ភាគទី៥
ខ្ញុំសូមនមស្ការ ចំពោះព្រះដ៏មានព្រះភាគ ជាអរហន្តសម្មាសម្ពុទ្ធនោះ។
បារាជិកទី១
[១] សម័យនោះ ព្រះសម្ពុទ្ធដ៏មានព្រះភាគទ្រង់សម្រេចឥរិយាបថនៅក្នុងជេតវនារាម របស់អនាថបិណ្ឌិកសេដ្ឋី ក្បែរក្រុងសាវត្ថី។ សម័យនោះឯង មានបុរសម្នាក់ឈ្មោះសាឡ្ហ ជាចៅនៃមិគារមាតា[ជាឈ្មោះនាងវិសាខា។ ក្នុងអដ្ឋកថា ធម្មបទថា ឪពុកក្មេកនាងវិសាខាឈ្មោះមិគារសេដ្ឋី ៗកាលដម្បូងឡើយ ជាមិច្ឆាទិដ្ឋិ ដល់មកថ្ងៃក្រោយ បានស្តាប់ធម៌ព្រះដ៏មានព្រះភាគ ក៏មានសេចក្តីជ្រះថ្លា បានសុំនាងវិសាខាធ្វើជាម្តាយ ហេតុនេះ ទើបគេហៅនាងវិសាខានោះថា មិគារមាតាៗ។] មានសេចក្តីប្រាថ្នានឹងសាងវិហារ (ប្រគេន) ភិក្ខុនីសង្ឃ។ ទើបសាឡ្ហ ជាចៅមិគារមាតា (នោះ) ចូលទៅរកភិក្ខុនីទាំងឡាយ ហើយនិយាយពាក្យនេះថា បពិត្រលោកម្ចាស់ ខ្ញុំប្រាថ្នានឹងសាងវិហារ (ប្រគេន) ភិក្ខុនីសង្ឃ សូមលោកម្ចាស់ទាំងឡាយ ចាត់ភិក្ខុនីដែលជាអ្នកចេះត្រួតត្រានវកម្មឲ្យខ្ញុំ។ សម័យនោះឯង មានស្រីជាបងប្អូនគ្នា៤នាក់ ឈ្មោះ នន្ទា១ នន្ទវតី១ សុន្ទរីនន្ទា១ ថុល្លនន្ទា១ បានមកបួសក្នុងសំណាក់ពួកភិក្ខុនី។ បណ្តាភិក្ខុនីទាំងនោះ សុន្ទរីនន្ទាភិក្ខុនី បួសតាំងអំពីក្មេង ជាភិក្ខុនីមានរូបល្អល្អះ គួរគយគន់មើល គួរជាទីជ្រះថ្លា ជាអ្នកប្រាជ្ញ ជាអ្នកវាងវៃ មានប្រាជ្ញាឆ្លៀវឆ្លាស ឥតមានសេចក្តីខ្ជិលច្រអូស ប្រកបដោយយោបល់ជាគ្រឿងយល់ក្នុងកិច្ចនោះៗ អាចធ្វើ និងអាចចាត់ចែង (នូវនវកម្ម)បាន។ ទើបភិក្ខុនីសង្ឃសន្មតសុន្ទរីនន្ទាភិក្ខុនីឲ្យជាអ្នកត្រួតត្រានវកម្ម ដល់សាឡ្ហជាចៅមិគារមាតា។ សម័យនោះឯង សុន្ទរីនន្ទាភិក្ខុនី តែងដើរទៅកាន់លំនៅរបស់សាឡ្ហជាចៅមិគារមាតាញយៗ តែងនិយាយថា ចូរអ្នកឲ្យកាំបិត ឲ្យពូថៅ ឲ្យដឹង ឲ្យចប ឲ្យពន្លាក (ដល់អាត្មា)។ ឯសាឡ្ហជាចៅមិគារមាតា ក៏តែងទៅកាន់លំនៅរបស់ភិក្ខុនីជាញឹកញយ ដើម្បីដឹងការងារដែលធ្វើរួចហើយ និងមិនទាន់ធ្វើ។ ជនទាំងពីរនោះ ជាមនុស្សមានចិត្តប្រតិព័ទ្ធ(នឹងគ្នា) ដោយសារឃើញគ្នារឿយៗ។ ឯសាឡ្ហជាចៅមិគារមាតា មិនមានឱកាសដើម្បីធ្វើសេវនកិច្ចនឹងសុន្ទរីនន្ទាភិក្ខុនីបាន ហើយក៏ធ្វើភត្ត (ប្រគេន) ភិក្ខុនីសង្ឃ ដើម្បីត្រូវការសុន្ទរីនន្ទាភិក្ខុនីនុ៎ះឯង។ ក្នុងវេលាដែលសាឡ្ហជាចៅមិគារមាតា វៀបនឹងក្រាលអាសនៈក្នុងរោងឆាន់ ក៏ក្រាលអាសនៈខាងម្ខាង (ដើម្បីភិក្ខុនីចាស់ៗ) ដោយគិតថា ពួកភិក្ខុនីប៉ុណ្ណេះរូបចាស់ជាងសុន្ទរីនន្ទាជាម្ចាស់ ហើយក៏ក្រាលអាសនៈខាងម្ខាង(ទៀតដើម្បីភិក្ខុនីក្មេងៗ) ដោយគិតថា ពួកភិក្ខុនីប៉ុណ្ណេះរូបក្មេងជាងសុន្ទរីនន្ទាជាម្ចាស់ ទើបក្រាលអាសនៈសម្រាប់សុន្ទរីនន្ទាភិក្ខុនីក្នុងឱកាសកំបាំងភ្នែក ត្រង់កៀនជញ្ជាំង ធ្វើឲ្យពួកភិក្ខុនីចាស់ៗដឹងថា សុន្ទរីនន្ទាភិក្ខុនីអង្គុយជិតពួកភិក្ខុនីក្មេងៗ ធ្វើឲ្យពួកភិក្ខុនីក្មេងៗដឹងថា សុន្ទរីនន្ទាភិក្ខុនីអង្គុយជិតភិក្ខុនីចាស់ៗ។ ទើបសាឡ្ហជាចៅមិគារមាតាប្រើមនុស្សឲ្យទៅទូលភត្តកាលដល់ភិក្ខុនីសង្ឃថា បពិត្រលោកម្ចាស់ កាលគួរហើយ ភត្តសម្រេចហើយ។ សុន្ទរីនន្ទាភិក្ខុនីកំណត់(ក្នុងចិត្ត)ថា សាឡ្ហជាចៅមិគារមាតាធ្វើភត្តដល់ភិក្ខុនីសង្ឃ មិនមែនធ្វើដោយការរាប់អានច្រើនប៉ុន្មានទេ គាត់ប្រាថ្នាតែនឹងប្រទុស្តដល់អញ បើប្រសិនជាអញទៅ សំឡេងឆោឡោ (វឹកវរ) មុខជានឹងមានដល់អញ (មិនខាន) គិតហើយ ក៏បង្គាប់ភិក្ខុនីជាសិស្សថា លោកចូរទៅចុះ ចូរនាំយកចង្ហាន់ (មកឲ្យ)ខ្ញុំផង ម្យ៉ាងទៀត បើមានអ្នកណាសួររកខ្ញុំ ចូរប្រាប់គេថា ខ្ញុំឈឺ។ ឯភិក្ខុនីនោះ បានស្តាប់ពាក្យសុន្ទរីនន្ទាភិក្ខុនីហើយ ក៏ទទួលពាក្យថា ករុណាលោកម្ចាស់។ សម័យនោះឯង សាឡ្ហជាចៅមិគារមាតាឈរនៅខាងក្រៅខ្លោងទ្វារ ហើយសួររកសុន្ទរីនន្ទាភិក្ខុនីថា បពិត្រលោកម្ចាស់ លោកម្ចាស់ឈ្មោះសុន្ទរីនន្ទាទៅឯណា បពិត្រលោកម្ចាស់ លោកម្ចាស់ឈ្មោះសុទ្ទរីនន្ទាទៅឯណា។ កាលសាឡ្ហជាចៅមិគារមាតានិយាយយ៉ាងនេះហើយ ភិក្ខុនីជាសិស្សរបស់សុន្ទរីនន្ទាភិក្ខុនីក៏និយាយពាក្យនេះនឹងសាឡ្ហជាចៅមិគារមាតាថា ម្នាលអ្នកដ៏មានអាយុ សុន្ទរីនន្ទាភិក្ខុនីឈឺ អាត្មាឯងនឹងនាំយកចង្ហាន់ទៅ (ប្រគេនលោក)។ លំដាប់នោះ សាឡ្ហជាចៅមិគារមាតាគិតថា អញបានធ្វើភត្តណា (ប្រគេន)ភិក្ខុនីសង្ឃ ភត្តនោះ អញធ្វើព្រោះហេតុតែសុន្ទរីនន្ទាជាម្ចាស់ (ទេតើ) គិតហើយ ក៏បង្គាប់ពួកមនុស្សថា អ្នកទាំងឡាយចូរអង្គាសភត្ត (ប្រគេន) ភិក្ខុនីសង្ឃចុះ ថាហើយ ក៏ដើរទៅកាន់លំនៅរបស់ភិក្ខុនី។ លំដាប់នោះឯង សុន្ទរីនន្ទាភិក្ខុនីឈរខាងក្រៅខ្លោងទ្វារអារាម គយគន់មើលសាឡ្ហជាចៅមិគារមាតា។ សុន្ទរីនន្ទាភិក្ខុនីបានឃើញសាឡ្ហជាចៅមិគារមាតាដើរមកអំពីចម្ងាយ លុះឃើញហើយ ក៏ស្ទុះចូលទៅកាន់លំនៅ ហើយដេកលើគ្រែ ទទូរសម្ពត់រហូតដល់ក្បាល។ លំដាប់នោះ សាឡ្ហជាចៅមិគារមាតាក៏ចូលសំដៅទៅរកសុន្ទរីនន្ទាភិក្ខុនី លុះចូលទៅដល់ហើយ បាននិយាយពាក្យនេះនឹងសុន្ទរីនន្ទាភិក្ខុនីថា បពិត្រលោកម្ចាស់ លោកម្ចាស់មិនសូវសប្បាយឬ ហេតុដូចម្តេចបានជាសិង។ ឯសុន្ទរីនន្ទាភិក្ខុនីឆ្លើយតបថា ម្នាលអ្នកដ៏មានអាយុ ស្រីណាប្រាថ្នាគេ ៗមិនប្រាថ្នាវិញ ហេតុនេះបានជាយ៉ាងនុ៎ះឯង។ សាឡ្ហជាចៅមិគារមាតាជាបុរសមានតម្រេក ក៏និយាយតបថា បពិត្រលោកម្ចាស់ ខ្ញុំមិនមែនមិនប្រាថ្នាលោកម្ចាស់ទេ តែថា ខ្ញុំមិនបានឱកាសនឹងធ្វើសេវនកិច្ចនឹងលោកម្ចាស់ (ទេតើ) ថាហើយ ក៏លូកចាប់ពាល់កាយសុន្ទរីនន្ទាភិក្ខុនី ដែលជាស្រីមានតម្រេកដែរ។ សម័យនោះឯង មានភិក្ខុនីមួយរូបជាភិក្ខុនីមានកំឡាំងថយ ព្រោះជរា ឈឺជើង សិងជិតសុន្ទរីនន្ទាភិក្ខុនី។ ឯភិក្ខុនីចាស់នោះ បានឃើញពិតនូវសាឡ្ហជាចៅមិគារមាតាដែលមានតម្រេក កំពុងតែលូកចាប់ពាល់កាយសុន្ទរីនន្ទាភិក្ខុនីដែលមានតម្រេកដែរ លុះឃើញហើយ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា សុន្ទរីនន្ទាជាម្ចាស់មានតម្រេក មិនគួរនឹងត្រេកអរ ឲ្យបុរសបុគ្គល ដែលមានតម្រេកមកចាប់ពាល់កាយខ្លួនសោះ។ ទើបភិក្ខុនីចាស់នោះ ដំណាលរឿងនុ៎ះដល់ភិក្ខុនីទាំងឡាយ។ ពួកភិក្ខុនីណា ដែលមានសេចក្តីប្រាថ្នាតិច មានសេចក្តីសន្តោស មានសេចក្តីអៀនខ្មាស មានសេចក្តីរង្កៀស ប្រាថ្នាក្នុងសិក្ខា ពួកភិក្ខុនីអម្បាលនោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា សុន្ទរីនន្ទាជាម្ចាស់មានតម្រេក មិនគួរនឹងត្រេកអរឲ្យបុរសបុគ្គល ដែលមានតម្រេក មកស្ទាបអង្អែលកាយខ្លួនទេ។ ទើបភិក្ខុនីអម្បាលនោះ ដំណាលរឿងនុ៎ះដល់ភិក្ខុទាំងឡាយ។ ឯភិក្ខុទាំងនោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា សុន្ទរីនន្ទាភិក្ខុនីមានតម្រេក មិនគួរនឹងត្រេកអរនឹងឲ្យបុរសបុគ្គល ដែលមានតម្រេក ស្ទាបអង្អែលកាយខ្លួនសោះ។ ភិក្ខុទាំងនោះ ក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រោះរឿងនេះ ដំណើរនេះ ទើបព្រះដ៏មានព្រះភាគជាម្ចាស់ ត្រាស់ឲ្យប្រជុំភិក្ខុសង្ឃ ហើយទ្រង់សួរបញ្ជាក់ភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ ឮថាសុន្ទរីនន្ទាភិក្ខុនីមានតម្រេក ហើយត្រេកអរនឹងបុរសបុគ្គល ដែលមានតម្រេក មកស្ទាបអង្អែលកាយ ពិតមែនឬ។ ភិក្ខុទាំងឡាយក្រាបទូលថា សូមទ្រង់មេត្តាប្រោស ពិតមែន។ ព្រះពុទ្ធដ៏មានជោគ ទ្រង់តិះដៀលថា ម្នាលភិក្ខុទាំងឡាយ អំពើនៃសុន្ទរីនន្ទាភិក្ខុនីនេះ មិនសមគួរ មិនទំនង មិនត្រូវបែប មិនមែនជារបស់សមណៈ មិនគប្បីធ្វើ មិនគួរធ្វើទេ ម្នាលភិក្ខុទាំងឡាយ សុន្ទរីនន្ទាភិក្ខុនីមានតម្រេក មិនគួរនឹងត្រេកអរឲ្យបុរសបុគ្គលដែលមានតម្រេក ស្ទាបអង្អែលកាយ (ដូច្នេះ)ទេ ម្នាលភិក្ខុទាំងឡាយ អំពើនេះ មិនមែននាំឲ្យជ្រះថ្លាដល់ពួកជនដែលមិនទាន់ជ្រះថ្លា ឬនាំពួកជនដែលជ្រះថ្លាហើយ ឲ្យរឹងរឹតតែជ្រះថ្លាឡើងទេ ម្នាលភិក្ខុទាំងឡាយ អំពើនេះ ច្បាស់ជានាំបណ្តាលឲ្យមនុស្សពួកខ្លះដែលមិនទាន់ជ្រះថ្លា ឲ្យខានជ្រះថ្លា និងនាំបណ្តាលមនុស្សពួកខ្លះដែលជ្រះថ្លាហើយ ឲ្យត្រឡប់ជារាយមាយចិត្តបាត់ជ្រះថ្លាទៅវិញ។ គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់តិះដៀលសុន្ទរីនន្ទាភិក្ខុនី ដោយអនេកបរិយាយ ហើយទ្រង់សំដែងទោសនៃបុគ្គលមានសភាពដែលគេចិញ្ចឹមបានដោយកម្រ រក្សាដោយកម្រ មានសេចក្តីប្រាថ្នាច្រើន មិនសន្តោស ច្រឡូកច្រឡំដោយពួកគណៈ និងសេចក្តីខ្ជិលច្រអូស ហើយទ្រង់សំដែងសរសើរគុណនៃបុគ្គលមានសភាពដែលគេចិញ្ចឹមងាយ រក្សាងាយ មានសេចក្តីប្រាថ្នាតិច ជាអ្នកសន្តោស តែងដុសខាត់ចិត្ត កំចាត់បង់នូវកិលេស មានសេចក្តីជ្រះថ្លា មិនសន្សំនូវកិលេសវដ្ត និងមានសេចក្តីប្រារព្ធព្យាយាម ដោយអនេកបរិយាយ ហើយទ្រង់សំដែងធម្មីកថាដ៏ល្មមសមគួរដល់ការបញ្ញត្តិសិក្ខាបទនោះៗ ចំពោះពួកភិក្ខុ ហើយទើបត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ តថាគតនឹងបញ្ញត្តសិក្ខាបទដល់ពួកភិក្ខុនី ព្រោះអាស្រ័យអំណាចប្រយោជន៍១០យ៉ាង គឺ ដើម្បីសេចក្តីល្អដល់សង្ឃ១ ដើម្បីការស្រួលដល់សង្ឃ១ ដើម្បីញំាញីពួកភិក្ខុនីដែលទ្រុស្តសីល១ ដើម្បីនៅជាសុខដល់ពួកភិក្ខុនីដែលមានសីលជាទីស្រឡាញ់១ ដើម្បីឃាត់នូវអាសវធម៌ទាំងឡាយក្នុងបច្ចុប្បន្ន១ ដើម្បីឃាត់នូវអាសវធម៌ទាំងឡាយក្នុងបរលោក១ ដើម្បីញុំាងពួកជនដែលមិនទាន់ជ្រះថ្លាឲ្យជ្រះថ្លា១ ដើម្បីញុំាងពួកជនដែលជ្រះថ្លាហើយ ឲ្យរឹតតែជ្រះថ្លាឡើង១ ដើម្បីញុំាងព្រះសទ្ធម្មឲ្យស្ថិតស្ថេរ១ ដើម្បីអនុគ្រោះដល់ព្រះវិន័យ (បួនយ៉ាង មានសំវរវិន័យជាដើម) ១ ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុនីត្រូវសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុនីណាមួយមានតម្រេក ហើយត្រេកអរនឹងការស្ទាបក្តី អង្អែលក្តី កាន់ក្តី ពាល់ក្តី ឱបរឹតក្តី ខាងក្រោមតាំងពីដងកាំបិតចុះមក ខាងលើតាំងពីមណ្ឌលជង្គង់ឡើងទៅ នៃបុរសបុគ្គលដែលមានតម្រេក ភិក្ខុនីនេះ ត្រូវអាបត្តិបារាជិក ឈ្មោះឧព្ភជានុមណ្ឌលិក (ព្រោះឲ្យបុរសស្ទាបសរីរប្រទេស ខាងលើតាំងពីមណ្ឌលជង្គង់ឡើងទៅ) ជាស្រីមិនមានសំវាស។
[២] ត្រង់ពាក្យថា ណាមួយ អធិប្បាយថា (ភិក្ខុនី)ណាមួយ ទោះចាស់ក្តី ក្មេងក្តី កណ្តាលក្តី ដែលប្រកបកម្មយ៉ាងណា មានជាតិយ៉ាងណា មានឈ្មោះយ៉ាងណា មានគោត្រយ៉ាងណា មានសីលយ៉ាងណា មានធម៌ជាគ្រឿងនៅយ៉ាងណា មានគោចរយ៉ាងណា ភិក្ខុនីនោះ ហៅថា ណាមួយ។ ពាក្យថា ភិក្ខុនី សេចក្តីថា ដែលហៅថា ភិក្ខុនី ព្រោះជាអ្នកសូម ហៅថា ភិក្ខុនី ព្រោះជាអ្នកចូលទៅអាស្រ័យនឹងការត្រេចទៅដើម្បីសូម ហៅថាភិក្ខុនី ព្រោះទ្រទ្រង់នូវសំពត់ដែលកាត់ដាច់ ហៅថាភិក្ខុនី ព្រោះមានសភាពជាសមណី ហៅថាភិក្ខុនី ព្រោះបានប្តេជ្ញាខ្លួន (ថាជាអ្នកបួស) ហៅថាភិក្ខុនី ព្រោះសម្រេចជាឯហិភិក្ខុនី ហៅថាភិក្ខុនី ព្រោះឧបសម្បទាដោយត្រៃសរណគមន៍ ហៅថាភិក្ខុនី ព្រោះជាស្រីចំរើន ហៅថាភិក្ខុនី ព្រោះមានធម៌ជាខ្លឹម ហៅថា ភិក្ខុនី ព្រោះជាអ្នកសិក្សា ហៅថាភិក្ខុនី ព្រោះមិនបាច់សិក្សា ហៅថាភិក្ខុនី ព្រោះឧភតោសង្ឃ [សង្ឃទាំងពីរពួក គឺភិក្ខុសង្ឃ និងភិក្ខុនីសង្ឃ។] ដ៏ព្រមព្រៀងគ្នា ឲ្យឧបសម្បទាដោយញត្តិចតុត្ថកម្មវាចាដ៏សមគួរដល់ហេតុ ឥតមានកម្រើក (អន្តរាយ) បណ្តាភិក្ខុនីទាំងឡាយនោះ ភិក្ខុនីណាដែលឧភតោសង្ឃព្រមព្រៀងគ្នាឲ្យឧបសម្បទាដោយញត្តិចតុត្ថកម្មវាចា សមគួរដល់ហេតុឥតមានកម្រើក (អន្តរាយ) ភិក្ខុនីនេះ តថាគតហៅថា ភិក្ខុនីក្នុងសេចក្តីនេះ។ ភិក្ខុនីមានសេចក្តីត្រេកអរព្រម លបសំឡឹងមើល មានចិត្តប្រតិព័ទ្ធ ហៅថាមានតម្រេក។ បុរស មានសេចក្តីត្រេកអរព្រម លបសំឡឹងមើល មានចិត្តប្រតិព័ទ្ធ ហៅថាបុរសមានតម្រេក។ មនុស្សប្រុសដែលដឹងក្តី អាចដើម្បីលូកស្ទាបអង្អែលកាយបាន មិនមែនយក្ស មិនមែនប្រេត មិនមែនតិរច្ឆាន ហៅថា បុរសបុគ្គល។ ពាក្យថា ខាងក្រោម តាំងពីដងកាំបិតចុះមក គឺអវយវៈជាខាងក្រោមនៃដងកាំបិត។ ពាក្យថា ខាងលើ តាំងពីមណ្ឌលជង្គង់ឡើងទៅ គឺអវយវៈជាខាងលើមណ្ឌលនៃជង្គង់។ ដែលហៅថាស្ទាប គឺគ្រាន់តែប៉ះពាល់។ ដែលហៅថាអង្អែល គឺបបោសអង្អែលខាងនេះផង ខាងនោះផង។ ដែលហៅថា កាន់ គឺគ្រាន់តែចាប់។ ដែលហៅថា ពាល់ គឺគ្រាន់តែប៉ះត្រូវ។ ពាក្យថា ត្រេកអរនឹងការឱបរឹត គឺភិក្ខុនីត្រេកអរនឹងការចាប់ខ្លួនឱបរឹត។ ពាក្យថា ភិក្ខុនីនេះក្តី គឺតថាគតប្រៀបផ្ទឹមគ្នានឹងពួកភិក្ខុនីមានហើយក្នុងកាលមុន។ ពាក្យថា ត្រូវអាបត្តិបារាជិក អធិប្បាយថា បុរសដែលដាច់ក្បាល មិនអាចដើម្បីរស់នៅ ដោយការតភ្ជាប់សរីរនោះវិញ យ៉ាងណាមិញ ភិក្ខុនីដែលមានតម្រេក កាលបើចូលចិត្តនឹងស្ទាបក្តី អង្អែលក្តី កាន់ក្តី ពាល់ក្តី ឱបរឹតក្តី ខាងក្រោមតាំងពីដងកាំបិតចុះមក ខាងលើតាំងពីមណ្ឌលនៃជង្គង់ឡើងទៅ នៃបុរសបុគ្គលដែលមានតម្រេកដែរ ក៏មិនមែនជាសមណី មិនមែនជាសក្យធីតាឡើយ ភិក្ខុនីនោះ តថាគតហៅថា ត្រូវអាបត្តិបារាជិក ដោយហេតុនោះឯង។ ពាក្យថា ជាស្រីមិនមានសំវាស សេចក្តីថា ដែលហៅថាសំវាស (នោះ) គឺសង្ឃកម្មជាមួយគ្នា ឧទ្ទេសជាមួយគ្នា សភាពជាបុគ្គលមានសិក្ខាស្មើគ្នា នេះហៅថាសំវាស សំវាសនោះ មិនមានមួយអន្លើដោយភិក្ខុនីនោះទេ ព្រោះហេតុដូច្នោះ ទើបតថាគតហៅថា ជាស្រីមិនមានសំវាស (គឺមិនមានកិរិយារួបរួមជាមួយនឹងសង្ឃ)។
[៣] កាលបើជនទាំងពីរ[តាំងពីបព្វលេខ៣ ដល់លេខ៤ និយាយអំពីជនទាំងពីរ គឺភិក្ខុនី និងបុរសត្រេកអរដូចគ្នា។] (គឺភិក្ខុនី និងបុរស) មានតម្រេកដូចគ្នា ហើយភិក្ខុនី ឬបុរសស្ទាបកាយ ដោយកាយ ខាងក្រោមតាំងពីដងកាំបិតចុះមក ខាងលើតាំងពីមណ្ឌលនៃជង្គង់ឡើងទៅ (ភិក្ខុនី)ត្រូវអាបត្តិបារាជិក។ ភិក្ខុនី ឬបុរសស្ទាបវត្ថុដែលជាប់នឹងកាយដោយកាយ (ភិក្ខុនី)ត្រូវអាបត្តិថុល្លច្ច័យ។ ភិក្ខុនី ឬបុរសស្ទាបកាយដោយវត្ថុដែលជាប់នឹងកាយ ត្រូវអាបត្តិទុក្កដ។ ភិក្ខុនី ឬបុរសស្ទាបវត្ថុដែលជាប់នឹងកាយ ដោយវត្ថុដែលជាប់នឹងកាយ ត្រូវអាបត្តិទុក្កដ។ ភិក្ខុនី ឬបុរសស្ទាបកាយ ដោយវត្ថុដែលសម្រាប់បោះ ឬសម្រាប់ចោល ត្រូវអាបត្តិទុក្កដ។ ភិក្ខុនី ឬបុរសស្ទាបវត្ថុដែលជាប់នឹងកាយ ដោយវត្ថុដែលសម្រាប់បោះ ឬសម្រាប់ចោល ត្រូវអាបត្តិទុក្កដ។ ភិក្ខុនី ឬបុរសស្ទាបវត្ថុដែលសម្រាប់បោះ ឬសម្រាប់ចោល ដោយវត្ថុដែលសម្រាប់បោះ ឬសម្រាប់ចោល (ភិក្ខុនី) ត្រូវអាបត្តិទុក្កដ។
[៤] ភិក្ខុនី ឬបុរសស្ទាបកាយដោយកាយ ខាងលើតាំងពីដងកាំបិតឡើងទៅ ខាងក្រោមតាំងពីមណ្ឌលនៃជង្គង់ចុះមក (ភិក្ខុនី) ត្រូវអាបត្តិថុល្លច្ច័យ[បានជាត្រូវអាបត្តិថុល្លច្ច័យ ព្រោះត្រេកអរទាំងពីរខាង គឺទាំងភិក្ខុនី ទាំងបុរស។]។ ភិក្ខុនី ឬបុរសស្ទាបវត្ថុដែលជាប់នឹងកាយដោយកាយ ត្រូវអាបត្តិទុក្កដ។ ភិក្ខុនី ឬបុរសស្ទាបកាយ ដោយវត្ថុដែលជាប់នឹងកាយ ត្រូវអាបត្តិទុក្កដ។ ភិក្ខុនី ឬបុរសស្ទាបវត្ថុដែលជាប់នឹងកាយ ដោយវត្ថុដែលជាប់នឹងកាយ ត្រូវអាបត្តិទុក្កដ។ ភិក្ខុនី ឬបុរសស្ទាបកាយ ដោយវត្ថុដែលសម្រាប់បោះ ឬសម្រាប់ចោល ត្រូវអាបត្តិទុក្កដ។ ភិក្ខុនី ឬបុរសស្ទាបវត្ថុដែលជាប់នឹងកាយ ដោយវត្ថុដែលសម្រាប់បោះ ឬសម្រាប់ចោល ត្រូវអាបត្តិទុក្កដ។ ភិក្ខុនី ឬបុរសស្ទាបវត្ថុដែលសម្រាប់បោះ ឬសម្រាប់ចោល ដោយវត្ថុដែលសម្រាប់បោះ ឬសម្រាប់ចោល (ភិក្ខុនី) ត្រូវអាបត្តិទុក្កដ។
[៥] កាលបើមានតម្រេកតែម្ខាង [តាំងពីបព្វលេខ៥ ដល់បព្វលេខ៦ និយាយអំពីការត្រេកអរតែម្ខាង គឺតែខាងភិក្ខុនី។] (គឺតែភិក្ខុនីម្ខាង) ហើយភិក្ខុនី ឬបុរសស្ទាបកាយដោយកាយ ខាងក្រោម តាំងពីដងកាំបិតចុះទៅ ខាងលើ តាំងពីមណ្ឌលនៃជង្គង់ឡើងមក (ភិក្ខុនី) ត្រូវអាបត្តិថុល្លច្ច័យ។ ភិក្ខុនី ឬបុរសស្ទាបវត្ថុដែលជាប់នឹងកាយដោយកាយ ត្រូវអាបត្តិទុក្កដ។ ភិក្ខុនី ឬបុរសស្ទាបកាយដោយវត្ថុដែលជាប់នឹងកាយ ត្រូវអាបត្តិទុក្កដ។ ភិក្ខុនី ឬបុរសស្ទាបវត្ថុដែលជាប់នឹងកាយ ដោយវត្ថុដែលជាប់នឹងកាយ ត្រូវអាបត្តិទុក្កដ។ ភិក្ខុនី ឬបុរសស្ទាបកាយ ដោយវត្ថុដែលសម្រាប់បោះ ឬសម្រាប់ចោល ត្រូវអាបត្តិទុក្កដ។ ភិក្ខុនី ឬបុរសស្ទាបវត្ថុដែលជាប់នឹងកាយ ដោយវត្ថុដែលសម្រាប់បោះ ឬសម្រាប់ចោល ត្រូវអាបត្តិទុក្កដ។ ភិក្ខុនី ឬបុរសស្ទាបវត្ថុដែលសម្រាប់បោះ ឬសម្រាប់ចោល ដោយវត្ថុដែលសម្រាប់បោះ ឬសម្រាប់ចោល ត្រូវអាបត្តិទុក្កដ។
[៦] ភិក្ខុនី ឬបុរសស្ទាបកាយដោយកាយ ខាងលើ តាំងពីដងកាំបិតឡើងទៅ ខាងក្រោមតាំងពីមណ្ឌលនៃជង្គង់ចុះមក (ភិក្ខុនី) ត្រូវអាបត្តិទុក្កដ [បានជាត្រូវអាបត្តិទុក្កដ ព្រោះត្រេកអរតែម្ខាង គឺតែខាងភិក្ខុនី។]។ ភិក្ខុនី ឬបុរសស្ទាបវត្ថុដែលជាប់នឹងកាយដោយកាយ ត្រូវអាបត្តិទុក្កដ។ ភិក្ខុនី ឬបុរសស្ទាបកាយ ដោយវត្ថុដែលជាប់នឹងកាយ ត្រូវអាបត្តិទុក្កដ។ ភិក្ខុនី ឬបុរសស្ទាបវត្ថុដែលជាប់នឹងកាយ ដោយវត្ថុដែលជាប់នឹងកាយ ត្រូវអាបត្តិទុក្កដ។ ភិក្ខុនី ឬបុរសស្ទាបកាយ ដោយវត្ថុដែលសម្រាប់បោះ ឬសម្រាប់ចោល ត្រូវអាបត្តិទុក្កដ។ ភិក្ខុនី ឬបុរសស្ទាបវត្ថុដែលជាប់នឹងកាយ ដោយវត្ថុដែលសម្រាប់បោះ ឬសម្រាប់ចោល ត្រូវអាបត្តិទុក្កដ។ ភិក្ខុនី ឬបុរសស្ទាបវត្ថុដែលសម្រាប់បោះ ឬសម្រាប់ចោល ដោយវត្ថុដែលសម្រាប់បោះ ឬសម្រាប់ចោល ត្រូវអាបត្តិទុក្កដ។
[៧] កាលបើជនទាំងពីរខាង (គឺភិក្ខុនី និងយក្សជាដើម) មានតម្រេកដូចគ្នា ហើយភិក្ខុនី ស្ទាបកាយ ដោយកាយ ខាងក្រោម តាំងពីដងកាំបិតចុះមក ខាងលើ តាំងពីមណ្ឌលនៃជង្គង់ឡើងទៅ របស់យក្សក្តី ប្រេតក្តី ខ្ទើយក្តី តិរច្ឆានដែលមានរាងកាយដូចមនុស្សក្តី ត្រូវអាបត្តិថុល្លច្ច័យ។ ភិក្ខុនីស្ទាបវត្ថុដែលជាប់នឹងកាយ ដោយកាយ ត្រូវអាបត្តិទុក្កដ។ ភិក្ខុនីស្ទាបកាយដោយវត្ថុដែលជាប់នឹងកាយ ត្រូវអាបត្តិទុក្កដ។ ភិក្ខុនីស្ទាបវត្ថុដែលជាប់នឹងកាយ ដោយវត្ថុដែលជាប់នឹងកាយ ត្រូវអាបត្តិទុក្កដ។ ភិក្ខុនីស្ទាបកាយ ដោយវត្ថុដែលសម្រាប់បោះ ឬសម្រាប់ចោល ត្រូវអាបត្តិទុក្កដ។ ភិក្ខុនីស្ទាបវត្ថុដែលជាប់នឹងកាយ ដោយវត្ថុដែលសម្រាប់បោះ ឬសម្រាប់ចោល ត្រូវអាបត្តិទុក្កដ។ ភិក្ខុនីស្ទាបវត្ថុដែលសម្រាប់បោះ ឬសម្រាប់ចោល ដោយវត្ថុដែលសម្រាប់បោះ ឬសម្រាប់ចោល ត្រូវអាបត្តិទុក្កដ។
[៨] ភិក្ខុនីស្ទាបកាយដោយកាយ ខាងលើ តាំងពីដងកាំបិតឡើងទៅ ខាងក្រោម តាំងពីមណ្ឌលនៃជង្គង់ចុះមក ត្រូវអាបត្តិទុក្កដ។ ភិក្ខុនីស្ទាបវត្ថុដែលជាប់នឹងកាយ ដោយកាយ ត្រូវអាបត្តិទុក្កដ។ ភិក្ខុនីស្ទាបកាយ ដោយវត្ថុដែលជាប់នឹងកាយ ត្រូវអាបត្តិទុក្កដ។ ភិក្ខុនីស្ទាបវត្ថុដែលជាប់នឹងកាយ ដោយវត្ថុដែលជាប់នឹងកាយ ត្រូវអាបត្តិទុក្កដ។ ភិក្ខុនីស្ទាបកាយ ដោយវត្ថុដែលសម្រាប់បោះ ឬសម្រាប់ចោល ត្រូវអាបត្តិទុក្កដ។ ភិក្ខុនីស្ទាបវត្ថុដែលជាប់នឹងកាយ ដោយវត្ថុដែលសម្រាប់បោះ ឬសម្រាប់ចោល ត្រូវអាបត្តិទុក្កដ។ ភិក្ខុនីស្ទាបវត្ថុដែលសម្រាប់បោះ ឬសម្រាប់ចោល ដោយវត្ថុដែលសម្រាប់បោះ ឬសម្រាប់ចោល ត្រូវអាបត្តិទុក្កដ។
[៩] កាលបើមានតម្រេកតែម្ខាង (គឺខាងភិក្ខុនីតែម្ខាង) ហើយភិក្ខុនីស្ទាបកាយ(របស់យក្សជាដើម) ដោយកាយរបស់ខ្លួន ខាងក្រោម តាំងពីដងកាំបិតចុះមក ខាងលើ តាំងពីមណ្ឌលនៃជង្គង់ឡើងទៅ (ភិក្ខុនី) ត្រូវអាបត្តិទុក្កដ។ ភិក្ខុនីស្ទាបវត្ថុដែលជាប់នឹងកាយ ដោយកាយ ត្រូវអាបត្តិទុក្កដ។ ភិក្ខុនីស្ទាបកាយ ដោយវត្ថុដែលជាប់នឹងកាយ ត្រូវអាបត្តិទុក្កដ។ ភិក្ខុនីស្ទាបវត្ថុដែលជាប់នឹងកាយ ដោយវត្ថុដែលជាប់នឹងកាយ ត្រូវអាបត្តិទុក្កដ។ ភិក្ខុនីស្ទាបកាយ ដោយវត្ថុដែលសម្រាប់បោះ ឬសម្រាប់ចោល ត្រូវអាបត្តិទុក្កដ។ ភិក្ខុនីស្ទាបវត្ថុដែលជាប់នឹងកាយ ដោយវត្ថុដែលសម្រាប់បោះ ឬសម្រាប់ចោល ត្រូវអាបត្តិទុក្កដ។ ភិក្ខុនីស្ទាបវត្ថុដែលសម្រាប់បោះ ឬសម្រាប់ចោល ដោយវត្ថុដែលសម្រាប់បោះ ឬសម្រាប់ចោល ត្រូវអាបត្តិទុក្កដ។
[១០] ភិក្ខុនីស្ទាបកាយ ដោយកាយ ខាងលើ តាំងពីដងកាំបិតឡើងទៅ ខាងក្រោម តាំងពីមណ្ឌលនៃជង្គង់ចុះមក ត្រូវអាបត្តិទុក្កដ។ ភិក្ខុនីស្ទាបវត្ថុដែលជាប់នឹងកាយ ដោយកាយ ត្រូវអាបត្តិទុក្កដ។ ភិក្ខុនីស្ទាបកាយ ដោយវត្ថុដែលជាប់នឹងកាយ ត្រូវអាបត្តិទុក្កដ។ ភិក្ខុនីស្ទាបវត្ថុដែលជាប់នឹងកាយ ដោយវត្ថុដែលជាប់នឹងកាយ ត្រូវអាបត្តិទុក្កដ។ ភិក្ខុនីស្ទាបកាយ ដោយវត្ថុដែលសម្រាប់បោះ ឬសម្រាប់ចោល ត្រូវអាបត្តិទុក្កដ។ ភិក្ខុនីស្ទាបវត្ថុដែលជាប់នឹងកាយ ដោយវត្ថុដែលសម្រាប់បោះ ឬសម្រាប់ចោល ត្រូវអាបត្តិទុក្កដ។ ភិក្ខុនីស្ទាបវត្ថុដែលសម្រាប់បោះ ឬសម្រាប់ចោល ដោយវត្ថុដែលសម្រាប់បោះ ឬសម្រាប់ចោល ត្រូវអាបត្តិទុក្កដ។
[១១] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៨យ៉ាង) គឺ ភិក្ខុនីមិនក្លែង១ មិនមានស្មារតី១ មិនដឹងខ្លួន១ មិនត្រេកអរ១ ឆ្កួត១ មានចិត្តរវើរវាយ១ វេទនាគ្របសង្កត់១ ភិក្ខុនីជាខាងដើមបញ្ញត្តិ១។
បារាជិកទី១ ចប់។
បារាជិកទី២
[១២] សម័យនោះ ព្រះសព្វញ្ញូពុទ្ធដ៏មានជោគ គង់នៅវត្តជេតវនរបស់អនាថបិណ្ឌិកសេដ្ឋីទៀបក្រុងសាវត្ថី។ សម័យនោះឯង សុន្ទរីនន្ទាភិក្ខុនី មានគភ៌ដោយសាឡ្ហជាចៅមិគារមាតា។ កាលគភ៌ខ្ចីនៅឡើយ ក៏អាចបិទបាំងទុកបាន។ លុះគភ៌(នោះ)ចាស់(ជិតគ្រប់ខែ) ភិក្ខុនីនោះក៏សឹកទៅ ហើយសម្រាលកូន។ ភិក្ខុនីទាំងឡាយបាននិយាយពាក្យនេះនឹងថុល្លនន្ទាភិក្ខុនីថា បពិត្រលោកម្ចាស់ សុន្ទរីនន្ទាសឹកទៅមិនទាន់បានយូរប៉ុន្មានក៏សម្រាល (កូនភ្លាម) សុន្ទរីនន្ទានោះ មានគភ៌តាំងអំពីនៅជាភិក្ខុនីនៅឡើយទេឬ។ ថុល្លនន្ទាភិក្ខុនីឆ្លើយតបថា យ៉ាងហ្នឹងហើយ លោកម្ចាស់។ ពួកភិក្ខុនីអម្បាលនោះ ក៏និយាយថា បពិត្រលោកម្ចាស់ (បើ) លោកម្ចាស់ដឹងថា ភិក្ខុនីត្រូវអាបត្តិបារាជិកហើយ ចុះហេតុដូចម្តេចបានជាលោកម្ចាស់មិនចោទដោយខ្លួនឯង និងមិនប្រាប់ដល់ពួកគណៈ។ ឯថុល្លនន្ទាភិក្ខុនីក៏និយាយថា ទោសណាដែលកើតឡើងដល់សុន្ទរីនន្ទានុ៎ះ ទោសនោះនឹងមានដល់ខ្ញុំ កេរ្តិ៍អាក្រក់ណា ដែលកើតឡើងដល់សុន្ទរីនន្ទានោះ កេរ្តិ៍អាក្រក់នោះ នឹងមានដល់ខ្ញុំ សេចក្តីអាប់យស [អដ្ឋកថា ថា សេចក្តីវិបត្តិចាកបរិវារ ឬដំនៀលក្នុងទីកំបាំងមុខ។]ណាដែលកើតឡើងដល់សុន្ទរីនន្ទានុ៎ះ សេចក្តីអាប់យសនោះនឹងមានដល់ខ្ញុំ សេចក្តីសូន្យលាភណាដែលកើតឡើងដល់សុន្ទរីនន្ទានុ៎ះ សេចក្តីសូន្យលាភនោះនឹងមានដល់ខ្ញុំ (មិនខាន) បពិត្រលោកម្ចាស់ (បើដូច្នេះ) ខ្ញុំនឹងប្រាប់ទោសរបស់ខ្លួន កេរ្តិ៍អាក្រក់របស់ខ្លួន សេចក្តីអាប់យសរបស់ខ្លួន សេចក្តីសូន្យលាភរបស់ខ្លួនដល់ពួកជនដទៃដូចម្តេចបាន។ ពួកភិក្ខុនីណាដែលមានសេចក្តីប្រាថ្នាតិច។បេ។ ពួកភិក្ខុនីអម្បាលនោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ថុល្លនន្ទាជាម្ចាស់ ដឹងថា ភិក្ខុនីត្រូវអាបត្តិបារាជិកហើយ មិនគួរនឹងមិនចោទដោយខ្លួនឯង និងមិនប្រាប់ដល់ពួកគណៈសោះ។ លំដាប់នោះ ពួកភិក្ខុនីអម្បាលនោះ ដំណាលរឿងនុ៎ះដល់ភិក្ខុទាំងឡាយ។ ភិក្ខុទាំងឡាយក៏ក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រោះរឿងនេះ ដំណើរនេះ ព្រះដ៏មានព្រះភាគជាម្ចាស់ ត្រាស់ប្រជុំភិក្ខុសង្ឃ ទ្រង់សំដែងធម្មីកថា ហើយទ្រង់សួរបញ្ជាក់ពួកភិក្ខុថា ម្នាលភិក្ខុទាំងឡាយ ឮថាថុល្លនន្ទាភិក្ខុនីដឹងថា ភិក្ខុនីត្រូវអាបត្តិបារាជិកហើយ មិនចោទដោយខ្លួនឯង និង មិនប្រាប់ដល់ពួកគណៈ ពិតមែនឬ។ ភិក្ខុទាំងឡាយក្រាបទូលថា សូមទ្រង់មេត្តាប្រោស ពិតមែន។ ព្រះសម្ពុទ្ធដ៏មានព្រះភាគ ទ្រង់តិះដៀលថា ម្នាលភិក្ខុទាំងឡាយ ថុល្លនន្ទាភិក្ខុនីដឹងថា ភិក្ខុនីត្រូវអាបត្តិបារាជិកហើយ មិនគួរនឹងមិនចោទដោយខ្លួនឯង និងមិនប្រាប់ដល់ពួកគណៈទេ នែភិក្ខុទាំងឡាយ អំពើនេះមិនមែននាំឲ្យជ្រះថ្លាដល់ពួកជនដែលមិនទាន់ជ្រះថ្លា និងមិនមែននាំឲ្យរឹតតែជ្រះថ្លាដល់ពួកជនដែលជ្រះថ្លាហើយនោះទេ ម្នាលភិក្ខុទាំងឡាយ អំពើនេះច្បាស់ជានាំបណ្តាលឲ្យមនុស្សពួកខ្លះដែលមិនទាន់ជ្រះថ្លាឲ្យខានជ្រះថ្លា និងនាំបណ្តាលពួកមនុស្សខ្លះដែលជ្រះថ្លាហើយឲ្យត្រឡប់ជាទាស់ចិត្តបាត់ជ្រះថ្លាទៅវិញ។បេ។ ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុនី ចូរសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុនីណាមួយដឹងថា ភិក្ខុនីផងគ្នាត្រូវអាបត្តិបារាជិក ហើយមិនចោទដោយខ្លួនឯង និងមិនប្រាប់ដល់ពួកគណៈ កាលណាបើភិក្ខុនីនោះស្ថិតនៅក្តី ច្យុតហើយក្តី វិនាសហើយក្តី ចៀសទៅកាន់លទ្ធិដទៃហើយក្តី ទោះភិក្ខុនីដែលដឹងរឿងនោះ និយាយយ៉ាងនេះក្នុងកាលជាខាងក្រោយថា បពិត្រលោកម្ចាស់ ខ្ញុំបានដឹង (រឿង) ភិក្ខុនីនោះថា នាងនោះមានសភាពយ៉ាងនេះមួយ យ៉ាងនេះមួយ ក្នុងកាលមុនដែរ ប៉ុន្តែខ្ញុំមិនបានចោទចំពោះខ្លួនឯង និងមិនបានប្រាប់ដល់ពួកគណៈទេ ដូច្នេះភិក្ខុនីនេះ ក៏ត្រូវអាបត្តិបារាជិក ឈ្មោះវជ្ជបដិច្ឆាទិក (ព្រោះជួយបិទបាំងទោសគេ) ជាស្រីមិនមានសំវាស។
[១៣] ត្រង់ពាក្យថា ភិក្ខុនីណាមួយ មានសេចក្តីដូចគ្នានឹងសិក្ខាបទទី១ នៃបារាជិកកណ្ឌនេះ។ ដែលហៅថាដឹង គឺភិក្ខុនីដឹងខ្លួនឯងក្តី មានពួកអ្នកដទៃមកប្រាប់ដល់ភិក្ខុនីនោះក្តី ភិក្ខុនីដែលត្រូវបារាជិកនោះប្រាប់ក្តី។ ពាក្យថា ត្រូវអាបត្តិបារាជិក អធិប្បាយថា បណ្តាបារាជិកទាំង៨ (ដឹងថា) ត្រូវបារាជិកណាមួយ។ ពាក្យថា មិនចោទដោយខ្លួនឯង គឺមិនប្តឹង (ជំនុំសង្ឃ) នឹងខ្លួនឯង។ ពាក្យថា មិនប្រាប់ដល់ពួកគណៈ គឺមិនប្រាប់ដល់ពួកភិក្ខុនីឯទឿត។
[១៤] ត្រង់ពាក្យថា កាលណាបើភិក្ខុនីនោះស្ថិតនៅក្តី គឺដែលហៅថា ស្ថិតនៅ បានដល់ភិក្ខុនីស្ថិតនៅក្នុងភេទនៃខ្លួនដដែល។ ដែលហៅថា ច្យុត គឺធ្វើកាលកិរិយាស្លាប់ទៅហើយ។ សឹកខ្លួនឯងក្តី ពួកភិក្ខុនីឯទៀតឲ្យវិនាសក្តី ហៅថា វិនាសហើយ។ ចៀសទៅកាន់លទ្ធិតិរ្ថិយ ហៅថា ចៀសទៅកាន់លទ្ធិដទៃ។
[១៥] ត្រង់ពាក្យថា ទោះភិក្ខុនីដែលដឹងរឿងនោះនិយាយយ៉ាងនេះក្នុងកាលជាខាងក្រោយថា បពិត្រលោកម្ចាស់ ខ្ញុំបានដឹង (រឿង) ភិក្ខុនីនោះថា នាងនេះមានសភាពយ៉ាងនេះមួយ យ៉ាងនេះមួយ ក្នុងកាលមុនដែរ ប៉ុន្តែខ្ញុំមិនបានចោទចំពោះខ្លួនឯង សេចក្តីថា ខ្ញុំមិនបានប្តឹង (ជំនុំសង្ឃ) នឹងខ្លួនឯង។ ពាក្យថា ខ្ញុំមិនបានប្រាប់ដល់ពួកគណៈ អធិប្បាយថា ខ្ញុំមិនប្រាប់ដល់ពួកភិក្ខុនីដទៃឡើយ។
[១៦] ត្រង់ពាក្យថា ភិក្ខុនីនេះក្តី តថាគតពោលប្រៀបផ្ទឹមនឹងពួកភិក្ខុនីដែលត្រូវអាបត្តិបារាជិកមុនៗ។ ពាក្យថា ត្រូវអាបត្តិបារាជិក អធិប្បាយថា ធម្មតាស្លឹកឈើទុំដែលជ្រុះផុតអំពីទងហើយ មិនគួរលូតលាស់ឡើងវិញបាន មានគួរនាយ៉ាងណាមិញ ភិក្ខុនីដែលដឹងថា ភិក្ខុនីផងគ្នាត្រូវអាបត្តិបារាជិកហើយ គ្រាន់តែដាក់ធុរៈថា អញមិនចោទចំពោះខ្លួនឯង អញមិនប្រាប់ដល់ពួកគណៈដូច្នេះ ក៏មិនមែនជាសមណី មិនមែនជាធីតារបស់ព្រះពុទ្ធជាសក្យត្រកូលឡើយ ព្រោះហេតុនោះ ភិក្ខុនីនោះ បានជាតថាគតហៅថា ត្រូវអាបត្តិបារាជិក។ ពាក្យថា មិនមានសំវាស អធិប្បាយថា ដែលហៅថា សំវាស (នោះ) គឺសង្ឃកម្មជាមួយគ្នា ឧទ្ទេសជាមួយគ្នា សភាពជាបុគ្គលមានសិក្ខាស្មើគ្នា នេះហៅថា សំវាស សំវាសនុ៎ះមិនមានជាមួយនឹងភិក្ខុនីនោះ ព្រោះហេតុដូច្នោះ បានជាតថាគតហៅថា ជាភិក្ខុនីមិនមានសំវាស។
[១៧] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៨យ៉ាង) គឺ ភិក្ខុនីមិនប្រាប់ព្រោះគិតថា សេចក្តីកហេតុក្តី សេចក្តីឈ្មោះប្រកែកក្តី សេចក្តីប្រកាន់ផ្សេងគ្នាក្តី សេចក្តីវិវាទក្តី នឹងកើតមានដល់សង្ឃ១ មិនប្រាប់ព្រោះគិតថា សង្ឃបែកបាក់គ្នា ឬសេចក្តីប្រេះឆានៃសង្ឃនឹងកើតមាន១ មិនប្រាប់ព្រោះគិតថា ភិក្ខុនីនេះកោងកាចអាក្រក់ ក្រែងនឹងធ្វើអន្តរាយដល់ជីវិត ឬអន្តរាយដល់ព្រហ្មចរិយធម៌១ ភិក្ខុនីនោះមិនទាន់ឃើញពួកភិក្ខុនីឯទៀតដ៏សមគួរ ទើបមិនប្រាប់១ ភិក្ខុនីនោះមិនមានសេចក្តីប្រាថ្នានឹងបិទបាំងមិនប្រាប់១ ភិក្ខុនីមិនប្រាប់ព្រោះគិតថា ភិក្ខុនីនោះ នឹងប្រាកដដោយកម្មជារបស់ខ្លួន (មិនខាន) ១ ភិក្ខុនីឆ្កួត១ ភិក្ខុនីខាងដើមបញ្ញត្តិ១។
បារាជិកទី២ ចប់។
បារាជិកទី៣
[១៨] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ គង់ក្នុងជេតវនារាម របស់អនាថបិណ្ឌិកសេដ្ឋីទៀបក្រុងសាវត្ថី។ សម័យនោះឯង ថុល្លនន្ទាភិក្ខុនីប្រព្រឹត្តតាមភិក្ខុឈ្មោះអរិដ្ឋ ជាអ្នកកើតក្នុងត្រកូលអ្នកសម្លាប់ត្មាត ដែលសង្ឃព្រមព្រៀងគ្នាលើកវត្តហើយ។ ភិក្ខុនីទាំងឡាយណា មានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុនីទាំងឡាយនោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា លោកម្ចាស់ថុល្លនន្ទា មិនសមបើនឹងប្រព្រឹត្តតាមអរិដ្ឋភិក្ខុ ជាអ្នកកើតក្នុងត្រកូលអ្នកសម្លាប់ត្មាត ដែលសង្ឃព្រមព្រៀងគ្នាលើកវត្តហើយសោះ។បេ។ ទ្រង់ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថាថុល្លនន្ទាភិក្ខុនីប្រព្រឹត្តតាមអរិដ្ឋភិក្ខុ ជាអ្នកកើតក្នុងត្រកូលអ្នកសម្លាប់ត្មាត ដែលសង្ឃព្រមព្រៀងគ្នាលើកវត្តហើយ ពិតមែនឬ។ ភិក្ខុទាំងឡាយក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធដ៏មានជោគ ទ្រង់បន្ទោសថា ម្នាលភិក្ខុទាំងឡាយ ថុល្លនន្ទាភិក្ខុនី មិនគួរបើនឹងប្រព្រឹត្តតាមអរិដ្ឋភិក្ខុ ជាអ្នកកើតក្នុងត្រកូលអ្នកសម្លាប់ត្មាត ដែលសង្ឃព្រមព្រៀងគ្នាលើកវត្តហើយទេ ម្នាលភិក្ខុទាំងឡាយ អំពើនេះមិនមែននាំឲ្យជ្រះថ្លាដល់ពួកជនដែលមិនទាន់ជ្រះថ្លាហើយទេ។បេ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីទាំងឡាយ ចូរសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុនីណាមួយប្រព្រឹត្តតាមភិក្ខុ ដែលសង្ឃព្រមព្រៀងគ្នាលើកវត្តតាមធម៌ តាមវិន័យ តាមពាក្យប្រៀនប្រដៅរបស់ព្រះសាស្តា ជាភិក្ខុមិនអើពើ ជាភិក្ខុដែលសង្ឃជួយជ្រោមជ្រែងមិនបាន ជាភិក្ខុមិនមានការរួបរួមជាមួយនឹងសង្ឃ ភិក្ខុនីនោះ ត្រូវភិក្ខុនីទាំងឡាយនិយាយយ៉ាងនេះថា នែលោកម្ចាស់ ភិក្ខុនេះឯង ដែលសង្ឃព្រមព្រៀងគ្នាលើកវត្តតាមធម៌ តាមវិន័យ តាមពាក្យប្រៀនប្រដៅរបស់ព្រះសាស្តា ជាភិក្ខុមិនអើពើ ជាភិក្ខុដែលសង្ឃជួយជ្រោមជ្រែងមិនបាន ជាភិក្ខុមិនមានការរួបរួមជាមួយនឹងសង្ឃ នែលោកម្ចាស់ លោកកុំប្រព្រឹត្តតាមភិក្ខុនេះឡើយ ភិក្ខុនីនោះ កាលភិក្ខុនីទាំងឡាយនិយាយឲ្យយ៉ាងនេះ នៅតែប្រកាន់យ៉ាងនោះដដែល ភិក្ខុនីនោះ ត្រូវភិក្ខុនីទាំងឡាយសូត្រសមនុភាសនកម្មជាគំរប់បីដង ដើម្បីឲ្យលះបង់វត្ថុនោះ បើភិក្ខុនីនោះ កាលត្រូវភិក្ខុនីទាំងឡាយសូត្រសមនុភាសនកម្មជាគំរប់បីដង លះបង់វត្ថុនោះបាន ការលះបង់បាននោះ ជាការល្អ បើមិនលះបង់ទេ ភិក្ខុនីនេះ ក៏ត្រូវបារាជិក ឈ្មោះឧក្ខិត្តានុវត្តិក (ព្រោះប្រព្រឹត្តតាមភិក្ខុដែលសង្ឃលើកវត្ត) ជាស្រីមិនមានសំវាស។
[១៩] ត្រង់ពាក្យថា ភិក្ខុនីណាមួយ មានសេចក្តីអធិប្បាយក្នុងសិក្ខាបទទី១ នៃបារាជិកកណ្ឌនេះរួចហើយ។ សង្ឃដែលមានសំវាសស្មើគ្នា ស្ថិតនៅក្នុងសីមាស្មើគ្នា ឈ្មោះថា ព្រមព្រៀងគ្នា។ ភិក្ខុដែលឈ្មោះថា សង្ឃលើកវត្តហើយ គឺភិក្ខុដែលសង្ឃលើកវត្ត ព្រោះមិនឃើញអាបត្តិក្តី ព្រោះមិនធ្វើតបអាបត្តិក្តី [ដឹងថាត្រូវអាបត្តិហើយ ៗមិនសំដែងអាបត្តិនោះ។] ព្រោះមិនលះបង់ (ទិដ្ឋិអាក្រក់)ក្តី។ ពាក្យថា តាមធម៌ តាមវិន័យ គឺតាមធម៌ឯណា តាមវិន័យឯណា។ ពាក្យថា តាមពាក្យប្រៀនប្រដៅរបស់ព្រះសាស្តា គឺតាមពាក្យប្រៀនប្រដៅរបស់ព្រះជិនស្រី គឺតាមពុទ្ធសាសនា។ ដែលហៅថា មិនអើពើ គឺភិក្ខុមិនអើពើនឹងសង្ឃក្តី គណៈក្តី បុគ្គលក្តី កម្មក្តី។ ភិក្ខុដែលសង្ឃលើកវត្តហើយ មិនហៅចូលពួក ឈ្មោះថា ជាភិក្ខុដែលសង្ឃជួយជ្រោមជ្រែងមិនបាន។ ដែលហៅថា មិនមានការរួបរួមជាមួយនឹងសង្ឃ គឺភិក្ខុទាំងឡាយដែលមានសំវាសស្មើគ្នា តថាគតហៅថា មានការរួបរួមជាមួយគ្នា ការរួបរួមជាមួយគ្នានោះ មិនមានមួយអន្លើដោយភិក្ខុទាំងឡាយនោះទេ ហេតុនោះ ភិក្ខុនោះ ទើបតថាគតហៅថា ជាភិក្ខុមិនមានការរួបរួមជាមួយនឹងសង្ឃ។ ពាក្យថា ប្រព្រឹត្តតាមភិក្ខុនោះ គឺភិក្ខុនោះមានទិដ្ឋិយ៉ាងណា មានសេចក្តីចូលចិត្តយ៉ាងណា មានសេចក្តីគាប់ចិត្តយ៉ាងណា ភិក្ខុនីនោះ ក៏មានទិដ្ឋិយ៉ាងនោះ មានសេចក្តីចូលចិត្តយ៉ាងនោះ មានសេចក្តីគាប់ចិត្តយ៉ាងនោះដែរ។
[២០] ត្រង់ពាក្យថា ភិក្ខុនីនោះ គឺភិក្ខុនីដែលប្រព្រឹត្តតាមភិក្ខុដែលសង្ឃលើកវត្តហើយនោះ។ ពាក្យថា ដែលភិក្ខុនីទាំងឡាយ គឺភិក្ខុនីទាំងឡាយដទៃ។ ភិក្ខុនីទាំងឡាយឯណាឃើញ ភិក្ខុនីឯណាឮ ភិក្ខុនីទាំងឡាយនោះត្រូវនិយាយនឹងភិក្ខុនីនោះថា នែលោកម្ចាស់ ភិក្ខុនេះឯងដែលសង្ឃព្រមព្រៀងគ្នាលើកវត្តហើយតាមធម៌ តាមវិន័យ តាមពាក្យប្រៀនប្រដៅរបស់ព្រះសាស្តា គឺជាភិក្ខុមិនអើពើ ជាភិក្ខុដែលសង្ឃជួយជ្រោមជ្រែងមិនបាន ជាភិក្ខុមិនមានការរួបរួមជាមួយនឹងសង្ឃ នែលោកម្ចាស់ លោកកុំប្រព្រឹត្តតាមភិក្ខុនេះឡើយ។ ភិក្ខុនីនោះ ត្រូវភិក្ខុនីទាំងឡាយនិយាយអស់វារៈគំរប់ពីរដងផង ត្រូវនិយាយអស់វារៈគំរប់បីដងផង។ បើភិក្ខុនីនោះលះបង់បាន ការលះបង់បាននេះ ជាការល្អ បើលះបង់មិនបានទេ ភិក្ខុនីនោះត្រូវអាបត្តិទុក្កដ។ ភិក្ខុនីទាំងឡាយ(ឯទៀត) ឮហើយ មិននិយាយ ត្រូវអាបត្តិទុក្កដ។ ត្រូវសង្ឃទាញភិក្ខុនីនោះ មកកាន់ទីកណ្តាលសង្ឃ ហើយនិយាយថា នែនាងភិក្ខុនី ភិក្ខុនេះឯង ដែលសង្ឃព្រមព្រៀងគ្នាលើកវត្តតាមធម៌ តាមវិន័យ តាមពាក្យប្រៀនប្រដៅរបស់ព្រះសាស្តា ជាភិក្ខុមិនអើពើ ជាភិក្ខុដែលសង្ឃជួយជ្រោមជ្រែងមិនបាន ជាភិក្ខុមិនមានការរួបរួមជាមួយនឹងសង្ឃ នែនាងភិក្ខុនី នាងកុំប្រព្រឹត្តតាមភិក្ខុនេះឡើយ។ ត្រូវសង្ឃនិយាយឲ្យភិក្ខុនីនោះអស់វារៈជាគំរប់ពីរដងផង ត្រូវនិយាយអស់វារៈជាគំរប់បីដងផង។ បើភិក្ខុនីនោះលះបង់បាន ការលះបង់បាននេះ ជាការល្អ បើលះបង់មិនបានទេ ត្រូវអាបត្តិទុក្កដ។
[២១] ភិក្ខុនីនោះ ត្រូវភិក្ខុនីទាំងឡាយសូត្រសមនុភាសនវិធី។ ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវសូត្រសមនុភាសនវិធី (ចំពោះភិក្ខុនីឈ្មោះនោះ) យ៉ាងនេះ។ ភិក្ខុនីដែលឆ្លាសប្រតិពល ត្រូវផ្តៀងសង្ឃឲ្យដឹងថា បពិត្រលោកម្ចាស់ សូមព្រះសង្ឃស្តាប់ខ្ញុំ ភិក្ខុនីនេះឈ្មោះនេះប្រព្រឹត្តតាមភិក្ខុនោះដែលសង្ឃព្រមព្រៀងគ្នាលើកវត្ត តាមធម៌ តាមវិន័យ តាមពាក្យប្រៀនប្រដៅរបស់ព្រះសាស្តា ជាភិក្ខុមិនអើពើ សង្ឃជួយជ្រោមជ្រែងមិនបាន មិនមានការរួបរួមជាមួយនឹងសង្ឃ ភិក្ខុនីនោះមិនលះបង់វត្ថុនោះទេ។ បើកម្មមានកាលគួរដល់សង្ឃហើយ សង្ឃត្រូវសូត្រសមនុភាសនវិធីចំពោះភិក្ខុនីឈ្មោះនេះ ដើម្បីឲ្យលះបង់វត្ថុនោះចេញ។ នេះជាញត្តិ។ បពិត្រព្រះភិក្ខុនីសង្ឃជាម្ចាស់ សូមព្រះសង្ឃស្តាប់ខ្ញុំ ភិក្ខុនីនេះឈ្មោះនេះប្រព្រឹត្តតាមភិក្ខុដែលសង្ឃព្រមព្រៀងគ្នាលើកវត្តតាមធម៌ តាមវិន័យ តាមពាក្យប្រៀនប្រដៅរបស់ព្រះសាស្តា ជាភិក្ខុមិនអើពើ សង្ឃជួយជ្រោមជ្រែងមិនបាន មិនមានការរួបរួមជាមួយនឹងសង្ឃ ភិក្ខុនីនោះមិនលះបង់វត្ថុនោះទេ។ ឥឡូវនេះ សង្ឃសូត្រសមនុភាសនវិធីចំពោះភិក្ខុនីឈ្មោះនេះ ដើម្បីឲ្យលះបង់វត្ថុនោះចេញ។ ការសូត្រសមនុភាសនវិធីចំពោះភិក្ខុនីឈ្មោះនេះ ដើម្បីឲ្យលះបង់វត្ថុនោះចេញ គួរដល់លោកម្ចាស់អង្គណា លោកម្ចាស់អង្គនោះត្រូវស្ងៀម មិនគួរដល់លោកម្ចាស់អង្គណា លោកម្ចាស់អង្គនោះត្រូវនិយាយឡើង។ ខ្ញុំសូត្រសេចក្តីនេះអស់វារៈពីរដងផង។បេ។ ខ្ញុំសូត្រសេចក្តីនេះ អស់វារៈបីដងផង។បេ។ ភិក្ខុនីឈ្មោះនេះ សង្ឃសូត្រសមនុភាសនវិធីហើយ ដើម្បីឲ្យលះបង់វត្ថុនោះ។ ការសូត្រសមនុភាសនវិធីនោះ គួរដល់សង្ឃ ហេតុនោះ ទើបសង្ឃស្ងៀម។ ខ្ញុំសូមចាំទុកនូវរឿងនេះ ដោយអាការស្ងៀមនៅយ៉ាងនេះ។
[២២] ភិក្ខុនីនោះ ត្រូវទុក្កដ ក្នុងខណៈចប់ញត្តិ ត្រូវថុល្លច្ច័យទាំងឡាយ ក្នុងខណៈចប់កម្មវាចាទាំងឡាយពីរ ត្រូវអាបត្តិបារាជិកក្នុងពេលចប់កម្មវាចា។
[២៣] ត្រង់ពាក្យថា ភិក្ខុនីនេះក្តី តថាគតពោលប្រៀបធៀបពួកភិក្ខុនីដែលត្រូវអាបត្តិបារាជិកមុនៗ។ ពាក្យថា ត្រូវបារាជិក សេចក្តីថា ថ្មដ៏ក្រាសដែលបែកជាពីរចំណែកហើយ ជាធម្មជាតិតភ្ជាប់វិញមិនបាន មានឧបមាយ៉ាងណាមិញ ភិក្ខុនី ដែលសង្ឃសូត្រសមនុភាសនវិធីអស់វារៈគំរប់បីដងហើយ នៅមិនលះបង់ ក៏មិនមែនជាសមណី [សមណស្រី ហៅថា សមណី។] មិនមែនជាធីតារបស់ព្រះពុទ្ធជាសក្យត្រកូល ក៏មានឧបមេយ្យដូច្នោះដែរ ហេតុនោះ ទើបតថាគតហៅភិក្ខុនីនោះថា ត្រូវបារាជិក។ ពាក្យថា គ្មានសំវាស ដែលហៅថា សំវាស គឺកម្មជាមួយគ្នា ឧទ្ទេសជាមួយគ្នា ការសិក្សាស្មើគ្នា នេះឈ្មោះថា សំវាស សំវាសនោះមិនមានជាមួយនឹងភិក្ខុនីនោះទេ ហេតុនោះ ទើបតថាគតហៅភិក្ខុនីនោះថា មិនមានសំវាស។
[២៤] កម្មប្រកបដោយធម៌ ភិក្ខុនីសំគាល់ថា កម្មប្រកបដោយធម៌ ហើយមិនលះបង់ ត្រូវអាបត្តិបារាជិក។ កម្មប្រកបដោយធម៌ ភិក្ខុនីសង្ស័យ ហើយមិនលះបង់ ត្រូវអាបត្តិបារាជិក។ កម្មប្រកបដោយធម៌ ភិក្ខុនីសំគាល់ថា កម្មមិនប្រកបដោយធម៌ ហើយមិនលះបង់ ត្រូវអាបត្តិបារាជិក។ កម្មមិនប្រកបដោយធម៌ ភិក្ខុនីសំគាល់ថា កម្មប្រកបដោយធម៌ ត្រូវអាបត្តិទុក្កដ។ កម្មមិនប្រកបដោយធម៌ ភិក្ខុនីសង្ស័យ ត្រូវអាបត្តិទុក្កដ។ កម្មមិនប្រកបដោយធម៌ ភិក្ខុនីសំគាល់ថា កម្មមិនប្រកបដោយធម៌ ត្រូវអាបត្តិទុក្កដ។
[២៥] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៤យ៉ាង) គឺ ភិក្ខុនី(ដែលសង្ឃ)មិនសូត្រសមនុភាសនវិធី១ ភិក្ខុនីបានលះបង់១ ភិក្ខុនីឆ្កួត១ ភិក្ខុនីជាដើមបញ្ញត្តិ១។
បារាជិកទី៣ ចប់។
បារាជិកទី៤
[២៦] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ គង់ក្នុងជេតវនារាម របស់អនាថបិណ្ឌិកសេដ្ឋីទៀបក្រុងសាវត្ថី។ ក៏សម័យនោះឯង ឆព្វគ្គិយាភិក្ខុនីទាំងឡាយ (ភិក្ខុនីពួក៦នាក់) មានសេចក្តីត្រេកអរនឹងការចាប់ដៃខ្លះ នឹងការចាប់ជាយសង្ឃាដីខ្លះ របស់បុរសដែលមានតម្រេកឈរជាមួយខ្លះ ចរចាជាមួយខ្លះ ទៅកាន់ទីសង្កេតខ្លះ ត្រេកអរនឹងប្រុសដើរចូលមកជិតខ្លះ ចូលទៅកាន់ទីបិទបាំងខ្លះ ពិចារណាកាយដើម្បីអសទ្ធម្មនោះខ្លះ ដើម្បីនឹងសេពអសទ្ធម្មនុ៎ះ។ ភិក្ខុនីទាំងឡាយណា មានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុនីទាំងឡាយនោះ ពោលទោស តិះដៀល បន្តុះបង្អាប់ថា ឆព្វគ្គិយាភិក្ខុនីទាំងឡាយមានតម្រេក មិនគួរនឹងត្រេកអរនឹងការចាប់ដៃខ្លះ ត្រេកអរនឹងការចាប់ជាយសង្ឃាដីខ្លះ របស់បុរសបុគ្គលដែលត្រេកត្រអាល ឈរជាមួយខ្លះ ចរចាជាមួយខ្លះ ទៅកាន់ទីសង្កេតខ្លះ ត្រេកអរនឹងប្រុសដើរចូលមកជិតខ្លះ ចូលទៅកាន់ទីកំបាំងខ្លះ ពិចារណាកាយដើម្បីអសទ្ធម្មនោះខ្លះ ដើម្បីសេពអសទ្ធម្មនុ៎ះ។បេ។ ទ្រង់ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថាឆព្វគ្គិយាភិក្ខុនីមានតម្រេក ត្រេកអរនឹងការចាប់ដៃខ្លះ ត្រេកអរនឹងការចាប់ជាយសង្ឃាដីខ្លះ របស់បុរសបុគ្គលដែលត្រេកត្រអាលឈរជាមួយខ្លះ ចរចាជាមួយខ្លះ ទៅកាន់ទីសង្កេតខ្លះ ត្រេកអរនឹងប្រុសដើរចូលមកជិតខ្លះ ចូលទៅកាន់ទីកំបាំងខ្លះ ពិចារណាកាយដើម្បីអសទ្ធម្មនោះខ្លះ ដើម្បីនឹងសេពអសទ្ធម្មនុ៎ះ ពិតមែនឬ។ ភិក្ខុទាំងឡាយក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធដ៏មានជោគ ទ្រង់បន្ទោសថា ម្នាលភិក្ខុទាំងឡាយ ឆព្វគ្គិយាភិក្ខុនីទាំងឡាយមានតម្រេក មិនគួរនឹងត្រេកអរនឹងការចាប់ដៃខ្លះ ត្រេកអរនឹងការចាប់ជាយសង្ឃាដីខ្លះ របស់បុរសបុគ្គលដែលមានតម្រេកឈរជាមួយខ្លះ ចរចាជាមួយខ្លះ ទៅកាន់ទីសង្កេតខ្លះ ត្រេកអរនឹងប្រុសដើរចូលមកជិតខ្លះ ចូលទៅកាន់ទីកំបាំងខ្លះ ពិចារណាកាយដើម្បីអសទ្ធម្មនោះខ្លះ ដើម្បីនឹងសេពអសទ្ធម្មនុ៎ះទេ ម្នាលភិក្ខុទាំងឡាយ អំពើនេះមិនមែននាំឲ្យជ្រះថ្លាដល់ជនទាំងឡាយដែលមិនទាន់ជ្រះថ្លាទេ។បេ។ ម្នាលភិក្ខុទាំងឡាយ ចូរភិក្ខុនីទាំងឡាយសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុនីណាមួយមានតម្រេក ហើយត្រេកអរនឹងការចាប់ដៃក្តី ត្រេកអរនឹងការចាប់ជាយសង្ឃាដីក្តី របស់បុរសបុគ្គលដែលមានតម្រេកឈរជាមួយក្តី ចរចាជាមួយក្តី ទៅកាន់ទីសង្កេតក្តី ត្រេកអរនឹងប្រុសដើរចូលមកជិតក្តី ចូលទៅកាន់ទីកំបាំងក្តី ពិចារណាកាយដើម្បីអសទ្ធម្មនោះខ្លះ ដើម្បីនឹងសេពអសទ្ធម្មនុ៎ះ ភិក្ខុនីនេះក្តី ត្រូវបារាជិក ឈ្មោះអដ្ឋវត្ថុកា (ព្រោះប្រកបដោយវត្ថុ៨[ភិក្ខុនីធ្វើឲ្យកន្លងគ្រប់ទាំង៨ខ ទើបត្រូវបារាជិក បើកន្លងតែខណាមួយ ហើយដាក់ធុរៈថា លែងឲ្យត្រូវទៀតហើយ ក៏សំដែងអាបត្តិចេញ ដល់ថ្ងៃក្រោយ ត្រូវទៀតដល់ទៅ៧ដងក្តី ក៏មិនជាបារាជិកឡើយ។]) រកសំវាសគ្មាន។
[២៧] ត្រង់ពាក្យថា ភិក្ខុនីណាមួយ មានសេចក្តីអធិប្បាយក្នុងសិក្ខាបទទី១ នៃបារាជិកកណ្ឌនេះរួចហើយ។ ភិក្ខុនីដែលត្រេកអរ មានសេចក្តីគយគន់រំពៃ មានចិត្តប្រតិព័ទ្ធ ឈ្មោះថាមានតម្រេក។ បុរសដែលត្រេកអរ គយគន់រំពៃ មានចិត្តប្រតិព័ទ្ធ ឈ្មោះថាមានតម្រេក។ មនុស្សប្រុសដែលដឹងក្តី អាចស្ទាបអង្អែលកាយបាន ឈ្មោះថា បុរសបុគ្គល មិនមែនយក្សបុ្រស ប្រេតប្រុស តិរច្ឆានឈ្មោះទេ។ ពាក្យថា ត្រេកអរនឹងការចាប់ដៃក្តី សេចក្តីថា ដែលហៅថាដៃ គឺវាស់តាំងពីដុំដៃ រហូតដល់ចុងក្រចក។ ភិក្ខុនីត្រេកអរនឹងការចាប់ ខាងលើ តាំងពីដងកាំបិតឡើងទៅ ខាងក្រោម តាំងពីមណ្ឌលជង្គង់ចុះមក ប្រយោជន៍សេពអសទ្ធម្មនុ៎ះ ត្រូវអាបត្តិថុល្លច្ច័យ។ ពាក្យថា ត្រេកអរនឹងការចាប់ជាយសង្ឃាដី គឺភិក្ខុនីត្រេកអរនឹងការចាប់សំពត់ដែលស្លៀកក្តី ដែលដណ្តប់ក្តី ប្រយោជន៍នឹងសេពអសទ្ធម្មនុ៎ះ ត្រូវអាបត្តិថុល្លច្ច័យ។ ពាក្យថា ឈរជាមួយក្តី គឺភិក្ខុនីឈរក្នុងហត្ថបាសប្រុស ប្រយោជន៍នឹងសេពអសទ្ធម្មនុ៎ះ ត្រូវអាបត្តិថុល្លច្ច័យ។ ពាក្យថា ចរចាជាមួយក្តី គឺភិក្ខុនីឈរក្នុងហត្ថបាសប្រុស ហើយចរចារជាមួយ ប្រយោជន៍នឹងសេពអសទ្ធម្មនុ៎ះ ត្រូវអាបត្តិថុល្លច្ច័យ។ ពាក្យថា ទៅកាន់ទីសង្កេត គឺភិក្ខុនីដែលប្រុសនិយាយថា លោកចូរមកកាន់ទីឱកាសឈ្មោះនេះដូច្នេះ ប្រយោជន៍ដល់ការសេពអសទ្ធម្មនុ៎ះ ហើយក៏ទៅ ត្រូវអាបត្តិទុក្កដ គ្រប់ៗជំហាន លុះចូលទៅដល់ហត្ថបាសប្រុសហើយ ក៏ត្រូវអាបត្តិថុល្លច្ច័យ។ ពាក្យថា ត្រេកអរនឹងប្រុសដើរចូលមកជិតក្តី គឺភិក្ខុនីត្រេកអរនឹងប្រុសដើរចូលមកជិត ប្រយោជន៍ដល់ការសេពអសទ្ធម្មនុ៎ះ ត្រូវអាបត្តិទុក្កដ លុះដើរចូលមកដល់ហត្ថបាសកាលណា ក៏ត្រូវអាបត្តិថុល្លច្ច័យ។ ពាក្យថា ចូលទៅកាន់ទីកំបាំងក្តី គឺភិក្ខុនីគ្រាន់តែចូលទៅកាន់ទីឱកាសដ៏បិទបាំងដោយរបស់ណាមួយ ប្រយោជន៍ដល់ការសេពអសទ្ធម្មនុ៎ះ ក៏ត្រូវអាបត្តិថុល្លច្ច័យ។ ពាក្យថា ពិចារណាកាយ ប្រយោជន៍ដល់អសទ្ធម្មនោះក្តី គឺភិក្ខុនីឈរក្នុងហត្ថបាសប្រុស ហើយពិចារណារាងកាយ ប្រយោជន៍ដល់ការសេពអសទ្ធម្មនុ៎ះ ត្រូវអាបត្តិថុល្លច្ច័យ។
[២៨] ត្រង់ពាក្យថា ភិក្ខុនីនេះក្តី គឺភិក្ខុនីនេះឯង តថាគតពោលប្រៀបផ្ទឹមនឹងភិក្ខុនីមុនៗ។ ពាក្យថា ត្រូវអាបត្តិបារាជិក សេចក្តីថា ដើមត្នោតដែលកំបុតចុង មិនគួរដុះឡើងទៀតបាន មានឧបមាយ៉ាងណាមិញ ភិក្ខុនីដែលញុំាងវត្ថុជាគំរប់៨ឲ្យពេញ ក៏មិនមែនជាសមណី មិនមែនជាធីតារបស់ព្រះពុទ្ធជាសក្យត្រកូល ក៏មានឧបមេយ្យយ៉ាងនោះដែរ ហេតុនោះ បានជាតថាគតហៅថា ភិក្ខុនីនោះ ត្រូវអាបត្តិបារាជិក (ជាអ្នកចាលចាញ់)។ ពាក្យថា រកសំវាសគ្មាន គឺដែលហៅថា សំវាស គឺបានដល់កម្មជាមួយគ្នា ឧទ្ទេសជាមួយគ្នា សេចក្តីសិក្សាស្មើគ្នា នេះឈ្មោះថា សំវាស សំវាសនោះមិនមានជាមួយនឹងភិក្ខុនីនោះទេ ហេតុនោះ បានជាតថាគតហៅថា ភិក្ខុនីនោះជាស្រីមិនមានសំវាស។
[២៩] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៨យ៉ាង) គឺ ភិក្ខុនីមិនក្លែងឲ្យកន្លង១ ភិក្ខុនីមិនមានសតិ១ ភិក្ខុនីមិនដឹងខ្លួន១ ភិក្ខុនីមិនត្រេកអរ១ ភិក្ខុនីឆ្កួត១ ភិក្ខុនីមានចិត្តរវើរវាយ១ ភិក្ខុនីដែលវេទនាគ្របសង្កត់១ ភិក្ខុនីជាដើមបញ្ញត្តិ១។
បារាជិកទី៤ ចប់។
[៣០] បពិត្រលោកម្ចាស់ទាំងឡាយ អាបត្តិបារាជិកទាំងឡាយ៨ ខ្ញុំសំដែងឡើងហើយ បណ្តាអាបត្តិបារាជិកទាំងឡាយ៨នុ៎ះ ភិក្ខុនីណាត្រូវអាបត្តិបារាជិកណាមួយ ភិក្ខុនីនោះមិនបាននៅរួមជាមួយនឹងភិក្ខុនីទាំងឡាយឡើយ (ព្រោះ) ខ្លួនត្រូវអាបត្តិបារាជិក រកសំវាសគ្មាន កាលអំពីមុន គឺកាលដែលខ្លួននៅជាគ្រហស្ថមានសភាពយ៉ាងណា កាលខាងក្រោយ ដែលខ្លួនត្រូវបារាជិកហើយ ក៏មានសភាពដូច្នោះដែរ។ ខ្ញុំសូមសួរលោកម្ចាស់ទាំងឡាយក្នុងរឿងនោះ លោកទាំងឡាយជាអ្នកបរិសុទ្ធហើយឬ។ ខ្ញុំសួរអស់វារៈគំរប់ពីរដងផង លោកទាំងឡាយជាអ្នកបរិសុទ្ធហើយឬ។ ខ្ញុំសួរអស់វារៈគំរប់បីដងផង លោកទាំងឡាយជាអ្នកបរិសុទ្ធហើយឬ។ លោកម្ចាស់ទាំងឡាយ ជាអ្នកបរិសុទ្ធក្នុងរឿងនុ៎ះហើយ ហេតុនោះ បានជានៅស្ងៀម។ ខ្ញុំសូមចាំទុកនូវរឿងនេះ ដោយអាការស្ងៀមនៅយ៉ាងនេះ។
បារាជិកកណ្ឌ ចប់។
សត្តរសកណ្ឌ
បពិត្រលោកម្ចាស់ទាំងឡាយ អាបត្តិសង្ឃាទិសេសទាំង១៧នេះឯង តែងមកកាន់ឧទ្ទេស។
សង្ឃាទិសេសទី១
[៣១] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ គង់ក្នុងជេតវនារាម របស់អនាថបិណ្ឌិកសេដ្ឋីទៀបក្រុងសាវត្ថី។ សម័យនោះឯង ឧបាសកម្នាក់ប្រគេនឃ្លាំង (រោងដាក់របស់) ដល់ភិក្ខុនីសង្ឃ ហើយធ្វើមរណកាលទៅ។ ឧបាសកនោះមានកូនពីរនាក់ ម្នាក់មិនមានសទ្ធាមិនជ្រះថ្លា ម្នាក់មានសទ្ធាជ្រះថ្លា។ កូនទាំងពីរនាក់នោះយកសម្បត្តិដែលជារបស់បិតាមកចែកគ្នា។ ឯបុរសដែលគ្មានសទ្ធា គ្មានជ្រះថ្លានោះបាននិយាយពាក្យនេះនឹងបុរសដែលមានសទ្ធាជ្រះថ្លានោះថា ឃ្លាំងរបស់យើងមាន យើងនឹងចែកនូវឃ្លាំងនោះ។ កាលបើបុរសដែលឥតសទ្ធាឥតជ្រះថ្លានោះ និយាយយ៉ាងនេះហើយ បុរសដែលមានសទ្ធាជ្រះថ្លានោះ បាននិយាយពាក្យនេះ នឹងបុរសដែលមិនមានសទ្ធា មិនជ្រះថ្លានោះថា អ្នកម្ចាស់កុំនិយាយយ៉ាងនេះឡើយ ឃ្លាំងនោះបិតាយើងប្រគេនដល់ភិក្ខុនីសង្ឃទៅហើយ។ បុរសដែលមិនមានសទ្ធា មិនជ្រះថ្លា និយាយពាក្យនេះ នឹងបុរសដែលមានសទ្ធាជ្រះថ្លានោះអស់វារៈពីរដងថា ឃ្លាំងរបស់យើងមាន យើងនឹងចែកនូវឃ្លាំងនោះ។ ទើបបុរសដែលមានសទ្ធាជ្រះថ្លានោះ បាននិយាយពាក្យនេះ នឹងបុរសដែលគ្មានសទ្ធាមិនជ្រះថ្លានោះថា អ្នកម្ចាស់កុំនិយាយយ៉ាងនេះឡើយ ឃ្លាំងនោះបិតាយើងប្រគេនដល់ភិក្ខុនីសង្ឃហើយ។ បុរសដែលគ្មានសទ្ធាឥតជ្រះថ្លានោះ បាននិយាយពាក្យនេះនឹងបុរសដែលមានសទ្ធាជ្រះថ្លានោះអស់វារៈគំរប់បីដងផងថា ឃ្លាំងរបស់យើងមាន យើងនឹងចែកនូវឃ្លាំងនោះ។ លំដាប់នោះ បុរសដែលមានសទ្ធាជ្រះថ្លាក៏គិតថា បើឃ្លាំងនឹងបានមកអញ អញនឹងប្រគេនភិក្ខុនីសង្ឃ ហើយក៏បាននិយាយពាក្យនេះ នឹងបុរសដែលមិនមានសទ្ធាមិនជ្រះថ្លានោះថា យើងចែកគ្នាចុះ។ ឯឃ្លាំងនោះ កាលដែលអ្នកទាំងពីរនាក់នោះចែកគ្នា ក៏បានទៅលើកូនដែលមិនមានសទ្ធាមិនជ្រះថ្លានោះ។ ទើបកូនដែលឥតសទ្ធា ឥតជ្រះថ្លានោះចូលទៅរកភិក្ខុនីទាំងឡាយ ហើយបាននិយាយពាក្យនេះថា បពិត្រលោកម្ចាស់ លោកទាំងឡាយចូរចេញទៅ ឃ្លាំងជារបស់យើងទេ។ កាលបើបុរសដែលគ្មានសទ្ធាគ្មានជ្រះថ្លានោះនិយាយយ៉ាងនេះហើយ ថុល្លនន្ទាភិក្ខុនីបាននិយាយពាក្យនេះនឹងបុរសនោះថា នែអ្នកម្ចាស់ អ្នកកុំនិយាយយ៉ាងនេះឡើយ ឃ្លាំងនេះ បិតារបស់អ្នកប្រគេនដល់ភិក្ខុនីសង្ឃហើយតើ។ ជនទាំងពីរនោះសួរមហាមាត្យជាចៅក្រមថា ឃ្លាំងនោះគេបានប្រគេនភិក្ខុនីសង្ឃហើយ ឬមិនបានប្រគេន(ទេ)។ មហាមាត្យទាំងឡាយបាននិយាយយ៉ាងនេះថា បពិត្រលោកម្ចាស់ មានអ្នកណាដឹងថា ឃ្លាំងនោះគេប្រគេនភិក្ខុនីសង្ឃហើយ (ខ្លះដែរ)។ កាលបើមហាមាត្យទាំងឡាយនិយាយយ៉ាងនេះហើយ ថុល្លនន្ទាភិក្ខុនីបាននិយាយពាក្យនេះនឹងមហាមាត្យទាំងឡាយនោះថា កាលដែលគេឲ្យទាន(នោះ) សឹងមានសំអាងសាក្សីអ្នកទាំងឡាយក៏បានឃើញ បានឮខ្លះដែរ។ ទើបមហាមាត្យទាំងឡាយនោះបាននិយាយថា លោកម្ចាស់និយាយពាក្យនេះមែនពិត ហើយក៏វិនិច្ឆ័យឲ្យឃ្លាំងនោះដល់ភិក្ខុនីសង្ឃវិញ។ ឯបុរសនោះ លុះចាញ់គេហើយ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ស្រីផ្កាមាសត្រងោលទាំងនេះមិនមែនជាសមណីទេ មិនសមបើនឹងឲ្យគេដណ្តើមយកឃ្លាំងរបស់យើងសោះ។ ថុល្លនន្ទាភិក្ខុនីប្រាប់ដំណើរនុ៎ះដល់មហាមាត្យទាំងឡាយ។ មហាមាត្យទាំងឡាយក៏ពិន័យបុរសនោះ។ ឯបុរសនោះ លុះត្រូវពិន័យហើយ ក៏ឲ្យគេសាងលំនៅអាជីវកក្នុងទីជិតលំនៅភិក្ខុនី ហើយបញ្ជូនពួកអាជីវកទៅដោយពាក្យថា អ្នកទាំងឡាយចូរជេរភិក្ខុនីទាំងឡាយនុ៎ះ។ ថុល្លនន្ទាភិក្ខុនីប្រាប់ដំណើរនុ៎ះដល់មហាមាត្យទាំងឡាយ។ មហាមាត្យទាំងឡាយក៏ចាប់ចងបុរសនោះធ្វើទោស (ដាក់គុក)។ មនុស្សទាំងឡាយពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុនីទាំងឡាយ មិនគួរនឹង (ប្រព្រឹត្តល្មើសដោយស្ថាន៣យ៉ាង) គឺ១ឲ្យមហាមាត្យដណ្តើមយកឃ្លាំងរបស់គេ ២ឲ្យមហាមាត្យពិន័យលក់គេ ៣ឲ្យមហាមាត្យធ្វើទោសដាក់គុកគេ ឥឡូវនេះមុខជានឹងឲ្យមហាមាត្យសម្លាប់គេ។ ភិក្ខុនីទាំងឡាយបានឮពាក្យមនុស្សទាំងឡាយនោះពោលទោស តិះដៀល បន្តុះបង្អាប់ហើយ។ ភិក្ខុនីទាំងឡាយឯណាមានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុនីទាំងឡាយនោះ ពោលទោស តិះដៀល បន្តុះបង្អាប់ថា លោកម្ចាស់ថុល្លនន្ទា មិនសមបើនឹងពោលពាក្យដោយសេចក្តីច្រណែន (ប្តឹងផ្តល់)សោះ។ ទើបភិក្ខុនីទាំងឡាយនោះ ប្រាប់ដំណើរនុ៎ះដល់ភិក្ខុទាំងឡាយ។បេ។ ទ្រង់ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថាថុល្លនន្ទាភិក្ខុនីជាអ្នកប្តឹងផ្តល់ ពិតមែនឬ។ ភិក្ខុទាំងឡាយក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធដ៏មានជោគ ទ្រង់បន្ទោសថា ម្នាលភិក្ខុទាំងឡាយ ថុល្លនន្ទាភិក្ខុនី មិនគួរនឹងជាអ្នកប្តឹងផ្តល់គេទេ ម្នាលភិក្ខុទាំងឡាយ អំពើនេះមិនមែននាំឲ្យជ្រះថ្លាដល់ជនទាំងឡាយដែលមិនទាន់ជ្រះថ្លាទេ។បេ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីទាំងឡាយ ចូរសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុនីណាមួយជាអ្នកប្តឹងផ្តល់ ពីគហបតិក្តី កូនគហបតិក្តី ខ្ញុំគេក្តី អ្នកធ្វើការងារក្តី ដោយហោចទៅ សូម្បីតែសមណបរិព្វាជក ភិក្ខុនីនេះក៏ត្រូវអាបត្តិសង្ឃាទិសេស ជាបឋមាបត្តិក គួរបណ្តេញចេញចាកសង្ឃ។
[៣២] ត្រង់បទថា ភិក្ខុនីណាមួយ មានសេចក្តីអធិប្បាយក្នុងបារាជិកកណ្ឌទី១រួចហើយ។ ដែលហៅថា ប្តឹងផ្តល់ គឺសំដៅយកភិក្ខុនីជាអ្នកក្តី។ ជនណាមួយនៅគ្រប់គ្រងផ្ទះ ជននោះឈ្មោះថា គហបតិ។ ដែលហៅថា កូនគហបតិ គឺជនទាំងឡាយណាមួយជាកូននឹងបងប្អូនប្រុស (របស់គហបតិនោះ)។ ដែលហៅថា ខ្ញុំ គឺខ្ញុំដែលកើតខាងក្នុង ឬខ្ញុំដែលលោះដោយទ្រព្យ ឬមនុស្សឈ្លើយ ដែលគេចាប់បានក្នុងទ័ព។ ដែលហៅថា អ្នកធ្វើការងារ គឺអ្នកធ្វើការងារស៊ីឈ្នួល អ្នកធ្វើការដឹកនាំគ្រឿងឧបករណ៍។ ជនណាមួយដែលបួសក្នុងសំណាក់បរិព្វាជក លើកទុកតែភិក្ខុនី សិក្ខមានា សាមណេរ និងសាមណេរីចេញ ហៅថា សមណបរិព្វាជក។ ភិក្ខុនីគិតថា អញនឹងធ្វើ គឺកើតក្តី ហើយស្វែងរក (គ្នា) ជាគំរប់ពីរក្តី ដើរទៅក្តី ត្រូវអាបត្តិទុក្កដ ប្តឹងចៅក្រមម្តង ត្រូវអាបត្តិទុក្កដ ប្តឹងចៅក្រមពីរដង ត្រូវអាបត្តិថុល្លច្ច័យ សម្រេចក្តី ត្រូវអាបត្តិសង្ឃាទិសេស។
[៣៣] ត្រង់ពាក្យថា ជាបឋមាបត្តិក គឺភិក្ខុនីត្រូវ(អាបត្តិ)មួយអន្លើដោយការប្រព្រឹត្តកន្លងវត្ថុ (ជាដម្បូង) មិនមែនដោយសូត្រសមនុភាសនកម្មទេ។ ពាក្យថា គួរបណ្តេញចេញចាកសង្ឃ គឺភិក្ខុនីនោះត្រូវភិក្ខុនីឯទៀតនាំចេញអំពីសង្ឃ។ ពាក្យថា សង្ឃាទិសេស គឺសង្ឃពិតអាចឲ្យមានត្ត ដើម្បីអាបត្តិនោះ នឹងទាញអន្តរាបត្តិមកដាក់ក្នុងមូលាបត្តិឲ្យអព្ភានបាន ភិក្ខុនីទាំងឡាយច្រើនប្រមាណ (២-៣រូប) ឲ្យមិនបាន ភិក្ខុនី១រូបក៏ឲ្យមិនបាន ហេតុនោះ បានជាតថាគតហៅពួកអាបត្តិនោះថា សង្ឃាទិសេស។ ពាក្យថា សង្ឃាទិសេស ជានាមកម្ម គឺថាជាឈ្មោះនៃអាបត្តិនិកាយនោះឯង ព្រោះហេតុនោះ បានជាតថាគតហៅអាបត្តិនិកាយនោះថា សង្ឃាទិសេស។
[៣៤] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៥យ៉ាង) គឺ ភិក្ខុនីដែលមនុស្សទាំងឡាយកោះនាំទៅ១ ភិក្ខុនីសូមអារក្ខា គឺសូមឲ្យរាជការជួយរក្សាការពារ១ ភិក្ខុនីប្តឹងមិនចំពោះឈ្មោះ១ ភិក្ខុនីឆ្កួត១ ភិក្ខុនីធ្វើកន្លងមុនបញ្ញត្តិ១។
សង្ឃាទិសេសទី២
[៣៥] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ គង់ក្នុងជេតវនារាម របស់អនាថបិណ្ឌិកសេដ្ឋីទៀបក្រុងសាវត្ថី។ សម័យនោះឯង ភរិយារបស់ស្តេចលិច្ឆវី១អង្គប្រព្រឹត្តកន្លងចិត្ត(ប្តី)។ ទើបស្តេចលិច្ឆវីនោះបាននិយាយពាក្យនេះនឹងស្រីនោះថា អញសុំរំលឹកនាងឯង ចូរនាងឯងលះ (អំពើនោះ) ចេញ ខំអញនឹងធ្វើសេចក្តីវិនាសដល់នាងឯង។ ស្រីនោះទុកជាស្តេចលិច្ឆវីនោះនិយាយយ៉ាងនេះ ក៏មិនអើពើឡើយ។ សម័យនោះឯង ជួនជាមានការប្រជុំពួកស្តេចលិច្ឆវីក្នុងក្រុងវេសាលីដោយកិច្ចនីមួយ។ ទើបស្តេចលិច្ឆវីនោះបាននិយាយពាក្យនេះនឹងស្តេចលិច្ឆវីទាំងឡាយនោះថា នែព្រះអង្គទាំងឡាយ សូមព្រះអង្គទាំងឡាយអនុញ្ញាតស្រីម្នាក់ដល់ខ្ញុំ។ ស្តេចលិច្ឆវីទាំងឡាយនោះសួរថា ស្រីនោះជាអ្វី។ ស្តេចលិច្ឆវីនោះឆ្លើយថា ជាប្រពន្ធខ្ញុំ វាក្បត់ចិត្តខ្ញុំ ខ្ញុំនឹងសម្លាប់វានោះចោល។ ស្តេចលិច្ឆវីទាំងឡាយនិយាយថា ព្រះអង្គចូរដឹងចុះ។ ស្រីនោះក៏បានឮពណ៌ដ៏មានថា ប្តីចង់សម្លាប់អញ ហើយក៏យករបស់ដែលមានដំឡៃទៅកាន់ក្រុងសាវត្ថី ចូលទៅរកពួកតិរ្ថិយ ហើយក៏សូមបព្វជ្ជា។ តិរ្ថិយទាំងឡាយមិនចូលចិត្តឲ្យស្រីនោះបួសឡើយ។ ស្រីនោះចូលទៅរកពួកភិក្ខុនី ហើយសូមបព្វជ្ជា(ទៀត)។ ភិក្ខុនីទាំងឡាយក៏មិនចូលចិត្តឲ្យនាងនោះបួសដែរ។ ស្រីនោះចូលទៅរកថុល្លនន្ទាភិក្ខុនី បង្ហាញបង្វេចរបស់ហើយ សូមបព្វជ្ជា។ ថុល្លនន្ទាភិក្ខុនីទទួលយកបង្វេចរបស់ ហើយឲ្យស្រីនោះបួស។ ឯស្តេចលិច្ឆវីនោះកាលស្វែងរកស្រីនោះ បានទៅកាន់ក្រុងសាវត្ថី ឃើញស្រីនោះបួសក្នុងសំណាក់ភិក្ខុនីទាំងឡាយ ហើយក៏ចូលទៅគាល់ស្តេចបសេនទិកោសល លុះចូលទៅដល់ហើយ ក្រាបទូលពាក្យនេះនឹងព្រះបាទបសេនទិកោសលថា បពិត្រព្រះសម្មតិទេព ភរិយារបស់ខ្ញុំនាំយករបស់មានដំឡៃ ហើយមកកាន់ក្រុងសាវត្ថីនេះ (ឥឡូវនេះ) សូមព្រះអង្គអនុញ្ញាតស្រីនោះឲ្យទាន។ ស្តេចមានព្រះរាជឱង្កាថា នែនាយ បើដូច្នោះ ចូរអ្នកពិនិត្យរក ហើយមកប្រាប់យើងចុះ។ ស្តេចលិច្ឆវីនោះទូលថា បពិត្រព្រះសម្មតិទេព ខ្ញុំព្រះអង្គបានឃើញស្រីនោះបួសក្នុងសំណាក់ភិក្ខុនីទាំងឡាយហើយ។ ស្តេចមានព្រះឱង្កាថា នែនាយ បើស្រីនោះបួសក្នុងសំណាក់ភិក្ខុនីទាំងឡាយហើយ អ្នកធ្វើអ្វីតិចតួចដល់ភិក្ខុនីនោះមិនបានទេ ព្រោះថា ធម៌ គឺព្រះដ៏មានព្រះភាគសំដែងល្អហើយ ចូរភិក្ខុនីនោះប្រព្រឹត្តព្រហ្មចារ្យ ដើម្បីធ្វើនូវទីបំផុតទុក្ខដោយប្រពៃចុះ។ ទើបស្តេចលិច្ឆវីនោះពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុនីទាំងឡាយ មិនសមនឹងបំបួសស្រីជាចោរនោះសោះ។ ភិក្ខុនីទាំងឡាយបានឮពាក្យស្តេចលិច្ឆវីនោះពោលទោស តិះដៀល បន្តុះបង្អាប់ហើយ។ ភិក្ខុនីទាំងឡាយឯណាមានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុនីទាំងឡាយនោះ ពោលទោស តិះដៀល បន្តុះបង្អាប់ថា លោកម្ចាស់ថុល្លនន្ទា មិនសមបើនឹងបំបួសស្រីចោរសោះ។ ទើបភិក្ខុនីទាំងឡាយនោះ ប្រាប់សេចក្តីនុ៎ះដល់ភិក្ខុទាំងឡាយ។បេ។ ទ្រង់ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថាថុល្លនន្ទាភិក្ខុនីបំបួសស្រីជាចោរ ពិតមែនឬ។ ភិក្ខុទាំងឡាយក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធដ៏មានជោគ ទ្រង់បន្ទោសថា ម្នាលភិក្ខុទាំងឡាយ ថុល្លនន្ទាភិក្ខុនី មិនគួរបើនឹងបំបួសស្រីចោរទេ ម្នាលភិក្ខុទាំងឡាយ អំពើនេះមិននាំឲ្យជ្រះថ្លាដល់ជនទាំងឡាយដែលមិនទាន់ជ្រះថ្លាទេ។បេ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីទាំងឡាយ ចូរសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុនីណាមួយដឹងថាស្រីជាចោរដែលគេដឹងច្បាស់ថា ត្រូវសម្លាប់ ហើយមិនប្រាប់ស្តេចក្តី សង្ឃក្តី គណៈក្តី ប្រជុំជនក្តី សេនាក្តី ហើយបំបួស (ស្រីនោះ) វៀរតែកប្ប (គឺមានសំបុត្រច្បាប់) ភិក្ខុនីនេះក្តី ក៏ត្រូវអាបត្តិសង្ឃាទិសេស ជាបឋមាបត្តិក គួរបណ្តេញចេញចាកសង្ឃ។
