បឋមភាគ
ភាគទី២០
សូមនមស្ការព្រះមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធព្រះអង្គនោះ។
មូលបរិយាយវគ្គ
មូលបរិយាយសូត្រ ទី១
[១] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់ក្រោមម្លប់សាលរាជព្រឹក្ស [ដើមរាំងភ្នំ ជាធំ ឬស្តេចរាំងភ្នំ។ អដ្ឋកថា។]ក្នុងសុភគវ័ន (ព្រៃជាទីត្រេកអរនៃជនច្រើន) ជិតក្រុងឧក្កដ្ឋា។ ក្នុងសម័យនោះឯង ព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ ដូច្នេះ។ ភិក្ខុទាំងនោះ ទទួលព្រះពុទ្ធដីកានៃព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ តថាគត នឹងសំដែងបរិយាយដែលជាឫសគល់នៃធម៌ទាំងពួង ប្រាប់អ្នកទាំងឡាយ អ្នកទាំងឡាយ ចូរស្តាប់នូវធម៌នោះ ចូរយកចិត្តទុកដាក់ដោយប្រពៃ តថាគតនឹងសំដែង។ ភិក្ខុទាំងនោះ ទទួលព្រះពុទ្ធដីកានៃព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គ។
[២] ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ បុថុជ្ជនក្នុងលោកនេះ ជាអ្នកមិនបានស្តាប់ មិនបានឃើញ នូវព្រះអរិយៈទាំងឡាយ (មានព្រះពុទ្ធជាដើម) មិនឈ្លាស ក្នុងអរិយធម៌ [អរិយធម៌ក្នុងទីនេះ បានដល់សតិប្បដ្ឋាន៤ ជាដើម។] មិនបានទូន្មានខ្លួន ក្នុងអរិយធម៌ គឺមិនមានអរិយធម៌ [មិនលូតលាស់ក្នុងអរិយធម៌ ក្នុងទីនេះ បានដល់វិន័យ ២យ៉ាង គឺសំវរវិន័យ ១ បហានវិន័យ ១ សំវរវិន័យមាន ៥ប្រការគឺ (ក) សីលសំវរៈ សង្រួមក្នុងបាតិមោក្ខ (ខ) សតិសំវរៈ សង្រួមក្នុងចក្ខុន្ទ្រិយ (គ) ញាណសំវរៈ សង្រួមក្នុងខ្សែតណ្ហាដោយបញ្ញា (ឃ) ខន្តិសំវរៈ សង្រួមក្នុងខន្តី គឺអត់ធន់នូវសភាព មានត្រជាក់ និងក្តៅជាដើម (ង) វីរិយសំវរៈ សង្រួមក្នុងវីរិយៈ គឺកំចាត់បង់នូវវិតក្កៈ ៣យ៉ាង មានកាមវិតក្កៈ ជាដើម មួយទៀត សង្រួមក្នុងទុច្ចរិត ៣ មានកាយទុច្ចរិតជាដើម ក៏ឈ្មោះថា សំវរវិន័យដែរ។ បហានវិន័យ មាន ៥ប្រការគឺ (ក) តទង្គប្បហានៈ លះកិលេសដោយអង្គនោះៗ មានកិរិយាកំណត់នូវនាម និងរូប ដោយវិបស្សនាញាណជាដើម (ខ) វិក្ខម្ភនប្បហានៈ លះកិលេស មាននីវរណធម៌ជាដើម ដោយសមាធិ (គ) សមុច្ឆេទប្បហានៈ លះកិលេសដាច់ស្រេច ក្នុងខណៈដែលបាន នូវអរិយមគ្គទាំង៤ប្រការ (ឃ) បដិបស្សទ្ធិប្បហានៈ លះកិលេសដាច់ស្រេច ក្នុងខណៈដែលបាន នូវអរិយផល (ង) និស្សរណប្បហានៈ លះកិលេសជ្រះស្រឡះ គឺបានដល់ នូវព្រះនិព្វាន។ អដ្ឋកថា។] មិនឃើញនូវពួកសប្បុរស មានព្រះពុទ្ធជាដើម មិនឈ្លាស ក្នុងសប្បុរិសធម៌ មិនបានទូន្មានខ្លួន ក្នុងសប្បុរិសធម៌ រមែងសំគាល់នូវផែនដី ថាជាផែនដីពិត លុះសំគាល់នូវផែនដី ថាជាផែនដីពិតហើយ ក៏រាប់អាននូវផែនដី រាប់អានក្នុងផែនដី រាប់អានថា ផែនដីពិត រាប់អានថា ផែនដីជារបស់អញ ត្រេកអរនឹងផែនដី។ ដំណើរនោះ ព្រោះហេតុអ្វី។ តថាគតពោលថា ព្រោះបុថុជ្ជននោះ កំណត់នូវដំណើរនៃផែនដីនោះមិនបាន។ បុថុជ្ជន តែងសំគាល់នូវទឹក ថាជាទឹកពិត លុះសំគាល់នូវទឹក ថាជាទឹកពិតហើយ ក៏រាប់អាននូវទឹក រាប់អានក្នុងទឹក រាប់អានថា ទឹកពិត រាប់អានថា ទឹកជារបស់អញ ត្រេកអរនឹងទឹក។ ដំណើរនោះ ព្រោះហេតុអ្វី។ តថាគតពោលថា ព្រោះបុថុជ្ជននោះ កំណត់នូវដំណើរទឹកនោះមិនបាន។ បុថុជ្ជន សំគាល់នូវភ្លើង ថាជាភ្លើងពិត លុះសំគាល់នូវភ្លើង ថាជាភ្លើងពិតហើយ ក៏រាប់អាននូវភ្លើង រាប់អានក្នុងភ្លើង រាប់អានថា ភ្លើងពិត រាប់អានថា ភ្លើងជារបស់អញ ត្រេកអរនឹងភ្លើង។ ដំណើរនោះ ព្រោះហេតុអ្វី។ តថាគតពោលថា ព្រោះបុថុជ្ជននោះ កំណត់នូវដំណើរភ្លើងនោះមិនបាន។ បុថុជ្ជន សំគាល់នូវខ្យល់ ថាជាខ្យល់ពិត លុះសំគាល់នូវខ្យល់ ថាជាខ្យល់ពិតហើយ ក៏រាប់អាននូវខ្យល់ រាប់អានក្នុងខ្យល់ រាប់អានថា ខ្យល់ពិត រាប់អានថា ខ្យល់ជារបស់អញ ត្រេកអរនឹងខ្យល់។ ដំណើរនោះ ព្រោះហេតុអ្វី។ តថាគតពោលថា ព្រោះបុថុជ្ជននោះ កំណត់នូវដំណើរខ្យល់នោះមិនបាន។ បុថុជ្ជន សំគាល់នូវពួកសត្វ ថាជាសត្វពិត លុះសំគាល់នូវពួកសត្វ ថាជាសត្វពិតហើយ ក៏រាប់អាននូវពួកសត្វ រាប់អានក្នុងពួកសត្វ រាប់អានថា សត្វពិត រាប់អានថា ពួកសត្វជារបស់អញ ត្រេកអរនឹងពួកសត្វ។ ដំណើរនោះ ព្រោះហេតុអ្វី។ តថាគតពោលថា ព្រោះបុថុជ្ជននោះ កំណត់នូវដំណើរសត្វនោះមិនបាន។ បុថុជ្ជន សំគាល់នូវពួកទេវតា ថាជាទេវតាពិត លុះសំគាល់នូវពួកទេវតា ថាជាទេវតាពិតហើយ ក៏រាប់អាននូវពួកទេវតា រាប់អានក្នុងពួកទេវតា រាប់អានថា ទេវតាពិត រាប់អានថា ពួកទេវតាជារបស់អញ ត្រេកអរនឹងពួកទេវតា។ ដំណើរនោះ ព្រោះហេតុអ្វី។ តថាគតពោលថា ព្រោះបុថុជ្ជននោះ កំណត់នូវដំណើរទេវតានោះមិនបាន។ បុថុជ្ជន សំគាល់នូវមារ ថាជាមារពិត លុះសំគាល់នូវមារ ថាជាមារពិតហើយ ក៏រាប់អាននូវមារ រាប់អានក្នុងមារ រាប់អានថា មារពិត រាប់អានថា មារជារបស់អញ ត្រេកអរនឹងមារ។ ដំណើរនោះ ព្រោះហេតុអ្វី។ តថាគតពោលថា ព្រោះបុថុជ្ជននោះ កំណត់នូវដំណើរមារនោះមិនបាន។ បុថុជ្ជន សំគាល់នូវព្រហ្ម ថាជាព្រហ្មពិត លុះសំគាល់នូវព្រហ្ម ថាជាព្រហ្មពិតហើយ ក៏រាប់អាននូវព្រហ្ម រាប់អានក្នុងព្រហ្ម រាប់អានថា ព្រហ្មពិត រាប់អានថា ព្រហ្មជារបស់អញ ត្រេកអរនឹងព្រហ្ម។ ដំណើរនោះ ព្រោះហេតុអ្វី។ តថាគតពោលថា ព្រោះបុថុជ្ជននោះ កំណត់នូវដំណើរព្រហ្មនោះមិនបាន។ បុថុជ្ជន សំគាល់នូវពួកអាភស្សរព្រហ្ម ថាជាអាភស្សរព្រហ្មពិត លុះសំគាល់នូវពួកអាភស្សរព្រហ្ម ថាជាអាភស្សរព្រហ្មពិតហើយ ក៏រាប់អាននូវពួកអាភស្សរព្រហ្ម រាប់អានក្នុងពួកអាភស្សរព្រហ្ម រាប់អានថា ពួកអាភស្សរព្រហ្មពិត រាប់អានថា ពួកអាភស្សរព្រហ្មជារបស់អញ ត្រេកអរនឹងពួកអាភស្សរព្រហ្ម។ ដំណើរនោះ ព្រោះហេតុអ្វី។ តថាគតពោលថា ព្រោះបុថុជ្ជននោះ កំណត់នូវដំណើរពួកអាភស្សរព្រហ្មនោះមិនបាន។ បុថុជ្ជន សំគាល់នូវពួកសុភកិណ្ហព្រហ្ម ថាជាសុភកិណ្ហព្រហ្មពិត លុះសំគាល់នូវពួកសុភកិណ្ហព្រហ្ម ថាជាសុភកិណ្ហព្រហ្មពិតហើយ ក៏រាប់អាននូវពួកសុភកិណ្ហព្រហ្ម រាប់អានក្នុងពួកសុភកិណ្ហព្រហ្ម រាប់អានថា ពួកសុភកិណ្ហព្រហ្មពិត រាប់អានថា ពួកសុភកិណ្ហព្រហ្មជារបស់អញ ត្រេកអរនឹងពួកសុភកិណ្ហព្រហ្ម។ ដំណើរនោះ ព្រោះហេតុអ្វី។ តថាគតពោលថា ព្រោះបុថុជ្ជននោះ កំណត់នូវដំណើរសុភកិណ្ហព្រហ្មនោះមិនបាន។ បុថុជ្ជន សំគាល់នូវពួកវេហប្ផលព្រហ្ម ថាជាវេហប្ផលព្រហ្មពិត លុះសំគាល់នូវពួកវេហប្ផលព្រហ្ម ថាជាវេហប្ផលព្រហ្មពិតហើយ ក៏រាប់អាននូវពួកវេហប្ផលព្រហ្ម រាប់អានក្នុងពួកវេហប្ផលព្រហ្ម រាប់អានថា វេហប្ផលព្រហ្មពិត រាប់អានថា វេហប្ផលព្រហ្ម ជារបស់អញ ត្រេកអរនឹងពួកវេហប្ផលព្រហ្ម។ ដំណើរនោះ ព្រោះហេតុអ្វី។ តថាគតពោលថា ព្រោះបុថុជ្ជននោះ កំណត់នូវដំណើរ វេហប្ផលព្រហ្ម នោះមិនបាន។ បុថុជ្ជន សំគាល់នូវអសញ្ញិសត្វ ថាជាអសញ្ញិសត្វពិត លុះសំគាល់នូវអសញ្ញិសត្វ ថាជាអសញ្ញិសត្វពិតហើយ ក៏រាប់អាននូវអសញ្ញិសត្វ រាប់អានក្នុងអសញ្ញិសត្វ រាប់អានថា ជាអសញ្ញិសត្វពិត រាប់អានថា អសញ្ញិសត្វជារបស់អញ ត្រេកអរនឹងអសញ្ញិសត្វ។ ដំណើរនោះ ព្រោះហេតុអ្វី។ តថាគតពោលថា ព្រោះបុថុជ្ជននោះ កំណត់នូវដំណើរអសញ្ញិសត្វមិនបាន។ បុថុជ្ជន សំគាល់នូវអាកាសានញ្ចាយតនព្រហ្ម ថាជាអាកាសានញ្ចាយតនព្រហ្មពិត លុះសំគាល់នូវអាកាសានញ្ចាយតនព្រហ្ម ថាជាអាកាសានញ្ចាយតនព្រហ្មពិតហើយ ក៏រាប់អាននូវអាកាសានញ្ចាយតនព្រហ្ម រាប់អានក្នុងអាកាសានញ្ចាយតនព្រហ្ម រាប់អានថា អាកាសានញ្ចាយតនព្រហ្មពិត រាប់អានថា អាកាសានញ្ចាយតនព្រហ្មជារបស់អញ ត្រេកអរនឹងអាកាសានញ្ចាយតនព្រហ្ម។ ដំណើរនោះ ព្រោះហេតុអ្វី។ តថាគតពោលថា ព្រោះបុថុជ្ជននោះ កំណត់នូវដំណើរអាកាសានញ្ចាយតនព្រហ្មនោះមិនបាន។ បុថុជ្ជន សំគាល់នូវវិញ្ញាណញ្ចាយតនព្រហ្ម ថាជាវិញ្ញាណញ្ចាយតនព្រហ្មពិត លុះសំគាល់នូវវិញ្ញាណញ្ចាយតនព្រហ្ម ថាជាវិញ្ញាណញ្ចាយតនព្រហ្មពិតហើយ ក៏រាប់អាននូវវិញ្ញាណញ្ចាយតនព្រហ្ម រាប់អានក្នុងវិញ្ញាណញ្ចាយតនព្រហ្ម រាប់អានថា វិញ្ញាណញ្ចាយតនព្រហ្មពិត រាប់អានថា វិញ្ញាណញ្ចាយតនព្រហ្ម ជារបស់អញ ត្រេកអរនឹងវិញ្ញាណញ្ចាយតនព្រហ្ម។ ដំណើរនោះ ព្រោះហេតុអ្វី។ តថាគតពោលថា ព្រោះបុថុជ្ជននោះ កំណត់នូវដំណើរវិញ្ញាណញ្ចាយតនព្រហ្មនោះមិនបាន។ បុថុជ្ជន សំគាល់នូវអាកិញ្ចញ្ញាយតនព្រហ្ម ថាជាអាកិញ្ចញ្ញាយតនព្រហ្មពិត លុះសំគាល់នូវអាកិញ្ចញ្ញាយតនព្រហ្ម ថាជាអាកិញ្ចញ្ញាយតនព្រហ្មពិតហើយ ក៏រាប់អាននូវអាកិញ្ចញ្ញាយតនព្រហ្ម រាប់អានក្នុងអាកិញ្ចញ្ញាយតនព្រហ្ម រាប់អានថា អាកិញ្ចញ្ញាយតនព្រហ្មពិត រាប់អានថា អាកិញ្ចញ្ញាយតនព្រហ្មជារបស់អញ ត្រេកអរនឹងអាកិញ្ចញ្ញាយតនព្រហ្ម។ ដំណើរនោះ ព្រោះហេតុអ្វី។ តថាគតពោលថា ព្រោះបុថុជ្ជននោះ កំណត់នូវដំណើរអាកិញ្ចញ្ញាយតនព្រហ្មនោះមិនបាន។ បុថុជ្ជន សំគាល់នូវនេវសញ្ញានាសញ្ញាយតនព្រហ្ម ថាជានេវសញ្ញានាសញ្ញាយតនព្រហ្មពិត លុះសំគាល់នូវនេវសញ្ញានាសញ្ញាយតនព្រហ្មពិតហើយ ក៏រាប់អាននូវនេវសញ្ញានាសញ្ញាយតនព្រហ្ម រាប់អានក្នុងនេវសញ្ញានាសញ្ញាយតនព្រហ្ម រាប់អានថា នេវសញ្ញានាសញ្ញាយតនព្រហ្មពិត រាប់អានថា នេវសញ្ញានាសញ្ញាយតនព្រហ្ម ជារបស់អញ ត្រេកអរនឹងនេវសញ្ញានាសញ្ញាយតនព្រហ្ម។ ដំណើរនោះ ព្រោះហេតុអ្វី។ តថាគតពោលថា ព្រោះបុថុជ្ជននោះ កំណត់នូវដំណើរនេវសញ្ញានាសញ្ញាយតនព្រហ្មនោះមិនបាន។ បុថុជ្ជន សំគាល់នូវរូបាយតនៈ ថាជារូបាយតនៈពិត លុះសំគាល់នូវរូបាយតនៈ ថាជារូបាយតនៈពិតហើយ ក៏រាប់អាននូវរូបាយតនៈ រាប់អានក្នុងរូបាយតនៈ រាប់អានថា រូបាយតនៈពិត រាប់អានថា រូបាយតនៈ ជារបស់អញ ត្រេកអរនឹងរូបាយតនៈ។ ដំណើរនោះ ព្រោះហេតុអ្វី។ តថាគតពោលថា ព្រោះបុថុជ្ជននោះ កំណត់នូវដំណើររូបាយតនៈនោះមិនបាន។ បុថុជ្ជន សំគាល់នូវសទ្ទាយតនៈ ថាជាសទ្ទាយតនៈពិត លុះសំគាល់នូវសទ្ទាយតនៈ ថាជាសទ្ទាយតនៈពិតហើយ ក៏រាប់អាននូវសទ្ទាយតនៈ រាប់អានក្នុងសទ្ទាយតនៈ រាប់អានថា សទ្ទាយតនៈពិត រាប់អានថា សទ្ទាយតនៈ ជារបស់អញ ត្រេកអរនឹងសទ្ទាយតនៈ។ ដំណើរនោះ ព្រោះហេតុអ្វី។ តថាគតពោលថា ព្រោះបុថុជ្ជននោះ កំណត់នូវដំណើរសទ្ទាយតនៈនោះមិនបាន។ បុថុជ្ជន សំគាល់នូវមុតៈ [មុតសព្ទក្នុងទីនេះ ជាឈ្មោះអាយតនៈទាំង៣ គឺគន្ធៈ រស ផោដ្ឋព្វៈ។] ថាជាមុតៈពិត លុះសំគាល់នូវមុតៈ ថាជាមុតៈពិតហើយ ក៏រាប់អាននូវមុតៈ រាប់អានក្នុងមុតៈ រាប់អានថា មុតៈ ពិត រាប់អានថា មុតៈ ជារបស់អញ ត្រេកអរនឹងមុតៈ។ ដំណើរនោះ ព្រោះហេតុអ្វី។ តថាគតពោលថា ព្រោះបុថុជ្ជននោះ កំណត់នូវដំណើរមុតៈនោះមិនបាន។ បុថុជ្ជនសំគាល់នូវវិញ្ញាតៈ [វិញ្ញាតសព្ទក្នុងទីនេះ ជាឈ្មោះអាយតនៈទាំង៧ គឺចក្ខុ សោត ឃាន ជីវ្ហា កាយ មន និងធម្មាយតនៈ។] ថាជាវិញ្ញាតៈពិត លុះសំគាល់នូវវិញ្ញាតៈ ថាជាវិញ្ញាតៈពិតហើយ ក៏រាប់អាននូវវិញ្ញាតៈ រាប់អានក្នុងវិញ្ញាតៈ រាប់អានថា វិញ្ញាតៈពិត រាប់អានថា វិញ្ញាតៈជារបស់អញ ត្រេកអរនឹងវិញ្ញាតៈ។ ដំណើរនោះ ព្រោះហេតុអ្វី។ តថាគតពោលថា ព្រោះបុថុជ្ជននោះ កំណត់នូវដំណើរវិញ្ញាតៈនោះមិនបាន។ បុថុជ្ជនសំគាល់នូវរបស់ដូចគ្នា [របស់ដូចគ្នា បានដល់ខន្ធទាំង៤ គឺវេទនា សញ្ញា សង្ខារវិញ្ញាណ។ អដ្ឋកថា។] ថាជារបស់ដូចគ្នាពិត លុះសំគាល់នូវរបស់ដូចគ្នា ថាជារបស់ដូចគ្នាពិតហើយ ក៏រាប់អាន នូវរបស់ដូចគ្នា រាប់អានក្នុងរបស់ដូចគ្នា រាប់អានថា របស់ដូចគ្នាពិត រាប់អានថា របស់ដូចគ្នា ជារបស់អញ ត្រេកអរនឹងរបស់ដូចគ្នា។ ដំណើរនោះ ព្រោះហេតុអ្វី។ តថាគតពោលថា ព្រោះបុថុជ្ជននោះ កំណត់នូវដំណើររបស់ដូចគ្នាមិនបាន។ បុថុជ្ជនសំគាល់នូវរបស់ផ្សេងគ្នា [របស់ផ្សេងគ្នា បានដល់ខន្ធទាំង៥ មានរូបក្ខន្ធជាដើម មានវិញ្ញាណក្ខន្ធ ជាទីបំផុត។] ថាជារបស់ផ្សេងគ្នាពិត លុះសំគាល់នូវរបស់ផ្សេងគ្នា ថាជារបស់ផ្សេងគ្នាពិតហើយ ក៏រាប់អាននូវរបស់ផ្សេងគ្នា រាប់អានក្នុងរបស់ផ្សេងគ្នា រាប់អានថា របស់ផ្សេងគ្នាពិត រាប់អានថា របស់ផ្សេងគ្នា ជារបស់អញ ត្រេកអរនឹងរបស់ផ្សេងគ្នា។ ដំណើរនោះ ព្រោះហេតុអ្វី។ តថាគតពោលថា ព្រោះបុថុជ្ជននោះ កំណត់នូវដំណើររបស់ផ្សេងគ្នានោះមិនបាន។ បុថុជ្ជនសំគាល់នូវវត្ថុទាំងពួង [វត្ថុទាំងពួងក្នុងទីនេះ បានដល់ប្រជុំរបស់ទាំង២ គឺរបស់ដូចគ្នា១ (ខន្ធទាំង៤) របស់ផ្សេងគ្នា១ (ខន្ធទាំង៥) លោកហៅថា របស់ទាំងពួង ឬវត្ថុទាំងពួង ដូច្នេះ។ ឯសេចក្តីសំគាល់នេះ មាន៣យ៉ាង គឺត្រេកអររីករាយនឹងរបស់ទាំងអស់នោះ ហៅថា សំគាល់ដោយតណ្ហា។ សំគាល់ថារបស់ទាំងអស់គឺ អាត្មាអញនិម្មិតដោយខ្លួនឯង ហៅថា សំគាល់ដោយមានៈ។ សំគាល់ថារបស់ទាំងអស់ មានកម្មដែលខ្លួនធ្វើអំពីមុនមកជាហេតុ របស់ទាំងអស់មិនមានហេតុ មិនមានបច្ច័យឡើយ របស់ទាំងអស់ មានខ្លះ មិនមានខ្លះ ហៅថា សំគាល់ដោយទិដ្ឋិ។ អដ្ឋកថា។] ថាជាវត្ថុទាំងពួងពិត គឺសំដែងនូវទិដ្ឋិ ដែលមានសភាពប្រហែលគ្នា លុះសំគាល់នូវវត្ថុទាំងពួង ថាជាវត្ថុទាំងពួងពិតហើយ ក៏រាប់អាននូវវត្ថុទាំងពួង រាប់អានក្នុងវត្ថុទាំងពួង រាប់អានថា វត្ថុទាំងពួងពិត រាប់អានថា វត្ថុទាំងពួងជារបស់អញ ត្រេកអរនឹងវត្ថុទាំងពួង។ ដំណើរនោះ ព្រោះហេតុអ្វី។ តថាគតពោលថា ព្រោះបុថុជ្ជននោះ កំណត់នូវដំណើរវត្ថុទាំងពួងនោះមិនបាន។ បុថុជ្ជនសំគាល់នូវនិព្វាន [និព្វានសព្ទក្នុងទីនេះ ជាឈ្មោះសេចក្តីសុខ របស់អត្តា (ខ្លួន) ដែលបរិបូណ៌ គ្រប់គ្រាន់ដោយកាមគុណ៥ គឺ រូប សំឡេង ក្លិន រស ផោដ្ឋព្វ ហៅថា បរមទិដ្ឋធម្មនិព្វាន។ អដ្ឋកថា។] ថាជានិព្វានពិត លុះសំគាល់នូវនិព្វាន ថាជានិព្វានពិតហើយ ក៏រាប់អាននូវនិព្វាន រាប់អានក្នុងនិព្វាន រាប់អានថា និព្វានពិត រាប់អានថា និព្វានជារបស់អញ ត្រេកអរនឹងនិព្វាន។ ដំណើរនោះ ព្រោះហេតុអ្វី។ តថាគតពោលថា ព្រោះបុថុជ្ជននោះ កំណត់នូវដំណើរនិព្វាននោះមិនបាន។
ចប់ នយភូមិបរិច្ឆេទ ទី១ ដោយអំណាចបុថុជ្ជន។
[៣] ម្នាលភិក្ខុទាំងឡាយ ភិក្ខុណាជាសេខបុគ្គល មិនទាន់បានសម្រេចអរហត្ត កំពុងប្រាថ្នានូវធម៌ដ៏ក្សេមចាកយោគៈ (អរហត្តដ៏ប្រសើរ)។ ភិក្ខុនោះឯង ដឹងច្បាស់នូវផែនដី ថាជាផែនដីពិត លុះដឹងច្បាស់នូវផែនដី ថាជាផែនដីពិតហើយ ក៏មិនរាប់អាននូវផែនដី មិនរាប់អានក្នុងផែនដី មិនរាប់អានថាជាផែនដីពិត មិនរាប់អានថា ផែនដីជារបស់អញ មិនត្រេកអរនឹងផែនដី។ ដំណើរនោះ ព្រោះហេតុអ្វី។ តថាគតពោលថា ព្រោះភិក្ខុជាសេក្ខនោះ គប្បីកំណត់នូវដំណើរនៃផែនដីនោះបាន។បេ។ ភិក្ខុជាសេក្ខបុគ្គល ដឹងច្បាស់នូវទឹក ភ្លើង ខ្យល់ ពួកសត្វ ពួកទេវតា មារ ព្រហ្ម ពួកអាភស្សរព្រហ្ម ពួកសុភកិណ្ហព្រហ្ម ពួកវេហប្ផលព្រហ្ម អសញ្ញិសត្វ អាកាសានញ្ចាយតនព្រហ្ម វិញ្ញាណញ្ចាយតនព្រហ្ម អាកិញ្ចញ្ញាយតនព្រហ្ម នេវសញ្ញានាសញ្ញាយតនព្រហ្ម រូបាយតនៈ សទ្ទាយតនៈ មុតៈ វិញ្ញាតៈ របស់ដូចគ្នា របស់ផ្សេងគ្នា វត្ថុទាំងពួង និងនិព្វាន ថាជានិព្វានពិត លុះដឹងច្បាស់នូវនិព្វាន ថាជានិព្វានពិតហើយ ក៏មិនរាប់អាននូវនិព្វាន មិនរាប់អានក្នុងនិព្វាន មិនរាប់អានថា និព្វានពិត មិនរាប់អានថា និព្វានជារបស់អញ មិនត្រេកអរនឹងនិព្វាន។ ដំណើរនោះ ព្រោះហេតុអ្វី។ តថាគតពោលថា ព្រោះភិក្ខុជាសេក្ខបុគ្គលនោះ គប្បីកំណត់នូវដំណើរនៃទឹកជាដើមនោះបាន។
ចប់ នយភូមិបរិច្ឆេទ ទី២ ដោយអំណាចសេខបុគ្គល។
[៤] ម្នាលភិក្ខុទាំងឡាយ ភិក្ខុណាជាអរហន្តខីណាស្រព មានព្រហ្មចរិយធម៌ប្រព្រឹត្តទៅគ្រប់គ្រាន់ហើយ មាន សោឡសកិច្ច បានធ្វើសម្រេចហើយ មានភារៈ [ភារៈ មាន៣យ៉ាងគឺ ខន្ធភារៈ (ខន្ធទាំង៥ជាភារៈ)១ កិលេសភារៈ (កិលេសទាំង១៥០០ មានលោភៈជាដើម ជាភារៈ១ អភិសង្ខារភារៈ (កុសលាកុសលកម្ម ជាភារៈ)១។ អដ្ឋកថា។] ដាក់ចុះហើយ មានប្រយោជន៍របស់ខ្លួន បានសម្រេច តាមលំដាប់ហើយ មានភវសំយោជនៈ អស់រលីងហើយ មានចិត្តរួចស្រឡះ ព្រោះដឹងដោយប្រពៃហើយ ភិក្ខុជាអរហន្តខីណាស្រពនោះ ដឹងច្បាស់នូវផែនដី ថាជាផែនដីពិត លុះបានដឹងច្បាស់នូវផែនដី ថាជាផែនដីពិតហើយ ក៏មិនរាប់អាននូវផែនដី មិនរាប់អានក្នុងផែនដី មិនរាប់អានថាផែនដីពិត មិនរាប់អានថា ផែនដីជារបស់អញ មិនត្រេកអរនឹងផែនដី។ ដំណើរនោះ ព្រោះហេតុអ្វី។ តថាគតពោលថា ព្រោះភិក្ខុជាអរហន្តខីណាស្រពនោះ កំណត់នូវដំណើរនៃផែនដីនោះបាន។បេ។ ភិក្ខុជាអរហន្តខីណាស្រព ដឹងច្បាស់នូវទឹក ភ្លើង ខ្យល់ ពួកសត្វ ពួកទេវតា មារ ព្រហ្ម ពួកអាភស្សរព្រហ្ម ពួកសុភកិណ្ហព្រហ្ម ពួកវេហប្ផលព្រហ្ម អសញ្ញិសត្វ អាកាសានញ្ចាយតនព្រហ្ម វិញ្ញាណញ្ចាយតនព្រហ្ម អាកិញ្ចញ្ញាយតនព្រហ្ម នេវសញ្ញានាសញ្ញាយតនព្រហ្ម រូបាយតនៈ សទ្ទាយតនៈ មុតៈ វិញ្ញាតៈ របស់ដូចគ្នា របស់ផ្សេងគ្នា វត្ថុទាំងពួង និងនិព្វាន ថាជានិព្វានពិត លុះដឹងច្បាស់នូវនិព្វាន ថាជានិព្វានពិតហើយ ក៏មិនរាប់អាននូវនិព្វាន មិនរាប់អានក្នុងនិព្វាន មិនរាប់អានថា និព្វានពិត មិនរាប់អានថា និព្វានជារបស់អញ មិនត្រេកអរនឹងនិព្វាន។ ដំណើរនោះ ព្រោះហេតុអ្វី។ តថាគតពោលថា ព្រោះភិក្ខុជាអរហន្តខីណាស្រពនោះ កំណត់នូវដំណើរនៃទឹកជាដើមនោះបាន។
ចប់ នយភូមិបរិច្ឆេទ ទី៣ ដោយអំណាចនៃព្រះខីណាស្រព។
[៥] ម្នាលភិក្ខុទាំងឡាយ ភិក្ខុណាជាអរហន្តខីណាស្រព មានព្រហ្មចរិយធម៌ប្រព្រឹត្តទៅគ្រប់គ្រាន់ហើយ មាន សោឡសកិច្ច ធ្វើសម្រេចហើយ មានភារៈ ដាក់ចុះហើយ មានប្រយោជន៍របស់ខ្លួន សម្រេចតាមលំដាប់ហើយ មានភវសំយោជនៈ អស់រលីងហើយ មានចិត្តរួចស្រឡះ ព្រោះដឹងដោយប្រពៃហើយ ភិក្ខុនោះឯង ដឹងច្បាស់នូវផែនដី ថាជាផែនដីពិត លុះដឹងច្បាស់នូវផែនដី ថាជាផែនដីពិតហើយ ក៏មិនរាប់អាននូវផែនដី មិនរាប់អានក្នុងផែនដី មិនរាប់អានថាផែនដីពិត មិនរាប់អានថា ផែនដីជារបស់អញ មិនត្រេកអរនឹងផែនដី។ ដំណើរនោះ ព្រោះហេតុអ្វី។ ព្រោះភិក្ខុនោះជា វីតរាគបុគ្គល ដ្បិតអស់រាគៈហើយ។បេ។ ភិក្ខុជាអរហន្តខីណាស្រព ដឹងច្បាស់នូវទឹក ភ្លើង ខ្យល់ ពួកសត្វ ពួកទេវតា មារ ព្រហ្ម ពួកអាភស្សរព្រហ្ម ពួកសុភកិណ្ហព្រហ្ម ពួកវេហប្ផលព្រហ្ម អសញ្ញិសត្វ អាកាសានញ្ចាយតនព្រហ្ម វិញ្ញាណញ្ចាយតនព្រហ្ម អាកិញ្ចញ្ញាយតនព្រហ្ម នេវសញ្ញានាសញ្ញាយតនព្រហ្ម រូបាយតនៈ សទ្ទាយតនៈ មុតៈ វិញ្ញាតៈ របស់ដូចគ្នា របស់ផ្សេងគ្នា វត្ថុទាំងពួង និងនិព្វាន ថាជានិព្វានពិត លុះដឹងច្បាស់នូវនិព្វាន ថាជានិព្វានពិតហើយ ក៏មិនរាប់អាននូវនិព្វាន មិនរាប់អានក្នុងនិព្វាន មិនរាប់អានថា និព្វានពិត មិនរាប់អានថា និព្វានជារបស់អញ មិនត្រេកអរនឹងនិព្វាន។ ដំណើរនោះ ព្រោះហេតុអ្វី។ ព្រោះភិក្ខុនោះជាវីតរាគបុគ្គល ដ្បិតអស់រាគៈហើយ។
ចប់ នយភូមិបរិច្ឆេទ ទី៤ ដោយអំណាចនៃព្រះខីណាស្រព។
[៦] ម្នាលអាវុសោទាំងឡាយ ភិក្ខុណាជាអរហន្តខីណាស្រព មានព្រហ្មចរិយធម៌ប្រព្រឹត្តគ្រប់គ្រាន់ហើយ មាន សោឡសកិច្ច ធ្វើសម្រេចហើយ មានភារៈ ដាក់ចុះហើយ មានប្រយោជន៍របស់ខ្លួន សម្រេចតាមលំដាប់ហើយ មានភវសំយោជនៈ អស់រលីងហើយ មានចិត្តរួចស្រឡះ ព្រោះដឹងដោយប្រពៃហើយ ភិក្ខុនោះ ដឹងច្បាស់នូវផែនដី ថាជាផែនដីពិត លុះដឹងច្បាស់នូវផែនដី ថាជាផែនដីពិតហើយ ក៏មិនរាប់អាននូវផែនដី មិនរាប់អានក្នុងផែនដី មិនរាប់អានថាផែនដីពិត មិនរាប់អានថា ផែនដីជារបស់អញ មិនត្រេកអរនឹងផែនដី។ ដំណើរនោះ ព្រោះហេតុអ្វី។ ព្រោះភិក្ខុនោះជា វីតទោសបុគ្គល ដ្បិតអស់ទោសៈហើយ។បេ។ ភិក្ខុជាអរហន្តខីណាស្រព ដឹងច្បាស់នូវទឹក ភ្លើង ខ្យល់ ពួកសត្វ ពួកទេវតា មារ ព្រហ្ម ពួកអាភស្សរព្រហ្ម ពួកសុភកិណ្ហព្រហ្ម ពួកវេហប្ផលព្រហ្ម អសញ្ញិសត្វ អាកាសានញ្ចាយតនព្រហ្ម វិញ្ញាណញ្ចាយតនព្រហ្ម អាកិញ្ចញ្ញាយតនព្រហ្ម នេវសញ្ញានាសញ្ញាយតនព្រហ្ម រូបាយតនៈ សទ្ទាយតនៈ មុតៈ វិញ្ញាតៈ របស់ដូចគ្នា របស់ផ្សេងគ្នា វត្ថុទាំងពួង និងនិព្វាន ថាជានិព្វានពិត លុះដឹងច្បាស់នូវនិព្វាន ថាជានិព្វានពិតហើយ ក៏មិនរាប់អាននូវនិព្វាន មិនរាប់អានក្នុងនិព្វាន មិនរាប់អានថា និព្វានពិត មិនរាប់អានថា និព្វានជារបស់អញ មិនត្រេកអរនឹងនិព្វាន។ ដំណើរនោះ ព្រោះហេតុអ្វី។ ព្រោះភិក្ខុនោះជាវីតទោសបុគ្គល ដ្បិតអស់ទោសៈហើយ។
ចប់ នយភូមិបរិច្ឆេទ ទី៥ ដោយអំណាចនៃព្រះខីណាស្រព។
[៧] ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអរហន្តខីណាស្រព មានព្រហ្មចរិយធម៌ប្រព្រឹត្តទៅគ្រប់គ្រាន់ហើយ មានសោឡសកិច្ច ធ្វើសម្រេចហើយ មានភារៈ ដាក់ចុះហើយ មានប្រយោជន៍របស់ខ្លួន បានសម្រេចតាមលំដាប់ហើយ មានភវសំយោជនៈ អស់រលីងហើយ មានចិត្តរួចស្រឡះ ព្រោះដឹងដោយប្រពៃហើយ ភិក្ខុជាអរហន្តខីណាស្រពនោះឯង ដឹងនូវផែនដី ថាជាផែនដីពិត លុះដឹងច្បាស់នូវផែនដី ថាជាផែនដីពិតហើយ ក៏មិនរាប់អាននូវផែនដី មិនរាប់អានក្នុងផែនដី មិនរាប់អានថាផែនដីពិត មិនរាប់អានថា ផែនដីជារបស់អញ មិនត្រេកអរនឹងផែនដី។ ដំណើរនោះ ព្រោះហេតុអ្វី។ ព្រោះភិក្ខុនោះជាវីតមោហបុគ្គល ដ្បិតអស់មោហៈហើយ។បេ។ ភិក្ខុជាអរហន្តខីណាស្រពនោះឯង ដឹងច្បាស់នូវទឹក ភ្លើង ខ្យល់ ពួកសត្វ ពួកទេវតា មារ ព្រហ្ម ពួកអាភស្សរព្រហ្ម ពួកសុភកិណ្ហព្រហ្ម ពួកវេហប្ផលព្រហ្ម អសញ្ញិសត្វ អាកាសានញ្ចាយតនព្រហ្ម វិញ្ញាណញ្ចាយតនព្រហ្ម អាកិញ្ចញ្ញាយតនព្រហ្ម នេវសញ្ញានាសញ្ញាយតនព្រហ្ម រូបាយតនៈ សទ្ទាយតនៈ មុតៈ វិញ្ញាតៈ របស់ដូចគ្នា របស់ផ្សេងគ្នា វត្ថុទាំងពួង និងនិព្វាន ថាជានិព្វានពិត លុះដឹងច្បាស់នូវនិព្វាន ថាជានិព្វានពិតហើយ ក៏មិនរាប់អាននូវនិព្វាន មិនរាប់អានក្នុងនិព្វាន មិនរាប់អានថា និព្វានពិត មិនរាប់អានថា និព្វានជារបស់អញ មិនត្រេកអរនឹងនិព្វាន។ ដំណើរនោះ ព្រោះហេតុអ្វី។ ព្រោះភិក្ខុនោះជា វីតមោហៈបុគ្គល ដ្បិតអស់មោហៈហើយ។
ចប់ នយភូមិបរិច្ឆេទ ទី៦ ដោយអំណាចនៃព្រះខីណាស្រព។
[៨] ម្នាលភិក្ខុទាំងឡាយ ចំណែកព្រះតថាគត អរហន្ត សម្មាសម្ពុទ្ធ រមែងជ្រាបច្បាស់នូវផែនដី ថាជាផែនដីពិត លុះជ្រាបច្បាស់នូវផែនដី ថាជាផែនដីពិតហើយ ក៏មិនរាប់អាននូវផែនដី មិនរាប់អានក្នុងផែនដី មិនរាប់អានថាផែនដីពិត មិនរាប់អានថា ផែនដីជារបស់អញ មិនត្រេកអរនឹងផែនដី។ ដំណើរនោះ ព្រោះហេតុអ្វី។ តថាគតពោលថា ព្រោះព្រះតថាគត ទ្រង់កំណត់នូវដំណើរនៃផែនដីនោះបាន។បេ។ ព្រះតថាគត អរហន្ត សម្មាសម្ពុទ្ធ ទ្រង់ជ្រាបច្បាស់នូវទឹក ភ្លើង ខ្យល់ ពួកសត្វ ពួកទេវតា មារ ព្រហ្ម ពួកអាភស្សរព្រហ្ម ពួកសុភកិណ្ហព្រហ្ម ពួកវេហប្ផលព្រហ្ម អសញ្ញិសត្វ អាកាសានញ្ចាយតនព្រហ្ម វិញ្ញាណញ្ចាយតនព្រហ្ម អាកិញ្ចញ្ញាយតនព្រហ្ម នេវសញ្ញានាសញ្ញាយតនព្រហ្ម រូបាយតនៈ សទ្ទាយតនៈ មុតៈ វិញ្ញាតៈ របស់ដូចគ្នា របស់ផ្សេងគ្នា វត្ថុទាំងពួង និងនិព្វាន ថាជានិព្វានពិត លុះទ្រង់ជ្រាបច្បាស់នូវនិព្វាន ថាជានិព្វានពិតហើយ ក៏មិនរាប់អាននូវនិព្វាន មិនរាប់អានក្នុងនិព្វាន មិនរាប់អានថា ជានិព្វានពិត មិនរាប់អានថា និព្វាន ជារបស់អញ មិនត្រេកអរនឹងនិព្វាន។ ដំណើរនោះ ព្រោះហេតុអ្វី។ តថាគតពោលថា ព្រោះព្រះតថាគត ទ្រង់កំណត់នូវដំណើរ នៃទឹកជាដើមនោះបាន។
ចប់ នយភូមិបរិច្ឆេទ ទី៧ ដោយអំណាចនៃព្រះសាស្តា។
[៩] ម្នាលភិក្ខុទាំងឡាយ ព្រះតថាគត អរហន្តសម្មាសម្ពុទ្ធ ទ្រង់ជ្រាបនូវផែនដី ថាជាផែនដីពិត លុះទ្រង់ជ្រាបនូវផែនដី ថាជាផែនដីពិតហើយ ក៏មិនរាប់អាននូវផែនដី មិនរាប់អានក្នុងផែនដី មិនរាប់អានថា ជាផែនដីពិត មិនរាប់អានថា ផែនដីជារបស់អញ មិនត្រេកអរនឹងផែនដី ដំណើរនោះ ព្រោះហេតុអ្វី។ ព្រោះព្រះតថាគត ទ្រង់ជ្រាបច្បាស់ថា សេចក្តីប្រាថ្នា ដែលមានហើយ (អំពីមុន) ជាឫសគល់នៃសេចក្តីទុក្ខ ទាំងជ្រាបច្បាស់ថា ជាតិ ជរា មរណៈ របស់សត្វដែលកើតអំពីកម្មភព គឺកុសលាកុសលចេតនា។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ ក្នុងសាសនានេះ តថាគតពោលថា ព្រះតថាគត បានត្រាស់ដឹងនូវសម្មាសម្ពោធិញ្ញាណដ៏ប្រសើរ ព្រោះអស់តណ្ហា ព្រោះប្រាសចាកតណ្ហា ព្រោះរលត់តណ្ហា ព្រោះលះចោលនូវតណ្ហា ព្រោះរលាស់ចោលនូវតណ្ហា ដោយប្រការទាំងពួង។បេ។ ព្រះតថាគត អរហន្ត សម្មាសម្ពុទ្ធ ទ្រង់ជ្រាបច្បាស់នូវទឹក ភ្លើង ខ្យល់ ពួកសត្វ ពួកទេវតា មារ ព្រហ្ម ពួកអាភស្សរព្រហ្ម ពួកសុភកិណ្ហព្រហ្ម ពួកវេហប្ផលព្រហ្ម អសញ្ញិសត្វ អាកាសានញ្ចាយតនព្រហ្ម វិញ្ញាណញ្ចាយតនព្រហ្ម អាកិញ្ចញ្ញាយតនព្រហ្ម នេវសញ្ញានាសញ្ញាយតនព្រហ្ម រូបាយតនៈ សទ្ទាយតនៈ មុតៈ វិញ្ញាតៈ របស់ដូចគ្នា របស់ផ្សេងគ្នា វត្ថុទាំងពួង និងនិព្វាន ថាជានិព្វានពិត លុះទ្រង់ជ្រាបច្បាស់នូវនិព្វាន ថាជានិព្វានពិតហើយ ក៏មិនរាប់អាននូវនិព្វាន មិនរាប់អានក្នុងនិព្វាន មិនរាប់អានថា និព្វានពិត មិនរាប់អានថា និព្វានជារបស់អញ មិនត្រេកអរនឹងនិព្វាន។ ដំណើរនោះ ព្រោះហេតុអ្វី។ ព្រោះព្រះតថាគត អរហន្តសម្មាសម្ពុទ្ធ ទ្រង់ជ្រាបច្បាស់ថា សេចក្តីប្រាថ្នា ដែលមានហើយ (អំពីមុន) ជាឫសគល់នៃសេចក្តីទុក្ខ ទាំងជ្រាបច្បាស់ថា ជាតិ ជរា មរណៈ របស់សត្វដែលកើតអំពីកម្មភព គឺកុសលាកុសលចេតនា។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ ក្នុងសាសនានេះ តថាគតពោលថា ព្រះតថាគត បានត្រាស់ដឹង នូវសម្មាសម្ពោធិញ្ញាណដ៏ប្រសើរ ព្រោះអស់តណ្ហា ព្រោះប្រាសចាកតណ្ហា ព្រោះរលត់តណ្ហា ព្រោះលះចោលនូវតណ្ហា ព្រោះរលាស់ចោលនូវតណ្ហា ដោយប្រការទាំងពួង។
ចប់ នយភូមិបរិច្ឆេទ ទី៨ ដោយអំណាចនៃព្រះសាស្តា។
លុះព្រះមានព្រះភាគ ទ្រង់សំដែងសូត្រនេះចប់ហើយ ភិក្ខុទាំងឡាយនោះ ក៏គ្មានចិត្តត្រេកអរ រីករាយ ចំពោះភាសិតនៃព្រះមានព្រះភាគឡើយ។
សព្វាសវសំវរសូត្រ ទី២
[១០] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពនរបស់អនាថបិណ្ឌិកសេដ្ឋីទៀបក្រុងសាវត្ថី។ ក្នុងសម័យនោះឯង ព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ។ ពួកភិក្ខុទាំងនោះ ទទួលព្រះពុទ្ធដីកានៃព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន ដូច្នេះ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងនូវហេតុ នៃសេចក្តីសង្រួមក្នុងអាសវៈទាំងពួង ដល់អ្នកទាំងឡាយ អ្នកទាំងឡាយ ចូរប្រុងស្តាប់នូវហេតុនោះ ចូរធ្វើទុកក្នុងចិត្តឲ្យប្រពៃ តថាគតនឹងសំដែង។ ពួកភិក្ខុទាំងនោះ ទទួលព្រះពុទ្ធដីកា នៃព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គ។
[១១] ព្រះមានព្រះភាគទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ តថាគត ពោលនូវការអស់ទៅនៃអាសវធម៌ [អាសវធម៌ ប្រែថា សភាវៈដែលត្រាំ ឬហូរទៅអំពីភ្នែក ត្រចៀក ច្រមុះ អណ្តាត កាយ និងចិត្ត ហៅថា អាសវៈ ។ ក្នុងអដ្ឋកថា ថា អាសវៈ មាន៣ក៏មាន មាន៤ក៏មាន ដែលមាន៣គឺ កាមាសវៈ១ ភវាសវៈ១ អវិជ្ជាសវៈ១។ ដែលមាន៤គឺ ថែមទិដ្ឋាសវៈ ចូលមកផង។] ទាំងឡាយ របស់បុគ្គលអ្នកដឹង អ្នកឃើញ មិនមែនពោលនូវការអស់ទៅនៃអាសវៈទាំងឡាយ របស់បុគ្គលអ្នកមិនដឹង មិនឃើញទេ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលដឹងអ្វី ឃើញអ្វី ទើបអស់ទៅនៃអាសវធម៌ទាំងឡាយ។ បុគ្គលឃើញនូវយោនិសោមនសិការ [ដែលថា យោនិសោមនសិការនោះ គឺតាំងចិត្ត ចងចិត្ត ប្រមូលអារម្មណ៍មកពិចារណា តាមសច្ចានុលោមិកញ្ញាណ ដោយន័យថា សេចក្តីមិនទៀង ក្នុងរបស់ដែលមិនទៀង។] និងអយោនិសោមនសិការ [ដែលថា អយោនិសោមនសិការៈនោះ គឺយល់វិប្បល្លាស សំគាល់ថាទៀង ក្នុងរបស់ដែលមិនទៀង ថាសុខក្នុងរបស់ដែលជាទុក្ខ សំគាល់ថា មានខ្លឹម ក្នុងរបស់ដែលមិនមានខ្លឹម សំគាល់ថាស្អាត ក្នុងរបស់ដែលមិនស្អាត។ អដ្ឋកថា។] (ទើបអស់ទៅ នៃអាសវធម៌ទាំងឡាយ)។ ម្នាលភិក្ខុទាំងឡាយ កាលបើបុគ្គលធ្វើទុកក្នុងចិត្តដោយខុសទំនង អាសវៈទាំងឡាយ ដែលមិនទាន់កើតឡើង រមែងកើតឡើងបានផង អាសវៈទាំងឡាយ ដែលកើតឡើងហើយ រឹងរឹតតែចំរើនឡើងផង។ ម្នាលភិក្ខុទាំងឡាយ កាលបើបុគ្គលធ្វើទុកក្នុងចិត្ត ដោយត្រូវទំនង អាសវៈទាំងឡាយ ដែលមិនទាន់កើតឡើង រមែងកើតឡើងមិនបានផង អាសវៈទាំងឡាយ ដែលកើតឡើងហើយ រមែងសាបសូន្យទៅវិញផង។ ម្នាលភិក្ខុទាំងឡាយ បុគ្គលត្រូវលះបង់អាសវៈ ដោយការឃើញ គឺសោតាបត្តិមគ្គក៏មាន ត្រូវលះបង់អាសវៈ ដោយសេចក្តីសង្រួមឥន្ទ្រិយក៏មាន ត្រូវលះបង់អាសវៈ ដោយការសេពក៏មាន ត្រូវលះបង់អាសវៈ ដោយការអត់ធន់ក៏មាន ត្រូវលះបង់អាសវៈ ដោយការវៀរក៏មាន ត្រូវលះបង់អាសវៈ ដោយការបន្ទោបង់ក៏មាន ត្រូវលះបង់អាសវៈ ដោយការចំរើនក៏មាន។
[១២] ម្នាលភិក្ខុទាំងឡាយ អាសវៈ ដែលភិក្ខុត្រូវលះបង់ ដោយការឃើញ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុថុជ្ជនក្នុងសាសនានេះ ជាអ្នកមិនបានចេះដឹង មិនបានឃើញ នូវព្រះអរិយៈទាំងឡាយ (មានព្រះពុទ្ធជាដើម) មិនឈ្លាសក្នុងអរិយធម៌ មិនបានទូន្មានខ្លួន ក្នុងអរិយធម៌ មិនបានឃើញនូវសប្បុរសទាំងឡាយ (មានព្រះពុទ្ធជាដើម) មិនឈ្លាសក្នុងសប្បុរិសធម៌ មិនបានទូន្មានខ្លួន ក្នុងសប្បុរិសធម៌ រមែងមិនដឹងច្បាស់ ក្នុងធម៌ដែលគួរធ្វើទុកក្នុងចិត្ត មិនដឹងច្បាស់ ក្នុងធម៌ដែលមិនគួរធ្វើទុកក្នុងចិត្ត។ កាលបើបុថុជ្ជននោះ មិនដឹងច្បាស់ នូវធម៌ដែលគួរធ្វើទុកក្នុងចិត្ត មិនដឹងច្បាស់ ក្នុងធម៌ដែលមិនគួរធ្វើទុកក្នុងចិត្ត ធម៌ណាដែលមិនគួរធ្វើទុកក្នុងចិត្ត ក៏ត្រឡប់ជាធ្វើទុកក្នុងចិត្តនូវធម៌ទាំងនោះវិញ ធម៌ណាដែលគួរធ្វើទុកក្នុងចិត្ត ក៏ត្រឡប់ជាមិនធ្វើទុកក្នុងចិត្ត នូវធម៌ទាំងនោះវិញ។ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយដូចម្តេច ដែលមិនគួរធ្វើទុកក្នុងចិត្ត តែបុថុជ្ជន ធ្វើទុកក្នុងចិត្ត។ ម្នាលភិក្ខុទាំងឡាយ កាលបើបុថុជ្ជន ធ្វើទុកក្នុងចិត្តនូវធម៌ គឺ អយោនិសោមនសិការៈណាហើយ កាមាសវៈ ដែលមិនទាន់កើតឡើង រមែងកើតឡើងផង កាមាសវៈ ដែលកើតឡើងហើយ ក៏រឹងរឹតតែចំរើនឡើងផង ភវាសវៈ ដែលមិនទាន់កើតឡើង រមែងកើតឡើងផង ភវាសវៈ ដែលកើតឡើងហើយ ក៏រឹងរឹតតែចំរើនឡើងផង អវិជ្ជាសវៈ ដែលមិនទាន់កើតឡើង រមែងកើតឡើងផង អវិជ្ជាសវៈ ដែលកើតឡើងហើយ ក៏រឹងរឹតតែចំរើនឡើងផង ធម៌ទាំងនេះឯង ដែលមិនគួរធ្វើទុកក្នុងចិត្ត តែបុថុជ្ជន តែងធ្វើទុកក្នុងចិត្ត។ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយដូចម្តេច ដែលគួរធ្វើទុកក្នុងចិត្ត តែបុថុជ្ជន មិនបានធ្វើទុកក្នុងចិត្ត។ ម្នាលភិក្ខុទាំងឡាយ កាលបុថុជ្ជន ធ្វើទុកក្នុងចិត្ត នូវធម៌ គឺយោនិសោមនសិការៈណាហើយ កាមាសវៈ ដែលមិនទាន់កើតឡើង ក៏រមែងកើតឡើងមិនបានផង កាមាសវៈ ដែលកើតឡើងហើយ រមែងសាបសូន្យទៅវិញផង ភវាសវៈ ដែលមិនទាន់កើតឡើង រមែងកើតឡើងមិនបានផង ភវាសវៈ ដែលកើតឡើងហើយ រមែងសាបសូន្យទៅវិញផង អវិជ្ជាសវៈ ដែលមិនទាន់កើតឡើង រមែងកើតឡើងមិនបានផង អវិជ្ជាសវៈ ដែលកើតឡើងហើយ រមែងសាបសូន្យទៅវិញផង ធម៌ទាំងនេះឯង ដែលគួរធ្វើទុកក្នុងចិត្ត តែបុថុជ្ជន តែងមិនបានធ្វើទុកក្នុងចិត្ត។ ព្រោះតែបុថុជ្ជននោះ ធ្វើទុកក្នុងចិត្តនូវធម៌ ដែលមិនគួរធ្វើទុកក្នុងចិត្ត មិនធ្វើទុកក្នុងចិត្ត នូវធម៌ដែលគួរធ្វើទុកក្នុងចិត្ត (យ៉ាងនេះហើយ) បានជាអាសវៈទាំងឡាយ ដែលមិនទាន់កើតឡើង ក៏កើតឡើងផង អាសវៈទាំងឡាយ ដែលកើតឡើងហើយ ក៏រឹងរឹតតែចំរើនឡើង។ បុថុជ្ជននោះ ធ្វើទុកក្នុងចិត្ត ដោយខុសទំនងយ៉ាងនេះថា អំពីអតីតកាល អាត្មាអញ បានកើតដែរឬ ៗអំពីអតីតកាល អាត្មាអញ មិនបានកើតទេ (មួយយ៉ាងទៀត) អំពីអតីតកាល អាត្មាអញ មានជាតិជាអ្វី ឬអំពីអតីតកាល អាត្មាអញ មានសណ្ឋានទ្រង់ទ្រាយដូចម្តេច អំពីអតីតកាល អាត្មាអញ កើតជាជាតិអ្វី ឬមួយអាត្មាអញ មានសណ្ឋានទ្រង់ទ្រាយដូចម្តេច ក្នុងអនាគតកាល អាត្មាអញ នឹងកើតទៀតដែរឬ ៗក្នុងអនាគតកាល អាត្មាអញ នឹងមិនកើតទៀតទេ (មួយយ៉ាងទៀត) ក្នុងអនាគតកាល អាត្មាអញនឹងកើតជាជាតិអ្វី ឬក្នុងអនាគតកាល អាត្មាអញនឹងមានសណ្ឋានទ្រង់ទ្រាយដូចម្តេច ក្នុងអនាគតកាល អាត្មាអញនឹងមានជាតិជាអ្វី ឬមានសណ្ឋានទ្រង់ទ្រាយដូចម្តេច (មួយយ៉ាងទៀត) បុថុជ្ជននោះ ប្រារព្ធនូវបច្ចុប្បន្នកាល ក្នុងកាលឥឡូវនេះ ហើយមានសេចក្តីសង្ស័យក្នុងខ្លួនថា ឥឡូវនេះ អាត្មាអញមាន ឬមិនមានទេ ឬឥឡូវនេះ អាត្មាអញ មានជាតិជាអ្វី មានសណ្ឋានទ្រង់ទ្រាយដូចម្តេច តើសត្វនេះ មកអំពីណាហ្ន៎ សត្វនោះ នឹងទៅកាន់ទីណាវិញហ្ន៎។ កាលបុថុជ្ជននោះធ្វើទុកក្នុងចិត្ត ដោយខុសទំនងយ៉ាងនេះហើយ បណ្តាទិដ្ឋិទាំង៦ ទិដ្ឋិណាមួយ គង់កើតឡើងបាន។ ទិដ្ឋិកើតឡើងដល់បុថុជ្ជននោះ ព្រោះប្រកាន់សេចក្តីទៀងទាត់ ឋិតថេរថា ខ្លួនរបស់អាត្មាអញមាន១។ ទិដ្ឋិកើតឡើងដល់បុថុជ្ជននោះ ព្រោះប្រកាន់សេចក្តីទៀងទាត់ ឋិតថេរថា ខ្លួនរបស់អាត្មាអញមិនមាន១។ ទិដ្ឋិកើតឡើងដល់បុថុជ្ជននោះ ព្រោះប្រកាន់សេចក្តីទៀងទាត់ ឋិតថេរថា អាត្មាអញ ដឹងច្បាស់នូវខ្លួន ដោយសភាវៈថា ជាខ្លួនពិត [សំគាល់ខន្ធទាំង៥ ថាជាខ្លួន លើកសញ្ញាខន្ធជាធំ។]១។ ទិដ្ឋិកើតឡើងដល់បុថុជ្ជននោះ ព្រោះប្រកាន់សេចក្តីទៀងទាត់ ឋិតថេរថា អាត្មាអញដឹងច្បាស់ នូវសភាវៈមិនមែនខ្លួន ដោយសភាវៈថាជាខ្លួនពិត [សំគាល់សញ្ញាខន្ធ១ ថាជាខ្លួន ឯខន្ធ៤ មិនមែនជាខ្លួន។]១។ ទិដ្ឋិកើតឡើងដល់បុថុជ្ជននោះ ព្រោះប្រកាន់សេចក្តីទៀងទាត់ ឋិតថេរថា អាត្មាអញ ដឹងច្បាស់នូវខ្លួនឯង ដោយសភាវៈថា មិនមែនខ្លួនពិត [សំគាល់សញ្ញាខន្ធ១ ថាមិនមែនខ្លួន ឯខន្ធទាំង៤ ថាជាខ្លួន។ អដ្ឋកថា។]១។ ពុំនោះសោត បុថុជ្ជននោះ មានសេចក្តីយល់ឃើញយ៉ាងនេះថា ខ្លួនរបស់អាត្មាអញ ដែលត្រូវទទួល រមែងទទួលនូវផលកម្មល្អ និងអាក្រក់ ក្នុងកំណើតនោះៗ តែខ្លួនរបស់អាត្មាអញនោះ ជាសភាវៈទៀងទាត់ប្រាកដ ឋិតថេរ ជាសភាវៈមិនប្រែប្រួល តាំងនៅមាំ ដូចជាសស្សតិវត្ថុ (ព្រះអាទិត្យ និងព្រះចន្ទ្រ ជាដើម) ដូច្នោះឯង១។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ដំណើរគឺទិដ្ឋិ ញាតស្បាតគឺទិដ្ឋិ ផ្លូវឆ្ងាយដាច់ស្រយាលគឺទិដ្ឋិ ចំរូងគឺទិដ្ឋិ សេចក្តីញាប់ញ័រគឺទិដ្ឋិ ចំណងគឺទិដ្ឋិ។ ម្នាលភិក្ខុទាំងឡាយ បុថុជ្ជន ដែលជាប់ដោយចំណងគឺទិដ្ឋិ ជាអ្នកមិនចេះដឹង តថាគតហៅថា ជាអ្នកមិនបានរួចស្រឡះចាក ជាតិទុក្ខ ជរាទុក្ខ មរណទុក្ខ សោកទុក្ខ បរិទេវទុក្ខ ទុក្ខទុក្ខ ទោមនស្សទុក្ខ និងឧបាយាសទុក្ខ ទាំងមិនរួចចាកទុក្ខ (ក្នុងវដ្តៈទាំងអស់)។ ម្នាលភិក្ខុទាំងឡាយ ឯអរិយសាវ័ក ដែលជាអ្នកបានចេះដឹង បានឃើញនូវព្រះអរិយៈទាំងឡាយ មានព្រះពុទ្ធជាដើម ឈ្លាសក្នុងអរិយធម៌ បានទូន្មានខ្លួនល្អ ក្នុងអរិយធម៌ បានឃើញនូវសប្បុរសទាំងឡាយ មានព្រះពុទ្ធជាដើម ឈ្លាសក្នុងសប្បុរិសធម៌ បានទូន្មាននូវខ្លួនល្អ ក្នុងសប្បុរិសធម៌ រមែងដឹងច្បាស់នូវធម៌ ដែលគួរធ្វើទុកក្នុងចិត្ត ដឹងច្បាស់នូវធម៌ ដែលមិនគួរធ្វើទុកក្នុងចិត្ត។ កាលអរិយសាវ័កនោះដឹងច្បាស់ នូវធម៌ដែលគួរធ្វើទុកក្នុងចិត្ត ដឹងច្បាស់នូវធម៌ ដែលមិនគួរធ្វើទុកក្នុងចិត្តហើយ ធម៌ទាំងឡាយណា ដែលមិនគួរធ្វើទុកក្នុងចិត្ត ក៏មិនធ្វើទុកក្នុងចិត្ត នូវធម៌ទាំងនោះឡើយ។ ធម៌ទាំងឡាយណា ដែលគួរធ្វើទុកក្នុងចិត្ត ក៏ធ្វើទុកក្នុងចិត្ត នូវធម៌ទាំងនោះ។ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយដូចម្តេច ដែលមិនគួរធ្វើទុកក្នុងចិត្ត ហើយអរិយសាវ័ក មិនធ្វើទុកក្នុងចិត្ត។ ម្នាលភិក្ខុទាំងឡាយ កាលអរិយសាវ័ក ធ្វើទុកក្នុងចិត្ត នូវធម៌ គឺអយោនិសោមនសិការៈហើយ កាមាសវៈ ដែលមិនទាន់កើតឡើង រមែងកើតឡើងផង កាមាសវៈ ដែលកើតឡើងហើយ ក៏រឹងរឹតតែចំរើនឡើងផង ភវាសវៈ ដែលមិនទាន់កើតឡើង រមែងកើតឡើងផង ភវាសវៈ ដែលកើតឡើងហើយ ក៏រឹងរឹតតែចំរើនឡើងផង អវិជ្ជាសវៈ ដែលមិនទាន់កើតឡើង រមែងកើតឡើងផង អវិជ្ជាសវៈ ដែលកើតឡើងហើយ ក៏រឹងរឹតតែចំរើនឡើងផង ធម៌ទាំងនេះឯង ដែលមិនគួរធ្វើទុកក្នុងចិត្ត ហើយអរិយសាវ័ក មិនធ្វើទុកក្នុងចិត្ត។ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយដូចម្តេច ដែលគួរធ្វើទុកក្នុងចិត្ត ហើយអរិយសាវ័កធ្វើទុកក្នុងចិត្ត។ ម្នាលភិក្ខុទាំងឡាយ កាលអរិយសាវ័ក ធ្វើទុកក្នុងចិត្តនូវធម៌ គឺយោនិសោមនសិការៈហើយ កាមាសវៈ ដែលមិនទាន់កើតឡើង រមែងកើតឡើងមិនបានផង កាមាសវៈ ដែលកើតឡើងហើយ រមែងសាបសូន្យទៅវិញផង ភវាសវៈ ដែលមិនទាន់កើតឡើង រមែងកើតឡើងមិនបានផង ភវាសវៈ ដែលកើតឡើងហើយ រមែងសាបសូន្យទៅវិញផង អវិជ្ជាសវៈ ដែលមិនទាន់កើតឡើង រមែងកើតឡើងមិនបានផង អវិជ្ជាសវៈ ដែលកើតឡើងហើយ រមែងសាបសូន្យទៅវិញផង ធម៌ទាំងនេះឯង ដែលគួរធ្វើទុកក្នុងចិត្ត ហើយអរិយសាវ័កធ្វើទុកក្នុងចិត្ត។ ព្រោះតែអរិយសាវ័កនោះ មិនធ្វើទុកក្នុងចិត្ត នូវធម៌ដែលមិនគួរធ្វើទុកក្នុងចិត្ត ធ្វើទុកក្នុងចិត្ត នូវធម៌ដែលគួរធ្វើទុកក្នុងចិត្ត (យ៉ាងនេះហើយ) បានជាអាសវៈទាំងឡាយ ដែលមិនទាន់កើតឡើង ក៏កើតឡើងមិនបានផង អាសវៈទាំងឡាយ ដែលកើតឡើងហើយ រមែងសាបសូន្យទៅវិញផង។ អរិយសាវ័កនោះ ធ្វើទុកក្នុងចិត្តដោយឧបាយថា នេះកងទុក្ខ ធ្វើទុកក្នុងចិត្ត ដោយឧបាយថា នេះតណ្ហា ជាដែនឲ្យកើតកងទុក្ខ ធ្វើទុកក្នុងចិត្ត ដោយឧបាយថា នេះនិព្វានធម៌ ជាទីរំលត់នូវកងទុក្ខ ធ្វើទុកក្នុងចិត្ត ដោយឧបាយថា នេះសេចក្តីប្រតិបត្តិ ដើម្បីដល់នូវព្រះនិព្វាន ជាទីរំលត់នូវកងទុក្ខ។ កាលអរិយសាវ័កនោះ ធ្វើទុកក្នុងចិត្ត ដោយឧបាយយ៉ាងនេះហើយ សំយោជនៈទាំងឡាយ៣ គឺសក្កាយទិដ្ឋិ វិចិកិច្ឆា និងសីលព្វត្តបរាមាស ក៏សាបសូន្យទៅ។ ម្នាលភិក្ខុទាំងឡាយ អាសវៈទាំងនេះឯង ដែលតថាគតពោលថា ត្រូវលះដោយការឃើញ គឺសោតាបត្តិមគ្គ។
[១៣] ម្នាលភិក្ខុទាំងឡាយ អាសវៈទាំងឡាយ ដូចម្តេច ដែលបុគ្គល ត្រូវលះដោយការសង្រួម។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ពិចារណា ដោយឧបាយហើយ សង្រួមដោយការសង្រួម នូវចក្ខុន្ទ្រិយគ្រប់ឥរិយាបថទាំង៤។ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុនោះ មិនសង្រួមចក្ខុន្ទ្រិយសំវរៈ អាសវៈទាំងឡាយ ដែលជាគ្រឿងចង្អៀតចង្អល់ ក្តៅក្រហាយណា គប្បីកើតឡើងបាន តែកាលបើភិក្ខុនោះ សង្រួមចក្ខុន្ទ្រិយសំវរៈ យ៉ាងនេះវិញ អាសវៈទាំងឡាយ ដែលជាគ្រឿងចង្អៀតចង្អល់ ក្តៅក្រហាយនោះ រមែងមិនមានឡើយ។ ភិក្ខុពិចារណាដោយឧបាយហើយ សង្រួមសោតិន្ទ្រិយសំវរៈ គ្រប់ឥរិយាបថទាំង៤។បេ។ ពិចារណាដោយឧបាយហើយ សង្រួមនូវឃានិន្ទ្រិយសំវរៈ គ្រប់ឥរិយាបថទាំង៤។បេ។ ពិចារណាដោយឧបាយហើយ សង្រួមនូវជិវ្ហិន្ទ្រិយសំវរៈ គ្រប់ឥរិយាបថទាំង៤។បេ។ ពិចារណាដោយឧបាយហើយ សង្រួមនូវកាយិន្ទ្រិយសំវរៈ គ្រប់ឥរិយាបថទាំង៤។បេ។ ពិចារណាដោយឧបាយហើយ សង្រួមនូវមនិន្ទ្រិយសំវរៈ គ្រប់ឥរិយាបថទាំង៤។បេ។ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុនោះ មិនសង្រួមនូវមនិន្ទ្រិយសំវរៈ អាសវៈទាំងឡាយ ដែលជាគ្រឿងចង្អៀតចង្អល់ ក្តៅក្រហាយណា គប្បីកើតឡើងបាន តែកាលបើភិក្ខុនោះសង្រួមនូវមនិន្ទ្រិយសំវរៈយ៉ាងនេះវិញ អាសវៈទាំងឡាយ ដែលជាគ្រឿងចង្អៀតចង្អល់ ក្តៅក្រហាយនោះ រមែងមិនមានឡើយ។ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុនោះ មិនសង្រួមនូវសំវរៈ អាសវៈទាំងឡាយ ដែលជាគ្រឿងចង្អៀតចង្អល់ ក្តៅក្រហាយណា គប្បីកើតឡើងបាន តែកាលបើភិក្ខុនោះសង្រួមសំវរៈ យ៉ាងនេះវិញ អាសវៈទាំងឡាយ ដែលជាគ្រឿងចង្អៀតចង្អល់ ក្តៅក្រហាយនោះ រមែងមិនមានឡើយ។ ម្នាលភិក្ខុទាំងឡាយ អាសវៈទាំងនេះ ដែលតថាគតពោលថា ត្រូវលះបង់ ដោយការសង្រួម។
[១៤] ម្នាលភិក្ខុទាំងឡាយ អាសវៈទាំងឡាយ ដូចម្តេច ដែលបុគ្គលត្រូវលះបង់ដោយការសេព។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ពិចារណាដោយឧបាយហើយ អាស្រ័យសេព គឺប្រើប្រាស់នូវសំពត់ចីវរ គ្រាន់តែដើម្បីការពារនូវត្រជាក់ ដើម្បីការពារនូវកំដៅ ដើម្បីការពារនូវសម្ផស្ស របោម មូស ខ្យល់ កំដៅថ្ងៃ និងពស់តូច ពស់ធំទាំងឡាយ គ្រាន់តែដើម្បីបិទបាំងនូវអវយវៈ ដែលធ្វើនូវសេចក្តីខ្មាស់ឲ្យកម្រើក។ ពិចារណាដោយឧបាយហើយ អាស្រ័យសេព គឺបរិភោគនូវចង្ហាន់បិណ្ឌបាត ដើម្បីលេងដូចក្មេងអ្នកស្រុកក៏ទេ ដើម្បីឲ្យកើតបុរិសមានៈ ស្រវឹងដូចអ្នកប្រដាល់ក៏ទេ ដើម្បីប្រដាប់តាក់តែងរាងកាយ ដូចស្រ្តីក្នុងបូរីក៏ទេ ដើម្បីធ្វើឲ្យផូរផង់ពណ៌សម្បុរ ដូចអ្នករបាំក៏ទេ បរិភោគ គ្រាន់តែដើម្បីឲ្យតាំងនៅនៃកាយនេះ ដើម្បីញុំាងជិវិតិន្ទ្រិយ ឲ្យប្រព្រឹត្តទៅ ដើម្បីបំបាត់បង់នូវសេចក្តីលំបាក ដើម្បីអនុគ្រោះដល់ព្រហ្មចរិយធម៌ អាត្មាអញនឹងកំចាត់បង់នូវវេទនាចាស់ គឺសេចក្តីស្រេកឃ្លានដែលមានហើយផង និងញុំាងវេទនាថ្មី គឺការឆ្អែតហួសប្រមាណ មិនឲ្យកើតឡើងបានផង កិរិយាប្រព្រឹត្តទៅនៃឥរិយាបថទាំង៤ក្តី សេចក្តីមិនមានទោស មានមិនច្រអូសកាយ មិនច្រអូសចិត្តជាដើមក្តី កិរិយានៅសប្បាយក្នុងឥរិយាបថទាំង៤ក្តី នឹងមានដល់អាត្មាអញ ដោយបានបរិភោគនូវចង្ហាន់បិណ្ឌបាតនេះ។ ពិចារណាដោយឧបាយហើយ អាស្រ័យសេព គឺប្រើប្រាស់នូវទីសេនាសនៈ គ្រាន់តែដើម្បីការពារនូវត្រជាក់ ដើម្បីការពារនូវកំដៅ ដើម្បីការពារនូវសម្ផស្ស របោម មូស ខ្យល់ កំដៅថ្ងៃ និងពស់តូច ពស់ធំទាំងឡាយ គ្រាន់តែដើម្បីបន្ទោបង់នូវក្រវល់ក្រវាយ ដែលកើតអំពីរដូវ ហើយអភិរម្យសម្ងំនៅក្នុងព្រះកម្មដ្ឋាន។ ពិចារណាដោយឧបាយហើយ អាស្រ័យសេព គឺបរិភោគនូវគ្រឿងបរិក្ខារ ជាទីរក្សានូវជីវិត គឺថ្នាំ ជាបច្ច័យដល់អ្នកជម្ងឺ គ្រាន់តែដើម្បីការពារនូវវេទនាទាំងឡាយ ដែលបៀតបៀនផ្សេងៗ ដែលកើតឡើងហើយ ដើម្បីប្រាសចាកទុក្ខខ្លាំងជាធម្មតា។ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុនោះ មិនអាស្រ័យសេព នូវបច្ច័យណាមួយដោយឧបាយ អាសវៈទាំងឡាយ ដែលជាគ្រឿងចង្អៀតចង្អល់ ក្តៅក្រហាយណា គប្បីកើតឡើងបាន តែកាលបើភិក្ខុនោះ អាស្រ័យសេព នូវបច្ច័យណាមួយ ដោយឧបាយ យ៉ាងនេះវិញ អាសវៈទាំងឡាយ ដែលជាគ្រឿងចង្អៀតចង្អល់ ក្តៅក្រហាយនោះ រមែងមិនមានឡើយ។ ម្នាលភិក្ខុទាំងឡាយ អាសវៈទាំងនេះឯង ដែលតថាគតពោលថា ត្រូវលះបង់ដោយការសេព។
[១៥] ម្នាលភិក្ខុទាំងឡាយ អាសវៈទាំងឡាយ ដូចម្តេច ដែលបុគ្គលត្រូវលះបង់ដោយការអត់ធន់។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ពិចារណាដោយឧបាយហើយ អត់ធន់ចំពោះត្រជាក់ ក្តៅ ឃ្លាន ស្រេក ជាអ្នកអត់ទ្រាំនូវសម្ផស្ស របោម មូស ខ្យល់ កំដៅថ្ងៃ និងពស់តូច ពស់ធំទាំងឡាយ និងគន្លងពាក្យ ដែលគេនិយាយមិនពីរោះ ទ្រគោះ ខ្ជីខ្ជា និងទុក្ខវេទនា ដែលកើតឡើង ប្រព្រឹត្តទៅក្នុងសរីរកាយដ៏ក្លា អាក្រក់ ខ្លោចផ្សា មិនជាទីត្រេកអរ មិនជាទីគាប់ចិត្ត និងនាំឲ្យខូចជីវិត។ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុនោះ មិនអត់ទ្រាំនូវហេតុណាមួយហើយ អាសវៈទាំងឡាយ ដែលជាគ្រឿងចង្អៀតចង្អល់ ក្តៅក្រហាយណា គប្បីកើតឡើងបាន តែកាលបើភិក្ខុនោះ អត់ធន់ទ្រាំនូវហេតុណាមួយបាន យ៉ាងនេះវិញ អាសវៈទាំងឡាយ ដែលជាគ្រឿងចង្អៀតចង្អល់ ក្តៅក្រហាយនោះ រមែងមិនមានឡើយ។ ម្នាលភិក្ខុទាំងឡាយ អាសវៈទាំងនេះឯង ដែលតថាគតពោលថា ត្រូវលះបង់ដោយការអត់ធន់។
[១៦] ម្នាលភិក្ខុទាំងឡាយ អាសវៈទាំងឡាយ ដូចម្តេច ដែលបុគ្គលត្រូវលះបង់ដោយការវៀរ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ពិចារណាដោយឧបាយហើយ វៀរនូវដំរីកាច វៀរសេះកាច វៀរគោកាច វៀរឆ្កែកាច វៀរសត្វពស់ ដង្គត់ឈើ ចម្រូងបន្លា អណ្តូង ជ្រោះ រណ្តៅទឹកសំអុយ និងប្រឡាយទឹកសំអុយ។ មួយវិញទៀត ភិក្ខុអង្គុយលើអាសនៈ មិនសមគួរ មានសភាពយ៉ាងណា ត្រាច់ទៅក្នុងទីមិនគួរ មានសភាពយ៉ាងណា សេពគប់នូវបាបមិត្រ មានសភាពយ៉ាងណា ពួកសព្រហ្មចារីភិក្ខុ ជាអ្នកប្រាជ្ញ គប្បីជឿ (ថាភិក្ខុនោះ ជាអ្នកប្រព្រឹត្តទៅ) ក្នុងទីដ៏លាមកទាំងឡាយ។ ភិក្ខុនោះពិចារណាដោយឧបាយហើយ វៀរនូវអាសនៈ ដែលមិនសមគួរនោះផង នូវទីគោចរ ដែលមិនសមគួរនោះផង នូវពួកបាបមិត្រនោះផង។ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុនោះ មិនវៀរនូវហេតុ ដែលគួរវៀរណាមួយ អាសវៈទាំងឡាយ ដែលជាគ្រឿងចង្អៀតចង្អល់ ក្តៅក្រហាយ គប្បីកើតឡើងបាន តែកាលបើភិក្ខុនោះ វៀរនូវហេតុដែលគួរវៀរណាមួយ យ៉ាងនេះវិញ អាសវៈទាំងឡាយ ដែលជាគ្រឿងចង្អៀតចង្អល់ ក្តៅក្រហាយនោះ រមែងមិនមានឡើយ។ ម្នាលភិក្ខុទាំងឡាយ អាសវៈទាំងនេះឯង ដែលតថាគតពោលថា ត្រូវលះបង់ដោយការវៀរ។
[១៧] ម្នាលភិក្ខុទាំងឡាយ អាសវៈទាំងឡាយ ដូចម្តេច ដែលបុគ្គលត្រូវលះបង់ ដោយការបន្ទោបង់។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ពិចារណាដោយឧបាយហើយ អត់ធន់ លះបង់ បន្ទោបង់ ធ្វើឲ្យវិនាស បំផ្លាញ នូវកាមវិតក្កៈ ដែលកើតឡើងហើយ នូវព្យាបាទវិតក្កៈ ដែលកើតឡើងហើយ។បេ។ នូវវិហឹសាវិតក្កៈ ដែលកើតឡើងហើយ។បេ។ អត់ធន់ លះបង់ បន្ទោបង់ ធ្វើឲ្យវិនាស បំផ្លាញ នូវពួកអកុសលធម៌ដ៏លាមក ដែលកើតឡើងហើយ។ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុនោះ មិនបន្ទោបង់ នូវវិតក្កៈណាមួយហើយ អាសវៈទាំងឡាយ ដែលជាគ្រឿងចង្អៀតចង្អល់ ក្តៅក្រហាយ គប្បីកើតឡើងបាន តែកាលបើភិក្ខុនោះ បន្ទោបង់នូវវិតក្កៈណាមួយ យ៉ាងនេះវិញ អាសវៈទាំងឡាយ ដែលជាគ្រឿងចង្អៀតចង្អល់ ក្តៅក្រហាយនោះ រមែងមិនមានឡើយ។ ម្នាលភិក្ខុទាំងឡាយ អាសវៈទាំងនេះឯង ដែលតថាគតពោលថា ត្រូវលះបង់ដោយការបន្ទោបង់។
[១៨] ម្នាលភិក្ខុទាំងឡាយ អាសវៈទាំងឡាយ ដូចម្តេច ដែលបុគ្គលត្រូវលះបង់ដោយការចំរើន។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ពិចារណាដោយឧបាយហើយ ចំរើននូវសតិសម្ពោជង្ឈង្គ ដែលអាស្រ័យនូវសេចក្តីស្ងប់ស្ងាត់ [ការស្ងប់ស្ងាត់មាន៥ប្រការ មាន តទង្គវិវេកជាដើម អធិប្បាយដូចបហាន៥ប្រការ ក្នុងមូលបរិយាយសូត្រនេះដែរ (ទំព័រលេខ១)។] ដែលអាស្រ័យនូវធម៌ ជាគ្រឿងប្រាសចាករាគៈ ដែលអាស្រ័យនូវធម៌ ជាទីរលត់ទុក្ខ ដែលជាធម៌បង្អោនទៅ ដើម្បីលះកិលេស ពិចារណាដោយឧបាយហើយ ទើបចំរើននូវធម្មវិចយសម្ពោជ្ឈង្គ។បេ។ ចំរើននូវវិរិយសម្ពោជ្ឈង្គ។បេ។ ចំរើននូវបីតិសម្ពោជ្ឈង្គ។បេ។ ចំរើននូវបស្សទ្ធិសម្ពោជ្ឈង្គ។បេ។ ចំរើននូវសមាធិសម្ពោជ្ឈង្គ។បេ។ ចំរើននូវឧបេក្ខាសម្ពោជ្ឈង្គ ដែលអាស្រ័យនូវសេចក្តីស្ងប់ស្ងាត់ ដែលអាស្រ័យនូវធម៌ ជាទីប្រាសចាករាគៈ ដែលអាស្រ័យនូវធម៌ ជាទីរលត់ទុក្ខ ដែលជាធម៌បង្អោនទៅ ដើម្បីលះកិលេស។ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុនោះ មិនចំរើននូវសម្ពោជ្ឈង្គណាមួយហើយ អាសវៈទាំងឡាយ ដែលជាគ្រឿងចង្អៀតចង្អល់ ក្តៅក្រហាយ គប្បីកើតឡើងបាន តែកាលបើភិក្ខុនោះ ចំរើននូវសម្ពោជ្ឈង្គណាមួយ យ៉ាងនេះវិញ អាសវៈទាំងឡាយ ដែលជាគ្រឿងចង្អៀតចង្អល់ ក្តៅក្រហាយនោះ រមែងមិនមានឡើយ។ ម្នាលភិក្ខុទាំងឡាយ អាសវៈទាំងឡាយនេះឯង ដែលតថាគតពោលថា ត្រូវលះបង់ដោយការចំរើន។
[១៩] ម្នាលភិក្ខុទាំងឡាយ វេលាណាដែលភិក្ខុត្រូវលះបង់អាសវៈទាំងឡាយណា ដោយការឃើញ គឺសោតាបត្តិមគ្គ អាសវៈទាំងនោះ ក៏ឈ្មោះថា ភិក្ខុបានលះបង់ដោយការឃើញហើយ។ អាសវៈទាំងឡាយណា ដែលភិក្ខុត្រូវលះបង់ដោយការសង្រួម អាសវៈទាំងនោះ ក៏ឈ្មោះថា ភិក្ខុបានលះបង់ដោយការសង្រួមហើយ។ អាសវៈទាំងឡាយណា ដែលភិក្ខុត្រូវលះបង់ដោយការសេព (នូវបច្ច័យ) អាសវៈទាំងនោះ ក៏ឈ្មោះថា ភិក្ខុបានលះបង់ដោយការសេពហើយ។ អាសវៈទាំងឡាយណា ដែលភិក្ខុត្រូវលះបង់ ដោយការអត់ធន់ (នូវត្រជាក់ និងក្តៅជាដើម) អាសវៈទាំងនោះ ក៏ឈ្មោះថា ភិក្ខុបានលះបង់ ដោយការអត់ធន់ហើយ។ អាសវៈទាំងឡាយណា ដែលភិក្ខុត្រូវលះបង់ ដោយការវៀរ (ចាកទីអង្គុយមិនសមគួរជាដើម) អាសវៈទាំងនោះ ក៏ឈ្មោះថា ភិក្ខុបានលះបង់ ដោយការវៀរហើយ។ អាសវៈទាំងឡាយណា ដែលភិក្ខុត្រូវលះបង់ ដោយការបន្ទោបង់ (នូវកាមវិតក្កៈជាដើម) អាសវៈទាំងនោះ ក៏ឈ្មោះថា ភិក្ខុបានលះបង់ ដោយការបន្ទោបង់ហើយ។ អាសវៈទាំងឡាយណា ដែលភិក្ខុត្រូវលះបង់ ដោយការចំរើន (សម្ពោជ្ឈង្គទាំង៧) អាសវៈទាំងនោះ ក៏ឈ្មោះថា ភិក្ខុបានលះបង់ ដោយការចំរើនហើយ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនេះ តថាគតហៅថា ជាអ្នកសង្រួម ដោយការសង្រួម ក្នុងអាសវៈទាំងអស់ ហើយជាអ្នកផ្តាច់ផ្តិលនូវតណ្ហា ញុំាងសំយោជនៈ ឲ្យប្រែប្រួល គឺធ្វើមិនឲ្យមានមន្ទិល ធ្វើនូវទីបំផុតកងទុក្ខ ដោយហេតុដែលបានលះបង់ នូវមានៈចោល ដោយប្រពៃ។ លុះព្រះមានព្រះភាគ ទ្រង់បានសំដែងសូត្រនេះចប់ហើយ ភិក្ខុទាំងឡាយនោះ ក៏មានចិត្តត្រេកអរ រីករាយ ចំពោះភាសិត នៃព្រះមានព្រះភាគ។
ចប់ សព្វាសវសំវរសូត្រ ទី២។
ធម្មទាយាទសូត្រ ទី៣
[២០] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ ក្នុងសម័យនោះឯង ព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ។ ភិក្ខុទាំងនោះ ទទួលព្រះពុទ្ធដីកា ព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គ។
[២១] ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរយកធម៌ [ធម៌ជាមត៌កនេះ បានដល់ធម៌២យ៉ាង គឺ និប្បរិយាយធម៌ ធម៌ជាចំណែកខាងលោកុត្តរធម៌ទាំង៩ មានសោតាបត្តិមគ្គជាដើម១ បរិយាយធម៌ ធម៌ជាចំណែកខាងរបស់បុគ្គល ដែលកំពុងប្រព្រឹត្តធ្វើនូវសីល សមាធិ បញ្ញា ឬឈានសមាបត្តិ ដើម្បីដល់នូវព្រះនិព្វាន១។] របស់តថាគតជាមត៌ក កុំយកអាមិស [អាមិសជាមត៌ក បានដល់អាមិស២យ៉ាងគឺ និប្បរិយាយាមិស បានដល់បច្ច័យទាំង៤ មានចីវរប្បច្ច័យជាដើម១ បរិយាយាមិស បានដល់ទានដ៏សេស មានអន្នទានជាដើម១។ អដ្ឋកថា។] ជាមត៌កឡើយ តថាគតមានសេចក្តីអនុគ្រោះ ចំពោះអ្នកទាំងឡាយដូច្នេះថា ធ្វើម្តេចហ្ន៎ ពួកសាវ័ករបស់តថាគត គួរយកធម៌ជាមត៌ក កុំយកអាមិសជាមត៌កឡើយ។ ម្នាលភិក្ខុទាំងឡាយ បើអ្នកទាំងឡាយ យកអាមិសជាមត៌ក មិនយកធម៌របស់តថាគតជាមត៌កហើយ គង់មានអ្នកផង តិះដៀលអ្នកទាំងឡាយ ដោយហេតុនោះថា ពួកសាវ័ករបស់ព្រះសាស្តា សុទ្ធតែយកអាមិសជាមត៌ក មិនយកធម៌ជាមត៌កទេ។ ទាំងតថាគត ក៏ត្រូវអ្នកផងតិះដៀល ដោយហេតុនោះថា ពួកសាវ័ករបស់ព្រះសាស្តា សុទ្ធតែយកអាមិសជាមត៌ក មិនយកធម៌ជាមត៌កឡើយ។ ម្នាលភិក្ខុទាំងឡាយ បើអ្នកទាំងឡាយ យកធម៌របស់តថាគត ជាមត៌ក មិនយកអាមិសជាមត៌កទេ ក៏ឥតមានអ្នកផងតិះដៀលអ្នកទាំងឡាយ ដោយហេតុនោះថា ពួកសាវ័ករបស់ព្រះសាស្តា សុទ្ធតែយកធម៌ជាមត៌ក មិនមែនយកអាមិសជាមត៌កទេ។ ទាំងតថាគត ក៏ឥតមានអ្នកផងតិះដៀល ដោយហេតុនោះថា ពួកសាវ័ករបស់ព្រះសាស្តា សុទ្ធតែយកធម៌ជាមត៌ក មិនមែនយកអាមិសជាមត៌កទេ។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ ក្នុងកាលឥឡូវនេះ អ្នកទាំងឡាយ ចូរយកធម៌របស់តថាគត ជាមត៌ក កុំយកអាមិសជាមត៌កឡើយ តថាគត មានសេចក្តីអនុគ្រោះ ចំពោះអ្នកទាំងឡាយថា ធ្វើម្តេចហ្ន៎ ពួកសាវ័ករបស់តថាគត គួរយកធម៌ជាមត៌ក កុំយកអាមិសជាមត៌កឡើយ។
[២២] ម្នាលភិក្ខុទាំងឡាយ ក្នុងទីនេះ តថាគតបរិភោគស្រេច ឃាត់លែងទទួលទៀត គ្រប់គ្រាន់បរិបូណ៌ ឆ្អែតស្កប់ស្កល់ គួរតាមប្រមាណហើយ ឯបិណ្ឌបាតរបស់តថាគត នៅសល់ច្រើន ជារបស់គួរចាក់ចោលជាធម្មតា។ គ្រានោះ មានភិក្ខុពីររូបមកដល់ កំពុងមានសេចក្តីស្រេកឃ្លានគ្របសង្កត់ជាខ្លាំង តថាគត ក៏ពោលទៅនឹងភិក្ខុទាំងពីររូបនោះ យ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ តថាគតបរិភោគស្រេច ឃាត់លែងទទួលទៀត គ្រប់គ្រាន់បរិបូណ៌ ឆ្អែតស្កប់ស្កល់ គួរតាមប្រមាណហើយ ឯបិណ្ឌបាតរបស់តថាគតនេះ នៅសល់ច្រើន ជារបស់គួរចាក់ចោលជាធម្មតា បើអ្នកទាំងឡាយចង់ឆាន់ ចូរឆាន់ចុះ បើអ្នកទាំងឡាយ មិនឆាន់ទេ តថាគតនឹងចាក់ចោល ក្នុងទីដែលគ្មានស្មៅស្រស់ ឬនឹងចាក់ចោល ក្នុងទឹកដែលគ្មានសត្វ ឥឡូវនេះ។ បណ្តាភិក្ខុទាំងពីររូបនោះ ភិក្ខុ១រូបគិតថា ព្រះមានព្រះភាគ ទ្រង់សោយស្រេច ឃាត់លែងទទួលទៀត គ្រប់គ្រាន់បរិបូណ៌ ឆ្អែតស្កប់ស្កល់ គួរតាមប្រមាណហើយ ឯបិណ្ឌបាតនេះរបស់ព្រះមានព្រះភាគ នៅសល់ច្រើន ជារបស់គួរចាក់ចោលជាធម្មតា បើពួកយើងនឹងមិនឆាន់ ព្រះមានព្រះភាគ នឹងចាក់ចោលឥឡូវនេះ ក្នុងទីដែលគ្មានស្មៅស្រស់ ឬនឹងចាក់ចោលក្នុងទឹក ដែលគ្មានសត្វ នេះជាព្រះពុទ្ធដីកា ដែលព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរយកធម៌របស់តថាគតជាមត៌ក កុំយកអាមិសជាមត៌កឡើយ ឯបិណ្ឌបាតនេះ ក៏ជាអាមិសមួយដែរ បើដូច្នោះ មានតែអាត្មាអញ កុំបរិភោគបិណ្ឌបាតនេះឡើយ នឹងទ្រាំអត់សេចក្តីស្រេកឃ្លាននេះ ឲ្យអស់មួយយប់ មួយថ្ងៃទៅចុះ។ ភិក្ខុនោះ ក៏មិនឆាន់បិណ្ឌបាតនោះឡើយ ហើយទ្រាំអត់សេចក្តីស្រេកឃ្លាននោះ អស់មួយយប់ មួយថ្ងៃយ៉ាងនេះ។ គ្រានោះ ភិក្ខុទីពីរ គិតយ៉ាងនេះថា ព្រះមានព្រះភាគ ទ្រង់សោយស្រេច ឃាត់លែងទទួលទៀត គ្រប់គ្រាន់បរិបូណ៌ ឆ្អែតស្កប់ស្កល់ គួរតាមប្រមាណហើយ ឯបិណ្ឌបាតនេះ របស់ព្រះមានព្រះភាគ ក៏នៅសល់ច្រើន ជារបស់គួរចាក់ចោលជាធម្មតា បើពួកយើងមិនឆាន់ទេ ព្រះមានព្រះភាគ នឹងទ្រង់ចាក់ចោលឥឡូវនេះ ក្នុងទីដែលគ្មានស្មៅស្រស់ ឬនឹងចាក់ចោលក្នុងទឹក ដែលគ្មានសត្វ បើដូច្នោះ មានតែអាត្មាអញ គួរឆាន់ចង្ហាន់បិណ្ឌបាតនេះ ឲ្យបាត់សេចក្តីស្រេកឃ្លាន នឹងបានប្រព្រឹត្តទៅអស់មួយយប់ មួយថ្ងៃនេះឯង។ ភិក្ខុនោះ ក៏ឆាន់ចង្ហាន់បិណ្ឌបាតនោះ បានបន្ទោបង់សេចក្តីស្រេកឃ្លាន បាត់អស់កំឡាំង ប្រព្រឹត្តទៅអស់មួយយប់ មួយថ្ងៃនោះឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះឆាន់ចង្ហាន់បិណ្ឌបាតនោះ បានបន្ទោបង់សេចក្តីស្រេកឃ្លាន បាត់អស់កំឡាំង ប្រព្រឹត្តទៅអស់មួយយប់ មួយថ្ងៃនោះឯង ក៏មិនជាអ្វី។ ឯភិក្ខុទីមួយនោះឯង គួរជាទីបូជាដោយវិសេសផង ជាទីសរសើររបស់តថាគតផង។ ដំណើរនោះ ព្រោះហេតុអ្វី។ ព្រោះថា ការមិនឆាន់ចង្ហាន់បិណ្ឌបាតនោះ អាចធ្វើឲ្យភិក្ខុនោះ ប្រព្រឹត្តទៅដើម្បីសេចក្តីប្រាថ្នាតិច ដើម្បីសេចក្តីសន្តោស ដើម្បីមានចិត្តផូរផង់ ដើម្បីជាមនុស្សដែលគេចិញ្ចឹមងាយ ដើម្បីប្រារព្ធនូវព្យាយាម អស់កាលដ៏យូរអង្វែងទៅបាន។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ ក្នុងធម្មវិន័យនេះ អ្នកទាំងឡាយ ចូរយកធម៌របស់តថាគតជាមត៌ក កុំយកអាមិសជាមត៌កឡើយ តថាគត មានសេចក្តីអនុគ្រោះ ចំពោះអ្នកទាំងឡាយ ដូច្នេះថា ធ្វើម្តេចហ្ន៎ ពួកសាវ័ករបស់តថាគត គួរជាអ្នកយកធម៌ជាមត៌ក កុំយកអាមិសជាមត៌កឡើយ។ ព្រះមានព្រះភាគ ទ្រង់មានព្រះពុទ្ធដីកានេះ លុះព្រះសុគត មានព្រះពុទ្ធដីកានេះចប់ហើយ ក៏ទ្រង់ស្តេចក្រោកចាកអាសនៈ ទ្រង់ពុទ្ធដំណើរទៅកាន់វិហារ។
[២៣] កាលដែលព្រះមានព្រះភាគ ទ្រង់ពុទ្ធដំណើរទៅ មិនយូរប៉ុន្មាន ព្រះសារីបុត្តដ៏មានអាយុ ក៏ហៅភិក្ខុទាំងឡាយ មកក្នុងវេលានោះថា ម្នាលភិក្ខុទាំងឡាយដ៏មានអាយុ។ ភិក្ខុទាំងនោះ ទទួលថេរវាចាព្រះសារីបុត្តដ៏មានអាយុថា ម្នាលអាវុសោ។ ព្រះសារីបុត្រដ៏មានអាយុ បានពោលដូច្នេះថា ម្នាលអាវុសោទាំងឡាយ ចុះព្រះសាស្តា ទ្រង់មានសេចក្តីស្ងប់ស្ងាត់ហើយ ពួកសាវ័កមិនហាត់ធ្វើនូវវិវេក [វិវេកមាន៣យ៉ាងគឺ កាយវិវេក ស្ងាត់កាយ បានដល់បុគ្គល ដែលមានកាយស្ងប់ស្ងាត់ ត្រេកអរក្នុងនេក្ខម្មៈ លះបង់ចោលពួកគណៈ ហើយប្រព្រឹត្តនៅម្នាក់ឯង១ ចិត្តវិវេក ស្ងាត់ចិត្ត បានដល់បុគ្គល ដែលមានចិត្តបរិសុទ្ធផូរផង់ លះបង់ចោលនូវកិលេស ដោយអំណាចសមាបត្តិប្រាំបី១ ឧបធិវិវេក១ បានដល់បុគ្គល ដែលមិនមានកិលេស មិនមានសង្ខារ លះបង់ចោលនូវពួកសង្ខារជ្រះស្រឡះ១។ កាយវិវេក ជាបច្ច័យនៃចិត្តវិវេក ចិត្តវិវេក ជាបច្ច័យនេះឧបធិវិវេក គឺព្រះនិព្វាន (អដ្ឋកថា ទីឃនិកាយ សីលក្ខន្ធវគ្គ និងអដ្ឋកថាធម្មបទ)។] គឺសេចក្តីស្ងប់ស្ងាត់ ដោយហេតុប៉ុន្មានយ៉ាង មួយទៀត ព្រះសាស្តា ទ្រង់មានសេចក្តីស្ងប់ស្ងាត់ហើយ ពួកសាវ័កហាត់ធ្វើនូវវិវេក ដោយហេតុប៉ុន្មានយ៉ាង។ ពួកភិក្ខុតបថា ម្នាលអាវុសោ យើងខ្ញុំទាំងឡាយ មកពីចម្ងាយ មានប្រាថ្នាដើម្បីដឹង នូវអត្ថនៃភាសិតនុ៎ះ ក្នុងសំណាក់ព្រះសារីបុត្រដ៏មានអាយុ ក៏ឯអត្ថនៃភាសិតនុ៎ះ ប្រាកដច្បាស់ ចំពោះព្រះសារីបុត្រដ៏មានអាយុហើយ ពួកភិក្ខុអ្នកស្តាប់ (នូវភាសិត) របស់ព្រះសារីបុត្រដ៏មានអាយុរួចហើយ នឹងចងចាំទុក។ ព្រះសារីបុត្រដ៏មានអាយុឆ្លើយថា ម្នាលអាវុសោទាំងឡាយ បើដូច្នោះ អ្នកទាំងឡាយចូរប្រុងស្តាប់ ចូរធ្វើទុកក្នុងចិត្តឲ្យមែនទែន ខ្ញុំនឹងសំដែងឲ្យស្តាប់។ ភិក្ខុទាំងនោះ ក៏ទទួលថេរវាចារបស់ព្រះសារីបុត្តដ៏មានអាយុថា ព្រះករុណាអាវុសោ។
[២៤] ព្រះសារីបុត្រដ៏មានអាយុ បានពោលដូច្នេះថា ម្នាលអាវុសោទាំងឡាយ ព្រះសាស្តាទ្រង់មានសេចក្តីស្ងប់ស្ងាត់ហើយ ពួកសាវ័កមិនហាត់ធ្វើនូវវិវេក ដោយហេតុប៉ុន្មានយ៉ាង ម្នាលអាវុសោទាំងឡាយ ព្រះសាស្តាទ្រង់មានសេចក្តីស្ងប់ស្ងាត់ហើយ ពួកសាវ័កក្នុងសាសនានេះ មិនហាត់ធ្វើនូវវិវេក មិនលះបង់នូវពួកធម៌ ដែលព្រះសាស្តាទ្រង់ត្រាស់ឲ្យលះបង់ បែរទៅជាអ្នកប្រព្រឹត្តល្មោភច្រើន ជាអ្នកកាន់សាសនាធូរៗ នាំអាទិ៍ឲ្យប្រព្រឹត្តទន់ទាប ជាអ្នកដាក់ធុរៈក្នុងវិវេក គឺមិនបំពេញកិច្ចក្នុងព្រះនិព្វាន។ ម្នាលអាវុសោទាំងឡាយ បណ្តាភិក្ខុទាំងនោះ ពួកភិក្ខុជាថេរៈ នឹងមានគេតិះដៀលដោយហេតុ៣យ៉ាង។ គឺភិក្ខុជាថេរៈទាំងឡាយ នឹងមានគេតិះដៀល ដោយហេតុទី១ នេះថា ព្រះសាស្តាទ្រង់មានសេចក្តីស្ងប់ស្ងាត់ហើយ តែមានពួកសាវ័កមិនហាត់ធ្វើនូវវិវេក។ ភិក្ខុជាថេរៈទាំងឡាយ នឹងមានគេតិះដៀល ដោយហេតុទី២ នេះថា ពួកសាវ័កមិនលះបង់នូវពួកធម៌ ដែលព្រះសាស្តាទ្រង់សំដែងប្រាប់ឲ្យលះបង់។ ភិក្ខុជាថេរៈទាំងឡាយ នឹងមានគេតិះដៀល ដោយហេតុទី៣ នេះថា ពួកសាវ័ក ជាអ្នកប្រព្រឹត្តល្មោភច្រើន ជាអ្នកកាន់ (សាសនា) ធូរៗ នាំអាទិ៍ឲ្យប្រព្រឹត្តទន់ទាប ជាអ្នកដាក់ធុរៈក្នុងវិវេក។ ម្នាលអាវុសោទាំងឡាយ ពួកភិក្ខុជាថេរៈ រមែងមានគេតិះដៀល ដោយហេតុទាំង៣យ៉ាងនេះឯង។ ម្នាលអាវុសោទាំងឡាយ បណ្តាភិក្ខុទាំងនោះ ពួកមជ្ឈិមភិក្ខុ។បេ។ ពួកនវកភិក្ខុ រមែងមានគេតិះដៀល ដោយហេតុទាំង៣យ៉ាងនេះឯង។ពួកនវកភិក្ខុ នឹងមានគេតិះដៀល ដោយហេតុទី១ នេះថា ព្រះសាស្តាទ្រង់មានសេចក្តីស្ងប់ស្ងាត់ហើយ តែមានពួកសាវ័កមិនហាត់ធ្វើនូវវិវេក។ ពួកនវកភិក្ខុ នឹងមានគេតិះដៀល ដោយហេតុទី២ នេះថា ពួកសាវ័កមិនលះបង់នូវពួកធម៌ ដែលព្រះសាស្តាទ្រង់សំដែងប្រាប់ឲ្យលះបង់។ ពួកនវកភិក្ខុ នឹងមានគេតិះដៀល ដោយហេតុទី៣ នេះថា ពួកភិក្ខុជាអ្នកប្រព្រឹត្តល្មោភច្រើន ជាអ្នកកាន់ (សាសនា) ធូរៗ នាំអាទិ៍ឲ្យប្រព្រឹត្តទន់ទាប ជាអ្នកដាក់ធុរៈក្នុងវិវេក។ ម្នាលអាវុសោទាំងឡាយ ពួកនវកភិក្ខុ រមែងមានគេតិះដៀល ដោយហេតុទាំង៣យ៉ាងនេះឯង។ ម្នាលអាវុសោទាំងឡាយ ព្រះសាស្តា ទ្រង់មានសេចក្តីស្ងប់ស្ងាត់ហើយ តែពួកសាវ័ក មិនហាត់ធ្វើនូវវិវេក ដោយហេតុទាំង៣យ៉ាងប៉ុណ្ណេះឯង។
