននូវញាតិ មិត្ត និងសំឡាញ់​ស្និទ្ធស្នាល ដែលព្រាត់ប្រាស និរាសបាត់មុខ​អស់កាលយូរហើយផង ជាអ្នក​ត្រេកអរ​ក្រៃលែង ព្រោះបានធ្វើគេឲ្យព្រមព្រៀងគ្នាផង។ ព្រោះកម្មនោះ ព្រះតថាគត បានទៅកាន់​ឋានសួគ៌ សោយសេចក្តីសុខ សេចក្តីសម្រាន្ត នឹងសេចក្តីត្រេកអរ លុះច្យុត​ចាក​ឋានសួគ៌​នោះ មកកើតក្នុងមនុស្សលោកនេះទៀត ក៏បាននូវគុយ្ហប្រទេស ដ៏កំបាំងនៅក្នុង​ស្រោម ដែលគេត្រូវបិទបាំង ដោយសម្ពត់។ បុគ្គលដែលមានលក្ខណៈបែបនោះ រមែង​មានកូន​ច្រើន ឯកូន​ដែលកើតអំពីខ្លួន ជាច្រើនពាន់ (នោះ) សុទ្ធសឹងជាអ្នកក្លៀវក្លា អង់អាច អាច​ញាំញី​នូវពួក​សត្រូវបាន កាលបើព្រះតថាគត នៅជាគ្រហស្ថ ក៏គង់​ញុំាងបីតិ ឲ្យកើត​ឡើងបាន ព្រោះតែពោលពាក្យគួរស្រឡាញ់។ កាលបើព្រះតថាគត ចេញ​ទៅទ្រង់​ព្រះផ្នួស ក៏មានកូនច្រើនជាងនោះទៅទៀត ឯកូន​ទាំងនោះ សុទ្ធតែជាអ្នកជឿស្តាប់ពាក្យ (របស់​ព្រះតថាគត) ទោះព្រះតថាគត នៅជាគ្រហស្ថ ឬទៅ​ជាបព្វជិត មានលក្ខណៈនោះ​ ជាគ្រឿង​បំភ្លឺនូវ​សេចក្តីនោះ។

[២៣] ម្នាលភិក្ខុទាំងឡាយ កាលព្រះតថាគត (អាស្រ័យ) នូវជាតិពីមុន ភពពីមុន លំនៅពីមុន កើតជាមនុស្ស ក្នុងភពមុន ជាអ្នកបានពិចារណា នូវការសង្គ្រោះមហាជន តែង​ស្គាល់ស្មើ [ពាក្យថា ស្គាល់ស្មើនោះ គឺស្គាល់ថា ជននេះមានគុណស្មើនឹងជននោះ ហើយស្រុះស្រួលទទួលបុរសនោះ តាមវិធីដែលត្រូវទទួល។ ដីកា។] គឺស្គាល់ថា អ្នកនេះ ស្មើនឹងអ្នកនោះ ស្គាល់ដោយខ្លួនឯង [ពាក្យថា ស្គាល់ដោយខ្លួនឯង គឺស្គាល់ដោយមិនចាំ​បាច់អ្នកឯទៀតមកពន្យល់ឡើយ។] ស្គាល់បុរស [ពាក្យថា ស្គាល់​បុរសនោះ គឺស្គាល់​ពិតប្រាកដថា បុរសនេះជាន់ខ្ពស់ បុរសនេះជាន់កណ្តាល បុរសនេះជាន់ទាប។ ដីកា] ស្គាល់គុណវិសេសរបស់បុរសថា បុរសនេះគួរទទួលនូវទាន និងគ្រឿងសក្ការៈនេះ បុរស​នេះ គួរទទួលនូវទាន និងគ្រឿងសក្ការៈនេះ (លុះស្គាល់​ដូច្នោះហើយ) ក៏បានធ្វើនូវ​ប្រយោជន៍​ប្លែកៗគ្នា តម្រូវទៅតាមគុណវិសេស របស់បុរសជាន់នោះៗ។ ព្រះតថាគត​នោះ ព្រោះបាន​ធ្វើកុសលកម្មនោះ។បេ។ លុះព្រះតថាគតនោះ ច្យុតចាកឋាន​សួគ៌​នោះ មកកាន់អត្តភាព​ជាមនុស្ស​នេះ ក៏បាននូវ មហាបុរិស​លក្ខណៈ ទាំងពីរនេះ គឺជាអ្នក​មាន​បរិមណ្ឌល (នៃកាយ) ដូចជាបរិមណ្ឌលនៃដើមជ្រៃ១ កាលបើឈរ មិនបាច់​ឱនខ្លួនចុះ អាចស្ទាបពាល់ជង្គង់ ដោយដៃទាំងពីរបាន១។ ព្រះតថាគតនោះ ប្រកប​ដោយ​លក្ខណៈ​ទាំង​ពីរនោះ បើនៅ​គ្រប់គ្រង​គេហដ្ឋាន នឹងបានជាស្តេច​ចក្រពត្តិ។បេ។ កាលបើ​បាន​ជា​ស្តេចហើយ តើនឹងបាន​របស់​អ្វី គឺនឹងបានជាអ្នកស្តុកស្តម្ភ មានទ្រព្យច្រើន មានគ្រឿង​ប្រើប្រាស់​ច្រើន មានមាសច្រើន មានគ្រឿង​ឧបករណ៍​ដែល​ធ្វើ​ចិត្តឲ្យរីករាយច្រើន មាន​ធញ្ញាហារ​ជាទ្រព្យធ្វើ មានឃ្លាំង​ដ៏ពេញ​ប្រៀប កាលបើព្រះតថាគត​នៅសោយ​រាជ្យ នឹង​បានរបស់នេះឯង។បេ។ កាលបើព្រះតថាគត បាន​ត្រាស់​ជាព្រះពុទ្ធ នឹងបាន​របស់អ្វី គឺនឹង​បានជាអ្នស្តុកស្តម្ភ មានទ្រព្យច្រើន មានគ្រឿង​ប្រើប្រាស់ច្រើន ទ្រព្យរបស់​តថាគត​ទាំងនេះ គឺសទ្ធាធនំ (ទ្រព្យ​ពោលគឺ ការជឿ) ១ សីលធនំ (ទ្រព្យគឺ ការសង្រួម​កាយ​វាចា​ឲ្យរៀបរយ) ១ ហិរិធនំ (ទ្រព្យគឺ សេចក្តី​ខ្មាសបាប) ១ ឱត្តប្បធនំ (ទ្រព្យគឺ សេចក្តី​ក្តៅ​ក្រហាយ​នឹងបាប) ១ សុតធនំ​ (ទ្រព្យ គឺការស្តាប់) ១ ចាគធនំ (ទ្រព្យគឺការលះ) ១ បញ្ញាធនំ (ទ្រព្យគឺកិរិយាដឹងសព្វ) ១ កាលបើព្រះតថាគត បានត្រាស់​ជាព្រះពុទ្ធ នឹងបាន​នូវ​របស់នេះឯង។ លុះព្រះមានព្រះភាគ បានសំដែង​សេចក្តីនេះរួចហើយ។ ទើបទ្រង់​ត្រាស់នូវ​គាថាព័ន្ធនេះ ក្នុង​លក្ខណៈ​​នោះថា

[២៤] ព្រះតថាគត បានលៃលក ពិចារណា គិតហើយទើបសំឡឹងមើល នូវ​ការសង្គ្រោះ​មហាជន​ដោយស្មោះស្មើ ជាអ្នកបានធ្វើនូវគ្រឿង​សក្ការៈ តម្រូវ​តាមគុណ​វិសេស របស់​បុរសនោះៗ ក្នុងកាលមុនថា បុរសនេះ គួរបាននូវទាន និងគ្រឿង​សក្ការៈ​នេះ។ ព្រះតថាគត ជាបុគ្គលមានកាយស្មើ កាលបើឈរ មិនបាច់ឱនខ្លួនចុះ អាចស្ទាប​ជង្គង់​ដោយ​ដៃទាំងពីរបាន មានបរិមណ្ឌល (នៃកាយ) ដូចបរិមណ្ឌលនៃដើមជ្រៃ ដែលដុះ​ឡើង​អំពី​ផែនដី ព្រោះសេសសល់វិបាកនៃអំពើសុចរិត (នោះឯង)។ ពួកមនុស្ស ដែល​មាន​ប្រាជ្ញា​ល្អិតជ្រាលជ្រៅ ដឹងនូវលក្ខណៈនៃនិមិត្តផ្សេងៗជាច្រើន នាំគ្នាទាយថា ព្រះរាជ​កុមារ​កំឡោះក្មេងនេះ នឹងបាននូវរបស់ដ៏សមគួរ ដល់គ្រហស្ថច្រើនប្រការផង ជា​អ្នក​មានភោគសម្បត្តិ ដែលគួរប្រាថ្នារបស់ស្តេច និងសមគួរ​ដល់ពួកគ្រហស្ថ ក្នុង​លោក​នេះ​ជា​ច្រើន​ផង បើព្រះរាជកុមារនេះ លះបង់នូវកាមភោគៈទាំងអស់ (ហើយ​ចេញ​ទៅ​ទ្រង់​ព្រះ​ផ្នួស) នឹងបានទ្រព្យដ៏ខ្ពស់ខ្ពស់ថ្លៃថ្លា រកទ្រព្យឯទៀតឲ្យលើសលុបជាង​មិនមាន​ឡើយ។

[២៥] ម្នាលភិក្ខុទាំងឡាយ កាលព្រះតថាគត (អាស្រ័យ) នូវជាតិពីមុន ភពពីមុន លំនៅពីមុន កើតជា​មនុស្ស ក្នុងកាលពីមុន ជាអ្នកប្រាថ្នានូវ​សេចក្តី​ចំរើន ប្រាថ្នានូវ​ប្រយោជន៍ ប្រាថ្នានូវសេចក្តីសុខ ប្រាថ្នាសេចក្តីក្សេមក្សាន្ត ចាកយោគៈ ដល់ពួក​ជនច្រើន​ថា ធ្វើដូចម្តេច ជនទាំងនេះនឹងបានចំរើនដោយសទ្ធា ចំរើនដោយសីល ចំរើនដោយ​សុតៈ ចំរើនដោយវុឌ្ឍិ ចំរើនដោយចាគៈ ចំរើនដោយលោកិយធម៌ ចំរើនដោយប្រាជ្ញា ចំរើនដោយទ្រព្យ និងធញ្ញាហារ ចំរើនដោយស្រែ និងចំការ ចំរើនដោយសត្វ​ជើងពីរ និង​សត្វជើង៤ ចំរើនដោយកូន និងប្រពន្ធ ចំរើនដោយពួក​បុរស ជាទាសៈ និងកម្មករ ចំរើន​ដោយ​ពួកញាតិ ចំរើនដោយពួកមិត្ត ចំរើនដោយពួកផៅពង្ស។ ព្រះតថាគត​នោះ ព្រោះ​បាន​​ធ្វើ សន្សំកុសលកម្មនោះ។បេ។ លុះព្រះតថាគតនោះ ច្យុតចាកឋាន​សួគ៌​នោះ មក​កាន់​អត្តភាព​ជាមនុស្ស​នេះ ក៏បាននូវ មហាបុរិស​លក្ខណៈ ទាំង៣នេះ គឺមានចំណែក​កន្លះកាយ​ខាងលើស្រដៀងនឹងចំណែក​កន្លះកាយ​នៃ​រាជសីហ៍១ មានខ្នងពេញស្មើ ឥតមានចង្អួរផត ខូងត្រង់កណ្តាល១ មាន ក មូលសម១។ ព្រះតថាគតនោះ ប្រកបដោយ​លក្ខណៈទាំងនោះ បើនៅ​គ្រប់គ្រង​គេហដ្ឋាន នឹងបានជាស្តេច​ចក្រពត្តិ។បេ។ កាលបើ​បាន​ជាស្តេចហើយ តើនឹងបាន​របស់​អ្វី គឺនឹងបាន​ជា​អ្នកមិនសាបសូន្យជាធម្មតា គឺមិន​សាបសូន្យ​ចាកទ្រព្យ និងធញ្ញាហារ ស្រែចំការ សត្វ​ជើង២ និងសត្វជើង៤ កូនប្រពន្ធ ពួកបុរសជាទាសៈ និងកម្មករ ពួកញាតិ មិត្ត និងផៅពង្ស មិនបានសាបសូន្យ​ចាកសម្បត្តិ​ទាំងពួងឡើយ កាលបើបានជាស្តេច នឹងបានរបស់​នេះឯង។បេ។ កាលបើព្រះតថាគត បាន​ត្រាស់​ជាព្រះពុទ្ធ នឹងបាន​របស់អ្វី គឺនឹងបានជាអ្នក​មិនសាបសូន្យជាធម្មតា គឺមិន​សាប​សូន្យ​ចាកសទ្ធា សីលៈ សុតៈ ចាគៈ បញ្ញា ទាំងមិនសាបសូន្យ​ចាកសម្បត្តិ​ទាំងពួង​ឡើយ កាលបើព្រះតថាគត បានត្រាស់​ជាព្រះពុទ្ធ នឹងបានរបស់នេះឯង។ លុះព្រះមាន​ព្រះ​ភាគ បានសំដែង​សេចក្តីនេះ​រួចហើយ។ ទើបទ្រង់​ត្រាស់នូវ​គាថាព័ន្ធនេះ ក្នុង​លក្ខណៈ​​នោះថា

[២៦] ព្រះតថាគត តែងប្រាថ្នា និងប៉ុនប៉ងនូវសេចក្តីមាំមួន និងសេចក្តីបរិបូណ៌​ដល់​​ជនដទៃថា ធ្វើដូចម្តេច កុំឲ្យជនទាំងឡាយ សាបសូន្យចាកសទ្ធា សីលៈ សុតៈ បញ្ញា ចាគៈ និងលោកិយធម៌ និងគុណ គឺសេចក្តីល្អច្រើនប្រការ នឹងទ្រព្យធញ្ញាហារស្រែចំការ កូនប្រពន្ធ (សត្វជើងពីរ) សត្វជើង៤ ញាតិ មិត្ត ផៅពង្ស និងកំឡាំង ពណ៌សម្បុរកាយ និងសុខ​ទាំងពីរប្រការ។ ព្រះតថាគត ជាបុគ្គលមានចំណែកកន្លះកាយខាងលើ ស្រដៀង​គ្នានឹង​ចំណែកកន្លះកាយ នៃរាជសីហ៍ មានទ្រង់ទ្រាយល្អ១ មាន-ក-មូលក្លំ១ មានខ្នង​ពេញស្មើ ឥតមានផតខូង ត្រង់កណ្តាល១ ព្រោះកម្មដែលតថាគត​បានសន្សំ កសាង​ពី​ជាតិ​មុនមក ទើបមិនបានសាបសូន្យ បុព្វនិមិត្តរបស់ព្រះតថាគតនោះ មិនបានសាប​សូន្យ​ឡើយ។ បើព្រះតថាគតនៅជាគ្រហស្ថ តែងចំរើនដោយធញ្ញាហារ ទ្រព្យ កូន ប្រពន្ធ (សត្វជើង២) និងសត្វជើង៤ (បើ) ព្រះតថាគត ឥតមានកង្វល់ ចេញទៅ​បួស ក៏បាន​សម្រេច​សម្ពោធិញ្ញាណ រកគុណជាតឯទៀត ឲ្យក្រៃលែងជាងគ្មាន ជាធម៌​មិនបាន​សាប​សូន្យ។

[២៧] ម្នាលភិក្ខុទាំងឡាយ កាលព្រះតថាគត (អាស្រ័យ) នូវជាតិពីមុន ភពពីមុន លំនៅពីមុន កើតជាមនុស្ស ក្នុងកាលពីមុន ជាអ្នកមិនបៀតបៀនសត្វទាំងឡាយ ដោយ​ដៃ ឬដុំដី ឬក៏ដម្បង គ្រឿង​សស្ត្រាវុធឡើយ។ ព្រះតថាគត​នោះ ព្រោះបាន​ធ្វើ សន្សំនូវ​កុសលកម្មនោះ។បេ។ លុះព្រះតថាគតនោះ ច្យុតចាកឋាន​សួគ៌​នោះ មកកាន់​អត្តភាព​​ជាមនុស្ស​នេះ ក៏បាននូវ មហាបុរិស​លក្ខណៈ នេះ គឺជាអ្នកមាន​ប្រសាទ គឺសរសៃល្អិតឆ្មារ​ដ៏​លើសលែង សម្រាប់ទទួលរស​អាហារ ឯប្រសាទសម្រាប់ទទួលរសអាហារ របស់​ព្រះតថាគត​នោះ មានចុង-ង-ឡើងលើ ប្រជុំ​ស្រោបត្រង់ក សម្រាប់​ទទួលរសអាហារ ជ្រួត​ជ្រាប​ផ្សព្វផ្សាយស្មោះស្មើគ្នា (សព្វសព៌ាង្គកាយ)។ ព្រះតថាគតនោះ ប្រកបដោយ​លក្ខណៈ​នោះ បើនៅ​គ្រប់គ្រង​គេហដ្ឋាន នឹងបានជាស្តេច​ចក្រពត្តិ។បេ។ កាលបើបាន​ជា​ស្តេច​ហើយ តើនឹងបាន​របស់​អ្វី គឺនឹងបាន​ជា​អ្នកមានអាពាធតិច មានទុក្ខតិច ប្រកប​ដោយ​ឧទរ មានភ្លើងធាតុដ៏ស្មើ គឺ​មិន​ត្រជាក់ពេក មិនក្តៅពេក កាលបើនៅជាស្តេច នឹង​បាន​របស់​នេះឯង។បេ។ កាលបើព្រះតថាគត បាន​ត្រាស់​ជាព្រះពុទ្ធ នឹងបាន​របស់អ្វី គឺ​នឹង​បានជាអ្នកមានអាពាធ​តិច មានទុក្ខតិច ប្រកបដោយ​ឧទរ​មានភ្លើងធាតុ​ដ៏ស្មើ គឺ​មិន​ត្រជាក់​ពេក មិនក្តៅពេក ជា​យ៉ាងកណ្តាល ល្មម​សមគួរ ដល់សេចក្តីព្យាយាម កាលបើ​ព្រះ​តថាគត បានត្រាស់​ជាព្រះពុទ្ធ នឹងបានរបស់នេះឯង។ លុះព្រះមានព្រះភាគ បាន​ពោល​​សេចក្តីនេះ​រួចហើយ។ ទើបទ្រង់​ត្រាស់នូវ​គាថាព័ន្ធនេះ ក្នុង​លក្ខណៈ​​នោះថា

[២៨] ព្រះតថាគត ជាអ្នកមិនបានបៀតបៀន មិនបានប្រទូស្តដល់ប្រជុំជន ដោយ​ដៃ ឬដោយ​ដម្បង និងដុំដី ឬក៏ដោយគ្រឿងសស្ត្រាវុធ ពុំនោះសោត ដោយការ​ប្រើគេ​ឲ្យសម្លាប់ និងបៀតបៀន ឬដោយកិរិយា​ចងក្រៀក និងការគម្រាមឡើយ។ ព្រោះ​កម្ម​នោះឯង ទើបព្រះតថាកត លះលោកនេះទៅ ក៏រមែង​រីករាយ ក្នុងឋានសួគ៌ បាននូវ​សេចក្តី​សុខ​ ព្រោះធ្វើនូវ​អំពើដែល​មានផលជាសុខ ប្រសាទសម្រាប់ទទួលរសអាហារ ជា​ទីត្រេកអរ (ណា) បានដម្កល់​នៅស៊ប់ល្អហើយ លុះព្រះតថាគត មកកើតក្នុងមនុស្ស​លោក​នេះ ក៏បាននូវ​ប្រសាទ គឺសរសៃល្អិតឆ្មារ ដ៏លើសលែងសម្រាប់ទទួលរសអាហារ (នោះ)។ ព្រោះហេតុនោះ បានជាអ្នកប្រាជ្ញទាំងឡាយ មានប្រាជ្ញាដ៏ល្អិត នាំគ្នាទាយព្រះ​តថាគតនោះ ថា ជននេះ មុខជានឹងច្រើនទៅដោយសេចក្តីសុខ ទោះបីនៅជា​គ្រហស្ថ ឬទៅ​​ជាបព្វជិត ក៏គង់មានលក្ខណៈ​នោះ​ ជាគ្រឿង​បំភ្លឺនូវសេចក្តីនោះ។

[២៩] ម្នាលភិក្ខុទាំងឡាយ កាលព្រះតថាគត (អាស្រ័យ) នូវជាតិពីមុន ភពពីមុន លំនៅពីមុន កើត​ជាមនុស្ស ក្នុងកាលមុន ជាអ្នកមិនសំឡក់មើល (ដោយទោសចិត្ត) មិនមៀង​មើលដោយចុងភ្នែក មិនលបសំឡក់គេ (ដោយស្អប់) ជាអ្នកមានចិត្តស្មោះត្រង់ រមិលមើលត្រង់ ពេញភ្នែក ជាអ្នកសំឡឹង​មើលជនច្រើន ដោយចក្ខុ​គួរឲ្យស្រឡាញ់។ ព្រះតថាគត​នោះ ព្រោះបាន​ធ្វើ សន្សំ​កុសលកម្មនោះ។បេ។ លុះព្រះតថាគតនោះ ច្យុតចាកឋាន​សួគ៌​នោះ មកកាន់​អត្តភាព​​ជាមនុស្ស​នេះ ក៏បាននូវ មហាបុរិស​លក្ខណៈ ទាំង​ពីរ​នេះ គឺជាអ្នកមានភ្នែកខៀវស្រស់១ មានកែវភ្នែក ស្រដៀងនឹងកែវភ្នែកកូនគោ១។ ព្រះតថាគតនោះ ប្រកបដោយលក្ខណៈនោះ បើនៅ​គ្រប់គ្រង​គេហដ្ឋាន នឹងបានជាស្តេច​ចក្រពត្តិ។បេ។ កាលបើបានជាស្តេចហើយ តើនឹងបាន​របស់​អ្វី គឺនឹងបាន​ជា​អ្នកគួរ​ឲ្យអ្នក​ផង​ពិតពិលរមិលមើល ដោយសេចក្តីពេញចិត្ត ជាទីស្រឡាញ់នៃជន​ច្រើន ជាទីគាប់ចិត្ត​របស់ពួកព្រាហ្មណ៍ និងគហបតី អ្នកនិគម អ្នកជនបទ ពួកស្មៀន ពួកមហាមាត្រ ពួក​សេនា​​មានអង្គ៤ (មានសេនាដំរីជាដើម) អ្នករក្សាទ្វារ អាមាត្យ ពួកបរិស័ទ ពួក​ស្តេច​ចំណុះ អ្នកមានភោគសម្បត្តិ និងពួករាជកុមារ កាលបើនៅជាស្តេច នឹងបានរបស់​នេះ​ឯង។បេ។ កាលបើព្រះតថាគត បាន​ត្រាស់​ជាព្រះពុទ្ធ នឹងបាន​របស់អ្វី គឺនឹងបាន​ជាអ្នក​គួរ​​ឲ្យអ្នកផងពិតពិលរមិលមើល ដោយសេចក្តីពេញចិត្ត ជាទីស្រឡាញ់នៃជនច្រើន ជាទី​គាប់ចិត្តរបស់​ពួកភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកា ទេវតា មនុស្ស អសុរ នាគ គន្ធព្វ កាលបើ​ព្រះតថាគត បានត្រាស់​ជាព្រះពុទ្ធ នឹងបានរបស់​នេះឯង។ លុះព្រះមានព្រះភាគ បាន​ពោល​​សេចក្តីនេះ​រួចហើយ។ ទើបទ្រង់​ត្រាស់នូវ​គាថាព័ន្ធនេះ ក្នុង​លក្ខណៈ​​នោះថា

[៣០] ព្រះតថាគត ជាអ្នកមិនសំឡក់មើល (ដោយទោសចិត្ត) មិនមៀងមើល ដោយ​​ចុងភ្នែក មិន​លបសំឡក់គេ (ដោយស្អប់) ជាអ្នកមានចិត្តស្មោះត្រង់ ពិតពិល​រមិល​មើលត្រង់ ពេញភ្នែក ជាអ្នកសំឡឹងមើលមហាជន ដោយចក្ខុគួរ​ស្រឡាញ់។ ព្រះតថាគត​នោះ បានទៅសោយផលវិបាក ក្នុងសុគតិ រីករាយក្នុងសុគតិនោះ (លុះច្យុត​ចាកឋានសួគ៌) មកកើតក្នុងមនុស្សលោកនេះ បានជាអ្នកមានកែវភ្នែកស្រដៀងនឹងកែវភ្នែក​កូនគោ១ ជាអ្នកមានភ្នែកខៀវស្រស់ គួរឲ្យ​រមិលមើល (ដោយចិត្តរាប់អាន)១។ មនុស្សទាំងឡាយ ជាអ្នកប្រកបក្នុងលក្ខណសាស្ត្រ មានប្រាជ្ញាដ៏ល្អិត ឈ្លាសវៃ ក្នុងបទ និងនិមិត្តដ៏ច្រើន និងជាអ្នក​ឈ្លាសវៃ ក្នុងការទាយ​នូវ​ភ្នែកដែលដូចជាភ្នែកកូនគោ នាំគ្នាទាយ​ព្រះតថាគត​នោះ ថា ព្រះរាជកុមារនេះ គួរឲ្យ​ពិតពិលរមិលមើល ដោយចិត្តជាទីស្រឡាញ់។ បើ​ព្រះតថាគត​នៅជាគ្រហស្ថ ជាបុគ្គល​គួរឲ្យពិតពិលរមិលមើល ដោយចិត្ត​ជាទីស្រឡាញ់ ជាទីរាប់អានរបស់ជនជាច្រើន នេះបើនៅជាគ្រហស្ថ បើទៅជាសមណៈវិញ ក៏គង់ជា​ទី​ស្រឡាញ់ និងជាអ្នកធ្វើសេចក្តី​សោករបស់ជន​ច្រើនឲ្យវិនាសបាន។

[៣១] ម្នាលភិក្ខុទាំងឡាយ កាលព្រះតថាគត (អាស្រ័យ) នូវជាតិពីមុន ភពពីមុន លំនៅពីមុន កើតជាមនុស្ស ក្នុងកាលពីមុន ជាចម្បងរបស់ជនច្រើន ក្នុងកុសលធម៌ទាំង​ឡាយ​ ជាប្រធានរបស់ជនច្រើន ក្នុងកាយសុចរិត វចីសុចរិត មនោសុចរិត ការបរិច្ចាគទាន សមាទានសីល កិរិយារក្សាឧបោសថ វត្តដែលត្រូវ​ធ្វើចំពោះមាតា វត្តដែលត្រូវ​ធ្វើចំពោះ​បិតា វត្តដែលត្រូវ​ធ្វើចំពោះសមណៈ វត្តដែលត្រូវ​ធ្វើចំពោះព្រាហ្មណ៍ វត្តដែលត្រូវ​ធ្វើ​ចំពោះ​ជន ដែល​ជាច្បងក្នុងត្រកូល និងក្នុងពួកកុសលធម៌ដ៏ក្រៃលែង​ឯទៀតៗ។ ព្រះ​តថាគត​​នោះ ព្រោះបាន​ធ្វើ​កុសលកម្មនោះ។បេ។ លុះព្រះតថាគតនោះ ច្យុតចាកឋាន​សួគ៌​នោះ មកកាន់​អត្តភាព​​ជាមនុស្ស​នេះ ក៏បាននូវមហាបុរិស​លក្ខណៈនេះ គឺជាអ្នក​មាន​សីសៈ ដូចជាប្រដាប់ដោយក្បាំងស្រេចស្រាប់។ ព្រះតថាគតនោះ ប្រកបដោយ​លក្ខណៈ​នោះ បើនៅ​គ្រប់គ្រង​គេហដ្ឋាន នឹងបានជាស្តេច​ចក្រពត្តិ។បេ។ កាលបើបានជា​ស្តេច​ហើយ តើនឹងបាន​របស់​អ្វី គឺនឹងមានជនច្រើននាក់ជាបរិពារ គឺពួក​ព្រាហ្មណ៍ គហបតី អ្នកនិគម អ្នកជនបទ ពួកស្មៀន ពួកមហាមាត្រ សេនាប្រកបដោយ​អង្គ៤ អ្នករក្សាទ្វារ អាមាត្យ បរិស័ទ ស្តេចចំណុះ អ្នកមានភោគសម្បត្តិ ព្រះរាជកុមារ កាលបើនៅជាស្តេច នឹងបានរបស់​នេះឯង។បេ។ កាលបើព្រះតថាគត បាន​ត្រាស់​ជាព្រះពុទ្ធ នឹងបាន​របស់អ្វី គឺមានជនច្រើននាក់ជាបរិពារ គឺពួកភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកា ទេវតា មនុស្ស អសុរ នាគ គន្ធព្វ កាលបើព្រះតថាគត បានត្រាស់​ជាព្រះពុទ្ធ នឹងបានរបស់នេះឯង។ លុះ​ព្រះ​មាន​ព្រះភាគ បានត្រាស់​សេចក្តីនេះ​រួចហើយ។ ទើបទ្រង់​ត្រាស់នូវ​គាថាព័ន្ធនេះ ក្នុង​លក្ខណៈ​​នោះថា

[៣២] ព្រះតថាគត ជាចម្បង (របស់ជនច្រើន) ក្នុងសុចរិតធម៌ទាំងឡាយ ជាអ្នក​ត្រេកអរក្នុងការប្រព្រឹត្ត​ធម៌ មានជនច្រើននាក់ជាបរិពារ លុះព្រះតថាគតលះលោកនេះ ក៏បានទៅសោយផលនៃបុណ្យ​ក្នុងឋានសួគ៌។ លុះព្រះតថាគត សោយផលសុចរិតនោះ​ហើយ ច្យុតមកកើតក្នុងមនុស្សលោកនេះ ក៏បានជាអ្នកមានសីសៈ ហាក់ដូចជាប្រដាប់​ដោយ​ក្បាំងស្រេចស្រាប់ ឯពួកមនុស្ស ជាអ្នកចេះចាំនូវព្យញ្ជនៈ និងនិមិត្ត នាំគ្នាទាយថា ព្រះតថាគតនេះ នឹងបានជាចម្បងរបស់ជនច្រើន។ បណ្តាពួកមនុស្សក្នុងលោកនេះ នឹងមាន​មនុស្ស ជាអ្នកខ្វល់ខ្វាយបម្រើ (ព្រះតថាគតនេះជាច្រើន) សូម្បីកាលព្រះ​តថាគត​នៅពីក្មេង ក្នុងកាលនោះឯង ក៏មានពួកមនុស្ស ទាយព្រះតថាគតនោះថា បើព្រះតថាគត​ ជាក្សត្រិយ៍ នៅគ្រប់គ្រងផែនដី នឹងបានពួកជនច្រើននាក់ ធ្វើការខ្វល់ខ្វាយបម្រើ។ បើមនុស្ស​នោះ ចេញទៅបួស នឹងបានជាអ្នក​ស្ទាត់ជំនាញ ក្នុងធម៌ទាំងឡាយ ជនជាច្រើន តែង​ត្រេកអរ ​ក្នុងគុណ គឺការប្រៀនប្រដៅ របស់មនុស្សនោះ ជាអ្នកប្រព្រឹត្តតាម (ព្រះតថាគត)។

[៣៣] ម្នាលភិក្ខុទាំងឡាយ កាលព្រះតថាគត (អាស្រ័យ) នូវជាតិពីមុន ភពពីមុន លំនៅពីមុន កើតជាមនុស្ស ក្នុងកាលពីមុន ជាអ្នកលះបង់នូវមុសាវាទ វៀរស្រឡះហើយ ចាកមុសាវាទ ជាអ្នកនិយាយតែពាក្យពិត បញ្ចេញតែពាក្យពិត ជាអ្នកទៀងត្រង់ និយាយ​ពាក្យគួរ​ឲ្យគេជឿ ជាអ្នកមិនពោលបំភ្លាត់សត្វលោកឡើយ។ ព្រះតថាគត​នោះ ព្រោះបាន​ធ្វើ​កុសលកម្មនោះ។បេ។ លុះព្រះតថាគតនោះ ច្យុតចាកឋាន​សួគ៌​នោះ មកកាន់​អត្តភាព​​ជាមនុស្ស​នេះ ក៏បាននូវមហាបុរិស​លក្ខណៈទាំងពីរនេះ គឺជាអ្នកមានរោម ក្នុងរណ្តៅ​មួយៗតែមួយសរសៃៗ (រាល់រណ្តៅទាំងអស់)១ មានរោមប្រជុំចិញ្ចើម ដុះត្រង់​ចន្លោះ​ចិញ្ចើម មានពណ៌សក្បុស ទន់ល្វន់ ដូចជាសំឡី១។ ព្រះតថាគតនោះ ប្រកបដោយ​លក្ខណៈ​​នោះ បើនៅ​គ្រប់គ្រង​គេហដ្ឋាន នឹងបានជាស្តេច​ចក្រពត្តិ។បេ។ កាលបើបាន​ជា​ស្តេចហើយ តើនឹងបាន​របស់​អ្វី គឺនឹងបានជនច្រើននាក់ គឺពួក​ព្រាហ្មណ៍ គហបតី អ្នក​និគម អ្នកជនបទ ពួកស្មៀន ពួកមហាមាត្រ សេនា ប្រកបដោយ​អង្គ៤ អ្នករក្សាទ្វារ អាមាត្យ បរិស័ទ ស្តេចចំណុះ អ្នកមានភោគសម្បត្តិ និងព្រះរាជកុមារ តែងប្រព្រឹត្ត​តាម​អធ្យាស្រ័យ របស់តថាគតនោះ កាលបើនៅជាស្តេច នឹងបានរបស់​នេះឯង។បេ។ កាលបើ​ព្រះតថាគត បាន​ត្រាស់​ជាព្រះពុទ្ធ នឹងបាន​របស់អ្វី គឺនឹងបានជនច្រើននាក់ គឺពួកភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកា ទេវតា មនុស្ស អសុរ នាគ គន្ធព្វ តែងប្រព្រឹត្ត​តាម​អធ្យាស្រ័យ របស់ព្រះតថាគតនោះ កាលបើព្រះតថាគត បានត្រាស់​ជាព្រះពុទ្ធ នឹងបាន​របស់​នេះឯង។ លុះព្រះមានព្រះភាគ បានសំដែង​សេចក្តីនេះ​រួចហើយ។ ទើបទ្រង់​ត្រាស់នូវ​គាថាព័ន្ធនេះ ក្នុង​លក្ខណៈ​​នោះថា

[៣៤] ក្នុងជាតិពីមុនៗ ព្រះតថាគតអ្នកកាន់ពាក្យសត្យ មានវាចាគួរជឿ វៀរចាក​ពាក្យ​​មិនពិត ព្រះតថាគតនោះ ជាអ្នកមិនក្លែងពោលពាក្យមិនពិត ចំពោះ​ជន​ណាមួយ​ឡើយ និយាយតែពាក្យពិត ទៀងទាត់ ត្រឹមត្រូវ។ ព្រះតថាគត មានរោម​ប្រជុំ​ចិញ្ចើម សម្បុរ​សក្បុស ទន់ល្វន់ ដូចជាសំឡី​ ដុះត្រង់ចន្លោះចិញ្ចើម ក្នុងរណ្តៅរោមមួយៗ មិន​ដុះរោម​ពីរសរសៃឡើយ គឺព្រះតថាគត មានសរីរៈដុះរោមតែមួយ​សរសៃៗ។ ពួក​ជនជា​ច្រើន ដែលជាអ្នកដឹងនូវលក្ខណៈ ឈ្លាសក្នុងការទាយនូវឧប្បាដ និងនិមិត្ត មកប្រជុំគ្នា ហើយ​ទាយ​ព្រះតថាគតនោះថា នឹងមានជនជាច្រើន ប្រព្រឹត្តទៅតាមអធ្យាស្រ័យ​ របស់​តថាគត ដែល​ជាអ្នកមានរោម​ប្រជុំ​ចិញ្ចើមប្រតិស្ឋានល្អហើយបែបនេះ។ បើព្រះតថាគត​នៅ​ជា​គ្រហស្ថ នឹងមានជនជាច្រើន ប្រព្រឹត្តតាមអធ្យាស្រ័យ ព្រោះកុសលកម្ម ដែល​តថាគត​ បាន​ធ្វើទុកមកពីកាលមុន ទោះបី​ព្រះតថាគតចេញទៅធ្វើ​ជាបព្វជិត ឥតមានកង្វល់ នឹងបានត្រាស់​ជាព្រះពុទ្ធដ៏ប្រសើរ នឹង​មានជនប្រព្រឹត្ត​តាម​អធ្យាស្រ័យ​ដូចគ្នា។

[៣៥] ម្នាលភិក្ខុទាំងឡាយ កាលព្រះតថាគត (អាស្រ័យ) នូវជាតិពីមុន ភពពីមុន លំនៅពីមុន កើតជាមនុស្ស ក្នុងកាលពីមុន ជាអ្នកលះបង់នូវវាចាស៊កសៀត វៀរស្រឡះ​ហើយចាកវាចាស៊កសៀត ជាអ្នកឮពាក្យអំពីជនឯនេះ មិននាំទៅប្រាប់ជនឯនោះ ដើម្បី​បំបែកជនទាំងពីរ​ចំណែកនេះឡើយ ឬបានឮពាក្យ​អំពីជនឯនោះ មិននាំ​មកប្រាប់​ជនឯ​នេះ ដើម្បីបំបែក​ជនឯនោះឡើយ ជាអ្នកផ្សះផ្សានូវ​ជន ដែល​បាក់បែកគ្នាហើយ ជាអ្នក​ទំនុក​បម្រុងនូវ​ពួកជន ដែល​ព្រមព្រៀងគ្នា ជាអ្នករីករាយនឹងការព្រមព្រៀង ត្រេកអរ​នឹងការព្រមព្រៀងគ្នា ពេញចិត្តនឹងការព្រមព្រៀងគ្នា និងពោលតែវាចា ដែលធ្វើ​ឲ្យកើត​សេចក្តី​ព្រមព្រៀងគ្នា។ ព្រះតថាគត​នោះ ព្រោះបាន​ធ្វើ​កុសលកម្មនោះ។បេ។ លុះ​ព្រះតថាគត​នោះ ច្យុតចាកឋាន​សួគ៌​នោះ មកកាន់​អត្តភាព​​ជាមនុស្ស​នេះ ក៏បាននូវ ​មហាបុរិស​លក្ខណៈ ទាំងពីរនេះ គឺជាអ្នកមានធ្មេញ៤០គត់១ មានធ្មេញជិតស្និទ្ធល្អ១។ ព្រះតថាគតនោះ ប្រកបដោយលក្ខណៈទាំងពីរនោះ បើនៅ​គ្រប់គ្រង​គេហដ្ឋាន នឹងបាន​ជា​ស្តេច​ចក្រពត្តិ។បេ។ កាលបើបានជាស្តេចហើយ តើនឹងបាន​របស់​អ្វី គឺនឹង​បានជា​អ្នក​មិន​បែកបាក់បរិស័ទ ឯបរិស័ទរបស់ស្តេច ដែល​មិនបែក​បាក់គ្នានោះ គឺ ពួក​ព្រាហ្មណ៍ គហបតី អ្នកនិគម អ្នកជនបទ ពួកស្មៀន ពួកមហាមាត្រ សេនាមាន​អង្គ៤ អ្នករក្សាទ្វារ អាមាត្យ បរិស័ទ ស្តេចចំណុះ អ្នកមានភោគសម្បត្តិ និងព្រះរាជកុមារ កាលបើ​នៅជា​ស្តេច នឹងបាននូវរបស់​នេះឯង។បេ។ កាលបើព្រះតថាគត បាន​ត្រាស់​ជាព្រះពុទ្ធ នឹងបាន​របស់អ្វី គឺនឹងមាន​បរិស័ទមិនបែកបាក់គ្នា បរិស័ទរបស់ព្រះតថាគត ដែលមិនបែកបាក់​គ្នា​នោះ គឺពួកភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកា ទេវតា មនុស្ស អសុរ នាគ គន្ធព្វ កាលបើ​ព្រះតថាគត បានត្រាស់​ជាព្រះពុទ្ធ នឹងបានរបស់នេះឯង។ ព្រះមានព្រះភាគ បានសំដែង​សេចក្តីនេះ​រួចហើយ។ ទើបទ្រង់​ត្រាស់នូវ​គាថាព័ន្ធនេះ ក្នុង​លក្ខណៈ​​នោះថា

[៣៦] ព្រះតថាគតនោះ មិនបានពោលនូវពាក្យមិនពិត ពាក្យដែល​បង្កហេតុ​ឲ្យ​បែកបាក់ ចាកការព្រមព្រៀង ពាក្យដែលធ្វើសេចក្តីបែកបាក់គ្នា និងទាស់ទែងគ្នា ឲ្យ​ចំរើន ពាក្យដែលធ្វើជំលោះ និងអំពើមិនគួរ ឲ្យចំរើន និងពាក្យដែលនាំឲ្យជន​ដែល​មានបំណង​ព្រមព្រៀង ឲ្យបែកបាក់គ្នា។ ព្រះតថាគត ពោលតែពាក្យល្អ ជាពាក្យធ្វើសេចក្តី​មិនវិវាទ ឲ្យចំរើន និងពាក្យផ្សះផ្សាជនដែលបែកបាក់គ្នាហើយ ព្រះតថាគត បន្ទោបង់នូវជំលោះ​របស់ជន ទាំងធ្វើឲ្យព្រមព្រៀងគ្នា ព្រះតថាគត តែងរីករាយ ត្រេកអរ មួយអន្លើ​ដោយ​សត្វ​ទាំងឡាយ ព្រះតថាគត បានទៅសោយផលវិបាក ក្នុងសុគតិ រីករាយ​ក្នុងសុគតិនោះ លុះច្យុតចាកឋានសួគ៌ (មកកើត) ក្នុងមនុស្សលោកនេះ ក៏មានធ្មេញ​ជិតស្និទ្ធ និងមាន​ធ្មេញ​​៤០គត់ ប្រតិស្ឋានដោយល្អ នៅក្នុងមាត់។ បើព្រះតថាគតនៅ (គ្រប់គ្រងគេហដ្ឋាន) នឹងបានជាក្សត្រិយ៍ គ្រប់គ្រងផែនដី មានបរិស័ទ​មិនបែកបាក់​គ្នាឡើយ ទោះបីជា​សមណៈ ក៏ជាអ្នកឥតមានធូលី ឥតមានមន្ទិល គឺរាគាទិក្កិលេសឡើយ ជាអ្នកមានបរិស័ទ តាម​ចោមរោម មិនញាប់ញ័រឡើយ។

[៣៧] ម្នាលភិក្ខុទាំងឡាយ កាលព្រះតថាគត (អាស្រ័យ) នូវជាតិពីមុន ភពពីមុន លំនៅពីមុន កើតជាមនុស្ស ក្នុងកាលពីមុន ជាអ្នកលះបង់នូវផរុសវាចា វៀរស្រឡះ​ហើយ ចាកផរុសវាចា ជាអ្នកនិយាយតែពាក្យដែល​ឥតទោស ពាក្យដែល​ជាសុខដល់​ត្រចៀក​គេ គួរឲ្យស្រឡាញ់ គួរឲ្យតាំងទុកក្នុងហឫទ័យ ជាសំដីអ្នកក្រុង ទាំងជាទីស្រឡាញ់នៃ​ជន​ច្រើន ជាទីពេញចិត្តនៃជនច្រើន។ ព្រះតថាគត​នោះ ព្រោះបាន​ធ្វើ សន្សំ កសាងនូវ​កុសលកម្មនោះ។បេ។ លុះព្រះតថាគតនោះ ច្យុតចាកឋាន​សួគ៌​នោះ មកកាន់​អត្តភាព​​ជាមនុស្ស​នេះ ក៏បាននូវ មហាបុរិស​លក្ខណៈ ទាំងពីរនេះ គឺជាអ្នកមានអណ្តាតវែង១ មានសូរសព្ទសំឡេង​ក្រាងក្រអៅ ដូចជាសំឡេងព្រហ្ម កាលបើបញ្ចេញវាចា លាន់ឮ​ពីរោះ ដូចជាសំឡេងសត្វករវិក១។ ព្រះតថាគតនោះ ប្រកបដោយ​លក្ខណៈ​ទាំង​ពីរ​នោះ បើនៅ​គ្រប់គ្រង​គេហដ្ឋាន នឹងបានជាស្តេច​ចក្រពត្តិ។បេ។ កាលបើបាន​ជាស្តេចហើយ តើនឹង​បាន​របស់​អ្វី គឺនឹងបានជាអ្នកមានវាចាគួរឲ្យអ្នកផងកាន់តាម គឺ ពួក​ព្រាហ្មណ៍ គហបតី អ្នកនិគម អ្នកជនបទ ពួកស្មៀន ពួកមហាមាត្រ សេនាមាន​អង្គ៤ អ្នករក្សាទ្វារ អាមាត្យ បរិស័ទ ស្តេចចំណុះ អ្នកមានភោគសម្បត្តិ និងព្រះរាជកុមារ តែង​កាន់តាមពាក្យ របស់​ព្រះតថាគតនោះ កាលបើនៅជាស្តេច នឹងបានរបស់​នេះឯង។បេ។ កាលបើព្រះ​តថាគត បាន​ត្រាស់​ជាព្រះពុទ្ធ នឹងបាន​របស់អ្វី គឺនឹងបានជាអ្នក​មានវាចា គួរឲ្យអ្នកផង​កាន់តាម គឺពួកភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកា ទេវតា មនុស្ស អសុរ នាគ គន្ធព្វ តែងកាន់​តាមពាក្យ របស់​ព្រះតថាគតនោះ កាលបើព្រះតថាគត បានត្រាស់​ជាព្រះពុទ្ធ នឹងបាន​របស់​នេះ​ឯង។ លុះព្រះមានព្រះភាគ បានសំដែង​សេចក្តីនេះ​រួចហើយ។ ទើបទ្រង់​ត្រាស់នូវ​គាថា​ព័ន្ធ​នេះ ក្នុង​លក្ខណៈ​​នោះថា

[៣៨] ព្រះតថាគតនោះ មិនបានពោលពាក្យអាក្រក់ក្រៃលែង ដែលជាពាក្យជេរ ជាពាក្យ​បង្កហេតុឲ្យទាស់ទែងគ្នា បៀតបៀនគ្នា ពាក្យដែលធ្វើឲ្យឈឺចិត្ត ពាក្យជាគ្រឿង​មើល​ងាយ នូវជន​ច្រើនឡើយ ព្រះតថាគត ពោលតែពាក្យផ្អែមល្ហែម ទន់ភ្លន់ ប្រកបដោយ​ប្រយោជន៍។ ព្រះតថាគតនោះ ពោលតែពាក្យ ដែលជាទីស្រឡាញ់ ពេញចិត្ត គួរដម្កល់​ទុកក្នុងហឫទ័យ នាំមកនូវ​សេចក្តីសុខ ដល់ត្រចៀក (របស់មនុស្ស​ដែល​បានស្តាប់) ព្រះតថាគត បានសោយផលនៃបុណ្យ ក្នុងឋានសួគ៌ បានសោយ​ផល​នៃ​អំពើសុចរិត លុះ​ព្រះតថាគត ច្យុតមកកាន់អត្តភាពជាមនុស្សនេះ ក៏បាននូវភាព​ជាអ្នកមាន​សំឡេង​ដូច​សំឡេង​ព្រហ្ម អណ្តាតរបស់ព្រះតថាគតនោះ ធំទូលាយ ព្រះតថាគត មានពាក្យដែលគួរ​ឲ្យអ្នកផងកាន់តាម សូម្បីកាលព្រះតថាគត នៅជាគ្រហស្ថ និយាយយ៉ាងណាទៅហើយ ក៏​តែងនាំឲ្យសម្រេចប្រយោជន៍ យ៉ាងនោះ បើព្រះតថាគត នោះ ជាមនុស្ស​ចេញទៅបួស ក៏​មានពួកជនជឿកាន់តាមពាក្យ របស់ព្រះតថាគតនោះ ដែល​ជាអ្នកពោលនូវ​ពាក្យ​ល្អ​ច្រើន។

[៣៩] ម្នាលភិក្ខុទាំងឡាយ កាលព្រះតថាគត (អាស្រ័យ) នូវជាតិពីមុន ភពពីមុន លំនៅ​ពីមុន កើតជាមនុស្ស ក្នុងកាលមុន ជាអ្នកលះបង់នូវសម្ផប្បលាបៈ (ពាក្យរោយរាយ) វៀរ​ស្រឡះ​ហើយចាក​សម្ផប្បលាបៈ ជាអ្នកពោលតាមកាលគួរ ពោលតែពាក្យពិត ពោល​ពាក្យ​​ប្រកបដោយហេតុ ពោលពាក្យប្រកបដោយផល ពោលពាក្យទូន្មាន ពោលពាក្យ​ដែលគួរឲ្យអ្នកផង ដំកល់​ទុកក្នុងហឫទ័យ ជាពាក្យ​ប្រកបដោយគ្រឿង​អាង មានទីបំផុត ប្រកបដោយប្រយោជន៍ ត្រូវតាមកាល។ ព្រះតថាគត​នោះ ព្រោះបាន​ធ្វើ សន្សំនូវ​កុសលកម្ម។បេ។ លុះព្រះតថាគតនោះ ច្យុតចាកឋាន​សួគ៌​នោះ មកកាន់​អត្តភាព​​ជា​មនុស្ស​នេះ ក៏បាននូវមហាបុរិស​លក្ខណៈនេះ គឺជាអ្នកមានចង្កា មានសណ្ឋានដូចជា​ចង្កា​នៃរាជសីហ៍។ ព្រះតថាគតនោះ ប្រកបដោយ​លក្ខណៈនោះ បើនៅ​គ្រប់គ្រង​គេហដ្ឋាន នឹងបានជាស្តេច​ចក្រពត្តិ។បេ។ កាលបើបាន​ជា​ស្តេចហើយ តើនឹងបាន​របស់​អ្វី គឺនឹងបាន​ជាអ្នក ដែលមនុស្ស​ជាសឹកសត្រូវបច្ចាមិត្តនីមួយ មិនអាចកំចាត់​បង់បានឡើយ កាលបើ​នៅ​ជាស្តេច នឹងបានរបស់​នេះឯង។បេ។ កាលបើព្រះតថាគត បាន​ត្រាស់​ជាព្រះពុទ្ធ នឹង​បាន​របស់អ្វី គឺនឹងបានជាអ្នក ដែលសត្រូវ​បច្ចាមិត្ត ខាងក្នុង ឬខាងក្រៅ គឺរាគៈក្តី ទោសៈក្តី មោហៈ​ក្តី សមណៈក្តី ព្រាហ្មណ៍ក្តី ទេវតាក្តី មារក្តី ព្រហ្មក្តី ឬអ្នកណាមួយក្នុងលោក មិនអាច​ធ្វើ​ព្រះតថាគត ឲ្យឃ្លាត (ចាកគុណ ឬទី) បានឡើយ កាលបើព្រះតថាគត បាន​ត្រាស់​ជាព្រះពុទ្ធ នឹងបានរបស់នេះឯង។ លុះព្រះមានព្រះភាគ បានសំដែង​សេចក្តីនេះ​រួចហើយ។ ទើបទ្រង់​ត្រាស់នូវ​គាថាព័ន្ធនេះ ក្នុង​លក្ខណៈ​​នោះថា

[៤០] ព្រះតថាគត មិនពោលពាក្យឥតប្រយោជន៍ មិនពោលពាក្យរាយមាយ ជាអ្នក​មាន​គន្លងនៃពាក្យមិនរោយរាយ ព្រះតថាគត តែងបន្ទោបង់​នូវពាក្យ ដែលឥត​ប្រយោជន៍ផង ពោលតែពាក្យមានប្រយោជន៍ ដែលជាពាក្យនាំមកនូវ​សេចក្តី​សុខដល់​ជន​ច្រើនផង។ ព្រះតថាគត ធ្វើនូវ​កុសលកម្មនោះហើយ លុះច្យុតចាកមនុស្សលោកនេះ​ បានទៅ​កើតក្នុង​ឋានសួគ៌ បានសោយនូវផលវិបាករបស់កម្មដែលធ្វើល្អ លុះច្យុត (ចាក​ឋានសួគ៌) នោះ មកកាន់អត្តភាពជាមនុស្សនេះវិញ ក៏បាននូវភាពជាអ្នកមានចង្កា ដូចចង្កា​សីហៈ ដែល​ជា​សត្វប្រសើរ ជាងពួកសត្វជើង៤។ ព្រះតថាគត ជាស្តេចកំពូលនៃ​មនុស្ស ជាធំជាងមនុស្ស មានអានុភាពច្រើន ទោះបីអ្នកណាៗ ក៏មិនអាចញាំញីបានឡើយ ព្រះ​តថាគត ស្មើដោយ​ព្រះឥន្ទ្រដែលប្រសើរ ក្នុងភពឈ្មោះតាវត្តិង្ស ទាំងក្លៀវក្លាប្រសើរក្រៃលែង ដូចជា​ព្រះ​ឥន្ទ្រាធិរាជ​ដូច្នោះឯង។ ព្រះតថាគត ជាអ្នកមាន​អត្តភាពដូច្នោះ ទោះបីគន្ធព្វ អសុរ សក្ក​ទេវរាជ រក្ខទេពទាំងឡាយ ដែលក្លៀវក្លា ក៏មិនអាច​ញាំញីបាន បើអ្នកណា​មាន​លក្ខណៈ ដូចជាព្រះតថាគតនោះ ក្នុងលោកនេះ នឹងបានជាធំក្នុងទិស គឺទិសតូច និងទិសធំ។

[៤១] ម្នាលភិក្ខុទាំងឡាយ កាលព្រះតថាគត (អាស្រ័យ) នូវជាតិពីមុន ភពពីមុន លំនៅពីមុន កើតជាមនុស្ស ក្នុងកាលពីមុន បានលះបង់នូវមិច្ឆាជីវៈ (ការចិញ្ចឹមជីវិតខុស) ចិញ្ចឹមជីវិតដោយសម្មាអាជីវៈ (ការចិញ្ចឹមជីវិតត្រូវ) ជាអ្នកវៀរចាកការបញ្ឆោត ឬបន្លំ ដោយជញ្ជីង បញ្ឆោត ដោយមាស បញ្ឆោតដោយរង្វាល់រង្វាស់ បង្ខុសបំភាន់ បញ្ឆោត​បោកប្រាស និងបន្លំ ដោយរបស់ប្លម វៀរចាកកិរិយាកាត់នូវអវយវៈ មានដៃជាដើម សម្លាប់ ចង ធ្វើមនុស្សឲ្យវង្វេងផ្លូវ ប្លន់ កំហែងយកទ្រព្យ។ ព្រះតថាគតនោះ ព្រោះបាន​ធ្វើ​ សន្សំ កសាងកុសលកម្មនោះ លុះបែកធ្លាយរាងកាយ បន្ទាប់អំពីសេចក្តីស្លាប់ ក៏បាន​ទៅកើត​ក្នុងឋាន​សុគតិសួគ៌ ទេវលោក។ ព្រះតថាគតនោះ គ្របសង្កត់​នូវទេវតាឯទៀត ក្នុងឋាន​សួគ៌​នោះ ដោយហេតុ១០ប្រការ គឺអាយុទិព្យ១ សម្បុរទិព្យ១ យសទិព្យ១ សុខទិព្យ១ អធិបតីទិព្យ១ រូបទិព្យ១ សំឡេងទិព្យ១ ក្លិនទិព្យ១ ផ្សព្វទិព្យ១។ លុះព្រះតថាគតនោះ ច្យុតចាកឋាន​សួគ៌​នោះ មកកាន់​អត្តភាព​​ជាមនុស្ស​នេះ ក៏បាននូវ មហាបុរិស​លក្ខណៈ ទាំងឡាយពីរនេះ គឺជាអ្នកមានធ្មេញជិតស្និទ្ធល្អ១ មានចង្កូម (ទាំង៤) សស្អាត១។ ព្រះតថាគតនោះ ប្រកបដោយលក្ខណៈទាំងពីរនោះ បើនៅ​គ្រប់គ្រង​គេហដ្ឋាន នឹងបាន​ជា​ស្តេច​ចក្រពត្តិ ប្រកបដោយធម៌ សោយរាជ្យដោយធម៌ មានជ័យជំនះ ផ្សាយរាជ​អំណាច រហូតដល់​ផែនដី ដែល​មានសមុទ្រ​ទាំង៤ព័ទ្ធជុំវិញ ទ្រង់ដល់នូវភាពជាអ្នកមាំមួន ក្នុងជនបទ ប្រកបដោយ​រតន៍៧ប្រការ។ រតន៍៧ប្រការនេះ របស់ស្តេចនោះ គឺ ចក្ករតន៍១ ហត្ថិរតន៍១ អស្សរតន៍១ មណិរតន៍១ ឥត្ថីរតន៍១ គហបតិរតន៍១ បរិនាយរតន៍១ រួមត្រូវ​ជា៧ប្រការ។ បុត្ររបស់ស្តេច​ចក្រពត្តិនោះ ក៏មានចំនួនច្រើនពាន់ សុទ្ធសឹងតែជា​អ្នក​ក្លៀវក្លា មានរូប​សណ្ឋាន​ជាអ្នកក្លៀវក្លា អាចញាំញីនូវសេនា របស់ស្តេចឯទៀតបាន។ ទ្រង់ប្រាបប្រាម​គ្រប់គ្រងនូវផែនដីនេះ ដែលមានសាគរ​ជាទីបំផុត ឲ្យជាផែនដី​ឥតមាន​គោល ឥតមាន​និមិត្ត ឥតមានបន្លា គឺចោរឡើយ ជាផែនដីស្តុកស្តម្ភ មំាមួន​ក្សេមក្សាន្ត ឥតមានឧបទ្រព្យ ឥតមានទីពួនរបស់ចោរ ដោយធម៌ដ៏ស្មើ មិនបាច់ពឹងអាជ្ញា មិនបាច់​ពឹងសស្ត្រាវុធ​ឡើយ កាលបើនៅជាស្តេច នឹងបានរបស់អ្វី គឺនឹងបានជាអ្នកមាន​បរិវារ​ស្អាតបាត ឯបរិវារស្អាត​បាត​របស់ស្តេចចក្រពត្តិនោះ គឺ ពួក​ព្រាហ្មណ៍ គហបតី អ្នកនិគម អ្នកជនបទ ពួកស្មៀន ពួកមហាមាត្រ សេនាមាន​អង្គ៤ អ្នករក្សាទ្វារ អាមាត្យ បរិស័ទ ស្តេចចំណុះ អ្នកមាន​ភោគសម្បត្តិ និងព្រះរាជកុមារ កាលបើនៅជាស្តេច នឹងបានរបស់​នេះឯង បើព្រះតថាគត ចេញចាក​គេហដ្ឋាន ទៅបួស នឹងបាន​ត្រាស់​ជាព្រះអរហន្ត​សម្មាសម្ពុទ្ធ ក្នុងលោក (នេះ) មានដម្បូល គឺរាគាទិក្កិលេស បើកចេញហើយ កាលបើ​ព្រះតថាគត បានត្រាស់​ជា​ព្រះពុទ្ធ នឹងបាន​របស់អ្វី គឺនឹងបានជាអ្នកមានបរិវារស្អាតបាត ឯបរិវារស្អាតបាត របស់​ព្រះតថាគតនោះ គឺពួកភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកា ទេវតា មនុស្ស អសុរ នាគ គន្ធព្វ កាលបើព្រះតថាគត បានត្រាស់​ជាព្រះពុទ្ធ នឹងបានរបស់នេះ​ឯង។ លុះព្រះមានព្រះភាគ ពោល​សេចក្តីនេះ​រួចហើយ។ ទើបទ្រង់​ត្រាស់នូវ​គាថាព័ន្ធនេះ ក្នុង​​លក្ខណៈ​​នោះថា

[៤២] ព្រះតថាគតនោះ បានលះបង់ការចិញ្ចឹមជីវិតខុស បានបំពេញ​សេចក្តី​ប្រព្រឹត្ត​ដោយ​ស្អាតល្អ ជាធម៌ដ៏ស្មោះស្មើផង បានកំចាត់បង់នូវកម្ម ដែលឥតប្រយោជន៍​ផង ប្រព្រឹត្តនូវ​កម្ម​ដែលមានប្រយោជន៍ ទាំងនាំមកនូវសេចក្តី​សុខ ដល់ជនច្រើនផង។ ព្រះតថាគត ជា​នរជន បានធ្វើនូវអំពើមានផលដ៏ល្អ ដែលពួកសប្បុរជាអ្នកប្រាជ្ញ មានប្រាជ្ញាល្អិត តែង​សរសើរ ហើយទើបសោយនូវសេចក្តីសុខ ក្នុងឋានសួគ៌ ព្រះតថាគត ជាអ្នក​ស្មើ​ដោយ​សក្កទេវរាជ ដែលជាកំពូល​នៃទេវតា ក្នុងភពឈ្មោះតាវត្តិង្ស តែងត្រេក​អរ និងមូលមិត្រ ដោយសេចក្តីរីករាយ និងសេចក្តីសុខសម្រាន្ត។ លុះព្រះតថាគត ច្យុត​ចាកឋានសួគ៌នោះ បានមកកើតជាមនុស្សនេះ ម្តងទៀត ក៏បាននូវធ្មេញរាបស្មើល្អផង នូវ​ចង្កូម (ទាំង៤) ស្អាត​ល្អផង ព្រោះ​សេសនៃផលវិបាក របស់កម្មដែលបាន​ធ្វើល្អហើយ។ ពួក​មនុស្សជាច្រើន ជាអ្នក​ដឹង​នូវលក្ខណៈ ដែលសន្មតថាជាអ្នកមានប្រាជ្ញាល្អិត មកប្រជុំ​គ្នាទាយ​ព្រះតថាគត​នោះថា ព្រះតថាគត ដែលមានព្រះទន្តស្មើ សស្អាតល្អ រមែង​មានពួក​ជនស្អាតជាបរិវារ។ បើព្រះតថាគត នៅសោយរាជ្យ នឹងបានជនច្រើន ជាបរិវារ​ស្អាតល្អ ព្រះតថាគត ប្រៀន​ប្រដៅនូវមនុស្ស លើផែនដីធំនេះ គ្របសង្កត់សង្កិន មិនឲ្យ​មានគ្រឿង​ចាក់ដោត​ដល់​ជនបទ​ឡើយ ព្រះតថាគត ប្រព្រឹត្តនូវអំពើជាប្រយោជន៍ ទាំង​សេចក្តី​សុខដល់ជនច្រើន បើព្រះតថាគត ចេញទៅបួស រមែងជាអ្នកបន្សាត់បង់នូវ​បាប ជាអ្នកស្ងប់រម្ងាប់ មានធូលី គឺរាគាទិក្កិលេសស្ងប់រម្ងាប់ហើយ មានកិលេស ដូចជាដម្បូល បើកចេញហើយ ជាអ្នក​ប្រាសចាកសេចក្តីក្រវល់ក្រវាយ និងសេចក្តីលំបាកកាយ តែង​ឃើញ​នូវលោកនេះ និង​លោកខាងមុខ។ ពួកគ្រហស្ថ និងបព្វជិតជាច្រើន ដែលជាអ្នក​ធ្វើតាមឱវាទ របស់​ព្រះតថាគតនោះ តែងជាអ្នកប្រាសចាកសេចក្តីសៅហ្មង ព្រោះថា ព្រះតថាគត ដែល​មាន​បាប បន្សាត់ចោលហើយនោះ រមែង​មានតែពួក​មនុស្សស្អាតល្អ ដែលជាអ្នក​កំចាត់បង់​នូវមន្ទិល និងដង្គត់ គឺរាគាទិក្កិលេស នូវកំហុស គឺទោស និងកិលេសទាំងពួង មក​ចោម​រោមជុំវិញ។

លុះព្រះមានព្រះភាគ បានសំដែង​លក្ខណសូត្រនេះចប់ហើយ។ ពួកភិក្ខុទាំងនោះ ក៏មាន​សេចក្តីពេញចិត្ត ត្រេកអរ ចំពោះភាសិត​របស់ព្រះមានព្រះភាគ។

ចប់ លក្ខណសូត្រ ទី៧។

សិង្គាលកសូត្រ ទី៨

[៤៣] ខ្ញុំ​បាន​ស្តាប់​មក​យ៉ាង​នេះ។ សម័យ​មួយ ព្រះ​មាន​ព្រះ​ភាគ ទ្រង់​គង់​ក្នុង​វត្ត​វេឡុវន ជា​កលន្ទកនិវាបស្ថាន ជិត​ក្រុង​រាជគ្រឹះ។ សម័យ​នោះ​ឯង កូន​គហបតី​ឈ្មោះ​សិង្គាលកៈ [ហៅថា សិគាលកៈ ក៏មាន ដូចគ្នានឹងពាក្យថា មហឹសៈ និងមហិសៈ សិរឹសបៈ នឹងសិរិសបៈជាដើម ឃើញថាហៅថាដូចគ្នាទាំងពីរយ៉ាង។] ក្រោក​ឡើង​អំពី​ព្រឹក ​មាន​សំពត់​ស្លៀក​ដណ្តប់​ទទឹក និង​សក់​ទទឹក ចេញ​ពី​ក្រុង​រាជគ្រឹះ ប្រណម្យ​អញ្ជលី ថ្វាយ​បង្គំ​ទិស​ទាំង​ឡាយច្រើន គឺ​ទិស​ខាង​កើត ខាង​ត្បូង ខាង​លិច ខាង​ជើង ខាង​ក្រោម និងទិសខាង​លើ។

[៤៤] លំដាប់​នោះ​ឯង ព្រះ​មាន​ព្រះ​ភាគ​ ស្តេច​ទ្រង់​ស្បង់ ​និង​បាត្រ​ចីវរ​ក្នុង​បុព្វណ្ហ​សម័យ ហើយ​ស្តេច​ចូល​ទៅ​កាន់​ក្រុង​រាជគ្រឹះ ដើម្បី​បិណ្ឌបាត្រ។ ព្រះ​មាន​ព្រះ​ភាគ ទ្រង់​ទត​ឃើញ​សិង្គាលកគហបតិបុត្ត ​ក្រោក​ឡើង​អំពី​ព្រឹក​ មាន​សំពត់​ស្លៀក​ដណ្តប់​ទទឹក និង​សក់​ទទឹក​ ​ចេញ​ពី​ក្រុង​រាជគ្រឹះ កំពុង​ផ្គង​អញ្ជលី ថ្វាយ​បង្គំ​ទិស​ទាំង​ឡាយ​ច្រើន​ គឺ​ទិស​ខាង​កើត ខាង​ត្បូង ខាង​លិច ខាង​ជើង ខាង​ក្រោម និងទិស​ខាង​លើ លុះ​ទ្រង់​ឃើញ​ហើយ ទើប​ទ្រង់​ត្រាស់​សួរ​សិង្គាលកគហបតិបុត្ត ​ដូច្នេះ​ថា នែ​គហបតិបុត្ត ហេតុ​អ្វី ទើប​អ្នក​ក្រោក​អំពី​ព្រឹក​ មាន​សំពត់​ស្លៀក​ដណ្តប់​ទទឹក និង​សក់​ទទឹក ចេញ​ពី​ក្រុង​រាជគ្រឹះ ផ្គង​អញ្ជលី​ថ្វាយ​បង្គំ​ទិស​ទាំង​ឡាយ​ច្រើន​ គឺ​ទិស​ខាង​កើត ។បេ។ ទិស​ខាង​លើ ។ សិង្គាលក​គហបតិ​បុត្ត​ ​ក្រាប​បង្គំ​ទូល​ថា បពិត្រ​ព្រះ​អង្គ​ដ៏​ចំរើន កាល​បិតា​របស់​ខ្ញុំ​ជិត​នឹង​ធ្វើ​មរណភាព បាន​ផ្តាំ​នឹង​ខ្ញុំ​ព្រះ​អង្គ​យ៉ាង​នេះ​ថា ហៃ​បា អ្នក​ត្រូវ​តែ​ថ្វាយ​បង្គំ​ទិស​ទាំង​ឡាយ បពិត្រ​ព្រះ​អង្គ​ដ៏​ចំរើន ខ្ញុំ​ព្រះ​អង្គ​នោះ​ ធ្វើ​សក្ការៈ​គោរព រាប់​អាន បូជា នូវ​ពាក្យ​របស់​បិតា​ បាន​ជាក្រោក​ឡើង​អំពី​ព្រឹក​ មាន​សំពត់​ស្លៀក​ដណ្តប់​ទទឹក​ និង​សក់​ទទឹក​ ចេញ​ពី​ក្រុង​រាជគ្រឹះ​ ផ្គង​​អញ្ជលី​ ថ្វាយ​បង្គំ​ទិស​ទាំងឡាយ​ដ៏​ច្រើន គឺ​ទិស​ខាង​កើត។បេ។ ទិស​ខាង​លើ។ ព្រះ​មាន​ព្រះ​ភាគ​ ទ្រង់​ត្រាស់​ថា នែ​គហបតិបុត្ត ក្នុង​វិន័យ​របស់​ព្រះ​អរិយៈ ​គេ​មិន​ត្រូវ​ថ្វាយ​បង្គំ​ទិស​ទាំង​៦យ៉ាង ​ដូច្នេះ​ទេ។ សិង្គាលកគហបតិបុត្ត​ ក្រាប​បង្គំ​ទូល​សួរ​ថា បពិត្រ​ព្រះ​អង្គ​ដ៏​ចំរើន ចំណែក​ក្នុង​អរិយវិន័យ ​គេ​គប្បី​ថ្វាយ​បង្គំ​ទិស​ទាំង៦ ដូច​ម្តេច បពិត្រ​ព្រះ​អង្គ​ដ៏​ចំរើន បើ​ក្នុង​វិន័យ​របស់​ព្រះ​អរិយៈ ​គេ​គប្បី​ថ្វាយ​បង្គំ​ ចំពោះ​ទិស​ទាំង៦យ៉ាង​ណា សូម​ព្រះ​មាន​ព្រះ​ភាគ ទ្រង់​សំដែង​ធម៌ ​ដល់​ខ្ញុំ​ព្រះ​អង្គ​ដូច្នោះ​ចុះ។

[៤៥] ព្រះ​មាន​ព្រះ​ភាគ​ ទ្រង់​ត្រាស់​ថា នែ​គហបតិបុត្ត បើ​ដូច្នោះ អ្នក​ចូរ​ស្តាប់​ចុះ ចូរ​កំណត់​ទុក​ក្នុង​ចិត្ត​ឲ្យ​ប្រពៃ​ចុះ តថាគត​នឹង​សំដែង​ប្រាប់។ សិង្គាលកគហបតិបុត្ត ក៏​ទទួល​ស្តាប់​ព្រះ​ពុទ្ធ​ដីកា​ព្រះ​មាន​ព្រះ​ភាគ​​ថា បពិត្រ​ព្រះ​អង្គ​ដ៏​ចំរើន យ៉ាង​ហ្នឹង​ហើយ។ ព្រះ​មាន​ព្រះ​ភាគ ​​ទ្រង់​ត្រាស់​ដូច្នេះ​ថា ម្នាល​គហបតិបុត្ត អរិយសាវ័ក លះបង់​នូវ​កម្មក្កិលេស (អំពើ​ដ៏​សៅហ្មង) ៤​ប្រការ​ផង​ មិន​ធ្វើ​នូវ​បាបកម្ម (អំពើ​អាក្រក់) ព្រោះ​ហេតុ ៤យ៉ាង​ផង មិន​សេព​នូវ​អបាយមុខ (គឺ​ប្រធាន​នៃ​សេចក្តី​វិនាស) នៃ​ភោគៈ៦យ៉ាង​ផង អរិយសាវ័ក​នោះ លោក​វៀរចាក​បាបធម៌​ទាំង​១៤យ៉ាង​នេះ ឈ្មោះ​ថា​ ជា​អ្នក​បិទបាំង​ទិស​ទាំង៦ ប្រតិបត្តិ​ដើម្បី​ជំនះ​​ក្នុង​លោក​ទាំង​ពីរ គឺ​លោក​នេះ ក៏​អរិយសាវ័ក​នោះ​ បាន​ប្រារព្ធ គឺ​ថា​បាន​ពេញ​ចិត្ត​ហើយ លោក​ខាង​មុខ​ក៏​ពេញ​ចិត្ត​ទៀត។ លុះ​អរិយសាវ័ក​នោះ ទំលាយ​រាង​កាយ​ទៅ រមែង​កើត​ក្នុង​មនុស្ស​សុគតិសួគ៌​ទេវលោក។ កម្មក្កិលេស៤ ប្រការ ដែល​អរិយសាវ័ក​​នោះ ​លះបង់​ហើយ​ដូច​ម្តេច។ ម្នាល​គហបតិបុត្ត ការ​ធ្វើ​សត្វ​មាន​ជីវិត ​ឲ្យ​ធ្លាក់​ចុះ​កន្លង (សម្លាប់​សត្វ) ជា ​កម្មក្កិលេស ១ ការ​កាន់​យក​ទ្រព្យ ​ដែល​ម្ចាស់​គេ​មិន​ឲ្យ​ ជា​កម្មក្កិលេស ១ ​ការ​ប្រព្រឹត្តិ​ខុស ​ក្នុង​កាម​ទាំងឡាយ ជា​កម្មក្កិលេស ១ ការ​និយាយ​ពាក្យ​កុហក ជា​កម្មក្កិលេស ១ កម្មក្កិលេស ៤ ប្រការ​នេះ ដែល​អរិយសាវ័ក​នោះ​ បាន​លះបង់​ហើយ។ ព្រះ​មាន​ព្រះ​ភាគ​ បាន​សំដែង​ពាក្យ​នេះ​ហើយ ព្រះ​សុគត​ជា​សាស្តា លុះ​ទ្រង់​សំដែង​ពាក្យ​នេះ​ហើយ ទើប​សំដែង​គាថា​ព័ន្ធ​នេះ​ តទៅ​ទៀត​ថា

[៤៦] ការ​សម្លាប់​សត្វ​ ១ លួច​ទ្រព្យ​គេ ១ និយាយ​​កុហក ១ សេព​ភរិយា​បុគ្គល​ដទៃ ១ ហៅ​ថា ( កម្មក្កិលេស ) បណ្ឌិត​ទាំងឡាយ មិន​សរសើរ​ឡើយ។

[៤៧] អរិយសាវ័ក​មិន​ធ្វើ​នូវ​បាបកម្ម ព្រោះ​ហេតុ​៤យ៉ាង​ ដូច​​ម្តេច​ខ្លះ បុថុជ្ជន ​លុះ​អគតិ​ព្រោះ​ស្រឡាញ់ ក៏​ធ្វើ​បាបកម្ម លុះ​អគតិ​ព្រោះ​ស្អប់ ក៏​ធ្វើ​បាបកម្ម លុះ​អគតិ​ព្រោះ​ល្ងង់ ក៏​ធ្វើ​បាបកម្ម លុះ​អគតិ​ព្រោះ​ខ្លាច ក៏​ធ្វើ​បាបកម្ម។ ម្នាល​គហបតិបុត្ត អរិយសាវ័ក​​ មិន​លុះ​អគតិ​ព្រោះ​ស្រឡាញ់ មិន​លុះ​អគតិ​ព្រោះ​ស្អប់ មិន​លុះ​អគតិ​ព្រោះ​ល្ងង់ មិន​លុះ​អគតិ​ព្រោះ​ខ្លាច ព្រោះ​ហេតុ​ទាំង៤ណា។ អរិយសាវ័ក​នោះ ​ឈ្មោះ​ថា មិន​ធ្វើ​បាបកម្ម ព្រោះ​ហេតុ៤យ៉ាង​នេះ។ ព្រះ​មាន​ព្រះ​ភាគ​ ​បាន​សំដែង​ពាក្យ​នេះ​ហើយ ព្រះ​សុគត ​ជា​សាស្តា លុះ​ទ្រង់​សំដែង​ពាក្យ​នេះ​ហើយ ទើប​សំដែង​គាថា​ព័ន្ធ​នេះ តទៅ​ទៀត​ថា

[៤៨] អ្នក​ណា ប្រព្រឹត្ត​កន្លង​ធម៌ ព្រោះ​សេចក្តី​ស្រឡាញ់​ ព្រោះ​សេចក្តី​ស្អប់ ព្រោះ​សេចក្តី​ខ្លាច ព្រោះ​សេចក្តី​វង្វេង​ យស​របស់​អ្នក​នោះ រមែង​សាបសូន្យ​ទៅ ដូច​ព្រះ​ចន្ទ​ខាង​រនោច។ អ្នក​ណាមិន​ប្រព្រឹត្ត​កន្លង​ធម៌ ព្រោះ​សេចក្តី​ស្រឡាញ់ ព្រោះ​សេចក្តី​ស្អប់ ព្រោះ​សេចក្តី​ខ្លាច ព្រោះ​សេចក្តី​វង្វេង យស​របស់​អ្នក​​នោះ រមែង​ពេញ​បរិបូណ៌ ដូច​ព្រះ​ចន្ទ​ខាង​ខ្នើត។

[៤៩] អរិយសាវ័ក មិន​សេព​នូវ​ធម៌ ជា​ប្រធាន​នៃ​សេចក្តី​វិនាស​ភោគ៦យ៉ាង ដូច​ម្តេច​​ខ្លះ។ ម្នាល​គហបតិបុត្ត កិរិយា​ប្រកប​រឿយ​ៗ នូវ​ការ​ផឹក​ទឹក​ស្រវឹង គឺ​សុរា​ និង​មេរ័យ ដែល​ជា​ហេតុ ជា​ទីតាំង​នៃ​សេចក្តី​ប្រមាទ​ ជា​ប្រធាន​នៃ​សេចក្តី​វិនាសភោគៈ ១ បាន​ប្រកប​រឿយ​ៗ នូវ​ការ​ត្រាច់​ទៅ​តាម​ច្រក​ល្ហក​ខុស​កាល ជា​ប្រធាន​នៃ​សេចក្តី​វិនាស​ភោគ ១ ការ​ដើរ​មើល​មហោស្រព​ជា​ប្រធាន​នៃ​សេចក្តី​វិនាស​ភោគៈ ១ ការ​ប្រកប​រឿយ​ៗ នូវ​ហេតុ​ជា​ទីតាំង​ នៃ​សេចក្តី​ប្រមាទ គឺ​លេង​ល្បែង​ភ្នាល់ ជា​ប្រធាន​ នៃ​សេចក្តី​វិនាស​ភោគៈ ១ ការ​សេព​នូវ​បាបមិត្ត ជា​ប្រធាន​នៃ​សេចក្តី​វិនាស​ភោគៈ ១ ការ​ប្រកប​រឿយ​ៗ នូវ​សេចក្តី​ខ្ជិល ជា​ប្រធាន​នៃ​សេចក្តី​វិនាស​ភោគៈ ១។

[៥០] ម្នាល​គហបតិបុត្ត ទោស​ក្នុង​កិរិយា​ប្រកប​រឿយ​ៗ នូវ​ការ​ផឹក​ទឹក​ស្រវឹង គឺ​សុរា​និង​មេរ័យ ដែល​ជា​ហេតុ​ ជា​ទីតាំង​នៃ​សេចក្តី​ប្រមាទ​នេះ​មាន៦យ៉ាង គឺ​វិនាស​ទ្រព្យ​ដែល​ឃើញ​ជាក់​ស្តែង​ខ្លួន​ឯង ១ ការ​ក​ឲ្យ​កើត​ជម្លោះ ១ ហេតុ​នាំ​ឲ្យ​កើត​រោគ​ទាំងឡាយ ១ ការ​នាំ​ឲ្យ​ខូច​ឈ្មោះ ១ ការ​បង្ហាញ​កេរ្តិ៍​ខ្មាស ១ ហេតុ​ជា​គំរប់ ៦ គឺ​ធ្វើ​បញ្ញា​ឲ្យ​មាន​កំឡាំង​ថយ​ ១ ។ ម្នាល​គហបតិបុត្ត ទោស​ក្នុង​ការ​ប្រកប​រឿយ​ៗ​ នូវ​​ការ​ផឹក​ទឹក​ស្រវឹង គឺ​សុរា​ និង​មេរ័យ ដែល​ជា​ហេតុ​ ជា​ទី​តាំង នៃ​សេចក្តី​ប្រមាទ​មាន៦យ៉ាង​នេះឯង។

[៥១] ម្នាល​គហបតិបុត្ត ទោស​ក្នុង​ការ​ប្រកប​រឿយ​ៗ នូវ​ការ​ដើរ​ទៅ​តាម​ច្រក​ល្ហក​ខុស​កាល​នេះ​មាន​៦យ៉ាង​ គឺ​អ្នក​នោះ​ឈ្មោះ​ថា មិន​គ្រប់​គ្រង​ មិន​រក្សា​ខ្លួន១ អ្នក​នោះ​ឈ្មោះ​ថា មិន​គ្រប់​គ្រង ​មិន​រក្សា​កូន​ប្រពន្ធ១ អ្នក​នោះ​ឈ្មោះ​ថា មិន​គ្រប់​គ្រង ​មិន​រក្សា​ទ្រព្យ​សម្បត្តិ១ សេចក្តី​រង្កៀស​ តែង​កើត​មាន​ក្នុង​កន្លែង (ដែល​ខ្លួន​ទៅ​ដល់) នោះ​ៗ១ ពាក្យ​មិន​ពិត​ តែង​ធ្លាក់​មក​ត្រូវ​លើ​បុគ្គល​នោះ[រមែងត្រូវគេចោទបង្កាច់ ក្នុងអំពើដែលខ្លួន​មិនបានធ្វើសោះ ព្រោះជាន់ដានចោរ។]១។ បុគ្គល​នោះ​ឈ្មោះ​ថា បំពេញ​នូវ​ធម៌​ទុក្ខ​ច្រើន១។ ម្នាល​គហបតិបុត្ត ទោស​ក្នុង​ការ​ប្រកប​រឿយ​ៗ នូវ​កិរិយា​ត្រាច់​ទៅ​ តាម​ច្រក​ល្ហក​ខុស​កាល​​ មាន៦យ៉ាង​នេះឯង។

[៥២] ម្នាល​គហបតិបុត្ត ទោស​ក្នុង​ការដើរមើលល្បែង មហោស្រពនេះ៦យ៉ាង គឺរបាំក្នុងទីណា ក៏ទៅក្នុងទីនោះ១ ចម្រៀងក្នុងទីណា ក៏ទៅក្នុងទីនោះ១ ការប្រគំក្នុងទី​ណា ក៏ទៅក្នុងទីនោះ១ គេប្រជុំនិយាយរឿងព្រេង ឥតប្រយោជន៍ (មានរឿង​ចម្បាំង​នៃមហាភារតៈ និងរឿង​នាងសិតាជាដើម) ក្នុងទីណា ក៏ទៅក្នុងទីនោះ១ ល្បែងវាយគង [បើតាមព្យញ្ជនៈ គួរប្រែថា ល្បែង​លេងទះទៃ គឺច្រៀងប្របកៃ។] ក្នុងទីណា ក៏ទៅក្នុងទី​នោះ១ ល្បែងវាយរនាតក្នុងទីណា ក៏ទៅក្នុងទីនោះ១។ ម្នាល​គហបតិបុត្ត ទោស​ក្នុងកិរិយា​ដើរមើលល្បែង មហោស្រព មាន៦យ៉ាង​នេះឯង។

[៥៣] ម្នាល​គហបតិបុត្ត ទោស​ក្នុង​ការ​ប្រកប​រឿយ​ៗ នូវ​ការលេងល្បែងភ្នាល់ ដែលជា​ហេតុ ជាទីតាំង​ នៃសេចក្តីប្រមាទ​នេះ ​មាន​៦យ៉ាង​ គឺបុគ្គលនោះ បើឈ្នះគេ តែង​បានពៀរ១ បើចាញ់គេ តែង​សោកស្តាយទ្រព្យសម្បត្តិ១ វិនាសទ្រព្យសម្បត្តិ ដែល​ឃើញ​ជាក់ស្តែង ទាន់ភ្នែក១ កាលបើ​ទៅសាលាវិនិច្ឆ័យ គេមិនជឿ​ស្តាប់ពាក្យ១ ពួកមិត្តអាមាត្យ តែងបោះបង់ចោល១ ជាបុគ្គល​ដែលគេមិនត្រូវការដណ្តឹង​ ឬឲ្យកូនស្រី ព្រោះគេគិតថា បុរសបុគ្គលអ្នកលេងល្បែងភ្នាល់ មិនអាច​ចិញ្ចឹមប្រពន្ធបានទេ១។ ម្នាល​គហបតិបុត្ត ទោស​​ក្នុង​ការ​ប្រកប​រឿយ​ៗ នូវ​ការលេងល្បែងភ្នាល់ ដែលជាហេតុ ជាទីតាំង​នៃ​សេចក្តី​ប្រមាទ​​ មាន៦យ៉ាង​នេះឯង។

[៥៤] ម្នាល​គហបតិបុត្ត ទោស​ក្នុង​ការសេពគប់ នូវបាបមិត្តនេះ ​មាន​៦យ៉ាង​ គឺពួក​ជនដែលជាអ្នកលេងល្បែងភ្នាល់១ ជនដែលជាអ្នកលេង[អ្នកលេង មាន៤យ៉ាង គឺអ្នក​លេង​ស្រី១ អ្នកលេងភត្ត១ អ្នកលេងផឹកស្រា១ អ្នកលេងមើមឈើ មានស៊ីមើមដំឡូង​ជាដើម១។] ស្រី១ ជនដែលជាអ្នកលេងផឹកសុរា១ ជនដែលជាអ្នកបោកប្រាស បញ្ឆោត​អ្នកដទៃ ដោយរបស់ក្លែង១ ជនដែល​ជាអ្នក​បំបាត់ប្រវញ្ចន៍អ្នកដទៃ ក្នុងទីចំពោះមុខ១ ជនដែល​ជាអ្នកឆក់ដណ្តើមទ្រព្យអ្នកដទៃ១ ជនទាំងនោះ ជាមិត្ត ជាសំឡាញ់ របស់ជន​នោះ។ ម្នាល​គហបតិបុត្ត ទោស​ក្នុង​ការសេពគប់នូវបាបមិត្ត មាន៦យ៉ាង​នេះឯង។

[៥៥] ម្នាល​គហបតិបុត្ត ទោស​ក្នុង​ការ​ប្រកប​រឿយ​ៗ នូវសេចក្តីខ្ជិល​នេះ ​មាន​៦យ៉ាង​ គឺមិនធ្វើការងារដោយអាងថា ត្រជាក់ណាស់១ មិនធ្វើការងារ ដោយអាងថា​ក្តៅណាស់១ មិនធ្វើការងារ ដោយអាងថា​ល្ងាចណាស់១ មិនធ្វើការងារ ដោយអាង​ថាព្រឹកណាស់១ មិនធ្វើការងារ ដោយអាងថាឃ្លានណាស់១​ មិនធ្វើការងារ ដោយអាងថា​ស្រេកណាស់១ កាល​បើជនអ្នកខ្ជិលច្រអូសនោះ ច្រើនដោយ​ការពោល​អាងកិច្ចយ៉ាងនេះ ភោគ​ទាំង​ឡាយ ដែលមិនទាន់កើត ក៏ខានកើតឡើងផង ភោគៈ​ទាំងឡាយ ដែលកើតឡើងហើយ ក៏ដល់នូវសេចក្តីរេចរឹលទៅវិញផង។ ម្នាល​គហបតិបុត្ត ទោស​ក្នុង​ការ​ប្រកប​រឿយ​ៗ នូវ​សេចក្តីខ្ជិល​ មាន៦យ៉ាង​នេះឯង។ ព្រះមានព្រះភាគ ទ្រង់បានសំដែងធម៌នេះហើយ ព្រះសុគត ជាសាស្តា លុះសំដែង​ធម៌នេះ​ហើយ ទ្រង់សំដែង​គាថាព័ន្ធនេះ តទៅទៀតថា

[៥៦] បុគ្គលខ្លះ ជាមិត្តសំឡាញ់ បានតែក្នុងរោងសុរាក៏មាន បុគ្គលខ្លះថា សំឡាញ់ៗ តែ​នៅ​ចំពោះមុខក៏មាន បុគ្គលណា កាលបើប្រយោជន៍ (ខ្លួន) កើតឡើង ទើប​ធ្វើជា​សំឡាញ់​បុគ្គលនោះ មកជាសំឡាញ់នឹងខ្លួនក៏មាន។ កិរិយាដេកដល់ថ្ងៃ១ ធ្វើសេវនកិច្ច នឹងប្រពន្ធ​អ្នកដទៃ១ ភាវៈជាអ្នកមានពៀរច្រើន១ ភាវៈជាអ្នកធ្វើអំពើ​ឥត​ប្រយោជន៍១ បាបមិត្ត១ ភាវៈ​ជាអ្នកកំណាញ់ស្វិតស្វាញ១ ហេតុទាំង៦នុ៎ះ រមែង​បំផ្លាញ​បុរស (ឲ្យវិនាស)។ នរជន ដែលមានមិត្តអាក្រក់ មានសំឡាញ់អាក្រក់ មានមារយាទ និងគោចរអាក្រក់ តែង​វិនាស​ចាក​លោកទាំងពីរ គឺលោកនេះ និងលោកខាងមុខ។ ល្បែង​ភ្នាល់ ល្បែងស្រី និង​ល្បែង​សុរា១ របាំ និងចម្រៀង១ ការដេកថ្ងៃ១ ការឲ្យគេបំរើខ្លួន ក្នុង​កាលមិនគួរ១ ពួកមិត្ត​អាក្រក់១ ភាវៈជាអ្នកមានសេចក្តីកំណាញ់ស្វិតស្វាញ១​ ហេតុទាំង​៦នេះ តែងបំផ្លាញ​បុរស​ឲ្យវិនាស។ ពួកជនលេងល្បែងភ្នាល់ ផឹកសុរា ធ្វើសេវនកិច្ច​នឹងស្រី ដែលស្មើដោយ​ជីវិត​របស់បុរសដទៃ សេពគប់នឹងបុគ្គលថោកទាប (ខាតលក្ខណ៍) មិនសេពគប់នឹងបុគ្គល ដែល​មានសេចក្តី​ចំរើន (គ្រប់លក្ខណ៍) យសរបស់ពួកជន​នោះឯង តែងសាបសូន្យ ដូច​ព្រះចន្ទខាងរនោច។ ជនដែលជាអ្នកផឹកសុរា ជាអ្នកខ្សត់ទ្រព្យ ជាអ្នកឥតមានកង្វល់ ដោយ​ការងារចិញ្ចឹមជីវិត មានតែស្រវឹងជានិច្ច ប្រាសចាកសេចក្តីចំរើន លិចចុះក្នុង​បំណុល ដូចដុំថ្មលិចចុះទៅក្នុងទឹក បុគ្គលនោះ តែង​ធ្វើការងារឲ្យវឹកវរ ដល់ខ្លួន​ដោយ​ឆាប់។ បុគ្គលដេកក្នុងវេលាថ្ងៃ ជាប្រក្រតី មិនក្រោកឡើង​ពីយប់ ជាប្រក្រតី ជាអ្នក​ស្រវឹង​ជានិច្ច ជាអ្នកលេងល្បែង មិនអាចនឹង​គ្រប់គ្រងផ្ទះសម្បែងបាន។ ប្រយោជន៍ទាំងឡាយ តែងកន្លង​ហួសមនុស្ស​ដែលលះបង់ចោល​នូវការងារ ដោយពោលអាងថា វេលានេះ ត្រជាក់ណាស់ ក្តៅណាស់ ល្ងាចណាស់។ ជនណាមួយ ធ្វើនូវកិច្ចការរបស់បុរស មិនអើពើ​នូវត្រជាក់ និងក្តៅ ក្រៃលែង​ជាងស្មៅ (ទៅទៀត) ជននោះ រមែង​មិនសាបសូន្យ​ចាក​សេចក្តី​សុខឡើយ។