[៣៦] ត្រង់ពាក្យថា ភិក្ខុនីណាមួយ មានសេចក្តីដូចគ្នានឹងសិក្ខាបទទី១នៃបារាជិកកណ្ឌរួចហើយ។ ដែលឈ្មោះថាដឹង គឺភិក្ខុនីដឹងខ្លួនឯងក្តី ជនទាំងឡាយដទៃប្រាប់ភិក្ខុនីនោះក្តី ស្រីចោរនោះប្រាប់ក្តី។ ដែលហៅថា ស្រីចោរ គឺស្រីណាមានថេយ្យចិត្ត លួចយកទ្រព្យមានដម្លៃប្រាំមាសកក្តី លើសពីប្រាំមាសកក្តី ដែលគេមិនបានឲ្យ ស្រីនេះ ឈ្មោះថា ស្រីចោរ។ ស្រីដល់នូវទោសត្រូវសម្លាប់ ព្រោះធ្វើអំពើឯណា អំពើនេះឈ្មោះថា ទោសត្រូវសម្លាប់។ ដែលហៅថា គេដឹងច្បាស់ គឺស្រីដែលមនុស្សទាំងឡាយដទៃដឹងថា ស្រីនេះមានទោសត្រូវសម្លាប់។ ពាក្យថា មិនបានប្រាប់ គឺមិនបានជំរាប។ ដែលហៅថា ស្តេច គឺស្តេចត្រួតត្រាក្នុងទីណា ត្រូវភិក្ខុនីថ្វាយដំណឹងស្តេច (ក្នុងទីនោះ)។ ដែលហៅថា សង្ឃ សំដៅយកភិក្ខុនីសង្ឃ ភិក្ខុនីត្រូវប្រាប់ភិក្ខុនីសង្ឃ(នោះឯង)។ ដែលហៅថាគណៈ គឺគណៈភិក្ខុនីត្រួតត្រាក្នុងទីណា ភិក្ខុនីត្រូវប្រាប់គណភិក្ខុនី(ក្នុងទីនោះដែរ)។ ដែលហៅថា ប្រជុំជន គឺចំណោមមនុស្សត្រួតត្រាក្នុងទីណា ភិក្ខុនីត្រូវប្រាប់ចំណោមមនុស្ស(ក្នុងទីនោះ)។ ដែលហៅថា សេនា គឺសេនាត្រួតត្រាក្នុងទីណា ភិក្ខុនីត្រូវប្រាប់សេនា(ក្នុងទីនោះ)។ ពាក្យថា វៀរលែងតែកប្ប គឺមានសំបុត្រច្បាប់ សេចក្តីថា លើកទុកតែមានសំបុត្រច្បាប់។ ដែលហៅថា កប្ប បានដល់កប្បពីរយ៉ាង (ថាដូច្នេះ) ស្រីនេះបានបួសក្នុងសំណាក់តិរ្ថិយទាំងឡាយក្តី ស្រីនេះបានបួសក្នុងសំណាក់ភិក្ខុនីទាំងឡាយដទៃក្តី។ ភិក្ខុនីគិតថា អញនឹងបំបួស (ស្រីនោះ) ហើយស្វែងរកគណៈក្តី ភិក្ខុនីជាអាចារ្យក្តី បាត្រក្តី ចីវរក្តី សម្មតិសីមាក្តី ត្រូវអាបត្តិទុក្កដ វៀរលែងតែមានសំបុត្រច្បាប់ ភិក្ខុនីជាឧបជ្ឈាយ៍ត្រូវអាបត្តិទុក្កដក្នុងខណៈចប់ញត្តិ ត្រូវអាបត្តិថុល្លច្ច័យទាំងឡាយក្នុងខណៈចប់កម្មវាចាពីរលើក ចប់កម្មវាចាស្រេច ត្រូវអាបត្តិសង្ឃាទិសេស ចំណែកគណៈនឹងភិក្ខុនីជាអាចារ្យ ត្រូវត្រឹមអាបត្តិទុក្កដ។
[៣៧] ពាក្យថា ភិក្ខុនីនេះក្តី តថាគតពោលប្រៀបផ្ទឹមនឹងភិក្ខុនីដែលត្រូវអាបត្តិមុនៗ។ ពាក្យថា បឋមាបត្តិក គឺភិក្ខុនីត្រូវអាបត្តិមួយអន្លើដោយកិរិយាប្រព្រឹត្តកន្លងវត្ថុ មិនមែនដោយសូត្រសមនុភាសនកម្មទេ។ ពាក្យថា គួរបណ្តេញចេញចាកសង្ឃ គឺភិក្ខុនីនោះត្រូវភិក្ខុនីឯទៀតនាំចេញអំពីសង្ឃ។ ពាក្យថា សង្ឃាទិសេស មានសេចក្តីអធិប្បាយក្នុងសង្ឃាទិសេសទី១រួចហើយ។
[៣៨] ស្រីចោរ ភិក្ខុនីសំគាល់ថាស្រីចោរ ហើយបំបួស (ស្រីនោះ) ត្រូវអាបត្តិសង្ឃាទិសេស វៀរលែងតែមានសំបុត្រច្បាប់។ ស្រីចោរ ភិក្ខុនីសង្ស័យ ហើយបំបួស (ស្រីនោះ) ត្រូវអាបត្តិទុក្កដ វៀរលែងតែមានសំបុត្រច្បាប់។ ស្រីចោរ ភិក្ខុនីសំគាល់ថាមិនមែនចោរ ហើយបំបួស (ស្រីនោះ) មិនត្រូវអាបត្តិ វៀរលែងតែមានសំបុត្រច្បាប់។ មិនមែនស្រីចោរ ភិក្ខុនីសំគាល់ថាស្រីចោរ ត្រូវអាបត្តិទុក្កដ។ មិនមែនស្រីចោរ ភិក្ខុនីសង្ស័យ ត្រូវអាបត្តិទុក្កដ។ មិនមែនស្រីចោរ ភិក្ខុនីសំគាល់ថាមិនមែនស្រីចោរ មិនត្រូវអាបត្តិ។
[៣៩] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៥យ៉ាង) គឺ ភិក្ខុនីមិនដឹង ហើយបំបួស១ ភិក្ខុនីជំរាបដល់អ្នករាជការ មានស្តេចជាដើម ហើយទើបបំបួស១ ភិក្ខុនីបំបួសស្រីដែលមានសំបុត្រច្បាប់ពីក្នុងកាលមុនរួចហើយ (គឺស្រីដែលធ្លាប់បួសក្នុងសំណាក់តិរ្ថិយ ឬភិក្ខុនីឯទៀត) ១ ភិក្ខុនីឆ្កួត ១ ភិក្ខុនីដើមបញ្ញត្តិ ១។
សង្ឃាទិសេសទី៣
[៤០] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ គង់ក្នុងជេតវនារាម របស់អនាថបិណ្ឌិកសេដ្ឋីទៀបក្រុងសាវត្ថី។ សម័យនោះឯង ភិក្ខុនីជាសិស្សរបស់ភទ្ទាកាបិលានីថេរីឈ្លោះនឹងភិក្ខុនីទាំងឡាយ ហើយក៏បានទៅកាន់ត្រកូលញាតិក្នុងស្រុក។ ភទ្ទាកាបិលានីថេរី កាលមិនឃើញភិក្ខុនីនោះ ក៏សួរភិក្ខុនីទាំងឡាយថា ភិក្ខុនីឈ្មោះនេះទៅណា មិនឃើញ។ ភិក្ខុនីទាំងឡាយប្រាប់ថា បពិត្រលោកម្ចាស់ ភិក្ខុនីនោះឈ្លោះនឹងភិក្ខុនីទាំងឡាយ ហើយ(ស្រាប់តែ)មិនឃើញ។ ភទ្ទាកាបិលានីថេរីនិយាយថា នែនាងទាំងឡាយ ត្រកូលញាតិរបស់ភិក្ខុនីនេះ មាននៅក្នុងស្រុកឈ្មោះឯណោះ ចូរនាងទាំងឡាយទៅពិនិត្យរកក្នុងត្រកូលនោះមើល។ ភិក្ខុនីទាំងឡាយទៅក្នុងទីនោះ ឃើញភិក្ខុនីនោះ ហើយបាននិយាយពាក្យនេះថា នែលោកម្ចាស់ ហេតុអ្វីក៏លោកមកតែម្នាក់ឯង មិនមានគេបៀតបៀនលោកទេឬ។ ភិក្ខុនីនោះនិយាយថា នែលោកម្ចាស់ ខ្ញុំមិនមានអ្នកណាបៀតបៀនទេ។ ភិក្ខុនីទាំងឡាយណាមានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុនីទាំងឡាយនោះ ពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុនី មិនសមនឹងទៅកាន់ចន្លោះស្រុកតែម្នាក់ឯងសោះ។បេ។ ទ្រង់ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថាភិក្ខុនីទៅកាន់ចន្លោះស្រុកតែម្នាក់ឯង ពិតមែនឬ។ ភិក្ខុទាំងឡាយក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធដ៏មានជោគ ទ្រង់បន្ទោសថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុនី មិនគួរបើនឹងទៅកាន់ចន្លោះស្រុកតែម្នាក់ឯងទេ ម្នាលភិក្ខុទាំងឡាយ អំពើនេះមិនមែននាំឲ្យជ្រះថ្លាដល់ជនទាំងឡាយដែលមិនទាន់ជ្រះថ្លាទេ។បេ។ ម្នាលភិក្ខុទាំងឡាយ ចូរភិក្ខុនីទាំងឡាយ សំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុនីណាមួយទៅកាន់ចន្លោះស្រុកតែម្នាក់ឯង ភិក្ខុនីនេះក្តី ក៏ត្រូវអាបត្តិសង្ឃាទិសេស ឈ្មោះបឋមាបត្តិក គួរបណ្តេញចេញចាកសង្ឃ។ ឯសិក្ខាបទនេះ ព្រះដ៏មានព្រះភាគ ទ្រង់បញ្ញត្តហើយដល់ភិក្ខុនីទាំងឡាយយ៉ាងនេះ។
[៤១] សម័យនោះឯង ភិក្ខុនីទាំងឡាយពីររូបចេញអំពីក្រុងសាកេត ហើយដើរផ្លូវឆ្ងាយទៅកាន់ក្រុងសាវត្ថី។ ក្នុងចន្លោះផ្លូវមានស្ទឹងដែលភិក្ខុនីទាំងឡាយនោះត្រូវឆ្លង។ ទើបភិក្ខុនីទាំងឡាយនោះចូលទៅរកពួកអ្នកទូក ហើយបាននិយាយពាក្យនេះថា នែអ្នកដ៏មានអាយុ សូមឲ្យអ្នកទាំងឡាយអាណិតចម្លងយើង (បន្តិច)។ ពួកអ្នកទូកនិយាយថា បពិត្រលោកម្ចាស់ យើងខ្ញុំមិនអាចចម្លងលោកម្ចាស់ទាំងពីររូបតែម្តងបានទេ។ អ្នកទូកម្នាក់ចម្លងភិក្ខុនី១រូប។ អ្នកទូកដែលឆ្លងរួចទៅហើយ ក៏ទ្រុស្ត(សេពសន្ថវ) នឹងភិក្ខុនីដែលឆ្លងរួចទៅហើយ។ អ្នកទូកដែលមិនទាន់ឆ្លង ក៏ទ្រុស្តនឹងភិក្ខុនីដែលមិនទាន់ឆ្លង។ ភិក្ខុនីទាំងពីរនោះមកប្រជុំគ្នាក្នុងពេលក្រោយ ហើយសួរគ្នាថា នែលោកម្ចាស់ អ្នកទូកមិនបៀតបៀនលោកទេឬ។ ភិក្ខុនីនោះនិយាយថា នែលោកម្ចាស់ ខ្ញុំអ្នកទូកវាបៀតបៀនទៅហើយ ចុះចំណែកខាងលោកម្ចាស់ អ្នកទូកវាមិនបៀតបៀនលោកទេឬ។ ភិក្ខុនីនោះ ក៏និយាយថា លោកម្ចាស់ ខ្ញុំអ្នកទូកបៀតបៀនហើយដែរ។ លំដាប់នោះ ភិក្ខុនីទាំងឡាយនោះទៅកាន់ក្រុងសាវត្ថី ហើយប្រាប់ដំណើរនុ៎ះដល់ភិក្ខុនីទាំងឡាយ។ ភិក្ខុនីទាំងឡាយណាមានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុនីទាំងឡាយនោះ ពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុនី មិនសមនឹងទៅកាន់ត្រើយស្ទឹងខាងនាយតែម្នាក់ឯងសោះ។ ទើបភិក្ខុនីទាំងឡាយនោះ ប្រាប់ដំណើរនុ៎ះដល់ភិក្ខុទាំងឡាយ។ ភិក្ខុទាំងឡាយទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ។បេ។ ទ្រង់ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថាភិក្ខុនីទៅកាន់ត្រើយស្ទឹងខាងនាយតែម្នាក់ឯង ពិតមែនឬ។ ភិក្ខុទាំងឡាយក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធដ៏មានព្រះភាគ ទ្រង់បន្ទោសថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុនី មិនគួរបើនឹងទៅកាន់ត្រើយស្ទឹងខាងនាយតែម្នាក់ឯងទេ ម្នាលភិក្ខុទាំងឡាយ អំពើនេះមិនមែននាំឲ្យជ្រះថ្លាដល់ជនទាំងឡាយដែលមិនទាន់ជ្រះថ្លាទេ។បេ។ ម្នាលភិក្ខុទាំងឡាយ ចូរភិក្ខុនីទាំងឡាយ សំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុនីណាមួយទៅកាន់ចន្លោះស្រុកតែម្នាក់ឯងក្តី ទៅកាន់ត្រើយស្ទឹងខាងនាយតែម្នាក់ឯងក្តី ភិក្ខុនីនេះឯង ក៏ត្រូវអាបត្តិសង្ឃាទិសេស ឈ្មោះបឋមាបត្តិក គួរបណ្តេញចេញចាកសង្ឃ។ ព្រះដ៏មានព្រះភាគបានទ្រង់បញ្ញត្តសិក្ខាបទនេះដល់ភិក្ខុនីទាំងឡាយយ៉ាងនេះ។
[៤២] សម័យនោះឯង ភិក្ខុនីទាំងឡាយច្រើនរូប ទៅកាន់ក្រុងសាវត្ថី ក្នុងជនបទកោសល ទើបចូលទៅកាន់ស្រុក១ ក្នុងពេលល្ងាច។ បណ្តាភិក្ខុនីទាំងឡាយនោះ ភិក្ខុនី១រូប មានរូបល្អ គួរពិតពិលរមិលមើល នាំមកនូវសេចក្តីជ្រះថ្លា។ បុរសម្នាក់មានចិត្តប្រតិព័ទ្ធតាំងពីឃើញភិក្ខុនីនោះ។ ឯបុរសនោះ បានក្រាលទីសិងដល់ភិក្ខុនីទាំងឡាយនោះ ក៏ក្រាលទីសិងដើម្បីភិក្ខុនីនោះក្នុងទីម្ខាងដោយឡែក។ ទើបឯភិក្ខុនីនោះកំណត់យល់ឃើញហើយ ក៏គិតថា បុរសនេះមានរាគៈគ្របសង្កត់ហើយ បើគាត់នឹងមកក្នុងវេលាយប់ អញមុខជានឹងមានសម្រែកខុសប្រក្រតី ហើយក៏មិនបានលាភិក្ខុនីទាំងឡាយ ស្រាប់តែទៅកាន់ត្រកូលមួយ ហើយក៏សម្រេចឥរិយាបថដេក។ លំដាប់នោះ បុរសនោះមកក្នុងវេលារាត្រី ស្វែងរកភិក្ខុនីនោះ ក៏បៀតបៀនភិក្ខុនីទាំងឡាយ។ ភិក្ខុនីទាំងឡាយ កាលបើមិនឃើញភិក្ខុនីនោះ បាននិយាយយ៉ាងនេះថា ភិក្ខុនីនោះចេញទៅជាមួយនឹងប្រុសជាប្រាកដហើយ។ ឯភិក្ខុនីនោះ លុះកន្លងរាត្រីនោះទៅ បានចូលទៅរកភិក្ខុនីទាំងឡាយ។ ភិក្ខុនីទាំងឡាយបាននិយាយពាក្យនេះនឹងភិក្ខុនីនោះថា នែលោកម្ចាស់ ហេតុអ្វីបានជាលោកចេញទៅជាមួយនឹងប្រុស។ ភិក្ខុនីនោះនិយាយថា នែលោកម្ចាស់ ខ្ញុំមិនបានចេញទៅជាមួយនឹងប្រុសទេ ហើយក៏ប្រាប់ដំណើរនុ៎ះដល់ភិក្ខុនីទាំងឡាយ។ ភិក្ខុនីទាំងឡាយឯណា មានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុនីទាំងឡាយនោះ ពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុនី មិនសមបើនឹងនៅប្រាសចាកគ្នាក្នុងវេលារាត្រីតែម្នាក់ឯងសោះ។បេ។ ទ្រង់ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថាភិក្ខុនីនៅប្រាសចាក(គ្នា)ក្នុងវេលារាត្រីតែម្នាក់ឯង ពិតមែនឬ។ ភិក្ខុទាំងឡាយក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធដ៏មានព្រះភាគ ទ្រង់បន្ទោសថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុនី មិនគួរបើនឹងនៅប្រាសចាក(គ្នា)ក្នុងវេលារាត្រីតែម្នាក់ឯងទេ ម្នាលភិក្ខុទាំងឡាយ អំពើនេះមិនមែននាំឲ្យជ្រះថ្លាដល់ជនទាំងឡាយដែលមិនទាន់ជ្រះថ្លាទេ ឬនាំឲ្យរឹងរឹតតែជ្រះថ្លាឡើងដល់ជនទាំងឡាយដែលជ្រះថ្លាស្រាប់ហើយទេ។បេ។ ម្នាលភិក្ខុទាំងឡាយ ចូរភិក្ខុនីទាំងឡាយ សំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុនីណាមួយទៅកាន់ចន្លោះស្រុកតែម្នាក់ឯងក្តី ទៅកាន់ត្រើយស្ទឹងខាងនាយតែម្នាក់ឯងក្តី ប្រាសចាកគ្នាក្នុងវេលារាត្រីតែម្នាក់ឯងក្តី ភិក្ខុនីនេះឯង ក៏ត្រូវអាបត្តិសង្ឃាទិសេស ឈ្មោះបឋមាបត្តិក គួរបណ្តេញចេញចាកសង្ឃ។ សិក្ខាបទនេះ ព្រះដ៏មានព្រះភាគទ្រង់បញ្ញត្តដល់ភិក្ខុនីទាំងឡាយហើយយ៉ាងនេះ។
[៤៣] សម័យនោះឯង ភិក្ខុនីទាំងឡាយច្រើនរូប ដើរផ្លូវឆ្ងាយ ទៅកាន់ក្រុងសាវត្ថី ក្នុងកោសលជនបទ។ បណ្តាភិក្ខុនីទាំងឡាយនោះ ភិក្ខុនីមួយរូប មានឧច្ចារបៀតបៀន (ឈឺដោះទុក្ខសត្វ) បង្អង់នៅតែម្នាក់ឯង ហើយបានទៅក្នុងកាលជាខាងក្រោយ។ មនុស្សទាំងឡាយឃើញភិក្ខុនីនោះហើយទ្រុស្ត។ ទើបភិក្ខុនីនោះ ចូលទៅរកភិក្ខុនីទាំងឡាយនោះ។ ភិក្ខុនីទាំងឡាយបានពោលពាក្យនេះនឹងភិក្ខុនីនោះថា នែលោកម្ចាស់ ហេតុអ្វីក៏លោកបង្អង់ឈប់នៅតែម្នាក់ឯង ហើយលោកមិនមានអ្នកណាបៀតបៀនខ្លះទេឬ។ ភិក្ខុនីនោះប្រាប់ថា បពិត្រលោកម្ចាស់ ខ្ញុំប្រុសបៀតបៀនទៅហើយ។ ភិក្ខុនីទាំងឡាយណាមានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុនីទាំងឡាយនោះ ពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុនី មិនសមបើនឹងឈប់បង្អង់ឲ្យយឺតយូរជាងពួកតែម្នាក់ឯងសោះ។បេ។ ទ្រង់ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថាភិក្ខុនីបង្អង់ឲ្យយឺតយូរជាងពួកតែម្នាក់ឯង ពិតមែនឬ។ ភិក្ខុទាំងឡាយក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធដ៏មានជោគ ទ្រង់បន្ទោសថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុនី មិនគួរបើនឹងបង្អង់ឲ្យយឺតយូរជាងពួកតែម្នាក់ឯងសោះ ម្នាលភិក្ខុទាំងឡាយ អំពើនេះមិននាំឲ្យជ្រះថ្លាដល់ជនទាំងឡាយដែលមិនទាន់ជ្រះថ្លាទេ។បេ។ ម្នាលភិក្ខុទាំងឡាយ ចូរភិក្ខុនីទាំងឡាយ សំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុនីណាមួយទៅកាន់ចន្លោះស្រុកតែម្នាក់ឯងក្តី ទៅកាន់ត្រើយស្ទឹងខាងនាយតែម្នាក់ឯងក្តី នៅប្រាសចាកគ្នាក្នុងវេលារាត្រីតែម្នាក់ឯងក្តី ឈប់ឲ្យឃ្លាតអំពីពួកតែម្នាក់ឯងក្តី ភិក្ខុនីនេះឯង ក៏ត្រូវអាបត្តិឈ្មោះសង្ឃាទិសេស ជាបឋមាបត្តិក គួរបណ្តេញចេញ។
[៤៤] ពាក្យថា ភិក្ខុនីណាមួយ មានអធិប្បាយក្នុងសិក្ខាបទទី១នៃបារាជិកកណ្ឌរួចហើយ។ ពាក្យថា ទៅកាន់ចន្លោះស្រុកតែម្នាក់ឯងក្តី គឺភិក្ខុនីឈានជំហានដម្បូងចូលទៅកាន់របងនៃស្រុកដែលមានរបង ត្រូវអាបត្តិថុល្លច្ច័យ ឈានជំហានទី២ ទៅ ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុនីឈានជំហានដម្បូងចូលទៅកាន់ឧបចារស្រុកដែលមិនមានរបង ត្រូវអាបត្តិថុល្លច្ច័យ ឈានជំហានទី២ ត្រូវអាបត្តិសង្ឃាទិសេស។ ពាក្យថា ទៅកាន់ត្រើយស្ទឹងខាងនាយតែម្នាក់ឯង គឺភិក្ខុនីបិទបាំងមណ្ឌល៣ ហើយឆ្លងឡើងក្នុងទីណាមួយ ស្បង់នៃភិក្ខុនីនោះក៏ទទឹកបាន ទីនោះហៅថាស្ទឹង។ ភិក្ខុនីឆ្លងផុតជំហានដម្បូង ត្រូវអាបត្តិថុល្លច្ច័យ ឆ្លងផុតជំហានទី២ ត្រូវអាបត្តិសង្ឃាទិសេស។ ពាក្យថា នៅប្រាសចាកគ្នាក្នុងវេលារាត្រីតែម្នាក់ឯង គឺភិក្ខុនីកំពុងលះហត្ថបាសនៃភិក្ខុនីទី២ ត្រូវអាបត្តិថុល្លច្ច័យ ព្រមគ្នានឹងអរុណរះឡើង លុះលះហត្ថបាសស្រឡះហើយ ត្រូវអាបត្តិសង្ឃាទិសេស។ ពាក្យថា ឈប់ឲ្យឃ្លាតអំពីពួកតែម្នាក់ឯង គឺភិក្ខុនីកំពុងលះទស្សនុបចារ (កន្លែងដែលមើលគ្នាឃើញ) ក្តី សវនុបចារ (កន្លែងដែលស្តាប់ឮ)ក្តី របស់ភិក្ខុនីទី២ ក្នុងព្រៃមិនមែនជាស្រុក ត្រូវអាបត្តិថុល្លច្ច័យ លុះលះបង់ដាច់ស្រឡះហើយ ត្រូវសង្ឃាទិសេស។
[៤៥] ពាក្យថា ភិក្ខុនីនេះឯង តថាគតពោលប្រៀបផ្ទឹមនឹងភិក្ខុនីដែលត្រូវអាបត្តិមុនៗ។ ពាក្យថា បឋមាបត្តិក គឺភិក្ខុនីត្រូវអាបត្តិព្រមគ្នានឹងពេលដែលប្រព្រឹត្តកន្លងវត្ថុ មិនមែនដោយសូត្រសមនុភាសនវិធីទេ។ ពាក្យថា គួរបណ្តេញចេញ គឺភិក្ខុនីនោះ ត្រូវភិក្ខុនីទាំងឡាយ បណ្តេញចេញចាកសង្ឃ។ ពាក្យថា សង្ឃាទិសេស មានអធិប្បាយក្នុងសង្ឃាទិសេសទី១រួចហើយ។
[៤៦] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៤យ៉ាង) គឺ ភិក្ខុនីទី២ចៀសចេញទៅក្តី សឹកទៅក្តី ស្លាប់ទៅក្តី ចូលទៅកាន់ពួកតិរ្ថិយក្តី១ ភិក្ខុនីមានសេចក្តីអន្តរាយ១ ភិក្ខុនីឆ្កួត១ ភិក្ខុនីធ្វើមុនបញ្ញត្តិ១។
សង្ឃាទិសេសទី៤
[៤៧] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ គង់ក្នុងជេតវនារាម របស់អនាថបិណ្ឌិកសេដ្ឋីទៀបក្រុងសាវត្ថី។ សម័យនោះឯង ចណ្ឌកាលីភិក្ខុនី ជាអ្នកធ្វើសេចក្តីបង្កហេតុឈ្លោះទាស់ទែងគ្នា ធ្វើនូវតិរច្ឆានកថា ជាអ្នកបង្កអធិករណ៍ក្នុងសង្ឃ។ ថុល្លនន្ទាភិក្ខុនីរារាំងនូវកម្មទាំងឡាយដែលចណ្ឌកាលីភិក្ខុនីនោះធ្វើ។ ទទួលសម័យនោះឯង ថុល្លនន្ទាភិក្ខុនីបានទៅកាន់ស្រុកតូច ដោយកិច្ចអ្វីម្យ៉ាង។ លំដាប់នោះ ភិក្ខុនីសង្ឃដឹងថា ថុល្លនន្ទាភិក្ខុនីចៀសចេញទៅហើយ ៗលើកវត្តចំពោះចណ្ឌកាលីភិក្ខុនី ព្រោះសេចក្តីមិនឃើញអាបត្តិ។ ថុល្លនន្ទាភិក្ខុនីពិចារណាកិច្ច ដែលខ្លួនត្រូវធ្វើក្នុងស្រុកនោះហើយ ក៏វិលមកកាន់ក្រុងសាវត្ថីវិញ។ ចណ្ឌកាលីភិក្ខុនី កាលបើថុល្លនន្ទាភិក្ខុនីមកដល់ ក៏មិនក្រាលអាសនៈឲ្យ មិនចូលទៅដម្កល់ទឹកលាងជើង តាំងរងជើង និងឈើទ្រាប់ជើងឡើយ មិនក្រោកទទួលយកបាត្រចីវរ មិនអើពើដោយទឹកផឹក។ ថុល្លនន្ទាភិក្ខុនីបាននិយាយពាក្យនេះនឹងចណ្ឌកាលីភិក្ខុនីថា នែលោកម្ចាស់ កាលបើយើងមកដល់ ហេតុអ្វីក៏លោកមិនក្រាលអាសនៈឲ្យ មិនចូលមកដម្កល់ទឹកលាងជើង តាំងរងជើង និងឈើទ្រាប់ជើងឲ្យ មិនក្រោកទទួលយកបាត្រចីវរ មិនអើពើដោយទឹកផឹក។ ចណ្ឌកាលីភិក្ខុនីនិយាយថា បពិត្រលោកម្ចាស់ ការនេះបានជាយ៉ាងហ្នឹង ព្រោះខ្ញុំជាមនុស្សអនាថា។ ថុល្លនន្ទាភិក្ខុនីសួរថា នែលោកម្ចាស់ ហេតុអ្វីក៏លោកជាមនុស្សអនាថា។ ចណ្ឌកាលីភិក្ខុនីនិយាយថា នែលោកម្ចាស់ ភិក្ខុនីទាំងឡាយនេះ គិតគ្នាថា ភិក្ខុនីនេះជាមនុស្សអនាថា មិនមានអ្នកណាស្គាល់ គ្មានភិក្ខុនីណាមួយជាអ្នកប្រតិបត្តិភិក្ខុនីនេះទេ ដូច្នេះហើយ ក៏លើកវត្តចំពោះខ្ញុំ ព្រោះសេចក្តីមិនឃើញអាបត្តិ។ ថុល្លនន្ទាភិក្ខុនីនិយាយថា ភិក្ខុនីទាំងឡាយនេះល្ងង់ ភិក្ខុនីអស់នេះមិនឆ្លាស ភិក្ខុនីទាំងឡាយនេះមិនស្គាល់កម្មក្តី ទោសរបស់កម្មក្តី កម្មវិបត្តិក្តី កម្មសម្បត្តិក្តី ឯយើងទើបដឹងកម្មផង ទោសរបស់កម្មផង កម្មវិបត្តិផង កម្មសម្បត្តិផង យើងហ្នឹងឯងត្រូវធ្វើកម្មដែលសង្ឃមិនបានធ្វើផង ត្រូវញុំាងកម្មដែលសង្ឃធ្វើហើយឲ្យកម្រើកផង ដូច្នេះហើយ ប្រជុំភិក្ខុនីសង្ឃភ្លាមៗ ហើយសូត្រ(ដកកម្ម) បញ្ចូលចណ្ឌកាលីភិក្ខុនីមកវិញ។ ភិក្ខុនីទាំងឡាយណាមានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុនីទាំងឡាយនោះ ពោលទោស តិះដៀល បន្តុះបង្អាប់ថា លោកម្ចាស់ថុល្លនន្ទា មិនសមបើនឹងមិនប្រាប់ការកសង្ឃ មិនដឹងសេចក្តីប្រាថ្នារបស់ពួកភិក្ខុនីជាអ្នកធ្វើ ហើយសូត្របញ្ចូលភិក្ខុនីដែលសង្ឃព្រមព្រៀងគ្នាលើកវត្តតាមធម៌ តាមវិន័យ តាមពាក្យប្រៀនប្រដៅព្រះសាស្តាទេ។បេ។ ទ្រង់ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថាថុល្លនន្ទាភិក្ខុនី មិនបានប្រាប់ការកសង្ឃ មិនដឹងសេចក្តីប្រាថ្នារបស់ពួកភិក្ខុនីជាអ្នកធ្វើ សូត្របញ្ចូលភិក្ខុនីដែលសង្ឃព្រមព្រៀងគ្នាលើកវត្តតាមធម៌ តាមវិន័យ តាមពាក្យប្រៀនប្រដៅព្រះសាស្តា ពិតមែនឬ។ ភិក្ខុទាំងឡាយក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធដ៏មានជោគ ទ្រង់បន្ទោសថា ម្នាលភិក្ខុទាំងឡាយ ថុល្លនន្ទាភិក្ខុនី មិនគួរបើនឹងមិនប្រាប់ការកសង្ឃ មិនដឹងសេចក្តីប្រាថ្នារបស់ពួកភិក្ខុនីជាអ្នកធ្វើ ហើយសូត្របញ្ចូលភិក្ខុនីដែលសង្ឃព្រមព្រៀងគ្នាលើកវត្តតាមធម៌ តាមវិន័យ តាមពាក្យប្រៀនប្រដៅព្រះសាស្តាទេ ម្នាលភិក្ខុទាំងឡាយ អំពើនេះ មិនមែននាំឲ្យជ្រះថ្លាដល់ជនទាំងឡាយ ដែលមិនទាន់ជ្រះថ្លាទេ។បេ។ ម្នាលភិក្ខុទាំងឡាយ ចូរភិក្ខុនីទាំងឡាយ សំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុនីណាមួយ មិនបានប្រាប់ការកសង្ឃ មិនដឹងសេចក្តីប្រាថ្នារបស់គណៈ ហើយសូត្របញ្ចូលភិក្ខុនីដែលសង្ឃព្រមព្រៀងគ្នាលើកវត្តតាមធម៌ តាមវិន័យ តាមពាក្យប្រៀនប្រដៅរបស់ព្រះសាស្តា ភិក្ខុនីនេះក្តី ក៏ត្រូវអាបត្តិសង្ឃាទិសេស ជាបឋមាបត្តិក គួរបណ្តេញចេញចាកសង្ឃ។
[៤៨] ពាក្យថា ភិក្ខុនីណាមួយ មានអធិប្បាយក្នុងសិក្ខាបទទី១នៃបារាជិកកណ្ឌរួចហើយ។ សង្ឃដែលមានសំវាសស្មើគ្នា ឋិតនៅក្នុងសីមាស្មើគ្នា ឈ្មោះថា ព្រមព្រៀងគ្នា។ ភិក្ខុនីដែលឈ្មោះថាសង្ឃលើកវត្ត គឺភិក្ខុនីដែលសង្ឃលើកវត្ត ព្រោះមិនឃើញអាបត្តិក្តី មិនសំដែងអាបត្តិក្តី មិនលះបង់(ទិដ្ឋិអាក្រក់)ក្តី។ ពាក្យថា តាមធម៌ តាមវិន័យ គឺតាមធម៌យ៉ាងណា តាមវិន័យយ៉ាងណា។ ពាក្យថា តាមពាក្យប្រៀនប្រដៅរបស់ព្រះសាស្តា គឺតាមពាក្យប្រៀនប្រដៅរបស់ព្រះជិនស្រី គឺតាមពុទ្ធសាសនា។ ពាក្យថា មិនប្រាប់ការកសង្ឃ គឺមិនប្រាប់សង្ឃជាអ្នកធ្វើកម្ម។ ពាក្យថា មិនដឹងសេចក្តីប្រាថ្នារបស់គណៈ គឺមិនដឹងសេចក្តីពេញចិត្តរបស់ពួក។ ភិក្ខុនីគិតថា អញនឹងសូត្របញ្ចូលពួក ហើយស្វែងរកពួកក្តី សម្មតិសីមាក្តី ត្រូវអាបត្តិទុក្កដ ភិក្ខុនីនោះ ត្រូវអាបត្តិទុក្កដក្នុងខណៈចប់ញត្តិ ត្រូវអាបត្តិថុល្លច្ច័យទាំងឡាយ ក្នុងខណៈចប់កម្មវាចាពីរលើក ត្រូវអាបត្តិសង្ឃាទិសេសក្នុងខណៈសូត្រចប់កម្មវាចាស្រេច។
[៤៩] ពាក្យថា ភិក្ខុនីនេះក្តី តថាគតពោលប្រៀបផ្ទឹមនឹងភិក្ខុនីដែលប្រព្រឹត្តល្មើសមុនៗ។ ពាក្យថា បឋមាបត្តិក គឺភិក្ខុនីត្រូវអាបត្តិព្រមគ្នានឹងប្រព្រឹត្តកន្លងវត្ថុ មិនមែនដោយសូត្រសមនុភាសនវិធីទេ។ ពាក្យថា គួរបណ្តេញចេញចាកសង្ឃ គឺភិក្ខុនីនោះ ត្រូវភិក្ខុនីឯទៀតបណ្តេញចេញអំពីសង្ឃ។ ពាក្យថា សង្ឃាទិសេស មានអធិប្បាយក្នុងសង្ឃាទិសេសទី១នៃសត្តរសកណ្ឌរួចហើយ។
[៥០] កម្មប្រកបដោយធម៌ ភិក្ខុនីសំគាល់ថាកម្មប្រកបដោយធម៌ ហើយសូត្របញ្ចូលពួក ត្រូវអាបត្តិសង្ឃាទិសេស។ កម្មប្រកបដោយធម៌ ភិក្ខុនីសង្ស័យ ហើយសូត្របញ្ចូលពួក ត្រូវអាបត្តិសង្ឃាទិសេស។ កម្មប្រកបដោយធម៌ ភិក្ខុនីសំគាល់ថាកម្មមិនប្រកបដោយធម៌ ហើយសូត្របញ្ចូលពួក ត្រូវអាបត្តិសង្ឃាទិសេស។ កម្មមិនប្រកបដោយធម៌ ភិក្ខុនីសំគាល់ថាកម្មប្រកបដោយធម៌ ត្រូវអាបត្តិទុក្កដ។ កម្មមិនប្រកបដោយធម៌ ភិក្ខុនីសង្ស័យ ត្រូវអាបត្តិទុក្កដ។ កម្មមិនប្រកបដោយធម៌ ភិក្ខុនីសំគាល់ថាកម្មមិនប្រកបដោយធម៌ ត្រូវអាបត្តិទុក្កដ។
[៥១] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៥យ៉ាង) គឺ ភិក្ខុនីប្រាប់សង្ឃជាអ្នកធ្វើសង្ឃកម្ម ហើយទើបសូត្របញ្ចូលពួក១ ភិក្ខុនីដឹងសេចក្តីប្រាថ្នារបស់គណៈ ហើយទើបសូត្របញ្ចូល១ ភិក្ខុនីសូត្របញ្ចូលភិក្ខុនីដែលប្រព្រឹត្តតាមវត្ត កាលបើគ្មានសង្ឃជាអ្នកធ្វើសង្ឃកម្ម ទើបភិក្ខុនីសូត្របញ្ចូលពួក១ ភិក្ខុនីឆ្កួត១ ភិក្ខុនីធ្វើខុសមុនបញ្ញត្តិ១។
សង្ឃាទិសេសទី៥
[៥២] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ គង់ក្នុងជេតវនារាម របស់អនាថបិណ្ឌិកសេដ្ឋីទៀបក្រុងសាវត្ថី។ សម័យនោះឯង សុន្ទរីនន្ទាភិក្ខុនីមានរូបល្អ គួរពិតពិលរមិលមើល នាំមកនូវសេចក្តីជ្រះថ្លា។ មនុស្សទាំងឡាយឃើញសុន្ទរីនន្ទាភិក្ខុនីក្នុងរោងភត្តហើយ មានសេចក្តីតម្រេក ក៏ប្រគេនភោជនទាំងឡាយសុទ្ធតែប្រសើរដល់សុន្ទរីនន្ទាភិក្ខុនីដែលមានតម្រេកដែរ។ សុន្ទរីនន្ទាភិក្ខុនីឆាន់ (តែឯង) ទាល់តែឆ្អែត។ ភិក្ខុនីទាំងឡាយដទៃមិនបានអាហារដ៏សមគួរដល់ចិត្តផងឡើយ។ ភិក្ខុនីទាំងឡាយណាមានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុនីទាំងឡាយនោះ ពោលទោស តិះដៀល បន្តុះបង្អាប់ថា នាងសុន្ទរីនន្ទាភិក្ខុនី មិនសមបើនឹងមានតម្រេក ទទួលខាទនីយភោជនីយាហារអំពីដៃបុរសបុគ្គល ដែលមានតម្រេកដែរ ដោយដៃខ្លួន ហើយទំពាស៊ី ឬឆាន់សោះ។បេ។ ទ្រង់ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថាសុន្ទរីនន្ទាភិក្ខុនីមានតម្រក ទទួលខាទនីយភោជនីយាហារអំពីដៃបុរសបុគ្គលដែលមានតម្រេកដែរ ដោយដៃរបស់ខ្លួន ហើយទំពាស៊ី ឬបរិភោគ ពិតមែនឬ។ ភិក្ខុទាំងឡាយក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធដ៏មានជោគ ទ្រង់បន្ទោសថា ម្នាលភិក្ខុទាំងឡាយ សុន្ទរីនន្ទាភិក្ខុនី មិនគួរបើនឹងមានតម្រេក ហើយទទួលខាទនីយភោជនីយាហារអំពីដៃបុរសបុគ្គលដែលមានតម្រេកដែរ ដោយដៃរបស់ខ្លួន ហើយទំពាស៊ី ឬឆាន់ទេ ម្នាលភិក្ខុទាំងឡាយ អំពើនេះមិនមែននាំឲ្យជ្រះថ្លាដល់ជនទាំងឡាយដែលមិនទាន់ជ្រះថ្លាទេ។បេ។ ម្នាលភិក្ខុទាំងឡាយ ចូរភិក្ខុនីទាំងឡាយ សំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុនីណាមួយ មានតម្រេកទទួលយកខាទនីយក្តី ភោជនីយក្តី អំពីដៃបុរសបុគ្គលដែលមានតម្រេកដែរ ដោយដៃនៃខ្លួន ហើយទំពាស៊ីក្តី បរិភោគក្តី ភិក្ខុនីនេះក្តី ក៏ត្រូវអាបត្តិសង្ឃាទិសេស ជាបឋមាបត្តិក គួរបណ្តេញចេញចាកសង្ឃ។
[៥៣] ពាក្យថា ភិក្ខុនីណាមួយ មានអធិប្បាយក្នុងសិក្ខាបទខាងដើមរួចហើយ។ ភិក្ខុនីដែលឈ្មោះថា មានតម្រេក គឺភិក្ខុនីដែលត្រេកអរ អាឡោះអាល័យ មានចិត្តប្រតិព័ទ្ធ។ បុរសដែលឈ្មោះថា មានតម្រេក គឺប្រុសដែលត្រេកត្រអាល សំឡឹងគយគន់ មានចិត្តប្រតិព័ទ្ធ។ ដែលហៅថាបុរសបុគ្គល សំដៅយកមនុស្សប្រុសដែលដឹងក្តី អាចត្រេកអរបាន មិនមែនយក្សប្រុស ប្រេតប្រុស តិរច្ឆានឈ្មោលទេ។ ដែលហៅថា ខាទនីយ គឺលើកលែងតែភោជន៥យ៉ាងចេញ និងទឹក និងឈើស្ទន់ ក្រៅពីនោះឈ្មោះថា ខាទនីយទាំងអស់។ ភោជន៥យ៉ាង គឺបាយ១ នំស្រស់១ នំក្រៀម១ ត្រី១ សាច់១ ឈ្មោះថា ភោជនីយ។ ភិក្ខុនីគិតថា អញនឹងទំពាស៊ី ឬនឹងបរិភោគ ហើយទទួលយក ត្រូវអាបត្តិថុល្លច្ច័យ។ ភិក្ខុនីនោះ ត្រូវអាបត្តិសង្ឃាទិសេសគ្រប់ៗវារៈដែលលេបចូលទៅ។
[៥៤] ពាក្យថា ភិក្ខុនីនេះក្តី គឺតថាគតពោលប្រៀបផ្ទឹមនឹងភិក្ខុនីទាំងឡាយមុនៗ។ ពាក្យថា បឋមាបត្តិក គឺភិក្ខុនីត្រូវអាបត្តិព្រមគ្នានឹងប្រព្រឹត្តកន្លងវត្ថុ មិនមែនដោយសូត្រសមនុភាសនវិធីទេ។ ពាក្យថា គួរបណ្តេញចេញចាកសង្ឃ គឺភិក្ខុនីនោះ ត្រូវភិក្ខុនីទាំងឡាយបណ្តេញចេញអំពីសង្ឃ។ ពាក្យថា សង្ឃាទិសេស មានអធិប្បាយក្នុងសិក្ខាបទខាងដើមរួចហើយ។ ភិក្ខុនីទទួលទឹក និងឈើស្ទន់ ត្រូវអាបត្តិទុក្កដ។
[៥៥] កាលបើមានតម្រេកតែម្ខាង ហើយភិក្ខុនីគិតថា អញនឹងទំពាស៊ី ឬនឹងបរិភោគ ក៏ទទួលយក ត្រូវអាបត្តិទុក្កដ។ ភិក្ខុនីនោះត្រូវអាបត្តិថុល្លច្ច័យគ្រប់ៗវារៈដែលលេបចូលទៅ។ ភិក្ខុនីទទួលទឹកនិងឈើស្ទន់ ត្រូវអាបត្តិទុក្កដ។ កាលបើបុគ្គលមានតម្រេកទាំងពីរខាង ហើយភិក្ខុនីគិតថា អញនឹងទំពាស៊ី ឬនឹងបរិភោគដូច្នេះ ក៏ទទួលយកអំពីដៃយក្សប្រុសក្តី ប្រេតក្តី បណ្ឌក (ខ្ទើយ)ក្តី តិរច្ឆានដែលមានរូបរាងដូចមនុស្សក្តី ត្រូវអាបត្តិទុក្កដ។ ភិក្ខុនីនោះត្រូវអាបត្តិថុល្លច្ច័យគ្រប់ៗវារៈដែលលេបចូលទៅ។ ភិក្ខុនីទទួលទឹកនិងឈើស្ទន់ ត្រូវអាបត្តិទុក្កដ។ កាលបើមានតម្រេកតែម្ខាង ហើយភិក្ខុនីគិតថា អញនឹងទំពាស៊ី ឬនឹងបរិភោគដូច្នេះ ក៏ទទួលយក ត្រូវអាបត្តិទុក្កដ។ ភិក្ខុនីនោះត្រូវអាបត្តិទុក្កដគ្រប់ៗវារៈដែលលេបចូលទៅ។ ភិក្ខុនីទទួលយកទឹកនិងឈើស្ទន់ ត្រូវអាបត្តិទុក្កដ។
[៥៦] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៤យ៉ាង) គឺ ជនទាំងឡាយ (ភិក្ខុនីនិងប្រុស) មិនមានតម្រេកទាំងពីរខាង១ ភិក្ខុនីដឹងថា ប្រុសនោះមិនមានតម្រេក ទើបទទួលយក១ ភិក្ខុនីឆ្កួត១ ភិក្ខុនីធ្វើខុសមុនបញ្ញត្តិ១។
សង្ឃាទិសេសទី៦
[៥៧] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ គង់ក្នុងជេតវនារាម របស់អនាថបិណ្ឌិកសេដ្ឋីទៀបក្រុងសាវត្ថី។ សម័យនោះឯង សុន្ទរីនន្ទាភិក្ខុនីមានរូបល្អ គួរពិតពិលរមិលមើល នាំមកនូវសេចក្តីជ្រះថ្លា។ មនុស្សទាំងឡាយបានឃើញសុន្ទរីនន្ទាភិក្ខុនីក្នុងរោងភត្តក៏មានតម្រេក ហើយឲ្យភោជនទាំងឡាយដ៏ឧត្តុង្គឧត្តមដល់សុន្ទរីនន្ទាភិក្ខុនីដែលមានតម្រេកដែរ។ សុន្ទរីនន្ទាភិក្ខុនីរង្កៀស ក៏មិនទទួលយក។ ភិក្ខុនីដែលអង្គុយលើអាសនៈបន្ទាប់ បានពោលពាក្យនេះនឹងសុន្ទរីនន្ទាភិក្ខុនីថា នែលោកម្ចាស់ ហេតុអ្វីក៏នាងមិនទទួលយក។ សុន្ទរីនន្ទាភិក្ខុនីនិយាយថា នែលោកម្ចាស់ បុរសនេះមានតម្រេក។ ភិក្ខុនីទាំងឡាយនោះសួរថា នែលោកម្ចាស់ ចំណែកខាងលោកមានតម្រេកឬទេ។ សុន្ទរីនន្ទាភិក្ខុនីនិយាយថា នែលោកម្ចាស់ ខ្ញុំមិនមានតម្រេកទេ។ ភិក្ខុនីនោះនិយាយថា នែលោកម្ចាស់ បុគ្គលប្រុសនេះ ទុកជាមានតម្រេកក្តី មិនមានតម្រេកក្តី នឹងធ្វើអ្វីដល់នាងបាន នែលោកម្ចាស់ ណ្ហើយចុះ កាលណាបើលោកមិនមានតម្រេកហើយ បើបុគ្គលប្រុសនេះឲ្យវត្ថុឯណា ជាខាទនីយក្តី ជាភោជនីយក្តី ដល់លោក លោកចូរទទួលយកវត្ថុនោះដោយដៃខ្លួន ហើយទំពាស៊ី ឬបរិភោគចុះ។ ភិក្ខុនីទាំងឡាយណាមានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុនីទាំងឡាយនោះ ពោលទោស តិះដៀល បន្តុះបង្អាប់ថា ធម្មតាភិក្ខុនីមិនសមបើនឹងពោលយ៉ាងនេះថា នែលោកម្ចាស់ បុគ្គលប្រុសនេះ ទុកជាមានតម្រេកក្តី មិនមានតម្រេកក្តី នឹងធ្វើអ្វីដល់លោកបាន នែលោកម្ចាស់ ណ្ហើយចុះ កាលណាបើលោកមិនមានតម្រេកទេ បើបុគ្គលប្រុសនោះឲ្យវត្ថុឯណា ជាខាទនីយក្តី ភោជនីយក្តី ដល់លោក លោកចូរទទួលយកវត្ថុនោះដោយដៃខ្លួន ហើយទំពាស៊ី ឬបរិភោគចុះ។បេ។ទ្រង់ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថាភិក្ខុនីពោលយ៉ាងនេះថា នែលោកម្ចាស់ បុគ្គលប្រុសនេះ ទុកជាមានតម្រេកក្តី មិនមានតម្រេកក្តី នឹងធ្វើអ្វីដល់លោកបាន នែលោកម្ចាស់ ណ្ហើយចុះ កាលណាបើលោកមិនមានតម្រេកទេ បើបុគ្គលប្រុសនេះឲ្យវត្ថុឯណា ជាខាទនីយក្តី ភោជនីយក្តី ដល់លោក លោកចូរទទួលយកវត្ថុនោះដោយដៃខ្លួន ហើយទំពាស៊ី ឬបរិភោគចុះ ពិតមែនឬ។ ភិក្ខុទាំងឡាយក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធដ៏មានជោគ ទ្រង់បន្ទោសថា ម្នាលភិក្ខុទាំងឡាយ ធម្មតាភិក្ខុនីមិនសមបើនឹងពោលយ៉ាងនេះថា នែលោកម្ចាស់ បុគ្គលប្រុសនេះ ទុកជាមានតម្រេកក្តី មិនមានតម្រេកក្តី នឹងធ្វើអ្វីដល់លោកបាន នែលោកម្ចាស់ ណ្ហើយចុះ កាលណាបើលោកមិនមានតម្រេកទេ បើបុគ្គលប្រុសនេះឲ្យវត្ថុឯណា ជាខាទនីយក្តី ជាភោជនីយក្តី ដល់លោក លោកចូរទទួលយកវត្ថុនោះដោយដៃខ្លួន ហើយទំពាស៊ី ឬបរិភោគចុះទេ ម្នាលភិក្ខុទាំងឡាយ អំពើរបស់ភិក្ខុនីនេះមិនមែននាំឲ្យជ្រះថ្លាដល់ពួកជនដែលមិនទាន់ជ្រះថ្លាទេ។បេ។ ម្នាលភិក្ខុទាំងឡាយ ចូរភិក្ខុនីទាំងឡាយ សំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុនីណាមួយពោលយ៉ាងនេះថា នែលោកម្ចាស់ បុគ្គលប្រុសនេះ ទុកជាមានតម្រេកក្តី មិនមានតម្រេកក្តី នឹងធ្វើអ្វីដល់លោកបាន នែលោកម្ចាស់ ណ្ហើយចុះ កាលណាបើលោកមិនមានតម្រេកទេ បើបុគ្គលប្រុសនេះឲ្យវត្ថុឯណា ជាខាទនីយក្តី ជាភោជនីយក្តី ដល់លោក លោកចូរទទួលយកវត្ថុនោះដោយដៃខ្លួន ហើយទំពាស៊ី ឬបរិភោគចុះ ភិក្ខុនីនេះក្តី ក៏ត្រូវអាបត្តិសង្ឃាទិសេស ជាបឋមាបត្តិក គួរបណ្តេញចេញចាកសង្ឃ។
[៥៨] ត្រង់ពាក្យថា ភិក្ខុនីណាមួយ មានសេចក្តីអធិប្បាយក្នុងសិក្ខាបទខាងដើមរួចហើយ។ ពាក្យថា ពោលយ៉ាងនេះ គឺភិក្ខុនីនិយាយបញ្ជូនដោយពាក្យថា នែលោកម្ចាស់ បុគ្គលប្រុសនេះ ទុកជាមានតម្រេកក្តី មិនមានតម្រេកក្តី នឹងធ្វើអ្វីដល់លោកបាន នែលោកម្ចាស់ ណ្ហើយចុះ កាលណាបើលោកមិនមានតម្រេកទេ បើបុគ្គលប្រុសនេះឲ្យវត្ថុឯណា ជាខាទនីយក្តី ភោជនីយក្តី ដល់លោក លោកចូរទទួលយកវត្ថុនោះដោយដៃខ្លួន ហើយទំពាស៊ី ឬបរិភោគចុះដូច្នេះ ត្រូវអាបត្តិទុក្កដ។ ភិក្ខុនីទទួលយកដោយគិតថា អញនឹងទំពាស៊ី ឬនឹងបរិភោគតាមពាក្យភិក្ខុនីដែលពោលបញ្ជូននោះ ត្រូវអាបត្តិទុក្កដ។ ភិក្ខុនីនោះ ត្រូវអាបត្តិថុល្លច្ច័យគ្រប់ៗវារៈដែលលេបចូលទៅ។ ភិក្ខុនីនោះត្រូវអាបត្តិសង្ឃាទិសេសក្នុងពេលដែលឆាន់រួចហើយ។ ពាក្យថា ភិក្ខុនីនេះក្តី គឺតថាគតពោលប្រៀបផ្ទឹមនឹងភិក្ខុនីទាំងឡាយមុនៗ។ ពាក្យថា ជាបឋមាបត្តិក គឺភិក្ខុនីត្រូវអាបត្តិព្រមគ្នានឹងប្រព្រឹត្តកន្លងវត្ថុ មិនមែនដោយសូត្រសមនុភាសនវិធីទេ។ ពាក្យថា គួរបណ្តេញចេញចាកសង្ឃ គឺភិក្ខុនីនោះ ត្រូវភិក្ខុនីទាំងឡាយបណ្តេញចេញអំពីសង្ឃ។ ពាក្យថា សង្ឃាទិសេស មានសេចក្តីអធិប្បាយក្នុងសិក្ខាបទខាងដើមរួចហើយ។ ភិក្ខុនីបញ្ជូនដោយពាក្យថា លោកចូរទទួលយកទឹក និងឈើស្ទន់ចុះដូច្នេះ ត្រូវអាបត្តិទុក្កដ។ ភិក្ខុនីនោះទទួលដោយគិតថា អញនឹងទំពាស៊ី ឬនឹងបរិភោគតាមពាក្យភិក្ខុនីដែលពោលបញ្ជូននោះ ត្រូវអាបត្តិទុក្កដ។
[៥៩] កាលបើមានតម្រេកតែម្ខាង ភិក្ខុនីបញ្ជូនដោយពាក្យថា លោកចូរ(ទទួល) ខាទនីយក្តី ភោជនីយក្តី អំពីដៃយក្សក្តី ប្រេតក្តី បណ្ឌកក្តី តិរច្ឆានមានរូបរាងដូចមនុស្សក្តី ហើយទំពាស៊ី ឬបរិភោគ ត្រូវអាបត្តិទុក្កដ។ ភិក្ខុនីនោះទទួលដោយគិតថា អញនឹងទំពាស៊ី ឬនឹងបរិភោគតាមពាក្យភិក្ខុនីដែលពោលបញ្ជូននោះ ត្រូវអាបត្តិទុក្កដ។ ភិក្ខុនីនោះត្រូវអាបត្តិទុក្កដគ្រប់ខណៈដែលលេបចូលទៅ។ ភិក្ខុនីនោះត្រូវអាបត្តិថុល្លច្ច័យក្នុងពេលដែលឆាន់រួចហើយ។ ភិក្ខុនីពោលបញ្ជូនថា លោកចូរទទួលយកទឹកនិងឈើស្ទន់ចុះ ត្រូវអាបត្តិទុក្កដ។ ភិក្ខុនីទទួលដោយគិតថា អញនឹងទំពាស៊ី ឬនឹងបរិភោគតាមពាក្យភិក្ខុនីជាអ្នកពោលបញ្ជូននោះ ត្រូវអាបត្តិទុក្កដ។
[៦០] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៥យ៉ាង) គឺ ភិក្ខុនីដឹងថា បុរសនោះមិនមានតម្រេក ទើបបញ្ជូន១ ភិក្ខុនីបញ្ជូនដោយគិតថា ភិក្ខុនីនេះក្រោធ ហើយគង់មិនទទួលយក១ ភិក្ខុនីបញ្ជូនដោយគិតថា ភិក្ខុនីនេះគង់មិនទទួលយក ព្រោះខ្លួនមានសេចក្តីអនុគ្រោះត្រកូល១ ភិក្ខុនីឆ្កួត១ ភិក្ខុនីដើមបញ្ញត្តិ១។
សង្ឃាទិសេសទី៧
[៦១] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ គង់ក្នុងជេតវនារាម របស់អនាថបិណ្ឌិកសេដ្ឋីទៀបក្រុងសាវត្ថី។ សម័យនោះឯង ចណ្ឌកាលីភិក្ខុនីឈ្លោះខឹងអាក់អន់ចិត្តនឹងភិក្ខុនីទាំងឡាយ ហើយពោលយ៉ាងនេះថា ខ្ញុំលាព្រះពុទ្ធ ខ្ញុំលាព្រះធម៌ ខ្ញុំលាព្រះសង្ឃ ខ្ញុំលាសិក្ខា ភិក្ខុនីទាំងឡាយឯណាជាសមណី[សមណៈស្រី ហៅថា សមណី ដូចជាភិក្ខុស្រីៗ ហៅថា ភិក្ខុនីដែរ។] ជាធីតាព្រះពុទ្ធជាសក្យ ភិក្ខុនីទាំងឡាយនេះនឹងហៅថាសមណីដូចម្តេចបាន សមណីទាំងឡាយដទៃដែលមានខ្មាស មានសេចក្តីរង្កៀស ជាអ្នកប្រាថ្នាការសិក្សាក៏មានខ្លះដែរ អញនឹងប្រព្រឹត្តព្រហ្មចារ្យក្នុងសំណាក់សមណីទាំងឡាយនោះ។ ភិក្ខុនីទាំងឡាយឯណាមានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុនីទាំងឡាយនោះ ពោលទោស តិះដៀល បន្តុះបង្អាប់ថា លោកម្ចាស់ចណ្ឌកាលីខឹងអាក់អន់ចិត្ត មិនសមបើនឹងពោលយ៉ាងនេះថា ខ្ញុំលាព្រះពុទ្ធ។បេ។ ខ្ញុំលាសិក្ខា ភិក្ខុនីទាំងឡាយឯណាជាសមណី ជាធីតាព្រះពុទ្ធជាសក្យ ភិក្ខុនីអម្បាលនេះនឹងហៅថាសមណីដូចម្តេចបាន សូម្បីសមណីទាំងឡាយដទៃដែលមានសេចក្តីខ្មាស មានសេចក្តីរង្កៀស មានសេចក្តីប្រាថ្នាការសិក្សាក៏មានដែរ អញនឹងប្រព្រឹត្តព្រហ្មចារ្យក្នុងសំណាក់សមណីទាំងឡាយនោះ។បេ។ ទ្រង់ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថាចណ្ឌកាលីភិក្ខុនីខឹងអាក់អន់ចិត្ត ហើយពោលយ៉ាងនេះថា ខ្ញុំលាព្រះពុទ្ធ។បេ។ ខ្ញុំលាសិក្ខា ភិក្ខុនីទាំងឡាយឯណាជាសមណី ជាធីតាព្រះពុទ្ធជាសក្យ ភិក្ខុនីអម្បាលនេះនឹងហៅថាសមណីដូចម្តេចបាន សូម្បីសមណីទាំងឡាយដទៃ ជាអ្នកមានសេចក្តីខ្មាស មានសេចក្តីរង្កៀស ប្រាថ្នាការសិក្សាក៏មានខ្លះដែរ អញនឹងប្រព្រឹត្តព្រហ្មចារ្យក្នុងសំណាក់សមណីទាំងឡាយនោះ ពិតមែនឬ។ ភិក្ខុទាំងឡាយក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធដ៏មានព្រះភាគ ទ្រង់បន្ទោសថា ម្នាលភិក្ខុទាំងឡាយ ចណ្ឌកាលីភិក្ខុនីខឹងអាក់អន់ចិត្តហើយ មិនគួរបើនឹងពោលយ៉ាងនេះថា ខ្ញុំលាព្រះពុទ្ធ។បេ។ ខ្ញុំលាសិក្ខា ភិក្ខុនីទាំងឡាយណាជាសមណី ជាធីតាព្រះពុទ្ធជាសក្យ ភិក្ខុនីទាំងឡាយនេះនឹងហៅថាសមណីដូចម្តេចបាន សូម្បីសមណីទាំងឡាយដទៃដែលមានសេចក្តីខ្មាស មានសេចក្តីរង្កៀស ជាអ្នកប្រាថ្នាការសិក្សាគង់មានខ្លះដែរ អញនឹងប្រព្រឹត្តព្រហ្មចារ្យក្នុងសំណាក់សមណីទាំងឡាយនោះដូច្នេះទេ ម្នាលភិក្ខុទាំងឡាយ អំពើនេះមិនមែននាំឲ្យជ្រះថ្លាដល់ជនទាំងឡាយដែលមិនទាន់ជ្រះថ្លាទេ។បេ។ ម្នាលភិក្ខុទាំងឡាយ ចូរភិក្ខុនីទាំងឡាយ សំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុនីណាមួយ ខឹងអាក់អន់ចិត្ត ហើយពោលយ៉ាងនេះថា ខ្ញុំលាព្រះពុទ្ធ។បេ។ ខ្ញុំលាសិក្ខា ភិក្ខុនីទាំងឡាយណាជាសមណី ជាធីតាព្រះពុទ្ធជាសក្យ ភិក្ខុនីទាំងឡាយនេះនឹងហៅថាសមណីដូចម្តេចបាន សូម្បីសមណីទាំងឡាយដទៃដែលមានសេចក្តីខ្មាស មានសេចក្តីរង្កៀស ប្រាថ្នាការសិក្សាគង់មានខ្លះដែរ អញនឹងប្រព្រឹត្តព្រហ្មចារ្យក្នុងសំណាក់សមណីទាំងឡាយនោះ។ ភិក្ខុនីនោះ ត្រូវភិក្ខុនីទាំងឡាយនិយាយយ៉ាងនេះថា នែលោកម្ចាស់ លោកកុំខឹងអាក់អន់ ហើយនិយាយយ៉ាងនេះថា ខ្ញុំលាព្រះពុទ្ធ។បេ។ ខ្ញុំលាសិក្ខា ភិក្ខុនីទាំងឡាយណាជាសមណី ជាសក្យធីតា ភិក្ខុនីទាំងឡាយនេះនឹងហៅថាសមណីដូចម្តេចបាន សូម្បីសមណីទាំងឡាយដទៃដែលមានសេចក្តីខ្មាស មានសេចក្តីរង្កៀស ប្រាថ្នាការសិក្សាគង់មានខ្លះដែរ អញនឹងប្រព្រឹត្តព្រហ្មចារ្យក្នុងសំណាក់សមណីទាំងឡាយនោះ ដូច្នេះឡើយ។ នែលោកម្ចាស់ ចូរលោកត្រេកអរ (ព្រោះ)ធម៌ព្រះដ៏មានព្រះភាគសំដែងល្អហើយ ចូរលោកប្រព្រឹត្តព្រហ្មចារ្យដើម្បីធ្វើនូវទីបំផុតទុក្ខដោយប្រពៃចុះ ឯភិក្ខុនីនោះ កាលបើត្រូវភិក្ខុនីទាំងឡាយពោលយ៉ាងនេះ នៅប្រកាន់យ៉ាងនោះដដែល ត្រូវភិក្ខុនីទាំងឡាយសូត្រសមនុភាសនវិធីចំពោះភិក្ខុនីនោះអស់វារៈជាគំរប់បីដង ដើម្បីឲ្យលះបង់វត្ថុនោះចេញ។ បើភិក្ខុនីនោះ កាលត្រូវភិក្ខុនីទាំងឡាយសូត្រសមនុភាសនវិធីគំរប់បីដង (ហើយ) លះបង់វត្ថុនោះបាន ការលះបង់បាននោះជាការល្អ បើលះបង់មិនបានទេ ភិក្ខុនីនេះ ក៏ត្រូវអាបត្តិសង្ឃាទិសេស ជាយាវតតិយក គួរបណ្តេញចេញចាកសង្ឃ។
[៦២] ត្រង់ពាក្យថា ភិក្ខុនីណាមួយ មានសេចក្តីអធិប្បាយក្នុងសិក្ខាបទខាងដើមរួចហើយ។ ពាក្យថា ខឹងអាក់អន់ចិត្ត គឺភិក្ខុនីមានចិត្តមិនត្រេកអរ មានចិត្តដែលទោសខ្ទាំងខ្ទប់ហើយ មានចិត្តរឹងរូស។ ពាក្យថា ភិក្ខុនីពោលយ៉ាងនេះ គឺភិក្ខុនីពោលថា ខ្ញុំលាព្រះពុទ្ធ។បេ។ ខ្ញុំលាសិក្ខា ភិក្ខុនីទាំងឡាយណាជាសមណី ជាសក្យធីតា ភិក្ខុនីទាំងឡាយនេះនឹងហៅថាសមណីដូចម្តេចបាន សូម្បីសមណីទាំងឡាយដទៃដែលមានសេចក្តីខ្មាស មានសេចក្តីរង្កៀស ប្រាថ្នាការសិក្សាគង់មានខ្លះដែរ អញនឹងប្រព្រឹត្តព្រហ្មចារ្យក្នុងសំណាក់សមណីទាំងឡាយនោះដូច្នេះ។
[៦៣] ពាក្យថា ភិក្ខុនីនោះ គឺភិក្ខុនីដែលពោលយ៉ាងនេះជាប្រក្រតីនោះឯង។ ពាក្យថា ត្រូវភិក្ខុនីទាំងឡាយ គឺត្រូវភិក្ខុនីទាំងឡាយដទៃ។ ភិក្ខុនីទាំងឡាយឯណាឃើញ ឯណាឮ ភិក្ខុនីទាំងឡាយនោះត្រូវពោលហាមភិក្ខុនីនោះថា នែលោកម្ចាស់ លោកកុំខឹងអាក់អន់ចិត្ត ហើយនិយាយយ៉ាងនេះថា ខ្ញុំលាព្រះពុទ្ធ។បេ។ ខ្ញុំលាសិក្ខា ភិក្ខុនីទាំងឡាយណាជាសមណី ជាសក្យធីតា ភិក្ខុនីទាំងឡាយនោះនឹងហៅថាសមណីដូចម្តេចបាន សូម្បីសមណីទាំងឡាយដទៃដែលមានសេចក្តីខ្មាស មានសេចក្តីរង្កៀស ប្រាថ្នាការសិក្សាគង់មានខ្លះដែរ អញនឹងប្រព្រឹត្តព្រហ្មចារ្យក្នុងសំណាក់សមណីទាំងឡាយនោះដូច្នេះឡើយ នែលោកម្ចាស់ លោកចូរត្រេកអរចុះ (ព្រោះ)ធម៌ គឺព្រះដ៏មានព្រះភាគសំដែងល្អហើយ ចូរលោកប្រព្រឹត្តព្រហ្មចារ្យដើម្បីធ្វើទីបំផុតទុក្ខដោយប្រពៃចុះ។ ភិក្ខុនីនោះ ត្រូវភិក្ខុនីទាំងឡាយនិយាយអស់វារៈពីរដងផង ត្រូវនិយាយអស់វារៈបីដងផង។ បើភិក្ខុនីនោះលះបង់បាន ការលះបង់បាននេះជាការល្អ បើលះបង់មិនបានទេ ត្រូវអាបត្តិទុក្កដ។ ភិក្ខុនីទាំងឡាយឮហើយ មិននិយាយ ត្រូវអាបត្តិទុក្កដ។ ត្រូវភិក្ខុនីទាំងឡាយទាញភិក្ខុនីនោះមកកាន់ទីកណ្តាលសង្ឃ ហើយនិយាយហាមថា នែលោកម្ចាស់ លោកកុំខឹងអាក់អន់ចិត្ត ហើយនិយាយយ៉ាងនេះថា ខ្ញុំលាព្រះពុទ្ធ។បេ។ ខ្ញុំលាសិក្ខា ភិក្ខុនីទាំងឡាយណាជាសមណី ជាសក្យធីតា ភិក្ខុនីទាំងឡាយនេះនឹងហៅថាសមណីដូចម្តេចបាន សូម្បីសមណីទាំងឡាយដទៃដែលមានសេចក្តីខ្មាស មានសេចក្តីរង្កៀស ប្រាថ្នាការសិក្សាគង់មានខ្លះដែរ អញនឹងប្រព្រឹត្តព្រហ្មចារ្យក្នុងសំណាក់សមណីទាំងឡាយនោះដូច្នេះ។ នែលោកម្ចាស់ លោកចូរត្រេកអរចុះ (ព្រោះ) ធម៌ គឺព្រះដ៏មានព្រះភាគសំដែងល្អហើយ ចូរលោកប្រព្រឹត្តព្រហ្មចារ្យដើម្បីធ្វើនូវទីបំផុតទុក្ខដោយប្រពៃចុះ។ ភិក្ខុនីនោះ ត្រូវភិក្ខុនីទាំងឡាយនិយាយហាមអស់វារៈពីរដងផង ត្រូវនិយាយហាមអស់វារៈបីដងផង។ បើភិក្ខុនីនោះលះបង់បាន ការលះបង់បាននេះជាការល្អ បើលះបង់មិនបានទេ ត្រូវអាបត្តិទុក្កដ។
[៦៤] ភិក្ខុនីនោះ ត្រូវភិក្ខុនីទាំងឡាយសូត្រសមនុភាសនវិធី។ ម្នាលភិក្ខុទាំងឡាយ ឯភិក្ខុនីនោះ ត្រូវភិក្ខុនីទាំងឡាយសូត្រសមនុភាសនវិធី យ៉ាងនេះ។ ភិក្ខុនីដែលឆ្លាសប្រតិពល ត្រូវផ្តៀងសង្ឃឲ្យដឹងថា បពិត្រព្រះសង្ឃម្ចាស់ សូមព្រះសង្ឃស្តាប់ខ្ញុំ ភិក្ខុនីនេះមានឈ្មោះនេះខឹងអាក់អន់ចិត្ត ពោលយ៉ាងនេះថា ខ្ញុំលាព្រះពុទ្ធ ខ្ញុំលាព្រះធម៌ ខ្ញុំលាព្រះសង្ឃ ខ្ញុំលាសិក្ខា ភិក្ខុនីទាំងឡាយណាជាសមណី ជាសក្យធីតា ភិក្ខុនីទាំងឡាយនេះនឹងហៅថាសមណីដូចម្តេចបាន សូម្បីសមណីទាំងឡាយដទៃដែលមានសេចក្តីខ្មាស មានសេចក្តីរង្កៀស ប្រាថ្នាការសិក្សាគង់មានខ្លះដែរ អញនឹងប្រព្រឹត្តព្រហ្មចារ្យក្នុងសំណាក់សមណីទាំងឡាយនោះ ដូច្នេះ។ ភិក្ខុនីនោះមិនលះបង់វត្ថុនោះទេ។ បើសមនុភាសនកម្ម មានកាលសមគួរដល់សង្ឃហើយ ត្រូវសង្ឃសូត្រសមនុភាសនវិធី ចំពោះភិក្ខុនីឈ្មោះនេះ ដើម្បីឲ្យលះបង់វត្ថុនោះចេញ។ នេះជាញត្តិ។ បពិត្រព្រះសង្ឃជាម្ចាស់ សូមសង្ឃស្តាប់ខ្ញុំ ភិក្ខុនីនេះមានឈ្មោះនេះខឹងអាក់អន់ចិត្ត ហើយពោលយ៉ាងនេះថា ខ្ញុំលាព្រះពុទ្ធ ខ្ញុំលាព្រះធម៌ ខ្ញុំលាព្រះសង្ឃ ខ្ញុំលាសិក្ខា ភិក្ខុនីទាំងឡាយណាជាសមណី ជាសក្យធីតា ភិក្ខុនីទាំងឡាយនេះនឹងហៅថាសមណីដូចម្តេចបាន សូម្បីសមណីទាំងឡាយដទៃដែលមានសេចក្តីខ្មាស មានសេចក្តីរង្កៀស ប្រាថ្នាការសិក្សាក៏មានខ្លះដែរ អញនឹងប្រព្រឹត្តព្រហ្មចារ្យក្នុងសំណាក់ភិក្ខុនីទាំងឡាយនោះដូច្នេះ។ ភិក្ខុនីនោះមិនលះបង់វត្ថុនោះទេ។ (ឥឡូវនេះ) សង្ឃសូត្រសមនុភាសនវិធីចំពោះភិក្ខុនីឈ្មោះនេះ ដើម្បីឲ្យលះបង់វត្ថុនោះចេញ។ ការសូត្រសមនុភាសនវិធីចំពោះភិក្ខុនីឈ្មោះនេះ ដើម្បីឲ្យលះបង់វត្ថុនោះ គួរដល់លោកម្ចាស់អង្គណា លោកម្ចាស់អង្គនោះត្រូវស្ងៀមនៅ មិនគួរដល់លោកម្ចាស់អង្គណា លោកម្ចាស់អង្គនោះត្រូវពោលឡើង។ ខ្ញុំពោលសេចក្តីនេះអស់វារៈគំរប់ពីរដងផង។បេ។ ខ្ញុំពោលសេចក្តីនេះ អស់វារៈគំរប់បីដងផង។បេ។ សង្ឃបានសូត្រសមនុភាសនវិធីចំពោះភិក្ខុនីឈ្មោះនេះហើយ ដើម្បីឲ្យលះបង់វត្ថុនោះ។ ការសូត្រសមនុភាសនវិធីនោះ គួរដល់សង្ឃ ហេតុនោះ ទើបសង្ឃស្ងៀមនៅ។ ខ្ញុំសូមចាំទុកនូវដំណើរនេះ ដោយអាការស្ងៀមនៅយ៉ាងនេះ។
[៦៥] ភិក្ខុនី ត្រូវអាបត្តិទុក្កដ ក្នុងខណៈចប់ញត្តិ ត្រូវអាបត្តិថុល្លច្ច័យទាំងឡាយ ក្នុងខណៈចប់កម្មវាចាពីរលើក លុះចប់កម្មវាចាស្រេច ត្រូវអាបត្តិសង្ឃាទិសេស។ កាលបើភិក្ខុនីត្រូវអាបត្តិសង្ឃាទិសេសហើយ អាបត្តិទុក្កដដែលត្រូវក្នុងខណៈចប់ញត្តិក្តី អាបត្តិថុល្លច្ច័យទាំងឡាយដែលត្រូវក្នុងខណៈចប់កម្មវាចាពីរលើកក្តី រមែងរម្ងាប់ទៅឯង។
[៦៦] ពាក្យថា ភិក្ខុនីនេះក្តី (គឺភិក្ខុនីនេះឯង) ដែលតថាគតពោលប្រៀបផ្ទឹមនឹងភិក្ខុនីដែលត្រូវសង្ឃាទិសេសមុនៗ។ ពាក្យថា ជាយាវតតិយក គឺភិក្ខុនីត្រូវអាបត្តិដោយ(សង្ឃ)សូត្រសមនុភាសនវិធីអស់វារជាគំរប់បីដង មិនមែនត្រូវព្រមគ្នាដោយការប្រព្រឹត្តល្មើសវត្ថុទេ។ ពាក្យថា គួរបណ្តេញចេញចាកសង្ឃ គឺភិក្ខុនីនោះ ត្រូវភិក្ខុនីទាំងឡាយបណ្តេញចេញអំពីសង្ឃ។ ពាក្យថា សង្ឃាទិសេស មានអធិប្បាយខាងដើមរួចហើយ។
[៦៧] កម្មប្រកបដោយធម៌ ភិក្ខុនីសំគាល់ថា កម្មប្រកបដោយធម៌ ហើយមិនលះបង់ ត្រូវអាបត្តិសង្ឃាទិសេស។ កម្មប្រកបដោយធម៌ ភិក្ខុនីមានសេចក្តីសង្ស័យ ហើយមិនលះបង់ ត្រូវអាបត្តិសង្ឃាទិសេ។ កម្មប្រកបដោយធម៌ ភិក្ខុនីសំគាល់ថា កម្មមិនប្រកបដោយធម៌ ហើយមិនលះបង់ ត្រូវអាបត្តិសង្ឃាទិសេ។ កម្មមិនប្រកបដោយធម៌ ភិក្ខុនីសំគាល់ថា កម្មប្រកបដោយធម៌ ត្រូវអាបត្តិទុក្កដ។ កម្មមិនប្រកបដោយធម៌ ភិក្ខុនីមានសេចក្តីសង្ស័យ ត្រូវអាបត្តិទុក្កដ។ កម្មមិនប្រកបដោយធម៌ ភិក្ខុនីសំគាល់ថា កម្មមិនប្រកបដោយធម៌ ត្រូវអាបត្តិទុក្កដ។
[៦៨] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៤យ៉ាង) គឺ ភិក្ខុនីដែលសង្ឃមិនបានសូត្រសមនុភាសនវិធី១ ភិក្ខុនីលះបង់ឯង១ ភិក្ខុនីឆ្កួត១ ភិក្ខុនីដើមបញ្ញត្តិ១។
សង្ឃាទិសេសទី៨
[៦៩] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ គង់ក្នុងជេតវនារាម របស់អនាថបិណ្ឌិកសេដ្ឋីទៀបក្រុងសាវត្ថី។ គ្រានោះឯង ចណ្ឌកាលីភិក្ខុនីដែលភិក្ខុនីសង្ឃឲ្យចាញ់ព្រោះអធិករណ៍អ្វីនីមួយ ហើយខឹងតូចចិត្ត ពោលយ៉ាងនេះថា ភិក្ខុនីទាំងឡាយលុះដោយសេចក្តីស្រឡាញ់ផង ភិក្ខុនីទាំងឡាយលុះដោយសេចក្តីស្អប់ផង ភិក្ខុនីទាំងឡាយលុះដោយសេចក្តីល្ងង់ផង ភិក្ខុនីទាំងឡាយលុះដោយសេចក្តីខ្លាចផង។ ភិក្ខុនីទាំងឡាយណាមានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុនីទាំងឡាយនោះ ពោលទោស តិះដៀល បន្តុះបង្អាប់ថា ចណ្ឌកាលីជាម្ចាស់ដែលភិក្ខុនីសង្ឃឲ្យចាញ់ព្រោះអធិករណ៍នីមួយហើយ មិនគួរនឹងខឹងអាក់អន់ចិត្ត ហើយពោលយ៉ាងនេះថា ភិក្ខុនីទាំងឡាយលុះដោយសេចក្តីស្រឡាញ់ផង។បេ។ ភិក្ខុនីទាំងឡាយលុះដោយសេចក្តីខ្លាចផងដូច្នេះសោះ។ ព្រះដ៏មានព្រះភាគត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថាចណ្ឌកាលីភិក្ខុនី ដែលភិក្ខុនីសង្ឃឲ្យចាញ់ព្រោះអធិករណ៍នីមួយ ហើយខឹងតូចចិត្ត ពោលយ៉ាងនេះថា ភិក្ខុនីទាំងឡាយលុះដោយសេចក្តីស្រឡាញ់ផង។បេ។ ភិក្ខុនីទាំងឡាយលុះដោយសេចក្តីខ្លាចផងដូច្នេះ ពិតមែនឬ។ ភិក្ខុទាំងឡាយក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះសម្ពុទ្ធដ៏មានព្រះភាគ ទ្រង់បន្ទោសថា ម្នាលភិក្ខុទាំងឡាយ ចណ្ឌកាលីភិក្ខុនី ដែលភិក្ខុនីសង្ឃឲ្យចាញ់ព្រោះអធិករណ៍នីមួយហើយ មិនគួរបើនឹងខឹងអាក់អន់ចិត្ត ហើយពោលយ៉ាងនេះថា ភិក្ខុនីទាំងឡាយលុះដោយសេចក្តីស្រឡាញ់ផង។បេ។ ភិក្ខុនីទាំងឡាយលុះដោយសេចក្តីខ្លាចផងដូច្នេះទេ ម្នាលភិក្ខុទាំងឡាយ អំពើនេះមិនមែននាំឲ្យជ្រះថ្លាដល់ពួកជន ដែលមិនទាន់ជ្រះថ្លាទេ។បេ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីទាំងឡាយ ចូរសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុនីណាមួយ ដែលភិក្ខុនីសង្ឃធ្វើឲ្យចាញ់ព្រោះអធិករណ៍នីមួយ ហើយខឹងអាក់អន់ចិត្ត ពោលយ៉ាងនេះថា ភិក្ខុនីទាំងឡាយលុះដោយសេចក្តីស្រឡាញ់ផង។បេ។ ភិក្ខុនីទាំងឡាយលុះដោយសេចក្តីខ្លាចផង។ ភិក្ខុនីនោះ ត្រូវភិក្ខុនីទាំងឡាយនិយាយយ៉ាងនេះថា នែលោកម្ចាស់ លោក ដែលភិក្ខុនីសង្ឃឲ្យចាញ់ព្រោះអធិករណ៍នីមួយ ហើយខឹងអាក់អន់ចិត្ត កុំនិយាយយ៉ាងនេះថា ភិក្ខុនីទាំងឡាយលុះដោយសេចក្តីស្រឡាញ់ផង។បេ។ ភិក្ខុនីទាំងឡាយលុះដោយសេចក្តីខ្លាចផងដូច្នេះ ថា លោកម្ចាស់ហ្នឹងឯង លុះដោយសេចក្តីស្រឡាញ់ខ្លះ លុះដោយសេចក្តីស្អប់ខ្លះ លុះដោយសេចក្តីល្ងង់ខ្លះ លុះដោយសេចក្តីខ្លាចខ្លះ។ ភិក្ខុនីនោះ កាលដែលភិក្ខុនីទាំងឡាយពោលយ៉ាងនេះ នៅប្រកាន់យ៉ាងនោះដដែល ភិក្ខុនីនោះ ត្រូវភិក្ខុនីទាំងឡាយសូត្រសមនុភាសនវិធីដរាបដល់គំរប់បីដង ដើម្បីឲ្យលះបង់កម្មនោះចេញ។ ភិក្ខុនីនោះ កាលបើត្រូវភិក្ខុនីទាំងឡាយសូត្រសមនុភាសនវិធីដរាបដល់គំរប់បីដង លះបង់កម្មនោះបាន ការលះបង់បាននេះជាការល្អ បើមិនលះបង់ទេ ភិក្ខុនីនេះក្តី ក៏ត្រូវអាបត្តិសង្ឃាទិសេស ជាយាវតតិយក គួរបណ្តេញចេញចាកសង្ឃ។
[៧០] ត្រង់ពាក្យថា ភិក្ខុនីណាមួយ មានសេចក្តីដូចគ្នាក្នុងសិក្ខាបទទី១នៃបារាជិកកណ្ឌ។ ពាក្យថា ព្រោះអធិករណ៍នីមួយ ដែលហៅថា អធិករណ៍ បានដល់អធិករណ៍ទាំងឡាយបួន គឺវិវាទាធិករណ៍១ អនុវាទាធិករណ៍១ អាបត្តាធិករណ៍១ កិច្ចាធិករណ៍១។ ដែលហៅថា ភិក្ខុនីសង្ឃធ្វើឲ្យចាញ់ គឺសំដៅយកភិក្ខុនីដែលភិក្ខុនីសង្ឃផ្ចាញ់ផ្ចាលហើយ។ ពាក្យថា ខឹងអាក់អន់ចិត្ត គឺភិក្ខុនីមិនត្រេកអរ មានចិត្តគឺទោសខ្ទាំងខ្ទប់ហើយ មានចិត្តរឹងត្អឹង។ ពាក្យថា ពោលយ៉ាងនេះ គឺពោលថា ភិក្ខុនីទាំងឡាយលុះដោយសេចក្តីស្រឡាញ់ផង។បេ។ ភិក្ខុនីទាំងឡាយលុះដោយសេចក្តីខ្លាចផង។
[៧១] ត្រង់ពាក្យថា ភិក្ខុនីនោះ គឺភិក្ខុនីជាអ្នកពោលយ៉ាងនេះជាប្រក្រតីនោះឯង។ ពាក្យថា ភិក្ខុនីទាំងឡាយ គឺភិក្ខុនីទាំងឡាយដទៃ។ ភិក្ខុនីទាំងឡាយឯណាឃើញ ឯណាឮ ភិក្ខុនីនោះត្រូវភិក្ខុនីទាំងឡាយនោះនិយាយហាមប្រាមថា នែលោកម្ចាស់ កាលបើភិក្ខុនីសង្ឃឲ្យចាលចាញ់ព្រោះអធិករណ៍នីមួយ ហើយខឹងអាក់អន់ចិត្ត កុំពោលយ៉ាងនេះថា ភិក្ខុនីទាំងឡាយលុះដោយសេចក្តីស្រឡាញ់ផង។បេ។ ភិក្ខុនីទាំងឡាយលុះដោយសេចក្តីខ្លាចផងដូច្នេះថា លោកម្ចាស់ហ្នឹងឯង លុះដោយសេចក្តីស្រឡាញ់ខ្លះ។បេ។ លុះដោយសេចក្តីខ្លាចខ្លះ។ ភិក្ខុនីទាំងឡាយត្រូវនិយាយនឹងភិក្ខុនីនោះអស់វារៈពីរដងផង ត្រូវនិយាយនឹងភិក្ខុនីនោះអស់វារៈបីដងផង។ បើភិក្ខុនីនោះលះបង់បាន ការលះបង់បាននេះជាការល្អ បើលះបង់មិនបានទេ ភិក្ខុនីនោះត្រូវអាបត្តិទុក្កដ។ ភិក្ខុនីទាំងឡាយឯណាឮហើយ មិននិយាយ ភិក្ខុនីទាំងនោះត្រូវអាបត្តិទុក្កដ។ ភិក្ខុនីទាំងឡាយត្រូវចាប់ទាញភិក្ខុនីនោះមកកាន់ទីកណ្តាលសង្ឃ ហើយនិយាយថា នែលោកម្ចាស់ បើភិក្ខុនីសង្ឃផ្ចាញ់ផ្ចាលព្រោះអធិករណ៍នីមួយ លោកខឹងអាក់អន់ចិត្តហើយ កុំពោលយ៉ាងនេះថា ភិក្ខុនីទាំងឡាយលុះដោយសេចក្តីស្រឡាញ់ផង។បេ។ ភិក្ខុនីទាំងឡាយលុះដោយសេចក្តីខ្លាចផងដូច្នេះ ថា លោកម្ចាស់ហ្នឹងឯង លុះដោយសេចក្តីស្រឡាញ់ខ្លះ។បេ។ លុះដោយសេចក្តីខ្លាចខ្លះ ភិក្ខុនីទាំងឡាយត្រូវនិយាយនឹងភិក្ខុនីនោះអស់វារៈពីរដងផង ត្រូវនិយាយអស់វារៈបីដងផង។ បើភិក្ខុនីនោះលះបង់បាន ការលះបង់បាននេះជាការល្អ បើមិនលះបង់ទេ ត្រូវអាបត្តិទុក្កដ។
[៧២] ភិក្ខុនីនោះ ត្រូវភិក្ខុនីទាំងឡាយសូត្រសមនុភាសនវិធី។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីទាំងឡាយត្រូវសូត្រសមនុភាសនវិធី យ៉ាងនេះ គឺភិក្ខុនីដែលឆ្លាសប្រតិពល ត្រូវផ្តៀងសង្ឃឲ្យដឹងថា បពិត្រព្រះសង្ឃជាម្ចាស់ សូមព្រះសង្ឃស្តាប់ខ្ញុំ ភិក្ខុនីនេះឈ្មោះនេះ ភិក្ខុនីសង្ឃបានផ្ចាញ់ព្រោះអធិករណ៍នីមួយ ហើយខឹងអាក់អន់ចិត្ត ពោលយ៉ាងនេះថា ភិក្ខុនីទាំងឡាយលុះដោយសេចក្តីស្រឡាញ់ផង។បេ។ ភិក្ខុនីទាំងឡាយលុះដោយសេចក្តីខ្លាចផង។ ភិក្ខុនីនោះមិនលះបង់វត្ថុនោះទេ។ បើសង្ឃមានកាលគួរដល់ហើយ សង្ឃត្រូវសូត្រសមនុភាសនវិធីចំពោះភិក្ខុនីឈ្មោះនេះ ដើម្បីឲ្យលះបង់វត្ថុនោះចេញ។ នេះជាញត្តិ។ បពិត្រព្រះសង្ឃជាម្ចាស់ សូមសង្ឃស្តាប់ពាក្យខ្ញុំ ភិក្ខុនីនេះឈ្មោះនេះ ភិក្ខុនីសង្ឃបានផ្ចាញ់អធិករណ៍នីមួយ ខឹងអាក់អន់ចិត្ត ហើយពោលយ៉ាងនេះថា ភិក្ខុនីទាំងឡាយលុះដោយសេចក្តីស្រឡាញ់ផង។បេ។ ភិក្ខុនីទាំងឡាយលុះដោយសេចក្តីខ្លាចផង។ ភិក្ខុនីនោះមិនលះបង់វត្ថុនោះទេ។ សង្ឃសូត្រសមនុភាសនវិធីចំពោះភិក្ខុនីឈ្មោះនេះ ដើម្បីឲ្យលះបង់វត្ថុនោះចេញ។ ការសូត្រសមនុភាសនវិធីចំពោះភិក្ខុនីឈ្មោះនេះ ដើម្បីឲ្យលះបង់វត្ថុនោះចេញ គាប់ចិត្តដល់លោកម្ចាស់អង្គណា លោកម្ចាស់អង្គនោះត្រូវស្ងៀម មិនគាប់ចិត្តដល់លោកម្ចាស់អង្គណា លោកម្ចាស់អង្គនោះត្រូវនិយាយឡើង។ ខ្ញុំពោលសេចក្តីនេះអស់វារៈជាគំរប់ពីរដងផង។បេ។ ខ្ញុំពោលសេចក្តីនេះ អស់វារៈជាគំរប់បីដងផង។បេ។ សង្ឃសូត្រសមនុភាសនវិធីចំពោះភិក្ខុនីឈ្មោះនេះ ដើម្បីឲ្យលះបង់វត្ថុនោះហើយ។ ការសូត្រសមនុភាសនវិធីនោះ គាប់ចិត្តដល់សង្ឃ ហេតុនោះ សង្ឃទើបស្ងៀមនៅ។ ខ្ញុំសូមចាំទុកនូវរឿងនេះ ដោយអាការស្ងៀមនៅយ៉ាងនេះ។
[៧៣] ភិក្ខុនីនោះ ត្រូវអាបត្តិទុក្កដ ក្នុងខណៈចប់ញត្តិ ត្រូវអាបត្តិថុល្លច្ច័យទាំងឡាយ ក្នុងខណៈចប់កម្មវាចាពីរលើក លុះសូត្រចប់កម្មវាចាស្រេច ត្រូវអាបត្តិសង្ឃាទិសេស។ កាលបើភិក្ខុនីនោះត្រូវអាបត្តិសង្ឃាទិសេស អាបត្តិទុក្កដដែលត្រូវក្នុងខណៈចប់ញត្តិ(ក្តី) អាបត្តិថុល្លច្ច័យទាំងឡាយដែលត្រូវក្នុងខណៈចប់កម្មវាចាពីរលើក(ក្តី) រមែងរម្ងាប់ទៅ(ឯង)។
[៧៤] ត្រង់ពាក្យថា ភិក្ខុនីនេះក្តី គឺភិក្ខុនីនេះឯង ដែលតថាគតពោលប្រៀបផ្ទឹមនឹងភិក្ខុនីមុនៗដែលត្រូវអាបត្តិនោះដែរ។ ពាក្យថា ជាយាវតតិយក គឺភិក្ខុនីនោះត្រូវសង្ឃាទិសេសក្នុងខណៈដែលសូត្រសមនុភាសនវិធីកំណត់បីដង មិនត្រូវព្រមគ្នានឹងប្រព្រឹត្តកន្លងវត្ថុទេ។ ពាក្យថា គួរបណ្តេញចេញចាកសង្ឃ គឺភិក្ខុនីទាំងឡាយឲ្យភិក្ខុនីនោះចៀសចេញពីសង្ឃ។ ពាក្យថា សង្ឃាទិសេស មានសេចក្តីដូចគ្នានឹងបឋមសង្ឃាទិសេសខាងដើម។
[៧៥] កម្មប្រកបដោយធម៌ ភិក្ខុនីមានសេចក្តីសំគាល់ថា កម្មប្រកបដោយធម៌ ហើយមិនលះបង់ ត្រូវអាបត្តិសង្ឃាទិសេស។ កម្មប្រកបដោយធម៌ ភិក្ខុនីមានសេចក្តីសង្ស័យ មិនលះបង់ ត្រូវអាបត្តិសង្ឃាទិសេ។ កម្មប្រកបដោយធម៌ ភិក្ខុនីសំគាល់ថា កម្មមិនប្រកបដោយធម៌ ហើយមិនលះបង់ ត្រូវអាបត្តិសង្ឃាទិសេ។ កម្មមិនប្រកបដោយធម៌ ភិក្ខុនីសំគាល់ថា កម្មប្រកបដោយធម៌ ត្រូវអាបត្តិទុក្កដ។ កម្មមិនប្រកបដោយធម៌ ភិក្ខុនីមានសេចក្តីសង្ស័យ ត្រូវអាបត្តិទុក្កដ។ កម្មមិនប្រកបដោយធម៌ ភិក្ខុនីសំគាល់ថា កម្មមិនប្រកបដោយធម៌ ត្រូវ អាបត្តិ ទុក្កដ។
[៧៦] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៤យ៉ាង) គឺ ភិក្ខុនី(ដែលសង្ឃ)មិនបានសូត្រសមនុភាសនវិធី១ ភិក្ខុនីដែលលះបង់១ ភិក្ខុនីឆ្កួត១ ភិក្ខុនីជាខាងដើមបញ្ញត្តិ១។
សង្ឃាទិសេសទី៩
[៧៧] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ គង់ក្នុងជេតវនារាម របស់អនាថបិណ្ឌិកសេដ្ឋីទៀបក្រុងសាវត្ថី។ សម័យនោះឯង ពួកភិក្ខុនីជាអន្តេវាសិនី [ភិក្ខុនីជាសិស្ស] របស់ថុល្លនន្ទាភិក្ខុនីនៅច្រឡូកច្រឡំដោយគ្រហស្ថ មានមារយាទអាក្រក់ មានកិត្តិសព្ទអាក្រក់ មានការចិញ្ចឹមជីវិតអាក្រក់ ជាអ្នកបៀតបៀនភិក្ខុនីសង្ឃ បិទបាំងទោសភិក្ខុនីផងគ្នា។ ភិក្ខុនីទាំងឡាយណាមានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុនីទាំងនោះ ពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុនីទាំងឡាយ មិនសមបើនឹងនៅច្រឡំដោយគ្រហស្ថ មានមារយាទអាក្រក់ មានកិត្តិសព្ទអាក្រក់ មានការចិញ្ចឹមជីវិតអាក្រក់ ជាអ្នកបៀតបៀនភិក្ខុនីសង្ឃ ជាអ្នកបិទបាំងទោសរបស់ភិក្ខុនីផងគ្នាសោះ។បេ។ទ្រង់ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថាភិក្ខុនីទាំងឡាយនៅច្រឡំដោយគ្រហស្ថ មានមារយាទអាក្រក់ មានកិត្តិសព្ទអាក្រក់ មានការចិញ្ចឹមជីវិតអាក្រក់ ជាអ្នកបៀតបៀនភិក្ខុនីសង្ឃ បិទបាំងទោសរបស់ភិក្ខុនីផងគ្នា ពិតមែនឬ។ ភិក្ខុទាំងឡាយក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ការនោះពិតមែន។ ព្រះពុទ្ធដ៏មានព្រះភាគ ទ្រង់បន្ទោសថា ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុនីមិនគួរបើនឹងនៅច្រឡំដោយគ្រហស្ថ មានមារយាទអាក្រក់ មានកិត្តិសព្ទអាក្រក់ មានការចិញ្ចឹមជីវិតអាក្រក់ ជាអ្នកបៀតបៀនភិក្ខុនីសង្ឃ បិទបាំងទោសរបស់ភិក្ខុនីផងគ្នាទេ ម្នាលភិក្ខុទាំងឡាយ អំពើនេះមិននាំឲ្យជ្រះថ្លាដល់ជន ដែលមិនទាន់ជ្រះថ្លាហើយទេ។បេ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីទាំងឡាយ ចូរសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ចំណែកភិក្ខុនីទាំងឡាយនៅច្រឡំដោយគ្រហស្ថ មានមារយាទអាក្រក់ មានកិត្តិសព្ទអាក្រក់ មានការចិញ្ចឹមជីវិតអាក្រក់ ជាអ្នកបៀតបៀនភិក្ខុនីសង្ឃ បិទបាំងទោសរបស់ភិក្ខុនីផងគ្នា។ ភិក្ខុនីទាំងឡាយនោះ គួរភិក្ខុនីទាំងឡាយនិយាយយ៉ាងនេះថា ភិក្ខុនីជាបងប្អូនស្រីទាំងឡាយ នៅច្រឡំដោយគ្រហស្ថ មានមារយាទអាក្រក់ មានកិត្តិសព្ទអាក្រក់ មានការចិញ្ចឹមជីវិតអាក្រក់ ជាអ្នកបៀតបៀនភិក្ខុនីសង្ឃ បិទបាំងទោសរបស់ភិក្ខុនីផងគ្នា បពិត្រលោកម្ចាស់ទាំងឡាយ លោកទាំងឡាយចូរស្ងាត់(ចាកពួក) សង្ឃតែងសរសើរសេចក្តីស្ងាត់ (ចាកពួក) របស់បងប្អូនស្រី្តទាំងឡាយ។ ភិក្ខុនីទាំងឡាយនោះ កាលភិក្ខុនីទាំងឡាយនិយាយយ៉ាងនេះហើយ ក៏នៅប្រកាន់យ៉ាងនោះដដែល ភិក្ខុនីទាំងឡាយនោះ គួរភិក្ខុនីទាំងឡាយសូត្រសមនុភាសនវិធីជាគំរប់បីដង ដើម្បីឲ្យលះបង់នូវវត្ថុនោះ។ បើភិក្ខុនីទាំងឡាយនោះ កាលភិក្ខុនីទាំងឡាយសូត្រសមនុភាសនវិធីជាគំរប់បីដង លះបង់វត្ថុនោះបាន ការលះបង់បាននេះជាការល្អ បើមិនលះបង់ទេ ភិក្ខុនីទាំងឡាយនេះក្តី ត្រូវអាបត្តិសង្ឃាទិសេស ឈ្មោះយាវតតិយក គួរបណ្តេញចេញ។
[៧៨] ត្រង់ពាក្យថា ចំណែកភិក្ខុនីទាំងឡាយ គឺសំដៅយកស្ត្រីដែលបានឧបសម្បទាហើយ។ ពាក្យថា នៅច្រឡំដោយគ្រសហ្ថ គឺនៅច្រឡំដោយកាយកម្ម វចីកម្ម (របស់គ្រហស្ថ) ដែលមិនសមគួរ (ដល់បព្វជិត)។ ពាក្យថា មានមារយាទអាក្រក់ គឺប្រកបដោយមារយាទអាក្រក់។ ពាក្យថា មានកិត្តិសព្ទអាក្រក់ គឺល្បីឮដោយកិត្តិសព្ទអាក្រក់។ ពាក្យថា មានការចិញ្ចឹមជីវិតអាក្រក់ គឺសម្រេចជីវិតដោយមិច្ឆាជីវដ៏អាក្រក់។ ពាក្យថា បៀតបៀនភិក្ខុនីសង្ឃ គឺរាំងរាកម្មដែលភិក្ខុនីផងគ្នាធ្វើ។ ពាក្យថា បិទបាំងទោសរបស់ភិក្ខុនីផងគ្នា គឺបិទបាំងទោសគ្នីគ្នា។