[២៥] ម្នាលអាវុសោទាំងឡាយ ចុះព្រះសាស្តាទ្រង់មានសេចក្តីស្ងប់ស្ងាត់ហើយ ទាំងពួកសាវ័ក ក៏សិក្សាតាមនូវវិវេក ដោយហេតុមានប៉ុន្មានយ៉ាង ម្នាលអាវុសោទាំងឡាយ ព្រះសាស្តាទ្រង់មានសេចក្តីស្ងប់ស្ងាត់ហើយ ពួកសាវ័ក ក៏សិក្សាតាមនូវវិវេកផង លះបង់នូវពួកធម៌ ដែលព្រះជាគ្រូ ទ្រង់សំដែងប្រាប់ឲ្យលះបង់ផង មិនជាអ្នកប្រព្រឹត្តល្មោភច្រើនផង មិនកាន់ (សាសនា)ធូរៗផង មិនដាក់ធុរៈក្នុងការប្រព្រឹត្តទន់ទាបផង ជាប្រធានក្នុងវិវេកធម៌ គឺព្រះនិព្វានផង។ ម្នាលអាវុសោ បណ្តាភិក្ខុទាំងនោះ ថេរភិក្ខុទាំងឡាយ រមែងមានអ្នកផងសរសើរដោយហេតុ៣យ៉ាង។ គឺពួកភិក្ខុជាថេរៈ រមែងមានអ្នកផងសរសើរ ដោយហេតុទី១ នេះថា ព្រះសាស្តាទ្រង់មានសេចក្តីស្ងប់ស្ងាត់ហើយ ទាំងពួកសាវ័ក ក៏សិក្សាតាមនូវវិវេក។ ពួកភិក្ខុជាថេរៈ រមែងមានអ្នកផងសរសើរ ដោយហេតុទី២ នេះថា ពួកសាវ័កជាអ្នកលះបង់នូវពួកធម៌ ដែលព្រះសាស្តាទ្រង់សំដែងប្រាប់ឲ្យលះបង់។ ពួកភិក្ខុជាថេរៈ រមែងមានអ្នកផងសរសើរ ដោយហេតុទី៣ នេះថា ពួកសាវ័ក មិនប្រព្រឹត្តល្មោភច្រើនផង មិនអ្នកកាន់ (សាសនា) ធូរៗ មិនដាក់ធុរៈក្នុងការប្រព្រឹត្តិទន់ទាបផង ជាប្រធានក្នុងវិវេកធម៌ គឺព្រះនិព្វានផង។ ម្នាលអាវុសោទាំងឡាយ ពួកភិក្ខុជាថេរៈ រមែងមានអ្នកផងសរសើរ ដោយហេតុទាំង៣នេះឯង។ ម្នាលអាវុសោទាំងឡាយ បណ្តាភិក្ខុទាំងនោះ ពួកមជ្ឈិមភិក្ខុ (ភិក្ខុកណ្តាល)។បេ។ ពួកនវកភិក្ខុ (ភិក្ខុថ្មី) រមែងមានអ្នកផងសរសើរ ដោយហេតុទី១ នេះថា ព្រះសាស្តាទ្រង់មានសេចក្តីស្ងប់ស្ងាត់ហើយ មានពួកសាវ័ក សិក្សាតាមនូវវិវេក។ ពួកនវកភិក្ខុ រមែងមានអ្នកផងសរសើរ ដោយហេតុទី២ នេះថា ពួកសាវ័កជាអ្នកលះបង់នូវពួកធម៌ ដែលព្រះសាស្តាទ្រង់សំដែងប្រាប់ឲ្យលះបង់។ ពួកនវកភិក្ខុ រមែងមានអ្នកផងសរសើរ ដោយហេតុទី៣ នេះថា ពួកសាវ័ក មិនប្រព្រឹត្តល្មោភច្រើនផង មិនកាន់ (សាសនា) ធូរៗ មិនដាក់ធុរៈក្នុងការប្រព្រឹត្តិទន់ទាបផង ជាប្រធានក្នុងវិវេកធម៌ គឺព្រះនិព្វានផង។ ម្នាលអាវុសោទាំងឡាយ ពួកនវកភិក្ខុ រមែងមានអ្នកផងសរសើរ ដោយហេតុទាំង៣យ៉ាងនេះឯង។ ម្នាលអាវុសោទាំងឡាយ ព្រះសាស្តា ទ្រង់មានសេចក្តីស្ងប់ស្ងាត់ហើយ រមែងមានពួកសាវ័ក ជាអ្នកសិក្សាតាម នូវវិវេក ដោយហេតុទាំង៣យ៉ាងប៉ុណ្ណេះឯង។
[២៦] ម្នាលអាវុសោទាំងឡាយ បណ្តាធម៌ទាំងនោះ លោភៈជាបាបធម៌១ ទោសៈជាបាបធម៌១ មជ្ឈិមាបដិបទា គឺសេចក្តីប្រតិបត្តិយ៉ាងកណ្តាល ប្រព្រឹត្តទៅដើម្បីលះបង់នូវលោភៈផង ដើម្បីលះបង់នូវទោសៈផង ជាសេចក្តីប្រតិបត្តិ ធ្វើឲ្យកើតបញ្ញាចក្ខុ គឺឃើញនូវសច្ចៈទាំង៤ផង ជាសេចក្តីប្រតិបត្តិ ធ្វើឲ្យកើតញាណ គឺដឹងនូវសច្ចទាំង៤ផង ប្រព្រឹត្តទៅដើម្បីរម្ងាប់កិលេស ដើម្បីដឹងច្បាស់នូវអរិយសច្ច ដើម្បីត្រាស់ដឹងនូវមគ្គ ដើម្បីព្រះនិព្វាន។ ម្នាលអាវុសោទាំងឡាយ ក៏មជ្ឈិមាបដិបទានោះ ជាសេចក្តីប្រតិបត្ត ធ្វើឲ្យកើតបញ្ញាចក្ខុ ជាសេចក្តីប្រតិបត្តិ ធ្វើឲ្យកើតញាណ ប្រព្រឹត្តទៅដើម្បីរម្ងាប់កិលេស ដើម្បីដឹងច្បាស់នូវអរិយសច្ច ដើម្បីត្រាស់ដឹងនូវមគ្គ ដើម្បីព្រះនិព្វាន តើដូចម្តេច។ (មជ្ឈិមាបដិបទានោះ) គឺអរិយមគ្គប្រកបដោយអង្គ៨ប្រការនេះឯង ឯអរិយមគ្គប្រកបដោយអង្គ៨ប្រការគឺ សេចក្តីឃើញត្រូវ១ សេចក្តីត្រិះរិះត្រូវ១ សំដីត្រូវ១ ការងារត្រូវ១ ការចិញ្ចឹមជីវិតត្រូវ១ សេចក្តីព្យាយាមត្រូវ១ ការរលឹកត្រូវ១ ការតំកល់ចិត្តត្រូវ១។ ម្នាលអាវុសោទាំងឡាយ មជ្ឈិមាបដិបទានេះឯង ជាសេចក្តីប្រតិបត្ត ធ្វើឲ្យកើតបញ្ញាចក្ខុ ជាសេចក្តីប្រតិបត្តិ ធ្វើឲ្យកើតញាណ ប្រព្រឹត្តទៅដើម្បីរម្ងាប់កិលេស ដើម្បីដឹងច្បាស់នូវអរិយសច្ច ដើម្បីត្រាស់ដឹងនូវមគ្គ ដើម្បីព្រះនិព្វាន។ ម្នាលអាវុសោទាំងឡាយ បណ្តាធម៌ទាំងនោះ សេចក្តីក្រោធជាបាបធម៌១ ការចងនូវសេចក្តីក្រោធទុក ជាបាបធម៌១…។ លុបគុណគេ ជាបាបធម៌១ វាយឫក្សស្មើ ជាបាបធម៌១…។ សេចក្តីឈ្នានីស ជាបាបធម៌១ សេចក្តីកំណាញ់ ជាបាបធម៌១…។ ការបិទបាំងទោសខ្លួន ជាបាបធម៌១ សេចក្តីអួតអាង ជាបាបធម៌១…។ សេចក្តីរឹងត្អឹង ជាបាបធម៌១ ប្រឡងវាសនា ជាបាបធម៌១…។ មានៈ ជាបាបធម៌១ អតិមានៈ ជាបាបធម៌១…។ សេចក្តីស្រវឹង ជាបាបធម៌១ សេចក្តីធ្វេសប្រហែស ជាបាបធម៌១ សេចក្តីប្រតិបត្តិយ៉ាងកណ្តាល ប្រព្រឹត្តទៅដើម្បីលះបង់ នូវសេចក្តីស្រវឹងផង ដើម្បីលះបង់នូវសេចក្តីធ្វេសប្រហែសផង ជាសេចក្តីប្រតិបត្តិ ធ្វើឲ្យកើតបញ្ញាចក្ខុ ជាសេចក្តីប្រតិបត្តិ ធ្វើឲ្យកើតញាណ ប្រព្រឹត្តទៅដើម្បីរម្ងាប់កិលេស ដើម្បីដឹងច្បាស់នូវអរិយសច្ច ដើម្បីត្រាស់ដឹងនូវមគ្គ ដើម្បីព្រះនិព្វាន។ ម្នាលអាវុសោទាំងឡាយ សេចក្តីប្រតិបត្តិយ៉ាងកណ្តាលនោះ ជាសេចក្តីប្រតិបត្តិធ្វើឲ្យកើតបញ្ញាចក្ខុ ជាសេចក្តីប្រតិបត្តិ ធ្វើឲ្យកើតញាណ ប្រព្រឹត្តទៅដើម្បីរម្ងាប់កិលេស ដើម្បីដឹងច្បាស់នូវអរិយសច្ច ដើម្បីត្រាស់ដឹងនូវមគ្គ ដើម្បីព្រះនិព្វាន តើដូចម្តេច។ (សេចក្តីប្រតិបត្តិយ៉ាងកណ្តាលនោះ) គឺអរិយមគ្គប្រកបដោយអង្គ៨ប្រការនេះឯង ឯអរិយមគ្គប្រកបដោយអង្គ៨ប្រការនោះគឺ សេចក្តីឃើញត្រូវ១ សេចក្តីត្រិះរិះត្រូវ១ សំដីត្រូវ១ ការងារត្រូវ១ ការចិញ្ចឹមជីវិតត្រូវ១ សេចក្តីព្យាយាមត្រូវ១ ការរលឹកត្រូវ១ ការតំកល់ចិត្តត្រូវ១។ ម្នាលអាវុសោទាំងឡាយ សេចក្តីប្រតិបត្តិយ៉ាងកណ្តាលនេះឯង ជាសេចក្តីប្រតិបត្តិ ធ្វើឲ្យកើតបញ្ញាចក្ខុ ជាសេចក្តីប្រតិបត្តិ ធ្វើឲ្យកើតញាណ ប្រព្រឹត្តទៅដើម្បីរម្ងាប់កិលេស ដើម្បីដឹងច្បាស់នូវអរិយសច្ច ដើម្បីត្រាស់ដឹងនូវមគ្គ ដើម្បីព្រះនិព្វាន។ ព្រះសារីបុត្រដ៏មានអាយុ បានសំដែងនូវសូត្រនេះចប់ហើយ ភិក្ខុទាំងឡាយនោះ ក៏មានចិត្តត្រេកអររីករាយ ចំពោះភាសិតរបស់ព្រះសារីបុត្រដ៏មានអាយុ។
ចប់ ធម្មទាយាទសូត្រទី៣។
ភយភេរវសូត្រ ទី៤
[២៧] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង ជាណុស្សោណិព្រាហ្មណ៍ ចូលសំដៅទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ពោលពាក្យរាក់ទាក់ សំណេះសំណាល ជាមួយនឹងព្រះមានព្រះភាគ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររលឹក ល្មមឲ្យកើតសេចក្តីស្និទ្ធស្នាលហើយ ក៏អង្គុយក្នុងទីដ៏សមគួរ។
[២៨] លុះជាណុស្សោណិព្រាហ្មណ៍ អង្គុយក្នុងទីដ៏សមគួរហើយ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះគោតមដ៏ចំរើន កុលបុត្រទាំងឡាយណា ដែលចេញចាកផ្ទះ ហើយចូលកាន់ផ្នួសដោយសទ្ធា ចំពោះព្រះគោតមដ៏ចំរើន ព្រះគោតមដ៏ចំរើន ទ្រង់ណែនាំកុលបុត្រទាំងនោះ ព្រះគោតមដ៏ចំរើន ទ្រង់មានឧបការៈច្រើន ដល់កុលបុត្រទាំងនោះ ព្រះគោតមដ៏ចំរើន ទ្រង់ឲ្យកុលបុត្រទាំងនោះសិក្សា (នូវសិក្ខា មានអធិសីលសិក្ខាជាដើម) ឯប្រជុំជនទាំងនោះ ក៏យកតម្រាប់តាមព្រះគោតមដ៏ចំរើនមែនឬ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលព្រាហ្មណ៍ សេចក្តីនេះយ៉ាងហ្នឹងហើយ ម្នាលព្រាហ្មណ៍ សេចក្តីនេះយ៉ាងហ្នឹងហើយ ម្នាលព្រាហ្មណ៍ កុលបុត្រទាំងឡាយណា ដែលចេញចាកផ្ទះហើយ ចូលទៅកាន់ផ្នួស ដោយសទ្ធា ចំពោះតថាគត តថាគត ជាអ្នកណែនាំកុលបុត្រទាំងនោះ តថាគត ជាអ្នកមានឧបការៈច្រើន ដល់កុលបុត្រទាំងនោះ តថាគត ជាអ្នកឲ្យកុលបុត្រទាំងនោះសិក្សា (នូវសិក្ខា មានអធិសិក្ខាជាដើម) ឯប្រជុំជននោះ ក៏យកតម្រាប់តាមតថាគតមែន។
[២៩] បពិត្រព្រះគោតមដ៏ចំរើន សេនាសនៈដ៏ស្ងាត់ តាំងនៅក្នុងព្រៃជិត ឬព្រៃឆ្ងាយ ជាទីដែលបុគ្គលធន់ទ្រាំនៅបានដោយកម្រ វិវេក បុគ្គលធ្វើបានដោយកម្រ ត្រេកអរបានដោយកម្រ ព្រៃទាំងនោះ ហាក់ដូចជាដឹកនាំចិត្តនៃភិក្ខុ ដែលមិនបានសមាធិក្នុងទីស្ងាត់ មែនឬទេ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលព្រាហ្មណ៍ សេចក្តីនេះ យ៉ាងហ្នឹងហើយ ម្នាលព្រាហ្មណ៍ សេចក្តីនេះ យ៉ាងហ្នឹងហើយ ម្នាលព្រាហ្មណ៍ ព្រោះថា សេនាសនៈស្ងាត់ តាំងនៅក្នុងព្រៃជិត ឬព្រៃឆ្ងាយ ជាទីដែលបុគ្គលធន់ទ្រាំនៅបានដោយកម្រ វិវេក បុគ្គលធ្វើបានដោយកម្រ ត្រេកអរបានដោយកម្រ ព្រៃ (ទាំងនោះ) ហាក់ដូចជាដឹកនាំចិត្តនៃភិក្ខុ ដែលមិនបានសមាធិក្នុងទីស្ងាត់មែន។
[៣០] ម្នាលព្រាហ្មណ៍ សូម្បីតែតថាគត នៅជាពោធិសត្វនៅឡើយ ក្នុងកាលមុន ដែលមិនទាន់បានត្រាស់ដឹង នូវសម្ពោធិញ្ញា មានសេចក្តីត្រិះរិះ ដូច្នេះថា សេនាសនៈស្ងាត់ តាំងនៅក្នុងព្រៃជិត ឬព្រៃឆ្ងាយនេះឯង ជាទីដែលបុគ្គលធន់ទ្រាំនៅបានដោយកម្រ វិវេក បុគ្គលធ្វើបានដោយកម្រ ត្រេកអរបានដោយកម្រ ព្រៃ (ទាំងនោះ) ហាក់ដូចជាដឹកនាំចិត្តនៃភិក្ខុ ដែលមិនបានសមាធិក្នុងទីស្ងាត់។
[៣១] ម្នាលព្រាហ្មណ៍ តថាគតនោះឯង មានសេចក្តីត្រិះរិះ ដូច្នេះថា សមណព្រាហ្មណ៍ណាមួយ ដែលមានកាយកម្មមិនបរិសុទ្ធ សេពនូវសេនាសនៈស្ងាត់ តាំងនៅក្នុងព្រៃជិត ឬព្រៃឆ្ងាយ សមណព្រាហ្មណ៍ដ៏ចំរើននោះ តែងហៅអកុសលធម៌ ដែលគួរភ័យ គួរខ្លាច ព្រោះហេតុនៃទោស របស់ខ្លួន ដែលមានកាយកម្មមិនបរិសុទ្ធនោះឯង។ ចំណែកតថាគត មិនមែនជាមានកាយកម្មមិនបរិសុទ្ធ សេពនូវសេនាសនៈស្ងាត់ តាំងនៅក្នុងព្រៃជិត ឬព្រៃឆ្ងាយ ដូច្នោះទេ តថាគត ជាអ្នកមានកាយកម្មបរិសុទ្ធមែន។ ព្រះអរិយៈទាំងឡាយណា ដែលមានកាយកម្មបរិសុទ្ធ រមែងសេពនូវសេនាសនៈស្ងាត់ តាំងនៅក្នុងព្រៃជិត ឬព្រៃឆ្ងាយ បណ្តាព្រះអរិយៈទាំងឡាយនោះ តថាគត ជាព្រះអរិយៈមួយដែរ ម្នាលព្រាហ្មណ៍ តថាគត បានពិចារណាឃើញ នូវកាយកម្មដ៏បរិសុទ្ធនុ៎ះ ក្នុងខ្លួនហើយ ទើបតថាគត បានដល់នូវសួស្តីច្រើន គួរនឹងនៅក្នុងព្រៃបាន។
[៣២] ម្នាលព្រាហ្មណ៍ តថាគតឯង មានសេចក្តីត្រិះរិះ ដូច្នេះថា ពួកសមណព្រាហ្មណ៍ណាមួយ ដែលមានវចីកម្មមិនបរិសុទ្ធ។បេ។ ដែលមានមនោកម្មមិនបរិសុទ្ធ មានអាជីវៈមិនបរិសុទ្ធ សេពនូវសេនាសនៈស្ងាត់ តាំងនៅក្នុងព្រៃជិត ឬព្រៃឆ្ងាយ សមណព្រាហ្មណ៍ដ៏ចំរើននោះ តែងហៅអកុសល ដែលគួរភ័យ គួរខ្លាច ព្រោះហេតុនៃទោសរបស់ខ្លួន ដែលមានអាជីវៈមិនបរិសុទ្ធនោះឯង។ ឯតថាគត មិនមែនជាមានអាជីវៈមិនបរិសុទ្ធ សេពនូវសេនាសនៈស្ងាត់ តាំងនៅក្នុងព្រៃជិត និងព្រៃឆ្ងាយ ដូច្នោះទេ តថាគត ជាអ្នកមានអាជីវៈបរិសុទ្ធមែន។ ពួកព្រះអរិយៈណា ដែលមានអាជីវៈបរិសុទ្ធ រមែងសេពនូវសេនាសនៈស្ងាត់ តាំងនៅក្នុងព្រៃជិត និងព្រៃឆ្ងាយ បណ្តាព្រះអរិយៈទាំងនោះ តថាគត ក៏ជាព្រះអរិយៈមួយដែរ ម្នាលព្រាហ្មណ៍ តថាគត បានពិចារណាឃើញ នូវអាជីវៈដ៏បរិសុទ្ធនុ៎ះ ក្នុងខ្លួនហើយ ទើបតថាគត បានដល់នូវសួស្តីដោយច្រើន គួរនឹងនៅក្នុងព្រៃបាន។
[៣៣] ម្នាលព្រាហ្មណ៍ តថាគតឯង មានសេចក្តីត្រិះរិះ ដូច្នេះថា ពួកសមណព្រាហ្មណ៍ណាមួយ ដែលមានអភិជ្ឈាជាប្រក្រតី មានសេចក្តីត្រេកត្រអាលដ៏ក្លៀវក្លា ក្នុងកាមទាំងឡាយ សេពនូវសេនាសនៈស្ងាត់ តាំងនៅក្នុងព្រៃជិត និងព្រៃឆ្ងាយ សមណព្រាហ្មណ៍ដ៏ចំរើនទាំងនោះ តែងហៅអកុសលធម៌ ដែលគួរភ័យ គួរខ្លាច ព្រោះហេតុនៃទោសរបស់ខ្លួន ដែលមានអភិជ្ឈាជាប្រក្រតី មានសេចក្តីត្រេកត្រអាលដ៏ក្លៀវក្លា ក្នុងកាមទាំងឡាយនោះឯង។ ឯតថាគត នឹងមានអភិជ្ឈាជាប្រក្រតី មានសេចក្តីត្រេកត្រអាលដ៏ក្លៀវក្លា ក្នុងកាមទាំងឡាយ សេពនូវសេនាសនៈស្ងាត់ តាំងនៅក្នុងព្រៃជិត និងព្រៃឆ្ងាយ ដូច្នោះក៏ទេ តថាគត មិនមានអភិជ្ឈាជាប្រក្រតីមែន។ ពួកព្រះអរិយៈណា ដែលមិនមានអភិជ្ឈាជាប្រក្រតី សេពនូវសេនាសនៈស្ងាត់ តាំងនៅក្នុងព្រៃជិត និងព្រៃឆ្ងាយ បណ្តាព្រះអរិយៈទាំងនោះ តថាគត ក៏ជាព្រះអរិយៈមួយដែរ ម្នាលព្រាហ្មណ៍ តថាគត បានពិចារណាឃើញ នូវធម៌ ដែលមិនមានអភិជ្ឈានុ៎ះ ក្នុងខ្លួនហើយ ទើបតថាគត បានដល់នូវសួស្តីដោយច្រើន គួរនឹងនៅក្នុងព្រៃបាន។
[៣៤] ម្នាលព្រាហ្មណ៍ តថាគតឯង មានសេចក្តីត្រិះរិះ ដូច្នេះថា ពួកសមណព្រាហ្មណ៍ណាមួយ មានចិត្តព្យាបាទ មានចិត្តគិតប្រទូស្ត សេពនូវសេនាសនៈស្ងាត់ តាំងនៅក្នុងព្រៃជិត និងព្រៃឆ្ងាយ សមណព្រាហ្មណ៍ដ៏ចំរើនទាំងនោះ តែងហៅអកុសលធម៌ ដែលគួរភ័យ គួរខ្លាច ព្រោះហេតុនៃទោសរបស់ខ្លួន ដែលមានចិត្តព្យាបាទ និងមានចិត្តគិតប្រទូស្តនោះឯង។ ឯតថាគត នឹងជាអ្នកមានចិត្តព្យាបាទ មានចិត្តគិតនឹងប្រទូស្ត សេពនូវសេនាសនៈស្ងាត់ តាំងនៅក្នុងព្រៃជិត និងព្រៃឆ្ងាយ ដូច្នោះក៏ទេ តថាគត ជាអ្នកមានប្រកបដោយមេត្តា។ ព្រះអរិយៈទាំងឡាយណា ដែលមានចិត្តប្រកបដោយមេត្តា រមែងសេពនូវសេនាសនៈស្ងាត់ តាំងនៅក្នុងព្រៃជិត និងព្រៃឆ្ងាយ បណ្តាព្រះអរិយៈទាំងនោះ តថាគត ក៏ជាព្រះអរិយៈមួយដែរ ម្នាលព្រាហ្មណ៍ តថាគត បានពិចារណាឃើញ នូវចិត្តប្រកបដោយមេត្តានុ៎ះ ក្នុងខ្លួនហើយ ទើបដល់នូវសួស្តីដោយច្រើន គួរនឹងនៅក្នុងព្រៃបាន។
[៣៥] ម្នាលព្រាហ្មណ៍ តថាគតឯង មានសេចក្តីត្រិះរិះ ដូច្នេះថា ពួកសមណព្រាហ្មណ៍ណាមួយ ដែលថីនមិទ្ធៈ (សេចក្តីច្រអូសចិត្ត និងច្រអូសកាយ) គ្របសង្កត់ហើយ សេពនូវសេនាសនៈស្ងាត់ តាំងនៅក្នុងព្រៃជិត និងព្រៃឆ្ងាយ សមណព្រាហ្មណ៍ដ៏ចំរើនទាំងនោះ តែងហៅអកុសលធម៌ ដែលគួរភ័យ គួរខ្លាច ព្រោះហេតុនៃទោសរបស់ខ្លួន ដែលថីនមិទ្ធៈ គ្របសង្កត់នោះឯង។ ឯតថាគត មិនមែនជាអ្នកដែលថីនមិទ្ធៈ គ្របសង្កត់ហើយ សេពនូវសេនាសនៈស្ងាត់ តាំងនៅក្នុងព្រៃជិត និងព្រៃឆ្ងាយ ដូច្នោះទេ តថាគត ជាអ្នកមានថីនមិទ្ធៈទៅប្រាសហើយ។ ព្រះអរិយៈទាំងឡាយណា មានថីនមិទ្ធៈ ទៅប្រាសហើយ សេពនូវសេនាសនៈស្ងាត់ តាំងនៅក្នុងព្រៃជិត និងព្រៃឆ្ងាយ បណ្តាព្រះអរិយៈទាំងនោះ តថាគត ក៏ជាព្រះអរិយៈមួយដែរ ម្នាលព្រាហ្មណ៍ តថាគត បានពិចារណាឃើញ នូវថីនមិទ្ធៈ ទៅប្រាសហើយក្នុងខ្លួន ទើបដល់នូវសួស្តីដោយច្រើន គួរនឹងនៅក្នុងព្រៃបាន។
[៣៦] ម្នាលព្រាហ្មណ៍ តថាគតឯង មានសេចក្តីត្រិះរិះ ដូច្នេះថា ពួកសមណព្រាហ្មណ៍ណាមួយ ដែលមានចិត្តរវើរវាយ មានចិត្តមិនស្ងប់រម្ងាប់ សេពនូវសេនាសនៈស្ងាត់ តាំងនៅក្នុងព្រៃជិត និងព្រៃឆ្ងាយ ពួកសមណព្រាហ្មណ៍ដ៏ចំរើនទាំងនោះ តែងហៅអកុសលធម៌ ដែលគួរភ័យ គួរខ្លាច ព្រោះហេតុនៃទោសរបស់ខ្លួន ដែលមានចិត្តរវើរវាយ មានចិត្តមិនស្ងប់រម្ងាប់នោះឯង។ ឯតថាគត នឹងមានចិត្តរវើរវាយ មានចិត្តមិនស្ងប់រម្ងាប់ សេពនូវសេនាសនៈស្ងាត់ តាំងនៅក្នុងព្រៃជិត និងព្រៃឆ្ងាយ ដូច្នោះក៏ទេ តថាគត ជាអ្នកមានចិត្តស្ងប់រម្ងាប់។ ព្រះអរិយៈទាំងឡាយណា មានចិត្តស្ងប់រម្ងាប់ សេពនូវសេនាសនៈស្ងាត់ តាំងនៅក្នុងព្រៃជិត និងព្រៃឆ្ងាយ បណ្តាព្រះអរិយៈទាំងនោះ តថាគត ក៏ជាព្រះអរិយៈមួយដែរ ម្នាលព្រាហ្មណ៍ តថាគត បានពិចារណាឃើញ នូវចិត្តស្ងប់រម្ងាប់នុ៎ះ ក្នុងខ្លួនហើយ ទើបដល់នូវសួស្តីដោយច្រើន គួរនឹងនៅក្នុងព្រៃបាន។
[៣៧] ម្នាលព្រាហ្មណ៍ តថាគតឯង មានសេចក្តីត្រិះរិះ ដូច្នេះថា ពួកសមណព្រាហ្មណ៍ណាមួយ ដែលមានសេចក្តីសង្ស័យ មិនដាច់ស្រេច សេពនូវសេនាសនៈស្ងាត់ តាំងនៅក្នុងព្រៃជិត និងព្រៃឆ្ងាយ ពួកសមណព្រាហ្មណ៍ដ៏ចំរើនទាំងនោះ តែងហៅអកុសលធម៌ ដែលគួរភ័យ គួរខ្លាច ព្រោះហេតុនៃទោសរបស់ខ្លួន ដែលមានសេចក្តីសង្ស័យ មិនដាច់ស្រេចនោះឯង។ ឯតថាគត នឹងមានមានសេចក្តីសង្ស័យ មិនដាច់ស្រេច សេពនូវសេនាសនៈស្ងាត់ តាំងនៅក្នុងព្រៃជិត និងព្រៃឆ្ងាយ ដូច្នោះក៏ទេ តថាគត ជាអ្នកកន្លងផុត ចាកសេចក្តីសង្ស័យ មិនដាច់ស្រេចបាន។ ព្រះអរិយៈទាំងឡាយណា ដែលកន្លងផុតសេចក្តីសង្ស័យ មិនដាច់ស្រេច សេពនូវសេនាសនៈស្ងាត់ តាំងនៅក្នុងព្រៃជិត និងព្រៃឆ្ងាយ បណ្តាព្រះអរិយៈទាំងនោះ តថាគត ក៏ជាព្រះអរិយៈមួយដែរ ម្នាលព្រាហ្មណ៍ តថាគត បានពិចារណាឃើញ នូវចិត្តដែលកន្លងផុតសេចក្តីសង្ស័យមិនដាច់ស្រេចនុ៎ះ ក្នុងខ្លួនហើយ ទើបដល់នូវសួស្តីដោយច្រើន គួរនឹងនៅក្នុងព្រៃបាន។
[៣៨] ម្នាលព្រាហ្មណ៍ តថាគត មានសេចក្តីត្រិះរិះ ដូច្នេះថា ពួកសមណព្រាហ្មណ៍ណាមួយ ជាអ្នកលើកតំកើងខ្លួនឯង បន្តុះបង្អាប់អ្នកដទៃ សេពនូវសេនាសនៈស្ងាត់ តាំងនៅក្នុងព្រៃជិត និងព្រៃឆ្ងាយ សមណព្រាហ្មណ៍ដ៏ចំរើនទាំងនោះ តែងហៅអកុសលធម៌ ដែលគួរភ័យ គួរខ្លាច ព្រោះហេតុនៃទោសរបស់ខ្លួន ដែលលើកតំកើងខ្លួនឯង និងបន្តុះបង្អាប់អ្នកដទៃនោះឯង។ ឯតថាគត នឹងជាអ្នកលើកតំកើងខ្លួនឯង បន្តុះបង្អាប់អ្នកដទៃ សេពនូវសេនាសនៈស្ងាត់ តាំងនៅក្នុងព្រៃជិត និងព្រៃឆ្ងាយ ដូច្នោះក៏ទេ តថាគត ជាអ្នកមិនលើកតំកើងខ្លួនឯង មិនបន្តុះបង្អាប់អ្នកដទៃទេ។ ព្រះអរិយៈទាំងឡាយណា ជាអ្នកមិនលើកតំកើងខ្លួនឯង មិនបន្តុះបង្អាប់អ្នកដទៃ សេពនូវសេនាសនៈស្ងាត់ តាំងនៅក្នុងព្រៃជិត និងព្រៃឆ្ងាយ បណ្តាព្រះអរិយៈទាំងនោះ តថាគត ក៏ជាព្រះអរិយៈមួយដែរ ម្នាលព្រាហ្មណ៍ តថាគត បានពិចារណាឃើញ នូវសេចក្តីមិនលើកតំកើងខ្លួនឯង មិនបន្តុះបង្អាប់អ្នកដទៃនុ៎ះ ក្នុងខ្លួនហើយ ទើបដល់នូវសួស្តីដោយច្រើន គួរនឹងនៅក្នុងព្រៃបាន។
[៣៩] ម្នាលព្រាហ្មណ៍ តថាគត មានសេចក្តីត្រិះរិះ ដូច្នេះថា ពួកសមណព្រាហ្មណ៍ណាមួយ ជាអ្នកតក់ស្លុត ប្រកបដោយជាតិ ជាអ្នកខ្លាច សេពនូវសេនាសនៈស្ងាត់ តាំងនៅក្នុងព្រៃជិត និងព្រៃឆ្ងាយ សមណព្រាហ្មណ៍ដ៏ចំរើនទាំងនោះ តែងហៅអកុសលធម៌ ដែលគួរភ័យ គួរខ្លាច ព្រោះហេតុនៃទោសរបស់ខ្លួន ដែលមានសេចក្តីតក់ស្លុត និងការប្រកបដោយជាតិជាអ្នកខ្លាចនោះឯង។ ឯតថាគត នឹងមានសេចក្តីតក់ស្លុត ប្រកបដោយជាតិជាអ្នកខ្លាច សេពនូវសេនាសនៈស្ងាត់ តាំងនៅក្នុងព្រៃជិត និងព្រៃឆ្ងាយ ដូច្នោះក៏ទេ តថាគត ជាអ្នកប្រាសចាកសេចក្តីព្រឺព្រួចរោមហើយ។ ព្រះអរិយៈទាំងឡាយណា ប្រាសចាកសេចក្តីព្រឺព្រួចរោមហើយ សេពនូវសេនាសនៈស្ងាត់ តាំងនៅក្នុងព្រៃជិត និងព្រៃឆ្ងាយ បណ្តាព្រះអរិយៈទាំងនោះ តថាគត ក៏ជាព្រះអរិយៈមួយដែរ ម្នាលព្រាហ្មណ៍ តថាគត បានពិចារណាឃើញ នូវការប្រាសចាកសេចក្តីព្រឺព្រួចរោមនុ៎ះ ក្នុងខ្លួនហើយ ទើបដល់នូវសួស្តីដោយច្រើន គួរនឹងនៅក្នុងព្រៃបាន។
[៤០] ម្នាលព្រាហ្មណ៍ តថាគត មានសេចក្តីត្រិះរិះ ដូច្នេះថា ពួកសមណព្រាហ្មណ៍ណាមួយ ដែលត្រូវការចង់បានលាភសក្ការៈ [ត្រង់ដែលថា លាភៈ និងសក្ការៈ គឺបានដល់បច្ច័យទាំង៤ មានចីវរប្បច្ច័យជាដើម ឬបានដល់របស់ផ្សេងៗ មានសំពត់អាវជាដើម។ សក្ការៈ បានដល់បច្ច័យ និងរបស់ទាំងអស់នោះ ដែលគេតាក់តែងធ្វើឲ្យល្អវិសេស គួរជារបស់មានដំឡៃ។] និងសេចក្តីសរសើរ [ត្រង់ដែលថាសរសើរ គឺនិយាយសរសើរគុណ។ អដ្ឋកថា។] សេពនូវសេនាសនៈស្ងាត់ តាំងនៅក្នុងព្រៃជិត និងព្រៃឆ្ងាយ សមណព្រាហ្មណ៍ដ៏ចំរើនទាំងនោះ តែងហៅអកុសលធម៌ ដែលគួរភ័យ គួរខ្លាច ព្រោះហេតុនៃទោសរបស់ខ្លួន ដែលត្រូវការចង់បានលាភសក្ការៈ និងសេចក្តីសរសើរនោះឯង។ ឯតថាគត នឹងត្រូវការចង់បានលាភសក្ការៈ និងសេចក្តីសរសើរ សេពនូវសេនាសនៈស្ងាត់ តាំងនៅក្នុងព្រៃជិត និងព្រៃឆ្ងាយ ដូច្នោះក៏ទេ តថាគត ជាអ្នកមានសេចក្តីប្រាថ្នាតិច។ ព្រះអរិយៈទាំងឡាយណា ដែលមានសេចក្តីប្រាថ្នាតិច សេពនូវសេនាសនៈស្ងាត់ តាំងនៅក្នុងព្រៃជិត និងព្រៃឆ្ងាយ បណ្តាព្រះអរិយៈទាំងនោះ តថាគត ក៏ជាព្រះអរិយៈមួយដែរ ម្នាលព្រាហ្មណ៍ តថាគត បានពិចារណាឃើញសេចក្តីប្រាថ្នាតិចនុ៎ះ ក្នុងខ្លួនហើយ ទើបដល់នូវសួស្តីដោយច្រើន គួរនឹងនៅក្នុងព្រៃបាន។
[៤១] ម្នាលព្រាហ្មណ៍ តថាគត មានសេចក្តីត្រិះរិះ ដូច្នេះថា ពួកសមណព្រាហ្មណ៍ណាមួយ ជាអ្នកខ្ជិល [ត្រង់ដែលថា ខ្ជិល បានដល់បុគ្គល ដែលមិនប្រកបព្យាយាមក្នុងផ្លូវកាយ។] ច្រអូស មិនមានព្យាយាម [ត្រង់ដែលថា មិនព្យាយាម បានដល់បុគ្គល ដែលមិនប្រកបព្យាយាមក្នុងផ្លូវចិត្ត។] សេពនូវសេនាសនៈស្ងាត់ តាំងនៅក្នុងព្រៃជិត និងព្រៃឆ្ងាយ សមណព្រាហ្មណ៍ដ៏ចំរើនទាំងនោះ តែងហៅអកុសលធម៌ ដែលគួរភ័យ គួរខ្លាច ព្រោះហេតុនៃទោសរបស់ខ្លួន ដែលមានសេចក្តីខ្ជិលច្រអូស និងគ្មានព្យាយាមនោះឯង។ ឯតថាគត នឹងជាអ្នកខ្ជិលច្រអូស មិនមានព្យាយាម សេពនូវសេនាសនៈស្ងាត់ តាំងនៅក្នុងព្រៃជិត និងព្រៃឆ្ងាយ ដូច្នោះក៏ទេ តថាគត ជាអ្នកមានព្យាយាមប្រារព្ធហើយ។ ព្រះអរិយៈទាំងឡាយណា ដែលមានព្យាយាមប្រារព្ធហើយ សេពនូវសេនាសនៈស្ងាត់ តាំងនៅក្នុងព្រៃជិត និងព្រៃឆ្ងាយ បណ្តាព្រះអរិយៈទាំងនោះ តថាគត ក៏ជាព្រះអរិយៈមួយដែរ ម្នាលព្រាហ្មណ៍ តថាគត បានពិចារណាឃើញ នូវសេចក្តីព្យាយាម ដែលប្រារព្ធហើយនុ៎ះ ក្នុងខ្លួនហើយ ទើបដល់នូវសួស្តីដោយច្រើន គួរនឹងនៅក្នុងព្រៃបាន។
[៤២] ម្នាលព្រាហ្មណ៍ តថាគត មានសេចក្តីត្រិះរិះ ដូច្នេះថា ពួកសមណព្រាហ្មណ៍ណាមួយ ជាអ្នកភ្លេចស្មារតី មិនដឹងខ្លួន (ប្រាសចាកបញ្ញា) សេពនូវសេនាសនៈស្ងាត់ តាំងនៅក្នុងព្រៃជិត និងព្រៃឆ្ងាយ ពួកសមណព្រាហ្មណ៍ដ៏ចំរើនទាំងនោះ តែងហៅអកុសលធម៌ ដែលគួរភ័យ គួរខ្លាច ព្រោះហេតុនៃទោសរបស់ខ្លួន ដែលភ្លេចស្មារតី មិនដឹងខ្លួននោះឯង។ ឯតថាគត នឹងជាអ្នកភ្លេចស្មារតី មិនដឹងខ្លួន សេពនូវសេនាសនៈស្ងាត់ តាំងនៅក្នុងព្រៃជិត និងព្រៃឆ្ងាយ ដូច្នោះក៏ទេ តថាគត ជាអ្នកមានស្មារតីតំកល់មាំ។ ព្រះអរិយៈទាំងឡាយណា ជាអ្នកមានស្មារតីតំកល់មាំ សេពនូវសេនាសនៈស្ងាត់ តាំងនៅក្នុងព្រៃជិត និងព្រៃឆ្ងាយ បណ្តាព្រះអរិយៈទាំងនោះ តថាគត ក៏ជាព្រះអរិយៈមួយដែរ ម្នាលព្រាហ្មណ៍ តថាគត បានពិចារណាឃើញ នូវការតំកល់ស្មារតីមាំនុ៎ះ ក្នុងខ្លួនហើយ ទើបដល់នូវសួស្តីដោយច្រើន គួរនឹងនៅក្នុងព្រៃបាន។
[៤៣] ម្នាលព្រាហ្មណ៍ តថាគត មានសេចក្តីត្រិះរិះ ដូច្នេះថា ពួកសមណព្រាហ្មណ៍ណាមួយ មានចិត្តមិនតំកល់មាំ (ប្រាសចាកឧបចារសមាធិ និងអប្បនាសមាធិ) មានចិត្តវិលវល់ សេពនូវសេនាសនៈស្ងាត់ តាំងនៅក្នុងព្រៃជិត និងព្រៃឆ្ងាយ ពួកសមណព្រាហ្មណ៍ដ៏ចំរើនទាំងនោះ តែងហៅអកុសលធម៌ ដែលគួរភ័យ គួរខ្លាច ព្រោះហេតុនៃទោសរបស់ខ្លួន ដែលមានចិត្តមិនតំកល់មាំ និងចិត្តវិលវល់នោះឯង។ ឯតថាគត នឹងមានចិត្តមិនតំកល់មាំ មានចិត្តវិលវល់ សេពនូវសេនាសនៈស្ងាត់ តាំងនៅក្នុងព្រៃជិត និងព្រៃឆ្ងាយ ដូច្នោះក៏ទេ តថាគត ជាអ្នកមានសមាធិបរិបូណ៌។ ព្រះអរិយៈទាំងឡាយណា ដែលមានសមាធិបរិបូណ៌ សេពនូវសេនាសនៈស្ងាត់ តាំងនៅក្នុងព្រៃជិត និងព្រៃឆ្ងាយ បណ្តាព្រះអរិយៈទាំងនោះ តថាគត ក៏ជាព្រះអរិយៈមួយដែរ ម្នាលព្រាហ្មណ៍ តថាគត បានពិចារណាឃើញសមាធិសម្បទានុ៎ះ ក្នុងខ្លួនហើយ ទើបដល់នូវសួស្តីដោយច្រើន គួរនឹងនៅក្នុងព្រៃបាន។
[៤៤] ម្នាលព្រាហ្មណ៍ តថាគត មានសេចក្តីត្រិះរិះ ដូច្នេះថា ពួកសមណព្រាហ្មណ៍ណាមួយ ជាអ្នកអប្បឥតប្រាជ្ញា ល្ងង់លេលា សេពនូវសេនាសនៈស្ងាត់ តាំងនៅក្នុងព្រៃជិត និងព្រៃឆ្ងាយ ពួកសមណព្រាហ្មណ៍ដ៏ចំរើនទាំងនោះ តែងហៅអកុសលធម៌ ដែលគួរភ័យ គួរខ្លាច ព្រោះហេតុនៃទោសរបស់ខ្លួន ដែលអប្បឥតប្រាជ្ញា ល្ងង់លេលានោះឯង។ ឯតថាគត នឹងជាអ្នកអប្បឥតប្រាជ្ញា ល្ងង់លេលា សេពនូវសេនាសនៈស្ងាត់ តាំងនៅក្នុងព្រៃជិត និងព្រៃឆ្ងាយ ដូច្នោះក៏ទេ តថាគត ជាអ្នកបរិបូណ៌ដោយប្រាជ្ញា។ ព្រះអរិយៈទាំងឡាយណា ដែលបរិបូណ៌ដោយប្រាជ្ញា សេពនូវសេនាសនៈស្ងាត់ តាំងនៅក្នុងព្រៃជិត និងព្រៃឆ្ងាយ បណ្តាព្រះអរិយៈទាំងនោះ តថាគត ក៏ជាព្រះអរិយៈមួយដែរ ម្នាលព្រាហ្មណ៍ តថាគត បានពិចារណាឃើញ បញ្ញាសម្បទានុ៎ះ ក្នុងខ្លួនហើយ ទើបដល់នូវសួស្តីដោយច្រើន គួរនឹងនៅក្នុងព្រៃបាន។
ចប់ បរិយាយ១៦។
[៤៥] ម្នាលព្រាហ្មណ៍ តថាគត មានសេចក្តីត្រិះរិះ ដូច្នេះថា រាត្រីទាំងឡាយ ដែលគេដឹងច្បាស់ ដែលគេកំណត់ដឹងថាជា តិថីទី១៤ ទី១៥ ទី៨នៃបក្ខ បើដូច្នោះ អាត្មាអញ គួរនៅក្នុងអារាមចេតិយ វនចេតិយ រុក្ខចេតិយទាំងឡាយ ដែលគួរភ័យ គួរភ្លឹក គួរឲ្យព្រឺព្រួចរោម ក្នុងរាត្រីទាំងឡាយ មានសភាពដូច្នោះ។ ធ្វើម្តេច តថាគត គប្បីឃើញភ័យ និងសេចក្តីស្ញើបនោះបាន។ ម្នាលព្រាហ្មណ៍ លុះសម័យមកខាងក្រោយ រាត្រីទាំងឡាយណា ដែលគេដឹងច្បាស់ ដែលគេកំណត់ដឹងថាជា តិថីទី១៤ ទី១៥ ទី៨នៃបក្ខ តថាគត ក៏នៅក្នុងអារាមចេតិយ វនចេតិយ រុក្ខចេតិយទាំងឡាយ ដែលគួរស្បើម គួរខ្លាច គួរឲ្យព្រឺព្រួចរោម ក្នុងរាត្រីទាំងឡាយ មានសភាពដូច្នោះ ម្នាលព្រាហ្មណ៍ កាលតថាគត នៅក្នុងទីនោះ ម្រឹគក៏មកខ្លះ ក្ងោកក៏ជាន់មែកឈើស្ងួតឲ្យធ្លាក់ចុះខ្លះ ខ្យល់ក៏បក់ផាត់ស្លឹកឈើ និងសម្រាមមកខ្លះ។ ម្នាលព្រាហ្មណ៍ តថាគតក៏មានសេចក្តីត្រិះរិះ ដូច្នេះថា ភ័យ និងសេចក្តីភ្លឹកនោះមកដល់ (តថាគត) មែនហើយតើ។ ម្នាលព្រាហ្មណ៍ តថាគត មានសេចក្តីត្រិះរិះ ដូច្នេះថា អាត្មាអញ ជាអ្នកប្រាថ្នានូវភ័យ ដោយចំណែកមួយឬអ្វីហ្ន៎ ភ័យ និងសេចក្តីស្ញើបនោះ មកដល់អាត្មាអញ ដែលសម្រេចឥរិយាបថណាៗ អាត្មាអញ នឹងមិនផ្លាស់ឥរិយាបថនោះៗ ដោយពិត ត្រូវតែបន្ទោបង់នូវភ័យ និងសេចក្តីស្ញើបនោះចេញ។ ម្នាលព្រាហ្មណ៍ តថាគត កំពុងចង្ក្រម ក៏ស្រាប់តែមានភ័យ និងសេចក្តីស្ញើបនោះមកដល់។ ម្នាលព្រាហ្មណ៍ តថាគត ក៏មិនឈរ មិនអង្គុយ មិនដេកសោះ ខំចង្ក្រមដរាបទាល់តែបន្ទោបង់ភ័យ និងសេចក្តីស្ញើបនោះបាន។ ម្នាលព្រាហ្មណ៍ កាលតថាគត កំពុងឈរ ក៏ស្រាប់តែមានភ័យ និងសេចក្តីស្ញើបនោះមកដល់។ ម្នាលព្រាហ្មណ៍ តថាគត ក៏មិនចង្ក្រម មិនអង្គុយ មិនដេក ប្រឹងឈរ ដរាបទាល់តែបន្ទោបង់ភ័យ និងសេចក្តីស្ញើបនោះបាន។ ម្នាលព្រាហ្មណ៍ កាលតថាគត កំពុងអង្គុយ ក៏ស្រាប់តែមានភ័យ និងសេចក្តីស្ញើបនោះមកដល់។ ម្នាលព្រាហ្មណ៍ តថាគត ក៏មិនដេក មិនឈរ មិនចង្ក្រមសោះ ប្រឹងអង្គុយ ដរាបទាល់តែបន្ទោបង់ភ័យ និងសេចក្តីស្ញើបនោះបាន។ ម្នាលព្រាហ្មណ៍ កាលតថាគត កំពុងដេក ក៏ស្រាប់តែមានភ័យ និងសេចក្តីស្ញើបនោះមកដល់។ ម្នាលព្រាហ្មណ៍ តថាគត ក៏មិនអង្គុយ មិនឈរ មិនចង្ក្រមសោះ ប្រឹងដេក ដរាបទាល់តែបន្ទោបង់ភ័យ និងសេចក្តីស្ញើបនោះបាន។
[៤៦] ម្នាលព្រាហ្មណ៍ មានសមណព្រាហ្មណ៍១ពួក សំគាល់យប់ ថាជាថ្ងៃ សំគាល់ថ្ងៃ ថាជាយប់ តថាគតពោលថា ការសំគាល់នេះ របស់ពួកសមណព្រាហ្មណ៍ទាំងនោះ ជាការនៅវង្វេង ភាន់ស្មារតីនៅឡើយ។ ម្នាលព្រាហ្មណ៍ ចំណែកខាងតថាគត ដឹងច្បាស់នូវយប់ ថាជាយប់មែន ដឹងច្បាស់នូវថ្ងៃ ថាជាថ្ងៃមែន។ ម្នាលព្រាហ្មណ៍ ដំណើរនោះ មានទំនងគួរឲ្យអ្នកផងនិយាយថា សត្វដែលមានសភាពមិនវង្វេង កើតហើយក្នុងលោក ដើម្បីប្រយោជន៍ដល់ជនច្រើន ដើម្បីសេចក្តីសុខដល់ជនច្រើន ដើម្បីអនុគ្រោះដល់សត្វលោក ដើម្បីសេចក្តីចំរើន ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់ទេវតា និងមនុស្សទាំងឡាយ។ ដំណើរនោះ មានទំនងគួរឲ្យអ្នកផងនិយាយឲ្យតថាគតថា សត្វដែលមានសភាពមិនវង្វេង កើតឡើងហើយក្នុងលោក ដើម្បីប្រយោជន៍ ដល់ជនច្រើន ដើម្បីសេចក្តីសុខ ដល់ជនច្រើន ដើម្បីអនុគ្រោះ ដល់សត្វលោក ដើម្បីសេចក្តីចំរើន ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់ទេវតា និងមនុស្សទាំងឡាយ។
[៤៧] ម្នាលព្រាហ្មណ៍ តថាគត បានផ្តើមសេចក្តីព្យាយាម មិនបន្ធូរបន្ថយឡើយ ទាំងស្មារតី តថាគតក៏ប្រុងប្រយ័ត្ន មិនឲ្យមានភ្លាត់ កាយសោត ក៏ស្ងប់រម្ងាប់ មិនក្រវល់ក្រវាយ ចិត្តក៏នឹងល្អ ជាចិត្តមានអារម្មណ៍មូលតែមួយ។ ម្នាលព្រាហ្មណ៍ តថាគតឯង លុះប្រាកដជាស្ងាត់ចាកកាមទាំងឡាយ ប្រាកដជាស្ងាត់ចាកធម៌ទាំងឡាយ ជាអកុសលហើយ ក៏ចូលបឋមជ្ឈាន ដែលប្រកបដោយវិតក្កៈ វិចារៈ មានបីតិ និងសុខៈ ដែលកើតអំពីសេចក្តីស្ងប់ស្ងាត់ជាអារម្មណ៍ លុះរម្ងាប់វិតក្កៈ វិចារៈហើយ ក៏បានចូលដល់ទុតិយជ្ឈាន ជាទីផូរផង់ ប្រព្រឹត្តទៅខាងក្នុង ក៏ញុំាងចិត្តជាសមាធិ ឲ្យចំរើនឡើង គ្មានវិតក្កៈ វិចារៈទេ មានតែបីតិ និងសុខៈ ដែលកើតអំពីសមាធិ លុះលះបង់បីតិចេញហើយ តថាគត ជាបុគ្គលព្រងើយ មានសតិ និងសេចក្តីដឹងច្បាស់ តថាគត សោយសុខ ដោយនាមកាយផង អរិយបុគ្គលទាំងឡាយ តែងសំដែងនូវបុគ្គល ដែលបានតតិយជ្ឈាននោះណា ថាជាបុគ្គលមានចិត្តព្រងើយ ជាអ្នកមានស្មារតី មានប្រក្រតីនៅជាសុខ តថាគត ក៏បានដល់នូវតតិយជ្ឈាននោះហើយ ព្រោះលះបង់ នូវសេចក្តីសុខផង ព្រោះលះបង់ នូវសេចក្តីទុក្ខផង ព្រោះរំលត់ នូវសោមនស្ស និងទោមនស្សអំពីមុនផង តថាគត បានចូលដល់ចតុត្ថជ្ឈាន ឥតទុក្ខ ឥតសុខ មានសតិដ៏ស្អាត ដោយឧបេក្ខា។
[៤៨] កាលដែលចិត្តខ្ជាប់ខ្ជួន បរិសុទ្ធ ផូរផង់ មិនមានកិលេស ប្រាសចាកសេចក្តីសៅហ្មង ជាចិត្តទន់ សមគួរដល់កម្ម ជាចិត្តនឹងធឹង មិនញាប់ញ័រ យ៉ាងនេះហើយ តថាគត ក៏បានបង្អោនចិត្ត ទៅក្នុង បុព្វេនិវាសានុស្សតិញ្ញាណ (ប្រាជ្ញាជាគ្រឿងរលឹកជាតិ ដែលអាស្រ័យនៅពីមុន)។ តថាគតនោះ រលឹកជាតិ ដែលបានអាស្រ័យនៅ អំពីមុន ជាអនេកជាតិ រលឹកជាតិបានដូចម្តេច គឺរលឹកបាន១ជាតិ ២ជាតិ ៣ជាតិ ៤ជាតិ ៥ជាតិ ១០ជាតិ ២០ជាតិ ៣០ជាតិ ៤០ជាតិ ៥០ជាតិ ១០០ជាតិ ១ពាន់ជាតិ ១សែនជាតិ ក៏បាន រលឹកបានច្រើនសំវដ្តកប្ប ច្រើនវិវដ្តកប្ប ច្រើនសំវដ្តវិវដ្តកប្ប ក៏បាន ដូច្នេះថា តថាគត បានកើតក្នុងភពឯណោះ មានឈ្មោះយ៉ាងនេះ មានគោត្រយ៉ាងនេះ មានសម្បុរយ៉ាងនេះ មានអាហារយ៉ាងនេះ បានសោយសុខទុក្ខយ៉ាងនេះ មានកំណត់អាយុប៉ុណ្ណេះ តថាគត ច្យុតចាកអត្តភាពនោះ ហើយបានទៅកើតក្នុងភពឯនោះ ដែលទៅកើតក្នុងភពនោះ តថាគត ក៏មានឈ្មោះយ៉ាងនេះ មានគោត្រយ៉ាងនេះ មានសម្បុរយ៉ាងនេះ មានអាហារយ៉ាងនេះ បានសោយសុខទុក្ខយ៉ាងនេះ មានកំណត់អាយុប៉ុណ្ណេះ តថាគត លុះច្យុតចាកអត្តភាពនោះហើយ មកកើតក្នុងភពនេះ។ តថាគត រលឹកតាមនូវជាតិ ដែលអាស្រ័យនៅពីមុន បានច្រើនជាតិ ព្រមទាំងអាការ ព្រមទាំងឧទ្ទេស យ៉ាងនេះ។ ម្នាលព្រាហ្មណ៍ បឋមវិជ្ជានេះឯង ដែលតថាគត បានត្រាស់ដឹង ក្នុងយាមជាដម្បូងនៃរាត្រី លុះដល់សេចក្តីល្ងង់ខ្ចាត់បាត់ទៅ សេចក្តីចេះដឹងក៏កើតឡើង ងងឹតខ្ចាត់បាត់ទៅ ពន្លឺក៏កើតឡើង ដល់តថាគត ដែលកំពុងអង្គុយប្រុងស្មារតី មិនប្រហែសធ្វេស ខំប្រឹងដុតបំផ្លាញកិលេស មានចិត្តមូលស្លុង (ឥតមាននឹកនា ដល់កាយ និងជីវិតឡើយ) ដូចជាបណ្ឌិតទាំងឡាយ ដែលបាននូវបឋមវិជ្ជានុ៎ះ ដូច្នោះដែរ។
[៤៩] កាលដែលចិត្តខ្ជាប់ខ្ជួន បរិសុទ្ធផូរផង់ មិនមានកិលេស ប្រាសចាកសេចក្តីសៅហ្មង ជាចិត្តទន់ភ្លន់ សមគួរដល់កម្ម ជាចិត្តនឹងធឹង មិនញាប់ញ័រ យ៉ាងនេះហើយ តថាគត ក៏បង្អោនចិត្តទៅក្នុង ចុតូបបាតញ្ញាណ (ញាណដែលនាំឲ្យបានត្រាស់ដឹងនូវ ចុតិ និង បដិសន្ធិ) នៃសត្វទាំងឡាយ។ តថាគត មើលឃើញនូវសត្វទាំងឡាយ ដែលច្យុត និងចាប់បដិសន្ធិ ទាបថោក និងឧត្តម មានសណ្ឋានល្អ និងអាក្រក់ ទៅកាន់សុគតិ និងទុគ្គតិ ដោយចក្ខុដូចជាទិព្វ ដ៏បរិសុទ្ធ ក្រៃលែងជាងចក្ខុរបស់មនុស្សសាមញ្ញ ក៏ដឹងច្បាស់នូវសត្វទាំងឡាយ ដែលអន្ទោលទៅតាមកម្មថា អើហ្ន៎ សត្វទាំងអម្បាលនេះ ប្រកបដោយកាយទុច្ចរិត ប្រកបដោយវចីទុច្ចរិត ប្រកបដោយមនោទុច្ចរិត ជាអ្នកតិះដៀលនូវព្រះអរិយៈ ជាមិច្ឆាទិដ្ឋិ ប្រកាន់មាំនូវកម្ម ជាមិច្ឆាទិដ្ឋិ សត្វទាំងនោះ លុះដល់រំលាងខន្ធ បន្ទាប់អំពីមរណៈ ក៏ទៅកើតឯអបាយ [កំណើតសត្វតិរច្ឆាន។] ទុគ្គតិ [ប្រេតវិស័យ] វិនិបាត [អសុរកាយ ដែលមានមហិទ្ធិឫទ្ធិ ដូច រាហូអសុរិន្ទ ជាដើម] នរក [លោកដែលគ្មានសេចក្តីចំរើន មានប្រការច្រើន មានអវចីនរកជាដើម។] អើហ្ន៎ ចំណែកខាងសត្វទាំងអម្បាលនេះ ប្រកបដោយកាយសុចរិត ប្រកបដោយវចីសុចរិត ប្រកបដោយមនោសុចរិត ជាអ្នកមិនតិះដៀលនូវពួកព្រះអរិយៈ ជាសម្មាទិដ្ឋិ ប្រកាន់មាំនូវកម្ម ជាសម្មាទិដ្ឋិ សត្វទាំងអម្បាលនោះ លុះដល់រំលាងខន្ធ បន្ទាប់អំពីមរណៈ ក៏ទៅកើតឯឋានសុគតិ [សង្គ្រោះយកគតិរបស់មនុស្សចូលផង] និងសួគ៌ [ចំពោះយកគតិនៃទេវតាតែម្យ៉ាង។] ទេវលោក។ តថាគតមើលឃើញ នូវសត្វទាំងឡាយ ដែលច្យុត និងចាប់បដិសន្ធិ ទាបថោក និងឧត្តម មានសណ្ឋានល្អ និងអាក្រក់ ទៅកាន់សុគតិ និងទុគ្គតិ ដោយចក្ខុ ដូចជាទិព្វ ដ៏បរិសុទ្ធ ក្រៃលែងជាងចក្ខុរបស់មនុស្សសាមញ្ញ ក៏ដឹងច្បាស់នូវសត្វទាំងឡាយ ដែលអន្ទោលទៅតាមកម្ម ដោយប្រការដូច្នេះ។ ម្នាលព្រាហ្មណ៍ វិជ្ជាទី២ នេះឯងហើយ ដែលតថាគត បានត្រាស់ដឹង ក្នុងយាមជាកណ្តាលនៃរាត្រី លុះដល់សេចក្តីល្ងង់ខ្ចាត់បាត់ទៅ សេចក្តីចេះដឹង ក៏កើតឡើង ងងឹតខ្ចាត់បាត់ទៅ ពន្លឺក៏កើតឡើង ដល់តថាគត ដែលកំពុងប្រុងស្មារតី មិនប្រហែសធ្វេស ខំប្រឹងដុតបំផ្លាញកិលេស មានចិត្តមូលស្លុង (ឥតមាននឹកនា ដល់កាយ និងជីវិតឡើយ) ដូចជាបណ្ឌិតទាំងឡាយ ដែលបាននូវវិជ្ជាទី២ នុ៎ះដូច្នោះដែរ។
[៥០] កាលដែលចិត្តខ្ជាប់ខ្ជួន បរិសុទ្ធ ផូរផង់ មិនមានកិលេស ប្រាសចាកសេចក្តីសៅហ្មង ជាចិត្តទន់ភ្លន់ សមគួរដល់កម្ម ជាចិត្តនឹងធឹង មិនញាប់ញ័រ យ៉ាងនេះហើយ តថាគត ក៏បង្អោនចិត្តទៅក្នុង អាសវក្ខយញ្ញាណ (ញាណជាហេតុឲ្យបានអស់ទៅនូវអាសវៈ)។ តថាគត ដឹងប្រាកដតាមពិតថា នេះជាទុក្ខ ដឹងប្រាកដតាមពិតថា នេះជាហេតុនាំឲ្យកើតទុក្ខ ដឹងប្រាកដតាមពិតថា នេះជាសេចក្តីរលត់ទុក្ខ ដឹងប្រាកដតាមពិតថា នេះជាឧបាយឲ្យដល់ នូវសេចក្តីរលត់ទុក្ខ ដឹងប្រាកដតាមពិតថា ធម៌ប៉ុណ្ណេះ ជាអាសវៈ ដឹងប្រាកដតាមពិតថា ធម៌នេះ ជាហេតុនាំឲ្យកើតអាសវៈ ដឹងប្រាកដតាមពិតថា នេះជាសេចក្តីរលត់នៃអាសវៈ ដឹងប្រាកដតាមពិតថា នេះជាឧបាយឲ្យបានដល់នូវសេចក្តីរលត់នៃអាសវៈ។ កាលដែលតថាគត ដឹងយ៉ាងនេះ ឃើញយ៉ាងនេះ ចិត្តនៃតថាគត ក៏ផុតចាកគ្រឿងត្រាំ គឺកាមផង ចិត្តនៃតថាគត ក៏ផុតចាកគ្រឿងត្រាំ គឺភពផង ចិត្តនៃតថាគត ក៏ផុតចាកគ្រឿងត្រាំ គឺអវិជ្ជាផង (កាលបើចិត្តតថាគត បានរួចផុតស្រឡះហើយ) ប្រាជ្ញាក៏កើតប្រាកដ ដល់តថាគតថា អញរួចស្រឡះ ចាកអាសវធម៌ហើយ ចិត្តរបស់អញផុតស្រឡះហើយ តថាគត ដឹងច្បាស់ថា កំណើតរបស់អញអស់ហើយ ព្រហ្មចរិយធម៌ អញបានប្រព្រឹត្តគ្រប់គ្រាន់ហើយ សោឡសកិច្ច អញក៏បានធ្វើស្រេចហើយ នឹងមានកិច្ចដទៃ ក្រៅពីសោឡសកិច្ចនេះទៀត មិនមានឡើយ។ ម្នាលព្រាហ្មណ៍ វិជ្ជាទី៣នេះឯង ដែលតថាគត បានត្រាស់ដឹង ក្នុងយាមជាទីបំផុតនៃរាត្រី លុះដល់សេចក្តីល្ងង់ខ្លៅខ្ចាត់បាត់ទៅ សេចក្តីចេះដឹង ក៏កើតឡើង ងងឹតខ្ចាត់បាត់ទៅ ពន្លឺក៏កើតឡើង ដល់តថាគត ដែលកំពុងអង្គុយប្រុងស្មារតី មិនប្រហែសធ្វេស ខំប្រឹងដុតបំផ្លាញកិលេស មានចិត្តមូលស្លុង (ឥតមាននឹកនា ដល់កាយ និងជីវិតឡើយ) ដូចជាបណ្ឌិតទាំងឡាយ ដែលបាននូវវិជ្ជាទី៣ នុ៎ះដូច្នោះដែរ។
[៥១] ម្នាលព្រាហ្មណ៍ ឯសមណព្រាហ្មណ៍ទាំងនោះ មានសេចក្តីត្រិះរិះដូច្នេះថា ថ្ងៃនេះឯង ព្រះសមណគោតម ប្រហែលជាមិនទាន់ប្រាសចាករាគៈ មិនទាន់ប្រាសចាកទោសៈ មិនទាន់ប្រាសចាកមោហៈទេដឹង ព្រោះហេតុនោះ បានជាលោកសេពនូវសេនាសនៈស្ងាត់ តាំងនៅក្នុងព្រៃជិត និងព្រៃឆ្ងាយ។ ម្នាលព្រាហ្មណ៍ ដំណើរនុ៎ះ អ្នកកុំគប្បីឃើញយ៉ាងនេះឡើយ។ ម្នាលព្រាហ្មណ៍ តថាគត បានពិចារណាឃើញនូវអំណាចនៃប្រយោជន៍២ប្រការ គឺពិចារណាឃើញនូវការនៅជាសុខ ក្នុងបច្ចុប្បន្ន ចំពោះខ្លួន១ អនុគ្រោះ ដល់ប្រជុំជន មានក្នុងខាងក្រោយ១ បានជាសេពនូវសេនាសនៈស្ងាត់ តាំងនៅក្នុងព្រៃជិត និងព្រៃឆ្ងាយ។
[៥២] ជាណុស្សោណិព្រាហ្មណ៍ ក្រាបបង្គំទូលថា ឱហ្ន៎ ព្រះគោតមដ៏ចំរើន ព្រះអង្គមានសេចក្តីអនុគ្រោះ ដល់ប្រជុំជនខាងក្រោយមែន ព្រោះព្រះអង្គបានជាព្រះអរហន្ត សម្មាសម្ពុទ្ធហើយ។ បពិត្រព្រះគោតមដ៏ចំរើន ពីរោះណាស់ បពិត្រព្រះគោតមដ៏ចំរើន ពីរោះណាស់ បពិត្រព្រះគោតមដ៏ចំរើន ធម៌ដែលព្រះអង្គសំដែងហើយ ដោយអនេកបរិយាយ យ៉ាងនេះ (ភ្លឺច្បាស់ណាស់) ដូចជាគេផ្ងាររបស់ដែលផ្កាប់ ឬក៏ដូចជាគេបើកបង្ហាញរបស់ដែលកំបាំង ពុំនោះ ដូចជាគេប្រាប់ផ្លូវ ដល់អ្នកវង្វេងទិស ពុំនោះសោត ដូចជាគេទ្រោលប្រទីប បំភ្លឺក្នុងទីងងឹត ដោយគិតថា បុរសអ្នកមានចក្ខុទាំងឡាយ រមែងឃើញនូវរូបបាន។ ខ្ញុំព្រះអង្គនោះ សូមដល់នូវព្រះគោតមដ៏ចំរើនផង ព្រះធម៌ផង ព្រះភិក្ខុសង្ឃផង ជាទីពឹង ទីរលឹក ចាប់ដើមតាំងពីថ្ងៃនេះទៅ សូមព្រះគោតមដ៏ចំរើន ជ្រាបនូវខ្ញុំព្រះអង្គ ថាជាឧបាសក ដល់សរណគមន៍ ស្មើដោយជីវិត។
ចប់ ភយភេរវសូត្រ ទី៤។
អនង្គណសូត្រ ទី៥
[៥៣] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងជេតវនារាម របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ ព្រះសារីបុត្រដ៏មានអាយុ ហៅភិក្ខុទាំងឡាយ ក្នុងទីនោះថា ម្នាលភិក្ខុដ៏មានអាយុទាំងឡាយ។ ភិក្ខុទាំងនោះ ទទួលថេរវាចារបស់ព្រះសារីបុត្រដ៏មានអាយុថា ព្រះថេរៈដ៏មានអាយុ ដូច្នេះ។
[៥៤] ព្រះសារីបុត្រដ៏មានអាយុ បានពោលពាក្យនេះថា ម្នាលអាវុសោទាំងឡាយ បុគ្គល៤ពួកនេះ តែងមាននៅក្នុងលោក។ បុគ្គល៤ពួក តើដូចម្តេច។ ម្នាលអាវុសោទាំងឡាយ បុគ្គលពួកមួយ ក្នុងលោកនេះ នៅមាន អង្គណៈ [បានដល់កិលេសដ៏ក្លៀវក្លា មានប្រការផ្សេងៗ។ អដ្ឋកថា។] ក៏មិនដឹងច្បាស់តាមពិតថា អាត្មាអញ នៅមាន អង្គណៈ ក្នុងខ្លួន១។ ម្នាលអាវុសោទាំងឡាយ បុគ្គលពួកមួយទៀត ក្នុងលោកនេះ នៅមានអង្គណៈ តែដឹងច្បាស់តាមពិតថា អាត្មាអញ នៅមានអង្គណៈក្នុងខ្លួន១។ ម្នាលអាវុសោទាំងឡាយ បុគ្គលពួកមួយ ក្នុងលោកនេះ មិនមានអង្គណៈ ក៏មិនដឹងច្បាស់តាមពិតថា អាត្មាអញ មិនមានអង្គណៈក្នុងខ្លួន១។ ម្នាលអាវុសោទាំងឡាយ បុគ្គលពួកមួយទៀត ក្នុងលោកនេះ មិនមានអង្គណៈ តែដឹងច្បាស់តាមពិតថា អាត្មាអញ មិនមានអង្គណៈក្នុងខ្លួន១។ ម្នាលអាវុសោទាំងឡាយ បណ្តាបុគ្គលទាំង៤ពួកនោះ បុគ្គលណា នៅមានអង្គណៈ តែមិនដឹងច្បាស់តាមពិតថា អាត្មាអញ មានអង្គណៈក្នុងខ្លួន បណ្តាបុគ្គល ដែលមានអង្គណៈទាំងពីរពួកនេះ បុគ្គលនេះ ប្រាកដថាជាបុរសថោកទាប។ ម្នាលអាវុសោទាំងឡាយ បណ្តាបុគ្គលទាំង៤ពួកនោះ បុគ្គលណា នៅមានអង្គណៈ តែដឹងច្បាស់តាមពិតថា អាត្មាអញ នៅមានអង្គណៈក្នុងខ្លួន បណ្តាបុគ្គល ដែលមានអង្គណៈទាំងពីរពួកនេះ បុគ្គលនេះ ប្រាកដថាជាបុរសដ៏ប្រសើរ។ ម្នាលអាវុសោទាំងឡាយ បណ្តាបុគ្គលទាំង៤ពួកនោះ បុគ្គលណា មិនមានអង្គណៈ តែមិនដឹងច្បាស់តាមពិតថា អាត្មាអញ មិនមានអង្គណៈក្នុងខ្លួន បណ្តាបុគ្គល ដែលមិនមានអង្គណៈទាំងពីរពួកនេះ បុគ្គលនេះ ប្រាកដថាជាបុរសថោកទាប។ ម្នាលអាវុសោទាំងឡាយ បណ្តាបុគ្គលទាំង៤ពួកនោះ បុគ្គលណា មិនមានអង្គណៈ តែដឹងច្បាស់តាមពិតថា អាត្មាអញ មិនមានអង្គណៈក្នុងខ្លួន បណ្តាបុគ្គល ដែលមិនមានអង្គណៈទាំងពីរពួកនេះ បុគ្គលនេះ ប្រាកដថាជាបុរសដ៏ប្រសើរ។
[៥៥] កាលបើព្រះសារីបុត្រ មានថេរវាចាយ៉ាងនេះហើយ ព្រះមហាមោគ្គល្លានដ៏មានអាយុ ក៏បានពោលពាក្យនេះ នឹងព្រះសារីបុត្រដ៏មានអាយុថា ម្នាលអាវុសោសារីបុត្រ ហេតុដូចម្តេច បច្ច័យដូចម្តេច បានជាមានបុគ្គល ដែលមានអង្គណៈទាំងពីរពួកនេះ ហើយបុគ្គលម្នាក់ ប្រាកដថាជាបុរសថោកទាប បុគ្គលម្នាក់ទៀត ប្រាកដថាជាបុរសប្រសើរវិញ ម្នាលអាវុសោសារីបុត្រ ហេតុដូចម្តេច បច្ច័យដូចម្តេច បានជាមានបុគ្គល ដែលមិនមានអង្គណៈទាំងពីរពួកនេះ ហើយបុគ្គលម្នាក់ ប្រាកដថាជាបុរសថោកទាប បុគ្គលម្នាក់ (ទៀត) ប្រាកដថាជាបុរសប្រសើរវិញ។ ព្រះសារីបុត្រ មានថេរវាចាថា ម្នាលអាវុសោ បណ្តាបុគ្គលទាំង៤ពួកនោះ បុគ្គលណា នៅមានអង្គណៈ តែមិនដឹងច្បាស់តាមពិតថា អាត្មាអញ មានអង្គណៈក្នុងខ្លួន អង្គណៈនេះ ក៏មានប្រាកដ ដល់បុគ្គលនោះ បុគ្គលនោះ នឹងមិនញុំាងឆន្ទៈឲ្យកើតឡើង មិនសង្វាត មិនប្រារព្ធព្យាយាម ដើម្បីលះបង់នូវអង្គណៈនោះចេញ។ បុគ្គលនោះ មុខជានឹងធ្វើមរណកាលទៅទាំងរាគៈ ទោសៈ មោហៈ អង្គណៈ ទាំងចិត្តដ៏សៅហ្មង។ ម្នាលអាវុសោ ដូចភាជន៍សំរិទ្ធ ដែលគេទើបយកមកអំពីផ្សារ ឬអំពីត្រកូលជាងលោហៈ ជាភាជន៍ប្រឡាក់ដោយធូលី និងស្នឹម បុគ្គលជាម្ចាស់ទាំងឡាយ មិនបានប្រើប្រាស់នូវភាជន៍នោះផង មិនបានដុសខាត់ផង ថែមទាំងដាក់ភាជន៍នោះ នៅក្នុងផ្លូវធូលី ម្នាលអាវុសោ ក៏កាលបើដូច្នោះ ភាជន៍សំរិទ្ធនោះ ដល់សម័យជាខាងក្រោយមក រឹតតែសៅហ្មង មានស្នឹមចាប់ដែរឬ។ ព្រះមហាមោគ្គល្លាន ក៏ទទួលថា អើ អាវុសោ។ ព្រះសារីបុត្រ មានថេរវាចាតទៅទៀតថា ម្នាលអាវុសោ បុគ្គលណា នៅមានអង្គណៈ មិនដឹងច្បាស់តាមពិតថា អាត្មាអញ មានអង្គណៈក្នុងខ្លួន អង្គណៈនេះ ក៏មានប្រាកដ ដល់បុគ្គលនោះ បុគ្គលនោះ នឹងមិនញុំាងឆន្ទៈឲ្យកើតឡើង មិនសង្វាត មិនប្រារព្ធព្យាយាម ដើម្បីលះបង់នូវអង្គណៈនោះចេញ ក៏ដូច្នោះដែរ។ បុគ្គលនោះ មុខជានឹងធ្វើមរណកាលទៅទាំងរាគៈ ទោសៈ មោហៈ ទាំងអង្គណៈ ទាំងចិត្តដ៏សៅហ្មង។ ម្នាលអាវុសោ បណ្តាបុគ្គលទាំង៤ពួកនោះ បុគ្គលណា នៅមានអង្គណៈ តែដឹងច្បាស់តាមពិតថា អាត្មាអញ មានអង្គណៈក្នុងខ្លួន អង្គណៈនេះ ក៏មានប្រាកដ ដល់បុគ្គលនោះ តែបុគ្គលនោះ មុខជានឹងញុំាងឆន្ទៈ ឲ្យកើតឡើង មុខជានឹងសង្វាត ប្រារព្ធព្យាយាម ដើម្បីលះបង់នូវអង្គណៈនោះចេញ។ បុគ្គលនោះ មុខជាមិនមានរាគៈ ទោសៈ មោហៈ មិនមានអង្គណៈ មិនមានចិត្តសៅហ្មង ហើយធ្វើមរណកាលទៅ។ ម្នាលអាវុសោ ដូចជាភាជន៍សំរិទ្ធ ដែលគេយកមកអំពីផ្សារ ឬអំពីត្រកូលជាងលោហៈ ជាភាជន៍ប្រឡាក់ដោយធូលី និងស្នឹម បុគ្គលជាម្ចាស់ទាំងឡាយ ក៏បានប្រើប្រាស់ភាជន៍នោះផង បានដុសខាត់ផង ថែមទាំងមិនទុកដាក់ភាជន៍នោះ ក្នុងផ្លូវធូលី ម្នាលអាវុសោ ក៏កាលបើដូច្នោះ ភាជន៍សំរិទ្ធនោះ លុះដល់សម័យជាខាងក្រោយ នឹងបរិសុទ្ធ ផូរផង់ដែរឬ។ ព្រះមហាមោគ្គល្លាន ក៏ទទួលថា អើ អាវុសោ។ ព្រះសារីបុត្រ មានថេរវាចាតទៅទៀតថា ម្នាលអាវុសោ បុគ្គលណា នៅមានអង្គណៈ ដឹងច្បាស់តាមពិតថា អាត្មាអញ មានអង្គណៈក្នុងខ្លួន អង្គណៈនេះ ក៏មានប្រាកដ ដល់បុគ្គលនោះ បុគ្គលនោះ មុខជានឹងញុំាងឆន្ទៈឲ្យកើតឡើង មុខជានឹងសង្វាត ប្រារព្ធព្យាយាម ដើម្បីលះបង់នូវអង្គណៈនោះចេញ ក៏ដូច្នោះ។ បុគ្គលនោះ មុខជាមិនមានរាគៈ ទោសៈ មោហៈ មិនមានអង្គណៈ មិនមានចិត្តសៅហ្មង ហើយធ្វើមរណកាលទៅ។ ម្នាលអាវុសោ បណ្តាបុគ្គលទាំង៤ពួកនោះ បុគ្គលណា មិនមានអង្គណៈ មិនដឹងច្បាស់តាមពិតថា អាត្មាអញ មិនមានអង្គណៈក្នុងខ្លួន អង្គណៈនេះ ក៏ត្រឡប់ទៅជាមានប្រាកដ ដល់បុគ្គលនោះវិញ បុគ្គលនោះ មុខជានឹងធ្វើទុកក្នុងចិត្ត នូវសុភនិមិត្ត លុះធ្វើទុកក្នុងចិត្ត នូវសុភនិមិត្តនោះហើយ រាគៈ មុខជានឹងតាមកំចាត់ចិត្តមិនខាន។ បុគ្គលនោះ មុខជានឹងធ្វើមរណកាលទៅទាំងរាគៈ ទោសៈ មោហៈ ទាំងអង្គណៈ ទាំងចិត្តដ៏សៅហ្មង។ ម្នាលអាវុសោ ដូចជាភាជន៍សំរិទ្ធ ដែលគេនាំយកមកអំពីផ្សារ ឬអំពីត្រកូលជាងលោហៈ ជាភាជន៍ដ៏បរិសុទ្ធ ផូរផង់ តែបុគ្គលជាម្ចាស់ទាំងឡាយ មិនបានប្រើប្រាស់ភាជន៍នោះផង មិនបានដុសខាត់ផង ថែមទាំងទុកភាជន៍នោះ ក្នុងផ្លូវធូលីទៀត ម្នាលអាវុសោ ក៏កាលបើដូច្នោះ ភាជន៍សំរិទ្ធនោះ លុះដល់សម័យខាងក្រោយ ទៅជាសៅហ្មង មានស្នឹមចាប់ដែរឬ។ ព្រះមហាមោគ្គល្លាន ក៏ទទួលថា អើ អាវុសោ។ ព្រះសារីបុត្រមានថេរវាចាតទៅទៀតថា ម្នាលអាវុសោ បុគ្គលណា មិនមានអង្គណៈ មិនដឹងច្បាស់តាមពិតថា អាត្មាអញ មិនមានអង្គណៈក្នុងខ្លួន អង្គណៈនេះ ក៏ត្រឡប់ទៅជាមានប្រាកដ ដល់បុគ្គលនោះវិញ បុគ្គលនោះ មុខជានឹងធ្វើទុកក្នុងចិត្ត នូវសុភនិមិត្ត លុះធ្វើទុកក្នុងចិត្ត នូវសុភនិមិត្តនោះហើយ រាគៈ មុខជានឹងតាមកំចាត់ចិត្តមិនខាន។ បុគ្គលនោះ មុខជានឹងធ្វើមរណកាលទៅទាំងរាគៈ ទោសៈ មោហៈ ទាំងអង្គណៈ ទាំងចិត្តសៅហ្មង ក៏យ៉ាងនោះឯង។ ម្នាលអាវុសោ បណ្តាបុគ្គលទាំង៤ពួកនោះ បុគ្គលណា មិនមានអង្គណៈ តែដឹងច្បាស់តាមពិតថា អាត្មាអញ មិនមានអង្គណៈក្នុងខ្លួន អង្គណៈនេះ ក៏ត្រឡប់ទៅជាមានប្រាកដ ដល់បុគ្គលនោះវិញ បុគ្គលនោះ មិនបានធ្វើទុកក្នុងចិត្ត នូវសុភនិមិត្ត លុះមិនធ្វើទុកក្នុងចិត្ត នូវសុភនិមិត្តនោះហើយ រាគៈ មុខជានឹងមិនតាមកំចាត់ចិត្តបានឡើយ។ បុគ្គលនោះ មុខជាមិនមានរាៈ ទោសៈ មោហៈ មិនមានអង្គណៈ មានចិត្តមិនសៅហ្មង ហើយធ្វើនូវមរណកាលទៅ។ ម្នាលអាវុសោ ដូចជាភាជន៍សំរិទ្ធ ដែលគេនាំយកមកអំពីផ្សារ ឬអំពីត្រកូលជាងលោហៈ ជាភាជន៍ដ៏បរិសុទ្ធ ផូរផង់ បុគ្គលជាម្ចាស់ទាំងឡាយ បានប្រើប្រាស់នូវភាជន៍នោះផង បានដុសខាត់ផង ថែមទាំងមិនទុកភាជន៍នោះ ក្នុងផ្លូវធូលីផង ម្នាលអាវុសោ ក៏កាលបើដូច្នោះ ភាជន៍សំរិទ្ធនោះ លុះសម័យខាងក្រោយមក ទៅជាភាជន៍ដ៏បរិសុទ្ធ ផូរផង់ ក្រៃលែងដែរឬ។ ព្រះមហាមោគ្គល្លាន ក៏ទទួលថា អើ អាវុសោ។ ព្រះសារីបុត្រមានថេរវាចាតទៅទៀតថា ម្នាលអាវុសោ បុគ្គលណា មិនមានអង្គណៈ ដឹងច្បាស់តាមពិតថា អាត្មាអញ មិនមានអង្គណៈក្នុងខ្លួន អង្គណៈនេះ ក៏មានប្រាកដ ដល់បុគ្គលនោះ មុខជាបុគ្គលនោះ មិនបានធ្វើទុកក្នុងចិត្ត ចំពោះសុភនិមិត្ត លុះមិនធ្វើទុកក្នុងចិត្ត នូវសុភនិមិត្តនោះហើយ រាគៈ មុខជានឹងមិនតាមកំចាត់ចិត្ត ក៏ដូច្នោះដែរ។ បុគ្គលនោះ មុខជាមិនមានរាគៈ ទោសៈ មោហៈ មិនមានអង្គណៈ មិនមានចិត្តសៅហ្មង ធ្វើមរណកាលទៅ។ ម្នាលអាវុសោមោគ្គល្លាន ហេតុបច្ច័យនេះឯង ដែលនាំឲ្យមានបុគ្គល មានអង្គណៈទាំងពីរពួកនេះ ហើយបុគ្គលពួកមួយ ប្រាកដថាជាបុរសថោកទាប បុគ្គលពួកមួយទៀត ប្រាកដថាជាបុរសប្រសើរ ម្នាលអាវុសោមោគ្គល្លាន ហេតុបច្ច័យនេះឯង ដែលនាំឲ្យមានបុគ្គល ដែលមិនមានអង្គណៈទាំងពីរពួកនេះ ហើយបុគ្គលពួកមួយ ប្រាកដថាជាបុរសថោកទាប បុគ្គលពួកមួយទៀត ប្រាកដថាជាបុរសប្រសើរ។
[៥៦] ព្រះមហាមោគ្គល្លានដ៏មានអាយុ សួរថា ម្នាលអាវុសោ ពាក្យដែលលោកហៅថា អង្គណៈ អង្គណៈ ដូច្នេះ ម្នាលអាវុសោ ចុះពាក្យថា អង្គណៈ នេះ ជាឈ្មោះនៃវត្ថុអ្វី។ ព្រះសារីបុត្រឆ្លើយថា ម្នាលអាវុសោ ពាក្យថា អង្គណៈ នេះ ជាឈ្មោះនៃអកុសលដ៏លាមក ដែលគ្របសង្កត់ចិត្ត ដោយអំណាចនៃសេចក្តីប្រាថ្នា។
[៥៧] ម្នាលអាវុសោ ហេតុនេះ តែងមានជាប្រាកដ ត្រង់ថា សេចក្តីប្រាថ្នា កើតឡើងដល់ភិក្ខុពួកខ្លះ ក្នុងសាសនានេះ យ៉ាងនេះថា ឱហ្ន៎ អាត្មាអញ ត្រូវអាបត្តិមែនហើយ តែពួកភិក្ខុ មិនដឹងថា អាត្មាអញត្រូវអាបត្តិទេ។ ម្នាលអាវុសោ ហេតុនេះ តែងមានជាប្រាកដ ត្រង់ពាក្យថា ពួកភិក្ខុ ដឹងភិក្ខុនោះថា ជាអ្នកត្រូវអាបត្តិហើយ។ ភិក្ខុនោះ ក៏ខឹង មិនត្រេកអរ ដោយហេតុដូច្នេះថា ពួកភិក្ខុ ដឹងថា អាត្មាអញ ជាអ្នកត្រូវអាបត្តិហើយ។ ម្នាលអាវុសោ សេចក្តីខឹងណាក្តី សេចក្តីមិនត្រេកអរណាក្តី ទាំងពីរនេះឯង ឈ្មោះថា អង្គណៈដែរ។
[៥៨] ម្នាលអាវុសោ ហេតុនេះតែងមានជាប្រាកដ ត្រង់ថា សេចក្តីប្រាថ្នា កើតឡើងដល់ភិក្ខុពួកខ្លះ ក្នុងសាសនានេះ យ៉ាងនេះថា ឱហ្ន៎ អាត្មាអញ ត្រូវអាបត្តិមែនហើយ ពួកភិក្ខុចោទអាត្មាអញ ក្នុងទីស្ងាត់ចុះ សូមកុំចោទក្នុងកណ្តាលជំនុំសង្ឃឡើយ។ ម្នាលអាវុសោ ហេតុនេះ តែងមានជាប្រាកដ ត្រង់ពាក្យថា ពួកភិក្ខុចោទភិក្ខុនោះ ក្នុងកណ្តាលជំនុំសង្ឃ មិនចោទក្នុងទីស្ងាត់។ ភិក្ខុនោះ ខឹង មិនត្រេកអរ ដោយហេតុដូច្នេះថា ពួកភិក្ខុចោទអាត្មាអញ ក្នុងកណ្តាលជំនុំសង្ឃ មិនចោទក្នុងទីស្ងាត់។ ម្នាលអាវុសោ សេចក្តីខឹងណាក្តី សេចក្តីមិនត្រេកអរណាក្តី ទាំងពីរនេះឯង ឈ្មោះថា អង្គណៈដែរ។
[៥៩] ម្នាលអាវុសោ ហេតុនេះ តែងមានជាប្រាកដ ត្រង់ថា សេចក្តីប្រាថ្នា កើតឡើងដល់ភិក្ខុពួកខ្លះ ក្នុងសាសនានេះ យ៉ាងនេះថា អាត្មាអញ ត្រូវអាបត្តិមែនហើយ បុគ្គលស្មើគ្នា គួរចោទអាត្មាអញ បុគ្គលមិនស្មើគ្នា មិនគួរចោទអាត្មាអញទេ។ ម្នាលអាវុសោ ហេតុនេះ តែងមានជាប្រាកដ ត្រង់ថា បុគ្គលមិនស្មើគ្នា ចោទភិក្ខុនោះ បុគ្គលស្មើគ្នា មិនចោទភិក្ខុនោះឡើយ។ ភិក្ខុនោះ ខឹង មិនត្រេកអរ ដោយហេតុដូច្នេះថា បុគ្គលមិនស្មើគ្នា ចោទអាត្មាអញ បុគ្គលស្មើគ្នា មិនចោទអាត្មាអញឡើយ។ ម្នាលអាវុសោ សេចក្តីខឹងណាក្តី សេចក្តីមិនត្រេកអរណាក្តី ទាំងពីរនេះឯង ឈ្មោះថា អង្គណៈដែរ។
[៦០] ម្នាលអាវុសោ ហេតុនេះ តែងមានជាប្រាកដ ត្រង់ថា សេចក្តីប្រាថ្នា កើតឡើងដល់ភិក្ខុពួកខ្លះ ក្នុងសាសនានេះ យ៉ាងនេះថា ឱហ្ន៎ ព្រះសាស្តា គប្បីសួរអាត្មាអញរឿយៗ ហើយទើបសំដែងធម៌ ដល់ពួកភិក្ខុ ព្រះសាស្តាកុំគប្បីសួរភិក្ខុឯទៀតរឿយៗ ហើយសំដែងធម៌ដល់ពួកភិក្ខុឡើយ។ ម្នាលអាវុសោ ហេតុនេះ តែងមានជាប្រាកដ ត្រង់ថា ព្រះសាស្តា សួរភិក្ខុឯទៀតរឿយៗ ហើយសំដែងធម៌ ដល់ពួកភិក្ខុ ព្រះសាស្តា មិនសួរភិក្ខុនោះរឿយៗ ហើយសំដែងធម៌ ដល់ពួកភិក្ខុឡើយ។ ភិក្ខុនោះ ខឹង មិនត្រេកអរ ដោយហេតុដូច្នេះថា ព្រះសាស្តា សួរតែភិក្ខុឯទៀតរឿយៗ ហើយសំដែងធម៌ ដល់ពួកភិក្ខុ ព្រះសាស្តា មិនសួរអាត្មាអញរឿយៗ ហើយសំដែងធម៌ ដល់ពួកភិក្ខុ។ ម្នាលអាវុសោ សេចក្តីខឹងណាក្តី សេចក្តីមិនត្រេកអរណាក្តី ទាំងពីរនេះឯង ឈ្មោះថា អង្គណៈដែរ។
[៦១] ម្នាលអាវុសោ ហេតុនេះ តែងមានជាប្រាកដ ត្រង់ថា សេចក្តីប្រាថ្នា កើតឡើងដល់ភិក្ខុពួកខ្លះ ក្នុងសាសនានេះ យ៉ាងនេះថា ធ្វើម្តេចហ្ន៎ ពួកភិក្ខុគប្បីចោមរោមអាត្មាអញ ចូលទៅកាន់ស្រុក ដើម្បីភត្ត ពួកភិក្ខុ កុំគប្បីចោមរោមភិក្ខុឯទៀត ចូលទៅកាន់ស្រុក ដើម្បីភត្តឡើយ។ ម្នាលអាវុសោ ហេតុនេះ តែងមានជាប្រាកដ ត្រង់ថា ពួកភិក្ខុ គប្បីចោមរោមភិក្ខុឯទៀតរឿយៗ ចូលទៅកាន់ស្រុក ដើម្បីភត្ត ពួកភិក្ខុ មិនគប្បីចោមរោមភិក្ខុនោះរឿយៗ ចូលទៅកាន់ស្រុក ដើម្បីភត្ត។ ភិក្ខុនោះ ខឹង មិនត្រេកអរ ដោយហេតុដូច្នេះថា ពួកភិក្ខុ ចោមរោមភិក្ខុឯទៀតរឿយៗ ចូលទៅកាន់ស្រុក ដើម្បីភត្ត ពួកភិក្ខុគប្បីចោមរោមអាត្មាអញ ចូលទៅកាន់ស្រុក ដើម្បីភត្ត ពួកភិក្ខុ មិនចោមរោមអាត្មាអញរឿយៗ ចូលទៅកាន់ស្រុក ដើម្បីភត្ត។ ម្នាលអាវុសោ សេចក្តីខឹងណាក្តី សេចក្តីមិនត្រេកអរណាក្តី ទាំងពីរនេះឯង ឈ្មោះថា អង្គណៈដែរ។
[៦២] ម្នាលអាវុសោ ហេតុនេះ តែងមានជាប្រាកដ ត្រង់ថា សេចក្តីប្រាថ្នា កើតឡើងដល់ភិក្ខុពួកខ្លះ ក្នុងសាសនានេះ យ៉ាងនេះថា ឱហ្ន៎ អាត្មាអញ គប្បីបានសេនាសនៈដ៏ប្រសើរ ទឹកដ៏ប្រសើរ ចង្ហាន់បិណ្ឌបាតដ៏ប្រសើរ ក្នុងរោងភត្ត ភិក្ខុឯទៀត កុំគប្បីបានសេនាសនៈដ៏ប្រសើរ ទឹកដ៏ប្រសើរ ចង្ហាន់បិណ្ឌបាតដ៏ប្រសើរ ក្នុងរោងភត្តឡើយ។ ម្នាលអាវុសោ ហេតុនេះ តែងមានជាប្រាកដ ត្រង់ថា ភិក្ខុឯទៀត គប្បីបានសេនាសនៈដ៏ប្រសើរ ទឹកដ៏ប្រសើរ ចង្ហាន់បិណ្ឌបាតដ៏ប្រសើរ ក្នុងរោងភត្ត ភិក្ខុនោះ មិនគប្បីបានសេនាសនៈដ៏ប្រសើរ ទឹកដ៏ប្រសើរ ចង្ហាន់បិណ្ឌបាតដ៏ប្រសើរ ក្នុងរោងភត្ត។ ភិក្ខុនោះ ខឹង មិនត្រេកអរ ដោយហេតុដូច្នេះថា ភិក្ខុឯទៀត បានសេនាសនៈដ៏ប្រសើរ ទឹកដ៏ប្រសើរ ចង្ហាន់បិណ្ឌបាតដ៏ប្រសើរ ក្នុងរោងភត្ត អាត្មាអញ មិនបានសេនាសនៈដ៏ប្រសើរ ទឹកដ៏ប្រសើរ ចង្ហាន់បិណ្ឌបាតដ៏ប្រសើរ ក្នុងរោងភត្តឡើយ។ ម្នាលអាវុសោ សេចក្តីខឹងណាក្តី សេចក្តីមិនត្រេកអរណាក្តី ទាំងពីរនេះឯង ឈ្មោះថា អង្គណៈដែរ។
[៦៣] ម្នាលអាវុសោ ហេតុនេះ តែងមានជាប្រាកដ ត្រង់ថា សេចក្តីប្រាថ្នា កើតឡើងដល់ភិក្ខុពួកខ្លះ ក្នុងសាសនានេះ យ៉ាងនេះថា ឱហ្ន៎ អាត្មាអញឆាន់ ហើយបានអនុមោទនា ក្នុងរោងភត្ត ភិក្ខុឯទៀតឆាន់ហើយ មិនគប្បីបានអនុមោទនា ក្នុងរោងភត្តឡើយ។ ម្នាលអាវុសោ ហេតុនេះ តែងមានជាប្រាកដ ត្រង់ថា ភិក្ខុឯទៀតឆាន់ហើយ គប្បីអនុមោទនា ក្នុងរោងភត្ត ភិក្ខុនោះឆាន់ហើយ មិនគប្បីបានអនុមោទនា ក្នុងរោងភត្តឡើយ។ ភិក្ខុនោះ ខឹង មិនត្រេកអរ ដោយហេតុដូច្នេះថា ភិក្ខុឯទៀតឆាន់ហើយ បានអនុមោទនា ក្នុងរោងភត្ត អាត្មាអញឆាន់ហើយ មិនបានអនុមោទនា ក្នុងរោងភត្តឡើយ។ ម្នាលអាវុសោ សេចក្តីខឹងណាក្តី សេចក្តីមិនត្រេកអរណាក្តី ទាំងពីរនេះឯង ឈ្មោះថា អង្គណៈដែរ។
[៦៤] ម្នាលអាវុសោ ហេតុនេះ តែងមានជាប្រាកដ ត្រង់ថា សេចក្តីប្រាថ្នា កើតឡើងដល់ភិក្ខុពួកខ្លះ ក្នុងសាសនានេះ យ៉ាងនេះថា ឱហ្ន៎ អាត្មាអញគប្បីសំដែងធម៌ ដល់ពួកភិក្ខុ ដែលឋិតនៅក្នុងអារាម ភិក្ខុឯទៀត មិនគប្បីសំដែងធម៌ ដល់ពួកភិក្ខុ ដែលឋិតនៅក្នុងអារាមឡើយ។ ម្នាលអាវុសោ ហេតុនេះ តែងមានជាប្រាកដ ត្រង់ថា ភិក្ខុឯទៀត សំដែងធម៌ ដល់ពួកភិក្ខុ ដែលឋិតនៅក្នុងអារាម ភិក្ខុនោះ មិនគប្បីសំដែងធម៌ ដល់ពួកភិក្ខុ ដែលឋិតនៅក្នុងអារាមឡើយ។ ភិក្ខុនោះ ខឹង មិនត្រេកអរ ដោយហេតុដូច្នេះថា ភិក្ខុឯទៀតបានសំដែងធម៌ ដល់ពួកភិក្ខុ ដែលឋិតនៅក្នុងអារាម អាត្មាអញ មិនបានសំដែងធម៌ ដល់ពួកភិក្ខុ ដែលឋិតនៅក្នុងអារាម។ ម្នាលអាវុសោ សេចក្តីខឹងណាក្តី សេចក្តីមិនត្រេកអរណាក្តី ទាំងពីរនេះឯង ឈ្មោះថា អង្គណៈដែរ។
[៦៥] ម្នាលអាវុសោ ហេតុនេះ តែងមានជាប្រាកដ ត្រង់ថា សេចក្តីប្រាថ្នា កើតឡើងដល់ភិក្ខុពួកខ្លះ ក្នុងសាសនានេះ យ៉ាងនេះថា ឱហ្ន៎ អាត្មាអញគប្បីសំដែងធម៌ ដល់ពួកភិក្ខុនី ដែលឋិតនៅក្នុងអារាម។បេ។ គប្បីសំដែងធម៌ ដល់ពួកឧបាសក។បេ។ គប្បីសំដែងធម៌ ដល់ពួកឧបាសិកា ភិក្ខុឯទៀត មិនគប្បីសំដែងធម៌ ដល់ពួកឧបាសិកា ដែលមកកាន់អារាម។ ម្នាលអាវុសោ ហេតុនេះ តែងមានជាប្រាកដ ត្រង់ថា ភិក្ខុឯទៀត សំដែងធម៌ ដល់ពួកឧបាសិកា ដែលមកកាន់អារាម ភិក្ខុនោះ មិនគប្បីសំដែងធម៌ ដល់ពួកឧបាសិកា ដែលមកកាន់អារាម។ ភិក្ខុនោះ ខឹង មិនត្រេកអរ ដោយហេតុដូច្នេះថា ភិក្ខុឯទៀតបានសំដែងធម៌ ដល់ពួកឧបាសិកា ដែលមកកាន់អារាម អាត្មាអញ មិនបានសំដែងធម៌ ដល់ពួកឧបាសិកា ដែលមកកាន់អារាម។ ម្នាលអាវុសោ សេចក្តីខឹងណាក្តី សេចក្តីមិនត្រេកអរណាក្តី ទាំងពីរនេះឯង ឈ្មោះថា អង្គណៈដែរ។
[៦៦] ម្នាលអាវុសោ ហេតុនេះ តែងមានជាប្រាកដ ត្រង់ថា សេចក្តីប្រាថ្នា កើតឡើងដល់ភិក្ខុពួកខ្លះ ក្នុងសាសនានេះ យ៉ាងនេះថា ឱហ្ន៎ ពួកភិក្ខុគប្បីធ្វើសក្ការៈ គោរព រាប់អាន បូជាអាត្មាអញ ពួកភិក្ខុមិនគប្បីធ្វើសក្ការៈ គោរព រាប់អាន បូជាភិក្ខុឯទៀតឡើយ។ ម្នាលអាវុសោ ហេតុនេះ តែងមានជាប្រាកដ ត្រង់ថា ពួកភិក្ខុគប្បីធ្វើសក្ការៈ គោរព រាប់អាន បូជាភិក្ខុឯទៀត ពួកភិក្ខុ មិនគប្បីធ្វើសក្ការៈ គោរព រាប់អាន បូជាភិក្ខុនោះឡើយ។ ភិក្ខុនោះ ខឹង មិនត្រេកអរ ដោយហេតុដូច្នេះថា ពួកភិក្ខុធ្វើសក្ការៈ គោរព រាប់អាន បូជាភិក្ខុឯទៀត ពួកភិក្ខុមិនធ្វើសក្ការៈ គោរព រាប់អាន បូជាអាត្មាអញ។ ម្នាលអាវុសោ សេចក្តីខឹងណាក្តី សេចក្តីមិនត្រេកអរណាក្តី ទាំងពីរនេះឯង ឈ្មោះថា អង្គណៈដែរ។
[៦៧] ម្នាលអាវុសោ ហេតុនេះ តែងមានជាប្រាកដ ត្រង់ថា សេចក្តីប្រាថ្នា កើតឡើងដល់ភិក្ខុពួកខ្លះ ក្នុងសាសនានេះ យ៉ាងនេះថា ឱហ្ន៎ ពួកភិក្ខុនេះ។បេ។ ពួកឧបាសក។បេ។ ពួកឧបាសិកា គប្បីធ្វើសក្ការៈ គោរព រាប់អាន បូជាអាត្មាអញ ពួកឧបាសិកា មិនគប្បីធ្វើសក្ការៈ គោរព រាប់អាន បូជាភិក្ខុឯទៀតឡើយ។ ម្នាលអាវុសោ ហេតុនេះ តែងមានជាប្រាកដ ត្រង់ថា ពួកឧបាសិកា គប្បីធ្វើសក្ការៈ គោរព រាប់អាន បូជាភិក្ខុឯទៀត ពួកឧបាសិកា មិនគប្បីធ្វើសក្ការៈ គោរព រាប់អាន បូជាភិក្ខុនោះ។ ភិក្ខុនោះ ខឹង មិនត្រេកអរ ដោយហេតុដូច្នេះថា ពួកឧបាសិកា ធ្វើសក្ការៈ គោរព រាប់អាន បូជាភិក្ខុឯទៀត ពួកឧបាសិកា មិនធ្វើសក្ការៈ គោរព រាប់អាន បូជាអាត្មាអញឡើយ។ ម្នាលអាវុសោ សេចក្តីខឹងណាក្តី សេចក្តីមិនត្រេកអរណាក្តី ទាំងពីរនេះឯង ឈ្មោះថា អង្គណៈដែរ។
[៦៨] ម្នាលអាវុសោ ហេតុនេះ តែងមានជាប្រាកដ ត្រង់ថា សេចក្តីប្រាថ្នា កើតឡើងដល់ភិក្ខុពួកខ្លះ ក្នុងសាសនានេះ យ៉ាងនេះថា ឱហ្ន៎ អាត្មាអញ គប្បីបានចីវរដ៏ប្រសើរ ភិក្ខុឯទៀតកុំគប្បីបានចីវរដ៏ប្រសើរឡើយ។ ម្នាលអាវុសោ ហេតុនេះ តែងមានជាប្រាកដ ត្រង់ថា ភិក្ខុឯទៀត គប្បីបានចីវរដ៏ប្រសើរ ភិក្ខុនោះ មិនគប្បីបានចីវរដ៏ប្រសើរ។ ភិក្ខុនោះ ខឹង មិនត្រេកអរ ដោយហេតុដូច្នេះថា ភិក្ខុឯទៀត បានចីវរដ៏ប្រសើរ អាត្មាអញ មិនបានចីវរដ៏ប្រសើរ។ ម្នាលអាវុសោ សេចក្តីខឹងណាក្តី សេចក្តីមិនត្រេកអរណាក្តី ទាំងពីរនេះឯង ឈ្មោះថា អង្គណៈដែរ។
[៦៩] ម្នាលអាវុសោ ហេតុនេះ តែងមានជាប្រាកដ ត្រង់ថា សេចក្តីប្រាថ្នា កើតឡើងដល់ភិក្ខុពួកខ្លះ ក្នុងសាសនានេះ យ៉ាងនេះថា ឱហ្ន៎ អាត្មាអញ គប្បីបានចង្ហាន់បិណ្ឌបាតដ៏ប្រសើរ។បេ។ សេនាសនៈដ៏ប្រសើរ។បេ។ គិលានប្បច្ចយភេសជ្ជបរិក្ខារដ៏ប្រសើរ ភិក្ខុឯទៀតកុំគប្បីបានគិលានប្បច្ចយភេសជ្ជបរិក្ខារដ៏ប្រសើរឡើយ។ ម្នាលអាវុសោ ហេតុនេះ តែងមានជាប្រាកដ ត្រង់ថា ភិក្ខុឯទៀត គប្បីបានគិលានប្បច្ចយភេសជ្ជបរិក្ខារដ៏ប្រសើរ ភិក្ខុនោះ មិនគប្បីបានគិលានប្បច្ចយភេសជ្ជបរិក្ខារដ៏ប្រសើរឡើយ។ ភិក្ខុនោះ ខឹង មិនត្រេកអរ ដោយហេតុដូច្នេះថា ភិក្ខុឯទៀត បាននូវគិលានប្បច្ចយភេសជ្ជបរិក្ខារដ៏ប្រសើរ អាត្មាអញ មិនបាននូវគិលានប្បច្ចយភេសជ្ជបរិក្ខារដ៏ប្រសើរឡើយ។ ម្នាលអាវុសោ សេចក្តីខឹងណាក្តី សេចក្តីមិនត្រេកអរណាក្តី ទាំងពីរនេះឯង ឈ្មោះថា អង្គណៈដែរ។ ម្នាលអាវុសោ ពាក្យថា អង្គណៈ នេះ ជាឈ្មោះអកុសលដ៏លាមក ដែលគ្របសង្កត់ចិត្ត ដោយអំណាចសេចក្តីប្រាថ្នានេះឯង។