[៥៧] ម្នាលគហបតិបុត្ត អ្នកត្រូវស្គាល់​ពួកមនុស្ស​ ដែលមិនមែនជាមិត្ត គ្រាន់តែ​ជា​មិត្តប្លម ៤ ពួកនេះគឺ អ្នកត្រូវស្គាល់​ពួកមនុស្ស​ ដែលគិតយកតែប្រយោជន៍ខ្លួនថា មិនមែន​ជាមិត្ត គ្រាន់តែជាមិត្តប្លម ១ អ្នកត្រូវស្គាល់​ពួកមនុស្ស​ ល្អតែសំដីថា មិនមែន​ជាមិត្ត គ្រាន់តែ​ជាមិត្តប្លម ១ អ្នកត្រូវស្គាល់​មនុស្ស​ ដែល​និយាយចាក់បណ្តោយ ឲ្យគាប់ចិត្តថា មិនមែន​ជាមិត្ត គ្រាន់តែជាមិត្តប្លម ១ អ្នកត្រូវស្គាល់មនុស្ស​ ជាសំឡាញ់ ក្នុងការ​វិនាសភោគៈ​ទាំងឡាយថា មិនមែន​ជាមិត្ត គ្រាន់តែជាមិត្តប្លម ១។

[៥៨] ម្នាលគហបតិបុត្ត មនុស្សគិតយកតែប្រយោជន៍ខ្លួ​ន មិនមែន​ជាមិត្ត គ្រាន់តែ​ជាមិត្តប្លម (នោះ) អ្នកត្រូវស្គាល់ដោយស្ថាន៤យ៉ាង គឺមិត្តគិតយកតែប្រយោជន៍ខ្លួន១ មិត្ត​ប្រាថ្នាយករបស់ច្រើន ដោយ (ឲ្យ) របស់តិចតួច១ ទាល់តែមានភ័យ ទើបជួយ​ធ្វើកិច្ចរបស់​មិត្ត១ សេពគប់មិត្ត ព្រោះ​ហេតុតែប្រយោជន៍១។ ម្នាលគហបតិបុត្ត មិត្តគិតយកតែ​ប្រយោជន៍​​​ខ្លួន មិនមែនជាមិត្តទេ គ្រាន់តែជាមិត្តប្លម អ្នកត្រូវ​ស្គាល់ដោយស្ថាន៤យ៉ាង​នេះឯង។

[៥៩] ម្នាលគហបតិបុត្ត មិត្តល្អតែសំដី​ មិនមែន​ជាមិត្ត គ្រាន់តែ​ជាមិត្តប្លម អ្នក​ត្រូវស្គាល់​ដោយស្ថាន៤ គឺមិត្តទទួលរាក់ទាក់ដោយ​របស់ដែលកន្លងហើយ១ ទទួលរាក់ទាក់​ដោយ​របស់​ដែល​មិនទាន់មានមក១ សង្គ្រោះ​ដោយអំពើឥតប្រយោជន៍ ១ កាលកិច្ចទាំងឡាយ កើត​ឡើងភ្លាមៗ ក៏សំដែងអាងរបស់ខូចខាត [ពឹងការអ្វីមិនបាន បើត្រូវពឹងរកអ្វីៗ ក៏ប្រាប់​ថារបស់នោះ ខូចនេះ បាត់នោះជាដើម។]១ ម្នាលគហបតិបុត្ត មិត្តល្អតែសំដី មិនមែន​ជា​មិត្តទេ គ្រាន់តែជាមិត្តប្លម អ្នកត្រូវ​ស្គាល់ដោយស្ថាន៤យ៉ាង​នេះឯង។

[៦០] ម្នាលគហបតិបុត្ត មិត្តនិយាយចាក់បណ្តោយ ឲ្យគាប់ចិត្ត ​មិនមែន​ជាមិត្តទេ គ្រាន់តែ​ជាមិត្តប្លម អ្នកត្រូវស្គាល់ដោយស្ថាន៤យ៉ាង គឺបើមិត្តធ្វើអំពើអាក្រក់ ក៏យល់​ព្រមតាម១ មិត្តធ្វើអំពើល្អ ក៏យល់ព្រមតាម១ ពណ៌នាគុណមិត្ត តែក្នុងទីចំពោះមុខ១​ ពោលទោស​មិត្ត ក្នុងទីកំបាំង​មុខ១។ ម្នាលគហបតិបុត្ត មិត្តនិយាយចាក់បណ្តោយ ឲ្យគាប់ចិត្ត មិនមែន​ជាមិត្តទេ គ្រាន់តែជាមិត្តប្លម អ្នកត្រូវ​ស្គាល់ដោយស្ថាន៤យ៉ាង​នេះឯង។

[៦១] ម្នាលគហបតិបុត្ត មនុស្សជាសំឡាញ់ ក្នុងផ្លូវវិនាស មិនមែន​ជាមិត្តទេ គ្រាន់តែ​ជាមិត្តប្លម អ្នកត្រូវស្គាល់ដោយស្ថាន៤យ៉ាង គឺជាសំឡាញ់ក្នុងកិរិយា​ប្រកប​រឿយៗ នូវការ​ផឹក​ទឹកស្រវឹង គឺសុរាមេរ័យ ដែលជាទីតាំងនៃ​សេចក្តីប្រមាទ១ ជាសំឡាញ់​ក្នុងការ​ប្រកប​រឿយៗ នូវការត្រាច់ទៅតាមច្រកល្ហក ខុសកាល១ ជាសំឡាញ់ក្នុងកិរិយា​ដើរមើលល្បែង មហោស្រព១ ជាសំឡាញ់​ក្នុងកិរិយាប្រកបរឿយៗ នូវល្បែង​ភ្នាល់ ដែល​ជាហេតុ ជាទី​តាំងនៃសេចក្តីប្រមាទ១។ ម្នាលគហបតិបុត្ត មនុស្សជាសំឡាញ់ ក្នុងផ្លូវវិនាស មិនមែន​ជាមិត្តទេ គ្រាន់តែជាមិត្តប្លម អ្នកត្រូវ​ស្គាល់ដោយស្ថាន៤យ៉ាង​នេះឯង។ ព្រះមានព្រះភាគ ទ្រង់បានសំដែង​សេចក្តីនេះ លុះព្រះសុគត ជាសាស្តា សំដែង​សេចក្តីនេះហើយ ទើប​ទ្រង់​សំដែង​ពាក្យគាថាព័ន្ធ តទៅទៀតថា

[៦២] បុគ្គលដែលជាមិត្ត គិតយកតែប្រយោជន៍ខ្លួន១ បុគ្គលដែលជាមិត្ត ល្អតែសំដី១ បុគ្គលដែល​និយាយចាក់បណ្តោយ​ ឲ្យគាប់ចិត្ត១ បុគ្គលដែលជាសំឡាញ់​ ក្នុងផ្លូវវិនាស១ បណ្ឌិត ដឹងថាបុគ្គលទាំង៤ពួកនុ៎ះ មិនមែនជាមិត្តហើយ គប្បីចៀសវាង​ឲ្យឆ្ងាយ ដូចជា​អ្នកដំណើរ ចៀសវាងផ្លូវដែល​ប្រកបដោយភ័យ ដូច្នោះ។

[៦៣] ម្នាលគហបតិបុត្រ មនុស្ស៤ពួកនេះ អ្នកត្រូវដឹងថា ជាមិត្ត មានសន្តានល្អ គឺ​មិត្ត​មានឧបការៈ អ្នកត្រូវដឹងថា ជាមិត្តមានសន្តានល្អ១ មិត្តរួមសុខទុក្ខ អ្នកត្រូវដឹងថា ជាមិត្ត​មានសន្តានល្អ១ មិត្តប្រាប់ប្រយោជន៍ អ្នកត្រូវដឹងថា ជាមិត្តមានសន្តានល្អ១ មិត្តមាន​សេចក្តីឈឺឆ្អាល អ្នកត្រូវដឹងថា ជាមិត្តមានសន្តានល្អ១។

[៦៤] ម្នាលគហបតិបុត្រ មិត្តមានឧបការៈ ជាមិត្តមានសន្តានល្អ អ្នកត្រូវដឹង​ដោយស្ថាន​៤យ៉ាងគឺ រក្សាមិត្តដែល​ធ្វេសប្រហែស១ រក្សាសម្បត្តិរបស់មិត្ត ដែលធ្វេស​ប្រហែស១ ជាទី​ពឹងពំនាក់ នៃមិត្តដែលមានសេចក្តីភិតភ័យ១ កាលបើកិច្ចដែលត្រូវធ្វើ កើតឡើងហើយ តែងជួយផ្តល់ភោគៈ ជាទ្វិគុណ ជាងទ្រព្យដែលមិត្តត្រូវការនោះ១។ ម្នាលគហបតិបុត្ត មិត្ត​មានឧបការៈ ជាមិត្ត​មានសន្តានល្អ អ្នកត្រូវដឹង​ដោយស្ថាន​៤យ៉ាង​នេះឯង។

[៦៥] ម្នាលគហបតិបុត្រ មិត្តរួមសុខទុក្ខ ជាមិត្តមានសន្តានល្អ អ្នកត្រូវដឹង​ដោយស្ថាន​៤យ៉ាងគឺ ប្រាប់នូវអាថ៌កំបាំងរបស់ខ្លួនដល់មិត្ត១ ជួយបិទបាំងនូវ​អាថ៌កំបាំង​របស់មិត្ត១ មិនបោះបង់គ្នា ក្នុងគ្រាមានវិបត្តិ១ សូម្បីជីវិត ក៏ហ៊ានលះបង់ ដើម្បីប្រយោជន៍​ដល់មិត្ត (ស៊ូប្តូរជីវិត)១។ ម្នាលគហបតិបុត្ត មិត្តរួមសុខទុក្ខ ជាមិត្ត​មានសន្តានល្អ អ្នកត្រូវដឹង​ដោយ​ស្ថាន​៤យ៉ាង​នេះឯង។

[៦៦] ម្នាលគហបតិបុត្រ មិត្តប្រាប់ប្រយោជន៍ ជាមិត្តមានសន្តានល្អ អ្នកត្រូវដឹង​ដោយ​ស្ថាន​៤យ៉ាងគឺ ហាមមិត្តឲ្យឃ្លាតចាកអំពើអាក្រក់១ ដឹកនាំឲ្យមិត្តតំកល់​នៅតែ​ក្នុងអំពើ​ល្អ១ ឲ្យបានឮ​ពាក្យដែល​មិនធ្លាប់​បានឮ១ ប្រាប់ផ្លូវ​ឋានសួក៌១។ ម្នាលគហបតិបុត្ត មិត្ត​ប្រាប់​ប្រយោជន៍ ជាមិត្ត​មានសន្តានល្អ អ្នកត្រូវដឹង​ដោយស្ថាន​៤យ៉ាង​នេះឯង។

[៦៧] ម្នាលគហបតិបុត្រ មិត្តមានសេចក្តីឈឺឆ្អាល ជាមិត្តមានសន្តានល្អ អ្នកត្រូវដឹង​ដោយស្ថាន​៤យ៉ាងគឺ ជួយព្រួយចិត្ត ពីព្រោះមិត្ត​បានសេចក្តីវិនាស១ ជួយ​ត្រេកអរ ព្រោះ​មិត្ត​បានសេចក្តីចម្រើន១ ទទឹងទាស់នឹង​មនុស្ស ដែលពោលទោសមិត្ត១ សរសើរតែ​មនុស្ស​ ដែលពណ៌នាគុណមិត្ត១។ ម្នាលគហបតិបុត្ត មិត្តមានសេចក្តីឈឺឆ្អាល ជាមិត្ត​មានសន្តានល្អ អ្នកត្រូវដឹង​ ដោយស្ថាន​៤យ៉ាង​នេះឯង។ ព្រះមានព្រះភាគ ទ្រង់បាន​សំដែងសេចក្តីនេះ លុះព្រះសុគត ជាសាស្តា ត្រាស់​សេចក្តីនេះហើយ ទើបទ្រង់​សំដែង​ពាក្យជាគាថាព័ន្ធ តទៅទៀតថា

[៦៨] មិត្តដែលមានឧបការៈ សំឡាញ់​ដែលរួមសុខទុក្ខ មិត្តដែល​ប្រាប់​ប្រយោជន៍ មិត្ត​ដែល​​មាន​សេចក្តី​ឈឺឆ្អាល បណ្ឌិតស្គាល់ជាក់ នូវបុគ្គលទាំង៤ពួកនុ៎ះថា ជាមិត្តមែនទែន ហើយគប្បីចូលទៅអង្គុយជិតស្និទ្ធស្នាល ដូចជាមាតា និងបុត្ត ដែលកើត​ពីទ្រូង។ អ្នកប្រាជ្ញ​បរិបូណ៌ដោយសីល តែងរុងរឿង​ ដូចជាភ្លើងដែលភ្លឺដូច្នោះឯង កាលបុគ្គល​សន្សំទ្រព្យ រមែង​ធ្វើទ្រព្យ ឲ្យជាគំនរ ដូចជាឃ្មុំដូច្នោះឯង។ ភោគៈទាំង​ឡាយ តែងដល់​នូវការ​ពូន​ជាគំនរ ដូចជាដំបូក ដែលកណ្តៀរ​ កពូន ដូច្នោះឯង។ គ្រហស្ថ​ក្នុង​ត្រូកូល បាន​សន្សំ​ភោគៈទាំងឡាយ យ៉ាងនេះហើយ ទើបអាច (តាំងខ្លួន) កុលបុត្រដែល​ចែកភោគៈ​ទាំង​ឡាយជា៤ចំណែក  គឺបិរភោគភោគៈទាំងឡាយ១ចំណែក ប្រកបការងារ​ពីរចំណែក ទាំង​តំកល់​ទុកនូវ​ចំណែកទី៤  ដោយក្រែងមានអន្តរាយទាំងឡាយ (ទៅខាងមុខ) កុលបុត្រ​នោះ ទើបឈ្មោះថា ចងបាច់មិត្តទាំងឡាយបាន [ចំណែក​ទីមួយ បរិភោគ ប្រើប្រាស់ ចាយវាយ ចំណែកទី២ ទី៣ ប្រកបការងារ គឺប្រកប​កសិកម្ម និងពាណិជ្ជកម្មផ្សេងៗ ចំណែក​​ជាគំរប់៤ ទុកសម្រាប់​ការពារ​អន្តរាយផ្សេងៗ មានអន្តរាយ​អំពីស្តេច​ជាដើម។ ម្យ៉ាង​ទៀត ឲ្យរំលែក​អំពីចំណែក​ទាំង៤ នោះ ធ្វើ​កុសល ឬឲ្យជាថ្លៃគ្រឿងស្លៀកពាក់ និង​ឈ្នួលកោរកាត់ (អដ្ឋកថា)។ ]។

[៦៩] ម្នាលគហបតិ អរិយសាវ័ក បិទបាំងទិសទាំង៦ដូចម្តេច។ ម្នាល​គហបតិបុត្ត អ្នក​ត្រូវ​ដឹងទិស​ទាំង៦ ដូច្នេះគឺ មាតាបិតា អ្នកត្រូវដឹងថា ទិសខាងកើត១ អាចារ្យ អ្នកត្រូវដឹងថា ទិសខាងត្បូង១ កូននិងប្រពន្ធ អ្នកត្រូវដឹងថា ទិសខាងលិច១ មិត្តអាមាត្រ អ្នកត្រូវដឹងថា ទិសខាងជើង១ ទាសៈ និងកម្មករ [ខ្ញុំកំដរ និងអ្នកធ្វើការស៊ីឈ្នួល។] អ្នកត្រូវដឹងថា ទិសខាងក្រោម១ សមណព្រាហ្មណ៍ អ្នកត្រូវដឹងថា ទិសខាងលើ១។

[៧០] ម្នាលគហបតិបុត្ត មាតាបិតា ជាទិសខាងកើត កូនត្រូវទំនុកបំរុង ដោយ​ស្ថាន​ទាំងឡាយ​៥យ៉ាង គឺកូន​ត្រូវតាំងចិត្តថា អាត្មាអញ មាតាបិតាបានចិញ្ចឹម​រក្សាមកហើយ នឹង​ចិញ្ចឹម​មាតាបិតាវិញ១ នឹងជួយធ្វើការងាររបស់មាតាបិតា១ ទាំងតំកល់វង្សត្រកូល១ ប្រតិបត្តិឲ្យជាអ្នកសមគួរទទួលទ្រព្យមត៌កបាន១ មួយទៀត ឧទ្ទិសទក្ខិណាទាន ដល់​មាតាបិតា ដែលធ្វើកាលកិរិយា ​ទៅកាន់បរលោកហើយ១។ ម្នាលគហបតិបុត្ត មាតាបិតា ជាទិសខាងកើត ដែលកូន​ទំនុកបំរុង ដោយស្ថានទាំងឡាយ​ ៥យ៉ាងនេះឯងហើយ រមែង​អនុគ្រោះកូន ដោយស្ថានទាំងឡាយ ​៥យ៉ាង វិញដូច្នេះ គឺហាមឃាត់កូន ចាកអំពើ​អាក្រក់១ ឲ្យកូន​តម្កល់​នៅតែក្នុងអំពើល្អ១ ឲ្យកូនរៀនសូត្រសិល្បសាស្ត្រ១ ដណ្តឹង​ភរិយា​ស្វាមីសមគួរឲ្យ១ ចែកទ្រព្យឲ្យកូនក្នុងសម័យគួរ១។ ម្នាលគហបតិបុត្ត មាតាបិតា ជាទិស​ខាងកើត ដែលកូនទំនុកបំរុង ដោយស្ថាន​៥យ៉ាងនេះឯងហើយ រមែង​អនុគ្រោះកូន ដោយ​ស្ថាន៥យ៉ាងនេះ ទិសខាងកើតនោះ ដែលកូនបានបិទបាំង​ហើយ ជាទិស​មាន​សេចក្តី​ក្សេម ឥតមានភយន្តរាយយ៉ាងនេះ។

[៧១] ម្នាលគហបតិបុត្ត អាចារ្យជាទិសខាងត្បូង សិស្ស​ត្រូវប្រតិបត្តិដោយស្ថាន​៥​យ៉ាងគឺ ដោយការក្រោកឡើងទទួល១ ដោយការគាល់បំរើ១ ដោយការជឿស្តាប់ឱវាទ១ ដោយ​ការបំរើតូចៗ (មានឲ្យទឹកលុបមុខ​ និងឈើស្ទន់ជាដើម)១ ដោយការរៀន​សិល្បសាស្ត្រ​ដោយគោរព១។ ម្នាលគហបតិបុត្ត អាចារ្យជាទិសខាងត្បូង ដែលសិស្ស​ប្រតិបត្តិ ​ដោយស្ថាន៥យ៉ាងនេះឯងហើយ រមែងអនុគ្រោះសិស្ស ដោយស្ថាន​៥យ៉ាងវិញ គឺ ដឹកនាំល្អ១ ឲ្យរៀនល្អ១ ប្រៀនប្រដៅសិស្ស ឲ្យចេះត្រឹមត្រូវ ក្នុងសិល្បសាស្ត្រ​សព្វ​គ្រប់១ តែងលើកតំកើង ក្នុងទីប្រជុំមិត្តអាមាត្យ១ ធ្វើសេចក្តីការពារ ក្នុងទិសទាំងឡាយ១។ ម្នាល​គហបតិបុត្ត ពួកអាចារ្យ ជាទិសខាងត្បូង ដែលសិស្ស​ប្រតិបត្តិ ​ដោយស្ថាន៥យ៉ាង​នេះឯង​ហើយ រមែងអនុគ្រោះ​សិស្ស ដោយស្ថាន៥យ៉ាងនេះ ទិសខាងត្បូងនោះ ដែលសិស្ស​​បាន​បិទបាំងហើយ ជាទិស​មានសេចក្តីក្សេម ឥតមានភយន្តរាយយ៉ាងនេះ។

[៧២] ម្នាលគហបតិបុត្ត ភរិយាជាទិសខាងលិច ស្វាមី​ត្រូវទំនុកបម្រុង​ ដោយស្ថាន​៥​យ៉ាងគឺ ដោយការរាប់អាន ជាភរិយាពេញទី១ ដោយមិនមើលងាយ១ ដោយមិន​ប្រព្រឹត្ត​ក្បត់ចិត្ត១ ដោយប្រគល់ឲ្យជាធំ (ក្នុងការផ្ទះ)១ ដោយការឲ្យគ្រឿង​តែងខ្លួន១។ ម្នាល​គហបតិបុត្ត ភរិយាជាទិសខាងលិច ដែលស្វាមីទំនុកបម្រុង ​ដោយ​ស្ថាន​ទាំងឡាយ៥​យ៉ាង​​នេះឯង​ហើយ រមែងអនុគ្រោះស្វាមី ដោយស្ថាន​ទាំងឡាយ ៥យ៉ាងវិញ គឺ ចាត់​ចែងការងារដោយល្អ១ សង្គ្រោះ​ជនជាញាតិ​ទាំងពីរខាងដោយល្អ១ មិនប្រព្រឹត្តក្បត់១ ថែទាំ​ទ្រព្យ​ដែលស្វាមី​រក​បានមក១ ឈ្លាស មិនខ្ជិលច្រអូស ក្នុងកិច្ចការ​សព្វគ្រប់១។ ម្នាល​គហបតិបុត្ត ភរិយាជាទិសខាងលិច ដែលស្វាមីទំនុកបម្រុង​ដោយស្ថាន​៥យ៉ាង​នេះឯង​ហើយ រមែងអនុគ្រោះ​ស្វាមីដោយស្ថាន៥យ៉ាងនេះ ទិសខាងលិចនោះ ដែលស្វាមី​​បិទបាំងហើយ ជាទិស​មានសេចក្តីក្សេម ឥតមានភយន្តរាយយ៉ាងនេះ។

[៧៣] ម្នាលគហបតិបុត្ត មិត្តអាមាត្យជាទិសខាងជើង កុលបុត្ត​ ត្រូវប្រតិបត្តិ​ដោយ​ស្ថាន​​៥​យ៉ាងគឺ ដោយការឲ្យរបស់១ ដោយការនិយាយតែពាក្យគាប់ចិត្ត១ ដោយការប្រព្រឹត្តិ ឲ្យជាប្រយោជន៍១ ដោយការប្រព្រឹត្តិខ្លួនស្មើ១ ដោយការមិនកុហកបញ្ឆោត១។ ម្នាល​គហបតិបុត្ត មិត្តអាមាត្យជាទិសខាងជើង ដែលកុលបុត្ត​ប្រតិបត្តិ​ដោយស្ថាន៥យ៉ាង​នេះ​ឯង​ហើយ រមែងអនុគ្រោះកុលបុត្ត ដោយ​ស្ថាន​​៥យ៉ាង គឺ រក្សាមិត្តដែលធ្វេសប្រហែស១ ជួយថែទាំទ្រព្យសម្បត្តិ របស់មិត្ត​ដែលធ្វេស​ប្រហែស១ ជាទីពឹងរបស់មិត្តដែល​មានភ័យ១ មិនបោះបង់​គ្នាក្នុងគ្រា​វិបត្តិ១ រាប់អាន​រហូត​ដល់ផៅពង្សរបស់មិត្ត១។ ម្នាលគហបតិបុត្ត មិត្តអាមាត្យ ជាទិសខាងជើង ដែលកុលបុត្ត​ប្រតិបត្តិ ​ដោយស្ថាន៥យ៉ាង​នេះឯង​ហើយ រមែងអនុគ្រោះ​កុលបុត្ត ដោយ​ស្ថាន​៥យ៉ាងនេះ ទិសខាងជើងនោះ ដែលកុលបុត្ត​បាន​បិទបាំងហើយ ជាទិស​មានសេចក្តី​ក្សេម ឥតមានភយន្តរាយយ៉ាងនេះ។

[៧៤] ម្នាលគហបតិបុត្ត ទាសៈ និងកម្មករ ជាទិសខាងក្រោម ចៅហ្វាយនាយ​ ត្រូវ​ទំនុកបម្រុង​ ដោយស្ថាន​៥​យ៉ាងគឺ ដោយការចាត់ចែងការងារសមគួរ ​តាមកំឡាំង១ ដោយ​ការឲ្យ​នូវភត្តាហារ និងថ្លៃឈ្នួល១ ដោយការព្យាបាល ក្នុងវេលាឈឺថ្កាត់១ ដោយការចែក​រំលែក​នូវរបស់​ មានរស​ត្រកាលចំឡែក១ ដោយការឲ្យឈប់​សម្រាក​ក្នុងសម័យគួរ១។ ម្នាលគហបតិបុត្ត ទាសៈ និងកម្មករ ជាទិសខាងក្រោម ដែលចៅហ្វាយ​នាយ​ទំនុកបម្រុង ​ដោយស្ថាន៥យ៉ាងនេះឯងហើយ រមែងអនុគ្រោះ​ចៅហ្វាយនាយ ដោយ​ស្ថាន​៥យ៉ាង គឺ ក្រោកឡើងធ្វើការងារមុនចៅហ្វាយនាយ១ ឈប់ធ្វើការងារ​ក្រោយ​ចៅហ្វាយនាយ១ កាន់​យក​តែរបស់ដែលចៅហ្វាយនាយ​ឲ្យ១ ធ្វើការងាររបស់​ចៅហ្វាយ​នាយ ដោយយកចិត្តទុក​ដាក់១ នាំកិត្តិគុណរបស់ចៅហ្វាយនាយ ទៅថ្លែង​ក្នុងទីនោះៗ១។ ម្នាលគហបតិបុត្ត ទាសៈ និងកម្មករ ជាទិសខាងក្រោម ដែលចៅហ្វាយនាយទំនុកបម្រុង ​ដោយ​ស្ថាន៥​យ៉ាង​នេះឯង​ហើយ រមែងអនុគ្រោះ​ចៅហ្វាយនាយ ដោយស្ថាន៥យ៉ាងនេះ ទិសខាង​ក្រោមនុ៎ះ ដែលចៅហ្វាយនាយ ​បានបិទបាំងហើយ ជាទិស​មានសេចក្តីក្សេម ឥតមាន​ភយន្តរាយ​យ៉ាងនេះ។

[៧៥] ម្នាលគហបតិបុត្ត សមណព្រាហ្មណ៍ ជាទិសខាងលើ កុលបុត្តត្រូវផ្គត់ផ្គង់​ ដោយស្ថាន​៥​យ៉ាងគឺ ដោយកាយកម្ម ប្រកបដោយមេត្តា១ ដោយវចីកម្ម ប្រកបដោយ​មេត្តា១ ដោយមនោកម្ម ប្រកបដោយមេត្តា១ ជាអ្នកមិនបិទទ្វារ [អដ្ឋកថា ថា ទ្វារផ្ទះ​បើកទាំងអស់ក្តី បិទទាំងអស់ក្តី បើមិនឲ្យអ្វី ឬធ្វើល្អអ្វី ដល់អ្នកមានសីលសោះ ក៏ឈ្មោះថា បិទទ្វារដែរ បើឲ្យ ឬធ្វើ​ល្អអ្វី ដល់អ្នកមានសីល ក៏ឈ្មោះថា បើកហើយ។] ផ្ទះ១ ដោយកិរិយាឲ្យអាមិសទាន១។ ម្នាលគហបតិបុត្ត សមណព្រាហ្មណ៍ ជាទិសខាងលើ ដែលកុលបុត្ត ទំនុកបម្រុង ​ដោយស្ថាន៥យ៉ាងនេះឯងហើយ រមែងអនុគ្រោះកុលបុត្ត ដោយ​ស្ថាន​៦យ៉ាង គឺ ហាមឃាត់កុលបុត្ត ចាកអំពើអាក្រក់១ ឲ្យតាំងនៅតែក្នុងអំពើល្អ១ អនុគ្រោះ​ដោយចិត្តដ៏ល្អ១ ឲ្យបានស្តាប់ពាក្យ ដែល​មិនធ្លាប់ស្តាប់១ បំភ្លឺសេចក្តី​ ដែល​ធ្លាប់​ស្តាប់ហើយ១ ប្រាប់ផ្លូវសួគ៌១។ ម្នាលគហបតិបុត្ត សមណព្រាហ្មណ៍ ជាទិសខាងលើ ដែលកុលបុត្តផ្គត់ផ្គង់ ​ដោយស្ថាន៥យ៉ាង​នេះឯង​ហើយ រមែងអនុគ្រោះ​កុលបុត្ត ដោយ​ស្ថាន​៦យ៉ាងនេះ ទិសខាងលើនុ៎ះ ដែលកុលបុត្ត​បានបិទបាំងហើយ ជាទិស​មានសេចក្តី​ក្សេម ឥតមានភយន្តរាយយ៉ាងនេះ។ ព្រះមានព្រះភាគ បានសំដែង​សេចក្តី​នេះ ព្រះសុគត ជាសាស្តា លុះសំដែង​សេចក្តីនេះហើយ ទ្រង់ត្រាស់​ពាក្យជាគាថាព័ន្ធ តទៅទៀតថា

[៧៦] មាតាបិតា ជាទិសខាងកើត អាចារ្យ ជាទិសខាងត្បូង កូនប្រពន្ធ ជាទិស​ខាង​លិច មិត្តអាមាត្យ ជាទិសខាងជើង ទាសៈ និងកម្មករ ជាទិសខាងក្រោម សមណ​ព្រាហ្មណ៍ ជាទិសខាងលើ គ្រហស្ថក្នុងត្រកូល ដែលអាចគ្រប់គ្រង​ផ្ទះ គប្បី​នមស្ការ​ទិស​ទាំង​ឡាយ​នុ៎ះ។ បណ្ឌិត [អដ្ឋកថា ថា បណ្ឌិត​មានប្រាជ្ញាវៃ ក្នុងស្ថានជាទីសំពះ​ទិស។] បរិបូណ៌​ដោយសីល មានវាចាដ៏ពីរោះ មានប្រាជ្ញាវៃ [អដ្ឋកថា ថា បណ្ឌិត​មានប្រាជ្ញាវៃ ក្នុងស្ថាន​ជាទីសំពះ​ទិស។] មានកិរិយាប្រព្រឹត្តឱនលំទោន ជាប្រក្រតី មិនរឹងត្អឹង បុគ្គល​មាន​សភាពដូច្នោះ រមែងបានយស បុគ្គល​មានព្យាយាម រវៀស​រវៃ មិនខ្ជិលច្រអូស រមែង​មិនញាប់ញ័រ​ក្នុងអន្តរាយទាំងឡាយ បុគ្គលមានកិរិយា​ប្រព្រឹត្តឥតចន្លោះ មានប្រាជ្ញា​វាងវៃ បុគ្គល​មានសភាពដូច្នោះ រមែងបានយស។ បុគ្គល​មានសេចក្តីសង្គ្រោះ ជាអ្នក​ចង​មិត្ត ជាអ្នកដឹងដំណើរពាក្យ [សំដៅយកមនុស្សនាំពាក្យ​ខ្លួន ដែល​បានថាឲ្យរបស់អ្វី ដល់​សំឡាញ់ហើយ ក៏ឲ្យទាល់តែបាន ដឹងចិត្តសំឡាញ់ថា ចង់បានអ្វី ក៏ឲ្យរបស់​នោះ ឬដឹងថា សំឡាញ់ខ្វះខាតអ្វី ក៏ឲ្យ​របស់នោះ។] ជាអ្នកប្រាសចាក​សេចក្តីកំណាញ់ ជាអ្នកដឹកនាំ ពន្យល់​​ការណ៍ផ្សេងៗ ជាអ្នក​ណែនាំ​រឿយៗ បុគ្គល​មានសភាពដូច្នោះ រមែង​បានយស។ ទាន១ ពាក្យពីរោះ១ សេចក្តីប្រព្រឹត្ត​ ជាប្រយោជន៍​ក្នុងលោកនេះ១ ភាវៈជាអ្នក​មានចិត្ត​ស្មើ ក្នុងធម៌ទាំងឡាយ និងក្នុងបុគ្គល​នោះៗ តាមសមគួរ១។ សង្គហធម៌ ទាំងនេះ (មាន​ក្នុងលោក ទើបលោកប្រព្រឹត្តទៅបាន) ដូចជារថមានប្រែកទប់ ទើបប្រព្រឹត្តទៅ​បាន ដូច្នោះ​ឯង បើ​សង្គហធម៌ ទាំងនេះមិនមាន​ហើយ មាតាក្តី បិតាក្តី ក៏មិនបាននូវ​សេចក្តី​រាប់អាន និងការបូជា អំពីកិច្ច​ដែល​កូនត្រូវធ្វើ។ ព្រោះហេតុតែ​អ្នកប្រាជ្ញាទាំងឡាយ សំឡឹង​ឃើញ សង្គហធម៌ ទាំងនោះដោយប្រពៃ ហេតុនោះ បានជាលោក​ដល់នូវភាវៈ​ជា​ធំផង គួរគេសរសើរផង។

[៧៧] កាលបើព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ សិង្គាលកគហបតិបុត្ត បាន​ក្រាបបង្គំទូល ព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ពីរោះណាស់ បពិត្រ​ព្រះអង្គដ៏ចំរើន ពីរោះណាស់ បពិត្រព្រះអង្គដ៏ចំរើន ធម៌ដែល​ព្រះអង្គសំដែង​ហើយ ដោយ​អនេកបរិយាយ យ៉ាងនេះ (ភ្លឺច្បាស់ណាស់) ដូចជាមនុស្ស ផ្ងាររបស់ដែល​គេផ្កាប់ ឬដូច​គេបើកបង្ហាញ របស់ដែល​បិទបាំង ឬក៏ដូចគេប្រាប់ផ្លូវ​ ដល់អ្នកវង្វេងទិស ពុំនោះ​សោត ដូច​ជាគេទ្រោលប្រទីប ក្នុងទីងងឹត ដោយគិតថា មនុស្សអ្នកមានចក្ខុ​ទាំងឡាយ រមែង​ឃើញ ​នូវរូបទាំងឡាយ ខ្ញុំព្រះអង្គនោះ​ សូមដល់​នូវ​ព្រះមានព្រះភាគ​ផង ព្រះធម៌ផង ព្រះសង្ឃ​ផង ថាជាសរណៈ ចាប់ដើមតាំងពីថ្ងៃនេះទៅ សូម​ព្រះមាន​ព្រះភាគ ទ្រង់ជ្រាប​នូវ​ខ្ញុំព្រះអង្គថា ជាឧបាសក ដល់នូវសរណៈស្មើដោយជីវិត ចាប់​ដើមតាំងពីថ្ងៃនេះ​រៀង​ទៅ។

ចប់ សិង្គាលកសូត្រ ទី៨។

អាដានាដិយសូត្រ ទី៩

[៧៨] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់លើភ្នំគិជ្ឈកូដ ជិតក្រុងរាជគ្រឹះ។ លំដាប់នោះឯង ស្តេចធំទាំង៤អង្គ តាំងការរក្សាទុក​ក្នុងទិសទាំង៤ តាំង​កងពលទុក ក្នុងទិសទាំង៤ តាំងបុគ្គល​ជាអ្នកត្រួត​ត្រាទុក ក្នុងទិសទាំង៤ ដោយ​សេនាយក្ខ ដ៏ច្រើន ដោយសេនាគន្ធព្វដ៏ច្រើន ដោយសេនា​កុម្ភណ្ឌដ៏ច្រើន ដោយ​សេនានាគ​ដ៏ច្រើន កាលវេលារាត្រី (បឋមយាម) កន្លងទៅហើយ (ស្តេចទាំងនោះ) មានពន្លឺដ៏រុងរឿង ញុំាងភ្នំគិជ្ឈកូដទាំងមូលឲ្យភ្លឺហើយ ក៏ចូលទៅគាល់​ព្រះមានព្រះភាគ​ក្នុងទីនោះ លុះចូលទៅដល់ហើយ ទើប​ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ដោយគោរព ហើយអង្គុយក្នុងទីដ៏សមគួរ។ ឯយក្ខទាំងឡាយនោះ ពួកខ្លះថ្វាយបង្គំ​ព្រះមានព្រះភាគ ដោយគោរព ហើយអង្គុយក្នុងទីដ៏សមគួរ ពួកខ្លះ គ្រាន់តែពោលពាក្យ​រាក់ទាក់ សំណេះ​សំណាល ជាមួយនឹងព្រះមានព្រះភាគ លុះបញ្ចប់ពាក្យដែល​គួររីករាយ នឹងពាក្យដែល​គួរ​រលឹកហើយ ក៏អង្គុយក្នុងទីដ៏សមគួរ ពួកខ្លះ គ្រាន់តែអង្គុយ​ប្រណម្យអញ្ជលី ចំពោះ​ព្រះមានព្រះភាគ ក្នុងទីដ៏សមគួរ ពួកខ្លះ គ្រាន់តែប្រកាសនាម និងគោត្រ អង្គុយ​ក្នុង​ទីសមគួរ ពួកខ្លះ គ្រាន់តែអង្គុយស្ងៀម ក្នុងទីដ៏សមគួរ។

[៧៩] ស្តេចជាធំឈ្មោះវេស្សវ័ណ គង់នៅក្នុងទីដ៏សមគួរហើយ ក្រាបបង្គំទូល​ព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ពួកយក្ខជាន់ខ្ពស់ មិនជ្រះថ្លាចំពោះ​ព្រះមានព្រះភាគ ក៏មាន ពួកយក្ខជាន់ខ្ពស់ ជ្រះថ្លាចំពោះ​ព្រះមានព្រះភាគ ក៏មាន បពិត្រ​ព្រះអង្គដ៏ចំរើន បពិត្រព្រះអង្គដ៏ចំរើន ពួកយក្ខជាន់កណ្តាល មិនជ្រះថ្លាចំពោះ​ព្រះមានព្រះភាគ ក៏មាន ពួកយក្ខជាន់កណ្តាល ជ្រះថ្លាចំពោះ​ព្រះមានព្រះភាគ ក៏មាន បពិត្រព្រះអង្គដ៏ចំរើន ពួកយក្ខជាន់ទាប មិនជ្រះថ្លាចំពោះ​ព្រះមានព្រះភាគ ក៏មាន បពិត្រ​ព្រះអង្គដ៏ចំរើន ពួកយក្ខជាន់ទាប ជ្រះថ្លាចំពោះ​ព្រះមានព្រះភាគ ក៏មាន។ បពិត្រព្រះអង្គ​ដ៏​ចំរើន ឯយក្ខដែលមិនជ្រះថ្លា ចំពោះ​ព្រះមានព្រះភាគ ច្រើនណាស់ ការនោះ​ព្រោះ​ហេតុអ្វី បពិត្រព្រះអង្គដ៏ចំរើន ព្រោះថា ព្រះមានព្រះភាគ ទ្រង់សំដែងធម៌ ដើម្បីឲ្យវៀរ​ចាក​បាណាតិបាត ទ្រង់សំដែងធម៌ ដើម្បី​ឲ្យវៀរចាក​អទិន្នាទាន ទ្រង់សំដែងធម៌ ដើម្បី​ឲ្យវៀរចាកកាមេសុមិច្ឆាចារ ទ្រង់សំដែងធម៌ ដើម្បីឲ្យវៀរចាកមុសាវាទ ទ្រង់សំដែងធម៌ ដើម្បីឲ្យវៀរចាកទឹកស្រវឹង គឺសុរា និងមេរ័យ ដែលជាហេតុ ជាទីតាំងនៃសេចក្តីប្រមាទ។ បពិត្រព្រះអង្គដ៏ចំរើន ចំណែកខាងយក្ខទាំង​ឡាយ ច្រើនតែ​មិនវៀរចាកបាណាតិបាត​សោះ មិនវៀរចាកអទិន្នាទានសោះ មិនវៀរចាកកាមេសុមិច្ឆាចារសោះ មិនវៀរចាក​មុសាវាទ​សោះ មិនវៀរចាកទឹកស្រវឹង គឺសុរា​ និងមេរ័យ ដែលជាហេតុ ជាទីតាំង​នៃ​សេចក្តីប្រមាទសោះ បានជាពួកយក្ខទាំង​នោះ មិនគាប់ចិត្ត មិនពេញចិត្ត​នឹង​ការវៀរ​នោះ។ បពិត្រព្រះអង្គដ៏ចំរើន ពួកសាវ័ក​របស់​ព្រះមានព្រះភាគ អាស្រ័យនៅសេនាសនៈ​ស្ងាត់ ដែលតាំងនៅក្នុងព្រៃ មានសូរសព្ទគឹក​កងរំពងតិច ប្រាសចាកសំដីរបស់​មនុស្ស​អ្នក​ដើរទៅមក សមគួរដល់ការកំបាំង​អំពី​ពួកមនុស្ស ជាទីគួរ​ដល់ការលាក់ខ្លួន ពួកអាត្មាបាន ពួកយក្ខជាន់ខ្ពស់ តែងនៅជានិច្ច​ក្នុងព្រៃនោះ (គេ) មិនជ្រះថ្លាក្នុងសាសនា របស់​ព្រះមានព្រះភាគ ក៏មាន បពិត្រព្រះអង្គដ៏ចំរើន ព្រោះហេតុនោះ សូមព្រះមានព្រះភាគ ប្រៀនប្រដៅ នូវ​ព្រះបរិត្ត​សម្រាប់រក្សាក្នុងនគរឈ្មោះអាដានាដា ដល់ភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកា ដើម្បីឲ្យយក្ខ​ទាំងនោះជ្រះថ្លា ដើម្បីការគ្រប់គ្រងរក្សា ដើម្បីមិនបៀតបៀនគ្នា ដើម្បីនៅសប្បាយ។ ព្រះមានព្រះភាគ ទ្រង់ទទួលនិមន្ត ដោយតុណ្ហីភាព។ លំដាប់នោះ ស្តេចជាធំ ឈ្មោះ​វេស្សវ័ណ ជ្រាបនូវ​ការទទួលនិមន្តព្រះមានព្រះភាគ ហើយទើបសំដែង​នូវ​ព្រះបរិត្ត​សម្រាប់​រក្សា ដែលជាប់ទាក់ទង ក្នុងអាដានាដានគរនេះ ក្នុងវេលានោះ។

[៨០] សូមនមស្ការ ចំពោះព្រះសម្មាសម្ពុទ្ធ ទ្រង់ព្រះនាមវិបស្សី ព្រះអង្គមានចក្ខុ [អដ្ឋកថា ថា ព្រះពុទ្ធទាំង៧អង្គ​ សុទ្ធតែមានចក្ខុដូចគ្នា។ នាមដទៃទៀត មានអនុគ្រោះ​សត្វ​ទាំង​ពួង​ជាដើមក្តី នាមជាអសំខេយ្យដទៃក្តី ក៏មានក្នុងព្រះពុទ្ធ​គ្រប់ព្រះអង្គដែរ តែក្នុង​ទីនេះ បាន​ជាផ្សេងគ្នា ព្រោះព្រះបាទវេស្សវ័ណនមស្ការ តាមចាំបាន តាមនឹកឃើញ។] ព្រះអង្គមាន​សិរី សូមនមស្ការ ចំពោះព្រះសម្មាសម្ពុទ្ធ ទ្រង់ព្រះនាមសិខី ព្រះអង្គមានសេចក្តីអនុគ្រោះ ដល់សត្វទាំងពួងជាប្រក្រតី។ សូមនមស្ការ ចំពោះព្រះសម្មាសម្ពុទ្ធ ទ្រង់ព្រះនាមវេស្សភូ ព្រះអង្គជម្រះកិលេស​ចេញ​ហើយ ព្រះអង្គមានតបធម៌ សូមនមស្ការ ចំពោះ​ព្រះសម្មាសម្ពុទ្ធ ទ្រង់ព្រះនាមកកុសន្ធៈ ព្រះអង្គញាំញីនូវមារ ព្រមទាំងសេនានៃមារ។ សូម​នមស្ការ ចំពោះព្រះសម្មាសម្ពុទ្ធ ទ្រង់ព្រះនាមកោនាគមនៈ ព្រះអង្គមានបាបបន្សាត់​បង់​ហើយ មានព្រហ្មចរិយធម៌នៅ​រួចហើយ [ព្រះអង្គសម្រេច​សោឡសកិច្ចរួចហើយ គឺ​ព្រះអង្គលះកិលេសអស់ហើយ។] សូមនមស្ការ ចំពោះព្រះសម្មាសម្ពុទ្ធ ទ្រង់ព្រះនាម​កស្សប ព្រះអង្គរួចផុតស្រឡះ ចាកកិលេស​ទាំងពួងហើយ។ សូមនមស្ការ ចំពោះ​ព្រះសម្មាសម្ពុទ្ធ ជាសក្យបុត្ត ទ្រង់​មានព្រះកាយផ្សាយចេញនូវព្រះរស្មី ទ្រង់មានសិរី ដែល​សំដែងធម៌នេះ ជាគ្រឿង​បន្ទោបង់​សេចក្តីទុក្ខទាំងពួង។ មួយទៀត ព្រះសម្មាសម្ពុទ្ធ​ទាំងឡាយ អង្គណា ព្រះអង្គរលត់​កិលេសហើយ ទ្រង់ឃើញច្បាស់នូវធម៌ តាមសេចក្តីពិត ក្នុងលោក ព្រះសម្មាសម្ពុទ្ធទាំងនោះ ជាព្រះខីណាស្រព ព្រះអង្គមិនមានសេចក្តីញុះញង់​ស៊កសៀត (ទ្រង់ប្រសើរដោយគុណ) មិនក្លៀវក្លា (ដោយកិលេស)។ ទេវតា និង​មនុស្ស​ទាំងឡាយ តែងនមស្ការព្រះសម្មាសម្ពុទ្ធ ជាគោតមគោត្រ ព្រះអង្គជាប្រយោជន៍​ ដល់​ទេវតា និង​មនុស្ស​ទាំងឡាយ ទ្រង់បរិបូណ៌ដោយវិជ្ជា និងចរណៈ ទ្រង់ប្រសើរ​ដោយគុណ ព្រះអង្គ​ឥតមានសេចក្តីព្រឺស្ញើប។

[៨១] ព្រះអាទិត្យ មានរស្មីដ៏ក្លៀវក្លា រះឡើងអំពីទិសណា មានមណ្ឌលធំ (ក្នុងទីនោះ) កាលព្រះអាទិត្យរះឡើងហើយ រាត្រីក៏បាត់ទៅ។ មួយទៀត កាលព្រះអាទិត្យ​រះ​ឡើង​ហើយ មហាជន នាំគ្នាហៅថាថ្ងៃ សូម្បីអន្លង់ទឹក ក្នុងទីដែលព្រះអាទិត្យរះឡើង​នោះ ជា​សមុទ្រ​ដ៏ជ្រៅ មានទឹកហូរទៅ (ពីទីផ្សេងៗ) ជនទាំងឡាយ តែងសម្គាល់​នូវ​អន្លង់​ទឹកនោះ ត្រង់កន្លែងដែលព្រះអាទិត្យរះឡើងនោះ ថាជាសមុទ្រ មានទឹកហូរ​ទៅយ៉ាង​នេះ។ ស្តេច​ជាធំ ដ៏ទ្រង់យស ទ្រង់រក្សាទិសណា មហាជន តែងហៅទិសនោះ ថាបុរិមទិស អំពីភ្នំ​សិនេរុ​នោះ ទ្រង់ជាអធិបតី លើគន្ធព្វទាំងឡាយ មានព្រះនាមថា ធតរដ្ឋ មានពួក​គន្ធព្វ​ហែហម ទ្រង់ត្រេកត្រអាលដោយរបាំ និងចម្រៀង។ ព្រះរាជបុត្ត របស់​ស្តេចជាធំនោះ មានច្រើនដល់ម្ល៉ោះ ខ្ញុំព្រះអង្គបានស្តាប់មកថា មាននាមដូចៗគ្នា ព្រះរាជបុត្តទាំង​៩១​ព្រះអង្គ សឹងមាននាមថាឥន្ទៈ មានកំឡាំង​ច្រើន ឯព្រះរាជបុត្តទាំងនោះ ឃើញ​ព្រះពុទ្ធ​ជា​អាទិច្ចវង្ស ទ្រង់ភ្ញាក់អំពីការ​ដេកលក់ គឺអវិជ្ជា ទ្រង់ប្រសើរ (ដោយគុណ) ឥតមាន​សេចក្តី​ព្រឺស្ញើប ក៏នមស្ការអំពីចម្ងាយ។ បពិត្រព្រះអង្គ ជាបុរសអាជានេយ្យ ខ្ញុំព្រះអង្គសូម​នមស្ការ ចំពោះ​ព្រះអង្គ បពិត្រព្រះអង្គ ជាបុរស​ខ្ពង់​ខ្ពស់ ខ្ញុំព្រះអង្គសូមនមស្ការ ចំពោះ​ព្រះអង្គ សូម្បីអមនុស្សទាំងឡាយ ក៏រមែង​ថ្វាយបង្គំ​ព្រះអង្គថា ព្រះអង្គទតព្រះនេត្រ​មើល​មហាជន ដោយសព្វញ្ញុត្តញ្ញាណដ៏ផូរផង់។ ពួកខ្ញុំ​ព្រះអង្គ បានស្តាប់មកយ៉ាងនេះរឿយៗ ព្រោះហេតុនោះ ពួកខ្ញុំព្រះអង្គតែងនិយាយ​យ៉ាងនេះថា អ្នកទាំងឡាយ ថ្វាយបង្គំ​ព្រះជិនស្រី ដែលជាគោតមគោត្រឬ (ព្រះរាជបុត្ត​ទាំងនោះ តបថា) យើងខ្ញុំទាំងឡាយ ថ្វាយបង្គំព្រះជិនស្រី ជាគោតមគោត្រ យើងខ្ញុំ​ទាំងឡាយ ថ្វាយបង្គំព្រះពុទ្ធគោតមគោត្រ ទ្រង់បរិបូណ៌ដោយវិជ្ជា និងចរណៈ។

[៨២] ជនជាអ្នកមានពាក្យញុះញង់ ស៊កសៀត ជាអ្នកតិះដៀលគេ ក្នុងទីកំបាំង​មុខ ដូចជាជនអ្នកស៊ីសាច់ខ្នង ជាអ្នកសម្លាប់សត្វ ជាអ្នកធ្វើអំពើអាក្រក់ ជាចោរ ជាមនុស្ស​មានកល​ លលួង ជនទាំងនោះ លុះធ្វើកាលកិរិយាទៅហើយ គេតែងថា (ឲ្យនាំទៅ) តាម​ទិស​ណា [គេតែងនាំមនុស្សអាក្រក់ធ្វើទោស ឬសម្លាប់ដុតចោលនៅទិសខាងត្បូង (អដ្ឋកថា)]។ ស្តេចជាធំទ្រង់យស ទ្រង់រក្សានូវទិសណា មហាជន តែងនាំគ្នា​ហៅ​ទិស​នោះ​ថា ទក្ខិណាទិស (រាប់) អំពីភ្នំសិនេរុមក ស្តេចនោះ ជាអធិបតី លើកុម្ភណ្ឌទាំងឡាយ ទ្រង់ព្រះនាម វិរុឡ្ហៈ ដែលមានពួកកុម្ភណ្ឌចោមរោមហើយ ទ្រង់ត្រេកអរ ដោយរបាំ និង​ចម្រៀង​ទាំងឡាយ។ ព្រះរាជបុត្ត របស់​ស្តេចនោះ មានច្រើនក៏មែន តែខ្ញុំព្រះអង្គ​បាន​ស្តាប់​មកថា មានព្រះនាមដូចៗគ្នា ព្រះរាជបុត្តទាំង​៩១ព្រះអង្គ សុទ្ទតែមានព្រះនាម​ថា​ឥន្ទៈ ទ្រង់មានកំឡាំង​ច្រើន ក៏ឯព្រះរាជបុត្តទាំងនោះ ឃើញព្រះអាទិច្ចវង្ស ព្រះអង្គភ្ញាក់​ហើយ អំពីការ​ដេកលក់ គឺអវិជ្ជា ទ្រង់ប្រសើរ (ដោយគុណ) ឥតមានសេចក្តីព្រឺស្ញើប ក៏នមស្ការអំពីចម្ងាយ។ បពិត្រព្រះអង្គ ជាបុរស​អាជានេយ្យ ខ្ញុំព្រះអង្គសូមនមស្ការ ចំពោះ​ព្រះអង្គ បពិត្រព្រះអង្គ ជាបុរស​ឧត្តម ខ្ញុំព្រះអង្គសូមនមស្ការ ចំពោះ​ព្រះអង្គ សូម្បី​អមនុស្ស​ទាំងឡាយ ក៏រមែង​ថ្វាយបង្គំ​ព្រះអង្គថា ព្រះអង្គទតព្រះនេត្រមើលមហាជន ដោយ​សព្វញ្ញុត្តញ្ញាណដ៏ផូរផង់។ ខ្ញុំ​ព្រះអង្គ បានស្តាប់មកយ៉ាងនេះរឿយៗ ព្រោះ​ហេតុ​នោះ ពួកខ្ញុំព្រះអង្គនិយាយ​យ៉ាងនេះថា អ្នកទាំងឡាយ នមស្ការចំពោះ​ព្រះជិនស្រី ជា​គោតមគោត្រឬ (ព្រះរាជបុត្ត​ទាំងនោះ តបថា) យើងខ្ញុំទាំងឡាយ ថ្វាយបង្គំព្រះជិនស្រី ជា​គោតមគោត្រ យើងខ្ញុំ​ទាំង​ឡាយ ថ្វាយបង្គំព្រះសម្ពុទ្ធ ជាគោតមគោត្រ ទ្រង់បរិបូណ៌​ដោយ​វិជ្ជា និងចរណៈ។

[៨៣] ព្រះអាទិត្យ មានរស្មីដ៏ក្លៀវក្លា អស្តង្គតទៅក្នុងទីណា មានមណ្ឌលដ៏ធំ ក្នុងទីនោះ កាលដែលព្រះអាទិត្យអស្តង្គតទៅហើយ ពេលថ្ងៃក៏បាត់ទៅ កាលបើ​ព្រះអាទិត្យ​អស្តង្គត​ទៅហើយ មហាជន នាំគ្នាហៅថាយប់។ សូម្បីអន្លង់ទឹក ត្រង់កន្លែងដែល​ព្រះអាទិត្យ​អស្តង្គត​​នោះ ជាសមុទ្រដ៏ជ្រៅ មានទឹកហូរទៅ ជន​ទាំង​ឡាយ តែងសម្គាល់​នូវ​អន្លង់​ទឹកនោះ ត្រង់កន្លែងដែលព្រះអាទិត្យអស្តង្គតនោះ ថាជា​សមុទ្រ មានទឹកហូរ​ទៅយ៉ាង​នេះ។ ស្តេចជាធំ ទ្រង់យស ទ្រង់រក្សាទិសណា មហាជន តែងហៅទិសនោះ ថាបច្ឆិមទិស អំពីភ្នំសិនេរុមក ស្តេច​ជាធំនោះ ជាអធិបតី លើនាគទាំងឡាយ ទ្រង់ព្រះនាមថា វិរូបក្ខៈ ដែលមានពួកនាគចោមរោមហើយ ទ្រង់ត្រេកអរ ដោយពួករបាំ និងចម្រៀង។ ព្រះរាជបុត្ត​ទាំងឡាយ របស់​ស្តេចវិរូបក្ខៈនោះ មានច្រើនក៏មែន តែខ្ញុំព្រះអង្គបានស្តាប់មកថា មាន​ឈ្មោះដូចៗគ្នា ព្រះរាជបុត្តទាំង​៩១ព្រះអង្គ ក៏ព្រះនាមថាឥន្ទៈ សុទ្ធតែមានកំឡាំង​ច្រើន ឯព្រះរាជបុត្តទាំងនោះ លុះឃើញ​ព្រះសម្ពុទ្ធ ជាអាទិច្ចវង្ស ទ្រង់ភ្ញាក់ហើយ ចាកការ​ដេកលក់ គឺអវិជ្ជា ទ្រង់ប្រសើរ (ដោយគុណ) ឥតមានសេចក្តីព្រឺស្ញើប ក៏នាំគ្នា​នមស្ការ​អំពីចម្ងាយ។ បពិត្រព្រះអង្គ ជាបុរសអាជានេយ្យ ខ្ញុំព្រះអង្គសូមនមស្ការ ចំពោះ​ព្រះអង្គ បពិត្រព្រះអង្គ ជាបុរស​ដ៏ខ្ពង់​ខ្ពស់ ខ្ញុំព្រះអង្គសូមនមស្ការ ចំពោះ​ព្រះអង្គ សូម្បី​អមនុស្ស​ទាំងឡាយ ក៏រមែង​ថ្វាយបង្គំ​ព្រះអង្គថា ទ្រង់ទតព្រះនេត្រមើលមហាជន ដោយ​សព្វញ្ញុត្តញ្ញាណ​ដ៏ផូរផង់។ ពួកខ្ញុំ​ព្រះអង្គ បានស្តាប់មកយ៉ាងនេះរឿយៗ ព្រោះហេតុនោះ ខ្ញុំព្រះអង្គតែងនិយាយ​យ៉ាងនេះ​ថា អ្នកទាំងឡាយ នមស្ការ​ព្រះជិនស្រី ជាគោតមគោត្រឬ (ព្រះរាជបុត្ត​ទាំងនោះ តបថា) យើងខ្ញុំទាំងឡាយ នមស្ការចំពោះព្រះជិនស្រី ជា​គោតម​គោត្រ យើងខ្ញុំ​ទាំងឡាយ នមស្ការព្រះពុទ្ធ ជាគោតមគោត្រ ទ្រង់បរិបូណ៌ដោយវិជ្ជា និង​ចរណៈ។

[៨៤] ឧត្តរកុរុទ្វីប ជាទីរីករាយ មានភ្នំសិនេរុដ៏ធំ គួរជាទីមើល [ភ្នំសិនេរុ គួរជាទីមើល ព្រោះប្រដាប់ដោយរតនវត្ថុ ដូច្នេះ គឺទិសខាងកើត ប្រដាប់ដោយ​ប្រាក់ ទិសខាង​ត្បូង ប្រដាប់ដោយកែវមណី ទិស​ខាងលិចប្រដាប់ដោយកែវផ្លេក ទិសខាង​ជើង​ប្រដាប់ដោយ​មាស (អដ្ឋកថា)។] តាំងនៅក្នុងទីណា ពួកមនុស្ស​កើតក្នុងឧត្តរកុរុទ្វីបនោះ ឥតមានប្រកាន់​របស់អ្វីថា ជារបស់ខ្លួនឡើយ។ មនុស្ស​ទាំងអម្បាលនោះ មិនចាំបាច់​ព្រោះ​ពូជ មិនចាំ​បាច់នាំនង្គ័លចេញទៅ (ដោយគិតថា អាត្មាអញនឹង​ភ្ជួរក្នុងទីនោះៗ) បរិភោគ​តែស្រូវ​សាលី ដែលកើតឯងក្នុងព្រៃ ជាស្រូវ​មិនមានកុណ្ឌក មិនមានអង្កាម ស្អាត មានក្លិន​ក្រអូប ផ្លែចេញជាអង្ករ មនុស្សទាំងឡាយ ដាក់អង្ករនោះក្នុងឆ្នាំង ចំអិនដោយ​ភ្លើង​ឥតផ្សែង [សេចក្តី​ដំណាលថា មនុស្សក្នុងស្រុកនោះ តែងយកថ្មកែវ៣ដុំ ឈ្មោះ​ជោតិបាសាណ ធ្វើជាដុំចង្ក្រាន ហើយយកឆ្នាំងដំកល់លើដុំចង្ក្រាននោះ ស្រាប់តែមានចំហាយភ្លើងក្តៅ​ឡើង​អំពីថ្មនោះ ធ្វើឲ្យឆ្អិនតែម្តង។] មិនមានរងើក ទើបនាំគ្នា​បរិភោគភោជនអំពី​ឆ្នាំង​នោះ។ មនុស្សទាំងនោះ ទឹមនូវ​មេគោមានក្រចកតែ​មួយ (ដូចក្រចកសេះ) បរទៅសព្វទិស ទឹមបសុសត្វ (សត្វជើងបួនក្រៅពីមេគោ) មានក្រចក​តែមួយ បរទៅសព្វទិស។ យកស្រីធ្វើ​ជាវាហនៈ ត្រាច់ទៅសព្វទិស យកបុរស [ទឹមបុរសក្នុងយាន តែគេមិនអាចយកមនុស្ស​ជា​សម្មាទិដ្ឋិមកទឹមទេ គេច្រើនចាប់តែមនុស្ស​មិលក្ខជាតិ អ្នកនៅក្នុងបច្ចន្តប្រទេស មកទឹម​ក្នុង​យានហើយបរទៅ។ (អដ្ឋកថា)។] ធ្វើជាវាហនៈ ត្រាច់ទៅសព្វទិស។ យកកុមារី ធ្វើ​ជាវាហនៈ ត្រាច់ទៅសព្វទិស យកកុមារធ្វើជាវាហនៈ ហើយត្រាច់ទៅសព្វទិស។ មនុស្ស​ទាំងអម្បាល​នោះ នាំគ្នាឡើងយាន ត្រាច់ទៅក្នុងទិសទាំងពួង ពួកស្រីទាំងឡាយ ជាអ្នក​បម្រើស្តេចនោះ។ យានដំរី យានសេះ យានជាទិព្វ [យានជាទិព្វមានច្រើនយ៉ាង កើត​ប្រាកដ ដល់ពួកជនទាំងនោះ ប្រសិនណាជាជនទាំងនោះ អង្គុយ​ត្រង់ទី​ដំណេក ឬ​លើតាំង លើវរ (គ្រែស្នែង) ជាដើម ក៏ចរទៅបាន។ យាននេះកើតសម្រាប់​ស្តេច​ដែលមាន​បុណ្យ មានអានុភាពម្តងៗ ឬសម្រាប់​ទេវតាប៉ុណ្ណោះ (អដ្ឋកថា)។] ប្រាសាទ និងវរ ក៏មាន​សម្រាប់ស្តេច ជាធំដ៏ទ្រង់យស។ មួយទៀត ស្តេចនោះ ទ្រង់​កសាងនគរទុក ក្នុងអាកាស គឺអាដានាដានគរ កុសិនាដានគរ បរកុសិនាដានគរ នាដបរិយានគរ បរកុសិតនាដានគរ។ សាងនគរឈ្មោះ កបិវន្តក្នុងទិសខាងជើង ក្នុងចំណែក​ទិសដទៃទៀត បានសាងនគរ​ឈ្មោះ​ជនោឃៈ ឈ្មោះនវនវតិយៈ ឈ្មោះអម្ពរអម្ពរវតិយៈ និងរាជធានី ឈ្មោះអាឡកមន្ទា បពិត្រព្រះអង្គ អ្នកនិទ៌ុក្ខ ស្តេចជាធំឈ្មោះ​កុវេរៈ មានរាជធានីឈ្មោះ​វិសាណា ព្រោះហេតុ​នោះ ស្តេចជាធំ ទ្រង់ព្រះនាមកុវេរៈ មហាជននាំគ្នាហៅថា វេស្សវ័ណ។ ពួកយក្ខឈ្មោះ តតោលា តត្តលា តតោតលា ឱជសី តេជសី តតោជសី សុរោ រាជា សុរោរាជា អរិដ្ឋ នេមិ អរិដ្ឋនេមិ តែងត្រួតត្រា [យក្ខជាអ្នករក្សាដែនទាំង១២នាក់ តែងត្រូតត្រា ប្រាប់ពន្យល់នូវ​ការ​ជាប្រយោជន៍ផ្សេងៗ ហើយប្រាប់សេចក្តីដល់ពួកយក្ខ អ្នករក្សាទ្វារទាំង១២នាក់​ យក្ខរក្សាទ្វារ​ទាំង​នោះ ក៏នាំសេចក្តីនោះ ទៅក្រាបបង្គំទូល​ ដល់​ស្តេចវេស្សវ័ណ (អដ្ឋកថា)។] ប្រកាសនូវប្រយោជន៍ផ្សេងៗ។ មួយទៀត ភ្លៀងនាំទឹកអំពី​ស្រះ​បោក្ខរណី​ណា ហើយបង្អុរចុះ ភ្លៀងហូរចេញអំពីទីណា ត្រង់ទីនោះឯង មានអន្លង់ទឹក​ ឈ្មោះធរណី ពួកយក្ខតែងអង្គុយប្រជុំគ្នាក្នុងទីណា ត្រង់ទីនោះឯង មានសភា [សំដៅយក​មណ្ឌប​កែវទំហំ១២យោជន៍ ដែលព័ន្ធព័ទ្ធដោយវល្លិឈ្មោះ​ភគលវតិ ទៀបឆ្នេរស្រះបោក្ខរណីនោះ (អដ្ឋកថា)។] ឈ្មោះភគលវតី។ ត្រង់ទីនោះ មានដើម​ឈើផ្លែជានិច្ច ដេរដាស ដោយហ្វូង​បក្សីផ្សេងៗ កងរំពងដោយសំឡេងសត្វក្ងោក សត្វក្រៀល (ព្រមទាំង) ពួកតាវ៉ៅ មាន​សំឡេងពីរោះ។ សំឡេងបក្សី ឈ្មោះជីវញ្ជីវក ក៏មានក្នុងទីនុ៎ះ មួយទៀត ពួកបក្សីឈ្មោះ​ឱដ្ឋវចិត្តកៈ ហ្វូងមាន់ព្រៃ ក្តាម និងហ្វូងសត្វបោក្ខរសាតកៈ ក៏អាស្រ័យនៅ​ក្នុង​ត្រពាំង​ឈូក។ ម្យ៉ាងទៀត សំឡេង​សត្វសេក និងសារិកា ក៏មានក្នុងទីនោះ មានទាំងពួកបក្សី ឈ្មោះ​ទណ្ឌមានវកៈ [សេចក្តីដំណាលថា សត្វនោះ កាន់ដម្បងមាស ដោយដៃទាំងពីរ ជើងជាន់​លើស្លឹកឈូកមួយ ហើយទម្លាក់​ដម្បង​មាសចុះត្រង់ចន្លោះស្លឹកឈូក ហើយហើរ​ទៅ។] ស្រះឈូករបស់ស្តេចកុវេរៈនោះ ជាស្រះល្អសព្វកាលឥតចន្លោះ។ ស្តេចជាធំ ទ្រង់​យស ទ្រង់​អភិបាលទិសណា មហាជនតែង​នំាគ្នាហៅទិសនោះថា ឧត្តរទិស រាប់អំពី​ភ្នំសិនេរុមក។ ព្រះអង្គជាអធិបតីលើពួកយក្ខ ទ្រង់ព្រះនាមថា កុវេរៈ ដែល​មាន​ពួក​យក្ខចោមរោមហើយ ទ្រង់ត្រេកត្រអាលដោយពួករបាំ និងចម្រៀង។ ពួកព្រះរាជបុត្ត​របស់ព្រះអង្គ​ ក៏មានច្រើន តែខ្ញុំព្រះអង្គបានស្តាប់មកថា មានព្រះនាមដូចៗគ្នា ព្រះរាជបុត្ត​ទាំង៩១ព្រះអង្គ មានព្រះនាម​ថាឥន្ទៈ ទ្រង់មានកំឡាំងច្រើន។ ឯព្រះរាជបុត្ត​ទាំងនោះ លុះបានឃើញព្រះពុទ្ធជាអាទិច្ចវង្ស ទ្រង់ភ្ញាក់​ហើយ ចាក​ការដេកលក់ គឺអវិជ្ជា ប្រសើរ​ (ដោយគុណ) ឥតមានសេចក្តីព្រឺស្ញើប ក៏នាំគ្នានមស្ការអំពីចម្ងាយ។ បពិត្រព្រះអង្គ ជា​បុរសអាជានេយ្យ ខ្ញុំព្រះអង្គ សូមនមស្ការចំពោះព្រះអង្គ​ បពិត្រព្រះអង្គ ជាបុរស​ឧត្តម ខ្ញុំព្រះអង្គ សូមនមស្ការ ចំពោះ​ព្រះអង្គ សូម្បីអមនុស្សទាំងឡាយ ក៏រមែង​ថ្វាយបង្គំ​ព្រះអង្គថា ព្រះអង្គទតព្រះនេត្រមើលមហាជន ដោយ​សព្វញ្ញុត្តញ្ញាណ​ដ៏​ផូរផង់។ ពួកខ្ញុំ​ព្រះអង្គ បានស្តាប់មកយ៉ាងនេះរឿយៗ ព្រោះហេតុនោះ ពួកខ្ញុំព្រះអង្គ តែង​និយាយ​យ៉ាងនេះ​ថា អ្នកទាំងឡាយ នមស្ការចំពោះ​ព្រះជិនស្រី ជាគោតមគោត្រឬ ព្រះរាជបុត្ត​ទាំងនោះ តបថា យើងទាំងឡាយ នមស្ការចំពោះព្រះជិនស្រី ជាគោតម​គោត្រ យើង​ទាំងឡាយ នមស្ការចំពោះព្រះពុទ្ធ ជាគោតមគោត្រ ទ្រង់បរិបូណ៌ដោយវិជ្ជា និងចរណៈ។

[៨៥] បពិត្រព្រះអង្គទ្រង់និទ៌ុក្ខ ការរក្សាជាប់ទាក់ទងក្នុងអាដានាដានគរនេះឯង រមែង​ប្រព្រឹត្តទៅ ដើម្បីគ្រប់គ្រងរក្សា ដើម្បីមិនបៀតបៀន ដើម្បីនៅសប្បាយ ដល់​ពួកភិក្ខុ ភិក្ខុនី ឧបាសក និងឧបាសិកា។ ការរក្សាជាប់ទាក់ទងក្នុងអាដានាដានគរនេះ ដែលបុគ្គល​ណា​មួយ ទោះបីជាភិក្ខុ ភិក្ខុនី ឧបាសក និងឧបាសិកា រៀនដោយប្រពៃ រៀនដោយសព្វ​គ្រប់ ជំរះ​អត្ថ និងព្យញ្ជនៈឲ្យបរិបូណ៌ បើអមនុស្ស ទោះបីជាយក្ខក្តី យក្ខិនីក្តី កូនប្រុសរបស់​យក្ខក្តី​ កូនស្រីរបស់យក្ខក្តី អាមាត្យធំរបស់យក្ខក្តី បរិស័ទរបស់យក្ខក្តី អ្នកបំរើ​របស់យក្ខក្តី គន្ធព្វប្រុសក្តី គន្ធព្វស្រីក្តី កូនប្រុសរបស់គន្ធព្វក្តី​ កូនស្រីរបស់គន្ធព្វក្តី អាមាត្យធំរបស់​គន្ធព្វក្តី បរិស័ទរបស់គន្ធព្វក្តី អ្នកបំរើ​របស់គន្ធព្វក្តី កុម្ភណ្ឌប្រុសក្តី កុម្ភណ្ឌស្រីក្តី កូនប្រុស​របស់កុម្ភណ្ឌក្តី​ កូនស្រីរបស់កុម្ភណ្ឌក្តី អាមាត្យធំរបស់កុម្ភណ្ឌក្តី បរិស័ទរបស់កុម្ភណ្ឌក្តី អ្នកបំរើ​របស់កុម្ភណ្ឌក្តី នាគឈ្មោលក្តី នាគញីក្តី កូនឈ្មោលរបស់​នាគក្តី​ កូនញីរបស់​នាគក្តី អាមាត្យធំរបស់នាគក្តី បរិស័ទរបស់នាគក្តី អ្នកបំរើ​របស់នាគក្តី ដែលជាអ្នក​មាន​ចិត្តប្រទូស្ត នូវបុគ្គលនោះ ហើយដើរតាមភិក្ខុ ភិក្ខុនី ឧបាសក និងឧបាសិកា ដែល​កំពុងដើរ ឬឈរជិតភិក្ខុ ភិក្ខុនី ឧបាសក និងឧបាសិកា ដែលកំពុង​ឈរ ឬអង្គុយ​ជិតភិក្ខុ ភិក្ខុនី ឧបាសក និងភបាសិកា ដែលកំពុងអង្គុយ ឬដេកជិតភិក្ខុ ភិក្ខុនី ឧបាសក និង​ឧបាសិកា ដែលកំពុងដេក។ បពិត្រព្រះអង្គអ្នកនិទ៌ុក្ខ អមនុស្ស​នោះ មិនគប្បីបានសក្ការៈ និងសេចក្តីគោរពក្នុងស្រុក ឬនិគមទាំងឡាយនៃខ្ញុំឡើយ។ បពិត្រ​ព្រះអង្គអ្នកនិទ៌ុក្ខ អមនុស្ស​​នោះមិនគប្បីបានទីផ្ទះ ឬការនៅជានិច្ចក្នុងរាជធានីឈ្មោះ អាលកមន្ទារបស់ខ្ញុំ​ឡើយ។ បពិត្រព្រះអង្គអ្នកនិទ៌ុក្ខ អមនុស្សនោះ មិនគប្បីបានចូលកាន់​ទីប្រជុំរបស់ពួក​យក្ខ​ទាំងឡាយ នៃខ្ញុំឡើយ។ បពិត្រព្រះអង្គអ្នកនិទ៌ុក្ខ មួយទៀត អមនុស្ស​ទាំងឡាយ មិនគប្បីធ្វើអាវាហមង្គល ឬវិវាហមង្គល និងអមនុស្សនោះទេ។ បពិត្រព្រះអង្គ​អ្នកនិទ៌ុក្ខ អមនុស្សទាំងឡាយ គប្បីផ្តាសាអមនុស្សនោះ ដោយពាក្យផ្តាសាទាំងឡាយ ពេញ​បន្ទុក​ប្រៀបធៀប​ដោយខ្លួន (អាក្រក់)។ បពិត្រព្រះអង្គអ្នកនិទ៌ុក្ខ អមនុស្សទាំងឡាយ គប្បីផ្កាប់​បាត្រទទេលើក្បាលនៃអមនុស្សនោះ។ មួយទៀត អមនុស្សទាំងឡាយ គប្បីបំបែក​ក្បាល​អមនុស្សនោះជា៧ភាគ បពិត្រព្រះអង្គអ្នកនិទ៌ុក្ខ មានអមនុស្សទាំងឡាយ ក្រោធពិរោធ​ក្រៃលែង​ជាងហេតុ អមនុស្សទាំងឡាយនោះ មិនធ្វើតាមអាជ្ញានៃស្តេចជាធំ មិនធ្វើតាម​អាជ្ញានៃយក្ខ ជាសេនាបតី ២៨ នាក់ របស់ស្តេច​ជា​ធំនោះ។ បពិត្រព្រះអង្គអ្នកនិទ៌ុក្ខ អមនុស្ស​ទាំងឡាយនោះៗឯង គេតែងហៅថា ជាសត្រូវ​នឹងស្តេចជាធំ។ បពិត្រ​ព្រះអង្គ​អ្នកនិទ៌ុក្ខ ពួកចោរក្នុងដែននៃស្តេចមគធៈ មិនធ្វើ​តាមអាជ្ញានៃស្តេចមគធៈ មិនធ្វើតាម​អាជ្ញា​នៃ​សេនាបតី របស់ស្តេចមគធៈ មិនធ្វើតាមអាជ្ញា នៃសេនាបតី ជាអ្នកប្រៀន​ប្រដៅ​របស់ស្តេច​មគធៈ បពិត្រព្រះអង្គអ្នកនិទ៌ុក្ខ ពួកមហាចោរទាំងអម្បាលនោះ គេតែង​ហៅថា​ជាសត្រូវនឹងស្តេច​មគធៈ យ៉ាងណាមិញ បពិត្រព្រះអង្គអ្នកនិទ៌ុក្ខ មានអមនុស្សទាំងឡាយ ជាអ្នកក្រោធ​ពិរោធ​ក្រៃលែងជាងហេតុ អមនុស្សទាំងនោះ មិនធ្វើតាមអាជ្ញានៃស្តេចជាធំ មិនធ្វើ​តាម​អាជ្ញានៃសេនាបតីរបស់ស្តេច​ជាធំ មិនធ្វើតាមអាជ្ញាពួកយក្ខសេនាបតី ជាអ្នក​ប្រៀន​ប្រដៅ​របស់ស្តេច​ជាធំ បពិត្រព្រះអង្គអ្នកនិទ៌ុក្ខ អមនុស្សទាំងឡាយនោះៗឯង គេ​តែង​ហៅថា ជាសត្រូវនឹងស្តេចជាធំ យ៉ាងដូច្នោះឯង។ បពិត្រព្រះអង្គអ្នកនិទ៌ុក្ខ ប្រសិន​បើ​អមនុស្ស​ណាមួយ ជាយក្ខប្រុសក្តី យក្ខស្រីក្តី កូនប្រុស​របស់យក្ខក្តី កូនស្រីរបស់យក្ខក្តី មហាមាត្ររបស់​យក្ខក្តី បរិស័ទ​របស់យក្ខក្តី អ្នកបំរើរបស់យក្ខក្តី គន្ធព្វប្រុសក្តី គន្ធព្វ​ស្រីក្តី កូនប្រុស​របស់គន្ធព្វក្តី កូនស្រីរបស់គន្ធព្វក្តី មហាមាត្យរបស់​គន្ធព្វក្តី បរិស័ទ​របស់គន្ធព្វក្តី អ្នកបំរើរបស់គន្ធព្វក្តី កុម្ភណ្ឌប្រុសក្តី កុម្ភណ្ឌស្រីក្តី កូនប្រុស​របស់កុម្ភណ្ឌក្តី កូនស្រីរបស់​កុម្ភណ្ឌ​ក្តី មហាមាត្យរបស់​កុម្ភណ្ឌក្តី បរិស័ទ​របស់កុម្ភណ្ឌក្តី អ្នកបំរើរបស់កុម្ភណ្ឌក្តី នាគឈ្មោលក្តី នាគញីក្តី កូនឈ្មោល​របស់នាគក្តី កូនញីរបស់នាគក្តី មហាមាត្យរបស់​នាគក្តី បរិស័ទ​របស់នាគក្តី អ្នកបំរើរបស់នាគក្តី ជាអ្នកមានចិត្តប្រទូស្ត ដើរទៅតាមភិក្ខុ ឬភិក្ខុនី ឧបាសក ឧបាសិកា ដែលកំពុងដើរ ឬឈរជិតភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកា ដែល​កំពុងឈរ ឬអង្គុយជិតភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកា ដែល​កំពុងអង្គុយ ឬដេកជិត​ភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកា ដែល​កំពុងដេក។ អមនុស្ស​នោះ ត្រូវបុគ្គល​ពោលទោស កន្ទក់កន្ទេញ ត្រូវស្រែកប្តឹង​ដល់ពួកយក្ស ពួកយក្ខជាធំ ពួកសេនាបតី ពួកសេនាបតីជា​ធំ ទាំងអម្បាលនេះថា យក្ខនេះចាប់គេ យក្ខនេះចូលគេ យក្ខនេះបៀតបៀន​គេ យក្ខនេះ​បៀតបៀនផ្សេងៗ យក្ខនេះធ្វើទុក្ខគេ យក្ខនេះធ្វើ​ឲ្យគេលំបាក យក្ខនេះមិនលែងគេ។

[៨៦] ដល់ពួកយក្ខ ពួកមហាយក្ខ ពួកសេនាបតី ពួកមហាសេនាបតី ដូចម្តេចខ្លះ។

យក្ខឈ្មោះឥន្ទៈ១ សោមៈ១ វរុណៈ១ ភារទ្វាជៈ១ បជាបតិ១ ចន្ទនៈ១ កាមសេដ្ឋៈ១ កិន្នុឃណ្ឌុ១ និឃណ្ឌុ១។ បនាទៈ១ ឱបមញ្ញៈ១ ទេវសូតៈ១ មាតលិ១ អតិចសេនៈ១ គន្ធព្វៈ១ នឡោរាជៈ១ ជនោសភៈ១។ សាតាគិរៈ១ ហេមវតៈ១ បុណ្ណកៈ១ ករតិយៈ១ គុលៈ១ សិវកៈ១ មុច្ចលិន្ទៈ១ វេស្សាមិត្តៈ១ យគន្ធរៈ១។ គោបាលៈ១ សុប្បគេធៈ១ ហិរិ១ នេត្តិ១ មន្ទិយៈ១ បញ្ចាលចន្ទៈ១ អាលវកៈ១ បជុណ្ណៈ១ សុមុខៈ១ ទធិមុខៈ១ មណិ១ មានិចរៈ១ ទីឃៈ១ សេរិសកៈ១។

[៨៧] ត្រូវ​ពោលទោស កន្ទក់កន្ទេញ ត្រូវស្រែកប្តឹង​ដល់ពួកយក្ស ពួកមហាយក្ខ ពួក​សេនាបតី ពួកមហាសេនាបតី ទាំងអម្បាលនេះថា យក្ខនេះចាប់គេ យក្ខនេះចូលគេ យក្ខ​នេះ​បៀតបៀន​គេ យក្ខនេះ​បៀតបៀនផ្សេងៗ យក្ខនេះធ្វើទុក្ខគេ យក្ខនេះធ្វើ​ឲ្យគេលំបាក យក្ខ​នេះមិនលែងគេ។

[៨៨] បពិត្រព្រះអង្គអ្នកនិទ៌ុក្ខ ការរក្សាជាប់តមកអំពីអាដានាដានគរនេះឯង ប្រព្រឹត្ត​ទៅ​ដើម្បីគ្រប់គ្រងរក្សា ដើម្បីមិនបៀតបៀនគ្នា ដើម្បី​នៅជាសុខដល់ពួកភិក្ខុ ភិក្ខុនី ឧបាសក និងឧបាសិកា។ បពិត្រព្រះអង្គអ្នកនិទ៌ុក្ខ ណ្ហើយឥឡូវនេះ ពួកខ្ញុំ​ព្រះអង្គមានរវល់​ច្រើន មាន​កិច្ចគួរធ្វើច្រើន ខ្ញុំព្រះអង្គសូមក្រាបថ្វាយបង្គំលា។ ព្រះមានព្រះភាគ ទ្រង់ត្រាស់​ថា បពិត្រ​​មហារាជទាំងឡាយ ចូរព្រះអង្គកំណត់​កាលគួរ ក្នុងកាលឥឡូវ​នេះចុះ។

[៨៩] លំដាប់នោះ ស្តេចធំទាំង៤អង្គ ក្រោកចាកអាសនៈ ថ្វាយបង្គំ​ព្រះមានព្រះភាគ ធ្វើ​ប្រទក្សិណហើយ ក៏បាត់ទៅក្នុងទីនោះឯង។ យក្ខទាំងអម្បាល​នោះ លុះ​ក្រោក​ចាក​អាសនៈ​ហើយ ពួកខ្លះថ្វាយបង្គំ​ព្រះមានព្រះភាគ ធ្វើប្រទក្សិណហើយ ក៏បាត់​ទៅក្នុងទី​នោះ ពួកខ្លះគ្រាន់តែ​ពោលពាក្យរាក់ទាក់​សំណេះសំណាល ជាមួយនឹង​ព្រះមានព្រះភាគ លុះបញ្ចប់​ពាក្យដែលគួររីករាយ និងពាក្យដែលគួររលឹកហើយ ក៏បាត់​ទៅក្នុងទីនោះ ពួក​ខ្លះ គ្រាន់តែប្រណម្យ​អញ្ជលី ចំពោះ​ព្រះមានព្រះភាគហើយ ក៏បាត់ទៅ​ក្នុងទីនោះ ពួកខ្លះ​គ្រាន់​តែប្រកាសនាម និងគោត្រ របស់ខ្លួន​ ហើយក៏បាត់ទៅ​ក្នុងទីនោះ ពួកខ្លះ គ្រាន់តែ​នៅ​ស្ងៀម​ហើយ ក៏បាត់ទៅក្នុងទីនោះ។

[៩០] លុះកន្លងរាត្រីនោះទៅហើយ ទើបព្រះមានព្រះភាគត្រាស់ហៅភិក្ខុទាំង​ឡាយ​ថា ម្នាលភិក្ខុទាំងឡាយ យប់មិញ ពួកស្តេចធំទាំង៤ តាំង​ការរក្សាក្នុងទិស​ទាំង​៤ តាំង​ពលទុក​ក្នុងទិសទាំង៤ តាំងអ្នកត្រួតត្រាទុកក្នុងទិសទាំង​៤ ដោយសេនាយក្ខដ៏ច្រើន សេនាគន្ធព្វ​ដ៏​ច្រើន សេនាកុម្ភណ្ឌដ៏ច្រើន សេនានាគដ៏ច្រើន លុះវេលារាត្រីកន្លងទៅ​ហើយ ស្តេចទាំង​នោះ មានពន្លឺរុងរឿង ញុំាង​ភ្នំគិជ្ឈកូដទាំងមូល​ឲ្យភ្លឺស្វាងហើយ ក៏នាំ​គ្នាចូលមក​រក​តថាគត​ លុះចូលមកដល់ហើយ ក៏ថ្វាយបង្គំតថាគត អង្គុយក្នុងទីដ៏សមគួរ។ ម្នាលភិក្ខុ​ទាំងឡាយ យក្ខទាំងអម្បាលនោះឯង ពួកខ្លះថ្វាយ​បង្គំ​តថាគត ហើយអង្គុយក្នុង​ទីដ៏​សមគួរ ពួកខ្លះ គ្រាន់តែ​ពោលពាក្យរាក់ទាក់​សំណេះសំណាល ជាមួយនឹង​តថាគត លុះ​បញ្ចប់​​ពាក្យដែលគួររីករាយ និងពាក្យដែលគួររលឹកហើយ ក៏អង្គុយក្នុងទីដ៏សមគួរ ពួកខ្លះ គ្រាន់តែប្រណម្យ​អញ្ជលី ចំពោះ​តថាគត អង្គុយក្នុងទីដ៏សមគួរ ពួកខ្លះ គ្រាន់តែប្រកាស​នាម និងគោត្រ អង្គុយក្នុងទីដ៏សមគួរ ពួកខ្លះ គ្រាន់តែ​អង្គុយស្ងៀមៗ ក្នុងទីដ៏សមគួរ។ ម្នាលភិក្ខុទាំងឡាយ ស្តេចជាធំទ្រង់ព្រះនាមវេស្សវ័ណ លុះអង្គុយក្នុងទីដ៏សមគួរហើយ ក៏ពោលពាក្យ​នឹងតថាគតយ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ពួកយក្ខជាន់ខ្ពស់ មិនជ្រះថ្លា​ចំពោះ​ព្រះមានព្រះភាគ ក៏មាន បពិត្រព្រះអង្គដ៏ចំរើន ពួកយក្ខជាន់ខ្ពស់ ជ្រះថ្លា​ចំពោះ​ព្រះមានព្រះភាគ ក៏មាន បពិត្រព្រះអង្គដ៏ចំរើន ពួកយក្ខជាន់កណ្តាលខ្លះ មិនជ្រះថ្លា​ចំពោះ​​ព្រះមានព្រះភាគ ក៏មាន បពិត្រព្រះអង្គដ៏ចំរើន ពួកយក្ខជាន់កណ្តាល ជ្រះថ្លា​ចំពោះ​ព្រះមានព្រះភាគ ក៏មាន បពិត្រព្រះអង្គដ៏ចំរើន ពួកយក្ខជាន់ទាប មិនជ្រះថ្លា​ចំពោះ​ព្រះមានព្រះភាគ ក៏មាន បពិត្រព្រះអង្គដ៏ចំរើន ពួកយក្ខជាន់ទាប ជ្រះថ្លា​ចំពោះ​ព្រះមានព្រះភាគ ក៏មាន បពិត្រព្រះអង្គដ៏ចំរើន ឯយក្ខដែលមិនជ្រះថ្លា ចំពោះ​ព្រះមានព្រះភាគ មានច្រើនណាស់ ព្រោះហេតុអ្វី បពិត្រព្រះអង្គដ៏ចំរើន ព្រោះថា​ព្រះមានព្រះភាគ ទ្រង់សំដែង​ធម៌ ដើម្បី​ឲ្យវៀរចាកបាណាតិបាត ទ្រង់សំដែង​ធម៌ ដើម្បី​ឲ្យ​វៀរចាកអទិន្នាទាន ទ្រង់សំដែងធម៌ ដើម្បី​ឲ្យវៀរចាកកាមេសុមិច្ឆាចារ ទ្រង់​សំដែង​ធម៌​ដើម្បី​ឲ្យវៀរចាក​មុសាវាទ ទ្រង់សំដែងធម៌ ដើម្បីឲ្យវៀរចាក​ទឹកស្រវឹង គឺសុរា និងមេរ័យ ដែលជាទីតាំងនៃសេចក្តីប្រមាទ។ បពិត្រព្រះអង្គដ៏ចំរើន ប៉ុន្តែយក្ខទាំងឡាយច្រើន​ណាស់ ដែលមិនវៀរចាកបាណាតិបាត មិនវៀរចាកអទិន្នាទាន មិនវៀរចាក​កាមេសុមិច្ឆា​ចារ មិនវៀរចាកមុសាវាទ មិនវៀរចាក​ទឹកស្រវឹង គឺសុរា និងមេរ័យ ដែល​ជាទី​តាំង​នៃ​សេចក្តីប្រមាទសោះ (ព្រោះ​ហេតុនោះ) អំពើវៀរនោះ មិនជាទីស្រឡាញ់ មិនជាទី​ពេញចិត្ត របស់យក្ខទាំងឡាយនោះ បពិត្រព្រះអង្គដ៏ចំរើន មានសាវ័ករបស់​ព្រះមានព្រះភាគ អាស្រ័យនៅសេនាសនៈស្ងាត់ ដែលតាំងនៅក្នុងព្រៃ មានសូរសព្ទ​គឹកកងរំពងតិច ប្រាសចាកសំដី​របស់មនុស្ស​អ្នកដើរទៅមក សមគួរដល់ការកំបាំង​អំពី​ពួកមនុស្ស គួរជាទីលាក់ខ្លួន​ពួនអាត្មាបាន ពួកយក្ខជាន់ខ្ពស់តែងនៅជានិច្ច ក្នុងព្រៃនោះ​ក៏មាន បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ ទ្រង់បង្រៀនព្រះបរិត្តសម្រាប់រក្សា​ក្នុង​អាដានាដានគរ ដើម្បីឲ្យពួកយក្ខដែលមិនទាន់ជ្រះថ្លា ក្នុងសាសនា​ព្រះមានព្រះភាគ​នេះ បានជ្រះថ្លាឡើង ដើម្បី​ការគ្រប់គ្រងរក្សា ដើម្បី​មិនបៀតបៀនគ្នា ដើម្បីនៅ​ជាសុខដល់​ភិក្ខុ ភិក្ខុនី ឧបាសក និងឧបាសិកា។ ម្នាលភិក្ខុទាំងឡាយ តថាគត បានទទួល​និមន្ត​ដោយ​តុណ្ហីភាព។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះឯង ស្តេច​ជាធំឈ្មោះ​វេស្សវ័ណ ជ្រាប​ច្បាស់​នូវ​​តថាគតទទួល​និមន្តហើយ ក៏ប្រកាស​ព្រះបរិត្តសម្រាប់រក្សា ក្នុងអាដានាដានគរនេះ ក្នុងវេលានោះថា

[៩១] សូមនមស្ការចំពោះព្រះពុទ្ធ ទ្រង់ព្រះនាម​វិបស្សី ព្រះអង្គមានចក្ខុ ព្រះ​អង្គ​មានសិរី សូមនមស្ការចំពោះ​ព្រះពុទ្ធ ទ្រង់ព្រះនាមសិខី ព្រះអង្គមានសេចក្តីអនុគ្រោះ ដល់សត្វ​ទាំងពួង​ជាប្រក្រតី។បេ។