[៧៩] ត្រង់ពាក្យថា ភិក្ខុនីទាំងឡាយនោះ គឺភិក្ខុនីដែលច្រឡំ(ដោយគ្រហស្ថ)នោះឯង។ ពាក្យថា ដែលភិក្ខុនីទាំងឡាយ គឺដែលភិក្ខុនីទាំងឡាយដទៃ។ ភិក្ខុនីទាំងឡាយណាបានឃើញ បានឮ ភិក្ខុនីទាំងឡាយនោះគួរនិយាយហាមប្រាមថា បងប្អូនស្រ្តីទាំងឡាយនៅច្រឡំ (ដោយគ្រហស្ថ) មានមារយាទអាក្រក់ មានកិត្តិសព្ទអាក្រក់ មានការចិញ្ចឹមជីវិតអាក្រក់ ជាអ្នកបៀតបៀនភិក្ខុនីសង្ឃ បិទបាំងទោសរបស់ភិក្ខុនីផងគ្នា បពិត្រលោកម្ចាស់ទាំងឡាយ លោកទាំងឡាយចូរស្ងាត់(ចាកពួក) សង្ឃតែងសរសើរសេចក្តីស្ងាត់ (ចាកពួក) របស់ភិក្ខុនីជាបងប្អូនស្រី្តទាំងឡាយ។ ភិក្ខុនីទាំងឡាយ គួរនិយាយនឹងភិក្ខុនីទាំងឡាយនោះអស់វារៈជាគំរប់ពីរដងផង គួរនិយាយអស់វារៈជាគំរប់បីដងផង។ បើភិក្ខុនីទាំងឡាយនោះលះបង់បាន ការលះបង់បាននេះជាការល្អ បើមិនលះបង់ទេ ត្រូវអាបត្តិទុក្កដ។ ភិក្ខុនីទាំងឡាយដទៃឮហើយ មិននិយាយ ត្រូវអាបត្តិទុក្កដ។ ត្រូវភិក្ខុនីទាំងឡាយចាប់ទាញភិក្ខុនីទាំងឡាយនោះមកកាន់ទីកណ្តាលសង្ឃ ហើយពោលថា ភិក្ខុនីជាបងប្អូនស្រីទាំងឡាយនៅច្រឡំ(ដោយគ្រហស្ថ) មានមារយាទអាក្រក់ មានកិត្តិសព្ទអាក្រក់ មានការចិញ្ចឹមជីវិតអាក្រក់ ជាអ្នកបៀតបៀនភិក្ខុនីសង្ឃ បិទបាំងទោសរបស់ភិក្ខុនីផងគ្នា បពិត្រលោកម្ចាស់ សូមលោកទាំងឡាយស្ងាត់(ចាកពួក) សង្ឃតែងសរសើរសេចក្តីស្ងាត់របស់ភិក្ខុនីជាបងប្អូនស្រី្តទាំងឡាយ។ ភិក្ខុនីទាំងឡាយ គួរនិយាយនឹងភិក្ខុនីទាំងឡាយនោះអស់វារៈជាគំរប់ពីរដងផង គួរនិយាយអស់វារៈជាគំរប់បីដងផង។ បើភិក្ខុនីទាំងឡាយនោះលះបង់បាន ការលះបង់បាននេះជាការល្អ បើមិនលះបង់ទេ ត្រូវអាបត្តិទុក្កដ។
[៨០] គប្បីភិក្ខុនីទាំងឡាយសូត្រសមនុភាសនវិធីចំពោះភិក្ខុនីទាំងឡាយនោះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីទាំងឡាយគប្បីសូត្រសមនុភាសនវិធី យ៉ាងនេះ គឺភិក្ខុនីដែលឆ្លាសប្រតិពល ត្រូវប្រកាសឲ្យសង្ឃដឹងថា បពិត្រលោកម្ចាស់ សូមសង្ឃស្តាប់ខ្ញុំ ភិក្ខុនីទាំងឡាយឈ្មោះនេះផងៗ នៅច្រឡំ(ដោយគ្រហស្ថ) មានមារយាទអាក្រក់ មានកិត្តិសព្ទអាក្រក់ មានការចិញ្ចឹមជីវិតអាក្រក់ ជាអ្នកបៀតបៀនភិក្ខុនីសង្ឃ បិទបាំងទោសរបស់ភិក្ខុនីផងគ្នា។ ភិក្ខុនីទាំងឡាយនោះមិនលះបង់វត្ថុនោះឡើយ។ បើកម្មមានកាលគួរដល់សង្ឃហើយ សង្ឃគប្បីសូត្រសមនុភាសនវិធី ចំពោះភិក្ខុនីទាំងឡាយឈ្មោះនេះផងៗ ដើម្បីឲ្យលះបង់វត្ថុនោះចេញ។ នេះជាញត្តិ។ បពិត្រព្រះសង្ឃជាម្ចាស់ សូមសង្ឃស្តាប់ខ្ញុំ ភិក្ខុនីទាំងឡាយឈ្មោះនេះផងៗ នៅច្រឡំ(ដោយគ្រហស្ថ) មានមារយាទអាក្រក់ មានកិត្តិសព្ទអាក្រក់ មានការចិញ្ចឹមជីវិតអាក្រក់ ជាអ្នកបៀតបៀនភិក្ខុនីសង្ឃ បិទបាំងទោសរបស់ភិក្ខុនីផងគ្នា។ ភិក្ខុនីទាំងឡាយនោះមិនលះបង់វត្ថុនោះឡើយ។ សង្ឃសូត្រសមនុភាសនវិធីចំពោះភិក្ខុនីទាំងឡាយឈ្មោះនេះផងៗ ដើម្បីឲ្យលះបង់វត្ថុនោះចេញ។ ការសូត្រសមនុភាសនវិធីចំពោះភិក្ខុនីទាំងឡាយឈ្មោះនេះផងៗ ដើម្បីឲ្យលះបង់វត្ថុនោះចេញ គាប់ចិត្តដល់លោកម្ចាស់អង្គណា លោកម្ចាស់អង្គនោះត្រូវស្ងៀម មិនគាប់ចិត្តដល់លោកម្ចាស់អង្គណា លោកម្ចាស់អង្គនោះត្រូវនិយាយឡើង។ ខ្ញុំសូត្រសេចក្តីនេះអស់វារៈជាគំរប់ពីរដងផង។បេ។ ខ្ញុំសូត្រសេចក្តីនេះ អស់វារៈជាគំរប់បីដងផង។បេ។ សង្ឃសូត្រសមនុភាសនវិធីចំពោះភិក្ខុនីទាំងឡាយឈ្មោះនេះផងៗ ដើម្បីឲ្យលះបង់វត្ថុនោះហើយ។ ការសូត្រសមនុភាសនវិធីនោះ គាប់ចិត្តដល់សង្ឃ ហេតុនោះ ទើបសង្ឃស្ងៀម។ ខ្ញុំសូមចាំទុករឿងនេះ ដោយអាការស្ងៀមនៅយ៉ាងនេះ។
[៨១] ភិក្ខុនីទាំងឡាយ ត្រូវអាបត្តិទុក្កដ ក្នុងខណៈចប់ញត្តិ ត្រូវអាបត្តិថុល្លច្ច័យទាំងឡាយ ក្នុងខណៈចប់កម្មវាចាពីរដង ត្រូវអាបត្តិសង្ឃាទិសេស ក្នុងខណៈចប់កម្មវាចាស្រេច។ កាលបើភិក្ខុនីទាំងឡាយ ត្រូវអាបត្តិសង្ឃាទិសេសហើយ ឯអាបត្តិទុក្កដដែលត្រូវក្នុងខណៈចប់ញត្តិ (ក្តី) អាបត្តិថុល្លច្ច័យទាំងឡាយដែលត្រូវក្នុងខណៈចប់កម្មវាចាពីរដង (ក្តី) ក៏រម្ងាប់ទៅឯង។ ភិក្ខុនីទាំងឡាយគប្បីសូត្រសមនុភាសនវិធីចំពោះភិក្ខុនីពីរបីរូបជាមួយគ្នាបាន មិនត្រូវសូត្រសមនុភាសនវិធីឲ្យលើសអំពីពីរបីរូបនោះឡើយ។
[៨២] ត្រង់ពាក្យថា ភិក្ខុនីទាំងឡាយនេះក្តី គឺភិក្ខុនីទាំងឡាយ ដែលតថាគតពោលប្រៀបធៀបនឹងភិក្ខុនីទាំងឡាយមុនៗ។ ពាក្យថា ឈ្មោះយាវតតិយក សេចក្តីថា ភិក្ខុនីទាំងឡាយនោះត្រូវអាបត្តិ (សង្ឃាទិសេស) ដោយសូត្រសមនុភាសនវិធីដរាបដល់គំរប់បីដង មិនមែនត្រូវព្រមគ្នានឹងប្រព្រឹត្តកន្លងវត្ថុទេ។ ពាក្យថា គួរបណ្តេញចេញ គឺភិក្ខុនីទាំងឡាយ គួរនាំភិក្ខុនីដែលត្រូវអាបត្តិសង្ឃាទិសេសនោះចេញអំពីសង្ឃ។ ពាក្យថា សង្ឃាទិសេស មានសេចក្តីអធិប្បាយក្នុង សង្ឃាទិសេសទី១រួចហើយ។
[៨៣] កម្មប្រកបដោយធម៌ ភិក្ខុនីទាំងឡាយសំគាល់ថា កម្មប្រកបដោយធម៌ ហើយមិនលះបង់ ត្រូវអាបត្តិសង្ឃាទិសេស។ កម្មប្រកបដោយធម៌ ភិក្ខុនីទាំងឡាយមានសេចក្តីសង្ស័យ ហើយមិនលះបង់ ត្រូវអាបត្តិសង្ឃាទិសេ។ កម្មប្រកបដោយធម៌ ភិក្ខុនីទាំងឡាយសំគាល់ថា កម្មមិនប្រកបដោយធម៌ ហើយមិនលះបង់ ត្រូវអាបត្តិសង្ឃាទិសេ។ កម្មមិនប្រកបដោយធម៌ ភិក្ខុនីទាំងឡាយសំគាល់ថា កម្មប្រកបដោយធម៌ ត្រូវអាបត្តិទុក្កដ។ កម្មមិនប្រកបដោយធម៌ ភិក្ខុនីមានសេចក្តីសង្ស័យ ត្រូវអាបត្តិទុក្កដ។ កម្មមិនប្រកបដោយធម៌ ភិក្ខុនីទាំងឡាយសំគាល់ថា កម្មមិនប្រកបដោយធម៌ ត្រូវអាបត្តិទុក្កដ។
[៨៤] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៦យ៉ាង) គឺ ភិក្ខុនីទាំងឡាយដែលភិក្ខុនីសង្ឃមិនបានសូត្រសមនុភាសនវិធី១ ភិក្ខុនីទាំងឡាយលះបង់ចេញ១ ភិក្ខុនីឆ្កួត១ ភិក្ខុនីមានចិត្តរវើរវាយ១ ភិក្ខុនីដែលវេទនាគ្របសង្កត់១ ភិក្ខុនីជាខាងដើមបញ្ញត្តិ១។
សង្ឃាទិសេសទី១០
[៨៥] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ គង់ក្នុងជេតវនារាម របស់អនាថបិណ្ឌិកសេដ្ឋីទៀបក្រុងសាវត្ថី។ ក៏សម័យនោះឯង ថុល្លនន្ទាភិក្ខុនីពោលពាក្យយ៉ាងនេះនឹងភិក្ខុនីទាំងឡាយ ដែលសង្ឃសូត្រសមនុភាសនវិធីហើយថា នែលោកម្ចាស់ទាំងឡាយ លោកទាំងឡាយ ចូរនៅច្រឡូកច្រឡំដោយគ្រហស្ថចុះ លោកទាំងឡាយកុំនៅបែកខ្ញែកគ្នាឡើយ សូម្បីភិក្ខុនីទាំងឡាយដទៃដែលមានមារយាទយ៉ាងនេះ មានកិត្តិសព្ទយ៉ាងនេះ ចិញ្ចឹមជីវិតយ៉ាងនេះ ជាអ្នកបៀតបៀនភិក្ខុនីសង្ឃ បិទបាំងទោសរបស់ភិក្ខុនីពួកផងគ្នា មាននៅក្នុងសង្ឃដែរ សង្ឃមិនបានពោលពាក្យអ្វីនឹងភិក្ខុនីទាំងឡាយនោះទេ សង្ឃពោលពាក្យយ៉ាងនេះតែនឹងលោកទាំងឡាយដោយសេចក្តីមើលងាយ ដោយពេបជ្រាយ ដោយគ្មានអំណត់ (ក្រោធ) ដោយសំដីបង្គ្រប ដោយលោកទាំងឡាយមានកំឡាំងថយថា ភិក្ខុនីជាបងប្អូនស្រីទាំងឡាយហ្នឹងឯង ជាអ្នកច្រឡូកច្រឡំ(ដោយគ្រហស្ថ) មានមារយាទអាក្រក់ មានកិត្តិសព្ទអាក្រក់ មានការចិញ្ចឹមជីវិតអាក្រក់ ជាអ្នកបៀតបៀនភិក្ខុនីសង្ឃ បិទបាំងទោសរបស់ភិក្ខុនីពួកផងគ្នា បពិត្រលោកម្ចាស់ សូមលោកទាំងឡាយស្ងាត់ (ចាកពួក) សង្ឃសរសើរតែសេចក្តីស្ងាត់របស់ភិក្ខុនីជាបងប្អូនស្រីទាំងឡាយ។ ភិក្ខុនីទាំងឡាយណាមានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុនីទាំងឡាយនោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា លោកម្ចាស់ថុល្លនន្ទា មិនសមបើនឹងពោលយ៉ាងនេះ នឹងភិក្ខុនីទាំងឡាយដែលសង្ឃសូត្រសមនុភាសនវិធីហើយថា នែលោកម្ចាស់ទាំងឡាយ លោកទាំងឡាយចូរនៅច្រឡូកច្រឡំដោយគ្រហស្ថចុះ លោកទាំងឡាយកុំនៅបែកខ្ញែកគ្នាឡើយ។បេ។ នែលោកម្ចាស់ទាំងឡាយ ចូរលោកទាំងឡាយស្ងាត់ (ចាកពួក) សង្ឃសរសើរតែសេចក្តីស្ងាត់របស់ភិក្ខុនីជាបងប្អូនស្រីទាំងឡាយ។បេ។ ព្រះដ៏មានព្រះភាគត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថាថុល្លនន្ទាភិក្ខុនីនិយាយយ៉ាងនេះនឹងភិក្ខុនីទាំងឡាយ ដែលសង្ឃសូត្រសមនុភាសនវិធីហើយថា បពិត្រលោកម្ចាស់ទាំងឡាយ លោកទាំងឡាយចូរនៅច្រឡូកច្រឡំដោយគ្រហស្ថចុះ លោកទាំងឡាយកុំនៅបែកខ្ញែកគ្នាឡើយ។បេ។ បពិត្រលោកម្ចាស់ទាំងឡាយ លោកទាំងឡាយចូរស្ងាត់ (ចាកពួក) សង្ឃសរសើរតែសេចក្តីស្ងាត់របស់ភិក្ខុនីជាបងប្អូនស្រីទាំងឡាយ ពិតមែនឬ។ ភិក្ខុទាំងឡាយក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះសម្ពុទ្ធដ៏មានព្រះភាគ ទ្រង់បន្ទោសថា ម្នាលភិក្ខុទាំងឡាយ ថុល្លនន្ទាភិក្ខុនីមិនគួរបើនឹងពោលយ៉ាងនេះនឹងភិក្ខុនីទាំងឡាយដែលសង្ឃសូត្រសមនុភាសនវិធីហើយថា បពិត្រលោកម្ចាស់ទាំងឡាយ លោកទាំងឡាយចូរនៅច្រឡូកច្រឡំដោយគ្រហស្ថចុះ លោកទាំងឡាយកុំនៅបែកខ្ញែកគ្នាឡើយ។បេ។ បពិត្រលោកម្ចាស់ទាំងឡាយ លោកទាំងឡាយចូរស្ងាត់ (ចាកពួក) សង្ឃសរសើរតែសេចក្តីស្ងាត់របស់ភិក្ខុនីជាបងប្អូនស្រីទាំងឡាយដូច្នេះឯង ម្នាលភិក្ខុទាំងឡាយ អំពើនេះមិននាំឲ្យជ្រះថ្លាដល់ជនទាំងឡាយ ដែលមិនទាន់ជ្រះថ្លាទេ។បេ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីទាំងឡាយ ចូរសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុនីណាមួយពោលយ៉ាងនេះថា បពិត្រលោកម្ចាស់ទាំងឡាយ លោកទាំងឡាយ ចូរនៅច្រឡូកច្រឡំដោយគ្រហស្ថចុះ លោកទាំងឡាយ កុំនៅបែកខ្ញែកគ្នាឡើយ សូម្បីភិក្ខុនីទាំងឡាយរូបដទៃ ដែលមានមារយាទដូចគ្នា មានកិត្តិសព្ទដូចគ្នា មានការចិញ្ចឹមជីវិតដូចគ្នា ជាអ្នកបៀតបៀនភិក្ខុនីសង្ឃ ជាអ្នកបិទបាំងទោសរបស់ភិក្ខុនីពួកផងគ្នា មាននៅក្នុងសង្ឃដែរ សង្ឃមិនពោលពាក្យអ្វីនឹងភិក្ខុនីទាំងឡាយនោះទេ សង្ឃពោលពាក្យយ៉ាងនេះតែនឹងលោកទាំងឡាយដោយសេចក្តីមើលងាយ ដោយពេបជ្រាយ ដោយគ្មានអំណត់ ដោយសំដីបង្គ្រប ដោយលោកទាំងឡាយមានកំឡាំងថយថា ភិក្ខុនីជាបងប្អូនស្រីទាំងឡាយហ្នឹងឯង ជាអ្នកនៅច្រឡូកច្រឡំ(ដោយគ្រហស្ថ) មានមារយាទអាក្រក់ មានកិត្តិសព្ទអាក្រក់ មានការចិញ្ចឹមជីវិតអាក្រក់ ជាអ្នកបៀតបៀនភិក្ខុនីសង្ឃ ជាអ្នកបិទបាំងទោសរបស់ភិក្ខុនីពួកផងគ្នា បពិត្រលោកម្ចាស់ទាំងឡាយ លោកទាំងឡាយចូរស្ងាត់ (ចាកពួក) សង្ឃសរសើរតែសេចក្តីស្ងាត់របស់ភិក្ខុនីជាបងប្អូនស្រីទាំងឡាយ។ ភិក្ខុនីនោះ គប្បីភិក្ខុនីទាំងឡាយនិយាយយ៉ាងនេះថា បពិត្រលោកម្ចាស់ ចូរលោកកុំនិយាយយ៉ាងនេះថា បពិត្រលោកម្ចាស់ទាំងឡាយ លោកទាំងឡាយចូរនៅច្រឡូកច្រឡំដោយគ្រហស្ថចុះ លោកទាំងឡាយកុំនៅបែកខ្ញែកគ្នាឡើយ សូម្បីភិក្ខុនីទាំងឡាយដទៃ ដែលមានមារយាទដូចគ្នា មានកិត្តិសព្ទដូចគ្នា មានការចិញ្ចឹមជីវិតដូចគ្នា ជាអ្នកបៀតបៀនភិក្ខុនីសង្ឃ ជាអ្នកបិទបាំងទោសរបស់ភិក្ខុនីពួកផងគ្នា មាននៅក្នុងសង្ឃដែរ សង្ឃមិនពោលពាក្យអ្វីនឹងភិក្ខុនីទាំងឡាយនោះទេ សង្ឃពោលពាក្យយ៉ាងនេះតែនឹងលោកទាំងឡាយដោយសេចក្តីមើលងាយ ដោយពេបជ្រាយ ដោយគ្មានអំណត់ ដោយសំដីបង្គ្រប ដោយលោកទាំងឡាយមានកំឡាំងថយថា ភិក្ខុនីជាបងប្អូនស្រីទាំងឡាយហ្នឹងឯង ជាអ្នកនៅច្រឡូកច្រឡំ(ដោយគ្រហស្ថ) មានមារយាទអាក្រក់ មានកិត្តិសព្ទអាក្រក់ មានការចិញ្ចឹមជីវិតអាក្រក់ ជាអ្នកបៀតបៀនភិក្ខុនីសង្ឃ ជាអ្នកបិទបាំងទោសរបស់ភិក្ខុនីពួកផងគ្នា បពិត្រលោកម្ចាស់ទាំងឡាយ លោកទាំងឡាយចូរស្ងាត់ (ចាកពួក) សង្ឃសរសើរតែសេចក្តីស្ងាត់របស់ភិក្ខុនីជាបងប្អូនស្រីទាំងឡាយ។ ភិក្ខុនីនោះ កាលដែលភិក្ខុនីទាំងឡាយពោលយ៉ាងនេះ ក៏នៅតែប្រកាន់ដដែល ភិក្ខុនីនោះ គប្បីភិក្ខុនីទាំងឡាយសូត្រសមនុភាសនវិធី ដើម្បីឲ្យលះបង់នូវវត្ថុនោះដរាបដល់គំរប់បីដង។ បើភិក្ខុនីនោះ កាលដែលភិក្ខុនីទាំងឡាយសូត្រសមនុភាសនវិធីដរាបដល់គំរប់បីដង លះបង់វត្ថុនោះបាន ការលះបង់បាននេះជាការល្អ បើមិនលះបង់ទេ ភិក្ខុនីនេះក្តី (ក៏)ត្រូវអាបត្តិសង្ឃាទិសេស ឈ្មោះយាវតតិយក គួរបណ្តេញចេញ។
[៨៦] ត្រង់ពាក្យថា ភិក្ខុនីណាមួយ មានសេចក្តីដូចគ្នានឹងសិក្ខាបទទី១នៃបារាជិកកណ្ឌ។ ពាក្យថា ពោលយ៉ាងនេះ គឺពោលថា បពិត្រលោកម្ចាស់ទាំងឡាយ លោកទាំងឡាយចូរនៅច្រឡូកច្រឡំចុះ លោកទាំងឡាយកុំនៅផ្សេងៗគ្នាឡើយ(ព្រោះ) ភិក្ខុនីទាំងឡាយសូម្បីរូបដទៃដែលមានមារយាទដូចគ្នា មានកិត្តិសព្ទដូចគ្នា មានការចិញ្ចឹមជីវិតដូចគ្នា ជាអ្នកបៀតបៀនភិក្ខុនីសង្ឃ បិទបាំងទោសរបស់ភិក្ខុនីពួកផងគ្នា មាននៅក្នុងសង្ឃដែរ (តែ)សង្ឃមិនពោលពាក្យអ្វីនឹងភិក្ខុនីទាំងឡាយនោះទេ សង្ឃពោលពាក្យយ៉ាងនេះតែនឹងលោកទាំងឡាយដោយសេចក្តីមើលងាយ គឺដោយសេចក្តីមាក់ងាយ។ ពាក្យថា ដោយសេចក្តីពេបជ្រាយ គឺដោយសេចក្តីស្អប់ខ្ពើម។ ពាក្យថា ដោយគ្មានអំណត់ គឺដោយសេចក្តីខឹង។ ពាក្យថា ដោយសំដីបង្គ្រប គឺដោយធ្វើសំដីឲ្យវិសេសជាង។ ពាក្យថា ដោយលោកទាំងឡាយមានកំឡាំងថយ គឺដោយលោកទាំងឡាយគ្មានបក្ខពួក។ ថុល្លនន្ទាភិក្ខុនីពោលយ៉ាងនេះថា ភិក្ខុនីជាបងប្អូនស្រីទាំងឡាយហ្នឹងឯង ជាអ្នកនៅច្រឡូកច្រឡំ(ដោយគ្រហស្ថ) មានមារយាទអាក្រក់ មានកិត្តិសព្ទអាក្រក់ មានការចិញ្ចឹមជីវិតអាក្រក់ ជាអ្នកបៀតបៀនភិក្ខុនីសង្ឃ បិទបាំងទោសរបស់ភិក្ខុនីពួកផងគ្នា បពិត្រលោកម្ចាស់ទាំងឡាយ លោកទាំងឡាយចូរស្ងាត់ (ចាកពួក) សង្ឃសរសើរតែសេចក្តីស្ងាត់របស់ភិក្ខុនីជាបងប្អូនស្រីទាំងឡាយ។ ពាក្យថា ភិក្ខុនីនោះ គឺភិក្ខុនីឯណាដែលពោលជាប្រក្រតីយ៉ាងនេះនោះឯង។ ពាក្យថា ដែលភិក្ខុនីទាំងឡាយ គឺដែលភិក្ខុនីទាំងឡាយដទៃ។ ភិក្ខុនីទាំងឡាយឯណាឃើញ ឯណាឮ ភិក្ខុនីទាំងឡាយនោះគប្បីនិយាយនឹងភិក្ខុនីនោះថា បពិត្រលោកម្ចាស់ ចូរលោកកុំនិយាយពាក្យយ៉ាងនេះថា បពិត្រលោកម្ចាស់ទាំងឡាយ លោកទាំងឡាយចូរនៅច្រឡូកច្រឡំ(ដោយគ្រហស្ថ)ចុះ កុំនៅបែកខ្ញែកគ្នាឡើយ។បេ។ បពិត្រលោកម្ចាស់ទាំងឡាយ លោកទាំងឡាយចូរស្ងាត់ (ចាកពួក) សង្ឃសរសើរតែសេចក្តីស្ងាត់របស់ភិក្ខុនីជាបងប្អូនស្រីទាំងឡាយ។ ភិក្ខុនីនោះ គឺភិក្ខុនីទាំងឡាយពោលអស់វារៈគំរប់ពីរដងផង គប្បីពោលអស់វារៈគំរប់បីដងផង។ បើភិក្ខុនីនោះលះបង់បាន ការលះបង់បាននេះជាការល្អ បើលះបង់មិនបានទេ ត្រូវអាបត្តិទុក្កដ។ ភិក្ខុនីទាំងឡាយដទៃឮហើយ មិននិយាយ ត្រូវអាបត្តិទុក្កដ។ ភិក្ខុនីនោះ គួរភិក្ខុនីទាំងឡាយនាំយកមកកាន់ទីកណ្តាលសង្ឃ ហើយពោលថា បពិត្រលោកម្ចាស់ លោកចូរកុំពោលយ៉ាងនេះថា បពិត្រលោកម្ចាស់ទាំងឡាយ លោកទាំងឡាយចូរនៅច្រឡូកច្រឡំ(ដោយគ្រហស្ថ) ចុះ លោកទាំងឡាយកុំនៅបែកខ្ញែកគ្នាឡើយ។បេ។ បពិត្រលោកម្ចាស់ទាំងឡាយ លោកទាំងឡាយចូរស្ងាត់ (ចាកពួក) សង្ឃសរសើរតែសេចក្តីស្ងាត់របស់ភិក្ខុនីជាបងប្អូនស្រីទាំងឡាយ។ ភិក្ខុនីនោះ គួរភិក្ខុនីទាំងឡាយនិយាយអស់វារៈគំរប់ពីរដងផង គួរនិយាយអស់វារៈគំរប់បីដងផង។ បើភិក្ខុនីនោះលះបង់បាន ការលះបង់បាននេះជាការល្អ បើមិនលះបង់ទេ ត្រូវអាបត្តិទុក្កដ។
[៨៧] ភិក្ខុនីនោះ គួរភិក្ខុនីទាំងឡាយសូត្រសមនុភាសនវិធី។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីនោះ គួរភិក្ខុនីទាំងឡាយគប្បីសូត្រសមនុភាសនវិធី យ៉ាងនេះ គឺភិក្ខុនីដែលឈ្លាសប្រតិពល គប្បីផ្តៀងសង្ឃឲ្យដឹងថា បពិត្រសង្ឃជាម្ចាស់ សូមសង្ឃស្តាប់ខ្ញុំ ភិក្ខុនីនេះឈ្មោះនេះ ពោលយ៉ាងនេះនឹងភិក្ខុនីដែលសង្ឃសូត្រសមនុភាសនវិធីហើយថា បពិត្រលោកម្ចាស់ទាំងឡាយ លោកទាំងឡាយចូរនៅច្រឡូកច្រឡំដោយគ្រហស្ថចុះ លោកទាំងឡាយកុំនៅបែកខ្ញែកគ្នាឡើយ សូម្បីភិក្ខុនីទាំងឡាយដទៃដែលមានមារយាទដូចគ្នា មានកិត្តិសព្ទដូចគ្នា មានការចិញ្ចឹមជីវិតដូចគ្នា ជាអ្នកបៀតបៀនភិក្ខុនីសង្ឃ ជាអ្នកបិទបាំងទោសរបស់ភិក្ខុនីពួកផងគ្នា មាននៅក្នុងសង្ឃដែរ តែសង្ឃមិនពោលពាក្យអ្វីនឹងភិក្ខុនីទាំងឡាយនោះទេ សង្ឃពោលពាក្យយ៉ាងនេះតែនឹងលោកទាំងឡាយដោយសេចក្តីមើលងាយ ដោយសេចក្តីពេបជ្រាយ ដោយគ្មានអំណត់ ដោយសំដីបង្គ្រប ដោយលោកទាំងឡាយមានកំឡាំងថយថា ភិក្ខុនីជាបងប្អូនស្រីទាំងឡាយហ្នឹងឯង នៅច្រឡូកច្រឡំ(ដោយគ្រហស្ថ)។បេ។ បពិត្រលោកម្ចាស់ទាំងឡាយ លោកទាំងឡាយចូរស្ងាត់ (ចាកពួក) សង្ឃសរសើរតែសេចក្តីស្ងាត់របស់ភិក្ខុនីជាបងប្អូនស្រីទាំងឡាយ។ ភិក្ខុនីនោះមិនលះបង់វត្ថុនោះចេញ។ បើកម្មមានកាលដ៏សមគួរដល់សង្ឃហើយ សង្ឃគប្បីសូត្រសមនុភាសនវិធីចំពោះភិក្ខុនីឈ្មោះនេះ ដើម្បីឲ្យលះបង់វត្ថុនោះចេញ។ នេះជាញត្តិ។ បពិត្រសង្ឃជាម្ចាស់ សូមសង្ឃស្តាប់ខ្ញុំ ភិក្ខុនីនេះឈ្មោះនេះពោលយ៉ាងនេះ នឹងភិក្ខុនីទាំងឡាយដែលសង្ឃសូត្រសមនុភាសនវិធីហើយថា បពិត្រលោកម្ចាស់ទាំងឡាយ លោកទាំងឡាយចូរនៅច្រឡូកច្រឡំ(ដោយគ្រហស្ថ)ចុះ លោកទាំងឡាយកុំនៅបែកខ្ញែកគ្នាឡើយ សូម្បីភិក្ខុនីទាំងឡាយដទៃដែលមានមារយាទដូចគ្នា មានកិត្តិសព្ទដូចគ្នា មានការចិញ្ចឹមជីវិតដូចគ្នា ជាអ្នកបៀតបៀនភិក្ខុនីសង្ឃ បិទបាំងទោសរបស់ភិក្ខុនីពួកផងគ្នា មាននៅក្នុងសង្ឃដែរ តែសង្ឃមិនពោលពាក្យអ្វីនឹងភិក្ខុនីទាំងឡាយនោះទេ សង្ឃពោលពាក្យយ៉ាងនេះតែនឹងលោកទាំងឡាយដោយសេចក្តីមើលងាយ ដោយពេបជ្រាយ ដោយមិនអត់ឱនគ្នា ដោយសំដីបង្គ្រប ដោយលោកទាំងឡាយមានកំឡាំងថយថា ភិក្ខុនីជាបងប្អូនស្រីទាំងឡាយហ្នឹងឯង នៅច្រឡូកច្រឡំ(ដោយគ្រហស្ថ) មានមារយាទអាក្រក់ មានកិត្តិសព្ទអាក្រក់ មានការចិញ្ចឹមជីវិតអាក្រក់ ជាអ្នកបៀតបៀនភិក្ខុនីសង្ឃ បិទបាំងទោសរបស់ភិក្ខុនីពួកផងគ្នា បពិត្រលោកម្ចាស់ទាំងឡាយ លោកទាំងឡាយចូរស្ងាត់ (ចាកពួក) សង្ឃសរសើរតែសេចក្តីស្ងាត់របស់ភិក្ខុនីជាបងប្អូនស្រីទាំងឡាយ។ ភិក្ខុនីនោះមិនលះបង់វត្ថុនោះចេញទេ។ សង្ឃសូត្រសមនុភាសនវិធីចំពោះភិក្ខុនីឈ្មោះនេះ ដើម្បីឲ្យលះបង់វត្ថុនោះចេញ។ ការសូត្រសមនុភាសនវិធីចំពោះភិក្ខុនីឈ្មោះនេះ ដើម្បីឲ្យលះបង់វត្ថុនោះ គួរដល់លោកម្ចាស់អង្គណា លោកម្ចាស់អង្គនោះត្រូវស្ងៀម មិនគួរដល់លោកម្ចាស់អង្គណា លោកម្ចាស់អង្គនោះត្រូវនិយាយឡើង។ ខ្ញុំសូត្រសេចក្តីនេះអស់វារៈគំរប់ពីរដងផង។បេ។ ខ្ញុំសូត្រសេចក្តីនេះ អស់វារៈគំរប់បីដងផង។បេ។ សង្ឃបានសូត្រសមនុភាសនវិធីចំពោះភិក្ខុនីឈ្មោះនេះ ដើម្បីឲ្យលះបង់វត្ថុនោះចេញហើយ។ ការសូត្រសមនុភាសនវិធីនោះ សមគួរដល់សង្ឃ ហេតុនោះ ទើបសង្ឃស្ងៀម។ ខ្ញុំសូមចាំទុកនូវដំណើរនេះ ដោយអាការស្ងៀមនៅយ៉ាងនេះ។
[៨៨] ភិក្ខុនីនោះ ត្រូវទុក្កដដោយសូត្រញត្តិ ត្រូវថុល្លច្ច័យទាំងឡាយ ដោយសូត្រកម្មវាចាពីរលើក ចប់កម្មវាចា ត្រូវអាបត្តិសង្ឃាទិសេស។ កាលភិក្ខុនីត្រូវអាបត្តិសង្ឃាទិសេស អាបត្តិទុក្កដត្រូវដោយសូត្រញត្តិ និងអាបត្តិថុល្លច្ច័យទាំងឡាយ ដែលត្រូវដោយសូត្រកម្មវាចាពីរលើក តែងរម្ងាប់ទៅឯង។
[៨៩] ត្រង់ពាក្យថា ភិក្ខុនីនេះក្តី គឺភិក្ខុនីនេះឯង ដែលតថាគតពោលប្រៀបផ្ទឹមនូវភិក្ខុនីទាំងឡាយមុនៗ។ ពាក្យថា ឈ្មោះយាវតតិយក គឺភិក្ខុនីត្រូវ(សង្ឃាទិសេស) ដោយការសូត្រសមនុភាសនដរាបអស់វារៈគំរប់បីដង មិនមែនត្រូវមួយអន្លើដោយសេចក្តីប្រព្រឹត្តិកន្លងវត្ថុទេ។ ពាក្យថា គួរបណ្តេញចេញ គឺភិក្ខុនីទាំងឡាយ គួរនាំភិក្ខុនីនោះចេញអំពីសង្ឃ។ ពាក្យថា សង្ឃាទិសេស គឺទាល់តែសង្ឃឲ្យមានត្តដើម្បីអាបត្តិនោះ ទាញត្រឡប់អន្តរាបត្តិមកដាក់ក្នុងមូលាបត្តិបាន រួចឲ្យអព្ភានកម្ម ភិក្ខុនីច្រើនរូបឲ្យមិនបាន ភិក្ខុនីមួយរូបក៏ឲ្យមិនបាន ហេតុនោះ បានជាអាបត្តិនិកាយនោះ តថាគតឲ្យឈ្មោះថា សង្ឃាទិសេស។ ពាក្យថា អាបត្តិសង្ឃាទិសេស ជានាមកម្ម គឺថាជាឈ្មោះនៃអាបត្តិនិកាយនោះឯង ព្រោះហេតុនោះ អាបត្តិនិកាយនោះ តថាគតហៅថា សង្ឃាទិសេស។
[៩០] កម្មប្រកបដោយធម៌ ភិក្ខុនីសំគាល់ថា កម្មប្រកបដោយធម៌ ហើយមិនលះបង់ ត្រូវអាបត្តិសង្ឃាទិសេស។ កម្មប្រកបដោយធម៌ ភិក្ខុនីមានសេចក្តីសង្ស័យ ហើយមិនលះបង់ ត្រូវអាបត្តិសង្ឃាទិសេ។ កម្មប្រកបដោយធម៌ ភិក្ខុនីសំគាល់ថា កម្មមិនប្រកបដោយធម៌ ហើយមិនលះបង់ ត្រូវអាបត្តិសង្ឃាទិសេ។ កម្មមិនប្រកបដោយធម៌ ភិក្ខុនីសំគាល់ថា កម្មប្រកបដោយធម៌ ត្រូវអាបត្តិទុក្កដ។ កម្មមិនប្រកបដោយធម៌ ភិក្ខុនីមានសេចក្តីសង្ស័យ ត្រូវអាបត្តិទុក្កដ។ កម្មមិនប្រកបដោយធម៌ ភិក្ខុនីសំគាល់ថា កម្មមិនប្រកបដោយធម៌ ត្រូវអាបត្តិទុក្កដ។
[៩១] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៤យ៉ាង) គឺ (សង្ឃ) មិនបានសូត្រសមនុភាសនវិធី១ ភិក្ខុនីបានលះបង់១ ភិក្ខុនីឆ្កួត១ ភិក្ខុនីជាខាងដើមបញ្ញត្តិ១[ប្រាម្ពីលសិក្ខាបទទៀតដែលមិនបានសំដែងនោះ លោកថា ព្រោះដូចគ្នានឹងសិក្ខាបទក្នុងភិក្ខុបាដិមោក្ខហើយ]។
[៩២] បពិត្រលោកម្ចាស់ទាំងឡាយ អាបត្តិសង្ឃាទិសេសទាំង១៧ ខ្ញុំសំដែងឡើងហើយ អាបត្តិ៩ ឈ្មោះបឋមាបត្តិកា អាបត្តិ៨ ឈ្មោះយាវតតិយកា បណ្តាអាបត្តិទាំង១៧នេះ ភិក្ខុនីអង្គណាត្រូវអាបត្តិណាៗ ភិក្ខុនីអង្គនោះត្រូវប្រព្រឹត្តបក្ខមានត្តក្នុងឧភតោសង្ឃ ភិក្ខុនីដែលប្រព្រឹត្តមានត្តហើយ បើភិក្ខុនីសង្ឃពួក២០រូបមានក្នុងទីណា ភិក្ខុនីសង្ឃត្រូវឲ្យអព្ភានកម្មចំពោះភិក្ខុនីនោះ ក្នុងទីនោះ បើភិក្ខុនីសង្ឃពួក២០រូប ខ្វះសូម្បីតែភិក្ខុនី១រូប ឲ្យអព្ភានកម្មចំពោះភិក្ខុនីនោះ ភិក្ខុនីនោះឈ្មោះថា ភិក្ខុនីសង្ឃមិនឲ្យអព្ភានកម្មផង ភិក្ខុនីទាំងឡាយនោះឈ្មោះថា ត្រូវព្រះដ៏មានព្រះភាគតិះដៀលផង។ នេះជាសាមីចិកម្មក្នុងរឿងនោះ។ ខ្ញុំសូមសួរលោកម្ចាស់ទាំងឡាយ ក្នុងអាបត្តិទាំងនោះ លោកទាំងឡាយជាអ្នកបរិសុទ្ធហើយឬ។ ខ្ញុំសួរអស់វារៈជាគំរប់ពីរដងផង លោកទាំងឡាយជាអ្នកបរិសុទ្ធហើយឬ។ ខ្ញុំសួរអស់វារៈជាគំរប់បីដងផង លោកទាំងឡាយជាអ្នកបរិសុទ្ធហើយឬ។ លោកម្ចាស់ទាំងឡាយជាអ្នកបរិសុទ្ធហើយក្នុងអាបត្តិទាំងនេះ ហេតុនោះទើបលោកម្ចាស់ទាំងឡាយស្ងៀម។ ខ្ញុំសូមចាំទុកនូវរឿងនេះ ដោយអាការស្ងៀមនៅយ៉ាងនេះ។
សង្ឃាទិសេសកណ្ឌ១៧សិក្ខាបទ ចប់។
និស្សគ្គិយកណ្ឌ
បពិត្រលោកម្ចាស់ទាំងឡាយ អាបត្តិទាំងឡាយឈ្មោះនិស្សគ្គិយបាចិត្តិយមានចំនួន ៣០នេះឯង តែងមកកាន់ឧទ្ទេស។
បត្តវគ្គ សិក្ខាបទទី១
[៩៣] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ គង់ក្នុងជេតវនារាម របស់អនាថបិណ្ឌិកសេដ្ឋីទៀបក្រុងសាវត្ថី។ គ្រានោះឯង ភិក្ខុនីទាំងឡាយមានពួក៦ ធ្វើនូវសេចក្តីសន្សំបាត្រជាច្រើន។ មនុស្សទាំងឡាយដើរទៅកាន់ចារិកវិហារ បានឃើញហើយក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ហេតុអ្វីក៏ភិក្ខុនីទាំងឡាយធ្វើនូវសេចក្តីសន្សំបាត្រទុកច្រើនម្ល៉េះ ឬភិក្ខុនីទាំងឡាយនឹងធ្វើជំនួញបាត្រ ឬនឹងដាក់រានផ្សារលក់ភាជនៈដី។ ភិក្ខុនីទាំងឡាយបានឮមនុស្សទាំងឡាយនោះ ពោលទោស តិះដៀល បន្តុះបង្អាប់ហើយ។ ភិក្ខុនីទាំងឡាយណាមានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុនីទាំងឡាយនោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុនីទាំងឡាយមានពួក៦ មិនសមបើនឹងធ្វើសេចក្តីសន្សំបាត្រទុកសោះ។បេ។ ទ្រង់ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថាភិក្ខុនីទាំងឡាយមានពួក៦ ធ្វើនូវសេចក្តីសន្សំបាត្រទុក ពិតមែនឬ។ ភិក្ខុទាំងឡាយក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះសម្ពុទ្ធដ៏មានព្រះភាគ ទ្រង់បន្ទោសថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីទាំងឡាយមានពួក៦ មិនគួរបើនឹងធ្វើសេចក្តីសន្សំបាត្រទុកទេ ម្នាលភិក្ខុទាំងឡាយ អំពើនេះមិននាំឲ្យជ្រះថ្លាដល់ជនទាំងឡាយ ដែលមិនទាន់ជ្រះថ្លាទេ។បេ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីទាំងឡាយ ចូរសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុនីណាមួយធ្វើសេចក្តីសន្សំបាត្រ ភិក្ខុនីនោះ ត្រូវនិស្សគ្គិយបាចិត្តិយ។
[៩៤] ត្រង់ពាក្យថា ភិក្ខុនីណាមួយ មានសេចក្តីអធិប្បាយក្នុងសិក្ខាបទទី១នៃបារាជិកកណ្ឌរួចហើយ។ បាត្រ២យ៉ាង គឺបាត្រដែក១ បាត្រដី១ ឈ្មោះថាបាត្រ។ ប្រមាណរបស់បាត្រមាន៣យ៉ាង គឺបាត្រខ្នាតធំ១ បាត្រខ្នាតកណ្តាល១ បាត្រខ្នាតតូច១។ ដែលហៅថា បាត្រខ្នាតធំ គឺបាត្រចំណុះបាយនៃអង្ករកន្លះអាឡ្ហក និងបង្អែមភាគទី៤ និងម្ហូបសមគួរនឹងបាយនោះ។ ដែលហៅថា បាត្រខ្នាតកណ្តាល គឺបាត្រចំណុះបាយនៃអង្ករ១នាឡិ និងបង្អែមភាគទី៤ និងម្ហូបសមគួរដល់បាយនោះ។ ដែលហៅថា បាត្រខ្នាតតូច គឺបាត្រចំណុះបាយនៃអង្ករ១បត្ថ និងបង្អែមភាគទី៤ និងម្ហូបសមគួរដល់បាយនោះ។ បាត្រដែលមានខ្នាតធំ ឬតូចជាងកំណត់ដែលពោលហើយនោះ មិនហៅថាបាត្រ។ ពាក្យថា ធ្វើសេចក្តីសន្សំ (បាត្រ) គឺបានដល់បាត្រ(ឯទៀតៗ) ដែលភិក្ខុនីមិនបានអធិដ្ឋាន មិនបានវិកប្ប។ បាត្រនោះជានិស្សគ្គិយ គឺជានិស្សគ្គិយព្រមគ្នានឹងអរុណរះឡើង បាត្រនោះ ភិក្ខុនីត្រូវលះដល់សង្ឃក៏បាន គណៈក៏បាន ដល់ភិក្ខុនី១រូបក៏បាន។ ម្នាលភិក្ខុទាំងឡាយ បាត្រនោះភិក្ខុនីត្រូវលះយ៉ាងនេះ។
[៩៥] ភិក្ខុនីនោះត្រូវចូលទៅរកសង្ឃ ហើយធ្វើឧត្តរាសង្គឆៀងស្មាម្ខាង ហើយថ្វាយបង្គំជើងភិក្ខុនីចាស់ៗ អង្គុយច្រហោង ផ្គងអញ្ជលីឡើង ហើយពោលយ៉ាងនេះថា បពិត្រលោកម្ចាស់ បាត្ររបស់ខ្ញុំនេះកន្លងរាត្រីហើយ ជានិស្សគ្គិយ ខ្ញុំសូមលះបាត្រនេះដល់សង្ឃ។ លុះភិក្ខុនីនោះលះរួចហើយ ត្រូវសំដែងអាបត្តិចេញ។ ភិក្ខុនីដែលឆ្លាស ប្រតិពល គប្បីទទួលអាបត្តិ។ ភិក្ខុនីសង្ឃត្រូវឲ្យបាត្រដែលភិក្ខុនីលះហើយនោះវិញ ដោយពាក្យថា បពិត្រលោកម្ចាស់ សូមសង្ឃស្តាប់ខ្ញុំ បាត្រនេះជានិស្សគ្គិយ ភិក្ខុនីឈ្មោះនេះបានលះដល់សង្ឃហើយ។ បើការលះបង់នេះសមគួរដល់សង្ឃហើយ សង្ឃត្រូវឲ្យបាត្រនេះដល់ភិក្ខុនីឈ្មោះនេះវិញ។
[៩៦] ភិក្ខុនីនោះត្រូវចូលទៅរកភិក្ខុនីទាំងឡាយច្រើនរូប (២-៣រូប) ហើយធ្វើឧត្តរាសង្គឆៀងស្មាម្ខាង ហើយថ្វាយបង្គំជើងភិក្ខុនីចាស់ៗ រួចអង្គុយច្រហោង ផ្គងអញ្ជលីឡើង ពោលយ៉ាងនេះថា បពិត្រលោកម្ចាស់ទាំងឡាយ បាត្ររបស់ខ្ញុំនេះកន្លងរាត្រីហើយ ជានិស្សគ្គិយ ខ្ញុំសូមលះបាត្រនេះដល់លោកម្ចាស់ទាំងឡាយ។ លុះភិក្ខុនីនោះលះបាត្រហើយ ត្រូវសំដែងអាបត្តិចេញ។ ភិក្ខុនីដែលឆ្លាស ប្រតិពល គប្បីទទួលអាបត្តិ។ ភិក្ខុនីទាំងឡាយត្រូវឲ្យបាត្រដែលភិក្ខុនីនោះលះហើយ ដោយពាក្យថា សូមលោកម្ចាស់ទាំងឡាយស្តាប់ខ្ញុំ បាត្រនេះរបស់ភិក្ខុនីឈ្មោះនេះ ជានិស្សគ្គិយ បានលះដល់លោកម្ចាស់ទាំងឡាយហើយ។ បើការលះបង់នេះ សមគួរដល់លោកម្ចាស់ទាំងឡាយហើយ លោកម្ចាស់ទាំងឡាយត្រូវឲ្យបាត្រនេះដល់ភិក្ខុនីឈ្មោះនេះវិញ។
[៩៧] ភិក្ខុនីនោះត្រូវចូលទៅរកភិក្ខុនី១រូប ធ្វើឧត្តរាសង្គឆៀងស្មាម្ខាង ហើយអង្គុយច្រហោង ផ្គងអញ្ជលីឡើង រួចពោលយ៉ាងនេះថា បពិត្រលោកម្ចាស់ បាត្ររបស់ខ្ញុំនេះកន្លងរាត្រីហើយ ជានិស្សគ្គិយ ខ្ញុំសូមលះបាត្រនេះដល់លោកម្ចាស់។ លុះភិក្ខុនីនោះលះរួចហើយ ត្រូវសំដែងអាបត្តិចេញ។ ភិក្ខុនី១រូបនោះ គប្បីទទួលអាបត្តិ។ ភិក្ខុនី១រូបត្រូវឲ្យបាត្រដែលភិក្ខុនីនោះលះហើយ ដោយពាក្យថា ខ្ញុំឲ្យបាត្រនេះដល់លោកម្ចាស់វិញ។
[៩៨] បាត្រកន្លងរាត្រីហើយ ភិក្ខុនីសំគាល់ថាកន្លងហើយ ត្រូវនិស្សគ្គិយបាចិត្តិយ។ បាត្រកន្លងរាត្រីហើយ ភិក្ខុនីមានសេចក្តីសង្ស័យ ត្រូវនិស្សគ្គិយបាចិត្តិយ។ បាត្រកន្លងរាត្រីហើយ ភិក្ខុនីសំគាល់ថាមិនទាន់កន្លងទេ ត្រូវនិស្សគ្គិយបាចិត្តិយ។ បាត្រមិនបានអធិដ្ឋានទេ ភិក្ខុនីសំគាល់ថាអធិដ្ឋានហើយ ត្រូវនិស្សគ្គិយបាចិត្តិយ។ បាត្រមិនបានវិកប្បទេ ភិក្ខុនីសំគាល់ថាវិកប្បហើយ ត្រូវនិស្សគ្គិយបាចិត្តិយ។ បាត្រមិនបានលះទេ ភិក្ខុនីសំគាល់ថាលះហើយ ត្រូវនិស្សគ្គិយបាចិត្តិយ។ បាត្រមិនបានខូចទេ ភិក្ខុនីសំគាល់ថាបាត្រខូចហើយ បាត្រមិនបានវិនាសទេ ភិក្ខុនីសំគាល់ថាវិនាសហើយ… បាត្រមិនបានបែកទេ ភិក្ខុនីសំគាល់ថាបែកហើយ… បាត្រចោរមិនបានដណ្តើមយកទេ ភិក្ខុនីសំគាល់ថាចោរដណ្តើមយកហើយ ត្រូវនិស្សគ្គិយបាចិត្តិយ។
[៩៩] ភិក្ខុនីមិនលះបាត្រដែលជានិស្សគ្គិយ ហើយប្រើប្រាស់ ត្រូវអាបត្តិទុក្កដ។ បាត្រមិនបានកន្លងរាត្រីទេ ភិក្ខុនីសំគាល់ថាកន្លងហើយ ត្រូវអាបត្តិទុក្កដ។ បាត្រមិនបានកន្លងរាត្រីទេ ភិក្ខុនីមានសេចក្តីសង្ស័យ ត្រូវអាបត្តិទុក្កដ។ បាត្រមិនបានកន្លងរាត្រីទេ ភិក្ខុនីសំគាល់ថាមិនកន្លងរាត្រីមែន មិនត្រូវអាបត្តិ។
[១០០] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន១០យ៉ាង) គឺ ភិក្ខុនីអធិដ្ឋានក្នុងអរុណ១ វិកប្បទុកក្នុងអរុណ១ លះបង់ (បាត្រនោះ) ខាងក្នុងអរុណ១ បាត្រខូចខាងក្នុងអរុណ១ វិនាសខាងក្នុងអរុណ១ បែកខាងក្នុងអរុណ១ ពួកចោរដណ្តើមយកខាងក្នុងអរុណ១ គេកាន់យកដោយវិស្សាសខាងក្នុងអរុណ១ ភិក្ខុនីឆ្កួត១ ភិក្ខុនីជាខាងដើមបញ្ញត្តិ១។
[១០១] សម័យនោះឯង ភិក្ខុនីទាំងឡាយមានពួក៦ មិនឲ្យបាត្រដែលភិក្ខុនីដទៃលះបង់នោះវិញ។ ភិក្ខុទាំងឡាយក្រាបទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះដ៏មានព្រះភាគទ្រង់បញ្ញត្តថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីមិនត្រូវមិនឲ្យបាត្រដែលភិក្ខុនីដទៃលះបង់ហើយនោះទេ ភិក្ខុនីឯណាមិនឲ្យ ភិក្ខុនីនោះត្រូវអាបត្តិទុក្កដ។
បត្តវគ្គ សិក្ខាបទទី២
[១០២] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ គង់ក្នុងជេតវនារាម របស់អនាថបិណ្ឌិកសេដ្ឋីទៀបក្រុងសាវត្ថី។ ក៏សម័យនោះឯង ភិក្ខុនីទាំងឡាយច្រើនរូបនៅចាំវស្សាក្នុងអាវាសដែលតាំងនៅស្រុកក្រៅ រួចហើយក៏ដើរទៅកាន់ក្រុងសាវត្ថី ជាអ្នកមានវត្តល្អ មានឥរិយាបថល្អ តែមានសំពត់អាក្រក់ មានចីវរសៅហ្មង។ ពួកឧបាសកឃើញភិក្ខុនីទាំងឡាយនោះហើយ ក៏គិតគ្នាថា ភិក្ខុនីទាំងឡាយនេះបរិបូណ៌ដោយវត្ត បរិបូណ៌ដោយឥរិយាបថ តែមានសំពត់អាក្រក់ មានចីវរសៅហ្មង ភិក្ខុនីទាំងនេះ ប្រហែលជាចោរដណ្តើមយក(ចីវរ)ទេដឹង ហើយក៏បានថ្វាយអកាលចីវរដល់ភិក្ខុនីសង្ឃ។ ថុល្លនន្ទាភិក្ខុនីក៏អធិដ្ឋានថា ពួកយើងបានក្រាលកឋិនហើយ សំពត់នេះជាកាលចីវរ ហើយក៏ប្រើគ្នាឲ្យចែក (អកាលចីវរនោះ)។ ពួកឧបាសកបានឃើញភិក្ខុនីទាំងឡាយនោះហើយ បានពោលពាក្យនេះថា លោកម្ចាស់ទាំងឡាយបានចីវរហើយឬ។ ភិក្ខុនីទាំងឡាយនោះឆ្លើយថា នែអាវុសោ ពួកយើងមិនបានចីវរទេ ថុល្លនន្ទាជាម្ចាស់អធិដ្ឋានថា យើងបានក្រាលកឋិនហើយ (សំពត់នេះ) ជាកាលចីវរ ក៏ប្រើគ្នាឲ្យចែក (អកាលចីវរនោះ)។ ឧបាសកទាំងឡាយ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ថុល្លនន្ទាជាម្ចាស់មិនសមបើនឹងអធិដ្ឋានអកាលចីវរឲ្យជាកាលចីវរដូច្នេះ ហើយប្រើគ្នាឲ្យចែក (អកាលចីវរនោះ)សោះ។ ភិក្ខុនីទាំងឡាយបានឮឧបាសកទាំងនោះកំពុងពោលទោស តិះដៀល បន្តុះបង្អាប់ហើយ។ ភិក្ខុនីទាំងឡាយឯណាមានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុនីទាំងឡាយនោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ថុល្លនន្ទាជាម្ចាស់ មិនសមបើនឹងអធិដ្ឋានអកាលចីវរឲ្យជាកាលចីវរ ហើយប្រើគ្នាឲ្យចែកសោះ។ ទើបភិក្ខុនីទាំងនោះប្រាប់ដំណើរនុ៎ះដល់ភិក្ខុទាំងឡាយ។ ភិក្ខុទាំងឡាយក្រាបទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ។បេ។ ទ្រង់ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថាថុល្លនន្ទាភិក្ខុនីអធិដ្ឋានអកាលចីវរឲ្យជាកាលចីវរ ហើយប្រើគ្នាឲ្យចែក ពិតមែនឬ។ ភិក្ខុទាំងឡាយក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធដ៏មានព្រះភាគ ទ្រង់បន្ទោសថា ម្នាលភិក្ខុទាំងឡាយ ថុល្លនន្ទាភិក្ខុនី មិនគួរបើនឹងអធិដ្ឋានអកាលចីវរឲ្យជាកាលចីវរ ហើយប្រើគ្នាឲ្យចែកសោះ ម្នាលភិក្ខុទាំងឡាយ អំពើដែលថុល្លនន្ទាភិក្ខុនីធ្វើនេះ មិនមែននាំឲ្យជ្រះថ្លាដល់ជនទាំងឡាយ ដែលមិនទាន់ជ្រះថ្លាទេ។បេ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីទាំងឡាយ ចូរសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុនីណាមួយ អធិដ្ឋានអកាលចីវរឲ្យជាកាលចីវរ ហើយប្រើគ្នាឲ្យចែក ភិក្ខុនីនោះ ត្រូវនិស្សគ្គិយបាចិត្តិយ។
[១០៣] ត្រង់ពាក្យថា ភិក្ខុនីណាមួយ មានសេចក្តីអធិប្បាយក្នុងសិក្ខាបទទី១នៃបារាជិកកណ្ឌរួចហើយ។ ដែលហៅថាអកាលចីវរ គឺកាលបើភិក្ខុនីមិនបានក្រាលកឋិន ចីវរដែលកើតឡើងក្នុង១១ខែ (គិតតាំងពី១រោចខែកត្តិក ទៅដល់១៥កើតខែអស្សុជ) កាលបើភិក្ខុនីបានក្រាលកឋិន ចីវរដែលកើតឡើងក្នុង៧ខែ (គិតតាំងពី១រោចខែផល្គុន ទៅដល់១៥កើតខែអស្សុជ) ចីវរនេះ បើទុកជាទាយកប្រគេនចំពោះថាជាកាលចីវរ ក៏នៅតែហៅថា អកាលចីវរដដែល។ ភិក្ខុនីអធិដ្ឋានជាកាលចីវរហើយ ប្រើគ្នាឲ្យចែក ត្រូវអាបត្តិទុក្កដរាល់ប្រយោគ ចីវរនោះជានិស្សគ្គិយក្នុងពេលដែលបានមក ភិក្ខុនីត្រូវលះដល់សង្ឃក៏បាន គណៈក៏បាន ភិក្ខុនី១រូបក៏បាន។ ម្នាលភិក្ខុទាំងឡាយ ឯចីវរនោះត្រូវភិក្ខុនីលះយ៉ាងនេះ។បេ។ បពិត្រលោកជាម្ចាស់ ចីវរនេះជាអកាលចីវរ ខ្ញុំអធិដ្ឋានជាកាលចីវរហើយប្រើគ្នាឲ្យចែក ជានិស្សគ្គិយ (ត្រូវតែលះ) ខ្ញុំសូមលះចីវរនេះដល់សង្ឃ (ពាក្យតពីនេះទៅមានសេចក្តីដូចគ្នានឹងសិក្ខាបទទី១នៃនិស្សគ្គិយកណ្ឌនេះហើយ)។
[១០៤] អកាលចីវរ ភិក្ខុនីសំគាល់ថា អកាលចីវរ ហើយអធិដ្ឋានឲ្យជាកាលចីវរ ហើយប្រើគ្នាឲ្យចែក ត្រូវនិស្សគ្គិយបាចិត្តិយ។ អកាលចីវរ ភិក្ខុនីមានសេចក្តីសង្ស័យ ហើយអធិដ្ឋានឲ្យជាកាលចីវរ ហើយប្រើគ្នាឲ្យចែក ត្រូវនិស្សគ្គិយបាចិត្តិយ។ អកាលចីវរ ភិក្ខុនីសំគាល់ថា កាលចីវរ ហើយអធិដ្ឋានឲ្យជាកាលចីវរ ហើយប្រើគ្នាឲ្យចែក ត្រូវនិស្សគ្គិយបាចិត្តិយ។ កាលចីវរ ភិក្ខុនីសំគាល់ថា អកាលចីវរ ត្រូវអាបត្តិទុក្កដ។ កាលចីវរ ភិក្ខុនីមានសេចក្តីសង្ស័យ ត្រូវអាបត្តិទុក្កដ។ កាលចីវរ ភិក្ខុនីសំគាល់ថា កាលចីវរ មិនត្រូវអាបត្តិ។
[១០៥] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៤យ៉ាង) គឺ អកាលចីវរ ភិក្ខុនីសំគាល់ថាអកាលចីវរមែន ហើយប្រើគ្នាឲ្យចែក (អកាលចីវរនោះ) ១ កាលចីវរ ភិក្ខុនីសំគាល់ថាកាលចីវរមែន ហើយប្រើគ្នាឲ្យចែក(កាលចីវរនោះ) ១ ភិក្ខុនីឆ្កួត១ ភិក្ខុនីជាខាងដើមបញ្ញត្តិ១។
បត្តវគ្គ សិក្ខាបទទី៣
[១០៦] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ គង់ក្នុងជេតវនារាម របស់អនាថបិណ្ឌិកសេដ្ឋីទៀបក្រុងសាវត្ថី។ គ្រានោះឯង ថុល្លនន្ទាភិក្ខុនីប្តូរចីវរនឹងភិក្ខុនីមួយរូប ហើយប្រើប្រាស់ ទើបភិក្ខុនីនោះបត់ចីវរនោះហើយទុកដាក់ទៅ។ ថុល្លនន្ទាភិក្ខុនី បានពោលពាក្យនេះនឹងភិក្ខុនីនោះថា បពិត្រលោកម្ចាស់ ចីវរដែលលោកប្តូរនឹងខ្ញុំ ចីវរនោះនៅឯណា។ ឯភិក្ខុនីនោះយកចីវរនោះចេញមកបង្ហាញដល់ថុល្លនន្ទាភិក្ខុនី។ ថុល្លនន្ទាភិក្ខុនីបានពោលពាក្យនេះនឹងភិក្ខុនីនោះថា បពិត្រលោកម្ចាស់ លោកចូរយកចីវររបស់លោកទៅវិញចុះ លោកចូរឲ្យចីវរនុ៎ះមកខ្ញុំ ចីវរណារបស់លោក ចីវរនោះជារបស់លោកដដែល ចីវរណារបស់ខ្ញុំ ចីវរនោះជារបស់ខ្ញុំដដែលវិញ លោកចូរឲ្យចីវរនោះមកខ្ញុំ លោកចូរនាំយកចីវររបស់លោកទៅវិញចុះ ហើយក៏ដណ្តើមយកទៅ។ ទើបភិក្ខុនីនោះបានប្រាប់ដំណើរនុ៎ះដល់ភិក្ខុនីទាំងឡាយ។ ភិក្ខុនីទាំងឡាយណាមានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុនីទាំងឡាយនោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា លោកម្ចាស់ថុល្លនន្ទា មិនសមបើមកប្តូរចីវរនឹងភិក្ខុនីផងគ្នា ហើយដណ្តើមយកទៅវិញសោះ។ ភិក្ខុនីទាំងឡាយនោះប្រាប់ដំណើរនុ៎ះដល់ភិក្ខុទាំងឡាយក្នុងកាលនោះឯង។ ភិក្ខុទាំងឡាយក្រាបទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ។បេ។ ទ្រង់ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថាថុល្លនន្ទាភិក្ខុនី ប្តូរចីវរនឹងភិក្ខុនីផងគ្នា ហើយដណ្តើមយកទៅវិញ ពិតមែនឬ។ ភិក្ខុទាំងឡាយក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធដ៏មានជោគ ទ្រង់បន្ទោសថា ម្នាលភិក្ខុទាំងឡាយ ថុល្លនន្ទាភិក្ខុនី មិនគួរបើមកប្តូរចីវរនឹងភិក្ខុនីផងគ្នា ហើយដណ្តើមយកទៅវិញទេ ម្នាលភិក្ខុទាំងឡាយ អំពើនេះ មិនមែននាំឲ្យជ្រះថ្លាដល់ពួកជន ដែលមិនទាន់ជ្រះថ្លាទេ។បេ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីទាំងឡាយ ចូរសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុនីណាមួយ ប្តូរចីវរនឹងភិក្ខុនីផងគ្នា ហើយភិក្ខុនីនោះត្រឡប់ពោលយ៉ាងនេះក្នុងកាលជាខាងក្រោយថា បពិត្រលោកម្ចាស់ ណ្ហើយចុះ លោកចូរយកចីវររបស់លោកទៅវិញចុះ លោកចូរឲ្យចីវរនោះមកខ្ញុំវិញ ចីវរណារបស់លោក ចីវរនោះជារបស់លោកដដែល ចីវរណារបស់ខ្ញុំ ចីវរនោះជារបស់ខ្ញុំដដែលវិញ លោកចូរឲ្យចីវរនោះមកខ្ញុំ លោកចូរនាំយកចីវររបស់លោកទៅវិញចុះ (ហើយ)ដណ្តើមយកឯងក្តី ប្រើគេឲ្យដណ្តើមយកក្តី ត្រូវនិស្សគ្គិយបាចិត្តិយ។
[១០៧] ត្រង់ពាក្យថា ភិក្ខុនីណាមួយ មានសេចក្តីអធិប្បាយក្នុងសិក្ខាបទទី១នៃបារាជិកកណ្ឌរួចហើយ។ ពាក្យថា នឹងភិក្ខុនីផងគ្នា គឺមួយអន្លើដោយភិក្ខុនីដទៃ។ ដែលហៅថា ចីវរ គឺចីវរ៦យ៉ាង ចីវរណាមួយ យ៉ាងតូចបំផុតដែលគួរវិកប្បបាន។ ពាក្យថាប្តូរ គឺប្តូរនូវចីវរថ្លៃច្រើនដោយចីវរថ្លៃតិចក្តី នូវចីវរថ្លៃតិចដោយចីវរថ្លៃច្រើនក្តី។ ពាក្យថាដណ្តើមយកឯង គឺភិក្ខុនីដណ្តើមខ្លួនឯង ចីវរនោះជានិស្សគ្គិយ។ ពាក្យថា ប្រើគេឲ្យដណ្តើមយក គឺភិក្ខុនីបង្គាប់អ្នកដទៃ ត្រូវអាបត្តិទុក្កដ ភិក្ខុនីបង្គាប់តែម្តង អ្នកទទួលបង្គាប់ដណ្តើមច្រើនដង ចីវរនោះជានិស្សគ្គិយ ភិក្ខុនីនោះត្រូវលះដល់សង្ឃក៏បាន គណៈក៏បាន ដល់ភិក្ខុនី១រូបក៏បាន។ ម្នាលភិក្ខុទាំងឡាយ ចីវរនោះភិក្ខុនីត្រូវលះយ៉ាងនេះ។បេ។ បពិត្រលោកម្ចាស់ ចីវរនេះ ខ្ញុំប្តូរនឹងភិក្ខុនីផងគ្នា ហើយដណ្តើមយកមកវិញ ជានិស្សគ្គិយ (ត្រូវតែលះ) ខ្ញុំសូមលះចីវរនេះដល់សង្ឃ។ (ពាក្យតពីនេះទៅ មានសេចក្តីដូចគ្នានឹងសិក្ខាបទទី១នៃនិស្សគ្គិយកណ្ឌនេះហើយ)។
[១០៨] ឧបសម្បន្នា [សំដៅយកភិក្ខុនី ស្រីក្រៅពីភិក្ខុនី ហៅថា អនុបសម្បន្នា។] ភិក្ខុនីសំគាល់ថា ឧបសម្បន្នា ប្តូរចីវរ ហើយដណ្តើមយកឯងក្តី ប្រើគេឲ្យដណ្តើមយកក្តី ត្រូវនិស្សគ្គិយបាចិត្តិយ។ ឧបសម្បន្នា ភិក្ខុនីមានសេចក្តីសង្ស័យ ប្តូរចីវរ ហើយដណ្តើមយកឯងក្តី ប្រើគេឲ្យដណ្តើមយកក្តី ត្រូវនិស្សគ្គិយបាចិត្តិយ។ ឧបសម្បន្នា ភិក្ខុនីសំគាល់ថា មិនមែនឧបសម្បន្នា ប្តូរចីវរ ហើយដណ្តើមយកឯងក្តី ប្រើគេឲ្យដណ្តើមយកក្តី ត្រូវនិស្សគ្គិយបាចិត្តិយ។ ភិក្ខុនីប្តូរបរិក្ខាដទៃ ហើយដណ្តើមយកឯងក្តី ប្រើគេឲ្យដណ្តើមយកក្តី ត្រូវអាបត្តិទុក្កដ។ ភិក្ខុនីប្តូរចីវរក្តី បរិក្ខារដទៃក្តី នឹងអនុបសម្បន្នា ហើយដណ្តើមយកឯងក្តី ប្រើគេឲ្យដណ្តើមយកក្តី ត្រូវអាបត្តិទុក្កដ។ អនុបសម្បន្នា ភិក្ខុនីសំគាល់ថា ឧបសម្បន្នា ត្រូវអាបត្តិទុក្កដ។ អនុបសម្បន្នា ភិក្ខុនីមានសេចក្តីសង្ស័យ ត្រូវអាបត្តិទុក្កដ។ អនុបសម្បន្នា ភិក្ខុនីសំគាល់ថា អនុបសម្បន្នា ត្រូវអាបត្តិទុក្កដ។
[១០៩] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៤យ៉ាង) គឺ ភិក្ខុនី (ដែលទទួលប្តូរ) នោះឲ្យវិញ១ ភិក្ខុនី(ជាអ្នកប្តូរ)ស្និទ្ធស្នាលនឹងភិក្ខុនី(ជាអ្នកទទួលប្តូរ)នោះ កាន់យកទៅ១ ភិក្ខុនីឆ្កួត១ ភិក្ខុនីជាខាងដើមបញ្ញត្តិ១។
បត្តវគ្គ សិក្ខាបទទី៤
[១១០] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ គង់ក្នុងជេតវនារាម របស់អនាថបិណ្ឌិកសេដ្ឋីទៀបក្រុងសាវត្ថី។ គ្រានោះឯង ថុល្លនន្ទាភិក្ខុនីមានជម្ងឺ។ លំដាប់នោះ ឧបាសកម្នាក់ចូលទៅរកថុល្លនន្ទាភិក្ខុនីដែលនៅក្នុងទីនោះ លុះចូលទៅជិតហើយ បានពោលពាក្យនេះនឹងថុល្លនន្ទាភិក្ខុនីថា បពិត្រលោកម្ចាស់ សេចក្តីមិនសប្បាយកើតមានដល់លោកឬ លោកម្ចាស់ឲ្យខ្ញុំរករបស់អ្វីមក។ ថុល្លនន្ទាភិក្ខុនីនិយាយថា នែអាវុសោ អាត្មាត្រូវការដោយទឹកដោះរាវ។ ទើបឧបាសកនោះនាំយកទឹកដោះរាវមានដំឡៃ១កហាបណៈអំពីផ្ទះអ្នកផ្សារម្នាក់ ហើយបានប្រគេនដល់ថុល្លនន្ទាភិក្ខុនី។ ថុល្លនន្ទាភិក្ខុនីបាននិយាយយ៉ាងនេះថា នែអាវុសោ អាត្មាមិនត្រូវការដោយទឹកដោះរាវទេ អាត្មាត្រូវការដោយប្រេងវិញ។ ទើបឧបាសកនោះចូលទៅរកអ្នកផ្សារនោះ លុះចូលទៅដល់ហើយ បាននិយាយពាក្យនេះនឹងអ្នកផ្សារនោះថា នែអ្នកម្ចាស់ ឮថាលោកម្ចាស់មិនត្រូវការដោយទឹកដោះរាវទេ ត្រូវការតែប្រេង អ្នកចូរយកទឹកដោះរាវរបស់អ្នកទៅវិញចុះ ចូរឲ្យប្រេងដល់ខ្ញុំវិញ។ អ្នកផ្សារឆ្លើយថា នែអ្នកម្ចាស់ បើយើងនឹងទទួលរបស់ដែលយើងលក់ទៅហើយយកមកវិញ កាលណាយើងនឹងលក់របស់ដាច់ អ្នកនាំយកទឹកដោះរាវទៅដោយដម្លៃទិញទឹកដោះរាវហើយ ចូរអ្នកនាំដម្លៃទិញប្រេងមក ទើបនឹងនាំយកប្រេងទៅបាន។ ឧបាសកនោះក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា លោកម្ចាស់ថុល្លនន្ទា មិនសមបើនឹងសុំរបស់ដទៃ ហើយសុំរបស់ឯទៀតសោះ។ ភិក្ខុនីទាំងឡាយបានឮឧបាសកនោះកំពុងពោលទោស តិះដៀល បន្តុះបង្អាប់ហើយ។ ភិក្ខុនីទាំងឡាយឯណាមានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុនីទាំងឡាយនោះ ពោលទោស តិះដៀល បន្តុះបង្អាប់ថា លោកម្ចាស់ថុល្លនន្ទា មិនសមបើនឹងសុំរបស់ដទៃ ហើយសុំរបស់ឯទៀតវិញសោះ។ ទើបភិក្ខុនីទាំងឡាយនោះប្រាប់ដំណើរនុ៎ះដល់ភិក្ខុទាំងឡាយ។ ភិក្ខុទាំងឡាយក្រាបទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ។បេ។ ទ្រង់ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថាថុល្លនន្ទាភិក្ខុនី សុំរបស់ដទៃ ហើយសុំរបស់ឯទៀតវិញ ពិតមែនឬ។ ភិក្ខុទាំងឡាយក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធដ៏មានព្រះភាគ ទ្រង់បន្ទោសថា ម្នាលភិក្ខុទាំងឡាយ ថុល្លនន្ទាភិក្ខុនី មិនគួរបើនឹងសុំរបស់ដទៃ ហើយសុំរបស់ឯទៀតវិញសោះ ម្នាលភិក្ខុទាំងឡាយ អំពើនេះ មិននាំឲ្យជ្រះថ្លាដល់ពួកជន ដែលមិនទាន់ជ្រះថ្លាទេ។បេ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីទាំងឡាយ ចូរសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុនីណាមួយ សុំរបស់ដទៃ ហើយសុំរបស់ឯទៀតវិញ ភិក្ខុនីនោះ ត្រូវនិស្សគ្គិយបាចិត្តិយ។
[១១១] ត្រង់ពាក្យថា ភិក្ខុនីណាមួយ មានសេចក្តីអធិប្បាយក្នុងសិក្ខាបទទី១នៃបារាជិកកណ្ឌរួចហើយ។ ពាក្យថា សុំរបស់ដទៃ គឺបានសុំរបស់ណាមួយរួចហើយ។ ពាក្យថា សុំរបស់ឯទៀតវិញ គឺភិក្ខុនីវៀរលែងរបស់ដែលសុំនោះ ហើយសុំរបស់ឯទៀតវិញ ត្រូវទុក្កដក្នុងប្រយោគសុំ របស់នោះជានិស្សគ្គិយក្នុងខណៈដែលបានមក ភិក្ខុនីត្រូវលះរបស់នោះដល់សង្ឃក៏បាន គណៈក៏បាន ដល់ភិក្ខុនី១រូបក៏បាន។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីត្រូវលះយ៉ាងនេះ។បេ។ បពិត្រលោកម្ចាស់ របស់ដទៃនេះ ខ្ញុំសុំហើយ ខ្ញុំទៅសុំរបស់ឯទៀតវិញ ជានិស្សគ្គិយ ខ្ញុំសូមលះរបស់នេះដល់សង្ឃ។ (ពាក្យតពីនេះទៅ មានសេចក្តីដូចគ្នានឹងសិក្ខាបទទី១នៃនិស្សគ្គិយកណ្ឌនេះហើយ)។
[១១២] របស់ដទៃ ភិក្ខុនីសំគាល់ថា របស់ដទៃ ហើយសុំរបស់ដទៃថែមទៀត ត្រូវនិស្សគ្គិយបាចិត្តិយ។ របស់ដទៃ ភិក្ខុនីមានសេចក្តីសង្ស័យ ហើយសុំរបស់ដទៃថែមទៀត ត្រូវនិស្សគ្គិយបាចិត្តិយ។ របស់ដទៃ ភិក្ខុនីសំគាល់ថា មិនមែនរបស់ដទៃ ហើយសុំរបស់ដទៃថែមទៀត ត្រូវនិស្សគ្គិយបាចិត្តិយ។ មិនមែនរបស់ដទៃ ភិក្ខុនីសំគាល់ថា របស់ដទៃ ហើយសុំរបស់មិនមែនដទៃ ត្រូវអាបត្តិទុក្កដ។ មិនមែនរបស់ដទៃ ភិក្ខុនីមានសេចក្តីសង្ស័យ ហើយសុំរបស់មិនមែនដទៃ ត្រូវអាបត្តិទុក្កដ។ មិនមែនរបស់ដទៃ ភិក្ខុនីសំគាល់ថា មិនមែនរបស់ដទៃ មិនត្រូវអាបត្តិ។
[១១៣] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៥យ៉ាង) គឺ ភិក្ខុនី (សុំរបស់ណាមុនហើយ របស់នោះតិចពេក មិនល្មម) សុំរបស់នោះដដែល (ថែមទៀត)១ ភិក្ខុនី (សុំរបស់អ្វីម្យ៉ាងហើយ) សុំរបស់ដទៃ (ទៀតព្រោះត្រូវផ្សំថ្នាំខានមិនបាន)១ ភិក្ខុនីសំដែងអានិសង្សហើយសុំ (ពន្យល់របស់មួយ ថាថោកជាងរបស់មួយ ហើយសុំរបស់ថោកនោះ)១ ភិក្ខុនីឆ្កួត១ ភិក្ខុនីជាខាងដើមបញ្ញត្តិ១។
បត្តវគ្គ សិក្ខាបទទី៥
[១១៤] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ គង់ក្នុងជេតវនារាម របស់អនាថបិណ្ឌិកសេដ្ឋីទៀបក្រុងសាវត្ថី។ គ្រានោះឯង ថុល្លនន្ទាភិក្ខុនីមានជម្ងឺ។ ឧបាសកម្នាក់ចូលទៅរកថុល្លនន្ទាភិក្ខុនីក្នុងវេលានោះ លុះចូលទៅជិតហើយ បាននិយាយពាក្យនេះនឹងថុល្លនន្ទាភិក្ខុនីថា បពិត្រលោកម្ចាស់ លោកម្ចាស់អាចអត់ទ្រាំសេចក្តីទុក្ខបានឬទេ លោកម្ចាស់អាចញុំាងឥរិយាបថឲ្យប្រព្រឹត្តទៅបានឬទេ។ ថុល្លនន្ទាភិក្ខុនីឆ្លើយថា នែអាវុសោ អាត្មាមិនអាចអត់ទ្រាំសេចក្តីទុក្ខបានទេ មិនអាចញុំាងឥរិយាបថ ឲ្យប្រព្រឹត្តទៅបានទេ។ ឧបាសកនោះនិយាយថា បពិត្រលោកម្ចាស់ ខ្ញុំនឹងទុកកហាបណៈក្នុងផ្ទះអ្នកផ្សារឯណោះ លោកត្រូវការរបស់ណា លោកគប្បីឲ្យបុគ្គលណាមួយទៅនាំយករបស់នោះអំពីផ្ទះនោះមកចុះ។ ថុល្លនន្ទាភិក្ខុនីបង្គាប់សិក្ខមានា១រូបថា នែសិក្ខមានា នាងចូរទៅនាំយកប្រេង១កហាបណៈអំពីផ្ទះអ្នកផ្សារឯណោះមក។ ទើបនាងសិក្ខមានានោះទៅនាំយកប្រេង១កហាបណៈអំពីផ្ទះអ្នកផ្សារនោះមកប្រគេនថុល្លនន្ទាភិក្ខុនី។ ថុល្លនន្ទាភិក្ខុនីបានពោលយ៉ាងនេះថា នែសិក្ខមានា យើងមិនត្រូវការនឹងប្រេងទេ យើងត្រូវការតែទឹកដោះរាវ។ ឯសិក្ខមានានោះ ចូលទៅរកអ្នកផ្សារនោះ លុះចូលទៅហើយ បានពោលពាក្យនេះនឹងអ្នកផ្សារនោះថា នែអាវុសោ ឮថាលោកម្ចាស់មិនត្រូវការនឹងប្រេងទេ ត្រូវការតែទឹកដោះរាវ ហ៏អ្នកចូរយកប្រេងរបស់អ្នកទៅចុះ ចូរឲ្យទឹកដោះរាវមកខ្ញុំវិញ។ អ្នកផ្សារនោះនិយាយថា បពិត្រលោកម្ចាស់ បើខ្ញុំករុណានឹងទទួលយករបស់ដែលលក់ទៅហើយមកវិញ កាលណាខ្ញុំករុណានឹងលក់របស់ដាច់ លោកនាំយកប្រេងតាមដំឡៃរបស់ប្រេងទៅ ហើយលោកចូរនាំយកដំឡៃទិញទឹកដោះរាវមក (ទៀត) ទើបលោកនាំយកទឹកដោះរាវទៅបាន។ សិក្ខមានានោះក៏ឈរយំ។ ភិក្ខុនីទាំងឡាយបានពោលពាក្យនេះនឹងសិក្ខមានានោះថា នែសិក្ខមានា ហេតុអ្វីក៏នាងយំ។ ទើបសិក្ខមានានោះប្រាប់ដំណើរនុ៎ះដល់ភិក្ខុនីទាំងឡាយ។ ភិក្ខុនីទាំងឡាយណាមានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុនីទាំងឡាយនោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា លោកម្ចាស់ថុល្លនន្ទា មិនសមបើនឹងឲ្យគេទិញរបស់ដទៃ ហើយត្រឡប់ឲ្យគេទិញរបស់ឯទៀតសោះ។បេ។ ព្រះដ៏មានព្រះភាគត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថាថុល្លនន្ទាភិក្ខុនីឲ្យគេទិញរបស់ដទៃ ហើយត្រឡប់ឲ្យគេទិញរបស់ឯទៀតវិញ ពិតមែនឬ។ ភិក្ខុទាំងឡាយក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធដ៏មានព្រះភាគ ទ្រង់បន្ទោសថា ម្នាលភិក្ខុទាំងឡាយ ថុល្លនន្ទាភិក្ខុនី មិនគួរបើនឹងឲ្យគេទិញរបស់ដទៃហើយ ត្រឡប់ឲ្យគេទិញរបស់ឯទៀតសោះ ម្នាលភិក្ខុទាំងឡាយ អំពើនេះ មិនមែននាំឲ្យជ្រះថ្លាដល់ពួកជន ដែលមិនទាន់ជ្រះថ្លាទេ។បេ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីទាំងឡាយ ចូរសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុនីណាមួយ ឲ្យគេទិញរបស់ដទៃហើយ ត្រឡប់ឲ្យគេទិញរបស់ឯទៀតវិញ ត្រូវនិស្សគ្គិយបាចិត្តិយ។
[១១៥] ត្រង់ពាក្យថា ភិក្ខុនីណាមួយ មានអធិប្បាយក្នុងសិក្ខាបទទី១នៃបារាជិកកណ្ឌរួចហើយ។ ពាក្យថា ឲ្យគេទិញរបស់ដទៃហើយ គឺឲ្យគេទិញរបស់ណាមួយហើយ។ ពាក្យថា ត្រឡប់ឲ្យគេទិញរបស់ឯទៀតវិញ គឺភិក្ខុនីមិនឲ្យគេទិញរបស់នោះ ហើយឲ្យគេទិញរបស់ដទៃវិញ ត្រូវអាបត្តិទុក្កដក្នុងប្រយោគដែលឲ្យគេទិញ របស់នោះជានិស្សគ្គិយក្នុងខណៈដែលបានមក ភិក្ខុនីត្រូវលះរបស់នោះដល់សង្ឃក៏បាន គណៈក៏បាន ដល់ភិក្ខុនី១រូបក៏បាន។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីត្រូវលះយ៉ាងនេះ។បេ។ បពិត្រលោកម្ចាស់ របស់ដទៃនេះ ខ្ញុំឲ្យគេទិញរួចហើយ ត្រឡប់ឲ្យគេទិញរបស់ដទៃវិញទៀត ជានិស្សគ្គិយ ខ្ញុំសូមលះរបស់នេះដល់សង្ឃ។ (ពាក្យតពីនេះទៅ មានសេចក្តីដូចគ្នានឹងសិក្ខាបទទី១នៃនិស្សគ្គិយកណ្ឌនេះហើយ)។
[១១៦] របស់ដទៃ ភិក្ខុនីសំគាល់ថារបស់ដទៃ ហើយឲ្យគេទិញរបស់ឯទៀតវិញ ត្រូវនិស្សគ្គិយបាចិត្តិយ។ របស់ដទៃ ភិក្ខុនីមានសេចក្តីសង្ស័យ ហើយឲ្យគេទិញរបស់ឯទៀតវិញ ត្រូវនិស្សគ្គិយបាចិត្តិយ។ របស់ដទៃ ភិក្ខុនីសំគាល់ថា មិនមែនរបស់ដទៃ ហើយឲ្យគេទិញរបស់ឯទៀតវិញ ត្រូវនិស្សគ្គិយបាចិត្តិយ។ មិនមែនរបស់ដទៃ ភិក្ខុនីសំគាល់ថារបស់ដទៃ ត្រូវអាបត្តិទុក្កដ។ មិនមែនរបស់ដទៃ ភិក្ខុនីមានសេចក្តីសង្ស័យ ត្រូវអាបត្តិទុក្កដ។ មិនមែនរបស់ដទៃ ភិក្ខុនីសំគាល់ថា មិនមែនរបស់ដទៃ មិនត្រូវអាបត្តិ។
[១១៧] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៥យ៉ាង) គឺ ភិក្ខុនី (ឲ្យគេទិញរបស់ណាមុនហើយ របស់នោះតិចពេក មិនល្មម) ហើយឲ្យគេទិញរបស់នោះដដែល (ថែមទៀត) ១ ភិក្ខុនី (ឲ្យគេទិញរបស់អ្វីម្យ៉ាងមុនហើយ) ឲ្យគេទិញរបស់មួយដទៃទៀត ដោយត្រូវការផ្សំថ្នាំជាដើម១ ភិក្ខុនីសំដែងអានិសង្សហើយឲ្យគេទិញ១ ភិក្ខុនីឆ្កួត១ ភិក្ខុនីជាខាងដើមបញ្ញត្តិ១។
បត្តវគ្គ សិក្ខាបទទី៦
[១១៨] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ គង់ក្នុងជេតវនារាម របស់អនាថបិណ្ឌិកសេដ្ឋីទៀបក្រុងសាវត្ថី។ សម័យនោះឯង ឧបាសកទាំងឡាយប្រមូលបរិក្ខារដែលរៃបានមក ដើម្បីប្រយោជន៍ចាត់ចែងចីវរដល់ភិក្ខុនីសង្ឃ ហើយផ្ញើទុកបរិក្ខារ(នោះ)ក្នុងផ្ទះអ្នកលក់សំពត់បាវារម្នាក់ ហើយចូលទៅរកភិក្ខុនីទាំងឡាយ រួចពោលពាក្យនេះថា បពិត្រលោកម្ចាស់ទាំងឡាយ យើងផ្ញើទុកបរិក្ខារប្រយោជន៍ដើម្បីចាត់ចែងចីវរក្នុងផ្ទះអ្នកលក់សំពត់បាវារឯណោះហើយ ចូរ លោកទាំងឡាយឲ្យគេនាំចីវរអំពីផ្ទះនោះមកចែកគ្នាចុះ។ ភិក្ខុនីទាំងឡាយឲ្យគេទិញភេសជ្ជៈខ្លួនឯង ដោយបរិក្ខារនោះ ហើយបរិភោគ។ ឧបាសកទាំងឡាយដឹងហើយ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុនីទាំងឡាយមិនសមបើនឹងឲ្យគេទិញរបស់ដទៃ ដោយបរិក្ខារដែលទាយកប្រគេនដើម្បីប្រយោជន៍វត្ថុដទៃ គេឧទ្ទិសដើម្បីវត្ថុដទៃជារបស់សង្ឃសោះ។ ភិក្ខុនីទាំងឡាយបានឮឧបាសកទាំងឡាយនោះពោលទោស តិះដៀល បន្តុះបង្អាប់ហើយ។ ភិក្ខុនីទាំងឡាយណាមានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុនីទាំងឡាយនោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុនីទាំងឡាយមិនសមបើនឹងឲ្យគេទិញរបស់ដទៃ ដោយបរិក្ខារដែលទាយកប្រគេនដើម្បីប្រយោជន៍វត្ថុដទៃ គេឧទ្ទិសដើម្បីវត្ថុដទៃ ជារបស់សង្ឃសោះ។បេ។ ទ្រង់ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថាភិក្ខុនីទាំងឡាយឲ្យគេទិញរបស់ដទៃ ដោយបរិក្ខារដែលទាយកប្រគេនដើម្បីប្រយោជន៍វត្ថុដទៃ គេឧទ្ទិសដើម្បីវត្ថុដទៃ ជារបស់សង្ឃ ពិតមែនឬ។ ភិក្ខុទាំងឡាយក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះសម្ពុទ្ធដ៏មានព្រះភាគ ទ្រង់បន្ទោសថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីទាំងឡាយមិនសមបើនឹងឲ្យគេទិញរបស់ដទៃ ដោយបរិក្ខារដែលគេឲ្យដើម្បីប្រយោជន៍វត្ថុដទៃ គេឧទ្ទិសដើម្បីវត្ថុដទៃជារបស់សង្ឃទេ ម្នាលភិក្ខុទាំងឡាយ អំពើនេះ មិននាំឲ្យជ្រះថ្លាដល់ពួកជន ដែលមិនទាន់ជ្រះថ្លាទេ។បេ។ ម្នាលភិក្ខុទាំងឡាយ ចូរភិក្ខុនីទាំងឡាយ សំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុនីណាមួយ ឲ្យគេទិញរបស់ដទៃ ដោយបរិក្ខារដែលទាយកប្រគេនដើម្បីប្រយោជន៍វត្ថុដទៃ គេឧទ្ទិសដើម្បីវត្ថុដទៃ ជារបស់សង្ឃ ត្រូវនិស្សគ្គិយបាចិត្តិយ។
[១១៩] ត្រង់ពាក្យថា ភិក្ខុនីណាមួយ មានអធិប្បាយក្នុងសិក្ខាបទទី១នៃបារាជិកកណ្ឌរួចហើយ។ ពាក្យថា ដោយបរិក្ខារដែលទាយកប្រគេនដើម្បីប្រយោជន៍វត្ថុដទៃ គេឧទ្ទិសដើម្បីវត្ថុដទៃ គឺទាយកគេឲ្យដើម្បីវត្ថុដទៃ។ ពាក្យថា ជារបស់សង្ឃ គឺទាយកប្រគេនចំពោះតែសង្ឃ មិនចំពោះគណៈ មិនចំពោះភិក្ខុនី១រូបទេ។ ពាក្យថា ឲ្យគេទិញរបស់ដទៃ គឺរបស់ដែលទាយកឲ្យដើម្បីប្រយោជន៍វត្ថុណា ហើយភិក្ខុនីវៀរលែងវត្ថុនោះ ឲ្យគេទិញរបស់ដទៃវិញ ត្រូវអាបត្តិទុក្កដក្នុងប្រយោគដែលឲ្យទិញ របស់នោះជានិស្សគ្គិយក្នុងខណៈដែលបានមក ភិក្ខុនីត្រូវលះរបស់នោះដល់សង្ឃក៏បាន គណៈក៏បាន ភិក្ខុនី១រូបក៏បាន។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីត្រូវលះវត្ថុនោះយ៉ាងនេះ។បេ។ បពិត្រលោកម្ចាស់ វត្ថុដទៃនេះ ខ្ញុំឲ្យគេទិញដោយបរិក្ខារដែលទាយកគេឲ្យដើម្បីប្រយោជន៍វត្ថុដទៃ ឲ្យចំពោះវត្ថុដទៃ ជារបស់សង្ឃ (របស់នេះ) ជានិស្សគ្គិយ ខ្ញុំសូមលះវត្ថុនេះដល់សង្ឃ។ (ពាក្យតពីនេះទៅ មានសេចក្តីដូចគ្នានឹងសិក្ខាបទទី១នៃនិស្សគ្គិយកណ្ឌនេះ)។
[១២០] របស់គេឲ្យដើម្បីប្រយោជន៍វត្ថុដទៃ ភិក្ខុនីសំគាល់ថារបស់គេឲ្យដើម្បីប្រយោជន៍វត្ថុដទៃ ហើយឲ្យគេទិញវត្ថុដទៃវិញ ត្រូវនិស្សគ្គិយបាចិត្តិយ។ របស់គេឲ្យដើម្បីប្រយោជន៍វត្ថុដទៃ ភិក្ខុនីមានសេចក្តីសង្ស័យ ហើយឲ្យគេទិញវត្ថុដទៃវិញ ត្រូវនិស្សគ្គិយបាចិត្តិយ។ របស់គេឲ្យដើម្បីប្រយោជន៍វត្ថុដទៃ ភិក្ខុនីសំគាល់ថា មិនមែនរបស់ដែលគេឲ្យដើម្បីប្រយោជន៍វត្ថុដទៃទេ ហើយឲ្យគេទិញវត្ថុដទៃវិញ ត្រូវនិស្សគ្គិយបាចិត្តិយ។ ភិក្ខុនីនោះបានវត្ថុដែលខ្លួនលះនោះមកវិញ ហើយត្រូវបង្អោនទៅក្នុងវត្ថុដែលទាយកគេឲ្យចំពោះយ៉ាងណា។ មិនមែនរបស់ដែលទាយកឲ្យដើម្បីប្រយោជន៍វត្ថុដទៃ ភិក្ខុនីសំគាល់ថាវត្ថុដែលទាយកឲ្យដើម្បីប្រយោជន៍វត្ថុដទៃ ត្រូវអាបត្តិទុក្កដ។ មិនមែនរបស់ដែលទាយកឲ្យដើម្បីប្រយោជន៍វត្ថុដទៃ ភិក្ខុនីមានសេចក្តីសង្ស័យ ត្រូវអាបត្តិទុក្កដ។ មិនមែនរបស់ដែលទាយកឲ្យដើម្បីប្រយោជន៍វត្ថុដទៃ ភិក្ខុនីសំគាល់ថាមិនមែនរបស់ដែលទាយកឲ្យដើម្បីប្រយោជន៍វត្ថុដទៃ មិនត្រូវអាបត្តិ។
[១២១] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៥យ៉ាង) គឺ (ទាយកប្រគេនដើម្បីវត្ថុណា) ភិក្ខុនី (ឲ្យគេទិញវត្ថុនោះហើយ) បង្អោនវត្ថុដែលសល់ (ពីនោះទៅដើម្បីវត្ថុឯទៀត)១ ភិក្ខុនីប្រាប់ម្ចាស់ទានហើយ ទើបបង្អោនទៅ១ ភិក្ខុនីឲ្យគេចាត់ចែងខុសបំណងទាយកក្នុងពេលដែលមានសេចក្តីអន្តរាយ១ ភិក្ខុនីឆ្កួត១ ភិក្ខុនីជាខាងដើមបញ្ញត្តិ១។
បត្តវគ្គ សិក្ខាបទទី៧
[១២២] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ គង់ក្នុងជេតវនារាម របស់អនាថបិណ្ឌិកសេដ្ឋីទៀបក្រុងសាវត្ថី។ សម័យនោះឯង ឧបាសកទាំងឡាយប្រមូលបរិក្ខារដែលរៃបានមក ហើយផ្ញើទុកបរិក្ខារ(នោះ)ក្នុងផ្ទះអ្នកលក់សំពត់បាវារម្នាក់ ដើម្បីចាត់ចែងចីវរដល់ភិក្ខុនីសង្ឃ ហើយចូលទៅរកភិក្ខុនីទាំងឡាយ ពោលពាក្យនេះថា បពិត្រលោកម្ចាស់ យើងទាំងឡាយ ផ្ញើទុកបរិក្ខារដើម្បីចាត់ចែងចីវរ ក្នុងផ្ទះអ្នកលក់សំពត់បាវារ ឈ្មោះឯណោះហើយ លោកទាំងឡាយចូរឲ្យអ្នកណាមួយនាំចីវរអំពីផ្ទះនោះមកចែកគ្នាចុះ។ ភិក្ខុនីទាំងឡាយ ឲ្យគេទិញភេសជ្ជៈដោយបរិក្ខារនោះផង ដោយវត្ថុដែលសូមគេខ្លួនឯងផង ហើយក៏បរិភោគ។ ឧបាសកទាំងឡាយដឹងហើយ ពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុនីទាំងឡាយ មិនសមបើនឹងឲ្យគេទិញវត្ថុដទៃ ដោយបរិក្ខារដែលទាយកឲ្យដើម្បីប្រយោជន៍វត្ថុដទៃ ឲ្យចំពោះវត្ថុដទៃ ជារបស់សង្ឃ និងដោយវត្ថុដែលសូមដោយខ្លួនឯងសោះ។ ភិក្ខុនីទាំងឡាយបានឮឧបាសកទាំងឡាយនោះពោលទោស តិះដៀល បន្តុះបង្អាប់ហើយ។ ភិក្ខុនីទាំងឡាយណាមានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុនីទាំងឡាយនោះ ពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុនីទាំងឡាយមិនសមបើនឹងឲ្យគេទិញវត្ថុដទៃ ដោយបរិក្ខារដែលទាយកឲ្យដើម្បីប្រយោជន៍វត្ថុដទៃ ឲ្យចំពោះវត្ថុដទៃ ជារបស់សង្ឃ និងដោយវត្ថុដែលសូមដោយខ្លួនឯងសោះ។បេ។ ទ្រង់ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថាភិក្ខុនីទាំងឡាយឲ្យគេទិញវត្ថុដទៃ ដោយបរិក្ខារ ដែលទាយកឲ្យដើម្បីប្រយោជន៍វត្ថុដទៃ ឲ្យចំពោះវត្ថុដទៃ ជារបស់សង្ឃ និងដោយវត្ថុដែលសូមដោយខ្លួនឯង ពិតមែនឬ។ ភិក្ខុទាំងឡាយក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធដ៏មានជោគ ទ្រង់បន្ទោសថា ភិក្ខុនីទាំងឡាយមិនសមបើនឹងឲ្យគេទិញវត្ថុដទៃ ដោយបរិក្ខារដែលទាយកឲ្យដើម្បីប្រយោជន៍វត្ថុដទៃ ឲ្យចំពោះវត្ថុដទៃ ជារបស់សង្ឃ និងដោយវត្ថុដែលសូមដោយខ្លួនឯងទេ ម្នាលភិក្ខុទាំងឡាយ អំពើនេះ មិននាំឲ្យជ្រះថ្លាដល់ជនទាំងឡាយ ដែលមិនទាន់ជ្រះថ្លាទេ។បេ។ ម្នាលភិក្ខុទាំងឡាយ ចូរភិក្ខុនីទាំងឡាយ សំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុនីណាមួយ ឲ្យគេទិញវត្ថុដទៃ ដោយបរិក្ខារដែលទាយកឲ្យដើម្បីប្រយោជន៍វត្ថុដទៃ ឲ្យចំពោះវត្ថុដទៃ ជារបស់សង្ឃ ដោយវត្ថុដែលសូមដោយខ្លួនឯង ត្រូវនិស្សគ្គិយបាចិត្តិយ។