[៧០] ម្នាលអាវុសោ អកុសលដ៏លាមក ដែលគ្របសង្កត់ចិត្ត ដោយអំណាចសេចក្តីប្រាថ្នាទាំងនេះ ភិក្ខុណានីមួយ មិនលះបង់ចោលហើយ អ្នកផងឃើញច្បាស់ផង ឮច្បាស់ផង។ បើទុកជាភិក្ខុនោះ ប្រព្រឹត្តអារញ្ញកធុតង្គ មានសេនាសនៈស្ងាត់ ប្រព្រឹត្តបិណ្ឌបាតិកធុតង្គ សបទានចារិកធុតង្គ បំសុកូលិកធុតង្គ ទ្រទ្រង់ចីវរសៅហ្មង ក៏គង់តែពួកសព្រហ្មចារី មិនធ្វើសក្ការៈ មិនគោរព មិនរាប់អាន មិនបូជាភិក្ខុនោះឡើយ។ ដំណើរនោះ ព្រោះហេតុអ្វី។ ព្រោះថា អកុសលដ៏លាមក ដែលគ្របសង្កត់ចិត្ត ដោយអំណាចសេចក្តីប្រាថ្នាទាំងនោះ លោកមានអាយុនោះ មិនលះបង់ចោល អ្នកផងឃើញច្បាស់ផង ឮច្បាស់ផង។ ម្នាលអាវុសោ ដូចជាភាជន៍សំរិទ្ធ ដែលគេយកមកអំពីផ្សារ ឬអំពីត្រកូលជាងលោហៈ ជាភាជន៍បរិសុទ្ធ ផូរផង់។ បុគ្គលជាម្ចាស់ទាំងឡាយ យកសាកសពពស់ ឬសាកសពឆ្កែ ឬសាកសពមនុស្ស ដាក់ពេញក្នុងភាជន៍នោះ ហើយគ្របដោយភាជន៍សំរិទ្ធដទៃ ហើយដើរទៅក្នុងចន្លោះផ្សារ។ អ្នកផងឃើញភាជន៍នោះហើយ និយាយយ៉ាងនេះថា ម្នាលអ្នកដ៏ចំរើន ភាជន៍នេះ ហាក់ដូចជាទីពេញចិត្តក្រៃលែង អ្នកឯងនាំទៅធ្វើអ្វីអេះ។ លុះអ្នកផងក្រោកឡើង ហើយបើកភាជន៍នោះមើល សេចក្តីមិនគាប់ចិត្តក្តី សេចក្តីខ្ពើមរអើមក្តី សេចក្តីធុញទ្រាន់ក្តី ក៏តាំងឡើងប្រាកដដល់គេ ក្នុងខណៈដែលបានឃើញ សូម្បីបុគ្គលដែលស្រេកឃ្លានហើយ ក៏មិនគួរប្រាថ្នានឹងបរិភោគឡើយ នឹងបាច់និយាយថ្វី ដល់ពួកជន ដែលបរិភោគឆ្អែតហើយ ម្នាលអាវុសោ អកុសលដ៏លាមក ដែលគ្របសង្កត់ចិត្ត ដោយអំណាចសេចក្តីប្រាថ្នាទាំងនេះ ដែលភិក្ខុណានីមួយ មិនទាន់លះចោលហើយ អ្នកផងឃើញច្បាស់ផង ឮច្បាស់ផង ក៏យ៉ាងនោះឯង។ បើទុកជាភិក្ខុនោះ ប្រព្រឹត្តអារញ្ញកធុតង្គ មានសេនាសនៈស្ងាត់ ប្រព្រឹត្តបិណ្ឌបាតិកធុតង្គ សបទានចារិកធុតង្គ បំសុកូលិកធុតង្គ ទ្រទ្រង់ចីវរសៅហ្មង ក៏គង់តែពួកសព្រហ្មចារី មិនធ្វើសក្ការៈ មិនគោរព មិនរាប់អាន មិនបូជាភិក្ខុនោះឡើយ។ ដំណើរនោះ ព្រោះហេតុអ្វី។ ព្រោះថា អកុសលដ៏លាមក ដែលគ្របសង្កត់ចិត្ត ដោយអំណាចសេចក្តីប្រាថ្នានោះ លោកដ៏មានអាយុនោះ មិនទាន់លះចោល អ្នកផងឃើញច្បាស់ផង ឮច្បាស់ផង។
[៧១] ម្នាលអាវុសោ អកុសលដ៏លាមក ដែលគ្របសង្កត់ចិត្ត ដោយអំណាចនៃសេចក្តីប្រាថ្នាទាំងនេះ ដែលភិក្ខុណានីមួយ លះចោលហើយ អ្នកផងឃើញច្បាស់ផង ឮច្បាស់ផង។ បើទុកជាភិក្ខុនោះ ជាអ្នកនៅក្នុងស្រុក ត្រេកអរនឹងការនិមន្តន៍ ទ្រទ្រង់នូវគហបតិចីវរ ក៏គង់តែពួកសព្រហ្មចារី តែងធ្វើសក្ការៈ គោរព រាប់អាន បូជាភិក្ខុនោះ។ ដំណើរនោះ ព្រោះហេតុអ្វី។ ព្រោះថា អកុសលដ៏លាមក ដែលគ្របសង្កត់ចិត្ត ដោយអំណាចសេចក្តីប្រាថ្នាទាំងនោះ លោកមានអាយុនោះ លះចោលហើយ អ្នកផងឃើញច្បាស់ផង ឮច្បាស់ផង។ ម្នាលអាវុសោ ដូចជាភាជន៍សំរិទ្ធ ដែលគេយកមកអំពីផ្សារ ឬអំពីត្រកូលជាងលោហៈ ជាភាជន៍បរិសុទ្ធ ផូរផង់។ បុគ្គលជាម្ចាស់ទាំងឡាយ យកបាយស្រូវសាលី ដែលប្រាសចាកពណ៌ខ្មៅ មានសម្ល និងម្ហូបក្រៀមច្រើនមុខ ដាក់ពេញក្នុងភាជន៍នោះ ហើយគ្របដោយភាជន៍សំរិទ្ធដទៃ ហើយដើរទៅក្នុងចន្លោះផ្សារ។ ជនឃើញភាជន៍នោះហើយ និយាយយ៉ាងនេះថា ម្នាលអ្នកដ៏ចំរើន ភាជន៍នេះ ហាក់ដូចជាទីពេញចិត្តក្រៃលែង អ្នកឯងនាំទៅធ្វើអ្វីអេះ។ លុះជននោះស្ទុះទៅបើកភាជន៍នោះមើល សេចក្តីគាប់ចិត្តក្តី សេចក្តីមិនខ្ពើមរអើមក្តី សេចក្តីមិនធុញទ្រាន់ក្តី ក៏តាំងឡើងប្រាកដដល់ជននោះ ក្នុងខណៈដែលបានឃើញ សូម្បីតែពួកជន ដែលបរិភោគឆ្អែតហើយ ក៏គួរចង់បរិភោគទៀត នឹងបាច់និយាយថ្វី ដល់ពួកជន ដែលស្រែកឃ្លាននោះ ម្នាលអាវុសោ អកុសលដ៏លាមក ដែលគ្របសង្កត់ចិត្ត ដោយអំណាចនៃសេចក្តីប្រាថ្នាទាំងនេះ ដែលភិក្ខុណានីមួយ លះចោលហើយ អ្នកផងឃើញច្បាស់ផង ឮច្បាស់ផង ក៏យ៉ាងនោះឯង។ បើទុកជាភិក្ខុនោះ ជាអ្នកនៅក្នុងសុ្រក ត្រេកអរនឹងការនិមន្តន៍ ទ្រទ្រង់នូវគហបតិចីវរ ក៏គង់តែពួកសព្រហ្មចារី តែងធ្វើសក្ការៈ គោរព រាប់អាន បូជាភិក្ខុនោះ។ ដំណើរនោះ ព្រោះហេតុអ្វី។ ព្រោះថា អកុសលដ៏លាមក ដែលគ្របសង្កត់ចិត្ត ដោយអំណាចសេចក្តីប្រាថ្នាទាំងនោះ លោកមានអាយុនោះ លះចោលហើយ អ្នកផងឃើញច្បាស់ផង ឮច្បាស់ផង។
[៧២] កាលបើព្រះសារីបុត្រ មានថេរវាចាយ៉ាងនេះហើយ ព្រះមហាមោគ្គល្លានមានអាយុ ក៏បាននិយាយពាក្យនេះ ទៅនឹងព្រះសារីបុត្រមានអាយុថា ម្នាលអាវុសោសារីបុត្រ ខ្ញុំសូមទាញយកពាក្យឧបមា មកសំដែងឥឡូវនេះ។ ព្រះសារីបុត្រតបថា ម្នាលអាវុសោមោគ្គល្លាន ចូរលោកទាញយកពាក្យឧបមា មកសំដែងចុះ។ ព្រះមហាមោគ្គល្លានមានអាយុ មានថេរវាចាតទៅថា ម្នាលអាវុសោ សម័យមួយ ខ្ញុំនៅក្នុងក្រុងរាជគ្រឹះ ដែលមានភ្នំព័ទ្ធជុំវិញដូចក្រោល។ ម្នាលអាវុសោ កាលនោះ ខ្ញុំស្លៀកស្បង់ ប្រដាប់ដោយបាត្រ និងចីវរ ចូលទៅក្រុងរាជគ្រឹះ ដើម្បីបិណ្ឌបាត ក្នុងបុព្វណ្ហសម័យ។ សម័យនោះឯង សមីតិមាណព ជាកូនជាងរថ កំពុងចាំងខ្នងកង់រថ។ ទើបអាជីវក (ម្នាក់) ឈ្មោះ បណ្ឌុបុត្រ ជាកូនជាងរថជាន់ចាស់ ចូលមកឈរជិតសមីតិមាណពនោះដែរ។ ម្នាលអាវុសោ លំដាប់នោះ អាជីវកឈ្មោះបណ្ឌុបុត្រ ជាកូនជាងរថជាន់ចាស់ មានសេចក្តីត្រិះរិះ ក្នុងចិត្តកើតឡើង យ៉ាងនេះថា ឱហ្ន៎ សមីតិមាណព ជាកូនជាងរថនេះ ចាំងឈើកោងនេះផង ឈើវៀចនេះផង ឈើប្រកបដោយទោស [ឈើដែលជាប់ស្រាយ និងមានពក រដិបរដុប មិនស្មើជាដើម។] នេះផង ដើម្បីធ្វើខ្នងកង់នេះ ខ្នងកង់នេះឯង ត្រឡប់ទៅជាខ្នងកង់មិនកោង មិនវៀច មិនប្រកបដោយទោស ជាខ្នងកង់ដ៏បរិសុទ្ធ នៅសុទ្ធតែខ្លឹម។ ម្នាលអាវុសោ អាជីវកឈ្មោះបណ្ឌុបុត្រ ជាកូនជាងរថជាន់ចាស់ មានសេចក្តីត្រិះរិះក្នុងចិត្តយ៉ាងណាៗ ក៏សមីតិមាណព ជាកូនជាងរថ ចាំងឈើកោងនោះផង ឈើវៀចនោះផង ឈើប្រកបដោយទោសនោះផង ដើម្បីធ្វើខ្នងកង់រថនោះយ៉ាងនោះៗដែរ។ ម្នាលអាវុសោ លំដាប់នោះ អាជីវកឈ្មោះបណ្ឌុបុត្រ ជាកូនជាងរថជាន់ចាស់ មានចិត្តរីករាយ ហើយបញ្ចេញវាចាគួរជាទីរីករាយថា សមីតិមាណពនេះ ហាក់ដូចជាដឹងចិត្ត ដោយចិត្ត ហើយទើបចាំង (នូវឈើ)។ ម្នាលអាវុសោ ពួកបុគ្គលណា ដែលមិនមានសទ្ធា ត្រូវការតែនឹងចិញ្ចឹមជីវិត ចេញចាកផ្ទះ ហើយចូលទៅកាន់ផ្នួស ដោយមិនមានសទ្ធា ជាអ្នកអួតអាង ជាអ្នកមានមាយា ជាអ្នកបោកប្រាស ជាអ្នកមានចិត្តរាយមាយ លើកកំពស់ មានចិត្តឃ្លេងឃ្លោង មានមាត់រឹង មានសំដីផ្តេសផ្តាស មិនគ្រប់គ្រងទ្វារ ក្នុងឥន្ទ្រិយទាំងឡាយ មិនដឹងប្រមាណក្នុងភោជន មិនប្រកបក្នុងការភ្ញាក់រលឹក មិនបានក្រឡេកមើល ក្នុងធម៌របស់សមណៈ (ផ្នួស) មិនមានសេចក្តីគោរពដ៏ក្លៀវក្លាក្នុងសិក្ខា ជាអ្នកល្មោភ មានសេចក្តីព្យាយាមធូរថយ ជាប្រធាន ខាងការប្រព្រឹត្តជ្រោកជ្រាក ដាក់ចោលនូវធុរៈក្នុងវិវេក ខ្ជិលច្រអូស មានព្យាយាមថោកថយ មានសតិភ្លេចភ្លាំង មិនមានសម្បជញ្ញៈ មិនបានតាំងចិត្តមាំ មានចិត្តវិលទៅរកខុស ជាមនុស្សអប្បឥតប្រាជ្ញា ជាមនុស្សខ្លៅ ព្រះសារីបុត្រដ៏មានអាយុ ហាក់ដូចជាដឹងចិត្ត របស់ជនទាំងឡាយនោះ ដោយចិត្ត ហើយទើបទូន្មានតាមធម្មបរិយាយនេះឯង។ ចំណែកខាងពួកកុលបុត្រណា មានសទ្ធា ចេញចាកផ្ទះ ចូលទៅកាន់ផ្នួស មិនមែនជាអ្នកអួតអាង មិនមានមាយា មិនមែនជាអ្នកបោកប្រាស មិនមានចិត្តរាយមាយ មិនលើកកំពស់ មិនមានចិត្តឃ្លេងឃ្លោង មិនមានមាត់រឹង មិនមានសំដីផ្តេសផ្តាស គ្រប់គ្រងទ្វារ ក្នុងឥន្ទ្រិយទាំងឡាយ ដឹងប្រមាណក្នុងភោជន ប្រកបរឿយៗ ក្នុងការភ្ញាក់រលឹក មានការក្រឡេកមើល ក្នុងសមណៈធម៌ មានសេចក្តីគោរពក្លៀវក្លា ក្នុងសិក្ខា មិនល្មោភ មិនប្រព្រឹត្តធូរ ដាក់ធុរៈចោល ក្នុងការប្រព្រឹត្តជ្រោកជ្រាក ជាប្រធានក្នុងវិវេកធម៌ មានព្យាយាមតឹង មានចិត្តបញ្ជូនទៅកាន់ (ព្រះនិព្វាន) មានសតិខ្ជាប់ខ្ជួន មានសម្បជញ្ញៈ មានសមាធិ មានចិត្តនឹង នៅក្នុងអារម្មណ៍តែមួយ មានប្រាជ្ញា មិនមែនជាមនុស្សខ្លៅ លុះកុលបុត្រទាំងនោះ បានស្តាប់ធម្មបរិយាយនេះ របស់ព្រះសារីបុត្រដ៏មានអាយុហើយ ក៏ហាក់ដូចជាបានក្រេបផឹក បានលេបដោយពាក្យសំដី និងចិត្តដូច្នេះថា ឱហ្ន៎ ព្រះសារីបុត្រ ជាសព្រហ្មចារីបុគ្គល រមែង (ញុំាងពួកយើង) ឲ្យឃ្លាតចាកអកុសល ហើយឲ្យតាំងនៅក្នុងកុសល ដោយប្រពៃបាន។ ម្នាលអាវុសោ ដូចជាស្រី ឬប្រុសជំទង់ ឬកំឡោះ កំពុងចូលចិត្តនឹងការប្រដាប់កាយ កក់សីសៈរួចហើយ បាននូវកម្រងផ្កាឧប្បល ឬកម្រងផ្កាម្លិះ និងកម្រងផ្ការំដួល ក៏ទទួលយកដោយដៃទាំងពីរ ហើយតម្កល់លើសិរសា ជាអវយវៈដ៏ខ្ពង់ខ្ពស់ ម្នាលអាវុសោ ពួកកុលបុត្រណា មានសទ្ធា ចេញចាកផ្ទះ ចូលទៅកាន់ផ្នួស មិនមែនជាអ្នកអួតអាង មិនមានមាយា មិនមែនជាអ្នកបោកប្រាស មិនមានចិត្តរាយមាយ មិនលើកកំពស់ មិនមានចិត្តឃ្លេងឃ្លោង មិនមានមាត់រឹង មិនមានសំដីផ្តេសផ្តាស គ្រប់គ្រងទ្វារ ក្នុងឥន្ទ្រិយទាំងឡាយ ដឹងប្រមាណក្នុងភោជន ប្រកបរឿយៗ ក្នុងការភ្ញាក់រលឹក មានការក្រឡេកមើល ក្នុងសមណៈធម៌ មានសេចក្តីគោរពក្លៀវក្លា ក្នុងសិក្ខា ជាអ្នកមិនល្មោភ មិនប្រព្រឹត្តធូរ ជាអ្នកដាក់ធុរៈចោល ក្នុងការប្រព្រឹត្តជ្រោកជ្រាក ជាប្រធានក្នុងវិវេកធម៌ មានព្យាយាមតឹង មានចិត្តបញ្ជូនទៅកាន់ (ព្រះនិព្វាន) មានសតិខ្ជាប់ខ្ជួន មានសម្បជញ្ញៈ មានសមាធិ មានចិត្តនឹង នៅក្នុងអារម្មណ៍តែមួយ ជាអ្នកមានប្រាជ្ញា មិនមែនជាមនុស្សខ្លៅ កុលបុត្រទាំងនោះ បានស្តាប់ធម្មបរិយាយនេះ របស់ព្រះសារីបុត្រដ៏មានអាយុហើយ ក៏ហាក់ដូចជាបានក្រេបផឹក បានលេប ដោយពាក្យសំដី នឹងចិត្តដូច្នេះថា ឱហ្ន៎ ព្រះសារីបុត្រ ជាសព្រហ្មចារីបុគ្គល រមែង (ញុំាងពួកយើង) ឲ្យឃ្លាតចាកអកុសល ហើយឲ្យតម្កល់នៅក្នុងកុសល ដោយប្រពៃ ដូចសេចក្តីឧបមានេះឯង។ ព្រះមហានាគ [អដ្ឋកថា ថា អគ្គសាវ័កទាំងពីរអង្គ គឺ ព្រះសារីបុត្រ១ ព្រះមហាមោគ្គល្លាន១ ទាំងពីរអង្គនេះ លោកហៅថា មហានាគ។ (មួយទៀត) ព្រះថេរទាំងពីរអង្គនោះ រមែងមិនលំអៀងទៅតាមអគតិ មានឆន្ទាគតិ ជាដើម ហៅថា នាគ។ (ម្យ៉ាងទៀត) បុគ្គលដែលលែងមកកាន់កិលេស ដែលលោកលះបង់កិលេសបានហើយ ក៏ហៅថា នាគ។ (មួយវិញទៀត) លោកលែងធ្វើកម្ម ដ៏លាមក មានប្រការផ្សេងៗ ក៏ហៅថា នាគដែរ។] ទាំងពីរអង្គនោះ រីករាយ ចំពោះសុភាសិតរបស់គ្នាទៅវិញទៅមក ដោយប្រការយ៉ាងនេះឯង។
ចប់ អនង្គណសូត្រ ជាគំរប់៥។
អាកង្ខេយ្យសូត្រ ទី៦
[៧៣] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងជេតវនារាម របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយមក ក្នុងទីនោះថា ម្នាលភិក្ខុទាំងឡាយ។ ភិក្ខុទាំងនោះ ក៏ទទួលព្រះពុទ្ធដីកាព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គ។ ព្រះមានព្រះភាគ មានព្រះពុទ្ធដីកាដូច្នេះថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរជាអ្នកមានសីលបរិបូណ៌ មានបាតិមោក្ខបរិបូណ៌ សង្រួមក្នុងបាតិមោក្ខសំវរៈ ចូរជាអ្នកមានអាចារៈ និងគោចរដ៏បរិបូណ៌ ឃើញភ័យក្នុងទោសត្រឹមតែបន្តិចបន្តួច សមាទានសិក្សា ក្នុងសិក្ខាបទទាំងឡាយ។
[៧៤] ម្នាលភិក្ខុទាំងឡាយ បើភិក្ខុប្រាថ្នាថា អាត្មាអញ គប្បីជាទីស្រឡាញ់ផង ជាទីពេញចិត្តផង ជាទីគោរពផង ជាទីសរសើរផង របស់ពួកសព្រហ្មចារី ដូច្នេះ គួរធ្វើសីលឲ្យបរិបូណ៌ ប្រកបក្នុងការរម្ងាប់នូវចិត្តព្ធដ៏ខាងក្នុង មានឈានមិនសាបសូន្យ ប្រកបដោយវិបស្សនា ហើយចំរើននូវសុញ្ញាគារស្ថាន [ភិក្ខុរៀនកម្មដ្ឋាន ហើយចូលទៅកាន់ផ្ទះស្ងាត់ អង្គុយនៅទាំងយប់ទាំងថ្ងៃ។]។
[៧៥] ម្នាលភិក្ខុទាំងឡាយ បើភិក្ខុប្រាថ្នាថា អាត្មាអញ គប្បីបានចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារដូច្នេះ គួរធ្វើសីលឲ្យបរិបូណ៌ ប្រកបក្នុងការរម្ងាប់នូវចិត្តឰដ៏ខាងក្នុង មានឈានមិនបានសាបសូន្យ ប្រកបដោយវិបស្សនា ហើយចំរើននូវសុញ្ញាគារស្ថាន។
[៧៦] ម្នាលភិក្ខុទាំងឡាយ បើភិក្ខុប្រាថ្នាថា អាត្មាអញ ប្រើប្រាស់នូវចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារ របស់ពួកទេវតា និងមនុស្សណា ការបូជាទាំងនោះ របស់ពួកទេវតា និងមនុស្សនោះ សូមឲ្យមានផលច្រើន មានអានិសង្សច្រើន ដូច្នេះ គួរធ្វើសីលឲ្យបរិបូណ៌ ប្រកបក្នុងការរម្ងាប់នូវចិត្តព្ធដ៏ខាងក្នុង មានឈានមិនបានសាបសូន្យ ប្រកបដោយវិបស្សនា ចំរើននូវសុញ្ញាគារស្ថាន។
[៧៧] ម្នាលភិក្ខុទាំងឡាយ បើភិក្ខុប្រាថ្នាថា ពួកញាតិ និងសាលោហិត របស់អាត្មាអញណា ដែលធ្វើមរណកាលទៅកាន់លោកខាងមុខហើយ មានចិត្តជ្រះថ្លា រលឹកឃើញ (អាត្មាអញ) ការនឹករលឹករបស់ញាតិ និងសាលោហិតទាំងនោះ សូមឲ្យមានផលច្រើន មានអានិសង្សច្រើន ដូច្នេះ គួរធ្វើសីលឲ្យបរិបូណ៌ ប្រកបក្នុងការរម្ងាប់នូវចិត្តព្ធដ៏ខាងក្នុង មានឈានមិនបានសាបសូន្យ ប្រកបដោយវិបស្សនា ហើយចំរើននូវសុញ្ញាគារស្ថាន។
[៧៨] ម្នាលភិក្ខុទាំងឡាយ បើភិក្ខុប្រាថ្នាថា អាត្មាអញ គប្បីគ្របសង្កត់នូវសេចក្តីអផ្សុក [សេចក្តីអផ្សុក ក្នុងអធិកុសលធម៌ ឬក្នុងសេនាសនៈដ៏ស្ងាត់។] និងសេចក្តីត្រេកអរ [បានដល់តម្រេក ក្នុងបញ្ចកាមគុណ។] សេចក្តីអផ្សុក កុំគប្បីគ្របសង្កត់អាត្មាអញឡើយ អាត្មាអញ គប្បីគ្របសង្កត់រឿយៗ នូវសេចក្តីអផ្សុក ដែលកើតឡើងដូច្នេះ គួរធ្វើសីលឲ្យបរិបូណ៌។បេ។ ចំរើននូវសុញ្ញាគារស្ថាន។
[៧៩] ម្នាលភិក្ខុទាំងឡាយ បើភិក្ខុប្រាថ្នាថា អាត្មាអញ គប្បីគ្របសង្កត់នូវសេចក្តីខ្លាច ចំពោះអារម្មណ៍ដែលគួរស្ញើប ឯសេចក្តីខ្លាច ចំពោះអារម្មណ៍ ដែលគួរស្ញើប កុំគប្បីគ្របសង្កត់អាត្មាអញឡើយ អាត្មាអញ គប្បីគ្របសង្កត់រឿយៗ នូវសេចក្តីខ្លាច ចំពោះអារម្មណ៍ ដែលគួរស្ញើប ដែលកើតឡើងដូច្នេះ គួរធ្វើសីលឲ្យបរិបូណ៌។បេ។ ហើយចំរើននូវសុញ្ញាគារស្ថាន។
[៨០] ម្នាលភិក្ខុទាំងឡាយ បើភិក្ខុប្រាថ្នាថា អាត្មាអញ គប្បីបានតាមប្រាថ្នា បានដោយមិនលំបាក បានដោយមិនខុសវេលាកំណត់ នូវឈានទាំង៤ ដែលកើតក្នុងចិត្តដ៏ថ្លៃថ្លា ជាគ្រឿងនៅជាសុខក្នុងបច្ចុប្បន្ន ដូច្នេះ គួរធ្វើសីលឲ្យបរិបូណ៌។បេ។ ចំរើននូវសុញ្ញាគារស្ថាន។
[៨១] ម្នាលភិក្ខុទាំងឡាយ បើភិក្ខុប្រាថ្នាថា វិមោក្ខធម៌ដ៏ស្ងប់រម្ងាប់ទាំងឡាយណា ជាអរូបជ្ឈាន កន្លងហួសនូវរូបាវចរជ្ឈាន សូមឲ្យអាត្មាអញ បាននូវវិមោក្ខធម៌ទាំងនោះ ដោយនាមកាយ ដូច្នេះ គួរធ្វើសីលឲ្យបរិបូណ៌។បេ។ ចំរើននូវសុញ្ញាគារស្ថាន។
[៨២] ម្នាលភិក្ខុទាំងឡាយ បើភិក្ខុប្រាថ្នាថា សូមឲ្យអាត្មាអញ ជាសោតាបន្នបុគ្គល ព្រោះអស់ទៅនៃសំយោជនធម៌៣ប្រការ មានកិរិយាមិនធ្លាក់ចុះជាធម្មតា ជាបុគ្គលទៀងទាត់ មានកិរិយាត្រាស់ដឹង ប្រព្រឹត្តទៅខាងមុខ ដូច្នេះ គួរធ្វើសីលឲ្យបរិបូណ៌។បេ។ ចំរើននូវសុញ្ញាគារស្ថាន។
[៨៣] ម្នាលភិក្ខុទាំងឡាយ បើភិក្ខុប្រាថ្នាថា សូមឲ្យអាត្មាអញ បានជាសកទាគាមិបុគ្គល ព្រោះអស់ទៅនៃសំយោជនធម៌ទាំងឡាយ ៣ប្រការ ព្រោះរាគៈ ទោសៈ មោហៈស្រាលស្តើង មកកាន់លោកនេះម្តងទៀត ហើយធ្វើនូវទីបំផុតនៃទុក្ខ ដូច្នេះ គួរធ្វើសីលឲ្យបរិបូណ៌ ប្រកបរឿយៗ នូវការរម្ងាប់ចិត្តព្ធដ៏ខាងក្នុង មានឈានមិនបានសាបសូន្យ ប្រកបដោយវិបស្សនា ចំរើននូវសុញ្ញាគារស្ថាន។
[៨៤] ម្នាលភិក្ខុទាំងឡាយ បើភិក្ខុប្រាថ្នាថា សូមឲ្យអាត្មាអញ បានជាឱបបាតិកបុគ្គល (អនាគាមី) ព្រោះអស់ទៅនៃសំយោជនធម៌ទាំងឡាយ ៥ប្រការ ជាចំណែកខាងក្រោម បរិនិព្វាន ក្នុងព្រហ្មលោកនោះ មានកិរិយាមិនត្រឡប់ចាកលោកនោះ ដូច្នេះ គួរធ្វើសីលឲ្យបរិបូណ៌។បេ។ ចំរើននូវសុញ្ញាគារស្ថាន។
[៨៥] ម្នាលភិក្ខុទាំងឡាយ បើភិក្ខុប្រាថ្នាថា សូមឲ្យអាត្មាអញ បាននូវឥទ្ធិវិធញ្ញាណច្រើនប្រការ គឺ អាត្មាអញម្នាក់ឯង និម្មិតខ្លួនឲ្យបានទៅជាមនុស្សច្រើននាក់ក៏បាន ច្រើននាក់និម្មិតខ្លួនឲ្យបានទៅជាមនុស្សម្នាក់ក៏បាន ដើរទៅក្នុងទីណា ក៏ចេះតែបាន ឥតមានទើសទាល់ គឺនៅក្នុងទីកំបាំង ដើរទៅក្នុងទីវាលក៏បាន នៅខាងក្នុង ចេញទៅខាងក្រៅក៏បាន នៅខាងក្នុងជញ្ជាំង ចេញទៅខាងក្រៅជញ្ជាំងក៏បាន នៅខាងក្នុងកំពែង ចេញទៅខាងក្រៅកំពែងក៏បាន នៅខាងក្នុងភ្នំ ចេញទៅខាងក្រៅភ្នំក៏បាន ឥតទើសទាល់ឡើយ ដូចជាគេដើរព្ធដ៏ទីវាល អាត្មាអញ ងើប មុជៗក្នុងផែនដី ដូចជាគេងើបមុជក្នុងទឹកក៏បាន អាត្មាអញ ដើរលើទឹក មិនបែកធ្លាយ ដូចជាគេដើរលើផែនដីក៏បាន អាត្មាអញ គប្បីទៅទាំងភ្នែន ឰដ៏អាកាស ដូចជាសត្វបក្សីសកុណៈក៏បាន អាត្មាអញ យកដៃទៅស្ទាបអង្អែល ចាប់ពាល់ (មណ្ឌល) ព្រះចន្ទ្រ និងព្រះអាទិត្យទាំងពីរនេះ ដែលមានឫទ្ធិច្រើនយ៉ាងនេះ មានអានុភាពច្រើន យ៉ាងនេះក៏បាន ធ្វើអំណាចកាយ ឲ្យប្រព្រឹត្តទៅ រហូតដល់ព្រហ្មលោកនាយក៏បាន ដូច្នេះ គួរធ្វើសីលឲ្យបរិបូណ៌។បេ។ ចំរើននូវសុញ្ញាគារស្ថាន។
[៨៦] ម្នាលភិក្ខុទាំងឡាយ បើភិក្ខុប្រាថ្នាថា សូមឲ្យអាត្មាអញ មានសោតធាតុ ជាទិព្វដ៏បរិសុទ្ធ កន្លងហួសនូវសោតធាតុ របស់មនុស្សធម្មតា ឮនូវសំឡេងពីរប្រការ គឺសំឡេងទិព្វ១ សំឡេងរបស់មនុស្ស១ ដែលជាសំឡេងឆ្ងាយក៏បាន ជិតក៏បាន ដូច្នេះ គួរធ្វើសីលឲ្យបរិបូណ៌។បេ។ ចំរើននូវសុញ្ញាគារស្ថាន។
[៨៧] ម្នាលភិក្ខុទាំងឡាយ បើភិក្ខុប្រាថ្នាថា សូមឲ្យអាត្មាអញ កំណត់ដឹងចិត្តរបស់សត្វដទៃ បុគ្គលដទៃ ដោយចិត្តរបស់ខ្លួន គឺចិត្តប្រកបដោយរាគៈក្តី អាត្មាអញ គប្បីដឹងច្បាស់ថា ចិត្តប្រកបដោយរាគៈ ចិត្តប្រាសចាករាគៈក្តី ក៏អាត្មាអញ គប្បីដឹងច្បាស់ថា ចិត្តប្រាសចាករាគៈ ចិត្តប្រកបដោយទោសៈក្តី គប្បីដឹងច្បាស់ថា ចិត្តប្រកបដោយទោសៈ ចិត្តប្រាសចាកទោសៈក្តី គប្បីដឹងច្បាស់ថា ចិត្តប្រាសចាកទោសៈ ចិត្តប្រកបដោយមោហៈក្តី គប្បីដឹងច្បាស់ថា ចិត្តប្រកបដោយមោហៈ ចិត្តប្រាសចាកមោហៈក្តី គប្បីដឹងច្បាស់ថា ចិត្តប្រាសចាកមោហៈ ចិត្តរួញរាក្តី គប្បីដឹងច្បាស់ថា ចិត្តរួញរា ចិត្តរាយមាយក្តី គប្បីដឹងច្បាស់ថា ចិត្តរាយមាយ ចិត្តជាមហគ្គតៈ គឺរូបាវចរ និងអរូបាវចរក្តី គប្បីដឹងច្បាស់ថា ចិត្តជាមហគ្គតៈ ចិត្តមិនមែនជាមហគ្គតៈក្តី គប្បីដឹងច្បាស់ថា ចិត្តមិនមែនជាមហគ្គតៈ ចិត្តជាសឧត្តរៈ គឺលោកិយចិត្តក្តី គប្បីដឹងច្បាស់ថា ចិត្តជាសឧត្តរៈ ចិត្តជាអនុត្តរៈ គឺលោកុត្តរចិត្តក្តី គប្បីដឹងច្បាស់ថា ចិត្តជាអនុត្តរៈ ចិត្តតាំងមាំក្តី គប្បីដឹងច្បាស់ថា ចិត្តតាំងមាំ ចិត្តមិនតាំងមាំក្តី គប្បីដឹងច្បាស់ថា ចិត្តមិនតាំងមាំ ចិត្តរួចចាកកិលេសក្តី គប្បីដឹងច្បាស់ថា ចិត្តរួចចាកកិលេស ចិត្តមិនទាន់រួចចាកកិលេសក្តី គប្បីដឹងច្បាស់ថា ចិត្តមិនទាន់រួចចាកកិលេស ដូច្នេះ គួរធ្វើសីលឲ្យបរិបូណ៌។បេ។ ចំរើននូវសុញ្ញាគារស្ថាន។
[៨៨] ម្នាលភិក្ខុទាំងឡាយ បើភិក្ខុប្រាថ្នាថា សូមឲ្យអាត្មាអញ រលឹកឃើញនូវបុព្វេនិវាស (ជាតិដែលធ្លាប់អាស្រ័យនៅ ក្នុងកាលមុន) គឺរលឹកបាន១ជាតិខ្លះ ២ជាតិខ្លះ ៣ជាតិខ្លះ ៤ជាតិខ្លះ ៥ជាតិខ្លះ ១០ជាតិខ្លះ ២០ជាតិខ្លះ ៣០ជាតិខ្លះ ៤០ជាតិខ្លះ ៥០ជាតិខ្លះ ១០០ជាតិខ្លះ ១ពាន់ជាតិខ្លះ ១សែនជាតិខ្លះ សំវដ្តកប្បដ៏ច្រើនខ្លះ វិវដ្តកប្បដ៏ច្រើនខ្លះ សំវដ្តវិវដ្តកប្បដ៏ច្រើនខ្លះ ថា អាត្មាអញ កើតក្នុងភពនោះ មានឈ្មោះយ៉ាងនេះ មានគោត្រយ៉ាងនេះ មានសម្បុរយ៉ាងនេះ មានអាហារយ៉ាងនេះ ទទួលសុខទុក្ខយ៉ាងនេះ មានកំណត់អាយុប៉ុណ្ណេះ លុះអាត្មាអញ ច្យុតចាកអត្តភាពនោះហើយ ទៅកើតក្នុងទីនោះ លុះអាត្មាអញ ទៅកើតក្នុងទីនោះហើយ មានឈ្មោះយ៉ាងនេះ មានគោត្រយ៉ាងនេះ មានសម្បុរយ៉ាងនេះ មានអាហារយ៉ាងនេះ ទទួលសុខទុក្ខយ៉ាងនេះ មានកំណត់អាយុប៉ុណ្ណេះ លុះអាត្មាអញ ច្យុតចាកអត្តភាពនោះហើយ ទើបបានមកកើតក្នុងទីនេះ អាត្មាអញ សូមឲ្យរលឹកតាមនូវជាតិ ដែលអាស្រ័យនៅក្នុងកាលពីមុន បានច្រើនប្រការ ព្រមទាំងអាការ ព្រមទាំងឧទ្ទេស យ៉ាងនេះ ដូច្នេះ គួរធ្វើសីលឲ្យបរិបូណ៌។បេ។ ចំរើននូវសុញ្ញាគារស្ថាន។
[៨៩] ម្នាលភិក្ខុទាំងឡាយ បើភិក្ខុប្រាថ្នាថា សូមឲ្យអាត្មាអញ មានទិព្វចក្ខុ ដ៏បរិសុទ្ធ កន្លងហួសចក្ខុរបស់មនុស្សធម្មតា ឃើញនូវសត្វទាំងឡាយ ដែលច្យុត ដែលកើត ជាសត្វថោកទាប ខ្ពង់ខ្ពស់ មានសម្បុរល្អ មានសម្បុរអាក្រក់ មានគតិល្អ មានគតិអាក្រក់ សូមឲ្យដឹងច្បាស់ នូវពួកសត្វដែលប្រព្រឹត្តទៅ តាមកម្មរបស់ខ្លួនថា អើហ្ន៎ សត្វទាំងឡាយនេះ ប្រកបដោយកាយទុច្ចរិត ប្រកបដោយវចីទុច្ចរិត ប្រកបដោយមនោទុច្ចរិត ជាសត្វតិះដៀលនូវពួកព្រះអរិយៈ ជាមិច្ឆាទិដ្ឋិ ប្រកាន់នូវកម្មជាមិច្ឆាទិដ្ឋិ សត្វទាំងនោះ លុះបែកធ្លាយរាងកាយ បន្ទាប់អំពីសេចក្តីស្លាប់ទៅ ក៏ទៅកាន់កំណើតតិរច្ឆាន ប្រេត អសុរកាយ នរក អើហ្ន៎ ចំណែកខាងសត្វទាំងនេះ ប្រកបដោយកាយសុចរិត ប្រកបដោយវចីសុចរិត ប្រកបដោយមនោសុចរិត ជាសត្វមិនតិះដៀលពួកព្រះអរិយៈ ជាសម្មាទិដ្ឋិ ប្រកាន់នូវកម្មជាសម្មាទិដ្ឋិ សត្វទាំងនោះ លុះបែកធ្លាយរាងកាយ បន្ទាប់អំពីសេចក្តីស្លាប់ទៅ ក៏ទៅកាន់មនុស្សសុគតិ និងឋានសួគ៌ទេវលោក អាត្មាអញ សូមឲ្យមានទិព្វចក្ខុ ដ៏បរិសុទ្ធ កន្លងហួសចក្ខុ របស់មនុស្សធម្មតា ឃើញនូវសត្វទាំងឡាយ ដែលច្យុត ដែលកើត ថោកទាប ខ្ពង់ខ្ពស់ មានសម្បុរល្អ មានសម្បុរអាក្រក់ មានគតិល្អ មានគតិអាក្រក់ (មួយទៀត) អាត្មាអញ សូមឲ្យដឹងច្បាស់នូវសត្វទាំងឡាយ ដែលប្រព្រឹត្តទៅតាមកម្មរបស់ខ្លួន ដោយប្រការយ៉ាងនេះ ដូច្នេះ គួរធ្វើសីលឲ្យបរិបូណ៌ ប្រកបរឿយៗ ក្នុងការរម្ងាប់នូវចិត្តឰដ៏ខាងក្នុង មានឈានមិនបានសាបសូន្យ ប្រកបដោយវិបស្សនា ចំរើននូវសុញ្ញាគារស្ថាន។
[៩០] ម្នាលភិក្ខុទាំងឡាយ បើភិក្ខុប្រាថ្នាថា សូមឲ្យអាត្មាអញ បានធ្វើឲ្យជាក់ច្បាស់ នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ [សមាធិប្រកបដោយអរហត្តផល ហៅថា ចេតោវិមុត្តិ, បញ្ញាប្រកបដោយអរហត្តផល ហៅថា បញ្ញាវិមុត្តិ។ ម្យ៉ាងទៀត សមាធិ បានជាហៅថា ចេតោវិមុត្តិ ព្រោះរួចចាករាគៈ បញ្ញា បានជាហៅថា បញ្ញាវិមុត្តិ ព្រោះរួចចាកអវិជ្ជា។ មួយវិញទៀត ផលនៃសមថៈ ហៅថា ចេតោវិមុត្តិ ផលនៃវិបស្សនា ហៅថា បញ្ញាវិមុត្តិ។] មិនមានអាសវៈ ព្រោះអស់ទៅនៃអាសវធម៌ទាំងឡាយ ដោយប្រាជ្ញារបស់ខ្លួន ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន ចូលទៅសម្រេចសម្រាន្តនៅ ដោយឥរិយាបថទាំង៤ ដូច្នេះ គួរធ្វើសីលឲ្យបរិបូណ៌ ប្រកបរឿយៗ ក្នុងការរម្ងាប់នូវចិត្តឰដ៏ខាងក្នុង មានឈានមិនបានសាបសូន្យ ប្រកបដោយវិបស្សនា ចំរើននូវសុញ្ញាគារស្ថាន។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរជាអ្នកមានសីលបរិបូណ៌ មានបាតិមោក្ខបរិបូណ៌ ចូរសង្រួមក្នុងបាតិមោក្ខសំវរៈ បរិបូណ៌ដោយអាចារ និងគោចរ ជាអ្នកឃើញភ័យក្នុងទោសទាំងឡាយ ត្រឹមតែបន្តិចបន្តួច ចូរសមាទានសិក្សា ក្នុងសិក្ខាបទទាំងឡាយ។ ពាក្យណាដែលតថាគត បានពោលហើយ (ក្នុងកាលមុន) ពាក្យដែលតថាគតពោលនេះ ព្រោះអាស្រ័យយកពាក្យនុ៎ះឯង ដោយប្រការដូច្នេះ។ លុះព្រះមានព្រះភាគ ទ្រង់សំដែងសូត្រនេះចប់ហើយ ពួកភិក្ខុទាំងនោះ ក៏មានចិត្តត្រេកអរ រីករាយនឹងភាសិតរបស់ព្រះមានព្រះភាគដោយក្រៃលែង។
ចប់ អាកង្ខេយ្យសូត្រ ទី៦។
វត្ថូបមសូត្រ ទី៧
[៩១] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងជេតវនារាម ជារបស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ ក្នុងទីនោះឯង ព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ ដូច្នេះ។ ពួកភិក្ខុទាំងនោះ ទទួលព្រះពុទ្ធដីកាព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើនដូច្នេះ។
[៩២] ព្រះមានព្រះភាគ ទ្រង់មានព្រះពុទ្ធដីកា ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ ដូចជាសំពត់ដែលសៅហ្មង មានមន្ទិលកាន់ ជាងជ្រលក់យកសំពត់នោះដាក់ក្នុងគ្រឿងជ្រលក់ណាៗ ដែលមានពណ៌ខៀវក្តី លឿងក្តី ក្រហមក្តី ហង្សបាទក្តី សំពត់នោះ ក៏នៅតែមានពណ៌មិនល្អ មានពណ៌មិនស្អាត។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះថាសំពត់នោះ មិនស្អាត ម្នាលភិក្ខុទាំងឡាយ កាលបើចិត្តសៅហ្មងហើយ ទុគ្គតិនឹងមានប្រាកដ ដូចសេចក្តីឧបមានោះដែរ។ ម្នាលភិក្ខុទាំងឡាយ ដូចជាសំពត់ស្អាតផូរផង់ ជាងជ្រលក់យកសំពត់នោះ ដាក់ក្នុងគ្រឿងជ្រលក់ណាៗ ដែលមានពណ៌ខៀវក្តី លឿងក្តី ក្រហមក្តី ហង្សបាទក្តី សំពត់នោះ ក៏នៅជាមានពណ៌ល្អ មានពណ៌ស្អាត។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះថាសំពត់នោះស្អាត ម្នាលភិក្ខុទាំងឡាយ កាលបើចិត្តមិនសៅហ្មងហើយ សុគតិនឹងមានប្រាកដ ដូចសេចក្តីឧបមានោះដែរ។
[៩៣] ម្នាលភិក្ខុទាំងឡាយ ពួកឧបក្កិលេស គឺសេចក្តីសៅហ្មងនៃចិត្ត តើដូចម្តេច។ គឺអភិជ្ឈាវិសមលោភៈ [សេចក្តីត្រេកត្រអាលក្នុងទ្រព្យរបស់ខ្លួន ហៅថា អភិជ្ឈា សេចក្តីត្រេកអរក្នុងទ្រព្យរបស់អ្នកដទៃ ហៅថា វិសមលោភៈ មួយទៀតថា សេចក្តីត្រេកត្រអាលក្នុងទ្រព្យរបស់ខ្លួនក្តី របស់អ្នកដទៃក្តី ក្នុងទីដែលគួរ ហៅថា អភិជ្ឈា សេចក្តីត្រេកអរក្នុងទ្រព្យរបស់ខ្លួនក្តី របស់អ្នកដទៃក្តី ក្នុងទីដែលមិនគួរ ហៅថា វិសមលោភៈ។] ជាឧបក្កិលេសនៃចិត្ត១ ព្យាបាទ ជាឧបក្កិលេសនៃចិត្ត១ កោធៈ ជាឧបក្កិលេសនៃចិត្ត១ ឧបនាហៈ (ការចងកំហឹងទុក) ជាឧបក្កិលេសនៃចិត្ត១ មក្ខៈ (ការលុបគុណរបស់លោកអ្នកមានគុណ) ជាឧបក្កិលេសនៃចិត្ត១ បឡាសៈ (ការកាន់យកឫកប្រៀបផ្ទឹម ឬប្រណាំងវាសនា) ជាឧបក្កិលេសនៃចិត្ត១ ឥស្សា (សេចក្តីច្រណែន) ជាឧបក្កិលេសនៃចិត្ត១ មច្ឆរិយៈ (សេចក្តីកំណាញ់) ជាឧបក្កិលេសនៃចិត្ត១ មាយា (ការប្រព្រឹត្តិលាក់ពុត បិទបាំងទោស) ជាឧបក្កិលេសនៃចិត្ត១ សាឋេយ្យៈ [សាឋេយ្យៈ ប្រែថាការអួតអាង ឬអែបអប នេះជាអំពើពុតត្បុត របស់បុគ្គលជាអ្នកឡែបឡប អួតគុណវិជ្ជាដែលមិនមានក្នុងខ្លួន ធ្វើអាការមិនឲ្យខុសនឹងអ្នកណា មានអាការដូចត្រីអានន្ទមច្ឆៈ ឃើញពួកត្រីមក ក៏បង្ហាញកន្ទុយ ថាយើងជាត្រីដូចគ្នា ឃើញពួកពស់មក ក៏បង្ហាញក្បាល ថាយើងជាពស់ដូចគ្នា តែក្នុងអដ្ឋកថា ព្រះអភិធម្មថា បុគ្គលដែលប្រកបដោយសាឋេយ្យៈ មានភាពដូចសត្វម្យ៉ាង មើលអំពីខាងឆ្វេង ដូចជាសត្វជ្រូក មើលអំពីខាងស្តាំ ដូចសត្វពពែ ស្តាប់សំឡេង ដូចសំឡេងចៀម មើលទៅស្នែង ដូចគោចាស់។] ជាឧបក្កិលេសនៃចិត្ត១ ថម្ភៈ [ក្នុងអដ្ឋកថាព្រះអភិធម្មថា សេចក្តីរឹងត្អឹងរបស់ចិត្ត ប្រៀបដូចសំពត់សាដក ដែលរឹងដោយបាយម៉ាន បុគ្គលដែលប្រកបដោយថម្ភៈនោះ រមែងជាអ្នកគ្មានសភាពរាបទាប ជាអ្នកព្រហើនប៉ោងឡើង ប្រៀបដូចពស់ថ្លាន់ ដែលលេបផ្នៀងនង្គ័ល ឬប្រៀបដូចផ្លោកស្បែក ដែលពេញដោយខ្យល់ កាលបើឃើញចេតិយ ឬបុគ្គលចាស់ជាងខ្លួន ក៏មិនធ្វើសេចក្តីឱនលំទោន។] (សេចក្តីរឹងត្អឹង) ជាឧបក្កិលេសនៃចិត្ត១ សារម្ភៈ [សារម្ភៈ មានលក្ខណៈធ្វើអំពើឲ្យលើសលុបជាងគេ ចែកជាពីរផ្នែក ជាអកុសលក៏មាន ជាកុសលក៏មាន ចំណែកខាងគ្រហស្ថ កាលបើឃើញគេធ្វើគ្រឿងប្រដាប់កាយជាដើម ក៏ប្រឹងឲ្យច្រើនជាងគេជាទ្វេគុណ ចំណែកអ្នកបួស កាលបើឃើញគេរៀនធម៌បានប៉ុន្មានៗ ក៏ខំប្រឹងរៀនឲ្យបានច្រើនជាងគេជាទ្វេគុណ ម្យ៉ាងទៀត ចំណែកគ្រហស្ថ កាលបើឃើញគេធ្វើសលាកភត្ត១ ខ្លួនក៏ចង់ធ្វើឲ្យបានពីរ ឬបី ចំណែកអ្នកបួស កាលបើឃើញគេរៀនបានគម្ពីរនិកាយ១ ខ្លួនក៏ចង់រៀនឲ្យបាននិកាយពីរ តែក្នុងទីនេះ សំដៅយកតែអកុសល។] (ការប្រណាំងប្រជែង) ជាឧបក្កិលេសនៃចិត្ត១ មានះ (សេចក្តីប្រកាន់ខ្លួន) ជាឧបក្កិលេសនៃចិត្ត១ អតិមានះ (សេចក្តីប្រកាន់ខ្លួនខ្លាំងពេក) ជាឧបក្កិលេសនៃចិត្ត១ មទៈ (សេចក្តីស្រវឹង) ជាឧបក្កិលេសនៃចិត្ត១ បមាទៈ (ការប្រហែសធ្វេស ឬបណ្តែតបណ្តោយចិត្ត ទៅក្នុងកាមគុណ) ជាឧបក្កិលេសនៃចិត្ត១។
[៩៤] ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះឯង លុះដឹងច្បាស់ថា អភិជ្ឈាវិសមលោភៈ ជាឧបក្កិលេសនៃចិត្តដូច្នេះហើយ ក៏រមែងលះ អភិជ្ឈាវិសមលោភៈ ជាឧបក្កិលេសនៃចិត្តចេញបាន។ លុះដឹងច្បាស់ថា ព្យាបាទៈ ជាឧបក្កិលេសនៃចិត្តដូច្នេះហើយ ក៏រមែងលះ ព្យាបាទៈ ជាឧបក្កិលេសនៃចិត្តចេញបាន។ លុះដឹងច្បាស់ថា កោធៈ ជាឧបក្កិលេសនៃចិត្តដូច្នេះហើយ ក៏រមែងលះកោធៈ ជាឧបក្កិលេសនៃចិត្តចេញបាន។ លុះដឹងច្បាស់ថា ឧបនាហៈ ជាឧបក្កិលេសនៃចិត្តដូច្នេះហើយ ក៏រមែងលះឧបនាហៈ ជាឧបក្កិលេសនៃចិត្តចេញបាន។ លុះដឹងច្បាស់ថា មក្ខៈ ជាឧបក្កិលេសនៃចិត្តដូច្នេះហើយ ក៏រមែងលះនូវមក្ខៈ ជាឧបក្កិលេសនៃចិត្តចេញបាន។ លុះដឹងច្បាស់ថា បឡាសៈ ជាឧបក្កិលេសនៃចិត្តដូច្នេះហើយ ក៏រមែងលះនូវបឡាសៈ ជាឧបក្កិលេសនៃចិត្តចេញបាន។ លុះដឹងច្បាស់ថា ឥស្សា ជាឧបក្កិលេសនៃចិត្តដូច្នេះហើយ ក៏រមែងលះឥស្សា ជាឧបក្កិលេសនៃចិត្តចេញបាន។ លុះដឹងច្បាស់ថា មច្ឆរិយៈ ជាឧបក្កិលេសនៃចិត្តដូច្នេះហើយ ក៏រមែងលះនូវមច្ឆរិយៈ ជាឧបក្កិលេសនៃចិត្តចេញបាន។ លុះដឹងច្បាស់ថា មាយា ជាឧបក្កិលេសនៃចិត្តដូច្នេះហើយ ក៏រមែងលះមាយា ជាឧបក្កិលេសនៃចិត្តចេញបាន។ លុះដឹងច្បាស់ថា សាថេយ្យៈ ជាឧបក្កិលេសនៃចិត្តដូច្នេះហើយ ក៏រមែងលះសាថេយ្យៈ ជាឧបក្កិលេសនៃចិត្តចេញបាន។ លុះដឹងច្បាស់ថា ថម្ភៈ ជាឧបក្កិលេសនៃចិត្តដូច្នេះហើយ ក៏រមែងលះថម្ភៈ ជាឧបក្កិលេសនៃចិត្តចេញបាន។ លុះដឹងច្បាស់ថា សារម្ភៈ ជាឧបក្កិលេសនៃចិត្តដូច្នេះហើយ ក៏រមែងលះសារម្ភៈ ជាឧបក្កិលេសនៃចិត្តចេញបាន។ លុះដឹងច្បាស់ថា មានះ ជាឧបក្កិលេសនៃចិត្តដូច្នេះហើយ ក៏រមែងលះនូវមានះ ជាឧបក្កិលេសនៃចិត្តចេញបាន។ លុះដឹងច្បាស់ថា អតិមានះ ជាឧបក្កិលេសនៃចិត្តដូច្នេះហើយ ក៏រមែងលះនូវអតិមានះ ជាឧបក្កិលេសនៃចិត្តចេញបាន។ លុះដឹងច្បាស់ថា មទៈ ជាឧបក្កិលេសនៃចិត្តដូច្នេះហើយ ក៏រមែងលះនូវ មទៈ ជាឧបក្កិលេសនៃចិត្តចេញបាន។ លុះដឹងច្បាស់ថា បមាទៈ ជាឧបក្កិលេសនៃចិត្តដូច្នេះហើយ ក៏រមែងលះនូវបមាទៈ ជាឧបក្កិលេសនៃចិត្តចេញបាន។
[៩៥] ម្នាលភិក្ខុទាំងឡាយ កាលណាបើភិក្ខុដឹងច្បាស់ថា អភិជ្ឈាវិសមលោភៈ ជាឧបក្កិលេសនៃចិត្តដូច្នេះ ហើយបានលះ អភិជ្ឈាវិសមលោភៈ ជាឧបក្កិលេសនៃចិត្ត។ ដឹងច្បាស់ថា ព្យាបាទៈ ជាឧបក្កិលេសនៃចិត្តដូច្នេះ ហើយបានលះ ព្យាបាទៈ ជាឧបក្កិលេសនៃចិត្ត។ ដឹងច្បាស់ថា កោធៈ ជាឧបក្កិលេសនៃចិត្តដូច្នេះ ហើយបានលះកោធៈ ជាឧបក្កិលេសនៃចិត្ត។ ដឹងច្បាស់ថា ឧបនាហៈ ជាឧបក្កិលេសនៃចិត្តដូច្នេះ ហើយបានលះឧបនាហៈ ជាឧបក្កិលេសនៃចិត្ត។ ដឹងច្បាស់ថា មក្ខៈ ជាឧបក្កិលេសនៃចិត្តដូច្នេះ ហើយបានលះមក្ខៈ ជាឧបក្កិលេសនៃចិត្ត។ ដឹងច្បាស់ថា បឡាសៈ ជាឧបក្កិលេសនៃចិត្តដូច្នេះ ហើយបានលះបឡាសៈ ជាឧបក្កិលេសនៃចិត្ត។ ដឹងច្បាស់ថា ឥស្សា ជាឧបក្កិលេសនៃចិត្តដូច្នេះ ហើយបានលះឥស្សា ជាឧបក្កិលេសនៃចិត្ត។ ដឹងច្បាស់ថា មច្ឆរិយៈ ជាឧបក្កិលេសនៃចិត្តដូច្នេះ ហើយបានលះមច្ឆរិយៈ ជាឧបក្កិលេសនៃចិត្ត។ ដឹងច្បាស់ថា មាយា ជាឧបក្កិលេសនៃចិត្តដូច្នេះ ហើយបានលះមាយា ជាឧបក្កិលេសនៃចិត្ត។ ដឹងច្បាស់ថា សាថេយ្យៈ ជាឧបក្កិលេសនៃចិត្តដូច្នេះ ហើយបានលះសាថេយ្យៈ ជាឧបក្កិលេសនៃចិត្ត។ ដឹងច្បាស់ថា ថម្ភៈ ជាឧបក្កិលេសនៃចិត្តដូច្នេះ ហើយបានលះថម្ភៈ ជាឧបក្កិលេសនៃចិត្ត។ ដឹងច្បាស់ថា សារម្ភៈ ជាឧបក្កិលេសនៃចិត្តដូច្នេះ ហើយបានលះសារម្ភៈ ជាឧបក្កិលេសនៃចិត្ត។ ដឹងច្បាស់ថា មានះ ជាឧបក្កិលេសនៃចិត្តដូច្នេះ ហើយបានលះមានះ ជាឧបក្កិលេសនៃចិត្ត។ ដឹងច្បាស់ថា អតិមានះ ជាឧបក្កិលេសនៃចិត្តដូច្នេះ ហើយបានលះអតិមានះ ជាឧបក្កិលេសនៃចិត្ត។ ដឹងច្បាស់ថា មទៈ ជាឧបក្កិលេសនៃចិត្តដូច្នេះ ហើយបានលះ មទៈ ជាឧបក្កិលេសនៃចិត្ត។ ដឹងច្បាស់ថា បមាទៈ ជាឧបក្កិលេសនៃចិត្តដូច្នេះ ហើយបានលះបមាទៈ ជាឧបក្កិលេសនៃចិត្ត។ភិក្ខុនោះ រមែងជាអ្នកប្រកបដោយសេចក្តីជ្រះថ្លា មិនញាប់ញ័រក្នុងព្រះពុទ្ធដូច្នេះថា ព្រះមានព្រះភាគនោះ ព្រះអង្គឆ្ងាយចាកសេចក្តីសៅហ្មងគ្រប់យ៉ាង ព្រះអង្គត្រាស់ដឹងនូវញេយ្យធម៌ទាំងពួងដោយប្រពៃចំពោះព្រះអង្គ ព្រះអង្គបរិបូណ៌ដោយវិជ្ជា និងចរណៈ គឺសេចក្តីចេះដឹង និងក្រិត្យដែលបុគ្គលគប្បីប្រព្រឹត្ត ព្រះអង្គមានដំណើរល្អ ព្រះអង្គជ្រាបច្បាស់នូវត្រៃលោក ព្រះអង្គប្រសើរដោយសីលាទិគុណ រកបុគ្គលណាមួយស្មើគ្មាន ព្រះអង្គជាសារថី អ្នកទូន្មាននូវបុរស ដែលគួរទូន្មានបាន ព្រះអង្គជាគ្រូនៃទេវតា និងមនុស្សទាំងឡាយ ព្រះអង្គបានត្រាស់ដឹងនូវអរិយសច្ចធម៌ ព្រះអង្គលែងវិលត្រឡប់មកកាន់ភពថ្មីទៀត។ រមែងជាអ្នកប្រកបដោយសេចក្តីជ្រះថ្លា មិនញាប់ញ័រក្នុងព្រះធម៌ថា ព្រះបរិយត្តិធម៌ ដែលព្រះមានព្រះភាគ ទ្រង់ត្រាស់សំដែងហើយដោយល្អ ព្រះលោកុត្តរធម៌ ជាធម៌ដែលព្រះអរិយបុគ្គលទាំងពួង ដឹងពិត ឃើញពិត ដោយបច្ចវេក្ខណញ្ញាណ ជាធម៌ឲ្យនូវផល មិនរង់ចាំកាល ជាធម៌គួរដល់ឯហិបស្សវិធី ជាធម៌ ដែលព្រះអរិយបុគ្គល គប្បីបង្អោនចូលមកទុកក្នុងខ្លួន ដោយអំណាចនៃភាវនា ជាធម៌ ដែលអ្នកប្រាជ្ញទាំងឡាយ មានឧគ្ឃដិតញ្ញូបុគ្គលជាដើម គប្បីឃើញច្បាស់ ក្នុងចិត្តនៃខ្លួន។ រមែងជាអ្នកប្រកបដោយសេចក្តីជ្រះថ្លា មិនញាប់ញ័រ ក្នុងព្រះសង្ឃថា ពួកសាវ័ក នៃព្រះមានព្រះភាគ ប្រតិបត្តប្រពៃ ពួកសាវ័កនៃព្រះមានព្រះភាគ ប្រតិបត្តត្រង់ ពួកសាវ័ក នៃព្រះមានព្រះភាគ ប្រតិបត្តិដើម្បីព្រះនិព្វាន ពួកសាវ័ក នៃព្រះមានព្រះភាគ ប្រតិបត្តិសមគួរ គឺប្រតិបត្តិគួរដល់សីល សមាធិ បញ្ញា បុរសបុគ្គលណា បើរាប់ជាគូ បាន៤គូ បើរាប់រៀងទៅបាន៨ ពួកសាវ័ក របស់ព្រះមានព្រះភាគនេះ គួរទទួលនូវចតុប្បច្ច័យ ដែលបុគ្គលនាំមកអំពីចម្ងាយបូជា គួរទទួលនូវអាគន្តុកទាន គួរទទួលនូវទក្ខិណាទាន គួរដល់អញ្ជលិកម្ម ជាបុញ្ញក្ខេត្ត នៃសត្វលោក រកខេត្តដទៃ ក្រៃលែងជាងគ្មាន។ កាលណា បើភិក្ខុនោះ លះចោលហើយ ខ្ជាក់ចោលហើយ ជំរុះចោលហើយ លះលែងចោលហើយ រលាស់ចោលហើយ (នូវឧបក្កិលេសទាំងនោះ) ដោយឱធិ [ឱធិ ប្រែថា ចំណែក ឬជួៗ] គឺមគ្គខាងក្រោមទាំង៣។ ភិក្ខុនោះ រមែងបាននូវសេចក្តីត្រេកអរ ក្នុងអត្ថ បាននូវសេចក្តីត្រេកអរ ក្នុងធម៌ បាននូវសេចក្តីរីករាយ ប្រកបដោយធម៌ ដោយគិតថា អាត្មាអញ ជាអ្នកប្រកបដោយសេចក្តីជ្រះថ្លា មិនញាប់ញ័រ ក្នុងព្រះពុទ្ធដូច្នេះ កាលបើភិក្ខុនោះ មានចិត្តរីករាយហើយ បីតិ ក៏កើត កាលបើភិក្ខុ មានចិត្តប្រកបដោយបីតិហើយ កាយក៏ស្ងប់រម្ងាប់ លុះភិក្ខុមានកាយស្ងប់រម្ងាប់ហើយ រមែងទទួលនូវសេចក្តីសុខ កាលបើភិក្ខុ មានសេចក្តីសុខហើយ ចិត្តក៏តម្កល់នៅល្អ។ ក្នុងព្រះធម៌។បេ។ រមែងបាននូវសេចក្តីត្រេកអរ ក្នុងអត្ថ បាននូវសេចក្តីត្រេកអរ ក្នុងធម៌ បាននូវសេចក្តីរីករាយ ប្រកបដោយធម៌ ដោយគិតថា អាត្មាអញ ជាអ្នកប្រកបដោយសេចក្តីជ្រះថ្លា មិនញាប់ញ័រ ក្នុងព្រះសង្ឃដូច្នេះ កាលបើភិក្ខុនោះ មានចិត្តរីករាយហើយ បីតិ ក៏កើត កាលបើភិក្ខុ មានចិត្តប្រកបដោយបីតិហើយ កាយក៏ស្ងប់រម្ងាប់ លុះភិក្ខុមានកាយស្ងប់រម្ងាប់ហើយ រមែងទទួលនូវសេចក្តីសុខ កាលបើភិក្ខុមានសេចក្តីសុខហើយ ចិត្តក៏បានតម្កល់នៅល្អ។ រមែងបាននូវសេចក្តីត្រេកអរក្នុងអត្ថ បាននូវសេចក្តីត្រេកអរ ក្នុងធម៌ បាននូវសេចក្តីរីករាយ ប្រកបដោយធម៌ ដោយគិតថា អាត្មាអញ បានលះចោលហើយ ខ្ជាក់ចោលហើយ ជំរុះចោលហើយ លះលែងចោលហើយ រលាស់ចោលហើយ នូវឧបក្កិលេសទាំងនោះ ដោយឱធិ គឺមគ្គខាងក្រោមទាំង៣ ដូច្នេះ កាលបើភិក្ខុ មានចិត្តរីករាយហើយ បីតិ ក៏កើត កាលបើភិក្ខុមានចិត្តប្រកបដោយបីតិហើយ កាយក៏ស្ងប់រម្ងាប់ លុះភិក្ខុមានកាយស្ងប់រម្ងាប់ហើយ រមែងទទួលនូវសេចក្តីសុខ កាលបើភិក្ខុមានសេចក្តីសុខហើយ ចិត្តក៏រមែងតម្កល់នៅល្អ។
[៩៦] ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះឯង មានសីលយ៉ាងនេះ មានធម៌យ៉ាងនេះ មានប្រាជ្ញាយ៉ាងនេះ រមែងបរិភោគនូវបាយនៃស្រូវសាលី ដែលប្រាសចាកពណ៌ខ្មៅ មានសំឡច្រើនមុខ មានម្ហូបក្រៀមច្រើនមុខ ការបរិភោគនោះ មិនមានអន្តរាយ ដល់ភិក្ខុនោះឡើយ។ ម្នាលភិក្ខុទាំងឡាយ ដូចជាសំពត់ដែលសៅហ្មង មានមន្ទិលកាន់ ហើយទៅជាសំពត់ស្អាតផូរផង់ ព្រោះតែអាស្រ័យទឹកថ្លា ម្យ៉ាងទៀត មាសដែលបរិសុទ្ធស្អាត ផូរផង់ ព្រោះអាស្រ័យមាត់បាវ យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមានសីលយ៉ាងនេះ មានធម៌យ៉ាងនេះ មានប្រាជ្ញាយ៉ាងនេះ បរិភោគនូវបិណ្ឌបាតនៃស្រូវសាលី ដែលប្រាសចាកពណ៌ខ្មៅ មានសំឡច្រើនមុខ មានម្ហូបក្រៀមច្រើនមុខ ការបរិភោគនោះ មិនមានអន្តរាយដល់ភិក្ខុនោះ យ៉ាងនោះដែរ។
[៩៧] ភិក្ខុនោះ រមែងមានចិត្តប្រកបដោយមេត្តា ផ្សាយទៅកាន់ទិស១ ផ្សាយទៅកាន់ទិសទី២ ទី៣ ទី៤ក៏ដូចគ្នា។ រមែងមានចិត្តប្រកបដោយមេត្តា ជាចិត្តធំទូលាយ ដល់នូវភាវៈជាធំ រកប្រមាណមិនបាន មិនមានពៀរ មិនមានព្យាបាទ ផ្សាយទៅកាន់ទិសខាងលើ ខាងក្រោម និងទិសទទឹង [ទិសអាគ្នេយ៍១ ទិសនិរតី១ ទិសពាយ័ព្យ១ ទិសឦសាណ១។] ផ្សាយទៅកាន់ទិសទាំងពួង ដោយប្រការទាំងពួង ក្នុងទីទាំងពួង។ មានចិត្តប្រកបដោយករុណា។បេ។ មានចិត្តប្រកបដោយមុទិតា។បេ។ មានចិត្តប្រកបដោយឧបេក្ខា ផ្សាយទៅកាន់ទិស១ ផ្សាយទៅកាន់ទិសទី២ ទី៣ ទី៤ក៏ដូចគ្នា។ មានចិត្តប្រកបដោយឧបេក្ខា ជាចិត្តធំទូលាយ ដល់នូវភាវៈជាធំ រកប្រមាណមិនបាន មិនមានពៀរ មិនមានព្យាបាទ ផ្សាយទៅកាន់ទិសខាងលើ ខាងក្រោម និងទិសទទឹង ផ្សាយទៅកាន់លោកទាំងពួង ដោយប្រការទាំងពួង ក្នុងទីទាំងពួង។ ភិក្ខុនោះ រមែងដឹងច្បាស់ថា ទុក្ខសច្ចនេះនៅមាន សមុទយសច្ច ដែលគួរលះបង់ នៅមាន មគ្គសច្ច ដ៏ប្រសើរក៏នៅមាន និរោធសច្ច ជាគ្រឿងរលាស់ចេញនូវសញ្ញានេះតទៅ ក៏នៅមាន។ កាលភិក្ខុនោះដឹងយ៉ាងនេះហើយ ឃើញយ៉ាងនេះហើយ ចិត្តរមែងរួចចាកកាមាសវៈផង ចិត្តរមែងរួចចាកភវាសវៈផង ចិត្តរមែងរួចចាកអវិជ្ជាសវៈផង កាលបើចិត្តរួចស្រឡះហើយ ប្រាជ្ញាក៏កើតឡើងថា ចិត្តរួចស្រឡះហើយ ដូច្នេះ ភិក្ខុនោះ ក៏ដឹងច្បាស់ថា ជាតិ (របស់អាត្មាអញ) អស់ហើយ មគ្គព្រហ្មចារ្យ (របស់អាត្មាអញ) បាននៅរួចហើយ សោឡសកិច្ច ដែលអាត្មាអញត្រូវធ្វើ ក៏បានធ្វើហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនេះ តថាគតហៅថា ជាអ្នកលាងជំរះ ដោយគ្រឿងសម្រាប់លាងជំរះ (នូវកិលេស) ខាងក្នុង។
[៩៨] សម័យនោះឯង មានព្រាហ្មណ៍ម្នាក់ឈ្មោះ សុន្ទរិកភារទ្វាជៈ អង្គុយនៅជិតព្រះមានព្រះភាគ។ លំដាប់នោះឯង សុន្ទរិកភារទ្វាជព្រាហ្មណ៍ ក្រាបបង្គំទូលសួរព្រះមានព្រះភាគ ដូច្នេះថា ចុះព្រះគោតមដ៏ចំរើន ធ្លាប់ស្តេចទៅកាន់ស្ទឹងពាហុកា ដើម្បីលាងជំរះដែរឬ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលព្រាហ្មណ៍ ប្រយោជន៍អ្វី ដោយស្ទឹងពាហុកា ស្ទឹងពាហុកានោះ នឹងធ្វើអ្វីឲ្យ។ ព្រាហ្មណ៍ក្រាបបង្គំទូលថា បពិត្រព្រះគោតមដ៏ចំរើន ព្រោះថា ស្ទឹងពាហុកា មានជនច្រើនគ្នាសន្មតហើយ ថាជាស្ទឹងបរិសុទ្ធ បពិត្រព្រះគោតមដ៏ចំរើន ព្រោះថាស្ទឹងពាហុកា មានជនច្រើនគ្នាសន្មតហើយ ថាជាបុណ្យ ម្យ៉ាងទៀត ជនច្រើនគ្នា តែងបណ្តែតបាបកម្ម ដែលគេធ្វើហើយ ចោលទៅក្នុងស្ទឹងពាហុកា (នេះដែរ)។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់សំដែងដោយបទគាថាទាំងឡាយ ចំពោះសុន្ទរិកភារទ្វាជព្រាហ្មណ៍ថា
ជនពាល មានកម្មអាក្រក់ (ក្នុងសន្តាន) បើទុកជាចូលទៅកាន់ស្ទឹងពាហុកាក្តី កាន់កំពង់ឈ្មោះ អធិកក្កៈក្តី កាន់កំពង់ឈ្មោះគយាក្តី [កំពង់មានសណ្ឋានដូចបឹងមូល។] កាន់ស្ទឹងឈ្មោះ សុន្ទរិកាក្តី កាន់ស្ទឹងឈ្មោះសរស្សតីក្តី កាន់កំពង់ឈ្មោះបយាគៈក្តី ឬក៏កាន់ស្ទឹងឈ្មោះពាហុមតីក្តី អស់កាលជានិច្ច ក៏នៅតែមិនស្អាតឡើយ ព្រោះថា ស្ទឹងឈ្មោះសុន្ទរិកា នឹងធ្វើអ្វីឲ្យ កំពង់ឈ្មោះបយាគៈ នឹងធ្វើអ្វីឲ្យ ស្ទឹងឈ្មោះពាហុកា នឹងធ្វើអ្វីឲ្យ។ ព្រោះថា ស្ទឹងឈ្មោះសុន្ទរិកាជាដើម មិនដែលលាងជំរះសត្វមានពៀរ មានបាបកម្មដ៏ក្លៀវក្លា ដែលខ្លួនធ្វើហើយ មានកម្មដ៏លាមកនោះ ឲ្យស្អាតបានឡើយ ផគ្គុណឬក្ស តែងមានសព្វៗកាល ដល់បុគ្គលដែលបរិសុទ្ធ ឧបោសថ តែងមានសព្វៗកាល ដល់បុគ្គល ដែលបរិសុទ្ធ ការកាន់យកនូវវត្ត តែងសម្រេចសព្វៗកាល ដល់បុគ្គលដែលបរិសុទ្ធ មានកម្មដ៏ស្អាត។ ម្នាលព្រាហ្មណ៍ អ្នកចូរលាងជំរះខ្លួន ក្នុងសាសនាតថាគតនេះវិញ អ្នកចូរធ្វើសេចក្តីក្សេមក្សាន្ត ចំពោះពួកសត្វទាំងពួងចុះ បើអ្នកមិននិយាយកុហក បើអ្នកមិនបៀតបៀនសត្វ បើអ្នកមិនកាន់យកនូវទ្រព្យ ដែលគេមិនបានឲ្យ មានចិត្តជឿហើយ មិនមានសេចក្តីកំណាញ់ អ្នកចាំបាច់ទៅកាន់កំពង់ទឹកធ្វើអ្វីទៀត អ្នកផឹកទឹក (ឬងូត) តែក្នុងកំពង់ទឹក របស់អ្នកឯង (បានហើយ)។
[៩៩] កាលបើព្រះមានព្រះភាគ មានព្រះពុទ្ធដីកាយ៉ាងនេះហើយ ទើបសុន្ទរិកភារទ្វាជព្រាហ្មណ៍ ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះគោតមដ៏ចំរើន ពីរោះណាស់ បពិត្រព្រះគោតមដ៏ចំរើន ពីរោះណាស់ បពិត្រព្រះគោតមដ៏ចំរើន ធម៌ដែលព្រះអង្គសំដែងហើយ ដោយអនេកបរិយាយយ៉ាងនេះ ហាក់ដូចជាគេផ្ងារ របស់ដែលផ្កាប់ ឬក៏ដូចជាគេបើកបង្ហាញ របស់ដែលកំបាំង ពុំនោះ ដូចជាគេប្រាប់ផ្លូវ ដល់អ្នកវង្វេងទិស ពុំនោះសោត ដូចជាគេកាន់ប្រទីប ទ្រោលបំភ្លឺ ក្នុងទីងងឹត ដោយគិតថា មនុស្សមានភ្នែក តែងមើលឃើញរូបទាំងឡាយបាន ខ្ញុំព្រះអង្គ សូមដល់នូវព្រះគោតមដ៏ចំរើនផង ព្រះធម៌ផង ព្រះសង្ឃផង ជាទីពឹង ទីរលឹក ខ្ញុំព្រះអង្គ សូមបានបព្វជ្ជា សូមបាននូវឧបសម្បទា ក្នុងសំណាក់នៃព្រះគោតមដ៏ចំរើន។ សុន្ទរិកភារទ្វាជព្រាហ្មណ៍ ក៏បានបព្វជ្ជា បានឧបសម្បទា ក្នុងសំណាក់នៃព្រះមានព្រះភាគ។ ភារទ្វាជភិក្ខុដ៏មានអាយុ ដែលបានឧបសម្បទា មិនទាន់អស់កាលយូរប៉ុន្មាន ជាភិក្ខុម្នាក់ឯង ចៀសចេញ (ចាកពួក) ជាអ្នកមិនប្រមាទ មានព្យាយាមដុតបំផ្លាញកិលេស មានចិត្តស្លុងទៅកាន់ (ព្រះនិព្វាន) ពួកកុលបុត្រ ដែលចេញចាកផ្ទះ ហើយចូលទៅកាន់ផ្នួស ដោយប្រពៃ ដើម្បីប្រយោជន៍ ដល់អនុត្តរធម៌ណា (ភារទ្វាជភិក្ខុ) ក៏បានធ្វើឲ្យជាក់ច្បាស់ នូវអនុត្តរធម៌នោះ ជាទីបំផុតនៃមគ្គព្រហ្មចារ្យ ដោយប្រាជ្ញារបស់ខ្លួន ដោយខ្លួនឯង ក្នុងបច្ចុប្បន្ននេះ បានសម្រេចសម្រាន្តនៅ ដោយឥរិយាបថទាំង៤ មិនយូរប៉ុន្មាន ក៏បានដឹងច្បាស់ថា ជាតិកំណើតរបស់អាត្មាអញ អស់ហើយ ព្រហ្មចរិយធម៌ អញក៏បាននៅរួចហើយ កិច្ចដែលត្រូវធ្វើ អញក៏បានធ្វើហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។ បណ្តាព្រះអរហន្តទាំងឡាយ ភារទ្វាជភិក្ខុ ដ៏មានអាយុ ក៏ជាព្រះអរហន្តមួយអង្គដែរ។
ចប់ វត្ថូបមសូត្រ ជាគំរប់៧។
សល្លេខសូត្រ ទី៨
[១០០] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានជោគ គង់ក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ គ្រានោះឯង ព្រះមហាចុន្ទមានអាយុ ចេញអំពីទីសម្ងំ ក្នុងសាយណ្ហសម័យ ហើយចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះព្រះមហាចុន្ទមានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ ទើបក្រាបទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ទិដ្ឋិ [បានដល់មិច្ឆាទិដ្ឋិ] ទាំងឡាយច្រើនប្រការ ដែលជាទិដ្ឋិប្រកបដោយអត្តវាទខ្លះ [ប្រកបដោយសក្កាយទិដ្ឋិ ២០ មានឃើញរូប ថាជារបស់ខ្លួនជាដើម។] ប្រកបដោយលោកវាទខ្លះ [ប្រកបដោយមិច្ឆាទិដ្ឋិ៨ មានឃើញថា ខ្លួនក្តី លោកក្តី ជារបស់ទៀងជាដើម អដ្ឋកថា។] កើតឡើងក្នុងលោក បពិត្រព្រះអង្គដ៏ចំរើន កាលបើភិក្ខុធ្វើទុកក្នុងចិត្តជាដំបូង តើលះទិដ្ឋិទាំងនុ៎ះ ដោយឧបាយយ៉ាងនេះ ចោលទិដ្ឋិទាំងនុ៎ះ ដោយឧបាយយ៉ាងនេះ បានឬទេ។
[១០១] ព្រះអង្គត្រាស់ថា ម្នាលចុន្ទ ទិដ្ឋិទាំងឡាយមានច្រើនប្រការណា ដែលជាទិដ្ឋិប្រកបដោយអត្តវាទខ្លះ ប្រកបដោយលោកវាទខ្លះ កើតឡើងក្នុងលោក ក៏ទិដ្ឋិទាំងឡាយនោះ កើតក្នុងបញ្ចក្ខន្ធណា ដេកសម្ងំនៅក្នុងបញ្ចក្ខន្ធណា ផុសផុលឡើង ក្នុងបញ្ចក្ខន្ធណា កាលបើភិក្ខុឃើញច្បាស់ នូវបញ្ចក្ខន្ធនុ៎ះ តាមសេចក្តីពិត ដោយប្រាជ្ញាដ៏ប្រពៃយ៉ាងនេះថា នេះមិនមែនរបស់អញ នេះមិនមែនអញ នេះមិនមែនខ្លួនរបស់អញដូច្នេះ ការលះបង់នូវទិដ្ឋិទាំងឡាយនេះ គង់មានដោយឧបាយយ៉ាងនេះបាន ការរលាស់ចោល នូវទិដ្ឋិទាំងឡាយនោះ គង់មានដោយឧបាយយ៉ាងនេះបាន។
[១០២] ម្នាលចុន្ទ ហេតុនេះ តែងមានជាប្រាកដ គឺភិក្ខុពួកខ្លះ ក្នុងសាសនានេះ ស្ងាត់ចាកកាមទាំងឡាយ ស្ងាត់ចាកអកុសលធម៌ទាំងឡាយហើយ ចូលបឋមជ្ឈាន ប្រកបដោយវិតក្កៈ វិចារៈ មានបីតិ និងសុខៈ ដែលកើតអំពីវិវេក ភិក្ខុនោះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា អាត្មាអញ នៅដោយសេចក្តីផូរផង់ដូច្នេះ ម្នាលចុន្ទ តែថាតថាគត មិនទាន់ឲ្យឈ្មោះធម៌ទាំងនុ៎ះ ថាជាសេចក្តីផូរផង់ ក្នុងវិន័យរបស់ព្រះអរិយៈទេ គ្រាន់តែឲ្យឈ្មោះធម៌ទាំងនុ៎ះ ថាជាការនៅសប្បាយក្នុងបច្ចុប្បន្ន ក្នុងវិន័យរបស់ព្រះអរិយៈ (ប៉ុណ្ណោះ)។ ម្នាលចុន្ទ ហេតុនេះ តែងមានជាប្រាកដ គឺភិក្ខុពួកខ្លះ ក្នុងសាសនានេះ ចូលទុតិយជ្ឈាន ដែលកើតក្នុងសន្តាននៃខ្លួន ប្រកបដោយសេចក្តីជ្រះថ្លា គឺសទ្ធា មានសភាពជាចិត្តខ្ពស់ឯក មិនមានវិតក្កៈ មិនមានវិចារៈ មានតែបីតិ និងសុខៈ កើតអំពីសមាធិ ព្រោះស្ងប់រម្ងាប់វិតក្កៈ និងវិចារៈ ភិក្ខុនោះ មានសេចក្តីសំគាល់ថា អាត្មាអញ នៅដោយសេចក្តីផូរផង់ដូច្នេះ ម្នាលចុន្ទ តែថាតថាគត មិនទាន់ឲ្យឈ្មោះធម៌ទាំងនុ៎ះ ថាជាសេចក្តីផូរផង់ ក្នុងអរិយវិន័យទេ គ្រាន់តែឲ្យឈ្មោះធម៌ទាំងនុ៎ះ ថាជាការនៅសប្បាយ ក្នុងបច្ចុប្បន្ន ក្នុងអរិយវិន័យ ប៉ុណ្ណោះ។ ម្នាលចុន្ទ ហេតុនេះ តែងមានជាប្រាកដ គឺភិក្ខុពួកខ្លះ ក្នុងសាសនានេះ មានចិត្តព្រងើយកន្តើយ ព្រោះនឿយណាយ ចាកបីតិ តែមានស្មារតី និងដឹងខ្លួន ទទួលសេចក្តីសុខដោយនាមកាយ ព្រះអរិយៈទាំងឡាយ តែងសរសើរបុគ្គលប្រកបដោយតតិយជ្ឈាននោះថា បុគ្គលប្រកបដោយតតិយជ្ឈាន មានចិត្តព្រងើយកន្តើយ មានស្មារតីនៅជាសុខ ដូច្នេះ ដោយតតិយជ្ឈានណា (ភិក្ខុនោះ) ក៏បានចូលតតិយជ្ឈាននោះ ភិក្ខុនោះ មានសេចក្តីសំគាល់ថា អាត្មាអញ នៅដោយសេចក្តីផូរផង់ដូច្នេះ ម្នាលចុន្ទ តែថាតថាគត មិនទាន់ឲ្យឈ្មោះធម៌ទាំងនុ៎ះ ថាជាសេចក្តីផូរផង់ ក្នុងអរិយវិន័យទេ គ្រាន់តែឲ្យឈ្មោះធម៌ទាំងនុ៎ះ ថាជាការនៅសប្បាយ ក្នុងបច្ចុប្បន្ន ក្នុងអរិយវិន័យប៉ុណ្ណោះ។ ម្នាលចុន្ទ ហេតុនេះ តែងមានជាប្រាកដ គឺភិក្ខុពួកខ្លះ ក្នុងសាសនានេះ ចូលចតុត្ថជ្ឈាន មានសតិដ៏បរិសុទ្ធ ដោយឧបេក្ខា មិនទុក្ខ មិនសុខ ព្រោះលះបង់នូវសុខផង លះបង់នូវទុក្ខផង វិនាសទៅនៃសោមនស្ស និងទោមនស្សទាំងឡាយ ក្នុងកាលមុនផង ភិក្ខុនោះ មានសេចក្តីសំគាល់យ៉ាងនេះថា អាត្មាអញ នៅដោយសេចក្តីផូរផង់ដូច្នេះ ម្នាលចុន្ទ តែថាតថាគត មិនទាន់ឲ្យឈ្មោះធម៌ទាំងនុ៎ះ ថាជាសេចក្តីផូរផង់ ក្នុងអរិយវិន័យទេ គ្រាន់តែឲ្យឈ្មោះធម៌ទាំងនុ៎ះ ថាជាការនៅសប្បាយក្នុងបច្ចុប្បន្ន ក្នុងអរិយវិន័យប៉ុណ្ណោះ។
[១០៣] ម្នាលចុន្ទ ហេតុនេះ តែងមានជាប្រាកដ គឺភិក្ខុពួកខ្លះ ក្នុងសាសនានេះ ចូលអាកាសានញ្ចាយតនៈ ដោយគិតថា អាកាសមិនមានទីបំផុត ព្រោះកន្លងនូវពួករូបសញ្ញា វិនាសទៅនៃពួកបដិឃសញ្ញា មិនកំណត់ក្នុងចិត្ត នូវពួកនានត្តសញ្ញា ដោយសព្វគ្រប់ ភិក្ខុនោះ មានសេចក្តីសំគាល់ យ៉ាងនេះថា អាត្មាអញ នៅដោយសេចក្តីផូរផង់ ដូច្នេះ ម្នាលចុន្ទ តែថាតថាគត មិនទាន់ឲ្យឈ្មោះធម៌ទាំងនុ៎ះ ថាជាសេចក្តីផូរផង់ ក្នុងអរិយវិន័យទេ គ្រាន់តែឲ្យឈ្មោះធម៌ទាំងនុ៎ះ ថាជាគ្រឿងនៅ ដ៏ស្ងប់រម្ងាប់ ក្នុងបច្ចុប្បន្ន ក្នុងអរិយវិន័យប៉ុណ្ណោះ។ ម្នាលចុន្ទ ហេតុនេះ តែងមានជាប្រាកដ គឺភិក្ខុពួកខ្លះ ក្នុងសាសនានេះ កន្លងហួសអាកាសានញ្ចាយតនៈ ដោយសព្វគ្រប់ ហើយចូលវិញ្ញាណញ្ចាយតនៈ ដោយគិតថា វិញ្ញាណមិនមានទីបំផុត ភិក្ខុនោះ ក៏មានសេចក្តីសំគាល់យ៉ាងនេះថា អាត្មាអញ នៅដោយសេចក្តីផូរផង់ ដូច្នេះ ម្នាលចុន្ទ តែថាតថាគត មិនទាន់ឲ្យឈ្មោះធម៌ទាំងនុ៎ះ ថាជាសេចក្តីផូរផង់ ក្នុងអរិយវិន័យទេ គ្រាន់តែឲ្យឈ្មោះធម៌ទាំងនុ៎ះ ថាជាគ្រឿងនៅ ដ៏ស្ងប់រម្ងាប់ ក្នុងអរិយវិន័យប៉ុណ្ណោះ។ ម្នាលចុន្ទ ហេតុនេះ តែងមានជាប្រាកដ គឺភិក្ខុពួកខ្លះ ក្នុងសាសនានេះ កន្លងហួសនូវវិញ្ញាណញ្ចាយតនៈ ដោយសព្វគ្រប់ ហើយចូលអាកិញ្ចញ្ញាយតនៈ ដោយគិតថា វត្ថុតិចតួចមិនមាន ភិក្ខុនោះ ក៏មានសេចក្តីសំគាល់ យ៉ាងនេះថា អាត្មាអញ នៅដោយសេចក្តីផូរផង់ ដូច្នេះ ម្នាលចុន្ទ តែថាតថាគត មិនទាន់ឲ្យឈ្មោះធម៌ទាំងនុ៎ះ ថាជាសេចក្តីផូរផង់ ក្នុងអរិយវិន័យទេ គ្រាន់តែឲ្យឈ្មោះធម៌ទាំងនុ៎ះ ថាជាគ្រឿងនៅ ដ៏ស្ងប់រម្ងាប់ ក្នុងអរិយវិន័យប៉ុណ្ណោះ។ ម្នាលចុន្ទ ហេតុនេះ តែងមានជាប្រាកដ គឺភិក្ខុពួកខ្លះ ក្នុងសាសនានេះ កន្លងហួសនូវអាកិញ្ចញ្ញាយតនៈ ដោយសព្វគ្រប់ ហើយចូលនេវសញ្ញានាសញ្ញាយតនៈ ភិក្ខុនោះ ក៏មានសេចក្តីសំគាល់ យ៉ាងនេះថា អាត្មាអញ នៅដោយសេចក្តីផូរផង់ ដូច្នេះ ម្នាលចុន្ទ តែថាតថាគត មិនទាន់ឲ្យឈ្មោះធម៌ទាំងនុ៎ះ ថាជាសេចក្តីផូរផង់ ក្នុងអរិយវិន័យទេ គ្រាន់តែឲ្យឈ្មោះធម៌ទាំងនុ៎ះ ថាជាគ្រឿងនៅ ដ៏ស្ងប់រម្ងាប់ ក្នុងអរិយវិន័យប៉ុណ្ណោះ។
[១០៤] ម្នាលចុន្ទ អ្នកត្រូវធ្វើសេចក្តីផូរផង់ ក្នុងវត្ថុ មានការមិនបៀតបៀនជាដើមនេះ។ ពួកអ្នកត្រូវធ្វើនូវសេចក្តីផូរផង់យ៉ាងនេះថា ជនទាំងឡាយដទៃ នឹងជាអ្នកបៀតបៀនក្នុងវត្ថុណា ពួកយើងនឹងជាអ្នកមិនបៀតបៀនក្នុងវត្ថុនុ៎ះ។ ពួកអ្នកត្រូវធ្វើនូវសេចក្តីផូរផង់យ៉ាងនេះថា ជនទាំងឡាយដទៃ នឹងជាអ្នកបំបាត់ជីវិតសត្វ ក្នុងវត្ថុណា ពួកយើងនឹងជាអ្នកវៀរចាកកិរិយាបំបាត់ជីវិត ក្នុងវត្ថុនុ៎ះ។ ពួកអ្នកត្រូវធ្វើសេចក្តីផូរផង់យ៉ាងនេះថា ជនទាំងឡាយដទៃ នឹងកាន់យកនូវរបស់ដែលគេមិនបានឲ្យ ក្នុងវត្ថុណា ពួកយើងនឹងវៀរចាកការកាន់យកនូវរបស់ ដែលគេមិនបានឲ្យ ក្នុងវត្ថុនោះ។ ពួកអ្នកត្រូវធ្វើនូវសេចក្តីផូរផង់យ៉ាងនេះថា ជនទាំងឡាយដទៃ នឹងប្រព្រឹត្តនូវធម៌មិនប្រសើរ ក្នុងវត្ថុណា ពួកយើងនឹងប្រព្រឹត្តនូវធម៌ដ៏ប្រសើរ ក្នុងវត្ថុនុ៎ះ។ ពួកអ្នកត្រូវធ្វើនូវសេចក្តីផូរផង់យ៉ាងនេះថា ជនទាំងឡាយដទៃ នឹងនិយាយពាក្យកុហក ក្នុងវត្ថុណា ពួកយើងនឹងវៀរចាកការនិយាយពាក្យកុហក ក្នុងវត្ថុនុ៎ះ។ ពួកអ្នកត្រូវធ្វើនូវសេចក្តីផូរផង់យ៉ាងនេះថា ជនទាំងឡាយដទៃ នឹងមានសំដីញុះញង់ ក្នុងវត្ថុណា ពួកយើងនឹងវៀរចាកសំដីញុះញង់ ក្នុងវត្ថុនោះ។ ពួកអ្នកត្រូវធ្វើនូវសេចក្តីផូរផង់ យ៉ាងនេះថា ជនទាំងឡាយដទៃ នឹងមានសំដីទ្រគោះ ក្នុងវត្ថុណា ពួកយើងនឹងវៀរចាកសំដីទ្រគោះ ក្នុងវត្ថុនោះ។ ពួកអ្នកត្រូវធ្វើនូវសេចក្តីផូរផង់យ៉ាងនេះថា ជនទាំងឡាយដទៃ នឹងពោលពាក្យឥតប្រយោជន៍ ក្នុងវត្ថុណា ពួកយើងនឹងវៀរចាកការពោលពាក្យឥតប្រយោជន៍ ក្នុងវត្ថុនុ៎ះ។ ពួកអ្នកត្រូវធ្វើនូវសេចក្តីផូរផង់ យ៉ាងនេះថា ជនទាំងឡាយដទៃ មានសេចក្តីគយគន់ (ចង់បានទ្រព្យអ្នកដទៃ) ក្នុងវត្ថុណា ពួកយើងនឹងមិនមានសេចក្តីគយគន់ ក្នុងវត្ថុនុ៎ះ។ ពួកអ្នកត្រូវធ្វើនូវសេចក្តីផូរផង់យ៉ាងនេះថា ជនទាំងឡាយដទៃ នឹងមានចិត្តគុំកួន ក្នុងវត្ថុណា ពួកយើងនឹងមិនមានចិត្តគុំកួន ក្នុងវត្ថុនុ៎ះ។ ពួកអ្នកត្រូវធ្វើនូវសេចក្តីផូរផង់យ៉ាងនេះថា ជនទាំងឡាយដទៃ នឹងជាមិច្ឆាទិដ្ឋិ ក្នុងវត្ថុណា ពួកយើងនឹងជាសម្មាទិដ្ឋិ ក្នុងវត្ថុនុ៎ះ។ ពួកអ្នកត្រូវធ្វើនូវសេចក្តីផូរផង់យ៉ាងនេះថា ជនទាំងឡាយដទៃ នឹងមានតម្រិះខុស ក្នុងវត្ថុណា ពួកយើងនឹងមានតម្រិះត្រូវ ក្នុងវត្ថុនុ៎ះ។ ពួកអ្នកត្រូវធ្វើនូវសេចក្តីផូរផង់យ៉ាងនេះថា ជនទាំងឡាយដទៃ នឹងមានសំដីខុស ក្នុងវត្ថុណា ពួកយើងនឹងមានសំដីត្រូវ ក្នុងវត្ថុនុ៎ះ។ ពួកអ្នកត្រូវធ្វើនូវសេចក្តីផូរផង់យ៉ាងនេះថា ជនទាំងឡាយដទៃ នឹងមានការងារខុស ក្នុងវត្ថុណា ពួកយើងនឹងមានការងារត្រូវ ក្នុងវត្ថុនុ៎ះ។ ពួកអ្នកត្រូវធ្វើនូវសេចក្តីផូរផង់យ៉ាងនេះថា ជនទាំងឡាយដទៃ នឹងចិញ្ចឹមជីវិតខុស ក្នុងវត្ថុណា ពួកយើងនឹងចិញ្ចឹមជីវិតត្រូវ ក្នុងវត្ថុនុ៎ះ។ ពួកអ្នកត្រូវធ្វើនូវសេចក្តីផូរផង់យ៉ាងនេះថា ជនទាំងឡាយដទៃ នឹងមានព្យាយាមខុស ក្នុងវត្ថុណា ពួកយើងនឹងមានព្យាយាមត្រូវ ក្នុងវត្ថុនុ៎ះ។ ពួកអ្នកត្រូវធ្វើនូវសេចក្តីផូរផង់យ៉ាងនេះថា ជនទាំងឡាយដទៃ នឹងមានសេចក្តីរលឹកខុស ក្នុងវត្ថុណា ពួកយើងនឹងមានសេចក្តីរលឹកត្រូវ ក្នុងវត្ថុនុ៎ះ។ ពួកអ្នកត្រូវធ្វើនូវសេចក្តីផូរផង់យ៉ាងនេះថា ជនទាំងឡាយដទៃ នឹងមានសមាធិខុស ក្នុងវត្ថុណា ពួកយើងនឹងមានសមាធិត្រូវ ក្នុងវត្ថុនុ៎ះ។ ពួកអ្នកត្រូវធ្វើនូវសេចក្តីផូរផង់យ៉ាងនេះថា ជនទាំងឡាយដទៃ នឹងមានញាណខុស ក្នុងវត្ថុណា ពួកយើងនឹងមានញាណត្រូវ ក្នុងវត្ថុនុ៎ះ។ ពួកអ្នកត្រូវធ្វើនូវសេចក្តីផូរផង់យ៉ាងនេះថា ជនទាំងឡាយដទៃ នឹងមានវិមុត្តិខុស ក្នុងវត្ថុណា ពួកយើងនឹងមានវិមុត្តិត្រូវ ក្នុងវត្ថុនុ៎ះ។ ពួកអ្នកត្រូវធ្វើនូវសេចក្តីផូរផង់យ៉ាងនេះថា ជនទាំងឡាយដទៃ នឹងមានថីនមិទ្ធៈគ្របសង្កត់ ក្នុងវត្ថុណា ពួកយើងនឹងមានថីនមិទ្ធៈទៅប្រាសហើយ ក្នុងវត្ថុនុ៎ះ។ ពួកអ្នកត្រូវធ្វើនូវសេចក្តីផូរផង់យ៉ាងនេះថា ជនទាំងឡាយដទៃ នឹងប្រកបដោយសេចក្តីរាយមាយ ក្នុងវត្ថុណា ពួកយើងនឹងមិនមានសេចក្តីរាយមាយ ក្នុងវត្ថុនុ៎ះ។ ពួកអ្នកត្រូវធ្វើនូវសេចក្តីផូរផង់យ៉ាងនេះថា ជនទាំងឡាយដទៃ នឹងមានសេចក្តីសង្ស័យ ក្នុងវត្ថុណា ពួកយើងនឹងមានសេចក្តីសង្ស័យកន្លងផុតហើយ ក្នុងវត្ថុនុ៎ះ។ ពួកអ្នកត្រូវធ្វើនូវសេចក្តីផូរផង់យ៉ាងនេះថា ជនទាំងឡាយដទៃ នឹងមានសេចក្តីក្រេវក្រោធ ក្នុងវត្ថុណា ពួកយើងនឹងមិនមានសេចក្តីក្រេវក្រោធ ក្នុងវត្ថុនុ៎ះ។ ពួកអ្នកត្រូវធ្វើនូវសេចក្តីផូរផង់យ៉ាងនេះថា ជនទាំងឡាយដទៃ នឹងចងសេចក្តីក្រោធទុក ក្នុងវត្ថុណា ពួកយើងនឹងមិនចងសេចក្តីក្រោធទុក ក្នុងវត្ថុនុ៎ះ។ ពួកអ្នកត្រូវធ្វើនូវសេចក្តីផូរផង់យ៉ាងនេះថា ជនទាំងឡាយដទៃ នឹងលុបលាងគុណគេ ក្នុងវត្ថុណា ពួកយើងនឹងមិនលុបលាងគុណគេ ក្នុងវត្ថុនុ៎ះ។ ពួកអ្នកត្រូវធ្វើនូវសេចក្តីផូរផង់យ៉ាងនេះថា ជនទាំងឡាយដទៃ នឹងតម្កើងឫកស្មើ ក្នុងវត្ថុណា ពួកយើង នឹងមិនតម្កើងឫកស្មើ ក្នុងវត្ថុនុ៎ះ។ ពួកអ្នកត្រូវធ្វើនូវសេចក្តីផូរផង់យ៉ាងនេះថា ជនទាំងឡាយដទៃ នឹងច្រណែន ក្នុងវត្ថុណា ពួកយើងនឹងមិនច្រណែន ក្នុងវត្ថុនុ៎ះ។ ពួកអ្នកត្រូវធ្វើនូវសេចក្តីផូរផង់យ៉ាងនេះថា ជនទាំងឡាយដទៃ នឹងមានសេចក្តីកំណាញ់ ក្នុងវត្ថុណា ពួកយើងនឹងមិនមានសេចក្តីកំណាញ់ ក្នុងវត្ថុនុ៎ះ។ ពួកអ្នកត្រូវធ្វើនូវសេចក្តីផូរផង់យ៉ាងនេះថា ជនទាំងឡាយដទៃ នឹងអួតអាង ក្នុងវត្ថុណា ពួកយើងនឹងមិនអួតអាង ក្នុងវត្ថុនុ៎ះ។ ពួកអ្នកត្រូវធ្វើនូវសេចក្តីផូរផង់យ៉ាងនេះថា ជនទាំងឡាយដទៃ នឹងមានមាយា ក្នុងវត្ថុណា ពួកយើងនឹងមិនមានមាយា ក្នុងវត្ថុនុ៎ះ។ ពួកអ្នកត្រូវធ្វើនូវសេចក្តីផូរផង់យ៉ាងនេះថា ជនទាំងឡាយដទៃ នឹងរឹងត្អឹង ក្នុងវត្ថុណា ពួកយើងនឹងមិនរឹងត្អឹង ក្នុងវត្ថុនុ៎ះ។ ពួកអ្នកត្រូវធ្វើនូវសេចក្តីផូរផង់យ៉ាងនេះថា ជនទាំងឡាយដទៃ នឹងមានសេចក្តីមើលងាយគេ ក្នុងវត្ថុណា ពួកយើងនឹងមិនមានសេចក្តីមើលងាយគេ ក្នុងវត្ថុនុ៎ះ។ ពួកអ្នកត្រូវធ្វើនូវសេចក្តីផូរផង់យ៉ាងនេះថា ជនទាំងឡាយដទៃ នឹងជាអ្នកដែលគេប្រដៅក្រ ក្នុងវត្ថុណា ពួកយើងនឹងជាអ្នកដែលគេប្រដៅងាយ ក្នុងវត្ថុនុ៎ះ។ ពួកអ្នកត្រូវធ្វើនូវសេចក្តីផូរផង់យ៉ាងនេះថា ជនទាំងឡាយដទៃ នឹងមានមិត្តអាក្រក់ ក្នុងវត្ថុណា ពួកយើងនឹងមានមិត្តល្អ ក្នុងវត្ថុនុ៎ះ។ ពួកអ្នកត្រូវធ្វើនូវសេចក្តីផូរផង់យ៉ាងនេះថា ជនទាំងឡាយដទៃ នឹងប្រហែសធ្វេស ក្នុងវត្ថុណា ពួកយើងនឹងមិនប្រហែសធ្វេស ក្នុងវត្ថុនុ៎ះ។ ពួកអ្នកត្រូវធ្វើនូវសេចក្តីផូរផង់យ៉ាងនេះថា ជនទាំងឡាយដទៃ នឹងមិនមានសទ្ធា ក្នុងវត្ថុណា ពួកយើងនឹងមានសទ្ធា ក្នុងវត្ថុនុ៎ះ។ ពួកអ្នកត្រូវធ្វើនូវសេចក្តីផូរផង់យ៉ាងនេះថា ជនទាំងឡាយដទៃ នឹងមិនខ្មាសបាប ក្នុងវត្ថុល្អណា ពួកយើងនឹងមានចិត្តខ្មាសបាប ក្នុងវត្ថុល្អនុ៎ះ។ ពួកអ្នកត្រូវធ្វើនូវសេចក្តីផូរផង់ យ៉ាងនេះថា ជនទាំងឡាយដទៃ នឹងមិនខ្លាចបាប ក្នុងវត្ថុណា ពួកយើងនឹងខ្លាចបាប ក្នុងវត្ថុនុ៎ះ។ ពួកអ្នកត្រូវធ្វើនូវសេចក្តីផូរផង់យ៉ាងនេះថា ជនទាំងឡាយដទៃ នឹងមិនរៀនសូត្រ ក្នុងវត្ថុណា ពួកយើងនឹងរៀនសូត្រច្រើន ក្នុងវត្ថុនុ៎ះ។ ពួកអ្នកត្រូវធ្វើនូវសេចក្តីផូរផង់យ៉ាងនេះថា ជនទាំងឡាយដទៃ នឹងខ្ជិលច្រអូស ក្នុងវត្ថុណា ពួកយើងនឹងមានព្យាយាមប្រឹងប្រែង ក្នុងវត្ថុនុ៎ះ។ ពួកអ្នកត្រូវធ្វើនូវសេចក្តីផូរផង់យ៉ាងនេះថា ជនទាំងឡាយដទៃ នឹងមានសេចក្តីភ្លេចភ្លាំង ក្នុងវត្ថុណា ពួកយើងនឹងប្រុងស្មារតី ក្នុងវត្ថុនុ៎ះ។ ពួកអ្នកត្រូវធ្វើនូវសេចក្តីផូរផង់យ៉ាងនេះថា ជនទាំងឡាយដទៃ នឹងអាប់ឥតប្រាជ្ញា ក្នុងវត្ថុណា ពួកយើងនឹងមានប្រាជ្ញា ក្នុងវត្ថុនុ៎ះ។ ពួកអ្នកត្រូវធ្វើនូវសេចក្តីផូរផង់យ៉ាងនេះថា ជនទាំងឡាយដទៃ នឹងប្រកាន់តាមសេចក្តីយល់ឃើញរបស់ខ្លួន ជាអ្នកប្រកាន់មាំ ជាអ្នកដែលគេឲ្យលះបង់ (លទ្ធិ) បានដោយក្រ ក្នុងវត្ថុណា ពួកយើងនឹងមិនប្រកាន់តាមសេចក្តីយល់ឃើញរបស់ខ្លួន ជាអ្នកមិនប្រកាន់មាំ និងជាអ្នកដែលគេឲ្យលះបង់ (លទ្ធិ) បានដោយងាយ។
[១០៥] ម្នាលចុន្ទ តថាគតពោលចំពោះការកើតឡើង នៃចិត្តក្នុងកុសលធម៌ទាំងឡាយថា មានឧបការៈច្រើន នឹងពោលទៅថ្វីក្នុងការតាក់តែងដោយកាយ ឬដោយវាចា។ ម្នាលចុន្ទ ព្រោះហេតុនោះ អ្នកត្រូវញុំាងចិត្តឲ្យកើតឡើងយ៉ាងនេះថា ជនទាំងឡាយដទៃ នឹងបៀតបៀនក្នុងវត្ថុណា ពួកយើងនឹងមិនបៀតបៀន ក្នុងវត្ថុនុ៎ះ។ អ្នកត្រូវញុំាងចិត្តឲ្យកើតឡើងយ៉ាងនេះថា ជនទាំងឡាយដទៃ នឹង បំបាត់ជីវិតសត្វ ក្នុងវត្ថុណា ពួកយើងនឹងវៀរចាកការបំបាត់ជីវិតសត្វ ក្នុងវត្ថុនុ៎ះ។បេ។ អ្នកត្រូវញុំាងចិត្ត ឲ្យកើតឡើងយ៉ាងនេះថា ជនទាំងឡាយដទៃ នឹងប្រកាន់តាមសេចក្តីយល់ឃើញរបស់ខ្លួន ជាអ្នកប្រកាន់មាំ ជាអ្នកដែលគេឲ្យលះបង់ (លទ្ធិ) បានដោយក្រ ក្នុងវត្ថុណា ពួកយើងនឹងមិនប្រកាន់តាមសេចក្តីយល់ឃើញរបស់ខ្លួន ជាអ្នកមិនប្រកាន់មាំ ជាអ្នកដែលគេឲ្យលះបង់ (លទ្ធិ) បានដោយងាយ ក្នុងវត្ថុនុ៎ះ។
