មហាវគ្គ បឋមភាគ

ភាគទី៦

មហាខន្ធកៈ ឧបោសថក្ខន្ធកៈ

សូមនមស្ការ ចំពោះព្រះដ៏មានព្រះភាគ ជាអរហន្តសម្មាសម្ពុទ្ធ ព្រះអង្គនោះ។

មហាខន្ធកៈ

[១] សម័យនោះ ព្រះសម្ពុទ្ធដ៏មានជោគ បានត្រាស់ដឹង​ជាដម្បូង ទ្រង់គង់នៅក្រោម​ម្លប់​ពោធិព្រឹក្ស ក្បែរឆ្នេរ​ស្ទឹងនេរញ្ជរា ក្នុងឧរុវេលាប្រទេស។ គ្រានោះឯង ព្រះដ៏មានព្រះភាគ​ទ្រង់​គង់ដោយព្រះភ្នែន​តែមួយអស់៧ថ្ងៃ ក្រោមម្លប់ពោធិព្រឹក្ស ទ្រង់សោយវិមុត្តិសុខ (គឺ​សុខ​​ក្នុង​ផល​សមាបត្តិ)។ វេលានោះ ព្រះដ៏មានព្រះភាគ ទ្រង់រំពឹងនូវ​​បដិច្ចសមុប្បាទ​ធម៌ ជា​អនុលោមប្បដិលោម គឺពិចារណាបណ្តោយចុះ និងច្រាសឡើង អស់បឋមយាមនៃ​រាត្រី ដោយ​ន័យ​ថា សង្ខារ ​[ក្នុងគម្ពីរវិសុទ្ធិមគ្គថា សង្ខារ ៣ គឺបុញ្ញាភិសង្ខារ ១ អបុញ្ញាភិសង្ខារ ១ អនេញ្ជាភិសង្ខារ ១។ បុញ្ញាភិសង្ខារនោះ បានខាងចេតនា ១៣ គឺកាមាវចរកុសលចេតនា ៨ និង​​រូបាវចរកុសលចេតនា ៥ ប្រព្រឹត្ត​ទៅដោយ​អំណាច​ភាវនា ឯអបុញ្ញាភិសង្ខារ បានខាង​អកុសល​ចេតនា ១២។ អនេញ្ជាភិសង្ខារ គឺ​អរូបាវចរកុសលចេតនា ៤ ប្រព្រឹត្ត​ទៅ​ដោយ​អំណាច​​ភាវនា រួមទាំងអស់ជា ២៩។] ទាំងឡាយ​កើតមាន ព្រោះមានអវិជ្ជា​ [ដែលហៅថា អវិជ្ជា​នោះ បាន​ខាង​​សេចក្តី​​​មិនដឹង​ក្នុង​សច្ចៈ​​ទាំង ៤ មាន​ទុក្ខសច្ចៈ​​ជាដើម។ (នេះជា​​បរិយាយ​ក្នុងសូត្រ ឯ​បរិយាយ​​ក្នុង​អភិធម្ម​ថា) បានខាង​សេចក្តី​​​មិនដឹង​នូវវត្ថុ ៨ មាន មិនដឹង​ក្នុង​ចំណែក​ខាង​​អតីត​ជាដើម ម្យ៉ាង​ទៀត​ថា បានខាង​មោហចេតសិក មាន​លក្ខណៈ​​ធ្វើ​ចិត្ត​​ឲ្យវង្វេង​​ក្នុង​អារម្មណ៍។] ​ជាហេតុ វិញ្ញាណ​កើតមាន ព្រោះមាន​សង្ខារ​ជា​ហេតុ នាមរូប​កើតមាន ព្រោះ​មាន​វិញ្ញាណ​ជាហេតុ សឡាយតនៈ​កើតមាន ព្រោះ​មាន​នាមរូប​ជាហេតុ ផស្សៈ​កើតមាន ព្រោះមាន​​សឡាយតនៈ​​ជាហេតុ វេទនា​កើតមាន ព្រោះមាន​ផស្សៈ​ជាហេតុ តណ្ហា​កើតមាន ព្រោះ​មាន​វេទនា​ជាហេតុ ឧបាទាន​​កើតមាន ព្រោះមាន​តណ្ហាជាហេតុ ភពកើត​មាន ព្រោះមាន​ឧបាទាន​ជាហេតុ ជាតិ​កើត​​មាន ព្រោះមាន​ភពជាហេតុ សេចក្តីចាស់ ស្លាប់ សោក ខ្សឹកខ្សួល លំបាក​កាយ លំបាកចិត្ត និង​សេចក្តី​​ចង្អៀតចង្អល់​​ទាំងឡាយ​​កើតមាន ព្រោះមាន​ជាតិ​ជាហេតុ សេចក្តី​កើត​ឡើងនៃ​​កងទុក្ខ​​ទាំងអស់នេះ រមែង​មាន​យ៉ាងនេះ​ឯង ម្យ៉ាងទៀត សេចក្តី​រលត់​សង្ខារ​កើតមាន ព្រោះ​វិនាស និងរលត់​​មិនមាន​​សេសសល់​​នៃអវិជ្ជា សេចក្តី​រលត់​វិញ្ញាណ​កើតមាន ព្រោះ​រលត់​សង្ខារ សេចក្តី​រលត់​នាមរូប​កើតមាន ព្រោះ​រលត់​​វិញ្ញាណ សេចក្តី​រលត់​សឡាយតនៈ​កើតមាន ព្រោះ​​រលត់​​នាមរូប សេចក្តីរលត់​ផស្សៈ​កើតមាន ព្រោះរលត់​សឡាយតនៈ សេចក្តីរលត់​​វេទនា​​កើត​មាន ព្រោះរលត់ផស្សៈ សេចក្តីរលត់​​តណ្ហា​កើតមាន ព្រោះ​រលត់វេទនា សេចក្តី​រលត់​​ឧបាទាន​កើត​មាន ព្រោះ​រលត់តណ្ហា សេចក្តីរលត់​​ភពកើតមាន ព្រោះរលត់​ឧបាទាន សេចក្តី​រលត់​​ជាតិ​កើត​មាន ព្រោះរលត់ភព សេចក្តីចាស់ ស្លាប់ សោក ខ្សឹកខ្សួល លំបាក​កាយ លំបាកចិត្ត និង​ចង្អៀត​​ចង្អល់​ចិត្ត​ទាំងឡាយក៏​សឹង​តែ​រលត់ទៅ ព្រោះ​រលត់​​នៃជាតិ សេចក្តីរលត់​នៃកងទុក្ខ​​ទាំង​អស់នេះ តែងមាន​យ៉ាងនេះ។ គ្រានោះ ព្រះដ៏មាន​ព្រះភាគ ទ្រង់ជ្រាប​ច្បាស់សេចក្តី​នេះហើយ ទើប​បន្លឺ​នូវឧទាន​គាថា​នេះ ក្នុងវេលានោះថា

ធម៌ ​[អដ្ឋកថា ថា បានដល់ពោធិបក្ខិយធម៌ និងចតុរារិយសច្ចធម៌។] ទាំងឡាយ រមែង​ប្រាកដ​ដល់​ខីណាសវព្រាហ្មណ៍ អ្នកមានព្យាយាមញុំាងកិលេសឲ្យក្តៅ អ្នកដុត​បង់នូវ​កិលេស​​ក្នុង​កាល​​ណា សេចក្តី​សង្ស័យ​​ទាំងឡាយ​​ទាំងពួង​​របស់​ខីណាសវ​ព្រាហ្មណ៍​នោះ​ក៏​សឹង​​តែរម្ងាប់​អស់​ទៅ​​ក្នុងកាល​នោះ ព្រោះថា ខីណាសវ​ព្រាហ្មណ៍​​នោះ ដឹងច្បាស់​នូវ​ធម៌​​ព្រមទាំង​ហេតុ។

[២] គ្រានោះឯង ព្រះដ៏មានព្រះភាគ ​ទ្រង់រំពឹងនូវ​បដិច្ចសមុប្បាទធម៌ ជា​អនុលោមប្បដិលោម គឺ​ពិចារណា​បណ្តោយ​ចុះ និងច្រាស​ឡើង អស់​មជ្ឈិមយាម​នៃ​រាត្រី ដោយ​ន័យ​ថា សង្ខារ​ទាំងឡាយ​​កើត​មាន ព្រោះ​មានអវិជ្ជា​​ជាបច្ច័យ វិញ្ញាណ​កើតមាន ព្រោះ​មានសង្ខារ​ជាបច្ច័យ នាមរូប​​កើតមាន ព្រោះ​មាន​វិញ្ញាណជាបច្ច័យ សឡាយតនៈ​កើតមាន ព្រោះមាន​នាមរូប​ជាបច្ច័យ ផស្សៈកើតមាន ព្រោះមាន​សឡាយតនៈជាបច្ច័យ វេទនាកើតមាន ព្រោះមាន​ផស្សៈជាបច្ច័យ តណ្ហាកើតមាន ព្រោះមានវេទនា​ជា​បច្ច័យ ឧបាទានកើតមាន ព្រោះមាន​តណ្ហា​ជាបច្ច័យ ភពកើតមាន ព្រោះមានឧបាទានជាបច្ច័យ ជាតិកើតមាន ព្រោះមាន​ភពជា​បច្ច័យ សេចក្តីចាស់ ស្លាប់ សោក ខ្សឹកខ្សួល លំបាកកាយ លំបាកចិត្ត ​ចង្អៀតណែនក្នុងចិត្ត​ទាំងឡាយ​​កើតមាន ព្រោះមានជាតិ​ជាបច្ច័យ សេចក្តី​កើតឡើងនៃកងទុក្ខ​ទាំងអស់​នេះ រមែងកើត​​មានយ៉ាងនេះឯង ម្យ៉ាងទៀត សេចក្តីរលត់​សង្ខារកើតមាន ព្រោះវិនាសនិងរលត់​មិន​មាន​​​សេសសល់​នៃអវិជ្ជា សេចក្តី​រលត់​វិញ្ញាណ​កើតមាន ព្រោះរលត់សង្ខារ សេចក្តីរលត់​នាមរូប​កើត​មាន ព្រោះរលត់វិញ្ញាណ សេចក្តី​រលត់សឡាយតនៈកើតមាន ព្រោះរលត់នាមរូប សេចក្តីរលត់ផស្សៈ​កើតមាន ព្រោះ​រលត់​សឡាយតនៈ សេចក្តីរលត់វេទនាកើតមាន ព្រោះរលត់​ផស្សៈ សេចក្តីរលត់​តណ្ហា​កើត​មាន ព្រោះរលត់វេទនា សេចក្តីរលត់​ឧបាទាន​កើតមាន ព្រោះរលត់តណ្ហា សេចក្តីរលត់​ភពកើតមាន ព្រោះរលត់ឧបាទាន សេចក្តី​រលត់​ជាតិ​កើត​មាន ព្រោះរលត់ភព សេចក្តី​ចាស់ ស្លាប់ សោក ខ្សឹកខ្សួល លំបាកកាយ លំបាកចិត្ត និង​ចង្អៀត​ចង្អល់​ចិត្តទាំងឡាយ​ក៏សឹង​តែរលត់ទៅ ព្រោះ​រលត់​នៃជាតិ សេចក្តីរលត់នៃកងទុក្ខ​ទាំង​អស់នេះ រមែងមាន​យ៉ាង​នេះឯង។ គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់​ជ្រាប​ច្បាស់​សេចក្តី​នេះហើយ ទើបបន្លឺ​នូវឧទាន​គាថានេះ ក្នុងវេលានោះថា

ធម៌ទាំងឡាយ ​ប្រាកដដល់ខីណាសវព្រាហ្មណ៍ អ្នកមានព្យាយាម​ញុំាង​កិលេស​ឲ្យក្តៅ អ្នកដុតបង់នូវកិលេស​ក្នុងកាលណា សេចក្តីសង្ស័យ​ទាំងឡាយ​ទាំងពួង​របស់​ខីណាសវ​ព្រាហ្មណ៍នោះ ​តែងរម្ងាប់​អស់ទៅក្នុងកាលនោះ ព្រោះថា ខីណាសវព្រាហ្មណ៍​នោះ បាន​ដឹងច្បាស់នូវព្រះនិព្វាន​ជាទីអស់​ទៅនៃបច្ច័យ។

[៣] គ្រានោះឯង ព្រះដ៏មានព្រះភាគ ​ទ្រង់រំពឹងនូវ​បដិច្ចសមុប្បាទធម៌ ជា​អនុលោមប្បដិលោម គឺពិចារណាបណ្តោយចុះ និងច្រាសឡើង អស់បច្ឆិមយាមនៃ​រាត្រី ដោយ​ន័យ​ថា សង្ខារ​ទាំងឡាយ​កើត​មាន ព្រោះមានអវិជ្ជា​ជាបច្ច័យ វិញ្ញាណកើតមាន ព្រោះមាន​សង្ខារ​ជាបច្ច័យ នាមរូបកើតមាន ព្រោះ​មាន​វិញ្ញាណជាបច្ច័យ សឡាយតនៈ​កើតមាន ព្រោះមាន​នាមរូបជាបច្ច័យ ផស្សៈកើតមាន ព្រោះមាន​សឡាយតនៈជាបច្ច័យ វេទនាកើតមាន ព្រោះមានផស្សៈជាបច្ច័យ តណ្ហាកើតមាន ព្រោះមានវេទនា​ជា​បច្ច័យ ឧបាទានកើតមាន ព្រោះ​មានតណ្ហាជាបច្ច័យ ភពកើតមាន ព្រោះមានឧបាទានជាបច្ច័យ ជាតិកើតមាន ព្រោះ​មាន​ភពជាបច្ច័យ សេចក្តីចាស់ ស្លាប់ សោក ខ្សឹកខ្សួល លំបាកកាយ លំបាកចិត្ត និង​ចង្អៀតណែនក្នុងចិត្ត​ទាំងឡាយ​កើតមាន ព្រោះមានជាតិ​ជាបច្ច័យ សេចក្តី​កើតឡើងនៃកងទុក្ខ​ទាំងអស់​នេះ រមែង​មានយ៉ាងនេះឯង ម្យ៉ាងទៀត សេចក្តីរលត់​សង្ខារកើតមាន ព្រោះវិនាស​និងរលត់​​មិន​​មាន​​សេសសល់​នៃអវិជ្ជា សេចក្តីរលត់វិញ្ញាណ​កើតមាន ព្រោះរលត់សង្ខារ សេចក្តី​រលត់​នាមរូប​កើត​មាន ព្រោះរលត់វិញ្ញាណ សេចក្តី​រលត់សឡាយតនៈកើតមាន ព្រោះរលត់នាមរូប សេចក្តីរលត់ផស្សៈ​កើតមាន ព្រោះ​រលត់​សឡាយតនៈ សេចក្តីរលត់​វេទនា​កើតមាន ព្រោះរលត់ផស្សៈ សេចក្តីរលត់​តណ្ហា​កើត​មាន ព្រោះរលត់វេទនា សេចក្តីរលត់​ឧបាទាន​កើតមាន ព្រោះរលត់តណ្ហា សេចក្តីរលត់​ភពកើតមាន ព្រោះរលត់​ឧបាទាន សេចក្តី​រលត់ជាតិកើតមាន ព្រោះរលត់ភព សេចក្តី​ចាស់ ស្លាប់ សោក ខ្សឹកខ្សួល លំបាកកាយ លំបាកចិត្ត និងចង្អៀតចង្អល់​ចិត្តទាំងឡាយ ក៏សឹង​តែរលត់ទៅ ព្រោះ​រលត់​នៃជាតិ សេចក្តី​រលត់នៃកងទុក្ខ​ទាំងអស់នេះ រមែងមាន​យ៉ាងនេះឯង។គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់ជ្រាប​ច្បាស់សេចក្តីនេះហើយ ក៏បន្លឺនូវ​ឧទានគាថានេះ ក្នុងវេលានោះថា

ធម៌ទាំងឡាយ ​ប្រាកដដល់ខីណាសវព្រាហ្មណ៍ អ្នកមានព្យាយាម​ញុំាងកិលេស​ឲ្យ​ក្តៅ អ្នកដុតបង់នូវកិលេស​ក្នុងកាលណា ​ខីណាសវ​ព្រាហ្មណ៍នោះ រមែង​កំចាត់​បង់​នូវមារ​ ព្រមទាំង​សេនាមារ ហើយឋិតនៅក្នុងកាលនោះ បីដូច​ព្រះអាទិត្យ​រះឡើង​ ធ្វើអាកាស​ឲ្យរុងរឿង​ដោយរស្មី​របស់ខ្លួន កំចាត់បង់នូវ​ងងឹត ឋិតនៅ​ ដូច្នោះឯង។

ចប់ ពោធិកថា។

[៤] លុះថ្ងៃ៧កន្លងទៅហើយ គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់ចេញចាកសមាធិនោះ ហើយទ្រង់​ចេញពីម្លប់ពោធិព្រឹក្ស យាងចូលទៅកាន់ដើមអជបាលនិគ្រោធ លុះចូលទៅ​ដល់​ហើយ ទ្រង់​គង់ពែនភ្នែនតែមួយ បង្គុយអស់៧ថ្ងៃ ក្រោមម្លប់អជបាលនិគ្រោធព្រឹក្ស​[ដើម​ជ្រៃ​ដែលជាទី​ជ្រកអាស្រ័យ​នៃពួក​ជនអ្នកឃ្វាលពពែ។] សោយវិមុត្តិសុខ (គឺសុខក្នុង​ផលសមាបត្តិ)។

គ្រានោះ មានព្រាហ្មណ៍ម្នាក់ឈ្មោះហុំហុំកជាតិកៈ (មានជាតិជាអ្នក​ធ្វើនូវសំឡេង​គម្រាម​ថា ហុំហុំ) ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏រីករាយ​មួយ​អន្លើដោយ​ព្រះដ៏មានព្រះភាគ លុះធ្វើពាក្យគួរជាទីរីករាយ គួរជាទីរលឹកឲ្យសម្រេច​ហើយ ក៏ឋិតនៅ​ក្នុងកន្លែង​ដ៏​សមគួរ។ លុះព្រាហ្មណ៍នោះ ឋិតនៅក្នុងកន្លែង​ដ៏សមគួរ​ហើយ ទើប​និយាយ​​ពាក្យនេះនឹង​ព្រះដ៏មានព្រះភាគថា បពិត្រព្រះគោតមដ៏ចម្រើន បុគ្គល​ដែល​បាន​ឈ្មោះ​ថាព្រាហ្មណ៍ ដោយហេតុប៉ុន្មានយ៉ាង ម្យ៉ាងទៀត ធម៌អ្វីខ្លះ​សម្រាប់​ធ្វើ​បុគ្គល​ឲ្យជា​ព្រាហ្មណ៍។ គ្រានោះ ព្រះដ៏មានព្រះភាគ​ទ្រង់ជ្រាបច្បាស់នូវ​សេចក្តីនេះហើយ ក៏បន្លឺនូវ​ឧទាន​គាថា​នេះ ក្នុងវេលានោះថា

ព្រាហ្មណ៍ណាមាន​បាបធម៌​បណ្តែតចោល​ហើយ មានសំឡេង​គម្រាម​ថា ហុំហុំ លះចោល​ហើយ មាន​ទឹក​ម្ចត់​គឺ​រាគា​ទិក្កិលេស​លះ​ចោល​ហើយ មាន​ចិត្ត​សង្រួម​ហើយ ចេះ​ចប់​នូវ​វេទ (គឺមគ្គញាណទាំង៤) មាន​មគ្គព្រហ្មចរិយៈ នៅរួច​ហើយ ម្យ៉ាង​ទៀត ព្រាហ្មណ៍​ណា ​មិន​មាន​គំនរ ​គឺ​រាគាទិក្កិលេស​ក្នុងអារម្មណ៍​បន្តិច​បន្តួច​ក្នុងលោកសន្និវាស ព្រាហ្មណ៍នោះ គួរនឹងហៅខ្លួនថា ជាព្រាហ្មណ៍​ដោយ​ធម៌​បាន។

ចប់ អជបាលនិគ្រោធកថា។

[៥] លុះថ្ងៃ៧កន្លងទៅហើយ លំដាប់នោះ ព្រះដ៏មានព្រះភាគ ទ្រង់ក្រោកចាក​សមាធិ​នោះ ហើយទ្រង់​ចេញអំពីម្លប់អជបាលនិគ្រោធព្រឹក្ស យាងចូលទៅកាន់ដើមរាំង លុះចូល​ទៅ​ដល់​ហើយ ទ្រង់​គង់ដោយព្រះភ្នែនតែមួយ បង្គុយអស់៧ថ្ងៃក្រោមម្លប់រាំង សោយវិមុត្តិសុខ (គឺសុខក្នុងផលសមាបត្តិ)។

សម័យនោះឯង មហាមេឃពុំជួកាល ក៏បណ្តាល​ឡើងជាភ្លៀង។ មានភ្លៀងរលឹម​អស់​៧ថ្ងៃ បណ្តាលឲ្យអាប់ពន្លឺព្រះអាទិត្យ ដោយអំណាចខ្យល់ត្រជាក់។ គ្រានោះ មុចលិន្ទនាគរាជ​ចេញអំពីលំនៅរបស់ខ្លួន ហើយពេនព័ទ្ធព្រះកាយព្រះដ៏មានព្រះភាគ៧ជុំ ដោយភ្នេន (របស់​ខ្លួន) ហើយលើកពពារដ៏ធំបាំង​ពីខាងលើព្រះសីរ្ស​ព្រះដ៏មានព្រះភាគ ហើយឋិតនៅ​ដោយគិតថា រងាកុំបីបៀតបៀនព្រះដ៏មានព្រះភាគ ក្តៅក៏កុំបីបៀតបៀន​ព្រះដ៏មាន​ព្រះភាគ សម្ផស្ស របោមមូល ខ្យល់ កំដៅថ្ងៃ ពស់តូច ពស់ធំ ក៏កុំបីបៀតបៀន​ព្រះដ៏មានព្រះភាគ​ឡើយ។ លុះថ្ងៃ៧កន្លងទៅហើយ លំដាប់នោះ មុចលិន្ទនាគរាជដឹងថា ភ្លៀង​រាំងហើយ មេឃ​ស្រឡះហើយ ក៏រំសាយ​ភ្នេនចេញចាក​ព្រះកាយព្រះដ៏មានព្រះភាគ ហើយប្រែភេទ​របស់​ខ្លួន និម្មិតជាភេទមាណព​[មនុស្សកំឡោះ។] ឈរប្រណម្យអញ្ជលី នមស្ការព្រះដ៏មានព្រះភាគ​ពីខាង​ទីចំពោះ​ព្រះភក្ត្រ​ព្រះអង្គ។ គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់ជ្រាប​សេចក្តីនេះហើយ ក៏បន្លឺនូវឧទានគាថា ក្នុងវេលានោះថា

សេចក្តីស្ងាត់ចាកកិលេស​របស់បុគ្គលអ្នកត្រេកអរ (ដោយមគ្គញ្ញាណ) មានធម៌​ប្រាកដ​ហើយ បានឃើញធម៌ (ដោយញាណចក្ខុ) ជាគុណឲ្យកើតសេចក្តីសុខ សេចក្តីមិនព្យាបាទ និងសេចក្តី​សង្រួម មិនបៀតបៀនសត្វទាំងឡាយ ក៏ជាគុណ​ឲ្យ​កើតសេចក្តី​សុខក្នុងលោក សេចក្តីណាយចាករាគៈ និង​ការប្រព្រឹត្ត​កន្លងកាម​ទាំងឡាយ ជាគុណឲ្យកើតសេចក្តីសុខ​ក្នុង​លោក កិរិយា​កំចាត់បង់នូវ​អស្មិមានះ កិរិយាកំចាត់បង់នូវ​អស្មិមានះនុ៎ះ ជាសុខ​យ៉ាងក្រៃលែង។

ចប់ មុចលិន្ទកថា។

[៦] លុះថ្ងៃ៧កន្លងទៅហើយ លំដាប់នោះ ព្រះដ៏មានជោគ ទ្រង់ក្រោកចេញចាក​សមាធិ​នោះ​ហើយ យាង​ចេញពីម្លប់ដើមរាំង ហើយយាងចូលទៅកាន់ដើមរាជាយតនៈ​[ដើមកែស] លុះចូល​ទៅ​ដល់​ហើយ ទ្រង់​គង់ដោយព្រះភ្នែនតែមួយ បង្គុយអស់ ៧ ថ្ងៃ ក្រោម​ម្លប់ដើម​រាជាយតនៈ ទ្រង់សោយវិមុត្តិសុខ (គឺសុខក្នុងផលសមាបត្តិ)។

សម័យនោះឯង មានពាណិជពីរនាក់ (ជាបងប្អូន​នឹងគ្នាបង្កើត) ឈ្មោះតបុស្សៈ១ ភល្លិកៈ១ ជាអ្នកដើរផ្លូវឆ្ងាយ ចេញអំពី​ឧក្កលជនបទ សំដៅទៅកាន់ប្រទេសនោះ។ គ្រានោះ មានទេវតាជាញាតិសាលោហិត​[ញាតិសាលោហិតនោះ គឺជន​ដែលធ្លាប់ជាញាតិ​របស់​ពាណិជ​ទាំងនោះ​មកកើតជាទេវតា។] របស់តបុស្សៈ និងភល្លិកៈពាណិជ បាននិយាយ​ពាក្យនេះ​នឹង​តបុស្សៈ ភល្លិកៈពាណិជថា ម្នាលគ្នាយើង ព្រះដ៏មានព្រះភាគអង្គនេះ ទើបនឹងបាន​ត្រាស់​ជាដម្បូង ឥឡូវ​ព្រះអង្គគង់នៅក្រោមម្លប់រាជាយតនៈ (ឯណោះ) អ្នក​ទាំងឡាយ គួរចូល​ទៅបូជាព្រះដ៏មានព្រះភាគអង្គនោះ​ដោយសដូវផង់ និងសដូវដុំចុះ ការបូជា​​នោះនឹង​បានជា​ប្រយោជន៍ និងសេចក្តីសុខ​ដល់អ្នកទាំងឡាយ​អស់កាលយូរ​អង្វែង។ គ្រានោះ តបុស្សៈ និងភល្លិកៈពាណិជ ក៏នាំយកនូវសដូវផង់ និងសដូវដុំចូល​ទៅរកព្រះដ៏មានព្រះភាគ លុះចូលទៅ​ដល់ហើយ ថ្វាយបង្គំ​ព្រះដ៏មានព្រះភាគ ហើយ​ឋិតនៅ​ក្នុងកន្លែង​ដ៏សមគួរ។ លុះ​តបុស្សៈ និងភល្លិកៈពាណិជឋិតនៅ​ក្នុងកន្លែង​ដ៏សមគួរ​ហើយ ទើបពោលពាក្យនេះ​នឹង​ព្រះដ៏មានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន សូម​ព្រះដ៏មានព្រះភាគទទួលនូវ​សដូវផង់ និងសដូវ​ដុំ​របស់យើងខ្ញុំ ព្រោះថា ការទទួល​នឹង​បាន​ជាប្រយោជន៍​ និងសេចក្តីសុខដល់​យើង​ខ្ញុំ​ទាំងឡាយអស់កាលយូរអង្វែង។ គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់ត្រិះរិះថា ធម្មតា ព្រះតថាគត​ទាំងឡាយមិនដែលទទួល (អាមិសៈ) ផ្ទាល់នឹងដៃឡើយ បើដូច្នោះ តើ តថាគត​គួរទទួល​នូវសដូវផង់ និងសដូវដុំ​ដោយវត្ថុអ្វីហ្ន៎។ គ្រានោះ មហារាជ​​[លោកបាលទេវបុត្តទាំង៤ ដែលជាស្តេច​ធំក្នុងស្ថាន​សួគ៌ឈ្មោះ​ចាតុម្មហារាជិកៈ]​ទាំង៤ ទ្រង់ជ្រាបព្រះតម្រិះរបស់​ព្រះដ៏មានព្រះភាគ (ដោយ​ចិត្តរបស់ខ្លួន) ទើបនាំនូវបាត្រថ្មកែវ​ទាំងឡាយ៤ អំពីទិសទាំង៤ បង្អោន​ចូលមក​ថ្វាយ​ព្រះដ៏មានព្រះភាគ ដោយពាក្យថា បពិត្រព្រះអង្គដ៏ចំរើន សូមព្រះដ៏មាន​ព្រះភាគទទួល​នូវសដូវផង់ និងសដូវដុំ​ដោយបាត្រនេះចុះ។ ព្រះដ៏មានព្រះភាគ ក៏ទ្រង់​ទទួល​នូវសដូវផង់ និងសដូវដុំ ដោយបាត្រថ្មកែវ​ទាំងឡាយដ៏មានដំឡៃច្រើន លុះទទួល​ស្រេចហើយ ក៏ទ្រង់សោយ (ក្នុងពេលនោះ)។ គ្រានោះ តបុស្សៈ និងភល្លិកៈពាណិជ​បាននិយាយ​ពាក្យនេះ​នឹងព្រះដ៏មានព្រះភាគថា បពិត្រព្រះដ៏មានព្រះភាគ​ដ៏ចំរើន យើងខ្ញុំ​ទាំង​ឡាយ​នេះ សូមដល់នូវ​ព្រះដ៏មានព្រះភាគ និងព្រះធម៌ជាទីរឭក សូម​ព្រះអង្គ​ទ្រង់​ជ្រាបនូវ​យើងខ្ញុំ​ទាំងឡាយ​ថាជាឧបាសក​បានដល់​នូវទីរឭកស្មើដោយជីវិត ក្នុងកាល​មាន​ថ្ងៃ​នេះ​ជាដើម​តរៀងទៅ។ ក៏ឯពាណិជ​ទាំងពីរនាក់នោះបាន​នាមបញ្ញត្តិថា ទ្វេវាចិកឧបាសក​ [ឧបាសក​បានបញ្ចេញ​វាចាប្តេជ្ញាខ្លួនយក​ព្រះពុទ្ធ និងព្រះធម៌​ទាំងពីរ​ជាទីពឹងទីរឭក ព្រោះ​ក្នុង​ពេល​នោះ មិនទាន់មានព្រះសង្ឃនៅឡើយ។] ជាដម្បូងក្នុង​លោក។

ចប់ រាជាយតនកថា។

[៧]​ លុះថ្ងៃ៧កន្លងទៅហើយ លំដាប់នោះ ព្រះមានជោគ ទ្រង់ក្រោកចាក​សមាធិ​នោះ ហើយយាង​ចេញអំពីក្រោមម្លប់រាជាយតនៈ ហើយយាងចូលទៅកាន់ដើម​អជបាល​និគ្រោធ​​​វិញ។ បានឮថា ព្រះដ៏មានព្រះភាគ ក៏គង់​នៅក្រោម​ម្លប់អជបាលនិគ្រោធនោះ។ លំដាប់នោះ ព្រះដ៏មានព្រះភាគ គង់សម្ងំនៅក្នុងទីស្ងាត់​តែមួយ​ព្រះអង្គ ទើបទ្រង់​ព្រះតម្រិះយ៉ាងនេះថា ក៏ធម៌​ដែលតថាគត​បានត្រាស់ដឹងហើយនេះឯង ជាធម៌ដ៏ជ្រាល​ជ្រៅ ជាធម៌គឺសត្វ​ឃើញបាន​ដោយកម្រ ជាធម៌ គឺសត្វត្រាស់ដឹងបានដោយកម្រ ជាធម៌​រម្ងាប់ទុក្ខ ជាធម៌ដ៏ឧត្តម ជាធម៌​ដែល​សត្វមិនគប្បី​ស្ទង់​ប្រមើល​ដោយសេចក្តី​ត្រិះរិះបាន ជាធម៌ដ៏ល្អិត ជាធម៌ លុះតែអ្នកប្រាជ្ញ​ទើបត្រាស់​ដឹងបាន ក៏ឯពពួកសត្វនេះ សុទ្ធតែ​នៅ​កំពុង​រីករាយក្នុងសេចក្តីអាល័យ កំពុង​ត្រេកត្រអាល​ក្នុងសេចក្តីអាល័យ កំពុង​ស្រើប​ស្រាល​​ក្នុងសេចក្តីអាល័យ (ចំពោះ​កាមទាំងឡាយ​នៅឡើយ) ក៏បដិច្ចសមុប្បាទធម៌ គឺធម៌​ជាបច្ច័យ​នៃគ្នានឹងគ្នាណា បដិច្ចសមុប្បាទធម៌​នេះ ជាហេតុនាំឲ្យពពួកសត្វ​នៅរីករាយ​ក្នុងសេចក្តីអាល័យ នៅ​ត្រេក​ត្រអាល​​ក្នុងសេចក្តីអាល័យ នៅ​ស្រើបស្រាល​ក្នុងសេចក្តី​អាល័យ ឃើញបានដោយកម្រ ម្យ៉ាងទៀត ធម៌ណាសម្រាប់រម្ងាប់​បង់នូវសង្ខារទាំងពួង សម្រាប់លះចោលនូវឧបធិ គឺខន្ធ និង​កិលេសទាំងអស់ ជាទីអស់ទៅនៃតណ្ហា ជាទី​ណាយចាករាគៈ ជាទីរលត់នៃទុក្ខគឺនិព្វាន ធម៌ទាំង​អម្បាលនេះ ជាហេតុដែលពពួក​សត្វ​ឃើញបានដោយកម្រក្រៃពេក បើទុកជា​តថាគត​សំដែងធម៌ទៅ ក៏គង់សត្វ​ទាំងឡាយដទៃ​មិនអាច​នឹងត្រាស់ដឹង​នូវធម៌​របស់តថាគត​បានឡើយ ព្រោះហេតុនោះ សេចក្តី​លំបាក សេចក្តីនឿយព្រួយ មុខជានឹងមានដល់តថាគត​មិនខាន។ ម្យ៉ាងទៀត ព្រះគាថា​ទាំងឡាយ​​ជាហេតុអស្ចារ្យសមគួរនេះ ព្រះដ៏មានព្រះភាគ​មិនដែល​បានឮ​ក្នុងកាលមុន​ឡើយ ក៏កើតប្រាកដដល់ព្រះអង្គថា

ឥឡូវនេះ តថាគតគួរសំដែង​នូវធម៌​ដែលតថាគត​បានត្រាស់ដឹង​ហើយដោយកម្រ (នុ៎ះទៅ​ចុះ)។ ប៉ុន្តែសត្វទាំងឡាយដែលរាគៈ ទោសៈ គ្របសង្កត់ ក៏មិនអាច​នឹង​ត្រាស់ដឹង​នូវធម៌​នេះបាន​ដោយងាយទេ។ សត្វទាំងឡាយដែល​កំពុងត្រេកអរ​ដោយរាគៈ ដែលគំនរងងឹត (គឺអវិជ្ជា) កំពុង​បិទបាំង (យ៉ាងនេះ) មុខជា​នឹងមិន​ឃើញ​នូវធម៌​ដែលនាំសត្វឲ្យ​ដល់នូវ​ព្រះនិព្វាន ជាធម៌​ល្អិតឆ្មារ ជ្រាលជ្រៅ សត្វ​ឃើញ​បានដោយកម្រ (នុ៎ះទេ)។

កាលដែលព្រះដ៏មានព្រះភាគពិចារណាឃើញ ដោយន័យដែលត្រិះរិះ ​ដូច្នេះហើយ ព្រះហឫទ័យ​ក៏ឱន​ទៅដើម្បី​សេចក្តីខ្វល់ខ្វាយតិច មិនឱនទៅដើម្បី​សំដែងធម៌ឡើយ។

[៨] លំដាប់នោះ សហម្បតិព្រហ្ម ដឹងនូវ​សេចក្តីត្រិះរិះ ​ក្នុងព្រះហឫទ័យ​របស់​ព្រះដ៏មានព្រះភាគ​​ដោយចិត្តរបស់ខ្លួនហើយ ទើបរំពឹង​ត្រិះរិះដូច្នេះថា អើហ្ន៎ ព្រះតថាគត ជាអរហន្តសម្មាសម្ពុទ្ធ មានព្រះហឫទ័យ​ឱនទៅដើម្បី​សេចក្តីខ្វល់ខ្វាយតិច មិនឱនទៅ​ដើម្បី​សំដែងធម៌ (យ៉ាងនេះ) ឱ សត្វលោកវិនាសតើហ្ន៎ ឱ សត្វលោកវិនាសតើហ្ន៎។ គ្រានោះ សហម្បតិព្រហ្ម ក៏បាត់អំពីព្រហ្មលោក មកប្រាកដក្នុងទីចំពោះ​ព្រះភក្ត្រ​ព្រះដ៏មានព្រះភាគ (ដោយ​ឆាប់ភ្លាម) ប្រៀបដូចបុរសអ្នកមានកំឡាំង លាចេញនូវ​ដើមដៃ​ដែលខ្លួន​បត់ចូល ឬបត់​ចូលនូវដើមដៃ​ដែលខ្លួន​លាចេញ។ លំដាប់នោះ សហម្បតិព្រហ្ម​ធ្វើសំពត់​ឧត្តរាសង្គ ឆៀងស្មា​ម្ខាង ហើយលុតចុះនូវមណ្ឌល​ជង្គង់ខាងស្តាំ​លើផែនដី ប្រណម្យ​អញ្ជលី ថ្វាយបង្គំ​ចំពោះត្រង់​ព្រះដ៏មានព្រះភាគ ទើបពោលពាក្យនេះនឹង​ព្រះដ៏មានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន សូម​ព្រះដ៏មានព្រះភាគសំដែងធម៌ សូម​ព្រះសុគតសំដែងធម៌ (ដ្បិត) សត្វទាំងឡាយ​ដែលមាន​ធូលី គឺរាគាទិក្កិលេសដ៏​ស្រាល​ស្តើង​ក្នុងភ្នែក គឺបញ្ញា តែខានស្តាប់ធម៌​ ក៏មុខ​ជានឹងសាបសូន្យ​មិនខាន សត្វទាំងឡាយ អ្នកបម្រុងនឹងត្រាស់ដឹងនូវធម៌ ក៏គង់មានដែរ។ សហម្បតិព្រហ្ម បាន​ពោល​ពាក្យនេះ (ប៉ុណ្ណេះ) លុះពោលពាក្យនេះរួចហើយ ក៏ពោលពាក្យដទៃតទៅទៀតថា

ពីមុន​រៀងមក ធម៌ដែលជនទាំងឡាយអ្នកប្រកបដោយមន្ទិល តែងគិត ជាធម៌​មិន​បរិសុទ្ធ​ទេ កើតប្រាកដហើយក្នុងដែនមគធៈ។ សូមព្រះអង្គបើក​នូវទ្វារ​នៃ​ព្រះនិព្វាននុ៎ះ សត្វ​ទាំងឡាយ ​ប្រុងចាំស្តាប់ធម៌ដែល​ព្រះអង្គ​ជាអ្នក​ប្រាសចាក​មន្ទិល ទ្រង់ត្រាស់ដឹង​តាម (លំអាន​ព្រះពុទ្ធ​អំពីបូរាណ)។ ប្រៀប​ដូចជាបុរស​អ្នកមាន​ចក្ខុ ឈរនៅ​លើកំពូល​ភ្នំដ៏ហើយ​ដោយថ្មសុទ្ធ ក្រឡេកមើលឃើញ​ប្រជុំជន​ដោយជុំវិញយ៉ាងណាមិញ បពិត្រព្រះអង្គ​មាន​បញ្ញាល្អ មានសមន្តចក្ខុ ព្រះអង្គជាអ្នកមាន​សេចក្តីសោក​ទៅប្រាសហើយ សូមទ្រង់​ឡើង​កាន់​ប្រាសាទដ៏​ហើយដោយធម៌ ពិចារណាមើលនូវ​ប្រជុំជន​អ្នកច្រឡំ​ដោយ​សេចក្តីសោក​ដែលជាតិ​ ជរាកំពុង​គ្របសង្កត់ មានឧបមាដូច្នោះដែរ។ បពិត្រព្រះអង្គ​អ្នកមាន​ព្យាយាម អ្នកឈ្នះ​សង្គ្រាមហើយ ជានាយក​នៃពួកសត្វ អ្នកមិនជាប់ជំពាក់​បំណុល គឺកាម សូម​ព្រះអង្គក្រោកឡើង សូមទ្រង់​ស្តេច​ទៅក្នុងលោក។ សូម​ព្រះដ៏មានព្រះភាគ ទ្រង់សំដែង​ធម៌ សត្វទាំងឡាយអ្នកបំរុង​នឹងត្រាស់ដឹង​នូវ​ធម៌ ក៏គង់មានដែរ។

[៩] គ្រានោះ ព្រះដ៏មានព្រះភាគទ្រង់ជ្រាបច្បាស់នូវ​សេចក្តី​អារាធនារបស់​សហម្បតិព្រហ្ម​ផង ទ្រង់អាស្រ័យនូវ​សេចក្តីករុណា​ចំពោះ​សត្វទាំងឡាយផង ទើបទ្រង់​រមិលមើល​នូវ​សត្វ​លោកដោយ​ពុទ្ធចក្ខុ។ ព្រះដ៏មានព្រះភាគ កាលទ្រង់​រមិលមើលនូវ​សត្វលោក​ដោយ​ពុទ្ធចក្ខុ ទ្រង់បានឃើញសត្វ​ទាំងឡាយ មានធូលី គឺរាគាទិក្កិលេស​តិចក្នុង​ភ្នែក (ខ្លះ) មានធូលី គឺរាគាទិក្កិលេស​ច្រើនក្នុងភ្នែក(ខ្លះ) មានឥន្ទ្រិយរឹង(ខ្លះ) មានឥន្ទ្រិយ​ទន់​(ខ្លះ) មានអាការល្អ (ខ្លះ) មានអាការអាក្រក់(ខ្លះ) ជាសត្វដែល​ព្រះអង្គ​គួរឲ្យ​ត្រាស់ដឹង​បាន​ដោយ​​ងាយ (ខ្លះ) ឲ្យត្រាស់ដឹងបានដោយ​កម្រ(ខ្លះ) ជាអ្នកឃើញ​បរលោក​ និងទោស​ដោយ​សភាព​​គួរខ្លាចខ្លះ។ (សេចក្តីប្រៀបថា) មានផ្កាជលជាតិពួកខ្លះ គឺផ្កា​ព្រលិតក្តី ផ្កាឈូក​ក្រហម​ក្តី ផ្កាឈូកសក្តី ក្នុងគុម្ពនៃព្រលិតក្តី ក្នុងគុម្ពនៃឈូកក្រហមក្តី ក្នុងគុម្ពនៃ​ឈូកសក្តី តែងកើត​ឡើង​ក្នុងទឹក ចំរើនឡើងក្នុងទឹក លូតលាស់ឡើងតាមទឹក លិចនៅក្នុង​ទឹកនៅឡើយ មានផ្កាជលជាតិ​ពួកខ្លះ គឺផ្កា​ព្រលិតក្តី ផ្កាឈូកក្រហមក្តី ផ្កាឈូកសក្តី តែងកើតឡើងក្នុងទឹក ចំរើនឡើងក្នុងទឹក ឋិតនៅត្រឹមស្មើនឹងទឹក មានផ្កាជលជាតិ​ពួកខ្លះ គឺផ្កា​ព្រលិតក្តី ផ្កាឈូកក្រហមក្តី ផ្កាឈូកសក្តី តែងកើតឡើងក្នុងទឹក ចំរើនឡើងក្នុងទឹក ដុះខ្ពស់ឡើងជាងទឹក មិនជាប់ជំពាក់​ដោយទឹក មានឧបមាយ៉ាងណាមិញ ព្រះដ៏មាន​ព្រះភាគ កាលទ្រង់រមិលមើល​សត្វលោក​ដោយពុទ្ធ​ចក្ខុ ទ្រង់​ឃើញសត្វ​ទាំងឡាយ មាន​ធូលី គឺរាគាទិក្កិលេស​តិចក្នុងភ្នែក (ខ្លះ) មានធូលី គឺរាគាទិក្កិលេស​ច្រើន​ក្នុងភ្នែក (ខ្លះ) មានឥន្ទ្រិយ​រឹង(ខ្លះ) មានឥន្ទ្រិយ​ទន់(ខ្លះ) មានអាការល្អ (ខ្លះ) មានអាការ​មិនល្អ(ខ្លះ) ជាសត្វ​ដែលព្រះអង្គគួរ​ឲ្យត្រាស់ដឹង​បានដោយងាយ (ខ្លះ) ឲ្យត្រាស់ដឹង​បានដោយ​កម្រ (ខ្លះ) សត្វចំពូកខ្លះ ឃើញបរលោក និងទោសដោយសភាព​គួរខ្លាច មានឧបមេយ្យ​ដូច្នោះ​ឯង លុះទ្រង់ឃើញហើយ ទើបទ្រង់​សំដែង​ជាបទគាថា​នឹងសហម្បតិព្រហ្មថា

ទ្វារនៃព្រះនិព្វានទាំងនោះបើកហើយ សត្វទាំងឡាយណាមាន​សោតប្បសាទ សត្វ​ទាំងឡាយ​នោះចូរ​បញ្ចេញ​នូវ​សទ្ធាចុះ។ ម្នាលមហាព្រហ្ម តថាគត​មាន​សេចក្តី​សំគាល់​ក្នុងការលំបាក បានជាមិនសំដែងធម៌ដ៏ឧត្តម ដែលស្ទាត់​ក្នុង​សំណាក់មនុស្ស​ទាំងឡាយ។

គ្រានោះ សហម្បតិព្រហ្មគិតថា ខ្លួនអញ​ជាបុគ្គលគឺ​ព្រះដ៏មានព្រះភាគ​ទ្រង់យល់ព្រម​ដើម្បីនឹងសំដែងធម៌​ហើយ (លុះគិតដូច្នេះហើយ) ក៏ថ្វាយបង្គំលា​ព្រះដ៏មានព្រះភាគ​ធ្វើ​ប្រទក្សិណ ហើយក៏បាត់​អំពីទីនោះមួយ​រំពេចទៅ។

ចប់ ព្រហ្មយាចនកថា។

[១០] គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់ត្រិះរិះយ៉ាងនេះថា តថាគតគួរសំដែង​ធម៌​ដល់​អ្នកណាជាមុនហ្ន៎ អ្នកណាអាច​ត្រាស់ដឹងធម៌នេះ​ឆាប់រហ័សបាន។ លំដាប់នោះ ព្រះដ៏មានព្រះភាគ ទ្រង់ត្រិះរិះយ៉ាងនេះ​ទៀតថា អាឡារតាបសកាលាមគោត្រ​នេះជា​បណ្ឌិត ជាអ្នកឆ្លៀវឆ្លាស វាងវៃ ជាអ្នកមានបញ្ញា មានធូលី គឺរាគាទិក្កិលេស​តិចក្នុងភ្នែក​យូរ​មកហើយ បើដូច្នោះ គួរតថាគត​សំដែង​ធម៌ដល់​អាឡារតាបសកាលាមគោត្រ​ជាមុន​ចុះ តាបសនោះ​នឹង​ត្រាស់ដឹងធម៌នេះ​ឆាប់រហ័យបាន។ គ្រានោះ មានទេវតា (អង្គមួយ) មានរូប​មិនប្រាកដ ក្រាបទូល​ព្រះដ៏មានព្រះភាគ​ដោយពាក្យថា បពិត្រព្រះអង្គដ៏ចំរើន អាឡារតាបសកាលាមគោត្រ​ធ្វើកាលកិរិយាស្លាប់​ទៅ៧ថ្ងៃហើយ។ ព្រះដ៏មានព្រះភាគ ក៏​ទ្រង់​​ជ្រាបថា អាឡារតាបសកាលាមគោត្រ​ធ្វើកាលកិរិយា​ស្លាប់ទៅ៧ថ្ងៃហើយ។ គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់ព្រះតម្រិះដូច្នេះថា អាឡារតាបសកាលាមគោត្រ​ (នុ៎ះ) មាន​សេចក្តី​សាបសូន្យធំ ប្រសិនបើតាបស​នោះ​បានស្តាប់ធម៌នេះ ក៏គប្បី​ត្រាស់ដឹង​ធម៌បាន​មួយរំពេច។ គ្រានោះ ព្រះដ៏មានព្រះភាគ​ ទ្រង់ព្រះតម្រិះដូច្នេះថា តថាគត​សំដែង​ធម៌ដល់​អ្នកណា​ជាមុន​អេះ អ្នកណានឹងត្រាស់ដឹងធម៌​នេះឆាប់រហ័យបាន។ ព្រះដ៏មានព្រះភាគ​ ក៏ទ្រង់​ព្រះតម្រិះ​ក្នុង​លំដាប់នោះទៀតថា ឧទ្ទកតាបសរាមបុត្រនេះឯង ជាបណ្ឌិត ជាអ្នក​ឆ្លៀវឆ្លាស វាងវៃ ជាអ្នក​មានបញ្ញា មានធូលី គឺរាគាទិក្កិលេស​តិចក្នុងភ្នែក​យូរណាស់​មកហើយ បើដូច្នោះ គួរ​តថាគត​សំដែង​ធម៌ដល់​ឧទ្ទកតាបសរាមបុត្រជាមុនចុះ តាបស​នោះ​នឹង​ត្រាស់ដឹងធម៌នេះ​ឆាប់រហ័យ​បាន។ គ្រានោះ មានទេវតា (អង្គមួយ) មានរូប​មិនប្រាកដ ក្រាបទូល​ព្រះដ៏មានព្រះភាគ​ដោយពាក្យថា បពិត្រព្រះអង្គដ៏ចំរើន ឧទ្ទក​តាបស​រាមបុត្រធ្វើកាលកិរិយាស្លាប់អំពី​ពេល​ព្រលប់​ទៅហើយ។ ព្រះដ៏មានព្រះភាគ ក៏ទ្រង់​ជ្រាបថា ឧទ្ទកតាបសរាមបុត្រធ្វើកាលកិរិយា​ស្លាប់អំពីពេលព្រលប់ហើយដែរ។ គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់ព្រះតម្រិះដូច្នេះថា ឧទ្ទកតាបសរាមបុត្រ មានសេចក្តី​សាបសូន្យធំ ប្រសិនបើតាបស​នោះ​បានស្តាប់ធម៌នេះ គប្បី​ត្រាស់ដឹង​ធម៌បាន​មួយរំពេច។ គ្រានោះ ព្រះដ៏មានព្រះភាគ​ ទ្រង់ព្រះតម្រិះដូច្នេះថា តថាគត​គួរ​​សំដែង​ធម៌ដល់អ្នកណា​ជាមុន​ហ្ន៎ អ្នកណានឹងត្រាស់ដឹងធម៌​នេះឆាប់រហ័យបាន។ ព្រះដ៏មាន​ព្រះភាគ​ ទ្រង់មាន​ព្រះតម្រិះដូច្នេះ​ក្នុង​លំដាប់នោះថា បញ្ចវគ្គិយ[ភិក្ខុមានគ្នា៥រូប។]​ភិក្ខុទាំងឡាយ មាន​ឧបការៈ​​ច្រើន​ដល់តថាគត ព្រោះថា បានបម្រើតថាគត​ កាលដែល​កំពុង​បញ្ជូនចិត្តទៅ​ក្នុងព្យាយាម​[កំពុងខំប្រឹង​បំពេញ​ព្យាយាម​ឲ្យបាន​ត្រាស់ជាព្រះពុទ្ធ។] បើដូច្នោះ គួរ​តថាគត​​សំដែង​ធម៌ដល់​បញ្ចវគ្គិយភិក្ខុទាំងឡាយជាមុនចុះ។ គ្រានោះ ​ព្រះដ៏មានព្រះភាគ ទ្រង់មានព្រះតម្រិះ​ដូច្នេះថា ឥឡូវនេះ បញ្ចវគ្គិយ​ភិក្ខុទាំងឡាយនៅឯណា។ លុះ​ព្រះដ៏មាន​ព្រះភាគ ទ្រង់ឃើញបញ្ចវគ្គិយភិក្ខុទាំងឡាយ នៅក្នុង​ឥសិបតនមិគទាយវន ទៀប​ក្រុង​ពារាណសី ដោយទិព្វចក្ខុ​ដ៏បរិសុទ្ធ​ស្អាត កន្លង​លើសចក្ខុ​របស់មនុស្ស។ គ្រានោះ ព្រះដ៏មាន​ព្រះភាគ គង់នៅក្នុងឧរុវេលាប្រទេស តាមសមគួរ​ដល់ព្រះអធ្យាស្រ័យ ទើបទ្រង់​យាងទៅកាន់​ចារិក សំដៅ​ទៅរក​ក្រុងពារាណសី។

[១១] មានអាជីវកម្នាក់ឈ្មោះឧបកៈ បានឃើញព្រះដ៏មានព្រះភាគ ស្តេចទៅកាន់​ផ្លូវ​ឆ្ងាយ ក្នុងចន្លោះនៃគយាប្រទេសផង ក្នុងចន្លោះ​ពោធិព្រឹក្សផង លុះឃើញហើយ ក៏ពោលពាក្យ​នេះនឹង​ព្រះដ៏មានព្រះភាគថា ម្នាលអាវុសោ ឥន្ទ្រិយទាំងឡាយ​របស់អ្នក​ជ្រះថ្លាណាស់ ឆវិវណ្ណ​[សម្បុរស្បែក ឬសម្បុរថ្ងៃ] របស់អ្នកក៏បរិសុទ្ធផូរផង់ ម្នាលអាវុសោ អ្នកបួស​ចំពោះគ្រូណា អ្នកណា​ជាគ្រូរបស់អ្នក អ្នកពេញចិត្តនឹងធម៌​របស់គ្រូណា។ កាល​ឧបកាជីវក​សួរយ៉ាងនេះ​ហើយ ព្រះដ៏មានព្រះភាគ ទ្រង់ឆ្លើយតប​ដោយពាក្យ​ជាគាថាទៅ​រក​ឧបកាជីវកថា

តថាគតជាអ្នកគ្របសង្កត់នូវ​តេភូមិកធម៌ទាំងអស់ ត្រាស់ដឹង​នូវចតុភូមិក​ធម៌​ទាំងអស់ មិន​ប្រឡាក់​ដោយកិលេស​ក្នុងតេភូមិកធម៌​ទាំងអស់ បានលះចោល​នូវ​តេភូមិកធម៌​ទាំងអស់​ហើយ មានចិត្តផុតស្រឡះហើយ ព្រោះអស់ទៅ​នៃ​តណ្ហា ដឹងច្បាស់​នូវចតុភូមិកធម៌​ដោយខ្លួនឯង (ចាំបាច់) ចំពោះ​បុគ្គលណា។ តថាគត​មិនមានអាចារ្យទេ មិនមាន​បុគ្គលដទៃស្មើនឹងតថាគតឡើយ ក្នុងលោកនេះ ព្រមទាំងទេវលោក​ មិនមានបុគ្គល​ប្រៀបផ្ទឹម​នឹងតថាគត​បានឡើយ។ ព្រោះថា តថាគតជាអរហន្ត​ក្នុងលោក ជាសាស្តា​ខ្ពស់ផុត ជាអ្នកត្រាស់ដឹងដោយប្រពៃ​ចំពោះ​ខ្លួនឯង តថាគតមានសេចក្តីត្រជាក់ មាន​ភ្លើងកិលេស​រលត់ហើយ។

ឥឡូវ​តថាគតទៅកាន់​ក្រុងនៃ​ពួកជន​អ្នកកាសី ដើម្បីនឹងសំដែងធម្មចក្ក (ដោយ​បំណងថា) តថាគត​នឹងទូងនូវស្គរ គឺអមតនិព្វាន ចំពោះសត្វលោក ដែល​ងងឹត គឺ​អវិជ្ជា​កំពុង​គ្រប​សង្កត់។

ឧបកាជីវក​ក៏តបថា ម្នាលអាវុសោ អ្នកប្តេជ្ញាខ្លួនអ្នកថាយ៉ាងណា អ្នក (គួរ​ដើម្បី​បាននូវ​ឈ្មោះ​) ថា អនន្តជិនៈ (យ៉ាងនោះឯង)។ ព្រះសម្មាសម្ពុទ្ធ ទ្រង់មាន​ព្រះពុទ្ធដីកាទៀតថា។

ជនទាំងឡាយណាបានដល់នូវធម៌សម្រាប់ធ្វើអាសវៈ​ឲ្យអស់ទៅ ជនទាំងឡាយ​នោះ​ឈ្មោះ​ថា ជិនៈ (ជាអ្នកឈ្នះកិលេស) ប្រាកដដូច​ជាតថាគតដែរ។ តថាគត​បានឈ្នះ​បាបធម៌ទាំងឡាយហើយ ម្នាលឧបកៈ ព្រោះហេតុនោះ ទើបតថាគត​បាននូវ​ឈ្មោះថា ជិនៈ (ជាអ្នក​ឈ្នះបាបធម៌)។

កាលព្រះដ៏មានព្រះភាគ ទ្រង់មានព្រះពុទ្ធដីកា​យ៉ាងនេះហើយ ឧបកាជីវក​ពោលពាក្យ​ថា ម្នាលអាវុសោ ពាក្យយ៉ាងហ្នឹង ពិតមែនហើយ (ថាហើយ) ក៏ងក់ក្បាល ហើយកាន់​យកផ្លូវ​ខុស (គឺដើរ​បែកផ្លូវ​គ្នា) ចៀសចេញទៅ។

[១២] គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់យាងទៅកាន់ចារិកតាមលំដាប់ ហើយក៏យាង​ចូលទៅក្រុង​ពារាណសី រួចហើយ ទ្រង់យាងទៅ​ឯឥសិបតនមិគទាយវន សំដៅ​ទៅរក​កន្លែង​ដែល​បញ្ចវគ្គិយ​ភិក្ខុនៅ។ បញ្ចវគ្គិយ​ភិក្ខុបានឃើញព្រះដ៏មានព្រះភាគយាងមកអំពី​ចម្ងាយ លុះឃើញហើយ ក៏ធ្វើប្តេជ្ញា​គ្នាថា ម្នាលអាវុសោ សមណគោតម​នេះជាអ្នក​ប្រតិបត្តិ​ដើម្បី​ល្មោភ ឃ្លាតចាកព្យាយាមហើយ វិលត្រឡប់​ដើម្បីភាវៈ​ល្មោភ ឥឡូវនេះ លោកនិមន្តមក យើងទាំង​អស់គ្នាមិនគួរថ្វាយបង្គំ មិនគួរក្រោកទទួលលោកទេ មិនគួរ​ទទួលយកបាត្រ ចីវររបស់​លោក​ឡើយ ប៉ុន្តែយើងត្រូវក្រាលអាសនៈបម្រុងទុក បើ​លោកនឹង​ចង់គង់ក៏គង់ចុះ។ ព្រះដ៏មាន​ព្រះភាគ យាងចូលទៅរកបញ្ចវគ្គិយភិក្ខុ​ដោយ​ប្រការ​ណាៗ បញ្ចវគ្គិយ​ភិក្ខុទាំងនោះ ក៏​មិនអាច​ដើម្បីឋិតនៅក្នុងពាក្យប្តេជ្ញា​របស់ខ្លួន​ដោយប្រការ​នោះៗបានឡើយ​ ក៏ស្រាប់តែក្រោកទទួល​ ព្រះដ៏មានព្រះភាគ ខ្លះទទួល​យកបាត្រ ចីវររបស់ព្រះអង្គ ខ្លះក្រាលអាសនៈថ្វាយ ខ្លះដម្កល់​ទឹក​លាងព្រះបាទ យកតាំង​សម្រាប់​រងព្រះបាទ និងឈ្នាន់​រងព្រះបាទ​មកថ្វាយ។ ព្រះដ៏​មានព្រះភាគ គង់លើ​អាសនៈដែលបញ្ចវគ្គិយ​ភិក្ខុ​ទាំងឡាយរៀបចំទុកហើយ។ លុះព្រះដ៏​មានព្រះភាគគង់​ហើយ ក៏ទ្រង់លាង​ព្រះបាទទាំងពីរ។ ទើបបញ្ចវគ្គិយ​ភិក្ខុហៅព្រះដ៏មាន​ព្រះភាគចំ​ព្រះនាមផង ដោយពាក្យថា អាវុសោផង។ កាលបញ្ចវគ្គិយ​ភិក្ខុទាំងឡាយ​ពោល​ពាក្យ​ហៅយ៉ាងនេះហើយ ព្រះភគវន្តមុនី ទ្រង់មានព្រះពុទ្ធដីកា​យ៉ាងនេះនឹងបញ្ចវគ្គិយ​ភិក្ខុ​ទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងអស់គ្នា​កុំហៅ​តថាគត​ដោយចំឈ្មោះ និង​ពាក្យថា​អាវុសោឡើយ ម្នាលភិក្ខុទាំងឡាយ តថាគត​ជាអរហន្តសម្មាសម្ពុទ្ធ​ហើយ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយចូរ​ប្រុង​សោតប្បសាទចុះ ឥឡូវ តថាគត​នឹងប្រៀន​ប្រដៅ​នូវ​អមតធម៌​ដែល​តថាគត​ត្រាស់ដឹងហើយ ឥឡូវតថាគត​នឹងសំដែងធម៌ ក៏កុលបុត្រ​ទាំងឡាយដែល​ចេញចាក​ផ្ទះហើយបួស ក្នុងភាពនៃបុគ្គល​គ្មានការងារជាប្រយោជន៍​ដល់​ផ្ទះ​ដោយប្រពៃ ​ដើម្បី​ប្រយោជន៍ដល់អនុត្តរធម៌ណា អ្នកទាំងឡាយ​កាលបើបាន​ប្រតិបត្តិ​គួរតាម​ពាក្យប្រដៅ​របស់​តថាគតហើយ ពុំយូរឡើយ មុខជា​នឹងបានធ្វើ​ឲ្យជាក់ច្បាស់​ដោយបញ្ញាខ្លួនឯង​ក្នុងបច្ចុប្បន្ន​នេះ ចំពោះ​អនុត្តរធម៌​[អនុត្តរធម៌ គឺព្រះអរហត្តផល] នោះ​ជាទីបំផុត​នៃមគ្គព្រហ្មចរិយៈ និងសម្រេច​សម្រាន្តនៅដោយ​ឥរិយាបថ​ទាំង៤។ កាល​ព្រះដ៏មានព្រះភាគ ទ្រង់មានព្រះពុទ្ធដីកា​យ៉ាងនេះ​ហើយ បញ្ចវគ្គិយភិក្ខុ ក៏ពោលពាក្យនេះ​នឹង​ព្រះដ៏មានព្រះភាគថា បពិត្រព្រះ​គោតមដ៏​មាន​អាយុ ព្រះអង្គ​មិនទាន់​បាន​ត្រាស់ដឹង​នូវ​ឧត្តរិមនុស្សធម្ម ជាធម៌​វិសេស​ដោយញាណ​និង​ទស្សនៈដ៏ឧត្តម​អាចកំចាប់បង់​នូវកិលេស ដោយការប្រព្រឹត្តិ​នោះផង ដោយការ​ប្រតិបត្តិ​នោះ​ផង ដោយអំពើ​ដែលអ្នក​ដទៃធ្វើ​តាម​បាន​ដោយកម្រផង ឥឡូវ​នេះព្រះអង្គប្រតិបត្តិ​ដើម្បី​ល្មោភ​ច្រើនហើយ ឃ្លាតចាកព្យាយាម​ហើយ វិលត្រឡប់​មកដើម្បី​ល្មោភច្រើនហើយ ក៏​នឹងបាន​ត្រាស់​ដឹង​ឧត្តរិមនុស្សធម្ម​ដ៏វិសេស ដោយញាណនិងទស្សនៈដ៏ឧត្តម អាចកំចាត់បង់​នូវ​កិលេស​ដូច​ម្តេចបាន។ លុះ​បញ្ចវគ្គិយភិក្ខុទាំងឡាយ​ពោលពាក្យ​យ៉ាងនេះហើយ ទើប​ព្រះដ៏មាន​ព្រះ​ភាគ ទ្រង់​មាន​ព្រះបន្ទូល​យ៉ាងនេះនឹងបញ្ចវគ្គិយភិក្ខុថា ម្នាលភិក្ខុទាំងឡាយ តថាគត​មិនមែន​ប្រតិបត្តិ​​ដើម្បីល្មោភច្រើនទេ មិនឃ្លាតចាកព្យាយាមទេ មិនវិលត្រឡប់​ដើម្បី​ល្មោភច្រើន​ដូច្នោះ​ទេ ម្នាលភិក្ខុទាំងឡាយ តថាគតបានជាអរហន្តសម្មាសម្ពុទ្ធ​ហើយ ម្នាលភិក្ខុទាំងឡាយ អ្នកទាំង​ឡាយចូរប្រុងសោតប្បសាទចុះ តថាគត​នឹងប្រៀនប្រដៅ​នូវព្រះនិព្វាន ដែល​តថាគត​បានត្រាស់​ដឹងហើយ ឥឡូវតថាគត​នឹងសំដែងធម៌ ក៏កុលបុត្រទាំងឡាយ ​ចេញ​ចាក​ផ្ទះ ហើយ​បួសក្នុងភាពនៃបុគ្គល​មិនមានការងារជាប្រយោជន៍​ដល់ផ្ទះ​ ដោយប្រពៃ​ដើម្បី​​ប្រយោជន៍​ដល់​អនុត្តរ​ធម៌ណា អ្នកទាំងឡាយ​ កាលបើបាន​ប្រតិបត្តិ​គួរដល់​ពាក្យ​ប្រដៅ​របស់​តថាគតហើយ ពុំយូរឡើយ មុខជា​នឹងបានធ្វើ​ឲ្យជាក់ច្បាស់​ដោយប្រាជ្ញា​ខ្លួនឯង​ក្នុងបច្ចុប្បន្ន​នេះ ចំពោះ​អនុត្តរធម៌នោះ ​ជាទីបំផុត​នៃមគ្គព្រហ្មចរិយៈ និងសម្រេច​សម្រាន្តនៅដោយ​ឥរិយាបថ​ទាំង៤។ បញ្ចវគ្គិយភិក្ខុទាំងឡាយ ពោលពាក្យនេះ​នឹង​ព្រះដ៏មានព្រះភាគ​ជាគំរប់​ពីរដងផង។បេ។ ព្រះដ៏​មានព្រះភាគ ទ្រង់មានព្រះពុទ្ធដីកានេះ​នឹងបញ្ចវគ្គិយភិក្ខុទាំងឡាយជាគំរប់ពីរដងផង។បេ។ បញ្ចវគ្គិយភិក្ខុទាំងឡាយ ពោល​ពាក្យ​នេះ​នឹងព្រះដ៏មានព្រះភាគ ​ជាគំរប់​បីដងផងថា បពិត្រព្រះ​គោតមដ៏​មាន​អាយុ ព្រះអង្គ​​មិនទាន់​បាន​ត្រាស់ដឹង​នូវ​ឧត្តរិមនុស្សធម្ម ជាធម៌​វិសេស​ដោយ​ញាណ​​និង​ទស្សនៈ​ដ៏ឧត្តម ​អាចកំចាត់បង់​នូវកិលេសដោយការប្រព្រឹត្តិ​នោះផង ដោយសេចក្តី​ប្រតិបត្តិ​​នោះ​ផង ដោយអំពើ​ដែលជន​ដទៃធ្វើ​តាមបាន​ដោយកម្រផង ឥឡូវ​នេះ ​ព្រះអង្គ​ប្រតិបត្តិ​​ដើម្បី​ល្មោភ​ច្រើន ឃ្លាតចាកព្យាយាមហើយ វិលត្រឡប់​ដើម្បី​ល្មោភច្រើន ​នឹងបាន​ត្រាស់​​ដឹង​ឧត្តរិមនុស្សធម្ម​ដ៏វិសេស ដោយញាណនិងទស្សនៈដ៏ឧត្តម អាចកំចាត់បង់​នូវ​កិលេស​ដូច​ម្តេចបាន។ កាលបើបញ្ចវគ្គិយភិក្ខុទាំងឡាយ​ពោលពាក្យ​យ៉ាងនេះហើយ ​ព្រះដ៏មាន​ព្រះ​ភាគ ទ្រង់មានព្រះពុទ្ធដីកានេះនឹងបញ្ចវគ្គិយភិក្ខុថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ​ចូរ​ពិចារណាមើលនូវ​ពាក្យរបស់តថាគតឥឡូវនេះ ដូចគ្នានឹងកាលមុន​អំពី​កាលឥឡូវ​នេះដែរ​ឬ​ទេ។ បញ្ចវគ្គិយភិក្ខុទាំងឡាយ​តបថា បពិត្រព្រះអង្គដ៏ចំរើន ពាក្យហ្នឹង ព្រះអង្គ​មិនដែល​ពោល​ទេ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតបានជាអរហន្តសម្មាសម្ពុទ្ធ​ហើយ ម្នាលភិក្ខុទាំងឡាយ អ្នកទាំង​ឡាយចូរប្រុងសោតប្បសាទចុះ។ តថាគត​នឹង​ប្រៀនប្រដៅ​​ព្រះនិព្វាន ដែលតថាគត​បានត្រាស់​ដឹងហើយ ឥឡូវតថាគត​នឹងសំដែងធម៌ ក៏កុលបុត្រ​ទាំង​ឡាយ ​ចេញចាក​ផ្ទះ ​បួសក្នុងភាពនៃបុគ្គល​មិនមានការងារជាប្រយោជន៍​ដល់ផ្ទះ​ដោយប្រពៃ ​ដើម្បី​ប្រយោជន៍​ដល់​អនុត្តរ​ធម៌ណា កាលបើអ្នកទាំងឡាយ​ប្រតិបត្តិ​គួរតាម​ពាក្យប្រដៅ​របស់​តថាគត ពុំយូរឡើយ មុខជា​នឹងបានធ្វើ​ឲ្យជាក់ច្បាស់​ដោយ​ប្រាជ្ញាខ្លួនឯង​ក្នុងបច្ចុប្បន្ន​នេះ ចំពោះ​អនុត្តរធម៌នោះ ​ជាទីបំផុត​នៃមគ្គព្រហ្មចរិយៈ ហើយ​សម្រេច​សម្រាន្តនៅដោយ​ឥរិយាបថ​ទាំង៤។ ព្រះដ៏​មានព្រះភាគ បានអាចញុំាង​បញ្ចវគ្គិយ​ភិក្ខុទាំងឡាយឲ្យយល់ច្បាស់ (ក្នុងពេល​នោះ)។ លុះគ្រាជាខាងក្រោយ បញ្ចវគ្គិយ​ភិក្ខុ​ទាំងឡាយតាំងចិត្តស្តាប់​ព្រះដ៏មានព្រះភាគ ផ្អៀង​នូវសោតប្បសាទ ហើយ​ផ្ចង់​​ចិត្តដើម្បី​ដឹងច្បាស់។