(បេយ្យាលៈ ដែលមានហើយ ក្នុងខាងដើមនោះឯង បណ្ឌិត គប្បីឲ្យពិស្តារចុះ)។ បពិត្រ​ព្រះអង្គអ្នកនិទ៌ុក្ខ ការរក្សាជាប់ទាក់ទង ក្នុងអាដានាដានគរនេះ ប្រព្រឹត្តទៅ ដើម្បី​គ្រប់គ្រងរក្សា ដើម្បីមិនបៀតបៀនគ្នា ដើម្បីនៅជាសុខ ដល់ពួកភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកា។ បពិត្រ​ព្រះអង្គអ្នកនិទ៌ុក្ខ ណ្ហើយឥឡូវនេះ ពួកខ្ញុំព្រះអង្គមានរវល់ច្រើន មានកិច្ចគួរធ្វើច្រើន ខ្ញុំព្រះអង្គសូមថ្វាយបង្គំលា។ តថាគតពោលតបថា បពិត្រមហារាជ សូមព្រះអង្គទ្រង់កំណត់កាលគួរ ក្នុងកាលឥឡូវនេះ។ ម្នាលភិក្ខុទាំងឡាយ លំដាប់​នោះឯង ស្តេចជាធំទាំង៤ ក្រោកចាកអាសនៈ ហើយថ្វាយបង្គំតថាគត ធ្វើប្រទក្សិណ ហើយក៏បាត់ទៅ ក្នុងទីនោះឯង។ ម្នាលភិក្ខុទាំងឡាយ យក្ខទាំងអម្បាលនោះឯង លុះ​ក្រោកចាកអាសនៈហើយ ពួកខ្លះ​ថ្វាយបង្គំ​តថាគត ធ្វើប្រទក្សិណ ហើយក៏បាត់​ទៅ ក្នុងទីនោះ ពួកខ្លះគ្រាន់តែ​ពោលពាក្យរាក់ទាក់ សំណេះសំណាលជាមួយនឹង​តថាគត លុះបញ្ចប់​ពាក្យដែល​គួររីករាយ និងពាក្យដែលគួរ​រលឹក ហើយក៏បាត់ទៅក្នុងទីនោះ ពួកខ្លះ គ្រាន់តែ​ប្រណម្យអញ្ជលីចំពោះ​តថាគតហើយ ក៏បាត់ទៅក្នុងទីនោះ ពួកខ្លះ គ្រាន់តែ​ប្រកាសនាម និងគោត្រហើយក៏បាត់ទៅ ក្នុងទីនោះ ពួកខ្លះ​គ្រាន់តែស្ងៀម​ៗ ហើយក៏បាត់ទៅក្នុងទីនោះ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូររៀនព្រះបរិត្ត​សម្រាប់​រក្សាក្នុងអាដានាដានគរ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរទន្ទេញ​ឲ្យចាំ​ស្ទាត់​ នូវ​ព្រះបរិត្តសម្រាប់រក្សា ក្នុងអាដានាដានគរ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរចាំទុក​នូវ​ព្រះបរិត្ត សម្រាប់រក្សាក្នុងអាដានាដានគរ ម្នាលភិក្ខុទាំងឡាយ ការរក្សា​ក្នុង​អាដានាដា​នគរនេះ ប្រកបដោយប្រយោជន៍ ប្រព្រឹត្តទៅ ដើម្បីគ្រប់គ្រងរក្សា ដើម្បី​មិន​បៀតបៀន​ ដើម្បី​នៅជាសុខ ដល់ពួកភិក្ខុ ភិក្ខុនី ឧបាសក និងឧបាសិកា។ លុះ​ព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ។ ភិក្ខុទាំងនោះ មានចិត្ត​ត្រេកអរទទួល​អនុមោទនា​នឹង​ភាសិត របស់​ព្រះមានព្រះភាគ ដោយប្រការដូច្នេះ។

ចប់ អាដានាដិយសូត្រ ទី៩។

សង្គីតិសូត្រ ទី១០

[៩២] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់ពុទ្ធដំណើរ​ទៅកាន់ចារិក ក្នុងដែនមល្លៈ ជាមួយនឹងភិក្ខុសង្ឃជាច្រើន គឺភិក្ខុប្រមាណ ៥០០ រូប ទ្រង់​ស្តេច​ទៅដល់ក្រុងឈ្មោះបាវា របស់មល្លក្សត្រទាំងឡាយ។ បានឮថា ព្រះមានព្រះភាគ គង់ក្នុងអម្ពវ័នរបស់ នាយចុន្ទកម្មារបុត្ត (ជាកូនជាងលោហជាតិ) ទៀបក្រុងបាវានោះ។

[៩៣] សម័យនោះឯង ពួកមល្លក្សត្រនៅក្នុងក្រុងបាវា បានសាងនូវសណ្ឋាគារថ្មីៗ ឈ្មោះ ឧព្ភតកៈ មិនទាន់អស់កាលយូរប៉ុន្មាន សមណៈ ឬព្រាហ្មណ៍ ឬជាតិមនុស្ស​ណា​មួយ ក៏មិនទាន់បាននៅអាស្រ័យនៅឡើយ។ ពួកមល្លក្សត្រ អ្នកនៅក្នុងក្រុងបាវា បាន​ឮ​ដំណឹង​ថា ព្រះមានព្រះភាគ ទ្រង់ពុទ្ធដំណើរមកកាន់ចារិក ក្នុងដែនមល្លៈ ជាមួយ​នឹង​ភិក្ខុ​សង្ឃ​ជាច្រើន គឺភិក្ខុប្រមាណ៥០០រូប ទ្រង់ស្តេចមកដល់ក្រុងបាវា គង់នៅក្នុងអម្ពវ័ន របស់នាយចុន្ទកម្មារបុត្ត ទៀបក្រុងបាវា។ ទើបពួកមល្លក្សត្រ អ្នកនៅក្នុងក្រុងបាវា បាន​ចូល​ទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ បានអភិវាទ​ព្រះមាន​ព្រះភាគ​ហើយ អង្គុយក្នុងទីដ៏សមគួរ។ លុះពួកមល្លក្សត្រ អ្នកក្រុងបាវា អង្គុយក្នុងទីដ៏សម​គួរ​ហើយ បានក្រាបបង្គំព្រះមានព្រះភាគថា សូមទ្រង់ព្រះមេត្តាប្រោស ពួក​មល្លក្សត្រ​អ្នក​​ក្រុង​បាវា បានសាងនូវសណ្ឋាគារថ្មី ឈ្មោះ ឧព្ភតកៈ មិនទាន់​អស់កាល​យូរ​ប៉ុន្មាន​ក្នុង​ទី​នេះ សមណៈ ឬព្រាហ្មណ៍ ឬជាតិមនុស្សណាមួយ ក៏មិនទាន់បាននៅអាស្រ័យនៅឡើយ សូមទ្រង់ព្រះមេត្តាប្រោស សូមព្រះមានព្រះភាគ ទ្រង់ប្រើប្រាស់សណ្ឋាគារនោះ ជាមុន​ចុះ លុះព្រះមានព្រះភាគ ប្រើប្រាស់ជាមុនរួចហើយ ពួកមល្លក្សត្រ អ្នកក្រុងបាវា នឹងបាន​ប្រើប្រាស់​ជាខាងក្រោយ ការប្រើប្រាស់នោះ នឹងប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ ដើម្បី​សេចក្តី​​សុខ ដល់ពួកមល្លក្សត្រ អ្នកក្រុងបាវា អស់កាលជាយូរអង្វែង។ ព្រះមានព្រះភាគ ក៏ទ្រង់ទទួលដោយតុណ្ហីភាព។ គ្រានោះឯង ពួកមល្លក្សត្រ អ្នកក្រុងបាវាដឹងថា ព្រះមាន​ព្រះភាគ ទ្រង់ទទួលហើយ ក៏ក្រោកចាកអាសនៈហើយ ថ្វាយបង្គំព្រះមានព្រះភាគ ធ្វើ​ប្រទក្សិណ ហើយចូលទៅរកសណ្ឋាគារ លុះចូលទៅដល់ហើយ បានក្រាលកម្រាល ក្នុង​សណ្ឋាគារពេញទាំងអស់ ហើយតាក់តែងអាសនៈទាំងឡាយ តម្កល់ក្អមទឹក អុច​ប្រទីប​ប្រេង​រួចហើយ ក៏នាំគ្នាចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ បាន​អភិវាទ​ព្រះមានព្រះភាគ ហើយឋិតនៅក្នុងទីសមគួរ។ លុះពួកមល្លក្សត្រ អ្នកក្រុង​បាវា ឋិតនៅ​ក្នុងទីដ៏សមគួរហើយ ក្រាបបង្គំទូលព្រះមានព្រះភាគថា សូមទ្រង់ព្រះមេត្តាប្រោស សណ្ឋាគារ យើងខ្ញុំព្រះអង្គ ក្រាលដោយកម្រាលសព្វគ្រប់ បានតាក់តែង​អាសនៈ​ទាំងឡាយ​ហើយ បានតម្កល់ក្អមទឹកទុកហើយ បានអុចប្រទីបប្រេងរួចហើយ សូម​ទ្រង់​ព្រះមេត្តា​ប្រោស សូមព្រះមានព្រះភាគ សំគាល់នូវកាលគួរ ក្នុងកាលឥឡូវនេះ។

[៩៤] លំដាប់នោះឯង ព្រះមានព្រះភាគ ទ្រង់ស្បង់ និងបាត្រ ចីវរ ហើយ​ចូលទៅ​កាន់​សណ្ឋាគារ ជាមួយនឹងភិក្ខុសង្ឃ លុះចូលទៅដល់ហើយ ទ្រង់លាងព្រះបាទ​ទាំង​គូ​ហើយ ទ្រង់ចូលទៅកាន់សណ្ឋាគារ គង់ផ្អែកនឹងសសរកណ្តាល បែរព្រះភក្ត្រ​ទៅ​ទិស​ខាង​កើត។ ចំណែកខាងភិក្ខុសង្ឃ ក៏លាងបាទា ហើយចូលទៅកាន់សណ្ឋាគារ អង្គុយ​ប្រប​ជញ្ជាំង​ខាងលិច បែរមុខទៅទិសខាងកើត ឆ្ពោះមុខទៅរកព្រះមានព្រះភាគ ចំណែក​ខាង​ពួក​មល្លក្សត្រ នៅក្នុងក្រុងបាវា ក៏លាងព្រះបាទ ចូលទៅកាន់សណ្ឋាគារ អង្គុយ​ប្រប​ជញ្ជាំង​ខាងកើត បែរមុខទៅទិសខាងលិច ឆ្ពោះមុខទៅរកព្រះមានព្រះភាគដែរ។ លំដាប់​នោះ​ឯង ព្រះមានព្រះភាគ ទ្រង់ពន្យល់ពួកមល្លក្សត្រ អ្នកក្រុងបាវា ឲ្យឃើញច្បាស់ ឲ្យ​កាន់​យក ឲ្យអាចហាន ឲ្យរីករាយ ដោយធម្មីកថា ដល់យប់ជ្រៅ ហើយទ្រង់តឿនថា ម្នាល​វាសេដ្ឋគោត្រទាំងឡាយ យប់ជ្រៅណាស់ហើយ ចូរអ្នកទាំងឡាយ សំគាល់កាលគួរ ក្នុងកាលឥឡូវនេះចុះ។ ពួកមល្លក្សត្រ អ្នកក្រុងបាវា ទទួលព្រះបន្ទូល​ព្រះមានព្រះភាគ ដោយ​ពាក្យថា ព្រះករុណាព្រះអង្គ ហើយក្រោកចាកអាសនៈ អភិវាទព្រះមានព្រះភាគ ធ្វើប្រទក្សិណ ហើយចៀសចេញទៅ។

[៩៥] លំដាប់នោះឯង កាលដែលពួកមល្លក្សត្រ អ្នកក្រុងបាវា ចៀសចេញទៅ​ហើយ មិន​យូរប៉ុន្មាន ព្រះមានព្រះភាគ ទ្រង់ទតឃើញភិក្ខុសង្ឃនៅស្ងៀមស្ងាត់ ក៏ត្រាស់​ហៅ​ព្រះសារីបុត្ត​ដ៏មានអាយុមកថា ម្នាលសារីបុត្ត ភិក្ខុសង្ឃប្រាសចាក​សេចក្តីងងុយ​ងោក​ងក់​ហើយ ម្នាលសារីបុត្ត ចូរអ្នកពន្យល់ភិក្ខុទាំងឡាយ ដោយធម្មីកថាចុះ តថាគត​រោយ​ខ្នង​ណាស់ តថាគតនឹងតម្រង់ខ្នង (បន្តិច)។ ព្រះសារីបុត្ត ទទួលព្រះពុទ្ធដីកា នៃ​ព្រះមាន​ព្រះភាគថា ព្រះករុណាព្រះអង្គ។ លំដាប់នោះឯង ព្រះមានព្រះភាគ ទ្រង់​ឲ្យ​ក្រាល​សង្ឃាដី មានជាន់៤ ហើយទ្រង់សម្រេច​សីហសេយ្យា ដោយ​ចំហៀង​ព្រះកាយ​ខាង​ស្តាំ តម្រួត​ព្រះបាទលើព្រះបាទ មានព្រះសតិសម្បជញ្ញៈ ធ្វើនូវ​ឧដ្ឋានសញ្ញា​ទុក​ក្នុង​ព្រះហឫទ័យ។

[៩៦] សម័យនោះឯង និគ្គណ្ឋនាដបុត្ត ទើបធ្វើមរណកាលថ្មីៗ ក្នុងក្រុងបាវា។ ដោយ​កាលកិរិយា នៃនិគ្គណ្ឋនាដបុត្តនោះ ពួកនិគ្រន្ថ (ជាសិស្ស) ក៏បែកគ្នាទៅជាពីរពួក កើតប្រកួតប្រកាន់ ឈ្លោះប្រកែកទាស់ទែង ពោលពាក្យចាក់ដោតគ្នានឹងគ្នា ដោយលំពែង​ គឺ​មាត់ថា អ្នកឯងមិនចេះធម្មវិន័យនេះទេ អ្នកឯងនឹងចេះធម្មវិន័យនេះ ដូចម្តេចបាន អ្នក​ឯង​ប្រតិបត្តិខុសទេ យើងជាអ្នកប្រតិបត្តិត្រូវ ពាក្យយើងមានប្រយោជន៍ ពាក្យអ្នកឯង​ឥត​ប្រយោជន៍ទេ ពាក្យដែលគេត្រូវនិយាយមុន អ្នកឯងនិយាយក្រោយវិញ ពាក្យដែល​គេត្រូវ​និយាយក្រោយ អ្នកឯងនិយាយមុនវិញ ពាក្យដែលអ្នកឯងចេះចាំ​មក​ជា​យូរ​អង្វែង​ហើយ ក៏សុទ្ធតែជាពាក្យខុសទទេ ទោសក្នុងវាទៈ របស់អ្នកឯង យើងបានលើក​ឡើង​ហើយ អ្នកឯង យើងសង្កត់សង្កិនបានហើយ ចូរអ្នកឯងទៅសិក្សា ដើម្បី​ដោះស្រាយ​នូវ​ទោស​ក្នុងវាទៈ ឬបើអ្នកឯងអង់អាច ចូរដោះចេញ (ចាកសេចក្តីខុសចុះ)។ សេចក្តី​ស្លាប់​តែ​មួយ ក៏ហាក់ដូចជាប្រព្រឹត្តតាមពួកនិគ្រណ្ឋ ដែលជាសិស្សរបស់នាដបុត្ត។ ពួក​សាវ័ក​របស់​និគណ្ឋនាដបុត្តណា ដែលជាគ្រហស្ថ ស្លៀកពាក់សំពត់ស ពួកសាវ័កទាំងនោះ ក៏​មាន​សេចក្តីនឿយណាយ ធុញទ្រាន់ ជិនឆ្អន់នឹងពួកនិគ្រណ្ឋ ដែលជាសិស្សរបស់នាដបុត្ត ដូចពួកជន ដែលមានសេចក្តីនឿយណាយ ធុញទ្រាន់ ជិនឆ្អន់នឹងធម្មវិន័យ ដែល​គេ​ពោល​ទុក ដោយអាក្រក់ ដែលគេសំដែងទុក ដោយអាក្រក់ មិនមែននិយ្យានិកធម៌ មិន​មែន​ប្រព្រឹត្តទៅ ដើម្បីសេចក្តីស្ងប់រម្ងាប់ មិនមែនជាធម្មវិន័យ ដែលព្រះសម្មាសម្ពុទ្ធ​ ទ្រង់​សំដែង​ទុកហើយ ជាធម្មវិន័យមានទីពឹងបែកធ្លាយហើយ ជាធម្មវិន័យមិនមាន​ទី​ពឹង​ឡើយ។ លំដាប់នោះឯង ព្រះសារីបុត្តដ៏មានអាយុ ហៅភិក្ខុទាំងឡាយមកថា ម្នាល​អាវុសោ​ទាំងឡាយ និគ្គណ្ឋនាដបុត្ត ធ្វើមរណកាលហើយថ្មីៗ ក្នុងក្រុងបាវា ដោយ​កាល​កិរិយា នៃនិគ្គណ្ឋនាដបុត្តនោះ ពួកនិគ្រណ្ឋ ក៏បែកគ្នាទៅជាពីរពួក។បេ។ ជាធម្មវិន័យ មាន​ទីពឹងបែកធ្លាយហើយ ជាធម្មវិន័យមិនមានទីពឹងឡើយ ម្នាលអាវុសោទាំងឡាយ ដំណើរនោះ ប្រព្រឹត្តទៅក្នុងធម្មវិន័យ ដែលបុគ្គលពោលទុកអាក្រក់ហើយ ដែល​បុគ្គល​ប្រកាស​ទុកអាក្រក់ហើយ មិនមែនជានិយ្យានិកធម៌ មិនមែនប្រព្រឹត្តទៅ ដើម្បី​សេចក្តី​ស្ងប់​រម្ងាប់ មិនមែនជាធម៌វិន័យ ដែលព្រះសម្មាសម្ពុទ្ធ ទ្រង់សំដែងទុកយ៉ាងនេះឯង។ ម្នាល​អាវុសោ​ទាំងឡាយ ធម៌នេះឯង ព្រះមានព្រះភាគនៃយើងទាំងឡាយ បានពោល​ទុក​ល្អ​ហើយ បានប្រកាសទុកល្អហើយ ជានិយ្យានិកធម៌ ប្រព្រឹត្តទៅដើម្បីស្ងប់រម្ងាប់ ជាធម៌​ដែល​ព្រះសម្មាសម្ពុទ្ធ ទ្រង់សំដែងទុកហើយ គួរតែយើងទាំងអស់គ្នា សង្គាយនា [ប្រែថា និយាយ ឬពោលដោយសេចក្តីព្រមព្រៀងគ្នា។] ក្នុងធម៌នោះ មិនគួរទាស់ទែងគ្នាឡើយ ព្រហ្មចរិយធម៌នេះ ឋិតឋេរ តាំងនៅអស់កាលជាយូរអង្វែង ដោយហេតុណា ហេតុនោះ​ឯង​ប្រព្រឹត្តទៅ ដើម្បីជាប្រយោជន៍ ដល់ជនច្រើន ដើម្បីសេចក្តីសុខ ដល់ជនច្រើន ដើម្បី​អនុគ្រោះ ដល់សត្វលោក ដើម្បីសេចក្តីចំរើន ដើម្បីជាប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់​ទេវតា និងមនុស្សទាំងឡាយ។ ម្នាលអាវុសោទាំងឡាយ ចុះធម៌ដែល​ព្រះមានព្រះភាគ​នៃយើង​ទាំងឡាយ ពោលទុកល្អហើយ ប្រកាសទុកល្អហើយ ជានិយ្យានិកធម៌ ប្រព្រឹត្តទៅ​ដើម្បីសេចក្តីស្ងប់រម្ងាប់ ជាធម៌ដែលព្រះ​សម្មាសម្ពុទ្ធ​ទ្រង់​សំដែងហើយ​នោះ ដូចម្តេចខ្លះ គួរយើងទាំងអស់គ្នា សង្គាយនាក្នុងធម៌នោះ មិនគួរទាស់ទែងគ្នាឡើយ ព្រហ្មចរិយធម៌​នេះ ឋិតឋេរ តាំងនៅអស់កាលជាយូរអង្វែង ដោយហេតុណា ហេតុនោះ​ឯង​ប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ដល់ជនច្រើន ដើម្បីសេចក្តីសុខ ដល់ជនច្រើន ដើម្បី​អនុគ្រោះ ដល់សត្វ​លោក ដើម្បីសេចក្តីចំរើន ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់ទេវតា និងមនុស្ស​ទាំង​ឡាយ។

[៩៧] ម្នាលអាវុសោទាំងឡាយ ធម៌១ ដែលព្រះមានព្រះភាគអង្គនោះ ជា​អរហន្ត​សម្មា​សម្ពុទ្ធ ទ្រង់ជ្រាបច្បាស់ ឃើញច្បាស់ ទ្រង់សំដែងទុកហើយដោយប្រពៃ គួរតែយើង​ទាំង​អស់គ្នា សង្គាយនាក្នុងធម៌នោះ មិនគួរទាស់ទែងគ្នាឡើយ ព្រហ្មចរិយធម៌នេះ ឋិតឋេរ​តាំងនៅអស់កាលជាយូរអង្វែង ដោយហេតុណា ហេតុនោះប្រព្រឹត្តទៅ ដើម្បី​ប្រយោជន៍​ដល់ជនច្រើន ដើម្បីសេចក្តីសុខដល់ជនច្រើន ដើម្បីអនុគ្រោះដល់សត្វលោក ដើម្បី​សេចក្តី​ចំរើន ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់ទេវតា និងមនុស្សទាំងឡាយ។ ធម៌១នោះ តើដូចម្តេច។ ពួកសត្វទាំងអស់ឋិតនៅបាន ព្រោះអាស្រ័យអាហារ ពួកសត្វ​ទាំង​អស់ឋិតនៅបាន ព្រោះអាស្រ័យសង្ខារ [សំដៅយកអវិជ្ជា តណ្ហា កម្ម អាហារជា​ដើម]។ ម្នាលអាវុសោទាំងឡាយ នេះឯងជាធម៌១ ដែលព្រះមានព្រះភាគអង្គនោះ ជា​អរហន្ត សម្មាសម្ពុទ្ធ ទ្រង់ជ្រាបច្បាស់ ឃើញច្បាស់ ទ្រង់សំដែងទុកហើយ ដោយប្រពៃ យើងទាំងអស់គ្នា គួរតែសង្គាយនាក្នុងធម៌នោះ មិនគួរទាស់ទែងគ្នាឡើយ ព្រហ្មចរិយ​ធម៌​នេះ ឋិតឋេរតាំងនៅអស់កាលជាយូរអង្វែង ដោយហេតុណា ហេតុនោះប្រព្រឹត្តទៅ ដើម្បី​ប្រយោជន៍ ដល់ជនច្រើន ដើម្បីសេចក្តីសុខ ដល់ជនច្រើន ដើម្បីអនុគ្រោះ ដល់សត្វ​លោក ដើម្បីសេចក្តីចំរើន ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់ទេវតា និងមនុស្ស​ទាំង​ឡាយ។

ចប់ ពួកធម៌មួយៗ ដែលរាប់ក្នុងការសង្គាយនា។

[៩៨] ម្នាលអាវុសោទាំងឡាយ មានធម៌ពីរៗ ដែលព្រះមានព្រះភាគអង្គនោះ ជា​អរហន្ត សម្មាសម្ពុទ្ធ ទ្រង់ជ្រាបច្បាស់ ឃើញច្បាស់ ទ្រង់សំដែងហើយ ដោយប្រពៃ យើងទាំង​អស់គ្នា គួរតែសង្គាយនាក្នុងធម៌នោះ។បេ។ ដើម្បីសេចក្តីចំរើន ដើម្បីប្រយោជន៍ ដើម្បី​សេចក្តី​សុខ ដល់ទេវតា និងមនុស្សទាំងឡាយ។ ពួកធម៌ពីរៗ តើអ្វីខ្លះ។ ពួកធម៌ពីរៗនោះ គឺ នាម [ប្រែថា ញុំាងគ្នានឹងគ្នាឲ្យទន់ទៅក្នុងអារម្មណ៍ បានដល់​អរូបក្ខន្ធទាំង៤ គឺវេទនា១ សញ្ញា១ សង្ខារ១ វិញ្ញាណ១ និងព្រះនិព្វាន១។]១ រូប [ប្រែថា វិនាស ថាលំបាក ដោយក្តៅ ត្រជាក់ជាដើម បានដល់មហាភូតរូបទាំង៤ និងឧបាទាយរូប​២៤]១។ អវិជ្ជា [សេចក្តី​មិនដឹង​ក្នុងអរិយសច្ច មានទុក្ខសច្ចជាដើម។]១ ភវតណ្ហា [សេចក្តីប្រាថ្នា សេចក្តី​ត្រេកត្រអាល​ក្នុងភព។] ១។ ភវទិដ្ឋិ [បានដល់សស្សតទិដ្ឋិ សេចក្តី​យល់ឃើញថា លោកទៀង។] ១ វិភវទិដ្ឋិ [បានដល់ឧច្ឆេទទិដ្ឋិ សេចក្តីយល់​ឃើញ​ថា សត្វ​ស្លាប់ទៅសូន្យ មិនកើតទៀតឡើយ]១។ សេចក្តីមិនខ្មាសបាប១ សេចក្តីមិនក្តៅនឹងបាប ឬមិនខ្លាច​បាប១។ សេចក្តីខ្មាសបាប១ សេចក្តីក្តៅនឹងបាប១។ ភាវៈជាអ្នកដែល​គេប្រដៅ​ក្រ១ ភាវៈ​ជា​អ្នកមានមិត្តអាក្រក់១។ ភាវៈជាអ្នកដែលគេប្រដៅងាយ១ ភាវៈជាអ្នក​មានមិត្ត​ល្អ១។ សេចក្តីឈ្លាសក្នុងអាបត្តិ១ សេចក្តីឈ្លាសក្នុងការចេញចាកអាបត្តិ១។ សេចក្តីឈ្លាស​ក្នុង​សមាបត្តិ១ សេចក្តីឈ្លាសក្នុងការចេញចាកសមាបត្តិ១។ សេចក្តីឈ្លាស​ក្នុងធាតុ១ សេចក្តីឈ្លាសក្នុងការធ្វើទុកក្នុងចិត្ត១។ សេចក្តីឈ្លាសក្នុងអាយតនៈ១ សេចក្តី​ឈ្លាស​ក្នុងបដិច្ចសមុប្បាទធម៌១។ សេចក្តីឈ្លាសក្នុងហេតុ១ សេចក្តីឈ្លាស​ក្នុង​មិន​មែន​ហេតុ១។ សេចក្តីស្លូតត្រង់១ ចិត្តទន់១។ សេចក្តីអត់ធ្មត់១ ការប្រព្រឹត្តិល្អ ឬស្លូត​ មិន​កោង​កាច១។ ពាក្យពីរោះ១ ការទទួលរាក់ទាក់១។ សេចក្តីមិនបៀតបៀន [បានដល់ករុណា គឺ​សេចក្តី​អាណិត អនុគ្រោះ​សព្វសត្វ។]១ សេចក្តីស្អាត [បានដល់មេត្តា គឺសេចក្តីរាប់អាន​ ស្រឡាញ់​សព្វសត្វ។]១។ សេចក្តីភ្លាំងភ្លាត់សតិ១ មិនដឹងខ្លួន១។ សេចក្តីរឭក១ ដឹង​ខ្លួន១។ ភាវៈជាអ្នកមិនគ្រប់គ្រងទ្វារ ក្នុងឥន្ទ្រិយទាំងឡាយ១ ភាវៈជាអ្នកមិនដឹង​ប្រមាណ​ក្នុង​ភោជន១។ ភាវៈជាអ្នកគ្រប់គ្រងទ្វារ ក្នុងឥន្ទ្រិយទាំងឡាយ១ ភាវៈជាអ្នកដឹង​ប្រមាណ​ក្នុង​ភោជន១។ កំឡាំង គឺប្រាជ្ញា ជាគ្រឿង​ពិចារណា១ កំឡាំង គឺភាវនា [សំដៅ​យក​ពោជ្ឈង្គ​ទាំង៧​ប្រការ។] ១។ កំឡាំង គឺសតិ១ កំឡាំង គឺសមាធិ១។ សមថៈ (ធម៌​សម្រាប់​រម្ងាប់ចិត្ត) ​១ វិបស្សនា (ប្រាជ្ញាឃើញច្បាស់នូវនាមរូប)១។ សមថនិមិត្ត [ហេតុនៃ​សេចក្តី​រម្ងាប់​ចិត្ត បានដល់​សម្មាសមាធិ។]១ មគ្គហនិមិត្ត [ហេតុនៃសេចក្តីព្យាយាម បានដល់​សម្មាវាយាមៈ។]១។ សេចក្តីព្យាយាម [បានដល់សម្មាវាយាមៈ]១ សេចក្តីមិនរាយមាយ [បានដល់​សម្មាសមាធិ]១។ សីលវិបត្តិ១ ទិដ្ឋិវិបត្តិ១។ សីលសម្បទា១ ទិដ្ឋិសម្បទា១។ សេចក្តី​បរិសុទ្ធនៃសីល១ សេចក្តីបរិសុទ្ធនៃទិដ្ឋិ១។ សេចក្តីបរិសុទ្ធនៃទិដ្ឋិ គឺញាណទស្សៈ ១ សេចក្តីព្យាយាម នៃបុគ្គលដែលមានសេចក្តីយល់ឃើញតាមពិត [សេចក្តីព្យាយាម ដែល​ប្រកបដោយញាណទស្សនៈនោះ។]១។ សេចក្តីសង្វេគក្នុងហេតុ [បានដល់ជាតិទុក្ខ ជរាទុក្ខ មរណទុក្ខ ព្យាធិទុក្ខ។]ទាំងឡាយ គួរសង្វេគ១ សេចក្តីព្យាយាម [បានដល់​សម្មប្បធាន​ទាំង​៤។] ដោយ​ឧបាយ​របស់​បុគ្គលអ្នកមានចិត្តសង្វេគ១។ សេចក្តីមិន​សន្តោស ក្នុងកុសលធម៌ទាំងឡាយ១។ មិន​រួញ​រា ក្នុងសេចក្តីព្យាយាម១។ វិជ្ជា​​ [បានដល់​វិជ្ជា៣] ១ វិមុត្តិ [បានដល់វិមុត្តិពីរ គឺចិត្តស្សអធិមុត្តិ សេចក្តីរួចចាកនីវរណធម៌ នៃចិត្ត បានដល់​អដ្ឋសមាបត្តិ១ ព្រះនិព្វាន១។]១។ សេចក្តីដឹង ក្នុងអរិយមគ្គ ជាគ្រឿងអស់​ទៅ​នៃកិលេស១ សេចក្តីដឹងក្នុងអរិយផល ដែលធ្វើសត្វមិនឲ្យកើតឡើងដោយបដិសន្ធិ​១។ ម្នាលអាវុសោទាំងឡាយ នេះឯងជាពួកធម៌ពីរៗ ដែលព្រះមានព្រះភាគអង្គនោះ ជា​អរហន្ត សម្មាសម្ពុទ្ធ ទ្រង់ជ្រាបច្បាស់ ឃើញច្បាស់ ទ្រង់សំដែងទុកហើយ ដោយប្រពៃ យើងទាំងអស់គ្នា គួរតែសង្គាយនាក្នុងធម៌នោះ។បេ។ ដើម្បីសេចក្តីសុខ ដល់ទេវតា និង​មនុស្ស​ទាំងឡាយ។

ចប់ ពួកធម៌ពីរៗ ដែលរាប់ចូលក្នុងការសង្គាយនា។

[៩៩] ម្នាលអាវុសោទាំងឡាយ មានពួកធម៌បីៗ ដែលព្រះមានព្រះភាគអង្គនោះ ជាអរហន្ត សម្មាសម្ពុទ្ធ ទ្រង់ជ្រាបច្បាស់ ឃើញច្បាស់ ទ្រង់សំដែងទុកហើយ ដោយប្រពៃ គួរតែ​យើងទាំងអស់គ្នា សង្គាយនាក្នុងធម៌នោះ។បេ។ ដើម្បីសេចក្តីចំរើន ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់ទេវតា និងមនុស្សទាំងឡាយ។ ពួកធម៌បីៗ តើអ្វីខ្លះ? ពួកធម៌បីៗ គឺ ឫសអកុសល៣យ៉ាង គឺលោភៈ ជាឫសនៃអកុសល១ ទោសៈ ជាឫសនៃអកុសល១ មោហៈ ជាឫសនៃអកុសល១។ ឫសកុសល៣យ៉ាងគឺ អលោភៈ ជាឫសនៃកុសល១ អទោសៈ ជាឫសនៃកុសល១ អមោហៈ ជាឫសនៃកុសល១។ ទុច្ចរិត៣យ៉ាងគឺ ទុច្ចរិត​ដោយ​កាយ១ ទុច្ចរិតដោយវាចា១ ទុច្ចរិតដោយចិត្ត១។ សុចរិត៣យ៉ាងគឺ សុចរិតដោយ​កាយ១ សុចរិតដោយវាចា១ សុចរិតដោយចិត្ត១។ សេចក្តី​ត្រិះរិះ​ជា​អកុសល៣យ៉ាងគឺ សេចក្តីត្រិះរិះប្រកបដោយកាម១ សេចក្តីត្រិះរិះប្រកបដោយព្យា​បាទ១ សេចក្តីត្រិះរិះ​ប្រកប​ដោយការបៀតបៀន១។ សេចក្តីត្រិះរិះជាកុសល៣យ៉ាងគឺ សេចក្តី​ត្រិះរិះ​ប្រកប​ដោយ​ការចេញចាកកាម១ សេចក្តីត្រិះរិះ​ប្រកបដោយ​ការ​មិនព្យាបាទ១ សេចក្តីត្រិះរិះ​ប្រកបដោយការមិនបៀតបៀន១។ តម្រិះជាអកុសល៣យ៉ាង​គឺ តម្រិះប្រកបដោយកាម១ តម្រិះប្រកបដោយការព្យាបាទ១ តម្រិះប្រកបដោយ​ការ​បៀត​បៀន១។ តម្រិះជាកុសល៣​យ៉ាងគឺ តម្រិះប្រកបដោយការចេញចាកកាម១ តម្រិះ​ប្រកបដោយការមិនព្យាបាទ១ តម្រិះ​ប្រកបដោយការមិនបៀតបៀន១។ សេចក្តី​សំគាល់​ជាអកុសល៣យ៉ាងគឺ សេចក្តី​សំគាល់​ប្រកបដោយកាម១ សេចក្តីសំគាល់​ប្រកប​ដោយ​ព្យាបាទ១ សេចក្តីសំគាល់ប្រកប​ដោយ​ការបៀតបៀន១។ សេចក្តីសំគាល់ជាកុសល៣ យ៉ាងគឺ សេចក្តីសំគាល់ប្រកប​ដោយ​ការចេញចាកកាម១ សេចក្តីសំគាល់ប្រកបដោយ​ការមិនព្យាបាទ១ សេចក្តីសំគាល់​ប្រកប​ដោយការមិនបៀតបៀន១។ ធាតុជាអកុសល៣​យ៉ាងគឺ ធាតុប្រកបដោយកាម [ក្នុងទីនេះ សំដៅយកមិច្ឆាសង្កប្ប គឺតម្រិះខុស។]១ ធាតុប្រកបដោយព្យាបាទ១ ធាតុ​ប្រកប​ដោយការបៀតបៀន១។ ធាតុជាកុសល៣យ៉ាងគឺ ធាតុប្រកបដោយការចាក​ចេញ​កាម [ក្នុងទីនេះ សំដៅយកសម្មាសង្កប្ប គឺតម្រិះ​ត្រូវ]១ ធាតុប្រកបដោយ​ការមិន​ព្យាបាទ១ ធាតុប្រកបដោយការមិនបៀតបៀន១។ ធាតុ៣​យ៉ាង​ដទៃ​ទៀតគឺ ធាតុប្រកប​ដោយ​កាម [ធាតុក្នុងទីនេះ សំដៅយកភព។]១ ធាតុប្រកប​ដោយ​រូប១ ធាតុប្រកបដោយ​អរូប១។ ធាតុ៣យ៉ាងដទៃទៀតគឺ ធាតុប្រកបដោយរូប១ ធាតុប្រកប​ដោយអរូប១ ធាតុ​ប្រកបដោយសេចក្តីរលត់ គឺ ព្រះនិព្វាន១។ ធាតុ៣​យ៉ាង​ដទៃ​ទៀត គឺ ធាតុយ៉ាងទាប [សំដៅយក​អកុសល​ចិត្តុប្បាទទំាង១២។]១ ធាតុ​យ៉ាង​កណ្តាល [សំដៅយកតេភូមិកធម៌ ក្រៅអំពីអកុសលចិត្តុប្បាទនោះ។]១ ធាតុយ៉ាងឧត្តម [សំដៅយក​នវលោកុត្តរធម៌។]១។ តណ្ហា៣យ៉ាងគឺ កាមតណ្ហា [បានដល់តម្រេក ដែល​ប្រព្រឹត្តទៅក្នុងកាមគុណទាំង៥។] ១ ភវតណ្ហា [សេចក្តីអាល័យក្នុងឈាន ក្នុងរូបភព និងអរូបភព ឬតម្រេកប្រកប​ដោយ​សស្សតទិដ្ឋិ។]១ វិភវតណ្ហា [តម្រេក​ប្រកបដោយ​ឧច្ឆេទទិដ្ឋិ។]១។ តណ្ហា៣យ៉ាងដទៃ​ទៀតគឺ កាមតណ្ហា១ រូបតណ្ហា [ឆន្ទរាគ ក្នុងរូបភព។]១ អរូបតណ្ហា [ឆន្ទរាគ ក្នុង​អរូបភព។]១។ តណ្ហា៣យ៉ាងដទៃទៀតគឺ រូបតណ្ហា១ អរូបតណ្ហា១ និរោធតណ្ហា [តម្រេក​ប្រកបដោយឧចេ្ឆទទិដ្ឋិ]១។ សញ្ញោជនៈ ៣យ៉ាងគឺ សក្កាយទិដ្ឋិ [សេចក្តីយល់ខុស មាន​នៅក្នុងកាយ គឺខន្ធទាំង៥ មានរូបក្ខន្ធជាដើម។]១ វិចិកិច្ឆា [សេចក្តីសង្ស័យ ក្នុងគុណ​ព្រះរតនត្រ័យជាដើម។]១ សីលព្វតបរាមាស [សេចក្តីប្រកាន់ខុស ដោយសីល និងវ័ត គឺប្រកាន់សីល និងវ័តខាងក្រៅ​ព្រះពុទ្ធសាសនា ដែលមិនបរិសុទ្ធ ថាជាបរិសុទ្ធវិញ។]១។ អាសវៈ៣យ៉ាង គឺ កាមាសវៈ [ក្នុងគម្ពីរធម្មសង្គណិថា សេចក្តីត្រេកត្រអាលក្នុងកាម ហៅ​ថា កាមាសវៈ។]​១ ភវាសវៈ​ [សេចក្តីត្រេកត្រអាល ក្នុងភព ហៅថា ភវាសវៈ។]១ អវិជ្ជាសវៈ [សេចក្តីមិនដឹង​ក្នុងអរិយសច្ចទាំង៤ជាដើម ហៅថា អវិជ្ជា។ ឯអាសវសព្ទនេះ ប្រែថា ត្រាំនៅអស់កាល​យូរ។]១។ ភព៣យ៉ាងគឺ កាមភព [ប្រទេស ជាទីកើតនៃសត្វ ដែល​មាន​អារម្មណ៍ប្រកប​ដោយ​កាម រាប់តាំងអំពីអវចិនរក រហូតដល់​កាមាវចរទេវលោក។]១ រូបភព [ប្រទេស ជាទីកើតនៃសត្វ ដែលប្រកបដោយរូបជ្ឈាន គឺរូបព្រហ្មទាំង១៦ជាន់។]១ អរូបភព [ប្រទេស ជាទីកើតនៃសត្វ ដែលប្រកបដោយ​អរូបជ្ឈាន គឺអរូបព្រហ្មទាំង​៤ជាន់។] ១។ ការ​ស្វែងរក៣យ៉ាងគឺ ការស្វែងរកកាម១ ស្វែងរកភព១ ស្វែង​រក​ព្រហ្មចរិយធម៌ [បានដល់​មិច្ឆាទិដ្ឋិ មានសស្សតទិដ្ឋិជាដើម។]១។ មានៈ៣យ៉ាងគឺ មានៈ​ថា​អាត្មាអញប្រសើរជាងគេ ១ មានៈថាអាត្មាអញស្មើនឹងគេ១ មានៈថាអាត្មាអញអន់​ជាង​គេ១។ កាល៣យ៉ាងគឺ អតីតកាល១ អនាគតកាល១ បច្ចុប្បន្នកាល១។ អន្តៈ គឺចំណែក៣​យ៉ាងគឺ សក្កាយ [បានដល់ឧបាទានក្ខន្ធទាំង៥។]ជាចំណែក១ ធម៌ជាគ្រឿងកើត [បាន​ដល់​​បុរិមតណ្ហា។] នៃសក្កាយជាចំណែក១ ធម៌ជាគ្រឿងរលត់ [បានដល់ព្រះនិព្វាន។] នៃសក្កាយជាចំណែក១។ វេទនា៣យ៉ាងគឺ សុខវេទនា១ ទុក្ខវេទនា១ អទុក្ខមសុខវេទនា​១។ សេចក្តីលំបាក ៣ យ៉ាងគឺ លំបាកព្រោះសេចក្តីទុក្ខ [បានដល់ទុក្ខវេទនា។] ១ លំបាកព្រោះសង្ខារ [បានដល់ឧបេក្ខាវេទនា។] ១ លំបាកព្រោះសេចក្តីប្រែប្រួល [បាន​ដល់​សុខវេទនា បានសេចក្តីថា បើសេចក្តីសុខប្រែប្រួលទៅហើយ សេចក្តីទុក្ខ​ក៏ត្រឡប់​កើតឡើង​វិញ។] ១ ។ គំនរ ៣ យ៉ាងគឺ សភាវៈខុសដ៏ទៀងទាត់ [បានដល់និយតមិច្ឆាទិដ្ឋិ​ និងអនន្តរិយកម្មទាំង៥។] ជាគំនរ ១ សភារៈត្រូវដ៏ទៀងទាត់ [បានដល់​អរិយមគ្គទាំង៤។] ជាគំនរ១ សភារៈមិនទៀងទាត់ [បានដល់ធម៌ដទៃ ចាកធម៌ទាំង៣ពួកនោះ គឺ​និយតមិច្ឆាទិដ្ឋិ១ អនន្តរិយកម្ម១ អរិយមគ្គ១។] ជាគំនរ ១ ។ សេចក្តីសង្ស័យ ៣ យ៉ាងគឺ បុគ្គលរមែងសង្ស័យងឿងឆ្ងល់ មិនចុះចិត្តស៊ប់ មិនជ្រះស្រឡះ ព្រោះប្រារព្ធ​នូវ​អតីតកាល ១ សង្ស័យងឿងឆ្ងល់ មិនចុះចិត្តស៊ប់ មិនជ្រះស្រឡះ ព្រោះប្រារព្ធនូវអនាគតកាល១ សង្ស័យងឿងឆ្ងល់ មិនចុះចិត្តស៊ប់ មិនជ្រះស្រឡះ ព្រោះប្រារព្ធនូវបច្ចុប្បន្នកាល ១ ។ អំពើដែលព្រះតថាគត មិនចាំបាច់រក្សា ឬរវាំងមាន ៣ យ៉ាង គឺ ម្នាលអាវុសោទាំងឡាយ ព្រះតថាគត មានកាយសមាចារបរិសុទ្ធ ព្រះតថាគត គប្បីរក្សា នូវកាយទុច្ចរិតណាថា អ្នកដទៃកុំបីដឹងនូវកាយទុច្ចរិតរបស់អញនេះ កាយទុច្ចរិតនោះ មិនមានដល់​ព្រះតថាគត​ឡើយ ១ ម្នាលអាវុសោទាំងឡាយ ព្រះតថាគត មានវចីសមាចារបរិសុទ្ធ ព្រះតថាគត គ្បីរក្សានូវ​វចីទុច្ចរិតណាថា អ្នកដទៃកុំបីដឹង នូវវចីទុច្ចរិតរបស់អញនេះ វចីទុច្ចរិតនោះ មិនមានដល់​ព្រះតថាគតឡើយ១ ម្នាលអាវុសោទាំងឡាយ ព្រះតថាគត មាន​មនោសមាចារ​​បរិសុទ្ធ ព្រះតថាគត គប្បីរក្សានូវមនោទុច្ចរិតណាថា អ្នកដទៃកុំបីដឹង​ នូវមនោទុច្ចរិត​របស់អញនេះ មនោទុច្ចរិតនោះ មិនមានដល់ព្រះតថាគតឡើយ១។ កង្វល់ ៣ យ៉ាង គឺ រាគៈ ជាកង្វល់ ១ ទោសៈ ជាកង្វល់១ មោហៈ ជាកង្វល់១។ ភ្លើង​៣យ៉ាង ភ្លើង គឺរាគៈ១ ភ្លើង គឺទោសៈ១ ភ្លើង គឺមោហៈ១។ ភ្លើង ៣ យ៉ាងដទៃទៀត ភ្លើង គឺ​អាហុនេយ្យបុគ្គល ១ ភ្លើង គឺទក្ខិណេយ្យបុគ្គល ១ ភ្លើង គឺគហបតី ១ ។ ការរាប់នូវ​រូប​ដោយ​ចំណែក ៣ គឺ រូបប្រកបដោយការឃើញផង ប្រកបដោយការប៉ះពាល់ផង [បាន​ដល់​រូបាយតនៈតែមួយយ៉ាង។] ១ រូបមិនប្រកបដោយការឃើញ តែប្រកបដោយ​ការ​ប៉ះពាល់​[បានដល់អាយតនៈទាំង៩ គឺចក្ខ្វាយតនៈ១ សោតាយតនៈ១ ឃានាយតនៈ១ ជិវ្ហាយតនៈ១ កាយាយតនៈ១ សទ្ទាយតនៈ១ គន្ធាយតនៈ១ រសាយតនៈ១ ផោដ្ឋព្វាយតនៈ១។] ១ រូបមិនប្រកបដោយការឃើញផង មិនប្រកបដោយការ​ប៉ះពាល់ផង [បានដល់សុខុមរូប ក្រៅអំពី​អាយតនៈទាំង១០។] ១។ សង្ខារ ៣ យ៉ាង គឺ បុញ្ញាភិសង្ខារ [បានដល់​ចេតនា១៣ គឺកាមាវចរកុសលចេតនា៨ និងរូបាវចរកុសលចេតនា៥ ប្រព្រឹត្ត​ទៅដោយអំណាច​ភាវនា។]១ អបុញ្ញាភិសង្ខារ [បានដល់អកុសលចេតនា១២។]១ អានេញ្ជាភិសង្ខារ [បានដល់អរូបាវចរកុសលចេតនា៤ ប្រព្រឹត្តទៅដោយអំណាច​ភាវនា។ ឯ​សង្ខារសព្ទនេះ ប្រែថា សភាវៈធ្វើនូវ​សហជាតធម៌ និងសម្បរាយផលធម៌ឲ្យជា​គំនរ។]១។ បុគ្គល៣ ពួក គឺ បុគ្គលជាសេក្ខៈ [បានដល់បុគ្គល៧ពួក មានបុគ្គល​ដល់នូវ​សោតាបត្តិមគ្គជាដើម មានបុគ្គល​ដែលបានដល់​នូវ​អរហត្តមគ្គជាទីបំផុត។]១ បុគ្គល​ជា​អសេក្ខៈ [បានដល់​អរហត្តផល។]១ បុគ្គលមិនមែនជាសេក្ខៈ មិនមែនជាអសេក្ខៈ [បានដល់​បុគ្គល​ជាបុថុជ្ជន។]១។ ភិក្ខុចាស់មាន ៣ ពួក គឺ ចាស់ដោយជាតិ១ ចាស់​ដោយ​ធម៌ ១ ចាស់ដោយការសន្មតិ១។ បុញ្ញកិរិយាវត្ថុ៣យ៉ាងគឺ បុញ្ញកិរិយាវត្ថុ​សម្រេច​ដោយ​ទាន១ បុញ្ញកិរិយាវត្ថុសម្រេចដោយសីល១ បុញ្ញកិរិយាវត្ថុសម្រេចដោយភាវនា១។ ហេតុ​នៃការចោទ៣យ៉ាងគឺ ដោយឃើញ [ឃើញនូវ​ការល្មើសដោយមំសចក្ខុ ឬទិព្វចក្ខុ ហើយ​ចោទ។]១ ដោយឮ [ឮសំដីរបស់បុគ្គល​ដទៃ​ ដោយបកតិសោត ឬទិព្វសោត ហើយ​ចោទ។]១ ដោយរង្កៀស [ចោទដោយសេចក្តី​រង្កៀស ព្រោះឃើញ ព្រោះឮ ព្រោះ​ប៉ះពាល់ ដោយឃានបសាទ ជិវ្ហាបសាទ កាយបសាទ។]១។ ការសេពកាម ៣ យ៉ាង ម្នាល​អាវុសោទាំងឡាយ ពួកសត្វមានកាមតាំងឡើង ពួកសត្វទាំងនោះ ធ្វើអំណាច​ឲ្យប្រព្រឹត្ត​ទៅ ក្នុងកាមទាំងឡាយ ដែលតាំងឡើង ដូចជាមនុស្សទាំងអស់ និង​ទេវតា​ពួក​[បានដល់​កាមាវចរទេវតាទាំង៤ជាន់ គឺចាតុម្មហារាជិកា១ តាវត្តឹង្ស១ យាមា១ តុសិត១។]​ខ្លះ និងវិនិបាតិក [បានដល់​អបាយិកសត្វទាំង៣ វៀរលែងនរកចេញ។]ពួកខ្លះ នេះជា​ការ​សេពកាមទី១ ម្នាលអាវុសោទាំងឡាយ ពួកសត្វមានកាម ដែលខ្លួននិមិត្តហើយ ពួកសត្វ​ទាំង​នោះ លុះនិមិ្មតហើយ ៗ ក៏ធ្វើអំណាចឲ្យប្រព្រឹត្តទៅ ក្នុងកាមទាំងឡាយ ដូចជា​ពួក​ទេវតា ក្នុងជាន់និម្មានរតី នេះជាការសេពកាមទី២ ម្នាលអាវុសោទាំងឡាយ ពួកសត្វ​មាន​កាម ដែលទេវតាដទៃនិមិ្មតឲ្យ ពួកសត្វទាំងនោះ ធ្វើអំណាច​ឲ្យប្រព្រឹត្តទៅ ក្នុង​កាម​ទាំងឡាយ ដែលទេវតាដទៃនិមិ្មតឲ្យ ដូចជាពួកទេវតា ក្នុងជាន់បរនិម្មិតវសវត្តី នេះ​ជា​ការ​សេព​កាមទី៣។ ការបានសេចក្តីសុខ ៣ យ៉ាង ម្នាលអាវុសោ មានពួកសត្វ​ធ្វើ​នូវ​សេចក្តី​សុខ [អដ្ឋកថា ថា ធ្វើ​សេចក្តីសុខ​ ក្នុងបឋមជ្ឈានខាងក្រោមឲ្យកើត ហើយសោយនូវ​សេចក្តីសុខ ដែលកើត​អំពីផលរបស់ឈានជាខាងលើ។] ឲ្យកើតឡើងរឿយៗ ហើយ​ទទួល​នូវសេចក្តីសុខ (នោះ) ដូចជាពួកទេវតា នៅក្នុង​ពួក​ព្រហ្មលោក នេះជាការបាន​នូវសេចក្តីសុខទី១ ម្នាលអាវុសោទាំងឡាយ ពួកសត្វដែលជោកជាំ ជ្រួតជ្រាប បរិបូណ៌​ពាល់ត្រូវដោយសេចក្តីសុខហើយ ពួកសត្វ​ទាំង​នោះ ជួនកាលបន្លឺឧទានក្នុង​កាលម្តងៗ​ថា សុខណាស់ហ្ន៎ សុខណាស់ហ្ន៎ ដូចជាពួក​ទេវតា​​នៅក្នុងជាន់អាភស្សរព្រហ្មលោក នេះ​ជាការបាននូវសេចក្តីសុខទី២ ម្នាលអាវុសោទាំងឡាយ ពួកសត្វដែលជោកជាំ​ជ្រួតជ្រាប បរិបូណ៌ ពាល់ត្រូវដោយ​សេចក្តី​សុខ​ហើយ ពួកសត្វទាំងនោះសន្តោស និងសេចក្តីសុខ​ដ៏ល្អិតប៉ុណ្ណោះ ទទួលសេចក្តីសុខ​ក្នុងចិត្ត ដូចពួកទេវតានៅក្នុងជាន់​សុភកិណ្ហព្រហ្ម​លោក នេះជាការបាន​នូវសេចក្តីសុខទី៣។ បញ្ញា ៣ យ៉ាង គឺ បញ្ញាជារបស់សេក្ខបុគ្គល ១ បញ្ញាជារបស់​អសេក្ខបុគ្គល ១ បញ្ញាជារបស់នេវសេក្ខានាសេក្ខបុគ្គល១។ បញ្ញា៣ យ៉ាង​ដទៃទៀត គឺ បញ្ញា​សម្រេចមកអំពីការគិត១ បញ្ញាសម្រេចមកអំពីការស្តាប់១ បញ្ញា​សម្រេចមកអំពី​ការ​ចម្រើន១។ អាវុធ៣យ៉ាង បានដល់អាវុធ គឺសុតៈ (ពុទ្ធវចនៈ)១ អាវុធ គឺសេចក្តីស្ងាត់​ [ស្ងាត់​កាយ ស្ងាត់ចិត្ត ស្ងាត់ចាកឧបធិ។]១ អាវុធ គឺបញ្ញា១។ ឥន្ទ្រិយ៣​យ៉ាងគឺ ឥន្ទ្រិយ​ដែល​កើតឡើង ដល់បុគ្គលអ្នកប្រតិបត្តិ ដោយគិតថា អាត្មាអញ នឹងបាន​ដឹងនូវធម៌ ដែល​មិន​ទាន់បានដឹង (សោតាបត្តិមគ្គបញ្ញា)១ ឥន្ទ្រិយ គឺញាណជា​គ្រឿង​ដឹងច្បាស់ (សោតាបត្តិផល​ញាណ។ល។ អរហត្តមគ្គញ្ញាណ)១ ឥន្ទ្រិយ គឺសេចក្តីដឹង​ក្នុងធម៌ ដែល​បុគ្គល​គួរដឹងច្បាស់ ជាធម៌ដល់នូវទីបំផុត នៃកិច្ចដោយកិរិយាដឹង (អរហត្តផលញ្ញាណ)​១។ ចក្ខុ ៣ យ៉ាង គឺ មំសចក្ខុ [បានដល់​ភ្នែកសាច់ធម្មតា គឺចក្ខុបសាទ។] ១ ទិព្វចក្ខុ [បានដល់​ញាណ ដែលអាស្រ័យ​នូវពន្លឺ។]១ បញ្ញាចក្ខុ [បានដល់លោកិយបញ្ញា និងលោកុត្តរបញ្ញា។]១។ សិក្ខា ៣ យ៉ាង គឺ អធិសីលសិក្ខា [បានដល់បាតិមោក្ខ​សំវរសីល។]១ អធិចិត្តសិក្ខា [បានដល់ឈាន ជាទីតាំងនៃវិបស្សនា។] ១ អធិប្បញ្ញាសិក្ខា [បានដល់វិបស្សនា]១។ ភាវនា ៣ យ៉ាង គឺ កាយភាវនា [បានដល់​កាយ​របស់​ព្រះ​ខីណា​ស្រព ដែលប្រព្រឹត្តទៅក្នុងទ្វារ​ទាំង៥។]១ ចិត្តភាវនា [បានដល់​សមាបត្តិទាំង៨។] ១ បញ្ញាភាវនា [បានដល់អរហត្តផលបញ្ញា។]១។ អនុត្តរិយៈ ៣ យ៉ាង គឺ ទស្សនានុត្តរិយៈ [បានដល់វិបស្សនា។] ការឃើញដ៏ប្រសើរ១ បដិបទានុត្តរិយៈ [បាន​ដល់​មគ្គ។] សេចក្តី​ប្រតិបត្តិ​ដ៏ប្រសើរ១ វិមុត្តានុត្តរិយៈ [បានដល់ផល។ ន័យមួយទៀតថា ទស្សនានុត្តរិយៈ បានដល់ផល។ បដិបទានុត្តរិយៈ បានដល់មគ្គ។ វិមុត្តានុត្តរិយៈ បាន​ដល់ព្រះនិព្វាន (អដ្ឋកថា)។] ការរួចចាកកិលេសដ៏ប្រសើរ១។ សមាធិ៣យ៉ាងគឺ សមាធិ​ប្រកបដោយ​វិតក្កវិចារៈ [បានដល់បឋមជ្ឈាន។]១ សមាធិមិនមានវិតក្កៈ មានត្រឹមតែវិចារៈ [បានដល់​ទុតិយជ្ឈាន។]១ សមាធិមិនមានវិតក្ក និងវិចារៈ [បានដល់តតិយជ្ឈាន ចតុត្ថជ្ឈាន បញ្ចមជ្ឈាន។]១។ សមាធិ៣យ៉ាងដទៃទៀត គឺ សុញ្ញតសមាធិ១ អនិមិត្តសមាធិ ១ អប្បណិហិតសមាធិ១។ សេចក្តីស្អាត ៣ យ៉ាង គឺ សេចក្តីស្អាត​ដោយ​កាយ ១ សេចក្តីស្អាតដោយវាចា ១ សេចក្តីស្អាតដោយចិត្ត ១ ។ ច្បាប់ [សេចក្តីប្រតិបត្តិ ធ្វើមនុស្ស​ឲ្យទៅជាអ្នកប្រាជ្ញ។] អ្នកប្រាជ្ញ ៣ យ៉ាង គឺ ច្បាប់អ្នកប្រាជ្ញផ្លូវកាយ ១ ច្បាប់អ្នកប្រាជ្ញផ្លូវវាចា ១ ច្បាប់អ្នកប្រាជ្ញផ្លូវចិត្ត ១ ។ សេចក្តីឈ្លាស ៣ យ៉ាង គឺ សេចក្តី​ឈ្លាស​​ក្នុងការចម្រើន១ សេចក្តីឈ្លាសក្នុងការវិនាស ១ សេចក្តីឈ្លាសក្នុងឧបាយ [ហេតុ​របស់ផលនោះៗ។]១។ សេចក្តីស្រវឹង៣ យ៉ាង គឺ ស្រវឹងដោយការមិនមានរោគ១ ស្រវឹង​ដោយវ័យ ១ ស្រវឹងដោយជាតិត្រកូល ១ ។ អធិបតេយ្យ ៣ យ៉ាង គឺ អត្តាធិបតេយ្យ [ការធ្វើ​ខ្លួន​ឲ្យជាធំ ហើយមិនធ្វើបាប។]១ លោកាធិបតេយ្យ [ការធ្វើលោកឲ្យជាធំ ហើយ​មិនធ្វើបាប។]១ ធម្មាធិបតេយ្យ [ការធ្វើលោកុត្តរធម៌ឲ្យជាធំ ហើយមិនធ្វើបាប។ ក្នុង​គម្ពីរវិសុទ្ធិមគ្គសីលនិទ្ទេសថា បុគ្គលមានប្រាថ្នានឹងលះបង់​នូវ​អំពើ​ដែល​មិនសមគួរ​ដល់​ខ្លួន ហើយមានសេចក្តី​គោរពក្នុងខ្លួន ហើយប្រព្រឹត្ត​នូវសីលណា សីលនោះ ហៅថា អត្តាធិបតេយ្យសីល។ បុគ្គល​មានប្រាថ្នានឹង​ចៀសវាងពាក្យនិន្ទាអំពី​សត្វលោក ហើយ​មាន​សេចក្តីគោរពចំពោះលោក ហើយប្រព្រឹត្តនូវសីលណា សីលនោះ ហៅថា លោកាធិបតេយ្យសីល។ បុគ្គល​មានប្រាថ្នានឹងបូជានូវធម៌​ដ៏ថ្លៃថ្លា ហើយមានសេចក្តី​គោរព​ក្នុងធម៌ ហើយប្រព្រឹត្ត​នូវសីលណា សីលនោះ ហៅថា ធម្មាធិបតេយ្យសីល។]១។ កថាវត្ថុ៣យ៉ាងគឺ បុគ្គលប្រារព្ធអតីតកាល និយាយពាក្យថា រឿងយ៉ាងនេះ កើតមានក្នុង​អតីតកាល​ហើយ១ បុគ្គលប្រារព្ធអនាគតកាល និយាយពាក្យថា រឿងយ៉ាងនេះ នឹងមាន​ក្នុង​អនាគតកាល១ បុគ្គលប្រារព្ធបច្ចុប្បន្នកាល ក្នុងកាលឥឡូវនេះ និយាយពាក្យថា រឿងយ៉ាងនេះ កើតឡើងក្នុងកាលឥឡូវនេះ១។ វិជ្ជា ៣ យ៉ាង គឺ ញាណជាគ្រឿង​រឭក​ឃើញ​នូវខន្ធបញ្ចកៈ ដែលធ្លាប់នៅអាស្រ័យក្នុងកាលមុន ជាវិជ្ជា ១ សេចក្តីដឹងក្នុងចុតិ និងបដិសន្ធិរបស់ពួកសត្វ ជាវិជ្ជា១ សេចក្តីដឹងក្នុងធម៌ ជាគ្រឿងអស់​ទៅ​ នៃអាសវៈ​ទាំងឡាយ ជាវិជ្ជា១។ វិហារធម៌ (ធម៌ជាគ្រឿងនៅ) ៣ យ៉ាង គឺ ទិព្យវិហារ [បានដល់​សមាបត្តិទាំង៨។]១ ព្រហ្មវិហារ [អប្បមញ្ញា៤ គឺមេត្តា១ ករុណា១ មុទិតា១ ឧបេក្ខា១។] ១ អរិយវិហារ [ផលសមាបត្តិ] ១ ។ បាដិហារ ៣ យ៉ាង គឺ ឥទ្ធិបាដិហារ្យ [សេចក្តី​អស្ចារ្យ​ដោយ​ឫទ្ធិ] ១ អាទេសនាបាដិហារ្យ [សេចក្តីអស្ចារ្យដោយទាយចិត្តសត្វដទៃ។] ១ អនុសាសនីបាដិហារ្យ [សេចក្តីអស្ចារ្យដោយការប្រៀនប្រដៅ ដោយសីលសមាធិបញ្ញា។ ចូរមើល​ក្នុងកេវដ្តសូត្រសីលក្ខន្ធវគ្គ។]១។ ម្នាលអាវុសោទាំងឡាយ ពួកធម៌បីៗទាំងនេះ​ឯង ព្រះមានព្រះភាគអង្គនោះ ជាអរហន្តសម្មាសម្ពុទ្ធ ទ្រង់ជ្រាបច្បាស់ ឃើញច្បាស់ ទ្រង់សម្តែងហើយដោយប្រពៃ គួរយើងទាំងអស់គ្នា សង្គាយនាក្នុងធម៌នោះ មិនគួរ​ទាស់​ទែង​គ្នាឡើយ។បេ។ ដើម្បីសេចក្តីចម្រើន ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់ទេវតា និង មនុស្សទាំងឡាយ។

ចប់ពួកធម៌បីៗ ដែលរាប់ចូលក្នុងការសង្គាយនា។

[១០០] ម្នាលអាវុសោទាំងឡាយ ពួកធម៌បួនៗ ដែល​ព្រះមានព្រះភាគអង្គនោះ ជាអរហន្ត​សម្មាសម្ពុទ្ធ ទ្រង់ជ្រាបច្បាស់ ឃើញច្បាស់ ទ្រង់សំដែង​ហើយដោយប្រពៃ គួរតែ​យើង​ទាំងអស់គ្នា សង្គាយនាក្នុងធម៌នោះ។បេ។ ដើម្បីសេចក្តីចំរើន ដើម្បី​ប្រយោជន៍ ដើម្បី​សេចក្តីសុខ ដល់ទេវតា និងមនុស្សទាំងឡាយ។ ពួកធម៌បួនៗ តើដូចម្តេច។ សតិបដ្ឋាន៤ ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកពិចារណារឿយៗ នូវកាយក្នុងកាយ ជាបុគ្គល​មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានសេចក្តីដឹងខ្លួនដោយល្អ មាន​ស្មារតី​​កំចាត់បង់នូវអភិជ្ឈា និងទោមនស្សក្នុងលោក [សំដៅយកកាយ ឬឧបាទានក្ខន្ធ​ទាំង៥។] ១។ ពិចារណារឿយៗ នូវវេទនា ក្នុងវេទនាទាំងឡាយ១។ ពិចារណារឿយៗ នូវចិត្ត ក្នុងចិត្ត១។ ពិចារណារឿយៗ នូវធម៌ក្នុងធម៌ទាំងឡាយ ជាបុគ្គលមានព្យាយាម ជាគ្រឿងដុតកំដៅ នូវកិលេស មានសេចក្តីដឹងដោយល្អ មានស្មារតី កំចាត់បង់នូវអភិជ្ឈា និងទោមនស្សក្នុងលោក១។

[១០១] សម្មប្បធាន៤ ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ ញុំាង​ឆន្ទៈ [សេចក្តីប្រាថ្នា ឬថាសេចក្តី​ពេញចិត្ត ក្នុងកុសលធម៌។]ឲ្យកើតឡើង សង្វាត ប្រារព្ធ ព្យាយាម ផ្គងចិត្ត ដំកល់ចិត្ត ដើម្បីបិទ​អកុសលធម៌ទាំងឡាយដ៏លាមក ដែល​មិនទាន់​កើតឡើង មិនឲ្យកើតឡើងបាន១ ញុំាង​ឆន្ទៈ ឲ្យកើតឡើង សង្វាត ប្រារព្ធ នូវសេចក្តី​ព្យាយាម ផ្គងចិត្ត ដំកល់ចិត្ត ដើម្បីលះបង់​នូវ​​អកុសលធម៌ទាំងឡាយដ៏លាមក ដែល​កើតឡើងហើយ១ ញុំាង​ឆន្ទៈឲ្យកើតឡើង សង្វាត ប្រារព្ធ នូវសេចក្តីព្យាយាម ផ្គងចិត្ត ដំកល់ចិត្ត ដើម្បីបណ្តុះបណ្តាលកុសលធម៌ទាំងឡាយ ដែល​មិនទាន់​កើតឡើង ឲ្យកើត​ឡើង​១ ញុំាង​ឆន្ទៈឲ្យកើតឡើង សង្វាត ប្រារព្ធ នូវសេចក្តីព្យាយាម ផ្គងចិត្ត ដំកល់ចិត្ត ដើម្បីឲ្យ​​កុសលធម៌ទាំងឡាយ ដែលកើតហើយ ឲ្យឋិតនៅ មិនឲ្យវិនាសទៅ ឲ្យរឹងរឹត​តែ​ចំរើនឡើង ធំទូលាយ ចំរើន​ពេញលេញ១។

[១០២] ឥទ្ធិបាទ៤ ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចំរើនឥទ្ធិបាទ [ធម៌ ជាជើងនៃឫទ្ធ ឬថា ជាទីតាំង​នៃឫទ្ធ។] ដែលប្រកបដោយឆន្ទសមាធិ [សមាធិ មានឆន្ទៈ​ជាហេតុ ឬថា សមាធិអាស្រ័យ​នូវឆន្ទៈ។] និងបធានសង្ខារ [បានដល់​សម្មប្បធាន​ទាំង៤]១ ចំរើនឥទ្ធិបាទ ដែលប្រកបដោយវីរិយសមាធិ និងបធានសង្ខារ១ ចំរើនឥទ្ធិបាទ ដែល​ប្រកបដោយចិត្តសមាធិ និងបធានសង្ខារ១ ចំរើនឥទ្ធិបាទ ដែលប្រកបដោយ​វីមំសាសមាធិ និងបធានសង្ខារ១។

[១០៣] ឈាន៤យ៉ាង ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ ស្ងាត់ចាក​កាមទាំងឡាយ ស្ងាត់ចាកអកុសលធម៌ទាំងឡាយ បានដល់​នូវបឋមជ្ឈាន ប្រកបដោយ​វិតក្កៈ ប្រកបដោយវិចារៈ មានបីតិ និងសុខ ដែលកើតអំពី​សេចក្តីស្ងប់ស្ងាត់នោះ១ ភិក្ខុ​ព្រោះស្ងប់ស្ងាត់​ចាកវិតក្កៈ វិចារៈ ក៏បានដល់​នូវទុតិយជ្ឈាន ជាធម្មជាតកើតមានក្នុង​សន្តាននៃខ្លួន ប្រកបដោយសេចក្តីជ្រះថ្លា គឺសទ្ធា​ មានសភាពជាចិត្តខ្ពស់ឯក មិនមាន​វិតក្កៈ មិនមានវិចារៈ មានតែបីតិ និងសុខៈ ដែល​កើតអំពី​សមាធិ គឺបឋមជ្ឈាន១ ភិក្ខុ​ព្រោះ​នឿយណាយចាកបីតិផង ប្រកបដោយ​ឧបេក្ខាផង មានស្មារតីដឹងខ្លួន​ដោយប្រពៃ​ផង ទទួលនូវសុខ ដោយនាមកាយផង ព្រះអរិយៈទាំងឡាយ តែងសរសើរនូវបុគ្គល​ ដែល​បាន​នូវតតិយជ្ឈាននោះថា បុគ្គលនោះ ប្រកបដោយឧបេក្ខា មានស្មារតី មានធម៌​ជាគ្រឿង​នៅជាសុខដូច្នេះ ព្រោះតតិយជ្ឈានណា ក៏បានដល់នូវតតិយជ្ឈាន​នោះ១ ភិក្ខុ​ព្រោះ​លះបង់នូវ​សុខផង ព្រោះលះបង់​នូវទុក្ខផង ព្រោះអស់ទៅ​នៃសោមនស្ស និងទោមនស្ស​ក្នុងកាលមុន ក៏បានដល់នូវចតុត្ថជ្ឈាន មាន​អារម្មណ៍​មិនមែន​ជាទុក្ខ មិន​មែនជាសុខ គឺជាឧបេក្ខា មានសតិ ដ៏បរិសុទ្ធ ដោយឧបេក្ខា១។

[១០៤] សមាធិភាវនា [ការធ្វើសមាធិឲ្យដុះដាលឡើង។] ៤យ៉ាង ម្នាលអាវុសោ​ទាំងឡាយ មានសមាធិភាវនា ដែលបុគ្គលចំរើន ធ្វើឲ្យច្រើនហើយ ប្រព្រឹត្តទៅ ដើម្បី​នៅ​ជាសុខ ក្នុងបច្ចុប្បន្ន១។ ម្នាលអាវុសោទាំងឡាយ មានសមាធិភាវនា ដែលបុគ្គល​ចំរើន​ហើយ ធ្វើឲ្យ​ច្រើនហើយ ប្រព្រឹត្តទៅ ដើម្បីបាននូវញាណទស្សនៈ [បានដល់មគ្គញ្ញាណ ផលញ្ញាណ សព្វញ្ញុតញ្ញាណ បច្ចវេក្ខណញ្ញាណ និងវិបស្សនាញាណ]១។ ម្នាលអាវុសោ​ទាំងឡាយ មានសមាធិភាវនា ដែលបុគ្គលចំរើនហើយ ធ្វើឲ្យច្រើនហើយ ប្រព្រឹត្តទៅ ដើម្បី​សតិ និងសម្បជញ្ញៈ១។ ម្នាលអាវុសោទាំងឡាយ មានសមាធិភាវនា ដែលបុគ្គល​ចំរើន​ហើយ ធ្វើឲ្យ​ច្រើនហើយ ប្រព្រឹត្តទៅ ដើម្បីអស់ទៅ​នៃអាសវៈទាំងឡាយ១។ ម្នាលអាវុសោ​ទាំងឡាយ ចុះសមាធិភាវនា ដូចម្តេច ដែលបុគ្គលចំរើនហើយ ធ្វើឲ្យ​ច្រើន​ហើយ ប្រព្រឹត្តទៅ ដើម្បី​​ជាសុខ ក្នុងបច្ចុប្បន្ន។ ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុង​សាសនា​នេះ ស្ងាត់ចាក​កាមទាំងឡាយ ស្ងាត់ចាក​អកុសលធម៌ទាំងឡាយ ហើយបាន​ដល់​នូវ​បឋមជ្ឈាន ប្រកបដោយវិតក្កៈ ប្រកបដោយ​វិចារៈ។បេ។ បានដល់នូវ​ចតុត្ថជ្ឈាន ម្នាលអាវុសោ​ទាំងឡាយ នេះជាសមាធិភាវនា ដែលបុគ្គលចំរើនហើយ ធ្វើឲ្យ​ច្រើន​ហើយ តែងប្រព្រឹត្តទៅ ដើម្បី​​នៅជាសុខ ក្នុងបច្ចុប្បន្ន។ ម្នាលអាវុសោទាំងឡាយ ចុះសមាធិ​ភាវនា ដូចម្តេច ដែលបុគ្គលចំរើនហើយ ធ្វើឲ្យ​ច្រើន​ហើយ ប្រព្រឹត្តទៅ ដើម្បី​​បាននូវ​ញាណទស្សនៈ។ ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុង​សាសនា​នេះ ធ្វើទុកក្នុងចិត្ត នូវ​អាលោកសញ្ញា [សេចក្តីសំគាល់ក្នុងពន្លឺ។] អធិដ្ឋាន នូវ​ទិវាសញ្ញាថា [សេចក្តី​សំគាល់​ថាថ្ងៃ] ថ្ងៃយ៉ាងណា យប់យ៉ាងនោះ យប់យ៉ាងណា ថ្ងៃយ៉ាងនោះ មានចិត្តបើក​ចេញ​ស្រឡះ ឥតមានអ្វីរួបរឹតបិទបាំង ចំរើន​ចិត្ត ដែល​ប្រកបដោយពន្លឺ ម្នាលអាវុសោ​ទាំង​ឡាយ នេះជាសមាធិភាវនា ដែលបុគ្គលចំរើនហើយ ធ្វើឲ្យ​ច្រើន​ហើយ តែង​ប្រព្រឹត្ត​ទៅ ដើម្បីបាននូវញាណទស្សនៈ។ ម្នាលអាវុសោទាំងឡាយ ចុះសមាធិភាវនា ដូចម្តេច ដែលបុគ្គលចំរើនហើយ ធ្វើឲ្យ​ច្រើន​ហើយ ប្រព្រឹត្តទៅ ដើម្បីសតិ និងសម្បជញ្ញៈ។ ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុង​សាសនា​នេះ វេទនាកើតឡើងក៏ដឹង តាំងនៅក៏ដឹង អស់ទៅក៏ដឹង សញ្ញាកើតឡើងក៏ដឹង តាំងនៅក៏ដឹង អស់ទៅក៏ដឹង វិតក្កៈ កើតឡើងក៏ដឹង តាំងនៅក៏ដឹង អស់ទៅក៏ដឹង ម្នាលអាវុសោ​ទាំងឡាយ នេះជាសមាធិភាវនា ដែលបុគ្គល​ចំរើន​ហើយ ធ្វើឲ្យ​ច្រើន​ហើយ តែងប្រព្រឹត្តទៅ ដើម្បី​​សតិ និងសម្បជញ្ញៈ។ ម្នាល​អាវុសោទាំងឡាយ ចុះសមាធិភាវនា ដូចម្តេច ដែលបុគ្គលចំរើនហើយ ធ្វើឲ្យ​ច្រើន​ហើយ ប្រព្រឹត្តទៅ ដើម្បី​អស់​ទៅនៃអាសវៈទាំងឡាយ។ ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុង​សាសនា​នេះ ជាអ្នកពិចារណារឿយៗ នូវសេចក្តីកើតឡើង និងសូន្យទៅក្នុងឧបាទានក្ខន្ធ​ទាំង៥ថា រូបដូច្នេះ ការកើតឡើង​នៃរូបដូច្នេះ ការរលត់ទៅនៃរូបដូច្នេះ។ វេទនាដូច្នេះ។ សញ្ញាដូច្នេះ។ សង្ខារដូច្នេះ។ វិញ្ញាណដូច្នេះ ការកើតឡើងនៃវិញ្ញាណ​ដូច្នេះ ការរលត់​ទៅ​នៃវិញ្ញាណដូច្នេះ ម្នាលអាវុសោ​ទាំងឡាយ នេះជាសមាធិភាវនា ដែលបុគ្គលចំរើនហើយ ធ្វើឲ្យ​ច្រើន​ហើយ តែងប្រព្រឹត្តទៅ ដើម្បី​អស់ទៅ​នៃអាសវៈ​ទាំងឡាយ។

[១០៥] អប្បមញ្ញា៤យ៉ាង ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ មានចិត្ត​ប្រកបដោយមេត្តា ផ្សាយទៅកាន់ទិសទី១ ទី២ ទី៣ ទី៤ ក៏ដូចគ្នា ផ្សាយទៅកាន់ទិស​ខាង​លើ ខាងក្រោម និងទិសទទឹង [សំដៅយកទិសតូច​ទាំង៤ គឺទិស​អាគ្នេយ៍ ឦសាន និរតី ពាយព្យ។] មានចិត្តប្រកបដោយមេត្តា ដ៏ធំទូលាយ រកប្រមាណមិនបាន មិនមានពៀរ មិនមានព្យាបាទ ផ្សាយទៅកាន់សត្វលោកទាំងពួង ដោយអាការទាំងពួង ក្នុងទីទាំងពួង​១។ មានចិត្តប្រកបដោយករុណា១។ មានចិត្តប្រកបដោយមុទិតា១។ មានចិត្តប្រកប​ដោយ​​ឧបេក្ខា ផ្សាយទៅកាន់ទិសទី១ ទី២ ទី៣ ទី៤ក៏ដូចគ្នា ផ្សាយទៅ​កាន់ទិសខាងលើ ខាងក្រោម និងទិសទទឹង មានចិត្តប្រកបដោយឧបេក្ខា ដ៏ធំទូលាយ រកប្រមាណ​មិនបាន មិនមានពៀរ មិនមានព្យាបាទ ផ្សាយទៅកាន់​សត្វលោកទាំងពួង ដោយអាការទាំងពួង ក្នុងទីទាំងពួង១។

[១០៦] អរូបជ្ឈាន៤យ៉ាង ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ ព្រោះ​ការប្រព្រឹត្ត​កន្លងនូវ​រូបសញ្ញា [ប្រែថា សេចក្តីសំគាល់​ក្នុងរូប។ ឯរូបក្នុង​ទីនេះ សំដៅយក​រូបាវចរជ្ឈានផង អារម្មណ៍​របស់រូបាវចរជ្ឈាន​នោះផង។] ដោយប្រការទាំងពួង ព្រោះការ​អស់​បដិឃសញ្ញា [ប្រែថា សេចក្តីសំគាល់កើតឡើង ដោយការប៉ះពាល់ គឺចក្ខុប៉ះពាល់នឹង​រូប​ជាដើម។] ព្រោះការលែងធ្វើទុកក្នុងចិត្ត នូវនានត្តសញ្ញា [គឺសញ្ញាផ្សេងៗគ្នា មាន៤៤ គឺកាមាវចរកុសលសញ្ញា៨ អកុសលសញ្ញា១២ កាមាវចរកុសលវិបាកសញ្ញា១១ អកុសល​វិបាកសញ្ញា២ កាមាវចរកិរិយសញ្ញា១១។] ក៏បានដល់នូវ​អាកាសានញ្ចាយតនជ្ឈាន ដោយ​​ធ្វើ​​ទុកក្នុងចិត្តថា អាកាសមិនមាន​ទីបំផុតដូច្នេះ១ ព្រោះប្រព្រឹត្ត​កន្លងនូវ​អាកាសា​នញ្ចា​យតនជ្ឈាន ដោយប្រការទាំងពួង ក៏បានដល់នូវវិញ្ញាណញ្ចាយតនជ្ឈាន ដោយ​ធ្វើ​ទុកក្នុងចិត្តថា វិញ្ញាណមិន​មានទីបំផុត​ដូច្នេះ១ ព្រោះ​ប្រព្រឹត្តកន្លង​នូវវិញ្ញាណញ្ចា​យតនជ្ឈាន ដោយប្រការទាំងពួង ក៏បានដល់នូវ​អាកិញ្ចញ្ញាយតនជ្ឈាន ដោយធ្វើទុក​ក្នុង​ចិត្តថា វត្ថុតិចតួច​មិនមានដូច្នេះ១ ព្រោះ​ប្រព្រឹត្តកន្លង​នូវ​អាកិញ្ចញ្ញាយតនជ្ឈាន ដោយ​ប្រការ​ទាំងពួង ក៏បានដល់នូវនេវសញ្ញានាសញ្ញា​យតនជ្ឈាន សម្រេច​សម្រាន្តនៅ ដោយ​ឥរិយាបថទាំងបួន១។

[១០៧] អបស្សេនធម៌ គឺធម៌ជាទីពឹងផ្អែក៤យ៉ាង ម្នាលអាវុសោទាំងឡាយ ភិក្ខុ​ក្នុង​សាសនានេះ ពិចារណា​ហើយ ទើបសេពនូវរបស់ដែល​គួរសេព [ការប្រើប្រាស់​បច្ច័យ​ មានចីវរជាដើម។]១ ពិចារណាហើយ អត់សង្កត់​នូវហេតុដែលគួរ​អត់សង្កត់ [ការអត់ទ្រាំ​នូវហេតុ មានត្រជាក់ និងក្តៅជាដើម។]១ (ពិចារណា)ហើយ វៀរនូវរបស់​ដែលគួរ​វៀរ [ការ​ចៀសវាងនូវ​សត្វកាច មានដំរីជាដើម។]១ (ពិចារណា)ហើយ បន្ទោបង់នូវហេតុ​ដែល​គួរ​បន្ទោបង់ [ការបន្ទោបង់នូវអកុសលធម៌ មានកាមវិតក្កជាដើម។]១។

[១០៨] អរិយវង្ស [ប្រវេណីនៃព្រះអរិយបុគ្គល មានព្រះពុទ្ធជាដើម។]៤យ៉ាង ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកសន្តោស ដោយចីវរណានីមួយ តែង​សរសើរគុណ នៃសេចក្តីសន្តោស ដោយចីវរណានីមួយ មិនដល់នូវការស្វែងរកដែល​មិនសមគួរ ព្រោះហេតុ​តែចីវរ មិនអន្ទះអន្ទែង ព្រោះ​មិនបានចីវរ បានចីវរហើយ មិន​រីករាយ មិនជ្រុលជ្រប់ មិនបានឲ្យតណ្ហាគ្របសង្កត់ ជាអ្នកមានសេចក្តី​ឃើញទោស ជាប្រក្រតី មានប្រាជ្ញា ជាគ្រឿងរលាស់ចេញហើយបរិភោគ មិនលើកតម្កើង​ខ្លួនឯង មិន​បង្អាប់អ្នកដទៃ ព្រោះសេចក្តី​សន្តោស ដោយចីវរណានីមួយនោះឯង មួយទៀត ភិក្ខុណា ជាអ្នកឈ្លាសវៃ ជាបុគ្គល​មិនខ្ជិលច្រអូស មានសម្បជញ្ញៈ មានសតិតាំងនៅមាំ ក្នុង​សេចក្តី​សន្តោសនោះ ម្នាលអាវុសោទាំងឡាយ ភិក្ខុនេះឯង ព្រះមានព្រះភាគ ត្រាស់ហៅថា អ្នកឋិតនៅក្នុងអរិយវង្ស ជាច្បាប់ទំលាប់ចាស់១។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុជាអ្នកសន្តោស ដោយបិណ្ឌបាតណានីមួយ តែង​សរសើរគុណ នៃសេចក្តីសន្តោស ដោយបិណ្ឌបាតណានីមួយ មិនដល់នូវការស្វែងរក ដែល​មិនសមគួរ ព្រោះហេតុ​តែបិណ្ឌបាត មិនអន្ទះអន្ទែង ព្រោះ​មិនបានបិណ្ឌបាត បានបិណ្ឌបាតហើយ មិន​រីករាយ មិនជ្រុលជ្រប់ មិនបានឲ្យតណ្ហាគ្របសង្កត់ ជាអ្នកមានសេចក្តី​ឃើញទោស ជាប្រក្រតី មានប្រាជ្ញា ជាគ្រឿងរលាស់ចេញ ហើយបរិភោគ មិនលើកតម្កើង​ខ្លួនឯង មិន​បង្អាប់​អ្នក​ដទៃ ព្រោះសេចក្តី​សន្តោស ដោយបិណ្ឌបាតណានីមួយនោះឯង ភិក្ខុណា ជាអ្នកឈ្លាសវៃ ជាបុគ្គល​មិនខ្ជិលច្រអូស មានសម្បជញ្ញៈ មានសតិតាំងនៅមាំ ក្នុង​សេចក្តី​សន្តោសនោះ ម្នាលអាវុសោទាំងឡាយ ភិក្ខុនេះឯង ព្រះមានព្រះភាគ ត្រាស់ហៅថា អ្នក​ឋិតនៅក្នុងអរិយវង្ស ជាច្បាប់ទំលាប់ចាស់១។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុ​ជា​អ្នក​សន្តោស ដោយសេនាសនៈណានីមួយ តែង​សរសើរគុណ នៃសេចក្តីសន្តោស ដោយសេនាសនៈណានីមួយ មិនដល់នូវការស្វែងរក ដែល​មិនសមគួរ ព្រោះហេតុ​តែសេនាសនៈ មិនអន្ទះអន្ទែង ព្រោះ​មិនបានសេនាសនៈ បានសេនាសនៈហើយ មិន​រីករាយ មិនជ្រុលជ្រប់ មិនបានឲ្យតណ្ហាគ្របសង្កត់ ជាអ្នកមានសេចក្តី​ឃើញទោស ជាប្រក្រតី មានប្រាជ្ញា ជាគ្រឿងរលាស់ចេញ ហើយបរិភោគ មិនលើកតម្កើង​ខ្លួនឯង មិន​បង្អាប់អ្នកដទៃ ព្រោះសេចក្តី​សន្តោស ដោយសេនាសនៈណានីមួយនោះឯង មួយទៀត ភិក្ខុណា ជាអ្នកឈ្លាសវៃ ជាបុគ្គល​មិនខ្ជិលច្រអូស មានសម្បជញ្ញៈ មានសតិតាំងនៅមាំ ក្នុង​សេចក្តី​សន្តោសនោះ ម្នាលអាវុសោទាំងឡាយ ភិក្ខុនេះឯង ព្រះមានព្រះភាគ ត្រាស់​ហៅ​ថា អ្នកឋិតនៅក្នុងអរិយវង្ស ជាច្បាប់ទំលាប់ចាស់១។ ម្នាលអាវុសោទាំងឡាយ មួយវិញទៀត ភិក្ខុ​ជាអ្នកមានការលះកិលេសទាំងពួង ជាទីត្រេកអរ ជាអ្នក​ត្រេកអរ​ហើយក្នុងការលះ មានការចំរើន [ចំរើនគុណធម៌ មាននេក្ខម្មជាដើម មានអរហត្តមគ្គជា​ទីបំផុត។] ជាទីត្រេកអរ ជាអ្នកត្រេកអរហើយក្នុងការចំរើន មិនលើកតម្កើង​ខ្លួនឯង មិន​បង្អាប់អ្នកដទៃ ព្រោះតែខ្លួនមានការលះ ជាទីត្រេកអរ ជាអ្នកត្រេកអរហើយ​ក្នុងការលះ មានការចំរើន ជាទីត្រេកអរ ត្រេកអរហើយ ក្នុងការចំរើននោះឯង មួយវិញទៀត ភិក្ខុណា ជាអ្នកឈ្លាសវៃ ជាបុគ្គល​មិនខ្ជិលច្រអូស មានសម្បជញ្ញៈ មានសតិតាំងនៅមាំ ក្នុង​​ការត្រេកអរ​នោះ ម្នាលអាវុសោទាំងឡាយ ភិក្ខុនេះឯង ព្រះមានព្រះភាគ ត្រាស់ហៅថា អ្នកឋិតនៅក្នុងអរិយវង្ស ជាច្បាប់ទំលាប់ចាស់១។

[១០៩] ការព្យាយាមជាគ្រឿង​តំកល់៤យ៉ាង គឺការព្យាយាមក្នុងសេចក្តីសង្រួម១ ការ​ព្យាយាម​ក្នុងការលះ១ ការព្យាយាម​ក្នុង​ការចំរើន១ ការព្យាយាមក្នុងការ​រក្សារឿយៗ១។ ម្នាលអាវុសោទាំងឡាយ ចុះការព្យាយាម ក្នុងសេចក្តី​សង្រួម​ តើដូចម្តេច។ ម្នាល​អាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ ឃើញរូបដោយចក្ខុ ហើយមិនកាន់យក​នូវ​និមិត្ត មិនកាន់យក​នូវអនុព្យញ្ជនៈ អកុសលធម៌ទាំងឡាយដ៏លាមក គឺអភិជ្ឈា និងទោមនស្ស គប្បីជាប់តាមបុគ្គល​ ដែល​មិនសង្រួម​ចក្ខុន្ទ្រិយនុ៎ះ ព្រោះហេតុ​មិនសង្រួម​ចក្ខុន្ទ្រិយណា ប្រតិបត្តិ​ដើម្បីសង្រួម​នូវចក្ខុន្ទ្រិយនោះ រក្សានូវចក្ខុន្ទ្រិយ ដល់នូវ​ការសង្រួម​ក្នុងចក្ខុន្ទ្រិយ។ ឮសំឡេង​ដោយត្រចៀក។ ធុំក្លិន​ដោយច្រមុះ។ ទទួលរសដោយអណ្តាត។ ពាល់ត្រូវ​សម្ផស្ស ដោយកាយ។ ដឹងធម្មារម្មណ៍ដោយចិត្ត ហើយមិនកាន់យក​នូវ​និមិត្ត មិនកាន់យក​នូវអនុព្យញ្ជនៈ អកុសលធម៌ទាំងឡាយដ៏លាមក គឺអភិជ្ឈា និងទោមនស្ស គប្បីជាប់​តាមបុគ្គល​ ដែល​មិនសង្រួម​មនិន្ទ្រិយនុ៎ះ ព្រោះហេតុ​មិនសង្រួម​មនិន្ទ្រិយណា ប្រតិបត្តិ​ដើម្បីសង្រួម​នូវមនិន្ទ្រិយនោះ រក្សានូវមនិន្ទ្រិយ ដល់នូវ​ការសង្រួម​ក្នុងមនិន្ទ្រិយ ម្នាល​អាវុសោទាំងឡាយ នេះ​ព្រះមានព្រះភាគ ត្រាស់ហៅថា ការព្យាយាម​ក្នុងសេចក្តី​សង្រួម។ ម្នាលអាវុសោទាំងឡាយ ចុះការព្យាយាមក្នុងការលះ តើដូចម្តេច។ ម្នាលអាវុសោ​ទាំង​ឡាយ ភិក្ខុក្នុងសាសនានេះ មិនបណ្តោយ​ឲ្យកាមវិតក្កៈ ដែលកើត​ឡើង​ហើយ ឲ្យ​អាស្រ័យ​នៅបាន គឺលះបង់ បន្ទោបង់ ធ្វើឲ្យវិនាស មិនឲ្យកើតមាន មិនបណ្តោយ​ឲ្យ​ព្យាបាទ​វិតក្កៈ ដែលកើតឡើងហើយ។បេ។ មិនបណ្តោយ​ឲ្យ​វិហឹសាវិតក្កៈ ដែល​កើត​ឡើង​ហើយ អាស្រ័យ​នៅបាន គឺលះបង់។បេ។ មិនបណ្តោយ​ឲ្យអកុសលធម៌​ទាំង​ឡាយ​ដ៏​អាក្រក់ ដែលកើត​ឡើង​ហើយរឿយៗ អាស្រ័យនៅបាន គឺលះបង់ បន្ទោបង់ ធ្វើឲ្យវិនាស មិនឲ្យកើតមាន ម្នាលអាវុសោទាំងឡាយ នេះព្រះមានព្រះភាគ ត្រាស់ហៅថា ការ​ព្យាយាម​ក្នុងការលះ។ ម្នាលអាវុសោទាំងឡាយ ចុះការព្យាយាមក្នុងការចំរើន តើដូច​ម្តេច។ ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចំរើន​សតិសម្ពោជ្ឈង្គ ដែល​អាស្រ័យនូវ​វេវេកធម៌ អាស្រ័យនូវវិរាគធម៌ អាស្រ័យ​នូវនិរោធធម៌ ជាធម៌​បង្អោន​ទៅ ដើម្បី​ការលះកិលេស។ ចំរើនធម្មវិចយសម្ពោជ្ឈង្គ។ ចំរើនវីរិយសម្ពោជ្ឈង្គ។ ចំរើន​បីតិសម្ពោជ្ឈង្គ។ ចំរើនបស្សទ្ធិសម្ពោជ្ឈង្គ។ ចំរើនសមាធិសម្ពោជ្ឈង្គ។ ចំរើន​ឧបេក្ខាសម្ពោជ្ឈង្គ ដែលអាស្រ័យ​នូវវិវេកធម៌ អាស្រ័យនូវ​វិរាគធម៌ ចំរើន​នូវ​និរោធធម៌ ជាធម៌​បង្អោនទៅ ដើម្បីលះកិលេស ម្នាលអាវុសោទាំងឡាយ នេះ​ព្រះមានព្រះភាគ ត្រាស់​ហៅថា ការព្យាយាមក្នុងការចំរើន។ ម្នាលអាវុសោទាំងឡាយ ចុះការព្យាយាមក្នុង​ការរក្សារឿយៗ តើដូចម្តេច។ ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុង​សាសនា​នេះ រក្សារឿយៗ នូវសមាធិនិមិត្តដ៏ល្អ ដែលកើតឡើង​ហើយ គឺអដ្ឋិកសញ្ញា [សេចក្តី​សំគាល់​ក្នុង​អដ្ឋិកអសុភ គឺអសុភដែលនៅតែរាងឆ្អឹង។] បុឡុវកសញ្ញា [សេចក្តី​សំគាល់ក្នុង​បុឡុវកអសុភ គឺអសុភដែល​មានដង្កូវចុះ។] វិនីលកសញ្ញា [សេចក្តីសំគាល់​ក្នុង​វិនីលកអសុភ គឺអសុភ ដែល​មានសម្បុរ​ខៀវ។] វិច្ឆិទ្ទកសញ្ញា [សេចក្តី​សំគាល់​ក្នុង​វិច្ឆិទ្ទកអសុភ គឺអសុភដែលដាច់ពាក់កណ្តាលខ្លួន។] ឧទ្ធុមាតកសញ្ញា [សេចក្តីសំគាល់​ក្នុងឧទ្ធុមាតកអសុភ គឺអសុភដែលហើមប៉ោង។] ម្នាលអាវុសោទាំងឡាយ នេះ​ព្រះមានព្រះភាគ ត្រាស់ហៅថា ការព្យាយាម​ក្នុងការរក្សារឿយៗ។