[១០៦] ម្នាលចុន្ទ ដូចជាផ្លូវមិនស្មើ [ផ្លូវដែលមានដង្គត់ បន្លា និងថ្មជាដើម។] មានផ្លូវស្មើដទៃ សម្រាប់ចៀសវាងផ្លូវមិនស្មើនោះ ម្នាលចុន្ទ ពុំនោះសោត ដូចកំពង់មិនស្មើ [កំពង់ចំឡង ប្រកបដោយគល់ឈើ ដុំថ្ម មានក្រពើ និងមករ ជាដើម។ អដ្ឋកថា។] មានកំពង់ស្មើឯទៀត សម្រាប់ចៀសវាងកំពង់មិនស្មើនោះ មានឧបមាយ៉ាងណា ម្នាលចុន្ទ បុរសបុគ្គលជាអ្នកបៀតបៀន រមែងមានការមិនបៀតបៀនសម្រាប់ចៀសវាងចេញ មានឧបមេយ្យយ៉ាងនោះ។ បុរសបុគ្គលអ្នកសម្លាប់សត្វ មានចេតនាវៀរចាកការសម្លាប់សត្វ សម្រាប់ចៀសវាង។ បុរសបុគ្គលអ្នកកាន់យកទ្រព្យ ដែលគេមិនបានឲ្យ មានចេតនាវៀរចាកការកាន់យកទ្រព្យ ដែលគេមិនបានឲ្យ សម្រាប់ចៀសវាង។ បុរសបុគ្គល អ្នកប្រព្រឹត្តធម៌មិនប្រសើរ មានការប្រព្រឹត្តធម៌ដ៏ប្រសើរសម្រាប់ចៀសវាង។ បុរសបុគ្គលអ្នកនិយាយពាក្យកុហក មានចេតនាវៀរចាកពាក្យកុហក សម្រាប់ចៀសវាង។ បុរសបុគ្គលអ្នកមានសំដីញុះញង់ មានចេតនាវៀរចាកសំដីញុះញង់ សម្រាប់ចៀសវាង។ បុរសបុគ្គល អ្នកមានសំដីទ្រគោះ មានចេតនាវៀរចាកសំដីទ្រគោះ សម្រាប់ចៀសវាង។ បុរសបុគ្គលអ្នកពោលពាក្យឥតប្រយោជន៍ មានចេតនាវៀរចាកការពោលពាក្យឥតប្រយោជន៍ សម្រាប់ចៀសវាង។ បុរសបុគ្គល អ្នកមានចិត្តរំពៃចង់បានទ្រព្យរបស់គេ មានការមិនរំពៃចង់បានទ្រព្យរបស់គេ សម្រាប់ចៀសវាង។ បុរសបុគ្គលអ្នកមានចិត្ត ចង់ឲ្យគេវិនាស មានការមិនចង់ឲ្យគេវិនាស សម្រាប់ចៀសវាង។ បុរសបុគ្គលអ្នកមានសេចក្តីយល់ឃើញខុស មានការយល់ឃើញត្រូវ សម្រាប់ចៀសវាង។ បុរសបុគ្គល អ្នកមានតម្រិះខុស មានតម្រិះត្រូវ សម្រាប់ចៀសវាង។ បុរសបុគ្គលអ្នកមានសំដីខុស មានសំដីត្រូវ សម្រាប់ចៀសវាង។ បុរសបុគ្គលអ្នកមានការងារខុស មានការងារត្រូវ សម្រាប់ចៀសវាង។ បុរសបុគ្គល មានការចិញ្ចឹមជីវិតខុស មានការចិញ្ចឹមជីវិតត្រូវ សម្រាប់ចៀសវាង។ បុរសបុគ្គល អ្នកមានសេចក្តីព្យាយាមខុស មានសេចក្តីព្យាយាមត្រូវ សម្រាប់ចៀសវាង។ បុរសបុគ្គល អ្នកមានសេចក្តីរលឹកខុស មានសេចក្តីរលឹកត្រូវ សម្រាប់ចៀសវាង។ បុរសបុគ្គល អ្នកមានសមាធិខុស មានសមាធិត្រូវ សម្រាប់ចៀសវាង។ បុរសបុគ្គល អ្នកមានញាណខុស មានញាណត្រូវ សម្រាប់ចៀសវាង។ បុរសបុគ្គល អ្នកមានវិមុត្តិខុស មានវិមុត្តិត្រូវ សម្រាប់ចៀសវាង។ បុរសបុគ្គល អ្នកមានថីនមិទ្ធៈគ្របសង្កត់ មានការប្រាសចាកថីនមិទ្ធៈ សម្រាប់ចៀសវាង។ បុរសបុគ្គល អ្នកមានចិត្តរាយមាយ មានចិត្តមិនរាយមាយ សម្រាប់ចៀសវាង។ បុរសបុគ្គល អ្នកមានសេចក្តីសង្ស័យ មានការកន្លងសេចក្តីសង្ស័យ សម្រាប់ចៀសវាង។ បុរសបុគ្គល អ្នកមានសេចក្តីក្រេវក្រោធ មានសេចក្តីមិនក្រេវក្រោធ សម្រាប់ចៀសវាង។ បុរសបុគ្គល អ្នកចងសេចក្តីក្រោធទុក មានការមិនចងសេចក្តីក្រោធទុក សម្រាប់ចៀសវាង។ បុរសបុគ្គល អ្នកលុបគុណគេ មានការមិនលុបគុណគេ សម្រាប់ចៀសវាង។ បុរសបុគ្គល អ្នកប្រណាំងវាសនា មានការមិនប្រណាំងវាសនា សម្រាប់ចៀសវាង។ បុរសបុគ្គល អ្នកច្រណែន មានការមិនច្រណែន សម្រាប់ចៀសវាង។ បុរសបុគ្គល អ្នកកំណាញ់ មានសេចក្តីកំណាញ់ សម្រាប់ចៀសវាង។ បុរសបុគ្គល អ្នកអួតអាង មានការមិនអួតអាង សម្រាប់ចៀសវាង។ បុរសបុគ្គល អ្នកលាកពុត មានការមិនលាក់ពុត សម្រាប់ចៀសវាង។ បុរសបុគ្គល អ្នករឹងត្អឹង មានសេចក្តីមិនរឹងត្អឹង សម្រាប់ចៀសវាង។ បុរសបុគ្គល អ្នកមើលងាយគេ មានសេចក្តីមិនមើលងាយគេ សម្រាប់ចៀសវាង។ បុរសបុគ្គល ដែលគេប្រដៅបានដោយក្រ មានការប្រដៅបានងាយ សម្រាប់ចៀសវាង។ បុរសបុគ្គល អ្នកមានមិត្តអាក្រក់ មានភាវៈជាអ្នកមានមិត្តល្អ សម្រាប់ចៀសវាង។ បុរសបុគ្គល អ្នកធ្វេសប្រហែស មានសេចក្តីមិនធ្វេសប្រហែស សម្រាប់ចៀសវាង។ បុរសបុគ្គល អ្នកមិនជឿ មានការជឿ សម្រាប់ចៀសវាង។ បុរសបុគ្គល អ្នកមិនខ្មាសបាប មានសេចក្តីខ្មាសបាប សម្រាប់ចៀសវាង។ បុរសបុគ្គល អ្នកមិនខ្លាចបាប មានសេចក្តីខ្លាចបាប សម្រាប់ចៀសវាង។ បុរសបុគ្គល អ្នករៀនសូត្រតិច មានការរៀនសូត្រច្រើន សម្រាប់ចៀសវាង។ បុរសបុគ្គល អ្នកខ្ជិលច្រអូស មានការប្រារព្ធព្យាយាម សម្រាប់ចៀសវាង។ បុរសបុគ្គល អ្នកមានស្មារតីភ្លេចភ្លាំង មានភាវៈ ជាអ្នកមានស្មារតីតម្កល់ខ្ជាប់សម្រាប់ចៀសវាង។ បុរសបុគ្គល អ្នកអាប់ឥតប្រាជ្ញា មានការបរិបូណ៌ដោយប្រាជ្ញា សម្រាប់ចៀសវាង។ បុរសបុគ្គល ជាអ្នកមានសេចក្តីប្រកាន់តាមសេចក្តីយល់ឃើញរបស់ខ្លួន ប្រកាន់មាំ និងជាអ្នកដែលគេឲ្យលះបង់ទិដ្ឋិបានដោយក្រ មានភាវៈជាអ្នកមិនបានប្រកាន់តាមសេចក្តីយល់ឃើញរបស់ខ្លួន មិនបានប្រកាន់មាំ និងជាអ្នកដែលគេឲ្យលះបង់ទិដ្ឋិ បានដោយងាយសម្រាប់ចៀសវាង។
[១០៧] ម្នាលចុន្ទ ធម៌ទាំងឡាយណានីមួយ ជាអកុសល ធម៌ទាំងអស់នោះ តែងញុំាងសត្វឲ្យធ្លាក់ទៅទាប ធម៌ទាំងឡាយណានីមួយ ជាកុសល ធម៌ទាំងអស់នោះ តែងញុំាងសត្វឲ្យឡើងទៅទីខ្ពស់ មានឧបមាយ៉ាងណា ម្នាលចុន្ទ បុរសបុគ្គលអ្នកបៀតបៀន មានការមិនបៀតបៀន សម្រាប់ញុំាងខ្លួនឲ្យបានខ្ពស់ ក៏មានឧបមេយ្យយ៉ាងនោះ។ បុរសបុគ្គលអ្នកសម្លាប់សត្វ មានកិច្ចវៀរចាកការសម្លាប់សត្វ សម្រាប់ញុំាងខ្លួនឲ្យបានខ្ពស់។ បុរសបុគ្គលអ្នកកាន់យកទ្រព្យ ដែលគេមិនបានឲ្យ។បេ។ បុរសបុគ្គលអ្នកប្រកាន់តាមសេចក្តីយល់ឃើញរបស់ខ្លួន ប្រកាន់មាំ និងជាអ្នកដែលគេឲ្យលះបង់ទិដ្ឋិបានដោយក្រ មានការមិនប្រកាន់តាមសេចក្តីយល់ឃើញរបស់ខ្លួន មិនបានប្រកាន់មាំ និងជាអ្នកដែលគេឲ្យលះបង់ទិដ្ឋិបានដោយងាយ សម្រាប់ញុំាងខ្លួនឲ្យបានខ្ពស់។
[១០៨] ម្នាលចុន្ទ បុគ្គលណាមុជចុះក្នុងភក់ គឺកាមគុណ ដោយខ្លួនឯងហើយ បុគ្គលនោះឯង នឹងជួយស្រង់បុគ្គលដទៃ ដែលមុជចុះក្នុងភក់ គឺកាមគុណដូចគ្នា ហេតុដូច្នេះនេះ មិនដែលមានទេ។ ម្នាលចុន្ទ លុះតែបុគ្គលណា មិនមុជចុះក្នុងភក់ គឺកាមគុណដោយខ្លួនឯងទេ បុគ្គលនោះឯង ទើបជួយស្រង់បុគ្គលដទៃ ដែលមុជចុះក្នុងភក់ គឺកាមគុណ ហេតុដូច្នេះនេះ ទើបមាន។ ម្នាលចុន្ទ បុគ្គលណា មិនទាន់បានប្រដៅចិត្ត មិនទាន់បានទូន្មានចិត្ត មិនទាន់រំលត់កិលេស ដោយខ្លួនឯង បុគ្គលនោះឯង នឹងប្រដៅ នឹងទូន្មាន នឹងញុំាងបុគ្គលដទៃ ឲ្យរំលត់កិលេស ហេតុដូច្នេះនេះ មិនដែលមានទេ។ ម្នាលចុន្ទ បុគ្គលណាបានប្រដៅ បានទូន្មាន បានរំលត់កិលេសដោយខ្លួនឯង បុគ្គលនោះឯង នឹងប្រដៅ នឹងទូន្មាន នឹងញុំាងបុគ្គលដទៃ ឲ្យរំលត់កិលេស ហេតុដូច្នេះនេះ ទើបមាន។ ម្នាលចុន្ទ ដូចយ៉ាងបុរសបុគ្គល អ្នកបៀតបៀន មានការមិនបៀតបៀន សម្រាប់រំលត់។ បុរសបុគ្គលអ្នកសម្លាប់សត្វ មានចេតនាវៀរចាកការសម្លាប់សត្វ សម្រាប់រំលត់។ បុរសបុគ្គលអ្នកកាន់យកទ្រព្យ ដែលគេមិនបានឲ្យ មានចេតនាវៀរចាកការកាន់យកទ្រព្យ ដែលគេមិនបានឲ្យ សម្រាប់រំលត់។ បុរសបុគ្គលអ្នកប្រព្រឹត្តធម៌មិនប្រសើរ មានការប្រព្រឹត្តធម៌ដ៏ប្រសើរ សម្រាប់រំលត់។ បុរសបុគ្គលអ្នកនិយាយកុហក មានចេតនាវៀរចាកពាក្យកុហក សម្រាប់រំលត់។ បុរសបុគ្គលអ្នកមានសំដីញុះញង់ មានចេតនាវៀរចាកសំដីញុះញង់ សម្រាប់រំលត់។ បុរសបុគ្គលអ្នកមានសំដីទ្រគោះ មានចេតនាវៀរចាកសំដីទ្រគោះ សម្រាប់រំលត់។ បុរសបុគ្គលអ្នកនិយាយពាក្យឥតប្រយោជន៍ មានចេតនាវៀរចាកការនិយាយពាក្យឥតប្រយោជន៍ សម្រាប់រំលត់។ បុរសបុគ្គលអ្នកមានចិត្តរំពៃចង់បានទ្រព្យរបស់គេ មានចិត្តមិនរំពៃចង់បានទ្រព្យរបស់គេ សម្រាប់រំលត់។ បុរសបុគ្គលអ្នកមានចិត្តចង់ឲ្យគេវិនាស មានការមិនចង់ឲ្យគេវិនាស សម្រាប់រំលត់។ បុរសបុគ្គលអ្នកយល់ខុស មានសេចក្តីយល់ត្រូវ សម្រាប់រំលត់។ បុរសបុគ្គលអ្នកមានតម្រិះខុស មានតម្រិះត្រូវ សម្រាប់រំលត់។ បុរសបុគ្គលអ្នកមានសំដីខុស មានសំដីត្រូវ សម្រាប់រំលត់។ បុរសបុគ្គលអ្នកមានការងារខុស មានការងារត្រូវ សម្រាប់រំលត់។ បុរសបុគ្គលអ្នកចិញ្ចឹមជីវិតខុស មានការចិញ្ចឹមជីវិតត្រូវ សម្រាប់រំលត់។ បុរសបុគ្គលអ្នកមានសេចក្តីព្យាយាមខុស មានសេចក្តីព្យាយាមត្រូវ សម្រាប់រំលត់។ បុរសបុគ្គលអ្នកមានសេចក្តីរលឹកខុស មានសេចក្តីរលឹកត្រូវ សម្រាប់រំលត់។ បុរសបុគ្គលអ្នកមានសមាធិខុស មានសមាធិត្រូវ សម្រាប់រំលត់។ បុរសបុគ្គលអ្នកមានញាណខុស មានញាណត្រូវ សម្រាប់រំលត់។ បុរសបុគ្គលអ្នកមានវិមុត្តិខុស មានវិមុត្តិត្រូវ សម្រាប់រំលត់។ បុរសបុគ្គលអ្នកមានថីនមិទ្ធៈ គ្របសង្កត់ មានការប្រាសចាកថីនមិទ្ធៈ សម្រាប់រំលត់។ បុរសបុគ្គលអ្នកមានចិត្តរាយមាយ មានការមិនមានចិត្តរាយ សម្រាប់រំលត់។ បុរសបុគ្គល អ្នកមានសេចក្តីសង្ស័យ មានការកន្លងសេចក្តីសង្ស័យ សម្រាប់រំលត់។ បុរសបុគ្គល អ្នកមានសេចក្តីក្រេវក្រោធ មានសេចក្តីមិនក្រេវក្រោធ សម្រាប់រំលត់។ បុរសបុគ្គល អ្នកចងសេចក្តីក្រោធទុក មានការមិនចងសេចក្តីក្រោធទុក សម្រាប់រំលត់។ បុរសបុគ្គល អ្នកលុបគុណគេ មានការមិនលុបគុណគេ សម្រាប់រំលត់។ បុរសបុគ្គល អ្នកប្រណាំងវាសនា មានការមិនប្រណាំងវាសនា សម្រាប់រំលត់។ បុរសបុគ្គល អ្នកច្រណែន មានការមិនច្រណែន សម្រាប់រំលត់។ បុរសបុគ្គល អ្នកកំណាញ់ មានសេចក្តីមិនកំណាញ់ សម្រាប់រំលត់។ បុរសបុគ្គល អ្នកអួតអាង មានការមិនអួតអាង សម្រាប់រំលត់។ បុរសបុគ្គល អ្នកលាក់ពុត មានការមិនលាក់ពុត សម្រាប់រំលត់។ បុរសបុគ្គល អ្នករឹងត្អឹង មានសេចក្តីមិនរឹងត្អឹង សម្រាប់រំលត់។ បុរសបុគ្គល អ្នកមើលងាយគេ មានសេចក្តីមិនមើលងាយគេ សម្រាប់រំលត់។ បុរសបុគ្គល ដែលគេប្រដៅបានដោយក្រ មានការប្រដៅបានដោយងាយ សម្រាប់រំលត់។ បុរសបុគ្គល អ្នកមានមិត្រអាក្រក់ មានមិត្រល្អ សម្រាប់រំលត់។ បុរសបុគ្គល អ្នកធ្វេសប្រហែស មានសេចក្តីមិនធ្វេសប្រហែស សម្រាប់រំលត់។ បុរសបុគ្គល អ្នកមិនជឿ មានការជឿសម្រាប់រំលត់។ បុរសបុគ្គល អ្នកមិនខ្មាសបាប មានសេចក្តីខ្មាសបាប សម្រាប់រំលត់។ បុរសបុគ្គល អ្នកមិនខ្លាចបាប មានសេចក្តីខ្លាចបាប សម្រាប់រំលត់។ បុរសបុគ្គល អ្នករៀនសូត្រតិច មានការរៀនសូត្រច្រើន សម្រាប់រំលត់។ បុរសបុគ្គល អ្នកខ្ជិលច្រអូស មានការប្រារព្ធព្យាយាម សម្រាប់រំលត់។ បុរសបុគ្គល អ្នកមានស្មារតីភ្លេចភ្លាំង មានស្មារតីតម្កល់ខ្ជាប់ សម្រាប់រំលត់។ បុរសបុគ្គល អាប់ឥតប្រាជ្ញា មានការបរិបូណ៌ដោយប្រាជ្ញា សម្រាប់រំលត់។ បុរសបុគ្គល អ្នកប្រកាន់តាមសេចក្តីយល់ឃើញរបស់ខ្លួន ប្រកាន់មាំ និងមានលទ្ធិ ដែលគេឲ្យលះបង់បានដោយក្រ មានសេចក្តីមិនប្រកាន់តាមសេចក្តីយល់ឃើញរបស់ខ្លួន មិនបានប្រកាន់មាំ និងមានលទ្ធិ ដែលគេឲ្យលះបង់បានដោយងាយ សម្រាប់រំលត់។
[១០៩] ម្នាលចុន្ទ តថាគតបានសំដែងនូវហេតុនៃសេចក្តីផូរផង់ហើយ បានសំដែងនូវហេតុនៃការកើតឡើងនៃចិត្តហើយ បានសំដែងនូវហេតុនៃការចៀសវាង (នូវបាបធម៌ មានការបៀតបៀនជាដើម) ហើយ បានសំដែងនូវហេតុនៃការកើតក្នុងជាន់ខ្ពស់ហើយ បានសំដែងនូវហេតុ ជាគ្រឿងរំលត់ហើយ ដោយប្រការដូច្នេះឯង។ ម្នាលចុន្ទ កិច្ចណាដែលសាស្តា ជាអ្នកស្វែងរកនូវប្រយោជន៍ ជាអ្នកអនុគ្រោះ គប្បីធ្វើដល់សាវ័កទាំងឡាយ កិច្ចនោះ តថាគត អាស្រ័យសេចក្តីអនុគ្រោះ បានធ្វើហើយដល់អ្នកទាំងឡាយ។ ម្នាលចុន្ទ ពួកអ្នកចូរពិចារណា នូវរុក្ខមូលសេនាសនៈ និងផ្ទះស្ងាត់នុ៎ះចុះ ម្នាលចុន្ទ ពួកអ្នកកុំប្រមាទឡើយ កុំជាបុគ្គលមានសេចក្តីក្តៅក្រហាយ ស្តាយក្រោយឡើយ។ នេះជាពាក្យប្រៀនប្រដៅ របស់យើង ដល់អ្នកទាំងឡាយ។ លុះព្រះមានជោគ បានទ្រង់សំដែងព្រះសូត្រនេះចប់ហើយ ព្រះមហាចុន្ទដ៏មានអាយុ ក៏មានចិត្តត្រេកអរ រីករាយ ចំពោះភាសិត របស់ព្រះមានព្រះភាគ។
បទ [បានដល់ពួកធម៌ មានអាការ៤៤ គឺមានការមិនបៀតបៀនជាដើម មានភាពជាអ្នកលះបង់ទិដ្ឋិ បានដោយងាយ ជាទីបំផុត។] ៤៤ ព្រះមានព្រះភាគ បានត្រាស់សំដែងហើយ សន្ធិ [បានដល់ហេតុជាតំណនៃធម៌៥យ៉ាង គឺសេចក្តីផូរផង់១ ការកើតឡើងនៃចិត្ត១ ការចៀសវាង១ ការកើតក្នុងជាន់ខ្ពស់១ ការរំលត់កិលេស១។]៥ ព្រះមានព្រះភាគ ក៏បានសំដែងហើយ សូត្រ (នេះ) ឈ្មោះសល្លេខៈ ព្រោះមានសេចក្តីជ្រាលជ្រៅ ឧបមាដូចសាគរ។
ចប់ សល្លេខសូត្រ ទី៨។
សម្មាទិដ្ឋិសូត្រ ទី៩
[១១០] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់ក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ ក្នុងទីនោះឯង ព្រះសារីបុត្រដ៏មានអាយុ ហៅភិក្ខុទាំងឡាយមកថា ម្នាលអាវុសោ [១-២ ក្នុងពុទ្ធសម័យ ភិក្ខុចាស់វស្សា និងខ្ចីវស្សា ហៅគ្នាទៅមកថា អាវុសោ តែក្នុងសម័យដែលព្រះអង្គជិតបរិនិព្វាន ទ្រង់មានបន្ទូលនឹងព្រះអានន្ទថា អំណឹះឥតអំពីព្រះអង្គទៅ ត្រូវភិក្ខុចាស់វស្សាហៅភិក្ខុខ្ចីវស្សាថា អាវុសោ ចំណែកភិក្ខុខ្ចីវស្សា ត្រូវហៅភិក្ខុចាស់វស្សាថា ភន្តេ ឬអាយស្មា (មហាបរិនិព្វានសូត្រ)។] ភិក្ខុទាំងឡាយ។ ភិក្ខុទាំងឡាយនោះ ទទួលតបពាក្យព្រះសារីបុត្រដ៏មានអាយុ ដោយពាក្យថា ម្នាលអាវុសោ [២] ដូច្នេះ។ ព្រះសារីបុត្រដ៏មានអាយុ បានសួរពាក្យនេះថា ម្នាលអាវុសោទាំងឡាយ ព្រះមានព្រះភាគ តែងត្រាស់ថា សម្មាទិដ្ឋិៗ [សម្មាទិដ្ឋិ មាន២យ៉ាង គឺ លោកិយសម្មាទិដ្ឋិ បានដល់សេចក្តីដឹងថា សត្វមានកម្មជារបស់ខ្លួន និងសេចក្តីដឹង ដែលអនុលោមតាមសច្ចៈ ឬប្រាជ្ញាដែលប្រកបដោយអាសវៈទាំងអស់១ លោកុត្តរសម្មាទិដ្ឋិ បានដល់ប្រាជ្ញា ដែលប្រកបដោយអរិយមគ្គ អរិយផល១។] ដូច្នេះ ម្នាលអាវុសោទាំងឡាយ អរិយសាវ័កជាសម្មាទិដ្ឋិ [បុគ្គលជាសម្មាទិដ្ឋិ មាន៣ពួក គឺ បុថុជ្ជន១ សេក្ខបុគ្គល១ អសេក្ខបុគ្គល១។ អដ្ឋកថា។] ជាអ្នកមានទិដ្ឋិត្រង់ ប្រកបដោយសេចក្តីជ្រះថ្លា មិនញាប់ញ័រក្នុងធម៌ ហើយបានមកកាន់ព្រះសទ្ធម្មនេះ ដោយហេតុប៉ុន្មានយ៉ាងហ្ន៎។ ភិក្ខុទាំងឡាយនោះ ឆ្លើយតបថា ម្នាលអាវុសោ យើងទាំងឡាយមកអំពីចម្ងាយ ដើម្បីដឹងសេចក្តីនៃភាសិតនេះ ក្នុងសំណាក់នៃព្រះសារីបុត្រដ៏មានអាយុ យើងសូមអង្វរ សូមព្រះសារីបុត្រដ៏មានអាយុ សំដែងសេចក្តីនៃភាសិតនុ៎ះឲ្យទាន ភិក្ខុទាំងឡាយ បានស្តាប់ភាសិតរបស់ព្រះសារីបុត្រដ៏មានអាយុហើយ នឹងចាំទុក។ ព្រះសារីបុត្រ មានថេរវាចាថា ម្នាលអាវុសោទាំងឡាយ បើដូច្នោះ ចូរលោកទាំងឡាយ ប្រុងស្តាប់ចុះ ចូរធ្វើទុកក្នុងចិត្ត ឲ្យប្រពៃចុះ ខ្ញុំនឹងសំដែងឥឡូវនេះ។ ពួកភិក្ខុទាំងនោះ ទទួលស្តាប់ពាក្យព្រះសារីបុត្រដ៏មានអាយុ ដោយពាក្យថា ករុណាអាវុសោ។
[១១១] ព្រះសារីបុត្រដ៏មានអាយុ ក៏បានសំដែងសេចក្តីនេះថា ម្នាលអាវុសោទាំងឡាយ កាលណាអរិយសាវ័ក ដឹងច្បាស់នូវអកុសលផង ដឹងច្បាស់នូវអកុសលមូលផង ដឹងច្បាស់នូវកុសលផង ដឹងច្បាស់នូវកុសលមូលផង ម្នាលអាវុសោទាំងឡាយ ព្រះអរិយសាវ័ក ជាសម្មាទិដ្ឋិ ជាអ្នកមានទិដ្ឋិត្រង់ ប្រកបដោយសេចក្តីជ្រះថ្លា មិនញាប់ញ័រ ក្នុងព្រះធម៌ ហើយបានមកកាន់ព្រះសទ្ធម្មនេះ ក្នុងកាលនោះ ដោយហេតុប៉ុណ្ណេះឯង។ ម្នាលអាវុសោទាំងឡាយ អកុសល តើដូចម្តេច។ ម្នាលអាវុសោទាំងឡាយ បាណាតិបាត ជាអកុសល១ អទិន្នាទាន ជាអកុសល១ កាមេសុ មិច្ឆាចារ ជាអកុសល១ មុសាវាទ ជាអកុសល១ បិសុណាវាចា ជាអកុសល១ ផរុសវាចា ជាអកុសល១ សម្ផប្បលាបៈ ជាអកុសល១ អភិជ្ឈា ជាអកុសល១ ព្យាបាទ ជាអកុសល១ មិច្ឆាទិដ្ឋិ ជាអកុសល១ ម្នាលអាវុសោទាំងឡាយ នេះហៅថា អកុសល។ ម្នាលអាវុសោទាំងឡាយ អកុសលមូល តើដូចម្តេច។ លោភៈ ជាអកុសលមូល១ ទោសៈ ជាអកុសលមូល១ មោហៈ ជាអកុសលមូល១ ម្នាលអាវុសោទាំងឡាយ នេះហៅថា អកុសលមូល។ ម្នាលអាវុសោទាំងឡាយ កុសល តើដូចម្តេច។ ចេតនាវៀរចាកបាណាតិបាត ជាកុសល១ ចេតនាវៀរចាកអទិន្នាទាន ជាកុសល១ ចេតនាវៀរចាកកាមេសុមិច្ឆាចារ ជាកុសល១ ចេតនាវៀរចាកមុសាវាទ ជាកុសល១ ចេតនាវៀរចាកបិសុណាវាចា ជាកុសល១ ចេតនាវៀរចាកផរុសវាចា ជាកុសល១ ចេតនាវៀរចាកសម្ផប្បលាបៈ ជាកុសល១ ការមិនមានអភិជ្ឈា ជាកុសល១ ការមិនមានព្យាបាទ ជាកុសល១ សម្មាទិដ្ឋិ ជាកុសល១ ម្នាលអាវុសោទាំងឡាយ នេះហៅថា កុសល។ ម្នាលអាវុសោទាំងឡាយ កុសលមូល តើដូចម្តេច។ អលោភៈ ជាកុសលមូល១ អទោសៈ ជាកុសលមូល១ អមោហៈ ជាកុសលមូល១ ម្នាលអាវុសោទាំងឡាយ នេះហៅថា កុសលមូល។ ម្នាលអាវុសោទាំងឡាយ កាលណាអរិយសាវ័ក ដឹងច្បាស់នូវអកុសលយ៉ាងនេះ ដឹងច្បាស់នូវអកុសលមូលយ៉ាងនេះ ដឹងច្បាស់នូវកុសលយ៉ាងនេះ ដឹងច្បាស់នូវកុសលមូលយ៉ាងនេះ អរិយសាវ័កនោះ លះបង់រាគានុស័យ បន្ទោបង់នូវបដិឃានុស័យ ដកចេញនូវមានានុស័យ ប្រហែលនឹងទិដ្ឋិថា អាត្មាអញមានដូច្នេះ ហើយលះបង់នូវអវិជ្ជា ញុំាងវិជ្ជាឲ្យកើត ធ្វើនូវទីបំផុត នៃទុក្ខក្នុងបច្ចុប្បន្ន ដោយសព្វគ្រប់បាន ក្នុងកាលនោះ។ ម្នាលអាវុសោទាំងឡាយ អរិយសាវ័ក ជាសម្មាទិដ្ឋិ ជាអ្នកមានទិដ្ឋិត្រង់ ប្រកបដោយសេចក្តីជ្រះថ្លា មិនញាប់ញ័រក្នុងព្រះធម៌ ហើយបានមកកាន់ព្រះសទ្ធម្មនេះ ដោយហេតុប៉ុណ្ណេះឯង។
[១១២] ភិក្ខុទាំងឡាយនោះ ត្រេកអរ អនុមោទនា ចំពោះភាសិត របស់ព្រះសារីបុត្រដ៏មានអាយុ ដោយពាក្យថា ម្នាលអាវុសោ ប្រពៃហើយ ទើបសួរប្រស្នាតទៅទៀត នឹងព្រះសារីបុត្រ ដ៏មានអាយុថា ម្នាលអាវុសោ អរិយសាវ័ក ជាសម្មាទិដ្ឋិ ជាអ្នកមានទិដ្ឋិត្រង់ ប្រកបដោយសេចក្តីជ្រះថ្លា មិនញាប់ញ័រក្នុងព្រះធម៌ ហើយបានមកកាន់ព្រះសទ្ធម្មនេះ ដោយបរិយាយដទៃទៀត មានដែរឬ។
[១១៣] ព្រះសារីបុត្រដ៏មានអាយុ បានឆ្លើយថា ម្នាលអាវុសោទាំងឡាយ មានដែរ ហើយបាននិយាយ (តទៅថា) ម្នាលអាវុសោទាំងឡាយ កាលណាអរិយសាវ័ក ស្គាល់ច្បាស់នូវអាហារ គឺបច្ច័យផង ស្គាល់ច្បាស់នូវសេចក្តីកើតឡើងនៃអាហារផង ស្គាល់ច្បាស់នូវសេចក្តីរំលត់អាហារផង ស្គាល់ច្បាស់នូវសេចក្តីប្រតិបត្តិ ជាដំណើរដើម្បីរំលត់អាហារផង ម្នាលអាវុសោទាំងឡាយ អរិយសាវ័ក ជាសម្មាទិដ្ឋិ ជាអ្នកមានចិត្តត្រង់ ប្រកបដោយសេចក្តីជ្រះថ្លា មិនញាប់ញ័រក្នុងព្រះធម៌ ហើយបានមកកាន់ព្រះសទ្ធម្មនេះ ដោយហេតុប៉ុណ្ណេះឯង ក្នុងកាលនោះ។ ម្នាលអាវុសោទាំងឡាយ អាហារតើដូចម្តេច សេចក្តីកើតឡើងនៃអាហារ តើដូចម្តេច សេចក្តីរំលត់នៃអាហារ តើដូចម្តេច សេចក្តីប្រតិបត្តិ ជាដំណើរដើម្បីរំលត់អាហារ តើដូចម្តេច។ ម្នាលអាវុសោទាំងឡាយ អាហារ៤យ៉ាងនេះ តែងប្រព្រឹត្តទៅ ដើម្បីឋិតនៅ ដល់ពួកសត្វ ដែលជាភូត [១-២ សត្វដែលកើតស្រេចហើយ ហៅថា ភូត។ សត្វដែលកំពុងកើត ហៅថា សម្ភវេសី។ ឧទាហរណ៍ ដូចជាសត្វកើតពីពង (មានមាន់ជាដើម) ដែលមិនទាន់ញាស់ ពួកសត្វកើតពីទឹក (មានមនុស្សជាដើម) ដែលមិនទាន់ទំលាយស្រោមសម្រាល ពួកសត្វកើតពីញើសក្អែល និងពួកសត្វដែលកើតឯង កំពុងនៅក្នុងខណៈចិត្តជាដំបូង ទាំងអស់នេះ ជាសម្ភវេសី ព្រោះកើតមិនទាន់ស្រេច។ ដែលញាស់ផុតហើយ សម្រាលចេញហើយ នឹងពួកសត្វកើតពីញើសក្តី កើតឯងក្តី រាប់តាំងពីខណៈចិត្តទី២ ទៅឈ្មោះថាភូត ឬពួកសត្វដែលកើតដោយឥរិយាបថណា ហើយមិនទាន់ផ្លាស់ឥរិយាបថនោះទេ ក៏នៅជាសម្ភវេសី ផ្លាស់ទៅរកឥរិយាបថដទៃ ហើយទុកជាភូត។ មួយទៀតថា ពួកសត្វដែលអស់ជាតិហើយ គឺលែងកើតទៅទៀតហើយ ដូចពួកព្រះខីណាស្រព ហៅថា ភូត។ ពួកសេក្ខ និងបុថុជ្ជន ហៅថា សម្ភវេសី ព្រោះនៅស្វែងរកភពទៀត។] ផង ដើម្បីអនុគ្រោះដល់ពួកសត្វ ដែលជាសម្ភវេសី [២] ផង។ អាហារទាំង៤យ៉ាង តើដូចម្តេច។ គឺអាហារធ្វើជាពំនូត គ្រោតគ្រាត ឬល្អិត (ជាទី១) ការពាល់ត្រូវ (មានចក្ខុសម្ផ័ស្សជាដើម) ជាអាហារទី២ ការត្រិះរិះក្នុងចិត្ត [ការត្រិះរិះក្នុងចិត្ត រមែងនាំមកនូវភពទាំង៣។ អដ្ឋកថា។] ជាអាហារទី៣ វិញ្ញាណ (នាំមកនូវបដិសន្ធិនៃនាមរូប) ជាអាហារទី៤។ សេចក្តីកើតឡើងនៃអាហារ ព្រោះសេចក្តីកើតឡើងនៃតណ្ហា សេចក្តីរំលត់អាហារ ព្រោះសេចក្តីរំលត់នៃតណ្ហា បានដល់មគ្គ ប្រកបដោយអង្គ៨ ដ៏ប្រសើរនេះឯង ជាសេចក្តីប្រតិបត្តិ ជាដំណើរទៅ ដើម្បីរំលត់អាហារ គឺសម្មាទិដ្ឋិ១ សម្មាសង្កប្បៈ១ សម្មាវាចា១ សម្មាកម្មន្តៈ១ សម្មាអាជីវៈ១ សម្មាវាយាមៈ១ សម្មាសតិ១ សម្មាសមាធិ១។ ម្នាលអាវុសោទាំងឡាយ អរិយសាវ័ក ស្គាល់ច្បាស់នូវអាហារយ៉ាងនេះ ស្គាល់ច្បាស់នូវសេចក្តីកើតឡើង នៃអាហារយ៉ាងនេះ ស្គាល់ច្បាស់នូវសេចក្តីរំលត់អាហារយ៉ាងនេះ ស្គាល់ច្បាស់នូវសេចក្តីប្រតិបត្តិ ជាដំណើរ ដើម្បីរំលត់អាហារយ៉ាងនេះ កាលណា អរិយសាវ័កនោះ លះបង់នូវរាគានុស័យ បន្ទោបង់នូវបដិឃានុស័យ ដកចេញនូវមានានុស័យ ប្រហែលនឹងទិដ្ឋិថា អាត្មាអញមាន ដូច្នេះ លះបង់អវិជ្ជាហើយ ញុំាងវិជ្ជាឲ្យកើតឡើង ធ្វើនូវទីបំផុតនៃទុក្ខ ក្នុងបច្ចុប្បន្នដោយសព្វគ្រប់ ក្នុងកាលនោះ ម្នាលអាវុសោទាំងឡាយ អរិយសាវ័ក ជាសម្មាទិដ្ឋិ ជាអ្នកមានទិដ្ឋិត្រង់ ប្រកបដោយសេចក្តីជ្រះថ្លា មិនញាប់ញ័រក្នុងព្រះធម៌ ហើយបានមកកាន់ព្រះសទ្ធម្មនេះ ដោយហេតុប៉ុណ្ណេះឯង។
[១១៤] ពួកភិក្ខុទាំងនោះ ត្រេកអរអនុមោទនាភាសិត របស់ព្រះសារីបុត្រដ៏មានអាយុថា អាវុសោ ប្រពៃហើយ ទើបសួរប្រស្នាតទៅទៀត នឹងព្រះសារីបុត្រដ៏មានអាយុថា ម្នាលអាវុសោ បរិយាយដទៃ នៅមានទៀតដែរឬ។បេ។
[១១៥] ព្រះសារីបុត្រដ៏មានអាយុឆ្លើយតបថា ម្នាលអាវុសោទាំងឡាយ មានដែរ ហើយបាននិយាយថា ម្នាលអាវុសោទាំងឡាយ កាលណាអរិយសាវ័ក ដឹងច្បាស់នូវទុក្ខផង ដឹងច្បាស់នូវសេចក្តីកើតឡើងនៃទុក្ខផង ដឹងច្បាស់នូវសេចក្តីរំលត់ទុក្ខផង ដឹងច្បាស់នូវសេចក្តីប្រតិបត្តិ ជាដំណើរដើម្បីរំលត់ទុក្ខផង ម្នាលអាវុសោទាំងឡាយ អរិយសាវ័ក ជាសម្មាទិដ្ឋិ ជាអ្នកមានទិដ្ឋិត្រង់ ប្រកបដោយសេចក្តីជ្រះថ្លា មិនញាប់ញ័រក្នុងព្រះធម៌ ហើយមកកាន់ព្រះសទ្ធម្មនេះ ដោយហេតុប៉ុណ្ណេះឯង។ ម្នាលអាវុសោទាំងឡាយ សេចក្តីទុក្ខ តើដូចម្តេច គឺជាតិ ក៏ជាទុក្ខ ជរា ក៏ជាទុក្ខ មរណៈ ក៏ជាទុក្ខ សេចក្តីសោក ខ្សឹកខ្សួល លំបាកកាយ ទោមនស្ស ចង្អៀតចង្អល់ចិត្ត ក៏ជាទុក្ខ ការប្រកបដោយរបស់មិនជាទីស្រឡាញ់ទាំងឡាយ ក៏ជាទុក្ខ ការព្រាត់ប្រាសចាករបស់ជាទីស្រឡាញ់ទាំងឡាយ ក៏ជាទុក្ខ ប្រាថ្នានូវរបស់ណា មិនបានរបស់នោះ ក៏ជាទុក្ខ ដោយសង្ខេប ឧបាទានក្ខន្ធទាំង៥ ក៏ជាទុក្ខ ម្នាលអាវុសោទាំងឡាយ នេះហៅថា ទុក្ខ។ ម្នាលអាវុសោទាំងឡាយ សេចក្តីកើតឡើង នៃទុក្ខ តើដូចម្តេច តណ្ហាដែលជាធម្មជាតិ នាំសត្វឲ្យកើតទៀត ប្រកបដោយសេចក្តីរីករាយ និងសេចក្តីត្រេកត្រអាល ជាធម្មជាតិ ត្រេកអរចំពោះក្នុងអារម្មណ៍នោះៗ គឺកាមតណ្ហា ភវតណ្ហា វិភវតណ្ហា ម្នាលអាវុសោទាំងឡាយ នេះ ហៅថា សេចក្តីកើតឡើងនៃទុក្ខ។ ម្នាលអាវុសោទាំងឡាយ សេចក្តីរំលត់ទុក្ខ តើដូចម្តេច សេចក្តីអស់ទៅ និងសេចក្តីរំលត់ដោយមិនសល់ណា នៃតណ្ហានោះឯង គឺការលះបង់ រលាស់ចោល ជម្រុះចោល ឥតមានអាល័យ ម្នាលអាវុសោទាំងឡាយ នេះហៅថា ទុក្ខនិរោធ។ ម្នាលអាវុសោទាំងឡាយ សេចក្តីប្រតិបត្តិជាដំណើរ ដើម្បីរំលត់ទុក្ខ តើដូចម្តេច អរិយមគ្គ ប្រកបដោយអង្គ៨ នេះឯង គឺសម្មាទិដ្ឋិ។បេ។ សម្មាសមាធិ។ ម្នាលអាវុសោទាំងឡាយ កាលណាអរិយសាវ័ក ដឹងច្បាស់នូវទុក្ខយ៉ាងនេះ ដឹងច្បាស់នូវទុក្ខសមុទ័យយ៉ាងនេះ ដឹងច្បាស់នូវទុក្ខនិរោធយ៉ាងនេះ ដឹងច្បាស់នូវទុក្ខនិរោធគាមិនីបដិបទាយ៉ាងនេះ អរិយសាវ័កនោះ លះចោលអនុស័យ គឺរាគៈ បន្ទោបង់អនុស័យ គឺបដិឃៈ ដកចេញនូវអនុស័យ គឺមានះ ប្រហែលនឹងទិដ្ឋិថា អាត្មាអញមាន ដូច្នេះ លះបង់នូវអវិជ្ជា ញុំាងវិជ្ជាឲ្យកើតឡើងដោយសព្វគ្រប់ ហើយធ្វើនូវទីបំផុតនៃទុក្ខបាន ក្នុងបច្ចុប្បន្ននេះ ក្នុងកាលនោះ ម្នាលអាវុសោទាំងឡាយ អរិយសាវ័ក ជាសម្មាទិដ្ឋិ ជាអ្នកមានទិដ្ឋិត្រង់ ប្រកបដោយសេចក្តីជ្រះថ្លា មិនញាប់ញ័រក្នុងព្រះធម៌ ហើយបានមកកាន់ព្រះសទ្ធម្មនេះ ដោយហេតុប៉ុណ្ណេះឯង។
[១១៦] ភិក្ខុទាំងឡាយនោះ ត្រេកអរអនុមោទនា ចំពោះភាសិតរបស់ព្រះសារីបុត្រដ៏មានអាយុថា អាវុសោ ប្រពៃហើយ ទើបសួរប្រស្នាតទៅទៀត នឹងព្រះសារីបុត្រដ៏មានអាយុថា ម្នាលអាវុសោ អរិយសាវ័ក ជាសម្មាទិដ្ឋិ មានទិដ្ឋិត្រង់ ប្រកបដោយសេចក្តីជ្រះថ្លា មិនញាប់ញ័រក្នុងព្រះធម៌ ហើយបានមកកាន់ព្រះសទ្ធម្មនេះ ដោយបរិយាយដទៃទៀត មានដែរឬ។
[១១៧] ព្រះសារីបុត្រដ៏មានអាយុឆ្លើយតបថា ម្នាលអាវុសោទាំងឡាយ បរិយាយដទៃ នៅមានទៀត ដូច្នេះ ហើយនិយាយថា ម្នាលអាវុសោទាំងឡាយ កាលណាអរិយសាវ័ក ស្គាល់ច្បាស់នូវជរា និងមរណៈផង ស្គាល់ច្បាស់ នូវសេចក្តីកើតឡើងនៃជរា និងមរណៈផង ស្គាល់ច្បាស់នូវសេចក្តីរំលត់ជរា និងមរណៈផង ស្គាល់ច្បាស់នូវសេចក្តីប្រតិបត្តិ ជាដំណើរដើម្បីរំលត់ជរា និងមរណៈផង ម្នាលអាវុសោទាំងឡាយ អរិយសាវ័ក ជាសម្មាទិដ្ឋិ ជាអ្នកមានទិដ្ឋិត្រង់ ប្រកបដោយសេចក្តីជ្រះថ្លា មិនញាប់ញ័រក្នុងព្រះធម៌ ហើយមកកាន់ព្រះសទ្ធម្មនេះ ដោយហេតុប៉ុណ្ណេះឯង ក្នុងកាលនោះ។ ម្នាលអាវុសោទាំងឡាយ ជរា និងមរណៈ តើដូចម្តេច សេចក្តីកើតឡើងនៃជរា និងមរណៈ តើដូចម្តេច សេចក្តីរំលត់ទៅ នៃជរា និងមរណៈ តើដូចម្តេច សេចក្តីប្រតិបត្តិ ជាដំណើរដើម្បីរំលត់ជរា និងមរណៈ តើដូចម្តេច។ សេចក្តីគ្រាំគ្រាណា គឺសេចក្តីទ្រុឌទ្រោម ធ្មេញបាក់ សក់ស្កូវ ស្បែកយូរយា ថយអាយុ ចាស់ទុំឥន្ទ្រិយរបស់ពួកសត្វនោះៗ ក្នុងសត្តនិកាយនោះៗ នេះហៅថា ជរា។ សេចក្តីឃ្លាតចាកសត្តនិកាយនោះៗ គឺច្យុត បែកធ្លាយ អន្តរធាន មច្ចុ រមណៈ កាលកិរិយា ការបែកធ្លាយនៃខន្ធទាំងឡាយ ការដាក់ចោលនូវសាកសព ការផ្តាច់បង់នូវជីវិតិន្ទ្រិយ នៃពួកសត្វនោះៗ នេះហៅថា មរណៈ។ ម្នាលអាវុសោទាំងឡាយ ជរានេះផង មរណៈនេះផង ហៅថា ជរា មរណៈ ដោយប្រការដូច្នេះឯង។ សេចក្តីកើតឡើង នៃជរា និងមរណៈ ព្រោះសេចក្តីកើតឡើងនៃជាតិ សេចក្តីរំលត់ជរា និងមរណៈ ព្រោះសេចក្តីរំលត់ជាតិ អរិយមគ្គប្រកបដោយអង្គ៨នេះឯង ជាសេចក្តីប្រតិបត្តិ ជាដំណើរដើម្បីរំលត់ជរា និងមរណៈ អរិយមគ្គនោះ គឺសម្មាទិដ្ឋិ។បេ។ សម្មាសមាធិ។ ម្នាលអាវុសោទាំងឡាយ កាលណាអរិយសាវ័ក ដឹងច្បាស់នូវជរា និងមរណៈ យ៉ាងនេះ ដឹងច្បាស់នូវសេចក្តីកើតឡើង នៃជរា និងមរណៈ យ៉ាងនេះ ដឹងច្បាស់នូវសេចក្តីរំលត់ជរា និងមរណៈ យ៉ាងនេះ ដឹងច្បាស់នូវសេចក្តីប្រតិបត្តិ ជាដំណើរដើម្បីរំលត់ជរា និងមរណៈ យ៉ាងនេះ អរិយសាវ័កនោះ លះចោលនូវអនុស័យ គឺរាគៈ ដោយសព្វគ្រប់ ក្នុងកាលនោះ។បេ។ ម្នាលអាវុសោទាំងឡាយ អរិយសាវ័ក ជាសម្មាទិដ្ឋិ មានទិដ្ឋិត្រង់ ប្រកបដោយសេចក្តីជ្រះថ្លា មិនញាប់ញ័រក្នុងព្រះធម៌ ហើយមកកាន់ព្រះសទ្ធម្មនេះ ដោយហេតុប៉ុណ្ណេះឯង។
[១១៨] ភិក្ខុទាំងឡាយនិយាយថា ម្នាលអាវុសោ បរិយាយឯទៀត នៅមានដែរឬ។បេ។ ព្រះសារីបុត្រដ៏មានអាយុ ឆ្លើយតបថា ម្នាលអាវុសោទាំងឡាយ មានដែរ ដូច្នេះហើយ និយាយថា ម្នាលអាវុសោទាំងឡាយ កាលណាអរិយសាវ័ក ស្គាល់ច្បាស់នូវជាតិផង ស្គាល់ច្បាស់នូវសេចក្តីកើតឡើងនៃជាតិផង ស្គាល់ច្បាស់នូវសេចក្តីរំលត់ជាតិផង ស្គាល់ច្បាស់នូវសេចក្តីប្រតិបត្តិ ជាដំណើរដើម្បីរំលត់ជាតិផង ម្នាលអាវុសោទាំងឡាយ អរិយសាវ័ក ជាសម្មាទិដ្ឋិ ជាអ្នកមានទិដ្ឋិត្រង់ ប្រកបដោយសេចក្តីជ្រះថ្លា មិនញាប់ញ័រក្នុងព្រះធម៌ ហើយមកកាន់ព្រះសទ្ធម្មនេះ ដោយហេតុប៉ុណ្ណេះឯង ក្នុងកាលនោះ។ ម្នាលអាវុសោទាំងឡាយ ជាតិ តើដូចម្តេច សេចក្តីកើតឡើងនៃជាតិ តើដូចម្តេច សេចក្តីរំលត់ជាតិ តើដូចម្តេច សេចក្តីប្រតិបត្តិ ជាដំណើរដើម្បីរំលត់ជាតិ តើដូចម្តេច។ កំណើតណា គឺសេចក្តីកើតគ្រប់គ្រាន់ ចាប់បដិសន្ធិ កកើត ទ្រើសឡើង កើតបានជាគ្រោងខន្ធឡើង ការបានចំពោះនូវអាយតនៈទាំងឡាយ របស់ពួកសត្វនោះៗ ក្នុងសត្តនិកាយនោះៗ ម្នាលអាវុសោទាំងឡាយ នេះ ហៅថា ជាតិ។ សេចក្តីកើតឡើងនៃជាតិ ព្រោះសេចក្តីកើតឡើងនៃភព សេចក្តីរំលត់ជាតិ ព្រោះសេចក្តីរំលត់ភព អរិយមគ្គ ប្រកបដោយអង្គ៨នេះឯង ឈ្មោះថា ជាសេចក្តីប្រតិបត្តិ ជាដំណើរដើម្បីរំលត់ជាតិ អរិយមគ្គនោះគឺ សម្មាទិដ្ឋិ។បេ។ សម្មាសមាធិ។ ម្នាលអាវុសោទាំងឡាយ កាលណាអរិយសាវ័ក ដឹងច្បាស់នូវជាតិយ៉ាងនេះ ដឹងច្បាស់នូវសេចក្តីកើតឡើងនៃជាតិយ៉ាងនេះ ដឹងច្បាស់នូវសេចក្តីរំលត់ជាតិយ៉ាងនេះ ដឹងច្បាស់នូវសេចក្តីប្រតិបត្តិ ជាដំណើរដើម្បីរំលត់ជាតិយ៉ាងនេះ អរិយសាវ័កនោះ លះចោលអនុស័យ គឺរាគៈ ដោយសព្វគ្រប់ ក្នុងកាលនោះ។បេ។ ម្នាលអាវុសោទាំងឡាយ អរិយសាវ័ក ជាសម្មាទិដ្ឋិ ជាអ្នកមានទិដ្ឋិត្រង់ ប្រកបដោយសេចក្តីជ្រះថ្លា មិនញាប់ញ័រក្នុងធម៌ ហើយមកកាន់ព្រះសទ្ធម្មនេះ ដោយហេតុប៉ុណ្ណេះឯង។
[១១៩] ភិក្ខុទាំងឡាយនិយាយថា ម្នាលអាវុសោ បរិយាយឯទៀត នៅមានដែរឬ។បេ។ ព្រះសារីបុត្រដ៏មានអាយុ ឆ្លើយតបថា ម្នាលអាវុសោទាំងឡាយ នៅមានដែរដូច្នេះ ហើយនិយាយថា ម្នាលអាវុសោទាំងឡាយ កាលណាអរិយសាវ័ក ដឹងច្បាស់នូវភពផង ដឹងច្បាស់នូវសេចក្តីកើតឡើងនៃភពផង ដឹងច្បាស់នូវសេចក្តីរំលត់ភពផង ដឹងច្បាស់នូវសេចក្តីប្រតិបត្តិ ជាដំណើរដើម្បីរំលត់ភពផង ម្នាលអាវុសោទាំងឡាយ អរិយសាវ័ក ជាសម្មាទិដ្ឋិ ជាអ្នកមានទិដ្ឋិត្រង់ ប្រកបដោយសេចក្តីជ្រះថ្លា មិនញាប់ញ័រក្នុងព្រះធម៌ ហើយមកកាន់ព្រះសទ្ធម្មនេះ ដោយហេតុប៉ុណ្ណេះឯង ក្នុងកាលនោះ។ ម្នាលអាវុសោទាំងឡាយ ភព តើដូចម្តេច សេចក្តីប្រជុំកើតឡើងនៃភព តើដូចម្តេច សេចក្តីរំលត់ភព តើដូចម្តេច សេចក្តីប្រតិបត្តិ ជាដំណើរដើម្បីរំលត់ភព តើដូចម្តេច។ ម្នាលអាវុសោទាំងឡាយ ភពទាំងឡាយនេះ មាន៣គឺ កាមភព១ រូបភព១ អរូបភព១។ សេចក្តីកើតឡើងនៃភព ព្រោះសេចក្តីកើតនៃឧបាទាន សេចក្តីរំលត់ភព ព្រោះសេចក្តីរំលត់ឧបាទាន អរិយមគ្គ ប្រកបដោយអង្គ៨នេះឯង ជាសេចក្តីប្រតិបត្តិ ជាដំណើរដើម្បីរំលត់ភព អរិយមគ្គនោះគឺ សម្មាទិដ្ឋិ។បេ។ សម្មាសមាធិ។ ម្នាលអាវុសោទាំងឡាយ កាលណាអរិយសាវ័ក ដឹងច្បាស់នូវភពយ៉ាងនេះ ដឹងច្បាស់នូវសេចក្តីកើតឡើងនៃភពយ៉ាងនេះ ដឹងច្បាស់នូវសេចក្តីរំលត់ភពយ៉ាងនេះ ដឹងច្បាស់នូវសេចក្តីប្រតិបត្តិ ជាដំណើរដើម្បីរំលត់ភពយ៉ាងនេះ អរិយសាវ័កនោះ លះចោលអនុស័យ គឺរាគៈ ដោយសព្វគ្រប់។បេ។ ម្នាលអាវុសោទាំងឡាយ អរិយសាវ័ក ជាសម្មាទិដ្ឋិ ជាអ្នកមានទិដ្ឋិត្រង់ ប្រកបដោយសេចក្តីជ្រះថ្លា មិនញាប់ញ័រក្នុងព្រះធម៌ ហើយមកកាន់ព្រះសទ្ធម្មនេះ ដោយហេតុប៉ុណ្ណេះឯង ក្នុងកាលនោះ។
[១២០] ភិក្ខុទាំងឡាយនិយាយថា ម្នាលអាវុសោ បរិយាយឯទៀត នៅមានដែរឬ។បេ។ ព្រះសារីបុត្រដ៏មានអាយុ ឆ្លើយតបថា ម្នាលអាវុសោទាំងឡាយ នៅមានដែរដូច្នេះ ហើយនិយាយថា ម្នាលអាវុសោទាំងឡាយ កាលណាអរិយសាវ័ក ដឹងច្បាស់នូវឧបាទានផង ដឹងច្បាស់នូវសេចក្តីកើតឡើងនៃឧបាទានផង ដឹងច្បាស់នូវសេចក្តីរំលត់ឧបាទានផង ដឹងច្បាស់នូវសេចក្តីប្រតិបត្តិ ជាដំណើរដើម្បីរំលត់ឧបាទានផង ម្នាលអាវុសោទាំងឡាយ អរិយសាវ័ក ជាសម្មាទិដ្ឋិ ជាអ្នកមានទិដ្ឋិត្រង់ ប្រកបដោយសេចក្តីជ្រះថ្លា មិនញាប់ញ័រក្នុងព្រះធម៌ ហើយមកកាន់ព្រះសទ្ធម្មនេះ ដោយហេតុប៉ុណ្ណេះឯង ក្នុងកាលនោះ។ ម្នាលអាវុសោទាំងឡាយ ឧបាទាន ដូចម្តេច សេចក្តីកើតឡើងនៃឧបាទាន តើដូចម្តេច សេចក្តីរំលត់ឧបាទាន តើដូចម្តេច សេចក្តីប្រតិបត្តិ ជាដំណើរដើម្បីរំលត់ឧបាទាន តើដូចម្តេច។ ម្នាលអាវុសោទាំងឡាយ ឧបាទាននេះ មាន៤គឺ កាមុបាទាន១ ទិដ្ឋុបាទាន១ សីលព្វតុបាទាន១ អត្តវាទុបាទាន១។ សេចក្តីកើតឡើងនៃឧបាទាន ព្រោះសេចក្តីកើតឡើងនៃតណ្ហា សេចក្តីរំលត់ឧបាទាន ព្រោះសេចក្តីរំលត់តណ្ហា អរិយមគ្គ ប្រកបដោយអង្គ៨នេះឯង ជាសេចក្តីប្រតិបត្តិ ជាដំណើរដើម្បីរំលត់ឧបាទាន អរិយមគ្គនោះគឺ សម្មាទិដ្ឋិ។បេ។ សម្មាសមាធិ។ ម្នាលអាវុសោទាំងឡាយ កាលណាអរិយសាវ័ក ដឹងច្បាស់នូវឧបាទានយ៉ាងនេះ ដឹងច្បាស់នូវសេចក្តីកើតឡើងនៃឧបាទានយ៉ាងនេះ ដឹងច្បាស់នូវសេចក្តីរំលត់ឧបាទានយ៉ាងនេះ ដឹងច្បាស់នូវសេចក្តីប្រតិបត្តិ ជាដំណើរដើម្បីរំលត់ឧបាទានយ៉ាងនេះ អរិយសាវ័កនោះ លះចោលនូវអនុស័យ គឺរាគៈ ដោយប្រការទាំងពួង។បេ។ ម្នាលអាវុសោទាំងឡាយ អរិយសាវ័ក ជាសម្មាទិដ្ឋិ ជាអ្នកមានទិដ្ឋិត្រង់ ប្រកបដោយសេចក្តីជ្រះថ្លា មិនញាប់ញ័រក្នុងព្រះធម៌ ហើយមកកាន់ព្រះសទ្ធម្មនេះ ដោយហេតុប៉ុណ្ណេះឯង ក្នុងកាលនោះ។
[១២១] ភិក្ខុទាំងឡាយនិយាយថា ម្នាលអាវុសោ បរិយាយឯទៀត នៅមានដែរឬ។បេ។ ព្រះសារីបុត្រមានអាយុ ឆ្លើយតបថា ម្នាលអាវុសោទាំងឡាយ នៅមានដែរដូច្នេះ ហើយនិយាយថា ម្នាលអាវុសោទាំងឡាយ កាលណាអរិយសាវ័ក ដឹងច្បាស់នូវតណ្ហាផង ដឹងច្បាស់នូវសេចក្តីកើតឡើងនៃតណ្ហាផង ដឹងច្បាស់នូវសេចក្តីរំលត់តណ្ហាផង ដឹងច្បាស់នូវសេចក្តីប្រតិបត្តិ ជាដំណើរដើម្បីរំលត់តណ្ហាផង ម្នាលអាវុសោទាំងឡាយ អរិយសាវ័ក ជាសម្មាទិដ្ឋិ ជាអ្នកមានទិដ្ឋិត្រង់ ប្រកបដោយសេចក្តីជ្រះថ្លា មិនញាប់ញ័រក្នុងព្រះធម៌ ហើយមកកាន់ព្រះសទ្ធម្មនេះ ដោយហេតុប៉ុណ្ណេះឯង ក្នុងកាលនោះ។ ម្នាលអាវុសោទាំងឡាយ តណ្ហា តើដូចម្តេច សេចក្តីកើតឡើងនៃតណ្ហា តើដូចម្តេច សេចក្តីរំលត់តណ្ហា តើដូចម្តេច សេចក្តីប្រតិបត្តិ ជាដំណើរដើម្បីរំលត់តណ្ហា តើដូចម្តេច។ ម្នាលអាវុសោទាំងឡាយ ពួកតណ្ហានេះ មាន៦គឺ សេចក្តីប្រាថ្នាក្នុងរូប១ ប្រាថ្នាក្នុងសំឡេង១ ប្រាថ្នាក្នុងក្លិន១ ប្រាថ្នាក្នុងរស១ ប្រាថ្នាក្នុងការពាល់ត្រូវ១ ប្រាថ្នាក្នុងធម្មារម្មណ៍ គឺអារម្មណ៍ ដែលខ្លួនធ្លាប់សន្សំទុកមកក្នុងចិត្ត១។ សេចក្តីកើតឡើងនៃវេទនា ព្រោះសេចក្តីកើតឡើងនៃវេទនា សេចក្តីរំលត់តណ្ហា ព្រោះសេចក្តីរំលត់វេទនា អរិយមគ្គ ប្រកបដោយអង្គ៨នេះឯង ជាសេចក្តីប្រតិបត្តិ ជាដំណើរ ដើម្បីរំលត់តណ្ហា អរិយមគ្គនោះគឺ សម្មាទិដ្ឋិ។បេ។ សម្មាសមាធិ។ ម្នាលអាវុសោទាំងឡាយ កាលណាអរិយសាវ័ក ដឹងច្បាស់នូវតណ្ហាយ៉ាងនេះ ដឹងច្បាស់នូវសេចក្តីកើតឡើងនៃតណ្ហាយ៉ាងនេះ ដឹងច្បាស់នូវសេចក្តីរំលត់តណ្ហាយ៉ាងនេះ ដឹងច្បាស់នូវសេចក្តីប្រតិបត្តិ ជាដំណើរ ដើម្បីរំលត់តណ្ហាយ៉ាងនេះ អរិយសាវ័កនោះ លះចោលអនុស័យ គឺរាគៈ ដោយសព្វគ្រប់។បេ។ ម្នាលអាវុសោទាំងឡាយ អរិយសាវ័ក ជាសម្មាទិដ្ឋិ ជាអ្នកមានទិដ្ឋិត្រង់ ប្រកបដោយសេចក្តីជ្រះថ្លា មិនញាប់ញ័រ ក្នុងព្រះធម៌ ហើយមកកាន់ព្រះសទ្ធម្មនេះ ដោយហេតុប៉ុណ្ណេះឯង ក្នុងកាលនោះ។
[១២២] ភិក្ខុទាំងឡាយនិយាយថា ម្នាលអាវុសោ បរិយាយឯទៀត នៅមានដែរឬ។បេ។ ព្រះសារីបុត្រមានអាយុ ឆ្លើយតបថា ម្នាលអាវុសោទាំងឡាយ នៅមានដែរ ហើយនិយាយថា ម្នាលអាវុសោទាំងឡាយ កាលណាអរិយសាវ័ក ដឹងច្បាស់នូវវេទនាផង ដឹងច្បាស់នូវសេចក្តីកើតឡើងនៃវេទនាផង ដឹងច្បាស់នូវសេចក្តីរំលត់វេទនាផង ដឹងច្បាស់នូវសេចក្តីប្រតិបត្តិ ជាដំណើរ ដើម្បីរំលត់វេទនាផង ម្នាលអាវុសោទាំងឡាយ អរិយសាវ័ក ជាសម្មាទិដ្ឋិ ជាអ្នកមានទិដ្ឋិត្រង់ ប្រកបដោយសេចក្តីជ្រះថ្លា មិនញាប់ញ័រក្នុងព្រះធម៌ ហើយមកកាន់ព្រះសទ្ធម្មនេះ ដោយហេតុប៉ុណ្ណេះឯង ក្នុងកាលនោះ។ ម្នាលអាវុសោទាំងឡាយ វេទនា តើដូចម្តេច សេចក្តីកើតឡើងនៃវេទនា តើដូចម្តេច សេចក្តីរំលត់វេទនា តើដូចម្តេច សេចក្តីប្រតិបត្តិ ជាដំណើរដើម្បីរំលត់វេទនា តើដូចម្តេច។ ម្នាលអាវុសោទាំងឡាយ ពួកវេទនានេះ មាន៦គឺ វេទនាកើតអំពីការពាល់ត្រូវដោយភ្នែក១ វេទនាកើតអំពីការពាល់ត្រូវដោយត្រចៀក១ វេទនាកើតអំពីការពាល់ត្រូវដោយច្រមុះ១ វេទនាកើតអំពីការពាល់ត្រូវដោយអណ្តាត១ វេទនាកើតអំពីការពាល់ត្រូវដោយកាយ១ វេទនាកើតអំពីការពាល់ត្រូវដោយចិត្ត១។ សេចក្តីកើតឡើងនៃវេទនា ព្រោះសេចក្តីកើតឡើងនៃផស្សៈ សេចក្តីរំលត់វេទនា ព្រោះសេចក្តីរំលត់ផស្សៈ អរិយមគ្គ ប្រកបដោយអង្គ៨នេះឯង ជាសេចក្តីប្រតិបត្តិ ជាដំណើរដើម្បីរំលត់វេទនា អរិយមគ្គនោះគឺ សម្មាទិដ្ឋិ។បេ។ សម្មាសមាធិ។ ម្នាលអាវុសោទាំងឡាយ កាលណាអរិយសាវ័ក ដឹងច្បាស់នូវវេទនាយ៉ាងនេះ ដឹងច្បាស់នូវសេចក្តីកើតឡើងនៃវេទនាយ៉ាងនេះ ដឹងច្បាស់នូវសេចក្តីរំលត់វេទនាយ៉ាងនេះ ដឹងច្បាស់នូវសេចក្តីប្រតិបត្តិ ជាដំណើរដើម្បីរំលត់វេទនាយ៉ាងនេះ អរិយសាវ័កនោះ លះចោលអនុស័យ គឺរាគៈ ដោយសព្វគ្រប់។បេ។ ម្នាលអាវុសោទាំងឡាយ អរិយសាវ័ក ជាសម្មាទិដ្ឋិ ជាអ្នកមានទិដ្ឋិត្រង់ ប្រកបដោយសេចក្តីជ្រះថ្លា មិនញាប់ញ័រក្នុងព្រះធម៌ ហើយមកកាន់ព្រះសទ្ធម្មនេះ ដោយហេតុប៉ុណ្ណេះឯង ក្នុងកាលនោះ។
[១២៣] ភិក្ខុទាំងឡាយនិយាយថា ម្នាលអាវុសោ បរិយាយឯទៀត នៅមានដែរឬ។បេ។ ព្រះសារីបុត្រមានអាយុ ឆ្លើយតបថា ម្នាលអាវុសោទាំងឡាយ នៅមានដែរ ហើយនិយាយថា ម្នាលអាវុសោទាំងឡាយ កាលណាអរិយសាវ័ក ដឹងច្បាស់នូវផស្សៈផង ដឹងច្បាស់នូវសេចក្តីកើតឡើងនៃផស្សៈផង ដឹងច្បាស់នូវសេចក្តីរំលត់ផស្សៈផង ដឹងច្បាស់នូវសេចក្តីប្រតិបត្តិ ជាដំណើរ ដើម្បីរំលត់ផស្សៈផង ក្នុងកាលណាហើយ ម្នាលអាវុសោទាំងឡាយ អរិយសាវ័ក ជាសម្មាទិដ្ឋិ ជាអ្នកមានទិដ្ឋិត្រង់ ប្រកបដោយសេចក្តីជ្រះថ្លា មិនញាប់ញ័រក្នុងព្រះធម៌ ហើយមកកាន់ព្រះសទ្ធម្មនេះ ដោយហេតុប៉ុណ្ណេះឯង ក្នុងកាលនោះ។ ម្នាលអាវុសោទាំងឡាយ ផស្សៈ តើដូចម្តេច សេចក្តីកើតឡើងនៃផស្សៈ តើដូចម្តេច សេចក្តីរំលត់ផស្សៈ តើដូចម្តេច សេចក្តីប្រតិបត្តិ ជាដំណើរដើម្បីរំលត់ផស្សៈ តើដូចម្តេច។ ម្នាលអាវុសោទាំងឡាយ ពួកផស្សៈនេះ មាន៦គឺ ចក្ខុសម្ផស្ស១ សោតសម្ផស្ស១ ឃានសម្ផស្ស១ ជីវ្ហាសម្ផស្ស១ កាយសម្ផស្ស១ មនោសម្ផស្ស១។ សេចក្តីកើតឡើងនៃផស្សៈ ព្រោះសេចក្តីកើតឡើងនៃអាយតនៈ៦ សេចក្តីរំលត់ផស្សៈ ព្រោះសេចក្តីរំលត់អាយតនៈ៦ អរិយមគ្គ ប្រកបដោយអង្គ៨នេះឯង ជាសេចក្តីប្រតិបត្តិ ជាដំណើរដើម្បីរំលត់ផស្សៈ អរិយមគ្គនោះគឺ សម្មាទិដ្ឋិ។បេ។ សម្មាសមាធិ។ ម្នាលអាវុសោទាំងឡាយ កាលណាអរិយសាវ័ក ដឹងច្បាស់នូវផស្សៈយ៉ាងនេះ ដឹងច្បាស់នូវសេចក្តីកើតឡើងនៃផស្សៈយ៉ាងនេះ ដឹងច្បាស់នូវសេចក្តីរំលត់ផស្សៈយ៉ាងនេះ ដឹងច្បាស់នូវសេចក្តីប្រតិបត្តិ ជាដំណើរដើម្បីរំលត់ផស្សៈយ៉ាងនេះ អរិយសាវ័កនោះ លះចោលអនុស័យ គឺរាគៈ ដោយសព្វគ្រប់។បេ។ ម្នាលអាវុសោទាំងឡាយ អរិយសាវ័ក ជាសម្មាទិដ្ឋិ ជាអ្នកមានទិដ្ឋិត្រង់ ប្រកបដោយសេចក្តីជ្រះថ្លា មិនញាប់ញ័រក្នុងព្រះធម៌ ហើយមកកាន់ព្រះសទ្ធម្មនេះ ដោយហេតុប៉ុណ្ណេះឯង ក្នុងកាលនោះ។
[១២៤] ភិក្ខុទាំងឡាយនិយាយថា ម្នាលអាវុសោ បរិយាយឯទៀត នៅមានដែរឬ។បេ។ ព្រះសារីបុត្រមានអាយុ ឆ្លើយតបថា ម្នាលអាវុសោទាំងឡាយ នៅមានដែរ ដូច្នេះ ហើយនិយាយ (តទៅទៀត) ថា ម្នាលអាវុសោទាំងឡាយ កាលណាអរិយសាវ័ក ដឹងច្បាស់នូវអាយតនៈ៦ផង ដឹងច្បាស់នូវសេចក្តីកើតឡើងនៃអាយតនៈ៦ផង ដឹងច្បាស់នូវសេចក្តីរំលត់អាយតនៈ៦ផង ដឹងច្បាស់នូវសេចក្តីប្រតិបត្តិ ជាដំណើរ ដើម្បីរំលត់អាយតនៈ៦ផង ម្នាលអាវុសោទាំងឡាយ អរិយសាវ័ក ជាសម្មាទិដ្ឋិ ជាអ្នកមានទិដ្ឋិត្រង់ ប្រកបដោយសេចក្តីជ្រះថ្លា មិនញាប់ញ័រក្នុងព្រះធម៌ ហើយមកកាន់ព្រះសទ្ធម្មនេះ ដោយហេតុប៉ុណ្ណេះឯង ក្នុងកាលនោះ។ ម្នាលអាវុសោទាំងឡាយ អាយតនៈ៦ តើដូចម្តេច សេចក្តីកើតឡើងនៃអាយតនៈ៦ តើដូចម្តេច សេចក្តីរំលត់អាយតនៈ៦ តើដូចម្តេច សេចក្តីប្រតិបត្តិ ជាដំណើរដើម្បីរំលត់អាយតនៈ៦ តើដូចម្តេច។ ម្នាលអាវុសោទាំងឡាយ អាយតនៈ នេះ មាន៦គឺ ចក្ខ្វាយតនៈ១ សោតាយតនៈ១ ឃានាយតនៈ១ ជីវ្ហាយតនៈ១ កាយាយតនៈ១ មនាយតនៈ១។ សេចក្តីកើតឡើងនៃអាយតនៈ៦ បាន ព្រោះសេចក្តីកើតឡើងនៃនាមរូប សេចក្តីរំលត់អាយតនៈ៦បាន ព្រោះសេចក្តីរំលត់នាមរូប អរិយមគ្គ ប្រកបដោយអង្គ៨នេះឯង ជាសេចក្តីប្រតិបត្តិ ជាដំណើរដើម្បីរំលត់អាយតនៈ៦ អរិយមគ្គនោះគឺ សម្មាទិដ្ឋិ។បេ។ សម្មាសមាធិ។ ម្នាលអាវុសោទាំងឡាយ កាលណាអរិយសាវ័ក ដឹងច្បាស់នូវអាយតនៈ៦យ៉ាងនេះ ដឹងច្បាស់នូវសេចក្តីកើតឡើងនៃអាយតនៈ៦យ៉ាងនេះ ដឹងច្បាស់នូវសេចក្តីរំលត់អាយតនៈ៦យ៉ាងនេះ ដឹងច្បាស់នូវសេចក្តីប្រតិបត្តិ ជាដំណើរដើម្បីរំលត់អាយតនៈ៦យ៉ាងនេះ អរិយសាវ័កនោះ លះចោលអនុស័យ គឺរាគៈ ដោយសព្វគ្រប់។បេ។ ម្នាលអាវុសោទាំងឡាយ អរិយសាវ័ក ជាសម្មាទិដ្ឋិ ជាអ្នកមានទិដ្ឋិត្រង់ ប្រកបដោយសេចក្តីជ្រះថ្លា មិនញាប់ញ័រក្នុងព្រះធម៌ ហើយមកកាន់ព្រះសទ្ធម្មនេះ ដោយហេតុប៉ុណ្ណេះឯង ក្នុងកាលនោះ។
[១២៥] ភិក្ខុទាំងឡាយនិយាយថា ម្នាលអាវុសោ បរិយាយឯទៀត នៅមានដែរឬ។បេ។ ព្រះសារីបុត្រមានអាយុ ឆ្លើយតបថា ម្នាលអាវុសោទាំងឡាយ នៅមានដែរ ដូច្នេះ ហើយនិយាយថា ម្នាលអាវុសោទាំងឡាយ កាលណាអរិយសាវ័ក ដឹងច្បាស់នូវនាមរូបផង ដឹងច្បាស់នូវសេចក្តីកើតឡើងនៃនាមរូបផង ដឹងច្បាស់នូវសេចក្តីរំលត់នាមរូបផង ដឹងច្បាស់នូវសេចក្តីប្រតិបត្តិ ជាដំណើរ ដើម្បីរំលត់នាមរូបផង ម្នាលអាវុសោទាំងឡាយ អរិយសាវ័ក ជាសម្មាទិដ្ឋិ ជាអ្នកមានទិដ្ឋិត្រង់ ប្រកបដោយសេចក្តីជ្រះថ្លា មិនញាប់ញ័រក្នុងព្រះធម៌ ហើយមកកាន់ព្រះសទ្ធម្មនេះ ដោយហេតុប៉ុណ្ណេះឯង ក្នុងកាលនោះ។ ម្នាលអាវុសោទាំងឡាយ នាមរូប តើដូចម្តេច សេចក្តីកើតឡើងនៃនាមរូប តើដូចម្តេច សេចក្តីរំលត់នាមរូប តើដូចម្តេច សេចក្តីប្រតិបត្តិ ជាដំណើរដើម្បីរំលត់នាមរូប តើដូចម្តេច។ វេទនា១ សញ្ញា១ ចេតនា១ ផស្សៈ១ មនសិការៈ១ នេះហៅថា នាម។ មហាភូតរូបទាំង៤ និងរូបដែលអាស្រ័យមហាភូតរូបទាំង៤នេះ ហៅថា រូប។ ម្នាលអាវុសោ នាមនេះ និងរូបនេះ ហៅថា នាមរូប ដោយប្រការដូច្នេះ។ សេចក្តីកើតឡើងនៃនាមរូប ព្រោះសេចក្តីកើតឡើងនៃវិញ្ញាណ សេចក្តីរំលត់នាមរូប ព្រោះសេចក្តីរំលត់វិញ្ញាណ អរិយមគ្គ ប្រកបដោយអង្គ៨នេះឯង ជាសេចក្តីប្រតិបត្តិ ជាដំណើរដើម្បីរំលត់នាមរូប អរិយមគ្គនោះគឺ សម្មាទិដ្ឋិ។បេ។ សម្មាសមាធិ។ ម្នាលអាវុសោទាំងឡាយ កាលណាអរិយសាវ័ក ដឹងច្បាស់នូវនាមរូបយ៉ាងនេះ ដឹងច្បាស់នូវសេចក្តីកើតឡើងនៃនាមរូបយ៉ាងនេះ ដឹងច្បាស់នូវសេចក្តីរំលត់នាមរូបយ៉ាងនេះ ដឹងច្បាស់នូវសេចក្តីប្រតិបត្តិ ជាដំណើរដើម្បីរំលត់នាមរូបយ៉ាងនេះ អរិយសាវ័កនោះ លះចោលអនុស័យ គឺរាគៈ ដោយសព្វគ្រប់។បេ។ ម្នាលអាវុសោទាំងឡាយ អរិយសាវ័ក ជាសម្មាទិដ្ឋិ ជាអ្នកមានទិដ្ឋិត្រង់ ប្រកបដោយសេចក្តីជ្រះថ្លា មិនញាប់ញ័រក្នុងព្រះធម៌ បានមកកាន់ព្រះសទ្ធម្មនេះ ដោយហេតុប៉ុណ្ណេះឯង ក្នុងកាលនោះ។
[១២៦] ភិក្ខុទាំងឡាយនិយាយថា ម្នាលអាវុសោ បរិយាយឯទៀត នៅមានតទៅទៀតដែរឬ។បេ។ ព្រះសារីបុត្រឆ្លើយតបថា ម្នាលអាវុសោទាំងឡាយ នៅមានដែរ ដូច្នេះ ហើយនិយាយថា ម្នាលអាវុសោទាំងឡាយ កាលណាអរិយសាវ័ក ស្គាល់ច្បាស់នូវវិញ្ញាណផង ស្គាល់ច្បាស់នូវសេចក្តីកើតឡើងនៃវិញ្ញាណផង ស្គាល់ច្បាស់នូវសេចក្តីរំលត់វិញ្ញាណផង ស្គាល់ច្បាស់នូវសេចក្តីប្រតិបត្តិ ជាដំណើរ ដើម្បីរំលត់វិញ្ញាណផង ម្នាលអាវុសោទាំងឡាយ អរិយសាវ័ក ជាសម្មាទិដ្ឋិ ជាអ្នកមានទិដ្ឋិត្រង់ ប្រកបដោយសេចក្តីជ្រះថ្លា មិនញាប់ញ័រក្នុងព្រះធម៌ បានមកកាន់ព្រះសទ្ធម្មនេះ ដោយហេតុប៉ុណ្ណេះឯង ក្នុងកាលនោះ។ ម្នាលអាវុសោទាំងឡាយ វិញ្ញាណ តើដូចម្តេច សេចក្តីកើតឡើងនៃវិញ្ញាណ តើដូចម្តេច សេចក្តីរំលត់វិញ្ញាណ តើដូចម្តេច សេចក្តីប្រតិបត្តិ ជាដំណើរដើម្បីរំលត់វិញ្ញាណ តើដូចម្តេច។ ម្នាលអាវុសោទាំងឡាយ ពួកវិញ្ញាណនេះ មាន៦គឺ ចក្ខុវិញ្ញាណ១ សោតវិញ្ញាណ១ ឃានវិញ្ញាណ១ ជីវ្ហាវិញ្ញាណ១ កាយវិញ្ញាណ១ មនោវិញ្ញាណ១។ សេចក្តីកើតឡើងនៃវិញ្ញាណ ព្រោះសេចក្តីកើតឡើងនៃសង្ខារ សេចក្តីរំលត់វិញ្ញាណ ព្រោះសេចក្តីរំលត់សង្ខារ អរិយមគ្គ ប្រកបដោយអង្គ៨នេះឯង ជាសេចក្តីប្រតិបត្តិ ជាដំណើរដើម្បីរំលត់វិញ្ញាណ អរិយមគ្គនោះគឺ សម្មាទិដ្ឋិ។បេ។ សម្មាសមាធិ។ ម្នាលអាវុសោទាំងឡាយ កាលណាអរិយសាវ័ក ស្គាល់ច្បាស់នូវវិញ្ញាណយ៉ាងនេះ ស្គាល់ច្បាស់នូវសេចក្តីកើតឡើងនៃវិញ្ញាណយ៉ាងនេះ ស្គាល់ច្បាស់នូវសេចក្តីរំលត់វិញ្ញាណយ៉ាងនេះ ស្គាល់ច្បាស់នូវសេចក្តីប្រតិបត្តិ ជាដំណើរដើម្បីរំលត់វិញ្ញាណយ៉ាងនេះ អរិយសាវ័កនោះ លះចោលអនុស័យ គឺរាគៈ ដោយសព្វគ្រប់។បេ។ ម្នាលអាវុសោទាំងឡាយ អរិយសាវ័ក ជាសម្មាទិដ្ឋិ ជាអ្នកមានទិដ្ឋិត្រង់ ប្រកបដោយសេចក្តីជ្រះថ្លា មិនញាប់ញ័រក្នុងព្រះធម៌ ហើយមកកាន់ព្រះសទ្ធម្មនេះ ដោយហេតុប៉ុណ្ណេះឯង ក្នុងកាលនោះ។
[១២៧] ភិក្ខុទាំងឡាយនិយាយថា ម្នាលអាវុសោ បរិយាយឯទៀត នៅមានដែរឬ។បេ។ ព្រះសារីបុត្រឆ្លើយតបថា ម្នាលអាវុសោទាំងឡាយ បរិយាយឯទៀត នៅមាន ហើយនិយាយថា ម្នាលអាវុសោទាំងឡាយ កាលណាអរិយសាវ័ក ស្គាល់ច្បាស់នូវសង្ខារផង ស្គាល់ច្បាស់នូវសេចក្តីកើតឡើងនៃសង្ខារផង ស្គាល់ច្បាស់នូវសេចក្តីរំលត់សង្ខារផង ស្គាល់ច្បាស់នូវសេចក្តីប្រតិបត្តិ ជាដំណើរ ដើម្បីរំលត់សង្ខារផង ម្នាលអាវុសោទាំងឡាយ អរិយសាវ័ក ជាសម្មាទិដ្ឋិ ជាអ្នកមានទិដ្ឋិត្រង់ ប្រកបដោយសេចក្តីជ្រះថ្លា មិនញាប់ញ័រក្នុងព្រះធម៌ ហើយបានមកកាន់ព្រះសទ្ធម្មនេះ ដោយហេតុប៉ុណ្ណេះឯង ក្នុងកាលនោះ។ ម្នាលអាវុសោទាំងឡាយ សង្ខារទាំងឡាយ តើដូចម្តេច សេចក្តីកើតឡើងនៃសង្ខារ តើដូចម្តេច សេចក្តីរំលត់សង្ខារ តើដូចម្តេច សេចក្តីប្រតិបត្តិ ជាដំណើរដើម្បីរំលត់សង្ខារ តើដូចម្តេច។ ម្នាលអាវុសោទាំងឡាយ សង្ខារនេះ មាន៣ គឺ កាយសង្ខារ១ វចីសង្ខារ១ ចិត្តសង្ខារ១ សេចក្តីកើតឡើងនៃសង្ខារ ព្រោះសេចក្តីកើតឡើងនៃអវិជ្ជា សេចក្តីរំលត់សង្ខារ ព្រោះសេចក្តីរំលត់អវិជ្ជា អរិយមគ្គ ប្រកបដោយអង្គ៨នេះឯង ជាសេចក្តីប្រតិបត្តិ ជាដំណើរដើម្បីរំលត់សង្ខារគឺ សម្មាទិដ្ឋិ។បេ។ សម្មាសមាធិ។ ម្នាលអាវុសោទាំងឡាយ កាលណាអរិយសាវ័ក ស្គាល់ច្បាស់នូវសង្ខារយ៉ាងនេះ ស្គាល់ច្បាស់នូវសេចក្តីកើតឡើងនៃសង្ខារយ៉ាងនេះ ស្គាល់ច្បាស់នូវសេចក្តីរំលត់សង្ខារយ៉ាងនេះ ស្គាល់ច្បាស់នូវសេចក្តីប្រតិបត្តិ ជាដំណើរដើម្បីរំលត់សង្ខារយ៉ាងនេះ អរិយសាវ័កនោះ លះចោលអនុស័យ គឺរាគៈ ដោយសព្វគ្រប់ បន្ទោបង់អនុស័យ គឺបដិឃៈ ដកចេញនូវអនុស័យ គឺមានះ ប្រហែលនឹងទិដ្ឋិថា អាត្មាអញ មាន ដូច្នេះ ហើយលះបង់នូវអវិជ្ជា ញុំាងវិជ្ជាឲ្យកើតឡើង ហើយធ្វើនូវទីបំផុត នៃទុក្ខក្នុងបច្ចុប្បន្ននេះបាន ម្នាលអាវុសោទាំងឡាយ អរិយសាវ័ក ជាសម្មាទិដ្ឋិ ជាអ្នកមានទិដ្ឋិត្រង់ ប្រកបដោយសេចក្តីជ្រះថ្លា មិនញាប់ញ័រក្នុងព្រះធម៌ បានមកកាន់ព្រះសទ្ធម្មនេះ ដោយហេតុប៉ុណ្ណេះឯង ក្នុងកាលនោះ។
[១២៨] ភិក្ខុទាំងឡាយនិយាយថា ម្នាលអាវុសោ បរិយាយឯទៀត នៅមានដែរឬ។បេ។ ព្រះសារីបុត្រឆ្លើយតបថា ម្នាលអាវុសោទាំងឡាយ នៅមានដែរ ហើយនិយាយថា ម្នាលអាវុសោទាំងឡាយ កាលណាអរិយសាវ័ក ស្គាល់ច្បាស់នូវអវិជ្ជាផង ស្គាល់ច្បាស់នូវសេចក្តីកើតឡើងនៃអវិជ្ជាផង ស្គាល់ច្បាស់នូវសេចក្តីរំលត់អវិជ្ជាផង ស្គាល់ច្បាស់នូវសេចក្តីប្រតិបត្តិ ជាដំណើរ ដើម្បីរំលត់អវិជ្ជាផង ម្នាលអាវុសោទាំងឡាយ អរិយសាវ័ក ជាសម្មាទិដ្ឋិ ជាអ្នកមានទិដ្ឋិត្រង់ ប្រកបដោយសេចក្តីជ្រះថ្លា មិនញាប់ញ័រក្នុងព្រះធម៌ បានមកកាន់ព្រះសទ្ធម្មនេះ ដោយហេតុប៉ុណ្ណេះឯង ក្នុងកាលនោះ។ ម្នាលអាវុសោទាំងឡាយ អវិជ្ជាទាំងឡាយ តើដូចម្តេច សេចក្តីកើតឡើងនៃអវិជ្ជា តើដូចម្តេច សេចក្តីរំលត់អវិជ្ជា តើដូចម្តេច សេចក្តីប្រតិបត្តិ ជាដំណើរដើម្បីរំលត់អវិជ្ជា តើដូចម្តេច។ ម្នាលអាវុសោទាំងឡាយ សេចក្តីមិនដឹងទុក្ខ១ សេចក្តីមិនដឹងហេតុឲ្យកើតទុក្ខ១ សេចក្តីមិនដឹងព្រះនិព្វាន ជាគ្រឿងរំលត់ទុក្ខ១ សេចក្តីមិនដឹងបដិបទា ជាដំណើរដើម្បីរំលត់ទុក្ខ១ ម្នាលអាវុសោ នេះឯងហៅថា អវិជ្ជា។ សេចក្តីកើតឡើងនៃអវិជ្ជា ព្រោះសេចក្តីកើតឡើងនៃអាសវៈ សេចក្តីរំលត់អវិជ្ជា ព្រោះសេចក្តីរំលត់អាសវៈ អរិយមគ្គ ប្រកបដោយអង្គ៨នេះឯង ជាសេចក្តីប្រតិបត្តិ ជាដំណើរដើម្បីរំលត់អវិជ្ជាគឺ សម្មាទិដ្ឋិ។បេ។ សម្មាសមាធិ។ ម្នាលអាវុសោទាំងឡាយ កាលណាអរិយសាវ័ក ស្គាល់ច្បាស់នូវអវិជ្ជាយ៉ាងនេះ ស្គាល់ច្បាស់នូវសេចក្តីកើតឡើងនៃអវិជ្ជាយ៉ាងនេះ ស្គាល់ច្បាស់នូវសេចក្តីរំលត់អវិជ្ជាយ៉ាងនេះ ស្គាល់ច្បាស់នូវសេចក្តីប្រតិបត្តិ ជាដំណើរដើម្បីរំលត់អវិជ្ជាយ៉ាងនេះ អរិយសាវ័កនោះ លះចោលអនុស័យ គឺរាគៈ បន្ទោបង់អនុស័យ គឺបដិឃៈ ដកចេញនូវអនុស័យ គឺមានះ ប្រហែលនឹងទិដ្ឋិថា អាត្មាអញ មានដូច្នេះ លះបង់នូវអវិជ្ជា ញុំាងវិជ្ជាឲ្យកើតឡើង ហើយធ្វើនូវទីបំផុត នៃទុក្ខក្នុងបច្ចុប្បន្ននេះបាន ម្នាលអាវុសោទាំងឡាយ អរិយសាវ័ក ជាសម្មាទិដ្ឋិ ជាអ្នកមានទិដ្ឋិត្រង់ ប្រកបដោយសេចក្តីជ្រះថ្លា មិនញាប់ញ័រក្នុងព្រះធម៌ មកកាន់ព្រះសទ្ធម្មនេះ ដោយហេតុប៉ុណ្ណេះឯង ក្នុងកាលនោះ។
[១២៩] ភិក្ខុទាំងអម្បាលនោះ ត្រេកអរអនុមោទនា ចំពោះភាសិតរបស់ព្រះសារីបុត្រដ៏មានអាយុថា ម្នាលអាវុសោ ប្រពៃហើយ បានសួរប្រស្នានឹងព្រះសារីបុត្រដ៏មានអាយុតទៅទៀតថា ម្នាលអាវុសោ អរិយសាវ័ក ជាសម្មាទិដ្ឋិ ជាអ្នកមានទិដ្ឋិត្រង់ ប្រកបដោយសេចក្តីជ្រះថ្លា មិនញាប់ញ័រក្នុងព្រះធម៌ បានមកកាន់ព្រះសទ្ធម្មនេះ ដោយបរិយាយដទៃ នៅមានដែរឬ។
[១៣០] ព្រះសារីបុត្រ ឆ្លើយតបថា ម្នាលអាវុសោទាំងឡាយ បរិយាយឯទៀត នៅមាន ហើយនិយាយថា ម្នាលអាវុសោទាំងឡាយ កាលណាអរិយសាវ័ក ស្គាល់ច្បាស់នូវអាសវៈផង ស្គាល់ច្បាស់នូវសេចក្តីកើតឡើងនៃអាសវៈផង ស្គាល់ច្បាស់នូវសេចក្តីរំលត់អាសវៈផង ស្គាល់ច្បាស់នូវសេចក្តីប្រតិបត្តិ ជាដំណើរ ដើម្បីរំលត់អាសវៈផង ម្នាលអាវុសោទាំងឡាយ អរិយសាវ័ក ជាសម្មាទិដ្ឋិ ជាអ្នកមានទិដ្ឋិត្រង់ ប្រកបដោយសេចក្តីជ្រះថ្លា មិនញាប់ញ័រក្នុងព្រះធម៌ បានមកកាន់ព្រះសទ្ធម្មនេះ ដោយហេតុប៉ុណ្ណេះឯង ក្នុងកាលនោះ។ ម្នាលអាវុសោទាំងឡាយ អាសវៈ តើដូចម្តេច សេចក្តីកើតឡើងនៃអាសវៈ តើដូចម្តេច សេចក្តីរំលត់អាសវៈ តើដូចម្តេច សេចក្តីប្រតិបត្តិ ជាដំណើរដើម្បីរំលត់អាសវៈ តើដូចម្តេច ម្នាលអាវុសោទាំងឡាយ អាសវៈនេះ មាន៣ គឺ កាមាសវៈ១ ភវាសវៈ១ អវិជ្ជាសវៈ១។ សេចក្តីកើតឡើងនៃអាសវៈ ព្រោះសេចក្តីកើតឡើងនៃអវិជ្ជា សេចក្តីរំលត់អាសវៈ ព្រោះសេចក្តីរំលត់អវិជ្ជា អរិយមគ្គ ប្រកបដោយអង្គ៨នេះឯង ជាសេចក្តីប្រតិបត្តិ ជាដំណើរដើម្បីរំលត់អាសវៈ អរិយមគ្គនោះគឺ សម្មាទិដ្ឋិ១ សម្មាសង្កប្បៈ១ សម្មាវាចា១ សម្មាកម្មន្តៈ១ សម្មាអាជីវៈ១ សម្មាវាយាម១ សម្មាសតិ១ សម្មាសមាធិ១។ ម្នាលអាវុសោទាំងឡាយ កាលណាអរិយសាវ័ក ស្គាល់ច្បាស់នូវអាសវៈយ៉ាងនេះ ស្គាល់ច្បាស់នូវសេចក្តីកើតឡើងនៃអាសវៈយ៉ាងនេះ ស្គាល់ច្បាស់នូវសេចក្តីរំលត់អាសវៈយ៉ាងនេះ ស្គាល់ច្បាស់នូវសេចក្តីប្រតិបត្តិ ជាដំណើរដើម្បីរំលត់អាសវៈយ៉ាងនេះ អរិយសាវ័កនោះ លះចោលអនុស័យ គឺរាគៈ ដោយសព្វគ្រប់ បន្ទោបង់អនុស័យ គឺបដិឃៈ ដកចេញនូវអនុស័យ គឺមានះ ប្រហែលនឹងទិដ្ឋិថា អាត្មាអញ មាន ដូច្នេះ លះបង់នូវអវិជ្ជា ញុំាងវិជ្ជាឲ្យកើតឡើង ហើយធ្វើនូវទីបំផុត នៃទុក្ខក្នុងបច្ចុប្បន្ននេះបាន ម្នាលអាវុសោទាំងឡាយ អរិយសាវ័ក ជាសម្មាទិដ្ឋិ ជាអ្នកមានទិដ្ឋិត្រង់ ប្រកបដោយសេចក្តីជ្រះថ្លា មិនញាប់ញ័រក្នុងព្រះធម៌ បានមកកាន់ព្រះសទ្ធម្មនេះ ដោយហេតុប៉ុណ្ណេះឯង ក្នុងកាលនោះ។ លុះព្រះសារីបុត្រដ៏មានអាយុ ពោលពាក្យនេះហើយ ភិក្ខុទាំងអម្បាលនោះ មានចិត្តត្រេកអរ រីករាយចំពោះភាសិត របស់ព្រះសារីបុត្រដ៏មានអាយុ។
ចប់ សម្មាទិដ្ឋិសូត្រ ទី៩។
ធម្មជាតណា ក្នុងពាក្យដែលលោកពោលថា កតមំ បនាវុសោ (ម្នាលអាវុសោ តើដូចម្តេច) មាន ៦បទគឺ ទុក្ខ ជរា មរណ ឧបាទាន សឡាយតន នាមរូប វិញ្ញាណ។ ធម្មជាតិណា ក្នុងពាក្យដែលលោកពោលថា កតមា បនាវុសោ (ម្នាលអាវុសោ តើដូចម្តេច) មាន៤គឺ ជាតិ តណ្ហា វេទនា ជាគម្រប់៤នឹងអវិជ្ជា។ សភាវៈណា ក្នុងពាក្យដែលលោកពោលថា កតមំ បនាវុសោ (ម្នាលអាវុសោ តើដូចម្តេច) មាន៥បទគឺ អាហារ ភព ផស្សៈ សង្ខារ ជាគម្រប់៥ នឹងអាសវៈ។ ធម្មជាតនោះ លោកពោលថា មាន កតមំ (តើដូចម្តេច) ៦លើក មាន កតមានិ ច (តើដូចម្តេច) ៤លើក លោកពោលថា មាន កតមោ (តើដូចម្តេច) ៥លើក រួមបទនៃសង្ខារធម៌ទាំងអស់ត្រូវជា១៥។
សតិបដ្ឋានសូត្រ ទី១០
[១៣១] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយព្រះមានព្រះភាគ ទ្រង់គង់នៅកម្មាសធម្មនិគម [ហៅថា កម្មសទមនិគមខ្លះ។] របស់អ្នកកុរុ ក្នុងដែនកុរុ។ ក្នុងសម័យនោះឯង ព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ ដូច្នេះ។ ភិក្ខុទាំងនោះ ទទួលព្រះពុទ្ធដីកានៃព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន ដូច្នេះ។
[១៣២] ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ ផ្លូវគឺសតិប្បដ្ឋានទាំង៤ ជាផ្លូវមូលតែមួយ [ដែលថា ផ្លូវមូលតែមួយ មានសេចក្តីពន្យល់ក្នុងមហាសតិបដ្ឋានសូត្រ ទីឃនិកាយ មហាវគ្គ ទំព័រ១។] (ប្រព្រឹត្តទៅ) ដើម្បីសេចក្តីបរិសុទ្ធនៃសត្វទាំងឡាយ ដើម្បីលះបង់ នូវសេចក្តីសោក និងសេចក្តីខ្សឹកខ្សួល ដើម្បីរំលត់នូវទុក្ខ និងទោមនស្ស ដើម្បីបាននូវអរិយមគ្គ ប្រកបដោយអង្គ៨ប្រការ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវព្រះនិព្វាន។ នេះហៅថា សតិបដ្ឋាន ៤។ សតិបដ្ឋាន៤ គឺអ្វីខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ពិចារណាឃើញរឿយៗនូវកាយ ក្នុងកាយជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស ជាអ្នកដឹងខ្លួន ជាអ្នកមានស្មារតី (ជាគ្រឿងកំណត់) កំចាត់បង់នូវអភិជ្ឈា និងទោមនស្សក្នុងលោក [លោក ក្នុងទីនេះ មានសេចក្តីពន្យល់ក្នុងមហាសតិបដ្ឋានសូត្រ ទីឃនិកាយ មហាវគ្គ ទំព័រ២រួចហើយ។]ចេញ។ ភិក្ខុពិចារណាឃើញរឿយៗ នូវវេទនា ក្នុងវេទនាទាំងឡាយ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស ជាអ្នកដឹងខ្លួន មានស្មារតី (ជាគ្រឿងកំណត់) កំចាត់បង់ នូវអភិជ្ឈា និងទោមនស្សក្នុងលោកចេញ។ ភិក្ខុពិចារណាឃើញរឿយៗ នូវចិត្តក្នុងចិត្តជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស ជាអ្នកដឹងខ្លួន មានស្មារតី (ជាគ្រឿងកំណត់) កំចាត់បង់នូវអភិជ្ឈា និងទោមនស្សក្នុងលោកចេញ។ ភិក្ខុពិចារណាឃើញរឿយៗ នូវធម៌ក្នុងធម៌ទាំងឡាយ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស ជាអ្នកដឹងខ្លួន មានស្មារតី (ជាគ្រឿងកំណត់) កំចាត់បង់នូវអភិជ្ឈា និងទោមនស្សក្នុងលោកចេញ។
[១៣៣] ម្នាលភិក្ខុទាំងឡាយ ភិក្ខុពិចារណាឃើញរឿយៗ នូវកាយក្នុងកាយជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ទៅនៅក្នុងព្រៃក្តី នៅក្រោមម្លប់ឈើក្តី នៅក្នុងផ្ទះស្ងាត់ក្តី អង្គុយពែនភ្នែន តាំងកាយឲ្យត្រង់ ដំកល់សតិឲ្យមានមុខឆ្ពោះទៅរក (កម្មដ្ឋាន)។ ភិក្ខុនោះ មានសតិដកដង្ហើមចេញ មានសតិដកដង្ហើមចូល។ កាលដកដង្ហើមចេញវែង ក៏ដឹងច្បាស់ថា អាត្មាអញដកដង្ហើមចេញវែង។ កាលដកដង្ហើមចូលវែង ក៏ដឹងច្បាស់ថា អាត្មាអញដកដង្ហើមចូលវែង។ កាលដកដង្ហើមចេញខ្លី ក៏ដឹងច្បាស់ថា អាត្មាអញដកដង្ហើមចេញខ្លី។ កាលដកដង្ហើមចូលខ្លី ក៏ដឹងច្បាស់ថា អាត្មាអញ ដកដង្ហើមចូលខ្លី។ ភិក្ខុសិក្សាថា អាត្មាអញ នឹងកំណត់ដឹងនូវកាយ គឺខ្យល់ទាំងពួង សិមដកដង្ហើមចេញ។ ភិក្ខុសិក្សាថា អាត្មាអញ នឹងកំណត់ដឹងច្បាស់នូវកាយ គឺខ្យល់ទាំងពួង សិមដកដង្ហើមចូល។ ភិក្ខុសិក្សាថា អាត្មាអញ នឹងរម្ងាប់នូវកាយសង្ខារ គឺដង្ហើមចេញ និងដង្ហើមចូល សិមដកដង្ហើមចេញ។ ភិក្ខុសិក្សាថា អាត្មាអញនឹង រម្ងាប់កាយសង្ខារ សិមដកដង្ហើមចូល។ ម្នាលភិក្ខុទាំងឡាយ ជាងក្រឡឹង ឬកូនជាងរបស់ជាងក្រឡឹង ដែលប៉ិនប្រសប់ កាលទាញខ្សែក្រឡឹងវែង ក៏ដឹងច្បាស់ថា អាត្មាអញទាញខ្សែក្រឡឹងវែង។ កាលទាញខ្សែក្រឡឹងខ្លី ក៏ដឹងច្បាស់ថា អាត្មាអញទាញខ្សែក្រឡឹងខ្លី មានឧបមាដូចម្តេចមិញ។ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុដកដង្ហើមចេញវែង ក៏ដឹងច្បាស់ថា អាត្មាអញដកដង្ហើមចេញវែង។ កាលដកដង្ហើមចូលវែង ក៏ដឹងច្បាស់ថា អាត្មាអញដកដង្ហើមចូលវែង។ កាលដកដង្ហើមចេញខ្លី ក៏ដឹងច្បាស់ថា អាត្មាអញដកដង្ហើមចេញខ្លី។ កាលដកដង្ហើមចូលខ្លី ក៏ដឹងច្បាស់ថា អាត្មាអញដកដង្ហើមចូលខ្លី មានឧបមេយ្យ ដូច្នោះឯង។ ភិក្ខុសិក្សាថា អាត្មាអញ នឹងកំណត់ដឹងច្បាស់នូវកាយ គឺខ្យល់ទាំងពួង សិមដកដង្ហើមចេញ។ ភិក្ខុសិក្សាថា អាត្មាអញ នឹងកំណត់ដឹង នូវកាយ គឺខ្យល់ទាំងពួង សិមដកដង្ហើមចូល។ ភិក្ខុសិក្សាថា អាត្មាអញ នឹងរម្ងាប់នូវកាយសង្ខារ សិមដកដង្ហើមចេញ។ ភិក្ខុសិក្សាថា អាត្មាអញ នឹងរម្ងាប់នូវកាយសង្ខារ សិមដកដង្ហើមចូល។ ភិក្ខុពិចារណាឃើញរឿយៗ នូវកាយក្នុងកាយជាខាងក្នុង គឺកាយរបស់ខ្លួន ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤យ៉ាងនេះផង ពិចារណាឃើញរឿយៗ នូវកាយក្នុងកាយជាខាងក្រៅ គឺកាយរបស់បុគ្គលដទៃ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ ពិចារណាឃើញរឿយៗ នូវកាយក្នុងកាយ ទាំងខាងក្នុង ខាងក្រៅ គឺកាយរបស់ខ្លួន និងកាយរបស់បុគ្គលដទៃ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ក្តី ពិចារណាឃើញរឿយៗ នូវធម៌ដែលប្រជុំកើតឡើង [១-២ ខ្យល់អស្សាសបស្សាសៈ អាស្រ័យនូវករជកាយផង ក្តោងច្រមុះផង ចិត្តផង ទើបចេញចូលទៅមកបាន ព្រោះហេតុនោះ ធម៌ទាំងនេះ ឈ្មោះថាធម៌ប្រជុំកើតឡើង ដល់ធម៌ទាំងនេះរលត់ទៅវិញ ឈ្មោះថា ធម៌សូន្យទៅ។] ក្នុងកាយ គ្រប់ឥរិយាបថទាំង៤ក្តី ពិចារណាឃើញរឿយៗ នូវធម៌ដែលសូន្យ [២] ទៅក្នុងកាយ [ក្នុងទីនេះ មានសេចក្តីពន្យល់ដូចក្នុងមហាសតិបដ្ឋានសូត្រ ទីឃនិកាយ មហាវគ្គ ត្រង់ទំព័រ៦។] គ្រប់ឥរិយាបថទាំង៤ក្តី ពិចារណាឃើញរឿយៗ នូវធម៌ដែលប្រជុំកើតឡើង និងធម៌ដែលសូន្យទៅ ក្នុងកាយ គ្រប់ឥរិយាបថទាំង៤ក្តី មួយទៀត ស្មារតីជាគ្រឿងកំណត់នូវកាយ របស់ភិក្ខុនោះ ក៏ផ្ចង់ឡើងចំពោះថា កាយនេះមាន (ប៉ុន្តែមិនមែនសត្វ មិនមែនបុគ្គល មិនមែនស្រី មិនមែនប្រុសជាដើម) ល្មមតែកំណត់ ដើម្បីឲ្យចម្រើនប្រាជ្ញា ដើម្បីឲ្យចម្រើនស្មារតីប៉ុណ្ណោះ ភិក្ខុនោះ មានចិត្តមិនអាស្រ័យ (តណ្ហានិស្ស័យ និងទិដ្ឋិនិស្ស័យ) គ្រប់ឥរិយាបថទាំង៤ មិនប្រកៀកប្រកាន់អ្វីតិចតួចក្នុងលោកផង ម្នាលភិក្ខុទាំងឡាយ ភិក្ខុពិចារណា ឃើញរឿយៗ នូវកាយក្នុងកាយជាប្រក្រតី គ្រប់ឥរិយាបថទាំង៤យ៉ាងនេះឯង។
ចប់ អានាបានបព្វៈ។
[១៣៤] ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុទោះដើរក្តី ក៏ដឹងច្បាស់ថា អាត្មាអញដើរ ទោះឈរក្តី ក៏ដឹងច្បាស់ថា អាត្មាអញឈរ ទោះអង្គុយក្តី ក៏ដឹងច្បាស់ថា អាត្មាអញអង្គុយ ទោះដេកក្តី ក៏ដឹងច្បាស់ថា អាត្មាអញដេក។ ម្យ៉ាងទៀត កាយរបស់ភិក្ខុនោះ ដំកល់នៅ ដោយអាការៈយ៉ាងណាៗ ក៏ដឹងច្បាស់នូវកាយ ដោយអាការៈយ៉ាងនោះ ៗ។ ភិក្ខុពិចារណាឃើញរឿយៗ នូវកាយក្នុងកាយខាងក្នុង (ដោយការកំណត់នូវឥរិយាបថទាំង៤របស់ខ្លួន) ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ដូច្នេះ។បេ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុពិចារណាឃើញរឿយៗ នូវកាយក្នុងកាយជាប្រក្រតី គ្រប់ឥរិយាបថទាំង៤យ៉ាងនេះឯង។
ឥរិយាបថបព្វៈ។