[១៣] គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ហៅបញ្ចវគ្គិយភិក្ខុទាំង​ឡាយមក ហើយ​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ធម៌អមខាង[ពាក្យនេះប្រែចេញពីបាលីថា អន្តា។ អន្ត ប្រែថា ទីបំផុត តែក្នុង​ទីនេះ ប្រែថា អមខាង គឺធម៌ជាផ្លូវប្រតិបត្តិ​លាមក ថោកទាប នៅអមខាង​ទាំងពីរ​នៃ​មជ្ឈិមាបដិបទា ដែលជាផ្លូវ​ប្រតិបត្តិកណ្តាល។] ទាំងពីរប្រការនេះ គឺបព្វជិត​មិនគួរ​សេពគប់​ឡើយ។ (ធម៌អមខាងទាំងពីរប្រការ​នោះគឺ) ការ​ប្រកប​រឿយៗ​នូវសេចក្តី​ជាប់ជំពាក់​ដោយ​កាម​សុខ​ ក្នុងកាមទាំងឡាយណា ដែលជាធម៌​ថោកទាប ជា​របស់អ្នកស្រុក ជារបស់បុថុជ្ជន មិនមែន​ជារបស់អរិយបុគ្គលទេ មិន​ប្រកប​ដោយ​ប្រយោជន៍(មួយ) ការប្រកបរឿយៗ​នូវសេចក្តី​ព្យាយាម​ធ្វើខ្លួនឯងឲ្យលំបាកណា តែង​នាំ​មកនៅសេចក្តីទុក្ខ មិនមែនជារបស់អរិយបុគ្គល មិនប្រ​កប​ដោយ​​ប្រយោជន៍ឡើយ (មួយ) ម្នាល​ភិក្ខុទាំងឡាយ មជ្ឈិមាបដិបទា (គឺសេចក្តីប្រតិបត្តិ​យ៉ាង​កណ្តាល) មិនប៉ះពាល់​នឹងធម៌​អមខាងទាំង​ពីរ​​នោះ [ទីទៃអំពីធម៌អមខាងទាំងពីរនោះ។] តថាគត​បាន​ត្រាស់ដឹង​ហើយ ជាសេចក្តីប្រតិបត្តិ ធ្វើអោយកើតបញ្ញាចក្ខុ (គឺធ្វើឲ្យកើត​សេចក្តី​ចេះដឹង) ប្រព្រឹត្ត​ទៅដើម្បីសេចក្តីរម្ងាប់កិលេស ដើម្បីស្គាល់នូវអរិយសច្ច ដើម្បីត្រាស់ដឹង​នូវ​អរិយសច្ច ដើម្បីព្រះនិព្វាន។ ម្នាលភិក្ខុទាំងឡាយ ក៏មជ្ឈិមាបដិបទានោះ ដូចម្តេច ​ដែល​តថាគត​​ត្រាស់​ដឹង​ហើយ ជាសេចក្តីប្រតិបត្តិ​ធ្វើ​អោយកើតបញ្ញាចក្ខុ ប្រព្រឹត្ត​ទៅដើម្បី​សេចក្តី​រម្ងាប់​កិលេស ដើម្បីស្គាល់នូវអរិយសច្ច ដើម្បីត្រាស់ដឹងនូវអរិយសច្ច ដើម្បីនិព្វាន (មជ្ឈិមាបដិបទា​នោះ) គឺ អរិយមគ្គប្រកបដោយអង្គ៨នេះ​ឯង អរិយមគ្គប្រកប​ដោយអង្គ​៨​ប្រការ ​ដូចម្តេច អរិយមគ្គប្រកបដោយអង្គ៨ប្រការនោះគឺ សេចក្តីឃើញត្រូវ១ សេចក្តី​ត្រិះរិះ​ត្រូវ១ វាចាត្រូវ១ ការងារត្រូវ១ ការចិញ្ចឹមជីវិតត្រូវ១ សេចក្តី​ព្យាយាមត្រូវ១ ស្មារតី​ត្រូវ១ ការ​តម្កល់​ចិត្តត្រូវ១។ ម្នាលភិក្ខុទាំងឡាយ មជ្ឈិមាបដិបទានេះឯង​ដែល​តថាគត​ត្រាស់ដឹងហើយ ជា​​សេចក្តី​ប្រតិបត្តិ​ធ្វើ​​ឲ្យកើត​បញ្ញាចក្ខុ តែងប្រព្រឹត្តទៅ​ដើម្បី​សេចក្តី​រម្ងាប់កិលេស ដើម្បី​ស្គាល់​នូវ​អរិយសច្ច ដើម្បីត្រាស់ដឹងនូវអរិយសច្ច ដើម្បីនិព្វាន។

[១៤] ម្នាលភិក្ខុ​ទាំង​ឡាយ ក៏សេចក្តីទុក្ខនេះឯងហៅថា អរិយសច្ច គឺ កំណើត (ទាំង៤ មានជលាពុជជាដើម) ជាកងទុក្ខ១ សេចក្តីចាស់គ្រាំគ្រាជាកងទុក្ខ១ ពួកជម្ងឺដំកាត់​ជាកងទុក្ខ១  សេចក្តីស្លាប់ជាកងទុក្ខ១ ដំណើរប្រសប់ចូលដោយសត្វ និងសង្ខារ​មិនជាទី​ស្រឡាញ់​ទាំង​ឡាយ ជាកងទុក្ខ១ សេចក្តីព្រាត់​បា្រស​ចាក​សត្វ​និង​សង្ខារ​ជាទី​ស្រឡាញ់​ទាំងឡាយ ជាកង​ទុក្ខ១ បុគ្គលប្រាថ្នាវត្ថុណា មិនបាន​វត្ថុ​នោះ (ដូចបំណង) ជាកងទុក្ខ១ បើពោលដោយសង្ខេប ឧបាទានខន្ធទាំង៥ (មានរូបខន្ធជាដើម) ជាកងទុក្ខ១។ ម្នាល​ភិក្ខុ​ទាំងឡាយ ហេតុជា​ដែនកើត​នៃកងទុក្ខ​នេះឯង ហៅថា អរិយសច្ច គឺតណ្ហា[តណ្ហា ប្រែថា ចំណង់ សេចក្តីប្រាថ្នា សេចក្តី​អន្ទះអន្ទែង សេចក្តី​ច្រួលច្រាល់ សម្រេក។] នេះឯង ជាធម្មជាតិនាំសត្វឲ្យកើតទៀត ប្រកប​ដោយ​សេចក្តីរីករាយ និង​សេចក្តីត្រេកត្រអាល ជាធម្មជាតិ​នាំសត្វឲ្យ​ត្រេកត្រអាលនៅ​ក្នុងភព​នោះៗ (ឬក្នុងអារម្មណ៍​នោះៗ) តណ្ហានោះ​ដូចម្តេច តណ្ហា​នោះ គឺ​កាមតណ្ហា (សេចក្តី​ប្រាថ្នា​ក្នុង​កាមភព) ១ ភវតណ្ហា (សេចក្តី​ប្រាថ្នាក្នុងរូបភព និងអរូបភព) ១ វិភវតណ្ហា (សេចក្តី​ប្រាថ្នាក្នុង​ភពសូន្យ[តាមន័យ​ក្នុងអដ្ឋកថា និងដីកាថា តម្រេកប្រកប​ដោយកាមគុណ​ទាំង៥​យ៉ាង ហៅថា កាមតណ្ហា តម្រេកក្នុងរូបភព និងអរូបភព តម្រេកប្រកប​ដោយសេចក្តី​អាល័យ​ក្នុងឈាន និង​សស្សតទិដ្ឋិ ហៅថា ភវតណ្ហា តម្រេក​ប្រកបដោយឧច្ឆេទទិដ្ឋិ គឺយល់ថា សត្វ​ស្លាប់​ទៅសូន្យ ហៅថា វិភវតណ្ហា។])១។ ម្នាលភិក្ខុទាំងឡាយ សេចក្តីរលត់នៃកងទុក្ខនេះឯង ហៅថា អរិយសច្ច បានខាងនិព្វានធម៌ ជាសភាវៈ នឿយណាយ និងរំលត់ដោយមិនមាន​សេស​សល់​ ជាសភាវៈលះបង់ គ្រវែងចោល ជម្រុះចោល មិនអាល័យ ត្រង់តណ្ហា​នោះឯង។ ម្នាល​ភិក្ខុ​ទាំងឡាយ សេចក្តីប្រតិបត្តិនាំសត្វឲ្យដល់នូវព្រះនិព្វានជាទីរលត់​នៃ​កងទុក្ខនេះឯង ហៅថា អរិយសច្ច បានខាងអរិយមគ្គ​ប្រកបដោយអង្គ៨នេះឯង អរិយមគ្គ​ប្រកបដោយ​អង្គ​៨នោះដូច​ម្តេច អរិយមគ្គប្រកបដោយអង្គ៨នោះគឺ សេចក្តីឃើញត្រូវ១។បេ។ ការដម្កល់​ចិត្តត្រូវ១។

[១៥] ម្នាលភិក្ខុទាំងឡាយ ចក្ខុកើតឡើងហើយ ញាណកើតឡើងហើយ បញ្ញាកើត​ឡើង​ហើយ វិជ្ជាកើតឡើងហើយ ពន្លឺកើតឡើងហើយ ដល់តថាគត ក្នុងធម៌ទាំងឡាយ​ដែល​តថាគត​មិន​ដែលបានឮ ក្នុងកាលពីមុនមកថា កងទុក្ខនេះឈ្មោះថា អរិយសច្ច​ដូច្នេះ​ឡើយ។ ម្នាលភិក្ខុ​ទាំងឡាយ ពន្លឺកើតឡើងហើយ​ដល់​តថាគតថាកងទុក្ខនោះ​ឯង ឈ្មោះ​ថា អរិយសច្ច បុគ្គល​គួរ​កំណត់​ដឹង។បេ។ ម្នាលភិក្ខុទាំងឡាយ ចក្ខុកើតឡើងហើយ ញាណកើតឡើងហើយ បញ្ញាកើតឡើងហើយ វិជ្ជាកើត​ឡើងហើយ ពន្លឺ​កើតឡើងហើយ ដល់តថាគត ក្នុងធម៌​ទាំងឡាយ ​​ដែល​តថាគត​មិនដែល​បានឮ​ ក្នុងកាលពីមុនមក​ថា កងទុក្ខ​​នោះឯង ឈ្មោះថា អរិយសច្ច ដែលបុគ្គលបាន​កំណត់​ដឹង​ហើយ។ ម្នាលភិក្ខុ​ទាំងឡាយ ចក្ខុកើតឡើងហើយ ញាណកើតឡើងហើយ បញ្ញា​កើត​ឡើង​ហើយ វិជ្ជា​កើតឡើងហើយ ពន្លឺកើតឡើងហើយ ដល់តថាគត ក្នុងធម៌​ទាំងឡាយ​ដែល​តថាគត​មិន​ដែលបានឮក្នុងកាលពីមុនមកថា តណ្ហា​ជាដែន​កើតឡើងនៃកងទុក្ខនេះ ឈ្មោះថា អរិយសច្ច​​ដូច្នេះឡើយ។ ម្នាលភិក្ខុទាំងឡាយ ពន្លឺ​កើតឡើង​ហើយ ​ដល់​តថាគតថា តណ្ហា​ជាដែន​កើតឡើងនៃកងទុក្ខនោះឯង ឈ្មោះថា ​អរិយ​សច្ច​ដែលបុគ្គលគួរលះចោល។បេ។ ម្នាល​ភិក្ខុ​ទាំងឡាយ ចក្ខុកើតឡើងហើយ ញាណ​កើត​ឡើង​ហើយ បញ្ញាកើតឡើងហើយ វិជ្ជាកើត​ឡើង​ហើយ ពន្លឺកើតឡើងហើយ ដល់តថាគត ក្នុងធម៌ទាំងឡាយ​ដែល​តថាគត​មិនដែល​បាន​ឮ​ក្នុង​កាលពីមុនមកថា តណ្ហាជា​ដែនកើត​ឡើង​នៃ​កងទុក្ខនោះឯង ឈ្មោះ​ថា​​អរិយសច្ច ដែល​បុគ្គល​​លះចោល​ហើយ។ ម្នាលភិក្ខុទាំងឡាយ ចក្ខុ​កើត​ឡើងហើយ ញាណកើតឡើងហើយ បញ្ញា​កើតឡើងហើយ វិជ្ជាកើតឡើងហើយ ពន្លឺ​កើត​ឡើង​ហើយ ដល់តថាគត ក្នុងធម៌​ទាំង​ឡាយ​​ ដែលតថាគត​មិនដែលបានឮ ​ក្នុង​កាលពី​មុន​មក​ថា និព្វានធម៌ជាទីរលត់​នៃកងទុក្ខនេះ ឈ្មោះថា អរិយសច្ចដូច្នេះឡើយ។ ម្នាលភិក្ខុទាំង​ឡាយ ពន្លឺកើតឡើងហើយ ដល់តថាគតថា និព្វាន​ធម៌ជាទីរលត់នៃកងទុក្ខនោះឯង ឈ្មោះថា អរិយសច្ច​ដែលបុគ្គលគួរធ្វើអោយ​ជាក់​ច្បាស់។បេ។ ម្នាលភិក្ខុទាំងឡាយ ចក្ខុកើតឡើងហើយ ញាណ​កើតឡើងហើយ បញ្ញាកើត​ឡើង​ហើយ វិជ្ជាកើតឡើងហើយ ពន្លឺកើត​ឡើងហើយ​ដល់​តថាគត ក្នុងធម៌ទាំងឡាយ​ដែល​តថាគត​​មិនដែល​បានឮក្នុង​កាលពីមុនមកថា និព្វានធម៌​ជាទី​រលត់​នៃកងទុក្ខនោះឯង ឈ្មោះថា អរិយសច្ច ដែល​បុគ្គល​បាន​ធ្វើឲ្យជាក់ច្បាស់​ហើយ។ ម្នាល​ភិក្ខុទាំងឡាយ ចក្ខុកើតឡើងហើយ ញាណ​កើតឡើងហើយ បញ្ញាកើតឡើងហើយ វិជ្ជា​កើត​ឡើង​ហើយ ពន្លឺកើត​ឡើង​ហើយដល់​តថាគត ក្នុងធម៌ទាំងឡាយ​ដែល​តថាគត​មិនដែល​បានឮ​ក្នុង​កាលពីមុនមកថា សេចក្តី​ប្រតិបត្តិ នាំសត្វ​ឲ្យដល់នូវ​និព្វាន​នេះឈ្មោះថា អរិយសច្ច​ដូច្នេះ​ឡើយ។ ម្នាលភិក្ខុ​ទាំងឡាយ ពន្លឺ​កើត​ឡើង​ហើយដល់តថាគតថា សេចក្តី​ប្រតិបត្តិ​នាំសត្វ​ឲ្យដល់​និព្វានជា​ទីរលត់នៃកងទុក្ខនោះឯង ឈ្មោះថា អរិយសច្ច ដែលបុគ្គល​គួរចំរើន។បេ។ ម្នាលភិក្ខុ​ទាំងឡាយ ចក្ខុកើតឡើងហើយ ញាណ​កើតឡើងហើយ បញ្ញាកើតឡើងហើយ វិជ្ជា​កើតឡើងហើយ ពន្លឺកើតឡើង​ហើយ​ដល់​តថាគត ក្នុងធម៌ទាំងឡាយ​ដែលតថាគត​មិនដែល​បានឮ​​ក្នុងកាលពីមុនមក​ថា សេចក្តី​ប្រតិបត្តិ​នាំសត្វឲ្យ​ដល់នូវនិព្វាន​ជាទីរលត់​នៃកងទុក្ខ​នោះ​ឯង ឈ្មោះថា អរិយសច្ច ដែលបុគ្គលចំរើន​ហើយ។

[១៦] ម្នាលភិក្ខុទាំងឡាយ ម្យ៉ាងទៀត ញាណទស្សនៈ (ការដឹងការឃើញ) តាម​ពិត មាន​បរិវដ្តៈ៣ មានអាការៈ១២យ៉ាងនេះ ក្នុងអរិយសច្ចទាំងឡាយ​៤នេះរបស់តថាគត  នៅមិន​ទាន់​បរិសុទ្ធត្រឹមណា ម្នាលភិក្ខុទាំងឡាយ តថាគតក៏មិនទាន់ប្តេជ្ញាខ្លួនថា ជាអ្នក​ត្រាស់ដឹង​​ចំពោះ​នូវ​សម្មា​សម្ពោធិញាណដ៏ប្រសើរ ក្នុងលោក ព្រមទាំងទេវលោក មារលោក ​និងព្រហ្ម​លោក ក្នុងពពួកសត្វ ព្រមទាំងសមណព្រាហ្មណ៍ ទេវតា និង មនុស្សត្រឹមនោះ។ ម្នាលភិក្ខុ​ទាំង​ឡាយ ម្យ៉ាងទៀត ញាណទស្សនៈ តាមពិត មាន បរិវដ្តៈ៣ មានអាការៈ១២យ៉ាងនេះ ​ក្នុង​អរិយសច្ច​ទាំងឡាយ៤នេះ របស់តថាគត បរិសុទ្ធហើយក្នុងកាលណា ម្នាលភិក្ខុទាំងឡាយ ទើប​តថាគតប្តេជ្ញាខ្លួនថាជាអ្នកត្រាស់​ដឹងចំពោះនូវ​សម្មាសម្ពោធិញាណដ៏ប្រសើរ ក្នុងលោក ព្រម​ទាំងទេវលោក មារលោក ព្រហ្មលោក ក្នុងពពួកសត្វ ព្រមទាំងសមណព្រាហ្មណ៍ ទេវតា​និង​មនុស្សក្នុងកាលនោះ។ ម្យ៉ាងទៀត ទស្សនកិច្ច គឺកាដឹង កើតឡើងដល់​តថាគតថា វិមុត្តិ (គឺ​អរហត្តផល) របស់តថាគត​មិនកម្រើកឡើយ ជាតិនេះ​ផុត​ត្រឹមនេះហើយ តពីនេះទៅ ភពថ្មី​មិន​មានឡើយ។ ក៏កាលដែលព្រះដ៏មាន​ព្រះភាគកំពុងសំដែង​នូវវេយ្យាករណ៍នេះ ធម្មចក្ខុ [សារត្ថទីបនីដីកាថា ធម្មចក្ខុនោះ បានខាងមគ្គ៣ខាងក្រោម គឺសោតា​បត្តិមគ្គ១ សកទាគាមិមគ្គ១ អនាគាមិមគ្គ១ តែក្នុងអដ្ឋកថា ធម្មចក្កថា ធម្មចក្ខុក្នុងទីនេះ សំដៅ​យក​សោតាបត្តិមគ្គតែម្យ៉ាង។] (ភ្នែកឃើញធម៌) ដ៏ប្រាសចាក​ធូលី គឺរាគាទិក្កិលេស ប្រាសចាក មន្ទិល (គឺទិដ្ឋិ និងវិចិកិច្ឆា) បានកើតឡើងដល់កោណ្ឌញ្ញភិក្ខុដ៏មានអាយុថា ធម្មជាតិ ណា មួយ ដែល​កើត​ឡើងជាធម្មតា ធម្មជាតិទាំងនោះ​ក៏​រលត់​ទៅវិញជាធម្មតា។

[១៧] ក៏កាលបើព្រះធម្មចក្ក ដែលព្រះដ៏មាន​ព្រះភាគឲ្យប្រព្រឹត្តទៅ (គឺទ្រង់សំដែង​ដូច គេបង្វិល) (យ៉ាងនេះ) ហើយ ភុម្មទេវតាទាំង​ឡាយបន្លឺនូវសូរសព្ទថា ព្រះធម្មចក្កហ្នឹង មិនមានចក្កដទៃក្រៃលែង​ជាង ទោះបីសមណៈក្តី ព្រាហ្មណ៍ក្តី ទេវតា​ក្តី មារក្តី ព្រហ្មក្តី ជន​ឯណានីមួយក្តីក្នុងលោក មិនអាចបដិវត្ត (កែប្រែ) បានឡើយ (ឥឡូវ) ព្រះដ៏មានព្រះភាគ ទ្រង់ឲ្យប្រព្រឹត្តទៅបានហើយ ក្នុងឥសិបតនមិគទាយវន ជិតក្រុង​ពារាណសី។ ទេវតានៅ​ក្នុង​ស្ថាន​ចាតុម្មហារាជិកៈទាំងឡាយ ឮសម្លេងរបស់ភុម្មទេវតាទាំងឡាយហើយ ក៏បន្លឺនូវ សម្លេង (ថា​ដូចគ្នា)។ ទេវតានៅ​ក្នុងស្ថាន​តាវត្តឹង្សទាំងឡាយ ឮ​សម្លេងរបស់​ចាតុម្មហារាជិកៈ​​ទេវតា​ទាំងឡាយ​ហើយ ក៏បន្លឺនូវសំឡេង (ថាដូចគ្នា)។បេ។ ទេវតានៅ​ក្នុងស្ថានយាមាទាំងឡាយ ទេវតានៅក្នុងស្ថាន​តុសិតទាំងឡាយ… ទេវតានៅក្នុង​ស្ថាន​និម្មានរតីទាំងឡាយ… ទេវតា​នៅក្នុង​ស្ថាន​​បរនិម្មិតវសវតីទាំងឡាយ…  ទេវតាដែលរាប់​ក្នុង​ពពួកនៃព្រហ្មទាំងឡាយ ក៏បន្លឺ​នូវ​សូរ​សព្ទ​ថា ព្រះធម្មចក្កហ្នឹង មិនមាន​ចក្កដទៃ​ក្រៃលែង​ជាង ទោះបីសមណៈក្តី ព្រាហ្មណ៍ក្តី ទេវតា​ក្តី មារក្តី ព្រហ្ម​ក្តី ជនឯណានីមួយ​ក្តីក្នុងលោក មិនអាចនឹងឲ្យប្រព្រឹត្តទៅបានឡើយ (ឥឡូវ)  ព្រះដ៏​មានព្រះភាគ ទ្រង់​ឲ្យប្រព្រឹត្តទៅបានហើយ ក្នុងឥសិបតនមិគទាយវន ជិតក្រុង​ពារាណសី។ សំឡេង​(កងរំពង) ក៏លាន់ឮឡើង​ទៅដរាបដល់​ព្រហ្មលោក​ក្នុងខណៈ​នោះ ​ក្នុង​មួយ​រំពេចនោះ ដោយប្រការដូច្នេះ។ រីឯលោកធាតុទាំងមួយហ្មឺន​នេះ ក៏កក្រើក​រំពើក​ញាប់​ញ័រ។ ទាំង​ពន្លឺភ្លឺធំទូលាយ ប្រមាណមិនបាន កន្លងលើស​អានុភាព​របស់ទេវតាទាំងឡាយ ក៏​កើត​ប្រាដកឡើង​ក្នុងលោក។ លំដាប់នោះ ព្រះដ៏មានព្រះភាគ ទ្រង់បន្លឺនូវឧទានវាចាថា អើហ្ន៎ កោណ្ឌញ្ញៈ​​បានត្រាស់ដឹងពិតហើយ អើហ្ន៎ កោណ្ឌញ្ញៈ​បានត្រាស់ដឹង​ពិតហើយ។ ព្រោះ​ហេតុ​នោះ ពាក្យថា អញ្ញាកោណ្ឌញ្ញនេះឯង ក៏​បាន​ជាប់​ជានាមរបស់ព្រះកោណ្ឌញ្ញៈភិក្ខុ​ដ៏មាន​អាយុ។

[១៨] គ្រានោះ ព្រះអញ្ញាកោណ្ឌញ្ញៈដ៏មានអាយុបានឃើញ​អរិយសច្ចធម៌ហើយ បាន​ដល់​អរិយសច្ចធម៌ហើយ បានត្រាស់ដឹង​អរិយសច្ចធម៌ហើយ បានចុះចិត្តស៊ប់ក្នុង​អរិយសច្ចធម៌​ហើយ ឆ្លងផុតសេចក្តី​សង្ស័យហើយ ប្រាសចាកសេចក្តីងឿងឆ្ងល់ហើយ ដល់នូវសេចក្តី​ក្លៀវក្លា​ មិនបាច់ជឿស្តាប់​បុគ្គលដទៃ ​ក្នុងសាសនានៃ​ព្រះសាស្តា ទើបក្រាបទូល​ព្រះដ៏មានព្រះភាគយ៉ាង​នេះថា សូមទ្រង់ព្រះមេត្តាប្រោស ខ្ញុំព្រះអង្គ​គួរបាន​នូវ​បព្វជ្ជា គួរ​បាននូវ​ឧបសម្បទា​ក្នុង​សំណាក់​​ព្រះដ៏មានព្រះភាគ។ ព្រះដ៏មានជោគ ទ្រង់ត្រាស់ហៅថា អ្នកចូរមកជា​ភិក្ខុចុះ ហើយ​មាន​​ព្រះពុទ្ធដីកាថា សាសនធម៌ តថាគតពោល​ល្អហើយ អ្នកចូរ​ប្រព្រឹត្តព្រហ្មចរិយធម៌ ដើម្បី​នឹងធ្វើនូវនិព្វាន ជាទីបំផុតនៃកងទុក្ខ​ដោយប្រពៃចុះ។ ព្រះពុទ្ធដីកា​នោះឯង ជាឧបសម្បទា​របស់​អញ្ញាកោណ្ឌញ្ញៈ​ដ៏មានអាយុនោះ។

[១៩] លំដាប់តទៅ ព្រះដ៏មានព្រះភាគ ទ្រង់ពោលទូន្មានប្រៀន​ប្រដៅភិក្ខុ​ដ៏សេស ក្រៅ​ពី​អញ្ញាកោណ្ឌញ្ញភិក្ខុ​នោះដោយ​ធម្មីកថា។ លំដាប់​នោះ ព្រះដ៏មានព្រះភាគ​កំពុង​ពោល​ទូន្មាន​ប្រៀនប្រដៅ​ដោយធម្មីកថា ធម្មចក្ខុ​ដ៏ប្រាសចាកធូលី ប្រាសចាកមន្ទិល ក៏កើត​ឡើង​​ដល់​វប្បភិក្ខុ​ដ៏មានអាយុផង ដល់ភទ្ទិយភិក្ខុដ៏មានអាយុផងថា ធម្មជាតណាមួយ​ដែលកើតឡើង​ជាធម្មតា ធម្មជាតទាំងអស់នោះក៏រលត់​ទៅវិញ​ជាធម្មតា។ ភិក្ខុទាំងឡាយ​ពីរអង្គគឺ វប្បៈ និងភទ្ទិយៈ​នោះ បានឃើញ​អរិយសច្ចធម៌ហើយ បាន​ដល់​អរិយសច្ចធម៌​ហើយ បានត្រាស់ដឹង​អរិយសច្ច​ធម៌​ហើយ បានចុះចិត្តស៊ប់ក្នុង​អរិយសច្ចធម៌​ហើយ ឆ្លង​ផុតសេចក្តី​សង្ស័យហើយ ប្រាស​ចាក​សេចក្តីងឿងឆ្ងល់ហើយ ដល់នូវសេចក្តី​ក្លៀវក្លា​ មិនបាច់ជឿស្តាប់​បុគ្គលដទៃ​ក្នុង​សាសនានៃ​ព្រះសាស្តា ទើបក្រាបទូល​ព្រះដ៏មានព្រះភាគ​យ៉ាង​នេះថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ​ទាំងឡាយ​គួរបាន​នូវ​បព្វជ្ជា គួរ​បាននូវ​ឧបសម្បទា​ក្នុង​សំណាក់​ព្រះដ៏មានព្រះភាគ។ ព្រះដ៏​មាន​ជោគ ទ្រង់ត្រាស់ហៅថា អ្នក​ទាំងឡាយចូរមកជា​ភិក្ខុចុះ ហើយត្រាស់ថា សាសនធម៌ តថាគតពោល​ល្អហើយ អ្នក​ទាំងឡាយ ចូរ​ប្រព្រឹត្តព្រហ្មចរិយធម៌ ដើម្បីធ្វើនូវនិព្វាន ជាទីបំផុត​នៃកងទុក្ខ ​ដោយ​ប្រពៃចុះ។ ព្រះពុទ្ធដីកា​នោះឯង ជាឧបសម្បទា​របស់វប្បៈ និងភទ្ទិយភិក្ខុ​ដ៏​មាន​អាយុ​ទាំងនោះ។ លំដាប់តទៅ ព្រះដ៏មានព្រះភាគ ទ្រង់ទទួល​ភត្តដែល​ភិក្ខុ​ទាំងឡាយ​នាំ​មកអំពី​ស្រុកមកថ្វាយ ហើយទ្រង់ពោលទូន្មាន​ប្រៀនប្រដៅ​ភិក្ខុទាំងឡាយ​ពីរអង្គ គឺ​មហានាម និង​អស្សជ្ជិ ក្រៅពី​ភិក្ខុបីអង្គគឺ កោណ្ឌញ្ញ វប្បៈ ភទ្ទិយៈនោះដោយធម្មីកថា។ ភិក្ខុទាំងឡាយ​បី​អង្គ ត្រាច់ទៅបិណ្ឌបាត នាំមកនូវវត្ថុណា ឥសីទាំង៦អង្គ (គឺ​ព្រះសម្មាសម្ពុទ្ធ១ បញ្ចវគ្គិយភិក្ខុ​ទាំង៥) ក៏ញុំាង​អត្តភាព​ឲ្យប្រព្រឹត្ត​ទៅដោយវត្ថុនោះ។ លំដាប់នោះ ព្រះដ៏មានព្រះភាគកំពុង​ពោលទូន្មាន​ប្រៀនប្រដៅ​ដោយធម្មីកថា ធម្មចក្ខុ​ដ៏ប្រាសចាកធូលី ប្រាសចាកមន្ទិល បានកើត​ឡើង​​ដល់មហានាមដ៏មានអាយុផង ដល់​អស្សជ្ជិដ៏មានអាយុផងថា ធម្មជាតណាមួយ​ដែល​កើតឡើង​ជាធម្មតា ធម្មជាតទាំងនោះ ក៏រលត់​ទៅវិញ​ជាធម្មតា។ ភិក្ខុទាំងឡាយពីរអង្គគឺ មហានាម និងអស្សជ្ជិ​នោះ បានឃើញ​អរិយសច្ចធម៌ហើយ បាន​ដល់​អរិយសច្ចធម៌ហើយ បានត្រាស់ដឹង​អរិយសច្ច​ធម៌​ហើយ បានចុះចិត្តស៊ប់ក្នុង​អរិយសច្ចធម៌​ហើយ ឆ្លងផុតសេចក្តី​សង្ស័យហើយ ប្រាស​ចាក​សេចក្តីងឿងឆ្ងល់ហើយ ដល់នូវសេចក្តី​ក្លៀវក្លា​ មិនបាច់ជឿស្តាប់​បុគ្គលដទៃ​ក្នុងសាសនា​នៃ​ព្រះបរមសាស្តា ទើបក្រាបទូល​ព្រះដ៏មានព្រះភាគយ៉ាង​នេះថា សូមទ្រង់​ព្រះមេត្តា​ប្រោស ខ្ញុំព្រះអង្គ​ទាំងឡាយ​គួរបាន​នូវ​បព្វជ្ជា គួរ​បាននូវ​ឧបសម្បទា​ក្នុង​សំណាក់​ព្រះដ៏មាន​ព្រះភាគ។ ព្រះដ៏​មាន​ជោគ ទ្រង់ត្រាស់ហៅថា អ្នកទាំងឡាយចូរមកជា​ភិក្ខុចុះ ហើយត្រាស់ថា សាសនធម៌ តថាគតពោល​ល្អហើយ អ្នកទាំងឡាយ ចូរ​ប្រព្រឹត្ត​ព្រហ្មចរិយ​ធម៌ ដើម្បីធ្វើនូវនិព្វាន ជាទីបំផុត​នៃកងទុក្ខ ​ដោយប្រពៃចុះ។ ព្រះពុទ្ធវាចា​នោះឯង ជាឧបសម្បទា​របស់មហានាម និងអស្សជ្ជិ​ដ៏​មាន​អាយុទាំងនោះ។

[២០] គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ហៅបញ្ចវគ្គិយភិក្ខុទាំងឡាយមក ហើយ​ត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ រូប គឺរាងកាយជាអនត្តា​ មិនមែនជា​របស់​ខ្លួនឡើយ​[ក្នុងដីកា​ថា រូបំ អនត្តា រូបមិនមែន​ជារបស់ខ្លួននោះ សេចក្តីថា រូបមិនប្រព្រឹត្ត​ទៅក្នុង​អំណាច​ចិត្ត១ មិនមាន​ម្ចាស់១ សោះសូន្យ១ ជាសត្រូវ​នឹងចិត្ត១។]។ ម្នាលភិក្ខុទាំងឡាយ ប្រសិនណាបើ​រូប​នេះ​ជារបស់​ខ្លួនពិតមែន រូបនេះក៏មិនគប្បីប្រព្រឹត្ត​ទៅ​ដើម្បី​អាពាធ ​គឺជម្ងឺដំកាត់ឡើយ ម្យ៉ាងទៀត បុគ្គល​គប្បី​បាន (នូវអំណាច) ក្នុងរូប​ថា សូមអោយរូប​របស់អញយ៉ាងនេះទៅ សូមកុំអោយ​រូបរបស់​អញ​យ៉ាងនេះឡើយ។ ម្នាល​ភិក្ខុ​ទាំងឡាយ រូបជាអនត្តាមែនពិត ព្រោះហេតុនោះ​បានជារូប​ចេះតែប្រព្រឹត្តទៅដើម្បីអាពាធ ម្យ៉ាងទៀត បុគ្គលមិនបាន(នូវអំណាច) ក្នុង​រូបថា សូមឲ្យរូប​របស់អញយ៉ាងនេះទៅ សូមកុំឲ្យរូប​របស់អញយ៉ាងនេះឡើយ។ វេទនា​មិនមែន​ជា​របស់​ខ្លួនឡើយ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ប្រសិនណាបើ​វេទនា​​នេះ​ជារបស់​ខ្លួនពិតមែន វេទនា​នេះ ​ក៏​មិនគប្បីប្រព្រឹត្ត​ទៅដើម្បី​អាពាធ​​ឡើយ ម្យ៉ាងទៀត បុគ្គលគប្បីបាន​(នូវអំណាច)ក្នុងវេទនាថា សូមឲ្យ​វេទនា​របស់អញយ៉ាងនេះទៅ សូមកុំ​ឲ្យ​វេទនារបស់​អញ​យ៉ាង​នេះឡើយ។ ម្នាល​ភិក្ខុ​ទាំងឡាយ វេទនា​ជា​អនត្តាពិតមែន ព្រោះហេតុនោះ បាន​ជា​វេទនា​ចេះតែប្រព្រឹត្តទៅ​ដើម្បី​អាពាធ ម្យ៉ាងទៀត បុគ្គលមិនបាន(នូវអំណាច) ក្នុងវេទនាថា សូមឲ្យ​វេទនា​របស់​អញ​យ៉ាង​នេះទៅ សូម​កុំ​ឲ្យ​វេទនារបស់​អញ​យ៉ាងនេះ​ឡើយ។ សញ្ញា​មិនមែនជារបស់ខ្លួនឡើយ។ ម្នាល​ភិក្ខុទាំងឡាយ ប្រសិនណាបើសញ្ញា​នេះ​ជារបស់​ខ្លួនពិតមែន សញ្ញា​នេះ​ក៏មិន​គប្បី​ប្រព្រឹត្ត​ទៅ​ដើម្បី​អាពាធ​ឡើយ។ ម្យ៉ាងទៀត បុគ្គលគប្បីបាន(នូវអំណាច) ក្នុងសញ្ញា​ថា សូមឲ្យ​សញ្ញា​របស់​អញ​យ៉ាងនេះ​ទៅ សូមកុំឲ្យសញ្ញារបស់អញយ៉ាងនេះ​ឡើយ។ ម្នាល​ភិក្ខុទាំងឡាយ​ សញ្ញា​ជា​អនត្តា​ពិត​មែន ព្រោះហេតុនោះ​បាន​ជា​សញ្ញា​ចេះតែ​ប្រព្រឹត្ត​ទៅ​ដើម្បីអាពាធ ម្យ៉ាង​ទៀត បុគ្គល​មិនបាន(នូវអំណាច) ក្នុង​សញ្ញា​ថា សូមឲ្យ​សញ្ញា​របស់អញយ៉ាងនេះទៅ សូមកុំឲ្យ​សញ្ញា​របស់​អញ​យ៉ាងនេះឡើយ។ សង្ខារទាំងឡាយ​មិនមែន​ជា​របស់​​ខ្លួន​ឡើយ។ ម្នាលភិក្ខុ​ទាំង​ឡាយ ប្រសិនណាបើសង្ខារទាំងឡាយ​នេះ​ជា​របស់​​ខ្លួនពិតមែន សង្ខារទាំងឡាយ​នេះ​ក៏​មិន​គប្បី​ប្រព្រឹត្ត​​ទៅ​ដើម្បី​អាពាធឡើយ។ ម្យ៉ាង​ទៀត បុគ្គល​គប្បី​បាន(​នូវអំណាច) ក្នុង​សង្ខារ​ទាំងឡាយ​​ថា សូមឲ្យ​សង្ខារ​ទាំងឡាយរបស់​អញ​យ៉ាង​នេះទៅ សូមកុំឲ្យ​សង្ខារទាំងឡាយ​របស់​អញ​​យ៉ាងនេះ​ឡើយ។ ម្នាលភិក្ខុ​ទាំងឡាយ​ សង្ខារទាំងឡាយ​ជាអនត្តាពិតមែន ព្រោះ​ហេតុ​នោះ​បានជាសង្ខារទាំងឡាយ​ចេះតែ​ប្រព្រឹត្ត​ទៅ​ដើម្បីអាពាធ ម្យ៉ាង​ទៀត បុគ្គលមិនបាន(នូវ​អំណាច) ក្នុងសង្ខារ​ទាំងឡាយថា សូមឲ្យសង្ខារ​ទាំងឡាយ​របស់​អញ​​យ៉ាងនេះទៅ សូមកុំឲ្យ​សង្ខារ​ទាំង​ឡាយ​​របស់អញយ៉ាងនេះឡើយ។ វិញ្ញាណមិនមែនជារបស់​ខ្លួន​ឡើយ។ ម្នាល​ភិក្ខុ​ទាំងឡាយ ប្រសិនណាបើវិញ្ញាណ​នេះ​ជារបស់​ខ្លួន​ពិត​មែន វិញ្ញាណនេះ​ក៏មិន​គប្បី​ប្រព្រឹត្ត​ទៅដើម្បី​អាពាធ​​ឡើយ។ ម្យ៉ាងទៀត បុគ្គល​គប្បីបាន(នូវអំណាច) ក្នុងវិញ្ញាណ​ថា សូមឲ្យ​វិញ្ញាណ​របស់អញយ៉ាងនេះទៅ សូមកុំ​ឲ្យ​​វិញ្ញាណ​របស់​អញ​យ៉ាងនេះ​ឡើយ។ ម្នាលភិក្ខុ​ទាំង​ឡាយ​ វិញ្ញាណជាអនត្តាពិតមែន ព្រោះហេតុនោះ បានជា​វិញ្ញាណ​​ចេះ​តែ​​ប្រព្រឹត្ត​ទៅដើម្បី​អាពាធ ម្យ៉ាងទៀត បុគ្គលមិនបាន(នូវអំណាច) ក្នុងវិញ្ញាណថា សូមឲ្យ​វិញ្ញាណ​របស់​អញ​យ៉ាងនេះទៅ សូមកុំឲ្យ​វិញ្ញាណ​របស់​អញ​យ៉ាង​​នេះ​ឡើយ។

[២១] ព្រះបរមសាស្តាទ្រង់ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយសំគាល់​នូវ​សេចក្តីនោះថាដូចម្តេច។ រូបទៀងឬមិនទៀង។ បញ្ចវគ្គិយភិក្ខុទាំងឡាយក្រាបទូលថា បពិត្រ​ព្រះអង្គដ៏ចំរើន រូបមិនទៀងទេ។ ទ្រង់ត្រាស់សួរថា របស់ណាមិនទៀង របស់នោះ​ជាទុក្ខ​ឬជាសុខ។ ក្រាបទូលថា បពិត្រព្រះអង្គដ៏ចំរើន របស់នោះជាទុក្ខ។ ទ្រង់ត្រាស់​សួរថា ក៏របស់​ណាដែល​មិនទៀង ដែលជាទុក្ខ មានសេចក្តី​ប្រែប្រួល​ជាធម្មតា គួរឬ ដើម្បីនឹង​យល់ឃើញ​នូវ​របស់នុ៎ះ​ថា នុ៎ះ​របស់អញ នុ៎ះ​ជាអញ នុ៎ះ​ជាខ្លួនអញ។ ក្រាបទូល​ថា បពិត្រព្រះអង្គ​ដ៏ចំរើន មិនគួរ​ដើម្បី​នឹងយល់ឃើញ​យ៉ាងនោះទេ។ ព្រះបរមសាស្តា​ទ្រង់ត្រាស់សួរថា វេទនាទៀង ឬមិនទៀង ​[គម្ពីរខ្លះឃើញមានពាក្យសួរថា ម្នាលភិក្ខុទាំង​ឡាយ អ្នកទាំងឡាយសំគាល់​នូវ​សេចក្តី​នោះថាដូចម្តេច។ គ្រប់ៗបទ តាំងពី​វេទនាជាដើម រហូតដល់វិញ្ញាណ​ជាទីបំផុត គម្ពីរ​ខ្លះ​ឃើញ​មានតែពាក្យថា ម្នាលភិក្ខុទាំងឡាយ វេទនា…​ដូច្នេះក៏មាន។]។ បញ្ចវគ្គិយភិក្ខុ​ទាំងឡាយ​ក្រាប​ទូលថា បពិត្រ​ព្រះអង្គដ៏ចំរើន វេទនា​មិនទៀងទេ។ ទ្រង់ត្រាស់សួរថា របស់ណាដែលមិនទៀង របស់នោះ​ជាទុក្ខ ​ឬជាសុខ។ ក្រាបទូលថា បពិត្រព្រះអង្គដ៏ចំរើន របស់នោះជាទុក្ខ។ ទ្រង់​ត្រាស់​សួរ​ថា ក៏របស់​ណាដែល​មិនទៀង ដែលជាទុក្ខ មានសេចក្តី​ប្រែប្រួល​ជាធម្មតា គួរឬ ដើម្បីនឹង​យល់ឃើញ​នូវ​របស់នោះ​ថា នុ៎ះ​របស់អញ នុ៎ះ​ជាអញ នុ៎ះ​ជាខ្លួនអញ។ ក្រាបទូលថា បពិត្រ​​ព្រះអង្គ​ដ៏ចំរើន មិនគួរ​ដើម្បី​នឹងយល់ឃើញ​យ៉ាងនោះទេ។ ព្រះបរមសាស្តាទ្រង់ត្រាស់សួរថា សញ្ញា​ទៀង ឬមិនទៀង។ បញ្ចវគ្គិយភិក្ខុទាំងឡាយក្រាបទូលថា បពិត្រ​ព្រះអង្គដ៏ចំរើន សញ្ញា​មិនទៀងទេ។ ទ្រង់ត្រាស់សួរថា ក៏របស់ណាដែលមិនទៀង របស់នោះ​ជាទុក្ខ​ ឬជា​សុខ។ ក្រាប​ទូល​ថា បពិត្រព្រះអង្គដ៏ចំរើន របស់នោះជាទុក្ខ។ ទ្រង់ត្រាស់សួរថា ក៏របស់​ណាដែល​មិនទៀង ដែលជាទុក្ខ មានសេចក្តី​ប្រែប្រួល​ជាធម្មតា គួរឬ ដើម្បីនឹង​យល់ឃើញ​នូវ​របស់នោះ​ថា នុ៎ះ​របស់អញ នុ៎ះ​ជាអញ នុ៎ះ​ជាខ្លួនអញ។ ក្រាបទូលថា បពិត្រព្រះអង្គ​ដ៏​ចំរើន មិនគួរ​ដើម្បី​នឹង​យល់​ឃើញ​យ៉ាងនោះទេ។ ព្រះបរមសាស្តាទ្រង់​ត្រាស់សួរថា សង្ខារ​ទាំងឡាយ​ទៀង ឬមិន​ទៀង។ បញ្ចវគ្គិយភិក្ខុទាំងឡាយក្រាបទូលថា បពិត្រ​ព្រះអង្គ​ដ៏​ចំរើន សង្ខារទាំងឡាយ​មិនទៀង​ទេ។ ទ្រង់ត្រាស់សួរថា ក៏របស់​ណា​ដែលមិនទៀង របស់​នោះ​ជាទុក្ខ​ ឬជាសុខ។ ក្រាបទូលថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន របស់​នោះ​ជាទុក្ខ។ ទ្រង់​ត្រាស់សួរថា ក៏របស់​ណាដែល​មិនទៀង ដែលជាទុក្ខ មានសេចក្តី​ប្រែប្រួល​​ជាធម្មតា គួរឬ ដើម្បីនឹង​យល់ឃើញ​នូវ​របស់នោះ​ថា នុ៎ះ​របស់អញ នុ៎ះ​ជាអញ នុ៎ះ​ជា​ខ្លួនអញ។ ក្រាប​ទូលថា បពិត្រព្រះអង្គ​ដ៏ចំរើន មិនគួរ​ដើម្បី​នឹងយល់ឃើញ​យ៉ាង​នោះ​ទេ។ ព្រះបរម​សាស្តា​ទ្រង់ត្រាស់សួរថា វិញ្ញាណទៀង ឬមិនទៀង។ បញ្ចវគ្គិយភិក្ខុ​ទាំង​ឡាយ​ក្រាបទូលថា បពិត្រ​ព្រះអង្គដ៏ចំរើន វិញ្ញាណមិនទៀងទេ។ ទ្រង់ត្រាស់សួរថា ក៏​របស់​​ណាមិនទៀង របស់នោះ​ជាទុក្ខ ​ឬជាសុខ។ ក្រាបទូលថា បពិត្រព្រះអង្គដ៏ចំរើន របស់​នោះ​ជា​ទុក្ខ។ ទ្រង់ត្រាស់សួរថា ក៏របស់​ណាដែល​មិនទៀង ដែលជាទុក្ខ មានសេចក្តី​ប្រែប្រួល​ជាធម្មតា គួរឬ ដើម្បីនឹង​យល់ឃើញ​នូវ​របស់នោះ​ថា នុ៎ះ​របស់អញ នុ៎ះ​ជាអញ នុ៎ះ​ជាខ្លួនអញ។ ក្រាប​ទូល​ថា បពិត្រព្រះអង្គ​ដ៏ចំរើន មិនគួរ​ដើម្បី​នឹងយល់ឃើញ​យ៉ាងនោះ​ទេ។

[២២] ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ ក្នុងលោកនេះ រូបឯណាមួយជា​អតីតក្តី ជាអនាគតក្តី ជាបច្ចុប្បន្នក្តី ខាងក្នុងក្តី ខាងក្រៅក្តី គ្រោតគ្រាតក្តី ល្អិតក្តី ថោកទាបក្តី ឧត្តមក្តី រូបណាដែល​មានក្នុងទី​ឆ្ងាយក្តី ក្នុងទីជិតក្តី រូបទាំងអស់នោះក៏គ្រាន់តែជារូប (ប៉ុណ្ណោះឯង) អ្នកទាំងឡាយ គួរឃើញនូវ​សេចក្តីនុ៎ះ​ដោយប្រាជ្ញា​ដ៏ល្អ តាមសេចក្តី​ពិត​យ៉ាង​នេះដូច្នេះថា នុ៎ះ​មិនមែនរបស់អញ នុ៎ះ​មិនមែនជាអញ នុ៎ះ​មិនមែនជា​ខ្លួនរបស់​អញឡើយ។ វេទនា​ឯណាមួយ​ជា​អតីតក្តី ជាអនាគតក្តី ជាបច្ចុប្បន្នក្តី ខាងក្នុងក្តី ខាង​ក្រៅក្តី គ្រោតគ្រាតក្តី ល្អិតក្តី ថោកទាបក្តី ឧត្តមក្តី វេទនាណាដែល​មានក្នុងទី​ឆ្ងាយក្តី ក្នុងទីជិតក្តី វេទនាទាំងអស់នោះក៏គ្រាន់តែជាវេទនា (ប៉ុណ្ណោះឯង) អ្នកទាំងឡាយ គួរ​ឃើញនូវ​សេចក្តីនុ៎ះ​ដោយប្រាជ្ញា​ដ៏ល្អ តាមសេចក្តីពិតយ៉ាង​នេះដូច្នេះថា នុ៎ះ​មិនមែន​របស់​អញ នុ៎ះ​មិនមែនជាអញ នុ៎ះ​មិនមែនជា​ខ្លួនរបស់អញឡើយ។ សញ្ញាឯណាមួយជា​អតីតក្តី ជាអនាគតក្តី ជាបច្ចុប្បន្នក្តី ខាងក្នុងក្តី ខាងក្រៅក្តី គ្រោតគ្រាតក្តី ល្អិតក្តី ថោកទាបក្តី ឧត្តមក្តី សញ្ញាណាដែល​មានក្នុងទី​ឆ្ងាយក្តី ក្នុងទីជិតក្តី សញ្ញា​ទាំងអស់នោះ​ក៏គ្រាន់តែ​ជាសញ្ញា (ប៉ុណ្ណោះឯង) អ្នកទាំងឡាយ គួរឃើញនូវ​សេចក្តីនុ៎ះ​ដោយប្រាជ្ញា​ដ៏ល្អ តាម​សេចក្តីពិតយ៉ាង​នេះដូច្នេះថា នុ៎ះ​មិនមែនរបស់អញ នុ៎ះ​មិនមែនជាអញ នុ៎ះ​មិនមែនជា​ខ្លួនរបស់អញឡើយ។ សង្ខារទាំងឡាយឯណា​មួយជា​​អតីតក្តី ជាអនាគតក្តី ជាបច្ចុប្បន្នក្តី ខាង​ក្នុងក្តី ខាងក្រៅក្តី គ្រោតគ្រាតក្តី ល្អិតក្តី ថោកទាបក្តី ឧត្តមក្តី សង្ខារទាំងឡាយ​ណាដែល​មាន​ក្នុង​ទី​ឆ្ងាយក្តី ក្នុងទីជិតក្តី សង្ខារទាំងឡាយ​ទាំងអស់នោះ​ក៏គ្រាន់តែ​ជា​សង្ខារ (ប៉ុណ្ណោះឯង) អ្នកទាំងឡាយ គួរឃើញនូវ​សេចក្តីនុ៎ះ​ដោយប្រាជ្ញា​ដ៏ល្អ តាម​សេចក្តី​ពិតយ៉ាង​នេះដូច្នេះថា នុ៎ះ​មិនមែនរបស់អញ នុ៎ះ​មិនមែនជាអញ នុ៎ះ​មិនមែនជា​ខ្លួន​របស់អញឡើយ។ វិញ្ញាណឯណាមួយជា​អតីតក្តី ជាអនាគតក្តី ជាបច្ចុប្បន្នក្តី ខាងក្នុងក្តី ខាងក្រៅក្តី គ្រោតគ្រាតក្តី ល្អិតក្តី ថោកទាបក្តី ឧត្តមក្តី វិញ្ញាណណាដែល​មានក្នុងទី​ឆ្ងាយក្តី ក្នុងទីជិតក្តី វិញ្ញាណ​ទាំងអស់នោះ​ក៏គ្រាន់​តែជា​វិញ្ញាណ (ប៉ុណ្ណោះឯង) អ្នកទាំងឡាយ គួរឃើញនូវ​សេចក្តីនុ៎ះ​ដោយប្រាជ្ញា​ដ៏ល្អ តាមសេចក្តី​ពិត​យ៉ាង​នេះដូច្នេះថា នុ៎ះ​មិនមែន​របស់អញ នុ៎ះ​មិនមែនជាអញ នុ៎ះ​មិនមែនជា​ខ្លួនរបស់អញឡើយ។

[២៣] ម្នាលភិក្ខុទាំងឡាយ អរិយសាវកបានស្តាប់ហើយ យល់ឃើញ​យ៉ាងនេះ ក៏នឿយ​ណាយ​ក្នុងរូបផង នឿយណាយ​ក្នុងវេទនាផង នឿយណាយ​ក្នុងសញ្ញាផង នឿយណាយ​ក្នុង​សង្ខារទាំងឡាយ​ផង នឿយណាយ​ក្នុងវិញ្ញាណផង កាលបើនឿយណាយ (យ៉ាងនេះ​ហើយ) ក៏ប្រាស​ចាក​តម្រេក ចិត្តក៏​ផុតស្រឡះ (ចាកអាសវៈ) ព្រោះកិរិយា​ប្រាសចាក​តម្រេក កាលដែល​ចិត្ត​ផុតស្រឡះ​ (ចាកអាសវៈ) ហើយ ញាណ (របស់អរិយសាវកនោះ) ក៏កើតឡើង​ប្រាកដថា ចិត្ត​(របស់អញ) ផុតស្រឡះ (ចាក​អាសវៈ)ហើយ (អរិយសាវកនោះ) ក៏ដឹងច្បាស់ដូច្នេះថា ជាតិ​ (របស់អញ)​អស់ហើយ មគ្គ​ព្រហ្មចរិយធម៌ អញបាន​នៅរួច​ហើយ កិច្ច​ដែលគួរ​ធ្វើ អញ​ក៏​បាន​ធ្វើ​រួចហើយ កិច្ចឯទៀត​ក្រៅពីនេះ មិនមាន (ដល់​អញ) ឡើយ។

[២៤] ព្រះដ៏មានព្រះភាគ​ជាម្ចាស់ ទ្រង់បានសំដែង​នូវសូត្រនេះ​ចប់ហើយ។ បញ្ចវគ្គិយ​ភិក្ខុទាំងឡាយ ក៏មានចិត្ត​ត្រេកអរ​រីករាយ​ចំពោះ​ភាសិត​នៃព្រះដ៏​មានព្រះភាគ​ជាម្ចាស់។ ក៏កាលដែល​ព្រះដ៏មានព្រះភាគ​ជាម្ចាស់​កំពុង​ត្រាស់សំដែង​នូវវេយ្យាករណ៍នេះ ចិត្តរបស់​ភិក្ខុទាំង​៥រូប បានរួច​ស្រឡះ​ហើយចាកអាសវៈ​ទាំងឡាយ ព្រោះ​មិនប្រកាន់​មាំ (ថាអញ ថាយើង)ឡើយ។ ក្នុងសម័យ​នោះឯង មានព្រះអរហន្ត​៦អង្គ​ក្នុងលោក​ជាដម្បូង (រាប់​ទាំងព្រះដ៏មានព្រះភាគផង)។

ចប់ បឋមភាណវារៈ។

[២៥] សម័យនោះឯង ក្នុងក្រុងពារាណសី មានកុលបុត្រ (ម្នាក់) ឈ្មោះយស ជាកូន​សេដ្ឋី ជា​បុគ្គលចំរើនដោយ​សេចក្តីសុខ។ យសកុលបុត្រនោះមាន​ប្រាសាទ៣ ប្រាសាទ១ សម្រាប់​នៅក្នុងរដូវ​រងា ប្រាសាទ១សម្រាប់​នៅក្នុងរដូវក្តៅ ប្រាសាទ១ សម្រាប់​នៅក្នុង​រដូវ​ភ្លៀង។ យសកុលបុត្រនោះ មាតាបិតា​ឲ្យពួកអ្នកភ្លេងតូរ្យតន្ត្រីសុទ្ធ​សឹងតែ​ស្រីឥត​មាន​បុរស​ឡើយ ចាំបម្រើអស់កំណត់​៤ខែ ក្នុងប្រាសាទ​សម្រាប់នៅក្នុង​រដូវភ្លៀង មិនដែល​ចុះមក​កាន់​ផ្ទៃ​ប្រាសាទ​ខាងក្រោមទេ។ គ្រានោះ យសកុលបុត្រ​ឆ្អែត​ស្កប់ស្កល់​ដោយ​កាមគុណទាំង ៥ កាលពួក​ស្រីកំពុងបម្រើ ក៏ដេកលក់ទៅ​ជាមុន ឯជន​ជាបរិសទ្យ ក៏ដេកលក់​ជាខាងក្រោយ។ រីឯ​ប្រទីប​ដែលគេអុជទុក​ដោយប្រេង តែងឆេះ​បំភ្លឺទាល់ព្រឹក រាល់ៗយប់។ គ្រានោះ យសកុលបុត្រ ភ្ញាក់ពីនិន្ទ្រាមុនគេ បានឃើញជន​ជាបរិសទ្យ​របស់ខ្លួន​កំពុងដេកលក់ ស្រីខ្លះ​មានពិណ​នៅ​ត្រង់​ក្លៀក ស្រីខ្លះមានស្គរ​សម្ភោរ​នៅត្រង់ក ស្រីខ្លះ​មានស្គរធំ​នៅក្បែរទ្រូង ស្រីខ្លះមានសក់​រំសាយ ស្រីខ្លះ​មានទឹកមាត់​ហូរហៀរ ស្រីខ្លះ​កំពុងមមើ (យសកុលបុត្រ​បាន​ឃើញជន​ជាបរិសទ្យ​របស់​ខ្លួន) ហាក់ដូចជា​ព្រៃស្មសាន មកប្រាកដក្នុងកណ្តាប់ដៃ។ យស​កុលបុត្រ​នោះ លុះបានឃើញ​ហើយ កើតសេចក្តីជិនឆ្អន់ចិត្ត ក៏ឋិត​នៅស៊ប់​ក្នុងសេចក្តី​នឿយ​ណាយ។ ទើបយសកុលបុត្របន្លឺ​ឧទានវាចា (ដោយសេចក្តី​សង្វេគ)ថា ឱហ្ន៎ (ទីនេះ) ច្របូក​ច្របល់​ណាស់តើ ឱហ្ន៎ (ទីនេះ) ជំពាក់​វាក់វិន​ណាស់តើ។ គ្រានោះ យសកុលបុត្រ​ពាក់​ទ្រនាប់​ជើង​មាស ដើរសំដៅ​ទៅកាន់​មាត់​ទ្វារផ្ទះ។ អមនុស្ស​[អមនុស្ស សព្ទនេះ ប្រែថា សត្វដែល​មិន​មែន​​ជាមនុស្ស គឺទេវតា បិសាច។បេ។ តែក្នុងទីនេះ សំដៅសេចក្តី​ចំពោះ​ទេវតា។]​ទាំងឡាយ បើកទ្វារទុក ដោយបំណង​ថា អ្នកណា​មួយកុំធ្វើអន្តរាយ​ក្នុងការចេញ​ចាកផ្ទះ ហើយបួស​ក្នុង​ភាព​​នៃ​បុគ្គល​មិនមាន​ការងារ​ជាប្រយោជន៍​ដល់ផ្ទះ ​របស់យសកុលបុត្រឡើយ។ គ្រានោះ យសកុលបុត្រ ក៏ដើរតម្រង់​ទៅកាន់ទ្វារ​ព្រះនគរ។ អមនុស្ស​ទាំងឡាយ​បើកទ្វារ​ទុកដោយ​បំណងថា អ្នកណា​មួយ​កុំធ្វើ​អន្តរាយ​​ក្នុងការចេញ​ចាកផ្ទះ ហើយបួស​ក្នុងភាព​នៃ​បុគ្គល​មិន​មាន​ការងារ​ជាប្រយោជន៍​ដល់​ផ្ទះ ​របស់យសកុលបុត្រឡើយ។ គ្រានោះ យសកុលបុត្រ ក៏ដើរតម្រង់​ទៅកាន់​ឥសិបតនមិគទាយវន។

[២៦] សម័យនោះឯង ព្រះដ៏មានព្រះភាគ ទ្រង់តើនឡើងក្នុងសម័យ​ព្រឹក​ព្រាងស្វាង​រាត្រី ហើយទ្រង់ចង្ក្រម​ក្នុងទីវាល។ ព្រះដ៏មានព្រះភាគ ទ្រង់ទតឃើញ​យសកុលបុត្រ​ដើរមក​អំពី​ចម្ងាយ លុះទ្រង់​ឃើញហើយ ក៏យាង​ចេញអំពី​កន្លែងចង្ក្រម ហើយគង់​លើអាសនៈ​ដែល​គេក្រាលទុកស្រាប់។ គ្រានោះ យសកុលបុត្រ​បន្លឺឧទានវាចា (ដោយសេចក្តីសង្វេគ) ក្នុងទី​ជិត​ ព្រះដ៏មានព្រះភាគថា ឱហ្ន៎ (ទីនុ៎ះ) ច្របូកច្របល់​ណាស់តើ ឱហ្ន៎ (ទីនុ៎ះ) ជំពាក់វាក់វិន​ណាស់​តើ។ គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់​មានព្រះពុទ្ធដីកានេះ​នឹង​យសកុលបុត្រថា ម្នាល​យស ទីនេះឯង មិនច្របូកច្របល់ ទីនេះ​មិនជំពាក់​វាក់វិនទេ ម្នាលយស មកណេះ មកអង្គុយ (ឯណេះ) តថាគត​នឹងសំដែងធម៌​ដល់អ្នក។ គ្រានោះ យសកុលបុត្រក៏រីករាយ អណ្តែត​ចិត្ត​ដោយ​​គិតឃើញថា ឮថា ទីនេះ​មិនច្របូកច្របល់ ទីនេះ​មិនជំពាក់វាក់វិន (គិតដូច្នេះ​ហើយ) ក៏ដោះទ្រនាប់ជើង​មាសចេញ ដើរតម្រង់​ទៅរកព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏​ថ្វាយបង្គំ​ព្រះដ៏មានព្រះភាគ ហើយ​អង្គុយ​ក្នុងទីដ៏សមគួរ។ លុះយសកុលបុត្រ​អង្គុយ​​ក្នុងទី​ដ៏​សមគួរ​ហើយ ទើបព្រះដ៏មាន​ព្រះភាគ ទ្រង់សំដែង​អនុបុព្វីកថា ព្រះអង្គសំដែង​អនុបុព្វីកថា ដូចម្តេច គឺទ្រង់​ប្រកាស ទានកថា សីលកថា សគ្គកថា និងទោសនៃកាម​ទាំងឡាយ​ដ៏លាមក ដ៏សៅហ្មង និង​អានិសង្ស​ក្នុងការចេញ​ចាកកាម (បួស)។ ព្រះដ៏មានព្រះភាគ ទ្រង់ជ្រាបនូវ​យសកុលបុត្រ​ថាមានចិត្ត​ស្រួល មានចិត្តទន់ មានចិត្ត​ប្រាសចាក​នីវរណៈ មានចិត្តអណ្តែត​ឡើង មានចិត្តជ្រះថ្លា ក្នុងកាលណាហើយ កាលនោះ ព្រះអង្គក៏​ទ្រង់​សំដែង​ធម្មទេសនា ដែល​ព្រះពុទ្ធ​ទាំងឡាយ​ទ្រង់លើក​ឡើងសំដែង ដោយព្រះអង្គឯង គឺទុក្ខសច្ច១ សមុទយសច្ច១ និរោធសច្ច១ មគ្គសច្ច១។ ធម្មតា សំពត់សស្អាត មិនដិតប្រឡាក់​ដោយវត្ថុ​មានពណ៌ខ្មៅ គឺធ្យូង ឬល័ក្ត​ខ្មៅ​ជាដើម គួរទទួលទឹកជ្រលក់​ដោយល្អបាន មានឧបមា​ដូចម្តេចមិញ ធម្មចក្ខុ​ គឺសោតា​បត្តិមគ្គដ៏​ប្រាសចាក​ធូលី ប្រាសចាក​មន្ទិល ក៏កើតឡើងដល់​យសកុលបុត្រ​ក្នុងកន្លែង​អង្គុយ​នោះ​ឯងថា ធម្មជាតិណាមួយ ដែលកើតឡើងជាធម្មតា ធម្មជាតទាំងអស់​នោះ ក៏រលត់​ទៅវិញ​ជាធម្មតា មានឧបមេយ្យ​ដូច្នោះឯង។