[១២៣] ត្រង់ពាក្យថា ភិក្ខុនីណាមួយ មានអធិប្បាយក្នុងសិក្ខាបទទី១នៃបារាជិកកណ្ឌរួចហើយ។ ពាក្យថា ដោយបរិក្ខារដែលទាយកឲ្យដើម្បីប្រយោជន៍វត្ថុដទៃ ឲ្យចំពោះវត្ថុដទៃ គឺដោយវត្ថុដែលទាយកឲ្យដើម្បីវត្ថុដទៃ។ ពាក្យថា ជារបស់សង្ឃ គឺទាយកបរិច្ចាគចំពោះតែសង្ឃ មិនមែនចំពោះគណៈ មិនមែនចំពោះភិក្ខុនី១រូបទេ។ ពាក្យថា ដោយវត្ថុដែលសូមដោយខ្លួនឯង គឺដោយវត្ថុដែលសូម (គេ) ដោយខ្លួនឯង។ ពាក្យថា ឲ្យគេទិញវត្ថុដទៃ គឺរបស់ដែលទាយកឲ្យដើម្បីចាត់ចែងវត្ថុឯណា ភិក្ខុនីវៀរលែងរបស់នោះ ហើយឲ្យគេទិញវត្ថុដទៃវិញ ត្រូវទុក្កដក្នុងប្រយោគដែលឲ្យទិញ វត្ថុនោះជានិស្សគ្គិយក្នុងខណៈដែលបានមក ភិក្ខុនីត្រូវលះវត្ថុនោះដល់សង្ឃក៏បាន ដល់គណៈក៏បាន ភិក្ខុនី១រូបក៏បាន។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីត្រូវលះយ៉ាងនេះ។បេ។ បពិត្រលោកម្ចាស់ វត្ថុដទៃនេះ ខ្ញុំឲ្យគេទិញដោយបរិក្ខារដែលទាយកឲ្យដើម្បីប្រយោជន៍វត្ថុដទៃ ឲ្យចំពោះវត្ថុដទៃ ជារបស់សង្ឃ និងដោយវត្ថុដែលសូមដោយខ្លួនឯង (វត្ថុនេះ) ជានិស្សគ្គិយ (ត្រូវតែលះបង់) ខ្ញុំសូមលះវត្ថុនេះដល់សង្ឃ។ (ពាក្យតពីនេះទៅ មានសេចក្តីដូចគ្នានឹងសិក្ខាបទទី១នៃនិស្សគ្គិយកណ្ឌនេះ)។
[១២៤] របស់ដែលទាយកឲ្យដើម្បីប្រយោជន៍វត្ថុដទៃ ភិក្ខុនីសំគាល់ថារបស់ដែលទាយកឲ្យដើម្បីប្រយោជន៍វត្ថុដទៃមែន ហើយឲ្យគេទិញវត្ថុដទៃវិញ ត្រូវនិស្សគ្គិយបាចិត្តិយ។ របស់ដែលទាយកឲ្យដើម្បីប្រយោជន៍វត្ថុដទៃ ភិក្ខុនីមានសេចក្តីសង្ស័យ ហើយឲ្យគេទិញវត្ថុដទៃវិញ ត្រូវនិស្សគ្គិយបាចិត្តិយ។ របស់ដែលទាយកឲ្យដើម្បីប្រយោជន៍វត្ថុដទៃ ភិក្ខុនីសំគាល់ថាមិនមែនរបស់ដែលទាយកឲ្យដើម្បីប្រយោជន៍វត្ថុដទៃ ហើយឲ្យគេទិញវត្ថុដទៃវិញ ត្រូវនិស្សគ្គិយបាចិត្តិយ។ ភិក្ខុនីនោះបានវត្ថុដែលលះដល់សង្ឃមកវិញហើយ ត្រូវបង្អោនទៅក្នុងវត្ថុដែលទាយកគេឲ្យចំពោះយ៉ាងណា។ មិនមែនរបស់ដែលទាយកឲ្យដើម្បីប្រយោជន៍វត្ថុដទៃ ភិក្ខុនីសំគាល់ថារបស់ដែលទាយកឲ្យដើម្បីប្រយោជន៍វត្ថុដទៃ ត្រូវអាបត្តិទុក្កដ។ មិនមែនរបស់ដែលទាយកឲ្យដើម្បីប្រយោជន៍វត្ថុដទៃ ភិក្ខុនីមានសេចក្តីសង្ស័យ ត្រូវអាបត្តិទុក្កដ។ មិនមែនរបស់ដែលទាយកឲ្យដើម្បីប្រយោជន៍វត្ថុដទៃ ភិក្ខុនីសំគាល់ថាមិនមែនរបស់ដែលគេឲ្យដើម្បីប្រយោជន៍វត្ថុដទៃ មិនត្រូវអាបត្តិ។
[១២៥] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៥យ៉ាង) គឺភិក្ខុនីបង្អោនរបស់ដែលសល់ទៅ១ ភិក្ខុនីប្រាប់ម្ចាស់ទានហើយ ទើបបង្អោនទៅ១ ភិក្ខុនីឲ្យគេចាត់ចែងខុសបំណងទាយកក្នុងសម័យដែលមានសេចក្តីអន្តរាយ១ ភិក្ខុនីឆ្កួត១ ភិក្ខុនីជាខាងដើមបញ្ញត្តិ១។
បត្តវគ្គ សិក្ខាបទទី៨
[១២៦] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ គង់ក្នុងជេតវនារាម របស់អនាថបិណ្ឌិកសេដ្ឋីទៀបក្រុងសាវត្ថី។ សម័យនោះឯង ភិក្ខុនីទាំងឡាយជាអ្នកនៅក្នុងបរិវេណរបស់ប្រជុំជន១ពួក ជាពួកភិក្ខុនីលំបាកដោយបបរ។ គ្រានោះឯង ប្រជុំជននោះក៏ប្រមូលបរិក្ខារដែលរៃបានមក ហើយផ្ញើទុកបរិក្ខារ(នោះ)ក្នុងផ្ទះអ្នកផ្សារម្នាក់ ដើម្បីចាត់ចែងបបរដល់ភិក្ខុនីទាំងឡាយ ទើបចូលទៅរកភិក្ខុនីទាំងឡាយ ហើយបានពោលពាក្យនេះថា បពិត្រលោកម្ចាស់ យើងទាំងឡាយទុកបរិក្ខារដើម្បីចាត់ចែងបបរក្នុងផ្ទះអ្នកផ្សារឈ្មោះឯណោះ ចូរលោកទាំងឡាយឲ្យអ្នកណាមួយនាំយកអង្ករទាំងឡាយអំពីផ្ទះនោះ ហើយឲ្យគេចំអិនបបរឆាន់ចុះ។ ភិក្ខុនីទាំងឡាយឲ្យគេទិញភេសជ្ជៈដោយបរិក្ខារនោះ ហើយក៏បរិភោគ។ ទើបប្រជុំជននោះដឹងហើយ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុនីទាំងឡាយមិនសមបើនឹងឲ្យគេទិញវត្ថុដទៃ ដោយបរិក្ខារដែលគេឲ្យដើម្បីប្រយោជន៍វត្ថុដទៃ គេឲ្យចំពោះវត្ថុដទៃ ជារបស់គណៈសោះ។ ភិក្ខុនីទាំងឡាយបានឮឧបាសក[ប្រហែលជាប្រជុំជនទេដឹង។] នោះកំពុងពោលទោស តិះដៀល បន្តុះបង្អាប់ហើយ។ ភិក្ខុនីទាំងឡាយណា មានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុនីទាំងឡាយនោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុនីទាំងឡាយមិនសមបើនឹងឲ្យគេទិញវត្ថុដទៃ ដោយបរិក្ខារដែលគេឲ្យដើម្បីប្រយោជន៍វត្ថុដទៃ គេឲ្យចំពោះវត្ថុដទៃ ជារបស់គណៈសោះ។បេ។ ទ្រង់ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថាភិក្ខុនីទាំងឡាយឲ្យគេទិញវត្ថុដទៃ ដោយបរិក្ខារដែលគេឲ្យដើម្បីប្រយោជន៍វត្ថុដទៃ គេឲ្យចំពោះវត្ថុដទៃ ជារបស់គណៈ ពិតមែនឬ។ ភិក្ខុទាំងឡាយក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះសម្ពុទ្ធដ៏មានព្រះភាគ ទ្រង់បន្ទោសថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីទាំងឡាយមិនគួរបើនឹងឲ្យគេទិញវត្ថុដទៃ ដោយបរិក្ខារដែលគេឲ្យដើម្បីប្រយោជន៍វត្ថុដទៃ ឲ្យចំពោះវត្ថុដទៃ ជារបស់គណៈទេ ម្នាលភិក្ខុទាំងឡាយ អំពើនេះ មិនមែននាំឲ្យជ្រះថ្លាដល់ពួកជន ដែលមិនទាន់ជ្រះថ្លាទេ។បេ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីទាំងឡាយ ចូរសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុនីណាមួយ ឲ្យគេទិញវត្ថុដទៃ ដោយបរិក្ខារដែលគេឲ្យដើម្បីប្រយោជន៍វត្ថុដទៃ ឲ្យចំពោះវត្ថុដទៃ ជារបស់គណៈ ភិក្ខុនីនោះ ត្រូវនិស្សគ្គិយបាចិត្តិយ។
[១២៧] ត្រង់ពាក្យថា ភិក្ខុនីណាមួយ មានសេចក្តីអធិប្បាយក្នុងសិក្ខាបទទី១នៃបារាជិកកណ្ឌរួចហើយ។ ពាក្យថា ដោយបរិក្ខារដែលគេឲ្យដើម្បីប្រយោជន៍វត្ថុដទៃ ឲ្យចំពោះវត្ថុដទៃ គឺដោយបរិក្ខារដែលទាយកប្រគេនប្រយោជន៍ដើម្បីចាត់ចែងវត្ថុឯទៀត។ ពាក្យថា ជារបស់គណៈ (គឺទាយកលះចំពោះ) តែគណៈ មិនមែនលះចំពោះសង្ឃ មិនមែនលះចំពោះភិក្ខុនី១រូប។ ពាក្យថា ឲ្យគេទិញវត្ថុដទៃ គឺរបស់ដែលគេឲ្យដើម្បីប្រយោជន៍វត្ថុណា ភិក្ខុនីមិនឲ្យទិញវត្ថុនោះ ហើយឲ្យគេទិញវត្ថុដទៃវិញ ត្រូវអាបត្តិទុក្កដក្នុងប្រយោគដែលឲ្យទិញ របស់នោះជានិស្សគ្គិយក្នុងខណៈដែលបានមក ភិក្ខុនីត្រូវតែលះរបស់នោះដល់សង្ឃក៏បាន ដល់គណៈក៏បាន ដល់ភិក្ខុនី១រូបក៏បាន។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីត្រូវតែលះរបស់នោះយ៉ាងនេះ។បេ។ បពិត្រលោកម្ចាស់ របស់ដទៃនេះ ខ្ញុំឲ្យគេទិញដោយបរិក្ខារដែលគេឲ្យដើម្បីប្រយោជន៍វត្ថុដទៃ គេឲ្យចំពោះវត្ថុដទៃ ជារបស់គណៈ ជានិស្សគ្គិយ ខ្ញុំសូមលះរបស់នេះដល់សង្ឃ។ (ពាក្យតពីនេះទៅ មានសេចក្តីដូចគ្នានឹងសិក្ខាបទទី១នៃនិស្សគ្គិយកណ្ឌនេះ)។
[១២៨] របស់គេឲ្យដើម្បីប្រយោជន៍វត្ថុដទៃ ភិក្ខុនីសំគាល់ថារបស់គេឲ្យដើម្បីប្រយោជន៍វត្ថុដទៃ ហើយឲ្យគេទិញវត្ថុដទៃវិញ ត្រូវនិស្សគ្គិយបាចិត្តិយ។ របស់គេឲ្យដើម្បីប្រយោជន៍វត្ថុដទៃ ភិក្ខុនីមានសេចក្តីសង្ស័យ ហើយឲ្យគេទិញវត្ថុដទៃវិញ ត្រូវនិស្សគ្គិយបាចិត្តិយ។ របស់គេឲ្យដើម្បីប្រយោជន៍វត្ថុដទៃ ភិក្ខុនីសំគាល់ថាមិនមែនរបស់គេឲ្យដើម្បីប្រយោជន៍វត្ថុដទៃ ហើយឲ្យគេទិញវត្ថុដទៃវិញ ត្រូវនិស្សគ្គិយបាចិត្តិយ។ ភិក្ខុនីបានវត្ថុដែលខ្លួនលះនោះមកវិញហើយ ត្រូវបង្អោនទៅក្នុងវត្ថុដែលគេឲ្យចំពោះយ៉ាងណា។ មិនមែនរបស់ដែលគេឲ្យដើម្បីប្រយោជន៍វត្ថុដទៃ ភិក្ខុនីសំគាល់ថារបស់គេឲ្យដើម្បីប្រយោជន៍វត្ថុដទៃ ត្រូវអាបត្តិទុក្កដ។ មិនមែនរបស់ដែលគេឲ្យដើម្បីប្រយោជន៍វត្ថុដទៃ ភិក្ខុនីមានសេចក្តីសង្ស័យ ត្រូវអាបត្តិទុក្កដ។ មិនមែនរបស់ដែលគេឲ្យដើម្បីប្រយោជន៍វត្ថុដទៃ ភិក្ខុនីសំគាល់ថាមិនមែនរបស់គេឲ្យដើម្បីប្រយោជន៍វត្ថុដទៃ មិនត្រូវអាបត្តិ។
[១២៩] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៥យ៉ាង) គឺភិក្ខុនីបង្អោនទៅនូវរបស់ដែលសល់១ ភិក្ខុនីប្រាប់ម្ចាស់ទានហើយ ទើបបង្អោនទៅ១ ភិក្ខុនីឲ្យគេចាត់ចែងខុសបំណងទាយកក្នុងសម័យមានសេចក្តីអន្តរាយ១ ភិក្ខុនីឆ្កួត១ ភិក្ខុនីជាខាងដើមបញ្ញត្តិ១។
បត្តវគ្គ សិក្ខាបទទី៩
[១៣០] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ គង់ក្នុងជេតវនារាម របស់អនាថបិណ្ឌិកសេដ្ឋីទៀបក្រុងសាវត្ថី។ សម័យនោះឯង ភិក្ខុនីទាំងឡាយនៅក្នុងបរិវេណរបស់ប្រជុំជន១ពួក ជាពួកភិក្ខុនីលំបាកដោយបបរ។ គ្រានោះឯង ប្រជុំជននោះ ប្រមូលបរិក្ខារដែលរៃបានមក ដើម្បីចាត់ចែងបបរដល់ភិក្ខុនីទាំងឡាយ ហើយទុកបរិក្ខារ(នោះ)ក្នុងផ្ទះអ្នកផ្សារម្នាក់ ទើបចូលទៅរកភិក្ខុនីទាំងឡាយ ហើយបាននិយាយពាក្យនេះថា បពិត្រលោកម្ចាស់ យើងទាំងឡាយ ទុកបរិក្ខារដើម្បីចាត់ចែងបបរ ក្នុងផ្ទះអ្នកផ្សារ ឈ្មោះឯណោះ ចូរលោកទាំងឡាយឲ្យគេនាំយកអង្ករទាំងឡាយអំពីផ្ទះនោះមក ហើយចំអិនបបរឆាន់ចុះ។ តែភិក្ខុនីទាំងឡាយឲ្យគេទិញភេសជ្ជៈដោយបរិក្ខារនោះផង ដោយរបស់ដែលសូមគេដោយខ្លួនឯងផង ហើយក៏បរិភោគ។ ឯប្រជុំជននោះដឹងហើយ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុនីទាំងឡាយមិនសមបើនឹងឲ្យគេទិញវត្ថុដទៃ ដោយបរិក្ខារដែលគេឲ្យដើម្បីប្រយោជន៍វត្ថុដទៃ គេឲ្យចំពោះវត្ថុដទៃ ជារបស់គណៈ និងដោយវត្ថុដែលសូមដោយខ្លួនឯងសោះ។ ភិក្ខុនីទាំងឡាយបានឮប្រជុំជននោះកំពុងពោលទោស តិះដៀល បន្តុះបង្អាប់ហើយ។ ភិក្ខុនីទាំងឡាយណាមានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុនីទាំងឡាយនោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុនីទាំងឡាយមិនសមបើនឹងឲ្យគេទិញវត្ថុដទៃ ដោយបរិក្ខារដែលគេឲ្យដើម្បីប្រយោជន៍វត្ថុដទៃ គេឲ្យចំពោះវត្ថុដទៃ ជារបស់គណៈ និងដោយរបស់ដែលសូមដោយខ្លួនឯងសោះ។បេ។ ទ្រង់ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថាភិក្ខុនីទាំងឡាយឲ្យគេទិញរបស់ដទៃ ដោយបរិក្ខារដែលគេឲ្យដើម្បីប្រយោជន៍វត្ថុដទៃ គេឲ្យចំពោះវត្ថុដទៃ ជារបស់គណៈ និងដោយវត្ថុដែលសូមដោយខ្លួនឯង ពិតមែនឬ។ ភិក្ខុទាំងឡាយក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះសម្ពុទ្ធដ៏មានព្រះភាគ ទ្រង់បន្ទោសថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីទាំងឡាយមិនគួរបើនឹងឲ្យគេទិញវត្ថុដទៃ ដោយបរិក្ខារដែលគេឲ្យដើម្បីប្រយោជន៍វត្ថុដទៃ គេឲ្យចំពោះវត្ថុដទៃ ជារបស់គណៈ និងដោយវត្ថុដែលសូមដោយខ្លួនឯងសោះ ម្នាលភិក្ខុទាំងឡាយ អំពើនេះ មិនមែននាំឲ្យជ្រះថ្លាដល់ពួកជន ដែលមិនទាន់ជ្រះថ្លាទេ។បេ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីទាំងឡាយ ចូរសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុនីណាមួយ ឲ្យគេទិញវត្ថុដទៃ ដោយបរិក្ខារដែលគេឲ្យដើម្បីប្រយោជន៍វត្ថុដទៃ គេឲ្យចំពោះវត្ថុដទៃ ជារបស់គណៈ និងដោយវត្ថុដែលសូមដោយខ្លួនឯង ភិក្ខុនីនោះ ត្រូវនិស្សគ្គិយបាចិត្តិយ។
[១៣១] ត្រង់ពាក្យថា ភិក្ខុនីណាមួយ មានសេចក្តីអធិប្បាយក្នុងសិក្ខាបទទី១នៃបារាជិកកណ្ឌរួចហើយ។ ពាក្យថា ដោយបរិក្ខារដែលគេឲ្យដើម្បីប្រយោជន៍វត្ថុដទៃ គេឲ្យចំពោះវត្ថុដទៃ គឺដោយបរិក្ខារដែលគេឲ្យ ដើម្បីចាត់ចែងវត្ថុឯទៀត។ ពាក្យថា ជារបស់គណៈ គឺគេលះចំពោះតែគណៈ មិនមែនចំពោះសង្ឃ មិនមែនចំពោះភិក្ខុនី១រូបទេ។ ពាក្យថា ដោយវត្ថុដែលសូមដោយខ្លួនឯង គឺវត្ថុដែលសូមគេបានមកហើយដោយខ្លួនឯង។ ពាក្យថា ឲ្យគេទិញវត្ថុដទៃ គឺរបស់ដែលគេឲ្យដើម្បីប្រយោជន៍វត្ថុណា ភិក្ខុនីមិនឲ្យគេទិញវត្ថុនោះ ហើយឲ្យគេទិញវត្ថុដទៃវិញ ត្រូវអាបត្តិទុក្កដក្នុងប្រយោគដែលឲ្យទិញ វត្ថុនោះជានិស្សគ្គិយក្នុងខណៈដែលបានមក ភិក្ខុនីត្រូវតែលះរបស់នោះដល់សង្ឃក៏បាន ដល់គណៈក៏បាន ដល់ភិក្ខុនី១រូបក៏បាន។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីត្រូវលះរបស់នោះយ៉ាងនេះ។បេ។ បពិត្រលោកម្ចាស់ វត្ថុដទៃនេះ ខ្ញុំឲ្យគេទិញដោយបរិក្ខារដែលគេឲ្យដើម្បីប្រយោជន៍វត្ថុដទៃ គេឲ្យចំពោះវត្ថុដទៃ ជារបស់គណៈ និងដោយវត្ថុដែលសូមបានមកដោយខ្លួនឯង ជានិស្សគ្គិយ ខ្ញុំសូមលះវត្ថុនេះដល់សង្ឃ។ (ពាក្យតពីនេះទៅ មានសេចក្តីដូចគ្នានឹងសិក្ខាបទទី១នៃនិស្សគ្គិយកណ្ឌនេះ)។
[១៣២] របស់ដែលគេឲ្យដើម្បីប្រយោជន៍វត្ថុដទៃ ភិក្ខុនីសំគាល់ថារបស់គេឲ្យដើម្បីប្រយោជន៍វត្ថុដទៃមែន ហើយឲ្យគេទិញវត្ថុដទៃ ត្រូវនិស្សគ្គិយបាចិត្តិយ។ របស់គេឲ្យដើម្បីប្រយោជន៍វត្ថុដទៃ ភិក្ខុនីមានសេចក្តីសង្ស័យ ហើយឲ្យទិញវត្ថុដទៃវិញ ត្រូវនិស្សគ្គិយបាចិត្តិយ។ របស់គេឲ្យដើម្បីប្រយោជន៍វត្ថុដទៃ ភិក្ខុនីសំគាល់ថាមិនមែនរបស់គេឲ្យដើម្បីប្រយោជន៍វត្ថុដទៃ ហើយឲ្យគេទិញវត្ថុដទៃវិញ ត្រូវនិស្សគ្គិយបាចិត្តិយ។ ភិក្ខុនីបានវត្ថុដែលខ្លួនលះនោះមកវិញហើយ ត្រូវបង្អោនទៅក្នុងវត្ថុដែលទាយកគេឲ្យចំពោះយ៉ាងណា។ មិនមែនរបស់ដែលគេឲ្យដើម្បីប្រយោជន៍វត្ថុដទៃ ភិក្ខុនីសំគាល់ថារបស់គេឲ្យដើម្បីប្រយោជន៍វត្ថុដទៃ ត្រូវអាបត្តិទុក្កដ។ មិនមែនរបស់ដែលគេឲ្យដើម្បីប្រយោជន៍វត្ថុដទៃ ភិក្ខុនីមានសេចក្តីសង្ស័យ ត្រូវអាបត្តិទុក្កដ។ មិនមែនរបស់គេឲ្យដើម្បីប្រយោជន៍វត្ថុដទៃ ភិក្ខុនីសំគាល់ថាមិនមែនរបស់គេឲ្យដើម្បីប្រយោជន៍វត្ថុដទៃ មិនត្រូវអាបត្តិ។
[១៣៣] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៥យ៉ាង) គឺភិក្ខុនីបង្អោនទៅនូវរបស់ដែលសល់១ ភិក្ខុនីប្រាប់ម្ចាស់របស់ហើយ ទើបបង្អោនទៅ១ ភិក្ខុនីឲ្យគេចាត់ចែងខុសបំណងទាយក ក្នុងពេលមានសេចក្តីអន្តរាយ១ ភិក្ខុនីឆ្កួត១ ភិក្ខុនីជាខាងដើមបញ្ញត្តិ១។
បត្តវគ្គ សិក្ខាបទទី១០
[១៣៤] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ គង់ក្នុងជេតវនារាម របស់អនាថបិណ្ឌិកសេដ្ឋីទៀបក្រុងសាវត្ថី។ សម័យនោះឯង ថុល្លនន្ទាភិក្ខុនី ជាពហុស្សូត ជាអ្នកឈ្លាសនិយាយក្លៀវក្លា ប្រសប់ធ្វើធម្មីកថា។ មនុស្សទាំងឡាយជាច្រើនតែចូលទៅអង្គុយជិត (សេពគប់)នឹងថុល្លនន្ទាភិក្ខុនី។ សម័យនោះឯង ទីបរិវេណរបស់ថុល្លនន្ទាភិក្ខុនីក៏បាក់បែកទ្រុឌទ្រោម។ មនុស្សទាំងឡាយបានពោលពាក្យនេះនឹងថុល្លនន្ទាភិក្ខុនីថា បពិត្រលោកម្ចាស់ ទីបរិវេណរបស់លោកនេះទ្រុឌទ្រោមទៅដោយហេតុអ្វី។ ថុល្លនន្ទាភិក្ខុនីនិយាយថា នែអ្នកដ៏មានអាយុ ព្រោះគ្មានពួកអ្នកឲ្យ គ្មានពួកអ្នកធ្វើ។ ទើបមនុស្សទាំងឡាយនោះ ប្រមូលបរិក្ខារដែលរៃបានមកដើម្បីប្រយោជន៍ទីបរិវេណនៃថុល្លនន្ទាភិក្ខុនី ហើយបានឲ្យបរិក្ខារនោះដល់ថុល្លនន្ទាភិក្ខុនី។ ថុល្លនន្ទាភិក្ខុនីឲ្យគេទិញភេសជ្ជៈដោយបរិក្ខារនោះផង ដោយរបស់ដែលសូមដោយខ្លួនឯងផង ហើយក៏បរិភោគ។ មនុស្សទាំងឡាយដឹងហើយ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា លោកម្ចាស់ថុល្លនន្ទា មិនសមបើនឹងឲ្យគេទិញវត្ថុដទៃ ដោយបរិក្ខារដែលគេឲ្យដើម្បីប្រយោជន៍វត្ថុដទៃ គេឲ្យចំពោះវត្ថុដទៃ ជារបស់បុគ្គល និងដោយវត្ថុដែលសូមមកដោយខ្លួនឯងសោះ។បេ។ ទ្រង់ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថាថុល្លនន្ទាភិក្ខុនី ឲ្យគេទិញវត្ថុដទៃ ដោយបរិក្ខារដែលគេឲ្យដើម្បីប្រយោជន៍វត្ថុដទៃចំពោះវត្ថុដទៃ ជារបស់បុគ្គល និងដោយវត្ថុដែលសូមដោយខ្លួនឯង ពិតមែនឬ។ ភិក្ខុទាំងឡាយក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះសម្ពុទ្ធដ៏មានព្រះភាគ ទ្រង់បន្ទោសថា ម្នាលភិក្ខុទាំងឡាយ ថុល្លនន្ទាភិក្ខុនី មិនគួរបើនឹងឲ្យគេទិញវត្ថុដទៃ ដោយបរិក្ខារដែលគេឲ្យដើម្បីប្រយោជន៍វត្ថុដទៃ គេឲ្យចំពោះវត្ថុដទៃ ជារបស់បុគ្គល និងដោយវត្ថុដែលសូមដោយខ្លួនឯងទេ ម្នាលភិក្ខុទាំងឡាយ អំពើនេះ មិនមែននាំឲ្យជ្រះថ្លាដល់ពួកជន ដែលមិនទាន់ជ្រះថ្លាទេ។បេ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីទាំងឡាយ ចូរសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុនីណាមួយ ឲ្យគេទិញវត្ថុដទៃ ដោយបរិក្ខារដែលគេឲ្យដើម្បីប្រយោជន៍វត្ថុដទៃ គេឲ្យចំពោះវត្ថុដទៃ ជារបស់បុគ្គល និងដោយវត្ថុដែលសូមដោយខ្លួនឯង ភិក្ខុនីនោះ ត្រូវនិស្សគ្គិយបាចិត្តិយ។
[១៣៥] ត្រង់ពាក្យថា ភិក្ខុនីណាមួយ មានសេចក្តីអធិប្បាយក្នុងសិក្ខាបទទី១នៃបារាជិកកណ្ឌរួចហើយ។ ពាក្យថា ដោយបរិក្ខារដែលគេឲ្យដើម្បីប្រយោជន៍វត្ថុដទៃ គេឲ្យចំពោះវត្ថុដទៃ គឺដោយបរិក្ខារដែលគេឲ្យ ដើម្បីចាត់ចែងវត្ថុឯទៀត។ ពាក្យថា ជារបស់បុគ្គល គឺគេឲ្យចំពោះតែភិក្ខុនីមួយរូប មិនឲ្យដល់សង្ឃ មិនឲ្យដល់គណៈឡើយ។ ពាក្យថា ដោយវត្ថុដែលសូមដោយខ្លួនឯង គឺវត្ថុដែលសូមគេមកដោយខ្លួនឯង។ ពាក្យថា ឲ្យគេទិញវត្ថុដទៃ គឺរបស់ដែលទាយកឲ្យដើម្បីប្រយោជន៍វត្ថុណា ភិក្ខុនីមិនឲ្យគេទិញវត្ថុនោះ ហើយឲ្យគេទិញវត្ថុឯទៀតវិញ ត្រូវទុក្កដក្នុងប្រយោគដែលឲ្យទិញ វត្ថុនោះជានិស្សគ្គិយក្នុងខណៈដែលបានមក ភិក្ខុនីគប្បីលះវត្ថុនោះដល់សង្ឃក៏បាន ដល់គណៈក៏បាន ដល់ភិក្ខុនី១រូបក៏បាន។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីត្រូវលះរបស់នោះយ៉ាងនេះ។បេ។ បពិត្រលោកម្ចាស់ វត្ថុដទៃនេះ ខ្ញុំឲ្យគេទិញដោយបរិក្ខារដែលគេឲ្យដើម្បីប្រយោជន៍វត្ថុដទៃ គេឲ្យចំពោះវត្ថុដទៃ ជារបស់បុគ្គល និងដោយវត្ថុដែលសូមដោយខ្លួនឯង ជានិស្សគ្គិយ ខ្ញុំសូមលះវត្ថុនេះដល់សង្ឃ។ (ពាក្យតពីនេះទៅ មានសេចក្តីដូចគ្នានឹងសិក្ខាបទទី១នៃនិស្សគ្គិយកណ្ឌនេះ)។
[១៣៦] របស់ដែលគេឲ្យដើម្បីប្រយោជន៍វត្ថុដទៃ ភិក្ខុនីសំគាល់ថារបស់ដែលគេឲ្យដើម្បីប្រយោជន៍វត្ថុដទៃ ហើយឲ្យគេទិញវត្ថុឯទៀត ត្រូវនិស្សគ្គិយបាចិត្តិយ។ របស់ដែលគេឲ្យដើម្បីប្រយោជន៍វត្ថុដទៃ ភិក្ខុនីមានសេចក្តីសង្ស័យ ហើយឲ្យគេទិញវត្ថុដទៃវិញ ត្រូវនិស្សគ្គិយបាចិត្តិយ។ របស់គេឲ្យដើម្បីប្រយោជន៍វត្ថុដទៃ ភិក្ខុនីសំគាល់ថាមិនមែនរបស់ដែលគេឲ្យដើម្បីប្រយោជន៍វត្ថុដទៃ ហើយឲ្យគេទិញវត្ថុដទៃវិញ ត្រូវនិស្សគ្គិយបាចិត្តិយ។ ភិក្ខុនីបានវត្ថុដែលលះនោះមកវិញហើយ គប្បីបង្អោនទៅក្នុងវត្ថុដែលទាយកគេឲ្យចំពោះយ៉ាងណា។ មិនមែនរបស់ដែលគេឲ្យដើម្បីប្រយោជន៍វត្ថុដទៃ ភិក្ខុនីសំគាល់ថារបស់ដែលគេឲ្យដើម្បីប្រយោជន៍វត្ថុដទៃ ត្រូវអាបត្តិទុក្កដ។ មិនមែនរបស់ដែលគេឲ្យដើម្បីប្រយោជន៍វត្ថុដទៃ ភិក្ខុនីមានសេចក្តីសង្ស័យ ត្រូវអាបត្តិទុក្កដ។ មិនមែនរបស់ដែលគេឲ្យដើម្បីប្រយោជន៍វត្ថុដទៃ ភិក្ខុនីសំគាល់ថាមិនមែនរបស់ដែលគេឲ្យដើម្បីប្រយោជន៍វត្ថុដទៃ មិនត្រូវអាបត្តិ។
[១៣៧] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៥យ៉ាង) គឺភិក្ខុនីបង្អោនទៅនូវរបស់ដែលសល់១ ភិក្ខុនីប្រាប់ម្ចាស់ទានហើយ ទើបបង្អោនទៅ១ ភិក្ខុនីឲ្យគេចាត់ចែងខុសបំណងទាយកព្រោះមានសេចក្តីអន្តរាយ១ ភិក្ខុនីឆ្កួត១ ភិក្ខុនីជាខាងដើមបញ្ញត្តិ១។
ចីវរវគ្គ សិក្ខាបទទី១
[១៣៨] សម័យនោះ ព្រះពុទ្ធជាម្ចាស់ដ៏មានព្រះភាគ គង់នៅវត្តជេតវន របស់អនាថបិណ្ឌិកសេដ្ឋី ក្បែរក្រុងសាវត្ថី។ គ្រានោះឯង ភិក្ខុនីឈ្មោះថុល្លនន្ទា ជាពហុស្សូត ជាស្រីមានថ្វីមាត់ ក្លៀវក្លា ប្រសប់ធ្វើធម្មីកថា។ គ្រានោះ ព្រះបាទបសេនទិកោសល ដណ្តប់សំពត់កម្ពលមានដំឡៃច្រើនក្នុងកាលត្រជាក់ ហើយព្រះអង្គចូលទៅកាន់សំណាក់ថុល្លនន្ទាភិក្ខុនី លុះចូលទៅជិតហើយ ក៏ថ្វាយបង្គំថុល្លនន្ទាភិក្ខុនី ហើយគង់នៅក្នុងទីគួរ១។ លុះស្តេចបសេនទិកោសលនៅក្នុងទីគួរ១ហើយ ថុល្លនន្ទាភិក្ខុនីក៏ពន្យល់ឲ្យឃើញ ឲ្យកាន់យក ឲ្យអាចហ៊ាន ឲ្យរីករាយដោយធម្មីកថា។ កាលនោះ ស្តេចបសេនទិកោសល កាលថុល្លនន្ទាភិក្ខុនីពន្យល់ឲ្យឃើញ ឲ្យកាន់យក ឲ្យអាចហ៊ាន ឲ្យរីករាយដោយធម្មីកថា (ដូច្នោះហើយ) ក៏មានបន្ទូលនេះនឹងថុល្លនន្ទាភិក្ខុនីថា បពិត្រលោកម្ចាស់ លោកម្ចាស់ត្រូវការវត្ថុណា គប្បីប្រាប់វត្ថុនោះចុះ។ ថុល្លនន្ទាភិក្ខុនីឆ្លើយថា បពិត្រមហារាជ បើព្រះអង្គមានសេចក្តីប្រាថ្នានឹងប្រគេនដល់អាត្មា ចូរព្រះអង្គប្រគេនសំពត់កម្ពលនេះចុះ។ ទើបស្តេចបសេនទិកោសលប្រគេនសំពត់កម្ពលដល់ថុល្លនន្ទាភិក្ខុនី ហើយក្រោកចាកអាសនៈ ថ្វាយបង្គំថុល្លនន្ទាភិក្ខុនី រួចធ្វើប្រទក្សិណចៀសចេញទៅ។ មនុស្សទាំងឡាយ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុនីទាំងនេះមានសេចក្តីប្រាថ្នាច្រើន គ្មានសន្តោស មិនសមនឹងសុំសំពត់កម្ពលពីស្តេចសោះ។ ភិក្ខុនីទាំងឡាយ បានឮមនុស្សទាំងនោះពោលទោស តិះដៀល បន្តុះបង្អាប់ដូច្នោះហើយ។ ភិក្ខុនីទាំងឡាយណាមានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុនីទាំងឡាយនោះក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ថុល្លនន្ទាជាម្ចាស់ មិនសមបើនឹងសុំសំពត់កម្ពលពីស្តេចសោះ។បេ។ ព្រះអង្គត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ បានឮថាថុល្លនន្ទាភិក្ខុនី សុំសម្ពត់កម្ពលពីស្តេច ពិតមែនឬ។ ពួកភិក្ខុក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធជាម្ចាស់ដ៏មានព្រះភាគ ទ្រង់តិះដៀលថា ម្នាលភិក្ខុទាំងឡាយ ថុល្លនន្ទាភិក្ខុនី មិនសមបើនឹងសុំសម្ពត់កម្ពលពីស្តេចទេ ម្នាលភិក្ខុទាំងឡាយ អំពើនេះ មិនមែននាំឲ្យជ្រះថ្លាដល់ពួកជន ដែលមិនទាន់ជ្រះថ្លាទេ។បេ។ ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុនី ចូរសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុនី កាលចាត់ចែងសម្ពត់ដណ្តប់ ដែលមានសាច់ក្រាស ត្រូវចាត់ចែងបានតែសម្ពត់ដែលមានដំឡៃបួនកហាបណៈបួនដងជាយ៉ាងច្រើន បើចាត់ចែងសំពត់ដែលមានដំឡៃហួសពីនោះទៅ ត្រូវនិស្សគ្គិយបាចិត្តិយ។
[១៣៩] ដែលហៅថា សំពត់ដណ្តប់ដែលមានសាច់ក្រាស គឺសំពត់ដណ្តប់ណាមួយសម្រាប់ដណ្តប់ក្នុងរដូវរងា។ ត្រង់ពាក្យថា កាលចាត់ចែង គឺថា កាលសូម(គេ)។ ពាក្យថា ត្រូវចាត់ចែងបានតែសំពត់មានដំឡៃបួនកហាបណៈបួនដងជាយ៉ាងច្រើន សេចក្តីថា ត្រូវចាត់ចែងបានតែសំពត់មានដំឡៃ១៦កហាបណៈ។ ពាក្យថា បើចាត់ចែងសំពត់ឲ្យលើសពីនោះទៅ សេចក្តីថា ភិក្ខុនីសូមសំពត់ឲ្យលើសលុបពីនោះទៅ ត្រូវអាបត្តិទុក្កដក្នុងប្រយោគដែលសូម សំពត់នោះជានិស្សគ្គិយក្នុងពេលដែលបានមក ភិក្ខុនីត្រូវលះបង់ដល់សង្ឃក៏បាន ដល់គណៈក៏បាន ដល់ភិក្ខុនី១រូបក៏បាន។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីត្រូវលះបង់យ៉ាងនេះ។បេ។ បពិត្រលោកម្ចាស់ សំពត់ដណ្តប់ដែលមានសាច់ក្រាសនេះ មានដំឡៃលើសពីបួនកហាបណៈបួនដង ជាកំណត់ ខ្ញុំបានសូមមកហើយ ជានិស្សគ្គិយ ខ្ញុំសូមលះបង់សំពត់នេះដល់សង្ឃ។ (ពាក្យតពីនេះទៅ មានសេចក្តីដូចគ្នានឹងសិក្ខាបទទី១នៃនិស្សគ្គិយកណ្ឌ)។
[១៤០] សំពត់មានដំឡៃលើសពីបួនកហាបណៈ៤ដង ភិក្ខុនីសំគាល់ថាលើសមែន ហើយសូម ត្រូវនិស្សគ្គិយបាចិត្តិយ។ សំពត់មានដំឡៃលើសពីបួនកហាបណៈ៤ដង ភិក្ខុនីមានសេចក្តីសង្ស័យ ហើយសូម ត្រូវនិស្សគ្គិយបាចិត្តិយ។ សំពត់មានដំឡៃលើសពីបួនកហាបណៈ៤ដង ភិក្ខុនីសំគាល់ថាខ្វះវិញ ហើយសូម ត្រូវនិស្សគ្គិយបាចិត្តិយ។ សំពត់មានដំឡៃខ្វះពីបួនកហាបណៈ៤ដង ភិក្ខុនីសំគាល់ថាលើសវិញ ត្រូវអាបត្តិទុក្កដ។ សំពត់មានដំឡៃខ្វះពីបួនកហាបណៈ៤ដង ភិក្ខុនីមានសេចក្តីសង្ស័យ ត្រូវអាបត្តិទុក្កដ។ សំពត់មានដំឡៃខ្វះពីបួនកហាបណៈ៤ដង ភិក្ខុនីសំគាល់ថាខ្វះមែន មិនត្រូវអាបត្តិ។
[១៤១] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៩យ៉ាង) គឺភិក្ខុនីសុំសំពត់ដណ្តប់មានដំឡៃត្រឹមបួនកហាបណៈ៤ដងជាកំណត់១ ភិក្ខុនីសុំសំពត់ដណ្តប់មានដំឡៃខ្វះពីបួនកហាបណៈ៤ដងជាកំណត់១ ភិក្ខុនីសុំសំពត់ដណ្តប់របស់ពួកញាតិ១ ភិក្ខុនីសុំសំពត់ដណ្តប់របស់ពួកជនដែលបវារណា១ ភិក្ខុនីសុំសំពត់ដណ្តប់ដើម្បីបុគ្គលដទៃ១ ភិក្ខុនីបានសំពត់ដណ្តប់មកដោយទ្រព្យរបស់ខ្លួន១ ជនមានសេចក្តីប្រាថ្នាឲ្យភិក្ខុនីសុំសំពត់ដណ្តប់មានដំឡៃច្រើន ភិក្ខុនីត្រឡប់សុំសំពត់ដណ្តប់មានដំឡៃតិច១ ភិក្ខុនីឆ្កួត១ ភិក្ខុនីជាខាងដើមបញ្ញត្តិ១។
ចីវរវគ្គ សិក្ខាបទទី២
[១៤២] សម័យនោះ ព្រះពុទ្ធជាម្ចាស់ដ៏មានព្រះភាគ គង់នៅវត្តជេតវន របស់អនាថបិណ្ឌិកសេដ្ឋី ក្បែរក្រុងសាវត្ថី។ គ្រានោះឯង ថុល្លនន្ទាភិក្ខុនី ជាពហុស្សូត ជាស្រីមានថ្វីមាត់ ជាស្រីក្លៀវក្លា ប្រសប់ធ្វើធម្មីកថា។ លំដាប់នោះ ព្រះបាទបសេនទិកោសល ទ្រង់ដណ្តប់សំពត់សម្បកឈើមានដំឡៃច្រើនក្នុងកាលក្តៅ ហើយចូលទៅរកថុល្លនន្ទាភិក្ខុនី លុះយាងចូលទៅហើយ ក៏ថ្វាយបង្គំថុល្លនន្ទាភិក្ខុនី ហើយគង់នៅក្នុងទីគួរមួយ។ លុះព្រះបាទបសេនទិកោសលគង់នៅក្នុងទីសមគួរហើយ ថុល្លនន្ទាភិក្ខុនីក៏បានពន្យល់ឲ្យទ្រង់ឃើញ ឲ្យកាន់យក ឲ្យអាចហ៊ាន ឲ្យរីករាយដោយធម្មីកថា។ លំដាប់នោះ ព្រះបាទបសេនទិកោសល កាលថុល្លនន្ទាភិក្ខុនីពន្យល់ឲ្យទ្រង់ឃើញ ឲ្យកាន់យក ឲ្យអាចហ៊ាន ឲ្យរីករាយដោយធម្មីកថាហើយ ក៏មានព្រះបន្ទូលនេះនឹងថុល្លនន្ទាភិក្ខុនីថា បពិត្រលោកម្ចាស់ លោកម្ចាស់ត្រូវការវត្ថុណា គប្បីប្រាប់វត្ថុនោះចុះ។ ថុល្លនន្ទាភិក្ខុនីឆ្លើយថា បពិត្រមហារាជ បើព្រះអង្គប្រាថ្នានឹងប្រគេនដល់អាត្មាភាព សូមព្រះអង្គប្រគេនសំពត់សម្បកឈើនេះចុះ។ ទើបព្រះបាទបសេនទិកោសលប្រគេនសំពត់សម្បកឈើដល់ថុល្លនន្ទាភិក្ខុនី រួចទ្រង់ក្រោកចាកអាសនៈ ថ្វាយបង្គំថុល្លនន្ទាភិក្ខុនី ធ្វើប្រទក្សិណចៀសចេញទៅ។ មនុស្សទាំងឡាយ ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកភិក្ខុនីទាំងនេះមានសេចក្តីប្រាថ្នាធំ គ្មានសន្តោស មិនសមបើនឹងសុំសំពត់សម្បកឈើអំពីស្តេចសោះ។ ពួកភិក្ខុនី ឮមនុស្សទាំងឡាយនោះពោលទោស តិះដៀល បន្តុះបង្អាប់ហើយ។ ពួកភិក្ខុនីណាមានសេចក្តីប្រាថ្នាតិច។បេ។ ពួកភិក្ខុនីទាំងនោះក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ថុល្លនន្ទាជាម្ចាស់ មិនសមបើនឹងសុំសំពត់សម្បកឈើអំពីស្តេចសោះ។បេ។ ព្រះអង្គត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថាថុល្លនន្ទាភិក្ខុនី សុំសម្ពត់សម្បកឈើពីស្តេច ពិតមែនឬ។ ពួកភិក្ខុក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធជាម្ចាស់ដ៏មានព្រះភាគ ទ្រង់តិះដៀលថា ម្នាលភិក្ខុទាំងឡាយ ថុល្លនន្ទាភិក្ខុនី មិនសមបើនឹងសូមសំពត់សម្បកឈើអំពីស្តេចទេ ម្នាលភិក្ខុទាំងឡាយ អំពើនេះ មិនមែននាំឲ្យជ្រះថ្លាដល់ពួកជន ដែលមិនទាន់ជ្រះថ្លាទេ។បេ។ ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុនី ចូរសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុនី កាលចាត់ចែងសម្ពត់ដណ្តប់ ដែលមានសាច់ស្តើង ត្រូវចាត់ចែងបានតែសម្ពត់ ដែលមានដំឡៃត្រឹមបួនកហាបណៈបីដងដោយកន្លះ បើចាត់ចែងឲ្យលើសពីកំណត់នោះទៅ ត្រូវនិស្សគ្គិយបាចិត្តិយ។
[១៤៣] ដែលហៅថា សំពត់ដណ្តប់មានសាច់ស្តើង គឺសំពត់ណាមួយសម្រាប់ដណ្តប់ក្នុងរដូវក្តៅ។ ត្រង់ពាក្យថា កាលចាត់ចែង គឺកាលសូម។ ពាក្យថា ត្រូវចាត់ចែងបានតែសំពត់ដណ្តប់មានដំឡៃត្រឹមបួនកហាបណៈបីដងដោយកន្លះ សេចក្តីថា ត្រូវសូមបានតែសំពត់ដែលមានដំឡៃ១០កហាបណៈ។ ពាក្យថា បើចាត់ចែងឲ្យលើសកំណត់នោះទៅ សេចក្តីថា ភិក្ខុនីសូមឲ្យលើសពីកំណត់នោះទៅ ត្រូវអាបត្តិទុក្កដក្នុងប្រយោគដែលសូម សំពត់នោះជានិស្សគ្គិយក្នុងពេលដែលបានមក។ ភិក្ខុនីត្រូវលះបង់ដល់សង្ឃក៏បាន ដល់គណៈក៏បាន ដល់ភិក្ខុនី១រូបក៏បាន ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីត្រូវលះបង់យ៉ាងនេះ។បេ។ បពិត្រលោកម្ចាស់ សំពត់ដណ្តប់ដែលមានសាច់ស្តើងនេះ មានដំឡៃលើសពីបួនកហាបណៈបីដងដោយកន្លះជាកំណត់ ខ្ញុំបានសុំមកហើយ ជានិស្សគ្គិយ ខ្ញុំសូមលះបង់សំពត់នេះដល់សង្ឃ។ (ពាក្យតពីនេះទៅ មានសេចក្តីដូចគ្នានឹងសិក្ខាបទទី១នៃនិស្សគ្គិយកណ្ឌ)។
[១៤៤] សំពត់ដណ្តប់មានដំឡៃលើសពីបួនកហាបណៈ៣ដងដោយកន្លះ ភិក្ខុនីសំគាល់ថាលើសមែន ហើយសូម ត្រូវនិស្សគ្គិយបាចិត្តិយ។ សំពត់ដណ្តប់មានដំឡៃលើសពីបួនកហាបណៈ ៣ ដង ដោយកន្លះ តែភិក្ខុនីមានសេចក្តីសង្ស័យ ហើយសូម ត្រូវនិស្សគ្គិយបាចិត្តិយ។ សំពត់ដណ្តប់មានដំឡៃលើសពីបួនកហាបណៈ៣ដងដោយកន្លះ ភិក្ខុនីសំគាល់ថាខ្វះ ហើយសូម ត្រូវនិស្សគ្គិយបាចិត្តិយ។ សំពត់ដណ្តប់មានដំឡៃតិចជាងបួនកហាបណៈ ៣ ដង ដោយកន្លះ ភិក្ខុនីសំគាល់ថាលើសទៅវិញ ត្រូវអាបត្តិទុក្កដ។ សំពត់ដណ្តប់មានដំឡៃខ្វះពីបួនកហាបណៈ ៣ ដង ដោយកន្លះ ភិក្ខុនីមានសេចក្តីសង្ស័យ ត្រូវអាបត្តិទុក្កដ។ សំពត់ដណ្តប់មានដំឡៃខ្វះពីបួនកហាបណៈ៣ដងដោយកន្លះ ភិក្ខុនីសំគាល់ថាខ្វះមែន មិនត្រូវអាបត្តិ។
[១៤៥] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៩យ៉ាង) គឺភិក្ខុនីសុំសំពត់ដណ្តប់មានដំឡៃត្រឹមបួនកហាបណៈ៣ដងដោយកន្លះ ១ ភិក្ខុនីសុំសំពត់ដណ្តប់មានដំឡៃតិចជាងបួនកហាបណៈ៣ដងដោយកន្លះជាកំណត់ ១ ភិក្ខុនីសុំសំពត់ដណ្តប់របស់ពួកញាតិ ១ ភិក្ខុនីសុំសំពត់ដណ្តប់របស់ពួកជនដែលបវារណា ១ ភិក្ខុនីសុំសំពត់ដណ្តប់ដើម្បីបុគ្គលដទៃ ១ ភិក្ខុនីបានសំពត់ដណ្តប់មកដោយទ្រព្យរបស់ខ្លួន ១ ជនប្រាថ្នាដើម្បីទិញសំពត់ដណ្តប់មានដំឡៃច្រើន ភិក្ខុនីត្រឡប់ឲ្យទិញសំពត់ដណ្តប់មានដំឡៃតិច ១ ភិក្ខុនីឆ្កួត ១ ភិក្ខុនីជាខាងដើមបញ្ញត្តិ ១។
[១៤៦] បពិត្រលោកម្ចាស់ទាំងឡាយ ពួកអាបត្តិឈ្មោះនិស្សគ្គិយបាចិត្តិយ៣០ ខ្ញុំសំដែងឡើងហើយ។ ខ្ញុំសូមសួរលោកម្ចាស់ទាំងឡាយក្នុងអាបត្តិទាំងនោះ លោកទាំងឡាយជាអ្នកបរិសុទ្ធហើយឬ។ ខ្ញុំសូមសួរជាគំរប់ពីរដងផង លោកទាំងឡាយជាអ្នកបរិសុទ្ធហើយឬ។ ខ្ញុំសូមសួរជាគំរប់បីដងផង លោកទាំងឡាយជាអ្នកបរិសុទ្ធហើយឬ។ លោកម្ចាស់ទាំងឡាយជាអ្នកបរិសុទ្ធហើយក្នុងអាបត្តិទាំងនេះ ព្រោះហេតុដូច្នោះ បានជាលោកទាំងឡាយស្ងៀមនៅ។ ខ្ញុំសូមចាំទុកនូវរឿងនេះ ដោយអាការស្ងៀមនៅយ៉ាងនេះ។
និស្សគ្គិយ បាចិត្តិយ ចប់។
បាចិត្តិយកណ្ឌ
បពិត្រលោកម្ចាស់ទាំងឡាយ អាបត្តិទាំងឡាយឈ្មោះបាចិត្តិយមែននេះ មានចំនួន១៦៦ តែងមកកាន់ឧទ្ទេស (គឺការសូត្ររាល់ៗកន្លះខែ)
លសុណវគ្គ សិក្ខាបទទី១
[១៤៧] សម័យនោះ ព្រះពុទ្ធជាម្ចាស់ដ៏មានព្រះភាគ គង់នៅវត្តជេតវន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង មានឧបាសកម្នាក់បវារណាភិក្ខុនីសង្ឃដោយខ្ទឹមថា លោកម្ចាស់ទាំងឡាយណា ត្រូវការដោយខ្ទឹម ខ្ញុំព្រះករុណា (នឹងប្រគេនខ្ទឹមដល់លោកម្ចាស់ទាំងឡាយនោះ)។ ឧបាសកនោះក៏បង្គាប់អ្នករក្សាចំការខ្ទឹមថា បើពួកភិក្ខុនីមក អ្នកឯងចូរប្រគេនខ្ទឹមពីរបីមើមដល់ភិក្ខុនី១អង្គៗ។ សម័យនោះឯង ក្រុងសាវត្ថី(មានគេលេង) មហោស្រព។ ខ្ទឹមដែលឧបាសកបានយកមក ក៏អស់រលីងទៅ។ ពួកភិក្ខុនីចូលទៅរកឧបាសកនោះ ហើយបានពោលពាក្យនេះថា ម្នាលអាវុសោ យើងទាំងឡាយត្រូវការដោយខ្ទឹម។ ឧបាសកនោះឆ្លើយថា បពិត្រលោកម្ចាស់ ខ្ទឹមគ្មានទេ ខ្ទឹមដែលបានយកមក អស់រលីងទៅហើយ សូមលោកម្ចាស់និមន្តទៅចំការចុះ។ ថុល្លនន្ទាភិក្ខុនីទៅកាន់ចំការហើយ មិនដឹងប្រមាណ ក៏ឲ្យគេនាំយកខ្ទឹមទៅជាច្រើន។ មនុស្សអ្នករក្សាចំការក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកភិក្ខុនី មិនសមបើនឹងទៅកាន់ចំការហើយ មិនដឹងប្រមាណ ឲ្យគេនាំយកខ្ទឹមទៅច្រើនដល់ម្ល៉េះសោះ។ ភិក្ខុនីទាំងឡាយ បានឮអ្នករក្សាចំការពោលទោស តិះដៀល បន្តុះបង្អាប់(ដូច្នោះ)ហើយ។ ពួកភិក្ខុនីណាមានសេចក្តីប្រាថ្នាតិច។បេ។ ពួកភិក្ខុនីទាំងនោះក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ថុល្លនន្ទាជាម្ចាស់ មិនសមបើនឹងមិនដឹងប្រមាណ ឲ្យគេនាំយកខ្ទឹមមកច្រើនដល់ម្ល៉េះសោះ។បេ។ ព្រះអង្គត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថាថុល្លនន្ទាភិក្ខុនីមិនដឹងប្រមាណ ឲ្យគេនាំយកខ្ទឹមច្រើន ពិតមែនឬ។ ពួកភិក្ខុក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធដ៏មានព្រះភាគ ទ្រង់តិះដៀលថា ម្នាលភិក្ខុទាំងឡាយ ថុល្លនន្ទាភិក្ខុនី មិនសមបើនឹងមិនដឹងប្រមាណ ឲ្យគេនាំយកខ្ទឹមមកច្រើនដល់ម្ល៉េះសោះ ម្នាលភិក្ខុទាំងឡាយ អំពើនេះ មិនមែននាំឲ្យជ្រះថ្លាដល់ពួកជន ដែលមិនទាន់ជ្រះថ្លា ឬនាំពួកជនដែលជ្រះថ្លាហើយ ឲ្យរឹងរឹតតែជ្រះថ្លាឡើងទៀតទេ ម្នាលភិក្ខុទាំងឡាយ អំពើនេះ នាំពួកជនដែលមិនទាន់ជ្រះថ្លា ឲ្យខានជ្រះថ្លាទៅផង នាំជនពួកខ្លះដែលជ្រះថ្លាស្រាប់ហើយ ឲ្យទាស់ចិត្តខូចគំនិតទៅវិញផងដោយពិត។
[១៤៨] គ្រានោះ ព្រះដ៏មានព្រះភាគទ្រង់តិះដៀលថុល្លនន្ទាភិក្ខុនីជាអនេកបរិយាយ ហើយទ្រង់ធ្វើធម្មីកថាដ៏សមគួរក្នុងពេលនោះ និងល្មមក្នុងពេលនោះដល់ភិក្ខុទាំងឡាយ ទើបទ្រង់ហៅពួកភិក្ខុមកហើយត្រាស់ថា ម្នាលភិក្ខុទាំងឡាយ រឿងធ្លាប់មានមកហើយ ថុល្លនន្ទាភិក្ខុនីធ្លាប់បានជាប្រពន្ធព្រាហ្មណ៍១នាក់។ នាងមានកូនស្រី៣នាក់ គឺនាងនន្ទា១ នាងនន្ទវតី១ នាងសុន្ទរីនន្ទា១។ ម្នាលភិក្ខុទាំងឡាយ កាលនោះ ព្រាហ្មណ៍នោះក៏ធ្វើមរណកាលទៅ កើតក្នុងកំណើតសត្វហង្ស១។ ហង្សនោះមានស្លាបសុទ្ធសឹងជាមាស។ ហង្សនោះឲ្យស្លាបមួយៗដល់ប្រពន្ធនិងកូនស្រីទាំងនោះ ម្នាលភិក្ខុទាំងឡាយ ថុល្លនន្ទាភិក្ខុនីគិតថា ហង្សនេះបានឲ្យស្លាបមួយៗដល់យើងទាំងឡាយ គិតដូច្នោះហើយ ក៏ចាប់ស្តេចហង្សនោះ ហើយក៏ដកយកស្លាបចេញអស់ក្នុងកាលនោះឯង។ ស្លាបទាំងឡាយរបស់ហង្សនោះ កាលដុះឡើងទៀត ក៏សទាំងអស់។ ម្នាលភិក្ខុទាំងឡាយ ថុល្លនន្ទាភិក្ខុនីសាបសូន្យចាកមាសក្នុងកាលនោះ ព្រោះតែសេចក្តីលោភហួស ឥឡូវនេះមកសាបសូន្យចាកខ្ទឹម។
[១៤៩] ទ្រព្យណាដែលខ្លួនបានហើយ បុគ្គលត្រូវត្រេកអរដោយទ្រព្យនោះ ព្រោះថា សេចក្តីលោភពេក ជាសភាវៈដ៏លាមក។ ថុល្លនន្ទាភិក្ខុនីលុះចាប់ស្តេចហង្សបានហើយ ក៏សាបសូន្យចាកមាស។
[១៥០] លំដាប់នោះ ព្រះដ៏មានព្រះភាគទ្រង់តិះដៀលថុល្លនន្ទាភិក្ខុនីដោយអនេកបរិយាយ។បេ។ ហើយទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុនី ចូរសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុនីណាមួយទំពាស៊ីខ្ទឹម ត្រូវអាបត្តិបាចិត្តិយ។
[១៥១] ត្រង់ពាក្យថា ភិក្ខុនីណាមួយ បានអធិប្បាយរួចហើយក្នុងបារាជិកកណ្ឌទី១។បេ។ ដែលហៅថាខ្ទឹម សំដៅយកខ្ទឹមដែលកើតក្នុងដែនមគធ។ ភិក្ខុនីទទួលខ្ទឹមដោយគិតថា អញនឹងទំពាស៊ី ត្រូវអាបត្តិទុក្កដ ត្រូវអាបត្តិបាចិត្តិយគ្រប់ៗវារៈដែលលេបចូលទៅ។
[១៥២] ខ្ទឹម ភិក្ខុនីសំគាល់ថាខ្ទឹមមែន ហើយទំពាស៊ី ត្រូវអាបត្តិបាចិត្តិយ។ ខ្ទឹម ភិក្ខុនីមានសេចក្តីសង្ស័យ ហើយទំពាស៊ី ត្រូវអាបត្តិបាចិត្តិយ។ ខ្ទឹម ភិក្ខុនីសំគាល់ថាមិនមែនខ្ទឹម ហើយទំពាស៊ី ត្រូវអាបត្តិបាចិត្តិយ។ មិនមែនខ្ទឹម ភិក្ខុនីសំគាល់ថាខ្ទឹម ត្រូវអាបត្តិទុក្កដ។ មិនមែនខ្ទឹម ភិក្ខុនីមានសេចក្តីសង្ស័យ ត្រូវអាបត្តិទុក្កដ។ មិនមែនខ្ទឹម ភិក្ខុនីសំគាល់ថាមិនមែនខ្ទឹម មិនត្រូវអាបត្តិ។
[១៥៣] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន១១យ៉ាង) ភិក្ខុនីឆាន់ខ្ទឹមលឿង១ ភិក្ខុនីឆាន់ខ្ទឹមក្រហម១ ភិក្ខុនីឆាន់ខ្ទឹមខៀវ១ ភិក្ខុនីឆាន់ខ្ទឹមឥតមើម (ខ្ទឹមដើម)១ ភិក្ខុនីឆាន់ខ្ទឹមដែលគេចំអិនដោយសម្ល១ ភិក្ខុនីឆាន់ខ្ទឹមដែលគេចំអិនដោយសាច់១ ភិក្ខុនីឆាន់ខ្ទឹមដែលគេចំអិនដោយប្រេង១ ភិក្ខុនីឆាន់ខ្ទឹមដែលគេដាក់ក្នុងបបរគ្រឿង១ ភិក្ខុនីឆាន់ខ្ទឹមដែលគេដាក់ក្នុងសម្លការី១ ភិក្ខុនីឆ្កួត១ ភិក្ខុនីជាខាងដើមបញ្ញត្តិ១។
លសុណវគ្គ សិក្ខាបទទី២
[១៥៤] សម័យនោះ ព្រះពុទ្ធជាម្ចាស់ដ៏មានព្រះភាគ ព្រះអង្គគង់នៅវត្តជេតវន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង ពួកឆព្វគ្គិយាភិក្ខុនីឲ្យគេដករោមក្នុងទីចង្អៀត ហើយស្រាតងូតទឹកក្នុងកំពង់១ ជាមួយនឹងពួកស្រីវេស្យាក្នុងស្ទឹងអចិរវតី។ ពួកស្រីវេស្យាក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុនីទាំងឡាយ មិនសមបើនឹងឲ្យគេដករោមក្នុងទីចង្អៀត ដូចជាស្រីគ្រហស្ថបរិភោគកាមគុណសោះ។ ពួកភិក្ខុនី បានឮស្រីវេស្យាទាំងនោះពោលទោស តិះដៀល បន្តុះបង្អាប់(ដូច្នោះ)ហើយ។ ពួកភិក្ខុនីណាមានសេចក្តីប្រាថ្នាតិច។បេ។ ពួកភិក្ខុនីនោះក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ឆព្វគ្គិយាភិក្ខុនីទាំងឡាយ មិនសមបើនឹងឲ្យគេដករោមក្នុងទីចង្អៀតសោះ។បេ។ ព្រះអង្គត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថាឆព្វគ្គិយាភិក្ខុនីទាំងឡាយឲ្យគេដករោមក្នុងទីចង្អៀត ពិតមែនឬ។ ពួកភិក្ខុក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធជាម្ចាស់ដ៏មានព្រះភាគ ទ្រង់តិះដៀលថា ម្នាលភិក្ខុទាំងឡាយ ឆព្វគ្គិយាភិក្ខុនីទាំងឡាយ មិនសមបើនឹងឲ្យគេដករោមក្នុងទីចង្អៀតទេ ម្នាលភិក្ខុទាំងឡាយ អំពើនេះ មិនមែននាំឲ្យជ្រះថ្លាដល់ពួកជន ដែលមិនទាន់ជ្រះថ្លាទេ។បេ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីទាំងឡាយ ចូរសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុនីណាមួយឲ្យគេដករោមក្នុងទីចង្អៀត ត្រូវអាបត្តិបាចិត្តិយ។
[១៥៥] ត្រង់ពាក្យថា ភិក្ខុនីណាមួយ បានអធិប្បាយក្នុងបារាជិកកណ្ឌទី១រួចហើយ។បេ។ ដែលហៅថាទីចង្អៀត បានដល់ក្លៀកទាំងពីរ និងកន្លែងបន្ទោបង់នូវទឹកមូត្រ។ ពាក្យថា ឲ្យគេដក សេចក្តីថា ភិក្ខុនីឲ្យគេដករោមសូម្បី១សរសៃក្តី ក៏ត្រូវអាបត្តិបាចិត្តិយ។ ឲ្យគេដករោមច្រើនសរសៃក្តី ក៏ត្រូវអាបត្តិបាចិត្តិយ។
[១៥៦] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៣យ៉ាង) ភិក្ខុនីឲ្យគេដករោម ព្រោះហេតុមានអាពាធ (កើតបូសកមជាដើម)១ ភិក្ខុនីឆ្កួត១ ភិក្ខុនីជាខាងដើមបញ្ញត្តិ១។
លសុណវគ្គ សិក្ខាបទទី៣
[១៥៧] សម័យនោះ ព្រះពុទ្ធជាម្ចាស់ដ៏មានព្រះភាគ គង់នៅវត្តជេតវន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង ភិក្ខុនីពីររូបមានសេចក្តីអផ្សុកមកបៀតបៀន ក៏ចូលទៅកាន់បន្ទប់ ហើយធ្វើនូវកិរិយាទះនូវផ្ទៃនៃអង្គជាត។ ពួកភិក្ខុនីស្ទុះចូលទៅដោយឮសំឡេងនោះ ហើយពោលនូវពាក្យនេះនឹងភិក្ខុនីទាំងនោះថា បពិត្រលោកម្ចាស់ ហេតុអ្វីបានជាលោកទាំងឡាយប្រទុស្តមួយអន្លើដោយបុរស។ ភិក្ខុនីទាំងនោះឆ្លើយថា បពិត្រលោកម្ចាស់ យើងទាំងឡាយមិនប្រទុស្តមួយអន្លើដោយបុរសទេ។ ពួកភិក្ខុនីប្រាប់សេចក្តីនុ៎ះដល់ភិក្ខុនីទាំងឡាយ។ ពួកភិក្ខុនីណាមានសេចក្តីប្រាថ្នាតិច។បេ។ ពួកភិក្ខុនីទាំងនោះក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកភិក្ខុនី មិនសមបើនឹងធ្វើនូវកិរិយាទះនូវផ្ទៃនៃអង្គជាតសោះ។បេ។ ព្រះអង្គទ្រង់ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថាពួកភិក្ខុនីធ្វើនូវកិរិយាទះនូវផ្ទៃនៃអង្គជាត ពិតមែនឬ។ ភិក្ខុទាំងឡាយក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធជាម្ចាស់ដ៏មានព្រះភាគ ទ្រង់តិះដៀលថា ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុនី មិនសមបើនឹងធ្វើនូវកិរិយាទះនូវផ្ទៃនៃអង្គជាតទេ ម្នាលភិក្ខុទាំងឡាយ អំពើនេះ មិនមែននាំឲ្យជ្រះថ្លាដល់ពួកជន ដែលមិនទាន់ជ្រះថ្លាទេ។បេ។ ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុនី ចូរសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា អាបត្តិបាចិត្តិយមានដល់ភិក្ខុនី ព្រោះកិរិយាទះនូវផ្ទៃនៃអង្គជាត។
[១៥៨] ដែលហៅថា ទះនូវផ្ទៃនៃអង្គជាត គឺភិក្ខុនីត្រេកអរនូវសម្ផស្ស ហើយឲ្យនូវប្រហារវាយក្នុងអវយវជាទីបន្ទោបង់ទឹកមូត្ត ដោយហោចទៅ សូម្បីតែប្រហារដោយស្លឹកឧប្បល ក៏ត្រូវអាបត្តិបាចិត្តិយ។
[១៥៩] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៣យ៉ាង) គឺភិក្ខុនីវាយអង្គជាត ព្រោះហេតុតែមានអាពាធ១ ភិក្ខុនីឆ្កួត១ ភិក្ខុនីជាខាងដើមបញ្ញត្តិ១។
លសុណវគ្គ សិក្ខាបទទី៤
[១៦០] សម័យនោះ ព្រះពុទ្ធជាម្ចាស់ដ៏មានព្រះភាគ គង់នៅវត្តជេតវន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង មានស្រីព្រះស្នំរបស់ស្តេចពីដើម បួសក្នុងសំណាក់ពួកភិក្ខុនីទាំងឡាយ។ ភិក្ខុនីមួយរូបទៀត មានសេចក្តីអផ្សុកមកបៀតបៀន ក៏ចូលទៅរកភិក្ខុនីនោះ លុះចូលទៅដល់ហើយ បាននិយាយពាក្យនេះនឹងភិក្ខុនីនោះថា បពិត្រលោកម្ចាស់ ស្តេចយូរៗទើបទ្រង់ធ្វើសន្ថវៈនឹងលោកម្តង តើលោកអាចកែកុនបណ្តោះអាសន្នដូចម្តេចទៅ។ ភិក្ខុនីនោះប្រាប់ថា បពិត្រលោកម្ចាស់ ខ្ញុំអាចកែកុនដោយដងបង្ហួរមានសណ្ឋានរលីង ធ្វើពីអាចម៍ល័ក្ត។ ភិក្ខុនីដែលអផ្សុកសួរថា បពិត្រលោកម្ចាស់ ដងបង្ហួរមានសណ្ឋានរលីង ធ្វើពីអាចម៍ល័ក្តនោះ តើដូចម្តេច។ ទើបភិក្ខុនីនោះប្រាប់ដងបង្ហួរមានសណ្ឋានរលីង ធ្វើពីអាចម៍ល័ក្តដល់ភិក្ខុនីនោះ។ កាលនោះ ភិក្ខុនីនោះកាន់យកដងបង្ហួរមានសណ្ឋានរលីង ធ្វើពីអាចម៍ល័ក្ត ហើយភ្លេចលាងទឹក ក៏ចោលទៅក្នុងទីគួរមួយ។ ពួកភិក្ខុនីឃើញរុយទាំងឡាយរោមដងបង្ហួរដូច្នោះ ក៏សួរយ៉ាងនេះថា កម្មនេះជាកម្មរបស់អ្នកណា។ ភិក្ខុនីនោះពោលថា កម្មនេះជាកម្មរបស់ខ្ញុំ។ ពួកភិក្ខុនីណាមានសេចក្តីប្រាថ្នាតិច។បេ។ ពួកភិក្ខុនីនោះ ពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុនី មិនសមបើនឹងកាន់យកដងបង្ហួរមានសណ្ឋានរលីងដែលគេធ្វើពីអាចម៍ល័ក្តសោះ។បេ។ ព្រះអង្គត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថាភិក្ខុនីកាន់យកដងបង្ហួរមានសណ្ឋានរលីងដែលគេធ្វើពីអាចម៍ល័ក្ត ពិតមែនឬ។ ពួកភិក្ខុឆ្លើយថា បពិត្រព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធជាម្ចាស់ដ៏មានព្រះភាគ ទ្រង់តិះដៀលថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុនី មិនសមបើនឹងកាន់យកដងបង្ហួរមានសណ្ឋានរលីងដែលគេធ្វើពីអាចម៍ល័ក្តទេ ម្នាលភិក្ខុទាំងឡាយ អំពើនេះ មិនមែននាំឲ្យជ្រះថ្លាដល់ពួកជនដែលមិនទាន់ជ្រះថ្លាទេ។បេ។ ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុនី ចូរសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា អាបត្តិបាចិត្តិយមានដល់ភិក្ខុនី ព្រោះដងបង្ហួរមានសណ្ឋានរលីងដែលគេធ្វើពីអាចម៍ល័ក្ត។
[១៦១] ដែលហៅថា ដងបង្ហួរមានសណ្ឋានរលីងដែលគេធ្វើពីអាចម៍ល័ក្ត បានដល់ដងបង្ហួរដែលគេធ្វើដោយអាចម៍ល័ក្តក្តី ឈើក្តី ម្សៅក្តី ដីស្អិតក្តី។ ភិក្ខុនី កាលត្រេកអរនូវសម្ផស្ស ដោយហោចទៅ គ្រាន់តែញុំាងស្លឹកឧប្បលឲ្យចូលទៅកាន់អវយវៈជាទីបន្ទោបង់នូវទឹកមូត្ត ត្រូវអាបត្តិបាចិត្តិយ។
[១៦២] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៣យ៉ាង) គឺភិក្ខុនីញុំាងដងបង្ហួរឲ្យចូលទៅក្នុងអង្គជាតខ្លួន ព្រោះហេតុតែមានអាពាធ១ ភិក្ខុនីឆ្កួត១ ភិក្ខុនីជាខាងដើមបញ្ញត្តិ១។
លសុណវគ្គ សិក្ខាបទទី៥
[១៦៣] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ ព្រះអង្គគង់នៅនិគ្រោធារាម ទៀបក្រុងកបិលពស្តុ ក្នុងដែនសក្កៈ។ គ្រានោះ ព្រះនាងមហាបជាបតិគោតមី ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយស្ថិតនៅក្នុងទីក្រោមខ្យល់ (រួចក៏ក្រាបទូលថា) បពិត្រព្រះដ៏មានព្រះភាគ មាតុគ្រាមមានក្លិនអាក្រក់។ ទើបព្រះដ៏មានព្រះភាគ ទ្រង់មានពុទ្ធដីកាថា ពួកភិក្ខុនីចូរធ្វើនូវការជម្រះដោយទឹកចុះ ហើយទ្រង់ញុំាងព្រះមហាបជាបតិគោតមីឲ្យយល់តាម ឲ្យប្រតិបត្តិតាម ឲ្យអាចហ៊ាន ឲ្យរីករាយដោយធម្មីកថា។ លំដាប់នោះ ព្រះនាងមហាបជាបតិគោតមី កាលព្រះដ៏មានព្រះភាគ ទ្រង់ពន្យល់ឲ្យឃើញ ឲ្យកាន់យក ឲ្យអាចហ៊ាន ឲ្យរីករាយដោយធម្មីកថា រួចហើយក៏ថ្វាយបង្គំព្រះដ៏មានព្រះភាគ ធ្វើប្រទក្សិណចៀសចេញទៅ។ ព្រោះនិទាននេះ ដំណើរនេះ ព្រះដ៏មានព្រះភាគជាម្ចាស់ ទ្រង់ធ្វើធម្មីកថា ហើយទ្រង់ហៅភិក្ខុទាំងឡាយក្នុងពេលនោះមក ហើយត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតនូវការជម្រះដោយទឹកដល់ពួកភិក្ខុនី។
[១៦៤] សម័យនោះ មានភិក្ខុនី១រូបគិតថា ការជម្រះដោយទឹក ព្រះដ៏មានព្រះភាគទ្រង់អនុញ្ញាតហើយ (គិតដូច្នោះហើយ) ក៏ធ្វើការជម្រះដោយទឹកឲ្យជ្រៅពេក ហើយក៏ធ្វើឲ្យកើតដម្បៅក្នុងទីជាទីបន្ទោបង់នូវទឹកមូត្ត។ ទើបភិក្ខុនីនោះ ប្រាប់សេចក្តីនុ៎ះដល់ភិក្ខុនីទាំងឡាយ។ ពួកភិក្ខុនីណាមានសេចក្តីប្រាថ្នាតិច។បេ។ ពួកភិក្ខុនីនោះក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុនីមិនសមបើនឹងធ្វើការជម្រះដោយទឹកឲ្យជ្រៅពេកសោះ។បេ។ ព្រះអង្គត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថា ភិក្ខុនីធ្វើការជម្រះដោយទឹកឲ្យជ្រៅពេក ពិតមែនឬ។ ពួកភិក្ខុក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធជាម្ចាស់ដ៏មានព្រះភាគទ្រង់តិះដៀលថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីមិនសមបើនឹងធ្វើការជម្រះដោយទឹកឲ្យជ្រៅពេកទេ ម្នាលភិក្ខុទាំងឡាយ អំពើនេះ មិនមែននាំឲ្យជ្រះថ្លាដល់ពួកជនដែលមិនទាន់ជ្រះថ្លាទេ។បេ។ ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុនី ចូរសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា កាលភិក្ខុនីធ្វើការជម្រះដោយទឹក ត្រូវធ្វើការជម្រះបានត្រឹមពីរថ្នាំងម្រាមដៃជាកំណត់ កាលឲ្យកន្លងហួសពីកំណត់នោះទៅ ត្រូវអាបត្តិបាចិត្តិយ។
[១៦៥] ដែលហៅថា ការជម្រះដោយទឹក សំដៅយកការលាងអវយវៈសម្រាប់បន្ទោបង់នូវទឹកមូត្ត។ ត្រង់ពាក្យថា កាលធ្វើ គឺកាលលាង។ ពាក្យថា ត្រូវធ្វើការជម្រះបានត្រឹមពីរថ្នាំងម្រាមដៃជាកំណត់ សេចក្តីថា ភិក្ខុនីត្រូវលាងបានត្រឹមពីរថ្នាំងម្រាមដៃទាំងពីរ។ ពាក្យថា កាលឲ្យកន្លងហួសពីកំណត់នោះទៅ សេចក្តីថា កាលភិក្ខុនីត្រេកអរនូវសម្ផស្សហើយធ្វើឲ្យកន្លងកំណត់នោះទៅ ដោយហោចទៅ សូម្បីតែប៉ុនចុងសក់ ក៏ត្រូវអាបត្តិបាចិត្តិយ។
[១៦៦] ការជម្រះហួសកំណត់ពីរថ្នាំងម្រាមដៃ ភិក្ខុនីសំគាល់ថាហួសមែន ហើយលាង ត្រូវអាបត្តិបាចិត្តិយ។ ការជម្រះហួសកំណត់ពីរថ្នាំងម្រាមដៃ តែភិក្ខុនីសង្ស័យ ហើយលាង ត្រូវអាបត្តិបាចិត្តិយ។ ការជម្រះហួសកំណត់ពីរថ្នាំងម្រាមដៃ ភិក្ខុនីសំគាល់ថាមិនទាន់ហួសកំណត់ ហើយលាង ត្រូវអាបត្តិបាចិត្តិយ។ ការជម្រះមិនទាន់ដល់កំណត់ពីរថ្នាំងម្រាមដៃ ភិក្ខុនីសំគាល់ថាលើសទៅវិញ ត្រូវអាបត្តិទុក្កដ។ ការជម្រះមិនទាន់ដល់កំណត់ពីរថ្នាំងម្រាមដៃ ភិក្ខុនីមានសេចក្តីសង្ស័យ ត្រូវអាបត្តិទុក្កដ។ ការជម្រះមិនទាន់ដល់កំណត់ពីរថ្នាំងម្រាមដៃ ភិក្ខុនីសំគាល់ថាមិនទាន់ដល់កំណត់មែន មិនត្រូវអាបត្តិ។
[១៦៧] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៥យ៉ាង) គឺភិក្ខុនីលាងកំណត់ត្រឹមពីរថ្នាំងម្រាមដៃ១ ភិក្ខុនីលាងថយពីកំណត់ពីរថ្នាំងម្រាមដៃ១ ភិក្ខុនីលាងហួសកំណត់ព្រោះហេតុនៃអាពាធ១ ភិក្ខុនីឆ្កួត១ ភិក្ខុនីជាខាងដើមបញ្ញត្តិ១។
លសុណវគ្គ សិក្ខាបទទី៦
[១៦៨] សម័យនោះ ព្រះពុទ្ធជាម្ចាស់ដ៏មានព្រះភាគ គង់នៅវត្តជេតវន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ សម័យនោះឯង មានមហាមាត្យឈ្មោះអារោហន្ត បួសក្នុងសំណាក់ពួកភិក្ខុ។ ស្រីជាប្រពន្ធរបស់មហាមាត្យនោះ ក៏បួសក្នុងសំណាក់ពួកភិក្ខុនីដែរ។ គ្រានោះឯង ភិក្ខុនោះធ្វើនូវភត្តកិច្ច (ឆាន់ចង្ហាន់) ក្នុងសំណាក់ភិក្ខុនីនោះ។ កាលភិក្ខុនោះកំពុងឆាន់ ភិក្ខុនីនោះបម្រើដោយទឹកផង ដោយផ្លិតផង ហើយនិយាយដឹកនាំដោយពាក្យស្និទ្ធស្នាល។ គ្រានោះ ភិក្ខុនោះ បណ្តេញភិក្ខុនីនោះចេញដោយពាក្យថា ម្នាលប្អូនស្រី នាងកុំធ្វើនូវអំពើមានសភាពយ៉ាងនេះ ការនេះមិនគួរទេ។ ភិក្ខុនីនោះឆ្លើយថា ពីដើមលោកធ្វើនូវអំពើយ៉ាងនេះផងៗនឹងខ្ញុំ ឥឡូវនេះ លោកមិនអាចដើម្បីធ្វើនូវអំពើមានប្រមាណប៉ុណ្ណេះទេ ថាដូច្នោះហើយ ក៏បោះសៀនទឹកទៅលើក្បាលភិក្ខុនោះ ហើយវាយនឹងផ្លិតថែមទៀត។ ពួកភិក្ខុនីណាមានសេចក្តីប្រាថ្នាតិច។បេ។ ពួកភិក្ខុនីនោះក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុនីមិនសមបើនឹងវាយភិក្ខុសោះ។បេ។ ព្រះអង្គត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថា ភិក្ខុនីវាយភិក្ខុ ពិតមែនឬ។ ពួកភិក្ខុក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធជាម្ចាស់ដ៏មានព្រះភាគទ្រង់តិះដៀលថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីមិនសមបើនឹងវាយភិក្ខុទេ ម្នាលភិក្ខុទាំងឡាយ អំពើនេះ មិនមែននាំឲ្យជ្រះថ្លាដល់ពួកជនដែលមិនទាន់ជ្រះថ្លាទេ។បេ។ ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុនី ចូរសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុនីណាមួយ កាលភិក្ខុកំពុងឆាន់ ទៅបម្រើដោយទឹកក្តី ដោយផ្លិតក្តី ត្រូវអាបត្តិបាចិត្តិយ។
[១៦៩] ត្រង់ពាក្យថា ភិក្ខុនីណាមួយ បានអធិប្បាយក្នុងបារាជិកទី១រួចហើយ។ ពាក្យថា ភិក្ខុ សេចក្តីថា បុរសដែលបានឧបសម្បទាហើយ។ ពាក្យថា កាលកំពុងឆាន់ សេចក្តីថា កំពុងឆាន់ភោជនទាំង៥យ៉ាង ភោជនណាមួយ។ ដែលហៅថា ទឹក បានដល់ទឹក គឺបុគ្គលគប្បីផឹកណាមួយ។ ដែលហៅថា ផ្លិត បានដល់វត្ថុសម្រាប់បក់ណាមួយ។ ពាក្យថា បម្រើ សេចក្តីថា ភិក្ខុនីស្ថិតនៅក្នុងហត្ថបាស ត្រូវអាបត្តិបាចិត្តិយ។
[១៧០] ឧបសម្បន្ន ភិក្ខុនីសំគាល់ថាឧបសម្បន្នមែន ហើយបម្រើដោយទឹកផឹកក្តី ដោយផ្លិតក្តី ត្រូវអាបត្តិបាចិត្តិយ។ ឧបសម្បន្ន ភិក្ខុនីមានសេចក្តីសង្ស័យ ហើយបម្រើដោយទឹកផឹកក្តី ដោយផ្លិតក្តី ត្រូវអាបត្តិបាចិត្តិយ។ ឧបសម្បន្ន ភិក្ខុនីសំគាល់ថាអនុបសម្បន្នវិញ ហើយបម្រើដោយទឹកផឹកក្តី ដោយផ្លិតក្តី ត្រូវអាបត្តិបាចិត្តិយ។ ភិក្ខុនីលះបង់ហត្ថបាស ហើយបំរើ ត្រូវអាបត្តិទុក្កដ។ កាលភិក្ខុកំពុងទំពាស៊ីខាទនីយ ភិក្ខុនីបម្រើ ត្រូវអាបត្តិទុក្កដ។ ភិក្ខុនីបម្រើបុរសជាអនុបសម្បន្ន ត្រូវអាបត្តិទុក្កដ។ អនុបសម្បន្ន ភិក្ខុនីសំគាល់ថាឧបសម្បន្នវិញ ត្រូវអាបត្តិទុក្កដ។ អនុបសម្បន្ន ភិក្ខុនីមានសេចក្តីសង្ស័យ ត្រូវអាបត្តិទុក្កដ។ អនុបសម្បន្ន ភិក្ខុនីសំគាល់ថាអនុបសម្បន្នមែន ត្រូវអាបត្តិទុក្កដ។
[១៧១] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៥យ៉ាង) គឺ(ភិក្ខុនីប្រគេនវត្ថុមានទឹកជាដើម) ដល់ភិក្ខុដោយដៃខ្លួនឯង១ ភិក្ខុនីឲ្យគេប្រគេនដល់ភិក្ខុ១ ភិក្ខុនីបង្គាប់អនុបសម្បន្ន១ ភិក្ខុនីឆ្កួត១ ភិក្ខុនីជាខាងដើមបញ្ញត្តិ១។
លសុណវគ្គ សិក្ខាបទទី៧
[១៧២] សម័យនោះ ព្រះពុទ្ធជាម្ចាស់ដ៏មានព្រះភាគ គង់នៅវត្តជេតវន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង ពួកភិក្ខុនីនាំគ្នាសូមស្រូវស្រស់ក្នុងរដូវស្រូវ ហើយដឹកនាំទៅកាន់ក្រុង។ មនុស្សទាំងឡាយក៏ដណ្តើមពួកភិក្ខុនីក្នុងទីទៀបទ្វារនគរ ដោយពាក្យថា បពិត្រលោកម្ចាស់ សូមលោកម្ចាស់ទាំងឡាយចូរឲ្យចំណែក(យើង)ខ្លះ ដូច្នោះ ហើយក៏លែងទៅ។ ទើបពួកភិក្ខុនីទាំងនោះទៅកាន់លំនៅ ហើយប្រាប់សេចក្តីនុ៎ះដល់ភិក្ខុនីទាំងឡាយ។ ពួកភិក្ខុនីណាមានសេចក្តីប្រាថ្នាតិច។បេ។ ពួកភិក្ខុនីទាំងនោះក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកភិក្ខុនីមិនសមនឹងនាំគ្នាសូមស្រូវស្រស់សោះ។បេ។ ព្រះអង្គទ្រង់ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថាពួកភិក្ខុនីនាំគ្នាសូមស្រូវស្រស់ ពិតមែនឬ។ ពួកភិក្ខុក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធជាម្ចាស់ដ៏មានព្រះភាគទ្រង់តិះដៀលថា ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុនីមិនសមនឹងនាំគ្នាសូមស្រូវស្រស់ទេ ម្នាលភិក្ខុទាំងឡាយ អំពើនេះ មិនមែននាំឲ្យជ្រះថ្លាដល់ពួកជនដែលមិនទាន់ជ្រះថ្លាទេ។បេ។ ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុនី ចូរសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុនីណាមួយ សូមឯងក្តី ឲ្យគេសូមក្តី កិនឯងក្តី ឲ្យគេកិនក្តី បុកឯងក្តី ឲ្យគេបុកក្តី ចំអិនឯងក្តី ឲ្យគេចំអិនក្តី នូវស្រូវស្រស់ ហើយបរិភោគ ត្រូវអាបត្តិបាចិត្តិយ។
[១៧៣] ត្រង់ពាក្យថា ភិក្ខុនីណាមួយ បានអធិប្បាយក្នុងបារាជិកកណ្ឌទី១រួចហើយ។ ដែលហៅថា ស្រូវស្រស់ បានដល់ស្រូវខ្សាយស ស្រូវខ្សាយក្រហម ស្រូវដំណើប ស្រងែ ធ្ពៅ ស្កួយ គែលលក។ ពាក្យថា សូមឯង គឺសូមដោយខ្លួនឯង។ ពាក្យថា ឲ្យគេសូម គឺឲ្យអ្នកដទៃសូម។ ពាក្យថា កិនឯង សេចក្តីថា កិនដោយដៃខ្លួនឯង។ ពាក្យថា ឲ្យគេកិន គឺឲ្យអ្នកដទៃកិន។ ពាក្យថា បុកឯង គឺបុកដោយដៃខ្លួនឯង។ ពាក្យថា ឲ្យគេបុក គឺឲ្យអ្នកដទៃបុក។ ពាក្យថា ចំអិនឯង គឺ ចំអិនដោយដៃខ្លួនឯង។ ពាក្យថា ឲ្យគេចំអិន គឺឲ្យអ្នកដទៃចំអិន។ ភិក្ខុនីទទួលដោយគិតថា អញនឹងឆាន់ ត្រូវអាបត្តិទុក្កដ ត្រូវអាបត្តិបាចិត្តិយគ្រប់ៗវារៈដែលលេបចូលទៅ។
[១៧៤] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៤យ៉ាង) គឺភិក្ខុនីសូម ព្រោះហេតុមានអាពាធ១ ភិក្ខុនីសូមអបរណ្ណជាតិ (មានសណ្តែក ល្ង ជាដើម)១ ភិក្ខុនីឆ្កួត១ ភិក្ខុនីជាខាងដើមបញ្ញត្តិ១។
លសុណវគ្គ សិក្ខាបទទី៨
[១៧៥] សម័យនោះ ព្រះពុទ្ធជាម្ចាស់ដ៏មានព្រះភាគ គង់នៅវត្តជេតវន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង មានព្រាហ្មណ៍ម្នាក់ ជារាជអាមាត្យដែលស្តេចដកងារចេញហើយ ក៏គិតថា អញនឹងសូមងារនោះវិញ គិតដូច្នោះហើយ ក៏កក់ក្បាល ហើយទៅអាស្រ័យនៅក្នុងសំណាក់ភិក្ខុនី រួចទើបដើរទៅកាន់ត្រកូលស្តេច។ មានភិក្ខុនី១អង្គ កាលបន្ទោបង់វច្ចៈក្នុងផើង ហើយទម្លាក់ទៅខាងក្រៅជញ្ជាំង ក៏ត្រូវទៅលើក្បាលព្រាហ្មណ៍នោះ។ ទើបព្រាហ្មណ៍នោះពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកភិក្ខុនីត្រងោលទាំងនេះមិនមែនជាសមណី ជាស្រីផ្កាមាស មិនសមនឹងទម្លាក់ផើងគូថមកលើក្បាលអញសោះ ហើយព្រាហ្មណ៍នោះក៏កាន់គប់ភ្លើងដើរចូលទៅកាន់លំនៅរបស់ភិក្ខុនីដោយគិតថា អញនឹងដុតលំនៅពួកភិក្ខុនីទាំងនេះចេញ។ មានឧបាសកម្នាក់កំពុងដើរចេញពីលំនៅរបស់ភិក្ខុនី បានឃើញព្រាហ្មណ៍នោះកាន់គប់ភ្លើងដើរចូលទៅកាន់លំនៅរបស់ភិក្ខុនី លុះបានឃើញហើយ ក៏បាននិយាយពាក្យនេះនឹងព្រាហ្មណ៍នោះថា ម្នាលអ្នកដ៏ចំរើន អ្នកកាន់គប់ភ្លើងដើរចូលទៅកាន់លំនៅរបស់ភិក្ខុនី ព្រោះហេតុអ្វី។ ព្រាហ្មណ៍នោះឆ្លើយថា ម្នាលអ្នកដ៏ចំរើន ពួកភិក្ខុនីត្រងោលទាំងនេះ ជាស្រីផ្កាមាស ទម្លាក់ផើងគូថមកលើក្បាលខ្ញុំ ៗនឹងដុតលំនៅពួកភិក្ខុនីទាំងនេះ។ ឧបាសកនោះឆ្លើយថា ម្នាលអ្នកដ៏ចំរើន អ្នកឯងចូរទៅចុះ ហេតុនេះជាមង្គលល្អទេ អ្នកនឹងបាន១ពាន់កហាបណៈផង នឹងបានងារនោះផង។ កាលនោះ ព្រាហ្មណ៍នោះ ក៏កក់លាងក្បាល រួចទៅកាន់រាជត្រកូល ក៏បាន១ពាន់កហាបណៈផង និងងារនោះផង។ គ្រានោះ ឧបាសកនោះចូលទៅកាន់លំនៅរបស់ភិក្ខុនីទាំងឡាយ ហើយប្រាប់សេចក្តីនុ៎ះដល់ពួកភិក្ខុនី រួចក៏ពោលហាមប្រាម។ ពួកភិក្ខុនីណាមានសេចក្តីប្រាថ្នាតិច។បេ។ ពួកភិក្ខុនីនោះក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកភិក្ខុនីមិនសមនឹងចោលឧច្ចារៈទៅខាងក្រៅជញ្ជាំងសោះ។បេ។ ព្រះអង្គត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថាពួកភិក្ខុនីចោលឧច្ចារៈទៅខាងក្រៅជញ្ជាំង ពិតមែនឬ។ ពួកភិក្ខុក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធជាម្ចាស់ដ៏មានជោគ ទ្រង់តិះដៀលថា ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុនីមិនសមនឹងចោលឧច្ចារៈទៅខាងក្រៅជញ្ជាំងទេ ម្នាលភិក្ខុទាំងឡាយ ការនេះ មិនមែននាំឲ្យជ្រះថ្លាដល់ពួកជនដែលមិនទាន់ជ្រះថ្លាទេ។បេ។ ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុនី ចូរសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុនីណាមួយ ចោលឯងក្តី ឲ្យគេចោលក្តី នូវឧច្ចារៈក្តី បស្សាវៈក្តី សម្រាមក្តី កាកអាហារក្តី ទៅខាងក្រៅជញ្ជាំងក្តី ខាងក្រៅរបងក្តី ត្រូវអាបត្តិបាចិត្តិយ។
[១៧៦] ត្រង់ពាក្យថា ភិក្ខុនីណាមួយ បានអធិប្បាយក្នុងបារាជិកកណ្ឌទី១រួចហើយ។ ដែលហៅថា ឧច្ចារៈ បានដល់លាមក។ ដែលហៅថា បស្សាវៈ បានដល់ទឹកមូត្ត។ ដែលហៅថា សម្រាម បានដល់កំទេចកំទី។ ដែលហៅថា កាកអាហារ គឺសំណល់ទាំងឡាយក្តី ឆ្អឹងទាំងឡាយក្តី ទឹកដ៏សេសសល់ក្តី។ ដែលហៅថា ជញ្ជាំង បានដល់ជញ្ជាំងបីយ៉ាង គឺជញ្ជាំងឥដ្ឋ ជញ្ជាំងថ្ម ជញ្ជាំងឈើ។ ដែលហៅថា របង បានដល់របងបីយ៉ាង គឺរបងឥដ្ឋ របងថ្ម របងឈើ។ ពាក្យថា ខាងក្រៅជញ្ជាំង គឺខាងនាយជញ្ជាំង។ ពាក្យថា ខាងក្រៅរបង គឺខាងនាយរបង។ ពាក្យថា ចោលឯង សេចក្តីថា ភិក្ខុនីចោលដោយខ្លួនឯង ត្រូវអាបត្តិបាចិត្តិយ។ ពាក្យថា ឲ្យគេចោល សេចក្តីថា ភិក្ខុនីបង្គាប់ឲ្យអ្នកដទៃចោល ត្រូវអាបត្តិទុក្កដ ភិក្ខុនីប្រើតែម្តង អ្នកទទួលបង្គាប់ចោលសូម្បីច្រើនដង ត្រូវអាបត្តិបាចិត្តិយ។