[១៣៥] ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុធ្វើនូវសម្បជញ្ញៈ [សម្បជញ្ញៈ ក្នុងទីនេះ មានសេចក្តីពន្យល់ក្នុងមហាសតិបដ្ឋានសូត្រ ទីឃនិកាយ មហាវគ្គ ទំព័រ៩។] គឺសេចក្តីដឹងខ្លួន ជាប្រក្រតី ក្នុងការដើរទៅមុខ និងថយក្រោយ ធ្វើសេចក្តីដឹងខ្លួន ជាប្រក្រតី ក្នុងការក្រឡេកមើលទៅមុខ និងក្រឡេកមើលទៅទិសផ្សេងៗ ធ្វើសេចក្តីដឹងខ្លួន ជាប្រក្រតី ក្នុងការបត់ដៃជើង និងលាដៃជើង ធ្វើនូវសេចក្តីដឹងខ្លួន ជាប្រក្រតី ក្នុងការទ្រទ្រង់នូវសង្ឃាដី បាត្រ និងចីវរ ធ្វើនូវសេចក្តីដឹងខ្លួន ជាប្រក្រតី ក្នុងការបរិភោគភោជន និងផឹកទឹក ទំពាស៊ីខាទនីយវត្ថុ ទទួលរស ធ្វើនូវសេចក្តីដឹងខ្លួន ជាប្រក្រតី ក្នុងការបន្ទោបង់ នូវឧច្ចារៈ និងបស្សាវៈ ធ្វើនូវសេចក្តីដឹងខ្លួន ជាប្រក្រតី ក្នុងការដើរ ឈរ អង្គុយ ដេក ភ្ញាក់ឡើង និយាយ និងភាពស្ងៀម ជាប្រក្រតី។ ភិក្ខុពិចារណាឃើញរឿយៗ នូវកាយក្នុងកាយខាងក្នុង (ដោយការកំណត់នូវសម្បជញ្ញៈទាំង៤) ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ ដូច្នេះ។បេ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុពិចារណាឃើញរឿយៗ នូវកាយក្នុងកាយ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ យ៉ាងនេះឯង។
សម្បជញ្ញបព្វៈ។
[១៣៦] ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុ (ក្នុងសាសនានេះ) ពិចារណាឃើញ នូវកាយនេះឯង ខាងលើ តាំងពីបាតជើងឡើងទៅ ខាងក្រោម តាំងពីចុងសក់ចុះមក ដែលបិទបាំងដោយស្បែក ពេញដោយវត្ថុមិនស្អាត មានប្រការផ្សេងៗ ដូច្នេះថា ក្នុងកាយនេះ មានសក់ រោម ក្រចក ធ្មេញ ស្បែក សាច់ សរសៃទាំងឡាយ ឆ្អឹងទាំងឡាយ ខួរក្នុងឆ្អឹង ទាច បេះដូង ថ្លើម វាវ ក្រពះ សួត ពោះវៀនធំ ពោះវៀនតូច អាហារថ្មី អាហារចាស់ ទឹកប្រមាត់ ស្លេស្ម ខ្ទុះ ឈាម ញើស ខ្លាញ់ខាប់ ទឹកភ្នែក ខ្លាញ់រាវ ទឹកមាត់ ទឹកសំបោរ ទឹករំអិល ទឹកមូត្រ។ ម្នាលភិក្ខុទាំងឡាយ (ធម្មតា) ទៃដែលមានមាត់ទាំងពីរខាង ពេញដោយធញ្ញជាតិ មានប្រការផ្សេងៗ ធញ្ញជាតិទាំងនោះ គឺ ស្រូវខ្សាយ ស ស្រូវខ្សាយក្រហម សណ្តែកបាយ សណ្តែករាជមាស ល្ង អង្ករ។ បុរសមានចក្ខុ គប្បីស្រាយនូវមាត់ទៃនោះ ហើយពិចារណាឃើញច្បាស់ ដូច្នេះថា នេះស្រូវខ្សាយស នេះស្រូវខ្សាយក្រហម នេះសណ្តែកបាយ នេះសណ្តែករាជមាស នេះល្ង នេះអង្ករ មានឧបមាដូចម្តេចមិញ ម្នាលភិក្ខុទាំងឡាយ ភិក្ខុពិចារណាឃើញ នូវកាយនេះឯង ខាងលើ តាំងពីបាតជើងឡើងទៅ ខាងក្រោម តាំងពីចុងសក់ចុះមក ដែលបិទបាំងទៅដោយស្បែក ពេញទៅដោយវត្ថុមិនស្អាត មានប្រការផ្សេងៗ ដូច្នេះថា ក្នុងកាយនេះ មានសក់ រោម។បេ។ ទឹករំអិល ទឹកមូត្រ មានឧមេយ្យដូច្នោះឯង។ ភិក្ខុពិចារណាឃើញរឿយៗ នូវកាយក្នុងកាយជាខាងក្នុង (ដោយការកំណត់ នូវអាការមានសក់ជាដើម) ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ ដូច្នេះ។បេ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុពិចារណាឃើញរឿយៗ នូវកាយក្នុងកាយជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ យ៉ាងនេះឯង។
បដិក្កូលបព្វៈ។
[១៣៧] ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុពិចារណាឃើញ នូវកាយនេះឯង ដែលស្ថិតនៅហើយយ៉ាងណា ដែលដំកល់នៅហើយយ៉ាងណា ដោយកំណត់ថា ជាធាតុ ដូច្នេះថា ក្នុងកាយនេះ មានបឋវីធាតុ អាបោធាតុ តេជោធាតុ វាយោធាតុ។ ម្នាលភិក្ខុទាំងឡាយ ធម្មតា បុរសអ្នកសម្លាប់គោក្តី អន្តេវាសិក [ពួកអ្នកជំនួយការ។] នៃបុរសអ្នកសម្លាប់គោក្តី ដែលប៉ិនប្រសប់ សម្លាប់គោហើយ រំលែកជាចំណែក អង្គុយនៅទៀបធ្លាធំ មានមុម៤ មានឧបមាដូចម្តេចមិញ ម្នាលភិក្ខុទាំងឡាយ ភិក្ខុពិចារណាឃើញ នូវកាយនេះឯង ដែលស្ថិតនៅហើយយ៉ាងណា ដែលតំកល់នៅហើយយ៉ាងណា ដោយកំណត់ថា ជាធាតុ ដូច្នេះថា ក្នុងកាយនេះ មានបឋវីធាតុ អាបោធាតុ តេជោធាតុ វាយោធាតុ មានឧបមេយ្យដូច្នោះឯង។ ភិក្ខុពិចារណាឃើញរឿយៗ នូវកាយក្នុងកាយជាខាងក្នុង ដោយ(ការកំណត់នូវធាតុទាំង៤) ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ ដូច្នេះ។បេ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុពិចារណាឃើញរឿយៗ នូវកាយក្នុងកាយជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ យ៉ាងនេះឯង។
ធាតុបព្វៈ។
[១៣៨] ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុគប្បីឃើញសរីរៈស្លាប់ ដែលគេចោល ក្នុងព្រៃស្មសាន ទោះស្លាប់ហើយអស់១ថ្ងៃក្តី ស្លាប់ហើយអស់២ថ្ងៃក្តី ស្លាប់ហើយអស់៣ថ្ងៃក្តី ដែលកំពុងហើម មានពណ៌ខៀវ (ដោយច្រើន) មានខ្ទុះហូរចេញ (តាមទ្វារទាំង៩) ដូចម្តេចមិញ។ ភិក្ខុនោះ ក៏បង្អោនសរីរៈស្លាប់នោះ មកប្រៀបផ្ទឹមនឹងកាយនេះឯងថា សូម្បីកាយនេះសោត ក៏គង់នឹងមានសភាពជារបស់គួរខ្ពើម យ៉ាងនេះ គង់នឹងក្លាយទៅជាឧទ្ធុមាតកអសុភជាដើម យ៉ាងនេះ នឹងកន្លងចាកឧទ្ធុមាតកអសុភជាដើមនោះពុំបានឡើយ។ ភិក្ខុពិចារណាឃើញរឿយៗ នូវកាយក្នុងកាយជាខាងក្នុង (ដោយការកំណត់នូវអសុភ មានអសុភកំពុងហើម ជាដើម) ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ ដូច្នេះ។បេ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុពិចារណាឃើញរឿយៗ នូវកាយក្នុងកាយ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុគប្បីឃើញ នូវសរីរៈស្លាប់ ដែលគេចោល ក្នុងព្រៃស្មសាន ដែលក្អែកកំពុងចឹកស៊ីក្តី ដែលពួកត្មាត កំពង់ជញ្ជែងស៊ីក្តី ដែលពួកត្រដក់ កំពុងចឹកស៊ីក្តី ដែលពួកស្វាន កំពុងកកេរស៊ីក្តី ដែលពួកចចក កំពុងខាំស៊ីក្តី ដែលពួកបាណកជាតិផ្សេងៗ កំពុងស៊ីក្តី។ ភិក្ខុនោះ (ក៏បង្អោនសរីរៈស្លាប់នោះ) មកប្រៀបធៀបនឹងកាយនេះឯងថា សូម្បីកាយនេះឯងសោត ក៏គង់នឹងមានសភាព ជារបស់គួរខ្ពើមយ៉ាងនោះ គង់នឹងក្លាយទៅជាយ៉ាងនោះ នឹងកន្លងនូវភាពយ៉ាងនោះ ពុំបានឡើយ។ ភិក្ខុពិចារណាឃើញរឿយៗ នូវកាយក្នុងកាយជាខាងក្នុង (ដោយការកំណត់នូវអសុភ មានអសុភ ដែលកំពុងហើមជាដើម) ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤នេះ។បេ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុពិចារណាឃើញរឿយៗ នូវកាយក្នុងកាយ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុគប្បីឃើញសរីរៈស្លាប់ ដែលគេចោល ក្នុងព្រៃស្មសាន មានតែរាងឆ្អឹង ព្រមទាំងសាច់ និងឈាម មានសរសៃ ជាគ្រឿងចង យ៉ាងណាមិញ។បេ។ នៅតែរាងឆ្អឹង ឥតមានសាច់ តែនៅប្រឡាក់ដោយឈាម មានសរសៃ ជាគ្រឿងចង។បេ។ នៅមានតែរាងឆ្អឹង ឥតមានសាច់ និងឈាម មានតែសរសៃ ជាគ្រឿងចង។បេ។ នៅតែរាងឆ្អឹងទទេ មិនមានសរសៃចងរួបរឹត ខ្ចាត់ខ្ចាយរាត់រាយទៅ ក្នុងទិសតូច និងទិសធំ គឺឆ្អឹងដៃ ទៅដោយឡែក ឆ្អឹងជើងទៅដោយឡែក ឆ្អឹងស្មងទៅដោយឡែក ឆ្អឹងភ្លៅទៅដោយឡែក ឆ្អឹងចង្កេះទៅដោយឡែក ឆ្អឹងខ្នងទៅដោយឡែក ឆ្អឹងជំនីរ ទៅដោយឡែក ឆ្អឹងទ្រូង ទៅដោយឡែក ឆ្អឹងដើមដៃទៅដោយឡែក ឆ្អឹងស្មាទៅដោយឡែក ឆ្អឹងក ទៅដោយឡែក ឆ្អឹងចង្កាទៅដោយឡែក ឆ្អឹងធ្មេញទៅដោយឡែក ឆ្អឹងក្បាលទៅដោយឡែក។ ភិក្ខុនោះ (ក៏បង្អោនសរីរៈស្លាប់នោះ) មកប្រៀបផ្ទឹមនឹងកាយនេះឯងថា សូម្បីកាយនេះសោត ក៏គង់នឹងមានសភាព ជារបស់គួរខ្ពើម យ៉ាងនេះ គង់នឹងមានប្រភេទ (ក្លាយទៅ) ជាយ៉ាងនោះ នឹងកន្លងចាកសភាពយ៉ាងនោះ ពុំបានឡើយ។ ភិក្ខុពិចារណាឃើញរឿយៗ នូវកាយ ក្នុងកាយជាខាងក្នុង (ដោយការកំណត់នូវអសុភ មានឧទ្ធុមាតកាសុភជាដើម) ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ យ៉ាងនេះក្តី។បេ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុពិចារណាឃើញរឿយៗ នូវកាយក្នុងកាយ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុគប្បីឃើញ សរីរៈស្លាប់ ដែលគេចោលក្នុងព្រៃស្មសាន នៅសល់តែរាងឆ្អឹងទទេ មានពណ៌ស ដូចជាពណ៌នៃស័ង្ខ យ៉ាងណាមិញ…។ សល់តែរាងឆ្អឹង រោយរាយជាពំនូកៗ កន្លងទៅមួយឆ្នាំហើយ…។ នៅសល់តែរាងឆ្អឹងទទេ ពុកផុយខ្ទេចខ្ទី ជាលំអិតតូច លំអិតធំ។ ភិក្ខុនោះ (បង្អោនសរីរៈស្លាប់នោះ) មកប្រៀបផ្ទឹមនឹងកាយនេះឯងថា សូម្បីកាយនេះសោត ក៏គង់នឹងមានសភាព ជារបស់គួរខ្ពើមយ៉ាងនោះ គង់នឹងមានប្រភេទ ក្លាយទៅជាយ៉ាងនោះ នឹងកន្លងចាកសភាពយ៉ាងនោះ ពុំបានឡើយ។ ភិក្ខុពិចារណាឃើញរឿយៗ នូវកាយក្នុងកាយ ជាខាងក្នុង (ដោយការកំណត់នូវអសុភ ដែលសត្វកំពុងចឹកស៊ីជាដើម) ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ ដូច្នេះក្តី ពិចារណាឃើញរឿយៗ នូវកាយក្នុងកាយ ជាខាងក្រៅ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ក្តី ពិចារណាឃើញរឿយៗ នូវកាយក្នុងកាយ ជាខាងក្នុង និងខាងក្រៅជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ក្តី ពិចារណាឃើញរឿយៗ នូវសមុទយធម៌ ក្នុងកាយ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ក្តី ពិចារណាឃើញនូវវយធម៌ ក្នុងកាយ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ក្តី ពិចារណាឃើញរឿយៗនូវសមុទយធម៌ និងវយធម៌ ក្នុងកាយជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ក្តី ពុំនោះសោត ស្មារតីរបស់ភិក្ខុនោះ ក៏ផ្ចង់ឡើងចំពោះថា កាយនេះមានមែន (តែមិនមែនសត្វ មិនមែនបុគ្គល មិនមែនស្រី មិនមែនប្រុសជាដើម) គ្រាន់តែជាទីកំណត់ ដើម្បីឲ្យកើតប្រាជ្ញា ដើម្បីឲ្យចម្រើនស្មារតីប៉ុណ្ណោះ។ ភិក្ខុនោះ មានចិត្តមិនអាស្រ័យ (តណ្ហានិស្ស័យ និងទិដ្ឋិនិស្ស័យ)ផង មិនប្រកៀកប្រកាន់អ្វីតិចតួច ក្នុងលោកផង ម្នាលភិក្ខុទាំងឡាយ ភិក្ខុពិចារណាឃើញរឿយៗ នូវកាយក្នុងកាយ គ្រប់ឥរិយាបថទាំង៤ យ៉ាងនេះឯង។
នវសីវថិកាបព្វៈ។
ចប់ កាយានុបស្សនាសតិប្បដ្ឋាន ។
[១៣៩] ម្នាលភិក្ខុទាំងឡាយ ភិក្ខុពិចារណាឃើញរឿយៗ នូវវេទនា ក្នុងវេទនាទាំងឡាយ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ កាលទទួលសុខវេទនាក្តី ក៏ដឹងច្បាស់ថា អាត្មាអញ ទទួលសុខវេទនា កាលទទួលទុក្ខវេទនាក្តី ក៏ដឹងច្បាស់ថា អាត្មាអញ ទទួលទុក្ខវេទនា កាលទទួលអទុក្ខមសុខវេទនាក្តី ក៏ដឹងច្បាស់ថា អាត្មាអញ ទទួលអទុក្ខមសុខវេទនា ដូច្នេះ។ កាលទទួលសុខវេទនា ប្រកបដោយអាមិសៈ [១-២ អាមិសក្នុងទីនេះ មានសេចក្តីពន្យល់ ក្នុងមហាសតិបដ្ឋានសូត្រ ទីឃនិកាយ មហាវគ្គ ទំព័រ២៤ ២៥។] គឺបញ្ចកាមគុណក្តី ក៏ដឹងច្បាស់ថា អាត្មាអញ ទទួលសុខវេទនា ប្រកបដោយអាមិសៈ កាលទទួលសុខវេទនា មិនប្រកបដោយអាមិសៈ [២] ក្តី ក៏ដឹងច្បាស់ថា អាត្មាអញ ទទួលសុខវេទនា មិនប្រកបដោយអាមិសៈ។ កាលទទួលទុក្ខវេទនា ប្រកបដោយអាមិសៈក្តី ក៏ដឹងច្បាស់ថា អាត្មាអញ ទទួលទុក្ខវេទនា ប្រកបដោយអាមិសៈ កាលទទួលទុក្ខវេទនា មិនប្រកបដោយអាមិសៈក្តី ក៏ដឹងច្បាស់ថា អាត្មាអញ ទទួលទុក្ខវេទនា មិនប្រកបដោយអាមិសៈ។ កាលទទួលអទុក្ខមសុខវេទនា ប្រកបដោយអាមិសៈក្តី ក៏ដឹងច្បាស់ថា អាត្មាអញ ទទួលអទុក្ខមសុខវេទនា ប្រកបដោយអាមិសៈ កាលទទួលអទុក្ខមសុខវេទនា មិនប្រកបដោយអាមិសៈក្តី ក៏ដឹងច្បាស់ថា អាត្មាអញ ទទួលអទុក្ខមសុខវេទនា មិនប្រកបដោយអាមិសៈ ដូច្នេះ។ ភិក្ខុពិចារណាឃើញរឿយៗ នូវវេទនា ក្នុងវេទនាទាំងឡាយ ខាងក្នុងជាប្រក្រតី (ដោយការកំណត់នូវវេទនា មានសុខវេទនាជាដើម) គ្រប់ឥរិយាបថទាំង៤ ដូច្នេះក្តី ពិចារណាឃើញរឿយៗ នូវវេទនា ក្នុងវេទនាទាំងឡាយ ជាខាងក្រៅ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ក្តី ពិចារណាឃើញរឿយៗ នូវវេទនា ក្នុងវេទនាទាំងឡាយ ជាខាងក្នុង និងខាងក្រៅ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ក្តី ពិចារណាឃើញរឿយៗនូវធម៌ ដែលជាទីប្រជុំកើតឡើង [ធម៌ដែលជាទីប្រជុំកើតឡើង ក្នុងវេទនាទាំងឡាយ និងមានសេចក្តីពន្យល់ក្នុងខន្ធបព្វៈខាងចុង។] ក្នុងវេទនាទាំងឡាយ គ្រប់ឥរិយាបថទាំង៤ក្តី ពិចារណាឃើញរឿយៗ នូវធម៌ ដែលសូន្យទៅ [ធម៌ដែលសូន្យទៅ ក្នុងវេទនាទាំងឡាយ មានសេចក្តីពន្យល់ក្នុងខន្ធបព្វៈខាងចុង។] ក្នុងវេទនាទាំងឡាយ គ្រប់ឥរិយាបថទាំង៤ក្តី ពិចារណាឃើញរឿយៗ នូវធម៌ដែលប្រជុំកើតឡើង ទាំងធម៌ដែលសូន្យទៅ ក្នុងវេទនាទាំងឡាយ គ្រប់ឥរិយាបថទាំង៤ក្តី ពុំនោះសោត ស្មារតី (ជាគ្រឿងកំណត់នូវវេទនា) របស់ភិក្ខុនោះ ក៏ផ្ចង់ឡើងចំពោះថា វេទនាមានមែន (តែមិនមែនសត្វ មិនមែនបុគ្គល មិនមែនស្រី មិនមែនប្រុស ជាដើម) គ្រាន់តែជាទីកំណត់ ដើម្បីឲ្យចម្រើនប្រាជ្ញា ដើម្បីឲ្យចម្រើនស្មារតីប៉ុណ្ណោះ។ ភិក្ខុនោះ មានចិត្តមិនអាស្រ័យ (ដោយតណ្ហានិស្ស័យ និងទិដ្ឋិនិស្ស័យ) ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង មិនប្រកៀកប្រកាន់អ្វីតិចតួច ក្នុងលោកផង ម្នាលភិក្ខុទាំងឡាយ ភិក្ខុពិចារណាឃើញរឿយៗ នូវវេទនាក្នុងវេទនាទាំងឡាយ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ យ៉ាងនេះឯង។
វេទនានុបស្សនាសតិបដ្ឋាន។
[១៤០] ម្នាលភិក្ខុទាំងឡាយ ភិក្ខុពិចារណាឃើញរឿយៗ នូវចិត្ត ក្នុងចិត្ត ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ទោះចិត្តប្រកបដោយរាគៈ (គឺលោភមូល៨ប្រការ) ក៏ដឹងច្បាស់ថា ចិត្តប្រកបដោយរាគៈ ទោះចិត្តប្រាសចាករាគៈ (គឺលោកិយកុសលចិត្ត និងអព្យាកតចិត្ត) ក៏ដឹងច្បាស់ថា ចិត្តប្រាសចាករាគៈ។ ទោះចិត្តប្រកបដោយទោសៈ (គឺទោសមូល២ប្រការ) ក៏ដឹងច្បាស់ថា ចិត្តប្រកបដោយទោសៈ ទោះចិត្តប្រាសចាកទោសៈ (គឺលោកិយកុសលចិត្ត និងអព្យាកតចិត្ត) ក៏ដឹងច្បាស់ថា ចិត្តប្រាសចាកទោសៈ។ ទោះចិត្តប្រកបដោយមោហៈ (គឺមោហមូល២ប្រការ) ក៏ដឹងច្បាស់ថា ចិត្តប្រកបដោយមោហៈ ទោះចិត្តប្រាសចាកមោហៈ (គឺលោកិយកុសលចិត្ត និងអព្យាកតចិត្ត) ក៏ដឹងច្បាស់ថា ចិត្តប្រាសចាកមោហៈ។ ទោះចិត្តរួញរា (គឺចិត្តដែលថីនមិទ្ធៈគ្របសង្កត់) ក៏ដឹងច្បាស់ថា ចិត្តរួញរា ទោះចិត្តរាយមាយ (គឺឧទ្ធច្ចសហគតចិត្ត) ក៏ដឹងច្បាស់ថា ចិត្តរាយមាយ។ ទោះចិត្តដល់នូវភាវៈប្រសើរ (គឺជារូបាវចរចិត្ត និងអរូបាវចរចិត្ត) ក៏ដឹងច្បាស់ថា ចិត្តដល់នូវភាវៈប្រសើរ ទោះចិត្តមិនដល់នូវភាវៈប្រសើរ (គឺជាកាមាវចរចិត្ត) ក៏ដឹងច្បាស់ថា ចិត្តមិនដល់នូវភាវៈប្រសើរ។ ទោះចិត្តនៅមានចិត្តដទៃប្រសើរជាង (គឺកាមាវចរចិត្ត) ក៏ដឹងច្បាស់ថា ចិត្តនៅមានចិត្តដទៃប្រសើរជាង ទោះចិត្តមិនមានចិត្តដទៃប្រសើរជាង (គឺរូបាវចរចិត្ត និងអរូបាវចរចិត្ត) ក៏ដឹងច្បាស់ថា ចិត្តមិនមានចិត្តដទៃប្រសើរជាង។ ទោះចិត្តដំកល់នៅមាំ (គឺអប្បនាសមាធិ និងឧបចារសមាធិ) ក៏ដឹងច្បាស់ថា ចិត្តដំកល់នៅមាំ ទោះចិត្តមិនដំកល់នៅមាំ (គឺប្រាសចាកសមាធិទាំង២) ក៏ដឹងច្បាស់ថា ចិត្តមិនដំកល់នៅមាំ។ ទោះចិត្តរួចស្រឡះ [ចិត្តរួចស្រឡះក្នុងទីនេះ មានសេចក្តីពន្យល់ក្នុងមហាសតិបដ្ឋានសូត្រ ទីឃនិកាយ មហាវគ្គ ទំព័រ២៨។] ក៏ដឹងច្បាស់ថា ចិត្តរួចស្រឡះ ទោះចិត្តមិនទាន់រួចស្រឡះ ក៏ដឹងច្បាស់ថា ចិត្តមិនទាន់រួចស្រឡះ។ ភិក្ខុពិចារណាឃើញរឿយៗ នូវចិត្តក្នុងចិត្ត ជាខាងក្នុង (ដោយការកំណត់នូវចិត្ត ប្រកបដោយរាគៈជាដើម) ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ក្តី ពិចារណាឃើញរឿយៗ នូវចិត្តក្នុងចិត្ត ជាខាងក្រៅ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ក្តី ពិចារណាឃើញរឿយៗ នូវចិត្តក្នុងចិត្ត ជាខាងក្នុង និងខាងក្រៅ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ក្តី ពិចារណាឃើញរឿយៗ នូវធម៌ ដែលជាទីប្រជុំកើតឡើង [១-២ ធម៌ដែលជាទីប្រជុំកើតឡើង និងធម៌ដែលសូន្យទៅ មានសេចក្តីពន្យល់ក្នុងធម្មានុបស្សនា ត្រង់ខន្ធបព្វៈខាងចុង។] ក្នុងចិត្ត ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ក្តី ពិចារណាឃើញរឿយៗ នូវធម៌ ដែលសូន្យទៅក្នុងចិត្ត ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ក្តី ពិចារណាឃើញរឿយៗ នូវធម៌ ដែលជាទីប្រជុំកើតឡើង[២] ទាំងធម៌ដែលសូន្យទៅក្នុងចិត្ត ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ក្តី ពុំនោះសោត ស្មារតី (ជាគ្រឿងកំណត់នូវចិត្ត ដែលប្រកបដោយរាគៈជាដើម) របស់ភិក្ខុនោះ ក៏ផ្ចង់ឡើងចំពោះថា ចិត្តមានមែន (តែមិនមែនសត្វ មិនមែនបុគ្គល មិនមែនស្រី មិនមែនប្រុស ជាដើម) គ្រាន់តែជាទីកំណត់ ដើម្បីឲ្យចម្រើនប្រាជ្ញា ដើម្បីឲ្យចម្រើនស្មារតីប៉ុណ្ណោះ។ ភិក្ខុនោះ មានចិត្តមិនអាស្រ័យ (តណ្ហានិស្ស័យ និងទិដ្ឋិនិស្ស័យ) គ្រប់ឥរិយាបថទាំង៤ផង មិនប្រកៀកប្រកាន់អ្វីតិចតួច ក្នុងលោកផង ម្នាលភិក្ខុទាំងឡាយ ភិក្ខុពិចារណាឃើញរឿយៗនូវចិត្ត ក្នុងចិត្តជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ យ៉ាងនេះឯង។
ចិត្តានុបស្សនាសតិបដ្ឋាន ។
[១៤១] ម្នាលភិក្ខុទាំងឡាយ ភិក្ខុពិចារណាឃើញរឿយៗ នូវធម៌ ក្នុងធម៌ទាំងឡាយ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ពិចារណាឃើញរឿយៗ នូវធម៌ក្នុងធម៌ទាំងឡាយ ជាប្រក្រតី គឺនីវរណធម៌ទាំង៥យ៉ាង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុពិចារណាឃើញរឿយៗ នូវធម៌ ក្នុងធម៌ទាំងឡាយ ជាប្រក្រតី គឺនីវរណធម៌ទាំង៥ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ទោះកាមច្ឆន្ទៈ មាននៅក្នុងសន្តានចិត្តនៃខ្លួន ក៏ដឹងច្បាស់ថា កាមច្ឆន្ទៈ មាននៅក្នុងសន្តានចិត្ត របស់អាត្មាអញ ទោះកាមច្ឆន្ទៈ មិនមាននៅក្នុងសន្តានចិត្តនៃខ្លួន ក៏ដឹងច្បាស់ថា កាមច្ឆន្ទៈ មិនមាននៅក្នុងសន្តានចិត្ត របស់អាត្មាអញ។ ទោះកាមច្ឆន្ទៈ ដែលមិនទាន់កើតឡើង ហើយកើតឡើងបាន ដោយហេតុណា ក៏ដឹងច្បាស់នូវហេតុនោះ [ហេតុដែលកាមច្ឆន្ទកើត គឺធ្វើទុកក្នុងចិត្តក្នុងសុភនិមិត្ត ដោយគ្មានឧបាយនៃប្រាជ្ញា។]ផង ការលះបង់ នូវកាមច្ឆន្ទៈ ដែលកើតឡើងហើយ ដោយហេតុណា ក៏ដឹងច្បាស់នូវហេតុនោះ [លះបង់នូវកាមច្ឆន្ទ ដោយធ្វើទុកក្នុងចិត្ត ក្នុងអសុភនិមិត្ត ដោយឧបាយនៃប្រាជ្ញា។ ម្យ៉ាងទៀតថា លះបង់ដោយដោយធម៌៦យ៉ាង គឺអសុភនិមិត្តឧគ្គហៈ រៀននូវអសុភនិមិត្ត១ អសុភភាវនានុយោគ ប្រកបព្យាយាមរឿយៗ ក្នុងអសុភភាវនា១ ឥន្ទ្រិយេសុ គុត្តទ្វារតា ភាពជាអ្នកមានទ្វារគ្រប់គ្រងល្អ ក្នុងឥន្ទ្រិយទាំងឡាយ១ ភោជនេ មត្តញ្ញុតា ភាពជាអ្នកដឹងប្រមាណ ក្នុងភោជន១ កល្យាណមិត្តតា ភាពជាអ្នកសេពគប់តែកល្យាណមិត្ត១ សប្បាយកថា ពោល ឬស្តាប់នូវពាក្យដែលជាទីសប្បាយ១។] ផង កាមច្ឆន្ទៈ ដែលលះបង់បានហើយ មិនកើតតទៅទៀត ដោយហេតុណា ក៏ដឹងច្បាស់ នូវហេតុនោះ [កាមច្ឆន្ទៈកើតតទៅទៀតមិនបាន ដោយអរហត្តមគ្គ។] ផង។ ទោះព្យាបាទមាននៅក្នុងសន្តានចិត្តនៃខ្លួន ក៏ដឹងច្បាស់ថា ព្យាបាទ មាននៅក្នុងសន្តានចិត្ត របស់អាត្មាអញ ទោះព្យាបាទ មិនមាននៅក្នុងសន្តានចិត្តនៃខ្លួន ក៏ដឹងច្បាស់ថា ព្យាបាទមិនមាននៅក្នុងសន្តានចិត្តរបស់អាត្មាអញ។ ទោះព្យាបាទ ដែលមិនទាន់កើតឡើងហើយ កើតឡើងបាន ដោយហេតុណា ក៏ដឹងច្បាស់នូវហេតុនោះ [ហេតុដែលព្យាបាទកើត គឺធ្វើទុកក្នុងចិត្ត ដោយគ្មានឧបាយនៃប្រាជ្ញា ក្នុងបដិឃនិមិត្ត។ អដ្ឋកថា។] ផង ការលះបង់នូវព្យាបាទ ដែលកើតឡើងហើយ ដោយហេតុណា ក៏ដឹងច្បាស់នូវហេតុនោះ [លះបង់នូវព្យាបាទ ដោយធ្វើទុកក្នុងចិត្ត ដោយឧបាយនៃប្រាជ្ញា ក្នុងមេត្តាចេតោវិមុត្តិ។ ម្យ៉ាងទៀតថា លះបង់ដោយធម៌៦យ៉ាងគឺ មេត្តានិមិត្តឧគ្គហៈ រៀននូវមេត្តានិមិត្ត១ មេត្តាភាវនានុយោគ ប្រកបព្យាយាមរឿយៗ ក្នុងមេត្តាភាវនា១ កម្មស្សកតាបច្ចវេក្ខណៈ ពិចារណានូវភាព ដែលសត្វមានកម្ម ជារបស់ខ្លួន១ បដិសង្ខានពហុលតា ភាពជាអ្នកច្រើនដោយការពិចារណា១ កល្យាណមិត្តតា ភាពជាអ្នកសេពគប់តែកល្យាណមិត្ត១ សប្បាយកថា ពោល ឬស្តាប់នូវពាក្យដែលជាទីសប្បាយ១។] ផង ព្យាបាទ ដែលលះបង់បានហើយ មិនកើតតទៅទៀត ដោយហេតុណា ក៏ដឹងច្បាស់នូវហេតុនោះ [ព្យាបាទកើតតទៅទៀតមិនបាន ដោយអនាគាមិមគ្គ។] ផង។ ថីនមិទ្ធៈ មាននៅក្នុងសន្តានចិត្តនៃខ្លួន ក៏ដឹងច្បាស់ថា ថីនមិទ្ធៈមាននៅក្នុងសន្តានចិត្តរបស់អាត្មាអញ ថីនមិទ្ធៈ មិនមានក្នុងសន្តានចិត្តនៃខ្លួន ក៏ដឹងច្បាស់ថា ថីនមិទ្ធៈ មិនមាននៅក្នុងសន្តានចិត្តរបស់អាត្មាអញ។ ទោះថីនមិទ្ធៈ ដែលមិនទាន់កើតឡើង ហើយកើតឡើង ដោយហេតុណា ក៏ដឹងច្បាស់នូវហេតុនោះ [ហេតុដែលកើតថីនមិទ្ធៈ មាន ៥យ៉ាង គឺ អរតិ សេចក្តីមិនត្រេកអរ១ តន្ទិ ចំអៀក ឬទម្រន់១ វិជម្ភិតា មិទ្ធពត់ ឬអែនអន១ ភត្តសម្មទៈ ស្រវឹងក្នុងភត្ត១ ចេតោលីនត្តៈ ច្រអូសចិត្ត។ អដ្ឋកថា។] ផង កិរិយាលះបង់នូវថីនមិទ្ធៈ ដែលកើតឡើងហើយ ដោយហេតុណា ក៏ដឹងច្បាស់នូវហេតុនោះ [លះបង់ថីនមិទ្ធៈ ដោយព្យាយាម៣យ៉ាងគឺ អារព្ភធាតុ ព្យាយាមដែលប្រារព្ធឡើងជាដំបូង១ និក្កមធាតុ ព្យាយាមយ៉ាងកណ្តាល ជាគ្រឿងចេញចាក កោសជ្ជៈ១ បរក្កមធាតុ ព្យាយាមយ៉ាងក្រៃលែង ដែលកន្លងរួចកោសជ្ជៈ១។ ម្យ៉ាងទៀតថា លះបង់ដោយធម៌៦យ៉ាងគឺ អតិភោជនេនិមិត្តគ្គាហ កាន់យកនូវនិមិត្ត ក្នុងកិរិយាបរិភោគនូវភោជនកន្លងប្រមាណ១ ឥរិយាបថសម្បរិវត្តនតា ភាពនៃកិរិយាផ្លាស់ប្តូរឥរិយាបថ១ អាលោកសញ្ញាមនសិការ ធ្វើទុកក្នុងចិត្ត នូវភាពអលោកសញ្ញា១ អព្ភោកាសវាស នៅក្នុងឱកាសដែលស្រឡះ១ កល្យាណមិត្តតា ភាពជាអ្នកសេពគប់តែកល្យាណមិត្ត១ សប្បាយកថា ពោល ឬស្តាប់នូវពាក្យដែលជាទីសប្បាយ១។] ផង ថីនមិទ្ធៈ ដែលលះបង់បានហើយ មិនកើតទៅទៀត ដោយហេតុណា ក៏ដឹងច្បាស់នូវហេតុនោះ [ថីនមិទ្ធៈមិនកើតតទៅទៀតបាន ដោយអរហត្តមគ្គ។]។ ទោះឧទ្ធច្ចកុក្កុច្ចៈ ដែលមាននៅក្នុងសន្តានចិត្តនៃខ្លួន ក៏ដឹងច្បាស់ថា ឧទ្ធច្ចកុក្កុច្ចៈ មាននៅក្នុងសន្តានចិត្តរបស់អាត្មាអញ ទោះឧទ្ធច្ចកុក្កុច្ចៈ មិនមាននៅក្នុងសន្តានចិត្តនៃខ្លួន ក៏ដឹងច្បាស់ថា ឧទ្ធច្ចកុក្កុច្ចៈ មិនមាននៅក្នុងសន្តានចិត្តរបស់អាត្មាអញ។ ទោះឧទ្ធច្ចកុក្កុច្ចៈ ដែលមិនទាន់កើតឡើងបាន ដោយហេតុណា ក៏ដឹងច្បាស់នូវហេតុនោះ [ហេតុដែលឧទ្ធច្ចកុក្កុចៈកើត គឺធ្វើទុកក្នុងចិត្ត ដោយគ្មានឧបាយនៃប្រាជ្ញា ក្នុងធម៌ដែលមិនមែនជាគ្រឿងរម្ងាប់ចិត្ត។ អដ្ឋកថា។] ផង ការលះបង់នូវឧទ្ធច្ចកុក្កុច្ចៈដែលកើតឡើង ដោយហេតុណា ក៏ដឹងច្បាស់នូវហេតុនោះ [លះបង់នូវឧទ្ធច្ចកុក្កុច្ចៈ ដោយធ្វើទុកក្នុងចិត្ត ដោយឧបាយនៃប្រាជ្ញា ក្នុងធម៌ដែលជាគ្រឿងរម្ងាប់ចិត្ត។ ម្យ៉ាងទៀត លះបង់ដោយធម៌៦យ៉ាងគឺ ពហុស្សុតតា ភាពជាអ្នកស្តាប់ច្រើន១ បរិបុច្ឆកតា ភាពជាអ្នកសាកសួរច្រើន១ វិនយេបកតញ្ញុតា ភាពជាអ្នកដឹង ក្នុងវិន័យ១ វុឌ្ឍសេវិតា ភាពជាអ្នកសេពបុគ្គលដែលចម្រើន១ កល្យាណមិត្តតា ភាពជាអ្នកសេពគប់តែកល្យាណមិត្ត១ សប្បាយកថា ពោល ឬស្តាប់ពាក្យជាទីសប្បាយ១។] ផង ឧទ្ធច្ចកុក្កុច្ចៈដែលលះបង់បានហើយ មិនកើតតទៅតទៀត ដោយហេតុណា ក៏ដឹងច្បាស់នូវហេតុនោះ [ឧទ្ធច្ចៈកើតតទៅទៀតមិនបាន ដោយអរហត្តមគ្គ ឯកុក្កុច្ចៈកើតតទៅទៀតមិនបាន ដោយអនាគាមិមគ្គ។]ផង។ ទោះវិចិកិច្ឆា មាននៅក្នុងសន្តានចិត្តនៃខ្លួន ក៏ដឹងច្បាស់ថា វិចិកិច្ឆា មាននៅក្នុងសន្តានចិត្តរបស់អាត្មាអញ ទោះវិចិកិច្ឆា មិនមាននៅក្នុងសន្តានចិត្តនៃខ្លួន ក៏ដឹងច្បាស់ថា វិចិកិច្ឆា មិនមាននៅក្នុងសន្តានចិត្ត របស់អាត្មាអញ។ ទោះវិចិកិច្ឆា មិនទាន់កើតឡើង ហើយកើតឡើង ដោយហេតុណា ក៏ដឹងច្បាស់នូវហេតុនោះ [ហេតុដែលវិចិកិច្ឆាកើត គឺធ្វើទុកក្នុងចិត្ត មិនដោយឧបាយនៃប្រាជ្ញា ក្នុងធម៌ ដែលជាទីតាំង នៃសេចក្តីសង្ស័យ។ អដ្ឋកថា។] ផង កិរិយាលះបង់ នូវវិចិកិច្ឆា ដែលកើតឡើងហើយ ដោយហេតុណា ក៏ដឹងច្បាស់នូវហេតុនោះ [លះបង់នូវវិចិកិច្ឆា ដោយធ្វើទុកក្នុងចិត្ត ដោយឧបាយនៃប្រាជ្ញា ក្នុងកុសលធម៌ជាដើម។ ម្យ៉ាងទៀត លះបង់ដោយធម៌៦ប្រការ គឺពហុស្សុតតា ភាពជាអ្នកស្តាប់ច្រើន១ បរិបុច្ឆកតា ភាពជាអ្នកសាកសួរច្រើន១ វិនយេបកតញ្ញុតា ភាពជាអ្នកដឹង ក្នុងវិន័យ១ អធិមោក្ខពហុលតា ភាពជាអ្នកច្រើនដោយចិត្ត ដែលជឿស៊ប់១ កល្យាណមិត្តតា ភាពជាអ្នកសេពគប់តែកល្យាណមិត្ត១ សប្បាយកថា ពោល ឬស្តាប់ពាក្យជាទីសប្បាយ១។] ផង វិចិកិច្ឆាដែលលះបង់បានហើយ មិនកើតតទៅតទៀត ដោយហេតុណា ក៏ដឹងច្បាស់នូវហេតុនោះ [វិចិកិច្ឆា កើតតទៅទៀតមិនបាន ដោយសោតាបត្តិមគ្គ។ អដ្ឋកថា] ផង។ ភិក្ខុពិចារណាឃើញរឿយៗ នូវធម៌ក្នុងធម៌ទាំងឡាយ ជាខាងក្នុង (ដោយការកំណត់នូវនីវរណធម៌៥យ៉ាង) ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ក្តី ពិចារណាឃើញរឿយៗ នូវធម៌ក្នុងធម៌ទាំងឡាយ ជាខាងក្រៅ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ក្តី ពិចារណាឃើញរឿយៗ នូវធម៌ក្នុងធម៌ទាំងឡាយ ជាខាងក្នុង និងខាងក្រៅជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ក្តី ពិចារណាឃើញរឿយៗ នូវធម៌ដែលជាទីប្រជុំកើតឡើង ក្នុងធម៌ទាំងឡាយ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ក្តី ពិចារណាឃើញរឿយៗ នូវធម៌ដែលសូន្យទៅ ក្នុងធម៌ទាំងឡាយ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ក្តី ពិចារណាឃើញរឿយៗ នូវធម៌ ដែលជាទីប្រជុំកើត ទាំងធម៌ដែលសូន្យទៅ ក្នុងធម៌ទាំងឡាយ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ក្តី ពុំនោះសោត ស្មារតី (ជាគ្រឿងកំណត់នូវនីវរណធម៌៥យ៉ាង) របស់ភិក្ខុនោះ ក៏ផ្ចង់ឡើងចំពោះថា ធម៌មានមែន (តែមិនមែនសត្វ មិនមែនបុគ្គល មិនមែនស្រី មិនមែនប្រុស ជាដើម) គ្រាន់តែជាទីកំណត់ ដើម្បីឲ្យចំរើនប្រាជ្ញា ដើម្បីឲ្យចំរើនស្មារតីប៉ុណ្ណោះ ភិក្ខុ មានចិត្តមិនអាស្រ័យ (ដោយតណ្ហា និងទិដ្ឋិ) គ្រប់ឥរិយាបថទាំង៤ផង មិនប្រកៀកប្រកាន់អ្វីតិចតួច ក្នុងលោកផង ម្នាលភិក្ខុទាំងឡាយ ភិក្ខុពិចារណាឃើញរឿយៗ នូវធម៌ក្នុងធម៌ទាំងឡាយ គឺនីវរណធម៌ទាំង៥ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ យ៉ាងនេះឯង។
នីវរណៈបព្វៈ ។
[១៤២] ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុពិចារណាឃើញរឿយៗ នូវធម៌ ក្នុងធម៌ទាំងឡាយ គឺឧបាទានក្ខន្ធទាំង៥ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុពិចារណាឃើញរឿយៗនូវធម៌ ក្នុងធម៌ទាំងឡាយ គឺឧបាទានក្ខន្ធទាំង៥ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ (ពិចារណាឃើញរឿយៗដូច្នេះថា) រូប មានប្រមាណ [រួបមាន២៨ គឺមហាភូតរូប៤ ឧបាទាយរូប២៤។ វិសុទ្ធិមគ្គ ខន្ធនិទ្ទេស។] ប៉ុណ្ណេះ ធម៌ដែលជាដែនកើតឡើងនៃរូប មានប្រមាណ [ធម៌ជាដែនកើតរូប មាន៥គឺ អវិជ្ជា១ តណ្ហា១ កម្ម១ អាហារ១ និព្វត្តិលក្ខណៈ១។] ប៉ុណ្ណេះ ធម៌ដែលជាដែនរលត់ទៅនៃរូប មានប្រមាណ [ធម៌ដែលជាដែនរលត់នៃរូប មាន៥យ៉ាងគឺ រលត់អវិជ្ជា១ តណ្ហា១ កម្ម១ អាហារ១ បរិណាមលក្ខណៈ១។ មគ្គាមគ្គញ្ញាណទស្សវិសុទ្ធិនិទ្ទេស ត្រង់និយាយពីឧទយព្វយញ្ញាណ ក្នុងគម្ពីរវិសុទ្ធិមគ្គ បញ្ញានិទ្ទេស។] ប៉ុណ្ណេះ វេទនា មានប្រមាណ [វេទនាមាន៨៩ ឬ១២១។] ប៉ុណ្ណេះ ធម៌ដែលជាដែនកើតឡើងនៃវេទនា មានប្រមាណ [ធម៌ជាដែនកើតវេទនា មាន៥គឺ អវិជ្ជា១ តណ្ហា១ កម្ម១ ផស្សៈ១ និព្វត្តិលក្ខណៈ១។] ប៉ុណ្ណេះ ធម៌ដែលជាដែនរលត់ទៅនៃវេទនា មានប្រមាណ [ធម៌ជាដែនរលត់វេទនា មាន៥គឺ រលត់អវិជ្ជា១ តណ្ហា១ កម្ម១ ផស្សៈ១ បរិណាមលក្ខណៈ១។] ប៉ុណ្ណេះ សញ្ញា មានប្រមាណ [សញ្ញាមាន៨៩ ឬ១២១។] ប៉ុណ្ណេះ ធម៌ដែលជាដែនកើតឡើងនៃសញ្ញា មានប្រមាណ [ធម៌ជាដែនកើតសញ្ញា មាន៥គឺ អវិជ្ជា១ តណ្ហា១ កម្ម១ ផស្សៈ១ និព្វត្តិលក្ខណៈ១។] ប៉ុណ្ណេះ ធម៌ដែលជាដែនរលត់ទៅនៃសញ្ញា មានប្រមាណ [ធម៌ជាដែនរលត់សញ្ញា មាន៥គឺ រលត់អវិជ្ជា១ តណ្ហា១ កម្ម១ ផស្សៈ១ បរិណាមលក្ខណៈ១។] ប៉ុណ្ណេះ សង្ខារទាំងឡាយ មានប្រមាណ [សង្ខារ មាន៥០ សង្គ្រោះក្នុងចេតសិក៥២ លើកតែវេទនាចេតសិក និងសញ្ញាចេតសិកចេញ។] ប៉ុណ្ណេះ ធម៌ដែលជាដែនកើតឡើងនៃសង្ខារទាំងឡាយ មានប្រមាណ [ធម៌ដែលជាដែនកើតឡើងនៃសង្ខារ មាន៥គឺ អវិជ្ជា១ តណ្ហា១ កម្ម១ ផស្សៈ១ និព្វត្តិលក្ខណៈ។] ប៉ុណ្ណេះ ធម៌ដែលជាដែនរលត់ទៅនៃសង្ខារ មានប្រមាណ [ធម៌ជាដែនរលត់សង្ខារ មាន៥គឺ រលត់អវិជ្ជា១ តណ្ហា១ កម្ម១ ផស្សៈ១ បរិណាមលក្ខណៈ១។] ប៉ុណ្ណេះ វិញ្ញាណមានប្រមាណ [វិញ្ញាណ មាន៨៩ ឬ១២១។] ប៉ុណ្ណេះ ធម៌ដែលជាដែនកើតឡើងនៃវិញ្ញាណ មានប្រមាណ [ធម៌ដែលជាដែនកើតឡើង នៃវិញ្ញា មាន៥យ៉ាងគឺ អវិជ្ជា១ តណ្ហា១ កម្ម១ នាមរូប១ និព្វត្តិលក្ខណៈ១។ គម្ពីរវិសុទ្ធិមគ្គ បញ្ញានិទ្ទេស ត្រង់និយាយពីមគ្គាមគ្គញ្ញាណទស្សនវិសុទ្ធិនិទ្ទេស ឧទយព្វយញ្ញាណ។] ប៉ុណ្ណេះ ធម៌ដែលជាដែនរលត់ទៅនៃវិញ្ញាណ មានប្រមាណប៉ុណ្ណេះ [ធម៌ជាដែនរលត់នៃវិញ្ញាណ មាន៥យ៉ាង គឺអវិជ្ជា១ តណ្ហា១ កម្ម១ នាមរូប១ បរិណាមលក្ខណៈ១។ វិសុទ្ធិមគ្គបញ្ញានិទ្ទេស ឧទយព្វយញ្ញាណនិទ្ទេស។]។ ភិក្ខុពិចារណាឃើញរឿយៗ នូវធម៌ក្នុងធម៌ទាំងឡាយ ជាខាងក្នុង (ដោយការកំណត់នូវឧបាទានក្ខន្ធទាំង៥) ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ក្តី ពិចារណាឃើញរឿយៗ នូវធម៌ក្នុងធម៌ទាំងឡាយ ជាខាងក្រៅ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ក្តី ពិចារណាឃើញរឿយៗ នូវធម៌ក្នុងធម៌ទាំងឡាយ ជាខាងក្នុង និងខាងក្រៅ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ក្តី ពិចារណាឃើញរឿយៗ នូវធម៌ដែលជាទីប្រជុំកើតឡើង ក្នុងធម៌ទាំងឡាយ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ក្តី ពិចារណាឃើញរឿយៗ នូវធម៌ដែលសូន្យទៅ ក្នុងធម៌ទាំងឡាយ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ក្តី ពិចារណាឃើញរឿយៗ នូវធម៌ដែលជាទីប្រជុំកើតឡើង ទាំងធម៌ដែលសូន្យទៅ ក្នុងធម៌ទាំងឡាយ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ក្តី ពុំនោះសោត ស្មារតី (ជាគ្រឿងកំណត់នូវឧបាទានក្ខន្ធ) របស់ភិក្ខុនោះ ក៏ផ្ចង់ឡើងចំពោះថា ធម៌មានមែន (តែមិនមែនសត្វ មិនមែនបុគ្គល មិនមែនស្រី មិនមែនប្រុសជាដើម) គ្រាន់តែជាទីកំណត់ ដើម្បីឲ្យចម្រើនប្រាជ្ញា ដើម្បីឲ្យចម្រើនស្មារតីប៉ុណ្ណោះ ភិក្ខុ មានចិត្តមិនអាស្រ័យ (ដោយតណ្ហា និងទិដ្ឋិ) គ្រប់ឥរិយាបថទាំង៤ផង មិនប្រកៀកប្រកាន់អ្វីតិចតួច ក្នុងលោកផង ម្នាលភិក្ខុទាំងឡាយ ភិក្ខុពិចារណាឃើញរឿយៗ នូវធម៌ក្នុងធម៌ទាំងឡាយ គឺឧបាទានក្ខន្ធទាំង៥ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ យ៉ាងនេះឯង។
ខន្ធបព្វៈ។
[១៤៣] ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុពិចារណាឃើញរឿយៗ នូវធម៌ក្នុងធម៌ទាំងឡាយ គឺអាយតនៈ៦ ទាំងខាងក្នុង និងខាងក្រៅ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុពិចារណាឃើញរឿយៗ នូវធម៌ ក្នុងធម៌ទាំងឡាយ គឺអាយតនៈ៦ ទាំងខាងក្នុង និងខាងក្រៅ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ដឹងច្បាស់នូវចក្ខុប្រសាទផង ដឹងច្បាស់នូវរូបារម្មណ៍ទាំងឡាយផង មួយវិញទៀត សញ្ញោជនធម៌ណា ដែលអាស្រ័យនូវភ្នែក និងរូបទាំងពីរនោះ ហើយកើតឡើង ក៏ដឹងច្បាស់នូវសញ្ញោជនធម៌ [មានសេចក្តីពន្យល់ក្នុងមហាសតិបដ្ឋានសូត្រ ទីឃនិកាយ មហាវគ្គ ទំព័រ ៣៩-៤០។] នោះផង។ សំយោជនធម៌ ដែលមិនទាន់កើតឡើង ហើយកើតឡើងបាន ដោយហេតុណា ក៏ដឹងច្បាស់នូវហេតុនោះផង ការលះបង់បាននូវសញ្ញោជនធម៌ ដែលកើតឡើង ដោយហេតុណា ក៏ដឹងច្បាស់នូវហេតុនោះផង សញ្ញោជនធម៌ដែលលះបង់បានហើយ មិនកើតតទៅទៀត ដោយហេតុណា ក៏ដឹងច្បាស់នូវហេតុនោះផង។ ភិក្ខុដឹងច្បាស់នូវសោតប្រសាទផង ដឹងច្បាស់នូវសទ្ទារម្មណ៍ទាំងឡាយផង…។ ដឹងច្បាស់នូវឃានប្រសាទផង ដឹងច្បាស់នូវគន្ធារម្មណ៍ទាំងឡាយផង…។ ដឹងច្បាស់នូវជិវ្ហាប្រសាទផង ដឹងច្បាស់នូវរសារម្មណ៍ទាំងឡាយផង…។ ដឹងច្បាស់នូវកាយប្រសាទផង ដឹងច្បាស់នូវផោដ្ឋព្វារម្មណ៍ទាំងឡាយផង…។ ដឹងច្បាស់នូវចិត្ត [ចិត្ត ៨៩ ឬ១២១។] ផង ដឹងច្បាស់នូវធម្មារម្មណ៍ [ធម៌៦យ៉ាង គឺ បសាទរូប១ សុខុមរូប១ ចិត្ត១ ចេតសិក១ និព្វាន១ បញ្ញត្តិ១។ វិសុទ្ធិមគ្គ អាយតននិទ្ទេស។]ទាំងឡាយផង មួយទៀត សំយោជនធម៌ណា ដែលអាស្រ័យនូវចិត្ត និងធម្មារម្មណ៍ទាំងពីរនោះ ហើយកើតឡើង ក៏ដឹងច្បាស់នូវសំយោជនធម៌នោះផង។ សំយោជនធម៌ ដែលមិនទាន់កើតឡើង ក៏កើតឡើងបាន ដោយហេតុណា ក៏ដឹងច្បាស់នូវហេតុនោះផង ការលះបង់នូវសំយោជនធម៌ ដែលកើតឡើង ដោយហេតុណា ក៏ដឹងច្បាស់នូវហេតុនោះផង សញ្ញោជនធម៌ ដែលលះបង់បានហើយ មិនកើតតទៅទៀត ដោយហេតុណា ក៏ដឹងច្បាស់នូវហេតុនោះផង។ ភិក្ខុពិចារណាឃើញរឿយៗ នូវធម៌ ក្នុងធម៌ទាំងឡាយ ជាចំណែកខាងក្នុង (ដោយការកំណត់នូវអាយតនៈខាងក្នុង) ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ក្តី ពិចារណាឃើញរឿយៗ នូវធម៌ ក្នុងធម៌ទាំងឡាយ ជាចំណែកខាងក្រៅក្តី ពិចារណាឃើញរឿយៗ នូវធម៌ ក្នុងធម៌ទាំងឡាយ ជាចំណែកខាងក្នុង និងខាងក្រៅ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ក្តី ពិចារណាឃើញរឿយៗ នូវសមុទយធម៌ [១-២សមុទយវយធម៌ ដែលជាទីប្រជុំកើតឡើង និងសូន្យទៅនៃអាយតនៈទាំង៥ មានចក្ខ្វាយតនៈជាដើម ដូចគ្នានឹងទីកើត ទីរលត់នៃរូប ឯមនាយតនៈ ដូចគ្នានឹងវិញ្ញាណ។ មានសេចក្តីពន្យល់រួចហើយ ក្នុងធម្មានុបស្សនា ខន្ធបព្វៈ។ អដ្ឋកថា។] ទាំងឡាយ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ក្តី ពិចារណាឃើញរឿយៗ នូវវយធម៌ [២] ក្នុងធម៌ទាំងឡាយ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ក្តី ពិចារណាឃើញរឿយៗ នូវសមុទយធម៌ និងវយធម៌ ក្នុងធម៌ទាំងឡាយ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ក្តី ពុំនោះសោត ស្មារតី (ជាគ្រឿងកំណត់នូវអាយតនៈ) របស់ភិក្ខុនោះ ក៏ផ្ចង់ឡើងចំពោះថា ធម៌ទាំងឡាយមានមែន (តែមិនមែនសត្វ មិនមែនបុគ្គល មិនមែនស្រី មិនមែនប្រុស ជាដើម) គ្រាន់តែជាទីកំណត់ ដើម្បីឲ្យចម្រើនប្រាជ្ញា ដើម្បីឲ្យចម្រើនស្មារតីប៉ុណ្ណោះ។ ភិក្ខុមានចិត្តមិនអាស្រ័យ (តណ្ហានិស្ស័យ និងទិដ្ឋិនិស្ស័យ) គ្រប់ឥរិយាបថទាំង៤ផង មិនប្រកៀកប្រកាន់អ្វីតិចតួច ក្នុងលោកផង ម្នាលភិក្ខុទាំងឡាយ ភិក្ខុពិចារណាឃើញរឿយៗ នូវធម៌ ក្នុងធម៌ទាំងឡាយ គឺអាយតនៈ៦ ទាំងខាងក្នុង ខាងក្រៅជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ យ៉ាងនេះឯង។
អាយតនបព្វៈ។
[១៤៤] ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុពិចារណាឃើញរឿយៗនូវធម៌ ក្នុងធម៌ទាំងឡាយ គឺពោជ្ឈង្គៈ (អង្គធម៌ ជាគ្រឿងត្រាស់ដឹង)៧ប្រការ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុពិចារណាឃើញរឿយៗ នូវធម៌ ក្នុងធម៌ទាំងឡាយ គឺពោជ្ឈង្គ៧ប្រការ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ទោះសតិសម្ពោជ្ឈង្គដែលមាននៅក្នុងសន្តានចិត្តនៃខ្លួន ក៏ដឹងច្បាស់ថា សតិសម្ពោជ្ឈង្គ មាននៅក្នុងសន្តានចិត្តរបស់អាត្មាអញ ទោះសតិសម្ពោជ្ឈង្គ ដែលមិនមាននៅក្នុងសន្តានចិត្តនៃខ្លួន ក៏ដឹងច្បាស់ថា សតិសម្ពោជ្ឈង្គ មិនមានក្នុងសន្តានចិត្ត របស់អាត្មាអញ។ ទោះសតិសម្ពោជ្ឈង្គ ដែលមិនទាន់កើតឡើង កើតឡើងបាន ដោយហេតុណា ក៏ដឹងច្បាស់ នូវហេតុនោះ [១-២ ហេតុនោះ ក្នុងទីនេះ មានសេចក្តីពន្យល់ក្នុងមហាសតិបដ្ឋានសូត្រ ទីឃនិកាយ មហាវគ្គ។] ផង ការចម្រើនឡើង បរិបូណ៌ នៃសតិសម្ពោជ្ឈង្គ ដែលកើតឡើងហើយ ដោយហេតុណា ក៏ដឹងច្បាស់ នូវហេតុនោះ [២]ផង។ ទោះធម្មវិចយសម្ពោជ្ឈង្គ មាននៅក្នុងសន្តានចិត្តនៃខ្លួន…។ ទោះវិរិយសម្ពោជ្ឈង្គ មាននៅក្នុងសន្តានចិត្តនៃខ្លួន…។ ទោះបីតិសម្ពោជ្ឈង្គ ដែលមាននៅក្នុងសន្តានចិត្តនៃខ្លួន…។ ទោះបស្សទ្ធិសម្ពោជ្ឈង្គ ដែលមាននៅក្នុងសន្តានចិត្តនៃខ្លួន…។ ទោះសមាធិសម្ពោជ្ឈង្គ ដែលមាននៅក្នុងសន្តានចិត្តនៃខ្លួន…។ ទោះឧបេក្ខាសម្ពោជ្ឈង្គ ដែលមាននៅក្នុងសន្តានចិត្តនៃខ្លួន ក៏ដឹងច្បាស់ថា ឧបេក្ខាសម្ពោជ្ឈង្គ មាននៅក្នុងសន្តានចិត្តរបស់អាត្មាអញ ទោះឧបេក្ខាសម្ពោជ្ឈង្គ ដែលមិនមាននៅក្នុងសន្តានចិត្តនៃខ្លួន ក៏ដឹងច្បាស់ថា ឧបេក្ខាសម្ពោជ្ឈង្គ មិនមាននៅក្នុងសន្តានចិត្តរបស់អាត្មាអញ។ ទោះឧបេក្ខាសម្ពោជ្ឈង្គ ដែលមិនទាន់កើតឡើង កើតឡើងបាន ដោយហេតុណា ក៏ដឹងច្បាស់នូវហេតុនោះផង ការចម្រើនពេញបរិបូណ៌ នៃឧបេក្ខាសម្ពោជ្ឈង្គ ដែលកើតឡើងហើយ ដោយហេតុណា ក៏ដឹងច្បាស់នូវហេតុនោះផង។ ភិក្ខុពិចារណាឃើញរឿយៗ នូវធម៌ក្នុងធម៌ទាំងឡាយ ជាចំណែកខាងក្នុង ជាប្រក្រតី (ដោយការកំណត់នូវសម្ពោជ្ឈង្គទាំង៧) គ្រប់ឥរិយាបថទាំង៤ក្តី ពិចារណាឃើញរឿយៗ នូវធម៌ ក្នុងធម៌ទាំងឡាយ ជាចំណែកខាងក្រៅ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ក្តី ពិចារណាឃើញរឿយៗ នូវធម៌ ក្នុងធម៌ទាំងឡាយ ជាចំណែកខាងក្នុង និងខាងក្រៅ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ក្តី ពិចារណាឃើញរឿយៗ នូវសមុទយធម៌ ក្នុងធម៌ទាំងឡាយ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ក្តី ពិចារណាឃើញរឿយៗ នូវវយធម៌ ក្នុងធម៌ទាំងឡាយ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ក្តី ពិចារណាឃើញរឿយៗ នូវសមុទយធម៌ និងវយធម៌ ក្នុងធម៌ទាំងឡាយ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ក្តី ពុំនោះសោត ស្មារតី (ជាគ្រឿងកំណត់ នូវសម្ពោជ្ឈង្គទាំង៧) របស់ភិក្ខុនោះ ក៏ផ្ចង់ឡើង ចំពោះថា ធម៌មានមែន (តែមិនមែនសត្វ មិនមែនបុគ្គល មិនមែនស្រី មិនមែនប្រុសជាដើម) គ្រាន់តែជាទីកំណត់ ដើម្បីឲ្យចម្រើនប្រាជ្ញា ដើម្បីឲ្យចម្រើនស្មារតីប៉ុណ្ណោះ ភិក្ខុមានចិត្តមិនអាស្រ័យ (តណ្ហា និងទិដ្ឋិ) គ្រប់ឥរិយាបថទាំង៤ផង មិនប្រកៀកប្រកាន់អ្វីតិចតួច ក្នុងលោកផង ម្នាលភិក្ខុទាំងឡាយ ភិក្ខុពិចារណាឃើញរឿយៗ នូវធម៌ ក្នុងធម៌ទាំងឡាយ គឺពោជ្ឈង្គទាំង៧ប្រការ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ យ៉ាងនេះឯង។
ពោជ្ឈង្គបព្វៈ។
[១៤៥] ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុពិចារណាឃើញរឿយៗ នូវធម៌ ក្នុងធម៌ទាំងឡាយ គឺអរិយសច្ចទាំង៤ គ្រប់ឥរិយាបថទាំង៤។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុពិចារណាឃើញរឿយៗ នូវធម៌ក្នុងធម៌ទាំងឡាយ គឺអរិយសច្ចទាំង៤ គ្រប់ឥរិយាបថទាំង៤ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ដឹងច្បាស់តាមពិតថា នេះជាទុក្ខ ដឹងច្បាស់តាមពិតថា នេះជាទុក្ខសមុទយ ដឹងច្បាស់តាមពិតថា នេះជាទុក្ខនិរោធ ដឹងច្បាស់តាមពិតថា នេះជាទុក្ខនិរោធគាមិនីបដិបទាន។ ភិក្ខុពិចារណាឃើញរឿយៗ នូវធម៌ក្នុងធម៌ទាំងឡាយ ជាចំណែកខាងក្នុង (ដោយការកំណត់ នូវអរិយសច្ចទាំង៤) ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ក្តី ពិចារណាឃើញរឿយៗ នូវធម៌ក្នុងធម៌ទាំងឡាយ ជាចំណែកខាងក្រៅ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ក្តី ពិចារណាឃើញរឿយៗ នូវធម៌ក្នុងធម៌ទាំងឡាយ ជាចំណែកខាងក្នុង ខាងក្រៅ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ក្តី ពិចារណាឃើញរឿយៗ នូវសមុទយធម៌ [១-២ សមុទយធម៌ និងវយធម៌ ដែលជាដែនឲ្យកើតឡើង និងសូន្យទៅនៃសត្វទាំង៤នោះ បានដល់សម្ពោជ្ឈង្គទាំង៧ប្រការ មានសតិសម្ពោជ្ឈង្គ ជាដើម។ អដ្ឋកថា។] ក្នុងធម៌ទាំងឡាយ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ក្តី ពិចារណាឃើញរឿយៗ នូវវយធម៌ [២] ក្នុងធម៌ទាំងឡាយ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ក្តី ពិចារណាឃើញរឿយៗ នូវសមុទយធម៌ និងវយធម៌ ក្នុងធម៌ទាំងឡាយ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ក្តី ពុំនោះសោត ស្មារតី (ជាគ្រឿងកំណត់នូវអរិយសច្ចទាំង៤) របស់ភិក្ខុនោះ ក៏ផ្ចង់ឡើងចំពោះថា ធម៌មានមែន (តែមិនមែនសត្វ មិនមែនបុគ្គល មិនមែនស្រី មិនមែនប្រុស ជាដើម) គ្រាន់តែជាគ្រឿងកំណត់ ដើម្បីឲ្យចំរើនប្រាជ្ញា ដើម្បីឲ្យចំរើនស្មារតីប៉ុណ្ណោះ ភិក្ខុមានចិត្តមិនអាស្រ័យ (តណ្ហា និងទិដ្ឋិ) គ្រប់ឥរិយាបថទាំង៤ផង មិនប្រកៀកប្រកាន់អ្វីតិចតួច ក្នុងលោកផង ម្នាលភិក្ខុទាំងឡាយ ភិក្ខុពិចារណាឃើញរឿយៗ នូវធម៌ក្នុងធម៌ទាំងឡាយ គឺអរិយសច្ចទាំង៤ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ យ៉ាងនេះឯង។
សច្ចបព្វៈ។
ចប់ ភាណវារៈ ជាបឋម។
[១៤៦] ម្នាលភិក្ខុទាំងឡាយ ចុះទុក្ខអរិយសច្ច តើដូចម្តេច។ ជាតិ ក៏ជាទុក្ខ ជរា ក៏ជាទុក្ខ មរណៈ ក៏ជាទុក្ខ សោកៈ បរិទេវៈ គឺសេចក្តីខ្សឹកខ្សួល ទុក្ខៈ គឺសេចក្តីលំបាកកាយ ទោមនស្សៈ គឺសេចក្តីអាក់អន់តូចចិត្ត ឧបាយាសៈ គឺសេចក្តីចង្អៀតចង្អល់ចិត្ត ក៏សុទ្ធតែជាទុក្ខ អប្បិយេហិសម្បយោគៈ គឺដំណើរជួប ប្រសព្វ ដោយសត្វ និងសង្ខារទាំងឡាយ ដែលមិនជាទីស្រឡាញ់ ក៏ជាទុក្ខ បិយេហិវិប្បយោគៈ គឺសេចក្តីព្រាត់ប្រាស ចាកសត្វ និងសង្ខារទាំងឡាយ ដែលជាទីស្រឡាញ់ ក៏ជាទុក្ខ យម្បិច្ឆំ ន លភតិ តម្បិ គឺបុគ្គលចង់បាននូវរបស់ណា ហើយមិនបាន នូវរបស់នោះ ក៏ជាទុក្ខ បើពោលដោយសេចក្តីបំព្រួញ ឧបាទានក្ខន្ធទាំង៥ មានរូបក្ខន្ធជាដើម ក៏ជាទុក្ខ។ ម្នាលភិក្ខុទាំងឡាយ ចុះដូចម្តេចហៅថាជាតិ។ កិរិយាកើតជាដំបូង កិរិយាកើតព្រម ការចុះចាប់ផ្ទៃ ការវិលត្រឡប់មកកើត កិរិយាកើតប្រាកដនៃខន្ធទាំងឡាយ ការបាននូវអាយតនៈទាំងឡាយណា របស់សត្វទាំងឡាយនោះៗ ក្នុងសត្តនិកាយនោះៗ ម្នាលភិក្ខុទាំងឡាយ នេះ តថាគតហៅថា ជាតិ។ ម្នាលភិក្ខុទាំងឡាយ ចុះដូចម្តេចហៅថា ជរា។ ជរា គឺសេចក្តីគ្រាំគ្រា ឬការប្រែប្រួល ធ្មេញបាក់ សក់ស្កូវ ស្បែកជ្រួញជ្រីវ យុរយារ កិរិយាថយទៅនៃអាយុ កិរិយាទ្រុឌទ្រោមទៅ នៃឥន្ទ្រិយទាំងឡាយណា របស់សត្វទាំងឡាយនោះៗ ក្នុងសត្តនិកាយនោះៗ ម្នាលភិក្ខុទាំងឡាយ នេះ តថាគតហៅថាជរា។ ម្នាលភិក្ខុទាំងឡាយ ចុះដូចម្តេចហៅថាមរណៈ។ ភាវៈនៃចិត្ត ដែលឃ្លាតចេញ អាការៈនៃចិត្តដែលឃ្លាតទៅ កិរិយាបែកធ្លាយទៅ កិរិយាបាត់បង់ទៅ សេចក្តីវិនាសនៃជីវិត សេចក្តីស្លាប់ កាលកិរិយា សេចក្តីបែកធ្លាយ នៃខន្ធទាំងឡាយ កិរិយាដាក់ចុះនូវសាកសព កិរិយាផ្តាច់ផ្តិល នូវជីវិតិន្ទ្រិយណា របស់សត្វទាំងឡាយនោះៗ ចាកសត្តនិកាយនោះៗ ម្នាលភិក្ខុទាំងឡាយ នេះ តថាគតហៅថា មរណៈ។ ម្នាលភិក្ខុទាំងឡាយ ចុះដូចម្តេចហៅថា សោកៈ។ ម្នាលភិក្ខុទាំងឡាយ សោកៈ គឺសេចក្តីស្តាយស្រណោះ សេចក្តីស្រងេះស្រងោច សេចក្តីសោយសោក សេចក្តីរីងស្ងួតក្នុងចិត្ត សេចក្តីក្រៀមក្រំ ក្នុងចិត្តណា របស់សត្វ ដែលប្រកបដោយសេចក្តីវិនាសណាមួយ ដែលសេចក្តីទុក្ខណាមួយពាល់ត្រូវ ម្នាលភិក្ខុទាំងឡាយ នេះ តថាគតហៅថា សោកៈ។ ម្នាលភិក្ខុទាំងឡាយ ចុះដូចម្តេចហៅថា បរិទេវៈ។ ម្នាលភិក្ខុទាំងឡាយ សភាវៈ ទួញរក (បិយជន មានកូនជាដើម) សភាវៈទួញរៀបរាប់ (សរសើរគុណ) កិរិយាយំអណ្តឺតអណ្តក កិរិយាយំបម្រះ ននៀល ភាវៈនៃកិរិយាយំអណ្តឺតអណ្តក ភាវៈនៃកិរិយាយំបម្រះននៀលណា របស់សត្វ ដែលប្រកបដោយសេចក្តីវិនាសណាមួយ ដែលសេចក្តីទុក្ខណាមួយ ពាល់ត្រូវ ម្នាលភិក្ខុទាំងឡាយ នេះ តថាគតហៅថា បរិទេវៈ។ ម្នាលភិក្ខុទាំងឡាយ ចុះដូចម្តេចហៅថា ទុក្ខៈ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីលំបាកកាយ សេចក្តីមិនសប្បាយកាយ សេចក្តីលំបាក ដែលកើតអំពីកាយសម្ផ័ស្ស ការទទួលរងសេចក្តីមិនស្រួលណា ម្នាលភិក្ខុទាំងឡាយ នេះ តថាគតហៅថា ទុក្ខៈ។ ម្នាលភិក្ខុទាំងឡាយ ចុះដូចម្តេចហៅថា ទោមនស្សៈ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីលំបាកក្នុងចិត្ត សេចក្តីមិនសប្បាយក្នុងចិត្ត សេចក្តីលំបាក ដែលកើតអំពីមនោសម្ផ័ស្ស ការសោយអារម្មណ៍មិនស្រួលណា ម្នាលភិក្ខុទាំងឡាយ នេះ តថាគតហៅថា ទោមនស្សៈ។ ម្នាលភិក្ខុទាំងឡាយ ចុះដូចម្តេចហៅថា ឧបាយាសៈ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីតានតឹងក្នុងចិត្ត សេចក្តីចង្អៀតចង្អល់ចិត្ត ភាវៈនៃសេចក្តីតានតឹងក្នុងចិត្ត ភាវៈនៃសេចក្តីចង្អៀតចង្អល់ចិត្តណា របស់សត្វ ដែលប្រកបដោយសេចក្តីវិនាសណាមួយ ដែលសេចក្តីទុក្ខណាមួយពាល់ត្រូវ ម្នាលភិក្ខុទាំងឡាយ នេះ តថាគតហៅថា ឧបាយាស ។ ម្នាលភិក្ខុទាំងឡាយ ចុះដូចម្តេចហៅថា អប្បិយេហិសម្បយោគទុក្ខ ។ ម្នាលភិក្ខុទាំងឡាយ រូបារម្មណ៍ សទ្ទារម្មណ៍ គន្ធារម្មណ៍ រសារម្មណ៍ ផោដ្ឋព្វារម្មណ៍ទាំងឡាយណា ដែលមិនជាទីប្រាថ្នា មិនជាទីត្រេកអរ មិនជាទីគាប់ចិត្ត ក្នុងលោកនេះ មានដល់ជននោះ ពុំនោះសោត ពួកជនណា ដែលប្រាថ្នានូវសេចក្តីមិនចម្រើន ប្រាថ្នានូវអំពើឥតប្រយោជន៍ ប្រាថ្នានូវសេចក្តីមិនសប្បាយ ប្រាថ្នានូវសេចក្តីមិនក្សេមក្សាន្ត ចាកយោគៈ ដល់សត្វនោះ ការបានជួបគ្នា ការជួបជុំគ្នា ការប្រជុំគ្នា ការនៅច្រឡូកច្រឡំគ្នាណា ដោយអារម្មណ៍ នឹងជនទាំងឡាយនោះ ម្នាលភិក្ខុទាំងឡាយ នេះ តថាគតហៅថា អប្បិយេហិ សម្បយោគទុក្ខ ។ ម្នាលភិក្ខុទាំងឡាយ ចុះដូចម្តេចហៅថា បិយេហិ វិប្បយោគទុក្ខ ។ ម្នាលភិក្ខុទាំងឡាយ រូបារម្មណ៍ សទ្ទារម្មណ៍ គន្ធារម្មណ៍ រសារម្មណ៍ ផោដ្ឋព្វារម្មណ៍ទាំងឡាយណា ដែលជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត ក្នុងលោកនេះ មានដល់ជននោះ ពុំនោះសោត ពួកជនណា ទោះមាតាក្តី បិតាក្តី បងប្អូនប្រុសក្តី បងប្អូនស្រីក្តី មិត្តក្តី អាមាត្យក្តី ញាតិសាលោហិតក្តី ដែលជាអ្នកប្រាថ្នាសេចក្តីចំរើន ប្រាថ្នាប្រយោជន៍ ប្រាថ្នាសេចក្តីសប្បាយ ប្រាថ្នាសេចក្តីក្សេមក្សាន្ត ចាកយោគៈ មានដល់ជននោះ ការមិនបានជួបគ្នា ការមិនជួបជុំគ្នា ការមិនបានប្រជុំគ្នា ការមិននៅច្រឡូកច្រឡំ ដោយអារម្មណ៍ នឹងជនទាំងឡាយនោះ ម្នាលភិក្ខុទាំងឡាយ នេះ តថាគតហៅថា បិយេហិ វិប្បយោគទុក្ខ ។ ម្នាលភិក្ខុទាំងឡាយ ចុះដូចម្តេចហៅថា យម្បិច្ឆំ ន លភតិ តម្បិ ទុក្ខ។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វ ដែលមានជាតិជាធម្មតា តែងមានសេចក្តីប្រាថ្នាកើតឡើង យ៉ាងនេះថា ធ្វើម្តេចហ្ន៎ ឲ្យយើងទាំងឡាយ កុំគប្បីមានជាតិជាធម្មតា ពុំនោះសោត ធ្វើម្តេចហ្ន៎ ជាតិ កុំគប្បីមកដល់យើងឡើយ សេចក្តីនេះ ពួកសត្វ ក៏មិនបានសម្រេចតាមប្រាថ្នាឡើយ នេះឯង តថាគតហៅថា យម្បិច្ឆំ ន លភតិ តម្បិ ទុក្ខ ។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វ ដែលមានសេចក្តីគ្រាំគ្រា ឬប្រែប្រួលជាធម្មតា…។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វ ដែលមានសេចក្តីឈឺថ្កាត់ជាធម្មតា…។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វដែលមានសេចក្តីស្លាប់ជាធម្មតា…។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វដែលមានសេចក្តីសោក សេចក្តីខ្សឹកខ្សួល សេចក្តីលំបាកកាយ សេចក្តីអាក់អន់តូចចិត្ត សេចក្តីខ្លោចផ្សាចិត្ត ជាធម្មតា តែងមានសេចក្តីប្រាថ្នាកើតឡើង យ៉ាងនេះថា ធ្វើម្តេចហ្ន៎ ឲ្យយើងទាំងឡាយ កុំគប្បីមានសោក សេចក្តីខ្សឹកខ្សួល សេចក្តីលំបាកកាយ សេចក្តីអាក់អន់តូចចិត្ត សេចក្តីខ្លោចផ្សាចិត្តឡើយ មួយទៀត ធ្វើម្តេចហ្ន៎ សេចក្តីសោក សេចក្តីខ្សឹកខ្សួល សេចក្តីលំបាកកាយ សេចក្តីអាក់អន់តូចចិត្ត សេចក្តីខ្លោចផ្សាចិត្ត កុំគប្បីមកដល់យើងឡើយ សេចក្តីនេះ ពួកសត្វ ក៏មិនបានសម្រេចតាមប្រាថ្នា នេះឯង តថាគតហៅថា យម្បិច្ឆំ ន លភតិ តម្បិ ទុក្ខ ។ ម្នាលភិក្ខុទាំងឡាយ ចុះដូចម្តេចឧបាទានក្ខន្ធទាំង៥ ដោយបំប្រួញ ដែលថាជាទុក្ខ ឧបាទានក្ខន្ធទាំង៥នោះ គឺអ្វីខ្លះ គឺរូប ជាឧបាទានក្ខន្ធ១ វេទនា ជាឧបាទានក្ខន្ធ១ សញ្ញា ជាឧបាទានក្ខន្ធ១ សង្ខារ ជាឧបាទានក្ខន្ធ១ វិញ្ញាណ ជាឧបាទានក្ខន្ធ១ ម្នាលភិក្ខុទាំងឡាយ ទាំងនេះ តថាគតហៅថា ឧបាទានក្ខន្ធទាំងឡាយ៥ ដោយសេចក្តីបំប្រួញ ដែលថាជាទុក្ខ។ ម្នាលភិក្ខុទាំងឡាយ នេះ តថាគតហៅថា ទុក្ខអរិយសច្ច។
[១៤៧] ម្នាលភិក្ខុទាំងឡាយ ចុះដូចម្តេចហៅថា ទុក្ខសមុទយអរិយសច្ច។ តណ្ហាណា ជាធម្មជាតិ នាំសត្វឲ្យកើតទៀត ប្រកបដោយតម្រេករីករាយ ជាធម្មជាតិនាំសត្វឲ្យត្រេកត្រអាល នៅក្នុងភពនោះៗ ឬក្នុងអារម្មណ៍នោះៗ តណ្ហានោះ តើគឺអ្វីខ្លះ គឺកាមតណ្ហា (សេចក្តីប្រាថ្នាក្នុងកាមគុណ [១-២-៣ មើលនយលក្ខណៈ ក្នុងមហាសតិបដ្ឋានសូត្រ។])១ ភវតណ្ហា (សេចក្តីប្រាថ្នាក្នុងរូបភព និងអរូបភព [២])១ វិភវតណ្ហា (សេចក្តីប្រាថ្នាក្នុងភពសូន្យ [៣]) ១។ ម្នាលភិក្ខុទាំងឡាយ ចុះតណ្ហានុ៎ះ កាលដែលកើតឡើង តើកើតឡើងក្នុងទីណា កាលដែលជាប់នៅ តើជាប់នៅក្នុងទីណា។ អារម្មណ៍ណា ដែលមានសភាវៈគួរស្រឡាញ់ មានសភាវៈគួរត្រេកអរ ក្នុងលោក តណ្ហានុ៎ះ កាលដែលកើតឡើង ក៏កើតឡើងក្នុងអារម្មណ៍នុ៎ះ កាលដែលជាប់នៅ ក៏ជាប់នៅក្នុងអារម្មណ៍នុ៎ះ។ អារម្មណ៍អ្វីមួយ ដែលមានសភាវៈគួរស្រឡាញ់ មានសភាវៈគួរត្រេកអរ ក្នុងលោក។ ភ្នែក មានសភាវៈគួរស្រឡាញ់ មានសភាវៈគួរត្រេកអរ ក្នុងលោក តណ្ហានុ៎ះ កាលដែលកើតឡើង ក៏កើតឡើងក្នុងភ្នែកនុ៎ះ កាលដែលជាប់នៅ ក៏ជាប់នៅក្នុងភ្នែកនុ៎ះ។ ត្រចៀក ច្រមុះ អណ្តាត កាយ ចិត្ត មានសភាវៈគួរស្រឡាញ់ មានសភាវៈគួរត្រេកអរ ក្នុងលោក តណ្ហានុ៎ះ កាលដែលកើតឡើង ក៏កើតឡើងក្នុងត្រចៀកជាដើមនុ៎ះ កាលដែលជាប់នៅ ក៏ជាប់នៅក្នុងត្រចៀកជាដើមនុ៎ះ។ រូប សំឡេង ក្លិន រស ផោដ្ឋព្វៈ និងធម្មារម្មណ៍ ដែលមានសភាវៈគួរស្រឡាញ់ មានសភាវៈគួរត្រេកអរក្នុងលោក តណ្ហានុ៎ះ កាលដែលកើតឡើង ក៏កើតឡើងក្នុងរូបជាដើមនុ៎ះ កាលដែលជាប់នៅ ក៏ជាប់នៅក្នុងរូបជាដើមនុ៎ះ។ ចក្ខុវិញ្ញាណ សោតវិញ្ញាណ ឃានវិញ្ញាណ ជិវ្ហាវិញ្ញាណ កាយវិញ្ញាណ មនោវិញ្ញាណ មានសភាវៈគួរស្រឡាញ់ មានសភាវៈគួរត្រេកអរក្នុងលោក តណ្ហានុ៎ះ កាលដែលកើតឡើង ក៏កើតឡើងក្នុងចក្ខុវិញ្ញាណជាដើមនុ៎ះ កាលដែលជាប់នៅ ក៏ជាប់នៅក្នុងចក្ខុវិញ្ញាណជាដើមនុ៎ះ។ ចក្ខុសម្ផ័ស្ស សោតសម្ផ័ស្ស ឃានសម្ផ័ស្ស ជិវ្ហាសម្ផ័ស្ស កាយសម្ផ័ស្ស មនោសម្ផ័ស្ស មានសភាវៈគួរស្រឡាញ់ មានសភាវៈគួរត្រេកអរក្នុងលោក តណ្ហានុ៎ះ កាលដែលកើតឡើង ក៏កើតឡើងក្នុងចក្ខុសម្ផ័ស្សជាដើមនុ៎ះ កាលដែលជាប់នៅ ក៏ជាប់នៅក្នុងចក្ខុសម្ផ័ស្សជាដើមនុ៎ះ។ វេទនា ដែលកើតអំពីចក្ខុសម្ផ័ស្ស វេទនា ដែលកើតអំពីសោតសម្ផ័ស្ស វេទនា ដែលកើតអំពីឃានសម្ផ័ស្ស វេទនា ដែលកើតអំពីជិវ្ហាសម្ផ័ស្ស វេទនា ដែលកើតអំពីកាយសម្ផ័ស្ស វេទនា ដែលកើតអំពីមនោសម្ផ័ស្ស មានសភាវៈគួរស្រឡាញ់ មានសភាវៈគួរត្រេកអរក្នុងលោក តណ្ហានុ៎ះ កាលដែលកើតឡើង ក៏កើតឡើងក្នុងវេទនា ដែលកើតអំពីចក្ខុសម្ផ័ស្សជាដើមនុ៎ះ កាលដែលជាប់នៅ ក៏ជាប់នៅក្នុងវេទនា ដែលកើតអំពីចក្ខុសម្ផ័ស្សជាដើមនុ៎ះ។ រូបសញ្ញា (សេចក្តីសម្គាល់ក្នុងរូប) សទ្ទសញ្ញា (សេចក្តីសម្គាល់ក្នុងសំឡេង) គន្ធសញ្ញា (សេចក្តីសម្គាល់ក្នុងក្លិន) រសសញ្ញា (សេចក្តីសម្គាល់ក្នុងរស) ផោដ្ឋព្វសញ្ញា (សេចក្តីសម្គាល់ក្នុងផោដ្ឋព្វៈ) ធម្មសញ្ញា (សេចក្តីសម្គាល់ក្នុងធម្មារម្មណ៍) មានសភាវៈគួរស្រឡាញ់ មានសភាវៈគួរត្រេកអរក្នុងលោក តណ្ហានុ៎ះ កាលដែលកើតឡើង ក៏កើតឡើងតែក្នុងរូបសញ្ញាជាដើមនុ៎ះ កាលដែលជាប់នៅ ក៏ជាប់នៅក្នុងរូបសញ្ញាជាដើមនុ៎ះ។ រូបសញ្ចេតនា (ការគិតសន្សំនូវរូបារម្មណ៍) សទ្ទសញ្ចេតនា គន្ធសញ្ចេតនា រសសញ្ចេតនា ផោដ្ឋព្វសញ្ចេតនា ធម្មសញ្ចេតនា មានសភាវៈគួរស្រឡាញ់ មានសភាវៈគួរត្រេកអរក្នុងលោក តណ្ហានុ៎ះ កាលដែលកើតឡើង ក៏កើតឡើងក្នុងការគិតសន្សំនូវរូបារម្មណ៍ជាដើមនុ៎ះ កាលដែលជាប់នៅ ក៏ជាប់នៅក្នុងរូបារម្មណ៍ជាដើមនុ៎ះ។ រូបតណ្ហា (សេចក្តីស្រេកឃ្លាន ក្នុងរូបារម្មណ៍) សទ្ទតណ្ហា គន្ធតណ្ហា រសតណ្ហា ផោដ្ឋព្វតណ្ហា ធម្មតណ្ហា មានសភាវៈគួរស្រឡាញ់ មានសភាវៈគួរត្រេកអរក្នុងលោក តណ្ហានុ៎ះ កាលដែលកើតឡើង ក៏កើតឡើងក្នុងរូបបារម្មណ៍ជាដើមនុ៎ះ កាលដែលជាប់នៅ ក៏ជាប់នៅក្នុងរូបជាដើមនុ៎ះ។ រូបវិតក្កតៈ (សេចក្តីត្រិះរិះក្នុងរូបារម្មណ៍) សទ្ទវិតក្កតៈ គន្ធវិតក្កតៈ រសវិតក្កតៈ ផោដ្ឋព្វវិតក្កតៈ ធម្មវិតក្កតៈ មានសភាវៈគួរស្រឡាញ់ មានសភាវៈគួរត្រេកអរក្នុងលោក តណ្ហានុ៎ះ កាលដែលកើតឡើង ក៏កើតឡើងក្នុងសេចក្តីត្រិះរិះ ក្នុងរូបជាដើមនុ៎ះ កាលដែលជាប់នៅ ក៏ជាប់នៅក្នុងសេចក្តីត្រិះរិះក្នុងរូបជាដើមនុ៎ះ។ រូបវិចារៈ (សភាពពិចារណានូវរូបារម្មណ៍) សទ្ធវិចារៈ គន្ធវិចារៈ រសវិចារៈ ផោដ្ឋព្វវិចារៈ ធម្មវិចារៈ មានសភាវៈគួរស្រឡាញ់ មានសភាវៈគួរត្រេកអរក្នុងលោក តណ្ហានុ៎ះ កាលដែលកើតឡើង ក៏កើតឡើងក្នុងសេចក្តីពិចារណានូវរូបជាដើមនុ៎ះ កាលដែលជាប់នៅ ក៏ជាប់នៅក្នុងរូបជាដើមនុ៎ះ។ ម្នាលភិក្ខុទាំងឡាយ នេះតថាគតហៅថា ទុក្ខសមុទយអរិយសច្ច។
[១៤៨] ម្នាលភិក្ខុទាំងឡាយ ចុះដូចម្តេចហៅថា ទុក្ខនិរោធអរិយសច្ច ។ កិរិយាប្រាសចាកតម្រេក រំលត់មិនមានសេសសល់ ដោយអរិយមគ្គ កិរិយាលះបង់ កិរិយារលាស់ចេញ ការរួចស្រឡះ ការមិនអាល័យ នូវតណ្ហានោះ (ឈ្មោះថា ទុក្ខនិរោធអរិយសច្ច )។ ម្នាលភិក្ខុទាំងឡាយ តណ្ហានោះឯង ដែលបុគ្គលលះបង់ តើលះបង់ក្នុងទីណា កាលដែលរលត់ទៅ តើរលត់ទៅក្នុងទីណា។ អារម្មណ៍ណា ដែលមានសភាវៈគួរស្រឡាញ់ មានសភាវៈគួរត្រេកអរក្នុងលោក តណ្ហានុ៎ះ កាលដែលបុគ្គលលះបង់ ក៏លះបង់ក្នុងអារម្មណ៍នុ៎ះ កាលរលត់ ក៏រលត់ក្នុងអារម្មណ៍នុ៎ះ។ អារម្មណ៍ដូចម្តេច ដែលមានសភាវៈគួរស្រឡាញ់ មានសភាវៈគួរត្រេកអរក្នុងលោក។ ភ្នែក មានសភាវៈគួរស្រឡាញ់ មានសភាវៈគួរត្រេកអរក្នុងលោក តណ្ហានុ៎ះ កាលដែលបុគ្គលលះបង់ ក៏លះបង់ក្នុងភ្នែកនោះ កាលរលត់ទៅ ក៏រលត់ទៅក្នុងភ្នែកនុ៎ះ។ ត្រចៀក ច្រមុះ អណ្តាត កាយ ចិត្ត មានសភាវៈគួរស្រឡាញ់ មានសភាវៈគួរត្រេកអរ តណ្ហានុ៎ះ កាលដែលបុគ្គលលះបង់ ក៏លះបង់ ក្នុងត្រចៀកជាដើមនុ៎ះ កាលរលត់ទៅ ក៏រលត់ទៅក្នុងត្រចៀកជាដើមនុ៎ះ។ រូបារម្មណ៍ សទ្ទារម្មណ៍ គន្ធារម្មណ៍ រសារម្មណ៍ ផោដ្ឋព្វារម្មណ៍ ធម្មារម្មណ៍ មានសភាវៈគួរស្រឡាញ់ មានសភាវៈគួរត្រេកអរក្នុងលោក តណ្ហានុ៎ះ កាលដែលបុគ្គលលះបង់ ក៏លះបង់ក្នុងរូបារម្មណ៍ជាដើមនុ៎ះ កាលរលត់ទៅ ក៏រលត់ទៅក្នុងរូបារម្មណ៍ជាដើមនុ៎ះ។ ចក្ខុវិញ្ញាណ សោតវិញ្ញាណ ឃានវិញ្ញាណ ជិវ្ហាវិញ្ញាណ កាយវិញ្ញាណ មនោវិញ្ញាណ មានសភាវៈគួរស្រឡាញ់ មានសភាវៈគួរត្រេកអរក្នុងលោក តណ្ហានុ៎ះ កាលដែលបុគ្គលលះបង់ ក៏លះបង់ក្នុងចក្ខុវិញ្ញាណជាដើមនុ៎ះ កាលរលត់ទៅ ក៏រលត់ទៅក្នុងចក្ខុវិញ្ញាណជាដើមនុ៎ះ។ ចក្ខុសម្ផ័ស្ស សោតសម្ផ័ស្ស ឃានសម្ផ័ស្ស ជិវ្ហាសម្ផ័ស្ស កាយសម្ផ័ស្ស មនោសម្ផ័ស្ស មានសភាវៈគួរស្រឡាញ់ មានសភាវៈគួរត្រេកអរក្នុងលោក តណ្ហានុ៎ះ កាលដែលបុគ្គលលះបង់ ក៏លះបង់ក្នុងចក្ខុសម្ផ័ស្សជាដើមនុ៎ះ កាលរលត់ទៅ ក៏រលត់ទៅក្នុងចក្ខុសម្ផ័ស្សជាដើមនុ៎ះ។ វេទនា ដែលកើតអំពីចក្ខុសម្ផ័ស្ស វេទនា ដែលកើតអំពីសោតសម្ផ័ស្ស វេទនា ដែលកើតអំពីឃានសម្ផ័ស្ស វេទនា ដែលកើតអំពីជិវ្ហាសម្ផ័ស្ស វេទនា ដែលកើតអំពីកាយសម្ផ័ស្ស វេទនា ដែលកើតអំពីមនោសម្ផ័ស្ស មានសភាវៈគួរស្រឡាញ់ មានសភាវៈគួរត្រេកអរក្នុងលោក តណ្ហានុ៎ះ កាលដែលបុគ្គលលះបង់ ក៏លះបង់ក្នុងវេទនា ដែលកើតអំពីចក្ខុសម្ផ័ស្សជាដើមនុ៎ះ កាលរលត់ទៅ ក៏រលត់ទៅក្នុងវេទនា ដែលកើតអំពីចក្ខុសម្ផ័ស្សជាដើមនុ៎ះ។ រូបសញ្ញា សទ្ធសញ្ញា គន្ធសញ្ញា រសសញ្ញា ផោដ្ឋព្វសញ្ញា ធម្មសញ្ញា មានសភាវៈគួរស្រឡាញ់ មានសភាវៈគួរត្រេកអរក្នុងលោក តណ្ហានុ៎ះ កាល ដែលបុគ្គលលះបង់ ក៏លះបង់ក្នុងរូបសញ្ញាជាដើមនុ៎ះ កាលរលត់ទៅ ក៏រលត់ទៅក្នុងរូបសញ្ញាជាដើមនុ៎ះ។ រូបសញ្ចេតនា សទ្ទសញ្ចេតនា គន្ធសញ្ចេតនា រសសញ្ចេតនា ផោដ្ឋព្វសញ្ចេតនា ធម្មសញ្ចេតនា មានសភាវៈគួរស្រឡាញ់ មានសភាវៈគួរត្រេកអរក្នុងលោក តណ្ហានុ៎ះ កាលដែលបុគ្គលលះបង់ ក៏លះបង់ក្នុងរូបសញ្ចេតនាជាដើមនុ៎ះ កាលរលត់ទៅ ក៏រលត់ទៅក្នុងរូបសញ្ចេតនាជាដើមនុ៎ះ។ រូបតណ្ហា សទ្ទតណ្ហា គន្ធតណ្ហា រសតណ្ហា ផោដ្ឋព្វតណ្ហា ធម្មតណ្ហា មានសភាវៈគួរស្រឡាញ់ មានសភាវៈគួរត្រេកអរក្នុងលោក តណ្ហានុ៎ះ កាលដែលបុគ្គលលះបង់ ក៏លះបង់ក្នុងរូបតណ្ហាជាដើមនុ៎ះ កាលរលត់ទៅ ក៏រលត់ទៅក្នុងរូបតណ្ហាជាដើមនុ៎ះ។ រូបវិតក្កៈ សទ្ទវិតក្កៈ គន្ធវិតក្កៈ រសវិតក្កៈ ផោដ្ឋព្វវិតក្កៈ ធម្មវិតក្កៈ មានសភាវៈគួរស្រឡាញ់ មានសភាវៈគួរត្រេកអរក្នុងលោក តណ្ហានុ៎ះ កាលដែលបុគ្គលលះបង់ ក៏លះបង់ក្នុងរូបវិតក្កៈជាដើមនុ៎ះ កាលរលត់ទៅ ក៏រលត់ទៅក្នុងរូបវិតក្កៈជាដើមនុ៎ះ។ រូបវិចារៈ សទ្ទវិចារៈ គន្ធវិចារៈ រសវិចារៈ ផោដ្ឋព្វវិចារៈ ធម្មវិចារៈ មានសភាវៈគួរស្រឡាញ់ មានសភាវៈគួរត្រេកអរក្នុងលោក តណ្ហានុ៎ះ កាលដែលបុគ្គលលះបង់ ក៏លះបង់ក្នុងរូបវិចារៈជាដើមនុ៎ះ កាលរលត់ទៅ ក៏រលត់ទៅក្នុងរូបវិចារៈជាដើមនុ៎ះ។ ម្នាលភិក្ខុទាំងឡាយ នេះ តថាគតហៅថា ទុក្ខនិរោធអរិយសច្ច។