[២៧] គ្រានោះ មាតារបស់យសកុលបុត្រឡើងទៅកាន់ប្រាសាទ មិនបានឃើញ​យសកុលបុត្រ ក៏ដើរតម្រង់​ទៅរកសេដ្ឋីគហបតិ (ជាស្វាមី) លុះចូល​ទៅដល់ហើយ ក៏ប្រាប់​សេដ្ឋីគហបតិថា បពិត្រគហបតិ យសកុមារ ជាកូនរបស់អ្នក មិនឃើញទេ។ គ្រានោះ សេដ្ឋី​គហបតិ​បញ្ជូនបម្រើ​ទៅដោយសេះ ​ក្នុងទិសទាំង ៤ ខ្លួនឯងក៏ដើរសំដៅ​ទៅកាន់​ឥសិបតនមិគទាយវន។ សេដ្ឋីគហបតិ​បានឃើញ​ដានទ្រនាប់ជើងមាស (ស្បែកជើង​មាស) លុះ​ឃើញហើយ ក៏ដើរទៅតាមដាន​ទ្រនាប់ជើង​នោះឯង។ ព្រះដ៏មានព្រះភាគ ទ្រង់ទតឃើញ​ច្បាស់​​នូវសេដ្ឋី​គហបតិ​ដើរមកអំពី​ចម្ងាយ។ លុះ​ព្រះដ៏មានព្រះភាគ ទ្រង់​ទតឃើញហើយ ក៏​ទ្រង់​ពុទ្ធបរិវិតក្កថា តថាគត​គួរធ្វើឥទ្ធាភិសង្ខារ​ [សំដែងឫទ្ធិ មិន​ឲ្យឃើញ (បំបាំង)] មិនឲ្យ​សេដ្ឋី​គហបតិ​ដែលអង្គុយនៅ​ក្នុងទីនេះ ឃើញ​យសកុលបុត្រ ដែលអង្គុយ​នៅក្នុងទីនេះឯង។ លំដាប់​នោះ ព្រះដ៏មានព្រះភាគ ទ្រង់​តាក់តែងនូវ​ឥទ្ធាភិសង្ខារ មានសភាព​ដូច្នោះ​ហើយ។ កាលនោះ សេដ្ឋីគហបតិក៏​ដើរចូលទៅ​គាល់​ព្រះដ៏មានព្រះភាគ លុះចូល​ទៅដល់ហើយ ក្រាប​បង្គំ​ទូល​ព្រះដ៏​មានព្រះភាគថា បពិត្រ​ព្រះអង្គដ៏ចំរើន ព្រះដ៏មានព្រះភាគ ទ្រង់បានឃើញ​យសកុលបុត្រ​ដែរឬទេ។  ព្រះដ៏មាន​ព្រះភាគ ទ្រង់ត្រាស់ថា ម្នាលគហបតិ បើដូច្នោះ ចូរ​អ្នក​អង្គុយ​សិនចុះ បើអ្នក​អង្គុយ​ក្នុងទីនេះ មុខជានឹង​ឃើញយសកុលបុត្រអង្គុយ​ក្នុងទីនេះ​ដែរ។ គ្រានោះ សេដ្ឋី​គហបតិ​នឹកសង្ឃឹមថា ឮថា បើអញ​អង្គុយ​នៅក្នុងទីនេះឯង គង់នឹង​បានឃើញ​យសកុលបុត្រ​​អង្គុយ​នៅក្នុងទីនេះដែរ ហើយក៏ត្រេកអររីករាយ​ថ្វាយបង្គំ​ព្រះដ៏មានព្រះភាគ ហើយ​អង្គុយ​នៅក្នុងទី​ដ៏សមគួរ។ លុះសេដ្ឋីគហបតិអង្គុយ​នៅក្នុងទីដ៏​សមគួរហើយ ទើប​ព្រះដ៏​មានព្រះភាគ ទ្រង់សំដែង​អនុបុព្វីកថា គឺទ្រង់​ប្រកាស ទានកថា១ សីលកថា១ សគ្គកថា១ ទោសរបស់កាម​ទាំងឡាយ​ដ៏លាមក​សៅហ្មង១ អានិសង្ស​ក្នុងការចេញ​ចាកកាម (បួស)១។ ព្រះដ៏មានព្រះភាគ ទ្រង់ជ្រាបថា សេដ្ឋីគហបតិ មានចិត្ត​ស្រួល មានចិត្តទន់ មានចិត្ត​ផុតចាក​នីវរណៈ មានចិត្តខ្ពស់​ មានចិត្តជ្រះថ្លា ក្នុងកាលណា ធម្មទេសនា ដែល​ព្រះពុទ្ធ​ទាំងឡាយ​ តែង​លើក​ឡើងសំដែង ដោយព្រះអង្គឯង ទ្រង់ក៏​ប្រកាសនូវ​ធម្មទេសនានោះគឺ ទុក្ខសច្ច១ សមុទយសច្ច១ និរោធសច្ច១ មគ្គសច្ច១ ក្នុងកាលនោះឯង។ ធម្មតា សំពត់សស្អាត មិនដិត​ប្រឡាក់​ដោយវត្ថុ​មានពណ៌ខ្មៅ គឺធ្យូង ឬល័ក្ត​ខ្មៅ​ជាដើម គួរទទួលទឹកជ្រលក់​បានដោយល្អ មានឧបមា​ដូចម្តេចមិញ ឯធម្មចក្ខុ​ គឺសោតា​បត្តិមគ្គដ៏​ប្រាសចាក​ធូលី ប្រាសចាក​មន្ទិល ក៏កើត​ឡើងដល់សេដ្ឋីគហបតិ ​ក្នុងទី​អង្គុយ​នោះថា ធម្មជាតណាមួយ ដែលកើត​ឡើង​ជា​ធម្មតា ធម្មជាត​ទាំងអស់​នោះ តែងរលត់​ទៅវិញ​ជាធម្មតា មានឧបមេយ្យ​ដូច្នោះ​ឯង។ គ្រានោះ សេដ្ឋីគហបតិ​បានឃើញ​អរិយសច្ចធម៌​ហើយ បានដល់អរិយសច្ចធម៌ហើយ បានដឹងច្បាស់​អរិយសច្ចធម៌ហើយ បានជឿជាក់​នូវអរិយសច្ចធម៌ហើយ ឆ្លងផុតសេចក្តី​សង្ស័យ មិនមាន​ងឿង​ឆ្ងល់ ដល់នូវភាវៈ ជាអ្នក​ក្លាហាន មិនជឿស្តាប់បុគ្គល​ដទៃ ក្នុងសាសនានៃ​ព្រះសាស្តា ទើបក្រាប​បង្គំទូល​ព្រះដ៏មានព្រះភាគថា បពិត្រ​ព្រះអង្គដ៏ចំរើន (ព្រះពុទ្ធដីកា​ដែលព្រះអង្គ​ត្រាស់ហើយ​នេះ) ពីរោះពេកណាស់ បពិត្រព្រះអង្គដ៏ចំរើន (ព្រះពុទ្ធដីកា​ដែលព្រះអង្គ​ត្រាស់ហើយ​នេះ) ពីរោះពេកណាស់ បពិត្រព្រះអង្គដ៏ចំរើន បុរសដែលផ្ងារ​ឡើងនូវរបស់​ដែលគេផ្កាប់ចុះ ឬបើកចេញនូវ​របស់ដែលគេ​បិទបាំងទុក ឬប្រាប់ផ្លូវ​ដល់បុរស​អ្នក​វង្វេង​ផ្លូវ ឬទ្រោលបំភ្លឺ​នូវ​ប្រទីប​ប្រេង​ក្នុងទីងងឹត ដោយគិតថា មនុស្សដែលមានចក្ខុទាំងឡាយ នឹងឃើញរូប​បានដោយងាយ មានឧបមាយ៉ាងណាមិញ ព្រះធម៌ដែល​ព្រះដ៏មានព្រះភាគ ទ្រង់ប្រកាស​ហើយ​ដោយបរិយាយ​ជាច្រើន ក៏មានឧបមេយ្យ​ដូច្នោះឯង បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំ​ព្រះអង្គ​នេះ សូមដល់​នូវព្រះ​ដ៏​មាន​ព្រះភាគផង ព្រះធម៌ផង ព្រះភិក្ខុសង្ឃផង ជាទីរលឹក សូមព្រះដ៏មានព្រះភាគ ទ្រង់​ជ្រាប​ខ្ញុំព្រះអង្គ​ថាជាឧបាសក អ្នកដល់​នូវទីរលឹក​ស្មើដោយ​ជីវិត ក្នុងកាល​មានថ្ងៃនេះជាដើម​ទៅ។ ឯសេដ្ឋីគហបតិនោះ (បាននាមបញ្ញត្តិថា) តេវាចិកឧបាសក (គឺឧបាសក​ដល់​តេវាចិកសរណគមន៍) ជាដម្បូង​ក្នុងលោក។

[២៨] គ្រានោះ យសកុលបុត្រ កាលដែលព្រះដ៏មានព្រះភាគ​កំពុង​សំដែងធម៌​ដល់បិតា (របស់​ខ្លួន) ក៏ពិចារណានូវ​ភូមិធម៌​ដែលខ្លួន​ឃើញហើយ ដែលខ្លួនត្រាស់ដឹងហើយ ចិត្តក៏​រួច​ផុត​ស្រឡះ​ចាកអាសវធម៌​ទាំងឡាយ ឥតជាប់​ចំពាក់​ដោយឧបាទានឡើយ។ គ្រានោះ ព្រះដ៏មាន​ព្រះភាគ ទ្រង់ត្រិះរិះ​យ៉ាងនេះថា យសកុលបុត្រ កាលដែល​តថាគត​កំពុង​សំដែង​ធម៌ដល់បិតា (របស់ខ្លួន) ក៏ពិចារណានូវ​ថ្នាក់នៃធម៌​ដែលខ្លួន​ឃើញហើយ ត្រាស់​ដឹង​ហើយ ចិត្តក៏រួចផុត​ស្រឡះ​ចាកអាសវធម៌​ទាំងឡាយ ឥតជាប់​ចំពាក់​ដោយឧបាទាន ឯយសកុលបុត្រ (នេះ) មិនគួរនឹង​វិលត្រឡប់ទៅ​ដើម្បី​ភាវៈ​ថោកទាប ហើយបរិភោគ​កាមទាំងឡាយ​ ដូច​កាលនៅ​ឃរាវាស​ក្នុងកាល​មុនទេ បើដូច្នោះ គួរតថាគត​រម្ងាប់នូវ​ឥទ្ធាភិសង្ខារ​ [គឺព្រះអង្គធ្វើឲ្យ​សេដ្ឋី​គហបតិ​បានឃើញ​យសកុលបុត្រ (គឺ​បង្ហាញ ឬ​បញ្ចេញ​​ខ្លួនយសកុលបុត្រ​ឲ្យបិតា​ឃើញ)។] (គឺ​រំសាយឫទ្ធិ ឬស្រាយឫទ្ធិ)​នោះចេញ។ គ្រានោះ ព្រះដ៏មានព្រះភាគ​បានរំសាយ​ឥទ្ធាភិសង្ខារ​នោះហើយ។ សេដ្ឋីគហបតិ បាន​ឃើញ​យសកុលបុត្រ​អង្គុយ​នៅ (ក្នុងទីនោះ) លុះឃើញហើយ ក៏និយាយពាក្យ​នេះនឹង​យសកុលបុត្រថា នែយស មាតារបស់​អ្នកមាន​សេចក្តី​សោកខ្សឹកខ្សួល ចូរអ្នក​ឲ្យជីវិត​ដល់មាតា​របស់អ្នក​ផង។ គ្រានោះ យសកុលបុត្រ​ក៏ងើប​មើល​ព្រះដ៏មាន​ព្រះ​ភាគ។ ឯ​ព្រះដ៏មានព្រះភាគ ទ្រង់មាន​ព្រះពុទ្ធដីកា​នេះនឹងសេដ្ឋី​គហបតិថា ម្នាលគហបតិ អ្នកឯង​សំគាល់​យសកុលបុត្រនោះ​ថាដូចម្តេចទៅ ឯយសកុលបុត្រ​(នេះ) ឈ្មោះថា​ឃើញធម៌​​ហើយ​ដោយ​សេក្ខញ្ញាណ និងសេក្ខទស្សនៈ ព្រោះថា យសកុលបុត្រនោះ​ពិចារណា​នូវភូមិធម៌ ដូចជាធម៌​ដែលអ្នកឃើញហើយ អ្នកដឹងហើយ ចិត្ត (របស់​យសកុលបុត្រនោះ) ក៏រួចចាក​អាសវធម៌​ទាំងឡាយ​ហើយ ឥតមាន​ជាប់ចំពាក់​ដោយឧបាទានឡើយ ម្នាល​គហបតិ យស (នេះ) គួរនឹងវិល​ត្រឡប់​ទៅដើម្បី​ភាវៈ​ថោកទាប ហើយបរិភោគ​កាម​ទាំងឡាយ​ដូចនៅ​ជា​ឃរាវាស​​ក្នុងកាល​មុនដែរ​ឬទេ។ សេដ្ឋីគហបតិ​ក្រាបទូល​ថា សូម​ទ្រង់​​ព្រះមេត្តាប្រោស ហេតុ​នេះ​មិនគួរទេ។ ព្រះបរម​សាស្តា ទ្រង់ត្រាស់ថា ម្នាលគហបតិ យសកុលបុត្រ(នេះឯង) ឈ្មោះ​ថាឃើញធម៌ហើយ​ដោយ​សេក្ខញ្ញាណ និងសេក្ខទស្សនៈ ព្រោះយសកុលបុត្រនោះ​ពិចារណា​នូវភូមិធម៌ ដូចជាធម៌​ដែលអ្នក​ឃើញ​ហើយ អ្នក​ត្រាស់ដឹងហើយ ចិត្តក៏រួចចាកអាសវធម៌​ទាំង​ឡាយ​ហើយ ឥតមាន​ជាប់ចំពាក់​ដោយឧបាទានឡើយ ម្នាលគហបតិ យសកុលបុត្រ មិនគួរ​នឹង​វិល​ត្រឡប់​ទៅដើម្បី​ភាវៈ​ថោកទាប ហើយបរិភោគ​កាមទាំងឡាយ​ដូចនៅ​ជាឃរាវាស​ក្នុង​កាលពី​មុនទេ។ សេដ្ឋី​គហបតិ ក្រាបទូលថា បពិត្រព្រះអង្គដ៏ចំរើន យសកុលបុត្រ​មានលាភ​ហើយ បពិត្រ​ព្រះអង្គដ៏ចំរើន (អត្តភាព​ជាមនុស្ស) យសកុលបុត្រ​បានល្អហើយ ព្រោះចិត្ត​របស់​យសកុលបុត្រ​រួចចាក​អាសវធម៌​ទាំងឡាយហើយ ឥតមានជាប់ចំពាក់​ដោយឧបាទាន​ឡើយ បពិត្រ​ព្រះអង្គដ៏​ចំរើន សូមព្រះដ៏មានព្រះភាគ ទ្រង់​ទទួលភត្ត​របស់ខ្ញុំព្រះអង្គ ដើម្បីឆាន់​ក្នុង​ថ្ងៃ​នេះ ព្រមទាំងយសកុលបុត្រ​ជាបច្ឆា ​[អ្នកទៅជាមួយ អ្នកតាមហែ។]សមណៈផង។ ព្រះដ៏មាន​ព្រះភាគ ទ្រង់ទទួល​និមន្ត​ដោយភាវៈ​ស្ងៀមនៅ។ គ្រានោះ សេដ្ឋីគហបតិដឹងថា ព្រះដ៏មានព្រះ​ភាគ ទ្រង់ទទួលនិមន្តហើយ ទើបក្រោកចាក​ទីអង្គុយ ថ្វាយបង្គំ​ព្រះដ៏មាន​ព្រះភាគ ធ្វើ​ប្រទក្សិណ ហើយដើរ​ចេញទៅ។ កាលបើ​សេដ្ឋី​គហបតិ​ចេញ​ទៅមិនយូរ​ប៉ុន្មាន ក៏​យសកុលបុត្រ ក្រាបបង្គំទូលព្រះដ៏មានព្រះភាគក្នុង​ពេល​នោះ​ថា បពិត្រ​ព្រះអង្គដ៏​ចំរើន ខ្ញុំ​ព្រះអង្គ​​គួរ​បានបព្វជ្ជា គួរបាន​ឧបសម្បទា​ក្នុង​សំណាក់​ព្រះដ៏មានព្រះភាគ។ ព្រះដ៏មាន​ព្រះ​ភាគ ទ្រង់ត្រាស់ហៅថា អ្នកចូរ​មក​ [អ្នកឯង​ចូរទៅជាភិក្ខុ ឬចូរក្លាយ​ទៅជាភិក្ខុ។]​ជាភិក្ខុចុះ ហើយ​ទ្រង់ត្រាស់ថា សាសនធម៌ តថាគត ពោលល្អហើយ អ្នកចូរ​ប្រព្រឹត្ត​ព្រហ្មចរិយធម៌ចុះ។ ឯ​ព្រះពុទ្ធ​​ដីកាដែលទ្រង់​ត្រាស់ថា​ អ្នក​ចូរ​មកជា​ភិក្ខុនោះឯង ជាឧបសម្បទា​របស់​យសកុលបុត្រ​ដ៏មានអាយុនោះ។ ព្រះអរហន្ត​ទាំងឡាយ​៧អង្គ កើតមានក្នុងលោកក្នុងគ្រានោះឯង។

ចប់ បព្វជ្ជារបស់ព្រះយស។

[២៩] លំដាប់នោះ ព្រះដ៏មានព្រះភាគ ទ្រង់ស្លៀកស្បង់ ប្រដាប់ដោយ​បាត្រនិងចីវរ​ក្នុង​បុព្វណ្ហ​សម័យ ​​[ក្នុងពេលមុនថ្ងៃរះ ពីព្រហាម ឬពីព្រលឹម។] មានព្រះយសដ៏មានអាយុ​ ជាបច្ឆា​សមណៈ យាងចូលទៅកាន់​លំនៅ​របស់សេដ្ឋី​គហបតិ លុះចូល​ទៅដល់ហើយ ទ្រង់​គង់​លើអាសនៈ ដែលសេដ្ឋី​ក្រាលបម្រុង​ទុកហើយ។ គ្រានោះ មាតា និងស្រ្តី​ជា​បុរាណទុតិយិកា​[ប្រពន្ធ​ពីដើម (កាល​ព្រះយស​នៅជាគ្រហស្ថ)។] របស់ព្រះយស​ដ៏​មាន​អាយុ នាំគ្នាដើរចូល​ទៅ​គាល់ព្រះដ៏មានព្រះភាគ លុះចូលទៅ​ដល់ហើយ ក៏ថ្វាយ​បង្គំ​ ព្រះដ៏មានព្រះភាគ ហើយអង្គុយ​ក្នុងទី​ដ៏សមគួរ។ ព្រះដ៏មានព្រះភាគ ទ្រង់​សំដែង​​អនុបុព្វីកថា​​ដល់ស្រី​ទាំងនោះ គឺទ្រង់​ប្រកាស​ទានកថា១ សីលកថា១ សគ្គកថា១ ទោស​របស់​កាម​ទាំងឡាយដ៏លាមក​សៅហ្មង១ អានិសង្ស​ក្នុងកា​រចេញ​ចាកកាម (បួស)១។ ព្រះដ៏មានព្រះភាគ ទ្រង់ជ្រាបថា ស្រីទាំងឡាយនោះ​ មានចិត្ត​ស្រួល មានចិត្តទន់ មានចិត្ត​ផុតចាក​នីវរណធម៌ មានចិត្ត​អណ្តែតឡើង​ មានចិត្តជ្រះថ្លា ក្នុង​កាល​ណា ព្រះអង្គ​ក៏ទ្រង់សំដែងធម្មទេសនា ​ដែលព្រះពុទ្ធ​ទាំងឡាយ​ ទ្រង់លើក​ឡើងសំដែង ដោយ​ព្រះអង្គឯង គឺទ្រង់​ប្រកាសទុក្ខសច្ច១ សមុទយសច្ច១ និរោធសច្ច១ មគ្គសច្ច១ ក្នុងកាល​នោះ​។ សំពត់សស្អាត មិនប្រឡាក់របស់ខ្មៅ គួរទទួលទឹកជ្រលក់​បានដោយប្រពៃ មាន​ឧបមា​ដូចម្តេច​មិញ ធម្មចក្ខុ​ គឺសោតា​បត្តិមគ្គដ៏​ប្រាសចាក​ធូលី ប្រាសចាក​មន្ទិល កើត​ឡើង​ដល់​ស្រីទាំងឡាយ​នោះ ក្នុងទី​អង្គុយ​នោះឯងថា ធម្មជាតិណាមួយ ដែលកើត​ឡើង​ជា​ធម្មតា ធម្មជាត​ទាំងអស់​​នោះ តែងរលត់​ទៅវិញ​ជាធម្មតា មានឧបមេយ្យ​ដូច្នោះ​ឯង។ ស្រី​ទាំង​អម្បាលនោះ ​បានឃើញ​អរិយសច្ចធម៌ហើយ បានដល់អរិយសច្ចធម៌ហើយ បាន​ដឹងច្បាស់​អរិយសច្ចធម៌ហើយ បាន​ចុះ​ចិត្តស៊ប់​ក្នុងអរិយសច្ចធម៌ហើយ ឆ្លងផុត​សេចក្តី​​សង្ស័យ មិនមាន​ងឿង​ឆ្ងល់ ដល់នូវសេចក្តី​ក្លៀវ​ក្លា មិនបាច់​ជឿស្តាប់​ពាក្យបុគ្គល​ដទៃ ក្នុង​សាសនានៃ​ព្រះសាស្តា ទើបក្រាប​បង្គំទូល​ព្រះដ៏មាន​ព្រះភាគ​ដោយពាក្យ​ដូច្នេះ​ថា បពិត្រ​ព្រះអង្គដ៏ចំរើន ព្រះពុទ្ធដីកា​ដែលព្រះអង្គ​ត្រាស់ហើយ​នេះ ពីរោះណាស់ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ព្រះពុទ្ធដីកា​ដែលព្រះអង្គ​ត្រាស់ហើយ​នេះ ពីរោះ​ណាស់ បពិត្រ​ព្រះអង្គ​ដ៏ចំរើន បុរស​ដែលផ្ងារ​ឡើងនូវរបស់​ដែលគេផ្កាប់ចុះ ឬបើកចេញ​នូវរបស់​ដែលគេ​បិទបាំង​ទុក ឬ​ប្រាប់ផ្លូវ​ដល់​អ្នកវង្វេងផ្លូវ ឬទ្រោលបំភ្លឺ​នូវ​ប្រទីប​ប្រេង​ក្នុងទីងងឹត ដោយ​គិតថា មនុស្ស​ទាំងឡាយដែលមានចក្ខុ នឹងឃើញរូប​បានដោយងាយ មានឧបមា​យ៉ាង​ណា​មិញ ព្រះធម៌​ដែល​ព្រះដ៏មានព្រះភាគ ប្រកាស​ហើយ ​ដោយបរិយាយ​ជាច្រើន ក៏មាន​ឧបមេយ្យ​​ដូច្នោះឯង បពិត្រព្រះអង្គដ៏ចំរើន យើងខ្ញុំទាំងនេះ សូមដល់​នូវព្រះ​ដ៏មាន​ព្រះភាគ​ផង ព្រះធម៌ផង ព្រះសង្ឃផង ជាទីរលឹក សូមព្រះអង្គ ទ្រង់​ជ្រាប​នូវ​យើងខ្ញុំ​ទាំងឡាយ​ថាជា​ឧបាសិកា ដល់​នូវទីរលឹក​ស្មើដោយជីវិត ក្នុងកាល​មានថ្ងៃ​នេះ​ជាដើម​ទៅ។ ឯស្រី​ទាំង​អម្បាលនោះ បាននាមបញ្ញត្តិ​ជាឧបាសិកា​ដល់នូវ​តេវាចិកាសរណគមន៍ ជាដម្បូង​ក្នុង​លោក។ គ្រានោះ បិតាមាតា និងស្រី​ជាបុរាណទុតិយិការបស់​ព្រះយស​ដ៏មានអាយុ​អង្គាស​ព្រះដ៏មាន​ព្រះភាគ និង​ព្រះយសដ៏មានអាយុ ដោយ​ខាទនីយ​ភោជនីយាហារ​​ដ៏ផ្ចិតផ្ចង់ ដោយ​ដៃ​ខ្លួនឯង ឲ្យឆ្អែត​ស្កប់​ស្កល់​ហើយ (សំគាល់) នូវ​​ព្រះដ៏មាន​ព្រះភាគ ដែលឆាន់​ហើយ មានព្រះហស្ថលែងលូកចុះ​ក្នុងបាត្រហើយ ទើប​អង្គុយ​ចុះក្នុងទី​ដ៏សមគួរ។ គ្រា​នោះ ​ព្រះដ៏មានព្រះភាគ ទ្រង់ពន្យល់​មាតា​បិតា និង​ស្រីបុរាណទុតិយិកា​របស់​ព្រះយស​ដ៏មានអាយុ ឲ្យយល់ច្បាស់ ឲ្យកាន់យកល្អ ឲ្យ​ឧស្សាហ៍មាំ ឲ្យរីករាយ​ដោយធម្មីកថា ហើយទើបទ្រង់​ក្រោកចាក​អាសនៈ​ចៀសចេញទៅ។

[៣០] (លំដាប់នោះ) មានគ្រហស្ថ៤នាក់ ជាសំឡាញ់របស់​ព្រះយស​ដ៏មានអាយុ គឺ​ឈ្មោះ​វិមលៈ១ សុពាហុ១ បុណ្ណជិ១ គវម្បតិ១ ជាបុត្រពួក​ត្រកូលសេដ្ឋី និងអនុសេដ្ឋី​ក្នុងក្រុង​ពារាណសី បានឮដំណឹងថា យសកុលបុត្រ​កោរសក់ និងពុកមាត់ពុកចង្កា ហើយស្លៀក​ដណ្តប់​សំពត់​កាសាយៈ​ចេញអំពី​ផ្ទះ ហើយបួស​ក្នុង​ភេទនៃ​បុគ្គល​មិនមាន​ប្រយោជន៍​ដោយ​​ផ្ទះ។ លុះសំឡាញ់ទាំង​នោះបាន​ឮដំណឹង (យ៉ាងនេះ)​ហើយ ទើបត្រិះរិះ​ដូច្នេះថា យសកុលបុត្រ​​កោរសក់ និងពុកមាត់ពុកចង្កា ហើយ​ស្លៀក​ដណ្តប់​សំពត់​កាសាយៈ​ចេញ​ទៅ​អំពី​​ផ្ទះ ហើយបួស​ក្នុង​ភេទនៃ​បុគ្គល​មិនមាន​ប្រយោជន៍​ដោយ​ផ្ទះ ​ក្នុងធម្មវិន័យណា ធម្មវិន័យ​នោះ មិនមែនជា​របស់ថោកទាប​ដោយពិត ទាំងបព្វជ្ជា​នោះសោត ក៏មិនមែន​ជារបស់​ថោកទាប​ឡើយ។ សំឡាញ់ទាំងនោះ​នាំគ្នាចូលទៅរក​ព្រះយស​ដ៏មានអាយុ លុះ​ចូលទៅដល់ហើយ ក៏​ថ្វាយបង្គំ​ព្រះយស​ដ៏មានអាយុ ហើយឋិតនៅក្នុងទី​ដ៏សមគួរ។ លំដាប់នោះ ព្រះយស​ដ៏​មាន​អាយុនាំសំឡាញ់​គ្រហស្ថទាំង៤នាក់​នោះចូល​ទៅគាល់ផ្ទះ​ព្រះដ៏មាន​ព្រះភាគ លុះចូលទៅ​ដល់​ហើយ ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយ​នៅក្នុងទី​ដ៏សមគួរ លុះ​ព្រះយស​ដ៏មាន​អាយុ​អង្គុយ​នៅក្នុងទីដ៏​សមគួរ​ហើយ ក្រាបទូល​ដូច្នេះថា បពិត្រព្រះអង្គ​ដ៏ចំរើន សំឡាញ់​របស់​ខ្ញុំ​ព្រះអង្គ​ជាគ្រហស្ថ៤នាក់នេះ ឈ្មោះ​វិមលៈ១ សុពាហុ១ បុណ្ណជិ១ គវម្បតិ១ ជាកូនពួកត្រកូល​សេដ្ឋី និង​អនុសេដ្ឋី​ក្នុងក្រុង​ពារាណសី (ជាមួយគ្នា) សូមព្រះដ៏មានព្រះភាគឲ្យ​ឱវាទ​ប្រៀន​ប្រដៅ​សំឡាញ់​អម្បាល​នេះឲ្យទាន។ ព្រះដ៏មានព្រះភាគ ក៏ទ្រង់សំដែង​អនុបុព្វីកថាដល់​បុរស​ទាំងឡាយនោះ គឺទ្រង់សំដែង​ទានកថា១ សីលកថា១ សគ្គកថា១ ទោសរបស់​កាមទាំងឡាយ​ដ៏លាមក​សៅហ្មង១ អានិសង្ស​ក្នុងការ​ចេញចាក​កាម (បួស)១។ ព្រះដ៏មានព្រះភាគ ទ្រង់ជ្រាបថា បុរសទាំង៤នាក់នោះ មានចិត្ត​ស្រួល មានចិត្តទន់ មានចិត្ត​ផុតចាក​នីវរណធម៌ មាន​ចិត្តអណ្តែត​ឡើង មានចិត្តជ្រះថ្លា ក្នុងកាលណា ព្រះអង្គ​ទ្រង់​ប្រកាស​ធម្មទេសនា ដែល​ព្រះពុទ្ធ​ទាំងឡាយ​ ទ្រង់លើក​ឡើងសំដែង ដោយព្រះអង្គឯង គឺទុក្ខសច្ច១ សមុទយសច្ច១ និរោធសច្ច១ មគ្គសច្ច១ ក្នុងកាលនោះ។ ធម្មតា សំពត់សស្អាត មិនប្រឡាក់របស់ខ្មៅ គឺធ្យូង ឬល័ក្ត​ខ្មៅ​ជាដើម គួរទទួលទឹកជ្រលក់បាន​ដោយប្រពៃ មានឧបមា​ដូចម្តេចមិញ ធម្មចក្ខុ​ គឺសោតា​បត្តិមគ្គដ៏​ប្រាសចាក​ធូលី ប្រាសចាក​មន្ទិល ក៏កើតឡើង​ដល់​បុរស​ទាំងអម្បាលនោះ ​ក្នុងទី​​អង្គុយ​​នោះឯងថា ធម្មជាតិណាមួយ ដែលកើតឡើងជាធម្មតា ធម្មជាត​ទាំងអស់​នោះ តែង​រលត់​ទៅវិញ​ជាធម្មតា មានឧបមេយ្យ​ដូច្នោះឯង។ បុរស​ទាំងអម្បាលនោះ​បាន​ឃើញ​​អរិយសច្ចធម៌​ហើយ បានដល់អរិយសច្ចធម៌ហើយ បាន​ត្រាស់ដឹងអរិយសច្ចធម៌ហើយ បាន​ចុះ​ចិត្តស៊ប់​ក្នុងអរិយសច្ចធម៌ហើយ ឆ្លងផុត​សេចក្តី​សង្ស័យ មិនមាន​ងឿងឆ្ងល់ ដល់​នូវ​សេចក្តី​ក្លៀវក្លា មិន​បាច់ជឿ​ស្តាប់ពាក្យ​បុគ្គល​ដទៃ​ឡើយ ក្នុងសាសនានៃព្រះសាស្តា ទើបក្រាបទូល​ព្រះដ៏មានព្រះភាគ​ដោយពាក្យ​នេះថា បពិត្រព្រះអង្គដ៏​ចំរើន យើងខ្ញុំ​ទាំង​អម្បាលនេះ គួរ​បាន​បព្វជ្ជា គួរបាន​ឧបសម្បទា​ក្នុងសំណាក់​ព្រះដ៏មានព្រះភាគ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ហៅថា អ្នកទាំងឡាយ​ ចូរមក​ជា​ភិក្ខុ​ចុះ ហើយ​ត្រាស់ថា សាសនធម៌ តថាគត​ពោលល្អហើយ អ្នកទាំងឡាយ​ចូរ​ប្រព្រឹត្ត​ព្រហ្មចរិយធម៌ ដើម្បី​ធ្វើ​នូវ​ព្រះនិព្វាន ជាទីបំផុត​នៃ​ទុក្ខដោយល្អចុះ។ ព្រះពុទ្ធដីកា​នោះឯង ជាឧបសម្បទា​របស់លោក​ដ៏មាន​អាយុ​​ទាំង​អម្បាលនោះ។ លំដាប់នោះ ព្រះដ៏មានព្រះភាគ ទ្រង់ឲ្យឱវាទ​ប្រៀនប្រដៅ​ភិក្ខុទាំងអម្បាល​នោះ​​ដោយធម្មីកថា។ ភិក្ខុ​ទាំង​អម្បាលនោះ កាលដែលព្រះដ៏មានព្រះភាគកំពុង​ឲ្យឱវាទ​ប្រៀន​ប្រដៅ​ដោយធម្មីកថា ក៏មានចិត្ត​ផុតចាកអាសវធម៌ទាំងឡាយ ឥតមាន​ជាប់ចំពាក់​ ដោយ​ឧបាទានឡើយ។ ព្រះអរហន្ត​ទាំងឡាយ​១១អង្គកើត​មានក្នុងលោក​ក្នុងកាលនោះឯង។

ចប់ បព្វជ្ជារបស់​គ្រហស្ថជាសំឡាញ់​គ្នា៤នាក់។

[៣១] មានគ្រហស្ថជាសំឡាញ់របស់ព្រះយស​ដ៏មានអាយុប្រមាណ៥០នាក់(​ទៀត) ជាអ្នក​នៅ​​ក្នុងជនបទ (ស្រុកក្រៅ) ជាកូននៃ​ពួកត្រកូល​ទាំងឡាយ មានបុព្វបុរស​ជាលំដាប់​នៃ​បុព្វបុរស​[គឺត្រកូល​មានជីដូនជីតាជាលំដាប់​តៗគ្នាមក​ច្រើនជួរ។] បានឮដំណឹងច្បាស់ថា យសកុលបុត្រ​កោរសក់ និងពុកមាត់ពុកចង្កា ហើយ​ស្លៀក​ដណ្តប់​សំពត់​កាសាយៈ​ ចេញទៅអំពី​ផ្ទះ ហើយបួស​ក្នុង​ភេទនៃ​បុគ្គល​មិនមាន​ប្រយោជន៍​ដោយ​ផ្ទះ។ លុះជនទាំង​នោះ​បានឮដំណឹង (យ៉ាងនេះ)​ហើយ ក៏ត្រិះរិះ​ដូច្នេះថា យសកុលបុត្រ​​កោរសក់ និងពុកមាត់​ពុក​ចង្កា ហើយស្លៀក​សំពត់​កាសាយៈ ​ចេញ​អំពី​​ផ្ទះ ហើយបួស​ក្នុង​ភេទនៃ​បុគ្គល​មិនមាន​ប្រយោជន៍​ដោយ​​ផ្ទះក្នុងធម្មវិន័យណា ធម្មវិន័យ​នោះ មិនមែនជា​របស់ថោកទាប​ដោយពិត ទាំង​បព្វជ្ជា​នោះសោត ក៏មិនមែន​ជារបស់​ថោកទាប​ឡើយ។ បុរសទាំង​៥០​នាក់នោះ ​នាំគ្នា​ចូលទៅ​រក​​ព្រះយស​ដ៏មានអាយុ លុះចូលទៅដល់ហើយ ក៏​ថ្វាយបង្គំ​ព្រះយស​ដ៏មាន​អាយុ ហើយ​ឋិត​នៅ​ក្នុងទី​ដ៏សមគួរ។ គ្រានោះ ព្រះយស​ដ៏​មាន​អាយុ នាំ​គ្រហស្ថជាសំឡាញ់ទាំង៥០នាក់​នោះ​ចូល​ទៅគាល់ផ្ទះព្រះដ៏មានព្រះភាគ លុះ​ចូល​ទៅ​ដល់​ហើយ ក៏ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយ​អង្គុយ​​នៅក្នុងទី​ដ៏សមគួរ លុះ​ព្រះយស​ដ៏មាន​អាយុ​អង្គុយ​នៅក្នុងទីដ៏​សមគួរ​ហើយ ទើបក្រាបទូល​ព្រះដ៏មានព្រះភាគ​ដោយពាក្យនេះថា បពិត្រព្រះអង្គ​ដ៏ចំរើន គ្រហស្ថជា​សំឡាញ់​របស់​ខ្ញុំ​ព្រះអង្គ​មាន​ប្រមាណ ​៥០ នាក់ទាំងនេះ ជាអ្នកនៅក្នុងជនបទ ជាបុត្រនៃ​ពួក​ត្រកូល​មានបុព្វបុរស​ជាលំដាប់​នៃ​បុព្វបុរស សូមព្រះដ៏មានព្រះភាគ ទ្រង់ឲ្យ​ឱវាទ​ប្រៀន​ប្រដៅ​សំឡាញ់​ទាំង​អម្បាលនេះឲ្យទាន។ ព្រះដ៏មានព្រះភាគ ទ្រង់សំដែង​អនុបុព្វីកថាដល់​បុរស​ទាំងអម្បាល​នោះ គឺទ្រង់សំដែង​ទានកថា១ សីលកថា១ សគ្គកថា១ ទោសរបស់​កាមទាំងឡាយ​ដ៏លាមក​សៅហ្មង១ អានិសង្ស​ក្នុងការ​ចេញចាក​កាម (បួស)១។ ព្រះដ៏មានព្រះភាគ ទ្រង់​ជ្រាប​ថា បុរសទាំង៥០នាក់នោះ មានចិត្ត​ស្រួល មានចិត្តទន់ មានចិត្ត​ផុតចាក​នីវរណធម៌ មាន​ចិត្ត​អណ្តែត​ឡើង មានចិត្តជ្រះថ្លា ក្នុងកាលណា ព្រះអង្គ​ក៏ទ្រង់​ប្រកាស​ធម្មទេសនា ដែល​ព្រះពុទ្ធ​ទាំងឡាយ​ ទ្រង់លើក​ឡើងសំដែង ដោយព្រះអង្គឯង គឺទុក្ខសច្ច១ សមុទយសច្ច១ និរោធសច្ច១ មគ្គសច្ច១ ក្នុងកាលនោះ។ ធម្មតា សំពត់សស្អាត មិនប្រឡាក់របស់ខ្មៅ គឺធ្យូង ឬល័ក្ត​ខ្មៅ​ គួរទទួលទឹកជ្រលក់​បានដោយប្រពៃ មានឧបមា​ដូចម្តេចមិញ ធម្មចក្ខុ​ គឺសោតា​បត្តិ​មគ្គ​ដ៏​ប្រាសចាក​ធូលី ប្រាសចាក​មន្ទិល ក៏កើត​ឡើងដល់បុរសទាំងនោះ ​ក្នុងទី​​អង្គុយ​​នោះឯងថា ធម្មជាតិ​ណាមួយ ដែលកើត​ឡើង​ជាធម្មតា ធម្មជាតទាំងអស់​នោះ តែង​រលត់​ទៅវិញ​ជាធម្មតា មាន​ឧបមេយ្យ​ដូច្នោះឯង។ បុរស​ទាំង៥០នាក់នោះ​ បានឃើញ​អរិយសច្ចធម៌​ហើយ បាន​ដល់​អរិយសច្ចធម៌​ហើយ បានត្រាស់ដឹងអរិយសច្ចធម៌ហើយ បាន​ចុះចិត្តស៊ប់​ក្នុង​អរិយសច្ចធម៌​ហើយ ឆ្លងផុត​សេចក្តី​សង្ស័យ មិនមាន​ងឿងឆ្ងល់ ដល់​នូវ​ភាវៈជាអ្នកក្លាហាន មិនបាច់ជឿ​ស្តាប់ពាក្យ​បុគ្គលដទៃ ក្នុងសាសនានៃព្រះសាស្តា ក៏ក្រាបទូល​ព្រះដ៏មានព្រះភាគ​ដោយពាក្យ​នេះថា បពិត្រព្រះអង្គដ៏​ចំរើន យើងខ្ញុំ​ទាំងឡាយនេះ គួរ​បាន​បព្វជ្ជា គួរបាន​ឧបសម្បទា​ក្នុងសំណាក់​ព្រះដ៏មានព្រះភាគ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ហៅថា អ្នកទាំងឡាយ​ ចូរ​មក​ជា​ភិក្ខុចុះ ហើយ​ទ្រង់ត្រាស់ថា សាសនធម៌ តថាគត​ពោលល្អហើយ អ្នកទាំងឡាយ​ចូរប្រព្រឹត្ត​ព្រហ្មចរិយធម៌ ដើម្បីធ្វើនូវ​ព្រះនិព្វាន ជាទីបំផុត​នៃ​កងទុក្ខដោយល្អចុះ។ ព្រះពុទ្ធដីកានោះឯង ជាឧបសម្បទា​របស់លោកដ៏មានអាយុ​ទាំង​អម្បាលនោះ។ គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ទូន្មាន ​ប្រៀនប្រដៅ​ភិក្ខុទាំងអម្បាល​នោះ​ដោយធម្មីកថា។ ភិក្ខុទាំងអម្បាលនោះ កាលដែលព្រះដ៏មានព្រះភាគកំពុង​ទូន្មាន​ប្រៀន​ប្រដៅ​ដោយ​ធម្មីកថា ចិត្តក៏រួច​ចាក​អាសវធម៌​ទាំងឡាយ ឥតមាន​ជាប់ចំពាក់​ដោយ​ឧបាទានឡើយ។ ព្រះអរហន្ត​ទាំងឡាយ៦១អង្គ​កើត​ឡើង​ក្នុងលោក ​ក្នុងកាលនោះឯង។

[៣២] គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់ហៅភិក្ខុទាំងឡាយមកហើយ ទើបត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតរួចហើយ អំពីអន្ទាក់ទាំងអស់ ទោះបីជារបស់ទេវតាក្តី​[កាមគុណ​ទាំង៥ ដ៏ជាទិព្វរបស់ទេវតា។] ទោះបីជារបស់មនុស្សក្តី ​[កាមគុណ​ទំាង៥ ជារបស់មនុស្ស។] ម្នាលភិក្ខុ​ទាំង​ឡាយ អ្នកទាំងឡាយសោត ក៏បានរួចហើយ​អំពី​អន្ទាក់ទាំងអស់ដែរ ទោះបី​ជា​របស់​ទេវតាក្តី ទោះបី​ជា​របស់មនុស្សក្តី ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរ​ត្រាច់ទៅ​កាន់​ចារិក (គឺស្រុក​និងនិគម​និងរាជធានី ហើយសំដែងធម៌) ដើម្បីជាប្រយោជន៍ និង សេចក្តី​សុខ​ដល់​ជនជាច្រើន ដើម្បីអនុគ្រោះដល់សត្វលោក ដើម្បីជាប្រយោជន៍ ដើម្បីជាគុណ ដើម្បី​សេចក្តី​សុខដល់ទេវតា និងមនុស្សទាំងឡាយ អ្នក​ទាំងឡាយ​កុំ​ទៅ​ពីរនាក់​តាមផ្លូវ​មួយ​ជាមួយ​គ្នា​ឡើយ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ​ចូរសម្តែង​ធម៌ឲ្យពីរោះបទ​ដើម បទកណ្តាល និងបទចុង អ្នកទាំងឡាយ ចូរប្រកាស​នូវព្រហ្មចរិយធម៌ដ៏​បរិសុទ្ធ​ប្រកបដោយ​អត្ថ និង​​ព្យញ្ជនៈ​ដ៏ពេញបរិបូណ៌​ទាំងអស់ សត្វ​ទាំង​ឡាយ​ដែលមានធូលី គឺរាគាទិក្កិលេស​តិច​ក្នុងភ្នែក​ក៏​មាន សត្វ​ទាំងនោះ​នឹង​សាបសូន្យ (ចាកមគ្គផល) ព្រោះមិនបានស្តាប់ធម៌ សត្វទាំងឡាយអ្នកបំរុង ត្រាស់​ដឹងធម៌ គង់នឹងមាន ម្នាលភិក្ខុទាំងឡាយ ចំណែកតថាគត ក៏នឹងចូលទៅកាន់​សេនានិគម​[ក្នុង​តតិយ​សារត្ថទីបនីដីកាមហាវគ្គពន្យល់ថា សេនានិគមនោះ ជាប្រទេស ជាទីនៅ​របស់​សេនាទាហាន​ពីបឋមកល្បមក ព្រោះហេតុនោះ ទើប​ព្រះដ៏មានព្រះភាគ​ទ្រង់​ហៅថា សេនានិគម។ សេនានិគម​នេះហើយ​ដែល​ជាស្រុក​របស់​បិតានាង​សុជាតា ដែលថ្វាយ​មធុបាយាស​ដល់​ព្រះអង្គ​ជាដម្បូង។] ក្នុង​ឧរុវេលាប្រទេស ដើម្បីសម្តែងធម៌ដែរ។

[៣៣] គ្រានោះ ក្រុងមារ ជាអ្នកមានចិត្ត​អាក្រក់ ចូលទៅរក​ព្រះដ៏មានព្រះភាគ លុះចូល​ទៅ​ដល់​ហើយ ទើបក្រាបបង្គំ​ទូលព្រះដ៏មានព្រះភាគ ដោយគាថា ថា

បពិត្រសមណៈ ព្រះអង្គជាប់ចំពាក់​ហើយដោយ​អន្ទាក់ទាំងពួង ទោះបី​ជារបស់​ទេវតា​ក្តី ទោះបី​ជារបស់​មនុស្សក្តី គឺព្រះអង្គ​ជាបុគ្គល​ជាប់ចំពាក់​ដោយចំណង​ដ៏មាំ ព្រះអង្គ​មិន​រួច​អំពីវិស័យ​របស់ខ្ញុំឡើយ។

ព្រះសម្ពុទ្ធ​ទ្រង់ត្រាស់ថា

នែក្រុងមារ អ្នកជាសត្វ​ដ៏ថោកទាប តថាគត​រួចហើយ​ចាកអន្ទាក់​ទាំងអស់ ទោះបី​ជារបស់​ទេវតាក្តី ទោះបី​ជារបស់មនុស្សក្តី គឺតថាគត​ជាបុគ្គល​រួចស្រឡះ​ហើយចាក​ចំណង​ដ៏មាំ អ្នកឯងសោត ក៏តថាគត​នាំចេញ​អំពី​ពុតកំណាច (គឺ​តថាគត​ឲ្យ​ចាលចាញ់​ហើយ)។

ក្រុងមារក្រាបបង្គំទូលថា

បពិត្រព្រះសមណៈ អន្ទាក់ណា​ដែលត្រាច់​ទៅក្នុងអាកាស អន្ទាក់នេះ​ឯង គឺឆន្ទរាគ ដែល​ត្រាច់ទៅក្នុងចិត្ត (របស់សត្វ ខ្ញុំនឹងទាក់​ព្រះអង្គ​ដោយអន្ទាក់​ គឺឆន្ទរាគនោះ ព្រះអង្គ​គង់​មិនរួច (អំពីវិស័យ) របស់ខ្ញុំទេ។

ព្រះសម្ពុទ្ធ ទ្រង់ត្រាស់ថា ម្នាលមារ ជាសត្វដ៏ថោកទាប រូប សំឡេង ក្លិន រស និងផោដ្ឋព្វៈ ជាគ្រឿង​តម្រេក​ក្នុងចិត្ត​នៃសត្វ ចំណង់​របស់តថាគត​ក្នុងអារម្មណ៍ មានរូបជាដើមនេះ ប្រាសចាកអស់ហើយ អ្នកឯងសោត ក៏តថាគត​នាំចេញ​អំពី​ពុត​កំណាច (គឺតថាគត​ឲ្យចាល​ចាញ់)ហើយ។

លំដាប់នោះ ក្រុងមារ​ជាអ្នកមានចិត្តអាក្រក់ កើតទុក្ខ តូចចិត្តថា ព្រះដ៏មានព្រះភាគស្គាល់​អញ ព្រះសុគត​ស្គាល់អញ រួចក៏​អន្តរធានបាត់ទៅ​អំពី​កន្លែងនោះឯង។

ចប់ មារកថា។

[៣៤] សម័យនោះឯង ភិក្ខុទាំងឡាយ​តែងនាំ​មកនូវពួក​បព្វជ្ជា​បេក្ខបុគ្គល [អ្នកសំឡឹង​យក​នូវ​បព្វជ្ជា គឺអ្នកដែល​ប្រាថ្នា​នឹងបួសជាសាមណេរ។] ផង នូវពួក​ឧបសម្បទា​បេក្ខបុគ្គល ​[អ្នកសំឡឹង​យកនូវ​ឧបសម្បទា គឺអ្នក​ដែលប្រាថ្នា​នឹងបួសជាភិក្ខុ។] ផង អំពីទិស​ផ្សេងៗ អំពីជនបទផ្សេងៗ ដោយគិតថា ព្រះដ៏មានព្រះភាគ​នឹងបំបួស នឹងឲ្យឧបសម្បទា​ដល់​កុលបុត្រ​ទាំងនោះ (ចំពោះព្រះអង្គ)។ ឯភិក្ខុ​ទាំងឡាយ​ក្តី បព្វជ្ជាបេក្ខបុគ្គល​ទាំងឡាយក្តី ឧបសម្បទាបេក្ខបុគ្គលទាំងឡាយក្តី ក៏រមែងលំបាក​ក្នុង​ដំណើរ​នោះ។ គ្រានោះឯង ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅ​ក្នុងទីស្ងាត់ ទ្រង់សម្ងំ​នៅក្នុងកម្មដ្ឋាន មាន​ព្រះតម្រិះ​ក្នុងព្រះហឫទ័យ​កើតឡើង​យ៉ាងនេះថា ឥឡូវនេះ ភិក្ខុទាំងឡាយតែង​នាំមកនូវពួក​បព្វជ្ជា​បេក្ខបុគ្គលផង នូវពួក​ឧបសម្បទាបេក្ខបុគ្គលផង អំពីទិសផ្សេងៗ អំពីជនបទផ្សេងៗ (មក​កាន់​សំណាក់​តថាគត) ដោយគិតថា ព្រះដ៏មានព្រះភាគ នឹងបំបួស នឹងឲ្យឧបសម្បទា​ដល់កុលបុត្រ​ទាំងនោះ ចំណែក​ភិក្ខុទាំងឡាយក្តី ​បព្វជ្ជា​បេក្ខបុគ្គលទាំងឡាយក្តី​ឧបសម្បទាបេក្ខបុគ្គលទាំងឡាយក្តី ក៏រមែង​លំបាក​ក្នុងដំណើរ​នោះ បើដូច្នោះ គួរ​តថាគត​អនុញ្ញាត​ដល់ភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ ឥឡូវនេះ អ្នកទាំងឡាយត្រូវ​ឲ្យបព្វជ្ជា ឲ្យឧបសម្បទា (ដល់កុលបុត្រ) ក្នុងទិស​នោះៗ ក្នុងជនបទ​នោះៗ​ចុះ។ ព្រោះ​និទាននេះ ដំណើរនេះ ទើបព្រះដ៏មានព្រះភាគ ទ្រង់ចេញចាក​ការសម្ងំ​នៅក្នុងកម្មដ្ឋាន ក្នុងវេលា​ថ្ងៃរសៀល ហើយព្រះអង្គ​ឲ្យប្រជុំ​ភិក្ខុសង្ឃ រួចធ្វើធម្មីកថា ត្រាស់ចំពោះ​ភិក្ខុទាំងឡាយ​ក្នុងកាល​នោះថា ម្នាល​ភិក្ខុទាំងឡាយ កាលតថាគតនៅ​ក្នុងទីស្ងាត់ សម្ងំ​ក្នុងកម្មដ្ឋាន​ក្នុងទីនេះ ក៏មានសេចក្តី​ត្រិះរិះ​ក្នុង​ចិត្តកើតឡើងយ៉ាងនេះថា ឥឡូវនេះឯង ភិក្ខុទាំងឡាយតែង​នាំមកនូវ​​បព្វជ្ជា​បេក្ខបុគ្គល​ទាំងឡាយផង នូវ​ឧបសម្បទាបេក្ខបុគ្គល​ទាំងឡាយផង អំពីទិសផ្សេងៗ អំពីជនបទផ្សេងៗ ដោយគិត​ថា ព្រះដ៏មានព្រះភាគ នឹងឲ្យ​បព្វជ្ជា និងឧបសម្បទាដល់កុលបុត្រ​ទាំងនោះ ​ ភិក្ខុទាំងឡាយក្តី ​បព្វជ្ជា​បេក្ខបុគ្គល​ទាំងឡាយក្តី ​ឧបសម្បទាបេក្ខបុគ្គលទាំងឡាយក្តី ក៏រមែង​លំបាក​ក្នុងដំណើរ​នោះ បើ​ដូច្នោះ គួរតថាគត​អនុញ្ញាត​ដល់ភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ ឥឡូវនេះ អ្នកទាំងឡាយចូរ​ឲ្យបព្វជ្ជា ឲ្យឧបសម្បទា (ដល់កុលបុត្រ) ក្នុងទិស​នោះៗ ក្នុងជនបទ​នោះៗ​ចុះ។ ម្នាលភិក្ខុទាំងឡាយ ​តថាគត​អនុញ្ញាត​ថា អ្នកទាំងឡាយ ចូរឲ្យបព្វជ្ជា ឲ្យឧបសម្បទា (ដល់កុលបុត្រ) ក្នុងទិស​នោះៗ ក្នុងជនបទ​នោះៗ​ក្នុងកាល​ឥឡូវនេះចុះ។ ម្នាលភិក្ខុទាំងឡាយ ​អ្នកទាំងឡាយ ត្រូវឲ្យបព្វជ្ជា ឲ្យឧបសម្បទា​យ៉ាងនេះ។ កុលបុត្រ​នោះ ភិក្ខុគប្បីកោរសក់ និងពុកមាត់​ឲ្យជាដម្បូង ហើយឲ្យ​ស្លៀកសំពត់​កាសាយៈ​ទាំងឡាយ រួចឲ្យពាក់​ចីពរ​ឆៀងស្មាម្ខាង ឲ្យថ្វាយបង្គំ​បាទាភិក្ខុទាំងឡាយ ហើយឲ្យអង្គុយ​ច្រហោង ផ្គង​អញ្ជលី​ឡើង រួច​ប្រាប់ថា អ្នកចូរពោល​ពាក្យ​យ៉ាងនេះ [ក្នុងអដ្ឋកថា មាន​សេចក្តី​បំពេញ​ទៀតថា អាត្មា​ពោលនូវពាក្យណា អ្នកចូរពោល​តាមនូវ​ពាក្យនោះ។​]ថា ខ្ញុំព្រះករុណា សូមដល់នូវ​ព្រះពុទ្ធ​ជាទីរលឹក ខ្ញុំព្រះករុណា​ សូមដល់នូវ​ព្រះធម៌​ជាទីរលឹក ខ្ញុំព្រះករុណា សូមដល់នូវ​ព្រះសង្ឃ​ជាទីរលឹក ខ្ញុំ​ព្រះករុណា សូមដល់នូវ​ព្រះពុទ្ធ​ជាទីរលឹក ជាគំរប់ពីរដងផង ខ្ញុំព្រះករុណា​ សូមដល់នូវ​ព្រះធម៌​ជាទីរលឹក ជាគំរប់ពីរដងផង ខ្ញុំ​ព្រះករុណា សូមដល់នូវ​ព្រះសង្ឃ​ជាទីរលឹក ជាគំរប់ពីរដងផង ខ្ញុំព្រះករុណា សូមដល់នូវ​ព្រះពុទ្ធ​ជាទីរលឹក ជាគំរប់បីដងផង ខ្ញុំព្រះករុណា​ សូមដល់នូវ​ព្រះធម៌​ជាទីរលឹក ជា​គំរប់​បីដងផង ខ្ញុំព្រះករុណា សូមដល់នូវ​ព្រះសង្ឃ​ជាទីរលឹក ជាគំរប់បីដងផង។ ម្នាលភិក្ខុ​ទាំង​ឡាយ តថាគត​អនុញ្ញាត​បព្វជ្ជា និងឧបសម្បទា​ដោយត្រៃសរណគមន៍​ទាំងឡាយនេះ។

ឧបសម្បទាកថា ដោយត្រ័យសរណគមន៍ ចប់។

[៣៥] គ្រានោះ ព្រះដ៏មានព្រះភាគ​នៅចាំវស្សារួចហើយ ត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាល​ភិក្ខុទាំងឡាយ អរហត្តផលវិមុត្តិដ៏​ប្រសើរ​ តថាគត​បានសម្រេចហើយ អរហត្តផល​វិមុត្តិ​ដ៏​ប្រសើរ តថាគត​បានធ្វើឲ្យជាក់​ច្បាស់ហើយ ដោយបានធ្វើទុកក្នុងចិត្ត​ជាឧបាយ ដោយមានសេចក្តី​ព្យាយាម​ដ៏ល្អ​ជាឧបាយ ម្នាលភិក្ខុទាំងឡាយ ចំណែក​អ្នកទាំងឡាយ​ក៏បាន​សម្រេច​នូវ​អរហត្តផលវិមុត្តិ​ដ៏ប្រសើរ ក៏បានធ្វើឲ្យជាក់ច្បាស់​នូវអរហត្តផលវិមុត្តិ​ដ៏ប្រសើរ ដោយបានធ្វើ​ទុកក្នុងចិត្ត​ជាឧបាយ ដោយមាន​សេចក្តី​ព្យាយាម​ដ៏ល្អជា​ឧបាយ។

គ្រានោះ ក្រុងមារ ជាអ្នកមានចិត្តអាក្រក់ ចូលទៅគាល់​ព្រះដ៏មានព្រះភាគ លុះចូល​ទៅដល់​ហើយ ទើបពោលពាក្យ​ជាគាថា​នឹងព្រះដ៏មានព្រះភាគថា

បពិត្រព្រះសមណៈ ​អន្ទាក់ទាំងឡាយណាៗ ទោះបី​ជារបស់​ទេវតា​ក្តី ​ជារបស់​មនុស្សក្តី ព្រះ​អង្គជាប់ហើយ​ដោយអន្ទាក់​ទាំងនោះ ដែលជា​អន្ទាក់​របស់មារ ព្រះអង្គជាប់​ចំពាក់​ហើយ​​ដោយចំណងរបស់មារ ព្រះអង្គ​មិន​រួច(​អំពីវិស័យ)ខ្ញុំឡើយ។

ព្រះសម្ពុទ្ធ​ទ្រង់​ត្រាស់​ថា ម្នាលមារ ជាសត្វ​ដ៏លាមក អន្ទាក់​ទាំងឡាយណាៗ ទោះបី​ជារបស់​ទេវតាក្តី ​ជា​របស់​មនុស្ស​ក្តី តថាគត​រួចស្រឡះ​ហើយចាកអន្ទាក់​ទាំងនោះ ដែលជា​អន្ទាក់​របស់មារ តថាគត​រួចហើយ​ចាកចំណង​របស់មារ អ្នកឯងសោត ក៏តថាគត​នាំចេញ​ចាក​ពុត​កំណាច (គឺ​តថាគតផ្ចាញ់ផ្ចាលហើយ)។

គ្រានោះ ក្រុងមារ​ជាអ្នកមានចិត្តបាប កើតទុក្ខ តូចចិត្តថា ព្រះដ៏មានព្រះភាគទ្រង់ស្គាល់​អញ ព្រះសុគត​ទ្រង់ស្គាល់អញ ហើយក៏​អន្តរធានបាត់ទៅ​អំពី​កន្លែងនោះឯង។

[៣៦] គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់ប្រថាប់​នៅក្នុង​ក្រុងពារាណសី គួរ​ដល់​ពុទ្ធអធ្យាស្រ័យ រួចទ្រង់​យាងចេញ​ទៅកាន់ចារិក​ក្នុងឧរុវេលាប្រទេស។ កាលនោះ ព្រះអង្គ​ទ្រង់យាង​ចុះចាក​ផ្លូវ សំដៅ​ទៅកាន់​ដងព្រៃមួយ លុះយាងទៅដល់ហើយ ទ្រង់ចូល​ទៅកាន់​ដងព្រៃនោះ ហើយគង់​នៅទៀប​គល់​ឈើមួយ។

សម័យនោះឯង ពួកភទ្ទវគ្គិយកុមារ ប្រមាណ​៣០នាក់ ជាសំឡាញ់​នឹងគ្នា ព្រមទាំង​ភរិយា កំពុង​ឲ្យភរិយា​បម្រើ (ដោយកាម) ក្នុងដងព្រៃ​នោះ។ មានកុមារម្នាក់​ឥតភរិយា​នឹងគេ។ ទើបកុមារទាំងនោះ​ទៅនាំយក​ស្រីពេស្យា (ស្រីផ្កាមាស) ម្នាក់មក ដើម្បីប្រយោជន៍​ដល់​កុមារដែល​ឥត​ភរិយានោះ។ លំដាប់​នោះឯង កាលដែលកុមារ​ទាំងនោះ ប្រហែសធ្វេស កំពុងឲ្យ​ភរិយារបស់​ខ្លួនបម្រើ ស្រីពេស្យានោះ​បានលួច​យកភណ្ឌៈ [បង្វេច ឬទ្រព្យ] រត់បាត់ទៅ។ កាលនោះ កុមារជាសំឡាញ់នឹង​គ្នា​ទាំងនោះ ខ្វល់​ខ្វាយ​ដល់កុមារ​ជា​សំឡាញ់​ ជួយស្វែងរក​ស្រីពេស្យានោះ ក៏បានដើរ​ទៅកាន់ដងព្រៃ​នោះ បានឃើញ​ព្រះដ៏មានព្រះភាគ គង់នៅទៀប​គល់ឈើមួយ លុះឃើញហើយ ទើបនាំគ្នា​ចូលទៅគាល់​ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបបង្គំទូលពាក្យនេះនឹង​ព្រះដ៏មាន​ព្រះភាគ​ថា បពិត្រ​ព្រះអង្គដ៏ចំរើន ព្រះដ៏មានព្រះភាគ​បានឃើញ​ស្រី(ម្នាក់)​ដែរឬទេ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលកុមារទាំងឡាយ ចុះអ្នកត្រូវការអ្វី​ដោយស្រី (នោះ)។ កុមារទាំងអម្បាលនោះ​ក្រាបបង្គំទូលថា បពិត្រ​ព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ​ទាំងអស់គ្នាប្រមាណ​៣០នាក់ ជាពួកដ៏ចំរើន ជាសំឡាញ់នឹងគ្នា នៅក្នុង​ឧរុវេលាប្រទេស​នេះ មានភរិយា​គ្រប់ៗគ្នា បានឲ្យភរិយា​បម្រើក្នុង​ដងព្រៃនេះ ឯកុមារ​ជាសំឡាញ់​​ម្នាក់ មិនមានភរិយា​នឹងគេឡើយ យើងខ្ញុំបាន​នាំយកស្រីពេស្យាម្នាក់មក ដើម្បីប្រយោជន៍​ដល់​កុមារ​ជា​សំឡាញ់​នោះ បពិត្រព្រះអង្គដ៏ចំរើន ​កាលដែលយើងខ្ញុំប្រហែសធ្វេស កំពុងឲ្យ​ភរិយារបស់​ខ្លួនបម្រើ ស្រីពេស្យានោះ​ក៏លួច​យកភណ្ឌៈ រត់បាត់ទៅក្នុងពេលនោះ បពិត្រ​ព្រះអង្គដ៏ចំរើន ហេតុនោះ យើងខ្ញុំ​ជាសំឡាញ់នឹង​គ្នា​ខ្វល់​ខ្វាយ​ដល់កុមារ​ជាសំឡាញ់​ ជួយស្វែងរក​ស្រីពេស្យានោះ ក៏បានដើរ​មកកាន់​ដងព្រៃ​​នេះ។ ព្រះដ៏មានព្រះភាគ ទ្រង់​ត្រាស់សួរថា ម្នាលកុមារទាំងឡាយ អ្នកទាំងឡាយសំគាល់​រឿង​នោះដូចម្តេច អ្នក​ទាំងឡាយ​គួរស្វែងរក​ស្រីប្រសើរជាង ឬគួរ​ស្វែងរក​ខ្លួន​ប្រសើរជាង។ កុមារ​ទាំងអម្បាល​នោះ​ក្រាបបង្គំទូល​ថា បពិត្រព្រះអង្គដ៏ចំរើន យើងខ្ញុំគួរ​ស្វែងរក​ខ្លួនប្រសើរជាង។ ទើបព្រះ​អង្គត្រាស់ថា ម្នាលកុមារ​ទាំងឡាយ បើដូច្នោះ អ្នកទាំងឡាយ​អង្គុយ​មកសិនចុះ តថាគត​នឹងសំដែងធម៌​ដល់អ្នកទាំងឡាយ។ ភទ្ទវគ្គិយកុមារជាសំឡាញ់​នឹងគ្នាទាំងនោះទទួល​ព្រះពុទ្ធដីកា​ថា បពិត្រព្រះអង្គ​ដ៏​ចំរើន យ៉ាងហ្នឹងហើយ ក៏ថ្វាយបង្គំ​ព្រះដ៏មានព្រះភាគ ហើយអង្គុយ​នៅក្នុងទីដ៏​សមគួរ។  ព្រះដ៏មានព្រះភាគ ទ្រង់សំដែង​នូវ​អនុបុព្វីកថា​ដល់​ពួកភទ្ទវគ្គិយកុមារ​ជាសំឡាញ់​នឹងគ្នា​ទាំងនោះ គឺទ្រង់​ប្រកាសទានកថា១ សីលកថា១ សគ្គកថា១ ទោសរបស់កាម​ទាំងឡាយ​ដ៏លាមក​សៅហ្មង១ អានិសង្ស​ក្នុងការចេញ​ចាកកាម (បួស)១។ ព្រះដ៏មានព្រះភាគ ទ្រង់ជ្រាបថា ភទ្ទវគ្គិយកុមារទាំងនោះ មានចិត្ត​ស្រួល មានចិត្តទន់ មានចិត្ត​ផុតចាក​នីវរណធម៌ មានចិត្តអណ្តែតឡើង​ មានចិត្តជ្រះថ្លា ក្នុងកាលណា ព្រះអង្គ ក៏ទ្រង់​ប្រកាស​ធម្មទេសនា ដែល​ព្រះពុទ្ធ​ទាំងឡាយ​ ទ្រង់លើក​ឡើងសំដែង ចំពោះព្រះអង្គ គឺសំដែងទុក្ខសច្ច១ សមុទយសច្ច១ និរោធសច្ច១ មគ្គសច្ច១ ក្នុងកាលនោះ។ ធម្មតា សំពត់សស្អាត ប្រាសចាកពណ៌ខ្មៅ គួរ​ទទួល​ទឹកជ្រលក់​បានដោយប្រពៃ មានឧបមា​ដូចម្តេចមិញ ឯធម្មចក្ខុ​ គឺសោតា​បត្តិមគ្គដ៏​ប្រាសចាក​ធូលី ប្រាសចាក​មន្ទិល ក៏កើតឡើងដល់ភទ្ទវគ្គិយកុមារទាំងនោះ ​ក្នុងទី​អង្គុយ​នោះឯងថា ធម្មជាតិណាមួយ ដែលមានកិរិយាកើត​ឡើង​ ធម្មជាតទាំងអស់​នោះ រមែង​រលត់​​ទៅវិញ​ជា​ធម្មតា មានឧបមេយ្យ​ដូច្នោះ​ឯង។ ភទ្ទវគ្គិយកុមារទាំងនោះបានឃើញ​អរិយសច្ចធម៌​ហើយ បានដល់អរិយសច្ចធម៌ហើយ បានដឹងច្បាស់​អរិយសច្ចធម៌ហើយ បានចុះ​ចិត្តស៊ប់ក្នុង​អរិយសច្ចធម៌​ហើយ ឆ្លងផុតសេចក្តី​សង្ស័យ មិនមាន​ងឿង​ឆ្ងល់ ដល់នូវភាវៈ ជាអ្នកក្លាហាន មិនបាច់​ជឿ​ស្តាប់​ពាក្យបុគ្គល​ដទៃ ក្នុងសាសនានៃ​ព្រះសាស្តា ទើបក្រាប​បង្គំទូល​ព្រះដ៏មាន​ព្រះភាគយ៉ាងនេះថា បពិត្រ​ព្រះអង្គដ៏ចំរើន យើងខ្ញុំគួរបានបព្វជ្ជា គួរ​បានឧបសម្បទា​ក្នុងសំណាក់​ព្រះដ៏មានព្រះភាគ។ ​ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ហៅ​ភទ្ទវគ្គិយកុមារទាំងនោះ​ថា អ្នកទាំងឡាយ ចូរមកជាភិក្ខុចុះ ហើយ​ទ្រង់ត្រាស់​ថា សាសនធម៌ តថាគត​បានសំដែងល្អហើយ អ្នកទាំងឡាយ ចូរប្រព្រឹត្ត​ព្រហ្មចរិយធម៌ ដើម្បី​ធ្វើនូវ​ព្រះនិព្វាន ជាទីបំផុតនៃ​ទុក្ខ​ដោយល្អចុះ។ ព្រះពុទ្ធដីកា​នោះឯង ជាឧបសម្បទា​របស់ភទ្ទវគ្គិយភិក្ខុ​ដ៏មាន​អាយុទាំងនោះ។