[១៧៧] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៤យ៉ាង) គឺភិក្ខុនីពិនិត្យមើលទីដ៏សមគួរ ហើយទើបចោល១ ភិក្ខុនីចោលក្នុងទីដែលគេមិនប្រើប្រាស់១ ភិក្ខុនីឆ្កួត១ ភិក្ខុនីជាខាងដើមបញ្ញត្តិ១។
លសុណវគ្គ សិក្ខាបទទី៩
[១៧៨] សម័យនោះ ព្រះពុទ្ធជាម្ចាស់ដ៏មានព្រះភាគ គង់នៅវត្តជេតវន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ សម័យនោះឯង មានស្រែស្រូវដំណើបរបស់ព្រាហ្មណ៍ម្នាក់ នៅជិតលំនៅរបស់ភិក្ខុនី។ ពួកភិក្ខុនីចោលឧច្ចារៈខ្លះ បស្សាវៈខ្លះ សម្រាមខ្លះ របស់ជាសំណល់ខ្លះទៅក្នុងស្រែ។ ឯព្រាហ្មណ៍នោះក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកភិក្ខុនីមិនសមនឹងប្រទូស្តស្រែស្រូវដំណើបរបស់យើងសោះ។ ពួកភិក្ខុនីឮព្រាហ្មណ៍នោះពោលទោស តិះដៀល បន្តុះបង្អាប់ដូច្នោះហើយ។ ពួកភិក្ខុនីណាមានសេចក្តីប្រាថ្នាតិច។បេ។ ពួកភិក្ខុនីទាំងនោះក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកភិក្ខុនីមិនសមនឹងចោលឧច្ចារៈខ្លះ បស្សាវៈខ្លះ សម្រាមខ្លះ របស់ជាសំណល់ខ្លះ ក្នុងទីមានវត្ថុមានពណ៌ខៀវសោះ។បេ។ ព្រះអង្គត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថាពួកភិក្ខុនីចោលឧច្ចារៈខ្លះ បស្សាវៈខ្លះ សម្រាមខ្លះ របស់ជាសំណល់ខ្លះ ក្នុងទីមានវត្ថុមានពណ៌ខៀវ ពិតមែនឬ។ ពួកភិក្ខុក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធជាម្ចាស់ដ៏មានព្រះភាគ ទ្រង់តិះដៀលថា ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុនីមិនសមនឹងចោលឧច្ចារៈខ្លះ បស្សាវៈខ្លះ សម្រាមខ្លះ វត្ថុជាសំណល់ខ្លះ ក្នុងទីមានវត្ថុមានពណ៌ខៀវទេ ម្នាលភិក្ខុទាំងឡាយ ការនេះ មិនមែននាំឲ្យជ្រះថ្លាដល់ពួកជនដែលមិនទាន់ជ្រះថ្លាទេ។បេ។ ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុនី ចូរសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុនីណាមួយ ចោលឯង ឬឲ្យគេចោល នូវឧច្ចារៈក្តី បស្សាវៈក្តី សម្រាមក្តី របស់ជាសំណល់ក្តី ក្នុងទីមានវត្ថុមានពណ៌ខៀវ ត្រូវអាបត្តិបាចិត្តិយ។
[១៧៩] ត្រង់ពាក្យថា ភិក្ខុនីណាមួយ បានអធិប្បាយក្នុងបារាជិកកណ្ឌទី១រួចហើយ។ ដែលហៅថា ឧច្ចារៈ បានដល់គូថ។ ដែលហៅថា បស្សាវៈ បានដល់ទឹកមូត្ត។ ដែលហៅថា សម្រាម បានដល់កំទេចកំទី។ ដែលហៅថា របស់សំណល់ បានដល់កាកអាមិស ឬពួកឆ្អឹង ឬទឹកដែលសេសសល់។ ដែលហៅថាវត្ថុមានពណ៌ខៀវ គឺវត្ថុណាជាបុព្វណ្ណជាតិ ឬអបរណ្ណជាតិ ជាដំណាំជាគ្រឿងឧបភោគ និងបរិភោគរបស់មនុស្សទាំងឡាយ។ ពាក្យថា ចោលឯង សេចក្តីថា ភិក្ខុនីចោលដោយខ្លួនឯង ត្រូវអាបត្តិបាចិត្តិយ។ ពាក្យថា ឲ្យគេចោល សេចក្តីថា ភិក្ខុនីបង្គាប់អ្នកដទៃឲ្យចោល ត្រូវអាបត្តិទុក្កដ។ ភិក្ខុនីបង្គាប់តែម្តង អ្នកទទួលបង្គាប់ចោលសូម្បីច្រើនដង ត្រូវអាបត្តិបាចិត្តិយ។
[១៨០] ដំណាំ ភិក្ខុនីសំគាល់ថាដំណាំមែន ហើយចោលឯងក្តី ឲ្យគេចោលក្តី ត្រូវអាបត្តិបាចិត្តិយ។ ដំណាំ តែភិក្ខុនីមានសេចក្តីសង្ស័យ ហើយចោលឯងក្តី ឲ្យគេចោលក្តី ត្រូវអាបត្តិបាចិត្តិយ។ ដំណាំ ភិក្ខុនីសំគាល់ថាមិនមែនដំណាំវិញ ហើយចោលឯងក្តី ឲ្យគេចោលក្តី ត្រូវអាបត្តិបាចិត្តិយ។ មិនមែនដំណាំ ភិក្ខុនីសំគាល់ថាដំណាំទៅវិញ ត្រូវអាបត្តិទុក្កដ។ មិនមែនដំណាំ ភិក្ខុនីមានសេចក្តីសង្ស័យ ត្រូវអាបត្តិទុក្កដ។ មិនមែនដំណាំ ភិក្ខុនីសំគាល់ថាមិនមែនដំណាំមែន មិនត្រូវអាបត្តិ។
[១៨១] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៥យ៉ាង) គឺភិក្ខុនីរមិលមើលទីសមគួរហើយទើបចោល១ ភិក្ខុនីចោលលើភ្លឺស្រែ ឬចំការ១ ភិក្ខុនីសួរពួកម្ចាស់ដោយសព្វគ្រប់ហើយ ប្រាប់ដោយស្រួលបួល ទើបចោល១ ភិក្ខុនីឆ្កួត១ ភិក្ខុនីជាខាងដើមបញ្ញត្តិ១។
លសុណវគ្គ សិក្ខាបទទី១០
[១៨២] សម័យនោះ ព្រះពុទ្ធជាម្ចាស់ដ៏មានព្រះភាគ គង់នៅវត្តវេឡុវន ជាកលន្ទកនិវាបស្ថាន ទៀបក្រុងរាជគ្រឹះ។ គ្រានោះឯង ក្នុងក្រុងរាជគ្រឹះមានមហោស្រពលើកំពូលភ្នំ ភិក្ខុនីទាំងឡាយមានពួក៦ បានទៅមើលមហោស្រពដែលគេលេងលើកំពូលភ្នំ។ មនុស្សទាំងឡាយក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកភិក្ខុនីមិនសមនឹងទៅមើលរបាំក្តី ចម្រៀងក្តី ប្រគំក្តី ដូចជាពួកស្រីគ្រហស្ថបរិភោគកាមគុណសោះ។ ពួកភិក្ខុនីបានឮមនុស្សទាំងឡាយនោះពោលទោស តិះដៀល បន្តុះបង្អាប់(ដូច្នោះ)ហើយ។ ពួកភិក្ខុនីណាមានសេចក្តីប្រាថ្នាតិច។បេ។ ពួកភិក្ខុនីនោះក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុនីទាំងឡាយមានពួក៦មិនសមនឹងទៅមើលរបាំក្តី ចម្រៀងក្តី ប្រគំក្តីសោះ។បេ។ ព្រះអង្គត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថាភិក្ខុនីទាំងឡាយមានពួក៦ ទៅមើលរបាំខ្លះ ចម្រៀងខ្លះ ប្រគំខ្លះ ពិតមែនឬ។ ពួកភិក្ខុក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធជាម្ចាស់ដ៏មានព្រះភាគ ទ្រង់តិះដៀលថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីទាំងឡាយមានពួក៦ មិនសមនឹងទៅមើលរបាំក្តី ចម្រៀងក្តី ប្រគំក្តីទេ ម្នាលភិក្ខុទាំងឡាយ ការនេះមិនមែននាំឲ្យជ្រះថ្លាដល់ពួកជនដែលមិនទាន់ជ្រះថ្លាទេ។បេ។ ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុនី ចូរសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុនីណាមួយទៅដើម្បីមើលរបាំក្តី ចម្រៀងក្តី ប្រគំក្តី ត្រូវអាបត្តិបាចិត្តិយ។
[១៨៣] ត្រង់ពាក្យថា ភិក្ខុនីណាមួយ បានអធិប្បាយក្នុងបារាជិកកណ្ឌទី១រួចហើយ។ ដែលហៅថា របាំ បានដល់ការរាំឯណានីមួយ។ ដែលហៅថា ចម្រៀង បានដល់ចម្រៀងឯណានីមួយ។ ដែលហៅថា ប្រគំ បានដល់ប្រគំឯណានីមួយ។ ភិក្ខុនីទៅដើម្បីមើល ត្រូវអាបត្តិទុក្កដ ភិក្ខុនីឈរមើលក្តី ស្តាប់ក្តី ក្នុងទីណា ត្រូវអាបត្តិបាចិត្តិយក្នុងទីនោះ។ ភិក្ខុនីលះឧបចារសម្រាប់មើល ហើយមើលឃើញក្តី ស្តាប់ឮក្តី រឿយៗ ត្រូវអាបត្តិបាចិត្តិយ។ ភិក្ខុនីទៅដើម្បីមើលនូវល្បែងមួយៗ ត្រូវអាបត្តិទុក្កដ ភិក្ខុនីឈរមើលក្តី ឈរស្តាប់ក្តី ក្នុងទីណា ត្រូវអាបត្តិបាចិត្តិយក្នុងទីនោះ។ ភិក្ខុនីលះឧបចារសម្រាប់មើល ហើយមើលឃើញក្តី ស្តាប់ឮក្តី រឿយៗ ត្រូវអាបត្តិបាចិត្តិយ។
[១៨៤] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៧យ៉ាង) គឺភិក្ខុនីឈរមើល ឬស្តាប់ក្នុងអារាម១ ជនទាំងឡាយមកកាន់ទីកន្លែងដែលភិក្ខុនីឈរនៅ ឬអង្គុយ ឬសឹង ហើយរាំក្តី ច្រៀងក្តី ប្រគំក្តី១ ភិក្ខុនីកំពុងដើរទៅជួបតាមផ្លូវហើយឃើញក្តី ស្តាប់ក្តី១ កាលបើភិក្ខុនីមានកិច្ចដើរទៅហើយឃើញក្តី ឮក្តី១ ភិក្ខុនីមានសេចក្តីអន្តរាយ១ ភិក្ខុនីឆ្កួត១ ភិក្ខុនីជាខាងដើមបញ្ញត្តិ១។
លសុណវគ្គទី១ ចប់។
អន្ធការវគ្គ សិក្ខាបទទី១
[១៨៥] សម័យនោះ ព្រះពុទ្ធជាម្ចាស់ដ៏មានព្រះភាគ គង់នៅវត្តជេតវន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង មានបុរសជាញាតិរបស់ភិក្ខុនីជាកូនសិស្សភទ្ទាកាបិលានីភិក្ខុនី ចេញពីស្រុកក្រៅទៅកាន់ក្រុងសាវត្ថី ដោយមានកិច្ចនីមួយ។ កាលនោះ ភិក្ខុនីនោះ ស្ថិតនៅខ្លះ និយាយខ្លះ តែម្នាក់នឹងម្នាក់ មួយអន្លើដោយបុរសនោះ ក្នុងយប់ងងឹតឥតមានប្រទីបឡើយ។ ពួកភិក្ខុនីណាមានសេចក្តីប្រាថ្នាតិច។បេ។ ពួកភិក្ខុនីទាំងនោះក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុនីមិនសមនឹងស្ថិតនៅខ្លះ និយាយខ្លះ តែម្នាក់នឹងម្នាក់ មួយអន្លើដោយបុរស ក្នុងយប់ងងឹតឥតមានប្រទីបសោះ។បេ។ ព្រះអង្គត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថាភិក្ខុនីស្ថិតនៅខ្លះ និយាយខ្លះ តែម្នាក់នឹងម្នាក់ មួយអន្លើដោយបុរស ក្នុងយប់ងងឹតឥតមានប្រទីប ពិតមែនឬ។ ពួកភិក្ខុក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធជាម្ចាស់ដ៏មានព្រះភាគ ទ្រង់តិះដៀលថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុនី មិនសមនឹងស្ថិតនៅខ្លះ និយាយខ្លះ តែម្នាក់នឹងម្នាក់ មួយអន្លើដោយបុរស ក្នុងយប់ងងឹតឥតមានប្រទីបទេ ម្នាលភិក្ខុទាំងឡាយ ការនេះមិនមែននាំឲ្យជ្រះថ្លាដល់ពួកជនដែលមិនទាន់ជ្រះថ្លាទេ។បេ។ ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុនី ចូរសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុនីណាមួយស្ថិតនៅក្តី និយាយក្តី តែម្នាក់នឹងម្នាក់ មួយអន្លើដោយបុរស ក្នុងយប់ងងឹតឥតមានប្រទីប ត្រូវអាបត្តិបាចិត្តិយ។
[១៨៦] ត្រង់ពាក្យថា ភិក្ខុនីណាមួយ បានអធិប្បាយក្នុងបារាជិកកណ្ឌទី១រួចហើយ។ ពាក្យថា ក្នុងយប់ងងឹត សេចក្តីថា ក្នុងវេលាដែលព្រះអាទិត្យលិចចុះទៅហើយ។ ពាក្យថា ឥតមានប្រទីប សេចក្តីថា មិនមានពន្លឺ។ ដែលហៅថាបុរស បានដល់មនុស្សប្រុសជាអ្នកដឹងសេចក្តី អាចដើម្បីស្ថិតនៅផង និយាយផង មិនមែនយក្ស មិនមែនប្រេត មិនមែនតិរច្ឆាន។ ពាក្យថា មួយអន្លើ គឺក្នុងទីជាមួយគ្នា។ ពាក្យថា តែម្នាក់នឹងម្នាក់ គឺមានតែបុរស១ និងភិក្ខុនី១។ ពាក្យថា ស្ថិតនៅ សេចក្តីថា ភិក្ខុនីស្ថិតនៅក្នុងហត្ថបាសនៃបុរស ត្រូវអាបត្តិបាចិត្តិយ។ ពាក្យថា និយាយ សេចក្តីថា ភិក្ខុនីស្ថិតនៅក្នុងហត្ថបាសនៃបុរសហើយចរចា ត្រូវអាបត្តិបាចិត្តិយ។ ភិក្ខុនីលះបង់ហត្ថបាស ហើយស្ថិតនៅក្តី និយាយក្តី ត្រូវអាបត្តិទុក្កដ។ ភិក្ខុនីស្ថិតនៅក្តី និយាយក្តី មួយអន្លើដោយយក្សក្តី ប្រេតក្តី បណ្ឌកក្តី សត្វតិរច្ឆានដែលមានរាងកាយដូចមនុស្សក្តី ត្រូវអាបត្តិទុក្កដ។
[១៨៧] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៥យ៉ាង) គឺមានភិក្ខុនីណាមួយដឹងសេចក្តីនៅជាគំរប់ពីរ១ ភិក្ខុនីប្រាថ្នានូវទីមិនស្ងាត់ (ហើយស្ថិតនៅក្តី និយាយក្តី)១ ភិក្ខុនីមានចិត្តបញ្ជូនទៅកាន់អារម្មណ៍ដទៃ ហើយស្ថិតនៅក្តី និយាយក្តី១ ភិក្ខុនីឆ្កួត១ ភិក្ខុនីជាខាងដើមបញ្ញត្តិ១។
អន្ធការវគ្គ សិក្ខាបទទី២
[១៨៨] សម័យនោះ ព្រះពុទ្ធជាម្ចាស់ដ៏មានព្រះភាគ គង់នៅវត្តជេតវន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង មានបុរសជាញាតិរបស់ភិក្ខុនីជាសិស្សរបស់ភទ្ទាកាបិលានីភិក្ខុនី បានចេញពីស្រុកក្រៅទៅក្រុងសាវត្ថី ដោយកិច្ចនីមួយ។ កាលនោះ ភិក្ខុនីនោះគិតថា ការស្ថិតនៅក្តី និយាយក្តី តែម្នាក់នឹងម្នាក់ មួយអន្លើដោយបុរស ក្នុងយប់ងងឹតឥតមានប្រទីប ព្រះដ៏មានព្រះភាគទ្រង់ហាមហើយ (គិតដូច្នោះហើយ) ក៏ស្ថិតនៅខ្លះ និយាយខ្លះ តែម្នាក់នឹងម្នាក់មួយអន្លើដោយបុរសនោះឯង ក្នុងទីឱកាសដ៏កំបាំង។ ពួកភិក្ខុនីណាមានសេចក្តីប្រាថ្នាតិច។បេ។ ពួកភិក្ខុនីទាំងនោះក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុនីមិនសមនឹងស្ថិតនៅខ្លះ និយាយខ្លះ តែម្នាក់នឹងម្នាក់ មួយអន្លើដោយបុរស ក្នុងទីឱកាសដ៏កំបាំងសោះ។បេ។ ព្រះអង្គត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថាភិក្ខុនីស្ថិតនៅខ្លះ និយាយខ្លះ តែម្នាក់នឹងម្នាក់ មួយអន្លើដោយបុរស ក្នុងទីឱកាសដ៏កំបាំង ពិតមែនឬ។ ពួកភិក្ខុក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធជាម្ចាស់ដ៏មានព្រះភាគ ទ្រង់តិះដៀលថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុនី មិនសមនឹងស្ថិតនៅខ្លះ និយាយខ្លះ តែម្នាក់នឹងម្នាក់ មួយអន្លើដោយបុរស ក្នុងទីដ៏កំបាំងទេ ម្នាលភិក្ខុទាំងឡាយ ការនេះមិនមែននាំឲ្យជ្រះថ្លាដល់ពួកជនដែលមិនទាន់ជ្រះថ្លាទេ។បេ។ ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុនី ចូរសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុនីណាមួយស្ថិតនៅក្តី និយាយក្តី តែម្នាក់នឹងម្នាក់ មួយអន្លើដោយបុរស ក្នុងទីដ៏កំបាំង ត្រូវអាបត្តិបាចិត្តិយ។
[១៨៩] ត្រង់ពាក្យថា ភិក្ខុនីណាមួយ បានអធិប្បាយក្នុងបារាជិកកណ្ឌទី១រួចហើយ។ ដែលហៅថា ទីកំបាំង បានដល់ទីឱកាសដែលគេបិទបាំងដោយវត្ថុណាមួយ គឺដោយជញ្ជាំងក្តី ដោយសន្ទះទ្វារក្តី ដោយផែងក្តី ដោយវំាងននក្តី ដោយដើមឈើក្តី ដោយសសរក្តី ដោយល្វែងបន្ទប់ក្តី។ ដែលហៅថាបុរស បានដល់មនុស្សប្រុសដែលដឹងក្តី យល់ការ ដើម្បីស្ថិតនៅ ដើម្បីនិយាយ មិនមែនយក្ស មិនមែនប្រេត មិនមែនតិរច្ឆាន។ ពាក្យថា មួយអន្លើ គឺក្នុងទីជាមួយគ្នា។ ពាក្យថា តែម្នាក់នឹងម្នាក់ សេចក្តីថា មានតែបុរស១ និងភិក្ខុនី១។ ពាក្យថា ស្ថិតនៅក្តី សេចក្តីថា ភិក្ខុនីស្ថិតនៅក្នុងហត្ថបាសនៃបុរស ត្រូវអាបត្តិបាចិត្តិយ។ ពាក្យថា និយាយក្តី សេចក្តីថា ភិក្ខុនីស្ថិតនៅក្នុងហត្ថបាសនៃបុរសហើយនិយាយ ត្រូវអាបត្តិបាចិត្តិយ។ ភិក្ខុនីលះបង់ហត្ថបាស ហើយស្ថិតនៅក្តី និយាយក្តី ត្រូវអាបត្តិទុក្កដ។ ភិក្ខុនីស្ថិតនៅ ឬនិយាយ មួយអន្លើដោយយក្សក្តី ប្រេតក្តី បណ្ឌកក្តី សត្វតិរច្ឆានមានរាងកាយដូចមនុស្សក្តី ត្រូវអាបត្តិទុក្កដ។
[១៩០] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៥យ៉ាង) គឺមានភិក្ខុនីណាមួយដឹងសេចក្តីច្បាស់នៅជាគំរប់ពីរ១ ភិក្ខុនីប្រាថ្នានូវទីមិនស្ងាត់ (ហើយស្ថិតនៅក្តី និយាយក្តី) ១ ភិក្ខុនីមានចិត្តបញ្ជូនទៅកាន់អារម្មណ៍ដទៃ ហើយស្ថិតនៅក្តី និយាយក្តី១ ភិក្ខុនីឆ្កួត១ ភិក្ខុនីជាខាងដើមបញ្ញត្តិ១។
អន្ធការវគ្គ សិក្ខាបទទី៣
[១៩១] សម័យនោះ ព្រះពុទ្ធជាម្ចាស់ដ៏មានព្រះភាគ គង់នៅវត្តជេតវន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង មានបុរសជាញាតិរបស់ភិក្ខុនីជាសិស្សរបស់ភទ្ទាកាបិលានីភិក្ខុនី បានចេញពីស្រុកក្រៅទៅក្រុងសាវត្ថី ដោយកិច្ចនីមួយ។ កាលនោះ ភិក្ខុនីនោះគិតថា ការស្ថិតនៅក្តី និយាយក្តី តែម្នាក់នឹងម្នាក់ មួយអន្លើដោយបុរស ក្នុងទីឱកាសដ៏កំបាំង ព្រះដ៏មានព្រះភាគទ្រង់ហាមហើយ (គិតដូច្នោះហើយ) ក៏ស្ថិតនៅខ្លះ និយាយខ្លះ តែម្នាក់នឹងម្នាក់មួយអន្លើដោយបុរសនោះឯងក្នុងទីវាល។ ពួកភិក្ខុនីណាមានសេចក្តីប្រាថ្នាតិច។បេ។ ពួកភិក្ខុនីទាំងនោះក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុនីមិនសមនឹងស្ថិតនៅខ្លះ និយាយខ្លះ តែម្នាក់នឹងម្នាក់ មួយអន្លើដោយបុរស ក្នុងទីវាលសោះ។បេ។ ព្រះអង្គត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថាភិក្ខុនីស្ថិតនៅខ្លះ និយាយខ្លះ តែម្នាក់នឹងម្នាក់ មួយអន្លើដោយបុរស ក្នុងទីវាល ពិតមែនឬ។ ពួកភិក្ខុក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធជាម្ចាស់ដ៏មានព្រះភាគ ទ្រង់តិះដៀលថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុនី មិនសមនឹងស្ថិតនៅខ្លះ និយាយខ្លះ តែម្នាក់នឹងម្នាក់ មួយអន្លើដោយបុរស ក្នុងទីវាលទេ ម្នាលភិក្ខុទាំងឡាយ ការនេះមិនមែននាំឲ្យជ្រះថ្លាដល់ពួកជនដែលមិនទាន់ជ្រះថ្លាទេ។បេ។ ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុនី ចូរសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុនីណាមួយស្ថិតនៅក្តី និយាយក្តី តែម្នាក់នឹងម្នាក់ មួយអន្លើដោយបុរសក្នុងទីវាល ត្រូវអាបត្តិបាចិត្តិយ។
[១៩២] ត្រង់ពាក្យថា ភិក្ខុនីណាមួយ បានអធិប្បាយក្នុងបារាជិកកណ្ឌទី១រួចហើយ។ ដែលហៅថា ទីវាល បានដល់ទីដែលគេមិនបិទបាំង គឺទីដែលគេមិនបិទបាំងដោយវត្ថុណាមួយ គឺជញ្ជាំងក្តី សន្ទះទ្វារក្តី ផែងក្តី វំាងននក្តី ដើមឈើក្តី សសរក្តី ល្វែងបន្ទប់ក្តី។ ដែលហៅថា បុរស បានដល់មនុស្សប្រុសដែលដឹងក្តី យល់ការ ស្ថិតនៅបាន និយាយបាន មិនមែនយក្ស មិនមែនប្រេត មិនមែនតិរច្ឆាន។ ពាក្យថា មួយអន្លើ គឺក្នុងទីជាមួយគ្នា។ ពាក្យថា តែម្នាក់នឹងម្នាក់ គឺមានតែបុរស១ និងភិក្ខុនី១។ ពាក្យថា ស្ថិតនៅក្តី សេចក្តីថា ភិក្ខុនីស្ថិតនៅក្នុងហត្ថបាសនៃបុរស ត្រូវអាបត្តិបាចិត្តិយ។ ពាក្យថា និយាយក្តី សេចក្តីថា ភិក្ខុនីស្ថិតនៅក្នុងហត្ថបាសនៃបុរស ហើយនិយាយ ត្រូវអាបត្តិបាចិត្តិយ។ ភិក្ខុនីលះបង់ហត្ថបាស ហើយស្ថិតនៅក្តី និយាយក្តី ត្រូវអាបត្តិទុក្កដ។ ភិក្ខុនីស្ថិតនៅ ឬនិយាយ មួយអន្លើដោយយក្សក្តី ប្រេតក្តី បណ្ឌកក្តី សត្វតិរច្ឆានមានរាងកាយដូចមនុស្សក្តី ត្រូវអាបត្តិទុក្កដ។
[១៩៣] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៥យ៉ាង) គឺមានភិក្ខុនីណាមួយដឹងសេចក្តីច្បាស់នៅជាគំរប់ពីរ១ ភិក្ខុនីប្រាថ្នានូវទីមិនស្ងាត់ (ហើយស្ថិតនៅក្តី និយាយក្តី) ១ ភិក្ខុនីមានចិត្តបញ្ជូនទៅក្នុងអារម្មណ៍ដទៃ ហើយស្ថិតនៅក្តី និយាយក្តី១ ភិក្ខុនីឆ្កួត១ ភិក្ខុនីជាខាងដើមបញ្ញត្តិ១។
អន្ធការវគ្គ សិក្ខាបទទី៤
[១៩៤] សម័យនោះ ព្រះពុទ្ធជាម្ចាស់ដ៏មានព្រះភាគ គង់នៅវត្តជេតវន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង ថុល្លនន្ទាភិក្ខុនីឈរនៅខ្លះ និយាយខ្លះ ខ្សិបជិតត្រចៀកខ្លះ តែម្នាក់និងម្នាក់ មួយអន្លើដោយបុរស ក្នុងច្រករហូតខ្លះ ក្នុងច្រកទាល់ (កៀនកោះ)ខ្លះ ក្នុងទីប្រជុំផ្លូវមានជ្រុង៤ ឬមានជ្រុង៣ខ្លះ បណ្តេញភិក្ខុនីជាគូកនចេញទៅខ្លះ។ ពួកភិក្ខុនីណាមានសេចក្តីប្រាថ្នាតិច។បេ។ ពួកភិក្ខុនីទាំងនោះក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ថុល្លនន្ទាជាម្ចាស់ មិនសមនឹងឈរនៅខ្លះ និយាយខ្លះ ខ្សិបជិតត្រចៀកខ្លះ តែម្នាក់នឹងម្នាក់ មួយអន្លើដោយបុរស ក្នុងច្រករហូតខ្លះ ក្នុងច្រកទាល់ខ្លះ ក្នុងទីប្រជុំផ្លូវមានជ្រុង៤ ឬជ្រុង៣ខ្លះ បណ្តេញភិក្ខុនីជាគូកនចេញទៅខ្លះសោះ។បេ។ ព្រះអង្គត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថាថុល្លនន្ទាភិក្ខុនីឈរនៅខ្លះ និយាយខ្លះ ខ្សិបជិតត្រចៀកខ្លះ តែម្នាក់នឹងម្នាក់ មួយអន្លើដោយបុរស ក្នុងច្រករហូតខ្លះ ក្នុងច្រកទាល់ខ្លះ ក្នុងទីប្រជុំផ្លូវមានជ្រុង៤ ឬជ្រុង៣ខ្លះ បណ្តេញភិក្ខុនីជាគូកនចេញខ្លះ ពិតមែនឬ។ ពួកភិក្ខុក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធជាម្ចាស់ដ៏មានព្រះភាគ ទ្រង់តិះដៀលថា ម្នាលភិក្ខុទាំងឡាយ ថុល្លនន្ទាភិក្ខុនី មិនសមនឹងឈរនៅខ្លះ និយាយខ្លះ ខ្សិបជិតត្រចៀកខ្លះ តែម្នាក់នឹងម្នាក់ មួយអន្លើដោយបុរស ក្នុងច្រករហូតខ្លះ ក្នុងច្រកទាល់ខ្លះ ក្នុងទីប្រជុំផ្លូវមានជ្រុង៤ ឬជ្រុង៣ខ្លះ បណ្តេញភិក្ខុនីជាគូកនខ្លះទេ ម្នាលភិក្ខុទាំងឡាយ ការនេះមិនមែននាំឲ្យជ្រះថ្លាដល់ពួកជនដែលមិនទាន់ជ្រះថ្លាទេ។បេ។ ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុនី ចូរសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុនីណាមួយឈរនៅក្តី និយាយក្តី ខ្សិបជិតត្រចៀកក្តី តែម្នាក់នឹងម្នាក់ មួយអន្លើដោយបុរសក្នុងច្រករហូតក្តី ក្នុងច្រកទាល់ក្តី ក្នុងទីប្រជុំផ្លូវមានជ្រុង៤ ឬជ្រុង៣ក្តី បណ្តេញភិក្ខុនីជាគូកនចេញក្តី ត្រូវអាបត្តិបាចិត្តិយ។
[១៩៥] ត្រង់ពាក្យថា ភិក្ខុនីណាមួយ បានអធិប្បាយក្នុងបារាជិកកណ្ឌទី១រួចហើយ។ ដែលហៅថា ច្រករហូត បានដល់ផ្លូវដែលរថចេញចូលបាន (ថ្នល់)។ ដែលហៅថា ច្រកទាល់ បានដល់ទីដែលជនទាំងឡាយចូលទៅតាមផ្លូវណា ចេញទៅតាមផ្លូវនោះវិញទើបបាន។ ដែលហៅថា ទីប្រជុំផ្លូវមានជ្រុង៤ ឬជ្រុង៣ បានដល់ស្នាម ឬព្រះលាន។ ដែលហៅថា បុរស បានដល់មនុស្សប្រុសដែលដឹងសេចក្តីច្បាស់ អាចឈរនៅបាន និយាយបាន មិនមែនយក្ស មិនមែនប្រេត មិនមែនសត្វតិរច្ឆាន។ ពាក្យថា មួយអន្លើ គឺក្នុងទីជាមួយគ្នា។ ពាក្យថា ម្នាក់នឹងម្នាក់ គឺមានតែបុរស១ និងភិក្ខុនី១។ ពាក្យថា ឈរនៅក្តី សេចក្តីថា ភិក្ខុនីឈរនៅក្នុងហត្ថបាសនៃបុរស ត្រូវអាបត្តិបាចិត្តិយ។ ពាក្យថា និយាយក្តី សេចក្តីថា ភិក្ខុនីឈរនៅក្នុងហត្ថបាសនៃបុរស ហើយនិយាយ ត្រូវអាបត្តិបាចិត្តិយ។ ពាក្យថា ខ្សិបជិតត្រចៀកក្តី សេចក្តីថា ភិក្ខុនីប្រាប់សេចក្តីជិតត្រចៀកនៃបុរស ត្រូវអាបត្តិបាចិត្តិយ។ ពាក្យថា បណ្តេញភិក្ខុនីជាគូកនចេញក្តី សេចក្តីថា ភិក្ខុនីមានសេចក្តីប្រាថ្នាដើម្បីប្រព្រឹត្តអនាចារ ហើយបណ្តេញភិក្ខុនីជាគំរប់ពីរ ត្រូវអាបត្តិទុក្កដ។ ភិក្ខុនីជាគូកនកំពុងលះបង់ឧបចារសម្រាប់ឃើញក្តី ឧបចារសម្រាប់ស្តាប់ក្តី ភិក្ខុនីអ្នកបណ្តេញ ត្រូវអាបត្តិទុក្កដ លុះភិក្ខុនីជាគូកនលះបង់ឧបចារផុតទៅហើយ ភិក្ខុនីអ្នកបណ្តេញ ត្រូវអាបត្តិបាចិត្តិយ។ ភិក្ខុនីលះបង់ហត្ថបាស ហើយឈរនៅក្តី និយាយក្តី ត្រូវអាបត្តិទុក្កដ។ ភិក្ខុនីឈរនៅក្តី និយាយក្តី មួយអន្លើដោយយក្សក្តី ប្រេតក្តី បណ្ឌកក្តី សត្វតិរច្ឆានមានរាងកាយដូចមនុស្សក្តី ត្រូវអាបត្តិទុក្កដ។
[១៩៦] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៧យ៉ាង) គឺមានភិក្ខុនីណាមួយដឹងសេចក្តីច្បាស់នៅជាគំរប់ពីរ១ ភិក្ខុនីប្រាថ្នានូវទីមិនស្ងាត់ (ហើយឈរនៅក្តី និយាយក្តី) ១ ភិក្ខុនីមានចិត្តបញ្ជូនទៅក្នុងអារម្មណ៍ឯទៀត ហើយឈរនៅក្តី និយាយក្តី១ ភិក្ខុនីមិនមានសេចក្តីប្រាថ្នាដើម្បីប្រព្រឹត្តអនាចារ ហើយបណ្តេញភិក្ខុនីជាគូកន១ ភិក្ខុនីមានកិច្ច ហើយបណ្តេញភិក្ខុនីជាគូកន១ ភិក្ខុនីឆ្កួត១ ភិក្ខុនីជាខាងដើមបញ្ញត្តិ១។
អន្ធការវគ្គ សិក្ខាបទទី៥
[១៩៧] សម័យនោះ ព្រះពុទ្ធជាម្ចាស់ដ៏មានព្រះភាគ គង់នៅវត្តជេតវន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ សម័យនោះឯង មានភិក្ខុនី១រូបជាជីតុនប្រកបដោយនិច្ចភត្តរបស់ត្រកូល១។ កាលនោះ ភិក្ខុនីនោះស្លៀកស្បង់អំពីព្រឹក ហើយប្រដាប់បាត្រនិងចីវរ ចូលទៅរកត្រកូលនោះ លុះចូលទៅដល់ហើយ ក៏អង្គុយលើអាសនៈ ហើយមិនបានលាពួកជនជាម្ចាស់ផ្ទះ ក៏ចៀសចេញទៅ។ ខ្ញុំស្រីរបស់ត្រកូលនោះ កាលបោសផ្ទះ ក៏ដាក់អាសនៈនោះទៅក្នុងកន្លៀតភាជន៍។ មនុស្សទាំងឡាយមិនឃើញអាសនៈនោះ ក៏និយាយពាក្យនេះនឹងភិក្ខុនីនោះថា បពិត្រលោកម្ចាស់ អាសនៈនៅឯណា។ ភិក្ខុនីនោះប្រាប់ថា ម្នាលអាវុសោ អាត្មាមិនឃើញអាសនៈនោះទេ។ មនុស្សទាំងឡាយទារយកអាសនៈនោះវិញថា នែលោកម្ចាស់ ចូរឲ្យអាសនៈនេះមក ហើយក៏ផ្តាសាផ្តាច់ទាំងនិច្ចភត្តនោះចេញ។ ទើបពួកមនុស្សនោះនាំគ្នាជម្រះសំអាតផ្ទះ ក៏ឃើញអាសនៈនោះនៅក្នុងកន្លៀតភាជន៍ ហើយសូមឲ្យភិក្ខុនីនោះអត់ទោស រួចក៏ប្រគេននិច្ចភត្តវិញ។ ឯភិក្ខុនីនោះប្រាប់សេចក្តីនុ៎ះដល់ភិក្ខុនីទាំងឡាយ ពួកភិក្ខុនីណាមានសេចក្តីប្រាថ្នាតិច។បេ។ ពួកភិក្ខុនីនោះក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុនីមិនសមនឹងចូលទៅរកត្រកូលមុនពេលបាយ ហើយអង្គុយលើអាសនៈ រួចមិនលាពួកជនជាម្ចាស់ផ្ទះ ហើយចៀសចេញទៅសោះ។បេ។ ព្រះអង្គត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថាភិក្ខុនីចូលទៅរកត្រកូលក្នុងពេលមុនបាយ ហើយអង្គុយលើអាសនៈ រួចមិនលាពួកជនជាម្ចាស់ ក៏ចៀសចេញទៅ ពិតមែនឬ។ ពួកភិក្ខុក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធជាម្ចាស់ដ៏មានព្រះភាគ ទ្រង់តិះដៀលថា ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុនី មិនសមនឹងចូលទៅរកត្រកូលទាំងឡាយក្នុងពេលមុនបាយ ហើយអង្គុយលើអាសនៈ រួចមិនបានលាពួកជនជាម្ចាស់ផ្ទះ ហើយចៀសចេញទៅទេ ម្នាលភិក្ខុទាំងឡាយ ការនេះមិនមែននាំឲ្យជ្រះថ្លាដល់ពួកជនដែលមិនទាន់ជ្រះថ្លាទេ។បេ។ ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុនី ចូរសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុនីណាមួយចូលទៅរកត្រកូលទាំងឡាយក្នុងពេលមុនបាយ ហើយអង្គុយលើអាសនៈ រួចមិនបានលាពួកជនជាម្ចាស់ផ្ទះ ចៀសចេញទៅ ត្រូវអាបត្តិបាចិត្តិយ។
[១៩៨] ត្រង់ពាក្យថា ភិក្ខុនីណាមួយ បានអធិប្បាយក្នុងបារាជិកកណ្ឌទី១រួចហើយ។ ដែលហៅថា ក្នុងពេលមុនបាយ គឺរាប់ចាប់តាំងពីអរុណរះឡើង ដរាបដល់ថ្ងៃត្រង់។ ដែលហៅថា ត្រកូល បានដល់ត្រកូលទាំង៤ គឺត្រកូលក្សត្រ១ ត្រកូលព្រាហ្មណ៍១ ត្រកូលអ្នករកស៊ី (ជួញប្រែធ្វើស្រែចំការជាដើម)១ ត្រកូលអ្នករកស៊ីឈ្នួលគេ១។ ពាក្យថា ចូលទៅរក គឺទៅក្នុងត្រកូលនោះ។ ដែលហៅថា អាសនៈ សំដៅយកឱកាសនៃទីអង្គុយ។ ពាក្យថា អង្គុយនៅ គឺអង្គុយលើអាសនៈនោះ។ ពាក្យថា មិនបានលាពួកជនជាម្ចាស់ផ្ទះ ហើយចៀសចេញទៅ សេចក្តីថា មនុស្សណាជាម្ចាស់ផ្ទះក្នុងត្រកូលនោះ ដែលអាចដើម្បីប្រគេន (វត្ថុអ្វីៗបាន) ភិក្ខុនីមិនលាមនុស្សនោះ។ កាលភិក្ខុនីឈានផុតទីដែលភ្លៀងធ្លាក់មិនត្រូវ ត្រូវអាបត្តិបាចិត្តិយ។ ភិក្ខុនីកន្លងឧបចារផ្ទះ ចូលទៅក្នុងទីវាល ត្រូវអាបត្តិបាចិត្តិយ។
[១៩៩] ម្ចាស់ផ្ទះដែលខ្លួនមិនបានលា ភិក្ខុនីសំគាល់ថាមិនបានលាមែន ហើយចៀសចេញទៅ ត្រូវអាបត្តិបាចិត្តិយ។ ម្ចាស់ផ្ទះដែលខ្លួនមិនបានលា តែភិក្ខុនីមានសេចក្តីសង្ស័យ ហើយចៀសចេញទៅ ត្រូវអាបត្តិបាចិត្តិយ។ ម្ចាស់ផ្ទះដែលខ្លួនមិនបានលា ភិក្ខុនីសំគាល់ថាបានលា ហើយចៀសចេញទៅ ត្រូវអាបត្តិបាចិត្តិយ។ (ភិក្ខុនីអង្គុយ) ក្នុងទីមិនមែនជាទីឱកាសនៃទីអង្គុយ (មិនលា ហើយចៀសចេញទៅ) ត្រូវអាបត្តិទុក្កដ។ ម្ចាស់ផ្ទះដែលខ្លួនបានលាហើយ ភិក្ខុនីសំគាល់ថាមិនទាន់លា ត្រូវអាបត្តិទុក្កដ។ ម្ចាស់ផ្ទះដែលខ្លួនបានលាហើយ ភិក្ខុនីសង្ស័យ ត្រូវអាបត្តិទុក្កដ។ ម្ចាស់ផ្ទះដែលខ្លួនបានលាហើយ ភិក្ខុនីសំគាល់ថាបានលាមែន មិនត្រូវអាបត្តិ។
[២០០] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៦យ៉ាង) គឺភិក្ខុនីលាហើយទើបទៅ១ ភិក្ខុនីអង្គុយលើអាសនៈដែលគេនាំយកទៅមិនបាន១ ភិក្ខុនីមានជម្ងឺ១ ភិក្ខុនីមានសេចក្តីអន្តរាយ១ ភិក្ខុនីឆ្កួត១ ភិក្ខុនីជាខាងដើមបញ្ញត្តិ១។
អន្ធការវគ្គ សិក្ខាបទទី៦
[២០១] សម័យនោះ ព្រះពុទ្ធជាម្ចាស់ដ៏មានព្រះភាគ គង់នៅវត្តជេតវន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង ថុល្លនន្ទាភិក្ខុនីចូលទៅរកត្រកូលទាំងឡាយក្នុងពេលក្រោយបាយ ហើយមិនប្រាប់ពួកជនជាម្ចាស់ផ្ទះ ក៏អង្គុយខ្លះ ដេកខ្លះ លើអាសនៈ។ ពួកមនុស្សកាលខ្មាសថុល្លនន្ទាភិក្ខុនី ក៏មិនហ៊ានអង្គុយ មិនហ៊ានដេកលើអាសនៈ។ មនុស្សទាំងឡាយក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ថុល្លនន្ទាជាម្ចាស់មិនសមនឹងចូលទៅរកត្រកូលទាំងឡាយក្នុងពេលក្រោយបាយ ហើយមិនបានប្រាប់ពួកជនជាម្ចាស់ផ្ទះ ក៏អង្គុយខ្លះ ដេកខ្លះ លើអាសនៈសោះ។ ភិក្ខុនីទាំងលាយឮពួកមនុស្សទាំងនោះពោលទោស តិះដៀល បន្តុះបង្អាប់ដូច្នោះហើយ។ ពួកភិក្ខុនីណាមានសេចក្តីប្រាថ្នាតិច។បេ។ ពួកភិក្ខុនីទាំងនោះក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ថុល្លនន្ទាជាម្ចាស់ មិនសមនឹងចូលទៅរកត្រកូលទាំងឡាយក្នុងពេលក្រោយបាយ ហើយមិនបានប្រាប់ពួកជនជាម្ចាស់ផ្ទះ ក៏អង្គុយខ្លះ ដេកខ្លះ លើអាសនៈសោះ។បេ។ ព្រះអង្គទ្រង់ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថាថុល្លន្ទាភិក្ខុនីចូលទៅរកត្រកូលទាំងឡាយក្នុងពេលក្រោយបាយ ហើយមិនប្រាប់ពួកជនជាម្ចាស់ផ្ទះ ក៏អង្គុយខ្លះ ដេកខ្លះ លើអាសនៈ ពិតមែនឬ។ ពួកភិក្ខុក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធជាម្ចាស់ដ៏មានព្រះភាគ ទ្រង់តិះដៀលថា ម្នាលភិក្ខុទាំងឡាយ ថុល្លនន្ទាភិក្ខុនី មិនសមនឹងចូលទៅរកត្រកូលទាំងឡាយក្នុងពេលក្រោយបាយ ហើយមិនបានប្រាប់ពួកជនជាម្ចាស់ផ្ទះ ក៏អង្គុយខ្លះ ដេកខ្លះលើអាសនៈទេ ម្នាលភិក្ខុទាំងឡាយ ការនេះមិនមែននាំឲ្យជ្រះថ្លាដល់ពួកជនដែលមិនទាន់ជ្រះថ្លាទេ។បេ។ ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុនី ចូរសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុនីណាមួយចូលទៅរកត្រកូលទាំងឡាយក្នុងពេលក្រោយបាយ មិនប្រាប់ពួកជនជាម្ចាស់ផ្ទះ ហើយអង្គុយក្តី ដេកក្តី លើអាសនៈ ត្រូវអាបត្តិបាចិត្តិយ។
[២០២] ត្រង់ពាក្យថា ភិក្ខុនីណាមួយ បានអធិប្បាយក្នុងបារាជិកកណ្ឌទី១រួចហើយ។ ដែលហៅថា ពេលខាងក្រោយបាយ បានដល់ពេលដែលព្រះអាទិត្យជ្រេពីត្រង់រហូតដល់ព្រះអាទិត្យអស្តង្គតទៅ។ ដែលហៅថា ត្រកូល បានដល់ត្រកូលទាំង៤ គឺត្រកូលក្សត្រ១ ត្រកូលព្រាហ្មណ៍១ ត្រកូលអ្នករកស៊ីជួញប្រែធ្វើស្រែចំការ១ ត្រកូលអ្នករកស៊ីឈ្នួល១។ ពាក្យថា ចូលទៅរក គឺទៅក្នុងត្រកូលនោះ។ ពាក្យថា មិនបានប្រាប់ពួកជនជាម្ចាស់ផ្ទះ សេចក្តីថា មនុស្សណា ជាម្ចាស់ឬធំក្នុងត្រកូលនោះ ដែលអាចដើម្បីប្រគេន (វត្ថុអ្វីៗបាន) ភិក្ខុនីមិនប្រាប់មនុស្សនោះ។ ដែលហៅថាអាសនៈ បានដល់ឱកាសល្មមអង្គុយពែនបាន។ ពាក្យថា អង្គុយ សេចក្តីថា ភិក្ខុនីអង្គុយលើអាសនៈនោះ ត្រូវអាបត្តិបាចិត្តិយ។ ពាក្យថា ដេក សេចក្តីថា ភិក្ខុនីដេកលើអាសនៈនោះ ត្រូវអាបត្តិបាចិត្តិយ។
[២០៣] ម្ចាស់ផ្ទះដែលខ្លួនមិនទាន់បានប្រាប់ ភិក្ខុនីសំគាល់ថាមិនទាន់បានប្រាប់មែន ហើយអង្គុយក្តី ដេកក្តី លើអាសនៈ ត្រូវអាបត្តិបាចិត្តិយ។ ម្ចាស់ផ្ទះដែលខ្លួនមិនបានប្រាប់ តែភិក្ខុនីមានសេចក្តីសង្ស័យ ហើយអង្គុយក្តី ដេកក្តីលើអាសនៈ ត្រូវអាបត្តិបាចិត្តិយ។ ម្ចាស់ផ្ទះដែលខ្លួនមិនបានប្រាប់ តែភិក្ខុនីសំគាល់ថាបានប្រាប់ ហើយអង្គុយក្តី ដេកក្តី លើអាសនៈ ត្រូវអាបត្តិបាចិត្តិយ។ (ភិក្ខុនីអង្គុយ ឬដេក) ក្នុងទីមិនមែនជាទីឱកាសនៃទីអង្គុយ ត្រូវអាបត្តិទុក្កដ។ ម្ចាស់ផ្ទះដែលខ្លួនបានប្រាប់ តែភិក្ខុនីសំគាល់ថាមិនទាន់បានប្រាប់ ត្រូវអាបត្តិទុក្កដ។ ម្ចាស់ផ្ទះដែលខ្លួនបានប្រាប់ហើយ តែភិក្ខុនីមានសេចក្តីសង្ស័យ ត្រូវអាបត្តិទុក្កដ។ ម្ចាស់ផ្ទះដែលខ្លួនបានប្រាប់ហើយ ភិក្ខុនីសំគាល់ថាបានប្រាប់ហើយមែន មិនត្រូវអាបត្តិ។
[២០៤] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៦យ៉ាង) គឺភិក្ខុនីបានប្រាប់ហើយអង្គុយក្តី ដេកក្តីលើអាសនៈ១ ភិក្ខុនីអង្គុយ ឬដេកលើអាសនៈដែលគេក្រាលជានិច្ច១ ភិក្ខុនីមានជម្ងឺ១ ភិក្ខុនីមានសេចក្តីអន្តរាយ១ ភិក្ខុនីឆ្កួត១ ភិក្ខុនីជាខាងដើមបញ្ញត្តិ១។
អន្ធការវគ្គ សិក្ខាបទទី៧
[២០៥] សម័យនោះ ព្រះពុទ្ធជាម្ចាស់ដ៏មានព្រះភាគ គង់នៅវត្តជេតវន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង ពួកភិក្ខុនីច្រើនរូបកាលដែលទៅកាន់ក្រុងសាវត្ថី ក្នុងកោសលជនបទ ក៏ចូលទៅកាន់ស្រុក១ ក្នុងវេលាល្ងាច ហើយចូលទៅរកត្រកូលព្រាហ្មណ៍ម្នាក់ ហើយក៏សូមឱកាស។ កាលនោះ នាងព្រាហ្មណីបានពោលពាក្យនេះនឹងភិក្ខុនីទាំងនោះថា បពិត្រលោកម្ចាស់ សូមលោកទាំងឡាយរង់ចាំសិន ទំរាំព្រាហ្មណ៍មក។ ពួកភិក្ខុនីគិតគ្នាថា នឹងបង្អង់ចាំព្រាហ្មណ៍មកសិនដែរ គិតដូច្នោះហើយ ក៏ក្រាលកម្រាលសម្រាប់ដេក រួចខ្លះអង្គុយ ខ្លះដេក។ ឯព្រាហ្មណ៍នោះមកក្នុងរាត្រី ហើយពោលពាក្យនេះនឹងព្រាហ្មណីនោះថា ស្រីទាំងនេះជាអ្វី។ នាងព្រាហ្មណីឆ្លើយថា បពិត្រអ្នកម្ចាស់ (ស្រីទាំងឡាយនេះជា) ភិក្ខុនី។ ព្រាហ្មណ៍ពោលថា អ្នកទាំងឡាយចូរទង់ទាញស្រីផ្កាមាសត្រងោលនេះចេញ ថាដូច្នោះហើយ ក៏ឲ្យគេទង់ទាញចេញពីផ្ទះទៅ។ ឯភិក្ខុនីទាំងនោះនាំគ្នាទៅកាន់ក្រុងសាវត្ថី ហើយប្រាប់សេចក្តីនុ៎ះដល់ភិក្ខុនីទាំងឡាយ។ ពួកភិក្ខុនីណាមានសេចក្តីប្រាថ្នាតិច។បេ។ ពួកភិក្ខុនីនោះក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកភិក្ខុនី មិនសមនឹងចូលទៅកាន់ត្រកូលក្នុងវេលាវិកាល ហើយមិនបានប្រាប់ពួកជនជាម្ចាស់សិន ក៏ក្រាលឯងខ្លះ ឲ្យគេក្រាលខ្លះនូវកម្រាលសម្រាប់ដេក រួចអង្គុយខ្លះ ដេកខ្លះសោះ។បេ។ ព្រះអង្គទ្រង់ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថាពួកភិក្ខុនីចូលទៅរកត្រកូលទាំងឡាយក្នុងវេលាវិកាល ហើយមិនទាន់បានប្រាប់ពួកជនជាម្ចាស់សិន ក៏ក្រាលឯងខ្លះ ឲ្យគេក្រាលខ្លះនូវកម្រាលសម្រាប់ដេក ហើយអង្គុយខ្លះ ដេកខ្លះ ពិតមែនឬ។ ពួកភិក្ខុក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធជាម្ចាស់ដ៏មានព្រះភាគ ទ្រង់តិះដៀលថា ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុនី មិនសមនឹងចូលទៅរកត្រកូលទាំងឡាយក្នុងវេលាវិកាល មិនទាន់បានប្រាប់ពួកជនជាម្ចាស់សិន ហើយក្រាលឯងខ្លះ ឲ្យគេក្រាលខ្លះនូវកម្រាលសម្រាប់ដេក រួចអង្គុយខ្លះ ដេកខ្លះទេ ម្នាលភិក្ខុទាំងឡាយ ការនេះមិនមែននាំឲ្យជ្រះថ្លាដល់ពួកជនដែលមិនទាន់ជ្រះថ្លាទេ។បេ។ ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុនី ចូរសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុនីណាមួយចូលទៅរកត្រកូលទាំងឡាយក្នុងវេលាវិកាល ហើយមិនទាន់បានប្រាប់ពួកជនជាម្ចាស់សិន ក៏ក្រាលឯងក្តី ឲ្យគេក្រាលក្តីនូវកម្រាលសម្រាប់ដេក ហើយអង្គុយក្តី ដេកក្តី ត្រូវអាបត្តិបាចិត្តិយ។
[២០៦] ត្រង់ពាក្យថា ភិក្ខុនីណាមួយ បានអធិប្បាយក្នុងបារាជិកកណ្ឌទី១រួចហើយ។ ដែលហៅថា វេលាវិកាល គឺតាំងពីព្រះអាទិត្យអស្តង្គតទៅដរាបដល់អរុណរះឡើង។ ដែលហៅថា ត្រកូល បានដល់ត្រកូលទាំង៤ គឺត្រកូលក្សត្រ១ ត្រកូលព្រាហ្មណ៍១ ត្រកូលអ្នករកស៊ីជួញប្រែធ្វើស្រែចំការ១ ត្រកូលអ្នកស៊ីឈ្នួលគេ១។ ពាក្យថា ចូលទៅរក គឺទៅក្នុងត្រកូលនោះ។ ពាក្យថា មិនទាន់បានប្រាប់ពួកជនជាម្ចាស់សិន សេចក្តីថា មនុស្សណា ជាម្ចាស់ក្នុងត្រកូលនោះ ដែលអាចដើម្បីប្រគេន (វត្ថុអ្វីៗបាន) ភិក្ខុនីមិនទាន់បានប្រាប់មនុស្សនោះ។ ដែលហៅថា កម្រាលសម្រាប់ដេក ដោយហោចទៅ សូម្បីតែកម្រាលជាវិការនៃស្លឹកឈើ (ក៏ជាកម្រាលដែរ)។ ពាក្យថា ក្រាលឯង គឺក្រាលដោយខ្លួនឯង។ ពាក្យថា ឲ្យគេក្រាល គឺឲ្យអ្នកដទៃក្រាល។ ពាក្យថា អង្គុយ សេចក្តីថា ភិក្ខុនីអង្គុយលើកម្រាលសម្រាប់ដេកនោះ ត្រូវអាបត្តិបាចិត្តិយ។ ពាក្យថា ដេក គឺភិក្ខុនីដេកលើកម្រាលសម្រាប់ដេកនោះ ត្រូវអាបត្តិបាចិត្តិយ។
[២០៧] ម្ចាស់ផ្ទះដែលខ្លួនមិនទាន់បានប្រាប់ ភិក្ខុនីសំគាល់ថាមិនទាន់បានប្រាប់មែន ហើយក្រាលឯងក្តី ឲ្យគេក្រាលក្តីនូវកម្រាលសម្រាប់ដេក ហើយអង្គុយក្តី ដេកក្តី ត្រូវអាបត្តិបាចិត្តិយ។ ម្ចាស់ផ្ទះដែលខ្លួនមិនទាន់បានប្រាប់ តែភិក្ខុនីមានសេចក្តីសង្ស័យ ហើយក្រាលឯងក្តី ឲ្យគេក្រាលក្តី នូវកម្រាលសម្រាប់ដេក ហើយអង្គុយក្តី ដេកក្តី ត្រូវអាបត្តិបាចិត្តិយ។ ម្ចាស់ផ្ទះដែលខ្លួនមិនទាន់បានប្រាប់ ភិក្ខុនីសំគាល់ថាបានប្រាប់ទៅវិញ ហើយក្រាលឯងក្តី ឲ្យគេក្រាលក្តី នូវកម្រាលសម្រាប់ដេក ហើយអង្គុយក្តី ដេកក្តី ត្រូវអាបត្តិបាចិត្តិយ។ ម្ចាស់ផ្ទះដែលខ្លួនបានប្រាប់ ភិក្ខុនីសំគាល់ថាមិនទាន់បានប្រាប់ទៅវិញ ត្រូវអាបត្តិទុក្កដ។ ម្ចាស់ផ្ទះដែលខ្លួនបានប្រាប់ ភិក្ខុនីមានសេចក្តីសង្ស័យ ត្រូវអាបត្តិទុក្កដ។ ម្ចាស់ផ្ទះដែលខ្លួនប្រាប់ហើយ ភិក្ខុនីសំគាល់ថាបានប្រាប់ហើយមែន មិនត្រូវអាបត្តិ។
[២០៨] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៥យ៉ាង) គឺភិក្ខុនីប្រាប់ហើយក្រាលឯងក្តី ឲ្យគេក្រាលនូវកម្រាលសម្រាប់ដេក ហើយអង្គុយក្តី ដេកក្តី១ ភិក្ខុនីមានជម្ងឺ១ ភិក្ខុនីមានសេចក្តីអន្តរាយ១ ភិក្ខុនីឆ្កួត១ ភិក្ខុនីជាខាងដើមបញ្ញត្តិ១។
អន្ធការវគ្គ សិក្ខាបទទី៨
[២០៩] សម័យនោះ ព្រះពុទ្ធជាម្ចាស់ដ៏មានព្រះភាគ គង់នៅវត្តជេតវន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង ភិក្ខុនីជាសិស្សរបស់ភទ្ទាកាបិលានីភិក្ខុនី តែងតែបម្រើភទ្ទាកាបិលានីភិក្ខុនីដោយគោរព។ ភទ្ទាកាបិលានីភិក្ខុនីបានពោលពាក្យនេះនឹងពួកភិក្ខុនីថា បពិត្រលោកម្ចាស់ ភិក្ខុនីនេះតែងបម្រើខ្ញុំដោយគោរព ខ្ញុំនឹងឲ្យចីវរដល់ភិក្ខុនីនេះ។ ឯភិក្ខុនីនោះពោលមើលងាយវិញ ដោយការប្រកាន់យកអាក្រក់របស់ខ្លួន ដោយការពិចារណាខុស (របស់ខ្លួន)ថា បពិត្រលោកម្ចាស់ ឮថាខ្ញុំមិនបម្រើលោកម្ចាស់ដោយគោរពទេ ឮថាលោកម្ចាស់មិនឲ្យចីវរមកខ្ញុំទេ។ ពួកភិក្ខុនីណាមានសេចក្តីប្រាថ្នាតិច។បេ។ ពួកភិក្ខុនីនោះក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុនី មិនសមនឹងមើលងាយគេ ដោយការប្រកាន់អាក្រក់ ដោយការពិចារណាខុសសោះ។បេ។ ព្រះអង្គទ្រង់ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថាភិក្ខុនីមើលងាយគេដោយការប្រកាន់យកអាក្រក់ ដោយការពិចារណាខុស ពិតមែនឬ។ ពួកភិក្ខុក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធជាម្ចាស់ដ៏មានព្រះភាគ ទ្រង់តិះដៀលថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុនី មិនសមបើនឹងមើលងាយគេដោយការប្រកាន់យកអាក្រក់ ដោយការពិចារណាខុសទេ ម្នាលភិក្ខុទាំងឡាយ ការនេះមិនមែននាំឲ្យជ្រះថ្លាដល់ពួកជនដែលមិនទាន់ជ្រះថ្លាទេ។បេ។ ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុនី ចូរសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុនីណាមួយមើលងាយគេដោយការប្រកាន់យកអាក្រក់ ដោយការពិចារណាខុស ត្រូវអាបត្តិបាចិត្តិយ។
[២១០] ត្រង់ពាក្យថា ភិក្ខុនីណាមួយ បានអធិប្បាយក្នុងបារាជិកកណ្ឌទី១រួចហើយ។ ពាក្យថា ដោយការប្រកាន់យកអាក្រក់ សេចក្តីថា ដោយការប្រកាន់យកដោយប្រការដទៃ (គឺប្រកាន់ខុស)។ ពាក្យថា ដោយការពិចារណាខុស សេចក្តីថា ដោយការពិចារណាដោយប្រការដទៃ (យល់ខុស)។ ពាក្យថា មើលងាយគេ សេចក្តីថា ភិក្ខុនីមើលងាយឧបសម្បន្នាផងគ្នា ត្រូវអាបត្តិបាចិត្តិយ។
[២១១] ឧបសម្បន្នា ភិក្ខុនីសំគាល់ថាឧបសម្បន្នាមែន ហើយមើលងាយ ត្រូវអាបត្តិបាចិត្តិយ។ ឧបសម្បន្នា ភិក្ខុនីមានសេចក្តីសង្ស័យ ហើយមើលងាយ ត្រូវអាបត្តិបាចិត្តិយ។ ឧបសម្បន្នា ភិក្ខុនីសំគាល់ថាអនុបសម្បន្នាទៅវិញ ហើយមើលងាយ ត្រូវអាបត្តិបាចិត្តិយ។ ភិក្ខុនីមើលងាយអនុបសម្បន្នា ត្រូវអាបត្តិទុក្កដ។ អនុបសម្បន្នា ភិក្ខុនីសំគាល់ថា ឧបសម្បន្នាទៅវិញ ត្រូវអាបត្តិទុក្កដ។ អនុបសម្បន្នា ភិក្ខុនីមានសេចក្តីសង្ស័យ ត្រូវអាបត្តិទុក្កដ។ អនុបសម្បន្នា ភិក្ខុនីសំគាល់ថាជាអនុបសម្បន្នាមែន ត្រូវអាបត្តិទុក្កដ។
[២១២] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន២យ៉ាង) គឺ ភិក្ខុនីឆ្កួត១ ភិក្ខុនីជាខាងដើមបញ្ញត្តិ១។
អន្ធការវគ្គ សិក្ខាបទទី៩
[២១៣] សម័យនោះ ព្រះពុទ្ធជាម្ចាស់ដ៏មានព្រះភាគ គង់នៅវត្តជេតវន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង ពួកភិក្ខុនី កាលមិនឃើញភណ្ឌរបស់ខ្លួន បានពោលពាក្យនេះនឹងចណ្ឌកាលីភិក្ខុនីថា បពិត្រលោកម្ចាស់ លោកម្ចាស់ឃើញភណ្ឌរបស់ពួកយើងដែរឬ។ ចណ្ឌកាលីភិក្ខុនីក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ខ្ញុំឯងជាស្រីចោរពិតឬ ខ្ញុំឯងជាស្រីគ្មានសេចក្តីខ្មាសពិតឬ ពួកលោកម្ចាស់ណាមិនឃើញភណ្ឌរបស់ខ្លួន ពួកលោកម្ចាស់នោះពោលនឹងខ្ញុំយ៉ាងនេះថា បពិត្រលោកម្ចាស់ លោកម្ចាស់ឃើញភណ្ឌរបស់យើងដែរឬទេ បពិត្រលោកម្ចាស់ ប្រសិនបើខ្ញុំយកភណ្ឌរបស់លោកមែន ខ្ញុំមិនមែនជាសមណីទេ ខ្ញុំឃ្លាតចាកព្រហ្មចរិយធម៌ហើយ ខ្ញុំនឹងទៅកើតក្នុងនរក ចំណែកឯភិក្ខុនីណាពោលពាក្យយ៉ាងនេះនឹងខ្ញុំដោយពាក្យមិនពិត ភិក្ខុនីនោះឯង ចូរកុំឲ្យជាសមណី ចូរឃ្លាតចាកព្រហ្មចរិយធម៌ ចូរទៅកើតក្នុងនរកចុះ។ ពួកភិក្ខុនីណាមានសេចក្តីប្រាថ្នាតិច។បេ។ ពួកភិក្ខុនីនោះក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ចណ្ឌកាលីជាម្ចាស់ មិនសមនឹងផ្តាសាខ្លួនឯងផង អ្នកឯទៀតផង ដោយនរកផង ដោយព្រហ្មចរិយធម៌ផងសោះ។បេ។ ព្រះអង្គទ្រង់ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថាចណ្ឌកាលីភិក្ខុនីផ្តាសាខ្លួនឯងផង អ្នកឯទៀតផង ដោយនរកខ្លះ ដោយព្រហ្មចរិយធម៌ខ្លះ ពិតមែនឬ។ ពួកភិក្ខុក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធជាម្ចាស់ដ៏មានព្រះភាគ ទ្រង់តិះដៀលថា ម្នាលភិក្ខុទាំងឡាយ ចណ្ឌកាលីភិក្ខុនី មិនសមនឹងផ្តាសាខ្លួនក្តី អ្នកឯទៀតក្តី ដោយនរកក្តី ដោយព្រហ្មចរិយធម៌ក្តីទេ ម្នាលភិក្ខុទាំងឡាយ ការនេះមិនមែននាំឲ្យជ្រះថ្លាដល់ពួកជនដែលមិនទាន់ជ្រះថ្លាទេ។បេ។ ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុនី ត្រូវសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុនីណាមួយផ្តាសាខ្លួនឯងក្តី អ្នកឯទៀតក្តី ដោយនរកក្តី ដោយព្រហ្មចរិយធម៌ក្តី ត្រូវអាបត្តិបាចិត្តិយ។
[២១៤] ត្រង់ពាក្យថា ភិក្ខុនីណាមួយ បានអធិប្បាយក្នុងបារាជិកកណ្ឌទី១រួចហើយ។ ពាក្យថា ខ្លួនឯង គឺចំពោះខ្លួនឯង។ ពាក្យថា អ្នកឯទៀត សេចក្តីថា ភិក្ខុនីផ្តាសាឧបសម្បន្នាផងគ្នា ដោយនរកក្តី ដោយព្រហ្មចរិយធម៌ក្តី ត្រូវអាបត្តិបាចិត្តិយ។
[២១៥] ឧបសម្បន្នា ភិក្ខុនីសំគាល់ថាឧបសម្បន្នាមែន ហើយផ្តាសាដោយនរកក្តី ដោយព្រហ្មចរិយធម៌ក្តី ត្រូវអាបត្តិបាចិត្តិយ។ ឧបសម្បន្នា តែភិក្ខុនីមានសេចក្តីសង្ស័យ ហើយផ្តាសាដោយនរកក្តី ដោយព្រហ្មចរិយធម៌ក្តី ត្រូវអាបត្តិបាចិត្តិយ។ ឧបសម្បន្នា ភិក្ខុនីសំគាល់ថាជាអនុបសម្បន្នាទៅវិញ ហើយផ្តាសាដោយនរកក្តី ដោយព្រហ្មចរិយធម៌ក្តី ត្រូវអាបត្តិបាចិត្តិយ។ ភិក្ខុនីផ្តាសាដោយកំណើតនៃសត្វតិរច្ឆានក្តី ដោយបេតវិស័យក្តី ដោយភាវជាមនុស្សមានត្រកូលថោកទាបក្តី ត្រូវអាបត្តិទុក្កដ។ ភិក្ខុនីផ្តាសាអនុបសម្បន្នា ត្រូវអាបត្តិទុក្កដ។ អនុបសម្បន្នា ភិក្ខុនីសំគាល់ថាជាឧបសម្បន្នាទៅវិញ ត្រូវអាបត្តិទុក្កដ។ អនុបសម្បន្នា តែភិក្ខុនីមានសេចក្តីសង្ស័យ ត្រូវអាបត្តិទុក្កដ។ អនុបសម្បន្នា ភិក្ខុនីសំគាល់ថាជាអនុបសម្បន្នាដដែល ត្រូវអាបត្តិទុក្កដ។
[២១៦] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៥យ៉ាង) គឺភិក្ខុនីផ្តាសាព្រោះធ្វើអត្ថឲ្យជាប្រធាន១ ភិក្ខុនីផ្តាសាព្រោះធ្វើធម៌ឲ្យជាប្រធាន១ ភិក្ខុនីផ្តាសាព្រោះធ្វើពាក្យប្រៀនប្រដៅឲ្យជាប្រធាន១ ភិក្ខុនីឆ្កួត១ ភិក្ខុនីជាខាងដើមបញ្ញត្តិ១។
អន្ធការវគ្គ សិក្ខាបទទី១០
[២១៧] សម័យនោះ ព្រះពុទ្ធជាម្ចាស់ដ៏មានព្រះភាគ គង់នៅវត្តជេតវន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង ចណ្ឌកាលីភិក្ខុនីឈ្លោះនឹងភិក្ខុនីទាំងឡាយ ក៏វាយតប់ទះខ្លួនឯង ហើយយំ។ ពួកភិក្ខុនីណាមានសេចក្តីប្រាថ្នាតិច។បេ។ ពួកភិក្ខុនីនោះពោលទោស តិះដៀល បន្តុះបង្អាប់ថា ចណ្ឌកាលីភិក្ខុនី មិនសមនឹងវាយតប់ទះខ្លួន ហើយយំសោះ។បេ។ ព្រះអង្គត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថាចណ្ឌកាលីភិក្ខុនី វាយតប់ទះខ្លួនឯង ហើយយំ ពិតមែនឬ។ ពួកភិក្ខុក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធជាម្ចាស់ដ៏មានព្រះភាគ ទ្រង់តិះដៀលថា ម្នាលភិក្ខុទាំងឡាយ ចណ្ឌកាលីភិក្ខុនី មិនសមនឹងវាយតប់ទះខ្លួនឯង ហើយយំសោះ ម្នាលភិក្ខុទាំងឡាយ ការនេះមិនមែននាំឲ្យជ្រះថ្លាដល់ពួកជនដែលមិនទាន់ជ្រះថ្លាទេ។បេ។ ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុនី ចូរសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុនីណាមួយវាយតប់ទះខ្លួនឯង ហើយយំ ត្រូវអាបត្តិបាចិត្តិយ។
[២១៨] ត្រង់ពាក្យថា ភិក្ខុនីណាមួយ បានអធិប្បាយក្នុងបារាជិកកណ្ឌទី១រួចហើយ។ ពាក្យថា ខ្លួនឯង គឺចំពោះខ្លួនឯង។ ភិក្ខុនីវាយតប់ទះ ហើយយំ ត្រូវអាបត្តិបាចិត្តិយ។ ភិក្ខុនីគ្រាន់តែវាយតែមិនយំ ត្រូវអាបត្តិទុក្កដ។ ភិក្ខុនីគ្រាន់តែយំ តែមិនបានវាយ ត្រូវអាបត្តិទុក្កដ។
[២១៩] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៣យ៉ាង) គឺភិក្ខុនីមានសេចក្តីវិនាសញាតិក្តី សេចក្តីវិនាសភោគសម្បត្តិក្តី សេចក្តីវិនាសព្រោះរោគក្តី មកប៉ះពាល់ហើយយំតែមិនវាយ (ខ្លួនឯង)១ ភិក្ខុនីឆ្កួត១ ភិក្ខុនីជាខាងដើមបញ្ញត្តិ១។
អន្ធការវគ្គ ទី២ ចប់។
នគ្គវគ្គ សិក្ខាបទទី១
[២២០] សម័យនោះ ព្រះពុទ្ធជាម្ចាស់ដ៏មានព្រះភាគ គង់នៅវត្តជេតវន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង ពួកភិក្ខុនីច្រើនរូប មានកាយអាក្រាតងូតទឹកឰដ៏កំពង់ទឹកមួយ ជាមួយនឹងពួកស្រីពេស្យាក្នុងស្ទឹងអចិរវតី។ ពួកស្រីពេស្យានាំគ្នាចំអកលេងនឹងភិក្ខុនីទាំងនោះថា នែលោកម្ចាស់ទាំងឡាយ ពួកលោកកំពុងពេញក្រមុំ ខំសន្សំព្រហ្មចរិយធម៌ប្រយោជន៍អ្វី ពួកលោកគួរតែនៅបរិភោគកាមទៅសិន កាលណាលោកទាំងឡាយចាស់ សឹមពួកលោកប្រព្រឹត្តព្រហ្មចរិយធម៌ក្នុងកាលណោះចុះ កាលបើធ្វើយ៉ាងនេះ ប្រយោជន៍ទាំងពីរឈ្មោះថា ពួកលោកបានកាន់យកហើយ។ ភិក្ខុនីទាំងឡាយ កាលដែលពួកស្រីពេស្យានិយាយចំអក(ដូច្នោះ) ក៏មានសេចក្តីអៀនខ្មាស។ គ្រានោះ ភិក្ខុនីទាំងនោះនាំគ្នាទៅកាន់លំនៅ ហើយប្រាប់ដំណើរនុ៎ះដល់ភិក្ខុនីទាំងឡាយ។ ភិក្ខុនីទាំងឡាយប្រាប់សេចក្តីនុ៎ះដល់ភិក្ខុទាំងឡាយ។ ភិក្ខុទាំងឡាយក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រោះនិទាននេះ ដំណើរនេះ ព្រះដ៏មានព្រះភាគទ្រង់ធ្វើធម្មីកថា ហើយត្រាស់ហៅភិក្ខុទាំងឡាយមកក្នុងពេលនោះថា ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ តថាគតនឹងបញ្ញត្តសិក្ខាបទដល់ភិក្ខុនីទាំងឡាយ ព្រោះអាស្រ័យនូវប្រយោជន៍ទាំងឡាយ១០ប្រការ គឺដើម្បីសេចក្តី ល្អដល់សង្ឃ១។បេ។ ដើម្បីអនុគ្រោះដល់វិន័យ១ ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុនី ចូរសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុនីណាមួយអាក្រាតកាយងូតទឹក ត្រូវអាបត្តិបាចិត្តិយ។
[២២១] ត្រង់ពាក្យថា ភិក្ខុនីណាមួយ បានសេចក្តីអធិប្បាយក្នុងបារាជិកកណ្ឌទី១រួចហើយ។ ពាក្យថា អាក្រាតកាយងូតទឹក សេចក្តីថា ភិក្ខុនីមិនស្លៀកសម្ពត់ ឬមិនដណ្តប់សម្ពត់ហើយងូតទឹក ត្រូវអាបត្តិទុក្កដក្នុងប្រយោគដែលងូត វេលាងូតស្រេច ត្រូវអាបត្តិបាចិត្តិយ។
[២២២] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៤យ៉ាង) គឺភិក្ខុនីមានចីវរដែលពួកចោរលួចយកទៅ ឬមានចីវរបាត់ទៅ១ ភិក្ខុនីមានសេចក្តីអន្តរាយ១ ភិក្ខុនីឆ្កួត១ ភិក្ខុនីជាខាងដើមបញ្ញត្តិ១។
នគ្គវគ្គ សិក្ខាបទទី២
[២២៣] សម័យនោះ ព្រះពុទ្ធជាម្ចាស់ដ៏មានព្រះភាគ គង់ក្នុងអារាមជេតវន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង ព្រះដ៏មានព្រះភាគទ្រង់អនុញ្ញាតសម្ពត់ងូតទឹកដល់ពួកភិក្ខុនី។ ឆព្វគ្គិយាភិក្ខុនីទាំងឡាយគិតគ្នាថា ព្រះដ៏មានព្រះភាគទ្រង់អនុញ្ញាតសម្ពត់ងូតទឹកហើយ ទើបនាំគ្នាស្លៀកដណ្តប់សម្ពត់ងូតទឹកទាំងឡាយ មិនមានប្រមាណ ក៏ចាប់ទាញពីមុខខ្លះ ពីក្រោយខ្លះ ហើយត្រាច់ដើរទៅ។ ភិក្ខុនីទាំងឡាយណាមានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុនីទាំងឡាយនោះពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកឆព្វគ្គិយាភិក្ខុនី មិនសមបីនឹងទ្រទ្រង់នូវសម្ពត់ងូតទឹកគ្មានប្រមាណសោះ។បេ។ ព្រះដ៏មានព្រះភាគត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថាពួកឆព្វគ្គិយាភិក្ខុនី ទ្រទ្រង់នូវសម្ពត់ងូតទឹកមិនមានប្រមាណ ពិតមែនឬ។ ពួកភិក្ខុក្រាបទូលថា សូមទ្រង់មេត្តាប្រោស ពិតមែន។ ព្រះពុទ្ធជាម្ចាស់ដ៏មានព្រះភាគ ទ្រង់តិះដៀលថា ម្នាលភិក្ខុទាំងឡាយ ពួកឆព្វគ្គិយាភិក្ខុនី មិនសមបីនឹងទ្រទ្រង់នូវសម្ពត់ងូតទឹកមិនមានប្រមាណទេ ម្នាលភិក្ខុទាំងឡាយ អំពើនេះមិនជាទីជ្រះថ្លាដល់ជនទាំងឡាយដែលមិនទាន់ជ្រះថ្លាទេ។បេ។ ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុនី ចូរសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុនី កាលឲ្យគេធ្វើសម្ពត់ងូតទឹក គប្បីឲ្យធ្វើឲ្យល្មមប្រមាណ។ ឯប្រមាណក្នុងសំពត់ងូតទឹកនោះ គឺបណ្តោយ៤ចំអាម ទទឹង២ចំអាម ដោយចំអាមព្រះសុគត កាលភិក្ខុនីធ្វើឲ្យកន្លងលើសប្រមាណនោះទៅ ត្រូវឆេទនកបាចិត្តិយ [គឺភិក្ខុនីត្រូវកាត់សំពត់ឲ្យត្រូវប្រមាណ ហើយសិមសំដែងអាបត្តិទើបបាន]។
[២២៤] ភិក្ខុនីងូតទឹកដោយសម្ពត់ស្លៀកណា សម្ពត់ស្លៀកនោះឈ្មោះថាសំពត់ងូតទឹក។ ត្រង់ពាក្យថា កាលឲ្យគេធ្វើ សេចក្តីថា ភិក្ខុនី កាលធ្វើឯងក្តី ប្រើឲ្យគេធ្វើក្តី គប្បីឲ្យធ្វើឲ្យត្រូវប្រមាណ។ ឯប្រមាណក្នុងសំពត់ងូតទឹកនោះ គឺបណ្តោយ៤ចំអាម ទទឹង២ចំអាម ដោយចំអាមព្រះសុគត។ ភិក្ខុនីធ្វើឯងក្តី ប្រើគេឲ្យធ្វើក្តី ឲ្យកន្លងហួសប្រមាណនោះទៅ ត្រូវអាបត្តិទុក្កដក្នុងប្រយោគដែលធ្វើ ភិក្ខុនីត្រូវកាត់ក្នុងខណៈដែលបានមក ហើយសឹមសំដែងអាបត្តិបាចិត្តិយចេញ។
[២២៥] ភិក្ខុនីសម្រេចដោយខ្លួនឯង នូវសម្ពត់ដែលខ្លួនធ្វើមិនទាន់ស្រេច ត្រូវអាបត្តិបាចិត្តិយ។ ភិក្ខុនីប្រើពួកអ្នកដទៃឲ្យសម្រេច នូវសម្ពត់ដែលខ្លួនធ្វើមិនទាន់ស្រេច ត្រូវអាបត្តិបាចិត្តិយ។ ភិក្ខុនីសម្រេចដោយខ្លួនឯង នូវសម្ពត់ដែលពួកអ្នកដទៃធ្វើមិនទាន់ស្រេច ត្រូវអាបត្តិបាចិត្តិយ។ ភិក្ខុនីប្រើពួកអ្នកដទៃឲ្យសម្រេច នូវសម្ពត់ដែលពួកអ្នកដទៃធ្វើមិនទាន់ស្រេច ត្រូវអាបត្តិបាចិត្តិយ។ ភិក្ខុនីធ្វើឯងក្តី ប្រើគេឲ្យធ្វើក្តី ដើម្បីប្រយោជន៍ដល់អ្នកដទៃ ត្រូវអាបត្តិទុក្កដ។ ភិក្ខុនីបានសំពត់ងូតទឹកដែលអ្នកដទៃធ្វើស្រេចហើយ មកប្រើប្រាស់ ត្រូវអាបត្តិទុក្កដ។
[២២៦] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៦យ៉ាង) គឺភិក្ខុនីធ្វើឲ្យត្រូវប្រមាណ១ ភិក្ខុនីធ្វើថយពីប្រមាណចុះមក១ ភិក្ខុនីបានឧទកសាដកដែលអ្នកដទៃធ្វើឲ្យកន្លងហួសប្រមាណ ហើយយកមកកាត់ចេញ ទើបប្រើប្រាស់១ ភិក្ខុនីធ្វើឲ្យជាពិតានក្តី ជាកម្រាលក្រាលផែនដីក្តី ជារនាំងក្តី ជាពូកក្តី ជាខ្នើយក្តី១ ភិក្ខុនីឆ្កួត១ ភិក្ខុនីជាខាងដើមបញ្ញត្តិ១។
នគ្គវគ្គ សិក្ខាបទទី៣
[២២៧] សម័យនោះ ព្រះពុទ្ធដ៏មានជោគ ទ្រង់គង់នៅក្នុងអារាមជេតវន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង សម្ពត់សម្រាប់ធ្វើចីវររបស់ភិក្ខុនី១រូបមានដំឡៃច្រើន ចីវរ(នោះ)ធ្វើក៏មិនល្អ ដេរក៏មិនល្អ។ ថុល្លនន្ទាភិក្ខុនីបានពោលពាក្យនេះនឹងភិក្ខុនីនោះថា នែលោកម្ចាស់ សម្ពត់ចីវររបស់លោកនេះល្អណាស់ តែចីវរនោះធ្វើមិនល្អ ដេរមិនល្អ។ ភិក្ខុនីនោះពោលថា បពិត្រលោកម្ចាស់ ខ្ញុំនឹងរុសចេញ លោកម្ចាស់នឹងដេរឲ្យឬ។ ថុល្លនន្ទាភិក្ខុនីឆ្លើយថា អើលោកម្ចាស់ ខ្ញុំនឹងដេរឲ្យ។ លំដាប់នោះ ភិក្ខុនីនោះក៏រុសចីវរនោះចេញ ហើយប្រគល់ឲ្យថុល្លនន្ទាភិក្ខុនី។ ថុល្លនន្ទាភិក្ខុនីគិតថា អញនឹងដេរៗ តែមិនដេរ មិនធ្វើការខ្វល់ខ្វាយដើម្បីឲ្យគេដេរ។ ភិក្ខុនីនោះក៏ប្រាប់សេចក្តីនុ៎ះដល់ពួកភិក្ខុនីផងគ្នា។ ភិក្ខុនីទាំងឡាយណាមានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុនីទាំងឡាយនោះក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ថុល្លនន្ទាជាម្ចាស់ មិនសមបីនឹងឲ្យភិក្ខុនីផងគ្នារុសចីវរចេញ ហើយក៏មិនដេរខ្លួនឯង មិនធ្វើការខ្វល់ខ្វាយដើម្បីឲ្យគេដេរវិញសោះ។បេ។ ព្រះអង្គត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថាថុល្លនន្ទាភិក្ខុនី ឲ្យភិក្ខុនីផងគ្នារុសចីវរចេញ ហើយមិនដេរខ្លួនឯង មិនធ្វើការខ្វល់ខ្វាយដើម្បីឲ្យគេដេរ ពិតមែនឬ។ ភិក្ខុទាំងឡាយក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធដ៏មានជោគ ទ្រង់តិះដៀលថា ម្នាលភិក្ខុទាំងឡាយ ថុល្លនន្ទាភិក្ខុនី មិនសមបីនឹងឲ្យភិក្ខុនីផងគ្នារុសចីវរចេញ ហើយមិនដេរខ្លួនឯង មិនធ្វើការខ្វល់ខ្វាយដើម្បីឲ្យគេដេរទេ ម្នាលភិក្ខុទាំងឡាយ អំពើនេះមិនមែននាំឲ្យជ្រះថ្លាដល់ពួកជនដែលមិនទាន់ជ្រះថ្លាទេ។បេ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីទាំងឡាយ ចូរសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុនីណាមួយ រុសឯងក្តី ឲ្យគេរុសក្តី នូវចីវររបស់ភិក្ខុនីផងគ្នា ភិក្ខុនីនោះមិនមានសេចក្តីអន្តរាយក្នុងកាលជាខាងក្រោយទេ ហើយមិនដេរឯង មិនធ្វើការខ្វល់ខ្វាយដើម្បីឲ្យគេដេរ ត្រូវអាបត្តិបាចិត្តិយ វៀរលែងតែ (ដំកល់ទុក) ត្រឹម៤-៥ថ្ងៃ។
[២២៨] ត្រង់ពាក្យថា ភិក្ខុនីណាមួយ មានសេចក្តីអធិប្បាយក្នុងបារាជិកកណ្ឌសិក្ខាបទទី១រួចហើយ។ ពាក្យថា ភិក្ខុនីផងគ្នា គឺភិក្ខុនីឯទៀត។ ដែលហៅថា ចីវរនោះ បានដល់ចីវរ៦យ៉ាង ចីវរណាមួយ។ ពាក្យថា រុសឯង គឺរុសចេញដោយខ្លួនឯង។ ពាក្យថា ឲ្យគេរុស គឺប្រើអ្នកដទៃឲ្យរុស។ ពាក្យថា ភិក្ខុនីនោះមិនមានសេចក្តីអន្តរាយក្នុងពេលជាខាងក្រោយទេ គឺគ្មានសេចក្តីអន្តរាយសោះឡើយ។ ពាក្យថា មិនដេរឯង គឺភិក្ខុនីមិនដេរដោយខ្លួនឯង។ ពាក្យថា មិនធ្វើការខ្វល់ខ្វាយដើម្បីឲ្យគេដេរ គឺភិក្ខុនីមិនបង្គាប់អ្នកដទៃឡើយ។ ពាក្យថា វៀរលែងតែ (ដំកល់ទុក) ត្រឹម៤-៥ថ្ងៃ គឺលើកទុកត្រឹម៤-៥ថ្ងៃប៉ុណ្ណោះ។ បើភិក្ខុនីគ្រាន់តែដាក់ធុរៈថា អញមិនដេរឯង អញនឹងមិនធ្វើនូវសេចក្តីខ្វល់ខ្វាយដើម្បីឲ្យគេដេរដូច្នេះ ក៏ត្រូវអាបត្តិបាចិត្តិយ។
[២២៩] ឧបសម្បន្នា ភិក្ខុនីសំគាល់ថា ឧបសម្បន្នាមែន ហើយរុសឯងក្តី ប្រើគេឲ្យរុសក្តីនូវចីវរ លុះតមកខាងក្រោយ ភិក្ខុនីនោះក៏មិនមានសេចក្តីអន្តរាយឡើយ ហើយមិនដេរឯង មិនធ្វើការខ្វល់ខ្វាយដើម្បីឲ្យគេដេរ ត្រូវអាបត្តិបាចិត្តិយ វៀរលែងតែ(ទុកដាក់) ត្រឹម៤-៥ថ្ងៃ។ ឧបសម្បន្នា តែភិក្ខុនីមានសេចក្តីសង្ស័យ ហើយរុសឯងក្តី ប្រើគេឲ្យរុសក្តីនូវចីវរ តមកខាងក្រោយ ភិក្ខុនីនោះមិនមានសេចក្តីអន្តរាយឡើយ ហើយមិនដេរឯង មិនធ្វើការខ្វល់ខ្វាយដើម្បីឲ្យគេដេរ ត្រូវអាបត្តិបាចិត្តិយ វៀរលែងតែ(ទុកដាក់) ត្រឹម៤-៥ថ្ងៃប៉ុណ្ណោះ។ ឧបសម្បន្នា ភិក្ខុនីសំគាល់ថា ជាអនុបសម្បន្នាទៅវិញ រុសឯងក្តី ប្រើគេឲ្យរុសក្តីនូវចីវរ តមកខាងក្រោយ ភិក្ខុនីនោះមិនមានសេចក្តីអន្តរាយឡើយ ហើយមិនដេរឯង មិនធ្វើការខ្វល់ខ្វាយដើម្បីឲ្យគេដេរ ត្រូវអាបត្តិបាចិត្តិយ វៀរលែងតែ(ទុកដាក់) ត្រឹម៤-៥ថ្ងៃ។ ភិក្ខុនីរុសឯងក្តី ប្រើគេឲ្យរុសក្តី នូវបរិក្ខារដទៃ តមកខាងក្រោយ ភិក្ខុនីនោះមិនមានសេចក្តីអន្តរាយឡើយ ហើយមិនដេរឯង មិនធ្វើការខ្វល់ខ្វាយដើម្បីឲ្យគេដេរ ត្រូវអាបត្តិទុក្កដ វៀរលែងតែ(ទុកដាក់) ត្រឹម៤-៥ថ្ងៃ។ ភិក្ខុនីរុសឯងក្តី ប្រើគេឲ្យរុសក្តី នូវចីវរក្តី បរិក្ខារដទៃក្តី របស់អនុបសម្បន្នា តមកខាងក្រោយ ភិក្ខុនីនោះមិនមានសេចក្តីអន្តរាយឡើយ ហើយមិនដេរឯង មិនធ្វើការខ្វល់ខ្វាយដើម្បីឲ្យគេដេរ ត្រូវអាបត្តិទុក្កដ វៀរលែងតែ(ទុកដាក់) ត្រឹម៤-៥ថ្ងៃ។ អនុបសម្បន្នា ភិក្ខុនីសំគាល់ថាជាឧបសម្បន្នា ត្រូវអាបត្តិទុក្កដ។ អនុបសម្បន្នា ភិក្ខុនីមានសេចក្តីសង្ស័យ ត្រូវអាបត្តិទុក្កដ។ អនុបសម្បន្នា ភិក្ខុនីសំគាល់ថាជាអនុបសម្បន្នាដដែល ត្រូវអាបត្តិទុក្កដ។
[២៣០] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៦យ៉ាង) គឺភិក្ខុនីមានសេចក្តីអន្តរាយ ហើយស្វែងរកគ្នាមិនបាន១ ភិក្ខុនីកំពុងតែធ្វើ ស្រាប់តែកន្លងហួស៤-៥ថ្ងៃ ភិក្ខុនីមានជម្ងឺ១ ភិក្ខុនីមានសេចក្តីអន្តរាយផ្សេងៗកើតឡើង១ ភិក្ខុនីឆ្កួត១ ភិក្ខុនីជាខាងដើមបញ្ញត្តិ១។
នគ្គវគ្គ សិក្ខាបទទី៤
[២៣១] សម័យនោះ ព្រះពុទ្ធជាម្ចាស់ដ៏មានជោគ ទ្រង់គង់នៅវត្តជេតវន របស់អនាថបិណ្ឌិកសេដ្ឋី ក្បែរក្រុងសាវត្ថី។ សម័យនោះឯង ពួកភិក្ខុនីផ្ញើចីវរ (សង្ឃាដី) ទុកក្នុងដៃនៃភិក្ខុនីទាំងឡាយ ហើយចៀសចេញទៅកាន់ចារិកជនបទ ដោយមានតែស្បង់ និងចីពរទៅប៉ុណ្ណោះ។ ចីវរទាំងឡាយដែលពួកភិក្ខុនីផ្ញើទុកយូរពេកនោះ ក៏ដុះផ្សិតសៅហ្មងទៅអស់។ ភិក្ខុនីទាំងឡាយយកចីវរនោះទៅសំដិលហាល។ ភិក្ខុនីទាំងឡាយបាននិយាយពាក្យនេះនឹងភិក្ខុនីទាំងនោះថា នែលោកម្ចាស់ទាំងឡាយ ចីវរទាំងនេះរបស់អ្នកណា ក៏ដុះផ្សិតសៅហ្មងអស់។ ទើបភិក្ខុនីទាំងនោះប្រាប់សេចក្តីនុ៎ះដល់ភិក្ខុនីទាំងឡាយ។ ភិក្ខុនីទាំងឡាយណាមានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុនីទាំងឡាយនោះពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកភិក្ខុនី មិនសមបីនឹងផ្ញើចីវរទុកក្នុងដៃនៃភិក្ខុនីទាំងឡាយ ហើយចៀសចេញទៅកាន់ចារិកជនបទដោយមានតែស្បង់និងចីពរទៅប៉ុណ្ណោះសោះ។បេ។ ព្រះដ៏មានព្រះភាគត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថាភិក្ខុនីទាំងឡាយ ផ្ញើចីវរទុកក្នុងដៃនៃភិក្ខុនីទាំងឡាយ ហើយចៀសចេញទៅកាន់ចារិកជនបទដោយមានតែស្បង់និងចីពរប៉ុណ្ណោះ ពិតមែនឬ។ ភិក្ខុទាំងឡាយក្រាបទូលថា សូមទ្រង់មេត្តាប្រោស ពិតមែន។ ព្រះពុទ្ធដ៏មានព្រះភាគ ទ្រង់តិះដៀលថា ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុនី មិនសមបីនឹងផ្ញើចីវរទុកក្នុងដៃនៃភិក្ខុនីទាំងឡាយ ហើយចៀសចេញទៅកាន់ចារិកជនបទដោយមានតែស្បង់និងចីពរទេ ម្នាលភិក្ខុទាំងឡាយ អំពើនេះមិនជាទីជ្រះថ្លាដល់ជនទាំងឡាយដែលមិនទាន់ជ្រះថ្លាទេ។បេ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីទាំងឡាយ ចូរសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុនីណាមួយ ញុំាងវារៈនៃសង្ឃាដិឲ្យកន្លងហួស៥ថ្ងៃទៅ ត្រូវអាបត្តិបាចិត្តិយ។
