តតិយភាគ
ភាគទី២២
មហាយមកវគ្គ
ចូឡគោសិង្គសាលសូត្រ ទី១
[១] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងព្រះពន្លាឥដ្ឋ ទៀបនាទិកគ្រាម។ សម័យនោះឯង ព្រះអនុរុទ្ធមានអាយុ ព្រះនន្ទិយមានអាយុ និងព្រះកិមិលៈមានអាយុ នៅក្នុងព្រៃឈ្មោះគោសិង្គសាលវ័ន [ពាក្យថា គោសិង្គសាលវ័ននេះ ជាឈ្មោះព្រៃ ដែលអាស្រ័យនឹងឈើធំ ១ដើម ដុះប្រគាបចេញ មានសណ្ឋានដូចស្នែងគោ។]។ គ្រានោះ ព្រះមានព្រះភាគ ចេញចាកទីសម្ងំ ក្នុងសាយណ្ហសម័យ ហើយចូលទៅក្នុងព្រៃគោសិង្គសាលវ័ននោះ។ អ្នករក្សាព្រៃ បានឃើញព្រះមានព្រះភាគកំពុងស្តេចទៅអំពីចម្ងាយ លុះឃើញហើយ ក៏និយាយនឹងព្រះមានព្រះភាគយ៉ាងនេះថា នែសមណៈ សូមលោកកុំចូលទៅក្នុងព្រៃនុ៎ះឡើយ ព្រោះក្នុងព្រៃនុ៎ះ មានកុលបុត្ត ៣រូប ជាអ្នកប្រាថ្នានូវប្រយោជន៍បម្រុងខ្លួន សូមលោកកុំធ្វើនូវសេចក្តីអផ្សុក ដល់កុលបុត្តទាំងនោះឡើយ។ ព្រះអនុរុទ្ធមានអាយុ បានឮពាក្យអ្នករក្សាព្រៃ កំពុងជជែកនឹងព្រះមានព្រះភាគ លុះឮហើយ ក៏បាននិយាយនឹងអ្នករក្សាព្រៃ យ៉ាងនេះថា ម្នាលអ្នករក្សាព្រៃដ៏មានអាយុ អ្នកកុំឃាត់ព្រះមានព្រះភាគឡើយ ព្រោះព្រះមានព្រះភាគ ជាសាស្តាចារ្យរបស់យើង ទ្រង់ស្តេចមកដល់ហើយ។ លំដាប់នោះ ព្រះអនុរុទ្ធមានអាយុ ក៏ចូលទៅរកព្រះនន្ទិយៈមានអាយុ និងព្រះកិមិលៈមានអាយុ លុះចូលទៅដល់ហើយ ក៏បាននិយាយនឹងព្រះនន្ទិយៈមានអាយុផង ព្រះកិមិលៈមានអាយុផង យ៉ាងនេះថា ម្នាលលោកមានអាយុទាំងឡាយ ចូរលោកមកនេះ ម្នាលលោកមានអាយុទាំងឡាយ ចូរលោកមកនេះ ព្រះមានព្រះភាគ ជាបរមគ្រូនៃយើង ព្រះអង្គស្តេចមកដល់ហើយ។ គ្រានោះ ព្រះអនុរុទ្ធមានអាយុ ព្រះនន្ទិយៈមានអាយុ និងព្រះកិមិលៈមានអាយុ ក្រោកទទួលព្រះមានព្រះភាគ មួយអង្គ ទទួលបាត្រ និងចីវរ របស់ព្រះមានព្រះភាគ មួយអង្គ ក្រាលអាសនៈ មួយអង្គទៀត តំកល់ទឹកទុកសម្រាប់លាងព្រះបាទ។ ព្រះមានព្រះភាគ ក៏គង់លើអាសនៈដែលភិក្ខុក្រាលថ្វាយ លុះគង់រួច ក៏ទ្រង់ឲ្យលាងព្រះបាទ។ ចំណែកព្រះថេរៈមានអាយុទាំងនោះ នាំគ្នាថ្វាយបង្គំព្រះមានព្រះភាគ រួចអង្គុយក្នុងទីដ៏សមគួរ។
[២] ព្រះមានព្រះភាគ បានត្រាស់នឹងព្រះអនុរុទ្ធមានអាយុ ដែលអង្គុយក្នុងទីដ៏សមគួរហើយ យ៉ាងនេះថា ម្នាលអនុរុទ្ធទាំងឡាយ [ពាក្យថា អនុរុទ្ធទាំងឡាយ ជាវោហារ ហៅរួមដល់ព្រះនន្ទិយៈ និងព្រះកិមិលៈផង។] អ្នកទាំងឡាយល្មមអត់ធន់បានឬទេ អ្នកទាំងឡាយល្មមប្រព្រឹត្តទៅបានស្រួលឬទេ អ្នកទាំងឡាយមិនលំបាកដោយអាហារបិណ្ឌបាតទេឬ។ ភិក្ខុទាំងឡាយក្រាបបង្គំទូលថា បពិត្រព្រះមានព្រះភាគ ខ្ញុំព្រះអង្គទាំងឡាយ ល្មមអត់ធន់បាន បពិត្រព្រះមានព្រះភាគ ខ្ញុំព្រះអង្គទាំងឡាយ ល្មមប្រព្រឹត្តទៅបានស្រួល សូមទ្រង់ព្រះមេត្តាប្រោស មួយទៀត ខ្ញុំព្រះអង្គទាំងឡាយ មិនបានលំបាកដោយបិណ្ឌបាតទេ។ ម្នាលអនុរុទ្ធទាំងឡាយ ចុះអ្នកទាំងឡាយព្រមព្រៀង ស្រុះស្រួល មិនទាស់ទែងគ្នា ដូចជាទឹកដោះលាយទឹក រមិលមើលគ្នាទៅវិញទៅមក ដោយចក្ខុគួរឲ្យស្រឡាញ់ទេឬ។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គទាំងឡាយ ជាអ្នកព្រមព្រៀង ស្រុះស្រួល មិនទាស់ទែងគ្នា ដូចទឹកដោះលាយទឹក រមិលមើលគ្នាទៅវិញទៅមក ដោយចក្ខុគួរឲ្យស្រឡាញ់តែម្យ៉ាង។ ម្នាលអនុរុទ្ធទាំងឡាយ ចុះអ្នកទាំងឡាយ ព្រមព្រៀង ស្រុះស្រួល មិនទាស់ទែងគ្នា ដូចទឹកដោះលាយទឹក រមិលមើលគ្នាទៅវិញទៅមក ដោយចក្ខុគួរឲ្យស្រឡាញ់ ដូចម្តេចខ្លះ។
[៣] បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គមានសេចក្តីត្រិះរិះ ក្នុងទីនេះ យ៉ាងនេះថា អាត្មាអញ ពេញហៅមានលាភ អាត្មាអញពេញហៅបានស្រួល ត្រង់ដែលអាត្មាអញ នៅជាមួយនឹងពួកសព្រហ្មចារី មានសភាពយ៉ាងនេះ ដូច្នេះ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គនោះ បានតាំងកាយកម្មប្រកបដោយមេត្តា ទៅរកលោកមានអាយុទាំងនេះ ទាំងទីចំពោះមុខ ទាំងទីកំបាំងមុខ តាំងវចីកម្ម ប្រកបដោយមេត្តា តាំងមនោកម្ម ប្រកបដោយមេត្តា ទាំងទីចំពោះមុខ ទាំងទីកំបាំងមុខ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គនោះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា បើដូច្នោះ គួរតែអាត្មាអញដាក់ចិត្តរបស់ខ្លួន ឲ្យប្រព្រឹត្តទៅតាមអំណាចនៃចិត្តរបស់លោកមានអាយុទាំងនេះឯង ដូច្នេះ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គនោះ ក៏ដាក់ចិត្តរបស់ខ្លួន ឲ្យប្រព្រឹត្តទៅតាមអំណាចនៃចិត្តរបស់លោកមានអាយុទាំងនេះឯង បពិត្រព្រះអង្គដ៏ចំរើន តាមពិត កាយរបស់ខ្ញុំព្រះអង្គទាំងឡាយ ទីទៃពីគ្នាមែន ប៉ុន្តែចិត្តមានទំនងជាមួយគ្នា។ ចំណែកនន្ទិយៈមានអាយុ។បេ។ ចំណែកកិមិលៈមានអាយុ បានក្រាបទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ ក៏មានសេចក្តីត្រិះរិះ ក្នុងទីនេះ យ៉ាងនេះថា អាត្មាអញ ពេញជាមានលាភ អាត្មាអញ ពេញហៅបានស្រួលហើយ ត្រង់ដែលអាត្មាអញ នៅជាមួយនឹងពួកសព្រហ្មចារី មានសភាពយ៉ាងនេះ ដូច្នេះ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គនោះ បានតាំងកាយកម្ម ប្រកបដោយមេត្តា ទៅរកលោកមានអាយុទាំងនេះ ទាំងទីចំពោះមុខ ទាំងទីកំបាំងមុខ តាំងវចីកម្ម ប្រកបដោយមេត្តា… តាំងមនោកម្ម ប្រកបដោយមេត្តា ទាំងទីចំពោះមុខ ទាំងទីកំបាំងមុខ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គនោះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា បើដូច្នោះ គួរតែអាត្មាអញ ដាក់ចិត្តរបស់ខ្លួន ឲ្យប្រព្រឹត្តទៅតាមអំណាចចិត្ត របស់លោកមានអាយុទាំងនេះឯង ដូច្នេះ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គនោះ ក៏ដាក់ចិត្តរបស់ខ្លួន ឲ្យប្រព្រឹត្តទៅ តាមអំណាចនៃចិត្ត របស់លោកមានអាយុទាំងនេះឯង បពិត្រព្រះអង្គដ៏ចំរើន តាមពិត កាយរបស់យើងខ្ញុំព្រះអង្គ ទីទៃពីគ្នាមែន ប៉ុន្តែចិត្តមានទំនងជាមួយគ្នា។ បពិត្រព្រះអង្គដ៏ចំរើន យើងខ្ញុំព្រះអង្គ ព្រមព្រៀង ស្រុះស្រួល មិនទាស់ទែងគ្នា ដូចទឹកដោះលាយទឹក រមិលមើលគ្នាទៅវិញទៅមក ដោយចក្ខុគួរឲ្យស្រឡាញ់ យ៉ាងនេះឯង។
[៤] ម្នាលអនុរុទ្ធទាំងឡាយ ត្រូវល្អហើយ ម្នាលអនុរុទ្ធទាំងឡាយ ចុះអ្នកទាំងឡាយមិនប្រមាទ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន ខ្លះដែរឬទេ។ បពិត្រព្រះអង្គដ៏ចំរើន យើងខ្ញុំព្រះអង្គ សុទ្ធតែជាអ្នកមិនប្រមាទ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន តែមួយចំណែក។ ម្នាលអនុរុទ្ធទាំងឡាយ អ្នកទាំងឡាយ ជាអ្នកមិនប្រមាទ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន យ៉ាងណាខ្លះ។ បពិត្រព្រះអង្គដ៏ចំរើន បណ្តាយើងខ្ញុំព្រះអង្គ ក្នុងទីនេះ លោកណាត្រឡប់ពីបិណ្ឌបាត អំពីស្រុកមុនគេ លោកនោះ ក៏រៀបក្រាលអាសនៈ តំកល់ទឹកឆាន់ និងទឹកសម្រាប់ប្រើប្រាស់ តំកល់ទុកនូវភាជន៍ សម្រាប់រំលែកបិណ្ឌបាត ដែលមានច្រើន លោកណាត្រឡប់ពីបិណ្ឌបាត អំពីស្រុកក្រោយគេ បើមានភត្តដ៏សេសសល់អំពីភត្ត ដែលលោកអង្គណាបរិភោគហើយ បើចង់បរិភោគ ក៏បរិភោគទៅ បើមិនចង់បរិភោគទេ ក៏ចាក់ចោលក្នុងទីដែលប្រាសចាកតិណជាតិ មានពណ៌ខៀវ ឬចាក់ចោលចោលក្នុងទឹក ដែលប្រាសចាកសត្វ ភិក្ខុនោះ ទុកដាក់អាសនៈ ទុកដាក់ទឹកសម្រាប់ឆាន់ និងទឹកសម្រាប់ប្រើប្រាស់ ទុកដាក់ភាជន៍សម្រាប់ផ្ទេរបិណ្ឌបាត និងបោសសំអាតរោងភត្ត លោកណាឃើញក្អមសម្រាប់ដាក់ទឹកឆាន់ ក្អមដាក់ទឹកប្រើប្រាស់ ឬក្អមសម្រាប់ដាក់ទឹកទុកក្នុងវច្ចកុដិ មានទឹកតិច ឬទទេ ភិក្ខុនោះ តែងដង (ទឹកទុក) បើភិក្ខុនោះ មិនអាចនឹងលើកភារៈនោះរួចទេ ក៏ហៅភិក្ខុជាគំរប់ពីរមក ដោយវិការៈនៃដៃ បពិត្រព្រះអង្គដ៏ចំរើន យើងខ្ញុំព្រះអង្គ ទុកដាក់ដោយការជួយគ្នាដោយដៃ មិនបាច់បញ្ចេញវាចា ព្រោះកិច្ចការនោះជាបច្ច័យឡើយ បពិត្រព្រះអង្គដ៏ចំរើន មួយវិញទៀត យើងខ្ញុំព្រះអង្គ តែងអង្គុយប្រជុំគ្នា ដោយធម្មីកថា ពេញមួយយប់ រាល់ថ្ងៃទី៥ បពិត្រព្រះអង្គដ៏ចំរើន យើងខ្ញុំព្រះអង្គ ជាអ្នកមិនប្រមាទ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន យ៉ាងនេះ។
[៥] ម្នាលអនុរុទ្ធទាំងឡាយ ត្រូវល្អហើយ ចុះផាសុវិហារធម៌ (ធម៌ជាទីនៅសប្បាយ) ដ៏វិសេស គឺញាណទស្សនៈ អាចធ្វើខ្លួនឲ្យជាអរិយៈបាន ក្រៃលែងជាងមនុស្សធម៌ ដែលលោកទាំងឡាយ ជាអ្នកមិនប្រមាទ មានព្យាយាម មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន បានត្រាស់ដឹងយ៉ាងនេះហើយ មានដែរឬទេ។ បពិត្រព្រះអង្គដ៏ចំរើន ផាសុវិហារធម៌នោះ ដែលយើងខ្ញុំព្រះអង្គបានត្រាស់ដឹងហើយ ថ្វីក៏មិនមាន បពិត្រព្រះអង្គដ៏ចំរើន ព្រោះថា ក្នុងទីនេះ យើងខ្ញុំព្រះអង្គ ប្រាថ្នាស្ងាត់ចាកកាមទាំងឡាយ ស្ងាត់ចាកអកុសលធម៌ទាំងឡាយ ជាកំណត់ ក៏បានចូលបឋមជ្ឈាន ដែលប្រកបដោយវិតក្កៈ វិចារៈ មានបីតិ និងសុខ ដែលកើតអំពីវិវេក បពិត្រព្រះអង្គដ៏ចំរើន នេះឯង ជា ផាសុវិហារធម៌ ជាធម៌វិសេស គឺញាណទស្សនៈ អាចធ្វើខ្លួនឲ្យជាអរិយៈបាន ដ៏ក្រៃលែងជាងមនុស្សធម៌ ដែលយើងខ្ញុំព្រះអង្គ ជាអ្នកមិនប្រមាទ មានព្យាយាម ជាគ្រឿងដុតកិលេស មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន បានត្រាស់ដឹងហើយ។ ម្នាលអនុរុទ្ធទាំងឡាយ ត្រូវល្អហើយ ម្នាលអនុរុទ្ធទាំងឡាយ ចុះ ផាសុវិហារធម៌ ជាធម៌វិសេស គឺញាណទស្សនៈ អាចធ្វើខ្លួនឲ្យជាអរិយៈ ដ៏ក្រៃលែងជាងមនុស្សធម៌ដទៃទៀត ដែលអ្នកទាំងឡាយ ត្រាស់ដឹងហើយ ដើម្បីកន្លងនូវផាសុវិហារធម៌នុ៎ះ ដើម្បីរម្ងាប់នូវផាសុវិហារធម៌នុ៎ះ មានដែរឬទេ។ បពិត្រព្រះអង្គដ៏ចំរើន ផាសុវិហារធម៌នោះ ថ្វីក៏មិនមាន បពិត្រព្រះអង្គដ៏ចំរើន ព្រោះថា ក្នុងទីនេះ យើងខ្ញុំព្រះអង្គ ប្រាថ្នាឲ្យស្ងប់រម្ងាប់ នូវវិតក្កៈ និងវិចារៈ ជាកំណត់ បានចូលទុតិយជ្ឈាន ជាធម្មជាតិកើតមានក្នុងសន្តានរបស់ខ្លួន ប្រកបដោយសទ្ធា មានសភាពជាចិត្តខ្ពស់ឯក មិនមានវិតក្កៈ មិនមានវិចារៈ មានតែបីតិ និងសុខ ដែលកើតអំពីសមាធិ បពិត្រព្រះអង្គដ៏ចំរើន នេះជាផាសុវិហារធម៌ ជាធម៌វិសេស គឺញាណទស្សនៈ អាចធ្វើខ្លួនឲ្យជាអរិយៈ ដ៏ក្រៃលែងជាងមនុស្សធម៌ដទៃទៀត ដែលយើងខ្ញុំព្រះអង្គ បានត្រាស់ដឹងហើយ ដើម្បីកន្លងនូវវិហារធម៌នុ៎ះ ដើម្បីរម្ងាប់នូវវិហារធម៌នុ៎ះ។ ម្នាលអនុរុទ្ធទាំងឡាយ ត្រូវល្អហើយ ម្នាលអនុរុទ្ធទាំងឡាយ ចុះ ផាសុវិហារធម៌ ជាធម៌វិសេស គឺញាណទស្សនៈ អាចធ្វើខ្លួនឲ្យជាអរិយៈ ដ៏ក្រៃលែងជាងមនុស្សធម៌ដទៃទៀត ដែលអ្នកទាំងឡាយ បានត្រាស់ដឹងហើយ ដើម្បីកន្លងនូវផាសុវិហារធម៌នុ៎ះ ដើម្បីរម្ងាប់នូវផាសុវិហារធម៌នុ៎ះ មានដែរឬទេ។ បពិត្រព្រះអង្គដ៏ចំរើន ផាសុវិហារធម៌នោះ ថ្វីក៏មិនមាន បពិត្រព្រះអង្គដ៏ចំរើន ព្រោះថា ក្នុងទីនេះ យើងខ្ញុំព្រះអង្គ ប្រាថ្នាប្រាកដ យើងខ្ញុំព្រះអង្គ ក៏ប្រាសចាកបីតិ មានតែឧបេក្ខា និងសតិសម្បជញ្ញៈ ទទួលនូវសេចក្តីសុខដោយកាយ បានដល់តតិយជ្ឈាន ដែលព្រះអរិយបុគ្គលទាំងឡាយ សំដែងថា បុគ្គលប្រកបដោយតតិយជ្ឈាន ជាអ្នកមានឧបេក្ខា មានសតិនៅជាសុខនោះ បពិត្រព្រះអង្គដ៏ចំរើន នេះជា ផាសុវិហារធម៌ ជាធម៌វិសេស គឺញាណទស្សនៈ អាចធ្វើខ្លួនឲ្យជាអរិយៈ ដ៏ក្រៃលែងជាងមនុស្សធម៌ដទៃទៀត ដែលយើងខ្ញុំព្រះអង្គ បានត្រាស់ដឹងហើយ ដើម្បីកន្លងនូវវិហារធម៌នុ៎ះ ដើម្បីរម្ងាប់នូវវិហារធម៌នុ៎ះ។ ម្នាលអនុរុទ្ធទាំងឡាយ ត្រូវល្អហើយ ម្នាលអនុរុទ្ធទាំងឡាយ ចុះ ផាសុវិហារធម៌ ជាធម៌វិសេស គឺញាណទស្សនៈ អាចធ្វើខ្លួនឲ្យជាអរិយៈ ដ៏ក្រៃលែងជាងមនុស្សធម៌ដទៃទៀត ដែលអ្នកទាំងឡាយ បានត្រាស់ដឹងហើយ ដើម្បីកន្លងនូវវិហារធម៌នុ៎ះ ដើម្បីរម្ងាប់នូវសុវិហារធម៌នុ៎ះ មានដែរឬទេ។ បពិត្រព្រះអង្គដ៏ចំរើន ផាសុវិហារធម៌នោះ ថ្វីក៏មិនមាន បពិត្រព្រះអង្គដ៏ចំរើន ព្រោះថា ក្នុងទីនេះ យើងខ្ញុំព្រះអង្គ ប្រាថ្នាប្រាកដ យើងខ្ញុំព្រះអង្គ បានលះសុខផង លះទុក្ខផង រំលត់នូវសោមនស្ស និងទោមនស្ស អំពីមុនផង ក៏បានដល់ចតុត្ថជ្ឈាន ដែលមិនមានទុក្ខ មិនមានសុខ មានសតិដ៏បរិសុទ្ធ ដោយឧបេក្ខា បពិត្រព្រះអង្គដ៏ចំរើន នេះជា ផាសុវិហារធម៌វិសេស គឺញាណទស្សនៈ អាចធ្វើខ្លួនឲ្យជាអរិយៈ ដ៏ក្រៃលែងជាងមនុស្សធម៌ដទៃទៀត ដែលយើងខ្ញុំព្រះអង្គ បានត្រាស់ដឹងហើយ ដើម្បីកន្លងនូវវិហារធម៌នុ៎ះ ដើម្បីរម្ងាប់នូវវិហារធម៌នុ៎ះ។ ម្នាលអនុរុទ្ធទាំងឡាយ ត្រូវល្អហើយ ម្នាលអនុរុទ្ធទាំងឡាយ ចុះផាសុវិហារធម៌ ជាធម៌វិសេស គឺញាណទស្សនៈ អាចធ្វើខ្លួនឲ្យជាអរិយៈ ដ៏ក្រៃលែងជាងមនុស្សធម៌ដទៃទៀត ដែលពួកអ្នកបានត្រាស់ដឹងហើយ ដើម្បីកន្លងនូវវិហារធម៌នុ៎ះ ដើម្បីរម្ងាប់នូវវិហារធម៌នុ៎ះ មានដែរឬទេ។ បពិត្រព្រះអង្គដ៏ចំរើន ផាសុវិហារធម៌នោះ ថ្វីក៏មិនមាន បពិត្រព្រះអង្គដ៏ចំរើន ព្រោះថា ក្នុងទីនេះ យើងខ្ញុំព្រះអង្គ ប្រាថ្នាជាប្រាកដ យើងខ្ញុំព្រះអង្គ កន្លងនូវពួកសញ្ញា មិនធ្វើទុកក្នុងចិត្ត នូវពួកបដិឃសញ្ញា ដោយប្រការទាំពួង ក៏ចូលអាកាសានញ្ចាយតនជ្ឈាន ដោយធ្វើទុកក្នុងចិត្តថា អាកាសមិនមានទីបំផុត ដូច្នេះ បពិត្រព្រះអង្គដ៏ចំរើន នេះជាផាសុវិហារធម៌ ជាធម៌វិសេស គឺញាណទស្សនៈ អាចធ្វើខ្លួនឲ្យជាអរិយៈ ក្រៃលែងជាងមនុស្សធម៌ដទៃទៀត ដែលយើងខ្ញុំព្រះអង្គ បានត្រាស់ដឹងហើយ ដើម្បីកន្លងនូវវិហារធម៌នុ៎ះ ដើម្បីរម្ងាប់នូវវិហារធម៌នុ៎ះ។ ម្នាលអនុរុទ្ធទាំងឡាយ ត្រូវល្អហើយ ម្នាលអនុរុទ្ធទាំងឡាយ ចុះផាសុវិហារធម៌ ជាធម៌វិសេស គឺញាណទស្សនៈ អាចធ្វើខ្លួនឲ្យជាអរិយៈ ក្រៃលែងជាងមនុស្សធម៌ដទៃទៀត ដែលពួកអ្នកបានត្រាស់ដឹងហើយ ដើម្បីកន្លងនូវវិហារធម៌នុ៎ះ ដើម្បីរម្ងាប់នូវវិហារធម៌នុ៎ះ មានដែរឬទេ។ បពិត្រព្រះអង្គដ៏ចំរើន ផាសុវិហារធម៌នោះ ថ្វីក៏មិនមាន បពិត្រព្រះអង្គដ៏ចំរើន ព្រោះថា ក្នុងទីនេះ យើងខ្ញុំព្រះអង្គ ប្រាថ្នាជាប្រាកដ យើងខ្ញុំព្រះអង្គ ក៏បានកន្លងនូវអាកាសានញ្ចាយតនជ្ឈាន ដោយប្រការទាំងពួង បានចូលវិញ្ញាណញ្ចាយតនជ្ឈាន ដោយធ្វើទុកក្នុងចិត្តថា វិញ្ញាណ មិនមានទីបំផុត ដូច្នេះ។បេ។ កន្លងវិញ្ញាណញ្ចាយតនជ្ឈាន ដោយប្រការទាំងពួង ក៏បានចូលអាកិញ្ចញ្ញាយតនជ្ឈាន ដោយធ្វើទុកក្នុងចិត្តថា អ្វីតិចតួចក៏មិនមាន ដូច្នេះ។បេ។ កន្លងនូវអាកិញ្ចញ្ញាយតនជ្ឈាន ដោយប្រការទាំងពួង ក៏បានដល់នូវនេវសញ្ញានាសញ្ញាយតនជ្ឈាន បពិត្រព្រះអង្គដ៏ចំរើន នេះជា ផាសុវិហារធម៌ ជាធម៌វិសេស គឺញាណទស្សនៈ អាចធ្វើខ្លួនឲ្យជាអរិយៈ ដ៏ក្រៃលែងជាងមនុស្សធម៌ដទៃទៀត ដែលពួកយើងខ្ញុំព្រះអង្គ បានត្រាស់ដឹងហើយ ដើម្បីកន្លងនូវវិហារធម៌នុ៎ះ ដើម្បីរម្ងាប់នូវវិហារធម៌នុ៎ះ។ ម្នាលអនុរុទ្ធទាំងឡាយ ត្រូវល្អហើយ ម្នាលអនុរុទ្ធទាំងឡាយ ចុះផាសុវិហារធម៌ ជាធម៌វិសេស គឺញាណទស្សនៈ អាចធ្វើខ្លួនឲ្យជាអរិយៈ ក្រៃលែងជាងមនុស្សធម៌ដទៃទៀត ដែលពួកអ្នកបានត្រាស់ដឹងហើយ ដើម្បីកន្លងនូវវិហារធម៌នុ៎ះ ដើម្បីរម្ងាប់នូវវិហារធម៌នុ៎ះ មានដែរឬទេ។ បពិត្រព្រះអង្គដ៏ចំរើន ផាសុវិហារធម៌នោះ ថ្វីក៏មិនមាន បពិត្រព្រះអង្គដ៏ចំរើន ព្រោះថា ក្នុងទីនេះ យើងខ្ញុំព្រះអង្គ ប្រាថ្នាជាប្រាកដ យើងខ្ញុំព្រះអង្គ បានកន្លងនូវនេវសញ្ញានាសញ្ញាយតនជ្ឈាន ដោយប្រការទាំងពួង ក៏បានចូលសញ្ញាវេទយិតនិរោធ អាសវៈទាំងឡាយ របស់ពួកយើងខ្ញុំព្រះអង្គ ក៏អស់ទៅមិនសល់ ព្រោះបានឃើញច្បាស់ ដោយវិបស្សនាបញ្ញា បពិត្រព្រះអង្គដ៏ចំរើន នេះជា ផាសុវិហារធម៌ ជាធម៌វិសេស គឺញាណទស្សនៈ អាចធ្វើខ្លួនឲ្យជាអរិយៈ ដ៏ក្រៃលែងជាងមនុស្សធម៌ដទៃទៀត ដែលពួកយើងខ្ញុំព្រះអង្គ បានត្រាស់ដឹងហើយ ដើម្បីកន្លងនូវវិហារធម៌នុ៎ះ ដើម្បីរម្ងាប់នូវវិហារធម៌នុ៎ះ។ បពិត្រព្រះអង្គដ៏ចំរើន មួយទៀត យើងខ្ញុំព្រះអង្គ មិនឃើញច្បាស់ នូវផាសុវិហារធម៌ដទៃ ឲ្យលើសលុបជាង ឲ្យថ្លៃថ្លាជាងផាសុវិហារធម៌នេះទៅទៀតទេ។ ម្នាលអនុរុទ្ធទាំងឡាយ ត្រូវល្អហើយ ម្នាលអនុរុទ្ធទាំងឡាយ ផាសុវិហារធម៌ដទៃ ដែលលើសលុបជាង ថ្លៃថ្លាជាងផាសុវិហារធម៌នុ៎ះទៅទៀត មិនមានទេ។
[៦] គ្រានោះឯង ព្រះមានព្រះភាគ ទ្រង់ពន្យល់ព្រះអនុរុទ្ធមានអាយុ ព្រះនន្ទិយៈមានអាយុ និងព្រះកិមិលៈមានអាយុ ឲ្យឃើញតាម ឲ្យកាន់យកតាម ឲ្យអាចហាន ឲ្យរីករាយ ដោយធម្មីកថាហើយ ទ្រង់ក្រោកអំពីអាសនៈ ស្តេចចេញទៅ។ លំដាប់នោះឯង ព្រះអនុរុទ្ធមានអាយុ ព្រះនន្ទិយៈមានអាយុ និងព្រះកិមិលៈមានអាយុ ក៏តាមហែព្រះមានព្រះភាគទៅ ហើយត្រឡប់មកអំពីទីនោះវិញ ព្រះនន្ទិយៈមានអាយុ និងព្រះកិមិលៈមានអាយុ បាននិយាយនឹងព្រះអនុរុទ្ធមានអាយុ យ៉ាងនេះថា យើងទាំងឡាយ បានប្រាប់ព្រះអនុរុទ្ធមានអាយុ យ៉ាងនេះថា យើងទាំងឡាយ បាននូវវិហារសមាបត្តិទាំងឡាយនេះផង នេះផង ដូច្នេះដែរឬទេ បានជាព្រះអនុរុទ្ធមានអាយុ ប្រកាស(គុណ) របស់យើងដរាប អំពីការអស់ទៅនៃអាសវៈទាំងឡាយ ក្នុងទីចំពោះព្រះភក្ត្រនៃព្រះមានព្រះភាគ។ ព្រះអនុរុទ្ធតបថា លោកដ៏មានអាយុទាំងឡាយ មិនបានប្រាប់ដល់ខ្ញុំយ៉ាងនេះទេថា យើងទាំងឡាយ ជាអ្នកបាននូវវិហារសមាបត្តិទាំងឡាយនេះផង នេះផង ដូច្នេះមែន ប៉ុន្តែខ្ញុំកំណត់ដឹងចិត្តលោកមានអាយុទាំងឡាយ ដោយចិត្តរបស់ខ្ញុំថា លោកមានអាយុទាំងឡាយនេះ បាននូវវិហារសមាបត្តិនេះផង នេះផង ដូច្នេះ ទាំងពួកទេវតាសោត ក៏បានប្រាប់សេចក្តីនុ៎ះ ដល់ខ្ញុំថា លោកមានអាយុទាំងឡាយនេះ បាននូវវិហារសមាបត្តិនេះផង នេះផង ដូច្នេះ បានជាព្រះមានព្រះភាគ ទ្រង់ត្រាស់សួរបញ្ជាក់នូវបញ្ហា ខ្ញុំក៏បានព្យាករពាក្យនោះរួចហើយ។
[៧] គ្រានោះឯង មានយក្សម្នាក់ ឈ្មោះ ទីឃបរជន ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះមានព្រះភាគ រួចឋិតនៅក្នុងទីដ៏សមគួរ។ ទីឃបរជនយក្ស ឋិតនៅក្នុងទីដ៏សមគួរហើយ ក៏បានក្រាបបង្គំទូលព្រះមានព្រះភាគ យ៉ាងនេះថា ព្រះតថាគត អរហន្ត សម្មាសម្ពុទ្ធ និងកុលបុត្រទាំង៣រូបនេះ គឺព្រះអនុរុទ្ធមានអាយុ ព្រះនន្ទិយៈមានអាយុ និងព្រះកិមិលៈមានអាយុ គង់នៅក្នុងប្រទេសណា បពិត្រព្រះអង្គដ៏ចំរើន ប្រទេសនោះ ជាលាភរបស់ពួកអ្នកដែនវជ្ជី បពិត្រព្រះអង្គដ៏ចំរើន ប្រទេសនោះ ជាលាភដែលប្រជាជន អ្នកដែនវជ្ជីបានល្អហើយ។ ពួកភុម្មទេវតា បានឮសំឡេងរបស់ទីឃបរជនយក្សហើយ ក៏ធ្វើសំឡេងលាន់ឮឡើងទៅថា អើហ្ន៎ ព្រះតថាគត អរហន្ត សម្មាសម្ពុទ្ធ និងកុលបុត្រទាំង៣រូបនេះ គឺព្រះអនុរុទ្ធមានអាយុ ព្រះនន្ទិយៈមានអាយុ និងព្រះកិមិលៈមានអាយុ គង់នៅក្នុងប្រទេសណា ម្នាលអ្នកទាំងឡាយដ៏ចំរើន ប្រទេសនោះ ជាលាភនៃអ្នកដែនវជ្ជី ម្នាលអ្នកទាំងឡាយដ៏ចំរើន ប្រទេសនោះ ជាលាភដែលប្រជាជន អ្នកដែន វជ្ជី បាន ល្អ ហើយ។ ពួកចាតុម្មហារាជិកទេវតា បានឮសំឡេងរបស់ពួកភុម្មទេវតាហើយ… ពួកតាវត្តិង្សទេវតា… ពួកយាមទេវតា… ពួកតុសិតទេវតា… ពួកនិម្មានរតីទេវតា… ពួកបរនិម្មិតវសវត្តីទេវតា… ពួកទេវតា ដែលរាប់បញ្ចូលក្នុងពួកព្រហ្ម ក៏បានធ្វើសំឡេងឲ្យលាន់ឮឡើងថា អើហ្ន៎ ព្រះតថាគត អរហន្ត សម្មាសម្ពុទ្ធ និងកុលបុត្រទាំង៣រូបនេះ គឺព្រះអនុរុទ្ធមានអាយុ ព្រះនន្ទិយៈមានអាយុ និងព្រះកិមិលៈមានអាយុ គង់នៅក្នុងប្រទេសណា ម្នាលអ្នកទាំងឡាយដ៏ចំរើន ប្រទេសនោះ ជាលាភរបស់ពួកអ្នកដែនវជ្ជី ម្នាលអ្នកទាំងឡាយដ៏ចំរើន ប្រទេសនោះ ជាលាភដែលប្រជាជន អ្នកដែនវជ្ជីបានល្អហើយ។
[៨] ក៏ក្នុងខណៈមួយរំពេចនោះ សំឡេងឮកងរំពង រហូតទៅដល់ព្រហ្មលោក ដោយប្រការដូច្នេះថា ម្នាលទីឃៈ ដំណើរនុ៎ះ យ៉ាងហ្នឹងហើយ ម្នាលទីឃៈ ដំណើរនុ៎ះ យ៉ាងហ្នឹងហើយ ម្នាលទីឃៈ កុលបុត្រទាំង៣រូបនុ៎ះ ចេញចាកផ្ទះ អំពីត្រកូលណា បួសក្នុងសាសនា បើត្រកូលនោះ មានចិត្តជ្រះថ្លា រលឹកចំពោះកុលបុត្រទាំង៣រូបនុ៎ះ ការរលឹកនោះ នឹងនាំមកនូវប្រយោជន៍ និងសេចក្តីសុខ ដល់ត្រកូលនុ៎ះ អស់កាលយូរអង្វែង ម្នាលទីឃៈ កុលបុត្រទាំង៣រូបនុ៎ះ ចេញចាកផ្ទះ អំពីវង្សត្រកូលណា បួសក្នុងសាសនា ប្រសិនបើវង្សត្រកូលនោះ មានចិត្តជ្រះថ្លា រលឹកចំពោះកុលបុត្រទាំង៣រូបនុ៎ះ ការរលឹកនោះ តែងនាំមកនូវប្រយោជន៍ និងសេចក្តីសុខ ដល់វង្សត្រកូលនោះ អស់កាលយូរអង្វែង ម្នាលទីឃៈ កុលបុត្រទាំង៣រូបនុ៎ះ ចេញចាកផ្ទះ អំពីស្រុកណា បួសក្នុងសាសនា ប្រសិនបើអ្នកស្រុកនោះ មានចិត្តជ្រះថ្លា រលឹកចំពោះកុលបុត្រទាំង៣រូបនុ៎ះ ការរលឹកនោះ តែងនាំមកនូវប្រយោជន៍ និងសេចក្តីសុខ ដល់អ្នកស្រុកនោះ អស់កាលយូរអង្វែង ម្នាលទីឃៈ កុលបុត្រទាំង៣រូបនុ៎ះ ចេញចាកផ្ទះ អំពីនិគមណា បួសក្នុងសាសនា ប្រសិនបើអ្នកនិគមនោះ មានចិត្តជ្រះថ្លា រលឹកចំពោះកុលបុត្រទាំង៣រូបនុ៎ះ ការរលឹកនោះ តែងនាំមកនូវប្រយោជន៍ និងសេចក្តីសុខ ដល់អ្នកនិគមនោះ អស់កាលយូរអង្វែង ម្នាលទីឃៈ កុលបុត្រទាំង៣រូបនុ៎ះ ចេញចាកផ្ទះ អំពីនគរណា ប្រសិនបើអ្នកនគរនោះ មានចិត្តជ្រះថ្លា រលឹកចំពោះកុលបុត្រទាំង៣រូបនុ៎ះ ការរលឹកនោះ តែងនាំមកនូវប្រយោជន៍ និងសេចក្តីសុខ ដល់អ្នកនគរនោះ អស់កាលយូរអង្វែង ម្នាលទីឃៈ កុលបុត្រទាំង៣រូបនុ៎ះ ចេញចាកផ្ទះ អំពីជនបទណា បួសក្នុងសាសនា ប្រសិនបើអ្នកជនបទនោះ មានចិត្តជ្រះថ្លា រលឹកចំពោះកុលបុត្រទាំង៣រូបនុ៎ះ ការរលឹកនោះ តែងនាំមកនូវប្រយោជន៍ និងសេចក្តីសុខ ដល់អ្នកជនបទនោះ អស់កាលយូរអង្វែង ម្នាលទីឃៈ ប្រសិនបើពួកក្សត្រទាំងអស់ មានព្រះហឫទ័យជ្រះថ្លា រលឹកចំពោះកុលបុត្រទាំង៣រូបនុ៎ះ ការរលឹកនោះ តែងនាំមកនូវប្រយោជន៍ និងសេចក្តីសុខ ដល់ពួកក្សត្រទាំងអស់ អស់កាលយូរអង្វែង ម្នាលទីឃៈ ប្រសិនបើពួកព្រាហ្មណ៍ទាំងអស់។បេ។ ម្នាលទីឃៈ ប្រសិនបើពួកវេស្សៈទាំងអស់… ម្នាលទីឃៈ ប្រសិនបើ ពួកសុទ្ទៈទាំងអស់ មានចិត្តជ្រះថ្លា រលឹកចំពោះកុលបុត្រទាំង៣រូបនុ៎ះ ការរលឹកនោះ តែងនាំមកនូវប្រយោជន៍ និងសេចក្តីសុខ ដល់ពួកសុទ្ទៈទាំងអស់ អស់កាលយូរអង្វែង ម្នាលទីឃៈ ប្រសិនបើលោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក និងពពួកសត្វ ព្រមទាំងសមណព្រាហ្មណ៍ ព្រមទាំងមនុស្សជាសម្មតិទេព និងមនុស្សដ៏សេស មានចិត្តជ្រះថ្លា រលឹកចំពោះកុលបុត្រទាំង៣រូបនុ៎ះ ការរលឹកនោះ តែងនាំមកនូវប្រយោជន៍ ដល់លោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ដល់ពពួកសត្វ ព្រមទាំងសមណៈ និងព្រាហ្មណ៍ ព្រមទាំងមនុស្សជាសម្មតិទេព និងមនុស្សដ៏សេស អស់កាលយូរអង្វែង ម្នាលទីឃៈ អ្នកចូរមើលកុលបុត្រទាំង៣រូបនុ៎ះ ប្រតិបត្តិដើម្បីប្រយោជន៍ដល់ជនច្រើន ដើម្បីសុខដល់ជនច្រើន ដើម្បីអនុគ្រោះដល់សត្វលោក ដើម្បីប្រយោជន៍ ដើម្បីគុណ ដើម្បីសេចក្តីសុខ ដល់ទេវតា និងមនុស្សទាំងឡាយ ជាកំណត់។ ព្រះមានព្រះភាគ បានត្រាស់សេចក្តីនេះចប់ហើយ ទីឃបរជនយក្ស ក៏ពេញចិត្ត ត្រេកអរចំពោះភាសិត របស់ព្រះមានព្រះភាគ។
ចប់ ចូឡគោសិង្គសាលសូត្រ ទី១។
មហាគោសិង្គសាលសូត្រ ទី២
[៩] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងព្រៃគោសិង្គសាលវ័ន ជាមួយនឹងព្រះថេរៈជាសាវ័ក សុទ្ធតែមាននាមល្បីល្បាញ ជាច្រើនអង្គ គឺព្រះសារីបុត្រមានអាយុ១ ព្រះមោគ្គល្លានមានអាយុ១ ព្រះមហាកស្សបមានអាយុ១ ព្រះអនុរុទ្ធមានអាយុ១ ព្រះរេវតមានអាយុ១ ព្រះអានន្ទមានអាយុ១ មួយអន្លើនឹងព្រះថេរៈ ជាសាវ័ក ដែលសុទ្ធតែមាននាមល្បីល្បាញឯទៀតផង។ គ្រានោះឯង ព្រះមហាមោគ្គល្លានមានអាយុ ចេញចាកទីសម្ងំ ក្នុងសាយណ្ហសម័យ ហើយចូលទៅរកព្រះមហាកស្សមានអាយុ លុះចូលទៅដល់ហើយ បាននិយាយនឹងព្រះមហាកស្សបមានអាយុ យ៉ាងនេះថា ម្នាលអាវុសោកស្សប យើងទាំងឡាយ នឹងចូលទៅរកព្រះសារីបុត្ត មានអាយុ ដើម្បីស្តាប់ធម៌។ ព្រះមហាកស្សបមានអាយុ ទទួលស្តាប់ព្រះមហាមោគ្គល្លានមានអាយុថា ករុណា អាវុសោ។ គ្រានោះឯង ព្រះមហាមោគ្គល្លានមានអាយុ ព្រះមហាកស្សបមានអាយុ និងព្រះអនុរុទ្ធមានអាយុ ក៏ចូលទៅរកព្រះសារីបុត្រមានអាយុ ដើម្បីស្តាប់ធម៌។ ព្រះអានន្ទមានអាយុ បានឃើញព្រះមហាមោគ្គល្លានមានអាយុ ព្រះមហាកស្សបមានអាយុ និងព្រះអនុរុទ្ធមានអាយុ កំពុងដើរចូលទៅរកព្រះសារីបុត្រមានអាយុ ដើម្បីស្តាប់ធម៌ លុះឃើញហើយ ក៏ចូលទៅរកព្រះរេវតមានអាយុ លុះចូលទៅដល់ហើយ ក៏និយាយនឹងព្រះរេវតមានអាយុ យ៉ាងនេះថា ម្នាលអាវុសោរេវត ពួកលោកជាសប្បុរសឯណោះ កំពុងចូលទៅរកព្រះសារីបុត្រមានអាយុ ដើម្បីស្តាប់ធម៌ ម្នាលអាវុសោរេវត មក យើងនឹងចូលទៅរកព្រះសារីបុត្រមានអាយុ ដើម្បីស្តាប់ធម៌។ ព្រះរេវតមានអាយុ ទទួលស្តាប់ព្រះអានន្ទមានអាយុថា ករុណា អាវុសោ។ គ្រានោះឯង ព្រះរេវតមានអាយុ និងព្រះអានន្ទមានអាយុ ក៏ចូលទៅរកព្រះសារីបុត្រមានអាយុ ដើម្បីស្តាប់ធម៌។
[១០] ព្រះសារីបុត្រមានអាយុ បានឃើញព្រះរេវតមានអាយុ និងព្រះអានន្ទមានអាយុ កំពុងដើរមកអំពីចម្ងាយ លុះឃើញហើយ ក៏និយាយនឹងព្រះអានន្ទមានអាយុ យ៉ាងនេះថា អានន្ទមានអាយុ ចូរចូលមក អានន្ទមានអាយុ ជាឧបដ្ឋាក របស់ព្រះមានព្រះភាគ ជាអ្នកដើរជិតដិតតាមព្រះមានព្រះភាគ មកល្អហើយ ម្នាលអាវុសោអានន្ទ គោសិង្គសាលវ័ននេះ គួរឲ្យរីករាយ រាត្រីសោត ក៏ប្រាសចាកទោស [គឺមានមេឃស្រឡះ ប្រាសចាកពពក ទឹកសន្សើម អ័ព្ទ ផ្សែង ធុលី ឬរាហុ។ អដ្ឋកថា។] ដើមឈើទាំងឡាយ ក៏មានផ្ការីកស្គុសស្គាយ សព្វកន្លែង មានក្លិនក្រអូប គួរនាដូចក្លិនទិព្វ ផ្សព្វផ្សាយទៅ ម្នាលអាវុសោអានន្ទ ចុះព្រៃគោសិង្គសាលវ័ន រុងរឿងដោយសារភិក្ខុរូបណា។ ព្រះអានន្ទតបថា ម្នាលអាវុសោ សារីបុត្រ ភិក្ខុក្នុងសាសនានេះ ជាអ្នកចេះចាំច្រើន ទ្រទ្រង់នូវពុទ្ធវចនៈ សន្សំនូវពុទ្ធវចនៈ ធម៌ទាំងឡាយណា មានលំអក្នុងបទដើម មានលំអក្នុងបទកណ្តាល មានលំអក្នុងបទចុង ប្រកបដោយអត្ថ ព្រមទាំងព្យញ្ជនៈ ប្រកាសនូវព្រហ្មចរិយៈដ៏បរិសុទ្ធ បរិបូណ៌ទាំងអស់ ធម៌ទាំងឡាយ មានសភាពដូច្នោះ ភិក្ខុនោះ ក៏ចេះចាំច្រើន ស្ទាត់ជំនាញរត់មាត់ ពិចារណាដោយចិត្ត ដឹងប្រពៃ ដោយទិដ្ឋិ គឺតណ្ហា ភិក្ខុនោះ រមែងសំដែងធម៌ ដល់បរិស័ទទាំង៤ ដោយបទ និងព្យញ្ជនៈទាំងឡាយ ជាបរិមណ្ឌលជាប់តគ្នា ដើម្បីគាស់រំលើង នូវអនុស័យ ម្នាលអាវុសោសារីបុត្រ ព្រៃគោសិង្គសាលវ័ន រុងរឿងដោយសារភិក្ខុរូបនេះ។
[១១] កាលបើព្រះអានន្ទមានអាយុ និយាយយ៉ាងនេះហើយ ព្រះសារីបុត្រមានអាយុ បាននិយាយនឹងព្រះរេវតមានអាយុ យ៉ាងនេះថា ម្នាលអាវុសោរេវត អានន្ទមានអាយុ បានព្យាករនូវបដិភាន ជារបស់ខ្លួនហើយ ឥឡូវនេះ យើងនឹងសួររេវតមានអាយុ ក្នុងសេចក្តីនោះថា ម្នាលអាវុសោរេវត ព្រៃគោសិង្គសាលវ័ន គួររីករាយ រាត្រីក៏ប្រាសចាកទោស ឈើទាំងឡាយ ក៏មានផ្ការីកស្គុសស្គាយ សព្វកន្លែង មានក្លិនក្រអូប បីដូចជាក្លិនទិព្វ ផ្សព្វផ្សាយទៅ ម្នាលអាវុសោរេវត ព្រៃគោសិង្គសាលវ័ន រុងរឿងដោយសារភិក្ខុរូបណា។ ម្នាលអាវុសោសារីបុត្រ ភិក្ខុក្នុងសាសនានេះ មានការពួនសម្ងំជាទីរីករាយ ត្រេកអរក្នុងការពួនសម្ងំ ប្រកបរឿយៗ ក្នុងការស្ងប់រម្ងាប់ចិត្ត ដ៏ប្រព្រឹត្តទៅក្នុងខាងក្នុង មានឈានមិនសាបសូន្យ ឬមិនបានប្រាសចាកឈាន ប្រកបដោយវិបស្សនាបញ្ញា ទាំងចំរើននូវសុញ្ញាគារធម៌ទាំងឡាយ ម្នាលអាវុសោ សារីបុត្រ ព្រៃគោសិង្គសាលវ័ន រុងរឿងដោយសារភិក្ខុរូបនេះឯង។
[១២] កាលបើព្រះរេវតមានអាយុ និយាយយ៉ាងនេះហើយ ព្រះសារីបុត្រមានអាយុ បាននិយាយនឹងព្រះអនុរុទ្ធមានអាយុ យ៉ាងនេះថា ម្នាលអាវុសោអនុរុទ្ធ រេវតមានអាយុ បានព្យាករនូវបដិភាន ជារបស់ខ្លួនហើយ ឥឡូវនេះ យើងនឹងសួរអនុរុទ្ធមានអាយុ ក្នុងសេចក្តីនោះថា ម្នាលអាវុសោអនុរុទ្ធ ព្រៃគោសិង្គសាលវ័ន គួររីករាយ រាត្រីក៏ប្រាសចាកទោស ឈើទាំងឡាយ ក៏មានផ្ការីកស្គុសស្គាយ សព្វកន្លែង មានក្លិនក្រអូប ដូចជាក្លិនទិព្វ ផ្សព្វផ្សាយទៅ ម្នាលអាវុសោអនុរុទ្ធ ព្រៃគោសិង្គសាលវ័ន រុងរឿងបាន ដោយសារភិក្ខុរូបណា។ ម្នាលអាវុសោសារីបុត្រ ភិក្ខុក្នុងសាសនានេះ មើលឃើញលោកធាតុទាំងមួយពាន់ ដោយចក្ខុដូចជាទិព្វ ដ៏បរិសុទ្ធ កន្លងនូវចក្ខុជារបស់មនុស្ស ម្នាលអាវុសោសារីបុត្រ ដូចជាបុរសមានចក្ខុ នៅលើប្រាសាទដ៏ប្រសើរ មើលឃើញមណ្ឌលខ្នងកង់មួយពាន់ ម្នាលអាវុសោសារីបុត្រ ភិក្ខុមើលឃើញលោកធាតុទាំងមួយពាន់ ដោយចក្ខុដូចជាទិព្វដ៏បរិសុទ្ធ កន្លងនូវចក្ខុរបស់មនុស្ស ក៏យ៉ាងនោះដែរ ម្នាលអាវុសោ សារីបុត្រ ព្រៃគោសិង្គសាលវ័ន រុងរឿងបានដោយសារភិក្ខុរូបនេះឯង។
[១៣] កាលបើព្រះអនុរុទ្ធមានអាយុ និយាយយ៉ាងនេះហើយ ព្រះសារីបុត្រមានអាយុ បាននិយាយនឹងព្រះមហាកស្សបមានអាយុ យ៉ាងនេះថា ម្នាលអាវុសោកស្សប អនុរុទ្ធមានអាយុ បានព្យាករនូវបដិភាន របស់ខ្លួនហើយ ឥឡូវនេះ យើងនឹងសួរមហាកស្សបមានអាយុ ក្នុងសេចក្តីនោះថា ម្នាលអាវុសោកស្សប ព្រៃគោសិង្គសាលវ័ន គួររីករាយ រាត្រីក៏ប្រាសចាកទោស ឈើទាំងឡាយ ក៏មានផ្ការីកស្គុសស្គាយ សព្វកន្លែង មានក្លិនក្រអូប បីដូចក្លិនទិព្វ ផ្សព្វផ្សាយទៅ ម្នាលអាវុសោកស្សប ព្រៃគោសិង្គសាលវ័ន រុងរឿងដោយសារភិក្ខុរូបណា។ ម្នាលអាវុសោសារីបុត្រ ភិក្ខុក្នុងសាសនានេះ ជាអ្នកនៅក្នុងព្រៃខ្លួនឯងផង សរសើរគុណ នៃអ្នកនៅព្រៃផង ជាអ្នកប្រព្រឹត្តបិណ្ឌបាតខ្លួនឯងផង សរសើរគុណ នៃអ្នកប្រព្រឹត្តបិណ្ឌបាតផង ជាអ្នកទ្រទ្រង់សំពត់បង្សុកូលខ្លួនឯងផង សរសើរគុណ នៃអ្នកទ្រទ្រង់សំពត់បង្សុកូលផង ជាអ្នកទ្រទ្រង់តែចីវរបីខ្លួនឯងផង សរសើរគុណ នៃអ្នកទ្រទ្រង់តែចីវរបីផង ជាអ្នកឥតសេចក្តីប្រាថ្នាខ្លួនឯងផង សរសើរគុណ នៃអ្នកឥតសេចក្តីប្រាថ្នាផង ជាអ្នកសន្តោសខ្លួនឯងផង សរសើរគុណ នៃសេចក្តីសន្តោសផង ជាអ្នកស្ងប់ស្ងាត់ខ្លួនឯងផង សរសើរគុណ នៃសេចក្តីស្ងប់ស្ងាត់ផង ជាអ្នកមិនច្រឡូកច្រឡំខ្លួនឯងផង សរសើរគុណ នៃសេចក្តីមិនច្រឡូកច្រឡំផង ជាអ្នកប្រុងប្រៀបព្យាយាមខ្លួនឯងផង សរសើរសេចក្តីប្រុងប្រៀងព្យាយាមផង ជាអ្នកបរិបូណ៌ ដោយសីលខ្លួនឯងផង សរសើរការបរិបូណ៌ដោយសីលផង ជាអ្នកបរិបូណ៌ ដោយសមាធិខ្លួនឯងផង សរសើរការបរិបូណ៌ដោយសមាធិផង ជាអ្នកបរិបូណ៌ ដោយបញ្ញាខ្លួនឯងផង សរសើរការបរិបូណ៌ដោយបញ្ញាផង ជាអ្នកបរិបូណ៌ដោយវិមុត្តិខ្លួនឯងផង សរសើរការបរិបូណ៌ ដោយវិមុត្តិផង ជាអ្នកបរិបូណ៌ ដោយវិមុត្តិញ្ញាណទស្សនៈខ្លួនឯងផង សរសើរការបរិបូណ៌ ដោយវិមុត្តិញ្ញាណទស្សនៈផង ម្នាលអាវុសោសារីបុត្រ ព្រៃគោសិង្គសាលវ័ន រុងរឿងដោយសារភិក្ខុរូបនេះឯង។
[១៤] កាលបើព្រះមហាកស្សបមានអាយុ និយាយយ៉ាងនេះហើយ ព្រះសារីបុត្រមានអាយុ បាននិយាយនឹងព្រះមហាមោគ្គល្លានមានអាយុ យ៉ាងនេះថា ម្នាលអាវុសោមោគ្គល្លាន មហាកស្សបមានអាយុ បានព្យាករនូវបដិភាន ជារបស់ខ្លួនហើយ ឥឡូវនេះ យើងនឹងសួរមហាមោគ្គល្លានមានអាយុ ក្នុងសេចក្តីនោះថា ម្នាលអាវុសោមោគ្គល្លាន ព្រៃគោសិង្គសាលវ័ន គួររីករាយ រាត្រីក៏ប្រាសចាកទោស ឈើទាំងឡាយ ក៏មានផ្ការីកស្គុសស្គាយ សព្វកន្លែង មានក្លិនក្រអូប បីដូចក្លិនទិព្វ ផ្សព្វផ្សាយទៅ ម្នាលអាវុសោមោគ្គល្លាន ព្រៃគោសិង្គសាលវ័ន រុងរឿងដោយសារភិក្ខុរូបណា។ ម្នាលអាវុសោសារីបុត្រ ភិក្ខុទាំងឡាយពីររូប ក្នុងសាសនានេះ សំដែងនូវអភិធម្មកថា ភិក្ខុទាំងនោះ សួរគ្នានឹងគ្នា លុះសួរប្រស្នាហើយ ដោះស្រាយដល់គ្នានឹងគ្នា ក៏មិនបានរុករានគ្នាផង កថារបស់ភិក្ខុទាំងនោះ ប្រព្រឹត្តទៅប្រកបដោយធម៌ផង ម្នាលអាវុសោសារីបុត្រ ព្រៃគោសិង្គសាលវ័ន រុងរឿងដោយសារភិក្ខុរូបនេះឯង។
[១៥] គ្រានោះឯង ព្រះមហាមោគ្គល្លានមានអាយុ បាននិយាយនឹងព្រះសារីបុត្រមានអាយុ យ៉ាងនេះថា ម្នាលអាវុសោសារីបុត្រ ពួកយើងទាំងអស់គ្នា បានព្យាករនូវបដិភាន ជារបស់ខ្លួនហើយ ឥឡូវនេះ យើងនឹងសួរនូវព្រះសារីបុត្រមានអាយុ ក្នុងសេចក្តីនោះថា ម្នាលអាវុសោសារីបុត្រ ព្រៃគោសិង្គសាលវ័ន គួររីករាយ រាត្រីក៏ប្រាសចាកទោស ឈើទាំងឡាយ មានផ្ការីកស្គុសស្គាយ សព្វកន្លែង មានក្លិនក្រអូប បីដូចជាក្លិនទិព្វ ផ្សព្វផ្សាយទៅ ម្នាលអាវុសោសារីបុត្រ ព្រៃគោសិង្គសាលវ័ន រុងរឿងដោយសារភិក្ខុរូបណា។ ម្នាលអាវុសោមោគ្គល្លាន ភិក្ខុក្នុងសាសនានេះ ញុំាងចិត្តឲ្យប្រព្រឹត្តទៅ ក្នុងអំណាចខ្លួនផង ភិក្ខុមិនបានប្រព្រឹត្តទៅ តាមអំណាចនៃចិត្តផង ភិក្ខុនោះ ប្រាថ្នាដើម្បីនៅ អស់បុព្វណ្ហសម័យ ដោយវិហារសមាបត្តិណា ក៏នៅអស់បុព្វណ្ហសម័យ ដោយវិហារសមាបត្តិនោះបាន បើប្រាថ្នាដើម្បីនៅអស់មជ្ឈន្តិកសម័យ ដោយវិហារសមាបត្តិណា ក៏នៅអស់មជ្ឈន្តិកសម័យ ដោយវិហារសមាបត្តិនោះបាន បើប្រាថ្នាដើម្បីនៅ អស់សាយណ្ហសម័យ ដោយវិហារសមាបត្តិណា ក៏នៅអស់សាយណ្ហសម័យ ដោយវិហារសមាបត្តិនោះបាន ម្នាលអាវុសោមោគ្គល្លាន ដូចជាហិបសំពត់ ដ៏ពេញដោយសំពត់ទាំងឡាយ ជ្រលក់ហើយដោយពណ៌ផ្សេងៗ របស់ព្រះរាជា ឬរាជមហាមាត្យ ព្រះរាជា និងមហាមាត្យនោះ ប្រាថ្នាដើម្បីទ្រទ្រង់ នូវគូសំពត់ណា អស់បុព្វណ្ហសម័យ ក៏ទ្រទ្រង់នូវគូសំពត់នោះៗបាន អស់បុព្វណ្ហសម័យ បើប្រាថ្នាដើម្បីទ្រទ្រង់ នូវគូសំពត់ណា អស់មជ្ឈន្តិកសម័យ ក៏ទ្រទ្រង់នូវគូសំពត់នោះៗបាន អស់មជ្ឈន្តិកសម័យ បើប្រាថ្នាដើម្បីទ្រទ្រង់ នូវគូសំពត់ណា អស់សាយណ្ហសម័យ ក៏ទ្រទ្រង់នូវគូសំពត់នោះៗបាន អស់សាយណ្ហសម័យ ម្នាលអាវុសោមោគ្គល្លាន ភិក្ខុញុំាងចិត្តឲ្យប្រព្រឹត្តទៅ ក្នុងអំណាចខ្លួនផង ភិក្ខុមិនបានប្រព្រឹត្តទៅ តាមអំណាចរបស់ចិត្តផង ភិក្ខុនោះ ប្រាថ្នាដើម្បីនៅអស់បុព្វណ្ហសម័យ ដោយវិហារសមាបត្តិណា ក៏នៅអស់បុព្វណ្ហសម័យ ដោយវិហារសមាបត្តិនោះបាន បើប្រាថ្នាដើម្បីនៅអស់មជ្ឈន្តិកសម័យ ដោយវិហារសមាបត្តិណា ក៏នៅអស់មជ្ឈន្តិកសម័យ ដោយវិហារសមាបត្តិនោះបាន បើប្រាថ្នាដើម្បីនៅអស់សាយណ្ហសម័យ ដោយវិហារសមាបត្តិណា ក៏នៅអស់សាយណ្ហសម័យ ដោយវិហារសមាបត្តិនោះបាន ក៏យ៉ាងនោះដែរ ម្នាលអាវុសោ មោគ្គល្លាន ព្រៃគោសិង្គសាលវ័ន រុងរឿងដោយសារភិក្ខុរូបនេះឯង។
[១៦] លំដាប់នោះឯង ព្រះសារីបុត្រមានអាយុ បាននិយាយនឹងព្រះថេរៈមានអាយុទាំងនោះ យ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ពួកយើងទាំងអស់គ្នា បានព្យាករបដិភាន តាមសមគួរដល់ខ្លួនហើយ ម្នាលអាវុសោទាំងឡាយ មក យើងនឹងចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ នឹងក្រាបទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ បើព្រះមានព្រះភាគ នឹងព្យាករដល់យើង យ៉ាងណា យើងនឹងចាំទុក នូវសេចក្តីនោះ យ៉ាងនោះ។ ព្រះថេរៈមានអាយុទាំងនោះ ទទួលស្តាប់ព្រះសារីបុត្រមានអាយុ យ៉ាងនេះថា ម្នាលអាវុសោ យ៉ាងហ្នឹងហើយ។ គ្រានោះឯង ព្រះថេរៈមានអាយុទាំងនោះ នាំគ្នាចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបអភិវាទ ចំពោះព្រះមានព្រះភាគ រួចអង្គុយក្នុងទីដ៏សមគួរ។ កាលព្រះសារីបុត្រមានអាយុ អង្គុយក្នុងទីសមគួរហើយ បានក្រាបបង្គំទូល ចំពោះព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ក្នុងទីនេះ រេវតមានអាយុ និងអានន្ទមានអាយុ នាំគ្នាចូលមករកខ្ញុំព្រះអង្គ ដើម្បីស្តាប់ធម៌ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ បានឃើញរេវតមានអាយុ និងអានន្ទមានអាយុ កំពុងដើរមកអំពីចម្ងាយ លុះឃើញហើយ បាននិយាយនឹងអានន្ទមានអាយុ យ៉ាងនេះថា អានន្ទមានអាយុ ចូរចូលមក អានន្ទមានអាយុ ជាឧបដ្ឋាក របស់ព្រះមានព្រះភាគ ជាអ្នកដើរជិតដិត តាមព្រះមានព្រះភាគ មកល្អហើយ ម្នាលអាវុសោអានន្ទ ព្រៃគោសិង្គសាលវ័ន គួររីករាយ រាត្រី ក៏ប្រាសចាកទោស ឈើទាំងឡាយ មានផ្ការីកស្គុសស្គាយ សព្វកន្លែង មានក្លិនក្រអូប ដូចជាក្លិនទិព្វ ផ្សព្វផ្សាយទៅ ម្នាលអាវុសោអានន្ទ ព្រៃគោសិង្គសាលវ័ន រុងរឿងដោយសារភិក្ខុរូបណា បពិត្រព្រះអង្គដ៏ចំរើន កាលបើខ្ញុំព្រះអង្គ និយាយយ៉ាងនេះហើយ អានន្ទមានអាយុបាននិយាយនឹងខ្ញុំព្រះអង្គ យ៉ាងនេះថា ម្នាលអាវុសោ សារីបុត្រ ភិក្ខុក្នុងសាសនានេះ ជាអ្នកចេះចាំច្រើន ទ្រទ្រង់នូវពុទ្ធវចនៈ។បេ។ ដើម្បីគាស់រំលើងអនុស័យ ម្នាលអាវុសោសារីបុត្រ ព្រៃគោសិង្គសាលវ័ន រុងរឿងដោយសារភិក្ខុរូបនេះឯង។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលសារីបុត្រ ត្រូវល្អហើយ អានន្ទព្យាករត្រឹមត្រូវ តាមសេចក្តីពិត ម្នាលសារីបុត្រ ព្រោះថា អានន្ទ ជាអ្នកចេះចាំច្រើន ទ្រទ្រង់នូវពុទ្ធវចនៈ សន្សំនូវពុទ្ធវចនៈ ធម៌ទាំងឡាយណា មានលំអក្នុងបទដើម មានលំអក្នុងបទកណ្តាល មានលំអក្នុងបទចុង ប្រកបដោយអត្ថ និងព្យញ្ជនៈ ប្រកាសនូវព្រហ្មចរិយធម៌ ដ៏បរិសុទ្ធ បរិបូណ៌ទាំងអស់ ធម៌ទាំងឡាយ មានសភាពដូច្នោះ អានន្ទ ក៏បានចេះចាំច្រើន ស្ទាត់រត់មាត់ ពិចារណាបានដោយចិត្ត ចាក់ធ្លុះដោយទិដ្ឋិ គឺបញ្ញា អានន្ទនោះ តែងសំដែងធម៌ ដល់បរិស័ទទាំង៤ ដោយបទ និងព្យញ្ជនៈទាំងឡាយ ជាបរិមណ្ឌលជាប់តគ្នាមិនដាច់ ដើម្បីគាស់រំលើង នូវអនុសយក្កិលេស។
[១៧] បពិត្រព្រះអង្គដ៏ចំរើន កាលបើអានន្ទមានអាយុ និយាយយ៉ាងនេះហើយ ខ្ញុំព្រះអង្គ បាននិយាយនឹងរេវតមានអាយុ យ៉ាងនេះថា ម្នាលអាវុសោរេវត អានន្ទមានអាយុ បានព្យាករនូវបដិភាន ដ៏សមគួរដល់ខ្លួនហើយ ឥឡូវនេះ យើងសូមសួរ ចំពោះរេវតមានអាយុ ក្នុងសេចក្តីនោះថា ម្នាលអាវុសោរេវត ព្រៃគោសិង្គសាលវ័ន គួររីករាយ រាត្រីក៏ប្រាសចាកទោស ឈើទាំងឡាយ មានផ្ការីកស្គុសស្គាយ សព្វកន្លែង មានក្លិនក្រអូប បីដូចជាក្លិនទិព្វ ផ្សព្វផ្សាយទៅ ម្នាលអាវុសោរេវត ព្រៃគោសិង្គសាលវ័ន រុងរឿងដោយសារភិក្ខុរូបណា បពិត្រព្រះអង្គដ៏ចំរើន កាលបើខ្ញុំព្រះអង្គ និយាយយ៉ាងនេះហើយ រេវតមានអាយុ ឆ្លើយតបនឹងខ្ញុំព្រះអង្គ យ៉ាងនេះថា ម្នាលអាវុសោសារីបុត្រ ភិក្ខុក្នុងសាសនានេះ មានការពួនសម្ងំជាទីរីករាយ ត្រេកអរក្នុងការពួនសម្ងំ ប្រកបរឿយៗនូវការស្ងប់ស្ងាត់ចិត្ត ប្រព្រឹត្តទៅខាងក្នុង មិនបានប្រាសចាកឈាន ប្រកបដោយវិបស្សនាបញ្ញា ជាអ្នកចំរើន នូវសុញ្ញាគារធម៌ទាំងឡាយ ម្នាលអាវុសោសារីបុត្រ ព្រៃគោសិង្គសាលវ័ន រុងរឿងដោយសារភិក្ខុរូបនេះឯង។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលសារីបុត្រ ត្រូវល្អហើយ រេវតព្យាករត្រឹមត្រូវតាមពិតមែនហើយ ម្នាលសារីបុត្រ ព្រោះថា រេវត ជាអ្នកមានការពួនសម្ងំជាទីរីករាយ ត្រេកអរនឹងការពួនសម្ងំ ប្រកបរឿយៗ នូវការស្ងប់ស្ងាត់ចិត្ត ប្រព្រឹត្តទៅខាងក្នុង មិនបានប្រាសចាកឈាន ប្រកបដោយវិបស្សនាបញ្ញា ជាអ្នកចំរើន នូវសុញ្ញាគារធម៌ទាំងឡាយ។
[១៨] បពិត្រព្រះអង្គដ៏ចំរើន កាលបើរេវតមានអាយុ និយាយយ៉ាងនេះហើយ ខ្ញុំព្រះអង្គ បាននិយាយនឹងអនុរុទ្ធមានអាយុ យ៉ាងនេះថា ម្នាលអាវុសោអនុរុទ្ធ រេវតមានអាយុ បានព្យាករ។បេ។ ម្នាលអាវុសោអនុរុទ្ធ ព្រៃគោសិង្គសាលវ័ន រុងរឿងដោយសារភិក្ខុរូបណា បពិត្រព្រះអង្គដ៏ចំរើន កាលបើខ្ញុំព្រះអង្គ និយាយយ៉ាងនេះហើយ អនុរុទ្ធមានអាយុ បានឆ្លើយតបនឹងខ្ញុំព្រះអង្គ យ៉ាងនេះថា ម្នាលអាវុសោសារីបុត្រ ភិក្ខុក្នុងសាសនានេះ មើលឃើញលោកធាតុទាំងមួយពាន់ ដោយចក្ខុ បីដូចជាទិព្វ ដ៏បរិសុទ្ធ កន្លងនូវចក្ខុជារបស់មនុស្ស ម្នាលអាវុសោ ដូចជាបុរសមានចក្ខុ នៅខាងលើប្រាសាទដ៏ប្រសើរ ហើយក្រឡេកឃើញមណ្ឌល នៃខ្នងកង់ទាំងមួយពាន់ យ៉ាងណា ម្នាលអាវុសោសារីបុត្រ ភិក្ខុមើលឃើញលោកធាតុទាំងមួយពាន់ ដោយចក្ខុបីដូចជាទិព្វ ដ៏បរិសុទ្ធ កន្លងនូវចក្ខុជារបស់មនុស្ស ក៏យ៉ាងនោះដែរ ម្នាលអាវុសោសារីបុត្រ ព្រៃគោសិង្គសាលវ័ន រុងរឿងដោយសារភិក្ខុរូបនេះឯង។ ម្នាលសារីបុត្រ ត្រូវល្អហើយ អនុរុទ្ធព្យាករត្រឹមត្រូវ តាមពិតមែនហើយ ម្នាលសារីបុត្រ ព្រោះថា អនុរុទ្ធមើលឃើញលោកធាតុទាំងមួយពាន់ ដោយចក្ខុ បីដូចជាទិព្វ ដ៏បរិសុទ្ធ កន្លងនូវចក្ខុជារបស់មនុស្ស។
[១៩] បពិត្រព្រះអង្គដ៏ចំរើន កាលបើអនុរុទ្ធនិយាយយ៉ាងនេះហើយ ខ្ញុំព្រះអង្គ បាននិយាយនឹងមហាកស្សបមានអាយុ យ៉ាងនេះថា ម្នាលអាវុសោកស្សប អនុរុទ្ធមានអាយុ បានព្យាករនូវបដិភាន សមគួរដល់ខ្លួនហើយ ឥឡូវនេះ យើងសូមសួរនូវ មហាកស្សបមានអាយុ ក្នុងសេចក្តីនោះថា។បេ។ ម្នាលអាវុសោកស្សប ព្រៃគោសិង្គសាលវ័ន រុងរឿងដោយសារភិក្ខុរូបណា បពិត្រព្រះអង្គដ៏ចំរើន កាលបើខ្ញុំព្រះអង្គនិយាយ យ៉ាងនេះហើយ មហាកស្សបមានអាយុ បាននិយាយនឹងខ្ញុំព្រះអង្គ យ៉ាងនេះថា ម្នាលអាវុសោសារីបុត្រ ភិក្ខុក្នុងសាសនានេះ ជាអ្នកនៅក្នុងព្រៃខ្លួនឯងផង សរសើរនូវគុណ នៃអ្នកនៅព្រៃផង ជាអ្នកប្រព្រឹត្តបិណ្ឌបាតខ្លួនឯងផង។បេ។ ជាអ្នកទ្រទ្រង់សំពត់បង្សុកូល… ជាអ្នកប្រើប្រាស់ ចំពោះតែចីវរបី… ជាអ្នកឥតសេចក្តីប្រាថ្នា… ជាអ្នកសន្តោស… ជាអ្នកស្ងប់ស្ងាត់… ជាអ្នកមិននៅច្រឡូកច្រឡំ… ជាអ្នកមានព្យាយាមតឹងតែងហើយ… ជាអ្នកបរិបូណ៌ដោយសីល… ជាអ្នកបរិបូណ៌ដោយសមាធិ… ជាអ្នកបរិបូណ៌ ដោយបញ្ញា… ជាអ្នកបរិបូណ៌ដោយវិមុត្តិ… ជាអ្នកបរិបូណ៌ដោយវិមុត្តិញ្ញាណទស្សនៈខ្លួនឯងផង សរសើរការបរិបូណ៌ដោយវិមុត្តិញ្ញាណទស្សនៈផង ម្នាលអាវុសោសារីបុត្រ ព្រៃគោសិង្គសាលវ័ន រុងរឿងដោយសារភិក្ខុរូបនេះឯង។ ម្នាលសារីបុត្រ ត្រូវល្អហើយ កស្សបព្យាករត្រឹមត្រូវ តាមពិតមែនហើយ ម្នាលសារីបុត្រ ព្រោះថា កស្សបជាអ្នកនៅក្នុងព្រៃខ្លួនឯងផង សរសើរគុណ នៃអ្នកនៅក្នុងព្រៃផង ជាអ្នកប្រព្រឹត្តបិណ្ឌបាតខ្លួនឯងផង សរសើរគុណនៃអ្នកប្រព្រឹត្តបិណ្ឌបាតផង ជាអ្នកទ្រទ្រង់ នូវសំពត់បង្សុកូលខ្លួនឯងផង សរសើរគុណ នៃអ្នកទ្រទ្រង់សំពត់បង្សុកូលផង ជាអ្នកទ្រទ្រង់តែចីវរបីខ្លួនឯងផង សរសើរគុណ នៃអ្នកទ្រទ្រង់ ចំពោះតែចីវរបីផង ជាអ្នកឥតសេចក្តីប្រាថ្នាខ្លួនឯងផង សរសើរគុណនៃអ្នកឥតសេចក្តីប្រាថ្នាផង ជាអ្នកសន្តោសខ្លួនឯងផង សរសើរគុណ នៃសេចក្តីសន្តោសផង ជាអ្នកមានសេចក្តីស្ងប់ស្ងាត់ខ្លួនឯងផង សរសើរនូវសេចក្តីស្ងប់ស្ងាត់ផង ជាអ្នកមិននៅច្រឡូកច្រឡំខ្លួនឯងផង សរសើរនូវសេចក្តីមិននៅច្រឡូកច្រឡំផង ជាអ្នកមានព្យាយាម ប្រារព្ធខ្លួនឯងផង សរសើរនូវសេចក្តីប្រារព្ធព្យាយាមផង ជាអ្នកបរិបូណ៌ ដោយសីលខ្លួនឯងផង សរសើរការបរិបូណ៌ដោយសីលផង ជាអ្នកបរិបូណ៌ ដោយសមាធិខ្លួនឯងផង សរសើរការបរិបូណ៌ ដោយសមាធិផង ជាអ្នកបរិបូណ៌ ដោយបញ្ញាខ្លួនឯងផង សរសើរការបរិបូណ៌ ដោយបញ្ញាផង ជាអ្នកបរិបូណ៌ដោយវិមុត្តិខ្លួនឯងផង សរសើរការបរិបូណ៌ ដោយវិមុត្តិផង ជាអ្នកបរិបូណ៌ដោយវិមុត្តិញ្ញាណទស្សនៈ ខ្លួនឯងផង សរសើរការបរិបូណ៌ ដោយវិមុត្តិញ្ញាណទស្សនៈផង។
[២០] បពិត្រព្រះអង្គដ៏ចំរើន កាលបើមហាកស្សប និយាយយ៉ាងនេះហើយ ខ្ញុំព្រះអង្គ បាននិយាយនឹងព្រះមហាមោគ្គល្លានមានអាយុ យ៉ាងនេះថា ម្នាលអាវុសោមោគ្គល្លាន មហាកស្សបមានអាយុ បានព្យាករនូវបដិភាន សមគួរដល់ខ្លួនហើយ ឥឡូវនេះ យើងសូមសួរមហាមោគ្គល្លានមានអាយុ ក្នុងសេចក្តីនោះថា។បេ។ ម្នាលអាវុសោមោគ្គល្លាន ព្រៃគោសិង្គសាលវ័ន រុងរឿងដោយសារភិក្ខុរូបណា បពិត្រព្រះអង្គដ៏ចំរើន កាលបើខ្ញុំព្រះអង្គ និយាយយ៉ាងនេះហើយ មោគ្គល្លានមានអាយុ បាននិយាយនឹងខ្ញុំព្រះអង្គ យ៉ាងនេះថា ម្នាលអាវុសោសារីបុត្រ ភិក្ខុពីររូប ក្នុងសាសនានេះ សំដែងនូវអភិធម្មកថា ភិក្ខុទាំងនោះ សួរប្រស្នាគ្នានឹងគ្នា លុះសួរប្រស្នាហើយ ដោះស្រាយដល់គ្នានឹងគ្នា ក៏មិនបានរុករានគ្នាផង កថារបស់ភិក្ខុទាំងនោះ ប្រព្រឹត្តទៅ ប្រកបដោយធម៌ផង ម្នាលអាវុសោសារីបុត្រ ព្រៃគោសិង្គសាលវ័ន រុងរឿងដោយសារភិក្ខុរូបនេះឯង។ ម្នាលសារីបុត្រ ត្រូវល្អហើយ មោគ្គល្លានព្យាករ ត្រឹមត្រូវពិតមែនហើយ ម្នាលសារីបុត្រ ព្រោះថា មោគ្គល្លាន ជាធម្មកថិក។
[២១] កាលបើព្រះសារីបុត្រ និយាយយ៉ាងនេះហើយ ព្រះមហាមោគ្គល្លានមានអាយុ ក្រាបបង្គំទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន គ្រានោះឯង ខ្ញុំព្រះអង្គ បាននិយាយនឹងព្រះសារីបុត្រមានអាយុ យ៉ាងនេះថា ម្នាលអាវុសោសារីបុត្រ យើងទាំងអស់គ្នា សុទ្ធតែបានព្យាករបដិភាន តាមសមគួរ ដល់ខ្លួនហើយ ឥឡូវនេះ យើងសូមសួរសារីបុត្រមានអាយុ ក្នុងសេចក្តីនោះថា ម្នាលអាវុសោសារីបុត្រ ព្រៃគោសិង្គសាលវ័ន គួររីករាយ រាត្រីសោត ក៏ប្រាសចាកទោស ឈើទាំងឡាយ មានផ្ការីកស្គុសស្គាយ សព្វកន្លែង មានក្លិនក្រអូប បីដូចជាក្លិនទិព្វ ផ្សព្វផ្សាយទៅ ម្នាលអាវុសោសារីបុត្រ ព្រៃគោសិង្គសាលវ័ន រុងរឿងដោយសារភិក្ខុរូបណា បពិត្រព្រះអង្គដ៏ចំរើន កាលបើខ្ញុំព្រះអង្គ និយាយយ៉ាងនេះហើយ សារីបុត្រមានអាយុ បាននិយាយនឹងខ្ញុំព្រះអង្គ យ៉ាងនេះថា ម្នាលអាវុសោមោគ្គល្លាន ភិក្ខុក្នុងសាសនានេះ ញុំាងចិត្តឲ្យប្រព្រឹត្តទៅ ក្នុងអំណាច (ខ្លួន)ផង ភិក្ខុមិនបានប្រព្រឹត្តទៅតាមអំណាចរបស់ចិត្តផង ភិក្ខុនោះ ប្រាថ្នាដើម្បីនៅ អស់បុព្វណ្ហសម័យ ដោយវិហារសមាបត្តិណា ក៏នៅអស់បុព្វណ្ហសម័យ ដោយវិហារសមាបត្តិនោះបាន បើប្រាថ្នាដើម្បីនៅអស់មជ្ឈន្តិកសម័យ ដោយវិហារសមាបត្តិណា ក៏នៅអស់មជ្ឈន្តិកសម័យ ដោយវិហារសមាបត្តិនោះបាន បើប្រាថ្នាដើម្បីនៅ អស់សាយណ្ហសម័យ ដោយវិហារសមាបត្តិណា ក៏នៅអស់សាយណ្ហសម័យ ដោយវិហារសមាបត្តិនោះបាន ម្នាលអាវុសោមោគ្គល្លាន ដូចជាហិបសំពត់ ដ៏ពេញដោយសំពត់ទាំងឡាយ ជ្រលក់ដោយពណ៌ផ្សេងៗ របស់ព្រះរាជា ឬរាជមហាមាត្យ ព្រះរាជា និងរាជមហាមាត្រនោះ បើប្រាថ្នាដើម្បីទ្រទ្រង់ នូវគូសំពត់ណា អស់បុព្វណ្ហសម័យ ក៏ទ្រទ្រង់ នូវគូសំពត់នោះៗ អស់បុព្វណ្ហសម័យ បើប្រាថ្នាដើម្បីទ្រទ្រង់ នូវគូសំពត់ណា អស់មជ្ឈន្តិកសម័យ ក៏ទ្រទ្រង់ នូវគូសំពត់នោះៗ អស់មជ្ឈន្តិកសម័យ បើប្រាថ្នា ដើម្បីទ្រទ្រង់ នូវគូសំពត់ណា អស់សាយណ្ហសម័យ ក៏ទ្រទ្រង់ នូវគូសំពត់នោះៗ អស់សាយណ្ហសម័យ ម្នាលអាវុសោមោគ្គល្លាន ភិក្ខុញុំាងចិត្តឲ្យប្រព្រឹត្តទៅ ក្នុងអំណាចខ្លួនផង ភិក្ខុមិន បានប្រព្រឹត្តទៅតាមអំណាចនៃចិត្តផង ភិក្ខុនោះ ប្រាថ្នាដើម្បីនៅអស់បុព្វណ្ហសម័យ ដោយវិហារសមាបត្តិណា ក៏នៅអស់បុព្វណ្ហសម័យ ដោយវិហារសមាបត្តិនោះ បើប្រាថ្នាដើម្បីនៅអស់មជ្ឈន្តិកសម័យ ដោយវិហារសមាបត្តិណា ក៏នៅអស់មជ្ឈន្តិកសម័យ ដោយវិហារសមាបត្តិនោះ បើប្រាថ្នា ដើម្បីនៅអស់សាយណ្ហសម័យ ដោយវិហារសមាបត្តិណា ក៏នៅអស់សាយណ្ហសម័យ ដោយវិហារសមាបត្តិនោះ ក៏យ៉ាងនោះដែរ ម្នាលអាវុសោ មោគ្គល្លាន ព្រៃគោសិង្គសាលវ័ន រុងរឿងដោយសារភិក្ខុរូបនេះឯង។ ម្នាលមោគ្គល្លាន ត្រូវល្អហើយ សារីបុត្រព្យាករត្រឹមត្រូវ តាមពិតមែនហើយ ម្នាលមោគ្គល្លាន ព្រោះថា សារីបុត្រ រមែងញុំាងចិត្ត ឲ្យប្រព្រឹត្តទៅ ក្នុងអំណាចខ្លួនផង សារីបុត្រ មិនបានប្រព្រឹត្តទៅ តាមអំណាចនៃចិត្តផង សារីបុត្រនោះ ប្រាថ្នាដើម្បីនៅអស់បុព្វណ្ហសម័យ ដោយវិហារសមាបត្តិណា ក៏នៅអស់បុព្វណ្ហសម័យ ដោយវិហារសមាបត្តិនោះ បើប្រាថ្នា ដើម្បីនៅអស់មជ្ឈន្តិកសម័យ ដោយវិហារសមាបត្តិណា ក៏នៅអស់មជ្ឈន្តិកសម័យ ដោយវិហារសមាបត្តិនោះ បើប្រាថ្នានៅអស់សាយណ្ហសម័យ ដោយវិហារសមាបត្តិណា ក៏នៅអស់សាយណ្ហសម័យ ដោយវិហារសមាបត្តិនោះ។
[២២] កាលបើព្រះមោគ្គល្លាន និយាយយ៉ាងនេះហើយ ព្រះសារីបុត្រមានអាយុ បានក្រាបបង្គំទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន លោកណានិយាយត្រូវ។ ព្រះអង្គត្រាស់ថា ម្នាលសារីបុត្រ បើដោយបរិយាយ អ្នកទាំងអស់គ្នាសុទ្ធតែនិយាយត្រូវហើយ ប៉ុន្តែអ្នកទាំងឡាយ ចូរស្តាប់ពាក្យរបស់តថាគត ព្រៃគោសិង្គសាលវ័ន រុងរឿងដោយសារភិក្ខុរូបណានោះចុះ ម្នាលសារីបុត្រ ភិក្ខុក្នុងសាសនានេះ ត្រឡប់មកពីបិណ្ឌបាតវិញ ខាងក្រោយនៃភត្ត ក៏ចូលទៅអង្គុយពែនភ្នែន ដោយកាយឲ្យត្រង់ ផ្ចង់សតិឲ្យត្រង់ទៅមុខ ដោយគិតថា ចិត្តរបស់អាត្មាអញ មិនរួចចាកអាសវក្កិលេសទាំងឡាយ ព្រោះមិនមានសេចក្តីប្រកាន់ដរាបណា អាត្មាអញ នឹងមិនទំលាយភ្នែននោះដរាបនោះ ដូច្នេះ ម្នាលសារីបុត្រ ព្រៃគោសិង្គសាលវ័ន រុងរឿងដោយសារភិក្ខុរូបនេះឯង។ ព្រះមានព្រះភាគ ទ្រង់ត្រាស់សេចក្តីនេះហើយ ព្រះថេរៈ មានអាយុទាំងនោះ ក៏មានសេចក្តីពេញចិត្ត ត្រេកអរ ចំពោះភាសិត របស់ព្រះមានព្រះភាគ។
ចប់ មហាគោសិង្គសាលសូត្រ ទី២។
មហាគោបាលសូត្រ ទី៣
[២៣] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយ ក្នុងទីនោះថា នែភិក្ខុទាំងឡាយ។ ឯភិក្ខុទាំងនោះ ទទួលស្តាប់ព្រះពុទ្ធដីកា នៃព្រះមានព្រះភាគថា សូមទ្រង់ព្រះមេត្តាប្រោស។
[២៤] ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ គង្វាលគោ ប្រកបដោយអង្គទាំងឡាយ១១ មិនគួរដើម្បីរក្សា នូវហ្វូងគោ មិនគួរដើម្បីញុំាងហ្វូងគោ ឲ្យចំរើនឡើងបានឡើយ អង្គ១១ តើដូចម្តេចខ្លះ ម្នាលភិក្ខុទាំងឡាយ គង្វាលគោ ក្នុងលោកនេះ ជាអ្នកមិនស្គាល់រូប (របស់គោ)១ មិនឈ្លាសក្នុងលក្ខណៈ គឺភិនភាគស្លាកស្នាម១ មិនឆ្កឹះពងរុយត្រង់ដំបៅគោ១ មិនបិទដំបៅ១ មិនបំពក់ភ្នក់១ មិនស្គាល់កំពង់ទឹក១ មិនដឹងថាគោបានផឹកទឹកហើយ ឬនៅឡើយ១ មិនស្គាល់ផ្លូវ១ មិនឈ្លាសក្នុងកន្លែងឃ្វាលគោ១ រូតទឹកដោះមិនឲ្យនៅសល់១ គោឧសភទាំងឡាយណា ជាបិតា (បា) របស់គោ ជាបរិនាយក (មេហ្វូង) របស់គោ មិនបូជានូវគោឧសភទាំងនោះ ដោយគ្រឿងបូជាដ៏ក្រៃលែង [ត្រង់ដែលថាមិនបូជា ដោយគ្រឿងបូជាដ៏ក្រៃលែងនោះ គឺគង្វាលគោ ដែលឈ្លាស តែងឲ្យនូវចំណីល្អ ប្រស់ព្រំ ដោយប្រេងក្រអូប ដោយម្រាមទាំង៥ ប្រដាប់ដោយកម្រងផ្កា បំពាក់ចង្កំមាស ចង្កំប្រាក់ ត្រង់ស្នែង អុជប្រទីបបំភ្លឺក្នុងរាត្រី ចងពិតានអំពីលើ ត្រង់កន្លែងដែលគោដេក។ គង្វាលគោ ដែលមិនឈ្លាស មិនធ្វើសក្ការៈណាមួយសោះ លុះពួកគោឧសភទាំងនោះ មិនបានគ្រឿងបូជាហើយ ក៏មិនរក្សាហ្វូងគោ មិនការពារអន្តរាយ គោនឹងវិនាស គង្វាលគោនោះ មិនបានបញ្ចគោរសនោះឡើយ។ អដ្ឋកថា។]១ ម្នាលភិក្ខុទាំងឡាយ គង្វាលគោប្រកបព្រម ដោយអង្គទាំង១១នេះឯង មិនគួរដើម្បីរក្សានូវហ្វូងគោ មិនគួរដើម្បីញុំាងហ្វូងគោ ឲ្យចំរើនបានឡើយ យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបព្រម ដោយអង្គទាំងឡាយ១១ ក៏មិនគួរដើម្បីដល់នូវសេចក្តីចំរើន លូតលាស់ ពេញទូលាយ ក្នុងធម៌វិន័យនេះ ក៏ដូច្នោះដែរ អង្គទាំង១១ តើដូចម្តេចខ្លះ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកមិនស្គាល់រូប១ មិនឈ្លាសក្នុងលក្ខណៈ១ មិនឆ្កឹះពងរុយ១ មិនបិទដំបៅ១ មិនបំពក់ភ្នក់១ មិនស្គាល់កំពង់ទឹក១ មិនដឹងថា ខ្លួនបានផឹកទឹកហើយ ឬនៅឡើយ១ មិនស្គាល់ផ្លូវ១ មិនឈ្លាសក្នុងកន្លែងគោចរ១ រូតយកទេយ្យវត្ថុ មិនឲ្យនៅសល់១ ម្នាលភិក្ខុទាំងឡាយណា ជាថេរៈ ជាអ្នកដឹងនូវរាត្រី ជាអ្នកបួសយូរអង្វែង ជាបិតារបស់សង្ឃ ជាសង្ឃបរិនាយក មិនបានបូជានូវភិក្ខុជាថេរៈទាំងនោះ ដោយការបូជាដ៏ក្រៃលែង១។
[២៥] ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកមិនស្គាល់រូប តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ មិនដឹងច្បាស់តាមពិតថា រូបឯណានីមួយ រូបទាំងអស់ (នោះ) គឺមហាភូតរូបទាំង៤ផង ឧបាទាយរូប ដែលអាស្រ័យនឹងមហាភូតរូបទាំង៤ផង ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកមិនស្គាល់រូប យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកមិនឈ្លាសក្នុងលក្ខណៈ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ មិនស្គាល់ច្បាស់តាមពិតថា បុគ្គលពាល មានអំពើជាលក្ខណៈ បណ្ឌិតមានអំពើជាលក្ខណៈ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកមិនឈ្លាស ក្នុងលក្ខណៈ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកមិនបានឆ្កឹះពងរុយ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ញុំាងកាមវិតក្កៈ ដែលកើតឡើងហើយ ឲ្យអាស្រ័យនៅ (ក្នុងសន្តាន) មិនលះបង់ មិនបន្ទោបង់ មិនធ្វើឲ្យវិនាសទៅ មិនឲ្យសាបសូន្យទៅ ញុំាងព្យាបាទវិតក្កៈ ដែលកើតឡើងហើយ។បេ។ ញុំាងវិហិង្សាវិតក្កៈ ដែលកើតឡើងហើយ។បេ។ ញុំាងអកុសលធម៌ដ៏លាមកទាំងឡាយ ដែលកើតឡើងរឿយៗ ឲ្យអាស្រ័យនៅ (ក្នុងសន្តាន) មិនលះបង់ មិនបន្ទោបង់ មិនធ្វើឲ្យវិនាសទៅ មិនឲ្យសាបសូន្យទៅ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកមិនបានឆ្កឹះពងរុយចេញ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកមិនបិទដំបៅ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ឃើញនូវរូបដោយភ្នែក ហើយកាន់យកនូវនិមិត្ត កាន់យកនូវអនុព្យញ្ជនៈ អកុសលធម៌ដ៏លាមកទាំងឡាយ គឺអភិជ្ឈា និងទោមនស្ស គប្បីជាប់តាមនូវភិក្ខុជាអ្នកមិនសង្រួម នូវឥន្ទ្រិយ គឺភ្នែកនុ៎ះ ដែលមានការមិនសង្រួម នូវឥន្ទ្រិយ គឺភ្នែកណាជាហេតុ ក៏មិនបានប្រតិបត្តិ ដើម្បីសង្រួម នូវឥន្ទ្រិយ គឺភ្នែកនោះ មិនរក្សានូវឥន្ទ្រិយគឺភ្នែក មិនដល់នូវការសង្រួមក្នុងឥន្ទ្រិយគឺភ្នែក ស្តាប់នូវសំឡេង ដោយត្រចៀក… ហិតក្លិនដោយច្រមុះ… ទទួលរស ដោយអណ្តាត… ពាល់ត្រូវនូវផោដ្ឋព្វារម្មណ៍ ដោយកាយ… ដឹងច្បាស់នូវធម៌ដោយចិត្ត ហើយកាន់យកនូវនិមិត្ត កាន់យកនូវអនុព្យញ្ជនៈ អកុសលធម៌ដ៏លាមកទាំងឡាយ គឺអភិជ្ឈា និងទោមនស្ស គប្បីជាប់តាមនូវភិក្ខុជាអ្នកមិនសង្រួម នូវឥន្ទ្រិយ គឺចិត្តនុ៎ះ ដែលមានការមិនសង្រួម នូវឥន្ទ្រិយ គឺចិត្តណាជាហេតុ ក៏មិនប្រតិបត្តិ ដើម្បីសង្រួម នូវឥន្ទ្រិយ គឺចិត្តនោះ មិនរក្សានូវឥន្ទ្រិយគឺចិត្ត មិនដល់នូវការសង្រួមក្នុងឥន្ទ្រិយគឺចិត្ត ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកមិនបានបិទដំបៅ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកមិនបំពក់ភ្នក់ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ មិនសំដែងធម៌ ដែលខ្លួនបានស្តាប់មកយ៉ាងណា បានរៀនមកយ៉ាងណាដោយពិស្តារ ដល់ជនទាំងឡាយដទៃ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកមិនបំពក់ភ្នក់ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនស្គាល់កំពង់ទឹក តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ មិនចូលទៅរកពួកភិក្ខុ ដែលជាពហុស្សូត ចេះចាំក្នុងគម្ពីរនិកាយ ទ្រទ្រង់ធម៌ ទ្រទ្រង់វិន័យ ទ្រទ្រង់មាតិកា ហើយសាកសួរ ប្រឹក្សាម្តងម្កាល ដូច្នេះថា បពិត្រលោកម្ចាស់ដ៏ចំរើន ព្យញ្ជនៈនេះ ត្រូវរៀងដូចម្តេច សេចក្តីនៃភាសិតនេះ ដូចម្តេច ឯលោកដ៏មានអាយុទាំងនេះ ក៏មិនបានបើកចេញ នូវសេចក្តីកំបាំងផង មិនបានធ្វើនូវសេចក្តីដែលជ្រៅ ឲ្យរាក់ងាយផង មិនបានបន្ទោបង់ នូវសេចក្តីសង្ស័យ ក្នុងធម៌ទាំងឡាយ ដែលជាទីតាំង នៃសេចក្តីសង្ស័យច្រើនប្រការផង ដល់ភិក្ខុនោះ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនស្គាល់កំពង់ទឹក យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនដឹងថា ខ្លួនបានផឹកទឹកហើយឬនៅឡើយ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ កាលបើគេកំពុងសំដែងធម៌វិន័យ ដែលតថាគតប្រកាសហើយ ក៏មិនបាននូវសេចក្តីត្រេកអរក្នុងអត្ថ មិនបាននូវសេចក្តីត្រេកអរក្នុងធម៌ មិនបាននូវបាមោជ្ជៈ ដែលប្រកបដោយធម៌ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនដឹងថាខ្លួនបានផឹកទឹកហើយឬនៅឡើយ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនស្គាល់ផ្លូវ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ មិនស្គាល់ច្បាស់ នូវផ្លូវប្រកបដោយអង្គ៨ ដ៏ប្រសើរតាមសេចក្តីពិត ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនស្គាល់ផ្លូវ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនឈ្លាសក្នុងកន្លែងគោចរ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ មិនបានស្គាល់ច្បាស់ នូវសតិប្បដ្ឋាន៤ តាមសេចក្តីពិត ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនឈ្លាសក្នុងកន្លែងគោចរ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នករូតយកទេយ្យវត្ថុ មិនឲ្យនៅសល់ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ មានពួកគហបតី ដែលមានសទ្ធា បាននាំយកចីវរ បិណ្ឌបាត សេនាសនៈ និងគិលានប្បច្ចយភេសជ្ជបរិក្ខារ មកបវារណា ចំពោះភិក្ខុក្នុងសាសនានេះហើយ ភិក្ខុមិនស្គាល់ប្រមាណ ក្នុងការទទួលបច្ច័យទាំងនោះ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នករូតយកទេយ្យវត្ថុ មិនឲ្យនៅសល់ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនបូជាពួកភិក្ខុជាថេរៈ ដឹងនូវរាត្រី បួសយូរអង្វែង ជាបិតារបស់សង្ឃ ជាសង្ឃបរិនាយក ដោយការបូជាដ៏ក្រៃលែង តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ មិនបានតំកល់មេត្តាកាយកម្ម ក្នុងទីចំពោះមុខ និងទីកំបាំងមុខ មិនតំកល់មេត្តាវចីកម្ម មិនតំកល់មេត្តាមនោកម្ម ក្នុងទីចំពោះមុខ និងទីកំបាំងមុខ ចំពោះភិក្ខុទាំងឡាយ ដែលជាថេរៈ ដឹងនូវរាត្រី បួសយូរ ជាបិតារបស់សង្ឃ ជាសង្ឃបរិនាយក ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនបានបូជាពួកភិក្ខុ ដែលជាថេរៈ ដឹងនូវរាត្រី បួសយូរ ជាបិតារបស់សង្ឃ ជាសង្ឃបរិនាយក ដោយការបូជាដ៏ក្រៃលែង យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបព្រមដោយធម៌ទាំង១១នេះឯង មិនគួរដើម្បីដល់នូវសេចក្តីចំរើន លូតលាស់ ពេញទូលាយ ក្នុងធម្មវិន័យនេះបានឡើយ។
[២៦] ម្នាលភិក្ខុទាំងឡាយ គង្វាលគោ ប្រកបព្រមដោយអង្គទាំង១១ ទើបគួរដើម្បីរក្សា នូវហ្វូងគោ គួរដើម្បីញុំាងហ្វូងគោ ឲ្យចំរើនបាន អង្គទាំង១១ តើដូចម្តេចខ្លះ ម្នាលភិក្ខុទាំងឡាយ គង្វាលគោ ក្នុងលោកនេះ ជាអ្នកស្គាល់នូវរូបគោ១ ឈ្លាសក្នុងលក្ខណៈ១ ឆ្កឹះនូវពងរុយ១ បិទដំបៅ១ បំពក់ភ្នក់១ ស្គាល់កំពង់ទឹក១ ដឹងថាគោបានផឹកទឹកហើយ ឬនៅឡើយ១ ស្គាល់ផ្លូវ១ ឈ្លាសក្នុងកន្លែងឃ្វាលគោ១ រូតទឹកដោះឲ្យនៅសល់១ គោឧសភទាំងឡាយណា ជាបិតារបស់គោ ជាបរិនាយក របស់គោ រមែងបូជាគោឧសភទាំងនោះ ដោយគ្រឿងបូជាដ៏ក្រៃលែង១ ម្នាលភិក្ខុទាំងឡាយ គង្វាលគោប្រកបដោយអង្គទាំង១១នេះ ទើបគួរដើម្បីរក្សានូវហ្វូងគោ គួរដើម្បីញុំាងហ្វូងគោឲ្យចំរើនបាន (យ៉ាងណាមិញ) ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបព្រម ដោយអង្គទាំង១១ ទើបគួរដល់នូវសេចក្តីចំរើន លូតលាស់ ពេញទូលាយ ក្នុងធម្មវិន័យនេះ យ៉ាងដូច្នោះដែរ អង្គទាំង១១ តើដូចម្តេច ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកស្គាល់រូប១ ឈ្លាសក្នុងលក្ខណៈ១ ឆ្កឹះនូវពងរុយ១ បិទនូវដំបៅ១ បំពក់ភ្នក់១ ស្គាល់កំពង់ទឹក១ ដឹងថា ខ្លួនបានផឹកទឹកហើយ ឬនៅឡើយ១ ស្គាល់ផ្លូវ១ ឈ្លាសក្នុងកន្លែងគោចរ១ រូតយកទេយ្យវត្ថុ ឲ្យនៅសល់១ បូជាពួកភិក្ខុដែលជាថេរៈ ដឹងនូវរាត្រី បួសយូរ ជាបិតារបស់សង្ឃ ជាសង្ឃបរិនាយក ដោយការបូជា ដ៏ក្រៃលែង១។