[១១០] ញាណ គឺសេចក្តីដឹង៤យ៉ាង គឺសេចក្តីដឹងក្នុងធម៌ គឺមគ្គផល១ សេចក្តី​ដឹង​ក្នុងលំនាំ​របស់ញាណនោះ១ សេចក្តីដឹង​ក្នុងកិរិយាកំណត់ចិត្ត របស់​បុគ្គលដទៃ១ សេចក្តី​ដឹង​ក្នុងការសន្មតិ១។ ញាណ គឺសេចក្តីដឹង៤យ៉ាងដទៃទៀត គឺសេចក្តី​ដឹងក្នុងទុក្ខ សេចក្តី​ដឹង​ក្នុងទុក្ខសមុទយ១ សេចក្តីដឹងក្នុងទុក្ខនិរោធ១ សេចក្តីដឹងក្នុងទុក្ខនិរោធគាមិនី​បដិបទា១។

[១១១] អង្គនៃសោតាបត្តិមគ្គ៤យ៉ាង គឺការសេពគប់នូវសប្បុរស១ ការស្តាប់ធម៌របស់​សប្បុរស១ ការធ្វើទុកក្នុងចិត្ត ដោយឧបាយ​ប្រាជ្ញា១ សេចក្តី​ប្រតិបត្តិ​ធម៌ សមគួរ​ដល់​លោកុត្តរធម៌១។

[១១២] អង្គរបស់សោតាបន្នបុគ្គល ៤យ៉ាង ម្នាលអាវុសោទាំងឡាយ អរិយសាវ័ក​ក្នុង​សាសនានេះ ប្រកបដោយ​សេចក្តីជ្រះថ្លា មិនកម្រើក​ក្នុងព្រះពុទ្ធថា ព្រះមានព្រះភាគ​អង្គនោះ ទ្រង់ឆ្ងាយចាកកិលេសហើយ ទ្រង់ត្រាស់ដឹងដោយប្រពៃ ចំពោះ​ព្រះអង្គឯង ទ្រង់​បរិបូណ៌​ដោយវិជ្ជា និងចរណៈ ទ្រង់មានដំណើរល្អ ទ្រង់ជ្រាបច្បាស់​នូវត្រៃលោក ទ្រង់ប្រសើរដោយសីលាទិគុណ រកបុគ្គល​ណាស្មើគ្នា ទ្រង់ជាអ្នកទូន្មាន នូវបុរស​ដែល​គួរ​ទូន្មាន ទ្រង់ជាគ្រូរបស់ទេវតា និងមនុស្សទាំងឡាយ ទ្រង់បានត្រាស់​ដឹងនូវអរិយសច្ចធម៌ ទ្រង់លែងមកកាន់ភពថ្មីទៀត ដោយហេតុនេះ១ ប្រកបដោយសេចក្តីជ្រះថ្លា មិនកម្រើក​ក្នុងព្រះធម៌ថា ព្រះបរិយត្តិធម៌ ដែល​ព្រះមានព្រះភាគ ទ្រង់សំដែងហើយ ដោយប្រពៃ ព្រះនព្វលោកុត្តរធម៌ ដែល​បុគ្គល​គប្បីឃើញ​ដោយខ្លួនឯង ជាធម៌​ឲ្យផល មិនរង់ចាំកាល ជាធម៌គួរដល់​ឯហិបស្សវិធី ជាធម៌គួរ​បង្អោន​ចូល​មកទុកក្នុងខ្លួន ជាធម៌ដែល​ពួកវិញ្ញូ​ជន គប្បី​ដឹងច្បាស់​ចំពោះខ្លួន១ ប្រកបដោយសេចក្តីជ្រះថ្លា មិនកម្រើក​ក្នុងព្រះសង្ឃថា ពួក​សាវ័ករបស់ព្រះមានព្រះភាគ ប្រតិបត្តិល្អហើយ ពួកសាវ័ករបស់ព្រះមានព្រះភាគ ប្រតិបត្តិ​ត្រង់ហើយ ពួកសាវ័ករបស់ព្រះមានព្រះភាគ ប្រតិបត្តិ​ដើម្បី​ព្រះនិព្វាន ពួកសាវ័ករបស់​ព្រះមានព្រះភាគ ប្រតិបត្តិ​គួរហើយ បើរាប់ជាគូនៃបុរស បាន៤គូ បើរាប់​រៀងជាបុរស​បុគ្គល​ បាន៨ ពួកសាវ័ករបស់ព្រះមានព្រះភាគនេះ គួរទទួលនូវ​ចតុបច្ច័យ ដែល​គេនាំ​មកអំពីចម្ងាយ ហើយបូជា គួរទទួល​នូវសក្ការៈ ដែល​គេតាក់តែង​ដើម្បីភ្ញៀវ គួរ​ទទួល​នូវទក្ខិណា (ទាន) គួរដល់​អញ្ជលិកម្ម ជាបុញ្ញក្ខេត្តដ៏ប្រសើរ របស់សត្វ​លោក១ ប្រកប​ដោយ​សីល ជាទីត្រេកអរនៃព្រះអរិយៈ គឺជាសីលមិនដាច់ មិនធ្លុះមិនពពាល មិន​ពព្រុះ ជាភុជិស្សសីល (មិនមែន​ជាខ្ញុំតណ្ហា) ជាសីល​ដែលអ្នកប្រាជ្ញសរសើរ ជាសីល​មិន​ជ្រោក​ជ្រាកដោយតណ្ហា និងទិដ្ឋិ ជាសីលប្រព្រឹត្តទៅ ដើម្បី​បាននូវ​សមាធិ១។

[១១៣] សាមញ្ញផល [ផលនៃសមណធម៌ ឬផលភ្នួស។] មាន៤យ៉ាង គឺ សោតាបត្តិផល១ សកទាគាមិផល១ អនាគាមិផល១ អរហត្តផល១។

[១១៤] ធាតុ៤យ៉ាង គឺបឋវីធាតុ១ អាបោធាតុ១ តេជោធាតុ១ វាយោធាតុ១។

[១១៥] អាហារ៤យ៉ាងគឺ អាហារ​គួរធ្វើ​ឲ្យជាពំនូត [បានដល់បាយ និងនំ ជាដើម តែង​នាំមកនូវឱជដ្ឋមករូប។] គ្រោតគ្រាតក្តី ល្អិតក្តី១ ផស្សៈ [បានដល់​ផស្សៈ​ទាំង​៦ មានចក្ខុ​សម្ផស្សជាដើម តែងនាំមកនូវវេទនាទាំង៣។] ជាអាហារទី២ មនោសញ្ចេតនា [បានដល់​កុសលាកុសលចេតនា ដែលអាស្រ័យ​នឹងចិត្ត ចេតនានោះ ចែកទៅជា៣ គឺ​បុញ្ញាភិសង្ខារ១ អបុញ្ញាភិសង្ខារ១ អនេញ្ជាភិសង្ខារ១ តែងនាំមកនូវ​បដិសន្ធិក្នុងភព​ទាំង​៣។] ជាអាហារទី៣ វិញ្ញាណ [បានដល់វិញ្ញាណក្ខន្ធ គឺចិត្តតែងនាំមកនូវនាមរូប ក្នុង​ខណៈ​នៃ​បដិសន្ធិ។] ជាអាហារទី៤។

[១១៦] វិញ្ញាណដ្ឋិតិ (ធម្មជាតិ ជាទីតាំងនៅរបស់វិញ្ញាណ) ៤យ៉ាង ម្នាលអាវុសោ​ទាំងឡាយ វិញ្ញាណដែលស្ថិតនៅ ក៏ស្ថិតនៅអាស្រ័យនឹងរូប មានរូបជាអារម្មណ៍ តាំង​នៅ​ក្នុងរូប ចូលទៅអាស្រ័យ​នូវសេចក្តី​ត្រេកអរ តែងដល់នូវសេចក្តី​ចំរើនលូតលាស់ ធំ​ទូលាយ១។ ម្នាលអាវុសោ​ទាំងឡាយ វិញ្ញាណអាស្រ័យវេទនា១។ ម្នាលអាវុសោ​ទាំង​ឡាយ វិញ្ញាណអាស្រ័យសញ្ញា១។ ម្នាលអាវុសោ​ទាំងឡាយ វិញ្ញាណ​ដែលស្ថិត​នៅ ក៏ស្ថិត​នៅអាស្រ័យ​នឹងសង្ខារ មានសង្ខារ​ជាអារម្មណ៍ តាំងនៅ​ក្នុងសង្ខារ ចូលទៅ​អាស្រ័យ នូវ​សេចក្តីត្រេកអរ តែងដល់នូវ​សេចក្តីចំរើនលូតលាស់ធំទូលាយ១។

[១១៧] ការលុះអគតិ៤យ៉ាងគឺ បុគ្គលលុះឆន្ទាគតិ១ លុះទោសាគតិ១ លុះ​មោហាគតិ១ លុះភយាគតិ១។

[១១៨] ការកើតឡើងនៃតណ្ហា៤យ៉ាង ម្នាលអាវុសោ​ទាំងឡាយ តណ្ហាកាលកើត​ឡើង​ដល់ភិក្ខុ តែង​កើតឡើង ព្រោះហេតុតែ​ចីវរ១ ម្នាលអាវុសោ​ទាំងឡាយ តណ្ហា​កាល​កើត​ឡើងដល់ភិក្ខុ តែងកើតឡើង ព្រោះហេតុតែបិណ្ឌបាត១ ម្នាលអាវុសោ​ទាំងឡាយ តណ្ហា​កាលកើតឡើងដល់ភិក្ខុ តែងកើតឡើង ព្រោះហេតុតែសេនាសនៈ១ ម្នាលអាវុសោ​ទាំង​ឡាយ តណ្ហាកាលកើតឡើងដល់ភិក្ខុ តែងកើតឡើង ព្រោះហេតុតែវត្ថុ​ថ្លៃថ្លាយ៉ាង​ក្រៃលែង១ [បានដល់គិលានភេសជ្ជបច្ច័យ មានប្រេង ទឹកឃ្មុំ ទឹកអំពៅជាដើម។]។

[១១៩] បដិបទា៤យ៉ាង គឺបដិបទាជាទុក្ខ ហើយត្រាស់ដឹងបានដោយយឺតយូរ១ បដិបទា​ជាទុក្ខ ហើយត្រាស់ដឹងបានដោយឆាប់រហ័ស១ បដិបទាជាសុខ តែត្រាស់​ដឹង​បានដោយ​យឺតយូរ១ បដិបទាជាសុខ ហើយត្រាស់ដឹង​បានដោយឆាប់រហ័ស១។

[១២០] បដិបទា៤យ៉ាងដទៃទៀត គឺ បដិបទាមិនអត់ធន់ (នឹងត្រជាក់ជាដើម)១ បដិបទា​អត់ធន់បាន១ បដិបទាទូន្មាន (នូវ​ឥន្ទ្រិយ) បាន១ បដិបទារម្ងាប់ (វិតក្កៈ)បាន១។

[១២១] ចំណែក​ធម៌៤យ៉ាង គឺសេចក្តី​មិនលោភ ជាចំណែកធម៌១ សេចក្តី​មិនព្យាបាទ ជា​ចំណែកធម៌១ ការនឹករឭកត្រូវ ជាចំណែកធម៌១ ការតាំងចិត្តទុកត្រូវ ជាចំណែកធម៌១។

[១២២] ការសមាទានធម៌៤យ៉ាង ម្នាលអាវុសោទាំងឡាយ ការសមាទានធម៌ ជាទុក្ខ​ក្នុង​បច្ចុប្បន្នផង មានផលជាទុក្ខតទៅខាងមុខ [បានដល់សេចក្តីប្រតិបត្តិរបស់​ពួក​អចេល។] ផង១ ម្នាលអាវុសោទាំងឡាយ ការសមាទានធម៌ ជាទុក្ខ​ក្នុងបច្ចុប្បន្ន តែមានផល​ជា​សុខតទៅខាងមុខ [ការប្រព្រឹត្តព្រហ្មចរិយធម៌ ដ៏បរិសុទ្ធរបស់​បុគ្គល​ដែល​មានកិលេស​ក្រាស់ មិនអាចនឹងឈោង​ចាប់យកព្រះអរហត្តបាន ហើយក៏ស្រែក​យំ មានមុខ​ទទឹក​ដោយ​ទឹកភ្នែក។]១ ម្នាលអាវុសោទាំងឡាយ ការសមាទានធម៌ ជាសុខ​ក្នុង​បច្ចុប្បន្ន តែមានផលជាទុក្ខតទៅខាងមុខ [ការប្រព្រឹត្តធម៌របស់បុគ្គល​ដែល​មានចិត្តធ្លាក់​ចុះទៅ​ក្នុង​កាម។]១ ម្នាលអាវុសោទាំងឡាយ ការសមាទានធម៌ ជាសុខក្នុងបច្ចុប្បន្នផង មានផល​ជាសុខ​តទៅខាងមុខ [សាសនព្រហ្មចរិយរបស់បុគ្គលខ្លះ បើទុកជាមិនបាន​នូវបច្ច័យ​ទាំង​៤ ក៏គង់នៅប្រកបដោយសេចក្តីសុខ ដោយអំណាច​ឈាន និងវិបស្សនា។]ផង។

[១២៣] ធម្មក្ខន្ធ៤យ៉ាង គឺ សីលក្ខន្ធ [ខន្ធក្នុងទីនេះ ប្រែថា គុណសីលក្ខន្ធ ប្រែថា គុណ​គឺសីល។]១ សមាធិក្ខន្ធ១ បញ្ញាខន្ធ១ វិមុត្តិក្ខន្ធ១។

[១២៤] កំឡាំង៤យ៉ាង គឺកំឡាំង​ព្យាយាម១ កំឡាំង​សតិ១ កំឡាំង​សមាធិ១ កំឡាំង​បញ្ញា១។

[១២៥] អធិដ្ឋា [ធម្មជាតជាទីតាំងនៃបុរស​មានគុណដ៏ក្រៃលែង។]៤យ៉ាងគឺ អធិដ្ឋាន​ គឺមគ្គ​ផលបញ្ញា១ អធិដ្ឋាន គឺវចីសច្ចៈ១ អធិដ្ឋាន គឺការលះបង់នូវអាមិសៈ១ អធិដ្ឋាន គឺការ​រម្ងាប់នូវកិលេស១។

[១២៦] បញ្ហាព្យាករណ៍ (ការឆ្លើយប្រស្នា)៤យ៉ាង គឺ ប្រស្នាដែលគួរឆ្លើយទៅតែម្តង​១ ប្រស្នាដែលគួរសួរតបទៅវិញ ហើយទើបឆ្លើយ១ ប្រស្នាដែលគួរឆ្លើយចែករលែក​ឲ្យ​ពិស្តារ១ ប្រស្នាដែល​គួរបញ្ឈប់​ទុក១។

[១២៧] កម្ម៤យ៉ាង ម្នាលអាវុសោទាំងឡាយ កម្មខ្មៅ [បានដល់​អកុសលកម្មបថ​១០ ឲ្យផលខ្មៅ គឺឲ្យទៅកើតក្នុងអបាយ។]ឲ្យផលខ្មៅក៏មាន១ ម្នាលអាវុសោទាំងឡាយ កម្មស [គឺកុសលកម្មបទ១០ ឲ្យផលស គឺឲ្យទៅកើតក្នុងសួគ៌។] ឲ្យផលសក៏មាន១ ម្នាលអាវុសោទាំងឡាយ កម្ម​ទាំងខ្មៅទាំងស [គឺអកុសល និងកុសលច្រឡំលាយគ្នា ឲ្យផល​ទាំងខ្មៅ ទាំងស គឺដូច​ជាសត្វខ្លះ ទៅកើតជាសត្វដំរី ដោយអកុសល បានមក​ដំរីជាមង្គល គេឲ្យនៅជាសុខ​ដោយ​កុសល សត្វខ្លះទៅកើតក្នុងរាជត្រកូល​ដោយកុសល តែត្រឡប់​បានសេចក្តី​ទុក្ខ​វិញ​ដោយអកុសល។​] ឲ្យផលទាំងខ្មៅទាំងសក៏មាន១ ម្នាល​អាវុសោ​ទាំងឡាយ កម្ម​មិនខ្មៅ​មិនស [បានដល់មគ្គញ្ញាណទាំង៤។] ឲ្យផលទាំងមិនខ្មៅ ទាំងមិនស តែងប្រព្រឹត្ត​ទៅដើម្បី​អស់កម្ម១។

[១២៨] ធម៌ដែលបុគ្គល​ត្រូវធ្វើឲ្យជាក់ច្បាស់៤យ៉ាង គឺបុព្វេនិវាស (ដែល​ខ្លួន​អាស្រ័យ​នៅក្នុងកាលមុន) ត្រូវធ្វើឲ្យជាក់ច្បាស់ ដោយសតិ១ ចុតូបបាត (ចុតិ និងបដិសន្ធិ) របស់​សត្វទាំងឡាយ ត្រូវធ្វើឲ្យជាក់ច្បាស់ ដោយទិព្វចក្ខុ១ វិមោក្ខ៨ប្រការ ត្រូវធ្វើឲ្យជាក់ច្បាស់​ដោយនាមកាយ១ ធម៌ជាគ្រឿង​អស់ទៅ​នៃអាសវៈទាំងឡាយ ត្រូវ​ធ្វើ​ឲ្យជាក់ច្បាស់ ដោយ​អរហត្តផលបញ្ញា១។

[១២៩] ឱឃៈ (ធម៌​ជាគ្រឿងពន្លិចសត្វ)៤យ៉ាងគឺ កាមោឃៈ [រាគៈ ប្រកបដោយ​កាមគុណទាំង៥ ហៅថា កាមោឃៈ។]១ ភវោឃៈ [ឆន្ទរាគប្រព្រឹត្តទៅក្នុងរូបភព និង​អរូបភព ហៅថា ភវោឃៈ។ មួយទៀតថា សេចក្តីអាល័យក្នុងឈានក្តី រាគប្រកបដោយ​សស្សតទិដ្ឋិក្តី ហៅថា ភវោឃៈដែរ។]១ ទិដ្ឋោឃៈ [ទិដ្ឋិ​៦២ ហៅថា ទិដ្ឋោឃៈ។]១ អវិជ្ជោឃៈ [សេចក្តី​មិនដឹងក្នុង​អរិយសច្ចទាំង៤ ហៅថា អវិជ្ជោឃៈ។]១។

[១៣០] យោគៈ (ធម៌ជាគ្រឿង​ប្រកបសត្វក្នុងវដ្តៈ) ៤យ៉ាង គឺ កាមយោគៈ១ ភវយោគៈ១ ទិដ្ឋិយោគៈ១ អវិជ្ជាយោគៈ១។

[១៣១] វិសំយោគៈ (ធម៌ជាគ្រឿងដោះសត្វ)៤យ៉ាង គឺធម៌ជាគ្រឿង​ដោះសត្វ ចាក​កាមយោគៈ [សំដៅយកអសុភជ្ឈាន ឬអនាគាមិមគ្គ]១ ធម៌ជាគ្រឿង​ដោះសត្វ​ចាកភវយោគៈ [អរហត្តមគ្គ។]១ ធម៌ជាគ្រឿង​ដោះសត្វ​ចាកទិដ្ឋិយោគៈ [សោតាបត្តិមគ្គ។] ១ ធម៌ជាគ្រឿងដោះសត្វ ចាកអវិជ្ជាយោគៈ [អរហត្តមគ្គ (អដ្ឋកថា)។]១។

[១៣២] ធម៌ជាគ្រឿងចងព័ទ្ធ៤យ៉ាងគឺ អភិជ្ឈាជាគ្រឿង​ចងព័ទ្ធកាយ [សំដៅយក​នាមកាយ និងរូបកាយ]១ ព្យាបាទជាគ្រឿង​ចងព័ទ្ធកាយ១ សេចក្តីប្រកាន់ខុស ដោយ​សីល និងវ័ត ជាគ្រឿង​ចងព័ទ្ធកាយ១ សេចក្តីប្រកាន់មាំថា ពាក្យនេះជាពាក្យពិត ពាក្យ​ដទៃ​​ជាពាក្យទទេ ជាគ្រឿង​ចងព័ទ្ធកាយ១។

[១៣៣] ធម្មជាតជាគ្រឿងប្រកាន់មាំ៤យ៉ាង គឺ កាម ជាគ្រឿងប្រកាន់មាំ១ មិច្ឆាទិដ្ឋិ ជា​គ្រឿង​ប្រកាន់មាំ១ ការប្រកាន់មាំដោយសីលព្វត១ ការប្រកាន់​មាំដោយពោលថាខ្លួន១។

[១៣៤] កំណើត​៤យ៉ាងគឺ កំណើតរបស់សត្វ​ដែល​កើតក្នុងស៊ុត១ កំណើត​របស់​សត្វ​ដែល​កើត​ក្នុងទឹក១ កំណើតរបស់សត្វ​ដែលកើត​ក្នុងទីស្មោកគ្រោក១ [កំណើត​របស់​សត្វ ដែល​កើត​លើទីដេក ឬទី​ស្មោកគ្រោក មានត្រីស្អុយជាដើម។] កំណើតរបស់​សត្វ​ដែល​អណ្តែត​ទៅកើតភ្លាម១។

[១៣៥] ការចុះកាន់គភ៌ (របស់សត្វ)៤យ៉ាង ម្នាលអាវុសោទាំងឡាយ សត្វ​ពួកខ្លះ​ក្នុង​លោកនេះ ចុះកាន់​ផ្ទៃ​មាតា ក៏មិនដឹងខ្លួន ឋិតនៅក្នុងផ្ទៃ​មាតាក៏មិនដឹងខ្លួន សម្រាល​ចាកផ្ទៃ​មាតា ក៏មិនដឹង​ខ្លួនទៀត នេះជាការចុះកាន់គភ៌ទី១ [បានដល់លោកិយ​មនុស្សជា​ប្រក្រតី]។ ម្នាលអាវុសោទាំងឡាយ មួយទៀត សត្វពួកខ្លះក្នុងលោកនេះ ចុះកាន់ផ្ទៃមាតា​ ដឹងខ្លួន តែនៅក្នុងផ្ទៃមាតា មិនដឹងខ្លួន សម្រាល​ចាកផ្ទៃ​មាតា ក៏មិនដឹង​ខ្លួនដែរ នេះ​ជាការចុះកាន់ផ្ទៃមាតា [បានដល់អសីតិមហាសាវ័ក]ទី២។ ម្នាលអាវុសោទាំងឡាយ មួយ​ទៀត សត្វពួកខ្លះក្នុងលោកនេះ ចុះកាន់ផ្ទៃមាតា​ ក៏ដឹងខ្លួន នៅក្នុងផ្ទៃមាតា ក៏ដឹងខ្លួន តែសម្រាលចាកផ្ទៃមាតា មិនដឹងខ្លួន នេះជាការចុះកាន់គភ៌ [បានដល់អគ្គសាវ័កទាំងពីរ និងព្រះបច្ចេកពោធិសត្វ]​ទី៣។ ម្នាលអាវុសោទាំងឡាយ មួយវិញទៀត សត្វពួកខ្លះក្នុង​លោកនេះ ចុះកាន់ផ្ទៃមាតា​ ក៏ដឹងខ្លួន នៅក្នុងផ្ទៃមាតា ក៏ដឹងខ្លួន សម្រាល​ចាកផ្ទៃមាតា ក៏ដឹងខ្លួន នេះជាការចុះកាន់គភ៌ [បានដល់​ព្រះសព្វញ្ញុពោធិសត្វ]​ទី៤។

[១៣៦] ការបាននូវអត្តភាពមាន៤យ៉ាង ម្នាលអាវុសោទាំងឡាយ ចេតនារបស់ខ្លួន រមែងធ្វើខ្លួនឲ្យ​ស្លាប់ ចេតនា​របស់អ្នកដទៃពុំបានធ្វើឲ្យស្លាប់​ឡើយ ក្នុងការបាន​នូវ​អត្តភាព​ណា ការបាននូវអត្តភាព​នោះ រមែង​មាន [បានដល់កំណើតខិឌ្ឌាបទោសិកទេវតា ជា​ទេវតា​វិនាសខ្លួនដោយល្បែង ហៅថា ស្លាប់ដោយចេតនារបស់ខ្លួន មិនស្លាប់​ដោយ​ចេតនា​របស់អ្នកដទៃ។]១។ ម្នាលអាវុសោទាំងឡាយ ចេតនារបស់អ្នក​ដទៃ រមែង​ធ្វើខ្លួន​ឲ្យស្លាប់ ចេតនារបស់ខ្លួន​មិនបានធ្វើ​ឲ្យស្លាប់ឡើយ ក្នុងការបាន​នូវ​អត្តភាពណា ការបាន​នូវ​អត្តភាពនោះ រមែងមាន១។ ម្នាលអាវុសោទាំងឡាយ ចេតនារបស់ខ្លួន រមែង​ធ្វើខ្លួន​ឲ្យស្លាប់ ទាំងចេតនារបស់អ្នកដទៃ ក៏រមែងធ្វើ​ឲ្យស្លាប់ ក្នុងការបាន​នូវ​អត្តភាពណា ការបាន​នូវ​អត្តភាពនោះ រមែងមាន [បានដល់កំណើត​មនោបទោសិកទេវតា ជាទេវតា​វិនាសដោយ​ចិត្តរបស់ខ្លួន​ឯង។]១។ ម្នាលអាវុសោទាំងឡាយ ចេតនារបស់ខ្លួន ក៏មិន​ធ្វើ​ឲ្យ​ស្លាប់ ចេតនារបស់អ្នកដទៃ ក៏​មិនធ្វើ​ឲ្យស្លាប់ដែរ ក្នុងការបាន​នូវ​អត្តភាពណា ការបាន​នូវ​អត្តភាពនោះ រមែងមាន [បានដល់កំណើតទាំងឡាយ មានចាតុម្មហារាជិកទេវតា​ជា​ដើម ជាទេវតាមិនស្លាប់ដោយ​ចេតនារបស់ខ្លួន និងចេតនារបស់បុគ្គលដទៃ។]១។

[១៣៧] សេចក្តីបរិសុទ្ធរបស់ទក្ខិណា [ជាឈ្មោះរបស់ទាន (អដ្ឋកថា)។]មាន​៤យ៉ាង ម្នាលអាវុសោទាំងឡាយ ទក្ខិណាបរិសុទ្ធអំពីទាយក (អ្នកឲ្យ) មិនបរិសុទ្ធ​អំពី​បដិគ្គាហក (អ្នកទទួល)១។ ម្នាលអាវុសោទាំងឡាយ ទក្ខិណាបរិសុទ្ធអំពីបដិគ្គាហក មិន​បរិសុទ្ធអំពី​ទាយក១។ ម្នាលអាវុសោទាំងឡាយ ទក្ខិណាមិនបរិសុទ្ធអំពីទាយក មិនបរិសុទ្ធ​អំពី​បដិគ្គាហក១។ ម្នាលអាវុសោទាំងឡាយ ទក្ខិណាបរិសុទ្ធអំពី​ទាយកផង អំពី​បដិគ្គាហកផង១។

[១៣៨] សង្គហវត្ថុ [ហេតុនៃការសង្គ្រោះ។]មាន៤យ៉ាង គឺការឲ្យ១ ការចរចាពាក្យ​ជាទី​ស្រឡាញ់១ ការប្រព្រឹត្ត​ឲ្យជាប្រយោជន៍១ ភាវៈ​ជាបុគ្គល​មានខ្លួន​ស្មោះស្មើ [ការរួម​សុខ រួមទុក្ខជាមួយគ្នា មានអង្គុយលើអាសនៈជាមួយគ្នា ដេកលើគ្រែ​ជាមួយគ្នា និងបរិភោគ​ជាមួយគ្នា ជាដើម។]១។

[១៣៩] វោហារមិនមែន​ជារបស់​ព្រះអរិយៈ មាន៤យ៉ាងគឺ ពាក្យកុហក១ សំដីញុះញង់១ សំដីទ្រគោះ១ សំដីរោយរាយឥតប្រយោជន៍១។

[១៤០] វោហារជារបស់ព្រះអរិយៈ មាន៤យ៉ាង គឺ ការវៀរចាកពាក្យកុហក១ ការវៀរ​ចាក​សំដីញុះញង់១ ការវៀរចាក​សំដី​ទ្រគោះ១ ការវៀរចាកសំដី​រោយរាយ ឥត​ប្រយោជន៍១។

[១៤១] វោហារមិនមែនជារបស់ព្រះអរិយៈ មាន៤យ៉ាងដទៃទៀត គឺ មិនឃើញ​ថាឃើញ​១ មិនឮ ថាឮ១ មិនប៉ះពាល់ [សំដៅយកការហិតក្លិនដោយច្រមុះ លិទ្ធជញ្ជាប់​ដោយ​អណ្តាត ពាល់​ត្រូវ​សម្ផស្សដោយកាយ។] ថាប៉ះពាល់១ មិនដឹងច្បាស់ ថាដឹងច្បាស់១។

[១៤២] វោហារជារបស់ព្រះអរិយៈ មាន៤យ៉ាងដទៃទៀត គឺ មិនឃើញ​ថាមិន​ឃើញ​១ មិនឮ ថាមិនឮ១ មិនប៉ះពាល់ ថាមិនប៉ះពាល់១ មិនដឹងច្បាស់ ថាមិន​ដឹង​ច្បាស់១។

[១៤៣] វោហារជាមិនមែនជារបស់ព្រះអរិយៈ មាន៤យ៉ាងដទៃទៀត គឺ ឃើញ​ថាមិន​ឃើញ​១ ឮ ថាមិនឮ១ បានប៉ះពាល់ ថាមិនបានប៉ះពាល់១ ដឹងច្បាស់ ថាមិន​ដឹង​ច្បាស់១។

[១៤៤] វោហារជារបស់ព្រះអរិយៈ មាន៤យ៉ាងដទៃទៀត គឺ ឃើញ​ថា​ឃើញ​១ ឮ ថាឮ១ ប៉ះពាល់ ថាប៉ះពាល់១ ដឹងច្បាស់ ថា​ដឹង​ច្បាស់១។

[១៤៥] បុគ្គលមាន៤ពួក ម្នាលអាវុសោទាំងឡាយ បុគ្គល​ពួក​ខ្លះ ក្នុង​លោក​នេះ ជា​អ្នក​ធ្វើ​ខ្លួន​ឱ្យ​ក្ដៅ ប្រកប​ព្យាយាម ដើម្បី​ធ្វើ​ខ្លួន​ឱ្យ​ក្ដៅ១។ ម្នាល​អាវុសោ​ទាំង​ឡាយ បុគ្គល​ពួក​​ខ្លះ ក្នុង​លោក​នេះ ជា​អ្នក​ធ្វើ​បុគ្គល​ដទៃ​ឱ្យ​ក្ដៅ ប្រកប​ព្យាយាម ដើម្បី​ធ្វើ​បុគ្គល​ដទៃ​ឱ្យ​ក្ដៅ១។ ម្នាល​អាវុសោ​ទាំង​ឡាយ បុគ្គល​ពួក​ខ្លះ ក្នុង​លោក​នេះ ជា​អ្នក​ធ្វើ​ខ្លួន​ឱ្យ​ក្ដៅ ប្រកប​ព្យាយាម ដើម្បី​ធ្វើ​ខ្លួន​ឱ្យ​ក្ដៅ​ផង ធ្វើ​បុគ្គល​ដទៃ​ឱ្យ​ក្ដៅ ប្រកប​ព្យាយាម​ ដើម្បី​ធ្វើ​បុគ្គល​ដទៃ​ឱ្យ​ក្ដៅ​ផង១។ ម្នាល​អាវុសោ​ទាំង​ឡាយ បុគ្គល​ពួក​ខ្លះ ក្នុង​លោក​នេះ មិន​ធ្វើ​ខ្លួន​ឱ្យ​ក្ដៅ មិន​ប្រកប​ព្យាយាម ដើម្បី​ធ្វើ​ខ្លួន​ឱ្យ​ក្ដៅ មិន​ធ្វើ​បុគ្គល​ដទៃ​ឱ្យ​ក្ដៅ មិន​ប្រកប​ព្យាយាម ដើម្បី​ធ្វើ​បុគ្គល​ដទៃ​ឱ្យ​ក្ដៅ បុគ្គល​នោះ​ឈ្មោះ​ថា មិន​ធ្វើ​ខ្លួន​ឱ្យ​ក្ដៅ មិន​ធ្វើ​បុគ្គល​ដទៃ​ឱ្យ​ក្ដៅ ជា​អ្នក​លែង​មាន​សេចក្ដី​ស្រេក​ឃ្លាន មាន​ទុក្ខ​រលត់​ហើយ មាន​សេចក្ដី​ត្រជាក់​កើត​ហើយ ទទួល​នូវ​សេចក្ដី​សុខ មាន​ខ្លួន​ដូច​ជា​ព្រហ្ម​នៅ​ក្នុង​បច្ចុប្បន្ន​នេះ១។

[១៤៦] បុគ្គល​មាន៤ពួកដទៃទៀត ម្នាលអាវុសោទាំងឡាយ បុគ្គល​ពួកខ្លះ ក្នុង​លោកនេះ ប្រតិបត្តិ ដើម្បីប្រយោជន៍​ខ្លួន មិនប្រតិបត្តិដើម្បី​ប្រយោជន៍​អ្នកដទៃ១។ ម្នាលអាវុសោ​ទាំង​ឡាយ បុគ្គល​ពួកខ្លះ ក្នុង​លោកនេះ ប្រតិបត្តិ ដើម្បីប្រយោជន៍អ្នក​ដទៃ មិនប្រតិបត្តិ ដើម្បី​ប្រយោជន៍​ខ្លួន១។ ម្នាលអាវុសោទាំងឡាយ បុគ្គល​ពួកខ្លះ ក្នុង​លោក​នេះ មិនប្រតិបត្តិ ដើម្បីប្រយោជន៍​ខ្លួន មិនប្រតិបត្តិដើម្បី​ប្រយោជន៍​អ្នកដទៃ១។ ម្នាលអាវុសោទាំងឡាយ បុគ្គល​ពួកខ្លះ ក្នុង​លោកនេះ ប្រតិបត្តិ ដើម្បីប្រយោជន៍​ខ្លួនផង ដើម្បី​ប្រយោជន៍​អ្នក​ដទៃ​ផង១។

[១៤៧] បុគ្គល​មាន៤ពួកដទៃទៀតគឺ បុគ្គល​ងងឹត មានងងឹត​ប្រព្រឹត្តទៅខាងមុខទៀត [បុគ្គលកើតក្នុងត្រកូលថោកទាប ហើយប្រព្រឹត្តទុច្ចរិតទៀត។]១ បុគ្គលងងឹត តែ​មានពន្លឺ​ប្រព្រឹត្ត​ទៅខាងមុខ [បុគ្គល​កើតក្នុងត្រកូលថោកទាប តែប្រព្រឹត្ត​សុចរិត។]១ បុគ្គល​មានពន្លឺ តែមានងងឹត ប្រព្រឹត្តទៅខាងមុខ [បុគ្គលកើតក្នុងត្រកូលខ្ពង់ខ្ពស់ តែប្រព្រឹត្ត​ទុច្ចរិត។]១ បុគ្គល​មានពន្លឺ មានពន្លឺប្រព្រឹត្តទៅខាងមុខទៀត [បុគ្គល​កើតក្នុងត្រកូល​ខ្ពង់ខ្ពស់ ហើយប្រព្រឹត្ត​សុចរិត។]១។

[១៤៨] បុគ្គល​មាន៤ពួកដទៃទៀត គឺ សមណៈមិនកម្រើក [សោតាបន្នសមណៈ]១ សមណៈ​ដូចផ្កាឈូកក្រហម [សកទាគាមិសមណៈ]១ សមណៈដូចផ្កាឈូកស [អនាគាមិ​សមណៈ] ១ សមណៈជាអ្នកទន់​ល្អិតល្អក្នុងពួកសមណៈ [អរហន្តសមណៈ]១។ ម្នាល​អាវុសោ​ទាំងឡាយ ពួកធម៌បួនៗនេះឯង ដែល​ព្រះមានព្រះភាគ​អង្គនោះ ជាព្រះអរហន្ត​សម្មាសម្ពុទ្ធ ទ្រង់ជ្រាបច្បាស់ ឃើញច្បាស់ ទ្រង់សំដែង​ហើយដោយប្រពៃ យើងទាំងអស់​គ្នា គួរសង្គាយនាក្នុងធម៌នោះ។បេ។ ដើម្បី​សេចក្តីចំរើន ដើម្បី​ប្រយោជន៍ ដល់ទេវតា និង​មនុស្សទាំងឡាយ។

ចប់ ពួកធម៌បួនៗ ដែលរាប់​ចូលក្នុងការសង្គាយនា។

[១៤៩] ម្នាលអាវុសោទាំងឡាយ ពួកធម៌ប្រាំៗ ព្រះមានព្រះភាគ​អង្គនោះ ជា​អរហន្តសម្មាសម្ពុទ្ធ ទ្រង់ជ្រាបច្បាស់ ឃើញច្បាស់​ ទ្រង់សំដែង​ហើយដោយប្រពៃ យើង​ទាំងអស់គ្នា គួរសង្គាយនាក្នុងធម៌ទាំងនោះ។បេ។ ដើម្បី​សេចក្តីចំរើន ដើម្បី​ប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់​ទេវតា និងមនុស្សទាំងឡាយ។ ពួកធម៌ប្រាំៗ តើដូចម្តេច។ ខន្ធ៥យ៉ាង គឺ រូបក្ខន្ធ១ វេទនាខន្ធ១ សញ្ញាខន្ធ១ សង្ខារក្ខន្ធ១ វិញ្ញាណក្ខន្ធ១។

[១៥០] ឧបាទានក្ខន្ធ៥យ៉ាង គឺ រូបូបាទានក្ខន្ធ១ វេទនូបាទានក្ខន្ធ១ សញ្ញូបាទានក្ខន្ធ១ សង្ខារូបាទានក្ខន្ធ១ វិញ្ញាណូបាទានក្ខន្ធ១។

[១៥១] កាមគុណ៥យ៉ាង គឺ រូបទាំងឡាយដែល​គប្បីដឹងដោយភ្នែក ជាទីប្រាថ្នា ជាទីពេញចិត្ត ជាទីគាប់ចិត្ត មានសភាព​ជាទីស្រឡាញ់ អាស្រ័យនូវកាម ជាហេតុនៃ​សេចក្តីត្រេកអរ១។ សំឡេង​ទាំងឡាយ ដែល​គប្បីដឹងដោយត្រចៀក១។ ក្លិនទាំងឡាយ ដែល​គប្បីដឹងដោយច្រមុះ១។ រសទាំងឡាយ ដែលគប្បីដឹងដោយអណ្តាត១។ សម្ផស្ស​ទាំង​ឡាយ ដែលគប្បីដឹងដោយកាយ ជាទីប្រាថ្នា ជាទីពេញចិត្ត ជាទីគាប់ចិត្ត មានសភាព​ជាទីស្រឡាញ់ អាស្រ័យនូវកាម ជាហេតុនៃ​សេចក្តីត្រេកអរ១។

[១៥២] គតិ៥យ៉ាងគឺ នរក១ កំណើតតិរច្ឆាន១ ប្រេតវិស័យ១ ពួក​មនុស្ស១ ពួក​ទេវតា១។

[១៥៣] សេចក្តីកំណាញ់៥យ៉ាងគឺ កំណាញ់អាវាស១ កំណាញ់ត្រកូល១ កំណាញ់​លាភ១ កំណាញ់សេចក្តីសរសើរ [ថា កំណាញ់​សេចក្តីសរសើរ ឬកំណាញ់​ពណ៌សម្បុរក៏បាន។]១ កំណាញ់ធម៌១។

[១៥៤] នីវរណៈ៥យ៉ាងគឺ កាមច្ឆន្ទនីវរណៈ១ ព្យាបាទនីវរណៈ១ ថីនមិទ្ធនីវរណៈ១ ឧទ្ធច្ចកុក្កុច្ចនីវរណៈ១ វិចិកិច្ឆានីវរណៈ១។

[១៥៥] សំយោជនៈ ជាចំណែក​ខាងក្រោម៥យ៉ាងគឺ សក្កាយទិដ្ឋិ១ វិចិកិច្ឆា១ សីលព្វតបរាមាសៈ១ កាមច្ឆន្ទៈ១ ព្យាបាទៈ១។

[១៥៦] សំយោជនៈ ជាចំណែក​ខាងលើ៥យ៉ាង គឺរូបរាគ១ អរូបរាគ១ មានៈ១ ឧទ្ធច្ចៈ១ អវិជ្ជា១។

[១៥៧] សិក្ខាបទ៥យ៉ាង គឺ ការវៀរចាកការសម្លាប់សត្វ១ ការវៀរចាកការ​កាន់​យកទ្រព្យ ដែលគេមិនបានឲ្យ១ ការវៀរចាកការប្រព្រឹត្តខុស ក្នុងកាមទាំងឡាយ១ ការវៀរចាក​ការ​និយាយកុហក១ ការវៀរចាកហេតុជាទីតាំង នៃសេចក្តីប្រមាទ ព្រោះ​ផឹកទឹក​ស្រវឹង​ គឺសុរា និងមេរ័យ១។

[១៥៨] អភព្វដ្ឋាន (ហេតុដែល​មិនគួរ)៥យ៉ាង ម្នាលអាវុសោទាំងឡាយ ភិក្ខុជា​ខីណាស្រពមិនគួរ ដើម្បីក្លែងញុំាង​សត្វឲ្យធ្លាក់ចុះចាកជីវិត១ ភិក្ខុជា​ខីណាស្រពមិនគួរ ដើម្បីកាន់យកទ្រព្យ ដែលគេមិនឲ្យដោយចំណែក​ គឺចិត្តលួច១ ភិក្ខុជា​ខីណាស្រពមិនគួរ ដើម្បីសេពមេថុនធម្ម១ ភិក្ខុជា​ខីណាស្រពមិនគួរ ពោលសម្បជានមុសាវាទ១ ភិក្ខុជា​ខីណាស្រពមិនគួរបរិភោគនូវរបស់​ដែលខ្លួន​ធ្វើសេចក្តី​សន្សំទុក និងកាមទាំងឡាយ ដូច​កាល​​ខ្លួននៅជាគ្រហស្ថ ក្នុងកាលពីដើម១។

[១៥៩] សេចក្តី​វិនាស ៥ យ៉ាង​ គឺ សេចក្តី​វិនាស​ញាតិ១ សេចក្តី​វិនាស​ភោគសម្បត្តិ​១ សេចក្តី​វិនាស​ព្រោះ​រោគ ១ សេចក្តី​វិនាស​សីល ១ សេចក្តី​វិនាស​ទិដ្ឋិ ១ ។ ម្នាល​អាវុសោ​ទាំង​ឡាយ ពួក​សត្វ​លុះ​បែក​ធ្លាយ​រាង​កាយ បន្ទាប់​អំពី​សេចក្តី​ស្លាប់​ទៅ មិន​ទៅ​កើត​ក្នុង​អបាយ ទុគ្គតិ វិនិបាត នរក ព្រោះ​ហេតុ​តែ​សេចក្តី​វិនាស​ញាតិ​ក្តី ព្រោះ​ហេតុ​តែ​សេចក្តី​វិនាស​ភោគៈ​ក្តី ព្រោះ​ហេតុ​តែ​សេចក្តី​វិនាស​ដោយ​រោគ​ក្តី (នោះ​ទេ) ។ ម្នាល​អាវុសោ​ទាំង​ឡាយ ពួក​សត្វ​លុះ​បែក​ធ្លាយ​រាង​កាយ​ បន្ទាប់​អំពី​សេចក្តី​ស្លាប់​ទៅ​ៗ កើត​ក្នុង​អបាយ​ ទុគ្គតិ វិនិបាត នរក ព្រោះ​ហេតុ​តែ​សេចក្តី​វិនាស​សីល ឬព្រោះ​តែ​សេចក្តី​វិនាស​ទិដ្ឋិ។ ​

[១៦០]​ សេចក្តី​បរិបូណ៌ ៥ យ៉ាង​ គឺ បរិបូណ៌ដោយ​ញាតិ១ បរិបូណ៌ដោយ​ភោគៈ​ ​១ បរិបូណ៌ដោយភាពមិនមានរោគ១ បរិបូណ៌ដោយ​សីល ១ បរិបូណ៌ដោយ​ទិដ្ឋិ១។ ម្នាល​អាវុសោ​ទាំង​ឡាយ ពួក​សត្វ​លុះ​បែក​ធ្លាយ​រាង​កាយ បន្ទាប់​អំពី​សេចក្តី​ស្លាប់​ទៅ មិន​ទៅ​កើត​​ក្នុង​សុគតិសួគ៌ទេវលោក ព្រោះ​ហេតុ​តែ​បរិបូណ៌ដោយ​ញាតិ​ក្តី ព្រោះ​ហេតុ​តែបរិបូណ៌​ដោយ​ភោគៈ​ក្តី ព្រោះ​ហេតុ​តែបរិបូណ៌ដោយភាព​មិនមាន​រោគ​ក្តីនោះ​ទេ។ ម្នាល​អាវុសោ​ទាំង​ឡាយ ពួក​សត្វ​លុះ​បែក​ធ្លាយ​រាង​កាយ​ បន្ទាប់​អំពី​សេចក្តី​ស្លាប់​ទៅ​ តែង​បានទៅកើត​ក្នុងសុគតិសួគ៌ទេវលោក ព្រោះ​ហេតុ​តែបរិបូណ៌ដោយ​សីល ឬព្រោះ​ហេតុតែ​បរិបូណ៌​ដោយ​ទិដ្ឋិ។

[១៦១] ទោសនៃសីលវិបត្តិរបស់បុគ្គលទ្រុស្ដសីល ៥យ៉ាង ម្នាលអាវុសោទាំងឡាយ ក្នុងលោកនេះ បុគ្គលទ្រុស្ដសីល វិបត្តិចាកសីលនេះ តែងដល់នូវ​សេចក្ដី​វិនាស នៃ​សម្បត្តិ​យ៉ាង​ធំ មានសេចក្ដីប្រមាទជាហេតុ នេះជា​ទោសនៃសីលវិបត្តិ របស់បុគ្គល​ទ្រុស្តសីល​ទី១។ ម្នាលអាវុសោទាំងឡាយ មួយទៀត កិត្តិសព្ទអាក្រក់ របស់​បុគ្គល​ទ្រុស្ដ​សីល វិបត្តិចាកសីល រមែងផ្សាយទៅសព្វទិស នេះជា​ទោសនៃសីលវិបត្តិ របស់បុគ្គល​ទ្រុស្តសីលទី២។ ម្នាលអាវុសោទាំងឡាយ មួយទៀត បុគ្គលទ្រុស្ដសីល វិបត្តិចាកសីល ចូលទៅរកបរិស័ទណាៗ ទោះខត្តិយបរិស័ទក្ដី ព្រាហ្មណបរិស័ទក្ដី គហបតិបរិស័ទក្ដី សមណបរិស័ទក្ដី រមែងមិនក្លៀវក្លា មានមុខឱនចុះ នេះជា​ទោសនៃសីលវិបត្តិ របស់​បុគ្គល​​ទ្រុស្តសីលទី៣។ ម្នាលអាវុសោទាំងឡាយ មួយវិញទៀត បុគ្គលទ្រុស្ដសីល វិបត្តិចាក​សីល តែងវង្វេងធ្វើមរណកាល នេះជា​ទោសនៃសីលវិបត្តិ របស់បុគ្គល​ទ្រុស្តសីលទី៤។ ម្នាលអាវុសោទាំងឡាយ មួយវិញទៀត បុគ្គលទ្រុស្ដសីល វិបត្តិចាកសីល លុះបែកធ្លាយ​រាងកាយ បន្ទាប់អំពីសេចក្ដីស្លាប់ទៅ តែងទៅកើតក្នុងតិរច្ឆាន ប្រេត អសុរកាយ នរក នេះជា​ទោសនៃសីលវិបត្តិ របស់បុគ្គល​ទ្រុស្តសីលទី៥។

[១៦២] អានិសង្សនៃសីលសម្បទា៥យ៉ាង ម្នាលអាវុសោទាំងឡាយ ក្នុងលោកនេះ បុគ្គល​មានសីល បរិបូណ៌ដោយសីល រមែង​បាននូវគំនរទ្រព្យច្រើន មាន​សេចក្ដី​មិន​ប្រមាទ​ជាហេតុ នេះជា​អានិសង្ស នៃសីលសម្បទា របស់បុគ្គលមានសីលទី១។ ម្នាល​អាវុសោ​ទាំងឡាយ មួយទៀត កិត្តិសព្ទដ៏ពីរោះរបស់បុគ្គលមានសីល បរិបូណ៌​ដោយ​សីល តែងផ្សាយទៅសព្វទិស នេះជា​អានិសង្ស នៃសីលសម្បទា របស់​បុគ្គល​មាន​សីល​ទី២។ ម្នាលអាវុសោទាំងឡាយ មួយទៀត បុគ្គលមានសីល បរិបូណ៌ដោយសីល ចូលទៅ​រក​បរិស័ទណាៗ ទោះបីជាខត្តិយបរិស័ទក្ដី ព្រាហ្មណបរិស័ទក្ដី គហបតិបរិស័ទក្ដី សមណ​បរិស័ទ​ក្ដី រមែងក្លៀវក្លា មិនមានមុខឱនចុះ នេះជា​អានិសង្ស នៃសីលសម្បទា របស់​បុគ្គល​មាន​សីលទី៣។ ម្នាលអាវុសោទាំងឡាយ មួយទៀត បុគ្គលមានសីល បរិបូណ៌​ដោយ​សីល រមែងមិនវង្វេង ធ្វើមរណកាល នេះជា​អានិសង្ស នៃសីលសម្បទា របស់​បុគ្គល​មាន​សីល​ទី៤។ ម្នាលអាវុសោទាំងឡាយ មួយវិញទៀត បុគ្គលមានសីល បរិបូណ៌ដោយសីល លុះបែកធ្លាយរាងកាយ បន្ទាប់អំពីសេចក្ដីស្លាប់ទៅ តែងបានទៅកើតក្នុងសុគតិ សួគ៌ ទេវលោក នេះជា​អានិសង្ស នៃសីលសម្បទា របស់បុគ្គលមានសីលទី៥។

[១៦៣] ម្នាលអាវុសោទាំងឡាយ ភិក្ខុអ្នកចោទ មានប្រាថ្នានឹងចោទភិក្ខុដទៃ ត្រូវ​ដំកល់​ធម៌៥យ៉ាង ទុកក្នុងខ្លួនហើយសិមចោទភិក្ខុដទៃ ដោយគិតថា អាត្មាអញ នឹងនិ​យាយ​ក្នុង​កាលគួរ មិននិយាយ​ក្នុងកាលមិនគួរ១ អាត្មាអញ និយាយ​ដោយពាក្យពិត មិន​និយាយ​ដោយ​ពាក្យមិនពិត១ អាត្មាអញនិយាយ ដោយពាក្យផ្អែមល្ហែម មិននិយាយ​ដោយ​ពាក្យ​ទ្រគោះ១ អាត្មាអញនិយាយ ដោយពាក្យប្រកបដោយប្រយោជន៍ មិន​និយាយ​​ដោយ​ពាក្យ​មិន​​ប្រកបដោយប្រយោជន៍១ អាត្មាអញនិយាយ ដោយចិត្តប្រកប​ដោយមេត្តា មិន​និយាយ​​​ដោយចិត្ត​ប្រកបដោយទោស១។ ម្នាលអាវុសោទាំងឡាយ ភិក្ខុ​អ្នកចោទ មាន​ប្រាថ្នា​​នឹងចោទភិក្ខុដទៃ ត្រូវដំកល់ធម៌៥ប្រការនេះ ទុកក្នុងខ្លួន​ហើយទើប​ចោទ​ភិក្ខុដទៃ​បាន។

[១៦៤] អង្គនៃភិក្ខុដែល​មានសេចក្តីព្យាយាម មាន៥យ៉ាង ម្នាលអាវុសោទាំងឡាយ ភិក្ខុ​​ក្នុង​សាសនា​នេះ ជាអ្នកមានសទ្ធា ជឿសេចក្តីត្រាស់ដឹងរបស់​ព្រះតថាគតថា ព្រះមាន​ព្រះភាគ អង្គនោះ ទ្រង់ឆ្ងាយចាកកិលេសហើយ ទ្រង់ត្រាស់ដឹង​ដោយប្រពៃ ចំពោះ​ព្រះអង្គឯង ទ្រង់បរិបូណ៌​ដោយវិជ្ជា និងចរណៈ ទ្រង់មានដំណើរល្អ ទ្រង់ជ្រាប​ច្បាស់​នូវ​ត្រៃលោក ទ្រង់ប្រសើរដោយសីលាទិគុណ រកបុគ្គល​ណាស្មើគ្មាន ទ្រង់ជាអ្នក​ទូន្មាន នូវបុរសដែលគួរ​ទូន្មានបាន ទ្រង់​ជាគ្រូរបស់ទេវតា និងមនុស្សទាំងឡាយ ទ្រង់​បាន​ត្រាស់ដឹងនូវអរិយសច្ចធម៌ ព្រះអង្គលែង​មកកាន់ភពថ្មីទៀត ដោយហេតុនេះៗ១ ជាអ្នក​មិនមានអាពាធ មិនមានសេចក្តីទុក្ខ ប្រកបដោយតេជោធាតុ ចាស់ល្មម មិនត្រជាក់​ពេក មិនក្តៅពេក យ៉ាងកណ្តាល គួរដល់​សេចក្តីព្យាយាម១ មិនមែនជាអ្នកលេងបោកប្រាស់ មិនមានមាយា ជាអ្នក​ធ្វើឲ្យជាក់ច្បាស់ នូវខ្លួនគួរ​តាមពិត ក្នុងសំណាក់​ព្រះសាស្តា ឬក្នុង​សំណាក់​សព្រហ្មចារីទាំងឡាយ ដែលជាអ្នក​ចេះដឹង១ ជាបុគ្គល​ប្រារព្ធព្យាយាម ដើម្បី​លះបង់នូវធម៌ ជាអកុសល ដើម្បីញុំាង​កុសលធម៌ ឲ្យដុះដាលឡើង ជាបុគ្គលមាន​កំឡាំង​ចិត្ត មានសេចក្តីសង្វាតដ៏មាំ មិនដាក់ធុរៈចោល​ក្នុង​កុសលធម៌ទាំងឡាយ១ ជាអ្នកមាន​ប្រាជ្ញា ប្រកបដោយ​ប្រាជ្ញា ដែលអាច​នឹងកំណត់ [បានខាង​ឱទយព្វយញ្ញាណ ក្នុង​វិបស្សនា។] នូវសេចក្តី​កើត និងសេចក្តីរលត់បាន ជាបញ្ញា​ដ៏បរិសុទ្ធ ជាបញ្ញាអាច​ទំលុះ​ទំលាយ នូវគំនរនៃលោភៈជាដើម ជាបញ្ញា​ញុំាង​សត្វឲ្យ​ដល់នូវកិរិយាអស់ទៅ​នៃទុក្ខ​ដោយ​​ប្រពៃ១។

[១៦៥] សុទ្ធាវាស [ទីនៅរបស់​សត្វដ៏បរិសុទ្ធ គឺព្រះអនាគាមី និងព្រះខីណាស្រព។] មាន៥យ៉ាងគឺ អវិហៈ១ អតប្បៈ១ សុទស្សៈ១ សុទស្សី១ អកនិដ្ឋ១។

[១៦៦] អនាគាមិបុគ្គល៥ពួកគឺ លោកដែលបរិនិព្វានក្នុងពាក់កណ្តាលអាយុ [បុគ្គលដែល​មិនកន្លងពាក់កណ្តាលអាយុ ហើយដល់នូវ​ព្រះអរហន្ត ជាទីរំលត់នូវកិលេស​ក្នុងពាក់​កណ្តាល​អាយុ។]១ លោកដែលបរិនិព្វានដោយកន្លងហួសពាក់កណ្តាលអាយុ [បុគ្គល​ដែល​ប្រព្រឹត្តកន្លងពាក់កណ្តាល​អាយុ ហើយដល់នូវ​ព្រះអរហត្ត ជាទីរំលត់​នូវកិលេស។]១ លោក​ដែលបរិនិព្វាន ដោយមិនមានសេចក្តីព្យាយាម [បុគ្គលដែលមិនលំបាក ដោយ​សេចក្តី​ព្យាយាម ហើយដល់​នូវព្រះអរហត្ត ជាទីរំលត់​នូវកិលេសដោយស្រួល។]១ លោក​ដែល​បរិនិព្វាន ដោយសេចក្តី​ព្យាយាមយ៉ាងខ្លាំង [បុគ្គលដែលលំបាក ដោយសេចក្តី​ព្យាយាម ហើយដល់​នូវព្រះអរហត្ត ជាទីរំលត់​នូវកិលេសដោយលំបាក។]១ លោកដែល​មានខ្សែខាងលើ ហើយទៅកាន់​អកនិដ្ឋភព [បុគ្គល​ដែលកើតក្នុងជាន់សុទ្ធាវាសទាំង៥ តាំង​អំពីអវិហៈ រហូត​ដល់អកនិដ្ឋភព]១។

[១៦៧] ចេតោខីលៈ (សេចក្តីរឹងត្អឹងរបស់ចិត្ត) មាន៥យ៉ាង ម្នាលអាវុសោទាំង​ឡាយ ភិក្ខុក្នុងសាសនានេះ សង្ស័យ ងឿងឆ្ងល់ មិនចុះចិត្តស៊ប់ មិនជ្រះថ្លាក្នុងព្រះ​សាស្តា។ ម្នាលអាវុសោទាំងឡាយ ភិក្ខុណា សង្ស័យ ងឿងឆ្ងល់ មិនចុះចិត្តស៊ប់ មិន​ជ្រះថ្លា​ក្នុងព្រះសាស្តា ចិត្តរបស់ភិក្ខុនោះ មិនឱនទៅ ដើម្បីព្យាយាមដុតកំដៅកិលេស ដើម្បី​ព្យាយាម ជាគ្រឿង​ប្រកបរឿយៗ ដើម្បីព្យាយាម​ជាប់តទៅ ចិត្តរបស់ភិក្ខុណា មិន​ឱន​ទៅ ដើម្បីព្យាយាមដុតកំដៅកិលេស ដើម្បីព្យាយាម​ជាគ្រឿង​ប្រកបរឿយៗ ដើម្បី​ព្យាយាម​ជាប់តទៅ នេះជាសេចក្តី​រឹងត្អឹង​នៃចិត្តទី១ របស់ភិក្ខុនោះ។ ម្នាលអាវុសោទាំង​ឡាយ មួយ​ទៀត ភិក្ខុសង្ស័យ ក្នុងព្រះធម៌១។ ភិក្ខុសង្ស័យ ក្នុងព្រះសង្ឃ១។ សង្ស័យ ងឿងឆ្ងល់​ក្នុងសិក្ខា១។ ភិក្ខុក្រោធ អាក់អន់ចិត្ត មានចិត្តត្រូវទោសៈខ្ទាំងខ្ទប់ មានចិត្តរឹតត្អឹង​ក្នុង​សព្រហ្មចារីបុគ្គលទាំងឡាយ។ ម្នាលអាវុសោទាំង​ឡាយ ភិក្ខុណាជាបុគ្គល​ក្រោធ អាក់​អន់​ចិត្ត មានចិត្តត្រូវទោសៈខ្ទាំងខ្ទប់ មានចិត្តរឹតត្អឹង ​ក្នុង​សព្រហ្មចារីបុគ្គលទាំងឡាយ ចិត្តរបស់​ភិក្ខុនោះ រមែង​មិនឱនទៅ ដើម្បី​ព្យាយាមដុតកំដៅកិលេស ដើម្បី​ព្យាយាម​ ជា​គ្រឿង​ប្រកបរឿយៗ ដើម្បី​ព្យាយាម​ជាប់តទៅ ចិត្តរបស់ភិក្ខុណា មិនឱនទៅ​ ដើម្បី​ព្យាយាម​ដុតកំដៅកិលេស ដើម្បី​ព្យាយាមជាគ្រឿង​ប្រកបរឿយៗ ដើម្បី​ព្យាយាម​ជាប់​តទៅ នេះជាសេចក្តី​រឹងត្អឹង នៃចិត្តទី៥របស់ភិក្ខុនោះ។

[១៦៨] ចំណងរបស់ចិត្តមាន៥យ៉ាង ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុង​សាសនា​នេះ មិន​ទាន់​ប្រាស​ចាក​តម្រេក មិន​ទាន់​ប្រាស​ចាក​ចំណង់ មិន​ទាន់​ប្រាស​ចាក​សេចក្ដី​ស្រឡាញ់ មិន​ទាន់​ប្រាស​ចាក​សេចក្ដី​ស្រេក​ឃ្លាន មិន​ទាន់​ប្រាស​ចាក​សេចក្ដី​ក្រវល់​ក្រវាយ មិន​ទាន់​ប្រាស​ចាក​សេចក្ដី​ប្រាថ្នា​ក្នុង​កាម​ទាំង​ឡាយ។ ម្នាល​អាវុសោ​ទាំង​ឡាយ ភិក្ខុ​ណា មិន​ទាន់​ប្រាស​ចាក​តម្រេក មិន​ទាន់​ប្រាស​ចាក​ចំណង់ មិន​ទាន់​ប្រាស​ចាក​សេចក្ដី​ស្រឡាញ់ មិន​ទាន់​ប្រាស​ចាក​សេចក្ដី​ស្រេក​ឃ្លាន មិន​ទាន់​ប្រាស​ចាក​សេចក្ដី​ក្ដៅ​ក្រហាយ មិន​ទាន់​ប្រាស​ចាក​សេចក្ដី​ប្រាថ្នា​ ក្នុង​កាម​ទាំង​ឡាយ ចិត្ត​របស់​ភិក្ខុ​នោះ រមែង​មិន​ឱន​ទៅ ដើម្បី​ព្យាយាម​ដុត​កម្ដៅ​កិលេស​ ដើម្បី​ព្យាយាម​ជា​គ្រឿង​ប្រកប​រឿយៗ ដើម្បី​ព្យាយាម​ជាប់​ត​ទៅ ចិត្ត​របស់​ភិក្ខុ​ណា មិន​ឱន​ទៅ ដើម្បី​ព្យាយាម​ដុត​កម្ដៅ​កិលេស ដើម្បី​ព្យាយាម​ជា​គ្រឿង​ប្រកប​រឿយៗ ដើម្បី​ព្យាយាម​ជាប់​តទៅ នេះ​ជា​ចំណង​នៃ​ចិត្ត​ទី១ របស់​ភិក្ខុ​នោះ។ ម្នាល​អាវុសោ​ទាំង​ឡាយ មួយ​ទៀត ភិក្ខុ​មិន​ទាន់​ប្រាស​ចាក​តម្រេក​ក្នុង​កាយ។ សេចក្តី​បំប្រួញ។ ភិក្ខុ​មិន​ទាន់​ប្រាស​ចាក​តម្រេក​ក្នុង​រូប។ សេចក្តីបំប្រួញ។ ម្នាលអាវុសោ​ទាំង​ឡាយ ​មួយ​ទៀត ភិក្ខុ​បរិភោគ​ត្រា​តែ​ឆ្អែត​ពេញ​ពោះ ហើយ​ប្រកប​រឿយៗ នូវ​សេចក្ដី​សុខ​ក្នុង​ទី​ដេក នូវ​សេចក្ដី​សុខ (ព្រោះ​ដេក​ប្រែ​ប្រួល​ខាង​ស្ដាំ​ខាង​ឆ្វេង) នូវ​សេចក្ដី​សុខ ព្រោះ​​ដេក​​លក់លង់។ ម្នាល​អាវុសោ​ទាំង​ឡាយ មួយ​ទៀត ភិក្ខុ​ប្រព្រឹត្ត​ព្រហ្មចរិយធម៌ ព្រោះ​ប្រាថ្នា​នូវ​ពួក​ទេវតា​ជាន់​ណាមួយ​ថា ដោយ​សីល ឬ​វ័ត ដោយ​សេចក្ដី​ព្យាយាម ឬ​ព្រហ្មចារ្យ​នេះ​ឯង សូម​ឱ្យ​អាត្មា​អញ​បាន​ជា​ទេវតា (មាន​សក្ដិ៍​ធំ) ឬ​ទេវតា (មាន​សក្ដិ៍​តូច) ណា​មួយ។ ម្នាល​អាវុសោ​ទាំង​ឡាយ ភិក្ខុ​ណា​ប្រព្រឹត្ត​ព្រហ្មចរិយធម៌ ​ព្រោះ​ប្រាថ្នា​នូវ​​ពួក​ទេវតា​ណា​មួយថា ដោយ​សីល ឬ​វ័ត ដោយ​ព្យាយាម ឬ​ព្រហ្មចារ្យ​នេះ​ឯង សូម​ឱ្យ​អាត្មា​អញ ​បាន​ជា​ទេវតា​ (មាន​សក្ដិ៍​ធំ) ឬ​ទេវតា (មាន​សក្ដិ៍​តូច) ណា​មួយ ចិត្ត​របស់​ភិក្ខុ​នោះ រមែង​មិន​ឱន​ទៅ ដើម្បី​ព្យាយាម​ដុត​កម្ដៅ​កិលេស​ ដើម្បី​ព្យាយាម​ជា​គ្រឿង​ប្រកប​រឿយៗ ដើម្បី​ព្យាយាម​ជាប់​តទៅ នេះ​ជា​ចំណង​របស់​ចិត្ត​ទី៥។

[១៦៩] ឥន្ទ្រិយមាន៥យ៉ាង គឺចក្ខុន្ទ្រិយ១ សោតិន្ទ្រិយ១ ឃានិន្ទ្រិយ១ ជីវ្ហិន្ទ្រិយ១ កាយិន្ទ្រិយ១។

[១៧០] ឥន្ទ្រិយ​មាន៥ដទៃទៀត គឺសុខិន្ទ្រិយ១ ទុក្ខិន្ទ្រិយ១ សោមនស្សិន្ទ្រិយ១ ទោមនស្សិន្ទ្រិយ១ ឧបេក្ខិន្ទ្រិយ១។

[១៧១] ឥន្ទ្រិយ​មាន៥ដទៃទៀត គឺសទ្ធិន្ទ្រិយ១ វីរិយិន្ទ្រិយ១ សតិន្ទ្រិយ១ សមាធិន្ទ្រិយ១ បញ្ញិន្ទ្រិយ១។

[១៧២] និស្សារណីយធាតុ (ធាតុដែលគួរ​រលាស់ចេញ) មាន៥យ៉ាង ម្នាលអាវុសោ​ទាំង​ឡាយ កាលដែលភិក្ខុក្នុងសាសនានេះ ធ្វើទុកក្នុងចិត្តនូវកាមទាំងឡាយ ចិត្តរមែង​មិនស្ទុះ​ទៅ មិនជ្រះថ្លា មិនតាំងនៅ មិនជ្រុលជ្រប់នៅ ក្នុងកាមទាំងឡាយ តែបើកាលភិក្ខុ​នោះ ធ្វើទុកក្នុងចិត្តនូវនេក្ខម្មៈ (ការចេញចាកកាម) ចិត្តរមែងស្ទុះទៅ ជ្រះថ្លាតាំងនៅ​ចុះស៊ប់​ក្នុង​នេក្ខម្មៈ ចិត្តរបស់​ភិក្ខុនោះ ឈ្មោះ​ថាទៅល្អហើយ អប់រំល្អហើយ ចេញល្អ​ហើយ រួចស្រឡះ​ហើយ ប្រាសចេញ​ហើយ ចាកកាមទាំងឡាយ អាសវៈ​ទាំងឡាយ​ណា ជាសភាវៈ​ចង្អៀត​ចង្អល់​ ក្តៅក្រហាយ តែងកើត​ឡើងព្រោះកាម​ជាបច្ច័យ ភិក្ខុនោះ រួចហើយ​ចាកអាសវៈ​ទាំងឡាយនោះ ភិក្ខុនោះ​ រមែង​មិនទទួល​នូវវេទនា​នោះ នេះ​ជាការ​រលាស់​ចេញនូវកាម​ទាំងឡាយ ដែល​ព្រះមានព្រះភាគសំដែង​ហើយ១។ ម្នាលអាវុសោទាំងឡាយ មួយទៀត កាលដែលភិក្ខុធ្វើ​ទុកក្នុងចិត្ត នូវព្យាបាទ ចិត្តរមែង​មិនស្ទុះទៅ មិនជ្រះថ្លា មិនតាំងនៅ មិនជ្រុលជ្រប់ នៅក្នុងព្យាបាទ តែបើភិក្ខុនោះ ធ្វើ​ទុក​ក្នុងចិត្ត នូវ​សេចក្តីមិនព្យាបាទ ចិត្ត​រមែង​​ស្ទុះទៅ ជ្រះថ្លា តាំងនៅ ចុះស៊ប់​ក្នុងការ​មិន​ព្យាបាទ ចិត្តរបស់ភិក្ខុនោះ ឈ្មោះ​ថា ទៅល្អហើយ អប់រំល្អហើយ ចេញល្អហើយ រួចស្រឡះហើយ ប្រាសចេញ​ហើយ​ចាក​ព្យាបាទ អាសវៈ​ទាំងឡាយ​ណា ជាសភាវៈ​ចង្អៀត​ចង្អល់​ ក្តៅក្រហាយ តែងកើត​ឡើងព្រោះព្យាបាទ​ជាបច្ច័យ ភិក្ខុនោះ រួចហើយ​ចាកអាសវៈទាំងឡាយនោះ ភិក្ខុនោះ រមែង​មិនទទួល​នូវវេទនា​នោះ នេះ​ជាការ​រលាស់​ចេញ នូវព្យាបាទ ដែល​ព្រះមានព្រះភាគ ទ្រង់សំដែង​ហើយ១។ ម្នាលអាវុសោទាំងឡាយ មួយទៀត កាលដែលភិក្ខុធ្វើ​ទុកក្នុងចិត្ត នូវសេចក្តីបៀតបៀន ចិត្តរមែង​មិនស្ទុះទៅ មិន​ជ្រះថ្លា មិនតាំងនៅ មិនជ្រុលជ្រប់ នៅ​ក្នុងការបៀតបៀន តែបើភិក្ខុនោះ ធ្វើ​ទុក​ក្នុងចិត្ត នូវការមិនបៀតបៀន ចិត្តរមែង​ស្ទុះទៅ ជ្រះថ្លា តាំងនៅ ចុះស៊ប់​ ក្នុងការ​មិនបៀតបៀន ចិត្ត​របស់ភិក្ខុនោះ ឈ្មោះ​ថា ទៅល្អហើយ អប់រំល្អហើយ ចេញល្អហើយ រួចស្រឡះហើយ ប្រាសចេញ​ហើយចាកការបៀតបៀន អាសវៈ​ទាំងឡាយ​ណា ជាសភាវៈ​ចង្អៀត​ចង្អល់ ​ក្តៅ​ក្រហាយ តែងកើត​ឡើង ព្រោះ​ការបៀតបៀនជាបច្ច័យ ភិក្ខុនោះ រួចហើយ​ចាក​អាសវៈ​ទាំង​ឡាយនោះ ភិក្ខុនោះ រមែង​មិន​ទទួល ​នូវវេទនា​នោះ នេះ​ជាការ​រលាស់​ចេញ នូវ​ការបៀតបៀន ដែល​ព្រះមាន​ព្រះភាគ ទ្រង់សំដែង​ហើយ១។ ម្នាលអាវុសោទាំងឡាយ មួយទៀត កាលដែលភិក្ខុ ធ្វើ​ទុកក្នុងចិត្ត នូវរូបទាំងឡាយ ចិត្តរមែង​មិនស្ទុះទៅ មិនជ្រះថ្លា មិនតាំងនៅ មិនជ្រុលជ្រប់ នៅក្នុងរូបទាំងឡាយ តែបើភិក្ខុនោះ ធ្វើ​ទុក​ក្នុងចិត្ត នូវអរូប​ ចិត្តរមែង​ស្ទុះទៅ ជ្រះថ្លា តាំងនៅ ចុះស៊ប់​ក្នុងអរូប ចិត្តរបស់ភិក្ខុនោះ ឈ្មោះ​ថា ទៅល្អ​ហើយ អប់រំល្អហើយ ចេញល្អហើយ រួចល្អហើយ ប្រាសចេញ​ហើយចាក​រូប​ទាំងឡាយ អាសវៈ​ទាំងឡាយ​ណា ជាសភាវៈ​ចង្អៀត​ចង្អល់​ ក្តៅក្រហាយ តែងកើត​ឡើង​ព្រោះ​រូប ​ជាបច្ច័យ ភិក្ខុនោះ រួចហើយ​ចាករូបទាំងឡាយនោះ ភិក្ខុនោះ រមែង​មិនទទួល​នូវ​វេទនា​​នោះ នេះ​ជាការ​រលាស់​​ចេញ នូវរូបទាំងឡាយ ដែល​ព្រះមានព្រះភាគ ទ្រង់សំដែង​ហើយ១។ ម្នាល​អាវុសោ​ទាំងឡាយ មួយវិញទៀត កាលដែលភិក្ខុធ្វើ​ទុក​ក្នុងចិត្ត នូវសក្កាយៈ (បញ្ចក្ខន្ធ) ចិត្តរមែង​មិនស្ទុះទៅ មិនជ្រះថ្លា មិនតាំងនៅ មិនជ្រុល​ជ្រប់ នៅក្នុងសក្កាយៈ តែបើ​ភិក្ខុ​នោះ ធ្វើ​ទុក​ក្នុងចិត្ត នូវការរលត់ទៅនៃសក្កាយៈ ចិត្តរមែង​ស្ទុះទៅ ជ្រះថ្លា តាំងនៅ ចុះស៊ប់​ ក្នុងការរលត់ទៅនៃសក្កាយៈ ចិត្តរបស់ភិក្ខុនោះ ឈ្មោះ​ថា ទៅល្អហើយ អប់រំល្អហើយ ចេញល្អហើយ រួចស្រឡះហើយ ប្រាសចេញ​ហើយ​ចាកសក្កាយៈ អាសវៈ​ទាំងឡាយ​ណា ជាសភាវៈ​ចង្អៀត​ចង្អល់ ​ក្តៅក្រហាយ តែងកើត​ឡើងព្រោះសក្កាយ​ជាបច្ច័យ ភិក្ខុនោះ រួចហើយ​ចាកអាសវៈទាំងឡាយនោះ ភិក្ខុនោះ រមែង​មិនទទួល​នូវវេទនា​នោះ នេះ​ជាការ​រលាស់​ចេញ នូវសក្កាយៈ ដែល​ព្រះមាន​ព្រះភាគ សំដែង​ហើយ១។

[១៧៣] វិមុត្តាយតនៈ (ហេតុជាគ្រឿងរួច) មាន៥យ៉ាង ម្នាលអាវុសោទាំងឡាយ ព្រះសាស្តា ឬសព្រហ្មចារីបុគ្គលណាមួយ ដែលគួរដល់ឋានៈជាគ្រូ រមែងសំដែងធម៌​ដល់​ភិក្ខុ ក្នុងសាសនានេះ។ ម្នាលអាវុសោទាំងឡាយ ព្រះសាស្តា ឬសព្រហ្មចារីបុគ្គល​ណា​មួយ ដែលគួរដល់ឋានៈជាគ្រូ រមែងសំដែងធម៌​ដល់​ភិក្ខុ យ៉ាងណាៗ ភិក្ខុនោះ រមែង​ជា​អ្នកដឹងច្បាស់នូវអត្ថផង ដឹងច្បាស់នូវធម៌ផង ក្នុងធម៌នោះយ៉ាងនោះៗ។ បាមោជ្ជៈ (សេចក្តី​រីករាយ) រមែងកើតដល់ភិក្ខុនោះ ដែល​ជាអ្នកដឹងច្បាស់នូវអត្ថ ដឹងច្បាស់នូវធម៌ លុះភិក្ខុ​មានសេចក្តីរីករាយហើយ បីតិក៏រមែង​កើតឡើង កាលបើចិត្តប្រកបដោយបីតិ​ហើយ នាមកាយក៏ស្ងប់រម្ងាប់ ភិក្ខុមាននាមកាយស្ងប់រម្ងាប់ហើយ រមែង​ទទួលនូវ​សេចក្តី​សុខ លុះប្រកបដោយសេចក្តីសុខហើយ ចិត្តក៏រមែង​ដំកល់មាំ នេះជា វិមុត្តាយតនៈ ទី១។ ម្នាលអាវុសោទាំងឡាយ មួយទៀត ព្រះសាស្តា ឬសព្រហ្មចារីបុគ្គល​ណាមួយ ដែលគួរ​ដល់​ឋានៈជាគ្រូ មិនសំដែងធម៌​ដល់​ភិក្ខុទេ តែថា ភិក្ខុនោះ រមែងសំដែងធម៌​ ដែល​ខ្លួន​បានស្តាប់​មកហើយយ៉ាងណា បានរៀនមកហើយយ៉ាងណា ដោយសេចក្តីពិស្តារ ដល់​ជនទាំងឡាយដទៃ។ សេចក្តីបំប្រួញ។ តែថាភិក្ខុនោះ ធ្វើនូវការស្វាធ្យាយន៍នូវធម៌ ដែល​ខ្លួន​បានស្តាប់មកហើយយ៉ាងណា បានរៀន​មកហើយយ៉ាងណា ដោយសេចក្តី​ពិស្តារ។បេ។ តែថា ​ភិក្ខុនោះ ត្រិះរិះរឿយៗ ពិចារណារឿយៗដោយចិត្ត ជញ្ជឹងក្នុងចិត្ត​រឿយៗ ចំពោះធម៌ ដែលខ្លួន​បានស្តាប់មកហើយយ៉ាងណា រៀន​មកហើយយ៉ាង​ណា។បេ។ តែថា សមាធិនិមិត្តណាមួយ ក៏ភិក្ខុនោះរៀនយកដោយល្អ ធ្វើទុកក្នុង​ចិត្ត​ដោយល្អ ពិចារណា​ដោយល្អ ចាក់ធ្លុះដោយល្អ ដោយប្រាជ្ញាបាន។ ម្នាលអាវុសោ​ទាំងឡាយ សមាធិនិមិត្ត​ណា​មួយ ដែលភិក្ខុរៀនយកដោយល្អ ធ្វើទុកក្នុងចិត្តដោយល្អ ពិចារណា​ដោយ​ល្អ ចាក់ធ្លុះ​ដោយ​ល្អ ដោយប្រាជ្ញាយ៉ាងណាៗ ភិក្ខុនោះ រមែងជាអ្នក​​ដឹងច្បាស់នូវ​អត្ថផង ដឹងច្បាស់​នូវ​ធម៌ផង ក្នុងធម៌​នោះយ៉ាងនោះៗ។ កាលភិក្ខុនោះ​​​​បានដឹងច្បាស់នូវ​អត្ថ បានដឹងច្បាស់​នូវ​ធម៌ហើយ បាមោជ្ជៈ រមែងកើតឡើង លុះ​បាមោជ្ជៈ​​កើតឡើងហើយ បីតិរមែងកើតឡើង កាលបើចិត្ត​ប្រកបដោយបីតិហើយ នាមកាយ ក៏រមែង​ស្ងប់រម្ងាប់ ភិក្ខុ​មាននាមកាយ​ស្ងប់​រម្ងាប់​ហើយ តែងទទួល​នូវ​សេចក្តី​សុខ កាលភិក្ខុទទួលសេចក្តីសុខ​ហើយ ចិត្តក៏តំកល់មាំ នេះជាវិមុត្តាយតនៈទី៥។

[១៧៤] សញ្ញា (សេចក្តីសំគាល់) ញុំាងវិមុត្តិ [សំដៅយកព្រះអរហត្ត] ឲ្យចាស់ក្លា មាន​៥យ៉ាងគឺ សេចក្តីសំគាល់ថាមិនទៀង១ សេចក្តីសំគាល់ថាទុក្ខ ក្នុងរបស់មិនទៀង១ សេចក្តី​សំគាល់ថា មិនមែនរបស់ខ្លួន ក្នុងរបស់ប្រកបដោយទុក្ខ១ សេចក្តីសំគាល់ ក្នុងធម៌ ជា​​គ្រឿង​លះ១ សេចក្តីសំគាល់ក្នុងធម៌ ជាគ្រឿងនឿយណាយ១។ ម្នាលអាវុសោ​ទាំង​ឡាយ ពួកធម៌​ប្រាំៗនេះឯង ដែលព្រះមានព្រះភាគ​អង្គនោះ ជាអរហន្ត​សម្មាសម្ពុទ្ធ ទ្រង់​ជ្រាប​ច្បាស់ ឃើញច្បាស់ ទ្រង់សំដែង​ទុកហើយដោយប្រពៃ យើងទាំង​អស់គ្នា គប្បី​សង្គាយនា ក្នុងធម៌ទាំងនោះ។បេ។ ដើម្បីសេចក្តីចំរើន ដើម្បី​ប្រយោជន៍ ដើម្បី​សេចក្តីសុខ ដល់ទេវតា និងមនុស្សទាំងឡាយ។

ចប់ ពួកធម៌ប្រាំៗ ដែលរាប់ចូលក្នុងការសង្គាយនា។

[១៧៥] ម្នាលអាវុសោទាំងឡាយ ពួកធម៌ប្រាំមួយៗ ដែលព្រះមានព្រះភាគ​អង្គ​នោះ។បេ។ ជាសម្មាសម្ពុទ្ធ ទ្រង់សំដែងទុកដោយប្រពៃ យើងទាំងអស់គ្នា គប្បីសង្គាយនា ក្នុងធម៌ទាំងនោះ។បេ។ ដើម្បី​សេចក្តីចំរើន ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់ទេវតា និងមនុស្សទាំងឡាយ។ ពួកធម៌ប្រាំមួយៗ តើដូចម្តេច។ អាយតនៈខាងក្នុង៦យ៉ាងគឺ អាយតនៈគឺ ភ្នែក១ អាយតនៈគឺ ត្រចៀក១ អាយតនៈគឺ ច្រមុះ១ អាយតនៈគឺ អណ្តាត១ អាយតនៈគឺ កាយ១ អាយតនៈគឺ ចិត្ត១។

[១៧៦] អាយតនៈខាងក្រៅ៦យ៉ាងគឺ អាយតនៈគឺ រូប១ អាយតនៈគឺ សំឡេង១ អាយតនៈគឺ ក្លិន១ អាយតនៈគឺ រស១ អាយតនៈគឺ សម្ផ័ស្ស១ អាយតនៈគឺ ធម៌ [បានដល់​វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ និងអនិទស្សនរូប (រូបមើល​មិនឃើញ) និងអបដិឃរូប (រូប​ប៉ះពាល់មិនបាន) និងអសង្ខតធាតុ (និព្វាន)។ អាយតនវិភង្គ អភិធម្ម។]១។

[១៧៧] ប្រជុំនៃវិញ្ញាន៦យ៉ាង គឺចក្ខុវិញ្ញាណ១ សោតវិញ្ញាណ១ ឃានវិញ្ញាណ១ ជិវ្ហាវិញ្ញាណ១ កាយវិញ្ញាណ១ មនោវិញ្ញាណ១។

[១៧៨] ប្រជុំនៃផស្សៈ៦យ៉ាង គឺចក្ខុសម្ផ័ស្ស១។បេ។ មនោសម្ផ័ស្ស១។

[១៧៩] ប្រជុំនៃវេទនា៦យ៉ាង គឺវេទនាកើតអំពីចក្ខុសម្ផស្ស័១។បេ។ វេទនាកើតអំពី​មនោសម្ផ័ស្ស១។

[១៨០] ប្រជុំនៃសញ្ញា៦យ៉ាងគឺ រូបសញ្ញា១។បេ។ ធម្មសញ្ញា១។

[១៨១] ប្រជុំនៃសញ្ចេតនា [បានដល់សង្ខារក្ខន្ធ។ សញ្ចេតនា ប្រែថា គិត ចំណុចចិត្ត ក្លែង តាក់តែង ធ្វើ។]៦យ៉ាងគឺ រូបសញ្ចេតនា១។បេ។ ធម្មសញ្ចេតនា១។

[១៨២] ប្រជុំនៃតណ្ហា៦យ៉ាង គឺ រូបតណ្ហា១ សទ្ទតណ្ហា១ គន្ធតណ្ហា១ រសតណ្ហា១ ផោដ្ឋព្វតណ្ហា១ ធម្មតណ្ហា១។

[១៨៣] អគារវៈ (សេចក្តីមិនគោរព)​៦យ៉ាង ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ មិនមានសេចក្តីគោរព មិនមានសេចក្តី​កោតក្រែង ក្នុងព្រះសាស្តា១ មិនមានសេចក្តីគោរព មិនមានសេចក្តី​កោតក្រែងក្នុងព្រះធម៌១ មិនមានសេចក្តីគោរព មិនមានសេចក្តី​កោត​ក្រែង​ក្នុងព្រះសង្ឃ១ មិនមានសេចក្តីគោរព មិនមានសេចក្តី​កោតក្រែងក្នុងសិក្ខា១ មិន​មាន​សេចក្តីគោរព មិនមានសេចក្តី​កោតក្រែងក្នុងអប្បមាទធម៌១ មិនមានសេចក្តីគោរព មិន​មានសេចក្តី​កោតក្រែងក្នុងបដិសន្ថារៈ១។

[១៨៤] សគារវៈ (សេចក្តីគោរព) ​៦យ៉ាង ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ ប្រកបដោយសេចក្តីគោរព ប្រកបដោយសេចក្តី​កោតក្រែង ក្នុងព្រះសាស្តា១ ប្រកប​ដោយ​សេចក្តីគោរព ប្រកបដោយសេចក្តី​កោតក្រែងក្នុងព្រះធម៌១ ប្រកបដោយសេចក្តីគោរព ប្រកប​ដោយសេចក្តី​កោតក្រែងក្នុងព្រះសង្ឃ១ ប្រកបដោយសេចក្តីគោរព ប្រកបដោយ​សេចក្តី​កោតក្រែងក្នុងសិក្ខា១ ប្រកបដោយសេចក្តីគោរព ប្រកបដោយសេចក្តី​កោតក្រែង​ក្នុងអប្បមាទធម៌១ ប្រកបដោយសេចក្តីគោរព ប្រកបដោយសេចក្តី​កោតក្រែងក្នុង​បដិសន្ថារៈ១។

[១៨៥] សោមនស្សុបវិចារ (ធម៌ជាគ្រឿង​គន់គិតប្រកបដោយសោមនស្ស) ៦យ៉ាងគឺ បុគ្គល​ឃើញរូបដោយភ្នែក ក៏គន់គិត​នូវរូប ដែលគួរជាទីតាំង នៃសោមនស្ស១។ ស្តាប់​សម្លេង​ដោយត្រចៀក…១។ ធុំក្លិនដោយច្រមុះ..១។ ទទួលរសដោយអណ្តាត..១។ ពាល់​ត្រូវ​​សម្ផស្សដោយកាយ..១។ ដឹងច្បាស់​នូវធម្មារម្មណ៍ដោយចិត្ត ក៏គន់គិត​នូវធម្មារម្មណ៍ ដែលគួរជាទីតាំង នៃសោមនស្ស១។

[១៨៦] ទោមនស្សុបវិចារ (ធម៌ជាគ្រឿង​គន់គិតប្រកបដោយទោមនស្ស) ៦យ៉ាងគឺ បុគ្គល​ឃើញរូបដោយភ្នែក ក៏គន់គិត​នូវរូប ដែលគួរជាទីតាំង នៃទោមនស្ស១។ ស្តាប់សម្លេង​ដោយត្រចៀក…១។ ធុំក្លិនដោយច្រមុះ..១។ ទទួលរសដោយអណ្តាត..១។ ពាល់ត្រូវ​សម្ផស្ស​ដោយកាយ..១។ ដឹងច្បាស់​នូវធម្មារម្មណ៍ដោយចិត្ត ក៏គន់គិត​នូវធម្មារម្មណ៍ ដែល​គួរជាទីតាំង នៃទោមនស្ស១។

[១៨៧] ឧបេក្ខូបវិចារ (ធម៌ជាគ្រឿង​គន់គិតប្រកបដោយឧបេក្ខា) ៦យ៉ាងគឺ បុគ្គល​ឃើញ​រូបដោយភ្នែក ក៏គន់គិត​នូវរូប ដែលគួរជាទីតាំង នៃឧបេក្ខា១។ ស្តាប់សម្លេង​ដោយ​ត្រចៀក…១។ ធុំក្លិនដោយច្រមុះ..១។ ទទួលរសដោយអណ្តាត..១។ ពាល់ត្រូវ​សម្ផស្ស​ដោយ​កាយ..១។ ដឹងច្បាស់​នូវធម្មារម្មណ៍ដោយចិត្ត ក៏គន់គិត​នូវធម្មារម្មណ៍ ដែលគួរជា​ទីតាំង​នៃឧបេក្ខា១។