[២៣២] ត្រង់ពាក្យថា ភិក្ខុនីណាមួយ មានសេចក្តីអធិប្បាយក្នុងសិក្ខាបទទី១នៃបារាជិកកណ្ឌរួចហើយ។ ពាក្យថា ញុំាងវារៈនៃសង្ឃាដិឲ្យកន្លងហួស៥ថ្ងៃទៅ សេចក្តីថា ភិក្ខុនីមិនបានស្លៀក មិនបានគ្រង មិនបានសំដិលហាលនូវចីវរទាំង៥អស់ថ្ងៃទី៥ គឺថា ធ្វើឲ្យកន្លងហួសថ្ងៃទី៥ទៅ ត្រូវអាបត្តិបាចិត្តិយ។
[២៣៣] វារៈនៃសង្ឃាដិកន្លងហួស៥ថ្ងៃទៅហើយ ភិក្ខុនីសំគាល់ថា កន្លងហួស៥ថ្ងៃទៅហើយ ត្រូវអាបត្តិបាចិត្តិយ។ វារៈនៃសង្ឃាដិកន្លងហួស៥ថ្ងៃទៅហើយ ភិក្ខុនីមានសេចក្តីសង្ស័យ ត្រូវអាបត្តិបាចិត្តិយ។ វារៈនៃសង្ឃាដិកន្លងហួស៥ថ្ងៃទៅហើយ ភិក្ខុនីសំគាល់ថា មិនទាន់កន្លងទៅទេ ត្រូវអាបត្តិបាចិត្តិយ។ វារៈនៃសង្ឃាដិមិនទាន់កន្លងហួស៥ថ្ងៃទៅទេ ភិក្ខុនីសំគាល់ថា កន្លងទៅហើយ ត្រូវអាបត្តិទុក្កដ។ វារៈនៃសង្ឃាដិមិនទាន់កន្លងហួស៥ថ្ងៃទៅទេ ភិក្ខុនីមានសេចក្តីសង្ស័យ ត្រូវអាបត្តិទុក្កដ។ វារៈនៃសង្ឃាដិមិនកន្លងហួស៥ថ្ងៃទៅទេ ភិក្ខុនីសំគាល់ថា មិនទាន់កន្លងទៅទេ មិនត្រូវអាបត្តិឡើយ។
[២៣៤] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៥យ៉ាង) គឺភិក្ខុនីស្លៀកក្តី គ្រងក្តី សំដិលហាលក្តី នូវចីវរទាំង៥ក្នុងថ្ងៃទីប្រាំ១ ភិក្ខុនីឈឺ១ ភិក្ខុនីមានសេចក្តីអន្តរាយ១ ភិក្ខុនីឆ្កួត១ ភិក្ខុនីជាខាងដើមបញ្ញត្តិ១។
នគ្គវគ្គ សិក្ខាបទទី៥
[២៣៥] សម័យនោះ ព្រះពុទ្ធជាម្ចាស់ដ៏មានព្រះភាគ គង់ក្នុងវត្តជេតវន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ សម័យនោះឯង ភិក្ខុនី១រូប ត្រេចទៅបិណ្ឌបាត (ត្រឡប់មកវិញ) ក៏សំដិលចីវរដែលទទឹកដោយញើស ហើយចូលទៅកាន់វិហារ។ មានភិក្ខុនី១រូបយកចីវរនោះគ្រង ហើយចូលទៅកាន់ក្រុងដើម្បីបិណ្ឌបាត។ ភិក្ខុនីនោះចេញ (ពីវិហារ) ទៅហើយ សួរភិក្ខុនីទាំងឡាយថា នែលោកម្ចាស់ទាំងឡាយ លោកទាំងឡាយបានឃើញចីវររបស់ខ្ញុំដែរ។ ភិក្ខុនីទាំងឡាយប្រាប់សេចក្តីនុ៎ះដល់ភិក្ខុនីនោះ។ ទើបភិក្ខុនីនោះពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុនីមិនសមបីនឹងមិនប្រាប់ដល់ខ្ញុំជាមុន ហើយយកចីវរទៅគ្រងសោះ។ ទើបភិក្ខុនីនោះប្រាប់ដំណើរនុ៎ះដល់ភិក្ខុនីទាំងឡាយ។ ភិក្ខុនីទាំងឡាយណាមានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុនីទាំងឡាយនោះពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុនី មិនសមបីនឹងមិនប្រាប់ជាមុនហើយ យកចីវររបស់ភិក្ខុនីផងគ្នាទៅគ្រងសោះ។បេ។ ព្រះដ៏មានព្រះភាគត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថាភិក្ខុនីមិនបានប្រាប់ជាមុន ហើយយកចីវររបស់ភិក្ខុនីផងគ្នាទៅគ្រង ពិតមែនឬ។ ពួកភិក្ខុក្រាបទូលថា សូមទ្រង់មេត្តាប្រោស ពិតមែន។ ព្រះពុទ្ធជាម្ចាស់ដ៏មានព្រះភាគ ទ្រង់តិះដៀលថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុនី មិនសមបីនឹងមិនប្រាប់ជាមុន ហើយយកចីវររបស់ភិក្ខុនីផងគ្នាទៅគ្រងទេ ម្នាលភិក្ខុទាំងឡាយ អំពើនេះមិនជាទីជ្រះថ្លាដល់ជនទាំងឡាយដែលមិនទាន់ជ្រះថ្លាទេ។បេ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីទាំងឡាយ ចូរសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុនីណាមួយ ទ្រទ្រង់ (ស្លៀកដណ្តប់) នូវសង្កមនីយចីវរ [ចីវររបស់ភិក្ខុនីឯទៀត ដែលខ្លួនមិនបានប្រាប់ម្ចាស់ចីវរ ហើយកាន់យកទៅ ត្រូវតែប្រគល់ឲ្យម្ចាស់ចីវរវិញ។ (អដ្ឋកថាវិន័យ)។] គឺចីវរដែលខ្លួនលបយកទៅប្រើប្រាស់មួយសំណើរ ត្រូវអាបត្តិបាចិត្តិយ។
[២៣៦] ត្រង់ពាក្យថា ភិក្ខុនីណាមួយ មានសេចក្តីអធិប្បាយក្នុងសិក្ខាបទទី១នៃបារាជិកកណ្ឌរួចហើយ។ ចីវរដែលឈ្មោះថា សង្កមនីយនោះ បានដល់ចីវរទាំង៥ ចីវរឯណាមួយ របស់ស្រីដែលជាឧបសម្បន្នា។ ភិក្ខុនីមិនប្រាប់ជាមុន ហើយស្លៀកក្តី គ្រងក្តី នូវចីវរដែលភិក្ខុនីនោះមិនបានឲ្យក្តី នូវសង្កមនីយចីវរនោះក្តី ត្រូវអាបត្តិបាចិត្តិយ។
[២៣៧] ឧបសម្បន្នា ភិក្ខុនីសំគាល់ថាជាឧបសម្បន្នា ហើយទ្រទ្រង់នូវសង្កមនីយចីវរ ត្រូវអាបត្តិបាចិត្តិយ។ ឧបសម្បន្នា ភិក្ខុនីមានសេចក្តីសង្ស័យ ហើយទ្រទ្រង់នូវសង្កមនីយចីវរ ត្រូវអាបត្តិបាចិត្តិយ។ ឧបសម្បន្នា ភិក្ខុនីសំគាល់ថាជាអនុបសម្បន្នាទៅវិញ ហើយទ្រទ្រង់នូវសង្កមនីយចីវរ ត្រូវអាបត្តិបាចិត្តិយ។ ភិក្ខុនីទ្រទ្រង់នូវសង្កមនីយចីវររបស់អនុបសម្បន្នា ត្រូវអាបត្តិទុក្កដ។ អនុបសម្បន្នា ភិក្ខុនីសំគាល់ថាជាឧបសម្បន្នាទៅវិញ ត្រូវអាបត្តិទុក្កដ។ អនុបសម្បន្នា ភិក្ខុនីមានសេចក្តីសង្ស័យ ត្រូវអាបត្តិទុក្កដ។ អនុបសម្បន្នា ភិក្ខុនីសំគាល់ថាអនុបសម្បន្នា ត្រូវអាបត្តិទុក្កដ។
[២៣៨] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៧យ៉ាង) គឺភិក្ខុនីជាម្ចាស់ចីវរនោះបានឲ្យ១ ភិក្ខុនីបានប្រាប់ហើយស្លៀកក្តី ដណ្តប់ក្តី នូវចីវរនោះ១ ភិក្ខុនីមានចីវរចោរដណ្តើមយកទៅ១ ភិក្ខុនីមានចីវរបាត់ទៅ១ ភិក្ខុនីមានសេចក្តីអន្តរាយ១ ភិក្ខុនីឆ្កួត១ ភិក្ខុនីជាខាងដើមបញ្ញត្តិ១។
នគ្គវគ្គ សិក្ខាបទទី៦
[២៣៩] សម័យនោះ ព្រះពុទ្ធជាម្ចាស់ដ៏មានព្រះភាគ គង់ក្នុងវត្តជេតវន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ ក៏គ្រានោះឯង ត្រកូលឧបដ្ឋាករបស់ថុល្លនន្ទាភិក្ខុនី បាននិយាយពាក្យនេះនឹងថុល្លនន្ទាភិក្ខុនីថា បពិត្រលោកម្ចាស់ ពួកខ្ញុំនឹងថ្វាយចីវរដល់ភិក្ខុនីសង្ឃ។ ថុល្លនន្ទាភិក្ខុនីនិយាយថា អ្នកទាំងឡាយមានកិច្ចច្រើន មានការដែលត្រូវធ្វើក៏ច្រើន ដូច្នេះហើយក៏ធ្វើចីវរទានឲ្យអន្តរាយទៅ។ ទទួលពេលនោះ ផ្ទះរបស់ត្រកូលនោះភ្លើងឆេះ។ មនុស្សទាំងនោះក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ថុល្លនន្ទាជាម្ចាស់ មិនសមបីនឹងធ្វើទេយ្យធម៌របស់យើងទាំងឡាយ ឲ្យអន្តរាយសោះ យើងទាំងឡាយ វិនាសប្រាសចាកប្រយោជន៍ទាំងពីរយ៉ាង គឺភោគផង បុណ្យផង។ ភិក្ខុនីទាំងឡាយបានឮពួកមនុស្សទាំងនោះពោលទោស តិះដៀល បន្តុះបង្អាប់ហើយ។ ភិក្ខុនីទាំងឡាយណាមានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុនីទាំងឡាយនោះក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ថុល្លនន្ទាជាម្ចាស់ មិនសមបីនឹងធ្វើចីវរលាភរបស់គណៈឲ្យអន្តរាយទៅសោះ។បេ។ ព្រះដ៏មានព្រះភាគត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថាថុល្លនន្ទាភិក្ខុនី ធ្វើចីវរលាភរបស់គណៈឲ្យអន្តរាយទៅ ពិតមែនឬ។ ពួកភិក្ខុក្រាបទូលថា សូមទ្រង់មេត្តាប្រោស ពិតមែន។ ព្រះពុទ្ធដ៏មានព្រះភាគ ទ្រង់បន្ទោសថា ម្នាលភិក្ខុទាំងឡាយ ថុល្លនន្ទាភិក្ខុនី មិនសមបីនឹងធ្វើចីវរលាភរបស់គណៈឲ្យអន្តរាយទេ ម្នាលភិក្ខុទាំងឡាយ អំពើនេះមិនជាទីជ្រះថ្លាដល់ជនទាំងឡាយដែលមិនទាន់ជ្រះថ្លាទេ។បេ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីទាំងឡាយ ចូរសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុនីណាមួយ ធ្វើចីវរលាភរបស់គណៈឲ្យអន្តរាយទៅ ត្រូវអាបត្តិបាចិត្តិយ។
[២៤០] ត្រង់ពាក្យថា ភិក្ខុនីណាមួយ មានសេចក្តីអធិប្បាយក្នុងសិក្ខាបទទី១នៃបារាជិកកណ្ឌរួចហើយ។ ដែលហៅថា គណៈ តថាគតសំដៅយកភិក្ខុនីសង្ឃ។ បណ្តាចីវរ៦យ៉ាង ចីវរណាមួយ យ៉ាងតូចបំផុតល្មមវិកប្បបាន ហៅថាចីវរ។ ពាក្យថា ធ្វើឲ្យអន្តរាយ សេចក្តីថា ភិក្ខុនីនិយាយថា ជនទាំងឡាយត្រូវឲ្យចីវរនេះធ្វើអ្វី ហើយធ្វើឲ្យអន្តរាយទៅ ត្រូវអាបត្តិបាចិត្តិយ។ ភិក្ខុនីធ្វើបរិក្ខារដទៃឲ្យអន្តរាយ ត្រូវអាបត្តិទុក្កដ។ ភិក្ខុនីធ្វើចីវរក្តី បរិក្ខារដទៃក្តី របស់ភិក្ខុនីច្រើនរូប (ពីររូប ឬបីរូប)ក្តី របស់ភិក្ខុនីមួយរូបក្តី របស់អនុបសម្បន្នាក្តី ឲ្យអន្តរាយ ត្រូវអាបត្តិទុក្កដ។
[២៤១] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៣យ៉ាង) គឺភិក្ខុនីសំដែងអានិសង្សហើយហាមឃាត់ [ភិក្ខុនីពោលយ៉ាងនេះណា អ្នកទាំងឡាយចូរបង្អង់សិនទៅ ព្រោះឥឡូវនេះ សំពត់ថ្លៃណាស់ ប្រហែលជា២-៣ថ្ងៃទៀត កប្បាសនឹងមកដល់ហើយ ថ្លៃសោត ក៏ល្មមសមគួរ ដូច្នេះហើយ ក៏ហាមឃាត់។ (អដ្ឋកថាវិន័យ)។] ១ ភិក្ខុនីឆ្កួត១ ភិក្ខុនីខាងដើមបញ្ញត្តិ១។
នគ្គវគ្គ សិក្ខាបទទី៧
[២៤២] សម័យនោះ ព្រះពុទ្ធជាម្ចាស់ដ៏មានព្រះភាគ គង់ក្នុងវត្តជេតវន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង អកាលចីវរបានកើតឡើងដល់ភិក្ខុនីសង្ឃ។ លំដាប់នោះ ភិក្ខុនីសង្ឃប្រាថ្នាដើម្បីនឹងចែកចីវរនោះ ទើបប្រជុំគ្នា។ វេលានោះឯង ពួកភិក្ខុនីជាអន្តេវាសិនី (កូនសិស្ស) របស់ថុល្លនន្ទាភិក្ខុនី ចៀសចេញទៅ (ពីវត្ត) ថុល្លនន្ទាភិក្ខុនីក៏បាននិយាយពាក្យនេះនឹងភិក្ខុនីទាំងនោះថា នែលោកម្ចាស់ទាំងឡាយ ពួកភិក្ខុនីចៀសចេញទៅអស់ហើយ (សង្ឃ) កុំអាលចែកចីវរ ដូច្នេះហើយ ក៏ហាមឃាត់ការចែកចីវរ។ ភិក្ខុនីទាំងឡាយនាំគ្នាចៀសចេញអស់ទៅ ដោយគិតថា សង្ឃមិនទាន់ចែកចីវរ។ ថុល្លនន្ទាភិក្ខុនី កាលពួកភិក្ខុនីជាអន្តេវាសិនីមកព្រមគ្នាហើយ ក៏នាំគ្នាចែកចីវរនោះទៅ។ ភិក្ខុនីទាំងឡាយណាមានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុនីទាំងឡាយនោះក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ថុល្លនន្ទាជាម្ចាស់ មិនសមបីនឹងហាមឃាត់ការចែកចីវរដែលប្រកបដោយធម៌សោះ។បេ។ ព្រះដ៏មានព្រះភាគត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថាថុល្លនន្ទាភិក្ខុនី ហាមឃាត់ការចែកចីវរដែលប្រកបដោយធម៌ ពិតមែនឬ។ ភិក្ខុទាំងឡាយក្រាបទូលថា សូមទ្រង់មេត្តាប្រោស ពិតមែន។ ព្រះពុទ្ធជាម្ចាស់ដ៏មានព្រះភាគ ទ្រង់តិះដៀលថា ម្នាលភិក្ខុទាំងឡាយ ថុល្លនន្ទាភិក្ខុនី មិនសមបីនឹងហាមឃាត់ការចែកចីវរដែលប្រកបដោយធម៌ទេ ម្នាលភិក្ខុទាំងឡាយ អំពើនេះមិនជាទីជ្រះថ្លាដល់ជនទាំងឡាយដែលមិនទាន់ជ្រះថ្លាទេ។បេ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីទាំងឡាយ ចូរសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុនីណាមួយ ហាមឃាត់ការចែកចីវរដែលប្រកបដោយធម៌ ត្រូវអាបត្តិបាចិត្តិយ។
[២៤៣] ត្រង់ពាក្យថា ភិក្ខុនីណាមួយ មានសេចក្តីអធិប្បាយក្នុងសិក្ខាបទទី១នៃបារាជិកកណ្ឌរួចហើយ។ ការចែកចីវរ ដែលឈ្មោះថាប្រកបដោយធម៌នោះ បានដល់ភិក្ខុនីសង្ឃមានសេចក្តីព្រមព្រៀង ប្រជុំគ្នាចែក។ ពាក្យថា ហាមឃាត់ សេចក្តីថា ភិក្ខុនីហាមឃាត់ដោយពាក្យថា ភិក្ខុនីចែកចីវរនេះធ្វើអ្វីដូច្នេះ ត្រូវអាបត្តិបាចិត្តិយ។
[២៤៤] ការចែកចីវរប្រកបដោយធម៌ ភិក្ខុនីសំគាល់ថា ប្រកបដោយធម៌ ហើយហាមឃាត់ ត្រូវអាបត្តិបាចិត្តិយ។ ការចែកចីវរប្រកបដោយធម៌ ភិក្ខុនីមានសេចក្តីសង្ស័យ ហើយហាមឃាត់ ត្រូវអាបត្តិទុក្កដ។ ការចែកចីវរប្រកបដោយធម៌ ភិក្ខុនីសំគាល់ថា មិនប្រកបដោយធម៌វិញ ហើយហាមឃាត់ មិនត្រូវអាបត្តិ។ ការចែកចីវរមិនប្រកបដោយធម៌ ភិក្ខុនីសំគាល់ថា ប្រកបដោយធម៌ ត្រូវអាបត្តិទុក្កដ។ ការចែកចីវរមិនប្រកបដោយធម៌ ភិក្ខុនីមានសេចក្តីសង្ស័យ ត្រូវអាបត្តិទុក្កដ។ ការចែកចីវរមិនប្រកបដោយធម៌ ភិក្ខុនីសំគាល់ថា មិនប្រកបដោយធម៌ មិនត្រូវអាបត្តិ។
[២៤៥] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៣យ៉ាង) គឺភិក្ខុនីសំដែងអានិសង្សហើយឃាត់ [ភិក្ខុនីនិយាយពន្យល់ថា សំពត់សាដកតែមួយ នឹងចែកគ្នាមិនគ្រាន់ សូមអស់លោកបង្អង់ចាំបន្តិចសិន ប្រហែល ២-៣ថ្ងៃទៀត សំពត់នឹងកើតឡើងថ្មី សិមយើងចែកគ្នាជាខាងក្រោយ ដូច្នេះ ហៅថាសំដែងអានិសង្ស។ (អដ្ឋកថាវិន័យ)។] ១ ភិក្ខុនីឆ្កួត១ ភិក្ខុនីដើមបញ្ញត្តិ១។
នគ្គវគ្គ សិក្ខាបទទី៨
[២៤៦] សម័យនោះ ព្រះពុទ្ធជាម្ចាស់ដ៏មានព្រះភាគ គង់ក្នុងវត្តជេតវន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ គ្រានោះឯង ថុល្លនន្ទាភិក្ខុនី បានឲ្យសមណចីវរដល់ពួកមេរបាំខ្លះ ដល់ពួកកូនរបាំខ្លះ ពួកអ្នកឡើងរ៉ាវខ្លះ ដល់ពួកអ្នកត្លុកខ្លះ ដល់ពួកអ្នកវាយស្គរខ្លះ ដោយពាក្យថា អ្នកទាំងឡាយចូរពោលសរសើរយើងក្នុងទីប្រជុំបរិសទ្យរបស់យើង។ ពួកមេរបាំក្តី ពួកកូនរបាំក្តី ពួកអ្នកឡើងរ៉ាវក្តី ពួកអ្នកត្លុកក្តី ពួកអ្នកវាយស្គរក្តី នាំគ្នាពោលសរសើរថុល្លនន្ទាភិក្ខុនីក្នុងទីប្រជុំបរិសទ្យថា ថុល្លនន្ទាជាម្ចាស់ ជាពហុស្សូត ជាអ្នកនិយាយ ជាអ្នកក្លៀវក្លា ជាអ្នកប្រសប់ធ្វើធម្មីកថា អ្នកទាំងឡាយចូរថ្វាយ(ទាន) ដល់លោកម្ចាស់ចុះ អ្នកទាំងឡាយចូរធ្វើ (សក្ការៈ)ដល់លោកម្ចាស់ចុះ។ ភិក្ខុនីទាំងឡាយណាមានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុនីទាំងឡាយនោះក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ថុល្លនន្ទាជាម្ចាស់ មិនសមបីនឹងឲ្យសមណចីវរដល់គ្រហស្ថសោះ។បេ។ ព្រះដ៏មានព្រះភាគត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថាថុល្លនន្ទាភិក្ខុនី ឲ្យសមណចីវរដល់គ្រហស្ថ ពិតមែនឬ។ ពួកភិក្ខុក្រាបទូលថា សូមទ្រង់មេត្តាប្រោស ពិតមែន។ ព្រះពុទ្ធជាម្ចាស់ដ៏មានព្រះភាគ ទ្រង់បន្ទោសថា ម្នាលភិក្ខុទាំងឡាយ ថុល្លនន្ទាភិក្ខុនី មិនសមបីនឹងឲ្យសមណចីវរដល់គ្រហស្ថទេ ម្នាលភិក្ខុទាំងឡាយ អំពើនេះមិនជាទីជ្រះថ្លាដល់ជនទាំងឡាយដែលមិនទាន់ជ្រះថ្លាទេ។បេ។ ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុនី ចូរសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុនីណាមួយ ឲ្យសមណចីវរដល់គ្រហស្ថក្តី ដល់បរិព្វាជកក្តី ដល់បរិព្វាជិកាក្តី ត្រូវអាបត្តិបាចិត្តិយ។
[២៤៧] ត្រង់ពាក្យថា ភិក្ខុនីណាមួយ មានសេចក្តីអធិប្បាយក្នុងសិក្ខាបទទី១នៃបារាជិកកណ្ឌរួចហើយ។ ជនណាមួយគ្រប់គ្រងផ្ទះ ជននោះឈ្មោះថា គ្រហស្ថ។ បុរសណាមួយបួសជាបរិព្វាជក វៀរលែងតែភិក្ខុនិងសាមណេរចេញ បុរសនោះឈ្មោះថា បរិព្វាជក។ ស្រីណាមួយបួសជាបរិព្វាជិកា វៀរលែងតែភិក្ខុនី សិក្ខមានា និងសាមណេរីចេញ ស្រីនោះឈ្មោះថា បរិព្វាជិកា។ ចីវរដែលធ្វើវិកប្បហើយ ហៅថា សមណចីវរ។ ភិក្ខុនីឲ្យ (សមណចីវរ) ត្រូវអាបត្តិបាចិត្តិយ។
[២៤៨] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៤យ៉ាង) គឺភិក្ខុនីឲ្យដល់មាតាបិតា១ ភិក្ខុនីឲ្យគេខ្ចី១ ភិក្ខុនីឆ្កួត១ ភិក្ខុនីជាខាងដើមបញ្ញត្តិ១។
នគ្គវគ្គ សិក្ខាបទទី៩
[២៤៩] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ គង់ក្នុងវត្តជេតវន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ គ្រានោះឯង ត្រកូលឧបដ្ឋាករបស់ថុល្លនន្ទាភិក្ខុនី បាននិយាយពាក្យនេះនឹងថុល្លនន្ទាភិក្ខុនីថា បពិត្រលោកម្ចាស់ បើយើងខ្ញុំទាំងឡាយអាច យើងខ្ញុំទាំងឡាយនឹងថ្វាយចីវរដល់ភិក្ខុនីសង្ឃ។ សម័យនោះឯង ភិក្ខុនីទាំងឡាយនៅចាំវស្សារួចហើយ ប្រាថ្នាដើម្បីនឹងចែកចីវរ ទើបប្រជុំគ្នា។ ថុល្លនន្ទាភិក្ខុនីបាននិយាយពាក្យនេះនឹងភិក្ខុនីទាំងនោះថា នែលោកម្ចាស់ទាំងឡាយ ពួកលោកម្ចាស់ចូរបង្អង់ចាំសិន (ដ្បិត) មានគេនឹងថ្វាយចីវរដល់ភិក្ខុនីសង្ឃ។ ភិក្ខុនីទាំងឡាយបាននិយាយពាក្យនេះនឹងថុល្លនន្ទាភិក្ខុនីថា នែលោកម្ចាស់ លោកចូរទៅ លោកចូរដឹងចីវរនោះចុះ។ ថុល្លនន្ទាភិក្ខុនីចូលទៅរកត្រកូលនោះ លុះចូលទៅដល់ហើយ ក៏បាននិយាយពាក្យនេះនឹងមនុស្សទាំងឡាយនោះថា ម្នាលអាវុសោទាំងឡាយ អ្នកទាំងឡាយចូរឲ្យចីវរដល់ភិក្ខុនីសង្ឃចុះ។ មនុស្សទាំងឡាយនោះនិយាយថា បពិត្រលោកម្ចាស់ យើងខ្ញុំទាំងឡាយមិនអាចនឹងប្រគេនចីវរដល់ភិក្ខុនីសង្ឃទេ។ ថុល្លនន្ទាភិក្ខុនីប្រាប់សេចក្តីនុ៎ះដល់ភិក្ខុនីទាំងឡាយ។ ភិក្ខុនីទាំងឡាយណាមានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុនីទាំងឡាយនោះក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ថុល្លនន្ទាជាម្ចាស់ មិនសមបីនឹងញុំាងសម័យនៃចីវរកាលឲ្យកន្លងហួសទៅដោយសេចក្តីប្រាថ្នាចីវរដ៏ទុព្វលសោះ។បេ។ ព្រះដ៏មានព្រះភាគត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថាថុល្លនន្ទាភិក្ខុនី ញុំាងសម័យនៃចីវរកាលឲ្យកន្លងហួសទៅដោយសេចក្តីប្រាថ្នាចីវរទុព្វល ពិតមែនឬ។ ភិក្ខុទាំងឡាយក្រាបទូលថា សូមទ្រង់មេត្តាប្រោស ពិតមែន។ ព្រះពុទ្ធដ៏មានព្រះភាគ ទ្រង់បន្ទោសថា ម្នាលភិក្ខុទាំងឡាយ ថុល្លនន្ទាភិក្ខុនី មិនសមបីនឹងញុំាងសម័យនៃចីវរកាល ឲ្យកន្លងហួសទៅដោយសេចក្តីប្រាថ្នាចីវរដ៏ទុព្វលទេ ម្នាលភិក្ខុទាំងឡាយ អំពើនេះមិនជាទីជ្រះថ្លាដល់ជនទាំងឡាយដែលមិនទាន់ជ្រះថ្លាទេ។បេ។ ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុនី ចូរសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុនីណាមួយ ញុំាងសម័យនៃចីវរកាលឲ្យកន្លងហួសទៅដោយសេចក្តីប្រាថ្នាចីវរដ៏ទុព្វល ត្រូវអាបត្តិបាចិត្តិយ។
[២៥០] ត្រង់ពាក្យថា ភិក្ខុនីណាមួយ មានសេចក្តីអធិប្បាយក្នុងសិក្ខាបទទី១នៃបារាជិកកណ្ឌរួចហើយ។ ដែលហៅថា សេចក្តីប្រាថ្នាចីវរដ៏ទុព្វល គឺត្រកូលគេបញ្ចេញវចីភេទថា បើយើងខ្ញុំទាំងឡាយអាច យើងខ្ញុំទាំងឡាយនឹងប្រគេន នឹងធ្វើ(ចីវរទាន)។ ដែលហៅថា សម័យនៃចីវរកាល គឺភិក្ខុនីមិនទាន់បានក្រាលកឋិន កំណត់ខែមួយជាខាងចុងនៃវស្សានរដូវ (អំពី១រោចខែអស្សុជ ទៅដល់១៥កើតខែកត្តិក) បើភិក្ខុនីបានក្រាលកឋិន កំណត់៥ខែ (អំពី១រោចខែអស្សុជ ទៅដល់ ១៥កើត ខែផល្គុន)។ ពាក្យថា ញុំាងសម័យនៃចីវរកាលឲ្យកន្លងហួសទៅនោះ សេចក្តីថា ភិក្ខុនីមិនបានក្រាលកឋិន ហើយញុំាងថ្ងៃ១ជាខាងចុងនៃវស្សានរដូវឲ្យកន្លងហួសទៅ ត្រូវអាបត្តិបាចិត្តិយ។ ភិក្ខុនីបានក្រាលកឋិន ហើយញុំាងថ្ងៃដែលកឋិនដោះឲ្យកន្លងហួសទៅ ត្រូវអាបត្តិបាចិត្តិយ។
[២៥១] ចីវរដ៏ទុព្វល ភិក្ខុនីសំគាល់ថាចីវរដ៏ទុព្វលមែន ហើយធ្វើសម័យនៃចីវរកាលឲ្យកន្លងហួសទៅ ត្រូវអាបត្តិបាចិត្តិយ។ ចីវរដ៏ទុព្វល ភិក្ខុនីមានសេចក្តីសង្ស័យ ហើយធ្វើសម័យនៃចីវរកាលឲ្យកន្លងហួសទៅ ត្រូវអាបត្តិទុក្កដ។ ចីវរដ៏ទុព្វល ភិក្ខុនីសំគាល់ថាចីវរមិនទុព្វលទេ ហើយធ្វើសម័យនៃចីវរកាលឲ្យកន្លងហួសទៅ មិនត្រូវអាបត្តិអ្វីឡើយ។ ចីវរមិនទុព្វលទេ ភិក្ខុនីសំគាល់ថា ចីវរទុព្វល ត្រូវអាបត្តិទុក្កដ។ ចីវរមិនទុព្វលទេ ភិក្ខុនីមានសេចក្តីសង្ស័យ ត្រូវអាបត្តិទុក្កដ។ ចីវរមិនទុព្វល ភិក្ខុនីសំគាល់ថា ចីវរមិនទុព្វល មិនត្រូវអាបត្តិអ្វីឡើយ។
[២៥២] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៣យ៉ាង) គឺភិក្ខុនីសំដែងអានិសង្ស[ភិក្ខុនីនិយាយថា កប្បាសរបស់គេមុខជានឹងមកដល់ បុរសមានសទ្ធាជ្រះថ្លាមុខជាមកប្រគេនមិនខាន ហៅថា សំដែងអានិសង្សក្នុងសិក្ខាបទនេះ។ (អដ្ឋកថាវិន័យ)។] ហើយហាមឃាត់១ ភិក្ខុនីឆ្កួត១ ភិក្ខុនីជាខាងដើមបញ្ញត្តិ១។
នគ្គវគ្គ សិក្ខាបទទី១០
[២៥៣] សម័យនោះ ព្រះពុទ្ធជាម្ចាស់ដ៏មានព្រះភាគ គង់ក្នុងវត្តជេតវន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ គ្រានោះឯង មានឧបាសកម្នាក់ឲ្យគេធ្វើវិហារ (កុដិ) ឧទ្ទិសថ្វាយសង្ឃ។ ក្នុងកាលដែលឆ្លងវិហារនោះ ឧបាសកនោះប្រាថ្នានឹងថ្វាយអកាលចីវរដល់ឧភតោសង្ឃ។ ក៏គ្រានោះឯង ឧភតោសង្ឃបានក្រាលកឋិនហើយ។ ទើបឧបាសកនោះចូលទៅរកសង្ឃ ហើយសូមឲ្យសង្ឃដកកឋិនចេញ។ ភិក្ខុទាំងឡាយក្រាបទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រោះនិទាននេះ ដំណើរនេះ ទើបព្រះដ៏មានព្រះភាគ ទ្រង់ធ្វើធម្មីកថា ហើយត្រាស់ហៅភិក្ខុសង្ឃទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យសង្ឃដកកឋិនចេញបាន ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវដកកឋិនយ៉ាងនេះ។ ភិក្ខុឆ្លាសប្រតិពលគប្បីញុំាងសង្ឃឲ្យដឹងដោយញត្តិទុតិយកម្មវាចាថា បពិត្រព្រះសង្ឃដ៏ចំរើន សូមព្រះសង្ឃស្តាប់ខ្ញុំ បើការដកកឋិននេះមានកាលដ៏សមគួរដល់សង្ឃហើយ សង្ឃត្រូវដកនូវកឋិន។ នេះជាវាចាដែលប្រកាសឲ្យសង្ឃដឹង។ បពិត្រព្រះសង្ឃដ៏ចំរើន សូមព្រះសង្ឃស្តាប់ខ្ញុំ ឥឡូវនេះ សង្ឃដកកឋិនចេញ។ ការដកកឋិនគួរដល់លោកដ៏មានអាយុអង្គណា ត្រូវលោកដ៏មានអាយុអង្គនោះស្ងៀមនៅ មិនគួរដល់លោកដ៏មានអាយុអង្គណា ត្រូវលោកដ៏មានអាយុអង្គនោះពោលឡើង។ កឋិនសង្ឃបានដកហើយ។ ការដកកឋិនសមគួរដល់សង្ឃ ហេតុនោះទើបសង្ឃស្ងៀមនៅ។ ខ្ញុំសូមចាំទុកនូវកម្មនេះដោយអាការស្ងៀមនៅយ៉ាងនេះ។
[២៥៤] លំដាប់នោះ ឧបាសកនោះបានចូលទៅរកភិក្ខុនីសង្ឃ ហើយសូមឲ្យសង្ឃដកកឋិនចេញ។ ថុល្លនន្ទាភិក្ខុនីបានហាមឃាត់នូវការដកកឋិនដោយវាចាថា ចីវរនឹងមានដល់ពួកយើងទាំងឡាយ។ ទើបឧបាសកនោះពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុនីទាំងឡាយ មិនសមបីនឹងមិនឲ្យការដកកឋិនដល់ពួកយើងសោះ។ ភិក្ខុនីទាំងឡាយបានឮឧបាសកនោះពោលទោស តិះដៀល បន្តុះបង្អាប់ហើយ។ ភិក្ខុនីទាំងឡាយឯណាមានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុនីទាំងឡាយនោះក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ថុល្លនន្ទាជាម្ចាស់ មិនសមបីនឹងហាមឃាត់នូវការដកកឋិនប្រកបដោយធម៌សោះ។បេ។ ព្រះដ៏មានព្រះភាគត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថាថុល្លនន្ទាភិក្ខុនី ហាមឃាត់នូវការដកកឋិនដ៏ប្រកបដោយធម៌ ពិតមែនឬ។ ភិក្ខុទាំងឡាយក្រាបទូលថា សូមទ្រង់មេត្តាប្រោស ពិតមែន។ ព្រះពុទ្ធដ៏មានព្រះភាគ ទ្រង់បន្ទោសថា ម្នាលភិក្ខុទាំងឡាយ ថុល្លនន្ទាភិក្ខុនី មិនសមបីនឹងហាមឃាត់នូវការដកកឋិនដ៏ប្រកបដោយធម៌ទេ ម្នាលភិក្ខុទាំងឡាយ អំពើនេះមិនជាទីជ្រះថ្លានៃជនទាំងឡាយដែលមិនទាន់ជ្រះថ្លាទេ។បេ។ ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុនី ចូរសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុនីណាមួយ ហាមឃាត់នូវការដកកឋិនប្រកបដោយធម៌ ត្រូវអាបត្តិបាចិត្តិយ។
[២៥៥] ត្រង់ពាក្យថា ភិក្ខុនីណាមួយ មានសេចក្តីអធិប្បាយក្នុងសិក្ខាបទទី១នៃបារាជិកកណ្ឌរួចហើយ។ ដែលហៅថា ការដកកឋិនប្រកបដោយធម៌នោះ បានដល់ភិក្ខុនីសង្ឃមានសេចក្តីព្រមព្រៀងប្រជុំគ្នាដក។ ពាក្យថា ហាមឃាត់ សេចក្តីថា ភិក្ខុនីហាមឃាត់ថា ភិក្ខុនីសង្ឃដកកឋិននេះធ្វើអ្វីដូច្នេះ ត្រូវអាបត្តិបាចិត្តិយ។
[២៥៦] ការដកកឋិនប្រកបដោយធម៌ ភិក្ខុនីសំគាល់ថាប្រកបដោយធម៌មែន ហើយហាមឃាត់ ត្រូវអាបត្តិបាចិត្តិយ។ ការដកកឋិនប្រកបដោយធម៌ ភិក្ខុនីមានសេចក្តីសង្ស័យ ហើយហាមឃាត់ ត្រូវអាបត្តិទុក្កដ។ ការដកកឋិនប្រកបដោយធម៌ ភិក្ខុនីសំគាល់ថាមិនប្រកបដោយធម៌ ហើយហាមឃាត់ មិនត្រូវអាបត្តិអ្វីឡើយ។ ការដកកឋិនមិនប្រកបដោយធម៌ ភិក្ខុនីសំគាល់ថាប្រកបដោយធម៌ ត្រូវអាបត្តិទុក្កដ។ ការដកកឋិនមិនប្រកបដោយធម៌ ភិក្ខុនីមានសេចក្តីសង្ស័យ ត្រូវអាបត្តិទុក្កដ។ ការដកកឋិនមិនប្រកបដោយធម៌ ភិក្ខុនីសំគាល់ថាមិនប្រកបដោយធម៌មែន មិនត្រូវអាបត្តិអ្វីឡើយ។
[២៥៧] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៣យ៉ាង) គឺភិក្ខុនីសំដែងអានិសង្ស[ភិក្ខុនីសំដែងអានិសង្សថា ភិក្ខុនីសង្ឃមានចីវរគ្រាំគ្រាហើយ មហាលាភមានអានិសង្សកឋិនជាមូល។ (អដ្ឋកថាវិន័យ)។] ហើយហាមឃាត់១ ភិក្ខុនីឆ្កួត១ ភិក្ខុនីដើមបញ្ញត្តិ១។
នគ្គវគ្គទី៣ ចប់។
តុវដ្តវគ្គ សិក្ខាបទទី១
[២៥៨] សម័យនោះ ព្រះសម្ពុទ្ធដ៏មានព្រះភាគ គង់ក្នុងវត្តជេតវន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ គ្រានោះឯង ភិក្ខុនីពីររូបដេកលើគ្រែមួយ (ជាមួយគ្នា)។ មនុស្សទាំងឡាយដើរទៅកាន់ចារិកនៃវត្ត ឃើញហើយពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុនីពីររូបមិនសមបីនឹងដេកលើគ្រែមួយ (ជាមួយគ្នា) ដូចពួកស្រីគ្រហស្ថអ្នកបរិភោគកាមសោះ។ ភិក្ខុនីទាំងឡាយបានឮមនុស្សទាំងនោះពោលទោស តិះដៀល បន្តុះបង្អាប់ហើយ។ ភិក្ខុនីទាំងឡាយណាមានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុនីទាំងឡាយនោះពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុនីពីររូប មិនសមបីនឹងដេកលើគ្រែមួយ (ជាមួយគ្នា) សោះ។បេ។ ព្រះដ៏មានព្រះភាគត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថាភិក្ខុនីពីររូបដេកលើគ្រែមួយ (ជាមួយគ្នា) ពិតមែនឬ។ ភិក្ខុទាំងឡាយក្រាបទូលថា សូមទ្រង់មេត្តាប្រោស ពិតមែន។ ព្រះសម្ពុទ្ធដ៏មានព្រះភាគ ទ្រង់បន្ទោសថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីពីររូប មិនសមបីនឹងដេកលើគ្រែមួយ (ជាមួយគ្នា)ទេ ម្នាលភិក្ខុទាំងឡាយ អំពើនេះមិនជាទីជ្រះថ្លានៃជនទាំងឡាយដែលមិនទាន់ជ្រះថ្លាទេ។បេ។ ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុនី ចូរសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុនីទាំងឡាយណាពីររូប ដេកលើគ្រែមួយ (ជាមួយគ្នា) ត្រូវអាបត្តិបាចិត្តិយ។
[២៥៩] ត្រង់ពាក្យថា ភិក្ខុនីទាំងឡាយណា មានសេចក្តីអធិប្បាយក្នុងសិក្ខាបទទី១នៃបារាជិកកណ្ឌរួចហើយ។ ពាក្យថា ភិក្ខុនីពីររូបដេកលើគ្រែមួយ(ជាមួយគ្នា) សេចក្តីថា កាលភិក្ខុនីម្នាក់ដេកនៅហើយ មានភិក្ខុនីដទៃទៅដេកដែរ ត្រូវអាបត្តិបាចិត្តិយ។ ម្យ៉ាងទៀត ភិក្ខុនីពីររូបដេកព្រមគ្នា ត្រូវអាបត្តិបាចិត្តិយ។ ភិក្ខុនីទាំងពីររូបក្រោកឡើង ហើយដេកទៅវិញញយៗ ត្រូវអាបត្តិបាចិត្តិយ។
[២៦០] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៣យ៉ាង) គឺភិក្ខុនីម្នាក់ដេក ភិក្ខុនីដទៃអង្គុយ ឬភិក្ខុនីទាំងពីររូបអង្គុយ១ ភិក្ខុនីទាំងពីររូបនោះឆ្កួត១ ភិក្ខុនីទាំងពីររូបនោះជាដើមបញ្ញត្តិ១។
តុវដ្តវគ្គ សិក្ខាបទទី២
[២៦១] សម័យនោះ ព្រះសម្ពុទ្ធដ៏មានព្រះភាគ គង់ក្នុងវត្តជេតវន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ គ្រានោះឯង ភិក្ខុនីពីររូបមានសម្ពត់សម្រាប់ក្រាលសម្រាប់ដណ្តប់តែមួយ ដេកជាមួយគ្នា។ មនុស្សទាំងឡាយដើរទៅកាន់ចារិកនៃវត្ត ឃើញហើយពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុនីពីររូបមិនសមបីនឹងមានសម្ពត់សម្រាប់ក្រាល សម្រាប់ដណ្តប់តែមួយ ដេកជាមួយគ្នាដូចយ៉ាងពួកស្រីគ្រហស្ថអ្នកបរិភោគកាមសោះ។ ភិក្ខុនីទាំងឡាយបានឮមនុស្សទាំងនោះពោលទោស តិះដៀល បន្តុះបង្អាប់ហើយ។ ភិក្ខុនីទាំងឡាយណាមានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុនីទាំងឡាយនោះពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុនីពីររូប មិនសមបីនឹងមានសម្ពត់សម្រាប់ក្រាល សម្រាប់ដណ្តប់តែមួយ ដេកជាមួយគ្នាសោះ។បេ។ ព្រះដ៏មានព្រះភាគត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថាភិក្ខុនីពីររូបមានសម្ពត់សម្រាប់ក្រាល សម្រាប់ដណ្តប់តែមួយ ដេកជាមួយគ្នា ពិតមែនឬ។ ភិក្ខុទាំងឡាយក្រាបទូលថា សូមទ្រង់មេត្តាប្រោស ពិតមែន។ ព្រះសម្ពុទ្ធដ៏មានព្រះភាគ ទ្រង់តិះដៀលថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីពីររូប មិនសមបីនឹងមានសម្ពត់សម្រាប់ក្រាល សម្រាប់ដណ្តប់តែមួយ ដេកជាមួយគ្នាទេ ម្នាលភិក្ខុទាំងឡាយ អំពើនេះមិនជាទីជ្រះថ្លានៃជនទាំងឡាយដែលមិនទាន់ជ្រះថ្លាទេ។បេ។ ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុនី ចូរសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុនីទាំងឡាយឯណាពីររូប មានសម្ពត់សម្រាប់ក្រាល សម្រាប់ដណ្តប់តែមួយ ដេកជាមួយគ្នា ត្រូវអាបត្តិបាចិត្តិយ។
[២៦២] ត្រង់ពាក្យថា ភិក្ខុនីទាំងឡាយណា មានសេចក្តីអធិប្បាយក្នុងសិក្ខាបទទី១នៃបារាជិកកណ្ឌរួចហើយ។ ពាក្យថា ពីររូបមានសម្ពត់សម្រាប់ក្រាល សម្រាប់ដណ្តប់តែមួយ ដេកជាមួយគ្នានោះ សេចក្តីថា ភិក្ខុនីពីររូបក្រាលនូវសម្ពត់នោះឯង ហើយដណ្តប់នូវសម្ពត់នោះដដែល ត្រូវអាបត្តិបាចិត្តិយ។
[២៦៣] សម្ពត់សម្រាប់ក្រាលសម្រាប់ដណ្តប់តែមួយ ភិក្ខុនីពីររូបសំគាល់ថាសម្ពត់សម្រាប់ក្រាលសម្រាប់ដណ្តប់តែមួយដដែល ហើយដេកជាមួយគ្នា ត្រូវអាបត្តិបាចិត្តិយ។ សម្ពត់សម្រាប់ក្រាលសម្រាប់ដណ្តប់តែមួយ ភិក្ខុនីមានសេចក្តីសង្ស័យ ហើយដេកជាមួយគ្នា ត្រូវអាបត្តិបាចិត្តិយ។ សម្ពត់សម្រាប់ក្រាលសម្រាប់ដណ្តប់តែមួយ ភិក្ខុនីសំគាល់ថាសម្ពត់សម្រាប់ក្រាលសម្រាប់ដណ្តប់ផ្សេងគ្នា ហើយដេកជាមួយគ្នា ត្រូវអាបត្តិបាចិត្តិយ។ ភិក្ខុនីដេកលើកម្រាលជាមួយគ្នា តែដណ្តប់សំពត់ផ្សេងគ្នា ត្រូវអាបត្តិទុក្កដ។ ភិក្ខុនីដេកលើកម្រាលផ្សេងគ្នា តែដណ្តប់ជាមួយគ្នា ត្រូវអាបត្តិទុក្កដ។ សម្ពត់សម្រាប់ក្រាល សម្រាប់ដណ្តប់ផ្សេងៗគ្នា ភិក្ខុនីសំគាល់ថាសម្ពត់សម្រាប់ក្រាលសម្រាប់ដណ្តប់ជាមួយគ្នា ត្រូវអាបត្តិទុក្កដ។ សម្ពត់សម្រាប់ក្រាលសម្រាប់ដណ្តប់ផ្សេងគ្នា ភិក្ខុនីមានសេចក្តីសង្ស័យ ត្រូវអាបត្តិទុក្កដ។ សម្ពត់សម្រាប់ក្រាលសម្រាប់ដណ្តប់ផ្សេងគ្នា ភិក្ខុនីសំគាល់ថាសម្ពត់សម្រាប់ក្រាលសម្រាប់ដណ្តប់ផ្សេងគ្នាដដែល មិនត្រូវអាបត្តិអ្វីឡើយ។
[២៦៤] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៣យ៉ាង) គឺពួកភិក្ខុនីសំដែងនូវទីកំណត់ ហើយដេក១ ពួកភិក្ខុនីឆ្កួត១ ពួកភិក្ខុនីដើមបញ្ញត្តិ១។
តុវដ្តវគ្គ សិក្ខាបទទី៣
[២៦៥] សម័យនោះ ព្រះសម្ពុទ្ធដ៏មានព្រះភាគ ស្តេចគង់ក្នុងវត្តជេតវន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ គ្រានោះឯង ថុល្លនន្ទាភិក្ខុនី ជាពហុស្សូត ជាអ្នកឆ្លាតនិយាយ ជាអ្នកក្លៀវក្លា ជាអ្នកប្រសប់ធ្វើធម្មីកថា។ សូម្បីភទ្ទាកាបិលានីភិក្ខុនីក៏ជាពហុស្សូត ជាអ្នកប៉ិននិយាយ ជាអ្នកក្លៀវក្លា ជាអ្នកប្រសប់ធ្វើធម្មីកថា ជាអ្នកដែលមហាជនសរសើរក្រៃពេកដែរ។ មនុស្សទាំងឡាយនិយាយថា ភទ្ទាកាបិលានីជាម្ចាស់ ជាពហុស្សូត ជាអ្នកប៉ិននិយាយ ជាអ្នកក្លៀវក្លា ជាអ្នកប្រសប់ធ្វើធម្មីកថា ជាអ្នកដែលមហាជនសរសើរក្រៃពេក ដូច្នេះ ហើយចូលទៅរកភទ្ទាកាបិលានីភិក្ខុនីមុន ទើបចូលទៅរកថុល្លនន្ទាភិក្ខុនីជាក្រោយ។ ថុល្លនន្ទាភិក្ខុនីជាមនុស្សមានសេចក្តីឫស្យាគ្របសង្កត់ ក៏ពោលថា ពួកភិក្ខុនីណាស្គាល់ច្រើន សូមច្រើន បានឮថា ភិក្ខុនីទាំងឡាយនេះជាអ្នកប្រាថ្នាតិច ជាអ្នកសន្តោស ជាអ្នកស្ងាត់ ជាអ្នកមិនច្រឡូកច្រឡំ ពោលដូច្នេះហើយ ក៏ដើរខ្លះ ឈរខ្លះ អង្គុយខ្លះ សម្រេចការដេកខ្លះ សំដែងឯងខ្លះ ឲ្យគេសំដែងខ្លះ ធ្វើការស្វាធ្យាយខ្លះ ក្នុងខាងមុខភទ្ទាកាបិលានីភិក្ខុនី។ ភិក្ខុនីទាំងឡាយណាមានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុនីទាំងឡាយនោះពោលទោស តិះដៀល បន្តុះបង្អាប់ថា ថុល្លនន្ទាជាម្ចាស់ មិនសមបីនឹងមកក្លែង ធ្វើសេចក្តីមិនសប្បាយដល់ភទ្ទាកាបិលានីជាម្ចាស់សោះ។បេ។ ព្រះដ៏មានព្រះភាគត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថាថុល្លនន្ទាភិក្ខុនី ក្លែងធ្វើសេចក្តីមិនសប្បាយដល់ភទ្ទាកាបិលានីភិក្ខុនី ពិតមែនឬ។ ភិក្ខុទាំងឡាយក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះសម្ពុទ្ធដ៏មានព្រះភាគ ទ្រង់បន្ទោសថា ម្នាលភិក្ខុទាំងឡាយ ថុល្លនន្ទាភិក្ខុនី មិនសមបីនឹងក្លែងធ្វើសេចក្តីមិនសប្បាយដល់ភទ្ទាកាបិលានីភិក្ខុនីទេ ម្នាលភិក្ខុទាំងឡាយ អំពើនេះមិនជាទីជ្រះថ្លានៃជនទាំងឡាយដែលមិនទាន់ជ្រះថ្លាទេ។បេ។ ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុនី ចូរសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុនីណាមួយក្លែងធ្វើសេចក្តីមិនសប្បាយដល់ភិក្ខុនីផងគ្នា ត្រូវអាបត្តិបាចិត្តិយ។
[២៦៦] ត្រង់ពាក្យថា ភិក្ខុនីណាមួយ មានសេចក្តីអធិប្បាយក្នុងសិក្ខាបទទី១នៃបារាជិកកណ្ឌរួចហើយ។ ពាក្យថា ដល់ភិក្ខុនីផងគ្នា គឺដល់ភិក្ខុនីដទៃ។ ពាក្យថា ក្លែង សេចក្តីថា ភិក្ខុនី កាលដឹង កាលស្គាល់ ហើយក្លែងប្រព្រឹត្តល្មើស ប្រព្រឹត្តកន្លង។ ពាក្យថា ធ្វើសេចក្តីមិនសប្បាយ សេចក្តីថា ភិក្ខុនីគិតថា ដោយហេតុនេះ សេចក្តីមិនសប្បាយចិត្តនឹងមានដល់ភិក្ខុនីនេះ ដូច្នេះហើយមិនបានប្រាប់ ក៏ដើរខ្លះ ឈរខ្លះ អង្គុយខ្លះ សម្រេចការដេកខ្លះ សំដែងឯងខ្លះ ឲ្យគេសំដែងខ្លះ ធ្វើការស្វាធ្យាយខ្លះ ក្នុងទីខាងមុខ ត្រូវអាបត្តិបាចិត្តិយ។
[២៦៧] ឧបសម្បន្នា ភិក្ខុនីសំគាល់ថាជាឧបសម្បន្នា ហើយក្លែងធ្វើឲ្យមានសេចក្តីមិនសប្បាយចិត្ត ត្រូវអាបត្តិបាចិត្តិយ។ ឧបសម្បន្នា ភិក្ខុនីមានសេចក្តីសង្ស័យ ហើយក្លែងធ្វើសេចក្តីឲ្យមិនសប្បាយចិត្ត ត្រូវអាបត្តិបាចិត្តិយ។ ឧបសម្បន្នា ភិក្ខុនីសំគាល់ថាជាអនុបសម្បន្នា ហើយក្លែងធ្វើឲ្យមានសេចក្តីមិនសប្បាយចិត្ត ត្រូវអាបត្តិបាចិត្តិយ។ អនុបសម្បន្នា ភិក្ខុនីសំគាល់ថាជាឧបសម្បន្នា ត្រូវអាបត្តិទុក្កដ។ អនុបសម្បន្នា ភិក្ខុនីមានសេចក្តីសង្ស័យ ត្រូវអាបត្តិទុក្កដ។ អនុបសម្បន្នា ភិក្ខុនីសំគាល់ថាជាអនុបសម្បន្នា ត្រូវអាបត្តិទុក្កដ។
[២៦៨] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៣យ៉ាង) គឺភិក្ខុនីមិនប្រាថ្នានឹងធ្វើសេចក្តីមិនសប្បាយចិត្ត ហើយប្រាប់ ក៏ដើរក្តី ឈរក្តី អង្គុយក្តី សម្រេចការដេកក្តី សំដែងឯងក្តី ឲ្យគេសំដែងក្តី ធ្វើការស្វាធ្យាយក្តី ក្នុងខាងមុខ១ ភិក្ខុនីឆ្កួត១ ភិក្ខុនីដើមបញ្ញត្តិ១។
តុវដ្តវគ្គ សិក្ខាបទទី៤
[២៦៩] សម័យនោះ ព្រះសម្ពុទ្ធដ៏មានព្រះភាគ គង់ក្នុងវត្តជេតវន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ គ្រានោះឯង ថុល្លនន្ទាភិក្ខុនី មិនបម្រើឯង មិនធ្វើការខ្វល់ខ្វាយដើម្បីឲ្យគេបម្រើភិក្ខុនីជាកូនសិស្ស ដែលដល់នូវសេចក្តីទុក្ខ(មានជម្ងឺ)។ ភិក្ខុនីទាំងឡាយណាមានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុនីទាំងឡាយនោះពោលទោស តិះដៀល បន្តុះបង្អាប់ថា ថុល្លនន្ទាជាម្ចាស់ មិនសមបីនឹងមិនបម្រើឯង មិនធ្វើការខ្វល់ខ្វាយដើម្បីឲ្យគេបម្រើភិក្ខុនីជាកូនសិស្ស ដែលដល់នូវសេចក្តីទុក្ខសោះ។បេ។ ព្រះដ៏មានព្រះភាគត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថាថុល្លនន្ទាភិក្ខុនី មិនបម្រើឯង មិនធ្វើការខ្វល់ខ្វាយដើម្បីឲ្យគេបម្រើភិក្ខុនីជាកូនសិស្ស ដែលដល់នូវសេចក្តីទុក្ខ ពិតមែនឬ។ ពួកភិក្ខុក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធដ៏មានព្រះភាគ ទ្រង់បន្ទោសថា ម្នាលភិក្ខុទាំងឡាយ ថុល្លនន្ទាភិក្ខុនី មិនសមបីនឹងមិនបម្រើឯង មិនធ្វើសេចក្តីខ្វល់ខ្វាយដើម្បីឲ្យគេបម្រើភិក្ខុនីជាកូនសិស្ស ដែលដល់នូវសេចក្តីទុក្ខទេ ម្នាលភិក្ខុទាំងឡាយ អំពើនេះមិនជាទីជ្រះថ្លានៃជនទាំងឡាយដែលមិនទាន់ជ្រះថ្លាទេ។បេ។ ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុនី ចូរសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុនីណាមួយ មិនបម្រើឯង មិនធ្វើការខ្វល់ខ្វាយដើម្បីឲ្យគេបម្រើភិក្ខុនីជាកូនសិស្ស ដែលដល់នូវសេចក្តីទុក្ខ ត្រូវអាបត្តិបាចិត្តិយ។
[២៧០] ត្រង់ពាក្យថា ភិក្ខុនីណាមួយ មានសេចក្តីអធិប្បាយក្នុងសិក្ខាបទទី១នៃបារាជិកកណ្ឌរួចហើយ។ ដែលហៅថា ដល់នូវសេចក្តីទុក្ខ សំដៅយកភិក្ខុនីដែលមានជម្ងឺ។ ដែលហៅថា ភិក្ខុនីជាកូនសិស្ស សំដៅយកភិក្ខុនីជាសទ្ធិវិហារិនី (មានធម៌ជាគ្រឿងនៅជាមួយគ្នា)។ ពាក្យថា មិនបម្រើឯង គឺមិនបម្រើដោយខ្លួនឯង។ ពាក្យថា មិនធ្វើការខ្វល់ខ្វាយដើម្បីឲ្យគេបម្រើ គឺមិនបង្គាប់អ្នកដទៃ។ កាលភិក្ខុនីគ្រាន់តែដាក់ធុរៈថា អញនឹងមិនបម្រើឯង នឹងមិនធ្វើការខ្វល់ខ្វាយដើម្បីឲ្យគេបម្រើ ត្រូវអាបត្តិបាចិត្តិយ។ ភិក្ខុនីមិនបម្រើឯង មិនធ្វើការខ្វល់ខ្វាយដើម្បីឲ្យគេបម្រើ នូវអន្តេវាសិនីក្តី អនុបសម្បន្នាក្តី ត្រូវអាបត្តិទុក្កដ។
[២៧១] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៥យ៉ាង) គឺកាលបើមានសេចក្តីអន្តរាយ ហើយភិក្ខុនីស្វែងរកអ្នកឯទៀតជាអ្នកបម្រើជម្ងឺមិនបាន១ ភិក្ខុនីឈឺខ្លួនឯង១ ភិក្ខុនីមានសេចក្តីអន្តរាយ១ ភិក្ខុនីឆ្កួត១ ភិក្ខុនីដើមបញ្ញត្តិ១។
តុវដ្តវគ្គ សិក្ខាបទទី៥
[២៧២] សម័យនោះឯង ព្រះសម្ពុទ្ធដ៏មានព្រះភាគ គង់ក្នុងវត្តជេតវន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ គ្រានោះឯង ភទ្ទាកាបិលានីភិក្ខុនីនៅចាំវស្សាក្នុងក្រុងសាកេត។ ភទ្ទាកាបិលានីភិក្ខុនីនោះ បានបញ្ជូនទូតទៅក្នុងសំណាក់ថុល្លនន្ទាភិក្ខុនីដោយកិច្ចនីមួយថា បើថុល្លនន្ទាជាម្ចាស់ឲ្យលំនៅដល់ខ្ញុំ ខ្ញុំគួរតែទៅកាន់ក្រុងសាវត្ថី។ ថុល្លនន្ទាភិក្ខុនីនិយាយតបយ៉ាងនេះថា ភទ្ទាកាបិលានីមកចុះ ខ្ញុំនឹងឲ្យ(នៅ)។ លំដាប់នោះ ភទ្ទាកាបិលានីភិក្ខុនីបានចេញអំពីក្រុងសាកេតទៅកាន់ក្រុងសាវត្ថី។ ថុល្លនន្ទាភិក្ខុនីក៏បានឲ្យលំនៅដល់ភទ្ទាកាបិលានីភិក្ខុនី។ ក៏គ្រានោះឯង ថុល្លនន្ទាភិក្ខុនីជាពហុស្សូត ជាអ្នកប៉ិននិយាយ ជាអ្នកក្លៀវក្លា ជាអ្នកប្រសប់ធ្វើធម្មីកថា។ សូម្បីភទ្ទាកាបិលានី ក៏ជាពហុស្សូត ជាអ្នកប៉ិននិយាយ ជាអ្នកក្លៀវក្លា ជាអ្នកប្រសប់ធ្វើធម្មីកថាដែរ ហើយមហាជនគេសរសើរដោយច្រើនក្រៃពេក។ មនុស្សទាំងឡាយនិយាយថា ភទ្ទាកាបិលានីជាម្ចាស់ ជាពហុស្សូត ជាអ្នកប៉ិននិយាយ ជាអ្នកក្លៀវក្លា ជាអ្នកប្រសប់ធ្វើធម្មីកថា ជាអ្នកដែលគេសរសើរដោយច្រើន និយាយយ៉ាងនេះហើយ បាននាំគ្នាទៅរកភទ្ទាកាបិលានីភិក្ខុនីមុន ហើយទៅរកថុល្លនន្ទាភិក្ខុនីជាខាងក្រោយ។ ថុល្លនន្ទាភិក្ខុនីជាអ្នកមានសេចក្តីឫស្យាគ្របសង្កត់ ទើបនិយាយថា ភិក្ខុនីទាំងឡាយណាជាអ្នកស្គាល់ច្រើន ជាអ្នកសូមច្រើន បានឮថា ភិក្ខុនីទាំងឡាយនេះជាអ្នកប្រាថ្នាតិច ជាអ្នកសន្តោស ជាអ្នកស្ងាត់ ជាអ្នកមិនច្រឡូកច្រឡំ (និយាយយ៉ាងនេះហើយ) ក៏មានសេចក្តីខឹងអាក់អន់ចិត្ត ហើយទង់ទាញភទ្ទាកាបិលានីចេញចាកលំនៅទៅ។ ភិក្ខុនីទាំងឡាយណាមានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុនីទាំងឡាយនោះពោលទោស តិះដៀល បន្តុះបង្អាប់ថា ថុល្លនន្ទាជាម្ចាស់ មិនសមបីនឹងឲ្យលំនៅដល់ភទ្ទាកាបិលានីជាម្ចាស់ ហើយត្រឡប់ខឹង អាក់អន់ចិត្ត ទង់ទាញចេញសោះ។បេ។ ព្រះដ៏មានព្រះភាគត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថាថុល្លនន្ទាភិក្ខុនី ឲ្យលំនៅដល់ភទ្ទាកាបិលានីភិក្ខុនី ហើយត្រឡប់ខឹង អាក់អន់ចិត្ត ទង់ទាញចេញ ពិតមែនឬ។ ភិក្ខុទាំងឡាយក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធដ៏មានព្រះភាគ ទ្រង់បន្ទោសថា ម្នាលភិក្ខុទាំងឡាយ ថុល្លនន្ទាភិក្ខុនី មិនសមបីនឹង ឲ្យលំនៅដល់ភទ្ទាកាបិលានីភិក្ខុនី ហើយត្រឡប់ខឹង អាក់អន់ចិត្ត ទង់ទាញចេញទេ ម្នាលភិក្ខុទាំងឡាយ អំពើនេះមិនជាទីជ្រះថ្លានៃជនទាំងឡាយ ដែលមិនទាន់ជ្រះថ្លាទេ។បេ។ ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុនី ចូរសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុនីណាមួយ ឲ្យលំនៅដល់ភិក្ខុនីផងគ្នា ហើយខឹង អាក់អន់ចិត្ត ក៏ទង់ទាញឯងក្តី ឲ្យគេទង់ទាញក្តី ត្រូវអាបត្តិបាចិត្តិយ។
[២៧៣] ត្រង់ពាក្យថា ភិក្ខុនីណាមួយ មានសេចក្តីអធិប្បាយក្នុងសិក្ខាបទទី១នៃបារាជិកកណ្ឌរួចហើយ។ ពាក្យថា ដល់ភិក្ខុនី គឺដល់ភិក្ខុនីដទៃ។ ទីកុដិដែលមានសន្លឹកទ្វារជាប់នៅ ហៅថាលំនៅ។ ពាក្យថា ឲ្យ គឺឲ្យដោយខ្លួនឯង។ ពាក្យថា ខឹងអាក់អន់ចិត្ត គឺមានចិត្តមិនត្រេកអរ មានចិត្តគឺទោសមកខ្ទាំងខ្ទប់ មានចិត្តរឹងត្អឹង។ ពាក្យថា ទង់ទាញឯង គឺភិក្ខុនីចាប់យកពីក្នុងល្វែងហើយទាញចេញទៅខាងរបៀង ត្រូវអាបត្តិបាចិត្តិយ។ ភិក្ខុនីចាប់ទាញចេញពីរបៀងទៅខាងក្រៅ ត្រូវអាបត្តិបាចិត្តិយ។ ភិក្ខុនីទាញចេញឲ្យរំលងទ្វារ សូម្បីច្រើន តែដោយប្រយោគ១ (គឺទាញតែម្តង) ត្រូវអាបត្តិបាចិត្តិយ(១)។ ពាក្យថា ឲ្យគេទង់ទាញ សេចក្តីថា ភិក្ខុនីបង្គាប់ឲ្យអ្នកដទៃទង់ទាញ ត្រូវអាបត្តិទុក្កដ។ ភិក្ខុនីបង្គាប់តែម្តង ហើយ(អ្នកទទួលបង្គាប់) ទង់ទាញឲ្យរំលងទ្វារសូម្បីច្រើន ត្រូវអាបត្តិបាចិត្តិយ(១)។
[២៧៤] ឧបសម្បន្នា ភិក្ខុនីសំគាល់ថាជាឧបសម្បន្នា បានឲ្យលំនៅ ហើយខឹងអាក់អន់ចិត្ត ទង់ទាញឯងក្តី ឲ្យគេទង់ទាញក្តី ត្រូវអាបត្តិបាចិត្តិយ។ ឧបសម្បន្នា ភិក្ខុនីមានសេចក្តីសង្ស័យ បានឲ្យលំនៅ ហើយខឹងអាក់អន់ចិត្ត ទង់ទាញឯងក្តី ឲ្យគេទង់ទាញក្តី ត្រូវអាបត្តិបាចិត្តិយ។ ឧបសម្បន្នា ភិក្ខុនីសំគាល់ថាជាអនុបសម្បន្នា បានឲ្យលំនៅ ហើយខឹងអាក់អន់ចិត្ត ត្រឡប់ទង់ទាញឯងក្តី ឲ្យគេទង់ទាញក្តី ត្រូវអាបត្តិបាចិត្តិយ។ ភិក្ខុនីទង់ទាញឯងក្តី ឲ្យគេទង់ទាញក្តីនូវបរិក្ខារនៃភិក្ខុនីនោះ ត្រូវអាបត្តិទុក្កដ។ ភិក្ខុនីទង់ទាញឯងក្តី ឲ្យគេទង់ទាញក្តី (នូវភិក្ខុនីផងគ្នា) ចាកលំនៅដែលមិនមានសន្លឹកទ្វារជាប់នៅ ត្រូវអាបត្តិទុក្កដ។ ភិក្ខុនីទង់ទាញឯងក្តី ឲ្យគេទង់ទាញក្តីនូវបរិក្ខារនៃភិក្ខុនីនោះ ត្រូវអាបត្តិទុក្កដ។ ភិក្ខុនីទង់ទាញឯងក្តី ឲ្យគេទង់ទាញក្តី នូវអនុបសម្បន្នា ចាកលំនៅដែលមានសន្លឹកទ្វារជាប់នៅក្តី មិនមានសន្លឹកទ្វារជាប់នៅក្តី ត្រូវអាបត្តិទុក្កដ។ ភិក្ខុនីទង់ទាញឯងក្តី ឲ្យគេទង់ទាញក្តីនូវបរិក្ខារនៃអនុបសម្បន្នានោះ ត្រូវអាបត្តិទុក្កដ។ អនុបសម្បន្នា ភិក្ខុនីសំគាល់ថាជាឧបសម្បន្នា ត្រូវអាបត្តិទុក្កដ។ អនុបសម្បន្នា ភិក្ខុនីមានសេចក្តីសង្ស័យ ត្រូវអាបត្តិទុក្កដ។ អនុបសម្បន្នា ភិក្ខុនីសំគាល់ថាអនុបសម្បន្នា ត្រូវអាបត្តិទុក្កដ។
[២៧៥] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន១៤យ៉ាង) គឺភិក្ខុនីទង់ទាញឯង ឬឲ្យគេទង់ទាញនូវភិក្ខុនីជាអលជ្ជិនី១ ទង់ទាញឯង ឬឲ្យគេទង់ទាញនូវបរិក្ខារនៃភិក្ខុនីជាអលជ្ជិនីនោះ១ ទង់ទាញឯង ឬឲ្យគេទង់ទាញភិក្ខុនីឆ្កួត១ ទង់ទាញឯង ឬឲ្យគេទង់ទាញនូវបរិក្ខារនៃភិក្ខុនីឆ្កួតនោះ១ ទង់ទាញឯង ឬឲ្យគេទង់ទាញនូវភិក្ខុនីអ្នកធ្វើការបង្ករហេតុ១ អ្នកធ្វើការឈ្លោះ១ អ្នកធ្វើការទាស់ទែង១ អ្នកធ្វើតិរច្ឆានកថា១ អ្នកធ្វើអធិករណ៍ក្នុងសង្ឃ១ ទង់ទាញឯង ឬឲ្យគេទង់ទាញនូវបរិក្ខារនៃភិក្ខុនីទាំងនោះ១ ទង់ទាញឯង ឬឲ្យគេទង់ទាញនូវភិក្ខុនីជាអន្តេវាសិនី ឬជាសទ្ធិវិហារិនីដែលប្រព្រឹត្តមិនល្អ១ ទង់ទាញឯង ឬឲ្យគេទង់ទាញនូវបរិក្ខារនៃភិក្ខុនីនោះ១ ភិក្ខុនីឆ្កួត១ ភិក្ខុនីដើមបញ្ញត្តិ១។
តុវដ្តវគ្គ សិក្ខាបទទី៦
[២៧៦] សម័យនោះ ព្រះសម្ពុទ្ធដ៏មានព្រះភាគ គង់ក្នុងវត្តជេតវន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ គ្រានោះឯង ចណ្ឌកាលីភិក្ខុនីនៅច្រឡូកច្រឡំដោយគហបតីខ្លះ ដោយបុត្ររបស់គហបតីខ្លះ។ ភិក្ខុនីទាំងឡាយណាមានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុនីទាំងឡាយនោះពោលទោស តិះដៀល បន្តុះបង្អាប់ថា ចណ្ឌកាលីជាម្ចាស់ មិនសមបីនឹងនៅច្រឡូកច្រឡំដោយគហបតីខ្លះ ដោយកូនរបស់គហបតីខ្លះសោះ។បេ។ ព្រះដ៏មានព្រះភាគត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថាចណ្ឌកាលីភិក្ខុនី នៅច្រឡូកច្រឡំដោយគហបតីខ្លះ ដោយកូនគហបតីខ្លះ ពិតមែនឬ។ ពួកភិក្ខុក្រាបទូលថា សូមទ្រង់មេត្តាប្រោស ពិតមែន។ ព្រះពុទ្ធដ៏មានព្រះភាគ ទ្រង់បន្ទោសថា ម្នាលភិក្ខុទាំងឡាយ ចណ្ឌកាលីភិក្ខុនី មិនសមបីនឹងនៅច្រឡូកច្រឡំដោយគហបតីខ្លះ ដោយកូនគហបតីខ្លះទេ ម្នាលភិក្ខុទាំងឡាយ អំពើនេះមិនជាទីជ្រះថ្លានៃជនទាំងឡាយដែលមិនទាន់ជ្រះថ្លាទេ។បេ។ ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុនី ចូរសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុនីណាមួយ នៅច្រឡូកច្រឡំដោយគហបតីក្តី ដោយកូនគហបតីក្តី។ ភិក្ខុនីនោះ ត្រូវភិក្ខុនីទាំងឡាយពោលយ៉ាងនេះថា នែលោកម្ចាស់ លោកកុំនៅច្រឡូកច្រឡំដោយគហបតី ឬដោយកូនគហបតីឡើយ នែលោកម្ចាស់ លោកចូរស្ងាត់ចុះ សង្ឃរមែងសរសើរសេចក្តីស្ងាត់នៃបងប្អូនស្រី។ ភិក្ខុនីនោះ កាលភិក្ខុនីទាំងឡាយពោលយ៉ាងនេះហើយ ក៏នៅប្រកួតប្រកាន់ធ្វើយ៉ាងនោះដដែល ភិក្ខុនីនោះ ត្រូវភិក្ខុនីទាំងឡាយសូត្រសមនុភាសនកម្ម ប្រកាសហាមដរាបគំរប់បីដង ដើម្បីឲ្យលះបង់វត្ថុនោះ។ ភិក្ខុនីនោះ បើភិក្ខុនីទាំងឡាយសូត្រសមនុភាសនកម្មប្រកាសហាមដរាបគំរប់បីដងហើយ លះវត្ថុនោះបាន ការលះដូច្នេះនេះ ជាការប្រពៃ បើមិនលះទេ ត្រូវអាបត្តិបាចិត្តិយ។
[២៧៧] ត្រង់ពាក្យថា ភិក្ខុនីណាមួយ មានសេចក្តីអធិប្បាយក្នុងសិក្ខាបទទី១នៃបារាជិកកណ្ឌរួចហើយ។ ដែលហៅថា ច្រឡូកច្រឡំនោះគឺ ច្រឡូកច្រឡំដោយកាយកម្ម និងវចីកម្ម ដ៏មិនសមគួរ។ ដែលហៅថា គហបតីនោះ បានដល់ជនឯណាមួយនៅគ្រប់គ្រងផ្ទះ។ ដែលហៅថា កូនគហបតីនោះ បានដល់ជនណាមួយជាកូន ឬជាបងប្អូនប្រុស (នៃគហបតីនោះ)។
[២៧៨] ពាក្យថា ភិក្ខុនីនោះ គឺភិក្ខុនីណាមួយដែលជាអ្នកច្រឡូកច្រឡំ។ ពាក្យថា ត្រូវភិក្ខុនីទាំងឡាយ គឺត្រូវភិក្ខុនីទាំងឡាយដទៃ។ ភិក្ខុនីទាំងឡាយណាបានឃើញ ភិក្ខុនីទាំងឡាយណាបានឮ ភិក្ខុនីទាំងឡាយនោះគប្បីនិយាយហាមប្រាមថា នែលោកម្ចាស់ លោកកុំនៅច្រឡូកច្រឡំដោយគហបតី ឬដោយកូនរបស់គហបតីឡើយ នែលោកម្ចាស់ លោកចូរស្ងាត់ចុះ សង្ឃរមែងសរសើរសេចក្តីស្ងាត់របស់បងប្អូនស្រី។ ភិក្ខុនីទាំងនោះ គប្បីនិយាយហាមអស់វារៈគំរប់ពីរដងផង គប្បីនិយាយហាមអស់វារៈគំរប់បីដងផង។ បើភិក្ខុនីនោះលះចេញ ការលះដូច្នេះនេះ ជាការប្រពៃ បើមិនលះចេញទេ ត្រូវអាបត្តិទុក្កដ។ ភិក្ខុនីទាំងឡាយណាឮហើយ មិននិយាយ ភិក្ខុនីទាំងឡាយនោះ ត្រូវអាបត្តិទុក្កដ។ ភិក្ខុនីនោះ ត្រូវភិក្ខុនីទាំងឡាយទាញមកកាន់កណ្តាលសង្ឃ ហើយគប្បីនិយាយហាមប្រាមថា នែលោកម្ចាស់ លោកកុំនៅច្រឡូកច្រឡំដោយគហបតី ឬដោយកូនរបស់គហបតីឡើយ នែលោកម្ចាស់ លោកចូរស្ងាត់ចុះ សង្ឃរមែងសរសើរសេចក្តីស្ងាត់នៃបងប្អូនស្រី។ ភិក្ខុនីទាំងឡាយនោះ គប្បីនិយាយមហាមប្រាមអស់វារៈគំរប់ពីរដងផង គប្បីនិយាយហាមអស់វារៈគំរប់បីដងផង។ បើភិក្ខុនីនោះ លះបង់បាន ការលះបានដូច្នេះនេះ ជាការប្រពៃ បើមិនលះចេញទេ ត្រូវអាបត្តិទុក្កដ។
[២៧៩] ភិក្ខុនីនោះ ត្រូវភិក្ខុនីទាំងឡាយសូត្រសមនុភាសនកម្ម។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីទាំងឡាយ គប្បីសូត្រសមនុភាសនកម្ម ប្រកាសហាមប្រាមយ៉ាងនេះ។ ភិក្ខុនីដែលឆ្លាត ប្រតិពល គប្បីញុំាងសង្ឃឲ្យដឹងថា បពិត្រលោកម្ចាស់ សូមសង្ឃស្តាប់ខ្ញុំ ភិក្ខុនីនេះមានឈ្មោះនេះ នៅច្រឡូកច្រឡំដោយគហបតីខ្លះ ដោយកូនរបស់គហបតីខ្លះ។ ភិក្ខុនីនោះមិនលះវត្ថុនោះចេញទេ។ បើកម្មនោះមានកាលដ៏សមគួរដល់សង្ឃហើយ សង្ឃគប្បីសូត្រសមនុភាសនកម្មចំពោះភិក្ខុនីឈ្មោះនេះ ដើម្បីឲ្យលះវត្ថុនោះចេញ។ នេះជាញត្តិ (គឺប្រកាសឲ្យសង្ឃដឹង)។ បពិត្រលោកម្ចាស់ សូមសង្ឃស្តាប់ខ្ញុំ ភិក្ខុនីនេះមានឈ្មោះនេះ នៅច្រឡូកច្រឡំដោយគហបតីខ្លះ ដោយកូនគហបតីខ្លះ។ ភិក្ខុនីនោះមិនលះចោលវត្ថុនោះចេញទេ។ ឥឡូវនេះ សង្ឃសូត្រសមនុភាសនកម្មចំពោះភិក្ខុនីឈ្មោះនេះ ដើម្បីឲ្យលះបង់វត្ថុនោះចេញ។ ការសូត្រសមនុភាសនកម្ម ចំពោះភិក្ខុនីឈ្មោះនេះ ដើម្បីឲ្យលះបង់វត្ថុនោះចេញ គួរដល់លោកម្ចាស់អង្គណា លោកម្ចាស់អង្គនោះ គប្បីស្ងៀមនៅ មិនគួរដល់លោកម្ចាស់អង្គណា លោកម្ចាស់អង្គនោះ គប្បីពោលឡើង។ ខ្ញុំសូត្រសេចក្តីនេះអស់វារៈជាគំរប់ពីរដងផង។បេ។ ខ្ញុំសូត្រសេចក្តីនេះអស់វារៈជាគំរប់បីដងផង។បេ។ ភិក្ខុនីឈ្មោះនេះ សង្ឃបានសូត្រសមនុភាសនកម្មដើម្បីឲ្យលះបង់វត្ថុនោះចេញហើយ។ ការសូត្រសមនុភាសនកម្មនេះគួរដល់សង្ឃហើយ ហេតុនោះទើបសង្ឃស្ងៀមនៅ។ ខ្ញុំសូមចាំទុកនូវសេចក្តីនេះ ដោយអាការស្ងៀមនៅយ៉ាងនេះ។
[២៨០] កាលសូត្រចប់ញត្តិ (ភិក្ខុនីនោះមិនលះបង់វត្ថុនោះ) ត្រូវអាបត្តិទុក្កដ(១) កាលសូត្រកម្មវាចាពីរដង ត្រូវអាបត្តិទុក្កដ(២) កាលចប់កម្មវាចាជាស្រេច ត្រូវអាបត្តិបាចិត្តិយ។
[២៨១] កម្មជាធម៌ ភិក្ខុនីសំគាល់ថា កម្មជាធម៌ ហើយមិនលះបង់វត្ថុនោះ ត្រូវអាបត្តិបាចិត្តិយ។ កម្មជាធម៌ ភិក្ខុនីមានសេចក្តីសង្ស័យ ហើយមិនលះបង់ ត្រូវអាបត្តិបាចិត្តិយ។ កម្មជាធម៌ ភិក្ខុនីសំគាល់ថា កម្មមិនជាធម៌ ហើយមិនលះបង់ ត្រូវអាបត្តិបាចិត្តិយ។ កម្មមិនជាធម៌ ភិក្ខុនីសំគាល់ថា កម្មជាធម៌វិញ ត្រូវអាបត្តិទុក្កដ។ កម្មមិនជាធម៌ ភិក្ខុនីមានសេចក្តីសង្ស័យ ត្រូវអាបត្តិទុក្កដ។ កម្មមិនជាធម៌ ភិក្ខុនីសំគាល់ថា កម្មមិនជាធម៌ ត្រូវអាបត្តិទុក្កដ។
[២៨២] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៤យ៉ាង) គឺភិក្ខុនីដែលសង្ឃមិនបានសូត្រសមនុភាសនកម្ម១ ភិក្ខុនីលះបង់វត្ថុនោះ១ ភិក្ខុនីឆ្កួត១ ភិក្ខុនីជាខាងដើមបញ្ញត្តិ១។
តុវដ្តវគ្គ សិក្ខាបទទី៧
[២៨៣] សម័យនោះ ព្រះសម្ពុទ្ធដ៏មានព្រះភាគ គង់ក្នុងវត្តជេតវន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ គ្រានោះឯង ភិក្ខុនីទាំងឡាយ គ្មានពួកឈ្មួញទៅជាមួយ នាំគ្នាត្រេចទៅកាន់ចារិកខាងក្នុងដែន ដែលគេសន្មតថាជាទីប្រកបដោយសេចក្តីរង្កៀស ប្រកបដោយភ័យចំពោះមុខ។ ពួកអ្នកលេងនាំគ្នាប្រទូស្ត(ពួកភិក្ខុនីទាំងឡាយនោះ)។ ភិក្ខុនីទាំងឡាយណាមានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុនីទាំងនោះពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកភិក្ខុនី មិនសមបីនឹងគ្មានពួកឈ្មួញទៅជាមួយ ហើយនាំគ្នាត្រេចទៅកាន់ចារិកខាងក្នុងដែនដែលគេសន្មតថា ជាទីប្រកបដោយសេចក្តីរង្កៀស ប្រកបដោយភ័យចំពោះមុខសោះ។បេ។ ព្រះដ៏មានព្រះភាគត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថាភិក្ខុនីទាំងឡាយ គ្មានពួកឈ្មួញទៅជាមួយ ហើយត្រេចទៅកាន់ចារិកខាងក្នុងដែនដែលគេសន្មតថា ជាទីប្រកបដោយសេចក្តីរង្កៀស ប្រកបដោយភ័យចំពោះមុខ ពិតមែនឬ។ ភិក្ខុទាំងឡាយក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធដ៏មានព្រះភាគ ទ្រង់បន្ទោសថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីទាំងឡាយ មិនសមគួរនឹងគ្មានពួកឈ្មួញទៅជាមួយ ហើយត្រេចទៅកាន់ចារិកខាងក្នុងដែនដែលគេសន្មតថា ជាទីប្រកបដោយសេចក្តីរង្កៀស ប្រកបដោយភ័យចំពោះមុខទេ ម្នាលភិក្ខុទាំងឡាយ អំពើនេះមិនជាទីជ្រះថ្លានៃជនទាំងឡាយដែលមិនទាន់ជ្រះថ្លាទេ។បេ។ ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុនី ចូរសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុនីណាមួយ គ្មានពួកឈ្មួញទៅជាមួយ ហើយត្រេចទៅកាន់ចារិកខាងក្នុងដែនដែលគេសន្មតថា ជាទីប្រកបដោយសេចក្តីរង្កៀស ប្រកបដោយភ័យចំពោះមុខ ត្រូវអាបត្តិបាចិត្តិយ។
[២៨៤] ត្រង់ពាក្យថា ភិក្ខុនីណាមួយ មានសេចក្តីអធិប្បាយក្នុងសិក្ខាបទទី១នៃបារាជិកកណ្ឌរួចហើយ។ ពាក្យថា ខាងក្នុងដែន គឺភិក្ខុនីនៅខាងក្នុងដែនរបស់ស្តេចណា ក៏ត្រេចទៅក្នុងដែនរបស់ស្តេចនោះ។ ដែលហៅថា ទីប្រកបដោយសេចក្តីរង្កៀសនោះ បានដល់កន្លែងដែលពួកចោរនៅក៏ប្រាកដ កន្លែងដែលពួកចោរបរិភោគក៏ប្រាកដ កន្លែងដែលពួកចោរឈរក៏ប្រាកដ កន្លែងដែលពួកចោរអង្គុយក៏ប្រាកដ កន្លែងដែលពួកចោរដេកក៏ប្រាកដក្នុងផ្លូវនោះ។ ទីដែលហៅថា ប្រកបដោយភ័យចំពោះមុខនោះ គឺពួកមនុស្សដែលចោរទាំងឡាយសម្លាប់ក៏ប្រាកដ ដែលចោរប្លន់ក៏ប្រាកដ ដែលចោរវាយក៏ប្រាកដក្នុងផ្លូវនោះ។ ដែលហៅថា គ្មានពួកឈ្មួញទៅជាមួយនោះ គឺវៀរចាកពួកឈ្មួញចេញ។ ពាក្យថា ត្រេចទៅកាន់ចារិក សេចក្តីថា ភិក្ខុនីត្រេចទៅក្នុងស្រុកកំណត់មួយរយៈមាន់ហើរ ត្រូវអាបត្តិបាចិត្តិយរាល់ៗចន្លោះស្រុក។ ទីព្រៃមិនមែនជាស្រុក ភិក្ខុនីត្រេចទៅក្នុងទីនោះ ត្រូវអាបត្តិបាចិត្តិយរាល់ៗកន្លះយោជន៍។
[២៨៥] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៥យ៉ាង) គឺភិក្ខុនីទៅជាមួយពួកឈ្មួញ១ ភិក្ខុនីទៅក្នុងទីក្សេមក្សាន្តមិនមានភ័យ១ ភិក្ខុនីមានសេចក្តីអន្តរាយ១ ភិក្ខុនីឆ្កួត១ ភិក្ខុនីជាខាងដើមបញ្ញត្តិ១។
តុវដ្តវគ្គ សិក្ខាបទទី៨
[២៨៦] សម័យនោះ ព្រះសម្ពុទ្ធដ៏មានព្រះភាគ គង់ក្នុងវត្តជេតវន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ គ្រានោះឯង ភិក្ខុនីទាំងឡាយ គ្មានពួកឈ្មួញទៅជាមួយ ហើយត្រេចទៅកាន់ចារិកខាងក្រៅដែន ដែលគេសន្មតថាជាទីប្រកបដោយសេចក្តីរង្កៀស ប្រកបដោយភ័យចំពោះមុខ។ អ្នកលេងទាំងឡាយនាំគ្នាប្រទូស្ត(ពួកភិក្ខុនីនោះ)។ ភិក្ខុនីទាំងឡាយណាមានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុនីទាំងនោះក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកភិក្ខុនី មិនសមគួរនឹងគ្មានពួកឈ្មួញទៅជាមួយ ហើយត្រេចទៅកាន់ចារិកខាងក្រៅដែនដែលគេសន្មតថា ជាទីប្រកបដោយសេចក្តីរង្កៀស ប្រកបដោយភ័យចំពោះមុខសោះ។បេ។ ព្រះដ៏មានព្រះភាគត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថាពួកភិក្ខុនី គ្មានពួកឈ្មួញទៅជាមួយ ហើយត្រេចទៅកាន់ចារិកខាងក្រៅដែនដែលគេសន្មតថា ជាទីប្រកបដោយសេចក្តីរង្កៀស ប្រកបដោយភ័យចំពោះមុខ ពិតមែនឬ។ ភិក្ខុទាំងឡាយក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធដ៏មានព្រះភាគ ទ្រង់បន្ទោសថា ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុនី មិនសមបីនឹងគ្មានពួកឈ្មួញទៅជាមួយ ហើយត្រេចទៅកាន់ចារិកខាងក្រៅដែនដែលគេសន្មតថា ជាទីប្រកបដោយសេចក្តីរង្កៀស ប្រកបដោយភ័យចំពោះមុខទេ ម្នាលភិក្ខុទាំងឡាយ អំពើនេះមិនជាទីជ្រះថ្លានៃជនទាំងឡាយដែលមិនទាន់ជ្រះថ្លាទេ។បេ។ ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុនី ចូរសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុនីណាមួយ គ្មានពួកឈ្មួញទៅជាមួយ ហើយត្រេចទៅកាន់ចារិកខាងក្រៅដែនដែលគេសន្មតថា ជាទីប្រកបដោយសេចក្តីរង្កៀស ប្រកបដោយភ័យចំពោះមុខ ត្រូវអាបត្តិបាចិត្តិយ។
[២៨៧] ត្រង់ពាក្យថា ភិក្ខុនីណាមួយ មានសេចក្តីអធិប្បាយក្នុងសិក្ខាបទទី១នៃបារាជិកកណ្ឌរួចហើយ។ ពាក្យថា ខាងក្រៅដែន គឺភិក្ខុនីនៅក្នុងដែនរបស់ស្តេចណា ហើយត្រេចទៅកាន់ចារិកក្នុងដែនរបស់ស្តេចឯទៀត ក្រៅពីដែនរបស់ស្តេចនោះ។ ដែលហៅថា ជាទីប្រកបដោយសេចក្តីរង្កៀសនោះ បានដល់កន្លែងដែលពួកចោរនៅក៏ប្រាកដ កន្លែងដែលពួកចោរបរិភោគក៏ប្រាកដ កន្លែងដែលពួកចោរឈរក៏ប្រាកដ កន្លែងដែលពួកចោរអង្គុយក៏ប្រាកដ កន្លែងដែលពួកចោរដេកក៏ប្រាកដក្នុងផ្លូវនោះ។ ទីដែលហៅថា ប្រកបដោយភ័យចំពោះមុខនោះ គឺពួកមនុស្សដែលចោរទាំងឡាយសម្លាប់ក៏ប្រាកដ ដែលពួកចោរប្លន់ក៏ប្រាកដ ដែលពួកចោរវាយក៏ប្រាកដក្នុងផ្លូវនោះ។ ដែលហៅថា គ្មានពួកឈ្មួញ គឺវៀរចាកពួកឈ្មួញ។ ពាក្យថា ត្រេចទៅកាន់ចារិក សេចក្តីថា ភិក្ខុនីត្រេចទៅក្នុងស្រុកកំណត់មួយរយៈមាន់ហើរ ត្រូវអាបត្តិបាចិត្តិយរាល់ៗចន្លោះស្រុក។ ភិក្ខុនីត្រេចទៅក្នុងព្រៃមិនមែនជាស្រុក ត្រូវអាបត្តិបាចិត្តិយរាល់ៗកន្លះយោជន៍។
[២៨៨] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៥យ៉ាង) គឺភិក្ខុនីទៅជាមួយពួកឈ្មួញ១ ភិក្ខុនីទៅក្នុងទីក្សេមក្សាន្តមិនមានភ័យ១ ភិក្ខុនីមានសេចក្តីអន្តរាយ១ ភិក្ខុនីឆ្កួត១ ភិក្ខុនីជាខាងដើមបញ្ញត្តិ១។
តុវដ្តវគ្គ សិក្ខាបទទី៩