[២៧] ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកស្គាល់រូប តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ដឹងច្បាស់តាមពិតថា រូបឯណានីមួយ (រូបទាំងអស់នោះ) គឺមហាភូតរូបទាំង៤ផង ឧបាទាយរូប ដែលអាស្រ័យនឹងមហាភូតរូបទាំង៤ផង ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកស្គាល់រូប យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកឈ្លាសក្នុងលក្ខណៈ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ដឹងច្បាស់តាមពិតថា បុគ្គលពាល មានអំពើជាលក្ខណៈ បណ្ឌិត មានអំពើជាលក្ខណៈ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកឈ្លាស ក្នុងលក្ខណៈ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកឆ្កឹះនូវពងរុយ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ញុំាងកាមវិតក្កៈ ដែលកើតឡើងហើយ មិនឲ្យអាស្រ័យនៅ (ក្នុងខន្ធសន្តាន) លះបង់ បន្ទោបង់ ធ្វើឲ្យវិនាស ធ្វើឲ្យសាបសូន្យ ញុំាងព្យាបាទវិតក្កៈ ដែលកើតឡើងហើយ… ញុំាងវិហិង្សាវិតក្កៈ ដែលកើតឡើងហើយ… ញុំាងអកុសលធម៌ ដ៏លាមកទាំងឡាយ ដែលកើតឡើងរឿយៗ មិនឲ្យអាស្រ័យ (នៅក្នុងខន្ធសន្តាន) លះបង់ បន្ទោបង់ ធ្វើឲ្យវិនាស ធ្វើឲ្យសាបសូន្យ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកឆ្កឹះនូវពងរុយ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកបិទនូវដំបៅ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ឃើញរូបដោយភ្នែកហើយ មិនបានកាន់យកនូវនិមិត្ត មិនបានកាន់យកនូវអនុព្យញ្ជនៈ អកុសលធម៌ ដ៏លាមកទាំងឡាយ គឺអភិជ្ឈា និងទោមនស្ស គប្បីជាប់តាមនូវភិក្ខុជាអ្នកមិនបានសង្រួម នូវឥន្ទ្រិយ គឺភ្នែកនុ៎ះ ដែលមានការមិនសង្រួម នូវឥន្ទ្រិយ គឺភ្នែកណាជាហេតុ ក៏ប្រតិបត្តិ ដើម្បីសង្រួម នូវឥន្ទ្រិយ គឺភ្នែកនោះ រក្សានូវឥន្ទ្រិយគឺភ្នែក ដល់នូវការសង្រួម ក្នុងឥន្ទ្រិយ គឺភ្នែក ឮសំឡេង ដោយត្រចៀក… ធុំក្លិនដោយច្រមុះ… ទទួលរស ដោយអណ្តាត… ពាល់ត្រូវសម្ផ័ស្ស ដោយកាយ… ដឹងច្បាស់នូវធម៌ដោយចិត្ត ហើយមិនកាន់យកនូវនិមិត្ត មិនកាន់យកនូវអនុព្យញ្ជនៈឡើយ ក៏អកុសលធម៌ ដ៏លាមកទាំងឡាយ គឺអភិជ្ឈា និងទោមនស្ស គប្បីជាប់តាម នូវភិក្ខុជាអ្នកមិនបានសង្រួម នូវឥន្ទ្រិយ គឺចិត្តនុ៎ះ ដែលមានការមិនសង្រួម នូវឥន្ទ្រិយ គឺចិត្តណាជាហេតុ ក៏ប្រតិបត្តិ ដើម្បីសង្រួម នូវឥន្ទ្រិយ គឺចិត្តនោះ រក្សានូវឥន្ទ្រិយគឺចិត្ត ដល់នូវការសង្រួម ក្នុងឥន្ទ្រិយ គឺចិត្ត ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកបិទនូវដំបៅ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកបំពក់ភ្នក់ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ សំដែងធម៌ ដែលខ្លួនបានស្តាប់មកយ៉ាងណា បានរៀនមកយ៉ាងណាដោយពិស្តារ ដល់ជនទាំងឡាយដទៃ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកបំពក់ភ្នក់ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុស្គាល់កំពង់ទឹក តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ បានចូលទៅរកពួកភិក្ខុ ដែលជាថេរៈ ជាពហុស្សូត ចេះចាំក្នុងគម្ពីរនិកាយ ទ្រទ្រង់ធម៌ ទ្រទ្រង់វិន័យ ទ្រទ្រង់មាតិកា ហើយសាកសួរ ប្រឹក្សាម្តងម្កាល ដូច្នេះថា បពិត្រលោកម្ចាស់ដ៏ចំរើន ព្យញ្ជនៈនេះ ត្រូវរៀងដូចម្តេច សេចក្តីនៃភាសិតនេះ ដូចម្តេច លោកដ៏មានអាយុទាំងនោះ ក៏បើកនូវសេចក្តីដែលកំបាំងផង ធ្វើនូវសេចក្តីដែលជ្រៅ ឲ្យរាក់ងាយផង បន្ទោបង់ នូវសេចក្តីសង្ស័យ ក្នុងធម៌ទាំងឡាយ ជាទីតាំងនៃសេចក្តីសង្ស័យច្រើនប្រការផង ដល់ភិក្ខុនោះ ម្នាលភិក្ខុទាំងឡាយ ភិក្ខុស្គាល់កំពង់ទឹក យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុដឹងថា ខ្លួនបានផឹកទឹកហើយ ឬនៅឡើយ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ កាលបើគេកំពុងសំដែងធម្មវិន័យ ដែលតថាគតប្រកាសហើយ ក៏បាននូវសេចក្តីត្រេកអរក្នុងអត្ថ បាននូវសេចក្តីត្រេកអរក្នុងធម៌ បាននូវបាមោជ្ជៈ ដែលប្រកបដោយធម៌ ម្នាលភិក្ខុទាំងឡាយ ភិក្ខុដឹងថា ខ្លួនបានផឹកទឹកហើយ ឬនៅឡើយ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុស្គាល់ផ្លូវ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ស្គាល់នូវផ្លូវប្រកបដោយអង្គទាំង៨ ជាផ្លូវដ៏ប្រសើរ តាមសេចក្តីពិត ម្នាលភិក្ខុទាំងឡាយ ភិក្ខុស្គាល់ផ្លូវ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុឈ្លាសក្នុងកន្លែងគោចរ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ដឹងច្បាស់នូវសតិប្បដ្ឋានទាំង៤ តាមសេចក្តីពិត ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកឈ្លាស ក្នុងកន្លែងគោចរ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នករូតយកទេយ្យវត្ថុ ឲ្យនៅសល់ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ពួកគហបតី ដែលមានសទ្ធា បាននាំយកចីវរ បិណ្ឌបាត សេនាសនៈ និងគិលានប្បច្ចយភេសជ្ជបរិក្ខារ មកបវារណា ចំពោះភិក្ខុក្នុងសាសនានេះហើយ ភិក្ខុស្គាល់ប្រមាណ ក្នុងការទទួលបច្ច័យទាំងនោះ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នករូតយកទេយ្យវត្ថុ ឲ្យនៅសល់ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកបូជា ចំពោះភិក្ខុដែលជាថេរៈ ដឹងនូវរាត្រី បួសយូរ ជាបិតារបស់សង្ឃ ជាសង្ឃបរិនាយក ដោយការបូជាដ៏ក្រៃលែង តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ តំកល់មេត្តាកាយកម្ម ក្នុងទីចំពោះមុខ និងទីកំបាំងមុខ តំកល់មេត្តាវចីកម្ម ក្នុងទីចំពោះមុខ និងទីកំបាំងមុខ តំកល់មេត្តាមនោកម្ម ក្នុងទីចំពោះមុខ និងទីកំបាំងមុខ ចំពោះភិក្ខុទាំងឡាយ ដែលជាថេរៈ ដឹងនូវរាត្រី បួសយូរ ជាបិតារបស់សង្ឃ ជាសង្ឃបរិនាយក ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកបូជាពួកភិក្ខុជាថេរៈ ដឹងនូវរាត្រី បួសយូរ ជាបិតារបស់សង្ឃ ជាសង្ឃបរិនាយក ដោយការបូជា ដ៏ក្រៃលែង យ៉ាងនេះឯង ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ទាំង១១នេះឯង ទើបគួរដើម្បីដល់នូវសេចក្តីចំរើន លូតលាស់ ពេញទូលាយ ក្នុងធម្មវិន័យនេះបាន។ លុះព្រះមានព្រះភាគ ទ្រង់ត្រាស់សំដែងនូវសូត្រនេះចប់ហើយ ភិក្ខុទាំងឡាយនោះ ក៏មានចិត្តត្រេកអរ រីករាយ ចំពោះភាសិតរបស់ព្រះមានព្រះភាគ។
ចប់ មហាគោបាលសូត្រ ទី៣។
ចូឡគោបាលសូត្រ ទី៤
[២៨] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្បែរឆ្នេរទន្លេគង្គា ទៀបក្រុងឧក្កចេលា ក្នុងដែនវជ្ជី។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយ ក្នុងទីនោះថា នែភិក្ខុទាំងឡាយ។ ពួកភិក្ខុទាំងនោះ ក៏ទទួលព្រះពុទ្ធដីកា នៃព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន។
[២៩] ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ រឿងធ្លាប់មានមកហើយថា គង្វាលគោ ជាអ្នកនៅក្នុងដែនមគធៈ ជាមនុស្សអប្បឥតប្រាជ្ញា មិនបានពិចារណានូវត្រើយខាងអាយ ទាំងមិនបានពិចារណា នូវត្រើយខាងនាយ នៃទន្លេគង្គា ក៏នាំគោទាំងឡាយ ឲ្យឆ្លងទៅកាន់ត្រើយខាងជើង នៃដែនវិទេហៈ ត្រង់ទីដែលមិនមែនជាកំពង់ ក្នុងសារទសម័យ នាខែជាខាងចុងនៃរដូវភ្លៀង។ ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង ពួកគោ ក៏ធ្វើនូវការវិលវល់ ក្នុងកណ្តាលខ្សែទឹកទន្លេគង្គា ហើយក៏ដល់នូវសេចក្តីវិនាស បាត់បង់ក្នុងទឹកទន្លេនោះឯង សេចក្តីវិនាសបាត់បង់ទៅនោះ ព្រោះហេតុអ្វី ម្នាលភិក្ខុទាំងឡាយ ព្រោះថាគង្វាលគោ ជាអ្នកនៅក្នុងដែនមគធៈនោះ ជាមនុស្សអប្បឥតប្រាជ្ញា មិនបានពិចារណា នូវត្រើយខាងអាយ ទាំងមិនបានពិចារណា នូវត្រើយខាងនាយ នៃទន្លេគង្គា ក៏នាំគោទាំងឡាយ ឲ្យឆ្លងទៅកាន់ត្រើយខាងជើង នៃដែនវិទេហៈ តាមទីដែលមិនមែនជាកំពង់ ក្នុងសារទសម័យ នាខែជាខាងចុងនៃរដូវភ្លៀង ម្នាលភិក្ខុទាំងឡាយ ជនទាំងឡាយណានីមួយ ទោះសមណៈក្តី ព្រាហ្មណ៍ក្តី មិនឈ្លាសក្នុងលោកនេះ [១.២ មិនឈ្លាសក្នុងខន្ធ ធាតុ និងអាយតនៈ។] មិនឈ្លាសក្នុងលោកខាងមុខ [២] មិនឈ្លាសក្នុងទីនៅនៃមារ [ធម៌ដែលប្រព្រឹត្តទៅក្នុងភូមិទាំង៣។] មិនឈ្លាសក្នុងទីមិនមែនជាទីនៅនៃមារ [លោកុត្តរធម៌ទាំង៩ប្រការ។] មិនឈ្លាសក្នុងទីនៅនៃមច្ចុ [៥.៦ ធម៌ប្រព្រឹត្តទៅក្នុងភូមិ៣ និងលោកុត្តរធម៌ ដូចគ្នា។ អដ្ឋកថា] មិនឈ្លាសក្នុងទីដែលមិនមែនជាទីនៅនៃមច្ចុ [៦] ពួកជនណាសំគាល់ នូវពាក្យរបស់សមណព្រាហ្មណ៍ទាំងអម្បាលនោះ ថាជាពាក្យគួរស្តាប់ គួរជឿ សេចក្តីសំគាល់របស់ជនទាំងនោះ នឹងប្រព្រឹត្តទៅ ដើម្បីមិនមែនជាប្រយោជន៍ ដើម្បីទុក្ខ អស់កាលយូរអង្វែង។
[៣០] ម្នាលភិក្ខុទាំងឡាយ រឿងធ្លាប់មានមកហើយថា គង្វាលគោ នៅក្នុងដែនមគធៈ ជាមនុស្សមានប្រាជ្ញា បានពិចារណា នូវត្រើយខាងអាយ ទាំងពិចារណា នូវត្រើយខាងនាយ នៃទន្លេគង្គា ក៏នាំគោទាំងឡាយ ឲ្យឆ្លងទៅកាន់ត្រើយខាងជើង នៃដែនវិទេហៈ តាមទីដែលជាកំពង់ ក្នុងសារទសម័យ នាខែជាខាងចុងនៃរដូវភ្លៀង។ គង្វាលគោនោះ ចម្លងគោឧសភ ដែលជាបិតារបស់គោ ជាគោបរិនាយកទៅមុន គោទាំងនោះ ក៏ហែលកាត់ទទឹងខ្សែទឹកទន្លេគង្គា ទៅដល់ត្រើយខាងនាយ ដោយស្រួលបួល។ បន្ទាប់ពីនោះ គង្វាលគោ ចម្លងពួកគោ ដែលមានកំឡាំង និងគោដែលគួរបង្ហាត់បានដទៃទៀត ឯគោទាំងនោះ បានហែលកាត់ទទឹងខ្សែទឹកទន្លេគង្គា ទៅដល់ត្រើយខាងនាយ ដោយស្រួលបួល។ តពីនោះ គង្វាលគោ ចម្លងគោឈ្មោលស្ទាវ និងគោញីជំទង់ដទៃទៀត ឯគោទាំងនោះ ក៏ហែលកាត់ទទឹងខ្សែទឹកទន្លេគង្គា ទៅដល់ត្រើយខាងនាយ ដោយស្រួលបួល។ លំដាប់ពីនោះ គង្វាលគោ ចម្លងកូនគោកំពុងបៅដោះ និងកូនគោស្គម មានកំឡាំងថយដទៃទៀត ឯកូនគោទាំងនោះ ក៏ហែលកាត់ទទឹងខ្សែទឹកទន្លេគង្គា ទៅដល់ត្រើយខាងនាយ ដោយស្រួលបួល។ ម្នាលភិក្ខុទាំងឡាយ រឿងធ្លាប់មានមកហើយថា កូនគោកំពុងបៅដោះ ជាកូនគោនៅខ្ចី ទើបកើតក្នុងថ្ងៃនោះឯង តែងហែលទៅតាមសំឡេងរបស់មេគោ ឯកូនគោនោះ ហែលកាត់ទទឹងខ្សែទឹកទន្លេគង្គា ទៅដល់ត្រើយខាងនាយ ដោយស្រួលបួល រឿងនោះ ព្រោះហេតុដូចម្តេច ព្រោះថា គង្វាលគោជាបណ្ឌិត ម្នាលភិក្ខុទាំងឡាយ គង្វាលគោ នៅក្នុងដែនមគធៈនោះឯង ជាមនុស្សមានប្រាជ្ញា បានពិចារណា នូវត្រើយខាងអាយ ពិចារណា នូវត្រើយខាងនាយ នៃទន្លេគង្គា ក៏នាំគោទាំងឡាយ ឲ្យឆ្លងទៅកាន់ត្រើយខាងជើង នៃដែនវិទេហៈ តាមទីដែលជាកំពង់ ក្នុងសារទសម័យ នាខែជាខាងចុង នៃវស្សានរដូវ (ដូចម្តេចមិញ) ម្នាលភិក្ខុទាំងឡាយ ជនទាំងឡាយណានីមួយ ទោះសមណៈក្តី ព្រាហ្មណ៍ក្តី ជាអ្នកឈ្លាសក្នុងលោកនេះ ឈ្លាសក្នុងលោកខាងមុខ ឈ្លាសក្នុងទីនៅរបស់មារ ឈ្លាសក្នុងទីដែលមិនមែនជាទីនៅរបស់មារ ឈ្លាសក្នុងទីនៅរបស់មច្ចុ ឈ្លាសក្នុងទីដែលមិនមែនជាទីនៅរបស់មច្ចុ ពួកជនណា បានសំគាល់នូវពាក្យ របស់សមណៈ និងព្រាហ្មណ៍ទាំងនោះ ថាជាពាក្យគួរស្តាប់ គួរជឿ សេចក្តីសំគាល់របស់ជនទាំងនោះ នឹងប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ អស់កាលយូរអង្វែង យ៉ាងដូច្នោះឯង។
[៣១] ម្នាលភិក្ខុទាំងឡាយ គោឧសភទាំងឡាយណា ជាបិតារបស់គោ ជាគោបរិនាយក គោឧសភទាំងនោះ បានហែលកាត់ទទឹងខ្សែទឹកទន្លេគង្គា ទៅដល់ត្រើយខាងនាយ ដោយស្រួលបួល មានឧបមាយ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ ភិក្ខុទាំងឡាយណា ជាអរហន្តខីណាស្រព មានព្រហ្មចារ្យនៅរួចហើយ មានសោឡសកិច្ចធ្វើរួចហើយ មានភារៈដាក់ចុះហើយ បានសម្រេចប្រយោជន៍របស់ខ្លួនហើយ មានសំយោជនៈក្នុងភព គឺតណ្ហាអស់ហើយ មានចិត្តផុតស្រឡះហើយ ព្រោះត្រាស់ដឹងនូវធម៌ដោយប្រពៃ ភិក្ខុទាំងនោះ អាចកាត់នូវខ្សែនៃមារដោយទទឹង ហើយទៅដល់ត្រើយខាងនាយ គឺព្រះនិព្វាន ដោយស្រួល មានឧបមេយ្យដូច្នោះឯង។ ម្នាលភិក្ខុទាំងឡាយ គោទាំងឡាយណា ដែលជាគោមានកំឡាំង ជាគោដែលគួរបង្ហាត់បាន គោទាំងនោះ បានហែលកាត់ទទឹងខ្សែទឹកទន្លេគង្គា ទៅដល់ត្រើយខាងនាយ ដោយស្រួលបួល មានឧបមាយ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ ភិក្ខុទាំងឡាយណា មានសំយោជនៈជាចំណែកខាងក្រោមទាំង៥អស់ហើយ ជាឱបបាតិកៈ [សំដៅយក ព្រះអនាគាមិបុគ្គល] បរិនិព្វាន ក្នុងលោកនោះ មានសភាពមិនបានត្រឡប់ចាកលោកនោះ ភិក្ខុទាំងនោះ នឹងកាត់នូវខ្សែនៃមារដោយទទឹង ហើយទៅដល់ត្រើយខាងនាយ គឺព្រះនិព្វាន ដោយស្រួលបួល មានឧបមេយ្យដូច្នោះឯង។ ម្នាលភិក្ខុទាំងឡាយ គោឈ្មោលស្ទាវទាំងឡាយ គោញីជំទង់ទាំងឡាយ បានហែលកាត់ទទឹងខ្សែទឹកទន្លេគង្គា ហើយទៅដល់ត្រើយខាងនាយ ដោយស្រួលបួល មានឧបមាយ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ ភិក្ខុទាំងឡាយណា មានសំយោជនៈ៣ អស់ហើយ តែនៅមានរាគៈ ទោសៈ និងមោហៈ ដែលស្រាលស្តើង ជាសកទាគាមិបុគ្គល មកកាន់លោកនេះតែម្តងទៀត ហើយនឹងធ្វើនូវទីបំផុតទុក្ខ ភិក្ខុទាំងនោះ នឹងកាត់នូវខ្សែនៃមារដោយទទឹង ហើយដល់ត្រើយខាងនាយ គឺព្រះនិព្វាន ដោយស្រួលបួល មានឧបមេយ្យដូច្នោះឯង។ ម្នាលភិក្ខុទាំងឡាយ កូនគោដែលកំពុងបៅដោះទាំងឡាយ និងកូនគោដែលស្គម មានកំឡាំងថយ បានហែលកាត់ទទឹងខ្សែទឹកទន្លេគង្គា ទៅដល់ត្រើយខាងនាយ ដោយស្រួលបួល មានឧបមាយ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ ភិក្ខុទាំងឡាយណា មានសំយោជនៈ៣អស់ហើយ ជាសោតាបន្នបុគ្គល មានសភាពមិនធ្លាក់ទៅក្នុងអបាយ ជាបុគ្គលទៀង មានធម៌ជាគ្រឿងត្រាស់ដឹង ប្រព្រឹត្តទៅក្នុងខាងមុខ ភិក្ខុទាំងនោះ បានកាត់នូវខ្សែនៃមារដោយទទឹងហើយ ក៏បានដល់នូវត្រើយខាងនាយ គឺព្រះនិព្វាន ដោយស្រួលបួល មានឧបមេយ្យដូច្នោះឯង។ ម្នាលភិក្ខុទាំងឡាយ កូនគោកំពុងបៅដោះ ដែលជាកូនគោនៅខ្ចី ទើបតែនឹងកើតហើយ ក្នុងថ្ងៃនោះឯង ក៏ហែលទៅតាមសំឡេងនៃមេគោ បានហែលកាត់ទទឹងខ្សែទឹកទន្លេគង្គា ដល់ទៅត្រើយខាងនាយ ដោយស្រួលបួល មានឧបមាយ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុណា ដែលជាធម្មានុសារីបុគ្គល [បុគ្គលអ្នករលឹកតាមនូវធម៌ គឺបញ្ញា តែងចំរើននូវមគ្គ មានបញ្ញាជាប្រធាន បានខាងបុគ្គល ដែលតាំងនៅក្នុងសោតាបត្តិមគ្គ មានបញ្ញិន្ទ្រិយដ៏ក្លៀវក្លា។] និងសទ្ធានុសារីបុគ្គល [បុគ្គលអ្នករលឹកតាមនូវសទ្ធា តែងចំរើននូវមគ្គ មានសទ្ធាជាប្រធាន បានខាងបុគ្គល ដែលតាំងនៅក្នុងសោតាបត្តិមគ្គ មានសទ្ធិន្ទ្រិយដ៏ក្លៀវក្លា។ អដ្ឋកថា។] ពួកភិក្ខុទាំងនោះ នឹងកាត់នូវខ្សែនៃមារដោយទទឹង ហើយដល់នូវត្រើយខាងនាយ គឺព្រះនិព្វាន ដោយស្រួលបួល។ ម្នាលភិក្ខុទាំងឡាយ ចំណែកតថាគត ជាអ្នកឈ្លាសក្នុងលោកនេះ អ្នកឈ្លាសក្នុងលោកខាងមុខ អ្នកឈ្លាសក្នុងទីនៅនៃមារ អ្នកឈ្លាសក្នុងទីដែលមិនមែនជាទីនៅនៃមារ អ្នកឈ្លាសក្នុងទីនៅនៃមច្ចុ អ្នកឈ្លាសក្នុងទីដែលមិនមែនជាទីនៅនៃមច្ចុ។ ម្នាលភិក្ខុទាំងឡាយ ជនទាំងឡាយណា សំគាល់នូវពាក្យរបស់តថាគត ថាជាពាក្យគួរស្តាប់ គួរជឿ សេចក្តីសំគាល់ របស់ជនទាំងនោះ នឹងប្រព្រឹត្តទៅ ដើម្បីជាប្រយោជន៍ ដើម្បីសេចក្តីសុខ អស់កាលយូរអង្វែង។ ព្រះទ្រង់ព្រះភាគ ព្រះអង្គត្រាស់សូត្រនេះចប់ហើយ ព្រះសុគតជាសាស្តា លុះត្រាស់សូត្រនេះរួចហើយ ទើបសំដែងគាថានេះ តទៅទៀតថា
លោកនេះ និងលោកខាងមុខ ដែលព្រះសម្ពុទ្ធទ្រង់ដឹង បានប្រកាសហើយដោយប្រពៃ លោកណាៗ ដែលមច្ចុមារទៅដល់ក្តី ទៅមិនដល់ក្តី ព្រះសម្ពុទ្ធ ទ្រង់ដឹងច្បាស់ បានត្រាស់ដឹងនូវលោកទាំងអស់នោះ ហើយបើកទ្វារនៃព្រះនិព្វាន គឺអរិយមគ្គ ដើម្បីដល់នូវព្រះនិព្វាន ជាទីក្សេម បានកាត់កំចាត់ខ្សែរបស់មារ ហើយធ្វើឲ្យប្រាសចាកដើមបបុះ គឺមានះ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរជាអ្នកច្រើនដោយសេចក្តីរីករាយ ចូរប្រាថ្នានូវព្រះនិព្វាន ជាទីក្សេមចុះ។
ចប់ ចូឡគោបាលសូត្រ ទី៤។
ចូឡសច្ចកសូត្រ ទី៥
[៣២] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងកូដាគារសាលា ក្នុងមហាវ័ន ទៀបក្រុងវេសាលី។ សម័យនោះឯង និគន្ថបុត្រ ឈ្មោះសច្ចកៈ នៅក្នុងក្រុងវេសាលី ជាអ្នកពោលនូវតិរច្ឆានថា ពោលថា ខ្លួនជាអ្នកប្រាជ្ញ មហាជនសន្មតថា ជាអ្នកមានលទ្ធិល្អ។ សច្ចកនិគន្ថបុត្រនោះ តែងពោលវាចា នាកណ្តាលបរិស័ទ ក្នុងក្រុងវេសាលីយ៉ាងនេះថា បុគ្គលណា ដែលអាត្មាអញលើកឡើង នូវទោសដោយសំដី ហើយមិនកក្រើក មិនរំភើប មិនញាប់ញ័រ ទាំងញើសក៏មិនហូរចេញអំពីក្លៀក របស់បុគ្គលណា អាត្មាអញ មិនឃើញនូវបុគ្គលនោះ ទោះសមណៈក្តី ព្រាហ្មណ៍ក្តី ជាអ្នកមានពួក មានគណៈ ជាអាចារ្យនៃគណៈ ឬពុំនោះសោត បានប្តេជ្ញាខ្លួន ថាជាអរហន្តសម្មាសម្ពុទ្ធទេ ឯអាត្មាអញ បើលើកឡើងនូវទោស ដោយពាក្យសំដី ចំពោះទៅលើបង្គោល ដែលជារបស់គ្មានចេតនាសោះ ឯបង្គោលនោះ លុះអាត្មាអញ លើកឡើងនូវទោស ដោយពាក្យសំដីហើយ គប្បីកក្រើក រំភើប ញាប់ញ័រ ចាំបាច់ពោលទៅថ្វី ដល់មនុស្សជាតផងគ្នា។
[៣៣] លំដាប់នោះឯង ព្រះអស្សជិមានអាយុ ស្លៀកស្បង់ ទ្រង់នូវបាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ចូលទៅក្នុងក្រុងវេសាលី ដើម្បីបិណ្ឌបាត។ សច្ចកនិគន្ថបុត្រ កំពុងដើរសសៀរៗទៅ ដើម្បីសម្រាកស្មង ក្នុងក្រុងវេសាលី ក៏បានឃើញព្រះអស្សជិមានអាយុ កំពុងនិមន្តទៅអំពីចម្ងាយ លុះឃើញហើយ ក៏ចូលសំដៅទៅរកព្រះអស្សជិមានអាយុ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹងព្រះអស្សជិមានអាយុ លុះបញ្ចប់ពាក្យ ដែលគួរឲ្យកើតសេចក្តីរីករាយ និងពាក្យដែលគួររលឹកហើយ ក៏ឋិតនៅក្នុងទីដ៏សមគួរ។ លុះសច្ចកនិគន្ថបុត្រ ឋិតនៅក្នុងទីដ៏សមគួរហើយ ទើបពោលពាក្យនេះ នឹងព្រះអស្សជិមានអាយុថា បពិត្រព្រះអស្សជិដ៏ចំរើន ព្រះសមណគោតម តែងទូន្មាននូវសាវ័កទាំងឡាយ ដូចម្តេចខ្លះ មួយទៀត ពាក្យប្រៀនប្រដៅរបស់ព្រះសមណគោតម តែងប្រព្រឹត្តទៅច្រើន ក្នុងពួកសាវ័កទាំងឡាយ មានចំណែកដូចម្តេច។ ព្រះអស្សជិតបថា ម្នាលអគ្គិវេស្សនៈ ព្រះមានព្រះភាគ ទ្រង់ទូន្មាន នូវពួកសាវ័ក យ៉ាងនេះ មួយទៀត ពាក្យប្រៀនប្រដៅ តែងប្រព្រឹត្តទៅច្រើន ក្នុងពួកសាវ័ក មានចំណែកយ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ រូបមិនទៀង វេទនាមិនទៀង សញ្ញាមិនទៀង សង្ខារទាំងឡាយមិនទៀង វិញ្ញាណមិនទៀង ម្នាលភិក្ខុទាំងឡាយ រូបមិនមែនជាខ្លួន វេទនាមិនមែនជាខ្លួន សញ្ញាមិនមែនជាខ្លួន សង្ខារទាំងឡាយមិនមែនជាខ្លួន វិញ្ញាណមិនមែនជាខ្លួន សង្ខារទាំងពួងមិនមែនជាខ្លួន ធម៌ទាំងពួងមិនមែនជាខ្លួន ម្នាលអគ្គិវេស្សនៈ ព្រះមានព្រះភាគ ទ្រង់ទូន្មាននូវសាវ័កទាំងឡាយ យ៉ាងនេះឯង មួយទៀត ពាក្យប្រៀនប្រដៅរបស់ព្រះមានព្រះភាគ តែងប្រព្រឹត្តទៅច្រើន ក្នុងពួកសាវ័ក មានចំណែកយ៉ាងនេះ។ បពិត្រព្រះអស្សជិដ៏ចំរើន យើងទាំងឡាយណា បានស្តាប់ព្រះសមណគោតម មានវាទៈយ៉ាងនេះ យើងទាំងឡាយនោះ ឈ្មោះថា បានស្តាប់នូវវាទៈ ដែលកម្របានស្តាប់ ធ្វើម្តេចយើងទាំងឡាយ នឹងទៅជួបព្រះសមណគោតម ដ៏ចំរើននោះ បានម្តងហ្ន៎ ធ្វើម្តេចហ្ន៎ នឹងមានការចរចាអ្វីនីមួយទៅអេះ ធ្វើម្តេច យើងទាំងឡាយ នឹងដោះនូវសមណគោតម ឲ្យផុតអំពីទិដ្ឋិដ៏លាមកនោះចេញបានហ្ន៎។
[៣៤] សម័យនោះឯង ព្រះបាទលិច្ឆវី ចំនួន៥០០អង្គ កំពុងតែប្រជុំនៅក្នុងសន្ថាគារដ្ឋាន [សាលាសម្រាប់ប្រៀនប្រដៅរាជត្រកូល។ អដ្ឋកថា។] ដោយមានកិច្ចការអ្វីនីមួយ។ លំដាប់នោះ សច្ចកនិគន្ថបុត្រ ក៏ចូលទៅរកព្រះបាទលិច្ឆវីទាំងនោះ លុះចូលទៅដល់ហើយ ក៏ពោលពាក្យនេះ នឹងព្រះបាទលិច្ឆវីទាំងនោះថា សូមព្រះបាទលិច្ឆវីទាំងឡាយដ៏ចំរើន អញ្ជើញទៅ សូមព្រះបាទលិច្ឆវីទាំងឡាយ ដ៏ចំរើន អញ្ជើញទៅ ខ្ញុំនឹងមានការចរចា ជាមួយនឹងព្រះសមណគោតម ក្នុងថ្ងៃនេះ ថាបើព្រះសមណគោតម តតាំងនឹងខ្ញុំ ដូចជាភិក្ខុឈ្មោះអស្សជិ ជាសាវ័កដែលមានកេរ្តិ៍ឈ្មោះមួយដែរ បានតតាំងនឹងខ្ញុំរួចហើយ ខ្ញុំនឹងទាញមក ច្រានទៅ គ្រវាត់គ្រវែង នូវពាក្យសំដី ដោយពាក្យសំដី ចំពោះព្រះសមណគោតម ដូចជាបុរសមានកំឡាំង ចាប់សត្វចៀម ដែលមានរោមវែង ឰដ៏រោមទាំងឡាយ ទាញមក ច្រានទៅ គ្រវាត់គ្រវែង ដូច្នោះឯង ពុំនោះសោត ខ្ញុំនឹងទាញមក ច្រានទៅ គ្រវាត់គ្រវែង នូវពាក្យសំដី ដោយពាក្យសំដី ចំពោះព្រះសមណគោតមនោះ ដូចជាបុរសមានកំឡាំង ជាអ្នកធ្វើការងារក្នុងផ្ទះលក់សុរា ដាក់ចុះនូវកន្ទេល សម្រាប់ដាក់ម្សៅ ក្នុងផ្ទះលក់សុរា ក្នុងអន្លង់ទឹកដែលជ្រៅ ចាប់ត្រង់ជាយ ទាញមក ច្រានទៅ គ្រវាត់គ្រវែង ដូច្នោះឯង ពុំនោះ ខ្ញុំនឹងផ្កាប់ចុះ ផ្ងារឡើង បោកបោះ នូវពាក្យសំដី ដោយពាក្យសំដី ចំពោះព្រះសមណគោតម ដូចជាបុរសមានកំឡាំង ជាអ្នកលេងសុរា ចាប់ថាសត្រង់កណ្តាប់មាត់ផ្កាប់ចុះ ផ្ងារឡើង បោកបោះ ដូច្នេះឯង ពុំនោះសោត ខ្ញុំនឹងលេងនូវព្រះសមណគោតម ឲ្យមានទំនងដូចជាគេលេងនូវល្បែងលាងសម្បកធ្មៃ ឲ្យដូចគ្នានឹងដំរីដែលមានអាយុ៦០ឆ្នាំ ចុះកាន់ស្រះបោក្ខរណីដ៏ជ្រៅ ហើយលេងនូវល្បែងលាងសម្បកធ្មៃ ដូច្នោះឯង សូមព្រះបាទលិច្ឆវីទាំងឡាយ ដ៏ចំរើន អញ្ជើញទៅ សូមព្រះបាទលិច្ឆវីទាំងឡាយដ៏ចំរើន អញ្ជើញទៅ ខ្ញុំនឹងមានការចរចា ជាមួយនឹងព្រះសមណគោតម ក្នុងថ្ងៃនេះ។ បណ្តាព្រះបាទលិច្ឆវីទាំងនោះ ព្រះបាទលិច្ឆវីពួកខ្លះ មានព្រះវាចាយ៉ាងនេះថា ព្រះសមណគោតម នឹងលើកឡើង នូវពាក្យសំដី របស់សច្ចកនិគន្ថបុត្រ ដូចម្តេចបាន មានតែសច្ចកនិគន្ថបុត្រទេ ទើបនឹងលើកឡើង នូវពាក្យសំដីរបស់ព្រះសមណគោតមវិញបាន។ ព្រះបាទលិច្ឆវីពួកខ្លះ មានព្រះវាចាយ៉ាងនេះថា សច្ចកនិគន្ថបុត្រនោះ នឹងលើកឡើង នូវពាក្យសំដី របស់ព្រះមានព្រះភាគជាម្ចាស់ ដូចម្តេចបាន មានតែព្រះមានព្រះភាគជាម្ចាស់ទេ ទើបលើកឡើង នូវពាក្យសំដី របស់សច្ចកនិគន្ថបុត្របាន។ លំដាប់នោះ សច្ចកនិគន្ថបុត្រ មានព្រះបាទលិច្ឆវីចំនួន៥០០អង្គ ចោមរោម ក៏ចូលសំដៅទៅត្រង់កូដាគារសាលា នាមហាវ័ន។
[៣៥] សម័យនោះឯង ភិក្ខុច្រើនរូបកំពុងចង្ក្រមនៅទីវាល។ គ្រានោះ សច្ចកនិគន្ថបុត្រ ចូលទៅរកភិក្ខុទាំងនោះ លុះចូលទៅដល់ហើយ ក៏ពោលពាក្យនេះ នឹងភិក្ខុទាំងនោះថា នែលោកទាំងឡាយដ៏ចំរើន ឥឡូវនេះ ព្រះគោតមដ៏ចំរើននោះ គង់នៅក្នុងទីណា យើងទាំងឡាយ ចង់ជួបនឹងព្រះគោតមដ៏ចំរើននោះ។ ភិក្ខុទាំងនោះតបថា ម្នាលអគ្គិវេស្សនៈ ព្រះមានព្រះភាគ ជាម្ចាស់អង្គនោះ ទ្រង់យាងចូលទៅកាន់ មហាវ័ន គង់សម្រាកព្រះអង្គ ក្នុងវេលាថ្ងៃ ក្រោមម្លប់ឈើមួយ។ លំដាប់នោះ សច្ចកនិគន្ថបុត្រ ក៏ចូលទៅកាន់មហាវ័ន ជាមួយនឹងព្រះបាទលិច្ឆវី ជាបរិស័ទច្រើនអង្គ ចូលទៅរកព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹងព្រះមានព្រះភាគ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររលឹកហើយ ក៏អង្គុយក្នុងទីដ៏សមគួរ។ ឯព្រះបាទលិច្ឆវីទាំងនោះ ពួកខ្លះ ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយគង់ក្នុងទីដ៏សមគួរ។ ពួកខ្លះ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹងព្រះមានព្រះភាគ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររលឹកហើយ ក៏គង់ក្នុងទីដ៏សមគួរ។ ពួកខ្លះ ក៏គង់ប្រណម្យអញ្ជលី ចំពោះព្រះមានព្រះភាគ ក្នុងទីដ៏សមគួរ។ ពួកខ្លះ ក៏សំដែងនាម និងគោត្រ (របស់ខ្លួន) ឲ្យឮច្បាស់ក្នុងសំណាក់ នៃព្រះមានព្រះភាគ ហើយគង់ក្នុងទីដ៏សមគួរ។ ពួកខ្លះ ក៏គង់នៅស្ងៀម ក្នុងទីដ៏សមគួរ។
[៣៦] សច្ចកនិគន្ថបុត្រ លុះអង្គុយក្នុងទីដ៏សមគួរហើយ ក៏ពោលពាក្យនេះ នឹងព្រះមានព្រះភាគថា បើព្រះគោតមដ៏ចំរើន ធ្វើនូវឱភាស ដើម្បីដោះស្រាយ នូវបញ្ហារបស់ខ្ញុំបាន ខ្ញុំនឹងសួរនូវហេតុនីមួយ នឹងព្រះគោតមដ៏ចំរើន។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលអគ្គិវេស្សនៈ បើអ្នកត្រូវការនឹងសួរ ចូរសួរមកចុះ។ ព្រះគោតមដ៏ចំរើន តែងទូន្មានពួកសាវ័កដូចម្តេចខ្លះ ពាក្យប្រៀនប្រដៅ របស់ព្រះគោតមដ៏ចំរើន តែងប្រព្រឹត្តទៅច្រើនក្នុងពួកសាវ័ក មានចំណែកដូចម្តេចខ្លះ។ ម្នាលអគ្គិវេស្សនៈ តថាគត តែងទូន្មានពួកសាវ័កយ៉ាងនេះ ពាក្យប្រៀនប្រដៅ របស់តថាគត តែងប្រព្រឹត្តទៅ ច្រើនក្នុងពួកសាវ័ក មានចំណែកយ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ រូបមិនទៀង វេទនាមិនទៀង សញ្ញាមិនទៀង សង្ខារទាំងឡាយមិនទៀង វិញ្ញាណមិនទៀង ម្នាលភិក្ខុទាំងឡាយ រូបមិនមែនជាខ្លួន វេទនាមិនមែនជាខ្លួន សញ្ញាមិនមែនជាខ្លួន សង្ខារទាំងឡាយមិនមែនជាខ្លួន វិញ្ញាណមិនមែនជាខ្លួន សង្ខារទាំងពួងមិនមែនជាខ្លួន ធម៌ទាំងពួង ក៏មិនមែនជាខ្លួនដែរ ម្នាលអគ្គិវេស្សនៈ តថាគត តែងទូន្មានពួកសាវ័ក យ៉ាងនេះឯង ពាក្យប្រៀនប្រដៅ របស់តថាគត តែងប្រព្រឹត្តទៅច្រើន ក្នុងពួកសាវ័ក មានចំណែកយ៉ាងនេះ។ បពិត្រព្រះគោតមដ៏ចំរើន ខ្ញុំព្រះអង្គ សូមសំដែងពាក្យឧបមាបន្តិច។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា អើអគ្គិវេស្សនៈ អ្នកឯងចូរសំដែងពាក្យឧបមាទៅចុះ។ បពិត្រព្រះគោតមដ៏ចំរើន ពីជគាម និងភូតគាមទាំងឡាយណានីមួយ ដល់នូវការចំរើន លូតលាស់ ធំទូលាយ ពីជគាម និងភូតគាមទាំងអស់នោះ អាស្រ័យនូវផែនដី តាំងនៅលើផែនដី ពីជគាម និងភូតគាមទាំងនុ៎ះ ក៏តែងតែដល់នូវការចំរើន លូតលាស់ ធំទូលាយ យ៉ាងនេះ មានឧបមាដូចម្តេចមិញ បពិត្រព្រះគោតមដ៏ចំរើន មួយទៀត ការងារទាំងឡាយ ដែលគួរធ្វើដោយកំឡាំងឯណានីមួយ គេតែងធ្វើការងារទាំងអស់នោះ អាស្រ័យនូវផែនដី តាំងនៅលើផែនដី ការងារដែលគួរធ្វើដោយកំឡាំងទាំងនុ៎ះ គេតែងធ្វើយ៉ាងនេះ មានឧបមាដូចម្តេចមិញ បពិត្រព្រះគោតមដ៏ចំរើន បុរសបុគ្គលនេះ មានរូបជាខ្លួន តាំងនៅក្នុងរូប ទទួលនូវបុណ្យ ឬបាប បុរសបុគ្គលនេះ មានវេទនាជាខ្លួន តាំងនៅក្នុងវេទនា ទទួលនូវបុណ្យ ឬបាប បុរសបុគ្គលនេះ មានសញ្ញាជាខ្លួន តាំងនៅក្នុងសញ្ញា ទទួលនូវបុណ្យ ឬបាប បុរសបុគ្គលនេះ មានសង្ខារជាខ្លួន តាំងនៅក្នុងសង្ខារទាំងឡាយ ទទួលនូវបុណ្យ ឬបាប បុរសបុគ្គលនេះ មានវិញ្ញាណជាខ្លួន តាំងនៅក្នុងវិញ្ញាណ ទទួលនូវបុណ្យ ឬបាប មានឧបមេយ្យ ដូច្នោះឯង។ ម្នាលអគ្គិវេស្សនៈ អ្នកពោលពាក្យយ៉ាងនេះថា រូបជាខ្លួនរបស់អញ វេទនាជាខ្លួនរបស់អញ សញ្ញាជាខ្លួនរបស់អញ សង្ខារទាំងឡាយជាខ្លួនរបស់អញ វិញ្ញាណជាខ្លួនរបស់អញ ដូច្នេះឬ។ បពិត្រព្រះគោតមដ៏ចំរើន ខ្ញុំឯងពោលយ៉ាងនេះថា រូបជាខ្លួនរបស់អញ វេទនាជាខ្លួនរបស់អញ សញ្ញាជាខ្លួនរបស់អញ សង្ខារទាំងឡាយជាខ្លួនរបស់អញ វិញ្ញាណជាខ្លួនរបស់អញ ទាំងប្រជុំជនជាច្រើននេះ គេក៏ថាដូច្នេះដែរ។ នែអគ្គិវេស្សនៈ ឯប្រជុំជនច្រើនរបស់អ្នក នឹងធ្វើជាសំអាងម្តេចបាន ម្នាលអគ្គិវេស្សនៈ អញ្ជើញអ្នកដោះស្រាយតែពាក្យសំដីរបស់ខ្លួនចុះ។ បពិត្រព្រះគោតមដ៏ចំរើន ខ្ញុំនៅតែពោលយ៉ាងនេះថា រូបជាខ្លួនរបស់អញ វេទនាជាខ្លួនរបស់អញ សញ្ញាជាខ្លួនរបស់អញ សង្ខារទាំងឡាយ ជាខ្លួនរបស់អញ វិញ្ញាណជាខ្លួនរបស់អញ។
[៣៧] ម្នាលអគ្គិវេស្សនៈ បើដូច្នោះ តថាគត នឹងត្រឡប់សួរទៅអ្នក ក្នុងប្រស្នានេះវិញ ប្រស្នាគាប់ចិត្តអ្នកយ៉ាងណា អ្នកត្រូវដោះស្រាយនូវប្រស្នានោះ យ៉ាងនោះចុះ នែអគ្គិវេស្សនៈ អ្នកសំគាល់នូវហេតុនោះ ដូចម្តេច ព្រះរាជាជាខត្តិយៈ ដែលបានមុទ្ធាភិសេកហើយ ដូចយ៉ាងព្រះរាជាបសេនទិកោសល ពុំនោះសោត ដូចព្រះរាជាអជាតសត្តុវេទេហិបុត្ត ជាឥស្សរៈ ក្នុងដែនមគធៈ មានអំណាចក្នុងដែនជារបស់ខ្លួន គប្បីប្រព្រឹត្តដើម្បីសម្លាប់នូវបុគ្គលដែលគួរសម្លាប់ ដើម្បីរឹបជាន់នូវបុគ្គលដែលគួររឹបជាន់ ឬដើម្បីនិរទេស នូវបុគ្គលដែលគួរនិរទេស បានឬទេ។ បពិត្រព្រះគោតមដ៏ចំរើន ព្រះរាជាជាខត្តិយៈ ដែលបានមុទ្ធាភិសេកហើយ ដូចយ៉ាងព្រះរាជាបសេនទិកោសល ពុំនោះសោត ដូចជាព្រះរាជាអជាតសត្តុវេទេហិបុត្ត ជាឥស្សរៈ ក្នុងដែនមគធៈ មានអំណាច ក្នុងដែនជារបស់ខ្លួន គប្បីប្រព្រឹត្ត ដើម្បីសម្លាប់ នូវបុគ្គលដែលគួរសម្លាប់ ដើម្បីរឹបជាន់ នូវបុគ្គលដែលគួររឹបជាន់ ឬដើម្បីនិរទេស នូវបុគ្គលដែលគួរនិរទេសបាន បពិត្រព្រះគោតមដ៏ចំរើន ព្រោះថា សូម្បីក្សត្រិយ៍ទាំងអម្បាលនេះ ជាពួក ជាគណៈ ដូចពួកក្សត្រិយ៍ដែលនៅក្នុងដែនវជ្ជី និងពួកក្សត្រិយ៍ ដែលនៅក្នុងដែនមល្លៈ មានអំណាច ក្នុងដែនជារបស់ខ្លួន តែងប្រព្រឹត្ត ដើម្បីសម្លាប់នូវបុគ្គល ដែលគួរសម្លាប់ ដើម្បីរឹបជាន់នូវបុគ្គល ដែលគួររឹបជាន់ ឬដើម្បីនិរទេស នូវបុគ្គលដែលគួរនិរទេសបាន នឹងបាច់ពោលថ្វី ដល់ទៅអំណាចរបស់ព្រះរាជាជាខត្តិយៈ ដែលបានមុទ្ធាភិសេកហើយ ដូចយ៉ាងព្រះរាជាបសេនទិកោសល ពុំនោះសោត ដូចព្រះរាជាអជាតសត្តុវេទេហិបុត្ត ជាឥស្សរៈ ក្នុងដែនមគធៈ បពិត្រព្រះគោតមដ៏ចំរើន អំណាច គប្បីប្រព្រឹត្តទៅ ទាំងគួរនឹងប្រព្រឹត្តទៅ។ នែអគ្គិវេស្សនៈ អ្នកសំគាល់នូវហេតុនោះដូចម្តេច អ្នកពោលនូវរូបណាយ៉ាងនេះថា រូបជាខ្លួនរបស់អញ អំណាចរបស់អ្នក ប្រព្រឹត្តទៅក្នុងរូបនោះថា រូបរបស់អញ ចូរយ៉ាងនេះទៅ រូបរបស់អញ ចូរកុំមានយ៉ាងនេះឡើយ បានឬទេ។ កាលបើព្រះសាស្តា ទ្រង់ត្រាស់យ៉ាងនេះហើយ សច្ចកនិគន្ថបុត្រ ក៏នៅស្ងៀម។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះ នឹងសច្ចកនិគន្ថបុត្រ ជាគំរប់ពីរដងថា នែអគ្គិវេស្សនៈ អ្នកសំគាល់នូវហេតុនោះ ថាដូចម្តេច អ្នកពោលនូវរូបណា យ៉ាងនេះថា រូបជាខ្លួនរបស់អញ អំណាចរបស់អ្នក ប្រព្រឹត្តទៅ ក្នុងរូបនោះថា រូបរបស់អញ ចូរយ៉ាងនេះទៅ រូបរបស់អញ កុំយ៉ាងនេះឡើយ បានឬទេ។ កាលព្រះសាស្តា ទ្រង់ត្រាស់យ៉ាងនេះហើយ សច្ចកនិគន្ថបុត្រ ក៏នៅស្ងៀម ជាគំរប់ពីរដង។ លំដាប់នោះឯង ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះ នឹងសច្ចកនិគន្ថបុត្រថា នែអគ្គិវេស្សនៈ អ្នកចូរដោះស្រាយ នូវបញ្ហាក្នុងកាលឥឡូវនេះទៅ កាលឥឡូវនេះ មិនមែនជាកាលអ្នកស្ងៀមទេ នែអគ្គិវេស្សនៈ អ្នកណាមួយ ដែលតថាគតសួរនូវបញ្ហា ប្រកបដោយធម៌ ជាគំរប់៣ដងហើយ នៅតែមិនដោះស្រាយ ក្បាលរបស់អ្នកនោះ នឹងបែកជា៧ភាគ ក្នុងទីនុ៎ះពុំខាន។ សម័យនោះឯង មានយក្សម្នាក់ឈ្មោះ វជិរបាណី [ព្រះឥន្ទ] កាន់ដែកដូចជាកែវវជិរ ដែលឆេះច្រាលរន្ទាល ភ្លឺសន្ធោសន្ធៅ មកសណ្ឋិតនៅឰដ៏អាកាស ជាខាងលើនៃសច្ចកនិគន្ថបុត្រ ពោលពាក្យដូច្នេះថា បើសច្ចកនិគន្ថបុត្រនេះ ដែលព្រះមានព្រះភាគ ទ្រង់សួរបញ្ហា ប្រកបដោយធម៌ ជាគំរប់៣ដងហើយ នៅតែមិនដោះស្រាយ អញនឹងបំបែកក្បាលរបស់សច្ចកនិគន្ថបុត្រនោះ ជា៧ភាគ ក្នុងទីនេះឯង។ ព្រះមានព្រះភាគ និងសច្ចកនិគន្ថបុត្រ ក៏បានឃើញយក្សឈ្មោះវជិរបាណីនោះប្រាកដ។ គ្រានោះឯង សច្ចកនិគន្ថបុត្រ ភ័យ តក់ស្លុត រន្ធត់ ព្រឺព្រួចរោម ក៏អាងព្រះមានព្រះភាគជាទីពឹង អាងព្រះមានព្រះភាគ ជាទីពួន អាងព្រះមានព្រះភាគ ជាទីកំចាត់បង់នូវភ័យ ក្រាបទូលសេចក្តីនេះ ចំពោះព្រះមានព្រះភាគថា សូមព្រះគោតមដ៏ចំរើន សួរនូវបញ្ហានឹងខ្ញុំព្រះអង្គចុះ ខ្ញុំព្រះអង្គ នឹងដោះស្រាយឥឡូវនេះ។
[៣៨] ម្នាលអគ្គិវេស្សនៈ អ្នកសំគាល់នូវហេតុនោះ ថាដូចម្តេច អ្នកពោលនូវរូបណា យ៉ាងនេះថា រូបជាខ្លួនរបស់អញ អំណាចរបស់អ្នក ប្រព្រឹត្តទៅក្នុងរូបនោះថា រូបរបស់អញ ចូរយ៉ាងនេះចុះ រូបរបស់អញ ចូរកុំយ៉ាងនេះឡើយ បានឬ។ បពិត្រព្រះគោតមដ៏ចំរើន សេចក្តីនេះ មិនបានទេ។ ម្នាលអគ្គិវេស្សនៈ អ្នកចូរធ្វើទុកក្នុងចិត្តចុះ នែអគ្គិវេស្សនៈ លុះអ្នកធ្វើទុកក្នុងចិត្តរួចហើយ ចូរដោះស្រាយខ្លួនឯងចុះ ព្រោះពាក្យខាងចុងរបស់អ្នក មិនជាប់តគ្នា នឹងពាក្យខាងដើមទេ ឬពាក្យខាងដើមរបស់អ្នក មិនជាប់តគ្នា នឹងពាក្យខាងចុង នែអគ្គិវេស្សនៈ អ្នកសំគាល់នូវហេតុនោះ ថាដូចម្តេច អ្នកពោលនូវវេទនាណា យ៉ាងនេះថា វេទនាជាខ្លួនរបស់អញ អំណាចរបស់អ្នក ប្រព្រឹត្តទៅក្នុងវេទនានោះថា វេទនារបស់អញ ចូរយ៉ាងនេះទៅ វេទនារបស់អញ ចូរកុំយ៉ាងនេះឡើយ បានឬ។ បពិត្រព្រះគោតមដ៏ចំរើន សេចក្តីនេះ មិនបានទេ។ ម្នាលអគ្គិវេស្សនៈ អ្នកចូរធ្វើទុកក្នុងចិត្តចុះ នែអគ្គិវេស្សនៈ លុះអ្នកធ្វើទុកក្នុងចិត្តរួចហើយ ចូរដោះស្រាយចុះ ព្រោះពាក្យខាងចុងរបស់អ្នក មិនជាប់តគ្នា នឹងពាក្យខាងដើមទេ ឬពាក្យខាងដើមរបស់អ្នក ក៏មិនជាប់តគ្នា នឹងពាក្យខាងចុងដែរ នែអគ្គិវេស្សនៈ អ្នកសំគាល់នូវហេតុនោះ ថាដូចម្តេច អ្នកពោលនូវសញ្ញាណា យ៉ាងនេះថា សញ្ញាជាខ្លួនរបស់អញ អំណាចរបស់អ្នក ប្រព្រឹត្តទៅក្នុងសញ្ញានោះថា សញ្ញារបស់អញ ចូរយ៉ាងនេះ សញ្ញារបស់អញ ចូរកុំយ៉ាងនេះឡើយ បានឬ។ បពិត្រព្រះគោតមដ៏ចំរើន ហេតុនេះ មិនបានទេ។ ម្នាលអគ្គិវេស្សនៈ អ្នកចូរធ្វើទុកក្នុងចិត្តចុះ នែអគ្គិវេស្សនៈ លុះអ្នកធ្វើទុកក្នុងចិត្តរួចហើយ ចូរដោះស្រាយចុះ ព្រោះពាក្យខាងចុងរបស់អ្នក មិនជាប់តគ្នា នឹងពាក្យខាងដើមទេ ឬពាក្យខាងដើមរបស់អ្នក ក៏មិនជាប់តគ្នា នឹងពាក្យខាងចុងដែរ ម្នាលអគ្គិវេស្សនៈ អ្នកសំគាល់នូវហេតុនោះ ថាដូចម្តេច អ្នកពោលនូវសង្ខារណា យ៉ាងនេះថា សង្ខារទាំងឡាយជាខ្លួនរបស់អញ អំណាចរបស់អ្នក ប្រព្រឹត្តទៅក្នុងសង្ខារទាំងនោះថា សង្ខារទាំងឡាយរបស់អញ ចូរយ៉ាងនេះទៅ សង្ខារទាំងឡាយរបស់អញ ចូរកុំយ៉ាងនេះឡើយ បានឬ។ បពិត្រព្រះគោតមដ៏ចំរើន ហេតុនេះ មិនបានទេ។ ម្នាលអគ្គិវេស្សនៈ អ្នកចូរធ្វើទុកក្នុងចិត្តចុះ នែអគ្គិវេស្សនៈ លុះអ្នកធ្វើទុកក្នុងចិត្តរួចហើយ ចូរដោះស្រាយចុះ ព្រោះពាក្យខាងចុងរបស់អ្នក មិនជាប់តគ្នា នឹងពាក្យខាងដើមទេ ឬពាក្យខាងដើមរបស់អ្នក ក៏មិនជាប់តគ្នា នឹងពាក្យខាងចុងដែរ នែអគ្គិវេស្សនៈ អ្នកសំគាល់នូវហេតុនោះ ថាដូចម្តេច អ្នកពោលនូវវិញ្ញាណណា យ៉ាងនេះថា វិញ្ញាណជាខ្លួនរបស់អញ អំណាចរបស់អ្នក ប្រព្រឹត្តទៅក្នុងវិញ្ញាណនោះថា វិញ្ញាណរបស់អញ ចូរយ៉ាងនេះទៅ វិញ្ញាណរបស់អញ ចូរកុំយ៉ាងនេះឡើយ បានឬ។ បពិត្រព្រះគោតមដ៏ចំរើន ហេតុនេះ មិនបានទេ។ ម្នាលអគ្គិវេស្សនៈ អ្នកចូរធ្វើទុកក្នុងចិត្តចុះ នែអគ្គិវេស្សនៈ លុះអ្នកធ្វើទុកក្នុងចិត្តរួចហើយ ចូរដោះស្រាយចុះ ព្រោះពាក្យខាងចុងរបស់អ្នក មិនជាប់តគ្នា នឹងពាក្យខាងដើមទេ ឬពាក្យខាងដើមរបស់អ្នក ក៏មិនជាប់តគ្នា នឹងពាក្យខាងចុងដែរ នែអគ្គិវេស្សនៈ អ្នកសំគាល់នូវហេតុនោះ ថាដូចម្តេច រូបទៀង ឬមិនទៀង។ បពិត្រព្រះគោតមដ៏ចំរើន រូបមិនទៀងទេ។ របស់ណាដែលមិនទៀង របស់នោះ ជាទុក្ខ ឬជាសុខ។ បពិត្រព្រះគោតមដ៏ចំរើន របស់នោះ ជាទុក្ខ។ ចុះរបស់ណាដែលមិនទៀង ដែលជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា គួរឃើញរបស់នោះថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនរបស់អញ ឬទេ។ បពិត្រព្រះគោតមដ៏ចំរើន មិនគួរឃើញយ៉ាងនុ៎ះទេ។ ម្នាលអគ្គិវេស្សនៈ អ្នកសំគាល់នូវហេតុនោះ ថាដូចម្តេច វេទនា… សញ្ញា… សង្ខារទាំងឡាយ… វិញ្ញាណទៀង ឬមិនទៀង។ បពិត្រព្រះគោតមដ៏ចំរើន វិញ្ញាណមិនទៀងទេ។ ចុះរបស់ណា ដែលមិនទៀង របស់នោះ ជាទុក្ខ ឬជាសុខ។ បពិត្រព្រះគោតមដ៏ចំរើន របស់នោះ ជាទុក្ខ។ ចុះរបស់ណា ដែលមិនទៀង ដែលជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា គួរឃើញរបស់នោះថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនរបស់អញ ឬទេ។ បពិត្រព្រះគោតមដ៏ចំរើន មិនគួរឃើញយ៉ាងនុ៎ះទេ។ ម្នាលអគ្គិវេស្សនៈ អ្នកសំគាល់នូវហេតុនោះ ថាដូចម្តេច បុគ្គលណាស្អិតជាប់នឹងសេចក្តីទុក្ខ ប្រកបនឹងសេចក្តីទុក្ខ លិចចុះទៅក្នុងសេចក្តីទុក្ខ ឃើញនូវសេចក្តីទុក្ខថា នុ៎ះជារបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនអញ ដូច្នេះហើយ បុគ្គលនោះ គប្បីកំណត់ដឹងនូវសេចក្តីទុក្ខ ដោយខ្លួនឯងបាន ឬថាគប្បីធ្វើសេចក្តីទុក្ខ ឲ្យអស់ទៅបាន តើមានឬទេ។ បពិត្រព្រះគោតមដ៏ចំរើន នឹងមានដូចម្តេចបាន បពិត្រព្រះគោតមដ៏ចំរើន ហេតុនេះ មិនមានទេ។ ម្នាលអគ្គិវេស្សនៈ អ្នកសំគាល់នូវហេតុនោះ ថាដូចម្តេច កាលបើមានហេតុយ៉ាងនេះ ក្រែងអ្នកជាបុគ្គលជាប់ស្អិត នឹងសេចក្តីទុក្ខ ប្រកបនឹងសេចក្តីទុក្ខ លិចចុះទៅក្នុងសេចក្តីទុក្ខហើយ ឃើញសេចក្តីទុក្ខថា នុ៎ះជារបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនរបស់អញ ដូច្នេះ មែនឬ។ បពិត្រព្រះគោតមដ៏ចំរើន ថ្វីក៏មិនមានដូច្នេះ បពិត្រព្រះគោតមដ៏ចំរើន ហេតុនុ៎ះយ៉ាងនេះឯង។
[៣៩] ម្នាលអគ្គិវេស្សនៈ ដូចជាបុរសអ្នកត្រូវការដោយខ្លឹមឈើ ស្វែងរកខ្លឹមឈើ ត្រាច់ទៅស្វែងរកខ្លឹមឈើ ក៏កាន់យកនូវដឹងដ៏មុត ចូលទៅកាន់ព្រៃ បុរសនោះ ឃើញដើមចេកធំ ក្នុងព្រៃនោះ មានដើមត្រង់ សាច់ខ្ចី មិនទាន់កើតមានស្នូលស្ទង ហើយកាត់នូវដើមចេកនោះត្រង់គល់ លុះកាត់គល់រួចហើយ ក៏កាត់ចុង លុះកាត់ចុងរួចហើយ បកស្រទបចេញ កាលដែលបុរសនោះ បកស្រទបចេញ ក៏មិនគប្បីបាន សូម្បីនូវស្រាយ ក្នុងដើមចេកនោះឡើយ នឹងបានខ្លឹមមកពីណា សេចក្តីនេះ ឧបមាយ៉ាងណាមិញ នែអគ្គិវេស្សនៈ អ្នកដែលតថាគត ជជីកសួរដេញដោល ក៏ទៅជាមនុស្សសោះសូន្យទទេ ឥតខ្លឹមសារ ចាលចាញ់ក្នុងវាទៈរបស់ខ្លួន មានឧបមេយ្យដូចដើមចេក ដូច្នោះឯង នែអគ្គិវេស្សនៈ មួយទៀត វាចានេះ អ្នកបានពោលហើយ នាកណ្តាលបរិស័ទ ក្រុងវេសាលីថា បុគ្គលណា ដែលអាត្មាលើកឡើងនូវទោស ដោយពាក្យសំដីហើយ មិនកក្រើក មិនរំភើប មិនញាប់ញ័រ ទាំងញើស ក៏មិនហូរចេញអំពីក្លៀក របស់បុគ្គលណា អាត្មាមិនបានឃើញនូវបុគ្គលនោះ ទោះសមណៈក្តី ព្រាហ្មណ៍ក្តី ដែលមានពួក មានគណៈ ជាអាចារ្យនៃគណៈ ឬក៏បានប្តេជ្ញាខ្លួនថា ជាអរហន្តសម្មាសម្ពុទ្ធទេ ឯអាត្មា បើគប្បីលើកឡើងនូវទោស ដោយពាក្យសំដី ចំពោះទៅលើបង្គោល ដែលជារបស់គ្មានចេតនាសោះ បង្គោលនោះ លុះអាត្មាលើកឡើងនូវទោស ដោយពាក្យសំដីហើយ ក៏គប្បីកក្រើក រំភើប ញាប់ញ័រមិនខាន និយាយទៅថ្វីដល់មនុស្សជាតផងគ្នា ម្នាលអគ្គិវេស្សនៈ ចំណែកអ្នកមានដំណក់ញើសខ្លះ ហូរចេញអំពីថ្ងាស ទំលុះសំពត់បង់ក ហើយធ្លាក់ទៅដក់លើផែនដីហើយ នែអគ្គិវេស្សនៈ ឯតថាគត ឥឡូវនេះ ឥតមានញើសក្នុងកាយទេ។ ព្រោះហេតុដូច្នោះ ព្រះមានព្រះភាគ ទ្រង់បើកនូវព្រះកាយ [ព្រះអង្គបើកកាយនោះ មិនមែនបើកកាយទាំងអស់ទេ ព្រោះទំនៀមព្រះពុទ្ធគ្រប់ព្រះអង្គ តែងពាក់ក្ឌុំ បិទសរីរៈហើយ សំដែងធម៌ក្នុងប្រជុំបរិស័ទ។ ក្នុងកាលនោះ ព្រះមានព្រះភាគ ទ្រង់ចាប់យកចីវរ ត្រង់បំពង់ព្រះសូរងខាងមុខទំលាក់ចុះ ប្រមាណប៉ុន៤ធ្នាប់។] ដែលមានសម្បុរដូចជាពណ៌នៃមាស ក្នុងបរិស័ទនោះ។ កាលបើព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ សច្ចកនិគន្ថបុត្ត ក៏អង្គុយស្ងៀម អៀនអន់ ដាក់កសំយុងមុខចុះក្រោម ជ្រប់ស្រងូត មិនក្លៀវក្លា។
[៤០] គ្រានោះឯង លិច្ឆវិបុត្រឈ្មោះ ទុម្មុខៈ ដឹងច្បាស់ថា សច្ចកនិគន្ថបុត្ត ស្ងៀម អៀនអន់ ដាក់កសំយុងមុខចុះក្រោម ជ្រប់ស្រងូត មិនក្លៀវក្លា ហើយក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះមានព្រះភាគ ខ្ញុំព្រះអង្គសូមសំដែងពាក្យឧបមាបន្តិច។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលទុម្មុខៈ អ្នកចូរសំដែងពាក្យឧបមានោះទៅមើល។ បពិត្រព្រះអង្គដ៏ចំរើន ដូចជាស្រះបោក្ខរណី នៅជិតស្រុក ឬនិគម មានក្តាមនៅក្នុងស្រះបោក្ខរណីនោះ បពិត្រព្រះអង្គដ៏ចំរើន លំដាប់នោះ ក្មេងប្រុស ឬក្មេងស្រីទាំងឡាយជាច្រើន ចេញអំពីស្រុក ឬនិគមនោះ ចូលទៅកាន់ស្រះបោក្ខរណី លុះចូលទៅដល់ហើយ ក៏ចុះទៅកាន់ស្រះបោក្ខរណីនោះ ហើយចាប់ក្តាមនោះស្រង់អំពីទឹក មកដាក់លើគោក បពិត្រព្រះអង្គដ៏ចំរើន ក្តាមនោះហាចេញនូវដង្កៀបណាៗ ក្មេងប្រុស ឬក្មេងស្រីទាំងនោះ ក៏កាច់បំបាក់បំបែកនូវដង្កៀបនោះៗ ដោយកំណាត់ឈើក្តី ដោយអំបែងក្តី បពិត្រព្រះអង្គដ៏ចំរើន កាលបើយ៉ាងនេះហើយ ក្តាមនោះ ដែលមានដង្កៀបទាំងអស់ គេកាច់បំបាក់បំបែកអស់ហើយ មិនគួរដើម្បីនឹងចុះទៅកាន់ស្រះបោក្ខរណីនោះទៀតបាន ដូចកាលមុនទេ មានឧបមាដូចម្តេចមិញ បពិត្រព្រះអង្គដ៏ចំរើន សេចក្តីចំរូងចំរាស់ គឺទិដ្ឋិ ពុតត្បុត គឺទិដ្ឋិ និងសេចក្តីញាប់ញ័រ គឺទិដ្ឋិណានីមួយ របស់សច្ចកនិគន្ថបុត្រ ក៏សេចក្តីចំរូងចំរាស់ជាដើមនោះ ព្រះមានព្រះភាគ ទ្រង់កាច់បំបាក់ បំបែកហើយ បពិត្រព្រះអង្គដ៏ចំរើន កាលឥឡូវនេះ សច្ចកនិគន្ថបុត្រ មិនគួរនឹងមានសេចក្តីប្រាថ្នាថា នឹងលើកឡើងនូវវាទៈ ចូលទៅរកព្រះមានព្រះភាគទៀតទេ មានឧបមេយ្យដូច្នោះឯង។ កាលបើទុម្មុខលិច្ឆវិបុត្ត និយាយយ៉ាងនេះហើយ សច្ចកនិគន្ថបុត្រ ក៏ពោលពាក្យនេះ ទៅនឹងទុម្មុខលិច្ឆវិបុត្តថា នែ ទុម្មុខៈ អ្នកចូរឈប់សិន នែទុម្មុខៈ អ្នកចូរឈប់សិន នែទុម្មុខៈ អ្នកជាបុគ្គលមានមាត់រឹង យើងមិនមែនប្រឹក្សាជាមួយនឹងអ្នកទេ ក្នុងទីនេះ យើងនឹងប្រឹក្សា ជាមួយព្រះគោតមដ៏ចំរើនថា បពិត្រព្រះគោតមដ៏ចំរើន វាចានេះ ជាវាចារបស់យើងទាំងឡាយផង របស់សមណព្រាហ្មណ៍ដ៏ចំរើនដទៃផង ចូរស្លេះទុកចុះ ការបញ្ចេញនូវវាចានេះ ក៏ហាក់ដូចជាគ្រាន់តែនិយាយទៅទេ។
[៤១] សច្ចកនិគន្ថបុត្រ ក្រាបបង្គំទូលសួរថា សាវ័ករបស់ព្រះគោតមដ៏ចំរើន ជាអ្នកធ្វើតាមពាក្យប្រៀនប្រដៅ ប្រព្រឹត្តតាមដំបូន្មាន ប្រព្រឹត្តកន្លងសេចក្តីសង្ស័យហើយ ប្រាសចាកសេចក្តីងឿងឆ្ងល់ហើយ ដល់នូវសេចក្តីក្លៀវក្លា មិនជឿអ្នកដទៃ ក្នុងសាសនានៃព្រះសាស្តា ដោយហេតុមានប៉ុន្មានយ៉ាង។ ម្នាលអគ្គិវេស្សនៈ រូបណានីមួយ ជាអតីត អនាគត និងបច្ចុប្បន្ន ជារូបខាងក្នុងក្តី ខាងក្រៅក្តី គ្រោតគ្រាតក្តី ល្អិតក្តី ថោកទាបក្តី ឧត្តមក្តី មួយទៀត រូបណានៅក្នុងទីឆ្ងាយក្តី ក្នុងទីជិតក្តី រូបទាំងអស់នោះ បានឈ្មោះថា រូប សាវ័ករបស់តថាគត ក្នុងសាសនានេះ តែងឃើញនូវរូបនុ៎ះ តាមសេចក្តីពិត ដោយបញ្ញាដ៏ប្រពៃ យ៉ាងនេះថា នុ៎ះមិនមែនរបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនរបស់អញ។ វេទនាណានីមួយ។បេ។ សញ្ញាណានីមួយ… សង្ខារទាំងឡាយណានីមួយ… វិញ្ញាណណានីមួយ ជាអតីត អនាគត និងបច្ចុប្បន្ន ជាវិញ្ញាណខាងក្នុងក្តី ខាងក្រៅក្តី គ្រោតគ្រាតក្តី ល្អិតក្តី ថោកទាបក្តី ឧត្តមក្តី មួយទៀត វិញ្ញាណណា ដែលនៅក្នុងទីឆ្ងាយក្តី ក្នុងទីជិតក្តី វិញ្ញាណទាំងអស់នោះ បានឈ្មោះថា វិញ្ញាណ សាវ័ករបស់តថាគត តែងឃើញនូវវិញ្ញាណនុ៎ះ តាមសេចក្តីពិត ដោយបញ្ញាដ៏ប្រពៃ យ៉ាងនេះថា នុ៎ះមិនមែនរបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនរបស់អញ។ នែអគ្គិវេស្សនៈ សាវ័ករបស់តថាគត ជាអ្នកធ្វើតាមពាក្យប្រៀនប្រដៅ ប្រព្រឹត្តតាមដំបូន្មាន ប្រព្រឹត្តកន្លងសេចក្តីសង្ស័យហើយ ប្រាសចាកសេចក្តីងឿងឆ្ងល់ហើយ ដល់នូវសេចក្តីក្លៀវក្លា មិនជឿបុគ្គលដទៃ ក្នុងសាសនានៃព្រះសាស្តា ដោយហេតុមានប្រមាណប៉ុណ្ណេះឯង។
[៤២] សច្ចកនិគន្ថបុត្រ ក្រាបទូលសួរថា បពិត្រព្រះគោតមដ៏ចំរើន ភិក្ខុដែលឈ្មោះថាអរហន្តខីណាស្រព មានព្រហ្មចារ្យនៅរួចហើយ មានសោឡសកិច្ចធ្វើរួចហើយ មានគ្រឿងធ្ងន់ដាក់ចុះហើយ មានប្រយោជន៍របស់ខ្លួនសម្រេចហើយ មានសំយោជនៈ ក្នុងភពអស់ហើយ មានចិត្តរួចស្រឡះហើយ ព្រោះបានត្រាស់ដឹងដោយប្រពៃ ដោយហេតុមានប្រមាណប៉ុន្មាន។ ម្នាលអគ្គិវេស្សនៈ រូបណានីមួយ ជាអតីត អនាគត និងបច្ចុប្បន្ន ជារូបខាងក្នុងក្តី ខាងក្រៅក្តី គ្រោតគ្រាតក្តី ល្អិតក្តី ថោកទាបក្តី ឧត្តមក្តី មួយទៀត រូបណា មាននៅក្នុងទីឆ្ងាយក្តី ក្នុងទីជិតក្តី រូបទាំងអស់នោះ បានឈ្មោះថា រូប ភិក្ខុក្នុងសាសនានេះ មានចិត្តផុតស្រឡះហើយ ដោយមិនមានសេចក្តីប្រកាន់មាំ ព្រោះឃើញនូវរូបនុ៎ះ តាមសេចក្តីពិត ដោយបញ្ញាដ៏ប្រពៃ យ៉ាងនេះថា នុ៎ះមិនមែនជារបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនរបស់អញ។ វេទនាណានីមួយ… សញ្ញាណានីមួយ… សង្ខារទាំងឡាយណានីមួយ… វិញ្ញាណណានីមួយ ជាអតីត អនាគត និងបច្ចុប្បន្ន ជាវិញ្ញាណខាងក្នុងក្តី ខាងក្រៅក្តី គ្រោតគ្រាតក្តី ល្អិតក្តី ថោកទាបក្តី ឧត្តមក្តី មួយទៀត វិញ្ញាណណា មាននៅក្នុងទីឆ្ងាយក្តី ក្នុងទីជិតក្តី វិញ្ញាណទាំងអស់នោះ បានឈ្មោះថា វិញ្ញាណ ភិក្ខុមានចិត្តផុតស្រឡះហើយ ដោយមិនមានសេចក្តីប្រកាន់មាំ ព្រោះឃើញនូវវិញ្ញាណនុ៎ះ តាមសេចក្តីពិត ដោយបញ្ញាដ៏ប្រពៃ យ៉ាងនេះថា នុ៎ះមិនមែនជារបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនរបស់អញ។ ម្នាលអគ្គិវេស្សនៈ ភិក្ខុដែលឈ្មោះថា អរហន្តខីណាស្រព មានព្រហ្មចារ្យនៅរួចហើយ មានសោឡសកិច្ចធ្វើរួចហើយ មានគ្រឿងទម្ងន់ដាក់ចុះហើយ មានប្រយោជន៍របស់ខ្លួនសម្រេចហើយ មានសំយោជនៈ ក្នុងភពអស់ហើយ ព្រោះបានត្រាស់ដឹងដោយប្រពៃ ដោយហេតុមានប្រមាណប៉ុណ្ណេះឯង។ ម្នាលអគ្គិវេស្សនៈ លុះភិក្ខុនោះ មានចិត្តផុតស្រឡះយ៉ាងនេះហើយ តែងប្រកបដោយអនុត្តរិយៈទាំង៣គឺ ទស្សនានុត្តរិយៈ១ [បានដល់បញ្ញា ជាលោកិយៈ និងលោកុត្តរៈ។] បដិបទានុត្តរិយៈ១ [បានដល់បដិបទា ជាលោកិយៈ និងលោកុត្តរៈ។] វិមុត្តានុត្តរិយៈ១ [បានដល់វិមុត្តិ ជាលោកុត្តរៈ។ ម្យ៉ាងទៀត បើសង្គ្រោះយកលោកុត្តរៈសុទ្ធ គឺ ទស្សនានុត្តរិយៈ បានដល់អរហត្តមគ្គ សម្មាទិដ្ឋិ។ បដិបទានុត្តរិយៈ បានដល់អង្គមគ្គដ៏សេស មានសម្មាសង្កប្បៈជាដើម។ វិមុត្តានុត្តរិយៈ បានដល់មគ្គ ផល វិមុត្តិ។ អ្នកប្រាជ្ញគប្បីដឹងថា ការឃើញផ្លូវព្រះនិព្វានរបស់ព្រះខីណាស្រព ហៅថា ទស្សនានុត្តរិយៈ។ អង្គមគ្គទាំង៨ ហៅថា បដិបទានុត្តរិយៈ។ មគ្គ ផល ហៅថា វិមុត្តានុត្តរិយៈ។ អដ្ឋកថា។]។ ម្នាលអគ្គិវេស្សនៈ ភិក្ខុមានចិត្តផុតស្រឡះ យ៉ាងនេះហើយ តែងធ្វើសក្ការៈ គោរព រាប់អាន បូជានូវតថាគត ដោយគិតថា ព្រះមានព្រះភាគអង្គនោះ ទ្រង់ត្រាស់ដឹងនូវសច្ចធម៌ទាំង៤ហើយ ទ្រង់សំដែងធម៌ ដើម្បីញុំាងពួកជនដទៃ ឲ្យត្រាស់ដឹងផង ព្រះមានព្រះភាគអង្គនោះ ព្រះអង្គទូន្មាននូវឥន្ទ្រិយហើយ ទ្រង់សំដែងធម៌ ដើម្បីញុំាងសត្វឲ្យទូន្មាននូវឥន្ទ្រិយ ព្រះមានព្រះភាគអង្គនោះ ព្រះអង្គបានរម្ងាប់បង់នូវកិលេសហើយ ទ្រង់សំដែងធម៌ ដើម្បីញុំាងសត្វឲ្យរម្ងាប់បង់នូវកិលេស ព្រះមានព្រះភាគអង្គនោះ ព្រះអង្គឆ្លង (នូវអន្លង់ទាំង៤) ហើយ ទ្រង់សំដែងធម៌ ដើម្បីញុំាងសត្វ ឲ្យឆ្លងនូវអន្លង់ទាំង៤ ព្រះមានព្រះភាគអង្គនោះ ព្រះអង្គរំលត់នូវកិលេសហើយ ត្រង់សំដែងធម៌ ដើម្បីញុំាងសត្វឲ្យរំលត់កិលេស។
[៤៣] កាលដែលព្រះមានព្រះភាគ ទ្រង់សំដែងយ៉ាងនេះហើយ សច្ចកនិគន្ថបុត្រ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះគោតមដ៏ចំរើន ខ្ញុំព្រះអង្គ ជាអ្នកកំចាត់បង់នូវគុណ ខ្ញុំព្រះអង្គ ជាអ្នកឃ្នើសឃ្នង់ដោយវាចា ព្រោះហេតុថា ខ្ញុំព្រះអង្គ បានសំគាល់នូវព្រះគោតមដ៏ចំរើន ថាជាបុគ្គលគួរសង្កត់សង្កិន នូវវាទៈដោយវាទៈបាន បពិត្រព្រះគោតមដ៏ចំរើន សេចក្តីចំរើន គួរមានដល់បុរស ព្រោះបានសង្កត់សង្កិននូវដីរីចុះប្រេង សេចក្តីចំរើន មិនគួរមានដល់បុរស ព្រោះសង្កត់សង្កិននូវព្រះគោតមដ៏ចំរើនទេ បពិត្រព្រះគោតមដ៏ចំរើន សេចក្តីចំរើន គួរមានដល់បុរស ព្រោះបានសង្កត់សង្កិន ឬលត់នូវគំនរភ្លើង ដែលកំពុងឆេះ សេចក្តីចំរើន មិនគួរមានដល់បុរស ព្រោះបានសង្កត់សង្កិននូវព្រះគោតមដ៏ចំរើនទេ បពិត្រព្រះគោតមដ៏ចំរើន សេចក្តីចំរើន គួរមានដល់បុរស ព្រោះបានសង្កត់សង្កិននូវអាសិរពិស ដែលមានពិសដ៏ពន្លឹក សេចក្តីចំរើន មិនគួរមានដល់បុរស ព្រោះបានសង្កត់សង្កិននូវព្រះគោតមដ៏ចំរើនទេ បពិត្រព្រះគោតមដ៏ចំរើន ខ្ញុំព្រះអង្គ ជាអ្នកកំចាត់បង់នូវគុណ ខ្ញុំព្រះអង្គ ជាអ្នកឃ្នើសឃ្នង់ដោយវាចា ព្រោះហេតុថា ខ្ញុំព្រះអង្គ បានសំគាល់នូវព្រះគោតមដ៏ចំរើន ថាជាបុគ្គលគួរសង្កត់សង្កិននូវវាទៈ ដោយវាទៈបាន សូមព្រះគោតមដ៏ចំរើន ទទួលភត្តរបស់ខ្ញុំ ដើម្បីឆាន់ក្នុងថ្ងៃស្អែក ជាមួយនឹងភិក្ខុសង្ឃ។ ព្រះមានព្រះភាគ ទ្រង់ទទួលនិមន្ត ដោយតុណ្ហីភាព។ លំដាប់នោះ សច្ចកនិគន្ថបុត្រ បានដឹងច្បាស់ នូវកិរិយាទទួលនិមន្ត របស់ព្រះមានព្រះភាគហើយ ក៏និយាយនឹងព្រះបាទលិច្ឆវីទាំងនោះថា ព្រះបាទលិច្ឆវីទាំងឡាយដ៏ចំរើន ចូរស្តាប់ពាក្យរបស់អាត្មា ព្រះសមណគោតម អាត្មានិមន្តហើយ ដើម្បីឆាន់ក្នុងថ្ងៃស្អែក ជាមួយនឹងភិក្ខុសង្ឃ បពិត្រទាំងឡាយ គួរយកវត្ថុណាមកឲ្យអាត្មា មួយទៀត វត្ថុណាដែលជារបស់សមគួរ ដល់ព្រះសមណគោតមនោះ បពិត្រទាំងឡាយ គួរដឹងវត្ថុនោះៗ។ លុះកន្លងរាត្រីនោះទៅហើយ ទើបព្រះបាទលិច្ឆវីទាំងនោះ ក៏នាំនូវភត្តាភិហារ ប្រមាណ ៥០០ សម្រាប់ដល់សច្ចកនិគន្ថបុត្រ។ លំដាប់នោះ សច្ចកនិគន្ថបុត្រ បានតាក់តែងនូវខាទនីយៈ និងភោជនីយៈដ៏ឧត្តម ក្នុងអារាមរបស់ខ្លួនហើយ ចាត់បម្រើឲ្យទៅក្រាបទូលភត្តកាល ដល់ព្រះមានព្រះភាគថា បពិត្រព្រះគោតមដ៏ចំរើន កាលគួរហើយ ភត្តក៏សម្រេចហើយ។
[៤៤] លំដាប់នោះ ព្រះមានព្រះភាគទ្រង់ស្បង់ ប្រដាប់ដោយបាត្រ ចីវរក្នុងបុព្វណ្ហសម័យ ហើយស្តេចចូលទៅកាន់អារាមរបស់សច្ចកនិគន្ថបុត្រ លុះចូលទៅដល់ហើយ ទ្រង់គង់លើអាសនៈ ដែលគេរៀបចំថ្វាយជាមួយនឹងភិក្ខុសង្ឃ។ គ្រានោះឯង សច្ចកនិគន្ថបុត្រ ក៏អង្គាសព្រះភិក្ខុសង្ឃ មានព្រះពុទ្ធជាប្រធានឲ្យឆាន់ឆ្អែតស្កប់ស្កល់ ដោយខាទនីយៈ និងភោជនីយាហារដ៏ឧត្តម ដោយដៃរបស់ខ្លួន ត្រាតែភិក្ខុសង្ឃហាមឃាត់។ គ្រានោះ សច្ចកនិគន្ថបុត្រកំណត់ដឹងថា ព្រះមានព្រះភាគ ទ្រង់ឆាន់រួចហើយ ដាក់ព្រះហស្តចុះចាកបាត្រហើយ ក៏កាន់យកនូវអាសនៈទាបមួយ អង្គុយក្នុងទីដ៏សមគួរ។ លុះសច្ចកនិគន្ថបុត្រ អង្គុយក្នុងទីដ៏សមគួរហើយ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះគោតមដ៏ចំរើន បុណ្យណាដែលមានក្នុងទាននេះផង បុណ្យដទៃអំពីទាននេះផង ក៏បុណ្យនោះឯង ចូរប្រព្រឹត្តទៅ ដើម្បីសេចក្តីសុខ ដល់ទាយកទាំងឡាយ។ ព្រះសម្ពុទ្ធបរមគ្រូ ទ្រង់មានព្រះពុទ្ធដីកាថា ម្នាលអគ្គិវេស្សនៈ បុណ្យណាមួយ ដែលអាស្រ័យនូវទក្ខិណេយ្យបុគ្គល ប្រាកដដូចអ្នក ដែលជាបុគ្គលមិនទាន់ប្រាសចាករាគៈ មិនទាន់ប្រាសចាកទោសៈ មិនទាន់ប្រាសចាកមោហៈ បុណ្យនោះ នឹងកើតមានដល់ទាយកទាំងឡាយ នែអគ្គិវេស្សនៈ មួយទៀត បុណ្យណាមួយ ដែលអាស្រ័យនូវទក្ខិណេយ្យបុគ្គល ប្រាកដដូចតថាគត ជាបុគ្គលប្រាសចាករាគៈ ប្រាសចាកទោសៈ ប្រាសចាកមោហៈហើយ បុណ្យនោះ នឹងកើតមានដល់អ្នក។
ចប់ ចូឡសច្ចកសូត្រ ទី៥។
មហាសច្ចកសូត្រ ទី៦
[៤៥] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងកូដាគារសាលា នាមហាវ័ន ទៀបក្រុងវេសាលី។ សម័យនោះឯង ព្រះមានព្រះភាគ ទ្រង់ស្បង់ដោយល្អ ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ស្តេចពុទ្ធដំណើរចូលទៅក្នុងក្រុងវេសាលី ដើម្បីបិណ្ឌបាត។ គ្រានោះ សច្ចកនិគន្ថបុត្រ កំពុងចង្ក្រម កំពុងត្រាច់ទៅដោយលំដាប់ៗ ដើម្បីសម្រាកស្មង ហើយចូលទៅកាន់កូដាគារសាលា នាមហាវ័ននោះ។ ព្រះអានន្ទ មានអាយុ បានឃើញសច្ចកនិគន្ថបុត្រ កំពុងតែដើរមកអំពីចម្ងាយ លុះបានឃើញហើយ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន សច្ចកនិគន្ថបុត្រនេះ ជាអ្នកពោលតិរច្ឆានកថា ជាអ្នកពោលថា ខ្លួនជាអ្នកប្រាជ្ញ ជនច្រើននាក់ សន្មតគាត់ថា ជាអ្នកត្រឹមត្រូវ ឥឡូវនេះ កំពុងដើរមក បពិត្រព្រះអង្គដ៏ចំរើន សច្ចកនិគន្ថបុត្រនេះ ជាអ្នកប្រាថ្នារកទោសព្រះពុទ្ធ ប្រាថ្នារកទោសព្រះធម៌ ប្រាថ្នារកទោសព្រះសង្ឃ បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ ទ្រង់គង់មួយរំពេច អាស្រ័យសេចក្តីអនុគ្រោះ។ ព្រះមានព្រះភាគ ទ្រង់គង់លើអាសនៈ ដែលគេតាក់តែងហើយ។ គ្រានោះ សច្ចកនិគន្ថបុត្រ ក៏ចូលទៅរកព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ មួយអន្លើដោយព្រះមានព្រះភាគ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររលឹកហើយ ក៏អង្គុយក្នុងទីសមគួរ។
[៤៦] លុះសច្ចកនិគន្ថបុត្រ អង្គុយក្នុងទីសមគួរហើយ បានក្រាបទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះគោតមដ៏ចំរើន មានសមណព្រាហ្មណ៍ពួកមួយ ខ្វល់ខ្វាយក្នុងការប្រកបរឿយៗ នូវកាយភាវនា [ការអប់រំកាយ។] (វិបស្សនា) មិនបានខ្វល់ខ្វាយ ក្នុងការប្រកបរឿយៗ នូវចិត្តភាវនា [ការអប់រំចិត្ត។] (សមថៈ)ឡើយ។ បពិត្រព្រះគោតមដ៏ចំរើន សមណព្រាហ្មណ៍ទាំងនោះ តែងបាននូវទុក្ខវេទនា ដែលកើតឡើងក្នុងសរីរៈ។ បពិត្រព្រះគោតមដ៏ចំរើន រឿងរ៉ាវធ្លាប់មានមកថា បុគ្គលដែលមានទុក្ខវេទនា កើតឡើងក្នុងសរីរៈ ពាល់ត្រូវហើយ នឹងត្រឡប់ទៅជាមនុស្សរឹងភ្លៅក៏មាន បេះដូងនឹងបែកធ្លាយក៏មាន ឈាមក្តៅនឹងក្អួតចេញអំពីមាត់ក៏មាន សមណព្រាហ្មណ៍ទាំងនោះ នឹងដល់នូវកិរិយាឆ្កួត រាយមាយចិត្តក៏មាន។ បពិត្រព្រះគោតមដ៏ចំរើន ចិត្តនុ៎ះ របស់បុគ្គលនោះឯង រមែងប្រព្រឹត្តទៅតាមកាយ តែងប្រព្រឹត្តទៅដោយអំណាចនៃកាយ សេចក្តីនោះ ព្រោះហេតុដូចម្តេច ព្រោះថាបុគ្គលនោះ មិនបានអប់រំចិត្ត។ បពិត្រព្រះគោតមដ៏ចំរើន មួយទៀត មានសមណព្រាហ្មណ៍ពួកមួយ បានខ្វល់ខ្វាយក្នុងការប្រកបរឿយៗ នូវចិត្តភាវនា មិនបានខ្វល់ខ្វាយក្នុងការប្រកបរឿយៗ នូវកាយភាវនាឡើយ។ បពិត្រព្រះគោតមដ៏ចំរើន ក៏សមណព្រាហ្មណ៍ទាំងនោះ តែងបាននូវទុក្ខវេទនា ដែលប្រព្រឹត្តទៅក្នុងចិត្ត។ បពិត្រព្រះគោតមដ៏ចំរើន រឿងរ៉ាវធ្លាប់មានមកថា បុគ្គលដែលមានទុក្ខវេទនា ប្រព្រឹត្តទៅក្នុងចិត្ត ពាល់ត្រូវហើយ នឹងត្រឡប់ទៅជាមនុស្សរឹងភ្លៅក៏មាន បេះដូងនឹងបែកធ្លាយក៏មាន ឈាមក្តៅនឹងក្អួតចេញ អំពីមាត់ក៏មាន សមណព្រាហ្មណ៍ទាំងនោះ នឹងដល់នូវកិរិយាឆ្កួត រាយមាយចិត្តក៏មាន។ បពិត្រព្រះគោតមដ៏ចំរើន កាយនុ៎ះ របស់បុគ្គលនោះឯង រមែងប្រព្រឹត្តទៅតាមចិត្ត តែងប្រព្រឹត្តទៅ ដោយអំណាចនៃចិត្ត សេចក្តីនោះ ព្រោះហេតុដូចម្តេច ព្រោះថាបុគ្គលនោះ មិនបានអប់រំកាយ។ បពិត្រព្រះគោតមដ៏ចំរើន ខ្ញុំព្រះអង្គ គិតយ៉ាងនេះថា សាវ័កទាំងឡាយ របស់ព្រះគោតមដ៏ចំរើន តែងខ្វល់ខ្វាយក្នុងការប្រកបរឿយៗ នូវចិត្តភាវនា តែមិនបានខ្វល់ខ្វាយ ក្នុងការប្រកបរឿយៗ នូវកាយភាវនាឡើយ។
[៤៧] ម្នាលអគ្គិវេស្សនៈ ចុះកាយភាវនា អ្នកបានឮមកដូចម្តេច។ សច្ចកនិគន្ថបុត្រ ក្រាបបង្គំទូលថា បពិត្រព្រះគោតមដ៏ចំរើន អចេលក៍ទាំងនេះ គឺ នន្ទវច្ឆៈ១ កិសសង្កិច្ឆៈ មក្ខលិគោសាល១ ជាអ្នកប្រព្រឹត្តលះបង់មារយាទល្អ ស៊ីលិទ្ធដៃ គេហៅថា អ្នកដ៏ចំរើនចូរមក ក៏មិនព្រមមក គេឃាត់ថា អ្នកដ៏ចំរើនឈប់សិន ក៏មិនព្រមឈប់ មិនត្រេកអរនឹងចង្ហាន់ ដែលគេនាំមកមុន មិនត្រេកអរនឹងចង្ហាន់ដែលគេនាំមកចំពោះខ្លួន មិនត្រេកអរនឹងកិច្ចនិមន្ត អចេលក៍ទាំងនុ៎ះ មិនទទួលចង្ហាន់ ដែលគេនាំចេញអំពីមាត់ឆ្នាំងហើយឲ្យ មិនទទួលចង្ហាន់ ដែលគេនាំចេញអំពីមាត់កញ្ជើហើយឲ្យ មិនទទួលចង្ហាន់ ដែលគេដើរកន្លងធរណីហើយនាំមកឲ្យ មិនទទួលចង្ហាន់ ដែលគេដើរកន្លងកំណាត់ឈើ ហើយនាំមកឲ្យ មិនទទួលចង្ហាន់ ដែលគេដើរកន្លងអង្រែ ហើយនាំមកឲ្យ មិនទទួលចង្ហាន់អំពីដៃមនុស្សពីរនាក់កំពុងបរិភោគ មិនទទួលចង្ហាន់អំពីដៃស្រីមានគភ៌ មិនទទួលចង្ហាន់អំពីដៃស្រីដែលកំពុងបំបៅកូន មិនទទួលចង្ហាន់អំពីដៃស្រី ដែលកំពុងកាន់បុរសដទៃ មិនទទួលចង្ហាន់ ក្នុងកន្លែងដែលរៃវត្ថុបានមក [ពួកសាវ័ក របស់អចេលក៍ តែងនាំគ្នារៃយកវត្ថុ មានអង្ករជាដើម អំពីទីនោះៗ មកចំអិនបាយ ដើម្បីប្រគេនដល់ពួកអចេលក៍ ក្នុងសម័យមានបាយក្រ អចេលក៍ ដែលប្រព្រឹត្តវត្តឧក្រិដ្ឋ មិនទទួលយកចង្ហាន់នោះឡើយ។ អដ្ឋកថា។] មិនទទួលចង្ហាន់ ក្នុងកន្លែងដែលមានឆ្កែនៅចាំ មិនទទួលចង្ហាន់ ត្រង់កន្លែងដែលមានរុយរោមទាំងហ្វូង មិនស៊ីត្រី មិនស៊ីសាច់ មិនផឹកសុរា មិនផឹកមេរ័យ មិនផឹកទឹកថ្នាំត្រាំ មួយទៀត អចេលក៍ទាំងនោះ ទទួលចង្ហាន់ ចំពោះតែក្នុងផ្ទះមួយ ញុំាងអត្តភាពឲ្យប្រព្រឹត្តទៅ ដោយបាយតែមួយដុំខ្លះ ទទួលចង្ហាន់ចំពោះតែក្នុងផ្ទះពីរ ញុំាងអត្តភាពឲ្យប្រព្រឹត្តទៅ ដោយបាយតែពីរដុំខ្លះ។បេ។ ទទួលចង្ហាន់ចំពោះតែក្នុងផ្ទះ៧ ញុំាងអត្តភាពឲ្យប្រព្រឹត្តទៅ ដោយបាយ៧ដុំខ្លះ ញុំាងអត្តភាពឲ្យប្រព្រឹត្តទៅ ដោយចង្ហាន់ ក្នុងភាជន៍តូចមួយខ្លះ ញុំាងអត្តភាពឲ្យប្រព្រឹត្តទៅ ដោយចង្ហាន់ ក្នុងភាជន៍តូចពីរខ្លះ។បេ។ ញុំាងអត្តភាពឲ្យប្រព្រឹត្តទៅ ដោយចង្ហាន់ ក្នុងភាជន៍តូច៧ខ្លះ ស៊ីអាហារខានមួយថ្ងៃខ្លះ ស៊ីអាហារខានពីរថ្ងៃខ្លះ។បេ។ ស៊ីអាហារខាន៧ថ្ងៃខ្លះ តែងខ្វល់ខ្វាយក្នុងការប្រកបរឿយៗ នូវការបរិភោគបាយ ផ្លាស់ប្តូរថ្ងៃអស់កន្លះខែ មានសភាពយ៉ាងនេះ ដូច្នេះខ្លះ។ នែអគ្គិវេស្សនៈ អចេលក៍ទាំងនោះ តែងញុំាងអត្តភាពឲ្យប្រព្រឹត្តទៅ ដោយហេតុមានប្រមាណតែប៉ុណ្ណោះឬ។ បពិត្រព្រះគោតមដ៏ចំរើន ហេតុនេះមិនមែនមានតែប៉ុណ្ណោះទេ បពិត្រព្រះគោតមដ៏ចំរើន អចេលក៍ទាំងនោះ ចួនកាលទំពាស៊ីនូវខាទនីយៈទាំងឡាយ ដ៏ឧត្តមក្រៃលែង បរិភោគនូវភោជនទាំងឡាយ ដ៏ឧត្តមក្រៃលែង ក្រេបជញ្ជាប់ នូវសាយនីយៈទាំងឡាយ ដ៏ឧត្តមក្រៃលែង ផឹកនូវទឹកទាំងឡាយ ដ៏ឧត្តមក្រៃលែង អចេលក៍ទាំងនោះ ឈ្មោះថា ញុំាងកាយនេះ ឲ្យកាន់យកនូវកំឡាំង ឲ្យចំរើន ឲ្យធាត់ធំ។ ម្នាលអគ្គិវេស្សនៈ ត្រង់ដែលអចេលក៍ទាំងនោះ លះបង់នូវអំពើកម្រ ក្នុងកាលមុន ហើយសន្សំនូវវត្ថុ មានខាទនីយៈជាដើម ក្នុងកាលជាខាងក្រោយ កាលបើធ្វើយ៉ាងនេះ ការចំរើន និងការមិនចំរើនរបស់កាយនេះ តែងតែមាន។
[៤៨] ម្នាលអគ្គិវេស្សនៈ ចុះចំណែកខាងចិត្តភាវនា អ្នកបានឮមកដូចម្តេច។ សច្ចកនិគន្ថបុត្រ កាលព្រះមានព្រះភាគ ទ្រង់សួរហើយក្នុងចិត្តភាវនា ក៏មិនអាចនឹងដោះស្រាយបាន។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះ នឹងសច្ចកនិគន្ថបុត្រថា នែអគ្គិវេស្សនៈ កាយភាវនាណា ដែលអ្នកបានអប់រំហើយ ក្នុងកាលមុន កាយភាវនានោះ មិនប្រកបដោយធម៌ ក្នុងអរិយវិន័យទេ ម្នាលអគ្គិវេស្សនៈ អ្នកមិនអាចដឹងសូម្បីនូវកាយភាវនា តើនឹងអាចដឹងនូវចិត្តភាវនា ដូចម្តេចបាន ម្នាលអគ្គិវេស្សនៈ ក៏ឯបុគ្គលមិនបានអប់រំកាយផង មិនបានអប់រំចិត្តផង បុគ្គលបានអប់រំកាយផង បានអប់រំចិត្តផង ដោយប្រការណា អ្នកចូរស្តាប់នូវប្រការនោះ ចូរធ្វើទុកក្នុងចិត្តដោយប្រពៃចុះ តថាគត នឹងសំដែងឥឡូវនេះ។ សច្ចកនិគន្ថបុត្រ ទទួលព្រះពុទ្ធដីកា របស់ព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គ។