[១៨៨] សារាណីយធម៌ (ធម៌គួររលឹក) ៦យ៉ាង ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុង​សាសនានេះ តម្កល់នូវកាយកម្មប្រកបដោយមេត្តា ចំពោះសព្រហ្មចារីទាំងឡាយ ទាំង​ទី​ចំពោះមុខ ទាំងទីកំបាំងមុខ នេះជាធម៌គួររលឹក ធ្វើសេចក្តីស្រឡាញ់ ធ្វើសេចក្តីគោរព ប្រព្រឹត្តទៅដើម្បីសេចក្តីសង្គ្រោះ ដើម្បីមិនទាស់គ្នា ដើម្បីសាមគ្គី ដើម្បីឯកីភាព (ភាព​តែពួកមួយ១)។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុ​តម្កល់នូវវចីកម្ម ប្រកប​ដោយ​មេត្តា១។ ភិក្ខុតម្កល់នូវមនោកម្ម ប្រកបដោយមេត្តា ចំពោះសព្រហ្មចារីទាំងឡាយ ទាំង​ទី​ចំពោះមុខ ទាំងទីកំបាំងមុខ នេះជាធម៌គួររលឹក។បេ។ ប្រព្រឹត្តទៅដើម្បីឯកីភាព១។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុជាអ្នកបរិភោគមិនចែកមុខរបស់ ឬបុគ្គល [អដ្ឋកថា ថា មានពីរយ៉ាង គឺចែកមុខអាមិស ថា អាត្មាអញ នឹងឲ្យវត្ថុប៉ុណ្ណេះ មិនឲ្យ​ប៉ុណ្ណេះ១ ចែក​មុខបុគ្គលថា ឲ្យដល់អ្នកនោះ មិនឲ្យដល់អ្នកនោះ១។ ការបរិភោគវៀរ​ចាកហេតុទាំងពីរនេះ ឈ្មោះថា បរិភោគមិនចែកមុខរបស់ ឬបុគ្គល គឺខ្លួន​បរិភោគ​យ៉ាងណា ក៏ឲ្យគេយ៉ាងនោះ ហើយមិនរើសមុខបុគ្គល​ផង។]ដោយលាភទាំង​ឡាយ ដែល​ប្រកបដោយធម៌ បានមកដោយធម៌ ដោយហោចទៅ សូម្បីលាភត្រឹមតែ​របស់​ដែលមាន​ក្នុងបាត្រ គឺជាអ្នកមានការបរិភោគ ជាសាធារណៈ ដោយសព្រហ្មចារី​ទាំងឡាយ ដែល​មានសីល នេះជាធម៌គួររលឹក។បេ។ ប្រព្រឹត្តទៅ ដើម្បីឯកីភាព។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុជាអ្នកមាន​សីលស្មើគ្នា ដោយសព្រហ្មចារីទាំង​ឡាយ ក្នុងសីលទាំងឡាយ ដែលជាសីល​មិនដាច់ មិនធ្លុះ មិនពពាល មិនពព្រុស ជាសីល​រួចខ្លួន គឺមិនជាខ្ញុំតណ្ហា ដែលវិញ្ញូជនសរសើរហើយ មិនមានតណ្ហា និងទិដ្ឋិ ប៉ះ​ពាល់បាន ជាសីល​ប្រព្រឹត្ត​ទៅ​ដើម្បីសមាធិ ទាំងទីចំពោះមុខ ទាំងទីកំបាំងមុខ នេះជាធម៌​គួររលឹក។បេ។ ប្រព្រឹត្តទៅ​ដើម្បីឯកីភាព។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុមានសេចក្តីយល់ឃើញស្មើគ្នា នឹងសព្រហ្មចារីធម៌ទាំងឡាយ ក្នុងទិដ្ឋិដ៏ប្រសើរ ជាទីស្រោច​ស្រង់សត្វ ប្រព្រឹត្តទៅដើម្បី​អស់ទៅ នៃទុក្ខដោយប្រពៃ ដល់អ្នក​ធ្វើតាមទិដ្ឋិនោះ ទាំងទីចំពោះមុខ ទាំងទីកំបាំងមុខ នេះជាធម៌គួររលឹក ធ្វើសេចក្តី​ស្រឡាញ់ ធ្វើសេចក្តី​គោរព ប្រព្រឹត្តទៅ ដើម្បីសង្គ្រោះគ្នា ដើម្បី​មិនទាស់ទែងគ្នា ដើម្បី​សាមគ្គី ដើម្បីឯកីភាព។

[១៨៩] មូលហេតុនៃសេចក្តីវិវាទ៦យ៉ាង ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនា​នេះ មានសេចក្តីក្រោធ ចងសេចក្តីក្រោធទុក។ ម្នាលអាវុសោទាំងឡាយ ភិក្ខុណា​មាន​សេចក្តី​ក្រោធ ចងសេចក្តីក្រោធទុក ភិក្ខុនោះមិនមានសេចក្តី​គោរពកោត​ក្រែង ក្នុង​ព្រះសាស្តាខ្លះ មិនមានសេចក្តីគោរពកោតក្រែង ក្នុងព្រះធម៌ខ្លះ មិនមាន​សេចក្តី​គោរព​កោតក្រែង ក្នុង​ព្រះសង្ឃខ្លះ ជាអ្នកមិនធ្វើឲ្យបរិបូណ៌ក្នុងសិក្ខាខ្លះ។ ម្នាលអាវុសោ​ទាំងឡាយ ភិក្ខុណា​មួយ មិនមានសេចក្តីគោរព កោតក្រែង ក្នុងព្រះសាស្តា ក្នុង​ព្រះធម៌។បេ។ ក្នុងព្រះសង្ឃ។បេ។ ជាអ្នកមិនធ្វើ​ឲ្យបរិបូណ៌ក្នុងសិក្ខា។ ភិក្ខុនោះ រមែង​បង្កវិវាទក្នុងសង្ឃ ដែលជាវិវាទ​កើតឡើង ដើម្បីមិនជាប្រយោជន៍ ដល់ជនច្រើន ដើម្បី​មិនជាសុខដល់ជនច្រើន ដើម្បីមិន​ចំរើនដល់ជនច្រើន ដើម្បីមិនជាប្រយោជន៍ ដើម្បី​សេចក្តីទុក្ខដល់ទេវតា និងមនុស្សទាំង​ឡាយ។ ម្នាលអាវុសោទាំងឡាយ បើលោក​ទាំងឡាយ ឃើញមូលហេតុនៃវិវាទ មាន​សភាព​​យ៉ាងនេះខាងក្នុង ឬខាងក្រៅហើយ។ ម្នាលអាវុសោទាំងឡាយ លោកទាំងឡាយ​ត្រូវព្យាយាម ដើម្បី​លះមូលហេតុនៃវិវាទ ដ៏​លាមកនោះចេញ។ ម្នាលអាវុសោទាំងឡាយ បើលោកទាំងឡាយ មិនឃើញ​មូលហេតុនៃ​វិវាទមានសភាព​យ៉ាងនេះ ខាងក្នុង ឬខាង​ក្រៅទេ។ ម្នាលអាវុសោទាំងឡាយ លោកទាំង​ឡាយ ត្រូវប្រតិបត្តិ ដើម្បី​មិនឲ្យមូល​ហេតុនៃវិវាទ ដ៏លាមកនោះជាប់តាម​តទៅ។ ការលះ​មូល​ហេតុនៃវិវាទដ៏លាមកនុ៎ះ រមែង​មានយ៉ាងនេះ ការមិនមានមូលហេតុ​នៃវិវាទ​ដ៏លាមក​នុ៎ះ ជាប់តាមតទៅ រមែង​មានយ៉ាង​នេះ១។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុជាអ្នកលុបគុណ និងវាយឫកស្មើ១។ ជាអ្នកមានសេចក្តីឫស្សា និងកំណាញ់១។ ជាអ្នកអួតអាង មានពុតត្បុត១។ ជាអ្នក​មាន​ប្រាថ្នាលាមក មានទិដ្ឋិខុស១។ ជាអ្នកស្ទាបអង្អែលតែទិដ្ឋិរបស់ខ្លួន ជាអ្នកប្រកាន់មាំ កម្រ​នឹងលះបង់បាន១។ ម្នាលអាវុសោទាំងឡាយ ភិក្ខុណាជាអ្នកស្ទាបអង្អែល​តែទិដ្ឋិ​របស់​ខ្លួន ជាអ្នកប្រកាន់មាំ លះបង់​បានដោយក្រ ភិក្ខុនោះរមែង​មិនគោរព មិនកោតក្រែង ក្នុង​ព្រះសាស្តាខ្លះ មិនគោរព មិនកោតក្រែងក្នុងព្រះធម៌ខ្លះ មិនគោរព មិនកោតក្រែងក្នុង​ព្រះសង្ឃខ្លះ មិនជាអ្នកធ្វើឲ្យបរិបូណ៌ក្នុងសិក្ខាខ្លះ។ ម្នាលអាវុសោទាំងឡាយ ភិក្ខុណា​មួយ ជាអ្នកមិនគោរព មិនកោតក្រែងក្នុងព្រះសាស្តាខ្លះ ក្នុងព្រះធម៌ខ្លះ។បេ។ ក្នុង​ព្រះសង្ឃ​ខ្លះ។បេ។ មិនធ្វើឲ្យពេញលេញក្នុងសិក្ខាខ្លះ។ ភិក្ខុនោះ រមែង​បង្កវិវាទក្នុងសង្ឃ ដែលជាវិវាទកើតឡើង ដើម្បី​មិនជាប្រយោជន៍ ដល់ជនច្រើន ដើម្បី​មិនជាសុខដល់ជន​ច្រើន ដើម្បីមិនចំរើនដល់ជនច្រើន ដើម្បីមិនជាប្រយោជន៍ ដើម្បី​សេចក្តីទុក្ខដល់ទេវតា និងមនុស្សទាំងឡាយ។ ម្នាលអាវុសោទាំងឡាយ បើអ្នក​ទាំងឡាយ ពិចារណាឃើញ​មូលហេតុនៃវិវាទ មានសភាព​យ៉ាងនេះ ខាងក្នុង ឬខាងក្រៅហើយ។ ម្នាលអាវុសោ​ទាំងឡាយ លោកទាំងឡាយ ត្រូវព្យាយាម ​លះមូលហេតុនៃវិវាទ ដ៏​លាមកនោះឯង​ចេញ។ ម្នាលអាវុសោទាំងឡាយ បើលោកទាំងឡាយ មិនពិចារណាឃើញ ​មូលហេតុនៃ​វិវាទ​ មានសភាព​យ៉ាងនេះ ខាងក្នុង ឬខាងក្រៅទេ។ ម្នាលអាវុសោទាំងឡាយ លោក​ទាំងឡាយ ត្រូវប្រតិបត្តិ ដើម្បីមិនឲ្យមានមូលហេតុ នៃវិវាទដ៏លាមកនោះឯង ជាប់​តាមតទៅបាន។ ការលះមូលហេតុនៃវិវាទដ៏លាមកនុ៎ះ រមែងមានយ៉ាងនេះ ការមិនមាន​មូលហេតុនៃវិវាទ ដ៏លាមកជាប់តាមតទៅ រមែង​មានយ៉ាងនេះ១។

[១៩០] ធាតុ៦យ៉ាងគឺ ធាតុដី១ ធាតុទឹក១ ធាតុភ្លើង១ ធាតុខ្យល់១ ធាតុអាកាស១ ធាតុវិញ្ញាណ១។

[១៩១] និស្សារណីយធាតុ៦យ៉ាង ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ និយាយ​យ៉ាងនេះថា មេត្តាចេតោវិមុត្តិ ខ្ញុំបានចំរើនហើយ បានធ្វើឲ្យច្រើនហើយ បាន​ធ្វើ​ឲ្យដូចជាយានហើយ ធ្វើឲ្យជាទីតាំងហើយ ដំកល់មាំហើយ សន្សំទុកហើយ ប្រារព្ធល្អ​ហើយ តែថា ព្យាបាទ នៅតែគ្របសង្កត់ចិត្តខ្ញុំបាន។ ភិក្ខុត្រូវនិយាយ​ឃាត់ភិក្ខុនោះថា លោក​កុំនិយាយយ៉ាងនេះឡើយ លោកដ៏មានអាយុ កុំនិយាយ​យ៉ាងនេះឡើយ កុំពោល​បង្កាច់ព្រះមានព្រះភាគឡើយ ព្រោះការពោលបង្កាច់ព្រះមានព្រះភាគ ជាការមិនល្អទេ ព្រះមានព្រះភាគ មិនមានព្រះពុទ្ធដីកាយ៉ាងនេះសោះ។ ម្នាលអាវុសោទាំងឡាយ ការនេះ​មិនមែនជាហេតុ មិនមែនជាបច្ច័យទេ មេត្តាចេតោវិមុត្តិ ដែល​ភិក្ខុចំរើនហើយ បានធ្វើ​ឲ្យច្រើនហើយ បានធ្វើឲ្យដូចជាយានហើយ ធ្វើឲ្យជាទីតាំងហើយ ដំកល់មាំ​ហើយ សន្សំទុកហើយ ប្រារព្ធល្អហើយ តែថា ព្យាបាទនៅតែគ្របសង្កត់ចិត្តភិក្ខុនោះ ហេតុនេះ​មិនដែលមាន។ ម្នាលអាវុសោទាំងឡាយ ព្រោះមេត្តាចេតោវិមុត្តិនុ៎ះ ជាគ្រឿងរលាស់​ចេញ​ នូវព្យាបាទ១។ ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ និយាយ​យ៉ាងនេះថា ករុណាចេតោវិមុត្តិ ខ្ញុំបានចំរើនហើយ បានធ្វើឲ្យច្រើនហើយ ​ធ្វើ​ឲ្យដូចជាយានហើយ ធ្វើ​ឲ្យ​ជាទីតាំងហើយ ដំកល់មាំហើយ សន្សំទុកហើយ ប្រារព្ធល្អ​ហើយ តែថា សេចក្តីបៀត​បៀន នៅតែគ្របសង្កត់ចិត្តខ្ញុំបាន។ ភិក្ខុត្រូវនិយាយ​ឃាត់​ភិក្ខុ​នោះ​ថា លោក​កុំនិយាយ​យ៉ាង​នេះឡើយ លោកដ៏មានអាយុ កុំនិយាយ​យ៉ាងនេះឡើយ កុំពោល​បង្កាច់​ព្រះមាន​ព្រះភាគ​ឡើយ ព្រោះការពោលបង្កាច់ព្រះមានព្រះភាគ ជាការ​មិន​ល្អទេ ព្រះមាន​ព្រះភាគ មិនមានព្រះពុទ្ធដីកាយ៉ាងនេះសោះ។ ម្នាលអាវុសោ​ទាំង​ឡាយ ការនេះមិនមែន​ជាហេតុ មិនមែនជាបច្ច័យទេ ករុណាចេតោវិមុត្តិ ដែល​ភិក្ខុ​ចំរើន​ហើយ បានធ្វើ​ឲ្យច្រើន​ហើយ បានធ្វើឲ្យដូចជាយានហើយ ធ្វើឲ្យជាទីតាំងហើយ ដំកល់មាំ​ហើយ សន្សំទុក​ហើយ ប្រារព្ធល្អហើយ តែថា សេចក្តីបៀតបៀន នៅតែ​គ្រប​សង្កត់​ចិត្ត​ភិក្ខុនោះបាន ហេតុនេះ​មិនដែលមាន។ ម្នាលអាវុសោទាំងឡាយ ព្រោះករុណា​ចេតោវិមុត្តិ​នុ៎ះ ជាគ្រឿងរលាស់​ចេញ​ នូវសេចក្តីបៀតបៀន១។ ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនា​នេះ និយាយ​យ៉ាងនេះថា មុទិតាចេតោវិមុត្តិ ខ្ញុំបានចំរើនហើយ បាន​ធ្វើឲ្យ​ច្រើនហើយ បាន​ធ្វើ​ឲ្យដូច​ជាយានហើយ ធ្វើឲ្យជាទីតាំងហើយ ដំកល់មាំហើយ សន្សំទុកហើយ ប្រារព្ធ​ល្អ​ហើយ តែថា សេចក្តីមិនត្រេកអរ នៅតែគ្របសង្កត់ចិត្តខ្ញុំបាន។ ភិក្ខុត្រូវនិយាយ​ឃាត់ភិក្ខុនោះថា លោក​កុំនិយាយយ៉ាងនេះឡើយ លោកដ៏មានអាយុ កុំនិយាយ​យ៉ាងនេះឡើយ កុំពោល​បង្កាច់ព្រះមានព្រះភាគឡើយ ព្រោះការពោល​បង្កាច់​ព្រះមានព្រះភាគ ជាការមិនល្អទេ ព្រះមានព្រះភាគ មិនមាន​ព្រះពុទ្ធដីកា​យ៉ាង​នេះ​សោះ។ ម្នាលអាវុសោទាំងឡាយ ការនេះ​មិនមែនជាហេតុ មិនមែនជាបច្ច័យទេ មុទិតា​ចេតោ​វិមុត្តិ ដែល​ភិក្ខុបានចំរើនហើយ បានធ្វើ​ឲ្យច្រើនហើយ បានធ្វើឲ្យដូចជាយានហើយ ធ្វើឲ្យជាទីតាំងហើយ ដំកល់មាំ​ហើយ សន្សំ​ទុកហើយ ប្រារព្ធល្អហើយ តែថា សេចក្តី​មិន​ត្រេកអរ នៅតែគ្របសង្កត់ចិត្តភិក្ខុនោះបាន ហេតុនេះ​មិនដែលមាន។ ម្នាលអាវុសោ​ទាំងឡាយ ព្រោះមុទិតាចេតោវិមុត្តិនុ៎ះ ជាគ្រឿង​រលាស់ចេញ​ នូវសេចក្តី​មិនត្រេកអរ១។ ម្នាល​អាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ និយាយ​យ៉ាងនេះថា ឧបេក្ខាចេតោវិមុត្តិ ខ្ញុំបានចំរើនហើយ បានធ្វើឲ្យច្រើនហើយ បាន​ធ្វើ​ឲ្យដូចជាយានហើយ ធ្វើឲ្យជាទីតាំង​ហើយ ដំកល់មាំហើយ សន្សំទុកហើយ ប្រារព្ធល្អ​ហើយ តែថា រាគៈ នៅតែគ្រប​សង្កត់​ចិត្ត​ខ្ញុំបាន។ ភិក្ខុត្រូវនិយាយ​ឃាត់ភិក្ខុនោះថា លោក​កុំនិយាយ​យ៉ាង​នេះ​ឡើយ លោកដ៏មាន​អាយុ កុំនិយាយ​យ៉ាងនេះឡើយ កុំពោល​បង្កាច់ព្រះមានព្រះភាគ​ឡើយ ព្រោះការ​ពោល​បង្កាច់​ព្រះមានព្រះភាគ ជាការមិនល្អទេ ព្រះមានព្រះភាគ មិនមាន​ព្រះពុទ្ធដីកា​យ៉ាង​នេះ​សោះ។ ម្នាលអាវុសោទាំងឡាយ ការនេះ​មិនមែនជាហេតុ មិនមែនជាបច្ច័យទេ ឧបេក្ខាចេតោវិមុត្តិ ដែល​ភិក្ខុបានចំរើនហើយ បានធ្វើ​ឲ្យច្រើនហើយ បានធ្វើឲ្យដូចជា​យាន​ហើយ ធ្វើឲ្យជាទីតាំងហើយ ដំកល់មាំ​ហើយ សន្សំទុកហើយ ប្រារព្ធល្អហើយ តែថា រាគៈនៅតែគ្របសង្កត់ចិត្តភិក្ខុនោះបាន ហេតុនេះ​មិនដែលមាន។ ម្នាលអាវុសោ​ទាំងឡាយ ព្រោះឧបេក្ខាចេតោវិមុត្តិនុ៎ះ ជាគ្រឿងរលាស់​ចេញ​ នូវរាគៈ១។ ម្នាល​អាវុសោ​ទាំងឡាយ ភិក្ខុក្នុងសាសនានេះ និយាយ​យ៉ាងនេះថា អនិមិត្តាចេតោវិមុត្តិ (អរហត្តផល​សមាបត្តិ) ខ្ញុំបានចំរើនហើយ បានធ្វើឲ្យច្រើនហើយ បាន​ធ្វើ​ឲ្យដូចជា​យាន​ហើយ ធ្វើឲ្យ​ជាទីតាំងហើយ ដំកល់មាំហើយ សន្សំទុកហើយ ប្រារព្ធល្អ​ហើយ តែថា ខ្ញុំនៅ​តែ​មាន​វិញ្ញាណ ដែលរលឹកតាមនូវនិមិត្ត។ ភិក្ខុត្រូវនិយាយ​ឃាត់ភិក្ខុ​នោះថា លោក​កុំនិយាយ​យ៉ាងនេះឡើយ លោកដ៏មានអាយុ កុំនិយាយ​យ៉ាងនេះឡើយ កុំពោល​បង្កាច់​ព្រះមាន​ព្រះភាគ​ឡើយ ព្រោះការពោលបង្កាច់ព្រះមានព្រះភាគ ជាការ​មិន​ល្អទេ ព្រះមាន​ព្រះ​ភាគ មិនមានព្រះពុទ្ធដីកាយ៉ាងនេះសោះ។ ម្នាលអាវុសោទាំងឡាយ ការនេះ​មិនមែន​ជា​ហេតុ មិនមែនជាបច្ច័យទេ អនិមិត្តាចេតោវិមុត្តិ ដែល​ភិក្ខុបាន​ចំរើន​ហើយ បានធ្វើ​ឲ្យច្រើនហើយ បានធ្វើឲ្យដូចជាយានហើយ ធ្វើឲ្យជាទីតាំងហើយ ដំកល់មាំ​ហើយ សន្សំ​ទុកហើយ ប្រារព្ធល្អហើយ តែថា ភិក្ខុនោះនឹងមានវិញ្ញាណ​រលឹក​តាមនូវនិមិត្ត ហេតុនេះ​មិនដែលមាន។ ម្នាលអាវុសោទាំងឡាយ ព្រោះអនិមិត្តាចេតោវិមុត្តិនុ៎ះ ជាគ្រឿង​រលាស់​ចេញ​ នូវនិមិត្តទាំងអស់១។ ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុង​សាសនានេះ និយាយ​​យ៉ាង​នេះ​ថា កាលបើសេចក្តីប្រកាន់​របស់ខ្ញុំ​ថា អាត្មាអញ​មានដូច្នេះ អស់​រលីង​ទៅហើយ ខ្ញុំក៏​ពិចារណា​មិនឃើញថា របស់ឈ្មោះនេះ គឺអាត្មាអញ នៅមាន ដូច្នេះដែរ តែថា ប្រួញ​គឺ​សេចក្តី​សង្ស័យ ងឿងឆ្ងល់ នៅតែ​គ្របសង្កត់​ចិត្តខ្ញុំបាន។ ភិក្ខុ​ត្រូវ​និយាយ​ឃាត់ភិក្ខុនោះថា លោក​កុំនិយាយយ៉ាងនេះឡើយ លោកដ៏មានអាយុ កុំនិយាយ​យ៉ាង​នេះឡើយ កុំពោល​បង្កាច់ព្រះមានព្រះភាគឡើយ ព្រោះការពោលបង្កាច់ព្រះមាន​ព្រះភាគ ជាការមិនល្អទេ ព្រះមានព្រះភាគ មិនមានព្រះពុទ្ធដីកាយ៉ាងនេះសោះ។ ម្នាលអាវុសោ​ទាំងឡាយ ការនេះមិនមែនជាហេតុ មិនមែនជាបច្ច័យទេ កាលបើ​សេចក្តីប្រកាន់របស់​ភិក្ខុនោះថា អាត្មាអញ មាន ដូច្នេះ អស់រលីង​ទៅហើយ ភិក្ខុនោះ ក៏ពិចារណា​មិនឃើញថា របស់ឈ្មោះ​នេះ គឺអាត្មាអញ នៅមាន​ដូច្នេះដែរ តែថាប្រួញ គឺសេចក្តី​សង្ស័យ ងឿងឆ្ងល់ នៅតែ​គ្របសង្កត់​ចិត្តភិក្ខុនោះ ហេតុនេះ​មិនដែលមាន។ ម្នាលអាវុសោទាំងឡាយ ព្រោះ​ការគាស់រំលើង​សេចក្តី​ប្រកាន់​ថា អាត្មានៅ​មាន ដូច្នេះនុ៎ះ ចេញបាន ជាគ្រឿង​រលាស់​ចេញនូវ​ប្រួញ គឺសេចក្តី​សង្ស័យ ងឿងឆ្ងល់​បាន១។

[១៩២] អនុត្តរិយៈ (ធម្មជាត​ប្រសើរបំផុត) មាន៦យ៉ាង គឺ ទស្សនានុត្តរិយៈ (ប្រសើរ​បំផុតដោយការឃើញ)១ សវនានុត្តរិយៈ (ប្រសើរ​បំផុតដោយការស្តាប់)១ លាភានុត្តរិយៈ (ប្រសើរ​បំផុតដោយការបាន)១ សិក្ខានុត្តរិយៈ (ប្រសើរ​បំផុតដោយ​ការ​សិក្សា)១ បារិចរិយានុត្តរិយៈ (ប្រសើរ​បំផុតដោយការបម្រើ)១ អនុស្សតានុត្តរិយៈ (ប្រសើរ​បំផុត​ដោយ​ការរលឹករឿយៗ)១។

[១៩៣] ទីតាំងនៃ​អនុស្សតិមាន៦យ៉ាង គឺ​ពុទ្ធានុស្សតិ១ ធម្មានុស្សតិ១ សង្ឃានុស្សតិ១ សីលានុស្សតិ១ ចាគានុស្សតិ១ ទេវតានុស្សតិ១។

[១៩៤] ធម៌ជាគ្រឿង​នៅដ៏ទៀងទាត់ (របស់ព្រះខីណាស្រព) មាន៦យ៉ាង ម្នាល​អាវុសោ​ទាំងឡាយ​ ភិក្ខុក្នុងសាសនានេះ ឃើញរូបដោយចក្ខុ ក៏មិនត្រេកអរ មិនអន់​ចិត្ត គឺជាបុគ្គល​នៅព្រងើយ តែមានសតិ និងសម្បជញ្ញៈ១។ ឮសំឡេង​ដោយត្រចៀក។បេ។ ធុំក្លិនដោយ​ច្រមុះ។បេ។ ទទួលរសដោយអណ្តាត។បេ។ ពាល់ត្រូវ​សម្ផ័ស្សដោយ​កាយ។បេ។ ដឹង​ធម្មារម្មណ៍​​ដោយចិត្ត មិនត្រេកអរ មិនអន់ចិត្ត គឺជាបុគ្គល​នៅព្រងើយៗ តែមានសតិ និងសម្បជញ្ញៈ១។

[១៩៥] អភិជាតិ (កំណើត) មាន៦យ៉ាង ម្នាលអាវុសោទាំងឡាយ បុគ្គលពួកខ្លះ​ក្នុងលោកនេះ កើតក្នុងត្រកូលខ្មៅ (ត្រកូលទាប) ហើយប្រព្រឹត្តធម៌ខ្មៅ (ទុច្ចរិត) ទៀត១។ ម្នាលអាវុសោទាំងឡាយ បុគ្គលពួកខ្លះ​ក្នុងលោកនេះ កើតក្នុងត្រកូលខ្មៅ ហើយ​ប្រព្រឹត្ត​ធម៌ស (សុចរិត)។ ម្នាលអាវុសោទាំងឡាយ បុគ្គលពួកខ្លះ​ក្នុងលោកនេះ កើត​ក្នុង​ត្រកូល​ខ្មៅ ហើយ​ប្រព្រឹត្ត​ធម៌មិនខ្មៅ មិនស គឺព្រះនិព្វាន១។ ម្នាលអាវុសោទាំងឡាយ បុគ្គល​ពួកខ្លះ​ក្នុងលោកនេះ កើតក្នុងត្រកូលស (ត្រកូលខ្ពស់) ហើយ​ប្រព្រឹត្ត​ធម៌ស១។ ម្នាល​អាវុសោទាំងឡាយ បុគ្គលពួកខ្លះ​ក្នុងលោកនេះ កើតក្នុងត្រកូលស ហើយ​ប្រព្រឹត្ត​ធម៌​ខ្មៅ១។ ម្នាលអាវុសោទាំងឡាយ បុគ្គលពួកខ្លះ​ក្នុងលោកនេះ កើតក្នុងត្រកូលស ហើយ​ប្រព្រឹត្ត​​ធម៌មិនខ្មៅ មិនស គឺព្រះនិព្វាន។

[១៩៦] និព្វេធភាគិយសញ្ញា (សេចក្តីសំគាល់នូវធម៌ បែរទៅជិតព្រះនិព្វាន) មាន​៦យ៉ាងគឺ សេចក្តីសំគាល់ថាមិនទៀង១ សេចក្តីសំគាល់​ក្នុងរបស់ដែល​មិនទៀង ថាជាទុក្ខ១ សេចក្តី​សំគាល់​ក្នុងរបស់ជាទុក្ខ ថាមិនមែន​ជារបស់ខ្លួន១​ សេចក្តីសំគាល់​ក្នុង​របស់គួរលះបង់១ សេចក្តីសំគាល់ក្នុងរបស់គួរនឿយណាយ១ សេចក្តីសំគាល់ក្នុងធម៌ជាគ្រឿង​រំលត់​ទុក្ខ១។ ម្នាលអាវុសោទាំងឡាយ នេះឯងធម៌ពួកប្រាំមួយៗ ដែលព្រះមានព្រះភាគ អរហន្ត​សម្មាសម្ពុទ្ធ ទ្រង់ជ្រាបច្បាស់ ឃើញច្បាស់ ទ្រង់សំដែងទុកល្អហើយ យើងទាំងអស់​គ្នា ត្រូវ​សង្គាយនា​ធម៌ពួក​ប្រាំមួយៗ​នោះ។បេ។ ដើម្បី​សេចក្តីចំរើន ដើម្បី​ប្រយោជន៍ ដើម្បី​សេចក្តី​សុខ ដល់ទេវតា និងមនុស្សទាំងឡាយ។

ចប់ ពួកធម៌ប្រាំមួយៗ ដែលរាប់ចូលក្នុងការសង្គាយនា។

[១៩៧] ម្នាលអាវុសោទាំងឡាយ មានធម៌ពួកប្រាំពីរៗ ដែលព្រះមានព្រះភាគ អរហន្ត​សម្មាសម្ពុទ្ធ ទ្រង់ជ្រាបច្បាស់ ឃើញច្បាស់ ទ្រង់សំដែងទុកល្អហើយ យើងទាំង​អស់​គ្នា ត្រូវសង្គាយនា ក្នុងធម៌ពួកប្រាំពីរៗនោះ។បេ។ ដើម្បី​សេចក្តីចំរើន ដើម្បី​ប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់ទេវតា និងមនុស្សទាំងឡាយ។ ធម៌ពួក៧ ដូចម្តេចខ្លះ។ អរិយទ្រព្យ​មាន​៧យ៉ាងគឺ ទ្រព្យគឺសទ្ធា១ ទ្រព្យគឺ សីល១ ទ្រព្យគឺ ហិរិ១ ទ្រព្យគឺឱត្តប្បៈ១ ទ្រព្យគឺ សុតៈ១ ទ្រព្យគឺ ចាគៈ១ ទ្រព្យគឺបញ្ញា១។

[១៩៨] ពោជ្ឈង្គមាន៧យ៉ាងគឺ សតិសម្ពោជ្ឈង្គ១ ធម្មវិចយសម្ពោជ្ឈង្គ១ វីរិយសម្ពោជ្ឈង្គ១ បីតិសម្ពោជ្ឈង្គ១ បស្សទ្ធិសម្ពោជ្ឈង្គ១​ សមាធិសម្ពោជ្ឈង្គ១ ឧបេក្ខា​សម្ពោជ្ឈង្គ១។

[១៩៩] សមាធិបរិក្ខារ (ធម៌​ជាបរិវារសមាធិ) មាន៧យ៉ាងគឺ សម្មាទិដ្ឋិ១ សម្មាសង្កប្បៈ១ សម្មាវាចា១ សម្មាកម្មន្តៈ១ សម្មាអាជីវៈ១ សម្មាវាយាមៈ១ សម្មាសតិ១។

[២០០] អសទ្ធម្ម (ធម៌របស់អសប្បុរស) មាន៧យ៉ាង ម្នាលអាវុសោទាំងឡាយ ភិក្ខុ​ក្នុងសាសនានេះ មិនជឿ១ មិនខ្មាសបាប១ មិនខ្លាចបាប១ មានការចេះដឹង​តិច១ ខ្ជិល​ច្រអូស១ ប្រហែស១ អប្បឥតប្រាជ្ញា១។

[២០១] សទ្ធម្ម (ធម៌របស់សប្បុរស) មាន៧យ៉ាង ម្នាលអាវុសោទាំងឡាយ ភិក្ខុ​ក្នុង​សាសនា​នេះ ជាអ្នកជឿ១ ខ្មាសបាប១ ខ្លាចបាប១ មានការចេះដឹងច្រើន១ ផ្តើម​សេចក្តី​ព្យាយាម១ ប្រុសស្មារតី១ មានប្រាជ្ញា១។

[២០២] សប្បុរិសធម៌ មាន៧យ៉ាង (ទៀត) ម្នាលអាវុសោទាំងឡាយ ភិក្ខុ​ក្នុងសាសនានេះ ជាអ្នកស្គាល់នូវហេតុ១ ជាអ្នកស្គាល់នូវផល (របស់ហេតុ)១ ជាអ្នកស្គាល់ខ្លួន១ ជាអ្នក​ស្គាល់​ប្រមាណ (ក្នុងភោជន)១ ជាអ្នកស្គាល់កាលគួរ១ ជាអ្នកស្គាល់បរិស័ទ១ ជាអ្នក​ស្គាល់​បុគ្គល (គួរ​គប់ និងមិនគួរគប់)១។

[២០៣] និទ្ទសវត្ថុ [ប្រែថា ហេតុនៃភិក្ខុមានអាយុ១០ឆ្នាំ។ តែពាក្យនេះ លោកសំដៅ​យកព្រះខីណាស្រព ព្រោះលោកសូម្បីបរិនិព្វាន​ពីអាយុ១០ឆ្នាំ ក៏លោកលែង​មានអាយុ​១ឆ្នាំ​​តទៅ​ខាងមុខទៀត។ មិនត្រឹមតែ១០ឆ្នាំ​ប៉ុណ្ណោះឡើយ សូម្បី៩ឆ្នាំ (រហូតដល់) ១ថ្ងៃ ឬ១យាម ក៏លែងមាន ព្រោះលោក​លែងមានបដិសន្ធិទៀត (អដ្ឋកថា)។] មាន៧យ៉ាង ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ មានបំណងដ៏ក្លៀវក្លា ក្នុងការ​សមាទាន​សិក្ខា មិនប្រាសចាកសេចក្តីស្រឡាញ់ ក្នុងការសមាទានសិក្ខាតទៅ១ មានបំណងដ៏​ក្លៀវក្លា ក្នុងការពិចារណាធម៌ មិនប្រាសចាកសេចក្តីស្រឡាញ់​ក្នុង​ការ​ពិចារណា​ធម៌តទៅ​១​ មានបំណងដ៏ក្លៀវក្លា ក្នុងការកំចាត់បង់នូវ​ឥច្ឆា គឺតណ្ហា មិន​ប្រាស​ចាកសេចក្តី​ស្រឡាញ់ ក្នុងការកំចាត់បង់នូវឥច្ឆា គឺតណ្ហាតទៅ១ មានបំណងដ៏ក្លៀវក្លា ក្នុង​ការស្ងប់​ស្ងាត់ មិនប្រាសចាកសេចក្តីស្រឡាញ់ ក្នុងការស្ងប់ស្ងាត់​តទៅ១ មាន​បំណង​ដ៏ក្លៀវក្លា ក្នុងការប្រារព្ធព្យាយាម មិនប្រាសចាកសេចក្តីស្រឡាញ់ ក្នុងការប្រារព្ធ​ព្យាយាម​តទៅ១ មានបំណងដ៏ក្លៀវក្លា ក្នុងការ​រលឹក និងភាវៈនៃខ្លួន​មានប្រាជ្ញាចាស់ មិន​ប្រាសចាក​សេចក្តី​ស្រឡាញ់ ក្នុងការរលឹក និងភាវៈ​នៃខ្លួន​មានប្រាជ្ញាចាស់តទៅ១ មាន​បំណងក្នុងការ​ត្រាស់​ដឹងដោយទិដ្ឋិ គឺឃើញនូវ​មគ្គ មិនប្រាសចាក​សេចក្តីស្រឡាញ់ ក្នុងការត្រាស់ដឹង​ដោយ​ទិដ្ឋិតទៅ១។

[២០៤] សញ្ញាមាន៧យ៉ាងគឺ អនិច្ចសញ្ញា១ អនត្តសញ្ញា១ អសុភសញ្ញា១ អាទីនវសញ្ញា១ បហានសញ្ញា១ វិរាគសញ្ញា១ និរោធសញ្ញា១។

[២០៥] កំឡាំងមាន៧យ៉ាង គឺ កំឡាំងសទ្ធា១ កំឡាំងព្យាយាម១ កំឡាំងហិរ១ កំឡាំង​ឱត្តប្បៈ១ កំឡាំងសតិ១ កំឡាំងសមាធិ១ កំឡាំងបញ្ញា១។

[២០៦] វិញ្ញាណដ្ឋិតិ (ទីតាំងនៃវិញ្ញាណ) មាន៧យ៉ាង ម្នាលអាវុសោទាំងឡាយ មានពួក​សត្វ មានកាយផ្សេងគ្នា មានសញ្ញាផ្សេងគ្នា ដូចពួកមនុស្ស ទេវតាពួកខ្លះ និង​វិនិបាតិកៈពួកខ្លះ នេះជាវិញ្ញាណដ្ឋិតិទី១។ ម្នាលអាវុសោទាំងឡាយ មានពួកសត្វ មាន​កាយផ្សេងគ្នា មានសញ្ញាដូចគ្នា ដូចទេវតាក្នុងពួកព្រហ្ម ដែលកើតក្នុង​ជាន់​បឋមជ្ឈានភូមិ នេះជាវិញ្ញាណដ្ឋិតិទី២។ ម្នាលអាវុសោទាំងឡាយ មានពួកសត្វ មានកាយ​ដូចគ្នា មាន​សញ្ញាផ្សេងគ្នា ដូចពួកទេវតាជាន់អាភស្សរៈ នេះជាវិញ្ញាណដ្ឋិតិទី​៣។ ម្នាលអាវុសោ​ទាំងឡាយ មានពួកសត្វ មានកាយដូចគ្នា មានសញ្ញាដូចគ្នា ដូច​ពួក​ទេវតា​ជាន់​សុភកិណ្ហៈ នេះជាវិញ្ញាណដ្ឋិតិទី៤។ ម្នាលអាវុសោទាំងឡាយ មានពួកសត្វ ចូល​កាន់​អាកាសានញ្ចាយតនជ្ឈាន ដោយគិតថា អាកាសមិនមានទីបំផុត ព្រោះកន្លង​បង់​ នូវពួក​រូបសញ្ញា ព្រោះវិនាសទៅ នៃពួក​បដិឃសញ្ញា ព្រោះមិនធ្វើទុកក្នុង​ចិត្ត នូវពួក​នានត្តសញ្ញា ដោយប្រការទាំងពួង នេះជាវិញ្ញាណដ្ឋិតិទី៥។ ម្នាលអាវុសោទាំងឡាយ មាន​ពួកសត្វ កន្លងបង់នូវអាកាសានញ្ចាយតនជ្ឈាន ដោយប្រការទាំងពួង ហើយចូល​កាន់​វិញ្ញាណញ្ចា​យតនជ្ឈាន ដោយគិតថា វិញ្ញាណមិនមានទីបំផុត នេះជា​វិញ្ញាណដ្ឋិតិ​ទី៦។ ម្នាលអាវុសោ​ទាំងឡាយ មានពួកសត្វ កន្លងបង់នូវវិញ្ញាណញ្ចាយតនជ្ឈាន ដោយ​ប្រការ​ទាំងពួង ហើយ​ចូលកាន់​អាកិញ្ចញ្ញាយតនជ្ឈាន ដោយគិតថា វត្ថុតិចតួចមិនមាន នេះជាវិញ្ញាណដ្ឋិតិ​ទី៧។

[២០៧] បុគ្គលគួរទទួលនូវទក្ខិណាទាន មាន៧ពួកគឺ លោកជាឧភតោភាគវិមុត្ត១ បញ្ញាវិមុត្ត១ កាយសក្ខី១ ទិដ្ឋិប្បត្ត១ សទ្ធាវិមុត្ត១ ធម្មានុសារី១ សទ្ធានុសារី [ចូរមើល​សេចក្តី​​ពន្យល់ក្នុង​សម្បសាទនីយសូត្រ ទីឃនិកាយ បាដិកវគ្គ។]១។

[២០៨] អនុសយក្កិលេស មាន៧យ៉ាងគឺ កាមរាគានុស័យ១ បដិឃានុស័យ១ ទិដ្ឋា​នុស័យ១ វិចិកិច្ឆានុស័យ១ មានានុស័យ១ ភវរាគានុស័យ១ អវិជ្ជានុស័យ១។

[២០៩] សញ្ញោជនៈ [ហៅថា សំយោជនៈក៏បាន។] មាន៧យ៉ាងគឺ កាមសញ្ញោជនៈ១ បដិឃសញ្ញោជនៈ១ ទិដ្ឋិសញ្ញោជនៈ១ វិចិកិច្ឆាសញ្ញោជនៈ១ មានសញ្ញោជនៈ១ ភវរាគសញ្ញោជនៈ១ អវិជ្ជាសញ្ញោជនៈ១។

[២១០] អធិករណសមថៈ មាន៧យ៉ាងគឺ ធម៌សម្រាប់រម្ងាប់នូវអធិករណ៍ ដែល​កើត​ឡើងហើយៗ សង្ឃត្រូវឲ្យសម្មុខាវិន័យ១ ត្រូវឲ្យ​សតិវិន័យ១ ត្រូវឲ្យអមូឡ្ហវិន័យ១ ត្រូវ​ធ្វើ​តាម​សេចក្តីប្តេជ្ញា១ យេភុយ្យសិកា១ តស្សបាបិយសិកា១ តិណវត្ថារកៈ [ចូរមើល​ក្នុងសមថក្ខន្ធកៈ ប៉ែក​វិន័យសៀវភៅទី១០។]១។ ម្នាលអាវុសោទាំងឡាយ នេះឯង​ជាពួក​ធម៌​ប្រាំពីរ ដែលព្រះមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ទ្រង់ជ្រាបច្បាស់ ឃើញច្បាស់ ទ្រង់​ត្រាស់សំដែង​ទុកដោយប្រពៃហើយ ពួកយើងទាំងអស់គ្នា ត្រូវសង្គាយនាក្នុងធម៌ពួក៧​នោះ។បេ។ ដើម្បីសេចក្តីចំរើន ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់ទេវតា និងមនុស្ស​ទាំងឡាយ។

ចប់ ពួកធម៌ប្រាំពីរៗ ដែលរាប់ចូល​ក្នុងការសង្គាយនា។

[២១១] ម្នាលអាវុសោទាំងឡាយ​មានធម៌ពួកប្រាំបី ដែលព្រះមានព្រះភាគ អរហន្ត​សម្មាសម្ពុទ្ធ ទ្រង់ជ្រាបច្បាស់ ឃើញច្បាស់ ទ្រង់​ត្រាស់សំដែង​ទុកល្អហើយ ពួកយើង​ទាំង​អស់គ្នា ត្រូវសង្គាយនា ក្នុងធម៌ពួកប្រាំបី​នោះ។បេ។ ដើម្បីសេចក្តីចំរើន ដើម្បី​ប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់ទេវតា និងមនុស្ស​ទាំងឡាយ។ ពួកធម៌​ប្រាំបី តើដូចម្តេច។ មិច្ឆត្តៈ (ភាវៈដែលខុស) មាន៨យ៉ាង គឺមិច្ឆាទិដ្ឋិ១ មិច្ឆាសង្កប្បៈ១ មិច្ឆាវាចា១ មិច្ឆាកម្មន្តៈ១ មិច្ឆាអាជីវៈ១ មិច្ឆាវាយាមៈ១ មិច្ឆាសតិ១ មិច្ឆាសមាធិ១។

[២១២] សម្មត្តៈ (ភាវៈដែលត្រូវ) មាន៨យ៉ាង គឺសម្មាទិដ្ឋិ១ សម្មាសង្កប្បៈ១ សម្មាវាចា១ សម្មាកម្មន្តៈ១ សម្មាអាជីវៈ១ សម្មាវាយាមៈ១ សម្មាសតិ១ សម្មាសមាធិ១។

[២១៣] បុគ្គលទទួលនូវទក្ខិណាទាន មាន៨ពួក គឺលោកអ្នកដល់នូវ​សោតៈ​ហើយ១ ប្រតិបត្តិដើម្បីធ្វើឲ្យជាក់ច្បាស់ នូវសោតាបត្តិផល១ ជាសកទាគាមី១ ប្រតិបត្តិ​ដើម្បី​ធ្វើឲ្យជាក់ច្បាស់ នូវសកទាគាមិផល១ ជាអនាគាមី១ ប្រតិបត្តិដើម្បីធ្វើឲ្យជាក់ច្បាស់ នូវ​អនាគាមិផល១ ជាអរហន្ត១ ប្រតិបត្តិដើម្បីធ្វើឲ្យជាក់ច្បាស់ នូវភាវៈជាអរហន្ត១។

[២១៤] កុសីតវត្ថុ (ហេតុរបស់​បុគ្គលខ្ជិល) មាន៨យ៉ាង ម្នាលអាវុសោទាំងឡាយ ភិក្ខុ​ក្នុងសាសនានេះ ត្រូវធ្វើការងារ ភិក្ខុនោះមានគំនិតយ៉ាងនេះថា ការងារហ្នឹងឯង អាត្មាអញ នឹងត្រូវធ្វើ តែថាបើអាត្មាអញ ធ្វើការងារទៅហើយ កាយនឹងលំបាក ណ្ហើយ​ចុះ អាត្មាអញដេកសិន។ ភិក្ខុនោះ ក៏ដេក មិនប្រុងប្រៀបព្យាយាម ដើម្បីដល់​នូវគុណ​វិសេស ដែល​ខ្លួន​មិនទាន់ដល់ ដើម្បីបាននូវគុណវិសេស ដែលខ្លួនមិនទាន់បាន ដើម្បីធ្វើ​ឲ្យ​ជាក់​ច្បាស់ នូវគុណវិសេស ដែលខ្លួន​មិនទាន់បានធ្វើឲ្យជាក់ច្បាស់ នេះជា កុសីតវត្ថុ ទី១។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុបាន​ធ្វើការងារហើយ ភិក្ខុនោះ​មាន​គំនិត​យ៉ាង​នេះ​ថា អាត្មាអញ បានធ្វើការងាររួចហើយ តែថាកាលដែលអាត្មាអញ​កំពុង​ធ្វើ​ការងារ កាយក៏លំបាកទៅហើយ ណ្ហើយចុះ អាត្មាអញដេកសិន។ ភិក្ខុនោះ ក៏ដេក មិន​ប្រុង​ប្រៀប​ព្យាយាម … នេះជា កុសីតវត្ថុ ទី២។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុ​ត្រូវ​ដើរផ្លូវ ភិក្ខុនោះមានគំនិតយ៉ាងនេះថា អាត្មាអញ នឹងដើរផ្លូវ តែថា​បើអាត្មាអញ​ដើរ​ផ្លូវ កាយ​នឹងលំបាក ណ្ហើយចុះ អាត្មាអញដេកសិន។ ភិក្ខុនោះ ក៏ដេក មិនប្រុងប្រៀប​ព្យា​យាម … នេះជា កុសីតវត្ថុ ទី៣។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុដើរផ្លូវរួច​ហើយ ភិក្ខុនោះ មានគំនិត យ៉ាងនេះថា អាត្មាអញ បានដើរផ្លូវរួចហើយ តែថា កាលដែល​អាត្មា​អញកំពុង​ដើរផ្លូវ កាយក៏លំបាកទៅហើយ ណ្ហើយចុះ អាត្មាអញដេកសិន។ ភិក្ខុនោះ ក៏ដេក មិនប្រុងប្រៀបព្យាយាម … នេះជា កុសីតវត្ថុ ទី៤។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុដើរទៅកាន់ស្រុក ឬនិគម ដើម្បីបិណ្ឌបាត តែមិនបាន​ភោជនសៅហ្មង ឬថ្លៃថ្លា ឲ្យ​បរិបូណ៌ដរាបដល់ឆ្អែតទេ ភិក្ខុនោះ មានគំនិតយ៉ាងនេះថា អាត្មាអញ កាល​ដែលដើរ​ទៅកាន់​ស្រុក ឬនិគម មិនបានភោជន​សៅហ្មង ឬថ្លៃថ្លា ឲ្យបរិបូណ៌​ដរាបដល់​ឆ្អែត​សោះ កាយរបស់​អាត្មាអញនេះ ក៏លំបាកទៅហើយ ធ្វើការងារមិនកើត ណ្ហើយចុះ អាត្មាអញ​ដេក​សិន។ ភិក្ខុនោះ ក៏ដេក មិនប្រុងប្រៀបព្យាយាម … នេះជា កុសីតវត្ថុ ទី៥។ ម្នាលអាវុសោ​ទាំងឡាយ មួយទៀត ភិក្ខុដើរទៅកាន់ស្រុក ឬនិគម ដើម្បីបិណ្ឌបាត បាន​ភោជន​សៅហ្មង ឬថ្លៃថ្លា ​បរិបូណ៌ដរាបដល់ឆ្អែត ភិក្ខុនោះ មានគំនិតយ៉ាងនេះថា អាត្មាអញ កាល​ដែលដើរ​ទៅកាន់​ស្រុក ឬនិគម ដើម្បីបិណ្ឌបាត បានភោជន​សៅហ្មង ឬថ្លៃថ្លា បរិបូណ៌ដរាបដល់ឆ្អែតដែរហើយ តែកាយរបស់​អាត្មាអញ ក៏ធ្ងន់ ធ្វើការងារ​មិន​កើត ទំនងដូចជាសណ្តែក ​ដែលត្រូវទឹក ណ្ហើយចុះ អាត្មាអញ​ដេក​សិន។ ភិក្ខុនោះ ក៏​ដេក មិនប្រុងប្រៀបព្យាយាម … នេះជា កុសីតវត្ថុ ទី៦។ ម្នាលអាវុសោ​ទាំងឡាយ មួយទៀត ភិក្ខុកើតអាពាធតិចតួច ភិក្ខុនោះ មានគំនិតយ៉ាងនេះថា អាត្មាអញ បានកើត​អាពាធ​តិចតួច​នេះហើយ មានទំនងនឹងដេកបាន បើដូច្នោះ អាត្មាអញ​ដេក​សិន។ ភិក្ខុនោះ ក៏ដេក មិនប្រុងប្រៀបព្យាយាម … នេះជា កុសីតវត្ថុ ទី៧។ ម្នាលអាវុសោ​ទាំងឡាយ មួយទៀត ភិក្ខុសះស្បើយអំពីជម្ងឺហើយ ទើបនឹងសះស្បើយ​អំពីជម្ងឺ​មិន​យូរ​ប៉ុន្មាន ភិក្ខុនោះ មាន​គំនិត​យ៉ាងនេះថា អាត្មាអញ សះស្បើយអំពីជម្ងឺហើយ តែសះ​ស្បើយ​អំពីជម្ងឺមិន​យូរ​ប៉ុន្មាន កាយរបស់អាត្មាអញ នៅមិនទាន់​មានកំឡាំង ធ្វើការងារមិន​កើត ណ្ហើយចុះ អាត្មាអញ​ដេក​សិន។ ភិក្ខុនោះ ក៏ដេក មិនប្រុងប្រៀប​ព្យា​យាម ដើម្បី​ដល់​​នូវគុណវិសេស ដែលខ្លួនមិនទាន់ដល់ ដើម្បីបាន​នូវគុណវិសេស ដែលខ្លួនមិន​ទាន់​បាន ដើម្បីធ្វើឲ្យ​ជាក់​ច្បាស់​​នូវគុណវិសេស ដែលខ្លួនមិនទាន់បានធ្វើ​ឲ្យជាក់ច្បាស់ នេះជា កុសីតវត្ថុ ទី៨។

[២១៥] អារព្ភវត្ថុ (ហេតុ​របស់បុគ្គល​ប្រុងប្រៀបព្យាយាម) មាន៨យ៉ាង ម្នាល​អាវុសោ​ទាំងឡាយ ភិក្ខុក្នុងសាសនានេះ ត្រូវធ្វើការងារ ភិក្ខុនោះ មានគំនិតយ៉ាង​នេះថា អាត្មាអញ នឹងត្រូវធ្វើការងារ តែថាបើអាត្មាអញ ធ្វើការងារទៅ នឹងធ្វើទុក​ក្នុងចិត្ត​នូវ​សាសនា របស់​ព្រះពុទ្ធទាំងឡាយ ​មិនបានស្រួលឡើយ ណ្ហើយចុះ អាត្មាអញប្រុង​ប្រៀបព្យាយាម ដើម្បីដល់​​នូវគុណវិសេស ដែលខ្លួនមិនទាន់ដល់ ដើម្បីបាន​​នូវគុណវិសេស ដែលខ្លួនមិនទាន់បាន ដើម្បី​ធ្វើឲ្យជាក់ច្បាស់​​នូវគុណវិសេស ដែលខ្លួនមិនទាន់បានធ្វើឲ្យជាក់ច្បាស់។ ភិក្ខុនោះ ក៏ប្រុងប្រៀបព្យាយាម ដើម្បី​ដល់​​នូវគុណវិសេស ដែលមិនទាន់ដល់ ដើម្បីបាន​​នូវគុណវិសេស ដែលមិនទាន់បាន ដើម្បី​ធ្វើឲ្យជាក់ច្បាស់​​នូវគុណវិសេស ដែលមិនទាន់បានធ្វើឲ្យជាក់ច្បាស់ នេះ​ជា​ អារព្ភវត្ថុ ទី១។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុបានធ្វើការងាររួចហើយ ភិក្ខុនោះ មានគំនិតយ៉ាង​នេះថា អាត្មាអញ បានធ្វើការងាររួចហើយ កាលដែល​អាត្មាអញ​ធ្វើ​ការងារ ក៏មិនអាចធ្វើទុក​ក្នុងចិត្ត ​នូវ​សាសនា របស់​ព្រះពុទ្ធទាំងឡាយបាន ណ្ហើយចុះ គួរអាត្មាអញ ប្រុង​ប្រៀបព្យាយាម។បេ។ ភិក្ខុនោះ ក៏ប្រុងប្រៀបព្យាយាម … នេះ​ជា​ អារព្ភវត្ថុ ទី២។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុ​ត្រូវ​ដើរផ្លូវ ភិក្ខុនោះ មានគំនិត​យ៉ាង​នេះថា អាត្មាអញ នឹងត្រូវដើរផ្លូវ កាល​បើអាត្មាអញ នឹងដើរផ្លូវ មិនងាយ​ធ្វើទុក​ក្នុងចិត្ត ​នូវ​សាសនា របស់​ព្រះពុទ្ធទាំងឡាយបាន ណ្ហើយចុះ អាត្មាអញ ប្រុងប្រៀប​ព្យា​យាម។បេ។  ភិក្ខុនោះ ក៏ប្រុងប្រៀបព្យាយាម… នេះជា អារព្ភវត្ថុ ទី៣។ ម្នាលអាវុសោ​ទាំងឡាយ មួយទៀត ភិក្ខុដើរផ្លូវរួច​ហើយ ភិក្ខុនោះ មានគំនិតយ៉ាងនេះថា អាត្មាអញ​បាន​ដើរ​ផ្លូវរួចហើយ កាលដែល​អាត្មា​អញ​ កំពុងដើរផ្លូវ មិនអាចធ្វើទុក​ក្នុងចិត្ត ​នូវ​សាសនា​ របស់​​ព្រះពុទ្ធទាំងឡាយ ណ្ហើយចុះ អាត្មាអញ ប្រុងប្រៀប​ព្យា​យាម។បេ។  ភិក្ខុនោះ ក៏ប្រុងប្រៀបព្យាយាម … នេះជា អារព្ភវត្ថុ ទី៤។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុដើរទៅកាន់ស្រុក ឬនិគម ដើម្បីបិណ្ឌបាត មិនបាន​ភោជនសៅហ្មង ឬថ្លៃថ្លា ដរាបដល់ឆ្អែត ភិក្ខុនោះមានគំនិតយ៉ាងនេះថា អាត្មាអញ ដើរ​ទៅកាន់​ស្រុក ឬនិគម ដើម្បីបិណ្ឌបាត មិនបានភោជន​សៅហ្មង ឬថ្លៃថ្លា ឲ្យបរិបូណ៌​ដរាប​ដល់​ឆ្អែត​ កាយ​របស់​អាត្មាអញក៏ស្រាល គួរធ្វើការងារបាន ណ្ហើយចុះ អាត្មាអញប្រុងប្រៀប​ព្យាយាម។បេ។ ភិក្ខុនោះក៏ប្រុងប្រៀបព្យាយាម … នេះជា អារព្ភវត្ថុ ទី៥។ ម្នាលអាវុសោ​ទាំងឡាយ មួយទៀត ភិក្ខុដើរទៅកាន់ស្រុក ឬនិគម ដើម្បីបិណ្ឌបាត បាន​ភោជនសៅហ្មង ឬថ្លៃថ្លា ​បរិបូណ៌ដរាបដល់ឆ្អែត ភិក្ខុនោះមានគំនិតយ៉ាងនេះថា អាត្មាអញ បានដើរ​ទៅ​កាន់​​ស្រុក ឬនិគម ដើម្បីបិណ្ឌបាត បានភោជន​សៅហ្មង ឬថ្លៃថ្លា បរិបូណ៌ដរាបដល់ឆ្អែត កាយរបស់​អាត្មាអញ មានកំឡាំង ល្មមធ្វើការងារ​បាន ណ្ហើយចុះ អាត្មាអញប្រុងប្រៀប​ព្យា​យាម។បេ។  ភិក្ខុនោះ ក៏ប្រុងប្រៀបព្យាយាម នេះជា អារព្ភវត្ថុ ទី៦។ ម្នាលអាវុសោ​ទាំង​ឡាយ មួយទៀត ភិក្ខុកើតអាពាធតិចតួច ភិក្ខុនោះ មានគំនិតយ៉ាងនេះថា អាត្មាអញ កើតអាពាធ​តិចតួច​នេះហើយ អាពាធ របស់អាត្មាអញ គង់​មានទំនង​ចំរើនឡើងមិនខាន ណ្ហើយចុះ អាត្មាអញ ប្រុងប្រៀប​ព្យា​យាម។បេ។  ភិក្ខុនោះ ក៏ប្រុងប្រៀបព្យាយាម … នេះជា អារព្ភវត្ថុ ទី៧។ ម្នាលអាវុសោ​ទាំងឡាយ មួយទៀត ភិក្ខុបានសះស្បើយ​អំពីជម្ងឺ​ហើយ លុះស្បើយអំពីជម្ងឺមិនទាន់យូរប៉ុន្មាន ភិក្ខុនោះ មានគំនិតយ៉ាងនេះថា អាត្មាអញ បានសះស្បើយអំពីជម្ងឺហើយ តែសះស្បើយអំពីជម្ងឺមិនទាន់យូរប៉ុន្មាន អាពាធរបស់​អាត្មាអញ គង់​មានទំនងរើឡើងវិញ ណ្ហើយចុះ អាត្មាអញ ប្រុងប្រៀប​ព្យា​យាម ដើម្បី​ដល់​នូវគុណវិសេស ដែលមិនទាន់ដល់ ដើម្បីបាននូវគុណវិសេស ដែលមិនទាន់បាន ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវគុណវិសេស ដែលមិនទាន់បានធ្វើ​ឲ្យជាក់​ច្បាស់។ ភិក្ខុនោះ ក៏ប្រុងប្រៀបព្យាយាម ដើម្បីដល់នូវគុណវិសេស ដែលមិនទាន់ដល់ ដើម្បីបាន​នូវ​គុណវិសេស ដែលមិនទាន់បាន ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវគុណវិសេស ដែលមិនទាន់​បាន​ធ្វើ​ឲ្យជាក់​ច្បាស់ នេះជា អារព្ភវត្ថុ ទី៨។

[២១៦] ទានវត្ថុមាន៨យ៉ាង គឺ បុគ្គល​ឲ្យទាន ព្រោះបុគ្គលស្រាប់តែមកដល់១ ឲ្យ​ទាន​​ព្រោះខ្លាច (គេតិះដៀល ឬខ្លាចអបាយភូមិ)១ ឲ្យទានដោយគិតថា គេធ្លាប់​ឲ្យ​ដល់​អាត្មាអញហើយ១ ឲ្យទានដោយគិតថា គេនឹងឲ្យដល់អាត្មាអញវិញ១ ឲ្យទាន​ដោយគិត​ថា ទានជាការឲ្យសម្រេចប្រយោជន៍១ ឲ្យទាន​ដោយគិតថា អាត្មាអញ មិនបាន​ចំអិន​ ជន​ទាំង​នេះ មិនបានចំអិន កាលបើអាត្មាអញបានចំអិន មិនគួរ​នឹងមិនឲ្យទាន ដល់ពួក​ជន​ដែល​មិនបានចំអិនទេ១ ឲ្យទាន​ដោយគិតថា កាលបើអាត្មាអញ ឲ្យទាននេះទៅហើយ កិត្តិសព្ទដ៏ល្អ រមែងខ្ចរខ្ចាយទៅ១ ឲ្យទានដើម្បី​ជាគ្រឿង​ប្រដាប់ចិត្ត ទាំងជា​បរិវារ​របស់​ចិត្ត១។

[២១៧] ទានុបបត្តិ (ការកើតឡើង ព្រោះទាន) មាន៨យ៉ាង ម្នាលអាវុសោ​ទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ឲ្យទានបាយ ទឹក សំពត់ យាន ផ្កា​កម្រង គ្រឿង​ក្រអូប គ្រឿងលាប ទីដេក ទីនៅ និងវត្ថុសម្រាប់ប្រទីប ដល់សមណៈ ឬព្រាហ្មណ៍ បុគ្គល​នោះ ឲ្យវត្ថុណា ប្រាថ្នាយកវត្ថុនោះវិញ (ព្រោះ) បុគ្គលនោះ ឃើញ​ខត្តិយមហាសាលក្តី ព្រាហ្មណមហាសាលក្តី គហបតិមហាសាលក្តី ដែលឆ្អែតស្កប់ស្កល់ មូលមិត្ត បម្រើ​ដោយ​កាមគុណ៥ បុគ្គលនោះ មានគំនិតយ៉ាងនេះថា ឱហ្ន៎ អាត្មាអញ លុះ​មានរាងកាយ​បែក​ធ្លាយ​​បន្ទាប់អំពី​សេចក្តីស្លាប់ទៅ សូមឲ្យ​ទៅកើតរួម ជាមួយនឹង​ខត្តិយ​មហាសាល ឬព្រាហ្មណមហាសាល ឬក៏គហបតិមហាសាល។ បុគ្គលនោះ ក៏ដំកល់​ចិត្ត​នោះទុក អធិដ្ឋានចិត្តនោះទុក អប់រំចិត្តនោះទុក។ ចិត្តរបស់បុគ្គល​នោះ ផុតស្រឡះ​ចាក​កាមគុណដ៏ថោកទាប តែមិនចំរើនឡើង [សំដៅយកចិត្ត ដែលមិនបាន​ចំរើន ដើម្បី​ប្រយោជន៍​ដល់មគ្គ និងផល ដែលលើសលុបជាង​សម្បត្តិខត្តិយមហាសាល ជាដើមនោះ (អដ្ឋកថា)។]តទៅ តែងប្រព្រឹត្តទៅ ដើម្បី​កើត ក្នុងទីដែលខ្លួនប្រាថ្នានោះ។ តែខ្ញុំពោលនូវ​ដំណើរនោះ ចំពោះបុគ្គល​មានសីល មិនពោលចំពោះបុគ្គល​ទ្រុស្តសីលឡើយ។ ម្នាល​អាវុសោទាំងឡាយ សេចក្តីតាំងចិត្ត របស់បុគ្គល​មានសីល រមែង​សម្រេចបាន ព្រោះ​សេចក្តី​តាំងចិត្តនោះ ជារបស់បរិសុទ្ធ១។ ម្នាលអាវុសោទាំងឡាយ មួយទៀត បុគ្គល​ពួក​ខ្លះ ក្នុងលោកនេះ ឲ្យទានបាយ ទឹក សំពត់ យាន ផ្កា​កម្រង គ្រឿងក្រអូប គ្រឿងលាប ទី​ដេក ទីនៅ និងប្រដាប់ប្រទីប ដល់សមណៈ ឬព្រាហ្មណ៍ បុគ្គលនោះ ឲ្យវត្ថុណា ប្រាថ្នា​យក​វត្ថុនោះវិញ បុគ្គលនោះបានឮថា ពួកទេវតាក្នុងឋាន​ចាតុម្មហារាជិកៈ មានអាយុ​វែង មានសម្បុរល្អ មានសេចក្តីសុខច្រើន។ បុគ្គលនោះ មានគំនិតយ៉ាងនេះថា ឱហ្ន៎ អាត្មាអញ លុះ​មានរាងកាយបែកធ្លាយ ខាងមុខបន្ទាប់អំពី​សេចក្តីស្លាប់ទៅ សូមឲ្យ​ទៅកើត​រួមជា​មួយ​នឹងពួកទេវតា​ក្នុងឋាន​ចាតុម្មហារាជិកៈ។ បុគ្គលនោះ ក៏តាំង​ចិត្ត​នោះទុក អធិដ្ឋាន​ចិត្ត​នោះ​ទុក អប់រំចិត្តនោះទុក ចិត្តរបស់បុគ្គល​នោះ ផុតស្រឡះ​ចាក​កាមគុណ ដ៏ថោកទាប តែមិនចំរើនឡើងតទៅ តែងប្រព្រឹត្តទៅ ដើម្បី​កើតក្នុងទីដែលខ្លួនប្រាថ្នានោះ។ តែ​ខ្ញុំ​ពោល​នូវ​ដំណើរនោះ ចំពោះបុគ្គល​មានសីល មិនពោលចំពោះបុគ្គល​ទ្រុស្តសីលឡើយ។ ម្នាល​អាវុសោទាំងឡាយ សេចក្តីតាំងចិត្ត របស់បុគ្គល​មានសីល រមែង​សម្រេចបាន ព្រោះ​សេចក្តី​​​តាំងចិត្តនោះ ជារបស់បរិសុទ្ធ១។ ម្នាលអាវុសោទាំងឡាយ មួយទៀត បុគ្គល​ពួក​ខ្លះ ក្នុងលោកនេះ ឲ្យទានបាយ ទឹក សំពត់ យាន ផ្កា​កម្រង គ្រឿងក្រអូប គ្រឿងលាប ទីដេក ទីនៅ និងប្រដាប់ប្រទីប ដល់សមណៈ ឬព្រាហ្មណ៍។ បុគ្គលនោះ ឲ្យរបស់ណា ប្រាថ្នា​យករបស់នោះវិញ បុគ្គលនោះ បានឮថា ពួកទេវតាក្នុងឋាន​តាវត្តិង្ស។បេ។ ពួកទេវតា​ក្នុងឋានយាមៈ។បេ។ ពួកទេវតា​ក្នុងឋានតុសិត។បេ។ ពួកទេវតាក្នុង​ឋាន​និម្មានរតី។បេ។ ពួកទេវតាក្នុងឋានបរនិម្មិតវសវតី មានអាយុវែង មានសម្បុរល្អ មាន​សេចក្តី​សុខច្រើន។ បុគ្គលនោះ មានគំនិតយ៉ាងនេះថា ឱហ្ន៎ អាត្មាអញ លុះ​មានរាងកាយ​បែក​ធ្លាយ​ ខាង​មុខ​បន្ទាប់​​អំពី​សេចក្តីស្លាប់ទៅ សូមឲ្យ​ទៅកើតរួមជាមួយនឹងពួកទេវតា​ ក្នុង​ឋាន​បរនិម្មិតវសវតី្ត។ បុគ្គលនោះ ក៏តាំងចិត្ត​នោះទុក អធិដ្ឋានចិត្តនោះទុក អប់រំ​ចិត្ត​នោះ​ទុក ចិត្តរបស់បុគ្គល​នោះ រួចស្រឡះ​ចាក​កាមគុណដ៏ថោកទាប តែមិន​ចំរើន​ឡើង​តទៅ តែងប្រព្រឹត្តទៅ ដើម្បី​កើតក្នុងទីដែលខ្លួនប្រាថ្នានោះ។ តែខ្ញុំពោលនូវ​ដំណើរនោះ ចំពោះ​​បុគ្គល​​មានសីល មិនពោលចំពោះបុគ្គល​ទ្រុស្តសីលឡើយ។ ម្នាល​អាវុសោ​ទាំងឡាយ សេចក្តីតាំងចិត្ត របស់បុគ្គល​មានសីល រមែង​សម្រេចបាន ព្រោះ​សេចក្តី​តាំងចិត្តនោះ ជា​របស់​បរិសុទ្ធ១។ ម្នាលអាវុសោទាំងឡាយ មួយទៀត បុគ្គលពួកខ្លះ ក្នុងលោកនេះ ឲ្យ​ទាន​បាយ ទឹក សំពត់ យាន ផ្កា​កម្រង គ្រឿងក្រអូប គ្រឿងលាប ទីដេក ទីនៅ និងប្រដាប់​ប្រទីប ដល់សមណៈ ឬព្រាហ្មណ៍ បុគ្គលនោះ ឲ្យរបស់ណា ប្រាថ្នាយករបស់នោះវិញ បុគ្គល​នោះ បានឮថា ពួកទេវតា​ក្នុងព្រហ្មលោក មានអាយុវែង មានសម្បុរល្អ មានសេចក្តី​សុខ​ច្រើន។ បុគ្គលនោះ មានគំនិតយ៉ាងនេះថា ឱហ្ន៎ អាត្មាអញ លុះ​មានរាងកាយ​បែក​ធ្លាយ​ ខាង​មុខ​បន្ទាប់​​អំពី​សេចក្តីស្លាប់ទៅ សូមឲ្យ​ទៅកើតរួម​ជា​មួយ​នឹងពួកទេវតា​ ក្នុង​ព្រហ្មលោក។ បុគ្គលនោះ ក៏តាំងចិត្ត​នោះទុក អធិដ្ឋានចិត្តនោះទុក អប់រំចិត្តនោះទុក ចិត្ត​របស់បុគ្គល​នោះ រួចស្រឡះ​ចាក​កាមគុណដ៏ថោកទាប តែមិន​ចំរើន​ឡើង​ទៅ តែង​ប្រព្រឹត្ត​ទៅ ដើម្បី​កើត ក្នុងទីដែលខ្លួនប្រាថ្នានោះ។ តែខ្ញុំពោលនូវ​ដំណើរ​នោះ ចំពោះ​បុគ្គល​​មាន​សីល មិនពោលចំពោះបុគ្គល​ទ្រុស្តសីលឡើយ ពោលចំពោះ​តែបុគ្គល​​ប្រាសចាករាគៈ មិនពោល​ចំពោះ​បុគ្គល​ប្រកបដោយរាគៈឡើយ។ ម្នាលអាវុសោ​ទាំងឡាយ សេចក្តី​តាំងចិត្ត​ របស់បុគ្គល​មានសីល រមែង​សម្រេចបាន ព្រោះ​សេចក្តី​តាំងចិត្តនោះ ជា​របស់​ប្រាសចាករាគៈ១។

[២១៨] លោកធម៌​មាន៨យ៉ាងគឺ លាភ១ អលាភ១ យស១ អយស១ និន្ទា១ សរសើរ១ សុខ១ ទុក្ខ១។

[២១៩] បរិស័ទមាន៨ពួកគឺ ខត្តិយបរិស័ទ១ ព្រាហ្មណបរិស័ទ១ គហបតិបរិស័ទ​១ សមណបរិស័ទ១ ចាតុម្មហារាជិកបរិស័ទ១ តាវត្តឹសបរិស័ទ១ និម្មានរតិបរិស័ទ១ ព្រហ្ម​បរិស័ទ១។

[២២០] អភិភាយតនៈ មាន៨យ៉ាងគឺ បុគ្គល​ពួកមួយ មានសេចក្តីសំគាល់​នូវរូបខាង​ក្នុង ឃើញនូវពួករូបខាងក្រៅ គ្របសង្កត់​នូវរូបទាំងនោះ ដែលមានសម្បុរល្អ និង​សម្បុរអាក្រក់ មានប្រមាណតិច ហើយមានសេចក្តីសំគាល់​យ៉ាងនេះថា អាត្មាអញដឹង អាត្មាអញឃើញដូច្នេះ នេះជា អភិភាយតនៈ ទី១។ បុគ្គល​ពួកមួយ មានសេចក្តីសំគាល់​នូវរូបខាង​ក្នុង ឃើញនូវពួករូបខាងក្រៅ គ្របសង្កត់​នូវរូបទាំងនោះ ដែលមានសម្បុរល្អ និង​សម្បុរអាក្រក់ រកប្រមាណមិនបាន ហើយមានសេចក្តីសំគាល់​យ៉ាងនេះថា អាត្មាអញ​ដឹង អាត្មាអញឃើញដូច្នេះ នេះជា អភិភាយតនៈ ទី២។ បុគ្គល​ពួកមួយ មិនមាន​សេចក្តី​សំគាល់ ​​នូវរូបខាង​ក្នុង ឃើញនូវពួករូបខាងក្រៅ គ្របសង្កត់​នូវរូបទាំងនោះ ដែល​មាន​សម្បុរ​ល្អ និង​សម្បុរអាក្រក់ មានប្រមាណតិច ហើយមាន​សេចក្តី​សំគាល់​យ៉ាងនេះថា អាត្មាអញ​ដឹង អាត្មាអញឃើញដូច្នេះ នេះជា អភិភាយតនៈ ទី៣។ បុគ្គល​ពួកមួយ មានសេចក្តី​សំគាល់​​ នូវអរូបខាង​ក្នុង ឃើញនូវពួករូបខាងក្រៅ គ្របសង្កត់​នូវរូបទាំងនោះ ដែលមាន​សម្បុរ​ល្អ និង​សម្បុរអាក្រក់ រកប្រមាណមិនបាន ហើយមានសេចក្តីសំគាល់​យ៉ាងនេះថា អាត្មាអញ​ដឹង អាត្មាអញឃើញដូច្នេះ នេះជា អភិភាយតនៈ ទី៤។ បុគ្គល​ពួកមួយ មានសេចក្តីសំគាល់​នូវ អរូបខាង​ក្នុង ឃើញនូវ​ពួក​រូបខាងក្រៅ ដែលជារូបខៀវ មានសម្បុរ​ខៀវ ដ៏ឆ្លុះចេញនូវសម្បុរខៀវ មានពន្លឺខៀវ ប្រៀបដូចផ្កា​ត្រកៀតខៀវ មានសម្បុរ​ខៀវ ដ៏​ឆ្លុះចេញ​នូវសម្បុរ​ខៀវ មានពន្លឺខៀវ ពុំនោះសោត ប្រៀបដូចសំពត់​ខៀវ កើតក្នុង​ក្រុង​ពារាណសីនោះ រលីងទាំងពីរខាង មានពណ៌ខៀវ ដ៏ឆ្លុះចេញនូវពណ៌ខៀវ មានពន្លឺខៀវ យ៉ាងណាមិញ បុគ្គលពួកមួយ មានសេចក្តីសំគាល់នូវ​អរូបខាងក្នុង ឃើញនូវពួក​រូបខាង​ក្រៅ ដែលជារូបខៀវ មាន​សម្បុរ​ខៀវ ដ៏ឆ្លុះចេញនូវសម្បុរខៀវ មានពន្លឺខៀវ គ្របសង្កត់​នូវរូបទាំងនោះ ហើយមាន​សេចក្តី​សំគាល់​​យ៉ាងនេះថា អាត្មាអញដឹង អាត្មាអញឃើញ ដូច្នេះ យ៉ាងនេះឯង នេះជា អភិភាយតនៈ ទី៥។ បុគ្គល​ពួកមួយ មានសេចក្តីសំគាល់​ នូវ​អរូបខាង​ក្នុង ឃើញ​នូវ​ពួករូប​ខាងក្រៅ ដែលជារូបលឿង មានពណ៌លឿង ដ៏ឆ្លុះ​ចេញ​នូវ​ពណ៌លឿង មានពន្លឺលឿង ប្រៀបដូចផ្កាកណ្ណិកាលឿង មានពណ៌លឿង ដ៏​ឆ្លុះចេញ​នូវ​ពណ៌លឿង មានពន្លឺលឿង ពុំនោះសោត ប្រៀបដូចសំពត់លឿង កើតក្នុង​ក្រុង​ពារាណសី​នោះ រលីងទាំងពីរខាង មានពណ៌លឿង ដ៏ឆ្លុះចេញនូវពណ៌លឿង មានពន្លឺលឿង យ៉ាងណាមិញ បុគ្គល​ពួក​មួយ មានសេចក្តីសំគាល់ នូវ​អរូបខាងក្នុង ឃើញនូវពួក​រូបខាង​ក្រៅ ដែលជារូបលឿង មានសម្បុរលឿង ដ៏ឆ្លុះចេញ នូវសម្បុរលឿង មានពន្លឺលឿង គ្របសង្កត់​ នូវរូបទាំងនោះ ហើយមានសេចក្តីសំគាល់​ យ៉ាងនេះថា អាត្មាអញដឹង អាត្មាអញឃើញ ដូច្នេះ យ៉ាងនេះឯង នេះជា អភិភាយតនៈ ទី៦។ បុគ្គល​ពួកមួយ មានសេចក្តីសំគាល់​នូវ​អរូបខាង​ក្នុង ឃើញនូវពួករូបខាងក្រៅ ដែលជារូបក្រហម មានសម្បុរក្រហម ដ៏ឆ្លុះ​ចេញ​នូវសម្បុរក្រហម មានពន្លឺក្រហម ប្រៀបដូច​ផ្កាច្បារក្រហម មានពណ៌ក្រហម ដ៏​ឆ្លុះចេញ​នូវ​ពណ៌ក្រហម មានពន្លឺក្រហម ពុំនោះសោត ប្រៀបដូចសំពត់ក្រហម កើតក្នុង​ក្រុង​ពារាណសី​នោះ រលីងទាំងពីរខាង មានពណ៌ក្រហម ដ៏ឆ្លុះចេញនូវពណ៌ក្រហម មានពន្លឺក្រហម យ៉ាងណាមិញ បុគ្គល​ពួក​មួយ មានសេចក្តីសំគាល់ នូវ​អរូបខាងក្នុង ឃើញនូវ​ពួក​​រូបខាង​ក្រៅ ដែលជារូបក្រហម មានសម្បុរក្រហម ដ៏ឆ្លុះចេញ​នូវសម្បុរក្រហម មានពន្លឺក្រហម គ្របសង្កត់​ នូវរូបទាំងនោះ ហើយមានសេចក្តីសំគាល់​យ៉ាងនេះថា អាត្មាអញដឹង អាត្មាអញឃើញ ដូច្នេះ យ៉ាងនេះ​ឯង នេះជា អភិភាយតនៈ ទី៧។ បុគ្គល​ពួកមួយ មានសេចក្តីសំគាល់​នូវ ​អរូបខាង​ក្នុង ឃើញ​នូវពួករូបខាងក្រៅ ដែលជារូប ស មានសម្បុរ ស ដ៏ឆ្លុះ​ចេញ​នូវសម្បុរ ស មានពន្លឺ​ ស ប្រៀបដូចផ្កាយព្រឹក ស មានពណ៌ ស ដ៏​ឆ្លុះចេញ​នូវ​ពណ៌ ស មានពន្លឺ ស ពុំនោះ​សោត ប្រៀបដូចសំពត់ កើតក្នុង​ក្រុង​ពារាណសី​នោះ រលីងទាំងពីរខាង មានពណ៌ ស ដ៏ឆ្លុះចេញនូវពណ៌ ស មានពន្លឺ ស យ៉ាងណាមិញ បុគ្គលពួកមួយ មិនមានសេចក្តី​សំគាល់​នូវរូបខាងក្នុង ឃើញនូវពួក​រូបខាង​ក្រៅ ដែលជារូប ស មានសម្បុរ ស ដ៏ឆ្លុះចេញនូវសម្បុរ ស មានពន្លឺ ស គ្របសង្កត់​នូវរូបទាំងនោះ ហើយមានសេចក្តីសំគាល់​យ៉ាងនេះថា អាត្មាអញដឹង អាត្មាអញឃើញ ដូច្នេះ យ៉ាងនេះឯង នេះជា ​អភិភាយតនៈ ទី៨។

[២២១] វិមោក្ខមាន៨យ៉ាងគឺ បុគ្គលរមែង​ឃើញ នូវរូបទាំងឡាយបាន នេះជា វិមោក្ខ​ ទី១។ បុគ្គលពួកមួយ មានសេចក្តីសំគាល់​ នូវ​អរូបខាងក្នុង ឃើញនូវ​ពួករូប​ខាងក្រៅ នេះជា វិមោក្ខ ទី២។ សេចក្តីជឿស៊ប់ ចំពោះកសិណដ៏ល្អ នេះជា វិមោក្ខ ទី៣។ ព្រោះ​ការកន្លង នូវ​ពួករូបសញ្ញា វិនាសទៅនៃពួកបដិឃសញ្ញា មិនធ្វើទុកក្នុងចិត្ត នូវ​នានត្តសញ្ញា ដោយប្រការទាំងពួង បុគ្គល រមែងចូលកាន់ អាកាសានញ្ចាយតនជ្ឈាន ដោយបរិកម្មថា អាកាសមិនមានទីបំផុត ដូច្នេះ នេះជា វិមោក្ខ ទី៤។ បុគ្គល​កន្លង នូវអាកាសានញ្ចាយតនជ្ឈាន ដោយប្រការទាំងពួង រមែងចូលកាន់វិញ្ញាណ​ញ្ចា​យតនជ្ឈាន ដោយបរិកម្មថា វិញ្ញាណមិនមានទីបំផុត ដូច្នេះ នេះជាវិមោក្ខទី៥។ បុគ្គលកន្លងនូវ វិញ្ញាណញ្ចាយតនជ្ឈាន ដោយប្រការទាំងពួង រមែងចូលកាន់ អាកិញ្ចញ្ញា​យតន​ជ្ឈាន ដោយបរិកម្មថា វត្ថុបន្តិចប​ន្តួច​មិនមាន ដូច្នេះ នេះជា វិមោក្ខទី ៦។ បុគ្គលកន្លង​នូវ អាកិញ្ចញ្ញាយតនជ្ឈាន ដោយប្រការទាំងពួង រមែងចូលកាន់ នេវសញ្ញា​នាសញ្ញា​យតនជ្ឈាន នេះជា វិមោក្ខ ទី៧។ បុគ្គលកន្លងនូវ នេវសញ្ញានាសញ្ញា​យតនជ្ឈាន ដោយប្រការទាំងពួង រមែងចូលកាន់ សញ្ញាវេទយិតនិរោធ នេះជា វិមោក្ខ ទី៨។ ម្នាលអាវុសោទាំងឡាយ ធម៌ពួកប្រាំបីនេះឯង ដែលព្រះមានព្រះភាគ ជាអរហន្ត​សម្មាសម្ពុទ្ធ ទ្រង់ជ្រាបច្បាស់ ឃើញច្បាស់ ត្រាស់សំដែង​ទុកល្អហើយ ពួកយើង​ទាំងអស់គ្នា ត្រូវ​សង្គាយនា ក្នុងធម៌ពួកប្រាំបីនោះ។បេ។ ដើម្បីសេចក្តីចំរើន ដើម្បី​ប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់ទេវតា និងមនុស្សទាំងឡាយ។

ចប់ ពួកធម៌ប្រាំបីៗ ដែល​រាប់ចូលក្នុងការសង្គាយនា។

[២២២] ម្នាលអាវុសោទាំងឡាយ ធម៌ពួកប្រាំបួន ដែលព្រះមានព្រះភាគ ជា​អរហន្ត​ សម្មាសម្ពុទ្ធ ទ្រង់ជ្រាបច្បាស់ ឃើញច្បាស់ ត្រាស់សំដែង​ទុកល្អហើយ រមែង​មានប្រាកដ ពួកយើង​ទាំងអស់គ្នា ត្រូវ​សង្គាយនា ក្នុងធម៌ពួកប្រាំបួននោះ។បេ។ ដើម្បី​សេចក្តីចំរើន ដើម្បី​ប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់ទេវតា និងមនុស្សទាំងឡាយ។ ធម៌ពួក​ប្រាំបួន ដូចម្តេចខ្លះ។ អាឃាតវត្ថុ (ហេតុនៃ​សេចក្តីគុំគួន) មាន៩យ៉ាងគឺ បុគ្គល​ចងអាឃាត ដោយគិតថា ជនឯណោះ បានប្រព្រឹត្តហើយ នូវអំពើ​មិនជាប្រយោជន៍ ដល់អញ។ ចងអាឃាត ដោយគិតថា ជនឯណោះ កំពុងប្រព្រឹត្ត នូវអំពើ​មិនជា​ប្រយោជន៍ ដល់អញ។ ចងអាឃាត ដោយគិតថា ជនឯណោះ នឹងប្រព្រឹត្ត នូវអំពើ​មិនជា​ប្រយោជន៍ ដល់អញ។ ចងអាឃាត ដោយគិតថា ជនឯណោះ បានប្រព្រឹត្តហើយ នូវអំពើ​មិនជា​ប្រយោជន៍។ កំពុងប្រព្រឹត្ត នូវអំពើ​មិនជាប្រយោជន៍។ នឹងប្រព្រឹត្ត នូវអំពើ​មិនជា​ប្រយោជន៍ ដល់បុគ្គលជាទីស្រឡាញ់ ជាទីគាប់ចិត្តរបស់អញ។ ចងអាឃាត ដោយគិតថា ជនឯណោះ បានប្រព្រឹត្តហើយ នូវអំពើ​ជាប្រយោជន៍។ កំពុង​ប្រព្រឹត្ត នូវអំពើ​ជា​ប្រយោជន៍។ នឹង​ប្រព្រឹត្ត នូវអំពើ​ជាប្រយោជន៍ ដល់បុគ្គល​មិនជាទីស្រឡាញ់ មិនជា​ទី​គាប់​ចិត្ត របស់អញ។

[២២៣] អាឃាតប្បដិវិន័យ (ការកំចាត់បង់​អាឃាត) មាន៩យ៉ាង គឺ បុគ្គល​កំចាត់​បង់នូវ​អាឃាត ដោយគិតថា ជនឯណោះ បានប្រព្រឹត្ត​ហើយ នូវអំពើមិន​ជាប្រយោជន៍​ដល់​អាត្មាអញ ព្រោះហេតុនោះ ការប្រព្រឹត្តិ​អំពើ​មិនជាប្រយោជន៍នោះ អាត្មាអញ គប្បី​បានក្នុង​បុគ្គល​នុ៎ះអំពីណា។ បុគ្គល​កំចាត់​បង់នូវ​អាឃាត ដោយគិតថា ជនឯណោះ កំពុង​ប្រព្រឹត្ត​ នូវអំពើមិន​ជាប្រយោជន៍​ ដល់​អាត្មាអញ ព្រោះហេតុនោះ ការប្រព្រឹត្តិ​អំពើ​មិនជា​ប្រយោជន៍នោះ អាត្មាអញ គប្បី​បាន ក្នុង​បុគ្គល​នុ៎ះអំពីណា។ បុគ្គល​ កំចាត់​បង់នូវ​អាឃាត ដោយគិតថា ជនឯណោះ នឹងប្រព្រឹត្ត នូវអំពើមិន​ជាប្រយោជន៍​ ដល់​អាត្មាអញ ព្រោះហេតុនោះ ការប្រព្រឹត្តិ​អំពើ​មិនជាប្រយោជន៍នោះ អាត្មាអញ គប្បី​បានក្នុង​បុគ្គល​នុ៎ះអំពីណា។ បុគ្គល​កំចាត់​បង់នូវ​អាឃាត ដោយគិតថា ជនឯណោះ បានប្រព្រឹត្ត​ហើយ នូវអំពើមិន​ជាប្រយោជន៍​។ កំពុង​ប្រព្រឹត្តនូវអំពើ​មិនជាប្រយោជន៍។ នឹងប្រព្រឹត្ត​នូវអំពើ​មិនជាប្រយោជន៍ ដល់បុគ្គល​ជាទីស្រឡាញ់ ជាទីគាប់ចិត្ត របស់អាត្មាអញ ព្រោះ​ហេតុ​នោះ ការប្រព្រឹត្តិ​នូវអំពើ​មិនជាប្រយោជន៍នោះ អាត្មាអញ គប្បី​បានក្នុង​បុគ្គល​នុ៎ះ​អំពី​ណា។ បុគ្គល​កំចាត់​បង់ នូវ​អាឃាត ដោយគិតថា ជនឯណោះ បានប្រព្រឹត្ត​ប្រយោជន៍។ កំពុងប្រព្រឹត្តប្រយោជន៍។ នឹងប្រព្រឹត្ត​ប្រយោជន៍ ​ដល់បុគ្គល​មិនជាទី​ស្រឡាញ់ មិនជាទីគាប់ចិត្ត របស់​អាត្មាអញ ព្រោះហេតុនោះ ការប្រព្រឹត្តិ​នោះ អាត្មាអញ គប្បី​បានក្នុង​បុគ្គល​នុ៎ះអំពីណា។