ចប់ រឿងពួកភទ្ទវគ្គិយភិក្ខុ​ជាសំឡាញ់នឹងគ្នា។

ទុតិយភាណវារៈ ចប់។

[៣៧]​ គ្រានោះ ព្រះដ៏មានព្រះភាគ ត្រាច់​ទៅកាន់ចារិកតាមលំដាប់ ក៏ទ្រង់​ពុទ្ធដំណើរ​សំដៅ​ទៅកាន់​ឧរុវេលាប្រទេស។ សម័យនោះឯង ជដិល៣នាក់ (ជាបងប្អូន​នឹងគ្នា) គឺឧរុវេលកស្សប១ នទីកស្សប១ គយាកស្សប១ អាស្រ័យ​នៅក្នុង​ឧរុវេលាប្រទេស​(នោះ)។ បណ្តាជដិលទាំងនោះ មានជដិល​ឈ្មោះ​ឧរុវេលកស្សប​ជានាយក ជាអ្នកដឹកនាំ ជាកំពូល ជាប្រធាន ជាបុគ្គល​ដ៏ឧត្តម​ ប្រសើរ​ជាង​ជដិល​៥០០នាក់។ ជដិល​ឈ្មោះនទីកស្សប ជានាយក ជាអ្នកដឹកនាំ ជាកំពូល ជាប្រធាន ជាបុគ្គល​ដ៏ឧត្តម​ ប្រសើរ​ជាង​ជដិល​៣០០នាក់។ ជដិល​ឈ្មោះគយាកស្សប ជានាយក ជាអ្នកដឹកនាំ ជាកំពូល ជាប្រធាន ជាបុគ្គល​ដ៏ឧត្តម​ ប្រសើរ​ជាង​ជដិល២០០នាក់។ កាលនោះ ព្រះដ៏មានព្រះភាគ ទ្រង់​យាងចូល​ទៅកាន់​អាស្រម​របស់ជដិល​ឈ្មោះឧរុវេលកស្សប លុះចូល​ទៅដល់​ហើយ ទ្រង់​មាន​ព្រះពុទ្ធ​ដីកា​នឹងជដិល​ឈ្មោះឧរុវេលកស្សប​ថា នែកស្សប បើអ្នកមិន​ចង្អៀត​ចង្អល់ទេ យើងសូម​នៅក្នុង​រោង​ភ្លើង​បានមួយ​រាត្រី។ ឧរុវេលកស្សប​ពោលតបថា បពិត្រ​មហា​សមណៈ ខ្ញុំមិនមាន​សេចក្តី​ចង្អៀតចង្អល់​អ្វីទេ តែថាក្នុង​រោងភ្លើង​នេះមាន​នាគរាជ​មួយជា​សត្វ​កាច មានឫទ្ធិ មានពិស​ក្នុងចង្កូម មានពិស​ដ៏​ពន្លឹក កុំឲ្យ​តែនាគរាជ​នោះវាបៀតបៀន​ព្រះអង្គ។ ព្រះដ៏មានព្រះភាគ​ទ្រង់ត្រាស់នឹង​ជដិលឈ្មោះ ឧរុវេលកស្សប​ជាគំរប់ពីរ​ដងទៀតថា នែកស្សប បើអ្នកមិន​ចង្អៀត​ចង្អល់ទេ យើងសូម​នៅក្នុង​រោង​ភ្លើង​បានមួយ​រាត្រី។ ឧរុវេលកស្សប​ពោលតបថា បពិត្រ​មហាសមណៈ ខ្ញុំមិនមាន​សេចក្តី​ចង្អៀតចង្អល់​អ្វីទេ តែក្នុង​រោងភ្លើង​នេះ មាន​នាគរាជ​មួយជាសត្វ​កាច មានឫទ្ធិ មានពិស​ក្នុងចង្កូម មានពិស​ដ៏​ពន្លឹក កុំឲ្យ​តែនាគរាជ​នោះវាបៀតបៀន​ព្រះអង្គ។ ព្រះដ៏មានព្រះភាគ​ទ្រង់​ត្រាស់នឹង​ជដិលឈ្មោះ ឧរុវេលកស្សប​ជាគំរប់បីដងទៀតថា នែកស្សប បើអ្នកមិន​ចង្អៀត​ចង្អល់ទេ យើងសូម​នៅក្នុង​រោង​ភ្លើង​បានមួយ​រាត្រី។ ឧរុវេលកស្សប​ពោលតបថា បពិត្រ​មហាសមណៈ ខ្ញុំមិនមាន​សេចក្តី​ចង្អៀតចង្អល់​អ្វីទេ តែក្នុង​រោងភ្លើង​នេះ មាន​នាគរាជ​មួយ ជាសត្វ​កាច មានឫទ្ធិ មានពិស​ក្នុងចង្កូម មានពិស​ដ៏​ពន្លឹក កុំឲ្យ​តែនាគរាជ​នោះ​វា​បៀត​បៀន​​ព្រះអង្គ។ ព្រះដ៏មានព្រះភាគ​ទ្រង់ត្រាស់ថា នែកស្សប នាគរាជ​នោះបៀតបៀន​យើង​មិនបាន​ទេ ណ្ហើយចុះ អ្នកចូរ​ព្រមឲ្យ​រោងភ្លើង​ (ដល់យើងចុះ)។ ឧរុវេលកស្សប​តបថា បពិត្រមហាសមណៈ ព្រះអង្គចូរ​នៅតាម​សប្បាយចុះ។ លំដាប់នោះ ព្រះដ៏មានព្រះភាគ ទ្រង់ចូលទៅ​កាន់​រោងភ្លើង​ ហើយ​ក្រាលនូវកម្រាល​ស្មៅ គង់​ផ្គត់ភ្នែន តាំងកាយ​ដ៏ត្រង់​ដម្កល់​សតិឆ្ពោះ​មុខទៅ​កាន់កម្មដ្ឋាន។

[៣៨] គ្រានោះ នាគនោះបានឃើញព្រះដ៏មានព្រះភាគ យាងចូល​ទៅ លុះឃើញហើយ កើតទុក្ខ តូចចិត្ត ក៏បណ្តាលផ្សែង​ឲ្យហុយចេញ។ ឯព្រះដ៏មានព្រះភាគ ទ្រង់ត្រិះរិះ​យ៉ាងនេះថា ការនេះ​គួរ​តថាគត កុំបៀតបៀនស្បែក​សម្បុរថ្ងៃ ស្បែកបន្ទាប់ សាច់ សរសៃ ឆ្អឹង និងខួរក្នុងឆ្អឹង​របស់នាគ​រាជ​នេះ​ឲ្យសោះ ហើយគ្រាន់តែ​គ្របសង្កត់​តេជះ (របស់​នាគរាជ) ដោយតេជះ​របស់តថាគតចុះ។ លំដាប់​នោះ ព្រះដ៏មានព្រះភាគ សំដែង​ឥទ្ធាភិសង្ខារ មានសភាពដូច្នោះហើយ ក៏បណ្តាល​ផ្សែង​ឲ្យហុយ​តបទៅ​វិញ។ ចំណែក​នាគនោះ អត់ទ្រាំសេចក្តី​ក្រោធ​មិនបាន ក៏បណ្តាល​ភ្លើង​ឲ្យឆេះ​ឡើង។ ឯព្រះដ៏មាន​ព្រះភាគ ព្រះអង្គទ្រង់ចូលឈាន មានតេជោធាតុ​ជាអារម្មណ៍ ហើយទ្រង់​បណ្តាលភ្លើង​ឲ្យឆេះ​ឡើងដែរ។ កាលបើអ្នក​មានឫទ្ធិ​ទាំងពីរ​បណ្តាល​ពន្លឺ​ភ្លើងឲ្យភ្លឺព្រោងព្រាយឡើង​ហើយ ឯរោងភ្លើង​ក៏រុងរឿង​ភ្លឺសន្ធោរសន្ធៅ​ឡើងហាក់ដូចជា​ភ្លើងឆេះ។ លំដាប់នោះ ជដិលទាំង​អម្បាលនោះ នាំគ្នាចោមរោមរោងភ្លើង ហើយពោលយ៉ាងនេះថា ឱសមណៈ​មានរូបល្អម្ល៉េះ ឥឡូវ​ត្រូវនាគ​រាជ​បៀត​បៀន។ ឯព្រះដ៏មានព្រះភាគ លុះរាត្រីនោះកន្លង​ទៅហើយ ទ្រង់​មិនបាន​ប៉ះពាល់​ស្បែកក្រៅ ស្បែក​បន្ទាប់ សាច់ សរសៃ ឆ្អឹង និងខួរក្នុងឆ្អឹង​របស់នាគនោះ ទ្រង់គ្របសង្កត់​តេជះ​ដោយតេជះ​ ហើយទ្រង់​ចាប់​នាគច្រកក្នុងបាត្រ (នាំយកទៅ) បង្ហាញ​ដល់ជដិលឈ្មោះឧរុវេលកស្សបថា នែកស្សប នេះនាគ​របស់អ្នកឯង តថាគត​បានគ្របសង្កត់​តេជះ​របស់វា ដោយតេជះ​តថាគតហើយ។ គ្រានោះ ជដិល​ឈ្មោះ​ឧរុវេលកស្សបត្រិះរិះ​ដូច្នេះថា មហាសមណៈ (នេះ) មានឫទ្ធិខ្លាំង មានអានុភាពធំមែន ព្រោះហេតុថា (ព្រះអង្គ) អាចគ្រប់សង្កត់​តេជះ​របស់​នាគជាសត្វកាច មានឫទ្ធិ មានពិស​ក្នុងចង្កូម មានពិស​ដ៏ពន្លឹក ដោយតេជះ​(របស់​ព្រះអង្គបាន) តែបើទុក​ជាយ៉ាងនោះ ក៏គង់​មិនមែន​ជាព្រះអរហន្តដូចអញទេ។

[៣៩] ព្រះដ៏មានព្រះភាគ (ទ្រង់ប្រថាប់នៅ) ជិតឆ្នេរស្ទឹងនេរញ្ជរា ទ្រង់មានព្រះពុទ្ធដីកា​នឹង​ជដិល​ឈ្មោះឧរុវេលកស្សបថា នែកស្សប បើអ្នក​មិនចង្អៀតចង្អល់ទេ តថាគត​សុំនៅ​ក្នុងរោងភ្លើង​ក្នុង​ថ្ងៃនេះ​បាន១ថ្ងៃសិន។ ឧរុវេលកស្សប​ពោលតបថា អើមហាសមណៈ ខ្ញុំមិនចង្អៀតចង្អល់​ទេ ប៉ុន្តែ​ខ្ញុំ​ប្រាថ្នា​សេចក្តីសប្បាយ ទើបឃាត់​ព្រះអង្គថា ក្នុងរោងភ្លើង​នេះ​មាននាគរាជ​មួយជាសត្វកាច មានឫទ្ធិ មានពិសក្នុងចង្កូម មានពិស​ដ៏ពន្លឹក កុំឲ្យ​នាគរាជ​នោះវាបៀតបៀន​ព្រះអង្គឡើយ។

ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា នែកស្សប ឯនាគនោះមិនអាច​បៀតបៀន​តថាគត​បានទេ ណ្ហើយចុះ អ្នកចូរ​ព្រមឲ្យរោងភ្លើង (ដល់​តថាគតចុះ)។

ព្រះដ៏មានព្រះភាគ ទ្រង់ជ្រាបថា ឧរុវេលកស្សប​ព្រមឲ្យ​ហើយ ព្រះអង្គ​មិនតក់ស្លុត ឥត​មានកោតញញើត ទើបយាងចូលទៅ។ ពស់ជាអហិនាគ បានឃើញ​ព្រះអង្គយាង​ចូលទៅ ក៏តូចចិត្ត ទើបបណ្តាលផ្សែង​ឲ្យហុយ​ចេញ។ ឯព្រះសម្ពុទ្ធ​ជាមនុស្ស​នាគ ទ្រង់​មាន​ព្រះហឫទ័យ​រីករាយ ឥតមានសេចក្តី​អាក់អន់ ក៏បណ្តាល​ផ្សែង​ឲ្យហុយ​ចេញ​ក្នុង​ទីនោះ​ដែរ។ ចំណែក​អហិនាគ អត់ទ្រាំសេចក្តី​ក្រោធ​មិនបាន ក៏បណ្តាល​ភ្លើង​ឲ្យឆេះ​ឡើង ដូច​ជា​ភ្លើង​ធម្មតា។ ឯមនុស្សនាគ ទ្រង់ឆ្លាស​ក្នុងឈាន មានតេជោធាតុ​ជា​អារម្មណ៍ ក៏បណ្តាល​ឲ្យឆេះឡើង​ក្នុងទីនោះដែរ។ កាលបើ​អ្នកមានឫទ្ធិ​ទាំងពីរ​បណ្តាល​ឲ្យភ្លើង​ភ្លឺ​ព្រោង​ព្រាយ​ឡើងព្រមគ្នាហើយ ពួជដិលដ៏ចោមរោម​រោងភ្លើង។

ជដិលទាំងឡាយ​ និយាយ​គ្នាថា ឱ មហាសមណៈ​មានរូបល្អម្ល៉េះ ឥឡូវ​ត្រូវនាគ​បៀត​បៀន។

លុះរាត្រីកន្លងទៅហើយ រស្មី​របស់អហិនាគ​ក៏រលត់​សូន្យទៅ។ ឯរស្មី​មានពណ៌​ច្រើន​របស់​ព្រះសម្ពុទ្ធ​ដ៏មានឫទ្ធិ ក៏តាំង​នៅដដែល។ រស្មី​មានពណ៌ច្រើន​គឺ ខៀវខ្លះ ក្រហមខ្លះ ហង្សបាទ (ក្រហមទន់)ខ្លះ លឿងខ្លះ ពណ៌ផ្លេកខ្លះ មាននៅក្នុងព្រះកាយ​របស់​ព្រះសម្ពុទ្ធ​ដែលមានព្រះនាម​ថា អង្គីរស។ ព្រះសម្ពុទ្ធ​ទ្រង់ចាប់​អហិនាគ​ច្រកក្នុង​បាត្រ​ហើយ (នាំទៅ) បង្ហាញ​ព្រាហ្មណ៍​ថា នែកស្សប នេះនាគរបស់អ្នក តថាគត​គ្របសង្កត់​តេជះ​របស់វា ដោយតេជះ​របស់​តថាគតហើយ។

គ្រានោះ ជដិល​ឈ្មោះឧរុវេលកស្សប ជ្រះថ្លាដោយ​ឥទ្ធិប្បាដិហារ្យនេះ របស់​ព្រះដ៏មានព្រះភាគ ទើបក្រាបទូល​ព្រះដ៏មានព្រះភាគដោយពាក្យដូច្នេះថា បពិត្រ​មហា​សមណៈ សូមព្រះអង្គ​គង់នៅ​ក្នុងទី​នេះ ខ្ញុំនឹង​អង្គាស​ដោយនិច្ចភត្តដល់​ព្រះអង្គ។

ចប់ បាដិហារ្យជាបឋម។

[៤០] គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់គង់​នៅក្នុងដងព្រៃមួយ ក្នុងទីជិត​អាស្រម​របស់​ជដិល​ឈ្មោះ​ឧរុវេលកស្សប។ កាលនោះ ទេវតាទាំង៤ ជាស្តេចធំ មានសម្បុរល្អ (ចុះមក) ក្នុងវេលា​ពាក់​កណ្តាល​អធ្រាត្រ បណ្តាលរស្មីឲ្យភ្លឺ​ក្នុងដងព្រៃទាំងអស់ ហើយចូលទៅ​គាល់​ព្រះដ៏មានព្រះភាគ លុះចូល​ទៅដល់ហើយ ថ្វាយបង្គំ​ព្រះដ៏មានព្រះភាគ ទើបឋិតនៅ​ក្នុងទិសទាំង៤ មានគួរនា​ដូច​គំនរ​ភ្លើង​ដ៏ធំ។ លុះរាត្រីនោះ​កន្លងហើយ ទើបជដិលឈ្មោះ​ឧរុវេលកស្សប​ចូលទៅ​គាល់​ព្រះដ៏មានព្រះភាគ លុះចូល​ទៅដល់ហើយ ទើបក្រាបទូល​ព្រះដ៏មានព្រះភាគ ដោយពាក្យដូច្នេះថា បពិត្រមហាសមណៈ កាល(នេះ) ជាកាល​សមគួរហើយ ភត្តាហារ​សម្រេចហើយ បពិត្រមហាសមណៈ ចុះអ្នកណា​ដែល​មានសម្បុរ​ល្អ (ចុះមក) ក្នុងវេលាពាក់កណ្តាល​អធ្រាត្រ បណ្តាល​រស្មី​ឲ្យ​ភ្លឺក្នុង​ដងព្រៃ​ទាំងអស់ ហើយ​ចូល​មកគាល់​ព្រះអង្គ លុះចូល​មកដល់ហើយ ថ្វាយបង្គំ​ព្រះអង្គ ហើយ​ស្ថិតនៅក្នុង​ទិស​ទាំង៤ មានគួរនា​ដូចគំនរ​ភ្លើងដ៏ធំ។ ទ្រង់ត្រាស់ថា នែកស្សប ឯអ្នកទាំងនោះ គឺស្តេច​ធំទាំង៤ ចូលមកគាល់​តថាគត​ដើម្បី​នឹងស្តាប់ធម៌។ គ្រានោះ ជដិល​ឈ្មោះ​ឧរុវេលកស្សប​ត្រិះរិះ​ដូច្នេះថា មហាសមណៈ (នេះ) មានឫទ្ធិខ្លាំង មានអានុភាពធំមែន ព្រោះហេតុថា អម្បាលមហារាជ​ទាំង៤ ក៏គង់​ចូលមកគាល់​ដើម្បីស្តាប់​ធម៌ដែរ តែបើទុក​ជាយ៉ាងនោះ ក៏គង់​មិនមែន​ជាព្រះអរហន្តដូចអញទេ។ លំដាប់នោះ ព្រះដ៏មានព្រះភាគ ទ្រង់សោយ​ភត្តាហាររបស់ជដិល​ឈ្មោះឧរុវេលកស្សប​ស្រេចហើយ ទ្រង់ប្រថាប់​នៅ​ក្នុងដងព្រៃ​នោះ​ឯង។

ចប់ បាដិហារ្យជាគំរប់២។

[៤១] គ្រានោះ សក្កទេវរាជ ជាធំជាង​ទេវតាទាំងឡាយ មានពណ៌ល្អ បណ្តាល​រស្មី​ឲ្យ​ភ្លឺ​ក្នុងដង​ព្រៃទាំងអស់ ក្នុងវេលា​កណ្តាល​អធ្រាត្រ ហើយចូលទៅគាល់​ព្រះដ៏មានព្រះភាគ លុះចូល​ទៅដល់​ហើយ ថ្វាយបង្គំ​ព្រះដ៏មានព្រះភាគ ហើយឋិតនៅ​ក្នុងទីដ៏សមគួរ មាន​គួរ​នា​ដូច​គំនរ​ភ្លើងធំដ៏​រុងរឿង និងឧត្តម​ជាងរស្មី​នៃពណ៌​ដែលមានហើយក្នុងកាល​យប់​មុន។ លុះរាត្រីនោះ​កន្លងហើយ ទើប​ជដិល​ឈ្មោះ​ឧរុវេលកស្សប ​ចូលទៅ​គាល់​ព្រះដ៏មាន​ព្រះភាគ លុះចូល​ទៅដល់ហើយ ក្រាបទូល​ព្រះដ៏មាន​ព្រះភាគ ដោយ​ពាក្យដូច្នេះថា បពិត្រមហាសមណៈ កាល (នេះ) ជាកាលសមគួរហើយ ភត្តាហារក៏​សម្រេចហើយ បពិត្រមហាសមណៈ ចុះអ្នកណា​ដែល​មានពណ៌​ល្អ បណ្តាល​រស្មី​ឲ្យ​ភ្លឺក្នុង​ដងព្រៃ​ទាំងអស់ ក្នុងវេលាកណ្តាល​អធ្រាត្រ ហើយចូល​មកគាល់​ព្រះអង្គ លុះចូល​មកដល់ហើយ ថ្វាយបង្គំ​ព្រះអង្គ ទើប​ឋិតនៅក្នុង​ទីដ៏សមគួរ មានគួរនា​ដូចគំនរ​ភ្លើងធំដ៏​រុងរឿង និងឧត្តម​ជាងរស្មី​នៃពណ៌​ដែលមានហើយក្នុងកាលយប់មុន។ ទ្រង់ត្រាស់ថា នែកស្សប អ្នកនោះហើយ គឺសក្កទេវរាជ ជាធំ​ជាងទេវតា​ទាំងឡាយ ចូលមករក​តថាគត​ ដើម្បី​នឹងស្តាប់ធម៌។ គ្រានោះ ជដិល​ឈ្មោះ​ឧរុវេលកស្សប​មានសេចក្តី​ត្រិះរិះយ៉ាងនេះថា មហាសមណៈ (នេះ) មានឫទ្ធិខ្លាំង មានអានុភាពធំមែន ព្រោះថា សក្កទេវរាជ​ ជាធំជាង​ពួកទេវតា គង់​ចូល​មកគាល់​ដើម្បីនឹងស្តាប់​ធម៌ តែបើទុក​ជាយ៉ាងនោះ ក៏គង់​មិនមែន​ជា​ព្រះអរហន្ត​ដូច​អញ​ទេ។ លំដាប់នោះ ព្រះដ៏មានព្រះភាគ ទ្រង់សោយ​ភត្តាហាររបស់ជដិល ​ឈ្មោះ​ឧរុវេលកស្សប​​ស្រេចហើយ ទ្រង់ប្រថាប់​នៅ​ក្នុងដងព្រៃនោះឯង។

ចប់ បាដិហារ្យជាគំរប់៣។

[៤២] លំដាប់នោះ សហម្បតិព្រហ្ម មានសម្បុរល្អ បណ្តាល​រស្មី​ឲ្យ​ភ្លឺ​ក្នុងដង​ព្រៃទាំងអស់ ក្នុង​វេលា​កណ្តាល​អធ្រាត្រ ចូលទៅគាល់​ព្រះដ៏មានព្រះភាគ លុះចូល​ទៅដល់​ហើយ ថ្វាយបង្គំ​ព្រះដ៏មាន​ព្រះភាគ ទើបឋិតនៅ​ក្នុងទីដ៏សមគួរមួយ មានគួរនា​ដូច​គំនរ​ភ្លើងធំដ៏​រុងរឿង និងឧត្តម​ជាងរស្មី​នៃពណ៌​ដែលមានហើយក្នុងយប់មុនៗ។ កាលបើរាត្រីនោះ​កន្លងទៅហើយ ទើប​ជដិល​ឈ្មោះ​ឧរុវេលកស្សប​ចូលទៅ​គាល់​ព្រះដ៏មានព្រះភាគ លុះ​ចូល​​ទៅដល់ហើយ ទើបក្រាបបង្គំទូល​ព្រះដ៏មាន​ព្រះភាគ ដោយ​ពាក្យនេះថា បពិត្រ​មហាសមណៈ កាល(នេះ) ជាកាលសមគួរហើយ ភត្តាហារក៏​សម្រេចហើយ បពិត្រ​មហាសមណៈ ចុះអ្នកណា​ហ្ន៎​មានពណ៌​ល្អ បណ្តាល​រស្មី​ឲ្យ​ភ្លឺក្នុង​ដងព្រៃ​ទាំងអស់ ក្នុង​វេលាកណ្តាល​អធ្រាត្រ ចូល​មកគាល់​ព្រះអង្គ លុះចូល​មកដល់ហើយ ថ្វាយបង្គំ​ព្រះអង្គ ហើយ​ឋិតនៅក្នុង​ទីដ៏សមគួរ គួរនា​ដូចគំនរ​ភ្លើងដ៏ធំ ​រុងរឿង និងឧត្តម​ជាងរស្មី​នៃពណ៌​ដែលមានក្នុងយប់មុនៗនោះ។ ព្រះអង្គ​ត្រាស់​ថា នែកស្សប ជននោះឯង គឺ​សហម្បតិព្រហ្ម ចូលមករក​តថាគត​ ដើម្បី​នឹងស្តាប់ធម៌។ គ្រានោះ ជដិល​ឈ្មោះ​ឧរុវេលកស្សប​មានសេចក្តី​ត្រិះរិះ​ដូច្នេះថា មហាសមណៈ (នេះ) មានឫទ្ធិខ្លាំង មានអានុភាព​ធំ​មែន ព្រោះថា អម្បាលសហម្បតិព្រហ្ម ក៏គង់​ចូលមកគាល់​ដើម្បីនឹងស្តាប់​ធម៌ដែរ តែបើទុក​ជាយ៉ាងនោះ ក៏គង់​នៅមិនមែន​ជាព្រះអរហន្តដូចអញទេ។ ក្នុងកាលនោះ ព្រះដ៏មានព្រះភាគ ទ្រង់​សោយ​ភត្តាហារ​របស់​ជដិល ​ឈ្មោះឧរុវេលកស្សប​ស្រេចហើយ ទ្រង់ប្រថាប់​នៅ​ក្នុង​ដងព្រៃ​នោះឯង។

ចប់ បាដិហារ្យជាគំរប់៤។

[៤៣] សម័យនោះឯង គ្រឿងបូជាធំ នឹងកើតឡើងដល់​ជដិល​ឈ្មោះ​ឧុវេលកស្សប។ (ព្រោះថា) ជនអ្នកនៅក្នុងដែន​អង្គៈ និងមគធៈ​ទាំងអស់គ្នា ប្រាថ្នានឹងនាំយក​ខាទនីយ​ភោជនីយាហារ​មានប្រមាណ​ច្រើន​ចូលមកបូជា។ គ្រានោះ ជដិល​ឈ្មោះ​ឧរុវេលកស្សប មានសេចក្តី​ត្រិះរិះ​ដូច្នេះថា កាលឥឡូវ​នេះ​ឯង គ្រឿងបូជា​ធំនឹងកើត​ឡើងដល់អញ ដ្បិត​ថាជនអ្នកនៅក្នុងដែន​អង្គៈ និងមគធៈ​ទាំងអស់គ្នា នឹង​នាំយកខាទនីយភោជនីយាហារ​មាន​ប្រមាណ​ច្រើន​ចូលមកបូជា​​ បើមហាសមណៈ​នឹងធ្វើ​ឥទ្ធិប្បាដិហារ្យ​ ក្នុងទីប្រជុំ​មហាជន លាភសក្ការៈ​នឹង​ចំរើនដល់​មហាសមណៈ លាភសក្ការៈ​របស់អញ​ ក៏នឹង​សាបសូន្យ​ទៅ ឱមហាសមណៈ កុំគប្បីមកឆាន់ក្នុង​ថ្ងៃស្អែក​នេះទៅអេះ។ លំដាប់នោះ ព្រះដ៏មាន​ព្រះភាគ ទ្រង់ជ្រាប​សេចក្តី​បរិវិតក្ក​ក្នុងចិត្ត​របស់​ជដិល​ឈ្មោះឧរុវេលកស្សប ដោយព្រះហឫទ័យ​ព្រះអង្គ ទើបទ្រង់​យាងទៅកាន់​ឧត្តរកុរុទ្វីប នាំយកចង្ហាន់​បិណ្ឌបាត​មកអំពី​ឧត្តរកុរុទ្វីបនោះ ហើយទ្រង់​សោយ​ជិត​ស្រះអនោត្ត ហើយទ្រង់​សម្រាក​ឥរិយាបទ​នៅក្នុងវេលា​ថ្ងៃ​ក្នុងកន្លែង​នោះឯង។កាលបើរាត្រី​នោះ​កន្លង​ទៅហើយ ទើបជដិល​ឈ្មោះ​ឧរុវេលកស្សប​ចូលទៅគាល់​ព្រះដ៏មានព្រះភាគ លុះចូល​ទៅដល់​ហើយ ក្រាបបង្គំទូល​ព្រះដ៏មានព្រះភាគ​ ដោយពាក្យនេះថា បពិត្រមហាសមណៈ កាល(នេះ) ជាកាល​សមគួរ​ហើយ ភត្តាហារក៏​សម្រេចហើយ បពិត្រមហាសមណៈ ហេតុដូចម្តេច ក៏ព្រះអង្គ​មិនយាង​មកក្នុងថ្ងៃ​ម្សិលមិញ ចំណែកខ្ញុំ ៗតែង​រលឹក​ព្រះអង្គ ទន្ទឹងចាំមើលផ្លូវថា មហាសមណៈ​មិនមក​ទេឬអ្វី ហើយបាន​ទាំងដំកល់​ចំណែក​ខាទនីយាហារទុក ដើម្បីព្រះអង្គ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា នែកស្សប ក្រែង​អ្នក​ត្រិះរិះដូច្នេះថា ក្នុងកាលឥឡូវ​នេះ គ្រឿងបូជា​ធំនឹងកើត​ឡើងដល់អញ ដ្បិតថា ជនអ្នកនៅ​ក្នុងដែន​អង្គៈ និងមគធៈ​ទាំង​អស់គ្នា នឹង​នាំយកខាទនីយភោជនីយាហារ​មានប្រមាណ​ច្រើន​ចូល​មក​បូជា​​ បើមហា​សមណៈ​នឹងធ្វើ​ឥទ្ធិប្បាដិហារ្យ​ក្នុងទីប្រជុំ​មហាជន ឯលាភសក្ការៈ​នឹង​ចំរើនដល់​មហា​សមណៈ លាភសក្ការៈ​របស់អញ​ នឹងសាបសូន្យ​ទៅ ឱមហាសមណៈ កុំគប្បីមកឆាន់ក្នុង​ថ្ងៃស្អែក​ទៅអេះ ដូច្នេះ ពិតមែនឬទេ នែកស្សប ចំណែកតថាគត​ឯង បានដឹង​សេចក្តី​បរិវិតក្ក​ក្នុងចិត្ត​របស់អ្នក​ឯង ដោយចិត្តតថាគត ហើយតថាគត​ក៏ទៅកាន់​ឧត្តរកុរុទ្វីប នាំយកចង្ហាន់​បិណ្ឌបាត​មកអំពី​ទ្វីបនោះ រួចឆាន់​ជិតស្រះអនោត្ត ហើយសម្រាក​ឥរិយាបថ​ក្នុងវេលាថ្ងៃ​ក្នុង​កន្លែង​នោះឯង។ គ្រានោះ ជដិល​ឈ្មោះ​​ឧរុវេលកស្សប ​ត្រិះរិះ​ដូច្នេះថា មហាសមណៈនេះ មានឫទ្ធិខ្លាំងណាស់តើ មានអានុភាពធំមែន ព្រោះថា ព្រះអង្គ​ស្គាល់ចិត្ត​ដោយចិត្ត​របស់ព្រះអង្គ​បាន តែបើទុក​ជាយ៉ាងនោះ ក៏គង់​នៅមិនមែន​ជា​ព្រះអរហន្តដូចអញទេ។ កាលនោះ ព្រះដ៏មានព្រះភាគ ទ្រង់សោយ​ភត្តាហាររបស់ជដិល​ឈ្មោះ​ឧរុវេលកស្សប​ស្រេចហើយ ទ្រង់ប្រថាប់​នៅ​ក្នុងដងព្រៃនោះឯង។

ចប់ បាដិហារ្យជាគំរប់៥។

[៤៤] សម័យនោះឯង សំពត់បង្សុកូល[សម្ពត់ដែល​ជាប់ដោយ​អាចមន៍ដី​ មានសម្ពត់​ដែល​ឥតម្ចាស់​ជាដើម។] កើតឡើងដល់​ព្រះដ៏មានព្រះភាគ។ គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់រំពឹង​ដូច្នេះថា តថាគត​គួរនឹង​លាងសំពត់​បង្សុកូលក្នុងទីណាអេះ។ លំដាប់នោះ សក្កទេវរាជ ជាធំ​ជាងពួក​ទេវតា បានជ្រាប​ពុទ្ធបរិវិតក្ក​របស់ព្រះដ៏មានព្រះភាគ ដោយ​ចិត្តរបស់​ខ្លួន ហើយក៏ជីកស្រះ (មួយ) ដោយដៃ​ឯង ហើយក្រាបទូល​ព្រះដ៏មានព្រះភាគ​ដោយ​ពាក្យដូច្នេះថា បពិត្រ​ព្រះអង្គដ៏ចំរើន សូមព្រះអង្គ​លាងសំពត់​បង្សុកូល​ក្នុងស្រះ​នេះចុះ។ គ្រានោះ ​ព្រះដ៏មានព្រះភាគ ទ្រង់​ព្រះតម្រិះ​ដូច្នេះថា តថាគត​គួរ​បោកគក់​សំពត់​បង្សុកូល​នឹងរបស់អ្វីអេះ។ លំដាប់នោះ សក្កទេវរាជ ជាធំ​ជាងពួក​ទេវតា ជ្រាប​ចេតោបរិវិតក្ក (ព្រះតម្រិះ) ​របស់ព្រះដ៏មានព្រះភាគ ដោយចិត្តរបស់​ខ្លួន ទើបនាំ​យកថ្ម១ផែនធំ មក​ថ្វាយ​ដោយពាក្យថា បពិត្រ​ព្រះអង្គដ៏ចំរើន សូមព្រះដ៏មានព្រះភាគ បោកគក់សំពត់បង្សុកូល​លើថ្មនេះ​ចុះ។ គ្រានោះ ​ព្រះដ៏មានព្រះភាគ ទ្រង់​រំពឹងថា តថាគត​គួរពាក់ព្យួរ ហើយពូតនឹងរបស់អ្វីហ្ន៎។ លំដាប់​នោះ មានទេវតា​អាស្រ័យ​នៅលើ​ដើមថ្ងាន់ ជ្រាប​ចេតោបរិវិតក្ក របស់ព្រះដ៏មានព្រះភាគ ដោយចិត្ត​របស់​ខ្លួន ទើបបង្អោនមែកថ្ងាន់​ឲ្យទាប​ចុះមក​ ​ដោយពាក្យថា បពិត្រ​ព្រះអង្គដ៏ចំរើន សូមព្រះដ៏មាន​ព្រះភាគ ពាក់ព្យួរ ហើយពូតនឹងមែនថ្ងាន់នេះចុះ។ គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់​រំពឹងទៀតថា តថាគត​គួរត្រដាង​ហាលសំពត់​បង្សុកូល​ត្រង់កន្លែងណាហ្ន៎។ ខណៈនោះ សក្កទេវរាជ ជាធំជាង​ទេវតា ទ្រង់ជ្រាប​ចេតោបរិវិតក្ករបស់ព្រះដ៏មានព្រះភាគ ដោយចិត្តរបស់​ខ្លួន ទើបនាំយក​ថ្ម១ផែនធំ​មកថ្វាយ ​ដោយ​ពាក្យថា បពិត្រ​ព្រះអង្គដ៏ចំរើន សូមព្រះដ៏មានព្រះភាគ ទ្រង់ត្រដាងហាលសំពត់​បង្សុកូលលើថ្ម​នេះ​ចុះ។ កាលបើរាត្រី​នោះកន្លងទៅហើយ ជដិល​ឈ្មោះ​ឧរុវេលកស្សប ចូលទៅគាល់​​​ព្រះដ៏មានព្រះភាគ លុះចូល​ទៅដល់ហើយ ក្រាបទូល​​ព្រះដ៏មានព្រះភាគ ដោយពាក្យនេះថា មហាសមណៈ កាលនេះ​ជាកាល​សមគួរហើយ ភត្តាហារ​ក៏សម្រេច​ហើយ បពិត្រ​មហាសមណៈ ស្រះបោក្ខរណីនេះ ពីមុន​មិនមាន​ក្នុងកន្លែងនេះទេ (ឥឡូវនេះ) ស្រះបោក្ខរណីនោះ មានក្នុងកន្លែងនេះ ផែនថ្ម​នេះគេដម្កល់​ទុក​ពីមុន ក៏មិនមានដែរ ចុះ (ឥឡូវនេះ) ផែនថ្មនេះ អ្នកណា​គេដម្កល់​ទុក មែកថ្ងាន់នេះ កាលពីមុន​មិន​ទាបចុះ​មកទេ (ក៏ឥឡូវ) នេះ មែកថ្ងាន់នេះឯង ទៅជាទាបចុះមក ព្រោះ​ហេតុអ្វីហ្ន៎។ ព្រះសម្ពុទ្ធ​ទ្រង់​ត្រាស់​ថា នែកស្សប សំពត់បង្សុកូល កើតឡើង​ដល់​តថាគតក្នុងទីនេះ នែកស្សប តថាគតរំពឹង​ដូច្នេះថា តថាគត​គួរ​លាងសំពត់​បង្សុកូល​ក្នុងទីណាហ្ន៎ នែកស្សប (លុះតថាគតរំពឹង​យ៉ាងនេះហើយ) លំដាប់​នោះ សក្កទេវរាជ ជាធំ​ជាងពួក​ទេវតា ទ្រង់ជ្រាប​ចេតោបរិវិតក្ក​​របស់តថាគត ដោយចិត្តរបស់គេ ក៏ជីក​ស្រះបោក្ខរណី ដោយដៃ​ ហើយពោលពាក្យ​នេះនឹង​តថាគតថា បពិត្រ​ព្រះអង្គដ៏ចំរើន សូមព្រះដ៏​មានព្រះភាគ ​លាងសំពត់​បង្សុកូល​ក្នុងស្រះ​បោក្ខរណី​នេះចុះ ស្រះបោក្ខរណី​នេះ ហើយដែល​អមនុស្ស​[ក្រៅពីជាតិ​មនុស្ស ក្នុងទីនេះ​គឺ​ព្រះឥន្ទ្រ។] ជីកដោយដៃ នែកស្សប តថាគតរំពឹង​ដូច្នេះទៀតថា តថាគត​គួរ​បោកគក់​សំពត់​បង្សុកូលលើអ្វីហ្ន៎ ម្នាលកស្សប កាលនោះ សក្កទេវរាជ ជាធំ​ជាងពួក​ទេវតា ទ្រង់ជ្រាប​ចេតោបរិវិតក្ក របស់​តថាគត ដោយចិត្តរបស់គេ ទើបនាំយកផែនថ្ម១ផ្ទាំងធំ មកថ្វាយ​ដោយពាក្យថា បពិត្រ​​ព្រះអង្គដ៏ចំរើន សូមព្រះដ៏មានព្រះភាគ បោកគក់សំពត់បង្សុកូលលើថ្មនេះចុះ ថ្មនេះឯង​ដែល​អមនុស្ស​បានដម្កល់ទុក ម្នាលកស្សប តថាគតរំពឹងដូច្នេះទៀតថា តថាគត​គួរ​ពាក់ព្យួរ ហើយពូត​នឹង​របស់​អ្វីហ្ន៎ កស្សប ក្នុងកាលនោះ ទេវតា​អាស្រ័យ​នៅលើ​ដើមថ្ងាន់ ជ្រាប​ចេតោបរិវិតក្ក របស់​តថាគត​ ដោយចិត្តរបស់​គេ ទើបបង្អោនមែកថ្ងាន់​ឲ្យទាប​ចុះមក​ ​ដោយពាក្យថា បពិត្រ​ព្រះអង្គដ៏ចំរើន សូម​ព្រះដ៏​មានព្រះភាគ ពាក់​ព្យួរ ហើយពូត​នឹងមែនថ្ងាន់នេះចុះ ឯដើមថ្ងាន់​ក៏ទន់​ទោរមក​តោងដោយដៃបាន កស្សប តថាគត​រំពឹងដូច្នេះទៀតថា តថាគត​គួរត្រដាង​ហាលសំពត់​បង្សុកូល​ត្រង់កន្លែងណាហ្ន៎ កស្សប លំដាប់នោះ សក្កទេវរាជ ជាធំជាងពួកទេវតា ទ្រង់ជ្រាប​ចេតោបរិវិតក្ករបស់តថាគត ដោយចិត្តរបស់គេ ទើបនាំយក​ផែនថ្ម១ផ្ទាំងធំ​មកថ្វាយ ​ដោយ​ពាក្យថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន សូមព្រះដ៏មានព្រះភាគ ត្រដាង​ហាល​សំពត់​​បង្សុកូលលើថ្ម​នេះ​ចុះ ថ្មនេះហើយ ដែល​អមនុស្ស​គេបានដម្កល់​ទុក។ គ្រានោះ ជដិល​ឈ្មោះ​​ឧរុវេលកស្សប ​ត្រិះរិះ​ដូច្នេះថា មហាសមណៈនេះ មានឫទ្ធិខ្លាំង មានអានុភាពធំមែន ព្រោះថា អម្បាល​សក្កទេវរាជ ជាធំ​ជាងទេវតា ក៏គង់​មកធ្វើ​ការបម្រើ តែបើទុក​ជាយ៉ាងនោះ ក៏គង់​នៅមិនមែន​ជា​ព្រះអរហន្ត​ដូចអញទេ។ កាលនោះ ព្រះដ៏មានព្រះភាគ ទ្រង់សោយ​ភត្តាហាររបស់ជដិល​ឈ្មោះ​ឧរុវេលកស្សបហើយ ទ្រង់ប្រថាប់​នៅ​ក្នុងដងព្រៃនោះឯង។

[៤៥] កាលបើរាត្រី​នោះកន្លងទៅហើយ ទើបជដិលឈ្មោះ​ឧរុវេលកស្សប ចូលទៅគាល់​ព្រះ​ដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក្រាបបង្គំទូលនូវ​កាល (នៃភត្ត) ដល់​ព្រះដ៏មានព្រះភាគថា បពិត្រ​មហាសមណៈ កាលនេះ​ជាកាលគួរហើយ ភត្តាហារ​ក៏សម្រេច​ហើយ។ ព្រះដ៏មានព្រះភាគ ទ្រង់​មានព្រះពុទ្ធដីកាថា ម្នាលកស្សប អ្នកឯង​ចូរទៅចុះ តថាគត​នឹងទៅក្រោយ។ ព្រះដ៏មានព្រះភាគ លុះបញ្ជូន​ឧរុវេលកស្សប​ឲ្យទៅ​មុនហើយ ក៏ទ្រង់​យាងទៅកាន់​ជម្ពូទ្វី ដែលលោក​សន្មត​ដោយ​ដើម​ព្រីង ហើយនាំយក​ផ្លែអំពី​ដើមព្រីងនោះ រួចយាង​ត្រឡប់​មកគង់​ក្នុងរោងភ្លើង បានមុន​ជដិល​នោះវិញ។ ជដិល​ឈ្មោះ​ឧរុវេលកស្សប ក៏បានឃើញ​ព្រះដ៏មានព្រះភាគ គង់នៅ​ក្នុងរោងភ្លើង​ដោយ​ច្បាស់​លាស់ លុះឃើញហើយ ទើបក្រាបទូលព្រះដ៏មានព្រះភាគ យ៉ាងនេះថា បពិត្រ​មហាសមណៈ ព្រះអង្គ​ទ្រង់​ពុទ្ធ​ដំណើរ​មកតាមផ្លូវណា (កាលដែល​មក) ខ្ញុំ​ចេញមកមុន​ព្រះអង្គ (លុះមក​ដល់ទីនេះ) ត្រឡប់ជា​ព្រះអង្គ​មកដល់​គង់​នៅក្នុង​រោងភ្លើង​មុនខ្ញុំភ្លាម។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា កស្សប កាលតថាគត​បាន​បញ្ជូន​អ្នកមក​ក្នុងទីនេះ​ហើយ តថាគត​ទៅកាន់ជម្ពូទ្វី ដែលលោក​សន្មត​ដោយដើមព្រីង ហើយ​តថាគត​នាំយក​ផ្លែអំពីដើមព្រីង​នោះ រួចមក​អង្គុយ​នៅ​ក្នុងរោងភ្លើង(នេះ) បានមុនអ្នក កស្សប ផ្លែនេះ​គឺផ្លែព្រីង មានសម្បុរល្អ មានក្លិនក្រអូប មានរសឆ្ងាញ់ បើអ្នកចង់បរិភោគ ចូរបរិភោគចុះ។ ជដិល​ឈ្មោះ​ឧរុវេលកស្សប​ក្រាបទូលថា បពិត្រមហាសមណៈ ណ្ហើយ (ខ្ញុំអរហើយ) ព្រះអង្គបាននាំមក​នូវ​ផ្លែ​ព្រីងនេះ សូមព្រះអង្គ​ សោយផ្លែព្រីង​នេះ​ព្រះអង្គឯងចុះ។ គ្រានោះ ជដិល​ឈ្មោះ​​ឧរុវេលកស្សប ​រិះគិត​ដូច្នេះថា មហាសមណៈនេះ មានឫទ្ធិខ្លាំង មាន​អានុភាពធំមែន ព្រោះកាលព្រះអង្គបញ្ជូន​អញមក (ក្នុងទីនេះ) មុន​ព្រះអង្គ ហើយ​ទ្រង់​ទៅកាន់​ជម្ពូទ្វីដែល​លោកសន្មត​ដោយដើមព្រីង ហើយនាំយក​ផ្លែ​អំពី​ដើមព្រីង​នោះ រួច​ត្រឡប់​ជាមកគង់​នៅក្នុងរោងភ្លើង ​(នេះ) បានមុនអញវិញ តែបើទុក​ជា​យ៉ាង​នោះឯង ក៏គង់នៅ​មិនមែន​ជា​ព្រះអរហន្តដូចអញទេ។ កាលនោះ ព្រះដ៏មានព្រះភាគ ទ្រង់សោយ​ភត្តាហាររបស់ជដិល​ឈ្មោះ​ឧរុវេលកស្សបហើយ ទ្រង់ប្រថាប់​នៅ​ក្នុងដងព្រៃនោះឯង។ កាលបើរាត្រី​នោះកន្លងទៅហើយ ជដិលឈ្មោះ​ឧរុវេលកស្សប ចូលទៅគាល់​ព្រះ​ដ៏មាន​ព្រះភាគ លុះចូលទៅ​ដល់​ហើយ ក្រាបទូលនូវ​កាល (នៃភត្ត) ដល់ព្រះដ៏មានព្រះភាគថា បពិត្រ​មហាសមណៈ កាលនេះ​ជាកាលគួរហើយ ភត្តាហារ​ក៏​សម្រេចហើយ។ ព្រះដ៏មាន​ព្រះភាគ ទ្រង់​បញ្ជូនជដិលឈ្មោះ​ឧរុវេលកស្សបថា នែកស្សប អ្នកទៅ (មុន)ចុះ តថាគត​នឹងទៅ(តាមក្រោយ) ហើយព្រះអង្គ​យាងទៅកាន់​ជម្ពូទ្វី ដែលលោក​សន្មត​ដោយ​ដើម​ព្រីង ក៏ទ្រង់នាំផ្លែស្វាយនៅជិត​ដើមព្រីងនោះ។បេ។ ទ្រង់នាំ​យកផ្លែកន្ទួត​នៅជិត​ដើមព្រីង​នោះ។បេ។ ទ្រង់នាំយកផ្លែសម៉នៅ​ជិត​ដើមព្រីងនោះ។បេ។ ទ្រង់យាងទៅកាន់​ស្ថាន​តាវត្តឹង្ស ទេវលោក ហើយទ្រង់​នាំមក​នូវ​ផ្កា​បារិច្ឆត្តកព្រឹក្ស រួចទ្រង់​មកគង់នៅ​ក្នុង​រោងភ្លើង​ជាមុន។ ជដិល​ឈ្មោះ​ឧរុវេលកស្សប ក៏បាន​ឃើញ​ព្រះដ៏មានព្រះភាគ គង់​នៅ​ក្នុង​រោងភ្លើង​​​ដោយច្បាស់លាស់ លុះឃើញហើយ ទើបក្រាបបង្គំទូល​ព្រះដ៏​មាន​ព្រះភាគ យ៉ាង​នេះថា បពិត្រ​មហាសមណៈ ព្រះអង្គ​ទ្រង់​ពុទ្ធ​ដំណើរ​មកតាមផ្លូវណា (កាលដែល​មក) ខ្ញុំ​ចេញមកមុន​ព្រះអង្គ (វេលាមក​ដល់ក្នុងទីនេះ) ត្រឡប់ជា​ព្រះអង្គ​មក​គង់​នៅក្នុង​រោងភ្លើង​បានមុនខ្ញុំវិញ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា នែកស្សប កាលតថាគត​​បញ្ជូន​អ្នកមក​ក្នុងទីនេះ ហើយតថាគត​ទៅកាន់ស្ថានតាវត្តឹង្ស នាំមកនូវ​ផ្កាបារិច្ឆត្តកព្រឹក្ស រួចមក​អង្គុយ​នៅ​ក្នុងរោង​ភ្លើង​ បានមុនអ្នកឯង កស្សប នេះឯងផ្កា​បារិច្ឆត្តកព្រឹក្ស មាន​សម្បុរល្អ មានក្លិនក្រអូបមែន។ គ្រានោះ ជដិល​ឈ្មោះ​​ឧរុវេលកស្សប ​ត្រិះរិះ​ដូច្នេះថា មហាសមណៈ(នេះ) មានឫទ្ធិខ្លាំង មានអានុភាពធំមែន ព្រោះថា ព្រះអង្គបញ្ជូន​អញឲ្យ​មក​មុន​​ព្រះអង្គ រួចព្រះអង្គ​យាងទៅ​កាន់ឋាន​តាវត្តឹង្ស នាំយក​ផ្កា​បារិច្ឆត្តកព្រឹក្ស ហើយមកគង់​នៅក្នុង​រោង​ភ្លើង​នេះ បានមុនអញ តែបើទុក​ជាយ៉ាង​នោះ​សោត ក៏គង់នៅ​មិនមែន​ជា​ព្រះអរហន្តដូចអញទេ។

[៤៦] សម័យនោះឯង ជដិលទាំងអម្បាលនោះប្រាថ្នានឹង​ធ្វើសេចក្តី​គោរពភ្លើង ក៏មិនអាច​នឹង​ពុះ​ឧសទាំងឡាយ​ឲ្យបែក​ចេញបាន។ កាលនោះ ជដិល​ទាំងអម្បាល​នោះមានសេចក្តី​ត្រិះរិះ​ដូច្នេះថា យើង​មិនអាច​នឹង​ពុះឧស​ឲ្យបែក​បានដោយ​ហេតុណា ​ហេតុនោះ គឺជា​ឥទ្ធានុភាព​របស់មហាសមណៈ​ដោយពិត​ឥតសង្ស័យ។ គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់មានព្រះពុទ្ធដីកា​នេះ​នឹងជដិល​ឈ្មោះ​ឧរុវេលកស្សប​ថា នែកស្សប អ្នកចូរពុះ​ឧស​ទាំងឡាយ​ឲ្យបែកទៅ។ ឧរុវេលកស្សប​ទូលថា បពិត្រ​មហាសមណៈ សូមព្រះអង្គ​ធ្វើឧស​ទាំងឡាយ​ឲ្យបែកឲ្យទាន។ ចំណែក​ឧស​ទាំង​៥០០​ដុំ ក៏បែក​ព្រមគ្នា​តែម្តង។ លំដាប់នោះ ជដិលឈ្មោះ​ឧរុវេលកស្សប រពឹង​យ៉ាងនេះថា មហាសមណៈ​នេះ​ មានឫទ្ធិខ្លាំង មាន​អានុភាពធំមែន ព្រោះថា ព្រះអង្គអាចនឹង​បំបែក​ឧសទាំងឡាយ​ចេញបាន តែបើទុក​ជា​យ៉ាង​នោះ​ ក៏គង់នៅ​មិនមែន​ជា​ព្រះអរហន្តដូចអញទេ។

[៤៧] សម័យនោះឯង ជដិលទាំងអម្បាលនោះប្រាថ្នានឹង​ធ្វើសេចក្តី​គោរពភ្លើង ក៏មិនអាច​នឹងបង្កាត់​ភ្លើង​​ឲ្យឆេះឡើងបាន។ កាលនោះ ជដិល​ទាំងអម្បាល​នោះមានសេចក្តី​ត្រិះរិះ​ដូច្នេះថា យើង​មិនអាច​នឹងបង្កាត់ភ្លើង​ឲ្យឆេះឡើង​បានដោយ​ហេតុណា​ ហេតុនោះ គឺជា​ឥទ្ធានុភាព​របស់​មហាសមណៈ​​ដោយពិត​ឥតសង្ស័យ។ គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់​មានព្រះពុទ្ធដីកា​នេះ​នឹង​ជដិល​​ឈ្មោះ​ឧរុវេលកស្សប​ថា នែកស្សប អ្នកចូរបង្កាត់ភ្លើង​ទៅ។ ជដិលឈ្មោះឧរុវេលកស្សប​ទូលថា បពិត្រ​មហាសមណៈ សូមព្រះអង្គ​បង្កាត់​ឲ្យទាន។ ភ្លើង​​ទាំង​៥០០គំនរ ក៏ឆេះឡើង​ព្រមគ្នា​តែម្តង។ លំដាប់នោះ ជដិលឈ្មោះ​ឧរុវេលកស្សប រពឹង​យ៉ាងនេះថា មហាសមណៈ​នេះ​ មានឫទ្ធិខ្លាំង មាន​អានុភាព​ធំមែន ព្រោះថា ព្រះអង្គ​អាច​ធ្វើភ្លើងឲ្យឆេះឡើងបាន តែបើទុក​ជាយ៉ាង​នោះ​ ក៏គង់នៅ​មិនមែន​ជា​ព្រះអរហន្ត​ដូច​អញទេ។

[៤៨] សម័យនោះឯង ជដិលទាំងអម្បាលនោះ​ធ្វើសេចក្តី​គោរពភ្លើងទាំងឡាយ រួចហើយ មិនអាច​នឹងលត់​ភ្លើងទាំងឡាយ​ឲ្យរលត់វិញបាន។ កាលនោះ ជដិល​ទាំងអម្បាល​នោះ​មានសេចក្តី​ត្រិះរិះ​ដូច្នេះថា យើង​មិនអាច​នឹងលត់ភ្លើង​ទាំងឡាយបាន ដោយ​ហេតុណា​ ហេតុនោះ គឺជា​ឥទ្ធានុភាព​របស់​មហាសមណៈ​​ ដោយពិត​ឥតសង្ស័យ។ គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់មានព្រះពុទ្ធដីកា​នេះ ​នឹង​ជដិល​​ឈ្មោះ​ឧរុវេលកស្សប​ថា នែ​កស្សប អ្នកចូរលត់ភ្លើងទាំងឡាយទៅ។ ជដិលឈ្មោះឧរុវេលកស្សប​ទូលថា បពិត្រ​មហាសមណៈ សូមព្រះអង្គលត់ភ្លើងទាំងឡាយ​ឲ្យទាន។ ភ្លើង​ទាំង​៥០០គំនរ ក៏រលត់​​ព្រមគ្នា​តែម្តង។ លំដាប់នោះ ជដិលឈ្មោះ​ឧរុវេលកស្សប រពឹង​យ៉ាងនេះថា មហា​សមណៈ​នេះ​ មាន​ឫទ្ធិ​ខ្លាំង មាន​អានុភាព​ធំមែន ព្រោះហេតុថា ព្រះអង្គអាចនឹង​លត់ភ្លើង​ទាំងឡាយ​បាន តែបើទុក​ជាយ៉ាង​នោះ​ ក៏គង់នៅ​មិនមែន​ជា​ព្រះអរហន្តដូចអញទេ។

[៤៩] សម័យនោះឯង ជដិលទាំងនោះ នាំគ្នាមុជចុះខ្លះ ងើបឡើងខ្លះ ធ្វើនូវការ​មុជចុះ និងងើបឡើងខ្លះ ក្នុងស្ទឹង​នេរញ្ជរា ក្នុងសម័យ​មានទឹក​សន្សើម​ធ្លាក់ចុះខ្លំាង ប្រហែល​ជា​៨ រាត្រី ក្នុង​ចន្លោះ​ខែទាំងពីរ​[គឺ​៤រាត្រីខាងចុង​ខែមាឃ ៤ រាត្រី​ខាងដើម​ខែ​ផល្គុណ រួមជា ៨ រាត្រី។] ជាពេល​ត្រជាក់ មាននៅក្នុង​ហេមន្តរដូវ។ ជដិលទាំងអម្បាលនោះ ធ្លាប់នាំ​គ្នា​ឡើង​មក ហើយអាំងភ្លើង​ក្នុងកន្លែងណា ព្រះដ៏មានព្រះភាគ ទ្រង់និម្មិត​ចង្ក្រាន​ប្រមាណ​៥០០​ទុកក្នុង​កន្លែងនោះ។ ឯជដិល​អម្បាលនោះ មានសេចក្តី​ត្រិះរិះ​ដូច្នេះថា ចង្ក្រាន​ទាំងនេះ គេរៀបចំទុក​ដោយ​ហេតុណា​ ហេតុនោះ គឺជា​ឥទ្ធានុភាព​របស់​មហា​សមណៈ​​ដោយពិត​ឥតសង្ស័យ។ លំដាប់នោះ ​ជដិល​​ឈ្មោះ​ឧរុវេលកស្សប​មានសេចក្តី​ត្រិះរិះ​យ៉ាង​នេះថា មហាសមណៈ​(នេះ)​ មានឫទ្ធិខ្លាំង មាន​អានុភាព​ធំមែន ព្រោះថា ព្រះអង្គ​អាចនិម្មិត​ចង្ក្រាន​ទុកបានច្រើន តែបើទុក​ជាយ៉ាង​នោះ​ ក៏គង់នៅ​មិនមែន​ជា​ព្រះអរហន្តដូចអញទេ។

[៥០] សម័យនោះឯង មានភ្លៀងធំ ពុំជួកាល បង្អុរចុះមក មានជំនន់​ធំពាសពេញទៅ។ ព្រះដ៏មានព្រះភាគ​គង់នៅក្នុង​ប្រទេសណា ប្រទេសនោះ ទឹកលិចអស់។ គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់ត្រិះរិះដូច្នេះថា បើមានហេតុយ៉ាងនេះ គួរតែតថាគត​ធ្វើទឹក​ឲ្យ​ញែក​​ចេញដោយ​ជុំវិញ ហើយដើរ​ចង្ក្រម​លើផែនដី ដ៏មានធូលី​ហុយឡើង​ដេរដាស​ក្នុង​ទីកណ្តាល​ទឹកនោះឯង។ លំដាប់នោះ ព្រះអង្គ​ក៏​ធ្វើ​ទឹកឲ្យញែក​ចេញជុំវិញ រួចទ្រង់​ចង្ក្រម​លើផែនដី ដ៏មានធូលី​ហុយឡើង​ដេរដាស ក្នុងទីកណ្តាល​ទឹក (នោះឯង)។ កាលនោះ ជដិល​ឈ្មោះឧរុវេលកស្សប គិតថា មហាសមណៈ​សូមកុំឲ្យលង់​ទឹកឡើយ។ លុះ​ឧរុវេលកស្សប​​គិតហើយ ទើបឡើងជិះទូក​ទៅ មួយអន្លើ​ដោយជដិល​ទាំងឡាយ​ជា​ច្រើន​នាក់ សំដៅ​ទៅកាន់​ប្រទេស​ដែលព្រះអង្គ​គង់នៅនោះ។ ជដិលឈ្មោះ​ឧរុវេលកស្សប ក៏​បាន​ឃើញ​ព្រះដ៏​មានព្រះភាគ ធ្វើទឹក​ឲ្យញែក​ចេញជុំវិញ​ព្រះអង្គ ហើយយាងចង្ក្រម​លើ​ផែនដី ដ៏មានធូលី​ហុយ​ឡើង​ដេរដាស ក្នុងទីកណ្តាល​ទឹកដោយ​ច្បាស់លាស់ លុះ​ឃើញ​ហើយ ទើបក្រាបទូលព្រះដ៏មានព្រះភាគ​ដោយពាក្យ​ដូច្នេះថា បពិត្រមហាសមណៈ ព្រះអង្គ​​គង់នៅ​ក្នុងទីនេះឬ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់​ថា អើ កស្សប តថាគត​នៅ​ក្នុង​ទីនេះឯង ហើយព្រះអង្គ​ក៏ហោះឡើងទៅឯអាកាស ហើយទ្រង់​ចុះ​ទៅ​គង់​ក្នុងទូក (ក្នុង​មួយរំពេច​នោះឯង)។ លំដាប់នោះ ជដិល​ឈ្មោះ​ឧរុវេលកស្សប​ រំពឹងយ៉ាងនេះថា មហា​សមណៈនេះ​ មានឫទ្ធិខ្លាំង មាន​អានុភាព​ធំមែន ព្រោះហេតុថា អម្បាលទឹក ក៏គង់​នឹង​មិន​លិច​ព្រះអង្គ តែបើទុក​ជាយ៉ាង​នោះសោត​ ក៏គង់នៅ​មិនមែន​ជា​ព្រះអរហន្ត​ដូច​អញទេ។

[៥១] គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់ព្រះបរិវិតក្កដូច្នេះថា មោឃបុរសនេះ ត្រិះរិះ​យ៉ាងនេះ​យូរណាស់មកហើយ​ថា មហាសមណៈនេះ​ មានឫទ្ធិខ្លាំង មាន​អានុភាព​ធំមែន តែបើទុក​ជាយ៉ាង​នោះ​​ ក៏គង់នៅ​មិនមែន​ជា​ព្រះអរហន្តដូចអញទេ បើដូច្នោះ គួរតថាគត​ធ្វើជដិល​នេះឲ្យកើត​សេចក្តី​សង្វេគ (ស្លុតចិត្ត)។ លំដាប់នោះ ព្រះដ៏មានព្រះភាគ ទ្រង់​ត្រាស់​ព្រះពុទ្ធដីកា​នេះនឹង​ជដិល​ឈ្មោះ​ឧរុវេលកស្សប​ថា នែកស្សប អ្នកឯង​មិនមែន​ជាព្រះអរហន្តទេ អ្នកមិនទាន់​បានដល់​អរហត្តមគ្គទេ ម្យ៉ាងទៀត អ្នកឯង​នឹងជា​អរហន្តឬ ៗថា ជាបុគ្គល​ដល់ហើយនូវ​អរហត្តមគ្គ ដោយបដិបទា[សេចក្តីប្រតិបត្តិ] ណា បដិបទា​នោះ​មិនមាន​ដល់អ្នកទេ។ គ្រានោះ ជដិល​ឈ្មោះ​ឧរុវេលកស្សប ក្រាបសិរសាចុះ​ទៀប​ព្រះបាទា​របស់​ព្រះដ៏មានព្រះភាគ ហើយក្រាប​បង្គំ​ទូលព្រះដ៏មានព្រះភាគ​យ៉ាងនេះថា បពិត្រព្រះដ៏មានព្រះភាគ ខ្ញុំ​ព្រះអង្គ គួរបានបព្វជ្ជា គួរបាន​ឧបសម្បទា​ក្នុងសំណាក់​ព្រះដ៏មានព្រះភាគ (ក្នុងកាល​ឥឡូវនេះ)។ ព្រះដ៏មានព្រះភាគ ទ្រង់​ត្រាស់ថា នែកស្សប អ្នកឯងជា​នាយក ជាអ្នកដឹកនាំ ជាកំពូល ជាប្រធាន ជាបុគ្គល​ដ៏ឧត្តម​ប្រសើរ​ជាង​ជដិល​ទាំងឡាយប្រមាណ ៥០០ រូប អ្នកត្រូវប្រាប់​ជដិល​ទាំងអម្បាល​នោះជាមុន​សិន បើជដិល​ទាំងអម្បាលនោះ​ គេយល់យ៉ាងណា គេក៏នឹងធ្វើ​យ៉ាងនោះដែរ។ កាលនោះ ជដិល​ឧរុវេលកស្សប​ដើរចូលទៅរក​ជដិល​ ជាកូនសិស្ស​ទាំងអម្បាលនោះ លុះចូល​ទៅដល់​ហើយ ទើប​ប្រាប់​ជដិល​ទាំងនោះយ៉ាងនេះថា ម្នាលអ្នកទាំងឡាយដ៏ចំរើន ខ្ញុំចង់​ប្រព្រឹត្ត​ព្រហ្មចរិយធម៌​ក្នុងសំណាក់​ព្រះមហាសមណៈ (នុ៎ះ) អ្នកទាំងឡាយយល់យ៉ាង​ណា ចូរធ្វើ​យ៉ាងនោះចុះ។ ជដិល​ទាំងអម្បាល​នោះ​តបថា បពិត្រលោកដ៏ចំរើន ខ្ញុំទាំងអស់គ្នា ជាអ្នក​ជ្រះថ្លាហើយ​ក្នុងសំណាក់​ព្រះមហាសមណៈ (នុ៎ះ) យូរ​ណាស់​មកហើយ បើលោកម្ចាស់​នឹងប្រព្រឹត្ត​ព្រហ្មចរិយធម៌​ក្នុងសំណាក់​ព្រះមហាសមណៈ យើង​ខ្ញុំ​ទាំងអស់គ្នា នឹងប្រព្រឹត្ត​ព្រហ្មចរិយធម៌ ក្នុងសំណាក់​ព្រះមហាសមណៈ ​(នុ៎ះ)​ ដែរ។ កាលនោះ ជដិល​ទាំង​អម្បាល​នោះ​បណ្តែត​ចោលនូវ​គ្រឿង​បរិក្ខារ ព្រមទាំង​សក់ ទាំងជដា​[ផ្នួងសក់] ទំាងអម្រែក ទំាង​គ្រឿង​បូជាភ្លើង ក្នុងទឹក ហើយនាំគ្នាចូលទៅកាន់​ទីដែលព្រះដ៏មានព្រះភាគគង់នៅ លុះចូល​ទៅ​ហើយ ក្រាបសិរសា​ចុះទៀប​ព្រះបាទា​ព្រះដ៏មានព្រះភាគ ហើយក្រាបបង្គំ​ទូលព្រះដ៏មានព្រះភាគ​យ៉ាងនេះថា បពិត្រ​ព្រះដ៏មានព្រះភាគ ខ្ញុំព្រះអង្គ​ទាំងឡាយ គួរបានបព្វជ្ជា គួរបាន​ឧបសម្បទា ក្នុងសំណាក់​ព្រះដ៏មានព្រះភាគ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ហៅថា អ្នកទាំងឡាយ​ចូរមក​ជាភិក្ខុ​ចុះ ហើយត្រាស់ថា សាសនធម៌ តថាគត​ពោលល្អហើយ អ្នកទាំងឡាយ ចូរប្រព្រឹត្ត​ព្រហ្មចរិយធម៌ ដើម្បី​នឹងធ្វើនូវ​ព្រះនិព្វាន​ជា​ទី​បំផុត​នៃទុក្ខ​ដោយល្អចុះ។ ឯព្រះពុទ្ធដីកា​នោះឯង ជាឧបសម្បទា​របស់លោក​ដ៏មានអាយុ​​ទាំងឡាយនោះ។