[៤៩] ព្រះមានព្រះភាគ ទ្រង់មានព្រះពុទ្ធដីកាថា នែអគ្គិវេស្សនៈ បុគ្គលដែលមិនបានអប់រំកាយផង មិនបានអប់រំចិត្តផង តើដូចម្តេច។ នែអគ្គិវេស្សនៈ សុខវេទនា តែងកើតឡើង ដល់បុគ្គលជាបុថុជ្ជន ដែលមិនចេះដឹង ក្នុងលោកនេះ បុគ្គលជាបុថុជ្ជននោះ លុះសុខវេទនាពាល់ត្រូវហើយ ក៏មានតម្រេកខ្លាំងក្នុងសេចក្តីសុខផង តែងដល់នូវតម្រេកខ្លាំងដោយសេចក្តីសុខផង បើសុខវេទនានោះ របស់បុគ្គលជាបុថុជ្ជននោះ រលត់ទៅ ទុក្ខវេទនាក៏កើតឡើង ព្រោះរលត់ទៅនៃសុខវេទនា បុគ្គលជាបុថុជ្ជននោះ លុះទុក្ខវេទនាពាល់ត្រូវហើយ តែងសោកសៅ លំបាក ខ្សឹកខ្សួល គក់ទ្រូង កន្ទក់កន្ទេញ ដល់នូវសេចក្តីវង្វេង នែអគ្គិវេស្សនៈ សុខវេទនានេះ របស់បុគ្គលជាបុថុជ្ជននោះ ដែលកើតឡើងហើយ តែងគ្របសង្កត់ចិត្ត ព្រោះមិនបានអប់រំកាយផង ទុក្ខវេទនាដែលកើតឡើងហើយ តែងគ្របសង្កត់ចិត្ត ព្រោះមិនបានអប់រំចិត្តផង នែអគ្គិវេស្សនៈ សុខវេទនា របស់បុគ្គលណានីមួយ ដែលកើតឡើងហើយ ដោយចំណែកទាំងពីរយ៉ាងនេះ តែងគ្របសង្កត់ចិត្ត ព្រោះមិនបានអប់រំកាយផង ទុក្ខវេទនាដែលកើតឡើងហើយ តែងគ្របសង្កត់ចិត្ត ព្រោះមិនបានអប់រំចិត្តផង នែអគ្គិវេស្សនៈ បុគ្គលមិនបានអប់រំកាយផង មិនបានអប់រំចិត្តផង យ៉ាងនេះឯង។ នែអគ្គិវេស្សនៈ បុគ្គលដែលបានអប់រំកាយផង បានអប់រំចិត្តផង តើដូចម្តេច។ នែអគ្គិវេស្សនៈ សុខវេទនា តែងកើតឡើង ដល់បុគ្គលជាអរិយសាវ័ក ជាអ្នកចេះដឹង ក្នុងលោកនេះ បុគ្គលជាអរិយសាវ័កនោះ លុះសុខវេទនាពាល់ត្រូវហើយ ក៏មិនមានតម្រេកខ្លាំង ក្នុងសេចក្តីសុខ មិនដល់នូវតម្រេកខ្លាំង ដោយសេចក្តីសុខឡើយ សុខវេទនានោះ របស់អរិយសាវ័កនោះ រលត់ទៅ ទុក្ខវេទនាក៏កើតឡើង ព្រោះរលត់ទៅ នៃសុខវេទនា អរិយសាវ័កនោះ លុះទុក្ខវេទនាពាល់ត្រូវហើយ ក៏មិនសោកសៅ មិនលំបាក មិនខ្សឹកខ្សួល មិនគក់ទ្រូងកន្ទក់កន្ទេញ មិនដល់នូវសេចក្តីវង្វេងឡើយ នែអគ្គិវេស្សនៈ សុខវេទនានេះ របស់អរិយសាវ័កនោះ ដែលកើតឡើងហើយ មិនគ្របសង្កត់ចិត្ត ព្រោះបានអប់រំកាយផង ទុក្ខវេទនា ដែលកើតឡើងហើយ មិនគ្របសង្កត់ចិត្ត ព្រោះបានអប់រំចិត្តផង យ៉ាងនេះឯង នែអគ្គិវេស្សនៈ សុខវេទនា របស់បុគ្គលណាមួយ ដែលកើតឡើងហើយ ដោយចំណែកទាំងពីរ មិនបានគ្របសង្កត់ចិត្ត ព្រោះបានអប់រំកាយផង ទុក្ខវេទនា ដែលកើតឡើងហើយ ក៏មិនបានគ្របសង្កត់ចិត្ត ព្រោះបានអប់រំចិត្តផង នែអគ្គិវេស្សនៈ បុគ្គលដែលបានអប់រំកាយផង បានអប់រំចិត្តផង យ៉ាងនេះឯង។ សច្ចកនិគន្ថបុត្រ ក្រាបទូលថា ខ្ញុំព្រះអង្គ ជ្រះថ្លាចំពោះព្រះគោតមដ៏ចំរើន យ៉ាងនេះ ព្រោះថា ព្រះគោតមដ៏ចំរើន បានអប់រំកាយផង បានអប់រំចិត្តផង។
[៥០] នែអគ្គិវេស្សនៈ វាចាដែលអ្នកពោលហើយនេះ ជាវាចា ត នូវគុណ បង្អោនទៅរកគុណ ពិតណាស់ហើយ ប៉ុន្តែតថាគតនឹងដោះស្រាយប្រាប់អ្នក នែអគ្គិវេស្សនៈ កាលដែលតថាគតកោរសក់ និងពុកមាត់ពុកចង្កា ហើយស្លៀកដណ្តប់សំពត់កាសាយៈទាំងឡាយ ចេញចាកផ្ទះ ហើយចូលមកកាន់ផ្នួស សុខវេទនា ដែលកើតឡើងហើយ នឹងគ្របសង្កត់ចិត្ត របស់តថាគតនោះក្តី ទុក្ខវេទនា ដែលកើតឡើងហើយ នឹងគ្របសង្កត់ចិត្តរបស់តថាគតនោះក្តី ហេតុនេះមិនមានឡើយ។ សច្ចកនិគន្ថបុត្រ ទូលសួរដូច្នេះថា សុខវេទនា មានសភាពយ៉ាងណា ដែលកើតឡើងហើយ គប្បីគ្របសង្កត់ចិត្ត ក្រែងសុខវេទនាមានសភាពដូច្នោះ មិនធ្លាប់កើតឡើង ដល់ព្រះគោតមដ៏ចំរើនទេដឹង ទុក្ខវេទនា មានសភាពយ៉ាងណា ដែលកើតឡើងហើយ គប្បីគ្របសង្កត់ចិត្ត ក្រែងទុក្ខវេទនា មានសភាពដូច្នោះ មិនធ្លាប់កើតឡើង ដល់ព្រះគោតមដ៏ចំរើនទេដឹង។
[៥១] នែអគ្គិវេស្សនៈ ហេតុនោះថ្វីក៏មិនមាន នែអគ្គិវេស្សនៈ ក្នុងកាលមុន អំពីការត្រាស់ដឹង តថាគតនៅជាពោធិសត្វ មិនទាន់បានត្រាស់ដឹងនៅឡើយ នៅក្នុងទីឯណោះ មានសេចក្តីត្រិះរិះដូច្នេះថា ការនៅគ្រប់គ្រងផ្ទះ ជាគ្រឿងចង្អៀតចង្អល់ ជាផ្លូវប្រកបដោយធូលី ឯបព្វជ្ជា ជាទីឱកាសទំនេរ បុគ្គលអ្នកនៅគ្របគ្រងផ្ទះ មិនងាយនឹងប្រព្រឹត្តព្រហ្មចរិយធម៌ ឲ្យបរិបូណ៌ បរិសុទ្ធដោយចំណែកមួយ ដូចស័ង្ខ ដែលបុគ្គលខាត់ហើយទេ បើដូច្នោះ មានតែអាត្មាអញ កោរសក់ និងពុកមាត់ ពុកចង្កា ហើយស្លៀកដណ្តប់សំពត់កាសាយៈទាំងឡាយ ចេញចាកផ្ទះ ចូលទៅកាន់ផ្នួស។ នែអគ្គិវេស្សនៈ សម័យជាខាងក្រោយ កាលដែលតថាគតនៅជាកំឡោះ មានសក់ខ្មៅស្រិល ប្រកបដោយវ័យដ៏ចំរើន គឺបឋមវ័យ កាលដែលមាតា និងបិតាទាំងឡាយ មិនត្រូវការឲ្យចេញទៅបួស មានព្រះភក្ត្រទទឹកដោយព្រះអស្សុ ទ្រង់ព្រះកន្សែង ក៏នៅតែកោរសក់ និងពុកមាត់ ពុកចង្កា ស្លៀកដណ្តប់សំពត់កាសាយៈទាំងឡាយ ចេញចាកផ្ទះ ចូលមកកាន់ផ្នួស។ លុះតថាគត បួសរួចហើយ ក៏ស្វែងរកកឹកុសល ស្វែងរកសន្តិវរបទ គឺព្រះនិព្វាន ជាគ្រឿងរម្ងាប់បង់ នូវភ្លើងទុក្ខ ភ្លើងកិលេសដ៏ប្រសើរ ហើយចូលទៅរក អាឡារតាបស កាលាមគោត្រ លុះចូលទៅដល់ហើយ បាននិយាយ ដូច្នេះ នឹងអាឡារតាបស កាលាមគោត្រថា ម្នាលអាវុសោកាលាមៈ ខ្ញុំប្រាថ្នានឹងប្រព្រឹត្តព្រហ្មចរិយធម៌ ក្នុងធម្មវិន័យនេះ។ ម្នាលអគ្គិវេស្សនៈ កាលតថាគតបាននិយាយយ៉ាងនេះហើយ ទើបអាឡារតាបស ពោលដូច្នេះវិញ នឹងតថាគតថា អ្នកមានអាយុចូរនៅចុះ នេះធម៌ដែលប្រាកដដូចជាអ្នកត្រូវការនោះ ជាធម៌ដែលវិញ្ញូបុរសធ្វើឲ្យជាក់ច្បាស់ ដោយប្រាជ្ញាដ៏ឧត្តម ដោយខ្លួនឯង នូវលទ្ធិនៃអាចារ្យជារបស់ខ្លួន ហើយសម្រេចសម្រាន្តនៅ ដោយកាលមិនយូរប៉ុន្មាន។ ម្នាលអគ្គិវេស្សនៈ តថាគតនោះ ក៏រៀនធម៌នោះចាំមួយរំពេច មិនយឺតយូរឡើយ។ ម្នាលអគ្គិវេស្សនៈ តថាគតនោះ ពោលនូវញាណវាទៈ [គឺពាក្យថា អញដឹងច្បាស់។]ផង ដឹងច្បាស់នូវថេរវាទ [ពាក្យមាំមួន។]ផង ដោយហេតុគ្រាន់តែបើកបបូរមាត់ ទាំងគ្រាន់តែចរចា នូវពាក្យទៅមកប៉ុណ្ណោះឯង មួយទៀត តថាគត ប្តេជ្ញាថាឃើញ មិនមែនតែតថាគតប៉ុណ្ណោះឡើយ សូម្បីពួកជនដទៃ គង់និយាយយ៉ាងនេះដែរ។ នែអគ្គិវេស្សនៈ តថាគត គិតដូច្នេះថា អាឡារកាលាមតាបស មិនបានប្រកាសថា អាត្មាអញ ធ្វើឲ្យជាក់ច្បាស់ ដោយប្រាជ្ញាដ៏ឧត្តម ដោយខ្លួនឯង នូវធម៌នេះ ដោយត្រឹមតែសទ្ធាប៉ុណ្ណោះ ហើយសម្រេចសម្រាន្តនៅ ដូច្នេះឡើយ តាមពិត អាឡារកាលាមតាបស គ្រាន់តែជាអ្នកយល់ឃើញ នូវធម៌នេះប៉ុណ្ណោះទេឬ។ ម្នាលអគ្គិវេស្សនៈ លំដាប់នោះឯង តថាគត បានចូលទៅរកអាឡារកាលាមតាបស លុះចូលទៅដល់ហើយ បានពោលពាក្យដូច្នេះ នឹងអាឡារកាលាមតាបសថា អាវុសោកាលាមៈ លោកបានធ្វើឲ្យជាក់ច្បាស់ បានសម្រេចដោយបញ្ញាដ៏ឧត្តម ដោយខ្លួនឯង ចំពោះធម៌នេះ ហើយអាចសំដែង ដល់ត្រឹមណា។ នែអគ្គិវេស្សនៈ លុះតថាគតបានពោលយ៉ាងនេះហើយ អាឡារកាលាមតាបស ក៏សំដែងនូវអាកិញ្ចញ្ញាយតនៈ។ នែអគ្គិវេស្សនៈ តថាគត គិតដូច្នេះថា អាឡារកាលាមតាបស មិនមានសទ្ធាទេ អាត្មាអញ ទើបមានសទ្ធា អាឡារកាលាមតាបស មិនមានវីរិយៈទេ អាត្មាអញ ទើបមានវីរិយៈ អាឡារកាលាមតាបស មិនមានសតិទេ អាត្មាអញ ទើបមានសតិ អាឡារកាលាមតាបស មិនមានសមាធិទេ អាត្មាអញ ទើបមានសមាធិ អាឡារកាលាមតាបស មិនមានបញ្ញាទេ អាត្មាអញ ទើបមានបញ្ញា បើដូច្នោះ អាឡារកាលាមតាបសប្រកាសថា អាត្មាអញ បានត្រាស់ដឹងដោយបញ្ញាដ៏ឧត្តម ដោយខ្លួនឯង នូវធម៌ណា ហើយសម្រេចសម្រាន្តនៅ ដោយឥរិយាបថទាំង៤ តថាគត គប្បីតំកល់ព្យាយាម ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវធម៌នោះ។ នែអគ្គិវេស្សនៈ តថាគតនោះ បានធ្វើឲ្យជាក់ច្បាស់ ដោយបញ្ញាដ៏ឧត្តម ដោយខ្លួនឯង នូវធម៌នោះមួយរំពេច មិនយឺតយូរឡើយ ហើយសម្រេចសម្រាន្តនៅ ដោយឥរិយាបថទាំង៤។ នែអគ្គិវេស្សនៈ លំដាប់នោះឯង តថាគត បានចូលទៅរកអាឡារកាលាមតាបស លុះចូលទៅដល់ហើយ បាននិយាយពាក្យនេះ នឹងអាឡារកាលាមតាបសថា អាវុសោកាលាមៈ លោកបានធ្វើឲ្យជាក់ច្បាស់ បានសម្រេចដោយបញ្ញាដ៏ឧត្តម ដោយខ្លួនឯង នូវធម៌នេះ ហើយអាចប្រកាស ដោយហេតុមានប្រមាណប៉ុណ្ណេះទេឬ។ អាឡារកាលាមតាបស តបថា នែអ្នកមានអាយុ យើងបានធ្វើឲ្យជាក់ច្បាស់ បានសម្រេចដោយបញ្ញាដ៏ឧត្តម ដោយខ្លួនឯង នូវធម៌នេះ ហើយអាចប្រកាសបាន ដោយហេតុមានប្រមាណប៉ុណ្ណេះឯង។ តថាគតពោលថា ម្នាលអ្នកមានអាយុ យើងបានធ្វើឲ្យជាក់ច្បាស់ ដោយបញ្ញាដ៏ឧត្តម ដោយខ្លួនឯង នូវធម៌នេះ ហើយសម្រេចសម្រាន្តនៅ ដោយឥរិយាបថទាំង៤ ដោយហេតុមានប្រមាណប៉ុណ្ណេះដែរ។ អាឡារកាលាមតាបស តបថា នែអ្នកមានអាយុ យើងពេញហៅថា ជាមនុស្សមានលាភ នែអ្នកមានអាយុ អត្តភាពជាមនុស្ស ពេញហៅថា យើងបានដោយល្អ ព្រោះថា យើងបានឃើញនូវព្រហ្មចារីបុគ្គល មានអាយុ ប្រាកដដូចជាអ្នក យើងបានធ្វើឲ្យជាក់ច្បាស់ បានសម្រេចដោយបញ្ញាដ៏ឧត្តម ដោយខ្លួនឯង នូវធម៌ណា ហើយអាចប្រកាសបាន លោកក៏បានធ្វើឲ្យជាក់ច្បាស់ ដោយបញ្ញាដ៏ឧត្តម ដោយខ្លួនឯង នូវធម៌នោះ ហើយសម្រេចសម្រាន្តនៅ ដោយឥរិយាបថទាំង៤ លោកបានធ្វើឲ្យជាក់ច្បាស់ ដោយបញ្ញាដ៏ឧត្តម ដោយខ្លួនឯង នូវធម៌ណា ហើយសម្រេចសម្រាន្តនៅ ដោយឥរិយាបថទាំង៤ យើងក៏បានធ្វើឲ្យជាក់ច្បាស់ បានសម្រេច ដោយបញ្ញាដ៏ឧត្តម ដោយខ្លួនឯង នូវធម៌នោះ ហើយអាចប្រកាសបាន យើងដឹងនូវធម៌ណា លោកក៏ដឹងនូវធម៌នោះដែរ លោកដឹងនូវធម៌ណា យើងក៏ដឹងនូវធម៌នោះដែរ យើងជាមនុស្សយ៉ាងណា លោកក៏ជាមនុស្សយ៉ាងនោះដែរ លោកជាមនុស្សយ៉ាងណា យើងក៏ជាមនុស្សយ៉ាងនោះដែរ នែអ្នកមានអាយុ អ្នកចូរមកក្នុងកាលឥឡូវនេះ យើងទាំងពីររូប នៅរក្សាគណៈនេះ។ នែអគ្គិវេស្សនៈ អាឡារកាលាមតាបស ជាអាចារ្យរបស់តថាគត តែគាត់តាំងតថាគត ដែលជាសិស្ស ឲ្យត្រឹមស្មើនឹងខ្លួនគាត់ ទាំងបូជាតថាគត ដោយការបូជាដ៏ក្រៃលែង ដោយហេតុយ៉ាងនេះឯង។ នែអគ្គិវេស្សនៈ តថាគត ក៏មានសេចក្តីត្រិះរិះដូច្នេះថា ធម៌នេះមិនប្រព្រឹត្តទៅ ដើម្បីនឿយណាយ មិនប្រព្រឹត្តទៅ ដើម្បីប្រាសចាកតម្រេក មិនប្រព្រឹត្តទៅ ដើម្បីរំលត់នូវរាគាទិកិលេស មិនប្រព្រឹត្តទៅ ដើម្បីស្ងប់រម្ងាប់ មិនប្រព្រឹត្តទៅ ដើម្បីដឹងច្បាស់ មិនប្រព្រឹត្តទៅ ដើម្បីត្រាស់ដឹង មិនប្រព្រឹត្តទៅ ដើម្បីព្រះនិព្វានទេ ប្រព្រឹត្តទៅបាន ត្រឹមតែកើតក្នុងអាកិញ្ចញ្ញាយតនភព [គ្រាន់តែនាំឲ្យទៅកើតក្នុង អាកិញ្ចញ្ញាយតនព្រហ្ម មានអាយុ៦០ពាន់កប្បប៉ុណ្ណោះ មិនប្រព្រឹត្តទៅដល់ទីខ្ពស់ គឺអរហត្តផលបានឡើយ ហើយនៅមិនទាន់រួចចាក ជរា និងមរណទេ នៅជាប់ក្នុងអន្ទាក់របស់មច្ចុមារនៅឡើយ។ អដ្ឋកថា បាសរាសិសូត្រ។] ប៉ុណ្ណោះឯង។ នែអគ្គិវេស្សនៈ តថាគតនោះ មិនពេញចិត្តនឹងធម៌នោះ ហើយនឿយណាយ ចាកធម៌នោះ ក៏ដើរចៀសចេញទៅ។
[៥២] នែអគ្គិវេស្សនៈ តថាគត ស្វែងរកកឹកុសល ស្វែងរកសន្តិវរបទ គឺព្រះនិព្វាន ជាគ្រឿងរម្ងាប់បង់ នូវភ្លើងទុក្ខ ភ្លើងកិលេសដ៏ប្រសើរ ហើយចូលទៅរកឧទ្ទករាមបុត្រតាបស លុះចូលទៅដល់ហើយ បាននិយាយពាក្យនេះ នឹងឧទ្ទករាមបុត្តថា អាវុសោរាមៈ យើងប្រាថ្នាដើម្បីប្រព្រឹត្តនូវព្រហ្មចរិយធម៌ ក្នុងធម្មវិន័យនេះ។ នែអគ្គិវេស្សនៈ កាលបើតថាគត ពោលយ៉ាងនេះហើយ ឧទ្ទករាមបុត្ត ក៏និយាយពាក្យនេះ នឹងតថាគតថា អ្នកដ៏មានអាយុ ចូរនៅចុះ នេះធម៌ដែលប្រាកដដូចជាអ្នកត្រូវការនោះ ជាធម៌ដែលវិញ្ញូបុរស ធ្វើឲ្យជាក់ច្បាស់ ដោយបញ្ញាដ៏ឧត្តម ដោយខ្លួនឯង នូវលទ្ធិនៃអាចារ្យជារបស់ខ្លួន ហើយសម្រេចសម្រាន្តនៅ ដោយមិនយូរប៉ុន្មាន។ នែអគ្គិវេស្សនៈ តថាគត ក៏បានរៀនធម៌នោះចាំមួយរំពេច មិនយឺតយូរឡើយ។ នែអគ្គិវេស្សនៈ តថាគតនោះ ពោលនូវញាណវាទៈផង ដឹងនូវថេរវាទផង ដោយហេតុគ្រាន់តែបើកបបូរមាត់ ទាំងគ្រាន់តែចរចា នូវពាក្យទៅមកប៉ុណ្ណោះឯង មួយវិញទៀត តថាគត ប្តេជ្ញាថាឃើញ មិនមែនតែតថាគតប៉ុណ្ណោះឡើយ សូម្បីពួកជនដទៃ គង់និយាយយ៉ាងនេះដែរ។ ម្នាលអគ្គិវេស្សនៈ តថាគត មានសេចក្តីត្រិះរិះដូច្នេះថា រាមបុត្ត មិនបានប្រកាសថា អាត្មាអញ ធ្វើឲ្យជាក់ច្បាស់ ដោយបញ្ញាដ៏ឧត្តម ដោយខ្លួនឯង នូវធម៌នេះ ដោយត្រឹមតែសទ្ធាប៉ុណ្ណោះ ហើយសម្រេចសម្រាន្តនៅ ដូច្នេះឡើយ តាមពិត រាមបុត្ត គ្រាន់តែជាអ្នកយល់ឃើញ នូវធម៌នេះប៉ុណ្ណោះទេឬ។ នែអគ្គិវេស្សនៈ លំដាប់នោះឯង តថាគត ក៏ចូលទៅរកឧទ្ទករាមបុត្ត លុះចូលទៅដល់ហើយ ក៏ពោលពាក្យនេះ នឹងឧទ្ទករាមបុត្តថា អាវុសោរាមៈ លោកបានធ្វើឲ្យជាក់ច្បាស់ បានសម្រេចដោយបញ្ញាដ៏ឧត្តម ដោយខ្លួនឯង នូវធម៌នេះ ហើយអាចប្រកាសបាន ដោយហេតុមានប៉ុន្មានទៅ។ នែអគ្គិវេស្សនៈ លុះតថាគត ពោលយ៉ាងនេះហើយ ឧទ្ទករាមបុត្ត ក៏ប្រការនូវនេវសញ្ញានាសញ្ញាយតនជ្ឈាន។ នែអគ្គិវេស្សនៈ តថាគតនោះ មានសេចក្តីត្រិះរិះ ដូច្នេះថា រាមបុត្ត មិនមានសទ្ធាទេ ឯអាត្មាអញ ទើបមានសទ្ធា រាមបុត្ត មិនមានវីរិយៈទេ អាត្មាអញ ទើបមានវីរិយៈ រាមបុត្ត មិនមានសតិទេ អាត្មាអញ ទើបមានសតិ រាមបុត្ត មិនមានសមាធិទេ អាត្មាអញ ទើបមានសមាធិ រាមបុត្ត មិនមានបញ្ញាទេ អាត្មាអញ ទើបមានបញ្ញា បើដូច្នោះ រាមបុត្តប្រកាសនូវធម៌ណា អាត្មាអញ បានធ្វើឲ្យជាក់ច្បាស់ ដោយបញ្ញាដ៏ឧត្តម ដោយខ្លួនឯង ហើយសម្រេចសម្រាន្តនៅ ដោយឥរិយាបថទាំង៤ អាត្មាអញ គប្បីតាំងព្យាយាម ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវធម៌នោះ។ នែអគ្គិវេស្សនៈ តថាគតនោះ ក៏បានធ្វើឲ្យជាក់ច្បាស់ ដោយបញ្ញាដ៏ឧត្តម ដោយខ្លួនឯង នូវធម៌នោះមួយរំពេច មិនយឺតយូរឡើយ ហើយសម្រេចសម្រាន្តនៅ ដោយឥរិយាបថទាំង៤។ នែអគ្គិវេស្សនៈ លំដាប់នោះឯង តថាគត ក៏ចូលទៅរកឧទ្ទករាមបុត្ត លុះចូលទៅដល់ហើយ ក៏ពោលពាក្យនេះ នឹងឧទ្ទករាមបុត្តថា អាវុសោរាមៈ លោកបានធ្វើឲ្យជាក់ច្បាស់ បានសម្រេចដោយបញ្ញាដ៏ឧត្តម ដោយខ្លួនឯង នូវធម៌នេះ ហើយអាចប្រកាស ដោយហេតុមានប៉ុន្មានទៅ។ ឧទ្ទករាមបុត្ត តបថា នែអ្នកមានអាយុ យើងបានធ្វើឲ្យជាក់ច្បាស់ បានសម្រេចដោយបញ្ញាដ៏ឧត្តម ដោយខ្លួនឯង នូវធម៌នេះ ហើយអាចប្រកាសបាន ដោយហេតុមានប្រមាណប៉ុណ្ណេះឯង។ តថាគតពោលថា នែអ្នកមានអាយុ យើងបានធ្វើឲ្យជាក់ច្បាស់ ដោយបញ្ញាដ៏ឧត្តម ដោយខ្លួនឯង នូវធម៌នេះ ហើយសម្រេចសម្រាន្តនៅ ដោយឥរិយាបថទាំង៤ ដោយហេតុមានប្រមាណប៉ុណ្ណេះដែរ។ ឧទ្ទករាមបុត្ត និយាយថា ម្នាលអ្នកមានអាយុ យើងពេញហៅថា ជាមនុស្សមានលាភ នែអ្នកមានអាយុ អត្តភាពជាមនុស្ស ឈ្មោះថា យើងបានដោយល្អ ព្រោះថា យើងបានឃើញនូវព្រហ្មចារីបុគ្គល មានអាយុ ប្រាកដដូចជាអ្នក រាមបុត្ត បានធ្វើឲ្យជាក់ច្បាស់ បានសម្រេចដោយបញ្ញាដ៏ឧត្តម ដោយខ្លួនឯង នូវធម៌ណា ហើយអាចប្រកាសបាន អ្នកក៏បានធ្វើឲ្យជាក់ច្បាស់ ដោយបញ្ញាដ៏ឧត្តម ដោយខ្លួនឯង នូវធម៌នោះ ហើយសម្រេចសម្រាន្តនៅ ដោយឥរិយាបថទាំង៤ អ្នកបានធ្វើឲ្យជាក់ច្បាស់ ដោយបញ្ញាដ៏ឧត្តម ដោយខ្លួនឯង នូវធម៌ណា ហើយសម្រេចសម្រាន្តនៅ ដោយឥរិយាបថទាំង៤ រាមបុត្តក៏បានធ្វើឲ្យជាក់ច្បាស់ បានសម្រេច ដោយបញ្ញាដ៏ឧត្តម ដោយខ្លួនឯង នូវធម៌នោះ ហើយអាចប្រកាសបាន រាមបុត្តបានដឹងនូវធម៌ណា អ្នកក៏ដឹងនូវធម៌នោះដែរ អ្នកបានដឹងនូវធម៌ណា រាមបុត្តក៏ដឹងនូវធម៌នោះដែរ រាមបុត្តជាមនុស្សយ៉ាងណា អ្នកក៏ជាមនុស្សយ៉ាងនោះដែរ អ្នកជាមនុស្សយ៉ាងណា រាមបុត្តក៏ជាមនុស្សយ៉ាងនោះដែរ នែអ្នកមានអាយុ ឥឡូវនេះ អ្នកចូរមក យើងទាំងពីរនាក់ នឹងនៅរក្សាគណៈនេះ។ នែអគ្គិវេស្សនៈ ឧទ្ទករាមបុត្ត ជាសព្រហ្មចារីបុគ្គល របស់តថាគត តាំងតថាគត ក្នុងនាទីជាអាចារ្យ ទាំងបូជាតថាគត ដោយគ្រឿងបូជាដ៏ក្រៃលែង ដោយប្រការដូច្នោះឯង។ ម្នាលអគ្គិវេស្សនៈ តថាគតនោះ មានសេចក្តីត្រិះរិះដូច្នេះថា ធម៌នេះមិនប្រព្រឹត្តទៅ ដើម្បីសេចក្តីនឿយណាយ ចាករាគាទិក្កិលេស មិនប្រព្រឹត្តទៅ ដើម្បីប្រាសចាកតម្រេក មិនប្រព្រឹត្តទៅ ដើម្បីរំលត់នូវកងទុក្ខ មិនប្រព្រឹត្តទៅ ដើម្បីសេចក្តីស្ងប់រម្ងាប់ មិនប្រព្រឹត្តទៅ ដើម្បីដឹងច្បាស់ មិនប្រព្រឹត្តទៅ ដើម្បីត្រាស់ដឹង មិនប្រព្រឹត្តទៅ ដើម្បីព្រះនិព្វានទេ ប្រព្រឹត្តទៅបាន ត្រឹមតែកើតក្នុងនេវសញ្ញានាសញ្ញាយតនភពប៉ុណ្ណោះឯង។ ម្នាលអគ្គិវេស្សនៈ តថាគតនោះ មិនពេញចិត្តនឹងធម៌នោះ ក៏នឿយណាយ ចាកធម៌នោះ ហើយចៀសចេញទៅ។
[៥៣] នែអគ្គិវេស្សនៈ កាលដែលតថាគត ស្វែងរកកឹកុសល ស្វែងរកសន្តិវរបទ គឺព្រះនិព្វាន ជាគ្រឿងរម្ងាប់បង់ នូវភ្លើងទុក្ខ ភ្លើងកិលេសដ៏ប្រសើរ ហើយក៏ត្រាច់ទៅតាមចារិក តាមលំដាប់ ក្នុងដែនមគធៈ បានដល់សេនានិគម ក្នុងឧរុវេលាប្រទេស។ តថាគត បានឃើញនូវភូមិភាគ គួរជាទីសប្បាយ ក្នុងសេនានិគមនោះផង នូវដងព្រៃ ជាទីជ្រះថ្លាផង នូវស្ទឹង ដែលមានទឹកហូរ មានទឹកថ្លា មានកំពង់ដ៏ល្អ ជាទីសប្បាយផង នូវស្រុកជាទីគោចរជិតល្មមផង។ នែអគ្គិវេស្សនៈ តថាគតនោះ មានសេចក្តីត្រិះរិះដូច្នេះថា ឱហ្ន៎ ភូមិភាគ គួរជាទីសប្បាយផង ដងព្រៃ ជាទីជ្រះថ្លាផង ស្ទឹងមានទឹកថ្លា មានកំពង់ដ៏ល្អ ជាទីសប្បាយ តែងហូរទៅផង ស្រុកជាទីគោចរ ក៏ជិតល្មមផង។ កន្លែងនេះ ជាកន្លែងគួរដើម្បីប្រព្រឹត្តព្យាយាម នៃកុលបុត្ត ជាអ្នកមានព្យាយាម។ នែអគ្គិយវេស្សនៈ តថាគតនោះ ក៏អង្គុយនៅក្នុងទីនោះ ដោយគិតថា ទីនេះ គួរដើម្បីការប្រព្រឹត្តព្យាយាម។
[៥៤] នែអគ្គិវេស្សនៈ សេចក្តីឧបមាទាំង៣ មិនជាអស្ចារ្យណាស់ណា តថាគត មិនធ្លាប់បានឮមកក្នុងកាលមុនទេ ស្រាប់តែប្រាកដ ដល់តថាគត។ នែអគ្គិវេស្សនៈ ដូចជាកំណាត់ឈើស្រស់ នៅមានជ័រ ដែលត្រាំនៅក្នុងទឹក។ លំដាប់នោះ មានបុរសម្នាក់ កាន់យកឈើពំនួតភ្លើងខាងលើ (កូនពំនួត) ដើរមកដោយគិតថា អាត្មាអញ នឹងពួតភ្លើងឲ្យកើតឡើង អាត្មាអញ នឹងធ្វើភ្លើងឲ្យឆេះឡើង។ ម្នាលអគ្គិវេស្សនៈ អ្នកសំគាល់ហេតុនោះ ដូចម្តេច បុរសនោះ កាន់យកឈើពំនួតភ្លើងខាងលើ មកពួតនឹងឈើស្រស់នៅមានជ័រ ដែលត្រាំនៅក្នុងទឹកឯណោះ ហើយគប្បីធ្វើភ្លើងឲ្យកើតឡើង គប្បីធ្វើភ្លើងឲ្យឆេះឡើង បានដែរឬ។ បពិត្រព្រះគោតមដ៏ចំរើន អំពើនេះ មិនបានទេ សេចក្តីនោះ ព្រោះហេតុអ្វី បពិត្រព្រះគោតមដ៏ចំរើន ព្រោះថា កំណាត់ឈើស្រស់ឯណោះ នៅមានជ័រ ថែមទាំងកំណាត់ឈើនោះ ត្រាំនៅក្នុងទឹកទៅទៀត បុរសនោះ បានតែត្រឹមចំណែកនៃសេចក្តីលំបាក សេចក្តីចង្អៀតចង្អល់ ឥតប្រយោជន៍ មានឧបមាដូចម្តេចមិញ នែអគ្គិវេស្សនៈ ពួកជនណានីមួយ ទោះបីជាសមណៈក្តី ព្រាហ្មណ៍ក្តី មានកាយមិនបានចៀសចេញ ចាកវត្ថុកាមទាំងឡាយ សមណព្រាហ្មណ៍ទាំងនោះ មិនបានលះបង់ មិនបានរម្ងាប់ នូវសេចក្តីប្រាថ្នា ក្នុងកិលេសកាម សេចក្តីស្រឡាញ់ក្នុងកិលេសកាម សេចក្តីជ្រុលជ្រប់ ក្នុងកិលេសកាម សេចក្តីស្រេកឃ្លាន ក្នុងកិលេសកាម សេចក្តីក្តៅក្រហាយ ក្នុងកិលេសកាម ឰដ៏ខាងក្នុងផង។ បើទុកជាសមណព្រាហ្មណ៍ដ៏ចំរើនទាំងនោះ ទទួលនូវទុក្ខវេទនា ក្លៀវក្លា រឹងរូស ក្រហល់ក្រហាយ ដែលកើតអំពីព្យាយាម ក៏គង់សមណព្រាហ្មណ៍ទាំងនោះ មិនគួរ ដើម្បីដឹង ដើម្បីឃើញ ដើម្បីត្រាស់ដឹងយ៉ាងប្រសើរឡើយ។ បើទុកជាសមណព្រាហ្មណ៍ទាំងនោះ មិនបានទទួលទុក្ខវេទនា ក្លៀវក្លា រឹងរូស ក្រហល់ក្រហាយ ដែលកើតអំពីព្យាយាម ក៏គង់សមណព្រាហ្មណ៍ទាំងនោះ មិនគួរដើម្បីដឹង ដើម្បីឃើញ ដើម្បីត្រាស់ដឹងយ៉ាងប្រសើរដែរ មានឧបមេយ្យ ដូច្នោះឯង។ ម្នាលអគ្គិវេស្សនៈ សេចក្តីឧបមាជាដំបូងនេះឯង មិនជាអស្ចារ្យណាស់ណា តថាគត មិនធ្លាប់បានឮមក ក្នុងកាលមុនទេ ក៏ស្រាប់តែប្រាកដ ដល់តថាគត។
[៥៥] នែអគ្គិវេស្សនៈ សេចក្តីឧបមាជាគំរប់ពីរដទៃទៀត មិនជាទីអស្ចារ្យណាស់ណា ដែលតថាគត មិនធ្លាប់បានឮមក ក្នុងកាលមុនទេ ក៏ស្រាប់តែប្រាកដ ដល់តថាគត។ ម្នាលអគ្គិវេស្សនៈ កំណាត់ឈើស្រស់ នៅមានជ័រ ដែលដាក់នៅលើគោក ឆ្ងាយអំពីទឹក។ លំដាប់នោះ មានបុរសម្នាក់ កាន់យកឈើពំនួតភ្លើងខាងលើ ដើរមក ដោយគិតថា អាត្មាអញ នឹងធ្វើភ្លើងឲ្យកើតឡើង នឹងធ្វើភ្លើងឲ្យឆេះឡើង។ នែអគ្គិវេស្សនៈ អ្នកសំគាល់ហេតុនោះ ដូចម្តេច បុរសនោះ កាន់នូវឈើពំនួតភ្លើងខាងលើ មកពួតនឹងកំណាត់ឈើស្រស់ នៅមានជ័រ ដែលដាក់នៅលើគោ ឆ្ងាយអំពីទឹកឯណោះ ហើយគប្បីធ្វើភ្លើងឲ្យកើតឡើង គប្បីធ្វើភ្លើងឲ្យឆេះឡើង បានដែរឬ។ បពិត្រព្រះគោតមដ៏ចំរើន អំពើនេះ មិនបានទេ ព្រោះហេតុអ្វី បពិត្រព្រះគោតមដ៏ចំរើន ព្រោះថា កំណាត់ឈើស្រស់ឯណោះ ពិតជាដាក់នៅលើគោក ឆ្ងាយអំពីទឹកមែន តែថា នៅមានជ័រ ឯបុរសនោះ គ្រាន់តែជាអ្នកមានចំណែកនៃសេចក្តីលំបាក និងសេចក្តីចង្អៀតចង្អល់ប៉ុណ្ណេះឯង មានឧបមាដូចម្តេចមិញ នែអគ្គិវេស្សនៈ ជនទាំងឡាយណានីមួយ ទោះជាសមណៈក្តី ព្រាហ្មណ៍ក្តី មានកាយចៀសចេញ ចាកវត្ថុកាមទាំងឡាយពិតមែនហើយ តែថាសមណព្រាហ្មណ៍ទាំងនោះ មិនបានលះបង់ មិនបានរម្ងាប់ នូវសេចក្តីប្រាថ្នា ក្នុងកិលេសកាម សេចក្តីស្រឡាញ់ក្នុងកិលេសកាម សេចក្តីជ្រុលជ្រប់ ក្នុងកិលេសកាម សេចក្តីស្រេកឃ្លាន ក្នុងកិលេសកាម សេចក្តីក្តៅក្រហាយ ក្នុងកិលេសកាម ឰដ៏ខាងក្នុង។ បើទុកជាសមណព្រាហ្មណ៍ ដ៏ចំរើនទាំងនោះ សោយនូវទុក្ខវេទនាក្លៀវក្លា រឹងរូស ក្រហល់ក្រហាយ ដែលកើតអំពីព្យាយាម ក៏គង់សមណព្រាហ្មណ៍ទាំងនោះ មិនគួរដើម្បីដឹង ដើម្បីឃើញ ដើម្បីត្រាស់ដឹងយ៉ាងប្រសើរឡើយ។ បើទុកជាសមណព្រាហ្មណ៍ ដ៏ចំរើនទាំងនោះ មិនបានសោយនូវទុក្ខវេទនាក្លៀវក្លា រឹងរូស ក្រហល់ក្រហាយ ដែលកើតអំពីព្យាយាមទេ ក៏គង់សមណព្រាហ្មណ៍ទាំងនោះ មិនគួរដើម្បីដឹង ដើម្បីឃើញ ដើម្បីត្រាស់ដឹងយ៉ាងប្រសើរដែរ មានឧបមេយ្យ ដូច្នោះឯង នែអគ្គិវេស្សនៈ សេចក្តីឧបមាទី២នេះឯង មិនជាអស្ចារ្យណាស់ណា តថាគត មិនធ្លាប់បានឮមក ក្នុងកាលមុន ក៏ស្រាប់តែប្រាកដ ដល់តថាគត។
[៥៦] នែអគ្គិវេស្សនៈ សេចក្តីឧបមាទី៣ដទៃទៀត មិនជាទីអស្ចារ្យណាស់ណា ដែលតថាគត មិនធ្លាប់ឮមក ក្នុងកាលមុន ក៏ស្រាប់តែប្រាកដ ដល់តថាគត។ នែអគ្គិវេស្សនៈ កំណាត់ឈើស្ងួត ជាឈើសស់ ដែលដាក់នៅលើគោក ឆ្ងាយអំពីទឹក។ លំដាប់នោះ មានបុរសម្នាក់ កាន់នូវឈើពំនួតភ្លើងខាងលើ ដើរមក ដោយគិតថា អាត្មាអញ នឹងធ្វើភ្លើងឲ្យកើតឡើង អាត្មាអញ នឹងធ្វើភ្លើងឲ្យឆេះឡើង។ នែអគ្គិវេស្សនៈ អ្នកសំគាល់នូវហេតុនោះ ដូចម្តេច បុរសនោះ កាន់នូវឈើពំនួតភ្លើងខាងលើ មកពួតនឹងកំណាត់ឈើស្ងួត ជាឈើសស់ ដែលដាក់នៅលើគោក ឆ្ងាយអំពីទឹកឯណោះ ហើយគប្បីធ្វើភ្លើងឲ្យកើតឡើង គប្បីធ្វើភ្លើងឲ្យឆេះឡើង បានឬទេ។ បពិត្រព្រះគោតមដ៏ចំរើន គប្បីធ្វើភ្លើងឲ្យឆេះឡើងបាន ព្រោះហេតុអ្វី បពិត្រព្រះគោតមដ៏ចំរើន ព្រោះថា កំណាត់ឈើស្ងួតឯណោះ ជាឈើសស់ស្រាប់ ហើយថែមទាំងកំណាត់ឈើនោះ នៅលើគោក ឆ្ងាយអំពីទឹកទៅទៀត មានឧបមាដូចម្តេចមិញ នែអគ្គិវេស្សនៈ ពួកជនណានីមួយ ទោះបីជាសមណៈក្តី ព្រាហ្មណ៍ក្តី មានកាយចៀសចេញ ចាកវត្ថុកាមទាំងឡាយផង សមណព្រាហ្មណ៍ទាំងនោះ បានលះបង់ បានរម្ងាប់សេចក្តីប្រាថ្នា ក្នុងកិលេសកាម សេចក្តីស្រឡាញ់ ក្នុងកិលេសកាម សេចក្តីជ្រុលជ្រប់ ក្នុងកិលេសកាម សេចក្តីស្រេកឃ្លាន ក្នុងកិលេសកាម សេចក្តីក្តៅក្រហាយ ក្នុងកិលេសកាម ឰដ៏ខាងក្នុងផង។ បើទុកជាសមណព្រាហ្មណ៍ ដ៏ចំរើនទាំងនោះ ទទួលទុក្ខវេទនាក្លៀវក្លា រឹងរូស ក្រហល់ក្រហាយ ដែលកើតអំពីព្យាយាម ក៏គង់សមណព្រាហ្មណ៍ទាំងនោះ គួរដើម្បីដឹង ដើម្បីឃើញ ដើម្បីត្រាស់ដឹងយ៉ាងប្រសើរបាន។ បើទុកជាសមណព្រាហ្មណ៍ ដ៏ចំរើនទាំងនោះ មិនទទួលទុក្ខវេទនាក្លៀវក្លា រឹងរូស ក្រហល់ក្រហាយ ដែលកើតអំពីព្យាយាមទេ ក៏គង់សមណព្រាហ្មណ៍ទាំងនោះ គួរដើម្បីដឹង ដើម្បីឃើញ ដើម្បីត្រាស់ដឹងយ៉ាងប្រសើរបានដែរ មានឧបមេយ្យ យ៉ាងនោះឯង នែអគ្គិវេស្សនៈ សេចក្តីឧបមាទី៣នេះឯង មិនជាអស្ចារ្យណាស់ណា ដែលតថាគត មិនធ្លាប់បានឮមក ក្នុងកាលមុន ក៏ស្រាប់តែប្រាកដ ដល់តថាគត។ នែអគ្គិវេស្សនៈ សេចក្តីឧបមាទាំង៣នេះឯង មិនជាអស្ចារ្យណាស់ណា ដែលតថាគត មិនធ្លាប់បានឮមក ក្នុងកាលមុនទេ ក៏ស្រាប់តែប្រាកដ ដល់តថាគត។
[៥៧] នែអគ្គិវេស្សនៈ តថាគតនោះ មានសេចក្តីត្រិះរិះដូច្នេះថា បើដូច្នោះ មានតែអាត្មាអញ ខាំសង្កត់ធ្មេញ ដោយធ្មេញទាំងឡាយ ទល់ពិតាន (ក្រអូមមាត់) ដោយអណ្តាត សង្កត់គាបផ្ទប់ នូវចិត្តដោយចិត្ត។ នែអគ្គិវេស្សនៈ តថាគតនោះ ក៏ខាំសង្កត់ធ្មេញ ដោយធ្មេញទាំងឡាយ ទល់ពិតាន ដោយអណ្តាត សង្កត់គាបផ្ទប់ នូវចិត្តដោយចិត្ត នែអគ្គិវេស្សនៈ កាលដែលតថាគតនោះ ខាំសង្កត់ធ្មេញ ដោយធ្មេញទាំងឡាយ ទល់ពិតាន ដោយអណ្តាត សង្កត់គាបផ្ទប់ នូវចិត្តដោយចិត្ត ញើសក៏ហូរចេញអំពីក្លៀកទាំងសងខាង។ នែអគ្គិវេស្សនៈ ដូចបុរសដែលមានកំឡាំង ចាប់បុរសដែលមានកំឡាំងថយជាងខ្លួន ត្រង់ក្បាលផង ចាប់ត្រង់កផង គប្បីសង្កត់គាបផ្ទប់ មានឧបមាយ៉ាងណាមិញ នែអគ្គិវេស្សនៈ កាលដែលតថាគតខាំសង្កត់ធ្មេញ ដោយធ្មេញទាំងឡាយ ទល់ពិតាន ដោយអណ្តាត សង្កត់គាបផ្ទប់ នូវចិត្តដោយចិត្ត ញើសក៏ហូរចេញអំពីក្លៀកទាំងសងខាង មានឧបមេយ្យយ៉ាងនោះឯង។ នែអគ្គិវេស្សនៈ សេចក្តីព្យាយាមរបស់តថាគត តឹងតែងណាស់ មិនធូរថយ សតិក៏តំកល់ខ្ជាប់ មិនមានវង្វេងភ្លេច តែចំណែកខាងកាយរបស់តថាគត ដែលត្រូវព្យាយាមចាក់ដោត ទៅជាកាយក្រវល់ក្រវាយ មិនបានស្ងប់រម្ងាប់ ដោយសារសេចក្តីព្យាយាម ដ៏លំបាកនោះឯង។ នែអគ្គិវេស្សនៈ ទុកណាជាទុក្ខវេទនា មានសភាពដូច្នោះ កើតឡើងដល់តថាគត ក៏មិនគ្របសង្កត់នូវចិត្តរបស់តថាគតបានឡើយ។
[៥៨] នែអគ្គិវេស្សនៈ តថាគតនោះ មានសេចក្តីត្រិះរិះដូច្នេះថា បើដូច្នោះ មានតែអាត្មាអញពិចារណា នូវអប្បាណកជ្ឈាន គឺឈានដែលគ្មានដង្ហើមចេញចូល។ នែអគ្គិវេស្សនៈ តថាគត ក៏បិទខ្យល់ដង្ហើមចេញ និងខ្យល់ដង្ហើមចូល អំពីមាត់ផង អំពីច្រមុះផង។ នែអគ្គិវេស្សនៈ លុះតថាគត បិទខ្យល់ដង្ហើមចេញ និងខ្យល់ដង្ហើមចូលអំពីមាត់ផង អំពីច្រមុះផង សំឡេងរបស់ខ្យល់ ដែលចេញមកអំពីរន្ធត្រចៀកទាំងសងខាង ក៏ឮខ្លាំងក្រៃពេក។ សំឡេងស្នប់របស់ជាងមាស ដែលកំពុងសប់ លាន់ឮខ្លាំង យ៉ាងណាមិញ ម្នាលអគ្គិវេស្សនៈ លុះតថាគតបិទខ្យល់ដង្ហើមចេញ និងខ្យល់ដង្ហើមចូល អំពីមាត់ផង អំពីច្រមុះផង សំឡេងរបស់ខ្យល់ ដែលចេញអំពីរន្ធត្រចៀក ទាំងសងខាង ក៏លាន់ឮខ្លាំង យ៉ាងនោះឯង។ នែអគ្គិវេស្សនៈ សេចក្តីព្យាយាមរបស់តថាគត តឹងតែងណាស់ មិនបន្ធូរបន្ថយ ទាំងសតិក៏តំកល់ខ្ជាប់ មិនបានវង្វេងភ្លេច តែចំណែកខាងកាយរបស់តថាគត ដែលត្រូវព្យាយាមចាក់ដោតហើយ ទៅជាកាយក្រវល់ក្រវាយ មិនបានស្ងប់រម្ងាប់ ដោយសារសេចក្តីព្យាយាមដ៏លំបាកនោះឯង។ នែអគ្គិវេស្សនៈ ទុកណាជាទុក្ខវេទនា មានសភាពដូច្នោះ កើតឡើងដល់តថាគត ក៏មិនគ្របសង្កត់ចិត្តរបស់តថាគតបានឡើយ។
[៥៩] នែអគ្គិវេស្សនៈ តថាគតនោះ មានសេចក្តីត្រិះរិះយ៉ាងនេះថា បើដូច្នោះ មានតែអាត្មាអញ ពិចារណា នូវអប្បាណកជ្ឈាន។ នែអគ្គិវេស្សនៈ តថាគត ក៏បិទខ្យល់ដង្ហើមចេញ និងខ្យល់ដង្ហើមចូល អំពីមាត់ផង អំពីច្រមុះផង អំពីត្រចៀកផង។ នែអគ្គិវេស្សនៈ លុះតថាគត បិទខ្យល់ដង្ហើមចេញ និងខ្យល់ដង្ហើមចូល អំពីមាត់ផង អំពីច្រមុះផង អំពីត្រចៀកផងហើយ ខ្យល់ដ៏ខ្លាំងក្រៃលែង ក៏ចាក់ដោតនូវក្បាល។ នែអគ្គិវេស្សនៈ បុរសមានកំឡាំង ចាក់ឆ្កៀលនូវក្បាល ដោយចុងដែកស្រួចដ៏មុត យ៉ាងណាមិញ នែអគ្គិវេស្សនៈ លុះតថាគត បិទខ្យល់ដង្ហើមចេញ និងខ្យល់ដង្ហើមចូល អំពីមាត់ផង អំពីច្រមុះផង អំពីត្រចៀកផងហើយ ខ្យល់ដ៏ខ្លាំងក្រៃលែង ក៏ចាក់ដោតនូវក្បាល យ៉ាងនោះឯង។ នែអគ្គិវេស្សនៈ សេចក្តីព្យាយាមរបស់តថាគត តឹងតែងណាស់ មិនធូរថយឡើយ សតិក៏តំកល់ខ្ជាប់ មិនបានវង្វេងភ្លេចឡើយ តែចំណែកខាងកាយរបស់តថាគត ដែលត្រូវព្យាយាមចាក់ដោត ទៅជាកាយក្រវល់ក្រវាយ មិនបានស្ងប់រម្ងាប់ ដោយសារសេចក្តីព្យាយាម ដ៏លំបាកនោះឯង។ នែអគ្គិវេស្សនៈ ទុកណាជាទុក្ខវេទនា មានសភាពដូច្នោះ កើតឡើងដល់តថាគត ក៏មិនគ្របសង្កត់នូវចិត្ត របស់តថាគតបានឡើយ។
[៦០] នែអគ្គិវេស្សនៈ តថាគតនោះ មានសេចក្តីត្រិះរិះយ៉ាងនេះថា បើដូច្នោះ មានតែអាត្មាអញ ពិចារណា នូវអប្បាណកជ្ឈានតែម្យ៉ាង។ នែអគ្គិវេស្សនៈ តថាគត ក៏បិទខ្យល់ដង្ហើមចេញ និងខ្យល់ដង្ហើមចូល អំពីមាត់ផង អំពីច្រមុះផង អំពីត្រចៀកផង។ នែអគ្គិវេស្សនៈ លុះតថាគត បិទខ្យល់ដង្ហើមចេញ និងខ្យល់ដង្ហើមចូលអំពីមាត់ផង អំពីច្រមុះផង អំពីត្រចៀកផងហើយ សីសវេទនា [ជម្ងឺក្បាលដ៏មានកំឡាំង កើតអំពីកងខ្យល់ ដែលមិនបានចេញមកអំពីទ្វារណាមួយសោះនោះឯង។ អដ្ឋកថា។] ដ៏ខ្លាំងក្រៃលែង ក៏កើតប្រាកដក្នុងក្បាល។ នែអគ្គិវេស្សនៈ បុរសមានកំឡាំង រុំក្បាលដោយកំណាត់ព្រ័ត្រដ៏មាំ យ៉ាងណាមិញ នែអគ្គិវេស្សនៈ លុះតថាគត បិទខ្យល់ដង្ហើមចេញ និងខ្យល់ដង្ហើមចូល អំពីមាត់ផង អំពីច្រមុះផង អំពីត្រចៀកផងហើយ សីសវេទនាដ៏ខ្លាំងក្រៃលែង ក៏កើតប្រាកដក្នុងក្បាល ក៏យ៉ាងនោះឯង។ នែអគ្គិវេស្សនៈ សេចក្តីព្យាយាម របស់តថាគត តឹងតែងណាស់ មិនធូរថយឡើយ ទាំងសតិក៏តំកល់ខ្ជាប់ មិនបានវង្វេងភ្លេច តែចំណែកខាងកាយរបស់តថាគត ដែលត្រូវព្យាយាមចាក់ដោត ទៅជាកាយក្រវល់ក្រវាយ មិនបានស្ងប់រម្ងាប់ ដោយសារសេចក្តីព្យាយាម ដ៏លំបាកនោះឯង។ នែអគ្គិវេស្សនៈ ទុកណាជាទុក្ខវេទនា មានសភាពដូច្នោះ កើតឡើងដល់តថាគត ក៏គ្របសង្កត់ចិត្តរបស់តថាគតមិនបានឡើយ។
[៦១] នែអគ្គិវេស្សនៈ តថាគតនោះ មានសេចក្តីត្រិះរិះយ៉ាងនេះថា បើដូច្នោះ គួរតែអាត្មាអញ ពិចារណា នូវអប្បាណកជ្ឈាន។ នែអគ្គិវេស្សនៈ តថាគតនោះ ក៏បិទខ្យល់ដង្ហើមចេញ និងខ្យល់ដង្ហើមចូល អំពីមាត់ផង អំពីច្រមុះផង អំពីត្រចៀកផង។ នែអគ្គិវេស្សនៈ លុះតថាគតនោះ បិទខ្យល់ដង្ហើមចេញ និងខ្យល់ដង្ហើមចូលអំពីមាត់ផង អំពីច្រមុះផង អំពីត្រចៀកផងហើយ ខ្យល់ដ៏ខ្លាំងក្រៃលែង ក៏សៀតឆ្មួលផ្ទៃ។ នែអគ្គិវេស្សនៈ បុរសអ្នកសម្លាប់គោ ឬកូនសិស្សនៃបុរសអ្នកសម្លាប់គោ ដ៏ឈ្លាសវៃ គប្បីអារនូវផ្ទៃ ដោយកាំបិតសម្រាប់អារគោដ៏មុត យ៉ាងណាមិញ នែអគ្គិវេស្សនៈ លុះតថាគត បិទខ្យល់ដង្ហើមចេញ និងខ្យល់ដង្ហើមចូល អំពីមាត់ផង អំពីច្រមុះផង អំពីត្រចៀកផងហើយ ខ្យល់ដ៏ខ្លាំងក្រៃលែង ក៏សៀតឆ្មួលនូវផ្ទៃ យ៉ាងនោះឯង។ នែអគ្គិវេស្សនៈ សេចក្តីព្យាយាម របស់តថាគត តឹងតែងណាស់ មិនធូរថយឡើយ ទាំងសតិក៏តំកល់ខ្ជាប់ មិនបានវង្វេងភ្លេច តែចំណែកខាងកាយ របស់តថាគត ដែលត្រូវព្យាយាមចាក់ដោត ទៅជាកាយក្រវល់ក្រវាយ មិនបានស្ងប់រម្ងាប់ ដោយសារសេចក្តីព្យាយាម ដ៏លំបាកនោះឯង។ នែអគ្គិវេស្សនៈ ទុកណាជាទុក្ខវេទនា មានសភាពដូច្នោះ កើតឡើងដល់តថាគត ក៏មិនបានគ្របសង្កត់នូវចិត្ត របស់តថាគតបានឡើយ។
[៦២] នែអគ្គិវេស្សនៈ តថាគតនោះ មានសេចក្តីត្រិះរិះយ៉ាងនេះថា បើដូច្នោះ គួតែអាត្មាអញ ពិចារណា នូវអប្បាណកជ្ឈាន។ ម្នាលអគ្គិវេស្សនៈ តថាគតនោះឯង ក៏បិទខ្យល់ដង្ហើមចេញ និងខ្យល់ដង្ហើមចូល អំពីមាត់ផង អំពីច្រមុះផង អំពីត្រចៀកផង។ ម្នាលអគ្គិវេស្សនៈ លុះតថាគតនោះ បិទខ្យល់ដង្ហើមចេញ និងខ្យល់ដង្ហើមចូលអំពីមាត់ផង អំពីច្រមុះផង អំពីត្រចៀកផងហើយ សេចក្តីក្តៅក្រហាយ ដ៏ខ្លាំងក្រៃលែង ក៏កើតឡើងក្នុងកាយ។ ម្នាលអគ្គិវេស្សនៈ បុរសមានកំឡាំងពីរនាក់ ចាប់នូវបុរសមានកំឡាំងថយជាងខ្លួន ត្រង់ដៃទាំងសងខាង ឆ្អើរកំដៅលើរណ្តៅរងើកភ្លើង យ៉ាងណាមិញ ម្នាលអគ្គិវេស្សនៈ លុះតថាគត បិទខ្យល់ដង្ហើមចេញ និងខ្យល់ដង្ហើមចូល អំពីមាត់ផង អំពីច្រមុះផង អំពីត្រចៀកផងហើយ សេចក្តីក្តៅក្រហាយដ៏ខ្លាំងក្រៃលែង ក៏កើតឡើងក្នុងកាយ យ៉ាងនោះឯង។ ម្នាលអគ្គិវេស្សនៈ សេចក្តីព្យាយាម របស់តថាគត តឹងតែងណាស់ មិនធូរថយឡើយ ទាំងសតិក៏តំកល់ខ្ជាប់ខ្ជួន មិនបានវង្វេងភ្លេច តែចំណែកខាងកាយរបស់តថាគត ដែលត្រូវព្យាយាមចាក់ដោត ទៅជាកាយក្រវល់ក្រវាយ មិនបានស្ងប់រម្ងាប់ ដោយសារសេចក្តីព្យាយាម ដ៏លំបាកនោះឯង។ ម្នាលអគ្គិវេស្សនៈ ទុកណាជាទុក្ខវេទនា មានសភាពដូច្នោះ កើតឡើងដល់តថាគត ក៏មិនបានគ្របសង្កត់នូវចិត្ត របស់តថាគតឡើយ។ ម្នាលអគ្គិវេស្សនៈ មានពួកទេវតាបានឃើញតថាគត ដូច្នោះហើយ និយាយយ៉ាងនេះថា ព្រះសមណគោតមធ្វើមរណកាលហើយ។ ទេវតាពួកខ្លះ និយាយយ៉ាងនេះថា ព្រះសមណគោតម មិនទាន់ធ្វើមរណកាលនៅឡើយទេ តែគង់នឹងធ្វើមរណកាលពុំខាន។ ទេវតាពួកខ្លះ និយាយយ៉ាងនេះថា ព្រះសមណគោតម មិនបានធ្វើមរណកាលទៅហើយទេ ទាំងនឹងមិនធ្វើមរណកាលឡើយ ព្រះសមណគោតម ជាអរហន្ត ទ្រង់គង់ព្រះជន្មាយុដោយពិត ការគង់ព្រះជន្មាយុ របស់ព្រះអរហន្តនោះ មានសភាពយ៉ាងនេះ។
[៦៣] ម្នាលអគ្គិវេស្សនៈ តថាគតនោះ មានសេចក្តីត្រិះរិះដូច្នេះថា បើដូច្នោះ គួរតែអាត្មាអញ ប្រតិបត្តិ ដើម្បីផ្តាច់បងនូវអាហារ ដោយប្រការទាំងពួង។ ម្នាលអគ្គិវេស្សនៈ លំដាប់នោះឯង ពួកទេវតា ចូលទៅរកតថាគត ហើយនិយាយដូច្នេះថា បពិត្រព្រះអង្គអ្នកនិទ៌ុក្ខ ព្រះអង្គកុំប្រតិបត្តិ ដើម្បីផ្តាច់បង់នូវអាហារ ដោយប្រការទាំងពួងឡើយ បពិត្រព្រះអង្គអ្នកនិទ៌ុក្ខ បើព្រះអង្គនឹងប្រតិបត្តិ ដើម្បីផ្តាច់បង់នូវអាហារ ដោយប្រការទាំងពួងតទៅ យើងទាំងឡាយ នឹងញុំាងឱជាទិព្វ ឲ្យជ្រួតជ្រាបទៅតាមរណ្តៅរោមទាំងឡាយ របស់ព្រះអង្គ ៗនឹងរស់នៅដោយឱជាទិព្វនោះបាន។ ម្នាលអគ្គិវេស្សនៈ តថាគតនោះ មានសេចក្តីត្រិះរិះយ៉ាងនេះថា បើអាត្មាអញ នឹងប្តេជ្ញាថាខ្លួនជាអ្នកគ្មានភោជន ដោយប្រការទាំងពួងផង ទេវតាទាំងឡាយនេះ នឹងញុំាងឱជាទិព្វ ឲ្យជ្រួតជ្រាប ចូលទៅតាមរណ្តៅរោមទាំងឡាយ របស់អាត្មាអញផង អាត្មាអញ នឹងរស់នៅដោយឱជាទិព្វនោះផង អំពើនោះ ជាអំពើកុហករបស់អាត្មាអញ។ ម្នាលអគ្គិវេស្សនៈ តថាគតនោះឯង ក៏និយាយឃាត់ទេវតាទាំងនោះវិញ តថាគតប្រាប់ថា កុំឡើយ ដូច្នេះ។
[៦៤] ម្នាលអគ្គិវេស្សនៈ តថាគតនោះ មានសេចក្តីត្រិះរិះដូច្នេះថា បើដូច្នោះ មានតែអាត្មាអញ បរិភោគនូវអាហារបន្តិចៗ ទោះបីគ្រាប់សណ្តែកបាយក្តី គ្រាប់ពពាយជ្រុងក្តី គ្រាប់សណ្តែកកង់ក្តី គ្រាប់សណ្តែកទ្រើងក្តី ត្រឹមតែមួយទូកដៃៗ។ ម្នាលអគ្គិវេស្សនៈ តថាគត ក៏បានបរិភោគ នូវអាហារបន្តិចៗ ទោះបីគ្រាប់សណ្តែកបាយក្តី គ្រាប់ពពាយជ្រុងក្តី គ្រាប់សណ្តែកកង់ក្តី គ្រាប់សណ្តែកទ្រើងក្តី ត្រឹមតែមួយទូកដៃៗ។ ម្នាលអគ្គិវេស្សនៈ កាលដែលតថាគតនោះ បរិភោគអាហារបន្តិចៗ ទោះបីគ្រាប់សណ្តែកបាយក្តី គ្រាប់ពពាយជ្រុងក្តី គ្រាប់សណ្តែកកង់ក្តី គ្រាប់សណ្តែកទ្រើងក្តី ត្រឹមតែមួយទូកដៃៗ កាយរបស់តថាគត ក៏ដល់នូវអាការស្គាំងស្គម ក្រៃលែង។ អវយវៈតូចធំ របស់តថាគត ដូចជាថ្នាំងនៃវល្លិ៍ ឈ្មោះ អសីតិកៈ ឬដូចជាថ្នាំងនៃវល្លិ៍ប្រេង ព្រោះមានអាហារតិចនោះឯង។ គគូថរបស់តថាគត ដូចជាស្នាមជើង នៃសត្វឱដ្ឋ ព្រោះមានអាហារតិចនោះឯង។ ឆ្អឹងខ្នងរបស់តថាគត រដិបរដុប ដូចជាបំពង់ឈើ ដែលវល្លិ៍ព័ទ្ធវេញ ព្រោះមានអាហារតិចនោះឯង។ របៀបនៃឆ្អឹងជំនីរទាំងឡាយ របស់តថាគត ក៏រគីមរគាម ដូចជាបង្កង់ នៃសាលាចាស់ ដ៏រគីមរគាម ព្រោះមានអាហារតិចនោះឯង។ ប្រស្រីភ្នែកក្នុងរណ្តៅភ្នែក របស់តថាគត ក៏ជ្រៅខូងចុះទៅ ដូចក្រពេញទឹក ក្នុងអណ្តូងទឹកជ្រៅ ដ៏ជ្រៅខូងចុះទៅ ព្រោះមានអាហារតិចនោះឯង។ ស្បែកក្បាល ឰដ៏ក្បាលរបស់តថាគត ដែលអាហារតិចនោះ ពាល់ត្រូវហើយ ក៏ស្វិតជ្រីវ ដូចជាផ្លែននោងព្រៃ ដែលគេកាត់អំពីខ្ចី លុះខ្យល់ និងកំដៅថ្ងៃ ពាល់ត្រូវហើយ ក៏ស្វិតជ្រីវ ដូច្នោះឯង។ ម្នាលអគ្គិវេស្សនៈ តថាគតនោះឯង គិតថា អាត្មាអញ នឹងស្ទាបស្បែកពោះ ក៏ចាប់ត្រូវលើឆ្អឹងខ្នងវិញ គិតថា អាត្មាអញ នឹងស្ទាបឆ្អឹងខ្នង ក៏ចាប់ត្រូវលើស្បែកពោះទៅវិញ ម្នាលអគ្គិវេស្សនៈ ព្រោះថា ស្បែកពោះ របស់តថាគត ជាប់នឹងឆ្អឹងខ្នង ព្រោះមានអាហារតិចនោះឯង។ ម្នាលអគ្គិវេស្សនៈ តថាគតនោះឯង គិតថា អាត្មាអញ នឹងបន្ទោបង់នូវវច្ចៈ ឬទឹកមូត្រ ក៏ដួលផ្កាប់ក្នុងទីនោះ ព្រោះមានអាហារតិចនោះឯង។ ម្នាលអគ្គិវេស្សនៈ តថាគតនោះឯង ធ្វើកាយនេះឲ្យស្រួលបួល ដុសខ្លួនប្រាណដោយដៃ ម្នាលអគ្គិវេស្សនៈ កាលបើតថាគតនោះ ដុសខ្លួនប្រាណដោយដៃ រោមទាំងឡាយ មានគល់ស្អុយ ក៏ធ្លាក់ចុះអំពីកាយ ព្រោះមានអាហារតិចនោះឯង។ ម្នាលអគ្គិវេស្សនៈ មនុស្សទាំងឡាយ បានឃើញតថាគត ហើយពោលពាក្យយ៉ាងនេះថា ព្រះសមណគោតម មានសម្បុរខ្មៅ។ មនុស្សពួកខ្លះ និយាយយ៉ាងនេះថា ព្រះសមណគោតម មិនខ្មៅទេ ព្រះសមណគោតម សម្បុរសណ្តែកបាយ។ មនុស្សពួកខ្លះ និយាយយ៉ាងនេះថា ព្រះសមណគោតម មិនមែនសម្បុរខ្មៅ មិនមែនសម្បុរសណ្តែកបាយទេ ព្រះសមណគោតម មានសម្បុរស្បែកប្រផែះ។ ម្នាលអគ្គិវេស្សនៈ សម្បុរស្បែក របស់តថាគត បរិសុទ្ធ ផូរផង់ដល់ម្ល៉ោះ ក៏ត្រឡប់ជាអាប់អន់ ព្រោះមានអាហារតិចនោះឯង។
[៦៥] ម្នាលអគ្គិវេស្សនៈ តថាគតនោះ មានសេចក្តីត្រិះរិះ ដូច្នេះថា ជនទាំងឡាយណានីមួយ ទោះសមណៈក្តី ព្រាហ្មណ៍ក្តី ក្នុងអតីតកាល បានសោយនូវទុក្ខវេទនា ដ៏ក្លៀវក្លា រឹងរូស ផ្សាខ្លោច ដែលកើតអំពីព្យាយាម មានកំណត់តែត្រឹមប៉ុណ្ណេះ មិនលើសលុបជាងនេះទៅទៀតទេ។ ជនទាំងឡាយណានីមួយ ទោះសមណៈក្តី ព្រាហ្មណ៍ក្តី ក្នុងអនាគតកាល នឹងរងនូវទុក្ខវេទនា ដ៏ក្លៀវក្លា រឹងរូស ផ្សាខ្លោច ដែលកើតអំពីព្យាយាម មានកំណត់តែត្រឹមប៉ុណ្ណេះ មិនលើសលុបជាងនេះទៅទៀតទេ។ ជនទាំងឡាយណានីមួយ ទោះសមណៈក្តី ព្រាហ្មណ៍ក្តី ក្នុងកាលឥឡូវនេះ តែងរងទុក្ខវេទនា ដ៏ក្លៀវក្លា រឹងរូស ផ្សាខ្លោច ដែលកើតអំពីព្យាយាម មានកំណត់តែត្រឹមប៉ុណ្ណេះ មិនមានលើសលុបជាងនេះ ទៅទៀតទេ។ ចំណែកខាងអាត្មាអញ មិនទាន់បានត្រាស់ដឹង នូវគុណវិសេស គឺញាណទស្សនៈ ដ៏ឧត្តម ដែលអាចកំចាត់បង់នូវកិលេស ដ៏ក្រៃលែងជាងមនុស្សធម៌ ដោយ ទុក្ករកិរិយា ដ៏ផ្សាខ្លោចនេះ នៅឡើយ។ ផ្លូវដទៃប្រព្រឹត្តទៅ ដើម្បីត្រាស់ដឹង គប្បីមានដែរឬហ្ន៎ះ។ ម្នាលអគ្គិវេស្សនៈ តថាគតនោះ មានសេចក្តីត្រិះរិះដូច្នេះថា កាលដែលអាត្មាអញ អង្គុយនៅក្រោមម្លប់ នៃដើមព្រីងដ៏ត្រជាក់ ក្នុងកិច្ចការ របស់សក្យរាជ ជាបិតា ក៏ធ្លាប់បានស្ងាត់ចាកកាមទាំងឡាយ ស្ងាត់ចាកអកុសលធម៌ទាំងឡាយ បានដល់នូវបឋមជ្ឈាន ដែលប្រកបដោយវិតក្កៈ និងវិចារៈ មានបីតិ និងសុខ ដែលកើតអំពីសេចក្តីស្ងាត់នោះ ហើយសម្រេចសម្រាន្តនៅ ឱហ្ន៎ នុ៎ះឯង ជាផ្លូវនៃការត្រាស់ដឹងហើយទេដឹង។ ម្នាលអគ្គិវេស្សនៈ វិញ្ញាណ ជាគ្រឿងរលឹកតាមនូវស្មារតី ក៏កើតឡើង ដល់តថាគតនោះថា ផ្លូវនុ៎ះឯងហើយ ជាផ្លូវនៃការត្រាស់ដឹង។ ម្នាលអគ្គិវេស្សនៈ តថាគតនោះ មានសេចក្តីត្រិះរិះ ដូច្នេះថា សេចក្តីសុខណា ក្រៅចាកកាមទាំងឡាយ ក្រៅចាកអកុសលធម៌ទាំងឡាយ អាត្មាអញ ខ្លាចសេចក្តីសុខនោះ ឬហ្ន៎។ ម្នាលអគ្គិវេស្សនៈ តថាគតនោះ មានសេចក្តីត្រិះរិះ ដូច្នេះថា សេចក្តីសុខណា ក្រៅចាកកាមទាំងឡាយ ក្រៅចាកអកុសលធម៌ទាំងឡាយ អាត្មាអញ មិនខ្លាចសេចក្តីសុខនោះទេ។
[៦៦] ម្នាលអគ្គិវេស្សនៈ តថាគតនោះ មានសេចក្តីត្រិះរិះ ដូច្នេះថា បុគ្គលមានកាយ ដល់នូវអាការស្គាំងស្គង ក្រៃលែងយ៉ាងនេះ មិនងាយបាននូវសេចក្តីសុខនោះទេ បើដូច្នោះ គួរតែអាត្មាអញ បរិភោគនូវអាហារ ដ៏គ្រោតគ្រាត គឺបាយនិងនំវិញ។ ម្នាលអគ្គិវេស្សនៈ តថាគតនោះឯង ក៏បរិភោគនូវអាហារដ៏គ្រោតគ្រាត គឺបាយ និងនំ។ ម្នាលអគ្គិវេស្សនៈ សម័យនោះឯង ភិក្ខុទាំង៥រូប តាមមកបំរើតថាគត ដោយគិតថា ព្រះសមណគោតមរបស់យើង នឹងបានត្រាស់ដឹងនូវធម៌ណា លោកនឹងប្រាប់ នូវធម៌នោះ ដល់យើងទាំងឡាយ។ ម្នាលអគ្គិវេស្សនៈ ព្រោះហេតុតែតថាគតបរិភោគ នូវអាហារដ៏គ្រោតគ្រាត គឺបាយ និងនំ ក្នុងកាលណា ភិក្ខុទាំង៥រូបនោះ លះបង់ រត់ចោលតថាគត ក្នុងកាលនោះ ដោយគិតថា ព្រះសមណគោតម ប្រកបដោយល្មោភច្រើន ដោះចោលព្យាយាម ត្រឡប់ទៅដើម្បីសេចក្តីល្មោភច្រើន។
[៦៧] ម្នាលអគ្គិវេស្សនៈ លុះតថាគតនោះឯង បរិភោគនូវអាហារ ដ៏គ្រោតគ្រាតហើយ ក៏មានកំឡាំង បានស្ងាត់ចាកកាមទាំងឡាយ ស្ងាត់ចាកអកុសលធម៌ទាំងឡាយ បានដល់នូវបឋមជ្ឈាន ដែលប្រកបដោយ វិតក្កៈ និងវិចារៈ មានបីតិ និងសុខៈ ដែលកើតអំពីសេចក្តីស្ងាត់នោះ ក៏សម្រេចសម្រាន្តនៅ ដោយឥរិយាបថទាំង៤។ ម្នាលអគ្គិវេស្សនៈ ទុកណាជា សុខវេទនា មានសភាពដូច្នេះ កើតឡើងដល់តថាគត ក៏មិនគ្របសង្កត់ចិត្តរបស់តថាគតបានឡើយ។ លុះតថាគត រម្ងាប់វិតក្កៈ និងវិចារៈហើយ ក៏បានដល់នូវទុតិយជ្ឈាន ជាធម្មជាតកើតមាន ក្នុងសន្តាននៃខ្លួន ប្រកបដោយសេចក្តីជ្រះថ្លា គឺសទ្ធា ជាសភាព នៃចិត្តដ៏ខ្ពស់ឯង ឥតមានវិតក្កៈ និងវិចារៈ មានតែបីតិ និងសុខៈ ដែលកើតអំពីសមាធិ គឺបឋមជ្ឈាន… ក៏បានដល់នូវតតិយជ្ឈាន… បានដល់នូវចតុត្ថជ្ឈាន ក៏សម្រេចសម្រាន្តនៅ ដោយឥរិយាបថទាំង៤។ ម្នាលអគ្គិវេស្សនៈ ទុកណាជា សុខវេទនា មានសភាពដូច្នេះ កើតឡើងដល់តថាគត ក៏មិនគ្របសង្កត់ចិត្តរបស់តថាគតបានឡើយ។ កាលដែលចិត្តរបស់តថាគតខ្ជាប់ខ្ជួន បរិសុទ្ធ ផូរផង់ មិនមានទីទួល ពោលគឺកិលេស ប្រាសចាកឧបក្កិលេស មានសភាពជាចិត្តទន់ គួរដល់ភាវនាកម្ម ជាចិត្តនឹងធឹង មិនញាប់ញ័រ ទៅតាមអារម្មណ៍ (ដោយអំណាចឈានទាំង៤) ដោយប្រការដូច្នេះហើយ តថាគតបង្អោនចិត្តទៅ ដើម្បីបុព្វេនិវាសានុស្សតិញ្ញាណ។ តថាគតនោះ រលឹកឃើញនូវបុព្វេនិវាសច្រើនប្រការ គឺរលឹកឃើញ ជាតិ១ខ្លះ ជាតិ២ខ្លះ។បេ។ រលឹកឃើញ នូវបុព្វេនិវាសច្រើនប្រការ ព្រមទាំងអាការ គឺរូប និងអាហារជាដើម ព្រមទាំងឧទ្ទេស គឺឈ្មោះ និងគោត្រកូលជាដើម ដោយប្រការដូច្នេះ។ ម្នាលអគ្គិវេស្សនៈ វិជ្ជាទី១នេះឯង តថាគតបានហើយ ក្នុងបឋមយាម នៃរាត្រី អវិជ្ជាខ្ចាត់បាត់ទៅហើយ វិជ្ជាក៏កើតឡើង សេចក្តីងងឹត ខ្ចាត់បាត់ទៅហើយ ពន្លឺក៏កើតឡើង ដល់តថាគត ដូចបុគ្គល ដែលមិនប្រមាទ មានព្យាយាម ញុំាងកិលេសឲ្យក្តៅ មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន ដែលបាននូវវិជ្ជាទី១នោះដែរ។ ម្នាលអគ្គិវេស្សនៈ ទុកណាជាសុខវេទនា មានសភាពដូច្នេះ កើតឡើងដល់តថាគត ក៏មិនគ្របសង្កត់ នូវចិត្តរបស់តថាគតបានឡើយ។
[៦៨] កាលបើចិត្តរបស់តថាគតខ្ជាប់ខ្ជួន បរិសុទ្ធ ផូរផង់ មិនមានទីទួល ពោលគឺកិលេស ប្រាសចាកកិលេស មានសភាពជាចិត្តទន់ គួរដល់ភាវនាកម្ម ជាចិត្តនឹងធឹង មិនញាប់ញ័រ ទៅតាមអារម្មណ៍ ដោយប្រការដូច្នេះហើយ តថាគត ក៏បង្អោនចិត្តទៅ ដើម្បីសត្តចុតូបបាតញ្ញាណ។ តថាគតនោះ មានចក្ខុដូចជាទិព្វ ដ៏ស្អាត កន្លងហួសចក្ខុ របស់មនុស្សធម្មតា ក៏បានឃើញនូវពួកសត្វ ដែលច្យុត ដែលកើតឡើង ជាសត្វថោកទាបខ្លះ ខ្ពង់ខ្ពស់ខ្លះ មានរូបល្អខ្លះ រូបអាក្រក់ខ្លះ មានគតិល្អខ្លះ គតិអាក្រក់ខ្លះ មួយវិញទៀត តថាគត ដឹងច្បាស់នូវពួកសត្វ ដែលប្រព្រឹត្តទៅតាមកម្ម។បេ។ ម្នាលអគ្គិវេស្សនៈ វិជ្ជាទី២នេះឯង តថាគតបានហើយ ក្នុងមជ្ឈិមយាម នៃរាត្រី អវិជ្ជាខ្ចាត់បាត់ទៅហើយ វិជ្ជាក៏កើតឡើង សេចក្តីងងឹត ខ្ចាត់បាត់ទៅហើយ ពន្លឺក៏កើតឡើង ដល់តថាគត ដូចបុគ្គលដែលមិនប្រមាទ មានព្យាយាម ញុំាងកិលេសឲ្យក្តៅ មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន ដែលបាននូវវិជ្ជាទី២ ដូច្នោះដែរ។ ម្នាលអគ្គិវេស្សនៈ ទុកណាជា សុខវេទនា មានសភាពដូច្នេះ កើតឡើងដល់តថាគត ក៏មិនគ្របសង្កត់ នូវចិត្តរបស់តថាគតបានឡើយ។
[៦៩] កាលបើចិត្តរបស់តថាគតខ្ជាប់ខ្ជួន បរិសុទ្ធ ផូរផង់ មិនមានទីទួល ពោលគឺកិលេស ប្រាសចាកកិលេស មានសភាពជាចិត្តទន់ គួរដល់ភាវនាកម្ម ជាចិត្តនឹងធឹង មិនញាប់ញ័រ ទៅតាមអារម្មណ៍ យ៉ាងនេះហើយ តថាគត ក៏បង្អោនចិត្តទៅ ដើម្បីអាសវក្ខយញ្ញាណ។ តថាគតនោះ បានដឹងច្បាស់តាមពិតថា នេះជាទុក្ខ បានដឹងច្បាស់ តាមពិតថា នេះជាហេតុនាំឲ្យកើតទុក្ខ បានដឹងច្បាស់ តាមពិតថា នេះជាទីរលត់ទុក្ខ បានដឹងច្បាស់ តាមពិតថា នេះសេចក្តីប្រតិបត្តិ ជាដំណើរទៅកាន់ទីរលត់ទុក្ខ បានដឹងច្បាស់ តាមពិតថា នេះជាអាសវៈ បានដឹងច្បាស់ តាមពិតថា នេះជាធម៌ នាំឲ្យកើតអាសវៈ បានដឹងច្បាស់ តាមពិតថា នេះជាទីរលត់អាសវៈ បានដឹងច្បាស់ តាមពិតថា នេះសេចក្តីប្រតិបត្តិ ជាដំណើរទៅកាន់ទីរលត់អាសវៈ។ កាលបើតថាគត ដឹងយ៉ាងនេះ ឃើញយ៉ាងនេះហើយ ចិត្តរបស់តថាគត រួចចាកកាមាសវៈផង ចិត្តរបស់តថាគត រួចចាកភវាសវៈផង ចិត្តរបស់តថាគត រួចចាកអវិជ្ជាសវៈផង។បេ។ តថាគត ដឹងច្បាស់ថា មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ច នេះទៀត មិនមានឡើយ។ ម្នាលអគ្គិវេស្សនៈ វិជ្ជាទី៣នេះឯង តថាគត បានហើយក្នុងបច្ឆិមយាម នៃរាត្រី អវិជ្ជាខ្ចាត់បាត់ទៅហើយ វិជ្ជាក៏កើតឡើង សេចក្តីងងឹត ខ្ចាត់បាត់ទៅហើយ ពន្លឺក៏កើតឡើង ដល់តថាគត ដូចបុគ្គលដែលមិនប្រមាទ មានព្យាយាម ញុំាងកិលេសឲ្យក្តៅ មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន ដែលបាននូវវិជ្ជាទី៣ដូច្នោះដែរ។ ម្នាលអគ្គិវេស្សនៈ ទុកណាជា សុខវេទនា មានសភាពដូច្នេះ កើតឡើងដល់តថាគត ក៏មិនគ្របសង្កត់ នូវចិត្ត របស់តថាគតបានឡើយ។
[៧០] ម្នាលអគ្គិវេស្សនៈ តថាគត ធ្លាប់ជាអ្នកសំដែងធម៌ ដល់បរិស័ទច្រើនរយ។ ជនម្នាក់ៗ សំគាល់តថាគត យ៉ាងនេះថា ព្រះសមណគោតម សំដែងធម៌ចំពោះអញតែម្នាក់ឯង។ ម្នាលអគ្គិវេស្សនៈ ចំណែកអ្នក កុំគប្បីយល់ឃើញ យ៉ាងនេះថា ព្រះតថាគតសំដែងធម៌ ដល់ជនទាំងឡាយនោះ ដោយប្រពៃ ដើម្បីប្រយោជន៍ ឲ្យគ្រាន់តែចេះដឹងប៉ុណ្ណោះ ដូច្នេះឡើយ។ ម្នាលអគ្គិវេស្សនៈ តថាគតនោះឯង តែងនៅអស់កាលជានិច្ច ដោយផលសមាធិណា កាលបើចប់គាថានោះហើយ តថាគត ក៏តម្រង់ ទប់ទល់ តំកល់ចិត្តខាងក្នុង ធ្វើឲ្យជាចិត្តមានអារម្មណ៍តែមួយ ក្នុងសមាធិនិមិត្ត ដែលមានហើយ អំពីមុននោះឯង ដោយផលសមាធិនោះ។ សច្ចកនិគន្ថបុត្រពោលថា ពាក្យរបស់ព្រះគោតមដ៏ចំរើន ដែលជាអរហន្តសម្មាសម្ពុទ្ធនេះ ជាពាក្យគួរជឿពិតហើយ ចុះព្រះគោតមដ៏ចំរើន ធ្លាប់ផ្ទំលក់ក្នុងវេលាថ្ងៃឬទេ។ ម្នាលអគ្គិវេស្សនៈ តថាគត ត្រឡប់មកអំពីបិណ្ឌបាត ក្នុងវេលាបច្ឆាភត្ត ហើយក្រាលនូវសង្ឃាដិមានជាន់៤ ហើយធ្លាប់សិង ដោយចំហៀងខាងស្តាំ មានសតិ និងសម្បជញ្ញៈចុះស៊ប់ កាន់កិរិយាលក់ ក្នុងខែ ជាទីបំផុត នៃគិម្ហៈរដូវ។ បពិត្រព្រះគោតមដ៏ចំរើន សមណព្រាហ្មណ៍ពួកខ្លះ ពោលនូវកិរិយាដេកលក់នេះឯង ថាជាធម៌ ជាគ្រឿងនៅ ប្រកបដោយសេចក្តីវង្វេង។ ម្នាលអគ្គិវេស្សនៈ បុគ្គលវង្វេងក្តី មិនវង្វេងក្តី មិនមានដោយហេតុប៉ុណ្ណោះឡើយ ម្នាលអគ្គិវេស្សនៈ មួយយ៉ាងទៀត បុគ្គលវង្វេងក្តី មិនវង្វេងក្តី ដោយហេតុណា អ្នកចូរស្តាប់ នូវហេតុនោះចុះ ចូរយកចិត្តទុកដាក់ ឲ្យស្រួលបួលចុះ តថាគតនឹងសំដែងឲ្យស្តាប់។ សច្ចកនិគន្ថបុត្រ ក៏ទទួលស្តាប់ព្រះពុទ្ធដីកា នៃព្រះមានព្រះភាគ ដូច្នេះថា ព្រះករុណាព្រះអង្គ។
[៧១] ព្រះមានព្រះភាគ ទ្រង់សំដែងដូច្នេះថា ម្នាលអគ្គិវេស្សនៈ បុគ្គលវង្វេង តើដូចម្តេច ម្នាលអគ្គិវេស្សនៈ អាសវៈទាំងឡាយណា ជាធម៌ដ៏សៅហ្មង នាំសត្វឲ្យកើតទៀត ប្រកបដោយសេចក្តីក្រវល់ក្រវាយ មានវិបាកជាទុក្ខ ប្រកបដោយជាតិ និងជរាមរណៈតទៅ បុគ្គលណានីមួយ មិនបានលះចោលចេញហើយ តថាគត ហៅបុគ្គលនោះ ថាជាអ្នកវង្វេង ម្នាលអគ្គិវេស្សនៈ ព្រោះថា បុគ្គលដែលឈ្មោះថា វង្វេង ព្រោះហេតុតែមិនបានលះបង់ចោល នូវអាសវៈទាំងឡាយ ម្នាលអគ្គិវេស្សនៈ អាសវៈទាំងឡាយណា ជាធម៌ដ៏សៅហ្មង នាំសត្វឲ្យកើតទៀត ប្រកបដោយសេចក្តីក្រវល់ក្រវាយ មានវិបាកជាទុក្ខ ប្រកបដោយជាតិ និងជរាមរណៈតទៅ បុគ្គលណានីមួយ បានលះបង់ចេញហើយ តថាគត ហៅបុគ្គលនោះ ថាជាអ្នកមិនវង្វេង ម្នាលអគ្គិវេស្សនៈ ព្រោះថា បុគ្គលដែលឈ្មោះថា មិនវង្វេង ព្រោះបានលះបង់នូវអាសវៈទាំងឡាយចេញស្រឡះហើយ។ ម្នាលអគ្គិវេស្សនៈ អាសវៈទាំងឡាយណា ជាធម៌ដ៏សៅហ្មង នាំសត្វឲ្យកើតទៀត ប្រកបដោយសេចក្តីក្រវល់ក្រវាយ មានវិបាកជាទុក្ខ ប្រកបដោយជាតិ និងជរាមរណៈតទៅ តថាគត បានលះបង់ស្រឡះហើយ បានផ្តាច់ផ្តិលឫសគល់អស់ហើយ បានធ្វើឲ្យនៅសល់តែទីនៅ [ទីនៅក្នុងទីនេះសំដៅយកចិត្តសន្តាន គឺព្រះតថាគតធ្វើអាសវៈឲ្យអស់ទៅ នៅសល់តែចិត្តសន្តាន ប្រៀបដូចជាដើមត្នោតគេគាស់រំលើងចោលចេញ នៅសល់តែកន្លែងនោះ ហៅថា ទីនៅរបស់ដើមត្នោត។ អដ្ឋកថា។] ដូចជាទីនៅរបស់ដើមត្នោត ធ្វើមិនឲ្យចំរើនតទៅទៀត មានសភាពមិនកើតឡើងតទៅ។ ម្នាលអគ្គិវេស្សនៈ ដើមត្នោតកំបុតក មិនគួរលូតលាស់ ដុះឡើងវិញបាន យ៉ាងណាមិញ ម្នាលអគ្គិវេស្សនៈ អាសវៈទាំងឡាយណា ជាធម៌ដ៏សៅហ្មង នាំសត្វឲ្យកើតទៀត ប្រកបដោយសេចក្តីក្រវល់ក្រវាយ មានវិបាកជាទុក្ខ ប្រកបដោយជាតិ និងជរាមរណៈតទៅ តថាគត បានលះបង់ចេញស្រឡះហើយ បានផ្តាច់ផ្តិលឫសគល់អស់ហើយ បានធ្វើឲ្យនៅសល់តែទីនៅ ដូចជាទីនៅរបស់ដើមត្នោត បានធ្វើមិនឲ្យចំរើនតទៅទៀត មានសភាពមិនកើតឡើងតទៅ យ៉ាងនេះឯង។
[៧២] កាលដែលព្រះមានព្រះភាគ ទ្រង់ប្រកាសយ៉ាងនេះហើយ សច្ចកនិគន្ថបុត្រ ក៏និយាយដូច្នេះ នឹងព្រះមានព្រះភាគថា បពិត្រព្រះគោតមដ៏ចំរើន អស្ចារ្យណាស់ បពិត្រព្រះគោតមដ៏ចំរើន ចំឡែកណាស់ (ព្រោះ) ព្រះគោតមដ៏ចំរើន កាលដែលខ្ញុំព្រះអង្គ ពោលសង្កត់សង្កិន និយាយដោយគន្លងពាក្យ ជ្រៀតបៀតផ្សេងៗ យ៉ាងនេះ ក៏នៅតែមានព្រះឆវិវ័ណ្ណផូរផង់ ទាំងសម្បុរព្រះភក្ត្រទៀត ក៏ថ្លាស្រស់បស់ ព្រោះថា ព្រះអង្គ សមជាព្រះអរហន្ត សម្មាសម្ពុទ្ធពិត បពិត្រព្រះគោតមដ៏ចំរើន ខ្ញុំព្រះអង្គធ្លាប់លើកឡើងនូវទោស ដោយពាក្យ ចំពោះបូរណកស្សប ឯបូរណកស្សបនោះ លុះខ្ញុំព្រះអង្គលើកឡើងនូវទោស ដោយពាក្យហើយ ក៏បិទបាំងនូវពាក្យដទៃដោយពាក្យដទៃ ហើយច្រានពាក្យចោល ទៅខាងក្រៅហើយ ធ្វើនូវសេចក្តីក្រោធផង ទោសៈផង សេចក្តីមិនត្រេកអរផង ឲ្យប្រាកដឡើង ចំណែកព្រះគោតមដ៏ចំរើន កាលដែលខ្ញុំព្រះអង្គ ពោលសង្កត់សង្កិន និយាយដោយគន្លងពាក្យ ជ្រៀតបៀតផ្សេងៗ យ៉ាងនេះ ក៏នៅតែមានព្រះឆវិវ័ណ្ណផូរផង់ ទាំងសម្បុរព្រះភក្ត្រទៀត ក៏ថ្លាស្រស់បស់ ព្រោះថា ព្រះអង្គសមជា ព្រះអរហន្ត សម្មាសម្ពុទ្ធពិត បពិត្រព្រះគោតមដ៏ចំរើន ខ្ញុំព្រះអង្គធ្លាប់លើកឡើងនូវទោស ដោយពាក្យ ចំពោះមក្ខលិគោសាល… ចំពោះអជិតកេសកម្ពល… ចំពោះបកុធកច្ចាយតន… ចំពោះសញ្ជយ វេលដ្ឋបុត្ត… លើកឡើងនូវទោស ដោយពាក្យ ចំពោះនិគន្ថនាដបុត្ត ឯនិគន្ថនាដបុត្រនោះ លុះខ្ញុំព្រះអង្គ លើកឡើងនូវទោស ដោយពាក្យហើយ ក៏បិទបាំងនូវពាក្យដទៃ ដោយពាក្យដទៃ ហើយច្រានពាក្យចោលខាងក្រៅ ហើយធ្វើនូវសេចក្តីក្រោធផង ទោសៈផង សេចក្តីមិនត្រេកអរផង ឲ្យប្រាកដឡើង ចំណែកព្រះគោតមដ៏ចំរើន កាលដែលខ្ញុំព្រះអង្គ ពោលសង្កត់សង្កិន និយាយដោយគន្លងពាក្យ ជ្រៀតបៀតផ្សេងៗ យ៉ាងនេះហើយ ក៏នៅតែមានព្រះឆវីវ័ណ្ណផូរផង់ ទាំងសម្បុរព្រះភក្ត្រទៀត ក៏ថ្លាស្រស់បស់ ព្រោះព្រះអង្គសមជាព្រះអរហន្ត សម្មាសម្ពុទ្ធពិត ប៉ុណ្ណឹងចុះ ព្រះគោតមដ៏ចំរើន ឥឡូវនេះ ខ្ញុំព្រះអង្គសូមលាទៅ ព្រោះមានកិច្ចច្រើន មានការងារច្រើន។ ព្រះមានព្រះភាគ ទ្រង់មានព្រះពុទ្ធដីកាថា ម្នាលអគ្គិវេស្សនៈ ឥឡូវនេះ អ្នកសំគាល់នូវកាល ដែលគួរនឹងត្រឡប់ទៅវិញចុះ។ លំដាប់នោះ សច្ចកនិគន្ថបុត្រត្រេកអរ រីករាយហើយ ចំពោះភាសិតរបស់ព្រះមានព្រះភាគ ហើយក្រោកចាកទីអង្គុយ ចៀសចេញទៅ។
ចប់ មហាសច្ចកសូត្រ ទី៦។
ចូឡតណ្ហាសង្ខយសូត្រ ទី៧
[៧៣] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់ក្នុងប្រាសាទរបស់មិគារមាតា នាវត្តបុព្វារាម ជិតក្រុងសាវត្ថី។ គ្រានោះឯង សក្កទេវរាជ ជាធំជាងពួកទេវតា ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះមានព្រះភាគ រួចឋិតនៅក្នុងទីដ៏សមគួរ។ លុះសក្កទេវរាជ ជាធំជាងពួកទេវតា ឋិតនៅក្នុងទីដ៏សមគួរហើយ បានក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុជាអ្នកមានចិត្តបង្អោនទៅក្នុងព្រះនិព្វាន ជាទីក្ស័យទៅនៃតណ្ហា ជាអ្នកមានសេចក្តីចូលចិត្តទៀង មានសេចក្តីក្សេមក្សាន្ត ចាកយោគៈទៀង ជាអ្នកប្រព្រឹត្តដ៏ប្រសើរទៀង មានទីបំផុតទៀងទាត់ ជាបុគ្គលប្រសើរជាងទេវតា និងមនុស្សទាំងឡាយ ដោយសង្ខេប តើមានប៉ុន្មាន។
[៧៤] ព្រះអង្គត្រាស់ថា បពិត្រទេវានមិន្ទៈ ភិក្ខុក្នុងសាសនានេះ បានស្តាប់ពាក្យថា បុគ្គលមិនគួរប្រកាន់នូវធម៌ទាំងពួង [ធម៌ទាំងពួងក្នុងទីនេះ បានដល់ខន្ធ៥ អាយតនៈ១២ និងធាតុ១៨។ អដ្ឋកថា។] (ដោយអំណាចតណ្ហា និងទិដ្ឋិ) បពិត្រទេវានមិន្ទៈ លុះភិក្ខុបានស្តាប់ពាក្យនុ៎ះថា បុគ្គលមិនគួរប្រកាន់នូវធម៌ទាំងពួង យ៉ាងនេះហើយ ភិក្ខុនោះ រមែងដឹងច្បាស់ នូវធម៌ទាំងពួង លុះដឹងច្បាស់នូវធម៌ទាំងពួងហើយ រមែងកំណត់ដឹងនូវធម៌ទាំងពួង លុះកំណត់ដឹងនូវធម៌ទាំងពួងហើយ រមែងសោយនូវវេទនាណាមួយ ជាសុខ ឬជាទុក្ខ ឬមិនទុក្ខ មិនសុខ ភិក្ខុនោះ ជាអ្នកពិចារណាឃើញថាមិនទៀង ពិចារណាឃើញថាជាទីប្រាសចាកតម្រេក ពិចារណាឃើញថា ជាគ្រឿងរំលត់ ពិចារណាឃើញថា គួរលះបង់ ក្នុងវេទនាទាំងឡាយនោះ កាលបើភិក្ខុនោះ ពិចារណាឃើញថា មិនទៀង ពិចារណាឃើញថា ជាទីប្រាសចាកតម្រេក ពិចារណាឃើញថា ជាគ្រឿងរំលត់ ពិចារណាឃើញថា គួរលះបង់ ក្នុងវេទនាទាំងឡាយនោះហើយ ក៏មិនបានប្រកាន់ នូវធម្មជាតអ្វីតិចតួច ក្នុងលោកឡើយ កាលបើមិនប្រកាន់ រមែងមិនតក់ស្លុត កាលបើមិនតក់ស្លុត ក៏រំលត់កិលេស ដោយខ្លួនឯងបាន ទើបដឹងច្បាស់ថា ជាតិរបស់អាត្មាអញ អស់ហើយ ព្រហ្មចរិយធម៌ អាត្មាអញ បានអប់រំហើយ កិច្ចដែលត្រូវធ្វើ អាត្មាអញ ក៏បានធ្វើហើយ កិច្ចដទៃ ក្រៅអំពីកិច្ចនេះ មិនមានឡើយ បពិត្រទេវានមិន្ទៈ ភិក្ខុជាអ្នកបង្អោនចិត្តទៅ ក្នុងព្រះនិព្វាន ជាទីក្ស័យទៅ នៃតណ្ហា ជាអ្នកមានសេចក្តីចូលចិត្តទៀង មានសេចក្តីក្សេមក្សាន្ត ចាកយោគៈទៀង ជាអ្នកប្រព្រឹត្តធម៌ ដ៏ប្រសើរទៀង មានទីបំផុតទៀងទាត់ ជាបុគ្គលប្រសើរជាងទេវតា និងមនុស្សទាំងឡាយ ដោយសង្ខេប មានប្រមាណប៉ុណ្ណេះឯង។ លំដាប់នោះ សក្កទេវរាជ ជាធំជាងពួកទេវតា ត្រេកអរ អនុមោទនា នូវភាសិត របស់ព្រះមានព្រះភាគ ហើយក្រាបបង្គំលាព្រះមានព្រះភាគ ធ្វើប្រទក្សិណ រួចស្រាប់តែបាត់ ចាកទីនោះមួយរំពេច។
[៧៥] ចួនជាសម័យនោះឯង ព្រះមហាមោគ្គល្លានមានអាយុ គង់នៅក្នុងទីជិតព្រះមានព្រះភាគ។ ទើបព្រះមហាមោគ្គល្លានមានអាយុ មានសេចក្តីត្រិះរិះដូច្នេះថា ទេវតានោះ បានដឹងនូវភាសិត របស់ព្រះមានព្រះភាគ ហើយអនុមោទនា ឬមិនបានដឹងទេ ហើយអនុមោទនា ទោះបីទេវតានោះ ដឹងនូវភាសិត របស់ព្រះមានព្រះភាគ ហើយបានអនុមោទនាក្តី មិនបានដឹងហើយ អនុមោទនាក្តី គួរតែអាត្មាអញ ស្គាល់ទេវតានោះ។ គ្រានោះ ព្រះមហាមោគ្គល្លានមានអាយុ ក៏បាត់អំពីវត្តបុព្វារាម ជាមិគារមាតុប្រាសាទ មួយរំពេច ហើយក៏ទៅប្រាកដ នៅនាឋានតាវត្តិង្សទេវលោក ដូចបុរសមានកំឡាំង លាដៃដែលបត់ចូល ឬបត់ចូលនូវដៃ ដែលលាចេញ ដូច្នោះឯង។ សម័យនោះឯង ព្រះឥន្ទ្រាធិរាជ កំពុងតែក្រសាល សប្បាយ រីករាយ ស្កប់ស្កល់ ដោយតូរ្យតន្ត្រីជាទិព្វ ទាំងប្រាំរយ ក្នុងឱទ្យានឈ្មោះ ឯកបុណ្ឌរីកៈ។ ព្រះឥន្ទ្រាធិរាជ បានឃើញព្រះមហាមោគ្គល្លានមានអាយុ និមន្តមកពីចម្ងាយលិមៗ លុះឃើញហើយ ក៏បញ្ឈប់នូវតូរ្យតន្ត្រីជាទិព្វទាំង៥០០នោះ ហើយចូលទៅរកព្រះមហាមោគ្គល្លានមានអាយុ លុះចូលទៅដល់ហើយ បានពោលពាក្យនេះ នឹងព្រះមហាមោគ្គល្លានមានអាយុថា បពិត្រព្រះមោគ្គល្លាន អ្នកនិទ៌ុក្ខ សូមនិមន្តមក បពិត្រព្រះមោគ្គល្លាន អ្នកនិទ៌ុក្ខ លោកម្ចាស់និមន្តមកនេះ ជាការស្រួលហើយ បពិត្រព្រះមោគ្គល្លានអ្នកនិទ៌ុក្ខ លោកម្ចាស់ខានធ្វើបរិយាយ ដើម្បីនិមន្តមក ក្នុងទីនេះ ជាយូរហើយ បពិត្រព្រះមោគ្គល្លានអ្នកនិទ៌ុក្ខ សូមលោកម្ចាស់និមន្តគង់ចុះ អាសនៈនេះហើយ ខ្ញុំព្រះករុណា ក្រាលទុកប្រគេន។ ព្រះមហាមោគ្គល្លានមានអាយុ ក៏គង់លើអាសនៈ ដែលព្រះឥន្ទ្រាធិរាជក្រាលប្រគេន។ ចំណែកព្រះឥន្ទ្រាធិរាជ ក៏កាន់យកអាសនៈទាបមួយ គង់ក្នុងទីដ៏សមគួរ។
[៧៦] លុះព្រះឥន្ទ្រាធិរាជគង់ក្នុងទីដ៏សមគួរហើយ ព្រះមហាមោគ្គល្លានមានអាយុ បានសួរសេចក្តីនេះថា បពិត្រកោសិយៈ ព្រះមានព្រះភាគ បានត្រាស់សំដែងនូវកិរិយាបង្អោនចិត្តទៅកាន់ព្រះនិព្វាន ជាទីអស់ទៅ នៃតណ្ហា ដោយសេចក្តីសង្ខេប ចំពោះមហារាជ ដូចម្តេចខ្លះ សូមព្រះរាជានុញ្ញាតចុះ ដ្បិតអាត្មាភាព ជាអ្នកមានចំណែកដើម្បីស្តាប់ធម្មកថានេះផង។ សក្កទេវរាជ មានព្រះឱង្ការតបថា បពិត្រព្រះមោគ្គល្លានអ្នកនិទ៌ុក្ខ ធ្វើដូចម្តេច ខ្លួនខ្ញុំព្រះករុណា ជាអ្នកមានកិច្ចច្រើន មានការងារត្រូវធ្វើច្រើន ដោយការងារ ដែលត្រូវធ្វើផ្ទាល់ខ្លួនផង ដោយការងារ ដែលត្រូវធ្វើ ចំពោះពួកទេវតា ក្នុងជាន់តាវត្តិង្សផង បពិត្រព្រះមោគ្គល្លានអ្នកនិទ៌ុក្ខ ឯពាក្យដែលខ្ញុំព្រះករុណា បានស្តាប់ត្រាប់ត្រង ធ្វើទុកក្នុងចិត្ត ចាំទុកស្រួលបួលហើយ ពាក្យនោះ ក៏បាត់ទៅមួយរំពេច បពិត្រព្រះមោគ្គល្លាន អ្នកនិទ៌ុក្ខ ពីព្រេងនាយមក មានសង្គ្រាមទេវតា និងអសុរលើកជាក្បួនទ័ព បពិត្រព្រះមោគ្គល្លានអ្នកនិទ៌ុក្ខ ប៉ុន្តែក្នុងសង្គ្រាមនោះ ពួកទេវតា មានជ័យជំនះ ឯពួកអសុរ ក៏បរាជ័យ បពិត្រព្រះមោគ្គល្លានអ្នកនិទ៌ុក្ខ លុះខ្ញុំព្រះករុណានោះ បានឈ្នះសង្គ្រាមទេវតា និងអសុរហើយ ត្រឡប់មកអំពីទីនោះវិញ ក៏និម្មិតប្រាសាទឈ្មោះ វេជយន្ត បពិត្រព្រះមោគ្គល្លានអ្នកនិទ៌ុក្ខ ប្រាសាទវេជយន្ត (នោះ) មានដម្បូលមួយរយ ក្នុងដម្បូលមួយៗ មានផ្ទះកំពូលប្រាំពីររយៗ ក្នុងផ្ទះកំពូលមួយៗ មានស្រីអប្សរប្រាំពីរៗនាក់ ក្នុងស្រីអប្សរម្នាក់ៗ មានស្រីបម្រើប្រាំពីរៗនាក់ បពិត្រព្រះមហាមោគ្គល្លាន អ្នកនិទ៌ុក្ខ លោកម្ចាស់ចង់ឃើញកន្លែង ដែលគួររីករាយ របស់ វេជយន្តប្រាសាទ ដែរឬទេ។ ព្រះមហាមោគ្គល្លានមានអាយុ ទទួលនិមន្ត ដោយតុណ្ហីភាព។
[៧៧] គ្រានោះ ព្រះឥន្ទ្រាធិរាជ និងវេស្សវណមហារាជ ឲ្យព្រះមហាមោគ្គល្លានមានអាយុនិមន្តមុខ ហើយនាំចូលទៅរក វេជយន្តប្រាសាទ។ ពួកស្រីបំរើ របស់ព្រះឥន្ទ្រាធិរាជ បានឃើញព្រះមហាមោគ្គល្លានមានអាយុ កំពុងនិមន្តមកអំពីចម្ងាយ លុះឃើញហើយ ក៏មានសេចក្តីខ្លាច និងអៀនខ្មាស នាំគ្នាចូលទៅកាន់បន្ទប់រៀងខ្លួន។ ដូចជាកូនប្រសាស្រី បានឃើញឪពុកក្មេក ហើយមានសេចក្តីខ្លាច និងអៀនខ្មាស យ៉ាងណា ពួកស្រីបំរើ របស់ព្រះឥន្ទ្រាធិរាជ បានឃើញព្រះមហាមោគ្គល្លានមានអាយុ ក៏មានសេចក្តីខ្លាច និងអៀនខ្មាស នាំគ្នាចូលបន្ទប់រៀងខ្លួន យ៉ាងនោះដែរ។ គ្រានោះ ព្រះឥន្ទ្រាធិរាជ និងវេស្សវណមហារាជ និមន្តព្រះមហាមោគ្គល្លាន មានអាយុ ត្រាច់ជុំវិញ ចូលទៅក្នុងវេជយន្តប្រាសាទ ហើយទូលថា បពិត្រព្រះមហាមោគ្គល្លាន អ្នកនិទ៌ុក្ខ សូមលោកម្ចាស់ទតមើលកន្លែង ដែលគួររីករាយ របស់វេជយន្តប្រាសាទនេះផង បពិត្រព្រះមហាមោគ្គល្លានអ្នកនិទ៌ុក្ខ សូមលោកម្ចាស់ទតមើលកន្លែងដែលគួររីករាយ របស់វេជយន្តប្រាសាទនេះផង។ ព្រះថេរៈឆ្លើយថា ទីរបស់កោសិយៈមានអាយុ ដែលបានធ្វើបុណ្យទុក ក្នុងកាលមុននេះល្អមែន សូម្បីពួកមនុស្ស បានឃើញទីណាមួយ ដែលជាទីគួររីករាយ ក៏តែងនាំគ្នានិយាយថា អើហ្ន៎ ទីនេះល្អ ដូចជាប្រាសាទ របស់ពួកទេវតា ក្នុងជាន់តាវត្តិង្សដែរ ឯលំនៅរបស់កោសិយៈមានអាយុ ដែលមានបុណ្យ ធ្វើទុកក្នុងកាលមុននេះ ល្អដោយពិតហើយ។ គ្រានោះ ព្រះមហាមោគ្គល្លានមានអាយុ មានសេចក្តីត្រិះរិះដូច្នេះថា ទេវតានេះ ជាបុគ្គលប្រមាទខ្លាំងមែន បើដូច្នោះ គួរតែអាត្មាអញ ធ្វើទេវតានេះ ឲ្យសង្វេគ។ ទើបព្រះមហាមោគ្គល្លានមានអាយុ សំដែងឥទ្ធិឫទ្ធិ ញុំាងវេជយន្តប្រាសាទ ឲ្យកម្រើក រំភើប ញាប់ញ័រ ដោយចុងមេជើង តាមសមគួរដល់ឫទ្ធិ។ គ្រានោះ ព្រះឥន្ទ្រាធិរាជ និងវេស្សវណមហារាជ និងពួកទេវតា ក្នុងជាន់តាវត្តិង្ស កើតសេចក្តីអស្ចារ្យ ក្នុងចិត្តថា អើហ្ន៎ អស្ចារ្យណាស់ អើហ្ន៎ ចំឡែកណាស់ ត្រង់ការណ៍ដែលភាពនៃសមណៈមានឫទ្ធិច្រើន មានអានុភាពច្រើន (ប៉ុណ្ណេះ) មិនសមបើញុំាងទិព្វវិមាន ឲ្យកម្រើក រំភើប ញាប់ញ័រ ដោយចុងមេជើងបាន។