[២៨៩] សម័យនោះ ព្រះសម្ពុទ្ធដ៏មានព្រះភាគ គង់ក្នុងវត្តវេឡុវនវន ជាកលន្ទកនិវាបស្ថាន ជិតក្រុងរាជគ្រឹះ។ គ្រានោះឯង ពួកភិក្ខុនីត្រេចទៅកាន់ចារិកខាងក្នុងវស្សា។ មនុស្សទាំងឡាយក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកភិក្ខុនីមិនសមបីនឹងត្រេចទៅកាន់ចារិកខាងក្នុងវស្សា ដើរជាន់ស្មៅស្រស់ទាំងឡាយ បៀតបៀនវត្ថុដែលរស់នៅមានឥន្ទ្រិយតែមួយ ញុំាងសត្វទាំងឡាយតូចៗឲ្យវិនាសទៅជាច្រើនសោះ។ ពួកភិក្ខុនីបានឮមនុស្សទាំងនោះពោលទោស តិះដៀល បន្តុះបង្អាប់ហើយ។ ភិក្ខុនីទាំងឡាយណាមានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុនីទាំងឡាយនោះពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកភិក្ខុនី មិនសមបីនឹងត្រេចទៅកាន់ចារិកខាងក្នុងវស្សាសោះ។បេ។ ព្រះដ៏មានព្រះភាគត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថាពួកភិក្ខុនី ត្រេចទៅកាន់ចារិកខាងក្នុងវស្សា ពិតមែនឬ។ ភិក្ខុទាំងឡាយក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធដ៏មានព្រះភាគ ទ្រង់បន្ទោសថា ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុនី មិនសមបីនឹងត្រេចទៅកាន់ចារិកខាងក្នុងវស្សាទេ ម្នាលភិក្ខុទាំងឡាយ អំពើនេះមិនជាទីជ្រះថ្លានៃជនទាំងឡាយដែលមិនទាន់ជ្រះថ្លាទេ។បេ។ ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុនី ចូរសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុនីណាមួយ ត្រេចទៅកាន់ចារិកខាងក្នុងវស្សា ត្រូវអាបត្តិបាចិត្តិយ។
[២៩០] ត្រង់ពាក្យថា ភិក្ខុនីណាមួយ មានសេចក្តីអធិប្បាយក្នុងសិក្ខាបទទី១នៃបារាជិកកណ្ឌរួចហើយ។ ពាក្យថា ខាងក្នុងវស្សា សេចក្តីថា ភិក្ខុនីមិនបាននៅចាំវស្សាកំណត់៣ខែខាងដើមក្តី [បុរិមិកវស្សា] កំណត់៣ខែខាងចុងក្តី [បច្ឆិមិកវស្សា]។ ពាក្យថា ត្រេចទៅកាន់ចារិក សេចក្តីថា ភិក្ខុនីត្រេចទៅក្នុងស្រុកកំណត់មួយរយៈមាន់ហើរ ត្រូវអាបត្តិបាចិត្តិយរាល់ៗចន្លោះស្រុក ភិក្ខុនីត្រេចទៅក្នុងព្រៃមិនមែនស្រុក ត្រូវអាបត្តិបាចិត្តិយរាល់ៗកន្លះយោជន៍។
[២៩១] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន ៥ យ៉ាង) គឺភិក្ខុនីទៅដោយសត្តាហករណីយកិច្ច ១ ភិក្ខុនីទៅព្រោះហេតុនីមួយបៀតបៀន ១ ភិក្ខុនីមានសេចក្តីអន្តរាយ ១ ភិក្ខុនីឆ្កួត ១ ភិក្ខុនីជាខាងដើមបញ្ញត្តិ ១។
តុវដ្តវគ្គ សិក្ខាបទទី១០
[២៩២] សម័យនោះ ព្រះសម្ពុទ្ធដ៏មានព្រះភាគ គង់ក្នុងវត្តវេឡុវនវន ជាកលន្ទកនិវាបស្ថាន ជិតក្រុងរាជគ្រឹះ។ គ្រានោះឯង ភិក្ខុនីទាំងឡាយនៅចាំវស្សាក្នុងវត្តវេឡុវន ជិតក្រុងរាជគ្រឹះនោះឯង (ចេញវស្សាហើយក៏នៅ) ក្នុងទីនោះអស់ហេមន្តរដូវ (នៅ) ក្នុងទីនោះអស់គិម្ហរដូវ។ មនុស្សទាំងឡាយពោលទោស តិះដៀល បន្តុះបង្អាប់ថា ទិសទាំងឡាយចង្អៀត ងងឹតដល់ភិក្ខុនី ទិសទាំងឡាយមិនប្រាកដច្បាស់ដល់ភិក្ខុនីទាំងនេះ (ឬដូចម្តេច បានជាមិនចេញអំពីទីនេះសោះ)។ ពួកភិក្ខុនី បានឮមនុស្សទាំងនោះ ពោលទោស តិះដៀល បន្តុះបង្អាប់ហើយ។ ទើបភិក្ខុនីទាំងនោះប្រាប់ដំណើរនុ៎ះដល់ភិក្ខុទាំងឡាយ។ ភិក្ខុទាំងឡាយនាំគ្នាក្រាបទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រោះនិទាននេះ ដំណើរនេះ ទើបព្រះដ៏មានព្រះភាគទ្រង់ធ្វើធម្មីកថា ហើយត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ តថាគតនឹងបញ្ញត្តសិក្ខាបទដល់ភិក្ខុនីទាំងឡាយ ព្រោះអាស្រ័យអំណាចនៃប្រយោជន៍១០យ៉ាង គឺដើម្បីសេចក្តីប្រពៃដល់សង្ឃ១។បេ។ ដើម្បីសេចក្តីតាំងនៅមាំនៃព្រះសទ្ធម្ម១ ដើម្បីអនុគ្រោះដល់ព្រះវិន័យ១។ ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុនី ចូរសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុនីណាមួយ នៅចាំវស្សា រួចហើយមិនចៀសចេញទៅកាន់ចារិក ដោយហោចទៅសូម្បីតែ៥-៦យោជន៍ ត្រូវអាបត្តិបាចិត្តិយ។
[២៩៣] ត្រង់ពាក្យថា ភិក្ខុនីណាមួយ មានសេចក្តីអធិប្បាយក្នុងសិក្ខាបទទី១នៃបារាជិកកណ្ឌរួចហើយ។ ដែលហៅថា នៅចាំវស្សារួចហើយ គឺនៅចាំវស្សាគ្រប់៣ខែខាងដើមក្តី គ្រប់ ៣ ខែខាងចុងក្តី។ ភិក្ខុនីគ្រាន់តែដាក់ធុរៈថា អញនឹងមិនចៀសចេញទៅកាន់ចារិក ដោយហោចទៅសូម្បីតែ៥-៦យោជន៍ ក៏ត្រូវអាបត្តិបាចិត្តិយ។
[២៩៤] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៥យ៉ាង) គឺភិក្ខុនីកាលមានសេចក្តីអន្តរាយ ហើយស្វែងរកភិក្ខុនីផងគ្នាជាគំរប់ពីរមិនបាន ១ ភិក្ខុនីឈឺ ១ ភិក្ខុនីមានសេចក្តីអន្តរាយ១ ភិក្ខុនីឆ្កួត ១ ភិក្ខុនីជាខាងដើមបញ្ញត្តិ ១។
តុវដ្តវគ្គទី៤ ចប់។
ចិត្តាគារវគ្គ សិក្ខាបទទី១
[២៩៥] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ គង់ក្នុងជេតវនារាម របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង នាយជាងបានគូរគំនូរក្នុងព្រះរាជដំណាក់ដ៏វិចិត្រ [អដ្ឋកថា ថា បានដល់សាលាដ៏វិចិត្រសម្រាប់ស្តេចក្រសាល។] ក្នុងឧទ្យានស្តេចបសេនទិកោសល។ ពួកមនុស្សជាច្រើនតែងទៅមើលព្រះរាជដំណាក់ដ៏វិចិត្រ(នោះ)។ សូម្បីពួកឆព្វគ្គិយាភិក្ខុនី (ភិក្ខុនីពួក ៦ រូប) ក៏បានទៅមើលព្រះរាជដំណាក់ដ៏វិចិត្រ (នោះដែរ)។ មនុស្សទាំងឡាយពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុនីទាំងឡាយមិនសមបើនឹងទៅមើលព្រះរាជដំណាក់ដ៏វិចិត្រដូចជាពួកស្រីគ្រហស្ថដែលបរិភោគកាមសោះ។ ភិក្ខុនីទាំងឡាយបានឮពួកមនុស្សទាំងនោះកំពុងពោលទោស តិះដៀល បន្តុះបង្អាប់(ដូច្នោះ)។ ភិក្ខុនីទាំងឡាយណាមានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុនីទាំងឡាយនោះក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកឆព្វគ្គិយាភិក្ខុនី មិនសមបើនឹងទៅមើលព្រះរាជដំណាក់ដ៏វិចិត្រសោះ។បេ។ ទ្រង់ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថា ពួកឆព្វគ្គិយាភិក្ខុនី ទៅមើលរាជដំណាក់ដ៏វិចិត្រ ពិតមែនឬ។ ភិក្ខុទាំងឡាយក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធដ៏មានជោគ ទ្រង់បន្ទោសថា ម្នាលភិក្ខុទាំងឡាយ ឆព្វគ្គិយាភិក្ខុនីទាំងឡាយ មិនគួរបើនឹងទៅមើលរាជដំណាក់ដ៏វិចិត្រទេ ម្នាលភិក្ខុទាំងឡាយ អំពើនេះ មិនមែននាំឲ្យជ្រះថ្លាដល់ជនទាំងឡាយ ដែលមិនទាន់ជ្រះថ្លាទេ។បេ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីទាំងឡាយ ចូរសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុនីណាមួយ ទៅដើម្បីមើលដំណាក់សម្រាប់ក្រសាលរបស់ស្តេចក្តី រោងដ៏វិចិត្រក្តី សួនក្តី ឧទ្យានក្តី ស្រះបោក្ខរណីក្តី ភិក្ខុនីនោះ ត្រូវអាបត្តិបាចិត្តិយ។
[២៩៦] ត្រង់ពាក្យថា ភិក្ខុនីណាមួយ មានសេចក្តីអធិប្បាយក្នុងសិក្ខាបទទី១នៃបារាជិកកណ្ឌរួចហើយ។ ដែលហៅថា ដំណាក់ក្រសាលរបស់ស្តេច បានដល់ដំណាក់ដែលគេសាងដើម្បីក្រសាលសប្បាយដល់ស្តេចនៅក្នុងកន្លែងណាមួយ។ ដែលហៅថា រោងដ៏វិចិត្រ បានដល់រោងដែលគេសាងដើម្បីលេងសប្បាយ ដល់មនុស្សទាំងឡាយនៅក្នុងកន្លែងណាមួយ។ ដែលហៅថា សួន បានដល់សួនដែលគេសាងដើម្បីលេងសប្បាយដល់មនុស្សទាំងឡាយក្នុងកន្លែងណាមួយ។ ដែលហៅថា ឧទ្យាន បានដល់ឧទ្យានដែលគេសាងដើម្បីលេងសប្បាយ ដល់មនុស្សទាំងឡាយក្នុងទីណាមួយ។ ដែលហៅថា ស្រះបោក្ខរណី បានដល់ស្រះបោក្ខរណីដែលគេសាងដើម្បីលេងសប្បាយដល់មនុស្សទាំងឡាយក្នុងកន្លែងណាមួយ។ ភិក្ខុនីទៅដើម្បីមើល ត្រូវអាបត្តិទុក្កដ ឈរមើលក្នុងទីណា ត្រូវអាបត្តិបាចិត្តិយក្នុងទីនោះ។ ភិក្ខុនីលះបង់ឧបចារមើល ហើយមើលរឿយៗ ត្រូវអាបត្តិបាចិត្តិយ។ ភិក្ខុនីទៅដើម្បីមើលកន្លែងណាតែមួយៗ ត្រូវអាបត្តិទុក្កដ (មួយៗ) ឈរមើលក្នុងទីណា ត្រូវអាបត្តិបាចិត្តិយក្នុងទីនោះ។ លះបង់ឧបចារមើលហើយមើលញយៗ ត្រូវអាបត្តិបាចិត្តិយ។
[២៩៧] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៦យ៉ាង) គឺភិក្ខុនីឈរក្នុងអារាមហើយមើល១ ភិក្ខុនីកំពុងដើរទៅក្តី ដើរមកក្តីឃើញ១ កាលបើមានកិច្ច ភិក្ខុនីទៅហើយឃើញ១ ភិក្ខុនីមានសេចក្តីអន្តរាយ១ ភិក្ខុនីឆ្កួត១ ភិក្ខុនីជាខាងដើមបញ្ញត្តិ១។
ចិត្តាគារវគ្គ សិក្ខាបទទី២
[២៩៨] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ គង់ក្នុងជេតវនារាម របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង ភិក្ខុនីទាំងឡាយប្រើប្រាស់អាសន្ទិ [ជើងម៉ា៤ជ្រុង ដែលអង្គុយបានតែម្នាក់ ក្នុងអដ្ឋកថា ថា បានដល់អាសនៈកន្លងហួសប្រមាណ។] ខ្លះ បល្លង្ក [គ្រែវិចិត្រដោយសត្វសាហាវ] ខ្លះ។ មនុស្សទាំងឡាយដើរទៅកាន់ចារិកវិហារ ឃើញហើយ ពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុនីទាំងឡាយមិនសមបើនឹងប្រើប្រាស់អាសន្ទិខ្លះ បល្លង្កខ្លះ ដូចជាស្រីគ្រហស្ថជាអ្នកបរិភោគកាមសោះ។ ភិក្ខុនីទាំងឡាយបានឮមនុស្សទាំងឡាយនោះកំពុងពោលទោស តិះដៀល បន្តុះបង្អាប់ហើយ។ ភិក្ខុនីទាំងឡាយណាមានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុនីទាំងឡាយនោះក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុនីទាំងឡាយ មិនសមបើនឹងប្រើប្រាស់អាសន្ទិខ្លះ បល្លង្កខ្លះសោះ។បេ។ ទ្រង់ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថា ភិក្ខុនីទាំងឡាយប្រើប្រាស់អាសន្ទិខ្លះ បល្លង្កខ្លះ ពិតមែនឬ។ ភិក្ខុទាំងឡាយក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធដ៏មានជោគ ទ្រង់បន្ទោសថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីទាំងឡាយ មិនគួរបើនឹងប្រើប្រាស់អាសន្ទិខ្លះ បល្លង្កខ្លះទេ ម្នាលភិក្ខុទាំងឡាយ អំពើនេះ មិនមែននាំឲ្យជ្រះថ្លាដល់ជនទាំងឡាយ ដែលមិនទាន់ជ្រះថ្លាទេ។បេ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីទាំងឡាយ ចូរសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុនីណាមួយ ប្រើប្រាស់អាសន្ទិក្តី បល្លង្កក្តី ភិក្ខុនីនោះ ត្រូវអាបត្តិបាចិត្តិយ។
[២៩៩] ត្រង់ពាក្យថា ភិក្ខុនីណាមួយ មានសេចក្តីអធិប្បាយក្នុងសិក្ខាបទទី១នៃបារាជិកកណ្ឌរួចហើយ។ អាសនៈដែលកន្លងហួសប្រមាណ តថាគតឲ្យឈ្មោះថា អាសន្ទិ។ គ្រែដែលគេវិចិត្រដោយសត្វកាចទាំងឡាយលើកទៅមកបាន ឈ្មោះថា បល្លង្ក។ ពាក្យថា ប្រើប្រាស់ គឺភិក្ខុនីអង្គុយ ឬដេកដើអាសនៈនោះ ត្រូវអាបត្តិបាចិត្តិយ។
[៣០០] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៤យ៉ាង) គឺភិក្ខុនីកាត់ជើងអាសន្ទិ ហើយទើបប្រើប្រាស់១ ភិក្ខុនីទំលាយរូបសត្វកាចទាំងឡាយនៃបល្លង្ក ហើយទើបប្រើប្រាស់១ ភិក្ខុនីឆ្កួត១ ភិក្ខុនីជាខាងដើមបញ្ញត្តិ១។
ចិត្តាគារវគ្គ សិក្ខាបទទី៣
[៣០១] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ គង់ក្នុងជេតវនារាម របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង ឆព្វគ្គិយាភិក្ខុនីទាំងឡាយការសូត្រ (ឬអម្បោះ)។ មនុស្សទាំងឡាយដើរទៅកាន់ចារិកវិហារ ឃើញហើយ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុនីទាំងឡាយមិនសមបើនឹងការអម្បោះដូចជាពួកស្រីគ្រហស្ថ ជាអ្នកបរិភោគកាមសោះ។ ភិក្ខុនីទាំងឡាយបានឮមនុស្សទាំងឡាយនោះកំពុងពោលទោស តិះដៀល បន្តុះបង្អាប់ហើយ។ ភិក្ខុនីទាំងឡាយណាមានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុនីទាំងឡាយនោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកឆព្វគ្គិយាភិក្ខុនី មិនសមបើនឹងការអម្បោះសោះ។បេ។ ទ្រង់ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថា ឆព្វគ្គិយាភិក្ខុនីទាំងឡាយ ការអម្បោះ ពិតមែនឬ។ ភិក្ខុទាំងឡាយក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធដ៏មានជោគ ទ្រង់បន្ទោសថា ម្នាលភិក្ខុទាំងឡាយ ឆព្វគ្គិយាភិក្ខុនីទាំងឡាយ មិនគួរបើនឹងការអម្បោះទេ ម្នាលភិក្ខុទាំងឡាយ អំពើនេះ មិនមែននាំឲ្យជ្រះថ្លាដល់ជនទាំងឡាយ ដែលមិនទាន់ជ្រះថ្លាទេ។បេ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីទាំងឡាយ ចូរសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុនីណាមួយ ការអម្បោះ ភិក្ខុនីនោះ ត្រូវអាបត្តិបាចិត្តិយ។
[៣០២] ត្រង់ពាក្យថា ភិក្ខុនីណាមួយ មានសេចក្តីអធិប្បាយក្នុងសិក្ខាបទទី១នៃបារាជិកកណ្ឌរួចហើយ។ សូត្រទាំងឡាយមាន៦យ៉ាង គឺរបស់ធ្វើដោយសម្បកឈើ១ ធ្វើដោយកប្បាស១ ធ្វើដោយសូត្រ (សម្បុកនាង)១ ធ្វើដោយរោមសត្វ១ ធ្វើដោយធ្មៃ១ និងភង្គៈ (របស់ដែលលាយដោយវត្ថុទាំង៥ មានសម្បកឈើជាដើមជាមួយគ្នា)១ ឈ្មោះថាសូត្រ។ ពាក្យថា ការ គឺភិក្ខុនីការដោយខ្លួនឯង ត្រូវអាបត្តិទុក្កដក្នុងប្រយោគដែលការ ត្រូវអាបត្តិបាចិត្តិយគ្រប់ៗវារៈដែលបង្វិលមួយជុំៗ។
[៣០៣] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៣យ៉ាង) គឺភិក្ខុនីការអម្បោះដែលគេការរួចហើយ១ ភិក្ខុនីឆ្កួត១ ភិក្ខុនីជាខាងដើមបញ្ញត្តិ១។
ចិត្តាគារវគ្គ សិក្ខាបទទី៤
[៣០៤] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ គង់ក្នុងជេតវនារាម របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង ភិក្ខុនីទាំងឡាយធ្វើការខ្វល់ខ្វាយបម្រើគ្រហស្ថ។ ភិក្ខុនីទាំងឡាយណាមានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុនីទាំងឡាយនោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុនីទាំងឡាយ មិនសមបីនឹងធ្វើការខ្វល់ខ្វាយបម្រើគ្រហស្ថសោះ។បេ។ ទ្រង់ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថា ភិក្ខុនីទាំងឡាយ ធ្វើការខ្វល់ខ្វាយបម្រើគ្រហស្ថ ពិតមែនឬ។ ភិក្ខុទាំងឡាយក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធដ៏មានជោគ ទ្រង់បន្ទោសថា ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុនី មិនគួរបើនឹងធ្វើការខ្វល់ខ្វាយបម្រើគ្រហស្ថទេ ម្នាលភិក្ខុទាំងឡាយ អំពើនេះ មិនមែននាំឲ្យជ្រះថ្លាដល់ជនទាំងឡាយ ដែលមិនទាន់ជ្រះថ្លាទេ។បេ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីទាំងឡាយ ចូរសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុនីណាមួយ ធ្វើការបម្រើគ្រហស្ថ ភិក្ខុនីនោះ ត្រូវអាបត្តិបាចិត្តិយ។
[៣០៥] ត្រង់ពាក្យថា ភិក្ខុនីណាមួយ មានសេចក្តីអធិប្បាយក្នុងសិក្ខាបទទី១នៃបារាជិកកណ្ឌរួចហើយ។ ដែលឈ្មោះថា ការខ្វល់ខ្វាយបម្រើគ្រហស្ថ គឺភិក្ខុនីចំអិនបបរក្តី បាយក្តី ខាទនីយក្តី លាងសាដកក្តី សំពត់ឈ្នួតក្តី ដើម្បីបុគ្គលដែលនៅគ្រប់គ្រងផ្ទះ ត្រូវអាបត្តិបាចិត្តិយ។
[៣០៦] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៥យ៉ាង) គឺភិក្ខុនីជួយចម្អិនទឹកបបរក្តី សង្ឃភត្តក្តី ដើម្បីសង្ឃ១ ភិក្ខុនីជួយគ្រហស្ថក្នុងការបូជាចេតិយ១ ភិក្ខុនីចម្អិនបបរក្តី បាយក្តី ខាទនីយក្តី លាងសាដកក្តី សំពត់ឈ្នួតក្តី ដើម្បីវេយ្យាវច្ចកររបស់ខ្លួន១ ភិក្ខុនីឆ្កួត១ ភិក្ខុនីជាខាងដើមបញ្ញត្តិ១។
ចិត្តាគារវគ្គ សិក្ខាបទទី៥
[៣០៧] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ គង់ក្នុងជេតវនារាម របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង ភិក្ខុនី១រូប ចូលទៅរកថុល្លនន្ទាភិក្ខុនី ហើយបាននិយាយពាក្យនេះថា នែនាងម្ចាស់ នាងចូរមករម្ងាប់អធិករណ៍នេះ។ ថុល្លនន្ទាភិក្ខុនីគ្រាន់តែទទួលពាក្យថាសាធុ តែមិនរម្ងាប់មិនធ្វើសេចក្តីខ្វល់ខ្វាយ ដើម្បីរម្ងាប់អធិករណ៍នោះឡើយ។ ទើបភិក្ខុនីនោះប្រាប់ដំណើរនុ៎ះដល់ភិក្ខុនីទាំងឡាយ។ ភិក្ខុនីទាំងឡាយណាមានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុនីទាំងឡាយនោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ថុល្លនន្ទាជាម្ចាស់ កាលដែលភិក្ខុនីនិយាយថា នែនាងម្ចាស់ នាងចូរមករម្ងាប់អធិករណ៍នេះ ដូច្នេះ បានទទួលពាក្យថា សាធុហើយ មិនសមបីនឹងមិនរម្ងាប់ មិនធ្វើសេចក្តីខ្វល់ខ្វាយ ដើម្បីរម្ងាប់ (អធិករណ៍នោះ) សោះ។បេ។ ទ្រង់ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថា ថុល្លនន្ទាភិក្ខុនី កាលដែលភិក្ខុនីនិយាយថា នែនាងម្ចាស់ នាងចូរមករម្ងាប់អធិករណ៍នេះ ដូច្នេះ បានទទួលពាក្យថា សាធុហើយ តែមិនរម្ងាប់ មិនធ្វើសេចក្តីខ្វល់ខ្វាយ ដើម្បីរម្ងាប់ ពិតមែនឬ។ ភិក្ខុទាំងឡាយក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធដ៏មានជោគ ទ្រង់បន្ទោសថា ម្នាលភិក្ខុទាំងឡាយ ថុល្លនន្ទាភិក្ខុនី កាលដែលភិក្ខុនីនិយាយថា នែនាងម្ចាស់ នាងចូរមករម្ងាប់អធិករណ៍នេះ ដូច្នេះ បានទទួលពាក្យថា សាធុហើយ ហេតុអ្វីក៏មិនរម្ងាប់ មិនធ្វើសេចក្តីខ្វល់ខ្វាយ ដើម្បីរម្ងាប់ ម្នាលភិក្ខុទាំងឡាយ អំពើនេះ មិនមែននាំឲ្យជ្រះថ្លាដល់ជនទាំងឡាយ ដែលមិនទាន់ជ្រះថ្លាទេ។បេ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីទាំងឡាយ ចូរសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុនីណាមួយ កាលដែលភិក្ខុនីនិយាយថា នែនាងម្ចាស់ នាងចូរមក ចូររម្ងាប់អធិករណ៍នេះ ដូច្នេះ បានទទួលពាក្យថាសាធុហើយ ភិក្ខុនីនោះក្នុងកាលជាខាងក្រោយ ឥតមានសេចក្តីអន្តរាយ (អ្វី) ហើយមិនរម្ងាប់ មិនធ្វើសេចក្តីខ្វល់ខ្វាយ ដើម្បីរម្ងាប់ ភិក្ខុនីនោះ ត្រូវអាបត្តិបាចិត្តិយ។
[៣០៨] ត្រង់ពាក្យថា ភិក្ខុនីណាមួយ មានសេចក្តីអធិប្បាយក្នុងសិក្ខាបទទី១នៃបារាជិកកណ្ឌរួចហើយ។ ពាក្យថា កាលដែលភិក្ខុនី បានដល់ភិក្ខុនីដទៃ។ អធិករណ៍ទាំងឡាយ៤ គឺវិវាទាធិករណ៍១ អនុវាទាធិករណ៍១ អាបត្តាធិករណ៍១ កិច្ចាធិករណ៍១ ឈ្មោះថា អធិករណ៍។ ពាក្យថា នែនាងម្ចាស់ នាងចូរមករម្ងាប់អធិករណ៍នេះ គឺថា នែនាងម្ចាស់ នាងចូរមកវិនិច្ឆ័យអធិករណ៍នេះ។ ពាក្យថា ភិក្ខុនីនោះ ក្នុងកាលជាខាងក្រោយ ឥតមានសេចក្តីអន្តរាយ គឺកាលបើសេចក្តីអន្តរាយមិនមាន។ ពាក្យថា មិនរម្ងាប់ គឺមិនរម្ងាប់ដោយខ្លួនឯង។ ពាក្យថា មិនធ្វើសេចក្តីខ្វល់ខ្វាយ ដើម្បីរម្ងាប់ គឺភិក្ខុនីមិនបង្គាប់ភិក្ខុនីដទៃ។ ភិក្ខុនីគ្រាន់តែដាក់ធុរៈថា អញនឹងមិនរម្ងាប់ អញនឹងមិនធ្វើសេចក្តីខ្វល់ខ្វាយ ដើម្បីរម្ងាប់ដូច្នេះ ត្រូវអាបត្តិបាចិត្តិយ។
[៣០៩] ឧបសម្បន្នា ភិក្ខុនីសំគាល់ថា ឧបសម្បន្នា ហើយមិនរម្ងាប់ មិនធ្វើសេចក្តីខ្វល់ខ្វាយដើម្បីរម្ងាប់នូវអធិករណ៍ ត្រូវអាបត្តិបាចិត្តិយ។ ឧបសម្បន្នា ភិក្ខុនីមានសេចក្តីសង្ស័យ មិនរម្ងាប់ មិនធ្វើសេចក្តីខ្វល់ខ្វាយដើម្បីរម្ងាប់នូវអធិករណ៍ ត្រូវអាបត្តិបាចិត្តិយ។ ឧបសម្បន្នា ភិក្ខុនីសំគាល់ថា មិនមែនឧបសម្បន្នា ហើយមិនរម្ងាប់ មិនធ្វើសេចក្តីខ្វល់ខ្វាយដើម្បីរម្ងាប់នូវអធិករណ៍ ត្រូវអាបត្តិបាចិត្តិយ។ ភិក្ខុនីមិនរម្ងាប់ មិនធ្វើសេចក្តីខ្វល់ខ្វាយ ដើម្បីរម្ងាប់នូវអធិករណ៍ដល់អនុបសម្បន្នា ត្រូវអាបត្តិទុក្កដ។ មិនមែនឧបសម្បន្នា ភិក្ខុនីសំគាល់ថា ឧបសម្បន្នា ត្រូវអាបត្តិទុក្កដ។ មិនមែនឧបសម្បន្នា ភិក្ខុនីមានសេចក្តីសង្ស័យ ត្រូវអាបត្តិទុក្កដ។ មិនមែនឧបសម្បន្នា ភិក្ខុនីសំគាល់ថា មិនមែនឧបសម្បន្នា ត្រូវអាបត្តិទុក្កដ។
[៣១០] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៥យ៉ាង) គឺកាលបើមានសេចក្តីអន្តរាយ ហើយភិក្ខុនីស្វែងរកគ្នាមិនបាន១ ភិក្ខុនីឈឺ១ ភិក្ខុនីមានសេចក្តីអន្តរាយ១ ភិក្ខុនីឆ្កួត១ ភិក្ខុនីជាខាងដើមបញ្ញត្តិ១។
ចិត្តាគារវគ្គ សិក្ខាបទទី៦
[៣១១] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ គង់ក្នុងជេតវនារាម របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង ថុល្លនន្ទាភិក្ខុនីឲ្យខាទនីយភោជនីយាហារដោយដៃខ្លួនឯង ដល់ពួកមេល្ខោនខ្លះ ដល់ពួកកូនល្ខោនខ្លះ ដល់ពួកអ្នកឡើងរ៉ាវខ្លះ ដល់ពួកអ្នកបំបាត់សេចក្តីសោក (គឺអ្នកលេងកំប្លែងសើចគឺត្លុក) ខ្លះ ដល់ពួកអ្នកវាយស្គរខ្លះ ដោយពាក្យថា អ្នកទាំងឡាយ ចូរពោលសរសើរគុណយើងក្នុងបរិសទ្យចុះ។ ពួកមេល្ខោនខ្លះ កូនល្ខោនខ្លះ អ្នកឡើងរ៉ាវខ្លះ អ្នកលេងត្លុកកំប្លែងខ្លះ អ្នកលេងស្គរខ្លះ តែងពោលសរសើរគុណថុល្លនន្ទាភិក្ខុនីក្នុងបរិសទ្យថា នាងម្ចាស់ថុល្លនន្ទា ជាពហុស្សូត ជាអ្នកប្រសប់និយាយ ក្លៀវក្លា ឆ្លាសខាងសំដែងធម្មីកថា អ្នកទាំងឡាយចូរឲ្យទានដល់នាងម្ចាស់ចុះ ចូរធ្វើការបូជាដល់នាងម្ចាស់ចុះ។ ភិក្ខុនីទាំងឡាយណាមានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុនីទាំងឡាយនោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា នាងម្ចាស់ថុល្លនន្ទា មិនសមបីនឹងឲ្យខាទនីយភោជនីយាហារដល់គ្រហស្ថដោយដៃខ្លួនឯង សោះ។បេ។ ទ្រង់ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថា ថុល្លនន្ទាភិក្ខុនីឲ្យខាទនីយភោជនីយាហារដល់គ្រហស្ថដោយដៃខ្លួនឯង ពិតមែនឬ។ ភិក្ខុទាំងឡាយក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធដ៏មានជោគ ទ្រង់បន្ទោសថា ម្នាលភិក្ខុទាំងឡាយ ថុល្លនន្ទាភិក្ខុនី មិនគួរបើនឹងឲ្យខាទនីយភោជនីយាហារដល់គ្រហស្ថដោយដៃខ្លួនឯងទេ ម្នាលភិក្ខុទាំងឡាយ អំពើនេះ មិនមែននាំឲ្យជ្រះថ្លាដល់ជនទាំងឡាយ ដែលមិនទាន់ជ្រះថ្លាទេ។បេ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីទាំងឡាយ ចូរសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុនីណាមួយ ឲ្យខាទនីយ ឬភោជនីយ ដល់គ្រហស្ថក្តី បរិព្វាជកក្តី បរិព្វាជិកាក្តី ដោយដៃខ្លួនឯង ភិក្ខុនីនោះ ត្រូវអាបត្តិបាចិត្តិយ។
[៣១២] ត្រង់ពាក្យថា ភិក្ខុនីណាមួយ មានសេចក្តីអធិប្បាយក្នុងសិក្ខាបទទី១នៃបារាជិកកណ្ឌរួចហើយ។ បុគ្គលណាមួយនៅគ្រប់គ្រងផ្ទះ បុគ្គលនោះឈ្មោះថាគ្រហស្ថ។ ប្រុសណាមួយដែលបួសជាបរិព្វាជក លើកទុកតែភិក្ខុ និងសាមណេរចេញ អ្នកនោះហៅថា បរិព្វាជក។ ស្រីណាមួយ ដែលបួសជាបរិព្វាជិកា លើកទុកតែភិក្ខុនី សិក្ខមានា និងសាមណេរីចេញ ស្រីនោះហៅថា បរិព្វាជិកា។ ដែលឈ្មោះថា ខាទនីយ គឺលើកទុកតែភោជន៥យ៉ាង និងទឹក និងឈើស្ទន់ចេញ ក្រៅ(អំពីនោះ) ហៅថា ខាទនីយទាំងអស់។ ដែលហៅថា ភោជន បានដល់ភោជន៥យ៉ាង គឺបាយ១ នំកុម្មាស១ សដូវ១ ត្រី១ សាច់១។ ពាក្យថា ឲ្យ គឺភិក្ខុនីឲ្យដោយកាយក្តី ដោយរបស់ជាប់នឹងកាយក្តី ដោយបោះឲ្យក្តី ត្រូវអាបត្តិបាចិត្តិយ។ ភិក្ខុនីឲ្យទឹក និងឈើស្ទន់ ត្រូវអាបត្តិទុក្កដ។
[៣១៣] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៥យ៉ាង) គឺភិក្ខុនីឲ្យគេឲ្យ មិនបានឲ្យដោយដៃខ្លួនឯង១ ភិក្ខុនីដាក់ (ផុតពីដៃ) ហើយឲ្យ [អដ្ឋកថា ថា ភិក្ខុនីដាក់ខាទនីយភោជនីយាហារលើផែនដី ហើយឲ្យដោយពាក្យថា យើងឲ្យរបស់នេះដល់អ្នកទាំងឡាយ] ១ ភិក្ខុនីឲ្យគ្រឿងលាបកាយខាងក្រៅ១ ភិក្ខុនីឆ្កួត១ ភិក្ខុនីជាខាងដើមបញ្ញត្តិ១។
ចិត្តាគារវគ្គ សិក្ខាបទទី៧
[៣១៤] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ គង់ក្នុងជេតវនារាម របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង ថុល្លនន្ទាភិក្ខុនីមិនលះបង់អាវសថចីវរ [ចីវរដែលទាយកប្រគេនទុកនៅទីកន្លែងសម្រាប់ប្រើប្រាស់ ជាសាធារណដល់ភិក្ខុនីដែលមានរដូវទាំងអស់គ្នា។] (ឲ្យដល់ភិក្ខុនីដទៃ) ហើយប្រើប្រាស់ (តែម្នាក់ឯង)។ ពួកភិក្ខុនីឯទៀតដែលមានរដូវមិនបានប្រើប្រាស់ផង)។ ភិក្ខុនីទាំងឡាយណាមានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុនីទាំងឡាយនោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ថុល្លនន្ទាជាម្ចាស់ មិនសមបើនឹងមិនលះបង់អាវសថចីវរ (ឲ្យដល់ភិក្ខុនីដទៃ) ហើយប្រើប្រាស់ (តែម្នាក់ឯង)សោះ។បេ។ ទ្រង់ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថា ថុល្លនន្ទាភិក្ខុនីមិនលះបង់អាវសថចីវរ (ឲ្យដល់ភិក្ខុនីដទៃ) ហើយប្រើប្រាស់ (តែម្នាក់ឯង) ពិតមែនឬ។ ភិក្ខុទាំងឡាយក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធដ៏មានជោគ ទ្រង់បន្ទោសថា ម្នាលភិក្ខុទាំងឡាយ ថុល្លនន្ទាភិក្ខុនី មិនគួរបើនឹងមិនលះបង់អាវសថចីវរ (ឲ្យដល់ភិក្ខុនីដទៃ) ហើយប្រើប្រាស់ (តែម្នាក់ឯង)ទេ ម្នាលភិក្ខុទាំងឡាយ អំពើនេះ មិនមែននាំឲ្យជ្រះថ្លាដល់ជនទាំងឡាយ ដែលមិនទាន់ជ្រះថ្លាទេ។បេ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីទាំងឡាយ ចូរសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុនីណាមួយ មិនប្រគល់អាវសថចីវរ ហើយប្រើប្រាស់ ភិក្ខុនីនោះ ត្រូវអាបត្តិបាចិត្តិយ។
[៣១៥] ត្រង់ពាក្យថា ភិក្ខុនីណាមួយ មានសេចក្តីអធិប្បាយក្នុងសិក្ខាបទទី១នៃបារាជិកកណ្ឌរួចហើយ។ ដែលហៅថា អាវសថចីវរ បានដល់ចីវរដែលទាយកប្រគេនបម្រុងទុកដោយពាក្យថា ភិក្ខុនីទាំងឡាយដែលមានរដូវចូរប្រើប្រាស់ចុះ។ ពាក្យថា មិនប្រគល់ហើយប្រើប្រាស់ គឺភិក្ខុនីប្រើប្រាស់អស់ពីរបីរាត្រីហើយ ក្នុងថ្ងៃទីបួន លាងហើយ មិនប្រគល់ឲ្យដល់ភិក្ខុនីក្តី សិក្ខមានាក្តី សាមណេរីក្តី ហើយប្រើប្រាស់ (ម្នាក់ឯង) ត្រូវអាបត្តិបាចិត្តិយ។
[៣១៦] ចីវរមិនទាន់បានប្រគល់ ភិក្ខុនីសំគាល់ថាមិនទាន់បានប្រគល់ ហើយប្រើប្រាស់ ត្រូវអាបត្តិបាចិត្តិយ។ ចីវរមិនទាន់បានប្រគល់ ភិក្ខុនីមានសេចក្តីសង្ស័យ ហើយប្រើប្រាស់ ត្រូវអាបត្តិបាចិត្តិយ។ ចីវរមិនទាន់បានប្រគល់ ភិក្ខុនីសំគាល់ថាប្រគល់ឲ្យ ហើយប្រើប្រាស់ ត្រូវអាបត្តិបាចិត្តិយ។ ចីវរប្រគល់ឲ្យហើយ ភិក្ខុនីសំគាល់ថា មិនទាន់បានប្រគល់ ត្រូវអាបត្តិទុក្កដ។ ចីវរប្រគល់ឲ្យហើយ ភិក្ខុនីមានសេចក្តីសង្ស័យ ត្រូវអាបត្តិទុក្កដ។ ចីវរប្រគល់ឲ្យហើយ ភិក្ខុនីសំគាល់ថា ប្រគល់ឲ្យហើយ មិនត្រូវអាបត្តិ។
[៣១៧] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៨យ៉ាង) គឺភិក្ខុនីប្រគល់ឲ្យ ហើយប្រើប្រាស់ ១ ភិក្ខុនីប្រើប្រាស់តាមវេនជាថ្មីទៀត ១ ពួកភិក្ខុនីឯទៀតដែលមានរដូវក៏មិនមាន (ហើយភិក្ខុនីនោះចេះតែប្រើទៅ មិនបានលះ) ១ ភិក្ខុនីដែលចោរដណ្តើមយកចីវរទៅ ១ ភិក្ខុនីដែលមានចីវរវិនាស១ ភិក្ខុនីប្រើប្រាស់ក្នុងពេលមានសេចក្តីអន្តរាយ១ ភិក្ខុនីឆ្កួត ១ ភិក្ខុនីជាខាងដើមបញ្ញត្តិ ១។
ចិត្តាគារវគ្គ សិក្ខាបទទី៨
[៣១៨] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ គង់ក្នុងជេតវនារាម របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង ថុល្លនន្ទាភិក្ខុនីមិនប្រគល់លំនៅ(ដល់អ្នកដទៃ) ហើយក៏ចៀសទៅកាន់ចារិក។ ក៏សម័យនោះឯង ភ្លើងឆេះលំនៅរបស់ថុល្លនន្ទាភិក្ខុនី (នោះ)។ ភិក្ខុនីទាំងឡាយ បាននិយាយគ្នាយ៉ាងនេះថា នែនាងម្ចាស់ទាំងឡាយ ណ្ហើយចុះ យើងនឹងជញ្ជូនរបស់ចេញ។ ភិក្ខុនីទាំងឡាយពួកខ្លះ បាននិយាយយ៉ាងនេះថា នែនាងម្ចាស់ទាំងឡាយ យើងនឹងមិនជញ្ជូនទេ ក្រែងរបស់ណាមួយបាត់ទៅហើយ គេនឹងចោទប្រកាន់យើង ចំពោះរបស់ទាំងអស់។ ថុល្លនន្ទាភិក្ខុនីត្រឡប់មកកាន់លំនៅនោះវិញទៀត ហើយសួរភិក្ខុនីទាំងឡាយថា នែនាងម្ចាស់ទាំងឡាយ ពួកនាងបានជញ្ជូនរបស់យើងចេញខ្លះដែរឬទេ។ ពួកភិក្ខុនីទាំងនោះតបថា នែនាងម្ចាស់ ពួកយើងមិនបានជញ្ជូនចេញទេ។ ថុល្លនន្ទាភិក្ខុនីក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុនីទាំងឡាយ កាលបើលំនៅត្រូវភ្លើងឆេះ មិនគួរបើនឹងមិនជញ្ជូនរបស់ចេញផងសោះ។ ភិក្ខុនីទាំងឡាយណាមានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុនីទាំងឡាយនោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ថុល្លនន្ទាជាម្ចាស់ មិនសមបើនឹងមិនប្រគល់លំនៅ (ឲ្យគេថែរក្សាសិន) ហើយសិមចៀសចេញទៅកាន់ចារិកដូច្នេះសោះ។បេ។ ទ្រង់ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថា ថុល្លនន្ទាភិក្ខុនីមិនប្រគល់លំនៅសិន ហើយចៀសចេញទៅកាន់ចារិក ពិតមែនឬ។ ភិក្ខុទាំងឡាយក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធដ៏មានជោគ ទ្រង់បន្ទោសថា ម្នាលភិក្ខុទាំងឡាយ ថុល្លនន្ទាភិក្ខុនី មិនគួរបើនឹងមិនប្រគល់លំនៅសិន ហើយចៀសចេញទៅកាន់ចារិកទេ ម្នាលភិក្ខុទាំងឡាយ អំពើនេះ មិនមែននាំឲ្យជ្រះថ្លាដល់ពួកជន ដែលមិនទាន់ជ្រះថ្លាទេ។បេ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីទាំងឡាយ ចូរសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុនីណាមួយ មិនប្រគល់លំនៅ ហើយចៀសចេញទៅកាន់ចារិក ភិក្ខុនីនោះ ត្រូវអាបត្តិបាចិត្តិយ។
[៣១៩] ត្រង់ពាក្យថា ភិក្ខុនីណាមួយ មានសេចក្តីអធិប្បាយក្នុងសិក្ខាបទទី១នៃបារាជិកកណ្ឌរួចហើយ។ ដែលហៅថា លំនៅ សំដៅយកលំនៅដែលមានសន្ទះទ្វារជាប់។ ពាក្យថា មិនប្រគល់ ហើយចៀសចេញទៅកាន់ចារិក សេចក្តីថា ភិក្ខុនីមិនប្រគល់ដល់ភិក្ខុនីក្តី សិក្ខមានាក្តី សាមណេរីក្តី ហើយឈានកន្លងរបងនៃលំនៅដែលមានរបង ត្រូវអាបត្តិបាចិត្តិយ។ កាលភិក្ខុនីឈានកន្លងឧបចារនៃលំនៅដែលមិនមានរបង ក៏ត្រូវអាបត្តិបាចិត្តិយ។
[៣២០] លំនៅដែលខ្លួនមិនបានប្រគល់ ភិក្ខុនីសំគាល់ថាមិនបានប្រគល់ឲ្យ ហើយចៀសចេញទៅ ត្រូវអាបត្តិបាចិត្តិយ។ លំនៅដែលខ្លួនមិនបានប្រគល់ ភិក្ខុនីមានសេចក្តីសង្ស័យ ហើយចៀសចេញទៅ ត្រូវអាបត្តិបាចិត្តិយ។ លំនៅដែលខ្លួនមិនបានប្រគល់ ភិក្ខុនីសំគាល់ថាប្រគល់ហើយ ក៏ចៀសចេញទៅ ត្រូវអាបត្តិបាចិត្តិយ។ ភិក្ខុនីមិនប្រគល់លំនៅដែលគ្មានសន្ទះទ្វារជាប់ ហើយចៀសចេញទៅ ត្រូវអាបត្តិទុក្កដ។ លំនៅដែលខ្លួនប្រគល់ហើយ ភិក្ខុនីសំគាល់ថា មិនទាន់ប្រគល់ ត្រូវអាបត្តិទុក្កដ។ លំនៅដែលខ្លួនប្រគល់ហើយ ភិក្ខុនីមានសេចក្តីសង្ស័យ ត្រូវអាបត្តិទុក្កដ។ លំនៅដែលខ្លួនប្រគល់ហើយ ភិក្ខុនីសំគាល់ថា ប្រគល់ហើយ មិនត្រូវអាបត្តិ។
[៣២១] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន ៦ យ៉ាង) គឺភិក្ខុនីប្រគល់ ហើយទើបចៀសចេញទៅ ១ កាលបើមានសេចក្តីអន្តរាយ ភិក្ខុនីក៏ចេញទៅស្វែងរក (គ្នានឹងប្រគល់ឲ្យតែ) មិនបាន ១ ភិក្ខុនីឈឺ ១ ភិក្ខុនីមានសេចក្តីអន្តរាយ ហើយក៏ចេញទៅ ១ ភិក្ខុនីឆ្កួត ១ ភិក្ខុនីជាខាងដើមបញ្ញត្តិ១។
ចិត្តាគារវគ្គ សិក្ខាបទទី៩
[៣២២] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ គង់ក្នុងជេតវនារាម របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង ពួកឆព្វគ្គិយាភិក្ខុនីរៀនតិរច្ឆានវិជ្ជា។មនុស្សទាំងឡាយពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុនីទាំងឡាយ មិនសមបើនឹងរៀនតិរច្ឆានវិជ្ជា ដូចជាពួកស្រីគ្រហស្ថដែលបរិភោគកាមសោះ។ ពួកភិក្ខុនីបានឮមនុស្សទាំងឡាយនោះពោលទោស តិះដៀល បន្តុះបង្អាប់ហើយ។ ភិក្ខុនីទាំងឡាយណាមានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុនីទាំងឡាយនោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកឆព្វគ្គិយាភិក្ខុនី មិនសមបើនឹងរៀនតិរច្ឆានវិជ្ជាសោះ។បេ។ ទ្រង់ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថា ពួកឆព្វគ្គិយាភិក្ខុនីរៀនតិរច្ឆានវិជ្ជា ពិតមែនឬ។ ភិក្ខុទាំងឡាយក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធជាម្ចាស់ដ៏មានព្រះភាគ ទ្រង់បន្ទោសថា ម្នាលភិក្ខុទាំងឡាយ ពួកឆព្វគ្គិយាភិក្ខុនី មិនគួរនឹងរៀនតិរច្ឆានវិជ្ជាទេ ម្នាលភិក្ខុទាំងឡាយ អំពើនេះ មិនមែននាំឲ្យជ្រះថ្លាដល់ពួកជន ដែលមិនទាន់ជ្រះថ្លាទេ។បេ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីទាំងឡាយ ចូរសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុនីណាមួយ រៀនតិរច្ឆានវិជ្ជា ភិក្ខុនីនោះ ត្រូវអាបត្តិបាចិត្តិយ។
[៣២៣] ត្រង់ពាក្យថា ភិក្ខុនីណាមួយ មានសេចក្តីអធិប្បាយក្នុងសិក្ខាបទទី១នៃបារាជិកកណ្ឌរួចហើយ។ ចំណេះណាមួយជាខាងក្រៅ ដែលមិនប្រកបដោយប្រយោជន៍ ចំណេះនោះឈ្មោះថា តិរច្ឆានវិជ្ជា។ ពាក្យថា រៀន សេចក្តីថា ភិក្ខុនីរៀនដោយបទ ត្រូវអាបត្តិបាចិត្តិយរាល់ៗបទ។ (បើ) រៀនដោយអក្សរ ត្រូវអាបត្តិបាចិត្តិយគ្រប់ៗអក្សរ។
[៣២៤] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៥យ៉ាង) គឺភិក្ខុនីរៀនសរសេរអក្សរ១ ភិក្ខុនីរៀនធារណសាស្ត្រ [គឺភិក្ខុនីរៀនគម្ពីរដទៃៗទៀត ដើម្បីឲ្យដឹងស្គាល់នូវលទ្ធិវិជ្ជាក្នុងគម្ពីរនោះៗ។]១ ភិក្ខុនីរៀនវិជ្ជាការពារខ្លួនសម្រាប់រក្សា (ខ្លួន)១ ភិក្ខុនីឆ្កួត១ ភិក្ខុនីជាខាងដើមបញ្ញត្តិ១។
ចិត្តាគារវគ្គ សិក្ខាបទទី១០
[៣២៥] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ គង់ក្នុងជេតវនារាម របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង ពួកឆព្វគ្គិយាភិក្ខុនីបង្រៀនតិរច្ឆានវិជ្ជា។មនុស្សទាំងឡាយពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុនីទាំងឡាយ មិនសមបើនឹងបង្រៀនតិរច្ឆានវិជ្ជា ដូចជាពួកស្រីគ្រហស្ថដែលបរិភោគកាមសោះ។ ភិក្ខុនីបានឮច្បាស់នូវពាក្យមនុស្សទាំងឡាយកំពុងពោលទោស តិះដៀល បន្តុះបង្អាប់ហើយ។ ភិក្ខុនីទាំងឡាយឯណាមានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុនីទាំងឡាយនោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកឆព្វគ្គិយាភិក្ខុនី មិនសមបើនឹងបង្រៀនតិរច្ឆានវិជ្ជាសោះ។បេ។ ទ្រង់ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថា ពួកឆព្វគ្គិយាភិក្ខុនីបង្រៀនតិរច្ឆានវិជ្ជា ពិតមែនឬ។ ភិក្ខុទាំងឡាយក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធដ៏មានជោគ ទ្រង់បន្ទោសថា ម្នាលភិក្ខុទាំងឡាយ ពួកឆព្វគ្គិយាភិក្ខុនី មិនគួរបើនឹងបង្រៀនតិរច្ឆានវិជ្ជាទេ ម្នាលភិក្ខុទាំងឡាយ អំពើនេះ មិនមែននាំឲ្យជ្រះថ្លាដល់ពួកជន ដែលមិនទាន់ជ្រះថ្លាទេ។បេ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីទាំងឡាយ ចូរសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុនីណាមួយ បង្រៀនតិរច្ឆានវិជ្ជា ភិក្ខុនីនោះ ត្រូវអាបត្តិបាចិត្តិយ។
[៣២៦] ត្រង់ពាក្យថា ភិក្ខុនីណាមួយ មានសេចក្តីអធិប្បាយក្នុងសិក្ខាបទទី១នៃបារាជិកកណ្ឌរួចហើយ។ ចំណេះណាមួយជាខាងក្រៅ ដែលមិនប្រកបដោយប្រយោជន៍ ចំណេះនោះឈ្មោះថា តិរច្ឆានវិជ្ជា។ ពាក្យថា បង្រៀន គឺភិក្ខុនីបង្រៀនដោយបទ ត្រូវអាបត្តិបាចិត្តិយរាល់ៗបទ។ បង្រៀនដោយអក្សរ ត្រូវអាបត្តិបាចិត្តិយរាល់ៗអក្សរ។
[៣២៧] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៥យ៉ាង) គឺភិក្ខុនីបង្រៀនសរសេរ១ ភិក្ខុនីបង្រៀនធារណសាស្ត្រ១ ភិក្ខុនីបង្រៀនវិជ្ជាការពារខ្លួនដើម្បីរក្សា (ខ្លួន)១ ភិក្ខុនីឆ្កួត១ ភិក្ខុនីជាខាងដើមបញ្ញត្តិ១។
ចិត្តាគារវគ្គទី៥ ចប់។
អារាមវគ្គ សិក្ខាបទទី១
[៣២៨] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ គង់ក្នុងជេតវនារាម របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង ភិក្ខុទាំងឡាយច្រើនរូប ទ្រទ្រង់តែចីវរមួយៗម្នាក់ ហើយធ្វើចីវរកម្ម (ដេរ ឬជ្រលក់ចីវរជាដើម) ក្នុងអាវាសដែលតាំងនៅជិតស្រុកតូចមួយ។ ភិក្ខុនីទាំងឡាយមិនបានប្រាប់ ហើយចូលទៅកាន់អារាម រួចចូលទៅរកភិក្ខុទាំងឡាយនោះ។ ភិក្ខុទាំងឡាយក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុនីទាំងឡាយ មិនសមបើនឹងមិនប្រាប់ (ជាមុន) ហើយចូលមកកាន់អារាមសោះ។បេ។ ទ្រង់ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថា ភិក្ខុនីទាំងឡាយ មិនប្រាប់ ហើយចូលទៅកាន់អារាម ពិតមែនឬ។ ភិក្ខុទាំងឡាយក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធដ៏មានជោគ ទ្រង់បន្ទោសថា ភិក្ខុនីទាំងឡាយ មិនគួរបើនឹងមិនប្រាប់ ហើយចូលទៅកាន់អារាមទេ ម្នាលភិក្ខុទាំងឡាយ អំពើនេះ មិនមែននាំឲ្យជ្រះថ្លាដល់ពួកជន ដែលមិនទាន់ជ្រះថ្លាទេ។បេ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីទាំងឡាយ ចូរសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុនីណាមួយ មិនបានប្រាប់ ហើយចូលទៅកាន់អារាម ភិក្ខុនីនោះ ត្រូវអាបត្តិបាចិត្តិយ។ សិក្ខាបទនេះ ព្រះដ៏មានព្រះភាគទ្រង់បញ្ញត្តដល់ភិក្ខុនីទាំងឡាយយ៉ាងនេះរួចហើយ។
[៣២៩] សម័យនោះឯង ភិក្ខុទាំងឡាយនោះចៀសចេញទៅចាកអាវាសនោះហើយ។ ភិក្ខុនីទាំងឡាយមិនបានមកកាន់អារាមដោយគិតថា លោកម្ចាស់ទាំងឡាយចៀសចេញទៅហើយ។ គ្រានោះឯង ភិក្ខុទាំងឡាយនោះត្រឡប់មកអាវាសនោះវិញទៀត។ ភិក្ខុនីទាំងឡាយដឹងថា លោកម្ចាស់ទាំងឡាយមកដល់ហើយ ៗក៏ប្រាប់ រួចចូលទៅកាន់អារាមសំដៅទៅរកភិក្ខុទាំងឡាយនោះ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំភិក្ខុទាំងឡាយនោះ ហើយឈរនៅក្នុងទីគួរមួយ។ លុះភិក្ខុនីទាំងនោះឈរនៅក្នុងទីគួរមួយហើយ ភិក្ខុទាំងឡាយនោះ ក៏និយាយពាក្យនេះថា នែនាងទាំងឡាយ ហេតុអ្វី ក៏នាងទាំងឡាយមិនបោសអារាម មិនដំកល់ទុកនូវទឹកផឹក ទឹកប្រើសោះ។ ភិក្ខុនីទាំងឡាយនិយាយថា បពិត្រលោកម្ចាស់ទាំងឡាយ ព្រះដ៏មានព្រះភាគទ្រង់បញ្ញត្តសិក្ខាបទហើយថា ភិក្ខុនីមិនបានប្រាប់ មិនត្រូវចូលទៅកាន់អារាមដូច្នេះ ហេតុនោះ (បានជា) យើងខ្ញុំទាំងឡាយ មិនបានមក។ ភិក្ខុទាំងឡាយក្រាបទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់មានបន្ទូលថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុនីប្រាប់ភិក្ខុដែលមាននៅ ហើយចូលទៅកាន់អារាមបាន។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីទាំងឡាយ ចូរសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុនីណាមួយ មិនបានប្រាប់ភិក្ខុដែលមាននៅ ហើយចូលទៅកាន់អារាម ភិក្ខុនីនោះ ត្រូវអាបត្តិបាចិត្តិយ។ សិក្ខាបទនេះ ព្រះដ៏មានព្រះភាគទ្រង់បានបញ្ញត្តដល់ពួកភិក្ខុនីយ៉ាងនេះរួចហើយ។
[៣៣០] ក៏សម័យនោះឯង ភិក្ខុទាំងឡាយនោះចេញចាកអាវាសនោះ ហើយត្រឡប់មកកាន់អាវាសនោះវិញទៀត។ ភិក្ខុនីទាំងឡាយដឹងថា លោកម្ចាស់ទាំងឡាយចៀសចេញទៅហើយ ក៏មិនបានប្រាប់ ហើយចូលទៅកាន់អារាម។ ភិក្ខុនីទាំងឡាយនោះមានសេចក្តីរង្កៀសថា ព្រះដ៏មានព្រះភាគ ទ្រង់បញ្ញត្តសិក្ខាបទហើយថា ភិក្ខុនីមិនទាន់បានប្រាប់ភិក្ខុដែលមាននៅ ហើយមិនត្រូវចូលទៅកាន់អារាមឡើយ ឯយើងទាំងឡាយ មិនបានប្រាប់ភិក្ខុដែលមាននៅហើយ ចូលទៅកាន់អារាម យើងទាំងឡាយត្រូវអាបត្តិបាចិត្តិយដែរឬហ្ន៎។ ភិក្ខុទាំងឡាយក្រាបទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីទាំងឡាយ ចូរសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុនីណាមួយ កាលដឹងហើយ មិនបានប្រាប់ភិក្ខុដែលមាននៅ ហើយចូលទៅកាន់អារាម ត្រូវអាបត្តិបាចិត្តិយ។
[៣៣១] ត្រង់ពាក្យថា ភិក្ខុនីណាមួយ មានសេចក្តីអធិប្បាយក្នុងសិក្ខាបទទី១នៃបារាជិកកណ្ឌរួចហើយ។ ដែលឈ្មោះថា ភិក្ខុនីកាលដឹង (នោះ) គឺភិក្ខុនីដឹងដោយខ្លួនឯងក្តី ពួកអ្នកដទៃប្រាប់ភិក្ខុនីនោះក្តី ពួកភិក្ខុដែលនៅក្នុងអារាមនោះប្រាប់ក្តី។ ភិក្ខុទាំងឡាយនៅក្នុងទីណា សូម្បីក្រោមម្លប់ឈើ ទីនោះ (ក៏)ឈ្មោះថា អារាមមានភិក្ខុ។ ពាក្យថា ភិក្ខុនីមិនបានប្រាប់ ហើយចូលទៅកាន់អារាម សេចក្តីថា ភិក្ខុនីមិនប្រាប់ភិក្ខុក្តី សាមណេរក្តី ញោមវត្តក្តី ហើយឈានកន្លងរបងវត្ត ដែលមានរបង ត្រូវអាបត្តិបាចិត្តិយ។ កាលភិក្ខុនីចូលទៅដល់ឧបចារវត្តដែលគ្មានរបង ក៏ត្រូវអាបត្តិបាចិត្តិយ។
[៣៣២] អារាមដែលមានភិក្ខុ ភិក្ខុនីសំគាល់ថា មានភិក្ខុ មិនបានប្រាប់ភិក្ខុដែលមាននៅ ហើយចូលទៅកាន់អារាម ត្រូវអាបត្តិបាចិត្តិយ។ អារាមដែលមានភិក្ខុ ភិក្ខុនីមានសេចក្តីសង្ស័យ មិនប្រាប់ភិក្ខុដែលមាននៅ ហើយចូលទៅកាន់អារាម ត្រូវអាបត្តិទុក្កដ។ អារាមដែលមានភិក្ខុ ភិក្ខុនីសំគាល់ថា មិនមានភិក្ខុ មិនបានប្រាប់ភិក្ខុដែលមាននៅ ហើយចូលទៅកាន់អារាម មិនត្រូវអាបត្តិ។ អារាមដែលមិនមានភិក្ខុ ភិក្ខុនីសំគាល់ថា មានភិក្ខុ ត្រូវអាបត្តិទុក្កដ។ អារាមដែលមិនមានភិក្ខុ ភិក្ខុនីមានសេចក្តីសង្ស័យ ត្រូវអាបត្តិទុក្កដ។ អារាមដែលមិនមានភិក្ខុ ភិក្ខុនីសំគាល់ថា មិនមានភិក្ខុ មិនត្រូវអាបត្តិ។
[៣៣៣] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៩យ៉ាង) គឺភិក្ខុនីប្រាប់ភិក្ខុដែលមាននៅ ហើយទើបចូលទៅ១ ភិក្ខុនីមិនប្រាប់ ព្រោះគ្មានភិក្ខុ ហើយចូលទៅ១ ភិក្ខុនីដែលក្រឡេកឃើញសីស (ភិក្ខុនីដែលចូលទៅមុន) ហើយទើបទៅ១ ពួកភិក្ខុនីប្រជុំនៅក្នុងទីណា ភិក្ខុនីនោះ ក៏ទៅក្នុងទីនោះ១ ភិក្ខុនីដើរតាមផ្លូវដែលមានក្នុងវត្ត១ ភិក្ខុនីឈឺ១ ភិក្ខុនីមានសេចក្តីអន្តរាយ១ ភិក្ខុនីឆ្កួត១ ភិក្ខុនីជាខាងដើមបញ្ញត្តិ១។
អារាមវគ្គ សិក្ខាបទទី២
[៣៣៤] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ គង់ក្នុងកូដាគារសាលា ក្នុងព្រៃមហាវន ទៀបក្រុងវេសាលី។ គ្រានោះឯង ព្រះកប្បិតកដ៏មានអាយុ ជាឧបជ្ឈាយ៍ព្រះឧបាលិដ៏មានអាយុ គង់នៅក្នុងព្រៃស្មសាន។ សម័យនោះឯង ភិក្ខុនីដែលជាធំជាងពួកឆព្វគ្គិយាភិក្ខុនីធ្វើមរណកាល។ ពួកឆព្វគ្គិយាភិក្ខុនីនាំភិក្ខុនីនោះទៅ ហើយដុតភិក្ខុនីនោះក្នុងទីមិនឆ្ងាយពីកុដិព្រះកប្បិតកដ៏មានអាយុ ហើយធ្វើស្តូប (ចេតិយ) ហើយតែងទៅយំជិតស្តូបនោះ។ គ្រានោះឯង ព្រះកប្បិតកដ៏មានអាយុ ធុញទ្រាន់នឹងសំឡេងនោះ ទំលាយស្តូបនោះឲ្យខ្ចាត់ខ្ចាយចេញ។ ពួកឆព្វគ្គិយាភិក្ខុនីប្រឹក្សាគ្នាថា លោកកប្បិតកនេះទំលាយស្តូបភិក្ខុនីជាម្ចាស់របស់យើង បើដូច្នោះ មានតែយើងនឹងសម្លាប់លោកកប្បិតកនោះ។ ភិក្ខុនី១រូប ប្រាប់រឿងនុ៎ះដល់ព្រះឧបាលិដ៏មានអាយុ។ ព្រះឧបាលិដ៏មានអាយុប្រាប់រឿងនុ៎ះដល់ព្រះកប្បិតកដ៏មានអាយុ។ លំដាប់នោះឯង ព្រះកប្បិតកដ៏មានអាយុចេញពីកុដិទៅពួន។ ឯពួកឆព្វគ្គិយាភិក្ខុនី ចូលតម្រង់ទៅឯលំនៅព្រះកប្បិតកដ៏មានអាយុ លុះចូលទៅហើយ ក៏ចោលកុដិព្រះកប្បិតកដ៏មានអាយុដោយដុំថ្មផង ដោយដុំដីផង ហើយក៏ចៀសចេញទៅដោយគិតថា លោកកប្បិតកស្លាប់ហើយ។ លំដាប់នោះឯង ព្រះកប្បិតកដ៏មានអាយុ លុះកន្លងរាត្រីនោះ ក៏ស្លៀក ហើយប្រដាប់បាត្រ និងចីវរក្នុងពេលព្រឹកព្រហាម ហើយចូលទៅកាន់ក្រុងវេសាលីដើម្បីបិណ្ឌបាត។ ពួកឆព្វគ្គិយាភិក្ខុនីបានឃើញលោកកប្បិតកដ៏មានអាយុកំពុងត្រេចទៅបិណ្ឌបាត លុះឃើញហើយ បាននិយាយយ៉ាងនេះថា លោកកប្បិតកនេះនៅរស់ (ទេតើ) អ្នកណាហ្ន៎ នាំសេចក្តីប្រឹក្សា (អាថ៌កំបាំង) យើងទៅ (ប្រាប់លោក)។ ពួកឆព្វគ្គិយាភិក្ខុនីបានឮដូច្នេះថា ដំណឹងថា លោកម្ចាស់ឧបាលិនាំសេចក្តីប្រឹក្សាយើងទៅប្រាប់។ ពួកឆព្វគ្គិយាភិក្ខុនីទាំងនោះ ក៏នាំគ្នាជេរព្រះឧបាលិដ៏មានអាយុថា លោកខ្មាន់ព្រះកេសនេះ ជាអ្នកដុសក្អែល (គេ) មានជាតិដ៏ថោកទាប មិនសមបើនឹងនាំយកសេចក្តីប្រឹក្សារបស់យើងទៅប្រាប់សោះ។ ពួកភិក្ខុនីណាមានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុនីទាំងនោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកឆព្វគ្គិយាភិក្ខុនី មិនសមបើនឹងមកនាំគ្នាជេរលោកម្ចាស់ឧបាលិសោះ។បេ។ ទ្រង់ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថា ពួកឆព្វគ្គិយាភិក្ខុនីជេរឧបាលិ ពិតមែនឬ។ ភិក្ខុទាំងឡាយក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធដ៏មានព្រះភាគ ទ្រង់បន្ទោសថា ម្នាលភិក្ខុទាំងឡាយ ពួកឆព្វគ្គិយាភិក្ខុនី មិនគួរបើនឹងជេរឧបាលិទេ ម្នាលភិក្ខុទាំងឡាយ អំពើនេះ មិនមែននាំឲ្យជ្រះថ្លាដល់ជនទាំងឡាយ ដែលមិនទាន់ជ្រះថ្លាទេ។បេ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីទាំងឡាយ ចូរសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុនីណាមួយ ជេរគំរាមភិក្ខុ ភិក្ខុនីនោះ ត្រូវអាបត្តិបាចិត្តិយ។
[៣៣៥] ត្រង់ពាក្យថា ភិក្ខុនីណាមួយ មានសេចក្តីអធិប្បាយក្នុងសិក្ខាបទទី១នៃបារាជិកកណ្ឌរួចហើយ។ ពាក្យថា ភិក្ខុ បានដល់ឧបសម្បន្ន។ ពាក្យថា ជេរ គឺភិក្ខុនីជេរដោយអក្កោសវត្ថុទាំង១០ ឬបណ្តាអក្កោសវត្ថុទាំង១០នោះ ដោយអក្កោសវត្ថុណាមួយ ត្រូវអាបត្តិបាចិត្តិយ។ ពាក្យថា គំរាម គឺភិក្ខុនីសំដែងសេចក្តីខ្លាច ត្រូវអាបត្តិបាចិត្តិយ។
[៣៣៦] ឧបសម្បន្ន ភិក្ខុនីសំគាល់ថា ឧបសម្បន្ន ហើយជេរក្តី គំរាមក្តី ត្រូវអាបត្តិបាចិត្តិយ។ ឧបសម្បន្ន ភិក្ខុនីមានសេចក្តីសង្ស័យ ហើយជេរក្តី គំរាមក្តី ត្រូវអាបត្តិបាចិត្តិយ។ ឧបសម្បន្ន ភិក្ខុនីសំគាល់ថា មិនមែនឧបសម្បន្ន ហើយជេរក្តី គំរាមក្តី ត្រូវអាបត្តិបាចិត្តិយ។ ភិក្ខុនីជេរក្តី គំរាមក្តី នូវអនុបសម្បន្ន ត្រូវអាបត្តិទុក្កដ។ អនុបសម្បន្ន ភិក្ខុនីសំគាល់ថាឧបសម្បន្ន ត្រូវអាបត្តិទុក្កដ។ មិនមែនឧបសម្បន្ន ភិក្ខុនីមានសេចក្តីសង្ស័យ ត្រូវអាបត្តិទុក្កដ។ អនុបសម្បន្ន ភិក្ខុនីសំគាល់ថា អនុបសម្បន្ន ត្រូវអាបត្តិទុក្កដ។
[៣៣៧] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៥យ៉ាង) គឺភិក្ខុនីធ្វើអត្ថឲ្យជាប្រធាន១ ធ្វើធម៌ឲ្យជាប្រធាន១ ធ្វើពាក្យប្រៀនប្រដៅឲ្យជាប្រធាន១ ភិក្ខុនីឆ្កួត១ ភិក្ខុនីជាខាងដើមបញ្ញត្តិ១។
អារាមវគ្គ សិក្ខាបទទី៣
[៣៣៨] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ គង់ក្នុងជេតវនារាម របស់អនាថបិណ្ឌិសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង ចណ្ឌកាលីភិក្ខុនី ជាអ្នកធ្វើសេចក្តីបង្កហេតុ ធ្វើសេចក្តីឈ្លោះ ធ្វើសេចក្តីទាស់ទែង ធ្វើតិរច្ឆានកថា បង្កើតអធិករណ៍ក្នុងសង្ឃ។ កាលសង្ឃកំពុងធ្វើកម្មដល់ចណ្ឌកាលីភិក្ខុនីនោះ ថុល្លនន្ទាភិក្ខុនីក៏ហាមឃាត់។
[៣៣៩] គ្រានោះឯង ថុល្លនន្ទាភិក្ខុនី បានទៅកាន់ស្រុកតូច (មួយ) ដោយកិច្ចនីមួយ។ ទើបភិក្ខុនីសង្ឃដឹងថា ថុល្លនន្ទាភិក្ខុនីចៀសចេញទៅហើយ ក៏លើកវត្តចំពោះចណ្ឌកាលីភិក្ខុនី ព្រោះសេចក្តីមិនឃើញអាបត្តិ។ ថុល្លនន្ទាភិក្ខុនីសម្រេចកិច្ចនោះក្នុងស្រុកតូចហើយ ក៏ត្រឡប់មកក្រុងសាវត្ថីវិញទៀត។ ចណ្ឌកាលីភិក្ខុនី កាលដែលថុល្លនន្ទាភិក្ខុនីមក ក៏មិនក្រាលអាសនៈ មិនដម្កល់ទឹកលាងជើង តាំងរងជើង ជ្រញ់កល់ជើង មិនក្រោកទទួលបាត្រចីវរ មិនអើពើដោយទឹកផឹក។ ថុល្លនន្ទាភិក្ខុនីបាននិយាយពាក្យនេះនឹងចណ្ឌកាលីភិក្ខុនីថា នែនាងម្ចាស់ កាលបើយើងមកដល់ ហេតុអ្វីក៏នាងមិនក្រាលអាសនៈ មិនដម្កល់ទឹកលាងជើង តាំងសម្រាប់រងជើង ជ្រញ់រងជើង មិនក្រោកទទួលបាត្រចីវរ មិនអើពើដោយទឹកផឹកសោះ។ ចណ្ឌកាលីភិក្ខុនីនិយាយថា នែនាងម្ចាស់ បានជាខ្ញុំមិនធ្វើកិច្ចទាំងអម្បាលនេះ ព្រោះខ្ញុំជាស្រីអនាថា។ ថុល្លនន្ទាភិក្ខុនីសួរថា នែនាងម្ចាស់ នាងជាស្រីអនាថា ព្រោះហេតុអ្វី។ ចណ្ឌកាលីភិក្ខុនីនិយាយថា នែនាងម្ចាស់ ភិក្ខុនីអស់នេះ លើកវត្តចំពោះខ្លួនខ្ញុំ ព្រោះមិនឃើញអាបត្តិ ដោយគិតគ្នាថា ភិក្ខុនីនេះ ជាស្រីអនាថា គ្មានអ្នកណាស្គាល់ គ្មានអ្នកណាមួយគោរពកោតក្រែងដល់ភិក្ខុនីនេះទេ។ ថុល្លនន្ទាភិក្ខុនីនិយាយថា ពួកភិក្ខុនីអស់នុ៎ះល្ងង់ ពួកភិក្ខុនីអម្បាលនុ៎ះមិនឆ្លាស ពួកភិក្ខុនីទាំងនុ៎ះមិនស្គាល់កម្មក្តី ទោសរបស់កម្មក្តី កម្មវិបត្តិក្តី កម្មសម្បត្តិក្តី ដូច្នេះ ហើយក៏ផ្តាសាគណភិក្ខុនីដោយសេចក្តីកំណាច។ ភិក្ខុនីទាំងឡាយណាមានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុនីទាំងឡាយនោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា លោកម្ចាស់ថុល្លនន្ទា មិនសមបើនឹងផ្តាសាគណភិក្ខុនីដោយសេចក្តីកំណាចសោះ។បេ។ ទ្រង់ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថាថុល្លនន្ទាភិក្ខុនី ផ្តាសាគណភិក្ខុនី ដោយសេចក្តីកំណាច ពិតមែនឬ។ ភិក្ខុទាំងឡាយក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធដ៏មានជោគ ទ្រង់បន្ទោសថា ម្នាលភិក្ខុទាំងឡាយ ថុល្លនន្ទាភិក្ខុនី មិនគួរបើនឹងផ្តាសាគណភិក្ខុនី ដោយសេចក្តីកំណាចទេ។ ម្នាលភិក្ខុទាំងឡាយ អំពើនេះមិនមែននាំឲ្យជ្រះថ្លាដល់ជនទាំងឡាយដែលមិនទាន់ជ្រះថ្លាទេ។បេ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីទាំងឡាយ ចូរសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុនីណាមួយ ផ្តាសាគណភិក្ខុនីដោយសេចក្តីកំណាច ភិក្ខុនីនោះ ត្រូវអាបត្តិបាចិត្តិយ។
[៣៤០] ត្រង់ពាក្យថា ភិក្ខុនីណាមួយ មានសេចក្តីអធិប្បាយក្នុងសិក្ខាបទទី១នៃបារាជិកកណ្ឌរួចហើយ។ ដែលហៅថា កំណាច សំដៅយកសេចក្តីក្រោធ។ ដែលហៅថា គណភិក្ខុនី សំដៅយកភិក្ខុនីសង្ឃ។ ពាក្យថា ផ្តាសា គឺភិក្ខុនីផ្តាសាថា ភិក្ខុនីអស់នុ៎ះល្ងង់ ភិក្ខុនីអម្បាលនុ៎ះមិនឆ្លាស ពួកភិក្ខុនីទាំងនុ៎ះមិនស្គាល់កម្មក្តី ទោសរបស់កម្មក្តី កម្មវិបត្តិក្តី កម្មសម្បត្តិក្តីដូច្នេះ ត្រូវអាបត្តិបាចិត្តិយ។ ភិក្ខុនីផ្តាសាភិក្ខុនីច្រើនរូបក្តី មួយរូបក្តី អនុបសម្បន្នក្តី ត្រូវអាបត្តិទុក្កដ។
[៣៤១] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៥យ៉ាង) គឺភិក្ខុនីធ្វើអត្ថជាប្រធាន១ ធ្វើធម៌ជាប្រធាន១ ធ្វើពាក្យប្រៀនប្រដៅជាប្រធាន១ ភិក្ខុនីឆ្កួត១ ភិក្ខុនីជាខាងដើមបញ្ញត្តិ១។
អារាមវគ្គ សិក្ខាបទទី៤
[៣៤២] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ គង់ក្នុងជេតវនារាម របស់អនាថបិណ្ឌិសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង មានព្រាហ្មណ៍ម្នាក់និមន្តពួកភិក្ខុនីឲ្យឆាន់។ ពួកភិក្ខុនីឆាន់ហើយ ហាមភត្តហើយ ក៏ទៅកាន់ត្រកូលជាញាតិទាំងឡាយ ហើយភិក្ខុនីពួកខ្លះឆាន់ (ទៀត) ពួកខ្លះ (គ្រាន់តែ) នាំយកបិណ្ឌបាតទៅ។ គ្រានោះឯង ព្រាហ្មណ៍នោះបាននិយាយពាក្យនេះនឹងពួកមនុស្សដែលស្និទ្ធស្នាលថា នែអ្នកម្ចាស់ទាំងឡាយ ខ្ញុំបានប្រគេនចង្ហាន់ពួកភិក្ខុនីឲ្យឆាន់បរិបូណ៌ហើយ ចូរអ្នកទាំងឡាយមកចុះ ខ្ញុំនឹងឲ្យអ្នករាល់គ្នាឆ្អែតស្កប់ស្កល់ទៀត។ ពួកមនុស្សទាំងនោះ បាននិយាយពាក្យយ៉ាងនេះថា នែអ្នកម្ចាស់ អ្នកនឹងឲ្យពួកយើងឆ្អែតស្កប់ស្កល់ដូចម្តេច ពួកភិក្ខុនីឯណាដែលអ្នកនិមន្ត ពួកភិក្ខុនីនោះ មកផ្ទះអស់យើងហើយ ពួកខ្លះក៏ឆាន់ ពួកខ្លះក៏នាំយកចង្ហាន់បិណ្ឌបាតទៅហើយ។ ទើបព្រាហ្មណ៍នោះពោលទោសតិះដៀល បន្តុះបង្អាប់ថា ពួកភិក្ខុនីមិនសមបីនឹងឆាន់ក្នុងផ្ទះយើងរួចហើយ (ទៅ) ឆាន់ក្នុងផ្ទះដទៃ (ទៀត)សោះ ហាក់ដូចជាខ្ញុំមិនអាចឲ្យ (លោកឆាន់) ដរាបដល់ឆ្អែតបាន។ ភិក្ខុនីទាំងឡាយបានឮព្រាហ្មណ៍នោះពោលទោសតិះដៀល បន្តុះបង្អាប់ហើយ។ ភិក្ខុនីទាំងឡាយណាមានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុនីទាំងឡាយនោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុនីទាំងឡាយ ឆាន់ហើយ ហាមភត្តហើយ មិនសមបីនឹង (ទៅ)ឆាន់ក្នុងទីដទៃ(ទៀត)សោះ។បេ។ ទ្រង់ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថា ភិក្ខុនីទាំងឡាយ ឆាន់ហើយ ហាមភត្តហើយ (ទៅ) ឆាន់ក្នុងទីដទៃ(ទៀត) ពិតមែនឬ។ ភិក្ខុទាំងឡាយក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធដ៏មានជោគ ទ្រង់បន្ទោសថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីទាំងឡាយ ឆាន់ហើយ ហាមភត្តហើយ មិនគួរបើនឹង ឆាន់ក្នុងទីដទៃ(ទៀត)ទេ ម្នាលភិក្ខុទាំងឡាយ អំពើនេះមិនមែននាំឲ្យជ្រះថ្លាដល់ពួកជនដែលមិនទាន់ជ្រះថ្លាទេ។បេ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីទាំងឡាយ ចូរសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុនីណាមួយ ដែលគេនិមន្តហើយក្តី ហាមភត្តហើយក្តី ទំពាស៊ីក្តី បរិភោគក្តី នូវខាទនីយ ឬភោជនីយ ត្រូវអាបត្តិបាចិត្តិយ។
[៣៤៣] ត្រង់ពាក្យថា ភិក្ខុនីណាមួយ មានសេចក្តីអធិប្បាយក្នុងសិក្ខាបទទី១នៃបារាជិកកណ្ឌរួចហើយ។ ភិក្ខុនីដែលឈ្មោះថា គេនិមន្ត គឺភិក្ខុនីដែលគេនិមន្ត បណ្តាភោជន៥យ៉ាង ដោយភោជនណាមួយ។ ភិក្ខុនីដែលឈ្មោះថា ហាមភត្ត គឺកិរិយាឆាន់ក៏ប្រាកដ ភោជនក៏ប្រាកដ ភិក្ខុនីស្ថិតនៅក្នុងហត្ថបាស ទាយកបង្អោនរបស់មកចំពោះមុខ ភិក្ខុនីហាមឃាត់ក៏ប្រាកដ។ វត្ថុដែលឈ្មោះថា ខាទនីយ គឺលើកទុកតែភោជន៥យ៉ាង និងបបរ យាមកាលិក សត្តាហកាលិក យាវជីវិកចេញ ក្រៅពីនោះ ឈ្មោះថា ខាទនីយទាំងអស់។ ដែលហៅថា ភោជនីយ បានដល់ភោជន៥យ៉ាង គឺបាយ នំកុម្មាស សដូវ ត្រី សាច់។ ភិក្ខុនីទទួលដោយគិតថា អញនឹងទំពាស៊ី នឹងបរិភោគ ដូច្នេះ ត្រូវអាបត្តិទុក្កដ។ ភិក្ខុនីត្រូវអាបត្តិបាចិត្តិយគ្រប់ៗវារៈដែលលេបចូលទៅ។
[៣៤៤] ខ្លួនគេនិមន្តហើយ ភិក្ខុនីសំគាល់ថា និមន្តហើយ ៗទំពាស៊ី ឬបរិភោគ នូវខាទនីយក្តី ភោជនីយក្តី ត្រូវអាបត្តិបាចិត្តិយ។ ខ្លួនគេនិមន្តហើយ ភិក្ខុនីសង្ស័យ ហើយទំពាស៊ី ឬបរិភោគ នូវខាទនីយក្តី ភោជនីយក្តី ត្រូវអាបត្តិបាចិត្តិយ។ ខ្លួនគេនិមន្តហើយ ភិក្ខុនីសំគាល់ថា មិនបាននិមន្ត ហើយទំពាស៊ី ឬបរិភោគ នូវខាទនីយក្តី ភោជនីយក្តី ត្រូវអាបត្តិបាចិត្តិយ។ ភិក្ខុនីទទួលយាមកាលិក សត្តាហកាលិក យាវជីវិក ប្រយោជន៍ជាអាហារ ត្រូវអាបត្តិទុក្កដ។ ភិក្ខុនីត្រូវអាបត្តិទុក្កដគ្រប់វារៈដែលលេបចូលទៅ។
[៣៤៥] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៧យ៉ាង) គឺភិក្ខុនីដែលគេមិននិមន្ត១ ភិក្ខុនីមិនបានហាមភត្ត១ ភិក្ខុនីផឹកបបរ១ ភិក្ខុនីប្រាប់ម្ចាស់ទាន ហើយទើបបរិភោគ១ កាលបើមានបច្ច័យ (មានហេតុ) ភិក្ខុនីបរិភោគយាមកាលិក សត្តាហកាលិក និងយាវជីវិក១ ភិក្ខុនីឆ្កួត១ ភិក្ខុនីជាខាងដើមបញ្ញត្តិ១។
អារាមវគ្គ សិក្ខាបទទី៥
[៣៤៦] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ គង់ក្នុងជេតវនារាម របស់អនាថបិណ្ឌិសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង ភិក្ខុ១រូបត្រេចទៅបិណ្ឌបាតតាមច្រកតូច១ ក្នុងក្រុងសាវត្ថី ចូលទៅរកត្រកូល១ លុះចូលទៅដល់ហើយ ក៏អង្គុយលើអាសនៈ ដែលគេក្រាលទុកហើយ។ លំដាប់នោះឯង ពួកមនុស្សទាំងនោះឲ្យភិក្ខុនីនោះឆាន់ ហើយបាននិយាយពាក្យនេះថា បពិត្រលោកម្ចាស់ ភិក្ខុនីទាំងឡាយ សូម្បីដទៃក៏និមន្តមកចុះ។ ទើបភិក្ខុនីនោះគិតថា ធ្វើដូចម្តេច កុំឲ្យភិក្ខុនីទាំងឡាយដទៃមកបានដូច្នេះ ហើយក៏ចូលទៅរកភិក្ខុនីទាំងឡាយ រួចបាននិយាយពាក្យនេះថា នែនាងម្ចាស់ ក្នុងទីឯណោះ មានឆ្កែសាហាវ មានគោកាច មានកន្លែងផុត នាងទាំងឡាយកុំទៅក្នុងទីនោះឡើយ។ ភិក្ខុនី១រូបទៀតត្រេចទៅបិណ្ឌបាតក្នុងច្រកតូចនោះ ចូលទៅរកត្រកូលនោះ លុះចូលទៅដល់ហើយ ក៏អង្គុយលើអាសនៈដែលគេតាំងទុកហើយ។ ទើបមនុស្សទាំងឡាយនោះឲ្យភិក្ខុនីនោះឆាន់ ហើយបាននិយាយពាក្យនេះថា បពិត្រលោកម្ចាស់ ហេតុអ្វីក៏ភិក្ខុនីទាំងឡាយមិនមក។ ទើបភិក្ខុនីនោះប្រាប់ដំណើរនុ៎ះដល់មនុស្សទាំងនោះ។ មនុស្សទាំងឡាយក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុនីមិនសមបើនឹងប្រព្រឹត្តកំណាញ់ត្រកូលសោះ។បេ។ ទ្រង់ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថា ភិក្ខុនីប្រព្រឹត្តកំណាញ់ត្រកូល ពិតមែនឬ។ ភិក្ខុទាំងឡាយក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធដ៏មានជោគ ទ្រង់បន្ទោសថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុនី មិនគួរបើនឹងប្រព្រឹត្តកំណាញ់ត្រកូលទេ ម្នាលភិក្ខុទាំងឡាយ អំពើនេះមិនមែននាំឲ្យជ្រះថ្លាដល់ពួកជនដែលមិនទាន់ជ្រះថ្លាទេ។បេ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីទាំងឡាយ ចូរសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុនីណាមួយ មានសេចក្តីកំណាញ់ត្រកូល ភិក្ខុនីនោះ ត្រូវអាបត្តិបាចិត្តិយ។
[៣៤៧] ត្រង់ពាក្យថា ភិក្ខុនីណាមួយ មានសេចក្តីអធិប្បាយក្នុងសិក្ខាបទទី១នៃបារាជិកកណ្ឌរួចហើយ។ ដែលហៅថា ត្រកូល បានដល់ត្រកូល៤យ៉ាង គឺត្រកូលក្សត្រ១ ត្រកូលព្រាហ្មណ៍១ ត្រកូលអ្នកជំនួញ អ្នកធ្វើស្រែ ធ្វើចំការ១ ត្រកូលអ្នកស៊ីឈ្នួល១។ ពាក្យថា មានសេចក្តីកំណាញ់ គឺភិក្ខុនីពោលទោសត្រកូលក្នុងសំណាក់ភិក្ខុនីទាំងឡាយ ដោយគិតថា ធ្វើដូចម្តេចកុំឲ្យភិក្ខុនីទាំងឡាយមកបានដូច្នេះ ត្រូវអាបត្តិបាចិត្តិយ។ ឬភិក្ខុនីពោលទោសភិក្ខុនីទាំងឡាយក្នុងសំណាក់ត្រកូល ក៏ត្រូវអាបត្តិបាចិត្តិយ។
[៣៤៨] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៤យ៉ាង) គឺភិក្ខុនីមិនប្រព្រឹត្តកំណាញ់១ ភិក្ខុនីប្រាប់ទោសដែលមានពិត១ ភិក្ខុនីឆ្កួត១ ភិក្ខុនីជាខាងដើមបញ្ញត្តិ១។
អារាមវគ្គ សិក្ខាបទទី៦