[៥២] ឯជដិលឈ្មោះនទីកស្សប បានឃើញគ្រឿង​បរិក្ខារ ព្រមទាំងសក់ ទាំងជដា ទាំងអម្រែក ទាំងគ្រឿង​បូជាភ្លើង អណ្តែតទៅតាម​ទឹក ដោយច្បាស់លាស់ លុះជដិល​ឈ្មោះនទីកស្សប បានឃើញ​ហើយ គិតដូច្នេះថា សេចក្តីអន្តរាយ​កុំបីមាន​ដល់តាបស​ជាបងអញឡើយ។ គិតហើយ ក៏ប្រើ​ជដិល​ទាំងឡាយ​ឲ្យទៅ ដោយពាក្យថា អ្នកទាំង​ឡាយ​ចូរទៅស្តាប់​ដំណឹង​បងខ្ញុំមើល ថាហើយ ទើបខ្លួន​ឯងក៏​ទៅជាមួយ​នឹងជដិល​ទាំង ៣០០ រូប ដើរ​តម្រង់​ទៅកាន់ទីដែល​ឧរុវេលកស្សប​ដ៏មានអាយុ​នៅ លុះចូល​ទៅដល់​ហើយ និយាយពាក្យនេះនឹង​ឧរុវេលកស្សប​ដ៏មានអាយុថា បពិត្រ​កស្សប អំពើ​នេះប្រសើរ​ហើយឬអ្វីហ្ន៎។ ឧរុវេលកស្សប​ប្រាប់ថា អើ​អ្នកដ៏មានអាយុ​ទាំងឡាយ អំពើនេះ​ប្រសើរ​ហើយ។ កាលនោះ ជដិល​ទាំងអម្បាល​នោះក៏បណ្តែត​ចោលនូវគ្រឿង​បរិក្ខារ ព្រមទាំង​សក់ ទាំងជដា ទាំងអម្រែក ទាំង​គ្រឿង​​បូជាភ្លើង ទៅក្នុងទឹក ហើយចូលទៅ​គាល់​ព្រះដ៏មានព្រះភាគ លុះចូល​ទៅ​ដល់ហើយ ក្រាប​សិរសា​ចុះទៀប​ព្រះបាទា​ព្រះដ៏មាន​ព្រះភាគ ហើយក្រាប​ទូលព្រះដ៏មានព្រះភាគ​យ៉ាងនេះថា បពិត្រ​ព្រះដ៏មានព្រះភាគ ខ្ញុំព្រះអង្គ​ទាំងឡាយ គួរបានបព្វជ្ជា គួរបាន​ឧបសម្បទា ក្នុងសំណាក់​ព្រះដ៏មាន​ព្រះ​ភាគ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ហៅថា អ្នកទាំងឡាយ​ចូរមក​ជាភិក្ខុ​ចុះ ហើយត្រាស់ថា សាសនធម៌ តថាគត​ពោលល្អហើយ អ្នកទាំងឡាយ ចូរប្រព្រឹត្ត​ព្រហ្មចរិយធម៌ ដើម្បី​ធ្វើនូវ​ព្រះនិព្វាន​ជាទីបំផុត​នៃទុក្ខ​ដោយល្អចុះ។ ព្រះពុទ្ធដីកា​នោះឯង ជាឧបសម្បទា​របស់​លោក​​ដ៏មានអាយុ​ទាំង​អម្បាល​នោះ។

[៥៣] ឯជដិលឈ្មោះគយាកស្សប បានឃើញគ្រឿង​បរិក្ខារ ព្រមទាំងសក់ ទាំងជដា ទាំងអម្រែក ទាំងគ្រឿង​បូជាភ្លើង អណ្តែតទៅតាម​ទឹក ដោយច្បាស់លាស់ លុះជដិល​ឈ្មោះគយាកស្សប បានឃើញ​ហើយ ក៏មានសេចក្តីត្រិះរិះ​ថា សេចក្តីអន្តរាយ​កុំបីមាន​ដល់តាបស​ទាំងពីរនាក់​ជាបងអញឡើយ។ ទើប​ប្រើ​ជដិល​ទាំងឡាយ​ឲ្យទៅ ដោយពាក្យ​ថា អ្នកទាំងឡាយ​ចូរទៅស្តាប់​ដំណឹង​បងអញ​ទំាងពីរនាក់មើល ថាហើយ ខ្លួន​ឯងក៏​ទៅជាមួយ​នឹងជដិល​ទាំង ២០០រូប ដើរ​តម្រង់​ទៅកាន់ទីដែល​ឧរុវេលកស្សប​ដ៏មាន​អាយុ​នៅ លុះចូល​ទៅដល់​ហើយ ក៏និយាយពាក្យនេះនឹង​ឧរុវេលកស្សប​ដ៏មានអាយុថា បពិត្រ​កស្សប អំពើ​នេះប្រសើរ​ឬអ្វីហ្ន៎។ ឧរុវេលកស្សប​ប្រាប់ថា អើ​អ្នកដ៏មានអាយុ​ទាំងឡាយ អំពើនេះ​ប្រសើរហើយ។ កាលនោះ ពួកជដិល​ទាំង​នោះ បណ្តែត​ទៅនូវគ្រឿង​បរិក្ខារ ព្រមទាំងសក់ ទាំងជដា ទាំងអម្រែក ទាំង​គ្រឿង​​បូជាភ្លើង ទៅក្នុងទឹក ហើយចូល​ទៅ​កាន់ទីដែលព្រះដ៏មានព្រះភាគគង់នៅ លុះចូល​ទៅ​ដល់​ហើយ ក្រាបក្បាលទៀប​ព្រះបាទា​​ព្រះដ៏មានព្រះភាគ ហើយបានពោល​នូវពាក្យនេះ​នឹង​ព្រះដ៏មាន​ព្រះ​ភាគថា បពិត្រ​​ព្រះអង្គដ៏ចំរើន យើងខ្ញុំ​ទាំងឡាយ គួរបាននូវបព្វជ្ជា គួរបាននូវ​ឧបសម្បទា ក្នុងសំណាក់​ព្រះដ៏មាន​ព្រះ​ភាគ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ​ចូរមក​​ចុះ ទើបត្រាស់ថា សាសនធម៌ តថាគត​ពោលហើយដោយ​ប្រពៃ អ្នកទាំងឡាយ ចូរប្រព្រឹត្ត​ព្រហ្មចរិយធម៌ ដើម្បី​ធ្វើនូវ​ព្រះនិព្វាន​ជាទីបំផុត​នៃទុក្ខ​ដោយ​ប្រពៃចុះ។ ព្រះពុទ្ធដីកា​នោះឯង ជាឧបសម្បទា​របស់លោក​ដ៏មានអាយុ​ទាំង​​នោះ។

[៥៤] ឧសប្រាំរយកំណាត់​មិនបែក ក៏ត្រឡប់​ទៅជាបែក ភ្លើងមិនឆេះ ក៏ត្រឡប់​ទៅជាឆេះ ភ្លើង​មិនរលត់ ក៏ត្រឡប់​ទៅជារលត់ ដោយអធិដ្ឋាន​របស់ព្រះដ៏មានព្រះភាគ ព្រះដ៏មាន​ព្រះភាគ ទ្រង់​និម្មិត​ចង្ក្រាន​ទាំងឡាយ​ចំនួន៥០០។ បាដិហារ្យចំនួន​បីពាន់ប្រាំរយ​ ក៏មាន​ដោយ​ន័យ​នេះឯង។

[៥៥] គ្រានោះ ព្រះដ៏មានព្រះភាគ គង់នៅ​ក្នុងឧរុវេលាប្រទេស តាមសមគួរ​ដល់​ពុទ្ធអធ្យាស្រ័យ ហើយទ្រង់ពុទ្ធដំណើរ​ទៅក្នុង​គយាសីសប្រទេស មួយអន្លើ​ដោយ​ភិក្ខុសង្ឃ​ដ៏ច្រើនចំនួន​១០០០អង្គ គឺ​ពួក​ភិក្ខុដែល​ជាជដិល​ក្នុងកាលមុន​ទាំងអស់នោះ​ឯង។ មាន​សេចក្តីដំណាលថា ព្រះដ៏មានព្រះភាគ គង់នៅ​លើខ្នងថ្មឈ្មោះ​គយាសីសៈ ទៀបគយាប្រទេសនោះ មួយអន្លើ​ដោយភិក្ខុ១០០០អង្គ។ ក្នុងទីនោះ ព្រះដ៏មានព្រះភាគ ទ្រង់​ត្រាស់ហៅ​ភិក្ខុទាំងឡាយ​មកថា ម្នាលភិក្ខុទាំងឡាយ ធម្មជាតិ​ទាំងអស់​ជារបស់​ក្តៅ ម្នាលភិក្ខុទាំងឡាយ ធម្មជាត​ទាំងអស់​ជារបស់​ក្តៅ(នោះ) តើគឺអ្វី ម្នាលភិក្ខុ​ទាំង​ឡាយ ចក្ខុជារបស់ក្តៅ រូបទាំងឡាយជារបស់ក្តៅ ចក្ខុវិញ្ញាណជារបស់ក្តៅ ចក្ខុសម្ផស្ស​​[វត្ថុដែលពាល់​ត្រូវដោយ​ភ្នែក គឺអារម្មណ៍​ដែលឃើញ​ដោយភ្នែក មានរូបជាដើម។] ជារបស់ក្តៅ ការសោយ​អារម្មណ៍ណានេះ ជាសុខក្តី ជាទុក្ខក្តី មិនមែនទុក្ខ មិនមែនសុខក្តី កើត​ឡើងអំពីបច្ច័យ គឺ​ចក្ខុ​សម្ផស្ស ការសោយ​អារម្មណ៍​នោះ​ឯង ក៏​ជារបស់ក្តៅ ចុះក្តៅ​ដោយហេតុ​អ្វី តថាគតពោលថា ក្តៅដោយភ្លើង​គឺរាគៈ ​ភ្លើងគឺទោសៈ ភ្លើងគឺមោហៈ ក្តៅ(ដោយភ្លើង) គឺជាតិ ជរា មរណៈ ក្តៅដោយ(ភ្លើងគឺ) សេចក្តីសោក សេចក្តី​ខ្សឹកខ្សួល ​សេច​​ក្តីលំបាកកាយ ​សេច​ក្តីតូចចិត្ត សេចក្តី​ចង្អៀតចង្អល់​ចិត្ត។ ត្រចៀក​ជា​របស់​ក្តៅ សំលេង​ ជា​របស់​ក្តៅ។បេ។ ច្រមុះ​ជា​របស់ក្តៅ ក្លិនទាំងឡាយជារបស់ក្តៅ។បេ។ អណ្តាតជារបស់ក្តៅ រសទាំងឡាយ​ជារបស់ក្តៅ។បេ។ កាយ​ជា​របស់​ក្តៅ ផោដ្ឋព្វៈ​[វត្ថុដែលមានរូប មានសំពត់អាវ ជាដើម ដែលមក​ប៉ះ​ពាល់​ត្រូវកាយ ហៅថា ផោដ្ឋព្វៈ។] ទាំងឡាយជារបស់ក្តៅ។បេ។ ចិត្តជារបស់ក្តៅ ធម្មារម្មណ៍ទាំងឡាយ ជា​របស់​ក្តៅ មនោវិញ្ញាណជារបស់ក្តៅ មនោសម្ផស្ស​[សេចក្តី​ផ្សព្វផ្សាយ​ក្នុងចិត្ត គឺអារម្មណ៍​ដែល​មកប៉ះ​ពាល់ដល់គំនិត។] ជារបស់ក្តៅ សេចក្តីសោយអារម្មណ៍ណាជាសុខក្តី ជា​ទុក្ខក្តី មិនមែនជាទុក្ខជាសុខក្តី តែងកើត​ឡើងព្រោះបច្ច័យ គឺមនោសម្ផស្ស សេចក្តីសោយ​អារម្មណ៍នោះ​ឯង ក៏​ជារបស់ក្តៅ ចុះក្តៅ​ដោយ​អ្វី តថាគតពោលថា ក្តៅដោយភ្លើងគឺរាគៈ ភ្លើងគឺទោសៈ ភ្លើងគឺមោហៈ ក្តៅដោយជាតិ ជរា មរណៈ ក្តៅដោយសេចក្តីសោក ​សេចក្តី​ខ្សឹកខ្សួល សេចក្តីលំបាកកាយ សេចក្តីតូចចិត្ត សេចក្តី​ចង្អៀត​ចង្អល់​ចិត្ត។ ម្នាលភិក្ខុ​ទាំងឡាយ អរិយសាវកប្រកបដោយ​សុត្តៈ (គឺ​ជាអ្នកចេះដឹង) កាលឃើញ​យ៉ាងនេះ រមែងនឿយណាយក្នុងចក្ខុផង ក្នុងរូបទាំងឡាយផង ក្នុងចក្ខុវិញ្ញាណផង ក្នុងចក្ខុសម្ផស្ស​ផង សេចក្តីសោយអារម្មណ៍ណា ជាសុខ​ក្តី​ ជាទុក្ខក្តី មិនមែនជាទុក្ខ មិនមែនជាសុខ​ក្តី តែងកើត​ឡើងអំពី​បច្ច័យ គឺចក្ខុ​សម្ផស្ស​ អរិយសាវករមែង​នឿយណាយ​ក្នុងសេចក្តីសោយ​អារម្មណ៍​​នោះឯងផង ក្នុងត្រចៀក​ផង ក្នុងសំឡេង​ទាំងឡាយផង។បេ។ ក្នុងច្រមុះផង ក្នុងក្លិនទាំងឡាយផង។បេ។ ក្នុងអណ្តាត​ផង ក្នុងរស​ទាំងឡាយផង។បេ។ ក្នុងកាយផង ក្នុងផោដ្ឋព្វៈទាំងឡាយផង។បេ។ ក្នុងចិត្តផង ក្នុងធម្មារម្មណ៍​ទាំងឡាយផង នឿយណាយ​ក្នុងមនោវិញ្ញាណផង នឿយណាយក្នុងមនោសម្ផស្ស​ផង សេចក្តី​សោយអារម្មណ៍ណា​ដែលជាសុខ​ក្តី​ ជាទុក្ខក្តី មិនមែនជាទុក្ខ មិនមែនជាសុខ​ក្តី រមែង​កើត​ឡើង​អំពីបច្ច័យ គឺមនោសម្ផស្ស អរិយសាវក រមែងនឿយ​ណាយ​​ក្នុងសេចក្តីសោយ​អារម្មណ៍​​នោះឯងផង កាលបើនឿយណាយហើយ ក៏ប្រាសចាក​តម្រេក ព្រោះប្រាសចាកតម្រេក (នោះឯង) ចិត្តក៏​ផុត​ស្រឡះ​ចាកសេចក្តី​ប្រកាន់មាំ កាលបើ​ចិត្ត​រួចស្រឡះ​ហើយ ក៏មានញាណ​ដឹងថា ចិត្ត​របស់​អញរួច​ស្រឡះ​​ហើយ អរិយសាវ័កនោះដឹងច្បាស់ថា កំណើតអស់ហើយ ព្រហ្មចរិយធម៌​​ បាន​នៅរួចហើយ សោឡសកិច្ច​ បាន​ធ្វើ​រួច​ហើយ កិច្ចដទៃ​ក្រៅអំពី​សោឡសកិច្ចនេះ ​មិនមាន​ឡើយ។ កាលព្រះដ៏មានព្រះភាគ កំពុង​សំដែង​វេយ្យាករណ៍ [របៀប​បាឡី​ដែលជាពាក្យ​រាយសុទ្ធ ឥតមាន​ចង​ជាបទ​បាទ គឺមិនចង​ជាពាក្យ​កាព្យ​ដែល​ហៅថា​គាថាទេ។]​នេះ ចិត្តរបស់ភិក្ខុចំនួន១០០០រូបនោះ ក៏ផុតចាកអាសវៈធម៌​ទាំងឡាយ​ឥតមាន​ជាប់​ចំពាក់​ដោយ​ឧបាទានឡើយ។

ចប់ អាទិត្តបរិយាយសូត្រ។

ចប់ ឧរុវេលប្បាដិហារិយភាណវារៈ ជាគំរប់បី។

[៥៦] កាលនោះ ព្រះដ៏មានព្រះភាគ គង់លើ​ខ្នងថ្ម​ឈ្មោះគយាសីសៈ តាមសមគួរ​ដល់​ពុទ្ធ​អធ្យាស្រ័យ ហើយទ្រង់ពុទ្ធ​ដំណើរ​ទៅក្នុងក្រុងរាជគ្រឹះ មួយអន្លើ​ដោយភិក្ខុសង្ឃ​ដ៏ច្រើន ចំនួន​១០០០អង្គ គឺបុរាណជដិល​ទាំងអស់នោះឯង។ លំដាប់នោះ ព្រះដ៏មានព្រះភាគ ត្រាច់ទៅកាន់​ចារិក​ដោយ​លំដាប់ ក៏បានទៅដល់​ក្រុងរាជគ្រឹះ។ មានសេចក្តី​ដំណាលថា ព្រះដ៏មានព្រះភាគ គង់នៅក្នុង​សុប្បតិដ្ឋចេតិយ ក្នុង​លដ្ឋិវនឧទ្យាន ទៀប​ក្រុង​រាជគ្រឹះ​នោះ។

[៥៧] ព្រះបាទ​មាគធសេនិយពិម្ពិសារ បានទ្រង់ព្រះ​សណ្តាប់​ដំណឹង​ច្បាស់ថា ព្រះសមណ​គោតម​ដ៏ចំរើន ជាសក្យបុត្រ ចេញចាក​សក្យត្រកូល​ហើយបួស ឥឡូវ​យាងមកកាន់​ក្រុង​រាជគ្រឹះ គង់នៅក្នុង​សុប្បតិដ្ឋចេតិយ ក្នុងលដ្ឋិវនឧទ្យាន (សួន​ច្បារត្នោត) ទៀបក្រុងរាជគ្រឹះ កិត្តិសព្ទដ៏​ពីរោះ​របស់ព្រះគោតម​ដ៏ចំរើននោះ ឮខ្ចរខ្ចាយ​សុសសាយយ៉ាងនេះថា ព្រះដ៏មានព្រះភាគអង្គនោះ ទ្រង់​ឆ្ងាយចាកកិលេស ទ្រង់​ត្រាស់ដឹង​ដោយប្រពៃ​ចំពោះ​ព្រះអង្គ​ឯង ទ្រង់បរិបូណ៌​ដោយវិជ្ជា និងចរណៈ ទ្រង់មាន​ដំណើរ​ល្អ ទ្រង់ជ្រាបច្បាស់​នូវត្រៃលោក ទ្រង់ប្រសើរ​ដោយសីលាទិគុណ រកបុគ្គល​ណាមួយ​ស្មើគ្មាន ទ្រង់ជាអ្នក​ទូន្មាននូវ​បុរស​ដែលគួរ​ទូន្មាន​បាន ទ្រង់​ជាគ្រូនៃ​ទេវតា​ និង​មនុស្ស​ទាំងឡាយ ទ្រង់បាន​ត្រាស់ដឹង​នូវ​អរិយសច្ចធម៌ ទ្រង់លែង​ត្រឡប់​មកកាន់​ភពថ្មីទៀត ដោយប្រការ​ដូច្នេះ ព្រះដ៏មានព្រះភាគនោះ បានធ្វើឲ្យជាក់ច្បាស់​ដោយប្រាជ្ញា​ចំពោះព្រះអង្គឯង ហើយញុំាង​លោក​នេះ ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ញុំាងពពួក​សត្វព្រមទាំង​សមណៈ និងព្រាហ្មណ៍ ព្រមទាំងទេវតា និងមនុស្ស​ឲ្យបាន​ត្រាស់​ដឹងផង ព្រះដ៏មានព្រះភាគនោះ ទ្រង់សំដែង​ធម៌ដ៏​ពីរោះ​បទដើម ពីរោះបទ​កណ្តាល ពីរោះបទចុង ទ្រង់ប្រកាស​នូវព្រហ្មចរិយធម៌ដ៏​បរិសុទ្ធ ព្រមទាំងអត្ថ ព្រមទាំង​ព្យញ្ជនៈ​ដ៏​បរិបូណ៌​ពេញលេញ កិរិយា​ដែលបាន​ឃើញ​ព្រះអរហន្ត​ទាំងឡាយ​មាន​សភាព​យ៉ាងនោះ ជាការ​ប្រពៃ​ពេក។ គ្រានោះ ព្រះបាទ​មាគធសេនិយពិម្ពិសារ មានទាំង​ព្រាហ្មណ៍​ និងគហបតិ ដែលនៅក្នុងដែន​មគធៈ ចំនួន​ដប់ពីរហ្មឺនជាបរិវារ ចូលទៅគាល់​ព្រះដ៏មានព្រះភាគ លុះចូល​ទៅដល់ហើយ ក៏ថ្វាយបង្គំ​ព្រះដ៏មានព្រះភាគ រួចហើយ​គង់នៅក្នុង​ទីដ៏សមគួរ។ ឯពួកព្រាហ្មណ៍​ និងគហបតិដែល​នៅក្នុង​ដែនមគធៈចំនួន​ដប់ពីរហ្មឺននោះ ពួកខ្លះថ្វាយបង្គំព្រះ​ដ៏មានព្រះភាគ ហើយអង្គុយនៅក្នុងទីដ៏សមគួរ ពួកខ្លះក៏​ពោលពាក្យ​រីករាយ​ជាមួយ​នឹងព្រះដ៏មាន​ព្រះភាគ លុះធ្វើពាក្យគួរ​រីករាយ​ គួរ​រលឹក​ឲ្យសម្រេច​ហើយ ក៏អង្គុយ​នៅក្នុងទីដ៏​សមគួរ ពួកខ្លះ ក៏ប្រណម្យ​អញ្ជលី​ចំពោះ​ព្រះដ៏មានព្រះភាគ ហើយអង្គុយ​នៅក្នុងទីដ៏សមគួរ ពួកខ្លះ ក៏ប្រកាស​នាម និងគោត្ត​របស់ខ្លួនក្នុង​សំណាក់​ព្រះដ៏មានព្រះភាគ ហើយអង្គុយ​នៅក្នុងទីដ៏សមគួរ ពួកខ្លះក៏ស្ងៀម អង្គុយ​នៅក្នុងទីដ៏សមគួរ។ ទើបពួកព្រាហ្មណ៍ និងគហបតិ​ដែលនៅ​ក្នុងដែន​មគធៈ ចំនួន​ដប់ពីរហ្មឺន​នោះ ក៏មានសេចក្តី​ត្រិះរិះ​យ៉ាងនេះថា មហាសមណៈ​ប្រព្រឹត្តព្រហ្មចរិយធម៌​ក្នុងសំណាក់​ឧរុវេលកស្សប​ឬហ្ន៎ ឬថាឧរុវេលកស្សប​ប្រព្រឹត្តព្រហ្មចរិយធម៌​ក្នុងសំណាក់​មហាសមណៈ។ ឯព្រះ​ដ៏មានព្រះភាគ ក៏​ជ្រាប​សេចក្តី​ត្រិះរិះ​នៃចិត្ត​របស់ពួក​ព្រាហ្មណ៍ និងគហបតិ​ដែលនៅ​ក្នុងដែន​មគធៈ ចំនួន​ដប់ពីរហ្មឺននោះ ដោយព្រះហឫទ័យ​ព្រះអង្គ ហើយទ្រង់ត្រាស់​នឹងព្រះឧរុវេលកស្សប​ដ៏មានអាយុ​ដោយ​ព្រះគាថា ថា

អ្នកឯងនៅក្នុង​ឧរុវេលាប្រទេស ជាអ្នកប្រដៅពួកតាបស តើអ្នកឃើញ​អ្វី​ បានជាលះបង់​ការបូជាភ្លើង​ចោលចេញ។ ម្នាលកស្សប តថាគតសួរ​សេចក្តីនេះ​នឹងអ្នក ការបូជាភ្លើង​ដែល​អ្នកលះបង់ហើយ តើព្រោះហេតុអ្វី។

ឧរុវេលកស្សប​ក្រាបបង្គំ​ទូលថា ជនទាំងឡាយ តែងពោល​សរសើរ​ចំពោះនូវកាម​ទាំង​ឡាយ គឺរូប សំឡេង ព្រមទាំងរសផង នូវស្រីទាំងឡាយផង ព្រោះការបូជា ខ្ញុំ​ព្រះអង្គ​ដឹងថា កាមគុណ​មានរូបជាដើមនេះ ជាគ្រឿង​សៅហ្មង​ក្នុងឧបធិ​​[វិមតិវិនោទនីដីកា ថា ឧបធិ មាន៤យ៉ាង គឺ កាមូបធិ១ ខន្ធូបធិ១ កិលេសូបធិ១ អភិសង្ខារូបធិ១។ តែក្នុង​ទីនេះ សំដៅ​យកខន្ធូបធិតែម្យ៉ាង។ ឯឧបធិសព្ទនេះ ប្រែថា ខ្លួន រាងកាយ​គោល ហេតុ នៃសេចក្តី​វិលកើត កិលេស​ និងសេចក្តី​កង្វល់។] ទាំងឡាយ ព្រោះហេតុ​ដូច្នោះ ខ្ញុំព្រះអង្គ​មិន​ត្រេកអរ​​ក្នុងការ​បូជាធំ និង​ការបូជាតូច (គឺ​ការ​គោរព​ភ្លើង​រាល់ថ្ងៃ)។

ព្រះដ៏មានព្រះភាគ​ត្រាស់ថា ម្នាលកស្សប ចិត្តរបស់អ្នក​មិនត្រេកអរ​ហើយ ក្នុងកាមគុណ​ទាំង​ឡាយនោះ គឺរូប សំឡេង ព្រមទាំងរស ម្នាលកស្សប ម្យ៉ាងទៀត ចិត្តរបស់អ្នក​ត្រេកអរ​​ក្នុងមនុស្សលោក និងទេវលោក​ខ្លះដែរឬ ចូរអ្នក​ពោលហេតុនេះ​ មក​តថាគត​មើល។

ព្រះឧរុវេលកស្សប​ក្រាបទូលថា ខ្ញុំព្រះអង្គ​ឃើញនូវ​ព្រះនិព្វាន ជារបស់ល្អិត ឥតមាន​ឧបធិ ឥតមាន​សេចក្តីខ្វល់ មិនជាប់​ចំពាក់​នៅក្នុងកាមភព ជាធម្មជាតពិត មិនប្រែប្រួល ជា​ធម្មជាត គឺបុគ្គល​មិនគប្បី​បានដោយ​ហេតុដទៃ (ក្រៅពីមគ្គ) ព្រោះហេតុ​ដូច្នោះ បានជា​ខ្ញុំ​ព្រះអង្គ​មិនត្រេកអរ​ក្នុងការ​បូជាធំ និងការបូជាតូច។

[៥៨] លំដាប់នោះ ព្រះឧរុវេលកស្សប​ដ៏មានអាយុ ក្រោកចាកអាសនៈ ធ្វើនូវសំពត់​ឧត្តរាសង្គៈ​[ចីពរ] លើស្មាម្ខាង ហើយក្រាបសិរសាទៀប​ព្រះបាទា​របស់ព្រះដ៏មានព្រះភាគ រួចក៏​បានបង្គំ​ទូលពាក្យ​នេះនឹង​ព្រះដ៏មានព្រះភាគ​ថា បពិត្រព្រះអង្គដ៏ចំរើន ព្រះដ៏មាន​ព្រះភាគ​​ជាគ្រូរបស់ខ្ញុំព្រះអង្គ ខ្ញុំព្រះអង្គ​ជាសាវក​ បពិត្រព្រះអង្គដ៏ចំរើន ព្រះដ៏មាន​ព្រះភាគ​ជាគ្រូរបស់ខ្ញុំព្រះអង្គ ខ្ញុំព្រះអង្គ​ជាសាវក។ គ្រានោះ ពួកព្រាហ្មណ៍​ និងគហបតិ​ដែលនៅ​ក្នុងដែន​មគធៈ ចំនួន​ដប់ពីរហ្មឺននោះ មានសេចក្តី​ត្រិះរិះ​ដូច្នេះថា ឧរុវេលកស្សប​ប្រព្រឹត្ត​ព្រហ្មចរិយធម៌​ក្នុងសំណាក់​មហាសមណៈ​ទេតើ។ ពេលនោះ ព្រះដ៏មានព្រះភាគ ទ្រង់ជ្រាប​សេចក្តី​ត្រិះរិះ​ក្នុងចិត្ត​នៃពួក​ព្រាហ្មណ៍ និងគហបតិចំនួនដប់ពីរហ្មឺន​ដែលនៅ​ក្នុងដែន​មគធៈ​នោះ ដោយព្រះហឫទ័យ​របស់​ព្រះអង្គ រួចហើយ ក៏ទ្រង់​សំដែង​អនុបុព្វីកថា គឺទានកថា១ សីលកថា១ សគ្គកថា១ ទោសនៃ​កាមគុណ​ដ៏លាមក ដ៏សៅហ្មង១ អានិសង្ស​​នៃការចេញចាក​កាម (បួស)១។ ព្រះដ៏មានព្រះភាគ ទ្រង់ជ្រាបនូវពួកព្រាហ្មណ៍ និងគហបតិ​ទាំងនោះថា ជាបុគ្គលមានចិត្ត​ស្រួល មានចិត្តទន់ មានចិត្ត​ប្រាសចាក​នីវរណៈធម៌ មានចិត្តអណ្តែត​ឡើង មានចិត្តជ្រះថ្លា ក្នុងកាលណា ព្រះធម្មទេសនាណា ដែល​ព្រះពុទ្ធ​ទាំងឡាយ​ លើក​ឡើងសំដែង​ដោយព្រះអង្គឯង ព្រះអង្គ​ក៏ទ្រង់​ប្រកាស​ធម្មទេសនានោះ គឺទុក្ខសច្ច១ សមុទយសច្ច១ និរោធសច្ច១ មគ្គសច្ច១ ក្នុងកាលនោះ។ ធម្មតា សំពត់សស្អាត ដ៏ប្រាសចាកពណ៌ខ្មៅ (គឺធ្យូង ឬល័ក្ត​ខ្មៅ​ជាដើម) គួរទទួល​គ្រឿងជ្រលក់​បានដោយ​ប្រពៃ មានឧបមា​យ៉ាងណាមិញ ឯធម្មចក្ខុ​ គឺសោតា​បត្តិមគ្គដ៏​ប្រាសចាក​ធូលី ប្រាសចាក​មន្ទិល ក៏​កើត​ឡើងដល់ពួក​ព្រាហ្មណ៍ និងគហបតិ​ដែលនៅ​ក្នុងដែន​មគធៈ ចំនួន​ដប់មួយហ្មឺន មានព្រះបាទ​ពិម្ពិសារ​ជាប្រធាន​លើអាសនៈ​នោះថា ធម្មជាតិណាមួយ ដែលកើតឡើងជាធម្មតា ធម្មជាតទាំងអស់​នោះ ក៏​រលត់​​ទៅ​ជា​ធម្មតាដែរ មានឧបមេយ្យ​ដូច្នោះឯង។ ចំណែក​ព្រាហ្មណ៍​ និងគហបតិ​ចំនួន​មួយហ្មឺន​រូប ក៏ថ្វាយខ្លួន​ជាឧបាសក។

[៥៩] គ្រានោះ ព្រះបាទ​មាគធសេនិយពិម្ពិសារ ទ្រង់ឃើញ​អរិយសច្ចធម៌ហើយ ទ្រង់បាន​ដល់​អរិយសច្ចធម៌ហើយ ទ្រង់បាន​ត្រាស់​ដឹងអរិយសច្ចធម៌​ហើយ ទ្រង់ចុះព្រះទ័យស៊ប់​ក្នុងអរិយសច្ចធម៌​ហើយ ទ្រង់ឆ្លងផុត​សេចក្តី​សង្ស័យហើយ ប្រាសចាក​សេចក្តី​ងឿងឆ្ងល់ ដល់នូវ​សេចក្តី​ក្លៀវក្លា មិនជឿ​ស្តាប់បុគ្គល​ដទៃក្នុងសាសនា​ព្រះសាស្តា ទ្រង់បាន​ពោល​ពាក្យនេះ​ចំពោះ​ព្រះដ៏មានព្រះភាគ​ថា បពិត្រ​ព្រះអង្គដ៏ចំរើន ពីដើម កាលដែល​ខ្ញុំព្រះអង្គ​នៅជាកុមារ​នៅឡើយ ខ្ញុំព្រះអង្គ​មាន​បំណង​៥យ៉ាង ឥឡូវ​នេះ បំណង​របស់ខ្ញុំ​ព្រះអង្គ​នោះ ក៏សម្រេច​អស់ហើយ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ពីដើម កាលដែល​ខ្ញុំព្រះអង្គ​នៅជាកុមារ មានសេចក្តី​ត្រិះរិះដូច្នេះថា សូមឲ្យ​ជន​ទាំងឡាយអភិសេក​អញ​ក្នុងរាជ​សម្បត្តិ បពិត្រ​ព្រះអង្គដ៏ចំរើន នេះជា​បំណង​ទី១​របស់ខ្ញុំ​ព្រះអង្គ ឥឡូវ​នេះ បំណង​របស់ខ្ញុំ​ព្រះអង្គ​បាន​សម្រេច​ហើយ បពិត្រ​ព្រះអង្គ​ដ៏ចំរើន បំណងទី២​របស់ខ្ញុំ​ព្រះអង្គ​ដូច្នេះថា សូមឲ្យ​ព្រះអរហន្ត​​សម្មាសម្ពុទ្ធ​គប្បី​ចូលមក​កាន់ដែន​របស់អញនោះ ឥឡូវ​នេះ បំណង​របស់ខ្ញុំ​ព្រះអង្គ​នោះ ក៏បាន​សម្រេច​ហើយ បពិត្រ​ព្រះអង្គ​ដ៏ចំរើន បំណងទី៣​របស់ខ្ញុំ​ព្រះអង្គ​នេះដូច្នេះថា សូមឲ្យខ្ញុំព្រះអង្គ​បានចូល​ទៅសេពគប់​នឹង​ព្រះដ៏មានព្រះភាគ​នោះ ឥឡូវ​នេះ បំណង​របស់ខ្ញុំ​ព្រះអង្គ​នោះ បាន​សម្រេច​ហើយ បពិត្រ​ព្រះអង្គ​ដ៏ចំរើន បំណងទី៤​របស់ខ្ញុំ​ព្រះអង្គ​ដូច្នេះថា ព្រះដ៏មានព្រះភាគ​នោះ គប្បីសំដែង​ធម៌ដល់អញ ឥឡូវ​នេះ បំណង​របស់ខ្ញុំ​ព្រះអង្គ​នោះ ​សម្រេច​ហើយ បពិត្រ​ព្រះអង្គ​ដ៏ចំរើន បំណងទី៥​របស់ខ្ញុំ​ព្រះអង្គនេះ​ដូច្នេះថា ចំណែកខាង​អញ គប្បី​ដឹងច្បាស់​នូវធម៌របស់​ព្រះ​ដ៏មានព្រះភាគនោះ ឥឡូវ​នេះ បំណង​របស់ខ្ញុំ​ព្រះអង្គ​នោះ បាន​សម្រេច​ហើយ បពិត្រ​ព្រះអង្គដ៏ចំរើន ពីដើម កាលដែល​ខ្ញុំព្រះអង្គ​នៅជាកុមារ​នៅឡើយ ខ្ញុំព្រះអង្គ​មាន​បំណង​៥យ៉ាងនេះ ឥឡូវ​នេះ បំណង​ទាំង៥យ៉ាងរបស់ខ្ញុំ​ព្រះអង្គ​នោះ ក៏​បាន​សម្រេច​បរិបូណ៌ហើយ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ភាសិត​របស់ព្រះអង្គ​ពីរោះណាស់ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ភាសិត​របស់​ព្រះអង្គ​ពីរោះណាស់ បពិត្រព្រះអង្គ​ដ៏ចំរើន ធម៌ដែល​ព្រះអង្គសំដែង​ហើយដោយ​អនេក​បរិយាយ​យ៉ាងនេះ (ភ្លឺច្បាស់ណាស់) គួរនា​ដូចជាមនុស្ស​ចាប់របស់​ដែលគេ​ផ្កាប់ចុះ ឲ្យផ្ងារឡើង ពុំនោះ​ ដូច​ជាមនុស្ស​បើកបង្ហាញ​របស់ដែល​គេលាក់បិទបាំងទុក ពុំនោះសោត ដូចជា​មនុស្ស​ប្រាប់ផ្លូវ​ដល់​អ្នក​វង្វេងផ្លូវ ឬក៏ដូច​ជាមនុស្ស​កាន់ប្រទីប​ប្រេង ទ្រោលបំភ្លឺក្នុងទី​ងងឹត ដោយគិតថា មនុស្សដែល​មាន​ចក្ខុ នឹងបាន​មើលឃើញ​នូវរូបទាំងឡាយ បពិត្រ​ព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គសូមដល់នូវ​ព្រះដ៏មានព្រះភាគ​ផង ព្រះធម៌ផង ព្រះភិក្ខុសង្ឃផង ជាទីពឹង ទីរលឹក សូមព្រះដ៏មានព្រះភាគ​ជាម្ចាស់ ជ្រាបនូវ​ខ្ញុំព្រះអង្គ​ថាជាឧបាសក ដល់​នូវ​​សរណគមន៍​ស្មើដោយ​ជីវិត ចាប់តាំង​តែអំពីថ្ងៃ​នេះជាដើម​ទៅ មិនតែប៉ុណ្ណោះ បពិត្រ​ព្រះអង្គដ៏ចំរើន សូមព្រះដ៏មានព្រះភាគ​ជាម្ចាស់​ ព្រម​ទាំងភិក្ខុសង្ឃ​ទទួលភត្ត​របស់ខ្ញុំ​ព្រះអង្គ​ដើម្បី​ឆាន់​ក្នុងថ្ងៃស្អែក។ ព្រះដ៏មានព្រះភាគ​ ទ្រង់​ទទួលនិមន្ត​ដោយតុណ្ហីភាព។ គ្រានោះ ព្រះបាទ​មាគធសេនិយពិម្ពិសារ ទ្រង់ជ្រាបថា ព្រះដ៏មានព្រះភាគ​ទទួល​និមន្ត​ហើយ ក៏ក្រោកចាក​អាសនៈ ថ្វាយបង្គំ​ព្រះដ៏មានព្រះភាគ ហើយធ្វើប្រទក្សិណ ចៀស​ចេញទៅ។

[៦០] លំដាប់នោះ ព្រះបាទ​មាគធសេនិយពិម្ពិសារ លុះរាត្រី​នោះកន្លងទៅហើយ (ភ្លឺឡើង) ព្រះអង្គក៏​ទ្រង់ឲ្យចាត់ចែង​ខាទនីយភោជនីយាហារ​ដ៏ឧត្តមរួចហើយ ទ្រង់ចាត់ឲ្យ​មនុស្ស​ទៅក្រាបទូល​នូវ​កាលនៃភត្ត​ដល់ព្រះដ៏មានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន កាលនេះ ជាកាលគួរហើយ ភត្តាហារ​សម្រេចហើយ។ ឯព្រះដ៏មានព្រះភាគ ទ្រង់ស្លៀកស្បង់ ហើយទ្រង់បាត្រ និងចីវរ​ក្នុងបុព្វណ្ហសម័យ រួចហើយ​ទ្រង់ចូល​ទៅកាន់ក្រុង​រាជគ្រឹះ មួយ​អន្លើ​ដោយភិក្ខុសង្ឃ​ដ៏ច្រើន​ចំនួន​១០០០រូប គឺពួក​បុរាណ​ជដិល​ទាំងអស់នោះឯង។

​[៦១] សម័យនោះឯង ព្រះឥន្ទ្រ​ជាធំ​ជាងទេវតាទាំងឡាយ ប្លែង​ភេទ​ជាមាណព ហើយដើរ​ទៅ​អំពី​មុខបង្អស់​នៃភិក្ខុសង្ឃ​ មានព្រះពុទ្ធ​ជាប្រធាន ហើយច្រៀង​នូវគាថានេះថា

ព្រះដ៏មានព្រះភាគ ព្រះអង្គទូន្មានហើយ (នូវឥន្ទ្រិយ) មានព្រះហឫទ័យ​ផុត​ស្រឡះ​ហើយ (ចាកអាសវធម៌) ព្រះអង្គ​មានពណ៌​ល្អដូច​ដុំមាស ឈ្មោះសិង្គី​[សព្ទដែល​ប្រែថា មាស តាមក្នុងអភិធានមាន​១៧យ៉ាង គឺសុវណ្ណ កនក ជាតរូប សោណ្ណ កញ្ចន សត្ថុវណ្ណ ហរិ កម្ពុ បារុ ហេម ហាដក តបនីយ ហិរញ្ញ បាមីករ សាតកុម្ភ ជម្ពុនទ សិង្គី។ តែក្នុង​វិមតិវិនោទនី​ដីកា​ថា បណ្តាមាស​ទាំង​១៧នេះ មាសឈ្មោះ​សិង្គី​ប្រសើរ​ជាងមាស​ឯទៀត។] ទ្រង់​យាង​ចូល​ទៅកាន់ក្រុងរាជគ្រឹះ មួយអន្លើ​ដោយពួក​បុរាណជដិល ដែល​ជាអ្នក​ទូន្មានហើយ (នូវឥន្ទ្រិយ)​ ដែរ ជាអ្នក​មានចិត្តផុត​ស្រឡះ​ហើយ (ចាកអាសវធម៌)។  ព្រះដ៏មានព្រះភាគ មានព្រះហឫទ័យ​ផុតហើយ (ចាកសេចក្តី​សៅហ្មង) និងមាន​ព្រះ​ហឫទ័យផុត​ស្រឡះ​ហើយ (ចាក​អាសវធម៌) ព្រះអង្គ​មានពណ៌​ល្អដូច​ដុំមាសឈ្មោះ​សិង្គី ទ្រង់​យាងចូល​ទៅ​កាន់​ក្រុងរាជគ្រឹះ មួយអន្លើ​ដោយពួក​បុរាណជដិល​ដែលមាន​ចិត្ត​ផុត​ហើយ (ចាក​សេចក្តី​សៅហ្មង) ទាំងមានចិត្ត​ផុតស្រឡះហើយ (ចាក​អាសវធម៌)។

ព្រះដ៏មានព្រះភាគ ទ្រង់ឆ្លង (ចាកលោក) ហើយទាំងមាន​ព្រះហឫទ័យ​ផុតស្រឡះ​ហើយ (ចាក​អាសវធម៌)​ ព្រះអង្គ​មានពណ៌​ល្អដូច​ដុំមាសឈ្មោះ​សិង្គី ទ្រង់​យាងចូល​ទៅកាន់​ក្រុង​រាជគ្រឹះ មួយអន្លើ​ដោយពួក​បុរាណជដិល​ដែលឆ្លងហើយ (ចាកលោក) ទាំងមាន​ចិត្ត​ផុត​ស្រឡះ​ហើយ (ចាក​អាសវធម៌)។

ព្រះដ៏មានព្រះភាគ មានព្រះហឫទ័យ​រម្ងាប់ហើយ (ចាកអកុសលធម៌) ទាំងមាន​ព្រះហឫទ័យ​ផុតស្រឡះ​ហើយ (ចាកអាសវធម៌) ព្រះអង្គ​មានពណ៌​ល្អដូច​ដុំមាសឈ្មោះ​សិង្គី ទ្រង់​យាងចូល​ទៅកាន់​ក្រុងរាជគ្រឹះ មួយអន្លើ​ដោយពួក​បុរាណជដិល​ដែលមាន​ចិត្ត​រម្ងាប់​ហើយ (ចាកអកុសលធម៌) ទាំងមានចិត្ត​ផុតស្រឡះហើយ (ចាក​អាសវធម៌)។

ព្រះដ៏មានព្រះភាគនោះ ទ្រង់មានអរិយវាស១០យ៉ាង​[វិមតិវិនោទនីដីកាថា លះនីវរណធម៌​ប្រាំ១ ឆឡង្គុបេក្ខា១ ដំកល់ស្មារតី​ដោយខ្ជាប់ខ្ជួន១ អបស្សេនធម៌បួន១ លះមិច្ឆាទិដ្ឋិ១ ការមិនស្វែងរក​បីយ៉ាងគឺ កាម ភព និងព្រហ្មចារ្យ១ មានសេចក្តី​ត្រិះរិះ​មិន​ល្អក់​វិកវរ១ មានកាយសង្ខារ​រម្ងាប់​ហើយ១ មគ្គញ្ញាណ១ ផលញ្ញាណ១។] ទ្រង់​មាន​កំលាំង​១០​​[ប្រកប​ដោយកំលាំងកាយ១០ និងកំលាំងញាណ១០ ឯកំលាំងកាយ១០ នោះ​ធៀប​ដោយ​កំលាំងដំរី១០ត្រកូល គឺដំរី​កាឡាវកៈ១ គង្គេយ្យៈ១ បណ្ឌរៈ១ តម្ពៈ១ បិង្គលៈ១ គន្ធៈ១ មង្គល១ ហេមវត១ ឧបោសថ១ ឆទ្ទន្ត១។ កំលាំងដំរី​កាឡវក១០ ស្មើ​នឹង​កំលាំងដំរី​គង្គេយ្យ១ បណ្តាដំរី​ទាំង​១០ត្រកូលនោះ មានកំលាំង​លើសគ្នា១០ៗឡើង​ទៅ កំលាំង​ដំរីឆទ្ទន្ត១០ ទើបស្មើនឹង​កំលាំង​ព្រះពុទ្ធ១។ ឯកំលាំង​ញាណ១០ នោះគឺ កំលាំង​សេចក្តី​ដឹងហេតុគួរ និងមិនគួរតាម​ពិត១ ដឹងកម្មនិងផលនៃកម្ម១ ដឹងបដិបទា​ប្រព្រឹត្តទៅក្នុងភព​ទាំងពួង១ ដឹងលោក​ដែលមាន​ធាតុ​ច្រើន១ ដឹងថាសត្វ​ទាំងឡាយ​មាន​អធ្យាស្រ័យ​ផ្សេងៗ​គ្នា១ ដឹង​ឥន្ទ្រិយ​របស់សត្វ​ដ៏ឆ្លៀវឆ្លាស​និងទន់ទាប១ ដឹងសេចក្តី​សៅហ្មង និងសេចក្តី​ផូរផង់ និងការចេញ​ចាកឈាន​វិមោក្ខសមាធិសមាបត្តិ​១ ដឹងខន្ធ​បញ្ចកៈ ដែលអាស្រ័យ​នៅក្នុងកាល​មុន១ ញាណ គឺចក្ខុដូចជាទិព្វ១ ដឹងសេចក្តី​អស់​ទៅ​នៃអាសវធម៌១។] ព្រះអង្គ​ជ្រាបច្បាស់​នូវធម៌ (គឺ​កម្មបថ) ១០ ប្រការ ទ្រង់ប្រកប​ដោយអង្គ​ជារបស់នៃ​អសេខបុគ្គល១០យ៉ាង [គឺអដ្ឋង្គិកមគ្គ និងសម្មាញាណ និងសម្មាវិមុត្តិ។] មាន​ភិក្ខុសង្ឃ​១ពាន់​ជាបរិវារ ទ្រង់យាង​ចូលទៅកាន់​ក្រុង​រាជគ្រឹះ។

[៦២] ពួកមនុស្ស​ឃើញសក្កទេវរាជ ជាធំជាង​ទេវតា និងមនុស្សទាំងឡាយហើយ ពោល​យ៉ាង​នេះថា ឱហ្ន៎ មាណពនេះ មានរូបល្អអីម្ល៉េះ ឱហ្ន៎ មាណពនេះមានរូបគួរ​ពិតពិល​រមិលមើល ឱហ្ន៎ មាណពនេះគួរ​ជាទីជ្រះថ្លា មាណពនេះ​ឯងជាកូន​ចៅអ្នកណាហ្ន៎។ លុះ​ពួកមនុស្ស​ពោលពាក្យ​យ៉ាងនេះហើយ សក្កទេវរាជ ជាធំជាង​ទេវតាទាំងឡាយ ក៏បាន​ពោលតប​ទៅនឹង​ពួកមនុស្ស​នោះ​វិញ​ដោយគាថា ថា

អ្នកប្រាជ្ញណាទូន្មាន​ឥន្ទ្រិយ​ទាំងអស់បានហើយ មានព្រះហឫទ័យ​ស្អាត​រកបុគ្គល​ប្រៀប​មិនបាន ឆ្ងាយចាកសត្រូវ ពោលគឺកិលេស មានដំណើរល្អក្នុងលោក ខ្ញុំឯង​ជាអ្នកបម្រើ​អ្នកប្រាជ្ញនោះ។

[៦៣] កាលនោះ ព្រះដ៏មានព្រះភាគ មួយអន្លើដោយ​ភិក្ខុសង្ឃ ទ្រង់យាងចូលទៅកាន់​និវេសនស្ថាន​របស់ព្រះបាទ​មាគធសេនិយពិម្ពិសារ លុះចូល​ទៅដល់ហើយ ក៏គង់លើ​អាសនៈ​ដែល​គេ​រៀបចំថ្វាយ។ ទើបព្រះបាទមាគធសេនិយពិម្ពិសារ​អង្គាស​ព្រះភិក្ខុសង្ឃ មានព្រះពុទ្ធជា​ប្រធាន ឲ្យ​ឆ្អែត​ ឲ្យស្កប់ស្កល់​[ក្នុងអដ្ឋកថា ថា មហាក្សត្រិយ៍ ស្តេចទ្រង់​អង្គាស​ភិក្ខុសង្ឃ មានព្រះពុទ្ធ​ជាប្រធាន ឲ្យឆ្អែត​បរិបូណ៌ ត្រាតែ​ព្រះភិក្ខុសង្ឃ​មាន​ព្រះពុទ្ធ​ជាប្រធាននោះ ហាមឃាត់​ដោយដៃ ឬដោយ​មុខ ឬដោយ​វចីភេទថា ល្មមហើយៗ។] ដោយខាទនីយភោជនីយាហារដ៏​ឧត្តម ដោយព្រះហស្ថ​ព្រះអង្គឯង ហើយ​ទ្រង់​កំណត់​ដឹងនូវ​ព្រះដ៏មានព្រះភាគដែល​ទ្រង់​សោយរួចហើយ ត្រង់ដែល​ទ្រង់​ដាក់​ព្រះហស្ថ​ចុះចាក​បាត្រ រួចក៏ស្តេច​គង់នៅ​ក្នុងទី​ដ៏សមគួរ។ លុះព្រះបាទ​មាគធសេនិយពិម្ពិសារ គង់នៅ​ក្នុងទី​ដ៏សមគួរ​ហើយ ក៏ទ្រង់​ព្រះតម្រិះ​ដូច្នេះថា ព្រះដ៏មានព្រះភាគ​គួរគង់​នៅក្នុងទីណាហ្ន៎ ទីណាដែល​មិនឆ្ងាយ​ មិនជិត​ពេក អំពីស្រុក​ ជាទីល្មមទៅ ល្មមមកបាន គួរជាទីចូល​ទៅរក​នៃមនុស្ស​ទាំងឡាយ​ដែល​ត្រូវការ ជាទីមិនបាន​ច្រឡូកច្រឡំ​ក្នុងវេលាថ្ងៃ មានសំឡេងតិច មិនមាន​សេចក្តី​គឹកកងក្នុង​វេលាយប់ មានខ្យល់​បក់ស្រួល គួរដល់កិរិយាពួននៅ​នៃមនុស្ស​ទាំងឡាយ និងជាទីគួរ​ដល់ការ​សម្ងំនៅ។ ព្រះរាជ​តម្រិះនេះ​ក៏​មានដល់ព្រះបាទ​មាគធ​សេនិយពិម្ពិសារ​ក្នុងខណៈ​នោះថា អើ ឧទ្យាន​វេឡុវន​របស់យើង​នេះ មិនឆ្ងាយ​ពេក មិនជិត​ពេកអំពីស្រុក​ ជាទីល្មមទៅ ល្មមមកបាន គួរជាទីចូល​ទៅរក​នៃមនុស្ស​ទាំងឡាយ​ដែល​ត្រូវការ ជាទីមិនបាន​ច្រឡូកច្រឡំ​ក្នុងវេលាថ្ងៃ មានសំឡេងតិច មិនមាន​សេចក្តី​គឹកកងក្នុង​វេលាយប់ មានខ្យល់​បក់ស្រួល គួរដល់កិរិយាពួននៅ​នៃមនុស្ស​ និងជាទីគួរ​ដល់ការ​សម្ងំ បើដូច្នោះ គួរអញ​ថ្វាយ​ឧទ្យាន​វេឡុវន​នេះដល់​ភិក្ខុសង្ឃ មានព្រះពុទ្ធ​ជា​ប្រធាន។ ពេលនោះ ព្រះបាទ​មាគធសេនិយពិម្ពិសារ​កាន់យក​កុន្ទីទឹក ជាវិការៈ​នៃមាស ហើយថ្វាយដល់ព្រះដ៏មានព្រះភាគ រួចក៏​ក្រាបទូល​ថា បពិត្រព្រះអង្គ​ដ៏ចំរើន ខ្ញុំ​ព្រះអង្គ​សូមថ្វាយ​នូវឧទ្យាន​វេឡុវននេះ​ដល់​ព្រះភិក្ខុសង្ឃ​ មានព្រះពុទ្ធ​ជា​ប្រធាន។ ព្រះដ៏មាន​ព្រះភាគ ក៏ទ្រង់ទទួល​អារាម​(នោះ)។ ទើបព្រះដ៏មានព្រះភាគ ទ្រង់ពន្យល់​ព្រះបាទ​មាគធសេនិយពិម្ពិសារ​ឲ្យឃើញព្រម ឲ្យកាន់យកល្អ ឲ្យឧស្សាហ៍ឡើង ឲ្យ​រីករាយស្មើ ដោយពាក្យ​ដ៏ប្រកប​ដោយធម៌ ហើយក៏​ក្រោក​ចាកអាសនៈ​ចៀសចេញទៅ។ ព្រោះនិទាន​នេះ ព្រះដ៏មានព្រះភាគ ទ្រង់ធ្វើធម្មីកថា ហើយទ្រង់​ត្រាស់ចំពោះ​ភិក្ខុទាំងឡាយ​ក្នុងពេល​នោះថា ម្នាល​ភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត​អារាម (ដល់​អ្នកទាំងឡាយ)។

[៦៤] សម័យនោះឯង សញ្ជយបរិព្វាជក​នៅអាស្រ័យ​ក្នុងក្រុង​រាជគ្រឹះ មួយអន្លើ​ដោយ​បរិព្វាជក​បរិសទ្យ​ដ៏ច្រើន គឺ​បរិព្វាជក​ចំនួន​២៥០រូប។ សម័យនោះឯង ព្រះសារីបុត្ត និង​ព្រះមោគ្គល្លាន ប្រព្រឹត្ត​ព្រហ្មចរិយធម៌​ក្នុងសំណាក់​បរិព្វាជក​ឈ្មោះ​សញ្ជយ។ ព្រះសារីបុត្ត និងព្រះមោគ្គល្លាន​នោះ​បានធ្វើ​ប្តេជ្ញា​នឹងគ្នាថា អ្នកណាបាន​ដឹង​នូវ​អមតធម៌មុន អ្នកនោះ​គប្បី​ប្រាប់​ដល់​ម្នាក់ទៀត។ កាលនោះ ព្រះអស្សជិ​ដ៏មានអាយុ ស្លៀកស្បង់ ប្រដាប់​ដោយបាត្រនិង​ចីវរ​អំពីព្រឹក លោកប្រកប​ដោយ​ឥរិយាបថ គឺដើរទៅ ដើរមក ក្រឡេក​មើលទៅ ក្រឡេក​មើលផ្សេងៗ បត់ដៃ​ជើង និងលាតដៃជើង មានភ្នែក​សង្រួម គួរជាទី​ជ្រះថ្លា ចូលទៅកាន់​ក្រុងរាជគ្រឹះ ដើម្បីបិណ្ឌបាត។ បរិព្វាជកឈ្មោះ​សារីបុត្ត បានឃើញ​នូវ​ព្រះអស្សជិដ៏មានអាយុ កំពុង​ត្រាច់​ទៅដើម្បីបិណ្ឌបាត​ក្នុងក្រុងរាជគ្រឹះ បរិបូណ៌​ដោយឥរិយាបថ គឺ​ដើរទៅដើរមក ក្រឡេកមើលទៅ ក្រឡេកមើលផ្សេងៗ បត់ដៃ​ជើង និងលាតដៃជើង មានភ្នែក​សង្រួម គួរជាទីជ្រះថ្លា លុះឃើញហើយ ក៏មានសេចក្តី​ត្រិះរិះ​ដូច្នេះថា ឱហ្ន៎ ជនទាំងឡាយណា ជាអរហន្តក្តី បានដល់​ហើយនូវអរហត្តមគ្គក្តី​ក្នុងលោក ភិក្ខុនេះក៏ប្រហែល​ជាពួកនៃ​ជន​ទាំងនោះដែរ បើដូច្នោះ គួរ​តែអញ​ចូលទៅរក​ភិក្ខុនេះ​ហើយសួរថា ម្នាលលោកដ៏មានអាយុ លោកបួស​ចំពោះ​អ្នកណា ម្យ៉ាងទៀត អ្នកណា​ជាគ្រូ​របស់លោក ខ្លួនលោកនេះ​ឯងគាប់ចិត្ត​ធម៌របស់​អ្នកណា។ លំដាប់នោះ សារីបុត្ត​បរិព្វាជក មានសេចក្តីត្រិះរិះ​ដូច្នេះថា កាលនេះជាកាល​មិនគួរ​ដើម្បីសួរនូវ​ភិក្ខុនេះឡើយ (ព្រោះ) ភិក្ខុនេះកំពុង​ចូលទៅកាន់​ចន្លោះផ្ទះ ត្រាច់​ទៅដើម្បីបិណ្ឌបាត បើដូច្នោះ គួរតែ​អញ​ទៅតាមភិក្ខុនេះ អំពី​ក្រោយៗទៅ​ចុះ ក៏ការដែល​ជាប់តាម​ភិក្ខុនេះឯង គង់ដឹង​នូវ​មគ្គញ្ញាណ​ដែលជន​ទាំងឡាយ​គេត្រូវការដឹង ឬភិក្ខុ​នេះ​ឯង ជាអ្នកស្វែង​រកនូវ​ព្រះនិព្វាន​​ដែលជនទាំងឡាយ​គេត្រូវការដឹង។ ឯព្រះអស្សជិដ៏​មានអាយុ ត្រាច់​ទៅ​ដើម្បី​បិណ្ឌបាត​ក្នុងក្រុងរាជគ្រឹះ ទទួលបិណ្ឌបាតហើយ ក៏ត្រឡប់មកវិញ។ បរិព្វាជកឈ្មោះ​សារីបុត្ត ក៏ចូលទៅកាន់​សំណាក់​ព្រះអស្សជិ​ដ៏មានអាយុ​ក្នុងកាលនោះ លុះចូលទៅជិតហើយ ធ្វើ​សេចក្តីរីករាយ​ជាមួយនឹង​ព្រះអស្សជិ​ដ៏មានអាយុ ហើយពោលនូវ​ពាក្យជាទី​ត្រេកអរ ជា​ទីរលឹក ល្មមឲ្យ​កើតសេចក្តី​ស្និទ្ធស្នាលបាន លុះសម្រេច​កិច្ចនោះហើយ ក៏ឋិតនៅក្នុង​ទីដ៏សមគួរ។ លុះបរិព្វាជកឈ្មោះ​សារីបុត្ត ឋិតនៅក្នុងទីដ៏សមគួរ​ហើយ ក៏បាន​ពោល​ពាក្យនេះ​នឹង​ព្រះអស្សជិ​ដ៏មានអាយុថា ម្នាលលោក​ដ៏មាន​អាយុ ឥន្ទ្រិយ​ទាំងឡាយ​របស់លោក​ក៏ស្រស់បស់ សម្បុរស្បែក​របស់លោក​ក៏ស្អាតផូរផង់ ម្នាលលោកដ៏​មានអាយុ លោកបួស​ចំពោះ​អ្នកណា ម្យ៉ាងទៀត អ្នកណាជា​គ្រូរបស់លោក ខ្លួនលោកនេះឯង ពេញ​ចិត្ត​​ធម៌របស់​អ្នកណា។ ព្រះអស្សជិ​ឆ្លើយថា ម្នាលអាវុសោ មានមហាសមណៈ​(មួយ​ព្រះអង្គ) ជា​សក្យបុត្រ ចេញចាក​សក្យត្រកូល ហើយទ្រង់ព្រះផ្នួស ខ្ញុំឯង​ក៏បួសតាម​ព្រះមហាសមណៈ​ដ៏មាន​ព្រះភាគ​នោះ ឯព្រះដ៏មានព្រះភាគនោះឯង ជាគ្រូរបស់ខ្ញុំ ចំណែកខ្ញុំ​ក៏គាប់ចិត្ត​នូវធម៌​អាថ៌​របស់​ព្រះដ៏​មាន​ព្រះភាគ​នោះ។ បរិព្វាជក​ឈ្មោះសារីបុត្ត​សួរថា ចុះគ្រូរបស់លោកម្ចាស់ពោល​ពាក្យដូចម្តេច សំដែង​ធម៌​ដូចម្តេច។ ព្រះអស្សជិ​ឆ្លើយថា នែអ្នកដ៏មានអាយុ អាត្មាឯង ជាភិក្ខុថ្មី ទើបនឹងបួស មកកាន់​ធម៌វិន័យ​​នេះថ្មីៗ អាត្មា​មិនអាច​ដើម្បី​សំដែង​ធម៌ដោយ​ពិស្តារ​បានទេ តែថាអាត្មា​នឹងពោល​នូវសេចក្តី​ដល់​អ្នក​​ដោយសង្ខេប​បាន។

បរិព្វាជក​ឈ្មោះសារីបុត្តឆ្លើយថា សូមលោកម្ចាស់​សំដែង​ធម៌​តិចក្តី ច្រើនក្តី សូមសំដែង​តែ​ទំនង​សេចក្តី​ម្យ៉ាង​ដល់ខ្ញុំ ៗត្រូវការ​ដោយ​ទំនង​សេចក្តី តែម្យ៉ាងទេ លោកម្ចាស់​មិនបាច់​ពោល​ព្យញ្ជនៈ​ឲ្យច្រើន​ឡើយ។

[៦៥] គ្រានោះ ព្រះអស្សជិ​ដ៏មានអាយុ បានពោល​នូវធម្មបរិយាយ​នេះដល់​បរិព្វាជក​ឈ្មោះ​​សារីបុត្ត ថា

ធម៌​ទាំងឡាយណា [អដ្ឋកថា ធម៌ទាំងឡាយណា ជាផល គឺទុក្ខសច្ច តែងកើត​ឡើងអំពី​ហេតុ គឺសមុទយសច្ច ព្រះតថាគតតែង​ពោលនូវ​សមុទយសច្ចថា ជាហេតុ​ផ្តើម​ឡើង​ឲ្យ​កើតនូវធម៌ទាំងឡាយ គឺទុក្ខសច្ចនោះ ធម៌ណាជាផល គឺកន្លែងរលត់​នៃទុក្ខសច្ច និង​សមុទយសច្ចទាំងនោះក្តី ធម៌ណាជាហេតុ ជាឧបាយ ដើម្បីញុំាងទុក្ខសច្ច និង​សមុទយសច្ច មិនឲ្យប្រព្រឹត្តទៅបានក្តី ព្រះតថាគត​មានប្រក្រតី​ពោលនូវ​ធម៌​ទាំងនោះ។ អធិប្បាយថា ព្រះតថាគតតែង​សំដែងនូវអរិយសច្ច​ទាំង៤យ៉ាងថា ទុក្ខសច្ច​ជាផលនៃ​សេចក្តីទុក្ខទាំងពួង សមុទយសច្ច ជាហេតុនាំឲ្យកើតទុក្ខ​ទាំងពួង និរោធសច្ច​ជាផលនៃ​សេចក្តីសុខទាំងពួង មគ្គសច្ច ជាហេតុ​នាំឲ្យកើត​សេចក្តីសុខ​ទាំងពួង។] គឺខន្ធ៥ តែង​កើតអំពីហេតុ ព្រះតថាគត​ពោលនូវ​ហេតុ​នៃ​ធម៌​ទាំងឡាយនោះ ម្យ៉ាងទៀត សេចក្តី​រលត់​ និងឧបាយ​ជាគ្រឿង​រលត់​នៃធម៌​ទាំងឡាយ​ណា ព្រះតថាគត​ពោលនូវ​សេចក្តី​រលត់​ និង​ឧបាយ​ជាគ្រឿង​រលត់​នៃធម៌​ទាំងឡាយ​នោះ ព្រះមហាសមណៈ មានប្រក្រតី​ពោល​ពាក្យ​យ៉ាងនេះ។

[៦៦] កាលនោះ បរិព្វាជក​ឈ្មោះសារីបុត្ត លុះបានស្តាប់​ធម្មបរិយាយនេះហើយ ក៏មាន​ធម្មចក្ខុ គឺសោតាបត្តិមគ្គញ្ញាណ ប្រាសចាកធូលី ប្រាសចាកមន្ទិល កើតឡើងថា ធម្មជាត​ណាមួយ មានសេចក្តី​កើតឡើង​ជាធម្មតា ធម្មជាត​ទាំងអស់​នោះរមែង​រលត់​ទៅវិញ​ជា​ធម្មតា។

សារីបុត្តបរិព្វាជក​ពោលថា និព្វាន​ធម៌នេះមានប្រាកដមែន លោម្ចាស់​បានត្រាស់ដឹង​និព្វាន ដែលគ្មានសេចក្តី​សោក ព្រះនិព្វាន​នោះ ខ្ញុំមិនដែលបាន​ឃើញ មិនដែល​បាន​ជួបប្រទះ​ឡើយ ដោយហ្មឺន​នៃកប្ប​ទាំងឡាយជាច្រើន។