[១៤៩] ម្នាលភិក្ខុទាំងឡាយ ចុះដូចម្តេចហៅថា ទុក្ខនិរោធគាមិនីបដិបទាអរិយសច្ច។ អរិយមគ្គ ប្រកបដោយអង្គ៨ប្រការនេះ គឺសម្មាទិដ្ឋិ (ប្រាជ្ញាយល់ត្រូវ)១ សម្មាសង្កប្បៈ (ប្រាជ្ញាត្រិះរិះត្រូវ)១ សម្មាវាចា (សំដីត្រូវ)១ សម្មាកម្មន្តៈ (ការងារត្រូវ)១ សម្មាអាជីវៈ (ចិញ្ចឹមជីវិតត្រូវ)១ សម្មាវាយាមៈ (ការព្យាយាមត្រូវ)១ សម្មាសតិ (ការដំកល់ស្មារតីត្រូវ)១ សម្មាសមាធិ (ការតាំងចិត្តត្រូវ)១។ ម្នាលភិក្ខុទាំងឡាយ ចុះដូចម្តេចហៅថា សម្មាទិដ្ឋិ ។ ម្នាលភិក្ខុទាំងឡាយ ប្រាជ្ញា ជាគ្រឿងដឹង ក្នុងកងទុក្ខណា ប្រាជ្ញាជាគ្រឿងដឹងក្នុងតណ្ហា ជាដែនឲ្យកើតកងទុក្ខណា ប្រាជ្ញាជាគ្រឿងដឹង ក្នុងធម៌ជាទីរលត់នៃកងទុក្ខណា ប្រាជ្ញាជាគ្រឿងដឹង ក្នុងដំណើរជាទីទៅកាន់ទីរលត់ទុក្ខណា ម្នាលភិក្ខុទាំងឡាយ នេះតថាគតហៅថា សម្មាទិដ្ឋិ ។ ម្នាលភិក្ខុទាំងឡាយ ចុះដូចម្តេចហៅថា សម្មាសង្កប្បៈ ។ សេចក្តីត្រិះរិះ ក្នុងកិរិយាចេញចាកកាម១ សេចក្តីត្រិះរិះ ក្នុងកិរិយាមិនព្យាបាទ១ សេចក្តីត្រិះរិះ ក្នុងការមិនបៀតបៀន១ ម្នាលភិក្ខុទាំងឡាយ នេះ តថាគតហៅថា សម្មាសង្កប្បៈ ។ ម្នាលភិក្ខុទាំងឡាយ ចុះដូចម្តេចហៅថា សម្មាវាចា ។ ចេតនាវៀរចាកមុសាវាទ១ ចេតនាវៀរចាកបិសុណាវាចា១ ចេតនាវៀរចាកផរុសវាចា១ ចេតនាវៀរចាកសម្ផប្បលាបៈ១ ម្នាលភិក្ខុទាំងឡាយ នេះ តថាគតហៅថា សម្មាវាចា ។ ម្នាលភិក្ខុទាំងឡាយ ចុះដូចម្តេចហៅថា សម្មាកម្មន្តៈ ។ ចេតនាវៀរចាកបាណាតិបាត១ ចេតនាវៀរចាកអទិន្នាទាន១ ចេតនាវៀរចាកកាមេសុមិច្ឆាចារ១ ម្នាលភិក្ខុទាំងឡាយ នេះ តថាគតហៅថា សម្មាកម្មន្តៈ ។ ម្នាលភិក្ខុទាំងឡាយ ចុះដូចម្តេចហៅថា សម្មាអាជីវៈ ។ ម្នាលភិក្ខុទាំងឡាយ អរិយសាវ័ក ក្នុងសាសនានេះ លះបង់នូវមិច្ឆាអាជីវៈ គឺការចិញ្ចឹមជីវិតខុស ហើយប្រព្រឹត្តចិញ្ចឹមជីវិត ដោយសម្មាអាជីវៈ គឺការចិញ្ចឹមជីវិតត្រូវ ម្នាលភិក្ខុទាំងឡាយ នេះ តថាគតហៅថា សម្មាអាជីវៈ ។ ម្នាលភិក្ខុទាំងឡាយ ចុះដូចម្តេចហៅថា សម្មាវាយាមៈ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ញុំាងឆន្ទៈឲ្យកើត ធ្វើនូវព្យាយាម ប្រារព្ធព្យាយាម ផ្គងចិត្ត តាំងចិត្ត ដើម្បីធ្វើអកុសលធម៌ទាំងឡាយ ដ៏លាមក ដែលមិនទាន់កើតឡើង មិនឲ្យកើតឡើងបាន ធ្វើឆន្ទៈឲ្យកើត ធ្វើព្យាយាម ប្រារព្ធព្យាយាម ផ្គងចិត្ត តាំងចិត្ត ដើម្បីលះបង់នូវអកុសលធម៌ទាំងឡាយ ដ៏លាមក ដែលកើតឡើងហើយ (ឲ្យសាបសូន្យទៅ) ញុំាងឆន្ទៈឲ្យកើត ខំព្យាយាម ប្រារព្ធព្យាយាម ផ្គងចិត្ត តាំងចិត្ត ដើម្បីធ្វើកុសលធម៌ទាំងឡាយ ដែលមិនទាន់កើតឡើង ឲ្យកើតឡើងបាន ធ្វើឆន្ទៈឲ្យកើត ខំព្យាយាម ប្រារព្ធព្យាយាម ផ្គងចិត្ត តាំងចិត្ត ដើម្បីធ្វើកុសលធម៌ទាំងឡាយ ដែលកើតឡើងហើយ ឲ្យឋិតនៅយូរអង្វែង មិនឲ្យសាបសូន្យ ឲ្យចំរើនឡើង ឲ្យធំទូលាយ ឲ្យចំរើនពេញបរិបូណ៌។ ម្នាលភិក្ខុទាំងឡាយ នេះ តថាគតហៅថា សម្មាវាយាមៈ ។ ម្នាលភិក្ខុទាំងឡាយ ចុះដូចម្តេចហៅថា សម្មាសតិ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ពិចារណាឃើញរឿយៗ នូវកាយក្នុងកាយ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ មានព្យាយាម ជាគ្រឿងដុតកម្តៅនូវកិលេស មានសេចក្តីដឹងខ្លួន និងមានសតិ បន្ទោបង់នូវអភិជ្ឈា និងទោមនស្សក្នុងលោកចេញ។ ភិក្ខុពិចារណាឃើញរឿយៗ នូវវេទនាក្នុងវេទនាទាំងឡាយ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ មានព្យាយាម ជាគ្រឿងដុតកម្តៅនូវកិលេស មានសេចក្តីដឹងខ្លួន និងមានសតិ បន្ទោបង់នូវអភិជ្ឈា និងទោមនស្សក្នុងលោកចេញ។ ពិចារណាឃើញរឿយៗ នូវចិត្តក្នុងចិត្ត ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ មានព្យាយាម ជាគ្រឿងដុតកម្តៅនូវកិលេស មានសេចក្តីដឹងខ្លួន និងមានសតិ បន្ទោបង់នូវអភិជ្ឈា និងទោមនស្សក្នុងលោកចេញ។ ពិចារណាឃើញរឿយៗ នូវធម៌ក្នុងធម៌ទាំងឡាយ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ មានព្យាយាម ជាគ្រឿងដុតកម្តៅនូវកិលេស មានសេចក្តីដឹងខ្លួន មានសតិ បន្ទោបង់នូវអភិជ្ឈា និងទោមនស្សក្នុងលោកចេញ ម្នាលភិក្ខុទាំងឡាយ នេះ តថាគតហៅថា សម្មាសតិ ។ ម្នាលភិក្ខុទាំងឡាយ ចុះដូចម្តេចហៅថា សម្មាសមាធិ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ស្ងប់ស្ងាត់ចាកកាមទាំងឡាយ ស្ងប់ស្ងាត់ចាកអកុសលធម៌ទាំងឡាយហើយ ក៏ចូលបឋមជ្ឈាន ដែលប្រកបដោយវិតក្កៈ វិចារៈ មានបីតិ និងសុខៈ ដែលកើតអំពីសេចក្តីស្ងប់ស្ងាត់ ជាអារម្មណ៍ លុះភិក្ខុនោះ ចូលទៅជិតរម្ងាប់នូវវិតក្កៈ វិចារៈរួចហើយ ក៏បានចូលដល់ទុតិយជ្ឈាន ជាទីជ្រះថ្លា ប្រព្រឹត្តទៅខាងក្នុង ដ៏ញុំាងចិត្តជាសមាធិ ឲ្យចំរើនឡើង មិនមានវិតក្កៈ និងវិចារៈទេ មានតែបីតិ និងសុខៈ ដែលកើតអំពីសមាធិប៉ុណ្ណោះ លុះលះបង់បីតិចេញហើយ ភិក្ខុនោះ ជាបុគ្គលមានចិត្តព្រងើយ មានសតិ និងសម្បជញ្ញៈ សោយសេចក្តីសុខ ដោយនាមកាយផង ព្រះអរិយបុគ្គលទាំងឡាយ តែងហៅនូវភិក្ខុ ដែលបានតតិយជ្ឈាននោះថា ជាអ្នកមានចិត្តព្រងើយកន្តើយ ជាអ្នកមានសតិ ជាអ្នកនៅជាសុខ ភិក្ខុនោះ ក៏បានដល់តតិយជ្ឈាន លុះលះបង់នូវសេចក្តីសុខ និងសេចក្តីទុក្ខរួចហើយ ក៏រំលត់នូវសោមនស្ស និងទោមនស្សអំពីមុន ចូលកាន់ចតុត្ថជ្ឈាន ឥតទុក្ខ ឥតសុខ មានសតិដ៏ស្អាត ចំពោះត្រង់ឧបេក្ខា ម្នាលភិក្ខុទាំងឡាយ នេះ តថាគតហៅថា សម្មាសមាធិ ។ ម្នាលភិក្ខុទាំងឡាយ នេះ តថាគតហៅថា ទុក្ខនិរោធគាមិនីបដិបទាអរិយសច្ច ។
[១៥០] ភិក្ខុពិចារណាឃើញរឿយៗ នូវធម៌ក្នុងធម៌ទាំងឡាយ ជាខាងក្នុង (ដោយការកំណត់នូវអរិយសច្ចទាំង៤) ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ក្តី ពិចារណាឃើញរឿយៗ នូវធម៌ក្នុងធម៌ទាំងឡាយ ជាខាងក្រៅ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ក្តី ពិចារណាឃើញរឿយៗ នូវធម៌ក្នុងធម៌ទាំងឡាយ ជាខាងក្នុង ខាងក្រៅ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ក្តី ពិចារណាឃើញរឿយៗ នូវសភាវៈ ដែលកើតឡើងនៃសច្ចៈទាំង៤ គួរតាមពិត ក្នុងសច្ចធម៌ទាំងឡាយ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ក្តី ពិចារណាឃើញរឿយៗ នូវសភាវៈសូន្យទៅ នៃសច្ចៈទាំង៤ គួរតាមពិត ក្នុងសច្ចធម៌ទាំងឡាយ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ក្តី ពិចារណាឃើញរឿយៗ នូវសភាវៈ ដែលកើតឡើង និងសូន្យទៅ នៃសច្ចៈទាំង៤ គួរតាមពិត ក្នុងសច្ចធម៌ទាំងឡាយ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ក្តី ពុំនោះសោត ស្មារតី (ជាគ្រឿងកំណត់នូវសច្ចៈទាំង៤) របស់ភិក្ខុនោះ ក៏ផ្ចង់ឡើងចំពោះថា ធម៌មានមែន (តែមិនមែនសត្វ មិនមែនបុគ្គល មិនមែនស្រី មិនមែនប្រុស ជាដើម) គ្រាន់តែជាទីកំណត់ ដើម្បីឲ្យចំរើនប្រាជ្ញា ដើម្បីឲ្យចំរើនស្មារតីប៉ុណ្ណោះ ភិក្ខុនោះ មានចិត្តមិនអាស្រ័យ (តណ្ហា និងទិដ្ឋិ)ផង មិនប្រកៀកប្រកាន់ អ្វីតិចតួច ក្នុងលោកផង ម្នាលភិក្ខុទាំងឡាយ ភិក្ខុពិចារណាឃើញរឿយៗ នូវធម៌ក្នុងធម៌ទាំងឡាយ គឺអរិយសច្ចទាំង៤ យ៉ាងនេះឯង។
[១៥១] ម្នាលភិក្ខុទាំងឡាយ សូម្បីបុគ្គលណាមួយ បានចំរើន សតិប្បដ្ឋាន ទាំង៤ អស់៧ឆ្នាំ តាមលំដាប់នៃវិធីចំរើន ដែលតថាគត បានពោលហើយ យ៉ាងនេះ បណ្តាផលទាំងឡាយពីរ ផលណាមួយ ក៏គង់នឹងបានសម្រច ដល់បុគ្គលនោះ តាមសេចក្តីប្រាថ្នាដោយពិត គឺថា នឹងបានសម្រេចនូវភាវៈ ជាព្រះអរហន្ត ក្នុងបច្ចុប្បន្នទាន់ភ្នែក ពុំនោះសោត បើមានឧបាទានក្ខន្ធសេសសល់នៅ ក៏គង់នឹងបានសម្រេចនូវភាវៈ ជាអនាគាមិបុគ្គល ពុំខានឡើយ ម្នាលភិក្ខុទាំងឡាយ កុំថាដល់ទៅអស់៧ឆ្នាំឡើយ។ ម្នាលភិក្ខុទាំងឡាយ សូម្បីបុគ្គលណាមួយ បានចម្រើនសតិប្បដ្ឋានទាំង៤នេះ អស់៦ឆ្នាំ ៥ឆ្នាំ ៤ឆ្នាំ ៣ឆ្នាំ ២ឆ្នាំ ១ឆ្នាំ តាមលំដាប់វិធី ដែលតថាគត បានពោលហើយយ៉ាងនេះ ម្នាលភិក្ខុទាំងឡាយ កុំថាដល់ទៅ អស់១ឆ្នាំឡើយ។ ម្នាលភិក្ខុទាំងឡាយ សូម្បីបុគ្គលណាមួយ បានចម្រើនសតិប្បដ្ឋានទាំង៤ នេះ អស់៧ខែ តាមលំដាប់វិធីចម្រើន ដែលតថាគត បានពោលហើយ យ៉ាងនេះ បណ្តាផលទាំងឡាយពីរ ផលណាមួយ ក៏គង់នឹងបានសម្រេច ដល់បុគ្គលនោះ តាមសេចក្តីប្រាថ្នាដោយពិត គឺថា នឹងបានសម្រេចនូវភាវៈ ជាព្រះអរហន្ត ក្នុងបច្ចុប្បន្នទាន់ភ្នែក ពុំនោះសោត បើមានឧបាទានក្ខន្ធសេសសល់នៅ ក៏គង់នឹងបានសម្រេចនូវភាវៈ ជាអនាគាមិបុគ្គលពុំខានឡើយ ម្នាលភិក្ខុទាំងឡាយ កុំថាដល់ទៅអស់៧ខែឡើយ។ ម្នាលភិក្ខុទាំងឡាយ សូម្បីបុគ្គលណាមួយ បានចម្រើនសតិប្បដ្ឋានទាំង៤ នេះអស់៦ខែ ៥ខែ ៤ខែ ៣ខែ ២ខែ ១ខែ កន្លះខែ តាមលំដាប់វិធីចំរើន ដែលតថាគត បានពោលហើយយ៉ាងនេះ… ម្នាលភិក្ខុទាំងឡាយ កុំថាដល់ទៅអស់កន្លះខែឡើយ។ ម្នាលភិក្ខុទាំងឡាយ សូម្បីបុគ្គលណាមួយ បានចម្រើនសតិប្បដ្ឋានទាំង៤នេះ អស់៧ថ្ងៃ តាមលំដាប់វិធីចម្រើន ដែលតថាគត បានពោលហើយ យ៉ាងនេះ បណ្តាផលទាំងឡាយពីរ ផលណាមួយ ក៏គង់នឹងបានសម្រេច ដល់បុគ្គលនោះ តាមសេចក្តីប្រាថ្នាដោយពិត គឺថា នឹងបានសម្រេចនូវភាវៈ ជាអរហន្ត ក្នុងបច្ចុប្បន្នទាន់ភ្នែក ពុំនោះសោត បើមានឧបាទានក្ខន្ធសេសសល់នៅ ក៏គង់នឹងបានសម្រេចនូវភាវៈ ជាអនាគាមិបុគ្គលពុំខានឡើយ។
[១៥២] ម្នាលភិក្ខុទាំងឡាយ ផ្លូវ គឺសតិប្បដ្ឋានទាំងឡាយ៤នេះឯង ជាផ្លូវមូលតែមួយ ប្រព្រឹត្តទៅ ដើម្បីសេចក្តីបរិសុទ្ធដោយវិសេស នៃសត្វទាំងឡាយ ដើម្បីកន្លងបង់ នូវសេចក្តីសោក និងសេចក្តីខ្សឹកខ្សួល ដើម្បីរំលត់នូវទុក្ខ និងទោមនស្ស ដើម្បីបាននូវអរិយមគ្គ ប្រកបដោយអង្គ៨ប្រការ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវព្រះនិព្វាន។ ពាក្យណា ដែលតថាគតបានពោលហើយថា (សាសនារបស់តថាគត ជាគុណសម្រាប់ស្រោចស្រង់សត្វ) ដូច្នេះ ពាក្យនុ៎ះ តថាគតពោលហើយ ព្រោះអាស្រ័យនូវផ្លូវដ៏ប្រសើរ គឺសតិប្បដ្ឋានទាំង៤នេះឯង។ លុះព្រះមានព្រះភាគ បានសម្តែងសតិប្បដ្ឋានសូត្រនេះចប់ហើយ ភិក្ខុទាំងឡាយនោះ ក៏មានសេចក្តីពេញចិត្ត ត្រេកអរ ចំពោះភាសិត របស់ព្រះមានព្រះភាគ។
ចប់ សតិប្បដ្ឋានសូត្រ ទី១០។
ចប់ មូលបរិយាយវគ្គ ទី១។
បញ្ជីរឿងក្នុងមូលបរិយាយវគ្គនោះគឺ
អ្នកទាំងឡាយចូរស្តាប់ (នូវពាក្យដែលសំដែងអំពីព្រះនិព្វាន) ជាធម្មជាតមិនចាស់ មិនស្លាប់ ជាទីលុះដល់អមតៈ ជាគ្រឿងសំដែងនូវមគ្គផល បន្ទោបង់នូវសេចក្តីទុក្ខ ធ្វើនូវទីកំបាំងធំ ដែលមានប្រយោជន៍ និងសេចក្តីចំរើន នាំមកនូវបីតិជាច្រើន មានប្រការផ្សេងៗ ជាទីញុំាងភ្លើង និងជ័រទាំងបី [ភ្លើង ឬជ័រទាំង៣ប្រការនេះ សំដៅយក រាគៈ ទោសៈ មោហៈ។ អត្តនោមតិ។] ប្រការឲ្យរីងស្ងួត ដូចជាស្រះមានទឹកពេញប្រៀប (ដែលព្រះអាទិត្យឲ្យរីងស្ងួត) ក្នុងរដូវក្តៅ។ សូត្រដ៏ប្រសើរ ក្នុងមជ្ឈិមនិកាយទាំងឡាយ ជាគ្រឿងបន្ទោបង់ និងរម្ងាប់នូវព្យាធិ មានអត្ថរសដ៏ឆ្ងាញ់ ទន់ភ្លន់ និងញុំាងសេចក្តីរីករាយសប្បាយ ឲ្យកើតឡើងដល់ពួកទេវតា ជាសូត្រដែលព្រះគន្ថរចនាចារ្យ ដំកល់ទុកហើយផង ជាសូត្រដែលពួកសក្យបុត្រ ដំកល់ទុក ដើម្បីញុំាងពួកមនុស្ស ឲ្យត្រេកអរចំពោះសូត្រ និងព្យាករណ៍នោះផង អ្នកទាំងឡាយ ចូរមានចិត្តតែមួយ គឺ មានចិត្តនឹងនួន តាំងសោតប្រសាទ ស្តាប់នូវសូត្រដ៏ប្រសើរនោះ ដែលមានវគ្គដ៏ប្រសើរ ៥៣ និង១៥០ ទាំងវេយ្យាករណ៍២ប្រការ និងពាក្យតិចតួចដទៃៗទៀត ក្នុងបឋមវគ្គទាំងអស់ ដែលមិនស្មើគ្នាតាមលំដាប់ដូច្នេះ គឺ មូលបរិយាយសូត្រ ១ សព្វាសវសំវរសូត្រ ១ ធម្មទាយាទសូត្រ ១ ភយភេរវសូត្រ ១ អនង្គណសូត្រ ១ អាកង្ខេយ្យសូត្រ ១ វត្ថូបមសូត្រ ១ សល្លេខសូត្រ ១ សម្មាទិដ្ឋិសូត្រ ១ សតិប្បដ្ឋានសូត្រ ១ បាឋវគ្គដ៏ប្រសើរទាំងនោះ ចប់តែប៉ុណ្ណេះហើយ។
សីហនាទវគ្គ
ចូឡសីហនាទសូត្រ ទី១
[១៥៣] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ ដូច្នេះ។ ភិក្ខុទាំងឡាយនោះ បានទទួលភាសិតរបស់ព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន។
[១៥៤] ព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ សមណៈ (ទី១) (គឺសោតាបន្ន) មានតែក្នុងសាសនានេះ សមណៈទី២ (គឺសកិទាគាមី) ក៏មានតែក្នុងសាសនានេះ សមណៈទី៣ (គឺអនាគាមី) ក៏មានតែក្នុងសាសនានេះ សមណៈទី៤ (គឺអរហន្ត) ក៏មានតែក្នុងសាសនានេះ វាទៈ (គឺ ទិដ្ឋិ៦២) របស់សាសនាដទៃ សូន្យចាកសមណៈទាំងឡាយ (ដែលស្ថិតនៅក្នុងផលទាំង៤ពួក) និងសមណៈទាំងឡាយដទៃ (ដែលស្ថិតនៅក្នុងមគ្គទាំង៤ពួកជាដើម) ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយចូរបន្លឺ នូវសីហនាទដោយប្រពៃ យ៉ាងនេះឯងចុះ។ ម្នាលភិក្ខុទាំងឡាយ ហេតុនុ៎ះរមែងមាន គឺពួកបរិព្វាជក ជាអន្យតិរ្ថិយ [តិរ្ថ ប្រែថាកំពង់ សំដៅយកទិដ្ឋិ៦២ ព្រោះពួកសត្វ តែងឆ្លង តែងជាប់ជំពាក់ ក្នុងលទ្ធិទាំងនេះ។ ពួកអ្នកបួសដែលប្រកាន់លទ្ធិទាំងនេះ ហៅថា តិរ្ថិយ។ តិរ្ថិយដទៃ គឺផ្សេងពីពុទ្ធសាសនា ហៅថា អន្យតិរ្ថិយ។] ក្នុងលោកនេះ សមជានិយាយយ៉ាងនេះថា លោកមានអាយុទាំងឡាយ បានអ្វីជាគ្រឿងអាង បានអ្វីជាកំឡាំង ដែលជាហេតុឲ្យលោកមានអាយុទាំងឡាយ ពិចារណាឃើញច្បាស់ ក្នុងខ្លួន ហើយពោលយ៉ាងនេះថា សមណៈ (ទី១) មានតែក្នុងសាសនានេះ សមណៈទី២ មានតែក្នុងសាសនានេះ សមណៈទី៣ មានតែក្នុងសាសនានេះ សមណៈទី៤ មានតែក្នុងសាសនានេះ វាទៈ របស់សាសនាដទៃ សូន្យចាកសមណៈទាំងឡាយ និងសមណៈទាំងឡាយដទៃ ម្នាលភិក្ខុទាំងឡាយ បើពួកបរិព្វាជក ជាអន្យតិរ្ថិយនិយាយយ៉ាងនេះ អ្នកទាំងឡាយ ត្រូវនិយាយយ៉ាងនេះវិញថា ម្នាលអាវុសោទាំងឡាយ មានធម៌៤យ៉ាង ដែលព្រះមានព្រះភាគ អរហន្ត សម្មាសម្ពុទ្ធអង្គនោះ ទ្រង់ជ្រាប ទ្រង់ឃើញ ទ្រង់បានសំដែងហើយ ដល់យើងទាំងឡាយ ជាធម៌នាំឲ្យយើងទាំងឡាយពិចារណាឃើញច្បាស់ក្នុងខ្លួន ហើយនិយាយយ៉ាងនេះថា សមណៈ (ទី១) មានតែក្នុងសាសនានេះ សមណៈទី២ ក៏មានតែក្នុងសាសនានេះ សមណៈទី៣ ក៏មានតែក្នុងសាសនានេះ សមណៈទី៤ ក៏មានតែក្នុងសាសនានេះ វាទៈ របស់សាសនាដទៃ សូន្យចាកសមណៈទាំងឡាយ និងសមណៈទាំងឡាយដទៃ ធម៌ទាំង៤ប្រការ តើដូចម្តេច ម្នាលអាវុសោទាំងឡាយ គឺយើងទាំងឡាយ មានសេចក្តីជ្រះថ្លាក្នុងព្រះសាស្តា១ មានសេចក្តីជ្រះថ្លាក្នុងព្រះធម៌១ មានភាវៈជាអ្នកធ្វើឲ្យបរិបូណ៌ ក្នុងសីលទាំងឡាយ១ ពួកសហធម្មិក [មាន៧ពួកគឺ ភិក្ខុ១ ភិក្ខុនី១ សិក្ខមានា១ សាមណេរ១ សាមណេរី១ ឧបាសក១ ឧបាសិកា១។ អដ្ឋកថា។] ដែលជាគ្រហស្ថក្តី ជាបព្វជិតក្តី ក៏ជាទីស្រឡាញ់ ជាទីពេញចិត្ត១ ម្នាលអាវុសោទាំងឡាយ ធម៌ទាំង៤ប្រការនេះឯង ដែលព្រះមានព្រះភាគ ជាអរហន្ត សម្មាសម្ពុទ្ធអង្គនោះ ទ្រង់ជ្រាប ទ្រង់ឃើញ ទ្រង់បានសំដែងហើយ ដល់យើងទាំងឡាយ ជាធម៌នាំឲ្យយើងទាំងឡាយពិចារណាឃើញច្បាស់ក្នុងខ្លួន ហើយនិយាយយ៉ាងនេះថា សមណៈ (ទី១) មានតែក្នុងសាសនានេះ សមណៈទី២ ក៏មានតែក្នុងសាសនានេះ សមណៈទី៣ ក៏មានតែក្នុងសាសនានេះ សមណៈទី៤ ក៏មានតែក្នុងសាសនានេះ វាទៈ របស់សាសនាដទៃ សូន្យចាកសមណៈទាំងឡាយ និងសមណៈទាំងឡាយដទៃ។ ម្នាលភិក្ខុទាំងឡាយ គង់មានហេតុជាទំនងយ៉ាងនេះ គឺពួកបរិព្វាជក ជាអន្យតិរ្ថិយ គប្បីនិយាយយ៉ាងនេះថា យើងទាំងឡាយ មានសេចក្តីជ្រះថ្លា ក្នុងព្រះសាស្តា ដែលជាសាស្តារបស់ពួកយើងដែរ យើងទាំងឡាយ មានសេចក្តីជ្រះថ្លាក្នុងព្រះធម៌ ដែលជាធម៌របស់ពួកយើងដែរ យើងទាំងឡាយ បានធ្វើឲ្យបរិបូណ៌ ក្នុងសីលទាំងឡាយ ដែលជាសីលរបស់ពួកយើងដែរ ពួកសហធម្មិក គឺគ្រហស្ថ និងបព្វជិត ក៏ជាទីស្រឡាញ់ ជាទីពេញចិត្ត របស់យើងទាំងឡាយដែរ។ ម្នាលអាវុសោទាំងឡាយ កាលបើយ៉ាងនេះ ពួកលោក និងពួកយើង មានសេចក្តីប្លែកគ្នាត្រង់ណា មានអធិប្បាយដូចម្តេច មានការធ្វើឲ្យផ្សេងគ្នាដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ពួកបរិព្វាជក ជាអន្យតិរ្ថិយ គង់និយាយយ៉ាងនេះ អ្នកទាំងឡាយ ត្រូវនិយាយយ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ទីបំផុតនៃសេចក្តីជ្រះថ្លា [បានដល់ព្រះអរហត្តផល។ អដ្ឋកថា។] មានតែ១ ឬមានច្រើន។ ម្នាលភិក្ខុទាំងឡាយ ពួកបរិព្វាជក ជាអន្យតិរ្ថិយ កាលដែលព្យាករឲ្យត្រូវ គប្បីព្យាករយ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ឯទីបំផុត នៃសេចក្តីជ្រះថ្លា មានតែមួយ មិនមានច្រើនទេ។ អ្នកទាំងឡាយត្រូវសួរថា ម្នាលអាវុសោទាំងឡាយ ទីបំផុតនៃសេចក្តីជ្រះថ្លានោះ ជារបស់បុគ្គលប្រកបដោយរាគៈ ឬជារបស់បុគ្គលប្រាសចាករាគៈ។ ម្នាលភិក្ខុទាំងឡាយ ពួកបរិព្វាជក ជាអន្យតិរ្ថិយ កាលដែលព្យាករឲ្យត្រូវ គប្បីព្យាករយ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ឯទីបំផុត នៃសេចក្តីជ្រះថ្លានោះ ជារបស់បុគ្គលប្រាសចាករាគៈ ទីបំផុតនៃសេចក្តីជ្រះថ្លានោះ មិនមែនជារបស់បុគ្គល ដែលប្រកបដោយរាគៈទេ។ អ្នកទាំងឡាយត្រូវសួរថា ទីបំផុតនៃសេចក្តីជ្រះថ្លានោះ ជារបស់បុគ្គលប្រកបដោយទោសៈ ឬជារបស់បុគ្គលប្រាសចាកទោសៈ។ ម្នាលភិក្ខុទាំងឡាយ ពួកបរិព្វាជក ជាអន្យតិរ្ថិយ កាលដែលព្យាករឲ្យត្រូវ គប្បីព្យាករយ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ទីបំផុត នៃសេចក្តីជ្រះថ្លានោះ ជារបស់បុគ្គលប្រាសចាកទោសៈ ទីបំផុតនៃសេចក្តីជ្រះថ្លានោះ មិនមែនជារបស់បុគ្គល ដែលប្រកបដោយទោសៈទេ។ អ្នកទាំងឡាយត្រូវសួរថា ម្នាលអាវុសោទាំងឡាយ ទីបំផុតនៃសេចក្តីជ្រះថ្លានោះ ជារបស់បុគ្គលប្រកបដោយមោហៈ ឬជារបស់បុគ្គលប្រាសចាកមោហៈ។ ម្នាលភិក្ខុទាំងឡាយ ពួកបរិព្វាជក ជាអន្យតិរ្ថិយ កាលព្យាករឲ្យត្រូវ គប្បីព្យាករយ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ទីបំផុត នៃសេចក្តីជ្រះថ្លានោះ ជារបស់បុគ្គលប្រាសចាកមោហៈ ទីបំផុតនៃសេចក្តីជ្រះថ្លានោះ មិនមែនជារបស់បុគ្គល ដែលប្រកបដោយមោហៈទេ។ អ្នកទាំងឡាយត្រូវសួរថា ម្នាលអាវុសោទាំងឡាយ ទីបំផុតនៃសេចក្តីជ្រះថ្លានោះ ជារបស់បុគ្គលប្រកបដោយតណ្ហា ឬជារបស់បុគ្គលប្រាសចាកតណ្ហា។ ម្នាលភិក្ខុទាំងឡាយ ពួកបរិព្វាជក ជាអន្យតិរ្ថិយ កាលព្យាករដោយត្រឹមត្រូវ គប្បីព្យាករយ៉ាងនេះថា ទីបំផុត នៃសេចក្តីជ្រះថ្លានោះ ជារបស់បុគ្គលប្រាសចាកតណ្ហា ទីបំផុតនៃសេចក្តីជ្រះថ្លានោះ មិនមែនជារបស់បុគ្គល ដែលប្រកបដោយតណ្ហាទេ។ អ្នកទាំងឡាយត្រូវសួរថា ម្នាលអាវុសោទាំងឡាយ ទីបំផុតនៃសេចក្តីជ្រះថ្លានោះ ជារបស់បុគ្គលប្រកបដោយឧបាទាន ឬជារបស់បុគ្គលមិនមានឧបាទាន។ ម្នាលភិក្ខុទាំងឡាយ ពួកបរិព្វាជក ជាអន្យតិរ្ថិយ កាលព្យាករដោយត្រឹមត្រូវ គប្បីព្យាករយ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ទីបំផុត នៃសេចក្តីជ្រះថ្លានោះ ជារបស់បុគ្គលមិនមានឧបាទាន ទីបំផុតនៃសេចក្តីជ្រះថ្លានោះ មិនមែនជារបស់បុគ្គលប្រកបដោយឧបាទានទេ។ អ្នកទាំងឡាយត្រូវសួរថា ម្នាលអាវុសោទាំងឡាយ ទីបំផុតនៃសេចក្តីជ្រះថ្លានោះ ជារបស់បណ្ឌិត ឬជារបស់បុគ្គលមិនមែនជាបណ្ឌិត។ ម្នាលភិក្ខុទាំងឡាយ ពួកបរិព្វាជក ជាអន្យតិរ្ថិយ កាលព្យាករដោយត្រឹមត្រូវ គប្បីព្យាករយ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ទីបំផុត នៃសេចក្តីជ្រះថ្លានោះ ជារបស់បណ្ឌិត ទីបំផុតនៃសេចក្តីជ្រះថ្លានោះ មិនមែនជារបស់បុគ្គល ដែលមិនមែនជាបណ្ឌិតទេ។ អ្នកទាំងឡាយត្រូវសួរថា ម្នាលអាវុសោទាំងឡាយ ទីបំផុតនៃសេចក្តីជ្រះថ្លានោះ ជារបស់បុគ្គលដែលនៅមានត្រេកអរ នៅមានក្រោធ ឬជារបស់បុគ្គល ដែលមិនមានត្រេកអរ និងមិនមានក្រោធ ម្នាលភិក្ខុទាំងឡាយ ពួកបរិព្វាជក ជាអន្យតិរ្ថិយ កាលដែលព្យាករដោយត្រឹមត្រូវ គប្បីព្យាករយ៉ាងនេះថា ទីបំផុត នៃសេចក្តីជ្រះថ្លានោះ ជារបស់បុគ្គលមិនមានត្រេកអរ មិនមានក្រោធ ទីបំផុតនៃសេចក្តីជ្រះថ្លានោះ មិនមែនជារបស់បុគ្គលនៅមានត្រេកអរ នៅមានក្រោធទេ។ អ្នកទាំងឡាយត្រូវសួរថា ម្នាលអាវុសោទាំងឡាយ ទីបំផុតនៃសេចក្តីជ្រះថ្លានោះ ជារបស់បុគ្គលមាន បបញ្ចធម៌ [បបញ្ចធម៌ សំដៅយកកិលេស ដែលធ្វើដំណើររបស់សត្វឲ្យយឺតយូរក្នុងភព បានដល់តណ្ហា ទិដ្ឋិ មានះ។ អដ្ឋកថា។] ជាទីត្រេកអរ មានសេចក្តីត្រេកអរ ក្នុង បបញ្ចធម៌ ឬជារបស់បុគ្គលមិនមាន បបញ្ចធម៌ ជាទីត្រេកអរ មិនមានសេចក្តីត្រេកអរ ក្នុង បបញ្ចធម៌ ។ ម្នាលភិក្ខុទាំងឡាយ ពួកបរិព្វាជក ជាអន្យតិរ្ថិយ កាលព្យាករដោយត្រឹមត្រូវ គប្បីព្យាករយ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ទីបំផុត នៃសេចក្តីជ្រះថ្លានោះ ជារបស់បុគ្គលមិនមានបបញ្ចធម៌ ជាទីត្រេកអរ មិនមានសេចក្តីត្រេកអរ ក្នុងបបញ្ចធម៌ ទីបំផុតនៃសេចក្តីជ្រះថ្លានោះ មិនមែនជារបស់បុគ្គលមាន បបញ្ចធម៌ ជាទីត្រេកអរ មានសេចក្តីត្រេកអរ ក្នុងបបញ្ចធម៌ទេ។
[១៥៥] ម្នាលភិក្ខុទាំងឡាយ ទិដ្ឋិនេះ មាន២ប្រការ គឺ ភវទិដ្ឋិ [បានដល់សស្សតទិដ្ឋិ។]១ វិភវទិដ្ឋិ [បានដល់ឧច្ឆេទទិដ្ឋិ។ អដ្ឋកថា។]១។ ម្នាលភិក្ខុទាំងឡាយ ក៏ពួកសមណៈ ឬព្រាហ្មណ៍ណាមួយ ជាអ្នកតោងជាប់នឹងភវទិដ្ឋិ ចូលទៅកាន់ភវទិដ្ឋិ ចុះស៊ប់កាន់ភវទិដ្ឋិ ពួកសមណៈ ឬព្រាហ្មណ៍នោះ ក៏ស្អប់ខ្ពើមវិភវទិដ្ឋិ [អដ្ឋកថា ថា ពួកមនុស្សនេះ ឈ្លោះប្រកែកនឹងអ្នកប្រកាន់វិភវទិដ្ឋិ ថា ពួកអ្នកជាមនុស្សល្ងង់ខ្លៅ មិនស្គាល់ច្បាស់ថា លោកនេះទៀងទាត់ លោកនេះមិនដាច់សូន្យ ដូច្នេះឡើយ]។ ម្នាលភិក្ខុទាំងឡាយ ពួកសមណៈ ឬព្រាហ្មណ៍ណាមួយ ជាអ្នកតោងជាប់នឹងវិភវទិដ្ឋិ ចូលទៅកាន់វិភវទិដ្ឋិ ចុះស៊ប់កាន់វិភវទិដ្ឋិ ពួកសមណៈ ឬព្រាហ្មណ៍នោះ ក៏ស្អប់ខ្ពើមភវទិដ្ឋិ។ ម្នាលភិក្ខុទាំងឡាយ ពួកសមណៈ ឬព្រាហ្មណ៍ណាមួយ មិនដឹងច្បាស់ នូវសេចក្តីកើតឡើងផង នូវសេចក្តីវិនាសផង នូវអានិសង្សផង នូវទោសផង នៃទិដ្ឋិទាំង២នេះ នូវសេចក្តីរលាស់ចេញ នូវទិដ្ឋិទាំង២នោះផង តាមសេចក្តីពិតទេ តថាគតពោលថា ពួកសមណៈ ឬព្រាហ្មណ៍ទាំងនោះ ជាអ្នកប្រកបដោយរាគៈ ជាអ្នកប្រកបដោយទោសៈ ជាអ្នកប្រកបដោយមោហៈ ជាអ្នកប្រកបដោយតណ្ហា ជាអ្នកប្រកបដោយឧបាទាន ជាអ្នកល្ងង់ខ្លៅ អ្នកនៅមានត្រេកអរ នៅមានក្រេវក្រោធ ជាអ្នកមានបបញ្ចធម៌ជាទីត្រេកអរ មានសេចក្តីត្រេកអរ ក្នុងបបញ្ចធម៌ ពួកសមណៈ ឬព្រាហ្មណ៍ទាំងនោះ មិនរួចស្រឡះ ចាកជាតិ ជរា មរណៈ សោក ខ្សឹកខ្សួល ទុក្ខ ទោមនស្ស និងសេចក្តីចង្អៀតចង្អល់ចិត្ត រមែងមិនរួចស្រឡះចាកវដ្តទុក្ខឡើយ។ ម្នាលភិក្ខុទាំងឡាយ ក៏ពួកសមណៈ ឬព្រាហ្មណ៍ណាមួយ ដឹងច្បាស់ នូវសេចក្តីកើតឡើងផង នូវសេចក្តីវិនាសផង នូវអានិសង្សផង នូវទោសផង នៃទិដ្ឋិទាំង២នេះ នូវសេចក្តីរលាស់ចេញ (នូវទិដ្ឋិទាំង២នោះ)ផង តាមសេចក្តីពិតផង តថាគតពោលថា ពួកសមណៈ ឬព្រាហ្មណ៍ទាំងនោះ ជាអ្នកប្រាសចាករាគៈ ជាអ្នកប្រាសចាកទោសៈ ជាអ្នកប្រាសចាកមោហៈ ជាអ្នកប្រាសចាកតណ្ហា ជាអ្នកមិនមានឧបាទាន ជាអ្នកចេះដឹង ជាអ្នកមិនមានសេចក្តីត្រេកអរ និងសេចក្តីក្រោធ ជាអ្នកមិនមានបបញ្ចធម៌ជាទីត្រេកអរ មិនមានសេចក្តីត្រេកអរក្នុងបបញ្ចធម៌ ពួកសមណៈ ឬព្រាហ្មណ៍ទាំងនោះ រមែងរួចស្រឡះ ចាកជាតិ ជរា មរណៈ សោក ខ្សឹកខ្សួល ទុក្ខ ទោមនស្ស និងសេចក្តីចង្អៀតចង្អល់ចិត្ត រមែងរួចស្រឡះចាកវដ្តទុក្ខ។
[១៥៦] ម្នាលភិក្ខុទាំងឡាយ ឧបាទាន (សេចក្តីប្រកាន់មាំ) នេះ មាន៤ប្រការ ឧបាទាន៤ តើដូចម្តេច គឺកាមុបាទាន (សេចក្តីប្រកាន់មាំ ក្នុងកាម)១ ទិដ្ឋុបាទាន (សេចក្តីប្រកាន់មាំក្នុងទិដ្ឋិ)១ សីលព្វតុបាទាន (សេចក្តីប្រកាន់មាំក្នុងសីល និងវត)១ អត្តវាទុបាទាន (សេចក្តីប្រកាន់មាំក្នុងពាក្យពោលថា ខ្លួនប្រាណ)១។ ម្នាលភិក្ខុទាំងឡាយ មានសមណព្រាហ្មណ៍ពួកមួយ ប្តេជ្ញាថា ជាអ្នកពោលនូវការកំណត់ដឹង នូវឧបាទានទាំងអស់ តែសមណព្រាហ្មណ៍ទាំងនោះ មិនបញ្ញត្តនូវការកំណត់ដឹងនូវឧបាទានទាំងអស់ ដោយប្រពៃទេ បញ្ញត្តតែការកំណត់ដឹងនូវកាមុបាទាន (ប៉ុណ្ណោះ) មិនបញ្ញត្តនូវការកំណត់ដឹងនូវទិដ្ឋុបាទាន មិនបញ្ញត្តនូវការកំណត់ដឹងនូវសីលព្វតុបាទាន មិនបញ្ញត្តនូវការកំណត់ដឹងនូវអត្តវាទុបាទានទេ ដំណើរនោះ ព្រោះហេតុអ្វី ព្រោះថា សមណព្រាហ្មណ៍ដ៏ចំរើនទាំងនោះ មិនបានដឹងច្បាស់នូវហេតុទាំង៣ប្រការនេះ តាមសេចក្តីពិតឡើយ ព្រោះហេតុនោះ បានជាពួកសមណព្រាហ្មណ៍ដ៏ចំរើននោះ ប្តេជ្ញាថា ជាអ្នកពោលនូវការកំណត់ដឹងនូវឧបាទានទាំងអស់ តែពួកគេទាំងនោះ មិនបញ្ញត្តនូវការកំណត់ដឹងនូវឧបាទានទាំងអស់ ដោយប្រពៃទេ បញ្ញត្តតែការកំណត់ដឹងនូវកាមុបាទានប៉ុណ្ណោះ មិនបញ្ញត្តនូវការកំណត់ដឹងនូវទិដ្ឋុបាទាន មិនបញ្ញត្តនូវការកំណត់ដឹងនូវសីលព្វតុបាទាន មិនបញ្ញត្តនូវការកំណត់ដឹងនូវអត្តវាទុបាទានទេ។ ម្នាលភិក្ខុទាំងឡាយ មានសមណព្រាហ្មណ៍ពួកមួយ ប្តេជ្ញាថា ជាអ្នកពោលនូវការកំណត់ដឹង នូវឧបាទានទាំងអស់ តែសមណព្រាហ្មណ៍ទាំងនោះ មិនបញ្ញត្តនូវការកំណត់ដឹងនូវឧបាទានទាំងអស់ ដោយប្រពៃទេ បញ្ញត្តតែការកំណត់ដឹងនូវកាមុបាទាន បញ្ញត្តតែការកំណត់ដឹងនូវទិដ្ឋុបាទានប៉ុណ្ណោះ មិនបញ្ញត្តនូវការកំណត់ដឹងនូវសីលព្វតុបាទាន មិនបញ្ញត្តនូវការកំណត់ដឹងនូវអត្តវាទុបាទានទេ ដំណើរនោះ ព្រោះហេតុអ្វី ព្រោះថា ពួកសមណព្រាហ្មណ៍ដ៏ចំរើនទាំងនោះ មិនដឹងច្បាស់នូវហេតុទាំង២ប្រការនេះ តាមពិតទេ ព្រោះហេតុនោះ បានជាពួកសមណព្រាហ្មណ៍ដ៏ចំរើននោះ ប្តេជ្ញាថា ជាអ្នកពោលនូវការកំណត់ដឹងនូវឧបាទានទាំងអស់ តែពួកគេនោះ មិនបញ្ញត្តនូវការកំណត់ដឹងនូវឧបាទានទាំងអស់ ដោយប្រពៃទេ បញ្ញត្តតែការកំណត់ដឹងនូវកាមុបាទាន បញ្ញត្តតែការកំណត់ដឹងនូវទិដ្ឋុបាទានប៉ុណ្ណោះ មិនបញ្ញត្តនូវការកំណត់ដឹងនូវសីលព្វតុបាទាន មិនបញ្ញត្តនូវការកំណត់ដឹងនូវអត្តវាទុបាទានទេ។ ម្នាលភិក្ខុទាំងឡាយ មានសមណព្រាហ្មណ៍ពួកមួយ ប្តេជ្ញាថា ជាអ្នកពោលនូវការកំណត់ដឹង នូវឧបាទានទាំងអស់ តែពួកគេទាំងនោះ មិនបញ្ញត្តនូវការកំណត់ដឹងនូវឧបាទានទាំងអស់ ដោយប្រពៃទេ បញ្ញត្តតែការកំណត់ដឹងនូវកាមុបាទាន បញ្ញត្តតែការកំណត់ដឹងនូវទិដ្ឋុបាទាន បញ្ញត្តតែការកំណត់ដឹងនូវសីលព្វតុបាទានប៉ុណ្ណោះ មិនបញ្ញត្តនូវការកំណត់ដឹងនូវអត្តវាទុបាទានទេ ដំណើរនោះ តើព្រោះហេតុអ្វី ព្រោះថា ពួកសមណព្រាហ្មណ៍ដ៏ចំរើននោះ មិនបានដឹងច្បាស់នូវហេតុ១ប្រការនេះ តាមពិតទេ ព្រោះហេតុនោះ បានជាពួកសមណព្រាហ្មណ៍ដ៏ចំរើននោះ ប្តេជ្ញាថា ជាអ្នកពោលនូវការកំណត់ដឹងនូវឧបាទានទាំងអស់ តែពួកគេនោះ មិនបញ្ញត្តនូវការកំណត់ដឹងនូវឧបាទានទាំងអស់ទេ បញ្ញត្តតែការកំណត់ដឹងនូវកាមុបាទាន បញ្ញត្តតែការកំណត់ដឹងនូវទិដ្ឋុបាទាន បញ្ញត្តតែការកំណត់ដឹងនូវសីលព្វតុបាទានប៉ុណ្ណោះ មិនបញ្ញត្តនូវការកំណត់ដឹងនូវអត្តវាទុបាទានទេ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីជ្រះថ្លាណា ក្នុងសាស្តា ក្នុងធម្មវិន័យបែបនេះឯង សេចក្តីជ្រះថ្លានោះ មិនហៅថា ប្រព្រឹត្តទៅដោយប្រពៃទេ សេចក្តីជ្រះថ្លាក្នុងធម៌ ក៏មិនហៅថា ប្រព្រឹត្តទៅដោយប្រពៃទេ ការធ្វើឲ្យបរិបូណ៌ក្នុងសីលទាំងឡាយ ក៏មិនហៅថា ប្រព្រឹត្តទៅដោយប្រពៃទេ សេចក្តីស្រឡាញ់ និងសេចក្តីគាប់ចិត្ត ក្នុងសហធម្មិកទាំងឡាយ ក៏មិនហៅថា ប្រព្រឹត្តទៅដោយប្រពៃទេ ដំណើរនោះ តើព្រោះហេតុអ្វី ម្នាលភិក្ខុទាំងឡាយ បានជាយ៉ាងនុ៎ះ ព្រោះហេតុតែធម្មវិន័យ ដែលគេពោលហើយមិនត្រឹមត្រូវ ប្រកាសទុកមិនល្អ មិនមែនជាធម៌ស្រោចស្រង់សត្វ មិនប្រព្រឹត្តទៅដើម្បីសេចក្តីស្ងប់ទុក្ខ ជាធម៌ដែលគ្រូ មិនមែនជាសម្មាសម្ពុទ្ធសំដែងទុកដោយពិត។
[១៥៧] ម្នាលភិក្ខុទាំងឡាយ ចំណែកព្រះតថាគត ជាអរហន្តសម្មាសម្ពុទ្ធ ប្តេជ្ញាថា ជាអ្នកពោលនូវការកំណត់ដឹង នូវឧបាទានទាំងអស់ តែងបញ្ញត្តនូវការកំណត់ដឹងនូវឧបាទានទាំងអស់ ដោយប្រពៃ គឺបញ្ញត្តនូវការកំណត់ដឹងកាមុបាទាន បញ្ញត្តនូវការកំណត់ដឹងទិដ្ឋុបាទាន បញ្ញត្តនូវការកំណត់ដឹងសីលព្វតុបាទាន បញ្ញត្តនូវការកំណត់ដឹងអត្តវាទុបាទាន។ ម្នាលភិក្ខុទាំងឡាយ សេចក្តីជ្រះថ្លាណា ក្នុងសាស្តា ក្នុងធម្មវិន័យបែបនេះឯង សេចក្តីជ្រះថ្លានោះ ហៅថា ប្រព្រឹត្តទៅដោយប្រពៃ សេចក្តីជ្រះថ្លាក្នុងធម៌ ក៏ហៅថា ប្រព្រឹត្តទៅដោយប្រពៃ ការធ្វើឲ្យបរិបូណ៌ ក្នុងសីលទាំងឡាយ ក៏ហៅថា ប្រព្រឹត្តទៅដោយប្រពៃ សេចក្តីស្រឡាញ់ ពេញចិត្ត ក្នុងសហធម្មិកទាំងឡាយ ក៏ហៅថា ប្រព្រឹត្តទៅដោយប្រពៃ ដំណើរនោះ តើព្រោះហេតុអ្វី ម្នាលភិក្ខុទាំងឡាយ បានជាយ៉ាងនេះ ព្រោះហេតុតែធម្មវិន័យ ដែលព្រះតថាគតសំដែងល្អហើយ ប្រកាសទុកល្អហើយ ជាធម៌ស្រោចស្រង់សត្វ ប្រព្រឹត្តទៅដើម្បីសេចក្តីស្ងប់ទុក្ខ ជាធម៌ដែលព្រះសម្មាសម្ពុទ្ធសំដែងទុកហើយ ដោយពិត។
[១៥៨] ម្នាលភិក្ខុទាំងឡាយ ឧបាទានទាំង៤ នេះឯង មានអ្វីជាហេតុ មានអ្វីនាំឲ្យកើត មានអ្វីជាកំណើត មានអ្វីជាដែនកើតមុន។ ឧបាទានទាំង៤នេះ មានតណ្ហាជាហេតុ មានតណ្ហាជាទីកើត មានតណ្ហាជាកំណើត មានតណ្ហាជាដែនកើតមុន។ ម្នាលភិក្ខុទាំងឡាយ ចំណែកតណ្ហានេះ មានអ្វីជាហេតុ មានអ្វីជាទីកើត មានអ្វីជាកំណើត មានអ្វីជាដែនកើតមុន។ តណ្ហា មានវេទនាជាហេតុ មានវេទនាជាទីកើត មានវេទនាជាកំណើត មានវេទនាជាដែនកើតមុន។ ម្នាលភិក្ខុទាំងឡាយ ឯវេទនានេះ មានអ្វីជាហេតុ មានអ្វីជាទីកើត មានអ្វីជាកំណើត មានអ្វីជាដែនកើតមុន។ វេទនា មានផស្សៈជាហេតុ មានផស្សៈជាទីកើត មានផស្សៈជាកំណើត មានផស្សៈជាដែនកើតមុន។ ម្នាលភិក្ខុទាំងឡាយ ចុះផស្សៈនេះ តើមានអ្វីជាហេតុ មានអ្វីជាទីកើត មានអ្វីជាកំណើត មានអ្វីជាដែនកើតមុន។ ផស្សៈ មានសឡាយតនៈជាហេតុ មានសឡាយតនៈជាទីកើត មានសឡាយតនៈជាកំណើត មានសឡាយតនៈជាដែនកើតមុន។ ម្នាលភិក្ខុទាំងឡាយ សឡាយតនៈនេះ តើមានអ្វីជាហេតុ មានអ្វីជាទីកើត មានអ្វីជាកំណើត មានអ្វីជាដែនកើតមុន។ សឡាយតនៈ មាននាមរូបជាហេតុ មាននាមរូបជាទីកើត មាននាមរូបជាកំណើត មាននាមរូបជាដែនកើតមុន។ ម្នាលភិក្ខុទាំងឡាយ នាមរូបនេះ តើមានអ្វីជាហេតុ មានអ្វីជាទីកើត មានអ្វីជាកំណើត មានអ្វីជាដែនកើតមុន។ នាមរូប មានវិញ្ញាណជាហេតុ មានវិញ្ញាណជាទីកើត មានវិញ្ញាណជាកំណើត មានវិញ្ញាណជាដែនកើតមុន។ ម្នាលភិក្ខុទាំងឡាយ វិញ្ញាណនេះ តើមានអ្វីជាហេតុ មានអ្វីជាទីកើត មានអ្វីជាកំណើត មានអ្វីជាដែនកើតមុន។ វិញ្ញាណ មានសង្ខារជាហេតុ មានសង្ខារជាទីកើត មានសង្ខារជាកំណើត មានសង្ខារជាដែនកើតមុន។ ម្នាលភិក្ខុទាំងឡាយ សង្ខារទាំងឡាយនេះ តើមានអ្វីជាហេតុ មានអ្វីជាទីកើត មានអ្វីជាកំណើត មានអ្វីជាដែនកើតមុន។ សង្ខារទាំងឡាយ មានអវិជ្ជាជាហេតុ មានអវិជ្ជាជាទីកើត មានអវិជ្ជាជាកំណើត មានអវិជ្ជាជាដែនកើតមុន។ ម្នាលភិក្ខុទាំងឡាយ កាលណាភិក្ខុលះបង់អវិជ្ជាបានហើយ វិជ្ជាក៏កើតឡើង ភិក្ខុនោះ លែងប្រកាន់មាំ នូវកាមុបាទាន លែងប្រកាន់មាំ នូវទិដ្ឋុបាទាន លែងប្រកាន់មាំ នូវ សីលព្វតុបាទាន លែងប្រកាន់មាំ នូវ អត្តវាទុបាទាន កាលបើលែងប្រកាន់មាំហើយ ក៏នឹងមិនបានតក់ស្លុត (ដោយតណ្ហា) កាលបើមិនតក់ស្លុតហើយ ក៏នឹងរំលត់ (កិលេស) ចំពោះខ្លួនឯង ព្រោះអស់ទៅនៃអវិជ្ជា ព្រោះវិជ្ជាកើតឡើង ហើយដឹងច្បាស់ ដូច្នេះថា ជាតិអស់ហើយ ព្រហ្មចរិយធម៌ អាត្មាអញ នៅចប់ស្រេចហើយ សោឡសកិច្ច អាត្មាអញ បានធ្វើរួចហើយ កិច្ចក្រៅអំពីនេះទៅទៀត មិនមានឡើយ។ លុះព្រះមានព្រះភាគ បានត្រាស់ព្រះសូត្រនេះចប់ហើយ ភិក្ខុទាំងឡាយនោះ ក៏មានចិត្តត្រេកអរ រីករាយ ចំពោះភាសិត របស់ព្រះមានព្រះភាគ។
ចប់ ចូឡសីហនាទសូត្រ ទី១។
មហាសីហនាទសូត្រ ទី២
[១៥៩] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងដងព្រៃក្រៅនគរ ជាខាងលិចក្រុងវេសាលី។ សម័យនោះឯង សុនក្ខត្តលិច្ឆវិបុត្ត ទើបនឹងសឹកចេញចាកធម្មវិន័យនេះទៅ មិនយូរប៉ុន្មាន។ តែងពោលវាចា ក្នុងកណ្តាលបរិស័ទ ក្នុងក្រុងវេសាលី យ៉ាងនេះថា គុណវិសេស គឺញាណទស្សនៈ [បានដល់លោកុត្តរមគ្គ។] ជាគុណអាចដើម្បីធ្វើខ្លួនឲ្យជាព្រះអរិយៈដ៏ក្រៃលែងជាងមនុស្សធម៌ [បានដល់កុសលកម្មបថ១០។] នៃព្រះសមណគោតម មិនមានទេ ព្រះសមណគោតម សំដែងធម៌ ដែលខ្លួនស្រាវជ្រាវដោយសេចក្តីត្រិះរិះ ដែលខ្លួនស្ទាបស្ទង់ ដោយការពិចារណា ជាការឈ្លាសវៃដោយខ្លួនឯង តែធម៌ដែលព្រះអង្គសំដែងហើយ ដើម្បីប្រយោជន៍ដល់គុណវិសេសណា គុណវិសេសនោះ រមែងប្រព្រឹត្តទៅ ដើម្បីសេចក្តីអស់ទៅនៃវដ្តទុក្ខដោយប្រពៃ ដល់បុគ្គលអ្នកធ្វើតាមធម៌នោះ។
[១៦០] លំដាប់នោះ ព្រះសារីបុត្តដ៏មានអាយុ ស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ចូលទៅកាន់ក្រុងវេសាលី ដើម្បីបិណ្ឌបាត។ ព្រះសារីបុត្តមានអាយុ បានឮសុនក្ខត្តលិច្ឆវិបុត្ត កំពុងពោលវាចា ក្នុងកណ្តាលបរិសទ្យ ក្នុងក្រុងវេសាលី យ៉ាងនេះថា គុណវិសេស គឺញាណទស្សនៈ ដែលអាចដើម្បីធ្វើខ្លួន ឲ្យជាអរិយៈដ៏ក្រៃលែងជាងមនុស្សធម៌ នៃព្រះសមណគោតម មិនមានទេ ព្រះសមណគោតម សំដែងធម៌ ដែលខ្លួនស្រាវជ្រាវ ដោយសេចក្តីត្រិះរិះ ដែលខ្លួនស្ទាបស្ទង់ ដោយការពិចារណា ជាការឈ្លាសវៃខ្លួនឯង តែធម៌ដែលព្រះអង្គសំដែងហើយ ដើម្បីប្រយោជន៍ដល់គុណវិសេសណា គុណវិសេសនោះ រមែងប្រព្រឹត្តទៅ ដើម្បីឲ្យអស់ទៅ នៃវដ្តទុក្ខដោយប្រពៃ ដល់បុគ្គលអ្នកធ្វើតាមធម៌នោះ។ លុះព្រះសារីបុត្តមានអាយុ ត្រាច់ទៅក្រុងវេសាលី ដើម្បីបិណ្ឌបាត ត្រឡប់អំពីបិណ្ឌបាតហើយ ក្នុងវេលាខាងក្រោយភត្ត ក៏ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះព្រះសារីបុត្តមានអាយុ អង្គុយក្នុងទីសមគួរហើយ ទើបក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន សុនក្ខត្តលិច្ឆវិបុត្ត ទើបនឹងសឹកចេញចាកធម្មវិន័យនេះ មិនយូរប៉ុន្មាន តែងពោលវាចា ក្នុងកណ្តាលបរិសទ្យ ក្នុងក្រុងវេសាលី យ៉ាងនេះថា គុណវិសេស គឺញាណទស្សនៈ ជាគុណអាចធ្វើខ្លួនឲ្យជាព្រះអរិយៈដ៏ក្រៃលែងជាងមនុស្សធម៌ នៃព្រះសមណគោតម មិនមានទេ ព្រះសមណគោតម សំដែងធម៌ ដែលខ្លួនស្រាវជ្រាវដោយសេចក្តីត្រិះរិះ ដែលខ្លួនស្ទាបស្ទង់ ដោយការពិចារណា ជាការឈ្លាសវៃដោយខ្លួនឯង តែធម៌ដែលព្រះអង្គសំដែងហើយ ដើម្បីប្រយោជន៍ដល់គុណវិសេសណា គុណវិសេសនោះ រមែងប្រព្រឹត្តទៅ ដើម្បីសេចក្តីអស់ទៅ នៃវដ្តទុក្ខដោយប្រពៃ ដល់បុគ្គលអ្នកធ្វើតាមធម៌នោះ។
[១៦១] ព្រះអង្គត្រាស់ថា ម្នាលសារីបុត្ត សុនក្ខត្ត ជាមនុស្សកាច ជាមោឃបុរស ព្រោះវាចានោះ គាត់ពោលដោយសេចក្តីក្រេវក្រោធ ម្នាលសារីបុត្ត សុនក្ខត្ត ជាមោឃបុរសនោះគិតថា អាត្មាអញ នឹងតិះដៀល ហើយត្រឡប់ជាសរសើរតថាគតវិញ ម្នាលសារីបុត្ត ព្រោះការនិយាយយ៉ាងនេះថា ធម៌ដែលព្រះសមណគោតមសំដែងហើយ ដើម្បីប្រយោជន៍ដល់គុណវិសេសណា គុណវិសេសនោះ រមែងប្រព្រឹត្តទៅ ដើម្បីសេចក្តីអស់ទៅ នៃវដ្តទុក្ខដោយប្រពៃ ដល់បុគ្គលអ្នកធ្វើតាមធម៌នោះ នេះឯងជាគុណរបស់តថាគត។
[១៦២] ម្នាលសារីបុត្ត សុនក្ខត្ត ជាមោឃបុរស មិនបានយល់ធម៌ ក្នុងតថាគតនេះថា ព្រះមានព្រះភាគអង្គនោះ ជាអរហន្ត សម្មាសម្ពុទ្ធ បរិបូណ៌ដោយវិជ្ជា និងចរណៈ ជាព្រះសុគត ជ្រាបច្បាស់នូវលោក ជាសារថី ទូន្មាននូវបុរស មិនមានអ្នកណាប្រសើរជាង ជាសាស្តានៃទេវតា និងមនុស្ស ជាបុគ្គលភ្ញាក់រលឹក ទ្រង់មានជោគ។
[១៦៣] ម្នាលសារីបុត្ត សុនក្ខត្ត ជាមោឃបុរស នឹងមិនបានត្រាស់ដឹងនូវធម៌ ក្នុងតថាគតនេះថា ព្រះមានព្រះភាគអង្គនោះ តែងសំដែងនូវឫទ្ធិបានច្រើនប្រការ គឺសូម្បីតែម្នាក់ ធ្វើឲ្យទៅជាច្រើននាក់ក៏បាន សូម្បីច្រើននាក់ ធ្វើឲ្យទៅជាមនុស្សម្នាក់ក៏បាន ទៅកាន់ទីវាល ជាទីខាងក្រៅ ខាងក្រៅជញ្ជាំង ខាងក្រៅកំពែង ខាងក្រៅភ្នំវិញ ឥតមានទើស ដូចជាគេដើរលើអាកាស។ ងើប មុជ ក្នុងផែនដី ដូចជាគេងើបមុជក្នុងទឹកក៏បាន។ ដើរលើទឹកក៏បាន ឥតមានបែកធ្លាយ ដូចជាគេដើរលើផែនដី។ អង្គុយពែនភ្នែន ទៅទាំងភ្នែនក្នុងអាកាសក៏បាន ដូចជាសត្វសកុណជាតិ ដែលមានស្លាប។ យកដៃស្ទាបអង្អែលព្រះចន្ទ្រ និងព្រះអាទិត្យទាំងនេះ ដែលមានឫទ្ធិច្រើនយ៉ាងនេះ មានអានុភាពច្រើនយ៉ាងនេះ ក៏បាន ឬញុំាងអំណាចកាយ ឲ្យអណ្តែតរហូតដល់ព្រហ្មលោកក៏បាន។
[១៦៤] ម្នាលសារីបុត្ត សុនក្ខត្តជាមោឃបុរស នឹងមិនបានត្រាស់ដឹងធម៌ ក្នុងតថាគតនេះថា ព្រះមានព្រះភាគអង្គនោះ មានសោតធាតុ ជាទិព្វដ៏បរិសុទ្ធ កន្លងហួសត្រចៀកមនុស្សធម្មតា រមែងឮសំឡេងពីរប្រការ គឺសំឡេងទិព្វ និងសំឡេងមនុស្ស ក្នុងទីឆ្ងាយក៏បាន ទីជិតក៏បាន។
[១៦៥] ម្នាលសារីបុត្ត សុនក្ខត្តជាមោឃបុរស នឹងមិនបានត្រាស់ដឹងធម៌ ក្នុងតថាគតនេះថា ព្រះមានព្រះភាគអង្គនោះ អាចកំណត់នូវចិត្តរបស់សត្វដទៃ បុគ្គលដទៃហើយ ជ្រាបច្បាស់ដោយព្រះទ័យបាន។ ចិត្តដែលប្រកបដោយរាគៈក្តី ក៏ជ្រាបច្បាស់ថា ចិត្តប្រកបដោយរាគៈ ចិត្តដែលប្រាសចាករាគៈក្តី ក៏ជ្រាបច្បាស់ថា ចិត្តប្រាសចាករាគៈ។ ចិត្តដែលប្រកបដោយទោសៈក្តី ក៏ជ្រាបច្បាស់ថា ចិត្តប្រកបដោយទោសៈ ចិត្តដែលប្រាសចាកទោសៈក្តី ក៏ជ្រាបច្បាស់ថា ចិត្តប្រាសចាកទោសៈ។ ចិត្តដែលប្រកបដោយមោហៈក្តី ក៏ជ្រាបច្បាស់ថា ចិត្តប្រកបដោយមោហៈ ចិត្តដែលប្រាសចាកមោហៈក្តី ក៏ជ្រាបច្បាស់ថា ចិត្តប្រាសចាកមោហៈ។ ចិត្តរួញរាក្តី ក៏ជ្រាបច្បាស់ថា ចិត្តរួញរា ចិត្តរាយមាយក្តី ក៏ជ្រាបច្បាស់ថា ចិត្តរាយមាយ។ ចិត្តដែលជាមហគ្គតៈ គឺរូបាវចរ និងអរូបាវចរក្តី… ចិត្តដែលមិនមែនជាមហគ្គតៈក្តី…។ ចិត្តដែលជាសឧត្តរៈ គឺលោកិយចិត្តក្តី… ចិត្តដែលជាអនុត្តរៈ គឺលោកុត្តរចិត្តក្តី…។ ចិត្តដែលតាំងមាំក្តី… ចិត្តដែលមិនបានតាំងមាំក្តី…។ ចិត្តដែលផុតស្រឡះចាកអាសវៈក្តី ក៏ជ្រាបច្បាស់ថា ចិត្តផុតស្រឡះចាកអាសវៈ ចិត្តដែលមិនទាន់ផុតចាកអាសវៈក្តី ក៏ជ្រាបច្បាស់ថា ចិត្តមិនទាន់ផុតចាកអាសវៈ។
[១៦៦] ម្នាលសារីបុត្ត តថាគតពលញ្ញាណ [អដ្ឋកថា ថា ព្រះតថាគត មានកំឡាំងកាយ១០ មានកំឡាំងញាណ ១០។ កំឡាំងកាយ១០នោះ គណនាតាមកំឡាំងដំរី១០ត្រកូល គឺកំឡាំងដំរីត្រកូលកាឡាវក ដំរីប្រក្រតី១០ ស្មើនឹងកំឡាំងដំរីត្រកូលគង្គេយ្យ១ កំឡាំងគង្គេយ្យ១០ ស្មើនឹងកំឡាំងដំរីត្រកូលបណ្ឌរ១ កំឡាំងបណ្ឌរ១០ ស្មើនឹងកំឡាំងដំរីត្រកូលតម្ព១ កំឡាំងតម្ព១០ ស្មើនឹងបិង្គល១ កំឡាំងបិង្គល១០ ស្មើនឹងកំឡាំងគន្ធ១ កំឡាំងគន្ធ១០ ស្មើនឹងមង្គល១ មង្គល១០ ស្មើនឹងហេមវត១ ហេមវត១០ ស្មើនឹងឧបោសថ១ ឧបោសថ១០ ស្មើនឹងកំឡាំងដំរីឆទ្ទន្ត១ កំឡាំងដំរីឆទ្ទន្ត១០ ទើបស្មើនឹងកំឡាំងកាយព្រះតថាគត១។ ដោយទំនងនេះ កំឡាំងកាយព្រះតថាគត១ ស្មើនឹងកំឡាំងដំរីប្រក្រតី១ពាន់កោដិ ឬស្មើនឹងកំឡាំងបុរស១០ពាន់កោដិ មានកំឡាំងព្រះកាយយ៉ាងនេះ១០ភាគ។ ចំណែកកំឡាំងព្រះញាណទាំង១០នោះ ដូចមានក្នុងសូត្រនេះស្រាប់។] របស់តថាគតនេះមាន១០ប្រការ គឺជាពលញ្ញាណ ដែលតថាគតបានប្រកបហើយ ទើបដឹងច្បាស់ នូវហេតុដ៏ប្រសើរ បន្លឺសីហនាទ ក្នុងបរិស័ទទាំងឡាយ ញ៉ាំងព្រហ្មចក្រ (ចក្រដ៏ប្រសើរ) ឲ្យប្រព្រឹត្តទៅ។ ឯ តថាគតពលញ្ញាណ ១០ តើដូចម្តេច។ ម្នាលសារីបុត្ត ព្រះតថាគតក្នុងលោកនេះ រមែងដឹងច្បាស់ នូវហេតុតាមហេតុផង ដឹងច្បាស់ នូវអំពើមិនមែនជាហេតុតាមអំពើមិនមែនជាហេតុផង តាមសេចក្តីពិត។ ម្នាលសារីបុត្ត ត្រង់ដែលព្រះតថាគតដឹងច្បាស់ នូវហេតុតាមហេតុផង ដឹងច្បាស់នូវអំពើមិនមែនជាហេតុ តាមអំពើមិនមែនជាហេតុផង តាមសេចក្តីពិត ម្នាលសារីបុត្ត នេះឯងជា តថាគតពលញ្ញាណ របស់តថាគតទី១ ជា ពលញ្ញាណ ដែលព្រះតថាគត តែងអាស្រ័យ ទើបបានដល់នូវថ្នាក់ដ៏ប្រសើរ បន្លឺសីហនាទ ក្នុងពួកបរិស័ទ ញ៉ាំងព្រហ្មចក្រ (ចក្រដ៏ប្រសើរ) ឲ្យប្រព្រឹត្តទៅ។ ម្នាលសារីបុត្ត មួយទៀត ព្រះតថាគត រមែងដឹងច្បាស់នូវវិបាក នៃកុសលកម្ម និង អកុសលកម្ម ដែលសត្វបានធ្វើហើយ ទាំងអតីត អនាគត និងបច្ចុប្បន្ន តាមបច្ច័យ តាមហេតុ ដោយសេចក្តីពិតមែន។ ម្នាលសារីបុត្ត ត្រង់ដែលតថាគត ដឹងច្បាស់នូវវិបាក នៃកុសល និងអកុសល ដែលសត្វបានធ្វើហើយ ទាំងអតីត អនាគត និងបច្ចុប្បន្ន តាមបច្ច័យ តាមហេតុ ដោយសេចក្តីពិត ម្នាលសារីបុត្ត នេះឯងជា តថាគតពលញ្ញាណ របស់តថាគត (ទី២) ជា ពលញ្ញាណ ដែលតថាគត តែងអាស្រ័យ ទើបបានដល់នូវថ្នាក់ដ៏ប្រសើរ បន្លឺឡើង នូវសីហនាទ ក្នុងបរិស័ទទាំងឡាយ ញ៉ាំងចក្រដ៏ប្រសើឲ្យប្រព្រឹត្តទៅ។ ម្នាលសារីបុត្ត មួយទៀត តថាគត ដឹងច្បាស់នូវ បដិបទា ជាដំណើរ ទៅកាន់សុគតិ និងទុគ្គតិ ក្នុងទីទាំងពួង តាមសេចក្តីពិត។ ម្នាលសារីបុត្ត ត្រង់ដែលព្រះតថាគត ដឹងច្បាស់នូវ បដិបទា ដំណើរទៅកាន់សុគតិ និងទុគ្គតិ ក្នុងទីទាំងពួង ម្នាលសារីបុត្ត នេះឯងជា តថាគតពលញ្ញាណ របស់ព្រះតថាគត (ទី៣) ជាពលញ្ញាណ ដែលព្រះតថាគត តែងអាស្រ័យហើយ ទើបដល់នូវថ្នាក់ដ៏ប្រសើរ បន្លឺសីហនាទ ក្នុងបរិស័ទទាំងឡាយ ញ៉ាំងព្រហ្មចក្រដ៏ប្រសើ ឲ្យប្រព្រឹត្តទៅ។ ម្នាលសារីបុត្ត មួយទៀត តថាគត ដឹងច្បាស់នូវលោក [អដ្ឋកថា ថា បានដល់ខន្ធ អាយតនៈ ធាតុ។] ដែលមានធាតុ [បានដល់ចក្ខុធាតុ ជាដើម ឬកាមធាតុជាដើម។] ច្រើនយ៉ាង មានធាតុ [បានដល់លក្ខណៈផ្សេងៗ របស់ធាតុទាំងនោះ។]ផ្សេងៗគ្នា តាមសេចក្តីពិត។ ម្នាលសារីបុត្ត ត្រង់ដែលតថាគត ដឹងច្បាស់នូវលោក ដែលមានធាតុច្រើនយ៉ាង មានធាតុផ្សេងៗគ្នា តាមសេចក្តីពិត ម្នាលសារីបុត្ត នេះឯងជា តថាគតពលញ្ញាណ (ទី៤) ជា ពលញ្ញាណ ដែលព្រះតថាគត បានដល់នូវថ្នាក់ដ៏ប្រសើរ ទើបបន្លឺសីហនាទ ក្នុងពួកបរិស័ទទាំងឡាយ ញ៉ាំងព្រហ្មចក្រ ឲ្យប្រព្រឹត្តទៅ។ ម្នាលសារីបុត្ត មួយទៀត ព្រះតថាគត ដឹងច្បាស់ នូវអធ្យាស្រ័យផ្សេងៗគ្នា របស់សត្វទាំងឡាយ តាមសេចក្តីពិត ។ ម្នាលសារីបុត្ត ត្រង់ដែលព្រះតថាគត ដឹងច្បាស់នូវអធ្យាស្រ័យផ្សេងៗគ្នា របស់សត្វទាំងឡាយ តាមសេចក្តីពិត ម្នាលសារីបុត្ត នេះឯងជា តថាគតពលញ្ញាណ របស់ព្រះតថាគត (ទី៥) ជា ពលញ្ញាណ ដែលព្រះតថាគត តែងអាស្រ័យហើយ ទើបបានដល់នូវថ្នាក់ដ៏ប្រសើរ បន្លឺសីហនាទ ក្នុងបរិស័ទទាំងឡាយ ញ៉ាំងព្រហ្មចក្រ ឲ្យប្រព្រឹតទៅ។ ម្នាលសារីបុត្ត មួយទៀត តថាគតដឹងច្បាស់ នូវឥន្ទ្រិយក្លៀវក្លា និងទន់ របស់ពួកសត្វដទៃ [សំដៅពួកសត្វជាមេ ជាប្រធាន។] របស់ពួកបុគ្គលដទៃ [សំដៅពួកសត្វថោកទាប។] តាមសេចក្តីពិត។ ម្នាលសារីបុត្ត ត្រង់ដែលព្រះតថាគត ដឹងច្បាស់ នូវឥន្ទ្រិយក្លៀវក្លា និងទន់ របស់ពួកសត្វដទៃ ពួកបុគ្គលដទៃ តាមសេចក្តីពិត ម្នាលសារីបុត្ត នេះឯងជា តថាគតពលញ្ញាណ របស់ព្រះតថាគត(ទី៦) ជា ពលញ្ញាណ ដែលព្រះតថាគត តែងអាស្រ័យហើយ ទើបបានដល់នូវថ្នាក់ដ៏ប្រសើរ បន្លឺសីហនាទ ក្នុងបរិស័ទទាំងឡាយ ញ៉ាំងព្រហ្មចក្រ ឲ្យប្រព្រឹត្តទៅ។ ម្នាលសារីបុត្ត មួយទៀត ព្រះតថាគត ដឹងច្បាស់នូវ សេចក្តីសៅហ្មង សេចក្តីផូរផង់ និងការចេញនៃ ឈាន វិមោក្ខ សមាធិ និងសមាបត្តិទាំងឡាយ តាមសេចក្តីពិត។ ម្នាលសារីបុត្ត ត្រង់ដែលព្រះតថាគត ដឹងច្បាស់ នូវសេចក្តីសៅហ្មង សេចក្តីផូរផង់ និងការចេញនៃឈាន វិមោក្ខ សមាធិ និងសមាបត្តិទាំងឡាយ តាមសេចក្តីពិត ម្នាលសារីបុត្ត នេះឯងជា តថាគតពលញ្ញាណ របស់ព្រះតថាគត(ទី៧) ជា ពលញ្ញាណ ដែលព្រះតថាគត តែងអាស្រ័យហើយ ទើបបានដល់នូវថ្នាក់ដ៏ប្រសើរ បន្លឺសីហនាទ ក្នុងបរិស័ទទាំងឡាយ ញ៉ាំងព្រហ្មចក្រ ឲ្យប្រព្រឹត្តទៅ។ ម្នាលសារីបុត្ត មួយទៀត តថាគត រលឹកជាតិ ដែលបាននៅអាស្រ័យ ក្នុងកាលមុន ជាអនេកជាតិ គឺរលឹកបាន ១ជាតិ ២ជាតិ ៣ជាតិ ៤ជាតិ ៥ជាតិ ១០ជាតិ ២០ជាតិ ៣០ជាតិ ៤០ជាតិ ៥០ជាតិ ១០០ជាតិ ១ពាន់ជាតិ ១សែនជាតិក៏បាន រលឹកបានច្រើនសំវដ្តកប្ប ច្រើនវិវដ្តកប្ប ច្រើនសំវដ្ដវិវដ្តកប្បក៏បាន ថាក្នុងភពឯណោះ អាត្មាអញ មានឈ្មោះយ៉ាងនេះ មានគោត្រយ៉ាងនេះ មានសម្បុរយ៉ាងនេះ មានអាហារយ៉ាងនេះ បានទទួលសុខទុក្ខយ៉ាងនេះ មានកំណត់អាយុត្រឹមប៉ុណ្ណេះ អាត្មាអញនោះ ច្យុតចាកអត្តភាពនោះហើយ បានទៅកើតក្នុងភពឯណោះ ដែលទៅកើតក្នុងភពឯណោះទៀត អាត្មាអញ ក៏មានឈ្មោះយ៉ាងនេះ មានគោត្រយ៉ាងនេះ មានសម្បុរយ៉ាងនេះ មានអាហារយ៉ាងនេះ ទទួលសុខទុក្ខយ៉ាងនេះ មានកំណត់អាយុត្រឹមប៉ុណ្ណេះ លុះអាត្មាអញនោះ ច្យុតចាកអត្តភាពនោះហើយ ទើបមកកើតក្នុងភពនេះឯង។ ព្រះតថាគត រលឹកជាតិ ដែលបាននៅអាស្រ័យ ក្នុងកាលមុន ជាអនេកជាតិ ព្រមទាំងអាការ ព្រមទាំងឧទ្ទេស យ៉ាងនេះឯង។ ម្នាលសារីបុត្ត ត្រង់ដែលព្រះតថាគត រលឹកជាតិ ដែលបាននៅអាស្រ័យ ក្នុងកាលមុន ជាអនេកជាតិ គឺរលឹកបាន ១ជាតិ ២ជាតិ។បេ។ រលឹកជាតិ ដែលបាននៅអាស្រ័យ ក្នុងកាលមុន ជាអនេកជាតិ ព្រមទាំងអាការ ព្រមទាំងឧទ្ទេស យ៉ាងនេះ ម្នាលសារីបុត្ត នេះឯងជា តថាគតពលញ្ញាណ របស់ព្រះតថាគត(ទី៨) ជា ពលញ្ញាណ ដែលព្រះតថាគត តែងអាស្រ័យហើយ ទើបបានដល់នូវថ្នាក់ដ៏ប្រសើរ បន្លឺសីហនាទ ក្នុងបរិស័ទទាំងឡាយ ញ៉ាំងព្រហ្មចក្រ ឲ្យប្រព្រឹត្តទៅ។ ម្នាលសារីបុត្ត មួយទៀត ព្រះតថាគត មានចក្ខុដូចជាទិព្វ ដ៏បរិសុទ្ធ កន្លងហួសចក្ខុ របស់មនុស្សធម្មតា តែងឃើញនូវសត្វទាំងឡាយ កំពុងច្យុត កំពុងកើត ជាសត្វទាបថោកខ្លះ ខ្ពង់ខ្ពស់ខ្លះ មានសម្បុរល្អខ្លះ មានសម្បុរអាក្រក់ខ្លះ មានគតិល្អខ្លះ មានគតិអាក្រក់ខ្លះ ដឹងច្បាស់នូវសត្វទាំងឡាយ ដែលអន្ទោលទៅតាមកម្ម (របស់ខ្លួន) ថា អើហ្ន៎ សត្វទាំងអម្បាលនេះ។បេ។ រមែងដឹងច្បាស់ (យ៉ាងនេះឯង)។ ម្នាលសារីបុត្ត ត្រង់ដែលព្រះតថាគត មានចក្ខុ ដូចជាទិព្វ ដ៏បរិសុទ្ធ កន្លងហួសចក្ខុ របស់មនុស្សធម្មតា តែងឃើញនូវសត្វទាំងឡាយ ដែលច្យុត ដែលកើត ជាសត្វទាបថោកខ្លះ ខ្ពង់ខ្ពស់ខ្លះ មានសម្បុរល្អខ្លះ មានសម្បុរអាក្រក់ខ្លះ មានគតិល្អខ្លះ មានគតិអាក្រក់ខ្លះ ដឹងច្បាស់នូវសត្វទាំងឡាយ ដែលអន្ទោលទៅតាមកម្ម (របស់ខ្លួន) ថា អើហ្ន៎ សត្វទាំងអម្បាលនេះ។បេ។ រមែងដឹងច្បាស់ (យ៉ាងនេះឯង) ម្នាលសារីបុត្ត នេះឯងជា តថាគតពលញ្ញាណ របស់ព្រះតថាគត(ទី៩) ជា ពលញ្ញាណ ដែលព្រះតថាគត តែងអាស្រ័យហើយ ទើបបានដល់នូវថ្នាក់ដ៏ប្រសើរ បន្លឺសីហនាទ ក្នុងបរិស័ទទាំងឡាយ ញ៉ាំងព្រហ្មចក្រ ឲ្យប្រព្រឹត្តទៅ។ ម្នាលសារីបុត្ត មួយទៀត ព្រះតថាគត បានធ្វើឲ្យជាក់ច្បាស់នូវ ចេតោវិមុត្តិ នូវបញ្ញាវិមុត្តិ មិនមានអាសវៈ ព្រោះអស់ទៅនៃអាសៈទាំងឡាយ ដោយប្រាជ្ញារបស់ខ្លួន ក្នុងបច្ចុប្បន្ន ហើយសម្រេចសម្រាន្តនៅ ដោយឥរិយាបថ៤។ ម្នាលសារីបុត្ត ត្រង់ដែលព្រះតថាគត បានធ្វើឲ្យជាក់ច្បាស់ នូវចេតោវិមុត្តិ នូវបញ្ញាវិមុត្តិ មិនមានអាសវៈ ព្រោះអស់ទៅនៃអាសៈទាំងឡាយ ដោយប្រាជ្ញារបស់ខ្លួន ក្នុងបច្ចុប្បន្ន ហើយសម្រេចសម្រាន្តនៅ ដោយឥរិយាបថ៤ ម្នាលសារីបុត្ត នេះឯងជា តថាគតពលញ្ញាណ របស់ព្រះតថាគត(ទី១០) ជា ពលញ្ញាណ ដែលព្រះតថាគត តែងអាស្រ័យហើយ ទើបបានដល់នូវថ្នាក់ដ៏ប្រសើរ បន្លឺសីហនាទ ក្នុងបរិស័ទទាំងឡាយ ញ៉ាំងព្រហ្មចក្រ ឲ្យប្រព្រឹត្តទៅ។ ម្នាលសារីបុត្ត តថាគតពលញ្ញាណ ទាំង១០ប្រការ របស់ព្រះតថាគតនេះឯង ជា ពលញ្ញាណ ដែលតថាគត បានប្រកបហើយ ទើបបានដល់នូវថ្នាក់ដ៏ប្រសើរ បន្លឺសីហនាទ ក្នុងបរិស័ទទាំងឡាយ ញុំាងព្រហ្មចក្រ ឲ្យប្រព្រឹត្តទៅ។ ម្នាលសារីបុត្ត បុគ្គលណាពោលយ៉ាងនេះ ចំពោះតថាគត ដែលដឹងយ៉ាងនេះ ដែលឃើញយ៉ាងនេះថា គុណវិសេស គឺញាណទស្សនៈ ជាគុណអាចធ្វើខ្លួនឲ្យជាអរិយៈ ដ៏ក្រៃលែង ជាងមនុស្សធម៌ នៃព្រះសមណគោតម មិនមានទេ ព្រះសមណគោតម សំដែងធម៌ ដែលខ្លួនស្រាវជ្រាវបានមក ដោយសេចក្តីត្រិះរិះ ដែលខ្លួនស្ទាបស្ទង់ ដោយការពិចារណា ជាការឈ្លាសវៃដោយខ្លួនឯងដូច្នេះ ម្នាលសារីបុត្ត បុគ្គលនោះឯង បើមិនលះបង់វាចានោះទេ មិនលះបង់ចិត្តនោះទេ មិនលះបង់ទិដ្ឋិនោះទេ នឹងធ្លាក់ទៅរងទុក្ខក្នុងនរក ដូចជាគេនាំយកទៅទម្លាក់យ៉ាងនោះឯង។ ម្នាលសារីបុត្ត ភិក្ខុបរិបូណ៌ដោយសីលហើយ បរិបូណ៌ដោយសមាធិហើយ បរិបូណ៌ដោយបញ្ញាហើយ រមែងសម្រេចនូវអរហត្តផល ក្នុងបច្ចុប្បន្ននេះឯង យ៉ាងណាមិញ ម្នាលសារីបុត្ត តថាគត ពោលនូវហេតុ (នៃការមិនលះបង់ នូវវាចាជាដើម របស់បុគ្គលនោះ) ថាមានឧបមេយ្យប្រហែលគ្នា យ៉ាងនោះដែរ។ បុគ្គលនោះ បើមិនលះបង់នូវវាចានោះទេ មិនលះបង់នូវចិត្តនោះទេ មិនលះបង់នូវទិដ្ឋិនោះទេ នឹងធ្លាក់ទៅរងទុក្ខក្នុងនរក ដូចជាគេនាំយកទៅទម្លាក់ យ៉ាងនោះឯង។
[១៦៧] ម្នាលសារីបុត្ត ព្រះតថាគតប្រកបហើយដោយ វេសារជ្ជញ្ញាណ ទាំងឡាយណា ទើបបានដល់នូវថ្នាក់ដ៏ប្រសើរ បន្លឺសីហនាទ ក្នុងបរិស័ទទាំងឡាយ ញុំាងព្រហ្មចក្រ ឲ្យប្រព្រឹត្តទៅ វេសារជ្ជញ្ញាណ របស់ព្រះតថាគតនេះ មាន៤យ៉ាង។ វេសារជ្ជញ្ញាណ ទាំង៤ ដូចម្តេច។ ម្នាលសារីបុត្ត ព្រះតថាគត ពិចារណាមិនឃើញ នូវនិមិត្ត [សំដៅយកបុគ្គលខ្លះ ធម៌ខ្លះ។ អធិប្បាយថា ព្រះអង្គមិនឃើញបុគ្គលណាមួយ ដែលហ៊ានចោទព្រះអង្គ ឬមិនឃើញមានធម៌ណាមួយ ដែលគេលើកឡើងចោទថា ធម៌នេះ ព្រះអង្គមិនបានត្រាស់ដឹងទេ។ អដ្ឋកថា កែពាក្យថា និមិត្តនេះ ប្រែថា កំណត់ស្លាកស្នាម ស្រមោល មូលហេតុគ្រឿងសំគាល់ក៏បាន។]នេះឡើយថា សមណៈក្តី ព្រាហ្មណ៍ក្តី ទេវតាក្តី មារក្តី ព្រហ្មក្តី ឬនរណាមួយក្នុងលោកនេះ នឹងចោទតថាគតប្រកបដោយហេតុ ក្នុងធម៌ទាំងឡាយនោះថា ព្រះអង្គគ្រាន់តែប្តេជ្ញាខ្លួន ថាជាអ្នកត្រាស់ដឹងដោយប្រពៃ តែធម៌ទាំងនេះ ព្រះអង្គឥតបានត្រាស់ដឹងឡើយ ម្នាលសារីបុត្ត តថាគត កាលពិចារណាមិនឃើញ នូវនិមិត្តនុ៎ះហើយ ក៏ដល់នូវសេចក្តីក្សេមក្សាន្ត មិនដល់នូវភ័យ ដល់នូវភាវៈ ជាអ្នកក្លៀវក្លា១។ ម្នាលសារីបុត្ត តថាគត ពិចារណាមិនឃើញ នូវនិមិត្តនេះឡើយថា សមណៈក្តី ព្រាហ្មណ៍ក្តី ទេវតាក្តី មារក្តី ព្រហ្មក្តី ឬនរណាមួយ ក្នុងលោកនេះ នឹងចោទតថាគតប្រកបដោយហេតុ ក្នុងធម៌ទាំងឡាយនោះថា ព្រះអង្គគ្រាន់តែប្តេជ្ញាខ្លួន ថាជាអ្នកអស់អាសវៈ តែព្រះអង្គមិនទាន់អស់អាសវៈទាំងនេះទេ ម្នាលសារីបុត្ត តថាគត កាលពិចារណាមិនឃើញ នូវនិមិត្តនុ៎ះហើយ ក៏បានដល់នូវសេចក្តីក្សេមក្សាន្ត មិនដល់នូវភ័យ ដល់នូវភាវៈ ជាអ្នកក្លៀវក្លា១។ ម្នាលសារីបុត្ត តថាគត ពិចារណាមិនឃើញ នូវនិមិត្តនេះឡើយថា សមណៈក្តី ព្រាហ្មណ៍ក្តី ទេវតាក្តី មារក្តី ព្រហ្មក្តី ឬនរណាមួយ ក្នុងលោកនេះ នឹងចោទតថាគត ប្រកបដោយហេតុ ក្នុងធម៌ទាំងឡាយនោះថា ធម៌ទាំងឡាយណា ដែលព្រះអង្គពោលថា ជាធម៌ធ្វើនូវសេចក្តីអន្តរាយ [សំដៅយកមេថុនធម្ម ព្រោះថា កាលបើបុគ្គល សេពមេថុនធម្ម នឹងដល់នូវសេចក្តីអន្តរាយមគ្គផល។ អដ្ឋកថា។] ឯធម៌ទាំងឡាយនោះ មិនគួរដល់នូវសេចក្តីអន្តរាយ ចំពោះបុគ្គលណាមួយ ដែលសេពឡើយ ម្នាលសារីបុត្ត តថាគត កាលពិចារណាមិនឃើញ នូវនិមិត្តនុ៎ះ ក៏បានដល់នូវសេចក្តីក្សេមក្សាន្ត មិនដល់នូវភ័យ ដល់នូវភាវៈ ជាអ្នកក្លៀវក្លា១។ ម្នាលសារីបុត្ត តថាគត ពិចារណាមិនឃើញ នូវនិមិត្តនេះឡើយថា សមណៈក្តី ព្រាហ្មណ៍ក្តី ទេវតាក្តី មារក្តី ព្រហ្មក្តី ឬនរណាមួយ ក្នុងលោកនេះ នឹងចោទតថាគត ប្រកបដោយហេតុ ក្នុងនិយ្យានិកធម៌នោះថា ធម៌ដែលព្រះអង្គសំដែងហើយ ដើម្បីប្រយោជន៍ ដល់គុណវិសេសណា គុណវិសេសនោះ មិនប្រព្រឹត្តទៅ ដើម្បីអស់ទៅ នៃទុក្ខដោយប្រពៃ ដល់បុគ្គលអ្នកធ្វើតាមធម៌នោះទេ ម្នាលសារីបុត្ត តថាគត កាលពិចារណាមិនឃើញ នូវនិមិត្តនុ៎ះ ក៏បានដល់នូវសេចក្តីក្សេមក្សាន្ត មិនដល់នូវភ័យ ដល់នូវភាវៈ ជាអ្នកក្លៀវក្លា១។ ម្នាលសារីបុត្ត តថាគត ប្រកបដោយវេសារជ្ជញ្ញាណទាំងឡាយណាហើយ បានដល់នូវថ្នាក់ដ៏ប្រសើរ បន្លឺសីហនាទ ក្នុងបរិសទ្យទាំងឡាយ ញុំាងព្រហ្មចក្រ ឲ្យប្រព្រឹត្តទៅ វេសារជ្ជញ្ញាណ របស់ព្រះតថាគត មាន៤នេះឯង។ ម្នាលសារីបុត្ត បុគ្គលណា ពោលយ៉ាងនេះ ចំពោះតថាគត ដែលដឹងយ៉ាងនេះ ដែលឃើញយ៉ាងនេះថា គុណវិសេស គឺញាណទស្សនៈ ជាគុណអាចធ្វើខ្លួនឲ្យជាអរិយៈ ដ៏ក្រៃលែង ជាងមនុស្សធម៌ នៃព្រះសមណគោតម មិនមាន ព្រះសមណគោតម សំដែងធម៌ ដែលខ្លួនស្រាវជ្រាវបានមក ដោយសេចក្តីត្រិះរិះ ដែលខ្លួនស្ទាបស្ទង់ ដោយការពិចារណា ជាសេចក្តីឈ្លាសវៃ ដោយខ្លួនឯងដូច្នេះ ម្នាលសារីបុត្ត បុគ្គលនោះឯង បើមិនលះបង់នូវវាចានោះទេ មិនលះបង់នូវចិត្តនោះទេ មិនលះបង់នូវទិដ្ឋិនោះទេ នឹងធ្លាក់ទៅរងទុក្ខក្នុងនរក ដូចជាគេនាំយកទៅទម្លាក់ យ៉ាងនោះដែរ។ ម្នាលសារីបុត្ត ភិក្ខុបរិបូណ៌ដោយសីលហើយ បរិបូណ៌ដោយសមាធិហើយ បរិបូណ៌ដោយបញ្ញាហើយ រមែងសម្រេចនូវអរហត្តផល ក្នុងបច្ចុប្បន្ននេះឯង យ៉ាងណាមិញ ម្នាលសារីបុត្ត តថាគត ពោលនូវហេតុនេះ ជាគ្រឿងផ្តល់នូវពាក្យឧបមេយ្យ ក៏យ៉ាងនោះដែរ។ បុគ្គលនោះ បើមិនលះបង់នូវវាចានោះទេ មិនលះបង់នូវចិត្តនោះទេ មិនលះបង់នូវទិដ្ឋិនោះទេ នឹងធ្លាក់ទៅរងទុក្ខក្នុងនរក ដូចជាគេនាំយកទៅទំលាក់ យ៉ាងនោះដែរ។
[១៦៨] ម្នាលសារីបុត្ត បរិសទ្យនេះ មាន៨ពួក បរិសទ្យទាំង៨ពួក តើដូចម្តេច គឺខត្តិយបរិសទ្យ១ ព្រាហ្មណបរិសទ្យ១ គហបតិបរិសទ្យ១ សមណបរិសទ្យ១ ចាតុម្មហារាជិកបរិសទ្យ១ តាវត្តឹសបរិសទ្យ១ មារបរិសទ្យ១ ព្រហ្មបរិសទ្យ១ ម្នាលសារីបុត្ត បរិសទ្យ មាន៨ពួកនេះឯង។ ម្នាលសារីបុត្ត ព្រះតថាគត ប្រកបព្រមដោយ វេសារជ្ជញ្ញាណ៤យ៉ាងនេះឯង តែងចូលទៅរក តែងចូលទៅជិត នូវពួកបរិសទ្យទាំង៨នេះ។ ម្នាលសារីបុត្ត តថាគតធ្លាប់ចូលទៅរកខត្តិយបរិសទ្យជាច្រើនរយនាក់ តថាគត ធ្លាប់អង្គុយប្រជុំផង ធ្លាប់ចរចាផង ធ្លាប់ជួបប្រទះសាកច្ឆាផង ក្នុងពួកខត្តិយបរិសទ្យទាំងនោះ ម្នាលសារីបុត្ត តថាគត ពិចារណាមិនឃើញនូវនិមិត្តនេះថា ភ័យ ឬសេចក្តីតក់ស្លុត នឹងគ្របសង្កត់តថាគត ក្នុងពួកខត្តិយបរិសទ្យនោះ ដូច្នេះឡើយ ម្នាលសារីបុត្ត តថាគត កាលពិចារណាមិនឃើញនូវនិមិត្តនុ៎ះ។បេ។ ម្នាលសារីបុត្ត តថាគតធ្លាប់ចូលទៅរកព្រាហ្មណបរិសទ្យ គហបតិបរិសទ្យ សមណបរិសទ្យ ចាតុម្មហារាជិកបរិសទ្យ តាវត្តឹសបរិសទ្យ មារបរិសទ្យ និងព្រហ្មបរិសទ្យ ជាច្រើនរយនាក់ តថាគត ធ្លាប់អង្គុយប្រជុំផង ធ្លាប់ចរចាផង ធ្លាប់ជួបប្រទះសាកច្ឆាផង ក្នុងពួកបរិសទ្យទាំងនោះ ម្នាលសារីបុត្ត តថាគត ពិចារណាមិនឃើញ នូវនិមិត្តនុ៎ះថា ភ័យ ឬសេចក្តីតក់ស្លុត នឹងគ្របសង្កត់តថាគត ក្នុងពួកបរិសទ្យនោះ ដូច្នេះឡើយ ម្នាលសារីបុត្ត តថាគត កាលពិចារណាមិនឃើញនូវនិមិត្តនុ៎ះ ក៏បានដល់នូវសេចក្តីក្សេមក្សាន្ត។បេ។ ម្នាលសារីបុត្ត បុគ្គលណា ពោលយ៉ាងនេះ ចំពោះតថាគត ដែលដឹងយ៉ាងនេះ ដែលឃើញយ៉ាងនេះថា គុណវិសេស គឺញាណទស្សនៈ ដែលអាចធ្វើខ្លួនឲ្យជាអរិយៈ ដ៏ក្រៃលែង ជាងមនុស្សធម៌ នៃព្រះសមណគោតម មិនមានទេ ព្រះសមណគោតម សំដែងធម៌ ដែលខ្លួនស្រាវជ្រាវបានមក ដោយសេចក្តីត្រិះរិះ ដែលខ្លួនស្ទាបស្ទង់ ដោយការពិចារណា ជាការឈ្លាសវៃ ដោយខ្លួនឯងដូច្នេះ ម្នាលសារីបុត្ត បុគ្គលនោះ បើមិនលះបង់វាចានោះទេ មិនលះបង់ចិត្តនោះទេ មិនលះបង់ទិដ្ឋិនោះទេ នឹងធ្លាក់ទៅរងទុក្ខក្នុងនរក ដូចជាគេនាំយកទៅទម្លាក់ យ៉ាងនោះឯង។ ម្នាលសារីបុត្ត ភិក្ខុបរិបូណ៌ដោយសីលហើយ បរិបូណ៌ដោយសមាធិហើយ បរិបូណ៌ដោយបញ្ញាហើយ រមែងសម្រេចនូវអរហត្តផល ក្នុងបច្ចុប្បន្ននេះបាន យ៉ាងណាមិញ ម្នាលសារីបុត្ត តថាគត ពោលនូវហេតុនេះ ជាគ្រឿងផ្តល់នូវពាក្យឧបមេយ្យ ក៏យ៉ាងនោះដែរ។ បុគ្គលនោះ បើមិនលះបង់នូវវាចានោះទេ មិនលះបង់នូវចិត្តនោះទេ មិនលះបង់នូវទិដ្ឋិនោះចេញទេ នឹងធ្លាក់ទៅរងទុក្ខក្នុងនរក ដូចជាគេនាំយកទៅទំលាក់ យ៉ាងនោះឯង។
[១៦៩] ម្នាលសារីបុត្ត កំណើត (របស់សត្វ) នេះមាន៤ កំណើតទាំង៤ តើដូចម្តេច គឺកំណើតដែលកើតអំពីស៊ុត១ កំណើតដែលកើតអំពីទឹក១ កំណើតដែលកើតអំពីញើស១ កំណើតហាក់ដូចជាអណ្តែតទៅកើត១។ ម្នាលសារីបុត្ត ចុះកំណើតដែលកើតអំពីស៊ុតនោះ ដូចម្តេច ម្នាលសារីបុត្ត សត្វទាំងឡាយ ដែលទំលាយនូវសំបកស៊ុត ហើយកើតចេញមក ម្នាលសារីបុត្ត នេះតថាគតហៅថា កំណើតដែលកើតអំពីស៊ុត។ ម្នាលសារីបុត្ត ចុះកំណើតដែលកើតអំពីទឹក តើដូចម្តេច ម្នាលសារីបុត្ត សត្វទាំងឡាយ ដែលទំលាយនូវស្រោមទឹកភ្លោះ ហើយកើត ម្នាលសារីបុត្ត នេះតថាគតហៅថា កំណើតដែលកើតអំពីទឹក។ ម្នាលសារីបុត្ត កំណើតដែលកើតអំពីញើស តើដូចម្តេច ម្នាលសារីបុត្ត សត្វទាំងឡាយ ដែលកើតក្នុងត្រីស្អុយក្តី ក្នុងសាកសពស្អុយក្តី ក្នុងនំប្អូមក្តីក្នុងរណ្តៅជ្រាំក្តី ក្នុងប្រលាយទឹកសំអុយក្តី ម្នាលសារីបុត្ត នេះតថាគតហៅថា កំណើតដែលកើតអំពីញើសក្អែល។ ម្នាលសារីបុត្ត ចុះកំណើតហាក់ដូចជាអណ្តែតទៅកើត តើដូចម្តេច ពួកទេវតា ពួកសត្វនរក មនុស្សពួកខ្លះ និងវិនិបាតពួកខ្លះ ម្នាលសារីបុត្ត នេះតថាគតហៅថា កំណើតហាក់ដូចជាអណ្តែតទៅកើត។ ម្នាលសារីបុត្ត កំណើត (របស់សត្វ) មាន៤នេះឯង។ម្នាលសារីបុត្ត បុគ្គលណាពោលយ៉ាងនេះ ចំពោះតថាគត ដែលដឹងយ៉ាងនេះ ដែលឃើញយ៉ាងនេះថា គុណវិសេស គឺញាណទស្សនៈ ដែលអាចធ្វើខ្លួនឲ្យជាអរិយៈ ដ៏ក្រៃលែងជាងមនុស្សធម៌នៃព្រះសមណគោតម មិនមានទេ ព្រះសមណគោតម សំដែងធម៌ដែលខ្លួនស្រាវជ្រាវបានមក ដោយសេចក្តីត្រិះរិះ ដែលខ្លួនស្ទាបស្ទង់ ដោយការពិចារណា ជាការឈ្លាសវៃដោយខ្លួនឯង ដូច្នេះ ម្នាលសារីបុត្ត បុគ្គលនោះ បើមិនលះបង់នូវវាចានោះទេ មិនលះបង់នូវចិត្តនោះទេ មិនលះបង់នូវទិដ្ឋិនោះចេញទេ នឹងធ្លាក់ទៅរងទុក្ខ ក្នុងនរកដូចជាគេនាំយកទៅទំលាក់យ៉ាងនោះឯង។ ម្នាលសារីបុត្ត ភិក្ខុបរិបូណ៌ដោយសីលហើយ បរិបូណ៌ដោយសមាធិហើយ បរិបូណ៌ដោយបញ្ញាហើយ រមែងសម្រេចនូវអរហត្តផល ក្នុងបច្ចុប្បន្ននេះឯង យ៉ាងណាមិញ តថាគត ពោលនូវហេតុនេះ ជាគ្រឿងផ្តល់ពាក្យឧបមេយ្យ ក៏យ៉ាងនោះដែរ។ បុគ្គលនោះ បើមិនលះបង់នូវវាចានោះទេ មិនលះបង់នូវចិត្តនោះទេ មិនលះបង់នូវទិដ្ឋិនោះចេញទេ នឹងធ្លាក់ទៅរងទុក្ខ ក្នុងនរក ដូចជាគេនាំយកទៅទំលាក់ យ៉ាងនោះឯង។
[១៧០] ម្នាលសារីបុត្ត គតិនេះមាន៥ប្រការ គតិ៥ប្រការ តើដូចម្តេច គឺនរក១ កំណើតតិរច្ឆាន១ បិត្តិវិស័យ១ ពួកមនុស្ស១ ពួកទេវតា១។ ម្នាលសារីបុត្ត តថាគត ស្គាល់នរកផង ស្គាល់ផ្លូវជាទីទៅកាន់នរកផង ស្គាល់សេចក្តីប្រតិបត្តិ ជាទីទៅកាន់នរកផង ឯបុគ្គលប្រតិបត្តិយ៉ាងណាហើយ លុះបែកធ្លាយរាងកាយខាងមុខ អំពីសេចក្តីស្លាប់ទៅ រមែងទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក តថាគតស្គាល់ច្បាស់នូវប្រតិបត្តិនោះផង។ ម្នាលសារីបុត្ត តថាគត ស្គាល់ច្បាស់នូវកំណើតតិរច្ឆានផង ស្គាល់ច្បាស់នូវផ្លូវជាទីទៅកាន់កំណើតតិរច្ឆានផង ស្គាល់ច្បាស់នូវសេចក្តីប្រតិបត្តិ ជាទីទៅកាន់កំណើតតិរច្ឆានផង ឯបុគ្គលប្រតិបត្តិយ៉ាងណាហើយ លុះបែកធ្លាយរាងកាយ ខាងមុខអំពីមរណៈទៅកើតក្នុងកំណើតតិរច្ឆាន តថាគតស្គាល់ច្បាស់នូវសេចក្តីប្រតិបត្តិនោះផង។ ម្នាលសារីបុត្ត តថាគតស្គាល់ច្បាស់នូវបិត្តិវិស័យផង ស្គាល់ច្បាស់នូវផ្លូវជាទីទៅកាន់បិត្តិវិស័យផង ស្គាល់ច្បាស់នូវសេចក្តីប្រតិបត្តិ ជាទីទៅកាន់បិត្តិវិស័យផង ឯបុគ្គលប្រតិបត្តិយ៉ាងណាហើយ លុះបែកធ្លាយរាងកាយ ខាងមុខអំពីមរណៈ ទៅកើតក្នុងបិត្តិវិស័យ តថាគត ក៏ស្គាល់ច្បាស់នូវសេចក្តីប្រតិបត្តិនោះផង។ ម្នាលសារីបុត្ត តថាគតស្គាល់ច្បាស់នូវមនុស្សទាំងឡាយផង ស្គាល់ច្បាស់នូវផ្លូវជាទីទៅកាន់មនុស្សលោកផង ស្គាល់ច្បាស់នូវសេចក្តីប្រតិបត្តិ ជាទីទៅកាន់មនុស្សលោកផង ឯបុគ្គលប្រតិបត្តិយ៉ាងណាហើយ លុះបែកធ្លាយរាងកាយ ខាងមុខអំពីមរណៈ ទៅកើតក្នុងមនុស្សលោក តថាគត ស្គាល់ច្បាស់នូវសេចក្តីប្រតិបត្តិនោះ។ ម្នាលសារីបុត្ត តថាគតស្គាល់ច្បាស់នូវទេវតាទាំងឡាយផង ស្គាល់ច្បាស់នូវផ្លូវជាទីទៅកាន់ទេវលោកផង ស្គាល់ច្បាស់នូវសេចក្តីប្រតិបត្តិ ជាទីទៅកាន់ទេវលោកផង ឯបុគ្គលប្រតិបត្តិយ៉ាងណា លុះបែកធ្លាយរាងកាយ ខាងមុខអំពីមរណៈ ទៅកើតក្នុងសុគតិ សួគ៌ ទេវលោក តថាគត ស្គាល់ច្បាស់នូវសេចក្តីប្រតិបត្តិនោះផង។ ម្នាលសារីបុត្ត តថាគតស្គាល់ច្បាស់នូវព្រះនិព្វានផង ស្គាល់ច្បាស់នូវផ្លូវជាទីទៅកាន់ព្រះនិព្វានផង ស្គាល់ច្បាស់នូវសេចក្តីប្រតិបត្តិ ជាទីទៅកាន់ព្រះនិព្វានផង ឯបុគ្គលប្រតិបត្តិយ៉ាងណាហើយ ធ្វើឲ្យជាក់ច្បាស់នូវចេតោវិមុត្តិ នូវបញ្ញាវិមុត្តិ មិនមានអាសវៈ ព្រោះអស់ទៅនៃអាសវៈទាំងឡាយ ដោយប្រាជ្ញាដ៏ឧត្តម របស់ខ្លួនក្នុងបច្ចុប្បន្ន ហើយសម្រេចសម្រាន្តនៅ ដោយឥរិយាបថទាំង៤ តថាគត ក៏ស្គាល់ច្បាស់នូវសេចក្តីប្រតិបត្តិនោះផង។