[៧៨] គ្រានោះ ព្រះមហាមោគ្គល្លានមានអាយុ ដឹងថាព្រះឥន្ទ្រាធិរាជ មានសេចក្តីតក់ស្លុត កើតសេចក្តីព្រឺរោមហើយ ក៏មានថេរវាចាទៅរកព្រះឥន្ទ្រាធិរាជថា បពិត្រកោសិយៈ ព្រះមានព្រះភាគ បានត្រាស់នូវកិរិយាបង្អោនចិត្ត ទៅក្នុងព្រះនិព្វាន ជាទីអស់ទៅ នៃតណ្ហា ដោយសេចក្តីបំប្រួញ (ចំពោះ) មហារាជដូចម្តេចខ្លះ សូមព្រះរាជានុញ្ញាត ដ្បិតអាត្មាភាព ជាអ្នកមានចំណែក ដើម្បីស្តាប់ធម្មកថា នេះផង។ សក្កទេវរាជ ឆ្លើយតបថា បពិត្រព្រះមហាមោគ្គល្លានអ្នកនិទ៌ុក្ខ កាលនោះ ខ្ញុំព្រះករុណា បានចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំ ចំពោះព្រះមានព្រះភាគ រួចឋិតនៅក្នុងទីដ៏សមគួរ បពិត្រព្រះមោគ្គល្លានអ្នកនិទ៌ុក្ខ លុះខ្ញុំព្រះករុណា ឋិតនៅក្នុងទីដ៏សមគួរហើយ បានក្រាបបង្គំទូលសួរព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុអ្នកបង្អោនចិត្ត ទៅកាន់ព្រះនិព្វាន ជាទីក្ស័យ នៃតណ្ហា ជាអ្នកមានសេចក្តីចូលចិត្តទៀង ជាអ្នកមានសេចក្តីក្សេមក្សាន្ត ចាកយោគៈទៀង ជាអ្នកប្រព្រឹត្តធម៌ ដ៏ប្រសើរទៀង មានទីបំផុតទៀងទាត់ ជាបុគ្គលប្រសើរជាងទេវតា និងមនុស្សទាំងឡាយ ដោយសង្ខេប តើមានប៉ុន្មានយ៉ាង បពិត្រព្រះមោគ្គល្លានអ្នកនិទ៌ុក្ខ កាលបើខ្ញុំព្រះករុណាសួរយ៉ាងនេះហើយ ព្រះមានព្រះភាគ មានព្រះបន្ទូលមកនឹងខ្ញុំព្រះករុណា យ៉ាងនេះថា បពិត្រព្រះអង្គ ជាធំជាងពួកទេវតា ភិក្ខុក្នុងសាសនានេះ បានស្តាប់ពាក្យថា ភិក្ខុមិនគួរនឹងប្រកាន់នូវធម៌ គឺបញ្ចក្ខន្ធទាំងអស់ឡើយ បពិត្រព្រះអង្គ ជាធំជាងពួកទេវតា ភិក្ខុបានស្តាប់ពាក្យនុ៎ះថា ភិក្ខុមិនគួរនឹងប្រកាន់ នូវធម៌ទាំងពួង យ៉ាងនេះហើយ ភិក្ខុនោះ រមែងដឹងច្បាស់ នូវធម៌ទាំងពួង លុះដឹងច្បាស់ នូវធម៌ទាំងពួងហើយ រមែងកំណត់ដឹងធម៌ទាំងពួងបាន លុះកំណត់ដឹង នូវធម៌ទាំងពួងហើយ រមែងសោយនូវវេទនាណាមួយ ជាសុខ ឬជាទុក្ខ ឬមិនទុក្ខ មិនសុខ ភិក្ខុនោះ ជាអ្នកពិចារណាឃើញថាមិនទៀង ពិចារណាឃើញថា ជាទីប្រាសចាកតម្រេក ពិចារណាឃើញថាជាគ្រឿងរំលត់ ពិចារណាឃើញថា គួរលះបង់ក្នុងវេទនាទាំងឡាយនោះ កាលបើភិក្ខុនោះពិចារណាឃើញថា មិនទៀង ពិចារណាឃើញថា ជាទីប្រាសចាកតម្រេក ពិចារណាឃើញថា ជាទីរំលត់ ពិចារណាឃើញថា គួរលះបង់ ក្នុងវេទនាទាំងឡាយនោះហើយ ក៏មិនប្រកាន់ធម្មជាតអ្វីតិចតួច ក្នុងលោកឡើយ កាលបើមិនប្រកាន់ ក៏មិនតក់ស្លុត កាលបើមិនតក់ស្លុត ទើបរំលត់កិលេស ដោយខ្លួនឯងបាន ទាំងដឹងច្បាស់ថា ជាតិរបស់អាត្មាអញ អស់ហើយ ព្រហ្មចរិយធម៌ អាត្មាអញ បានអប់រំហើយ កិច្ចដែលត្រូវធ្វើ អាត្មាអញ ក៏បានធ្វើហើយ កិច្ចដទៃក្រៅអំពីកិច្ចនេះ មិនមានឡើយ បពិត្រព្រះអង្គ ដ៏ជាធំជាងពួកទេវតា ភិក្ខុជាអ្នកបង្អោនចិត្តទៅ ក្នុងព្រះនិព្វាន ជាទីក្ស័យទៅ នៃតណ្ហា ជាអ្នកមានសេចក្តីចូលចិត្តទៀង ជាអ្នកមានសេចក្តីក្សេមក្សាន្ត ចាកយោគៈទៀង ជាអ្នកប្រព្រឹត្តធម៌ ដ៏ប្រសើរទៀង មានទីបំផុតទៀងទាត់ ជាបុគ្គលប្រសើរ ជាងពួកទេវតា និងមនុស្ស ដោយសង្ខេប មានប្រមាណប៉ុណ្ណេះឯង បពិត្រព្រះមោគ្គល្លានអ្នកនិទ៌ុក្ខ ព្រះមានព្រះភាគ បានត្រាស់សំដែង នូវកិរិយាបង្អោនចិត្តទៅ ក្នុងព្រះនិព្វាន ជាទីក្ស័យទៅ នៃតណ្ហា ដោយសេចក្តីសង្ខេប ចំពោះខ្ញុំព្រះករុណា ដូចពណ៌នាមកនេះ។ គ្រានោះ ព្រះមហាមោគ្គល្លានមានអាយុ ត្រេកអរ អនុមោទនា ចំពោះភាសិត របស់ព្រះឥន្ទ្រាធិរាជ ហើយក៏ស្រាប់តែបាត់ ចាកតាវត្តិង្សទេវលោក មកប្រាកដ ក្នុងមិគារមាតុប្រាសាទ នាវត្តបុព្វារាម មួយរំពេច ដូចជាបុរស ដែលមានកំឡាំង លាដៃបត់ចូល ឬបត់ដៃ ដែលលាចេញ ដូច្នោះឯង។ កាលដែលព្រះមហាមោគ្គល្លានមានអាយុ ចៀសចេញទៅ មិនយូរប៉ុន្មាន ពួកស្រីបំរើរបស់ព្រះឥន្ទ្រាធិរាជ បានក្រាបទូលសួរ ចំពោះព្រះឥន្ទ្រាធិរាជ ដូច្នេះថា បពិត្រព្រះអង្គអ្នកនិទ៌ុក្ខ លោកនុ៎ះហើយឬ ជាព្រះមានព្រះភាគ ជាគ្រូរបស់ព្រះអង្គនោះ។ សក្កទេវរាជ ឆ្លើយតបថា ម្នាលនាងអ្នកនិទ៌ុក្ខទាំងឡាយ លោកនោះ មិនមែនជាព្រះមានព្រះភាគ ជាគ្រូរបស់យើងទេ លោកនោះ គ្រាន់តែជាសព្រហ្មចារី (អ្នកប្រព្រឹត្តធម៌ដូចគ្នា) នឹងយើង លោកនុ៎ះហើយ ដែលឈ្មោះព្រះមហាមោគ្គល្លានមានអាយុ។ ពួកស្រីបំរើក្រាបទូលថា បពិត្រព្រះអង្គអ្នកនិទ៌ុក្ខ ព្រះអង្គពេញជាមានលាភហើយ បពិត្រព្រះអង្គ អ្នកនិទ៌ុក្ខ ព្រះអង្គ ពេញជាបានល្អហើយ ត្រង់ដែលព្រះអង្គបានសព្រហ្មចារីបុគ្គល មានឫទ្ធិច្រើន យ៉ាងនេះ មានអានុភាពច្រើន យ៉ាងនេះ ឱហ្ន៎ លោកនោះ ទុកដូចជាព្រះមានព្រះភាគ ជាគ្រូរបស់ព្រះអង្គ ដោយពិតណាស់។
[៧៩] គ្រានោះ ព្រះមហាមោគ្គល្លានមានអាយុ បានចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំ ចំពោះព្រះមានព្រះភាគ រួចគង់ក្នុងទីសមគួរ។ លុះព្រះមហាមោគ្គល្លានមានអាយុ គង់ក្នុងទីដ៏សមគួរហើយ បានក្រាបបង្គំទូលសួរព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ព្រះមានព្រះភាគធ្លាប់បានសំដែង នូវកិរិយាបង្អោនចិត្តទៅ ក្នុងព្រះនិព្វាន ជាទីអស់ទៅនៃតណ្ហា ដោយសង្ខេប ជាគ្រឿងដង្វាយដល់ទេវតា ដែលមានស័ក្តិធំមួយរូបឬទេ។ ព្រះអង្គត្រាស់ថា ម្នាលមោគ្គល្លាន តថាគតធ្លាប់សំដែង ដ្បិតសក្កទេវរាជ ចូលមករកតថាគត ក្នុងទីនេះ លុះចូលមកដល់ហើយ ក៏ក្រាបថ្វាយបង្គំតថាគត រួចឋិតនៅក្នុងទីដ៏សមគួរ ម្នាលមោគ្គល្លាន លុះសក្កទេវរាជ ឋិតនៅក្នុងទីសមគួរហើយ បានសួរសេចក្តីនេះ នឹងតថាគតថា បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុជាអ្នកមានចិត្តបង្អោនទៅ ក្នុងព្រះនិព្វាន ជាទីក្ស័យ នៃតណ្ហា ជាអ្នកមានសេចក្តីចូលចិត្តទៀង មានសេចក្តីក្សេមក្សាន្ត ចាកយោគៈទៀង ជាអ្នកប្រព្រឹត្តនូវធម៌ ដ៏ប្រសើរទៀង មានទីបំផុតទៀងទាត់ ជាបុគ្គលប្រសើរជាងទេវតា និងមនុស្សទាំងឡាយ ដោយសង្ខេប តើមានប៉ុន្មានយ៉ាង ម្នាលមោគ្គល្លាន កាលបើសក្កទេវរាជសួរយ៉ាងនេះហើយ តថាគតក៏ឆ្លើយតប ទៅនឹងសក្កទេវរាជ ដូច្នេះថា បពិត្រព្រះអង្គ ជាធំជាងពួកទេវតាទាំងឡាយ ភិក្ខុក្នុងសាសនានេះ បានស្តាប់ពាក្យថា បុគ្គលមិនគួរនឹងប្រកាន់នូវធម៌ទាំងពួង បពិត្រព្រះអង្គ ជាធំជាងពួកទេវតា លុះភិក្ខុបានស្តាប់ពាក្យនុ៎ះថា បុគ្គល មិនគួរប្រកាន់ នូវធម៌ទាំងពួង យ៉ាងនេះហើយ ភិក្ខុនោះ រមែងដឹងច្បាស់ នូវធម៌ទាំងពួង លុះដឹងច្បាស់ នូវធម៌ទាំងពួងហើយ ក៏កំណត់ដឹង នូវធម៌ទាំងពួង លុះកំណត់ដឹង នូវធម៌ទាំងពួងហើយ រមែងសោយ នូវវេទនាណាមួយ ជាសុខ ឬជាទុក្ខ ឬមិនទុក្ខ មិនសុខ ភិក្ខុនោះ ពិចារណាឃើញថា មិនទៀង ពិចារណាឃើញថា ជាទីប្រាសចាកតម្រេក ពិចារណាឃើញថា ជាទីគួររំលត់ ពិចារណាឃើញថា គួរលះបង់ ក្នុងវេទនាទាំងឡាយនោះ កាលបើភិក្ខុនោះ ពិចារណាឃើញថា មិនទៀង ពិចារណាឃើញថាជាទីប្រាសចាកតម្រេក ពិចារណាឃើញថា គួររំលត់ ពិចារណាឃើញថា គួរលះបង់ ក្នុងវេទនាទាំងឡាយនោះហើយ ក៏មិនប្រកាន់ធម្មជាតអ្វីតិចតួច ក្នុងលោកឡើយ កាលបើមិនប្រកាន់ ក៏រមែងមិនតក់ស្លុត កាលបើមិនតក់ស្លុត ក៏រមែងរំលត់កិលេស ដោយខ្លួនឯងបាន ទើបដឹងច្បាស់ថា ជាតិរបស់អាត្មាអញ អស់ហើយ ព្រហ្មចរិយធម៌ អាត្មាអញ បានអប់រំហើយ កិច្ចដែលត្រូវធ្វើ អាត្មាអញ ក៏បានធ្វើហើយ កិច្ចដទៃក្រៅអំពីកិច្ចនេះ មិនមានឡើយ បពិត្រព្រះអង្គ ជាធំជាងពួកទេវតា ភិក្ខុជាអ្នកបង្អោនចិត្តទៅ ក្នុងព្រះនិព្វាន ជាទីក្ស័យទៅ នៃតណ្ហា ជាអ្នកមានសេចក្តីចូលចិត្តទៀង មានសេចក្តីក្សេមក្សាន្តចាកយោគៈទៀង ជាអ្នកប្រព្រឹត្តធម៌ ដ៏ប្រសើរទៀង មានទីបំផុតទៀងទាត់ ជាបុគ្គលប្រសើរជាងទេវតា និងមនុស្សទាំងឡាយ ដោយសង្ខេប មានប្រមាណប៉ុណ្ណេះឯង ម្នាលមោគ្គល្លាន តថាគតធ្លាប់សំដែង នូវកិរិយាបង្អោនចិត្តទៅ ក្នុងព្រះនិព្វាន ជាទីក្ស័យទៅ នៃតណ្ហា ដោយសង្ខេប ចំពោះសក្កទេវរាជ ដូចបានពណ៌នាមក នេះឯង។ លុះព្រះមានព្រះភាគ បានត្រាស់ភាសិតនេះ ចប់ហើយ ព្រះមហាមោគ្គល្លានមានអាយុ មានសេចក្តីពេញចិត្ត ត្រេកអរហើយ ចំពោះភាសិត របស់ព្រះមានព្រះភាគ។
ចប់ ចូឡតណ្ហាសង្ខយសូត្រ ទី៧។
មហាតណ្ហាសង្ខយសូត្រ ទី៨
[៨០] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់សម្រេចសម្រាន្តព្រះឥរិយាបថ ក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ សម័យនោះឯង ភិក្ខុឈ្មោះសាតិ ជាកូននៃព្រានសំណាញ់ មានទិដ្ឋិអាក្រក់ [ទិដ្ឋិអាក្រក់នេះ ក្នុងអដ្ឋកថា លោកសំដៅសស្សតទិដ្ឋិ ដែលយល់ថាសត្វទៀង លោកទៀង។] កើតឡើងយ៉ាងនេះថា វិញ្ញាណនេះ រមែងស្ទុះទៅ អន្ទោលទៅមិនដាច់ មិនក្លាយទៅជាអ្វីដទៃឡើយ [ក្នុងអដ្ឋកថា លោកអធិប្បាយថា ភិក្ខុនោះ ត្រិះរិះថា រូប វេទនា សញ្ញា សង្ខារ ទាំង៤នេះ រលត់ទៅក្នុងភពទាំងពួង ឯវិញ្ញាណនេះ ជាធម្មជាតស្ទុះទៅ អន្ទោលទៅអំពីលោកនេះ ទៅកាន់លោកខាងមុខ មកកាន់លោកនេះវិញដដែល ហេតុនេះ វិញ្ញាណឃើញថានៅតែកើតឡើងតាមធម្មតា គឺមិនរលត់ទៅទេ។] យ៉ាងណា អាត្មាអញ ក៏បានដឹងច្បាស់នូវធម៌ ដែលព្រះមានព្រះភាគ ទ្រង់សំដែងហើយ យ៉ាងនោះដែរ។ ពួកភិក្ខុជាច្រើនរូប បានឮដំណឹងថា សាតិភិក្ខុកេវដ្តបុត្ត មានទិដ្ឋិអាក្រក់កើតឡើង យ៉ាងនេះថា វិញ្ញាណនេះ រមែងស្ទុះទៅ អន្ទោលទៅមិនដាច់ មិនក្លាយទៅជាអ្វីដទៃឡើយ យ៉ាងណា អាត្មាអញ ក៏បានដឹងច្បាស់ នូវធម៌ដែលព្រះមានព្រះភាគ សំដែងហើយ យ៉ាងនោះដែរ។ ទើបភិក្ខុទាំងនោះ ចូលទៅរក សាតិភិក្ខុកេវដ្តបុត្ត លុះចូលទៅដល់ហើយ បានសួរសាតិភិក្ខុកេវដ្តបុត្ត ដូច្នេះថា ម្នាលអាវុសោ សាតិ បានឮថា អ្នកមានទិដ្ឋិអាក្រក់កើតឡើង យ៉ាងនេះថា វិញ្ញាណនេះ រមែងស្ទុះទៅ អន្ទោលទៅមិនដាច់ មិនក្លាយទៅជាអ្វីដទៃឡើយ យ៉ាងណា អាត្មាអញ ក៏បានដឹងច្បាស់ នូវធម៌ដែលព្រះមានព្រះភាគ សំដែងហើយ ក៏យ៉ាងនោះដែរ ដូច្នេះមែនឬ។ សាតិភិក្ខុកេវដ្តបុត្ត ឆ្លើយតបថា ម្នាលអាវុសោទាំងឡាយ វិញ្ញាណ រមែងស្ទុះទៅ អន្ទោលទៅមិនដាច់ មិនក្លាយទៅជាអ្វីដទៃឡើយ យ៉ាងណា ខ្ញុំក៏បានដឹងច្បាស់ នូវធម៌ដែលព្រះមានព្រះភាគសំដែងហើយ យ៉ាងនោះដែរ ដូច្នេះមែន។ គ្រានោះ ភិក្ខុទាំងនោះ មានចំណង់នឹងដោះសាតិភិក្ខុកេវដ្តបុត្ត ឲ្យរួចចាកទិដ្ឋិអាក្រក់នុ៎ះ ទើបនិយាយពន្យល់ ដាស់តឿន ក្រើនរំលឹកថា ម្នាលអាវុសោសាតិ អ្នកកុំនិយាយយ៉ាងនេះឡើយ អ្នកកុំនិយាយបង្កាច់ព្រះមានព្រះភាគ ព្រោះថា ការដែលពោលបង្កាច់ព្រះមានព្រះភាគ មិនប្រពៃទេ ដ្បិតព្រះមានព្រះភាគ ព្រះអង្គ មិនមានបន្ទូលយ៉ាងនេះឡើយ ម្នាលអាវុសោសាតិ ព្រះមានព្រះភាគ សំដែងហើយ ដោយអនេកបរិយាយថា វិញ្ញាណកើតឡើង ព្រោះអាស្រ័យបច្ច័យ បើវៀរចាកបច្ច័យហើយ ការកើតឡើង នៃវិញ្ញាណ ក៏មិនមាន។ សាតិភិក្ខុកេវដ្តបុត្ត កាលបើពួកភិក្ខុទាំងនោះ និយាយពន្យល់ ដាស់តឿន ក្រើនរំលឹក យ៉ាងនេះហើយ ក៏នៅតែចូលចិត្ត ប្រកាន់ទិដ្ឋិអាក្រក់នោះដដែល ហើយនិយាយប្រកែក តាមកំឡាំង ដូច្នេះថា ម្នាលអាវុសោទាំងឡាយ វិញ្ញាណនេះ រមែងស្ទុះទៅ អន្ទោលទៅមិនដាច់ មិនក្លាយទៅជាអ្វីដទៃឡើយ យ៉ាងណា ខ្ញុំក៏បានដឹងច្បាស់ នូវធម៌ដែលព្រះមានព្រះភាគ ទ្រង់សំដែងហើយ ក៏យ៉ាងនោះដែរ ដូច្នេះឯង។
[៨១] កាលដែលភិក្ខុទាំងនោះ មិនអាចនឹងដោះសាតិភិក្ខុកេវដ្តបុត្ត ឲ្យរួចចាកទិដ្ឋិអាក្រក់នុ៎ះបានហើយ ទើបភិក្ខុទាំងអម្បាលនោះ នាំគ្នាចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំ នូវព្រះមានព្រះភាគ រួចអង្គុយក្នុងទីដ៏សមគួរ លុះភិក្ខុទាំងនោះ អង្គុយក្នុងទីដ៏សមគួរហើយ បានក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន សាតិភិក្ខុកេវដ្តបុត្ត មានទិដ្ឋិអាក្រក់កើតឡើង យ៉ាងនេះថា វិញ្ញាណនេះ រមែងស្ទុះទៅ អន្ទោលទៅមិនដាច់ មិនក្លាយទៅជាអ្វីដទៃឡើយ យ៉ាងណា អាត្មាអញ ក៏បានដឹងច្បាស់ នូវធម៌ ដែលព្រះមានព្រះភាគ សំដែងហើយ ក៏យ៉ាងនោះដែរ បពិត្រព្រះអង្គដ៏ចំរើន គ្រានោះ យើងខ្ញុំព្រះអង្គ បាននាំគ្នាចូលទៅរក សាតិភិក្ខុកេវដ្តបុត្ត លុះចូលទៅដល់ហើយ បានសួរសាតិភិក្ខុកេវដ្តបុត្ត ដូច្នេះថា ម្នាលអាវុសោសាតិ បានឮថា អ្នកមានទិដ្ឋិអាក្រក់កើតឡើង យ៉ាងនេះថា វិញ្ញាណនេះ រមែងស្ទុះទៅ អន្ទោលទៅមិនដាច់ មិនក្លាយទៅជាអ្វីដទៃឡើយ យ៉ាងណា អាត្មាអញ ក៏បានដឹងច្បាស់ នូវធម៌ ដែលព្រះមានព្រះភាគ សំដែងហើយ ក៏យ៉ាងនោះ ដូច្នេះ ពិតមែនឬ។ បពិត្រព្រះអង្គដ៏ចំរើន កាលដែលយើងខ្ញុំព្រះអង្គ សួរយ៉ាងនេះហើយ សាតិភិក្ខុកេវដ្តបុត្ត ក៏បាននិយាយតបមក នឹងយើងខ្ញុំព្រះអង្គ ដូច្នេះថា ម្នាលអាវុសោទាំងឡាយ វិញ្ញាណនេះ រមែងស្ទុះទៅ អន្ទោលទៅ មិនក្លាយទៅជាអ្វីដទៃឡើយ យ៉ាងណា ខ្ញុំក៏បានដឹងច្បាស់ នូវធម៌ដែលព្រះមានព្រះភាគ សំដែងហើយ ក៏យ៉ាងនោះដែរ ដូច្នេះមែន បពិត្រព្រះអង្គដ៏ចំរើន លំដាប់នោះ យើងខ្ញុំព្រះអង្គ មានចំណង់នឹងដោះសាតិភិក្ខុកេវដ្តបុត្ត ឲ្យរួចចាកទិដ្ឋិអាក្រក់នោះ ទើបនាំគ្នានិយាយពន្យល់ ដាស់តឿន ក្រើនរំលឹកថា ម្នាលអាវុសោសាតិ អ្នកកុំនិយាយយ៉ាងនេះឡើយ អ្នកកុំនិយាយបង្កាច់ព្រះមានព្រះភាគ ព្រោះការនិយាយបង្កាច់ព្រះមានព្រះភាគ មិនប្រពៃទេ ដ្បិតព្រះមានព្រះភាគ ទ្រង់មិនមានព្រះបន្ទូលយ៉ាងនេះឡើយ ម្នាលអាវុសោសាតិ ព្រះមានព្រះភាគ ទ្រង់សំដែងហើយ ដោយអនេកបរិយាយថា វិញ្ញាណកើតឡើង ព្រោះអាស្រ័យបច្ច័យ បើវៀរចាកបច្ច័យហើយ ការកើតឡើងនៃវិញ្ញាណ ក៏មិនមាន បពិត្រព្រះអង្គដ៏ចំរើន សាតិភិក្ខុកេវដ្តបុត្តនោះ កាលបើយើងខ្ញុំព្រះអង្គ បាននិយាយពន្យល់ ដាស់តឿន ក្រើនរំលឹក យ៉ាងនេះហើយ ក៏នៅតែចូលចិត្ត ប្រកាន់ទិដ្ឋិអាក្រក់នោះដដែល ហើយនិយាយប្រកែក តាមកំឡាំងថា ម្នាលអាវុសោទាំងឡាយ វិញ្ញាណនេះ រមែងស្ទុះទៅ អន្ទោលទៅមិនដាច់ មិនក្លាយទៅជាអ្វីដទៃឡើយ យ៉ាងណា ខ្ញុំបានដឹងច្បាស់ នូវធម៌ដែលព្រះមានព្រះភាគ សំដែងហើយ ក៏យ៉ាងនោះដែរ ដូច្នេះមែន បពិត្រព្រះអង្គដ៏ចំរើន កាលដែលយើងខ្ញុំព្រះអង្គ មិនអាចនឹងដោះសាតិភិក្ខុកេវដ្តបុត្ត ឲ្យរួចចាកទិដ្ឋិអាក្រក់នេះបានហើយ ទើបយើងខ្ញុំព្រះអង្គ យកសេចក្តីនេះ មកក្រាបបង្គំទូលព្រះមានព្រះភាគ។
[៨២] គ្រានោះ ព្រះមានព្រះភាគត្រាស់ហៅនូវភិក្ខុ១រូបមកថា ម្នាលភិក្ខុ ចូរអ្នកមកអាយ ចូរអ្នកទៅហៅនូវសាតិភិក្ខុកេវដ្តបុត្ត តាមពាក្យនៃតថាគតថា ម្នាលអាវុសោសាតិ ព្រះសាស្តា ទ្រង់ត្រាស់ហៅលោក។ ភិក្ខុនោះ ទទួលព្រះពុទ្ធដីកា របស់ព្រះមានព្រះភាគថា ករុណាព្រះអង្គ ដូច្នេះហើយ ក៏ចូលទៅរកសាតិភិក្ខុកេវដ្តបុត្ត លុះចូលទៅដល់ហើយ បាននិយាយទៅនឹងសាតិភិក្ខុកេវដ្តបុត្ត ដូច្នេះថា ម្នាលអាវុសោសាតិ ព្រះសាស្តាត្រាស់ហៅលោក។ សាតិភិក្ខុកេវដ្តបុត្ត ទទួលពាក្យភិក្ខុនោះថា ករុណាអាវុសោ ដូច្នេះហើយ ក៏ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ។ កាលបើសាតិភិក្ខុកេវដ្តបុត្ត អង្គុយក្នុងទីដ៏សមគួរហើយ ព្រះមានព្រះភាគ ទ្រង់ត្រាស់សួរថា ម្នាលសាតិ បានឮថា អ្នកមានទិដ្ឋិអាក្រក់កើតឡើងយ៉ាងនេះថា វិញ្ញាណនេះរមែងស្ទុះទៅ អន្ទោលទៅមិនដាច់ មិនក្លាយទៅជាអ្វីដទៃឡើយ យ៉ាងណា ខ្ញុំបានដឹងច្បាស់ នូវធម៌ដែលព្រះមានព្រះភាគ សំដែងហើយ ក៏យ៉ាងនោះដែរ ដូច្នេះមែនឬ។ សាតិភិក្ខុកេវដ្តបុត្ត ក្រាបទូលថា បពិត្រព្រះអង្គដ៏ចំរើន វិញ្ញាណនេះ រមែងស្ទុះទៅ អន្ទោលទៅមិនដាច់ មិនក្លាយទៅជារបស់ដទៃឡើយ យ៉ាងណា ខ្ញុំព្រះអង្គ បានដឹងច្បាស់ នូវធម៌ដែលព្រះមានព្រះភាគ សំដែងហើយ ក៏យ៉ាងនោះដែរ ដូច្នេះមែន។ ព្រះអង្គត្រាស់សួរថា ម្នាលសាតិ វិញ្ញាណនោះ តើដូចម្តេច។ សាតិភិក្ខុក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន សភាវៈណា ដែលនិយាយបាន អាចទទួលអារម្មណ៍បាន បុគ្គលរមែងសោយវិបាក នៃកម្មទាំងឡាយល្អ និងអាក្រក់ ព្រោះសភាវៈនោះ សភាវៈនោះ (ហៅថា វិញ្ញាណ)។ ព្រះអង្គត្រាស់ថា ម្នាលមោឃបុរស អ្នកដឹងច្បាស់នូវធម៌ ដែលតថាគតសំដែងហើយ យ៉ាងណា អំពីសំណាក់បុគ្គលណា ម្នាលមោឃបុរស ក្រែងតថាគត បានសំដែងហើយ ដោយអនេកបរិយាយថា វិញ្ញាណ កើតឡើងព្រោះអាស្រ័យបច្ច័យ បើវៀរចាកបច្ច័យហើយ ការកើតឡើងនៃវិញ្ញាណ ក៏មិនមានដូច្នោះទេឬ ម្នាលមោឃបុរស ហេតុដូចម្តេច ក៏បានជាអ្នក ពោលបង្កាច់តថាគត ដោយគំនិត ដែលខ្លួនប្រកាន់ខុសវិញ អ្នកឈ្មោះថា គាស់រំលើង នូវខ្លួនផង ឈ្មោះថា សោយនូវអកុសល ដ៏ច្រើនផង ម្នាលមោឃបុរស ព្រោះថា គំនិតដែលប្រកាន់ខុស របស់អ្នកនោះ នឹងប្រព្រឹត្តទៅ ដើម្បីមិនជាប្រយោជន៍ ដើម្បីសេចក្តីទុក្ខ អស់កាលយូរអង្វែង។
[៨៣] គ្រានោះឯង ព្រះមានព្រះភាគត្រាស់សួរភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ សំគាល់សេចក្តីនោះ ថាដូចម្តេច សាតិភិក្ខុកេវដ្តបុត្តនេះ ឈ្មោះថា ធ្វើឲ្យកក់ក្តៅ ក្នុងធម្មវិន័យនេះ បានឬទេ ពួកភិក្ខុក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន ធ្វើដូចម្តេចនឹងបាន បពិត្រព្រះអង្គដ៏ចំរើន ហេតុនោះ មិនមែនដូច្នោះទេ។ កាលដែលពួកភិក្ខុនិយាយយ៉ាងនេះហើយ សាតិភិក្ខុកេវដ្តបុត្ត ក៏នៅស្ងៀម អៀនខ្មាស ឱនកចុះ សំយុងមុខចុះ អង្គុយសញ្ជប់សញ្ជឹង មិនមានប្រាជ្ញា។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់ជ្រាបសាតិភិក្ខុកេវដ្តបុត្ត នៅស្ងៀម អៀនខ្មាស ឱនកចុះ សំយុងមុខចុះ អង្គុយសញ្ជប់សញ្ជឹង មិនមានប្រាជ្ញាហើយ ទើបត្រាស់សួរសាតិភិក្ខុកេវដ្តបុត្តថា ម្នាលមោឃបុរស អ្នកប្រាកដជានៅតែប្រកាន់ខ្ជាប់ ដោយទិដ្ឋិអាក្រក់ របស់ខ្លួននេះ តែម្យ៉ាងឬ តថាគត នឹងអាលសាកសួរពួកភិក្ខុ ដែលនៅក្នុងទីនេះ។ លំដាប់នោះ ព្រះមានព្រះភាគ ត្រាស់សួរពួកភិក្ខុថា ម្នាលភិក្ខុទាំងឡាយ សាតិភិក្ខុកេវដ្តបុត្តនេះ ពោលបង្កាច់តថាគត ដោយគំនិត ដែលខ្លួនប្រកាន់ខុសផង ឈ្មោះថា គាស់រំលើងនូវខ្លួនផង ឈ្មោះថា ទទួលនូវអកុសល ដ៏ច្រើនផង យ៉ាងណា ចំណែកអ្នកទាំងឡាយ នឹងយល់ច្បាស់នូវធម៌ ដែលតថាគត សំដែងហើយ យ៉ាងនោះដែរឬ។ ពួកភិក្ខុក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន យើងខ្ញុំព្រះអង្គ មិនបានយល់ ដូច្នោះទេ បពិត្រព្រះអង្គដ៏ចំរើន ព្រោះថា ព្រះមានព្រះភាគ បានសំដែងប្រោសយើងខ្ញុំព្រះអង្គ ដោយអនេកបរិយាយថា វិញ្ញាណកើតឡើង ព្រោះអាស្រ័យបច្ច័យ បើវៀរបច្ច័យហើយ ការកើតឡើង នៃវិញ្ញាណ ក៏មិនមាន។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ពាក្យអ្នកទាំងឡាយនោះ ត្រូវពិតហើយ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ យល់ច្បាស់នូវធម៌ ដែលតថាគតសំដែងហើយ យ៉ាងនេះ ជាការប្រពៃពិត ម្នាលភិក្ខុទាំងឡាយ ព្រោះតថាគត បានសំដែងហើយ ដោយអនេកបរិយាយថា វិញ្ញាណកើតឡើង ព្រោះអាស្រ័យបច្ច័យ បើវៀរចាកបច្ច័យហើយ ការកើតឡើងនៃវិញ្ញាណ ក៏មិនមាន បើដូច្នោះ សាតិភិក្ខុកេវដ្តបុត្តនេះ ពិតជាពោលបង្កាច់តថាគត ដោយគំនិត ដែលខ្លួនប្រកាន់ខុសផង ឈ្មោះថា គាស់រំលើងនូវខ្លួនផង ឈ្មោះថា ទទួលនូវអកុសលដ៏ច្រើនផង ព្រោះថា ការប្រកាន់ខុស របស់មោឃបុរសនោះ នឹងប្រព្រឹត្តទៅ ដើម្បីមិនជាប្រយោជន៍ ដើម្បីសេចក្តីទុក្ខ អស់កាលយូរអង្វែង។
[៨៤] ម្នាលភិក្ខុទាំងឡាយ វិញ្ញាណកើតឡើង ព្រោះអាស្រ័យបច្ច័យណាៗ ក៏ដល់នូវកិរិយា រាប់តាមបច្ច័យនោះៗ ដូចវិញ្ញាណកើតឡើង ព្រោះអាស្រ័យភ្នែក និងរូប ដល់នូវកិរិយារាប់ថា ចក្ខុវិញ្ញាណ (ការដឹងដោយសារភ្នែក) វិញ្ញាណកើតឡើង ព្រោះអាស្រ័យត្រចៀក និងសំឡេង ដល់នូវកិរិយារាប់ថា សោតវិញ្ញាណ (ការដឹងដោយសារត្រចៀក) វិញ្ញាណកើតឡើង ព្រោះអាស្រ័យច្រមុះ និងក្លិន ដល់នូវកិរិយារាប់ថា ឃានវិញ្ញាណ (ការដឹងដោយសារច្រមុះ) វិញ្ញាណកើតឡើង ព្រោះអាស្រ័យអណ្តាត និងរស ដល់នូវកិរិយារាប់ថា ជីវ្ហាវិញ្ញាណ (ការដឹងដោយសារអណ្តាត) វិញ្ញាណកើតឡើង ព្រោះអាស្រ័យកាយ និងរបស់ដែលប៉ះនឹងកាយ ដល់នូវកិរិយារាប់ថា កាយវិញ្ញាណ (ការដឹងដោយសារកាយ) វិញ្ញាណកើតឡើង ព្រោះអាស្រ័យចិត្ត និងធម្មារម្មណ៍ ដល់នូវកិរិយារាប់ថា មនោវិញ្ញាណ (ការដឹងដោយសារចិត្ត)។ ម្នាលភិក្ខុទាំងឡាយ ដូចជាភ្លើងឆេះ អាស្រ័យនឹងវត្ថុណាៗ ក៏ដល់នូវកិរិយារាប់តាមវត្ថុនោះៗ ដូចជា ភ្លើងឆេះ ព្រោះអាស្រ័យឧស ដល់នូវកិរិយារាប់ថា ភ្លើងឧស ភ្លើងឆេះ ព្រោះអាស្រ័យប្រឆេះ ឬប៉ុយ ដល់នូវកិរិយារាប់ថា ភ្លើងប៉ុយ ភ្លើងឆេះ ព្រោះអាស្រ័យស្មៅ ដល់នូវកិរិយារាប់ថា ភ្លើងស្មៅ ភ្លើងឆេះ ព្រោះអាស្រ័យអាចម៍គោ ដល់នូវកិរិយារាប់ថា ភ្លើងអាចម៍គោ ភ្លើងឆេះ ព្រោះអាស្រ័យអង្កាម ដល់នូវកិរិយារាប់ថា ភ្លើងអង្កាម ភ្លើងឆេះ ព្រោះអាស្រ័យសម្រាម ដល់នូវកិរិយារាប់ថា ភ្លើងសម្រាម យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ វិញ្ញាណកើតឡើង ព្រោះអាស្រ័យនឹងបច្ច័យណាៗ ក៏ដល់នូវកិរិយារាប់តាមបច្ច័យនោះៗ ដូចជាវិញ្ញាណកើតឡើង ព្រោះអាស្រ័យភ្នែក និងរូប ដល់នូវកិរិយារាប់ថា ចក្ខុវិញ្ញាណ វិញ្ញាណកើតឡើង ព្រោះអាស្រ័យត្រចៀក និងសំឡេង ដល់នូវកិរិយារាប់ថា សោតវិញ្ញាណ វិញ្ញាណកើតឡើង ព្រោះអាស្រ័យច្រមុះ និងក្លិន ដល់នូវកិរិយារាប់ថា ឃានវិញ្ញាណ វិញ្ញាណកើតឡើង ព្រោះអាស្រ័យអណ្តាត និងរស ដល់នូវកិរិយារាប់ថា ជិវ្ហាវិញ្ញាណ វិញ្ញាណកើតឡើង ព្រោះអាស្រ័យកាយ និងរបស់ ដែលប៉ះដោយកាយ ដល់នូវកិរិយារាប់ថា កាយវិញ្ញាណ វិញ្ញាណកើតឡើង ព្រោះអាស្រ័យចិត្ត និងធម្មារម្មណ៍ ដល់នូវកិរិយារាប់ថា ជាមនោវិញ្ញាណ យ៉ាងនោះដែរ។
[៨៥] ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ឃើញនូវខន្ធបញ្ចកៈនេះ ដែលកើតឡើងហើយឬទេ។ ពួកភិក្ខុក្រាបទូលថា ព្រះករុណាព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយឃើញថា ខន្ធបញ្ចកៈនោះ កើតឡើង ព្រោះតែអាហារ ដូច្នោះឬទេ។ ព្រះករុណាព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយឃើញថា ខន្ធបញ្ចកៈនោះ ដែលកើតឡើងហើយ រមែងរលត់ទៅវិញ ជាធម្មតា ព្រោះរលត់អាហារនោះ ដែរឬទេ។ ព្រះករុណាព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ វិចិកិច្ឆា តែងកើតឡើង ព្រោះសេចក្តីសង្ស័យថា ខន្ធបញ្ចកៈនេះ កើតហើយ ឬមិនកើតទេ ដូច្នេះដែរឬទេ។ ព្រះករុណាព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ វិចិកិច្ឆាកើតឡើង ព្រោះសេចក្តីសង្ស័យថា ខន្ធបញ្ចកៈ តែងកើតឡើយ ព្រោះអាហារនោះ ឬមិនមែនទេ ដូច្នេះដែរឬ។ ព្រះករុណាព្រះអង្គ។ វិចិកិច្ឆាកើតឡើង ព្រោះសេចក្តីសង្ស័យថា ខន្ធបញ្ចកៈ ដែលកើតហើយ រលត់ទៅវិញជាធម្មតា ព្រោះតែរលត់អាហារនោះ ឬមិនមែន ដូច្នេះឬទេ។ ព្រះករុណាព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ កាលបុគ្គលឃើញច្បាស់ ដោយបញ្ញាដ៏ប្រពៃ តាមពិតថា ខន្ធបញ្ចកៈនេះ កើតហើយដូច្នេះ បុគ្គលនោះ ឈ្មោះថា លះបង់វិចិកិច្ឆាបានឬទេ។ ព្រះករុណាព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ កាលបុគ្គលឃើញច្បាស់ ដោយបញ្ញាដ៏ប្រពៃ តាមពិតថា ខន្ធបញ្ចកៈ កើតឡើង ព្រោះអាហារនោះដូច្នេះ បុគ្គលនោះ ឈ្មោះថា លះបង់វិចិកិច្ឆាបានឬទេ។ ព្រះករុណាព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ កាលបុគ្គលឃើញច្បាស់ ដោយបញ្ញាដ៏ប្រពៃ តាមពិតថា ខន្ធបញ្ចកៈ ដែលកើតហើយ រមែងរលត់ទៅវិញជាធម្មតា ព្រោះរលត់អាហារនោះ ដូច្នេះ បុគ្គលនោះ ឈ្មោះថា លះបង់វិចិកិច្ឆាបានឬទេ។ ព្រះករុណាព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ មិនមានវិចិកិច្ឆា ក្នុងខន្ធបញ្ចកៈនុ៎ះថា ខន្ធបញ្ចកៈនេះ កើតហើយ ដូច្នេះឬ។ ព្រះករុណាព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ មិនមានវិចិកិច្ឆា ក្នុងខន្ធបញ្ចកៈនោះថា ខន្ធបញ្ចកៈនោះ កើតឡើង ព្រោះអាហារ ដូច្នេះឬ។ ព្រះករុណាព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ មិនមានវិចិកិច្ឆា ក្នុងខន្ធបញ្ចកៈនុ៎ះថា ខន្ធបញ្ចកៈ ដែលកើតឡើង រមែងរលត់ទៅវិញជាធម្មតា ព្រោះរលត់អាហារនោះ ដូច្នេះឬ។ ព្រះករុណាព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ យល់ត្រូវដោយបញ្ញាដ៏ប្រពៃ តាមសេចក្តីពិតថា ខន្ធបញ្ចកៈនេះ កើតហើយ ដូច្នេះឬ។ ព្រះករុណាព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ យល់ឃើញត្រូវ ដោយបញ្ញាដ៏ល្អ តាមពិតថា ខន្ធបញ្ចកៈ កើតឡើង ព្រោះអាហារ ដូច្នេះឬ។ ព្រះករុណាព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ យល់ឃើញត្រូវ ដោយប្រាជ្ញាដ៏ប្រពៃ តាមសេចក្តីពិតថា ខន្ធបញ្ចកៈ ដែលកើតហើយ រមែងរលត់ទៅវិញជាធម្មតា ព្រោះរលត់អាហារនោះ ដូច្នេះឬ។ ព្រះករុណាព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ បើអ្នកទាំងឡាយ ជាប់ចំពាក់ រីករាយ កួចកាន់ រាប់អានទិដ្ឋិ [ទិដ្ឋិក្នុងទីនេះ សំដៅយកវិបស្សនាសម្មាទិដ្ឋិ។] នេះថា បរិសុទ្ធយ៉ាងនេះ ផូរផង់យ៉ាងនេះ ដោយតណ្ហា និងទិដ្ឋិ ម្នាលភិក្ខុទាំងឡាយ ចុះអ្នកទាំងឡាយ យល់ច្បាស់ នូវធម៌ មានឧបមាដូចជាផែ ដែលតថាគតសំដែងហើយ ដើម្បីប្រយោជន៍ នឹងរើខ្លួនចេញ (ចាកឱឃៈទាំង៤) មិនមែនដើម្បីប្រយោជន៍នឹងប្រកាន់ (ខន្ធបញ្ចកៈ) ខ្លះឬទេ។ បពិត្រព្រះអង្គដ៏ចំរើន មិនដូច្នោះទេ។ ម្នាលភិក្ខុទាំងឡាយ បើអ្នកទាំងឡាយ មិនជាប់ចំពាក់ មិនរីករាយ មិនកួចកាន់ មិនរាប់អានទិដ្ឋិនេះថា បរិសុទ្ធយ៉ាងនេះ ផូរផង់យ៉ាងនេះ ដោយអំណាចតណ្ហា និងទិដ្ឋិទេ ម្នាលភិក្ខុទាំងឡាយ ចុះអ្នកទាំងឡាយ យល់ច្បាស់ នូវធម៌ មានឧបមាដូចជាផែ ដែលតថាគត សំដែងហើយ ដើម្បីនឹងរើខ្លួនចេញ (ចាកឱឃៈទាំង៤) មិនមែនប្រយោជន៍ នឹងប្រកាន់ (ខន្ធបញ្ចកៈ) ខ្លះឬទេ។ ព្រះករុណាព្រះអង្គ។
[៨៦] ម្នាលភិក្ខុទាំងឡាយ អាហារដែលប្រព្រឹត្តទៅ ដើម្បីតាំងនៅមាំ របស់ពួកសត្វដែលកើតហើយផង ប្រព្រឹត្តទៅ ដើម្បីអនុគ្រោះ ដល់ពួកសត្វ ដែលកំពុងកើតផង នេះមាន៤ប្រការ។ អាហារទាំង៤ប្រការ តើដូចម្តេច។ គឺ កវឡិង្ការាហារ ដែលគ្រោតគ្រាត ឬល្អិតជាទី១ ផស្សាហារ ជាទី២ មនោសញ្ចេតនាហារ ជាទី៣ វិញ្ញាណាហារ ជាទី៤ [កវឡិង្ការាហារ ទី១ ដែលចាត់ជា២ គឺគ្រោតគ្រាត និងល្អិតនោះ ដោយសេចក្តីប្រៀបធៀបគ្នា ដូចសត្វក្រពើលេបថ្ម បើប្រៀបនឹងអាហារសត្វក្ងោក ដែលស៊ីពស់ និងស្ការនោះ អាហារក្រពើ ជាអាហារគ្រោតគ្រាត អាហារសត្វក្ងោក ជាអាហារល្អិត។បេ។ អាហារពួកទេវតា ជាន់បរនិម្មិតវស្សវត្តី ជាអាហារសុខុមល្អិត ជាងអាហាររបស់ពួកទេវតាជាន់និម្មានរតី ៗ ជាអាហារគ្រោតគ្រាត។ អាហារសុខុម មានរសជាតជាងអាហារជាគ្រោតគ្រាត។ កវឡិង្ការាហារនេះ ប្រមូលមក នូវឱជារស៨ប្រការ គឺបឋវី អាបោ តេជោ វាយោ វណ្ណោ គន្ធោ រសោ ឱជា។ ផស្សាហារ ទី២ បានដល់វេទនាទាំង៣ ដែលកើតអំពីការប៉ះពាល់សម្ផស្ស៦យ៉ាង។ មនោសញ្ចេតនាហារ ទី៣នោះ លោកសំដៅយកចេតនាកម្មទាំង៣ប្រការ ដែលអាចប្រមូលមក នូវបដិសន្ធិក្នុងត្រៃភព។ វិញ្ញាណាហារ ទី៤នោះ បានដល់ចិត្តណាមួយ ដែលនាំមកនូវរូប ក្នុងខណៈបដិសន្ធិក្នុងត្រៃភពនោះ។ អាហារទាំង៤នេះ បើចង់ដឹងសេចក្តីពិស្តារ ចូរមើលក្នុងគម្ពីរបបញ្ចសូទនី អដ្ឋកថា មជ្ឈិមនិកាយ មូលបណ្ណាសកៈ ត្រង់សម្មាទិដ្ឋិសុត្តវណ្ណនា។] ម្នាលភិក្ខុទាំងឡាយ ចុះអាហារទាំង៤នេះ មានអ្វីជាហេតុ មានអ្វីនាំឲ្យកើត មានអ្វីជាកំណើត មានអ្វីជាដែនកើត។ អាហារទាំង៤នេះ មានតណ្ហាជាហេតុ មានតណ្ហានាំឲ្យកើត មានតណ្ហាជាកំណើត មានតណ្ហាជាដែនកើត។ ម្នាលភិក្ខុទាំងឡាយ ក៏តណ្ហានេះ មានអ្វីជាហេតុ មានអ្វីនាំឲ្យកើត មានអ្វីជាកំណើត មានអ្វីជាដែនកើត។ តណ្ហា មានវេទនាជាហេតុ មានវេទនានាំឲ្យកើត មានវេទនាជាកំណើត មានវេទនាជាដែនកើត។ ម្នាលភិក្ខុទាំងឡាយ ក៏វេទនានេះ មានអ្វីជាហេតុ មានអ្វីនាំឲ្យកើត មានអ្វីជាកំណើត មានអ្វីជាដែនកើត។ វេទនា មានផស្សៈជាហេតុ មានផស្សៈនាំឲ្យកើត មានផស្សៈជាកំណើត មានផស្សៈជាដែនកើត។ ម្នាលភិក្ខុទាំងឡាយ ក៏ផស្សៈនេះ មានអ្វីជាហេតុ មានអ្វីនាំឲ្យកើត មានអ្វីជាកំណើត មានអ្វីជាដែនកើត។ ផស្សៈ មានសឡាយតនៈជាហេតុ មានសឡាយតនៈនាំឲ្យកើត មានសឡាយតនៈជាកំណើត មានសឡាយតនៈជាដែនកើត។ ម្នាលភិក្ខុទាំងឡាយ ក៏សឡាយតនៈនេះ មានអ្វីជាហេតុ មានអ្វីនាំឲ្យកើត មានអ្វីជាកំណើត មានអ្វីជាដែនកើត។ សឡាយតនៈ មាននាមរូបជាហេតុ មាននាមរូបនាំឲ្យកើត មាននាមរូបជាកំណើត មាននាមរូបជាដែនកើត។ ម្នាលភិក្ខុទាំងឡាយ ក៏នាមរូបនេះ មានអ្វីជាហេតុ មានអ្វីនាំឲ្យកើត មានអ្វីជាកំណើត មានអ្វីជាដែនកើត។ នាមរូប មានវិញ្ញាណជាហេតុ មានវិញ្ញាណនាំឲ្យកើត មានវិញ្ញាណជាកំណើត មានវិញ្ញាណជាដែនកើត។ ម្នាលភិក្ខុទាំងឡាយ ក៏វិញ្ញាណនេះ មានអ្វីជាហេតុ មានអ្វីនាំឲ្យកើត មានអ្វីជាកំណើត មានអ្វីជាដែនកើត។ វិញ្ញាណ មានសង្ខារជាហេតុ មានសង្ខារនាំឲ្យកើត មានសង្ខារជាកំណើត មានសង្ខារជាដែនកើត។ ម្នាលភិក្ខុទាំងឡាយ ក៏សង្ខារទាំងឡាយនេះ មានអ្វីជាហេតុ មានអ្វីនាំឲ្យកើត មានអ្វីជាកំណើត មានអ្វីជាដែនកើត។ សង្ខារទាំងឡាយ មានអវិជ្ជាជាហេតុ មានអវិជ្ជានាំឲ្យកើត មានអវិជ្ជាជាកំណើត មានអវិជ្ជាជាដែនកើត។ ម្នាលភិក្ខុទាំងឡាយ សង្ខារទាំងឡាយ កើតមាន ព្រោះអវិជ្ជាជាបច្ច័យ វិញ្ញាណកើតមាន ព្រោះសង្ខារជាបច្ច័យ នាមរូបកើតមាន ព្រោះវិញ្ញាណជាបច្ច័យ សឡាយតនៈកើតមាន ព្រោះនាមរូបជាបច្ច័យ ផស្សៈកើតមាន ព្រោះសឡាយតនៈជាបច្ច័យ វេទនាកើតមាន ព្រោះផស្សៈជាបច្ច័យ តណ្ហាកើតមាន ព្រោះវេទនាជាបច្ច័យ ឧបាទានកើតមាន ព្រោះតណ្ហាជាបច្ច័យ ភពកើតមាន ព្រោះឧបាទានជាបច្ច័យ ជាតិកើតមាន ព្រោះភពជាបច្ច័យ សេចក្តីចាស់ស្លាប់ (កើតមាន) ព្រោះជាតិជាបច្ច័យ ការសោក ខ្សឹកខ្សួល លំបាកកាយ លំបាកចិត្ត និងការចង្អៀតចង្អល់ទាំងឡាយ ក៏កើតមានព្រម ឯកិរិយាកើតឡើងនៃកងទុក្ខទាំងអស់នេះ រមែងមានយ៉ាងនេះ ដូច្នេះឯង [មើលសព្ទ និងនយលក្ខណៈ ក្នុងវិនយបិដក ខ្សែ៦ ត្រង់បឋមពោធិកាលចុះ។]។
[៨៧] ពាក្យថា ជរាមរណៈកើតមាន ព្រោះជាតិជាបច្ច័យ ដូច្នេះនេះ តថាគតសំដែងហើយមែន ម្នាលភិក្ខុទាំងឡាយ ចុះជរាមរណៈកើតមាន ព្រោះជាតិជាបច្ច័យ មិនមានក្នុងខន្ធបញ្ចកៈនោះទេ ឬដោយប្រការដូចម្តេច។ បពិត្រព្រះអង្គដ៏ចំរើន ជរាមរណៈកើតមាន ព្រោះជាតិជាបច្ច័យមែន ទាំងយើងខ្ញុំព្រះអង្គ ក៏មានសេចក្តីយល់ឃើញក្នុងខន្ធបញ្ចកៈនុ៎ះ យ៉ាងនេះថា ជរាមរណៈកើតមាន ព្រោះជាតិជាបច្ច័យដែរ។ ពាក្យថា ជាតិកើតមាន ព្រោះភពជាបច្ច័យ ដូច្នេះនេះ តថាគត បានសំដែងហើយមែន ម្នាលភិក្ខុទាំងឡាយ ចុះជាតិកើតមាន ព្រោះភពជាបច្ច័យ មិនមានក្នុងខន្ធបញ្ចកៈនោះទេ ឬដោយប្រការដូចម្តេច។ បពិត្រព្រះអង្គដ៏ចំរើន ជាតិកើតមាន ព្រោះភពជាបច្ច័យមែន ទាំងយើងខ្ញុំព្រះអង្គ ក៏មានសេចក្តីយល់ឃើញក្នុងខន្ធបញ្ចកៈនុ៎ះ យ៉ាងនេះថា ជាតិកើតមាន ព្រោះភពជាបច្ច័យដែរ។ ពាក្យថា ភពកើតមាន ព្រោះឧបាទានជាបច្ច័យ ដូច្នេះនេះ តថាគតសំដែងហើយមែន ម្នាលភិក្ខុទាំងឡាយ ចុះភពកើតមាន ព្រោះឧបាទានជាបច្ច័យ មិនមានក្នុងខន្ធបញ្ចកៈនោះទេ ឬដោយប្រការដូចម្តេច។ បពិត្រព្រះអង្គដ៏ចំរើន ភពកើតមាន ព្រោះឧបាទានជាបច្ច័យមែន ទាំងយើងខ្ញុំព្រះអង្គ ក៏មានសេចក្តីយល់ឃើញក្នុងខន្ធបញ្ចកៈនុ៎ះ យ៉ាងនេះថា ភពកើតមាន ព្រោះឧបាទានជាបច្ច័យដែរ។ ពាក្យថា ឧបាទានកើតមាន ព្រោះតណ្ហាជាបច្ច័យ ដូច្នេះនេះ តថាគតបានសំដែងហើយមែន ម្នាលភិក្ខុទាំងឡាយ ចុះឧបាទានកើតមាន ព្រោះតណ្ហាជាបច្ច័យ មិនមានក្នុងខន្ធបញ្ចកៈនុ៎ះទេ ឬដោយប្រការដូចម្តេច។ បពិត្រព្រះអង្គដ៏ចំរើន ឧបាទានកើតមាន ព្រោះតណ្ហាជាបច្ច័យមែន ទាំងយើងខ្ញុំព្រះអង្គ ក៏មានសេចក្តីយល់ឃើញក្នុងខន្ធបញ្ចកៈនោះ យ៉ាងនេះថា ឧបាទានកើតមាន ព្រោះតណ្ហាជាបច្ច័យដែរ។ ពាក្យថា តណ្ហាកើតមាន ព្រោះវេទនាជាបច្ច័យ ដូច្នេះនេះ តថាគតសំដែងហើយមែន ម្នាលភិក្ខុទាំងឡាយ ចុះតណ្ហាកើតមាន ព្រោះវេទនាជាបច្ច័យ មិនមានក្នុងខន្ធបញ្ចកៈនុ៎ះទេ ឬដោយប្រការដូចម្តេច។ បពិត្រព្រះអង្គដ៏ចំរើន តណ្ហាកើតមាន ព្រោះវេទនាជាបច្ច័យមែន ទាំងយើងខ្ញុំព្រះអង្គ ក៏មានសេចក្តីយល់ឃើញក្នុងខន្ធបញ្ចកៈនុ៎ះ យ៉ាងនេះថា តណ្ហាកើតមាន ព្រោះវេទនាជាបច្ច័យដែរ។ ពាក្យថា វេទនាកើតមាន ព្រោះផស្សៈជាបច្ច័យ ដូច្នេះនេះ តថាគតសំដែងហើយមែន ម្នាលភិក្ខុទាំងឡាយ ចុះវេទនាកើតមាន ព្រោះផស្សៈជាបច្ច័យ មិនមានក្នុងខន្ធបញ្ចកៈនុ៎ះទេ ឬដោយប្រការដូចម្តេច។ បពិត្រព្រះអង្គដ៏ចំរើន វេទនាកើតមាន ព្រោះផស្សៈជាបច្ច័យមែន ទាំងយើងខ្ញុំព្រះអង្គ ក៏មានសេចក្តីយល់ឃើញក្នុងខន្ធបញ្ចកៈនុ៎ះ យ៉ាងនេះថា វេទនាកើតមាន ព្រោះផស្សៈជាបច្ច័យដែរ។ ពាក្យថា ផស្សៈកើតមាន ព្រោះសឡាយតនៈជាបច្ច័យ ដូច្នេះនេះ តថាគតសំដែងហើយមែន ម្នាលភិក្ខុទាំងឡាយ ចុះផស្សៈកើតមាន ព្រោះសឡាយតនៈជាបច្ច័យ មិនមានក្នុងខន្ធបញ្ចកៈនុ៎ះទេ ឬដោយប្រការដូចម្តេច។ បពិត្រព្រះអង្គដ៏ចំរើន ផស្សៈកើតមាន ព្រោះសឡាយតនៈជាបច្ច័យមែន ទាំងយើងខ្ញុំព្រះអង្គ ក៏មានសេចក្តីយល់ឃើញក្នុងខន្ធបញ្ចកៈនុ៎ះ យ៉ាងនេះថា ផស្សៈកើតមាន ព្រោះសឡាយតនៈជាបច្ច័យដែរ។ ពាក្យថា សឡាយតនៈកើតមាន ព្រោះនាមរូបជាបច្ច័យ ដូច្នេះនេះ តថាគតសំដែងហើយមែន ម្នាលភិក្ខុទាំងឡាយ ចុះសឡាយតនៈកើតមាន ព្រោះនាមរូបជាបច្ច័យ មិនមានក្នុងខន្ធបញ្ចកៈនុ៎ះទេ ឬដោយប្រការដូចម្តេច។ បពិត្រព្រះអង្គដ៏ចំរើន សឡាយតនៈកើតមាន ព្រោះនាមរូបជាបច្ច័យមែន ទាំងយើងខ្ញុំព្រះអង្គ ក៏មានសេចក្តីយល់ឃើញក្នុងខន្ធបញ្ចកៈនុ៎ះ យ៉ាងនេះថា សឡាយតនៈកើតមាន ព្រោះនាមរូបជាបច្ច័យដែរ។ ពាក្យថា នាមរូបកើតមាន ព្រោះវិញ្ញាណជាបច្ច័យ ដូច្នេះនេះ តថាគតបានសំដែងហើយមែន ម្នាលភិក្ខុទាំងឡាយ ចុះនាមរូបកើតមាន ព្រោះវិញ្ញាណជាបច្ច័យ មិនមានក្នុងខន្ធបញ្ចកៈនុ៎ះទេ ឬដោយប្រការដូចម្តេច។ បពិត្រព្រះអង្គដ៏ចំរើន នាមរូបកើតមាន ព្រោះវិញ្ញាណជាបច្ច័យមែន ទាំងយើងខ្ញុំព្រះអង្គ ក៏មានសេចក្តីយល់ឃើញក្នុងខន្ធបញ្ចកៈនុ៎ះ យ៉ាងនេះថា នាមរូបកើតមាន ព្រោះវិញ្ញាណជាបច្ច័យដែរ។ ពាក្យថា វិញ្ញាណកើតមាន ព្រោះសង្ខារជាបច្ច័យ ដូច្នេះនេះ តថាគតបានសំដែងហើយមែន ម្នាលភិក្ខុទាំងឡាយ ចុះវិញ្ញាណកើតមាន ព្រោះសង្ខារជាបច្ច័យ មិនមានក្នុងខន្ធបញ្ចកៈនុ៎ះទេ ឬដោយប្រការដូចម្តេច។ បពិត្រព្រះអង្គដ៏ចំរើន វិញ្ញាណកើតមាន ព្រោះសង្ខារជាបច្ច័យមែន ទាំងយើងខ្ញុំព្រះអង្គ ក៏មានសេចក្តីយល់ឃើញក្នុងខន្ធបញ្ចកៈនុ៎ះ យ៉ាងនេះថា វិញ្ញាណកើតមាន ព្រោះសង្ខារជាបច្ច័យដែរ។ ពាក្យថា សង្ខារកើតមាន ព្រោះអវិជ្ជាជាបច្ច័យ ដូច្នេះនេះ តថាគតសំដែងហើយមែន ម្នាលភិក្ខុទាំងឡាយ ចុះសង្ខារកើតមាន ព្រោះអិវជ្ជាជាបច្ច័យ មិនមានក្នុងខន្ធបញ្ចកៈនុ៎ះទេ ឬដោយប្រការដូចម្តេច។ បពិត្រព្រះអង្គដ៏ចំរើន សង្ខារកើតមាន ព្រោះអវិជ្ជាជាបច្ច័យ ដូច្នេះមែន ទាំងយើងខ្ញុំព្រះអង្គ ក៏មានសេចក្តីយល់ឃើញក្នុងខន្ធបញ្ចកៈនុ៎ះ យ៉ាងនេះថា សង្ខារកើតមាន ព្រោះអវិជ្ជាជាបច្ច័យដែរ។
[៨៨] ព្រះអង្គត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ពាក្យនុ៎ះត្រូវល្អណាស់ហើយ ម្នាលភិក្ខុទាំងឡាយ ពួកអ្នកក៏និយាយយ៉ាងនេះ តថាគត ក៏និយាយយ៉ាងនេះ ដូច្នេះដែរ កាលបើបច្ច័យ មានអវិជ្ជាជាដើមនេះកើតឡើងហើយ ផល មានសង្ខារជាដើមនេះ ក៏កើតឡើង ផល មានសង្ខារជាដើមនេះកើតឡើង ព្រោះកើតឡើងនៃបច្ច័យ មានអវិជ្ជាជាដើមនេះ ដ្បិតថា សង្ខារទាំងឡាយ កើតមាន ព្រោះតែអវិជ្ជាជាបច្ច័យ វិញ្ញាណកើតមាន ព្រោះសង្ខារជាបច្ច័យ នាមរូបកើតមាន ព្រោះវិញ្ញាណជាបច្ច័យ សឡាយតនៈកើតមាន ព្រោះនាមរូបជាបច្ច័យ ផស្សៈកើតមាន ព្រោះសឡាយតនៈជាបច្ច័យ វេទនាកើតមាន ព្រោះផស្សៈជាបច្ច័យ តណ្ហាកើតមាន ព្រោះវេទនាជាបច្ច័យ ឧបាទានកើតមាន ព្រោះតណ្ហាជាបច្ច័យ ភពកើតមាន ព្រោះឧបាទានជាបច្ច័យ ជាតិកើតមាន ព្រោះភពជាបច្ច័យ សេចក្តីចាស់ ស្លាប់ សោក ខ្សឹកខ្សួល លំបាកកាយ លំបាកចិត្ត និងសេចក្តីចង្អៀតចង្អល់ទាំងឡាយ ក៏កើតមាន ព្រោះជាតិជាបច្ច័យ កិរិយាកើតឡើង នៃកងទុក្ខទាំងអស់នេះ រមែងមានយ៉ាងនេះ ដូច្នេះឯង។ មួយទៀត សេចក្តីរលត់នៃសង្ខារ ព្រោះតែវិនាស និងរលត់មិនសល់នៃអវិជ្ជា សេចក្តីរលត់នៃវិញ្ញាណ ព្រោះរលត់សង្ខារ សេចក្តីរលត់ នៃនាមរូប ព្រោះរលត់វិញ្ញាណ សេចក្តីរលត់ នៃសឡាយតនៈ ព្រោះរលត់នាមរូប សេចក្តីរលត់នៃផស្សៈ ព្រោះរលត់សឡាយតនៈ សេចក្តីរលត់ នៃវេទនា ព្រោះរលត់ផស្សៈ សេចក្តីរលត់ នៃតណ្ហា ព្រោះរលត់វេទនា សេចក្តីរលត់នៃឧបាទាន ព្រោះរលត់តណ្ហា សេចក្តីរលត់នៃភព ព្រោះរលត់ឧបាទាន សេចក្តីរលត់នៃជាតិ ព្រោះរលត់ភព សេចក្តីចាស់ ស្លាប់ (រលត់) ព្រោះរលត់ជាតិ សោក ខ្សឹកខ្សួល លំបាកកាយ លំបាកចិត្ត និងសេចក្តីចង្អៀតចង្អល់ ក៏សឹងតែរលត់ទៅ សេចក្តីរលត់ នៃកងទុក្ខទាំងអស់នេះ រមែងមានយ៉ាងនេះ ដូច្នេះឯង [មើលសព្ទ និងនយលក្ខណៈ ក្នុងវិនយបិដក ខ្សែ៦ ត្រង់បឋមពោធិកាលចុះ។]។
[៨៩] ពាក្យថា សេចក្តីរលត់នៃជរាមរណៈ ព្រោះរលត់ជាតិដូច្នេះនេះ តថាគត សំដែងហើយមែន ម្នាលភិក្ខុទាំងឡាយ ចុះសេចក្តីរលត់ជរាមរណៈ ព្រោះរលត់ជាតិ មិនមានក្នុងខន្ធបញ្ចកៈនុ៎ះទេ ឬដោយប្រការដូចម្តេច។ បពិត្រព្រះអង្គដ៏ចំរើន សេចក្តីរលត់នៃជរាមរណៈ ព្រោះរលត់ជាតិមែន ទាំងយើងខ្ញុំព្រះអង្គ ក៏មានសេចក្តីយល់ឃើញក្នុងខន្ធបញ្ចកៈនុ៎ះ យ៉ាងនេះថា សេចក្តីរលត់នៃជរាមរណៈ ព្រោះរលត់ជាតិ។ ពាក្យថា សេចក្តីរលត់នៃជាតិ ព្រោះរលត់ភព ដូច្នេះនេះ តថាគត សំដែងហើយមែន ម្នាលភិក្ខុទាំងឡាយ ចុះសេចក្តីរលត់នៃជាតិ ព្រោះរលត់ភព មិនមានក្នុងខន្ធបញ្ចកៈនុ៎ះទេ ឬដោយប្រការដូចម្តេច។ បពិត្រព្រះអង្គដ៏ចំរើន សេចក្តីរលត់នៃជាតិ ព្រោះរលត់ភពមែន ទាំងយើងខ្ញុំព្រះអង្គ ក៏មានសេចក្តីយល់ឃើញ ក្នុងខន្ធបញ្ចកៈនុ៎ះ យ៉ាងនេះថា សេចក្តីរលត់នៃជាតិ ព្រោះរលត់ភពដែរ។ ពាក្យថា សេចក្តីរលត់នៃភព ព្រោះរលត់ឧបាទាន ដូច្នេះនេះ តថាគត សំដែងហើយមែន ម្នាលភិក្ខុទាំងឡាយ ចុះសេចក្តីរលត់ភព ព្រោះរលត់ឧបាទាន មិនមានក្នុងខន្ធបញ្ចកៈនុ៎ះទេ ឬដោយប្រការដូចម្តេច។ បពិត្រព្រះអង្គដ៏ចំរើន សេចក្តីរលត់ភព ព្រោះរលត់ឧបាទានមែន ទាំងយើងខ្ញុំព្រះអង្គ ក៏មានសេចក្តីយល់ឃើញ ក្នុងខន្ធបញ្ចកៈនុ៎ះ យ៉ាងនេះថា សេចក្តីរលត់ភព ព្រោះរលត់ឧបាទានដែរ។ ពាក្យថា សេចក្តីរលត់ឧបាទាន ព្រោះរលត់តណ្ហា ដូច្នេះនេះ តថាគត សំដែងហើយមែន ម្នាលភិក្ខុទាំងឡាយ ចុះសេចក្តីរលត់ឧបាទាន ព្រោះរលត់តណ្ហា មិនមានក្នុងខន្ធបញ្ចកៈនុ៎ះទេ ឬដោយប្រការដូចម្តេច។ បពិត្រព្រះអង្គដ៏ចំរើន សេចក្តីរលត់ឧបាទាន ព្រោះរលត់តណ្ហាមែន ទាំងយើងខ្ញុំព្រះអង្គ ក៏មានសេចក្តីយល់ឃើញ ក្នុងខន្ធបញ្ចកៈនុ៎ះ យ៉ាងនេះថា សេចក្តីរលត់ឧបាទាន ព្រោះរលត់តណ្ហាដែរ។ ពាក្យថា សេចក្តីរលត់តណ្ហា ព្រោះរលត់វេទនា ដូច្នេះនេះ តថាគត សំដែងហើយមែន ម្នាលភិក្ខុទាំងឡាយ ចុះសេចក្តីរលត់តណ្ហា ព្រោះរលត់វេទនា មិនមានក្នុងខន្ធបញ្ចកៈនុ៎ះទេ ឬដោយប្រការដូចម្តេច។ បពិត្រព្រះអង្គដ៏ចំរើន សេចក្តីរលត់តណ្ហា ព្រោះរលត់វេទនា ដូច្នេះមែន ទាំងយើងខ្ញុំព្រះអង្គ ក៏មានសេចក្តីយល់ឃើញ ក្នុងខន្ធបញ្ចកៈនុ៎ះ យ៉ាងនេះថា សេចក្តីរលត់តណ្ហា ព្រោះរលត់វេទនាដែរ។ ពាក្យថា សេចក្តីរលត់វេទនា ព្រោះរលត់ផស្សៈ ដូច្នេះនេះ តថាគត សំដែងហើយមែន ម្នាលភិក្ខុទាំងឡាយ ចុះសេចក្តីរលត់វេទនា ព្រោះរលត់ផស្សៈ មិនមានក្នុងខន្ធបញ្ចកៈនុ៎ះទេ ឬដោយប្រការដូចម្តេច។ បពិត្រព្រះអង្គដ៏ចំរើន សេចក្តីរលត់វេទនា ព្រោះរលត់ផស្សៈមែន ទាំងយើងខ្ញុំព្រះអង្គ ក៏មានសេចក្តីយល់ឃើញ ក្នុងខន្ធបញ្ចកៈនុ៎ះ យ៉ាងនេះថា សេចក្តីរលត់វេទនា ព្រោះរលត់ផស្សៈដែរ។ ពាក្យថា សេចក្តីរលត់ផស្សៈ ព្រោះរលត់សឡាយតនៈ ដូច្នេះនេះ តថាគត សំដែងហើយមែន ម្នាលភិក្ខុទាំងឡាយ ចុះសេចក្តីរលត់ផស្សៈ ព្រោះរលត់សឡាយតនៈ មិនមានក្នុងខន្ធបញ្ចកៈនុ៎ះទេ ឬដោយប្រការដូចម្តេច។ បពិត្រព្រះអង្គដ៏ចំរើន សេចក្តីរលត់ផស្សៈ ព្រោះរលត់សឡាយតនៈមែន ទាំងយើងខ្ញុំព្រះអង្គ ក៏មានសេចក្តីយល់ឃើញ ក្នុងខន្ធបញ្ចកៈនុ៎ះ យ៉ាងនេះថា សេចក្តីរលត់ផស្សៈ ព្រោះរលត់សឡាយតនៈដែរ។ ពាក្យថា សេចក្តីរលត់សឡាយតនៈ ព្រោះរលត់នាមរូប ដូច្នេះនេះ តថាគត សំដែងហើយមែន ម្នាលភិក្ខុទាំងឡាយ ចុះសេចក្តីរលត់សឡាយតនៈ ព្រោះរលត់នាមរូប មិនមានក្នុងខន្ធបញ្ចកៈនុ៎ះទេ ឬដោយប្រការដូចម្តេច។ បពិត្រព្រះអង្គដ៏ចំរើន សេចក្តីរលត់សឡាយតនៈ ព្រោះរលត់នាមរូបមែន ទាំងយើងខ្ញុំព្រះអង្គ ក៏មានសេចក្តីយល់ឃើញ ក្នុងខន្ធបញ្ចកៈនុ៎ះ យ៉ាងនេះថា សេចក្តីរលត់សឡាយតនៈ ព្រោះរលត់នាមរូបដែរ។ ពាក្យថា សេចក្តីរលត់នាមរូប ព្រោះរលត់វិញ្ញាណ ដូច្នេះនេះ តថាគត សំដែងហើយមែន ម្នាលភិក្ខុទាំងឡាយ ចុះសេចក្តីរលត់នាមរូប ព្រោះរលត់វិញ្ញាណ មិនមានក្នុងខន្ធបញ្ចកៈនុ៎ះទេ ឬដោយប្រការដូចម្តេច។ បពិត្រព្រះអង្គដ៏ចំរើន សេចក្តីរលត់នាមរូប ព្រោះរលត់វិញ្ញាណមែន ទាំងយើងខ្ញុំព្រះអង្គ ក៏មានសេចក្តីយល់ឃើញ ក្នុងខន្ធបញ្ចកៈនុ៎ះ យ៉ាងនេះថា សេចក្តីរលត់នាមរូប ព្រោះរលត់វិញ្ញាណដែរ។ ពាក្យថា សេចក្តីរលត់វិញ្ញាណ ព្រោះរលត់សង្ខារ ដូច្នេះនេះ តថាគត សំដែងហើយមែន ម្នាលភិក្ខុទាំងឡាយ ចុះសេចក្តីរលត់វិញ្ញាណ ព្រោះរលត់សង្ខារ មិនមានក្នុងខន្ធបញ្ចកៈនុ៎ះទេ ឬដោយប្រការដូចម្តេច។ បពិត្រព្រះអង្គដ៏ចំរើន សេចក្តីរលត់វិញ្ញាណ ព្រោះរលត់សង្ខារមែន ទាំងយើងខ្ញុំព្រះអង្គ ក៏មានសេចក្តីយល់ឃើញ ក្នុងខន្ធបញ្ចកៈនុ៎ះ យ៉ាងនេះថា សេចក្តីរលត់វិញ្ញាណ ព្រោះរលត់សង្ខារដែរ។ ពាក្យថា សេចក្តីរលត់សង្ខារ ព្រោះរលត់អវិជ្ជា ដូច្នេះនេះ តថាគត សំដែងហើយមែន ម្នាលភិក្ខុទាំងឡាយ ចុះសេចក្តីរលត់សង្ខារ ព្រោះរលត់អវិជ្ចា មិនមានក្នុងខន្ធបញ្ចកៈនុ៎ះទេ ឬដោយប្រការដូចម្តេច។ បពិត្រព្រះអង្គដ៏ចំរើន សេចក្តីរលត់សង្ខារ ព្រោះរលត់អវិជ្ជាមែន ទាំងយើងខ្ញុំព្រះអង្គ ក៏មានសេចក្តីយល់ឃើញ ក្នុងខន្ធបញ្ចកៈនុ៎ះ យ៉ាងនេះថា សេចក្តីរលត់សង្ខារ ព្រោះរលត់អវិជ្ជាដែរ។
[៩០] ព្រះអង្គត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ពាក្យដែលអ្នកទាំងឡាយនិយាយនុ៎ះ ត្រូវល្អណាស់ហើយ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ក៏និយាយយ៉ាងនេះ តថាគត ក៏និយាយយ៉ាងនេះ ដូច្នេះដែរ កាលបើបច្ច័យ មានអវិជ្ជាជាដើមនេះ មិនមានហើយ ផល មានសង្ខារជាដើមនេះ ក៏មិនមាន ផល មានសង្ខារជាដើមនេះ តែងរលត់ទៅ មិនសល់ ព្រោះរលត់នៃបច្ច័យ មានអវិជ្ជាជាដើមនេះ ដ្បិតថា សេចក្តីរលត់នៃសង្ខារ ព្រោះរលត់អវិជ្ជា សេចក្តីរលត់នៃវិញ្ញាណ ព្រោះរលត់សង្ខារ សេចក្តីរលត់នៃនាមរូប ព្រោះរលត់វិញ្ញាណ សេចក្តីរលត់នៃសឡាយតនៈ ព្រោះរលត់នាមរូប សេចក្តីរលត់នៃផស្សៈ ព្រោះរលត់សឡាយតនៈ សេចក្តីរលត់នៃវេទនា ព្រោះរលត់ផស្សៈ សេចក្តីរលត់នៃតណ្ហា ព្រោះរលត់វេទនា សេចក្តីរលត់នៃឧបាទាន ព្រោះរលត់តណ្ហា សេចក្តីរលត់ភព ព្រោះរលត់ឧបាទាន សេចក្តីរលត់ជាតិ ព្រោះរលត់ភព សេចក្តីចាស់ ស្លាប់ (រលត់) ព្រោះរលត់ជាតិ ការយំ សោក ខ្សឹកខ្សួល ការលំបាកកាយ ការលំបាកចិត្ត និងសេចក្តីចង្អៀតចង្អល់ទាំងឡាយ ក៏សឹងតែរលត់ទៅ មិនសល់ សេចក្តីរលត់នៃកងទុក្ខទាំងអស់នេះ រមែងមានយ៉ាងនេះឯង។
[៩១] ម្នាលភិក្ខុទាំងឡាយ ចុះកាលបើអ្នកទាំងឡាយ ដឹងយ៉ាងនេះ ឃើញយ៉ាងនេះហើយ នឹងស្រាវជ្រាវនូវខន្ធ ធាតុ អាយតនៈ ជាចំណែកខាងដើម គឺអតីតកាលថា ក្នុងកាលកន្លងទៅហើយ យើងធ្លាប់បានកើតឬហ្ន៎ ឬក្នុងកាលកន្លងទៅ យើងមិនធ្លាប់កើតទេ ក្នុងកាលកន្លងទៅហើយ យើងបានកើតជាជាតិអ្វីហ្ន៎ ក្នុងកាលកន្លងទៅហើយ យើងបានកើតជាមនុស្ស មានទ្រង់ទ្រាយដូចម្តេច ក្នុងកាលកន្លងទៅហើយ យើងកើតជាជាតិអ្វី បានជាអ្វី ដូច្នេះ បានដែរឬទេ។ បពិត្រព្រះអង្គដ៏ចំរើន ដំណើរនោះ យើងខ្ញុំព្រះអង្គ ស្រាវជ្រាវរកមិនឃើញទេ។ ម្នាលភិក្ខុទាំងឡាយ ចុះកាលបើអ្នកទាំងឡាយ ដឹងយ៉ាងនេះ ឃើញយ៉ាងនេះហើយ នឹងស្រាវជ្រាវរក ខន្ធ ធាតុ អាយតនៈ ជាចំណែកខាងមុខ គឺអនាគតកាលថា ក្នុងកាលជាអនាគត យើងនឹងកើតឬហ្ន៎ ក្នុងកាលជាអនាគត យើងមិនកើតទៀតទេ ក្នុងកាលជាអនាគត យើងនឹងកើតជាអ្វីហ្ន៎ ក្នុងកាលជាអនាគត យើងនឹងកើតជាមនុស្ស មានទ្រង់ទ្រាយ ដូចម្តេចហ្ន៎ ក្នុងកាលជាអនាគត យើងនឹងកើតជាជាតិអ្វី បានជាអ្វី ដូច្នេះ បានដែរឬទេ។ បពិត្រព្រះអង្គដ៏ចំរើន ដំណើរនោះ យើងខ្ញុំព្រះអង្គ ស្រាវជ្រាវរកមិនឃើញទេ។ ម្នាលភិក្ខុទាំងឡាយ ចុះបើអ្នកទាំងឡាយ ដឹងយ៉ាងនេះ ឃើញយ៉ាងនេះហើយ គប្បីសង្ស័យ ចំពោះខន្ធ ធាតុ អាយតនៈ ជាចំណែកខាងក្នុង ប្រារព្ធ នូវកាលជាបច្ចុប្បន្ន ក្នុងកាលឥឡូវនេះថា អាត្មាអញ កើតទៀត ឬមិនកើតទេ អាត្មាអញ កើតជាជាតិអ្វីហ្ន៎ អាត្មាអញ កើតជាមនុស្ស មានទ្រង់ទ្រាយដូចម្តេច សត្វនេះ មកអំពីទីណា សត្វនោះ នឹងទៅកើត ក្នុងទីណាវិញ ដូច្នេះដែរឬទេ។ បពិត្រព្រះអង្គដ៏ចំរើន ដំណើរនោះ យើងខ្ញុំព្រះអង្គ មិនបានសង្ស័យ ដូច្នោះទេ។ ម្នាលភិក្ខុទាំងឡាយ កាលបើអ្នកទាំងឡាយ ដឹងយ៉ាងនេះ ឃើញយ៉ាងនេះហើយ គប្បីនិយាយយ៉ាងនេះថា ព្រះសាស្តាជាគ្រូយើង យើងត្រូវនិយាយយ៉ាងនេះ ដោយសេចក្តីគោរព ចំពោះព្រះសាស្តា ដូច្នេះ ដែរឬទេ។ បពិត្រព្រះអង្គដ៏ចំរើន ពាក្យនេះ យើងខ្ញុំព្រះអង្គ មិនដែលនិយាយទេ។ ម្នាលភិក្ខុទាំងឡាយ កាលបើអ្នកទាំងឡាយ ដឹងយ៉ាងនេះ ឃើញយ៉ាងនេះហើយ គប្បីនិយាយ យ៉ាងនេះថា សមណៈ គឺព្រះពុទ្ធ និយាយយ៉ាងនេះ ចំណែកយើងទាំងឡាយ ជាសមណៈដែរ មិនត្រូវនិយាយយ៉ាងនេះ ដូច្នេះដែរឬទេ។ បពិត្រព្រះអង្គដ៏ចំរើន ពាក្យនោះ យើងខ្ញុំព្រះអង្គ មិនដែលនិយាយទេ។ ម្នាលភិក្ខុទាំងឡាយ កាលបើអ្នកទាំងឡាយ ដឹងយ៉ាងនេះ ឃើញយ៉ាងនេះហើយ គប្បីឧទ្ទិស ចំពោះសាស្តាឯទៀត ដែរឬទេ។ បពិត្រព្រះអង្គដ៏ចំរើន យើងខ្ញុំព្រះអង្គ មិនបានឧទ្ទិសទេ។ ម្នាលភិក្ខុទាំងឡាយ កាលបើអ្នកទាំងឡាយ ដឹងយ៉ាងនេះ ឃើញយ៉ាងនេះហើយ គប្បីប្រកាន់ នូវវត្តសមាទាន សេចក្តីភ្ញាក់ផ្អើល ដោយទិដ្ឋិ និងទិដ្ឋិមង្គល សុតមង្គល មុតមង្គល ជារបស់ពួកតិត្ថិយសមណៈ និងព្រាហ្មណសមណៈ ជាច្រើនដែរឬទេ។ បពិត្រព្រះអង្គដ៏ចំរើន យើងខ្ញុំព្រះអង្គ មិនបានប្រកាន់ទេ។ ម្នាលភិក្ខុទាំងឡាយ ហេតុណាមួយ ដែលអ្នកទាំងឡាយ ស្គាល់ខ្លួនឯង ឃើញខ្លួនឯង ដឹងច្បាស់ខ្លួនឯង អ្នកទាំងឡាយ គប្បីនិយាយហេតុនោះ ដែរឬទេ។ បពិត្រព្រះអង្គដ៏ចំរើន យើងខ្ញុំព្រះអង្គ និយាយដែរ។ ម្នាលភិក្ខុទាំងឡាយ ពាក្យដែលអ្នកទាំងឡាយនិយាយនោះ ត្រូវល្អណាស់ហើយ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ដែលតថាគត នាំចូលទៅ (កាន់ព្រះនិព្វាន) ដោយធម៌ ដែលគួរឃើញច្បាស់ខ្លួនឯង ជាធម៌មិនរង់ចាំកាល ជាធម៌មានអាការ ដូចជាហៅបុគ្គល មកចង្អុលប្រាប់ ជាធម៌ដែលព្រះអរិយបុគ្គល គប្បីបង្អោនចូលមកទុកក្នុងខ្លួន ជាធម៌ដែលវិញ្ញូជនទាំងឡាយ គប្បីដឹងច្បាស់ ក្នុងចិត្តរបស់ខ្លួន ម្នាលភិក្ខុទាំងឡាយ ធម៌នេះ ជាធម៌គួរឃើញច្បាស់ខ្លួនឯង ជាធម៌មិនរង់ចាំកាល ជាធម៌មានអាការដូចជាហៅបុគ្គលមកប្រាប់ ជាធម៌ដែលព្រះអរិយបុគ្គល គប្បីបង្អោនចូលមកទុកក្នុងខ្លួន ជាធម៌ដែលវិញ្ញូជនទាំងឡាយ គប្បីដឹងច្បាស់ ក្នុងចិត្តរបស់ខ្លួន ហេតុដូច្នោះ បានជាតថាគត ពោលសំដៅត្រង់ហេតុ ដែលអ្នកទាំងឡាយដឹងច្បាស់ ដោយខ្លួនឯងនោះ។
[៩២] ម្នាលភិក្ខុទាំងឡាយ កិរិយាចុះចាប់បដិសន្ធិរបស់សត្វ ដែលកើតក្នុងផ្ទៃ ព្រោះប្រជុំហេតុ៣ប្រការ។ ក្នុងសត្វលោកនេះ មាតាបិតាមកប្រជុំគ្នាហើយ តែមាតាជាស្រីមិនមានរដូវផង សត្វដែលគួរកើតក្នុងផ្ទៃនោះ ក៏មិនមានប្រាកដ ក្នុងឱកាសនោះផង កិរិយាចុះចាប់បដិសន្ធិរបស់សត្វ ដែលកើតក្នុងផ្ទៃ ក៏មិនទាន់មាននៅឡើយ។ ក្នុងសត្វលោកនេះ មាតាបិតាមកប្រជុំគ្នាហើយផង មាតាជាស្រីមានរដូវផង តែសត្វដែលគួរកើត ក៏មិនមានប្រាកដ ក្នុងឱកាសនោះ កិរិយាចុះចាប់បដិសន្ធិ របស់សត្វ ដែលកើតក្នុងផ្ទៃ ក៏មិនទាន់មាននៅឡើយ។ ម្នាលភិក្ខុទាំងឡាយ លុះតែកាលណា មាតាបិតាមកប្រជុំគ្នាផង មាតាជាស្រីមានរដូវផង សត្វដែលគួរកើត ក៏មានប្រាកដ ក្នុងឱកាសនោះផង លុះប្រជុំហេតុទាំង៣ប្រការនេះឯង ទើបសត្វចុះចាប់បដិសន្ធិ ក្នុងផ្ទៃនៃមាតាបាន។ ម្នាលភិក្ខុទាំងឡាយ មាតាពគភ៌នោះ ដោយផ្ទៃ អស់ខែ៩ ឬខែ១០ ដោយសេចក្តីសង្ស័យ (ក្នុងជីវិត [គឺសង្ស័យ (ក្នុងពេលប្រសូតកូន) ថា អាត្មាអញ មានរោគ ឬកូនអាត្មាអញ មានរោគ។ អដ្ឋកថា។]) ជាច្រើន ម្នាលភិក្ខុទាំងឡាយ លុះកន្លងខែ៩ ឬខែ១០ទៅ មាតាក៏ប្រសូតគភ៌នោះ ដូចជាភារៈធ្ងន់ ដោយសេចក្តីសង្ស័យជាច្រើន កាលបើគភ៌ ដូចជាភារៈធ្ងន់នោះ ប្រសូតរួចហើយ ក៏ចិញ្ចឹមដោយឈាម (គឺទឹកដោះ) របស់ខ្លួន។
[៩៣] ម្នាលភិក្ខុទាំងឡាយ ទឹកដោះរបស់មាតាណា ដែលតថាគតពោលហើយ ក្នុងអរិយវិន័យ ទឹកដោះនុ៎ះ គឺឈាមហ្នឹងឯង។ ម្នាលភិក្ខុទាំងឡាយ កុមារនោះឯង អាស្រ័យនូវការចំរើនធំឡើង អាស្រ័យនូវកិរិយាចាស់ នៃឥន្ទ្រិយទាំងឡាយ (គឺចាស់ខែឆ្នាំ) ក៏លេងនូវល្បែងទាំងឡាយ ជាមួយនឹងពួកកុមារ គឺលេងកូននង្គ័ល ហ៊ឹង ដាំដូង កង្ហារ វាល់ដីខ្សាច់ កូនរទេះ កូនធ្នូ។ ម្នាលភិក្ខុទាំងឡាយ កុមារនោះឯង អាស្រ័យនូវសេចក្តីចំរើនធំឡើង អាស្រ័យនូវកិរិយាចាស់ នៃឥន្ទ្រិយទាំងឡាយ ហើយក៏ឆ្អែតស្កប់ស្កល់ រីករាយ សប្បាយ ត្រេកត្រអាល ដោយកាមគុណទាំង៥ គឺរូប ដែលគប្បីស្គាល់ដោយភ្នែក ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីពេញចិត្ត មានសភាពគួរស្រឡាញ់ ប្រកបដោយកាម គួរឲ្យកើតតម្រេក និងគួរឲ្យស្រឡាញ់ សំឡេងដែលគប្បីដឹងដោយត្រចៀក… ក្លិនដែលគប្បីដឹងដោយច្រមុះ… រសដែលគប្បីដឹងដោយអណ្តាត… ផោដ្ឋព្វៈដែលគប្បីដឹងដោយកាយ ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីពេញចិត្ត មានសភាពគួរស្រឡាញ់ ប្រកបដោយកាម គួរឲ្យកើតតម្រេក និងគួរឲ្យស្រឡាញ់។ កុមារនោះ ឃើញរូបដោយភ្នែក ក៏កើតតម្រេកក្នុងរូប ដែលគួរស្រឡាញ់ កើតបដិបក្ខ ក្នុងរូបដែលគួរស្អប់ មានសតិក្នុងកាយ មិនបានតាំងមាំ មានចិត្តរំភើប (ចិត្តជាអកុសល)ផង ធម៌ទាំងឡាយ ជាអកុសលដ៏លាមក របស់កុមារនោះ រមែងរលត់ទៅមិនសល់ ក្នុងផលសមាបត្តិណា ក៏មិនបានដឹងច្បាស់ នូវផលសមាបត្តិ គឺចេតោវិមុត្តិ បញ្ញាវិមុត្តិនោះ តាមសេចក្តីពិតផង។ កុមារនោះ ដល់ព្រមដោយតម្រេក និងសេចក្តីក្រេវក្រោធ យ៉ាងនេះហើយ រមែងសោយ នូវវេទនាណាមួយ ជាសុខ ឬទុក្ខ ឬមិនទុក្ខមិនសុខ។ កុមារនោះ តែងត្រេកអរ និយាយសរសើរ ប្រកាន់វេទនានោះ (ដោយអំណាចតណ្ហា)។ កាលបើកុមារនោះ ត្រេកអរ និយាយសរសើរ ប្រកាន់វេទនានោះហើយ ក៏កើតទៅជាតម្រេក កាលបើតម្រេក ក្នុងវេទនាទាំងឡាយមានហើយ ឧបាទានក៏កើតឡើងដល់កុមារនោះ ព្រោះតម្រេកនោះ ភពកើតមាន ព្រោះឧបាទានជាបច្ច័យ ជាតិកើតមាន ព្រោះភពជាបច្ច័យ សេចក្តីចាស់ស្លាប់កើតមាន ព្រោះជាតិជាបច្ច័យ ការសោកខ្សឹកខ្សួល លំបាកកាយ លំបាកចិត្ត និងសេចក្តីចង្អៀតចង្អល់ ក៏កើតមានព្រម កិរិយាកើតឡើង នៃកងទុក្ខទាំងអស់នេះ រមែងមានដោយហេតុ យ៉ាងនេះឯង។ កុមារនោះ ឮសំឡេងដោយត្រចៀក… ធុំក្លិនដោយច្រមុះ… ទទួលរសដោយអណ្តាត… ពាល់ត្រូវនូវផោដ្ឋព្វៈដោយកាយ… ដឹងច្បាស់នូវធម្មារម្មណ៍ដោយចិត្តហើយ ក៏កើតតម្រេកក្នុងធម្មារម្មណ៍ ដែលគួរស្រឡាញ់ កើតបដិឃៈ ក្នុងធម្មារម្មណ៍ ដែលគួរស្អប់ផង សតិក្នុងកាយមិនតាំងខ្ជាប់ មានចិត្តជាអកុសលផង ធម៌ទាំងឡាយ ជាអកុសលដ៏លាមក របស់កុមារនោះ រមែងរលត់ទៅមិនសល់ ក្នុងផលសមាបត្តិណា ក៏មិនបានដឹងច្បាស់ នូវផលសមាបត្តិ គឺចេតោវិមុត្តិ បញ្ញាវិមុត្តិនេះ តាមសេចក្តីពិតផង។ កុមារនោះ ដល់ព្រមដោយតម្រេក និងសេចក្តីក្រេវក្រោធ យ៉ាងនេះហើយ រមែងទទួលនូវវេទនាណាមួយ ជាសុខ ឬជាទុក្ខ ឬមិនទុក្ខមិនសុខ។ កុមារនោះ តែងត្រេកអរ និយាយសរសើរប្រកាន់វេទនានោះ។ កាលកុមារនោះ ត្រេកអរនិយាយសរសើរ ប្រកាន់វេទនានោះហើយ តម្រេកក៏កើតឡើង កាលបើតម្រេក ក្នុងវេទនាទាំងឡាយ មានហើយ ឧបាទានក៏កើតឡើង ដល់កុមារនោះ ព្រោះតម្រេកនោះ ភពកើតមាន ព្រោះឧបាទាន ជាបច្ច័យ ជាតិកើតមាន ព្រោះភពជាបច្ច័យ សេចក្តីចាស់ ស្លាប់ (កើតមាន) ព្រោះជាតិជាបច្ច័យ ការសោក ការខ្សឹកខ្សួល ការលំបាកកាយ ការលំបាកចិត្ត និងសេចក្តីចង្អៀតចង្អល់ចិត្តទាំងឡាយ ក៏កើតព្រម កិរិយាកើតឡើងនៃកងទុក្ខទាំងអស់នេះ រមែងមានដោយប្រការដូច្នេះឯង។
[៩៤] ម្នាលភិក្ខុទាំងឡាយ ព្រះតថាគតអរហន្តសម្មាសម្ពុទ្ធ ទ្រង់បរិបូណ៌ដោយវិជ្ជា និងចរណៈ មានដំណើរល្អទៅកាន់ព្រះនិព្វាន ជ្រាបច្បាស់នូវត្រៃលោក ជាបុគ្គលប្រសើរបំផុត ជាសារថីទូន្មាននូវបុរស ជាគ្រូនៃពួកទេវតា និងមនុស្ស ទ្រង់ត្រាស់ដឹងនូវចតុរារិយសច្ចធម៌ លែងត្រឡប់មកកាន់ត្រៃភពហើយ ព្រះអង្គកើតឡើងក្នុងលោកនេះ ទ្រង់ធ្វើឲ្យជាក់ច្បាស់ ដោយប្រាជ្ញាចំពោះព្រះអង្គ នូវលោកនេះ ព្រមទាំងទេវលោក មារលោក ព្រហ្មលោក នូវពួកសត្វ ព្រមទាំងសមណៈ និងព្រាហ្មណ៍ ព្រមទាំងមនុស្សជាសម្មតិទេព និងមនុស្សដ៏សេស ហើយប្រកាស ព្រះអង្គសំដែងធម៌ មានលំអបទដើម មានលំអបទកណ្តាល និងបទចុង ប្រកាសនូវព្រហ្មចរិយៈ ព្រមទាំងអត្ថ និងព្យញ្ជនៈ ដ៏បរិសុទ្ធ បរិបូណ៌គ្រប់ទាំងអស់។ គហបតីក្តី កូនរបស់គហបតីក្តី មហាជនដែលកើតខាងក្រោយ ក្នុងត្រកូលណាមួយក្តី រមែងស្តាប់ធម៌នោះ។ លុះគហបតីជាដើមនោះ ស្តាប់ធម៌នោះហើយ ក៏បាននូវសទ្ធា (សេចក្តីជឿ) ក្នុងតថាគត។ លុះគហបតីជាដើមនោះ ប្រកបដោយការបាននូវសទ្ធានោះហើយ ក៏ពិចារណាដូច្នេះថា ឃរាវាសចង្អៀតចង្អល់ណាស់ ជាផ្លូវហូរមកនៃធូលី គឺកិលេស ឯបព្វជ្ជាមានពេលឱកាសច្រើន កាលបើអាត្មាអញ នៅគ្រប់គ្រងផ្ទះនេះ មិនងាយនឹងប្រព្រឹត្តព្រហ្មចរិយធម៌ ឲ្យបរិបូណ៌ដោយចំណែកមួយ ឲ្យបរិសុទ្ធដោយចំណែកមួយ ឲ្យស្អាតដូចជាស័ង្ខ ដែលគេខាត់បានឡើយ បើដូច្នោះ មានតែអាត្មាអញ កោរសក់ពុកមាត់ពុកចង្កា ស្លៀកសំពត់កាសាយៈ ចេញចាកផ្ទះ ចូលទៅកាន់ផ្នួស។ លុះចំណែរមកខាងក្រោយ គហបតីជាដើមនោះ លះបង់នូវគំនរភោគសម្ប័ទតិចក្តី លះបង់នូវគំនរភោគសម្ប័ទច្រើនក្តី លះបង់នូវញាតិវង្សតិចក្តី លះបង់នូវញាតិវង្សច្រើនក្តី ហើយកោរសក់ពុកមាត់ ពុកចង្កា ស្លៀកសំពត់កាសាយៈ ចេញចាកផ្ទះ ចូលទៅកាន់ផ្នួស។
[៩៥] កាលគហបតីជាដើមនោះ បួសយ៉ាងនេះហើយ ក៏បរិបូណ៌ដោយសិក្ខា និងសាជីវៈ សម្រាប់ភិក្ខុទាំងឡាយ លះបង់នូវបាណាតិបាត ជាអ្នកវៀរស្រឡះចាកបាណាតិបាត មានអាជ្ញាដាក់ចុះ មានសស្ត្រាវុធដាក់ចុះ ជាអ្នកមានសេចក្តីខ្មាស មានសេចក្តីអាណិតអាសូរ អនុគ្រោះដោយប្រយោជន៍ ចំពោះពួកសត្វ ដែលមានជីវិតទាំងអស់។ ជាអ្នកលះបង់នូវអទិន្នាទាន វៀរស្រឡះចាកអទិន្នាទាន កាន់យកតែវត្ថុដែលគេឲ្យ ប្រាថ្នាតែរបស់ដែលគេឲ្យ មិនជាចោរ ជាអ្នកមានខ្លួនស្អាត។ ជាអ្នកលះបង់នូវអព្រហ្មចរិយៈ (ធម៌មិនប្រសើរ) ប្រព្រឹត្តតែធម៌ដ៏ប្រសើរ វៀរឆ្ងាយ វៀរស្រឡះ ចាកមេថុន ដែលជាធម៌របស់អ្នកស្រុក។ ជាអ្នកលះបង់នូវមុសាវាទ វៀរស្រឡះចាកមុសាវាទ ជាអ្នកពោលពាក្យពិត តនូវពាក្យពិត ពោលតែពាក្យទៀងទាត់ និងពាក្យដែលគួរឲ្យជឿ ជាអ្នកមិនពោលបំភ្លាត់សត្វលោក។ ជាអ្នកលះបង់នូវបិសុណវាចា វៀរស្រឡះចាកបិសុណវាចា គឺឮពាក្យអំពីសំណាក់ជននេះ ហើយមិនប្រាប់ជនឯណោះ ដើម្បីបំបែកជនទាំងពីរនេះឡើយ ឬឮពាក្យអំពីសំណាក់ជនឯណោះហើយ មិនប្រាប់ដល់ជននេះ ដើម្បីបំបែកពួកជនឯណោះឡើយ ជាអ្នកសង្រួបសង្រួមពួកជន ដែលបែកគ្នាហើយផង ជាអ្នកបន្ថែមកំឡាំងឲ្យពួកជន ដែលព្រមព្រៀងគ្នាស្រាប់ហើយផង ជាអ្នកត្រេកអរក្នុងសេចក្តីព្រមព្រៀង ពេញចិត្តក្នុងសេចក្តីព្រមព្រៀង រីករាយ ក្នុងសេចក្តីព្រមព្រៀង ពោលតែវាចា ដែលធ្វើឲ្យកើតសេចក្តីព្រមព្រៀង។ ជាអ្នកលះបង់ នូវផរុសវាចា វៀរស្រឡះចាកផរុសវាចា បើវាចាណាឥតទោស សុខដល់ត្រចៀក គួរឲ្យស្រឡាញ់ គួរឲ្យតំកល់ទុកក្នុងហឫទ័យ ជាវាចាអ្នកក្រុង ជាទីត្រេកអរដល់ជនច្រើន ជាទីពេញចិត្តដល់ជនច្រើន ជាអ្នកពោលតែវាចាមានសភាពដូច្នោះ។ ជាអ្នកលះបង់នូវសម្ផប្បលាបៈ វៀរស្រឡះចាកសម្ផប្បលាបៈ ជាអ្នកនិយាយតាមកាលគួរ និយាយពាក្យមែន និយាយពាក្យមានប្រយោជន៍ និយាយធម៌ និយាយវិន័យ និយាយវាចា ដែលគួរឲ្យអ្នកផងយកទុកក្នុងហឫទ័យ ជាពាក្យប្រកបដោយទីអាងតាមកាល ជាវាចាមានទីបំផុត និងប្រកបដោយប្រយោជន៍។ ជាអ្នកវៀរស្រឡះចាកកិរិយាផ្តិលផ្តាច់ នូវពីជគាម និងភូតគាម។ ជាអ្នកបរិភោគភត្តតែ១ពេល ជាអ្នកវៀរចាកការបរិភោគ ក្នុងវេលាយប់ វៀរស្រឡះចាកកិរិយាបរិភោគ ក្នុងវេលាវិកាល។ ជាអ្នកវៀរស្រឡះចាកការរាំច្រៀង ប្រគំទាំងមើលនូវល្បែង ដែលជាសត្រូវដល់កុសលធម៌។ ជាអ្នកវៀរស្រឡះ ចាកហេតុជាទីតាំងនៃកិរិយាទ្រទ្រង់ ប្រដាប់តាក់តែង ស្អិតស្អាង (រាងកាយ) ដោយផ្កាកម្រង គ្រឿងក្រអូប និងគ្រឿងលាបផ្សេងៗ។ ជាអ្នកវៀរស្រឡះចាកអាសនៈខ្ពស់ និងអាសនៈដ៏ប្រសើរ។ ជាអ្នកវៀរស្រឡះ ចាកកិរិយាទទួលនូវប្រាក់ និងមាស ជាអ្នកវៀរស្រឡះចាកកិរិយាទទួលនូវធញ្ញជាតិឆៅ។ ជាអ្នកវៀរស្រឡះ ចាកកិរិយាទទួលនូវសាច់ឆៅ។ ជាអ្នកវៀរស្រឡះចាកកិរិយាទទួលនូវស្រី និងក្មេងស្រី។ ជាអ្នកវៀរស្រឡះ ចាកកិរិយាទទួលនូវខ្ញុំស្រី និងខ្ញុំប្រុស។ ជាអ្នកវៀរស្រឡះចាកកិរិយាទទួលនូវស្រែ និងចំការ។ ជាអ្នកវៀរស្រឡះចាកកិរិយាទទួលនូវពពែ និងចៀម។ ជាអ្នកវៀរស្រឡះ ចាកកិរិយាទទួលនូវមាន់ និងជ្រូក។ ជាអ្នកវៀរស្រឡះ ចាកកិរិយាទទួលនូវដំរី គោ សេះ និងលា។ ជាអ្នកវៀរស្រឡះចាកកិរិយាប្រកបក្នុងកិច្ចជាទូតនាំដំណឹងទៅមក។ ជាអ្នកវៀរស្រឡះចាកការលក់ដូរ។ ជាអ្នកវៀរស្រឡះ ចាកការបំបាត់ដោយជញ្ជីង ទាំងបន្លំភាជន៍ ដែលមិនមែនមាស ថាជាមាស និងបំបាត់ដោយរង្វាស់ និងរង្វាល់។ ជាអ្នកវៀរស្រឡះចាកកិរិយាបង្កាច់ បោកប្រាស និងប្រកបក្នុងការបន្លំ ដោយរបស់ក្លែង។ ជាអ្នកវៀរស្រឡះចាកកិរិយាកាត់នូវអវយវៈ សម្លាប់ចាប់ចង ធ្វើឲ្យវង្វេងផ្លូវ ប្លន់ធំ កំហែងយកទ្រព្យ។ ភិក្ខុនោះជាអ្នកសន្តោស ដោយចីវរ ជាគ្រឿងរក្សាកាយ ដោយបិណ្ឌបាត ជាគ្រឿងរក្សាផ្ទៃ បើដើរចេញទៅទីណាៗ ក៏កាន់យក (បរិក្ខារទាំងអស់) ដើរចេញទៅ។ ដូចជាសត្វស្លាប ដែលហើរទៅទីណាៗ ក៏ហើរទៅល្មមតែកំឡាំងស្លាបវា យ៉ាងណាមិញ ភិក្ខុជាអ្នកសន្តោសដោយចីវរ ជាគ្រឿងរក្សាកាយ ដោយបិណ្ឌបាត ជាគ្រឿងរក្សាផ្ទៃ បើដើរចេញទៅទីណាៗ ក៏កាន់យក (បរិក្ខារទាំងអស់) ដើរទៅដូច្នោះដែរ។ ភិក្ខុនោះប្រកបដោយសីលក្ខន្ធដ៏ប្រសើរនេះ ហើយទទួលចំពោះនូវសុខ ដែលមិនប្រកបដោយទោសក្នុងសន្តាន។ ភិក្ខុនោះឃើញរូបដោយភ្នែកហើយ ក៏មិនកួចកាន់នូវនិមិត្ត មិនកួចកាន់នូវអនុព្យញ្ជនៈឡើយ (មួយទៀត) ធម៌ទាំងឡាយ ជាអកុសលដ៏លាមក គឺអភិជ្ឈា និងទោមនស្ស រមែងជាប់តាមនូវភិក្ខុ ព្រោះហេតុមិនសង្រួមឥន្ទ្រិយ គឺចក្ខុណា ភិក្ខុនោះក៏ប្រតិបត្តិ ដើម្បីសង្រួមឥន្ទ្រិយ គឺចក្ខុនោះ រក្សានូវឥន្ទ្រិយគឺចក្ខុ ដល់នូវសេចក្តីសង្រួមក្នុងឥន្ទ្រិយគឺចក្ខុ។ ភិក្ខុនោះឮសំឡេងដោយត្រចៀក… ធុំក្លិនដោយច្រមុះ… ទទួលរសដោយអណ្តាត… ពាល់ត្រូវផោដ្ឋព្វៈដោយកាយ… ដឹងច្បាស់នូវធម្មារម្មណ៍ដោយចិត្ត ហើយក៏មិនកួចកាន់នូវនិមិត្ត មិនកួចកាន់ នូវអនុព្យញ្ជនៈឡើយ (មួយទៀត) ធម៌ទាំងឡាយ ជាអកុសលដ៏លាមក គឺអភិជ្ឈា និងទោមនស្ស រមែងជាប់តាមនូវភិក្ខុ ព្រោះហេតុមិនសង្រួមឥន្ទ្រិយ គឺចិត្តណា ភិក្ខុនោះប្រតិបត្តិ ដើម្បីសង្រួមនូវឥន្ទ្រិយ គឺចិត្តនោះ រក្សានូវឥន្ទ្រិយគឺចិត្ត ដល់នូវសេចក្តីសង្រួម ក្នុងឥន្ទ្រិយគឺចិត្ត។ ភិក្ខុនោះ ប្រកបដោយឥន្ទ្រិយសំវរៈ ដ៏ប្រសើរនេះ ក៏ទទួលចំពោះនូវសេចក្តីសុខ ដែលមិនច្រឡំដោយកិលេសក្នុងសន្តាន។ ភិក្ខុនោះធ្វើនូវសេចក្តីដឹងខ្លួន ក្នុងការឈានទៅមុខ និងការឈានថយក្រោយ ជាអ្នកធ្វើនូវសេចក្តីដឹងខ្លួន ក្នុងកិរិយាក្រឡេកមើលទៅមុខ និងក្រឡេកមើលមកខាងក្រោយ ជាអ្នកធ្វើនូវសេចក្តីដឹងខ្លួន ក្នុងកិរិយាបត់អវយវៈ និងលាតនូវអវយវៈ ជាអ្នកធ្វើនូវសេចក្តីដឹងខ្លួន ក្នុងកិរិយាទ្រទ្រង់សង្ឃាដិ បាត្រ ចីវរ ជាអ្នកធ្វើសេចក្តីដឹងខ្លួន ក្នុងការស៊ី ផឹក ទំពា ទទួលរស ជាអ្នកធ្វើនូវសេចក្តីដឹងខ្លួន ក្នុងកិរិយាបន្ទោបង់ឧច្ចារៈ និងបស្សាវៈ ជាអ្នកធ្វើនូវសេចក្តីដឹងខ្លួន ក្នុងកិរិយាដើរ ឈរ អង្គុយ ដេកលក់ ភ្ញាក់ឡើងវិញ និយាយ ស្ងៀម។