[២២៤] សត្តាវាសៈ (ប្រទេស​ជាទីនៅរបស់សត្វ) មាន៩យ៉ាង ម្នាលអាវុសោ​ទាំង​ឡាយ ពួកសត្វមានកាយផ្សេងគ្នា មានសញ្ញាផ្សេងគ្នា ដូចពួក​មនុស្ស​ ទេវតាពួកខ្លះ និង​វិនិបាតិកៈពួកខ្លះ នេះជា សត្តាវាស ទី១។ ម្នាលអាវុសោទាំងឡាយ ពួកសត្វ​មានកាយ​ផ្សេងគ្នា មានសញ្ញាដូចគ្នា ដូចពួក​ទេវតា ក្នុងជាន់​ព្រហ្មលោក ដែលកើត​ក្នុងជាន់​បឋមជ្ឈានភូមិ នេះជា សត្តាវាស ទី២។ ម្នាលអាវុសោទាំងឡាយ ពួកសត្វ​មានកាយដូចគ្នា មានសញ្ញាផ្សេងគ្នា ដូចពួក​ទេវតា ក្នុងជាន់អាភស្សរៈ នេះជា សត្តាវាស ទី៣។ ម្នាល​អាវុសោទាំងឡាយ ពួកសត្វ​មានកាយដូចគ្នា មាន​សញ្ញា​ដូចគ្នា ដូចពួក​ទេវតា ក្នុងជាន់​សុភកិណ្ហៈ នេះជា សត្តាវាស ទី៤។ ម្នាលអាវុសោទាំងឡាយ ពួកសត្វ​ឥតសញ្ញា មិនដឹង​ច្បាស់ (នូវ​អារម្មណ៍) ដូចពួកទេវតា ជាអសញ្ញិសត្វ នេះជា​ សត្តាវាស ទី៥។ ម្នាលអាវុសោ​ទាំងឡាយ ពួកសត្វចូលកាន់​អាកាសានញ្ចាយតនជ្ឈាន ដោយបរិកម្មថា អាកាស​មិនមាន​ទី​បំផុត ដូច្នេះ ព្រោះកន្លងបង់នូវ​ពួករូបសញ្ញា ព្រោះ​វិនាស​ទៅនៃពួក​បដិឃសញ្ញា ព្រោះមិន​ធ្វើទុកក្នុងចិត្ត នូវពួក​នានត្តសញ្ញា ដោយប្រការ​ទាំងពួង នេះជា សត្តាវាស ទី៦។ ម្នាលអាវុសោទាំងឡាយ ពួកសត្វកន្លងបង់នូវ​អាកាសា​នញ្ចាយតនជ្ឈាន ដោយ​ប្រការទាំងពួង ហើយចូលកាន់​វិញ្ញាណញ្ចាយតនជ្ឈាន ដោយបរិកម្មថា វិញ្ញាណ​មិនមាន​ទីបំផុត ដូច្នេះ នេះជា សត្តាវាស ទី៧។ ម្នាល​អាវុសោ​ទាំង​ឡាយ ពួកសត្វកន្លងបង់នូវ​វិញ្ញាណញ្ចាយតនជ្ឈាន ដោយ​ប្រការទាំងពួង ហើយចូល​កាន់​​អាកិញ្ចញ្ញាយតនជ្ឈាន ដោយបរិកម្មថា វត្ថុបន្តិចបន្តួចមិនមាន ដូច្នេះ នេះជា​ សត្តាវាស​ទី ៨។ ម្នាលអាវុសោ​ទាំងឡាយ ពួកសត្វកន្លងបង់នូវ​អាកិញ្ចញ្ញាយតនជ្ឈាន ដោយប្រការទាំងពួង ហើយ​ចូល​កាន់នេវសញ្ញានាសញ្ញាយតនជ្ឈាន ដោយបរិកម្មថា វត្ថុនេះស្ងប់រម្ងាប់ វត្ថុនេះប្រសើរ ដូច្នេះ នេះជាសត្តាវាសទី៩។

[២២៥] អក្ខណអសម័យ នៃការនៅ​ប្រព្រឹត្តព្រហ្មចារ្យ មាន៩យ៉ាង ម្នាលអាវុសោ​ទាំងឡាយ ព្រះតថាគត អរហន្ត សម្មាសម្ពុទ្ធ កើតឡើងហើយ ក្នុងលោក​នេះផង ធម៌ដែល​​ធ្វើកិលេស​ឲ្យស្ងប់រម្ងាប់ ប្រព្រឹត្តទៅដើម្បីព្រះនិព្វាន ជាដំណើរ​ដើម្បី​ត្រាស់ដឹង ជាធម៌ ដែលព្រះសុគត ប្រកាសទុក ព្រះអង្គក៏បានសំដែង​ហើយផង។ តែបុគ្គល​នេះ ទៅ​កើតក្នុងនរក នេះជា អក្ខណអសម័យ នៃការ​នៅប្រព្រឹត្ត​ព្រហ្មចារ្យទី១។ ម្នាលអាវុសោទាំងឡាយ មួយទៀត ព្រះតថាគត អរហន្ត សម្មាសម្ពុទ្ធ កើតឡើង​ហើយ​ក្នុង​​លោក​ផង ធម៌ដែល​ធ្វើកិលេស​ ឲ្យស្ងប់រម្ងាប់ ប្រព្រឹត្តទៅ ដើម្បីព្រះនិព្វាន ជាដំណើរ​ដើម្បី​ត្រាស់ដឹង ជាធម៌ ដែលព្រះសុគត ប្រកាសទុក ព្រះអង្គក៏បានសំដែង​ហើយផង។ តែបុគ្គល​នេះ ទៅកើតក្នុងកំណើតតិរច្ឆាន។បេ។ ទៅកើតក្នុងបិត្តិវិស័យ។បេ។ ទៅកើត​ក្នុង​អសុរកាយ។បេ។ ទៅកើតក្នុងពួកទេវតា មានអាយុវែងណាមួយ។បេ។ ទៅកើតក្នុង​ពួក​មិលក្ខជន ជាអ្នក​មិនដឹងការខុសត្រូវច្បាស់លាស់ ក្នុងពួក​បច្ចន្តិមជនបទ ដែលជា​ប្រទេស​គ្មាន​ភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកា ទៅដល់។ បានកើត​ក្នុងមជ្ឈិមជនបទហើយ តែអ្នក​នោះ ជាមិច្ឆាទិដ្ឋិ មានសេចក្តីឃើញវិបរឹតថា ទានដែល​បុគ្គល​ឲ្យហើយ គ្មានផល របស់​ដែលគេបូជាហើយ គ្មានផល ការបូជាធំ គ្មានផល ការបូជាតូច គ្មានផល ផល និងវិបាក​របស់កម្ម ដែលសត្វ​ធ្វើល្អ ធ្វើអាក្រក់ មិនមាន លោកនេះមិនមាន លោកដទៃ​មិនមាន មាតា​មិនមាន បិតាមិនមាន ពួកសត្វជាឱបបាតិកៈមិនមាន ពួកសមណព្រាហ្មណ៍ ក្នុង​លោកជាអ្នក​ព្រមព្រៀង​គ្នា ប្រតិបត្តិដោយល្អ ធ្វើឲ្យ​ជាក់ច្បាស់​ នូវ​លោកនេះ និងលោក​ខាងមុខ ព្រោះដឹងច្បាស់​ដោយខ្លួនឯង ហើយឲ្យអ្នកដទៃ​បានត្រាស់​ដឹងផង មិនមាន។ បានកើត​ក្នុងពួកមជ្ឈិមជនបទហើយ តែជាបុគ្គល​អប្ប​ឥតប្រាជ្ញា ល្ងង់ខ្លៅ ជាមនុស្សគ មិនអង់អាច ដើម្បីដឹង​សេចក្តី នៃសុភាសិត និង​ទុព្ភាសិត​បាន នេះជា អក្ខណអសម័យ នៃការ​នៅប្រព្រឹត្ត​ព្រហ្មចារ្យទី៨។ ម្នាលអាវុសោទាំងឡាយ មួយទៀត ព្រះតថាគត អរហន្ត សម្មាសម្ពុទ្ធ មិនកើតឡើងក្នុងលោកផង ធម៌ធ្វើនូវសេចក្តី​ស្ងប់​រម្ងាប់កិលេស ប្រព្រឹត្តទៅដើម្បីព្រះនិព្វាន ជាដំណើរ​ ដើម្បី​ត្រាស់ដឹង ជាធម៌​ដែល​ព្រះសុគត​ ទ្រង់ប្រកាស​ទុក ព្រះអង្គក៏មិនបានសំដែងផង។ តែបុគ្គល​នេះ បានកើត​ក្នុង​មជ្ឈិមជនបទ ជាអ្នកមានប្រាជ្ញា មិនល្ងង់ខ្លៅ មិនជាមនុស្សគ អង់អាច ដើម្បីដឹង​សេចក្តី ​នៃសុភាសិត និងទុព្ភាសិតបាន។ នេះជា អក្ខណអសម័យ នៃការ​នៅប្រព្រឹត្ត​ព្រហ្មចារ្យទី៩។

[២២៦] អនុបុព្វវិហារៈ (ធម៌ជាគ្រឿង​នៅ ដែលបុគ្គល ​ត្រូវចូល​តាមលំដាប់​ឈាន) មាន​៩យ៉ាង ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ ស្ងាត់ស្រឡះ​ចាកកាម​ទាំង​ឡាយ ស្ងាត់ស្រឡះ ចាក​អកុសលធម៌ទាំងឡាយ ហើយចូលបឋមជ្ឈាន ប្រកប​ដោយ​វិតក្កៈ ប្រកបដោយវិចារៈ មានបីតិ និងសុខៈ ដែលកើត​អំពីវិវេក១ ព្រោះរម្ងាប់​វិតក្កៈ និង​វិចារៈទាំងឡាយ រមែងចូលទុតិយជ្ឈាន ជាឈាន​កើតក្នុង​សន្តាន​នៃខ្លួន ជាទីជ្រះថ្លា គឺ​សទ្ធា​ មានភាវៈជាចិត្តប្រសើរឯក គ្មានវិតក្កៈ គ្មានវិចារៈ មានតែបីតិ និងសុខៈ ដែល​កើត​អំពីសមាធិ១ ព្រោះអស់ទៅនៃបីតិ ប្រកបដោយ​ឧបេក្ខាផង មានសតិសម្បជញ្ញៈផង ទទួល​នូវសេចក្តី​សុខ ដោយនាមកាយ ព្រះអរិយៈទាំងឡាយ តែងសរសើរបុគ្គល​ចូល​តតិយជ្ឈាននោះថា បុគ្គលនោះ ប្រកបដោយឧបេក្ខា មានសតិនៅជាសុខ ដោយអំណាច​តតិយជ្ឈានណា បានចូលតតិយជ្ឈាន (នោះ)១ ព្រោះលះសុខផង លះទុក្ខផង អស់​សោមនស្ស និងទោមនស្ស ក្នុងកាលមុន ចូលចតុត្ថជ្ឈាន មិនទុក្ខ មិនសុខ មានសតិដ៏​បរិសុទ្ធដោយឧបេក្ខា១ ព្រោះកន្លង​បង់នូវ​ពួករូបសញ្ញា អស់ពួក​បដិឃសញ្ញា មិនធ្វើ​ទុក​ក្នុង​ចិត្តនូវពួក​នានត្តសញ្ញា ដោយប្រការទាំងពួង ចូលអាកាសានញ្ចាយតនជ្ឈាន ដោយ​គិតថា អាកាស​មិនមានទីបំផុតដូច្នេះ១ កន្លងនូវអាកាសានញ្ចាយតនជ្ឈាន ដោយប្រ​ការ​ទាំងពួង ហើយចូលវិញ្ញាណញ្ចាយតនជ្ឈាន ដោយ​គិតថា វិញ្ញាណ​មិនមាន​ទី​បំផុត​ដូច្នេះ១ កន្លងនូវវិញ្ញាណញ្ចាយតនជ្ឈាន ដោយប្រ​ការ​ទាំងពួង ហើយ​ចូលអាកិញ្ចញ្ញាយតនជ្ឈាន ដោយ​គិតថា វត្ថុអ្វីតិចតួច ​មិនមាន ដូច្នេះ១ កន្លងនូវ​អាកិញ្ចញ្ញាយតនជ្ឈាន ដោយប្រ​ការ​ទាំងពួង ហើយ​ចូលនេវសញ្ញានាសញ្ញាយតនជ្ឈាន​១ កន្លងនូវនេវសញ្ញានាសញ្ញាយតនជ្ឈាន ដោយប្រ​ការ​ទាំងពួង ហើយចូល​សញ្ញាវេទយិតនិរោធ១។

[២២៧] អនុបុព្វនិរោធ (ធម៌ជាគ្រឿង​រលត់ដោយលំដាប់ឈាន) មាន​៩យ៉ាងគឺ កាល​បុគ្គល​ចូលបឋមជ្ឈាន កាមសញ្ញារលត់១ កាលដែលចូល​ទុតិយជ្ឈាន វិតក្កវិចារៈ​រលត់១ កាលដែលចូលតតិយជ្ឈាន បីតិរលត់១ កាលដែលចូល​ចតុត្ថជ្ឈាន អស្សាសៈ និង​បស្សាសៈរលត់១ កាលដែលចូល​អាកាសានញ្ចាយតនជ្ឈាន រូបសញ្ញារលត់១ កាល​ដែលចូល​វិញ្ញាណញ្ចាយតនជ្ឈាន អាកាសានញ្ចាយតនសញ្ញារលត់១ កាលដែល​ចូល​អាកិញ្ចញ្ញាយតនជ្ឈាន វិញ្ញាណញ្ចាយតនសញ្ញារលត់១ កាល​ដែលចូល​នេវសញ្ញា​នាសញ្ញាយតនជ្ឈាន អាកិញ្ចញ្ញាយតនសញ្ញារលត់១ កាល​ដែលចូល​សញ្ញាវេទយិតនិរោធ សញ្ញា និងវេទនារលត់១។ ម្នាលអាវុសោទាំងឡាយ នេះឯង​ជាធម៌ពួក​៩ ដែលព្រះមានព្រះភាគ អង្គនោះ ជាអរហន្តសម្មាសម្ពុទ្ធ ទ្រង់ជ្រាបច្បាស់ ឃើញ​ច្បាស់ ត្រាស់សំដែងទុកល្អហើយ ពួកយើង​ទាំងអស់គ្នា ត្រូវសង្គាយនា ក្នុងធម៌ពួក​៩នោះ។បេ។ ដើម្បីសេចក្តីចំរើន ដើម្បីប្រយោជន៍ ដើម្បី​សេចក្តីសុខ ដល់ទេវតា និងមនុស្ស​ទាំងឡាយ។ សេចក្តីបំប្រួញធម៌ពួក៩។

ចប់ ពួកធម៌ប្រាំបួនៗ ដែលរាប់ចូលក្នុង​ការសង្គាយនា។

[២២៨] ម្នាលអាវុសោទាំងឡាយ មានធម៌ពួក១០ ដែល​ព្រះមានព្រះភាគ ជាអរហន្ត​សម្មាសម្ពុទ្ធ​អង្គនោះ ទ្រង់ជ្រាប​ច្បាស់ ឃើញច្បាស់​ ត្រាស់សំដែង​ទុកល្អហើយ ពួកយើង​ទាំងអស់គ្នា ត្រូវសង្គាយនាក្នុងធម៌ពួក​១០នោះ។បេ។ ដើម្បីសេចក្តីចំរើន ដើម្បី​ប្រយោជន៍ ដើម្បីសេចក្តី​សុខ ដល់ទេវតា និងមនុស្សទាំងឡាយ។ ធម៌ពួក១០ ដូចម្តេចខ្លះ។ នាថករណធម៌ (ធម៌​គ្រឿង​ធ្វើនូវ​ទីពឹង) មាន១០យ៉ាង ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ មានសីល សង្រួមក្នុងបាតិមោក្ខសំវរៈ បរិបូណ៌​ដោយអាចារៈ និងគោចរ ឃើញភ័យ​ចំពោះ​ទោសទាំងឡាយ សូម្បីមាន​ប្រមាណ​តិច សមាទានសិក្សា ​ក្នុងសិក្ខាបទទាំងឡាយ។ ម្នាលអាវុសោទាំងឡាយ ភិក្ខុមានសីល សង្រួម​ក្នុងបាតិមោក្ខសំវរៈ បរិបូណ៌​ដោយអាចារៈ និងគោចរ ឃើញភ័យ​ចំពោះ​ទោស​ទាំងឡាយ សូម្បីមាន​ប្រមាណ​តិច សមាទានសិក្សា​ ក្នុងសិក្ខាបទទាំងឡាយណា នេះជា​នាថករណធម៌១។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុ ជាពហុស្សូត ចាំពុទ្ធវចនៈ ដែល​ខ្លួន​បានស្តាប់ហើយ សន្សំពុទ្ធវចនៈ ដែលខ្លួន​បានស្តាប់ហើយ។ ពួកធម៌ណា មាន​ពីរោះខាងដើម មានពីរោះក្នុងកណ្តាល មានពីរោះ​ក្នុងទីបំផុត ប្រកាស​នូវព្រហ្មចារ្យ ប្រកប​ដោយអត្ថ ប្រកបដោយព្យញ្ជនៈ ដ៏បរិសុទ្ធបរិបូណ៌​សព្វគ្រប់ ភិក្ខុនោះ បានស្តាប់​ច្រើន បានចាំរត់មាត់ រំពឹង​ដោយចិត្តចាក់ធ្លុះ ដោយសេចក្តីយល់​ នូវធម៌​មានសភាព​ដូច្នោះ។ ម្នាលអាវុសោទាំងឡាយ ភិក្ខុជាពហុស្សូត។បេ។ ចាក់ធ្លុះ​ដោយសេចក្តីយល់ណា នេះជា​ នាថករណធម៌ ១។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុមានមិត្រល្អ មាន​សំឡាញ់​​ល្អ មានបុគ្គល​ស្និទ្ធស្នាលល្អ។ ម្នាលអាវុសោទាំងឡាយ ភិក្ខុមានមិត្រល្អ មាន​សំឡាញ់ល្អ មានបុគ្គលស្និទ្ធស្នាល្អណា នេះជា នាថករណធម៌ ១។ ម្នាលអាវុសោ​ទាំង​ឡាយ មួយទៀត ភិក្ខុជាអ្នកដែលគេប្រដៅងាយ ប្រកបដោយ​ពួកធម៌ ជាគ្រឿង​ធ្វើនូវ​ភាវៈជាអ្នកប្រដៅងាយ ជាអ្នកអត់ធន់ ទទួល​យកពាក្យប្រៀនប្រដៅ ដោយ​ចំណែក​ខាងស្តាំ [ស្តាំជាប៉ែកខាងល្អ ឆ្វេងជាប៉ែកខាងអាក្រក់ អ្នកប្រព្រឹត្ត​ល្អ ហៅថា ប្រព្រឹត្ត​ខាងស្តាំ អ្នកប្រព្រឹត្ត​ខុស ហៅថា ប្រព្រឹត្តឆ្វេង។]។ ម្នាលអាវុសោទាំងឡាយ ភិក្ខុជាអ្នកដែលគេប្រដៅងាយ ប្រកបដោយ​ពួកធម៌ ជាគ្រឿង​ធ្វើនូវ​ភាវៈជា​អ្នក​ប្រដៅ​ងាយ ជាអ្នកអត់ធន់ ទទួល​យកពាក្យប្រៀនប្រដៅ ដោយ​ចំណែក​ខាងស្តាំណា នេះជា​នាថករណធម៌១។ ម្នាលអាវុសោទាំងឡាយ មួយទៀត កិច្ចអ្វីដែល​បុគ្គលត្រូវធ្វើ ទោះបី​ធំ ឬតូច របស់ពួក​សព្រហ្មចារីណា ភិក្ខុជាអ្នកឈ្លាស មិនខ្ជិលច្រអូស ក្នុងកិច្ចទាំងនោះ ប្រកប​ដោយ​ការពិចារណា ជាឧបាយក្នុងកិច្ចនោះ អាចធ្វើបាន អាចចាត់ចែងបាន។ ម្នាលអាវុសោទាំងឡាយ កិច្ចអ្វីៗ ដែលបុគ្គល​ត្រូវធ្វើ របស់​ពួកសព្រហ្មចារីណា ភិក្ខុ​។បេ។ អាចចាត់ចែងបានណា នេះជា នាថករណធម៌ ១។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុមានសេចក្តីប្រាថ្នាក្នុងធម៌ ជាអ្នកមាន​សំដី​គួរស្រឡាញ់ មានសេចក្តីរីករាយដ៏លើស​លុប ក្នុងអភិធម្ម ក្នុងអភិវិន័យ [ក្នុងធម៌ គឺសុត្តន្តបិដក អភិធម្ម គឺសត្តបករណ វិន័យ គឺ​ឧភតោវិភង្គ អភិវិន័យ គឺខន្ធកបរិវារ ឬថា ធម៌គឺសុត្តន្តបិដក អភិធម្ម គឺមគ្គផល វិន័យ គឺ​វិនយបិដកទាំងអស់ អភិវិន័យ គឺការរម្ងាប់​កិលេស (អដ្ឋកថា)។]។ ម្នាលអាវុសោទាំងឡាយ ភិក្ខុមានសេចក្តីប្រាថ្នាក្នុងធម៌ ជាអ្នកមាន​សំដី​គួរស្រឡាញ់ មានសេចក្តីត្រេកអរដ៏លើស​លុប ក្នុងអភិធម្ម ក្នុងអភិវិន័យណា នេះជា នាថករណធម៌​១។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុជាអ្នកសន្តោសដោយចីវរ បិណ្ឌបាត សេនាសនៈ និងគិលានប្បច្ចយភេសជ្ជបរិក្ខារ តាមមាន តាមបាន។ ម្នាលអាវុសោទាំងឡាយ ភិក្ខុជាអ្នកសន្តោសដោយចីវរ បិណ្ឌបាត សេនាសនៈ និងគិលានប្បច្ចយភេសជ្ជបរិក្ខារ តាមមាន តាមបានណា នេះជា នាថករណធម៌ ១។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុមានព្យាយាម ប្រារព្ធហើយ ដើម្បីលះបង់ពួកអកុសលធម៌ ដើម្បីចំរើន​ពួកកុសលធម៌ ជាអ្នកមានកំឡាំងចិត្ត មានសេចក្តី​សង្វាតមាំមួន មិនដាក់ធុរៈចោល ក្នុងកុសលធម៌​ទាំងឡាយ។ ម្នាលអាវុសោទាំងឡាយ ភិក្ខុមានព្យាយាម ប្រារព្ធហើយ ដើម្បីលះបង់​ពួក​អកុសលធម៌ ដើម្បីចំរើន​ពួកកុសលធម៌ ជាអ្នកមានកំឡាំងចិត្ត មានសេចក្តី​សង្វាតមាំមួន មិនដាក់ធុរៈចោល ក្នុងកុសលធម៌​ទាំងឡាយណា នេះជានាថករណធម៌១។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុមានសតិ ប្រកបដោយសតិ និងភាវៈជាបុគ្គល​មានប្រាជ្ញាចាស់ក្លាក្រៃលែង ជាអ្នករលឹកបាន រលឹក​បានរឿយៗ នូវការងារដែលបាន​ធ្វើ​យូរហើយក្តី និយាយយូរហើយក្តី។ ម្នាលអាវុសោទាំងឡាយ ភិក្ខុមានសតិ ប្រកបដោយ​សតិ និងភាវៈជាបុគ្គល​មានប្រាជ្ញាចាស់ក្លាក្រៃលែង ជាអ្នករលឹកបាន រលឹក​បានរឿយៗ នូវការងារ ដែលបាន​ធ្វើ​យូរហើយក្តី និយាយយូរហើយក្តីណា នេះជានាថករណធម៌១។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុមានប្រាជ្ញា ប្រកបដោយប្រាជ្ញា ជាគ្រឿងឆ្លុះ​ យល់នូវសេចក្តីចំរើន និងសេចក្តីវិនាស ជាប្រាជ្ញាចាក់ធ្លុះដ៏ប្រសើរ ដល់នូវសេចក្តីអស់​ទៅនៃទុក្ខដោយប្រពៃ។ ម្នាលអាវុសោទាំងឡាយ ភិក្ខុមានប្រាជ្ញា ប្រកបដោយប្រាជ្ញា ជាគ្រឿង​ឆ្លុះ​ យល់នូវសេចក្តីចំរើន និងសេចក្តីវិនាស ជាប្រាជ្ញាចាក់ធ្លុះដ៏ប្រសើរ ដល់នូវ​សេចក្តីអស់​ទៅ នៃទុក្ខដោយប្រពៃណា នេះជានាថករណធម៌១។

[២២៩] កសិណាយតនៈមាន១០យ៉ាង គឺ បុគ្គលម្នាក់ ចាំបាននូវបឋវីកសិណ ទាំង​ទិសខាងលើ ខាងក្រោម និងទិសទទឹង​តាមលំដាប់ រកប្រមាណមិនបាន។ បុគ្គលម្នាក់ ចាំបាន​នូវ​អាបោកសិណ។បេ។ បុគ្គលម្នាក់ ចាំបាន​នូវ​តេជោកសិណ។បេ។ បុគ្គលម្នាក់ ចាំបាន​នូវ​វាយោកសិណ។បេ។ បុគ្គលម្នាក់ ចាំបាន​នូវ​នីលកសិណ។បេ។ បុគ្គលម្នាក់ ចាំបាន​នូវ​បីតកសិណ។បេ។ បុគ្គលម្នាក់ ចាំបាន​នូវលោហិតកសិណ។បេ។ បុគ្គលម្នាក់ ចាំបាន​នូវ​ឱទាតកសិណ។បេ។ បុគ្គលម្នាក់ ចាំបាន​នូវ​អាកាសកសិណ។បេ។ បុគ្គលម្នាក់ ចាំបាន​នូវ​វិញ្ញាណកសិណ ទាំងទិសខាងលើ ខាងក្រោម និងទិសទទឹង តាមលំដាប់​ រក​ប្រមាណមិនបាន។

[២៣០] អកុសលកម្មបថមាន១០យ៉ាង គឺបាណាតិបាត១ អទិន្នាទាន១ កាមេសុមិច្ឆាចារៈ១ មុសាវាទ១ បិសុណាវាចា១ ផរុសវាចា១ សម្ផប្បលាបៈ១ អភិជ្ឈា១ ព្យាបាទ១ មិច្ឆាទិដ្ឋិ១។

[២៣១] កុសលកម្មបថមាន១០យ៉ាង គឺចេតនាវៀរចាកបាណាតិបាត១ ចេតនា​វៀរចាកអទិន្នាទាន១ ចេតនាវៀរចាកកាមេសុមិច្ឆាចារៈ១ ចេតនាវៀរចាកមុសាវាទ១ ចេតនាវៀរចាកបិសុណាវាចា១ ចេតនាវៀរចាកផរុសវាចា១ ចេតនាវៀរចាក​សម្ផប្បលាបៈ​១ មិនមានអភិជ្ឈា១ មិនមានព្យាបាទ១ សម្មាទិដ្ឋិ១។

[២៣២] អរិយវាសៈ (ធម៌ជាគ្រឿងនៅរបស់ព្រះអរិយៈ) មាន១០យ៉ាង ម្នាល​អាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកមានអង្គ៥ លះបង់ហើយ១ ប្រកប​ដោយ​ឆឡង្គុបេក្ខា១ មានកិរិយារក្សាធម៌តែមួយ១ មានធម៌ជាគ្រឿងពឹងផ្អែក៤យ៉ាង១ លះបង់​សច្ចៈ ដែលបុគ្គល​ប្រកាន់ផ្សេងៗគ្នា១ មានការស្វែងរកនូវវត្ថុទាំងពួង លះបង់ហើយ​ដោយប្រពៃ១ មានសេចក្តីត្រិះរិះមិនសៅហ្មង១ មានកាយសង្ខារ​ស្ងប់រម្ងាប់​ហើយ១ មានចិត្តរួចស្រឡះ​ហើយដោយល្អ១ មានប្រាជ្ញារួចស្រឡះហើយដោយល្អ១។ ម្នាលអាវុសោទាំងឡាយ ឯភិក្ខុ​មានអង្គ៥ លះបង់ហើយ តើដូចម្តេច។ ម្នាលអាវុសោ​ទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកលះបង់កាមច្ឆន្ទៈ១ លះបង់​ព្យាបាទ១ លះបង់​ថីនមិទ្ធៈ១ លះបង់​ឧទ្ធច្ចកុក្កុច្ចៈ១ លះបង់វិចិកិច្ឆា១។ ម្នាលអាវុសោទាំងឡាយ ភិក្ខុមាន​អង្គ៥ លះបង់ហើយដោយអាការយ៉ាងនេះឯង។ ម្នាលអាវុសោទាំងឡាយ ភិក្ខុប្រកប​ដោយ ​ឆឡង្គុបេក្ខា តើដូចម្តេច។ ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ ឃើញរូប​ដោយចក្ខុ ក៏មិនសោមនស្ស មិន​ទោមនស្ស ជាបុគ្គល​ព្រងើយកន្តើយ មានសតិ និង​សម្បជញ្ញៈ។ ឮសំឡេង​ដោយត្រចៀក។ ធុំក្លិន​ដោយច្រមុះ។ ទទួលរសដោយអណ្តាត។ ពាល់ត្រូវ​ផោដ្ឋព្វៈ​ដោយ​កាយ។ ដឹងធម្មារម្មណ៍​ដោយចិត្ត ក៏មិនមានសោមនស្ស មិនមានទោមនស្ស ជាបុគ្គល​ព្រងើយកន្តើយ មានសតិ និងសម្បជញ្ញៈ។ ម្នាល​អាវុសោទាំងឡាយ ភិក្ខុប្រកបដោយ ​ឆឡង្គុបេក្ខា ដោយអាការ​យ៉ាងនេះឯង។ ម្នាលអាវុសោ​ទាំងឡាយ ភិក្ខុមានកិរិយា​រក្សា​ធម៌តែមួយ តើដូចម្តេច។ ម្នាល​អាវុសោ​ទាំងឡាយ ភិក្ខុក្នុងសាសនានេះ ប្រកបដោយ​ចិត្ត មានសតិ ជាគ្រឿង​រក្សាទុក។ ម្នាល​អាវុសោទាំងឡាយ ភិក្ខុមានកិរិយា​រក្សាធម៌​តែមួយ ដោយអាការ​យ៉ាងនេះឯង។ ម្នាល​អាវុសោទាំងឡាយ ភិក្ខុមានធម៌ ជាគ្រឿង​ពឹងផ្អែក​៤យ៉ាង តើដូចម្តេច។ ម្នាល​អាវុសោ​ទាំងឡាយ ភិក្ខុក្នុងសាសនានេះ ពិចារណាហើយ ទើប​សេពវត្ថុ ដែល​គួរសេព១ ពិចារណា​ហើយ ទើប​អត់សង្កត់​វត្ថុ ដែលគួរអត់សង្កត់១ ពិចារណាហើយ ទើប​វៀរវត្ថុ​ ដែលគួរវៀរ១ ពិចារណាហើយ ទើប​បន្ទោបង់វត្ថុ ដែល​គួរ​បន្ទោបង់១។ ម្នាល​អាវុសោ​ទាំងឡាយ ភិក្ខុមានធម៌ ជាគ្រឿង​ពឹងផ្អែក​៤យ៉ាង ដោយ​អាការយ៉ាងនេះឯង។ ម្នាល​អាវុសោ​ទាំងឡាយ ភិក្ខុលះបង់សច្ចៈ ដែលបុគ្គល​ប្រកាន់​ផ្សេងៗគ្នា តើដូចម្តេច។ ម្នាល​អាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ បាននាំចេញ បន្ទោបង់ លះចោល ខ្ជាក់ចេញ ផ្តាច់ចេញ លះបង់ រលាស់ចោល នូវសច្ចធម៌ ដែល​បុគ្គល​ប្រកាន់ផ្សេងគ្នាច្រើនយ៉ាង របស់ពួកសមណព្រាហ្មណ៍ជាច្រើននោះ។ ម្នាលអាវុសោទាំងឡាយ ភិក្ខុលះបង់សច្ចៈ ដែលបុគ្គល​ប្រកាន់ផ្សេងៗគ្នា ដោយ​អាការ​យ៉ាងនេះឯង។ ម្នាលអាវុសោទាំងឡាយ ភិក្ខុ​មាន​ការស្វែងរក លះបង់ហើយដោយល្អ តើដូចម្តេច។ ម្នាលអាវុសោទាំងឡាយ ភិក្ខុ​ក្នុង​សាសនា​នេះ លះបង់​ការស្វែងរកកាម លះបង់​ការស្វែងរកភព លះបង់​ការស្វែងរក​ព្រហ្មចារ្យ [សំដៅយកការលះ អន្តគ្គាហិកទិដ្ឋិ (អដ្ឋកថា)]។ ម្នាលអាវុសោទាំងឡាយ ភិក្ខុមានការស្វែងរក លះបង់ហើយដោយល្អ ដោយ​អាការ​យ៉ាងនេះឯង។ ម្នាលអាវុសោ​ទាំងឡាយ ភិក្ខុមានសេចក្តីត្រិះរិះ​មិនសៅហ្មង តើដូចម្តេច។ ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ លះបង់សេចក្តីត្រិះរិះ​ក្នុងកាម លះបង់​សេចក្តីត្រិះរិះ​ ក្នុងព្យាបាទ លះបង់សេចក្តីត្រិះរិះ ក្នុងការបៀតបៀន។ ម្នាលអាវុសោទាំងឡាយ ភិក្ខុមានសេចក្តី​ត្រិះរិះ​មិនសៅហ្មង ដោយអាការយ៉ាង​នេះឯង។ ម្នាលអាវុសោទាំងឡាយ ភិក្ខុមាន​កាយសង្ខារ​ស្ងប់រម្ងាប់ហើយ តើដូចម្តេច។ ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចូលកាន់​ចតុត្ថជ្ឈាន មិនទុក្ខមិនសុខ មានសតិ ដ៏បរិសុទ្ធ ដោយឧបេក្ខា ព្រោះលះបង់​សុខផង លះបង់ទុក្ខផង ព្រោះ​អស់​សោមនស្ស និងទោមនស្សក្នុងកាលមុន។ ម្នាលអាវុសោទាំងឡាយ ភិក្ខុមានកាយសង្ខារ​ស្ងប់រម្ងាប់ហើយ ដោយអាការយ៉ាង​នេះឯង។ ម្នាលអាវុសោទាំងឡាយ ភិក្ខុមានចិត្ត​រួចស្រឡះ​ហើយដោយល្អ តើដូចម្តេច។ ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ មានចិត្តរួចស្រឡះហើយ ចាក​រាគៈ មានចិត្តរួចស្រឡះហើយ ចាក​ទោសៈ មានចិត្តរួចស្រឡះហើយ ចាក​មោហៈ។ ម្នាលអាវុសោទាំងឡាយ ភិក្ខុមានចិត្តរួចស្រឡះហើយដោយល្អ ដោយអាការ​យ៉ាងនេះ​ឯង។ ម្នាលអាវុសោទាំងឡាយ ភិក្ខុមានប្រាជ្ញារួចស្រឡះហើយដោយល្អ តើដូចម្តេច។ ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ ដឹងច្បាស់ថា រាគៈ អាត្មាអញ លះបង់​បានហើយ គាស់រំលើង​ឫស​ចេញហើយ ធ្វើឲ្យលែង​កើតទៀត ដូចដើមត្នោត (កំបុត​ ក) ហើយ ធ្វើមិនឲ្យមាន មិនឲ្យកើតឡើងតទៅជាធម្មតា ដឹងច្បាស់ថា ទោសៈ អាត្មាអញ លះបង់​​បានហើយ គាស់រំលើង​ឫស​ចេញហើយ ធ្វើឲ្យលែង​កើតទៀត ដូចដើមត្នោត (កំបុត​ ក) ហើយ ធ្វើមិនឲ្យមាន មិនឲ្យកើតឡើងតទៅជាធម្មតា ដឹងច្បាស់ថា មោហៈ អាត្មាអញ លះបង់​បានហើយ គាស់រំលើង​ឫស​ចេញហើយ ធ្វើឲ្យលែង​កើតទៀត ដូច​ដើម​ត្នោត (កំបុត​ ក) ហើយ ធ្វើមិនឲ្យមាន មិនឲ្យកើតឡើងតទៅជាធម្មតា។ ម្នាលអាវុសោទាំងឡាយ ភិក្ខុមានចិត្តរួចស្រឡះហើយដោយល្អ ដោយអាការ​យ៉ាង​នេះឯង។

[២៣៣] អសេក្ខធម៌ (ធម៌របស់​អសេក្ខបុគ្គល) មាន១០យ៉ាង គឺ សម្មាទិដ្ឋិ ជា​អសេក្ខធម៌១ សម្មាសង្កប្បៈ ជាអសេក្ខធម៌១សម្មាវាចា ជាអសេក្ខធម៌១ សម្មាកម្មន្តៈ ជាអសេក្ខធម៌១ សម្មាអាជីវៈ ជាអសេក្ខធម៌១ សម្មាវាយាមៈ ជាអសេក្ខធម៌១ សម្មាសតិ ជាអសេក្ខធម៌១ សម្មាសមាធិ ជាអសេក្ខធម៌១ សម្មាញាណៈ ជាអសេក្ខធម៌១ សម្មាវិមុត្តិ ជាអសេក្ខធម៌១។ ម្នាលអាវុសោទាំងឡាយ នេះឯងធម៌ពួក​១០ ដែល​ព្រះមានព្រះភាគ ជាអរហន្ត សម្មាសម្ពុទ្ធអង្គនោះ ទ្រង់ជ្រាបច្បាស់ ឃើញច្បាស់ ត្រាស់សំដែងទុក​ស្រេច​ហើយ ពួកយើងទាំងអស់គ្នា ត្រូវសង្គាយនា មិនត្រូវទាស់ទែងគ្នា ក្នុងធម៌ទាំងនោះ ព្រហ្មចរិយ​ធម៌នេះ ដែលនឹងតាំងនៅមាំ ឋិតនៅអស់កាលយូរ រមែង​ប្រព្រឹត្តទៅ ដើម្បី​ប្រយោជន៍ ដល់ជនច្រើន ដើម្បីសេចក្តីសុខ ដល់ជនច្រើន ដើម្បីអនុគ្រោះ​ដល់សត្វលោក ដើម្បី​សេចក្តីចំរើន ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់ទេវតា និងមនុស្សទាំងឡាយ។

ចប់ ពួកធម៌ដប់ៗ ដែលរាប់ចូលក្នុងការសង្គាយនា។

[២៣៤] លំដាប់នោះឯង ព្រះមានព្រះភាគ ទ្រង់ក្រោកឡើង ត្រាស់នឹង​ព្រះសារីបុត្ត​ដ៏មានអាយុថា ម្នាលសារីបុត្ត ល្អហើយ ល្អហើយ ម្នាលសារីបុត្ត អ្នកបានសំដែង​សង្គីតិបរិយាយ ដល់ភិក្ខុទាំងឡាយ ជាការប្រពៃ​ពេកណាស់។ លុះព្រះសារីបុត្ត បានសំដែង​សូត្រនេះចប់។ ព្រះសាស្តា ក៏បានពេញ​ព្រះហឫទ័យ​ហើយ។ ភិក្ខុទាំងឡាយនោះ ក៏មានចិត្ត​ត្រេកអរ នឹងភាសិត របស់ព្រះសារីបុត្ត​ដ៏​មានអាយុ។

ចប់ សង្គីតិសូត្រ ទី១០។

ទសុត្តរសូត្រ ទី១១

[២៣៥] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់​នៅ​ក្បែរ​ឆ្នេរ​ស្រះបោក្ខរណី ឈ្មោះគគ្គរា ជិតក្រុងចម្បា ជាមួយនឹងភិក្ខុសង្ឃច្រើន ចំនួន​៥០០រូប។ ព្រះសារីបុត្តដ៏មានអាយុ បានហៅភិក្ខុទាំងឡាយ (ដែលនៅ) ក្នុងទីនោះថា ម្នាល​ភិក្ខុទាំងឡាយដ៏មានអាយុ។ ភិក្ខុទាំងនោះ ឆ្លើយតបពាក្យព្រះសារីបុត្ត​ដ៏មានអាយុ​ថា ម្នាលអាវុសោ។ ព្រះសារីបុត្តដ៏មានអាយុ បានពោលយ៉ាងនេះថា

[២៣៦] ខ្ញុំនឹងសំដែង​ទសុត្តរធម៌ [ធម៌ដែល​លោកចែក​ជាមាតិកាដប់ៗ មួយទៀត ធម៌តាំងពីរមួយ ១០ដងឡើងទៅដល់ដប់ ១០ដង។ ឬក្នុងមួយសង្កាត់ៗ មានប្រស្នាដប់ៗ ក្នុងខមួយៗ ហៅថា ទសុត្តរធម៌ (អដ្ឋកថា)។] ជាធម៌សម្រាប់ដោះស្រាយនូវ​គ្រឿង​ចាក់ស្រែះ គឺកិលេសទាំងអស់ (មានអភិជ្ឈាជាដើម) ដើម្បីបានដល់ព្រះនិព្វាន ដើម្បីធ្វើនូវ​ទីបំផុត​នៃ​វដ្តទុក្ខ។

[២៣៧] ម្នាលអាវុសោទាំងឡាយ ធម៌មួយមានឧបការៈច្រើន ធម៌មួយគួរចំរើន ធម៌​មួយគួរកំណត់ដឹង ធម៌មួយគួរលះបង់ ធម៌មួយ​ជាចំណែក​នៃសេចក្តីវិនាស ធម៌មួយ​ជាចំណែក​វិសេស ធម៌មួយត្រាស់ដឹងបានដោយក្រ ធម៌មួយគួរឲ្យកើតឡើង ធម៌មួយគួរ​ដឹង​ច្បាស់ ធម៌មួយ​គួរធ្វើឲ្យជាក់ច្បាស់។

[២៣៨] ធម៌មួយមានឧបការៈច្រើន តើដូចម្តេច។ សេចក្តីមិនប្រមាទ ក្នុងធម៌ទាំង​ឡាយជាកុសល។ នេះជាធម៌មួយ ដែលមានឧបការៈច្រើន។

[២៣៩] ធម៌មួយដែលគួរចំរើន តើដូចម្តេច។ កាយគតាសតិ ដែលប្រកបដោយ​សេចក្តីត្រេកអរ (សេចក្តីសុខ)។ នេះជាធម៌មួយ ដែលគួរចំរើន។

[២៤០]​ ធម៌​មួយដែលគួរកំណត់ដឹង តើដូចម្តេច។ ផស្សៈ ដែលប្រកបដោយ​អាសវៈ ជាទីតាំងនៃ​ឧបាទាន។ នេះជាធម៌មួយ ដែលគួរ​កំណត់ដឹង។

[២៤១] ធម៌មួយដែលគួរលះបង់ តើដូចម្តេច។ អស្មិមានៈ គឺសេចក្តីប្រកាន់ខ្លួន។ នេះជាធម៌មួយ​ ដែលគួរ​លះបង់។

[២៤២] ធម៌មួយដែល​ជាចំណែក​នៃសេចក្តីវិនាស តើដូចម្តេច។ អយោនិសោមនសិការៈ គឺការធ្វើទុកក្នុងចិត្ត ដោយមិនជាឧបាយនៃប្រាជ្ញា [បានដល់​ការ​កំណត់ទុកក្នុងចិត្តខុសគន្លង ដូច កំណត់ក្នុងលក្ខណៈ ដែល​មិនទៀង ថាទៀងវិញជាដើម។]។ នេះជាធម៌មួយ ដែលជាចំណែកនៃសេចក្តីវិនាស។

[២៤៣] ធម៌មួយ​ដែលជាចំណែក​វិសេស តើដូចម្តេច។ យោនិសោមនសិការៈ  គឺការធ្វើទុកក្នុងចិត្ត ដោយឧបាយនៃប្រាជ្ញា។ នេះជាធម៌មួយ​ ដែលជាចំណែក​វិសេស។

[២៤៤] ធម៌មួយដែលត្រាស់ដឹងបានដោយក្រ តើដូចម្តេច។ អនន្តរិកចេតោសមាធិ [ក្នុងទីដទៃ លោកសំដៅយកផលជាលំដាប់នៃមគ្គ ហៅថា អនន្តរិកចេតោសមាធិ តែក្នុង​ទីនេះ លោកសំដៅយកមគ្គ ជាលំដាប់​នៃវិបស្សនាវិញ ព្រោះសមាធិនោះ ជាលំដាប់​នៃ​វិបស្សនាផង ឲ្យនូវ​ផល​ជាលំដាប់នៃខ្លួន​ផង (អដ្ឋកថា)]។ នេះជាធម៌មួយ ដែលត្រាស់ដឹងបានដោយក្រ។

[២៤៥] ធម៌មួយដែលគួរឲ្យកើតឡើង តើដូចម្តេច។ ញាណដែលមិនកម្រើក គឺ​បច្ចវេក្ខណបញ្ញា។ នេះជាធម៌មួយ ដែល​គួរឲ្យកើតឡើង។

[២៤៦] ធម៌មួយដែលគួរ​ដឹង​ច្បាស់ តើដូចម្តេច។ បានដល់ពួកសត្វទាំងពួង តាំងនៅ​បានព្រោះអាហារ។ នេះជាធម៌មួយដែល​គួរដឹងច្បាស់។

[២៤៧] ធម៌មួយ ដែល​គួរធ្វើឲ្យជាក់ច្បាស់ តើដូចម្តេច។ អកុប្បាចេតោវិមុត្តិ ការរួច​ផុតនៃចិត្តមិនកម្រើក គឺអរហត្តផល។ នេះជាធម៌មួយ ដែល​គួរធ្វើឲ្យជាក់ច្បាស់។ ធម៌​ទាំងឡាយ១០នេះ ជាធម៌ពិត ធម៌មែន ធម៌ទៀងទាត់ មិនប្រែប្រួលជាយ៉ាងដទៃឡើយ គឺ​ព្រះតថាគត ត្រាស់ដឹង​ហើយដោយប្រពៃ ដោយប្រការដូច្នេះ។

[២៤៨] ធម៌ពីរមានឧបការៈច្រើន ធម៌ពីរគួរចំរើន ធម៌ពីរគួរកំណត់ដឹង ធម៌ពីរគួរលះបង់ ធម៌ពីរ​ជាចំណែក​នៃសេចក្តីវិនាស ធម៌ពីរ​ជាចំណែក​វិសេស ធម៌ពីរត្រាស់ដឹងបានដោយក្រ ធម៌ពីរគួរឲ្យកើតឡើង ធម៌ពីរគួរ​ដឹង​ច្បាស់ ធម៌ពីរ​គួរធ្វើឲ្យជាក់ច្បាស់។

[២៤៩] ធម៌ពីរមានឧបការៈច្រើន តើដូចម្តេចខ្លះ។ សតិ (សេចក្តីរលឹក)១ សម្បជញ្ញៈ (សេចក្តីដឹងខ្លួន)១។ ធម៌ទាំងពីរនេះ មានឧបការៈច្រើន។

[២៥០] ធម៌ពីរដែលគួរចំរើន តើដូចម្តេចខ្លះ។ សមថៈ១ វិបស្សនា១។ ធម៌ទាំងពីរនេះ គួរចំរើន។

[២៥១]​ ធម៌ពីរដែលគួរកំណត់ដឹង តើដូចម្តេចខ្លះ។ នាម១ រូប១។ ធម៌ទាំងពីរនេះ គួរ​កំណត់ដឹង។

[២៥២] ធម៌ពីរដែលគួរលះបង់ តើដូចម្តេចខ្លះ។ អវិជ្ជា (សេចក្តី​ល្ងង់)១ ភវតណ្ហា (ចំណង់ក្នុងភព)១។ ធម៌ទាំងពីរនេះ គួរ​លះបង់។

[២៥៣] ធម៌ពីរដែល​ជាចំណែក​នៃសេចក្តីវិនាស តើដូចម្តេចខ្លះ។ ភាវៈជាអ្នក​ដែលគេ​ស្តីប្រដៅបានដោយក្រ១ ភាវៈជាអ្នកគប់មិត្តអាក្រក់១។ ធម៌ទាំងពីរនេះ ជាចំណែកនៃសេចក្តីវិនាស។

[២៥៤] ធម៌ពីរ​ដែលជាចំណែក​វិសេស តើដូចម្តេចខ្លះ។ ភាវៈ ជាអ្នក​ដែលគេ​ស្តី​ប្រដៅងាយ១ ភាវៈ ជាអ្នកគប់មិត្តល្អ១។ ធម៌ទាំងពីរនេះ ជាចំណែក​វិសេស។

[២៥៥] ធម៌ពីរដែលត្រាស់ដឹងបានដោយក្រ តើដូចម្តេចខ្លះ។ ហេតុ និងបច្ច័យ ដែល​ប្រព្រឹត្តទៅ ដើម្បីសេចក្តីសៅហ្មង របស់សត្វទាំងឡាយ១ ហេតុ និងបច្ច័យ ដែល​ប្រព្រឹត្តទៅ ដើម្បីសេចក្តីបរិសុទ្ធ របស់សត្វទាំងឡាយ១។ ធម៌ទាំងពីរនេះ ត្រាស់ដឹងបានដោយក្រ។

[២៥៦] ធម៌ពីរដែលគួរឲ្យកើតឡើង តើដូចម្តេចខ្លះ។ ញាណ (ការដឹង) ពីរយ៉ាង ការដឹងក្នុងរបស់អស់ទៅ១ ការដឹងក្នុងរបស់មិនទាន់កើតឡើង១។ ធម៌ទាំងពីរនេះ​ គួរឲ្យកើតឡើង។

[២៥៧] ធម៌ពីរដែលគួរ​ដឹង​ច្បាស់ តើដូចម្តេចខ្លះ។ ធាតុពីរយ៉ាង ធាតុដែល​មានបច្ច័យ​តាក់តែង [បានដល់ខន្ធ៥។]១ ធាតុដែល​គ្មានបច្ច័យតាក់តែង [បានដល់ព្រះ​និព្វាន។]១។ ធម៌ទាំងពីរនេះ ​គួរដឹងច្បាស់។

[២៥៨] ធម៌ពីរ ដែល​គួរធ្វើឲ្យជាក់ច្បាស់ តើដូចម្តេចខ្លះ។ វិជ្ជា សេចក្តីដឹង១ វិមុត្តិ សេចក្តីរួចផុតស្រឡះ​ចាកកិលេស១។ ធម៌ទាំងពីរនេះ ​គួរធ្វើឲ្យជាក់ច្បាស់។ ធម៌​ទាំង២០នេះ ជាធម៌ពិត ធម៌មែន ធម៌ទៀងទាត់ មិនប្រែប្រួលជាយ៉ាងដទៃ ដែល​​ព្រះតថាគត ត្រាស់ដឹងដោយប្រពៃហើយ ដោយប្រការដូច្នេះ។

[២៥៩] ធម៌បីមានឧបការៈច្រើន ធម៌បីគួរចំរើន ធម៌បីគួរកំណត់ដឹង ធម៌បីគួរលះបង់ ធម៌បី​ជាចំណែក​នៃសេចក្តីវិនាស ធម៌បី​ជាចំណែក​វិសេស ធម៌បីត្រាស់ដឹងបានដោយក្រ ធម៌បីគួរឲ្យកើតឡើង ធម៌បីគួរ​ឲ្យដឹង​ច្បាស់ ធម៌បី​គួរធ្វើឲ្យជាក់ច្បាស់។

[២៦០] ធម៌បីមានឧបការៈច្រើន តើដូចម្តេចខ្លះ។ ការសេពគប់នឹងសប្បុរស១ ការស្តាប់​ធម៌របស់សប្បុរស១ សេចក្តីប្រតិបត្តិធម៌ សមគួរដល់ធម៌១។ធម៌ទាំងបីនេះ មានឧបការៈច្រើន។

[២៦១] ធម៌បីដែលគួរចំរើន តើដូចម្តេចខ្លះ។ សមាធិបីយ៉ាង សមាធិដែល​មានវិតក្កៈ ទាំងវិចារៈ១ សមាធិដែល​គ្មាវិតក្កៈ មានតែវិចារៈ១ សមាធិ ដែលគ្មាន​វិតក្កៈ គ្មានទាំងវិចារៈ១។ ធម៌ទាំងបីនេះ គួរចំរើន។

[២៦២]​ ធម៌បីដែលគួរកំណត់ដឹង តើដូចម្តេចខ្លះ។ វេទនាបីរប្រការ វេទនា ដែល​ជាសុខ១ វេទនាដែលជាទុក្ខ១ វេទនាដែល​មិនជាទុក្ខ មិនជាសុខ១។ ធម៌ទាំងបីនេះ គួរ​កំណត់ដឹង។

[២៦៣] ធម៌បីដែលគួរលះបង់ តើដូចម្តេចខ្លះ។ តណ្ហាបីប្រការ គឺ កាមតណ្ហា១ ភវតណ្ហា១ វិភវតណ្ហា១។ ធម៌ទាំងបីនេះ គួរ​លះបង់។

[២៦៤] ធម៌បីដែល​ជាចំណែក​នៃសេចក្តីវិនាស តើដូចម្តេចខ្លះ។ អកុសលមូល (ឫស​អកុសល) បីយ៉ាងគឺ លោភៈ ជាឫសអកុសល១ ទោសៈ ជាឫសអកុសល១ មោហៈ ជាឫសអកុសល១។ ធម៌ទាំងបីនេះ ជាចំណែកនៃសេចក្តីវិនាស។

[២៦៥] ធម៌បីដែល​ជាចំណែកវិសេស តើដូចម្តេចខ្លះ។ កុសលមូល (ឫសកុសល) បីប្រការគឺ អលោភៈ ជាឫសកុសល១ អទោសៈ ជាឫសកុសល១ អមោហៈ ជាឫសកុសល១។ ធម៌ទាំងបីនេះ ជាចំណែក​វិសេស។

[២៦៦] ធម៌បីដែលត្រាស់ដឹងបានដោយក្រ តើដូចម្តេចខ្លះ។ និស្សារណីយធាតុ (ធាតុដែល​ត្រូវរលាស់ចេញ) ៣ប្រការ គឺ នេក្ខម្មៈ [នេក្ខម្មៈក្នុងទីនេះ លោកសំដៅយក​អនាគាមិមគ្គ ព្រោះជាធម៌រលាស់ចេញ នូវកាមគ្រប់យ៉ាង។] ដែលជាធម្មជាតរលាស់ចេញ​នូវ​កាម​ទាំងឡាយ១ អរូបជ្ឈាន [បានដល់អរហត្តមគ្គ ព្រោះ​ជាធម៌រលាស់ចេញ នូវរូប​ទាំងពួង ឃាត់មិនឲ្យកើតឡើងទៀត។] ដែលជាធម្មជាតរលាស់ចេញនូវ​រូបទាំងឡាយ១ និរោធ [និរោធក្នុងទីនេះ បានដល់​អរហត្តផល ព្រោះអរិយបុគ្គល ដែលបានឃើញ​នូវព្រះនិព្វាន ដោយអរហត្តផលហើយ សង្ខារទាំងពួង លែងមានតទៅទៀត។] ដែលជា​ធម៌រលាស់ចេញ នូវ​អ្វីមួយដែលកើតឡើង ព្រោះអាស្រ័យនឹងបច្ច័យ ដែល​តាក់តែង១។ ធម៌ទាំងបីនេះ ត្រាស់ដឹងបានដោយក្រ។

[២៦៧] ធម៌បីដែលគួរឲ្យកើតឡើង តើដូចម្តេចខ្លះ។ ញាណ បីយ៉ាងគឺ ញាណ​ដែលជាចំណែកអតីត១ ញាណ​ដែលជាចំណែកអនាគត១ ញាណ​ដែលជាចំណែកបច្ចុប្បន្ន១។ ធម៌ទាំងបីនេះ​ គួរឲ្យកើតឡើង។

[២៦៨] ធម៌បីដែលគួរ​ដឹង​ច្បាស់ តើដូចម្តេចខ្លះ។ ធាតុបីយ៉ាងគឺ កាមធាតុ១ រូបធាតុ១ អរូបធាតុ១។ ធម៌ទាំងបីនេះ ​គួរដឹងច្បាស់។

[២៦៩] ធម៌បី ​គួរធ្វើឲ្យជាក់ច្បាស់ តើដូចម្តេចខ្លះ។ វិជ្ជា៣ប្រការ គឺធម្មជាត ជាគ្រឿង​រលឹក​បាននូវខន្ធ ដែលអាស្រ័យ​នៅក្នុង​កាលមុន ជាវិជ្ជា១ ធម្មជាត ជាគ្រឿង​ដឹង​នូវចុតិ និងបដិសន្ធិរបស់សត្វទាំងឡាយ ជាវិជ្ជា១ ធម្មជាត ជាគ្រឿង​ដឹងក្នុងកិរិយា​អស់​ទៅ​នៃ​អាសវៈទាំងឡាយ ជាវិជ្ជា១។ ធម៌ទាំងបីនេះ ​គួរធ្វើឲ្យជាក់ច្បាស់។ ធម៌​ទាំង៣០នេះ ជាធម៌ពិត ធម៌មែន ជាធម៌ទៀងទាត់ មិនប្រែប្រួលជាយ៉ាងដទៃឡើយ ដែល​​ព្រះតថាគត ត្រាស់ដឹងដោយប្រពៃ ដោយប្រការដូច្នេះ។

[២៧០] ធម៌៤មានឧបការៈច្រើន ធម៌៤គួរចំរើន ធម៌៤គួរកំណត់ដឹង ធម៌៤គួរលះបង់ ធម៌៤​ជាចំណែក​នៃសេចក្តីវិនាស ធម៌៤​ជាចំណែក​វិសេស ធម៌៤ត្រាស់ដឹងបានដោយក្រ ធម៌៤គួរឲ្យកើតឡើង ធម៌៤គួរឲ្យ​ដឹង​ច្បាស់ ធម៌៤​គួរធ្វើឲ្យជាក់ច្បាស់។

[២៧១] ធម៌៤មានឧបការៈច្រើន តើដូចម្តេចខ្លះ។ ចក្កធម៌ [ធម្មជាត ជាគ្រឿង​វិលទៅ ហៅថា ចក្កៈ (កង់) មាន៥យ៉ាងគឺ ទារុចក្កៈ (កង់ឈើ)១ រតនចក្កៈ (កង់កែវ)១ ធម្មចក្កៈ (កង់គឺធម៌)១ ឥរិយាបថចក្កៈ (កង់គឺឥរិយាបថ)១ សម្បត្តិចក្កៈ (កង់គឺសម្បត្តិ)១ ក្នុងទីនេះ សំដៅយក សម្បត្តិចក្កៈ តែម្យ៉ាង។]៤យ៉ាងគឺ ការនៅក្នុង​ប្រទេសដ៏សមគួរ១ ការសេពគប់សប្បុរស១ ការតាំងខ្លួន​ទុកប្រពៃ១ ភាពជាអ្នក​បានធ្វើបុណ្យ​ទុកក្នុងកាលមុន១។ ធម៌ទាំង៤នេះ មានឧបការៈច្រើន។

[២៧២] ធម៌៤ដែលគួរចំរើន តើដូចម្តេចខ្លះ។ សតិប្បដ្ឋាន៤ ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកពិចារណាឃើញ​កាយ ក្នុងកាយ​ជាប្រក្រតី មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានប្រាជ្ញាស្មារតី កំចាត់បង់នូវ​អភិជ្ឈា និងទោមនស្ស ក្នុងលោក១។ ក្នុងវេទនាទាំងឡាយ។បេ។ ក្នុងចិត្ត។បេ។ ជាអ្នកពិចារណាឃើញធម៌ ក្នុងធម៌ទាំងឡាយជាប្រក្រតី មានព្យាយាម ជាគ្រឿង​ដុតកំដៅ​កិលេស មានប្រាជ្ញាស្មារតី កំចាត់បង់នូវអភិជ្ឈា និងទោមនស្ស ក្នុងលោក១។ ធម៌ទាំង៤នេះ គួរចំរើន។

[២៧៣]​ ធម៌៤ដែលគួរកំណត់ដឹង តើដូចម្តេចខ្លះ។ អាហារ៤គឺ អាហារដែល​ពូត​ជាពំនូត ទោះគ្រោតគ្រាតក្តី ល្អិតក្តី (ជាទី១) ផស្សាហារ ជាទី២ មនោសញ្ចេតនាហារ ជាទី៣ វិញ្ញាណាហារ ជាទី៤។ ធម៌ទាំង៤នេះ គួរ​កំណត់ដឹង។

[២៧៤] ធម៌៤ដែលគួរលះបង់ តើដូចម្តេចខ្លះ។ អន្លង់៤ អន្លង់គឺកាម១ អន្លង់គឺភព១ អន្លង់គឺទិដ្ឋិ១ អន្លង់គឺអវិជ្ជា១។ ធម៌ទាំង៤នេះ គួរ​លះបង់។

[២៧៥] ធម៌៤ដែល​ជាចំណែក​នៃសេចក្តីវិនាស តើដូចម្តេចខ្លះ។ យោគៈ (គ្រឿង​ប្រកប)៤ គឺ កាមយោគៈ (គ្រឿងប្រកប គឺកាម)១ ភវយោគៈ (គ្រឿងប្រកប គឺភព)១ ទិដ្ឋិយោគៈ (គ្រឿងប្រកប គឺទិដ្ឋិ)១ អវិជ្ជាយោគៈ (គ្រឿងប្រកប គឺអវិជ្ជា)១។ ធម៌ទាំង៤នេះ ជាចំណែកនៃសេចក្តីវិនាស។

[២៧៦] ធម៌៤ដែល​ជាចំណែកវិសេស តើដូចម្តេចខ្លះ។ ការប្រាសចាក​គ្រឿង​ប្រកប​៤គឺ ការប្រាសចាកគ្រឿងប្រកប គឺកាម១ ការប្រាសចាកគ្រឿងប្រកប គឺភព១ ការប្រាសចាកគ្រឿងប្រកប គឺទិដ្ឋិ១ ការប្រាសចាកគ្រឿងប្រកប គឺអវិជ្ចា១។ ធម៌ទាំង៤នេះ ជាចំណែក​វិសេស។

[២៧៧] ធម៌៤ដែលត្រាស់ដឹងបានដោយក្រ តើដូចម្តេចខ្លះ។ សមាធិ៤គឺ សមាធិ​ដែលជាចំណែកនៃសេចក្តីវិនាស១ សមាធិ​ដែលជាចំណែកនៃការឋិតថេរ១ សមាធិ​ដែលជាចំណែកវិសេស១ សមាធិ​ដែលជាចំណែកនៃកិរិយាទំលាយនូវកិលេស១។ ធម៌ទាំង៤នេះ ត្រាស់ដឹងបានដោយក្រ។

[២៧៨] ធម៌៤ដែលគួរឲ្យកើតឡើង តើដូចម្តេចខ្លះ។ ញាណ ៤គឺ ធម្មជាត ជាគ្រឿង​ដឹងក្នុងធម៌១ ធម្មជាត ជាគ្រឿង​ដឹងក្នុងការយល់១ ធម្មជាត ជាគ្រឿង​ដឹងក្នុង​ការកំណត់១ ធម្មជាត ជាគ្រឿងដឹងក្នុងការសម្មតិ១។ ធម៌ទាំង៤នេះ​ គួរឲ្យកើតឡើង។

[២៧៩] ធម៌៤ដែលគួរ​ដឹង​ច្បាស់ តើដូចម្តេចខ្លះ។ អរិយសច្ច៤ គឺ ទុក្ខអរិយសច្ច១ ទុក្ខសមុទយអរិយសច្ច១ ទុក្ខនិរោធអរិយសច្ច១ ទុក្ខនិរោធគាមិនីបដិបទាអរិយសច្ច១។ ធម៌ទាំង៤នេះ ​គួរដឹងច្បាស់។

[២៨០] ធម៌៤ ​ដែលគួរធ្វើឲ្យជាក់ច្បាស់ តើដូចម្តេចខ្លះ។ សាមញ្ញផល៤គឺ សោតាបត្តិផល១ សកទាគាមិផល១ អនាគាមិផល១ អរហត្តផល១។ ធម៌ទាំង៤នេះ ​គួរធ្វើឲ្យជាក់ច្បាស់។ ធម៌​ទាំង៤០នេះ ជាធម៌ពិត ធម៌មែន ជាធម៌ទៀងទាត់ មិន​ប្រែប្រួលជាយ៉ាងដទៃឡើយ ដែល​​ព្រះតថាគត ត្រាស់ដឹងហើយដោយប្រពៃ ដោយប្រការដូច្នេះ។

[២៨១] ធម៌៥មានឧបការៈច្រើន ធម៌៥គួរចំរើន ធម៌៥គួរកំណត់ដឹង ធម៌៥គួរលះបង់ ធម៌៥​ជាចំណែក​នៃសេចក្តីវិនាស ធម៌៥​ជាចំណែក​វិសេស ធម៌៥ត្រាស់ដឹងបានដោយក្រ ធម៌៥គួរឲ្យកើតឡើង ធម៌៥គួរ​ដឹង​ច្បាស់ ធម៌៥​គួរធ្វើឲ្យជាក់ច្បាស់។

[២៨២] ធម៌៥មានឧបការៈច្រើន តើដូចម្តេចខ្លះ។ អង្គដែលជាទីតាំងនៃ​សេចក្តី​ព្យាយាម៥ប្រការ ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នក​មានសទ្ធា រមែង​ជឿសេចក្តីត្រាស់ដឹងរបស់ព្រះតថាគត ព្រះមានព្រះភាគនោះ ព្រះអង្គឆ្ងាយចាក​សេចក្តី​សៅហ្មងគ្រង់យ៉ាង ព្រះអង្គត្រាស់ដឹងនូវញេយ្យធម៌ទាំងពួង ដោយប្រពៃចំពោះ​ព្រះអង្គ ព្រះអង្គបរិបូណ៌​ដោយវិជ្ជា និងចរណៈ គឺសេចក្តីចេះដឹង និងក្រិត្យដែលបុគ្គល​គប្បី​ប្រព្រឹត្ត ព្រះអង្គមានដំណើរ​ទៅកាន់ព្រះនិព្វាន ទ្រង់ជ្រាប​ច្បាស់នូវ​ត្រៃលោក ព្រះអង្គ​ប្រសើរ​ដោយសីលាទិគុណ រកបុគ្គល​ណាមួយស្មើគ្មាន ព្រះអង្គជាសារថី អ្នកទូន្មាន​នូវ​បុរស ដែលគួរទូន្មានបាន ព្រះអង្គជាគ្រូ នៃទេវតា និងមនុស្សទាំងឡាយ ព្រះអង្គត្រាស់​ដឹងនូវ​ចតុរារិយសច្ចធម៌ ព្រះអង្គលែងវិល​ត្រឡប់​មកកាន់​ភពថ្មីទៀតដូច្នេះ ជាអ្នក​មិនមាន​អាពាធ មិនមានទុក្ខ ប្រកបដោយតេជោធាតុ ដែល​កើតអំពីកម្ម មានផលស្មើ​គ្នា មិនត្រជាក់ពេក មិនក្តៅពេក ជាយ៉ាងកណ្តាល គួរដល់​សេចក្តីព្យាយាម១ ជាអ្នក​មិនអួត​អាង មិនមានមាយា សំដែងខ្លួន​តាមពិតចំពោះគ្រូ ឬសព្រហ្មចារីបុគ្គល ដែលជា​អ្នកចេះ​ដឹង​ទាំងឡាយ១ ជាអ្នកមានព្យាយាមប្រារព្ធហើយ ដើម្បីលះបង់ធម៌ទាំងឡាយ ដែល​ជាអកុសល ដើម្បី​ញុំាងធម៌ទាំងឡាយ ដែលជាកុសល​ឲ្យកើតឡើង ជាអ្នក​មានកំឡាំង មានសេចក្តីប្រឹងប្រែង មិនដាក់ធុរៈចុះក្នុងធម៌ទាំងឡាយ ដែល​ជាកុសល១ ជាអ្នកមាន​ប្រាជ្ញា ប្រកបដោយប្រាជ្ញា ដែលជាគ្រឿង​ធ្វើដំណើរ​ទៅកាន់​សេចក្តីចំរើន ​និងសេចក្តី​វិនាស ជាគ្រឿងត្រាស់​ដឹងរបស់​ព្រះអរិយៈ ជាគ្រឿង​ធ្វើដំណើរ​ទៅកាន់​ការអស់ទៅ​នៃ​ទុក្ខ​ដោយប្រពៃ១។ ធម៌ទាំង៥នេះ មានឧបការៈច្រើន។

[២៨៣] ធម៌៥ដែលគួរចំរើន តើដូចម្តេចខ្លះ។ ការតាំងចិត្តប្រពៃ ប្រកបដោយ​អង្គ​៥គឺ ការផ្សាយ​ទៅនៃបីតិ១ ការផ្សាយទៅនៃ​សេចក្តីសុខ១ ការផ្សាយទៅនៃចិត្ត១ ការផ្សាយ​ទៅនៃពន្លឺ១ និមិត្ត​នៃការពិចារណា១។ ធម៌ទាំង៥នេះ គួរចំរើន។

[២៨៤]​ ធម៌៥ដែលគួរកំណត់ដឹង តើដូចម្តេចខ្លះ។ ឧបាទានក្ខន្ធ (គំនរនៃសេចក្តី​ប្រកាន់)៥ គឺ រូបជាឧបាទានក្ខន្ធ១ វេទនា​ជាឧបាទានក្ខន្ធ១ សញ្ញាជាឧបាទានក្ខន្ធ១ សង្ខារ​ជាឧបាទានក្ខន្ធ១ វិញ្ញាណ​ជាឧបាទានក្ខន្ធ១។ធម៌ទាំង៥នេះ គួរ​កំណត់ដឹង។

[២៨៥] ធម៌៥ដែលគួរលះបង់ តើដូចម្តេចខ្លះ។ នីវរណៈ (ធម៌ជាគ្រឿង​រារំាង)​៥ គឺ កាមច្ឆន្ទនីវរណៈ១ ព្យាបាទ​នីវរណៈ១ ថីនមិទ្ធនីវរណៈ១ ឧទ្ធច្ចកុក្កុច្ចនីវរណៈ១ វិចិកិច្ឆា​នីវរណៈ១។ ធម៌ទាំង៥នេះ គួរ​លះបង់។

[២៨៦] ធម៌៥ដែល​ជាចំណែក​នៃសេចក្តីវិនាស តើដូចម្តេចខ្លះ។ សេចក្តី​រឹងត្អឹង​នៃ​ចិត្ត៥ ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ សង្ស័យ ងឿងឆ្ងល់ មិនចុះចិត្តស៊ប់ មិនជ្រះថ្លាក្នុងព្រះសាស្តា ចិត្តរបស់ភិក្ខុនោះ មិនបង្អោនទៅ ដើម្បី​សេចក្តីព្យាយាម ជាគ្រឿង​ដុតកំដៅ ដើម្បី​សេចក្តីព្យាយាម ជាគ្រឿង​ប្រកប ដើម្បីសេចក្តីព្យាយាម ជាគ្រឿង​ប្រព្រឹត្តមិនដាច់ ដើម្បីសេចក្តីព្យាយាម ជាគ្រឿង​តាំងទុក ម្នាលអាវុសោទាំងឡាយ ភិក្ខុណា សង្ស័យ ងឿងឆ្ងល់ មិនចុះចិត្តស៊ប់ មិនជ្រះថ្លាក្នុង​ព្រះសាស្តា ចិត្តរបស់ភិក្ខុនោះ មិនបានបង្អោនទៅ ដើម្បី​សេចក្តីព្យាយាម ជាគ្រឿង​ដុតកំដៅ ដើម្បី​សេចក្តីព្យាយាម ជាគ្រឿង​ប្រកប ដើម្បីសេចក្តីព្យាយាម ជាគ្រឿង​ប្រព្រឹត្តមិនដាច់ ដើម្បីសេចក្តីព្យាយាម ជាគ្រឿង​តាំងទុក ចិត្តរបស់ភិក្ខុណា មិនបង្អោន​ទៅ ដើម្បីសេចក្តី​ព្យាយាម ជាគ្រឿង​ដុតកំដៅ ដើម្បី​សេចក្តីព្យាយាម ជាគ្រឿង​ប្រកប ដើម្បី​សេចក្តីព្យាយាម ជាគ្រឿងប្រព្រឹត្តមិនដាច់ ដើម្បី​សេចក្តីព្យាយាម ជាគ្រឿង​តាំងទុក នេះជា សេចក្តីរឹងត្អឹង​នៃចិត្តទី១។ ម្នាលអាវុសោទាំងឡាយ ប្រការមួយទៀត ភិក្ខុ​សង្ស័យ ងឿងឆ្ងល់ មិនចុះចិត្តស៊ប់ មិនជ្រះថ្លាក្នុងព្រះធម៌។បេ។ សង្ស័យក្នុងព្រះសង្ឃ។បេ។ សង្ស័យ​ក្នុង​សិក្ខា។បេ។ ជាអ្នកខឹងអាក់អន់ចិត្ត មានចិត្តចងគំនុំ មានចិត្តរឹងត្អឹង ចំពោះ​សព្រហ្មចារី​បុគ្គល​ទាំងឡាយ ម្នាលអាវុសោទាំងឡាយ ភិក្ខុណា ជាអ្នកខឹងអាក់អន់ចិត្ត មានចិត្តចងគំនុំ មានចិត្តរឹងត្អឹង ចំពោះ​សព្រហ្មចារី​បុគ្គល​ទាំងឡាយ ចិត្ត​របស់ភិក្ខុនោះ មិនបង្អោន​ទៅ ដើម្បីសេចក្តី​ព្យាយាម ជាគ្រឿង​ដុតកំដៅ ដើម្បី​សេចក្តីព្យាយាម ជាគ្រឿង​ប្រកប ដើម្បី​សេចក្តីព្យាយាម ជាគ្រឿងប្រព្រឹត្តមិនដាច់ ដើម្បី​សេចក្តីព្យាយាម ជាគ្រឿង​តាំងទុក ចិត្តរបស់ភិក្ខុណា មិនបង្អោន​ទៅ ដើម្បីសេចក្តី​ព្យាយាម ជាគ្រឿង​ដុតកំដៅ ដើម្បី​សេចក្តីព្យាយាម ជាគ្រឿង​ប្រកប ដើម្បី​សេចក្តីព្យាយាម ជាគ្រឿងប្រព្រឹត្តមិនដាច់ ដើម្បី​សេចក្តីព្យាយាម ជាគ្រឿង​តាំងទុក នេះជា សេចក្តីរឹងត្អឹង​នៃចិត្តទី៥។ ធម៌ទាំង៥នេះ ជាចំណែកនៃសេចក្តីវិនាស។

[២៨៧] ធម៌៥ដែល​ជាចំណែកវិសេស តើដូចម្តេចខ្លះ។ ឥន្ទ្រិយ (ធម្មជាតដែលជា​ធំ) ៥គឺ ឥន្ទ្រិយ គឺសទ្ធា១ ឥន្ទ្រិយ គឺវិរិយៈ១ ឥន្ទ្រិយ គឺសតិ១ ឥន្ទ្រិយ គឺសមាធិ១ ឥន្ទ្រិយ គឺបញ្ញា១។ ធម៌ទាំង៥នេះ ជាចំណែក​វិសេស។

[២៨៨] ធម៌៥ដែលត្រាស់ដឹងបានដោយក្រ តើដូចម្តេចខ្លះ។ និស្សារណីយធាតុ (ធាតុ​ជាគ្រឿង​រលាស់ចេញ)៥ ម្នាលអាវុសោទាំងឡាយ កាលភិក្ខុក្នុងសាសនានេះ ធ្វើទុក​ក្នុងចិត្តនូវកាមទាំងឡាយ ចិត្តក៏មិនលឿនទៅ មិនជ្រះថ្លា មិនតាំងនៅ មិនជ្រប់នៅ​ក្នុងកាម​ទាំងឡាយ តែកាល​បើភិក្ខុនោះធ្វើទុកក្នុងចិត្ត នូវនេក្ខម្មៈ គឺបឋមជ្ឈាន ចិត្តក៏​លឿន​ទៅ ជ្រះថ្លា តាំងនៅ ជ្រប់នៅក្នុងនេក្ខម្មៈ អសុភជ្ឈានចិត្តរបស់ភិក្ខុនោះ ឈ្មោះថា មានចំណែកល្អ អប់រំល្អ តាំងឡើងល្អ ផុតស្រឡះ ប្រាសចាកកាមទាំងឡាយ ភិក្ខុនោះ ឈ្មោះថា ផុតហើយចាកអាសវៈទាំងឡាយ ជាគ្រឿង​បៀតបៀន ជាគ្រឿង​ក្តៅក្រហាយ ដែល​កើតឡើងព្រោះកាមជាបច្ច័យ ភិក្ខុនោះ មិនបានទទួល​វេទនានោះទេ អសុភជ្ឈាន​នេះ ព្រះមានព្រះភាគត្រាស់ថា ជាគ្រឿង​ធ្វើសត្វ ឲ្យចេញចាក​កាមទាំងឡាយ។ ម្នាលអាវុសោទាំងឡាយ មួយទៀត កាលភិក្ខុធ្វើទុកក្នុងចិត្តនូវព្យាបាទហើយ ចិត្តក៏​មិនលឿនទៅ មិនជ្រះថ្លា មិនតាំងនៅ មិនជ្រប់​នៅក្នុងព្យាបាទ តែថា កាលបើ​ភិក្ខុនោះ ធ្វើទុកក្នុងចិត្តនូវ​ការមិនព្យាបាទ ចិត្តក៏លឿនទៅ ជ្រះថ្លា តាំងនៅស៊ប់ ជ្រប់​នៅក្នុង​ការ​មិនព្យាបាទ មេត្តាឈានចិត្តរបស់ភិក្ខុនោះ ឈ្មោះថា មានដំណើរល្អ អប់រំល្អ តាំងឡើង​ល្អ ផុតស្រឡះ ប្រាសចាកការព្យាបាទហើយ ភិក្ខុនោះឈ្មោះថា ផុតចាកអាសវៈទាំងឡាយ ជាគ្រឿង​បៀតបៀន ជាគ្រឿងក្តៅក្រហាយ ដែលកើតឡើង​ព្រោះការ​ព្យាបាទជាបច្ច័យ ភិក្ខុនោះ មិនបានទទួល​វេទនានោះទេ មេត្តាឈាននេះ ព្រះមានព្រះភាគ ត្រាស់ថា ជាគ្រឿង​ធ្វើសត្វឲ្យ​ចេញចាកការព្យាបាទ១។ ម្នាលអាវុសោទាំងឡាយ មួយទៀត កាលភិក្ខុ​ធ្វើទុកក្នុងចិត្ត នូវសេចក្តីបៀតបៀន ចិត្តក៏​មិនលឿនទៅ មិនជ្រះថ្លា មិនតាំងនៅ​ស៊ប់ មិនជ្រប់​នៅក្នុងសេចក្តីបៀតបៀន តែថា កាលបើ​ភិក្ខុនោះ ធ្វើទុកក្នុងចិត្តនូវ​សេចក្តី​មិនបៀតបៀន ចិត្តក៏លឿនទៅ ជ្រះថ្លា តាំងនៅស៊ប់ ជ្រប់​នៅ ក្នុងសេចក្តី​មិនបៀតបៀន ករុណាឈានចិត្តរបស់ភិក្ខុនោះ ឈ្មោះថា មានដំណើរល្អ អប់រំល្អ តាំងឡើង​ល្អ ផុត​ស្រឡះ ប្រាសចាកសេចក្តី​បៀតបៀនហើយ ភិក្ខុនោះឈ្មោះថា ផុតចាកអាសវៈទាំងឡាយ ជាគ្រឿង​បៀតបៀន ជាគ្រឿងក្តៅក្រហាយ ដែលកើតឡើង​ព្រោះសេចក្តី​បៀតបៀន​ជា​បច្ច័យ ភិក្ខុនោះ មិនបានទទួល​វេទនានោះទេ ករុណាឈាននេះ ព្រះមានព្រះភាគ ត្រាស់ថា ជាគ្រឿង​ធ្វើសត្វឲ្យ​ចេញចាកការបៀតបៀន១។ ម្នាលអាវុសោទាំងឡាយ មួយទៀត កាលភិក្ខុធ្វើទុកក្នុងចិត្តនូវរូបទាំងឡាយហើយ ចិត្តក៏​មិនលឿនទៅ មិនជ្រះថ្លា មិនតាំងនៅស៊ប់ មិនជ្រប់​នៅក្នុងរូបទាំងឡាយ តែកាលបើ​ភិក្ខុនោះ ធ្វើទុកក្នុងចិត្ត នូវ​របស់គ្មានរូប ចិត្តក៏លឿនទៅ ជ្រះថ្លា តាំងនៅស៊ប់ ជ្រប់​នៅក្នុងរបស់ដែលគ្មារូប អរូបជ្ឈានចិត្តរបស់ភិក្ខុនោះ ឈ្មោះថា មានដំណើរល្អ អប់រំល្អ តាំងឡើង​ល្អ ផុតស្រឡះ ប្រាសចាករូបទាំងឡាយហើយ ភិក្ខុនោះឈ្មោះថា ផុតចាកអាសវៈទាំងឡាយ ជាគ្រឿង​បៀតបៀន ជាគ្រឿងក្តៅក្រហាយ ដែលកើតឡើង​ព្រោះរូបជាបច្ច័យ ភិក្ខុនោះ មិនបាន​ទទួល​វេទនានោះទេ អរូបជ្ឈាននេះ ព្រះមានព្រះភាគ ត្រាស់ថា ជាគ្រឿងញុំាង​សត្វឲ្យ​ចេញចាករូបទាំងឡាយ១។ ម្នាលអាវុសោទាំងឡាយ មួយទៀត កាលភិក្ខុ​ធ្វើទុក​ក្នុង​ចិត្ត​នូវ​កាយរបស់ខ្លួន ចិត្តក៏​មិនលឿនទៅ មិនជ្រះថ្លា មិនតាំងនៅស៊ប់ មិនជ្រប់​នៅ​ក្នុង​កាយរបស់ខ្លួន តែកាលបើ​ភិក្ខុនោះ ធ្វើទុកក្នុងចិត្តនូវ​ការរំលត់នៃកាយរបស់ខ្លួន ចិត្ត​ក៏​លឿន​ទៅ ជ្រះថ្លា តាំងនៅស៊ប់ ជ្រប់​នៅក្នុងសេចក្តី​រំលត់នៃកាយរបស់ខ្លួន អរហត្តផល សមាបត្តិចិត្តរបស់​ភិក្ខុនោះ ឈ្មោះថា មានដំណើរល្អ អប់រំល្អ តាំងឡើង​ល្អ ផុតស្រឡះ ប្រាសចាកកាយរបស់ខ្លួន​ហើយ ភិក្ខុនោះឈ្មោះថា ផុតចាកអាសវៈទាំងឡាយ ជាគ្រឿង​បៀតបៀន ជាគ្រឿងក្តៅក្រហាយ ដែលកើតឡើង​ព្រោះកាយរបស់ខ្លួន​ជាបច្ច័យ ភិក្ខុនោះ មិនបានទទួល​វេទនានោះទេ អរហត្តផលសមាបត្តិចិត្តនេះ ព្រះមានព្រះភាគ ត្រាស់ថា ជាគ្រឿងញុំាង​សត្វឲ្យ​ចេញចាកកាយជារបស់ខ្លួន១។ ធម៌ទាំង៥នេះ ត្រាស់ដឹងបានដោយក្រ។

[២៨៩] ធម៌៥ដែលគួរឲ្យកើតឡើង តើដូចម្តេចខ្លះ។ ការតាំងចិត្តត្រូវ ប្រកបដោយ​ប្រាជ្ញា៥គឺ ប្រាជ្ញាកើតឡើងចំពោះខ្លួនឯងថា សមាធិនេះ ជាសុខក្នុងបច្ចុប្បន្ន និងឲ្យផល​ជាសុខតទៅមុខ១។ ប្រាជ្ញាកើតឡើង​ចំពោះ​ខ្លួនឯងថា សមាធិនេះ ជាធម៌ប្រសើរ ឥតមាន​អាមិសៈឡើយ១។ ប្រាជ្ញាកើតឡើងចំពោះខ្លួនឯងថា សមាធិនេះ មានតែបុរសល្អ [សំដៅយក​មហាបុរស មានព្រះពុទ្ធជាដើម អដ្ឋកថា។] ទើប​សេពគប់បាន១។ ប្រាជ្ញា​កើតឡើងចំពោះ​ខ្លួនឯងថា សមាធិនេះរម្ងាប់ដ៏ឧត្តម បាននូវ​សេចក្តី​ស្ងប់ស្ងាត់ ដល់នូវ​ភាព​ជាធម៌ មានអារម្មណ៍តែមួយ ទាំងជាគុណហាមឃាត់ សង្កត់សង្កិនធម៌ដែល​ប្រកប​ដោយសង្ខារ១។ ប្រាជ្ញា​កើតឡើងចំពោះ​ខ្លួនឯងថា អាត្មាអញនោះឯង ជាអ្នក​មានស្មារតី ចូលកាន់​សមាធិនេះ ទាំងជាអ្នកមានស្មារតី ចេញចាក​សមាធិនេះ១។ ធម៌ទាំង៥នេះ​ គួរឲ្យកើតឡើង។

[២៩០] ធម៌៥គួរ​ដឹង​ច្បាស់ តើដូចម្តេចខ្លះ។ វិមុត្តាយតនៈ (ហេតុ​ជាគ្រឿង​រួចស្រឡះ)៥ ម្នាលអាវុសោទាំងឡាយ គ្រូ ឬសព្រហ្មចារីបុគ្គលណាមួយក្នុង​សាសនានេះ គួរជាទីគោរព តែងសំដែងធម៌ដល់ភិក្ខុ ម្នាលអាវុសោទាំងឡាយ គ្រូ ឬសព្រហ្មចារី​បុគ្គល​ណា​មួយ គួរជាទីគោរព បានសំដែងធម៌ដល់ភិក្ខុយ៉ាងណាៗ ភិក្ខុ (នោះ) ជាអ្នកបាន​ដឹងច្បាស់នូវអត្ថផង បានដឹងច្បាស់នូវធម៌ផង ក្នុងធម៌នោះយ៉ាងនោះៗ កាលបើភិក្ខុ​នោះដឹងច្បាស់​នូវអត្ថ ដឹងច្បាស់នូវធម៌ហើយ បាមោជ្ជៈ គឺសេចក្តី​ត្រេកអរទន់ក៏កើតឡើង កាលលោកមានសេចក្តីត្រេកអរទន់កើតឡើងហើយ បីតិ គឺសេចក្តីឆ្អែតចិត្ត ក៏កើតឡើង កាលលោក​មានសេចក្តី​ឆ្អែតចិត្តកើតឡើងហើយ នាមកាយក៏ស្ងប់រម្ងាប់ លុះលោក​មាននាមកាយស្ងប់រម្ងាប់ហើយ ក៏បានទទួល​សេចក្តីសុខ កាលលោកមានសេចក្តីសុខ​ហើយ ចិត្តក៏ដំកល់នៅនឹង នេះជា វិមុត្តាយតនៈ ទី១។ ម្នាលអាវុសោទាំងឡាយ ប្រការ​មួយទៀត គ្រូ ឬសព្រហ្មចារីបុគ្គលណាមួយ គួរជាទីគោរព មិនបានសំដែងធម៌ដល់ភិក្ខុ​សោះទេ តែលោកបានសំដែងធម៌ ដល់ជនទាំងឡាយដទៃ​ ដោយពិស្តារ តាមដែល​បាន​ស្តាប់មក តាមដែល​បានរៀនមក ម្នាលអាវុសោទាំងឡាយ ភិក្ខុសំដែង​ធម៌​ដល់ជន​ទាំងឡាយដទៃ ដោយពិស្តារ តាមដែលបានស្តាប់មក តាមដែលបានរៀនមក យ៉ាង​ណាៗ ភិក្ខុនោះ ជាអ្នកបាន​ដឹងច្បាស់នូវអត្ថផង ដឹងច្បាស់នូវធម៌ផង ក្នុងធម៌នោះ​យ៉ាង​នោះៗ កាលលោកបានដឹងច្បាស់​នូវអត្ថ ដឹងច្បាស់នូវធម៌ហើយ សេចក្តី​ត្រេកអរទន់ ក៏កើត​ឡើង កាលលោកមានសេចក្តីត្រេកអរទន់កើតឡើងហើយ សេចក្តីឆ្អែតចិត្ត ក៏កើត​ឡើង កាលលោក​មានសេចក្តី​ឆ្អែតចិត្តកើតឡើងហើយ នាមកាយក៏ស្ងប់រម្ងាប់ លុះលោក​មាននាមកាយស្ងប់រម្ងាប់ហើយ ក៏បានទទួល​សេចក្តីសុខ លុះលោកមានសេចក្តីសុខ​ហើយ ចិត្តក៏ដំកល់នៅនឹង នេះជា វិមុត្តាយតនៈ ទី២។ ម្នាលអាវុសោទាំងឡាយ ប្រការ​មួយទៀត គ្រូ ឬសព្រហ្មចារីបុគ្គលណាមួយ គួរជាទីគោរព មិនបានសំដែងធម៌ដល់ភិក្ខុ​ទាំងមិនបានសំដែងធម៌ ដល់ជនទាំងឡាយដទៃ​ដោយពិស្តារ តាមដែល​បាន​ស្តាប់មក តាមដែល​បានរៀនមក លោកគ្រាន់តែ​សូត្រធម៌ដោយពិស្តារ តាមដែលបានស្តាប់មក តាមដែលបានរៀនមក ម្នាលអាវុសោទាំងឡាយ ភិក្ខុបានសូត្រធម៌ ដោយពិស្តារ តាមដែល​បានស្តាប់មក ដែលបានរៀនមក យ៉ាង​ណាៗ ភិក្ខុនោះ ជាអ្នកបាន​ដឹងច្បាស់​នូវ​អត្ថផង ដឹងច្បាស់នូវធម៌ផង ក្នុងធម៌នោះ​យ៉ាង​នោះៗ កាលលោកបានដឹងច្បាស់​នូវអត្ថ ដឹងច្បាស់នូវធម៌ហើយ សេចក្តី​ត្រេកអរទន់កើត​ឡើង កាលលោកមាន​សេចក្តីត្រេកអរទន់​កើត​ឡើងហើយ សេចក្តីឆ្អែតចិត្ត ក៏កើត​ឡើង កាលលោក​មានសេចក្តី​ឆ្អែតចិត្តកើត​ឡើង​ហើយ នាមកាយក៏ស្ងប់រម្ងាប់ លុះលោក​មាននាមកាយស្ងប់រម្ងាប់ហើយ ក៏បានទទួល​សេចក្តីសុខ លុះលោកមានសេចក្តីសុខ​ហើយ ចិត្តក៏ដំកល់នៅនឹង នេះជាវិមុត្តាយតនៈ​ទី៣។ ម្នាលអាវុសោទាំងឡាយ ប្រការ​មួយទៀត គ្រូ ឬសព្រហ្មចារីបុគ្គលណាមួយ គួរជាទីគោរព មិនបានសំដែងធម៌ដល់ភិក្ខុ មិនបានសំដែងធម៌ ដល់ជនទាំងឡាយដទៃ​ដោយពិស្តារ តាមដែល​បាន​ស្តាប់មក តាមដែល​បានរៀនមក ទាំង​មិនបានសូត្រធម៌​ដោយពិស្តារ តាមដែលបានស្តាប់មក តាមដែល​បានរៀនមកឡើយ លោកគ្រាន់តែ​ត្រិះរិះរឿយៗ ពិចារណារឿយៗ ពិនិត្យរឿយៗ ក្នុងចិត្តនូវធម៌ តាមដែល​បានស្តាប់មក តាមដែលបានរៀនមក ម្នាលអាវុសោទាំងឡាយ ភិក្ខុ ត្រិះរិះ​រឿយៗ ពិចារណារឿយៗ ពិនិត្យរឿយៗ ក្នុងចិត្តនូវធម៌ តាមដែល​បានស្តាប់មក តាមដែលបានរៀនមក យ៉ាង​ណាៗ ភិក្ខុនោះ ជាអ្នកបាន​ដឹងច្បាស់នូវអត្ថផង ដឹងច្បាស់នូវធម៌ផង ក្នុងធម៌នោះ​យ៉ាង​នោះៗ កាលលោកបានដឹងច្បាស់​នូវអត្ថ ដឹងច្បាស់នូវធម៌ហើយ សេចក្តី​ត្រេកអរទន់ ក៏កើត​ឡើង កាលលោកមានសេចក្តីត្រេកអរទន់កើតឡើងហើយ សេចក្តីឆ្អែតចិត្ត ក៏កើត​ឡើង កាលលោក​​មានសេចក្តី​ឆ្អែតចិត្តកើតឡើងហើយ នាមកាយក៏ស្ងប់រម្ងាប់ លុះលោក​មាននាមកាយស្ងប់រម្ងាប់ហើយ ក៏បានទទួល​សេចក្តីសុខ លុះលោកមានសេចក្តីសុខ​ហើយ ចិត្តក៏ដំកល់នៅនឹង នេះជាវិមុត្តាយតនៈទី៤។ ម្នាលអាវុសោទាំងឡាយ ​មួយទៀត គ្រូ ឬសព្រហ្មចារីបុគ្គលណាមួយ គួរជាទីគោរព មិនបានសំដែងធម៌ដល់ភិក្ខុផង មិនបានសំដែងធម៌ ដល់ជនទាំងឡាយដទៃ​ផង ដោយពិស្តារ តាមដែល​បាន​ស្តាប់មក តាមដែល​បានរៀនមក ​មិនសូត្រធម៌​ដោយពិស្តារ តាមដែលបានស្តាប់មក តាមដែល​បានរៀនមកផង ទាំងមិនបាន​ត្រិះរិះរឿយៗ មិនពិចារណារឿយៗ មិនពិនិត្យរឿយៗ ក្នុងចិត្ត នូវធម៌តាមដែល​បានស្តាប់មក តាមដែលបានរៀនមក តែលោក​បានរៀន​សមាធិ​និមិត្តណាមួយដោយល្អ ធ្វើទុកក្នុងចិត្តដោយល្អ ចេះចាំដោយល្អ ត្រាស់ដឹង​ដោយល្អ ដោយ​ប្រាជ្ញា ម្នាលអាវុសោទាំងឡាយ ​សមាធិ​និមិត្តណាមួយ ដែលភិក្ខុរៀនដោយល្អ ធ្វើទុកក្នុងចិត្តដោយល្អ ចេះចាំដោយល្អ ត្រាស់ដឹង​ដោយល្អ ដោយ​ប្រាជ្ញាភិក្ខុ យ៉ាង​ណាៗ ភិក្ខុនោះ ជាអ្នកបាន​ដឹងច្បាស់នូវអត្ថផង ដឹងច្បាស់នូវធម៌ផង ក្នុងធម៌នោះ​យ៉ាង​នោះៗ កាលលោកបានដឹងច្បាស់​នូវអត្ថ ដឹងច្បាស់នូវធម៌ហើយ សេចក្តី​ត្រេកអរទន់ ក៏កើត​ឡើង កាលលោកមានសេចក្តីត្រេកអរទន់កើតឡើងហើយ សេចក្តីឆ្អែតចិត្ត ក៏កើត​ឡើង កាលលោក​​មានសេចក្តី​ឆ្អែតចិត្តកើតឡើងហើយ នាមកាយក៏ស្ងប់រម្ងាប់ លុះលោក​មាននាមកាយស្ងប់រម្ងាប់ហើយ ក៏បានទទួល​សេចក្តីសុខ លុះលោកមានសេចក្តីសុខ​ហើយ ចិត្តក៏តាំងនៅនឹង នេះជាវិមុត្តាយតនៈទី៥។ ធម៌ទាំង៥នេះ ​គួរដឹងច្បាស់។