[៦៧] គ្រានោះ បរិព្វាជក​ឈ្មោះសារីបុត្ត ចូលទៅរក​បរិព្វាជក​ឈ្មោះមោគ្គល្លាន។ បរិព្វាជក​​ឈ្មោះ​មោគ្គល្លាន បានឃើញបរិព្វាជក​ឈ្មោះសារីបុត្ត​កំពុង​ដើរមកពីចម្ងាយ លុះ​ឃើញហើយ ក៏បាន​ពោល​ពាក្យនេះ​នឹងបរិព្វាជក​ឈ្មោះសារីបុត្តថា ម្នាលអ្នកដ៏មានអាយុ ឥន្ទ្រិយ​ទាំងឡាយរបស់​អ្នក​ស្រស់​បស់អីម្ល៉េះ សម្បុរ​ស្បែក​របស់អ្នក​ក៏ស្អាតផូរផង់ ម្នាល​អ្នកដ៏មានអាយុ អ្នកបានដឹង​នូវអមតធម៌​ហើយឬ។ បរិព្វាជក​ឈ្មោះសារីបុត្ត​ឆ្លើយថា អើ អ្នកដ៏មានអាយុ ខ្ញុំបានដឹង​អមតធម៌​ហើយ។ បរិព្វាជក​ឈ្មោះមោគ្គល្លាន​សួរថា អ្នកបាន​ដឹង​នូវអមតធម៌​ដូចម្តេច។ បរិព្វាជក​ឈ្មោះសារីបុត្ត​ឆ្លើយថា នែអាវុសោ ខ្ញុំបានឃើញ​ភិក្ខុឈ្មោះ​អស្សជិ​កំពុង​ត្រាច់​ទៅ​ដើម្បី​បិណ្ឌបាត ក្នុងក្រុងរាជគ្រឹះនេះ ប្រកបដោយ​ឥរិយាបថ គឺដើរទៅដើរមក ក្រឡេកមើលទៅ ក្រឡេកមើលផ្សេងៗ បត់ដៃជើង និងលាតដៃជើង មានភ្នែកសង្រួម គួរជាទីជ្រះថ្លា លុះឃើញហើយ ខ្ញុំក៏​មាន​សេចក្តី​ត្រិះរិះថា ឱហ្ន៎ ជនទាំងឡាយណាក្នុងលោក​ដែលជា​អរហន្តក្តី ជាអ្នកដល់ហើយ​នូវ​អរហត្តមគ្គក្តី ភិក្ខុនេះឯង ប្រហែល​ជាពួកនៃ​ជន​ទាំងនោះ បើដូច្នោះ គួរអញ​ចូលទៅរក​ភិក្ខុនេះ​ហើយសួរថា ម្នាលលោកដ៏មានអាយុ លោកម្ចាស់បួស​ចំពោះ​អ្នកណា ម្យ៉ាងទៀត អ្នកណាជាគ្រូ​របស់លោក លោកពេញចិត្តនឹង​ធម៌របស់​អ្នកណា នែអ្នកដ៏មានអាយុ ខ្ញុំឯងក៏មានសេចក្តីត្រិះរិះ​យ៉ាងនេះថា កាលនេះជាកាល​មិនគួរ​សួរ​ភិក្ខុនេះទេ ភិក្ខុនេះ​ចូលទៅកាន់​ចន្លោះផ្ទះ ហើយត្រាច់​ទៅដើម្បីបិណ្ឌបាត បើដូច្នោះ គួរអញជាប់តាមភិក្ខុនេះ អំពី​ក្រោយៗទៅ​ ក៏ការ​ដែល​​ជាប់តាម​ភិក្ខុនេះ គង់ដឹង​នូវមគ្គញ្ញាណ​ដែលជន​ទាំងឡាយ​គេត្រូវការដឹង ឬភិក្ខុ​នេះ​ឯង ជាអ្នក​ស្វែង​រកនូវព្រះនិព្វាន​ដែលជនទាំងឡាយ​គេត្រូវ​ការ​ដឹង ម្នាលអ្នកដ៏មានអាយុ ពេលនោះ អស្សជិភិក្ខុ​ ត្រាច់​ទៅ​ដើម្បីបិណ្ឌបាត​ក្នុងក្រុងរាជគ្រឹះ ហើយក៏កាន់យក​បិណ្ឌបាត​ត្រឡប់មកវិញ នែអ្នក​ដ៏មានអាយុ ខ្ញុំក៏ចូលទៅរកអស្សជិភិក្ខុ​នោះ លុះចូលទៅដល់ហើយ ក៏ពោលពាក្យរីករាយ​ជាមួយនឹងអស្សជិភិក្ខុ​ លុះបញ្ចប់​ពាក្យដែល​គួររីករាយ និងពាក្យដែលគួរ​រលឹក ល្មមឲ្យ​កើតសេចក្តី​ស្និទ្ធស្នាលហើយ ក៏ឋិត​នៅក្នុង​ទីដ៏សមគួរ ម្នាលអ្នកដ៏មានអាយុ លុះខ្ញុំឋិតនៅក្នុងទីដ៏សមគួរ​ហើយ ក៏បាន​ពោលពាក្យនេះ​នឹង​អស្សជិភិក្ខុថា ម្នាលលោកដ៏មានអាយុ ឥន្ទ្រិយ​ទាំងឡាយ​របស់លោក​ក៏ស្រស់បស់អីម្ល៉េះ សម្បុរស្បែក​របស់លោក​ក៏បរិសុទ្ធផូរផង់ ម្នាលលោកដ៏​មានអាយុ លោកបួស​ចំពោះ​អ្នកណា ម្យ៉ាងទៀត អ្នកណាជា​គ្រូរបស់លោក លោកពេញចិត្ត​ធម៌របស់​អ្នកណា អស្សជិភិក្ខុ​ឆ្លើយថា ម្នាលអ្នកដ៏មានអាយុ មាន​មហាសមណៈ​ ជាសក្យបុត្រ ចេញចាក​សក្យត្រកូល ហើយបួស ខ្ញុំបួសតាមនូវ​ព្រះមហាសមណៈ​ដ៏មានព្រះភាគនោះ ឯព្រះដ៏មានព្រះភាគនោះឯង ជាគ្រូរបស់យើង យើងពេញចិត្ត​នូវធម៌​​របស់​ព្រះដ៏មាន​ព្រះភាគ​​នោះ (ហើយខ្ញុំសួរទៀត)​ថា គ្រូរបស់លោកដ៏​មានអាយុ មានប្រក្រតី​ពោល​ពាក្យ​ដូចម្តេច សំដែង​ធម៌​ដូចម្តេច ទើបអស្សជិភិក្ខុ​ឆ្លើយថា ម្នាលអ្នកដ៏មានអាយុ អាត្មាឯង​ជាភិក្ខុថ្មី បួសមិន​ទាន់បាន​យូរទេ ទើបតែនឹងមកកាន់ធម៌វិន័យ​នេះថ្មីៗ អាត្មា​មិនអាច​ដើម្បី​សំដែង​ធម៌ដល់អ្នក ឲ្យ​ពិស្តារ​បានទេ តែថាអាត្មា​នឹងពោល​នូវទំនងសេចក្តី​ដោយ​សង្ខេប​ដល់អ្នក​បាន (ខ្ញុំក៏និយាយ​ទៅនឹង​អស្សជិ​ភិក្ខុ​នោះ)​ ថា

សូមលោកពោលនូវ​ធម៌​តិចក្តី ច្រើនក្តីឲ្យទាន សូមលោកពោលនូវ​​ទំនង​សេចក្តីតែ​ម្យ៉ាង​ដល់ខ្ញុំ ៗត្រូវការ​ដោយ​សេចក្តី លោក​មិនបាច់សំដែង​ព្យញ្ជនៈ​ឲ្យច្រើនទេ។

[៦៨] ម្នាលអ្នកដ៏មានអាយុ អស្សជិភិក្ខុ ​ក៏បានពោលធម្មបរិយាយ​នេះក្នុងកាលនោះថា

ធម៌​ទាំងឡាយណា គឺខន្ធ៥ តែងកើតអំពីហេតុ ព្រះតថាគត​ពោលនូវ​ហេតុ​នៃ​ធម៌​ទាំង​ឡាយនោះ ម្យ៉ាងទៀត សេចក្តី​រលត់​ និងឧបាយ​ជាគ្រឿង​រលត់​នៃធម៌​ទាំងឡាយ​ណា ព្រះតថាគត​ពោលនូវ​សេចក្តី​រលត់​ និងឧបាយ​ជាគ្រឿង​រលត់​នៃធម៌​ទាំងឡាយ​នោះ ព្រះ​មហាសមណៈ មានប្រក្រតី​ពោលយ៉ាងនេះ។

[៦៩] កាលនោះ បរិព្វាជក​ឈ្មោះ​មោគ្គល្លាន លុះបានស្តាប់​ធម្មបរិយាយ​នេះហើយ ក៏មាន​ធម្មចក្ខុ គឺសោតាបត្តិមគ្គញ្ញាណ ប្រាសចាក​ធូលី ប្រាសចាក​មន្ទិល កើតឡើង​ក្នុងចិត្តថា ធម្មជាត​ណាមួយ​ដែល​មានសេចក្តី​កើតឡើង​ជាធម្មតា ធម្មជាតទាំងអស់នោះ មាន​សេចក្តី​​រលត់​ទៅវិញ​ជាធម្មតា។

ទើបបរិព្វាជក​ឈ្មោះមោគ្គល្លាន​ពោលថា និព្វាន​ធម៌នេះ មានប្រាកដមែន លោកម្ចាស់​បានត្រាស់ដឹង​ព្រះនិព្វានដែលគ្មាន​សេចក្តីសោក ព្រះនិព្វាន​នោះ ខ្ញុំ​មិនដែល​បានឃើញ មិនដែលបានជួប​ប្រទះ​ឡើយ ដោយហ្មឺន​នៃកប្បទាំងឡាយជាច្រើន។

[៧០] បរិព្វាជក​ឈ្មោះមោគ្គល្លាន បានពោលពាក្យនេះ​ទៅនឹង​បរិព្វាជក​ឈ្មោះសារីបុត្ត​ក្នុង​កាល​នោះថា ម្នាលអ្នកដ៏មានអាយុ យើងទាំងឡាយនឹងទៅកាន់សំណាក់​ព្រះដ៏មាន​ព្រះភាគ ៗនោះជាគ្រូ​របស់យើង។ បរិព្វាជក​ឈ្មោះសារីបុត្តឆ្លើយថា ម្នាលអ្នកដ៏មានអាយុ បរិព្វាជក​ចំនួន​២៥០រូបនេះឯង អាស្រ័យ​យើងទាំងឡាយ ​បានឃើញនូវយើង​ទាំងឡាយ ទើបនៅក្នុងទីនេះបាន យើងទាំងឡាយ​ត្រូវ​លា​ពួកបរិព្វាជក​ទាំងនោះសិន ពួកបរិព្វាជក​ទាំងនោះ​នឹងយល់យ៉ាងណា គេក៏ធ្វើ​យ៉ាងនោះចុះ។ កាលនោះ សារីបុត្ត និង​មោគ្គល្លាន​ក៏ចូលទៅរក​ពួកបរិព្វាជក​ទាំងនោះ លុះចូលទៅ​ដល់ហើយ ក៏បាន​ពោល​ពាក្យនេះ​ទៅនឹង​បរិព្វាជកទាំងនោះថា ម្នាលអ្នកដ៏មានអាយុ​ទាំងឡាយ យើងទាំងឡាយ​នឹងទៅ​កាន់​សំណាក់​ព្រះដ៏មានព្រះភាគ ៗនោះ​ជាគ្រូរបស់យើងទាំងឡាយ។ ពួកបរិព្វាជក​ទាំងនោះ​ឆ្លើយថា យើងទាំងឡាយអាស្រ័យ​នូវលោកទាំងឡាយ​ដ៏មានអាយុ បានឃើញ​នូវ​លោក​ទាំងឡាយ​ដ៏មានអាយុ ទើបនៅក្នុងទីនេះបាន បើលោក​ទាំងឡាយដ៏មានអាយុ​នឹង​ប្រព្រឹត្ត​​ព្រហ្មចរិយធម៌ក្នុង​សំណាក់​ព្រះ​មហាសមណៈ យើងទាំងឡាយ​ទាំងអស់គ្នា ក៏នឹង​ប្រព្រឹត្ត​ព្រហ្មចរិយធម៌​ក្នុងសំណាក់​មហាសមណៈ​ដែរ។ លំដាប់នោះ សារីបុត្តនិង​មោគ្គល្លាន ក៏ចូលទៅរក​បរិព្វាជក​ឈ្មោះ​សញ្ជយ លុះចូលទៅដល់​ហើយ ក៏បានពោល​នូវពាក្យ​នេះ​នឹងបរិព្វាជក​ឈ្មោះសញ្ជយ​ថា ម្នាលលោកដ៏មានអាយុ យើងទាំងឡាយ​នឹងទៅ​កាន់​សំណាក់​ព្រះដ៏មានព្រះភាគ ៗនោះ​ជាគ្រូរបស់យើង​ទាំងឡាយ។ បរិព្វាជក​ឈ្មោះសញ្ជយ​ឆ្លើយ​ថា ម្នាលអ្នកដ៏មានអាយុ មិនគួរទេ អ្នកទាំងឡាយកុំទៅឡើយ ពួក​យើងទាំងបីនាក់​នឹងគ្រប់គ្រង​រក្សាគណៈ​នេះ។ សារីបុត្តនិង​មោគ្គល្លាន​បានពោល​ពាក្យ​នេះ​​នឹង​បរិព្វាជក​ឈ្មោះសញ្ជយ​អស់វារៈ​ជាគំរប់​ពីរដងផង។បេ។ អស់វារៈ​គំរប់​បីដងផងថា ម្នាលអ្នកដ៏មានអាយុ យើងទាំងឡាយ​នឹងទៅ​កាន់​សំណាក់​ព្រះដ៏មានព្រះភាគ ៗនោះ​ជាគ្រូរបស់យើង​ទាំងឡាយ។ បរិព្វាជក​ឈ្មោះសញ្ជយ​ឆ្លើយ​ថា ម្នាលអ្នកដ៏មានអាយុ មិន​គួរទេ អ្នកទាំងឡាយកុំទៅឡើយ ពួកយើងទាំង៣នាក់​នឹងគ្រប់គ្រង​រក្សា​គណៈ​​នេះ។ គ្រា​នោះ សារីបុត្តនិងមោគ្គល្លាន ក៏នាំបរិព្វាជក​ចំនួន​២៥០​រូបនោះ ចូលទៅកាន់​វត្តវេឡុវន។ ចំណែកខាងបរិព្វាជក​ឈ្មោះសញ្ជយ ក៏ (មានសេចក្តី​ទោមនស្ស​ដុតឡើង) បណ្តាល​ឲ្យ​ក្តៅ​ក្រហាយ រហូត​ដល់ក្អួតឈាម​ចេញអំពី​មាត់​ក្នុងទីនោះ។

[៧១] ព្រះដ៏មានព្រះភាគ​បានទតឃើញ​សារីបុត្ត និងមោគ្គល្លាន​កំពុងដើរ​មកអំពីចម្ងាយ លុះទត​ឃើញហើយ ក៏ទ្រង់ហៅ​ភិក្ខុទាំងឡាយមក​ ហើយត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ជន​ជាសំឡាញ់នឹងគ្នា​ទាំងពីរ​នាក់នុ៎ះ ឈ្មោះកោលិតៈ១ ឈ្មោះឧបតិស្សៈ១ នឹងមក​ដល់ឥឡូវ​ហើយ ហ្នឹងហើយជា​គូនៃ​សាវក​របស់​តថាគត​ដែលជាគូ​ដ៏ប្រសើរ ជាគូដ៏​ចំរើន។

ពេលនោះ ព្រះសាស្តា​ទ្រង់ព្យាករ​នូវជន​ទាំងពីរនោះ ដែល​មាន​ចិត្តយាងចុះ​ក្នុងធម៌​ដ៏ជ្រាល​ជ្រៅ ក្នុងញាណវិស័យ​ ក្នុងធម៌ជាគ្រឿង​អស់ទៅ​នៃ​ឧបធិ​ដ៏ប្រសើរ (ព្រះនិព្វាន) តាំងតែ​ពី​មិនទាន់​មកដល់វត្ត​វេឡុវនថា ជនទាំងពីរ​នាក់ ជាសំឡាញ់​នឹងគ្នានុ៎ះ ឈ្មោះ​កោលិតៈ១ ឈ្មោះ​ឧបតិស្សៈ១ នឹងមកដល់​ឥឡូវ​ហើយ នឹងហើយជាគូ​នៃ​សាវករបស់​តថាគត ដែល​ជាគូ​ដ៏ប្រសើរ ជាគូ​ដ៏ចំរើន។

[៧២] គ្រានោះ ព្រះសារីបុត្ត និងព្រះមោគ្គល្លាន​ចូលទៅគាល់​ព្រះដ៏មានព្រះភាគ លុះចូល​ទៅដល់​ហើយ ក៏ក្រាបសិរសាទៀប​ព្រះបាទទាំងគូ​នៃ​ព្រះដ៏មានព្រះភាគ ហើយបាន​ពោលពាក្យ​នេះ​នឹង​ព្រះដ៏មានព្រះភាគថា បពិត្រ​ព្រះអង្គដ៏ចំរើន យើងខ្ញុំ​ទាំងឡាយ​គប្បី​បាន​បព្វជ្ជា គប្បីបាន​ឧបសម្បទា​ក្នុងសំណាក់​ព្រះដ៏មានព្រះភាគ។ ​ព្រះដ៏មានព្រះភាគ​បាន​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ​ចូរមកចុះ ហើយទ្រង់ត្រាស់​ថា ធម៌​តថាគតសំដែងហើយដោយ​ប្រពៃ អ្នកទាំងឡាយ​ចូរប្រព្រឹត្ត​នូវព្រហ្មចរិយធម៌ ដើម្បី​ធ្វើនូវ​ព្រះនិព្វាន ជាទីបំផុតនៃ​ទុក្ខដោយ​ប្រពៃ​ចុះ។ ព្រះពុទ្ធដីកា​នោះឯង ជាឧបសម្បទា​របស់​លោកដ៏មានអាយុ​ទាំងនោះ។

[៧៣] សម័យនោះឯង កុលបុត្រ​ទាំងឡាយ​នៅក្នុងដែន​មគធៈ ដែល​មានកេរ្តិ៍ឈ្មោះ គេ​ដឹងឮ​គ្រប់គ្នា ក៏តែងប្រព្រឹត្តព្រហ្មចរិយធម៌​ក្នុងសំណាក់​​ព្រះដ៏មានព្រះភាគ។ មនុស្ស​ទាំងឡាយ​ពោលទោស តិះដៀល បន្តុះបង្អាប់ថា សមណគោតម ប្រតិបត្តិដើម្បី​ធ្វើមនុស្ស​មិនឲ្យ​មានកូន សមណគោតម​ប្រតិបត្តិ ដើម្បីធ្វើឲ្យស្រី​ទៅជាមេម៉ាយ សមណគោតម ប្រតិបត្តិដើម្បី​ផ្តាច់​បង់ត្រកូល ឥឡូវ​គាត់បំបួស​ជដិល​ចំនួន​មួយពាន់នាក់ ហើយបំបួស​ទាំងបរិព្វាជកចំនួន​២៥០នាក់ ជាពួក​សញ្ជ័យ​នេះទៀត ទាំង​កុលបុត្រ​ទាំងឡាយ​ដែល​នៅក្នុង​ដែន​មគធៈ​ដែលមាន​កេរ្តិ៍ឈ្មោះ គេដឹងឮគ្រប់គ្នានេះទៀត ក៏ប្រព្រឹត្ត​ព្រហ្មចរិយធម៌​ក្នុងសំណាក់​ព្រះសមណគោតមដែរ។ ឯមនុស្ស​ទាំងឡាយ​ឃើញពួក​ភិក្ខុហើយ ក៏នាំគ្នា​ចោទដោយគាថានេះថា

មហាសមណៈ យាងមកហើយ​កាន់ក្រុង​គិរិព្វជៈ (ភ្នំមានសណ្ឋាន​ដូចជាក្រោល) របស់​ពួកជន​នៅក្នុងដែនមគធៈ ព្រះអង្គនាំអស់ពួក​បរិវារ​របស់សញ្ជ័យ​ទៅហើយ ឥឡូវ​នឹង​នាំ​យកអ្នកណាទៅទៀតអេះ។

[៧៤] ពួកភិក្ខុបានឮមនុស្សទាំងឡាយនោះពោលទោស តិះដៀល បន្តុះបង្អាប់​ហើយ។ ទើបពួក​ភិក្ខុនោះក្រាបទូល​សេចក្តី​នុ៎ះ​ចំពោះ​​ព្រះដ៏មានព្រះភាគ។ ព្រះអង្គត្រាស់ថា ម្នាល​ភិក្ខុ​ទាំងឡាយ សំឡេង​នោះនឹងមិនមាន​នៅអស់​កាលដ៏យូរទេ សំឡេង​នោះនឹងមាន​នៅត្រឹម​តែ៧ថ្ងៃ លុះកន្លង​៧ថ្ងៃ​ទៅ នឹង​អន្តរធាន​បាត់ទៅឯង ម្នាលភិក្ខុទាំងឡាយ ជន​ទាំងឡាយណា ចោទអ្នក​ទាំងឡាយ​ដោយគាថា​នេះថា

មហាសមណៈយាងមកហើយកាន់ក្រុង​គិរិព្វជៈ របស់ពួកជន​ក្នុងដែន​មគធៈ លោកនាំ​ទៅនូវពួក​សញ្ជ័យ​ទាំងអស់ហើយ ឥឡូវ​នេះនឹងនាំ​អ្នកណាទៅទៀតអេះ។ (បើដូច្នោះ) អ្នកទាំងឡាយ ចូរចោទ​ជនទាំងនោះដោយ​គាថានេះវិញថា ព្រះតថាគត​ទាំងឡាយ​មាន​សេចក្តីព្យាយាមដ៏មាំ ណែនាំ​សត្វដោយ​ព្រះសទ្ធម្ម​ដ៏ប្រពៃពិត ហេតុដូចម្តេច​ក៏មាន​សេចក្តី​ច្រណែន នឹងពួក​អ្នកប្រាជ្ញ ដែលជាអ្នក​ណែនាំ​សត្វដោយ​ធម៌ (នោះឯង)។

[៧៥] សម័យ​នោះឯង ពួកមនុស្សឃើញ​ភិក្ខុទាំងឡាយហើយ ចោទដោយគាថានេះថា ​

មហាសមណៈយាងមកហើយកាន់ក្រុង​គិរិព្វជៈ របស់ពួកជន​​មគធៈ នាំយកពួកបរិវារ​របស់​សញ្ជ័យ​ទាំងពួងទៅហើយ ឥឡូវ​នេះនឹងនាំយក​អ្នកណាទៅទៀតហ្ន៎។

ភិក្ខុទាំងឡាយ ចោទតបនឹងមនុស្ស​ទាំងនោះដោយ​គាថានេះថា ព្រះតថាគត​ទាំងឡាយ​មាន​សេចក្តីព្យាយាមដ៏មាំ ណែនាំ​សត្វដោយ​ព្រះសទ្ធម្ម​ដ៏ប្រពៃពិត ហេតុដូចម្តេច​ក៏មាន​សេចក្តី​ច្រណែនពួក​អ្នកប្រាជ្ញ ដែលជាអ្នក​ណែនាំ​សត្វដោយ​ធម៌ (នោះឯង)។

[៧៦] ពួកមនុស្សពោលពាក្យយ៉ាងនេះថា បានឮថា សមណៈ​ទាំងឡាយជាសក្យបុត្រ ណែនាំ​សត្វដោយធម៌ មិនមែន​ណែនាំ​ដោយសភាវៈ​មិនមែនធម៌ទេ។ សំឡេង​នោះក៏​មាន​ត្រឹម​តែ​៧ថ្ងៃ លុះកន្លង​៧ថ្ងៃ​ ក៏អន្តរធាន​បាត់ទៅឯង។

ចប់ បព្វជ្ជា​របស់ព្រះសារីបុត្ត និងព្រះមោគ្គល្លាន។

ចប់ ភាណវារៈជាគំរប់៤។

[៧៧] សម័យនោះឯង ភិក្ខុទាំងឡាយមិនមានឧបជ្ឈាយ៍ គ្មានអ្នកទូន្មាន គ្មានអ្នក​ប្រៀន​ប្រដៅ ស្លៀកក៏មិនត្រឹមត្រូវ ដណ្តប់ក៏​មិនត្រឹមត្រូវ ទាំងឫក​មារយាទ​ក៏មិនបរិបូណ៌ នាំគ្នា​ត្រាច់​ទៅដើម្បី​បិណ្ឌបាត កាលពួក​មនុស្ស​កំពុង​តែបរិភោគ (ពួក​ភិក្ខុនោះ) បង្អោន​បាត្រ​សម្រាប់សុំ​ទៅពី​ខាងលើ​ភោជន​ខ្លះ បង្អោនបាត្រ​សម្រាប់សុំ ទៅពីខាង​លើខាទនីយៈ​ខ្លះ បង្អោនបាត្រ​សម្រាប់សុំទៅពីខាងលើវត្ថុ​ដែល​បុគ្គល​គប្បីលិទ្ធ​ជញ្ជាប់ខ្លះ​ បង្អោនបាត្រ​សម្រាប់សុំទៅពីខាងលើទឹកសម្រាប់​ផឹកខ្លះ សូម​សំឡខ្លះ បាយខ្លះ ដោយខ្លួនឯង ហើយ​បរិភោគ មានសំឡេងហ៊ោកញ្ជ្រៀវ សំឡេងខ្លាំងនៅក្នុងរោងបាយខ្លះ។ មនុស្ស​ទាំង​ឡាយ​ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកសមណៈ​ជាសក្យបុត្រ​ មិនសមនឹង​ស្លៀក​ក៏​មិនត្រឹមត្រូវ ដណ្តប់ក៏​មិនត្រឹមត្រូវ មានឫកមារយាទ​មិនសមគួរ ត្រាច់​ទៅដើម្បី​បិណ្ឌបាត កាលពួក​មនុស្ស​កំពុង​តែបរិភោគ (ពួក​ភិក្ខុនោះ) បង្អោន​បាត្រ​សម្រាប់សុំ​ទៅ​លើ​ភោជន​ខ្លះ បង្អោនបាត្រ​សម្រាប់សុំទៅ​លើខាទនីយៈ​ខ្លះ បង្អោនបាត្រ​សម្រាប់​សុំទៅ​ខាងលើវត្ថុ​សម្រាប់លិទ្ធ​ជញ្ជាប់ខ្លះ​ បង្អោនបាត្រ​សម្រាប់សុំទៅខាងលើទឹកសម្រាប់​ផឹកខ្លះ សូម​សំឡខ្លះ បាយខ្លះ ដោយខ្លួនឯង ហើយបរិភោគ មានសំឡេងហ៊ោកញ្ជ្រៀវ សំឡេង​ខ្លាំង​នៅក្នុងរោងបាយខ្លះ ដូចជា​ពួក​ព្រាហ្មណ៍​ ដែល​នៅក្នុង​កន្លែង​ជាទីបរិភោគ​នៃ​ព្រាហ្មណ៍​​សោះឡើយ។

[៧៨] ភិក្ខុទាំងឡាយ​បានឮពួកមនុស្ស​ទាំងនោះ​ពោលទោស តិះដៀល បន្តុះបង្អាប់​ហើយ។ ពួកភិក្ខុណាមានសេចក្តី​ប្រាថ្នាតិច ជាអ្នកសន្តោស មានសេចក្តីខ្មាស ជាអ្នក​រង្កៀស ប្រាថ្នា​ក្នុងការ​រៀនសូត្រ ពួកភិក្ខុនោះ ពោលទោស តិះដៀល បន្តុះបង្អាប់​ថា ភិក្ខុទាំងឡាយ​មិនគួរបើ​ ស្លៀកពាក់​ក៏​មិនត្រឹមត្រូវ មានឫកមារយាទ​មិនសមគួរ ត្រាច់​ទៅដើម្បី​បិណ្ឌបាត កាលពួក​មនុស្ស​កំពុង​តែបរិភោគ (​ភិក្ខុទាំងនោះ) បង្អោន​បាត្រ​សម្រាប់​សុំ​ទៅ​លើ​ភោជន​ខ្លះ បង្អោនបាត្រ​សម្រាប់សុំទៅ​លើខាទនីយៈ​ខ្លះ បង្អោនបាត្រ​សម្រាប់សុំទៅលើវត្ថុ​សម្រាប់ភ្លក់ខ្លះ​ បង្អោនបាត្រ​សម្រាប់សុំទៅខាងលើទឹកសម្រាប់​ផឹកខ្លះ សូម​សំឡខ្លះ បាយខ្លះ ដោយខ្លួនឯង ហើយបរិភោគ មានសំឡេងហ៊ោកញ្ជ្រៀវ សំឡេងខ្លាំង នៅក្នុង​រោង​បាយខ្លះ (ដូច្នេះ) ឡើយ។ លំដាប់នោះ ភិក្ខុទាំងនោះក្រាបទូល​សេចក្តីនុ៎ះ​ចំពោះ​ព្រះដ៏មានព្រះភាគ។

[៧៩] ព្រោះនិទាននេះ ដំណើរនេះ ព្រះដ៏មានព្រះភាគ ទ្រង់ឲ្យ​ប្រជុំ​ភិក្ខុសង្ឃ ហើយទ្រង់​សួរ​បញ្ជាក់​ពួកភិក្ខុថា ម្នាលភិក្ខុទាំងឡាយ ឮថា ពួកភិក្ខុស្លៀកដណ្តប់​មិនត្រឹមត្រូវ មានអាកប្បកិរិយា​​មិនសមគួរ ត្រាច់​ទៅដើម្បី​បិណ្ឌបាត កាលពួក​មនុស្ស​កំពុង​តែបរិភោគ (​ភិក្ខុទាំងនោះ) បង្អោន​បាត្រ​សម្រាប់សុំ​ ទៅ​លើ​ភោជន​ខ្លះ បង្អោនបាត្រ​សម្រាប់​សុំ​ទៅខាង​លើខាទនីយៈ​ខ្លះ បង្អោនបាត្រ​សម្រាប់​សុំទៅ​ខាងលើវត្ថុ​សម្រាប់ភ្លក់ខ្លះ​ បង្អោន​បាត្រ​សម្រាប់សុំទៅខាងលើទឹកសម្រាប់​ផឹកខ្លះ សូម​សំឡខ្លះ បាយខ្លះ ដោយខ្លួនឯង ហើយបរិភោគ មានសំឡេងហ៊ោកញ្ជ្រៀវ សំឡេងខ្លាំង នៅក្នុង​រោង​បាយខ្លះ ពិតមែនឬ។ ពួកភិក្ខុ​ក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះដ៏មានព្រះភាគ​ ទ្រង់​តិះដៀល​ថា ម្នាលភិក្ខុទាំងឡាយ (អំពើនោះ) មិនសមគួរ មិនត្រូវទំនង មិនត្រូវបែប មិនមែន​ជារបស់​សមណៈ មិនគួរ មិនត្រូវធ្វើឡើយ ម្នាលភិក្ខុទាំងឡាយ ចុះហេតុអ្វី​បានជា​មោឃបុរស​ទាំងនោះ ស្លៀក​ដណ្តប់​ក៏​មិនត្រឹមត្រូវ មានអាកប្បកិរិយា​មិនសមគួរ ត្រាច់​ទៅដើម្បី​បិណ្ឌបាត កាល​មនុស្ស​ទាំងឡាយ​កំពុង​តែបរិភោគ (​ភិក្ខុទាំងនោះ) បង្អោន​បាត្រ​សម្រាប់សុំ​ទៅខាង​លើ​ភោជន​ខ្លះ បង្អោនបាត្រ​សម្រាប់​សុំទៅ​លើខាទនីយៈ​ខ្លះ បង្អោន​បាត្រ​សម្រាប់សុំទៅខាងលើវត្ថុ​សម្រាប់ភ្លក់ខ្លះ​ បង្អោនបាត្រ​សម្រាប់​សុំទៅ​ខាងលើទឹក​សម្រាប់​ផឹកខ្លះ សូម​សំឡខ្លះ បាយខ្លះ ដោយខ្លួនឯង ហើយបរិភោគ មានសំឡេង​ហ៊ោកញ្ជ្រៀវ សំឡេងខ្លាំងក្នុង​រោង​បាយខ្លះ ម្នាលភិក្ខុទាំងឡាយ ការនេះមិនមែននាំ​ឲ្យ​ជ្រះថ្លា​ដល់​ពួក​ជន​ដែលមិនទាន់​ជ្រះថ្លា​ផង មិននាំពួក​ជនដែល​ជ្រះថ្លាហើយ ឲ្យរឹងរិត​តែជ្រះថ្លាតទៅ​ទៀតផង ម្នាលភិក្ខុទាំងឡាយ ការនេះនាំ​ឲ្យពួកជន​ដែល​មិនទាន់​ជ្រះថ្លា​ ឲ្យខាន​ជ្រះថ្លា​ទៅវិញផង នាំពួក​ជន​ខ្លះ​ដែល​ជ្រះថ្លា ស្រាប់ហើយ ឲ្យប្រែប្រួល​ផ្តេសផ្តាស​ទៅវិញផង។

[៨០] លំដាប់នោះ ព្រះដ៏មានព្រះភាគ ទ្រង់តិះដៀល​ភិក្ខុទាំងនោះ​ដោយអនេកបរិយាយ ហើយទ្រង់សំដែង​នូវទោស​នៃសភាព​ជាបុគ្គល​ដែលគេ​ចិញ្ចឹម​បានដោយលំបាក គេរក្សា​បាន​ដោយ​លំបាក សេចក្តី​ប្រាថ្នាធំ មិនសន្តោស សេចក្តីច្រឡូកច្រឡំ​ដោយពួកគណៈ សេចក្តីខ្ជិល ​ទើបទ្រង់​ពោលសរសើរ​គុណនៃ​សភាព​ជាបុគ្គល​ដែលគេ​ចិញ្ចឹម​បានដោយ​ងាយ គេរក្សាបាន​ដោយងាយ សេចក្តី​ប្រាថ្នាតិច សេចក្តីសន្តោស កំចាត់​បង់នូវ​កិលេស ដុសខាត់ចិត្ត សេចក្តីជ្រះថ្លា មិនសន្សំនូវ​កិលេសវដ្តៈ និង​សេចក្តី​ប្រារព្ធព្យាយាម ដោយព្រះពុទ្ធដីកា​ជាអនេកបរិយាយ រួចទ្រង់ធ្វើ​ធម្មីកថា ដ៏ល្មម​សមគួរ​ដល់​ហេតុនោះៗ ចំពោះ​ភិក្ខុទាំងឡាយ ទ្រង់ហៅ​ភិក្ខុទាំងឡាយ​មកត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត​ឧបជ្ឈាយ៍ ម្នាលភិក្ខុទាំងឡាយ ឧបជ្ឈាយ៍​ត្រូវ​​យក​ចិត្ត​ទុកដាក់​ក្នុងសទ្ធិវិហារិកឲ្យ​ដូចជាកូន សទ្ធិវិហារិក ត្រូវ​យកចិត្ត​ទុកដាក់​ក្នុងឧបជ្ឈាយ៍​ឲ្យដូច​ជាបិតា ឧបជ្ឈាយ៍​ និង​សទ្ធិវិហារិកនោះ​ប្រកប​ដោយ​សេចក្តីគោរព​កោតក្រែង​ដល់គ្នានឹងគ្នា មានការ​ចិញ្ចឹម​ជីវិត​ស្មើគ្នា​យ៉ាងនេះ និងដល់នូវសេចក្តី​ចំរើន សេចក្តីលូតលាស់ សេចក្តីទូលំទូលាយ ក្នុងធម្មវិន័យ​នេះ។ ម្នាលភិក្ខុទាំងឡាយ សទ្ធិវិហារិក​គប្បី​កាន់យកឧបជ្ឈាយ៍​ដោយ​ទំនង​យ៉ាងនេះ។ សទ្ធិវិហារិកត្រូវគ្រង​ចីពរ​ឆៀងស្មាម្ខាង ហើយថ្វាយបង្គំ​ជើងទាំងឡាយ រួច​ហើយអង្គុយ​ច្រហោង ផ្គងឡើង​នូវអញ្ជលី​រួចពោល​យ៉ាងនេះនឹងឧបជ្ឈាយ៍​ថា បពិត្រ​លោកម្ចាស់ដ៏ចំរើន សូមលោកម្ចាស់​ជាឧបជ្ឈាយ៍​របស់ខ្ញុំ​ បពិត្រ​លោកម្ចាស់ដ៏​ចំរើន លោកម្ចាស់​ចូរជា​ឧបជ្ឈាយ៍​របស់ខ្ញុំ បពិត្រ​លោកម្ចាស់​ដ៏ចំរើន លោកម្ចាស់​ចូរ​ជាឧបជ្ឈាយ៍​របស់ខ្ញុំ។ ឧបជ្ឈាយ៍​ត្រូវពន្យល់​សទ្ធិវិហារិក​ឲ្យ​ដឹង​ដោយកាយ (ឬ) ឲ្យដឹង​ដោយវាចា (ឬ) ឲ្យដឹង​ទាំងកាយ​ទាំងវាចា ដោយពាក្យថា សាហុ (កម្មនេះប្រពៃ​ហើយក្តី) លហុ (ពាក្យ​នេះមិន​ជាការធ្ងន់​អ្វីទេក្តី) ឧបាយិកំ (កម្មនេះជាឧបាយជាទីរើ​ខ្លួនចេញក្តី) បដិរូបំ (កម្មនេះ​សមគួរ​ហើយក្តី) បាសាទិកេន សម្បាទេហិ អ្នកចូរញុំាង​កម្មឲ្យបរិបូណ៌​ដោយកាយ​និងវាចា​គួរ​ជាទីនាំ​មកនូវ​សេចក្តី​ជ្រះថ្លាក្តី (យ៉ាងនេះ) ឈ្មោះថា សទ្ធិវិហារិកកាន់យក​ឧបជ្ឈាយ៍ហើយ (បើឧបជ្ឈាយ៍) មិនញុំាង​សទ្ធិវិហារិកឲ្យ​ដឹងដោយកាយ​ ឬដោយ​វាចា ឬទាំងកាយ ទាំងវាចា (យ៉ាងនេះ) ឈ្មោះថា សទ្ធិវិហារិក​មិនកាន់​យក​ឧបជ្ឈាយ៍​ឡើយ។

[៨១] ម្នាលភិក្ខុទាំងឡាយ សទ្ធិវិហារិកត្រូវ​ប្រព្រឹត្ត​ដោយប្រពៃ ក្នុងឧបជ្ឈាយ៍។ ឯការ​ប្រព្រឹត្ត​ដោយ​ប្រពៃ ក្នុងឧបជ្ឈាយ៍​នោះ (ដូច្នេះ)។ សទ្ធិវិហារិក​ត្រូវក្រោក​អំពីព្រឹក ហើយដោះស្បែក​ជើងរួច​ហើយគ្រង​ចីពរ ឆៀង​ស្មាម្ខាង​ រួច​ប្រគេន​ឈើស្ទន់ ប្រគេន​ទឹកលុបមុខ ក្រាលអាសនៈ (ដល់​ឧបជ្ឈាយ៍) ថា បើមានបបរ ត្រូវ​សទ្ធិវិហារិកលាងភាជន៍ ហើយដាក់បបរទៅ​ប្រគេន បើឧបជ្ឈាយ៍​ឆាន់​បបររួចហើយ សទ្ធិវិហារិក ត្រូវ​ប្រគេន​ទឹកហើយ​ទទួល​យកភាជន៍​មកវិញ ដោយការ​ឱន​លំទោន ហើយកាន់​ភាជន៍​ឲ្យល្អ កុំឲ្យ​ជល់​ទង្គិច លាងហើយ​រៀបចំ​ទុកដាក់​ឲ្យត្រឹមត្រូវ កាលបើ​ឧបជ្ឈាយ៍​ក្រោកឡើងហើយ សទ្ធិវិហារិកត្រូវ​រើអាសនៈ​ចេញ ថាបើ​ទីនោះមាន​សម្រាម​ ត្រូវ​សទ្ធិវិហារិក​បោសចេញ។ បើ​ឧបជ្ឈាយ៍មានសេចក្តី​ប្រាថ្នា​ដើម្បី​ចូលទៅកាន់ស្រុក សទ្ធិវិហារិក​ត្រូវប្រគេន​សម្ពត់​សម្រាប់​ស្លៀក (ស្បង់) ត្រូវទទួល​សម្ពត់​ផ្លាស់មកវិញ ត្រូវ​ប្រគេន​វត្ថពន្ធ​ចង្កេះ ប្រគេន​សង្ឃាដិទាំងឡាយ ដែលបាន​ត្រួតគ្នា [ត្រង់​ពាក្យថា សង្ឃាដិ​ទាំងឡាយ​ដែល​ត្រួតគ្នានោះ តាមន័យ​ក្នុងអដ្ឋកថា និងវិមតិវិនោទនីដីកាថា ឲ្យ​សទ្ធិវិហារិក​យកចីវរ​ទាំងពីរ គឺចីពរ១ សង្ឃាដិ១ មកដាក់​ត្រួតគ្នា ហើយសឹម​ប្រគេន។] ហើយ (បើ​)បាត្រ​មានទឹក ត្រូវ​សទ្ធិវិហារិក លាងឲ្យជ្រះ ហើយ​សឹមប្រគេន ថាបើឧបជ្ឈាយ៍​ប្រាថ្នា​នឹង​យកខ្លួន​ទៅ​ជាមួយ ជាបច្ឆាសមណៈ​ផង សទ្ធិវិហារិក​នោះ​ត្រូវស្លៀក​ដណ្តប់​ឲ្យមាន​បរិមណ្ឌល៣ ស្លៀកស្បង់​ឲ្យជាបរិមណ្ឌល ចងវត្ថពន្ធចង្កេះ ហើយឃ្លុំ​សង្ឃាដិ​ទាំងឡាយ​ដែលបាន​ត្រួតគ្នាហើយ រួច​ពាក់ឡេវវគ្ឌុំ លាងបាត្រ​ហើយកាន់ធ្វើ​ជាបច្ឆាសមណៈ (ដើរ​ទៅតាម​ខាងក្រោយ​ឧបជ្ឈាយ៍) សទ្ធិវិហារិក​មិនត្រូវ​ដើរឆ្ងាយពេក មិនត្រូវ​ដើរជិតពេក សទ្ធិវិហារិកគប្បី​ទទួល​យកវត្ថុ​ដែល​គេ​ដាក់ចុះក្នុង​បាត្រ [ក្នុងអដ្ឋកថា ថា កាលបើឧបជ្ឈាយ៍​បានបាយ​ ឬបបរ បាត្រនោះក្តៅ ឬធ្ងន់ សទ្ធិវិហារិក ត្រូវប្រគេន​បាត្រ​របស់ខ្លួន​ទៅលោក ហើយទទួល​យកបាត្រ​របស់លោក​មកវិញ។] ឧបជ្ឈាយ៍​កំពុង​ពោល សទ្ធិវិហារិកមិនត្រូវ​និយាយ​ស្កាត់​ពាក្យនោះឡើយ ឧបជ្ឈាយ៍ កំពុង​ពោលនូវពាក្យ​ជាទំនង​នឹងត្រូវ​អាបត្តិ សទ្ធិវិហារិក​ត្រូវ​ឃាត់ សទ្ធិវិហារិកត្រូវ​ត្រឡប់​មកមុន​ឧបជ្ឈាយ៍ ហើយក្រាលអាសនៈចាំ ត្រូវរៀបចំ​ទុកទឹក​សម្រាប់​​លាងជើង តាំងសម្រាប់រងជើង​ដែល​លាងហើយ ក្បឿង​សម្រាប់ជូត​ជើង​ដែល​មិនបានលាង ហើយក្រោក​ឡើងទទួល​យកបាត្រ​ចីវរ ប្រគេន​សម្ពត់​ផ្លាស់ ទទួល​យក​ស្បង់។ ថាបើចីវរ​សើម​ដោយ​ញើស​ក្អែល សទ្ធិវិហារិកត្រូវសំដិល​ក្នុងទីមាន​កំដៅ​បន្តិច​សិន មិនត្រូវ​ទុកដាក់​ចីវរ​ក្នុងទី​មាន​កំដៅ​យូរ​ទេ ត្រូវតែ​បត់ចីវរ​ទុកដោយល្អ កាលដែល​​នឹងបត់ចីវរ​ ត្រូវ​បំផ្លើស​ជាយម្ខាង​ឲ្យលើស​ប្រមាណ​៤ធ្នាប់ ហើយ​សឹម​បត់ចីវរ ដោយ​គិតថា កុំឲ្យចីវរ​បាក់ផ្នត់​ពាក់កណ្តាលឡើយ [ក្នុងអដ្ឋកថា ថា ដែលទ្រង់ហាម​មិនឲ្យ​ចាប់ដោយស្មើគ្នាហើយបត់នោះ ព្រោះផ្នត់​ដែលបត់នៅ​ចំកន្លែង​ដដែល​រាល់ៗថ្ងៃ នឹងធ្វើ​ឲ្យបាក់​ផ្នត់​ខូច​ចីវរ ហេតុនេះ ទើបទ្រង់ឲ្យបំផ្លើស​ដោយចីវរឲ្យ​ហួសពីគ្នាប្រមាណ​៤ធ្នាប់​រាល់ៗថ្ងៃ គឺថ្ងៃនេះ បត់ត្រង់​កន្លែងនេះ ដល់ថ្ងៃស្អែក បត់បំផ្លើស​ឲ្យ​ហួសពីកន្លែង​នោះតទៅទៀត កុំឲ្យ​បត់ចំ​ត្រង់​ផ្នត់​ដដែល។] ហើយគប្បីដាក់វត្ថពន្ធចង្កេះ​ក្នុងផ្នត់​ចីវរចុះ។ ថាបើបិណ្ឌបាតមាន​ ឧបជ្ឈាយ៍​ត្រូវការនឹង​ឆាន់ សទ្ធិវិហារិកត្រូវប្រគេនទឹកហើយ សឹម​បង្អោន​បិណ្ឌបាតប្រគេន សទ្ធិវិហារិកត្រូវសួរ​ឧបជ្ឈាយ៍​អំពីទឹក​ឆាន់ហើយ ប្រគេនទឹក​ដល់ឧបជ្ឈាយ៍ដែលឆាន់រួចហើយ រួច​ទទួលបាត្រ​យកមក​ ដោយ​សេចក្តី​ឱន​លំទោន ហើយ​​លាងដោយ​ប្រពៃ កុំឲ្យទង្គិច ហើយធ្វើឲ្យ​ស្ងួតទឹក រួចហើយ​ហាលបាត្រ១ស្របក់​ក្នុងទី​មានកំដៅ តែមិនត្រូវ​ទុកបាត្រ​ក្នុងទីមាន​កំដៅយូរ​ពេកទេ ត្រូវដម្កល់​ទុកនូវបាត្រ​និងចីវរ​ឲ្យល្អ កាលដម្កល់​ទុកបាត្រ ត្រូវកាន់យក​បាត្រ​ដោយដៃម្ខាង ហើយយកដៃ​ម្ខាង​ស្ទាប​មើល​ទីជា​ខាង​ក្រោមនៃ​គ្រែក្តី នូវទីជាខាងក្រោម​នៃ​តាំងក្តី ហើយសឹមទុក​ដាក់​បាត្រ (នោះ) ចុះ តែមិនត្រូវ​ដម្កល់​ទុក​បាត្រ​លើទី​ដែលមិនសមគួរ​ [អដ្ឋកថា ថា ភិក្ខុមិនត្រូវ​ទុកលើទីដែល​មានអាចម៍ដី និងក្រួស​ដែលគេ​មិនក្រាល​ដោយ​កន្ទេល និងស្បែក​ជាដើម។] កាលដម្កល់​ទុកនូវ​ចីវរសោត ត្រូវកាន់ចីវរ​ដោយដៃម្ខាង ហើយយកដៃ​ម្ខាង​ជូត​ស្បៀងចីវរក្តី ខ្សែសម្រាប់​ពាក់ចីវរក្តី ហើយធ្វើនូវ​ជាយនៃចីវរ​ខាងនាយ​ឲ្យជាផ្នត់​ខាងអាយ គឺ​បត់​ចីពរ​ជាពីរ ហើយដំកល់ចីពរ​នោះទុក កាលបើឧបជ្ឈាយ៍​ក្រោកឡើងហើយ សទ្ធិវិហារិក​ត្រូវ​រើ​អាសនៈ​ចេញ ហើយសឹមរៀប​ចំទឹក​សម្រាប់​លាងជើង តាំងសម្រាប់​រងជើង និងក្បឿង​សម្រាប់ជូតជើង ថាបើ​ទីនោះមានសម្រាម សទ្ធិវិហារិកត្រូវ​បោស​ទីនោះចេញ។ បើឧបជ្ឈាយ៍​ត្រូវការស្រង់ទឹក គប្បី​ចាត់ចែង​ទឹកសម្រាប់​ស្រង់ បើឧបជ្ឈាយ៍​ត្រូវការ​ដោយទឹក​ត្រជាក់ សទ្ធិវិហារិក​គប្បី​ចាត់ចែង​ទឹកត្រជាក់​ប្រគេន បើឧបជ្ឈាយ៍​ត្រូវការ​ដោយ​ទឹកក្តៅ សទ្ធិវិហារិក​គប្បីចាត់ចែង​ទឹកក្តៅ​ប្រគេន។ បើឧបជ្ឈាយ៍មានសេចក្តី​ប្រាថ្នាចូលទៅកាន់​រោងភ្លើង សទ្ធិវិហារិកត្រូវលាយ​គ្រឿង​លំអិត​សម្រាប់ងូត​[អដ្ឋកថា ថា យកទឹក​ទៅលាយ​នឹងគ្រឿង​លំអិត​ ហើយសឹមសូន្យ​ឲ្យជាដុំៗ។] ត្រូវផ្សើមដីស្អិតទុក ត្រូវកាន់យកតាំង​សម្រាប់​ដំកល់​ក្នុងរោងភ្លើង ហើយដើរ​ទៅអំពី​ខាងក្រោយៗ​នៃឧបជ្ឈាយ៍ ហើយប្រគេន​តាំងសម្រាប់​រោងភ្លើង រួចត្រូវ​ទទួលយក​ចីវរ​មកដម្កល់​ទុកក្នុងទីដ៏សមគួរ ត្រូវប្រគេន​គ្រឿង​លំអិត​សម្រាប់ងូត ត្រូវប្រគេន​ដីស្អិត​ផង បើសទ្ធិវិហារិក​អាច ត្រូវចូល​ទៅកាន់​រោងភ្លើង កាលចូលទៅកាន់​រោងភ្លើង​ ត្រូវលាបមុខ​ដោយ​ដីស្អិត ហើយបិទបាំង​(កាយ) អំពីខាងមុខផង អំពីខាង​ក្រោយផង ហើយចូលទៅកាន់​រោងភ្លើង​ចុះ សទ្ធិវិហារិក​មិនគប្បី​អង្គុយ​ច្រៀត​បៀត​ភិក្ខុទាំងឡាយ​ជាថេរៈ មិនគប្បីហាមឃាត់​ភិក្ខុថ្មីទាំងឡាយ​ដោយ​អាសនៈ​ឡើយ ត្រូវធ្វើបរិកម្ម (គឺកិច្ច​ទាំងពួង​មានឲ្យនូវ​ដីស្អិត និងទឹកក្តៅជាដើម) ដល់​ឧបជ្ឈាយ៍​ក្នុងរោងភ្លើង កាលចេញអំពី​រោងភ្លើង ត្រូវនាំយកតាំង​សម្រាប់រោងភ្លើង ហើយបិទបាំង (កាយ) អំពី​ខាងមុខផង អំពីខាងក្រោយផង ហើយសឹម​ចេញអំពី​រោងភ្លើងចុះ ត្រូវ​ធ្វើ​បរិកម្ម​ដល់ឧបជ្ឈាយ៍​ក្នុងទឹក​ផង បើសទ្ធិវិហារិក​ងូតទឹក​រួចហើយ ត្រូវឡើងមុន​ឧបជ្ឈាយ៍ ហើយជូតកាយ​របស់ខ្លួន​ឲ្យស្ងួត​ទឹក រួច​សឹម​ស្លៀក​ ហើយទើប​ជូត​ទឹក​អំពី​កាយរបស់ឧបជ្ឈាយ៍ ត្រូវប្រគេន​សម្ពត់​ស្លៀក​ ប្រគេន​សង្ឃាដិ ហើយត្រូវ​កាន់យក​តាំងសម្រាប់​រោងភ្លើងមកជាមុន ហើយក្រាលអាសនៈ រៀបចំទឹក​សម្រាប់លាងជើង តាំង​សម្រាប់​រងជើង ក្បឿង​សម្រាប់​ជូតជើង ត្រូវសួរ​ឧបជ្ឈាយ៍​អំពី​ទឹកឆាន់។ បើសទ្ធិវិហារិក​មានសេចក្តី​ប្រាថ្នា​ដើម្បីរៀន​បាលី គប្បីរៀន​បាឡីចុះ បើមានសេចក្តីប្រាថ្នា​ដើម្បីរៀន​អដ្ឋកថា គប្បីរៀន​អដ្ឋកថាចុះ។ ឧបជ្ឈាយ៍នៅក្នុងវិហារណា បើវិហារនោះ​មានសម្រាម បើសទ្ធិវិហារិក​អាច​ធ្វើបាន វិហារនោះ​សទ្ធិវិហារិក​ត្រូវ​ជម្រះសំអាត កាលដែលជម្រះ​សំអាត​វិហារ ត្រូវយកបាត្រនិងចីវរទៅដម្កល់​ទុកក្នុង​ទីដ៏​សមគួរជាមុនសិន ត្រូវនាំយក​កម្រាលអង្គុយ​ទៅដម្កល់​ទុកក្នុងទីដ៏សមគួរ ត្រូវនាំយក​ពូកនិងខ្នើយ​ ទៅដម្កល់​ទុកក្នុង​ទីដ៏សមគួរ សទ្ធិវិហារិក​ដែលនឹង​នាំគ្រែចេញ ត្រូវធ្វើឲ្យ​ទាបស្រួល កុំឲ្យទង្គិច​ទង្គុក​នឹង​ផែនដី កុំឲ្យប៉ះ​សន្ទះទ្វារ និងក្របទ្វារ​ ហើយនាំយកទៅដម្កល់​​ទុកក្នុងទីដ៏សមគួរ សទ្ធិវិហារិក​ដែល​នឹង​នាំតាំងចេញ ត្រូវធ្វើឲ្យ​ទាបស្រួល កុំឲ្យទង្គិច​ទង្គុក​នឹង​ផែនដី កុំឲ្យប៉ះ​សន្ទះទ្វារ និងក្របទ្វារ​ ហើយនាំ​យកទៅដម្កល់​​ទុកក្នុងទីដ៏សមគួរ សទ្ធិវិហារិកត្រូវនាំ​យក​ទ្រនាប់​គ្រែ​ទៅដម្កល់​ទុក​ក្នុងទី​ដ៏សមគួរ សទ្ធិវិហារិក​ត្រូវនាំកន្ថោរ​ទៅដម្កល់​ទុក​ក្នុងទី​ដ៏សមគួរ សទ្ធិវិហារិក​ត្រូវនាំយកផែនក្តារ​សម្រាប់​ផ្អែក​​ទៅដម្កល់​ទុក​ក្នុងទី​ដ៏សមគួរ ត្រូវ​ចំណាំ​ឲ្យច្បាស់នូវគ្រឿង​កម្រាលផែនដី ដែលគេក្រាល​យ៉ាងណា ហើយ​នាំ​ទៅដម្កល់​ទុក​ក្នុងទី​ដ៏សមគួរ បើគ្រឿងស្មុកស្មាញ (សម្រាម មានសំបុកកន្លាត និងសរសៃ​ពីង​ពាង​ជាដើម) មានក្នុងវិហារ សទ្ធិវិហារិក​ត្រូវបោស​តាំង​អំពី​ពិតានជាមុន កន្លៀត​ជ្រុង​សន្ទះ​បង្អួច សទ្ធិវិហារិកត្រូវ​ជូត​សំអាត បើជញ្ជាំង​ដែលគេលាប​ដោយរង់មាន​សៅហ្មង​ពណ៌សម្បុរ ត្រូវ​ជ្រលក់​សម្ពត់ ហើយពូតរួច សឹមជូត បើផ្ទៃ​ដែលគេលាប​ដោយពណ៌ខ្មៅ មានពណ៌​សៅហ្មង ត្រូវ​ជ្រលក់​សម្ពត់ ហើយពូតរួច សឹមជូត បើផ្ទៃ​គេមិន​បានលាបអ្វីទេ ត្រូវប្រស់ទឹក​ហើយសឹមជូត សទ្ធិវិហារិក​ត្រូវ​ប្រមែប្រមូល​សម្រាម​យកទៅចោល​ក្នុងទី​ដ៏​សមគួរ ដោយគិតថា វិហារកុំ​ប្រឡាក់​ប្រឡូស​ដោយធូលី​ឡើយ គ្រឿង​កម្រាល​ផែនដី ដែលសទ្ធិវិហារិកហាល​ជម្រះគោះហើយ ត្រូវនាំយកមកក្រាល​ដូចដើម​វិញ ទ្រនាប់​គ្រែដែល​សទ្ធិវិហារិកយកទៅហាល​ថ្ងៃហើយ ជូតរួចត្រូវយកមកដម្កល់​ទុកក្នុងទីដដែល គ្រែដែល​សទ្ធិវិហារិកហាលថ្ងៃ​ជម្រះ​គោះរួច ត្រូវធ្វើឲ្យទាបស្រួល កុំឲ្យទង្គិច​ទង្គុកផែនដី កុំឲ្យ​ប៉ះ​សន្ទះទ្វារ និងក្របទ្វារ ហើយនាំយកមកដាក់រៀបចំ ទុកឲ្យល្អដូចពីដើមវិញ តាំង​ដែលសទ្ធិវិហារិក​ហាលថ្ងៃ​ហើយជ្រះគោះហើយ ត្រូវធ្វើឲ្យទាបស្រួល កុំឲ្យទង្គិច​ទង្គុក​ផែនដី កុំឲ្យ​ប៉ះ​សន្ទះទ្វារ និង​ក្របទ្វារ ហើយនាំយកទៅដាក់រៀបចំឲ្យល្អដូចពីដើមវិញ ពូកនិងខ្នើយដែលសទ្ធិវិហារិក​ហាលជម្រះ​គោះហើយ ត្រូវនាំយកមករៀបចំឲ្យដូចពី​ដើម​វិញ កម្រាលសម្រាប់អង្គុយដែលសទ្ធិវិហារិក​ហាលជម្រះ​គោះហើយ ត្រូវនាំយកមក​ក្រាលឲ្យដូចពីដើមវិញ កន្ថោរ​ដែលសទ្ធិវិហារិក​ហាលថ្ងៃ ហើយជូត​ហើយនាំ​យក​មក​ដម្កល់ទុក​ដូចដែលវិញ ផែនក្តារសម្រាប់ផ្អែក ដែលសទ្ធិវិហារិក​ហាលថ្ងៃហើយ និងជូត​ហើយ ត្រូវនាំមកដម្កល់​ទុកដូចដែលវិញ បាត្រនិងចីវរ សទ្ធិវិហារិក​ត្រូវដម្កល់​ទុក កាល​យក​បាត្រ ទៅទុកដាក់ ត្រូវកាន់បាត្រដោយដៃម្ខាង ហើយយកដៃម្ខាងស្ទាបមើលទី​ខាង​ក្រោម​នៃគ្រែក្តី ទីខាងក្រោម​នៃ​តាំងក្តី ហើយសឹមទុកបាត្រចុះ មិនត្រូវទុកបាត្រ​លើទី​មិនសមគួរឡើយ កាលយកចីវរ​ទៅទុក ត្រូវកាន់​ចីវរ​ដោយ​ដៃម្ខាង យកដៃម្ខាង​ជូតស្បៀង​ចីវរ​ក្តី ខ្សែចីវរក្តី ហើយបត់​ជាយខាង​ណោះឲ្យ​ជាផ្នត់ ចូលមក​ខាងណេះ (គឺបត់​ចីវរជាពីរ) ហើយកម្កល់​ទុកនូវចីវរ​ចុះ។ បើខ្យល់បក់ទាំងធូលី​មកអំពីទិស​ខាងកើត សទ្ធិវិហារិក ត្រូវបិទបង្អួច​ទិស​ខាងកើត បើខ្យល់បក់ទាំងធូលី​មកពីទិស​ខាងលិច សទ្ធិវិហារិក ត្រូវបិទ​បង្អួច​ទិសខាងលិច បើខ្យល់បក់ទាំងធូលី​មកពីទិស​ខាងជើង សទ្ធិវិហារិក ត្រូវបិទបង្អួច​ទិស​ខាងជើង បើខ្យល់បក់ទាំងធូលី​មកពីទិស​ខាងត្បូង សទ្ធិវិហារិក ត្រូវបិទបង្អួច​ទិស​ខាងត្បូង បើកាល គឺ​រដូវ​ត្រជាក់ សទ្ធិវិហារិក ត្រូវបើកបង្អួច​ក្នុងវេលាថ្ងៃ ត្រូវបិទ​ក្នុង​វេលាយប់ បើកាល គឺ​រដូវក្តៅ សទ្ធិវិហារិក ត្រូវបិទបង្អួច​ក្នុងវេលាថ្ងៃ ត្រូវបើក​ក្នុង​វេលាយប់។ បើបរិវេណ​មានសម្រាម សទ្ធិវិហារិកត្រូវបោស​បរិវេណ បើបន្ទប់​មានសម្រាម សទ្ធិវិហារិកត្រូវបោស​បន្ទប់ បើឧបដ្ឋានសាលា [រោងឆាន់] មានសម្រាម សទ្ធិវិហារិក​ត្រូវបោសឧបដ្ឋានសាលា បើរោងភ្លើងមានសម្រាម សទ្ធិវិហារិកត្រូវបោសរោងភ្លើង បើ​បង្គន់មានសម្រាម សទ្ធិវិហារិកត្រូវបោសបង្គន់ បើទឹកឆាន់មិនមាន សទ្ធិវិហារិកត្រូវដំកល់​ទឹកឆាន់ បើទឹកសម្រាប់ប្រើប្រាស់មិនមាន សទ្ធិវិហារិកត្រូវដំកល់​ទឹកសម្រាប់​ប្រើប្រាស់ បើទឹក​មិនមាន​ក្នុងក្អម​សម្រាប់ជម្រះអាចមន៍ សទ្ធិវិហារិកត្រូចាក់ទឹក​ដាក់ក្នុងក្អម​សម្រាប់​ជម្រះអាចមន៍។ បើសេចក្តីអផ្សុក​កើតឡើង​ដល់ឧបជ្ឈាយ៍ សទ្ធិវិហារិកត្រូវនាំឧបជ្ឈាយ៍​ចៀសចេញ​ទៅកំសាន្ត​ដោយខ្លួនឯង ឬឲ្យ​ភិក្ខុដទៃ​នាំចៀសចេញ​ទៅកំសាន្ត [អដ្ឋកថា ថា សទ្ធិវិហារិកត្រូវនាំឧបជ្ឈាយ៍​ទៅទីដទៃក្តី ឲ្យភិក្ខុដទៃ​នាំ​ទៅក្តី ដើម្បី​បន្ទោរបង់​សេចក្តី​អផ្សុក​នៃឧបជ្ឈាយ៍។] ម្យ៉ាងទៀត សទ្ធិវិហារិក ត្រូវធ្វើធម្មីកថា​ដល់ឧបជ្ឈាយ៍​នោះ បើ​ឧបជ្ឈាយ៍មានសេចក្តី​សង្ស័យ​កើតឡើង សទ្ធិវិហារិក​ត្រូវបន្ទោបង់សេចក្តី​សង្ស័យ​នោះ​ដោយ​​ខ្លួនឯង ឬឲ្យភិក្ខុដទៃ​បន្ទោបង់​ក៏បាន ឬត្រូវ​ធ្វើធម្មីកថា​ដល់ឧបជ្ឈាយ៍នោះ បើ​សេចក្តី​យល់ខុស កើតឡើង​ដល់​ឧបជ្ឈាយ៍ សទ្ធិវិហារិកត្រូវ​ដោះស្រាយ​សេចក្តីយល់ខុស​នោះចេញ​ដោយខ្លួនឯង ឬ​ឲ្យភិក្ខុដទៃ​ដោះស្រាយ​សេចក្តី​យល់ខុស​នោះចេញ​ក៏បាន ឬ​ត្រូវ​​ធ្វើធម្មីកថា ដល់​ឧបជ្ឈាយ៍នោះ។ បើ​ឧបជ្ឈាយ៍​ត្រូវ​គរុកាបត្តិ គួរដល់​បរិវាស សទ្ធិវិហារិក​​ត្រូវធ្វើសេចក្តីខ្វល់ខ្វាយ​ដោយគិតថា សង្ឃគប្បីឲ្យ​បរិវាស​ដល់ ឧបជ្ឈាយ៍ (របស់អញ) ដោយឧបាយ​ដូចម្តេចហ្ន៎ បើឧបជ្ឈាយ៍គួរ​ដល់កិរិយា​ទាញអន្តរាបត្តិ [អន្តរាបត្តិ សំដៅយកគរុកាបត្តិ ដែលភិក្ខុ​ត្រូវក្នុងវេលា​កំពុង​ប្រព្រឹត្ត​វត្តបរិវាស។] មកដាក់​ក្នុង​មូលាបត្តិ​ [មូលាបត្តិ សំដៅយក​គរុកាបត្តិ ដែលភិក្ខុត្រូវមកពី​ខាងដើម សេចក្តីថា ភិក្ខុកំពុងប្រព្រឹត្តបរិវាស​មកច្រើនថ្ងៃហើយ ៗត្រូវគរុកាបត្តិ​ណាមួយ​ទៀតដោយបិទបាំង​ទុក្ខនោះ សង្ឃត្រូវ​លុបថ្ងៃ​ដែលបាន​ប្រព្រឹត្ត​វត្តមកហើយ​នោះចេញ តាំងឲ្យ​ប្រព្រឹត្ត​វត្ត​រាប់ថ្ងៃ​ជាថ្មី​ទៅទៀត។] សទ្ធិវិហារិកត្រូវធ្វើនូវសេចក្តីខ្វល់ខ្វាយ​ដោយគិតថា សង្ឃនឹង​អន្តរាបត្តិ​មកដាក់​ក្នុងមូលាបត្តិ​ចំពោះឧបជ្ឈាយ៍ ដោយឧបាយ​ដូចម្តេចហ្ន៎ បើឧបជ្ឈាយ៍​គួរដល់​មានត្ត សទ្ធិវិហារិកត្រូវធ្វើសេចក្តីខ្វល់ខ្វាយ​ដោយគិតថា សង្ឃគប្បីឲ្យមានត្ត​ដល់​ឧបជ្ឈាយ៍ ដោយ​ឧបាយ​​ដូចម្តេចហ្ន៎ បើឧបជ្ឈាយ៍គួរដល់​អព្ភានកម្ម សទ្ធិវិហារិក​ត្រូវធ្វើ​នូវសេចក្តីខ្វល់ខ្វាយ​ដោយ​គិតថា សង្ឃនឹងឲ្យអព្ភានកម្ម ចំពោះឧបជ្ឈាយ៍ ដោយឧបាយ​ដូចម្តេចហ្ន៎។ បើសង្ឃមានសេចក្តី​ប្រាថ្នា ដើម្បីធ្វើនូវ​កម្ម គឺតជ្ជនីយកម្មក្តី និយស្សកម្មក្តី បព្វាជនីយកម្មក្តី បដិសារណីយកម្មក្តី ឧក្ខេបនីយកម្មក្តី​[កម្មទាំង៥​យ៉ាងនេះ​នឹងមាន​សំដែង​​ដោយពិស្តារ​ក្នុងកម្មក្ខន្ធកៈ តទៅខាងមុខ។] ដល់ឧបជ្ឈាយ៍ សទ្ធិវិហារិក​ត្រូវធ្វើ​នូវសេចក្តីខ្វល់ខ្វាយ​ដោយគិតថា សង្ឃកុំគប្បីធ្វើកម្ម​ដល់ឧបជ្ឈាយ៍ ឬសង្ឃ​គប្បី​បង្អោន​​ទៅដើម្បី​កម្មស្រាល ដោយឧបាយ​ដូចម្តេចហ្ន៎ ម្យ៉ាងទៀត តជ្ជនីយកម្មក្តី និយស្សកម្មក្តី បព្វាជនីយកម្មក្តី បដិសារណីយកម្មក្តី ឧក្ខេបនីយកម្មក្តី ដែលសង្ឃ​បានធ្វើដល់​ឧបជ្ឈាយ៍​ហើយ សទ្ធិវិហារិកត្រូវធ្វើសេចក្តីខ្វល់ខ្វាយ​ដោយគិតថា ធ្វើដូចម្តេចហ្ន៎ ឲ្យឧបជ្ឈាយ៍​របស់អញ​លោកប្រព្រឹត្ត​ល្អទៅ គប្បី​សំឡបរោម (កុំប្រកែប្រកាន់) គប្បី​ប្រព្រឹត្ត​វត្ត គួរដល់​កិរិយា​រលាស់ចេញ​ចាក​កម្ម សង្ឃគប្បី​រម្ងាប់​កម្មនោះចេញ (ដោយស្រួល)។ បើចីវរ​របស់ឧបជ្ឈាយ៍​គួរនឹងលាង សទ្ធិវិហារិក​ត្រូវលាង ឬត្រូវ​ធ្វើនូវ​សេចក្តី​ខ្វល់ខ្វាយ​ដោយ​គិតថា ធ្វើដូចម្តេច នឹង​ឲ្យគេលាងចីវរ​របស់ឧបជ្ឈាយ៍ បើចីវរ​របស់​ឧបជ្ឈាយ៍​គួរធ្វើ (មានប៉ះដេរជាដើម) សទ្ធិវិហារិកគប្បីធ្វើប្រគេន ឬត្រូវ​ធ្វើនូវ​សេចក្តី​ខ្វល់ខ្វាយ​ដោយ​គិតថា ធ្វើដូចម្តេចហ្ន៎ នឹង​ឲ្យគេធ្វើចីវរប្រគេនឧបជ្ឈាយ៍ (របស់អញ) បើគ្រឿងជ្រលក់​​របស់​ឧបជ្ឈាយ៍​គួរចំអិន សទ្ធិវិហារិក​គប្បីចំអិនប្រគេន ឬត្រូវ​ធ្វើនូវ​សេចក្តី​ខ្វល់ខ្វាយ​ថា ធ្វើ​ដូចម្តេច​ហ្ន៎ ជន​ណាមួយគេនឹងចំអិន​ទឹកជ្រលក់​ប្រគេនឧបជ្ឈាយ៍ បើចីវររបស់ឧបជ្ឈាយ៍​គួរជ្រលក់ សទ្ធិវិហារិក​គប្បីជ្រលក់ ឬត្រូវ​ធ្វើ​សេចក្តី​ខ្វល់ខ្វាយថា ធ្វើម្តេចហ្ន៎ ជន​ណាមួយ​គប្បីជ្រលក់ចីវរ​របស់ឧបជ្ឈាយ៍ កាលនឹងជ្រលក់​ចីវរ ត្រូវប្រែត្រឡ​ប់ជ្រលក់​ឲ្យសព្វល្អ បើដំណក់ទឹក​មិនទាន់ដាច់ទេ សទ្ធិវិហារិក​មិនត្រូវ​ចៀស​ចេញទៅឡើយ។ សទ្ធិវិហារិក​មិនបានប្រាប់ឧបជ្ឈាយ៍ មិនត្រូវឲ្យបាត្រដល់​ភិក្ខុពួកខ្លះ (ភិក្ខុដែល​មិន​ត្រូវ​នឹងឧបជ្ឈាយ៍) ទេ មិនត្រូវទទួលយក​បាត្ររបស់​ភិក្ខុពួកខ្លះទេ មិនត្រូវ​ឲ្យចីវរ​ដល់ភិក្ខុពួកខ្លះទេ មិនត្រូវ​ទទួល​យកចីវរ​របស់ភិក្ខុពួកខ្លះទេ មិនត្រូវ​ឲ្យ​គ្រឿង​បរិក្ខារ​ដល់ភិក្ខុពួកខ្លះទេ មិនត្រូវ​ទទួល​យក​គ្រឿង​បរិក្ខារ​របស់ភិក្ខុពួកខ្លះទេ មិនត្រូវ​កោរសក់​ដល់ភិក្ខុពួកខ្លះទេ មិនត្រូវ​ឲ្យ​ភិក្ខុពួកខ្លះ​កោរសក់​ឲ្យទេ មិនត្រូវធ្វើបរិកម្ម​ដល់ភិក្ខុពួកខ្លះទេ មិនត្រូវញុំាង​ភិក្ខុពួកខ្លះ​ឲ្យធ្វើបរិកម្ម​ទេ មិនត្រូវធ្វើសេចក្តី​ខ្វាល់ខ្វាយ​បម្រើ​ដល់ភិក្ខុពួកខ្លះទេ មិនត្រូវញុំាងភិក្ខុពួក​ខ្លះ​ឲ្យធ្វើ​សេចក្តី​ខ្វល់ខ្វាយ​បម្រើខ្លួនទេ មិនត្រូវធ្វើជា​បច្ឆាសមណៈ​នៃ​ភិក្ខុ​ពួកខ្លះទេ មិនត្រូវ​យកភិក្ខុពួកខ្លះ​ជាបច្ឆាសមណៈ​ទេ មិនត្រូវនាំយកបិណ្ឌបាត​ឲ្យដល់​ភិក្ខុពួកខ្លះទេ មិនត្រូវ​ញុំាង​ភិក្ខុពួកខ្លះឲ្យ​នាំយកបិណ្ឌបាត​មកឲ្យទេ។ សទ្ធិវិហារិកមិនបានលា ឧបជ្ឈាយ៍ មិន​ត្រូវ​ចូលទៅកាន់​ស្រុកទេ មិនត្រូវទៅកាន់ព្រៃស្មសានទេ មិនត្រូវ​ចៀស​ចេញ​ទៅកាន់​ទិស​ឡើយ។ បើឧបជ្ឈាយ៍មានជម្ងឺ សទ្ធិវិហារិកត្រូវបម្រើ​អស់មួយជីវិត ត្រូវ​រង់ចាំត្រាតែ​ឧបជ្ឈាយ៍​ចេញចាក​អាពាធ (គឺត្រូវទ្រាំ​ជម្ងឺ​ដរាប​ទាល់ជា)។