[៩៦] ភិក្ខុនោះ ប្រកបដោយសីលក្ខន្ធដ៏ប្រសើរនេះផង ប្រកបដោយឥន្ទ្រិយសំវរៈ ដ៏ប្រសើរនេះផង ប្រកបដោយសតិ និងសម្បជញ្ញៈដ៏ប្រសើរនេះផង ហើយចូលចិត្តសេនាសនៈស្ងាត់ គឺព្រៃ ម្លប់ឈើ ភ្នំ ញក ឬច្រកភ្នំ គុហាក្នុងភ្នំ ព្រៃស្មសាន ព្រៃធំ ទីវាល និងគំនរចម្បើង។ ភិក្ខុនោះ ត្រឡប់មកអំពីបិណ្ឌបាតវិញ វេលាក្រោយភត្ត ក៏អង្គុយពែនភ្នែន តម្រង់កាយឲ្យត្រង់ តាំងស្មារតីឆ្ពោះមុខទៅរកកម្មដ្ឋាន។ ភិក្ខុនោះ លះបង់នូវអភិជ្ឈា ក្នុងលោកចេញ មានចិត្តប្រាសចាកអភិជ្ឈា ជម្រះចិត្តចាកអភិជ្ឈា។ លះបង់នូវព្យាបាទ និងសេចក្តីប្រទូស្តចេញ មានចិត្តមិនព្យាបាទ អនុគ្រោះដោយប្រយោជន៍ ចំពោះពួកសត្វមានជីវិតទាំងអស់ ជម្រះចិត្តចាកព្យាបាទ និងសេចក្តីប្រទូស្ត។ លះបង់នូវថីនមិទ្ធៈចេញ ជាអ្នកប្រាសចាកថីនមិទ្ធៈ បាននូវអលោកសញ្ញា គឺសេចក្តីភ្លឺស្វាង មានសតិ និងសម្បជញ្ញៈ ជម្រះចិត្តចាកថីនមិទ្ធៈ។ លះបង់នូវឧទ្ធច្ចកុក្កុច្ចៈចេញ ជាអ្នកមានចិត្តមិនរាយមាយ មានចិត្តស្ងប់រម្ងាប់ក្នុងសន្តាន ជម្រះចិត្តចាកឧទ្ធច្ចកុក្កុច្ចៈ។ លះបង់នូវវិចិកិច្ឆា ជាអ្នកឆ្លងចាកសេចក្តីសង្ស័យ មិនងឿងឆ្ងល់ក្នុងធម៌ទាំងឡាយជាកុសល ជម្រះចិត្តចាកវិចិកិច្ឆា។
[៩៧] ភិក្ខុនោះ លុះលះបង់នូវនីវរណធម៌ទាំង៥ប្រការនេះ ដែលជាឧបក្កិលេសរបស់ចិត្ត ដែលជាធម្មជាតធ្វើបញ្ញាឲ្យថយកំឡាំង ហើយស្ងប់ស្ងាត់ ចាកកាមទាំងឡាយ ស្ងាត់ចាកអកុសលធម៌ទាំងឡាយ ហើយក៏ចូលកាន់បឋមជ្ឈាន ដែលមានវិតក្កៈ វិចារៈ មានបីតិ និងសុខៈ ដែលកើតមកអំពីវិវេក។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុព្រោះរម្ងាប់នូវវិតក្កៈ និងវិចារៈបាន ក៏ចូលកាន់ទុតិយជ្ឈាន ជាទីផូរផង់ ប្រព្រឹត្តទៅខាងក្នុង ញុំាងសមាធិចិត្តឲ្យកើត ឥតមានវិតក្កៈ និងវិចារៈទេ មានតែបីតិ និងសុខៈ ដែលកើតអំពីសមាធិ។បេ។ ចូលកាន់តតិយជ្ឈាន… ចូលកាន់ចតុត្ថជ្ឈាន សម្រេចសម្រាន្តឥរិយាបថ។
[៩៨] ភិក្ខុនោះឃើញរូបដោយភ្នែក ហើយមិនត្រេកអរ នឹងរូបដែលគួរស្រឡាញ់ មិនមានបដិឃៈ ចំពោះរូបដែលមិនគួរស្រឡាញ់ ជាអ្នកមានសតិ ក្នុងកាយតំកល់នៅខ្ជាប់ផង មានចិត្តប្រកបដោយគុណប្រមាណពុំបានផង ធម៌ទាំងឡាយជាអកុសលដ៏លាមកនោះ របស់ភិក្ខុនោះ រមែងរលត់ទៅមិនសល់ ក្នុងចេតោវិមុត្តិ បញ្ញាវិមុត្តិណា លោកក៏បានដឹងច្បាស់ នូវចេតោវិមុត្តិ បញ្ញាវិមុត្តិនោះ តាមសេចក្តីពិតផង។ ភិក្ខុនោះ លុះលះបង់នូវតម្រេក និងសេចក្តីក្រេវក្រោធ យ៉ាងនេះហើយ រមែងទទួលវេទនាណាមួយ ជាសុខ ឬជាទុក្ខ ឬមិនទុក្ខ មិនសុខ។ ភិក្ខុនោះ មិនត្រេកអរ មិននិយាយសរសើរ មិនប្រកាន់វេទនានោះឡើយ។ កាលបើភិក្ខុនោះ មិនត្រេកអរ មិននិយាយសរសើរ មិនប្រកាន់វេទនានោះទេ សេចក្តីត្រេកអរ ក្នុងវេទនាទាំងឡាយ ក៏នឹងរលត់ទៅមិនសល់។ ភិក្ខុនោះបានរលត់ឧបាទាន ព្រោះរលត់តម្រេក បានរលត់ភព ព្រោះរលត់ឧបាទាន បានរលត់ជាតិ ព្រោះរលត់ភព សេចក្តីចាស់ ស្លាប់ (រលត់) ព្រោះរលត់ជាតិ ការសោក ការខ្សឹកខ្សួល ការលំបាកកាយ ការលំបាកចិត្ត និងសេចក្តីចង្អៀតចង្អល់ ក៏សឹងតែរលត់ទៅមិនសល់ សេចក្តីរលត់កងទុក្ខទាំងអស់នេះ រមែងមានដោយប្រការដូច្នេះឯង។ ភិក្ខុនោះ ឮសំឡេងដោយត្រចៀក… ធុំក្លិនដោយច្រមុះ… ទទួលរសដោយអណ្តាត… ពាល់ត្រូវផោដ្ឋព្វៈដោយកាយ… ដឹងច្បាស់នូវធម្មារម្មណ៍ដោយចិត្តហើយ ក៏មិនត្រេកអរនឹងធម្មារម្មណ៍ ដែលមានសភាពគួរស្រឡាញ់ មិនមានបដិឃៈចំពោះធម្មារម្មណ៍ ដែលមានសភាពមិនគួរស្រឡាញ់ ជាអ្នកមានសតិក្នុងកាយ តំកល់នៅខ្ជាប់ផង មានចិត្តប្រកបដោយគុណប្រមាណពុំបានផង ធម៌ទាំងឡាយជាអកុសលដ៏លាមក របស់ភិក្ខុនោះ រមែងរលត់ទៅមិនសល់ ក្នុងចេតោវិមុត្តិ បញ្ញាវិមុត្តិណា ភិក្ខុនោះ ក៏បានដឹងច្បាស់នូវចេតោវិមុត្តិ បញ្ញាវិមុត្តិនោះ តាមសេចក្តីពិតផង។ ភិក្ខុនោះលះបង់នូវតម្រេក និងសេចក្តីក្រេវក្រោធយ៉ាងនេះហើយ រមែងទទួលវេទនាណាមួយ ជាសុខ ឬជាទុក្ខ ឬមិនទុក្ខមិនសុខ។ ភិក្ខុនោះ មិនត្រេកអរ មិននិយាយសរសើរ មិនប្រកាន់វេទនានោះឡើយ។ កាលបើភិក្ខុនោះ មិនត្រេកអរ មិននិយាយសរសើរ មិនប្រកាន់វេទនានោះហើយសេចក្តីត្រេកអរក្នុងវេទនាទាំងឡាយ ក៏នឹងរលត់ទៅមិនសល់។ ភិក្ខុនោះ បានរលត់ឧបាទាន ព្រោះរលត់តម្រេក បានរលត់ភព ព្រោះរលត់ឧបាទាន បានរលត់ជាតិ ព្រោះរលត់ភព សេចក្តីចាស់ ស្លាប់ (រលត់) ព្រោះរលត់ជាតិ ការសោក ការខ្សឹកខ្សួល ការលំបាកកាយ ការលំបាកចិត្ត និងការចង្អៀតចង្អល់ទាំងឡាយ ក៏រលត់ទៅមិនសល់ សេចក្តីរលត់កងទុក្ខទាំងអស់នេះ រមែងមានដោយប្រការដូច្នេះឯង។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយចូរចាំទុក នូវឧបាយជាគ្រឿងបង្អោនចិត្តទៅ ក្នុងព្រះនិព្វាន ជាទីក្ស័យនៃតណ្ហានេះ ដោយសង្ខេបរបស់តថាគតនេះចុះ ហើយចូរចាំទុកនូវសាតិភិក្ខុកេវដ្តបុត្តនេះថា ជាអ្នកចំពាក់ក្នុងសំណាញ់ ដ៏ចង្អៀតចង្អល់ គឺតណ្ហាធំនេះ ដូច្នេះឯង។ លុះព្រះមានព្រះភាគ បានត្រាស់ភាសិតនេះចប់ហើយ ភិក្ខុទាំងនោះ ក៏មានសេចក្តីពេញចិត្ត ត្រេកអរហើយចំពោះភាសិត របស់ព្រះមានព្រះភាគ។
ចប់ មហាតណ្ហាសង្ខយសូត្រ ទី៨។
មហាអស្សបុរសូត្រ ទី៩
[៩៩] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគទ្រង់គង់នៅក្នុងនិគមរបស់អ្នកដែនអង្គៈ ឈ្មោះអស្សបុរៈ ទៀបដែនអង្គៈ។ ក្នុងកាលនោះឯង ព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ។ ភិក្ខុទាំងនោះ ក៏ទូលតបព្រះពុទ្ធដីកាព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ភាសិតនេះថា ម្នាលភិក្ខុទាំងឡាយ អ្នកផងតែងស្គាល់ច្បាស់នូវអ្នកទាំងឡាយ ថាជាសមណៈៗដូច្នេះ ឯអ្នកទាំងឡាយ បើមានអ្នកផងសួរថា លោកទាំងឡាយជាអ្វី ក៏ចូរប្តេជ្ញាថា យើងទាំងឡាយជាសមណៈ ម្នាលភិក្ខុទាំងឡាយ កាលបើអ្នកទាំងឡាយនោះមានឈ្មោះយ៉ាងនេះ ប្តេជ្ញាយ៉ាងនេះហើយ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគួរសិក្សាយ៉ាងនេះថា ធម៌ទាំងឡាយណា ដែលធ្វើឲ្យជាសមណៈផង ធ្វើឲ្យជាព្រាហ្មណ៍ផង ពួកយើងនឹងសមាទានប្រព្រឹត្តធម៌ទាំងនោះ ឈ្មោះរបស់ពួកយើងនេះ ក៏នឹងពិតយ៉ាងនេះ ទាំងការប្តេជ្ញាក៏ប្រាកដយ៉ាងនេះ មួយវិញទៀត យើងទាំងឡាយ បរិភោគនូវចីវរបិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារ របស់ជនទាំងឡាយណា សក្ការៈទាំងឡាយនោះ ដែលជនទាំងនោះ (បូជា) ដល់យើងទាំងឡាយនឹងទៅជាសក្ការៈមានផលច្រើន មានអានិសង្សច្រើន ឯបព្វជ្ជារបស់ពួកយើង មិនមែនជាឥតអំពើទេ នឹងមានផល មានសេចក្តីចំរើន។
[១០០] ម្នាលភិក្ខុទាំងឡាយ ចុះពួកធម៌ដែលធ្វើឲ្យជាសមណៈទាំងធ្វើឲ្យជាព្រាហ្មណ៍ ដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសិក្សា យ៉ាងនេះថា ពួកយើងនឹងជាអ្នកប្រកបដោយហិរិ និងឱត្តប្បៈ។ ម្នាលភិក្ខុទាំងឡាយ កាលបើអ្នកទាំងឡាយ មានសេចក្តីត្រិះរិះយ៉ាងនេះថា ពួកយើងជាអ្នកប្រកបដោយហិរិ និងឱត្តប្បៈហើយ កិច្ចដែលពួកយើងធ្វើហើយ ក៏ល្មមត្រឹមប៉ុណ្ណេះ ប្រយោជន៍របស់សមណៈ [ប្រយោជន៍របស់សមណៈក្នុងទីនេះ សំដៅយកមគ្គ និងផល។ អដ្ឋកថា។] យើងទាំងឡាយ ក៏បានដល់ហើយត្រឹមប៉ុណ្ណេះ កិច្ចដែលត្រូវធ្វើតទៅទៀតតិចតួច មិនមានទេ លុះគិតដូច្នេះហើយ អ្នកទាំងឡាយ គប្បីដល់នូវសេចក្តីត្រេកអរដោយហេតុប៉ុណ្ណេះពុំខាន ម្នាលភិក្ខុទាំងឡាយ តថាគតប្រាប់អ្នកទាំងឡាយ ម្នាលភិក្ខុទាំងឡាយ តថាគតបំភ្លឺអ្នកទាំងឡាយ កាលបើអ្នកទាំងឡាយត្រូវការនូវភាពជាសមណៈ កុំលះបង់ប្រយោជន៍ជារបស់សមណៈឡើយ ព្រោះកិច្ចដែលត្រូវធ្វើតទៅ នៅមានទៀត។
[១០១] ម្នាលភិក្ខុទាំងឡាយ កិច្ចដែលត្រូវធ្វើតទៅទៀត ដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសិក្សាយ៉ាងនេះថា កាយសមាចារៈ របស់ពួកយើង នឹងបរិសុទ្ធខ្ពង់ខ្ពស់ មិនរយីករយាក មិនធ្លុះធ្លាយ សង្រួមល្អ ប៉ុន្តែពួកយើងនឹងកុំលើកតំកើងខ្លួនឯង កុំបន្តុះបង្អាប់អ្នកដទៃ ព្រោះកាយសមាចារៈបរិសុទ្ធនោះឡើយ។ ម្នាលភិក្ខុទាំងឡាយ កាលបើអ្នកទាំងឡាយ មានសេចក្តីត្រិះរិះដូច្នេះថា ពួកយើងជាអ្នកប្រកបដោយហិរិ និងឱត្តប្បៈ កាយសមាចារៈ របស់ពួកយើង បរិសុទ្ធហើយ កិច្ចដែលពួកយើងត្រូវធ្វើ ក៏ល្មមត្រឹមប៉ុណ្ណេះហើយ ទាំងប្រយោជន៍របស់សមណៈ យើងទាំងឡាយ ក៏បានដល់ហើយ ដោយហេតុត្រឹមប៉ុណ្ណេះ កិច្ចបន្តិចបន្តួច ដែលត្រូវធ្វើតទៅទៀត របស់ពួកយើង មិនមានឡើយ លុះគិតដូច្នេះហើយ អ្នកទាំងឡាយគប្បីដល់នូវសេចក្តីត្រេកអរ ដោយហេតុប៉ុណ្ណេះពុំខាន ម្នាលភិក្ខុទាំងឡាយ តថាគត ប្រាប់អ្នកទាំងឡាយ ម្នាលភិក្ខុទាំងឡាយ តថាគតបំភ្លឺអ្នកទាំងឡាយ កាលបើអ្នកទាំងឡាយ ត្រូវការដោយភាពជាសមណៈហើយ ត្រូវកុំលះបង់នូវប្រយោជន៍ ជារបស់សមណៈឡើយ ព្រោះកិច្ចដែលត្រូវធ្វើតទៅ នៅមានទៀត។
[១០២] ម្នាលភិក្ខុទាំងឡាយ កិច្ចដែលត្រូវធ្វើតទៅទៀត ដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីសិក្សាយ៉ាងនេះថា វចីសមាចារៈ របស់ពួកយើង នឹងបរិសុទ្ធខ្ពង់ខ្ពស់ មិនរាយមាយ មិនធ្លុះធ្លាយ សង្រួមល្អ ប៉ុន្តែពួកយើងកុំលើកតំកើងខ្លួនឯង កុំបន្តុះបង្អាប់អ្នកដទៃ ព្រោះវចីសមាចារៈបរិសុទ្ធនោះឡើយ។ ម្នាលភិក្ខុទាំងឡាយ ប្រសិនបើអ្នកទាំងឡាយ មានសេចក្តីត្រិះរិះយ៉ាងនេះថា ពួកយើងជាអ្នកប្រកបដោយហិរិ និងឱត្តប្បៈ កាយសមាចារៈ របស់ពួកយើង បរិសុទ្ធហើយ ទាំងវចីសមាចារៈ ក៏បរិសុទ្ធ កិច្ចដែលត្រូវធ្វើ ក៏ល្មមត្រឹមប៉ុណ្ណេះហើយ ប្រយោជន៍របស់សមណៈ ពួកយើងក៏បានដល់ហើយ កិច្ចបន្តិចបន្តួចត្រូវធ្វើតទៅទៀត របស់ពួកយើង មិនមានឡើយ ដូច្នេះហើយ អ្នកទាំងឡាយ គប្បីដល់នូវសេចក្តីត្រេកអរ ដោយហេតុប៉ុណ្ណេះពុំខាន ម្នាលភិក្ខុទាំងឡាយ តថាគត ប្រាប់អ្នកទាំងឡាយ ម្នាលភិក្ខុទាំងឡាយ តថាគតបំភ្លឺអ្នកទាំងឡាយ កាលបើអ្នកទាំងឡាយ ត្រូវការដោយភាពជាសមណៈហើយ កុំលះបង់នូវប្រយោជន៍ ជារបស់សមណៈឡើយ ព្រោះកិច្ចដែលត្រូវធ្វើតទៅ នៅមានទៀត។
[១០៣] ម្នាលភិក្ខុទាំងឡាយ កិច្ចដែលត្រូវធ្វើតទៅទៀត ដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីសិក្សាយ៉ាងនេះថា មនោសមាចារៈ របស់ពួកយើង នឹងបរិសុទ្ធខ្ពង់ខ្ពស់ មិនរាយមាយ មិនធ្លុះធ្លាយ សង្រួមល្អ ប៉ុន្តែពួកយើង កុំលើកតំកើងខ្លួនឯង កុំបន្តុះបង្អាប់អ្នកដទៃ ព្រោះមនោសមាចារៈបរិសុទ្ធនោះឡើយ។ ម្នាលភិក្ខុទាំងឡាយ ប្រសិនបើអ្នកទាំងឡាយ មានសេចក្តីត្រិះរិះយ៉ាងនេះថា ពួកយើងជាអ្នកប្រកបដោយហិរិ និងឱត្តប្បៈ កាយសមាចារៈ របស់ពួកយើង បរិសុទ្ធហើយ វចីសមាចារៈ បរិសុទ្ធហើយ មនោសមាចារៈបរិសុទ្ធហើយ កិច្ចដែលត្រូវធ្វើ ក៏ល្មមដោយហេតុត្រឹមប៉ុណ្ណេះហើយ ប្រយោជន៍របស់សមណៈ ពួកយើងក៏បានដល់ហើយ ដោយហេតុត្រឹមប៉ុណ្ណេះ កិច្ចបន្តិចបន្តួចត្រូវធ្វើតទៅទៀត របស់ពួកយើង មិនមានឡើយ ដូច្នេះហើយ អ្នកទាំងឡាយ គប្បីដល់នូវសេចក្តីត្រេកអរ ដោយហេតុប៉ុណ្ណេះពុំខាន ម្នាលភិក្ខុទាំងឡាយ តថាគត ប្រាប់អ្នកទាំងឡាយ ម្នាលភិក្ខុទាំងឡាយ តថាគតបំភ្លឺអ្នកទាំងឡាយ កាលបើអ្នកទាំងឡាយ ត្រូវការដោយភាពជាសមណៈហើយ កុំលះបង់នូវប្រយោជន៍ ជារបស់សមណៈឡើយ ព្រោះកិច្ចដែលត្រូវធ្វើតទៅ នៅមានទៀត។
[១០៤] ម្នាលភិក្ខុទាំងឡាយ កិច្ចដែលត្រូវធ្វើតទៅទៀត ដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីសិក្សាយ៉ាងនេះថា អាជីវៈ របស់ពួកយើង នឹងបរិសុទ្ធស្អាត មិនរាយមាយ មិនធ្លុះធ្លាយ សង្រួមល្អ ប៉ុន្តែពួកយើងកុំលើកតំកើងខ្លួនឯង កុំបន្តុះបង្អាប់អ្នកដទៃ ព្រោះអាជីវៈបរិសុទ្ធនោះឡើយ។ ម្នាលភិក្ខុទាំងឡាយ ប្រសិនបើអ្នកទាំងឡាយ មានសេចក្តីត្រិះរិះយ៉ាងនេះថា ពួកយើងជាអ្នកប្រកបដោយហិរិ និងឱត្តប្បៈ កាយសមាចារៈ របស់ពួកយើង បរិសុទ្ធហើយ វចីសមាចារៈ បរិសុទ្ធហើយ មនោសមាចារៈបរិសុទ្ធហើយ អាជីវៈបរិសុទ្ធហើយ កិច្ចដែលត្រូវធ្វើ ក៏ល្មមដោយហេតុត្រឹមប៉ុណ្ណេះហើយ ប្រយោជន៍របស់សមណៈ ពួកយើងក៏បានដល់ហើយ ដោយហេតុត្រឹមប៉ុណ្ណេះ កិច្ចបន្តិចបន្តួចត្រូវធ្វើតទៅទៀត របស់ពួកយើង មិនមានឡើយ ដូច្នេះហើយ អ្នកទាំងឡាយ គប្បីដល់នូវសេចក្តីត្រេកអរ ដោយហេតុមានប្រមាណប៉ុណ្ណេះពុំខាន ម្នាលភិក្ខុទាំងឡាយ តថាគត ប្រាប់អ្នកទាំងឡាយ ម្នាលភិក្ខុទាំងឡាយ តថាគតបំភ្លឺអ្នកទាំងឡាយ កាលបើអ្នកទាំងឡាយ ត្រូវការដោយភាពជាសមណៈហើយ អ្នកកុំលះបង់នូវប្រយោជន៍ ជារបស់សមណៈឡើយ ព្រោះកិច្ចដែលត្រូវធ្វើតទៅ នៅមានទៀត។
[១០៥] ម្នាលភិក្ខុទាំងឡាយ កិច្ចដែលត្រូវធ្វើតទៅទៀត ដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីសិក្សាយ៉ាងនេះថា ពួកយើងនឹងមានទ្វារគ្រប់គ្រងហើយ ក្នុងឥន្ទ្រិយទាំងឡាយ គឺបើឃើញរូប ដោយចក្ខុ ក៏មិនកាន់យកនូវនិមិត្ត មិនកាន់យកនូវអនុព្យញ្ជនៈ អកុសលធម៌ទាំងឡាយ ដ៏លាមក គឺអភិជ្ឈា និងទោមនស្ស គប្បីជាប់តាមនូវបុគ្គល ព្រោះហេតុមិនសង្រួមឥន្ទ្រិយ គឺចក្ខុណា ពួកយើងនឹងប្រតិបត្តិ ដើម្បីសង្រួមនូវឥន្ទ្រិយ គឺចក្ខុនោះ រក្សានូវឥន្ទ្រិយ គឺចក្ខុ ដល់នូវកិរិយាសង្រួមក្នុងឥន្ទ្រិយគឺចក្ខុ។ ឮសំឡេងដោយត្រចៀក… ធុំក្លិនដោយច្រមុះ… ទទួលរសដោយអណ្តាត… ពាល់ត្រូវនូវផោដ្ឋព្វៈដោយកាយ… ដឹងច្បាស់នូវធម្មារម្មណ៍ដោយចិត្តហើយ ក៏មិនកាន់យកនូវនិមិត្ត មិនកាន់យកនូវអនុព្យញ្ជនៈ អកុសលធម៌ទាំងឡាយ ដ៏លាមក គឺអភិជ្ឈា និងទោមនស្ស រមែងជាប់តាមនូវបុគ្គល ព្រោះហេតុមិនសង្រួមឥន្ទ្រិយ គឺចិត្តណា ពួកយើងនឹងប្រតិបត្តិ ដើម្បីសង្រួមនូវឥន្ទ្រិយ គឺចិត្តនោះ រក្សានូវឥន្ទ្រិយគឺចិត្ត ដល់នូវកិរិយាសង្រួមក្នុងឥន្ទ្រិយគឺចិត្ត។ ម្នាលភិក្ខុទាំងឡាយ ប្រសិនបើអ្នកទាំងឡាយ មានសេចក្តីត្រិះរិះយ៉ាងនេះថា ពួកយើងជាអ្នកប្រកបដោយហិរិ និងឱត្តប្បៈ កាយសមាចារៈ របស់ពួកយើង បរិសុទ្ធហើយ វចីសមាចារៈ បរិសុទ្ធហើយ មនោសមាចារៈបរិសុទ្ធហើយ អាជីវៈបរិសុទ្ធហើយ យើងមានទ្វារគ្រប់គ្រង ក្នុងឥន្ទ្រិយទាំងឡាយហើយ កិច្ចដែលត្រូវធ្វើ ល្មមដោយហេតុត្រឹមប៉ុណ្ណេះហើយ ប្រយោជន៍របស់សមណៈ ពួកយើងក៏បានដល់ ដោយហេតុត្រឹមប៉ុណ្ណេះហើយ កិច្ចបន្តិចបន្តួចត្រូវធ្វើតទៅទៀត របស់ពួកយើង មិនមានឡើយ ដូច្នេះហើយ អ្នកទាំងឡាយ គប្បីដល់នូវសេចក្តីត្រេកអរ ដោយហេតុប៉ុណ្ណេះពុំខាន ម្នាលភិក្ខុទាំងឡាយ តថាគត ប្រាប់អ្នកទាំងឡាយ ម្នាលភិក្ខុទាំងឡាយ តថាគតបំភ្លឺអ្នកទាំងឡាយ កាលបើអ្នកទាំងឡាយ ត្រូវការដោយភាពជាសមណៈហើយ អ្នកទាំងឡាយ កុំលះបង់នូវប្រយោជន៍ ជារបស់សមណៈឡើយ ព្រោះកិច្ចដែលត្រូវធ្វើតទៅ នៅមានទៀត។
[១០៦] ម្នាលភិក្ខុទាំងឡាយ កិច្ចដែលត្រូវធ្វើតទៅទៀត ដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីសិក្សាយ៉ាងនេះថា ពួកយើងនឹងជាអ្នកដឹងប្រមាណ ក្នុងភោជន ពិចារណាដោយឧបាយនៃប្រាជ្ញា ហើយទើបបរិភោគនូវអាហារ និងបរិភោគដើម្បីលេង (ដូចក្មេងអ្នកស្រុក) ក៏ទេ ដើម្បីនឹងឲ្យកើតបុរិសមានះស្រវឹង (ដូចអ្នកប្រដាល់) ក៏ទេ ដើម្បីនឹងប្រដាប់តាក់តែងរាងកាយ (ដូចស្ត្រីក្នុងបូរី)ក៏ទេ ដើម្បីនឹងធ្វើឲ្យផូរផង់សម្បុរ (ដូចអ្នកលេងរបាំ)ក៏ទេ បរិភោគគ្រាន់តែដើម្បីតាំងនៅនៃកាយនេះ ដើម្បីញុំាងជីវិតិន្ទ្រិយឲ្យប្រព្រឹត្តទៅ ដើម្បីនឹងបំបាត់បង់នូវសេចក្តីលំបាក ដើម្បីនឹងអនុគ្រោះដល់ព្រហ្មចរិយៈ ពួកយើងនឹងបំបាត់បង់នូវវេទនាចាស់ គឺសេចក្តីឃ្លាន ដែលមានហើយផង នឹងញុំាងវេទនាថ្មី គឺឆ្អែតហួសប្រមាណ មិនឲ្យកើតឡើងបានផង កិរិយាប្រព្រឹត្តិទៅ នៃឥរិយាបថទាំង៤ក្តី សេចក្តីមិនមានទោស គឺមិនច្រអូសកាយ មិនច្រអូសចិត្តជាដើមក្តី កិរិយានៅសប្បាយ ដោយឥរិយាបថទាំង៤ក្តី នឹងមានដល់ពួកយើង (ដោយបានបរិភោគនូវចង្ហាន់បិណ្ឌបាតនេះ)។ ម្នាលភិក្ខុទាំងឡាយ ប្រសិនបើអ្នកទាំងឡាយ មានសេចក្តីត្រិះរិះយ៉ាងនេះថា ពួកយើងជាអ្នកប្រកបដោយហិរិ និងឱត្តប្បៈ កាយសមាចារៈ របស់ពួកយើង បរិសុទ្ធហើយ វចីសមាចារៈ បរិសុទ្ធហើយ មនោសមាចារៈបរិសុទ្ធហើយ អាជីវៈបរិសុទ្ធហើយ ពួកយើងមានទ្វារគ្រប់គ្រង ក្នុងឥន្ទ្រិយទាំងឡាយហើយ ជាអ្នកដឹងប្រមាណក្នុងភោជន កិច្ចដែលត្រូវធ្វើ ល្មមដោយហេតុត្រឹមប៉ុណ្ណេះហើយ ប្រយោជន៍របស់សមណៈ ពួកយើងក៏បានដល់ ដោយហេតុត្រឹមប៉ុណ្ណេះហើយ កិច្ចបន្តិចបន្តួចត្រូវធ្វើតទៅទៀត របស់ពួកយើង មិនមានឡើយ ដូច្នេះហើយ អ្នកទាំងឡាយ គប្បីដល់នូវសេចក្តីត្រេកអរ ដោយហេតុប៉ុណ្ណេះពុំខាន ម្នាលភិក្ខុទាំងឡាយ តថាគត ប្រាប់អ្នកទាំងឡាយ ម្នាលភិក្ខុទាំងឡាយ តថាគតបំភ្លឺអ្នកទាំងឡាយ កាលបើអ្នកទាំងឡាយ ត្រូវការដោយភាពជាសមណៈហើយ អ្នកទាំងឡាយ កុំលះបង់នូវប្រយោជន៍ ជារបស់សមណៈឡើយ ព្រោះកិច្ចដែលត្រូវធ្វើតទៅ នៅមានទៀត។
[១០៧] ម្នាលភិក្ខុទាំងឡាយ កិច្ចដែលត្រូវធ្វើតទៅទៀត ដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីសិក្សាយ៉ាងនេះថា ពួកយើងនឹងជាអ្នកប្រកបរឿយៗ ក្នុងការភ្ញាក់រលឹក និងជម្រះចិត្ត ចាកពួកធម៌ ដែលជាគ្រឿងរារាំង ដោយការចង្ក្រម ឬអង្គុយក្នុងវេលាថ្ងៃ និងជម្រះចិត្តចាកពួកធម៌ ដែលជាគ្រឿងរារាំងដោយការចង្ក្រម ឬអង្គុយអស់បឋមយាមនៃរាត្រី នឹងសម្រេចសីហសេយ្យាសដោយបង្អៀងខាងស្តាំ អស់មជ្ឈិមយាមនៃរាត្រី និងតម្រួតជើងឆ្វេង លើជើងស្តាំ មានសតិ និងសម្បជញ្ញៈ ធ្វើទុកក្នុងចិត្ត នូវឧដ្ឋានសញ្ញា (គឺចំណាំពេលក្រោក) រួចក្រោកឡើងក្នុងបច្ឆិមយាមនៃរាត្រី ជម្រះចិត្តចាកពួកធម៌ ដែលជាគ្រឿងរារាំងដោយការចង្ក្រម ឬអង្គុយ។ ម្នាលភិក្ខុទាំងឡាយ ប្រសិនបើអ្នកទាំងឡាយ មានសេចក្តីត្រិះរិះយ៉ាងនេះថា ពួកយើងជាអ្នកប្រកបដោយហិរិ និងឱត្តប្បៈ កាយសមាចារៈ របស់យើង បរិសុទ្ធហើយ វចីសមាចារៈ បរិសុទ្ធហើយ មនោសមាចារៈបរិសុទ្ធហើយ អាជីវៈបរិសុទ្ធហើយ ពួកយើងជាអ្នកមានទ្វារគ្រប់គ្រង ក្នុងឥន្ទ្រិយទាំងឡាយហើយ ពួកយើងជាអ្នកដឹងប្រមាណក្នុងភោជន ជាអ្នកប្រកបរឿយៗ ក្នុងកិរិយាភ្ញាក់រលឹក កិច្ចដែលត្រូវធ្វើ ល្មមដោយហេតុត្រឹមប៉ុណ្ណេះហើយ ប្រយោជន៍របស់សមណៈ ពួកយើងក៏បានដល់ ដោយហេតុត្រឹមប៉ុណ្ណេះហើយ កិច្ចបន្តិចបន្តួចត្រូវធ្វើតទៅទៀត របស់ពួកយើង មិនមានឡើយ ដូច្នេះហើយ អ្នកទាំងឡាយ គប្បីដល់នូវសេចក្តីត្រេកអរ ដោយហេតុប៉ុណ្ណេះពុំខាន ម្នាលភិក្ខុទាំងឡាយ តថាគត ប្រាប់អ្នកទាំងឡាយ ម្នាលភិក្ខុទាំងឡាយ តថាគតបំភ្លឺអ្នកទាំងឡាយ កាលបើអ្នកទាំងឡាយ ត្រូវការដោយភាពជាសមណៈហើយ អ្នកទាំងឡាយ កុំលះបង់នូវប្រយោជន៍ ជារបស់សមណៈឡើយ ព្រោះកិច្ចដែលត្រូវធ្វើតទៅ នៅមានទៀត។
[១០៨] ម្នាលភិក្ខុទាំងឡាយ កិច្ចដែលត្រូវធ្វើតទៅទៀត ដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីសិក្សាយ៉ាងនេះថា ពួកយើងនឹងជាអ្នកប្រកបដោយសតិ និងសម្បជញ្ញៈ ធ្វើនូវសេចក្តីដឹងខ្លួន ក្នុងកិរិយាឈានទៅមុខ និងឈានថយក្រោយ ធ្វើនូវសេចក្តីដឹងខ្លួន ក្នុងកិរិយាក្រឡេកមើលទៅមុខ និងក្រឡេកមើលមកក្រោយ ធ្វើនូវសេចក្តីដឹងខ្លួន ក្នុងការបត់អវយវៈ និងលាតអវយវៈ ធ្វើនូវសេចក្តីដឹងខ្លួន ក្នុងកិរិយាទ្រទ្រង់សង្ឃាដិ បាត្រ ចីវរ ធ្វើនូវសេចក្តីដឹងខ្លួន ក្នុងកិរិយាឆាន់ ផឹក ទំពា ទទួលរស ធ្វើនូវសេចក្តីដឹងខ្លួន ក្នុងកិរិយាបន្ទោបង់ នូវឧច្ចារៈ និងបស្សាវៈ ធ្វើនូវសេចក្តីដឹងខ្លួន ក្នុងកិរិយាដើរ ឈរ អង្គុយ ដេកលក់ ភ្ញាក់ឡើង និយាយស្តី នៅស្ងៀម។ ម្នាលភិក្ខុទាំងឡាយ ប្រសិនបើអ្នកទាំងឡាយ មានសេចក្តីត្រិះរិះយ៉ាងនេះថា ពួកយើងជាអ្នកប្រកបដោយហិរិ និងឱត្តប្បៈ កាយសមាចារៈ របស់ពួកយើង បរិសុទ្ធហើយ វចីសមាចារៈ បរិសុទ្ធហើយ មនោសមាចារៈបរិសុទ្ធហើយ អាជីវៈបរិសុទ្ធហើយ ពួកយើងជាអ្នកមានទ្វារគ្រប់គ្រង ក្នុងឥន្ទ្រិយទាំងឡាយហើយ ជាអ្នកដឹងនូវប្រមាណក្នុងភោជន ជាអ្នកប្រកបរឿយៗ ក្នុងការភ្ញាក់រលឹក ប្រកបដោយសតិ និងសម្បជញ្ញៈ កិច្ចដែលត្រូវធ្វើ ល្មមដោយហេតុត្រឹមប៉ុណ្ណេះ ទាំងប្រយោជន៍របស់សមណៈ ពួកយើងក៏បានដល់ ដោយហេតុត្រឹមប៉ុណ្ណេះហើយ កិច្ចបន្តិចបន្តួចត្រូវធ្វើតទៅទៀត របស់ពួកយើង មិនមានឡើយ ដូច្នេះហើយ អ្នកទាំងឡាយ គប្បីដល់នូវសេចក្តីត្រេកអរ ដោយហេតុប៉ុណ្ណេះពុំខាន ម្នាលភិក្ខុទាំងឡាយ តថាគត ប្រាប់អ្នកទាំងឡាយ ម្នាលភិក្ខុទាំងឡាយ តថាគតបំភ្លឺអ្នកទាំងឡាយ កាលបើអ្នកទាំងឡាយ ត្រូវការដោយភាពជាសមណៈហើយ អ្នកទាំងឡាយ កុំលះបង់នូវប្រយោជន៍ ជារបស់សមណៈឡើយ ព្រោះកិច្ចដែលត្រូវធ្វើតទៅ នៅមានទៀត។
[១០៩] ម្នាលភិក្ខុទាំងឡាយ កិច្ចដែលត្រូវធ្វើតទៅទៀត ដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ អាស្រ័យនូវសេនាសនៈស្ងាត់ គឺព្រៃ ទីជិតដើមឈើ ភ្នំ ច្រក ឬញក គុហាក្នុងភ្នំ ព្រៃស្មសាន ព្រៃធំ ទីវាល គំនរចំបើង។ ភិក្ខុនោះ ត្រឡប់មកពីបិណ្ឌបាតវិញ វេលាខាងក្រោយភត្ត ក៏អង្គុយពែនភ្នែន តាំងកាយឲ្យត្រង់ តំកល់សតិ ឲ្យបែរមុខឆ្ពោះ (ទៅរកព្រះកម្មដ្ឋាន)។ ភិក្ខុនោះលះបង់នូវអភិជ្ឈាក្នុងលោក ជាអ្នកមានចិត្តប្រាសចាកអភិជ្ឈា ជម្រះចិត្តចាកអភិជ្ឈា។ លះបង់នូវព្យាបាទ និងសេចក្តីប្រទូស្ត មានចិត្តមិនព្យាបាទ ជាអ្នកអនុគ្រោះដោយប្រយោជន៍ ចំពោះពួកសត្វមានជីវិតទាំងពួង ជម្រះចិត្តចាកព្យាបាទ និងសេចក្តីប្រទូស្ត។ លះបង់នូវថីនមិទ្ធៈ គឺមានថីនមិទ្ធៈទៅប្រាសហើយ មានអាលោកសញ្ញា (គឺជាអ្នកមានសេចក្តីសំគាល់នូវពន្លឺ) មានសតិ និងសម្បជញ្ញៈ ជម្រះចិត្តចាកថីនមិទ្ធៈ។ លះបង់នូវឧទ្ធច្ចកុក្កុច្ចៈ គឺមិនមានចិត្តរាយមាយ មានចិត្តស្ងប់រម្ងាប់ក្នុងសន្តាន ជម្រះចិត្តចាកឧទ្ធច្ចកុក្កុច្ចៈ។ លះបង់នូវវិចិកិច្ឆា គឺមានវិចិកិច្ឆាឆ្លងផុតហើយ មិនបានសង្ស័យក្នុងកុសលធម៌ទាំងឡាយ ជម្រះចិត្តចាកវិចិកិច្ឆា។
[១១០] ម្នាលភិក្ខុទាំងឡាយ ដូចជាបុរសខ្ចីបំណុលគេ យកមកប្រកបការងារ ការងារទាំងនោះរបស់បុរសនោះក៏សម្រេច។ បុរសនោះ ដោះថ្លៃបំណុលចាស់រួចស្រេចហើយ ក៏សល់ទ្រព្យចំណេញទុកបម្រុងចិញ្ចឹមប្រពន្ធ (កូន) តទៅ។ បុរសនោះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា កាលមុន អាត្មាអញ ខ្ចីបំណុលគេ យកមកប្រកបការងារ ការងារទាំងនោះ របស់អាត្មាអញនោះក៏បានសម្រេចហើយ អាត្មាអញនោះ ដោះថ្លៃបំណុលចាស់រួចស្រេចហើយ អាត្មាអញ ក៏សល់ទ្រព្យចំណេញទុកបម្រុងចិញ្ចឹមប្រពន្ធ (កូន) តទៅ។ បុរសនោះ គប្បីបាននូវសេចក្តីរីករាយ ដល់នូវសេចក្តីសោមនស្ស ព្រោះរួចចាកបំណុលនោះជាហេតុ (យ៉ាងណាមិញ)។ ម្នាលភិក្ខុទាំងឡាយ ដូចជាបុរសមានអាពាធ ដល់នូវទុក្ខឈឺខ្លាំង មិនឃ្លានបាយ មិនមានកំឡាំងក្នុងកាយ។ ក្នុងសម័យខាងក្រោយតមក បុរសនោះ ក៏ស្បើយចាកអាពាធនោះ ឃ្លានបាយ មានកំឡាំងកាយឡើងវិញ។ បុរសនោះ មានសេចក្តីត្រិះរិះយ៉ាងនេះថា កាលមុន អាត្មាអញមានអាពាធ ដល់នូវសេចក្តីទុក្ខ ឈឺខ្លាំង មិនឃ្លានបាយ មិនមានកំឡាំងកាយសោះ ឥឡូវនេះ អាត្មាអញនោះ ស្បើយចាកអាពាធនោះ ឃ្លានបាយ មានកំឡាំងកាយឡើងវិញហើយ។ បុរសនោះ បាននូវសេចក្តីរីករាយ ដល់នូវសោមនស្ស ព្រោះស្បើយចាកអាពាធនោះជាហេតុ (យ៉ាងណាមិញ)។ ម្នាលភិក្ខុទាំងឡាយ ដូចជាបុរសជាប់ក្នុងផ្ទះឃុំឃាំង។ ក្នុងសម័យខាងក្រោយតមក បុរសនោះ ក៏រួចអំពីផ្ទះឃុំឃាំងដោយសួស្តី ឥតមានភ័យ ទាំងសេចក្តីវិនាស ដាច់ខាតភោគៈតិចតួច របស់បុរសនោះ ក៏មិនមានឡើយ។ បុរសនោះ មានសេចក្តីត្រិះរិះយ៉ាងនេះថា កាលមុន អាត្មាអញ ជាប់ក្នុងផ្ទះឃុំឃាំង ឥឡូវនេះ អាត្មាអញ រួចពីផ្ទះឃុំឃាំងដោយសួស្តី ឥតមានភ័យ ទាំងសេចក្តីវិនាស ដាច់ខាតភោគៈតិចតួច របស់អាត្មាអញ មិនមានឡើយ។ បុរសនោះ បាននូវសេចក្តីរីករាយ ដល់នូវសេចក្តីសោមនស្ស ព្រោះរួចអំពីផ្ទះឃុំខាំងនោះជាហេតុ (យ៉ាងណាមិញ)។ ម្នាលភិក្ខុទាំងឡាយ ដូចជាបុរសខ្ញុំគេ មិនមានអំណាច គឺធ្វើអ្វីមិនបានតាមគាប់ចិត្តរបស់ខ្លួន អាស្រ័យនៅក្នុងអំណាចរបស់ជនដទៃ គឺប្រព្រឹត្តទៅតាមសេចក្តីពេញចិត្ត របស់ជនដទៃ ចង់ទៅទីណាមិនបានតាមទំនើងចិត្តឡើយ។ ក្នុងសម័យខាងក្រោយតមក បុរសនោះ រួចចាកភាពជាខ្ញុំគេនោះ មានអំណាចដោយខ្លួនឯង មិនអាស្រ័យនៅក្នុងអំណាចរបស់ជនដទៃ ទៅជាអ្នកជា ចង់ទៅទីណា តាមទំនើងចិត្តរបស់ខ្លួនបាន។ បុរសនោះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា កាលពីមុន អាត្មាអញជាខ្ញុំគេ មិនមានអំណាចដោយខ្លួនឯង អាស្រ័យនៅក្នុងអំណាចរបស់ជនដទៃ ចង់ទៅទីណា មិនបានតាមទំនើងចិត្តរបស់ខ្លួនឡើយ ឥឡូវនេះ អាត្មាអញនោះ រួចចាកភាពជាខ្ញុំគេនោះហើយ មានអំណាចដោយខ្លួនឯង មិនអាស្រ័យនៅក្នុងអំណាចរបស់ជនដទៃ បានជាអ្នកជា ចង់ទៅទីណា តាមទំនើងចិត្តរបស់ខ្លួនបាន។ បុរសនោះ បាននូវសេចក្តីរីករាយ ដល់នូវសេចក្តីសោមនស្ស ព្រោះរួចចាកភាពជាខ្ញុំគេនោះជាហេតុ (យ៉ាងណាមិញ)។ ម្នាលភិក្ខុទាំងឡាយ ដូចជាបុរសមានទ្រព្យ មានភោគសម្ប័ទ ដើរទៅកាន់ផ្លូវឆ្ងាយដាច់ស្រយាល។ សម័យខាងក្រោយតមក បុរសនោះឆ្លងផុតអំពីផ្លូវឆ្ងាយ ដាច់ស្រយាលនោះដោយសួស្តី ឥតមានភ័យ ទាំងសេចក្តីវិនាស ដាច់ខាតភោគសម្ប័ទតិចតួច របស់បុរសនោះ ក៏មិនមានឡើយ។ បុរសនោះ មានសេចក្តីត្រិះរិះយ៉ាងនេះថា កាលពីមុន អាត្មាអញ មានទ្រព្យមានភោគសម្ប័ទ ដើរទៅកាន់ផ្លូវឆ្ងាយដាច់ស្រយាល ឥឡូវនេះ អាត្មាអញ ឆ្លងផុតអំពីផ្លូវឆ្ងាយ ដាច់ស្រយាលនោះដោយសួស្តី ឥតមានភ័យហើយ ទាំងការដាច់ខាតភោគសម្ប័ទតិចតួច របស់អាត្មាអញ ក៏មិនមានឡើយ។ បុរសនោះ បាននូវសេចក្តីរីករាយ ដល់នូវសោមនស្ស ព្រោះដល់នូវទីក្សេមក្សាន្តនោះជាហេតុ (យ៉ាងណាមិញ)។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុពិចារណាឃើញនូវនីវរណៈទាំង៥ប្រការនោះ មាននៅក្នុងខ្លួន ដែលខ្លួនមិនទាន់លះបង់ហើយថា ទុកដូចជាបំណុល ដូចជារោគ ដូចជាផ្ទះឃុំខាំង ដូចភាពជាខ្ញុំគេ ដូចជាផ្លូវឆ្ងាយដាច់ស្រយាលយ៉ាងនោះៗដែរ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុពិចារណាឃើញនូវនីវរណៈទាំង៥ប្រការនេះ មាននៅក្នុងខ្លួន ដែលលះបង់បានហើយថា ទុកដូចជាភាពនៃបុរសដែលរួចចាកបំណុល ដូចជាបុរសមិនមានរោគ ដូចជាបុរសរួចអំពីផ្ទះឃុំខាំង ដូចជាបុរសរួចជាអ្នកជា ដូចជាបុរសដល់នូវទីក្សេមក្សាន្ត យ៉ាងនោះៗដែរ។
[១១១] ភិក្ខុនោះលះបង់នូវនីវរណៈទាំង៥នេះ ដែលជាឧបក្កិលេសរបស់ចិត្ត ជាធម្មជាតធ្វើបញ្ញាឲ្យមានកំឡាំងថយ ក៏ស្ងាត់ចាកកាមទាំងឡាយ ស្ងាត់ចាកអកុសលធម៌ទាំងឡាយ បានដល់នូវបឋមជ្ឈាន មានវិតក្កៈ វិចារៈ និងបីតិសុខៈ ដែលកើតអំពីសេចក្តីស្ងប់ស្ងាត់ជាអារម្មណ៍។ ភិក្ខុនោះញុំាងករជកាយនេះឯង ឲ្យជោក ឲ្យស្កប់ស្កល់ ឲ្យពេញលេញ ឲ្យផ្សព្វផ្សាយដោយបីតិ និងសុខៈ ដែលកើតអំពីសេចក្តីស្ងប់ស្ងាត់ ប្រទេសបន្តិចបន្តួចនៃករជកាយទាំងអស់របស់ភិក្ខុនោះ ដែលឈ្មោះថា មិនផ្សព្វផ្សាយ ដោយបីតិ និងសុខៈ ដែលកើតអំពីសេចក្តីស្ងប់ស្ងាត់នោះគ្មាន។ ម្នាលភិក្ខុទាំងឡាយ ដូចជានហាបកជន [អ្នកចិញ្ចឹមជីវិតដោយការងូតទឹកឲ្យគេ។] ឬកូនសិស្សរបស់នហាបកជន ដែលជាអ្នកឈ្លាស រោយរាយនូវលំអិតសម្រាប់ងូតក្នុងផ្តិលសំរិទ្ធិ ហើយស្រោចស្រប់ ច្របល់ដោយទឹក ឯដុំលំអិតសម្រាប់ងូតនោះ ក៏រលាយទៅដោយទឹក ជ្រួតជ្រាបទៅក្នុងទឹក ច្រឡូកច្រឡំទៅដោយទឹក ទាំងខាងក្នុងខាងក្រៅ មិនបានខ្ចាត់ខ្ចាយពីគ្នាឡើយ ដូចម្តេចមិញ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុញុំាងករជកាយនេះឯង ឲ្យជោក ឲ្យស្កប់ស្កល់ ឲ្យពេញលេញ ឲ្យផ្សព្វផ្សាយ ដោយបីតិ និងសុខៈ ដែលកើតអំពីសេចក្តីស្ងប់ស្ងាត់ ប្រទេសបន្តិចបន្តួចនៃករជកាយទាំងអស់ របស់ភិក្ខុនោះ ដែលឈ្មោះថាមិនផ្សព្វផ្សាយ ដោយបីតិ និងសុខៈ ដែលកើតអំពីសេចក្តីស្ងប់ស្ងាត់នោះគ្មាន ដូច្នោះឯង។
[១១២] ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុបានរម្ងាប់វិតក្កៈ វិចារៈរួចហើយ ក៏បានដល់ទុតិយជ្ឈាន ជាទីជ្រះថ្លាក្នុងសន្តាន មានសភាពជាចិត្តខ្ពស់ឯក មិនមានវិតក្កៈ វិចារៈទេ មានតែបីតិ និងសុខៈ ដែលកើតអំពីសមាធិប៉ុណ្ណោះ។ ភិក្ខុនោះ ញុំាងករជកាយនេះឯង ឲ្យជោក ឲ្យស្កប់ស្កល់ ឲ្យពេញលេញ ឲ្យផ្សព្វផ្សាយ ដោយបីតិ និងសុខៈ ដែលកើតអំពីសមាធិ ប្រទេសបន្តិចបន្តួចនៃករជកាយទាំងអស់របស់ភិក្ខុនោះ ដែលឈ្មោះថា មិនផ្សព្វផ្សាយដោយបីតិ និងសុខៈ ដែលកើតអំពីសមាធិនោះគ្មាន។ ម្នាលភិក្ខុទាំងឡាយ ដូចជាអន្លង់ទឹកដ៏ជ្រៅ មានទឹកជោរឡើង មុខទឹកក្នុងទិសខាងកើតនោះ មិនមានឡើយ ទាំងមុខទាំងក្នុងទិសខាងលិច ក៏មិនមាន មុខទឹកក្នុងទិសខាងជើង ក៏មិនមាន មុខទឹកក្នុងទិសខាងត្បូង ក៏មិនមាន កាលបើភ្លៀងបង្អោរធារទឹកស្រួលសព្វៗកាលទៅ ក៏ស្រាប់តែទឹកត្រជាក់ជោរឡើងអំពីអន្លង់ទឹកនោះ ហើយញុំាងអន្លង់ទឹកនោះឯងឲ្យជោកជាំ ឲ្យពេញពោរ ឲ្យពេញប្រៀប ឲ្យហូរហៀរដោយទឹកត្រជាក់ (នោះ) ប្រទេសបន្តិចបន្តួច នៃអន្លង់ទឹកទាំងអស់នោះ ដែលឈ្មោះថា មិនហូរហៀរដោយទឹកត្រជាក់នោះ គ្មាន ដូចម្តេចមិញ ម្នាលភិក្ខុទាំងឡាយ ភិក្ខុញុំាងករជកាយនេះឲ្យជោក ឲ្យស្កប់ស្កល់ ឲ្យពេញលេញ ឲ្យផ្សព្វផ្សាយ ដោយបីតិ និងសុខៈ ដែលកើតអំពីសមាធិ ប្រទេសបន្តិចបន្តួចនៃករជកាយទាំងអស់របស់ភិក្ខុនោះ ដែលឈ្មោះថា មិនផ្សព្វផ្សាយដោយបីតិ និងសុខៈ ដែលកើតអំពីសមាធិនោះគ្មាន ដូច្នោះដែរ។
[១១៣] ម្នាលភិក្ខុទាំងឡាយ ប្រការមួយទៀត ភិក្ខុព្រោះប្រាសចាកបីតិផង ប្រកបដោយឧបេក្ខាផង មានសតិ និងសម្បជញ្ញៈផង សោយនូវសេចក្តីសុខ ដោយនាមកាយផង បានដល់តតិយជ្ឈាន ដែលព្រះអរិយៈទាំងឡាយ តែងប្រាប់នូវភិក្ខុអ្នកបានតតិយជ្ឈាននោះ ថាជាអ្នកមានឧបេក្ខា មានសតិ នៅជាសុខ ដូច្នេះ។ ភិក្ខុនោះ ញុំាងករជកាយនេះឯង ឲ្យជោក ឲ្យស្កប់ស្កល់ ឲ្យពេញលេញ ឲ្យផ្សព្វផ្សាយ ដោយសេចក្តីសុខ ដែលប្រាសចាកបីតិ ប្រទេសបន្តិចបន្តួច នៃករជកាយទាំងអស់របស់ភិក្ខុនោះ ដែលឈ្មោះថា មិនផ្សព្វផ្សាយដោយសុខ ដែលប្រាសចាកបីតិនោះគ្មាន។ ម្នាលភិក្ខុទាំងឡាយ ដូចជាផ្កាជលជាតិពួកខ្លះ គឺផ្កាព្រលិតក្តី ផ្កាឈូកក្រហមក្តី ផ្កាឈូកសក្តី ក្នុងគុម្ពព្រលិតក្តី ក្នុងគុម្ពឈូកក្រហមក្តី ក្នុងគុម្ពឈូកសក្តី តែងដុះក្នុងទឹក ចំរើនក្នុងទឹក លូតលាស់តាមទឹក លិចនៅក្នុងទឹក ជោកជាំ ឆ្អែតស្កប់ស្កល់ បរិបូណ៌ ផ្សព្វផ្សាយដោយទឹកត្រជាក់ រហូតដល់ចុង រហូតដល់គល់ ប្រទេសបន្តិចបន្តួចនៃជលជាតិទាំងអស់ គឺព្រលិតក្តី ឈូកក្រហមក្តី ឈូកសក្តី ដែលឈ្មោះថាមិនផ្សព្វផ្សាយដោយទឹកត្រជាក់នោះគ្មាន ដូចម្តេចមិញ ម្នាលភិក្ខុទាំងឡាយ ភិក្ខុញុំាងករជកាយនេះឯង ឲ្យជោក ឲ្យឆ្អែតស្កប់ស្កល់ ឲ្យពេញលេញ ឲ្យផ្សព្វផ្សាយ ដោយសុខ ដែលមិនមានបីតិ ប្រទេសបន្តិចបន្តួចនៃកាយទាំងអស់របស់ភិក្ខុនោះ ដែលឈ្មោះថាមិនផ្សព្វផ្សាយដោយសុខ ដែលមិនមានបីតិនោះគ្មាន ដូច្នោះឯង។
[១១៤] ម្នាលភិក្ខុទាំងឡាយ ប្រការមួយទៀត ភិក្ខុព្រោះលះបង់នូវសេចក្តីសុខផង លះបង់នូវសេចក្តីទុក្ខផង រំលត់នូវសោមនស្ស និងទោមនស្សទាំងឡាយក្នុងកាលមុនផង ហើយក៏ដល់នូវចតុត្ថជ្ឈានមិនទុក្ខមិនសុខ មានសតិដ៏បរិសុទ្ធដោយឧបេក្ខា។ ភិក្ខុនោះ រមែងញុំាងករជកាយនេះឯង ឲ្យផ្សព្វផ្សាយ ដោយចិត្តដ៏បរិសុទ្ធផូរផង់ អង្គុយនៅ ប្រទេសបន្តិចបន្តួច នៃករជកាយទាំងអស់ របស់ភិក្ខុនោះ ដែលឈ្មោះថា មិនផ្សព្វផ្សាយដោយចិត្តដ៏បរិសុទ្ធផូរផង់នោះគ្មាន។ ម្នាលភិក្ខុទាំងឡាយ ដូចជាបុរសយកសំពត់ស ដណ្តប់កាយ ព្រមទាំងក្បាល អង្គុយនៅ ប្រទេសបន្តិចបន្តួច នៃករជកាយទាំងអស់របស់បុរសនោះ ដែលឈ្មោះថាមិនផ្សព្វផ្សាយដោយសំពត់សនោះគ្មាន យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ ភិក្ខុញុំាងករជកាយនេះឯង ឲ្យផ្សព្វផ្សាយ ដោយចិត្ត ដ៏ស្អាតផូរផង់ អង្គុយនៅ ប្រទេសបន្តិចបន្តួច នៃករជកាយទាំងអស់របស់ភិក្ខុនោះ ដែលឈ្មោះថាមិនផ្សព្វផ្សាយដោយចិត្ត ដ៏បរិសុទ្ធផូរផង់នោះគ្មាន យ៉ាងនោះដែរ។
[១១៥] កាលបើចិត្តខ្ជាប់ខ្ជួន បរិសុទ្ធផូរផង់ មិនមានទីទួល គឺកិលេស ប្រាសចាកឧបក្កិលេស មានសភាពជាចិត្តទន់ គួរដល់ភាវនាកម្ម ជាចិត្តនឹងធឹង មិនញាប់ញ័រទៅតាមអារម្មណ៍ យ៉ាងនេះហើយ ភិក្ខុនោះ ក៏បង្អោនចិត្តទៅដើម្បីបុព្វេនិវាសានុស្សតិញ្ញាណ។ ភិក្ខុនោះ ក៏រលឹកឃើញនូវខន្ធ ដែលធ្លាប់អាស្រ័យនៅមកពីមុនជាច្រើន ដូចម្តេច គឺរលឹកបាន១ជាតិខ្លះ ២ជាតិខ្លះ។បេ។ រលឹកនូវខន្ធ ដែលសត្វធ្លាប់អាស្រ័យនៅអំពីមុនជាច្រើន ព្រមទាំងអាការ ព្រមទាំងឧទ្ទេស ដោយប្រការដូច្នេះ។ ម្នាលភិក្ខុទាំងឡាយ ដូចជាបុរសចេញអំពីស្រុករបស់ខ្លួន ទៅកាន់ស្រុកដទៃ ចេញអំពីស្រុកនោះ ទៅកាន់ស្រុកដទៃទៀត ត្រឡប់ពីស្រុកនោះ មកកាន់ស្រុករបស់ខ្លួនវិញ បុរសនោះក៏រលឹកឃើញយ៉ាងនេះថា អាត្មាអញ ចេញពីស្រុករបស់ខ្លួន បានទៅកាន់ស្រុកឯណោះ ដែលទៅដល់ស្រុកនោះ អាត្មាអញ បានឈរយ៉ាងនេះ អង្គុយយ៉ាងនេះ និយាយយ៉ាងនេះ នៅស្ងៀមយ៉ាងនេះ លុះអាត្មាអញ ចេញពីស្រុកនោះ បានទៅកាន់ស្រុកឯណោះទៀត ដែលទៅដល់ស្រុកនោះ អាត្មាអញ បានឈរយ៉ាងនេះ អង្គុយយ៉ាងនេះ និយាយយ៉ាងនេះ នៅស្ងៀមយ៉ាងនេះ ឥឡូវនេះ អាត្មាអញនោះ ចេញពីស្រុកនោះ ត្រឡប់មកកាន់ស្រុករបស់ខ្លួនវិញហើយ ដូចម្តេចមិញ ម្នាលភិក្ខុទាំងឡាយ ភិក្ខុរលឹកបាននូវខន្ធ ដែលធ្លាប់អាស្រ័យនៅមកពីមុនជាច្រើន ដូចម្តេច គឺរលឹកបាន១ជាតិខ្លះ ២ជាតិខ្លះ។បេ។ រលឹកនូវខន្ធ ដែលធ្លាប់អាស្រ័យនៅអំពីមុនជាច្រើន ព្រមទាំងអាការៈ ព្រមទាំងឧទ្ទេស ដោយប្រការដូច្នេះ យ៉ាងនោះឯង។
[១១៦] កាលបើចិត្តខ្ជាប់ខ្ជួន បរិសុទ្ធផូរផង់ មិនមានទីទួល គឺកិលេស ប្រាសចាកឧបក្កិលេស មានសភាពជាចិត្តទន់ គួរដល់ភាវនាកម្ម ជាចិត្តនឹងធឹង មិនញាប់ញ័រដោយអារម្មណ៍ យ៉ាងនេះហើយ ភិក្ខុនោះ ក៏បង្អោនចិត្តទៅ ដើម្បីសត្តចុតូបបាតញ្ញាណ។ ភិក្ខុនោះ មានចក្ខុជាទិព្វដ៏បរិសុទ្ធ កន្លងចក្ខុរបស់មនុស្សជាធម្មតា រមែងឃើញនូវសត្វទាំងឡាយ កំពុងច្យុត កំពុងកើតឡើង ជាសត្វថោកទាប ឧត្តម មានសម្បុរល្អ មានសម្បុរអាក្រក់ មានគតិល្អ មានគតិអាក្រក់។បេ។ ដឹងច្បាស់នូវពួកសត្វ ដែលប្រព្រឹត្តទៅតាមកម្មរបស់ខ្លួន។ ម្នាលភិក្ខុទាំងឡាយ ដូចជាផ្ទះពីរខ្នង មានទ្វារទល់មុខគ្នា បុរសដែលមានចក្ខុឈរនៅត្រង់កណ្តាលផ្ទះនោះ រមែងឃើញនូវពួកមនុស្ស កំពុងចូលទៅកាន់ផ្ទះខ្លះ ចេញពីផ្ទះខ្លះ ដើរទៅមកខ្លះ ដើរហែៗគ្នាខ្លះ ដើរប្រទាក់គ្នាខ្លះ យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមានចក្ខុដូចជាទិព្វ ដ៏បរិសុទ្ធ កន្លងនូវចក្ខុជារបស់មនុស្សធម្មតា រមែងឃើញនូវសត្វទាំងឡាយ កំពុងច្យុត កំពុងកើតឡើង ជាសត្វថោកទាប ឧត្តម មានសម្បុរល្អ មានសម្បុរអាក្រក់ មានគតិល្អ មានគតិអាក្រក់។បេ។ ដឹងច្បាស់នូវពួកសត្វ ដែលប្រព្រឹត្តទៅតាមកម្មរបស់ខ្លួន យ៉ាងនោះដែរ។
[១១៧] កាលបើចិត្តខ្ជាប់ខ្ជួន បរិសុទ្ធផូរផង់ មិនមានទីទួល គឺកិលេស ប្រាសចាកឧបក្កិលេស មានសភាពជាចិត្តទន់ គួរដល់ភាវនាកម្ម ជាចិត្តនឹងធឹង មិនញាប់ញ័រដោយអារម្មណ៍ យ៉ាងនេះហើយ ភិក្ខុនោះ ក៏បង្អោនចិត្តទៅ ដើម្បីអាសវក្ខយញ្ញាណ គឺប្រាជ្ញាដឹងនូវធម៌ ជាគ្រឿងក្ស័យនៃអាសវៈទាំងឡាយ។ ភិក្ខុនោះដឹងច្បាស់តាមពិតថា នេះជាទុក្ខ ដឹងច្បាស់តាមពិត នេះជាហេតុនាំឲ្យកើតទុក្ខ ដឹងច្បាស់តាមពិតថា នេះជាឧបាយដើម្បីរលត់ទុក្ខ ដឹងច្បាស់តាមពិតថា នេះជាផ្លូវសម្រាប់ដើរទៅកាន់ទីរលត់ទុក្ខ ដឹងច្បាស់តាមពិតថា នេះជាអាសវៈ ដឹងច្បាស់តាមពិតថា នេះជាហេតុនាំឲ្យកើតអាសវៈ ដឹងច្បាស់តាមពិតថា នេះជាឧបាយ ដើម្បីរលត់អាសវៈ ដឹងច្បាស់តាមពិតថា នេះជាផ្លូវសម្រាប់ដើរទៅកាន់ឧបាយ ដើម្បីរលត់អាសវៈ។ កាលភិក្ខុនោះដឹងយ៉ាងនេះ ឃើញយ៉ាងនេះហើយ ចិត្តក៏ផុតស្រឡះ ចាកកាមាសវៈផង ចិត្តក៏ផុតស្រឡះចាកភវាសវៈផង ចិត្តក៏ផុតស្រឡះចាកអវិជ្ជាសវៈផង កាលបើចិត្តផុតស្រឡះហើយ ញាណក៏កើតឡើងថា ចិត្តរបស់អាត្មាអញ ផុតស្រឡះហើយ ដឹងច្បាស់ថា កំណើតអស់ហើយ មគ្គព្រហ្មចរិយៈ អាត្មាអញ បានប្រព្រឹត្តហើយ សោឡសកិច្ច អាត្មាអញក៏បានធ្វើស្រេចហើយ កិច្ចដទៃប្រព្រឹត្តទៅដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។ ម្នាលភិក្ខុទាំងឡាយ ដូចជាអន្លង់ទឹកលើកំពូលភ្នំ ដែលថ្លាស្អាត ឥតមានកករល្អក់ បុរសម្នាក់មានចក្ខុ ឈរទៀបឆ្នេរ គប្បីមើលឃើញនូវខ្យង និងគ្រំខ្លះ ដុំក្រួស និងដុំថ្មខ្លះ នូវហ្វូងត្រី ដែលកំពុងសំកាំងខ្លះ ហែលទៅមកខ្លះ ក្នុងអន្លង់ទឹកនោះ។ បុរសនោះ ក៏មានសេចក្តីត្រិះរិះយ៉ាងនេះថា អន្លង់ទឹកនេះឯង ថ្លាស្អាត ឥតមានកករល្អក់ ខ្យង និងគ្រំទាំងនេះក្តី ដុំក្រួស និងដុំថ្មទាំងនេះក្តី ហ្វូងត្រីទាំងនេះ កំពុងសំកាំងខ្លះ ហែលទៅមកខ្លះក្តី ក្នុងអន្លង់ទឹកនោះ យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ ភិក្ខុដឹងច្បាស់តាមពិតថា នេះជាទុក្ខ។បេ។ ដឹងច្បាស់ថា កិច្ចដទៃប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៅទៀត មិនមាន ក៏យ៉ាងនោះដែរ។
[១១៨] ម្នាលភិក្ខុទាំងឡាយ ភិក្ខុនេះតថាគតហៅថា សមណៈក៏បាន ថាព្រាហ្មណ៍ក៏បាន ថានហាតកៈក៏បាន ថាវេទគូក៏បាន ថាសោត្តិយៈក៏បាន ថាអរិយៈក៏បាន ថាអរហន្តក៏បាន។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលឈ្មោះថា សមណៈ តើដូចម្តេច។ អកុសលធម៌ទាំងឡាយដ៏លាមក ប្រកបដោយសេចក្តីសៅហ្មង ធ្វើសត្វឲ្យកើតក្នុងភពថ្មីទៀត ជាធម៌ប្រកបដោយសេចក្តីក្រវល់ក្រវាយ មានទុក្ខជាវិបាក ប្រកបដោយជាតិ ជរា មរណៈ ប្រព្រឹត្តទៅក្នុងខាងមុខ ភិក្ខុនោះបានរម្ងាប់ហើយ ម្នាលភិក្ខុទាំងឡាយ ភិក្ខុឈ្មោះថា សមណៈ ដោយប្រការដូច្នេះឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលឈ្មោះថា ព្រាហ្មណ៍ តើដោយប្រការដូចម្តេច។ អកុសលធម៌ទាំងឡាយដ៏លាមក ប្រកបដោយសេចក្តីសៅហ្មង ធ្វើសត្វឲ្យកើតក្នុងភពថ្មីទៀត ជាធម៌ប្រកបដោយសេចក្តីក្រវល់ក្រវាយ មានទុក្ខជាវិបាក ប្រកបដោយជាតិ ជរា មរណៈ ប្រព្រឹត្តទៅក្នុងខាងមុខ ភិក្ខុនោះបានបន្សាត់ចោលហើយ ម្នាលភិក្ខុទាំងឡាយ ភិក្ខុឈ្មោះថា ព្រាហ្មណ៍ ដោយប្រការដូច្នេះឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលឈ្មោះថា នហាតកៈ តើដោយប្រការដូចម្តេច។ អកុសលធម៌ទាំងឡាយដ៏លាមក ប្រកបដោយសេចក្តីសៅហ្មង ធ្វើសត្វឲ្យកើតក្នុងភពថ្មីទៀត ជាធម៌ប្រព្រឹត្តទៅមួយអន្លើ ដោយសេចក្តីក្រវល់ក្រវាយ មានទុក្ខជាវិបាក ប្រកបដោយជាតិ ជរា មរណៈ ប្រព្រឹត្តទៅក្នុងខាងមុខ ភិក្ខុនោះបានជម្រះចេញហើយ ម្នាលភិក្ខុទាំងឡាយ ភិក្ខុឈ្មោះថា នហាតកៈ ដោយប្រការដូច្នេះឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលឈ្មោះថា វេទគូ តើដោយប្រការដូចម្តេច។ អកុសលធម៌ទាំងឡាយដ៏លាមក ប្រកបដោយសេចក្តីសៅហ្មង ធ្វើសត្វឲ្យកើតក្នុងភពថ្មីទៀត ជាធម៌ប្រព្រឹត្តទៅមួយអន្លើ ដោយសេចក្តីក្រវល់ក្រវាយ មានទុក្ខជាវិបាក ប្រកបដោយជាតិ ជរា មរណៈ ប្រព្រឹត្តទៅក្នុងខាងមុខ ភិក្ខុនោះ បានដឹងច្បាស់ហើយ ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលឈ្មោះថា វេទគូ ដោយប្រការដូច្នេះឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលឈ្មោះថា សោតិ្តយៈ តើដោយប្រការដូចម្តេច។ អកុសលធម៌ទាំងឡាយដ៏លាមក ប្រកបដោយសេចក្តីសៅហ្មង ធ្វើសត្វឲ្យកើតក្នុងភពថ្មីទៀត ជាធម៌ប្រព្រឹត្តទៅមួយអន្លើ ដោយសេចក្តីក្រវល់ក្រវាយ មានទុក្ខជាវិបាក ប្រកបដោយជាតិ ជរា មរណៈ ប្រព្រឹត្តទៅក្នុងខាងមុខ ភិក្ខុនោះ មិនបានទទឹកហើយ (ដោយចិត្ត) ម្នាលភិក្ខុទាំងឡាយ ភិក្ខុឈ្មោះថា សោត្តិយៈ ដោយប្រការដូច្នេះឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលឈ្មោះថា អរិយៈ តើដោយប្រការដូចម្តេច។ អកុសលធម៌ទាំងឡាយដ៏លាមក ប្រកបដោយសេចក្តីសៅហ្មង ធ្វើសត្វឲ្យកើតក្នុងភពថ្មីទៀត ជាធម៌ប្រព្រឹត្តទៅមួយអន្លើ ដោយសេចក្តីក្រវល់ក្រវាយ មានទុក្ខជាវិបាក ប្រកបដោយជាតិ ជរា មរណៈ ប្រព្រឹត្តទៅក្នុងខាងមុខ ជាកិលេសឆ្ងាយអំពីភិក្ខុនោះ ម្នាលភិក្ខុទាំងឡាយ ភិក្ខុឈ្មោះថា អរិយៈ ដោយប្រការដូច្នេះឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលឈ្មោះថា អរហន្ត តើដោយប្រការដូចម្តេច។ អកុសលធម៌ទាំងឡាយដ៏លាមក ប្រកបដោយសេចក្តីសៅហ្មង ធ្វើសត្វឲ្យកើតក្នុងភពថ្មីទៀត ជាធម៌ប្រព្រឹត្តទៅមួយអន្លើ ដោយសេចក្តីក្រវល់ក្រវាយ មានទុក្ខជាវិបាក ប្រកបដោយជាតិ ជរា មរណៈ ប្រព្រឹត្តទៅក្នុងខាងមុខ ជាកិលេសឆ្ងាយអំពីភិក្ខុនោះ ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលឈ្មោះថា អរហន្ត ដោយប្រការដូច្នេះឯង។ លុះព្រះមានព្រះភាគ បានត្រាស់ភាសិតនេះចប់ហើយ ភិក្ខុទាំងនោះ ក៏មានសេចក្តីពេញចិត្ត ត្រេកអរហើយ ចំពោះភាសិតរបស់ព្រះមានព្រះភាគ។
ចប់ មហាអស្សបុរសូត្រ ទី៩។
ចូឡអស្សបុរសូត្រ ទី១០
[១១៩] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់ក្នុងនិគម ឈ្មោះអស្សបុរៈ របស់អ្នកស្រុកអង្គៈទាំងឡាយ ក្នុងដែនអង្គៈ។ ក្នុងសម័យនោះឯង ព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ។ ភិក្ខុទាំងនោះ ក៏ទទួលស្តាប់ព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ភាសិតនេះថា ម្នាលភិក្ខុទាំងឡាយ អ្នកផងតែងស្គាល់ច្បាស់នូវអ្នកទាំងឡាយថា សមណៈៗដូច្នេះ ចំណែកអ្នកទាំងឡាយ បើមានគេសួរថា លោកជាអ្វី តែងប្តេជ្ញាខ្លួនថា ពួកយើងជាសមណៈ ម្នាលភិក្ខុទាំងឡាយ កាលបើអ្នកទាំងឡាយនោះ មានឈ្មោះយ៉ាងនេះហើយ ប្តេជ្ញាខ្លួនយ៉ាងនេះហើយ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីសិក្សាយ៉ាងនេះថា បដិបទា សមគួរដល់សមណៈណា យើងទាំងឡាយ នឹងប្រតិបត្តិនូវបដិបទានោះ នេះជាឈ្មោះពិតផង ជាសេចក្តីប្តេជ្ញាពិតផង របស់យើងទាំងឡាយ យ៉ាងនេះ មួយទៀត យើងទាំងឡាយ បរិភោគនូវចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារ របស់ជនទាំងឡាយណា សក្ការៈទាំងឡាយនោះ ដែលជនទាំងនោះ បាន (បូជា) ចំពោះយើងទាំងឡាយ នឹងជាសក្ការៈមានផលច្រើន មានអានិសង្សច្រើន ទាំងបព្វជ្ជារបស់ពួកយើងនេះសោត ក៏នឹងមិនទទេ គង់នឹងមានផល មានសេចក្តីចំរើន។
[១២០] ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកប្រតិបត្តិនូវបដិបទាដ៏សមគួរ (ដល់សមណៈ) តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុណាមួយ មានអភិជ្ឈាច្រើន ជាអ្នកមិនលះបង់អភិជ្ឈាចេញ មានចិត្តព្យាបាទ ជាអ្នកមិនលះបង់ព្យាបាទចេញ មានសេចក្តីក្រោធ ជាអ្នកមិនលះបង់សេចក្តីក្រោធចេញ មានសេចក្តីគំនុំ ជាអ្នកមិនលះបង់សេចក្តីគំនុំចេញ មានសេចក្តីលុបគុណគេ ជាអ្នកមិនលះបង់សេចក្តីលុបគុណគេចេញ មានសេចក្តីលើកខ្លួន ជាអ្នកមិនលះបង់សេចក្តីលើកខ្លួនចេញ មានសេចក្តីច្រណែន ជាអ្នកមិនលះបង់សេចក្តីច្រណែនចេញ មានសេចក្តីកំណាញ់ ជាអ្នកមិនលះបង់សេចក្តីកំណាញ់ចេញ មានសេចក្តីអួតអាង ជាអ្នកមិនលះបង់អំនួតចេញ មានសេចក្តីលាក់ពុត ជាអ្នកមិនលះបង់សេចក្តីលាក់ពុតចេញ មានសេចក្តីប្រាថ្នាលាមក ជាអ្នកមិនលះបង់សេចក្តីប្រាថ្នាលាមកចេញ មានសេចក្តីយល់ខុស ជាអ្នកមិនលះបង់សេចក្តីយល់ខុសចេញ។ ម្នាលភិក្ខុទាំងឡាយ ការមិនលះបង់ នូវមន្ទិលរបស់សមណៈ នូវទោសរបស់សមណៈ និងធម៌ជាអម្ចត់របស់សមណៈ ដែលជាហេតុញុំាងសមណៈ ឲ្យកើតក្នុងអបាយ និងជាបច្ច័យឲ្យរងនូវវិបាកជាទុក្ខ ក្នុងទុគ្គតិភូមិទាំងនេះ ចោលចេញហើយ តថាគត មិនទាន់ហៅថា អ្នកប្រតិបត្តិនូវបដិបទា ដ៏សមគួរដល់សមណៈទេ។ ម្នាលភិក្ខុទាំងឡាយ ដូចជាអាវុធឈ្មោះមតជៈ [អាវុធកើតអំពីធ្វើសត្វឲ្យស្លាប់។ សេចក្តីថា ពួកមនុស្សកោសដែក ហើយយកកំទេចដែកនោះ ទៅលាយនឹងសាច់ឲ្យសត្វក្រៀល ៗនោះ បន្ទោបង់ឧច្ចារៈមិនរួច ក៏ស្លាប់ទៅ បើមិនស្លាប់ទេ គេក៏វាយឲ្យស្លាប់ រួចវះពោះយកកំទេចដែកនោះមកលាងទឹក លាយនឹងសាច់ឲ្យក្រៀលស៊ីទៀត ធ្វើយ៉ាងនេះអស់៧ដង។ ក្នុងទីបំផុត គេយកកំទេចដែកនោះ មកឲ្យជាងធ្វើជាអាវុធ ៗនោះមុតពេកណាស់ គេហៅថា អាវុធឈ្មោះមតជៈ។ អដ្ឋកថា។] មានមុខទាំងសងខាង ដែលបុគ្គលធ្វើឲ្យជោកនឹងទឹក ហើយសំលៀង (លើថ្ម) (រួចស៊ក) អាវុធនោះ ទុកក្នុងស្រោម ហើយស្រែះព័ទ្ធព័ន្ធជុំវិញ ម្នាលភិក្ខុទាំងឡាយ តថាគត ពោលនូវបព្វជ្ជារបស់ភិក្ខុ នេះថាមានឧបមេយ្យដូចអាវុធឈ្មោះមតជៈនោះដែរ។
[១២១] ម្នាលភិក្ខុទាំងឡាយ តថាគតមិនពោលនូវភាព នៃបុគ្គលមានសង្ឃាដិ ថាជាសមណៈ ដោយគ្រាន់តែទ្រទ្រង់សង្ឃាដិប៉ុណ្ណោះទេ។ ម្នាលភិក្ខុទាំងឡាយ តថាគតមិនពោលនូវភាព នៃបុគ្គលអ្នកឥតសំពត់ ថាជាសមណៈ ដោយគ្រាន់តែឥតសំពត់ប៉ុណ្ណោះទេ។ ម្នាលភិក្ខុទាំងឡាយ តថាគតមិនពោលនូវភាព នៃបុគ្គលអ្នកសៅហ្មង ដោយធូលី និងក្អែល ថាជាសមណៈ ដោយគ្រាន់តែសៅហ្មង ដោយធូលី និងក្អែលប៉ុណ្ណោះទេ។ ម្នាលភិក្ខុទាំងឡាយ តថាគតមិនពោលនូវភាព នៃបុគ្គលអ្នកចុះត្រាំទឹក ថាជាសមណៈ ដោយគ្រាន់តែចុះត្រាំទឹកប៉ុណ្ណោះទេ។ ម្នាលភិក្ខុទាំងឡាយ តថាគតមិនពោលនូវភាព នៃបុគ្គលអ្នកអាស្រ័យនៅក្បែរគល់ឈើ ថាជាសមណៈ ដោយគ្រាន់តែអាស្រ័យនៅក្បែរគល់ឈើប៉ុណ្ណោះទេ។ ម្នាលភិក្ខុទាំងឡាយ តថាគតមិនពោលនូវភាព នៃបុគ្គលអ្នកអាស្រ័យនៅក្នុងទីវាល ថាជាសមណៈ ដោយគ្រាន់តែអាស្រ័យនៅក្នុងទីវាលប៉ុណ្ណោះទេ។ ម្នាលភិក្ខុទាំងឡាយ តថាគតមិនពោលនូវភាព នៃបុគ្គលអ្នកប្រកាន់ការអប់កាយ (ដោយគិតថា នឹងរំងាប់នូវកិលេស) ថាជាសមណៈ ដោយគ្រាន់តែប្រកាន់ការអប់កាយ (ដោយគិតថា នឹងរំងាប់កិលេស) ប៉ុណ្ណោះទេ។ ម្នាលភិក្ខុទាំងឡាយ តថាគតមិនពោលនូវភាព នៃបុគ្គលដែលបរិភោគភត្ត១ដង ១កាល [ដែលថាបរិភោគភត្ត១ដង១កាលនោះ គឺក្នុង១ខែ ឬកន្លះខែ ទើបបរិភោគភត្តម្តង។ នេះជាលទ្ធិរបស់ពួកសមណៈខាងក្រៅ។ អដ្ឋកថា។] ថាជាសមណៈ ដោយគ្រាន់តែបរិភោគភត្ត១ដង ១កាលប៉ុណ្ណោះទេ។ ម្នាលភិក្ខុទាំងឡាយ តថាគតមិនពោលនូវភាព នៃបុគ្គលអ្នករៀនមន្ត ថាជាសមណៈ ដោយគ្រាន់តែរៀនមន្តប៉ុណ្ណោះទេ។ ម្នាលភិក្ខុទាំងឡាយ តថាគតមិនពោលនូវភាព នៃបុគ្គលដែលទុកផ្នួងសក់ ថាជាសមណៈ ដោយគ្រាន់តែទុកផ្នួងសក់ប៉ុណ្ណោះទេ។ ម្នាលភិក្ខុទាំងឡាយ បើបុគ្គលមានសង្ឃាដិ មានអភិជ្ឈាច្រើន ដោយអាងថា ទ្រទ្រង់សង្ឃាដិ ត្រូវលះបង់អភិជ្ឈាចេញ បើមានចិត្តប្រកបដោយព្យាបាទ ត្រូវលះបង់ព្យាបាទចេញ មានសេចក្តីក្រោធ ត្រូវលះបង់សេចក្តីក្រោធចេញ មានការចងគំនុំ ត្រូវលះបង់ការចងគំនុំចេញ មានសេចក្តីលុបគុណគេ ត្រូវលះបង់សេចក្តីលុបគុណគេចេញ មានសេចក្តីលើកខ្លួន ត្រូវលះបង់សេចក្តីលើកខ្លួនចេញ មានសេចក្តីច្រណែន ត្រូវលះបង់សេចក្តីច្រណែនចេញ មានសេចក្តីកំណាញ់ ត្រូវលះបង់សេចក្តីកំណាញ់ចេញ មានសេចក្តីអួតអាង ត្រូវលះបង់អំនួតចេញ មានសេចក្តីលាក់ពុត ត្រូវលះបង់សេចក្តីលាក់ពុតចេញ មានសេចក្តីប្រាថ្នាលាមក ត្រូវលះបង់សេចក្តីប្រាថ្នាលាមកចេញ មានគំនិតយល់ខុស ត្រូវលះបង់គំនិតយល់ខុសចេញ មិត្តអាមាត្យញាតិសាលោហិត គប្បីធ្វើបុគ្គលអ្នកអាងមានសង្ឃាដិនោះ ឲ្យជាអ្នកទ្រទ្រង់សង្ឃាដិ ក្នុងថ្ងៃនោះឯង ពន្យល់នូវភាពនៃបុគ្គលអ្នកទ្រទ្រង់សង្ឃាដិថា នែលោកមានមុខស្រស់បស់ លោកចូរមកនេះ លោកចូរជាអ្នកទ្រទ្រង់សង្ឃាដិចុះ កាលបើលោកមានសង្ឃាដិហើយ តែនៅមានអភិជ្ឈាច្រើន ដោយអាងទ្រទ្រង់សង្ឃាដិ លោកគួរលះបង់អភិជ្ឈាចេញ មានចិត្តប្រកបដោយព្យាបាទ គួរលះបង់ព្យាបាទចេញ មានសេចក្តីក្រោធ គួរលះបង់សេចក្តីក្រោធចេញ មានការចងគំនុំ គួរលះបង់ការចងគំនុំចេញ មានសេចក្តីលុបគុណគេ គួរលះបង់សេចក្តីលុបគុណគេចេញ មានសេចក្តីលើកខ្លួន គួរលះបង់សេចក្តីលើកខ្លួនចេញ មានសេចក្តីច្រណែន គួរលះបង់សេចក្តីច្រណែនចេញ មានសេចក្តីកំណាញ់ គួរលះបង់សេចក្តីកំណាញ់ចេញ មានសេចក្តីអួតអាង គួរលះបង់អំនួតចេញ មានសេចក្តីលាក់ពុត គួរលះបង់សេចក្តីលាក់ពុតចេញ មានសេចក្តីប្រាថ្នាលាមក គួរលះបង់សេចក្តីប្រាថ្នាលាមកចេញ មានគំនិតយល់ខុស គួរលះបង់គំនិតយល់ខុសចេញ។ ម្នាលភិក្ខុទាំងឡាយ តថាគត បានឃើញច្បាស់នូវបុគ្គលពួកមួយ ក្នុងលោកនេះ សូម្បីជាអ្នកមានសង្ឃាដិហើយ តែនៅមានអភិជ្ឈាច្រើន មានចិត្តប្រកបដោយព្យាបាទ មានសេចក្តីក្រោធ មានការចងគំនុំ មានសេចក្តីលុបគុណគេ មានសេចក្តីលើកខ្លួន មានសេចក្តីច្រណែន មានសេចក្តីកំណាញ់ មានសេចក្តីអួតអាង មានសេចក្តីលាក់ពុត មានសេចក្តីប្រាថ្នាលាមក មានគំនិតយល់ខុសនៅឡើយ ព្រោះហេតុណា ហេតុនោះ បានជាតថាគត មិនទាន់ហៅនូវភាពនៃបុគ្គលមានសង្ឃាដិ ថាជាសមណៈ ដោយគ្រាន់តែទ្រទ្រង់សង្ឃាដិប៉ុណ្ណោះទេ។ ម្នាលភិក្ខុទាំងឡាយ បើបុគ្គលមិនមានសំពត់។បេ។ ម្នាលភិក្ខុទាំងឡាយ បើបុគ្គលសៅហ្មងដោយធូលី និងក្អែល… ម្នាលភិក្ខុទាំងឡាយ បើបុគ្គលចុះត្រាំទឹក… ម្នាលភិក្ខុទាំងឡាយ បើបុគ្គលអាស្រ័យនៅក្បែរគល់ឈើ… ម្នាលភិក្ខុទាំងឡាយ បើបុគ្គលអាស្រ័យនៅក្នុងទីវាល… ម្នាលភិក្ខុទាំងឡាយ បើបុគ្គលប្រកាន់ការអប់កាយ… ម្នាលភិក្ខុទាំងឡាយ បើបុគ្គលបរិភោគភត្ត១ដង ១កាល… ម្នាលភិក្ខុទាំងឡាយ បើបុគ្គលរៀនមន្ត… ម្នាលភិក្ខុទាំងឡាយ បើបុគ្គលទុកផ្នួងសក់មែន តែនៅមានអភិជ្ឈាច្រើន ដោយអាងថា ទុកផ្នួងសក់ប៉ុណ្ណោះ បុគ្គលនោះ ត្រូវលះអភិជ្ឈាចេញ មានចិត្តប្រកបដោយព្យាបាទ ត្រូវលះព្យាបាទចេញ មានសេចក្តីក្រោធ ត្រូវលះបង់សេចក្តីក្រោធចេញ មានការចងគំនុំ ត្រូវលះបង់ការចងគំនុំចេញ មានសេចក្តីលុបគុណគេ ត្រូវលះបង់សេចក្តីលុបគុណគេចេញ មានសេចក្តីលើកខ្លួន ត្រូវលះបង់សេចក្តីលើកខ្លួនចេញ មានសេចក្តីច្រណែន ត្រូវលះបង់សេចក្តីច្រណែនចេញ មានសេចក្តីកំណាញ់ ត្រូវលះបង់សេចក្តីកំណាញ់ចេញ មានសេចក្តីអួតអាង ត្រូវលះបង់អំនួតចេញ មានសេចក្តីលាក់ពុត ត្រូវលះបង់សេចក្តីលាក់ពុតចេញ មានសេចក្តីប្រាថ្នាលាមក ត្រូវលះបង់សេចក្តីប្រាថ្នាលាមកចេញ មានគំនិតយល់ខុស ត្រូវលះបង់គំនិតយល់ខុសចេញ មិត្តអាមាត្យញាតិសាលោហិត គប្បីធ្វើបុគ្គលដែលទុកផ្នួងសក់នោះ ឲ្យជាអ្នកទុកផ្នួងសក់ ក្នុងថ្ងៃនោះឯង ហើយពន្យល់នូវភាពនៃបុគ្គលអ្នកទ្រទ្រង់ផ្នួងសក់ថា នែលោកមានមុខស្រស់បស់ លោកចូរមកនេះ លោកចូរជាអ្នកទុកផ្នួងសក់ចុះ កាលបើលោកទុកផ្នួងសក់ហើយ តែនៅមានអភិជ្ឈាច្រើន ដោយអាងថា ទុកផ្នួងសក់នោះប៉ុណ្ណោះ លោកគួរលះបង់អភិជ្ឈាចេញ មានចិត្តប្រកបដោយព្យាបាទ គួរលះបង់ព្យាបាទចេញ មានសេចក្តីក្រោធ គួរលះបង់សេចក្តីក្រោធចេញ មានការចងគំនុំ គួរលះបង់ការចងគំនុំចេញ មានសេចក្តីលុបគុណគេ គួរលះបង់សេចក្តីលុបគុណគេចេញ មានសេចក្តីលើកខ្លួន គួរលះបង់សេចក្តីលើកខ្លួនចេញ មានសេចក្តីច្រណែន គួរលះបង់សេចក្តីច្រណែនចេញ មានសេចក្តីកំណាញ់ គួរលះបង់សេចក្តីកំណាញ់ចេញ មានសេចក្តីអួតអាង គួរលះបង់អំនួតចេញ មានសេចក្តីលាក់ពុត គួរលះបង់សេចក្តីលាក់ពុតចេញ មានសេចក្តីប្រាថ្នាលាមក គួរលះបង់សេចក្តីប្រាថ្នាលាមកចេញ មានគំនិតយល់ខុស គួរលះបង់គំនិតយល់ខុសចេញ។ ម្នាលភិក្ខុទាំងឡាយ តថាគត ឃើញច្បាស់នូវបុគ្គលពួកមួយ ក្នុងលោកនេះ សូម្បីទុកផ្នួងសក់ តែនៅមានអភិជ្ឈាច្រើន មានចិត្តប្រកបដោយព្យាបាទ មានសេចក្តីក្រោធ មានការចងគំនុំ មានសេចក្តីលុបគុណគេ មានសេចក្តីលើកខ្លួន មានសេចក្តីច្រណែន មានសេចក្តីកំណាញ់ មានសេចក្តីអួតអាង មានសេចក្តីលាក់ពុត មានសេចក្តីប្រាថ្នាលាមក មានគំនិតយល់ខុសនៅឡើយ ព្រោះហេតុណា ហេតុនោះ បានជាតថាគត មិនហៅបុគ្គល ដែលទុកផ្នួងសក់ ថាជាសមណៈ ដោយត្រឹមតែទុកផ្នួងសក់ប៉ុណ្ណោះទេ។
[១២២] ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកប្រតិបត្តិនូវបដិបទា ដ៏សមគួរដល់សមណៈ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុណាមួយ មានអភិជ្ឈាច្រើន ជាអ្នកលះបង់អភិជ្ឈាចេញ មានចិត្តប្រកបដោយព្យាបាទ ជាអ្នកលះបង់ព្យាបាទចេញ មានសេចក្តីក្រោធ ជាអ្នកលះបង់សេចក្តីក្រោធចេញ មានការចងគំនុំ ជាអ្នកលះបង់ការចងគំនុំចេញ មានសេចក្តីលុបគុណគេ ជាអ្នកលះបង់សេចក្តីលុបគុណគេចេញ មានសេចក្តីលើកខ្លួន ជាអ្នកលះបង់សេចក្តីលើកខ្លួនចេញ មានសេចក្តីច្រណែន ជាអ្នកលះបង់សេចក្តីច្រណែនចេញ មានសេចក្តីកំណាញ់ ជាអ្នកលះបង់សេចក្តីកំណាញ់ចេញ មានសេចក្តីអួតអាង ជាអ្នកលះបង់អំនួតចេញ មានសេចក្តីលាក់ពុត ជាអ្នកលះបង់សេចក្តីលាក់ពុតចេញ មានសេចក្តីប្រាថ្នាលាមក ជាអ្នកលះបង់សេចក្តីប្រាថ្នាលាមកចេញ មានគំនិតយល់ខុស ជាអ្នកលះបង់គំនិតយល់ខុសចេញ។ ម្នាលភិក្ខុទាំងឡាយ ការលះបង់នូវមន្ទិលរបស់សមណៈ នូវទោសរបស់សមណៈ នូវធម៌ជាគ្រឿងអម្ចត់របស់សមណៈ ដែលជាហេតុញុំាងសមណៈ ឲ្យកើតក្នុងអបាយ ទាំងជាបច្ច័យឲ្យទទួលនូវវិបាកជាទុក្ខ ក្នុងទុគ្គតិភូមិទាំងនេះចេញហើយ ទើបតថាគត ហៅថា ជាអ្នកប្រតិបត្តិនូវបដិបទា ដ៏សមគួរដល់សមណៈមែន។ ភិក្ខុនោះ ឃើញច្បាស់នូវខ្លួនថាបរិសុទ្ធ ឃើញច្បាស់នូវខ្លួនថា រួចហើយចាកពួកអកុសលធម៌ ដ៏លាមកទាំងអស់នេះ។ កាលបើភិក្ខុនោះឃើញច្បាស់នូវខ្លួនថាបរិសុទ្ធ ឃើញច្បាស់នូវខ្លួនថា រួចចាកពួកអកុសលធម៌ ដ៏លាមកទាំងអស់នេះហើយ បាមោជ្ជៈ គឺសេចក្តីត្រេកអរទន់ ក៏កើតឡើង កាលបើភិក្ខុមានបាមោជ្ជៈហើយ បីតិក៏កើតឡើង កាលបើភិក្ខុមានចិត្តប្រកបដោយបីតិហើយ កាយក៏ស្ងប់ស្ងាត់ កាលបើភិក្ខុមានកាយស្ងប់ស្ងាត់ហើយ រមែងទទួលនូវសុខ ភិក្ខុដែលមានចិត្តទទួលសុខហើយ ចិត្តក៏នឹងធឹងល្អ។ ភិក្ខុនោះ មានចិត្តប្រកបដោយមេត្តា ផ្សាយទៅកាន់ទិសទី១ ទិសទី២ ក៏ដូចគ្នា ទិសទី៣ ក៏ដូចគ្នា ទិសទី៤ក៏ដូចគ្នា ទាំងទិសខាងលើ និងទិសខាងក្រោម ទិសទទឹង គឺទិសជុំវិញ ក៏ដូចគ្នា ទាំងមានចិត្តប្រកបដោយមេត្តាដ៏ធំទូលាយ គឺយកសត្វជាអនេក មកជាអារម្មណ៍ ជាចិត្តប្រកបដោយមហគ្គតភូមិ ឥតមានប្រមាណ គឺបានចំរើនហើយ ជាចិត្តមិនមានពៀរ គឺមិនមានទោស មិនមានព្យាបាទ គឺមិនមានទុក្ខ ផ្សាយទៅកាន់សត្វលោកទាំងអស់ ព្រោះយកខ្លួនប្រៀបនឹងសត្វទាំងអស់គ្រប់ទិស។ ភិក្ខុមានចិត្តប្រកបដោយករុណា… មានចិត្តប្រកបដោយមុទិតា… មានចិត្តប្រកបដោយឧបេក្ខា… ផ្សាយទៅកាន់ទិសទី១ ទិសទី២ ក៏ដូចគ្នា ទិសទី៣ ក៏ដូចគ្នា ទិសទី៤ក៏ដូចគ្នា ទាំងទិសខាងលើ ទិសខាងក្រោម ទិសទទឹង គឺទិសជុំវិញ ក៏ដូចគ្នា ទាំងមានចិត្តប្រកបដោយឧបេក្ខា ដ៏ធំទូលាយ ប្រកបក្នុង មហគ្គតភូមិ ឥតមានប្រមាណ ជាចិត្តមិនមានពៀរ មិនមានព្យាបាទ ផ្សាយទៅកាន់សត្វលោកទាំងអស់ ព្រោះយកខ្លួនប្រៀបនឹងសត្វទាំងអស់គ្រប់ទិស។ ម្នាលភិក្ខុទាំងឡាយ ដូចជាស្រះបោក្ខរណី ដែលមានទឹកថ្លាឆ្វង់ មានទឹកឆ្ងាញ់ មានទឹកត្រជាក់ មានទឹកថ្លាស្អាត (មិនមានកករ) មានកំពង់ល្អ គួរជាទីរីករាយ។ ទោះបីបុរសមកអំពីទិសខាងកើត មានខ្លួនក្តៅក្រហាយ ជោកជាំ ដោយចំហាយកំដៅ មានកាយនឿយព្រួយ តក់ស្លុត ស្រេក។ បុរសនោះ មកដល់ស្រះបោក្ខរណីនោះហើយ ក៏បន្ទោបង់ នូវសេចក្តីស្រេកទឹក ទាំងបន្ទោបង់នូវសេចក្តីក្តៅក្រហាយ ដោយចំហាយកំដៅចេញបាន។ ទោះបីបុរសមកពីទិសខាងលិច… ទោះបីបុរសមកពីទិសខាងជើង… ទោះបីបុរសមកពីទិសខាងត្បូង… ទោះបីបុរសមកអំពីទិសណាៗ មានខ្លួនក្តៅក្រហាយ ជោកជាំដោយចំហាយកំដៅ មានកាយនឿយព្រួយ តក់ស្លុត មានសេចក្តីស្រេក។ បុរសនោះ មកដល់ស្រះបោក្ខរណីនោះហើយ ក៏បន្ទោបង់សេចក្តីស្រេកទឹក ទាំងបន្ទោបង់ នូវសេចក្តីក្តៅក្រហាយ ដោយចំហាយកំដៅចេញបាន យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ ទោះបីបុគ្គលចេញចាកខត្តិយត្រកូល ចេញចាកគេហស្ថាន ចូលទៅកាន់ផ្នួស ក៏យ៉ាងនោះដែរ។ ក៏បព្វជិតនោះ អាស្រ័យនូវធម៌វិន័យ ដែលតថាគត ត្រាស់សំដែងហើយ បានចំរើននូវមេត្តា ករុណា មុទិតា ឧបេក្ខា យ៉ាងនេះ តថាគត ហៅបព្វជិតនោះ ថាជាអ្នកប្រតិបត្តិនូវបដិបទា ដ៏សមគួរដល់សមណៈ ដ៏ស្ងប់រម្ងាប់ ប្រព្រឹត្តទៅក្នុងសន្តានមែន។ ទោះបីបុគ្គលចេញចាកព្រាហ្មណត្រកូល ទោះបីបុគ្គលចេញចាកវេស្សត្រកូល… ទោះបីបុគ្គលចេញចាកសុទ្ទត្រកូល… ទោះបីបុគ្គលចេញចាកត្រកូលណាៗ ចេញចាកគេហស្ថានណាៗ ចូលទៅកាន់ផ្នួស។ ក៏បព្វជិតនោះ អាស្រ័យនូវធម៌វិន័យ ដែលតថាគត សំដែងហើយ បានចំរើននូវមេត្តា ករុណា មុទិតា ឧបេក្ខា យ៉ាងនេះ តថាគត ហៅបព្វជិតនោះ ថាជាអ្នកប្រតិបត្តិនូវបដិបទា ដ៏សមគួរដល់សមណៈ ដ៏ស្ងប់រម្ងាប់ ប្រព្រឹត្តទៅក្នុងសន្តានមែន។ ទោះបីបុគ្គលចេញចាកខត្តិយត្រកូល ចេញចាកគេហស្ថាន ចូលទៅកាន់ផ្នួស។ ក៏បព្វជិតនោះ ធ្វើឲ្យជាក់ច្បាស់ បានសម្រេចនូវចេតោវិមុត្តិ បញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់ទៅនៃអាសវៈទាំងឡាយ ដោយខ្លួនឯងក្នុងបច្ចុប្បន្ន តថាគត ហៅបព្វជិតនោះថា ជាសមណៈ ព្រោះអស់ទៅនៃអាសវៈទាំងឡាយ។ ទោះបីបុគ្គលចេញចាកព្រាហ្មណត្រកូល… ទោះបីបុគ្គលចេញចាកវេស្សត្រកូល… ទោះបីបុគ្គលចេញចាកសុទ្ទត្រកូល… ទោះបីបុគ្គលចេញចាកត្រកូលណាៗ ចេញចាកគេហស្ថានណាៗ ចូលទៅកាន់ផ្នួស។ ក៏បព្វជិតនោះ ធ្វើឲ្យជាក់ច្បាស់ បានសម្រេចនូវចេតោវិមុត្តិ បញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់ទៅនៃអាសវៈទាំងឡាយ ដោយខ្លួនឯងក្នុងបច្ចុប្បន្ន តថាគត ហៅបព្វជិតនោះថា ជាសមណៈ ព្រោះអស់ទៅនៃអាសវៈទាំងឡាយ។ លុះព្រះមានព្រះភាគ ទ្រង់ត្រាស់នូវភាសិតនេះចប់ហើយ ភិក្ខុទាំងនោះ ក៏មានសេចក្តីពេញចិត្ត ត្រេកអរហើយចំពោះភាសិត របស់ព្រះមានព្រះភាគ។
ចប់ ចូឡអស្សបុរសូត្រ ទី១០។
ចប់ មហាយមកវគ្គ ទី៤។
ឧទ្ទាននៃមហាយមកវគ្គ
ឧទ្ទាន គឺបញ្ជីរឿងនៃ មហាយមកវគ្គ ទី៤នោះគឺ និយាយពីព្រះមានព្រះភាគ គង់ក្នុងរោង ដែលកដោយឥដ្ឋ ក្នុងព្រៃគោសិង្គសាលវ័ន (មានក្នុងចូឡគោសិង្គសាលសូត្រ និងមហាគោសិង្គសាលសូត្រ) ១ និយាយពីធម៌ប្រៀបដោយគោបាល គួររក្សាគោបាន និងមិនបាន (មានក្នុងមហាគោបាលសូត្រ) ១ និយាយពីគោបាល មានប្រាជ្ញាម្តងទៀត (មានក្នុងចូឡគោបាលសូត្រ) ១ និយាយពីព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងក្រុងវេសាលី (មានក្នុងចូឡសច្ចកសូត្រ) ១ និយាយពីព្រះមានព្រះភាគ មានព្រះភក្ត្រជ្រះថ្លាជាដើម (មានក្នុងមហាសច្ចកសូត្រ) ១។ និយាយពីព្រះឥន្ទ្រាធិរាជ ប្រកបដោយតណ្ហា (មានក្នុងចូឡតណ្ហាសង្ខយសូត្រ) ១ និយាយពីសាតិភិក្ខុកេវដ្តបុត្រ (មានក្នុងមហាតណ្ហាសង្ខយសូត្រ) ១ និយាយពីពាក្យថាសមណៈ មានក្នុងមហាអស្សបុរសូត្រ ១ និយាយពីសមណៈទុកផ្នួងសក់ មានក្នុងចូឡអស្សបុរសូត្រ ១។