[៣៤៩] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ គង់ក្នុងជេតវនារាម របស់អនាថបិណ្ឌិសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង ភិក្ខុនីច្រើនរូបនៅចាំវស្សាក្នុងអាវាសដែលតាំងនៅក្នុងស្រុកក្រៅ ហើយបានទៅកាន់ក្រុងសាវត្ថី។ ភិក្ខុនីទាំងឡាយ (ឯទៀត) បាននិយាយពាក្យនេះនឹងភិក្ខុនីទាំងនោះថា លោកម្ចាស់ទាំងឡាយចាំវស្សាក្នុងទីណា ការទូន្មានបានមាំមួនដែរឬ [អដ្ឋកថា ថា ឱវាទដែលប្រកបដោយប្រយោជន៍ទាំងជ្រៅឆ្ងាយទូលាយ មានរសច្រើន ប្រកបដោយសេចក្តីត្រាស់ដឹងនូវលក្ខណៈ]។ ភិក្ខុនីទាំងឡាយនោះនិយាយថា នែនាងម្ចាស់ ពួកភិក្ខុក្នុងទីនោះគ្មានទេ ការទូន្មាននឹងបានមាំមួនពីណា។ ភិក្ខុនីទាំងឡាយណាមានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុនីទាំងឡាយនោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុនីទាំងឡាយ មិនសមបើនឹងនៅចាំវស្សាក្នុងអាវាសគ្មានភិក្ខុសោះ។បេ។ ព្រះអង្គទ្រង់ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថា ភិក្ខុនីទាំងឡាយនៅចាំវស្សាក្នុងអាវាសមិនមានភិក្ខុ ពិតមែនឬ។ ភិក្ខុទាំងឡាយក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធដ៏មានជោគ ទ្រង់បន្ទោសថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីទាំងឡាយ មិនគួរបើនឹងនៅចាំវស្សាក្នុងអាវាសដែលគ្មានភិក្ខុទេ ម្នាលភិក្ខុទាំងឡាយ អំពើនេះមិនមែននាំឲ្យជ្រះថ្លាដល់ជនទាំងឡាយដែលមិនទាន់ជ្រះថ្លាទេ។បេ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីទាំងឡាយ ចូរសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុនីណាមួយ នៅចាំវស្សាក្នុងអាវាសឥតភិក្ខុ ភិក្ខុនីនោះ ត្រូវអាបត្តិបាចិត្តិយ។
[៣៥០] ត្រង់ពាក្យថា ភិក្ខុនីណាមួយ មានសេចក្តីអធិប្បាយក្នុងសិក្ខាបទទី១នៃបារាជិកកណ្ឌរួចហើយ។ អាវាសដែលភិក្ខុមិនអាចនឹងទៅឲ្យឱវាទក្តី នៅរួមក្តី ឈ្មោះថា អាវាសឥតភិក្ខុ។ ភិក្ខុនីតាំងចិត្តថា អញនឹងនៅចាំវស្សាដូច្នេះ ហើយក្រាលសេនាសនៈ ដម្កល់ទឹកផឹក ទឹកប្រើប្រាស់ បោសច្រាសទីបរិវេណ ត្រូវអាបត្តិទុក្កដ។ ភិក្ខុនីនោះ ត្រូវអាបត្តិបាចិត្តិយ ព្រមគ្នានឹងអរុណរះឡើង។
[៣៥១] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៤យ៉ាង) គឺភិក្ខុទាំងឡាយនៅចាំវស្សា ហើយចៀសចេញទៅក្តី សិកទៅក្តី ស្លាប់ក្តី ចូលពួក (គឺទៅចូលសាសនាដទៃ)ក្តី១ ភិក្ខុនីមានសេចក្តីអន្តរាយ១ ភិក្ខុនីឆ្កួត១ ភិក្ខុនីជាខាងដើមបញ្ញត្តិ១។
អារាមវគ្គ សិក្ខាបទទី៧
[៣៥២] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ គង់ក្នុងជេតវនារាម របស់អនាថបិណ្ឌិសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង ភិក្ខុនីច្រើនរូបនៅចាំវស្សាក្នុងអាវាសដែលតាំងនៅក្នុងស្រុកក្រៅ ហើយបានទៅកាន់ក្រុងសាវត្ថី។ ភិក្ខុនីទាំងឡាយ បាននិយាយពាក្យនេះនឹងភិក្ខុនីទាំងឡាយនោះថា នាងម្ចាស់ទាំងឡាយនៅចាំវស្សាក្នុងទីណា ហើយបវារណានឹងភិក្ខុសង្ឃដែរឬ។ ភិក្ខុនីទាំងឡាយនោះនិយាយថា នែនាងម្ចាស់ ពួកយើងមិនបានបវារណានឹងភិក្ខុសង្ឃទេ។ ភិក្ខុនីទាំងឡាយណាមានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុនីទាំងឡាយនោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុនីទាំងឡាយ នៅចាំវស្សាហើយ មិនសមនឹងមិនបវារណានឹងភិក្ខុសង្ឃសោះ។បេ។ ទ្រង់ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថា ភិក្ខុនីទាំងឡាយនៅចាំវស្សាហើយ មិនបវារណានឹងភិក្ខុសង្ឃ ពិតមែនឬ។ ភិក្ខុទាំងឡាយក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធដ៏មានជោគ ទ្រង់បន្ទោសថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីទាំងឡាយ នៅចាំវស្សាហើយ មិនគួរបើនឹងមិនបវារណានឹងភិក្ខុសង្ឃទេ។ ម្នាលភិក្ខុទាំងឡាយ អំពើនេះមិនមែននាំឲ្យជ្រះថ្លាដល់ពួកជន ដែលមិនទាន់ជ្រះថ្លាទេ។បេ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីទាំងឡាយ ចូរសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុនីណាមួយ នៅចាំវស្សាហើយ មិនបវារណានឹងឧភតោ ដោយស្ថានបីយ៉ាង គឺដោយឃើញក្តី ដោយឮក្តី ដោយរង្កៀសក្តី ភិក្ខុនីនោះ ត្រូវអាបត្តិបាចិត្តិយ។
[៣៥៣] ត្រង់ពាក្យថា ភិក្ខុនីណាមួយ មានសេចក្តីអធិប្បាយក្នុងសិក្ខាបទទី១នៃបារាជិកកណ្ឌរួចហើយ។ ភិក្ខុនីនៅអស់ត្រ័យមាសខាងដើមក្តី អស់ត្រ័យមាសខាងចុងក្តី ឈ្មោះថា នៅចាំវស្សាហើយ។ ភិក្ខុនីគ្រាន់តែដាក់ធុរៈថា អញនឹងមិនបវារណានឹងឧភតោសង្ឃ ដោយស្ថានបីយ៉ាង គឺដោយឃើញក្តី ដោយឮក្តី ដោយរង្កៀសក្តី ត្រូវអាបត្តិបាចិត្តិយ។
[៣៥៤] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៥យ៉ាង) គឺភិក្ខុនីមានសេចក្តីអន្តរាយ ហើយស្វែងរក (ឧភតោសង្ឃ)មិនបាន១ ភិក្ខុនីឈឺ១ ភិក្ខុនីមានសេចក្តីអន្តរាយ១ ភិក្ខុនីឆ្កួត១ ភិក្ខុនីជាខាងដើមបញ្ញត្តិ១។
អារាមវគ្គ សិក្ខាបទទី៨
[៣៥៥] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ គង់ក្នុងនិគ្រោធារាម ទៀបក្រុងកបិលពស្តុ ក្នុងដែនសក្កៈ។ គ្រានោះឯង ពួកឆព្វគ្គិយភិក្ខុ ចូលទៅកាន់លំនៅភិក្ខុនី ហើយទូន្មានពួកឆព្វគ្គិយាភិក្ខុនី។ ភិក្ខុនីទាំងឡាយ បាននិយាយពាក្យនេះនឹងពួកឆព្វគ្គិយាភិក្ខុនីថា នែលោកម្ចាស់ទាំងឡាយ ចូរលោកទាំងឡាយមក ពួកយើងនឹងទៅ (ស្តាប់) ឱវាទ។ ពួកឆព្វគ្គិយាភិក្ខុនី និយាយថា នែលោកម្ចាស់ទាំងឡាយ ពួកយើងមិនបាច់ទៅដោយហេតុឱវាទទេ ព្រោះលោកម្ចាស់ឆព្វគ្គិយទាំងឡាយ តែងមកទូន្មានយើងក្នុងទីនេះឯង។ ភិក្ខុនីទាំងឡាយណាមានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុនីទាំងឡាយនោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ឆព្វគ្គិយាភិក្ខុនីទាំងឡាយ មិនសមបើនឹងមិនទៅកាន់ទីស្តាប់ឱវាទសោះ។បេ។ ទ្រង់ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថា ឆព្វគ្គិយាភិក្ខុនី មិនទៅកាន់ទីស្តាប់ឱវាទ ពិតមែនឬ។ ភិក្ខុទាំងឡាយក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធដ៏ទ្រង់ជោគ ទ្រង់បន្ទោសថា ម្នាលភិក្ខុទាំងឡាយ ឆព្វគ្គិយាភិក្ខុនីទាំងឡាយ មិនសមបើនឹងមិនទៅកាន់ទីស្តាប់ឱវាទទេ ម្នាលភិក្ខុទាំងឡាយ អំពើនេះមិនមែននាំឲ្យជ្រះថ្លាដល់ពួកជន ដែលមិនទាន់ជ្រះថ្លាទេ។បេ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីទាំងឡាយ ចូរសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុនីណាមួយ មិនទៅដើម្បីឱវាទក្តី ដើម្បីនៅរួបរួមគ្នាក្តី ភិក្ខុនីនោះ ត្រូវអាបត្តិបាចិត្តិយ។
[៣៥៦] ត្រង់ពាក្យថា ភិក្ខុនីណាមួយ មានសេចក្តីអធិប្បាយក្នុងសិក្ខាបទទី១នៃបារាជិកកណ្ឌរួចហើយ។ គរុធម៌ទាំង៨ ឈ្មោះថាឱវាទ។ កម្មជាមួយគ្នា ឧទ្ទេសជាមួយគ្នា សេចក្តីសិក្សាស្មើគ្នា ឈ្មោះថា នៅរួបរួម។ ភិក្ខុនីគ្រាន់តែដាក់ធុរៈថា អញនឹងមិនទៅដើម្បីឱវាទក្តី ដើម្បីនៅរួបរួមក្តី ត្រូវអាបត្តិបាចិត្តិយ។
[៣៥៧] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៥យ៉ាង) គឺភិក្ខុនីមានសេចក្តីអន្តរាយ ហើយស្វែងរកភិក្ខុនីជាគំរប់ពីរមិនបាន១ ភិក្ខុនីឈឺ១ ភិក្ខុនីមានសេចក្តីអន្តរាយ១ ភិក្ខុនីឆ្កួត១ ភិក្ខុនីជាខាងដើមបញ្ញត្តិ១។
អារាមវគ្គ សិក្ខាបទទី៩
[៣៥៨] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ គង់ក្នុងជេតវនារាម របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង ភិក្ខុនីទាំងឡាយមិនសួរឧបោសថផង មិនសូមឱវាទផង។ ភិក្ខុទាំងឡាយពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុនីទាំងឡាយ មិនសមបើនឹងមិនសួរឧបោសថផង មិនសូមឱវាទផងសោះ។បេ។ ទ្រង់ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថា ភិក្ខុនីទាំងឡាយ មិនសួរឧបោសថផង មិនសូមឱវាទផង ពិតមែនឬ។ ភិក្ខុទាំងឡាយក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធដ៏មានជោគ ទ្រង់បន្ទោសថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីទាំងឡាយ មិនគួរបើនឹងមិនសួរឧបោសថផង មិនសូមឱវាទផងទេ ម្នាលភិក្ខុទាំងឡាយ អំពើនេះមិនមែននាំឲ្យជ្រះថ្លាដល់ពួកជន ដែលមិនទាន់ជ្រះថ្លាទេ។បេ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីទាំងឡាយ ចូរសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុនីត្រូវប្រាថ្នាធម៌ពីរយ៉ាងអំពីភិក្ខុសង្ឃ គឺសួរឧបោសថ១ ចូលទៅទទួលឱវាទ១ រាល់ៗកន្លះខែ កាលភិក្ខុនីឲ្យកន្លងកន្លះខែនោះទៅ ត្រូវអាបត្តិបាចិត្តិយ។
[៣៥៩] ត្រង់ពាក្យថា រាល់ៗកន្លះខែ គឺគ្រប់ថ្ងៃឧបោសថ។ ឧបោសថពីរយ៉ាង គឺឧបោសថក្នុងតិថីទី១៤មួយ ឧបោសថក្នុងតិថីទី១៥មួយ ឈ្មោះថា ថ្ងៃឧបោសថ។ គរុធម៌ទាំង៨ ឈ្មោះថាឱវាទ។ ភិក្ខុនីគ្រាន់តែដាក់ធុរៈថា អញនឹងមិនសួរឧបោសថក្តី មិនសូមឱវាទក្តី ត្រូវអាបត្តិបាចិត្តិយ។
[៣៦០] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៥យ៉ាង) គឺភិក្ខុនីមានសេចក្តីអន្តរាយ ហើយស្វែងរកភិក្ខុនីជាគំរប់ពីរមិនបាន១ ភិក្ខុនីឈឺ១ ភិក្ខុនីមានសេចក្តីអន្តរាយ១ ភិក្ខុនីឆ្កួត១ ភិក្ខុនីជាខាងដើមបញ្ញត្តិ១។
អារាមវគ្គ សិក្ខាបទទី១០
[៣៦១] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ គង់ក្នុងជេតវនារាម របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង ភិក្ខុនី១រូប តែម្នាក់នឹងម្នាក់ជាមួយនឹងបុរស ឲ្យគេទំលាយពក ឬបូសដែលកើតត្រង់កាយខាងក្រោម។ គ្រានោះឯង បុរសនោះព្យាយាមដើម្បីប្រទូស្តនឹងភិក្ខុនីនោះ។ ភិក្ខុនីនោះបានធ្វើសម្រែកខ្លំាង។ ភិក្ខុនីទាំងឡាយក៏ស្ទុះចូលទៅ ហើយនិយាយពាក្យនេះនឹងភិក្ខុនីនោះថា នែលោកម្ចាស់ ហេតុអ្វីក៏នាងធ្វើសម្រែកខ្លំាងម្ល៉េះ។ ទើបភិក្ខុនីនោះប្រាប់ដំណើរនុ៎ះដល់ភិក្ខុនីទាំងឡាយ។ ភិក្ខុនីទាំងឡាយណា មានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុនីទាំងឡាយនោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុនីតែម្នាក់នឹងម្នាក់ជាមួយនឹងបុរស មិនសមបើ នឹងឲ្យទំលាយពក ឬបូសដែលកើតត្រង់កាយខាងក្រោមសោះ។បេ។ ព្រះអង្គទ្រង់ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថា ភិក្ខុនីតែម្នាក់នឹងម្នាក់ ជាមួយនឹងបុរសឲ្យទំលាយពក ឬបូសដែលកើតត្រង់កាយខាងក្រោម ពិតមែនឬ។ ភិក្ខុទាំងឡាយក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធដ៏មានជោគ ទ្រង់បន្ទោសថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីតែម្នាក់នឹងម្នាក់ ជាមួយនឹងបុរស មិនគួរបើនឹងឲ្យទំលាយពក ឬបូសដែលកើតត្រង់កាយខាងក្រោមទេ ម្នាលភិក្ខុទាំងឡាយ អំពើនេះមិនមែននាំឲ្យជ្រះថ្លាដល់ពួកជន ដែលមិនទាន់ជ្រះថ្លាទេ។បេ។ ម្នាលភិក្ខុទាំងឡាយ ចូរភិក្ខុនីទាំងឡាយ សំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុនីណាមួយមិនបានប្រាប់សង្ឃក្តី គណៈក្តី ហើយតែម្នាក់នឹងម្នាក់ជាមួយនឹងបុរសឲ្យទំលាយក្តី វះក្តី លាងក្តី លាបក្តី ចងក្តី ស្រាយក្តី នូវពកក្តី របួសក្តី ដែលកើតត្រង់កាយខាងក្រោម ភិក្ខុនីនោះ ត្រូវអាបត្តិបាចិត្តិយ។
[៣៦២] ត្រង់ពាក្យថា ភិក្ខុនីណាមួយ មានសេចក្តីអធិប្បាយក្នុងសិក្ខាបទទី១ នៃបារាជិកកណ្ឌរួចហើយ។ សរីរប្រទេសខាងក្រោម ត្រឹមផ្ចិតចុះទៅ ខាងលើ ត្រឹមមណ្ឌលជង្គង់ឡើងមក ហៅថា កាយខាងក្រោម។ ពាក្យថា កើត គឺកើតក្នុងទីក្រោមផ្ចិត ខាងលើមណ្ឌលជង្គង់នោះ។ ដែលហៅថា ពក ឬបូស គឺពក ឬបូសណាមួយ។ ដែលហៅថា របួស គឺដំបៅណាមួយ។ ពាក្យថា មិនប្រាប់ គឺមិនពិតទូល។ ដែលហៅថា សង្ឃ (ក្នុងទីនេះ) សំដៅយកភិក្ខុនីសង្ឃ។ ដែលហៅថា គណៈ សំដៅយកភិក្ខុនីច្រើនរូប (ពីរបីរូប)។ ដែលហៅថា បុរស គឺមនុស្សប្រុសដែលដឹងក្តី អាចប្រទូស្តបាន មិនមែនយក្សប្រុស ប្រេតប្រុស តិរច្ឆានឈ្មោលទេ។ ពាក្យថា ជាមួយ គឺជាមួយគ្នា។ ពាក្យថា តែម្នាក់នឹងម្នាក់ គឺមានតែប្រុស១ និងភិក្ខុនី១ប៉ុណ្ណោះ។ ភិក្ខុនីបង្គាប់ថា អ្នកចូរទំលាយចុះ ត្រូវអាបត្តិទុក្កដ កាលបើគេទំលាយហើយ ត្រូវអាបត្តិបាចិត្តិយ។ ភិក្ខុនីបង្គាប់ថា អ្នកចូរវះចុះ ត្រូវអាបត្តិទុក្កដ កាលបើគេវះហើយ ត្រូវអាបត្តិបាចិត្តិយ។ ភិក្ខុនីបង្គាប់ថា អ្នកចូរលាងចុះ ត្រូវអាបត្តិទុក្កដ កាលបើគេលាងហើយ ត្រូវអាបត្តិបាចិត្តិយ។ ភិក្ខុនីបង្គាប់ថា អ្នកចូរលាបចុះ ត្រូវអាបត្តិទុក្កដ កាលបើគេលាបហើយ ត្រូវអាបត្តិបាចិត្តិយ។ ភិក្ខុនីបង្គាប់ថា អ្នកចូររុំចុះ ត្រូវអាបត្តិទុក្កដ កាលបើគេចងរុំហើយ ត្រូវអាបត្តិបាចិត្តិយ។ ភិក្ខុនីបង្គាប់ថា អ្នកចូរស្រាយចុះ ត្រូវអាបត្តិទុក្កដ កាលបើគេស្រាយហើយ ត្រូវអាបត្តិបាចិត្តិយ។
[៣៦៣] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៤យ៉ាង) គឺភិក្ខុនីប្រាប់(សង្ឃ ឬគណៈ) ហើយទើបឲ្យគេទំលាយក្តី ឲ្យវះក្តី ឲ្យលាងក្តី ឲ្យលាបក្តី ឲ្យចងរុំក្តី ឲ្យស្រាយក្តី១ មានស្រីណាមួយដែលដឹងក្តីជាគ្នា១ ភិក្ខុនីឆ្កួត១ ភិក្ខុនីធ្វើកន្លងមុនបញ្ញត្តិ១។
អារាមវគ្គទី៦ ចប់។
គព្ភិនីវគ្គ សិក្ខាបទទី១
[៣៦៤] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ គង់ក្នុងជេតវនារាម របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ សម័យនោះឯង ភិក្ខុនីទាំងឡាយឲ្យឧបសម្បទាដល់ស្រីមានគភ៌។ ភិក្ខុនីមានគភ៌នោះ ត្រេចទៅបិណ្ឌបាត។ មនុស្សទាំងឡាយនិយាយយ៉ាងនេះថា ចូរអ្នកទាំងឡាយប្រគេនភិក្ខាដល់លោកម្ចាស់ (ព្រោះ) លោកម្ចាស់មានគភ៌ធ្ងន់។ មនុស្សទាំងឡាយពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុនីទាំងឡាយ មិនសមបើនឹងឲ្យឧបសម្បទាដល់ស្រីមានគភ៌សោះ។ ភិក្ខុនីទាំងឡាយបានឮច្បាស់នូវពាក្យមនុស្សទាំងឡាយ កំពុងពោលទោស តិះដៀល បន្តុះបង្អាប់ហើយ។ ភិក្ខុនីទាំងឡាយណា មានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុនីទាំងឡាយនោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុនីទាំងឡាយ មិនសមបើនឹងឲ្យឧបសម្បទាដល់ស្រីមានគភ៌សោះ។បេ។ ព្រះអង្គទ្រង់ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថា ភិក្ខុនីទាំងឡាយ ឲ្យឧបសម្បទាដល់ស្រីមានគភ៌ ពិតមែនឬ។ ភិក្ខុទាំងឡាយក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធដ៏មានជោគ ទ្រង់បន្ទោសថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីទាំងឡាយ មិនគួរបើនឹងឲ្យឧបសម្បទាដល់ស្រីមានគភ៌ទេ ម្នាលភិក្ខុទាំងឡាយ អំពើនេះមិនមែននាំឲ្យជ្រះថ្លាដល់ពួកជន ដែលមិនទាន់ជ្រះថ្លាទេ។បេ។ ម្នាលភិក្ខុទាំងឡាយ ចូរភិក្ខុនីទាំងឡាយ សំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុនីណាមួយឲ្យឧបសម្បទាដល់ស្រីមានគភ៌ ភិក្ខុនីនោះ ត្រូវអាបត្តិបាចិត្តិយ។
[៣៦៥] ត្រង់ពាក្យថា ភិក្ខុនីណាមួយ មានសេចក្តីអធិប្បាយក្នុងសិក្ខាបទទី១ នៃបារាជិកកណ្ឌរួចហើយ។ ដែលហៅថា ស្រីមានគភ៌ សំដៅយកស្រីដែលមានសត្វមកដល់ផ្ទៃហើយ។ ពាក្យថា ឲ្យឧបសម្បទា គឺបំបួសជាភិក្ខុនី។ ភិក្ខុនីគិតថា អញនឹងឲ្យឧបសម្បទា ហើយស្វែងរកគណៈក្តី អាចរិនីក្តី [អាចារ្យស្រីសំដៅយកភិក្ខុនីជាគ្រូសូត្រ។] បាត្រក្តី ចីវរក្តី សន្មតសីមាក្តី ត្រូវអាបត្តិទុក្កដ ត្រូវទុក្កដខណៈចប់ញត្តិ ត្រូវទុក្កដទាំងឡាយខណៈចប់កម្មវាចាពីរ ចប់កម្មវាចា ឧបជ្ឈាយ៍ត្រូវអាបត្តិបាចិត្តិយ គណៈ និងអាចរិនីត្រូវអាបត្តិទុក្កដ។
[៣៦៦] ស្រីមានគភ៌ ភិក្ខុនីសំគាល់ថា មានគភ៌ ហើយឲ្យឧបសម្បទា ត្រូវអាបត្តិបាចិត្តិយ។ ស្រីមានគភ៌ ភិក្ខុនីសង្ស័យ ហើយឲ្យឧបសម្បទា ត្រូវអាបត្តិទុក្កដ។ ស្រីមានគភ៌ ភិក្ខុនីសំគាល់ថា មិនមានគភ៌ ហើយឲ្យឧបសម្បទា មិនត្រូវអាបត្តិ។ ស្រីមិនមានគភ៌ ភិក្ខុនីសំគាល់ថា មានគភ៌ ត្រូវអាបត្តិទុក្កដ។ ស្រីមិនមានគភ៌ ភិក្ខុនីសង្ស័យ ត្រូវអាបត្តិទុក្កដ។ ស្រីមិនមានគភ៌ ភិក្ខុនីសំគាល់ថា មិនមានគភ៌ មិនត្រូវអាបត្តិ។
[៣៦៧] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៤យ៉ាង) គឺ ស្រីមានគភ៌ ភិក្ខុនីសំគាល់ថា មិនមានគភ៌ ហើយឲ្យឧបសម្បទា១ ស្រីមិនមានគភ៌ ភិក្ខុនីសំគាល់ថាមិនមានគភ៌ ហើយឲ្យឧបសម្បទា១ ភិក្ខុនីឆ្កួត១ ភិក្ខុនីធ្វើកន្លងមុនបញ្ញត្តិ១។
គព្ភិនីវគ្គ សិក្ខាបទទី២
[៣៦៨] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ គង់ក្នុងជេតវនារាម របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង ភិក្ខុនីទាំងឡាយ ឲ្យឧបសម្បទាដល់ស្រីមេដោះ។ ភិក្ខុនីនោះ ត្រេចទៅបិណ្ឌបាត។ មនុស្សទាំងឡាយបាននិយាយយ៉ាងនេះថា ចូរអ្នកទាំងឡាយឲ្យភិក្ខាដល់លោកម្ចាស់ (ព្រោះ) លោកម្ចាស់មានគ្នីគ្នា។ មនុស្សទាំងឡាយពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុនីទាំងឡាយ មិនសមបើនឹងឲ្យឧបសម្បទាដល់ស្រីមេដោះសោះ។ ភិក្ខុនីទាំងឡាយបានឮច្បាស់នូវពាក្យមនុស្សទាំងឡាយកំពុងពោលទោស តិះដៀល បន្តុះបង្អាប់ហើយ។ ភិក្ខុនីទាំងឡាយណា មានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុនីទាំងឡាយនោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកភិក្ខុនី មិនសមបើនឹងឲ្យឧបសម្បទាដល់ស្រីមេដោះសោះ។បេ។ ព្រះអង្គត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថា ភិក្ខុនីទាំងឡាយ ឲ្យឧបសម្បទាដល់ស្រីមេដោះ ពិតមែនឬ។ ភិក្ខុទាំងឡាយក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធដ៏មានជោគ ទ្រង់បន្ទោសថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីទាំងឡាយ មិនគួរបើនឹងឲ្យឧបសម្បទាដល់ស្រីមេដោះទេ ម្នាលភិក្ខុទាំងឡាយ អំពើនេះមិនមែននាំឲ្យជ្រះថ្លាដល់ពួកជន ដែលមិនទាន់ជ្រះថ្លាទេ។បេ។ ម្នាលភិក្ខុទាំងឡាយ ចូរភិក្ខុនីទាំងឡាយ សំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុនីណាមួយ ឲ្យឧបសម្បទាដល់ស្រីមេដោះ ភិក្ខុនីនោះ ត្រូវអាបត្តិបាចិត្តិយ។
[៣៦៩] ត្រង់ពាក្យថា ភិក្ខុនីណាមួយ មានសេចក្តីអធិប្បាយក្នុងសិក្ខាបទទី១ នៃបារាជិកកណ្ឌរួចហើយ។ ដែលហៅថា ស្រីមេដោះ គឺមាតាក្តី ស្រីមេដោះមែនៗក្តី។ ពាក្យថា ឲ្យឧបសម្បទា គឺបំបួសជាភិក្ខុនី។ ភិក្ខុនីគិតថា អញនឹងឲ្យឧបសម្បទា ហើយស្វែងរកគណៈក្តី អាចរិនីក្តី បាត្រក្តី ចីវរក្តី សន្មតសីមាក្តី ត្រូវអាបត្តិទុក្កដ ត្រូវទុក្កដខណៈចប់ញត្តិ ត្រូវទុក្កដទាំងឡាយខណៈចប់កម្មវាចាពីរលើក ចប់កម្មវាចា ឧបជ្ឈាយ៍ត្រូវអាបត្តិបាចិត្តិយ គណៈ និងអាចរិនីត្រូវអាបត្តិទុក្កដ។
[៣៧០] ស្រីមេដោះ ភិក្ខុនីសំគាល់ថា ស្រីមេដោះ ហើយឲ្យឧបសម្បទា ត្រូវអាបត្តិបាចិត្តិយ។ ស្រីមេដោះ ភិក្ខុនីសង្ស័យ ហើយឲ្យឧបសម្បទា ត្រូវអាបត្តិទុក្កដ។ ស្រីមេដោះ ភិក្ខុនីសំគាល់ថា មិនមែនស្រីមេដោះ ហើយឲ្យឧបសម្បទា មិនត្រូវអាបត្តិ។ មិនមែនស្រីមេដោះ ភិក្ខុនីសំគាល់ថា ស្រីមេដោះ ត្រូវអាបត្តិទុក្កដ។ មិនមែនស្រីមេដោះ ភិក្ខុនីសង្ស័យ ត្រូវអាបត្តិទុក្កដ។ មិនមែនស្រីមេដោះ ភិក្ខុនីសំគាល់ថា មិនមែនស្រីមេដោះ មិនត្រូវអាបត្តិ។
[៣៧១] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៤យ៉ាង) គឺ ស្រីមេដោះ ភិក្ខុនីសំគាល់ថា មិនមែនស្រីមេដោះ ហើយឲ្យឧបសម្បទា១ មិនមែនស្រីមេដោះ ភិក្ខុនីសំគាល់ថាមិនមែនស្រីមេដោះ ហើយឲ្យឧបសម្បទា១ ភិក្ខុនីឆ្កួត១ ភិក្ខុនីធ្វើកន្លងមុនបញ្ញត្តិ១។
គព្ភិនីវគ្គ សិក្ខាបទទី៣
[៣៧២] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ គង់ក្នុងជេតវនារាម របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង ភិក្ខុនីទាំងឡាយ ឲ្យឧបសម្បទាដល់សិក្ខមានា[សាមណេរីដែលនៅប្រព្រឹត្តធម៌៦យ៉ាង បំរុងនឹងឧបសម្បទាជាភិក្ខុនី។] ដែលមិនបានសិក្សាសិក្ខាក្នុងធម៌៦យ៉ាង [តាំងពីបាណាតិបាតាវេរមណី ទៅដល់វិកាលភោជនាវេរមណីសិក្ខាបទ។] អស់ពីរឆ្នាំ។ ភិក្ខុនីទាំងឡាយ(ដែលទើបនឹងបួស) នោះ ជាស្រីល្ងង់ មិនឆ្លាស មិនដឹងការគួរឬការមិនគួរ។ ភិក្ខុនីទាំងឡាយណា មានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុនីទាំងឡាយនោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុនីទាំងឡាយ មិនសមបើនឹងឲ្យឧបសម្បទាដល់សិក្ខាមានាដែលមិនបានសិក្សាសិក្ខាក្នុងធម៌៦យ៉ាង អស់ពីរឆ្នាំសោះ។បេ។ ព្រះអង្គត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថា ភិក្ខុនីទាំងឡាយ ឲ្យឧបសម្បទាដល់សិក្ខាមានាដែលមិនបានសិក្សាសិក្ខាក្នុងធម៌៦យ៉ាង អស់ពីរឆ្នាំ ពិតមែនឬ។ ភិក្ខុទាំងឡាយក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធដ៏ទ្រង់ជោគ ទ្រង់បន្ទោសថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីទាំងឡាយ មិនគួរបើនឹងឲ្យឧបសម្បទាដល់សិក្ខាមានាដែលមិនបានសិក្សាសិក្ខាក្នុងធម៌ ៦ យ៉ាង អស់ពីរឆ្នាំទេ ម្នាលភិក្ខុទាំងឡាយ អំពើនេះមិនមែននាំឲ្យជ្រះថ្លាដល់ពួកជន ដែលមិនទាន់ជ្រះថ្លាទេ។បេ។ លុះទ្រង់បន្ទោសហើយ ទ្រង់ធ្វើធម្មីកថា ទើបត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ដើម្បីឲ្យភិក្ខុនីសង្ឃឲ្យសិក្ខាសម្មតិក្នុងធម៌ ៦ យ៉ាងអស់ពីរឆ្នាំ ដល់សិក្ខមានា។ ម្នាលភិក្ខុទាំងឡាយ ក៏ឯសិក្ខាសម្មតិនោះ សង្ឃត្រូវឲ្យយ៉ាងនេះ។ គឺសិក្ខមានានោះ ត្រូវចូលទៅរកសង្ឃ ហើយធ្វើឧត្តរាសង្គឆៀងស្មាម្ខាង ហើយសំពះបាទាភិក្ខុនីទាំងឡាយ រួចអង្គុយច្រហោង ផ្គងអញ្ជលីឡើង ហើយនិយាយយ៉ាងនេះនឹងសង្ឃថា បពិត្រលោកម្ចាស់ ខ្ញុំមានឈ្មោះនេះ ជាសិក្ខមានារបស់លោកម្ចាស់មានឈ្មោះនេះ សូមសិក្ខាសម្មតិក្នុងធម៌៦យ៉ាង អស់ពីរឆ្នាំនឹងសង្ឃ។ សិក្ខាសម្មតិនោះ ត្រូវសិក្ខមានានោះសូមអស់វារៈជាគំរប់ពីរដងផង ត្រូវសូមអស់វារៈជាគំរប់បីដងផង។ ភិក្ខុនីដែលឆ្លាស ប្រតិពល ត្រូវឲ្យសង្ឃដឹងថា បពិត្រលោកម្ចាស់ សូមសង្ឃស្តាប់ខ្ញុំ នាងនេះមានឈ្មោះនេះ ជាសិក្ខមានារបស់លោកម្ចាស់មានឈ្មោះនេះ សូមសិក្ខាសម្មតិក្នុងធម៌៦យ៉ាង អស់ពីរឆ្នាំនឹងសង្ឃ។ បើសិក្ខាសម្មតិកម្ម មានកាលគួរដល់សង្ឃហើយ ត្រូវសង្ឃឲ្យសិក្ខាសម្មតិក្នុងធម៌៦យ៉ាងអស់ពីរឆ្នាំ ដល់សិក្ខមានាឈ្មោះនេះ។ នេះជាញត្តិ។ បពិត្រលោកម្ចាស់ សូមសង្ឃស្តាប់ខ្ញុំ នាងនេះមានឈ្មោះនេះ ជាសិក្ខមានារបស់លោកម្ចាស់មានឈ្មោះនេះ សូមសិក្ខាសម្មតិក្នុងធម៌៦យ៉ាង អស់ពីរឆ្នាំនឹងសង្ឃ។ សង្ឃឲ្យសិក្ខាសម្មតិក្នុងធម៌៦យ៉ាងអស់ពីរឆ្នាំ ដល់សិក្ខមានាមានឈ្មោះនេះ។ ការឲ្យសិក្ខាសម្មតិក្នុងធម៌៦យ៉ាងអស់ពីរឆ្នាំ ដល់សិក្ខមានាមានឈ្មោះនេះ គួរដល់លោកម្ចាស់អង្គណា លោកម្ចាស់អង្គនោះ ត្រូវស្ងៀម មិនគួរដល់លោកម្ចាស់អង្គណា លោកម្ចាស់អង្គនោះ ត្រូវនិយាយឡើង។ សង្ឃឲ្យសិក្ខាសម្មតិក្នុងធម៌៦យ៉ាងអស់ពីរឆ្នាំ ដល់សិក្ខមានាមានឈ្មោះនេះហើយ។ ការឲ្យសិក្ខាសម្មតិនេះ គួរដល់សង្ឃ ហេតុនោះ បានជាសង្ឃស្ងៀម។ ខ្ញុំសូមចាំទុកនូវរឿងនេះ ដោយអាការស្ងៀមនៅយ៉ាងនេះ។ សិក្ខមានានោះ ត្រូវភិក្ខុនីបង្គាប់ថា នាងចូរថាយ៉ាងនេះ ហើយបញ្ចេញវចីភេទថា ខ្ញុំសូមសមាទាននូវបាណាតិបាតាវេរមណី ជាសមាទានមិនកន្លង(ដាច់) អស់ពីរឆ្នាំ ខ្ញុំសូមសមាទាននូវអទិន្នាទានាវេរមណី ជាសមាទានមិនកន្លង អស់ពីរឆ្នាំ ខ្ញុំសូមសមាទាននូវអព្រហ្មចរិយាវេរមណី ជាសមាទានមិនកន្លង អស់ពីរឆ្នាំ ខ្ញុំសូមសមាទាននូវមុសាវាទាវេរមណី ជាសមាទានមិនកន្លង អស់ពីរឆ្នាំ ខ្ញុំសូមសមាទាននូវសុរាមេរយមជ្ជប្បមាទដ្ឋានាវេរមណី ជាសមាទានមិនកន្លង អស់ពីរឆ្នាំ ខ្ញុំសូមសមាទាននូវវិកាលភោជនាវេរមណី ជាសមាទានមិនកន្លង អស់ពីរឆ្នាំ។ លំដាប់នោះឯង ព្រះដ៏មានព្រះភាគ ទ្រង់បន្ទោសភិក្ខុនីទាំងឡាយនោះដោយបរិយាយជាច្រើន។បេ។ ហើយត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បើយ៉ាងហ្នឹង ចូរភិក្ខុនីទាំងឡាយ សំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុនីណាមួយ ឲ្យឧបសម្បទាដល់សិក្ខមានាដែលមិនបានសិក្សាសិក្ខាក្នុងធម៌ទាំងឡាយ៦អស់ពីរវស្សា ភិក្ខុនីនោះ ត្រូវអាបត្តិបាចិត្តិយ។
[៣៧៣] ត្រង់ពាក្យថា ភិក្ខុនីណាមួយ មានសេចក្តីអធិប្បាយក្នុងសិក្ខាបទទី១ នៃបារាជិកកណ្ឌរួចហើយ។ ពាក្យថា អស់ពីរវស្សា គឺអស់ពីរឆ្នាំ។ ដែលហៅថា សិក្ខមានា ដែលមិនបានសិក្សាសិក្ខា គឺសិក្ខមានាដែលភិក្ខុនីមិនបានឲ្យសិក្ខាក្តី សិក្ខមានាដែលភិក្ខុនីបានឲ្យសិក្ខាហើយ តែសិក្ខានោះដាច់ទៅក្តី។ ពាក្យថា ឲ្យឧបសម្បទា គឺបំបួសជាភិក្ខុនី។ ភិក្ខុនីគិតថា អញនឹងឲ្យឧបសម្បទា ហើយស្វែងរកគណៈក្តី អាចរិនីក្តី បាត្រក្តី ចីវរក្តី សន្មតសីមាក្តី ត្រូវអាបត្តិទុក្កដ ត្រូវទុក្កដខណៈចប់ញត្តិ ត្រូវទុក្កដទាំងឡាយខណៈចប់កម្មវាចាពីរ ចប់កម្មវាចា ឧបជ្ឈាយ៍ត្រូវអាបត្តិបាចិត្តិយ គណៈ និងអាចរិនីត្រូវអាបត្តិទុក្កដ។
[៣៧៤] កម្មប្រកបដោយធម៌ ភិក្ខុនីសំគាល់ថា កម្មប្រកបដោយធម៌ ហើយឲ្យ(សិក្ខមានា) ឧបសម្បទា ត្រូវអាបត្តិបាចិត្តិយ។ កម្មប្រកបដោយធម៌ ភិក្ខុនីសង្ស័យ ហើយឲ្យឧបសម្បទា ត្រូវអាបត្តិបាចិត្តិយ។ កម្មប្រកបដោយធម៌ ភិក្ខុនីសំគាល់ថា កម្មមិនប្រកបដោយធម៌ ហើយឲ្យឧបសម្បទា ត្រូវអាបត្តិបាចិត្តិយ។ កម្មមិនប្រកបដោយធម៌ ភិក្ខុនីសំគាល់ថា កម្មប្រកបដោយធម៌ ត្រូវអាបត្តិទុក្កដ។ កម្មមិនប្រកបដោយធម៌ ភិក្ខុនីសង្ស័យ ត្រូវអាបត្តិទុក្កដ។ កម្មមិនប្រកបដោយធម៌ ភិក្ខុនីសំគាល់ថា កម្មមិនប្រកបដោយធម៌ ត្រូវអាបត្តិទុក្កដ។
[៣៧៥] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៣យ៉ាង) គឺភិក្ខុនីញុំាងសិក្ខមានាដែលបានសិក្សាសិក្ខាក្នុងធម៌៦យ៉ាងអស់ពីរឆ្នាំឲ្យបានឧបសម្បទា១ ភិក្ខុនីឆ្កួត១ ភិក្ខុនីធ្វើកន្លងមុនបញ្ញត្តិ១។
គព្ភិនីវគ្គ សិក្ខាបទទី៤
[៣៧៦] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ គង់ក្នុងជេតវនារាម របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ សម័យនោះឯង ភិក្ខុនីទាំងឡាយ ឲ្យឧបសម្បទាដល់សិក្ខមានាបានសិក្សាសិក្ខាក្នុងធម៌៦យ៉ាងអស់ពីរឆ្នាំដែលសង្ឃមិនបានសន្មត។ ភិក្ខុនីទាំងឡាយ (រូបឯទៀត) បាននិយាយយ៉ាងនេះថា នែសិក្ខមានាទាំងឡាយ ពួកនាងចូរមក ចូរដឹងកិច្ចនេះ ចូរឲ្យរបស់នេះ ចូរនាំយករបស់នេះមក សេចក្តីត្រូវការដោយរបស់នេះ ពួកនាងចូរធ្វើរបស់នេះឲ្យជាកប្បិយ។ សិក្ខមានាទាំងនោះបាននិយាយពាក្យយ៉ាងនេះថា បពិត្រលោកម្ចាស់ យើងខ្ញុំមិនមែនជាសិក្ខមានាទេ យើងខ្ញុំជាភិក្ខុនី។ ភិក្ខុនីទាំងឡាយណា មានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុនីទាំងឡាយនោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុនីទាំងឡាយ មិនសមបើនឹងឲ្យឧបសម្បទាដល់សិក្ខាមានាបានសិក្សាសិក្ខាក្នុងធម៌៦យ៉ាងអស់ពីរឆ្នាំ ដែលសង្ឃមិនបានសន្មតសោះ។បេ។ ទ្រង់ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថា ភិក្ខុនីទាំងឡាយ ឲ្យឧបសម្បទាដល់សិក្ខាមានាបានសិក្សាសិក្ខាក្នុងធម៌៦យ៉ាងអស់ពីរឆ្នាំ ដែលសង្ឃមិនបានសន្មត ពិតមែនឬ។ ភិក្ខុទាំងឡាយក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធដ៏មានជោគ ទ្រង់បន្ទោសថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីទាំងឡាយ មិនគួរបើនឹងឲ្យឧបសម្បទាដល់សិក្ខាមានាបានសិក្សាសិក្ខាក្នុងធម៌៦យ៉ាងអស់ពីរឆ្នាំដែលសង្ឃមិនបានសន្មតសោះ ម្នាលភិក្ខុទាំងឡាយ អំពើនេះមិនមែននាំឲ្យជ្រះថ្លាដល់ពួកជន ដែលមិនទាន់ជ្រះថ្លាទេ។បេ។ លុះទ្រង់បន្ទោសហើយ ទ្រង់ធ្វើធម្មីកថា ត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ដើម្បីឲ្យភិក្ខុនីសង្ឃឲ្យវុដ្ឋានសម្មតិ [ការសន្មតនូវសិក្ខមានា ដែលសមាទានសិក្ខាបទ៦ត្រឹមត្រូវ គ្រប់ពីរឆ្នាំហើយនោះ ឲ្យឈប់ លែងសមាទានតទៅទៀត។] ដល់សិក្ខមានាដែលសិក្សាសិក្ខាក្នុងធម៌៦យ៉ាងអស់ពីរឆ្នាំហើយ។ ម្នាលភិក្ខុទាំងឡាយ ឯវុដ្ឋានសម្មតិនោះ សង្ឃត្រូវឲ្យយ៉ាងនេះ។ គឺសិក្ខមានាដែលសិក្សាសិក្ខាក្នុងធម៌៦យ៉ាងអស់ពីរឆ្នាំហើយនោះ ត្រូវចូលទៅរកសង្ឃ ធ្វើឧត្តរាសង្គឆៀងស្មាម្ខាង ហើយថ្វាយបង្គំបាទាភិក្ខុនីទាំងឡាយ រួចអង្គុយច្រហោង ផ្គងអញ្ជលីឡើង ហើយនិយាយយ៉ាងនេះនឹងសង្ឃថា បពិត្រលោកម្ចាស់ ខ្ញុំជាសិក្ខមានារបស់លោកម្ចាស់មានឈ្មោះនេះ បានសិក្សាសិក្ខាក្នុងធម៌៦យ៉ាងអស់ពីរឆ្នាំហើយ សូមវុដ្ឋានសម្មតិនឹងសង្ឃ។ សិក្ខមានា ត្រូវសូមវុដ្ឋានសម្មតិ អស់វារៈគំរប់ពីរដងផង។ ត្រូវសូមអស់វារៈគំរប់បីដងផង។ ត្រូវភិក្ខុនីដែលឆ្លាស ប្រតិពល ឲ្យសង្ឃដឹងថា បពិត្រលោកម្ចាស់ សូមសង្ឃស្តាប់ខ្ញុំ សិក្ខមានានេះមានឈ្មោះនេះ របស់លោកម្ចាស់មានឈ្មោះនេះ បានសិក្សាសិក្ខាក្នុងធម៌៦យ៉ាងអស់ពីរឆ្នាំហើយ សូមវុដ្ឋានសម្មតិនឹងសង្ឃ។ បើវុដ្ឋានសម្មតិកម្ម មានកាលគួរដល់សង្ឃហើយ ត្រូវសង្ឃឲ្យវុដ្ឋានសម្មតិ ដល់សិក្ខមានាមានឈ្មោះនេះដែលសិក្សាសិក្ខាក្នុងធម៌៦យ៉ាងអស់ពីរឆ្នាំហើយ។ នេះជាញត្តិ។ បពិត្រលោកម្ចាស់ សូមសង្ឃស្តាប់ខ្ញុំ សិក្ខមានានេះ មានឈ្មោះនេះ របស់លោកម្ចាស់មានឈ្មោះនេះ បានសិក្សាសិក្ខាក្នុងធម៌៦យ៉ាងអស់ពីរឆ្នាំហើយ សូមវុដ្ឋានសម្មតិនឹងសង្ឃ។ សង្ឃឲ្យវុដ្ឋានសម្មតិ ដល់សិក្ខមានាមានឈ្មោះនេះ ដែលបានសិក្សាសិក្ខាក្នុងធម៌៦យ៉ាងអស់ពីរឆ្នាំ។ ការឲ្យវុដ្ឋានសម្មតិ ដល់សិក្ខមានាមានឈ្មោះនេះ ដែលបានសិក្សាសិក្ខាក្នុងធម៌៦យ៉ាងអស់ពីរឆ្នាំ សមគួរដល់លោកម្ចាស់អង្គណា លោកម្ចាស់អង្គនោះ ត្រូវស្ងៀម មិនគួរដល់លោកម្ចាស់អង្គណា លោកម្ចាស់អង្គនោះ ត្រូវនិយាយឡើង។ សង្ឃឲ្យវុដ្ឋានសម្មតិ ដល់សិក្ខមានាមានឈ្មោះនេះ ដែលបានសិក្សាសិក្ខាក្នុងធម៌៦យ៉ាងអស់ពីរឆ្នាំហើយ។ ការឲ្យវុដ្ឋានសម្មតិ សមគួរដល់សង្ឃ ហេតុនោះ បានជាសង្ឃស្ងៀមនៅ។ ខ្ញុំសូមចាំទុកនូវរឿងនេះ ដោយអាការស្ងៀមនៅយ៉ាងនេះ។ លំដាប់នោះឯង ព្រះដ៏មានព្រះភាគ ទ្រង់បន្ទោសភិក្ខុនីទាំងឡាយនោះដោយបរិយាយជាច្រើន។បេ។ ម្នាលភិក្ខុទាំងឡាយ ចូរភិក្ខុនីទាំងឡាយ សំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុនីណាមួយ ញុំាងសិក្ខមានាដែលសិក្សាសិក្ខាហើយក្នុងធម៌៦យ៉ាងអស់ពីរវស្សា ដែលសង្ឃមិនបានសន្មត ឲ្យបានឧបសម្បទា ភិក្ខុនីនោះ ត្រូវអាបត្តិបាចិត្តិយ។
[៣៧៧] ត្រង់ពាក្យថា ភិក្ខុនីណាមួយ បានអធិប្បាយក្នុងសិក្ខាបទទី១ នៃបារាជិកកណ្ឌរួចហើយ។ ពាក្យថា អស់ពីរវស្សា គឺអស់ពីរឆ្នាំ។ សិក្ខមានា ដែលសិក្សាសិក្ខាក្នុងធម៌៦យ៉ាង ឈ្មោះថាសិក្សាសិក្ខា។ សិក្ខមានាដែលសង្ឃមិនបានឲ្យវុដ្ឋានសម្មតិ ដោយញត្តិទុតិយកម្ម ឈ្មោះថា សង្ឃមិនបានសន្មត។ ពាក្យថា ឲ្យបានឧបសម្បទា គឺឲ្យបួសជាភិក្ខុនី។ ភិក្ខុនីគិតថា អញនឹងឲ្យឧបសម្បទា ហើយស្វែងរកគណៈក្តី អាចរិនីក្តី បាត្រក្តី ចីវរក្តី សន្មតសីមាក្តី ត្រូវអាបត្តិទុក្កដ ត្រូវទុក្កដខណៈចប់ញត្តិ ត្រូវទុក្កដទាំងឡាយខណៈចប់កម្មវាចាពីរ ចប់កម្មវាចា ឧបជ្ឈាយ៍ ត្រូវអាបត្តិបាចិត្តិយ គណៈ និងអាចរិនីត្រូវអាបត្តិទុក្កដ។
[៣៧៨] កម្មប្រកបដោយធម៌ ភិក្ខុនីសំគាល់ថា កម្មប្រកបដោយធម៌ ហើយញុំាងសិក្ខមានាឲ្យបានឧបសម្បទា ត្រូវអាបត្តិបាចិត្តិយ។ កម្មប្រកបដោយធម៌ ភិក្ខុនីសង្ស័យ ហើយឲ្យឧបសម្បទា ត្រូវអាបត្តិបាចិត្តិយ។ កម្មប្រកបដោយធម៌ ភិក្ខុនីសំគាល់ថា កម្មមិនប្រកបដោយធម៌ ហើយឲ្យឧបសម្បទា ត្រូវអាបត្តិបាចិត្តិយ។ កម្មមិនប្រកបដោយធម៌ ភិក្ខុនីសំគាល់ថា កម្មប្រកបដោយធម៌ ត្រូវអាបត្តិទុក្កដ។ កម្មមិនប្រកបដោយធម៌ ភិក្ខុនីសង្ស័យ ត្រូវអាបត្តិទុក្កដ។ កម្មមិនប្រកបដោយធម៌ ភិក្ខុនីសំគាល់ថា កម្មមិនប្រកបដោយធម៌ ត្រូវអាបត្តិទុក្កដ។
[៣៧៩] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៣យ៉ាង) គឺភិក្ខុនីឲ្យឧបសម្បទាដល់សិក្ខមានាដែលសិក្សាសិក្ខាក្នុងធម៌៦យ៉ាងអស់ពីរឆ្នាំ ដែលសង្ឃសន្មតហើយ ១ ភិក្ខុនីឆ្កួត១ ភិក្ខុនីធ្វើកន្លងមុនបញ្ញត្តិ១។
គព្ភិនីវគ្គ សិក្ខាបទទី៥
[៣៨០] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ គង់ក្នុងជេតវនារាម របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ សម័យនោះឯង ភិក្ខុនីទាំងឡាយ ឲ្យឧបសម្បទាដល់ស្រីគិហិគតា ដែលមានវស្សាមិនគ្រប់១២ឆ្នាំ។ ពួកភិក្ខុនីបួសថ្មីទាំងនោះអត់ទ្រាំមិនបាននឹងត្រជាក់ ក្តៅ ឃ្លាន ស្រេក សម្ផស្សរបោមមូសខ្យល់ កំដៅថ្ងៃ និងសត្វទីឃជាតិ (ពស់តូចពស់ធំ) ទាំងឡាយ មានជាតិជាអ្នកមិនអត់ធន់នឹងគន្លងពាក្យដែលបុគ្គលពោលមិនល្អ មានមកមិនល្អ និងវេទនាដែលប្រជុំក្នុងសរីរកើតឡើងនាំមកនូវសេចក្តីទុក្ខដ៏ក្លៀវក្លា រឹងក្រហាយផ្សារ មិនជាទីត្រេកអរ មិនគាប់ចិត្ត ជាទីនាំបង់នូវជីវិត។ ភិក្ខុនីទាំងឡាយណា មានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុនីទាំងឡាយនោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុនីទាំងឡាយ មិនសមបើនឹងឲ្យឧបសម្បទាដល់ស្រីគិហិគតា ដែលមានវស្សាមិនគ្រប់១២ឆ្នាំសោះ។បេ។ ព្រះអង្គត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថា ភិក្ខុនីទាំងឡាយ ឲ្យឧបសម្បទាដល់ស្រីគិហិគតា មានវស្សាមិនគ្រប់១២ឆ្នាំ ពិតមែនឬ។ ភិក្ខុទាំងឡាយក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធដ៏មានជោគ ទ្រង់បន្ទោសថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីទាំងឡាយ មិនសមបើនឹងឲ្យឧបសម្បទាដល់ស្រីគិហិគតា មានវស្សាមិនគ្រប់១២ឆ្នាំទេ ម្នាលភិក្ខុទាំងឡាយ ព្រោះថា ស្រីគិហិគតា ដែលមានវស្សាមិនគ្រប់១២ឆ្នាំ តែងអត់ទ្រាំមិនបាននឹងត្រជាក់ ក្តៅ ឃ្លាន ស្រេក សម្ផស្សរបោមមូស ខ្យល់ កំដៅថ្ងៃ និងសត្វទីឃជាតិ (ពស់តូច ពស់ធំ) ទាំងឡាយ មានជាតិជាអ្នកមិនអត់ធន់នឹងគន្លងពាក្យដែលគេពោលមិនល្អ មានមកមិនល្អ និងវេទនាដែលប្រជុំក្នុងសរីរកើតឡើង នាំមកនូវសេចក្តីទុក្ខដ៏ក្លៀវក្លា រឹងក្រហាយផ្សា មិនជាទីត្រេកអរ មិនគាប់ចិត្តជាទីនាំបង់នូវជីវិត ម្នាលភិក្ខុទាំងឡាយ ក៏ឯស្រីគិហិគតា មានវស្សាគ្រប់១២ឆ្នាំហើយ ទើបជាអ្នកអត់ទ្រាំនូវត្រជាក់ ក្តៅ ឃ្លាន ស្រេក សម្ផស្សរបោមមូស ខ្យល់ កំដៅថ្ងៃ និងសត្វទីឃជាតិ (ពស់តូច ពស់ធំ) ទាំងឡាយ មានជាតិជាអ្នកអត់ធន់នឹងគន្លងពាក្យដែលគេពោលមិនគាប់ចិត្ត មានមកមិនល្អ (និង)វេទនាដែលប្រជុំក្នុងសរីរកើតឡើង នាំមកនូវសេចក្តីទុក្ខដ៏ក្លៀវក្លា រឹងក្រហាយផ្សា មិនជាទីត្រេកអរ មិនគាប់ចិត្ត ជាទីនាំបង់នូវជីវិត ម្នាលភិក្ខុទាំងឡាយ អំពើនេះមិនមែននាំឲ្យជ្រះថ្លាដល់ពួកជន ដែលមិនទាន់ជ្រះថ្លាទេ។បេ។ ម្នាលភិក្ខុទាំងឡាយ ចូរភិក្ខុនីទាំងឡាយ សំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុនីណាមួយ ឲ្យឧបសម្បទាដល់ស្រីគិហិគតាមានវស្សាខ្វះពី១២ឆ្នាំ ភិក្ខុនីនោះ ត្រូវអាបត្តិបាចិត្តិយ។
[៣៨១] ត្រង់ពាក្យថា ភិក្ខុនីណាមួយ មានសេចក្តីអធិប្បាយក្នុងសិក្ខាបទទី១ នៃបារាជិកកណ្ឌរួចហើយ។ ដែលហៅថា មានវស្សាខ្វះពី១២ឆ្នាំ គឺស្រីដែលមានឆ្នាំមិនទាន់ដល់១២។ ដែលហៅថា ស្រីគិហិគតា សំដៅយកស្រីដែលល្មមទៅកាន់បុរសដទៃបាន (គឺស្រីល្មមមានប្តីបាន)។ ពាក្យថា ឲ្យឧបសម្បទា គឺបំបួសជាភិក្ខុនី។ ភិក្ខុនីគិតថា អញនឹងឲ្យឧបសម្បទា ហើយស្វែងរកគណៈក្តី អាចរិនីក្តី បាត្រក្តី ចីវរក្តី សន្មតសីមាក្តី ត្រូវអាបត្តិទុក្កដ ត្រូវទុក្កដខណៈចប់ញត្តិ ត្រូវទុក្កដទាំងឡាយខណៈចប់កម្មវាចាពីរ ចប់កម្មវាចា ឧបជ្ឈាយ៍ត្រូវអាបត្តិបាចិត្តិយ គណៈ និងអាចរិនីត្រូវអាបត្តិទុក្កដ។
[៣៨២] ស្រីគិហិគតាមានវស្សាមិនគ្រប់១២ឆ្នាំ ភិក្ខុនីសំគាល់ថា មានវស្សាមិនគ្រប់១២ឆ្នាំ ហើយឲ្យឧបសម្បទា ត្រូវអាបត្តិបាចិត្តិយ។ ស្រីគិហិគតាមានវស្សាមិនគ្រប់១២ឆ្នាំ ភិក្ខុនីសង្ស័យ ហើយឲ្យឧបសម្បទា ត្រូវអាបត្តិទុក្កដ។ ស្រីគិហិគតាមានវស្សាមិនគ្រប់១២ឆ្នាំ ភិក្ខុនីសំគាល់ថា គ្រប់ ហើយឲ្យឧបសម្បទា មិនត្រូវអាបត្តិ។ ស្រីគិហិគតាមានវស្សា១២បរិបូណ៌ហើយ ភិក្ខុនីសំគាល់ថា មានវស្សាមិនគ្រប់១២ ត្រូវអាបត្តិទុក្កដ។ ស្រីគិហិគតាមានវស្សាពេញ១២ឆ្នាំហើយ ភិក្ខុនីសង្ស័យ ត្រូវអាបត្តិទុក្កដ។ ស្រីគិហិគតាមានវស្សាពេញ១២ឆ្នាំហើយ ភិក្ខុនីក៏សំគាល់ថា បរិបូណ៌ហើយ មិនត្រូវអាបត្តិ។
[៣៨៣] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៤យ៉ាង) គឺ ស្រីគិហិគតាមានវស្សាខ្វះពី១២ឆ្នាំ តែភិក្ខុនីសំគាល់ថាគ្រប់១២ឆ្នាំ ហើយឲ្យឧបសម្បទា១ ស្រីគិហិគតាមានវស្សាពេញ១២ឆ្នាំហើយ ភិក្ខុនីសំគាល់ថា ពេញ ហើយឲ្យឧបសម្បទា១ ភិក្ខុនីឆ្កួត១ ភិក្ខុនីធ្វើកន្លងមុនបញ្ញត្តិ១។
គព្ភិនីវគ្គ សិក្ខាបទទី៦
[៣៨៤] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ គង់ក្នុងជេតវនារាម របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ សម័យនោះឯង ភិក្ខុនីទាំងឡាយ ឲ្យឧបសម្បទាដល់ស្រីគិហិគតាមានវស្សាពេញ១២ឆ្នាំហើយ ដែលមិនបានសិក្សាសិក្ខាក្នុងធម៌៦យ៉ាងអស់ពីរឆ្នាំ។ ភិក្ខុនីបួសថ្មីទាំងឡាយនោះ ល្ងង់ មិនឆ្លាស មិនដឹងកិច្ចគួរ ឬកិច្ចមិនគួរ។ ភិក្ខុនីទាំងឡាយឯណា មានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុនីទាំងឡាយនោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុនីទាំងឡាយ មិនគួរបើនឹងឲ្យឧបសម្បទាដល់ស្រីគិហិគតាមានវស្សាគ្រប់១២ឆ្នាំហើយ (តែ) មិនបានសិក្សាសិក្ខាក្នុងធម៌៦យ៉ាងអស់ពីរឆ្នាំសោះ។បេ។ ព្រះអង្គត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថា ភិក្ខុនីទាំងឡាយ ឲ្យឧបសម្បទាដល់ស្រីគិហិគតាមានវស្សាគ្រប់១២ឆ្នាំហើយ ដែលមិនបានសិក្សាសិក្ខាក្នុងធម៌៦យ៉ាងអស់ពីរឆ្នាំ ពិតមែនឬ។ ភិក្ខុទាំងឡាយក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធដ៏មានជោគ ទ្រង់បន្ទោសថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីទាំងឡាយ មិនសមបើនឹងឲ្យឧបសម្បទាដល់ស្រីគិហិគតាមានវស្សាគ្រប់១២ឆ្នាំហើយ ដែលមិនបានសិក្សាសិក្ខាក្នុងធម៌៦យ៉ាងអស់ពីរឆ្នាំទេ ម្នាលភិក្ខុទាំងឡាយ អំពើនេះមិនមែននាំឲ្យជ្រះថ្លាដល់ពួកជន ដែលមិនទាន់ជ្រះថ្លាទេ។បេ។ លុះទ្រង់បន្ទោសហើយ ទ្រង់ធ្វើធម្មីកថា ត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត (ឲ្យភិក្ខុនីសង្ឃ) ឲ្យសិក្ខាសម្មតិក្នុងធម៌៦យ៉ាងអស់ពីរឆ្នាំ ដល់ស្រីគិហិគតាដែលមានឆ្នាំគ្រប់១២ហើយ។ ម្នាលភិក្ខុទាំងឡាយ ក៏ឯសិក្ខាសម្មតិនោះ សង្ឃត្រូវឲ្យយ៉ាងនេះ។ គឺស្រីគិហិគតា ដែលមានឆ្នាំ១២បរិបូណ៌ហើយនោះ ត្រូវចូលទៅរកសង្ឃ ធ្វើឧត្តរាសង្គឆៀងស្មាម្ខាង ហើយថ្វាយបង្គំបាទាភិក្ខុនីទាំងឡាយ រួចអង្គុយច្រហោង ផ្គងអញ្ជលីឡើង ហើយនិយាយយ៉ាងនេះនឹងសង្ឃថា បពិត្រលោកម្ចាស់ ខ្ញុំមានឈ្មោះនេះ ជាគិហិគតារបស់លោកម្ចាស់មានឈ្មោះនេះ មានវស្សា១២បរិបូណ៌ហើយ សូមសិក្ខាសម្មតិក្នុងធម៌៦យ៉ាងអស់ពីរឆ្នាំនឹងសង្ឃ។ សិក្ខាសម្មតិនោះ ត្រូវគិហិគតានោះសូមអស់វារៈគំរប់ពីរដងផង ត្រូវសូមអស់វារៈគំរប់បីដងផង។ ភិក្ខុនីដែលឆ្លាស ប្រតិពល ត្រូវឲ្យសង្ឃដឹងថា បពិត្រលោកម្ចាស់ សូមសង្ឃស្តាប់ខ្ញុំ គិហិគតានេះ មានឈ្មោះនេះ របស់លោកម្ចាស់មានឈ្មោះនេះ មានវស្សា១២បរិបូណ៌ហើយ សូមសិក្ខាសម្មតិក្នុងធម៌៦យ៉ាងអស់ពីរឆ្នាំនឹងសង្ឃ។ បើសិក្ខាសម្មតិកម្ម មានកាលគួរដល់សង្ឃហើយ សង្ឃគួរឲ្យសិក្ខាសម្មតិ ក្នុងធម៌៦យ៉ាងអស់ពីរឆ្នាំ ដល់គិហិគតា មានឈ្មោះនេះ ដែលមានវស្សា១២បរិបូណ៌ហើយ។ នេះជាញត្តិ។ បពិត្រលោកម្ចាស់ សូមសង្ឃស្តាប់ខ្ញុំ គិហិគតានេះ មានឈ្មោះនេះ របស់លោកម្ចាស់មានឈ្មោះនេះ មានវស្សា១២បរិបូណ៌ហើយ សូមសិក្ខាសម្មតិក្នុងធម៌៦យ៉ាង អស់ពីរឆ្នាំនឹងសង្ឃ ឥឡូវសង្ឃឲ្យសិក្ខាសម្មតិក្នុងធម៌៦យ៉ាងអស់ពីរឆ្នាំ ដល់ស្រីគិហិគតាឈ្មោះនេះ មានវស្សា១២បរិបូណ៌ហើយ។ ការឲ្យសិក្ខាសម្មតិ ក្នុងធម៌៦យ៉ាងអស់ពីរឆ្នាំ ដល់ស្រីគិហិគតា មានឈ្មោះនេះ ដែលមានវស្សាគ្រប់១២ហើយ គួរដល់លោកម្ចាស់អង្គណា លោកម្ចាស់អង្គនោះ ត្រូវស្ងៀម មិនគួរដល់លោកម្ចាស់អង្គណា លោកម្ចាស់អង្គនោះ ត្រូវនិយាយឡើង។ សិក្ខាសម្មតិក្នុងធម៌៦យ៉ាងអស់ពីរឆ្នាំ សង្ឃបានឲ្យដល់គិហិគតា មានឈ្មោះនេះ ដែលមានវស្សាគ្រប់១២ហើយ។ ការឲ្យសិក្ខាសម្មតិនោះ គួរដល់សង្ឃ ហេតុនោះ ទើបសង្ឃស្ងៀមនៅ។ ខ្ញុំសូមចាំទុកនូវដំណើរនេះ ដោយអាការស្ងៀមនៅយ៉ាងនេះ។ ស្រីគិហិគតានោះ ដែលមានវស្សាគ្រប់១២ហើយ ត្រូវសង្ឃបង្គាប់ថា ចូរនាងពោលយ៉ាងនេះ គឺពោលថា ខ្ញុំសូមសមាទាននូវបាណាតិបាតាវេរមណី ជាសមាទានមិនកន្លងអស់ពីរឆ្នាំ។បេ។ ខ្ញុំសូមសមាទានូវវិកាលភោជនាវេរមណី ជាសមាទានមិនកន្លងអស់ពីរឆ្នាំ។ លំដាប់នោះឯង ព្រះដ៏មានព្រះភាគ ទ្រង់បន្ទោសភិក្ខុនីទាំងឡាយនោះដោយបរិយាយជាច្រើន។បេ។ ម្នាលភិក្ខុទាំងឡាយ ចូរភិក្ខុនីទាំងឡាយ សំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុនីណាមួយ ឲ្យឧបសម្បទាដល់ស្រីគិហិគតាមានវស្សាគ្រប់១២ហើយ ដែលមិនបានសិក្សាសិក្ខា ក្នុងធម៌៦យ៉ាងអស់ពីរវស្សា ភិក្ខុនីនោះ ត្រូវអាបត្តិបាចិត្តិយ។
[៣៨៥] ត្រង់ពាក្យថា ភិក្ខុនីណាមួយ មានសេចក្តីអធិប្បាយក្នុងសិក្ខាបទទី១ នៃបារាជិកកណ្ឌរួចហើយ។ ស្រីគិហិគតា ដែលមានវស្សាដល់១២ហើយ ឈ្មោះថា មានវស្សាគ្រប់១២ហើយ។ ដែលហៅថា ស្រីគិហិគតា សំដៅយកស្រីដែលល្មមទៅតាមប្រុសដទៃបាន។ ពាក្យថា អស់ពីរវស្សា គឺអស់ពីរឆ្នាំ។ សិក្ខា ដែលសង្ឃមិនបានឲ្យក្តី (ឬ) សិក្ខាដែលសង្ឃឲ្យហើយ តែកម្រើក (ដាច់)ក្តី នៃស្រីគិហិគតាណា ស្រីគិហិគតានោះ ឈ្មោះថា មិនបានសិក្សាសិក្ខា។ ពាក្យថា ឲ្យឧបសម្បទា គឺបំបួសជាភិក្ខុនី។ ភិក្ខុនីគិតថា អញនឹងឲ្យឧបសម្បទា ហើយស្វែងរកគណៈក្តី អាចរិនីក្តី បាត្រក្តី ចីវរក្តី សន្មតសីមាក្តី ត្រូវអាបត្តិទុក្កដ ត្រូវទុក្កដខណៈចប់ញត្តិ ត្រូវទុក្កដទាំងឡាយខណៈចប់កម្មវាចាពីរ ចប់កម្មវាចា ឧបជ្ឈាយ៍ត្រូវអាបត្តិបាចិត្តិយ គណៈ និងអាចរិនីត្រូវអាបត្តិទុក្កដ។
[៣៨៦] កម្មប្រកបដោយធម៌ ភិក្ខុនីសំគាល់ថា កម្មប្រកបដោយធម៌ ហើយឲ្យឧបសម្បទា ត្រូវអាបត្តិបាចិត្តិយ។ កម្មប្រកបដោយធម៌ ភិក្ខុនីសង្ស័យ ហើយឲ្យឧបសម្បទា ត្រូវអាបត្តិបាចិត្តិយ។ កម្មប្រកបដោយធម៌ ភិក្ខុនីសំគាល់ថា កម្មមិនប្រកបដោយធម៌ ហើយឲ្យឧបសម្បទា ត្រូវអាបត្តិបាចិត្តិយ។ កម្មមិនប្រកបដោយធម៌ ភិក្ខុនីសំគាល់ថា កម្មប្រកបដោយធម៌ ត្រូវអាបត្តិទុក្កដ។ កម្មមិនប្រកបដោយធម៌ ភិក្ខុនីសង្ស័យ ត្រូវអាបត្តិទុក្កដ។ កម្មមិនប្រកបដោយធម៌ ភិក្ខុនីសំគាល់ថា កម្មមិនប្រកបដោយធម៌ ត្រូវអាបត្តិទុក្កដ។
[៣៨៧] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៣យ៉ាង) គឺភិក្ខុនីឲ្យឧបសម្បទាដល់ស្រីគិហិគតា មានវស្សាគ្រប់១២ហើយ បានសិក្សាសិក្ខាក្នុងធម៌៦យ៉ាងអស់ពីរឆ្នាំហើយ១ ភិក្ខុនីឆ្កួត១ ភិក្ខុនីធ្វើកន្លងមុនបញ្ញត្តិ១។
គព្ភិនីវគ្គ សិក្ខាបទទី៧
[៣៨៨] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ គង់ក្នុងជេតវនារាម របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ សម័យនោះឯង ភិក្ខុនីទាំងឡាយ ឲ្យឧបសម្បទាដល់ស្រីគិហិគតាមានវស្សាគ្រប់១២ហើយ បានសិក្សាសិក្ខាក្នុងធម៌៦យ៉ាងអស់ពីរឆ្នាំហើយ (តែ) សង្ឃមិនបានសន្មត។ ភិក្ខុនីទាំងឡាយ បាននិយាយយ៉ាងនេះថា នែសិក្ខមានាទាំងឡាយ នាងទាំងឡាយចូរមក ចូរដឹងកិច្ចនេះ ចូរឲ្យរបស់នេះ ចូរនាំយករបស់នេះមក យើងត្រូវការដោយរបស់នេះ ចូរនាងធ្វើរបស់នេះឲ្យជាកប្បិយ។ ភិក្ខុនីបួសថ្មីទាំងឡាយនោះបានឆ្លើយយ៉ាងនេះថា បពិត្រលោកម្ចាស់ យើងខ្ញុំមិនមែនជាសិក្ខមានាទេ យើងខ្ញុំជាភិក្ខុនី។ ភិក្ខុនីទាំងឡាយណា មានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុនីទាំងឡាយនោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុនីទាំងឡាយ មិនគួរបើនឹងឲ្យឧបសម្បទាដល់ស្រីគិហិគតាមានវស្សាគ្រប់១២ហើយ បានសិក្សាសិក្ខាក្នុងធម៌៦យ៉ាងអស់ពីរឆ្នាំ (តែ)សង្ឃមិនបានសន្មតឲ្យសោះ។បេ។ ព្រះអង្គត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថា ភិក្ខុនីទាំងឡាយ ឲ្យឧបសម្បទាដល់ ស្រីគិហិគតាដែលមានវស្សាគ្រប់១២ហើយ បានសិក្សាសិក្ខាក្នុងធម៌៦យ៉ាងអស់ពីរឆ្នាំ (តែ)សង្ឃមិនបានសន្មត ពិតមែនឬ។ ភិក្ខុទាំងឡាយក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធដ៏មានជោគ ទ្រង់បន្ទោសថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីទាំងឡាយ មិនសមបើនឹងឲ្យឧបសម្បទាដល់ ស្រីគិហិគតាដែលមានវស្សាគ្រប់១២ហើយ បានសិក្សាសិក្ខាក្នុងធម៌៦យ៉ាងអស់ពីរឆ្នាំហើយ (តែ)សង្ឃមិនបានសន្មតឲ្យទេ ម្នាលភិក្ខុទាំងឡាយ អំពើនេះមិនមែននាំឲ្យជ្រះថ្លាដល់ពួកជន ដែលមិនទាន់ជ្រះថ្លាទេ។បេ។ លុះទ្រង់បន្ទោសហើយ ទ្រង់ធ្វើធម្មីកថា ត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យ ៗវុដ្ឋានសម្មតិ ដល់ស្រីគិហិគតាដែលមានវស្សាគ្រប់១២ហើយ បានសិក្សាសិក្ខាក្នុងធម៌៦យ៉ាងអស់ពីរឆ្នាំហើយ។ ម្នាលភិក្ខុទាំងឡាយ ក៏ឯវុដ្ឋានសម្មតិនោះ សង្ឃត្រូវឲ្យយ៉ាងនេះ។ ស្រីគិហិគតាដែលមានវស្សាគ្រប់១២ហើយ បានសិក្សាសិក្ខាក្នុងធម៌៦យ៉ាងអស់ពីរឆ្នាំហើយនោះ ត្រូវចូលទៅរកសង្ឃ ធ្វើឧត្តរាសង្គឆៀងស្មាម្ខាង ហើយថ្វាយបង្គំបាទាភិក្ខុនីទាំងឡាយ រួចអង្គុយច្រហោង ផ្គងអញ្ជលី និយាយយ៉ាងនេះនឹងសង្ឃថា បពិត្រលោកម្ចាស់ ខ្ញុំមានឈ្មោះនេះ ជាគិហិគតារបស់លោកម្ចាស់ឈ្មោះនេះ មានវស្សាគ្រប់១២ហើយ បានសិក្សាសិក្ខាក្នុងធម៌៦យ៉ាងអស់ពីរឆ្នាំហើយ សូមវុដ្ឋានសម្មតិនឹងសង្ឃ។ ឯវុដ្ឋានសម្មតិ ស្រីគិហិគតានោះ ត្រូវសូមអស់វារៈពីរដងផង ត្រូវសូមអស់វារៈបីដងផង។ ភិក្ខុនីដែលឆ្លាស ប្រតិពល ត្រូវឲ្យសង្ឃដឹងថា បពិត្រលោកម្ចាស់ សូមសង្ឃស្តាប់ខ្ញុំ ស្រីគិហិគតានេះមានឈ្មោះនេះ របស់លោកម្ចាស់ឈ្មោះនេះ មានវស្សាគ្រប់១២ហើយ បានសិក្សាសិក្ខាក្នុងធម៌៦យ៉ាងអស់ពីរឆ្នាំហើយ សូមវុដ្ឋានសម្មតិនឹងសង្ឃ។ បើវុដ្ឋានសម្មតិកម្ម មានកាលគួរដល់សង្ឃហើយ ត្រូវសង្ឃឲ្យវុដ្ឋានសម្មតិដល់ស្រីគិហិគតា មានឈ្មោះនេះ ដែលមានវស្សាគ្រប់១២ហើយ បានសិក្សាសិក្ខាក្នុងធម៌៦យ៉ាងអស់ពីរឆ្នាំហើយ។ នេះជាញត្តិ។ បពិត្រលោកម្ចាស់ សូមសង្ឃស្តាប់ខ្ញុំ ស្រីគិហិគតានេះ មានឈ្មោះនេះ របស់លោកម្ចាស់ឈ្មោះនេះ មានវស្សាគ្រប់១២ហើយ បានសិក្សាសិក្ខាក្នុងធម៌៦យ៉ាងអស់ពីរឆ្នាំហើយ សូមវុដ្ឋានសម្មតិនឹងសង្ឃ។ ឥឡូវ សង្ឃឲ្យវុដ្ឋានសម្មតិ ដល់ស្រីគិហិគតាមានឈ្មោះនេះ មានវស្សាគ្រប់១២ហើយ បានសិក្សាសិក្ខាក្នុងធម៌៦យ៉ាងអស់ពីរឆ្នាំហើយ។ ការឲ្យវុដ្ឋានសម្មតិដល់ស្រីគិហិគតា មានឈ្មោះនេះដែលមានវស្សាគ្រប់១២ហើយ បានសិក្សាសិក្ខាក្នុងធម៌៦យ៉ាងអស់ពីរឆ្នាំហើយ គួរដល់លោកម្ចាស់អង្គណា លោកម្ចាស់អង្គនោះ ត្រូវស្ងៀម មិនគួរដល់លោកម្ចាស់អង្គណា លោកម្ចាស់អង្គនោះ ត្រូវនិយាយឡើង។ សង្ឃបានឲ្យវុដ្ឋានសម្មតិ ដល់ស្រីគិហិគតា មានឈ្មោះនេះ ដែលមានវស្សាគ្រប់១២ហើយ បានសិក្សាសិក្ខាក្នុងធម៌៦យ៉ាងអស់ពីរឆ្នាំហើយ។ ការឲ្យវុដ្ឋានសម្មតិនោះ សមគួរដល់សង្ឃ ហេតុនោះ បានជាសង្ឃស្ងៀមនៅ។ ខ្ញុំសូមចាំទុកនូវដំណើរនេះ ដោយអាការស្ងៀមនៅយ៉ាងនេះ។ លំដាប់នោះឯង ព្រះដ៏មានព្រះភាគ ទ្រង់បន្ទោសភិក្ខុនីទាំងឡាយនោះដោយបរិយាយជាច្រើនហើយ។បេ។ ម្នាលភិក្ខុទាំងឡាយ ចូរភិក្ខុនីទាំងឡាយ សំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុនីណាមួយ ឲ្យឧបសម្បទាដល់ស្រីគិហិគតាមានវស្សាគ្រប់១២ហើយ បានសិក្សាសិក្ខា ក្នុងធម៌៦យ៉ាងអស់ពីរវស្សាហើយ តែសង្ឃមិនសន្មត(ឲ្យ) ភិក្ខុនីនោះ ត្រូវអាបត្តិបាចិត្តិយ។
[៣៨៩] ត្រង់ពាក្យថា ភិក្ខុនីណាមួយ មានសេចក្តីអធិប្បាយក្នុងសិក្ខាបទទី១ នៃបារាជិកកណ្ឌរួចហើយ។ ស្រីគិហិគតា មានវស្សាដល់១២ហើយ ឈ្មោះថា មានវស្សាគ្រប់១២ហើយ។ ដែលហៅថា ស្រីគិហិគតា សំដៅយកសិក្ខមានាដែលល្មមទៅកាន់បុរសដទៃបាន។ ពាក្យថា អស់ពីរវស្សា គឺអស់ពីរឆ្នាំ។ ស្រីគិហិគតា ដែលសិក្សាសិក្ខាក្នុងធម៌៦យ៉ាង ឈ្មោះថា សិក្សាសិក្ខាហើយ។ ស្រីគិហិគតា ដែលសង្ឃមិនបានឲ្យវុដ្ឋានសម្មតិ ដោយកម្មមានញត្តិជាគំរប់ពីរ ឈ្មោះថា សង្ឃមិនបានសន្មត។ ពាក្យថា ឲ្យឧបសម្បទា គឺបំបួសជាភិក្ខុនី។ ភិក្ខុនីគិតថា អញនឹងឲ្យឧបសម្បទា ហើយស្វែងរកគណៈក្តី អាចរិនីក្តី បាត្រក្តី ចីវរក្តី សន្មតសីមាក្តី ត្រូវអាបត្តិទុក្កដ ត្រូវទុក្កដខណៈចប់ញត្តិ ត្រូវទុក្កដទាំងឡាយខណៈចប់កម្មវាចាពីរ ចប់កម្មវាចា ឧបជ្ឈាយ៍ត្រូវអាបត្តិបាចិត្តិយ គណៈ និងអាចរិនីត្រូវអាបត្តិទុក្កដ។
[៣៩០] កម្មប្រកបដោយធម៌ ភិក្ខុនីសំគាល់ថា កម្មប្រកបដោយធម៌ ហើយឲ្យឧបសម្បទា ត្រូវអាបត្តិបាចិត្តិយ។ កម្មប្រកបដោយធម៌ ភិក្ខុនីសង្ស័យ ហើយឲ្យឧបសម្បទា ត្រូវអាបត្តិបាចិត្តិយ។ កម្មប្រកបដោយធម៌ ភិក្ខុនីសំគាល់ថា កម្មមិនប្រកបដោយធម៌ ហើយឲ្យឧបសម្បទា ត្រូវអាបត្តិបាចិត្តិយ។ កម្មមិនប្រកបដោយធម៌ ភិក្ខុនីសំគាល់ថា កម្មប្រកបដោយធម៌ ត្រូវអាបត្តិទុក្កដ។ កម្មមិនប្រកបដោយធម៌ ភិក្ខុនីសង្ស័យ ត្រូវអាបត្តិទុក្កដ។ កម្មមិនប្រកបដោយធម៌ ភិក្ខុនីសំគាល់ថា កម្មមិនប្រកបដោយធម៌ ត្រូវអាបត្តិទុក្កដ។
[៣៩១] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៣យ៉ាង) គឺភិក្ខុនីឲ្យឧបសម្បទាដល់ស្រីគិហិគតា ដែលមានវស្សាគ្រប់១២ហើយ បានសិក្សាសិក្ខាក្នុងធម៌៦យ៉ាងអស់ពីរឆ្នាំហើយ សង្ឃសន្មតហើយ១ ភិក្ខុនីឆ្កួត១ ភិក្ខុនីធ្វើកន្លងមុនបញ្ញត្តិ១។
គព្ភិនីវគ្គ សិក្ខាបទទី៨
[៣៩២] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ គង់ក្នុងជេតវនារាម របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ សម័យនោះឯង ថុល្លនន្ទាភិក្ខុនី ឲ្យឧបសម្បទាដល់សិក្ខមានាជាសហជីវិនី ហើយមិនបានបង្រៀនខ្លួនឯង មិនឲ្យអ្នកដទៃបង្រៀនអស់ពីរឆ្នាំ។ ភិក្ខុនីទាំងឡាយនោះល្ងង់ មិនឆ្លាស មិនស្គាល់កិច្ចគួរ ឬមិនគួរ។ ភិក្ខុនីទាំងឡាយណា មានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុនីទាំងឡាយនោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា លោកម្ចាស់ថុល្លនន្ទា មិនគួរបើនឹងឲ្យឧបសម្បទាដល់សិក្ខមានាជាសហជីវិនី ហើយមិនបង្រៀនខ្លួនឯង មិនឲ្យគេបង្រៀនអស់ពីរឆ្នាំសោះ។បេ។ ព្រះអង្គត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថា ថុល្លនន្ទាភិក្ខុនី ឲ្យឧបសម្បទាដល់សិក្ខមានាជាសហជីវិនី ហើយមិនបង្រៀនខ្លួនឯង មិនឲ្យគេបង្រៀនអស់ពីរឆ្នាំ ពិតមែនឬ។ ភិក្ខុទាំងឡាយក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធដ៏មានជោគ ទ្រង់បន្ទោសថា ម្នាលភិក្ខុទាំងឡាយ ថុល្លនន្ទាភិក្ខុនី មិនសមបើនឹងឲ្យឧបសម្បទាដល់សិក្ខមានាជាសហជីវិនី ហើយមិនបង្រៀនខ្លួនឯង មិនឲ្យគេបង្រៀនអស់ពីរឆ្នាំទេ ម្នាលភិក្ខុទាំងឡាយ អំពើនេះមិនមែននាំឲ្យជ្រះថ្លាដល់ពួកជន ដែលមិនទាន់ជ្រះថ្លាទេ។បេ។ ម្នាលភិក្ខុទាំងឡាយ ចូរភិក្ខុនីទាំងឡាយ សំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុនីណាមួយ ឲ្យឧបសម្បទាដល់សិក្ខមានាជាសហជីវិនី ហើយមិនបង្រៀនដោយខ្លួនឯង មិនឲ្យគេបង្រៀនអស់ពីរវស្សា ភិក្ខុនីនោះ ត្រូវអាបត្តិបាចិត្តិយ។
[៣៩៣] ត្រង់ពាក្យថា ភិក្ខុនីណាមួយ មានសេចក្តីអធិប្បាយក្នុងសិក្ខាបទទី១ នៃបារាជិកកណ្ឌរួចហើយ។ ដែលហៅថា សិក្ខមានាជាសហជីវិនី សំដៅយកសិក្ខមានាជាសទ្ធិវិហារិនី (កូនសិស្ស)។ ពាក្យថា ឲ្យឧបសម្បទា គឺបំបួសជាភិក្ខុនី។ ពាក្យថា អស់ពីរវស្សា គឺអស់ពីរឆ្នាំ។ ពាក្យថា មិនបង្រៀន (ខ្លួនឯង) គឺមិនបង្រៀនដោយបាលី អដ្ឋកថា សេចក្តីទូន្មាន ប្រៀនប្រដៅដោយខ្លួនឯង។ ពាក្យថា មិនឲ្យគេបង្រៀន គឺមិនបង្គាប់អ្នកដទៃ។ ភិក្ខុនីគ្រាន់តែដាក់ធុរៈថា អញនឹងមិនបង្រៀនខ្លួនឯង មិនឲ្យគេបង្រៀន អស់ពីរឆ្នាំ ត្រូវអាបត្តិបាចិត្តិយ។
[៣៩៤] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៥យ៉ាង) គឺភិក្ខុនីមានសេចក្តីអន្តរាយ ហើយស្វែងរកគ្នាមិនបាន១ ភិក្ខុនីឈឺ១ ភិក្ខុនីមានភ័យធំ១ ភិក្ខុនីឆ្កួត១ ភិក្ខុនីធ្វើកន្លងមុនបញ្ញត្តិ១។
គព្ភិនីវគ្គ សិក្ខាបទទី៩
[៣៩៥] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ គង់ក្នុងជេតវនារាម របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ សម័យនោះឯង ភិក្ខុនីទាំងឡាយ មិនតាមបម្រើភិក្ខុនីជាបវត្តិនី (ឧបជ្ឈាយ៍) ដែលបំបួសខ្លួនអស់ពីរឆ្នាំ។ ពួកភិក្ខុនីទាំងនោះ ល្ងង់ មិនឆ្លាស មិនស្គាល់ការគួរ ឬមិនគួរ។ ភិក្ខុនីទាំងឡាយណា មានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុនីទាំងនោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុនីទាំងឡាយ មិនសមបើនឹងមិនតាមបម្រើភិក្ខុនីជាបវត្តិនីដែលបំបួសខ្លួនអស់ពីរឆ្នាំសោះ។បេ។ ព្រះអង្គត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថា ភិក្ខុនីទាំងឡាយ មិនតាមបម្រើភិក្ខុនី ជាបវត្តិនី ដែលបំបួសខ្លួនអស់ពីរឆ្នាំ ពិតមែនឬ។ ភិក្ខុទាំងឡាយក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធដ៏មានជោគ ទ្រង់បន្ទោសថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីទាំងឡាយ មិនសមបើនឹងមិនបម្រើភិក្ខុនីជាបវត្តិនី ដែលបំបួសខ្លួនអស់ពីរឆ្នាំទេ ម្នាលភិក្ខុទាំងឡាយ អំពើនេះមិនមែននាំឲ្យជ្រះថ្លាដល់ពួកជន ដែលមិនទាន់ជ្រះថ្លាទេ។បេ។ ម្នាលភិក្ខុទាំងឡាយ ចូរភិក្ខុនីទាំងឡាយ សំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុនីណាមួយ មិនតាមបម្រើភិក្ខុនីជាបវត្តិនី ដែលបំបួសខ្លួនអស់ពីរវស្សា ភិក្ខុនីនោះ ត្រូវអាបត្តិបាចិត្តិយ។
[៣៩៦] ត្រង់ពាក្យថា ភិក្ខុនីណាមួយ មានសេចក្តីអធិប្បាយក្នុងសិក្ខាបទទី១ នៃបារាជិកកណ្ឌរួចហើយ។ ពាក្យថាបំបួសខ្លួន គឺឲ្យឧបសម្បទាដល់ខ្លួន។ ដែលហៅថា ភិក្ខុនីជាបវត្តិនី សំដៅយកភិក្ខុនីជាឧបជ្ឈាយ៍។ ពាក្យថា អស់ពីរវស្សា គឺអស់ពីរឆ្នាំ។ ពាក្យថា មិនតាមបម្រើ គឺមិនបម្រើដោយខ្លួនឯង។ ភិក្ខុនីគ្រាន់តែដាក់ធុរៈថា អញនឹងមិនតាមបម្រើអស់ពីរឆ្នាំ ត្រូវអាបត្តិបាចិត្តិយ។
[៣៩៧] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៦យ៉ាង) គឺឧបជ្ឈាយ៍ល្ងង់១ ឧបជ្ឈាយ៍មិនមានខ្មាស១ ភិក្ខុនីឈឺ១ ភិក្ខុនីមានសេចក្តីអន្តរាយ១ ភិក្ខុនីឆ្កួត១ ភិក្ខុនីធ្វើកន្លងមុនបញ្ញត្តិ១។
គព្ភិនីវគ្គ សិក្ខាបទទី១០
[៣៩៨] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ គង់ក្នុងជេតវនារាម របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ សម័យនោះឯង ថុល្លនន្ទាភិក្ខុនី ឲ្យឧបសម្បទាដល់សិក្ខមានា ជាសហជីវិនី (កូនសិស្ស) ហើយមិននាំយកទៅខ្លួនឯង មិនឲ្យគេនាំយកទៅ។ ប្តីបានចាប់យកទៅ។ ភិក្ខុនីទាំងឡាយណា មានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុនីទាំងឡាយនោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា លោកម្ចាស់ថុល្លនន្ទា មិនសមបើនឹងឲ្យឧបសម្បទា ដល់សិក្ខមានា ជាសហជីវិនី ហើយមិននាំយកទៅខ្លួនឯង មិនឲ្យគេនាំយកទៅសោះ ប្តីបានចាប់យកទៅ ប្រសិនបើភិក្ខុនីនេះចៀសចេញទៅហើយ ប្តីប្រាកដជាមិនបានចាប់យកទៅទេ។បេ។ ព្រះអង្គត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថា ថុល្លនន្ទាភិក្ខុនី ឲ្យឧបសម្បទា ដល់សិក្ខមានា ជាសហជីវិនី ហើយមិននាំយកទៅខ្លួនឯង មិនឲ្យគេនាំយកទៅ ប្តីបានចាប់យកទៅ ពិតមែនឬ។ ភិក្ខុទាំងឡាយក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធដ៏មានជោគ ទ្រង់បន្ទោសថា ម្នាលភិក្ខុទាំងឡាយ ថុល្លនន្ទាភិក្ខុនី មិនសមបើនឹង ឲ្យឧបសម្បទា ដល់សិក្ខមានា ជាសហជីវិនី ហើយមិននាំយកទៅខ្លួនឯង មិនឲ្យគេនាំយកទៅ ប្តីបានចាប់យកទៅទេ ម្នាលភិក្ខុទាំងឡាយ អំពើនេះមិនមែននាំឲ្យជ្រះថ្លាដល់ពួកជន ដែលមិនទាន់ជ្រះថ្លាទេ។បេ។ ម្នាលភិក្ខុទាំងឡាយ ចូរភិក្ខុនីទាំងឡាយ សំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុនីណាមួយ ឲ្យ