ចប់ ឧបជ្ឈាយវត្ត។

[៨២] ម្នាលភិក្ខុទាំងឡាយ ឧបជ្ឈាយ៍ត្រូវប្រព្រឹត្ត​ឲ្យស្រួល​ល្អនឹង​សទ្ធិវិហារិក។ ឯការដែល​ប្រព្រឹត្ត​ឲ្យស្រួល​ល្អនឹងសទ្ធិវិហារិក​នោះ (ដូចសេចក្តី​តទៅនេះ)។ ម្នាលភិក្ខុទាំងឡាយ ឧបជ្ឈាយ៍ត្រូវ​សង្គ្រោះ​ (ត្រូវ​ទំនុកបំរុង) ត្រូវអនុគ្រោះ (អាណិតអាសូរ) សទ្ធិវិហារិក​ដោយការ​បង្រៀន​បាលី ដោយអដ្ឋកថា (ពន្យល់​នូវសេចក្តី​នៃបាលី) ដោយឲ្យដម្បូន្មាន (ដោយសេចក្តី​ពន្យល់​ការខុសត្រូវជាមុន) ដោយពាក្យ​ប្រៀនប្រដៅ (ដោយពាក្យ​រំលឹក​ដាស់តឿន​រឿយៗ)។ បើឧបជ្ឈាយ៍មានបាត្រ សទ្ធិវិហារិកគ្មានបាត្រ ត្រូវឧបជ្ឈាយ៍​ឲ្យបាត្រ​ទៅសទ្ធិវិហារិក (ប្រើប្រាស់ខ្លះផង) ម្យ៉ាងទៀត ឧបជ្ឈាយ៍ត្រូវធ្វើ​សេចក្តី​ខ្វល់ខ្វាយ​ថា ធ្វើម្តេចហ្ន៎ សទ្ធិវិហារិកនឹងបាន​បាត្រ​ បើ​ឧបជ្ឈាយ៍មានចីវរ សទ្ធិវិហារិកគ្មាន​ចីវរ ត្រូវឧបជ្ឈាយ៍​ឲ្យចីវរ​ទៅសទ្ធិវិហារិក (ប្រើប្រាស់ខ្លះផង) ម្យ៉ាងទៀត ឧបជ្ឈាយ៍ត្រូវធ្វើ​សេចក្តី​ខ្វល់ខ្វាយ​ថា ចីវរ​របស់​សទ្ធិវិហារិក​គប្បីកើតឡើងដូចម្តេចហ្ន៎ បើ​ឧបជ្ឈាយ៍​មាន​គ្រឿងបរិក្ខារ សទ្ធិវិហារិកគ្មានគ្រឿង​បរិក្ខារ ត្រូវឧបជ្ឈាយ៍​ឲ្យគ្រឿងបរិក្ខារ​​ទៅសទ្ធិវិហារិក (ប្រើប្រាស់ខ្លះផង) ម្យ៉ាងទៀត ឧបជ្ឈាយ៍ត្រូវធ្វើ​សេចក្តី​ខ្វល់ខ្វាយ​ថា គ្រឿង​បរិក្ខារ​របស់សទ្ធិវិហារិក​គប្បី​កើតឡើង​ដោយឧបាយដូចម្តេចហ្ន៎។ បើ​សទ្ធិវិហារិកឈឺ ឧបជ្ឈាយ៍​ត្រូវក្រោកពីព្រឹក ឲ្យឈើស្ទន់ ឲ្យទឹកលុបមុខ ក្រាលអាសនៈ​ បើមានបបរ ត្រូវឧបជ្ឈាយ៍​លាង​ភាជន៍ ហើយ​ដាក់បបរ​ឲ្យទៅ កាលសទ្ធិវិហារិកដែលឈឺនោះ ហុតទឹកបបររួចហើយ ឧបជ្ឈាយ៍ត្រូវ​ហុច​ទឹកឲ្យ រួចទទួល​យកភាជន៍​មកវិញ ដោយស្រួលបួល កុំឲ្យទង្គិច​ទង្គុក​ឡើយ រួចលាង​រៀបទុកដាក់​ឲ្យល្អ កាលបើសទ្ធិវិហារិកក្រោកចេញហើយ ឧបជ្ឈាយ៍​ត្រូវរើអាសនៈចេញ បើកន្លែង​នោះស្មោគគ្រោក ឧបជ្ឈាយ៍ត្រូវបោសកន្លែងនោះចេញ។ បើសទ្ធិវិហារិកមានប្រាថ្នា​នឹងចូល​ទៅកាន់ស្រុក ឧបជ្ឈាយ៍ត្រូវ​ឲ្យស្បង់​សម្រាប់ស្លៀក​ទៅ ទទួលយកស្បង់​បន្លាស់​នោះមកវិញ ត្រូវឲ្យ​កាយពន្ធ គឺវត្ថពន្ធចង្កេះ ត្រូវ​ដម្រួត​សង្ឃាដិ​ជាពីរជាន់​ហើយសឹមឲ្យ ត្រូវ​លាងបាត្រដែល​មានទឹកចេញ​ហើយសឹម​ឲ្យ​ ឧបជ្ឈាយ៍ត្រូវ​គិតថា ​សទ្ធិវិហារិក មុខជានឹង​ត្រឡប់​មកវិញនៅ​ពេលស្មើនេះ ហើយ​ក្រាលអាសនៈ​បម្រុង​ទុកឲ្យ ត្រូវ​ដំកល់​ទឹកលាងជើង តាំងសម្រាប់​រងជើង និងក្បឿង​សម្រាប់ជូតជើង​[បាន​ដល់​តាំង​សម្រាប់រងជើង​ដែលលាងរួចហើយ គឺតាំងថ្នាក់ខាងលើ ឯក្បឿង​សម្រាប់​ជូតជើង​នោះ បានដល់​វត្ថុសម្រាប់​ជូតជើង ដែលគេ​មិនត្រូវការលាង គឺរបស់​អ្វីដែល​គេសម្រាប់​ជូត។] ត្រូវក្រោកឡើង​ទៅទទួលបាត្រ និងចីវរ ត្រូវ​ឲ្យស្បង់​សម្រាប់ផ្លាស់ ហើយទទួល​យកស្បង់​ដែលស្លៀក​មកវិញ។ បើចីវរ​សើម​ដោយញើស ឧបជ្ឈាយ៍ត្រូវសំដិលចីវរ​ក្នុង​កំដៅថ្ងៃ១ស្របក់ ម្យ៉ាងទៀតកុំ​ទុក​ចីវរ​ក្នុង​កំដៅថ្ងៃ​យូរពេក ត្រូវ​បត់ចីវរ (យកមក​ទុក) កាលបើឧបជ្ឈាយ៍បត់ចីវរ​ ត្រូវ​បំផ្លើសជាយចីវរ​ឲ្យលើសពីគ្នា​ប្រមាណ​៤ធ្នាប់ ហើយ​សឹម​បត់ចីវរ ដោយគិតថា កុំឲ្យ​បាក់ផ្នត់ចីវរ​ពាក់កណ្តាលឡើយ ហើយដាក់វត្ថពន្ធចង្កេះ​ក្នុងផ្នត់​ចីវរចុះ។ បើអាហារបិណ្ឌបាតមានហើយ​ សទ្ធិវិហារិក​ត្រូវការនឹង​ឆាន់ ឧបជ្ឈាយ៍​ត្រូវឲ្យទឹកហើយ ហុចអាហារ​បិណ្ឌបាតទៅឲ្យ ឧបជ្ឈាយ៍ត្រូវសួរ​សទ្ធិវិហារិក​អំពីទឹក​ឆាន់ សទ្ធិវិហារិកឆាន់រួចហើយ ឧបជ្ឈាយ៍​ត្រូវ​ហុច​ទឹកឲ្យ ហើយ​ទទួលយកបាត្រ​មកវិញ​ដោយស្រួលបួល កុំឲ្យទង្គិចទង្គុកឡើយ ហើយលាងឲ្យស្អាត រួចជូតទឹកឲ្យ​ស្ងួត ហើយត្រូវ​ហាលថ្ងៃបាន១ស្របក់ ម្យ៉ាងទៀត មិនត្រូវ​ទុកបាត្រ​ក្នុង​កំដៅថ្ងៃយូរ​ពេកទេ រួចត្រូវ​ទុកដាក់បាត្រ​និងចីវរ កាលដែលរៀបចំ​ទុកដាក់បាត្រ ដៃម្ខាងចាប់បាត្រ ដៃ​ម្ខាង​ស្ទាប​មើល​ក្រោម​គ្រែ ឬក្រោម​តាំង ហើយសឹមទុក​ដាក់​បាត្រ ម្យ៉ាងទៀត មិនត្រូវ​ទុកដាក់​បាត្រ​លើទី​ដែលមិនសមគួរ​ឡើយ កាលដែលរៀបចំ​ទុកដាក់​ចីវរ ដៃម្ខាងចាប់ចីវរ ដៃ​ម្ខាង​ជូត​ស្បៀងចីវរ ឬខ្សែចីវរ ហើយបត់​ជាយ​​ខាងណោះ​ឲ្យជាផ្នត់​មកខាងណេះ (គឺ​បត់​ចីវរ​ជាពីរ) ហើយសឹមទុកដាក់ចីវរ កាលបើសទ្ធិវិហារិក​ក្រោក​ឡើង​ហើយ ឧបជ្ឈាយ៍​ត្រូវ​រើ​អាសនៈ​ចេញ រៀប​ចំទុកដាក់ទឹក​សម្រាប់​លាងជើង តាំងសម្រាប់​រងជើង ក្បឿង​សម្រាប់ជូតជើង ប្រសិនបើកន្លែងនោះស្មោកគ្រោក ដោយសម្រាម ឧបជ្ឈាយ៍​ត្រូវបោស​កន្លែង​នោះចេញ។ បើសទ្ធិវិហារិក​ចង់ងូតទឹក ឧបជ្ឈាយ៍ត្រូវ​ចាត់ចែង​ទឹកសម្រាប់​ងូតឲ្យ បើសទ្ធិវិហារិក​ត្រូវការ​ទឹក​ត្រជាក់ ឧបជ្ឈាយ៍ត្រូវ​ចាត់ចែង​ទឹកត្រជាក់ឲ្យ  បើសទ្ធិវិហារិកត្រូវការ​ទឹកក្តៅ ឧបជ្ឈាយ៍ត្រូវចាត់ចែង​ទឹកក្តៅឲ្យ។ បើសទ្ធិវិហារិកចង់ចូលទៅកាន់​រោងភ្លើង ឧបជ្ឈាយ៍​ត្រូវសូន្យ​លំអិត​សម្រាប់ងូតទឹកទុក ត្រូវផ្សើមដីស្អិតទុក រួចនាំយកតាំង​សម្រាប់រោងភ្លើង ហើយប្រគល់​តាំងសម្រាប់​រោងភ្លើងទៅសទ្ធិវិហារិក ស្រេចហើយ ​ទទួលយក​ចីវរ​មក​ទុកដាក់ដោយឡែក ហើយត្រូវឲ្យ​គ្រឿង​លំអិត ត្រូវឲ្យ​ដីស្អិតទៅ​សទ្ធិវិហារិក បើឧបជ្ឈាយ៍​អាចនឹងចូលទៅកាន់​រោងភ្លើង (ផងបាន) គប្បីចូលទៅកាន់​រោងភ្លើងចុះ កាលនឹង​ចូលទៅ​កាន់​រោងភ្លើង ត្រូវយកដីស្អិតលាបមុខ រួចបិទបាំងពីខាងមុខ ខាង​ក្រោយ ហើយ​សឹមចូលទៅកាន់​រោងភ្លើង ​មិនត្រូវ​អង្គុយ​ច្រៀត​បៀត​ពួកភិក្ខុចាស់ មិនត្រូវហាមពួក​ភិក្ខុខ្ចី​​ដោយ​អាសនៈ ឧបជ្ឈាយ៍ត្រូវធ្វើបរិកម្ម ដល់សទ្ធិវិហារិក​ក្នុងរោងភ្លើង កាលនឹងចេញអំពី​រោងភ្លើងទៅ ត្រូវនាំយកតាំង​សម្រាប់រោងភ្លើងចេញ ហើយបិទបាំងពី​ខាងមុខ ខាង​ក្រោយ រួចសឹម​ចេញពី​រោងភ្លើង សូម្បីក្នុងទឹក ក៏ឧបជ្ឈាយ៍ត្រូវតែ​ធ្វើ​បរិកម្ម​ដល់​សទ្ធិវិហារិក​ដែរ កាលឧបជ្ឈាយ៍​ងូតរួច ត្រូវឡើងមកមុន​ ហើយជូតកាយនៃខ្លួន​ឲ្យស្ងួត​ទឹក ហើយ​សឹម​ស្លៀកស្បង់​ រួចត្រូវ​ជូត​ទឹក​អំពី​កាយរបស់សទ្ធិវិហារិក​ទៀត ហើយហុចស្បង់​សម្រាប់​ស្លៀក​ ហុច​សង្ឃាដិទៅឲ្យ​សទ្ធិវិហារិក រួចហើយត្រូវនាំយក​តាំងសម្រាប់​រោង​ភ្លើង​ចេញមក ហើយក្រាលអាសនៈចាំជាមុន ឧបជ្ឈាយ៍ត្រូវដម្កល់ទឹក​សម្រាប់លាងជើង តាំង​សម្រាប់​រងជើង និងក្បឿង​សម្រាប់​ជូតជើង ត្រូវសួរសទ្ធិវិហារិក​អំពី​ទឹកឆាន់។ សទ្ធិវិហារិក​នៅក្នុងវិហារណា បើវិហារនោះ​ស្មោកគ្រោក បើឧបជ្ឈាយ៍​អាចនឹងសំអាតបាន គប្បី​សំអាត​វិហារ​នោះចេញ កាលនឹង​សំអាត​​វិហារ ត្រូវនាំយកបាត្រនិងចីវរ​ចេញជាមុន​ទៅ​ទុកក្នុងទីដ៏​សមគួរ ត្រូវនាំយក​កម្រាលសម្រាប់​អង្គុយ​​ទៅ​ទុកក្នុងទីដ៏សមគួរ ត្រូវនាំយក​ពូកនិងខ្នើយ​ ទៅ​ទុកក្នុងទីដ៏សមគួរ ត្រូវបន្ទាបគ្រែឲ្យ​ទាប កុំឲ្យត្រដុះនឹង​ផែនដី កុំឲ្យទង្គិច​​សន្ទះទ្វារ និងក្របទ្វារ​ ហើយនាំយកចេញឲ្យស្រយលទៅ​ទុកក្នុង​ទី​ដ៏​សមគួរ ត្រូវបន្ទាប​តាំងឲ្យ​ទាប កុំឲ្យត្រដុះ​នឹង​ផែនដី កុំឲ្យទង្គិចទង្គុកសន្ទះទ្វារ និងក្របទ្វារ​ ហើយនាំ​យកចេញឲ្យស្រួល ទៅ​​ទុកក្នុងទីដ៏សមគួរ ត្រូវនាំ​យកទ្រនាប់​គ្រែ​ទៅ​ទុក​ក្នុងទី​ដ៏សមគួរ ត្រូវនាំយក​កន្ថោរ​ទៅ​ទុក​ក្នុងទី​ដ៏សមគួរ ​ត្រូវនាំយកក្តារ​សម្រាប់​ផ្អែក​​ទៅ​ទុក​ក្នុងទី​ដ៏សមគួរ គ្រឿង​កម្រាលផែនដី ត្រូវឧបជ្ឈាយ៍កំណត់​ឲ្យចាំ​កន្លែង ដែលគេក្រាល​យ៉ាងណា ហើយ​នាំ​យកទៅ​ទុក​ក្នុងទី​ដ៏សមគួរ បើ​ក្នុងវិហារ មានគ្រឿងស្មុកស្មាញ (មានសរសៃពីងពាង​ជាដើម) ​ត្រូវបោស​​អំពី​ពិតានជាមុន ហើយត្រូវ​ជូត​សំអាត​កន្លៀត​ជ្រុង​សន្លឹកបង្អួច បើ​ជញ្ជាំងគេលាប​ដោយរង់មានមន្ទិលសៅហ្មង ត្រូវ​ជ្រលក់កំណាត់​សម្ពត់ (ក្នុងទឹក) រួចពូត​ចេញ ហើយសឹមជូត បើទី​ដែលគេលាប​ដោយពណ៌ខ្មៅ មានមន្ទិល​សៅហ្មង ត្រូវផ្សើម​កំណាត់​សម្ពត់ រួចពូតចេញ ហើយសឹមជូត បើទីដែលមិន​បានលាបអ្វីទេ ត្រូវយកទឹក​ទៅ​ប្រស់សិន ​ហើយសឹមបោសចេញ ​ត្រូវកំណត់ទុក​ក្នុងចិត្តថា វិហារមិនត្រូវ​ឲ្យ​ស្មោកគ្រោក ដោយធូលី​ឡើយ ហើយប្រមូល​សម្រាម​យកទៅ​ចាក់ចោល​ដោយឡែក គ្រឿង​កម្រាល​ផែនដី ដែលហាល​រួចហើយ ត្រូវគោះ (ឲ្យស្អាត) រួចនាំយកទៅក្រាល​ដូចដែល​វិញ ទ្រនាប់​គ្រែដែល​ហាលរួច ត្រូវជូត​ (ឲ្យស្អាត) ហើយនាំយកទៅ​ទុកនៅទីដដែលវិញ គ្រែដែល​ហាលរួចហើយដុសលាងគោះរួចហើយ ធ្វើឲ្យទាបស្រួល កុំឲ្យត្រដុះនឹងផែនដី កុំឲ្យ​ទង្គិចទង្គុកសន្ទះទ្វារ និងក្របទ្វារ ហើយនាំយក​ទៅរៀបទុកដាក់ដូចដែលវិញ តាំង​ដែល​ហាលរួច​ហើយ ត្រូវគោះហើយ ធ្វើឲ្យទាបស្រួល កុំឲ្យត្រដុះនឹងផែនដី កុំឲ្យ​ទង្គិចទង្គុក​សន្ទះទ្វារ និង​ក្របទ្វារ ហើយនាំយកទៅ​រៀបទុកដាក់​ដូចដែលវិញ ពូកនិងខ្នើយដែល​ហាលរួចហើយ ត្រូវ​គោះរួចនាំយកទៅក្រាលដូចដែលវិញ កម្រាលសម្រាប់​អង្គុយ​ដែល​​ហាលរួចហើយ ត្រូវ​គោះរួច​នាំយកទៅ​ក្រាលទុកដូចដែលវិញ កន្ថោរ​ដែល​ហាលរួច​ហើយ ត្រូវជូត​រួច​នាំយកទៅ​ទុកនៅទីដដែលវិញ ក្តារសម្រាប់ផ្អែក ដែល​ហាលរួចហើយ ត្រូវជូតហើយនាំយកទៅទុក​នៅទីដដែលវិញ ត្រូវទុកបាត្រនិងចីវរ (ឲ្យល្អ) កាលនឹងទុក​បាត្រ ដៃម្ខាងចាប់បាត្រ ដៃម្ខាងស្ទាបក្រោម​គ្រែ ឬក្រោម​តាំងមើល ហើយសឹមទុកបាត្រ មិនត្រូវទុកបាត្រ​លើទីដែលមិនសមគួរឡើយ កាលនឹងទុកចីវរ ​ដៃម្ខាងចាប់ចីវរ ដៃម្ខាង​ជូតស្បៀង​ចីវរ ឬខ្សែចីវរ ហើយបត់​ជាយខាង​ណោះមក​ខាងណេះ ឲ្យ​ជាផ្នត់សិន រួចសឹម​ទុកចីវរ​ចុះ។ បើខ្យល់បក់ធូលី​មកពីទិស​ខាងកើត ឧបជ្ឈាយ៍​ត្រូវបិទបង្អួច​ពី​ខាងកើត បើខ្យល់បក់ធូលី​មកពីទិស​ខាងលិច ឧបជ្ឈាយ៍ត្រូវបិទ​បង្អួច​ពីខាងលិច បើខ្យល់បក់ធូលី​មកពីទិស​ខាងជើង ឧបជ្ឈាយ៍ត្រូវបិទបង្អួច​ពី​ខាងជើង បើខ្យល់បក់ធូលី​មកពីទិស​ខាងត្បូង ឧបជ្ឈាយ៍ត្រូវបិទបង្អួចពី​ទិស​ខាងត្បូង បើ​រដូវ​ត្រជាក់ ឧបជ្ឈាយ៍ ត្រូវបើកបង្អួច​ក្នុងវេលាថ្ងៃ ត្រូវបិទ​បង្អួចក្នុងវេលាយប់ បើ​រដូវក្តៅ ឧបជ្ឈាយ៍ត្រូវបិទបង្អួច​ក្នុងវេលាថ្ងៃ ត្រូវបើក​បង្អួចក្នុងវេលាយប់​វិញ។ បើទីបរិវេណ​ស្មោកគ្រោក មិនស្អាត ឧបជ្ឈាយ៍​ត្រូវ​បោស​បរិវេណចេញ បើបន្ទប់ស្មោកគ្រោក មិនស្អាត ត្រូវបោស​បន្ទប់ចេញ បើរោង​សម្រាប់ឆាន់​មិនស្អាត ត្រូវបោសរោងសម្រាប់ឆាន់ បើរោងភ្លើងស្មោកគ្រោក ត្រូវបោស​រោងភ្លើងចេញ បើបង្គន់ស្មោកគ្រោក ត្រូវបោសសំអាតបង្គន់ បើគ្មានទឹកសម្រាប់ឆាន់ ត្រូវដំកល់​ទឹកសម្រាប់ឆាន់ បើគ្មានទឹកសម្រាប់ប្រើប្រាស់ ត្រូវដំកល់​ទឹកសម្រាប់​ប្រើប្រាស់ បើទឹក​ក្នុងក្អម​សម្រាប់លាងអាចមន៍គ្មានទេ ត្រូចាក់ទឹក​ទៅក្នុងក្អម​សម្រាប់លាងអាចមន៍។ បើសទ្ធិវិហារិកមានសេចក្តីអផ្សុក ឧបជ្ឈាយ៍ត្រូវនាំ​ចៀសចេញ​ទៅកំសាន្ត​ដោយខ្លួនឯង ឬប្រើគេឲ្យ​នាំចៀសចេញ​ទៅកំសាន្តក៏បាន ឬត្រូវធ្វើធម្មីកថា​ដល់សទ្ធិវិហារិក​នោះ បើ​សទ្ធិវិហារិកមានសេចក្តី​សង្ស័យ​កើតឡើង ឧបជ្ឈាយ៍​ត្រូវបន្ទោបង់ដោយ​ខ្លួនឯង ឬរកគេ​ឲ្យ​ជួយ​បន្ទោបង់​ក៏បាន ឬត្រូវ​ធ្វើធម្មីកថា​ដល់សទ្ធិវិហារិកនោះ បើសេចក្តីយល់ខុស កើត​ឡើង​ដល់សទ្ធិវិហារិក ឧបជ្ឈាយ៍ត្រូវ​ដោះស្រាយ (ពន្យល់) ដោយខ្លួនឯង ឬប្រើគេ​ឲ្យជួយ​ដោះស្រាយ (ពន្យល់​ឲ្យលះទិដ្ឋិ​នោះចេញ) ក៏បាន ឬត្រូវធ្វើធម្មីកថា​ដល់សទ្ធិវិហារិក​នោះ។ ​ បើសទ្ធិវិហារិក​ត្រូវ​គរុកាបត្តិ គួរនឹងចូល​បរិវាស ឧបជ្ឈាយ៍​ត្រូវធ្វើសេចក្តីខ្វល់ខ្វាយ​ថា សង្ឃគួរឲ្យ​បរិវាស​ដល់ សទ្ធិវិហារិក​ដោយឧបាយ​ដូចម្តេចហ្ន៎ បើសទ្ធិវិហារិកគួរ​ដល់កិរិយា​ទាញអន្តរាបត្តិ មកដាក់​ក្នុង​មូលាបត្តិ ឧបជ្ឈាយ៍ត្រូវធ្វើសេចក្តីខ្វល់ខ្វាយ​ថា សង្ឃគប្បីទាញអន្តរាបត្តិ​មកដាក់​ក្នុងមូលាបត្តិ​ចំពោះសទ្ធិវិហារិក ដោយឧបាយ​ដូច​ម្តេច​ហ្ន៎ បើសទ្ធិវិហារិក​គួរដល់​មានត្ត ឧបជ្ឈាយ៍ត្រូវធ្វើសេចក្តីខ្វល់ខ្វាយថា សង្ឃគប្បីឲ្យមានត្ត​ដល់សទ្ធិវិហារិក ដោយឧបាយ​ដូចម្តេចហ្ន៎ បើសទ្ធិវិហារិកគួរដល់​អព្ភានកម្ម ឧបជ្ឈាយ៍​ត្រូវធ្វើនូវសេចក្តីខ្វល់ខ្វាយថា សង្ឃគប្បីធ្វើអព្ភានកម្ម ចំពោះសទ្ធិវិហារិក ដោយឧបាយ​ដូចម្តេចហ្ន៎។ បើសង្ឃចង់ធ្វើ​កម្មគឺ តជ្ជនីយកម្មក្តី និយស្សកម្មក្តី បព្វាជនីយកម្មក្តី បដិសារណីយកម្មក្តី ឧក្ខេបនីយកម្មក្តី ដល់សទ្ធិវិហារិក ឧបជ្ឈាយ៍ត្រូវធ្វើសេចក្តីខ្វល់ខ្វាយ​ថា សង្ឃកុំគប្បីធ្វើកម្ម ឬ​គប្បីបង្អោន​ទៅដើម្បី​កម្មស្រាលដល់​សទ្ធិវិហារិក ដោយឧបាយ​ដូចម្តេចហ្ន៎ បើជាកម្មគឺ តជ្ជនីយកម្មក្តី និយស្សកម្មក្តី បព្វាជនីយកម្មក្តី បដិសារណីយកម្មក្តី ឧក្ខេបនីយកម្មក្តី សង្ឃ​បានធ្វើដល់​សទ្ធិវិហារិក​នោះរួចទៅហើយ ឧបជ្ឈាយ៍​ត្រូវធ្វើ​សេចក្តី​ខ្វល់ខ្វាយ​ថា ធ្វើដូចម្តេចហ្ន៎ សទ្ធិវិហារិកគប្បីប្រព្រឹត្តដោយប្រពៃ គប្បី​សម្របរោម (កុំប្រកែប្រកាន់) គប្បី​ប្រព្រឹត្ត​វត្ត គួរក្នុងការរើខ្លួន​ចេញ​អំពីអាបត្តិ សង្ឃគប្បី​រម្ងាប់នូវ​កម្មនោះ។ បើចីវរ​របស់សទ្ធិវិហារិក​គួរនឹងលាង ឧបជ្ឈាយ៍​ត្រូវប្រាប់ថា អ្នកឯងគប្បី​លាងយ៉ាងនេះ ឬគប្បី​ធ្វើ​សេចក្តី​ខ្វល់ខ្វាយថា ចីវររបស់សទ្ធិវិហារិក​គួរនឹងលាងដូចម្តេច​ហ្ន៎ បើចីវរ​របស់សទ្ធិវិហារិក​គួរនឹងធ្វើ (មានដេរប៉ះជាដើម) ឧបជ្ឈាយ៍ត្រូវប្រាប់ថា អ្នកគប្បី​ធ្វើយ៉ាងនេះ ឬត្រូវ​ធ្វើនូវ​សេចក្តី​ខ្វល់ខ្វាយថា ចីវររបស់សទ្ធិវិហារិក​គួរនឹង​ធ្វើដោយ​ឧបាយ​ដូចម្តេចហ្ន៎ បើគ្រឿងជ្រលក់​​របស់សទ្ធិវិហារិក​គួរនឹងចំអិន ឧបជ្ឈាយ៍ត្រូវប្រាប់ថា អ្នកឯង​ត្រូវចំអិនគ្រឿងជ្រលក់យ៉ាងនេះ ឬត្រូវ​ធ្វើ​សេចក្តី​ខ្វល់ខ្វាយថា គ្រឿងជ្រលក់របស់​សទ្ធិវិហារិក គួរនឹងចំអិន​ដោយឧបាយ​ដូចម្តេចហ្ន៎ បើចីវររបស់សទ្ធិវិហារិក​គួរនឹង​ជ្រលក់ ឧបជ្ឈាយ៍ត្រូវប្រាប់ថា អ្នកឯងគប្បី​ជ្រលក់ចីវរ​បែបនេះ ឬត្រូវ​ធ្វើ​សេចក្តី​ខ្វល់ខ្វាយថា ចីវរ​របស់សទ្ធិវិហារិក​គួរនឹងជ្រលក់​ដោយឧបាយដូចម្តេចហ្ន៎ កាលបើជ្រលក់​ចីវរ ត្រូវជ្រលក់​ដោយប្រែ​ត្រឡប់​​ឲ្យសព្វស្មើល្អ ប្រសិនបើដំណក់ទឹកស្រក់​មិនទាន់អស់ ឧបជ្ឈាយ៍កុំអាល​ដើរ​​​ចេញ។ បើសទ្ធិវិហារិក មាន​ជម្ងឺ ឧបជ្ឈាយ៍ត្រូវថែទាំអស់មួយជីវិត ត្រូវ​រង់ចាំលុះតែ​ជាជម្ងឺ។

ចប់ សទ្ធិវិហារិកវត្ត។

[៨៣] សម័យនោះឯង ពួកសទ្ធិវិហារិក មិនបានប្រព្រឹត្ត​ល្អ (គឺ​មិនបានយកចិត្ត​ទុកដាក់) នឹងឧបជ្ឈាយ៍​ទាំងឡាយឡើយ។ ភិក្ខុទាំងឡាយណាមានសេចក្តី​ប្រាថ្នាតិច។បេ។ ភិក្ខុ​ទាំង​នោះ ពោលទោស តិះដៀល បន្តុះបង្អាប់​ថា ពួកសទ្ធិវិហារិក មិនសមបើ​នឹងមិន​ប្រព្រឹត្ត​ល្អនឹងឧបជ្ឈាយ៍​សោះ។ គ្រានោះ ភិក្ខុទាំងនោះ បានក្រាបទូល​សេចក្តីនុ៎ះ​ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះដ៏មាន​ព្រះភាគ ទ្រង់ត្រាស់​សួរថា ម្នាលភិក្ខុទាំងឡាយ បានឮថា ពួកសទ្ធិវិហារិក​មិនបានប្រព្រឹត្ត​ល្អនឹងឧបជ្ឈាយ៍ ពិតមែនឬ។ ភិក្ខុទាំងឡាយ​ក្រាបទូលថា សូមទ្រង់ព្រះមេត្តាប្រោស ពិតមែន។ ព្រះពុទ្ធដ៏មានជោគ​ ទ្រង់បន្ទោស​ថា ម្នាលភិក្ខុ​ទាំងឡាយ ពួកសទ្ធិវិហារិក មិនសមបើនឹងមិនប្រព្រឹត្ត​ល្អនឹងឧបជ្ឈាយ៍​ទេ។ ព្រះដ៏មាន​បុណ្យ ទ្រង់បន្ទោសហើយ ទ្រង់ធ្វើ​ធម្មីកថា រួចត្រាស់ហៅ​ភិក្ខុទាំងឡាយ​មក ទ្រង់បញ្ញត្តថា ម្នាលភិក្ខុទាំងឡាយ សទ្ធិវិហារិក មិនគួរនឹងមិនប្រព្រឹត្ត​ល្អនឹងឧបជ្ឈាយ៍ទេ ភិក្ខុណា​ដែលមិនប្រព្រឹត្ត​ល្អនឹង​ឧបជ្ឈាយ៍ ត្រូវអាបត្តិទុក្កដ។ ពួកសទ្ធិវិហារិកទាំងនោះ​ ក៏នៅតែ​មិនប្រព្រឹត្តល្អ​ក្នុងឧបជ្ឈាយ៍ដដែល ភិក្ខុទាំងឡាយ បានក្រាបទូល​សេចក្តី​នុ៎ះ ​ចំពោះ​ព្រះដ៏មាន​ព្រះភាគ។ ទើបព្រះអង្គទ្រង់អនុញ្ញាត​ថា ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត​ឲ្យឧបជ្ឈាយ៍ បណ្តេញ​សទ្ធិវិហារិក ដែលមិនបានប្រព្រឹត្ត​ល្អចេញ។ ម្នាលភិក្ខុទាំងឡាយ ឧបជ្ឈាយ៍​ត្រូវបណ្តេញ​សទ្ធិវិហារិក ​យ៉ាងនេះ គឺឧបជ្ឈាយ៍បញ្ជាក់ឲ្យដឹងដោយកាយ បញ្ជាក់​ឲ្យដឹងដោយវាចា ឬទាំងកាយ​ទាំងវាចាថា អញ​បណ្តេញ​អ្នកឯង​ឥឡូវនេះក្តី ថាអ្នកឯង​កុំចូលមក​ក្នុងទីនេះក្តី ថាអ្នកឯង​ចូរនាំ​យកបាត្រ​និងចីវរ​របស់អ្នក​ទៅក្តី ខ្លួនអញ​ អ្នកឯងមិនត្រូវមក​បម្រើ​ទេក្តី (យ៉ាងនេះ​ហៅថា) ឧបជ្ឈាយ៍​បណ្តេញ​​សទ្ធិវិហារិក (បើ) ឧបជ្ឈាយ៍​មិនបានបញ្ជាក់​ឲ្យដឹង​ដោយកាយ ឬ​ដោយវាចា ឬទាំងកាយ​ ទាំងវាចា (យ៉ាងនេះហៅថា) ឧបជ្ឈាយ៍​មិនបានបណ្តេញ​សទ្ធិវិហារិកទេ។ សម័យនោះ ពួក​សទ្ធិវិហារិក​​ដែល​ឧបជ្ឈាយ៍​បានបណ្តេញហើយ ក៏មិនបានឲ្យឧបជ្ឈាយ៍អត់ទោសឲ្យវិញ។ ភិក្ខុទាំងឡាយ​បាន​ក្រាបទូល​សេចក្តីនុ៎ះ​ចំពោះព្រះដ៏មានព្រះភាគ។ ព្រះដ៏មានព្រះភាគ​ទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យ​ពួក​សទ្ធិវិហារិកសូមឲ្យ​​ឧបជ្ឈាយ៍​អត់ទោសឲ្យបាន។ ពួកសទ្ធិវិហារិក នៅតែមិនបានសូមឲ្យឧបជ្ឈាយ៍​អត់​ទោស​ឲ្យឡើយ។ ភិក្ខុទាំងឡាយ​បាន​ក្រាបទូល​សេចក្តីនុ៎ះ​ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គ​ទ្រង់បញ្ញត្តថា ម្នាលភិក្ខុទាំងឡាយ ​សទ្ធិវិហារិកដែល​​ឧបជ្ឈាយ៍បណ្តេញចេញ​ទៅហើយ មិនគួរ​នឹងមិនសូម​ឲ្យឧបជ្ឈាយ៍​អត់ទោស​ឲ្យទេ សទ្ធិវិហារិក​ណាមួយ ​មិនបានសូមឲ្យ​ឧបជ្ឈាយ៍​​អត់ទោសឲ្យ ត្រូវអាបត្តិទុក្កដ។ គ្រានោះឯង ពួកឧបជ្ឈាយ៍ កាលបើសទ្ធិវិហារិក​ទៅសូម​ខមាទោសវិញ ក៏មិនព្រម​អត់ទោសឲ្យឡើយ។ ភិក្ខុទាំងឡាយ​បាន​ក្រាបទូល​សេចក្តីនុ៎ះ​ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គ​ទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យ​ឧបជ្ឈាយ៍អត់ទោសដល់សទ្ធិវិហារិក។ ឧបជ្ឈាយ៍ទាំងនោះ ក៏មិន​ព្រមអត់​ទោស​ឲ្យឡើយ។ ឯពួកសទ្ធិវិហារិក​រត់ចេញទៅខ្លះ សឹកចេញទៅខ្លះ រត់ចូល​ពួកតិរ្ថិយខ្លះ។ ភិក្ខុទាំងឡាយ​ក្រាបទូល​សេចក្តីនុ៎ះ​ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គ​ទ្រង់បញ្ញត្តថា ម្នាលភិក្ខុទាំងឡាយ ​កាលបើ​សទ្ធិវិហារិក មកសូមខមាទោស ​​ឧបជ្ឈាយ៍​ត្រូវតែអត់ទោសឲ្យ (បើ) ឧបជ្ឈាយ៍ណាមួយ​មិន​អត់ទោស​ឲ្យទេ ត្រូវអាបត្តិទុក្កដ។

[៨៤] សម័យនោះឯង ពួកឧបជ្ឈាយ៍បណ្តេញ​សទ្ធិវិហារិក​ដែលប្រព្រឹត្តល្អចេញ មិនបាន​បណ្តេញ​សទ្ធិវិហារិក​ដែលប្រព្រឹត្ត​អាក្រក់ចេញឡើយ។ ភិក្ខុទាំងឡាយ ក្រាបទូល​សេចក្តី​នុ៎ះ​​ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គ ទ្រង់បញ្ញត្តថា ម្នាលភិក្ខុទាំងឡាយ សទ្ធិវិហារិក​ដែលប្រព្រឹត្តល្អហើយ ឧបជ្ឈាយ៍មិនត្រូវបណ្តេញចេញទេ (បើ) ​ឧបជ្ឈាយ៍ណាមួយ​បណ្តេញចេញ ត្រូវអាបត្តិទុក្កដ ម្នាលភិក្ខុទាំងឡាយ ចំណែក​ខាងសទ្ធិវិហារិក​ដែល​ប្រព្រឹត្ត​អាក្រក់ ឧបជ្ឈាយ៍ត្រូវតែបណ្តេញ​ចេញបាន (បើ) ឧបជ្ឈាយ៍ណាមួយ​មិនបណ្តេញ​ចេញទេ ត្រូវអាបត្តិទុក្កដ។ ម្នាលភិក្ខុទាំងឡាយ សទ្ធិវិហារិក​ដែលប្រកបដោយអង្គ៥ ​​ឧបជ្ឈាយ៍ត្រូវតែបណ្តេញចេញបាន (ឯអង្គ៥នោះ) គឺសទ្ធិវិហារិក​មិនបានស្រឡាញ់​ឧបជ្ឈាយ៍ដោយពិត១ មិនមានសេចក្តីជ្រះថ្លាដោយពិត១ មិនមានសេចក្តីអៀនខ្មាស​ដោយពិត១ មិនមានសេចក្តី​គោរពដោយពិត១ មិនមានការចំរើន​ភាវនាដោយពិត១ ម្នាលភិក្ខុ​ទាំងឡាយ ​សទ្ធិវិហារិកប្រកបដោយអង្គ៥​នេះឯងហើយ ​​ឧបជ្ឈាយ៍​ត្រូវតែ​បណ្តេញ​ចេញ​។ ម្នាលភិក្ខុ​ទាំងឡាយ សទ្ធិវិហារិក​ដែលប្រកបដោយអង្គ៥ (នោះ)​​ឧបជ្ឈាយ៍​មិនត្រូវបណ្តេញចេញទេ (ឯអង្គ៥នោះ) គឺសទ្ធិវិហារិក​មានសេចក្តីស្រឡាញ់​ឧបជ្ឈាយ៍ដោយពិត១ មានសេចក្តី​ជ្រះថ្លា​ដោយ​ពិត១ មានសេចក្តីអៀនខ្មាស​ដោយពិត១ មានសេចក្តី​គោរពដោយពិត១ មានការចំរើន​ភាវនា​ដោយ​ពិត១ ម្នាលភិក្ខុ​ទាំងឡាយ ​សទ្ធិវិហារិកប្រកបដោយអង្គ៥​នេះឯងហើយ ​​ឧបជ្ឈាយ៍មិនត្រូវបណ្តេញចេញទេ​។ ម្នាល​ភិក្ខុទាំងឡាយ សទ្ធិវិហារិក​ដែលប្រកបដោយអង្គ៥ ​គួរឲ្យ​ឧបជ្ឈាយ៍បណ្តេញចេញ (ឯអង្គ ៥ នោះ) គឺសទ្ធិវិហារិក​គ្មានសេចក្តីស្រឡាញ់​ឧបជ្ឈាយ៍ដោយពិត១ គ្មានសេចក្តី​ជ្រះថ្លា​ដោយពិត១ គ្មានសេចក្តីអៀនខ្មាស​ដោយពិត១ គ្មានសេចក្តី​គោរពដោយពិត១ គ្មានការ​ចំរើន​ភាវនាដោយពិត១ ម្នាលភិក្ខុ​ទាំងឡាយ ​សទ្ធិវិហារិកប្រកបដោយអង្គទាំង៥​នេះឯង គួរឲ្យ​​ឧបជ្ឈាយ៍បណ្តេញចេញ​។ ម្នាលភិក្ខុ​ទាំងឡាយ សទ្ធិវិហារិក​ប្រកបដោយអង្គ ៥​​ឧបជ្ឈាយ៍​មិនគួរ​បណ្តេញ​ចេញឡើយ (ឯអង្គ៥នោះ) គឺសទ្ធិវិហារិក​មានសេចក្តីស្រឡាញ់​ឧបជ្ឈាយ៍ដោយពិត១ មានសេចក្តី​ជ្រះថ្លា​ដោយ​ពិត១ មានសេចក្តីអៀនខ្មាស​ដោយពិត១ មានសេចក្តី​គោរពដោយពិត១ មានការចំរើន​ភាវនា​ដោយ​ពិត១ ម្នាលភិក្ខុ​ទាំងឡាយ​សទ្ធិវិហារិកប្រកបដោយអង្គទាំង៥​នេះ ​​ឧបជ្ឈាយ៍​មិនគួរបណ្តេញចេញទេ​។ ម្នាលភិក្ខុ​ទាំងឡាយ ឧបជ្ឈាយ៍ កាលមិនបណ្តេញ​សទ្ធិវិហារិក​ដែលប្រកប​ដោយអង្ក​៥ (ចំណែក​ខាងខុស) ចេញទេ នឹងមានទោស (គឺត្រូវអាបត្តិ​មិនខាន) បើឧបជ្ឈាយ៍​បណ្តេញ​សទ្ធិវិហារិក​​ដែលប្រកបដោយអង្គ៥​នេះចេញ មិនមានទោសទេ (ឯអង្គ៥នោះ) គឺ​សទ្ធិវិហារិកគ្មាន​​សេចក្តីស្រឡាញ់​ឧបជ្ឈាយ៍ដោយពិត១ គ្មានសេចក្តី​ជ្រះថ្លា​ដោយ​ពិត១ គ្មានសេចក្តីអៀនខ្មាស​ដោយ​ពិត១ គ្មានសេចក្តី​គោរពដោយពិត១ គ្មានការចំរើន​ភាវនា​ដោយ​ពិត១ ម្នាលភិក្ខុ​ទាំងឡាយ ​​ឧបជ្ឈាយ៍​មិន​បណ្តេញសទ្ធិវិហារិក​ដែលប្រកបដោយ​អង្គ៥នេះឯង នឹងមានទោស (បើ) ឧបជ្ឈាយ៍​បានបណ្តេញ​សទ្ធិវិហារិកដែលប្រកបដោយ​អង្គ៥​នេះឯង ក៏មិនមានទោសទេ​។ ម្នាលភិក្ខុទាំងឡាយ ឧបជ្ឈាយ៍​បណ្តេញសទ្ធិវិហារិក ដែលប្រកបដោយ​អង្គទាំង៥ (ចំណែកខាងត្រូវ) នឹងមានទោស​មិនខាន (បើ) ឧបជ្ឈាយ៍​មិនបាន​បណ្តេញ​សទ្ធិវិហារិក​ដែលប្រកបដោយ​អង្គ៥​នេះចេញទេ មិនមានទោស​ទេ (អង្គ ៥​ នោះ) គឺសទ្ធិវិហារិកមានសេចក្តីស្រឡាញ់​ឧបជ្ឈាយ៍ដោយពិត១ មានសេចក្តី​ជ្រះថ្លា​​ដោយ​ពិត១ មានសេចក្តីអៀនខ្មាស​ដោយពិត១ មានសេចក្តី​គោរពដោយពិត១ មាន​ការចំរើន​ភាវនា​ដោយ​ពិត១ ម្នាលភិក្ខុ​ទាំងឡាយ ​​ឧបជ្ឈាយ៍​បណ្តេញ​សទ្ធិវិហារិក​ដែល​ប្រកប​ដោយ​អង្គ​ទាំង៥នេះឯង នឹងមាន​ទោស​មិនខានទេ (បើ) ឧបជ្ឈាយ៍​មិនបាន​បណ្តេញ​សទ្ធិវិហារិក ដែលប្រកបដោយ​អង្គ​ទាំង៥នេះទេ មិនមាន​ទោសទេ។

[៨៥] សម័យនោះឯង មានព្រាហ្មណ៍ម្នាក់​បានចូលទៅរក​ពួកភិក្ខុ ហើយសូមផ្នួស។ ពួកភិក្ខុ​មិនប្រាថ្នានឹង​បំបួស​ព្រាហ្មណ៍​នោះឡើយ។ ព្រាហ្មណ៍នោះ កាលបើមិនបាន​ផ្នួស​ក្នុងសំណាក់​ពួកភិក្ខុ​ហើយ ក៏ទៅជា​ស្គាំងស្គម មានសម្បុរអាក្រក់ កើតរោគលឿង ស្លេកស្លាំង លេចសរសៃរវាម​នៅខ្លួន។ ព្រះដ៏មានព្រះភាគ ទ្រង់បានទតឃើញ​ព្រាហ្មណ៍​នោះ​ស្គាំងស្គម មានសម្បុរអាក្រក់ កើតរោគលឿង ស្លេកស្លាំង លេចសរសៃរវាម​នៅខ្លួន (ដូច្នេះ) លុះទ្រង់ទតឃើញហើយ ក៏ទ្រង់​ត្រាស់ហៅ​ពួកភិក្ខុ​មក​សួរថា ម្នាលភិក្ខុទាំងឡាយ ឯព្រាហ្មណ៍នោះ បានជាស្គាំងស្គម មានសម្បុរអាក្រក់ កើតរោគលឿង ស្លេកស្លាំង លេចសរសៃរវាម​នៅខ្លួន តើដោយហេតុអ្វី។ ភិក្ខុទាំងនោះ​ក្រាបទូលថា សូមទ្រង់​ព្រះមេត្តា​ប្រោស ព្រាហ្មណ៍​នុ៎ះ បានចូលមករកពួក​ភិក្ខុ ហើយអង្វរ​សូមផ្នួស ពួកភិក្ខុមិន​ប្រាថ្នា​នឹងបំបួស​ព្រាហ្មណ៍​នោះឡើយ ព្រាហ្មណ៍​នោះ កាលបើ​មិនបាន​ផ្នួស​ក្នុងសំណាក់​ពួក​ភិក្ខុហើយ ក៏ទៅជា ស្គាំងស្គម មានសម្បុរអាក្រក់ កើតរោគលឿង ស្លេកស្លាំង លេចសរសៃរវាម​នៅខ្លួន។ វេលានោះឯង ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ហៅ​ពួកភិក្ខុមក ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុណាហ្ន៎ អាច​រលឹក​ឃើញ​អធិការៈ (គុណ) របស់ព្រាហ្មណ៍​នោះបាន។ កាលបើព្រះអង្គ ទ្រង់​សួរយ៉ាងនេះហើយ ព្រះសារីបុត្ត​ដ៏មានអាយុ ក៏បាន​ពោលពាក្យនេះនឹង​ព្រះដ៏មានព្រះភាគថា សូមទ្រង់ព្រះមេត្តា​ប្រោស ខ្ញុំព្រះអង្គ (អាច) រលឹកនូវ​អធិការៈ (គុណ) របស់ព្រាហ្មណ៍​នោះបាន។ ទ្រង់ត្រាស់​សួរទៀត​ថា ម្នាលសារីបុត្ត អ្នកឯងរលឹក​អធិការៈ (គុណ) របស់ព្រាហ្មណ៍​នោះបានយ៉ាងដូចម្តេច។ ព្រះសារីបុត្ត​ទូលថា សូមទ្រង់ព្រះមេត្តាប្រោស កាលខ្ញុំព្រះអង្គទៅបិណ្ឌបាត ក្នុងក្រុង​រាជគ្រឹះនេះ ព្រាហ្មណ៍​នោះបាន​ប្រើគេឲ្យ​ប្រគេនចង្ហាន់​មួយវែក សូមទ្រង់​ព្រះមេត្តា​ប្រោស ខ្ញុំ​ព្រះអង្គ​រលឹកបាននូវ​អធិការៈ (គុណ) របស់ព្រាហ្មណ៍​នោះប៉ុណ្ណេះឯង។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា នែសារីបុត្ត ពាក្យដែល​អ្នកពោល​មកនេះប្រពៃណាស់ នែសារីបុត្ត ធម្មតា​ពួកសប្បុរ​សរមែងជាអ្នកកតញ្ញូកតវេទី​ ​[កតញ្ញូ​ជាអ្នកដឹងគុណដែល​អ្នកដទៃ​បានធ្វើដល់ខ្លួន កតវេទី ជាអ្នកប្រកាស​នូវ​ឧបការគុណ​ដែលអ្នក​ដទៃ​ធ្វើ​ហើយ​ប្រាកដ គឺតបគុណគេ។] ពិត ម្នាលសារីបុត្ត បើដូច្នោះ ចូរអ្នកឲ្យបព្វជ្ជា និងឧបសម្បទា​ដល់​ព្រាហ្មណ៍​នោះ។ ព្រះសារីបុត្ត​ក្រាបទូលថា សូមទ្រង់ព្រះមេត្តាប្រោស ខ្ញុំព្រះអង្គ​នឹងត្រូវ​ឲ្យបព្វជ្ជា និង​ឧបសម្បទា​ដល់ព្រាហ្មណ៍​នោះដូចម្តេចទៅ។ ព្រោះនិទាននេះ ដំណើរនេះ ព្រះដ៏មានព្រះភាគ​ទ្រង់​ធ្វើ​នូវធម្មីកថា​ក្នុងវេលានោះ រួចទ្រង់​ត្រាស់ហៅ​ភិក្ខុ​ទាំងឡាយ​មកត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ឧបសម្បទា​ណា ដែលតថាគត​បាន​អនុញ្ញាត​​ដោយ​ត្រៃសរណគមន៍​រួចហើយ ចាប់ដើមពី​ថ្ងៃនេះតទៅ តថាគត​ឃាត់នូវ​ឧបសម្បទានោះវិញ ម្នាលភិក្ខុទាំងឡាយ ឥឡូវ​តថាគត​អនុញ្ញាត​នូវ​ឧបសម្បទា​ដោយ​ញត្តិចតុត្ថកម្ម គឺកម្ម​មានញត្តិ​ជាគំរប់៤វិញ ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវឲ្យឧបសម្បទា​បែប​យ៉ាងនេះ ភិក្ខុអ្នកឆ្លាស​ប្រតិពល ត្រូវផ្តៀងសង្ឃថា បពិត្រ​ព្រះគម្តែងសង្ឃ​ដ៏ចំរើន សូមសង្ឃ​ស្តាប់ខ្ញុំ ដ្បិត​ឈ្មោះនេះ ជាឧបសម្បទាបេក្ខៈ[សាមណេរដែល​ត្រូវបួសជាភិក្ខុ​ភាវៈ។] របស់លោកដ៏មានអាយុ​ឈ្មោះនេះ។ បើកម្មមាន​កាលដ៏សមគួរ​ដល់សង្ឃហើយ សង្ឃគប្បី​ញុំាង​ឧបសម្បទាបេក្ខៈ​ឈ្មោះ​នេះ ឲ្យបានឧបសម្បទា[ឲ្យដល់​នូវគុណ​ឰដ៏ខាង​លើ គឺបានសម្រេច​ជាភិក្ខុភាវៈ។] ដោយមាន​ព្រះថេរៈ​ឈ្មោះ​នេះ ជាឧបជ្ឈាយ៍ចុះ។ ពាក្យនេះ ជាពាក្យផ្តៀងសង្ឃ​(ឲ្យជ្រាប)។ បពិត្រ​ព្រះគម្តែងសង្ឃ​ដ៏ចំរើន សូម​ព្រះសង្ឃ​​ស្តាប់ខ្ញុំ (ដ្បិត)​ឈ្មោះនេះ ជាឧបសម្បទាបេក្ខៈ របស់លោកដ៏មានអាយុ​ឈ្មោះនេះ។ ឥឡូវ​សង្ឃញុំាងឈ្មោះនេះ​ឲ្យបាន​ឧបសម្បទា ដោយមាន​ព្រះថេរៈ​ឈ្មោះ​នេះ ជាឧបជ្ឈាយ៍។ ឯការញុំាង​ឈ្មោះនេះឲ្យបាន​ឧបសម្បទា ដោយមាន​ព្រះថេរៈ​ឈ្មោះ​នេះ ជាឧបជ្ឈាយ៍ (បើ) គួរ​ដល់លោក​ដ៏មាន​អាយុ​អង្គណា លោកដ៏មានអាយុ​អង្គនោះ​គប្បីស្ងៀមនៅ (បើ) មិនគួរ​ដល់លោកដ៏មានអាយុ​អង្គណា លោកដ៏មានអាយុ​អង្គនោះ​គប្បី​ពោលឡើង។ ខ្ញុំ​ពោលសេចក្តីនេះ​ជាគំរប់​ពីរដងផង។ បពិត្រ​ព្រះគម្តែង​សង្ឃ​ដ៏ចំរើន សូម​ព្រះសង្ឃ​​ស្តាប់ខ្ញុំ (ដ្បិត)​ឈ្មោះនេះ ជាឧបសម្បទាបេក្ខៈ របស់លោកដ៏មានអាយុ​ឈ្មោះ​នេះ។ ឥឡូវ​សង្ឃ​ញុំាងឈ្មោះនេះ​ឲ្យបាន​ឧបសម្បទា ដោយមាន​ព្រះថេរៈ​ឈ្មោះ​នេះ ជា​ឧបជ្ឈាយ៍។ ឯការញុំាង​ឈ្មោះនេះឲ្យបាន​ឧបសម្បទា ដោយមាន​ព្រះថេរៈ​ឈ្មោះ​នេះ ជាឧបជ្ឈាយ៍ (បើ) គួរ​ដល់លោក​ដ៏មាន​អាយុ​អង្គណា លោកដ៏មានអាយុ​អង្គនោះ​គប្បីស្ងៀមនៅ (បើ) មិនគួរ​ដល់លោក​ដ៏មាន​អាយុ​អង្គណា លោកដ៏មានអាយុ​អង្គនោះ​គប្បី​ពោលឡើង។ ខ្ញុំ​ពោលសេចក្តីនេះ​ជាគំរប់​បីដង​ផង។ បពិត្រ​ព្រះគម្តែងសង្ឃ​ដ៏ចំរើន សូម​ព្រះសង្ឃ​​ស្តាប់ខ្ញុំ (ដ្បិត)​ឈ្មោះនេះ ជាឧបសម្បទាបេក្ខៈ របស់លោកដ៏មានអាយុ​ឈ្មោះនេះ។ ឥឡូវ​សង្ឃ​ញុំាងឈ្មោះនេះ​ឲ្យបាន​ឧបសម្បទា ដោយមាន​ព្រះថេរៈ​ឈ្មោះ​នេះ ជាឧបជ្ឈាយ៍។ ឯការ​ញុំាង​ឈ្មោះនេះឲ្យបាន​ឧបសម្បទា ដោយមាន​ព្រះថេរៈ​ឈ្មោះ​នេះ ជាឧបជ្ឈាយ៍ (បើ) គួរ​ដល់លោក​ដ៏មាន​អាយុ​អង្គណា លោកដ៏មានអាយុ​អង្គនោះ​គប្បី​ស្ងៀម​នៅ (បើ) មិនគួរ​ដល់លោកដ៏មានអាយុ​អង្គណា លោកដ៏មានអាយុ​អង្គនោះ​គប្បី​ពោលឡើង។ ឈ្មោះនេះ ដែលសង្ឃ​បានឲ្យឧបសម្បទា​ ដោយមាន​ព្រះថេរៈ​ឈ្មោះ​នេះ ជាឧបជ្ឈាយ៍ហើយ។ (ការ​ដែល​​ឲ្យឧបសម្បទា​នេះ) គួរដល់​ព្រះសង្ឃហើយ ព្រោះហេតុនោះបានជា​សង្ឃស្ងៀម​នៅ។ ខ្ញុំសូម​ចាំ​ទុកសេចក្តី​នេះ ដោយអាការ​ស្ងៀមនៅ​យ៉ាងនេះឯង។

[៨៦] សម័យនោះឯង មានភិក្ខុ១រូបប្រព្រឹត្តអនាចារ គឺប្រព្រឹត្ត​ល្មើស តាំងអំពី​បាន​ឧបសម្បទា។ ពួកភិក្ខុក៏បាន​ពោលដាស់តឿន​យ៉ាងនេះថា ម្នាល​អាវុសោ អ្នកកុំធ្វើ​អំពើយ៉ាងនេះ​ឡើយ អំពើនេះ មិនគួរទេ។ ភិក្ខុនោះក៏ពោល​យ៉ាងនេះវិញថា ខ្ញុំមិនបានពឹង​លោកដ៏មានអាយុ​ទាំងឡាយដោយ​ពាក្យថា សូមឲ្យអស់លោក​ឲ្យឧបសម្បទា​ដល់ខ្ញុំទេ លោកទាំងឡាយ ខ្ញុំមិនបាន​អង្វរសោះ ហេតុអ្វី​ក៏ហ៊ាន​ឲ្យឧបសម្បទា​ដល់ខ្ញុំ។ ភិក្ខុទាំង​ឡាយបាន​ក្រាបទូលសេចក្តីនុ៎ះ​ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះដ៏មានព្រះភាគ​ជាម្ចាស់ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែល​គេមិនបាន​សូម មិនត្រូវ​ឲ្យ​ឧបសម្បទា (គេ)ទេ (បើ) ភិក្ខុណាឲ្យ​ឧបសម្បទាគេ ត្រូវអាបត្តិ​ទុក្កដ។ ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត​ឲ្យភិក្ខុដែល​មានគេ​សូម ទើប​ត្រូវឲ្យ​ឧបសម្បទា​គេបាន។ ម្នាលភិក្ខុទាំងឡាយ ឧបសម្បទាបេក្ខៈ ត្រូវសូមនឹងសង្ឃយ៉ាងនេះ គឺឧបសម្បទាបេក្ខៈ​នោះ ត្រូវចូល​ទៅ​កាន់ជំនុំសង្ឃ ហើយគ្រងចីពរ​ឆៀងស្មាម្ខាង រួចថ្វាយបង្គំទៀប​បាទានៃ​ភិក្ខុទាំងឡាយ ហើយអង្គុយច្រហោង ផ្គងអញ្ជលី​​ ពោល​យ៉ាងនេះនឹងសង្ឃ​ថា បពិត្រព្រះគម្តែង​សង្ឃដ៏​ចំរើន ខ្ញុំសូមឧបសម្បទានឹងសង្ឃ បពិត្រព្រះគម្តែងសង្ឃដ៏​ចំរើន សូមព្រះសង្ឃ​ស្រោច​ស្រង់ [ក្នុងដីកាថា សូមឲ្យ​សង្ឃ​រើខ្ញុំចេញចាក​ភេទ​សាមណេរ ហើយឲ្យឧបសម្បទា​ជាភិក្ខុភាវៈ។] នូវខ្ញុំដោយសេចក្តីអនុគ្រោះ។ ឧបសម្បទាបេក្ខៈ ត្រូវសូមជាគំរប់ពីរដងផង ត្រូវសូមជាគំរប់​បីដងផង។ ភិក្ខុអ្នកឆ្លាស​ប្រតិពល ត្រូវផ្តៀងសង្ឃថា បពិត្រ​ព្រះសង្ឃ​ដ៏ចំរើន សូមសង្ឃ​ស្តាប់ខ្ញុំ ឧបសម្បទាបេក្ខៈនេះ ឈ្មោះនេះ របស់លោកម្ចាស់ដ៏មានអាយុ​ឈ្មោះនេះ។ ឈ្មោះនេះ សូមឧបសម្បទានឹងសង្ឃ ដោយមាន​ព្រះថេរៈ​ឈ្មោះ​នេះ ជាឧបជ្ឈាយ៍។ បើកម្ម​​មានកាល​ដ៏សមគួរហើយដល់​សង្ឃហើយ សូមសង្ឃ​ឲ្យឧបសម្បទា​បុគ្គល​ឈ្មោះនេះ ដោយមាន​ព្រះថេរៈ​ឈ្មោះនេះ​ជាឧបជ្ឈាយ៍។ វាចានេះ ជាវាចា​ផ្តៀងសង្ឃ។ បពិត្រ​ព្រះសង្ឃ​ដ៏ចំរើន សូម​សង្ឃ​​ស្តាប់ខ្ញុំ ឧបសម្បទាបេក្ខៈនេះ ឈ្មោះនេះ របស់លោកដ៏មានអាយុ​ឈ្មោះនេះ ឥឡូវឈ្មោះនេះ សូមឧបសម្បទានឹងសង្ឃ ដោយមាន​ព្រះថេរៈ​ឈ្មោះ​នេះ ជាឧបជ្ឈាយ៍។ សង្ឃឲ្យឧបសម្បទា​បុគ្គល​ ​ឈ្មោះនេះ ដោយមាន​ព្រះថេរៈ​​ឈ្មោះ​នេះ ជាឧបជ្ឈាយ៍។ ឧបសម្បទា​របស់​ឈ្មោះនេះ ដោយមាន​ព្រះថេរៈ​ឈ្មោះ​​នេះ ជាឧបជ្ឈាយ៍ (បើ) គួរ​ដល់លោក​ដ៏មាន​អាយុ​អង្គណា លោកដ៏មានអាយុ​អង្គ​នោះ​ត្រូវស្ងៀម (បើ) មិនគួរ​ដល់លោកដ៏មានអាយុ​អង្គណា លោកដ៏មានអាយុ​អង្គនោះ​គប្បី​​ពោលឡើង។ ខ្ញុំពោលសេចក្តីនេះ​ជាគំរប់​ពីរដងផង។បេ។ ខ្ញុំពោលសេចក្តីនេះ​ជា​គំរប់​បី​ដង​ផង។បេ។ ​ឈ្មោះនេះសង្ឃ​បានឲ្យឧបសម្បទាហើយ ដោយមាន​ព្រះថេរៈ​ឈ្មោះ​​​នេះ ជាឧបជ្ឈាយ៍។ (ការដែលឲ្យ​ឧបសម្បទានេះ) គួរ​ដល់​ព្រះសង្ឃហើយ ព្រោះ​ហេតុនោះបានជា​សង្ឃស្ងៀមនៅ។ ខ្ញុំសូម​ចាំ​ទុកសេចក្តី​នេះ ដោយអាការ​ស្ងៀមនៅ​យ៉ាងនេះ។