ចូឡយមកវគ្គ
សាលេយ្យកសូត្រ ទី១
[១២៣] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគទ្រង់ស្តេចទៅកាន់ទីចារិក ក្នុងកោសលជនបទ ជាមួយនឹងព្រះភិក្ខុសង្ឃច្រើនរូប បានស្តេចទៅដល់ស្រុកព្រាហ្មណ៍ ឈ្មោះសាលៈ ជាខែត្ររបស់កោសលជនបទ។ ពួកព្រាហ្មណ៍ និងគហបតី អ្នកស្រុកសាលៈ បានឮ(ដំណឹង) ហើយ ក៏ប្រកាសពាក្យនេះថា ម្នាលគ្នាយើង ឮថា ព្រះសមណគោតម ជាសក្យបុត្រ ចេញចាកសក្យត្រកូល ទៅទ្រង់ព្រះផ្នួស ទ្រង់ស្តេចទៅកាន់ទីចារិក ក្នុងកោសលជនបទ ព្រមដោយភិក្ខុសង្ឃច្រើនរូប ឥឡូវស្តេចមកដល់សាលគ្រាមហើយ។ កិត្តិសព្ទដ៏ល្អ របស់ព្រះគោតមដ៏មានព្រះភាគនោះ ល្បីឮខ្ចរខ្ចាយយ៉ាងនេះថា ព្រះមានព្រះភាគ ព្រះអង្គឆ្ងាយចាកសេចក្តីសៅហ្មងគ្រប់យ៉ាង ត្រាស់ដឹងនូវញេយ្យធម៌ទាំងពួង ដោយប្រពៃចំពោះព្រះអង្គឯង បរិបូណ៌ដោយវិជ្ជា និងចរណៈ គឺសេចក្តីដឹង និងក្រឹត្យដែលបុគ្គលគប្បីប្រព្រឹត្ត មានដំណើរទៅកាន់ព្រះនិព្វាន ទ្រង់ជ្រាបច្បាស់នូវត្រៃលោក ទ្រង់ប្រសើរដោយសីលាទិគុណ រកបុគ្គលណាមួយស្មើគ្មាន ទ្រង់ទូន្មាននូវបុរសដែលគួរទូន្មានបាន ព្រះអង្គជាគ្រូនៃទេវតា និងមនុស្សទាំងឡាយ ទ្រង់ត្រាស់ដឹងនូវចតុរារិយសច្ចធម៌ លែងវិលត្រឡប់មកកាន់ភពថ្មីទៀត ព្រះអង្គទ្រង់ធ្វើឲ្យជាក់ច្បាស់ ដោយប្រាជ្ញាចំពោះព្រះអង្គឯង នូវលោកនេះ ព្រមទាំងទេវលោក មារលោក ព្រហ្មលោក នូវពពួកសត្វ ព្រមទាំងសមណៈ និងព្រាហ្មណ៍ ព្រមទាំងមនុស្សជាសម្មតិទេព និងមនុស្សដ៏សេស ហើយទ្រង់ប្រកាសព្រះអង្គ ទ្រង់សំដែងធម៌ មានពីរោះបទដើម មានពីរោះបទកណ្តាល មានពីរោះបទចុង ប្រកាសនូវព្រហ្មចរិយធម៌ ព្រមទាំងអត្ថ និងព្យញ្ជនៈ ដ៏ពេញបរិបូណ៌ បរិសុទ្ធទាំងអស់ ក៏ដំណើរដែលបានឃើញនូវព្រះអរហន្តទាំងឡាយ មានសភាពយ៉ាងហ្នឹង ជាការប្រពៃពេក។ គ្រានោះ ពួកព្រាហ្មណ៍ និងគហបតី អ្នកស្រុកសាលគ្រាម នាំគ្នាចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ពួកខ្លះ ថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ ពួកខ្លះក៏ពោលពាក្យរាក់ទាក់ សំណេះសំណាល ជាមួយនឹងព្រះមានព្រះភាគ លុះបញ្ចប់ពាក្យ ដែលគួររីករាយ និងពាក្យដែលគួររលឹកហើយ ទើបអង្គុយក្នុងទីដ៏សមគួរ ពួកខ្លះអង្គុយក្នុងទីដ៏សមគួរ ប្រណម្យអញ្ជលីឆ្ពោះទៅព្រះមានព្រះភាគ ពួកខ្លះប្រកាស នូវនាម និងគោត្រ ក្នុងទីជិតព្រះមានព្រះភាគ អង្គុយក្នុងទីដ៏សមគួរ ពួកខ្លះអង្គុយស្ងៀម ក្នុងទីដ៏សមគួរ។ កាលព្រាហ្មណ៍ និងគហបតី អ្នកស្រុកសាលៈ អង្គុយក្នុងទីដ៏សមគួរហើយ បានក្រាបបង្គំទូលសួរពាក្យនេះ នឹងព្រះមានព្រះភាគថា បពិត្រព្រះគោតមដ៏ចំរើន ហេតុដូចម្តេច បច្ច័យដូចម្តេច បានជាសត្វទាំងឡាយពួកខ្លះ ក្នុងលោកនេះ ទំលាយរាងកាយខាងមុខ បន្ទាប់អំពីមរណៈ ទៅកើតក្នុងអបាយ (ទីមិនមានសេចក្តីចំរើន គឺតិរច្ឆានកំណើត) ទុគ្គតិ (ដំណើរដែលផ្អែកនឹងទុក្ខ គឺអសុរកាយ) វិនិបាត (ទីសម្រាប់ទំលាក់នូវបុគ្គលធ្វើអំពើអាក្រក់ គឺប្រេតវិស័យ) និរយៈ (ទីមិនមានសេចក្តីសប្បាយ គឺនរក) បពិត្រព្រះគោតមដ៏ចំរើន ហេតុដូចម្តេច បច្ច័យដូចម្តេច បានជាសត្វទាំងឡាយពួកខ្លះ ក្នុងលោកនេះ ទំលាយរាងកាយខាងមុខ បន្ទាប់អំពីមរណៈ ទៅកើតក្នុងមនុស្ស សុគតិ សួគ៌ ទេវលោក។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលគហបតីទាំងឡាយ សត្វទាំងឡាយពួកខ្លះ ក្នុងលោកនេះ ទំលាយរាងកាយខាងមុខ បន្ទាប់អំពីមរណៈ ទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត និរក ព្រោះហេតុតែកិរិយាប្រព្រឹត្តមិនស្មើ ពោលគឺមិនប្រព្រឹត្តតាមធម៌ យ៉ាងនេះឯង ម្នាលគហបតីទាំងឡាយ សត្វទាំងឡាយពួកខ្លះ ក្នុងលោកនេះ ទំលាយរាងកាយខាងមុខ បន្ទាប់អំពីមរណៈ ទៅកើតក្នុងលោក គឺមនុស្សសុគតិ ឋានសួគ៌ ព្រោះហេតុតែកិរិយាប្រព្រឹត្តស្មើ ពោលគឺប្រព្រឹត្តតាមធម៌យ៉ាងនេះឯង។ ព្រាហ្មណ៍ និងគហបតី ក្រាបបង្គំទូលថា កាលបើព្រះគោតមដ៏ចំរើននេះ សំដែងដោយសង្ខេប មិនបានចែកអត្ថ ដោយពិស្តារហើយ យើងទាំងឡាយ មិនអាចនឹងដឹងសេចក្តីដោយពិស្តារទៅបានទេ កាលបើព្រះគោតមដ៏ចំរើននេះ សំដែងដោយសង្ខេប មិនបានចែកអត្ថដោយពិស្តារទេ តែថាយើងទាំងឡាយ អាចនឹងដឹងសេចក្តីដោយពិស្តារទៅបាន ដោយប្រការយ៉ាងណា សូមព្រះគោតមដ៏ចំរើន ទ្រង់ព្រះមេត្តាប្រោស សំដែងធម៌ដល់យើងខ្ញុំទាំងឡាយ ដោយប្រការយ៉ាងនោះឲ្យទាន។ ព្រះអង្គត្រាស់ថា ម្នាលគហបតីទាំងឡាយ បើដូច្នោះ អ្នកទាំងឡាយ ចូរប្រុងស្តាប់ ចូរធ្វើទុកក្នុងចិត្តឲ្យល្អចុះ តថាគតនឹងសំដែង។ ពួកព្រាហ្មណ៍ និងគហបតីអ្នកស្រុកសាលៈ ទទួលស្តាប់ព្រះពុទ្ធដីកា នៃព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ។
[១២៤] ព្រះមានព្រះភាគ ត្រាស់ភាសិតនេះថា ម្នាលគហបតីទាំងឡាយ កិរិយាប្រព្រឹត្តមិនស្មើ ពោលគឺ មិនប្រព្រឹត្តតាមធម៌ ដោយកាយ មាន៣ប្រការ កិរិយាប្រព្រឹត្តមិនស្មើ ពោលគឺមិនប្រព្រឹត្តតាមធម៌ ដោយវាចា មាន៤ប្រការ កិរិយាប្រព្រឹត្តមិនស្មើ ពោលគឺមិនប្រព្រឹត្តតាមធម៌ ដោយចិត្ត មាន៣ប្រការ។ ម្នាលគហបតិទាំងឡាយ កិរិយាប្រព្រឹត្តមិនស្មើ ពោលគឺមិនប្រព្រឹត្តតាមធម៌ ដោយកាយ មាន៣ប្រការ តើដូចម្តេចខ្លះ។ ម្នាលគហបតិទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកសម្លាប់សត្វ ជាមនុស្សអាក្រក់ មានបាតដៃប្រឡាក់ដោយឈាម មានចិត្តបោះជាប់ ក្នុងការសម្លាប់សត្វ ជាអ្នកមិនមានសេចក្តីអៀនខ្មាស មានចិត្តមិនអាសូរ ចំពោះពួកសត្វទាំងអស់។ មួយទៀត ជាអ្នកកាន់យកនូវវត្ថុ ដែលគេមិនបានឲ្យ ដូចជាគ្រឿងឧបករណ៍ គឺសម្បត្តិ នៃបុគ្គលដទៃណា ដែលគេទុកក្នុងស្រុកក្តី ទុកក្នុងព្រៃក្តី ជាអ្នកកាន់យកគ្រឿងឧបករណ៍ ដែលគេមិនបានឲ្យនោះ ដោយចំណែកនៃចិត្តលួច។ មួយទៀត ជាអ្នកប្រព្រឹត្តខុស ក្នុងកាមទាំងឡាយ ដូចជាស្ត្រីទាំងឡាយណា គឺស្ត្រីដែលមាតារក្សា [ស្ត្រីដែលមានមាតារក្សានោះ បិតាលែងគ្នា ឬស្លាប់បាត់ទៅ នៅសល់តែមាតា ហើយរក្សាទំនុកបម្រុង ដោយអាហារ និងសំពត់ស្លៀកជាដើម។ ឯស្ត្រីដែលមានបិតារក្សា ក៏មានសេចក្តីដូចគ្នា។] ដែលបិតារក្សា ដែលមាតាបិតារក្សា ដែលបងប្អូនប្រុសរក្សា ដែលបងប្អូនស្រីរក្សា ដែលញាតិរក្សា ដែលមានស្វាមី [ស្ត្រីដែលមានស្វាមីនោះ កាលស្ត្រីនោះនៅក្នុងផ្ទៃនៅឡើយ មានត្រកូលស្មើគ្នា និយាយណាត់គ្នាថា បើខ្ញុំមានកូនប្រុស អ្នកមានកូនស្រី ៗនោះ កុំឲ្យទៅត្រកូលដទៃ ត្រូវឲ្យមកកូនខ្ញុំ។] ដែលប្រកបដោយអាជ្ញា [ស្ត្រីដែលប្រកបដោយអាជ្ញានោះ គឺបានដល់ស្ត្រី ដែលស្តេចដាក់អាជ្ញាចំពោះឈ្មោះ ឬចំពោះផ្ទះ ឬចំពោះថ្នល់ថា បុរសណាហ៊ានប្រព្រឹត្តនឹងស្រ្តីឈ្មោះនេះ នឹងត្រូវពិន័យប៉ុណ្ណេះ។] ដោយហោចទៅ សូម្បីតែស្ត្រី ដែលបុរសបំពាក់កម្រងផ្កាឲ្យ [ស្ត្រីដែលបុរសបំពាក់កម្រងផ្កាឲ្យនោះ បានដល់ស្ត្រីដែលបុរសនីមួយបោះភួងផ្កាទៅលើស្ត្រីនោះ បើជាប់ក៏កំណត់ថា ស្ត្រីនេះ ជាភរិយារបស់ខ្លួន។ អដ្ឋកថា។] ជាអ្នកដល់នូវការប្រព្រឹត្តិកន្លង ក្នុងស្ត្រីទាំងឡាយ មានសភាពដូច្នោះ។ ម្នាលគហបតិទាំងឡាយ កិរិយាប្រព្រឹត្តមិនស្មើ ពោលគឺមិនប្រព្រឹត្តតាមធម៌ ដោយកាយមាន៣ប្រការ យ៉ាងនេះឯង។ ម្នាលគហបតិទាំងឡាយ កិរិយាប្រព្រឹត្តិមិនស្មើ ពោលគឺមិនប្រព្រឹត្តិតាមធម៌ ដោយវាចាមាន៤ប្រការ តើដូចម្តេចខ្លះ។ ម្នាលគហបតិទាំងឡាយ បុគ្គលពួកមួយ ក្នុងលោកនេះ ជាអ្នកពោលពាក្យកុហក ទោះបីឋិតនៅក្នុងរោងក្តី ឋិតនៅក្នុងបរិស័ទក្តី ឋិតនៅក្នុងកណ្តាលញាតិក្តី ឋិតនៅកណ្តាលសេនីយក្តី ឋិតនៅកណ្តាលរាជត្រកូលក្តី គេនាំទៅធ្វើជាសាក្សី ហើយសួរថា នែបុរសដ៏ចំរើន ចូរអ្នកមកនេះ បើអ្នកដឹងហេតុណា ចូរនិយាយហេតុនោះ។ បុរសនោះ កាលមិនដឹង និយាយថា ខ្ញុំដឹង ឬកាលដឹង និយាយថា ខ្ញុំមិនដឹង កាលមិនឃើញ និយាយថា ខ្ញុំឃើញ ឬកាលឃើញ និយាយថា ខ្ញុំមិនឃើញ។ ជាអ្នកពោលពាក្យកុហកទាំងដឹងខ្លួន ព្រោះហេតុតែខ្លួនក្តី ព្រោះហេតុអ្នកដទៃក្តី ព្រោះហេតុសំណូក គឺអាមិសៈបន្តិចបន្តួចក្តី។ មួយទៀត ជាអ្នកពោលនូវពាក្យញុះញង់ គឺ់ឮពាក្យអំពីសំណាក់ជននេះហើយ នាំទៅប្រាប់ជនឯណោះ ដើម្បីនឹងបំបែកជនទាំងនេះ ឮពាក្យអំពីជនឯណោះហើយ នាំយកមកប្រាប់ជននេះ ដើម្បីបំបែកជនឯណោះ ជាអ្នកបំបែកនូវពួកជន ដែលព្រមព្រៀងគ្នាផង ជាអ្នកជម្រុលពួកជន ដែលបែកគ្នាហើយផង ជាអ្នកត្រេកអរតែក្នុងពួក មានតម្រេកក្នុងពួក ជាអ្នករីករាយតែក្នុងពួក ជាអ្នកពោលនូវវាចា ដែលធ្វើឲ្យប្រកាន់ពួក ដូច្នេះឯង។ មួយទៀត ជាអ្នកពោលពាក្យអាក្រក់ គឺវាចាណាទ្រគោះ ខ្មោះខ្មួររោលរាល ស្ទាក់ដំណើរជនដទៃ ជាវាចាជិតនឹងសេចក្តីក្រោធ មិនប្រព្រឹត្តទៅ ដើម្បីសមាធិបាន ហើយជាអ្នកពោល នូវវាចា មានសភាពដូច្នោះ។ មួយវិញទៀត ជាអ្នកពោល នូវពាក្យមិនមានប្រយោជន៍ ពោលពាក្យខុសកាល ពោលនូវពាក្យមិនពិត ពោលពាក្យមិនមែនជាអត្ថ ពោលពាក្យមិនមែនជាធម៌ ពោលពាក្យមិនមែនជាវិន័យ ពោលពាក្យដែលមិនគួរតាំងទុក ក្នុងហឫទ័យ ខុសកាល ប្រាសចាកគ្រឿងអាង ជាពាក្យមិនមានទីបំផុត មិនប្រកបដោយប្រយោជន៍។ ម្នាលគហបតីទាំងឡាយ កិរិយាប្រព្រឹត្តមិនស្មើ ពោលគឺមិនប្រព្រឹត្តតាមធម៌ ដោយវាចា មាន៤ប្រការដូច្នេះឯង។ ម្នាលគហបតិទាំងឡាយ កិរិយាប្រព្រឹត្តមិនស្មើ ពោលគឺមិនប្រព្រឹត្តតាមធម៌ ដោយចិត្តមាន៣ប្រការ តើដូចម្តេចខ្លះ។ ម្នាលគហបតិទាំងឡាយ បុគ្គលពួកមួយ ក្នុងលោកនេះ ច្រើនដោយអភិជ្ឈា គយគន់នូវគ្រឿងឧបករណ៍ ដែលជាសម្បត្តិ នៃបុគ្គលដទៃ ដោយគិតថា ឱហ្ន៎ គ្រឿងឧបករណ៍ ដែលជាសម្បត្តិនៃបុគ្គលដទៃណា គ្រឿងឧបករណ៍នោះ គប្បីបានមកអាត្មាអញ។ មួយទៀត ជាអ្នកមានចិត្តព្យាបាទ មានតម្រិះក្នុងចិត្ត ដែលទោសប្រទូស្តហើយថា សត្វទាំងឡាយ ចូរលំបាកខ្លះ ចូរស្លាប់ខ្លះ ចូរវិនាសសាបសូន្យទៅខ្លះ ដែលថាមិនវិនាស កុំឲ្យមានឡើយ។ មួយវិញទៀត ជាអ្នកមានគំនិតយល់ខុស ឃើញនូវសេចក្តីវិបរិតថា ទានដែលបុគ្គលឲ្យហើយ មិនមានផល ការបូជាធំមិនមានផល ការបូជាតូច ក៏មិនមានផល ផលវិបាក នៃកុសលាកុសលកម្ម ដែលសត្វធ្វើល្អ និងអាក្រក់ មិនមាន លោកនេះមិនមាន លោកខាងមុខ មិនមាន មាតាមិនមានគុណ បិតាមិនមានគុណ សត្វទាំងឡាយ ជាឱបបាតិកៈ មិនមាន ពួកសមណព្រាហ្មណ៍ក្នុងលោក ជាអ្នកព្រមព្រៀងគ្នា ប្រតិបត្តិដោយត្រឹមត្រូវ ធ្វើឲ្យជាក់ច្បាស់ ដោយខ្លួនឯង នូវលោកនេះ និងលោកខាងមុខ ហើយសំដែង ក៏មិនមាន។ ម្នាលគហបតិទាំងឡាយ កិរិយាប្រព្រឹត្តមិនស្មើ ពោលគឺ មិនប្រព្រឹត្តតាមធម៌ ដោយចិត្ត មាន៣ប្រការ យ៉ាងនេះឯង។ ម្នាលគហបតិទាំងឡាយ សត្វទាំងឡាយពួកខ្លះ ក្នុងលោកនេះ លុះបែកធ្លាយរាងកាយ ខាងមុខបន្ទាប់អំពីមរណៈ ចូលទៅកាន់អបាយ ទុគ្គតិ វិនិបាត នរក យ៉ាងនេះ ព្រោះហេតុតែកិរិយាប្រព្រឹត្តមិនស្មើ ពោលគឺ មិនប្រព្រឹត្តតាមធម៌ យ៉ាងនេះឯង។
[១២៥] ម្នាលគហបតិទាំងឡាយ កិរិយាប្រព្រឹត្តស្មើ ពោលគឺប្រព្រឹត្តតាមធម៌ ដោយកាយ មាន៣ប្រការ។ កិរិយាប្រព្រឹត្តស្មើ ពោលគឺប្រព្រឹត្តតាមធម៌ ដោយវាចា មាន៤ប្រការ។ កិរិយាប្រព្រឹត្តស្មើ ពោលគឺប្រព្រឹត្តតាមធម៌ ដោយចិត្ត មាន៣ប្រការ។ ម្នាលគហបតិទាំងឡាយ កិរិយាប្រព្រឹត្តស្មើ ពោលគឺប្រព្រឹត្តតាមធម៌ ដោយកាយ មាន៣ប្រការ តើដូចម្តេច។ ម្នាលគហបតិទាំងឡាយ បុគ្គលពួកមួយ ក្នុងលោកនេះ លះបង់បាណាតិបាត វៀរស្រឡះចាកបាណាតិបាត ជាអ្នកដាក់ចុះនូវអាជ្ញា ដាក់ចុះនូវសស្ត្រាវុធ ប្រកបដោយសេចក្តីខ្មាស ដល់នូវមេត្តាចិត្ត ជាអ្នកអនុគ្រោះ ដោយប្រយោជន៍ ចំពោះពួកសត្វទាំងអស់។ ជាអ្នកលះបង់ នូវអទិន្នាទាន វៀរស្រឡះចាកអទិន្នាទាន ដូចជាគ្រឿងឧបករណ៍ គឺសម្បត្តិនៃបុគ្គលណា ដែលគេទុកក្នុងស្រុកក្តី ទុកក្នុងព្រៃក្តី ក៏ជាអ្នកមិនកាន់យកនូវវត្ថុ ដែលគេមិនបានឲ្យនោះ ដោយចំណែក នៃចិត្តលួចឡើយ។ ជាអ្នកលះបង់នូវកាមេសុមិច្ឆាចារ វៀរស្រឡះចាកកាមេសុមិច្ឆាចារ ទោះបីស្ត្រីណា ដែលមាតារក្សា បិតារក្សា មាតាបិតារក្សា បងប្អូនប្រុសរក្សា បងប្អូនស្រីរក្សា ញាតិរក្សា មានស្វាមី ប្រកបដោយអាជ្ញា ដោយហោចទៅ សូម្បីស្ត្រី ដែលបុរសបំពាក់កម្រងផ្កាឲ្យ ក៏ជាអ្នកមិនដល់នូវការប្រព្រឹត្តិកន្លង ក្នុងស្ត្រីទាំងឡាយ មានសភាពដូច្នោះឡើយ។ ម្នាលគហបតិទាំងឡាយ កិរិយាប្រព្រឹត្តស្មើ ពោលគឺ ប្រព្រឹត្តតាមធម៌ ដោយកាយមាន៣ប្រការ ដូច្នេះឯង។ ម្នាលគហបតិទាំងឡាយ កិរិយាប្រព្រឹត្តិស្មើ ពោលគឺប្រព្រឹត្តិតាមធម៌ ដោយវាចាមាន៤ប្រការ តើដូចម្តេចខ្លះ។ ម្នាលគហបតិទាំងឡាយ បុគ្គលពួកមួយ ក្នុងលោកនេះ លះបង់នូវមុសាវាទ វៀរស្រឡះចាកមុសាវាទ ទោះបីឋិតនៅក្នុងរោងក្តី ឋិតនៅក្នុងបរិស័ទក្តី ឋិតនៅក្នុងកណ្តាលញាតិក្តី ឋិតនៅកណ្តាលសេនីយក្តី ឋិតនៅកណ្តាលរាជត្រកូលក្តី គេនាំទៅធ្វើជាសាក្សី ហើយសួរថា នែបុរសដ៏ចំរើន ចូរអ្នកមកនេះ បើអ្នកដឹងហេតុណា ចូរនិយាយប្រាប់ហេតុនោះ ដូច្នេះក្តី។ បុរសនោះ កាលមិនដឹង និយាយថា ខ្ញុំមិនដឹង ឬកាលដឹង ក៏និយាយថា ខ្ញុំដឹង កាលមិនឃើញ និយាយថា ខ្ញុំមិនឃើញ ឬកាលឃើញ ក៏និយាយថា ខ្ញុំឃើញ។ ជាអ្នកមិនពោលនូវពាក្យកុហកទាំងដឹងខ្លួន ដូច្នេះ ព្រោះហេតុខ្លួនក្តី ព្រោះហេតុអ្នកដទៃក្តី ព្រោះហេតុតែសំណូក គឺអាមិសៈបន្តិចបន្តួចក្តី។ មួយវិញទៀត ជាអ្នកលះបង់នូវបិសុណវាចា វៀរស្រឡះចាកបិសុណវាចា គឺឮពាក្យអំពីជននេះហើយ មិននាំទៅប្រាប់ជនឯណោះ ដើម្បីនឹងបំបែកជនទាំងនេះផង ឮពាក្យអំពីជនឯណោះហើយ មិននាំមកប្រាប់ជនទាំងនោះ ដើម្បីនឹងបំបែកជនឯណោះផង ជាអ្នកផ្សះផ្សារនូវពួកជន ដែលបែកគ្នាផង ជាអ្នកទំនុកបម្រុងនូវពួកជន ដែលព្រមព្រៀងគ្នាស្រាប់ហើយផង ជាអ្នកត្រេកអរតែក្នុងសេចក្តីព្រមព្រៀងគ្នា ជាអ្នកមានតម្រេកតែក្នុងសេចក្តីព្រមព្រៀងគ្នា ជាអ្នករីករាយ ក្នុងសេចក្តីព្រមព្រៀងគ្នា ពោលនូវវាចា ដែលធ្វើឲ្យកើតសេចក្តីព្រមព្រៀងគ្នា ដោយប្រការដូច្នេះ។ ជាអ្នកលះបង់នូវផរុសវាចា វៀរស្រឡះចាកផរុសវាចា គឺវាចាណា មិនមានទោស ជាសុខដល់ត្រចៀក គួរកើតសេចក្តីស្រឡាញ់ ចូលទៅកាន់ហឫទ័យ ជាវាចាអ្នកបូរី ជាទីស្រឡាញ់ ដល់ជនច្រើន ជាទីពេញចិត្ត ដល់ជនច្រើន ជាអ្នកពោលនូវវាចា មានសភាពដូច្នោះ។ ជាអ្នកលះបង់ នូវសម្ផប្បលាបៈ វៀរស្រឡះ ចាកសម្ផប្បលាបៈ ពោលពាក្យត្រូវតាមកាល ពោលពាក្យពិត ពោលពាក្យដែលជាអត្ថ ពោលពាក្យដែលជាធម៌ ពោលពាក្យជាវិន័យ ពោលពាក្យដែលគួរឲ្យតាំងទុក ក្នុងហឫទ័យ ត្រូវតាមកាល ប្រកបដោយគ្រឿងអាង ជាវាចាមានទីបំផុត ប្រកបដោយប្រយោជន៍។ ម្នាលគហបតីទាំងឡាយ កិរិយាប្រព្រឹត្តស្មើ ពោលគឺប្រព្រឹត្តតាមធម៌ ដោយវាចា មាន៤ប្រការ យ៉ាងនេះឯង។ ម្នាលគហបតិទាំងឡាយ កិរិយាប្រព្រឹត្តស្មើ ពោលគឺប្រព្រឹត្តតាមធម៌ ដោយចិត្តមាន៣ប្រការ ដូចម្តេចខ្លះ។ ម្នាលគហបតិទាំងឡាយ បុគ្គលពួកមួយ ក្នុងលោកនេះ មិនច្រើនដោយអភិជ្ឈា គ្រឿងឧបករណ៍ ដែលជាសម្បត្តិ នៃបុគ្គលដទៃណា ក៏មិនគយគន់ នូវគ្រឿងឧបករណ៍នោះថា ឱហ្ន៎ គ្រឿងឧបករណ៍ ដែលជាសម្បត្តិ នៃបុគ្គលដទៃណា គ្រឿងឧបករណ៍នោះ គប្បីបានមកអាត្មាអញ ដូច្នេះឡើយ។ មួយទៀត ជាអ្នកមានចិត្តមិនព្យាបាទ មានតម្រិះក្នុងចិត្ត ដែលទោសមិនប្រទូស្តហើយថា សត្វទាំងឡាយនេះ ចូរកុំមានពៀរ កុំមានព្យាបាទ កុំមានទុក្ខ រក្សាខ្លួនឲ្យបានសេចក្តីសុខចុះ។ មួយវិញទៀត ជាអ្នកមានគំនិតយល់ត្រូវ ឃើញនូវសេចក្តីមិនវិបរិតថា ទានដែលបុគ្គលឲ្យហើយ មានផល ការបូជាធំមានផល ការបូជាតូច មានផល ផលវិបាក នៃកុសលាកុសលកម្ម ដែលសត្វធ្វើល្អ និងធ្វើអាក្រក់មាន លោកនេះមាន លោកខាងមុខមាន មាតាមានគុណ បិតាមានគុណ សត្វដែលជាឱបបាតិកៈកំណើតមាន ពួកសមណព្រាហ្មណ៍ក្នុងលោក ជាអ្នកព្រមព្រៀង ប្រតិបត្តិដោយត្រឹមត្រូវ ធ្វើឲ្យជាក់ច្បាស់ ដោយប្រាជ្ញាចំពោះខ្លួនឯង នូវលោកនេះ និងលោកខាងមុខ ហើយប្រកាស ក៏មាន។ ម្នាលគហបតិទាំងឡាយ កិរិយាប្រព្រឹត្តស្មើ ពោលគឺប្រព្រឹត្តតាមធម៌ដោយចិត្ត មាន៣ប្រការ យ៉ាងនេះឯង។ ម្នាលគហបតិទាំងឡាយ សត្វទាំងឡាយពួកខ្លះ ក្នុងលោកនេះ បែកធ្លាយរាងកាយ ខាងមុខបន្ទាប់អំពីមរណៈ ចូលទៅកាន់សុគតិ សួគ៌ ទេវលោក យ៉ាងនេះ ព្រោះហេតុតែកិរិយាប្រព្រឹត្តស្មើ ពោលគឺប្រព្រឹត្តតាមធម៌ យ៉ាងនេះឯង។
[១២៦] ម្នាលគហបតិទាំងឡាយ បុគ្គលប្រព្រឹត្តស្មើ ពោលគឺប្រព្រឹត្តតាមធម៌ បើប្រាថ្នាថា ឱខ្លួនអាត្មាអញ លុះទំលាយរាងកាយខាងមុខ បន្ទាប់អំពីមរណៈ សូមឲ្យបានទៅកើតជាមួយនឹងពួកខត្តិយមហាសាល ការណ៍ដែលបុគ្គលប្រាថ្នាបែបនេះ ក៏នឹងបានសម្រេច ព្រោះថា បុគ្គលនោះ លុះទំលាយរាងកាយ ខាងមុខបន្ទាប់អំពីមរណៈ ក៏បានទៅកើតជាមួយនឹងពួកខត្តិយមហាសាលមែន សេចក្តីនោះ ព្រោះហេតុដូចម្តេច ព្រោះហេតុថា បុគ្គលនោះ ជាអ្នកប្រព្រឹត្តស្មើ ពោលគឺប្រព្រឹត្តតាមធម៌។ ម្នាលគហបតិទាំងឡាយ បុគ្គលប្រព្រឹត្តស្មើ ពោលគឺប្រព្រឹត្តតាមធម៌ បើប្រាថ្នាថា ឱខ្លួនអាត្មាអញ លុះទំលាយរាងកាយខាងមុខ បន្ទាប់អំពីមរណៈ សូមឲ្យបានទៅកើតជាមួយនឹងពួកព្រាហ្មណមហាសាល។បេ។ កើតជាមួយនឹងគហបតិមហាសាល ការណ៍ដែលបុគ្គលប្រាថ្នាបែបនេះ ក៏នឹងបានសម្រេច ព្រោះថា បុគ្គលនោះ លុះទំលាយរាងកាយ ខាងមុខបន្ទាប់អំពីមរណៈ ក៏បានទៅកើតជាមួយនឹងពួកគហបតិមហាសាលមែន សេចក្តីនោះ ព្រោះហេតុដូចម្តេច ព្រោះហេតុថា បុគ្គលនោះ ជាអ្នកប្រព្រឹត្តស្មើ ពោលគឺប្រព្រឹត្តតាមធម៌។ ម្នាលគហបតិទាំងឡាយ បុគ្គលប្រព្រឹត្តស្មើ ពោលគឺប្រព្រឹត្តតាមធម៌ បើប្រាថ្នាថា ឱខ្លួនអាត្មាអញ លុះទំលាយរាងកាយខាងមុខ បន្ទាប់អំពីមរណៈ សូមឲ្យបានទៅកើតជាមួយនឹងពួកទេវតា ក្នុងជាន់ចាតុម្មហារាជិកា ការណ៍ដែលបុគ្គលប្រាថ្នាបែបនេះ ក៏នឹងបានសម្រេច ព្រោះថា បុគ្គលនោះ លុះបែកធ្លាយរាងកាយ ខាងមុខបន្ទាប់អំពីមរណៈ ក៏បានទៅកើតជាមួយនឹងពួកទេវតា ក្នុងជាន់ចាតុម្មហារាជិកាមែន សេចក្តីនោះ ព្រោះហេតុដូចម្តេច ព្រោះហេតុថា បុគ្គលនោះ ជាអ្នកប្រព្រឹត្តស្មើ ពោលគឺប្រព្រឹត្តតាមធម៌។ ម្នាលគហបតិទាំងឡាយ បុគ្គលប្រព្រឹត្តស្មើ ពោលគឺប្រព្រឹត្តតាមធម៌ បើប្រាថ្នាថា ឱខ្លួនអាត្មាអញ លុះទំលាយរាងកាយខាងមុខ បន្ទាប់អំពីមរណៈ សូមឲ្យបានទៅកើតជាមួយនឹងពួកទេវតា ក្នុងជាន់តាវត្តិង្ស។បេ។ ពួកទេវតាជាន់យាមៈ… ពួកទេវតាជាន់តុសិត… ពួកទេវតាជាន់និម្មានរតី… ពួកទេវតាជាន់បរនិម្មិតវសវត្តី… ពួកទេវតា ជាន់ព្រហ្មកាយិកា ការណ៍ដែលបុគ្គលប្រាថ្នាបែបនេះ ក៏នឹងបានសម្រេច ព្រោះថា បុគ្គលនោះ លុះបែកធ្លាយរាងកាយ ខាងមុខបន្ទាប់អំពីមរណៈ ក៏បានទៅកើតជាមួយនឹងពួកទេវតា ជាន់ព្រហ្មកាយិកាមែន សេចក្តីនោះ ព្រោះហេតុដូចម្តេច ព្រោះហេតុថា បុគ្គលនោះ ជាអ្នកប្រព្រឹត្តស្មើ ពោលគឺប្រព្រឹត្តតាមធម៌។ ម្នាលគហបតិទាំងឡាយ បុគ្គលប្រព្រឹត្តស្មើ ពោលគឺប្រព្រឹត្តតាមធម៌ បើប្រាថ្នាថា ឱខ្លួនអាត្មាអញ លុះបែកធ្លាយរាងកាយខាងមុខ បន្ទាប់អំពីមរណៈ សូមឲ្យបានទៅកើតជាមួយនឹងពួកទេវតាជាន់អាភា ការណ៍ដែលបុគ្គលប្រាថ្នាបែបនេះ ក៏នឹងបានសម្រេច ព្រោះថា បុគ្គលនោះ លុះបែកធ្លាយរាងកាយ ខាងមុខបន្ទាប់អំពីមរណៈ ក៏បានទៅកើតជាមួយនឹងពួកទេវតាជាន់អាភាមែន សេចក្តីនោះ ព្រោះហេតុដូចម្តេច ព្រោះហេតុថា បុគ្គលនោះ ជាអ្នកប្រព្រឹត្តស្មើ ពោលគឺប្រព្រឹត្តតាមធម៌។ ម្នាលគហបតិទាំងឡាយ បុគ្គលប្រព្រឹត្តស្មើ ពោលគឺប្រព្រឹត្តតាមធម៌ បើប្រាថ្នាថា ឱខ្លួនអាត្មាអញ លុះបែកធ្លាយរាងកាយខាងមុខ បន្ទាប់អំពីមរណៈ សូមឲ្យបានទៅកើតជាមួយនឹងពួកទេវតាជាន់បរិត្តាភា។បេ។ នឹងពួកទេវតាជាន់អប្បមាណាភា… ពួកទេវតាជាន់អាភស្សរា… ពួកទេវតាជាន់បរិត្តសុភា… ពួកទេវតាជាន់អប្បមាណសុភា… ពួកទេវតាជាន់សុភកិណ្ហកា… ពួកទេវតាជាន់វេហប្ផលា… ពួកទេវតាជាន់អវិហា… ពួកទេវតាជាន់អតប្បា… ពួកទេវតាជាន់សុទស្សា… ពួកទេវតាជាន់សុទស្សី… ពួកទេវតាជាន់អកនិដ្ឋកា… ពួកទេវតាដែលកើតក្នុងអាកាសានញ្ចាយតនៈ… ពួកទេវតាដែលកើតក្នុងវិញ្ញាណញ្ចាយតនៈ… ពួកទេវតាដែលកើតក្នុងជាន់អាកិញ្ចញ្ញាយតនៈ… និងពួកទេវតាដែលកើតក្នុងជាន់នេវសញ្ញានាសញ្ញាយតនៈ ការណ៍ដែលបុគ្គលប្រាថ្នាបែបនេះ ក៏នឹងបានសម្រេច ព្រោះថា បុគ្គលនោះ លុះបែកធ្លាយរាងកាយ ខាងមុខបន្ទាប់អំពីមរណៈ ក៏បានទៅកើតជាមួយនឹងពួកទេវតា ដែលកើតក្នុងជាន់នេវសញ្ញានាសញ្ញាយតនៈមែន សេចក្តីនោះ ព្រោះហេតុដូចម្តេច ព្រោះហេតុថា បុគ្គលនោះ ជាអ្នកប្រព្រឹត្តស្មើ ពោលគឺប្រព្រឹត្តតាមធម៌។ ម្នាលគហបតិទាំងឡាយ បុគ្គលប្រព្រឹត្តស្មើ ពោលគឺប្រព្រឹត្តតាមធម៌ បើប្រាថ្នាថា ឱខ្លួនអាត្មាអញ សូមឲ្យអស់អាសវៈទាំងឡាយ ហើយធ្វើឲ្យជាក់ច្បាស់ សម្រេចនូវចេតោវិមុត្តិ បញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ដោយប្រាជ្ញាចំពោះខ្លួនឯង ក្នុងបច្ចុប្បន្ននេះ ការណ៍ដែលបុគ្គលប្រាថ្នាបែបនេះ ក៏នឹងបានសម្រេច ព្រោះថា បុគ្គលនោះ នឹងអស់អាសវៈទាំងឡាយ ហើយធ្វើឲ្យជាក់ច្បាស់ សម្រេចនូវចេតោវិមុត្តិ បញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ដោយប្រាជ្ញាចំពោះខ្លួនឯង ក្នុងបច្ចុប្បន្នមែន សេចក្តីនោះ ព្រោះហេតុដូចម្តេច ព្រោះហេតុថា បុគ្គលនោះ ជាអ្នកប្រព្រឹត្តស្មើ ពោលគឺប្រព្រឹត្តតាមធម៌។
[១២៧] កាលបើព្រះមានព្រះភាគ ទ្រង់មានព្រះពុទ្ធដីកាយ៉ាងនេះហើយ ពួកព្រាហ្មណ៍ និងគហបតី អ្នកនៅក្នុងស្រុកសាលៈ បានក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះគោតមដ៏ចំរើន ភាសិតរបស់ព្រះអង្គ ពីរោះណាស់ បពិត្រព្រះគោតមដ៏ចំរើន ភាសិតរបស់ព្រះអង្គពីរោះណាស់ បពិត្រព្រះគោតមដ៏ចំរើន ធម៌ដែលព្រះគោតមដ៏ចំរើនប្រកាសហើយ ដោយអនេកបរិយាយនេះឯង (ភ្លឺច្បាស់ណាស់) ដូចជាបុគ្គលផ្ងាររបស់ដែលផ្កាប់ ឬដូចជាបុគ្គលបើកបង្ហាញ នូវរបស់ដែលកំបាំង ពុំនោះ ដូចជាបុគ្គលប្រាប់ផ្លូវដល់មនុស្សវង្វេងទិស ពុំនោះសោត ដូចគេទ្រោលប្រទីប ក្នុងទីងងឹត ដោយគិតថា មនុស្សដែលមានភ្នែក មើលឃើញរូបទាំងឡាយបាន យើងទាំងឡាយនេះ សូមដល់នូវព្រះគោតមដ៏ចំរើនផង នូវព្រះធម៌ផង នូវព្រះភិក្ខុសង្ឃផង ជាទីពឹង ទីរលឹក តាំងពីថ្ងៃនេះទៅ សូមព្រះគោតមដ៏ចំរើន ទ្រង់ជ្រាបនូវយើងខ្ញុំទាំងឡាយ ថាជាឧបាសក អ្នកដល់នូវទីពឹង ស្មើដោយជីវិត។
ចប់ សាលេយ្យកសូត្រ ទី១។
វេរញ្ជកសូត្រ ទី២
[១២៨] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ ក៏សម័យនោះឯង ពួកព្រាហ្មណ៍ និងគហបតិអ្នកស្រុកវេរញ្ជា នៅអាស្រ័យក្នុងក្រុងសាវត្ថី ដោយកិច្ចនីមួយ។ ពួកព្រាហ្មណ៍ និងគហបតិ អ្នកស្រុកវេរញ្ជា បានឮដំណឹងថា ព្រះសមណគោតម ជាសក្យបុត្រ ចេញចាកសក្យត្រកូលទៅបួស ប្រថាប់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ កិត្តិសព្ទដ៏ល្អ នៃព្រះគោតមដ៏ចំរើននោះ ល្បីឮខ្ចរខ្ចាយយ៉ាងនេះថា ព្រះមានព្រះភាគអង្គនោះ ព្រះអង្គជាអរហន្ត សម្មាសម្ពុទ្ធ បរិបូណ៌ដោយវិជ្ជា និងចរណៈ ជាព្រះសុគត ជ្រាបច្បាស់នូវត្រៃលោក ព្រះអង្គប្រសើរបំផុត ព្រះអង្គជាសារថី ទូន្មាននូវបុរស ព្រះអង្គជាសាស្តាចារ្យ នៃទេវតា និងមនុស្សទាំងឡាយ ជាព្រះពុទ្ធ ទ្រង់ចែកនូវធម៌ទាំងពួង ព្រះអង្គបានត្រាស់ដឹង បានធ្វើឲ្យជាក់ច្បាស់ ដោយប្រាជ្ញា ចំពោះព្រះអង្គ នូវលោកនេះ ព្រមទាំងទេវលោក មារលោក ព្រហ្មលោក នូវពួកសត្វ ព្រមទាំងសមណព្រាហ្មណ៍ ទាំងមនុស្សជាសម្មតិទេព និងមនុស្សដ៏សេស ហើយប្រកាស ទ្រង់សំដែងធម៌ មានលំអបទដើម បទកណ្តាល បទចុង ព្រះអង្គប្រកាសនូវព្រហ្មចរិយធម៌ ព្រមទាំងអត្ថ និងព្យញ្ជនៈ ដ៏បរិបូណ៌ បរិសុទ្ធទាំងអស់ ក៏ដំណើរដែលបានជួបប្រទះ នឹងព្រះអរហន្តទាំងឡាយ មានសភាពយ៉ាងនេះ ជាការប្រពៃពេក។ គ្រានោះឯង ពួកព្រាហ្មណ៍ និងគហបតិ អ្នកស្រុកវេរញ្ជា នាំគ្នាចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ពួកខ្លះ ក៏ថ្វាយបង្គំព្រះមានព្រះភាគ រួចអង្គុយក្នុងទីដ៏សមគួរ ពួកខ្លះ គ្រាន់តែនិយាយពាក្យសំណេះសំណាល ទៅរកព្រះមានព្រះភាគ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររលឹកហើយ ក៏អង្គុយក្នុងទីដ៏សមគួរ ពួកខ្លះ អង្គុយប្រណម្យអញ្ជលី ចំពោះព្រះមានព្រះភាគ ក្នុងទីដ៏សមគួរ ពួកខ្លះ គ្រាន់តែប្រកាសនាម និងគោត្រ ក្នុងសំណាក់ព្រះមានព្រះភាគ អង្គុយក្នុងទីដ៏សមគួរ ពួកខ្លះ អង្គុយនៅស្ងៀម ក្នុងទីដ៏សមគួរ លុះពួកព្រាហ្មណ៍ និងគហបតិ អ្នកស្រុកវេរញ្ជា អង្គុយក្នុងទីដ៏សមគួរហើយ ទើបក្រាបបង្គំទូលសួរព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះគោតមដ៏ចំរើន អ្វីជាហេតុ អ្វីជាបច្ច័យ ដែលនាំឲ្យពួកសត្វខ្លះ ក្នុងលោកនេះ លុះបែកធ្លាយរាងកាយ ខាងមុខអំពីសេចក្តីស្លាប់ ទៅកើតក្នុងកំណើតតិរច្ឆាន ប្រេតវិស័យ អសុរកាយ នរក បពិត្រព្រះគោតមដ៏ចំរើន មួយទៀត អ្វីជាហេតុ អ្វីជាបច្ច័យ ដែលនាំដែលនាំឲ្យពួកសត្វ ក្នុងលោកនេះ លុះបែកធ្លាយរាងកាយ ខាងមុខអំពីសេចក្តីស្លាប់ ទៅកើតក្នុងសុគតិ សួគ៌ទេវលោក។ ព្រះអង្គទ្រង់ត្រាស់តបថា ម្នាលគហបតិទាំងឡាយ ព្រោះហេតុតែការប្រព្រឹត្តមិនស្មើ គឺប្រព្រឹត្តមិនត្រូវធម៌នុ៎ះឯង បានជាពួកសត្វខ្លះ ក្នុងលោកនេះ ដល់បែកធ្លាយរាងកាយ ខាងមុខអំពីសេចក្តីស្លាប់ ទៅកើតក្នុងកំណើតតិរច្ឆាន ប្រេតវិស័យ អសុរកាយ នរក យ៉ាងនេះ ម្នាលគហបតិទាំងឡាយ ព្រោះហេតុតែសេចក្តីប្រព្រឹត្តស្មើ គឺប្រព្រឹត្តត្រូវគន្លងធម៌ ដែលនាំឲ្យពួកសត្វខ្លះ ក្នុងលោកនេះ លុះបែកធ្លាយរាងកាយ ខាងមុខអំពីសេចក្តីស្លាប់ ទៅកើតក្នុងសុគតិ សួគ៌ ទេវលោក យ៉ាងនេះ។ ធម៌នេះ ព្រះគោតមដ៏ចំរើន បានសំដែងដោយសេចក្តីបំប្រួញ មិនទាន់ចែករំលែកសេចក្តី ដោយពិស្តារទេ យើងខ្ញុំមិនទាន់ដឹងសេចក្តី ដោយពិស្តារឡើយ សូមទ្រង់ព្រះមេត្តាប្រោស ព្រះគោតមជាម្ចាស់ សំដែងធម៌ ដែលព្រះគោតមជាម្ចាស់ សំដែងដោយសេចក្តីសង្ខេប មិនទាន់ចែករំលែកសេចក្តីពិស្តារនៅឡើយនេះ ឲ្យយើងខ្ញុំបានយល់សេចក្តីច្បាស់លាស់ ដោយពិស្តារឲ្យទាន។ ម្នាលគហបតីទាំងឡាយ បើដូច្នោះ ចូរអ្នកទាំងឡាយ ប្រុងចាំស្តាប់ចុះ ចូរធ្វើទុកក្នុងចិត្ត ឲ្យប្រពៃចុះ តថាគត នឹងសំដែង។ ពួកព្រាហ្មណ៍ និងគហបតី អ្នកស្រុកវេរញ្ជា ទទួលតបព្រះពុទ្ធដីកា នៃព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ។
[១២៩] ព្រះមានព្រះភាគ បានត្រាស់យ៉ាងនេះ ម្នាលគហបតីទាំងឡាយ បុគ្គលប្រព្រឹត្តមិនត្រូវគន្លងធម៌ ប្រព្រឹត្តមិនស្មើខាងកាយ៣ចំណែក បុគ្គលប្រព្រឹត្តមិនត្រូវគន្លងធម៌ ប្រព្រឹត្តមិនស្មើខាងវាចា៤ចំណែក បុគ្គលប្រព្រឹត្តមិនត្រូវគន្លងធម៌ ប្រព្រឹត្តមិនស្មើខាងចិត្ត៣ចំណែក។ ម្នាលគហបតិទាំងឡាយ ចុះបុគ្គលប្រព្រឹត្តមិនត្រូវគន្លងធម៌ ប្រព្រឹត្តមិនស្មើខាងកាយ៣ចំណែក តើដូចម្តេច។ ម្នាលគហបតីទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកសម្លាប់សត្វ ប្រព្រឹត្តអាក្រក់ មានដៃប្រឡាក់ឈាម ជាអ្នកស្និទ្ធចិត្ត ក្នុងការសម្លាប់សត្វ ឥតមានសេចក្តីអៀនខ្មាស ឥតមានមេត្តាត្រាប្រណី ចំពោះពួកសត្វដែលមានជីវិតទាំងអស់។ ជាអ្នកកាន់យកទ្រព្យ ដែលគេមិនបានឲ្យ ជាអ្នកកាន់យកទ្រព្យ ដែលជាគ្រឿងប្រើប្រាស់ របស់បុគ្គលដទៃ ដែលគេមិនបានឲ្យ ជាចំណែកនៃថេយ្យចិត្ត។ ជាអ្នកប្រព្រឹត្តខុស ក្នុងកាមទាំងឡាយ ពួកស្ត្រីណា ដែលមាតាគ្រប់គ្រងរក្សា។បេ។ ជាអ្នកដល់នូវការប្រព្រឹត្តល្មើស ចំពោះស្ត្រី ដែលមានសភាពយ៉ាងនោះ។ ម្នាលគហបតិទាំងឡាយ បុគ្គលប្រព្រឹត្តមិនត្រូវគន្លងធម៌ ប្រព្រឹត្តមិនស្មើ ខាងកាយ៣ចំណែក យ៉ាងនេះឯង។ ម្នាលគហបតិទាំងឡាយ ចុះបុគ្គលប្រព្រឹត្តិមិនត្រូវគន្លងធម៌ ប្រព្រឹត្តមិនស្មើ ខាងវាចា៤ចំណែក តើដូចម្តេច។ ម្នាលគហបតិទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកនិយាយពាក្យកុហក។បេ។ និយាយកុហកទាំងដឹងខ្លួន។ ជាអ្នកមានសំដីញុះញង់ គឺឮដំណឹង អំពីទីនេះ ទៅប្រាប់ក្នុងទីឯណោះ។បេ។ ជាអ្នកនិយាយពាក្យ ដែលធ្វើឲ្យគេបែកគ្នាជាពួក។ ជាអ្នកមានសំដីអាក្រក់ វាចាណា ដែលកន្ទួលចិត្ត ទាំងរបឹងរឹងរូស។បេ។ ជាអ្នកនិយាយពាក្យ មានសភាពដូច្នោះ។ ជាអ្នកមានសំដីឥតប្រយោជន៍ និយាយពាក្យ ក្នុងកាលមិនគួរ និយាយពាក្យមិនពិត។បេ។ និយាយពាក្យឥតមានកំណត់ មិនប្រកបដោយប្រយោជន៍។ ម្នាលគហបតីទាំងឡាយ បុគ្គលប្រព្រឹត្តមិនត្រូវគន្លងធម៌ ប្រព្រឹត្តមិនស្មើខាងវាចា ៤ចំណែក យ៉ាងនេះឯង។ ម្នាលគហបតិទាំងឡាយ ចុះបុគ្គលប្រព្រឹត្តមិនត្រូវគន្លងធម៌ ប្រព្រឹត្តមិនស្មើ ខាងចិត្ត ៣ចំណែក តើដូចម្តេច។ ម្នាលគហបតិទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកមានចិត្តសំឡឹងរំពៃ។បេ។ ដោយការបង្អោនចិត្តទៅថា វត្ថុនោះ គប្បីបានមកជារបស់អញ។ បុគ្គលមានចិត្តព្យាបាទ ជាអ្នកមានសេចក្តីត្រិះរិះ ដោយចិត្តដែលទោសប្រទូស្តហើយថា សត្វទាំងនេះ ចូរវិនាសទៅឬ។បេ។ ដែលមិនវិនាសកុំបីមានឡើយ។ បុគ្គលជាមិច្ឆាទិដ្ឋិ មានសេចក្តីឃើញវិបរិតថា ទានដែលបុគ្គលឲ្យ មិនមានផល បូជាធំមិនមានផល បូជាតូច មិនមានផល។បេ។ ប្រកាសឲ្យជាក់ច្បាស់។ ម្នាលគហបតិទាំងឡាយ បុគ្គលប្រព្រឹត្តមិនត្រូវគន្លងធម៌ ប្រព្រឹត្តមិនស្មើខាងចិត្ត ៣ចំណែក យ៉ាងនេះឯង។ ម្នាលគហបតិទាំងឡាយ ព្រោះហេតុតែការប្រព្រឹត្តមិនស្មើ គឺប្រព្រឹត្តមិនត្រូវគន្លងធម៌ បានជាពួកសត្វខ្លះ ក្នុងលោកនេះ លុះបែកធ្លាយរាងកាយ ខាងមុខអំពីសេចក្តីស្លាប់ ទៅកើតក្នុងកំណើតតិរច្ឆាន ប្រេតវិស័យ អសុរកាយ និងនរក យ៉ាងនេះ។
[១៣០] ម្នាលគហបតិទាំងឡាយ ចំណែកខាងបុគ្គលអ្នកប្រព្រឹត្តធម៌ ប្រព្រឹត្តស្មើខាងកាយ ៣ចំណែក បុគ្គលអ្នកប្រព្រឹត្តធម៌ ប្រព្រឹត្តស្មើ ខាងវាចា ៤ចំណែក បុគ្គលអ្នកប្រព្រឹត្តធម៌ ប្រព្រឹត្តស្មើខាងចិត្ត ៣ចំណែក ដូចគ្នាដែរ។ ម្នាលគហបតិទាំងឡាយ ចុះបុគ្គលប្រព្រឹត្តធម៌ ប្រព្រឹត្តស្មើ ខាងកាយ ៣ចំណែក តើដូចម្តេច។ ម្នាលគហបតិទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ លះបង់បាណាតិបាត វៀរស្រឡះចាកបាណាតិបាត មានអាជ្ញាដាក់ចោលហើយ មានគ្រឿងសស្ត្រាដាក់ចោលហើយ។បេ។ ជាអ្នកអនុគ្រោះ ដោយប្រយោជន៍ ចំពោះសត្វ ដែលមានជីវិតទាំងអស់។ លះបង់អទិន្នាទាន វៀរស្រឡះចាកអទិន្នាទាន មិនបានកាន់យកទ្រព្យ ដែលជាគ្រឿងប្រើប្រាស់ របស់ជនឯទៀត ដែលគេមិនបានឲ្យចំណែក នៃថេយ្យចិត្ត។ លះបង់កាមេសុមិច្ឆាចារ។បេ។ ជាអ្នកមិនដល់នូវការប្រព្រឹត្ត ចំពោះពួកស្ត្រី ដែលមានសភាពយ៉ាងនោះ។ ម្នាលគហបតិទាំងឡាយ បុគ្គលដែលប្រព្រឹត្តធម៌ ប្រព្រឹត្តស្មើ ខាងកាយ ៣ចំណែក យ៉ាងនេះឯង។ ម្នាលគហបតិទាំងឡាយ ចុះបុគ្គលប្រព្រឹត្តិធម៌ ប្រព្រឹត្តស្មើ ខាងវាចា ៤ចំណែក តើដូចម្តេច។ ម្នាលគហបតិទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ លះបង់មុសាវាទ វៀរស្រឡះចាកមុសាវាទ ទោះឋិតនៅក្នុងរោងប្រជុំក្តី។បេ។ មិននិយាយកុហកទាំងដឹងខ្លួន។ លះបង់ពាក្យញុះញង់ វៀរស្រឡះចាកពាក្យញុះញង់។បេ។ និយាយតែពាក្យដែលធ្វើឲ្យគេព្រមព្រៀងគ្នា។ លះបង់ពាក្យអាក្រក់។បេ។ និយាយតែពាក្យមានសភាពដូច្នោះ។ លះបង់ពាក្យរោយរាយ ឥតប្រយោជន៍។បេ។ ប្រកបដោយគ្រឿងអាង ពាក្យមានកំណត់ ពាក្យប្រកបដោយប្រយោជន៍ ដោយកាលគួរ។ ម្នាលគហបតីទាំងឡាយ បុគ្គលប្រព្រឹត្តធម៌ ប្រព្រឹត្តស្មើ ខាងវាចា ៤ចំណែក យ៉ាងនេះឯង។ ម្នាលគហបតិទាំងឡាយ បុគ្គលប្រព្រឹត្តធម៌ ប្រព្រឹត្តស្មើ ខាងចិត្ត ៣ចំណែក តើដូចម្តេច។ ម្នាលគហបតិទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកមិនរំពៃចង់បានទ្រព្យគេ មិនសំឡឹងចង់បានទ្រព្យរបស់ដែលជាគ្រឿងប្រើប្រាស់របស់គេ ដោយគិតថា ធ្វើដូចម្តេចហ្ន៎ ទ្រព្យរបស់អ្នកដទៃនោះ គប្បីបានមក ជារបស់អញ ដូច្នេះ។ ជាអ្នកមានចិត្តមិនបានព្យាបាទ មានសេចក្តីត្រិះរិះដោយចិត្ត ដែលទោសមិនប្រទូស្តហើយថា សូមឲ្យសត្វទាំងនេះ កុំមានពៀរ កុំបៀតបៀនគ្នា កុំមានទុក្ខ ចូររក្សាខ្លួនប្រាណ ឲ្យបានសេចក្តីសុខចុះ។ ជាអ្នកសម្មាទិដ្ឋិ មានសេចក្តីយល់មិនវិបរិតថា ទានដែលបុគ្គលឲ្យហើយ មានផល បូជាធំ ក៏មានផល។បេ។ ធ្វើឲ្យជាក់ច្បាស់ ដោយប្រាជ្ញា ដ៏ក្រៃលែង ដោយខ្លួនឯង។ ម្នាលគហបតិទាំងឡាយ បុគ្គលប្រព្រឹត្តធម៌ ប្រព្រឹត្តស្មើ ខាងចិត្ត ៣ចំណែក យ៉ាងនេះឯង។ ម្នាលគហបតីទាំងឡាយ ព្រោះសេចក្តីប្រព្រឹត្តស្មើ គឺប្រព្រឹត្តធម៌ ជាហេតុយ៉ាងនេះឯង បានជាពួកសត្វខ្លះ ក្នុងលោកនេះ ដល់បែកធ្លាយរាងកាយ ខាងមុខអំពីសេចក្តីស្លាប់ ទៅកើតក្នុងសុគតិ សួគ៌ ទេវលោក យ៉ាងនេះ។
[១៣១] ម្នាលគហបតិទាំងឡាយ បុគ្គលអ្នកប្រព្រឹត្តធម៌ ប្រព្រឹត្តស្មើ ប្រសិនបើប្រាថ្នាថា ឱហ្ន៎ លុះបែកធ្លាយរាងកាយ ខាងមុខអំពីសេចក្តីស្លាប់ទៅ សូមឲ្យអាត្មាអញបានទៅកើតជាមួយនឹងពួកខត្តិយមហាសាលដូច្នេះ ហេតុនុ៎ះឯង រមែងមាន បុគ្គលនោះ លុះបែកធ្លាយរាងកាយ ខាងមុខអំពីសេចក្តីស្លាប់ទៅ មុខជានឹងបានទៅកើតជាមួយនឹងពួកខត្តិយមហាសាលបានមែន ដំណើរនោះ តើព្រោះហេតុអ្វី ព្រោះតែបុគ្គលនោះ ជាអ្នកប្រព្រឹត្តធម៌ ប្រព្រឹត្តស្មើ ដោយពិត។ ម្នាលគហបតិទាំងឡាយ បុគ្គលអ្នកប្រព្រឹត្តធម៌ ប្រព្រឹត្តស្មើ បើប្រសិនជាប្រាថ្នាថា ឱហ្ន៎ លុះបែកធ្លាយរាងកាយខាងមុខ អំពីសេចក្តីស្លាប់ទៅ សូមឲ្យអាត្មាអញ បានទៅកើតជាមួយនឹងពួកព្រាហ្មណមហាសាល។បេ។ ពួកគហបតីមហាសាល ដូច្នេះ ហេតុនុ៎ះឯង រមែងមាន បុគ្គលនោះ លុះបែកធ្លាយរាងកាយ ខាងមុខអំពីសេចក្តីស្លាប់ទៅ មុខជានឹងបានទៅកើតជាមួយនឹងពួកគហបតិមហាសាលបានមែន ដំណើរនោះ តើព្រោះហេតុអ្វី ព្រោះតែបុគ្គលនោះឯង ជាអ្នកប្រព្រឹត្តធម៌ ប្រព្រឹត្តស្មើ ដោយពិត។ ម្នាលគហបតិទាំងឡាយ បុគ្គលអ្នកប្រព្រឹត្តធម៌ ប្រព្រឹត្តស្មើ បើប្រសិនជាប្រាថ្នាថា ឱហ្ន៎ លុះបែកធ្លាយរាងកាយ ខាងមុខអំពីសេចក្តីស្លាប់ សូមឲ្យអាត្មាអញ បានទៅកើតជាមួយនឹងទេវតា ជាន់ចាតុម្មហារាជិកា ដូច្នេះ ហេតុនុ៎ះឯង រមែងមាន ដ្បិតបុគ្គលនោះ លុះបែកធ្លាយរាងកាយ ខាងមុខអំពីសេចក្តីស្លាប់ទៅ មុខជានឹងបានទៅកើតជាមួយនឹងពួកទេវតា ជាន់ចាតុម្មហារាជិកា បានមែន ដំណើរនោះ តើព្រោះហេតុអ្វី ព្រោះតែបុគ្គលនោះ ជាអ្នកប្រព្រឹត្តធម៌ ប្រព្រឹត្តស្មើ ដោយពិត។ ម្នាលគហបតិទាំងឡាយ បុគ្គលអ្នកប្រព្រឹត្តធម៌ ប្រព្រឹត្តស្មើ បើប្រសិនជាប្រាថ្នាថា ឱហ្ន៎ លុះបែកធ្លាយរាងកាយ ខាងមុខអំពីសេចក្តីស្លាប់ សូមឲ្យអាត្មាអញ បានទៅកើតជាមួយនឹងពួកទេវតា ជាន់តាវត្តិង្ស។បេ។ ពួកទេវតាជាន់យាមៈ… ពួកទេវតាជាន់តុសិតៈ… ពួកទេវតាជាន់និម្មានរតី… ពួកទេវតាជាន់បរនិម្មិតវសវត្តី… ពួកទេវតា ដែលរាប់ចូលក្នុងព្រហ្ម ដូច្នេះ ហេតុនុ៎ះឯង រមែងមាន ដ្បិតបុគ្គលនោះ លុះបែកធ្លាយរាងកាយ ខាងមុខអំពីសេចក្តីស្លាប់ទៅ មុខជានឹងបានទៅកើតជាមួយនឹងពួកទេវតា ដែលរាប់ចូលក្នុងពួកព្រហ្មបានមែន ដំណើរនោះ តើព្រោះហេតុអ្វី ព្រោះតែបុគ្គលនោះ ជាអ្នកប្រព្រឹត្តធម៌ ប្រព្រឹត្តស្មើ ដោយពិត។ ម្នាលគហបតិទាំងឡាយ បុគ្គលអ្នកប្រព្រឹត្តធម៌ ប្រព្រឹត្តស្មើ បើប្រសិនជាប្រាថ្នាថា ឱហ្ន៎ លុះបែកធ្លាយរាងកាយខាងមុខ អំពីសេចក្តីស្លាប់ទៅ សូមឲ្យអាត្មាអញបានទៅកើតជាមួយនឹងពួកទេវតា ជាន់អាភា ដូច្នេះ ហេតុនុ៎ះឯង រមែងមាន ដ្បិតបុគ្គលនោះ លុះបែកធ្លាយរាងកាយ ខាងមុខអំពីសេចក្តីស្លាប់ទៅ មុខជានឹងបានទៅកើតជាមួយនឹងពួកទេវតា ជាន់អាភាបានមែន ដំណើរនោះ តើព្រោះហេតុអ្វី ព្រោះតែបុគ្គលនោះ ជាអ្នកប្រព្រឹត្តធម៌ ប្រព្រឹត្តស្មើ ដោយពិត។ ម្នាលគហបតិទាំងឡាយ បុគ្គលអ្នកប្រព្រឹត្តធម៌ ប្រព្រឹត្តស្មើ បើប្រសិនជាប្រាថ្នាថា ឱហ្ន៎ លុះបែកធ្លាយរាងកាយខាងមុខ អំពីសេចក្តីស្លាប់ សូមឲ្យអាត្មាអញ បានទៅកើតជាមួយនឹងពួកទេវតា ជាន់បរិត្តាភៈ។បេ។ ពួកទេវតា ជាន់អប្បមាណាភៈ… ពួកទេវតាជាន់អាភស្សរៈ… ពួកទេវតាជាន់បរិត្តសុភៈ… ពួកទេវតាជាន់អប្បមាណសុភៈ… ពួកទេវតាជាន់សុភកិណ្ហកៈ… ពួកទេវតាជាន់វេហប្ផលៈ… ពួកទេវតាជាន់អវិហៈ… ពួកទេវតាជាន់អតប្បៈ… ពួកទេវតាជាន់សុទស្សៈ… ពួកទេវតាជាន់សុទស្សី… ពួកទេវតាជាន់អកនិដ្ឋកៈ… ពួកទេវតា ជាអ្នកទៅកើតក្នុងអាកាសានញ្ចាយតនភព… ពួកទេវតា ជាអ្នកទៅកើតក្នុងវិញ្ញាណញ្ចាយតនភព… ពួកទេវតា ជាអ្នកទៅកើតក្នុងអាកិញ្ចញ្ញាយតនភព… ពួកទេវតាជាអ្នកទៅកើតក្នុងនេវសញ្ញានាសញ្ញាយតនភព ដូច្នេះ ហេតុនុ៎ះឯង រមែងមាន ដ្បិតបុគ្គលនោះ លុះបែកធ្លាយរាងកាយ ខាងមុខអំពីសេចក្តីស្លាប់ទៅ នឹងបានទៅកើតជាមួយនឹងពួកទេវតា ជាន់នេវសញ្ញានាសញ្ញាយតនភព បានមែន ដំណើរនោះ តើព្រោះហេតុអ្វី ព្រោះតែបុគ្គលនោះ ជាអ្នកប្រព្រឹត្តធម៌ ប្រព្រឹត្តស្មើដោយពិត។ ម្នាលគហបតិទាំងឡាយ បុគ្គលអ្នកប្រព្រឹត្តធម៌ ប្រព្រឹត្តស្មើ បើប្រសិនជាប្រាថ្នាថា ឱហ្ន៎ អាត្មាអញ គប្បីធ្វើឲ្យជាក់ច្បាស់ ដោយប្រាជ្ញារបស់ខ្លួន ចំពោះចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់ទៅនៃអាសវៈទាំងឡាយ ក្នុងបច្ចុប្បន្ន ហើយសម្រេចសម្រាន្តនៅ ដោយឥរិយាបថ៤ ដូច្នេះ ហេតុនោះឯង រមែងមាន ដ្បិតបុគ្គលនោះ គប្បីធ្វើឲ្យជាក់ច្បាស់ ដោយប្រាជ្ញារបស់ខ្លួន ចំពោះចេតោវិមុតិ្ត និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់ទៅ នៃអាសវៈទាំងឡាយ ក្នុងបច្ចុប្បន្ន ហើយសម្រេចសម្រាន្តនៅ ដោយឥរិយាបថ៤ បានមែន ដំណើរនោះ តើព្រោះហេតុអ្វី ព្រោះតែបុគ្គលនោះ ជាអ្នកប្រព្រឹត្តធម៌ ប្រព្រឹត្តស្មើ ដោយពិត។
[១៣២] កាលបើព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ ពួកព្រាហ្មណ៍ និងគហបតីទាំងឡាយ អ្នកស្រុកវេរញ្ជា ក៏ក្រាបបង្គំទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះគោតមដ៏ចំរើន ភាសិតដែលព្រះអង្គសំដែងហើយ ពីរោះណាស់ បពិត្រព្រះគោតមដ៏ចំរើន ភាសិតដែលព្រះអង្គសំដែងហើយ ពីរោះណាស់ បពិត្រព្រះគោតមដ៏ចំរើន ធម៌ដែលព្រះអង្គសំដែងហើយ ដោយអនេកបរិយាយយ៉ាងនេះ (ភ្លឺច្បាស់ណាស់) ដូចបុគ្គលចាប់ផ្ងារ របស់ដែលផ្កាប់ ឬក៏ដូចជាគេបើកបង្ហាញ របស់ដែលកំបាំង ពុំនោះ ដូចបុគ្គលប្រាប់ផ្លូវ ដល់មនុស្សវង្វេងទិស ពុំនោះសោត ដូចជាបុគ្គលទ្រោលប្រទីប ក្នុងទីងងឹត ដោយគិតថា ពួកមនុស្សមានភ្នែកភ្លឺ ឃើញរូបបានយ៉ាងនោះឯង ពួកខ្ញុំព្រះអង្គ សូមដល់នូវព្រះគោតមដ៏ចំរើនផង ព្រះធម៌ផង ព្រះភិក្ខុសង្ឃផង ជាទីរលឹក សូមព្រះគោតម ចាំទុកនូវពួកខ្ញុំព្រះអង្គ ថាជាឧបាសក អ្នកដល់នូវសរណៈ ស្មើដោយជីវិត ចាប់ដើមតាំងពីថ្ងៃនេះ ជាដើមទៅ។
ចប់ វេរញ្ជកសូត្រ ទី២។
មហាវេទល្លសូត្រ ទី៣
[១៣៣] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀតក្រុងសាវត្ថី។ គ្រានោះឯង ព្រះមហាកោដ្ឋិកៈ មានអាយុ ចេញអំពីផលសមាបត្តិ ក្នុងសាយណ្ហសម័យ ហើយចូលទៅរកព្រះសារីបុត្រមានអាយុ លុះចូលទៅដល់ហើយ ទើបនិយាយពាក្យរាក់ទាក់ សំណេះសំណាល ទៅរកព្រះសារីបុត្រមានអាយុ លុះបញ្ចប់ពាក្យសំណេះសំណាល និងពាក្យដែលគួររលឹកហើយ ក៏គង់ក្នុងទីដ៏សមគួរ។
[១៣៤] លុះព្រះមហាកោដ្ឋិកៈមានអាយុ គង់ក្នុងទីដ៏សមគួរហើយ ទើបសួរព្រះសារីបុត្រមានអាយុ យ៉ាងនេះថា ម្នាលអាវុសោ គេតែងនិយាយថា បុគ្គលគ្មានប្រាជ្ញា ៗ ម្នាលអាវុសោ បុគ្គលដែលហៅថា អ្នកគ្មានប្រាជ្ញា តើដោយហេតុដូចម្តេច។ ព្រះសារីបុត្រតបថា ម្នាលអាវុសោ បុគ្គលដែលមិនចេះ មិនដឹងច្បាស់ហ្នឹងឯង ហៅថាអ្នកគ្មានប្រាជ្ញា ចុះបុគ្គលនោះ មិនដឹងច្បាស់នូវអ្វី មិនដឹងច្បាស់ថា នេះទុក្ខ មិនដឹងច្បាស់ថា នេះហេតុឲ្យកើតទុក្ខ មិនដឹងច្បាស់ថា នេះជាគ្រឿងរំលត់ទុក្ខ មិនដឹងច្បាស់ថា នេះជាសេចក្តីប្រតិបត្តិ ដែលជាដំណើរ ទៅកាន់ទីរំលត់ទុក្ខ ម្នាលអាវុសោ ព្រោះតែបុគ្គលនោះ មិនចេះមិនដឹង ដូច្នេះឯង ទើបហៅថា អ្នកគ្មានប្រាជ្ញា។ ព្រះមហាកោដ្ឋិកៈ មានអាយុ ក៏ត្រេកអរ អនុមោទនា ចំពោះភាសិត របស់ព្រះសារីបុត្រ មានអាយុថា ម្នាលអាវុសោ ពីរោះណាស់ លុះអនុមោទនាហើយ ទើបសួរប្រស្នា នឹងព្រះសារីបុត្រមានអាយុ តទៅទៀតថា ម្នាលអាវុសោ គេតែងនិយាយថា អ្នកមានប្រាជ្ញាៗ ម្នាលអាវុសោ ចុះបុគ្គល ដែលហៅថា អ្នកមានប្រាជ្ញា តើដោយហេតុដូចម្តេចខ្លះ។ ព្រះសារីបុត្រតបថា ម្នាលអាវុសោ បុគ្គលដែលចេះដឹងច្បាស់ហ្នឹងឯង ដែលហៅថា អ្នកមានប្រាជ្ញា ចុះបុគ្គលនោះ ដឹងច្បាស់នូវអ្វី ដឹងច្បាស់ថា នេះទុក្ខ ដឹងច្បាស់ថា នេះជាហេតុឲ្យកើតទុក្ខ ដឹងច្បាស់ថា នេះជាគ្រឿងរំលត់ទុក្ខ ដឹងច្បាស់ថា នេះជាសេចក្តីប្រតិបត្តិ ដែលជាដំណើរ ទៅកាន់ទីរំលត់ទុក្ខ ម្នាលអាវុសោ ព្រោះតែបុគ្គលនោះ ដឹងច្បាស់ដូច្នេះឯង ទើបហៅថា អ្នកមានប្រាជ្ញា។ ម្នាលអាវុសោ គេតែងហៅថា វិញ្ញាណ វិញ្ញាណ ម្នាលអាវុសោ ចុះធម្មជាត ដែលគេហៅថា វិញ្ញាណ តើដូចម្តេច។ ម្នាលអាវុសោ ធម្មជាត ដែលស្គាល់ច្បាស់ ដឹងច្បាស់នុ៎ះឯង ដែលគេហៅថា វិញ្ញាណ ចុះវិញ្ញាណនោះ ស្គាល់អ្វីខ្លះ ស្គាល់ថាសុខខ្លះ ស្គាល់ថាទុក្ខខ្លះ ស្គាល់ថាមិនមែនទុក្ខ មិនមែនសុខខ្លះ ម្នាលអាវុសោ ព្រោះតែធម្មជាតនោះ ស្គាល់ច្បាស់ ដឹងច្បាស់ ដូច្នេះឯង ទើបហៅថា វិញ្ញាណ។ ម្នាលអាវុសោ ចុះប្រាជ្ញា និងវិញ្ញាណ ធម៌(ទាំងពីរ) នេះ តើដូចគ្នា [សំដៅសេចក្តីថា កើត រលត់ ទាំងមានវត្ថុមានអារម្មណ៍ជាមួយគ្នា។] ឬផ្សេងគ្នា មួយទៀត បុគ្គលចែករំលែកធម៌ (ទាំងពីរ) នេះ បញ្ញត្តឲ្យផ្សេងៗគ្នា បានឬទេ។ ម្នាលអាវុសោ ប្រាជ្ញា និងវិញ្ញាណ ធម៌ (ទាំងពីរ)នេះ ជាធម៌ដូចគ្នា មិនមែនផ្សេងគ្នាទេ ទាំងបុគ្គល នឹងចែករំលែកបញ្ញត្តធម៌ទាំងពីរនេះ ឲ្យផ្សេងគ្នាមិនបានទេ ម្នាលអាវុសោ ប្រាជ្ញាដឹងច្បាស់ នូវវត្ថុណា វិញ្ញាណ ក៏ដឹងច្បាស់ នូវវត្ថុនោះដែរ វិញ្ញាណស្គាល់ច្បាស់នូវវត្ថុណា ប្រាជ្ញាក៏ដឹងច្បាស់ នូវវត្ថុនោះដែរ ព្រោះហេតុនោះ បានជាធម៌ (ទាំងពីរ)នេះ ជាធម៌ដូចគ្នា មិនមែនផ្សេងគ្នាទេ ទាំងបុគ្គល នឹងចែករំលែកបញ្ញត្តធម៌ទាំងពីរនេះ ឲ្យផ្សេងគ្នា មិនបានឡើយ។ ម្នាលអាវុសោ បើប្រាជ្ញា និងវិញ្ញាណ ធម៌(ទាំងពីរ) នេះ ដូចគ្នា មិនមែនផ្សេងគ្នាទេ ចុះសេចក្តីប្លែកគ្នាត្រង់ណា។ ម្នាលអាវុសោ ប្រាជ្ញា និងវិញ្ញាណ ធម៌(ទាំងពីរ)នេះ ជាធម៌ដូចគ្នា មិនមែនផ្សេងគ្នាទេ តែប្រាជ្ញា បុគ្គលគួរចំរើន វិញ្ញាណ បុគ្គលគួរកំណត់ដឹង នេះជាសេចក្តីប្លែកគ្នានៃធម៌ (ទាំងពីរ)នោះ។
[១៣៥] ម្នាលអាវុសោ គេតែងហៅថា វេទនា វេទនា ម្នាលអាវុសោ គេហៅថា វេទនា ដោយហេតុដូចម្តេច។ ម្នាលអាវុសោ ធម្មជាតទទួលដឹង នូវអារម្មណ៍ហ្នឹងឯង ដែលគេហៅថា វេទនា វេទនានោះ ដឹងអ្វីខ្លះ ដឹងសុខខ្លះ ដឹងទុក្ខខ្លះ ដឹងមិនមែនទុក្ខ មិនមែនសុខខ្លះ ម្នាលអាវុសោ ព្រោះតែធម្មជាតនោះ ទទួលដឹងអារម្មណ៍ ដូច្នេះឯង ទើបហៅថា វេទនា។ ម្នាលអាវុសោ គេតែងហៅថា សញ្ញា សញ្ញា ម្នាលអាវុសោ ដែលគេហៅថា សញ្ញា ដោយហេតុដូចម្តេច។ ម្នាលអាវុសោ ព្រោះតែធម្មជាតនោះ កត់សំគាល់ ចំណាំ ទើបហៅថា សញ្ញា សញ្ញានោះ តែងសំគាល់អ្វីខ្លះ សញ្ញានោះ តែងសំគាល់ពណ៌ខៀវខ្លះ សំគាល់ពណ៌លឿងខ្លះ សំគាល់ពណ៌ក្រហមខ្លះ សំគាល់ពណ៌សខ្លះ ម្នាលអាវុសោ ព្រោះតែធម្មជាតនោះ កត់សំគាល់ហ្នឹងឯង ទើបហៅថា សញ្ញា។ ម្នាលអាវុសោ វេទនា សញ្ញា និងវិញ្ញាណ ធម៌ទាំងនេះ ជាធម៌ច្រឡំគ្នា ឬមិនច្រឡំគ្នាទេ មួយទៀត បុគ្គលនឹងចែករំលែកធម៌ទាំងនេះ ហើយបញ្ញត្ត កុំឲ្យច្រឡំគ្នា បានឬទេ។ ម្នាលអាវុសោ វេទនា សញ្ញា និងវិញ្ញាណ ធម៌ទាំងនេះ ច្រឡំគ្នា មិនមែនផ្សេងគ្នាទេ ហើយបុគ្គលចែករំលែកធម៌ទាំងនេះ បញ្ញត្តឲ្យផ្សេងគ្នាមិនបានទេ ម្នាលអាវុសោ វេទនាទទួលអារម្មណ៍ណា សញ្ញាក៏សំគាល់អារម្មណ៍នោះដែរ សញ្ញាសំគាល់នូវអារម្មណ៍ណា វិញ្ញាណក៏ដឹងច្បាស់ នូវអារម្មណ៍នោះដែរ ព្រោះហេតុនោះ ធម៌ទាំងនេះ ជាធម៌ដូចគ្នា មិនមែនផ្សេងគ្នាទេ បុគ្គល នឹងចែករំលែកធម៌ទាំងនេះ ហើយបញ្ញត្តឲ្យផ្សេងគ្នា មិនបានទេ។
[១៣៦] ម្នាលអាវុសោ ធម្មជាតអ្វីដែលគេគប្បីដឹង ដោយមនោវិញ្ញាណ ដ៏បរិសុទ្ធ ប្រាសចាកឥន្ទ្រិយទាំង៥ប្រការ។ ម្នាលអាវុសោ អាកាសានញ្ចាយតនជ្ឈាន ដែលបរិកម្មថា អាកាសមិនមានទីបំផុត ដូច្នេះ គប្បីដឹង ដោយមនោវិញ្ញាណ ដ៏បរិសុទ្ធ ប្រាសចាកឥន្ទ្រិយ ទាំង៥ប្រការ វិញ្ញាណញ្ចាយតនជ្ឈាន ដែលបរិកម្មថា វិញ្ញាណ មិនមានទីបំផុត និងអាកិញ្ចញ្ញាយតនៈ ដែលបរិកម្មថា អ្វីតិចតួច មិនមានដូច្នេះ គប្បីដឹងបានដោយមនោវិញ្ញាណ ដ៏បរិសុទ្ធ ប្រាសចាកឥន្ទ្រិយ ទាំង៥ប្រការ។ ម្នាលអាវុសោ ធម៌ដែលគេគប្បីដឹង តើគេតែងដឹងបានដោយអ្វី។ ម្នាលអាវុសោ ធម៌ដែលគេគប្បីដឹងនោះឯង គេតែងដឹងដោយបញ្ញាចក្ខុ។ ម្នាលអាវុសោ ប្រាជ្ញាមានសេចក្តីថាដូចម្តេចខ្លះ។ ម្នាលអាវុសោ ប្រាជ្ញាមានសេចក្តីថា ដឹងប្រាកដ មានសេចក្តីថា ដឹងសព្វ មានសេចក្តីថា លះបង់។
[១៣៧] ម្នាលអាវុសោ បច្ច័យដែលឲ្យសម្មាទិដ្ឋិកើតឡើង មានប៉ុន្មាន។ ម្នាលអាវុសោ បច្ច័យដែលឲ្យសម្មាទិដ្ឋិកើតឡើង មាន២គឺ ការលាន់ឮ អំពីសំណាក់ជនដទៃ១ ការយកចិត្តទុកដាក់ ដោយឧបាយប្រាជ្ញា (ខ្លួនឯង)១ ម្នាលអាវុសោ បច្ច័យ ដែលឲ្យសម្មាទិដ្ឋិកើតឡើង មាន២នេះឯង។ ម្នាលអាវុសោ សម្មាទិដ្ឋិ ដែលមានចេតោវិមុត្តិ ជាផលផង មានផល គឺចេតោវិមុត្តិ ជាអានិសង្សផង មានបញ្ញាវិមុត្តិ ជាផលផង មានផល គឺបញ្ញាវិមុត្តិ ជាអានិសង្សផង មានអង្គប៉ុន្មាន ទំនុកបម្រុង។ ម្នាលអាវុសោ សម្មាទិដ្ឋិ ដែលមានចេតោវិមុត្តិ ជាផលផង មានផល គឺចេតោវិមុត្តិ ជាអានិសង្សផង មានបញ្ញាវិមុត្តិជាផលផង មានផល គឺបញ្ញាវិមុត្តិ ជាអានិសង្សផង មានអង្គ៥ ជួយទំនុកបម្រុង ម្នាលអាវុសោ សម្មាទិដ្ឋិ ក្នុងទីនេះ មានសីល ជួយទំនុកបម្រុង១ មានសុតៈ ជួយទំនុកបម្រុង១ មានសាកច្ឆា ជួយទំនុកបម្រុង១ មានសមថៈ ជួយទំនុកបម្រុង១ មានវិបស្សនា ជួយទំនុកបម្រុង១ ម្នាលអាវុសោ សម្មាទិដ្ឋិ ដែលមានចេតោវិមុត្តិ ជាផលផង មានផល គឺចេតោវិមុត្តិ ជាអានិសង្សផង មានបញ្ញាវិមុត្តិ ជាផលផង មានផល គឺបញ្ញាវិមុត្តិ ជាអានិសង្សផង មានអង្គ៥នេះឯង ជួយទំនុកបម្រុង។
[១៣៨] ម្នាលអាវុសោ ភព តើមានប៉ុន្មាន។ ម្នាលអាវុសោ ភពនេះ មាន៣គឺ កាមភព១ រូបភព១ អរូបភព១។ ម្នាលអាវុសោ ការកើតក្នុងភពថ្មីតទៅទៀត ព្រោះហេតុដូចម្តេច។ ម្នាលអាវុសោ ព្រោះសេចក្តីត្រេកអរក្នុងភពនោះៗ របស់ពួកសត្វ ដែលមានអវិជ្ជាជានីវរណៈ មានតណ្ហាជាសំយោជនៈ ការកើតក្នុងភពថ្មីតទៅទៀតយ៉ាងនេះឯង។ ម្នាលអាវុសោ ការមិនកើតក្នុងភពថ្មីតទៅទៀត ព្រោះហេតុដូចម្តេច។ ម្នាលអាវុសោ ព្រោះប្រាសចាកអវិជ្ជា ព្រោះវិជ្ជាកើតឡើង ព្រោះការរលត់ នៃតណ្ហា ការមិនកើត ក្នុងភពថ្មីតទៅទៀត យ៉ាងនេះឯង។
[១៣៩] ម្នាលអាវុសោ បឋមជ្ឈាន ដូចម្តេច។ ម្នាលអាវុសោ ភិក្ខុក្នុងសាសនានេះ ជាអ្នកស្ងប់ស្ងាត់ ចាកកាមទាំងឡាយ ស្ងប់ស្ងាត់ ចាកអកុសលធម៌ទាំងឡាយ ក៏ចូលកាន់បឋមជ្ឈាន ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ មានបីតិ និងសុខ ដែលកើតអំពីវិវេក ហើយសម្រេចសម្រាន្តនៅ ដោយឥរិយាបថទាំង៤ ម្នាលអាវុសោ នេះហៅថា បឋមជ្ឈាន។ ម្នាលអាវុសោ បឋមជ្ឈាន មានអង្គប៉ុន្មាន។ ម្នាលអាវុសោ បឋមជ្ឈាន មានអង្គ៥ ម្នាលអាវុសោ កាលភិក្ខុក្នុងសាសនានេះ ចូលកាន់បឋមជ្ឈាន មានអង្គ៥ វិតក្កៈ វិចារៈ បីតិ សុខៈ និងចិត្តេកគ្គតា រមែងប្រព្រឹត្តទៅ ម្នាលអាវុសោ បឋមជ្ឈាន មានអង្គ៥ យ៉ាងនេះឯង។ ម្នាលអាវុសោ បឋមជ្ឈាន លះអង្គប៉ុន្មាន ប្រកបដោយអង្គប៉ុន្មាន។ ម្នាលអាវុសោ បឋមជ្ឈាន លះអង្គ៥ ប្រកបដោយអង្គ៥ ម្នាលអាវុសោ ភិក្ខុក្នុងសាសនានេះ កាលចូលកាន់បឋមជ្ឈាន ជាអ្នកលះបង់កាមច្ឆន្ទៈ លះបង់ព្យាបាទ លះបង់ថីនមិទ្ធៈ លះបង់ឧទ្ធច្ចកុក្កុច្ចៈ លះបង់វិចិកិច្ឆា ចំណែកខាងវិតក្កៈ វិចារៈ បីតិ សុខៈ និងចិត្តេកគ្គតា ក៏ប្រព្រឹត្តទៅ ម្នាលអាវុសោ បឋមជ្ឈាន លះអង្គ៥ ប្រកបដោយអង្គ៥ យ៉ាងនេះឯង។
[១៤០] ម្នាលអាវុសោ ឥន្ទ្រិយទាំង៥ប្រការនេះ មានវិស័យផ្សេងៗគ្នា មានអារម្មណ៍ផ្សេងៗគ្នា ទទួលវិស័យ ដែលកើតជាអារម្មណ៍ជំនួសគ្នា មិនបានទេ ឥន្ទ្រិយទាំង៥ គឺអ្វីខ្លះ គឺចក្ខុន្ទ្រិយ១ សោតិន្ទ្រិយ១ ឃានិន្ទ្រិយ១ ជិវ្ហិន្ទ្រិយ១ កាយិន្ទ្រិយ១ ម្នាលអាវុសោ កាលបើឥន្ទ្រិយ ទាំង៥ប្រការនេះ មានវិស័យផ្សេងៗគ្នា មានអារម្មណ៍ផ្សេងៗគ្នា មិនទទួលវិស័យ ដែលកើតជាអារម្មណ៍ ជំនួសគ្នាបានទេ ចុះមានអ្វីជាទីពឹង មួយទៀត សភាពអ្វី ទទួលវិស័យ ដែលកើតជាអារម្មណ៍ របស់ឥន្ទ្រិយទាំង៥ ប្រការនោះ។ ម្នាលអាវុសោ ឥន្ទ្រិយ ទាំង៥ប្រការនេះ មានវិស័យផ្សេងៗគ្នា មានអារម្មណ៍ផ្សេងៗគ្នា មិនទទួលវិស័យ ដែលកើតជាអារម្មណ៍ ជំនួសគ្នាបានទេ ឥន្ទ្រិយទាំង៥ គឺអ្វីខ្លះ គឺចក្ខុន្ទ្រិយ១ សោតិន្ទ្រិយ១ ឃានិន្ទ្រិយ១ ជិវ្ហិន្ទ្រិយ១ កាយិន្ទ្រិយ១ ម្នាលអាវុសោ កាលបើឥន្ទ្រិយ ទាំង៥ប្រការនេះឯង មានវិស័យផ្សេងៗគ្នា មានអារម្មណ៍ផ្សេងៗគ្នា មិនទទួលវិស័យ ដែលកើតជាអារម្មណ៍ជំនួសគ្នាបានទេ មានចិត្តជាទីពឹង មានចិត្តទទួលវិស័យ ដែលកើតជាអារម្មណ៍ របស់ឥន្ទ្រិយ ទាំង៥នោះ។
[១៤១] ម្នាលអាវុសោ ឥន្ទ្រិយ៥ប្រការនេះ គឺចក្ខុន្ទ្រិយ១ សោតិន្ទ្រិយ១ ឃានិន្ទ្រិយ១ ជីវ្ហិន្ទ្រិយ១ កាយិន្ទ្រិយ១ ម្នាលអាវុសោ ឥន្ទ្រិយទាំង៥នេះឯង អាស្រ័យនឹងអ្វី ទើបតាំងនៅបាន។ ម្នាលអាវុសោ ឥន្ទ្រិយ៥នេះ គឺចក្ខុន្ទ្រិយ១ សោតិន្ទ្រិយ១ ឃានិន្ទ្រិយ១ ជិវ្ហិន្ទ្រិយ១ កាយិន្ទ្រិយ១ ម្នាលអាវុសោ ឥន្ទ្រិយទាំង៥នេះឯង អាស្រ័យនឹងអាយុ ទើបតាំងនៅបាន។ ម្នាលអាវុសោ ចុះអាយុ លុះតែអាស្រ័យនឹងអ្វី ទើបតាំងនៅបាន។ អាយុ លុះតែអាស្រ័យចំហាយធាតុភ្លើង ទើបតាំងនៅបាន។ ម្នាលអាវុសោ ចំហាយធាតុភ្លើង អាស្រ័យនឹងអ្វី ទើបតាំងនៅបាន។ ចំហាយធាតុភ្លើង លុះតែអាស្រ័យនឹងអាយុ ទើបតាំងនៅបាន។ អម្បាញ់មិញនេះឯង ខ្ញុំដឹងច្បាស់ភាសិត របស់ព្រះសារីបុត្រមានអាយុ យ៉ាងនេះថា អាយុ លុះតែអាស្រ័យចំហាយធាតុភ្លើង ទើបតាំងនៅបាន ឥឡូវនេះ ខ្ញុំដឹងច្បាស់ភាសិត របស់ព្រះសារីបុត្រមានអាយុ យ៉ាងនេះថា ភ្លើងធាតុ លុះតែអាស្រ័យនឹងអាយុ ទើបតាំងនៅបាន ដូច្នេះវិញ។ ម្នាលអាវុសោ បើដូច្នេះ ខ្ញុំត្រូវយល់សេចក្តីនៃភាសិតនេះ ដូចម្តេច។ ម្នាលអាវុសោ បើដូច្នោះ ខ្ញុំនឹងធ្វើសេចក្តីឧបមាប្រគេនលោក ដ្បិតជនជាអ្នកចេះដឹងពួកខ្លះ ក្នុងលោកនេះ គង់យល់សេចក្តី នៃភាសិត ដោយពាក្យឧបមា បានដែរ ម្នាលអាវុសោ ដូចប្រទីបប្រេង កាលឆេះ មានពន្លឺប្រាកដឡើង ព្រោះអាស្រ័យអណ្តាត អណ្តាតប្រាកដឡើង ព្រោះអាស្រ័យពន្លឺ សេចក្តីនេះ យ៉ាងណាមិញ អាយុ តាំងនៅបាន ក៏ព្រោះអាស្រ័យចំហាយធាតុភ្លើង ចំហាយធាតុភ្លើង តាំងនៅបាន ព្រោះអាស្រ័យអាយុ ក៏យ៉ាងនោះដែរ។ ម្នាលអាវុសោ អាយុ សង្ខារ [សំដៅយកអាយុប៉ុណ្ណោះ។] ទាំងនោះ ជាវេទនីយធម៌ [វេទនា។ អដ្ឋកថា] នោះ ឬថាអាយុសង្ខារផ្សេង វេទនីយធម៌ផ្សេង។ ម្នាលអាវុសោ មិនមែនអាយុសង្ខារទាំងនោះ ជាវេទនីយធម៌នោះទេ ម្នាលអាវុសោ ប្រសិនបើ អាយុសង្ខារទាំងនោះ ជាវេទនីយធម៌នោះហើយ ភិក្ខុដែលចូលកាន់សញ្ញាវេទយិតនិរោធនេះ ចេញចាកសមាបត្តិមកវិញ មិនកើតទេ គឺអាយុសង្ខារផ្សេង វេទនីយធម៌ផ្សេង ហេតុនោះ បានជាភិក្ខុចូលកាន់សញ្ញាវេទយិតនិរោធ ចេញចាកសមាបត្តិមកវិញបាន។
[១៤២] ម្នាលអាវុសោ ធម៌ប៉ុន្មាន ដែលលះបង់កាយនេះ ក្នុងកាលណាហើយ កាយនេះ គេចោលរាត់រាយ ដេកស្តូកស្តឹង ដូចជាកំណាត់ឈើ ដែលគ្មានចេតនា។ ម្នាលអាវុសោ ធម៌៣ប្រការគឺ អាយុ១ ចំហាយធាតុភ្លើង១ វិញ្ញាណ១ លះបង់កាយនេះ ក្នុងកាលណាហើយ កាយនេះ គេចោលរាត់រាយ ដេកស្តូកស្តឹង ដូចជាកំណាត់ឈើ ដែលគ្មានចេតនា។ ម្នាលអាវុសោ បុគ្គលដែលធ្វើកាលកិរិយាក្ស័យ១ ភិក្ខុដែលចូលកាន់សញ្ញាវេទយិតនិរោធ១ បុគ្គលទាំង២ពួកនេះ មានសេចក្តីប្លែកគ្នាដូចម្តេច។ ម្នាលអាវុសោ បុគ្គលដែលធ្វើកាលកិរិយាក្ស័យ បុគ្គលនោះ កាយសង្ខារ គឺខ្យល់ដង្ហើមចេញចូល រលត់សូន្យឈឹង វចីសង្ខារ គឺវិតក្កៈ និងវិចារៈ រលត់សូន្យឈឹង ចិត្តសង្ខារ គឺសញ្ញា និងវេទនា រលត់សូន្យឈឹង អាយុក៏អស់ ចំហាយធាតុភ្លើង ក៏រលត់សូន្យឈឹង ឥន្ទ្រិយក៏បែកធ្លាយ ឯភិក្ខុដែលចូលកាន់សញ្ញាវេទយិតនិរោធ ភិក្ខុនោះមានកាយសង្ខារ រលត់សូន្យឈឹង វចីសង្ខាររលត់សូន្យឈឹង ចិត្តសង្ខាររលត់សូន្យឈឹងដែរ តែអាយុ មិនអស់ ចំហាយធាតុភ្លើង មិនរលត់សូន្យទេ ឥន្ទ្រិយនៅថ្លាល្អ ម្នាលអាវុសោ បុគ្គលដែលធ្វើមរណកាលក្ស័យ និងភិក្ខុដែលចូលកាន់សញ្ញាវេទយិតនិរោធ បុគ្គលទាំង២ពួកនេះ មានសេចក្តីផ្សេងគ្នាយ៉ាងនេះឯង។
[១៤៣] ម្នាលអាវុសោ អទុក្ខមសុខចេតោវិមុត្តិសមាបត្តិ មានបច្ច័យប៉ុន្មាន។ ម្នាលអាវុសោ អទុក្ខមសុខចេតោវិមុត្តិសមាបត្តិ មានបច្ច័យ៤ ម្នាលអាវុសោ ភិក្ខុក្នុងសាសនានេះ ព្រោះលះបង់នូវសេចក្តីសុខ១ ព្រោះលះបង់នូវសេចក្តីទុក្ខ១ ព្រោះរំលត់នូវសោមនស្ស និងទោមនស្សក្នុងកាលមុន១ ចូលកាន់ចតុត្ថជ្ឈាន ដែលឥតទុក្ខ ឥតសុខ មានសតិដ៏បរិសុទ្ធ ដោយឧបេក្ខា ហើយសម្រេចសម្រាន្តនៅ ដោយឥរិយាបថទាំងបួន១ ម្នាលអាវុសោ អទុក្ខមសុខចេតោវិមុត្តិសមាបត្តិ មានបច្ច័យ៤នេះឯង។ ម្នាលអាវុសោ អនិមិត្តចេតោវិមុត្តិសមាបត្តិ មានបច្ច័យប៉ុន្មាន។ ម្នាលអាវុសោ អនិមិត្តចេតោវិមុត្តិសមាបត្តិ មានបច្ច័យ២ គឺការមិនយកចិត្តទុកដាក់ ចំពោះអារម្មណ៍ទាំងពួង១ ការយកចិត្តទុកដាក់ ចំពោះនិព្វានធាតុ ដែលប្រាសចាកអារម្មណ៍១ ម្នាលអាវុសោ អនិមិត្តចេតោវិមុត្តិសមាបត្តិ មានបច្ច័យ២នេះឯង។ ម្នាលអាវុសោ បច្ច័យដែលឲ្យអនិមិត្តចេតោវិមុត្តិតាំងនៅបានយូរ តើមានប៉ុន្មាន។ ម្នាលអាវុសោ បច្ច័យដែលឲ្យអនិមិត្តាចេតោវិមុត្តិ តាំងនៅបានយូរ មាន៣ប្រការ គឺការមិនយកចិត្តទុកដាក់ ចំពោះអារម្មណ៍ទាំងពួង១ ការយកចិត្តទុកដាក់ ចំពោះនិព្វានធាតុ ដែលប្រាសចាកអារម្មណ៍១ ការបានតាក់តែងទុកពីខាងដើម១ ម្នាលអាវុសោ បច្ច័យដែលឲ្យអនិមិត្តចេតោវិមុត្តិតាំងនៅបានយូរ មាន៣ប្រការនេះឯង។ ម្នាលអាវុសោ បច្ច័យនៃការចេញចាក អនិមិត្តាចេតោវិមុត្តិ មានប៉ុន្មាន។ ម្នាលអាវុសោ បច្ច័យនៃការចេញចាក អនិមិត្តាចេតោវិមុត្តិ មាន២ប្រការគឺ ការយកចិត្តទុកដាក់ ចំពោះអារម្មណ៍ទាំងពួង១ ការមិនយកចិត្តទុកដាក់ ចំពោះនិព្វានធាតុ ដែលមិនមានអារម្មណ៍១ ម្នាលអាវុសោ បច្ច័យនៃការចេញចាក អនិមិត្តាចេតោវិមុត្តិ មាន២ប្រការនេះឯង។
[១៤៤] ម្នាលអាវុសោ អប្បមាណាចេតោវិមុត្តិ [អប្បមាណាចេតោវិមុត្តិនោះ សំដៅយកការផ្សាយមេត្តា ចំពោះសត្វទាំងអស់ មិនមានប្រមាណ បើពោលដោយលំដាប់ភូមិ ជាមហគ្គតរូបាវចរភូមិ បើពោលដោយអារម្មណ៍ មានសត្វជាអារម្មណ៍។] អាកិញ្ចញ្ញាចេតោវិមុត្តិ [អាកិញ្ចញ្ញាចេតោវិមុត្តិ ចេតោវិមុត្តិ ដែលមិនមានកង្វល់ ក្នុងអារម្មណ៍ បើពោលតាមលំដាប់ភូមិ ជាអរូបាវចរភូមិ ចំណែកខាងអារម្មណ៍ មិនមានទេ។] សុញ្ញតាចេតោវិមុត្តិ [សុញ្ញតាចេតោវិមុត្តិ សំដៅយកវិបស្សនា បើពោលដោយភូមិ ជាកាមាវចរភូមិ បើពោលដោយអារម្មណ៍ មានសង្ខារជាអារម្មណ៍។] និង អនិមិត្តចេតោវិមុត្តិ [អនិមិត្តាចេតោវិមុត្តិ ចេតោវិមុត្តិ ដែលមិនមានរាគនិមិត្តជាដើម បើពោលដោយភូមិ ជាលោកុត្តរភូមិ បើពោលដោយអារម្មណ៍ មាននិព្វានជាអារម្មណ៍។] ធម៌ទាំងនេះ មានសេចក្តីផ្សេងគ្នាផង មានព្យញ្ជនៈផ្សេងគ្នាផង ឬមានសេចក្តីដូចគ្នា គ្រាន់តែព្យញ្ជនៈផ្សេងគ្នាប៉ុណ្ណោះទេ។ ម្នាលអាវុសោ អប្បមាណាចេតោវិមុត្តិណា អាកិញ្ចញ្ញាចេតោវិមុត្តិណា សុញ្ញតាចេតោវិមុត្តិណា និងអនិមិត្តាចេតោវិមុត្តិណា ម្នាលអាវុសោ មានបរិយាយ ដែលធម៌ទាំងនេះអាស្រ័យហើយ មានសេចក្តីផ្សេងគ្នាផង មានព្យញ្ជនៈផ្សេងគ្នាផង ម្នាលអាវុសោ មួយទៀត មានបរិយាយ ដែលធម៌ទាំងនេះអាស្រ័យហើយ ក៏បែរជាមានសេចក្តីដូចគ្នា តែព្យញ្ជនៈផ្សេងគ្នា។ ម្នាលអាវុសោ ចុះបរិយាយដូចម្តេច ដែលធម៌ទាំងនេះអាស្រ័យហើយ មានសេចក្តីផ្សេងគ្នាផង មានព្យញ្ជនៈផ្សេងគ្នាផង ម្នាលអាវុសោ ភិក្ខុក្នុងសាសនានេះ មានចិត្តប្រកបដោយមេត្តា ផ្សាយទៅកាន់ទិសទី១ ទិសទី២ ក៏ដូចគ្នា ទិសទី៣ ក៏ដូចគ្នា ទិសទី៤ ក៏ដូចគ្នា មានចិត្តប្រកបដោយមេត្តា ធំទូលាយ ប្រមាណមិនបាន មិនមានពៀរ មិនមានព្យាបាទ ផ្សាយទៅកាន់លោកទាំងអស់ ក្នុងទិសខាងលើ ទិសខាងក្រោម ទិសទទឹង គឺទិសកណ្តាល ព្រោះយកខ្លួនទៅប្រៀបផ្ទឹមនឹងសត្វទាំងពួង ក្នុងទីទាំងពួង។ មានចិត្តប្រកបដោយករុណា… ប្រកបដោយមុទិតា… មានចិត្តប្រកបដោយឧបេក្ខា ផ្សាយទៅកាន់ទិសទី១ ទិសទី២ ក៏ដូចគ្នា ទិសទី៣ ក៏ដូចគ្នា ទិសទី៤ ក៏ដូចគ្នា មានចិត្តប្រកបដោយឧបេក្ខា ដ៏ធំទូលាយ ប្រមាណមិនបាន មិនមានពៀរ មិនមានព្យាបាទ ផ្សាយទៅកាន់លោកទាំងអស់ ក្នុងទិសខាងលើ ទិសខាងក្រោម ទិសទទឹង ព្រោះបង្អោនខ្លួន ទៅប្រៀបធៀបនឹងសត្វទាំងពួង ក្នុងទីទាំងពួង ម្នាលអាវុសោ នេះហៅថា អប្បមាណាចោតោវិមុត្តិ ។ ម្នាលអាវុសោ អាកិញ្ចញ្ញាចេតោវិមុត្តិ តើដូចម្តេច ម្នាលអាវុសោ ភិក្ខុក្នុងសាសនានេះ កន្លងបង់នូវវិញ្ញាណញ្ចាយតនៈ ដោយសព្វអន្លើ ហើយចូលទៅកាន់អាកិញ្ចញ្ញាយតនជ្ឈាន ដោយបរិកម្មថា អ្វីបន្តិចបន្តួចមិនមានដូច្នេះ ម្នាលអាវុសោ នេះហៅថា អាកិញ្ចញ្ញាចេតោវិមុត្តិ។ ម្នាលអាវុសោ សុញ្ញតាចេតោវិមុត្តិ តើដូចម្តេច ម្នាលអាវុសោ ភិក្ខុក្នុងសាសនានេះ នៅក្នុងព្រៃក្តី នៅក្រោមម្លប់ឈើក្តី នៅក្នុងសុញ្ញាគារស្ថានក្តី រមែងពិចារណាយ៉ាងនេះថា របស់នេះ តែងសាបសូន្យ ចាកអត្តភាព ឬចាកវត្ថុសម្រាប់ទំនុកបម្រុងខ្លួន មានចីវរជាដើម ម្នាលអាវុសោ នេះលោកហៅថា សុញ្ញតាចេតោវិមុត្តិ។ ម្នាលអាវុសោ អនិមិត្តាចេតោវិមុត្តិ តើដូចម្តេច ម្នាលអាវុសោ ភិក្ខុក្នុងសាសនានេះ ចូលកាន់ចេតោសមាធិ ដែលមិនមាននិមិត្ត ព្រោះមិនយកចិត្តទុកដាក់ ចំពោះអារម្មណ៍ទាំងពួង នេះហៅថា អនិមិត្តាចេតោវិមុត្តិ។ ម្នាលអាវុសោ នេះឯងជាបរិយាយ ដែលធម៌ទាំងនេះអាស្រ័យហើយ មានសេចក្តីផ្សេងគ្នាផង មានព្យញ្ជនៈផ្សេងគ្នាផង។ ម្នាលអាវុសោ ចុះបរិយាយដូចម្តេច ដែលពួកធម៌ទាំងនេះ អាស្រ័យហើយ បែរជាមានសេចក្តីដូចគ្នា តែមានព្យញ្ជនៈផ្សេងគ្នា ម្នាលអាវុសោ រាគៈ ជាកិលេសធ្វើនូវប្រមាណ [កិលេស មានរាគៈជាដើម មិនទាន់កើតឡើងដរាបណា ដរាបនោះ គេមិនអាចស្គាល់បុគ្គលនោះ ថាជាមនុស្សថ្នាក់ណាទេ ព្រោះបុគ្គលនោះ ប្រហែលនឹងសោតាបន្នបុគ្គលជាដើម។ លុះតែរាគៈជាដើម កើតឡើង ទើបគេស្គាល់ប្រមាណបុគ្គលនោះបានថា អ្នកនេះ ជាមនុស្សថ្នាក់នេះ យ៉ាងនេះជាដើម បានជាហៅថា ជាកិលេសធ្វើនូវប្រមាណបាន។ អដ្ឋកថា។] ទោសៈ ជាកិលេសធ្វើនូវប្រមាណ មោហៈ ជាកិលេសធ្វើនូវប្រមាណ កិលេសទាំងនោះ ភិក្ខុដែលជាខីណាស្រព បានលះបង់ហើយ បានផ្តាច់ផ្តិលឫសគល់ហើយ ធ្វើមិនឲ្យកើតតទៅទៀត ដូចដើមត្នោត ដែលគេក្របែល មិនឲ្យដុះតទៅទៀត ធ្វើមិនឲ្យមានបែបភាពតទៅទៀត ជាធម៌មិនកើតតទៅទៀត។ ម្នាលអាវុសោ បណ្តាអប្បមាណាចេតោវិមុត្តិ [អប្បមាណាចេតោវិមុត្តិ១២គឺ ព្រហ្មវិហារ៤ មគ្គ៤ ផល៤។] ទាំងប៉ុន្មាន មាន អកុប្បាចេតោវិមុត្តិ [សំដៅយកអប្បមាណាចេតោវិមុត្តិទី១២ គឺអរហត្តផលចេតោវិមុត្តិ។] ប្រសើរជាងវិមុត្តិទាំងនោះ ព្រោះអកុប្បាចេតោវិមុត្តិនោះ សូន្យរាគៈ សូន្យទោសៈ សូន្យមោហៈ។ ម្នាលអាវុសោ រាគៈ ជាគ្រឿងកង្វល់ ទោសៈ ជាគ្រឿងកង្វល់ មោហៈ ក៏ជាគ្រឿងកង្វល់ កិលេសទាំងនោះ ភិក្ខុជាខីណាស្រព បានលះបង់ហើយ បានផ្តាច់ផ្តិលឫសគល់ហើយ បានធ្វើវត្ថុសម្រាប់កើតទៀត ឲ្យអស់រលីង ដូចដើមត្នោត ដែលគេកាប់ក្របែល ធ្វើឲ្យលែងមានបែបភាពតទៅទៀតហើយ ឲ្យជាធម៌លែងមានកំណើតតទៅទៀតហើយ។ ម្នាលអាវុសោ អាកិញ្ចញ្ញាចេតោវិមុត្តិ [បានដល់ធម៌៩គឺ អាកិញ្ចញ្ញាយតនជ្ឈាន១ មគ្គ៤ ផល៤។ ឈានដែលឈ្មោះថា អាកិញ្ចញ្ញៈ ព្រោះគ្មានអារម្មណ៍ ជាគ្រឿងកង្វល់ មគ្គ ផល ក៏ឈ្មោះថា អាកិញ្ចញ្ញៈ ព្រោះគ្មានកិលេសជាគ្រឿងកង្វល់។ ឯព្រះនិព្វាន ក៏ឈ្មោះថា អាកិញ្ចញ្ញៈដែរ តែព្រោះគ្មានចេតោវិមុត្តិ បានជាលោកមិនរាប់បញ្ចូលក្នុងពួកអាកិញ្ចញ្ញាចេតោវិមុត្តិនេះ។] ទាំងប៉ុន្មាន មានអកុប្បាចេតោវិមុត្តិ ប្រសើរជាងវិមុត្តិទាំងនោះ ព្រោះអកុប្បាចេតោវុមុត្តិនោះ សូន្យរាគៈ សូន្យទោសៈ សូន្យមោហៈ។ ម្នាលអាវុសោ រាគៈ ជាកិលេសធ្វើនិមិត្ត [មានសេចក្តីដូចគ្នា នឹងពាក្យដែលថា កិលេសជាគ្រឿងធ្វើនូវប្រមាណដែរ តែចំណែកអនិមិត្តាចេតោវិមុត្តិនេះ សង្គ្រោះយកធម៌១៣ គឺវិបស្សនា១ អារុប្បជ្ឈាន៤ មគ្គ៤ ផល៤។ វិបស្សនា ហៅថា អនិមិត្ត ព្រោះគាស់រំលើងនូវនិច្ចនិមិត្ត សុខនិមិត្ត និងអត្តនិមិត្ត។ អារុប្បជ្ឈាន៤ ឈ្មោះថា អនិមិត្ត ព្រោះគ្មានរូបនិមិត្ត។ មគ្គ និងផល ឈ្មោះថា អនិមិត្ត ព្រោះគ្មានកិលេសជាគ្រឿងធ្វើនូវនិមិត្ត។ ព្រះនិព្វាន ក៏ឈ្មោះថា អនិមិត្តដែរ តែព្រោះគ្មានចេតោវិមុត្តិ បានជាលោកមិនរាប់បញ្ចូល ក្នុងពួកអនិមិត្តាចេតោវិមុត្តិនេះ។ អដ្ឋកថា។] ទោសៈជាកិលេសធ្វើនិមិត្ត មោហៈជាកិលេសធ្វើនិមិត្ត ពួកកិលេសធ្វើនិមិត្តទាំងនោះ ភិក្ខុជាព្រះខីណាស្រព បានលះបង់ហើយ បានផ្តាច់ផ្តិលឫសគល់ហើយ ធ្វើវត្ថុសម្រាប់កើតទៀត ឲ្យអស់រលីង ដូចដើមត្នោត ដែលគេក្របែលចោលហើយ ធ្វើឲ្យលែងមានបែបភាពតទៅទៀត ជាធម៌លែងមានកំណើតតទៅទៀតហើយ។ ម្នាលអាវុសោ អនិមិត្តាចេតោវិមុត្តិទាំងប៉ុន្មាន មានអកុប្បាចេតោវិមុត្តិ ប្រសើរជាងវិមុត្តិទាំងនោះ ព្រោះអកុប្បាចេតោវិមុត្តិនោះ សូន្យរាគៈ សូន្យទោសៈ សូន្យមោហៈ។ ម្នាលអាវុសោ នេះឯងជាបរិយាយ ដែលធម៌ទាំងនេះ អាស្រ័យហើយ មានសេចក្តីដូចគ្នា តែមានព្យញ្ជនៈផ្សេងគ្នា។ លុះព្រះសារីបុត្រមានអាយុ បានពោលពាក្យនេះហើយ ព្រះមហាកោដ្ឋិកត្ថេរមានអាយុ ក៏មានចិត្តរីករាយ ត្រេកអរហើយ ចំពោះភាសិត របស់ព្រះសារីបុត្រមានអាយុ។