[២៩១] ធម៌៥ ​គួរដែលធ្វើឲ្យជាក់ច្បាស់ តើដូចម្តេចខ្លះ។ ធម្មក្ខន្ធ៥គឺ សីលក្ខន្ធ១ សមាធិ​ក្ខន្ធ១ បញ្ញាខន្ធ១ វិមុត្តិក្ខន្ធ១ វិមុត្តិញ្ញាណទស្សនក្ខន្ធ១។ ធម៌ទាំង​៥នេះ គួរ​ធ្វើ​ឲ្យជាក់​ច្បាស់។ ធម៌​ទាំង៥០នេះ ជាធម៌ពិត ធម៌មែន ជាធម៌ទៀង មិន​ប្រែប្រួល​ជា​យ៉ាង​ដទៃ​ឡើយ ដែល​​ព្រះតថាគត ត្រាស់ដឹងដោយប្រពៃហើយ ដោយប្រការដូច្នេះ។

[២៩២] ធម៌៦ មានឧបការៈច្រើន ធម៌៦គួរ​ចំរើន ធម៌៦គួរកំណត់ដឹង ធម៌៦ គួរ​លះបង់ ធម៌៦ ជាចំណែក​នៃសេចក្តីវិនាស ធម៌៦ ជាចំណែក​វិសេស ធម៌៦ ត្រាស់ដឹង​បានដោយក្រ ធម៌៦ គួរឲ្យកើតឡើង ធម៌៦ គួរធ្វើឲ្យជាក់ច្បាស់។

[២៩៣] ធម៌៦មានឧបការៈច្រើន តើដូចម្តេចខ្លះ។ សារាណីយធម៌ (ធម៌​គួររលឹក) ៦ប្រការ ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ តែងតំកល់ចំពោះនូវ​កាយកម្ម (អំពើ​ដែលធ្វើដោយកាយ) ប្រកបដោយមេត្តា ក្នុងសព្រហ្មចារីបុគ្គលទាំងឡាយ ទាំង​ចំពោះ​មុខ ទាំងកំបាំងមុខ នេះឯង ជាធម៌គួររលឹកគ្នា ជាធម៌ធ្វើសេចក្តីស្រឡាញ់ ធ្វើ​សេចក្តី​គោរពប្រព្រឹត្តទៅ ដើម្បី​សង្គ្រោះគ្នា ដើម្បី​មិនទាស់ទែងគ្នា ដើម្បីសេចក្តី​ព្រមព្រៀង ដើម្បីឯកីភាព គឺមូលមិត្រគ្នា១។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុ​តែងតំកល់​ចំពោះ​នូវ​វចីកម្ម (អំពើ​ដែលត្រូវធ្វើដោយសំដី) ប្រកបដោយមេត្តា ក្នុង​សព្រហ្មចារី​បុគ្គល​ទាំងឡាយ ទាំង​ចំពោះ​មុខ ទាំងកំបាំងមុខ ធម៌នេះឯង ជាធម៌គួររលឹករកគ្នា ជាធម៌​ធ្វើ​សេចក្តី​ស្រឡាញ់ ធ្វើ​សេចក្តី​គោរពប្រព្រឹត្តទៅ ដើម្បី​សង្គ្រោះគ្នា ដើម្បី​មិនទាស់ទែងគ្នា ដើម្បីសេចក្តី​ព្រមព្រៀង ដើម្បីឯកីភាព១។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុតែង​តំកល់ចំពោះនូវមនោកម្ម (អំពើ​ដែលធ្វើដោយចិត្ត) ប្រកបដោយមេត្តា។បេ។ ប្រព្រឹត្តទៅ ដើម្បីឯកីភាព១។ ម្នាលអាវុសោទាំងឡាយ មួយទៀត លាភណាមួយកើតឡើង​ដោយធម៌ បានមកដោយធម៌ ដោយហោចទៅ សូម្បី​តែអាហារក្នុងបាត្រ ភិក្ខុបរិភោគដោយមិនបាន​ចែកមុខអាមិសៈ មុខបុគ្គល [មើល នយលក្ខណៈ ក្នុងសង្គីតិសូត្រខាងដើម។] ដោយលាភ​មានសភាពដូច្នោះ គឺជាអ្នកបរិភោគ​ជាសាធារណៈ ដោយសព្រហ្មចារីបុគ្គលទាំងឡាយ ដែលជាអ្នកមានសីល នេះឯងជាធម៌គួររលឹករកគ្នា ជាធម៌ធ្វើសេចក្តីស្រឡាញ់ ធ្វើ​សេចក្តី​គោរពប្រព្រឹត្តទៅ ដើម្បី​សង្គ្រោះគ្នា ដើម្បី​មិនទាស់ទែងគ្នា ដើម្បីសេចក្តី​ព្រមព្រៀង ដើម្បីឯកីភាព១។ ម្នាលអាវុសោទាំងឡាយ មួយទៀត សីលណាដែលមិនដាច់​ មិនធ្លុះ មិន​ពពាល មិនពព្រុះ ជាសីលអ្នកជា ពួកវិញ្ញូជនតែងសរសើរ ជាសីលដែលតណ្ហា និងទិដ្ឋិ​មិនបានស្ទាបអង្អែល ប្រព្រឹត្តទៅដើម្បីសមាធិ ភិក្ខុជាអ្នកមានសីលដ៏ស្មើ ដោយ​សព្រហ្មចារីបុគ្គលទាំងឡាយ ក្នុងសីលទាំងឡាយមានសភាព​ដូច្នោះ ក្នុងទីចំពោះមុខ និងទីកំបាំង នេះឯងជាធម៌គួររលឹកគ្នា ជាធម៌ធ្វើសេចក្តីស្រឡាញ់ ធ្វើ​សេចក្តី​គោរព ប្រព្រឹត្តទៅ ដើម្បី​សង្គ្រោះគ្នា ដើម្បី​មិនទាស់ទែងគ្នា ដើម្បីសេចក្តី​ព្រមព្រៀង ដើម្បីឯកីភាព១។ ម្នាលអាវុសោទាំងឡាយ មួយទៀត ទិដ្ឋិណាដ៏ប្រសើរ គឺសម្មាទិដ្ឋិ ជាគ្រឿង​នាំសត្វ​ចេញចាក​ភព តែងស្រោចស្រង់​សត្វដែល​ប្រព្រឹត្ត​តាមទិដ្ឋិនោះ ដើម្បី​ឲ្យអស់ទៅ​នៃទុក្ខដោយប្រពៃ ភិក្ខុជាអ្នក​មានទិដ្ឋិ​ដ៏ស្មើ ដោយសព្រហ្មចារីបុគ្គលទាំង​ឡាយ ក្នុងទិដ្ឋិមានសភាពដូច្នោះ ទាំងក្នុងទីចំពោះមុខ និងទីកំបាំង នេះឯង​ជាធម៌​គួរ​រលឹករកគ្នា ជាធម៌ធ្វើនូវសេចក្តីស្រឡាញ់ ធ្វើ​សេចក្តី​គោរព ប្រព្រឹត្តទៅ ដើម្បី​សង្គ្រោះគ្នា ដើម្បី​មិនទាស់ទែងគ្នា ដើម្បីសេចក្តី​ព្រមព្រៀង ដើម្បីឯកីភាព១។ ធម៌ទាំង៦នេះ មានឧបការៈច្រើន។

[២៩៤] ធម៌៦គួរចំរើន តើដូចម្តេចខ្លះ។ អនុស្សតិដ្ឋានៈ (ហេតុជាទីតាំង​នៃសេចក្តី​រលឹករឿយៗ)៦យ៉ាង សេចក្តីរលឹកនូវព្រះពុទ្ធ១ រលឹកនូវព្រះធម៌១ រលឹកនូវព្រះសង្ឃ១ រលឹកនូវគុណនៃសីល១ រលឹកនូវទាន ដែលបាន​បរិច្ចាគហើយ១ រលឹកដល់ធម៌ទេវតា [គឺរលឹកចំពោះគុណធម៌ទាំង៥ ដែលនាំបុគ្គល​ឲ្យសម្រេច​នូវភាព​ជាទេវតា។ ឯធម៌​ទាំង​៥នោះគឺ សទ្ធា១ សីល១ សុតៈ១ ចាគៈ១ បញ្ញា១ ព្រោះទេព្តាដែលទៅកើត​ឋានសួគ៌ ក៏ដោយអំណាច​ធម៌ទាំង​៥នេះឯង។ វិសុទ្ធិមគ្គ ត្រង់ឆអនុស្សតិនិទ្ទេស។]១។ ធម៌ទាំង​៦នេះ គួរចំរើន។

[២៩៥] ធម៌៦គួរកំណត់ដឹង តើដូចម្តេចខ្លះ។ អាយតនៈខាងក្នុង៦ គឺ ភ្នែក​ជាអាយតនៈ១ ត្រចៀក ជាអាយតនៈ១ ច្រមុះ ជាអាយតនៈ១ អណ្តាត​ ជាអាយតនៈ១ កាយ ជាអាយតនៈ១ ចិត្ត ជាអាយតនៈ១។ ធម៌ទាំង​៦នេះ គួរកំណត់ដឹង។

[២៩៦] ធម៌៦គួរលះបង់ តើដូចម្តេចខ្លះ។ ពួកតណ្ហា៦គឺ រូបតណ្ហា១ សទ្ទតណ្ហា១ គន្ធតណ្ហា១ រសតណ្ហា១ ផោដ្ឋព្វតណ្ហា១ ធម្មតណ្ហា១។ ធម៌ទាំង៦នេះ គួរលះបង់។

[២៩៧] ធម៌៦ ជាចំណែក​នៃសេចក្តីវិនាស តើដូចម្តេចខ្លះ។ សេចក្តីមិនគោរព​៦យ៉ាង ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកមិនគោរព មិនកោតក្រែង ចំពោះព្រះសាស្តា១ ជាអ្នកមិនគោរព មិនកោតក្រែង ចំពោះព្រះធម៌១ ជាអ្នកមិនគោរព មិនកោតក្រែង ចំពោះព្រះសង្ឃ១ ជាអ្នកមិនគោរព មិនកោតក្រែង ចំពោះសិក្ខា១ ជាអ្នកមិនគោរព មិនកោតក្រែង ចំពោះអប្បមាទធម៌១ ជាអ្នកមិនគោរព មិនកោតក្រែង ចំពោះបដិសន្ថារៈ១។ ធម៌ទាំង៦នេះ ជាចំណែក​នៃសេចក្តីវិនាស។

[២៩៨] ធម៌៦ ជាចំណែក​វិសេស តើដូចម្តេចខ្លះ។ សេចក្តីគោរព​៦យ៉ាង ម្នាល​អាវុសោ​ទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកមានសេចក្តីគោរព កោតក្រែង ចំពោះ​ព្រះសាស្តា១ ជាអ្នកមានសេចក្តីគោរព កោតក្រែង ចំពោះព្រះធម៌១។ ចំពោះព្រះសង្ឃ១។ ចំពោះសិក្ខា១។ ចំពោះអប្បមាទធម៌១។ មានសេចក្តីគោរព កោតក្រែង ចំពោះបដិសន្ថារៈ១។ ធម៌ទាំង៦នេះ ជាចំណែក​វិសេស។

[២៩៩] ធម៌៦ត្រាស់ដឹងបានដោយក្រ តើដូចម្តេចខ្លះ។ និស្សារណីយធាតុ​៦យ៉ាង ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ ពោលយ៉ាងនេះថា ចេតោវិមុត្តិប្រកប​ដោយ​​មេត្តា ខ្ញុំបាន​អប់រំបន្ទុំឲ្យច្រើនហើយ បានធ្វើឲ្យដូចជាយាន បានតំកល់ស៊ប់ បាន​ប្រព្រឹត្ត​រឿយៗ បានសន្សំ បានប្រារព្ធល្អហើយ តែបើទុកជាដូច្នោះក៏ដោយ ព្យាបាទ ក៏​គង់​តែគ្របសង្កត់​ចិត្តរបស់ខ្ញុំបាន។ (អ្នកផង) គប្បីនិយាយ​ឃាត់ភិក្ខុនោះថា លោក​កុំ​និយាយ​យ៉ាងនេះឡើយ លោកដ៏មានអាយុ កុំនិយាយ​យ៉ាងនេះ កុំនិយាយ​បង្កាច់​ព្រះមានព្រះភាគ ព្រោះការនិយាយបង្កាច់​ព្រះមានព្រះភាគ មិនល្អទេ តាមដែល​ពិត​នោះ ព្រះមានព្រះភាគ មិនបានត្រាស់យ៉ាងនេះទេ ម្នាលអាវុសោ ដំណើរនេះ មិនមែន​ជាហេតុ មិនមែនជាបច្ច័យ ត្រង់ពាក្យដែលថា ចេតោវិមុត្តិប្រកបដោយ​មេត្តា ដែលគេ​បាន​អប់រំបន្ទុំឲ្យច្រើនហើយ បានធ្វើឲ្យដូចជាយាន បានដំកល់ស៊ប់ បាន​ប្រព្រឹត្ត​រឿយៗ បាន​សន្សំ បានប្រារព្ធល្អហើយ តែបើទុកជាដូច្នោះក៏ដោយ ព្យាបាទ ក៏​គង់​តែនៅគ្របសង្កត់​ចិត្តរបស់គេបាន ដូច្នេះនេះ មិនមែន​ជាហេតុ ជាទីតាំងឡើយ ម្នាលអាវុសោ តាមដែលពិតនុ៎ះ គឺចេតោវិមុត្តិ ដែលប្រកបដោយមេត្តាហ្នឹងឯង ជាធម៌សម្រាប់​រលាស់​ចោលនូវព្យាបាទ។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុក្នុងសាសនានេះ ពោល​យ៉ាង​នេះ​ថា ចេតោវិមុត្តិប្រកប​ដោយករុណា ខ្ញុំបាន​អប់រំបន្ទុំទុកឲ្យច្រើនហើយ បានធ្វើ​ឲ្យ​ដូច​ជា​យាន បានដំកល់ស៊ប់ បាន​ប្រព្រឹត្ត​រឿយៗ បានសន្សំ បានប្រារព្ធល្អហើយ តែបើ​ទុក​ជា​ធ្វើដូច្នោះក៏ដោយ វិហេសា (សេចក្តី​បៀតបៀន) ក៏​គង់​តែគ្របសង្កត់​ចិត្តរបស់ខ្ញុំបាន។ (អ្នកផង) គប្បីនិយាយ​ឃាត់ភិក្ខុនោះថា លោក​កុំ​និយាយ​យ៉ាងនេះឡើយ លោក​ដ៏មាន​អាយុ កុំនិយាយ​យ៉ាងនេះ កុំនិយាយ​បង្កាច់​ព្រះមានព្រះភាគ ព្រោះការនិយាយបង្កាច់​ព្រះមានព្រះភាគ មិនល្អទេ តាមដែល​ពិត​នោះ ព្រះមានព្រះភាគ មិនបានត្រាស់​យ៉ាង​នេះ​ទេ ម្នាលអាវុសោ ដំណើរនេះ មិនមែន​ជាហេតុ មិនមែនជាបច្ច័យ ត្រង់ពាក្យដែលថា ចេតោវិមុត្តិ ប្រកបដោយ​ករុណា ដែលគេ​បាន​អប់រំបន្ទុំឲ្យច្រើនហើយ បានធ្វើ​ឲ្យដូច​ជា​យាន បានដំកល់ស៊ប់ បាន​ប្រព្រឹត្ត​រឿយៗ បាន​សន្សំ បានប្រារព្ធល្អហើយ តែបើទុក​ជាដូច្នោះ​ក៏ដោយ វិហេសា ក៏​គង់​តែគ្របសង្កត់​ចិត្តរបស់គេបាន ដូច្នេះនេះ មិនមែន​ជាហេតុ ជាទីតាំងឡើយ ម្នាលអាវុសោ តាមដែលពិតនុ៎ះ គឺចេតោវិមុត្តិ ដែលប្រកប​ដោយ​ករុណា​ហ្នឹងឯង ជាធម៌សម្រាប់​រលាស់​ចោលនូវវិហេសា។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុក្នុងសាសនានេះ ពោលយ៉ាងនេះថា ចេតោវិមុត្តិប្រកប​ដោយមុទិតា ខ្ញុំបាន​អប់រំបន្ទុំឲ្យច្រើនហើយ បានធ្វើឲ្យដូចជាយាន បានតំកល់ស៊ប់ បាន​ប្រព្រឹត្ត​រឿយៗ បាន​សន្សំ បានប្រារព្ធល្អហើយ តែបើទុកជាធ្វើដូច្នោះក៏ដោយ អរតិ (សេចក្តីមិនត្រេកអរ) ក៏​គង់​​តែគ្របសង្កត់​ចិត្តរបស់ខ្ញុំបាន។ (អ្នកផង) គប្បីនិយាយ​ឃាត់ភិក្ខុនោះថា លោក​កុំ​និយាយ​យ៉ាងនេះឡើយ លោកដ៏មានអាយុ កុំនិយាយ​យ៉ាងនេះ កុំនិយាយ​បង្កាច់​ព្រះមានព្រះភាគ ព្រោះការនិយាយបង្កាច់​ព្រះមានព្រះភាគ មិនល្អទេ តាមដែល​ពិត​នោះ ព្រះមានព្រះភាគ មិនបានត្រាស់យ៉ាងនេះទេ ម្នាលអាវុសោ ដំណើរនេះ មិនមែន​ជាហេតុ មិនមែនជាបច្ច័យ ត្រង់ពាក្យដែលថា ចេតោវិមុត្តិប្រកបដោយមុទិតា ដែលគេ​បាន​អប់រំបន្ទុំឲ្យច្រើនហើយ បានធ្វើឲ្យដូចជាយាន បានដំកល់ស៊ប់ បាន​ប្រព្រឹត្ត​រឿយៗ បាន​សន្សំ បានប្រារព្ធល្អហើយ តែបើទុកជាធ្វើដូច្នោះក៏ដោយ អរតិ ក៏​គង់​តែគ្របសង្កត់​ចិត្តរបស់គេបាន ដូច្នេះនេះ មិនមែន​ជាហេតុ ជាទីតាំងឡើយ ម្នាលអាវុសោ តាមដែល​ពិត​នុ៎ះ គឺចេតោវិមុត្តិ ដែលប្រកបដោយមុទិតាហ្នឹងឯង ជាធម៌សម្រាប់​រលាស់​ចោលនូវ​អរតិ។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុក្នុងសាសនានេះ ពោលយ៉ាងនេះថា ចេតោវិមុត្តិប្រកប​ដោយឧបេក្ខា ខ្ញុំបាន​អប់រំបន្ទុំឲ្យច្រើនហើយ បានធ្វើឲ្យដូចជាយាន បានតំកល់ស៊ប់ បាន​ប្រព្រឹត្ត​រឿយៗ បានសន្សំ បានប្រារព្ធល្អហើយ តែបើទុកជា​ធ្វើដូច្នោះ​ក៏ដោយ រាគៈ ក៏​គង់​តែគ្របសង្កត់​ចិត្តរបស់ខ្ញុំបាន។ (អ្នកផង) គួរនិយាយ​ឃាត់ភិក្ខុនោះថា លោក​កុំ​និយាយ​យ៉ាងនេះឡើយ លោកដ៏មានអាយុ កុំនិយាយ​យ៉ាងនេះ កុំនិយាយ​បង្កាច់​​ព្រះមានព្រះភាគ ព្រោះការនិយាយបង្កាច់​ព្រះមានព្រះភាគ មិនល្អទេ តាមដែល​ពិត​នោះ ព្រះមានព្រះភាគ មិនបានត្រាស់យ៉ាងនេះទេ ម្នាលអាវុសោ ដំណើរនេះ មិនមែន​ជាហេតុ មិនមែនជាបច្ច័យ ត្រង់ពាក្យដែលថា ចេតោវិមុត្តិប្រកបដោយឧបេក្ខា ដែលគេ​បាន​អប់រំបន្ទុំឲ្យច្រើនហើយ បានធ្វើឲ្យដូចជាយាន បានដំកល់ស៊ប់ បាន​ប្រព្រឹត្ត​រឿយៗ បាន​សន្សំ បានប្រារព្ធល្អហើយ តែបើទុកជាធ្វើដូច្នោះក៏ដោយ រាគៈ ក៏​គង់​តែ​គ្រប​សង្កត់​ចិត្តរបស់គេបាន ដូច្នេះនេះ មិនមែន​ជាហេតុ ជាទីតាំងឡើយ ម្នាលអាវុសោ តាម​ដែល​ពិតនុ៎ះ គឺចេតោវិមុត្តិ ដែលប្រកបដោយឧបេក្ខាហ្នឹងឯង ជាធម៌សម្រាប់​រលាស់​ចោលនូវរាគៈ។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុក្នុងសាសនានេះ ពោលយ៉ាង​នេះថា ចេតោវិមុត្តិប្រកប​ដោយអនិមិត្ត ខ្ញុំបាន​អប់រំបន្ទុំឲ្យច្រើនហើយ បានធ្វើឲ្យដូចជា​យាន បានតំកល់ស៊ប់ បាន​ប្រព្រឹត្ត​រឿយៗ បានសន្សំ បានប្រារព្ធល្អហើយ តែបើ​ទុកជា​ធ្វើដូច្នោះក៏ដោយ និមិត្តានុសារិវិញ្ញាណ គឺវិញ្ញាណដែលរលឹក​ឃើញនូវ​និមិត្តរបស់ខ្ញុំ នៅតែមាន។ (អ្នកផង) គប្បីនិយាយ​ឃាត់ភិក្ខុនោះថា លោក​កុំ​និយាយ​យ៉ាងនេះឡើយ លោកដ៏មានអាយុ កុំនិយាយ​យ៉ាងនេះ កុំនិយាយ​បង្កាច់​ព្រះមានព្រះភាគ ព្រោះការ​និយាយ​បង្កាច់​ព្រះមានព្រះភាគ មិនល្អទេ តាមដែល​ពិត​នោះ ព្រះមានព្រះភាគ មិនបាន​ត្រាស់យ៉ាងនេះទេ ម្នាលអាវុសោ ដំណើរនេះ មិនមែន​ជាហេតុ មិនមែនជាបច្ច័យ ត្រង់ពាក្យដែលថា ចេតោវិមុត្តិប្រកបដោយអនិមិត្ត ដែលគេ​បាន​អប់រំបន្ទុំឲ្យច្រើនហើយ បានធ្វើឲ្យដូចជាយាន បានដំកល់ស៊ប់ បាន​ប្រព្រឹត្ត​រឿយៗ បាន​សន្សំ បានប្រារព្ធល្អហើយ បើទុកជាដូច្នោះក៏ដោយ និមិត្តានុសារិវិញ្ញាណរបស់គេ គង់តែ​នៅមាន ដូច្នេះនេះ មិនមែន​ជាហេតុ ជាទីតាំងឡើយ ម្នាលអាវុសោ តាមដែលពិតនោះ ចេតោវិមុត្តិ ដែល​ប្រកប​ដោយអនិមិត្តហ្នឹងឯង ជាធម៌សម្រាប់​រលាស់​ចោលនូវនិមិត្តទាំងអស់។ ម្នាល​អាវុសោ​ទាំងឡាយ មួយទៀត ភិក្ខុក្នុងសាសនានេះ ពោលយ៉ាងនេះថា អស្មិមានះ​របស់​ខ្ញុំនេះ ទៅប្រាសអស់ហើយ ខ្ញុំពិចារណាមិនឃើញថា អាត្មាអញ មានអស្មិមានះ ដូច្នេះ​ឡើយ តែបើទុកជាដូច្នោះ កូនសរ គឺសេចក្តីសង្ស័យ និងសេចក្តីងឿងឆ្ងល់ ក៏គង់​តែគ្រប​សង្កត់​ចិត្តរបស់ខ្ញុំបាន។ (អ្នកផង) គប្បីនិយាយ​ឃាត់ភិក្ខុនោះថា លោក​កុំ​និយាយ​យ៉ាង​នេះឡើយ លោកដ៏មានអាយុ កុំនិយាយ​យ៉ាងនេះ កុំនិយាយ​បង្កាច់នូវ​ព្រះមាន​ព្រះភាគ ព្រោះការនិយាយបង្កាច់​ព្រះមានព្រះភាគ មិនល្អទេ តាមដែល​ពិត​នោះ ព្រះមានព្រះភាគ មិនបានត្រាស់យ៉ាងនេះទេ ម្នាលអាវុសោ រឿងនេះ មិនមែន​ជាហេតុ មិនមែនជាបច្ច័យ ត្រង់ពាក្យដែលថា អស្មិមានះ របស់គេនេះ ទៅប្រាសអស់ហើយ គេពិចារណា មិនឃើញថា អាត្មាអញ មានអស្មិមានះ ដូច្នេះឡើយ តែបើទុកជាដូច្នោះ​ កូនសរ គឺសេចក្តីសង្ស័យ និងសេចក្តីងឿងឆ្ងល់ ក៏​គង់​តែគ្របសង្កត់​ចិត្តរបស់គេបាន ដូច្នេះនេះ មិនមែន​ជាហេតុ ជាទីតាំងឡើយ ម្នាលអាវុសោ តាមដែលពិតនោះ ការដក​ឡើង​​នូវ​អស្មិ​មានះ បានហ្នឹងឯង ជាធម៌សម្រាប់​រលាស់​ចោលនូវកូនសរ គឺសេចក្តីសង្ស័យ និងសេចក្តី​ងឿងឆ្ងល់។ ធម៌ទាំង៦នេះ ត្រាស់ដឹងបានដោយក្រ។

[៣០០] ធម៌៦ ដែលគួរឲ្យកើតឡើង តើដូចម្តេចខ្លះ។ សតតវិហារធម៌ (ធម៌ជាគ្រឿង​នៅមិនដាច់នៃព្រះខីណាស្រព) ៦យ៉ាង ម្នាលអាវុសោទាំងឡាយ ភិក្ខុ​ក្នុង​សាសនានេះ បានឃើញរូប ដោយភ្នែកហើយ ជាអ្នកមិនមានសោមនស្ស មិនមានទោមនស្ស ជាអ្នកព្រងើយកន្តើយផង មានស្មារតី និងប្រាជ្ញាផង។ បានស្តាប់​សំឡេង ដោយត្រចៀក។បេ។ បានហិតក្លិន ដោយច្រមុះ។បេ។ បានទទួលរសដោយ​អណ្តាត។បេ។ បានពាល់ត្រូវ​ដោយកាយ។បេ។ បានដឹងច្បាស់នូវធម្មារម្មណ៍ ដោយចិត្ត ហើយជាអ្នកមិនមានសោមនស្ស មិនមានទោមនស្ស ជាអ្នកព្រងើយកន្តើយផង មានស្មារតី និងប្រាជ្ញាផង។ ធម៌ទាំង៦នេះ គួរឲ្យកើតឡើង។

[៣០១] ធម៌៦ដែលគួរ​ដឹងច្បាស់ តើដូចម្តេចខ្លះ។ អនុត្តរិយៈ (ធម្មជាត​ប្រសើរ)៦ គឺ​ការឃើញប្រសើរ១ ការស្តាប់ប្រសើរ១ ការបានប្រសើរ១ ការសិក្សាប្រសើរ១ ការ​បម្រើ​ប្រសើរ១ ការរលឹកប្រសើរ១។ ធម៌ទាំង៦នេះ គួរដឹងច្បាស់។

[៣០២] ធម៌៦ដែលគួរ​ធ្វើឲ្យជាក់ច្បាស់ តើដូចម្តេចខ្លះ។ អភិញ្ញា៦យ៉ាង ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ សំដែងឫទ្ធិបានច្រើនប្រការ គឺមនុស្ស​តែម្នាក់ ធ្វើឲ្យ​ទៅជាច្រើននាក់ក៏បាន ឬមនុស្សច្រើននាក់ ធ្វើឲ្យទៅជាមនុស្ស​តែម្នាក់វិញ​ក៏បាន ដើរទៅមិនជាប់ជំពាក់នឹងទីវាល ទីខាងក្រៅជញ្ជាំង ទីខាងក្រៅកំពែង នឹងទី​ខាង​ក្រៅភ្នំ ដូចជាដើរទៅក្នុងអាកាសក៏បាន ធ្វើនូវ​ការមុជងើបក្នុងផែនដី ដូចជាមុជងើប​ក្នុងទឹក​ក៏បាន ដើរទៅលើទឹកមិនបែកធ្លាយ​ទឹក ដូចជា​ដើរទៅលើ​ផែនដីក៏បាន ទៅ​ឯអាកាស​ទាំងភ្នែន ដូចជាសត្វសកុណជាតិ ដែលមានស្លាបក៏បាន យកដៃ​ទៅស្ទាប​អង្អែល​ចាប់ពាល់ (មណ្ឌល) ព្រះចន្ទ្រ និងព្រះអាទិត្យនេះ ដែលមានឫទ្ធិច្រើនយ៉ាងនេះ មានអានុភាព​ច្រើនយ៉ាងនេះក៏បាន ធ្វើអំណាច​ឲ្យប្រព្រឹត្តទៅ ដោយកាយដរាប​ដល់​ព្រហ្មលោកក៏បាន១។ ភិក្ខុមានត្រចៀកទិព្វ ដ៏បរិសុទ្ធ កន្លងហួសត្រចៀកមនុស្ស​ធម្មតា រមែង​ឮសំឡេង​ពីរប្រការ គឺសំឡេង​ទិព្វ និងសំឡេង​មនុស្សក្នុងទីឆ្ងាយក៏បាន ទីជិត​ក៏បាន១។ ភិក្ខុអាចកំណត់ដឹងចិត្ត របស់សត្វដទៃ បុគ្គលដទៃ ដោយចិត្តរបស់ខ្លួនបាន គឺចិត្ត​ដែលប្រកបដោយរាគៈក្តី ក៏ស្គាល់ថា ចិត្តប្រកបដោយរាគៈ ចិត្ត​ដែលប្រាសចាក​រាគៈ​ក្តី ក៏ស្គាល់ថា ចិត្តប្រាសចាករាគៈ ចិត្ត​ដែលប្រកបដោយទោសៈក្តី ក៏ស្គាល់ថា ចិត្តប្រកបដោយទោសៈ ចិត្ត​ដែលប្រាសចាកទោសៈ​ក្តី ក៏ស្គាល់ថា ចិត្តប្រាសចាកទោសៈ ចិត្ត​ដែលប្រកបដោយមោហៈក្តី ក៏ស្គាល់ថា ចិត្តប្រកបដោយមោហៈ ចិត្ត​ដែលប្រាសចាក​មោហៈ​ក្តី ក៏ស្គាល់ថា ចិត្តប្រាសចាកមោហៈ ចិត្ត​ដែលរួញរាក្តី ក៏ស្គាល់ថា ចិត្តរួញរា ចិត្ត​ដែលរាយមាយ​ក្តី ក៏ស្គាល់ថា ចិត្តរាយមាយ ចិត្តដែល​ជាមហគ្គតៈ គឺរូបាវចរ និងអរូបាវចរក្តី ក៏ស្គាល់​ថា ចិត្តជាមហគ្គតៈ ចិត្តដែលមិនមែនជា​មហគ្គតៈក្តី ក៏ស្គាល់ថា ចិត្តមិនមែនជាមហគ្គតៈ ចិត្តដែលជាសឧត្តរៈ គឺលោកិយចិត្តក្តី ក៏ស្គាល់ថា ចិត្តជាសឧត្តរៈ ចិត្តដែល​ជា​អនុត្តរៈ គឺ​លោកុត្តរៈចិត្តក្តី ក៏ស្គាល់ថា ចិត្តជាអនុត្តរៈ ចិត្តដែល​តាំងនៅល្អដោយសមាធិក្តី ក៏ស្គាល់ថា ចិត្តតាំង​នៅល្អដោយសមាធិ ចិត្តដែលមិនតាំងនៅល្អ ដោយសមាធិក្តី ក៏ស្គាល់ថា ចិត្តមិនតាំងនៅល្អដោយសមាធិ ចិត្តដែលផុតស្រឡះ​ចាកកិលេសាសវៈក្តី ក៏ស្គាល់ថា ចិត្តផុតស្រឡះចាកកិលេសាសវៈ ចិត្តដែល​មិនបានផុតស្រឡះ​ចាកកិលេសាសវៈក្តី ក៏ស្គាល់ថា ចិត្តមិនផុតស្រឡះ​ចាកកិលេសាសវៈ១។ ភិក្ខុរលឹកជាតិ​ ដែល​បានអាស្រ័យនៅមកអំពីមុន ជាអនេកជាតិ គឺរលឹកបាន១ជាតិ ២ជាតិ ៣ជាតិ ៤ជាតិ ៥ជាតិ ១០ជាតិ ២០ជាតិ ៣០ជាតិ ៤០ជាតិ ៥០ជាតិ ១០០ជាតិ ១ពាន់ជាតិ ១សែនជាតិក៏បាន រលឹកបានច្រើនសំវដ្តកប្ប ច្រើនវិវដ្តកប្ប ច្រើនសំវដ្តវិវដ្តកប្បក៏បាន ដូច្នេះថា អាត្មាអញ បានកើតក្នុងភពឯណោះ មានឈ្មោះយ៉ាងនេះ មានគោត្រយ៉ាងនេះ មានសម្បុរយ៉ាងនេះ មានអាហារយ៉ាងនេះ ទទួលសុខទុក្ខយ៉ាងនេះ មានកំណត់​អាយុ​ប៉ុណ្ណេះ អាត្មាអញ លុះច្យុតចាកអត្តភាពនោះហើយ បានទៅកើត​ក្នុងភពឯណោះ ដែល​ទៅកើតក្នុងភពនោះ អាត្មាអញមានឈ្មោះយ៉ាងនេះ មានគោត្រ​យ៉ាងនេះ មាន​សម្បុរ​យ៉ាង​នេះ មានអាហារយ៉ាងនេះ បានទទួលសុខទុក្ខយ៉ាងនេះ មានកំណត់​អាយុ​ប៉ុណ្ណេះ អាត្មាអញ ច្យុតចាកអត្តភាពនោះហើយ ទើបមកកើត​ក្នុងភពនេះ (ភិក្ខុ) រលឹកតាមនូវ​ជាតិ ដែលអាស្រ័យ​នៅពីមុន បានច្រើនជាតិ ព្រមទាំងអាការ ព្រមទាំង​ឧទ្ទេសយ៉ាងនេះ១។ ភិក្ខុ​មានចក្ខុទិព្វដ៏បរិសុទ្ធ កន្លងហួសចក្ខុ​របស់មនុស្សធម្មតា បានឃើញពួកសត្វដែលច្យុត ដែលកើត ជាសត្វថោកទាប ខ្ពង់ខ្ពស់ មានរូបល្អ មានរូបអាក្រក់ មានគតិល្អ មានគតិ​អាក្រក់ ទាំងដឹងច្បាស់​នូវពួកសត្វ ដែលប្រព្រឹត្ត​ទៅតាមកម្ម (របស់ខ្លួន)ថា អើហ្ន៎ សត្វទាំង​ឡាយនេះ ប្រកបដោយកាយទុច្ចរិត ប្រកបដោយវចីទុច្ចរិត ប្រកបដោយមនោទុច្ចរិត ជាអ្នក​តិះដៀលនូវព្រះអរិយបុគ្គល មានសេចក្តីយល់ខុស ប្រកាន់​នូវអំពើតាមសេចក្តី​យល់ខុស សត្វទាំងនោះ លុះដល់ទំលាយ​រាងកាយទៅ ខាងមុខអំពី​សេចក្តីស្លាប់ រមែង​ទៅកាន់កំណើត​សត្វតិរច្ឆាន ប្រេត អសុរកាយ និងនរកពុំខាន អើហ្ន៎ ចំណែកពួកសត្វ​ទាំងអម្បាលនេះ ប្រកបដោយកាយសុចរិត ប្រកបដោយវចីសុចរិត ប្រកបដោយ​មនោសុចរិត ជាអ្នក​មិនតិះដៀល នូវព្រះអរិយបុគ្គល មានសេចក្តីយល់ត្រូវ ប្រកាន់​នូវ​អំពើតាមសេចក្តី​យល់ត្រូវ សត្វទាំងនោះ លុះទំលាយ​រាងកាយទៅ ខាងមុខអំពី​សេចក្តី​ស្លាប់ ក៏រមែង​ទៅកាន់សុគតិ សួគ៌ទេវលោក។ ភិក្ខុនោះ មានចក្ខុទិព្វដ៏បរិសុទ្ធ កន្លងហួស​ចក្ខុ​​របស់មនុស្សធម្មតា បានឃើញពួកសត្វដែលច្យុត ដែលកើត ជាសត្វថោកទាប ជាសត្វ​ឧត្តម មានរូបល្អ មានរូបអាក្រក់ មានគតិល្អ មានគតិ​អាក្រក់ ទាំងបានឃើញ​ច្បាស់​​ នូវពួកសត្វ ដែលប្រព្រឹត្ត​ទៅតាមកម្ម (របស់ខ្លួន) ដោយប្រការដូច្នេះ១។ ភិក្ខុនោះ ព្រោះ​ធ្វើឲ្យអស់អាសវៈ ក៏បានធ្វើឲ្យជាក់ច្បាស់ នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែល​មិនមាន​អាសវៈ ដោយប្រាជ្ញារបស់ខ្លួនឯង ក្នុងបច្ចុប្បន្ន ហើយសម្រេចសម្រាន្តនៅ ដោយឥរិយាបថ១។ ធម៌ទាំង៦នេះ គួរធ្វើ​ឲ្យជាក់ច្បាស់។ ធម៌ទាំង៦០នេះ ជាធម៌ពិត ធម៌មែន ធម៌ទៀងទាត់ មិនប្រែប្រួល​ជាយ៉ាងដទៃឡើយ ដែលព្រះតថាគត បានត្រាស់ដឹង​ដោយប្រពៃហើយ ដោយប្រការដូច្នេះ។

[៣០៣] ធម៌៧ មានឧបការៈច្រើន ធម៌៧គួរ​ចំរើន ធម៌៧គួរកំណត់ដឹង ធម៌៧ គួរ​លះបង់ ធម៌៧ ជាចំណែកខាងសេចក្តីវិនាស ធម៌៧ ជាចំណែក​វិសេស ធម៌៧ ត្រាស់ដឹង​បានដោយក្រ ធម៌៧ គួរឲ្យកើតឡើង ធម៌៧ គួរដឹងច្បាស់ ធម៌៧ គួរធ្វើឲ្យជាក់ច្បាស់។

[៣០៤] ធម៌៧មានឧបការៈច្រើន តើដូចម្តេចខ្លះ។ អរិយទ្រព្យ៧គឺ សទ្ធាជាទ្រព្យ១ សីលជាទ្រព្យ១ ហិរិជាទ្រព្យ១ ឱត្តប្បៈជាទ្រព្យ១ សុតៈជាទ្រព្យ១ ចាគៈជាទ្រព្យ១ បញ្ញា​ជាទ្រព្យ១។ ធម៌ទាំង៧នេះ មានឧបការៈច្រើន។

[៣០៥] ធម៌៧ ដែលគួរចំរើន តើដូចម្តេចខ្លះ។ សម្ពោជ្ឈង្គ (អង្គនៃធម៌ជាគ្រឿង​ត្រាស់ដឹង)៧គឺ សតិសម្ពោជ្ឈង្គ១ ធម្មវិចយសម្ពោជ្ឈង្គ១ វីរិយសម្ពោជ្ឈង្គ១ បីតិសម្ពោជ្ឈង្គ១ បស្សទ្ធិសម្ពោជ្ឈង្គ១ សមាធិសម្ពោជ្ឈង្គ១ ឧបេក្ខាសម្ពោជ្ឈង្គ [ចូរមើល នយលក្ខណៈក្នុងមហាសតិប្បដ្ឋានសូត្រ ទីឃនិកាយ មហាវគ្គផងចុះ។]១។ ធម៌ទាំង​៧នេះ គួរចំរើន។

[៣០៦] ធម៌៧ដែលគួរ​កំណត់ដឹង តើដូចម្តេចខ្លះ។ វិញ្ញាណដ្ឋិតិ៧ ម្នាលអាវុសោទាំងឡាយ សត្វទាំងឡាយ មានកាយផ្សេងគ្នា មានសញ្ញាផ្សេងគ្នា ដូចយ៉ាង​ពួកមនុស្ស​ និងពួកទេវតាខ្លះ និងអសុរកាយពួកខ្លះ នេះជា វិញ្ញាណដ្ឋិតិទី១។ ម្នាលអាវុសោទាំងឡាយ សត្វទាំងឡាយ មានកាយផ្សេងគ្នា តែមានសញ្ញាដូចគ្នា ដូច​យ៉ាង​ពួកព្រហ្មកាយិកទេវតា ដែលកើតក្នុងបឋមជ្ឈានភូមិ នេះជា វិញ្ញាណដ្ឋិតិទី២។ ម្នាលអាវុសោទាំងឡាយ សត្វទាំងឡាយ មានកាយដូចគ្នា តែមានសញ្ញាខុសគ្នា ដូចយ៉ាង​ពួកអាភស្សរទេវតា នេះជា វិញ្ញាណដ្ឋិតិទី៣។ ម្នាលអាវុសោទាំងឡាយ សត្វទាំងឡាយ មានកាយដូចគ្នា មានសញ្ញាដូចគ្នា ដូចយ៉ាង​ពួកសុភកិណ្ហទេវតា នេះជា វិញ្ញាណដ្ឋិតិទី៤។ ម្នាលអាវុសោទាំងឡាយ សត្វទាំងឡាយ ដែលកន្លង​នូវរូបសញ្ញា ដល់នូវ​សេចក្តីវិនាស នៃបដិឃសញ្ញា មិនបានធ្វើ​ទុកក្នុងចិត្ត នូវនានត្តសញ្ញា ដោយប្រការ​ទាំងពួង ហើយបរិកម្មថា អាកាសមិនមានទីបំផុតដូច្នេះ ហើយចូលដល់​អាកាសានញ្ចាយតនជ្ឈាន នេះជា វិញ្ញាណដ្ឋិតិ ទី៥។ ម្នាលអាវុសោទាំងឡាយ សត្វ​ទាំងឡាយ ដែលកន្លង​នូវអាកាសានញ្ចាយតនជ្ឈាន ដោយប្រការទាំងពួង ហើយ​បរិកម្មថា វិញ្ញាណ​មិនមានទីបំផុតដូច្នេះ ហើយចូលដល់វិញ្ញាណញ្ចាយតនជ្ឈាន​ នេះជា វិញ្ញាណដ្ឋិតិទី៦។ ម្នាលអាវុសោទាំងឡាយ សត្វ​ទាំងឡាយ ដែលកន្លង​នូវវិញ្ញាណញ្ចាយតនជ្ឈាន ដោយប្រការទាំងពួង ហើយ​បរិកម្មថា វត្ថុតិចតួច មិនមាន​ដូច្នេះ ហើយចូលដល់អាកិញ្ចញ្ញាយតនជ្ឈាន​ នេះជា វិញ្ញាណដ្ឋិតិទី៧។ ធម៌ទាំង​៧នេះ គួរកំណត់ដឹង។

[៣០៧] ធម៌៧ដែលគួរលះបង់ តើដូចម្តេចខ្លះ។ អនុស័យ [ចូរមើល​នយលក្ខណៈ ក្នុងសង្គីតិសូត្រខាងដើមផងចុះ។] (កិលេសជាគ្រឿង​ដេកត្រាំក្នុងសន្តាន) ៧គឺ កាមរាគានុស័យ១ បដិឃានុស័យ១ ទិដ្ឋានុស័យ១ វិចិកិច្ឆានុស័យ១ មានានុស័យ១ ភវរាគានុស័យ១ អវិជ្ជានុស័យ១។ ធម៌ទាំង​៧នេះ គួរលះបង់។

[៣០៨] ធម៌៧ ជាចំណែក​ខាងសេចក្តីវិនាស តើដូចម្តេចខ្លះ។ អសទ្ធម្ម (ធម៌​របស់អសប្បុរស)៧ ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកគ្មានសទ្ធា១ ជាអ្នកមិនខ្មាសបាប១ ជាអ្នកមិនខ្លាចបាប១ ជាអ្នកចេះដឹងតិច១ ជាអ្នកខ្ជិល​ច្រអូស១ ជាអ្នកភ្លេច​ស្មារតី១ ជាអ្នកឥតប្រាជ្ញា១។ ធម៌ទាំង​៧នេះ ជាចំណែក​ខាងសេចក្តីវិនាស។

[៣០៩] ធម៌៧ ជាចំណែកវិសេស តើដូចម្តេចខ្លះ។ សទ្ធម្ម (ធម៌​របស់សប្បុរស)៧ ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកមានសទ្ធា១ ជាអ្នកមានសេចក្តី​ខ្មាសបាប១ ជាអ្នកមានសេចក្តីខ្លាចបាប១ ជាអ្នកចេះដឹងច្រើន១ ជាអ្នកប្រារព្ធព្យាយាម១ ជាអ្នកមាន​ស្មារតីតំកល់ខ្ជាប់១ ជាអ្នកមានប្រាជ្ញា១។ ធម៌ទាំង​៧នេះ ជាចំណែកវិសេស។​

[៣១០] ធម៌៧ដឹងបានដោយកម្រ តើដូចម្តេចខ្លះ។ សប្បុរិសធម៌ (ធម៌របស់សប្បុរស)៧ ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកដឹងធម៌១ ជាអ្នកដឹងអត្ថ១ ជាអ្នកដឹងខ្លួន១ ជាអ្នកដឹងប្រមាណ១ ជាអ្នកដឹងកាល១ ជាអ្នកដឹង​បរិស័ទ១ ជាអ្នកដឹងបុគ្គលដទៃ ដែល​គួរសេពគប់១។ ធម៌ទាំង​៧នេះ ដឹងបាន​ដោយ​កម្រ។

[៣១១] ធម៌៧គួរឲ្យ​កើតឡើង តើដូចម្តេចខ្លះ។ សញ្ញា៧ប្រការគឺ អនិច្ចសញ្ញា១ អនត្តសញ្ញា១ អសុភសញ្ញា១ អាទីនវសញ្ញា១ បហានសញ្ញា១ វិរាគសញ្ញា១ និរោធ​សញ្ញា១។ ធម៌ទាំង​៧នេះ គួរឲ្យកើតឡើង។

[៣១២] ធម៌៧ ដែលគួរដឹងច្បាស់ តើដូចម្តេចខ្លះ។ និទ្ទស [ហេតុនៃ​ភិក្ខុមិនមាន​អាយុ១០ឆ្នាំ។ តែពាក្យនេះ លោកសំដៅ​យកព្រះខីណាស្រព ព្រោះលោក សូម្បី​បរិនិព្វាន​ពីអាយុ១០ឆ្នាំ (ជាដើម) ក៏លោកលែងមានអាយុ​១០ឆ្នាំតទៅ ខាងមុខ កុំថាតែ ១០ឆ្នាំ សូម្បីតែថយចុះមក៩ឆ្នាំ រហូតដល់១ថ្ងៃ ឬ១យាម ក៏មិនមាន ព្រោះ​លោកមិនមាន​ចាប់បដិសន្ធិថ្មីទៀត។ អដ្ឋកថា។] វត្ថុ៧ ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នក​មានសេចក្តីពេញចិត្តខ្លាំង ក្នុងការសមាទាននូវសិក្ខា សូម្បី​តទៅកាលខាងមុខ ក៏​នៅតែមិនលះបង់សេចក្តី​ពេញចិត្ត ក្នុងការសមាទាននូវសិក្ខា១ ជាអ្នកមានសេចក្តី​ពេញចិត្តខ្លាំង ក្នុងការពិចារណានូវធម៌ សូម្បីតទៅកាលខាងមុខ ក៏នៅតែមិនលះបង់​នូវ​សេចក្តី​ពេញចិត្ត ក្នុងការពិចារណានូវធម៌១ ជាអ្នកមានសេចក្តី​ពេញចិត្តខ្លាំង ក្នុងការ​កំចាត់​បង់នូវ​ឥច្ឆា គឺតណ្ហា សូម្បីតទៅកាលខាងមុខ ក៏នៅតែមិនលះបង់​នូវ​សេចក្តី​ពេញចិត្ត ក្នុងការកំចាត់បង់​នូវឥច្ឆា គឺតណ្ហា១ ជាអ្នកមានសេចក្តីពេញចិត្តខ្លាំង ក្នុង​ការពួនសម្ងំ សូម្បីតទៅកាលខាងមុខ ក៏នៅតែមិនលះបង់​នូវសេចក្តីពេញចិត្ត ក្នុងការ​ពួនសម្ងំ១ ជាអ្នក​មានសេចក្តីពេញចិត្តខ្លាំង ក្នុងការប្រារព្ធព្យាយាម សូម្បី​តទៅកាលខាងមុខ ក៏នៅតែមិនលះបង់​ នូវសេចក្តីពេញចិត្ត ក្នុងការប្រារព្ធព្យាយាម១ ជាអ្នក​មានសេចក្តីពេញចិត្តខ្លាំង ក្នុងការតាំងស្មារតី និងភាពជាអ្នកមានប្រាជ្ញា​ចាស់ក្លា សូម្បី​តទៅកាលខាងមុខ ក៏នៅតែមិនលះបង់​នូវសេចក្តីពេញចិត្ត ក្នុងការតាំង​ស្មារតី និងភាព​ជាអ្នកមានប្រាជ្ញាចាស់ក្លា១ ជាអ្នក​មានសេចក្តីពេញចិត្តខ្លាំង ក្នុងការចាក់​ធ្លុះ​ដោយទិដ្ឋិ គឺឃើញច្បាស់នូវមគ្គ សូម្បីតទៅកាលខាងមុខ ក៏នៅតែមិនលះបង់​នូវសេចក្តីពេញចិត្ត ក្នុងការចាក់ធ្លុះដោយទិដ្ឋិ១។ ធម៌ទាំង៧នេះ គួរដឹងច្បាស់។

[៣១៣] ធម៌៧ ដែលគួរធ្វើឲ្យជាក់ច្បាស់ តើដូចម្តេចខ្លះ។ កំឡាំងរបស់​ព្រះខីណាស្រព ៧ ម្នាលអាវុសោទាំងឡាយ សង្ខារទាំងពួង ដែលភិក្ខុជាព្រះខីណាស្រព ក្នុងសាសនានេះ បានឃើញថា មិនទៀងតាមសេចក្តីពិត ដោយបញ្ញាដ៏ប្រពៃហើយ ម្នាល​អាវុសោទាំងឡាយ ក៏សង្ខារទាំងពួង ដែលភិក្ខុជាព្រះខីណាស្រព បានឃើញថា មិនទៀង តាមសេចក្តីពិត ដោយបញ្ញាដ៏ប្រពៃ នេះឯងចាត់ជាកំឡាំងរបស់ភិក្ខុជាព្រះខីណាស្រព ព្រោះ​ភិក្ខុជាព្រះខីណាស្រព អាស្រ័យនូវកំឡាំងនេះ ទើបប្តេជ្ញានូវ​ការអស់ទៅ នៃអាសវៈ​ទាំងឡាយថា អាសវៈទាំងឡាយ របស់អាត្មាអញអស់ហើយ១។ ម្នាលអាវុសោទាំងឡាយ មួយទៀត កាមទាំងឡាយមានឧបមាដូចរណ្តៅ ដ៏ពេញដោយរងើកភ្លើង ដែលភិក្ខុជា​ព្រះខីណាស្រព បានឃើញតាមសេចក្តីពិត ដោយបញ្ញាដ៏ប្រពៃហើយ ម្នាល​អាវុសោ​ទាំងឡាយ ក៏កាមទាំងឡាយ មានឧបមាដូចរណ្តៅ ដ៏ពេញដោយរងើកភ្លើង ដែលភិក្ខុជា​ព្រះខីណាស្រព បានឃើញតាមសេចក្តីពិត ដោយបញ្ញាដ៏ប្រពៃ នេះឯង​ចាត់ជាកំឡាំង​របស់​ភិក្ខុជាព្រះខីណាស្រព ព្រោះភិក្ខុជាព្រះខីណាស្រព អាស្រ័យនូវកំឡាំងនេះ ទើប​ប្តេជ្ញានូវការអស់ទៅ នៃអាសវៈ​ទាំងឡាយថា អាសវៈទាំងឡាយ របស់​អាត្មាអញ​អស់​ហើយ១។ ម្នាលអាវុសោទាំងឡាយ មួយទៀត ចិត្តរបស់​ភិក្ខុជា​ព្រះខីណាស្រព តែង​ឱន​ទៅរកវិវេក ឈានទៅរកវិវេក បែរទៅរកវិវេក តំកល់នៅក្នុងវិវេក ត្រេកអរចំពោះ​ក្នុងការ​ចេញចាកកាម ជាចិត្តប្រាសចាកធម៌ទាំងឡាយ ដែលជាទីតាំងនៃអាសវៈ ដោយប្រការ​ទាំងពួង ម្នាល​អាវុសោ​ទាំងឡាយ ក៏ចិត្តរបស់​ភិក្ខុជាព្រះខីណាស្រព ដែលឱន​ទៅរកវិវេក ឈានទៅរកវិវេក បែរទៅរកវិវេក តំកល់នៅក្នុងវិវេក ត្រេកអរចំពោះក្នុងការចេញចាក​កាម ជាចិត្តប្រាសចាកធម៌ទាំងឡាយ ដែលជាទីតាំងនៃអាសវៈ ដោយប្រការទាំងពួង នេះឯង​ចាត់ជាកំឡាំង​ របស់​ភិក្ខុជាព្រះខីណាស្រព ព្រោះភិក្ខុជាព្រះខីណាស្រព អាស្រ័យ​នូវកំឡាំងនេះ ទើប​ប្តេជ្ញានូវការ​អស់ទៅ នៃអាសវៈ​ទាំងឡាយថា អាសវៈ​ទាំងឡាយ របស់អាត្មាអញអស់ហើយ១។ ម្នាលអាវុសោទាំងឡាយ មួយទៀត សតិប្បដ្ឋានទាំង៤ ដែលភិក្ខុជា​ព្រះខីណាស្រព បានចំរើនអប់រំល្អហើយ ម្នាល​អាវុសោ​ទាំងឡាយ ក៏សតិប្បដ្ឋានទាំង៤ ដែលភិក្ខុជា​ព្រះខីណាស្រព បានចំរើនអប់រំល្អ នេះឯង​ចាត់ជាកំឡាំង ​របស់​ភិក្ខុជាព្រះខីណាស្រព ព្រោះភិក្ខុជាព្រះខីណាស្រព អាស្រ័យ​នូវ​កំឡាំងនេះ ទើប​ប្តេជ្ញានូវការ​អស់ទៅ នៃអាសវៈ​ទាំងឡាយថា អាសវៈទាំងឡាយ របស់​អាត្មា​អញអស់ហើយ១។ ម្នាលអាវុសោទាំងឡាយ មួយទៀត ឥន្ទ្រិយ៥ ដែលភិក្ខុជា​ព្រះខីណាស្រព បានចំរើនអប់រំល្អហើយ ម្នាល​អាវុសោ​ទាំងឡាយ ក៏ឥន្ទ្រិយ៥ ដែលភិក្ខុជា​ព្រះខីណាស្រព បានចំរើនអប់រំល្អ នេះឯង​ចាត់ជាកំឡាំង ​របស់​ភិក្ខុ​ជា​ព្រះខីណាស្រព ព្រោះភិក្ខុជាព្រះខីណាស្រព អាស្រ័យនូវកំឡាំងនេះ ទើប​ប្តេជ្ញានូវការ​អស់ទៅ នៃអាសវៈ​ទាំងឡាយថា អាសវៈទាំងឡាយ របស់អាត្មាអញអស់ហើយ១។ ម្នាលអាវុសោទាំងឡាយ មួយទៀត ពោជ្ឈង្គទាំង៧ ដែលភិក្ខុជា​ព្រះខីណាស្រព បានចំរើនអប់រំល្អហើយ ម្នាល​អាវុសោ​ទាំងឡាយ ពោជ្ឈង្គ៧ ដែលភិក្ខុជា​ព្រះខីណាស្រព បានចំរើន អប់រំ​ល្អ នេះឯង​ចាត់ជាកំឡាំង​ ​របស់​ភិក្ខុជាព្រះខីណាស្រព ព្រោះភិក្ខុ​ជា​ព្រះខីណាស្រព អាស្រ័យនូវកំឡាំងនេះ ទើប​ប្តេជ្ញានូវការ​អស់ទៅ នៃអាសវៈ​ទាំងឡាយ​ថា អាសវៈទាំងឡាយ របស់អាត្មាអញអស់ហើយ១។ ម្នាលអាវុសោទាំងឡាយ មួយទៀត មគ្គប្រកបដោយ​អង្គ៨ដ៏ប្រសើរ ដែលភិក្ខុជា​ព្រះខីណាស្រព បានចំរើន​អប់រំល្អហើយ ម្នាល​អាវុសោ​ទាំងឡាយ ក៏មគ្គប្រកបដោយអង្គ៨ដ៏ប្រសើរ ដែលភិក្ខុជា​ព្រះខីណាស្រព បានចំរើនអប់រំល្អ នេះឯង​ចាត់ជាកំឡាំង ​របស់​ភិក្ខុជាព្រះខីណាស្រព ព្រោះភិក្ខុជា​ព្រះខីណាស្រព អាស្រ័យនូវកំឡាំងនេះ ទើប​ប្តេជ្ញានូវការ​អស់ទៅ នៃអាសវៈ​ទាំងឡាយ​ថា អាសវៈទាំងឡាយ របស់អាត្មាអញអស់ហើយ១។ ធម៌ទាំង៧នេះ គួរធ្វើ​ឲ្យជាក់ច្បាស់។ ធម៌ទាំង៧០នេះ ជាធម៌ពិត ធម៌មែន ធម៌ទៀងទាត់ មិនប្រែប្រួល​ជាយ៉ាងដទៃឡើយ ដែល​ព្រះតថាគត បានត្រាស់ដឹង​ហើយដោយប្រពៃ ដោយប្រការដូច្នេះ។

ចប់ បឋមភាណវារៈ។

[៣១៤] ធម៌៨ មានឧបការៈច្រើន ធម៌៨គួរចំរើន ធម៌៨គួរកំណត់ដឹង ធម៌៨គួរលះបង់ ធម៌៨ជាចំណែក​នៃសេចក្តីវិនាស ធម៌៨ជាចំណែក​វិសេស ធម៌៨​ត្រាស់ដឹង​បានដោយក្រ ធម៌៨គួរ​ឲ្យកើតឡើង ធម៌៨គួរដឹងច្បាស់ ធម៌៨គួរ​ធ្វើឲ្យជាក់ច្បាស់។

[៣១៥] ធម៌៨មានឧបការៈច្រើន តើដូចម្តេចខ្លះ។ ហេតុ៨ប្រការ បច្ច័យ៨ប្រការ រមែង​ប្រព្រឹត្តទៅ ដើម្បីបាននូវបញ្ញាជាខាងដើម នៃមគ្គព្រហ្មចារ្យ ដែលខ្លួនមិនទាន់បាន ដើម្បីធ្វើបញ្ញា ដែលខ្លួនបានស៊ប់ហើយ ឲ្យជាភិយ្យោភាព ធំទូលាយ ចំរើន បរិបូណ៌​ឡើង ហេតុ៨ប្រការ បច្ច័យ៨ប្រការនោះ តើដូចម្តេច ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនា​នេះ បានចូលទៅអាស្រ័យ​នៅនឹងគ្រូ ឬសព្រហ្មចារីបុគ្គលណាមួយ គួរជាទីគោរព បានដំកល់​ចំពោះនូវហិរិ និងឱត្តប្បៈដ៏មានកំឡាំងផង នូវសេចក្តីស្រឡាញ់ និងសេចក្តី​គោរពផង ក្នុងគ្រូ ឬសព្រហ្មចារីបុគ្គល នេះជាហេតុទី១ បច្ច័យទី១ រមែង​ប្រព្រឹត្តទៅ ដើម្បីបាននូវបញ្ញា ជាខាងដើម នៃមគ្គព្រហ្មចារ្យ ដែលខ្លួនមិនទាន់បាន ដើម្បីធ្វើបញ្ញា ដែលខ្លួនបានស៊ប់ហើយ ឲ្យជាភិយ្យោភាព ធំទូលាយ ចំរើន បរិបូណ៌​ឡើង។ លុះភិក្ខុ​នោះ ចូលទៅអាស្រ័យនៅនឹងគ្រូនោះ ឬសព្រហ្មចារីបុគ្គលណាមួយ ដែលគួរជាទីគោរពនោះ ហើយដំកល់​ចំពោះនូវហិរិ និងឱត្តប្បៈដ៏មានកំឡាំងផង នូវសេចក្តីស្រឡាញ់ និងសេចក្តី​គោរពផង ក្នុងគ្រូ ឬសព្រហ្មចារីបុគ្គល បានចូលទៅសាកសួរ ពិគ្រោះនឹងគ្រូ ឬសព្រហ្មចារី​បុគ្គលទាំងនោះ តាមកាលដ៏គួរថា បពិត្រលោកដ៏ចំរើន វត្ថុនេះដូចម្តេច វត្ថុនេះមានប្រយោជន៍ដូចម្តេច គ្រូ ឬសព្រហ្មចារីបុគ្គលដ៏មានអាយុទាំងនោះ បានបើក​បង្ហាញសេចក្តីដែលកំបាំងផង បានធ្វើសេចក្តីដែល​ជ្រៅឲ្យរាក់ផង បានបន្ទោបង់​នូវ​សេចក្តី​សង្ស័យ ក្នុងធម៌ទាំងឡាយ ដែលគួរសង្ស័យដ៏ច្រើនផង ដល់ភិក្ខុនោះ នេះជាហេតុទី២ បច្ច័យទី២ រមែង​ប្រព្រឹត្តទៅ ដើម្បីបាននូវបញ្ញា ជាខាងដើម នៃមគ្គព្រហ្មចារ្យ ដែលខ្លួនមិនទាន់បាន ដើម្បីធ្វើបញ្ញា ដែលខ្លួនបានស៊ប់ហើយ ឲ្យជាភិយ្យោភាព ធំទូលាយ ចំរើន បរិបូណ៌​ឡើង។ លុះភិក្ខុ​នោះ បានស្តាប់ធម៌​នោះហើយ ក៏បានបរិបូណ៌ដោយសេចក្តីស្ងប់ស្ងាត់ពីរប្រការ គឺស្ងាត់កាយ១ ស្ងាត់ចិត្ត១ នេះជាហេតុទី៣ បច្ច័យទី៣ រមែង​ប្រព្រឹត្តទៅ ដើម្បីបាននូវបញ្ញា ជាខាងដើម នៃមគ្គព្រហ្មចារ្យ ដែលខ្លួនមិនទាន់បាន ដើម្បីធ្វើបញ្ញា ដែលខ្លួនបានស៊ប់ហើយ ឲ្យជាភិយ្យោភាព ធំទូលាយ ចំរើន បរិបូណ៌​ឡើង។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុជាអ្នកមានសីល សង្រួមក្នុងបាតិមោក្ខសំវរសីល បរិបូណ៌ដោយអាចារៈ និងគោចរៈ ជាអ្នកឃើញភ័យ ក្នុងទោសសូម្បីបន្តិចបន្តួច សមាទានសិក្សា ក្នុងសិក្ខាបទទាំងឡាយ នេះជាហេតុទី៤ បច្ច័យទី៤ រមែង​ប្រព្រឹត្តទៅ ដើម្បីបាននូវបញ្ញា ជាខាងដើម នៃ​មគ្គព្រហ្មចារ្យ ដែលខ្លួនមិនទាន់បាន ដើម្បីធ្វើបញ្ញា ដែលខ្លួនបានស៊ប់ហើយ ឲ្យជា​ភិយ្យោភាព ធំទូលាយ ចំរើន បរិបូណ៌​ឡើង។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុជាពហុស្សូត ចេះចាំនូវពុទ្ធវចនៈ ដែលខ្លួន​បានស្តាប់ហើយ សន្សំទុកនូវពុទ្ធវចនៈ ដែលខ្លួន​បានស្តាប់ហើយ ធម៌ទាំងឡាយណា ពីរោះបទដើម ពីរោះបទកណ្តាល ពីរោះ​បទចុង ប្រកាសនូវព្រហ្មចារ្យ ព្រមទាំងអត្ថ ទាំងព្យញ្ជនៈដ៏បរិសុទ្ធ បរិបូណ៌ទាំងអស់ ធម៌ដែល​មានសភាពដូច្នោះ ភិក្ខុនោះឯង ក៏បានស្តាប់ច្រើន បានចាំទុក ចាំរត់មាត់ ចាំ​ជាប់ក្នុងចិត្ត បានចាក់ធ្លុះល្អដោយទិដ្ឋិ នេះជាហេតុទី៥ បច្ច័យទី៥ រមែង​ប្រព្រឹត្តទៅ ដើម្បីបាននូវបញ្ញា ជាខាងដើម នៃមគ្គព្រហ្មចារ្យ ដែលខ្លួនមិនទាន់បាន ដើម្បីធ្វើបញ្ញា ដែលខ្លួនបានស៊ប់ហើយ ឲ្យជាភិយ្យោភាព ធំទូលាយ ចំរើន បរិបូណ៌​ឡើង។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុអ្នកមានសេចក្តីព្យាយាមប្រារព្ធ ដើម្បីលះបង់​នូវធម៌ទាំងឡាយ ជាអកុសល ដើម្បីញុំាង​ធម៌ទាំងឡាយ ជាកុសលឲ្យកើតឡើង ជាអ្នក​មានកំឡាំង មានសេចក្តីប្រឹងប្រែងខ្ជាប់ខ្ជួន មិនដាក់ចុះនូវធុរៈ ក្នុងធម៌ទាំងឡាយជា​កុសល នេះជាហេតុទី៦ បច្ច័យទី៦ រមែង​ប្រព្រឹត្តទៅ ដើម្បីបាននូវបញ្ញា ជាខាងដើម នៃមគ្គព្រហ្មចារ្យ ដែលខ្លួនមិនទាន់បាន ដើម្បីធ្វើបញ្ញា ដែលខ្លួនបានស៊ប់ហើយ ឲ្យជាភិយ្យោភាព ធំទូលាយ ចំរើន បរិបូណ៌​ឡើង។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុជាអ្នកមានស្មារតី ប្រកបដោយស្មារតី និងភាពជាអ្នកមានប្រាជ្ញាចាស់ក្លា ដ៏ខ្ពង់ខ្ពស់ នឹកឃើញ​នូវអំពើដែលខ្លួន​ធ្វើរួចយូរហើយផង នូវសំដីដែលខ្លួន និយាយ​រួចយូរហើយផង នេះជាហេតុទី៧ បច្ច័យទី៧ រមែង​ប្រព្រឹត្តទៅ ដើម្បីបាននូវបញ្ញា ជាខាងដើម នៃមគ្គព្រហ្មចារ្យ ដែលខ្លួនមិនទាន់បាន ដើម្បីធ្វើបញ្ញា ដែលខ្លួនបានស៊ប់ហើយ ឲ្យជាភិយ្យោភាព ធំទូលាយ ចំរើន បរិបូណ៌​ឡើង។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុជាអ្នកពិចារណាឃើញនូវទីកើត ទីរលត់ក្នុងឧបាទានក្ខន្ធទាំង៥ថា រូបដូច្នេះ ហេតុជាទី​កើតរបស់រូបដូច្នេះ ការរលត់ទៅនៃរូបដូច្នេះ វេទនាដូច្នេះ ហេតុ​ជាទី​កើតរបស់វេទនាដូច្នេះ ការរលត់ទៅនៃវេទនាដូច្នេះ សញ្ញាដូច្នេះ ហេតុ​ជាទី​កើតរបស់សញ្ញាដូច្នេះ ការរលត់ទៅនៃសញ្ញាដូច្នេះ សង្ខារទាំងឡាយដូច្នេះ ហេតុ​ជាទី​កើតរបស់សង្ខារទាំងឡាយដូច្នេះ ការរលត់ទៅនៃសង្ខារទាំងឡាយដូច្នេះ វិញ្ញាណដូច្នេះ ហេតុ​ជាទី​កើតនៃវិញ្ញាណដូច្នេះ ការរលត់ទៅនៃវិញ្ញាណដូច្នេះ [តាំងពីរូប រហូតដល់​វិញ្ញាណនេះ ចូរមើលក្នុងសតិបដ្ឋានសូត្រមជ្ឈិមនិកាយផងចុះ និងមាននយលក្ខណៈ ជាសេចក្តីពិស្តារ។] នេះជាហេតុទី៨ បច្ច័យទី៨ រមែង​ប្រព្រឹត្តទៅ ដើម្បីបាននូវបញ្ញា ជាខាងដើម នៃមគ្គព្រហ្មចារ្យ ដែលខ្លួនមិនទាន់បាន ដើម្បីធ្វើបញ្ញា ដែលខ្លួន​បាន​ស៊ប់ហើយ ឲ្យជាភិយ្យោភាព ធំទូលាយ ចំរើន បរិបូណ៌​ឡើង។ ធម៌ទាំង​៨នេះ មានឧបការៈច្រើន។

[៣១៦] ធម៌៨ដែលគួរចំរើន តើដូចម្តេចខ្លះ។ ផ្លូវដ៏ប្រសើរប្រកបដោយអង្គ៨គឺ សេចក្តីឃើញត្រូវ១ សេចក្តីត្រិះរិះត្រូវ១ និយាយត្រូវ១ ធ្វើការងារត្រូវ១ ចិញ្ចឹមជីវិតត្រូវ១ ព្យាយាមត្រូវ១ ការរលឹកត្រូវ១ ការតាំងចិត្តនឹងត្រូវ១។ ធម៌ទាំង​៨នេះ គួរចំរើន។

[៣១៧] ធម៌៨ ដែលគួរ​កំណត់ដឹង តើដូចម្តេចខ្លះ។ លោកធម៌៨ប្រការគឺ មាន​លាភ១ ឥតលាភ១ មានយស១ ឥតយស១ សេចក្តីនិន្ទា១ សេចក្តីសរសើរ១ សុខ១ ទុក្ខ១។ ធម៌ទាំង៨នេះ គួរកំណត់ដឹង។

[៣១៨] ធម៌៨ ដែលគួរលះបង់ តើដូចម្តេចខ្លះ។ សភាពដែលខុស៨យ៉ាងគឺ សេចក្តី​ឃើញខុស១ សេចក្តីត្រិះរិះខុស១ ពោលពាក្យខុស១ ធ្វើការងារខុស១ ចិញ្ចឹមជីវិតខុស១ ព្យាយាមខុស១ ការរលឹកខុស១ ការតាំងចិត្ត​នឹងខុស១។ ធម៌ទាំង​៨នេះ គួរលះបង់។

[៣១៩] ធម៌៨ ជាចំណែកនៃសេចក្តីវិនាស តើដូចម្តេចខ្លះ។ កុសីតវត្ថុ (ហេតុនៃ​បុគ្គល​ខ្ជិល)៨យ៉ាង ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកត្រូវធ្វើការងារ ភិក្ខុនោះ មានគំនិតយ៉ាងនេះថា អាត្មាអញ នឹងត្រូវធ្វើការងារហ្នឹងឯង តែកាល​បើអាត្មាអញ​ធ្វើការងារទៅ កាយនឹងលំបាក បើដូច្នោះ មានតែអាត្មាអញដេកសិន។ ភិក្ខុនោះ ក៏ដេកទៅ មិនបានប្រារព្ធសេចក្តីព្យាយាម ដើម្បីដល់​នូវគុណធម៌ [ក្នុងសង្គីតិសុត្តវណ្ណនា ពន្យល់ពាក្យថា ធម៌នេះ បានដល់ឈាន វិបស្សនា មគ្គ និងផល។] ដែល​ខ្លួន​មិនទាន់ដល់ ដើម្បីត្រាស់ដឹង នូវគុណធម៌ ដែលខ្លួនមិនទាន់ត្រាស់ដឹង ដើម្បីធ្វើ​ឲ្យ​ជាក់​ច្បាស់ នូវគុណធម៌ ដែលខ្លួន​មិនទាន់ធ្វើឲ្យជាក់ច្បាស់ នេះជា កុសីតវត្ថុ ទី១។ ម្នាលអាវុសោទាំងឡាយ មួយទៀត ការងារដែលភិក្ខុ​ធ្វើរួចហើយ ភិក្ខុនោះ ​មាន​គំនិត​យ៉ាង​នេះ​ថា អាត្មាអញ ធ្វើការងាររួចហើយ តែថាកាលដែលអាត្មាអញ​ធ្វើការងារនុ៎ះ​ឯង កាយក៏លំបាក បើដូច្នោះ មានតែអាត្មាអញដេកសិន។ ភិក្ខុនោះ ក៏ដេកទៅ មិនបានប្រារព្ធ​សេចក្តី​ព្យាយាម។បេ។ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវគុណធម៌ ដែលខ្លួន​មិនទាន់ធ្វើ​ឲ្យជាក់ច្បាស់ នេះជា​ កុសីតវត្ថុ ទី២។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុ​ត្រូវ​ដើរទៅកាន់ផ្លូវ ភិក្ខុនោះ មាន​គំនិតយ៉ាងនេះថា អាត្មាអញ ត្រូវដើរទៅកាន់​ផ្លូវ​ហ្នឹង​ឯង តែកាល​បើអាត្មាអញ​ ដើរទៅកាន់ផ្លូវនុ៎ះ កាយ​នឹងលំបាក បើដូច្នោះ មានតែ​អាត្មាអញ​ដេកសិន។ ភិក្ខុនោះ ក៏ដេកទៅ មិនបានប្រុងប្រៀបសេចក្តី​ព្យា​យាម។បេ។ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវគុណធម៌ ដែលខ្លួន​មិនទាន់បានធ្វើឲ្យជាក់ច្បាស់ នេះជា កុសីតវត្ថុទី៣។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុបានដើរទៅកាន់ផ្លូវរួច​ហើយ ភិក្ខុនោះ មានគំនិតយ៉ាងនេះថា អាត្មាអញ​បាន​ដើរទៅកាន់ផ្លូវរួចហើយ តែកាលដែល​អាត្មា​អញ​ដើរទៅកាន់ផ្លូវនុ៎ះឯង កាយក៏លំបាក បើដូច្នោះ មានតែអាត្មាអញដេកសិន។ ភិក្ខុនោះ ក៏ដេកទៅ មិនបានប្រុងប្រៀបសេចក្តីព្យាយាម។បេ។ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវគុណធម៌ ដែលខ្លួន​មិនទាន់បានធ្វើឲ្យជាក់ច្បាស់ នេះជាកុសីតវត្ថុទី៤។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុកាលដើរទៅបិណ្ឌបាត ក្នុងស្រុក ឬនិគម មិនបាន​ភោជនសៅហ្មង ឬថ្លៃថ្លា ល្មមនឹងឆ្អែត​គ្រប់គ្រាន់បាន ភិក្ខុនោះមានគំនិតយ៉ាងនេះថា អាត្មាអញ កាលដើរ​ទៅបិណ្ឌបាត ក្នុង​ស្រុក ឬនិគម មិនបានភោជន​សៅហ្មង ឬថ្លៃថ្លា ល្មមនឹងឆ្អែត​គ្រប់គ្រាន់បានឡើយ កាយរបស់​អាត្មាអញនោះនឿយហត់ ជាកាយមិនគួរនឹងប្រកបការងារបាន បើដូច្នោះ មានតែអាត្មាអញ​ដេក​សិន។ ភិក្ខុនោះ ក៏ដេកទៅ មិនផ្តួចផ្តើមសេចក្តីព្យាយាម។បេ។ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវគុណធម៌ ដែលខ្លួន​មិនទាន់បានធ្វើឲ្យជាក់ច្បាស់ នេះជាកុសីតវត្ថុទី៥។ ម្នាលអាវុសោ​ទាំងឡាយ មួយទៀត ភិក្ខុដើរទៅបិណ្ឌបាត ក្នុងស្រុក ឬនិគម ក៏បាន​ភោជនសៅហ្មង ឬថ្លៃថ្លា ល្មម​នឹងឆ្អែតគ្រប់គ្រាន់បាន ភិក្ខុនោះ មានគំនិតយ៉ាងនេះថា អាត្មាអញ កាលដើរ​ទៅបិណ្ឌបាត ក្នុង​ស្រុក ឬនិគម បានភោជន​សៅហ្មង ឬថ្លៃថ្លា ល្មមនឹងឆ្អែតគ្រប់គ្រាន់​ហើយ កាយរបស់​អាត្មាអញនោះធ្ងន់ ជាកាយមិនគួរ​នឹងប្រកប​ការងារបាន ទំនងដូចជា​សណ្តែករាជមាស ​ដែលត្រូវទឹកហើយ បើដូច្នោះ មានតែអាត្មាអញ​ដេក​សិន។ ភិក្ខុនោះ ក៏ដេកទៅ មិនបានផ្តួចផ្តើមសេចក្តីព្យាយាម។បេ។ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវគុណធម៌ ដែលខ្លួន​មិនទាន់បានធ្វើឲ្យជាក់ច្បាស់ នេះជាកុសីតវត្ថុទី៦។ ម្នាលអាវុសោ​ទាំងឡាយ មួយទៀត ភិក្ខុជាអ្នកកើតអាពាធបន្តិចបន្តួចសោះទេ ភិក្ខុនោះ មានគំនិតយ៉ាងនេះថា អាត្មាអញ ជាអ្នកទើបនឹងកើតអាពាធ​នេះ មានប្រមាណតិចទេ តែជាអាពាធ​គួរនឹងសម្ងំដេក បើដូច្នោះ មានតែអាត្មាអញ​ដេក​សិន។ ភិក្ខុនោះ ក៏ដេកទៅ។បេ។ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវគុណធម៌ ដែលខ្លួន​មិនទាន់បានធ្វើឲ្យជាក់ច្បាស់ នេះជា​កុសីតវត្ថុទី៧។ ម្នាលអាវុសោ​ទាំងឡាយ មួយទៀត ភិក្ខុទើបតែនឹងបាន​ជាសះស្បើយ ពីជម្ងឺថ្មីៗ ភិក្ខុនោះ មានគំនិតយ៉ាងនេះថា អាត្មាអញ បានជាសះស្បើយពីជម្ងឺថ្មីៗហើយ ឯកាយរបស់អាត្មាអញ ក៏នៅទុព្វលភាព មិនគួរប្រកបការងារបាននៅឡើយ ណ្ហើយចុះ អាត្មាអញ​ដេក​សិន។ ភិក្ខុនោះ ក៏ដេកទៅ មិនបានប្រុងប្រៀបសេចក្តី​ព្យា​យាម ដើម្បីបាន​ដល់ ​នូវគុណធម៌ ដែលខ្លួនមិនទាន់បានដល់ ដើម្បីត្រាស់ដឹង​នូវគុណធម៌ ដែលខ្លួន​មិនទាន់​បានត្រាស់ដឹង ដើម្បីធ្វើឲ្យជាក់ច្បាស់​​នូវគុណធម៌ ដែលខ្លួនមិនទាន់បានធ្វើ​ឲ្យជាក់ច្បាស់ នេះជាកុសីតវត្ថុទី៨។ ធម៌ទាំង៨នេះ ជាចំណែក​ខាងសេចក្តីវិនាស។

[៣២០] ធម៌៨ ជាចំណែកវិសេស តើដូចម្តេចខ្លះ។ អារព្ភវត្ថុ (ហេតុ​នៃការប្រារព្ធ​សេចក្តីព្យាយាម) ៨ ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកត្រូវធ្វើការងារ ភិក្ខុនោះ មានគំនិតយ៉ាង​នេះថា អាត្មាអញ នឹងត្រូវធ្វើការងារហ្នឹងឯង តែកាលបើ​អាត្មាអញ​ ធ្វើការងារទៅហើយ មិនងាយនឹងធ្វើទុក​ក្នុងចិត្ត​ នូវពាក្យប្រៀនប្រដៅ​របស់​ព្រះពុទ្ធ​ទាំងឡាយបានឡើយ បើដូច្នោះ មានតែអាត្មាអញនឹងតាំងផ្តើមសេចក្តីព្យាយាម ដើម្បីដល់​​នូវគុណធម៌ ដែលអាត្មាអញមិនទាន់បានដល់ ដើម្បីត្រាស់ដឹង ​​នូវគុណធម៌ ដែលអាត្មាអញមិនទាន់បានត្រាស់ដឹង ដើម្បី​ធ្វើឲ្យជាក់ច្បាស់ ​​នូវគុណធម៌ ដែលអាត្មាអញ មិនទាន់បានធ្វើឲ្យជាក់ច្បាស់។ ភិក្ខុនោះ ក៏តាំងផ្តើមសេចក្តីព្យាយាម ដើម្បី​ដល់​​នូវគុណធម៌ ដែលខ្លួនមិនទាន់បានដល់ ដើម្បីត្រាស់ដឹង​​នូវគុណធម៌ ដែលខ្លួន​មិនទាន់បានត្រាស់ដឹង ដើម្បី​ធ្វើឲ្យជាក់ច្បាស់ ​​នូវគុណធម៌ ដែលខ្លួនមិនទាន់​បាន​ធ្វើ​ឲ្យ​ជាក់ច្បាស់ នេះ​ជា ​អារព្ភវត្ថុ ទី១។ ម្នាលអាវុសោទាំងឡាយ មួយទៀត ការងារ ភិក្ខុបានធ្វើ​រួច​ហើយ ភិក្ខុនោះ មានគំនិតយ៉ាង​នេះថា អាត្មាអញ បានធ្វើការងាររួចហើយ ឯអាត្មាអញ កាលដែល​​ធ្វើ​ការងារនុ៎ះឯង មិនអាចធ្វើទុក​ក្នុងចិត្ត ​នូវពាក្យប្រៀនប្រដៅ​ របស់​ព្រះពុទ្ធទាំងឡាយបានឡើយ បើដូច្នោះ មានតែអាត្មាអញ តាំងផ្តើម​សេចក្តី​ព្យាយាម ដើម្បីដល់នូវគុណធម៌ ដែលអាត្មាអញ​មិនទាន់បានដល់ ដើម្បីត្រាស់ដឹង​នូវ​គុណធម៌ ដែល​អាត្មាអញមិនទាន់បានត្រាស់ដឹង ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវគុណធម៌ ដែលអាត្មាអញ មិនទាន់បានធ្វើឲ្យជាក់ច្បាស់។បេ។ នេះ​ជា​អារព្ភវត្ថុទី២។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុ​ត្រូវដើរទៅកាន់ផ្លូវ ភិក្ខុនោះ មានគំនិត​យ៉ាង​នេះថា ផ្លូវហ្នឹងឯង អាត្មាអញ នឹងត្រូវដើរទៅ តែកាល​បើអាត្មាអញ ដើរទៅកាន់ផ្លូវ មិនងាយនឹងធ្វើទុក​ក្នុងចិត្ត ​នូវពាក្យប្រៀនប្រដៅ​ របស់​ព្រះពុទ្ធទាំងឡាយបានទេ បើដូច្នោះ មានតែអាត្មាអញ តាំងផ្តើម​សេចក្តី​ព្យាយាម ដើម្បីដល់នូវគុណធម៌ ដែលអាត្មាអញ​មិនទាន់បានដល់ ដើម្បីត្រាស់ដឹង​នូវ​គុណធម៌ ដែល​អាត្មាអញ​មិនទាន់​បាន​ត្រាស់ដឹង ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវគុណធម៌ ដែលអាត្មាអញ មិនទាន់បាន​ធ្វើ​ឲ្យជាក់​ច្បាស់ ភិក្ខុនោះ តាំងផ្តើម​សេចក្តី​ព្យាយាម ដើម្បីដល់នូវគុណធម៌ ដែលខ្លួន​មិនទាន់បានដល់ ដើម្បីត្រាស់ដឹង​នូវ​គុណធម៌ ដែល​ខ្លួនមិនទាន់បានត្រាស់ដឹង ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវគុណធម៌ ដែលខ្លួនមិនទាន់បាន​ធ្វើឲ្យជាក់​ច្បាស់។ នេះជា​អារព្ភវត្ថុទី៣។ ម្នាលអាវុសោ​ទាំងឡាយ មួយទៀត ភិក្ខុទៅកាន់ផ្លូវរួច​ហើយ ភិក្ខុនោះ មានគំនិតយ៉ាងនេះថា អាត្មាអញ​ បាន​ដើរ​ផ្លូវរួចហើយ ឯ​អាត្មា​អញ កាលដែលដើរទៅ​កាន់ផ្លូវនុ៎ះឯង មិនអាចធ្វើទុក​ក្នុងចិត្ត ​នូវពាក្យប្រៀនប្រដៅ​ របស់​ព្រះពុទ្ធទាំងឡាយ​បាន​ឡើយ បើដូច្នោះ មានតែអាត្មាអញ តាំងផ្តើម​សេចក្តី​ព្យាយាម ដើម្បីដល់នូវគុណធម៌ ដែលអាត្មាអញ​មិនទាន់បានដល់ ដើម្បីត្រាស់ដឹង​នូវ​គុណធម៌ ដែល​អាត្មាអញ​មិនទាន់​បាន​ត្រាស់ដឹង ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវគុណធម៌ ដែលអាត្មាអញ មិនទាន់បាន​ធ្វើឲ្យ​ជាក់​ច្បាស់។ ភិក្ខុនោះ ក៏តាំងធ្វើ​សេចក្តី​ព្យាយាម ដើម្បីដល់នូវគុណធម៌ ដែលខ្លួន​មិន​ទាន់​បានដល់ ដើម្បីត្រាស់ដឹង​នូវ​គុណធម៌ ដែលខ្លួនមិនទាន់បានត្រាស់ដឹង ដើម្បីធ្វើ​ឲ្យជាក់​ច្បាស់ នូវគុណធម៌ ដែលខ្លួន​មិនទាន់បានធ្វើ​ឲ្យជាក់ច្បាស់ នេះជាអារព្ភវត្ថុទី៤។ ម្នាល​អាវុសោទាំងឡាយ មួយទៀត ភិក្ខុកាលដើរទៅបិណ្ឌបាត ក្នុងស្រុក ឬនិគម មិនបាន​ភោជនសៅហ្មង ឬថ្លៃថ្លា ល្មមនឹងឆ្អែតគ្រប់គ្រាន់បាន ភិក្ខុនោះ មានគំនិតយ៉ាងនេះថា អាត្មាអញ កាលដើរ​ទៅបិណ្ឌបាត ក្នុង​ស្រុក ឬនិគម មិនបានភោជន​សៅហ្មង ឬថ្លៃថ្លា ល្មមនឹងឆ្អែតគ្រប់គ្រាន់ កាយ​របស់​អាត្មាអញនោះស្រាល ជាកាយគួរប្រកបការងារបាន បើដូច្នោះ អាត្មាអញ តាំងផ្តើម​សេចក្តី​ព្យាយាម។បេ។ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវគុណធម៌ ដែលអាត្មាអញ មិនទាន់បានធ្វើឲ្យជាក់ច្បាស់។ ភិក្ខុនោះ ក៏តាំងផ្តើម​សេចក្តី​ព្យាយាម ដើម្បីដល់នូវគុណធម៌ ដែលខ្លួន​មិនទាន់បានដល់ ដើម្បីត្រាស់ដឹង​នូវ​គុណធម៌ ដែល​ខ្លួនមិនទាន់បានត្រាស់ដឹង ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវគុណធម៌ ដែលខ្លួន មិនទាន់​បាន​ធ្វើ​ឲ្យ​ជាក់ច្បាស់ នេះជាអារព្ភវត្ថុទី៥។ ម្នាលអាវុសោ​ទាំងឡាយ មួយទៀត ភិក្ខុកាល​ដើរទៅបិណ្ឌបាត ក្នុងស្រុក ឬនិគម បាន​ភោជនសៅហ្មង ឬថ្លៃថ្លា ល្មមនឹងឆ្អែតគ្រប់គ្រាន់​បាន​ ភិក្ខុនោះ មានគំនិតយ៉ាងនេះថា អាត្មាអញ កាលដើរ​ទៅបិណ្ឌបាត ក្នុង​​ស្រុក ឬនិគម បានភោជន​សៅហ្មង ឬថ្លៃថ្លា ល្មមនឹងឆ្អែតគ្រប់គ្រាន់បានហើយ កាយរបស់​អាត្មាអញនោះមានកំឡាំងគួរនឹងប្រកបការងារ​បាន បើដូច្នោះ មានតែអាត្មាអញ តាំងផ្តើម​សេចក្តី​ព្យាយាម ដើម្បីដល់នូវគុណធម៌ ដែលអាត្មាអញ​មិនទាន់បានដល់ ដើម្បីត្រាស់ដឹង​នូវ​គុណធម៌ ដែល​អាត្មាអញមិនទាន់បានត្រាស់ដឹង ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវគុណធម៌ ដែលអាត្មាអញ មិនទាន់បានធ្វើឲ្យជាក់ច្បាស់។ ភិក្ខុនោះ ក៏​តាំងផ្តើម​សេចក្តី​ព្យាយាម ដើម្បីដល់នូវគុណធម៌ ដែលខ្លួន​មិនទាន់បានដល់ ដើម្បីត្រាស់ដឹង​នូវ​គុណធម៌ ដែលខ្លួនមិនទាន់បានត្រាស់ដឹង ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវគុណធម៌ ដែលខ្លួនមិន​ទាន់​បាន​ធ្វើឲ្យជាក់ច្បាស់ នេះជាអារព្ភវត្ថុទី៦។ ម្នាលអាវុសោ​ទាំងឡាយ មួយទៀត ភិក្ខុជា​អ្នកទើប​នឹងកើតអាពាធបន្តិចបន្តួចទេ ភិក្ខុនោះ មានគំនិតយ៉ាងនេះថា អាត្មាអញ កើត​អាពាធបន្តិចបន្តួចហើយ តែអាពាធរបស់អាត្មាអញ គង់​តែនឹង​ចំរើនឡើង ដោយ​ហេតុនេះ​មិនខាន បើដូច្នោះ មានតែអាត្មាអញ តាំងផ្តើម​សេចក្តី​ព្យាយាម ដើម្បី​ដល់​នូវគុណធម៌ ដែលអាត្មាអញ​មិនទាន់បានដល់ ដើម្បីត្រាស់ដឹង​នូវ​គុណធម៌ ដែល​អាត្មាអញមិនទាន់បានត្រាស់ដឹង ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវគុណធម៌ ដែលអាត្មាអញ មិនទាន់បានធ្វើឲ្យជាក់ច្បាស់។ ភិក្ខុនោះ ក៏តាំងផ្តើម​សេចក្តី​ព្យាយាម ដើម្បីដល់នូវគុណ​ធម៌ ដែលខ្លួន​មិនទាន់បានដល់។បេ។ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវគុណធម៌ ដែលខ្លួន​មិនទាន់​បានធ្វើឲ្យជាក់ច្បាស់ នេះជាអារព្ភវត្ថុទី៧។ ម្នាលអាវុសោ​ទាំងឡាយ មួយទៀត ភិក្ខុទើបតែនឹងបានជាសះស្បើយពីជម្ងឺ​ថ្មីៗ ភិក្ខុនោះ មានគំនិតយ៉ាងនេះថា អាត្មាអញ បានជាសះស្បើយពីជម្ងឺថ្មីៗហើយ អាពាធរបស់អាត្មាអញ សមជារើត្រឡប់​កម្រើក​ឡើងវិញ (លាប់) ដោយហេតុនោះមិនខាន បើដូច្នោះ មានតែអាត្មាអញ តាំងផ្តើម​សេចក្តី​ព្យាយាម ដើម្បីដល់នូវគុណធម៌ ដែលអាត្មាអញ​មិនទាន់បានដល់ ដើម្បីត្រាស់ដឹង​នូវ​គុណធម៌ ដែល​អាត្មាអញមិនទាន់បានត្រាស់ដឹង ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវគុណធម៌ ដែលអាត្មា​អញ មិនទាន់បានធ្វើឲ្យជាក់ច្បាស់។ ភិក្ខុនោះ ក៏​តាំងផ្តើម​សេចក្តី​ព្យាយាម ដើម្បីដល់​នូវ​គុណធម៌ ដែលខ្លួន​មិនទាន់បានដល់ ដើម្បីត្រាស់ដឹង​នូវ​គុណធម៌ ដែល​ខ្លួន​មិនទាន់បាន​ត្រាស់​ដឹង ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវគុណធម៌ ដែលខ្លួន​មិនទាន់បានធ្វើ​ឲ្យជាក់​ច្បាស់ នេះ​ជាអារព្ភវត្ថុទី៨។ ធម៌ទាំង៨នេះ ជាចំណែកវិសេស។