[១៧១] ម្នាលសារីបុត្ត តថាគត កំណត់នូវចិត្តដោយចិត្ត ដឹងនូវបុគ្គលពួកមួយ ក្នុងលោកនេះ យ៉ាងនេះថា បុគ្គលនេះ ប្រតិបត្តិដូច្នោះផង ប្រព្រឹត្តដូច្នោះផង ឡើងកាន់ផ្លូវ [អដ្ឋកថា ថា អំពើ ឬសេចក្តីប្រព្រឹត្តិ ដែលជាដំណើរនាំសត្វ ឲ្យទៅកើតក្នុងភពថ្មីទៀត ហៅថា ផ្លូវ ក្នុងទីនេះ។] នោះផង លុះបែកធ្លាយរាងកាយ ខាងមុខ អំពីមរណៈ មុខជានឹងទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក មិនខាន លុះសម័យខាងក្រោយមក តថាគតឃើញបុគ្គលនោះឯង បែកធ្លាយរាងកាយ ខាងមុខអំពីមរណៈ ក៏ទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក រងទុក្ខវេទនាដ៏ក្លៀវក្លា ខ្លោចផ្សាឥតស្រាក ដោយចក្ខុដូចជាទិព្វដ៏បរិសុទ្ធ កន្លងហួសចក្ខុរបស់មនុស្សធម្មតា។ ម្នាលសារីបុត្ត រណ្តៅរងើកភ្លើង មានជម្រៅជាងមួយជួរបុរស [ជាង៥ហត្ថ នៃបុរស (ជាង១ទទូងបុរស)។] ពេញដោយរងើកភ្លើង ដែលឥតមានអណ្តាត ឥតមានផ្សែង គ្រានោះ មានបុរសម្នាក់ក្តៅក្រហល់ក្រហាយ ដោយកំដៅថ្ងៃ មានកំដៅថ្ងៃគ្របសង្កត់ មានខ្លួនលំបាក ដង្ហាក់ស្រេកទឹក ដើរមកតាមផ្លូវដែលទៅបានតែម្នាក់ សំដៅទៅត្រង់រងើកភ្លើងនោះឯង បុរស អ្នកមានភ្នែក បានឃើញបុរសនោះហើយ ក៏និយាយយ៉ាងនេះថា បុរសដ៏ចំរើននេះ ដើរទៅដូច្នោះផង ប្រព្រឹត្តដូច្នោះផង ឡើងកាន់ផ្លូវនោះផង មុខជានឹងមកកាន់រណ្តៅរងើកភ្លើងនេះពុំខាន លុះសម័យខាងក្រោយមក (បុរសមានភ្នែកនោះ) ក៏ឃើញនូវបុរសនោះឯង ធ្លាក់ទៅក្នុងរណ្តៅរងើកភ្លើងនោះ រងទុក្ខវេទនាដ៏ក្លៀវក្លា ខ្លោចផ្សាឥតស្រាក សេចក្តីនេះមានឧបមាយ៉ាងណាមិញ ម្នាលសារីបុត្ត មានឧបមេយ្យដូចតថាគត ដែលកំណត់នូវចិត្តដោយចិត្ត ដឹងនូវបុគ្គលពួកមួយក្នុងលោកនេះ យ៉ាងនេះថា បុគ្គលនេះ ប្រតិបត្តិដូច្នោះផង ប្រព្រឹត្តដូច្នោះផង ឡើងកាន់ផ្លូវនោះផង លុះបែកធ្លាយរាងកាយ ខាងមុខអំពីមរណៈ មុខជានឹងទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក មិនខាន លុះសម័យខាងក្រោយមក តថាគត ក៏ឃើញបុគ្គលនោះ ដែលបែកធ្លាយរាងកាយ ខាងមុខអំពីមរណៈ ទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក រងទុក្ខវេទនាដ៏ក្លៀវក្លា ខ្លោចផ្សាឥតស្រាក ដោយចក្ខុដូចជាទិព្វដ៏បរិសុទ្ធ កន្លងហួសចក្ខុរបស់មនុស្សធម្មតា ដូច្នោះឯង។
[១៧២] ម្នាលសារីបុត្ត តថាគត កំណត់នូវចិត្តដោយចិត្ត ដឹងនូវបុគ្គលពួកមួយ ក្នុងលោកនេះ យ៉ាងនេះថា បុគ្គលនេះ ប្រតិបត្តិដូច្នោះផង ប្រព្រឹត្តដូច្នោះផង ឡើងកាន់ផ្លូវនោះផង លុះបែកធ្លាយរាងកាយ ខាងមុខ អំពីមរណៈ មុខជានឹងទៅកើតក្នុងកំណើតតិរិច្ឆានមិនខាន លុះសម័យខាងក្រោយមក តថាគត ក៏ឃើញបុគ្គលនោះឯង ដែលបែកធ្លាយរាងកាយ ខាងមុខអំពីមរណៈ ទៅកើតក្នុងកំណើតតិរិច្ឆាន រងទុក្ខវេទនាដ៏ក្លៀវក្លា ខ្លោចផ្សា ដោយចក្ខុដូចជាទិព្វដ៏បរិសុទ្ធ កន្លងហួសចក្ខុរបស់មនុស្សធម្មតា។ ម្នាលសារីបុត្ត រណ្តៅលាមក មានជម្រៅជាងមួយជួរបុរស ពេញដោយលាមក គ្រានោះ មានបុរសម្នាក់ ក្តៅក្រហល់ក្រហាយ ដោយកំដៅថ្ងៃ ដែលកំដៅថ្ងៃគ្របសង្កត់ លំបាក ដង្ហាក់ ស្រេកទឹក ដើរមកតាមផ្លូវដែលទៅបានតែម្នាក់ សំដៅទៅត្រង់រណ្តៅលាមកនោះឯង បុរសមានចក្ខុបានឃើញបុរសនោះហើយ និយាយយ៉ាងនេះថា បុរសដ៏ចំរើននេះ ដើរទៅដូច្នោះផង ប្រព្រឹត្តដូច្នោះផង ឡើងកាន់ផ្លូវនោះផង មុខជានឹងមកកាន់រណ្តៅលាមកនេះពុំខាន លុះសម័យខាងក្រោយមក (បុរសមានចក្ខុនោះ) ក៏ឃើញបុរសនោះ ធ្លាក់ទៅក្នុងរណ្តៅលាមកនោះ រងទុក្ខវេទនាដ៏ក្លៀវក្លា ខ្លោចផ្សា សេចក្តីនេះ មានឧបមាដូចម្តេចមិញ ម្នាលសារីបុត្ត មានឧបមេយ្យដូចតថាគត កំណត់នូវចិត្តដោយចិត្ត ដឹងនូវបុគ្គលពួកមួយក្នុងលោកនេះ យ៉ាងនេះថា បុគ្គលនេះ ប្រតិបត្តិដូច្នោះផង ប្រព្រឹត្តដូច្នោះផង ឡើងកាន់ផ្លូវនោះផង លុះបែកធ្លាយរាងកាយ ខាងមុខអំពីមរណៈ មុខជានឹងទៅកើតក្នុងកំណើតតិរិច្ឆាន មិនខាន លុះសម័យខាងក្រោយមក តថាគត ក៏ឃើញបុគ្គលនោះ ដែលបែកធ្លាយរាងកាយ ខាងមុខអំពីមរណៈ ទៅកើតក្នុងកំណើតនៃតិរិច្ឆាន រងទុក្ខវេទនាដ៏ក្លៀវក្លា ខ្លោចផ្សា ដោយចក្ខុដូចជាទិព្វដ៏បរិសុទ្ធ កន្លងហួសចក្ខុរបស់មនុស្សធម្មតា ដូច្នោះឯង។
[១៧៣] ម្នាលសារីបុត្ត តថាគត កំណត់នូវចិត្តដោយចិត្ត ដឹងនូវបុគ្គលពួកមួយក្នុងលោកនេះ យ៉ាងនេះថា បុគ្គលនេះ ប្រតិបត្តិដូច្នោះផង ប្រព្រឹត្តដូច្នោះផង ឡើងកាន់ផ្លូវនោះផង លុះបែកធ្លាយរាងកាយ ខាងមុខ អំពីមរណៈ មុខជានឹងទៅកើតក្នុងបិត្តិវិស័យ លុះសម័យខាងក្រោយមក តថាគត ក៏ឃើញបុគ្គលនោះ ដែលបែកធ្លាយរាងកាយ ខាងមុខអំពីមរណៈ ទៅកើតក្នុងបិត្តិវិស័យ រងទុក្ខវេទនាជាច្រើន ដោយចក្ខុដូចជាទិព្វដ៏បរិសុទ្ធ កន្លងហួសចក្ខុរបស់មនុស្សធម្មតា។ ម្នាលសារីបុត្ត ដើមឈើដែលដុះលើផែនដីមិនរាបស្មើ មានស្រទាប់ស្លឹកដ៏ស្តើង មានម្លប់ប៉ើងរ៉ើង គ្រានោះ មានបុរសម្នាក់ ក្តៅក្រហល់ក្រហាយ ដោយកំដៅថ្ងៃ ដែលកំដៅថ្ងៃគ្របសង្កត់ លំបាក ដង្ហាក់ ស្រេកទឹក ដើរមកតាមផ្លូវ ដែលត្រាច់ទៅបានតែម្នាក់ សំដៅទៅរកដើមឈើនោះឯង បុរស អ្នកមានភ្នែក បានឃើញបុរសនោះហើយ និយាយយ៉ាងនេះថា បុរសដ៏ចំរើននេះ ដើរទៅដូច្នោះផង ប្រព្រឹត្តដូច្នោះផង ឡើងកាន់ផ្លូវនោះផង មុខជានឹងទៅកាន់ដើមឈើនេះពុំខាន លុះសម័យខាងក្រោយមក (បុរសមានចក្ខុនោះ) ក៏ឃើញបុរសនោះ អង្គុយ ឬដេក ទទួលទុក្ខវេទនាជាច្រើន ក្រោមម្លប់ដើមឈើនោះ សេចក្តីនេះ មានឧបមាយ៉ាងណាមិញ ម្នាលសារីបុត្ត មានឧបមេយ្យដូចតថាគត ដែលកំណត់ដឹងនូវចិត្តដោយចិត្ត ដឹងនូវបុគ្គលពួកមួយក្នុងលោកនេះ យ៉ាងនេះថា បុគ្គលនេះ ប្រតិបត្តិដូច្នោះផង ប្រព្រឹត្តដូច្នោះផង ឡើងកាន់ផ្លូវនោះផង លុះបែកធ្លាយរាងកាយ ខាងមុខអំពីមរណៈ មុខជានឹងទៅកើតក្នុងបិត្តិវិស័យមិនខាន លុះសម័យខាងក្រោយមក តថាគត ក៏ឃើញបុគ្គលនោះ បែកធ្លាយរាងកាយ ខាងមុខអំពីមរណៈ ទៅកើតក្នុងបិត្តិវិស័យ រងទុក្ខវេទនាជាច្រើន ដោយចក្ខុដូចជាទិព្វដ៏បរិសុទ្ធ កន្លងហួសចក្ខុរបស់មនុស្សធម្មតា ដូច្នោះឯង។
[១៧៤] ម្នាលសារីបុត្ត តថាគត កំណត់នូវចិត្តដោយចិត្ត ដឹងនូវបុគ្គលពួកមួយ ក្នុងលោកនេះ យ៉ាងនេះថា បុគ្គលនេះ ប្រតិបត្តិដូច្នោះផង ប្រព្រឹត្តដូច្នោះផង ឡើងកាន់ផ្លូវនោះផង លុះបែកធ្លាយរាងកាយ ខាងមុខ អំពីមរណៈ មុខជានឹងទៅកើតក្នុងពួកមនុស្ស លុះសម័យខាងក្រោយមក តថាគតក៏ឃើញបុគ្គលនោះ ដែលបែកធ្លាយរាងកាយ ខាងមុខអំពីមរណៈ ទៅកើតក្នុងពួកមនុស្ស សោយសុខវេទនាជាច្រើន ដោយចក្ខុដូចជាទិព្វដ៏បរិសុទ្ធ កន្លងហួសចក្ខុរបស់មនុស្សធម្មតា។ ម្នាលសារីបុត្ត ដើមឈើដែលដុះលើផែនដីរាបស្មើល្អ មានស្រទាប់ស្លឹកដ៏ក្រាស់ មានម្លប់ត្រឈៃ គ្រានោះ មានបុរសម្នាក់ ក្តៅក្រហល់ក្រហាយ ដោយកំដៅថ្ងៃ ដែលកំដៅថ្ងៃគ្របសង្កត់ លំបាក ដង្ហាក់ ស្រេកទឹក ដើរមកតាមផ្លូវដែលត្រាច់ទៅបានតែម្នាក់ សំដៅទៅរកដើមឈើនោះឯង បុរស អ្នកមានចក្ខុ បានឃើញបុរសនោះ និយាយយ៉ាងនេះថា បុរសនេះ ដើរទៅដូច្នោះផង ប្រព្រឹត្តដូច្នោះផង ឡើងកាន់ផ្លូវនោះផង មុខជានឹងមកកាន់ដើមឈើនេះពុំខាន លុះសម័យខាងក្រោយមក (បុរសមានចក្ខុនោះ) ក៏ឃើញបុរសនោះឯង អង្គុយ ឬដេក សោយសុខវេទនាជាច្រើន ក្រោមម្លប់នៃដើមឈើនោះ សេចក្តីនេះ មានឧបមាដូចម្តេចមិញ ម្នាលសារីបុត្ត មានឧបមេយ្យដូចតថាគត ដែលកំណត់នូវចិត្តដោយចិត្ត ដឹងនូវចិត្តនៃបុគ្គលពួកមួយក្នុងលោកនេះ យ៉ាងនេះថា បុគ្គលប្រតិបត្តិដូច្នោះផង ប្រព្រឹត្តដូច្នោះផង ឡើងកាន់ផ្លូវនោះផង។បេ។ ទៅកើតក្នុងពួកមនុស្ស សោយសុខវេទនាជាច្រើន ដូច្នោះឯង។
[១៧៥] ម្នាលសារីបុត្ត តថាគត កំណត់នូវចិត្តដោយចិត្ត ដឹងនូវបុគ្គលពួកមួយ ក្នុងលោកនេះ យ៉ាងនេះថា បុគ្គលនេះ ប្រតិបត្តិដូច្នោះផង ប្រព្រឹត្តដូច្នោះផង ឡើងកាន់ផ្លូវនោះផង លុះបែកធ្លាយរាងកាយ ខាងមុខ អំពីមរណៈ មុខជានឹងទៅកើតក្នុងសុគតិ សួគ៌ ទេវលោកមិនខាន លុះសម័យខាងក្រោយមក តថាគតក៏ឃើញបុគ្គលនោះ ដែលបែកធ្លាយរាងកាយ ខាងមុខអំពីមរណៈ ទៅកើតក្នុងសុគតិ សួគ៌ ទេវលោក សោយសេចក្តីសុខជានិច្ច ដោយចក្ខុដូចជាទិព្វដ៏បរិសុទ្ធ កន្លងហួសចក្ខុរបស់មនុស្សធម្មតា។ ម្នាលសារីបុត្ត ប្រាសាទ មានកូដាគារ (ផ្ទះមានកំពូល) ដែលលាបទាំងខាងក្នុង ទាំងខាងក្រៅ ជិតខ្យល់ មានទ្វារជិត មានបង្អួចបើកបិទបាន ក្នុងកូដាគារនោះ មានបល្ល័ង្ក ដែលក្រាលដោយព្រំ មានរោមវែងៗជាង៤ធ្នាប់ ក្រាលដោយកម្រាលមានពណ៌ស ធ្វើដោយរោមសត្វ ជាផ្កាចង្កោម មានកម្រាលដ៏ឧត្តម ដែលគេធ្វើដោយស្បែកសត្វឈ្លុស មានខ្នើយពណ៌ក្រហមទាំងពីរខាង គឺខ្នើយក្បាល និងខ្នើយជើង ព្រមទាំងពិតាន ដែលមានពណ៌ក្រហម គ្រានោះ មានបុរសម្នាក់ ក្តៅក្រហល់ក្រហាយ ដោយកំដៅថ្ងៃ ដែលកំដៅថ្ងៃគ្របសង្កត់ លំបាក ដង្ហាក់ ស្រេកទឹក ដើរមកតាមផ្លូវដែលត្រាច់ទៅបានតែម្នាក់ សំដៅទៅត្រង់ប្រាសាទនោះឯង បុរស អ្នកមានចក្ខុ បានឃើញបុរសនោះហើយ និយាយយ៉ាងនេះថា បុរសដ៏ចំរើននេះ ដើរទៅដូច្នោះផង ប្រព្រឹត្តដូច្នោះផង ឡើងកាន់ផ្លូវនោះផង មុខជានឹងមកកាន់ប្រាសាទនេះដោយពិត លុះសម័យខាងក្រោយមក (បុរសមានចក្ខុនោះ) ក៏ឃើញនូវបុរសនោះ កំពុងអង្គុយ ឬដេក សោយសុខវេទនាជានិច្ច លើបល្ល័ង្ក ក្នុងកូដាគារប្រាសាទនោះ សេចក្តីនេះ មានឧបមាដូចម្តេចមិញ ម្នាលសារីបុត្ត មានឧបមេយ្យដូចតថាគត ដែលកំណត់ដឹងនូវចិត្តដោយចិត្ត ដឹងនូវបុគ្គលពួកមួយក្នុងលោកនេះ យ៉ាងនេះថា បុគ្គលនេះ ប្រតិបត្តិដូច្នោះផង ប្រព្រឹត្តដូច្នោះផង ឡើងកាន់ផ្លូវនោះផង លុះបែកធ្លាយរាងកាយ ខាងមុខអំពីមរណៈ មុខជានឹងទៅកើតក្នុងសុគតិ សួគ៌ ទេវលោក លុះសម័យខាងក្រោយមក តថាគត ក៏ឃើញបុគ្គលនោះ ដែលបែកធ្លាយរាងកាយ ខាងមុខអំពីមរណៈ ទៅកើតក្នុងសុគតិ សួគ៌ ទេវលោក សោយសុខវេទនាជានិច្ច ដោយចក្ខុដូចជាទិព្វដ៏បរិសុទ្ធ កន្លងហួសចក្ខុរបស់មនុស្សធម្មតា ដូច្នោះឯង។
[១៧៦] ម្នាលសារីបុត្ត តថាគត កំណត់ដឹងនូវចិត្តដោយចិត្ត ដឹងនូវបុគ្គលពួកមួយ ក្នុងលោកនេះ យ៉ាងនេះថា បុគ្គលនេះ ប្រតិបត្តិដូច្នោះផង ប្រព្រឹត្តដូច្នោះផង ឡើងកាន់ផ្លូវនោះផង មុខជានឹងធ្វើឲ្យជាក់ច្បាស់ នូវចេតោវិមុត្តិ បញ្ញាវិមុត្តិ មិនមានអាសវៈ ព្រោះអស់ទៅនៃអាសវៈទាំងឡាយ ដោយប្រាជ្ញាដ៏ក្រៃលែង ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន សម្រេចសម្រាន្តដោយឥរិយាបថទាំង៤ លុះសម័យខាងក្រោយមក តថាគតក៏ឃើញបុគ្គលនោះ ដែលបានធ្វើឲ្យជាក់ច្បាស់នូវចេតោវិមុត្តិ បញ្ញាវិមុត្តិ មិនមានអាសវៈ ព្រោះអស់ទៅនៃអាសវៈទាំងឡាយ ដោយប្រាជ្ញាដ៏ក្រៃលែង ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន សម្រេចសម្រាន្តដោយឥរិយាបថទាំង៤ សោយសុខវេទនាជានិច្ច។ ម្នាលសារីបុត្ត ស្រះបោក្ខរណី មានទឹកថ្លា មានទឹកឆ្ងាញ់ មានទឹកត្រជាក់ មានទឹករងថ្លា មានកំពង់រាបទាបល្អ គួរជាទីរីករាយ មានដងព្រៃស្រោងស្រាង មិនឆ្ងាយអំពីស្រះបោក្ខរណីនោះ គ្រានោះ មានបុរសម្នាក់ ក្តៅក្រហល់ក្រហាយ ដោយកំដៅថ្ងៃ ដែលកំដៅថ្ងៃគ្របសង្កត់ លំបាក ដង្ហាក់ ស្រេកទឹក ដើរមកតាមផ្លូវដែលត្រាច់ទៅបានតែម្នាក់ សំដៅទៅរកស្រះបោក្ខរណីនោះ បុរស អ្នកមានចក្ខុ បានឃើញបុរសនោះហើយ ក៏និយាយយ៉ាងនេះថា បុរសដ៏ចំរើននេះ ដើរទៅដូច្នោះផង ប្រព្រឹត្តដូច្នោះផង ឡើងកាន់ផ្លូវនោះផង មុខជានឹងមកកាន់ស្រះបោក្ខរណីនេះ ដោយពិត លុះសម័យខាងក្រោយមក (បុរសមានចក្ខុនោះ) ក៏ឃើញនូវបុរសនោះ ចុះទៅក្នុងស្រះបោក្ខរណីនោះ ងូតផង ផឹកផង បំបាត់បង់នូវសេចក្តីក្រវល់ក្រវាយ នឿយហត់ នឹងសេចក្តីក្រហល់ក្រហាយគ្រប់យ៉ាង ហើយឡើងមកអង្គុយ ឬដេក សោយសុទ្ធតែសុខវេទនា ក្នុងដងព្រៃនោះ សេចក្តីនេះ មានឧបមាដូចម្តេចមិញ ម្នាលសារីបុត្ត មានឧបមេយ្យដូចតថាគត ដែលកំណត់នូវចិត្តដោយចិត្ត ដឹងនូវបុគ្គលពួកមួយក្នុងលោកនេះ យ៉ាងនេះថា បុគ្គលនេះ ប្រតិបត្តិដូច្នោះផង ប្រព្រឹត្តដូច្នោះផង ឡើងទៅកាន់ផ្លូវនោះផង មុខជានឹងធ្វើឲ្យជាក់ច្បាស់ នូវចេតោវិមុត្តិ បញ្ញាវិមុត្តិ មិនមានអាសវៈ ព្រោះអស់ទៅនៃអាសវៈទាំងឡាយ ដោយប្រាជ្ញាដ៏ក្រៃលែង ខ្លួនឯង ក្នុងបច្ចុប្បន្ន សម្រេចសម្រាន្តដោយឥរិយាបថទាំង៤ លុះសម័យខាងក្រោយមក តថាគត ក៏ឃើញបុគ្គលនោះ ដែលបានធ្វើឲ្យជាក់ច្បាស់ នូវចេតោវិមុត្តិ បញ្ញាវិមុត្តិ មិនមានអាសវៈ ព្រោះអស់ទៅនៃអាសវៈទាំងឡាយ ដោយប្រាជ្ញាដ៏ក្រៃលែង ខ្លួនឯង ក្នុងបច្ចុប្បន្ន សម្រេចសម្រាន្តដោយឥរិយាបថទាំង៤ សោយសុទ្ធតែសុខវេទនា ដូច្នោះឯង។ ម្នាលសារីបុត្ត គតិនេះឯង មាន៥យ៉ាង។ ម្នាលសារីបុត្ត អ្នកណាពោលយ៉ាងនេះ ចំពោះតថាគត ដែលដឹងយ៉ាងនេះ ដែលឃើញយ៉ាងនេះថា គុណវិសេស គឺញាណទស្សនៈ អាចធ្វើខ្លួនឲ្យជាអរិយៈ ដ៏ក្រៃលែង ជាងមនុស្សធម៌ របស់ព្រះសមណគោតម មិនមានទេ ព្រះសមណគោតម សំដែងធម៌ដែលខ្លួនស្រាវជ្រាវបានមក ដោយសេចក្តីត្រិះរិះ ដែលខ្លួនស្ទាបស្ទង់ ដោយការពិចារណា ជាធម៌កើតមានដោយប្រាជ្ញារបស់ខ្លួន ដូច្នេះ បុគ្គលនោះ បើមិនលះបង់នូវវាចានោះទេ មិនលះបង់នូវចិត្តនោះទេ មិនលះបង់នូវទិដ្ឋិនោះទេ នឹងធ្លាក់ទៅរងទុក្ខ ក្នុងនរក ដូចជាគេនាំយកទៅទំលាក់ដូច្នោះឯង។ ម្នាលសារីបុត្ត ភិក្ខុបរិបូណ៌ដោយសីលហើយ បរិបូណ៌ដោយសមាធិហើយ បរិបូណ៌ដោយបញ្ញាហើយ សម្រេចអរហត្តផល ក្នុងបច្ចុប្បន្ននេះឯង មានឧបមាយ៉ាងណាមិញ ម្នាលសារីបុត្ត តថាគត ពោលនូវហេតុនេះ ជាគ្រឿងផ្តល់នូវពាក្យឧបមេយ្យ យ៉ាងនោះដែរ។ បុគ្គលនោះ បើមិនលះបង់នូវវាចានោះទេ មិនលះបង់នូវចិត្តនោះទេ មិនលះបង់នូវទិដ្ឋិនោះទេ នឹងធ្លាក់ទៅរងទុក្ខ ក្នុងនរក ដូចជាគេនាំយកទៅទំលាក់ ដូច្នោះឯង។
[១៧៧] ម្នាលសារីបុត្ត មួយទៀត តថាគតធ្លាប់ប្រព្រឹត្តព្រហ្មចរិយៈ [ពាក្យថា ព្រហ្មចរិយៈ បានដល់ទាន វេយ្យាវច្ចៈ សិក្ខាបទ ព្រហ្មវិហារ ធម្មទេសនា មេថុនវិរតិ សទារសន្តោស វីរិយៈ ឧបោសថ អរិយមគ្គ សាសនាទាំងអស់ និងអធ្យាស្រ័យក៏បាន តែក្នុងសូត្រនេះ សំដៅយក វីរិយៈ (សេចក្តីព្យាយាម)។] ដែលប្រកបដោយអង្គ៤ [សេចក្តីព្យាយាមនោះ ដែលបុគ្គលធ្វើឲ្យតឹង៤យ៉ាង ក្នុងអត្តភាពមួយ ឈ្មោះថា ប្រកបដោយអង្គ៤ ដូចមានក្នុងសូត្រនេះស្រាប់។ អដ្ឋកថា។]។ គឺបើនិយាយពីអ្នកមានតបៈ តថាគត ជាអ្នកមានតបៈដ៏ក្រៃលែង បើនិយាយពីអ្នកសៅហ្មង តថាគត ជាអ្នកសៅហ្មងដ៏ក្រៃលែង បើនិយាយពីអ្នកមានសេចក្តីខ្ពើមបាប តថាគត ជាអ្នកមានសេចក្តីខ្ពើមបាបដ៏ក្រៃលែង បើនិយាយពីអ្នកស្ងប់ស្ងាត់ តថាគត ជាអ្នកស្ងប់ស្ងាត់ដ៏ក្រៃលែង។
[១៧៨] ម្នាលសារីបុត្ត ការមានតបៈរបស់តថាគត ក្នុងព្រហ្មចរិយៈ ប្រកបដោយអង្គ៤នោះដូច្នេះ គឺតថាគតជាអ្នកអាក្រាត លះបង់មារយាទល្អ [ឈរបន្ទោបង់ឧច្ចារៈ បស្សាវៈ និងឈរបរិភោគ។] ប្រព្រឹត្តហត្ថាវលេខនបតិបត្តិ [បរិភោគភោជនលិទ្ធដៃ និងយកម្រាមដៃកិតលាមក ព្រោះសំគាល់កំណាត់ឈើ ថាជាសត្វ។] ជាអ្នកកាន់វត្តមិនចូលមក (ទទួលភត្ត) ដែលគេនិមន្តថា លោកដ៏ចំរើន ចូរចូលមក មិនរង់ចាំតាមគេនិមន្តថា លោកដ៏ចំរើន សូមរង់ចាំសិន មិនត្រេកអរនឹងចង្ហាន់ ដែលកាន់យកមកមុន មិនត្រេកអរនឹងចង្ហាន់ ដែលគេប្រាប់ថាធ្វើ ចំពោះខ្លួន មិនត្រេកអរនឹងចង្ហាន់ ដែលគេនិមន្ត [និមន្តថាសូមចូលទៅកាន់ត្រកូល ឬផ្លូវ ឬស្រុកឯណោះ។]។ តថាគតនោះ មិនទទួលចង្ហាន់ ដែលគេកំពុងដោះដួសអំពីឆ្នាំង មិនទទួលចង្ហាន់ អំពីមាត់កញ្ជើ មិនទទួលចង្ហាន់ ដែលគេឲ្យត្រង់ចន្លោះធរណី មិនទទួលចង្ហាន់ ដែលគេឲ្យត្រង់ចន្លោះត្បាល់ មិនទទួលចង្ហាន់ដែលគេឲ្យត្រង់ចន្លោះអង្រែ មិនទទួលចង្ហាន់របស់មនុស្ស ដែលកំពុងបរិភោគពីរនាក់ មិនទទួលចង្ហាន់របស់ស្រ្តីមានគភ៌ មិនទទួលចង្ហាន់របស់ស្រ្តី ដែលកំពុងបំបៅកូន មិនទទួលចង្ហាន់របស់ស្រ្តី ដែលកំពុងនៅរួមនឹងបុរស មិនទទួលចង្ហាន់ ដែលគេអង្គាសគ្នាធ្វើ មិនទទួលចង្ហាន់ក្នុងទីដែលមានឆ្កែនៅចាំ មិនទទួលចង្ហាន់ ដែលមានរុយចោមរោម មិនបរិភោគត្រី មិនបរិភោគសាច់ មិនផឹកសុរា មិនផឹកមេរ័យ មិនផឹកទឹកថ្នាំត្រាំដោយស្រូវទាំងពួង។ តថាគតនោះ ទទួលចង្ហាន់តែក្នុងផ្ទះមួយ ឬបរិភោគភោជនតែមួយពំនូត ទទួលចង្ហាន់ក្នុងផ្ទះពីរ ឬបរិភោគភោជនតែពីរពំនូត។បេ។ ទទួលចង្ហាន់ក្នុងផ្ទះ៧ ឬបរិភោគតែ៧ពំនូត។ តថាគតចិញ្ចឹមអត្តភាព ដោយចង្ហាន់១ ភាជន៍តូចខ្លះ ចិញ្ចឹមអត្តភាពដោយចង្ហាន់២ភាជន៍តូចខ្លះ។បេ។ ចិញ្ចឹមអត្តភាពដោយចង្ហាន់៧ភាជន៍តូចខ្លះ ឆាន់អាហាររម្លង១ថ្ងៃខ្លះ ឆាន់អាហាររម្លង២ថ្ងៃខ្លះ។បេ។ ឆាន់អាហាររំលង៧ថ្ងៃខ្លះ តថាគត ប្រកបរឿយៗ នូវការបរិភោគភត្តតាមលំដាប់ថ្ងៃយ៉ាងនេះ រហូតដល់រំលងកន្លះខែខ្លះ ដូចសំដែងមកនេះឯង។ តថាគត មានបន្លែជាអាហារខ្លះ មានស្រងែជាអាហារខ្លះ មានស្មៅគែលលក ជាអាហារខ្លះ មានចំនៀរស្បែក ដែលគេចៀរចោល ជាអាហារខ្លះ មានជ័រជាអាហារខ្លះ [ថែមពាក្យ មានជ័រជាអាហារខ្លះ តាមបិដកលេខ២៥ ទំព័រ៩៣ ត្រង់លេខយោង] មានសារាយ ជាអាហារខ្លះ មានកុណ្ឌកជាអាហារខ្លះ មានបាយក្តាំងជាអាហារខ្លះ មានម្សៅជាអាហារខ្លះ មានស្មៅជាអាហារខ្លះ មានអាចម៍គោ ជាអាហារខ្លះ មានមើម និងផ្លែឈើជាអាហារចិញ្ចឹមជីវិតខ្លះ តែងបរិភោគផ្លែឈើ ដែលជ្រុះឯងចិញ្ចឹមជីវិតខ្លះ។ តថាគត ប្រើប្រាស់សំពត់ដែលត្បាញដោយសំបកធ្មៃខ្លះ ប្រើប្រាស់សំពត់ដែលត្បាញលាយចម្រុះគ្នាខ្លះ ប្រើប្រាស់សំពត់ដែលគេរុំសាកសពខ្លះ ប្រើប្រាស់សំពត់បំសុកូល [កំណាត់សំពត់ដែលគេចោលលើផែនដី។] ខ្លះ ប្រើប្រាស់សំពត់សំបកឈើខ្លះ ប្រើប្រាស់ស្បែកខ្លាខ្លះ ប្រើប្រាស់ស្បែកខ្លាទាំងក្រចកខ្លះ ប្រើប្រាស់សំពត់ដែលក្រងដោយស្បូវខ្លះ ប្រើប្រាស់សំពត់ដែលក្រងដោយសំបកក្រចៅខ្លះ ប្រើប្រាស់សំពត់ ដែលក្រងដោយចំរៀកក្តារខ្លះ [ត្រូវកែពី សំបកផ្លែឈើ ថា ចំរៀកក្តារ តាមបិដកលេខ២៥ ទំព័រ ៩៤ ត្រង់លេខយោង។] ប្រើប្រាស់សំពត់កម្ពល ដែលត្បាញដោយសក់មនុស្សខ្លះ ប្រើប្រាស់សំពត់ ដែលត្បាញដោយរោមកន្ទុយសត្វខ្លះ ប្រើប្រាស់សំពត់ដែលត្បាញដោយស្លាបមៀមខ្លះ ជាអ្នកទុកសក់ និងពុកមាត់ ពុកចង្កា ប្រកបរឿយៗ នូវសេចក្តីព្យាយាម ទុកសក់ និងពុកមាត់ ពុកចង្កាខ្លះ ជាអ្នកប្រព្រឹត្តតែឈរ មិនអង្គុយខ្លះ ជាអ្នកអង្គុយច្រហោង ប្រកបរឿយៗ នូវសេចក្តីព្យាយាម អង្គុយច្រហោងខ្លះ ជាអ្នកដេកលើបន្លា សម្រេចការដេកលើបន្លាខ្លះ ប្រកបរឿយៗ នូវសេចក្តីព្យាយាមចុះត្រាំក្នុងទឹក (ដើម្បីបន្សាត់បាប) ក្នុង១ថ្ងៃ៣ដង [គឺពេលព្រឹកព្រហាមម្តង ថ្ងៃត្រង់ម្តង ល្ងាចម្តង។ អដ្ឋកថា។] ប្រកបរឿយៗ នូវសេចក្តីព្យាយាម ដុតកំដៅរោល អាលនូវកាយច្រើនប្រការ មានសភាពយ៉ាងនេះ ដូច្នេះឯង។ ម្នាលសារីបុត្ត នេះឯងជាភាពនៃអ្នកមានតបៈរបស់តថាគត។
[១៧៩] ម្នាលសារីបុត្ត សេចក្តីសៅហ្មងរបស់តថាគ ក្នុងព្រហ្មចរិយធម៌ ប្រកបដោយអង្គ៤នេះដូច្នេះ។ មន្ទិល គឺធូលី រាប់ដោយឆ្នាំដ៏ច្រើន ដែលជាប់នៅនឹងកាយ ក៏ក្លាយទៅជាក្រមរស្រទាប់។ ម្នាលសារីបុត្ត ដង្គត់ដើមដង្កោ ដែលតាំងនៅរាប់ដោយឆ្នាំដ៏ច្រើន ក៏កើតជាក្រមរ មានឧបមាដូចម្តេចមិញ ម្នាលសារីបុត្ត មានឧបមេយ្យដូចមន្ទិល គឺធូលី រាប់ដោយឆ្នាំដ៏ច្រើន ដែលជាប់នៅនឹងកាយតថាគត ក៏ក្លាយទៅជាក្រមរ ដូច្នោះឯង។ ម្នាលសារីបុត្ត តថាគតនោះ មិនមានសេចក្តីត្រិះរិះ យ៉ាងនេះថា ឱហ្ន៎ អាត្មាអញ គប្បីយកបាតដៃដុសមន្ទិល គឺធូលីនេះចេញ ដូច្នេះឡើយ។ ម្នាលសារីបុត្ត សូម្បីតែគំនិតយ៉ាងនេះថា ជនទាំងឡាយដទៃ គប្បីយកបាតដៃ ដុសក្អែលរបស់តថាគតនេះ ដូច្នេះ ក៏មិនមានដល់តថាគតឡើយ។ ម្នាលសារីបុត្ត នេះជាវត្តខាងសេចក្តីសៅហ្មងរបស់តថាគត។
[១៨០] ម្នាលសារីបុត្ត វត្តខាងសេចក្តីខ្ពើមបាប របស់តថាគត ក្នុងព្រហ្មចរិយធម៌ ប្រកបដោយអង្គ៤នោះ ដូច្នេះ។ ម្នាលសារីបុត្ត តថាគតនោះឯង ឈានទៅមុខ ក៏មានស្មារតី ថយក្រោយ ក៏មានស្មារតី។ តថាគត ដំកល់នូវសេចក្តីអាណិត ចំពោះដំណក់ទឹក [អដ្ឋកថា ថា ដំណក់ទឹក ក្រួស ថ្ម កំណាត់ឈើ និងដីខ្សាច់ជាដើម ពួកនិគ្រន្ថ បញ្ញត្តថាជាសត្វតូចៗ។] ដរាបមកថា តថាគត មិនបានញុំាងពួកសត្វតូចៗ គឺដំណក់ទឹក ដែលដក់ជាប់នៅក្នុងទីផ្សេងៗ ឲ្យដល់នូវសេចក្តីវិនាសឡើយ។ ម្នាលសារីបុត្ត នេះឯងជាវត្តខាងការខ្ពើមបាប របស់តថាគត។
[១៨១] ម្នាលសារីបុត្ត វត្តខាងការស្ងប់ស្ងាត់ របស់តថាគត ក្នុងព្រហ្មចរិយធម៌ ប្រកបដោយអង្គ៤នោះ ដូច្នេះ។ ម្នាលសារីបុត្ត តថាគតនោះឯង តែងចូលសំដៅ ទៅនៅអាស្រ័យ ក្នុងព្រៃរំលោងណាមួយ។ កាលណាបើតថាគត ឃើញអ្នកគង្វាលគោក្តី អ្នកគង្វាលសត្វចិញ្ចឹមក្តី អ្នករកស្មៅក្តី អ្នករកឧសក្តី អ្នករករបរក្នុងព្រៃក្តី តថាគត ក៏ចេញអំពីព្រៃ ទៅកាន់ព្រៃ ចេញអំពីព្រៃស្បាត ទៅកាន់ព្រៃស្បាត ចេញអំពីទីទាប ទៅកាន់ទីទាប ចេញអំពីទីទួល ទៅកាន់ទីទួល ដំណើរនោះ តើព្រោះហេតុអ្វី ព្រោះតថាគត បានអធិដ្ឋានថា សូមកុំឲ្យជនទាំងឡាយនោះ បានឃើញតថាគត ទាំងតថាគតសោត ក៏កុំបានឃើញជនទាំងឡាយនោះឡើយ។ ម្នាលសារីបុត្ត ម្រឹគព្រៃ ឃើញមនុស្សទាំងឡាយ តែងរត់ចេញអំពីព្រៃ ចូលទៅកាន់ព្រៃ ចេញអំពីព្រៃស្បាត ចូលទៅកាន់ព្រៃស្បាត ចេញអំពីទីទាប ចូលទៅកាន់ទីទាប ចេញអំពីទីទួល ចូលទៅកាន់ទីទួល យ៉ាងណាមិញ ម្នាលសារីបុត្ត កាលណាបើតថាគតបានឃើញអ្នកគង្វាលគោក្តី អ្នកគង្វាលសត្វចិញ្ចឹមក្តី អ្នករកស្មៅក្តី អ្នករកឧសក្តី អ្នករករបរក្នុងព្រៃក្តី តថាគត ក៏ចេញអំពីព្រៃ ទៅកាន់ព្រៃ ចេញអំពីព្រៃស្បាត ទៅកាន់ព្រៃស្បាត ចេញអំពីទីទាប ទៅកាន់ទីទាប ចេញអំពីទីទួល ទៅកាន់ទីទួល ក៏យ៉ាងនោះដែរ ដំណើរនោះ តើព្រោះហេតុអ្វី ព្រោះតថាគត បានអធិដ្ឋានថា សូមកុំឲ្យជនទាំងឡាយនោះ បានឃើញតថាគត ទាំងតថាគតសោត ក៏កុំបានឃើញជនទាំងឡាយនោះឡើយ។ ម្នាលសារីបុត្ត នេះឯងជាវត្តខាងសេចក្តីស្ងប់ស្ងាត់ របស់តថាគត។
[១៨២] ម្នាលសារីបុត្ត តថាគត ជាអ្នកវារដោយជង្គង់៤ ចូលទៅរកក្រោលគោ ដែលមានគោចេញហើយ មានអ្នកគង្វាលគោចៀសចេញទៅហើយ ហើយស៊ីអាចម៍របស់កូនគោជំទង់ ដែលនៅបៅមេ។ ម្នាលសារីបុត្ត មូត្រ និងករីសខ្លួនឯង របស់តថាគត មិនទាន់អស់ដរាបណា តថាគត ក៏ស៊ីនូវមូត្រ និងករីស របស់ខ្លួនឯងដរាបនោះ។ ម្នាលសារីបុត្ត នេះឯងជាវត្តខាងភោជន យ៉ាងចំឡែកធំ របស់តថាគត។
[១៨៣] ម្នាលសារីបុត្ត តថាគត ចូលទៅអាស្រ័យនៅក្នុងដងព្រៃ១ ដែលគួរស្បើម។ ម្នាលសារីបុត្ត សេចក្តីតក់ស្លុតនឹងដងព្រៃ ដែលគួរស្បើមនោះ តែងមាន។ បុគ្គលណានីមួយ មិនទាន់ប្រាសចាករាគៈទេ ចូលទៅកាន់ដងព្រៃនោះ ច្រើនតែព្រឺព្រួចរោម។ ម្នាលសារីបុត្ត រាត្រីទាំង៨ ជាចន្លោះខែមាឃ និងខែផគ្គុណ [អដ្ឋកថា ថា រាត្រី៨នោះ ក្នុងចន្លោះនៃខែទាំងពីរ គឺខាងចុងខែមាឃ៤រាត្រី ខាងដើមខែផគ្គុណ៤រាត្រី រួមជា៨រាត្រី។] ក្នុងហេមន្តរដូវ ជាសម័យធ្លាក់ទឹកសន្សើមដ៏ត្រជាក់ ក្នុងរាត្រីទាំងឡាយមានសភាពដូច្នោះ តថាគតនៅទីវាល ក្នុងវេលាយប់ នៅក្នុងដងព្រៃវេលាថ្ងៃ ខែជាខាងចុងគិម្ហរដូវ តថាគតនៅទីវាល ក្នុងវេលាថ្ងៃ នៅក្នុងដងព្រៃវេលាយប់។ ម្នាលសារីបុត្ត អើក៏គាថា ដែលគួរអស្ចារ្យនេះ ដែលតថាគត មិនធ្លាប់បានស្តាប់ ក្នុងកាលពីមុនមកទេ ស្រាប់តែភ្លឺច្បាស់ប្រាកដ ដល់តថាគតថា
អ្នកប្រាជ្ញដែលខ្វល់ខ្វាយ ក្នុងកិរិយាស្វែងរក (នូវសេចក្តីបរិសុទ្ធិ) អ្នកប្រាជ្ញនោះ ត្រូវតែក្តៅ អ្នកប្រាជ្ញនោះ ត្រូវតែត្រជាក់ម្នាក់ឯង ជាអ្នកត្រូវតែនៅក្នុងព្រៃ គួរស្បើមតែម្នាក់ឯង អាក្រាត មិនចូលទៅរកភ្លើងឡើយ។
[១៨៤] ម្នាលសារីបុត្ត តថាគតនោះ សម្រេចនូវឥរិយាបថដេក ក្នុងព្រៃស្មសាន កើយលើឆ្អឹងសាកសពទាំងឡាយ។ ម្នាលសារីបុត្ត ចំណែកពួកក្មេងឃ្វាលគោ នាំគ្នាចូលទៅជិតតថាគត ហើយស្តោះដាក់ខ្លះ នោមដាក់ខ្លះ យកដីរោយដាក់ខ្លះ យករំកាច់ឈើមករុកក្នុងរន្ធត្រចៀកខ្លះ [អដ្ឋកថា ដំណាលសេចក្តីថា ពួកក្មេងទាំងនោះ កាលចូលទៅកាន់សំណាក់ព្រះពោធិសត្វ ហើយនិយាយបង្ខំឲ្យព្រះពោធិសត្វនិយាយ តែព្រះពោធិសត្វមិននិយាយថាដូចម្តេចឡើយ បានជាពួកទាំងនោះ ធ្វើអំពើអាក្រក់ មានស្តោះដាក់ជាដើម។]។ ម្នាលសារីបុត្ត តថាគត មិនដែលឲ្យចិត្តអាក្រក់កើតឡើងចំពោះពួកក្មេងឃ្វាលគោទាំងនោះឡើយ។ ម្នាលសារីបុត្ត នេះឯង ឈ្មោះថា ជាវត្តខាងការនៅប្រកបដោយឧបេក្ខា របស់តថាគត។
[១៨៥] ម្នាលសារីបុត្ត មានសមណព្រាហហ្មណ៍ពួកមួយ តែងនិយាយយ៉ាងនេះ តែងយល់យ៉ាងនេះថា សេចក្តីបរិសុទ្ធ កើតមានព្រោះអាហារ។ ពួកសមណព្រាហ្មណ៍ទាំងនោះ ពោលយ៉ាងនេះថា យើងទាំងឡាយ នឹងចិញ្ចឹមអត្តភាព ដោយផ្លែពទ្រាទាំងឡាយ។ ពួកសមណព្រាហ្មណ៍ទាំងនោះ ក៏ស៊ីផ្លែពទ្រាខ្លះ ស៊ីលំអិតនៃផ្លែពទ្រាខ្លះ ផឹកទឹកដែលច្របាច់លាយដោយផ្លែពទ្រាខ្លះ បរិភោគនំដែលធ្វើដោយផ្លែពទ្រាច្រើនយ៉ាងខ្លះ។ ម្នាលសារីបុត្ត តថាគត ធ្លាប់យកផ្លែពទ្រាតែ១ប៉ុណ្ណោះ មកធ្វើជាអាហារ។ ម្នាលសារីបុត្ត សមជាអ្នកមានសេចក្តីយល់យ៉ាងនេះថា ផ្លែពទ្រាក្នុងសម័យនោះ ជាផ្លែធំៗណាស់។ ម្នាលសារីបុត្ត ដំណើរនុ៎ះ អ្នកមិនគួរយល់យ៉ាងនោះឡើយ។ ព្រោះថា ផ្លែពទ្រាក្នុងកាលឥឡូវនេះ មានទំហំប៉ុនណា ក្នុងកាលពីដើម ក៏មានទំហំប៉ុណ្ណោះដែរ។ ម្នាលសារីបុត្ត កាលដែលតថាគតនោះ យកផ្លែពទ្រាតែ១ ប៉ុណ្ណោះ មកធ្វើជាអាហារ កាយក៏ដល់នូវភាវៈស្គាំងស្គម ហួសប្រមាណ។ ព្រោះតែអាហារតិចនោះឯង អវយវៈតូចធំ របស់តថាគត ក៏ដូចជាថ្នាំងវល្លិ៍ ឈ្មោះអសីតិ (ដកគន់ ឬលែនពែន) ឬដូចជាថ្នាំងវល្លិ៍កាលា (វល្លិ៍អណ្តាតត្រកួត)។ ព្រោះតែអាហារតិចនោះឯង ទ្រគាករបស់តថាគត ក៏ដូចជាជើងសត្វឱដ្ឋ។ ព្រោះតែអាហារតិចនោះឯង ឆ្អឹងខ្នងរបស់តថាគត រគីមរគាម ដូចជាខ្សែដែលគេវេញ។ ព្រោះតែអាហារតិចនោះឯង ឆ្អឹងជំនីរទាំងឡាយ របស់តថាគត ក៏រគីមរគាម ដូចបង្កង់សាលាចាស់ ដែលរខេករខាក។ ព្រោះតែអាហារតិចនោះឯង ប្រស្រីភ្នែក ឬកែវភ្នែករបស់តថាគត ក៏ខូងជ្រៅទៅក្នុងរណ្តៅភ្នែក ដូចជាក្រពេញទឹក ដែលជ្រៅខូងទៅក្នុងអណ្តូងទឹកដ៏ជ្រៅ។ ព្រោះតែអាហារតិចនោះឯង ស្បែកក្បាលរបស់តថាគត ក៏រួបរិតស្វិតស្រពោន ដូចជាផ្លែននោងព្រៃ ដែលគេកាត់ទាំងខ្ចី តែងរួបរិតស្វិតស្រពោន ដោយខ្យល់ និងកំដៅថ្ងៃ។ ម្នាលសារីបុត្ត តថាគតនោះ គិតថា នឹងស្ទាបស្បែកពោះ ហើយចាប់ទៅត្រូវទ្រនុងឆ្អឹងខ្នងវិញ តថាគត គិតថា នឹងស្ទាបទ្រនុងឆ្អឹងខ្នង ហើយចាប់ទៅត្រូវស្បែកពោះវិញ ម្នាលសារីបុត្ត ស្បែកពោះរបស់តថាគត ក៏ជាប់គ្នានឹងទ្រនុងឆ្អឹងខ្នងដោយពិត ព្រោះតែអាហារតិចនោះឯង។ ម្នាលសារីបុត្ត តថាគតនោះ គិតថា នឹងបន្ទោបង់វច្ចៈ ឬទឹកមូត្រ ក៏ដួលផ្កាប់មុខទៅលើផែនដី ព្រោះតែអាហារតិចនោះឯង។ ម្នាលសារីបុត្ត តថាគតនោះ កាលធ្វើកាយនោះឯង ឲ្យបានស្រួល ក៏យកដៃស្ទាបខ្លួន។ ម្នាលសារីបុត្ត កាលតថាគតនោះ យកដៃស្ទាបខ្លួន រោមទាំងឡាយ ដែលមានគល់ស្អុយ ក៏ជ្រុះចេញចាកកាយ ព្រោះតែអាហារតិចនោះឯង។
[១៨៦] ម្នាលសារីបុត្ត មានសមណព្រាហ្មណ៍ពួកមួយ តែងនិយាយយ៉ាងនេះ តែងយល់យ៉ាងនេះថា សេចក្តីបរិសុទ្ធកើតមាន ព្រោះអាហារ(តិច)។ ពួកសមណព្រាហ្មណ៍ទាំងនោះ បាននិយាយយ៉ាងនេះថា យើងទាំងឡាយ នឹងចិញ្ចឹមអត្តភាព ដោយសណ្តែកបាយទាំងឡាយ។បេ។ ចិញ្ចឹមអត្តភាពដោយល្ងទាំងឡាយ។បេ។ ចិញ្ចឹមអត្តភាព ដោយអង្ករទាំងឡាយ។ ពួកសមណព្រាហ្មណ៍ទាំងនោះ ទំពាស៊ីអង្ករខ្លះ ទំពាស៊ីចុងអង្ករខ្លះ ផឹកទឹកអង្ករខ្លះ បរិភោគនំ ដែលធ្វើពីអង្ករច្រើនយ៉ាងខ្លះ។ ម្នាលសារីបុត្ត ចំណែកតថាគត ធ្លាប់អាស្រ័យអាហារ ចំពោះអង្ករតែមួយគ្រាប់ ប៉ុណ្ណោះ។ ម្នាលសារីបុត្ត អ្នកប្រហែលជាមានសេចក្តីយល់ឃើញយ៉ាងនេះថា អង្ករក្នុងសម័យនោះ ជាអង្ករធំៗទេដឹង។ ម្នាលសារីបុត្ត ដំណើរនុ៎ះ អ្នកមិនគួរយល់ឃើញយ៉ាងនេះឡើយ។ ព្រោះថា អង្ករក្នុងកាលឥឡូវនេះ មានទំហំប៉ុនណា ក្នុងកាលនោះ ក៏មានទំហំប៉ុណ្ណោះដែរ។ ម្នាលសារីបុត្ត កាលដែលតថាគតនោះ អាស្រ័យអាហារចំពោះតែអង្ករ១គ្រាប់ កាយក៏ដល់នូវភាវៈស្គាំងស្គម ហួសប្រមាណ។ ព្រោះតែអាហារតិចនោះឯង អវយវៈតូចធំ របស់តថាគត ក៏ដូចជាថ្នាំងវល្លិ៍ ឈ្មោះអសីតិកៈ ឬថ្នាំងវល្លិ៍កាលា ។ ព្រោះតែអាហារតិចនោះឯង ទ្រគាករបស់តថាគត។បេ។ ដូចជាជើងសត្វឱដ្ឋ។ ព្រោះតែអាហារតិចនោះឯង ឆ្អឹងខ្នងរបស់តថាគត។បេ។ ដូចជាខ្សែដែលគេវេញ។ ដូចជាបង្កង់នៃសាលាចាស់។បេ។ ដូចជាកំពេញទឹក ដែលជ្រៅខូងចុះទៅ។បេ។ ដូចជាផ្លែរនោងព្រៃ។បេ។ ម្នាលសារីបុត្ត តថាគតនោះ គិតថា និងស្ទាបស្បែកពោះ។បេ។ ម្នាលសារីបុត្ត តថាគតនោះ គិតថា នឹងបន្ទោបង់នូវវច្ចៈក្តី។បេ។ ម្នាលសារីបុត្ត តថាគតនោះ កាលធ្វើកាយនោះឯង ឲ្យបានស្រួល។បេ។ ឯរោមទាំងឡាយ មានគល់ស្អុយ ក៏ជ្រុះចេញចាកកាយ ព្រោះហេតុតថាគតមានអាហារតិចនោះឯង។ ម្នាលសារីបុត្ត តថាគត មិនបានត្រាស់ដឹងគុណវិសេស គឺញាណទស្សនៈ ជាគុណធ្វើខ្លួនឲ្យជាអរិយៈ ដ៏ក្រៃលែងជាងមនុស្សធម៌ ដោយសេចក្តីប្រតិបត្តិដ៏ប្រសើរ ជាអំពើដែលគេធ្វើតាមបានដោយកម្រនោះទេ ដំណើរនោះ ព្រោះហេតុអ្វី ព្រោះហេតុ (តថាគត) មិនទាន់បានត្រាស់ដឹងនូវបញ្ញាដ៏ប្រសើរនេះឯង អរហត្តមគ្គបញ្ញាណា ដែលតថាគតបានត្រាស់ដឹងហើយ អរហត្តមគ្គបញ្ញានោះ ជាបញ្ញាដ៏ប្រសើរ ជាទីស្រោចស្រង់សត្វ រមែងដឹកនាំសត្វអ្នកធ្វើតាមនោះ ឲ្យអស់ទៅនៃវដ្តទុក្ខ ដោយប្រពៃបាន។
[១៨៧] ម្នាលសារីបុត្ត មានសមណព្រាហ្មណ៍ពួកមួយ តែងនិយាយយ៉ាងនេះ តែងយល់យ៉ាងនេះថា សេចក្តីបរិសុទ្ធកើតមាន ព្រោះសង្សារ គឺការអន្ទោលទៅ (ច្រើនជាតិ)។ ម្នាលសារីបុត្ត សង្សារណា ដែលតថាគតមិនធ្លាប់អន្ទោលទៅ ដោយកាលវែងនេះ វៀរលែងតែទេវលោកឈ្មោះសុទ្ធាវាសទាំងឡាយចេញ សង្សារនុ៎ះឯង បុគ្គលមិនងាយរកបានឡើយ ម្នាលសារីបុត្ត ព្រោះថា បើតថាគតអន្ទោលទៅកាន់ទេវលោកឈ្មោះសុទ្ធាវាស តថាគត មិនបានមកកាន់កាមលោកនេះទៀតទេ។
[១៨៨] ម្នាលសារីបុត្ត មានសមណព្រាហ្មណ៍ពួកមួយ តែងនិយាយយ៉ាងនេះ តែងយល់យ៉ាងនេះថា សេចក្តីបរិសុទ្ធកើតមាន ព្រោះការកើតឡើង (ច្រើនជាតិ)។ ម្នាលសារីបុត្ត ការកើតឡើងណា ដែលតថាគតមិនធ្លាប់កើត ដោយកាលវែងនេះ វៀរលែងតែទេវលោកឈ្មោះ សុទ្ធាវាស ទាំងឡាយចេញ ការកើតឡើងនុ៎ះឯង បុគ្គលមិនងាយរកបានទេ ម្នាលសារីបុត្ត ព្រោះថា បើតថាគតទៅកើតក្នុងទេវលោក ឈ្មោះសុទ្ធាវាស តថាគត មិនបានមកកាន់កាមលោកនេះទៀតទេ។
[១៨៩] ម្នាលសារីបុត្ត មានសមណព្រាហ្មណ៍ពួកមួយ តែងនិយាយយ៉ាងនេះ តែងយល់យ៉ាងនេះថា សេចក្តីបរិសុទ្ធកើតមាន ព្រោះអាវាស គឺការនៅ (ច្រើនកន្លែង)។ ម្នាលសារីបុត្ត អាវាសណា ដែលតថាគតមិនធ្លាប់នៅហើយ ដោយកាលវែងនេះ វៀរលែងតែ សុទ្ធាវាសទេវលោក ទាំងឡាយចេញ អាវាសនុ៎ះឯង បុគ្គលមិនងាយរកបានទេ ម្នាលសារីបុត្ត ព្រោះថា បើតថាគតនៅក្នុងសុទ្ធាវាសទេវលោក តថាគត មិនបានមកកាន់កាមលោកនេះទៀតទេ។
[១៩០] ម្នាលសារីបុត្ត មានសមណព្រាហ្មណ៍ពួកមួយ តែងនិយាយយ៉ាងនេះ តែងយល់យ៉ាងនេះថា សេចក្តីបរិសុទ្ធកើតមាន ព្រោះការបូជាយ័ញ្ញ (ច្រើនយ៉ាង)។ ម្នាលសារីបុត្ត យ័ញ្ញណា ដែលតថាគតកើតជាស្តេច បានមុទ្ធាភិសេក ជាក្សត្រក្តី កើតជាព្រាហ្មណ៍មហាសាលក្តី ដោយកាលដ៏វែងនេះ ហើយមិនដែលបានបូជាយ័ញ្ញនុ៎ះឯង បុគ្គលមិនងាយរកបានទេ។
[១៩១] ម្នាលសារីបុត្ត មានសមណព្រាហ្មណ៍ពួកមួយ តែងនិយាយយ៉ាងនេះ តែងយល់យ៉ាងនេះថា សេចក្តីបរិសុទ្ធកើតមាន ព្រោះបម្រើភ្លើង។ ម្នាលសារីបុត្ត ភ្លើងណា ដែលតថាគតកើតជាស្តេច បានមុទ្ធាភិសេកជាក្សត្រក្តី កើតជាព្រាហ្មណ៍មហាសាលក្តី ដោយកាលដ៏វែងនេះ ហើយមិនដែលបានបូជា ភ្លើងនុ៎ះឯង បុគ្គលមិនងាយរកបានទេ។
[១៩២] ម្នាលសារីបុត្ត មានសមណព្រាហ្មណ៍ពួកមួយ តែងនិយាយយ៉ាងនេះ តែងយល់យ៉ាងនេះថា បុរសដ៏ចំរើននេះ នៅក្មេងកំឡោះ មានសក់ខ្មៅល្អ មានវ័យដ៏ចំរើនដោយបឋមវ័យ ដរាបណា បុរសនេះ ជាអ្នកប្រកបដោយបញ្ញា ដ៏ឈ្លាសវៃយ៉ាងសំខាន់ ដរាបនោះ តែថា កាលណាបុរសដ៏ចំរើននេះ គ្រាំគ្រា ចំរើនវ័យ ចាស់ ដល់ហើយនូវសេចក្តីថមថយដោយលំដាប់ មានអាយុ៨០ ឬ៩០ឆ្នាំ ឬ១០០ឆ្នាំ រាប់អំពីកំណើតមក ក្នុងកាលនោះ បុរសនេះ ក៏សាបសូន្យចាកបញ្ញាដ៏ឈ្លាសវៃ។ ម្នាលសារីបុត្ត សេចក្តីនុ៎ះ អ្នកមិនត្រូវយល់យ៉ាងនេះឡើយ។ ម្នាលសារីបុត្ត ឥឡូវនេះ តថាគតគ្រាំគ្រា ចំរើនវ័យ ចាស់ ដល់ហើយនូវសេចក្តីថមថយដោយលំដាប់ មានអាយុ៨០ឆ្នាំហើយ វ័យរបស់តថាគត ក៏នៅតែប្រព្រឹត្តទៅបាន។ ម្នាលសារីបុត្ត ក្នុងទីនេះ សាវ័ករបស់តថាគតទាំង៤រូប សុទ្ធតែមានអាយុ១០០ឆ្នាំ រស់នៅអស់១០០ឆ្នាំ ជាអ្នកប្រកបដោយសតិ និងគតិ និងសេចក្តីព្យាយាមដ៏ក្រៃលែងផង ដោយបញ្ញាដ៏ឈ្លាសវៃក្រៃលែងផង ម្នាលសារីបុត្ត អ្នកកាន់ធ្នូដ៏មាំ បានសិក្សាសិប្បៈរួចហើយ មានថ្វីដៃស្ទាត់ក្នុងការបាញ់ បានយកព្រួញដ៏ស្រាល (បាញ់) ឲ្យឆ្លងរំលងស្រមោលដើមត្នោតទទឹង ដោយមិនលំបាកឡើយ យ៉ាងណាមិញ សាវ័កទាំង៤ មានស្មារតីដ៏ក្រៃលែង ក៏យ៉ាងនោះ មានគតិដ៏ក្រៃលែង ក៏យ៉ាងនោះ មានព្យាយាមដ៏ក្រៃលែង ក៏យ៉ាងនោះ ប្រកបដោយបញ្ញាដ៏ឈ្លាសវៃក្រៃលែង ក៏យ៉ាងនោះ ពួកសាវ័កទាំង៤នោះ តែងសួរប្រស្នា ប្រៀបធៀបដោយសតិប្បដ្ឋានទាំង៤នឹងតថាគត ចំណែកតថាគត ដែលសាវ័កទាំងនោះសួរហើយ ៗក៏ដោះស្រាយនូវប្រស្នានោះ ដល់ពួកសាវ័កទាំងនោះ ឯពួកសាវ័កទាំងនោះ ក៏ចាំទុកនូវប្រស្នា ដែលតថាគតដោះស្រាយហើយ ថាជាប្រស្នាដែលតថាគត ដោះស្រាយហើយ មិនបាច់សួរតថាគត ឲ្យជាគំរប់ពីរដងតទៅទៀតឡើយ វៀរលែងតែការស៊ីផឹក ទំពាស៊ី និងជញ្ជាប់ជញ្ជក់ភោជន វៀរលែងតែការបន្ទោបង់នូវឧច្ចារៈ និងបស្សាវៈ វៀរលែងតែការដេកលក់ និងការសម្រាកសេចក្តីលំបាក ម្នាលសារីបុត្ត ធម៌ទេសនារបស់តថាគត មិនចេះអស់ បទ និងព្យញ្ជនៈនៃធម៌របស់តថាគត មិនចេះអស់ បញ្ហាព្យាករណ៍របស់តថាគត ក៏មិនចេះអស់ឡើយ។ ចំណែកខាងពួកសាវ័កទាំង៤ របស់តថាគតនោះ មានអាយុ១០០ឆ្នាំ រស់នៅបាន១០០ឆ្នាំ នឹងធ្វើមរណកាល ដោយកាលកន្លងនៃឆ្នាំ១០០។ ម្នាលសារីបុត្ត បើទុកណាជាអ្នកទាំងឡាយ នាំយកតថាគត ដោយគ្រែតូច ប្រាជ្ញា និងសេចក្តីឈ្លាសវៃរបស់តថាគត ក៏មិនក្លាយទៅជាដទៃឡើយ។ ម្នាលសារីបុត្ត អ្នកផង កាលពោលដោយប្រពៃ តែងពោលចំពោះបុគ្គលណាថា សត្វមានធម៌មិនវង្វេងទេ រមែងកើតក្នុងលោក ដើម្បីប្រយោជន៍ដល់ជនច្រើន ដើម្បីសេចក្តីសុខដល់ជនច្រើន ដើម្បីអនុគ្រោះដល់សត្វលោក ដើម្បីសេចក្តីចំរើន ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខដល់ទេវតា និងមនុស្ស។ អ្នកផង កាលពោលដោយប្រពៃ ចំពោះបុគ្គលនោះ គួរពោលចំពោះតថាគតហ្នឹងឯងថា សត្វមានធម៌មិនវង្វេងទេ កើតឡើងក្នុងលោក ដើម្បីប្រយោជន៍ដល់ជនច្រើន ដើម្បីសេចក្តីសុខដល់ជនច្រើន ដើម្បីអនុគ្រោះ ដល់សត្វលោក ដើម្បីសេចក្តីចំរើន ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខដល់ទេវតា និងមនុស្សទាំងឡាយ។
[១៩៣] សម័យនោះឯង ព្រះនាគសមាលៈ ដ៏មានអាយុ កំពុងព័ត (បក់) ថ្វាយព្រះមានព្រះភាគ អំពីខាងក្រោយព្រះមានព្រះភាគ។ លំដាប់នោះ ព្រះនាគសមាលៈ ដ៏មានអាយុ បានក្រាបបង្គំទូលចំពោះព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន អស្ចារ្យពេកណាស់ បពិត្រព្រះអង្គដ៏ចំរើន ហេតុនេះ មិនដែលមានសោះ បពិត្រព្រះអង្គដ៏ចំរើន មិនតែប៉ុណ្ណោះ ខ្ញុំព្រះអង្គស្តាប់ធម្មបរិយាយនេះហើយ ក៏ព្រឺព្រួចរោម បពិត្រព្រះអង្គដ៏ចំរើន ធម្មបរិយាយនេះ ឈ្មោះដូចម្តេច។ ព្រះអង្គត្រាស់ថា ម្នាលនាគសមាលៈ បើដូច្នោះ អ្នកចូរចាំទុកនូវធម្មបរិយាយនេះចុះ ឈ្មោះថា លោមហំសនបរិយាយ។ លុះព្រះមានព្រះភាគ ត្រាស់ព្រះសូត្រនេះចប់ហើយ នាគសមាលៈ ដ៏មានអាយុ ក៏មានចិត្តត្រេកអរ រីករាយ ចំពោះភាសិតរបស់ព្រះមានព្រះភាគ។
ចប់ មហាសីហនាទសូត្រ ទី២។
មហាទុក្ខក្ខន្ធសូត្រ ទី៣
[១៩៤] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតវ័ន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង ភិក្ខុទាំងឡាយច្រើនរូប ស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ហើយចូលទៅកាន់ក្រុងសាវត្ថី ដើម្បីបិណ្ឌបាតក្នុងពេលព្រឹកព្រហាម។ លំដាប់នោះ ភិក្ខុទាំងនោះ បានគិតគ្នា យ៉ាងនេះថា ការត្រាច់ទៅបិណ្ឌបាតក្នុងក្រុងសាវត្ថី (នេះ) ក៏នៅព្រឹកពេកណាស់ បើដូច្នោះ គួរតែពួកយើង ឈៀងចូលទៅឯអារាមរបស់ពួកបរិព្វាជកអន្យតិរ្ថិយសិន។ គ្រានោះឯង ភិក្ខុទាំងនោះ ក៏ចូលទៅឯអារាមរបស់បរិព្វាជកអន្យតិរ្ថិយ លុះចូលទៅដល់ហើយ ក៏ពោលពាក្យរាក់ទាក់ សំណេះសំណាល ទៅរកពួកបរិព្វាជកអន្យតិរ្ថិយនោះ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររលឹកហើយ ក៏អង្គុយក្នុងទីដ៏សមគួរ លុះភិក្ខុទាំងនោះ អង្គុយក្នុងទីដ៏សមគួរហើយ ទើបពួកបរិព្វាជកអន្យតិរ្ថិយ បានពោលពាក្យនេះថា ម្នាលអាវុសោទាំងឡាយ ព្រះសមណគោតម បញ្ញត្តការកំណត់ដឹង នូវកាមារម្មណ៍ទាំងឡាយ ចំណែកខាងពួកយើង ក៏បញ្ញត្តការកំណត់ដឹង នូវកាមារម្មណ៍ទាំងឡាយដែរ។ ម្នាលអាវុសោទាំងឡាយ ព្រះសមណគោតម បញ្ញត្តការកំណត់ដឹង នូវរូបារម្មណ៍ទាំងឡាយ ចំណែកខាងពួកយើង ក៏បញ្ញត្តការកំណត់ដឹង នូវរូបារម្មណ៍ទាំងឡាយដែរ។ ម្នាលអាវុសោទាំងឡាយ ព្រះសមណគោតម តែងបញ្ញត្តការកំណត់ដឹង នូវវេទនាទាំងឡាយ ចំណែកខាងពួកយើង ក៏បញ្ញត្តការកំណត់ដឹង នូវវេទនាទាំងឡាយដែរ។ ម្នាលអាវុសោទាំងឡាយ ចុះក្នុងការបញ្ញត្តនេះ (បើប្រៀបធៀប) នូវធម៌ទេសនា ដោយធម៌ទេសនា ឬ (ប្រៀបធៀប) នូវពាក្យប្រៀនប្រដៅ ដោយពាក្យប្រៀនប្រដៅ របស់ព្រះសមណគោតមក្តី របស់ពួកយើង តើណាមានសេចក្តីវិសេសជាងណា មានអធិប្បាយដូចម្តេច មានហេតុផ្សេងៗគ្នាដូចម្តេច។ លំដាប់នោះ ភិក្ខុទាំងនោះ មិនបានត្រេកអរ មិនបានហាមឃាត់ នូវភាសិតរបស់ពួកបរិព្វាជកអន្យតិរ្ថិយនោះឡើយ លុះមិនបានត្រេកអរ មិនបានហាមឃាត់ហើយ ក៏នាំគ្នាក្រោកចាកអាសនៈ ចៀសចេញទៅ ដោយគិតគ្នាថា ពួកយើងគង់ដឹងច្បាស់ នូវសេចក្តីនៃភាសិតនេះ ក្នុងសំណាក់នៃព្រះមានព្រះភាគមិនខាន។
[១៩៥] គ្រានោះឯង ភិក្ខុទាំងនោះ ក៏ត្រាច់ទៅដើម្បីបិណ្ឌបាតក្នុងក្រុងសាវត្ថី លុះត្រឡប់ពីបិណ្ឌបាតមកវិញ ក្នុងវេលាក្រោយភត្ត ក៏ចូលទៅគាល់ព្រះមានព្រះភាគ ត្រង់ទីដែលព្រះអង្គគង់នៅ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះភិក្ខុទាំងនោះអង្គុយក្នុងទីដ៏សមគួរហើយ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គទាំងឡាយ ស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ហើយចូលទៅកាន់ក្រុងសាវត្ថី ដើម្បីបិណ្ឌបាត ក្នុងវេលាព្រឹកព្រហាមនេះ បពិត្រព្រះអង្គដ៏ចំរើន ពួកខ្ញុំព្រះអង្គ បានគិតគ្នា យ៉ាងនេះថា ការត្រាច់ទៅដើម្បីបិណ្ឌបាត ក្នុងក្រុងសាវត្ថី (នេះ) ក៏នៅព្រឹកពេកណាស់ បើដូច្នោះ ពួកយើងគួរ ឆៀងចូលទៅឯអារាមរបស់ពួកបរិព្វាជកអន្យតិរ្ថិយសិនចុះ។ បពិត្រព្រះអង្គដ៏ចំរើន គ្រានោះឯង ខ្ញុំព្រះអង្គទាំងឡាយ ក៏ចូលទៅឯអារាមរបស់ពួកបរិព្វាជកអន្យតិរ្ថិយ លុះចូលទៅដល់ហើយ ក៏ពោលពាក្យរាក់ទាក់ សំណេះសំណាល ទៅរកបរិព្វាជកអន្យតិរ្ថិយនោះ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យ ដែលគួររលឹកហើយ ក៏អង្គុយក្នុងទីដ៏សមគួរ។ បពិត្រព្រះអង្គដ៏ចំរើន លុះពួកខ្ញុំព្រះអង្គ អង្គុយក្នុងទីដ៏សមគួរហើយ ពួកបរិព្វាជកអន្យតិរ្ថិយនោះ បានពោលសេចក្តីនេះថា ម្នាលអាវុសោទាំងឡាយ ព្រះសមណគោតម បញ្ញត្តការកំណត់ដឹង នូវចំណែកកាមារម្មណ៍ទាំងឡាយ ចំណែកខាងពួកយើង ក៏បញ្ញត្តការកំណត់ដឹង នូវកាមារម្មណ៍ទាំងឡាយដែរ។ ម្នាលអាវុសោទាំងឡាយ ព្រះសមណគោតម បញ្ញត្តការកំណត់ដឹង នូវរូបារម្មណ៍ទាំងឡាយ ចំណែកខាងពួកយើង ក៏បញ្ញត្តការកំណត់ដឹង នូវរូបារម្មណ៍ទាំងឡាយដែរ។ ម្នាលអាវុសោទាំងឡាយ ព្រះសមណគោតម បញ្ញត្តការកំណត់ដឹង នូវវេទនាទាំងឡាយ ចំណែកខាងពួកយើង ក៏បញ្ញត្តការកំណត់ដឹង នូវវេទនាទាំងឡាយដែរ។ ម្នាលអាវុសោទាំងឡាយ ចុះការបញ្ញត្តិនេះ (បើប្រៀបធៀប) ធម៌ទេសនា ដោយធម៌ទេសនា (ប្រៀបធៀប) ពាក្យប្រៀនប្រដៅ ដោយពាក្យប្រៀនប្រដៅ របស់ព្រះសមណគោតមក្តី របស់ពួកយើងក្តី តើណាមានសេចក្តីវិសេសជាងណា មានសេចក្តីអធិប្បាយដូចម្តេច មានហេតុផ្សេងគ្នាដូចម្តេច។ បពិត្រព្រះអង្គដ៏ចំរើន លំដាប់នោះ ខ្ញុំព្រះអង្គទាំងឡាយ មិនបានត្រេកអរ មិនបានហាមឃាត់ភាសិត របស់ពួកបរិព្វាជកអន្យតិរ្ថិយនោះឡើយ លុះមិនបានត្រេកអរ មិនបានហាមឃាត់ហើយ ក៏នាំគ្នាក្រោកចាកអាសនៈ ចៀសចេញមក ដោយគិតគ្នាថា ពួកយើងគង់នឹងដឹងច្បាស់ នូវសេចក្តីនៃភាសិតនេះ ក្នុងសំណាក់នៃព្រះមានព្រះភាគមិនខាន។
[១៩៦] ព្រះមានជោគ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ កាលបើពួកបរិព្វាជកអន្យតិរ្ថិយសួរយ៉ាងនេះ ពួកអ្នក ត្រូវសួរយ៉ាងនេះវិញថា ម្នាលអាវុសោទាំងឡាយ ចុះអ្វីជាតំរេករបស់កាមទាំងឡាយ អ្វីជាទោស របស់កាមទាំងឡាយ អ្វីជាគ្រឿងរលាស់ចេញ នូវកាមទាំងឡាយ អ្វីជាតំរេករបស់រូបទាំងឡាយ អ្វីជាទោស របស់រូបទាំងឡាយ អ្វីជាគ្រឿងរលាស់ចេញ នូវរូបទាំងឡាយ អ្វីជាតំរេករបស់វេទនាទាំងឡាយ អ្វីជាទោស របស់វេទនាទាំងឡាយ អ្វីជាគ្រឿងរលាស់ចេញ នូវវេទនាទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ ពួកបរិព្វាជកអន្យតិរ្ថិយ កាលបើអ្នកទាំងឡាយ សួរយ៉ាងនេះហើយ មុខជាមិនអាចនឹងដោះស្រាយរួចផង នឹងដល់នូវសេចក្តីចង្អៀតចង្អល់ចិត្តជាយ៉ាងក្រៃពេកផង។ ចុះដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុថា (ប្រស្នានោះ) មិនមែនជាវិស័យ (របស់ខ្លួន)។ ម្នាលភិក្ខុទាំងឡាយ បុគ្គលណា នឹងញុំាងចិត្តឲ្យត្រេកអរ ដោយវេយ្យាករណ៍ នៃបញ្ហានេះបាន តថាគត ពិចារណារកបុគ្គលនោះ ក្នុងលោកនេះ ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ក្នុងពពួកសត្វ ព្រមទាំងសមណព្រាហ្មណ៍ ទាំងមនុស្សជាសម្មតិទេព និងមនុស្សដ៏សេស មិនឃើញមានឡើយ វៀរលែងតែតថាគត ឬសាវ័ករបស់តថាគត ឬក៏បុគ្គលដែលបានស្តាប់អំពីសាសនានេះ។
[១៩៧] ម្នាលភិក្ខុទាំងឡាយ ចុះអ្វីជាតំរេករបស់កាមទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ កាមគុណ (ចំណង់កាម)នេះ មាន៥ប្រការ កាមគុណ៥ប្រការ តើអ្វីខ្លះ គឺរូបទាំងឡាយ ដែលគប្បីដឹងដោយភ្នែក ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីពេញចិត្ត ជាទីស្រឡាញ់ ត្រូវតាមចំណង់ ជាទីត្រេកត្រអាល១ សំឡេងទាំងឡាយ ដែលគប្បីដឹងដោយត្រចៀក…១ ក្លិនទាំងឡាយ ដែលគប្បីដឹងបានដោយច្រមុះ…១ រសទាំងឡាយ ដែលគប្បីដឹងបានដោយអណ្តាត…១ ផ្សព្វទាំងឡាយ ដែលគប្បីដឹងបានដោយកាយ ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីពេញចិត្ត ជាទីស្រឡាញ់ ត្រូវតាមចំណង់ ជាទីត្រេកត្រអាល១ ម្នាលភិក្ខុទាំងឡាយ នេះឯងហៅថា កាមគុណ៥ ប្រការ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីសុខ សោមនស្ស កើតឡើងព្រោះអាស្រ័យកាមគុណទាំង៥ប្រការនេះ នេះឯងជាតំរេក របស់កាមទាំងឡាយ។
[១៩៨] ម្នាលភិក្ខុទាំងឡាយ ចុះអ្វីជាទោសរបស់កាមទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ កុលបុត្តក្នុងលោកនេះ ចិញ្ចឹមជីវិតដោយសេចក្តីប្រឹងប្រែង ដោយសិល្បសាស្ត្រណាមួយ ទោះបីដោយការរាប់ម្រាមដៃទទេក្តី ដោយការរាប់លេខនព្វន្តក្តី ដោយការរាប់ប្រមូលក្តី [អដ្ឋកថា ពន្យល់ថា ដូចគេរមិលមើលស្រែ ហើយរាប់ថា ក្នុងស្រែនេះ ប្រហែលជាបានស្រូវប៉ុណ្ណោះ ឬរមិលមើលដើមឈើ ហើយរាប់ស្មានថា ដើមឈើនេះ ប្រហែលជាមានផ្លែប៉ុណ្ណោះ។] ដោយកសិកម្មក្តី ដោយពាណិជ្ជកម្មក្តី ដោយគោរក្ខកម្មក្តី ដោយភាវៈនៃខ្លួនជាអ្នកកាន់អាវុធក្តី ដោយភាវៈនៃខ្លួនជារាជបុរសក្តី ដោយសិល្បសាស្ត្រណាមួយក្តី កុលបុត្តដែលអាស្រ័យនូវការចិញ្ចឹមជីវិត ដោយការរាប់ម្រាមដៃទទេជាដើមនោះ តែងមានត្រជាក់បៀតបៀន មានក្តៅបៀតបៀន ប៉ះពាល់ដោយសម្ផស្សនៃរបោមមូស ខ្យល់ កំដៅថ្ងៃ និងពស់តូច ពស់ធំ ស្លាប់ខ្លួនព្រោះសេចក្តីស្រេកឃ្លាន ម្នាលភិក្ខុទាំងឡាយ នេះឯងជាទោស របស់កាមទាំងឡាយ ដែលបុគ្គលគប្បីឃើញទាន់ភ្នែក ជាគំនរនៃទុក្ខ មានកាមជាហេតុ មានកាមជាគ្រឿងប្រគល់ឲ្យនូវផល មានកាមជាគ្រឿងផ្តួចផ្តើម ជាបច្ច័យនៃកាមទាំងឡាយមែនពិត។ ម្នាលភិក្ខុទាំងឡាយ កាលបើកុលបុត្តនោះ ប្រឹងប្រែងខ្នះខ្នែង ព្យាយាមយ៉ាងនេះហើយ ភោគៈទាំងឡាយនោះ ក៏មិនបានសម្រេច កុលបុត្តនោះ តែងក្រៀមក្រំចិត្ត លំបាក ខ្សឹកខ្សួល គក់ទ្រូង ទ្រហោយំ ដល់នូវសេចក្តីវង្វេងថា ឱ សេចក្តីប្រឹងប្រែងរបស់អញ ឥតអំពើសោះ ឱ សេចក្តីព្យាយាមរបស់អញ ឥតផលសោះ។ ម្នាលភិក្ខុទាំងឡាយ នេះឯងជាទោស របស់កាមទាំងឡាយ ដែលបុគ្គលគប្បីឃើញទាន់ភ្នែក ជាគំនរនៃទុក្ខ មានកាមជាហេតុ មានកាមជាគ្រឿងប្រគល់ឲ្យនូវផល មានកាមជាគ្រឿងផ្តួចផ្តើម ជាបច្ច័យនៃកាមទាំងឡាយមែនពិត។ ម្នាលភិក្ខុទាំងឡាយ កាលបើកុលបុត្តនោះ ប្រឹងប្រែងខ្នះខ្នែង ព្យាយាមយ៉ាងនេះហើយ ភោគៈទាំងឡាយនោះ ក៏សម្រេច កុលបុត្តនោះ តែងទទួលនូវសេចក្តីទុក្ខទោមនស្ស ព្រោះហេតុនៃការរក្សានូវភោគៈទាំងឡាយនោះថា ធ្វើដូចម្តេចហ្ន៎ កុំឲ្យព្រះរាជាទាំងឡាយ នាំយកភោគៈទាំងឡាយនោះទៅបាន កុំឲ្យចោរទាំងឡាយលួចយកបាន កុំឲ្យភ្លើងឆេះបាន កុំឲ្យទឹកបន្សាត់ទៅបាន កុំឲ្យអ្នកទទួលមត៌កទាំងឡាយ ដែលមិនជាទីស្រឡាញ់ នាំយកទៅបាន។ កាលកុលបុត្តនោះ ខំរក្សាគ្រប់គ្រងយ៉ាងនេះ ក៏ស្រាប់តែព្រះរាជាទាំងឡាយ រឹបយកនូវភោគៈទាំងឡាយនោះទៅក្តី ចោរទាំងឡាយ លួចយកទៅក្តី ភ្លើងឆេះទៅក្តី ទឹកបន្សាត់ទៅក្តី អ្នកទទួលមត៌កទាំងឡាយ ដែលមិនជាទីស្រឡាញ់ នាំយកទៅក្តី កុលបុត្តនោះ តែងក្រៀមក្រំចិត្ត លំបាក ខ្សឹកខ្សួល គក់ទ្រូង ទ្រហោយំ ដល់នូវសេចក្តីវង្វេងថា ទ្រព្យណាបានកើតមានហើយ ដល់អាត្មាអញ ឥឡូវនេះ ទ្រព្យនោះឯង ត្រឡប់ជាមិនមានដល់អាត្មាអញវិញឡើយ ម្នាលភិក្ខុទាំងឡាយ នេះឯងជាទោស របស់កាមទាំងឡាយ ដែលបុគ្គលគប្បីឃើញទាន់ភ្នែក ជាគំនរនៃទុក្ខ មានកាមជាហេតុ មានកាមជាគ្រឿងប្រគល់ឲ្យនូវផល មានកាមជាគ្រឿងផ្តួចផ្តើម ជាបច្ច័យនៃកាមទាំងឡាយមែនពិត។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ព្រោះតែមានកាមជាហេតុ មានកាមជាគ្រឿងប្រគល់ឲ្យនូវផល មានកាមជាគ្រឿងផ្តួចផ្តើម ជាបច្ច័យនៃកាមទាំងឡាយមែនពិត បានជាព្រះរាជាទាំងឡាយ ទាស់ទែងគ្នា នឹងព្រះរាជាទាំងឡាយខ្លះ ក្សត្រទាំងឡាយទាស់ទែងគ្នា នឹងក្សត្រទាំងឡាយខ្លះ ព្រាហ្មណ៍ទាំងឡាយ ទាស់ទែងគ្នា នឹងព្រាហ្មណ៍ទាំងឡាយខ្លះ គហបតីទាំងឡាយ ទាស់ទែងគ្នា នឹងគហបតីទាំងឡាយខ្លះ មាតាទាស់ទែងនឹងបុត្តខ្លះ បុត្តទាស់ទែងនឹងមាតាខ្លះ បិតាទាស់ទែងនឹងបុត្តខ្លះ បុត្តទាស់ទែងនឹងបិតាខ្លះ បងប្អូនប្រុសទាស់ទែងនឹងបងប្អូនប្រុសខ្លះ បងប្អូនប្រុសទាស់ទែងនឹងបងប្អូនស្រីខ្លះ បងប្អូនស្រីទាស់ទែងនឹងបងប្អូនប្រុសខ្លះ សំឡាញ់ទាស់ទែងនឹងសំឡាញ់ខ្លះ ពួកមនុស្សទាំងនោះ ក៏ដល់នូវសេចក្តីឈ្លោះប្រកែក ប្រកាន់ខុស ទាស់ទែងគ្នា ក្នុងទីនោះហើយ ប្រហារគ្នាទៅវិញទៅមកដោយដៃខ្លះ ប្រហារគ្នាដោយដុំដីខ្លះ ប្រហារគ្នាដោយដំបងខ្លះ ប្រហារគ្នាដោយគ្រឿងសស្ត្រាខ្លះ ជនទាំងនោះ ក៏ដល់នូវសេចក្តីស្លាប់ក្នុងទីនោះខ្លះ ដល់នូវសេចក្តីទុក្ខ ស្ទើនឹងស្លាប់ខ្លះ ម្នាលភិក្ខុទាំងឡាយ នេះឯងជាទោស របស់កាមទាំងឡាយ ដែលបុគ្គលគប្បីឃើញទាន់ភ្នែក ជាគំនរនៃទុក្ខ មានកាមជាហេតុ មានកាមជាគ្រឿងប្រគល់ឲ្យនូវផល មានកាមជាគ្រឿងផ្តួចផ្តើម ជាបច្ច័យនៃកាមទាំងឡាយមែនពិត។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ព្រោះតែមានកាមជាហេតុ មានកាមជាគ្រឿងប្រគល់ឲ្យនូវផល មានកាមជាគ្រឿងផ្តួចផ្តើម ជាបច្ច័យនៃកាមទាំងឡាយ បានជាមនុស្សទាំងឡាយ កាន់នូវដាវ និងខែល កាន់ធ្នូ សៀតបំពង់ព្រួញ ចូលទៅកាន់សង្គ្រាម ដែលកើតជាក្បួនទ័ព មកទាំងសងខាង កាលដែលគេបាញ់ព្រួញមកក្តី កាលដែលគេពួយលំពែងមកក្តី កាលដែលគេងាដាវឡើងក្តី មនុស្សទាំងឡាយនោះ បាញ់គ្នាដោយព្រួញខ្លះ ចាក់គ្នាដោយលំពែងខ្លះ កាប់ក្បាលគ្នាដោយដាវខ្លះ ក្នុងសង្គ្រាមនោះ មនុស្សទាំងឡាយនោះ ក៏ដល់នូវសេចក្តីស្លាប់ខ្លះ ដល់នូវសេចក្តីទុក្ខ ស្ទើនឹងស្លាប់ខ្លះ ក្នុងសង្គ្រាមនោះ ម្នាលភិក្ខុទាំងឡាយ នេះឯងជាទោស របស់កាមទាំងឡាយ ដែលបុគ្គលគប្បីឃើញទាន់ភ្នែក ជាគំនរនៃទុក្ខ មានកាមជាហេតុ មានកាមជាគ្រឿងប្រគល់ឲ្យនូវផល មានកាមជាគ្រឿងផ្តួចផ្តើម ជាបច្ច័យនៃកាមទាំងឡាយមែនពិត។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ព្រោះតែមានកាមជាហេតុ មានកាមជាគ្រឿងប្រគល់ឲ្យនូវផល មានកាមជាគ្រឿងផ្តួចផ្តើម ជាបច្ច័យនៃកាមទាំងឡាយមែនពិត បានជាមនុស្សទាំងឡាយនោះ កាន់ដាវ និងខែល កាន់ធ្នូ សៀតបំពង់ព្រួញ ចូលទៅកាន់បន្ទាយ ដែលលាបបូកដោយបាយអ កាលដែលគេបាញ់ព្រួញមកក្តី កាលដែលគេពួយលំពែងមកក្តី កាលដែលគេងាដាវឡើងក្តី មនុស្សទាំងឡាយនោះ ក៏បាញ់គ្នាដោយព្រួញខ្លះ ចាក់គ្នាដោយលំពែងខ្លះ បាចសាចដាក់គ្នាដោយអាចម៍គោជ្រាយខ្លះ ញាំញីគ្នាដោយរនាស់ដែកខ្លះ កាប់ក្បាលគ្នាដោយដាវខ្លះ ក្នុងបន្ទាយនោះ មនុស្សទាំងឡាយនោះ ដល់នូវសេចក្តីស្លាប់ខ្លះ ដល់នូវសេចក្តីទុក្ខ ស្ទើនឹងស្លាប់ខ្លះ ក្នុងបន្ទាយនោះ ម្នាលភិក្ខុទាំងឡាយ នេះឯងជាទោស របស់កាមទាំងឡាយ ដែលបុគ្គលគប្បីឃើញចំពោះខ្លួនឯង ជាគំនរនៃទុក្ខ មានកាមជាហេតុ មានកាមជាគ្រឿងប្រគល់ឲ្យនូវផល មានកាមជាគ្រឿងផ្តួចផ្តើម ជាបច្ច័យនៃកាមទាំងឡាយមែនពិត។ ម្នាលភិក្ខុទាំងឡាយ ម្យ៉ាងទៀត ព្រោះតែមានកាមជាហេតុ មានកាមជាគ្រឿងប្រគល់ឲ្យនូវផល មានកាមជាគ្រឿងផ្តួចផ្តើម ជាបច្ច័យនៃកាមទាំងឡាយមែនពិត មនុស្សទាំងឡាយ ក៏កាត់នូវជញ្ជាំងផ្ទះខ្លះ ប្លន់ខ្លះ កំហែងយកទ្រព្យក្នុងផ្ទះមួយៗខ្លះ ឈរស្កាត់ច្រកផ្លូវខ្លះ គប់រកភរិយារបស់អ្នកដទៃខ្លះ។ ព្រះរាជាទាំងឡាយ ចាប់មនុស្សទាំងនោះបានហើយ ត្រាស់បង្គាប់ឲ្យធ្វើកម្មករណ៍ទាំងឡាយ មានប្រការផ្សេងៗ គឺវាយដោយរំពាត់ខ្លះ វាយដោយផ្តៅខ្លះ វាយដោយដំបងខ្លីខ្លះ កាត់ដៃខ្លះ កាត់ជើងខ្លះ កាត់ទាំងដៃ ទាំងជើងខ្លះ កាត់ស្លឹកត្រចៀកខ្លះ កាត់ច្រមុះខ្លះ កាត់ទាំងស្លឹកត្រចៀក ទាំងច្រមុះខ្លះ ធ្វើពិលង្គថាលិកកម្ម គឺអំពើដែលគេធ្វើឲ្យដូចជាឆ្នាំងដាក់ទឹកជ្រក់ [អដ្ឋកថា ថា បានដល់អំពើដែលគេបកស្បែកក្បាល ហើយយកដង្កាប់ ចាប់ដុំដែកដែលក្តៅ ដាក់លើរលាក្បាលនោះ ខួរក្នុងក្បាលក៏ពុះឡើង។] ខ្លះ ធ្វើនូវសង្ខមុណ្ឌកកម្ម គឺអំពើដែលគេធ្វើក្បាលឲ្យរលីង ដូចជាសម្បកស័ង្ខ [អំពើដែលគេចៀរស្បែក តាំងអំពីបបូរមាត់ខាងលើ រហូតដល់គំត្រចៀកទាំងពីរ រៀងមកដល់កញ្ចឹងក ហើយយកសក់រុំនឹងកំណាត់ឈើ រួចទាញកន្ត្រាក់ឲ្យរបើកស្បែកក្បាលចេញ ហើយយកដុំថ្មដុសខាត់រលាក្បាលឲ្យរលីង រួចលាងទឹកឲ្យស្អាត ឲ្យសល់នៅតែឆ្អឹងរលាដែលសដូចជាសំបកស័ង្ខ។] ខ្លះ ធ្វើនូវរាហុមុខកម្ម គឺអំពើដែលគេធ្វើមាត់ឲ្យដូចជាមាត់រាហូ [អដ្ឋកថា ថា អំពើដែលគេយកកង្វារដែក ថ្ពក់មាត់ឲ្យហា ហើយដុតប្រទីបក្នុងមាត់ ហើយយកពន្លាកដាប់មាត់ឲ្យរយះដល់គំត្រចៀកទាំងពីរ ឲ្យដូចជាមាត់រាហូ។]ខ្លះ ធ្វើនូវជោតិមាលិកកម្ម គឺអំពើដែលធ្វើខ្លួនមនុស្សឲ្យដូចជាផ្កាភ្លើង [អំពើដែលគេយកកំណាត់សំពត់ ជ្រលក់ប្រេង រុំសរីរៈទាំងអស់ ហើយឈួលភ្លើង។]ខ្លះ ធ្វើនូវហត្ថប្បជ្ជោតិកកម្ម គឺអំពើដែលគេដុតដៃ [អំពើដែលគេយកកំណាត់សំពត់ជ្រលក់ប្រេង រុំដៃទាំងពីរ ហើយឈួលភ្លើង។]ខ្លះ ធ្វើនូវឯរកវត្តិកកម្ម គឺអំពើដែលធ្វើដូចជាពន្លាត់ស្បែកពពែខ្លះ [អដ្ឋកថា ថាអំពើដែលគេឆូតស្បែកពីត្រឹម ក រហូតដល់កជើង ហើយយកខ្សែចងស្បែកនោះទាញពន្លាត់ចេញ រួចឲ្យអ្នកទោសនោះ ជាន់ផ្ទាំងស្បែកឲ្យទាល់តែដួលខ្លួនចុះទៅ។] ធ្វើនូវចីរកវាសិកកម្ម គឺអំពើដែលគេធ្វើឲ្យដូចជាស្លៀកសំពត់សម្បកឈើខ្លះ [អំពើដែលគេឆូតស្បែកតាំងពីត្រឹមក ទុកត្រឹមចង្កេះ ឆូតពីចង្កេះ មកទុកត្រឹមកជើង ឲ្យស្បែកខាងលើមកគ្របសរីរៈខាងក្រោម ដូចជាស្លៀកសំពត់សម្បកឈើ។] ធ្វើនូវឯណេយ្យកកម្ម គឺអំពើដែលគេធ្វើឲ្យដូចជាជើងសត្វទ្រាយខ្លះ [អំពើដែលគេដាក់កងដែកត្រង់ដុំដៃទាំងពីរ និងជង្គង់ទាំងពីរ ហើយលើកដាក់លើដែកអណ្តោតទាំង៤ មានសណ្ឋានដូចជាជើងទ្រាយ អ្នកទោសនោះ ក៏ឋិតនៅលើដែកទាំង៤ ដែលគេបោះជាប់នឹងផែនដី។ ] ធ្វើនូវពលិសមំសិកកម្ម គឺអំពើដែលគេថ្ពក់មាត់ដោយកាង ឬសន្ទូចខ្លះ [អំពើដែលគេយកកាងបោះទៅឲ្យជាប់សាច់ស្បែក និងសរសៃ ហើយទាញកន្ទ្រាក់ឲ្យដាច់។] ធ្វើនូវកហាបណកកម្ម គឺអំពើដែលគេធ្វើឲ្យខូចសរីរៈប្រមាណប៉ុនកហាបណៈមួយៗខ្លះ [អំពើដែលគេយកចុងកាំបិតដ៏មុត ទៅខ្វៀលយកសាច់ ឲ្យមានរណ្តៅប្រមាណប៉ុនកហាបណៈមួយៗ។] ធ្វើនូវខារាបដិច្ឆកកម្ម គឺអំពើដែលគេយកទឹកផ្សា ស្រោចខ្លះ [អំពើដែលគេយកអាវុធ ទៅចិញ្ច្រាំសរីរៈ ហើយយកទឹកផ្សា ស្រោចឲ្យសាច់ស្បែកសរសៃរលួយជ្រុះចេញអស់ទៅ នៅសល់តែរាងឆ្អឹងទទេ។] ធ្វើនូវបលិឃបរិវត្តិកកម្ម គឺអំពើដែលគេធ្វើដូចជាបង្វិលជើងគុល ឬសសរគោលខ្លះ [អំពើដែលគេឲ្យមនុស្សដេកផ្អៀងម្ខាង ហើយយកដែកស្រួចទៅបោះប្រហោងត្រចៀកខាងលើឲ្យធ្លុះ រហូតដល់ប្រហោងត្រចៀកខាងក្រោម ជាប់នឹងផែនដី ហើយនាំគ្នាចាប់ជើងទាញបង្វិលជុំវិញ។] ធ្វើនូវបលាលបីឋកកម្ម គឺអំពើដែលគេធ្វើឲ្យដូចជាកណ្តាប់ចំបើងខ្លះ [អំពើដែលគេកាត់ស្បែក ហើយយកថ្មសំលៀងកាំបិត ទៅដុំបំបាក់ឆ្អឹងឲ្យខ្ទេចខ្ទី ហើយចាប់ផ្នួងសក់លើកឡើង គ្រវាត់គ្រវែងឲ្យឆ្អឹងជ្រុះចេញ ឲ្យនៅសល់ដុំសាច់តែម្យ៉ាង។] ស្រោចដោយប្រេងដែលក្តៅខ្លះ ឲ្យឆ្កែខាំខ្លះ ឲ្យដេកផ្ងារលើឈើអណ្តោតទាំងរស់ខ្លះ កាត់ក្បាលដោយដាវខ្លះ មនុស្សទាំងនោះ ក៏ដល់នូវសេចក្តីស្លាប់ខ្លះ ដល់នូវសេចក្តីទុក្ខស្ទើរតែនឹងស្លាប់ខ្លះ ក្នុងទីនោះ ម្នាលភិក្ខុទាំងឡាយ នេះឯងជាទោស របស់កាមទាំងឡាយ ដែលបុគ្គលគប្បីឃើញទាន់ភ្នែក ជាគំនរនៃទុក្ខ មានកាមជាហេតុ មានកាមជាគ្រឿងប្រគល់ឲ្យនូវផល មានកាមជាគ្រឿងផ្តួចផ្តើម ជាបច្ច័យនៃកាមទាំងឡាយ មែនពិត។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ព្រោះតែមានកាមជាហេតុ មានកាមជាគ្រឿងប្រគល់ឲ្យនូវផល មានកាមជាគ្រឿងផ្តួចផ្តើម ជាបច្ច័យនៃកាមទាំងឡាយ បានជាជនទាំងឡាយ ប្រព្រឹត្តទុច្ចរិតដោយកាយ ប្រព្រឹត្តទុច្ចរិតដោយវាចា ប្រព្រឹត្តទុច្ចរិតដោយចិត្ត លុះជនទាំងឡាយនោះ ប្រព្រឹត្តទុច្ចរិតដោយកាយ ប្រព្រឹត្តទុច្ចរិតដោយវាចា ប្រព្រឹត្តទុច្ចរិតដោយចិត្តហើយ ដល់បែកធ្លាយរាងកាយ បន្ទាប់អំពីមរណៈទៅ ក៏ទៅកើតឯអបាយ ទុគ្គតិ វិនិបាត នរក ម្នាលភិក្ខុទាំងឡាយ នេះឯង ជាទោសរបស់កាមទាំងឡាយ ដែលប្រព្រឹត្តទៅក្នុងបរលោក ជាគំនរនៃទុក្ខ មានកាមជាហេតុ មានកាមជាគ្រឿងប្រគល់ឲ្យនូវផល មានកាមជាគ្រឿងផ្តួចផ្តើម ជាបច្ច័យនៃកាមទាំងឡាយ មែនពិត។
[១៩៩] ម្នាលភិក្ខុទាំងឡាយ ចុះអ្វីជាគ្រឿងរលាស់ចេញនូវកាមទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ ឧបាយជាទីកំចាត់បង់នូវឆន្ទរាគៈ ការលះបង់នូវឆន្ទរាគៈ ក្នុងកាមទាំងឡាយណា នេះឯងឈ្មោះថា ជាគ្រឿងរលាស់ចេញនូវកាមទាំងឡាយ។
[២០០] ម្នាលភិក្ខុទាំងឡាយ សមណៈ ឬព្រាហ្មណ៍ទាំងឡាយពួកខ្លះ មិនដឹងនូវតម្រេករបស់កាមទាំងឡាយ ថាជាគ្រឿងត្រេកអរផង មិនដឹងនូវទោសរបស់កាមទាំងឡាយ ថាជាទោសផង មិនដឹងនូវគ្រឿងរលាស់ចេញនូវកាមទាំងឡាយ ថាជាគ្រឿងរលាស់ចេញផង យ៉ាងនេះដោយពិត សមណៈ ឬព្រាហ្មណ៍ទាំងនោះឯង នឹងកំណត់ដឹងនូវកាមទាំងឡាយដោយខ្លួនឯងឬ ឬក៏បុគ្គលប្រតិបត្តិយ៉ាងណា ទើបនឹងកំណត់ដឹងនូវកាមទាំងឡាយបាន និងបបួលបុគ្គលដទៃ ដើម្បីសេចក្តីប្រតិបត្តិយ៉ាងនោះ នេះមិនមែនជាឋានៈទេ។ ម្នាលភិក្ខុទាំងឡាយ សមណៈ ឬព្រាហ្មណ៍ទាំងឡាយណាមួយ ដឹងនូវតម្រេក របស់កាមទាំងឡាយថា ជាគ្រឿងត្រេកអរផង ដឹងនូវទោសរបស់កាមទាំងឡាយ ថាជាទោសផង ដឹងនូវគ្រឿងរលាស់ចេញនូវកាមទាំងឡាយ ថាជាគ្រឿងរលាស់ចេញផង ដោយពិត សមណៈ ឬព្រាហ្មណ៍ទាំងនោះ នឹងកំណត់ដឹងនូវកាមទាំងឡាយដោយខ្លួនឯងឬ ឬក៏បុគ្គលប្រតិបត្តិយ៉ាងណា ទើបនឹងកំណត់ដឹង នូវកាមទាំងឡាយបាន ទាំងបបួលបុគ្គលដទៃ ដើម្បីសេចក្តីប្រតិបត្តិយ៉ាងនោះ នេះទើបជាឋានៈ។
[២០១] ម្នាលភិក្ខុទាំងឡាយ ចុះអ្វីជាតម្រេករបស់រូបទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ ដូចយ៉ាងខត្តិយកញ្ញា ឬព្រាហ្មណកញ្ញា គហបតិកញ្ញា ដែលមានវ័យ១៥ឆ្នាំ ឬ១៦ឆ្នាំ ជាស្រ្តីមិនខ្ពស់ពេក មិនទាបពេក មិនស្គមពេក មិនធាត់ពេក មិនខ្មៅពេក មិនសពេក ម្នាលភិក្ខុទាំងឡាយ ចុះស្ត្រីនោះ មានសម្បុរល្អស្អាតសមរម្យ ក្នុងសម័យនោះឬទេ។ ភិក្ខុទាំងឡាយក្រាបទូលថា ព្រះករុណាព្រះអង្គ។ ព្រះមានព្រះភាគត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ត្រង់សេចក្តីសុខ សោមនស្សកើតឡើង ព្រោះអាស្រ័យសម្បុរល្អស្អាតនេះឯង ជាតម្រេករបស់រូបទាំងឡាយ។