ចប់ មហាវេទល្លសូត្រ ទី៣។
ចូឡវេទល្លសូត្រ ទី៤
[១៤៥] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តវេឡុវ័ន ជាកលន្ទកនិវាបស្ថាន ទៀបក្រុងរាជគ្រឹះ។ គ្រានោះឯង ឧបាសកឈ្មោះ វិសាខ បានចូលទៅរក ធម្មទិន្នាភិក្ខុនី លុះចូលទៅដល់ហើយ ទើបក្រាបថ្វាយបង្គំធម្មទិន្នាភិក្ខុនី ហើយក៏អង្គុយក្នុងទីដ៏សមគួរ។
[១៤៦] លុះវិសាខឧបាសកអង្គុយក្នុងទីដ៏សមគួរហើយ ទើបទូលសួរធម្មទិន្នាភិក្ខុនី យ៉ាងនេះថា បពិត្រព្រះនាងជាម្ចាស់ ព្រះមានព្រះភាគ តែងត្រាស់ថា សក្កាយៈ សក្កាយៈ បពិត្រព្រះនាងជាម្ចាស់ ធម៌ដូចម្តេចខ្លះ ដែលព្រះមានព្រះភាគ ត្រាស់ថា សក្កាយៈ។ ធម្មទិន្នាភិក្ខុនីតបថា ម្នាលអាវុសោវិសាខ ឧបាទានក្ខន្ធ៥ ប្រការនេះឯង ដែលព្រះមានព្រះភាគត្រាស់ថា សក្កាយៈ ឧបាទានក្ខន្ធ៥ គឺ រូបូបាទានក្ខន្ធ១ វេទនូបាទានក្ខន្ធ១ សញ្ញូបាទានក្ខន្ធ១ សង្ខារូបាទានក្ខន្ធ១ វិញ្ញាណូបាទានក្ខន្ធ១ ម្នាលអាវុសោវិសាខ ឧបាទានក្ខន្ធទាំង៥ប្រការនេះឯង ដែលព្រះមានព្រះភាគ ត្រាស់ថា សក្កាយៈ។ វិសាខឧបាសក ក៏ត្រេកអរនឹងភាសិត របស់ធម្មទិន្នាភិក្ខុនីថា ពីរោះណាស់ ព្រះនាងជាម្ចាស់ ហើយក៏បានសួរប្រស្នា នឹងធម្មទិន្នាភិក្ខុនី តទៅទៀតថា បពិត្រព្រះនាងជាម្ចាស់ ព្រះមានព្រះភាគ ទ្រង់តែងត្រាស់ថា ហេតុដែលនាំឲ្យកើតសក្កាយៈ ហេតុដែលនាំឲ្យកើតសក្កាយៈ បពិត្រព្រះនាងជាម្ចាស់ ធម៌ដូចម្តេចហ្ន៎ ដែលព្រះមានព្រះភាគទ្រង់ត្រាស់ថា ជាហេតុនាំឲ្យកើតសក្កាយៈ។ ធម្មទិន្នាភិក្ខុនីតបថា ម្នាលអាវុសោវិសាខ តណ្ហាដែលនាំឲ្យសត្វកើតក្នុងភពថ្មីទៀត ប្រកបដោយនន្ទិរាគៈ មានសេចក្តីត្រេកអរ ក្នុងភពនោះៗ តណ្ហានោះគឺ កាមតណ្ហា១ ភវតណ្ហា១ វិភវតណ្ហា១ ម្នាលអាវុសោវិសាខ នេះឯងហើយ ដែលព្រះមានព្រះភាគ ត្រាស់ថា ហេតុនាំឲ្យកើតសក្កាយៈ។ បពិត្រព្រះនាងជាម្ចាស់ ព្រះមានព្រះភាគ ត្រាស់ថា ការរំលត់សក្កាយៈ ការរំលត់សក្កាយៈ បពិត្រព្រះនាងជាម្ចាស់ ធម៌ដូចម្តេចហ្ន៎ ដែលព្រះមានព្រះភាគ ត្រាស់ថា ជាគ្រឿងរំលត់សក្កាយៈ។ ម្នាលអាវុសោវិសាខ សេចក្តីនឿយណាយ និងការរំលត់ ដោយមិនសល់ ការលះបង់ ការជម្រុះចោល ការរួចស្រឡះ ការលែងអាឡោះអាល័យ ចំពោះតណ្ហានោះឯង ម្នាលអាវុសោវិសាខ នេះឯងហើយ ដែលព្រះមានព្រះភាគ ត្រាស់ថា ការរំលត់សក្កាយៈ។ បពិត្រព្រះនាងជាម្ចាស់ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា បដិបទា ជាដំណើរទៅកាន់សេចក្តីរំលត់សក្កាយៈ បដិបទា ជាដំណើរទៅកាន់សេចក្តីរំលត់សក្កាយៈ បពិត្រព្រះនាងជាម្ចាស់ ធម្មជាតដូចម្តេចហ្ន៎ ដែលព្រះមានព្រះភាគ ត្រាស់ថា បដិបទា ជាដំណើរទៅកាន់សេចក្តីរំលត់សក្កាយៈ។ ម្នាលអាវុសោវិសាខ មគ្គប្រកបដោយអង្គ៨ ដ៏ប្រសើរនេះឯង ដែលព្រះមានព្រះភាគ ត្រាស់ថា បដិបទា ជាដំណើរទៅកាន់សេចក្តីរំលត់សក្កាយៈ មគ្គដែលប្រកបដោយអង្គ៨នោះគឺ សេចក្តីយល់ត្រូវ១ ការត្រិះរិះត្រូវ១ វាចាត្រូវ១ ការងារត្រូវ១ ការចិញ្ចឹមជីវិតត្រូវ១ សេចក្តីព្យាយាមត្រូវ១ ស្មារតីត្រូវ១ ការតំកល់ចិត្តនឹងត្រូវ១។ បពិត្រព្រះនាងជាម្ចាស់ ឧបាទាននោះ គឺឧបាទានក្ខន្ធទាំង៥ នោះឯង ឬក៏ឧបាទានដោយឡែក អំពីឧបាទានក្ខន្ធ ទាំង៥ (នោះ)ទេ។ ម្នាលអាវុសោវិសាខ ឧបាទាននោះឯង មិនមែនជាឧបាទានក្ខន្ធ ទាំង៥នោះទេ ឯឧបាទាន (នោះ) សោត ក៏មិនមែនដោយឡែក អំពីឧបាទានក្ខន្ធ ទាំង៥ដែរ ម្នាលអាវុសោវិសាខ ឧបាទាននោះឯង មិនមែនជាឧបាទានក្ខន្ធ ទាំង៥នោះទេ តែឧបាទាន នឹងញែកចេញ អំពីឧបាទានក្ខន្ធ មិនបានដែរ ម្នាលអាវុសោវិសាខ សេចក្តីត្រេកត្រអាល ក្នុងឧបាទានក្ខន្ធ ទាំង៥ ឈ្មោះថា ឧបាទាន ក្នុងឧបាទានក្ខន្ធនោះ។
[១៤៧] បពិត្រព្រះនាងជាម្ចាស់ ចុះ សក្កាយទិដ្ឋិ ដូចម្តេច។ ម្នាលអាវុសោវិសាខ បុថុជ្ជនក្នុងលោកនេះ ជាអ្នកមិនចេះដឹង មិនបានជួបប្រទះនឹងពួកព្រះអរិយៈ [បុគ្គលដែលឆ្ងាយចាកកិលេស ហៅថា អរិយៈ។] មិនឈ្លាសវៃក្នុងធម៌ព្រះអរិយៈ មិនបានហាត់ខ្លួន ក្នុងធម៌របស់ព្រះអរិយៈ ទាំងមិនបានឃើញពួកសប្បុរស [បុរសដែលល្អ ដោយលោកុត្តរគុណ ហៅថា សប្បុរស ឈ្មោះទាំងពីរនេះ សំដៅយកព្រះពុទ្ធ ព្រះបច្ចេកពុទ្ធ និងព្រះពុទ្ធសាវ័ក។ អដ្ឋកថា។] មិនឈ្លាសវៃ ក្នុងធម៌របស់សប្បុរស មិនបានហាត់ចិត្ត ក្នុងធម៌របស់សប្បុរស រមែងពិចារណាឃើញ នូវរូបថាខ្លួនខ្លះ ពិចារណាឃើញនូវខ្លួន ថាមានរូបខ្លះ ពិចារណាឃើញរូបក្នុងខ្លួនខ្លះ ពិចារណាឃើញខ្លួន ក្នុងរូបខ្លះ ពិចារណាឃើញវេទនា… សញ្ញា… សង្ខារទាំងឡាយ… ពិចារណាឃើញវិញ្ញាណ ថាខ្លួនខ្លះ ពិចារណាឃើញខ្លួន ថាមានវិញ្ញាណខ្លះ ពិចារណាឃើញវិញ្ញាណក្នុងខ្លួនខ្លះ ពិចារណាឃើញខ្លួន ក្នុងវិញ្ញាណខ្លះ ម្នាលអាវុសោវិសាខ យ៉ាងនេះឯងហើយ ដែលហៅថា សក្កាយទិដ្ឋិ ។ បពិត្រព្រះនាងជាម្ចាស់ ដែលហៅថា មិនមានសក្កាយទិដ្ឋិ ដូចម្តេច។ ម្នាលអាវុសោវិសាខ អរិយសាវ័ក ក្នុងលោកនេះ ជាអ្នកចេះដឹង បានឃើញពួកព្រះអរិយៈ ឈ្លាសវៃក្នុងធម៌ របស់ព្រះអរិយៈ បានហាត់ចិត្តល្អ ក្នុងធម៌ព្រះអរិយៈ ទាំងបានជួបប្រទះនឹងពួកសប្បុរស ឈ្លាសវៃក្នុងធម៌របស់សប្បុរស បានហាត់ចិត្តដោយល្អ ក្នុងធម៌របស់សប្បុរស មិនបានពិចារណាឃើញនូវរូប ថាខ្លួនខ្លះ មិនបានពិចារណាឃើញនូវខ្លួន ថាមានរូបខ្លះ មិនពិចារណាឃើញរូបក្នុងខ្លួនខ្លះ មិនពិចារណាឃើញខ្លួន ក្នុងរូបខ្លះ មិនបានពិចារណាឃើញវេទនា… សញ្ញា… សង្ខារទាំងឡាយ… មិនបានពិចារណាឃើញវិញ្ញាណ ថាខ្លួនខ្លះ មិនបានពិចារណាឃើញខ្លួន ថាមានវិញ្ញាណខ្លះ មិនបានពិចារណាឃើញវិញ្ញាណក្នុងខ្លួនខ្លះ និងមិនពិចារណាឃើញខ្លួន ក្នុងវិញ្ញាណខ្លះ ម្នាលអាវុសោវិសាខ យ៉ាងនេះឯងហើយ ដែលហៅថា មិនមានសក្កាយទិដ្ឋិ។
[១៤៨] បពិត្រព្រះនាងជាម្ចាស់ មគ្គប្រកបដោយអង្គ៨ ដ៏ប្រសើរ តើដូចម្តេច។ ម្នាលអាវុសោវិសាខ មគ្គដែលប្រកបដោយអង្គ៨ប្រការ ដ៏ប្រសើរនេះឯង គឺសេចក្តីយល់ត្រូវ១ សេចក្តីត្រិះរិះត្រូវ១ វាចាត្រូវ១ ការងារត្រូវ១ ការចិញ្ចឹមជីវិតត្រូវ១ ការព្យាយាមត្រូវ១ ស្មារតីត្រូវ១ ការតំកល់ចិត្តនឹងត្រូវ១ បពិត្រព្រះនាងជាម្ចាស់ ចុះ អដ្ឋង្គិកមគ្គ ដ៏ប្រសើរនោះ ជា សង្ខតធម៌ [ជាធម៌ដែលព្រះអរិយៈនៅធ្វើ នៅតាក់តែង ត្រូវតែប្រតិបត្តិ ហៅថា សង្ខតៈ។] ឬជាអសង្ខតធម៌។ ម្នាលអាវុសោវិសាខ អដ្ឋង្គិកមគ្គ ដ៏ប្រសើរ ជាសង្ខតធម៌។ បពិត្រព្រះនាងជាម្ចាស់ ខន្ធទាំង៣ប្រការ លោកសង្គ្រោះចូល ក្នុងអដ្ឋង្គិកមគ្គ ដ៏ប្រសើរ ឬអដ្ឋង្គិកមគ្គ ដ៏ប្រសើរ លោកសង្គ្រោះចូល ក្នុងខន្ធ ទាំង៣ប្រការវិញ។ ម្នាលអាវុសោវិសាខ ខន្ធទាំង៣ប្រការ លោកមិនបានសង្គ្រោះចូល ក្នុងអដ្ឋង្គិកមគ្គ ដ៏ប្រសើរទេ ម្នាលអាវុសោវិសាខ តែអដ្ឋង្គិកមគ្គ ទាំង៨ប្រការ ដ៏ប្រសើរ លោកសង្គ្រោះ ចូលក្នុងខន្ធ ទាំង៣ប្រការវិញ ម្នាលអាវុសោវិសាខ សម្មាវាចា១ សម្មាកម្មន្តៈ១ សម្មាអាជីវៈ១ ធម៌ទាំង (៣) នេះ លោកសង្គ្រោះ ចូលក្នុងសីលក្ខន្ធ សម្មាវាយាមៈ១ សម្មាសតិ១ សម្មាសមាធិ១ ធម៌ទាំង (៣) នេះ លោកសង្គ្រោះ ចូលក្នុងសមាធិក្ខន្ធ សម្មាទិដ្ឋិ១ សម្មាសង្កប្បៈ១ ធម៌ទំាង (២) នេះ លោកសង្គ្រោះ ចូលក្នុងបញ្ញាខន្ធ។ បពិត្រព្រះនាងជាម្ចាស់ សមាធិ ដូចម្តេច ពួកធម៌ជា សមាធិនិមិត្ត ដូចម្តេច ពួកធម៌ជា សមាធិបរិក្ខារ ដូចម្តេច សមាធិភាវនា ដូចម្តេច។ ម្នាលអាវុសោវិសាខ សភាវៈ ដែលធ្វើចិត្តឲ្យនឹង នៅក្នុងអារម្មណ៍តែមួយ ហៅថា សមាធិ សតិប្បដ្ឋានទាំង៤ ហៅថា សមាធិនិមិត្ត សម្មប្បធាន៤ ហៅថា សមាធិបរិក្ខារ ការធ្វើចិត្តឲ្យតំកល់នឹង ការចំរើន និងការធ្វើឲ្យច្រើន ចំពោះធម៌ទាំងនោះឯង ហៅថា សមាធិភាវនា ។
[១៤៩] បពិត្រព្រះនាងជាម្ចាស់ ចុះសង្ខារទាំងឡាយ មានប៉ុន្មាន។ ម្នាលអាវុសោវិសាខ សង្ខារទាំងឡាយនេះ មាន៣ គឺ កាយសង្ខារ១ វចីសង្ខារ១ ចិត្តសង្ខារ១។ បពិត្រព្រះនាងជាម្ចាស់ កាយសង្ខារ តើដូចម្តេច វចីសង្ខារ ដូចម្តេច ចិត្តសង្ខារ ដូចម្តេច។ ម្នាលអាវុសោវិសាខ ខ្យល់ដង្ហើមចេញចូលហ្នឹងឯង ហៅថា កាយសង្ខារ វិតក្កៈ និងវិចារៈ ហៅថា វចីសង្ខារ សញ្ញា និងវេទនា ហៅថា ចិត្តសង្ខារ ។ បពិត្រព្រះនាងជាម្ចាស់ ព្រោះហេតុអ្វី បានជាខ្យល់ដង្ហើមចេញចូល ហៅថា កាយសង្ខារ ព្រោះហេតុអ្វីបានជាវិតក្កៈ និងវិចារៈ ហៅថា វចីសង្ខារ ព្រោះហេតុអ្វីបានជាសញ្ញា និងវេទនា ហៅថា ចិត្តសង្ខារ។ ម្នាលអាវុសោវិសាខ ការដកដង្ហើមចេញចូលហ្នឹងឯង ជាធម៌ប្រព្រឹត្តទៅក្នុងកាយ ធម៌ទាំងនុ៎ះ ជាធម៌ជាប់ទាក់ទងនឹងកាយ ព្រោះហេតុនោះ បានជាខ្យល់ដកដង្ហើមចេញចូល ហៅថា កាយសង្ខារ ម្នាលអាវុសោវិសាខ បុគ្គលត្រិះរិះពិចារណាមុនសិន ទើបបញ្ចេញវាចា (ក្រោយ) ព្រោះហេតុនោះ បានជាវិតក្កៈ និងវិចារៈ ហៅថា វចីសង្ខារ ឯសញ្ញា និងវេទនា ជាធម៌ប្រព្រឹត្តទៅក្នុងចិត្ត ធម៌ទាំងនុ៎ះ ជាធម៌ជាប់ទាក់ទងនឹងចិត្ត ព្រោះហេតុនោះ បានជាសញ្ញា និងវេទនា ហៅថា ចិត្តសង្ខារ។
[១៥០] បពិត្រព្រះនាងជាម្ចាស់ ចុះ សញ្ញាវេទយិតនិរោធសមាបត្តិ ដូចម្តេច។ ម្នាលអាវុសោវិសាខ ភិក្ខុដែលកំពុងចូល សញ្ញាវេទយិតនិរោធ (នោះ) មិនមានគំនិតយ៉ាងនេះថា អាត្មាអញ នឹងចូលសញ្ញាវេទយិតនិរោធ ឬថា អាត្មាអញ កំពុងចូលសញ្ញាវេទយិតនិរោធ ឬក៏ថា អាត្មាអញ ចូលសញ្ញាវេទយិតនិរោធហើយ ដូច្នេះឡើយ តែថា មុននឹងដល់ និរោធសមាបត្តិនោះ ភិក្ខុនោះ បានចំរើនចិត្តយ៉ាងនោះ បានជាបង្អោនទៅដើម្បីជាបុគ្គលរលត់ចិត្តសង្ខារ [តាមសេចក្តីយល់ថា របៀបចូលសញ្ញាវេទយិតនិរោធនោះ ត្រូវចូលរូបជ្ឈាន និងអរូបជ្ឈានសិន រួចទើបចូលសញ្ញាវេទយិតនិរោធ។ មុននឹងដល់សញ្ញាវេទយិតនិរោធនោះ ភិក្ខុនៅមានគំនិតថា នឹងចូល ឬចូលយ៉ាងនេះ តែបន្ទាប់ពីនេវសញ្ញានាសញ្ញាយតនៈទៅ ភិក្ខុនោះ មិនមានគំនិតថា នឹងចូលនិរោធនោះទេ តែដោយអំណាច ដែលបានហាត់ចិត្តស្ទាត់មកហើយនោះ ក៏ស្រាប់តែរអិល ដល់និរោធនោះតែម្តង។ ក្នុងនិរោធនោះសោត គ្មានចិត្តសង្ខារទេ គឺរលត់សញ្ញា និងវេទនាអស់ ដូចជាបុគ្គលគ្មានចិត្ត។]។ បពិត្រព្រះនាងជាម្ចាស់ ចុះភិក្ខុដែលចូលសញ្ញាវេទយិតនិរោធ ពួកធម៌ណារលត់មុន កាយសង្ខារ ឬវចីសង្ខារ ឬក៏ចិត្តសង្ខារ (រលត់មុន)។ ម្នាលអាវុសោវិសាខ ភិក្ខុដែលចូលសញ្ញាវេទយិតនិរោធនោះ វចីសង្ខារ រលត់មុន តមក ទើបកាយសង្ខារ (រលត់) តពីនោះមកទៀត ទើបចិត្តសង្ខារ (រលត់)។ បពិត្រព្រះនាងជាម្ចាស់ ការចេញអំពីសញ្ញាវេទយិតនិរោធសមាបត្តិមកវិញ ដោយប្រការដូចម្តេច។ ម្នាលអាវុសោវិសាខៈ ភិក្ខុដែលចេញអំពីសញ្ញាវេទយិតនិរោធសមាបត្តិ (នោះ) មិនមានគំនិតយ៉ាងនេះថា អាត្មាអញ នឹងចេញអំពីសញ្ញាវេទយិតនិរោធសមាបត្តិ ឬថា អាត្មាអញ ចេញអំពីសញ្ញាវេទយិតនិរោធសមាបត្តិឥឡូវនេះ ឬក៏ថា អាត្មាអញ ចេញហើយ អំពីសញ្ញាវេទយិតនិរោធសមាបត្តិ ដូច្នេះឡើយ តែថា មុននឹងចេញអំពី និរោធសមាបត្តិនោះ ភិក្ខុនោះ ចំរើនចិត្តយ៉ាងនេះ បានជាបង្អោនចិត្តទៅ ដើម្បីជាបុគ្គល មានចិត្តសង្ខារឡើងវិញ។ បពិត្រព្រះនាងជាម្ចាស់ ចុះភិក្ខុដែលចេញ អំពីសញ្ញាវេទយិតនិរោធ ពួកធម៌ណាកើតមុន កាយសង្ខារ ឬវចីសង្ខារ ឬក៏ចិត្តសង្ខារ (កើតមុន)។ ម្នាលអាវុសោវិសាខៈ ភិក្ខុដែលចេញ អំពីសញ្ញាវេទយិតនិរោធសមាបត្តិ (នោះ) ចិត្តសង្ខារកើតមុន តមក ទើបកាយសង្ខារ (កើត) តអំពីនោះមកទៀត ទើបវចីសង្ខារ (កើត)។ បពិត្រព្រះនាងជាម្ចាស់ ភិក្ខុដែលចេញអំពីសញ្ញាវេទយិតនិរោធសមាបត្តិមកវិញ មានផស្សៈប៉ុន្មានពាល់ត្រូវ។ ម្នាលអាវុសោវិសាខៈ ភិក្ខុដែលចេញ អំពីសញ្ញាវេទយិតនិរោធសមាបត្តិមកវិញ មានផស្សៈ ៣ប្រការ ពាល់ត្រូវគឺ សុញ្ញតផស្សៈ [ដែលកើតជាមួយនឹងសុញ្ញតផលសមាបត្តិ ឈ្មោះថា សុញ្ញតផស្សៈ។]១ អនិមិត្តផស្សៈ [ផស្សៈដែលកើតជាមួយនឹងអនិមិត្តផលសមាបត្តិនោះ ហៅថា អនិមិត្តផស្សៈ។]១ អប្បណិហិតផស្សៈ [ផស្សៈ ដែលកើតជាមួយនឹងអប្បណិហិតផលសមាបត្តិនោះ ហៅថា អប្បណិហិតផស្សៈ។ អដ្ឋកថា។]១។ បពិត្រព្រះនាងជាម្ចាស់ ភិក្ខុដែលចេញអំពីសញ្ញាវេទយិតនិរោធសមាបត្តិ ចិត្ត (លោក) បង្អោនទៅរកអ្វី ទោរទន់ទៅរកអ្វី ឈមទៅរកអ្វី។ ម្នាលអាវុសោវិសាខ ភិក្ខុដែលចេញ អំពីសញ្ញាវេទយិតនិរោធសមាបត្តិ ចិត្តលោក បង្អោនទៅរកវិវេក ទោរទន់ទៅរកវិវេក ឈមទៅរកវិវេក។
[១៥១] បពិត្រព្រះនាងជាម្ចាស់ វេទនា តើមានប៉ុន្មាន។ ម្នាលអាវុសោវិសាខ វេទនាមាន៣ប្រការគឺ សុខវេទនា១ ទុក្ខវេទនា១ អទុក្ខមសុខវេទនា១។ បពិត្រព្រះនាងជាម្ចាស់ ចុះ សុខវេទនា តើដូចម្តេច ទុក្ខវេទនា ដូចម្តេច អទុក្ខមសុខវេទនា ដូចម្តេច។ ម្នាលអាវុសោវិសាខ ធម្មជាត ដែលទទួលអារម្មណ៍ជាសុខ ដ៏ឆ្ងាញ់ ប្រព្រឹត្តទៅក្នុងកាយ ឬប្រព្រឹត្តទៅក្នុងចិត្ត នេះហៅថា សុខវេទនា ម្នាលអាវុសោវិសាខៈ ធម្មជាត ដែលទទួលអារម្មណ៍ជាទុក្ខ មិនឆ្ងាញ់ ប្រព្រឹត្តទៅក្នុងកាយ ឬប្រព្រឹត្តទៅក្នុងចិត្ត នេះហៅថា ទុក្ខវេទនា ម្នាលអាវុសោវិសាខៈ ធម្មជាត ដែលទទួលអារម្មណ៍ ដែលឆ្ងាញ់ ក៏មិនមែន មិនឆ្ងាញ់ ក៏មិនមែន ប្រព្រឹត្តទៅក្នុងកាយ ឬប្រព្រឹត្តទៅក្នុងចិត្ត នេះហៅថា អទុក្ខមសុខវេទនា។ បពិត្រព្រះនាងជាម្ចាស់ ចុះសុខវេទនា មានអ្វីជាសុខ មានអ្វីជាទុក្ខ។ ម្នាលអាវុសោវិសាខ សុខវេទនា មានកិរិយាឋិតនៅដដែលជាសុខ មានការប្រែប្រួលទៅវិញ ជាទុក្ខ ទុក្ខវេទនា មានកិរិយានៅជាទុក្ខ មានកិរិយាប្រែប្រួលទៅវិញជាសុខ ឯអទុក្ខមសុខវេទនា មានការដឹងច្បាស់ជាសុខ មានការមិនដឹងជាទុក្ខ។ បពិត្រព្រះនាងជាម្ចាស់ ចុះអនុស័យអ្វី ដេកសម្ងំនៅក្នុងសុខវេទនា អនុស័យអ្វី ដេកសម្ងំនៅក្នុងទុក្ខវេទនា អនុស័យអ្វី ដេកសម្ងំនៅក្នុងអទុក្ខមសុខវេទនា។ ម្នាលអាវុសោវិសាខៈ រាគានុស័យ ដេកសម្ងំនៅក្នុងសុខវេទនា បដិឃានុស័យ ដេកសម្ងំនៅក្នុងទុក្ខវេទនា អវិជ្ជានុស័យ ដេកសម្ងំនៅក្នុងអទុក្ខមសុខវេទនា។ បពិត្រព្រះនាងជាម្ចាស់ រាគានុស័យ សុទ្ធតែដេកសម្ងំនៅក្នុងសុខវេទនាទាំងអស់ បដិឃានុស័យ សុទ្ធតែដេកសម្ងំ នៅក្នុងទុក្ខវេទនាទាំងអស់ អវិជ្ជានុស័យ សុទ្ធតែដេកសម្ងំ នៅក្នុងអទុក្ខមសុខវេទនាទាំងអស់ ឬដូចម្តេច។ ម្នាលអាវុសោវិសាខ រាគានុស័យ មិនសុទ្ធតែដេកសម្ងំ នៅក្នុងសុខវេទនាទាំងអស់ទេ បដិឃានុស័យ មិនសុទ្ធតែដេកសម្ងំ នៅខាងក្នុងទុក្ខវេទនាទាំងអស់ អវិជ្ជានុស័យ មិនសុទ្ធតែដេកសម្ងំ នៅខាងក្នុងអទុក្ខមសុខវេទនាទាំងអស់ទេ។ បពិត្រព្រះនាងជាម្ចាស់ ចុះអ្វី ដែលបុគ្គលត្រូវលះបង់ ដោយសុខវេទនា អ្វីដែលត្រូវលះបង់ ដោយទុក្ខវេទនា អ្វីដែលត្រូវលះបង់ដោយអទុក្ខមសុខវេទនា។ ម្នាលអាវុសោវិសាខ រាគានុស័យ ត្រូវលះបង់ដោយសុខវេទនា បដិឃានុស័យ ត្រូវលះបង់ដោយទុក្ខវេទនា អវិជ្ជានុស័យ ត្រូវលះបង់ដោយអទុក្ខមសុខវេទនា។ បពិត្រព្រះនាងជាម្ចាស់ រាគានុស័យ ត្រូវលះបង់ដោយសុខវេទនាទាំងអស់ បដិឃានុស័យ ត្រូវលះបង់ដោយទុក្ខវេទនាទាំងអស់ អវិជ្ជានុស័យ ត្រូវលះបង់ដោយអទុក្ខមសុខវេទនាទាំងអស់ឬ។ ម្នាលអាវុសោវិសាខ រាគានុស័យ មិនត្រូវលះបង់ ដោយសុខវេទនាទាំងអស់ទេ បដិឃានុស័យ មិនត្រូវលះបង់ ដោយទុក្ខវេទនាទាំងអស់ទេ អវិជ្ជានុស័យ មិនត្រូវលះបង់ ដោយអទុក្ខមសុខវេទនាទាំងអស់ទេ។ ម្នាលអាវុសោវិសាខ ភិក្ខុក្នុងសាសនានេះ ជាអ្នកស្ងប់ស្ងាត់ ចាកកាម ស្ងប់ស្ងាត់ ចាកអកុសលធម៌ទាំងឡាយ ហើយចូលកាន់បឋមជ្ឈាន ប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ មានបីតិ និងសុខ ដែលកើតអំពីវិវេក លោកលះបង់រាគៈ ដោយបឋមជ្ឈាននោះ ឯរាគានុស័យ ដេកសម្ងំនៅក្នុងបឋមជ្ឈាននោះ មិនបានទេ ម្នាលអាវុសោវិសាខៈ ភិក្ខុក្នុងសាសនានេះ ពិចារណាឃើញ ដូច្នេះថា កាលណាហ្ន៎ អាត្មាអញ នឹងបានចូលកាន់អាយតនៈ គឺអរហត្ត ដែលពួកព្រះអរិយៈ តែងចូលក្នុងកាលឥឡូវនេះ កាលបើភិក្ខុតាំងនូវសេចក្តីប្រាថ្នា ចំពោះពួកវិមោក្ខដ៏ប្រសើរ ដូច្នេះហើយ ទោមនស្សរមែងកើតឡើង ព្រោះសេចក្តីប្រាថ្នាជាបច្ច័យ ភិក្ខុនោះ រមែងលះបង់នូវបដិឃៈ ដោយទោមនស្ស [អដ្ឋកថា ពន្យល់ថា មិនមែនលះបង់បដិឃៈ ដោយទោមនស្សតែម្តងទេ គឺភិក្ខុដែលមានសេចក្តីប្រាថ្នា ចង់បានអរហត្តផល ហើយមិនបានដូចប្រាថ្នា ទោមនស្សក៏កើតឡើង ម្ល៉ោះហើយ ភិក្ខុនោះ ខំប្រឹងប្រែង ធ្វើសេចក្តីព្យាយាម រហូតដល់បានរលាស់បដិឃៈចោល ដោយអនាគាមិមគ្គបាន។ ម្យ៉ាងទៀត ទោមនស្សនេះ ពិតជាអកុសលដោយចំណែកមួយមែនហើយ តែទោមនស្សនេះ គួរសេពគប់។] ឯបដិឃានុស័យ ក៏សម្ងំនៅក្នុងទោមនស្សនោះ មិនបានទេ ម្នាលអាវុសោវិសាខៈ ភិក្ខុក្នុងសាសនានេះ ព្រោះលះបង់សេចក្តីសុខផង លះបង់សេចក្តីទុក្ខផង រំលត់សោមនស្ស និងទោមនស្ស ក្នុងកាលមុនផង ក៏ចូលកាន់ចតុត្ថជ្ឈាន ដែលឥតសុខ ឥតទុក្ខ មានតែសតិ ដ៏បរិសុទ្ធដោយឧបេក្ខា សម្រេចសម្រាន្តនៅ ដោយឥរិយាបថទាំង៤ ភិក្ខុនោះ រមែងលះបង់អវិជ្ជា ដោយចតុត្ថជ្ឈាននោះ អវិជ្ជានុស័យ ដេកសម្ងំនៅក្នុងចតុត្ថជ្ឈាននោះ មិនបានឡើយ។
[១៥២] បពិត្រព្រះនាងជាម្ចាស់ ចុះសុខវេទនា មានអ្វីជាគ្រឿងប្រៀបធៀបឲ្យប្រហែលគ្នា។ ម្នាលអាវុសោវិសាខ សុខវេទនា មានរាគៈ ជាគ្រឿងប្រៀបធៀប។ បពិត្រព្រះនាងជាម្ចាស់ ចុះទុក្ខវេទនា មានអ្វីជាគ្រឿងប្រៀបធៀប។ ម្នាលអាវុសោវិសាខ ទុក្ខវេទនា មានបដិឃៈ ជាគ្រឿងប្រៀបធៀប។ បពិត្រព្រះនាងជាម្ចាស់ ចុះអទុក្ខមសុខវេទនា មានអ្វីជាគ្រឿងប្រៀបធៀប។ ម្នាលអាវុសោវិសាខៈ អទុក្ខមសុខវេទនា មានអវិជ្ជា ជាគ្រឿងប្រៀបធៀប។ បពិត្រព្រះនាងជាម្ចាស់ ចុះអវិជ្ចា មានអ្វីជាគ្រឿងប្រៀបធៀប។ ម្នាលអាវុសោវិសាខៈ អវិជ្ចា មានវិជ្ជា ជាគ្រឿងប្រៀបធៀប។ បពិត្រព្រះនាងជាម្ចាស់ វិជ្ជា មានអ្វីជាគ្រឿងប្រៀបធៀប។ ម្នាលអាវុសោវិសាខ វិជ្ជា មានវិមុត្តិ ជាគ្រឿងប្រៀបធៀប។ បពិត្រព្រះនាងជាម្ចាស់ ចុះវិមុត្តិ មានអ្វី ជាគ្រឿងប្រៀបធៀប។ ម្នាលអាវុសោវិសាខៈ វិមុត្តិ មានព្រះនិព្វាន ជាគ្រឿងប្រៀបធៀប។ បពិត្រព្រះនាងជាម្ចាស់ ចុះព្រះនិព្វាន មានអ្វី ជាគ្រឿងប្រៀបធៀប។ ម្នាលអាវុសោវិសាខៈ អ្នកសួរជ្រុលហួសពេកហើយ អ្នកណា ក៏មិនអាចនឹងកាន់យកទីបំផុត របស់ប្រស្នាទាំងឡាយ (នេះ) បានទេ ម្នាលអាវុសោវិសាខៈ ព្រោះព្រហ្មចរិយធម៌ ឈមទៅកាន់ព្រះនិព្វាន មានព្រះនិព្វាន ជាទីប្រព្រឹត្តទៅខាងមុខ មានព្រះនិព្វានជាទីបំផុត ម្នាលអាវុសោវិសាខៈ បើអ្នកត្រូវការ គប្បីចូលទៅគាល់ព្រះមានព្រះភាគ ក្រាបទូលសួរសេចក្តីនេះចុះ បើព្រះមានព្រះភាគ ទ្រង់ព្យាករដល់អ្នក យ៉ាងណា ត្រូវអ្នកចាំទុកនូវសេចក្តីនោះ យ៉ាងនោះចុះ។
[១៥៣] លំដាប់នោះឯង វិសាខឧបាសក បានត្រេកអរ រីករាយនឹងភាសិតរបស់ធម្មទិន្នាភិក្ខុនី ហើយក្រោកចាកអាសនៈ ថ្វាយបង្គំធម្មទិន្នាភិក្ខុនី ធ្វើប្រទក្សិណ ហើយក៏ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ថ្វាយបង្គំព្រះមានបុញ្ញរាសី ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះវិសាខឧបាសក អង្គុយក្នុងទីដ៏សមគួរហើយ ទើបក្រាបទូលពាក្យ ដែលខ្លួនបានចរចា នឹងធម្មទិន្នាភិក្ខុនី ទាំងប៉ុន្មាន ចំពោះព្រះមានព្រះភាគ ដោយសព្វគ្រប់។ លុះវិសាខឧបាសក ក្រាបបង្គំទូលយ៉ាងនេះហើយ ព្រះមានព្រះភាគ ទ្រង់ត្រាស់ នឹងវិសាខឧបាសក យ៉ាងនេះថា ម្នាលវិសាខៈ ធម្មទិន្នាភិក្ខុនី ជាបណ្ឌិត ម្នាលវិសាខៈ ធម្មទិន្នាភិក្ខុនី ជាស្ត្រីមានប្រាជ្ញាច្រើន ម្នាលវិសាខៈ បើទុកជាអ្នកត្រឡប់សួរសេចក្តីនុ៎ះ នឹងតថាគតវិញ តថាគត ក៏ត្រូវព្យាករសេចក្តីនុ៎ះ ដូចសេចក្តីដែលនាងធម្មទិន្នាភិក្ខុនី ព្យាករហើយ យ៉ាងនោះដែរ សេចក្តីនៃប្រស្នានោះ យ៉ាងហ្នឹងហើយ ចូរអ្នកចាំទុកប្រស្នានុ៎ះ យ៉ាងនេះចុះ។ លុះព្រះមានព្រះភាគ ត្រាស់ភាសិតនេះហើយ វិសាខឧបាសក ក៏ត្រេកអរ នឹងភាសិត របស់ព្រះមានព្រះភាគ។
ចប់ ចូឡវេទល្លសូត្រ ទី៤។
ចូឡធម្មសមាទានសូត្រ ទី៥
[១៥៤] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ ព្រះមានព្រះភាគ ទ្រង់ត្រាស់នឹងភិក្ខុទាំងឡាយក្នុងទីនោះថា ម្នាលភិក្ខុទាំងឡាយ។ ភិក្ខុទាំងនោះ ក៏ទទួលស្តាប់ព្រះពុទ្ធដីកា នៃព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គ។
[១៥៥] ព្រះមានព្រះភាគទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ ធម្មសមាទានទាំងឡាយនេះ មាន៤យ៉ាង ធម្មសមាទាន៤យ៉ាង តើដូចម្តេចខ្លះ ម្នាលភិក្ខុទាំងឡាយ ធម្មសមាទាន មានសេចក្តីសុខក្នុងបច្ចុប្បន្ន តែមានសេចក្តីទុក្ខជាវិបាកតទៅ១ ម្នាលភិក្ខុទាំងឡាយ ធម្មសមាទាន មានសេចក្តីទុក្ខក្នុងបច្ចុប្បន្ន ទាំងមានសេចក្តីទុក្ខជាវិបាកតទៅ១ ម្នាលភិក្ខុទាំងឡាយ ធម្មសមាទាន មានសេចក្តីទុក្ខក្នុងបច្ចុប្បន្ន តែមានសេចក្តីសុខជាវិបាកតទៅ១ ម្នាលភិក្ខុទាំងឡាយ ធម្មសមាទាន មានសេចក្តីសុខក្នុងបច្ចុប្បន្ន ទាំងមានសេចក្តីសុខជាវិបាកតទៅ១។
[១៥៦] ម្នាលភិក្ខុទាំងឡាយ ធម្មសមាទាន ដែលមានសេចក្តីសុខក្នុងបច្ចុប្បន្ន តែមានសេចក្តីទុក្ខជាវិបាកតទៅ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ មានសមណព្រាហ្មណ៍ពួកខ្លះ មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា ទោសក្នុងកាមទាំងឡាយមិនមាន បានជាអ្នកទាំងនោះ ដល់នូវសេចក្តីស្រួលចិត្ត ក្នុងកាមទាំងឡាយ។ សមណព្រាហ្មណ៍ទាំងនោះ ក៏ឲ្យនាងបរិព្វាជិកាទាំងឡាយ ដែលមានផ្នួងសក់បួងហើយ បម្រើខ្លួន អ្នកទាំងនោះ ពោលយ៉ាងនេះថា ចុះហេតុអ្វី បានជាសមណព្រាហ្មណ៍ ដ៏ចំរើនអម្បាលនោះ ពិចារណាឃើញអនាគតភ័យ ក្នុងកាមទាំងឡាយ ហើយពោលនូវការលះបង់ នូវកាមទាំងឡាយ បញ្ញត្ត នូវការកន្លងកាមទាំងឡាយ ដ្បិតថាសម្ផស្សកំភួនដៃ របស់នាងបរិព្វាជិកាជំទង់ ប្រកបដោយរោមទន់នេះ ជាសុខម្ល៉េះ សមណព្រាហ្មណ៍ទាំងនោះ ក៏ដល់នូវសេចក្តីស្រួលចិត្ត ក្នុងកាមទាំងឡាយ។ សមណព្រាហ្មណ៍ទាំងនោះ ដល់នូវសេចក្តីស្រួលចិត្ត ក្នុងកាមទាំងឡាយ លុះទម្លាយរាងកាយ បន្ទាប់អំពីមរណៈទៅ តែងទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក។ សមណព្រាហ្មណ៍ទាំងនោះ រងនូវទុក្ខវេទនាដ៏ក្លាខ្លាំង ខ្លោចផ្សា ក្នុងអបាយនោះ ទើបអ្នកទាំងនោះ ពោលយ៉ាងនេះថា ឱ នេះហើយតើ បានជាសមណព្រាហ្មណ៍ ដ៏ចំរើនទាំងនោះ ពិចារណាឃើញ អនាគតភ័យ ក្នុងកាមទាំងឡាយ ហើយពោល នូវការលះបង់ នូវកាមទាំងឡាយ បញ្ញត្តនូវការកន្លងកាមទាំងឡាយ ឥឡូវ យើងទាំងនេះ ក៏រងទុក្ខវេទនា ដ៏ក្លាខ្លាំង ខ្លោចផ្សា ព្រោះមានកាម ជាហេតុ មានកាម ជាគ្រឿងប្រគល់ឲ្យនូវផលមែន។ ម្នាលភិក្ខុទាំងឡាយ ដូចជាផ្លែជ្រៃទុំ បែកក្នុងខែជាទីបំផុត នៃគិម្ហរដូវទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ ពូជជ្រៃនោះ ក៏ច្រុះចុះ ទៀបគល់រាំងភ្នំមួយដើម។ ម្នាលភិក្ខុទាំងឡាយ គ្រានោះ ទេវតាណា ដែលអាស្រ័យនៅលើដើមរាំងភ្នំនោះ ទេវតានោះ ក៏ភិតភ័យ ភ្ញាក់ផ្អើល ដល់នូវសេចក្តីតក់ស្លុត។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះឯង អារាមទេវតា វនទេវតា រុក្ខទេវតា និងទេវតា ដែលអាស្រ័យលើដើមឈើជាថ្នាំ និងស្មៅ និងដើមឈើជាធំ ក្នុងព្រៃទាំងឡាយ ជាមិត្ត ជាអាមាត្យ ជាញាតិសាលោហិត របស់ទេវតា ដែលអាស្រ័យនៅលើដើមរាំងភ្នំនោះ មកប្រជុំព្រមគ្នា លួងលោមយ៉ាងនេះថា អ្នកដ៏ចំរើន កុំខ្លាចឡើយ អ្នកដ៏ចំរើន កុំខ្លាចឡើយ ធ្វើម្តេចឲ្យតែក្ងោកចឹកលេប ម្រឹគទំពាស៊ី ភ្លើងព្រៃឆេះ អ្នកធ្វើការងារក្នុងព្រៃ បោចរោច ឬកណ្តៀរពូនលុប នូវពូជជ្រៃនោះ ពុំនោះសោត ធ្វើម្តេចឲ្យតែមិនមានពូជក៏បាន។ ម្នាលភិក្ខុទាំងឡាយ ក្ងោកក៏មិនចឹកលេប ម្រឹគមិនទំពាស៊ី ភ្លើងព្រៃមិនឆេះ អ្នកធ្វើការងារក្នុងព្រៃ មិនបោចរោច កណ្តៀរមិនពូនលុប នូវពូជជ្រៃនោះ ពូជក៏នៅតែមាន។ លុះមេឃមានភ្លៀងបង្អោរចុះមក ពូជជ្រៃនោះ ក៏ដុះលូតលាស់ឡើង។ ពូជជ្រៃនោះ ខ្ចីទន់ មានព្រុយសំយុងចុះ។ ពូជជ្រៃនោះ ក៏រួបរិតដើមរាំងភ្នំនោះ។ ម្នាលភិក្ខុទាំងឡាយ គ្រានោះ ទេវតា ដែលអាស្រ័យលើដើមរាំងភ្នំនោះ មានសេចក្តីត្រិះរិះយ៉ាងនេះថា ហេតុអ្វីបានជាអារាមទេវតា វនទេវតា រុក្ខទេវតា និងទេវតា ដែលអាស្រ័យនៅលើដើមឈើជាថ្នាំ និងស្មៅ និងឈើជាធំ ក្នុងព្រៃទាំងឡាយ ជាមិត្ត ជាអាមាត្យ ជាញាតិសាលោហិត ពិចារណាឃើញនូវអនាគតភ័យ ក្នុងពូជជ្រៃទាំងឡាយ ហើយប្រជុំព្រមគ្នា លួងលោម យ៉ាងនេះថា អ្នកដ៏ចំរើន កុំខ្លាចឡើយ អ្នកដ៏ចំរើន កុំខ្លាចឡើយ ធ្វើម្តេចឲ្យតែក្ងោកចឹកលេប ម្រឹគទំពាស៊ី ភ្លើងព្រៃឆេះ អ្នកធ្វើការងារក្នុងព្រៃបោចរោច កណ្តៀរពូនលុបនូវពូជជ្រៃនោះ ពុំនោះសោត ធ្វើម្តេចឲ្យតែមិនមានពូជ ដូច្នេះ (បើ) សម្ផស្សរបស់ពួរជ្រៃនោះ ខ្ចីទន់ មានព្រុយសំយុងចុះស្រួលម្ល៉េះ។ (លុះកាលតមក) ពួរជ្រៃនោះ ក៏រួបរិតដើមរាំងភ្នំនោះ។ លុះពួរជ្រៃនោះ រួបរឹតដើមរាំងភ្នំនោះហើយ ក៏ធ្វើជាប្រគាបស៊ុមទ្រុមខាងលើ សំយុងពួរចុះចាប់ផែនដី ទំលាយនូវដើមរាំងភ្នំធំៗនោះ។ ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង ទេវតា ដែលអាស្រ័យនៅលើដើមរាំងភ្នំនោះ មានសេចក្តីត្រិះរិះយ៉ាងនេះថា ឱ នេះហើយបានជា អារាមទេវតា វនទេវតា រុក្ខទេវតា និងទេវតា ដែលអាស្រ័យលើដើមឈើជាថ្នាំ និងស្មៅ និងដើមឈើធំ ក្នុងព្រៃទាំងឡាយ ជាមិត្ត ជាអាមាត្យ ជាញាតិសាលោហិត ពិចារណាឃើញអនាគតភ័យ ក្នុងពូជជ្រៃ ហើយមកប្រជុំព្រមគ្នា លួងលោម យ៉ាងនេះថា អ្នកដ៏ចំរើន កុំខ្លាចឡើយ អ្នកដ៏ចំរើន កុំខ្លាចឡើយ ធ្វើម្តេចឲ្យតែក្ងោកចឹកលេប ម្រឹគទំពាស៊ី ភ្លើងព្រៃឆេះ អ្នកធ្វើការងារក្នុងព្រៃបោចរោច កណ្តៀរពូនលុបនូវពូជជ្រៃនុ៎ះ ពុំនោះសោត ធ្វើម្តេចឲ្យតែមិនមានពូជ ឥឡូវ អញក៏បានរងទុក្ខវេទនា ដ៏ក្លាខ្លាំង ខ្លោចផ្សា ព្រោះហេតុតែពូជជ្រៃ សេចក្តីនេះ មានឧបមាយ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ មានឧបមេយ្យ ដូចជាសមណព្រាហ្មណ៍ពួកខ្លះ មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា ទោសក្នុងកាមទាំងឡាយ មិនមាន បានជាអ្នកទាំងនោះ ដល់នូវសេចក្តីស្រួលចិត្ត ក្នុងកាមទាំងឡាយ។ សមណព្រាហ្មណ៍ទាំងនោះ ក៏ឲ្យពួកនាងបរិព្វាជិកា ដែលមានផ្នួងសក់បួងហើយ បម្រើខ្លួន អ្នកទាំងនោះ ពោលយ៉ាងនេះថា ចុះហេតុអ្វី បានជាសមណព្រាហ្មណ៍ ដ៏ចំរើនទាំងនោះ ពិចារណាឃើញ នូវអនាគតភ័យ ក្នុងកាមទាំងឡាយ ហើយពោលនូវការលះបង់ នូវកាមទាំងឡាយ បញ្ញត្តនូវការកន្លងកាមទាំងឡាយ ដ្បិតថាសម្ផស្សកំភួនដៃ របស់នាងបរិព្វាជិកាជំទង់ ប្រកបដោយរោមទន់នេះ ជាសុខម្ល៉េះ សមណព្រាហ្មណ៍ទាំងនោះ ក៏ដល់នូវសេចក្តីស្រួលចិត្ត ក្នុងកាមទាំងឡាយ។ លុះសមណព្រាហ្មណ៍ទាំងនោះ ដល់នូវសេចក្តីស្រួលចិត្ត ក្នុងកាមទាំងឡាយហើយ ទម្លាយរាងកាយ បន្ទាប់អំពីមរណៈទៅ តែងទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក។ សមណព្រាហ្មណ៍ទាំងនោះ រងនូវទុក្ខវេទនាដ៏ក្លាខ្លាំង ខ្លោចផ្សា ក្នុងអបាយនោះ ទើបសមណព្រាហ្មណ៍ទាំងនោះ ពោលយ៉ាងនេះ ក្នុងទីនោះថា ឱ នេះហើយតើ បានជាសមណព្រាហ្មណ៍ ដ៏ចំរើនទាំងនោះ ពិចារណាឃើញអនាគតភ័យ ក្នុងកាមទាំងឡាយ ហើយពោលនូវការលះបង់ នូវកាមទាំងឡាយ បញ្ញត្តនូវការកន្លងកាមទាំងឡាយ ឥឡូវ យើងទាំងនេះ ក៏រងនូវទុក្ខវេទនា ដ៏ក្លាខ្លាំង ខ្លោចផ្សា ព្រោះមានកាម ជាហេតុ មានកាម ជាគ្រឿងប្រគល់ឲ្យនូវផល។ ម្នាលភិក្ខុទាំងឡាយ ធម្មសមាទាន នេះ តថាគតពោលថា មានសេចក្តីសុខក្នុងបច្ចុប្បន្ន តែមានសេចក្តីទុក្ខជាវិបាកតទៅ។
[១៥៧] ម្នាលភិក្ខុទាំងឡាយ ធម្មសមាទាន ដែលមានសេចក្តីទុក្ខក្នុងបច្ចុប្បន្ន ទាំងមានសេចក្តីទុក្ខជាវិបាកតទៅ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកមួយ ក្នុងលោកនេះ ជាអចេលក៍ (អ្នកប្រព្រឹត្តអាក្រាត) លះបង់មារយាទល្អ បរិភោគលិទ្ធដៃ គេអញ្ជើញថាចូរមក មិនចូល គេឃាត់ថាឈប់ មិនឈប់ មិនត្រេកអរនឹងភត្ត ដែលគេនាំមកចំពោះ មិនត្រេកអរនឹងភត្ត ដែលគេធ្វើចំពោះខ្លួន មិនត្រេកអរនឹងការនិមន្តន៍។ អចេលក៍នោះ មិនទទួលភត្តដែលគេដួសអំពីមាត់ឆ្នាំង មិនទទួលភត្តអំពីមាត់ចង្អេរកឡោបិ៍ មិនទទួលភត្តដែលគេឲ្យត្រង់ចន្លោះ [ក្នុងវេលាដែលគេកំពុងឈរត្រង់ធរណីទ្វារ។] ធរណីទ្វារ មិនទទួលភត្ត ដែលគេឲ្យត្រង់ចន្លោះ [ក្នុងវេលាដែលគេកំពុងកាន់អង្រែបុក។] អង្រែ មិនទទួលភត្ត ដែលគេឲ្យត្រង់ចន្លោះកំណាត់ឈើ មិនទទួលភត្ត ដែលជនពីរនាក់កំពុងបរិភោគ នាំមកឲ្យ មិនទទួលភត្ត របស់ស្រីមានគភ៌ មិនទទួលភត្ត របស់ស្រីកំពុងបំបៅកូន មិនទទួលភត្ត របស់ស្រីនៅក្នុងចន្លោះបុរស មិនទទួលភត្ត ក្នុងកាលដែលពួកគ្នាឯង ធ្វើអង្គាសបាន មិនទទួលភត្ត ក្នុងទីមានឆ្កែចាំ មិនទទួលភត្ត ក្នុងទីមានរុយរោម មិនស៊ីត្រី មិនស៊ីសាច់ មិនផឹកសុរា មិនផឹកមេរ័យ មិនផឹកទឹកត្រាំថ្នាំ។ អចេលក៍នោះ ទទួលភត្តចំពោះតែផ្ទះមួយខ្លះ ញុំាងអត្តភាព ឲ្យប្រព្រឹត្តទៅ ដោយដុំបាយមួយពំនូតខ្លះ ទទួលភត្តចំពោះតែផ្ទះពីរខ្លះ ញុំាងអត្តភាព ឲ្យប្រព្រឹត្តទៅ ដោយដុំបាយពីរពំនូតខ្លះ។បេ។ ទទួលភត្តចំពោះតែផ្ទះ៧ខ្លះ ញុំាងអត្តភាព ឲ្យប្រព្រឹត្តទៅ ដោយដុំបាយ៧ពំនូតខ្លះ ញុំាងអត្តភាពឲ្យប្រព្រឹត្តទៅ ដោយភត្ត ក្នុងភាជន៍មួយខ្លះ ញុំាងអត្តភាព ឲ្យប្រព្រឹត្តទៅ ដោយភត្ត ក្នុងភាជន៍ពីរខ្លះ។បេ។ ញុំាងអត្តភាព ឲ្យប្រព្រឹត្តទៅ ដោយភត្តក្នុងភាជន៍៧ខ្លះ បរិភោគអាហាររំលង១ថ្ងៃខ្លះ បរិភោគអាហាររំលង៧ថ្ងៃខ្លះ អចេលក៍នោះ ប្រកបនូវភត្តភោជន ដោយការផ្លាស់ប្តូរគ្នា អស់កន្លះខែ មានសភាពយ៉ាងនេះ ដោយប្រការដូច្នេះឯង។ អចេលក៍នោះ មានបន្លែស្រស់ ជាអាហារខ្លះ មានអង្ករស្រងែ ជាអាហារខ្លះ មានស្កួយ ជាអាហារខ្លះ មានជំនៀរស្បែក ជាអាហារខ្លះ មានសារាយជាអាហារខ្លះ មានកុណ្ឌក ជាអាហារខ្លះ មានបាយក្តាំង ជាអាហារខ្លះ មានកំញ៉ាន ជាអាហារខ្លះ មានស្មៅជាអាហារខ្លះ មានអាចម៍គោ ជាអាហារខ្លះ មានមើមផ្លែឈើក្នុងព្រៃ ជាអាហា និងផ្លែឈើ ដែលជ្រុះចុះឯង ជាភោជនខ្លះ។ អចេលក៍នោះ ប្រើប្រាស់សំពត់សម្បកធ្មៃខ្លះ ប្រើប្រាស់សំពត់ ដែលត្បាញលាយគ្នាខ្លះ ប្រើប្រាស់សំពត់ស្នបខ្លះ ប្រើប្រាស់សំពត់បំសុកូលខ្លះ ប្រើប្រាស់សំពត់សំបកឈើខ្លះ ប្រើប្រាស់ស្បែកខ្លាខ្លះ ប្រើប្រាស់ស្បែកខ្លាទាំងក្រចកខ្លះ ប្រើប្រាស់សំពត់ដែលក្រងដោយស្បូវភ្លាំងខ្លះ ប្រើប្រាស់សំពត់ ដែលធ្វើដោយបន្ទះឈើខ្លះ ប្រើប្រាស់សំពត់កម្ពល ដែលត្បាញដោយសក់មនុស្សខ្លះ ប្រើប្រាស់សំពត់ដែលត្បាញដោយស្លាបមៀមខ្លះ ជាអ្នកដកសក់ និងពុកមាត់ខ្លះ ប្រកបរឿយៗ នូវការដកសក់ និងពុកមាត់ខ្លះ ជាអ្នកឈរសម្រឹងខាងលើខ្លះ ហាមឃាត់អាសនៈខ្លះ អង្គុយច្រហោងខ្លះ ជាអ្នកប្រកបរឿយៗ នូវការព្យាយាម ក្នុងការអង្គុយច្រហោងខ្លះ ដេកលើបន្លាខ្លះ សម្រេចការដេកលើបន្លាខ្លះ ប្រកបរឿយៗ ក្នុងការព្យាយាមចុះត្រាំទឹកគំរប់៣ដង ទាំងវេលាល្ងាចខ្លះ អចេលក៍នោះ ជាអ្នកប្រកបរឿយៗ នូវសេចក្តីព្យាយាម ធ្វើកាយឲ្យក្តៅក្រហាយច្រើនយ៉ាង មានសភាពយ៉ាងនេះ ដោយប្រការដូច្នេះឯង។ អចេលក៍នោះ លុះម្លាយកាយ បន្ទាប់អំពីមរណៈទៅ តែងទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក។ ម្នាលភិក្ខុទាំងឡាយ ធម្មសមាទាននេះ តថាគតពោលថា មានសេចក្តីទុក្ខក្នុងបច្ចុប្បន្ន និងមានសេចក្តីទុក្ខជាវិបាកតទៅ។
[១៥៨] ម្នាលភិក្ខុទាំងឡាយ ធម្មសមាទាន ដែលមានសេចក្តីទុក្ខក្នុងបច្ចុប្បន្ន តែមានសេចក្តីសុខជាវិបាកតទៅ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកមួយ ក្នុងលោកនេះ ជាអ្នកមានជាតិប្រកបដោយរាគៈ ដ៏ក្លៀវក្លាតាមប្រក្រតី បុគ្គលនោះ តែងរងសេចក្តីទុក្ខ ទោមនស្ស ដែលកើតអំពីរាគៈរឿយៗ។ ជាអ្នកមានជាតិប្រកបដោយទោសៈ ដ៏ក្លៀវក្លាតាមប្រក្រតី បុគ្គលនោះ តែងរងសេចក្តីទុក្ខ ទោមនស្ស ដែលកើតអំពីទោសៈរឿយៗ។ ជាអ្នកមានជាតិ ប្រកបដោយមោហៈ ដ៏ក្លៀវក្លា តាមប្រក្រតី បុគ្គលនោះ តែងរងសេចក្តីទុក្ខ ទោមនស្ស ដែលកើតអំពីមោហៈរឿយៗ។ បុគ្គលនោះ ទោះបីសេចក្តីទុក្ខ ពាល់ត្រូវក្តី ទោះបីទោមនស្ស ពាល់ត្រូវក្តី ទោះបី មានមុខទទឹក ដោយទឹកភ្នែក ទួញយំក្តី ក៏គង់តែប្រព្រឹត្តព្រហ្មចរិយធម៌ ឲ្យបរិបូណ៌ បរិសុទ្ធបាន។ បុគ្គលនោះ លុះម្លាយរាងកាយ បន្ទាប់អំពីមរណៈទៅ តែងទៅកើតក្នុងសុគតិ សួគ៌ ទេវលោក។ ម្នាលភិក្ខុទាំងឡាយ ធម្មសមាទាននេះ តថាគតពោលថា មានសេចក្តីទុក្ខក្នុងបច្ចុប្បន្ន តែមានសេចក្តីសុខជាវិបាកតទៅ។
[១៥៩] ម្នាលភិក្ខុទាំងឡាយ ធម្មសមាទាន ដែលមានសេចក្តីសុខ ក្នុងបច្ចុប្បន្ន ទាំងមានសេចក្តីសុខជាវិបាកតទៅ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកមួយ ក្នុងលោកនេះ មិនជាអ្នកមានជាតិ ប្រកបដោយរាគៈ ដ៏ក្លៀវក្លា តាមប្រក្រតី បុគ្គលនោះ មិនរងទុក្ខ ទោមនស្ស ដែលកើតអំពីរាគៈរឿយៗ។ មិនជាអ្នកមានជាតិ ប្រកបដោយទោសៈ ដ៏ក្លៀវក្លា តាមប្រក្រតី បុគ្គលនោះ មិនរងទុក្ខ ទោមនស្ស ដែលកើតអំពីទោសៈរឿយៗ។ មិនជាអ្នកមានជាតិ ប្រកបដោយមោហៈ ដ៏ក្លៀវក្លា តាមប្រក្រតី បុគ្គលនោះ មិនរងទុក្ខ ទោមនស្ស ដែលកើតអំពីមោហៈរឿយៗ។ បុគ្គលនោះ ជាអ្នកស្ងប់ស្ងាត់ ចាកកាមទាំងឡាយ ស្ងប់ស្ងាត់ ចាកអកុសលធម៌ទាំងឡាយ ក៏ចូលកាន់បឋមជ្ឈាន ដែលប្រកបដោយវិតក្កៈ វិចារៈ មានបីតិ និងសុខ កើតអំពីសេចក្តីស្ងប់ស្ងាត់។ លុះបុគ្គលនោះ បានរម្ងាប់វិតក្កៈ វិចារៈហើយ ក៏ចូលកាន់ទុតិយជ្ឈាន ដែលមានក្នុងខ្លួនជាទីជ្រះថ្លា មានភាពនៃចិត្តខ្ពស់ឯក គ្មានវិតក្កៈ វិចារៈ មានតែបីតិ និងសុខ កើតអំពីសមាធិ… ចូលកាន់តតិយជ្ឈាន… ចូលកាន់ចតុត្ថជ្ឈាន។ បុគ្គលនោះ លុះម្លាយរាងកាយ បន្ទាប់អំពីមរណៈទៅ តែងទៅកើតក្នុងសុគតិ សួគ៌ ទេវលោក។ ម្នាលភិក្ខុទាំងឡាយ ធម្មសមាទាននេះ តថាគតហៅថា មានសេចក្តីសុខក្នុងបច្ចុប្បន្ន ទាំងមានសេចក្តីសុខជាវិបាកតទៅ។ ម្នាលភិក្ខុទាំងឡាយ នេះឯងធម្មសមាទាន មាន៤ប្រការ។ លុះព្រះមានព្រះភាគ សំដែងភាសិតនេះចប់ហើយ ភិក្ខុទាំងនោះ ក៏មានចិត្តត្រេកអរ រីករាយហើយនឹងភាសិត របស់ព្រះមានព្រះភាគ។
ចប់ ចូឡធម្មសមាទានសូត្រ ទី៥។
មហាធម្មសមាទានសូត្រ ទី៦
[១៦០] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ ព្រះមានព្រះភាគ ទ្រង់ត្រាស់នឹងភិក្ខុទាំងឡាយ ក្នុងទីនោះថា ម្នាលភិក្ខុទាំងឡាយ។ ភិក្ខុទាំងនោះ ទទួលស្តាប់ព្រះពុទ្ធដីកា នៃព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គ។
[១៦១] ព្រះមានព្រះភាគទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ សត្វទាំងឡាយ ច្រើនតែមានសេចក្តីប្រាថ្នាយ៉ាងនេះ មានអធ្យាស្រ័យយ៉ាងនេះ មានបំណងយ៉ាងនេះថា ធ្វើម្តេចហ្ន៎ អារម្មណ៍ទាំងឡាយមិនជាទីប្រាថ្នា មិនជាទីត្រេកអរ មិនជាទីគាប់ចិត្ត គប្បីសាបសូន្យទៅ អារម្មណ៍ទាំងឡាយ ដែលជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត គប្បីចំរើនឡើង ម្នាលភិក្ខុទាំងឡាយ កាលសត្វអម្បាលនោះ មានសេចក្តីប្រាថ្នាយ៉ាងនេះ មានអធ្យាស្រ័យយ៉ាងនេះ មានបំណងយ៉ាងនេះ អារម្មណ៍មិនជាទីប្រាថ្នា មិនជាទីត្រេកអរ មិនជាទីគាប់ចិត្ត រមែងចំរើនឡើង អារម្មណ៍ ដែលជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត រមែងសាបសូន្យទៅ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ពិចារណាឃើញនូវដំណើរនោះដូចម្តេច ក្នុងអារម្មណ៍ទាំងនោះ។ បពិត្រព្រះអង្គដ៏ចំរើន ធម៌ទាំងឡាយរបស់ពួកខ្ញុំព្រះអង្គ មានព្រះមានព្រះភាគជាមូល មានព្រះមានព្រះភាគ ជាអ្នកណែនាំ មានព្រះមានព្រះភាគ ជាទីពឹង បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ ទ្រង់បំភ្លឺ នូវអត្ថនៃភាសិតនុ៎ះ ភិក្ខុទាំងឡាយ បើបានស្តាប់ព្រះពុទ្ធដីកា របស់ព្រះមានព្រះភាគហើយ នឹងចងចាំទុក។ ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ អ្នកទាំងឡាយ ចូរស្តាប់ ចូរធ្វើមនសិការៈដោយប្រពៃចុះ តថាគតនឹងសំដែង។ ភិក្ខុទាំងនោះ ទទួលស្តាប់ព្រះពុទ្ធដីការបស់ព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គ។
[១៦២] ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ បុថុជ្ជនក្នុងលោកនេះ ជាអ្នកមិនដែលបានស្តាប់ មិនដែលបានឃើញព្រះអរិយៈទាំងឡាយ មិនឈ្លាសក្នុងអរិយធម៌ មិនទូន្មានខ្លួន ក្នុងអរិយធម៌ មិនឃើញសប្បុរសទាំងឡាយ មិនឈ្លាស ក្នុងធម៌របស់សប្បុរស មិនទូន្មានខ្លួន ក្នុងធម៌របស់សប្បុរស មិនស្គាល់ធម៌ [ធម៌ក្នុងទីនេះ សំដៅយកអារម្មណ៍ មានរូបារម្មណ៍ជាដើម។] ដែលគួរសេព មិនស្គាល់ធម៌ដែលមិនគួរសេព មិនស្គាល់ធម៌ដែលគួរគប់ មិនស្គាល់ធម៌ដែលមិនគួរគប់។ កាលបុថុជ្ជននោះ មិនស្គាល់ធម៌ ដែលគួរសេព មិនស្គាល់ធម៌ ដែលមិនគួរសេព មិនស្គាល់ធម៌ ដែលគួរគប់ មិនស្គាល់ធម៌ ដែលមិនគួរគប់ តែងសេពនូវធម៌ ដែលមិនគួរសេព មិនសេពនូវធម៌ដែលគួរសេព គប់នូវធម៌ ដែលមិនគួរគប់ មិនគប់នូវធម៌ ដែលគួរគប់។ កាលបើបុថុជ្ជននោះ សេពនូវធម៌ ដែលមិនគួរសេព មិនសេពនូវធម៌ ដែលគួរសេព គប់នូវធម៌ដែលមិនគួរគប់ មិនគប់នូវធម៌ ដែលគួរគប់ អារម្មណ៍ទាំងឡាយ មិនជាទីប្រាថ្នា មិនជាទីត្រេកអរ មិនជាទីពេញចិត្ត តែងចំរើនឡើង អារម្មណ៍ទាំងឡាយ ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត ក៏សាបសូន្យទៅ ដំណើរនោះ ព្រោះហេតុអ្វី ម្នាលភិក្ខុទាំងឡាយ ដំណើរនុ៎ះ ព្រោះបុថុជ្ជនអន្ធពាល មិនដឹងតាមពិត ក៏រមែងដូច្នោះឯង។ ម្នាលភិក្ខុទាំងឡាយ ចំណែកខាងអរិយសាវ័ក ដែលបានស្តាប់ បានឃើញព្រះអរិយៈទាំងឡាយ ជាអ្នកឈ្លាសក្នុងអរិយធម៌ ទូន្មានខ្លួនល្អ ក្នុងសប្បុរិសធម៌ ស្គាល់ធម៌ ដែលគួរសេព ស្គាល់ធម៌ ដែលមិនគួរសេព ស្គាល់ធម៌ ដែលគួរគប់ ស្គាល់ធម៌ ដែលមិនគួរគប់។ កាលអរិយសាវ័កនោះ ស្គាល់ធម៌ ដែលគួរសេព ស្គាល់ធម៌ ដែលមិនគួរសេព ស្គាល់ធម៌ ដែលគួរគប់ ស្គាល់ធម៌ ដែលមិនគួរគប់ ទើបមិនសេពធម៌ ដែលមិនគួរសេព សេពតែធម៌ដែលគួរសេព មិនគប់ធម៌ដែលមិនគួរគប់ គប់តែធម៌ដែលគួរគប់។ កាលបើអរិយសាវ័កនោះ មិនសេពធម៌ដែលមិនគួរសេព សេពតែធម៌ដែលគួរសេព មិនគប់ធម៌ដែលមិនគួរគប់ គប់តែធម៌ដែលគួរគប់ អារម្មណ៍ទាំងឡាយ មិនជាទីប្រាថ្នា មិនជាទីត្រេកអរ មិនជាទីពេញចិត្ត រមែងសាបសូន្យទៅ អារម្មណ៍ទាំងឡាយ ដែលជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត តែងចំរើនឡើង ដំណើរនោះ ព្រោះហេតុអ្វី ម្នាលភិក្ខុទាំងឡាយ ដំណើរនុ៎ះ ព្រោះអរិយសាវ័ក ជាអ្នកដឹងតាមពិត ក៏រមែងដូច្នោះឯង។
[១៦៣] ម្នាលភិក្ខុទាំងឡាយ ធម្មសមាទានទាំងឡាយនេះ មាន៤យ៉ាង ធម្មសមាទាន ទាំង៤យ៉ាង តើដូចម្តេចខ្លះ ម្នាលភិក្ខុទាំងឡាយ ធម្មសមាទាន ដែលមានសេចក្តីទុក្ខ ក្នុងបច្ចុប្បន្ន ទាំងមានសេចក្តីទុក្ខ ជាវិបាកតទៅ១ ម្នាលភិក្ខុទាំងឡាយ ធម្មសមាទាន មានសេចក្តីសុខ ក្នុងបច្ចុប្បន្ន តែមានសេចក្តីទុក្ខ ជាវិបាកតទៅ១ ម្នាលភិក្ខុទាំងឡាយ ធម្មសមាទាន មានសេចក្តីទុក្ខ ក្នុងបច្ចុប្បន្ន តែមានសេចក្តីសុខ ជាវិបាកតទៅ១ ម្នាលភិក្ខុទាំងឡាយ ធម្មសមាទាន មានសេចក្តីសុខ ក្នុងបច្ចុប្បន្ន ទាំងមានសេចក្តីសុខ ជាវិបាកតទៅ១។
[១៦៤] ម្នាលភិក្ខុទាំងឡាយ បណ្តាធម្មសមាទាន អម្បាលនោះ ធម្មសមាទានណា មានសេចក្តីទុក្ខ ក្នុងបច្ចុប្បន្ន ទាំងមានសេចក្តីទុក្ខ ជាវិបាកតទៅ ភិក្ខុជាអ្នកប្រកបដោយអវិជ្ជា មិនដឹងនូវធម្មសមាទាននោះ មិនស្គាល់តាមសេចក្តីពិតថា ធម្មសមាទាននេះឯង មានសេចក្តីទុក្ខ ក្នុងបច្ចុប្បន្ន ទាំងមានសេចក្តីទុក្ខ ជាវិបាកតទៅ។ កាលបើភិក្ខុជាអ្នកប្រកបដោយអវិជ្ជា មិនដឹងនូវធម្មសមាទាននោះ មិនស្គាល់តាមសេចក្តីពិត ក៏រមែងសេពនូវធម្មសមាទាននោះ មិនវៀរចាក នូវធម្មសមាទាននោះឡើយ។ កាលបើភិក្ខុនោះ សេពនូវធម្មសមាទាននោះ មិនវៀរធម្មសមាទាននោះហើយ អារម្មណ៍ទាំងឡាយ ដែលមិនជាទីប្រាថ្នា មិនជាទីត្រេកអរ មិនជាទីគាប់ចិត្ត រមែងចំរើនឡើង អារម្មណ៍ទាំងឡាយ ដែលជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត រមែងសាបសូន្យទៅ ដំណើរនោះ ព្រោះហេតុអ្វី ម្នាលភិក្ខុទាំងឡាយ ដំណើរនុ៎ះ ព្រោះបុថុជ្ជនមិនដឹងតាមពិត រមែងដូច្នោះឯង។ ម្នាលភិក្ខុទាំងឡាយ បណ្តាធម្មសមាទានទាំងនោះ ធម្មសមាទានណា មានសេចក្តីសុខក្នុងបច្ចុប្បន្ន តែមានសេចក្តីទុក្ខជាវិបាកតទៅ ភិក្ខុជាអ្នកប្រកបដោយអវិជ្ជា មិនដឹងនូវធម្មសមាទាននោះ មិនស្គាល់តាមសេចក្តីពិតថា ធម្មសមាទាននេះឯង មានសេចក្តីសុខក្នុងបច្ចុប្បន្ន តែមានសេចក្តីទុក្ខជាវិបាកតទៅ។ កាលភិក្ខុជាអ្នកប្រកបដោយអវិជ្ជា មិនដឹងនូវធម្មសមាទាននោះ មិនស្គាល់តាមសេចក្តីពិត ក៏រមែងសេពនូវធម្មសមាទាននោះ មិនវៀរចាកធម្មសមាទាននោះឡើយ។ កាលបើភិក្ខុនោះ សេពនូវធម្មសមាទាននោះ មិនវៀរចាកធម្មសមាទាននោះហើយ អារម្មណ៍ទាំងឡាយ ដែលមិនជាទីប្រាថ្នា មិនជាទីត្រេកអរ មិនជាទីគាប់ចិត្ត រមែងចំរើនឡើង អារម្មណ៍ទាំងឡាយ ដែលជាទីប្រាថ្នា ជាទីត្រេកអរ ជាទីពេញចិត្ត រមែងសាបសូន្យទៅ ដំណើរនោះ ព្រោះហេតុអ្វី ម្នាលភិក្ខុទាំងឡាយ ដំណើរនុ៎ះ ព្រោះបុថុជ្ជន មិនដឹងតាមពិត រមែងដូច្នោះឯង។ ម្នាលភិក្ខុទាំងឡាយ បណ្តាធម្មសមាទានទាំងនោះ ធម្មសមាទានណា ដែលមានសេចក្តីទុក្ខក្នុងបច្ចុប្បន្ន តែមានសេចក្តីសុខជាវិបាកតទៅ ភិក្ខុមិនដឹងនូវធម្មសមាទាននោះ ជាអ្នកប្រកបដោយអវិជ្ជា មិនដឹងនូវធម្មសមាទាននោះ មិនស្គាល់តាមសេចក្តីពិតថា ធម្មសមាទាននេះឯង មានសេចក្តីទុក្ខក្នុងបច្ចុប្បន្ន តែមានសេចក្តីសុខជាវិបាកតទៅ។ កាលភិក្ខុជាអ្នកប្រកបដោយអវិជ្ជា មិនដឹងនូវធម្មសមាទាននោះ មិនស្គាល់តាមសេចក្តីពិត ក៏រមែងសេពនូវធម្មសមាទាននោះ មិនវៀរចាកធម្មសមាទាននោះឡើយ។ កាលបើភិក្ខុនោះ សេពនូវធម្មសមាទាននោះ មិនវៀរចាកធម្មសមាទាននោះហើយ អារម្មណ៍ទាំងឡាយ ដែលមិនជាទីប្រាថ្នា មិនជាទីត្រេកអរ មិនជាទីពេញចិត្ត រមែងចំរើនឡើង អារម្មណ៍ ដែលជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត រមែងសាបសូន្យទៅ ដំណើរនោះ ព្រោះហេតុអ្វី ម្នាលភិក្ខុទាំងឡាយ ដំណើរនុ៎ះ ព្រោះបុថុជ្ជន មិនដឹងតាមពិត រមែងដូច្នោះឯង។ ម្នាលភិក្ខុទាំងឡាយ បណ្តាធម្មសមាទាននោះ ធម្មសមាទានណា ដែលមានសេចក្តីសុខក្នុងបច្ចុប្បន្ន ទាំងមានសេចក្តីសុខ ជាវិបាកតទៅ ភិក្ខុជាអ្នកប្រកបដោយអវិជ្ជា មិនដឹងនូវធម្មសមាទាននោះ មិនស្គាល់តាមសេចក្តីពិតថា ធម្មសមាទាននេះឯង មានសេចក្តីសុខក្នុងបច្ចុប្បន្ន ទាំងមានសេចក្តីសុខជាវិបាកតទៅ។ កាលភិក្ខុជាអ្នកប្រកបដោយអវិជ្ជា មិនដឹងនូវធម្មសមាទាននោះ មិនស្គាល់តាមសេចក្តីពិត ក៏រមែងសេពនូវធម្មសមាទាននោះ មិនវៀរចាកធម្មសមាទាននោះឡើយ។ កាលបើភិក្ខុនោះ សេពនូវធម្មសមាទាននោះ មិនវៀរចាកធម្មសមាទាននោះ អារម្មណ៍ទាំងឡាយ មិនជាទីប្រាថ្នា មិនជាទីត្រេកអរ មិនជាទីគាប់ចិត្ត រមែងចំរើនឡើង អារម្មណ៍ទាំងឡាយ ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត រមែងសាបសូន្យទៅ ដំណើរនោះ ព្រោះហេតុអ្វី ម្នាលភិក្ខុទាំងឡាយ ដំណើរនុ៎ះ ព្រោះបុថុជ្ជនមិនដឹងតាមពិត រមែងដូច្នោះឯង។
[១៦៥] ម្នាលភិក្ខុទាំងឡាយ បណ្តាធម្មសមាទាននោះ ធម្មសមាទានណា ដែលមានសេចក្តីទុក្ខក្នុងបច្ចុប្បន្ន ទាំងមានសេចក្តីទុក្ខជាវិបាកតទៅ ភិក្ខុជាអ្នកប្រកបដោយវិជ្ជា ដឹងនូវធម្មសមាទាននោះ ស្គាល់តាមសេចក្តីពិតថា ធម្មសមាទាននេះឯង មានសេចក្តីទុក្ខក្នុងបច្ចុប្បន្ន ទាំងមានសេចក្តីទុក្ខជាវិបាកតទៅ ភិក្ខុជាអ្នកប្រកបដោយវិជ្ជា ដឹងនូវធម្មសមាទាននោះ ស្គាល់តាមសេចក្តីពិត រមែងមិនសេពនូវធម្មសមាទាននោះ វៀរចាកធម្មសមាទាននោះ។ កាលបើភិក្ខុនោះ មិនសេពនូវធម្មសមាទាននោះ វៀរចាកធម្មសមាទាននោះហើយ អារម្មណ៍ទាំងឡាយ ដែលមិនជាទីប្រាថ្នា មិនជាទីត្រេកអរ មិនជាទីគាប់ចិត្ត រមែងសាបសូន្យទៅ អារម្មណ៍ទាំងឡាយ ដែលជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត រមែងចំរើនឡើង ចុះដំណើរនោះ ព្រោះហេតុអ្វី ម្នាលភិក្ខុទាំងឡាយ ដំណើរនុ៎ះ ព្រោះភិក្ខុជាអ្នកដឹងតាមពិត រមែងដូច្នោះឯង។ ម្នាលភិក្ខុទាំងឡាយ បណ្តាធម្មសមាទានទាំងនោះ ធម្មសមាទានណា ដែលមានសេចក្តីសុខក្នុងបច្ចុប្បន្ន តែមានសេចក្តីទុក្ខជាវិបាកតទៅ ភិក្ខុជាអ្នកប្រកបដោយវិជ្ជា ដឹងធម្មសមាទាននោះ ស្គាល់តាមសេចក្តីពិតថា ធម្មសមាទាននេះឯង មានសេចក្តីសុខក្នុងបច្ចុប្បន្ន តែមានសេចក្តីទុក្ខជាវិបាកតទៅ។ កាលភិក្ខុជាអ្នកប្រកបដោយវិជ្ជា ដឹងនូវធម្មសមាទាននោះ ស្គាល់តាមសេចក្តីពិត រមែងមិនសេពនូវធម្មសមាទាននោះ វៀរចាកធម្មសមាទាននោះហើយ។ កាលបើភិក្ខុនោះ មិនសេពនូវធម្មសមាទាននោះ វៀរចាកធម្មសមាទាននោះ អារម្មណ៍ទាំងឡាយ មិនជាទីប្រាថ្នា មិនជាទីត្រេកអរ មិនជាទីគាប់ចិត្ត រមែងសាបសូន្យទៅ អារម្មណ៍ទាំងឡាយ ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត រមែងចំរើនឡើង ចុះដំណើរនោះ ព្រោះហេតុអ្វី ម្នាលភិក្ខុទាំងឡាយ ដំណើរនុ៎ះ ព្រោះភិក្ខុជាអ្នកដឹងតាមពិត រមែងដូច្នោះឯង។ ម្នាលភិក្ខុទាំងឡាយ បណ្តាធម្មសមាទានទាំងនោះ ធម្មសមាទានណា ដែលមានសេចក្តីទុក្ខក្នុងបច្ចុប្បន្ន តែមានសេចក្តីសុខជាវិបាកតទៅ ភិក្ខុជាអ្នកប្រកបដោយវិជ្ជា ដឹងនូវធម្មសមាទាននោះ ស្គាល់តាមសេចក្តីពិតថា ធម្មសមាទាននេះឯង មានសេចក្តីទុក្ខក្នុងបច្ចុប្បន្ន តែមានសេចក្តីសុខជាវិបាកតទៅ។ ភិក្ខុជាអ្នកប្រកបដោយវិជ្ជា ដឹងនូវធម្មសមាទាននោះ ស្គាល់តាមសេចក្តីពិត រមែងមិនសេពនូវធម្មសមាទាននោះ វៀរចាកធម្មសមាទាននោះ។ កាលបើភិក្ខុនោះ មិនសេពនូវធម្មសមាទាននោះ វៀរចាកធម្មសមាទាននោះហើយ អារម្មណ៍ទាំងឡាយ ដែលមិនជាទីប្រាថ្នា មិនជាទីត្រេកអរ មិនជាទីគាប់ចិត្ត រមែងសាបសូន្យទៅ អារម្មណ៍ទាំងឡាយ ដែលជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត រមែងចំរើនឡើង ដំណើរនោះ ព្រោះហេតុអ្វី ម្នាលភិក្ខុទាំងឡាយ ដំណើរនុ៎ះ ព្រោះភិក្ខុជាអ្នកដឹងតាមសេចក្តីពិត រមែងដូច្នោះឯង។ ម្នាលភិក្ខុទាំងឡាយ បណ្តាធម្មសមាទានទាំងនោះ ធម្មសមាទានណា ដែលមានសេចក្តីសុខក្នុងបច្ចុប្បន្ន ទាំងមានសេចក្តីសុខជាវិបាកតទៅ ភិក្ខុជាអ្នកប្រកបដោយវិជ្ជា ដឹងនូវធម្មសមាទាននោះ ស្គាល់តាមសេចក្តីពិតថា ធម្មសមាទាននេះឯង មានសេចក្តីសុខក្នុងបច្ចុប្បន្ន ទាំងមានសេចក្តីសុខជាវិបាកតទៅ។ កាលភិក្ខុជាអ្នកប្រកបដោយវិជ្ជា ដឹងនូវធម្មសមាទាននោះ ស្គាល់តាមសេចក្តីពិត រមែងមិនសេពនូវធម្មសមាទាននោះ វៀរចាកធម្មសមាទាននោះ។ កាលបើភិក្ខុនោះ មិនសេពនូវធម្មសមាទាននោះ វៀរចាកធម្មសមាទាននោះហើយ អារម្មណ៍ទាំងឡាយ ដែលមិនជាទីប្រាថ្នា មិនជាទីត្រេកអរ មិនជាទីគាប់ចិត្ត រមែងសាបសូន្យទៅ អារម្មណ៍ទាំងឡាយ ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត តែងចំរើនឡើង ដំណើរនោះ ព្រោះហេតុអ្វី ម្នាលភិក្ខុទាំងឡាយ ដំណើរនុ៎ះ ព្រោះភិក្ខុជាអ្នកដឹងតាមពិត រមែងដូច្នោះឯង។
[១៦៦] ម្នាលភិក្ខុទាំងឡាយ ធម្មសមាទាន ដែលមានសេចក្តីទុក្ខក្នុងបច្ចុប្បន្ន ទាំងមានសេចក្តីទុក្ខជាវិបាកតទៅ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកមួយ ក្នុងលោកនេះ ជាអ្នកសម្លាប់សត្វ ទាំងសេចក្តីទុក្ខ ទាំងទោមនស្ស ក៏រមែងរងនូវសេចក្តីទុក្ខ និងទោមនស្ស ព្រោះបាណាតិបាតជាបច្ច័យ។ ជាអ្នកកាន់យកវត្ថុដែលគេមិនបានឲ្យ (ដោយការ ឬវាចា) ទាំងសេចក្តីទុក្ខ ទាំងទោមនស្ស ក៏រមែងរងនូវសេចក្តីទុក្ខ និងទោមនស្ស ព្រោះអទិន្នាទានជាបច្ច័យ។ ជាអ្នកប្រព្រឹត្តខុស ក្នុងកាមទាំងឡាយ ទាំងសេចក្តីទុក្ខ ទាំងទោមនស្ស ក៏រមែងរងនូវសេចក្តីទុក្ខ និងទោមនស្ស ព្រោះកាមេសុមិច្ឆាចារ ជាបច្ច័យ។ ជាអ្នកពោលនូវពាក្យកុហក ទាំងសេចក្តីទុក្ខ ទាំងទោមនស្ស ក៏រមែងរងនូវសេចក្តីទុក្ខ និងទោមនស្ស ព្រោះមុសាវាទ ជាបច្ច័យ។ ជាអ្នកពោលពាក្យញុះញង់ ទាំងសេចក្តីទុក្ខ ទាំងទោមនស្ស ក៏រមែងរងនូវសេចក្តីទុក្ខ និងទោមនស្ស ព្រោះបិសុណវាចា ជាបច្ច័យ។ ជាអ្នកមានវាចាអាក្រក់ ទាំងសេចក្តីទុក្ខ ទាំងទោមនស្ស ក៏រមែងរងនូវសេចក្តីទុក្ខ និងទោមនស្ស ព្រោះផរុសវាចា ជាបច្ច័យ។ ជាអ្នកពោលពាក្យរោយរាយ ឥតប្រយោជន៍ ទាំងសេចក្តីទុក្ខ ទាំងទោមនស្ស ក៏រមែងរងនូវសេចក្តីទុក្ខ និងទោមនស្ស ព្រោះសម្ផប្បលាបៈ ជាបច្ច័យ។ ជាអ្នកមានអភិជ្ឈាច្រើន ទាំងសេចក្តីទុក្ខ ទាំងទោមនស្ស ក៏រមែងរងនូវសេចក្តីទុក្ខ និងទោមនស្ស ព្រោះអភិជ្ឈា ជាបច្ច័យ។ ជាអ្នកមានចិត្តព្យាបាទ ទាំងសេចក្តីទុក្ខ ទាំងទោមនស្ស ក៏រមែងរងនូវសេចក្តីទុក្ខ និងទោមនស្ស ព្រោះព្យាបាទ ជាបច្ច័យ។ ជាអ្នកយល់ខុស ទាំងសេចក្តីទុក្ខ ទាំងទោមនស្ស ក៏រមែងរងនូវសេចក្តីទុក្ខ និងទោមនស្ស ព្រោះមិច្ឆាទិដ្ឋិ ជាបច្ច័យ។ បុគ្គលនោះ លុះទម្លាយរាងកាយ បន្ទាប់អំពីមរណៈទៅ រមែងទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក។ ម្នាលភិក្ខុទាំងឡាយ ធម្មសមាទាននេះ តថាគត ហៅថា មានសេចក្តីទុក្ខក្នុងបច្ចុប្បន្ន ទាំងមានសេចក្តីទុក្ខជាវិបាកតទៅ។
[១៦៧] ម្នាលភិក្ខុទាំងឡាយ ធម្មសមាទាន មានសេចក្តីសុខក្នុងបច្ចុប្បន្ន តែមានសេចក្តីទុក្ខជាវិបាកតទៅ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកមួយ ក្នុងលោកនេះ ជាអ្នកសម្លាប់សត្វ ទាំងសេចក្តីសុខ ទាំងសោមនស្ស ក៏រមែងបានសេចក្តីសុខ និងសោមនស្ស ព្រោះបាណាតិបាតជាបច្ច័យ។ ជាអ្នកកាន់យកវត្ថុដែលគេមិនបានឲ្យ (ដោយការ ឬវាចា) ទាំងសេចក្តីសុខ ទាំងសោមនស្ស ក៏រមែងបានសេចក្តីសុខ និងសោមនស្ស ព្រោះអទិន្នាទានជាបច្ច័យ។ ជាអ្នកប្រព្រឹត្តខុស ក្នុងកាមទាំងឡាយ ទាំងសេចក្តីសុខ ទាំងសោមនស្ស ក៏រមែងបានសេចក្តីសុខ និងសោមនស្ស ព្រោះកាមេសុមិច្ឆាចារ ជាបច្ច័យ។ ជាអ្នកពោលពាក្យកុហក ទាំងសេចក្តីសុខ ទាំងសោមនស្ស ក៏រមែងបានសេចក្តីសុខ និងសោមនស្ស ព្រោះមុសាវាទ ជាបច្ច័យ។ ជាអ្នកពោលពាក្យញុះញង់ ទាំងសេចក្តីសុខ ទាំងសោមនស្ស ក៏រមែងបានសេចក្តីសុខ និងសោមនស្ស ព្រោះបិសុណវាចា ជាបច្ច័យ។ ជាអ្នកមានវាចាអាក្រក់ ទាំងសេចក្តីសុខ ទាំងសោមនស្ស ក៏រមែងបានសេចក្តីសុខ និងសោមនស្ស ព្រោះផរុសវាចា ជាបច្ច័យ។ ជាអ្នកពោលពាក្យ ឥតប្រយោជន៍ ទាំងសេចក្តីសុខ ទាំងសោមនស្ស ក៏រមែងបានសេចក្តីសុខ និងសោមនស្ស ព្រោះសម្ផប្បលាបៈ ជាបច្ច័យ។ ជាអ្នកមានអភិជ្ឈាច្រើន ទាំងសេចក្តីសុខ ទាំងសោមនស្ស ក៏រមែងបានសេចក្តីសុខ និងសោមនស្ស ព្រោះអភិជ្ឈា ជាបច្ច័យ។ ជាអ្នកមានចិត្តព្យាបាទ ទាំងសេចក្តីសុខ ទាំងសោមនស្ស ក៏រមែងបានសេចក្តីសុខ និងសោមនស្ស ព្រោះព្យាបាទ ជាបច្ច័យ។ ជាអ្នកយល់ខុស ទាំងសេចក្តីសុខ ទាំងសោមនស្ស ក៏រមែងបានសេចក្តីសុខ និងសោមនស្ស ព្រោះមិច្ឆាទិដ្ឋិ ជាបច្ច័យ។ បុគ្គលនោះ លុះទម្លាយរាងកាយ បន្ទាប់ពីមរណៈទៅ រមែងទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក។ ម្នាលភិក្ខុទាំងឡាយ ធម្មសមាទាននេះ តថាគត ហៅថា មានសេចក្តីសុខក្នុងបច្ចុប្បន្ន តែមានសេចក្តីទុក្ខជាវិបាកតទៅ។
[១៦៨] ម្នាលភិក្ខុទាំងឡាយ ធម្មសមាទាន ដែលមានសេចក្តីទុក្ខក្នុងបច្ចុប្បន្ន តែមានសេចក្តីសុខជាវិបាកតទៅ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកមួយ ក្នុងលោកនេះ ជាអ្នកវៀរចាកការសម្លាប់សត្វ ទាំងសេចក្តីទុក្ខ ទាំងទោមនស្ស ក៏រមែងរងសេចក្តីទុក្ខ និងទោមនស្ស ព្រោះវៀរចាកបាណាតិបាតជាបច្ច័យ។ ជាអ្នកវៀរចាកការកាន់យកទ្រព្យ ដែលគេមិនបានឲ្យ ទាំងសេចក្តីទុក្ខ ទាំងទោមនស្ស ក៏រមែងរងសេចក្តីទុក្ខ និងទោមនស្ស ព្រោះវៀរចាកអទិន្នាទានជាបច្ច័យ។ ជាអ្នកវៀរចាកការប្រព្រឹត្តិខុស ក្នុងកាមទាំងឡាយ ទាំងសេចក្តីទុក្ខ ទាំងទោមនស្ស ក៏រមែងរងសេចក្តីទុក្ខ និងទោមនស្ស ព្រោះវៀរចាកកាមេសុមិច្ឆាចារ ជាបច្ច័យ។ ជាអ្នកវៀរចាកការពោលនូវពាក្យកុហក ទាំងសេចក្តីទុក្ខ ទាំងទោមនស្ស ក៏រមែងរងសេចក្តីទុក្ខ និងទោមនស្ស ព្រោះវៀរចាកមុសាវាទ ជាបច្ច័យ។ ជាអ្នកវៀរចាកការពោលពាក្យញុះញង់ ទាំងសេចក្តីទុក្ខ ទាំងទោមនស្ស ក៏រមែងរងនូវសេចក្តីទុក្ខ និងទោមនស្ស ព្រោះវៀរចាកបិសុណវាចា ជាបច្ច័យ។ ជាអ្នកវៀរចាកការពោលពាក្យអាក្រក់ ទាំងសេចក្តីទុក្ខ ទាំងទោមនស្ស ក៏រមែងរងសេចក្តីទុក្ខ និងទោមនស្ស ព្រោះវៀរចាកផរុសវាចា ជាបច្ច័យ។ ជាអ្នកវៀរចាកការពោលពាក្យឥតប្រយោជន៍ ទាំងសេចក្តីទុក្ខ ទាំងទោមនស្ស ក៏រមែងរងសេចក្តីទុក្ខ និងទោមនស្ស ព្រោះវៀរចាកសម្ផប្បលាបៈ ជាបច្ច័យ។ ជាអ្នកមិនមានអភិជ្ឈាច្រើន ទាំងសេចក្តីទុក្ខ ទាំងទោមនស្ស ក៏រមែងរងសេចក្តីទុក្ខ និងទោមនស្ស ព្រោះការមិនមានអភិជ្ឈា ជាបច្ច័យ។ ជាអ្នកមិនមានព្យាបាទ ទាំងសេចក្តីទុក្ខ ទាំងទោមនស្ស ក៏រមែងរងសេចក្តីទុក្ខ និងទោមនស្ស ព្រោះមិនមានព្យាបាទ ជាបច្ច័យ។ ជាអ្នកយល់ត្រូវ ទាំងសេចក្តីទុក្ខ ទាំងទោមនស្ស ក៏រមែងរងសេចក្តីទុក្ខ និងទោមនស្ស ព្រោះសម្មាទិដ្ឋិ ជាបច្ច័យ។ បុគ្គលនោះ លុះទម្លាយរាងកាយ បន្ទាប់អំពីមរណៈទៅ ក៏រមែងទៅកើតក្នុងសុគតិ សួគ៌ ទេវលោក។ ម្នាលភិក្ខុទាំងឡាយ ធម្មសមាទាននេះ តថាគត ហៅថា មានសេចក្តីទុក្ខក្នុងបច្ចុប្បន្ន តែមានសេចក្តីសុខជាវិបាកតទៅ។
[១៦៩] ម្នាលភិក្ខុទាំងឡាយ ធម្មសមាទាន មានសេចក្តីសុខក្នុងបច្ចុប្បន្ន ទាំងមានសេចក្តីសុខជាវិបាកតទៅ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកមួយ ក្នុងលោកនេះ ជាអ្នកវៀរចាកការសម្លាប់សត្វ ព្រមដោយសេចក្តីសុខ ព្រមដោយសោមនស្ស រមែងបានសេចក្តីសុខ និងសោមនស្ស ព្រោះវៀរចាកបាណាតិបាតជាបច្ច័យ។ ជាអ្នកវៀរចាកការកាន់យកទ្រព្យ ដែលគេមិនបានឲ្យ ព្រមដោយសេចក្តីសុខ ព្រមដោយសោមនស្ស ក៏រមែងបានសេចក្តីសុខ និងសោមនស្ស ព្រោះវៀរចាកអទិន្នាទានជាបច្ច័យ។ ជាអ្នកវៀរចាកការប្រព្រឹត្តិខុស ក្នុងកាមទាំងឡាយ ព្រមដោយសេចក្តីសុខ ព្រមដោយសោមនស្ស ក៏រមែងបានសេចក្តីសុខ និងសោមនស្ស ព្រោះវៀរចាកកាមេសុមិច្ឆាចារ ជាបច្ច័យ។ ជាអ្នកវៀរចាកការពោលពាក្យកុហក ព្រមដោយសេចក្តីសុខ ព្រមដោយសោមនស្ស ក៏រមែងបានសេចក្តីសុខ និងសោមនស្ស ព្រោះវៀរចាកមុសាវាទ ជាបច្ច័យ។ ជាអ្នកវៀរចាកការពោលពាក្យញុះញង់ ព្រមដោយសេចក្តីសុខ ព្រមដោយសោមនស្ស ក៏រមែងបានសេចក្តីសុខ និងសោមនស្ស ព្រោះវៀរចាកបិសុណវាចា ជាបច្ច័យ។ ជាអ្នកវៀរចាកការពោលពាក្យអាក្រក់ ព្រមដោយសេចក្តីសុខ ព្រមដោយសោមនស្ស ក៏រមែងបាននូវសេចក្តីសុខ និងសោមនស្ស ព្រោះវៀរចាកផរុសវាចា ជាបច្ច័យ។ ជាអ្នកវៀរចាកការពោលពាក្យឥតប្រយោជន៍ ព្រមដោយសេចក្តីសុខ ព្រមដោយសោមនស្ស ក៏រមែងបានសេចក្តីសុខ និងសោមនស្ស ព្រោះវៀរចាកសម្ផប្បលាបៈ ជាបច្ច័យ។ ជាអ្នកមិនមានអភិជ្ឈាច្រើន ព្រមដោយសេចក្តីសុខ ព្រមដោយសោមនស្ស ក៏រមែងបានសេចក្តីសុខ និងសោមនស្ស ព្រោះមិនមានអភិជ្ឈា ជាបច្ច័យ។ ជាអ្នកមិនមានចិត្តព្យាបាទ ព្រមដោយសេចក្តីសុខ ព្រមដោយសោមនស្ស ក៏រមែងបានសេចក្តីសុខ និងសោមនស្ស ព្រោះមិនមានចិត្តព្យាបាទ ជាបច្ច័យ។ ជាអ្នកយល់ត្រូវ ព្រមដោយសេចក្តីសុខ ព្រមដោយសោមនស្ស ក៏រមែងបានសេចក្តីសុខ និងសោមនស្ស ព្រោះសម្មាទិដ្ឋិ ជាបច្ច័យ។ បុគ្គលនោះ លុះទម្លាយរាងកាយ បន្ទាប់អំពីមរណៈទៅ ក៏រមែងទៅកើតក្នុងសុគតិ សួគ៌ ទេវលោក។ ម្នាលភិក្ខុទាំងឡាយ ធម្មសមាទាននេះ តថាគត ហៅថា មានសេចក្តីសុខក្នុងបច្ចុប្បន្ន ទាំងមានសេចក្តីសុខជាវិបាកតទៅ។ ម្នាលភិក្ខុទាំងឡាយ នេះឯងជា ធម្មសមាទាន មាន៤ប្រការ។