[៣២១] ធម៌៨ ដែលយល់​បានដោយក្រ តើដូចម្តេចខ្លះ។ ខណៈមិនគួរ សម័យ​មិន​គួរ ដើម្បីនៅ​ប្រព្រឹត្តព្រហ្មចារ្យ មាន៨យ៉ាង ម្នាលអាវុសោទាំងឡាយ ព្រះតថាគត ជា​អរហន្ត​សម្មាសម្ពុទ្ធ ​ត្រាស់ដឹងហើយក្នុងលោក ទាំងបានសំដែងធម៌ ដែលប្រព្រឹត្តទៅ ដើម្បីសេចក្តីស្ងប់រម្ងាប់កិលេស ជាធម៌ប្រព្រឹត្តទៅ ដើម្បីព្រះនិព្វាន ជាផ្លូវ​ធ្វើដំណើរ​ទៅកាន់​សេចក្តីត្រាស់ដឹង ជាធម៌ដែល​ព្រះសុគត ទ្រង់ប្រកាសហើយ តែបុគ្គល​នេះឯង ត្រឡប់ជាទៅកើតក្នុងនរកវិញ នេះឈ្មោះថា ខណៈមិនគួរ សម័យមិនគួរ ដើម្បីនៅ​ប្រព្រឹត្តព្រហ្មចារ្យទី១។ ម្នាលអាវុសោទាំងឡាយ មួយទៀត ព្រះតថាគត ជាអរហន្ត​សម្មាសម្ពុទ្ធ ត្រាស់ហើយ​ក្នុង​លោក ទាំងបានសំដែងធម៌ ដែលប្រព្រឹត្តទៅ ដើម្បី​សេចក្តី​ស្ងប់រម្ងាប់កិលេស ជាធម៌ប្រព្រឹត្តទៅ ដើម្បីបានព្រះនិព្វាន ជាផ្លូវ​ធ្វើដំណើរ ទៅកាន់​សេចក្តីត្រាស់ដឹង ជាធម៌ដែលព្រះសុគត ទ្រង់ប្រកាសហើយ តែបុគ្គល​នេះឯង ត្រឡប់​ជាទៅកើតក្នុងកំណើតតិរច្ឆានវិញ នេះឈ្មោះថា ខណៈមិនគួរ សម័យមិនគួរ ដើម្បីនៅ​ប្រព្រឹត្តព្រហ្មចារ្យទី២។ ម្នាលអាវុសោទាំងឡាយ មួយទៀត ព្រះតថាគត ជាអរហន្ត​សម្មាសម្ពុទ្ធ ត្រាស់ឡើងហើយ​ក្នុង​លោក ទាំងបានសំដែងធម៌ ដែលប្រព្រឹត្តទៅ ដើម្បី​សេចក្តី​ស្ងប់រម្ងាប់កិលេស ជាធម៌ប្រព្រឹត្តទៅ ដើម្បីព្រះនិព្វាន ជាផ្លូវ​ធ្វើដំណើរ ទៅកាន់​សេចក្តីត្រាស់ដឹង ជាធម៌ដែលព្រះសុគត ទ្រង់ប្រកាសហើយ តែបុគ្គល​នេះឯង ត្រឡប់​ជាទៅកើតក្នុងកំណើតប្រេតវិស័យវិញ នេះឈ្មោះថា ខណៈមិនគួរ សម័យមិនគួរ ដើម្បីនៅ​ប្រព្រឹត្តព្រហ្មចារ្យទី៣។ ម្នាលអាវុសោទាំងឡាយ មួយទៀត ព្រះតថាគត ជាអរហន្ត​សម្មាសម្ពុទ្ធ ត្រាស់ឡើងហើយ​ក្នុង​លោក ទាំងបានសំដែងធម៌ ដែលប្រព្រឹត្តទៅ ដើម្បី​សេចក្តី​ស្ងប់រម្ងាប់កិលេស។បេ។ តែបុគ្គល​នេះឯង ត្រឡប់​ជាទៅកើត​ក្នុង​ពួកទេវតាណាមួយ​ ដែលមានអាយុវែង នេះឈ្មោះថា ខណៈមិនគួរ សម័យមិនគួរ ដើម្បីនៅ​ប្រព្រឹត្តព្រហ្មចារ្យទី៤។ ម្នាលអាវុសោទាំងឡាយ មួយទៀត ព្រះតថាគត ជាអរហន្ត​​សម្មាសម្ពុទ្ធ ត្រាស់ឡើងហើយ​ក្នុង​លោក ទាំងបានសំដែងធម៌។បេ។ តែបុគ្គល​នេះឯង ត្រឡប់​ជាទៅកើតក្នុងពួកមិលក្ខជន ដែល​ជាអ្នកល្ងង់ខ្លៅ ក្នុងបច្ចន្តជនបទ ដែលជា​ប្រទេសឥតមានគតិរបស់ភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកាឡើយ នេះឈ្មោះថា ខណៈមិនគួរ សម័យមិនគួរ ដើម្បីនៅ​ប្រព្រឹត្តព្រហ្មចារ្យទី៥។ ម្នាលអាវុសោទាំងឡាយ មួយទៀត ព្រះតថាគត ជាអរហន្ត​សម្មាសម្ពុទ្ធ ត្រាស់ឡើងហើយ​ក្នុង​លោក។បេ។ ឯបុគ្គល​នេះ ត្រឡប់មកកើតក្នុងមជ្ឈិមជនបទដែរ តែបុគ្គលនោះ ជាមិច្ឆាទិដ្ឋិ មានសេចក្តីឃើញខុសថា ទានដែលបុគ្គល​ឲ្យហើយ គ្មានផល ការបូជាធំ​គ្មានផល ការបូជា​តូចគ្មានផល ផលវិបាក​របស់​កម្មទាំងឡាយ ដែលបុគ្គល​ធ្វើល្អ ធ្វើអាក្រក់ មិនមាន លោកនេះមិនមាន លោកខាងមុខមិនមាន មាតាមិនមាន បិតាមិនមាន សត្វជា​ឱបបាតិកៈមិនមាន ពួកសមណព្រាហ្មណ៍ ក្នុងលោក ដែលជាអ្នកដល់ នូវសេចក្តីស្ងប់​រម្ងាប់ ប្រតិបត្តិត្រឹមត្រូវ ធ្វើឲ្យ​ជាក់ច្បាស់​ នូវ​លោកនេះ និងលោកខាងមុខ ដោយប្រាជ្ញា​របស់ខ្លួន ហើយទើបញុំាងអ្នកដទៃឲ្យ​ដឹងផង ក៏មិនមាន ដូច្នេះ នេះឈ្មោះថា ខណៈ​មិនគួរ សម័យមិនគួរ ដើម្បីនៅប្រព្រឹត្ត​ព្រហ្មចារ្យទី៦។​ ម្នាលអាវុសោទាំងឡាយ មួយទៀត ព្រះតថាគត ជាអរហន្ត​សម្មាសម្ពុទ្ធ បានត្រាស់ឡើងហើយ​ក្នុង​លោក។បេ។ ឯបុគ្គលនេះ បានត្រឡប់មកកើតក្នុងមជ្ឈិមជនបទដែរ តែបុគ្គល​នោះ ជាអ្នកឥត​ប្រាជ្ញា ជាមនុស្សល្ងង់​ខ្លៅ ជាមនុស្សគ ជាមនុស្ស​មិនអាច ដើម្បីដឹងសេចក្តី​អធិប្បាយ​របស់ពាក្យ ដែលគេនិយាយល្អ ឬនិយាយអាក្រក់បានឡើយ នេះឈ្មោះថា ខណៈមិនគួរ សម័យមិនគួរ ដើម្បីនៅ​ប្រព្រឹត្តព្រហ្មចារ្យទី៧។ ម្នាលអាវុសោទាំងឡាយ មួយទៀត ព្រះតថាគត ជាអរហន្ត​សម្មាសម្ពុទ្ធ មិនបានត្រាស់ឡើង​ក្នុង​លោក ទាំងមិនបាន​សំដែង​ធម៌ ដែលប្រព្រឹត្តទៅ ដើម្បី​សេចក្តី​ស្ងប់រម្ងាប់កិលេស ប្រព្រឹត្តទៅ ដើម្បីបាននូវព្រះនិព្វាន ជាផ្លូវ​ធ្វើដំណើរ ទៅកាន់​សេចក្តីត្រាស់ដឹង ជាធម៌ដែលព្រះសុគត ទ្រង់ប្រកាសហើយ បុគ្គល​នេះឯង បានត្រឡប់មកកើតក្នុងមជ្ឈិមជនបទហើយៗ ជាអ្នកមានប្រាជ្ញា មិនល្ងង់ មិនមែន​ជាមនុស្សគ ជាអ្នកអាចដើម្បី​ដឹងសេចក្តី​អធិប្បាយ របស់ពាក្យ​គេនិយាយល្អ ឬអាក្រក់បាន នេះឈ្មោះថា ខណៈមិនគួរ សម័យមិនគួរ ដើម្បីនៅ​ប្រព្រឹត្ត​ព្រហ្មចារ្យទី៨។ ធម៌ទាំង៨នេះ​ យល់បានដោយក្រ។

[៣២២] ធម៌៨ដែលគួរឲ្យកើតឡើង តើដូចម្តេចខ្លះ។ សេចក្តីត្រិះរិះរបស់មហាបុរស​៨យ៉ាង (ត្រិះរិះថា) នេះជាធម៌របស់បុគ្គលអ្នកមានសេចក្តីប្រាថ្នាតិច នេះមិនមែន​ជាធម៌របស់​បុគ្គលអ្នកមានសេចក្តីប្រាថ្នាច្រើន១ នេះជាធម៌របស់បុគ្គល​អ្នកមាន​សេចក្តីសន្តោស (ក្នុង​បច្ច័យ៤) នេះមិនមែន​ជាធម៌របស់​បុគ្គលគ្មាន​សេចក្តី​សន្តោស១ នេះជាធម៌របស់បុគ្គលអ្នកមានសេចក្តីស្ងប់ស្ងាត់ [សេចក្តីស្ងប់ស្ងាត់មាន៣ប្រការ គឺកាយវិវេក ស្ងាត់កាយ១ ចិត្តវិវេក ស្ងាត់ចិត្ត១ ឧបធិវិវេក ស្ងាត់កិលេស១។ បុគ្គលគេចចេញចាកពួកក្រុម ហើយពួនសម្ងំនៅតែខ្លួនមួយ ដោយអំណាច​អារព្ភវត្ថុ៨ប្រការ ហៅថា កាយវិវេក បុគ្គលធ្វើកសិណបរិកម្ម ដរាបដល់បាន​សម្រេច​សមាបត្តិទាំង៨ ហៅថា ចិត្តវិវេក បុគ្គល​ធ្វើឈាន​ គឺសមាបត្តិទាំង៨នោះ ឲ្យជាទី​តាំង ហើយពិចារណា នូវសង្ខារធម៌ទាំងឡាយ ដរាបដល់​សម្រេច​ព្រះអរហត្ត ព្រមទាំង​បដិសម្ភិទា ហៅថា ឧបធិវិវេក ។ អដ្ឋកថា។] នេះមិនមែន​ជាធម៌របស់​អ្នកត្រេក​អរក្នុង​ពួកក្រុម១ នេះជាធម៌របស់បុគ្គលអ្នកប្រារព្ធសេចក្តីព្យាយាម មិនមែន​ជាធម៌របស់​បុគ្គល​អ្នកខ្ជិលច្រអូស១ នេះជាធម៌របស់បុគ្គលអ្នកមានស្មារតីខ្ជាប់ខ្លួន នេះមិនមែន​ជាធម៌របស់​បុគ្គលអ្នកភ្លេចស្មារតី១ នេះជាធម៌របស់បុគ្គលអ្នកមានចិត្តតាំងមាំ នេះមិនមែន​ជាធម៌​របស់​​បុគ្គលអ្នកមានចិត្តមិនតាំងមាំ១ នេះជាធម៌របស់បុគ្គលអ្នកមានបញ្ញា នេះមិនមែន​ជាធម៌របស់​បុគ្គលអ្នកឥតបញ្ញា១ នេះជាធម៌របស់បុគ្គលអ្នកមានសេចក្តីត្រេកអរ ក្នុងដំណើរ​មិនយឺតយូរ មានតម្រេក ក្នុងដំណើរ​មិនយឺតយូរ នេះមិនមែន​ជាធម៌របស់​បុគ្គលអ្នកមានសេចក្តីត្រេកអរ ក្នុងដំណើរយឺតយូរ មានតម្រេកក្នុងដំណើរយឺតយូរ១។ ធម៌ទាំង៨នេះ គួរឲ្យកើតឡើង។

[៣២៣] ធម៌៨ ដែលគួរដឹងច្បាស់ តើដូចម្តេចខ្លះ។ អភិភាយតនៈ [ឲ្យមើល នយលក្ខណៈ ក្នុងមហាបរិនិព្វានសូត្រ ទីឃនិកាយ មហាវគ្គ ផងចុះ នឹងមានពិស្តារ តាំងពីទី១ ដល់ទី៨។] (ហេតុជាគ្រឿងគ្របសង្កត់នូវធម៌ជាសត្រូវផង នូវអារម្មណ៍ផង) ៨យ៉ាងគឺ បុគ្គលពួកមួយ មានសេចក្តីសំគាល់នូវរូបខាងក្នុង ឃើញនូវរូបខាងក្រៅ មានប្រមាណតិច មានពណ៌ល្អ ឬពណ៌អាក្រក់ គ្រប់សង្កត់នូវរូបទាំងនោះ ហើយ​មាន​សេចក្តី​សំគាល់​យ៉ាងនេះថា អាត្មាអញដឹង អាត្មាអញឃើញដូច្នេះ នេះជា អភិភាយតនៈ ទី១។ បុគ្គល​ពួកមួយ មានសេចក្តីសំគាល់​នូវរូបខាង​ក្នុង ឃើញនូវរូបខាងក្រៅ មានប្រមាណ​ច្រើន មានពណ៌ល្អ ឬពណ៌អាក្រក់ គ្របសង្កត់​នូវរូបទាំងនោះ ហើយមានសេចក្តីសំគាល់​យ៉ាងនេះថា អាត្មាអញ​ដឹង អាត្មាអញឃើញដូច្នេះ នេះជា អភិភាយតនៈ ទី២។ បុគ្គល​ពួកមួយ មាន​សេចក្តី​សំគាល់​​នូវអរូបខាង​ក្នុង ឃើញនូវរូបខាងក្រៅ មានប្រមាណតិច មានពណ៌ល្អ ឬពណ៌អាក្រក់ គ្របសង្កត់​នូវរូបទាំងនោះ ហើយមានសេចក្តីសំគាល់​យ៉ាងនេះថា អាត្មាអញ​ដឹង អាត្មាអញឃើញ​ដូច្នេះ នេះជា អភិភាយតនៈទី៣។ បុគ្គល​ពួកមួយ មានសេចក្តី​សំគាល់​​ នូវអរូបខាង​ក្នុង ឃើញនូវរូបខាងក្រៅ មានប្រមាណច្រើន មានពណ៌ល្អ ឬពណ៌អាក្រក់ គ្របសង្កត់​នូវរូបទាំងនោះ ហើយមានសេចក្តីសំគាល់​យ៉ាងនេះថា អាត្មាអញ​ដឹង អាត្មាអញ​ឃើញ​ដូច្នេះ នេះជា អភិភាយតនៈទី៤។ បុគ្គល​ពួកមួយ មានសេចក្តីសំគាល់​ នូវអរូបខាង​ក្នុង ឃើញនូវរូបខាងក្រៅ ជារូបខៀវ មានពណ៌​ខៀវ ជាទីចង្អុលប្រាប់ថា នេះមានពណ៌ខៀវ មានពន្លឺខៀវ ប្រៀបដូចជាផ្កា​ត្រកៀតខៀវ មានពណ៌​ខៀវ ជាទីចង្អុលប្រាប់ថា នេះមានពណ៌​ខៀវ មានពន្លឺខៀវ ពុំនោះសោត រូបនោះប្រៀបដូចសំពត់ ដែលកើតក្នុង​ក្រុង​ពារាណសី មានសាច់ម៉ដ្ឋទាំងពីរខាង ហៅថាសំពត់ខៀវ មានពណ៌ខៀវ ជាទីចង្អុលប្រាប់ថា នេះមានពណ៌ខៀវ មានពន្លឺខៀវ យ៉ាងណាមិញ បុគ្គលពួកមួយ មានសេចក្តីសំគាល់នូវ​អរូបខាងក្នុង ឃើញនូវ​រូបខាង​ក្រៅ ជារូបខៀវ មានពណ៌ខៀវ ជាទីចង្អុលប្រាប់ថា នេះមានពណ៌ខៀវ មានពន្លឺខៀវ គ្របសង្កត់​នូវរូបទាំងនោះ ហើយមានសេចក្តីសំគាល់​យ៉ាងនេះថា អាត្មាអញដឹង អាត្មាអញឃើញ ដូច្នេះ ក៏យ៉ាងនោះឯង នេះជាអភិភាយតនៈទី៥។ បុគ្គល​ពួកមួយ មានសេចក្តីសំគាល់​នូវ​អរូបខាង​​ក្នុង ឃើញនូវរូបខាងក្រៅ ជារូបលឿង មានពណ៌លឿង ជាទីចង្អុលប្រាប់ថា នេះមាន​ពណ៌លឿង មានពន្លឺលឿង ប្រៀបដូចជាផ្កាកណ្ណិការលឿង មានពណ៌លឿង ជាទីចង្អុលប្រាប់ថា នេះមាន​ពណ៌លឿង មានពន្លឺលឿង ពុំនោះសោត រូបនោះ ប្រៀបដូចជាសំពត់ ដែលកើតក្នុង​ក្រុង​ពារាណសី មានសាច់មដ្ឋទាំងពីរខាង ហៅថា សំពត់លឿង មានពណ៌លឿង ជាទីចង្អុលប្រាប់ថា នេះមាន​ពណ៌លឿង មានពន្លឺលឿង យ៉ាងណាមិញ បុគ្គលពួកមួយ មានសេចក្តីសំគាល់នូវ​អរូបខាងក្នុង ឃើញនូវ​រូបខាង​ក្រៅ ជារូបលឿង មានពណ៌លឿង ជាទីចង្អុលប្រាប់ថា នេះមាន​ពណ៌លឿង មានពន្លឺលឿង គ្របសង្កត់​នូវរូបទាំងនោះ ហើយមានសេចក្តីសំគាល់​យ៉ាងនេះថា អាត្មាអញដឹង អាត្មាអញឃើញ ដូច្នេះ ក៏យ៉ាងនោះឯង នេះជា អភិភាយតនៈទី៦។ បុគ្គល​ពួកមួយ មានសេចក្តីសំគាល់​នូវ​អរូបខាង​ក្នុង ឃើញនូវរូបខាងក្រៅ ជារូបក្រហម មានពណ៌ក្រហម ជាទីចង្អុលប្រាប់ថា នេះមាន​ពណ៌ក្រហម មានពន្លឺក្រហម ប្រៀបដូច​ជាផ្កាច្បាក្រហម មានពណ៌ក្រហម ជាទីចង្អុលប្រាប់ថា នេះមាន​ពណ៌ក្រហម មានពន្លឺក្រហម ពុំនោះសោត រូបនោះ ប្រៀបដូចជាសំពត់ ដែលកើតក្នុង​ក្រុង​ពារាណសី មានសាច់​មដ្ឋ​ទាំងពីរខាង ហៅថា សំពត់ក្រហម មានពណ៌ក្រហម ជាទីចង្អុលប្រាប់ថា នេះមាន​ពណ៌​ក្រហម មានពន្លឺក្រហម យ៉ាងណាមិញ បុគ្គល​ពួក​មួយ មានសេចក្តីសំគាល់នូវ​អរូបខាង​ក្នុង ឃើញនូវ​រូបខាង​ក្រៅ ជារូបក្រហម មានពណ៌ក្រហម ជាទីចង្អុលប្រាប់ថា នេះមាន​ពណ៌ក្រហម មានពន្លឺក្រហម គ្របសង្កត់​នូវរូបទាំងនោះ ហើយមានសេចក្តីសំគាល់​យ៉ាងនេះថា អាត្មាអញដឹង អាត្មាអញឃើញ ដូច្នេះ ក៏យ៉ាងនោះដែរ នេះជា អភិភាយតនៈទី៧។ បុគ្គល​ពួកមួយ មានសេចក្តីសំគាល់​នូវ​អរូបខាង​ក្នុង ឃើញ​នូវ​រូប​ខាងក្រៅ ជារូប ស មានពណ៌ស ជាទីចង្អុលប្រាប់ថា នេះមាន​ពណ៌ស មានពន្លឺ​ស ប្រៀបដូចជាផ្កាយព្រឹក ដែលស មានពណ៌ស ជាទីចង្អុលប្រាប់ថា នេះមាន​ពណ៌ស មានពន្លឺស ពុំនោះ​សោត រូបនោះ ប្រៀបដូចជាសំពត់ ដែលកើតក្នុង​ក្រុង​ពារាណសី មាន​សាច់មដ្ឋទាំងពីរខាង ហៅថា សំពត់ស មានពណ៌ស ជាទីចង្អុលប្រាប់ថា នេះមាន​ពណ៌​ស មានពន្លឺស យ៉ាងណាមិញ បុគ្គលពួកមួយ មានសេចក្តី​សំគាល់​នូវ​​អរូបខាងក្នុង ឃើញនូវ​រូបខាង​ក្រៅ ជារូបស មានពណ៌ស ជាទីចង្អុលប្រាប់ថា នេះមាន​ពណ៌ស មានពន្លឺស គ្របសង្កត់​នូវរូបទាំងនោះ ហើយមានសេចក្តីសំគាល់​យ៉ាងនេះថា អាត្មាអញដឹង អាត្មាអញឃើញ ដូច្នេះ ក៏យ៉ាងនោះឯង នេះជា​ អភិភាយតនៈ ទី៨។ ធម៌​ទាំង៨នេះ គួរដឹងច្បាស់។

[៣២៤] ធម៌៨ ដែលគួរធ្វើឲ្យជាក់ច្បាស់ តើដូចម្តេចខ្លះ។ វិមោក្ខ មាន៨ប្រការ [វិមោក្ខទាំង៨នេះ ចូរមើល នយលក្ខណៈ ក្នុងមហានិទានសូត្រ ទីឃនិកាយ មហាវគ្គ ផងចុះ នឹងមានពន្យល់​ពិស្តារ​ក្នុងកន្លែង​ខ្លះៗ។] បុគ្គលបានរូបឈាន រមែង​ឃើញ​នូវរូប​ គឺកសិណទាំងឡាយ មាននីលកសិណជាដើម នេះជា វិមោក្ខ​ទី១ ។ បុគ្គលពួកមួយ មាន​សេចក្តីសំគាល់​នូវ​អរូបខាងក្នុង រមែងឃើញនូវរូប​ខាងក្រៅទាំងឡាយ គឺកសិណ មាននីលកសិណជាដើម នេះជាវិមោក្ខទី២។ បុគ្គលមានចិត្តចុះស៊ប់ កាន់ឈាន ក្នុងវណ្ណកសិណដ៏បរិសុទ្ធ នេះជាវិមោក្ខទី៣។ បុគ្គលដែលកន្លងនូវរូបសញ្ញា ដល់នូវសេចក្តីវិនាសនៃបដិឃសញ្ញា មិនបានធ្វើទុកក្នុងចិត្ត នូវ​នានត្តសញ្ញា ដោយ​ប្រការ​ទាំងពួង ហើយបានដល់នូវអាកាសានញ្ចាយតនជ្ឈាន ព្រោះធ្វើទុកក្នុងចិត្តថា អាកាសមិន​មានទី​បំផុតដូច្នេះ នេះជាវិមោក្ខទី៤។ បុគ្គល​ដែល​កន្លងនូវ​អាកាសានញ្ចា​យតនជ្ឈាន ដោយប្រការទាំងពួង ហើយបានដល់វិញ្ញាណ​ញ្ចាយតនជ្ឈាន ព្រោះធ្វើ​ទុក​ក្នុងចិត្ត​ថា វិញ្ញាណមិនមានទីបំផុតដូច្នេះ នេះជាវិមោក្ខទី៥។ បុគ្គលដែល​កន្លងនូវ​វិញ្ញាណញ្ចាយតនជ្ឈាន ដោយប្រការទាំងពួង ហើយបានដល់នូវអាកិញ្ចញ្ញា​យតន​ជ្ឈាន ព្រោះ​ធ្វើទុកក្នុងចិត្តថា អ្វីតិចតួច​មិនមានដូច្នេះ នេះជា វិមោក្ខទី៦។ បុគ្គលដែលកន្លង​នូវ​អាកិញ្ចញ្ញាយតនជ្ឈាន ដោយប្រការទាំងពួង ហើយបានដល់​នូវនេវសញ្ញា​នាសញ្ញា​យតនជ្ឈាន នេះជា វិមោក្ខទី៧។ បុគ្គលដែលកន្លងនូវនេវសញ្ញានាសញ្ញាយតនជ្ឈាន ដោយប្រការទាំងពួង ហើយបានដល់នូវសញ្ញាវេទយិតនិរោធ (សេចក្តី​រលត់នៃ​សញ្ញា និងវេទនា) នេះជា វិមោក្ខទី៨។ ធម៌ទាំង៨នេះ គួរធ្វើឲ្យជាក់ច្បាស់។ ធម៌ទាំង៨០នេះ ជាធម៌ពិត ធម៌មែន ធម៌ទៀងទាត់ មិនប្រែប្រួល​ជាយ៉ាងដទៃឡើយ ដែលព្រះតថាគត​ បាន​ត្រាស់ដឹងហើយដោយប្រពៃ ដោយប្រការដូច្នេះ។

[៣២៥] ធម៌៩ មានឧបការៈច្រើន ធម៌៩គួរចំរើន ធម៌៩គួរកំណត់ដឹង ធម៌៩គួរលះបង់ ធម៌៩ជាចំណែកនៃសេចក្តីវិនាស ធម៌៩ជាចំណែកវិសេស ធម៌៩យល់​បានដោយក្រ ធម៌៩គួរឲ្យកើតឡើង ធម៌៩គួរដឹងច្បាស់ ធម៌៩គួរធ្វើឲ្យជាក់ច្បាស់។

[៣២៦] ធម៌៩មានឧបការៈច្រើន តើដូចម្តេចខ្លះ។ ធម៌ដែលមាន​យោនិសោមនសិការៈ ជាឫស៩យ៉ាង កាលភិក្ខុធ្វើទុកក្នុងចិត្ត ដោយឧបាយប្រាជ្ញា សេចក្តី​ត្រេកអរទន់ ក៏កើតឡើង១ កាលលោកត្រេកអរហើយ សេចក្តីឆ្អែតចិត្ត កើតឡើង១ កាលលោក​មានសេចក្តី​ឆ្អែតចិត្តកើតឡើងហើយ កាយក៏ស្ងប់រម្ងាប់១ លុះលោក​មានកាយស្ងប់រម្ងាប់ហើយ ក៏បានសោយ​សេចក្តីសុខ១ លុះលោកមាន​សេចក្តីសុខ​​ហើយ ចិត្តក៏តាំងនៅមាំ១ លុះលោក​មានចិត្តតាំងនៅមាំហើយ ក៏ដឹង​ឃើញច្បាស់​តាមសភាវៈពិត១ កាលលោកបានដឹង បានឃើញច្បាស់ តាមសភាវៈពិត​ហើយ តែងនឿយណាយដោយខ្លួនឯង១ លុះលោកនឿយណាយហើយ រមែង​ប្រាសចាកតម្រេក រមែងផុតស្រឡះ​ចាកតម្រេក១។ ធម៌ទាំង៩នេះ មានឧបការៈច្រើន។

[៣២៧] ធម៌៩ ដែលគួរចំរើន តើដូចម្តេចខ្លះ។ អង្គនៃសេចក្តីព្យាយាម ដើម្បី​សេចក្តីបរិសុទ្ធិ៩យ៉ាង គឺសីលវិសុទ្ធិ ជាអង្គនៃសេចក្តី​ព្យាយាម ដើម្បីសេចក្តីបរិសុទ្ធិ១ ចិត្ត​វិសុទ្ធិ ជាអង្គនៃសេចក្តី​ព្យាយាម ដើម្បីសេចក្តីបរិសុទ្ធិ១ ទិដ្ឋិវិសុទ្ធិ ជាអង្គនៃសេចក្តី​ព្យាយាម ដើម្បីសេចក្តីបរិសុទ្ធិ១ កង្ខាវិតរណវិសុទ្ធិ ជាអង្គនៃសេចក្តី​ព្យាយាម ដើម្បីសេចក្តីបរិសុទ្ធិ១ មគ្គាមគ្គញ្ញាណទស្សនវិសុទ្ធិ ជាអង្គនៃសេចក្តី​ព្យាយាម ដើម្បីសេចក្តីបរិសុទ្ធិ១ បដិបទាញាណទស្សនវិសុទ្ធិ ជាអង្គនៃសេចក្តី​ព្យាយាម ដើម្បីសេចក្តីបរិសុទ្ធិ១ ញាណទស្សនវិសុទ្ធិ ជាអង្គនៃសេចក្តី​ព្យាយាម ដើម្បីសេចក្តីបរិសុទ្ធិ១ បញ្ញាវិសុទ្ធិ ជាអង្គនៃសេចក្តី​ព្យាយាម ដើម្បីសេចក្តីបរិសុទ្ធិ១ វិមុត្តិវិសុទ្ធិ ជាអង្គនៃសេចក្តី​ព្យាយាម ដើម្បីសេចក្តីបរិសុទ្ធិ១។ ធម៌ទាំង៩ នេះ គួរចំរើន។

[៣២៨] ធម៌៩ ដែលគួរកំណត់ដឹង តើដូចម្តេចខ្លះ។ សត្តាវាសៈ (ប្រទេសជាទី​នៅ​របស់​សត្វ) មាន៩ ម្នាលអាវុសោទាំងឡាយ សត្វទាំងឡាយ មានកាយផ្សេងគ្នា មាន​សញ្ញា​ផ្សេងគ្នាក៏មាន ដូចពួក​មនុស្ស​ និងទេវតាពួកខ្លះ និងអសុរកាយពួកខ្លះ នេះជា​សត្តាវាសៈទី១។ ម្នាលអាវុសោទាំងឡាយ សត្វទាំងឡាយ​មានកាយផ្សេងគ្នា តែមាន​សញ្ញាដូចគ្នាក៏មាន ដូចព្រហ្មកាយិក​ទេវតា ដែលកើតក្នុងជាន់បឋមជ្ឈានភូមិ នេះជា​សត្តាវាសៈទី២។ ម្នាលអាវុសោទាំងឡាយ សត្វទាំងឡាយ​មានកាយដូចគ្នា តែមាន​សញ្ញា​ផ្សេងគ្នាក៏មាន ដូចពួក​ទេវតា ក្នុងជាន់អាភស្សរៈ នេះជាសត្តាវាសៈទី៣។ ម្នាល​អាវុសោ​ទាំងឡាយ សត្វទាំងឡាយ​មានកាយដូចគ្នា មាន​សញ្ញា​ដូចគ្នាក៏មាន ដូចពួក​ទេវតា ក្នុង​ជាន់​សុភកិណ្ហៈ នេះជាសត្តាវាសៈទី៤។ ម្នាលអាវុសោទាំងឡាយ សត្វទាំងឡាយ​ឥត​សញ្ញា ឥតមានសោយ​អារម្មណ៍ ដូចពួកទេវតា ជាអសញ្ញិសត្វ នេះជា​សត្តាវាសៈទី៥។ ម្នាលអាវុសោទាំងឡាយ សត្វទាំងឡាយលុះបានកន្លងនូវរូបសញ្ញា បានរម្ងាប់​នូវបដិឃសញ្ញា មិនបានធ្វើទុក​ក្នុងចិត្ត នូវ​នានត្តសញ្ញា ដោយប្រការ​ទាំងពួង ហើយចូល​ដល់​អាកាសា​នញ្ចាយតនជ្ឈាន ដោយបរិកម្មថា អាកាសមិនមានទីបំផុតដូច្នេះ ក៏មាន នេះជា​សត្តាវាសៈទី៦។ ម្នាលអាវុសោទាំងឡាយ សត្វទាំងឡាយកន្លងនូវ​អាកាសានញ្ចា​យតនជ្ឈាន ដោយប្រការទាំងពួង ក៏បានចូលដល់​វិញ្ញាណញ្ចាយតនជ្ឈាន ដោយបរិកម្ម​ថា វិញ្ញាណមិនមានទីបំផុត ដូច្នេះក៏មាន នេះជាសត្តាវាសៈទី៧។ ម្នាល​អាវុសោ​ទាំង​ឡាយ សត្វទាំងឡាយកន្លងនូវ​វិញ្ញាណញ្ចាយតនជ្ឈាន ដោយ​ប្រការទាំងពួង ក៏បានចូល​ដល់​​អាកិញ្ចញ្ញាយតនជ្ឈាន ដោយបរិកម្មថា វត្ថុតិចតួចមិនមាន ដូច្នេះក៏មាន នេះជា​សត្តាវាសៈទី៨។ ម្នាលអាវុសោទាំងឡាយ សត្វទាំងឡាយ កន្លងនូវ​អាកិញ្ចញ្ញាយតន​ជ្ឈាន ដោយប្រការទាំងពួង ហើយចូលដល់នេវសញ្ញានាសញ្ញាយតនជ្ឈាន ដោយ​បរិកម្ម​ថា របស់នេះល្អិត របស់នេះឧត្តម ដូច្នេះក៏មាន នេះជា សត្តាវាសៈទី៩។ ធម៌ទាំង៩នេះ គួរកំណត់ដឹង។

[៣២៩] ធម៌៩ ដែលគួរលះបង់ តើដូចម្តេចខ្លះ។ ធម៌ដែលមានតណ្ហាជាឫស​គល់​៩យ៉ាងគឺ ការអាស្រ័យតណ្ហា ទើបមានការស្វែងរក១ អាស្រ័យការស្វែងរក ទើបកើត​លាភ១ អាស្រ័យលាភ ទើបកើតសេចក្តីត្រិះរិះ១ អាស្រ័យសេចក្តីត្រិះរិះ ទើបកើត​សេចក្តីប្រាថ្នា សេចក្តីត្រេកអរ១ អាស្រ័យសេចក្តីប្រាថ្នា សេចក្តីត្រេកអរ ទើបកើត​សេចក្តីជឿស៊ប់១ អាស្រ័យសេចក្តីជឿស៊ប់ ទើបកើតការហួរហែងទុក១ អាស្រ័យការហួង​ហែងទុក ទើបកើត​សេចក្តីកំណាញ់១ អាស្រ័យសេចក្តីកំណាញ់ ទើបកើត​ការរក្សាទុក១ អាស្រ័យនូវការរក្សាទុកជាហេតុហើយ ទើបអកុសលធម៌ទាំងឡាយដ៏លាមកជាច្រើន គឺ​ការកាន់ដំបង កាន់គ្រឿង​សស្ត្រាវុធ ឈ្លោះទាស់ទែង​ជជែកគ្នាថា ឯងៗ ទាំងនិយាយញុះ​ញង់ និយាយកុហក ក៏ប្រព្រឹត្តទៅ១។ ធម៌ទាំង​៩នេះ​ គួរលះបង់។

[៣៣០] ធម៌៩ ជាចំណែកនៃសេចក្តីវិនាស តើដូចម្តេចខ្លះ។ អាឃាតវត្ថុ (ហេតុនៃ​ការចងគំនុំ) ៩យ៉ាងគឺ បុគ្គល​ចងគំនុំ ដោយគិតថា អ្នកនេះ បានប្រព្រឹត្តអំពើ​មិនជា​ប្រយោជន៍ដល់អញហើយ១។ ចងគំនុំ ដោយគិតថា អ្នកនេះ កំពុងប្រព្រឹត្តអំពើ​មិនជា​ប្រយោជន៍ដល់អញ១។ ចងគំនុំ ដោយគិតថា អ្នកនេះនឹងប្រព្រឹត្តអំពើ​មិនជាប្រយោជន៍ ដល់អញ១។ ចងគំនុំ ដោយគិតថា អ្នកនេះបានប្រព្រឹត្តអំពើ​មិនជាប្រយោជន៍ ដល់បុគ្គល​ជាទីស្រឡាញ់ ជាទីគាប់ចិត្តរបស់អញហើយ១។ ចងគំនុំ ដោយគិតថា អ្នកនេះ កំពុងតែ​ប្រព្រឹត្តអំពើ​មិនជាប្រយោជន៍ ដល់បុគ្គល​ជាទីស្រឡាញ់ ជាទីគាប់ចិត្តរបស់អញហើយ១។ ចងគំនុំ ដោយគិតថា អ្នកនេះនឹងប្រព្រឹត្តអំពើ​មិនជាប្រយោជន៍ ដល់បុគ្គលជាទីស្រឡាញ់ ជាទីគាប់ចិត្តរបស់អញ១។ ចងគំនុំដោយគិតថា អ្នកនេះបានប្រព្រឹត្តអំពើ​ជាប្រយោជន៍ ដល់បុគ្គលមិន​ជាទីស្រឡាញ់ មិនជាទីគាប់ចិត្តរបស់អញហើយ១។ ចងគំនុំ ដោយគិតថា អ្នកនេះកំពុងតែ​ប្រព្រឹត្តអំពើ​ជាប្រយោជន៍ ដល់បុគ្គលមិន​ជាទីស្រឡាញ់ មិនជាទីគាប់ចិត្ត​របស់​អញ១។ ចងគំនុំ ដោយគិតថា អ្នកនេះនឹង​ប្រព្រឹត្តអំពើ​ជាប្រយោជន៍ ដល់បុគ្គល​មិនជាទីស្រឡាញ់ មិនជាទីគាប់ចិត្ត របស់អញ១។ ធម៌ទាំង៩នេះ ជាចំណែក​នៃសេចក្តី​វិនាស។

[៣៣១] ធម៌៩ ជាចំណែកវិសេស តើដូចម្តេចខ្លះ។ អាឃាតប្បដិវិន័យ (ហេតុសម្រាប់កំចាត់បង់​គំនុំ) ៩យ៉ាង គឺ បុគ្គល​កំចាត់​បង់គំនុំ ដោយគិតថា អ្នកនេះ បានប្រព្រឹត្តអំពើមិន​ជាប្រយោជន៍​ដល់​អាត្មាអញហើយ ព្រោះហេតុនោះ (បើ) អាត្មាអញ (ធ្វើតបទៅ) អ្នកនេះវិញ តើនឹងបានជាការអ្វី១។ បុគ្គល​កំចាត់​បង់នូវគំនុំ ដោយគិតថា អ្នកនេះ កំពុងប្រព្រឹត្តអំពើមិន​ជាប្រយោជន៍​ដល់​អាត្មាអញ ព្រោះហេតុនោះ (បើ) អាត្មា អញ (ធ្វើតបទៅ) អ្នកនេះវិញ តើនឹងបានជាការអ្វី១។ បុគ្គលកំចាត់បង់​នូវគំនុំ ដោយគិត​ថា អ្នកនេះ នឹងប្រព្រឹត្ត​អំពើមិនជាប្រយោជន៍​ដល់អាត្មាអញ ព្រោះហេតុ នោះ (បើ)​អាត្មា​អញ (ធ្វើតបទៅ) អ្នកនេះវិញ តើនឹងបានជាការ​អ្វី១។ បុគ្គល​កំចាត់​បង់នូវគំនុំ ដោយ​គិត​ថា អ្នកនេះ បានប្រព្រឹត្តអំពើមិន​ជាប្រយោជន៍ ដល់បុគ្គល​ជាទីស្រឡាញ់ ជាទីគាប់ចិត្ត​របស់អាត្មាអញហើយ ព្រោះហេតុនោះ (បើ) អាត្មាអញ (ធ្វើតបទៅ) អ្នកនេះវិញ តើនឹង​បាន​ជាការអ្វី១។​ បុគ្គលកំចាត់បង់នូវគំនុំ ដោយគិតថា អ្នកនេះកំពុងតែ​ប្រព្រឹត្តអំពើ​មិនជាប្រយោជន៍ ដល់​បុគ្គល​ជាទីស្រឡាញ់ ជាទីគាប់ចិត្តរបស់អាត្មាអញ ព្រោះហេតុ​នោះ (បើ) អាត្មាអញ (ធ្វើតបទៅ) អ្នកនេះវិញ តើនឹងបានជាការអ្វី១។ បុគ្គលកំចាត់បង់​នូវគំនុំ ដោយគិតថា អ្នកនេះនឹងប្រព្រឹត្តអំពើ​មិនជាប្រយោជន៍ ដល់បុគ្គល​ជាទីស្រឡាញ់ ជាទីគាប់ចិត្តរបស់អាត្មាអញ ព្រោះ​ហេតុនោះ (បើ) អាត្មាអញ (ធ្វើតបទៅ) អ្នកនេះវិញ តើនឹងបានជាការអ្វី១។ បុគ្គល​កំចាត់​បង់នូវគំនុំ ដោយគិតថា អ្នកនេះ បានប្រព្រឹត្តអំពើជា​ប្រយោជន៍ ដល់បុគ្គលមិនជាទីស្រឡាញ់ មិនជាទីគាប់ចិត្តរបស់អាត្មាអញហើយ ព្រោះ​ហេតុនោះ (បើ) អាត្មាអញ (ធ្វើតបទៅ) អ្នកនេះវិញ តើនឹងបាន​ជាការអ្វី១។ បុគ្គលកំចាត់​បង់​នូវគំនុំ ដោយគិតថា អ្នកនេះ កំពុងតែប្រព្រឹត្តអំពើជាប្រយោជន៍ ដល់បុគ្គល​មិន​ជាទី​ស្រឡាញ់ មិនជាទីគាប់ចិត្តរបស់អាត្មាអញ ព្រោះ​ហេតុនោះ (បើ) អាត្មាអញ (ធ្វើតបទៅ) អ្នកនេះវិញ តើនឹងបាន​ជាការអ្វី១។ បុគ្គលកំចាត់បង់នូវគំនុំ ដោយគិតថា អ្នកនេះ នឹងប្រព្រឹត្តអំពើជា​ប្រយោជន៍ ​ដល់បុគ្គល​មិនជាទី​ស្រឡាញ់ មិនជាទីគាប់ចិត្ត របស់​អាត្មា​អញ ព្រោះហេតុនោះ (បើ) អាត្មាអញ (ធ្វើតបទៅ) អ្នកនេះវិញ តើនឹងបាន​ជាការអ្វី១។ ធម៌ទាំង៩នេះ ជាចំណែកវិសេស។

[៣៣២] ធម៌៩ ដែលយល់បានដោយក្រ តើដូចម្តេចខ្លះ។ ធម៌ផ្សេងៗ៩យ៉ាង គឺ ផស្សៈផ្សេងៗ អាស្រ័យធាតុផ្សេងៗ ហើយទើបកើតឡើង១ វេទនាផ្សេងៗ អាស្រ័យផស្សៈផ្សេងៗ ហើយទើបកើតឡើង១ សញ្ញាផ្សេងៗ អាស្រ័យវេទនាផ្សេងៗ ហើយទើបកើតឡើង១ សេចក្តីត្រិះរិះ​ផ្សេងៗ អាស្រ័យសញ្ញាផ្សេងៗ ហើយទើប​កើត​ឡើង១ សេចក្តីប្រាថ្នាផ្សេងៗ អាស្រ័យសេចក្តីត្រិះរិះផ្សេងៗ ហើយទើបកើតឡើង១ សេចក្តីក្តៅក្រហាយផ្សេងៗ អាស្រ័យសេចក្តី​ប្រាថ្នាផ្សេងៗ ហើយទើបកើតឡើង១ ការស្វែងរកផ្សេងៗ អាស្រ័យសេចក្តីក្តៅក្រហាយផ្សេងៗ ហើយទើបកើតឡើង១ លាភ​ផ្សេងៗ អាស្រ័យការស្វែងរកផ្សេងៗ ហើយទើបកើតឡើង១ [ក្នុងពួកធម៌នេះ ថាមាន៩ប្រការ តែរាប់មើលទៅឃើញតែ៨វិញ មិនដឹងជាបាត់ត្រង់ទីណា បានយកគម្ពីរ​ជាច្រើន មកផ្ទៀងផ្ទាត់មើល ឃើញមានបាលីកែដូចគ្នាទាំងអស់។ តែបើតាមសេចក្តី​ចូលចិត្ត​របស់ក្រុមជំនុំថា គួរបន្ថែមកិរិយារក្សាផ្សេងៗ កើតឡើង ព្រោះអាស្រ័យ​លាភផ្សេងៗ មកទៀត ទើបគ្រប់ដូច នយលក្ខណៈខាងបាលី]។ ធម៌ទាំង៩នេះ យល់​បានដោយក្រ។

[៣៣៣] ធម៌៩ ដែលគួរឲ្យកើតឡើង តើដូចម្តេចខ្លះ។ សេចក្តីសំគាល់៩យ៉ាង គឺ​សេចក្តីសំគាល់​ថាមិនល្អ១ សេចក្តីសំគាល់ដោយមរណានុបស្សនាញាណ១ សេចក្តីសំគាល់ក្នុងអាហារថា ជារបស់គួរខ្ពើម១ សេចក្តីសំគាល់របស់បុគ្គល​អ្នកមិន​ត្រេក​អរ ​​ក្នុងលោកទាំងពួង១ សេចក្តីសំគាល់ថាមិនទៀង១ សេចក្តីសំគាល់​ក្នុងរបស់ដែល​មិន​ទៀង ថាជាទុក្ខ១ សេចក្តីសំគាល់ក្នុងរបស់ដែលជាទុក្ខ ថាមិនមែនជា​របស់​ខ្លួន១ សេចក្តី​សំគាល់​នូវរបស់ដែលត្រូវលះបង់១ សេចក្តីសំគាល់ថាគួរនឿយណាយ១។ ធម៌ទាំង៩នេះ គួរឲ្យ​កើតឡើង។

[៣៣៤] ធម៌៩ ដែលគួរដឹងច្បាស់ តើដូចម្តេចខ្លះ។ អនុបុព្វវិហារៈ (ធម៌ជាគ្រឿង​សម្រេច​សម្រាន្តនៅ តាមលំដាប់) ​៩យ៉ាង ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ ស្ងាត់ចាកកាម​ទាំងឡាយ ស្ងាត់ចាក​អកុសលធម៌ទាំងឡាយហើយ ក៏បានចូលដល់​បឋម​ជ្ឈាន ដែលប្រកប​ដោយ​វិតក្កៈ វិចារៈ និងបីតិ សុខៈ ដែលកើត​អំពីសេចក្តីស្ងប់ស្ងាត់១ លុះរម្ងាប់​វិតក្កៈ វិចារៈទាំងឡាយហើយ ក៏បានចូលទុតិយជ្ឈាន ជាទីផូរផង់ ប្រព្រឹត្ត​ទៅខាងក្នុង ក៏ញុំាងចិត្តជាសមាធិឲ្យកើតឡើង គ្មានវិតក្កៈ វិចារៈ មានតែបីតិ និងសុខៈ ដែល​កើត​អំពីសមាធិ១ លុះលះបង់បីតិចេញហើយ ជាបុគ្គលព្រងើយកន្តើយ ប្រកបដោយសតិ និងសម្បជញ្ញៈ សោយ​សុខដោយកាយផង ក៏បានចូលដល់​តតិយជ្ឈាន​ ដែលព្រះអរិយទាំងឡាយ តែងសំដែងថា បុគ្គលអ្នកបានតតិយជ្ឈាន រមែងជាអ្នកមានចិត្តព្រងើយ មានស្មារតី នៅជាសុខ ដូច្នេះ១ លុះលះបង់នូវសុខផង លះបង់នូវទុក្ខផង រំលត់នូវ​សោមនស្ស និងទោមនស្ស អំពីមុនផង ក៏បានចូលដល់​ចតុត្ថជ្ឈាន ឥតសុខ ឥតទុក្ខ មានតែសតិដ៏ស្អាតដោយឧបេក្ខា១ លុះកន្លង​បង់នូវ​រូបសញ្ញា រំលត់នូវ​បដិឃសញ្ញា មិនធ្វើ​ទុក​ក្នុង​ចិត្ត នូវ​នានត្តសញ្ញា ដោយប្រការទាំងពួង ហើយក៏បាន​ចូលដល់អាកាសានញ្ចាយតនជ្ឈាន ដោយបរិកម្មថា អាកាស​មិនមាន​ទីបំផុត​១ លុះកន្លងអាកាសានញ្ចាយតនជ្ឈាន ដោយប្រ​ការ​ទាំងពួងហើយ ក៏បានចូលដល់​វិញ្ញាណញ្ចាយតនជ្ឈាន ដោយបរិកម្មថា វិញ្ញាណ​មិនមាន​ទី​បំផុត១ លុះកន្លងបង់​នូវ​វិញ្ញាណញ្ចាយតនជ្ឈាន ដោយប្រ​ការ​ទាំងពួងហើយ ក៏បាន​ចូលដល់​អាកិញ្ចញ្ញាយតនជ្ឈាន ដោយ​បរិកម្មថា វត្ថុតិចតួច ​មិនមាន១ លុះកន្លងបង់នូវ​អាកិញ្ចញ្ញាយតនជ្ឈាន ដោយប្រ​ការ​ទាំងពួងហើយ ក៏បានចូលដល់​នេវសញ្ញា​នាសញ្ញា​យតនជ្ឈាន​១ លុះកន្លងបង់នូវនេវសញ្ញានាសញ្ញាយតនជ្ឈាន ដោយ​ប្រ​ការ​​ទាំងពួង​ហើយ ក៏បានចូលដល់​សញ្ញាវេទយិតនិរោធ១។ ធម៌ទាំង៩នេះ គួរដឹង​ច្បាស់។

[៣៣៥] ធម៌ទាំង៩ ដែល​គួរធ្វើឲ្យជាក់ច្បាស់ តើដូចម្តេចខ្លះ។ អនុបុព្វនិរោធ (ធម៌ជាគ្រឿង​រំលត់តាមលំដាប់) ​៩យ៉ាងគឺ ​បុគ្គល​ចូលកាន់បឋមជ្ឈាន រលត់កាមសញ្ញា១ ចូលកាន់​ទុតិយជ្ឈាន រលត់វិតក្កវិចារៈ១ ចូលកាន់តតិយជ្ឈាន រលត់បីតិ១ ចូលកាន់​ចតុត្ថជ្ឈាន រលត់អស្សាសៈ ​បស្សាសៈ១ ចូលកាន់​អាកាសានញ្ចាយតនជ្ឈាន រលត់​រូប​សញ្ញា១ ចូលកាន់​វិញ្ញាណញ្ចាយតនជ្ឈាន រលត់អាកាសានញ្ចាយតនសញ្ញា១ ​ចូលកាន់​អាកិញ្ចញ្ញាយតនជ្ឈាន រលត់វិញ្ញាណញ្ចាយតនសញ្ញា១ ចូលកាន់​នេវសញ្ញា​នាសញ្ញា​យតនជ្ឈាន រលត់អាកិញ្ចញ្ញាយតនសញ្ញា១ ចូលកាន់​សញ្ញាវេទយិតនិរោធ រលត់សញ្ញា និងវេទនា១។ ធម៌ទាំង​៩ នេះ គួរធ្វើឲ្យជាក់ច្បាស់។ ធម៌ទាំង៩០នេះ ជាធម៌ពិត ធម៌មែន ធម៌ទៀងទាត់ មិនប្រែប្រួល​ជាយ៉ាងដទៃឡើយ ដែលព្រះតថាគត​ បាន​ត្រាស់ដឹងហើយដោយប្រពៃ ដោយប្រការដូច្នេះ។

[៣៣៦] ធម៌១០ មានឧបការៈច្រើន ធម៌១០ គួរចំរើន ធម៌១០ គួរកំណត់ដឹង ធម៌១០ គួរលះបង់ ធម៌១០ជាចំណែក​នៃសេចក្តីវិនាស ធម៌១០ជាចំណែកវិសេស ធម៌១០​យល់បានដោយក្រ ធម៌១០គួរឲ្យកើតឡើង ធម៌១០គួរដឹងច្បាស់ ធម៌១០គួរធ្វើឲ្យជាក់​ច្បាស់។

[៣៣៧] ធម៌១០ មានឧបការៈច្រើន តើដូចម្តេចខ្លះ។ នាថករណធម៌ (ធម៌ធ្វើឲ្យ​ជា​ទីពឹង) ១០យ៉ាង ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកមានសីល សង្រួម​ក្នុង​បាតិមោក្ខសំវរៈ បរិបូណ៌​ដោយអាចារៈ និងគោចរ ជាអ្នកឃើញភ័យ​ ក្នុងទោស​ទាំងឡាយ សូម្បីបន្តិចបន្តួច សមាទានសិក្សា​ ក្នុងសិក្ខាបទទាំងឡាយ។ ម្នាលអាវុសោ​ទាំងឡាយ ភិក្ខុជាអ្នកមានសីល សង្រួម​ក្នុងបាតិមោក្ខសំវរៈ បរិបូណ៌​ដោយអាចារៈ និងគោចរ ជាអ្នកឃើញភ័យ​ក្នុងទោស​ទាំងឡាយ សូម្បីបន្តិចបន្តួច សមាទានសិក្សា​ក្នុងសិក្ខាបទ​ទាំងឡាយ នេះឯងជា ​នាថករណធម៌១។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុជាពហុស្សូត ចេះចាំនូវពុទ្ធវចនៈ ដែល​ខ្លួន​បានស្តាប់ហើយ សន្សំ​ទុក​នូវ​ពុទ្ធវចនៈ ដែលខ្លួន​បានស្តាប់ហើយ ធម៌ទាំងឡាយ មានលំអបទដើម មានលំអបទ​កណ្តាល មានលំអបទចុង ប្រកាស​នូវព្រហ្មចារ្យ ព្រមទាំងអត្ថ ព្រមទាំងព្យញ្ជនៈ ដ៏​បរិសុទ្ធ​ បរិបូណ៌​ទាំងអស់ ធម៌ទាំងឡាយ មានសភាពដូច្នេះ ភិក្ខុនោះឯង ក៏បានស្តាប់​ច្រើន បានចាំទុក ចាំរត់មាត់ ចាំជាប់ក្នុងចិត្ត ចាក់ធ្លុះល្អដោយទិដ្ឋិ។ ម្នាល​អាវុសោ​ទាំងឡាយ ភិក្ខុជា​ពហុស្សូត។បេ។ ចាក់ធ្លុះល្អដោយទិដ្ឋិ នេះឯងជា ​នាថករណធម៌ ១។ ម្នាល​អាវុសោ​ទាំង​ឡាយ មួយទៀត ភិក្ខុមានមិត្តល្អ មានសំឡាញ់​ល្អ មានបុគ្គល​ស្និទ្ធ​ស្នាល​ល្អ។ ម្នាល​អាវុសោ​ទាំងឡាយ ភិក្ខុមានមិត្រល្អ មានសំឡាញ់ល្អ មានបុគ្គល​ស្និទ្ធ​ស្នាល​ល្អ នេះឯងជា នាថករណធម៌១។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុជាអ្នក​ដែលគេប្រដៅងាយ ប្រកបដោយធម៌ ជាគ្រឿង​ធ្វើនូវ​ភាវៈជាអ្នកប្រដៅងាយ ជាអ្នកអត់ធន់ ទទួល​យក​នូវ​ពាក្យ​ប្រៀនប្រដៅ ដោយ​ចំណែក​ខាងស្តាំ។ ម្នាល​អាវុសោ​ទាំងឡាយ ភិក្ខុជាអ្នកដែល​គេ​ប្រដៅ​ងាយ ប្រកបដោយធម៌ ជាគ្រឿង​ធ្វើនូវ​ភាវៈជា​អ្នក​ប្រដៅ​ងាយ ជាអ្នកអំណត់ ទទួល​យកនូវពាក្យប្រៀនប្រដៅ ដោយ​ចំណែក​ខាងស្តាំ នេះឯងជា ​នាថករណធម៌១។ ម្នាលអាវុសោទាំងឡាយ មួយទៀត កិច្ចការណានីមួយ ធំ ឬតូច របស់​សព្រហ្មចារី​បុគ្គល​ទាំងឡាយ ភិក្ខុជាអ្នកប៉ិនប្រសប់ មិនខ្ជិលច្រអូស ក្នុង​កិច្ច​ការ​ទាំងនោះឡើយ ប្រកប​ដោយ​​ការពិចារណា ជាឧបាយក្នុងកិច្ចការទាំងនោះ ជាអ្នក​អាចធ្វើបាន អាច​ចាត់​ចែង​បាន។ ម្នាលអាវុសោទាំងឡាយ កិច្ចការណានីមួយ ធំឬតូច របស់​​សព្រហ្មចារីបុគ្គល​ទាំងឡាយ ភិក្ខុជាអ្នកប៉ិនប្រសប់ មិនខ្ជិលច្រអូស ក្នុងកិច្ច​ការ​ទាំង​នោះ​ឡើយ ប្រកប​ដោយ​​ការពិចារណា ជាឧបាយក្នុងកិច្ចការទាំងនោះ ជាបុគ្គល​អាច​ធ្វើ​បាន អាច​ចាត់​ចែង​បាន នេះឯងជា នាថករណធម៌១។ ម្នាលអាវុសោទាំងឡាយ មួយ​ទៀត ភិក្ខុមាន​សេចក្តី​ប្រាថ្នា​ក្នុងធម៌ [បានដល់ពុទ្ធវចនៈ គឺបិដក៣។] ជាអ្នកស្តាប់ដោយយកចិត្តទុកដាក់ ទាំង​ប្រាថ្នាប្រកាស​ប្រាប់ជនឯទៀត ដោយខ្លួនឯង ជាអ្នកច្រើនដោយសេចក្តី​ត្រេកអរដ៏ទន់ ក្នុងអភិធម្ម [បានដល់ព្រះអភិធម្មទាំង៧គម្ពីរ មានធម្មសង្គណីជាដើម។ ន័យ១ទៀត ថា មគ្គនិងផល ហៅថា អភិធម្ម។] ក្នុងអភិវិន័យ[បានដល់ខន្ធកបរិវារៈ។ ន័យ១ទៀត ថា ការធ្វើ​ឲ្យកិលេស​ស្ងប់រម្ងាប់ ហៅថា អភិវិន័យ។ (សង្គីតិសុត្តវណ្ណនា)។]។ ម្នាល​អាវុសោ​ទាំងឡាយ កាលដែលភិក្ខុ​មាន​សេចក្តី​ប្រាថ្នា​ក្នុងធម៌ ជាអ្នកស្តាប់ ដោយយកចិត្តទុកដាក់ ទាំងប្រាថ្នាប្រកាសប្រាប់​ជនឯទៀត ដោយ​ខ្លួនឯង ជាអ្នកច្រើនដោយសេចក្តីត្រេកអរ​ដ៏ទន់ ក្នុងអភិធម្ម ក្នុងអភិវិន័យ នេះឯងជា នាថករណធម៌​១។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុជា​អ្នក​សន្តោស​ដោយ​ចីវរ បិណ្ឌបាត សេនាសនៈ និង​គ្រឿងបរិក្ខារ គឺថ្នាំជាបច្ច័យ​សម្រាប់​អ្នកជម្ងឺ តាមមាន តាមបាន។ ម្នាលអាវុសោទាំងឡាយ ភិក្ខុ​អ្នកសន្តោសដោយចីវរ បិណ្ឌបាត សេនាសនៈ និងគ្រឿង​បរិក្ខារគឺ ថ្នាំជាបច្ច័យ​សម្រាប់ អ្នកជម្ងឺ តាមមាន តាមបាន នេះឯងជា នាថករណធម៌១។ ម្នាលអាវុសោទាំងឡាយ មួយ​ទៀត ភិក្ខុជាអ្នកតាំង​ផ្តើម​សេចក្តីព្យាយាម ដើម្បីលះបង់អកុសលធម៌ទាំងឡាយ ដើម្បីធ្វើ​កុសលធម៌​ទាំងឡាយ ឲ្យបរិបូណ៌ ជាអ្នកមានកំឡាំង មានសេចក្តីប្រឹងប្រែងមាំមួន មិនដាក់ធុរៈក្នុងកុសលធម៌​ទាំងឡាយ។ ម្នាលអាវុសោទាំងឡាយ ការដែលភិក្ខុជាអ្នកផ្តើមសេចក្តីព្យាយាម។បេ។ នេះឯងជា នាថករណធម៌១។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុជាអ្នកមានស្មារតី ប្រកប​ដោយ​ (ការតាំង) ស្មារតី និងភាវៈជាអ្នក​មានប្រាជ្ញាចាស់ក្លាដ៏ខ្ពង់ខ្ពស់ នឹកឃើញ​នូវ​អំពើដែល​ខ្លួន​ធ្វើរួច​យូរហើយផង នូវសំដីដែលខ្លួន​និយាយ​យូរ​ហើយផង។ ម្នាល​អាវុសោ​ទាំង​ឡាយ ភិក្ខុជាអ្នកមានស្មារតី ប្រកបដោយការតាំង​ស្មារតី និងភាពជាអ្នក​មាន​ប្រាជ្ញា​ចាស់ក្លា​ដ៏ខ្ពង់ខ្ពស់ នឹកឃើញ​នូវអំពើ​ដែលខ្លួន​ធ្វើរួចយូរហើយផង នូវសំដីដែលខ្លួន​និយាយ​យូរ​ហើយផង នេះឯងជា នាថករណធម៌១។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុជាអ្នកមានប្រាជ្ញា ប្រកបដោយប្រាជ្ញា ដែលអាច​កំណត់​នូវការកើតឡើង និងការ​វិនាសទៅ (នៃខន្ធបញ្ចកៈ) ជាគ្រឿងទំលាយនូវកិលេសដ៏ប្រសើរ ជាធម្មជាតិ ដល់នូវ​កិរិយា​​អស់ទៅនៃទុក្ខដោយប្រពៃ។ ម្នាលអាវុសោទាំងឡាយ ភិក្ខុជាអ្នកមានប្រាជ្ញា​។បេ។ ជាធម្មជាតិ ដល់នូវកិរិយាអស់​ទៅ នៃទុក្ខដោយប្រពៃ នេះឯងជា នាថករណធម៌១។ ធម៌ទាំង១០នេះ មានឧបការៈច្រើន។

[៣៣៨] ធម៌១០ ដែលគួរចំរើន តើដូចម្តេចខ្លះ។ កសិណាយតនៈ (ខេត្ត ឬទីតាំង​របស់ពួក​ធម៌ ដែល​មានកសិណជាអារម្មណ៍) មាន១០យ៉ាង គឺ បុគ្គលពួកមួយ ស្គាល់ច្បាស់ នូវ​បឋវីកសិណ ខាងលើ [កសិណដែលត្រូវចំរើនងើយមើលទៅខាងលើ​អាកាស។] ខាងក្រោម [កសិណដែលត្រូវចំរើនដាក់មុខមករកផ្ទៃ​ផែនដី។] និងទទឹង [កសិណ​ដែលត្រូវចំរើន​ជុំវិញ​ខេត្តមណ្ឌល (សង្គីតិសុត្តវណ្ណនា)។] ជាកសិណតែបែបមួយ ឥតមានលាយឡំ (នឹងកសិណ​ឯទៀត) មានការផ្សាយ និងប្រមាណមិនបាន១។ បុគ្គលពួក​មួយ ស្គាល់ច្បាស់នូវអាបោកសិណ១។ បុគ្គលពួក​មួយ ស្គាល់ច្បាស់នូវតេជោ​កសិណ១។ បុគ្គលពួក​មួយ ស្គាល់ច្បាស់នូវវាយោកសិណ១។ បុគ្គលពួក​មួយ ស្គាល់​ច្បាស់ នូវនីលកសិណ១។ បុគ្គលពួក​មួយ ស្គាល់ច្បាស់នូវបីតកសិណ១។ បុគ្គល​ពួក​មួយ ស្គាល់ច្បាស់នូវលោហិតកសិណ១។ បុគ្គលពួក​មួយ ស្គាល់ច្បាស់នូវឱទាតកសិណ១។ បុគ្គល​ពួក​មួយ ស្គាល់ច្បាស់នូវអាកាសកសិណ១។ បុគ្គលពួក​មួយ ស្គាល់ច្បាស់នូវ​វិញ្ញាណកសិណ ខាងលើ ខាងក្រោម និងទទឹង ជាកសិណ​តែបែបមួយ ឥតមានលាយឡំ (នឹងកសិណឯទៀត) ហើយមានការផ្សាយ និង​ប្រមាណមិនបាន១។ ធម៌ទាំង១០នេះ គួរចំរើន។

[៣៣៩] ធម៌១០ ដែលគួរកំណត់ដឹង តើដូចម្តេចខ្លះ។ អាយតនៈ (ហេតុជា​ទី​កើត​នៃ​ចិត្ត) ១០គឺ ភ្នែក ជាកន្លែងកើតចិត្ត១ រូបជាកន្លែងកើតចិត្ត១ ត្រចៀក ជាកន្លែងកើតចិត្ត១ សម្លេងជាកន្លែងកើតចិត្ត១ ច្រមុះជាកន្លែងកើតចិត្ត១ ក្លិន​ជាកន្លែងកើតចិត្ត១ អណ្តាត ជាកន្លែងកើតចិត្ត១ រស ជាកន្លែងកើតចិត្ត១ កាយ ជាកន្លែងកើតចិត្ត១ ផោដ្ឋព្វៈជាកន្លែងកើតចិត្ត១។ ធម៌ទាំង១០នេះ គួរកំណត់ដឹង។

[៣៤០] ធម៌១០ដែលគួរលះបង់ តើដូចម្តេចខ្លះ។ សភាពដែលខុស១០យ៉ាងគឺ ការយល់ខុស១ ការត្រិះរិះខុស១ ពោលពាក្យខុស១ ការងារខុស១ ចិញ្ចឹមជីវិតខុស១ សេចក្តីព្យាយាមខុស១ ការរលឹកខុស១ ការតាំងចិត្តខុស១ ការដឹងខុស១ ការរួច​ខុស១។ ធម៌ទាំង១០នេះ គួរលះបង់។

[៣៤១] ធម៌១០ ជាចំណែកនៃសេចក្តីវិនាស តើដូចម្តេចខ្លះ។ គន្លងនៃអកុសលកម្ម​១០យ៉ាង គឺ ការសម្លាប់សត្វ១ លួចទ្រព្យគេ១ ប្រព្រឹត្តខុសក្នុងកាមទាំងឡាយ១ ពោលពាក្យ​កុហក១ ពោលពាក្យញុះញង់១ ពោលពាក្យទ្រគោះ១ ពោលពាក្យ​ឥត​ប្រយោជន៍១ ចិត្តគិតសំឡឹងរំពៃ បង្អោន​ទ្រព្យអ្នកដទៃ មកជាទ្រព្យរបស់ខ្លួន១ ចិត្តគុំកួន១ ការយល់ខុស១។ ធម៌ទំាង១០នេះ ជាចំណែក​នៃសេចក្តី​វិនាស។

[៣៤២] ធម៌១០ ដែលជាចំណែក​វិសេស តើដូចម្តេចខ្លះ។ គន្លងនៃកុសលកម្ម​១០យ៉ាង គឺ ចេតនាជាហេតុវៀរចាកការសម្លាប់សត្វ១ វៀរចាកការលួចទ្រព្យគេ១ វៀរចាកការប្រព្រឹត្តខុសក្នុងកាមទាំងឡាយ១ វៀរចាកការពោលពាក្យ​កុហក១ វៀរចាកការពោលពាក្យញុះញង់១ វៀរចាកការពោលពាក្យទ្រគោះ១ វៀរចាក​ការ​ពោលពាក្យរោយរាយឥតប្រយោជន៍១ ចិត្តមិនសំឡឹងរំពៃ បង្អោន​ទ្រព្យ​អ្នកដទៃ មកជាទ្រព្យរបស់ខ្លួន១ ចិត្តមិនគំកួន១ ការយល់ត្រូវ១។ ធម៌ទំាង១០នេះ ជាចំណែកវិសេស។

[៣៤៣] ធម៌ទាំង១០ ដែលយល់បានដោយក្រ តើដូចម្តេចខ្លះ។ ធម៌ជាគ្រឿង​នៅ​អាស្រ័យ​របស់អរិយៈ ១០យ៉ាង ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកលះបង់អង្គប្រាំ១ ប្រកប​ដោយឆឡង្គុបេក្ខា១ ជាអ្នករក្សាធម៌តែមួយ១ មាន​ធម៌​ជាបង្អែក៤យ៉ាង១ ជាអ្នកកំចាត់បង់នូវសច្ចធម៌ដោយឡែក១ ជាអ្នកលះបង់ដោយប្រពៃ នូវការស្វែងរក១ មានសេចក្តីត្រិះរិះមិនសៅហ្មង១ មានកាយសង្ខារ​ស្ងប់រម្ងាប់១ មាន​ចិត្ត​រួចស្រឡះ​ហើយដោយល្អ១ មានប្រាជ្ញាដឹងថា ចិត្តរួចស្រឡះដោយល្អ១។ ម្នាលអាវុសោ​ទាំងឡាយ ចុះភិក្ខុជាអ្នកលះបង់អង្គ៥ តើដូចម្តេច។ ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុង​សាសនា​នេះ ជាអ្នកលះបង់កាមច្ឆន្ទៈ១ លះបង់​ព្យាបាទ១ លះបង់ថីនមិទ្ធៈ១ លះបង់​ឧទ្ធច្ចកុក្កុច្ចៈ១ លះបង់វិចិកិច្ឆា១។ ម្នាលអាវុសោទាំងឡាយ ភិក្ខុលះបង់​អង្គ៥ ដោយ​អាការ​យ៉ាងនេះឯង។ ម្នាល​អាវុសោទាំងឡាយ ចុះភិក្ខុប្រកបដោយឆឡង្គុបេក្ខា តើដូចម្តេច។ ម្នាលអាវុសោ​ទាំង​ឡាយ ភិក្ខុក្នុងសាសនានេះ បានឃើញរូប​ដោយភ្នែក​ហើយ ជាអ្នក​មិនមាន​សោមនស្ស មិនមាន​​ទោមនស្ស ជាបុគ្គល​ព្រងើយ ប្រកប​ដោយសតិ និង​សម្បជញ្ញៈ។ បានឮសំឡេង​ដោយ​ត្រចៀក។ បានធុំក្លិន​ដោយច្រមុះ។ បាន​ទទួល​រស​ដោយ​អណ្តាត។ បានពាល់ត្រូវ​ផោដ្ឋព្វៈ​ដោយ​​កាយ។ បានដឹងធម្មារម្មណ៍​ដោយចិត្តហើយ ជាអ្នកមិនមានសោមនស្ស មិនមាន​ទោមនស្ស ជាអ្នក​ព្រងើយ ប្រកប​ដោយ​សតិ និងសម្បជញ្ញៈ។ ម្នាលអាវុសោទាំងឡាយ ភិក្ខុប្រកបដោយ​ឆឡង្គុបេក្ខា ដោយអាការ​យ៉ាង​នេះឯង។ ម្នាលអាវុសោទាំងឡាយ ចុះភិក្ខុរក្សា​ធម៌តែមួយ តើ​ដូច​ម្តេច។ ម្នាល​អាវុសោ​ទាំងឡាយ ភិក្ខុក្នុងសាសនានេះ ប្រកបដោយ​ចិត្ត មានសតិជាគ្រឿង​រក្សាទុក។ ម្នាល​អាវុសោទាំងឡាយ ភិក្ខុ​រក្សាធម៌​តែមួយ ដោយអាការ​យ៉ាងនេះឯង។ ម្នាល​អាវុសោ​ទាំង​ឡាយ ចុះភិក្ខុមានធម៌ ជាបង្អែក​៤យ៉ាង តើដូចម្តេច។ ម្នាលអាវុសោ​ទាំង​ឡាយ ភិក្ខុក្នុងសាសនានេះ ពិចារណាហើយ ទើប​សេពរបស់ដែល​គួរសេព១ ពិចារណាហើយ ទើប​​អត់សង្កត់របស់ដែលគួរអត់សង្កត់១ ពិចារណាហើយ ទើប​វៀររបស់ដែលគួរវៀរ១ ពិចារណា​ហើយ ទើប​បន្ទោបង់របស់ ដែល​គួរ​បន្ទោបង់១។ ម្នាលអាវុសោទាំងឡាយ ភិក្ខុមាន​បង្អែក​៤យ៉ាង ដោយ​អាការយ៉ាងនេះឯង។ ម្នាល​អាវុសោ​ទាំងឡាយ ចុះភិក្ខុ​ជា​អ្នក​កំចាត់​បង់នូវសច្ចធម៌ដោយឡែក តើដូចម្តេច។ ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ បាននាំចេញ បន្ទោបង់ លះចោល ខ្ជាក់ចោល ស្រាយចេញ លះបង់ ផ្តាច់ផ្តិលនូវសច្ចៈ ដ៏ផ្សេងគ្នាជាច្រើន របស់​សមណៈ និងព្រាហ្មណ៍ដ៏ច្រើន។ ម្នាល​អាវុសោ​ទាំង​ឡាយ ភិក្ខុជាអ្នកកំចាត់បង់នូវសច្ចធម៌ដោយ​ឡែក ដោយ​អាការ​យ៉ាងនេះឯង។ ម្នាលអាវុសោទាំងឡាយ ចុះភិក្ខុជាអ្នកលះបង់​ដោយប្រពៃ នូវការស្វែងរក តើដូចម្តេច។ ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកលះបង់​​ការស្វែងរកកាម លះបង់​ការស្វែងរកភព លះបង់​ការស្វែងរកព្រហ្មចារ្យ​ចេញហើយ។ ម្នាលអាវុសោទាំងឡាយ ភិក្ខុជាអ្នកលះបង់ដោយប្រពៃ នូវការស្វែងរក ដោយ​អាការ​យ៉ាងនេះឯង។ ម្នាល​អាវុសោ​ទាំងឡាយ ចុះភិក្ខុមានសេចក្តីត្រិះរិះ​មិនបាន​សៅហ្មង តើដូចម្តេច។ ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នក​លះបង់​សេចក្តី​ត្រិះរិះ​ក្នុងកាម លះបង់​សេចក្តីត្រិះរិះ​ក្នុងការព្យាបាទ លះបង់សេចក្តី​ត្រិះរិះ ក្នុង​ការ​បៀតបៀន។ ម្នាលអាវុសោទាំងឡាយ ភិក្ខុមានសេចក្តីត្រិះរិះមិនបានសៅហ្មង ដោយ​អាការយ៉ាង​នេះឯង។ ម្នាលអាវុសោទាំងឡាយ ចុះភិក្ខុមានកាយសង្ខារ​ស្ងប់រម្ងាប់ហើយ តើដូចម្តេច។ ម្នាល​អាវុសោ​ទាំង​ឡាយ ភិក្ខុក្នុងសាសនានេះ ព្រោះបាន​លះបង់សុខផង លះបង់ទុក្ខផង ព្រោះ​រំលត់​នូវ​សោមនស្ស និងទោមនស្ស ក្នុងកាលមុនផង ហើយក៏បានចូលចតុត្ថជ្ឈាន ដែលគ្មានទុក្ខ គ្មាន​សុខ មានតែឧបេក្ខា និងសតិដ៏បរិសុទ្ធ។ ម្នាលអាវុសោទាំងឡាយ ភិក្ខុមានកាយសង្ខារ​ស្ងប់​រម្ងាប់​ហើយ ដោយអាការ​យ៉ាង​នេះឯង។ ម្នាលអាវុសោទាំងឡាយ ចុះភិក្ខុមានចិត្ត​រួចស្រឡះ​ហើយ​ដោយល្អ តើដូច​ម្តេច។ ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុង​សាសនា​នេះ មាន​ចិត្តរួចស្រឡះហើយចាក​រាគៈ មានចិត្តរួចស្រឡះហើយចាក​ទោសៈ មានចិត្ត​រួចស្រឡះ​ហើយ​ចាក​មោហៈ។ ម្នាល​អាវុសោ​ទាំងឡាយ ភិក្ខុមាន​ចិត្តរួច​ស្រឡះ​ហើយ​ដោយ​ល្អ ដោយអាការយ៉ាងនេះឯង។ ម្នាលអាវុសោទាំងឡាយ ចុះភិក្ខុមានប្រាជ្ញាដឹងថា ចិត្តរួច​ស្រឡះ​ហើយដោយល្អ តើដូច​ម្តេច។ ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ ដឹង​ច្បាស់​ថា រាគៈ អាត្មាអញ​បាន​លះបង់ហើយ គាស់រំលើង​ឫស​ចេញហើយ ធ្វើឲ្យលែង​កើត​ទៀត ដូចដើមត្នោត (កំបុត​ ក) ហើយ ធ្វើមិនឲ្យមានទៀត មិនឲ្យកើតតទៅទៀតជាធម្មតា។ ដឹងច្បាស់​ថា ទោសៈ អាត្មាអញ បានលះបង់ហើយ។បេ។ មោហៈ អាត្មាអញ បានលះបង់​ហើយ គាស់រំលើង​ឫស​ចេញហើយ ធ្វើឲ្យលែង​កើតទៀត ដូចជា​ដើម​ត្នោត (កំបុត​ ក) ហើយ ធ្វើមិន​ឲ្យមាន​ទៀត មិនឲ្យកើតតទៅទៀតជាធម្មតា។ ម្នាលអាវុសោទាំងឡាយ ភិក្ខុមានប្រាជ្ញា​ដឹង​ថា ចិត្ត​រួច​ស្រឡះ​ហើយដោយល្អ ដោយអាការ​យ៉ាង​នេះឯង។ ធម៌ទាំង១០នេះ យល់បាន​ដោយក្រ។

[៣៤៤] ធម៌១០ ដែលគួរឲ្យកើតឡើង តើដូចម្តេចខ្លះ។ សេចក្តីសំគាល់​១០យ៉ាង គឺសេចក្តី​សំគាល់​ថាមិនល្អ១ សេចក្តីសំគាល់ចំពោះមរណៈ១ សេចក្តីសំគាល់ក្នុងអាហារថា ជារបស់​គួរ​ខ្ពើម១ សេចក្តីសំគាល់របស់បុគ្គល​ជាអ្នកមិន​ត្រេកអរ ក្នុងលោកទាំងពួង១ សេចក្តីសំគាល់ថា មិន​ទៀង១ សេចក្តីសំគាល់ ក្នុងរបស់​ដែល​មិនទៀង ថាជាទុក្ខ១ សេចក្តីសំគាល់ ក្នុង​របស់​ដែល​​ជា​ទុក្ខ ថាមិនមែន​របស់ខ្លួន១ សេចក្តីសំគាល់នូវរបស់ដែល​ត្រូវលះបង់១ សេចក្តី​សំគាល់​ថា គួរនឿយណាយ១ សេចក្តីសំគាល់ថា រលត់ទៅនៃកងទុក្ខ១។ ធម៌ទាំង១០នេះ គួរឲ្យ​កើត​ឡើង។

[៣៤៥] ធម៌១០ ដែលគួរដឹងច្បាស់ តើដូចម្តេចខ្លះ។ ហេតុនៃសេចក្តីសាបសូន្យ​១០គឺ បុគ្គល​មាន​គំនិត​យល់ត្រូវហើយ ការយល់ខុស ក៏សាបសូន្យអស់ ទាំងអកុសល​ធម៌ ដ៏លាមក​ច្រើន​យ៉ាង ដែលកើតឡើង ព្រោះការយល់ខុស ជាបច្ច័យ ក៏សាបសូន្យទៅដែរ ឯកុសលធម៌ដ៏ច្រើន ក៏​ដល់​នូវការ​ចំរើន បរិបូណ៌ឡើង ព្រោះគំនិត​យល់ត្រូវជាបច្ច័យ១។ បុគ្គល​មាន​សេចក្តី​ត្រិះរិះ​ត្រូវ​ហើយ សេចក្តីត្រិះរិះខុស ក៏សាបសូន្យអស់ ទាំងអកុសល​ធម៌ ដ៏លាមកច្រើនយ៉ាង ដែល​កើត​ឡើង ព្រោះសេចក្តីត្រិះរិះខុស ជាបច្ច័យ ក៏សាបសូន្យ​ទៅដែរ ឯកុសលធម៌ដ៏ច្រើន ក៏ដល់​នូវ​ការ​ចំរើន បរិបូណ៌ឡើង ព្រោះសេចក្តី​ត្រិះរិះត្រូវ ជាបច្ច័យ១។ បុគ្គលមានវាចាត្រូវហើយ វាចាខុស ក៏សាបសូន្យទៅអស់ ទាំងអកុសល​ធម៌ ដ៏លាមក​ច្រើន​យ៉ាង ដែលកើតឡើង ព្រោះវាចាខុស ជាបច្ច័យ ក៏សាបសូន្យទៅដែរ ឯកុសលធម៌ច្រើន ក៏ដល់នូវការចំរើន បរិបូណ៌ឡើង ព្រោះវាចា​ត្រូវ ជាបច្ច័យ១។ បុគ្គល​មានការងារត្រូវហើយ ការងារខុស ក៏សាបសូន្យទៅអស់ ទាំងអកុសល​ធម៌ ដ៏លាមក​ច្រើនយ៉ាង ដែលកើតឡើង ព្រោះការងារខុស ជាបច្ច័យ ក៏សាបសូន្យទៅដែរ ឯកុសលធម៌​ដ៏​ច្រើន ក៏ដល់នូវការចំរើន បរិបូណ៌ឡើង ព្រោះការងារត្រូវ ជាបច្ច័យ១។ បុគ្គល​មានការ​ចិញ្ចឹម​ជីវិត​ត្រូវហើយ ការចិញ្ចឹមជីវិតខុស ក៏សាបសូន្យអស់ ទាំងអកុសល​ធម៌ ដ៏លាមកច្រើនយ៉ាង ដែល​កើតឡើង ព្រោះការចិញ្ចឹមជីវិតខុស ជាបច្ច័យ ក៏សាបសូន្យទៅដែរ ឯកុសលធម៌ដ៏ច្រើន ក៏ដល់នូវ​ការចំរើន បរិបូណ៌ឡើង ព្រោះការចិញ្ចឹមជីវិតត្រូវ ជាបច្ច័យ១។ បុគ្គលដែល​មាន​ព្យាយាម​ត្រូវហើយ សេចក្តីព្យាយាមខុស ក៏សាបសូន្យអស់ ទាំងអកុសល​ធម៌ ដ៏លាមក​ច្រើន​យ៉ាង ដែលកើត​ឡើង ព្រោះសេចក្តីព្យាយាមខុស ជាបច្ច័យ ក៏សាបសូន្យទៅដែរ ឯកុសលធម៌ដ៏ច្រើន​ប្រការ ក៏ដល់​នូវសេចក្តីចំរើន បរិបូណ៌ឡើង ព្រោះសេចក្តីព្យាយាមត្រូវ ជា​បច្ច័យ១។ បុគ្គលមានការរលឹកត្រូវហើយ ការរលឹកខុស ក៏សាបសូន្យអស់ ទាំងអកុសល​ធម៌ ដ៏លាមក​​ច្រើនប្រការ ដែលកើតឡើង ព្រោះការរលឹក​ខុស ជាបច្ច័យ ក៏សាបសូន្យទៅដែរ ឯ​កុសលធម៌​ដ៏ច្រើនប្រការ ក៏ដល់នូវការចំរើន បរិបូណ៌ឡើង ព្រោះការរលឹកត្រូវ ជាបច្ច័យ១។ បុគ្គលដែលមានការស្មឹងស្មាធិ៍ត្រូវហើយ ការស្មឹងស្មាធិ៍ខុស ក៏សាបសូន្យ​ទៅ​អស់ ទាំង​អកុសល​ធម៌ ដ៏លាមកច្រើនប្រការ ដែលកើតឡើង ព្រោះការស្មឹងស្មាធិ៍ខុស ជា​បច្ច័យ ក៏សាប​សូន្យ​ទៅដែរ ឯកុសលធម៌​ច្រើនប្រការ ក៏ដល់នូវសេចក្តីចំរើន បរិបូណ៌ឡើង ព្រោះ​ការ​ស្មឹងស្មាធិ៍​ត្រូវ ជាបច្ច័យ១។ បុគ្គលដែលមានកិរិយាដឹងត្រូវហើយ កិរិយាដឹងខុស ក៏សាបសូន្យទៅអស់ ទាំងអកុសល​ធម៌ ដ៏លាមកច្រើនប្រការ ដែលកើតឡើង ព្រោះ​កិរិយា​ដឹងខុស ជាបច្ច័យ ក៏សាបសូន្យ​ទៅដែរ ឯកុសលធម៌ដ៏ច្រើន​ប្រការ ក៏ដល់នូវការចំរើន បរិបូណ៌​ឡើង ព្រោះកិរិយាដឹងត្រូវ ជាបច្ច័យ១។ បុគ្គលមានកិរិយារួចត្រឹមត្រូវហើយ កិរិយារួចខុស ក៏​សាបសូន្យ​ទៅអស់ ទាំងអកុសល​ធម៌ ដ៏លាមកច្រើនប្រការ ដែលកើតឡើង ព្រោះ​កិរិយា​រួចខុស ជាបច្ច័យ ក៏សាបសូន្យទៅដែរ ឯកុសលធម៌ច្រើនប្រការ ក៏ដល់នូវការចំរើន បរិបូណ៌​ឡើង ព្រោះកិរិយារួចត្រូវ ជាបច្ច័យ១។ ធម៌ទាំង១០នេះ គួរដឹងច្បាស់។

[៣៤៦] ធម៌១០គួរធ្វើឲ្យជាក់ច្បាស់ តើដូចម្តេចខ្លះ។ ធម៌ជារបស់អសេក្ខៈ១០យ៉ាង គឺ សម្មាទិដ្ឋិ ជារបស់អសេក្ខៈ១ សម្មាសង្កប្បៈ ជារបស់អសេក្ខៈ១ សម្មាវាចា ជារបស់អសេក្ខៈ១ សម្មាកម្មន្តៈ ជារបស់អសេក្ខៈ១ សម្មាអាជីវៈ ជារបស់អសេក្ខៈ១ សម្មាវាយាមៈ ជារបស់អសេក្ខៈ១ សម្មាសតិ ជារបស់អសេក្ខៈ១ សម្មាសមាធិ ជារបស់​អសេក្ខៈ១ សម្មាញាណ ជារបស់អសេក្ខៈ១ សម្មាវិមុត្តិ ជារបស់អសេក្ខៈ១។ ធម៌​ទាំង​១០នេះ គួរធ្វើ​ឲ្យជាក់ច្បាស់។ ធម៌ទាំង១០០នេះ ជាធម៌ពិត ធម៌​មែន ធម៌ទៀងទាត់ មិនប្រែប្រួលជាយ៉ាងដទៃឡើយ ដែលព្រះតថាគត​ត្រាសដឹង​ហើយ​ដោយ​ប្រពៃ ដោយ​ប្រការដូច្នេះ។ លុះព្រះសារីបុត្រមានអាយុ បានសំដែង​សូត្រ​នេះ​ចប់​ហើយ។ ភិក្ខុ​ទាំងនោះ ក៏​មានចិត្តត្រេកអរ រីករាយ ចំពោះភាសិត របស់ព្រះសារីបុត្ត​ដ៏មាន​អាយុ។

ចប់ ទសុត្តរសូត្រ ទី១១។

ចប់ បាដិកវគ្គ តែប៉ុណ្ណេះ។

បញ្ជីឈ្មោះសូត្រនៃ បាដិកវគ្គ នោះ ដូច្នេះគឺ

បាដិកសូត្រ ១ ឧទុម្ពរិកសូត្រ ១ ចក្កវត្តិសូត្រ ១ អគ្គញ្ញសូត្រ ១ សម្បសាទនីយសូត្រ ១ បាសាទិកសូត្រ ១ លក្ខណសូត្រ ១ សិង្គាលកសូត្រ ១ អាដានាដិយសូត្រ ១ សង្គីតិសូត្រ ១ និងទសុត្តរសូត្រ ១ រួមត្រូវជា ១១សូត្រ។

ចប់ គម្ពីរទីឃនិកាយ ប្រដាប់ដោយសូត្រ ៣៤។

និកាយណា សង្គ្រោះដោយសូត្រ៣៤ និងវគ្គ៣ និកាយនុ៎ះ ឈ្មោះថា ទីឃនិកាយ ជា​និកាយអនុលោម​ដំបូង។ ចុះនិកាយនោះ ដែលលោកហៅថា ទីឃនិកាយ តើព្រោះ​ហេតុអ្វី។ បានជាលោកហៅថា ទីឃនិកាយ ព្រោះជាទីប្រជុំ ជាទីនៅអាស្រ័យ ជាទី​ប្រជុំរួបរួម​ នៃសូត្រទាំងឡាយ ដែលមានប្រមាណវែងៗ។

ចប់ ភាគ១៩។

សូមអនុមោទនា !!!

Oben-pfeil