[២០២] ម្នាលភិក្ខុទាំងឡាយ ចុះអ្វីជាទោស របស់រូបទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ គប្បីមើលនូវបងប្អូនស្រីនោះឯង ក្នុងសម័យខាងក្រោយមក ដែលមានអាយុ៨០ឆ្នាំ ឬមានអាយុ៩០ឆ្នាំ មានអាយុ១០០ឆ្នាំ ជាស្ត្រីចាស់ជរាហើយដោយជាតិ មានឆ្អឹងជំនីរកោង ដូចបង្កង់ផ្ទះ មានកាយកោង កាន់ឈើច្រត់ កាលដើរទៅ ញ័ររន្ធត់ រសាប់រសល់ដោយជរា មានវ័យកន្លងហើយ មានធ្មេញបាក់ សក់ស្កូវ ក្បាលឆក ក្បាលទំពែក ស្បែកជ្រួញជ្រីវ ខ្លួនរទុះដោយអាចម៍រុយ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយសំគាល់សេចក្តីនុ៎ះ ថាដូចម្តេច សម្បុរល្អសមរម្យណា ក្នុងសម័យពីមុន សម្បុរល្អនោះ ក៏អន្តរធានបាត់ទៅ ទោសក៏កើតប្រាកដឡើងមែនឬ។ ភិក្ខុទាំងឡាយក្រាបទូលថា ព្រះករុណាព្រះអង្គ។ ព្រះមានបុណ្យត្រាស់ថា ម្នាលភិក្ខុទាំងឡាយ នេះហើយដែលហៅថា ទោសរបស់រូបទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុគប្បីមើលបងប្អូនស្រីនោះឯង ដែលមានអាពាធ ដល់នូវសេចក្តីទុក្ខ ឈឺចាប់ជាទម្ងន់ ដួលដេកត្រាំ ក្នុងមូត្រ និងលាមករបស់ខ្លួន លុះតែមានជនឯទៀតគ្រាឡើង ទើបបានក្រោករួច លុះតែមានជនឯទៀតនាំឲ្យចូលទៅ ទើបចូលទៅបាន។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ សំគាល់សេចក្តីនោះដូចម្តេច សម្បុរល្អសមរម្យណា ក្នុងកាលពីមុន សម្បុរល្អនោះ ក៏អន្តរធានបាត់ទៅ ទោសក៏កើតប្រាកដឡើងមែនឬ។ ភិក្ខុទាំងឡាយក្រាបបង្គំទូលថា ព្រះករុណាព្រះអង្គ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ហ្នឹងហើយដែលហៅថា ទោសរបស់រូបទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុគប្បីមើលបងប្អូនស្រីនោះឯង ដែលគេយកសរីរៈទៅចោលក្នុងព្រៃស្មសាន ទោះស្លាប់អស់១ថ្ងៃក្តី ទោះស្លាប់អស់២ថ្ងៃក្តី ទោះស្លាប់អស់៣ថ្ងៃក្តី ដែលកំពុងហើមប៉ោងឡើង មានសម្បុរខៀវ មានខ្ទុះហូរចេញ (តាមទ្វារផ្សេងៗ)។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ សំគាល់សេចក្តីនោះ ថាដូចម្តេច សម្បុរល្អសមរម្យណា ក្នុងកាលពីមុន សម្បុរល្អនោះ ក៏អន្តរធានបាត់ទៅ ទោសក៏កើតប្រាកដឡើងមែនឬ។ ភិក្ខុទាំងឡាយក្រាបបង្គំទូលថា ព្រះករុណាព្រះអង្គ។ ទើបព្រះមានព្រះភាគត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ហ្នឹងហើយដែលហៅថា ទោសរបស់រូបទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុគប្បីមើលបងប្អូនស្រីនោះឯង ដែលគេយកសរីរៈទៅចោលក្នុងព្រៃស្មសាន ក្អែកទាំងឡាយ កំពុងតែចឹកស៊ីក្តី ពួកត្មាត កំពុងចឹកស៊ីក្តី ត្រដក់ទាំងឡាយ កំពុងចឹកស៊ីក្តី ស្វានទាំងឡាយ កំពុងកកេរស៊ីក្តី ចចកទាំងឡាយកំពុងកកេរស៊ីក្តី បាណកជាតិទាំងឡាយផ្សេងៗ កំពុងរូងជញ្ជក់ស៊ីក្តី។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ សំគាល់សេចក្តីនោះ ថាដូចម្តេច សម្បុរល្អសមរម្យណា ក្នុងកាលពីមុន សម្បុរល្អនោះ ក៏អន្តរធានបាត់ទៅ ទោសក៏កើតប្រាកដឡើងមែនឬ។ ភិក្ខុទាំងឡាយក្រាបទូលថា ព្រះករុណាព្រះអង្គ។ ព្រះមានព្រះភាគត្រាស់ថា ម្នាលភិក្ខុទាំងឡាយ នេះហើយដែលហៅថា ទោសរបស់រូបទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ មួយយ៉ាងទៀត ភិក្ខុគប្បីមើលបងប្អូនស្រីនោះឯង ដែលគេយកសរីរៈទៅចោលក្នុងព្រៃស្មសាន សល់នៅតែរាងឆ្អឹង ប្រកបដោយសាច់ឈាម មានសរសៃជាគ្រឿងចង។បេ។ សល់នៅតែរាងឆ្អឹង ឥតមានសាច់ តែនៅប្រឡាក់ដោយឈាម មានសរសៃជាគ្រឿងចង។បេ។ សល់នៅតែរាងឆ្អឹង មិនមានសាច់ និងឈាម មានសរសៃជាគ្រឿងចង។បេ។ សល់នៅតែរាងឆ្អឹងទទេ មិនមានសរសៃជាគ្រឿងចងរួបរឹត ខ្ចាត់ខ្ចាយ រាត់រាយទៅក្នុងទិសតូច និងទិសធំ គឺឆ្អឹងដៃទៅដោយឡែក ឆ្អឹងជើងទៅដោយឡែក ឆ្អឹងស្មងទៅដោយឡែក ឆ្អឹងភ្លៅទៅដោយឡែក ឆ្អឹងចង្កេះទៅដោយឡែក ឆ្អឹងខ្នងទៅដោយឡែក ឆ្អឹងជំនីរទៅដោយឡែក ឆ្អឹងទ្រូងទៅដោយឡែក ឆ្អឹងដើមដៃទៅដោយឡែក ឆ្អឹងស្មាទៅដោយឡែក ឆ្អឹងកទៅដោយឡែក ឆ្អឹងចង្កាទៅដោយឡែក ឆ្អឹងធ្មេញទៅដោយឡែក រលាក្បាលទៅដោយឡែក។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ សំគាល់សេចក្តីនោះ ថាដូចម្តេច សម្បុរល្អសមរម្យណា ក្នុងកាលពីមុន សម្បុរល្អសមរម្យនោះ ក៏អន្តរធានបាត់ទៅ ទោសក៏កើតឡើងប្រាកដមែនឬ។ ភិក្ខុទាំងឡាយ ក្រាបទូលថា ព្រះករុណាព្រះអង្គ។ ព្រះសយម្ភូញាណ ទ្រង់មានព្រះពុទ្ធតម្រាស់ថា ម្នាលភិក្ខុទាំងឡាយ នេះហើយដែលហៅថា ទោសរបស់រូបទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ មួយយ៉ាងទៀត ភិក្ខុគប្បីមើលបងប្អូនស្រីនោះឯង ដែលគេយកសរីរៈទៅចោលក្នុងព្រៃស្មសាន សល់នៅតែរាងឆ្អឹងទទេ មានសម្បុរស ប្រៀបដូចពណ៌នៃស័ង្ខ។បេ។ សល់នៅតែឆ្អឹងទទេ រោយរាយនៅជាពំនូកៗ កន្លងទៅយូរឆ្នាំហើយ។បេ។ សល់នៅតែឆ្អឹងទទេ ពុកផុយ ខ្ទេចខ្ទី ជាកំទេចតូច កំទេចធំផ្សេងៗ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ សំគាល់សេចក្តីនោះ ថាដូចម្តេច សម្បុរល្អសមរម្យណា ក្នុងកាលពីមុន សម្បុរល្អនោះ ក៏អន្តរធានបាត់ទៅ ទោសក៏កើតប្រាកដឡើងមែនឬ។ ភិក្ខុទាំងឡាយ ក្រាបទូលថា ព្រះករុណាព្រះអង្គ។ ព្រះមានព្រះភាគ ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ នេះហើយដែលហៅថា ទោសរបស់រូបទាំងឡាយ។
[២០៣] ម្នាលភិក្ខុទាំងឡាយ ចុះអ្វីជាគ្រឿងរលាស់ចេញនូវរូបទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ ឧបាយដែលជាគ្រឿងកំចាត់បង់នូវឆន្ទរាគ ការលះបង់ឆន្ទរាគ ក្នុងរូបទាំងឡាយណា នេះឯងជាគ្រឿងរលាស់ចេញនូវរូបទាំងឡាយ។
[២០៤] ម្នាលភិក្ខុទាំងឡាយ សមណៈ ឬព្រាហ្មណ៍ទាំងឡាយឯណានីមួយ មិនដឹងនូវតម្រេករបស់រូបទាំងឡាយ ថាជាគ្រឿងត្រេកផង មិនបានដឹងនូវទោសរបស់រូបទាំងឡាយ ថាជាទោសផង មិនបានដឹងនូវគ្រឿងរលាស់ចេញ នូវរូបទាំងឡាយ ថាជាគ្រឿងរលាស់ចេញផង តាមពិតយ៉ាងនេះ សមណៈ ឬព្រាហ្មណ៍ទាំងនោះ នឹងកំណត់ដឹងនូវរូបទាំងឡាយដោយខ្លួនឯងឬ ឬក៏បុគ្គលប្រតិបត្តិយ៉ាងណា ទើបនឹងកំណត់ដឹងនូវរូបទាំងឡាយបាន និងបបួលបុគ្គលដទៃ ដើម្បីសេចក្តីប្រតិបត្តិយ៉ាងនោះ ហេតុនេះ មិនជាឋានៈឡើយ។ ម្នាលភិក្ខុទាំងឡាយ សមណៈ ឬព្រាហ្មណ៍ណាមួយ ដឹងនូវតម្រេក របស់រូបទាំងឡាយ ថាជាគ្រឿងត្រេកផង ដឹងនូវទោសរបស់រូបទាំងឡាយ ថាជាទោសផង ដឹងនូវគ្រឿងរលាស់ចេញ នូវរូបទាំងឡាយ ថាជាគ្រឿងរលាស់ចេញផង សមណៈ ឬព្រាហ្មណ៍ទាំងឡាយនោះ នឹងកំណត់ដឹងនូវរូបទាំងឡាយ ដោយខ្លួនឯងឬ ឬក៏បុគ្គលប្រតិបត្តិយ៉ាងណា ទើបនឹងកំណត់ដឹងនូវរូបទាំងឡាយបាន និងបបួលនូវបុគ្គលដទៃ ដើម្បីសេចក្តីប្រតិបត្តិយ៉ាងនោះ នេះទើបជាឋានៈ។
[២០៥] ម្នាលភិក្ខុទាំងឡាយ ចុះអ្វីជាតម្រេក របស់វេទនាទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ស្ងប់ស្ងាត់ចាកកាមទាំងឡាយ ស្ងប់ស្ងាត់ចាកអកុសលធម៌ទាំងឡាយ ក៏ចូលកាន់បឋមជ្ឈាន ប្រកបដោយវិតក្កៈ វិចារៈ មានបីតិ និងសុខ ដែលកើតអំពីសេចក្តីស្ងប់ស្ងាត់ជាអារម្មណ៍។ ម្នាលភិក្ខុទាំងឡាយ ក្នុងសម័យណា ភិក្ខុស្ងប់ស្ងាត់ចាកកាមទាំងឡាយ ស្ងប់ស្ងាត់ចាកអកុសលធម៌ទាំងឡាយហើយ ក៏ចូលកាន់បឋមជ្ឈាន ប្រកបដោយវិតក្កៈ វិចារៈ មានបីតិ និងសុខ ដែលកើតអំពីសេចក្តីស្ងប់ស្ងាត់ជាអារម្មណ៍ ក្នុងសម័យនោះ (ភិក្ខុនោះឯង) មិនបានគិតដើម្បីបៀតបៀនខ្លួនឯងផង មិនបានគិតដើម្បីបៀតបៀនបុគ្គលដទៃផង មិនបានគិតដើម្បីបៀតបៀនបុគ្គលទាំង២ពួក គឺខ្លួន និងបុគ្គលដទៃផង ក្នុងសម័យនោះ (ភិក្ខុនោះ) ឈ្មោះថា ទទួលនូវវេទនា មិនមានសេចក្តីព្យាបាទ (ឥតទុក្ខ) តែមួយយ៉ាង ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា តម្រេករបស់វេទនាទាំងឡាយ បំផុតត្រឹមសេចក្តីមិនព្យាបាទ។ ម្នាលភិក្ខុទាំងឡាយ មួយយ៉ាងទៀត ភិក្ខុចូលកាន់ទុតិយជ្ឈាន ជាទីផូរផង់ ក្នុងសន្តាន មានភាវៈនៃចិត្តដ៏ប្រសើរ មិនមានវិតក្កៈ មិនមានវិចារៈទេ មានតែបីតិ និងសុខ ដែលកើតអំពីសមាធិ ព្រោះរម្ងាប់នូវវិតក្កៈ និងវិចារៈ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសម័យណាដែលភិក្ខុ។បេ។ ព្រោះរម្ងាប់វិតក្កៈ និងវិចារៈ ក្នុងសម័យនោះ (ភិក្ខុនោះឯង) មិនបានគិត ដើម្បីបៀតបៀនខ្លួនឯង។បេ។ ទើបឈ្មោះថា ទទួលនូវវេទនា មិនមានសេចក្តីព្យាបាទ តែមួយយ៉ាង ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា សេចក្តីត្រេកអរ របស់វេទនាទាំងឡាយ បំផុតត្រឹមសេចក្តីមិនព្យាបាទ។ ម្នាលភិក្ខុទាំងឡាយ មួយយ៉ាងទៀត ភិក្ខុជាអ្នកមានចិត្តព្រងើយផង មានស្មារតីតាំងមាំផង មានប្រាជ្ញាដឹងសព្វផង ទទួលនូវសេចក្តីសុខ ដោយនាមកាយផង ព្រោះអស់ទៅនៃបីតិ ក៏បានចូលកាន់តតិយជ្ឈាន ដែលព្រះអរិយៈទាំងឡាយ តែងសំដែងថា បុគ្គលដែលបានចូលកាន់តតិយជ្ឈាន រមែងជាអ្នកមានចិត្តព្រងើយ មានស្មារតីនៅជាសុខ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសម័យណា ភិក្ខុ។បេ។ ព្រោះអស់ទៅនៃបីតិ ក្នុងសម័យនោះ ភិក្ខុនោះឯង មិនគិត។បេ។ ទើបឈ្មោះថា ទទួលនូវវេទនា មិនមានសេចក្តីព្យាបាទ តែមួយយ៉ាង ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា សេចក្តីត្រេកអរ របស់វេទនាទាំងឡាយ បំផុតត្រឹមសេចក្តីមិនព្យាបាទ។ ម្នាលភិក្ខុទាំងឡាយ មួយយ៉ាងទៀត ភិក្ខុចូលកាន់ចតុត្ថជ្ឈាន ដែលឥតទុក្ខ ឥតសុខ មានតែសតិដ៏បរិសុទ្ធ ព្រោះឧបេក្ខា ព្រោះលះបង់នូវសុខផង លះបង់នូវទុក្ខផង ព្រោះរលត់ទៅនៃសោមនស្ស និងទោមនស្ស ក្នុងកាលមុនផង។ ម្នាលភិក្ខុទាំងឡាយ ក្នុងសម័យណា ភិក្ខុ។បេ។ ព្រោះលះបង់នូវសុខផង ក្នុងសម័យនោះ ភិក្ខុនោះឯង មិនបានគិតដើម្បីបៀតបៀនខ្លួនផង មិនបានគិតដើម្បីបៀតបៀនបុគ្គលដទៃផង មិនបានគិតដើម្បីបៀតបៀនបុគ្គលទាំង២ពួក គឺខ្លួន និងបុគ្គលដទៃផង ក្នុងសម័យនោះ ភិក្ខុនោះ ឈ្មោះថា ទទួលនូវវេទនា ដែលមិនមានសេចក្តីព្យាបាទ តែមួយយ៉ាង ម្នាលភិក្ខុទាំងឡាយ តថាគតតែងពោលថា សេចក្តីត្រេកអរ របស់វេទនាទាំងឡាយ បំផុតត្រឹមសេចក្តីមិនព្យាបាទ។
[២០៦] ម្នាលភិក្ខុទាំងឡាយ ចុះអ្វីជាទោស របស់វេទនាទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ ត្រង់ដែលវេទនាមិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួលទៅជាធម្មតា នេះឯង ជាទោសរបស់វេទនាទាំងឡាយ។
[២០៧] ម្នាលភិក្ខុទាំងឡាយ ចុះអ្វី ជាគ្រឿងរលាស់ចេញនូវវេទនាទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ ឧបាយជាគ្រឿងកំចាត់បង់ នូវឆន្ទរាគ ការលះបង់នូវឆន្ទរាគ ក្នុងវេទនាទាំងឡាយណា នេះឯង ជាគ្រឿងរលាស់ចេញ នូវវេទនាទាំងឡាយ។
[២០៨] ម្នាលភិក្ខុទាំងឡាយ សមណៈ ឬព្រាហ្មណ៍ទាំងឡាយពួកខ្លះ មិនបានដឹងនូវតម្រេករបស់វេទនាទាំងឡាយ ថាជាគ្រឿងត្រេកផង មិនបានដឹងនូវទោសរបស់វេទនាទាំងឡាយ ថាជាទោសផង មិនបានដឹងនូវគ្រឿងរលាស់ចេញ នូវវេទនាទាំងឡាយ ថាជាគ្រឿងរលាស់ចេញផង យ៉ាងនេះតាមពិត សមណព្រាហ្មណ៍ទាំងនោះ នឹងកំណត់ដឹងនូវវេទនាទាំងឡាយ ដោយខ្លួនឯងឬ ឬក៏បុគ្គលប្រតិបត្តិយ៉ាងណា ទើបនឹងកំណត់ដឹង នូវវេទនាទាំងឡាយបាន ទាំងបបួលបុគ្គលដទៃ ដើម្បីសេចក្តីប្រតិបត្តិយ៉ាងនោះ នេះ មិនមែនជាឋានៈទេ។ ម្នាលភិក្ខុទាំងឡាយ សមណៈ ឬព្រាហ្មណ៍ទាំងឡាយណាមួយ ដឹងនូវតម្រេក របស់វេទនាទាំងឡាយ ថាជាគ្រឿងត្រេកផង ដឹងនូវទោសរបស់វេទនាទាំងឡាយ ថាជាទោសផង ដឹងនូវគ្រឿងរលាស់ចេញ នូវវេទនាទាំងឡាយ ថាជាគ្រឿងរលាស់ចេញផង យ៉ាងនេះតាមពិត ទើបសមណៈ ឬព្រាហ្មណ៍ទាំងនោះ នឹងកំណត់ដឹងនូវវេទនាទាំងឡាយ ដោយខ្លួនឯងឬ ឬក៏បុគ្គលប្រតិបត្តិយ៉ាងណា ទើបនឹងកំណត់ដឹងនូវវេទនាទាំងឡាយបាន ទាំងបបួលនូវបុគ្គលដទៃ ដើម្បីសេចក្តីប្រតិបត្តិយ៉ាងនោះ នេះទើបជាឋានៈ។ លុះព្រះមានព្រះភាគ ទ្រង់ត្រាស់ព្រះសូត្រនេះចប់ហើយ ភិក្ខុទាំងនោះ ក៏មានចិត្តត្រេកអរ រីករាយ ចំពោះភាសិត នៃព្រះមានព្រះភាគ។
ចប់ មហាទុក្ខក្ខន្ធសូត្រ ទី៣។
ចូឡទុក្ខក្ខន្ធសូត្រ ទី៤
[២០៩] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងនិគ្រោធារាម ទៀបក្រុងកបិលព័ស្តុ ក្នុងសក្កជនបទ។ លំដាប់នោះឯង សក្យរាជ ទ្រង់ព្រះនាមមហានាម ក៏ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះមានព្រះភាគ ហើយគង់ក្នុងទីដ៏សមគួរ។ លុះមហានាមសក្យរាជ គង់ក្នុងទីដ៏សមគួរហើយ ទើបក្រាបទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ បានដឹងច្បាស់នូវធម៌ ដែលព្រះមានព្រះភាគ ទ្រង់សំដែងអស់កាលជាយូរហើយ យ៉ាងនេះថា លោភៈ ជាគ្រឿងសៅហ្មងរបស់ចិត្ត ទោសៈ ជាគ្រឿងសៅហ្មងរបស់ចិត្ត មោហៈ ជាគ្រឿងសៅហ្មងរបស់ចិត្ត ប៉ុន្តែចួនកាល ធម៌គឺលោភៈ គ្របសង្កត់ចិត្ត របស់ខ្ញុំព្រះអង្គខ្លះ ចួនកាល ធម៌គឺទោសៈ គ្របសង្កត់ចិត្ត របស់ខ្ញុំព្រះអង្គខ្លះ ចួនកាល ធម៌គឺមោហៈ គ្របសង្កត់ចិត្ត របស់ខ្ញុំព្រះអង្គខ្លះ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គនោះ ទើបមានសេចក្តីត្រិះរិះយ៉ាងនេះថា ចុះធម៌អ្វីហ្ន៎ នៅខាងក្នុងសន្តាន ដែលអាត្មាអញ មិនទាន់លះបង់អស់ បានជាចួនកាល ធម៌គឺលោភៈ គ្របសង្កត់ចិត្តរបស់អាត្មាអញខ្លះ ចួនកាល ធម៌គឺទោសៈ គ្របសង្កត់ចិត្តរបស់អាត្មាអញខ្លះ ចួនកាល ធម៌គឺមោហៈ គ្របសង្កត់ចិត្តរបស់អាត្មាអញខ្លះ។
[២១០] ព្រះមានព្រះភាគត្រាស់ថា ថ្វាយព្រះពរមហានាម ធម៌គឺលោភៈ ទោសៈ មោហៈ ក្នុងសន្តាននោះឯង ដែលមហាបពិត្រ មិនទាន់លះបង់អស់ បានជាចួនកាល ធម៌គឺលោភៈ គ្របសង្កត់ចិត្តរបស់មហាបពិត្រខ្លះ ចួនកាល ធម៌គឺទោសៈ គ្របសង្កត់ចិត្តរបស់មហាបពិត្រខ្លះ ចួនកាល ធម៌គឺមោហៈ គ្របសង្កត់ចិត្តរបស់មហាបពិត្រខ្លះ។ បពិត្រមហានាម បើធម៌ក្នុងសន្តាននោះ មហាបពិត្រ បានលះបង់អស់ហើយ។ មហាបពិត្រ នឹងគប្បីលែងនៅគ្រប់គ្រងផ្ទះ នឹងគប្បីលែងបរិភោគកាមទាំងឡាយ។ បពិត្រមហានាម ធម៌ខាងក្នុងសន្តាននោះឯង មហាបពិត្រ លះបង់មិនទាន់បាន ព្រោះហេតុនោះ បានជាមហាបពិត្រនៅគ្រប់គ្រងផ្ទះ បរិភោគនូវកាមទាំងឡាយ។
[២១១] ថ្វាយព្រះពរមហានាម បើអរិយសាវ័ក បានឃើញច្បាស់ តាមសេចក្តីពិត ដោយប្រាជ្ញាដ៏ប្រពៃយ៉ាងនេះថា កាមទាំងឡាយ មានសេចក្តីសុខតិច មានទុក្ខច្រើន មានសេចក្តីចង្អៀតចង្អល់ច្រើន ទោសក្នុងកាមទាំងឡាយនុ៎ះ មានច្រើនពេក។ អរិយសាវ័កនោះឯង បានវៀរចាកកាមទាំងឡាយ វៀរចាកអកុសលធម៌ទាំងឡាយហើយ តែមិនទាន់បាននូវបីតិ និងសុខ [អដ្ឋកថា ថា បានដល់ឈានពីរ ដែលប្រកបដោយបីតិ គឺបឋមជ្ឈាន និងទុតិយជ្ឈាន។] ឬគុណជាតដទៃដែលល្អិត [បានដល់តតិយជ្ឈាន ចតុត្ថជ្ឈាន សោតាបត្តិមគ្គ និងសកទាគាមិមគ្គ។] លើសជាងបីតិ និងសុខនោះទេ កាលបើដូច្នេះ អរិយសាវ័កនោះ នឹងឈ្មោះថា មិនវិលត្រឡប់មករកកាមទាំងឡាយវិញនោះ មិនមែនឡើយ។ បពិត្រមហានាម កាលណាបើអរិយសាវ័ក បានឃើញច្បាស់ តាមសេចក្តីពិត ដោយបញ្ញាដ៏ប្រពៃយ៉ាងនេះថា កាមទាំងឡាយ មានសេចក្តីសុខតិច មានទុក្ខច្រើន មានសេចក្តីចង្អៀតចង្អល់ច្រើន ទោសក្នុងកាមទាំងឡាយនុ៎ះ មានច្រើនក្រៃពេក។ អរិយសាវ័កនោះឯង បានវៀរចាកកាមទាំងឡាយ វៀរចាកអកុសលធម៌ទាំងឡាយ ហើយបាននូវបីតិ និងសុខ ឬគុណជាតដទៃដែលល្អិត លើសជាងបីតិ និងសុខនោះ កាលបើដូច្នេះ អរិយសាវ័កនោះ ទើបឈ្មោះថា មិនវិលត្រឡប់មករកកាមទាំងឡាយទៀតឡើយ។ បពិត្រមហានាម ប៉ុនអម្បាលតថាគត កាលនៅជាពោធិសត្វ មិនទាន់បានត្រាស់ដឹង ក្នុងកាលមុន អំពីកាលត្រាស់ដឹងនៅឡើយ បានឃើញច្បាស់ តាមសេចក្តីពិត ដោយបញ្ញាដ៏ប្រពៃយ៉ាងនេះថា កាមទាំងឡាយ មានសេចក្តីសុខតិច មានទុក្ខច្រើន មានសេចក្តីចង្អៀតចង្អល់ច្រើន ទោសក្នុងកាមទាំងឡាយនុ៎ះ មានច្រើនក្រៃពេក។ តថាគតនោះ វៀរចាកកាមទាំងឡាយ វៀរចាកអកុសលធម៌ទាំងឡាយហើយ តែមិនទាន់បាននូវបីតិ និងសុខ ឬគុណជាតដទៃដែលល្អិត លើសជាងបីតិ និងសុខនោះ កាលបើដូច្នេះ តថាគតនោះ ក៏ដឹងប្រាកដថា អាត្មាអញ ត្រឡប់មករកកាមទាំងឡាយវិញ ដោយពិត។ បពិត្រមហានាម លុះកាលណាតថាគត បានឃើញច្បាស់ តាមសេចក្តីពិត ដោយបញ្ញាដ៏ប្រពៃយ៉ាងនេះថា កាមទាំងឡាយ មានសេចក្តីសុខតិច មានទុក្ខច្រើន មានសេចក្តីចង្អៀតចង្អល់ច្រើន ទោសក្នុងកាមទាំងឡាយនុ៎ះ មានច្រើនក្រៃពេក។ តថាគតនោះឯង បានវៀរចាកកាមទាំងឡាយ វៀរចាកអកុសលធម៌ទាំងឡាយ ហើយបាននូវបីតិ និងសុខផង ឬគុណជាតដទៃដែលល្អិត លើសជាងបីតិ និងសុខនោះផង កាលបើដូច្នេះ តថាគត ដឹងច្បាស់ថា មិនវិលត្រឡប់មករកកាមទាំងឡាយវិញឡើយ។
[២១២] ថ្វាយព្រះពរមហានាម ចុះអ្វីជាតម្រេករបស់កាមទាំងឡាយ។ បពិត្រមហានាម កាមគុណទាំងនេះ មាន៥ប្រការ ចុះកាមគុណ៥ប្រការ តើអ្វីខ្លះ គឺរូបទាំងឡាយ ដែលគប្បីដឹងច្បាស់បានដោយភ្នែក ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត ជាទីស្រឡាញ់ ត្រូវតាមចំណង់ ជាទីត្រេកត្រអាល១ សំឡេងទាំងឡាយ ដែលគប្បីដឹងច្បាស់បានដោយត្រចៀក…១ ក្លិនទាំងឡាយ ដែលគប្បីដឹងច្បាស់បានដោយច្រមុះ…១ រសទាំងឡាយ ដែលគប្បីដឹងច្បាស់បានដោយអណ្តាត…១ ផ្សព្វទាំងឡាយ ដែលគប្បីដឹងច្បាស់បានដោយកាយ ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត ជាទីស្រឡាញ់ ត្រូវតាមចំណង់ ជាទីត្រេកត្រអាល១ បពិត្រមហានាម នេះឯងឈ្មោះថា កាមគុណ៥ ប្រការ។ បពិត្រមហានាម ត្រង់ដែលសេចក្តីសុខ សោមនស្ស កើតឡើងព្រោះអាស្រ័យកាមគុណទាំង៥នេះឯង ជាតំរេក របស់កាមទាំងឡាយ។
[២១៣] ថ្វាយព្រះពរមហានាម ចុះអ្វីជាទោសរបស់កាមទាំងឡាយ។ បពិត្រមហានាម កុលបុត្រក្នុងលោកនេះ ចិញ្ចឹមជីវិតដោយសេចក្តីប្រឹងប្រែង ដោយសិល្បសាស្ត្រណានីមួយ ទោះបីដោយការរាប់ម្រាមដៃទទេក្តី ដោយការរាប់លេខនព្វន្តក្តី ដោយការរាប់ប្រមូលក្តី ដោយកសិកម្មក្តី ដោយវាណិជ្ជកម្មក្តី ដោយគោរក្ខកម្មក្តី ដោយភាវៈនៃខ្លួនជាខ្មាន់ធ្នូក្តី ដោយភាវៈនៃខ្លួនជារាជបុរសក្តី ដោយសិល្បសាស្ត្រឯណានីមួយក្តី កុលបុត្រដែលអាស្រ័យនូវការចិញ្ចឹមជីវិត ដោយការរាប់ម្រាមដៃទទេ ជាដើមនោះ តែងមានត្រជាក់បៀតបៀន មានក្តៅបៀតបៀន ប៉ះពាល់ដោយសម្ផស្សនៃរបោមមូស ខ្យល់ កំដៅថ្ងៃ និងពស់តូច ពស់ធំ ស្លាប់ខ្លួនដោយសេចក្តីស្រេកឃ្លាន បពិត្រមហានាម នេះឯងជាទោស របស់កាមទាំងឡាយ ដែលបុគ្គលគប្បីឃើញទាន់ភ្នែក ជាគំនរនៃទុក្ខ មានកាមជាហេតុ មានកាមជាគ្រឿងប្រគល់ឲ្យនូវផល មានកាមជាគ្រឿងផ្តួចផ្តើម ជាបច្ច័យនៃកាមទាំងឡាយមែនពិត។ បពិត្រមហានាម កាលបើកុលបុត្រនោះ ប្រឹងប្រែង ខ្នះខ្នែង ខ្មីឃ្មាត យ៉ាងនេះហើយ ភោគៈទាំងនោះ ក៏មិនបានសម្រេច កុលបុត្តនោះ តែងក្រៀមក្រំចិត្ត លំបាក ខ្សឹកខ្សួល គក់ទ្រូង ទ្រហោយំ ដល់នូវសេចក្តីវង្វេងថា ឱ សេចក្តីប្រឹងប្រែងរបស់អញ អសារឥតការសោះ ឱ សេចក្តីព្យាយាមរបស់អញ ឥតផលប្រយោជន៍សោះ។ បពិត្រមហានាម នេះឯងជាទោស របស់កាមទាំងឡាយ ដែលបុគ្គលគប្បីឃើញទាន់ភ្នែក ជាគំនរនៃទុក្ខ មានកាមជាហេតុ មានកាមជាគ្រឿងប្រគល់ឲ្យនូវផល មានកាមជាគ្រឿងផ្តួចផ្តើម ជាបច្ច័យនៃកាមទាំងឡាយមែនពិត។ បពិត្រមហានាម កាលបើកុលបុត្តនោះ ខំប្រឹងប្រែង ខ្នះខ្នែង ព្យាយាមយ៉ាងនេះហើយ ភោគៈទាំងនោះ ក៏បានសម្រេច កុលបុត្តនោះ តែងរងទុក្ខទោមនស្ស ព្រោះហេតុនៃការរក្សានូវភោគៈទាំងឡាយនោះថា ធ្វើម្តេចហ្ន៎ កុំឲ្យព្រះរាជាទាំងឡាយ នាំយកភោគៈទាំងឡាយរបស់អាត្មាអញទៅបាន កុំឲ្យចោរទាំងឡាយលួចយកទៅបាន កុំឲ្យភ្លើងឆេះបាន កុំឲ្យទឹកនាំយកទៅបាន កុំឲ្យអ្នកទទួលមត៌កទាំងឡាយ ដែលមិនជាទីស្រឡាញ់ នាំយកទៅបាន។ កាលកុលបុត្តនោះ ខំរក្សាគ្រប់គ្រងយ៉ាងនេះហើយ ក៏គង់តែព្រះរាជាទាំងឡាយ រឹបយកនូវភោគៈទាំងនោះទៅក្តី ចោរទាំងឡាយ លួចយកទៅក្តី ភ្លើងឆេះអស់ក្តី ទឹកបន្សាត់ទៅក្តី អ្នកទទួលមត៌កទាំងឡាយ មិនជាទីស្រឡាញ់ ទាមយកចំណែកទៅក្តី កុលបុត្តនោះ តែងក្រៀមក្រំចិត្ត លំបាក ខ្សឹកខ្សួល គក់ទ្រូង ទ្រហោយំ ដល់នូវសេចក្តីវង្វេងថា ទ្រព្យណាបានកើតមានហើយ ដល់អាត្មាអញ ឥឡូវនេះ ទ្រព្យនោះឯង ត្រឡប់ជាមិនមានដល់អាត្មាអញវិញឡើយ។ បពិត្រមហានាម នេះឯងជាទោស របស់កាមទាំងឡាយ ដែលបុគ្គលគប្បីឃើញទាន់ភ្នែក ជាគំនរនៃទុក្ខ មានកាមជាហេតុ មានកាមជាគ្រឿងប្រគល់ឲ្យនូវផល មានកាមជាគ្រឿងផ្តួចផ្តើម ជាបច្ច័យនៃកាមទាំងឡាយមែនពិត។
[២១៤] ថ្វាយព្រះពរមហានាម មួយទៀត ព្រោះតែមានកាមជាហេតុ មានកាមជាគ្រឿងប្រគល់ឲ្យនូវផល មានកាមជាគ្រឿងផ្តួចផ្តើម ជាបច្ច័យនៃកាមទាំងឡាយមែនពិត បានជាព្រះរាជាទាំងឡាយ ទាស់ទែងគ្នា នឹងព្រះរាជាទាំងឡាយខ្លះ ក្សត្រទាំងឡាយទាស់ទែងគ្នា នឹងក្សត្រទាំងឡាយខ្លះ ព្រាហ្មណ៍ទាំងឡាយ ទាស់ទែងគ្នា នឹងព្រាហ្មណ៍ទាំងឡាយខ្លះ គហបតីទាំងឡាយ ទាស់ទែងគ្នា នឹងគហបតីទាំងឡាយខ្លះ មាតាទាស់ទែងគ្នានឹងបុត្តខ្លះ បុត្រទាស់ទែងគ្នានឹងមាតាខ្លះ បិតាទាស់ទែងគ្នានឹងបុត្តខ្លះ បុត្តទាស់ទែងគ្នានឹងបិតាខ្លះ បងប្អូនប្រុសគ្នាទាស់ទែងគ្នា នឹងបងប្អូនប្រុសខ្លះ បងប្អូនប្រុសទាស់ទែងគ្នា នឹងបងប្អូនស្រីខ្លះ បងប្អូនស្រីទាស់ទែងគ្នា នឹងបងប្អូនប្រុសខ្លះ សំឡាញ់ទាស់ទែងគ្នា នឹងសំឡាញ់ខ្លះ។ ពួកមនុស្សទាំងនោះ ក៏ដល់នូវសេចក្តីឈ្លោះប្រកែក ប្រកាន់ខុស ទាស់ទែងគ្នា ក្នុងទីនោះ ហើយប្រហារគ្នានឹងគ្នា ដោយដៃខ្លះ ប្រហារគ្នាដោយដុំដីខ្លះ ប្រហារគ្នា ដោយដំបងខ្លះ ប្រហារគ្នា ដោយគ្រឿងសស្ត្រាវុធខ្លះ ពួកមនុស្សទាំងនោះ ក៏ដល់នូវសេចក្តីស្លាប់ខ្លះ ដល់នូវសេចក្តីទុក្ខ ស្ទើតែនឹងស្លាប់ខ្លះ ក្នុងទីនោះ។ បពិត្រមហានាម នេះឯងជាទោស របស់កាមទាំងឡាយ ដែលបុគ្គលគប្បីឃើញទាន់ភ្នែក ជាគំនរនៃទុក្ខ មានកាមជាហេតុ មានកាមជាគ្រឿងប្រគល់ឲ្យនូវផល មានកាមជាគ្រឿងផ្តួចផ្តើម ជាបច្ច័យនៃកាមទាំងឡាយមែនពិត។
[២១៥] ថ្វាយព្រះពរមហានាម មួយទៀត ព្រោះតែមានកាមជាហេតុ មានកាមជាគ្រឿងប្រគល់ឲ្យនូវផល មានកាមជាគ្រឿងផ្តួចផ្តើម ជាបច្ច័យនៃកាមទាំងឡាយមែនពិត បានជាមនុស្សទាំងឡាយ កាន់យកនូវដាវ និងខែល កាន់យកនូវធ្នូ សៀតបំពង់ព្រួញ ចូលទៅកាន់សង្គ្រាម ដែលលើកជាក្បួនទ័ព មកទាំងសងខាង កាលដែលគេបាញ់ព្រួញមកក្តី កាលដែលគេពួយលំពែងមកក្តី កាលដែលគេងាដាវឡើងក្តី ពួកមនុស្សទាំងនោះ ក៏បាញ់គ្នា ដោយព្រួញខ្លះ ចាក់គ្នា ដោយលំពែងខ្លះ កាប់ក្បាលគ្នា ដោយដាវខ្លះ ក្នុងសង្គ្រាមនោះ ពួកមនុស្សទាំងនោះ ដល់នូវសេចក្តីស្លាប់ខ្លះ ដល់នូវសេចក្តីទុក្ខ ស្ទើតែនឹងស្លាប់ខ្លះ ក្នុងសង្គ្រាមនោះ។ បពិត្រមហានាម នេះឯងជាទោស របស់កាមទាំងឡាយ ដែលបុគ្គលគប្បីឃើញទាន់ភ្នែក មានកាមជាហេតុ មានកាមជាគ្រឿងប្រគល់ឲ្យនូវផល មានកាមជាគ្រឿងផ្តួចផ្តើម ជាបច្ច័យនៃកាមទាំងឡាយមែនពិត។
[២១៦] ថ្វាយព្រះពរមហានាម មួយទៀត ព្រោះតែមានកាមជាហេតុ មានកាមជាគ្រឿងប្រគល់ឲ្យនូវផល មានកាមជាគ្រឿងផ្តួចផ្តើម ជាបច្ច័យនៃកាមទាំងឡាយមែនពិត បានជាពួកមនុស្សទាំងនោះ កាន់យកនូវដាវ និងខែល កាន់ធ្នូ សៀតបំពង់ព្រួញ ចូលទៅកាន់បន្ទាយ ដែលលាបបូកដោយបាយអរ កាលដែលគេបាញ់ព្រួញមកក្តី កាលដែលគេពួយលំពែងមកក្តី កាលដែលគេងាដាវឡើងក្តី ពួកមនុស្សទាំងនោះ ក៏បាញ់គ្នាដោយព្រួញខ្លះ ចាក់គ្នាដោយលំពែងខ្លះ បាចសាចដាក់គ្នាដោយអាចម៍គោជ្រាយខ្លះ ញាំញីគ្នាដោយរនាស់ដែកខ្លះ កាប់ក្បាលគ្នាដោយដាវខ្លះ ក្នុងបន្ទាយនោះ ពួកមនុស្សទាំងនោះ ដល់នូវសេចក្តីស្លាប់ខ្លះ ដល់នូវសេចក្តីទុក្ខ ស្ទើតែនឹងស្លាប់ខ្លះ ក្នុងបន្ទាយនោះ។ បពិត្រមហានាម នេះឯងជាទោស របស់កាមទាំងឡាយ ដែលបុគ្គលគប្បីឃើញទាន់ភ្នែក ជាគំនរនៃទុក្ខ មានកាមជាហេតុ មានកាមជាគ្រឿងប្រគល់ឲ្យនូវផល មានកាមជាគ្រឿងផ្តួចផ្តើម ជាបច្ច័យនៃកាមទាំងឡាយមែនពិត។
[២១៧] ថ្វាយព្រះពរមហានាម មួយទៀត ព្រោះតែមានកាមជាហេតុ មានកាមជាគ្រឿងប្រគល់ឲ្យនូវផល មានកាមជាគ្រឿងផ្តួចផ្តើម ជាបច្ច័យនៃកាមទាំងឡាយមែនពិត មនុស្សទាំងឡាយ ក៏កាត់នូវជញ្ជាំងផ្ទះខ្លះ ប្លន់ខ្លះ កំហែងយកទ្រព្យក្នុងផ្ទះមួយៗខ្លះ ឈរស្កាត់ច្រកផ្លូវខ្លះ គប់រកនូវភរិយា របស់អ្នកដទៃខ្លះ ព្រះរាជាទាំងឡាយ ចាប់មនុស្សទាំងនោះបានហើយ ត្រាស់បង្គាប់ឲ្យធ្វើកម្មករណ៍ទាំងឡាយ មានប្រការផ្សេងៗ គឺឲ្យវាយដោយរំពាត់ខ្លះ ឲ្យវាយដោយផ្តៅខ្លះ ឲ្យវាយដោយដំបងខ្លីខ្លះ។បេ។ ធ្វើនូវជោតិមាលិកកម្ម [អំពើដែលគេយកកំណាត់សំពត់ ជ្រលក់ប្រេង រុំសរីរៈទាំងអស់ ហើយឈួលភ្លើង។] គឺអំពើដែលធ្វើខ្លួនមនុស្សឲ្យដូចជាផ្កាភ្លើងខ្លះ ធ្វើនូវហត្ថប្បជ្ជោតិកកម្ម [អំពើដែលគេយកកំណាត់សំពត់ជ្រលក់ប្រេង រុំដៃទាំងពីរ ហើយឈួលភ្លើង។] គឺអំពើដែលគេដុតដៃខ្លះ ធ្វើនូវឯរកវត្តិកកម្ម [អដ្ឋកថា ថាអំពើដែលគេឆូតស្បែកពីត្រឹម ក រហូតដល់កជើង ហើយយកខ្សែចងស្បែកនោះទាញពន្លាត់ចេញ រួចឲ្យអ្នកទោសនោះ ជាន់ផ្ទាំងស្បែកឲ្យទាល់តែដួលខ្លួនចុះទៅ។] គឺអំពើដែលធ្វើដូចជាពន្លាត់ស្បែកពពែខ្លះ ធ្វើនូវចីរកវាសិកកម្ម [អំពើដែលគេឆូតស្បែកតាំងពីត្រឹមក ទុកត្រឹមចង្កេះ ឆូតពីចង្កេះ មកទុកត្រឹមកជើង ឲ្យស្បែកខាងលើមកគ្របសរីរៈខាងក្រោម ដូចជាស្លៀកសំពត់សម្បកឈើ។] គឺអំពើដែលគេធ្វើ ឲ្យដូចជាស្លៀកសំពត់សម្បកឈើខ្លះ ធ្វើនូវឯណេយ្យកកម្ម [អំពើដែលគេដាក់កងដែកត្រង់ដុំដៃទាំងពីរ និងជង្គង់ទាំងពីរ ហើយលើកដាក់លើដែកអណ្តោតទាំង៤ មានសណ្ឋានដូចជាជើងទ្រាយ អ្នកទោសនោះ ក៏ឋិតនៅលើដែកទាំង៤ ដែលគេបោះជាប់នឹងផែនដី។ ] គឺអំពើដែលធ្វើ ឲ្យដូចជាជើងសត្វទ្រាយខ្លះ ធ្វើនូវពលិសមំសិកកម្ម [អំពើដែលគេយកកាងបោះទៅឲ្យជាប់សាច់ស្បែក និងសរសៃ ហើយទាញកន្ទ្រាក់ឲ្យដាច់។] គឺអំពើដែលគេថ្ពក់មាត់ដោយកាង ឬសន្ទូចខ្លះ ធ្វើនូវកហាបណកកម្ម [អំពើដែលគេយកចុងកាំបិតដ៏មុត ទៅខ្វៀលយកសាច់ ឲ្យមានរណ្តៅប្រមាណប៉ុនកហាបណៈមួយៗ។] គឺអំពើដែលគេធ្វើឲ្យខូចសរីរៈប្រមាណប៉ុនកហាបណៈខ្លះ ធ្វើនូវខារាបដិច្ឆកកម្ម [អំពើដែលគេយកអាវុធ ទៅចិញ្ច្រាំសរីរៈ ហើយយកទឹកផ្សា ស្រោចឲ្យសាច់ស្បែកសរសៃរលួយជ្រុះចេញអស់ទៅ នៅសល់តែរាងឆ្អឹងទទេ។] គឺអំពើដែលគេយកទឹកផ្សា ស្រោចខ្លះ ធ្វើនូវបលិឃបរិវត្តិកកម្ម [អំពើដែលគេឲ្យមនុស្សដេកផ្អៀងម្ខាង ហើយយកដែកស្រួចទៅបោះប្រហោងត្រចៀកខាងលើឲ្យធ្លុះ រហូតដល់ប្រហោងត្រចៀកខាងក្រោម ជាប់នឹងផែនដី ហើយនាំគ្នាចាប់ជើងទាញបង្វិលជុំវិញ។] គឺអំពើដែលគេធ្វើ ឲ្យដូចជាបង្វិលជើងគុល ឬសសរគោលខ្លះ ធ្វើនូវបលាលបីឋកកម្ម [អំពើដែលគេកាត់ស្បែក ហើយយកថ្មសំលៀងកាំបិត ទៅដុំបំបាក់ឆ្អឹងឲ្យខ្ទេចខ្ទី ហើយចាប់ផ្នួងសក់លើកឡើង គ្រវាត់គ្រវែងឲ្យឆ្អឹងជ្រុះចេញ ឲ្យនៅសល់ដុំសាច់តែម្យ៉ាង។] គឺអំពើដែលគេធ្វើឲ្យដូចជាកណ្តាប់ចំបើងខ្លះ ស្រោចដោយប្រេងដែលក្តៅខ្លះ ឲ្យឆ្កែខាំខ្លះ ឲ្យដេកផ្ងារលើឈើអណ្តោតទាំងរស់ខ្លះ កាត់ក្បាលដោយដាវខ្លះ មនុស្សទាំងនោះ ក៏ដល់នូវសេចក្តីស្លាប់ខ្លះ ដល់នូវសេចក្តីទុក្ខស្ទើរតែនឹងស្លាប់ខ្លះ ក្នុងទីនោះ។ បពិត្រមហានាម នេះឯងជាទោស របស់កាមទាំងឡាយ ដែលបុគ្គលគប្បីឃើញទាន់ភ្នែក ជាគំនរនៃទុក្ខ មានកាមជាហេតុ មានកាមជាគ្រឿងប្រគល់ឲ្យនូវផល មានកាមជាគ្រឿងផ្តួចផ្តើម ជាបច្ច័យនៃកាមទាំងឡាយ មែនពិត។
[២១៨] បពិត្រមហានាម មួយទៀត ព្រោះតែមានកាមជាហេតុ មានកាមជាគ្រឿងប្រគល់ឲ្យនូវផល មានកាមជាគ្រឿងផ្តួចផ្តើម ជាបច្ច័យនៃកាមទាំងឡាយមែនពិត បានជាជនទាំងឡាយ ប្រព្រឹត្តទុច្ចរិតដោយកាយ ប្រព្រឹត្តទុច្ចរិតដោយវាចា ប្រព្រឹត្តទុច្ចរិតដោយចិត្ត ជនទាំងឡាយនោះ ប្រព្រឹត្តទុច្ចរិតដោយកាយ ប្រព្រឹត្តទុច្ចរិតដោយវាចា ប្រព្រឹត្តទុច្ចរិតដោយចិត្តហើយ លុះដល់បែកធ្លាយរាងកាយ បន្ទាប់អំពីមរណៈទៅ ក៏ទៅកើតឯអបាយ ទុគ្គតិ វិនិបាត នរក។ បពិត្រមហានាម នេះឯង ជាទោសរបស់កាមទាំងឡាយ ដែលប្រព្រឹត្តទៅក្នុងសម្បរាយិកភព ជាគំនរនៃទុក្ខ មានកាមជាហេតុ មានកាមជាគ្រឿងប្រគល់ឲ្យនូវផល មានកាមជាគ្រឿងផ្តួចផ្តើម ជាបច្ច័យនៃកាមទាំងឡាយ មែនពិត។
[២១៩] មហាបពិត្រ មានកាលសម័យថ្ងៃមួយ តថាគត នៅឰដ៍ភ្នំគិជ្ឈកូដ ទៀបក្រុងរាជគ្រឹះ។ សម័យនោះឯង ពួកនិគ្រន្ថជាច្រើន ជាអ្នកឈរងើយលើផ្ទៃកាឡសិលា ទៀបភ្នំឥសិគិលិ ជាអ្នកឃាត់អាសនៈ តែងទទួលនូវវេទនា ជាទុក្ខដ៏ខ្លាំងក្លា ក្រហល់ក្រហាយ ដែលកើតអំពីសេចក្តីព្យាយាម។ បពិត្រមហានាម គ្រានោះឯង តថាគតក្រោកអំពីទីសម្ងំ ក្នុងវេលាល្ងាច ហើយចូលទៅឯកាឡសិលា ខាងភ្នំឥសិគិលិ សំដៅទៅត្រង់ទីដែលពួកនិគ្រន្ថនៅ លុះចូលទៅដល់ហើយ បានសួរពួកនិគ្រន្ថទាំងនោះ ដូច្នេះថា ម្នាលអាវុសោនិគ្រន្ថទាំងឡាយ ចុះព្រោះហេតុអ្វី បានជាអ្នកទាំងឡាយ នាំគ្នាឈរងើយ ឃាត់អាសនៈ ទទួលនូវវេទនាជាទុក្ខដ៏ខ្លាំងក្លា ក្រហល់ក្រហាយ ដែលកើតអំពីសេចក្តីព្យាយាមដូច្នេះ។ បពិត្រមហានាម កាលតថាគតសួរយ៉ាងនេះហើយ និគ្រន្ថទាំងនោះ បាននិយាយតបពាក្យនេះ នឹងតថាគតថា ម្នាលអាវុសោ និគ្រន្ថនាដបុត្រ (ជាគ្រូយើង) ជាអ្នកដឹងសព្វ ឃើញសព្វ ប្តេជ្ញានូវញាណទស្សនៈ គឺការដឹង និងការឃើញ មិនមានសេសសល់ថា អាត្មាអញ កាលដើរក្តី ឈរក្តី ដេកលក់ក្តី ភ្ញាក់ឡើងក្តី ក៏មានញាណទស្សនៈតាំងស៊ប់ជានិច្ច មិនដែលដាច់ និគ្រន្ថនាដបុត្រនោះ ពោលយ៉ាងនេះថា ម្នាលនិគ្រន្ថទាំងឡាយដ៏ចំរើន បាបកម្មដែលអ្នកទាំងឡាយ បានធ្វើហើយក្នុងកាលមុន ក៏មានដែរ អ្នកទាំងឡាយចូរញុំាងបាបកម្មនោះ ឲ្យសាបសូន្យទៅ ដោយអំពើកម្រដ៏ជាទុក្ខនេះ ក៏ការដែលអ្នកទាំងឡាយ សង្រួមដោយកាយ សង្រួមដោយវាចា សង្រួមដោយចិត្ត ក្នុងអំពើដ៏កម្រនុ៎ះ ក្នុងកាលឥឡូវនេះ នោះឈ្មោះថា មិនធ្វើនូវបាបកម្មតទៅ ព្រោះហេតុនោះ កម្មចាស់ទាំងឡាយ ដែលវិនាសទៅ ដោយសារសេចក្តីព្យាយាម ទាំងកម្មថ្មីទាំងឡាយដែលមិនបានធ្វើ ឈ្មោះថា នឹងមិនមានការជាប់តាមតទៅ ព្រោះមិនមានការជាប់តាមតទៅ ឈ្មោះថា នឹងអស់ទៅនៃកម្ម ព្រោះអស់ទៅនៃកម្ម ឈ្មោះថា នឹងអស់ទៅនៃទុក្ខ ព្រោះអស់ទៅនៃទុក្ខ ឈ្មោះថា នឹងអស់ទៅនៃវេទនា ព្រោះអស់ទៅនៃវេទនា ឈ្មោះថា ទុក្ខទាំងពួងនឹងសាបសូន្យទៅ ក៏ពាក្យនោះឯង តែងគាប់ចិត្តផង គួរផង ដល់យើងទាំងឡាយ យើងទាំងឡាយ ជាអ្នកមានចិត្តរីករាយ ដោយពាក្យនោះ។
[២២០] បពិត្រមហានាម កាលនិគ្រន្ថទាំងឡាយ ពោលយ៉ាងនេះហើយ តថាគតក៏បានសួរនិគ្រន្ថទាំងនោះ ដូច្នេះថា ម្នាលអាវុសោនិគ្រន្ថទាំងឡាយ ចុះអ្នកទាំងឡាយដឹងថា យើងទាំងឡាយធ្លាប់កើត ក្នុងកាលមុន ឬមិនដឹងថា មិនធ្លាប់កើត ក្នុងកាលមុនទេ។ និគ្រន្ថទាំងឡាយឆ្លើយតបថា ម្នាលអាវុសោ ដំណើរនេះ យើងខ្ញុំមិនបានដឹងទេ។ ម្នាលអាវុសោនិគ្រន្ថទាំងឡាយ ចុះអ្នកទាំងឡាយ ដឹងថា យើងទាំងឡាយ បានធ្វើនូវបាបកម្ម ក្នុងកាលមុន ឬមិនដឹងថា មិនបានធ្វើនូវបាបកម្មក្នុងកាលមុនទេ។ ម្នាលអាវុសោ ដំណើរនេះ យើងខ្ញុំមិនបានដឹងទេ។ ម្នាលអាវុសោនិគ្រន្ថទាំងឡាយ ចុះអ្នកទាំងឡាយ ដឹងថា យើងទាំងឡាយ បានធ្វើនូវបាបកម្ម មានសភាពយ៉ាងនេះខ្លះ យ៉ាងនោះខ្លះ ដូច្នេះដែរឬ។ ម្នាលអាវុសោ ដំណើរនេះ យើងខ្ញុំមិនបានដឹងទេ។ ម្នាលអាវុសោនិគ្រន្ថទាំងឡាយ ចុះអ្នកទាំងឡាយ ដឹងថា ទុក្ខមានប្រមាណប៉ុណ្ណេះ សាបសូន្យហើយឬ ទុក្ខមានប្រមាណប៉ុណ្ណេះ គប្បីសាបសូន្យទៅឬ កាលបើទុក្ខមានប្រមាណប៉ុណ្ណេះសាបសូន្យហើយ ទុក្ខទាំងអស់ នឹងសាបសូន្យទៅ ដូច្នេះដែរឬ។ ម្នាលអាវុសោ ដំណើរនេះ យើងខ្ញុំមិនបានដឹងទេ។ ម្នាលអាវុសោនិគ្រន្ថទាំងឡាយ ចុះអ្នកទាំងឡាយ ដឹងថា ក្នុងសាសនារបស់ពួកអ្នក មានការលះបង់នូវធម៌ទាំងឡាយជាអកុសល ញុំាងធម៌ទាំងឡាយ ជាកុសល ឲ្យកើតឡើងក្នុងបច្ចុប្បន្ននេះ ដូច្នេះដែរឬ។ ម្នាលអាវុសោ ដំណើរនេះ យើងមិនបានដឹងទេ។ ម្នាលអាវុសោនិគ្រន្ថទាំងឡាយ បានឮថា អ្នកទាំងឡាយ មិនដឹងថា យើងទាំងឡាយ ធ្លាប់កើតក្នុងកាលមុន មិនមែនថា មិនធ្លាប់កើតដូច្នេះទេ មិនដឹងថា យើងទាំងឡាយ បានធ្វើនូវបាបកម្ម ក្នុងកាលមុន មិនមែនថាមិនបានធ្វើដូច្នេះទេ មិនដឹងថា យើងទាំងឡាយបានធ្វើបាបកម្ម មានសភាពយ៉ាងនេះខ្លះ យ៉ាងនោះខ្លះ ដូច្នេះទេ មិនបានដឹងថា ទុក្ខមានប្រមាណប៉ុណ្ណេះសាបសូន្យហើយ ឬទុក្ខមានប្រមាណប៉ុណ្ណេះ គប្បីសាបសូន្យទៅ ឬក៏កាលបើទុក្ខ មានប្រមាណប៉ុណ្ណេះសាបសូន្យទៅហើយ ទុក្ខទាំងអស់ក៏នឹងសាបសូន្យទៅដូច្នេះទេ មិនបានដឹងថា ក្នុងសាសនារបស់ពួកអ្នក មានការលះបង់នូវធម៌ទាំងឡាយ ជាអកុសល ញុំាងធម៌ទាំងឡាយជាកុសលឲ្យកើតឡើង ក្នុងបច្ចុប្បន្ននេះ ដូច្នេះទេ ម្នាលអាវុសោនិគ្រន្ថទាំងឡាយ កាលបើយ៉ាងនេះ មានតែជនទាំងឡាយណាក្នុងលោក ដែលជាអ្នកមានមារយាទអាក្រក់ មានដៃប្រឡាក់ដោយឈាម មានការងារអាក្រក់ ជនទាំងនោះ លុះបានកើតមកជាមនុស្សក្នុងកាលជាខាងក្រោយ ក៏បួសក្នុងពួកនិគ្រន្ថទៀតឬអ្វី។ ពួកនិគ្រន្ថឆ្លើយតបថា អាវុសោគោតម បុគ្គលនឹងត្រូវបាននូវសេចក្តីសុខ ដោយសារសេចក្តីសុខតែម្យ៉ាងក៏ទេ អាវុសោគោតម បុគ្គលនឹងត្រូវបាននូវសេចក្តីសុខ ដោយសារសេចក្តីទុក្ខក៏មាន អាវុសោគោតម បុគ្គលនឹងត្រូវបាននូវសេចក្តីសុខ ដោយសារសេចក្តីសុខក៏មាន ដូចព្រះបាទមាគធសេនិយពិម្ពិសាររាជ ទ្រង់សោយនូវសេចក្តីសុខ ព្រះបាទមាគធសេនិយពិម្ពិសាររាជ ទ្រង់គង់នៅជាសុខ លើសលុបជាងព្រះគោតមដ៏មានអាយុ។ តថាគតតបថា ពួកនិគ្រន្ថដ៏មានអាយុ មិនបានពិចារណា ហើយស្រាប់តែពោលវាចាដោយរហ័សថា អាវុសោគោតម បុគ្គលនឹងត្រូវបាននូវសេចក្តីសុខ ដោយសារសេចក្តីសុខតែម្យ៉ាងក៏ទេ បុគ្គលនឹងត្រូវបាននូវសេចក្តីសុខ ដោយសារសេចក្តីទុក្ខក៏មាន អាវុសោគោតម បុគ្គលនឹងត្រូវបាននូវសេចក្តីសុខ ដោយសារសេចក្តីសុខក៏មាន ដូចព្រះបាទមាគធសេនិយពិម្ពិសាររាជ ទ្រង់សោយនូវសេចក្តីសុខ ព្រះបាទមាគធសេនិយពិម្ពិសាររាជ ទ្រង់គង់នៅជាសុខ លើសលុបជាងព្រះគោតមដ៏មានអាយុ ដូច្នេះ ចំណែកខាងតថាគតឯង គង់មានគេសាកសួរ ក្នុងដំណើរនុ៎ះថា បណ្តាអ្នកដ៏មានអាយុទាំងឡាយ ចុះព្រះបាទមាគធសេនិយពិម្ពិសាររាជ និង ព្រះគោតមដ៏មានអាយុ នរណានៅជាសុខជាង។ ពួកនិគ្រន្ថឆ្លើយតបថា អាវុសោគោតម ពួកយើងខ្ញុំ ពិតជាមិនបានពិចារណា ហើយស្រាប់តែពោលវាចាដោយរហ័សថា អាវុសោគោតម បុគ្គលនឹងត្រូវបាននូវសេចក្តីសុខ ដោយសារសេចក្តីសុខតែម្យ៉ាងក៏ទេ បុគ្គលនឹងត្រូវបាននូវសេចក្តីសុខ ដោយសារសេចក្តីទុក្ខក៏មាន អាវុសោគោតម បុគ្គលនឹងត្រូវបាននូវសេចក្តីសុខ ដោយសារសេចក្តីសុខក៏មាន ដូចព្រះបាទមាគធសេនិយពិម្ពិសាររាជ ទ្រង់សោយនូវសេចក្តីសុខ ព្រះបាទមាគធសេនិយពិម្ពិសាររាជ ទ្រង់គង់នៅជាសុខ លើសលុបជាងព្រះគោតមដ៏មានអាយុ ដូច្នេះមែនហើយ តែថា ដំណើរនុ៎ះ ចូរលើកទុកសិនចុះ ឥឡូវនេះ ពួកខ្ញុំនឹងសូមសួរព្រះគោតមដ៏មានអាយុថា បណ្តាអ្នកដ៏មានអាយុទាំងឡាយ ចុះព្រះបាទមាគធសេនិយពិម្ពិសារាជ និងព្រះគោតមដ៏មានអាយុ នរណានៅជាសុខជាង។ តថាគតឆ្លើយថា ម្នាលអាវុសោនិគ្រន្ថទាំងឡាយ បើដូច្នោះ តថាគត នឹងត្រឡប់សួរអ្នកទាំងឡាយក្នុងរឿងនោះវិញ អ្នកទាំងឡាយ ចូលចិត្តយ៉ាងណា គប្បីព្យាកររឿងនោះ យ៉ាងនោះចុះ ម្នាលអាវុសោនិគ្រន្ថទាំងឡាយ ចុះអ្នកទាំងឡាយសំគាល់សេចក្តីនោះ ថាដូចម្តេច ព្រះបាទមាគធសេនិយពិម្ពិសាររាជ ទ្រង់អាចមិនកំរើកព្រះកាយ មិនពោលព្រះវាចា ប្រថាប់នៅ សោយសេចក្តីសុខតែម្យ៉ាង អស់៧យប់ ៧ថ្ងៃបានឬទេ។ ពួកនិគ្រន្ថតបថា ម្នាលអាវុសោ មិនបានទេ។ តថាគតសួរថា ម្នាលអាវុសោនិគ្រន្ថទាំងឡាយ អ្នកទាំងឡាយ សំគាល់សេចក្តីនោះ ថាដូចម្តេច ព្រះបាទមាគធសេនិយពិម្ពិសាររាជ ទ្រង់មិនអាចកំរើកព្រះកាយ មិនពោលព្រះវាចា ប្រថាប់នៅ សោយចំពោះនូវសេចក្តីសុខតែម្យ៉ាង អស់៦យប់ ៦ថ្ងៃ… អស់៥យប់ ៥ថ្ងៃ… អស់៤យប់ ៤ថ្ងៃ.. អស់៣យប់ ៣ថ្ងៃ… អស់២យប់ ២ថ្ងៃ.. អស់១យប់ ១ថ្ងៃ បានឬទេ។ ពួកនិគ្រន្ថឆ្លើយតបថា ម្នាលអាវុសោ មិនបានទេ។ តថាគតពោលថា ម្នាលអាវុសោនិគ្រន្ថទាំងឡាយ តថាគតហ្នឹងឯង ទើបអាចមិនកំរើកកាយ មិនពោលវាចា សោយចំពោះនូវសេចក្តីសុខ អស់១យប់ ១ថ្ងៃបាន។ ម្នាលអាវុសោនិគ្រន្ថទាំងឡាយ តថាគតហ្នឹងឯង ទើបអាចមិនកំរើកកាយ មិនពោលវាចា សោយចំពោះនូវសេចក្តីសុខ អស់២យប់ ២ថ្ងៃ.. អស់៣យប់ ៣ថ្ងៃ… អស់៤យប់ ៤ថ្ងៃ… អស់៥យប់ ៥ថ្ងៃ… អស់៦យប់ ៦ថ្ងៃ.. អស់៧យប់ ៧ថ្ងៃបាន។ ម្នាលអាវុសោនិគ្រន្ថទាំងឡាយ អ្នកទាំងឡាយ សំគាល់សេចក្តីនោះ ថាដូចម្តេច កាលបើហេតុយ៉ាងនេះមានហើយ ព្រះបាទមាគធសេនិយពិម្ពិសាររាជ និងតថាគត នរណានៅជាសុខជាង។ ពួកនិគ្រន្ថទាំងឡាយឆ្លើយតបថា កាលបើហេតុយ៉ាងនេះមានហើយ ព្រះគោតមដ៏មានអាយុ ព្រះអង្គតែងគង់នៅជាសុខ លើសលុបជាព្រះបាទមាគធសេនិយពិម្ពិសាររាជ។ លុះព្រះមានព្រះភាគ ទ្រង់ត្រាស់នូវព្រះសូត្រនេះចប់ហើយ មហានាមសក្យរាជ ក៏មានព្រះហឫទ័យទទួលអំណរ ត្រេកអរចំពោះភាសិតនៃព្រះមានព្រះភាគ។
ចប់ ចូឡទុក្ខក្ខន្ធសូត្រ ទី៤ តែប៉ុណ្ណេះ។
អនុមានសូត្រ ទី៥
[២២១] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមហាមោគ្គល្លានដ៏មានអាយុ នៅក្នុងភេសកឡាវ័ន ជាទីឲ្យនូវអភ័យដល់ពួកសត្វម្រឹគ ជិតក្រុងសុំសុមារគិរៈ ក្នុងភគ្គជនបទ។ លំដាប់នោះឯង ព្រះមហាមោគ្គល្លានដ៏មានអាយុ ហៅភិក្ខុទាំងឡាយ ដែលនៅក្នុងទីនោះឯងថា ម្នាលភិក្ខុទាំងឡាយដ៏មានអាយុ។ ភិក្ខុទាំងនោះ បានទទួលតបពាក្យព្រះមហាមោគ្គល្លានដ៏មានអាយុថា ព្រះករុណា។
[២២២] ព្រះមហាមោគ្គល្លានដ៏មានអាយុ បានពោលពាក្យនេះថា ម្នាលអាវុសោទាំងឡាយ បើភិក្ខុបវារណាថា សូមលោកដ៏មានអាយុទាំងឡាយ ប្រៀនប្រដៅខ្ញុំចុះ ខ្ញុំជាបុគ្គលដែលលោកដ៏មានអាយុទាំងឡាយ គួរស្តីថាបានដូច្នេះ តែភិក្ខុនោះ ទៅជាអ្នកដែលគេប្រដៅបានដោយក្រ ប្រកបដោយធម៌ដែលធ្វើឲ្យជាអ្នកប្រដៅក្រ ជាអ្នកមិនចេះអត់ធន់ ជាអ្នកមិនកាន់យកនូវពាក្យប្រដៅ ដោយចំណែកខាងស្តាំ កាលបើដូច្នោះ សព្រហ្មចារីបុគ្គលទាំងឡាយ តែងសំគាល់នូវភិក្ខុនោះថា ជាអ្នកមិនគួរស្តីថាផង សំគាល់ថា មិនគួរប្រៀនប្រដៅផង សំគាល់ថា មិនគួរដល់នូវសេចក្តីស្និទ្ធស្នាលក្នុងបុគ្គលនោះផង។ ម្នាលអាវុសោទាំងឡាយ ចុះធម៌ដែលធ្វើឲ្យជាអ្នកប្រដៅក្រ តើដូចម្តេចខ្លះ។ ម្នាលអាវុសោទាំងឡាយ (ធម៌ដែលធ្វើឲ្យជាអ្នក ប្រដៅក្រ នោះ មាន១៦យ៉ាងគឺ) ភិក្ខុក្នុងសាសនានេះ ជាអ្នកមានសេចក្តីប្រាថ្នាលាមក លុះក្នុងអំណាចនៃសេចក្តីប្រាថ្នាលាមក ម្នាលអាវុសោទាំងឡាយ ត្រង់ដែលភិក្ខុ ជាអ្នកមានសេចក្តីប្រាថ្នាលាមក លុះក្នុងអំណាច នៃសេចក្តីប្រាថ្នាលាមក នេះឯងជាធម៌ដែលធ្វើឲ្យជាអ្នកប្រដៅក្រ១។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុជាអ្នកលើកខ្លួនឯង បន្តុះបង្អាប់អ្នកដទៃ ម្នាលអាវុសោទាំងឡាយ ត្រង់ដែលភិក្ខុ ជាអ្នកលើកខ្លួនឯង បន្តុះបង្អាប់អ្នកដទៃ នេះឯងជាធម៌ ដែលធ្វើឲ្យជាអ្នកប្រដៅក្រ១។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុជាអ្នកក្រោធ ជាអ្នកមានសេចក្តីក្រោធ គ្របសង្កត់ ម្នាលអាវុសោទាំងឡាយ ត្រង់ដែលភិក្ខុ ជាអ្នកក្រោធ ជាអ្នកមានសេចក្តីក្រោធគ្របសង្កត់ នេះឯងជាធម៌ដែលធ្វើឲ្យជាអ្នកប្រដៅក្រ១។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុជាអ្នកក្រោធ ជាអ្នកចងគំនុំ ព្រោះសេចក្តីក្រោធជាហេតុ ម្នាលអាវុសោទាំងឡាយ ត្រង់ដែលភិក្ខុ ជាអ្នកក្រោធ ជាអ្នកចងគំនុំ ព្រោះសេចក្តីក្រោធជាហេតុ នេះឯងជាធម៌ដែលធ្វើឲ្យជាអ្នកប្រដៅក្រ១។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុជាអ្នកក្រោធ ជាអ្នកជេរប្រទេច ព្រោះសេចក្តីក្រោធជាហេតុ ម្នាលអាវុសោទាំងឡាយ ត្រង់ដែលភិក្ខុ ជាអ្នកក្រោធ ជាអ្នកជេរប្រទេច ព្រោះសេចក្តីក្រោធជាហេតុ នេះឯងជាធម៌ដែលធ្វើឲ្យជាអ្នកប្រដៅក្រ១។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុជាអ្នកក្រោធ ជាអ្នកបញ្ចេញវាចាជិតសេចក្តីក្រោធ ម្នាលអាវុសោទាំងឡាយ ត្រង់ដែលភិក្ខុ ជាអ្នកក្រោធ ជាអ្នកបញ្ចេញវាចាជិតសេចក្តីក្រោធ នេះឯងជាធម៌ដែលធ្វើឲ្យជាអ្នកប្រដៅក្រ១។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុដែលត្រូវភិក្ខុអ្នកចោទ ចោទហើយ ក៏ខឹងតបត នឹងភិក្ខុអ្នកចោទវិញ ម្នាលអាវុសោទាំងឡាយ ត្រង់ដែលភិក្ខុ ដែលត្រូវភិក្ខុអ្នកចោទ ចោទហើយ ក៏ខឹងតបត នឹងភិក្ខុអ្នកចោទវិញ នេះឯងជាធម៌ ដែលធ្វើឲ្យជាអ្នកប្រដៅក្រ១។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុដែលត្រូវភិក្ខុអ្នកចោទ ចោទហើយ ក៏បណ្តេញភិក្ខុអ្នកចោទវិញ ម្នាលអាវុសោទាំងឡាយ ត្រង់ដែលភិក្ខុ ត្រូវភិក្ខុអ្នកចោទ ចោទហើយ ក៏បណ្តេញភិក្ខុអ្នកចោទវិញ នេះឯងជាធម៌ដែលធ្វើឲ្យជាអ្នកប្រដៅក្រ១។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុដែលត្រូវភិក្ខុអ្នកចោទ ចោទហើយ និយាយគ្របសង្កត់ភិក្ខុអ្នកចោទវិញ ម្នាលអាវុសោទាំងឡាយ ត្រង់ដែលភិក្ខុ ត្រូវភិក្ខុអ្នកចោទ ចោទហើយ ក៏និយាយគ្របសង្កត់ភិក្ខុអ្នកចោទវិញ នេះឯងជាធម៌ ដែលធ្វើឲ្យជាអ្នកប្រដៅក្រ១។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុដែលត្រូវភិក្ខុអ្នកចោទ ចោទហើយ ក៏និយាយបន្លែបន្លប់ នូវភិក្ខុអ្នកចោទ ដោយហេតុដទៃ ឬពាក្យផ្សេងៗ និយាយគេចកែ ដោយសំដីខាងក្រៅ ធ្វើសេចក្តីក្រោធ សេចក្តីប្រទូស្ត និងសេចក្តីអាក់អន់ចិត្ត ឲ្យប្រាកដឡើង ម្នាលអាវុសោទាំងឡាយ ត្រង់ដែលភិក្ខុត្រូវភិក្ខុអ្នកចោទ ចោទហើយ ក៏និយាយបន្លែបន្លប់ នូវភិក្ខុអ្នកចោទ ដោយហេតុដទៃ ឬពាក្យផ្សេងៗ និយាយគេចកែ ដោយសំដីខាងក្រៅ ធ្វើសេចក្តីក្រោធ សេចក្តីប្រទូស្ត និងសេចក្តីអាក់អន់ចិត្ត ឲ្យប្រាកដឡើង នេះឯងជាធម៌ ដែលធ្វើឲ្យជាអ្នកប្រដៅក្រ១។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុដែលត្រូវភិក្ខុអ្នកចោទ ចោទហើយ មិនឆ្លើយ ក្នុងដំណើររបស់ខ្លួន ម្នាលអាវុសោទាំងឡាយ ត្រង់ដែលភិក្ខុ ត្រូវភិក្ខុអ្នកចោទ ចោទហើយ ក៏មិនឆ្លើយ ក្នុងដំណើររបស់ខ្លួន នេះឯងជាធម៌ ដែលធ្វើឲ្យជាអ្នកប្រដៅក្រ១។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុជាអ្នកលុបគុណគេ ជាអ្នកប្រឡងវាសនា ម្នាលអាវុសោទាំងឡាយ ត្រង់ដែលភិក្ខុ ជាអ្នកលុបគុណគេ ជាអ្នកប្រឡងវាសនា នេះឯងជាធម៌ ដែលធ្វើឲ្យជាអ្នកប្រដៅក្រ១។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុជាអ្នកច្រណែន ជាអ្នកកំណាញ់ ម្នាលអាវុសោទាំងឡាយ ត្រង់ដែលភិក្ខុជាអ្នកច្រណែន ជាអ្នកកំណាញ់ នេះឯងជាធម៌ ដែលធ្វើឲ្យជាអ្នកប្រដៅក្រ១។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុជាអ្នកអួតអាង ជាអ្នកមានពុតមាយា ម្នាលអាវុសោទាំងឡាយ ត្រង់ដែលភិក្ខុជាអ្នកអួតអាង ជាអ្នកមានពុតមាយា នេះឯងជាធម៌ ដែលធ្វើឲ្យជាអ្នកប្រដៅក្រ១។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុជាអ្នករឹងរូស ជាអ្នកមើលងាយគេ ម្នាលអាវុសោទាំងឡាយ ត្រង់ដែលភិក្ខុជាអ្នករឹងរូស ជាអ្នកមើលងាយគេ នេះឯងជាធម៌ ដែលធ្វើឲ្យជាអ្នកប្រដៅក្រ១។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុជាអ្នកប្រកាន់តាមតែសេចក្តីយល់ឃើញរបស់ខ្លួន ជាអ្នកប្រកាន់មាំ លះបង់ទិដ្ឋិបានដោយក្រ ម្នាលអាវុសោទាំងឡាយ ត្រង់ដែលភិក្ខុ ជាអ្នកប្រកាន់តាមតែសេចក្តីយល់ឃើញរបស់ខ្លួន ជាអ្នកប្រកាន់មាំ លះបង់ទិដ្ឋិបានដោយក្រ នេះឯងជាធម៌ដែលធ្វើឲ្យជាអ្នកប្រដៅក្រ១។ ម្នាលអាវុសោទាំងឡាយ ធម៌ទាំង (១៦) នេះ ព្រះមានព្រះភាគ ត្រាស់ហៅថា ទោវចស្សករណធម៌ គឺធម៌ដែលធ្វើឲ្យជាអ្នកប្រដៅក្រ។
[២២៣] ម្នាលអាវុសោទាំងឡាយ បើភិក្ខុមិនបានបវារណាថា សូមលោកដ៏មានអាយុទាំងឡាយ ប្រៀនប្រដៅខ្ញុំចុះ ខ្ញុំជាបុគ្គលគួរលោកដ៏មានអាយុទាំងឡាយ ស្តីថាបាន ដូច្នេះទេ តែភិក្ខុនោះឯង ជាអ្នកប្រដៅងាយ ជាអ្នកប្រកបដោយធម៌ ដែលធ្វើឲ្យជាអ្នកប្រដៅងាយ ជាអ្នកចេះអត់ធន់ កាន់យកនូវពាក្យប្រៀនប្រដៅ ដោយចំណែកខាងស្តាំ កាលបើដូច្នេះ សព្រហ្មចារីបុគ្គលទាំងឡាយ តែងសំគាល់ភិក្ខុនោះថា ជាអ្នកគួរស្តីថាផង សំគាល់ថា គួរប្រៀនប្រដៅផង សំគាល់ថា គួរដល់នូវសេចក្តីស្និទ្ធស្នាល ក្នុងបុគ្គលនោះផង។ ម្នាលអាវុសោទាំងឡាយ ចុះធម៌ដែលធ្វើឲ្យជាអ្នកប្រដៅងាយ តើដូចម្តេច។ ម្នាលអាវុសោទាំងឡាយ (ធម៌ដែលធ្វើឲ្យជាអ្នក ប្រដៅងាយ មាន១៦) គឺ ភិក្ខុក្នុងសាសនានេះ ជាអ្នកមិនមានសេចក្តីប្រាថ្នាលាមក មិនលុះក្នុងអំណាច នៃសេចក្តីប្រាថ្នាលាមក ម្នាលអាវុសោទាំងឡាយ ត្រង់ដែលភិក្ខុ ជាអ្នកមិនមានសេចក្តីប្រាថ្នាលាមក មិនលុះក្នុងអំណាច នៃសេចក្តីប្រាថ្នាលាមក នេះឯងជាធម៌ ដែលធ្វើឲ្យជាអ្នកប្រដៅងាយ១។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុជាអ្នកមិនលើកខ្លួនឯង មិនបន្តុះបង្អាប់អ្នកដទៃ ម្នាលអាវុសោទាំងឡាយ ត្រង់ដែលភិក្ខុ ជាអ្នកមិនលើកខ្លួនឯង មិនបន្តុះបង្អាប់អ្នកដទៃ នេះឯងជាធម៌ដែលធ្វើឲ្យជាអ្នកប្រដៅងាយ១។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុជាមិនអ្នកក្រោធ មិនមានសេចក្តីក្រោធ គ្របសង្កត់ ម្នាលអាវុសោទាំងឡាយ ត្រង់ដែលភិក្ខុ ជាអ្នកមិនក្រោធ មិនមានសេចក្តីក្រោធគ្របសង្កត់ នេះឯងជាធម៌ដែលធ្វើឲ្យជាអ្នកប្រដៅងាយ១។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុជាមិនអ្នកក្រោធ មិនចងគំនុំទុក ព្រោះសេចក្តីក្រោធជាហេតុ ម្នាលអាវុសោទាំងឡាយ ត្រង់ដែលភិក្ខុ ជាអ្នកមិនក្រោធ មិនចងគំនុំទុក ព្រោះសេចក្តីក្រោធជាហេតុ នេះឯងជាធម៌ដែលធ្វើឲ្យជាអ្នកប្រដៅងាយ១។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុជាអ្នកមិនក្រោធ មិនជេរប្រទេច ព្រោះសេចក្តីក្រោធជាហេតុ ម្នាលអាវុសោទាំងឡាយ ត្រង់ដែលភិក្ខុ ជាអ្នកមិនក្រោធ មិនជេរប្រទេច ព្រោះសេចក្តីក្រោធជាហេតុ នេះឯងជាធម៌ដែលធ្វើឲ្យជាអ្នកប្រដៅងាយ១។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុជាអ្នកមិនក្រោធ មិនបញ្ចេញវាចាជិតសេចក្តីក្រោធ ម្នាលអាវុសោទាំងឡាយ ត្រង់ដែលភិក្ខុ ជាអ្នកមិនក្រោធ មិនបញ្ចេញវាចាជិតសេចក្តីក្រោធ នេះឯងជាធម៌ដែលធ្វើឲ្យជាអ្នកប្រដៅងាយ១។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុដែលត្រូវភិក្ខុអ្នកចោទ ចោទហើយ ក៏មិនខឹងតបត នឹងភិក្ខុអ្នកចោទវិញ ម្នាលអាវុសោទាំងឡាយ ត្រង់ដែលភិក្ខុ ដែលត្រូវភិក្ខុអ្នកចោទ ចោទហើយ តែមិនខឹងតបត នឹងភិក្ខុអ្នកចោទវិញ នេះឯងជាធម៌ដែលធ្វើឲ្យជាអ្នកប្រដៅងាយ១។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុដែលត្រូវភិក្ខុអ្នកចោទ ចោទហើយ ក៏មិនបណ្តេញភិក្ខុអ្នកចោទ ម្នាលអាវុសោទាំងឡាយ ត្រង់ដែលភិក្ខុ ត្រូវភិក្ខុអ្នកចោទ ចោទហើយ តែមិនបណ្តេញភិក្ខុអ្នកចោទ នេះឯងជាធម៌ដែលធ្វើឲ្យជាអ្នកប្រដៅងាយ១។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុដែលត្រូវភិក្ខុអ្នកចោទ ចោទហើយ ក៏មិននិយាយគ្របសង្កត់ភិក្ខុអ្នកចោទ ម្នាលអាវុសោទាំងឡាយ ត្រង់ដែលភិក្ខុ ត្រូវភិក្ខុអ្នកចោទ ចោទហើយ តែមិននិយាយគ្របសង្កត់ភិក្ខុអ្នកចោទ នេះឯងជាធម៌ដែលធ្វើឲ្យជាអ្នកប្រដៅងាយ១។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុដែលត្រូវភិក្ខុអ្នកចោទ ចោទហើយ ក៏មិននិយាយបន្លែបន្លប់ នូវភិក្ខុអ្នកចោទ ដោយហេតុដទៃ ឬហេតុផ្សេងៗ មិននិយាយគេចកែ ដោយសំដីខាងក្រៅ មិនធ្វើសេចក្តីក្រោធ សេចក្តីប្រទូស្ត និងសេចក្តីអាក់អន់ចិត្ត ឲ្យប្រាកដឡើង ម្នាលអាវុសោទាំងឡាយ ត្រង់ដែលភិក្ខុត្រូវភិក្ខុអ្នកចោទ ចោទហើយ តែមិននិយាយបន្លែបន្លប់ នូវភិក្ខុអ្នកចោទ ដោយហេតុដទៃ ឬពាក្យផ្សេងៗ មិននិយាយគេចកែដោយសំដីខាងក្រៅ មិនធ្វើនូវសេចក្តីក្រោធ សេចក្តីប្រទូស្ត និងសេចក្តីអាក់អន់ចិត្តឲ្យប្រាកដឡើង នេះឯងជាធម៌ដែលធ្វើឲ្យជាអ្នកប្រដៅងាយ១។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុដែលត្រូវភិក្ខុអ្នកចោទ ចោទហើយ ក៏ឆ្លើយមិនទាល់ ក្នុងដំណើររបស់ខ្លួន ម្នាលអាវុសោទាំងឡាយ ត្រង់ដែលភិក្ខុ ត្រូវភិក្ខុអ្នកចោទ ចោទហើយ ក៏ឆ្លើយមិនទាល់ ក្នុងដំណើររបស់ខ្លួន នេះឯងជាធម៌ដែលធ្វើឲ្យជាអ្នកប្រដៅងាយ១។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុជាអ្នកមិនលុបគុណគេ មិនប្រឡងវាសនា ម្នាលអាវុសោទាំងឡាយ ត្រង់ដែលភិក្ខុជាអ្នកមិនលុបគុណគេ មិនប្រឡងវាសនា នេះឯងជាធម៌ដែលធ្វើឲ្យជាអ្នកប្រដៅងាយ១។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុជាអ្នកមិនច្រណែន មិនកំណាញ់ ម្នាលអាវុសោទាំងឡាយ ត្រង់ដែលភិក្ខុជាអ្នកមិនច្រណែន មិនកំណាញ់ នេះឯងជាធម៌ដែលធ្វើឲ្យជាអ្នកប្រដៅងាយ១។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុជាអ្នកមិនអួតអាង មិនមានពុតមាយា ម្នាលអាវុសោទាំងឡាយ ត្រង់ដែលភិក្ខុជាអ្នកមិនអួតអាង មិនមានពុតមាយា នេះឯងជាធម៌ដែលធ្វើឲ្យជាអ្នកប្រដៅងាយ១។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុជាអ្នកមិនរឹងរូស មិនមើលងាយគេ ម្នាលអាវុសោទាំងឡាយ ត្រង់ដែលភិក្ខុជាអ្នកមិនរឹងរូស មិនមើលងាយគេ នេះឯងជាធម៌ដែលធ្វើឲ្យជាអ្នកប្រដៅងាយ១។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុជាអ្នកមិនប្រកាន់យកតាមតែសេចក្តីយល់ឃើញរបស់ខ្លួន មិនប្រកាន់មាំ លះបង់ទិដ្ឋិបានដោយងាយ ម្នាលអាវុសោទាំងឡាយ ត្រង់ដែលភិក្ខុ ជាអ្នកមិនប្រកាន់យកតាមតែសេចក្តីយល់ឃើញរបស់ខ្លួន មិនប្រកាន់មាំ លះបង់ទិដ្ឋិបានដោយងាយ នេះឯងជាធម៌ដែលធ្វើឲ្យជាអ្នកប្រដៅងាយ១។ ម្នាលអាវុសោទាំងឡាយ ធម៌ទាំង (១៦) ប្រការនេះ ព្រះមានព្រះភាគ ត្រាស់ហៅថា សោវចស្សករណធម៌ គឺធម៌ជាទីធ្វើឲ្យជាអ្នកប្រដៅងាយ។
[២២៤] ម្នាលអាវុសោទាំងឡាយ ភិក្ខុគួរពិចារណាខ្លួនដោយខ្លួនឯង ក្នុងធម៌ទាំងឡាយ ១៦នោះ យ៉ាងនេះថា បុគ្គលណា ជាអ្នកមានសេចក្តីប្រាថ្នាលាមក លុះក្នុងអំណាច នៃសេចក្តីប្រាថ្នាលាមក បុគ្គលនេះ មិនជាទីស្រឡាញ់ មិនជាទីគាប់ចិត្ត របស់អាត្មាអញទេ បើប្រសិនជាអាត្មាអញ ជាអ្នកមានសេចក្តីប្រាថ្នាលាមក លុះក្នុងអំណាច នៃសេចក្តីប្រាថ្នាលាមកវិញ អាត្មាអញនឹងឯង ក៏មុខជាមិនជាទីស្រឡាញ់ មិនជាទីគាប់ចិត្ត របស់អ្នកដទៃដែរ។ ម្នាលអាវុសោទាំងឡាយ កាលបើភិក្ខុដឹងយ៉ាងនេះហើយ គប្បីញុំាងចិត្ត ឲ្យកើតឡើងថា អាត្មាអញ នឹងមិនត្រូវជាអ្នកមានសេចក្តីប្រាថ្នាលាមក មិនត្រូវលុះក្នុងអំណាច នៃសេចក្តីប្រាថ្នាលាមកឡើយ។ បុគ្គលណា ជាអ្នកលើកខ្លួនឯង បន្តុះបង្អាប់អ្នកដទៃ បុគ្គលនេះ មិនជាទីស្រឡាញ់ មិនជាទីគាប់ចិត្ត របស់អាត្មាអញទេ បើប្រសិនជាអាត្មាអញ ជាអ្នកលើកខ្លួនឯង បន្តុះបង្អាប់អ្នកដទៃវិញ អាត្មាអញនឹងឯង ក៏មុខជាមិនជាទីស្រឡាញ់ មិនជាទីគាប់ចិត្ត របស់អ្នកដទៃដែរ។ ម្នាលអាវុសោទាំងឡាយ កាលបើភិក្ខុដឹងយ៉ាងនេះហើយ គប្បីញុំាងចិត្ត ឲ្យកើតឡើងថា អាត្មាអញ នឹងមិនត្រូវជាអ្នកលើកខ្លួនឯង មិនត្រូវបន្តុះបង្អាប់អ្នកដទៃឡើយ។ បុគ្គលណា ជាអ្នកក្រោធ ជាអ្នកមានសេចក្តីក្រោធគ្របសង្កត់ បុគ្គលនេះ មិនជាទីស្រឡាញ់ មិនជាទីគាប់ចិត្ត របស់អាត្មាអញទេ បើប្រសិនជាអាត្មាអញ ជាអ្នកក្រោធ ជាអ្នកមានសេចក្តីក្រោធគ្របសង្កត់វិញ អាត្មាអញនឹងឯង ក៏មុខជាមិនជាទីស្រឡាញ់ មិនជាទីគាប់ចិត្ត របស់អ្នកដទៃដែរ។ ម្នាលអាវុសោទាំងឡាយ កាលបើភិក្ខុដឹងយ៉ាងនេះហើយ គប្បីញុំាងចិត្តឲ្យកើតឡើងថា អាត្មាអញ នឹងមិនត្រូវជាអ្នកក្រោធ មិនត្រូវជាអ្នកមានសេចក្តីក្រោធគ្របសង្កត់បានឡើយ។ បុគ្គលណា ជាអ្នកក្រោធ ជាអ្នកចងគំនុំ ព្រោះសេចក្តីក្រោធជាហេតុ បុគ្គលនោះ មិនជាទីស្រឡាញ់ មិនជាទីគាប់ចិត្ត របស់អាត្មាអញទេ បើប្រសិនជាអាត្មាអញ ជាអ្នកក្រោធ ជាអ្នកចងគំនុំ ព្រោះសេចក្តីក្រោធជាហេតុវិញ អាត្មាអញហ្នឹងឯង ក៏មុខជាមិនជាទីស្រឡាញ់ មិនជាទីគាប់ចិត្ត របស់អ្នកដទៃដែរ។ ម្នាលអាវុសោទាំងឡាយ កាលបើភិក្ខុដឹងយ៉ាងនេះហើយ គប្បីញុំាងចិត្តឲ្យកើតឡើងថា អាត្មាអញ នឹងមិនត្រូវជាអ្នកក្រោធ មិនត្រូវចងគំនុំ ព្រោះសេចក្តីក្រោធជាហេតុឡើយ។ បុគ្គលណា ជាអ្នកក្រោធ ជាអ្នកជេរប្រទេច ព្រោះសេចក្តីក្រោធជាហេតុ បុគ្គលនេះ មិនជាទីស្រឡាញ់ មិនជាទីគាប់ចិត្ត របស់អាត្មាអញទេ បើប្រសិនជាអាត្មាអញ ជាអ្នកក្រោធ ជាអ្នកជេរប្រទេច ព្រោះសេចក្តីក្រោធជាហេតុវិញ អាត្មាអញហ្នឹងឯង ក៏មុខជាមិនជាទីស្រឡាញ់ មិនជាទីគាប់ចិត្ត របស់អ្នកដទៃដែរ។ ម្នាលអាវុសោទាំងឡាយ កាលបើភិក្ខុដឹងយ៉ាងនេះហើយ គប្បីញុំាងចិត្តឲ្យកើតឡើងថា អាត្មាអញ នឹងមិនត្រូវជាអ្នកក្រោធ មិនត្រូវជាអ្នកជេរប្រទេច ព្រោះសេចក្តីក្រោធជាហេតុឡើយ។ បុគ្គលណា ជាអ្នកក្រោធ បញ្ចេញវាចាជិតសេចក្តីក្រោធ បុគ្គលនេះ មិនជាទីស្រឡាញ់ មិនជាទីគាប់ចិត្ត របស់អាត្មាអញទេ បើប្រសិនជាអាត្មាអញ ជាអ្នកក្រោធ បញ្ចេញវាចាជិតសេចក្តីក្រោធវិញ អាត្មាអញហ្នឹងឯង ក៏មុខជាមិនជាទីស្រឡាញ់ មិនជាទីគាប់ចិត្ត របស់អ្នកដទៃដែរ។ ម្នាលអាវុសោទាំងឡាយ កាលបើភិក្ខុដឹងយ៉ាងនេះហើយ គប្បីញុំាងចិត្តឲ្យកើតឡើងថា អាត្មាអញ នឹងមិនត្រូវជាអ្នកក្រោធ មិនត្រូវជាអ្នកបញ្ចេញវាចា ជិតសេចក្តីក្រោធឡើយ។ បុគ្គលណា ដែលត្រូវអ្នកចោទ ចោទហើយ ក៏ខឹងតបត ទៅនឹងអ្នកចោទវិញ បុគ្គលនេះ មិនជាទីស្រឡាញ់ មិនជាទីគាប់ចិត្ត របស់អាត្មាអញទេ បើប្រសិនជាអាត្មាអញ ត្រូវអ្នកចោទ ចោទហើយ ក៏ខឹងតបតទៅនឹងអ្នកចោទវិញ អាត្មាអញហ្នឹងឯង ក៏មុខជាមិនជាទីស្រឡាញ់ មិនជាទីគាប់ចិត្ត របស់អ្នកដទៃដែរ។ ម្នាលអាវុសោទាំងឡាយ កាលបើភិក្ខុដឹងយ៉ាងនេះហើយ ត្រូវញុំាងចិត្តឲ្យកើតឡើងថា អាត្មាអញ បើត្រូវអ្នកចោទ ចោទហើយ នឹងមិនខឹងតបត ទៅនឹងអ្នកចោទវិញឡើយ។ បុគ្គលណា ដែលត្រូវអ្នកចោទ ចោទហើយ ក៏បណ្តេញអ្នកចោទ បុគ្គលនេះ មិនជាទីស្រឡាញ់ មិនជាទីគាប់ចិត្ត របស់អាត្មាអញទេ បើប្រសិនជាអាត្មាអញ ដែលត្រូវអ្នកចោទ ចោទហើយ នឹងបណ្តេញអ្នកចោទវិញ អាត្មាអញហ្នឹងឯង ក៏មុខជាមិនជាទីស្រឡាញ់ មិនជាទីគាប់ចិត្ត របស់អ្នកដទៃដែរ។ ម្នាលអាវុសោទាំងឡាយ កាលបើភិក្ខុដឹងយ៉ាងនេះហើយ ត្រូវញុំាងចិត្តឲ្យកើតឡើងថា អាត្មាអញ បើត្រូវអ្នកចោទ ចោទហើយ នឹងមិនបណ្តេញអ្នកចោទវិញឡើយ។ បុគ្គលណា ដែលត្រូវអ្នកចោទ ចោទហើយ ក៏និយាយគ្របសង្កត់ដល់អ្នកចោទវិញ បុគ្គលនេះ មិនជាទីស្រឡាញ់ មិនជាទីគាប់ចិត្ត របស់អាត្មាអញទេ បើប្រសិនជាអាត្មាអញ ដែលត្រូវអ្នកចោទ ចោទហើយ នឹងនិយាយគ្របសង្កត់ ដល់អ្នកចោទវិញ អាត្មាអញហ្នឹងឯង ក៏មុខជាមិនជាទីស្រឡាញ់ មិនជាទីគាប់ចិត្ត របស់អ្នកដទៃដែរ។ ម្នាលអាវុសោទាំងឡាយ កាលបើភិក្ខុដឹងយ៉ាងនេះហើយ ត្រូវញុំាងចិត្តឲ្យកើតឡើងថា អាត្មាអញ បើត្រូវអ្នកចោទ ចោទហើយ នឹងមិននិយាយគ្របសង្កត់ ដល់អ្នកចោទវិញឡើយ។ បុគ្គលណា ដែលត្រូវអ្នកចោទ ចោទហើយ ក៏និយាយបន្លែបន្លប់នូវអ្នកចោទ ដោយហេតុដទៃ ឬពាក្យផ្សេងៗ និយាយគេចកែដោយសំដីខាងក្រៅ ធ្វើសេចក្តីក្រោធ សេចក្តីប្រទូស្ត និងសេចក្តីអាក់អន់ចិត្ត ឲ្យកើតប្រាកដឡើង បុគ្គលនេះ មិនជាទីស្រឡាញ់ មិនជាទីគាប់ចិត្ត របស់អាត្មាអញទេ បើប្រសិនជាអាត្មាអញ ដែលត្រូវអ្នកចោទ ចោទហើយ នឹងនិយាយបន្លែបន្លប់នូវអ្នកចោទ ដោយហេតុដទៃ ឬពាក្យផ្សេងៗ និងនិយាយគេចកែ ដោយសំដីខាងក្រៅ និងធ្វើសេចក្តីក្រោធ សេចក្តីប្រទូស្ត និងសេចក្តីអាក់អន់ចិត្ត ឲ្យប្រាកដឡើង អាត្មាអញហ្នឹងឯង ក៏មុខជាមិនជាទីស្រឡាញ់ មិនជាទីគាប់ចិត្ត របស់អ្នកដទៃដែរ។ ម្នាលអាវុសោទាំងឡាយ កាលបើភិក្ខុដឹងយ៉ាងនេះហើយ ត្រូវញុំាងចិត្តឲ្យកើតឡើងថា អាត្មាអញ បើត្រូវអ្នកចោទ ចោទហើយ នឹងមិននិយាយបន្លែបន្លប់នូវអ្នកចោទ ដោយហេតុដទៃ ឬពាក្យផ្សេងៗ និងមិននិយាយគេចកែ ដោយសំដីខាងក្រៅ និងមិនធ្វើសេចក្តីក្រោធ សេចក្តីប្រទូស្ត និងសេចក្តីអាក់អន់ចិត្ត ឲ្យប្រាកដឡើងឡើយ។ បុគ្គលណា ដែលត្រូវអ្នកចោទ ចោទហើយ ក៏មិនឆ្លើយ ក្នុងដំណើររបស់ខ្លួន បុគ្គលនេះ មិនជាទីស្រឡាញ់ មិនជាទីគាប់ចិត្ត របស់អាត្មាអញទេ បើប្រសិនជាអាត្មាអញ ដែលត្រូវអ្នកចោទ ចោទហើយ នឹងមិនឆ្លើយ ក្នុងដំណើររបស់ខ្លួន អាត្មាអញហ្នឹងឯង ក៏មុខជាមិនជាទីស្រឡាញ់ មិនជាទីគាប់ចិត្ត របស់អ្នកដទៃដែរ។ ម្នាលអាវុសោទាំងឡាយ កាលបើភិក្ខុដឹងយ៉ាងនេះហើយ ត្រូវញុំាងចិត្តឲ្យកើតឡើងថា អាត្មាអញ បើត្រូវអ្នកចោទ ចោទហើយ នឹងត្រូវតែឆ្លើយក្នុងដំណើររបស់ខ្លួន។ បុគ្គលណា ជាអ្នកលុបគុណគេ ជាអ្នកប្រឡងវាសនា បុគ្គលនេះ មិនជាទីស្រឡាញ់ មិនជាទីគាប់ចិត្ត របស់អាត្មាអញទេ បើប្រសិនជាអាត្មាអញ ជាអ្នកលុបគុណគេ ជាអ្នកប្រឡងវាសនា អាត្មាអញហ្នឹងឯង ក៏មុខជាមិនជាទីស្រឡាញ់ មិនជាទីគាប់ចិត្ត របស់អ្នកដទៃដែរ។ ម្នាលអាវុសោទាំងឡាយ កាលបើភិក្ខុដឹងយ៉ាងនេះហើយ ត្រូវញុំាងចិត្តឲ្យកើតឡើងថា អាត្មាអញ នឹងមិនត្រូវជាអ្នកលុបគុណគេ មិនត្រូវជាអ្នកប្រឡងវាសនាឡើយ។ បុគ្គលណា ជាអ្នកច្រណែន មានសេចក្តីកំណាញ់ បុគ្គលនេះ មិនជាទីស្រឡាញ់ មិនជាទីគាប់ចិត្ត របស់អាត្មាអញទេ បើប្រសិនជាអាត្មាអញ ជាអ្នកច្រណែន មានសេចក្តីកំណាញ់ អាត្មាអញហ្នឹងឯង ក៏មុខជាមិនជាទីស្រឡាញ់ មិនជាទីគាប់ចិត្ត របស់អ្នកដទៃដែរ។ ម្នាលអាវុសោទាំងឡាយ កាលបើភិក្ខុដឹងយ៉ាងនេះហើយ ត្រូវញុំាងចិត្តឲ្យកើតឡើងថា អាត្មាអញ នឹងមិនត្រូវជាអ្នកច្រណែន មិនត្រូវមានសេចក្តីកំណាញ់ឡើយ។ បុគ្គលណា ជាអ្នកអួតអាង ជាអ្នកមានពុតមាយា បុគ្គលនេះ មិនជាទីស្រឡាញ់ មិនជាទីគាប់ចិត្ត របស់អាត្មាអញទេ បើប្រសិនជាអាត្មាអញ ជាអ្នកអួតអាង ជាអ្នកមានពុតមាយា អាត្មាអញហ្នឹងឯង មុខជាមិនជាទីស្រឡាញ់ មិនជាទីគាប់ចិត្ត របស់អ្នកដទៃដែរ។ ម្នាលអាវុសោទាំងឡាយ កាលបើភិក្ខុដឹងយ៉ាងនេះហើយ ត្រូវញុំាងចិត្តឲ្យកើតឡើងថា អាត្មាអញ នឹងមិនត្រូវជាអ្នកអួតអាង មិនត្រូវជាអ្នកមានពុតមាយាឡើយ។ បុគ្គលណា ជាអ្នករឹងរូស ជាអ្នកមើលងាយគេ បុគ្គលនេះ មិនជាទីស្រឡាញ់ មិនជាទីគាប់ចិត្ត របស់អាត្មាអញទេ បើប្រសិនជាអាត្មាអញ ជាអ្នករឹងរូស ជាអ្នកមើលងាយគេ អាត្មាអញហ្នឹងឯង ក៏មុខជាមិនជាទីស្រឡាញ់ មិនជាទីគាប់ចិត្ត របស់អ្នកដទៃដែរ។ ម្នាលអាវុសោទាំងឡាយ កាលបើភិក្ខុដឹងយ៉ាងនេះហើយ ត្រូវញុំាងចិត្តឲ្យកើតឡើងថា អាត្មាអញ នឹងមិនត្រូវជាអ្នករឹងរូស មិនត្រូវជាអ្នកមើលងាយគេឡើយ។ បុគ្គលណា ជាអ្នកប្រកាន់តាមតែសេចក្តីយល់ឃើញរបស់ខ្លួនឯង ជាអ្នកប្រកាន់មាំ លះបង់ទិដ្ឋិបានដោយក្រ បុគ្គលនេះ មិនជាទីស្រឡាញ់ មិនជាទីគាប់ចិត្ត របស់អាត្មាអញទេ បើប្រសិនជាអាត្មាអញ ជាអ្នកប្រកាន់តាមតែសេចក្តីយល់ឃើញរបស់ខ្លួនឯង ជាអ្នកប្រកាន់មាំ លះបង់ទិដ្ឋិបានដោយក្រវិញ អាត្មាអញហ្នឹងឯង ក៏មុខជាមិនជាទីស្រឡាញ់ មិនជាទីគាប់ចិត្ត របស់អ្នកដទៃដែរ។ ម្នាលអាវុសោទាំងឡាយ កាលបើភិក្ខុដឹងយ៉ាងនេះហើយ ត្រូវញុំាងចិត្តឲ្យកើតឡើងថា អាត្មាអញ នឹងមិនត្រូវជាអ្នកប្រកាន់តាមតែសេចក្តីយល់ឃើញរបស់ខ្លួនឯងឡើយ មិនត្រូវជាអ្នកប្រកាន់មាំ ត្រូវជាអ្នកលះបង់ទិដ្ឋិបានដោយងាយវិញ។
[២២៥] ម្នាលអាវុសោទាំងឡាយ ភិក្ខុត្រូវពិចារណាខ្លួន ដោយខ្លួនឯង ក្នុងធម៌ទាំង១៦នោះ យ៉ាងនេះថា អាត្មាអញ ជាអ្នកមានសេចក្តីប្រាថ្នាលាមក លុះក្នុងអំណាច នៃសេចក្តីប្រាថ្នាលាមកឬ