[១៧០] ម្នាលភិក្ខុទាំងឡាយ ដូចជាននោងព្រៃ [ប្រែថា ត្រសក់ក្អែក ឬពុលអែក ក៏បាន។] លាយដោយថ្នាំពិស។ គ្រានោះ បុរសមានប្រាថ្នាដើម្បីរស់នៅ មិនប្រាថ្នាដើម្បីស្លាប់ ប្រាថ្នាសេចក្តីសុខ ខ្ពើមសេចក្តីទុក្ខ បានមកដល់។ ពួកជននិយាយនឹងបុរសនោះ យ៉ាងនេះថា ម្នាលបុរសដ៏ចំរើន ននោងព្រៃនេះ លាយដោយថ្នាំពិស បើអ្នកត្រូវការ ចូរផឹកចុះ កាលបើបុរសផឹកនូវននោងព្រៃនោះ ក៏ននោងព្រៃនោះ មិនគាប់ចិត្តដោយពណ៌ផង ដោយក្លិនផង ដោយរសផង លុះផឹកហើយ ក៏ដល់នូវសេចក្តីស្លាប់ ឬដល់នូវសេចក្តីទុក្ខស្ទើរតែនឹងស្លាប់។ បើបុរសនោះ មិនបានពិចារណានូវននោងព្រៃនោះ មុខជាផឹក មិនលះបង់ទេ កាលបុរសនោះផឹក នូវននោងព្រៃហើយ មិនគាប់ចិត្តដោយពណ៌ផង ដោយក្លិនផង ដោយរសផង លុះផឹកហើយ ក៏ដល់នូវសេចក្តីស្លាប់ ឬដល់នូវសេចក្តីទុក្ខស្ទើរតែនឹងស្លាប់ យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ តថាគតហៅ ធម្មសមាទាន នេះថា មានសេចក្តីទុក្ខក្នុងបច្ចុប្បន្ន ទាំងមានសេចក្តីទុក្ខ ជាវិបាកតទៅ ក៏មានឧបមេយ្យដូច្នោះឯង។
[១៧១] ម្នាលភិក្ខុទាំងឡាយ ដូចភាជន៍សំរិទ្ធ ពេញដោយទឹកផ្អែម បរិបូណ៌ដោយពណ៌ បរិបូណ៌ដោយក្លិន បរិបូណ៌ដោយរស តែភាជន៍សំរិទ្ធពេញដោយទឹកផ្អែមនោះឯង លាយដោយថ្នាំពិស។ គ្រានោះ បុរសមានប្រាថ្នាដើម្បីរស់នៅ មិនប្រាថ្នាដើម្បីស្លាប់ ប្រាថ្នាសេចក្តីសុខ ខ្ពើមសេចក្តីទុក្ខ បានមកដល់។ ពួកជននិយាយនឹងបុរសនោះ យ៉ាងនេះថា ម្នាលបុរសដ៏ចំរើន ភាជន៍សំរិទ្ធពេញដោយទឹកផ្អែម បរិបូណ៌ដោយពណ៌ បរិបូណ៌ដោយក្លិន បរិបូណ៌ដោយរស តែភាជន៍សំរិទ្ធពេញដោយទឹកផ្អែមនោះឯង លាយទៅដោយថ្នាំពិស បើអ្នកត្រូវការ ចូរផឹកចុះ កាលបើបុរសនោះ ផឹកទឹកនោះហើយ ក៏គាប់ចិត្តដោយពណ៌ផង ដោយក្លិនផង ដោយរសផង លុះផឹកហើយ ក៏ដល់នូវសេចក្តីស្លាប់ ឬដល់នូវសេចក្តីទុក្ខ ស្ទើរតែនឹងស្លាប់។ បើបុរសនោះ មិនបានពិចារណានូវភាជន៍សំរិទ្ធ ដែលពេញដោយទឹកផ្អែមនោះហើយ មុខជាផឹក មិនលះបង់ទេ កាលបុរសនោះ ផឹកនូវទឹកនោះ ក៏គាប់ចិត្តដោយពណ៌ផង ដោយក្លិនផង ដោយរសផង លុះផឹកហើយ ក៏ដល់នូវសេចក្តីស្លាប់ ឬដល់នូវសេចក្តីទុក្ខ ស្ទើរតែនឹងស្លាប់ យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ តថាគតហៅ ធម្មសមាទាន នេះថា មានសេចក្តីសុខ ក្នុងបច្ចុប្បន្ន តែមានសេចក្តីទុក្ខ ជាវិបាកតទៅ ក៏មានឧបមេយ្យ ដូច្នោះឯង។
[១៧២] ម្នាលភិក្ខុទាំងឡាយ ដូចជាទឹកមូត្រស្អុយ លាយដោយភេសជ្ជៈទាំងឡាយផ្សេងៗ។ គ្រានោះ បុរសមានរោគលឿង បានមកដល់។ ពួកជននិយាយនឹងបុរសនោះ យ៉ាងនេះថា ម្នាលបុរសដ៏ចំរើន ទឹកមូត្រស្អុយនេះ លាយដោយភេសជ្ជៈទាំងឡាយផ្សេងៗ បើអ្នកត្រូវការ ចូរផឹកចុះ កាលបើបុរសនោះផឹកទឹកមូត្រស្អុយនោះ ក៏មិនគាប់ចិត្តដោយពណ៌ផង ដោយក្លិនផង ដោយរសផង លុះផឹកហើយ ក៏ជាអ្នកបានសេចក្តីសុខ។ បើបុរសនោះ បានពិចារណាទឹកមូត្រស្អុយនោះហើយ ក៏មុខជាផឹក មិនលះបង់ទេ កាលបើបុរសនោះ ផឹកទឹកមូត្រស្អុយនោះ ក៏មិនគាប់ចិត្តដោយពណ៌ផង ដោយក្លិនផង ដោយរសផង លុះផឹកហើយ ក៏ជាអ្នកបានសេចក្តីសុខ យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ តថាគតហៅ ធម្មសមាទាន នេះថា មានសេចក្តីទុក្ខ ក្នុងបច្ចុប្បន្ន តែមានសេចក្តីសុខ ជាវិបាកតទៅ ក៏មានឧបមេយ្យ ដូច្នោះឯង។
[១៧៣] ម្នាលភិក្ខុទាំងឡាយ ដូចជាទឹកដោះជូរក្តី ទឹកឃ្មុំក្តី ទឹកដោះថ្លាក្តី ទឹកអំពៅក្តី លាយច្រឡំជាមួយគ្នា។ គ្រានោះ បុរសមានរោគចុះឈាម បានមកដល់។ ពួកជននិយាយនឹងបុរសនោះ យ៉ាងនេះថា ម្នាលបុរសដ៏ចំរើន ទឹកដោះជូរក្តី ទឹកឃ្មុំក្តី ទឹកដោះថ្លាក្តី ទឹកអំពៅក្តី ទាំងនេះ លាយច្រឡំជាមួយគ្នា បើអ្នកត្រូវការ ចូរផឹកចុះ កាលបើបុរសនោះផឹកទឹកអម្បាលនោះ ក៏គាប់ចិត្តដោយពណ៌ផង ដោយក្លិនផង ដោយរសផង លុះផឹកហើយ ក៏ជាអ្នកបានសេចក្តីសុខ។ បើបុរសនោះ បានពិចារណាទឹកនោះហើយ ក៏មុខជាផឹក មិនលះបង់ទេ កាលបើបុរសនោះផឹកទឹកនោះហើយ ក៏គាប់ចិត្តដោយពណ៌ផង ដោយក្លិនផង ដោយរសផង លុះផឹកហើយ ជាអ្នកបានសេចក្តីសុខ យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ តថាគតហៅ ធម្មសមាទាន នេះថា មានសេចក្តីសុខក្នុងបច្ចុប្បន្ន ទាំងមានសេចក្តីសុខ ជាវិបាកតទៅ។
[១៧៤] ម្នាលភិក្ខុទាំងឡាយ ដូចជាព្រះអាទិត្យ កាលអាកាសរាំងភ្លៀង ឃ្លាតទៅចាកពពកហើយ ក្នុងសរទសម័យ នាខែជាទីបំផុត នៃវស្សានរដូវទាំងឡាយ ក៏រះឡើងកាន់ផ្ទៃមេឃ កំចាប់បង់នូវងងឹត ដែលមានឰដ៏អាកាសទាំងអស់ ភ្លឺផង ក្តៅផង រុងរឿងផង យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ ធម្មសមាទាន នេះ មានសេចក្តីសុខក្នុងបច្ចុប្បន្ន ទាំងមានសេចក្តីសុខជាវិបាកតទៅ ធម្មសមាទាន នោះ អាចគ្របសង្កត់នូវពាក្យបរប្បវាទ របស់ពួកសមណព្រាហ្មណ៍ដទៃផង ភ្លឺផង ក្តៅផង រុងរឿងផង ក៏មានឧបមេយ្យដូច្នោះឯង។ លុះព្រះមានព្រះភាគ បានត្រាស់ភាសិតនេះចប់ហើយ ភិក្ខុទាំងនោះ ក៏ពេញចិត្ត រីករាយ នឹងភាសិតរបស់ព្រះមានព្រះភាគ។
ចប់ មហាធម្មសមាទានសូត្រ ទី៦។
វីមំសកសូត្រ ទី៧
[១៧៥] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ ក្នុងទីនោះឯង ព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ។ ភិក្ខុទាំងនោះ ទទួលស្តាប់ព្រះពុទ្ធដីកាព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន។
[១៧៦] ព្រះមានព្រះភាគបានត្រាស់ភាសិតនេះថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកពិចារណា [ភិក្ខុអ្នកពិចារណាមាន៣គឺ អត្ថវីមំសកៈ អ្នកពិចារណារកអត្ថ១ សង្ខារវីមំសកៈ អ្នកពិចារណាសង្ខារ១ សត្ថុវីមំសកៈ អ្នកពិចារណារកគ្រូ១។ អដ្ឋកថា។] កាលមិនដឹងវារៈចិត្ត របស់បុគ្គលដទៃទេ ត្រូវធ្វើការស្វែងរក ក្នុងព្រះតថាគត ដើម្បីឲ្យដឹងថា ព្រះសម្មាសម្ពុទ្ធ ឬមិនមែន។ ភិក្ខុទាំងនោះក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន ធម៌ទាំងឡាយ មានព្រះមានព្រះភាគជាមូល មានព្រះមានព្រះភាគ ជាអ្នកណែនាំ មានព្រះមានព្រះភាគ ជាទីពឹងចំពោះ របស់យើងទាំងឡាយ បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ ទ្រង់ព្រះមេត្តាប្រោស សំដែងនូវអត្ថ នៃភាសិតនេះ ភិក្ខុទាំងឡាយ បានស្តាប់ភាសិតព្រះមានព្រះភាគហើយ នឹងបានចាំទុក។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ អ្នកទាំងឡាយ ចូរស្តាប់ ចូរធ្វើទុកក្នុងចិត្ត ឲ្យប្រពៃចុះ តថាគតនឹងសំដែងឥឡូវនេះ។ ភិក្ខុទាំងឡាយនោះ បានទទួលស្តាប់ព្រះពុទ្ធដីកា នៃព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គ។
[១៧៧] ព្រះមានព្រះភាគ បានត្រាស់នូវភាសិតនេះថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកពិចារណា កាលមិនដឹងនូវវារៈចិត្ត របស់បុគ្គលដទៃទេ ត្រូវស្វែងរកព្រះតថាគត ក្នុងធម៌ពីរប្រការ គឺធម៌ដែលគប្បីដឹងបានដោយចក្ខុ១ ដឹងបានដោយសោតៈ [ធម៌ដែលត្រូវដឹងបានដោយចក្ខុ សំដៅយកកាយសមាចារៈ ធម៌ដែលត្រូវដឹងបានដោយសោតៈ សំដៅយកវចីសមាចារៈ។]១ ថា ធម៌ទាំងឡាយដ៏សៅហ្មង ដែលគប្បីដឹងបានដោយចក្ខុ និងសោតៈ នៃព្រះតថាគត មាន ឬមិនមានទេ។ កាលភិក្ខុស្វែងរកនូវហេតុនោះហើយ ក៏គង់ដឹងយ៉ាងនេះថា ធម៌ទាំងឡាយដ៏សៅហ្មង ដែលគប្បីដឹងដោយចក្ខុ និងសោតៈ នៃព្រះតថាគត មិនមានទេ។ កាលណាភិក្ខុស្វែងរកហេតុនោះហើយ ដឹងយ៉ាងនេះថា ធម៌ទាំងឡាយដ៏សៅហ្មង ដែលគប្បីដឹងបានដោយចក្ខុ និងសោតៈ នៃព្រះតថាគត មិនមានទេ តពីនោះទៅ ទើបស្វែងរកហេតុនោះទៀតថា ធម៌ទាំងឡាយ ដ៏ច្រឡូកច្រឡំ [សំដៅយកការប្រព្រឹត្តដោយកាយសមាចារៈ និងវចីសមាចារៈ ជួនកាលប្រព្រឹត្តល្អ ជួនកាលប្រព្រឹត្តអាក្រក់។] ដែលគប្បីដឹងដោយចក្ខុ និងសោតៈ នៃព្រះតថាគត មាន ឬមិនមានទេ។ កាលណាភិក្ខុស្វែងរកនូវហេតុនោះហើយ ក៏គង់ដឹងយ៉ាងនេះថា ធម៌ទាំងឡាយ ដ៏ច្រឡូកច្រឡំ ដែលគប្បីដឹងដោយចក្ខុ និងសោតៈ នៃព្រះតថាគត មិនមានទេ។ កាលណាភិក្ខុស្វែងរកហេតុនោះហើយ ដឹងយ៉ាងនេះថា ធម៌ទាំងឡាយ ដ៏ច្រឡូកច្រឡំ ដែលគប្បីដឹងដោយចក្ខុ និងសោតៈ នៃព្រះតថាគត មិនមានទេ តពីនោះទៅ ទើបស្វែងរកហេតុនោះថា ធម៌ទាំងឡាយ ដ៏ផូរផង់ ដែលគប្បីដឹងដោយចក្ខុ និងសោតៈ នៃព្រះតថាគត មាន ឬមិនមានទេ។ កាលណាភិក្ខុស្វែងរកនូវហេតុនោះហើយ ក៏គង់ដឹងយ៉ាងនេះថា ធម៌ទាំងឡាយ ដ៏ផូរផង់ ដែលគប្បីដឹងដោយចក្ខុ និងសោតៈ នៃព្រះតថាគត មានពិត។ កាលណាភិក្ខុស្វែងរកហេតុនោះហើយ ដឹងយ៉ាងនេះថា ធម៌ទាំងឡាយ ដ៏ផូរផង់ ដែលគប្បីដឹងដោយចក្ខុ និងសោតៈ នៃព្រះតថាគត មានពិតហើយ តទៅ ទើបស្វែងរកនូវហេតុនោះទៀតថា លោកមានអាយុនេះ បានសមាទានកុសលនេះ អស់កាលយូរអង្វែងហើយ ឬទើបនឹងសមាទានទេ។ កាលភិក្ខុស្វែងរកហេតុនោះហើយ ក៏គង់ដឹងយ៉ាងនេះថា លោកមានអាយុនេះ បានសមាទានកុសលធម៌នេះ អស់កាលយូរអង្វែងមកហើយ លោកមានអាយុនេះ មិនមែនទើបតែនឹងសមាទានឥឡូវនេះទេ។ កាលភិក្ខុស្វែងរកហេតុនោះហើយ ដឹងយ៉ាងនេះថា លោកមានអាយុនេះ បានសមាទានកុសលនេះ អស់កាលជាយូរអង្វែងណាស់មកហើយ លោកមានអាយុ មិនមែនទើបតែនឹងសមាទានឥឡូវនេះទេ តទៅ ទើបស្វែងរកនូវហេតុនោះទៀតថា ភិក្ខុមានអាយុនេះ បានកិត្តិសព្ទបរិបូណ៌ មានយសស័ក្តិបរិបូណ៌ហើយ តើទោសចំពូកខ្លះ ក្នុងលោកនេះ នៃភិក្ខុនោះ មានដែរឬទេ។ ម្នាលភិក្ខុទាំងឡាយ (តាមធម្មតា) ភិក្ខុមិនទាន់មានកិត្តិសព្ទបរិបូណ៌ មិនទាន់មានយសបរិបូណ៌ ដរាបណា ទោសទាំងឡាយចំពូកខ្លះ ភិក្ខុក៏មិនទាន់មាន ដរាបនោះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកមានកិត្តិសព្ទបរិបូណ៌ មានយសបរិបូណ៌ក្នុងកាលណាហើយ ទោសទាំងឡាយចំពូកខ្លះ ក្នុងលោកនេះ នៃភិក្ខុនោះ ក៏មានក្នុងកាលនោះ។ កាលភិក្ខុស្វែងរកហេតុនោះហើយ ក៏គង់ដឹងយ៉ាងនេះថា ភិក្ខុមានអាយុនេះ មានកិត្តិសព្ទបរិបូណ៌ មានយសបរិបូណ៌ហើយ ទោសទាំងឡាយចំពូកខ្លះ ក្នុងលោកនេះ នៃភិក្ខុនោះ ក៏មិនមាន។ កាលភិក្ខុស្វែងរកហេតុនោះហើយ ដឹងយ៉ាងនេះថា ភិក្ខុមានអាយុនេះ មានកិត្តិសព្ទបរិបូណ៌ មានយសបរិបូណ៌ ទោសទាំងឡាយចំពូកខ្លះ ក្នុងលោកនេះ នៃភិក្ខុនោះ មិនមានឡើយ តទៅ ទើបស្វែងរកនូវហេតុនោះទៀតថា លោកមានអាយុនេះ មិនវិនាសដោយភ័យ [អដ្ឋកថា ថា ភ័យ៤យ៉ាង គឺ កិលេសភ័យ១ វដ្តភ័យ១ ទុគ្គតិភ័យ១ ឧបវាទភ័យ១។ បុថុជ្ជន តែងប្រកបដោយភ័យទាំង៤នេះ។ ឯសេក្ខបុគ្គល ប្រកបដោយភ័យ៣ ព្រោះលះទុគ្គតិភ័យ១ចោល ចំណែកខាងព្រះខីណាស្រព ឥតមានភ័យទាំងនេះ គ្របសង្កត់លោកទេ។] ឬលោកមានអាយុនេះ ដែលមិនវិនាសដោយភ័យហើយ មិនសេពកាមទាំងឡាយទេ ព្រោះលោកប្រាសចាករាគៈហើយ ព្រោះអស់រាគៈហើយ។ ភិក្ខុនោះ កាលភិក្ខុស្វែងរកហេតុនោះហើយ ដឹងយ៉ាងនេះថា លោកមានអាយុនេះ មិនវិនាសដោយភ័យ លោកមានអាយុនេះ ដែលមិនវិនាសដោយភ័យហើយ មិនសេពនូវកាមទាំងឡាយទេ ព្រោះលោកប្រាសចាករាគៈហើយ ព្រោះអស់រាគៈហើយ។ ម្នាលភិក្ខុទាំងឡាយ បើពួកជនឯទៀត សួរហេតុនោះ នឹងភិក្ខុយ៉ាងនេះថា ចុះអាការរបស់លោកមានអាយុដូចម្តេច សេចក្តីត្រាស់ដឹងដូចម្តេច បានជាលោកមានអាយុពោលយ៉ាងនេះថា លោកមានអាយុនេះ មិនវិនាសដោយភ័យ លោកមានអាយុនេះ ដែលដែលមិនវិនាសដោយភ័យហើយ មិនសេពនូវកាមទាំងឡាយទេ ព្រោះលោកប្រាសចាករាគៈហើយ ព្រោះអស់រាគៈហើយ។ ម្នាលភិក្ខុទាំងឡាយ កាលនឹងព្យាករឲ្យត្រឹមត្រូវ គប្បីព្យាករយ៉ាងនេះថា លោកមានអាយុនេះ ទុកជានៅកណ្តាលជំនុំសង្ឃក្តី នៅតែម្នាក់ឯងក្តី លោកមានអាយុនេះ មិនមើលងាយ នូវពួកជនដែលប្រតិបត្តិត្រូវក្នុងទីនោះផង នូវពួកជនដែលប្រតិបត្តិខុស ក្នុងទីនោះផង នូវពួកជន ដែលប្រៀនប្រដៅគណៈ ក្នុងទីនោះផង នូវពួកជនខ្លះ ក្នុងលោកនេះ ដែលសំឡឹងអាមិសៈផង នូវពួកជនខ្លះ ក្នុងលោកនេះ ដែលមិនជាប់ចិត្តដោយអាមិសៈផង ដោយសេចក្តីប្រតិបត្តិ (របស់ជនទាំងនោះ) ឡើយ។ ពាក្យនេះ ខ្ញុំបានស្តាប់មកអំពីទី ចំពោះព្រះភក្ត្រព្រះមានព្រះភាគ ខ្ញុំបានចេះចាំមក អំពីទីចំពោះព្រះភក្ត្រព្រះមានព្រះភាគថា ខ្ញុំជាបុគ្គលមិនវិនាសដោយភ័យ លុះខ្ញុំមិនវិនាសដោយភ័យហើយ ក៏មិនសេពនូវកាមទាំងឡាយ ព្រោះលោកប្រាសចាករាគៈហើយ ព្រោះអស់រាគៈហើយ។
[១៧៨] ម្នាលភិក្ខុទាំងឡាយ បណ្តាភិក្ខុអ្នកពិចារណានូវធម៌ទាំងពីរនោះ គួរឲ្យភិក្ខុអ្នកពិចារណាធម៌មួយរូប សាកសួរតថាគតតទៅទៀតថា ធម៌ទាំងឡាយដ៏សៅហ្មង ដែលគប្បីដឹងដោយចក្ខុ និងសោតៈ នៃព្រះតថាគត មាន ឬមិនមានទេ។ ម្នាលភិក្ខុទាំងឡាយ តថាគត កាលនឹងព្យាករ គប្បីព្យាករយ៉ាងនេះថា ធម៌ទាំងឡាយដ៏សៅហ្មង ដែលគប្បីដឹងដោយចក្ខុ និងសោតៈ នៃព្រះតថាគត មិនមានទេ។ ធម៌ទាំងឡាយដ៏ច្រឡូកច្រឡំ ដែលគប្បីដឹងដោយចក្ខុ និងសោតៈ នៃព្រះតថាគត មាន ឬមិនមានទេ។ ម្នាលភិក្ខុទាំងឡាយ តថាគត កាលនឹងព្យាករ គប្បីព្យាករយ៉ាងនេះថា ធម៌ទាំងឡាយដ៏ច្រឡូកច្រឡំ ដែលគប្បីដឹងដោយចក្ខុ និងសោតៈ នៃព្រះតថាគត មិនមានទេ។ ធម៌ទាំងឡាយដ៏ផូរផង់ ដែលគប្បីដឹងដោយចក្ខុ និងសោតៈ នៃព្រះតថាគត មាន ឬមិនមានទេ។ ម្នាលភិក្ខុទាំងឡាយ តថាគត កាលនឹងព្យាករដោយត្រឹមត្រូវ គប្បីព្យាករយ៉ាងនេះថា ធម៌ទាំងឡាយដ៏ផូរផង់ ដែលគប្បីដឹងដោយចក្ខុ និងសោតៈ នៃព្រះតថាគត មានពិត តថាគត មានគន្លងបែបនេះ មានអារម្មណ៍ជាទីគោចរបែបនេះ មិនប្រកបដោយតណ្ហា ព្រោះសីលដ៏បរិសុទ្ធនោះឡើយ។ ម្នាលភិក្ខុទាំងឡាយ សាវ័កគួរចូលទៅរកសាស្តា ដែលមានវាទៈយ៉ាងនេះ ដើម្បីនឹងបានស្តាប់នូវធម្មទេសនា សាស្តាសំដែងធម៌ដ៏ប្រសើរក្រៃលែង ដ៏ឧត្តមក្រៃលែង មានចំណែកប្រៀបស្មើ ដោយធម៌ខ្មៅ និងធម៌ស ដល់សាវ័កនោះ ម្នាលភិក្ខុទាំងឡាយ សាស្តាតែងសំដែងធម៌ដ៏ប្រសើរក្រៃលែង ដ៏ឧត្តមក្រៃលែង មានចំណែកប្រៀបស្មើ ដោយធម៌ខ្មៅ និងធម៌ស ដល់ភិក្ខុ ដោយប្រការណាៗ ភិក្ខុនោះ បានដឹងច្បាស់ នូវបដិវេធធម៌ចំពូកខ្លះ ក្នុងសាសនានេះ ក្នុងធម៌ដែលព្រះមានព្រះភាគសំដែងហើយនោះ ហើយដល់នូវសេចក្តីចូលចិត្ត ក្នុងទេសនាធម៌ទាំងឡាយ ជ្រះថ្លាក្នុងព្រះសាស្តាថា ព្រះមានព្រះភាគ ជាព្រះសម្មាសម្ពុទ្ធ ធម៌ព្រះមានព្រះភាគ ទ្រង់សំដែងហើយ ដោយប្រពៃ ព្រះសង្ឃប្រតិបត្តិប្រពៃហើយ ដូច្នេះ ដោយប្រការនោះៗ។ ម្នាលភិក្ខុទាំងឡាយ បើពួកជនសួរសេចក្តីនោះ នឹងភិក្ខុយ៉ាងនេះទៀតថា ចុះអាការរបស់លោកមានអាយុដូចម្តេច សេចក្តីត្រាស់ដឹងដូចម្តេច បានជាលោកមានអាយុពោលយ៉ាងនេះថា ព្រះមានព្រះភាគ ជាព្រះសម្មាសម្ពុទ្ធ ធម៌ព្រះមានព្រះភាគ ទ្រង់សំដែងហើយ ដោយប្រពៃ ព្រះសង្ឃប្រតិបត្តិប្រពៃហើយ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុកាលនឹងព្យាករឲ្យត្រឹមត្រូវ គប្បីព្យាករយ៉ាងនេះថា ម្នាលអាវុសោ ខ្ញុំបានចូលទៅគាល់ព្រះមានព្រះភាគក្នុងទីនេះ ដើម្បីស្តាប់ធម៌ ព្រះមានព្រះភាគ ក៏ទ្រង់សំដែងធម៌ ដ៏ប្រសើរក្រៃលែង ដ៏ឧត្តមក្រៃលែង មានចំណែកប្រៀបស្មើដោយធម៌ខ្មៅ និងធម៌សដល់ខ្ញុំ ម្នាលអាវុសោ ព្រះមានព្រះភាគ ទ្រង់សំដែងធម៌ ដ៏ប្រសើរក្រៃលែង ដ៏ឧត្តមក្រៃលែង មានចំណែកប្រៀបស្មើដោយធម៌ខ្មៅ និងធម៌សដល់ខ្ញុំនោះ ដោយប្រការណាៗ ខ្ញុំក៏ដឹងច្បាស់ នូវបដិវេធធម៌ចំពូកខ្លះ ក្នុងសាសនានេះ ក្នុងធម៌ដែលព្រះមានព្រះភាគសំដែងហើយនោះ ហើយដល់នូវសេចក្តីចូលចិត្ត ក្នុងទេសនាធម៌ទាំងឡាយ ជ្រះថ្លាក្នុងព្រះសាស្តាថា ព្រះមានព្រះភាគ ជាព្រះសម្មាសម្ពុទ្ធ ព្រះធម៌ព្រះមានព្រះភាគ ទ្រង់សំដែងប្រពៃហើយ ព្រះសង្ឃប្រតិបត្តិប្រពៃហើយ ដូច្នេះ ដោយប្រការនោះៗ។
[១៧៩] ម្នាលភិក្ខុទាំងឡាយ បុគ្គលណាមួយ មានសទ្ធាមិនកម្រើក ចាក់ឫសខ្ជាប់ តំកល់ស៊ប់ក្នុងព្រះតថាគត ដោយអាការទាំងឡាយនេះ ដោយបទទាំងឡាយនេះ ដោយព្យញ្ជនៈទាំងឡាយនេះហើយ ម្នាលភិក្ខុទាំងឡាយ បុគ្គលនេះ ទើបតថាគតហៅថា អ្នកមានសទ្ធា ប្រកបដោយហេតុ មានសោតាបត្តិមគ្គជាមូលដ៏មាំមួន ឥតមានសមណៈក្តី ព្រាហ្មណ៍ក្តី ទេវតាក្តី មារក្តី ព្រហ្មក្តី អ្នកណាមួយក្នុងលោកក្តី ដឹកនាំទៅបានឡើយ។ ម្នាលភិក្ខុទាំងឡាយ ការស្វែងរកធម៌ក្នុងព្រះតថាគត យ៉ាងនេះ ចំណែកខាងព្រះតថាគត (ត្រូវតែ) បុគ្គលស្វះស្វែងរក តាមធម្មតា យ៉ាងនេះដែរ។ លុះព្រះមានព្រះភាគ បានត្រាស់ភាសិតនេះចប់ហើយ ពួកភិក្ខុទាំងនោះ មានសេចក្តីពេញចិត្ត ត្រេកអរនឹងភាសិត របស់ព្រះមានព្រះភាគ។
ចប់ វីមំសកសូត្រ ទី៧។
កោសម្ពិយសូត្រ ទី៨
[១៨០] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងឃោសិតារាម ទៀបក្រុងកោសម្ពី។ ក៏សម័យនោះឯង ពួកភិក្ខុក្នុងក្រុងកោសម្ពី បង្កហេតុ ឈ្លោះ ទាស់ទែងគ្នា ចាក់ដោតគ្នានឹងគ្នា ដោយលំពែង គឺមាត់ ពួកភិក្ខុទាំងនោះ មិនញុំាងគ្នានឹងគ្នាឲ្យសុខចិត្តផង មិនប្រាថ្នានូវសេចក្តីសុខចិត្តផង មិនញុំាងគ្នានឹងគ្នាឲ្យយល់ព្រមផង មិនប្រាថ្នានូវសេចក្តីយល់ព្រមផង។ គ្រានោះ ភិក្ខុ១រូប ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះភិក្ខុនោះអង្គុយក្នុងទីសមគួរហើយ បានក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ពួកភិក្ខុក្នុងនគរកោសម្ពីនេះ បង្កហេតុ ឈ្លោះ ទាស់ទែងគ្នា ចាក់ដោតគ្នានឹងគ្នា ដោយលំពែង គឺមាត់ ភិក្ខុទាំងនោះ មិនញុំាងគ្នានឹងគ្នាឲ្យសុខចិត្តផង មិនប្រាថ្នានូវសេចក្តីសុខចិត្តផង មិនញុំាងគ្នានឹងគ្នាឲ្យយល់ព្រមផង មិនប្រាថ្នានូវសេចក្តីយល់ព្រមផង។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុមួយរូបមកថា ម្នាលភិក្ខុ អ្នកចូរមកនេះ អ្នកចូរហៅភិក្ខុទាំងឡាយនោះ តាមពាក្យតថាគតថា ព្រះសាស្តាត្រាស់ហៅលោកមានអាយុទាំងឡាយ។ ភិក្ខុនោះ បានទទួលស្តាប់ព្រះពុទ្ធដីកា នៃព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គ ហើយចូលទៅរកពួកភិក្ខុទាំងនោះ លុះចូលទៅដល់ហើយ ក៏បាននិយាយនឹងភិក្ខុទាំងនោះ ដូច្នេះថា ព្រះសាស្តាត្រាស់ហៅលោកមានអាយុទាំងឡាយ។ ភិក្ខុទាំងនោះ បានទទួលស្តាប់ពាក្យភិក្ខុនោះថា ករុណា អាវុសោ ដូច្នេះហើយ ក៏នាំគ្នាចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះមានព្រះភាគ រួចទើបអង្គុយក្នុងទីដ៏សមគួរ។
[១៨១] លុះពួកភិក្ខុទាំងនោះ អង្គុយក្នុងទីដ៏សមគួរហើយ ទើបព្រះមានព្រះភាគ បានត្រាស់ភាសិតនេះថា ម្នាលភិក្ខុទាំងឡាយ បានឮថា អ្នកទាំងឡាយ បង្កហេតុ ឈ្លោះ ទាស់ទែងគ្នា ចាក់ដោតគ្នានឹងគ្នា ដោយលំពែង គឺមាត់ អ្នកទាំងឡាយនោះ មិនញុំាងគ្នានឹងគ្នាឲ្យសុខចិត្តផង មិនប្រាថ្នានូវសេចក្តីសុខចិត្តផង មិនញុំាងគ្នានឹងគ្នាឲ្យយល់ព្រមផង មិនប្រាថ្នានូវសេចក្តីយល់ព្រមផង ពិតមែនឬ។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលថា ព្រះករុណាព្រះអង្គ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ សំគាល់សេចក្តីនោះ ដូចម្តេច សម័យណាដែលអ្នកទាំងឡាយ បង្កហេតុ ឈ្លោះ ទាស់ទែងគ្នា ចាក់ដោតគ្នានឹងគ្នា ដោយលំពែង គឺមាត់ សម័យនោះ អ្នកទាំងឡាយ បានតាំងកាយកម្ម ប្រកបដោយមេត្តា ចំពោះសព្រហ្មចារីបុគ្គលទាំងឡាយ ក្នុងទីចំពោះមុខ និងទីកំបាំងមុខ ឬបានតាំងវចីកម្ម ប្រកបដោយមេត្តា ចំពោះសព្រហ្មចារីបុគ្គលទាំងឡាយ ក្នុងទីចំពោះមុខ និងទីកំបាំងមុខ ឬបានតាំងមនោកម្ម ប្រកបដោយមេត្តា ចំពោះសព្រហ្មចារីបុគ្គលទាំងឡាយ ក្នុងទីចំពោះមុខ និងទីកំបាំងមុខ ដែរឬទេ។ បពិត្រព្រះអង្គដ៏ចំរើន មិនបានតាំងយ៉ាងនោះទេ។ ម្នាលភិក្ខុទាំងឡាយ បានឮដូច្នេះថា សម័យណា ដែលអ្នកទាំងឡាយ បង្កហេតុ ឈ្លោះ ទាស់ទែងគ្នា ចាក់ដោតគ្នានឹងគ្នា ដោយលំពែង គឺមាត់ សម័យនោះ អ្នកទាំងឡាយ មិនបានតាំងកាយកម្ម ប្រកបដោយមេត្តា ចំពោះសព្រហ្មចារីបុគ្គល ក្នុងទីចំពោះមុខ និងទីកំបាំងមុខផង មិនបានតាំងវចីកម្ម ប្រកបដោយមេត្តា ចំពោះពួកសព្រហ្មចារីបុគ្គល ក្នុងទីចំពោះមុខ និងទីកំបាំងមុខផង មិនបានតាំងមនោកម្ម ប្រកបដោយមេត្តា ចំពោះពួកសព្រហ្មចារីបុគ្គល ក្នុងទីចំពោះមុខ និងទីកំបាំងមុខផង ម្នាលមោឃបុរសទាំងឡាយ ឥឡូវនេះ អ្នកទាំងឡាយដឹងដូចម្តេច ឃើញដូចម្តេច បានជាបង្កហេតុ ឈ្លោះ ទាស់ទែងគ្នា ចាក់ដោតគ្នានឹងគ្នា ដោយលំពែង គឺមាត់ អ្នកទាំងឡាយនោះ មិនញុំាងគ្នានឹងគ្នាឲ្យសុខចិត្តផង មិនប្រាថ្នានូវសេចក្តីសុខចិត្តផង មិនញុំាងគ្នានឹងគ្នា ឲ្យយល់ព្រមផង មិនប្រាថ្នានូវសេចក្តីយល់ព្រមផង ម្នាលមោឃបុរសទាំងឡាយ ហេតុនោះ នឹងប្រព្រឹត្តទៅ ដើម្បីសេចក្តីមិនចំរើន ដើម្បីសេចក្តីទុក្ខ ដល់អ្នកទាំងឡាយ អស់កាលជាយូរអង្វែង។
[១៨២] លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ត្រាស់នឹងភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយ៦ប្រការនេះ ជាទីរលឹក ជាទីធ្វើឲ្យកើតសេចក្តីស្រឡាញ់ ជាទីធ្វើឲ្យកើតសេចក្តីគោរព រមែងប្រព្រឹត្តទៅ ដើម្បីសេចក្តីសង្គ្រោះ ដើម្បីមិនទាស់ទែងគ្នា ដើម្បីសេចក្តីព្រមព្រៀងគ្នា ដើម្បីមូលមិត្តគ្នា។ ធម៌ទាំងឡាយ៦ប្រការ គឺអ្វីខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ គួរតាំងកាយកម្មប្រកបដោយមេត្តា ចំពោះពួកសព្រហ្មចារីបុគ្គលក្នុងទីចំពោះមុខ និងទីកំបាំងមុខផង នេះឯងជាធម៌គួររលឹក ជាទីធ្វើឲ្យកើតសេចក្តីស្រឡាញ់ ជាទីធ្វើឲ្យកើតសេចក្តីគោរព រមែងប្រព្រឹត្តទៅ ដើម្បីសេចក្តីសង្គ្រោះ ដើម្បីមិនទាស់ទែងគ្នា ដើម្បីសេចក្តីព្រមព្រៀងគ្នា ដើម្បីមូលមិត្តគ្នា១។ ម្នាលភិក្ខុទាំងឡាយ ប្រការមួយទៀត ភិក្ខុគួរតាំងវចីកម្ម ប្រកបដោយមេត្តា ចំពោះពួកសព្រហ្មចារីបុគ្គល ក្នុងទីចំពោះមុខ និងទីកំបាំងមុខផង នេះឯងជាធម៌គួរឲ្យរលឹក ជាទីធ្វើឲ្យកើតសេចក្តីស្រឡាញ់ ជាទីធ្វើឲ្យកើតសេចក្តីគោរព រមែងប្រព្រឹត្តទៅ ដើម្បីសេចក្តីសង្គ្រោះ ដើម្បីមិនទាស់ទែងគ្នា ដើម្បីព្រមព្រៀងគ្នា ដើម្បីមូលមិត្តគ្នា១។ ម្នាលភិក្ខុទាំងឡាយ ប្រការមួយទៀត ភិក្ខុគួរតាំងមនោកម្ម ប្រកបដោយមេត្តា ចំពោះពួកសព្រហ្មចារីបុគ្គល ក្នុងទីចំពោះមុខ និងទីកំបាំងមុខផង នេះឯងជាធម៌គួរឲ្យរលឹក ជាទីធ្វើឲ្យកើតសេចក្តីស្រឡាញ់ ជាទីធ្វើឲ្យកើតសេចក្តីគោរព រមែងប្រព្រឹត្តទៅ ដើម្បីសេចក្តីសង្គ្រោះ ដើម្បីមិនទាស់ទែងគ្នា ដើម្បីសេចក្តីព្រមព្រៀងគ្នា ដើម្បីមូលមិត្តគ្នា១។ ម្នាលភិក្ខុទាំងឡាយ ប្រការមួយទៀត លាភណា ដែលប្រកបដោយធម៌ បានមកដោយធម៌ ដោយហោចទៅ សូម្បីតែវត្ថុដែលរាប់ចូលក្នុងបាត្រ ភិក្ខុជាអ្នកបរិភោគ មិនចែករំលែកលាភទាំងឡាយ មានសភាពដូច្នោះទេ គឺជាអ្នកបរិភោគសាធារណ៍ ដោយពួកសព្រហ្មចារីបុគ្គល ដែលមានសីល នេះឯងជាធម៌គួរឲ្យរលឹក ជាទីធ្វើឲ្យកើតសេចក្តីស្រឡាញ់ ជាទីធ្វើឲ្យកើតសេចក្តីគោរព រមែងប្រព្រឹត្តទៅ ដើម្បីសេចក្តីសង្គ្រោះ ដើម្បីមិនទាស់ទែងគ្នា ដើម្បីសេចក្តីព្រមព្រៀងគ្នា ដើម្បីមូលមិត្តគ្នា១។ ម្នាលភិក្ខុទាំងឡាយ ប្រការមួយទៀត សីលណាមិនដាច់ មិនធ្លុះធ្លាយ មិនពពាល មិនពព្រុះ ជាសីលល្អ ដែលវិញ្ញូជនតែងសរសើរ មិនប៉ះពាល់ ដោយតណ្ហា និងទិដ្ឋិ ប្រព្រឹត្តទៅដើម្បីសមាធិ ភិក្ខុជាអ្នកមានសីលស្មើគ្នា នឹងពួកសព្រហ្មចារីបុគ្គល ក្នុងសីលទាំងឡាយ មានសភាពដូច្នោះ ទាំងក្នុងទីចំពោះមុខ ទាំងទីកំបាំងមុខ នេះឯងជាធម៌គួរឲ្យរលឹក ជាទីធ្វើឲ្យកើតសេចក្តីស្រឡាញ់ ជាទីធ្វើឲ្យកើតសេចក្តីគោរព ប្រព្រឹត្តទៅ ដើម្បីសេចក្តីសង្គ្រោះ ដើម្បីមិនទាស់ទែងគ្នា ដើម្បីសេចក្តីព្រមព្រៀងគ្នា ដើម្បីមូលមិត្តគ្នា១។ ម្នាលភិក្ខុទាំងឡាយ ប្រការមួយវិញទៀត ទិដ្ឋិ [អដ្ឋកថា ថា សម្មាទិដ្ឋិ ប្រកបដោយសោតាបត្តិមគ្គ។] ណា ដ៏ប្រសើរ ជាទីស្រោចស្រង់សត្វ រមែងដឹកនាំសត្វ ដែលធ្វើតាម ឲ្យអស់ទៅនៃសេចក្តីទុក្ខបាន ដោយប្រពៃ ភិក្ខុប្រកបដោយទិដ្ឋិស្មើគ្នា នឹងពួកសព្រហ្មចារីបុគ្គល ក្នុងទិដ្ឋិ មានសភាពដូច្នោះ ទាំងក្នុងទីចំពោះមុខ ទាំងក្នុងទីកំបាំងមុខ នេះឯងជាធម៌គួរឲ្យរលឹក ជាទីធ្វើឲ្យកើតសេចក្តីស្រឡាញ់ ជាទីធ្វើឲ្យកើតសេចក្តីគោរព រមែងប្រព្រឹត្តទៅ ដើម្បីសេចក្តីសង្គ្រោះ ដើម្បីមិនទាស់ទែងគ្នា ដើម្បីសេចក្តីព្រមព្រៀងគ្នា ដើម្បីមូលមិត្តគ្នា១។ ម្នាលភិក្ខុទាំងឡាយ សារាណីយធម៌ ទាំង៦ប្រការនេះឯង ជាទីធ្វើឲ្យកើតសេចក្តីស្រឡាញ់ ជាទីធ្វើឲ្យកើតសេចក្តីគោរព រមែងប្រព្រឹត្តទៅ ដើម្បីសេចក្តីសង្គ្រោះ ដើម្បីមិនទាស់ទែងគ្នា ដើម្បីសេចក្តីព្រមព្រៀងគ្នា ដើម្បីមូលមិត្តគ្នា។ ម្នាលភិក្ខុទាំងឡាយ បណ្តា សារាណីយធម៌ ទាំង៦ប្រការនេះ មានតែទិដ្ឋិដ៏ប្រសើរ ជាទីស្រោចស្រង់នេះឯង ដែលជាច្បង ជាទីរួបរួម ជាទីប្រជុំចុះ (នៃធម៌ទាំង៥នោះ) អាចដឹកនាំសត្វ ដែលប្រតិបត្តិតាម ឲ្យអស់ទៅនៃទុក្ខ ដោយប្រពៃបាន។ ម្នាលភិក្ខុទាំងឡាយ កំពូលនៃផ្ទះមានកំពូល ជាច្បង ជាទីរួបរួម ជាទីប្រជុំចុះ យ៉ាងណា ម្នាលភិក្ខុទាំងឡាយ បណ្តា សារាណីយធម៌ ទាំង៦ប្រការនេះ មានតែទិដ្ឋិដ៏ប្រសើរ ជាទីស្រោចស្រង់នេះឯង ដែលជាច្បង ជាទីរួបរួម ជាទីប្រជុំចុះ (នៃធម៌ទាំង៥នោះ) អាចដឹកនាំសត្វ ដែលប្រតិបត្តិតាម ឲ្យអស់ទុក្ខ ដោយប្រពៃបាន យ៉ាងនោះដែរ។
[១៨៣] ម្នាលភិក្ខុទាំងឡាយ ទិដ្ឋិដ៏ប្រសើរ ដែលជាទីស្រោចស្រង់ ដឹកនាំសត្វ ដែលប្រតិបត្តិតាម ឲ្យអស់សេចក្តីទុក្ខបាន ដោយប្រពៃ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ នៅក្នុងព្រៃក្តី នៅក្រោមម្លប់ឈើក្តី នៅក្នុងសុញ្ញាគារស្ថានក្តី រមែងពិចារណាដូច្នេះថា អាត្មាអញ មានចិត្តដែលបរិយុដ្ឋានកិលេសណា គ្របសង្កត់ហើយ មិនដឹងច្បាស់ មិនឃើញច្បាស់ តាមសភាវៈពិត បរិយុដ្ឋានកិលេសនោះ តាំងនៅក្នុងសន្តាន អាត្មាអញ មិនទាន់លះបង់បាន មានដែរឬទេ។ ម្នាលភិក្ខុទាំងឡាយ ប្រសិនបើភិក្ខុ មានកាមរាគគ្របសង្កត់ហើយ ក៏ឈ្មោះថា ជាអ្នកមានចិត្ត ដែលបរិយុដ្ឋានកិលេសគ្របសង្កត់ពិត ម្នាលភិក្ខុទាំងឡាយ ប្រសិនបើភិក្ខុ មានព្យាបាទគ្របសង្កត់ហើយ ក៏ឈ្មោះថា ជាអ្នកមានចិត្ត ដែលបរិយុដ្ឋានកិលេសគ្របសង្កត់ពិត ម្នាលភិក្ខុទាំងឡាយ ប្រសិនបើភិក្ខុ មានថីនមិទ្ធៈគ្របសង្កត់ហើយ ក៏ឈ្មោះថា ជាអ្នកមានចិត្ត ដែលបរិយុដ្ឋានកិលេសគ្របសង្កត់ពិត ម្នាលភិក្ខុទាំងឡាយ ប្រសិនបើភិក្ខុ មានឧទ្ធច្ចកុក្កច្ចៈគ្របសង្កត់ហើយ ក៏ឈ្មោះថា ជាអ្នកមានចិត្ត ដែលបរិយុដ្ឋានកិលេសគ្របសង្កត់ពិត ម្នាលភិក្ខុទាំងឡាយ ប្រសិនបើភិក្ខុ មានវិចិកិច្ឆាគ្របសង្កត់ហើយ ក៏ឈ្មោះថា ជាអ្នកមានចិត្ត ដែលបរិយុដ្ឋានកិលេសគ្របសង្កត់ពិត ម្នាលភិក្ខុទាំងឡាយ ប្រសិនបើភិក្ខុ ខ្វល់ខ្វាយដោយការគិតនូវលោកនេះហើយ ឈ្មោះថា ជាអ្នកមានចិត្ត ដែលបរិយុដ្ឋានកិលេសគ្របសង្កត់ពិត ម្នាលភិក្ខុទាំងឡាយ ប្រសិនបើភិក្ខុ មានសេចក្តីខ្វល់ខ្វាយ ដោយការគិតនូវលោកខាងមុខហើយ ឈ្មោះថា ជាអ្នកមានចិត្ត ដែលបរិយុដ្ឋានកិលេសគ្របសង្កត់ពិត ម្នាលភិក្ខុទាំងឡាយ ប្រសិនបើភិក្ខុ បង្កហេតុ ឈ្លោះ ទាស់ទែងគ្នា ចាក់ដោតគ្នានឹងគ្នា ដោយលំពែង គឺមាត់ហើយ ឈ្មោះថា ជាអ្នកមានចិត្ត ដែលបរិយុដ្ឋានកិលេសគ្របសង្កត់ពិត ភិក្ខុនោះ រមែងដឹងយ៉ាងនេះថា អាត្មាអញ មានចិត្តដែលបរិយុដ្ឋានកិលេសណា គ្របសង្កត់ហើយ មិនបានដឹងច្បាស់ មិនបានឃើញច្បាស់ តាមសភាវៈពិត បរិយុដ្ឋានកិលេស ដែលតាំងនៅក្នុងសន្តាននោះ ដែលថាអាត្មាអញ មិនទាន់លះបង់បាន មិនមានឡើយ ចិត្តរបស់អាត្មាអញ បានតំកល់ទុកប្រពៃហើយ ដើម្បីត្រាស់ដឹងនូវអរិយសច្ចធម៌ទាំងឡាយ។ នេះជាញាណទី១ ដែលភិក្ខុនោះ បានត្រាស់ដឹងហើយ ជាញាណដ៏ប្រសើរ ជាលោកុត្តរៈ មិនសាធារណ៍ដល់ពួកបុថុជ្ជនឡើយ។
[១៨៤] ម្នាលភិក្ខុទាំងឡាយ ប្រការមួយទៀត អរិយសាវ័ក រមែងពិចារណាដូច្នេះថា អាត្មាអញ កាលសេព កាលចំរើន កាលធ្វើរឿយៗ នូវទិដ្ឋិនេះឯង តើបាននូវសេចក្តីស្ងប់រម្ងាប់ ក្នុងចិត្តរបស់ខ្លួន បាននូវការរំលត់កិលេស ក្នុងចិត្តរបស់ខ្លួន ឬហ្ន៎។ អរិយសាវ័កនោះ រមែងដឹងយ៉ាងនេះថា អាត្មាអញ កាលសេព កាលចំរើន កាលធ្វើរឿយៗ នូវទិដ្ឋិនេះឯង តែងបាននូវសេចក្តីស្ងប់រម្ងាប់ ក្នុងចិត្តរបស់ខ្លួន បាននូវការរំលត់កិលេស ក្នុងចិត្តរបស់ខ្លួន។ នេះជាញាណទី២ ដែលភិក្ខុនោះ បានត្រាស់ដឹងហើយ ជាញាណដ៏ប្រសើរ ជាលោកុត្តរៈ មិនសាធារណ៍ដល់ពួកបុថុជ្ជនឡើយ។
[១៨៥] ម្នាលភិក្ខុទាំងឡាយ ប្រការមួយទៀត អរិយសាវ័ករមែងពិចារណា ដូច្នេះថា អាត្មាអញប្រកបដោយទិដ្ឋិ មានសភាពយ៉ាងណា សមណៈ និងព្រាហ្មណ៍ដទៃ ក្រៅអំពីនេះ ដែលប្រកបដោយទិដ្ឋិមានសភាពយ៉ាងនោះដែរ តើមានឬហ្ន៎។ អរិយសាវ័កនោះ ក៏ដឹងយ៉ាងនេះថា អាត្មាអញប្រកបដោយទិដ្ឋិ មានសភាពយ៉ាងណា សមណៈ និងព្រាហ្មណ៍ដទៃ ក្រៅអំពីនេះ ដែលប្រកបដោយទិដ្ឋិ មានសភាពយ៉ាងនោះ មិនមានទេ។ នេះជាញាណទី៣ ដែលភិក្ខុនោះ បានត្រាស់ដឹងហើយ ជាញាណដ៏ប្រសើរ ជាលោកុត្តរៈ មិនសាធារណ៍ ដល់ពួកបុថុជ្ជនឡើយ។
[១៨៦] ម្នាលភិក្ខុទាំងឡាយ ប្រការមួយទៀត អរិយសាវ័ក រមែងពិចារណា ដូច្នេះថា បុគ្គលដែលបរិបូណ៌ដោយទិដ្ឋិ ប្រកបដោយទិដ្ឋិតាមធម្មតា មានសភាពយ៉ាងណា អាត្មាអញ ក៏ប្រកបដោយទិដ្ឋិតាមធម្មតា មានសភាពយ៉ាងនោះដែរឬ។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលបរិបូណ៌ដោយទិដ្ឋិ ប្រកបដោយទិដ្ឋិ តាមធម្មតា មានសភាពដូចម្តេច ម្នាលភិក្ខុទាំងឡាយ ធម្មតារបស់បុគ្គល ដែលបរិបូណ៌ដោយទិដ្ឋិ គឺការចេញចាកអាបត្តិ មានសភាពយ៉ាងណា ភិក្ខុក៏គង់ត្រូវអាបត្តិ មានសភាពយ៉ាងនោះខ្លះដែរ តែថា ភិក្ខុនោះ រមែងសំដែង បើក ធ្វើឲ្យច្បាស់ឡើង នូវអាបត្តិនោះ ក្នុងសំណាក់សាស្តា ឬក្នុងពួកសព្រហ្មចារីបុគ្គល ជាអ្នកប្រាជ្ញ ដោយឆាប់រហ័ស លុះសំដែង បើក ធ្វើឲ្យច្បាស់ឡើងហើយ ក៏ដល់នូវការសង្រួមតទៅ។ ម្នាលភិក្ខុទាំងឡាយ ដូចជាកុមារក្មេងជាកូនខ្ចីនៅដេកផ្ងារនៅឡើយ ប៉ះពាល់រងើកភ្លើងដោយដៃក្តី ដោយជើងក្តី ក៏ដកមកវិញជាប្រញាប់ យ៉ាងណា ម្នាលភិក្ខុទាំងឡាយ ធម្មតារបស់បុគ្គលដែលប្រកបដោយទិដ្ឋិ គឺការចេញចាកអាបត្តិមានសភាពយ៉ាងណា ភិក្ខុក៏គង់ត្រូវអាបត្តិមានសភាពយ៉ាងនោះខ្លះដែរ តែថាភិក្ខុនោះ សំដែង បើក ធ្វើឲ្យច្បាស់ឡើង នូវអាបត្តិនោះ ក្នុងសំណាក់សាស្តា ឬក្នុងពួកសព្រហ្មចារីបុគ្គល ជាអ្នកប្រាជ្ញ ដោយឆាប់រហ័ស លុះសំដែង បើក ធ្វើឲ្យច្បាស់ឡើងហើយ ក៏ដល់នូវកិរិយាសង្រួមតទៅ យ៉ាងនោះដែរ។ ភិក្ខុនោះ ក៏ដឹងយ៉ាងនេះថា បុគ្គលដែលបរិបូណ៌ដោយទិដ្ឋិ ប្រកបដោយទិដ្ឋិតាមធម្មតា មានសភាពយ៉ាងណា អាត្មាអញ ក៏ប្រកបដោយទិដ្ឋិ តាមធម្មតា មានសភាពយ៉ាងនោះដែរ។ នេះជាញាណទី៤ ដែលភិក្ខុនោះ បានត្រាស់ដឹងហើយ ជាញាណដ៏ប្រសើរ ជាលោកុត្តរៈ មិនសាធារណ៍ ដល់ពួកបុថុជ្ជនឡើយ។
[១៨៧] ម្នាលភិក្ខុទាំងឡាយ ប្រការមួយទៀត អរិយសាវ័ក រមែងពិចារណា ដូច្នេះថា បុគ្គលដែលបរិបូណ៌ដោយទិដ្ឋិ ប្រកបដោយទិដ្ឋិតាមធម្មតា មានសភាពយ៉ាងណា អាត្មាអញ ក៏ប្រកបដោយទិដ្ឋិតាមធម្មតា មានសភាពយ៉ាងនោះដែរឬ។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលបរិបូណ៌ដោយទិដ្ឋិ ប្រកបដោយទិដ្ឋិ តាមធម្មតា មានសភាពដូចម្តេច ម្នាលភិក្ខុទាំងឡាយ ធម្មតារបស់បុគ្គល ដែលបរិបូណ៌ដោយទិដ្ឋិនេះ គង់មានសេចក្តីខ្វល់ខ្វាយធ្វើការងារអ្វីៗខ្ពស់ និងទាបរបស់ពួកសព្រហ្មចារីបុគ្គលខ្លះដែរ តែថាគេមានសេចក្តីប្រាថ្នាក្លៀវក្លា ក្នុងអធិសីលសិក្ខា អធិចិត្តសិក្ខា អធិប្បញ្ញាសិក្ខា។ ម្នាលភិក្ខុទាំងឡាយ ដូចជាមេគោមានកូនខ្ចី ខំប្រឹងស៊ីស្មៅផង ថ្និតថ្នមកូនផង យ៉ាងណា ម្នាលភិក្ខុទាំងឡាយ ធម្មតារបស់បុគ្គល ដែលបរិបូណ៌ដោយទិដ្ឋិនេះ គង់មានសេចក្តីខ្វល់ខ្វាយ ធ្វើការងារអ្វីៗខ្ពស់ និងទាប របស់ពួកសព្រហ្មចារីបុគ្គលខ្លះដែរ តែថា គេមានសេចក្តីប្រាថ្នាដ៏ក្លៀវក្លា ក្នុងអធិសីលសិក្ខា អធិចិត្តសិក្ខា អធិប្បញ្ញាសិក្ខា ក៏យ៉ាងនោះដែរ។ ភិក្ខុនោះ រមែងដឹងយ៉ាងនេះថា បុគ្គលដែលបរិបូណ៌ដោយទិដ្ឋិ ប្រកបដោយទិដ្ឋិតាមធម្មតា មានសភាពយ៉ាងណា អាត្មាអញ ក៏ប្រកបដោយទិដ្ឋិ តាមធម្មតា មានសភាពយ៉ាងនោះដែរ។ នេះជាញាណទី៥ ដែលភិក្ខុនោះ បានត្រាស់ដឹងហើយ ជាញាណដ៏ប្រសើរ ជាលោកុត្តរៈ មិនសាធារណ៍ ដល់ពួកបុថុជ្ជនឡើយ។
[១៨៨] ម្នាលភិក្ខុទាំងឡាយ ប្រការមួយទៀត អរិយសាវ័ក រមែងពិចារណា ដូច្នេះថា បុគ្គលដែលបរិបូណ៌ដោយទិដ្ឋិ ប្រកបដោយទិដ្ឋិតាមកំឡាំង មានសភាពយ៉ាងណា អាត្មាអញ ក៏ប្រកបដោយទិដ្ឋិតាមកំឡាំង មានសភាពយ៉ាងនោះដែរឬ។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលដែលបរិបូណ៌ដោយទិដ្ឋិ ប្រកបដោយទិដ្ឋិ តាមកំឡាំង មានសភាពដូចម្តេច ម្នាលភិក្ខុទាំងឡាយ ភាពនៃបុគ្គលដែលបរិបូណ៌ដោយទិដ្ឋិមានកំឡាំងនុ៎ះ តែងត្រូវការយកចិត្តទុកដាក់ ចំពោះអ្នកសំដែងធម៌វិន័យ ដែលតថាគត បានសំដែងទុកមក ហើយប្រមូលចិត្តមកឲ្យមូល ផ្ទៀងត្រចៀកប្រុងស្តាប់ធម៌ (នោះ)។ ភិក្ខុនោះ រមែងដឹងយ៉ាងនេះថា បុគ្គលដែលបរិបូណ៌ដោយទិដ្ឋិ ប្រកបដោយទិដ្ឋិតាមកំឡាំង មានសភាពយ៉ាងណា អាត្មាអញ ក៏ប្រកបដោយទិដ្ឋិតាមកំឡាំង មានសភាពយ៉ាងនោះដែរ។ នេះជាញាណទី៦ ដែលភិក្ខុនោះ បានត្រាស់ដឹងហើយ ជាញាណដ៏ប្រសើរ ជាលោកុត្តរៈ មិនសាធារណ៍ ដល់ពួកបុថុជ្ជនឡើយ។
[១៨៩] ម្នាលភិក្ខុទាំងឡាយ ប្រការមួយទៀត អរិយសាវ័ក រមែងពិចារណា ដូច្នេះថា បុគ្គលដែលបរិបូណ៌ដោយទិដ្ឋិ ប្រកបដោយទិដ្ឋិតាមកំឡាំង មានសភាពយ៉ាងណា អាត្មាអញ ក៏ប្រកបដោយទិដ្ឋិតាមកំឡាំង មានសភាពយ៉ាងនោះដែរឬ។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលបរិបូណ៌ដោយទិដ្ឋិ ប្រកបដោយទិដ្ឋិ តាមកំឡាំង មានសភាពដូចម្តេច ម្នាលភិក្ខុទាំងឡាយ ភាពនៃបុគ្គលដែលបរិបូណ៌ដោយទិដ្ឋិមានកំឡាំងនោះ រមែងបានអត្ថវេទ បានធម្មវេទ និងបាមោជ្ជ ដែលប្រកបដោយធម៌ ចំពោះអ្នកសំដែងធម្មវិន័យ ដែលតថាគត បានសំដែងទុកមក។ ភិក្ខុនោះ រមែងដឹងយ៉ាងនេះថា បុគ្គលដែលបរិបូណ៌ដោយទិដ្ឋិ ប្រកបដោយទិដ្ឋិតាមកំឡាំង មានសភាពយ៉ាងណា អាត្មាអញ ក៏ប្រកបដោយទិដ្ឋិ តាមកំឡាំង មានសភាពយ៉ាងនោះដែរ។ នេះជាញាណទី៧ ដែលភិក្ខុនោះ បានត្រាស់ដឹងហើយ ជាញាណដ៏ប្រសើរ ជាលោកុត្តរៈ មិនសាធារណ៍ ដល់ពួកបុថុជ្ជនឡើយ។
[១៩០] ម្នាលភិក្ខុទាំងឡាយ ធម្មតានៃអរិយសាវ័ក ដែលប្រកបដោយអង្គទាំង៧ប្រការយ៉ាងនេះ សម្រេចល្អហើយ ក្នុងការធ្វើឲ្យជាក់ច្បាស់ នូវសោតាបត្តិផល។ ម្នាលភិក្ខុទាំងឡាយ អរិយសាវ័កដែលប្រកបដោយអង្គទាំង៧ប្រការយ៉ាងនេះ ឈ្មោះថា ជាអ្នកប្រកបដោយសោតាបត្តិផល។ លុះព្រះមានព្រះភាគ បានត្រាស់ភាសិតនេះចប់ហើយ ពួកភិក្ខុទាំងនោះ ក៏មានសេចក្តីពេញចិត្ត ត្រេកអរ នឹងភាសិតរបស់ព្រះមានព្រះភាគ។
ចប់ កោសម្ពិយសូត្រ ទី៨។
ព្រហ្មនិមន្តនិកសូត្រ ទី៩
[១៩១] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ ក្នុងទីនោះឯង ព្រះមានព្រះភាគ ទ្រង់ត្រាស់នឹងភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ។ ភិក្ខុទាំងនោះ បានទទួលស្តាប់ព្រះពុទ្ធដីកានៃព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន។
[១៩២] ព្រះមានព្រះភាគបានត្រាស់ភាសិតនេះថា ម្នាលភិក្ខុទាំងឡាយ សម័យមួយ តថាគតនៅក្នុងសុភគវ័ននេះ ទៀបគល់សាលរាជព្រឹក្ស នាដែនឧក្កដ្ឋា។ ម្នាលភិក្ខុទាំងឡាយ សម័យនោះឯង ទិដ្ឋិអាក្រក់ មានសភាពយ៉ាងនេះ កើតឡើងដល់ព្រហ្មឈ្មោះ ពកៈ ថា ឋានព្រហ្មនេះ ជារបស់ទៀង ជារបស់ឋិតថេរ ជារបស់មាននៅគ្រប់កាល ជារបស់មិនធ្លុះធ្លាយ ជារបស់មិនឃ្លៀងឃ្លាត ព្រោះថា ឋានព្រហ្មនេះ មិនកើត មិនចាស់ មិនស្លាប់ មិនច្យុត មិនកើតឡើង ឯឋានដទៃ ជាទីរលាស់ខ្លួនចេញចាកទុក្ខ ឲ្យក្រៃលែងជាងឋានព្រហ្មនេះ មិនមានឡើយ។ ម្នាលភិក្ខុទាំងឡាយ គ្រានោះ តថាគត បានដឹងនូវសេចក្តីត្រិះរិះ ក្នុងចិត្តរបស់ ពកព្រហ្ម ដោយចិត្តរបស់តថាគត ហើយក៏បាត់អំពីសុភគវ័ន ទៀបគល់សាលរាជព្រឹក្ស ក្នុងក្រុងឧក្កដ្ឋា ទៅប្រាកដក្នុងព្រហ្មលោកនោះ ដូចជាបុរសមានកំឡាំង លាដៃដែលបត់ចូល ឬបត់ដៃដែលលាចេញ ដូច្នោះឯង។ ម្នាលភិក្ខុទាំងឡាយ ពកព្រហ្ម បានឃើញតថាគតកំពុងមកអំពីចម្ងាយ លុះឃើញហើយ ទើបក្រាបបង្គំទូលតថាគត យ៉ាងនេះថា បពិត្រព្រះអង្គអ្នកនិទ៌ុក្ខ សូមព្រះអង្គ ទ្រង់ស្តេចចូលមក បពិត្រព្រះអង្គអ្នកនិទ៌ុក្ខ ដំណើរដែលព្រះអង្គស្តេចមកនេះ ប្រពៃហើយ បពិត្រព្រះអង្គអ្នកនិទ៌ុក្ខ ព្រះអង្គខានធ្វើដំណើរនិមន្តមកក្នុងទីនេះ អស់កាលជាយូរអង្វែងណាស់ហើយ បពិត្រព្រះអង្គអ្នកនិទ៌ុក្ខ ធម្មតា ឋានព្រហ្មនេះ ជាទីទៀង ជាទីឋិតថេរនៅសព្វកាល មិនធ្លុះធ្លាយ មិនឃ្លៀងឃ្លាត ព្រោះថាឋានព្រហ្មនេះ រមែងមិនកើត មិនចាស់ មិនស្លាប់ មិនច្យុត មិនកើតឡើងទៀតទេ ឯឋានដទៃ ជាទីរលាស់ខ្លួនចេញចាកទុក្ខ ឲ្យក្រៃលែងជាស្ថានព្រហ្មនេះ មិនមានឡើយ។ ម្នាលភិក្ខុទាំងឡាយ កាលពកព្រហ្ម ពោលយ៉ាងនេះហើយ តថាគត បានពោលនឹងពកព្រហ្មយ៉ាងនេះថា អើហ្ន៎ ពកព្រហ្ម ប្រកបដោយអវិជ្ជាទេតើ អើហ្ន៎ ពកព្រហ្ម ប្រកបដោយអវិជ្ជាទេតើ បានជាពោលនូវរបស់ដែលមិនទៀងទាត់ ថាជារបស់ទៀងទាត់វិញ ពោលរបស់ដែលមិនឋិតថេរ ថាជារបស់ឋិតថេរវិញ ពោលរបស់គ្មាននៅគ្រប់កាល ថាជារបស់មាននៅគ្រប់កាលវិញ ពោលរបស់ដែលមិនធ្លុះធ្លាយ ថាជារបស់ធ្លុះធ្លាយវិញ ពោលរបស់ដែលឃ្លៀងឃ្លាត ថាជារបស់មិនឃ្លៀងឃ្លាតវិញ មួយទៀត ពកព្រហ្ម ពោលចំពោះឋានព្រហ្ម ដែលនៅកើត នៅចាស់ នៅស្លាប់ នៅច្យុត នៅកើតទៀតថា ឋានព្រហ្មនេះ មិនកើត មិនចាស់ មិនស្លាប់ មិនច្យុត មិនកើតឡើងវិញ ឯឋានដទៃ ជាទីរលាស់ខ្លួនចេញចាកទុក្ខ ឲ្យក្រៃលែងជាងឋានព្រហ្មនេះ មិនមានឡើយ។
[១៩៣] ម្នាលភិក្ខុទាំងឡាយ លំដាប់នោះ មារមានចិត្តបាប ចូលជ្រែកព្រហ្មមួយរូប ឈ្មោះបារិសជ្ជៈ ហើយពោលពាក្យនេះ នឹងតថាគតថា ម្នាលភិក្ខុ ភិក្ខុកុំបណ្តេញព្រហ្មនេះឡើយ ភិក្ខុកុំបណ្តេញព្រហ្មនេះឡើយ ម្នាលភិក្ខុ ព្រោះព្រហ្មនេះ ជាមហាព្រហ្មផង ជាច្បង ឥតមានអ្នកដទៃគ្របសង្កត់បាន ជាអ្នកឃើញហេតុពិត ជាអ្នកធ្វើជនទាំងអស់ ឲ្យលុះក្នុងអំណាចខ្លួនបាន ជាឥស្សរៈក្នុងលោក ជាអ្នកសាងលោក និមិត្តលោក ជាអ្នកប្រសើរ ជាអ្នកចាត់ចែងលោក ជាអ្នកស្ទាត់ជំនាញ ជាបិតារបស់ពួកសត្វ ដែលកើតហើយ និងសត្វដែលនៅក្នុងគភ៌។ ម្នាលភិក្ខុ ក្នុងកាលមុនអំពីខ្លួនលោក មានពួកសមណព្រាហ្មណ៍ក្នុងលោក ជាអ្នកតិះដៀលផែនដី [អដ្ឋកថា ថា តិះដៀលផែនដីថា អនិច្ចំ ទុក្ខំ អនត្តា។] ខ្ពើមផែនដី តិះដៀលទឹក ខ្ពើមទឹក តិះដៀលភ្លើង ខ្ពើមភ្លើង តិះដៀលខ្យល់ ខ្ពើមខ្យល់ តិះដៀលពួកសត្វ ខ្ពើមពួកសត្វ តិះដៀលទេវតា ខ្ពើមទេវតា តិះដៀលបជាបតិទេវរាជ ខ្ពើមបជាបតិទេវរាជ តិះដៀលព្រហ្ម ខ្ពើមព្រហ្ម ពួកសមណព្រាហ្មណ៍ទាំងនោះ លុះទំលាយកាយ ផ្តាច់បង់ជីវិតទៅ ក៏កើតក្នុងពួកដ៏ថោកទាប គឺអបាយភូមិ៤។ ម្នាលភិក្ខុ មួយវិញទៀត ក្នុងកាលមុនអំពីខ្លួនលោក មានពួកសមណព្រាហ្មណ៍ក្នុងលោក ជាអ្នកសរសើរផែនដី ត្រេកអរនឹងផែនដី សរសើរទឹក ត្រេកអរនឹងទឹក សរសើរភ្លើង ត្រេកអរនឹងភ្លើង សរសើរខ្យល់ ត្រេកអរនឹងខ្យល់ សរសើរពួកសត្វ ត្រេកអរនឹងពួកសត្វ សរសើរទេវតា ត្រេកអរនឹងទេវតា សរសើរបជាបតិទេវរាជ ត្រេកអរនឹងបជាបតិទេវរាជ សរសើរព្រហ្ម ត្រេកអរនឹងព្រហ្ម ពួកសមណព្រាហ្មណ៍ទាំងនោះ លុះទំលាយកាយ ផ្តាច់បង់ជីវិតទៅ ក៏កើតក្នុងពួកដ៏ប្រសើរ គឺព្រហ្មលោក។ ម្នាលភិក្ខុ ព្រោះហេតុនោះ ខ្ញុំសូមនិយាយនឹងលោកយ៉ាងនេះ បពិត្រលោកអ្នកនិទ៌ុក្ខ ខ្ញុំសូមដាស់តឿនលោក ចូរលោកធ្វើតាមពាក្យព្រហ្ម ដែលបាននិយាយហើយដល់លោក លោកកុំកន្លងពាក្យរបស់ព្រហ្មឡើយ ម្នាលភិក្ខុ ប្រសិនបើលោកកន្លងពាក្យរបស់ព្រហ្មហើយ។ ដូចជាបុរសយកដំបង វាយបណ្តេញនូវសិរី ដែលកំពុងមកដល់ យ៉ាងណា ម្នាលភិក្ខុ ពុំនោះសោត ដូចជាបុរស ធ្លាក់ក្នុងអណ្តូងធំជ្រៅ មិនអាចនឹងចាប់ផែនដី ដោយដៃ និងជើងទាំងឡាយបាន យ៉ាងណា ម្នាលភិក្ខុ សេចក្តីឧបមេយ្យនេះ នឹងមានដល់លោក ក៏យ៉ាងនោះដែរ។ បពិត្រលោកអ្នកនិទ៌ុក្ខ ខ្ញុំសូមដាស់តឿនលោក ចូរលោកធ្វើតាមពាក្យព្រហ្ម ដែលបាននិយាយហើយដល់លោក ចូរលោកកុំកន្លងពាក្យរបស់ព្រហ្មឡើយ ម្នាលភិក្ខុ ក្រែងលោកឃើញព្រហ្មបរិស័ទ កំពុងប្រជុំគ្នាដែរឬទេ។ ម្នាលភិក្ខុទាំងឡាយ មារមានចិត្តបាប បានបង្អោនតថាគត ឲ្យដូចជាព្រហ្មបរិស័ទ ដោយប្រការដូច្នេះឯង។ ម្នាលភិក្ខុទាំងឡាយ កាលមារនិយាយយ៉ាងនេះហើយ តថាគត បានពោលនឹងមារមានចិត្តបាប យ៉ាងនេះវិញថា ម្នាលមារមានចិត្តបាប តថាគតស្គាល់អ្នកច្បាស់ហើយ អ្នកកុំមើលងាយថា ឥតមានអ្នកណាមួយស្គាល់អញ ដូច្នេះឡើយ ម្នាលមារមានចិត្តបាប អ្នកហ្នឹងហើយ ជាមារ ម្នាលមារមានចិត្តបាប ព្រហ្មណាក៏ដោយ ព្រហ្មបរិស័ទណាក៏ដោយ ព្រហ្មបារិសជ្ជណាក៏ដោយ អ្នកទាំងអស់នោះ សុទ្ធតែលុះក្នុងកណ្តាប់ដៃរបស់អ្នក អ្នកទាំងអស់នោះ សុទ្ធតែលុះក្នុងអំណាចរបស់អ្នក ម្នាលមារមានចិត្តបាប ព្រោះហេតុនោះ បានជាអ្នក មានសេចក្តីត្រិះរិះយ៉ាងនេះថា ព្រះសមណគោតម គប្បីលុះក្នុងកណ្តាប់ដៃរបស់អញ ព្រះសមណគោតម គប្បីលុះក្នុងអំណាចរបស់អញ ម្នាលមារមានចិត្តបាប ឯតថាគត មិនលុះក្នុងកណ្តាប់ដៃរបស់អ្នកទេ មិនលុះក្នុងអំណាចរបស់អ្នកទេ។
[១៩៤] ម្នាលភិក្ខុទាំងឡាយ កាលតថាគត ពោលយ៉ាងនេះហើយ ពកព្រហ្ម បានពោលនូវពាក្យនេះថា បពិត្រព្រះអង្គអ្នកនិទ៌ុក្ខ ខ្ញុំព្រះអង្គពោលរបស់ដែលទៀង ថាជារបស់ទៀងពិត ពោលរបស់ដែលឋិតថេរ ថាជារបស់ឋិតថេរពិត ពោលរបស់ដែលមាននៅសព្វកាល ថាជារបស់មាននៅសព្វកាលពិត ពោលរបស់ដែលមិនដាច់ធ្លុះធ្លាយ ថាជារបស់មិនដាច់ធ្លុះធ្លាយពិត ពោលរបស់ដែលមិនឃ្លៀងឃ្លាត ថាជារបស់មិនឃ្លៀងឃ្លាតពិត។ មួយវិញទៀត ទីណាមិនកើត មិនចាស់ មិនស្លាប់ មិនច្យុត មិនកើតឡើង ខ្ញុំព្រះអង្គ ពោលទីនោះឯង ថាទីនេះ មិនកើត មិនចាស់ មិនស្លាប់ មិនច្យុត មិនកើតឡើង មួយវិញទៀត ឋានដទៃ ជាទីរលាស់ខ្លួនចេញចាកទុក្ខ ឲ្យក្រៃលែងជាង មិនមាន បានជាខ្ញុំព្រះអង្គ ពោលថា ឋានដទៃ ជាទីរលាស់ខ្លួនចេញចាកទុក្ខ ឲ្យក្រៃលែង មិនមាន។ ម្នាលភិក្ខុ កាលមុនខ្លួនអ្នកទៅទៀត មានពួកសមណព្រាហ្មណ៍ក្នុងលោក មានតបកម្ម ប្រហែលនឹងអាយុទាំងអស់របស់អ្នក។ ពួកសមណព្រាហ្មណ៍នោះ ដឹងយ៉ាងនេះថា ឋានដទៃជាទីរលាស់ខ្លួនចេញចាកទុក្ខ តទៅទៀត មាន ឋានដទៃ ជាទីរលាស់ខ្លួនចេញចាកទុក្ខ តទៅទៀត មាន ថាឋានដទៃ ជាទីរលាស់ខ្លួនចេញចាកទុក្ខ តទៅទៀត មិនមាន ឋានដទៃជាទីរលាស់ខ្លួនចេញចាកទុក្ខ តទៅទៀត មិនមាន។ ម្នាលភិក្ខុ ព្រោះហេតុនោះ បានជាខ្ញុំនិយាយនឹងលោកយ៉ាងនេះ លោកមិនឃើញនូវឋានដទៃ ជាទីរលាស់ខ្លួនចេញចាកទុក្ខ តទៅទៀតទេ លោកជាអ្នកមានចំណែកនៃសេចក្តីលំបាក និងសេចក្តីចង្អៀតចង្អល់តែមួយយ៉ាង។ ម្នាលភិក្ខុ ប្រសិនបើលោកប្រកាន់ផែនដី ឈ្មោះថាដេកនៅក្បែរខ្ញុំ ឈ្មោះថា ដេកត្រាំនៅក្នុងវត្ថុរបស់ខ្ញុំ ខ្ញុំនឹងធ្វើលោកតាមសេចក្តីប្រាថ្នារបស់ខ្ញុំ ឲ្យលោកជាមនុស្សថោកទាបក៏បាន។ មួយវិញទៀត ប្រសិនបើលោកប្រកាន់ទឹក ភ្លើង ខ្យល់ ពពួកសត្វ ទេវតា បជាបតិទេវរាជ ព្រហ្ម ឈ្មោះថាដេកនៅក្បែរខ្ញុំ ឈ្មោះថា ដេកត្រាំនៅក្នុងវត្ថុរបស់ខ្ញុំ ខ្ញុំនឹងធ្វើលោកតាមសេចក្តីប្រាថ្នារបស់ខ្ញុំ ឲ្យលោកជាមនុស្សថោកទាបក៏បាន។ ម្នាលព្រហ្ម តថាគត ក៏ដឹងហេតុនេះដែរ។ ប្រសិនបើតថាគតប្រកាន់ផែនដី ឈ្មោះថាដេកនៅក្បែរអ្នក ឈ្មោះថា ដេកត្រាំនៅក្នុងវត្ថុរបស់អ្នក អ្នកគួរនឹងធ្វើតថាគត តាមសេចក្តីប្រាថ្នារបស់អ្នក ឲ្យតថាគតជាមនុស្សថោកទាបបានមែន។ មួយវិញទៀត ប្រសិនបើតថាគត ប្រកាន់ទឹក ភ្លើង ខ្យល់ ពួកសត្វ ពួកទេវតា បជាបតិទេវរាជ ព្រហ្ម ឈ្មោះថាដេកនៅក្បែរអ្នក ឈ្មោះថា ដេកត្រាំក្នុងវត្ថុរបស់អ្នក អ្នកគួរនឹងធ្វើតថាគត តាមសេចក្តីប្រាថ្នារបស់អ្នក ឲ្យតថាគត ជាមនុស្សថោកទាបបានមែន។ ម្នាលព្រហ្ម ប៉ុន្តែតថាគត ស្គាល់គតិរបស់អ្នក ស្គាល់អានុភាពរបស់អ្នកហើយថា ពកព្រហ្ម មានឫទ្ធិច្រើនយ៉ាងនេះ ពកព្រហ្ម មានអានុភាពច្រើនយ៉ាងនេះ ពកព្រហ្ម មានស័ក្តិធំយ៉ាងនេះ។ ពកព្រហ្មទូលសួរថា បពិត្រព្រះអង្គអ្នកនិទ៌ុក្ខ ចុះព្រះអង្គស្គាល់គតិរបស់ខ្ញុំ ស្គាល់អានុភាពរបស់ខ្ញុំថា ពកព្រហ្ម មានឫទ្ធិច្រើនយ៉ាងនេះ ពកព្រហ្ម មានអានុភាពច្រើនយ៉ាងនេះ ពកព្រហ្ម មានស័ក្តិធំយ៉ាងនេះ តើដោយប្រការដូចម្តេច។
ព្រះអង្គត្រាស់ថា ព្រះចន្ទ្រ និងព្រះអាទិត្យទាំងឡាយ ដើរបំភ្លឺទិសទាំងឡាយ ឲ្យបានភ្លឺត្រឹមណា លោកគឺចក្កវាឡទាំងមួយពាន់ ក៏កំណត់ត្រឹមនោះ អំណាចរបស់អ្នក ប្រព្រឹត្តទៅបានតែត្រឹមចក្កវាឡមួយពាន់នុ៎ះ មួយទៀត អ្នកស្គាល់ពួកសត្វថោកទាប និងពួកសត្វខ្ពង់ខ្ពស់ សត្វដែលប្រកបដោយរាគៈ និងសត្វដែលប្រាសចាករាគៈ ស្គាល់ចក្កវាឡនេះ ចក្រវាឡដទៃ ស្គាល់ដំណើរមក និងដំណើរទៅ របស់សត្វទាំងឡាយ។
ម្នាលព្រហ្ម តថាគត ស្គាល់គតិ ស្គាល់អានុភាពរបស់អ្នក យ៉ាងនេះថា ពកព្រហ្ម មានឫទ្ធិច្រើនយ៉ាងនេះ ពកព្រហ្ម មានអានុភាពច្រើនយ៉ាងនេះ ពកព្រហ្ម មានស័ក្តិធំយ៉ាងនេះ។ ម្នាលព្រហ្ម នៅមានព្រហ្ម៣ពួកដទៃទៀត អ្នកមិនដឹង មិនឃើញព្រហ្មទាំង៣ពួកនោះទេ តថាគត ទើបដឹង ទើបឃើញព្រហ្មទាំង៣ពួកនោះបាន។ ម្នាលព្រហ្ម មានពួកព្រហ្មមួយ ឈ្មោះអាភស្សរៈ។ ខ្លួនអ្នកច្យុតអំពីទីនោះ បានមកកើតក្នុងទីនេះ ស្មារតីរបស់អ្នកនោះ ក៏ភ្លេចបាត់ទៅ ដោយសារនៅក្នុងទីនេះយូរពេក ព្រោះហេតុនោះ បានជាអ្នកមិនដឹង មិនឃើញអាភស្សរព្រហ្មនោះ តថាគត ទើបដឹង ទើបឃើញព្រហ្មនោះបាន។ ម្នាលព្រហ្ម យ៉ាងនេះឯង តថាគត មិនមែនស្មើនឹងអ្នកទេ តថាគត ដឹងច្បាស់ហើយ នឹងឲ្យថោកទាបជាងអ្នកដូចម្តេចបាន តថាគត ត្រូវតែប្រសើរជាងអ្នកដោយពិត។ ម្នាលព្រហ្ម នៅមានពួកព្រហ្ម ឈ្មោះសុភកិណ្ហៈ និងពួកព្រហ្មឈ្មោះវេហប្ផលៈ អ្នកមិនដឹង មិនឃើញពួកព្រហ្មទាំងនោះទេ តថាគត ទើបដឹង ទើបឃើញពួកព្រហ្មនោះបាន។ ម្នាលព្រហ្ម យ៉ាងនេះឯង តថាគត មិនមែនស្មើនឹងអ្នកទេ តថាគត ដឹងហើយ នឹងឲ្យថោកទាបជាងអ្នក ដូចម្តេចបាន តថាគត ត្រូវតែប្រសើរជាងអ្នកដោយពិត។ ម្នាលព្រហ្ម តថាគត ដឹងច្បាស់នូវផែនដី ថាជាផែនដីពិត ដឹងច្បាស់នូវព្រះនិព្វាន ដែលសត្វមិនធ្លាប់ដល់ ដោយសភាពនៃផែនដីពិត បានជាតថាគត មិនប្រកាន់នូវផែនដី មិនប្រកាន់ក្នុងផែនដី មិនប្រកាន់អំពីផែនដី មិនប្រកាន់ថាផែនដីរបស់តថាគត មិនប្រកាសផែនដី។ ម្នាលព្រហ្ម កាលបើយ៉ាងនេះ តថាគត មិនមែនជាបុគ្គលស្មើនឹងអ្នកទេ តថាគត ត្រាស់ដឹងហើយ នឹងឲ្យថោកទាបជាងអ្នក ដូចម្តេចបាន តថាគត ត្រូវតែប្រសើរជាងអ្នកដោយពិត។ ម្នាលព្រហ្ម តថាគត ដឹងច្បាស់នូវទឹក។បេ។ ម្នាលព្រហ្ម តថាគតដឹងច្បាស់នូវភ្លើង… ម្នាលព្រហ្ម តថាគត ដឹងច្បាស់នូវខ្យល់… ម្នាលព្រហ្ម តថាគត ដឹងច្បាស់នូវពួកសត្វ… ម្នាលព្រហ្ម តថាគត ដឹងច្បាស់នូវពួកទេវតា… ម្នាលព្រហ្ម តថាគត ដឹងច្បាស់នូវបជាបតិទេវរាជ… ម្នាលព្រហ្ម តថាគត ដឹងច្បាស់នូវព្រហ្ម… ម្នាលព្រហ្ម តថាគត ដឹងច្បាស់នូវពួកព្រហ្មឈ្មោះអាភស្សរៈ ម្នាលព្រហ្ម តថាគត ដឹងច្បាស់នូវព្រហ្មឈ្មោះសុភកិណ្ហៈ… ម្នាលព្រហ្ម តថាគត ដឹងច្បាស់នូវព្រហ្មឈ្មោះវេហប្ផលៈ… ម្នាលព្រហ្ម តថាគត ដឹងច្បាស់នូវព្រហ្មជាច្បងគេ… ម្នាលព្រហ្ម តថាគត ដឹងច្បាស់នូវវត្ថុទាំងពួង ថាជាវត្ថុទាំងពួងពិត ដឹងច្បាស់នូវព្រះនិព្វាន ដែលសត្វមិនធ្លាប់ដល់ ដោយសភាពនៃវត្ថុទាំងពួង បានជាតថាគត មិនប្រកាន់វត្ថុទាំងពួង មិនប្រកាន់ក្នុងវត្ថុទាំងពួង មិនប្រកាន់អំពីវត្ថុទាំងពួង មិនប្រកាន់វត្ថុទាំងពួង ថាជារបស់តថាគត មិនប្រកាសនូវវត្ថុទាំងពួង។ ម្នាលព្រហ្ម កាលបើយ៉ាងនេះ តថាគត មិនមែនស្មើនឹងអ្នកទេ តថាគត ត្រាស់ដឹងហើយ នឹងឲ្យថោកទាបជាងអ្នក ដូចម្តេចបាន តថាគត ត្រូវតែប្រសើរជាងអ្នកដោយពិត។ បពិត្រព្រះអង្គអ្នកនិទ៌ុក្ខ បើព្រះអង្គដឹងនូវព្រះនិព្វាន ដែលសត្វមិនធ្លាប់ដល់ ដោយសភាព នៃវត្ថុទាំងពួងហើយ សូមកុំឲ្យពាក្យរបស់ព្រះអង្គ សោះសូន្យទទេឥតអំពើឡើយ។ វិញ្ញាណឈ្មោះអនិទស្សនៈ [១.២ វិញ្ញាណនេះ ជាឈ្មោះនៃព្រះនិព្វាន ជួនកាលហៅថា អនិទស្សនៈ ថាអនន្តៈ។ ដែលឈ្មោះថា អនិទស្សនៈ ព្រោះមិនមានរូបារម្មណ៍ មកកាន់រង្វង់ចក្ខុវិញ្ញាណ ដែលឈ្មោះថា អនន្តៈ ព្រោះប្រាសចាកការកើត និងវិនាសទៅវិញ។ អដ្ឋកថា។] ឈ្មោះអនន្តៈ [២] មានពន្លឺ ភ្លឺជាងធម្មជាតទាំងអស់ ដែលសត្វមិនធ្លាប់បានដល់ ដោយសភាពនៃផែនដី មិនធ្លាប់បានដល់ ដោយសភាពនៃទឹក មិនធ្លាប់បានដល់ ដោយសភាពនៃភ្លើង មិនធ្លាប់បានដល់ ដោយសភាពនៃខ្យល់ មិនធ្លាប់បានដល់ ដោយសភាពជាពួកសត្វ មិនធ្លាប់បានដល់ ដោយសភាពជាទេវតា មិនធ្លាប់បានដល់ ដោយសភាពជាបជាបតិទេវរាជ មិនធ្លាប់បានដល់ ដោយសភាពជាព្រហ្ម មិនធ្លាប់បានដល់ ដោយសភាពជាអាភស្សរព្រហ្ម មិនធ្លាប់បានដល់ ដោយសភាពជាសុភកិណ្ហព្រហ្ម មិនធ្លាប់បានដល់ ដោយសភាពជាវេហប្ផលព្រហ្ម មិនធ្លាប់បានដល់ ដោយសភាព នៃព្រហ្មជាច្បង មិនធ្លាប់បានដល់ ដោយសភាពនៃវត្ថុទាំងពួង។ បពិត្រព្រះអង្គអ្នកនិទ៌ុក្ខ ណ្ហើយចុះ ខ្ញុំនឹងបំបាត់ខ្លួនអំពីព្រះអង្គ ឥឡូវនេះ។ ម្នាលព្រហ្ម អើ បើអ្នកអាច ក៏ចូរបំបាត់ខ្លួន អំពីតថាគត ឥឡូវនេះមើល។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះឯង ពកព្រហ្ម គិតថា អាត្មាអញ នឹងបំបាត់ខ្លួន អំពីព្រះសមណគោតម អាត្មាអញ នឹងបំបាត់ខ្លួន អំពីព្រះសមណគោតម ហើយក៏មិនអាចនឹងបំបាត់ខ្លួន អំពីតថាគតបានឡើយ។ ម្នាលភិក្ខុទាំងឡាយ កាលបើពកព្រហ្មពោលយ៉ាងនេះហើយ តថាគត ក៏បានពោលនឹងពកព្រហ្មយ៉ាងនេះវិញថា ម្នាលព្រហ្ម បើដូច្នោះ តថាគត នឹងបំបាត់ខ្លួនអំពីអ្នកវិញ។ បពិត្រព្រះអង្គអ្នកនិទ៌ុក្ខ បើព្រះអង្គអាច ក៏ចូរបំបាត់ខ្លួន អំពីខ្ញុំទៅមើល។ ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង តថាគត និមិត្តនូវឥទ្ធាភិសង្ខារ មានសភាពដូច្នោះថា ព្រហ្ម និងព្រហ្មបរិស័ទ ព្រមទាំងព្រហ្មបារិសជ្ជា ឲ្យឮតែសំឡេងរបស់តថាគតប៉ុណ្ណោះ តែមិនបានឃើញតថាគតឡើយ។ កាលតថាគត បំបាត់ខ្លួនទៅហើយ ក៏បានពោលនូវព្រះគាថានេះថា
តថាគត ឃើញភ័យក្នុងភពផង ឃើញនូវពួកសត្វ ដែលកំពុងស្វែងរកនូវភពផង ហើយមិនបានពោលសរសើរ គឺមិនស្វែងរកភពណាមួយ ទាំងមិនប្រកាន់នូវសេចក្តីត្រេកអរ (ក្នុងភព)ឡើយ។
[១៩៥] ម្នាលភិក្ខុទាំងឡាយ លំដាប់នោះឯង ព្រហ្ម និងព្រហ្មបរិស័ទ ព្រមទាំងព្រហ្មបារិសជ្ជា ក៏កើតសេចក្តីអស្ចារ្យ ក្នុងចិត្តថា អើ ហេតុនេះជាអស្ចារ្យណាស់ហ្ន៎ អើហេតុនេះមិនដែលមានទេហ្ន៎ ព្រះសមណគោតម ពេញជាមានឫទ្ធិច្រើន ពេញជាមានអានុភាពច្រើនមែន មួយទៀត មុនអំពីកាលនេះ យើងទាំងឡាយ មិនដែលបានឃើញ មិនដែលបានឮថា មានសមណៈ ឬព្រាហ្មណ៍ដទៃ មានឫទ្ធិច្រើន មានអានុភាពច្រើន ឲ្យដូចជាព្រះសមណគោតម ដែលចេញចាកសក្យត្រកូល មកបួសនេះឡើយ អើហ្ន៎ ព្រះសមណគោតម ចេះផ្តិលផ្តាច់នូវភព ព្រមទាំងឫសគល់របស់ពួកសត្វ ដែលរីករាយក្នុងភព ត្រេកអរក្នុងភព ពេញចិត្តក្នុងភពបាន។
[១៩៦] ម្នាលភិក្ខុទាំងឡាយ គ្រានោះ មារមានចិត្តបាប បានចូលជ្រែកសរីរៈនៃព្រហ្មបារិសជ្ជាមួយរូប ហើយបានពោលនឹងតថាគត យ៉ាងនេះថា បពិត្រព្រះអង្គអ្នកនិទ៌ុក្ខ ប្រសិនបើព្រះអង្គជ្រាបច្បាស់យ៉ាងនេះ ប្រសិនបើត្រាស់ដឹង (សច្ចៈ) យ៉ាងនេះហើយ សូមព្រះអង្គកុំពន្យល់ពួកសាវ័ក កុំពន្យល់ពួកបព្វជិត កុំសំដែងធម៌ ដល់ពួកសាវ័ក កុំសំដែងធម៌ ដល់ពួកបព្វជិតឡើយ កុំធ្វើសេចក្តីប្រាថ្នាក្នុងពួកសាវ័ក កុំធ្វើសេចក្តីប្រាថ្នាក្នុងពួកបព្វជិតឡើយ។ ម្នាលភិក្ខុ ក្នុងកាលមុនខ្លួនលោក (ទៅទៀត) មានពួកសមណព្រាហ្មណ៍ ជាអរហន្តសម្មាសម្ពុទ្ធ ជាអ្នកចេះដឹងក្នុងលោក ពួកសមណព្រាហ្មណ៍ទាំងនោះ បានពន្យល់ពួកសាវ័ក និងពួកបព្វជិត បានសំដែងធម៌ ដល់ពួកសាវ័ក និងពួកបព្វជិត បានធ្វើសេចក្តីប្រាថ្នាក្នុងពួកសាវ័ក និងពួកបព្វជិត លុះពន្យល់ពួកសាវ័ក និងពួកបព្វជិត សំដែងធម៌ ដល់ពួកសាវ័ក និងពួកបព្វជិត មានចិត្តប្រាថ្នាក្នុងពួកសាវ័ក និងពួកបព្វជិតហើយ លុះទំលាយកាយ ផ្តាច់ជីវិតបាត់ទៅ កើតក្នុងពួកដ៏ថោកទាប (គឺអបាយភូមិទាំង៤)។ ម្នាលភិក្ខុ មួយទៀត ក្នុងកាលមុនខ្លួនលោក (ទៅទៀត) មានពួកសមណព្រាហ្មណ៍ ជាអរហន្តសម្មាសម្ពុទ្ធ ជាអ្នកចេះដឹងក្នុងលោក ពួកសមណព្រាហ្មណ៍ទាំងនោះ មិនបានពន្យល់ពួកសាវ័ក មិនបានពន្យល់ពួកបព្វជិត មិនសំដែងធម៌ ដល់ពួកសាវ័ក មិនសំដែងធម៌ដល់ពួកបព្វជិត មិនធ្វើសេចក្តីប្រាថ្នាក្នុងពួកសាវ័ក មិនធ្វើសេចក្តីប្រាថ្នាក្នុងពួកបព្វជិត ពួកសមណព្រាហ្មណ៍ទាំងនោះ លុះមិនបានពន្យល់ពួកសាវ័ក មិនបានពន្យល់ពួកបព្វជិត មិនបានសំដែងធម៌ ដល់ពួកសាវ័ក មិនបានសំដែងធម៌ដល់ពួកបព្វជិត មិនមានចិត្តប្រាថ្នាក្នុងពួកសាវ័ក មិនមានចិត្តប្រាថ្នាក្នុងពួកបព្វជិតហើយ លុះទំលាយកាយ ផ្តាច់បង់ជីវិត ក៏បានមកកើតក្នុងទីដ៏ខ្ពង់ខ្ពស់ (ព្រហ្មលោក)។ ម្នាលភិក្ខុ ព្រោះហេតុនោះ បានជាខ្ញុំនិយាយនឹងលោកយ៉ាងនេះថា ម្នាលអ្នកនិទ៌ុក្ខ ខ្ញុំសូមរំលឹក កុំឲ្យលោកមានសេចក្តីខ្វល់ខ្វាយពេក សូមប្រកបរឿយៗ នូវធម៌ជាគ្រឿងនៅជាសុខ ក្នុងបច្ចុប្បន្នចុះ ព្រោះថា ការដែលមិនសំដែង (ធម៌) ប្រាប់ជនដទៃ ជាការប្រពៃ ម្នាលអ្នកនិទ៌ុក្ខ សូមលោកកុំទូន្មានអ្នកដទៃឡើយ។ ម្នាលភិក្ខុទាំងឡាយ កាលបើមារពោលយ៉ាងនេះហើយ ទើបតថាគត បានពោលពាក្យនេះ នឹងមារមានចិត្តបាបវិញថា ម្នាលមារមានចិត្តបាប តថាគតស្គាល់អ្នកច្បាស់ហើយ អ្នកកុំមើលងាយថា ឥតអ្នកណាមួយស្គាល់អាត្មាអញ ដូច្នេះឡើយ ម្នាលមារមានចិត្តបាប អ្នកហ្នឹងហើយជាមារ ម្នាលមារមានចិត្តបាប អ្នកជាអ្នកមិនអនុគ្រោះតថាគត ដោយប្រយោជន៍ទេ បានជានិយាយយ៉ាងនេះ ម្នាលមារមានចិត្តបាប អ្នកអនុគ្រោះតថាគត ដោយអំពើឥតប្រយោជន៍ បានជានិយាយយ៉ាងនេះ។ ម្នាលមារមានចិត្តបាប ព្រោះអ្នកមានសេចក្តីត្រិះរិះយ៉ាងនេះថា សមណគោតមសំដែងធម៌ ដល់ពួកជនណា ពួកជននោះ នឹងកន្លងផុតវិស័យរបស់អាត្មាអញ។ ម្នាលមារមានចិត្តបាប ឯពួកសមណព្រាហ្មណ៍ទាំងនោះ មិនមែនជាសម្មាសម្ពុទ្ធទេ តែប្តេជ្ញាថា យើងជាសម្មាសម្ពុទ្ធ ម្នាលមារមានចិត្តបាប តថាគត ជាសម្មាសម្ពុទ្ធពិត ទើបប្តេជ្ញាថាសម្មាសម្ពុទ្ធ។ ម្នាលមារមានចិត្តបាប ទោះបីតថាគត សំដែងធម៌ដល់ពួកសាវ័កក្តី ក៏នៅជាតថាគតដដែល ម្នាលមារមានចិត្តបាប ទោះបីតថាគត មិនសំដែងធម៌ដល់ពួកសាវ័កក្តី ក៏នៅជាតថាគតដដែល ម្នាលមារមានចិត្តបាប ទោះបីតថាគត ពន្យល់ពួកសាវ័កក្តី ក៏នៅជាតថាគតដដែល ម្នាលមារមានចិត្តបាប ទោះបីតថាគត មិនពន្យល់ពួកសាវ័កក្តី ក៏នៅជាតថាគតដដែល ដំណើរនោះព្រោះហេតុអ្វី ម្នាលមារមានចិត្តបាប ព្រោះតថាគត បានលះបង់ នូវអាសវៈ ដែលជាសង្កិលេសធម៌ ជាធម៌តាក់តែងភពថ្មី ប្រកបដោយសេចក្តីក្រវល់ក្រវាយ មានទុក្ខជាផល មានជាតិ ជរា និងមរណៈ តទៅខាងមុខ បានទាំងផ្តាច់ផ្តិលឫសគល់អស់ហើយ បានធ្វើវត្ថុសម្រាប់កើតទៀត ឲ្យអស់រលីង ដូចជាដើមត្នោត ដែលគេគាស់ក្របែល រំលើងឲ្យលែងដុះទៅទៀតហើយ បានធ្វើឲ្យលែងមានបែបភាពតទៅទៀតហើយ ឲ្យជាធម៌លែងមានកំណើតតទៅខាងមុខទៀតហើយ ម្នាលមារមានចិត្តបាប ដូចជាដើមត្នោត ដែលមានចុងកំបុតហើយ មិនគួរនឹងដុះឡើងវិញបាន យ៉ាងណា ម្នាលមារមានចិត្តបាប តថាគត បានលះបង់នូវអាសវៈទាំងឡាយ ជាសង្កិលេស ជាធម៌តាក់តែងភពថ្មីទៀត ប្រកបដោយសេចក្តីក្រវល់ក្រវាយ មានទុក្ខជាផល មានជាតិ ជរា និងមរណៈ តទៅខាងមុខ បានទាំងផ្តាច់ផ្តិលឫសគល់អស់ហើយ បានធ្វើវត្ថុសម្រាប់កើតទៀត ឲ្យអស់រលីង ដូចជាដើមត្នោត ដែលគេក្របែល គាស់រំលើងឲ្យលែងដុះទៅទៀតហើយ បានធ្វើឲ្យលែងមានបែបភាពតទៅទៀតហើយ ឲ្យជាធម៌លែងមានកំណើតតទៅទៀតហើយ ក៏យ៉ាងនោះដែរ ព្រោះការចរចាមិនកើតការនៃមារផង ព្រោះការនិមន្តចំពោះនៃព្រហ្មផង ហេតុដូច្នោះ បានជាវេយ្យាករណ៍នេះ មាននាមថា ព្រហ្មនិមន្តនិកៈ ដោយប្រការដូច្នេះឯង។
ចប់ ព្រហ្មនិមន្តនិកសូត្រ ទី៩។
មារតជ្ជនីយសូត្រ ទី១០
[១៩៧] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងភេសកឡាវ័ន ជាទីឲ្យនូវអភ័យដល់ម្រឹគ ជិតក្រុងឈ្មោះ សុំសុមារគិរៈ ក្នុងភគ្គជនបទ។ គ្រានោះ ព្រះមហាមោគ្គល្លានមានអាយុចង្រ្កមក្នុងទីវាល។ សម័យនោះ មារមានចិត្តបាប ចូលទៅនៅក្នុងផ្ទៃ សម្ងំក្នុងពោះវៀនរបស់ព្រះមហាមោគ្គល្លានមានអាយុ។ លំដាប់នោះ ព្រះមហាមោគ្គល្លានមានអាយុ មានសេចក្តីត្រិះរិះយ៉ាងនេះថា ដូចម្តេចហ្ន៎ បានជាផ្ទៃរបស់អាត្មាអញធ្ងន់ៗ ហាក់ដូចជាសណ្តែករាជមាសទទឹកដូច្នេះ។ លំដាប់នោះ ព្រះមហាមោគ្គល្លានមានអាយុ ចុះមកអំពីចង្ក្រម ចូលទៅកាន់វិហារហើយ ក៏អង្គុយលើអាសនៈ ដែលគេក្រាលប្រគេន។ លុះព្រះមហាមោគ្គល្លានមានអាយុ អង្គុយហើយ ទើបពិចារណាឃើញនូវមារមានចិត្តបាប ដោយឧបាយចិត្តជារបស់ខ្លួន។
[១៩៨] ព្រះមហាមោគ្គល្លានមានអាយុ បានឃើញមារដែលមានចិត្តបាបនោះ ចូលក្នុងផ្ទៃ សម្ងំនៅក្នុងពោះវៀន លុះឃើញហើយ ក៏បាននិយាយនឹងមារមានចិត្តបាបដូច្នេះថា ម្នាលមារមានចិត្តបាប អ្នកចូរចេញទៅ ម្នាលមារមានចិត្តបាប អ្នកចូរចេញទៅ អ្នកកុំបៀតបៀនព្រះតថាគត កុំបៀតបៀនសាវ័កព្រះតថាគតឡើយ ការបៀតបៀនដែលប្រព្រឹត្តទៅ ដើម្បីសេចក្តីមិនចំរើន ដើម្បីសេចក្តីទុក្ខ អស់កាលជាអង្វែង កុំមានដល់អ្នកឡើយ។ គ្រានោះ មារមានចិត្តបាប មានសេចក្តីត្រិះរិះយ៉ាងនេះថា សមណៈនេះ មិនដឹង មិនស្គាល់អញទេ បានជានិយាយយ៉ាងនេះថា ម្នាលមារមានចិត្តបាប អ្នកចូរចេញទៅ ម្នាលមារមានចិត្តបាប អ្នកចូរចេញទៅ អ្នកកុំបៀតបៀនព្រះតថាគត កុំបៀតបៀនសាវ័កព្រះតថាគតឡើយ ការបៀតបៀនដែលប្រព្រឹត្តទៅដើម្បីសេចក្តីមិនចំរើន ដើម្បីសេចក្តីទុក្ខអស់កាលជាអង្វែង កុំមានដល់អ្នកឡើយ សូម្បីគ្រូនៃសាវ័កនោះ ក៏មិនគប្បីស្គាល់អាត្មាអញបានដោយឆាប់រហ័ស ចំណង់បើសាវ័កនេះ នឹងស្គាល់អាត្មាអញ ដូចម្តេចបាន។ លំដាប់នោះ ព្រះមហាមោគ្គល្លានមានអាយុ បាននិយាយនឹងមារមានចិត្តបាប យ៉ាងនេះថា ម្នាលមារមានចិត្តបាប អាត្មាស្គាល់អ្នកច្បាស់ហើយ អ្នកកុំមើលងាយថា ឥតមានអ្នកណាស្គាល់អញ យ៉ាងនេះដូច្នេះ ម្នាលមារមានចិត្តបាប អ្នកហ្នឹងហើយជាមារ ម្នាលមារមានចិត្តបាប ឯអ្នកតែងមានសេចក្តីត្រិះរិះយ៉ាងនេះថា សមណៈនេះ មិនស្គាល់អញ មិនឃើញអញទេ បានជានិយាយយ៉ាងនេះថា ម្នាលមារមានចិត្តបាប អ្នកចូរចេញទៅ ម្នាលមារមានចិត្តបាប អ្នកចូរចេញទៅ អ្នកកុំបៀតបៀនព្រះតថាគត កុំបៀតបៀនសាវ័កព្រះតថាគតឡើយ ការបៀតបៀនដែលប្រព្រឹត្តទៅដើម្បីសេចក្តីមិនចំរើន ដើម្បីសេចក្តីទុក្ខ អស់កាលជាអង្វែង កុំមានដល់អ្នកឡើយ សូម្បីគ្រូនៃសាវ័កនោះ ក៏មិនគប្បីស្គាល់អាត្មាអញបានដោយឆាប់រហ័ស ចំណង់បើសាវ័កនេះ នឹងស្គាល់អាត្មាអញដូចម្តេចបាន។ លំដាប់នោះ មារមានចិត្តបាប មានសេចក្តីត្រិះរិះយ៉ាងនេះថា សមណៈនេះស្គាល់ ឃើញអាត្មាអញមែន បានជានិយាយយ៉ាងនេះថា ម្នាលមារមានចិត្តបាប អ្នកចូរចេញទៅ ម្នាលមារមានចិត្តបាប អ្នកចូរចេញទៅ អ្នកកុំបៀតបៀនព្រះតថាគត កុំបៀតបៀនសាវ័ករបស់ព្រះតថាគតឡើយ ការបៀតបៀនដែលប្រព្រឹត្តទៅ ដើម្បីសេចក្តីមិនចំរើន ដើម្បីសេចក្តីទុក្ខ អស់កាលជាអង្វែង កុំមានដល់អ្នកឡើយ។ គ្រានោះ មារមានចិត្តបាប ឡើងមកតាមមាត់ នៃព្រះមហាមោគ្គល្លានមានអាយុ មកឋិតនៅត្រង់សន្ទះទ្វារ