[៨៧] សម័យនោះឯង មហាជន​ក្នុងក្រុងរាជគ្រឹះ នាំគ្នាផ្តើម​ឡើង​ចាត់ចែង​ភត្តាហារ​ដ៏ឧត្តម​​ថ្លៃថ្លា (ជាវេន​ៗរាល់ថ្ងៃ)។ គ្រានោះ មានព្រាហ្មណ៍ម្នាក់ មានសេចក្តីរិះគិត​យ៉ាង​នេះថា ពួកសមណៈ ជាសក្យបុត្តទាំងនេះឯង មានសេចក្តីសុខ​ជាប្រក្រតី មានមារយាទ​ស្រួលបួល បរិភោគ​ភោជន​ដ៏ល្អ សិង​លើសំណឹង​ឥតមានខ្យល់ចូលបាន ណ្ហើយចុះ អាត្មាអញ​គួរនឹងបួស​ក្នុងពួកសមណៈ​ជាសក្យបុត្ត​ចុះ។ វេលានោះឯង ព្រាហ្មណ៍នោះ​បានចូលទៅរកពួក​ភិក្ខុ ហើយសូមផ្នួសបួស។ ភិក្ខុទាំងឡាយក៏បាន​ឲ្យ​បព្វជ្ជា​ឧបសម្បទា​ដល់ព្រាហ្មណ៍នោះ។ កាលបើព្រាហ្មណ៍នោះបានបួសរួចហើយ ភត្តាហារដែល​ជាវេន (នោះ) មហាជនក៏​ឈប់ធ្វើទៅ។ ភិក្ខុទាំងឡាយបានពោលយ៉ាងនេះថា ម្នាលអាវុសោ លោកចូរ​មក យើងនឹងត្រាច់ទៅបិណ្ឌបាតឥឡូវ។ ភិក្ខុនោះ ក៏បានពោលពាក្យយ៉ាងនេះ​វិញថា ម្នាលអាវុសោ ខ្ញុំ​មិនមែនបួស​ដោយគិតថា អញនឹងត្រាច់​ទៅបិណ្ឌបាតទេ បើ​អស់លោកអាណិត​ឲ្យបាយខ្ញុំ ៗក៏នឹងឆាន់ បើ​អស់លោក​មិនឲ្យខ្ញុំទេ ខ្ញុំមុខ​ជានឹង​សឹក​មិនខានឡើយ។ ភិក្ខុទាំងឡាយពោលថា ម្នាលអាវុសោ លោកបួស​មកព្រោះហេតុតែ​ពោះ​ប៉ុណ្ណោះ​ទេឬ។ ភិក្ខុនោះតបថា ម្នាលអាវុសោ យ៉ាងហ្នឹងហើយ។ ភិក្ខុទាំងឡាយណា មានសេចក្តី​ប្រាថ្នាតិច។បេ។ ភិក្ខុទាំងឡាយនោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់​ថា មិនសមបើ​នឹងមានភិក្ខុមកបួស​ព្រោះហេតុតែ​ពោះ ក្នុងធម៌វិន័យ​ដែល​ព្រះពុទ្ធ​ទ្រង់សំដែង​ល្អហើយយ៉ាងនេះទេ។ ភិក្ខុទាំងឡាយ បាន​ក្រាបទូលសេចក្តី​នុ៎ះ​ ចំពោះព្រះដ៏មាន​ព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់សួរថា ម្នាលភិក្ខុ ឮថាអ្នកឯងមកបួស​ព្រោះហេតុតែ​ពោះ​ប៉ុណ្ណោះ ពិតមែនឬ។ ភិក្ខុនោះក្រាបទូលថា សូមទ្រង់ព្រះមេត្តាប្រោស ពិតមែន។ ព្រះពុទ្ធដ៏មានព្រះភាគ ទ្រង់បន្ទោសថា នែមោឃបុរស ធម៌វិន័យ​ដែលតថាគត បាន​សំដែង​ល្អហើយយ៉ាងនេះ អ្នកមិនសមបើ​បួស​មក គ្រាន់តែ​ចំអែត​ផ្ទៃទេ នែមោឃបុរស អំពើនេះនឹងបាន​ដឹកនាំពួកជន ​ដែលមិនទាន់​ជ្រះថ្លាឲ្យជ្រះថ្លាឡើង ឬនាំ​ពួកជន​ដែល​ជ្រះថ្លា​ហើយ ឲ្យរឹងរឹតតែ​ជ្រះថ្លា​ឡើងទេ។បេ។ ព្រះអង្គបន្ទោស​រួចហើយ ទ្រង់ធ្វើធម្មីកថា ត្រាស់ហៅ​ភិក្ខុទាំងឡាយ​មកថា ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត​ឲ្យភិក្ខុកាលឲ្យ​ឧបសម្បទា (ដល់​កុលបុត្រ) ត្រូវ​ប្រាប់និស្ស័យ​ទាំង៤យ៉ាងផង គឺប្រាប់ថា បព្វជ្ជា​ត្រូវអាស្រ័យ​នូវភោជន​ជាដុំពំនូត ដែល​អ្នកបួស​ស្វែងរក​បានមក​ដោយកំលាំង​ស្មង អ្នក​ឯងត្រូវធ្វើសេចក្តី​ឧស្សាហ៍​ក្នុងភោជន​នោះដរាប​ដល់​អស់​ជីវិត (តែបើមាន) អតិរេកលាភ គឺសង្ឃ​ភត្ត[សង្ឃភត្ត គឺភត្តដែលទាយកវេរ​ប្រគេនដល់​សង្ឃទាំង​អស់។] ឧទ្ទេសភត្ត​[ឧទ្ទេសភត្ត គឺភត្តដែល​ទាយកវេ​រ​ប្រគេនដល់​ភិក្ខុដែលខ្លួន​ឧទ្ទិស​អំពីសង្ឃ។] និមន្តនភត្ត [និមន្តនភត្ត គឺភត្តដែលទាយក​និមន្តភិក្ខុ ហើយប្រគេន។] សលាកភត្ត​[សលាកភត្ត គឺភត្តដែល​ទាយក​ប្រគេន​ដល់ភិក្ខុ ដោយចាប់ស្លាក។] បក្ខិកភត្ត​[បក្ខិកភត្ត គឺភត្តដែល​ទាយក​ប្រគេន​ភិក្ខុក្នុង​មួយបក្ខៗ តែមួយថ្ងៃៗ (គឺកន្លះខែម្តង)។] ឧបោសថិកភត្ត​[ឧបោសថិកភត្ត គឺភត្តដែល​ទាយក​ប្រគេន​ភិក្ខុក្នុងថ្ងៃឧបោសថ។] និងបាដិបទិកភត្ត​[បាដិបទិកភត្ត គឺភត្តដែល​ទាយកប្រគេន​ភិក្ខុក្នុងថ្ងៃ​១រោច ឬ១កើត។] (កើតឡើង អ្នកបួស​ត្រូវទទួលចុះ)១។ បព្វជ្ជា ត្រូវអាស្រ័យ​នូវសំពត់ចីវរបង្សុកូល អ្នកឯង​ត្រូវធ្វើសេចក្តី​ឧស្សាហ៍​​ក្នុងសំពត់​ចីវរបង្សុកូល​នោះដរាប​ដល់អស់ជីវិត (តែបើមាន) អតិរេកលាភ គឺសំពត់​ដែលគេធ្វើ​ដោយសម្បកឈើ សំពត់​ដែលគេធ្វើ​ដោយកប្បាស សំពត់ដែល​គេធ្វើ​ដោយ​សូត្រ សំពត់ដែលគេធ្វើដោយរោមសត្វ សំពត់ដែលគេធ្វើដោយធ្មៃ និងសំពត់​ដែលគេធ្វើលាយដោយវត្ថុ​៥យ៉ាង​ខាងដើមនេះ (កើតឡើង អ្នកបួស​ត្រូវទទួលចុះ)១។ បព្វជ្ជាត្រូវអាស្រ័យ​នូវសេនាសនៈ​ទៀប​គល់ឈើ ឬក្រោមម្លប់ឈើ អ្នកឯងត្រូវធ្វើ​សេចក្តី​ឧស្សាហ៍​ក្នុងសេនាសនៈ​នោះដរាប​ដល់អស់ជីវិត (តែ​បើមាន) អតិរេកលាភ គឺវិហារ ប្រាសាទវែង ឬផ្ទះពាក់កណ្តាល (បង្ហារ) ប្រាសាទ៤ជ្រុង ប្រាសាទ​មានដម្បូល​រលីង និងគុហារ​ (កើតឡើង អ្នកបួស​ត្រូវទទួលចុះ)១។ បព្វជ្ជាត្រូវអាស្រ័យ​នូវថ្នាំ​ដែលត្រាំ​ដោយ​ទឹកមូត្រ អ្នកឯងត្រូវធ្វើសេចក្តីឧស្សាហ៍​ក្នុងថ្នាំ​នោះដរាប​ដល់អស់ជីវិត (តែ​បើមាន) អតិរេកលាភ គឺទឹកដោះរាវ ទឹកដោះខាប់ ប្រេង ទឹកឃ្មុំ និងស្ករអំពៅ (កើតឡើង អ្នកបួស​ត្រូវទទួលចុះ)១។

ចប់ ឧបជ្ឈាយវត្តភាណវារៈ។

[៨៨] សម័យនោះឯង មានមាណពម្នាក់ ចូលទៅរកពួក​ភិក្ខុហើយ សូមផ្នួស។ ភិក្ខុទាំង​នោះ ក៏បានប្រាប់​និស្ស័យ​ដល់មាណពនោះជាមុន។ មាណពនោះបាន​ពោល​យ៉ាងនេះ​វិញ​​ថា បពិត្រ​លោកម្ចាស់​ដ៏ចំរើន ប្រសិនបើខ្ញុំ​បានបួសរួចហើយ សឹមលោកម្ចាស់​ទាំង​ឡាយ​​ប្រាប់និស្ស័យ​ដល់ខ្ញុំ (នោះ) ខ្ញុំទទួល​ត្រេកអរ​យក បពិត្រ​លោកម្ចាស់​ដ៏ចំរើន ឥឡូវ​នេះ ខ្ញុំ​មិនបួសទេ (ព្រោះ) និស្ស័យ​ជាទីបដិកូល​គួរខ្ពើម​រអើម​ដល់ខ្ញុំ។ ភិក្ខុទាំងនោះ បាន​ក្រាបទូលសេចក្តី​នុ៎ះ​ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាលភិក្ខុ​ទាំង​ឡាយ អ្នកទាំងឡាយមិនត្រូវប្រាប់​និស្ស័យ​ជាមុនទេ ភិក្ខុណាប្រាប់ ត្រូវអាបត្តិ​ទុក្កដ។ ម្នាល​​ភិក្ខុទាំងឡាយ តថាគតអនុញ្ញាត​ឲ្យភិក្ខុប្រាប់និស្ស័យ​ជាបន្ទាប់​អំពី​ឧបសម្បទាកម្ម​មក។

[៨៩] សម័យនោះឯង ភិក្ខុទាំងឡាយឲ្យ​ឧបសម្បទា​ (ដល់កុលបុត្រ) ដោយគណៈ គឺភិក្ខុពីររូបខ្លះ បីរូបខ្លះ បួនរូបខ្លះ។ ភិក្ខុទាំងឡាយ បាន​ក្រាបទូលសេចក្តី​នុ៎ះ​ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ​មិនត្រូវ​ឲ្យឧបសម្បទា (ដល់កុលបុត្រ) ដោយគណៈ​តិចជាង​ពី១០រូបឡើយ ភិក្ខុណា​ឲ្យ​ឧបសម្បទា (ដូច្នេះ) ត្រូវអាបត្តិទុក្កដ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ តថាគតអនុញ្ញាត​ឲ្យភិក្ខុឲ្យ​ឧបសម្បទា (ដល់កុលបុត្រ) ដោយគណៈ​ត្រឹម១០រូប ឬ​ច្រើនជាង​១០រូបឡើងទៅបាន។

[៩០] សម័យនោះឯង ភិក្ខុទាំងឡាយ ខ្លះបួសបាន១វស្សា ខ្លះបាន ២ វស្សា ក៏ឲ្យ​ឧបសម្បទា​​ដល់​សទ្ធិវិហារិក។ ចំណែកខាងព្រះឧបសេនដ៏​មានអាយុ ជាកូន​វង្គន្តព្រាហ្មណ៍ បួសបាន១វស្សា ឲ្យឧបសម្បទា​សទ្ធិវិហារិកដែរ។ ព្រះឧបសេននោះ លុះនៅចាំវស្សាបាន២វស្សារួចហើយ ក៏នាំយក​សទ្ធិវិហារិក​ដែលបួសបាន​១វស្សា ទៅ​គាល់ព្រះដ៏មានព្រះភាគ ដល់ហើយ ក៏ក្រាបថ្វាយបង្គំ​ព្រះដ៏​មានព្រះភាគជាម្ចាស់ រួច​អង្គុយ​​ក្នុងទីដ៏សមគួរ។ ក៏ព្រះសម្ពុទ្ធ​ទាំងឡាយដ៏មានព្រះភាគ ព្រះអង្គ​តែង​សន្សំ​ តែង​ធ្វើនូវ​សេចក្តី​រីករាយ​រាក់ទាក់ មួយអន្លើ​ដោយភិក្ខុជា​អគន្តុកៈ​ទាំងឡាយនេះជាធម្មតា។ វេលា​នោះ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់​ចំពោះ​ព្រះឧបសេនវង្គន្តបុត្រដ៏មានអាយុថា ម្នាលភិក្ខុទាំងឡាយ អ្នកល្មមអត់ទ្រាំបានឬទេ អ្នកល្មមញុំាង​អត្តភាព​ឲ្យប្រព្រឹត្តទៅ​បាន​ដោយ​ស្រួលឬទេ អ្នកទាំងឡាយមក​តាមផ្លូវឆ្ងាយ មិនបានលំបាកទេឬ។ ភិក្ខុទាំងនោះ​ក្រាបទូលថា សូមទ្រង់ព្រះមេត្តាប្រោស យើងខ្ញុំ​ល្មម​អត់ទ្រាំបាន សូមទ្រង់ព្រះមេត្តា​ប្រោស យើងខ្ញុំ​ល្មម​ញុំាងអត្តភាព​ឲ្យប្រព្រឹត្ត​ទៅបាន ម្យ៉ាងទៀត សូមទ្រង់ព្រះមេត្តា​ប្រោស យើងខ្ញុំ​មកតាមផ្លូវ​ឆ្ងាយ មិនបានលំបាកទេ។ (សេចក្តីពន្យល់​អំពី​ពុទ្ធអធ្យាស្រ័យ​ដូចមានតទៅនេះ) ព្រះតថាគតទាំងឡាយជ្រាបនូវ​ហេតុហើយសួរក៏មាន ជ្រាបនូវ​ហេតុ​ហើយមិនសួរក៏មាន ជ្រាបច្បាស់នូវកាលគួរហើយសួរក៏មាន ជ្រាបច្បាស់នូវ​កាលគួរ​ហើយ មិនសួរក៏មាន ព្រះតថាគតទាំងឡាយ ព្រះអង្គតែងសួរនូវ​អំពើដែល​ប្រកប​ដោយ​ប្រយោជន៍ មិនទ្រង់​សួរ​អំពើ​ដែលមិនប្រកបដោយប្រយោជន៍ឡើយ ព្រោះ​ព្រះតថាគត​​ទាំងឡាយ ទ្រង់បាន​ផ្តាច់​បង់នូវ​អំពើ​មិនប្រកបដោយប្រយោជន៍​ទាំងឡាយ ដោយ​អរិយមគ្គ​​ជ្រះស្រឡះហើយ។ ព្រះពុទ្ធដ៏មានជោគ​ទាំងឡាយ ទ្រង់សួរនូវភិក្ខុ​ទាំងឡាយ​ដោយអាការ​ពីរយ៉ាងគឺ ទ្រង់​ត្រិះរិះ​ថា តថាគត​នឹង​សំដែងនូវ​ធម៌១ តថាគតនឹង​បញ្ញត្ត​នូវសិក្ខាបទ​ដល់សាវក​ទាំងឡាយ១។ វេលានោះ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់​ចំពោះ​នឹងព្រះឧបសេនវង្គន្តបុត្រដ៏​មានអាយុថា ម្នាលភិក្ខុ អ្នកឯងបួស​បានប៉ុន្មាន​វស្សា​ហើយ។ ភិក្ខុនោះ​ក្រាបទូលថា សូមទ្រង់ព្រះមេត្តាប្រោស ខ្ញុំ​ព្រះអង្គ​បួសបាន ​២ វស្សាហើយ។ ព្រះដ៏មានព្រះភាគ ទ្រង់សួរថា ចុះភិក្ខុនេះ បួសបានប៉ុន្មានវស្សាហើយ។ ភិក្ខុនោះ​ក្រាបទូលថា សូមទ្រង់​ព្រះមេត្តាប្រោស ភិក្ខុនេះបួសបាន១វស្សាហើយ។ ព្រះដ៏មាន​ព្រះភាគ​​ទ្រង់សួរថា ភិក្ខុនេះត្រូវជាអ្វីនឹងអ្នក។ ភិក្ខុនោះក្រាប​ទូលថា សូមទ្រង់​ព្រះមេត្តាប្រោស ត្រូវជាសទ្ធិវិហារិករបស់​ខ្ញុំព្រះអង្គ។ ព្រះពុទ្ធដ៏មានជោគ​ទ្រង់បន្ទោស​ថា នែមោឃបុរស អំពើនេះ មិនទំនង មិនសមបែប មិនសមគួរ មិនមែន​ជារបស់​សមណៈ មិនគប្បី មិនគួរ​ធ្វើឡើយ នែមោឃបុរស អ្នកគួរតែ​ឲ្យភិក្ខុដទៃទូន្មាន​ប្រៀនប្រដៅ​ ម្តេច​ឡើយ ក៏តាំងចិត្ត​ទូន្មាន​ប្រៀន​ប្រដៅ​ភិក្ខុដទៃវិញ នែមោឃបុរស អ្នកប្រញាប់ពេកណាស់ ព្រោះអ្នកប្រព្រឹត្ត ដើម្បីសេចក្តី​ល្មោភ​ច្រើន ឯសេចក្តី​ល្មោភច្រើននេះ បានដល់ការ​ចងជាពួក នែមោឃបុរស អំពើ​នេះ នឹងបានដឹកនាំ​ពួកជន​ដែលមិនទាន់ជ្រះថ្លាឲ្យ​ជ្រះថ្លាឡើង ឬនាំពួកជន​ដែលជ្រះថ្លាហើយ ឲ្យរឹតរឹតតែជ្រះថ្លា​ឡើងក៏ទេ។បេ។ ព្រះអង្គ​ទ្រង់បន្ទោសរួចហើយ ទ្រង់ធ្វើធម្មីកថា ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុ​មានវស្សា​ថយ​អំពី​១០ចុះមក មិនត្រូវ​ឲ្យឧបសម្បទា​ដល់កុលបុត្រ​ឡើយ ភិក្ខុណាឲ្យឧបសម្បទា ត្រូវអាបត្តិទុក្កដ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ តថាគតអនុញ្ញាត​ឲ្យភិក្ខុមានវស្សា១០ ឬវស្សាច្រើនជាង​១០ឡើងទៅ ឲ្យឧបសម្បទាដល់កុលបុត្របាន។

[៩១] សម័យនោះឯង ភិក្ខុទាំងឡាយ ជាមនុស្សល្ងង់ខ្លៅ មិនឆ្លាស បានឲ្យ​ឧបសម្បទា​ដល់​កុលបុត្រ ដោយគិតអាងថា យើងមានវស្សា១០ហើយ យើងមានវស្សា១០ហើយ។ ពួកឧបជ្ឈាយ៍​ជាបុគ្គល​ពាល ពួកសទ្ធិវិហារិក​ជាបណ្ឌិត ក៏ប្រាកដឡើង ពួកឧបជ្ឈាយ៍​មិនឆ្លាស ពួកសទ្ធិវិហារិក​ជា​អ្នកឆ្លាស ក៏ប្រាកដឡើង ពួកឧបជ្ឈាយ៍ចេះដឹងតិច ពួក​សទ្ធិវិហារិក​ជាអ្នកចេះដឹងច្រើន ក៏ប្រាកដឡើង ពួកឧបជ្ឈាយ៍​អាប់ឥតបញ្ញា ពួក​សទ្ធិវិហារិក​​ជាអ្នកមានបញ្ញា ក៏ប្រាកដឡើង។ មានភិក្ខុ១រូប កាល​ពី​ដើមជាតិរ្ថិយដទៃ កាលបើឧបជ្ឈាយ៍​ប្រដៅ​តាមធម៌ តាមវិន័យ ក៏ពោល​ទោសដល់​ឧបជ្ឈាយ៍ ហើយ​រត់​ទៅ​កាន់លទ្ធិតិរ្ថិយ​នោះដូចដែល​វិញ។ ពួកភិក្ខុទាំងឡាយណាមាន​សេចក្តី​ប្រាថ្នាតិច។បេ។ ភិក្ខុទាំងនោះ​ក៏​ពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុទាំងឡាយជាបុគ្គល​ពាល​មិនឆ្លាស មិនសមបើនឹង​ហ៊ាន​ឲ្យ​ឧបសម្បទា (ដល់​កុលបុត្រ) ដោយគិតថា យើងមាន​វស្សា១០ហើយ យើងមានវស្សា១០​ហើយសោះ ពួក​ឧបជ្ឈាយ៍ជាបុគ្គលពាល ពួក​សទ្ធិវិហារិក​ជាបណ្ឌិត​ក៏ប្រាកដឡើង ពួកឧបជ្ឈាយ៍​មិនឆ្លាស ពួកសទ្ធិវិហារិក​ជា​អ្នកឆ្លាស ក៏ប្រាកដឡើង ពួកឧបជ្ឈាយ៍ជាអ្នកចេះដឹងតិច ពួកសទ្ធិវិហារិក​ជាអ្នកចេះដឹងច្រើន ក៏​ប្រាកដ​ឡើង ពួកឧបជ្ឈាយ៍​អាប់ឥតបញ្ញា ពួកសទ្ធិវិហារិក​ជាអ្នកមានបញ្ញា ក៏ប្រាកដ​ឡើង។ វេលានោះ ភិក្ខុទាំងនោះ បានក្រាបទូលសេចក្តីនុ៎ះ​ដល់​ព្រះដ៏មានព្រះភាគ។ ព្រះអង្គ​ទ្រង់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថា ពួកភិក្ខុជាបុគ្គល​ពាលមិនឆ្លៀវឆ្លាស បានឲ្យឧបសម្បទា​ដល់កុលបុត្រ​ដោយគិតថា យើងមាន​វស្សា១០ហើយ យើងមាន​វស្សា១០ហើយ ពួកឧបជ្ឈាយ៍​ជាបុគ្គល​ពាល​ពួកសទ្ធិវិហារិក​ជាបណ្ឌិត​ ក៏ប្រាកដឡើង ពួកឧបជ្ឈាយ៍​មិនឆ្លាស ពួកសទ្ធិវិហារិក ជាអ្នកឆ្លៀវឆ្លាស​ក៏ប្រាកដឡើង ពួកឧបជ្ឈាយ៍​ជាអ្នកចេះដឹងតិច ពួកសទ្ធិវិហារិក ជាអ្នក​ចេះដឹង​ច្រើន ក៏ប្រាកដឡើង ពួក​ឧបជ្ឈាយ៍អាប់​ឥតបញ្ញា ពួកសទ្ធិវិហារិកមានបញ្ញា​ក៏ប្រាកដ​ឡើង ពិតមែនឬ។ ភិក្ខុទាំងឡាយ​ក្រាបទូល​ថា សូមទ្រង់ព្រះមេត្តាប្រោស ពិតមែន។ ព្រះពុទ្ធជាម្ចាស់​ដ៏មានជោគ​ទ្រង់បន្ទោសថា ម្នាលភិក្ខុ​ទាំងឡាយ ពួកមោឃបុរស​នោះ ជាបុគ្គល​ពាលមិនឆ្លាស មិនសមបើ​នឹងហ៊ាន​ឲ្យឧបសម្បទាដល់​កុលបុត្រ​ដោយគិតថា យើងមានវស្សា១០ហើយ យើងមានវស្សា ១០ ហើយសោះ ពួកឧបជ្ឈាយ៍​ជាបុគ្គល​ពាល ពួកសទ្ធិវិហារិក ជាបណ្ឌិតក៏ប្រាកដឡើង ពួកឧបជ្ឈាយ៍មិនឆ្លាស ពួកសទ្ធិវិហារិក ជាអ្នកឆ្លាស​ក៏ប្រាកដឡើង ពួកឧបជ្ឈាយ៍​ចេះដឹងតិច ពួកសទ្ធិវិហារិក ចេះដឹងច្រើន ក៏ប្រាកដឡើង ពួកឧបជ្ឈាយ៍​អាប់ឥតបញ្ញា ពួកសទ្ធិវិហារិក មានបញ្ញាក៏ប្រាកដឡើង ម្នាលភិក្ខុទាំងឡាយ អំពើនេះ​នឹងបាន​ដឹកនាំពួកជន​ដែល​មិនទាន់​ជ្រះថ្លា​ឲ្យជ្រះថ្លាឡើងក៏ទេ។បេ។ ព្រះអង្គ​បន្ទោស​រួចហើយ ទ្រង់​ធ្វើធម្មីកថា ហើយត្រាស់​ហៅភិក្ខុ​ទាំងឡាយ​មកថា ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុពាល​មិន​ឆ្លាសមិនត្រូវ​ឲ្យ​ឧបសម្បទា (ដល់កុលបុត្រ) ឡើយ ភិក្ខុពាលណាឲ្យឧបសម្បទា ត្រូវ​អាបត្តិទុក្កដ។ ម្នាលភិក្ខុ​ទាំងឡាយ តថាគត​អនុញ្ញាត​ឲ្យភិក្ខុដែល​ឆ្លាស​ប្រតិពល​មានវស្សា ១០ ឬមានវស្សាច្រើនជាង១០ ឡើងទៅ​គួរ​ឲ្យ​ឧបសម្បទា (ដល់កុលបុត្រ) បាន។

[៩២] សម័យនោះឯង កាលបើឧបជ្ឈាយ៍​ទាំងឡាយ​ដើរចេញ ទៅចាកអាវាសក្តី សឹកទៅ​ក្តី ស្លាប់​ទៅក្តី ទៅកាន់​ពួកតិរ្ថិយក្តី ឯពួក​ភិក្ខុក៏​ឥតមានអាចារ្យ ឥតមានអ្នកឲ្យដំបូន្មាន ឥតមាន​អ្នកប្រៀន​ប្រដៅ​ឡើយ ហើយស្លៀក​ក៏មិនស្រួល ដណ្តប់ក៏មិនស្រួល មិនបរិបូណ៌​ដោយឫកមារយាទ[ប្រាសចាក​សមណសារូប គឺមិនត្រូវ​តាមសណ្តាប់​ធ្នាប់របស់សមណ​ឡើយ។] ហើយដើរទៅបិណ្ឌបាត។ កាលបើ​ពួកមនុស្ស​គេកំពុងបរិភោគបាយ ភិក្ខុទាំង​នោះ​ក៏បង្អោនបាត្រ​សម្រាប់សូម​ទៅពីលើ​ភោជន​ក៏មាន បង្អោនបាត្រ​សម្រាប់សូម​ទៅ​ពីលើខាទនីយៈ​ក៏មាន បង្អោនបាត្រ​សម្រាប់សូម​ទៅពីលើគ្រឿង​សម្រាប់​លិទ្ធជញ្ជាប់​ក៏មាន បង្អោនបាត្រ​សម្រាប់សូម​ទៅពីលើទឹកដែល​សម្រាប់​ផឹកក៏មាន សុំសំឡខ្លះ បាយ​ខ្លះ យកមកឆាន់ខ្លួនឯង មិនតែប៉ុណ្ណោះ ក៏ហ៊ោកញ្ជ្រៀវនៅក្នុង​រោងភត្តទៀតផង។ មនុស្ស​ទាំងឡាយ​ក៏​ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកសមណៈ​ ជាសក្យបុត្ត មិនសម​បើនឹង​ស្លៀក​មិនស្រួល ដណ្តប់​មិនស្រួល មិនបរិបូណ៌​ដោយឫកមារយាទ ហើយដើរ​ទៅបិណ្ឌបាតសោះ កាលពួកមនុស្ស​កំពុង​បរិភោគបាយ ភិក្ខុទាំងនោះ ក៏បង្អោនបាត្រ​សម្រាប់សូម​ទៅពីលើ​ភោជន​ក៏មាន ទៅពីលើខាទនីយៈ​ក៏មាន ទៅពីលើគ្រឿង​សម្រាប់​លិទ្ធជញ្ជាប់​ក៏មាន បង្អោនបាត្រ​សម្រាប់សូម​ទៅពីលើទឹក​សម្រាប់​ផឹក​ក៏មាន សុំសំឡខ្លះ បាយខ្លះ​ដោយខ្លួនឯង​យកមកឆាន់ មិនតែប៉ុណ្ណោះ ក៏ហ៊ោកញ្ជ្រៀវខ្លាំងក្នុង​រោង​ភត្ត​ទៀត​ ដូចជាពួកព្រាហ្មណ៍​ដែលហ៊ោ​កញ្ជ្រៀវ​ក្នុងកន្លែងបរិភោគ​ភោជន​របស់ព្រាហ្មណ៍។ កាល​មនុស្ស​ទាំងនោះ កំពុងតែពោលទោស តិះដៀល បន្តុះបង្អាប់​យ៉ាងនេះ ពួកភិក្ខុក៏​បានឮច្បាស់។ ភិក្ខុទាំងឡាយណា​មានសេចក្តី​ប្រាថ្នាតិច។បេ។ ភិក្ខុទាំងនោះក៏ពោល​ទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុទាំងឡាយមិនសមបើ​នឹងស្លៀក​មិនល្អ ដណ្តប់មិនល្អ មិនបរិបូណ៌​ដោយឫកមារយាទសោះ។ វេលានោះឯង ភិក្ខុទាំងនោះបានក្រាបទូល​សេចក្តីនុ៎ះ​ចំពោះ​ព្រះដ៏មានព្រះភាគ។បេ។ ព្រះអង្គ​ទ្រង់ត្រាស់​សួរថា ម្នាលភិក្ខុទាំងឡាយ បានឮថា ពួកភិក្ខុស្លៀកមិនល្អ ដណ្តប់មិនល្អ មិនបរិបូណ៌​ដោយឫក​មារយាទ ពិតមែនឬ។ ភិក្ខុទាំងនោះក្រាបទូលថា សូមទ្រង់​ព្រះមេត្តាប្រោស ពិតមែន។ ព្រះពុទ្ធ​ជាម្ចាស់ដ៏​មានជោគ ទ្រង់បន្ទោស។បេ។ លុះទ្រង់បន្ទោសរួចហើយ ក៏ធ្វើធម្មីកថា ហើយត្រាស់​ហៅភិក្ខុទាំងឡាយ​មកថា ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត​ឲ្យមាន​អាចារ្យ។ ម្នាល​ភិក្ខុទាំងឡាយ ឯអាចារ្យ ត្រូវតាំងចិត្តនឹង​អន្តេវាសិកដូចជាកូន អន្តេវាសិកត្រូវតាំងចិត្ត​នឹងអាចារ្យ​ដូចជាបិតា ជនទាំង​នោះត្រូវមានសេចក្តី​គោរព​កោតក្រែង​ដល់​គ្នានឹងគ្នា មាន​ការចិញ្ចឹម​ជីវិត​ស្មើគ្នា​យ៉ាងនេះ ទើបនឹង​បាន​សម្រេច​សេចក្តី​ចំរើន​លូតលាស់​ធំទូលាយ​ក្នុងធម៌វិន័យនេះបាន។ ម្នាល​ភិក្ខុទាំងឡាយ តថាគតអនុញ្ញាត​ឲ្យភិក្ខុ​ទៅនៅអាស្រ័យ​នឹងភិក្ខុដែលមាន​វស្សា១០ ឯភិក្ខុដែលមានវស្សា១០​គួរឲ្យ​និស្ស័យ​គេបាន។ ម្នាលភិក្ខុ​ទំាងឡាយ អន្តេវាសិក​ត្រូវយកអាចារ្យ (ជាទីអាស្រ័យ) យ៉ាងនេះ។ គឺ​អន្តេវាសិកត្រូវធ្វើ​ចីពរ​ឆៀងស្មាម្ខាង ហើយសំពះបាទា រួចអង្គុយ​ច្រហោង ផ្គងអញ្ជលីឡើង ហើយ​ពោល​យ៉ាងនេះនឹងអាចារ្យ​ថា បពិត្រលោកដ៏ចំរើន សូមលោកម្ចាស់​ជាអាចារ្យ​របស់ខ្ញុំ​ ខ្ញុំសូម​អាស្រ័យ​នៅនឹង​លោកដ៏​មានអាយុ បពិត្រលោកដ៏ចំរើន សូមលោកម្ចាស់​ជាអាចារ្យ​របស់ខ្ញុំ ខ្ញុំសូមអាស្រ័យ​នៅនឹង​លោកដ៏មានអាយុ បពិត្រ​លោក​ដ៏ចំរើន សូមលោកម្ចាស់​ធ្វើ​ជាអាចារ្យ​របស់ខ្ញុំ ខ្ញុំ​សូមអាស្រ័យ​នៅនឹងលោកដ៏មានអាយុ។ ឯអាចារ្យ​ត្រូវពន្យល់​អន្តេវាសិក​ដោយកាយ ឬ​ដោយវាចា ឬពន្យល់​ទាំង​កាយ​​ទាំងវាចាថា សាហុ [១.២.៣.៤.៥បាឡីទាំង៥បទ មានសាហុជាដើម បានប្រែក្នុង​ឧបជ្ឈាយ៍វត្តរួច​ហើយ។] ក្តី លហុ [២]ក្តី ឧបាយិកំ [៣] ក្តី បដិរូបំ [៤] ក្តី បាសាទិកេន សម្បាទេហិ​[៥]ក្តី (យ៉ាងនេះ​ទើប​ឈ្មោះ​ថា) អន្តេវាសិកយកអាចារ្យ (ជាទីអាស្រ័យ) (បើ)អាចារ្យមិនបានពន្យល់​អន្តេវាសិក​ដោយ​កាយ​ ឬដោយ​វាចា ឬពន្យល់​ទាំងកាយ ទាំងវាចាទេ ឈ្មោះថា អន្តេវាសិក​មិនបាន​យក​អាចារ្យ (ជាទីអាស្រ័យ)​ឡើយ។

[៩៣] ម្នាលភិក្ខុទាំងឡាយ អន្តេវាសិក​ត្រូវ​ប្រព្រឹត្ត​ឲ្យល្អនឹងអាចារ្យ។ ឯការដែលប្រព្រឹត្ត​ឲ្យល្អ​នឹងអាចា្យ​នោះ (ដូច្នេះ)។ គឺអន្តេវាសិក​ត្រូវក្រោក​អំពីព្រឹក ហើយដោះស្បែក​ជើង រួចគ្រង​ចីពរ ឆៀង​ស្មាម្ខាង​ ហើយ​ប្រគេន​ឈើស្ទន់ ប្រគេន​ទឹកសម្រាប់លុបមុខទៅអាចារ្យ ត្រូវក្រាលអាសនៈ បើមានបបរ អន្តេវាសិកត្រូវលាងភាជន៍ ហើយដាក់បបរ​ប្រគេន​ទៅអាចារ្យ កាលបើអាចារ្យ​ឆាន់​បបររួចហើយ អន្តេវាសិកត្រូវ​ប្រគេន​ទឹកទៅអាចារ្យ រួច​ទទួល​យកភាជន៍​ ធ្វើឲ្យទាបស្រួល កុំឲ្យ​ទង្គិចទង្គុកគ្នា ហើយលាងឲ្យស្អាត រួច​រៀបចំ​ទុកដាក់ កាលបើ​អាចារ្យ​ក្រោកចេញហើយ អន្តេវាសិកត្រូវ​រើអាសនៈ​ចេញ ថាកន្លែង​នោះស្មោកគ្រោក​ អន្តេវាសិកត្រូវ​បោសកន្លែងនោះចេញ។ បើ​អាចារ្យចង់​ចូលទៅ​កាន់​ស្រុក អន្តេវាសិក​ត្រូវប្រគេនស្បង់ទៅអាចារ្យ ហើយទទួលយកស្បង់បន្លាស់មកវិញ ត្រូវ​ប្រគេន​វត្ថពន្ធ​ចង្កេះ ត្រូវត្រួតសង្ឃាដិទាំងឡាយជាពីរជាន់ ហើយប្រគេន ត្រូវលាង​បាត្រដែលប្រកបដោយទឹក ហើយ​ប្រគេនអាចារ្យ បើអាចារ្យចង់បាន​អន្តេវាសិក​ជា​បច្ឆាសមណៈ​ អន្តេវាសិក​ត្រូវបិទបាំង​មណ្ឌលបី ហើយស្លៀក​ឲ្យជា​បរិមណ្ឌល រួចចង​វត្ថពន្ធចង្កេះ ហើយត្រួត​សង្ឃាដិជាពីរជាន់ ហើយសឹមឃ្លុំ រួច​ពាក់​ឡេវកណ្ឌុំ ហើយ​កាន់យកបាត្រដែលលាង​ហើយ ធ្វើ​ជាសមណៈ ដើរ​តាម​ក្រោយអាចារ្យទៅចុះ កុំឲ្យ​ដើរទៅឆ្ងាយពីអាចារ្យពេក កុំឲ្យ​ដើរទៅជិតអាចារ្យពេក ត្រូវចាំ​ទទួល​យកវត្ថុ​ដែល​គេទុក​បាត្រ​[ពាក្យថា វត្ថុ​ដែល​គេទុក​បាត្រក្នុងទីនេះ សំដៅយក​វត្ថុដែលគេប្រគេនដាក់​ក្នុងបាត្រ (តាមពាក្យ​ខ្មែរ​បូរាណ)។] កាលបើអាចារ្យ​កំពុងនិយាយ អន្តេវាសិកមិនត្រូវដាក់​ពាក្យក្នុង​ចន្លោះចន្លោះឡើយ បើអាចារ្យ​កំពុងនិយាយពាក្យ​ជាទំនង​នឹងឲ្យត្រូវ​អាបត្តិ អន្តេវាសិក​ត្រូវ​ឃាត់ អន្តេវាសិក កាលវិល​ត្រឡប់​​មក ត្រូវមកជាមុន ហើយក្រាលអាសនៈ រួចដម្កល់​​ទុកនូវទឹក​សម្រាប់​​លាងជើង តាំង​សម្រាប់​រងជើង​​ ក្បឿង​សម្រាប់ជូត​ជើង​ចាំ រួចត្រូវ​ក្រោកទៅទទួល​បាត្រ​និងចីវរ ហើយប្រគេនស្បង់បន្លាស់ ទទួល​យកស្បង់ស្លៀកមកវិញ។ បើចីវរ​សើម អន្តេវាសិកត្រូវយកទៅសំដិល​ក្នុងទីមាន​កំដៅ១រំពេច តែកុំទុក​ចីវហាលថ្ងៃ (ឲ្យយូរពេក) ត្រូវ​បត់ចីវរ (យកមក​ទុក) កាល​នឹងបត់ចីវរ​ ត្រូវ​បំផ្លើស​ជាយឲ្យ​ហួស​ពីគ្នាប្រមាណ​៤ធ្នាប់ ហើយ​សឹម​បត់ចីវរ ដោយគិតថា កុំឲ្យ​បាក់ផ្នត់ចីវរ​ពាក់​កណ្តាល​ឡើយ ហើយ​ដាក់ទុកវត្ថពន្ធចង្កេះ​ក្នុងផ្នត់​ចីវរចុះ។ បើមានចង្ហាន់បិណ្ឌបាត​ ហើយអាចារ្យ​ចង់​ឆាន់ អន្តេវាសិក​ត្រូវ​ប្រគេនទឹក ហើយប្រគេនចង្ហាន់​បិណ្ឌបាត ត្រូវសួរអាចារ្យ​អំពីទឹក កាលបើអាចារ្យឆាន់រួចហើយ អន្តេវាសិកត្រូវប្រគេនទឹក រួច​ទទួលយកបាត្រមកវិញ ធ្វើឲ្យទាបស្រួល កុំឲ្យទង្គិចទង្គុកគ្នា ហើយ​លាងឲ្យ​ស្អាត រួចជូតឲ្យស្ងួតទឹកចេញ ហើយ​ហាលក្នុងទី​មានកំដៅ១រំពេច តែកុំដាក់​ទុកបាត្រ​ហាលថ្ងៃ (ឲ្យយូរ​ពេក) អន្តេវាសិកត្រូវ​ទុកដាក់បាត្រ​និងចីវរ​ កាលដែល​ទុកបាត្រ ត្រូវយកដៃម្ខាងចាប់​បាត្រ ដៃ​ម្ខាង​ស្ទាប​មើល​​ក្រោម​គ្រែ ឬក្រោម​តាំងសិន សឹមទុក​​បាត្រ ម្យ៉ាងទៀត កុំទុកដាក់បាត្រ​ក្នុងទី​ដែល​មិនសមគួរឡើយ កាលនឹង​ទុក​ចីវរ ត្រូវយកដៃម្ខាងចាប់ចីវរ ដៃ​ម្ខាង​ជូត​ស្បៀងចីវរ ឬខ្សែចីវរ រួចបត់ជាយចីវរ​ខាងណោះ​ឲ្យជាផ្នត់មក​ខាងណេះ ហើយសឹមទុកចីវរចុះ កាល​បើអាចារ្យ​ក្រោក​ចេញ​ហើយ អន្តេវាសិក​ត្រូវ​រើ​អាសនៈ​ចេញ រួចត្រូវទុកដាក់នូវទឹក​សម្រាប់​លាងជើង តាំងសម្រាប់រងជើង ក្បឿង​សម្រាប់ជូតជើង ប្រសិនបើកន្លែងនោះស្មោកគ្រោក អន្តេវាសិកត្រូវបោសកន្លែងនោះចេញ។ ថាបើអាចារ្យចង់ស្រង់ទឹក អន្តេវាសិកត្រូវ​ចាត់ចែង​​ទឹកសម្រាប់​ស្រង់ប្រគេន បើអាចារ្យ​ត្រូវការទឹក​ត្រជាក់ អន្តេវាសិកត្រូវ​ចាត់ចែង​ទឹកត្រជាក់​ប្រគេន  បើអាចារ្យត្រូវការ​ទឹកក្តៅ អន្តេវាសិកត្រូវចាត់ចែង​ទឹកក្តៅ​ប្រគេន។ បើអាចារ្យចង់ចូលទៅឯ​រោងភ្លើង អន្តេវាសិកត្រូវសូន្យ​គ្រឿង​លំអិត​សម្រាប់ងូតទុក ត្រូវ​ផ្សើម​ដីស្អិតទុក ហើយនាំយកតាំង​សម្រាប់រោងភ្លើង ដើរតាមពី​ខាងក្រោយៗ​នៃអាចារ្យ ហើយប្រគេន​តាំងសម្រាប់​រោងភ្លើង រួចទទួល​​ចីវរ​មក​ទុកដាក់ដោយ​ឡែក​វិញ រួចត្រូវ​ប្រគេន​គ្រឿង​លំអិត​សម្រាប់ងូត ត្រូវប្រគេន​ដីស្អិត​ទៅ​អាចា្យ បើអន្តេវាសិក​អាចនឹងចូល​ទៅបាន ក៏គប្បីចូលទៅកាន់​រោងភ្លើងចុះ កាល​នឹងចូលទៅកាន់​រោងភ្លើង​ ត្រូវលាបមុខ​ដោយ​ដីស្អិត ហើយបិទបាំង​ពីខាងមុខ អំពីខាង​ក្រោយ រួចសឹម​ចូល​ទៅកាន់​រោងភ្លើង ហើយកុំឲ្យ​អង្គុយ​ច្រៀត​បៀត​ពួកភិក្ខុចាស់ឡើយ មិនត្រូវហាមអាសនៈ​ពួក​ភិក្ខុ​ថ្មី​ ត្រូវធ្វើ​បរិកម្ម មានឲ្យលំអិតសម្រាប់ងូត និងដីស្អិត ជាដើម ដល់អាចារ្យ​ក្នុងរោងភ្លើង កាល​អន្តេវាសិក​ដើរចេញពី​រោងភ្លើងទៅ ត្រូវនាំយកតាំង​សម្រាប់រោងភ្លើង ហើយបិទបាំងពី​ខាងមុខ ពីខាងក្រោយ រួចសឹម​ចេញពី​រោងភ្លើង មិនតែប៉ុណ្ណោះ (ទោះបី) ក្នុងទឹក ក៏អន្តេវាសិកត្រូវតែ​ធ្វើ​បរិកម្ម​ដល់អាចារ្យដែរ កាលអន្តេវាសិក​ងូត​រួចហើយ ត្រូវឡើង​មកមុន ហើយជូតកាយ​របស់ខ្លួន​ឲ្យស្ងួត​ទឹកចេញ ហើយ​ស្លៀក​ស្បង់ រួចហើយត្រូវ​ជូត​ទឹកពី​កាយរបស់អាចារ្យ រួចត្រូវប្រគេនស្បង់​ ប្រគេន​សង្ឃាដិ (ទៅអាចារ្យ) ហើយ​អន្តេវាសិកត្រូវនាំយក​តាំងសម្រាប់​រោងភ្លើង ដើរចេញមកមុន រៀបចំក្រាលអាសនៈចាំ ត្រូវដំកល់ទូកនូវទឹក​សម្រាប់លាងជើង តាំង​សម្រាប់​រងជើង និងក្បឿង​សម្រាប់​ជូតជើង ហើយត្រូវសួរ​អាចារ្យ​អំពី​ទឹកសម្រាប់ឆាន់។ បើអន្តេវាសិក​ចង់រៀន​បាលី គប្បីរៀន​បាឡី​នឹងអាចារ្យចុះ បើអន្តេវាសិកចង់រៀន​អដ្ឋកថា គប្បីរៀន​អដ្ឋកថានឹងអាចារ្យចុះ។ អាចារ្យ​នៅក្នុងវិហារណា បើវិហារនោះ​ស្មោកគ្រោក បើអន្តេវាសិក​អាចនឹងបោសជម្រះបាន ​ត្រូវបោស​ជម្រះចុះ កាលនឹងបោសជម្រះ​វិហារ ត្រូវនាំ​យក​បាត្រ​និងចីវរ​ចេញ​ជាមុន យក​ទៅដម្កល់​ទុកដោយឡែក ត្រូវនាំយក​កម្រាលសម្រាប់ទ្រាប់អង្គុយ​ទៅដម្កល់​ទុកដោយ​ឡែក ត្រូវនាំយក​ពូកនិងខ្នើយ​ ទៅដម្កល់​ទុកដោយឡែក ត្រូវនាំគ្រែចេញ ធ្វើឲ្យ​ទាបស្រួល កុំឲ្យទង្គិច​ទង្គុក​នឹង​ផែនដី កុំឲ្យត្រដុស​សន្ទះទ្វារ និងក្របទ្វារ​ ហើយយកទៅដម្កល់​​ទុកដោយឡែក ត្រូវនាំយកតាំងចេញ ធ្វើឲ្យ​ទាបស្រួល កុំឲ្យទង្គិច​ទង្គុក​ផែនដី កុំឲ្យត្រដុស​សន្ទះទ្វារ និងក្របទ្វារ​ ហើយ​យកទៅ​ដម្កល់​​ទុកដោយឡែក ត្រូវនាំ​យកទ្រនាប់​គ្រែ​ទៅដម្កល់​ទុកដោយឡែក ត្រូវនាំយកកន្ថោរ​ទៅ​ទុក​ដោយឡែក ​ត្រូវនាំយកក្តារ​សម្រាប់​ផ្អែក​​ទៅ​ទុកដោយឡែក ត្រូវចំណាំ​​កម្រាលផែនដីដែលគេក្រាល​ទុកយ៉ាងណា ហើយ​នាំ​យកទៅ​ទុកដោយឡែក។ គ្រឿងស្មុកស្មាញ (មានសរសៃ​ពីង​ពាង​ជាដើម) មាននៅក្នុង​វិហារ អន្តេវាសិក​ត្រូវបោសចេញ​អំពី​ពិតានជាមុន ត្រូវបោសកន្លៀត​ជ្រុងបង្អួច បើជញ្ជាំង​ដែលគេលាប​ដោយរង់ប្រឡាក់ប្រឡូស អន្តេវាសិកត្រូវ​ផ្សើមកំណាត់សំពត់ ពូតរួច​សឹមជូត បើផ្ទៃ (ផែនដី)​ដែលគេលាប​ដោយវត្ថុពណ៌ខ្មៅ ប្រឡាក់ប្រឡូស អន្តេវាសិកត្រូវ​ផ្សើមកំណាត់សំពត់​ ហើយពូតចេញរួចសឹមជូត បើផ្ទៃ​គេមិន​បានលាបទេ អន្តេវាសិក​ត្រូវយកទឹកប្រស់រួចសឹមជូត ​ត្រូវ​ប្រមូល​សម្រាម​ ដោយគិតថា វិហារកុំ​ប្រឡាក់​ប្រឡូស​ដោយធូលី​ឡើយ ហើយយក​ទៅចោល​ដោយឡែក លុះសំដិលហាល​​កម្រាល​ផែនដី​ហើយ បោសគោះដីចេញឲ្យស្អាត រួចហើយសឹម​នាំយក​ទៅក្រាល​ដូចដែល​វិញ លុះ​ហាល​ទ្រនាប់​គ្រែរួចហើយ ជូតឲ្យស្អាត ហើយយកទៅដម្កល់​ទុក​ក្នុង​ទី​ដដែលវិញ លុះ​ហាលគ្រែរួចហើយ បោស​គោះឲ្យស្អាត រួចនាំចេញទៅ ធ្វើឲ្យទាបស្រួល កុំឲ្យទង្គិច​ទង្គុកផែនដី កុំឲ្យ​ត្រដុស​សន្ទះទ្វារ និងក្របទ្វារ យកទៅតាំងទុកដូចដែលវិញ លុះ​សំដិលហាលតាំង​រួច​ហើយ ត្រូវបោសគោះឲ្យស្អាត ហើយនាំចេញទៅ​ដោយស្រួល កុំឲ្យទង្គិច​ទង្គុកផែនដី កុំឲ្យត្រដុស​សន្ទះទ្វារ និង​ក្របទ្វារ យកទៅតាំងទុកដូចដែលវិញ លុះសំដិលពូកនិងខ្នើយហើយ គោះឲ្យស្អាត រួចនាំយកទៅក្រាលដូចដែលវិញ លុះ​សំដិលកម្រាលសម្រាប់ទ្រាប់អង្គុយហើយបោសគោះឲ្យស្អាត រួចយកទៅ​ក្រាលទុកដូច​ដែលវិញ លុះហាលកន្ថោររួចជូត​ឲ្យស្អាតហើយ យកទៅដម្កល់ទុក​ក្នុងទី​ដដែល​វិញ លុះហាលក្តារ​សម្រាប់​ផ្អែក រួចជូតឲ្យស្អាតហើយ យកទៅដម្កល់​ទុកក្នុងទីដដែលវិញ អន្តេវាសិក ត្រូវទុកដាក់បាត្រនិងចីវរ កាលនឹងទុក​បាត្រ ដៃម្ខាងចាប់យកបាត្រ ដៃម្ខាង​ស្ទាបមើលក្រោម​គ្រែ ឬក្រោម​តាំង រួចហើយសឹមទុកបាត្រ ម្យ៉ាងទៀត កុំឲ្យទុកបាត្រ​លើទីដែលមិនសមគួរ កាលនឹងទុក​ចីវរ ដៃម្ខាងចាប់យកចីវរ ដៃម្ខាងជូតស្បៀង​ចីវរ​ក្តី ខ្សែចីវរក្តី ហើយធ្វើ​ជាយខាង​ណោះឲ្យ​ជាផ្នត់មក​ខាងណេះ រួចសឹម​ទុក​ចីវរ​ចុះ។ បើមាន​ខ្យល់បក់ទាំងធូលី​មកអំពីទិស​ខាងកើត អន្តេវាសិកត្រូវបិទបង្អួច​ពីទិស​ខាងកើត បើមាន​ខ្យល់បក់ទាំងធូលី​មកពីទិស​ខាងលិច អន្តេវាសិកត្រូវបិទ​បង្អួចពី​ទិសខាងលិច បើមាន​ខ្យល់បក់​ទាំង​ធូលី​មកពីទិស​ខាងជើង អន្តេវាសិកត្រូវបិទបង្អួច​ពីទិស​ខាងជើង បើមាន​ខ្យល់បក់​ទាំង​ធូលី​មកពីទិស​ខាងត្បូង អន្តេវាសិកត្រូវបិទបង្អួច​ពីទិស​ខាងត្បូង បើ​រដូវ​ត្រជាក់ អន្តេវាសិកត្រូវបើក​បង្អួច​​ក្នុងវេលាថ្ងៃ បិទ​ក្នុងវេលាយប់ បើ​រដូវក្តៅ អន្តេវាសិក​ត្រូវបិទបង្អួច​ក្នុងវេលាថ្ងៃ បើក​ក្នុងវេលា​យប់។ បើបរិវេណ​មានសម្រាម អន្តេវាសិក​ត្រូវ​បោស​បរិវេណចេញ បើបន្ទប់​ស្មោកគ្រោក អន្តេវាសិក​ត្រូវបោស​បន្ទប់ចេញ បើរោងឆាន់​ស្មោកគ្រោក អន្តេវាសិកត្រូវបោសរោងឆាន់ចេញ បើរោងភ្លើងមិន​ស្អាត អន្តេវាសិក​ត្រូវបោសរោងភ្លើងចេញ បើបង្គន់មិនស្អាត អន្តេវាសិកត្រូវបោសសំអាតចេញ បើគ្មាន​ទឹកសម្រាប់​ឆាន់ អន្តេវាសិកត្រូវដំកល់​ទឹកសម្រាប់ឆាន់ បើគ្មានទឹកសម្រាប់ប្រើប្រាស់ អន្តេវាសិក​ត្រូវ​ដំកល់​ទឹកសម្រាប់​ប្រើប្រាស់ បើគ្មានទឹក​ក្នុងក្អម​សម្រាប់លាងអាចមន៍ទេ អន្តេវាសិកត្រូដងទឹក​ដាក់ក្នុង​ក្អម​សម្រាប់លាង​អាចមន៍។ បើអាចារ្យមានសេចក្តីអផ្សុក​កើតឡើង អន្តេវាសិកត្រូវបំបាត់សេចក្តី​អផ្សុក​នោះ​ដោយខ្លួនឯង ឬឲ្យគេបំបាត់​សេចក្តី​អផ្សុកនោះចេញក៏បាន ឬត្រូវធ្វើធម្មីកថា​ដល់អាចារ្យ​នោះ បើសេចក្តី​សង្ស័យ​កើតឡើង​ដល់អាចារ្យ អន្តេវាសិក​ត្រូវបន្ទោបង់សេចក្តី​សង្ស័យ​នោះដោយ​ខ្លួនឯង ឬឲ្យគេជួយ​បន្ទោបង់​ក៏បាន ឬត្រូវ​ធ្វើធម្មីកថា​ដល់អាចារ្យនោះ បើទិដ្ឋិ គឺសេចក្តីយល់ខុស កើតឡើង​ដល់អាចារ្យ អន្តេវាសិកត្រូវជួយពន្យល់​ ណែនាំឲ្យយល់ត្រូវឡើង​ដោយខ្លួនឯង ឬ​ឲ្យអ្នក​ដទៃពន្យល់​ក៏បាន ឬត្រូវធ្វើធម្មីកថា​ដល់អាចារ្យនោះ។ បើអាចារ្យ​ត្រូវ​គរុកាបត្តិ គួរនឹងចូល​បរិវាស អន្តេវាសិក​ត្រូវធ្វើសេចក្តី​ខ្វល់ខ្វាយ​ថា សង្ឃគប្បីឲ្យ​បរិវាស​ដល់អាចារ្យ (របស់​អញ) ដោយឧបាយ​ដូចម្តេចហ្ន៎ បើអាចារ្យគួរ​នឹង​ទាញអន្តរាបត្តិ ចូលមកក្នុង​មូលាបត្តិ អន្តេវាសិកត្រូវធ្វើសេចក្តីខ្វល់ខ្វាយ​ថា សង្ឃគប្បីទាញអន្តរាបត្តិ​ចូលមកដាក់​ក្នុងមូលាបត្តិ​ចំពោះអាចារ្យ (របស់អញ) ដោយឧបាយ​ដូចម្តេចហ្ន៎ បើអាចារ្យ​គួរដល់​មានត្ត អន្តេវាសិក​ត្រូវធ្វើសេចក្តីខ្វល់ខ្វាយថា សង្ឃគប្បីឲ្យមានត្ត​ដល់អាចារ្យ ដោយឧបាយ​ដូចម្តេចហ្ន៎ បើអាចារ្យគួរដល់​អព្ភានកម្ម អន្តេវាសិកត្រូវធ្វើនូវសេចក្តីខ្វល់ខ្វាយថា សង្ឃគប្បីធ្វើ​អព្ភានកម្ម (ចំពោះអាចារ្យ) ដោយឧបាយ​ដូចម្តេចហ្ន៎។ បើសង្ឃមានប្រាថ្នាដើម្បីធ្វើនូវ​កម្ម គឺតជ្ជនីយកម្មក្តី និយស្សកម្មក្តី បព្វាជនីយកម្មក្តី បដិសារណីយកម្មក្តី ឧក្ខេបនីយកម្មក្តី​ចំពោះ​អាចារ្យ អន្តេវាសិក​ត្រូវធ្វើ​សេចក្តីខ្វល់ខ្វាយ​ថា ធ្វើដូចម្តេចហ្ន៎ កុំឲ្យសង្ឃធ្វើកម្ម​ដល់អាចារ្យ ឬសង្ឃ​គប្បីបង្អោន​ទៅដើម្បី​កម្មស្រាល ដល់អាចារ្យនោះ ម្យ៉ាងទៀត កម្មគឺ តជ្ជនីយកម្មក្តី និយស្សកម្មក្តី បព្វាជនីយកម្មក្តី បដិសារណីយកម្មក្តី ឧក្ខេបនីយកម្មក្តី ដែលសង្ឃ​បានធ្វើដល់អាចារ្យនោះ​ហើយ អន្តេវាសិក​ត្រូវធ្វើសេចក្តីខ្វល់ខ្វាយ​ថា ធ្វើ​ដូចម្តេច​ហ្ន៎ ឲ្យ​លោកអាចារ្យប្រព្រឹត្ត​ល្អទៅ ឲ្យប្រព្រឹត្ត​សម្របរោម គឺមិនប្រកួតប្រកាន់ ឲ្យ​ប្រព្រឹត្ត​វត្ត គួរដល់​កិរិយា​រលាស់ខ្លួនចេញ​ចាកអាបត្តិ សង្ឃគប្បី​រម្ងាប់នូវ​កម្មនោះឲ្យ។ បើចីវរ​របស់អាចារ្យ​គួរ​នឹង​លាង អន្តេវាសិក​ត្រូវលាងឲ្យ ឬ​ធ្វើ​សេចក្តី​ខ្វល់ខ្វាយ​ថា ចីវរ​របស់អាចារ្យ​គួរលាង​ដោយ​ឧបាយ​ដូចម្តេច​ហ្ន៎ បើចីវរ​របស់អាចារ្យ​គួរនឹងធ្វើ (មានដេរប៉ះ​ជាដើម) អន្តេវាសិកត្រូវធ្វើឲ្យ ឬ​ធ្វើ​សេចក្តី​ខ្វល់ខ្វាយថា ចីវររបស់អាចារ្យគួរ​នឹងធ្វើ​ដោយឧបាយ​ដូចម្តេចហ្ន៎ បើគ្រឿងជ្រលក់​​របស់អាចារ្យ​គួរនឹងដាំ ឬស្ងោរ អន្តេវាសិក​ត្រូវដាំ ឬស្ងោរឲ្យ ឬ​ធ្វើ​សេចក្តី​ខ្វល់ខ្វាយ​ថា គ្រឿងជ្រលក់របស់អាចារ្យ​គួរដាំ ឬស្ងោរ​ដោយឧបាយ​ដូចម្តេច​ហ្ន៎ បើចីវររបស់អាចារ្យ​គួរនឹងជ្រលក់ អន្តេវាសិក​ត្រូវជ្រលក់ឲ្យ ឬ​ធ្វើ​សេចក្តី​ខ្វល់ខ្វាយថា ចីវររបស់អាចារ្យ​គួរជ្រលក់​ដោយឧបាយដូចម្តេចហ្ន៎ កាលអន្តេវាសិក​ជ្រលក់​ចីវរ ត្រូវជលក់ដោយប្រែត្រឡប់​ឲ្យសព្វល្អ ម្យ៉ាងទៀត កាលបើ (ហាលចីវរ) ដំណក់ទឹកស្រក់​មិនទាន់អស់​នៅឡើយ អន្តេវាសិក​​កុំអាលដើរ​ចេញ។ (បើ) អន្តេវាសិក​​មិនទាន់បានប្រាប់អាចារ្យទេ មិនត្រូវឲ្យបាត្រ​ទៅ​ភិក្ខុពួកខ្លះ[ភិក្ខុពួកខ្លះ គឺភិក្ខុ​ដែលជា​សត្រូវ​នឹងអាចារ្យ​របស់ខ្លួន។]ឡើយ មិនត្រូវទទួលយក​បាត្រ​របស់​ភិក្ខុពួកខ្លះទេ មិនត្រូវ​ឲ្យចីវរ​ទៅភិក្ខុពួកខ្លះទេ មិនត្រូវ​ទទួល​យកចីវរ​របស់ភិក្ខុពួកខ្លះទេ មិនត្រូវ​ឲ្យ​​បរិក្ខារ​ទៅភិក្ខុពួកខ្លះទេ មិនត្រូវ​ទទួល​យក​បរិក្ខារ​របស់ភិក្ខុពួកខ្លះទេ មិនត្រូវ​កោរសក់​ឲ្យភិក្ខុ​ពួកខ្លះ​ទេ មិនត្រូវ​ឲ្យភិក្ខុពួកខ្លះ​កោរសក់​ឲ្យទេ មិនត្រូវធ្វើបរិកម្ម​ (គក់ច្របាច់) ឲ្យភិក្ខុពួក​ខ្លះទេ មិនត្រូវឲ្យ​ភិក្ខុ​ពួកខ្លះ​ធ្វើបរិកម្មឲ្យខ្លួន​ទេ មិនត្រូវធ្វើសេចក្តី​ខ្វល់ខ្វាយដល់​ភិក្ខុពួកខ្លះ​ទេ មិនត្រូវឲ្យភិក្ខុពួកខ្លះ​ធ្វើ​សេចក្តី​ខ្វល់ខ្វាយ​បម្រើ(ខ្លួន) មិនត្រូវធ្វើជា​បច្ឆាសមណៈ​នៃ​ភិក្ខុ​ពួកខ្លះឡើយ មិនត្រូវយកភិក្ខុពួកខ្លះ​ធ្វើ​ជា​បច្ឆាសមណៈ​នៃខ្លួន មិនត្រូវនាំយកបិណ្ឌបាត​ទៅ​​ឲ្យ​ភិក្ខុពួកខ្លះ មិនត្រូវឲ្យ​ភិក្ខុពួកខ្លះ​នាំយក​បិណ្ឌបាត​មកឲ្យខ្លួន។ (បើ) អន្តេវាសិក​មិនទាន់បានប្រាប់អាចារ្យទេ មិនត្រូវ​ចូលទៅកាន់​ស្រុក មិនត្រូវចូលទៅកាន់ព្រៃខ្មោច មិនត្រូវដើរ​ចេញ​ទៅកាន់​ទិស​ឡើយ។ បើអាចារ្យមានជម្ងឺឈឺ អន្តេវាសិក​ត្រូវថែទាំ​ដរាប​ដល់​អស់ជីវិត ត្រូវទៅកំដរចាំត្រាតែអាចារ្យជាស្រឡះ។

ចប់ អាចរិយវត្ត។

[៩៤] ម្នាលភិក្ខុទាំងឡាយ អាចារ្យត្រូវតែប្រព្រឹត្ត​ឲ្យ​ល្អនឹងអន្តេវាសិក​។ ឯការដែល​ប្រព្រឹត្ត​ឲ្យ​ល្អ​នឹង​អន្តេវាសិក​​នោះ (ដូចសេចក្តី​តទៅនេះ)។ ម្នាលភិក្ខុទាំងឡាយ អាចារ្យត្រូវ​សង្គ្រោះ​ ​ទំនុកបម្រុង ត្រូវអនុគ្រោះ អាណិតអាសូរ ​អន្តេវាសិកដោយការ​បង្រៀន​បាលី ដោយការ (ពន្យល់នូវ​សេចក្តី​នៃបាលី) អដ្ឋកថា ដោយឲ្យដម្បូន្មាន ដោយ​ប្រៀនប្រដៅ។ បើអាចារ្យមានបាត្រ ​អន្តេវាសិកគ្មានបាត្រ អាចារ្យត្រូវ​ឲ្យបាត្រ​ដល់​អន្តេវាសិក (ប្រើប្រាស់​ខ្លះផង) ឬ ត្រូវធ្វើ​សេចក្តី​ខ្វល់ខ្វាយ​ថា ធ្វើម្តេចហ្ន៎ ​បាត្រគប្បីកើត​ឡើង​ដល់​​អន្តេវាសិក​ បើអាចារ្យមានចីវរ ​អន្តេវាសិកគ្មាន​ចីវរ អាចារ្យត្រូវ​ឲ្យចីវរដល់​អន្តេវាសិក ឬត្រូវធ្វើ​សេចក្តី​ខ្វល់ខ្វាយ​ថា ចីវរ​គប្បីកើតឡើងដល់​អន្តេវាសិក ដោយឧបាយដូចម្តេចហ្ន៎ បើ​អាចារ្យ​មាន​គ្រឿង​បរិក្ខារ ​អន្តេវាសិកគ្មានគ្រឿង​បរិក្ខារ អាចារ្យត្រូវ​ឲ្យគ្រឿងបរិក្ខារដល់​អន្តេវាសិក ឬធ្វើ​សេចក្តី​ខ្វល់ខ្វាយ​ថា គ្រឿង​បរិក្ខារ​គប្បី​កើតឡើងដល់​អន្តេវាសិក ​ដោយឧបាយ​ដូចម្តេចហ្ន៎។ បើអន្តេវាសិកមានជម្ងឺ អាចារ្យ​ត្រូវក្រោកពីព្រលឹម ហើយឲ្យឈើស្ទន់ ឲ្យទឹកលុបមុខ ក្រាលនូវអាសនៈ​ បើមានបបរ ត្រូវ​លាង​ភាជន៍ ​ដាក់បបរ ហើយយកទៅ​ឲ្យ កាលបើ​អន្តេវាសិកឆាន់បបរហើយ អាចារ្យត្រូវឲ្យ​ទឹក ហើយទទួល​ភាជន៍​​ធ្វើឲ្យទាបស្រួល ហើយត្រូវលាង​ទុកដាក់ដោយល្អ កុំឲ្យទង្គិច​ទង្គុកនឹងអ្វី​ឡើយ កាលបើ​អន្តេវាសិក​ក្រោក​ឡើង អាចារ្យត្រូវរើអាសនៈចេញ បើប្រទេស​នោះមានសម្រាម អាចារ្យ​ត្រូវបោសច្រាស​ប្រទេសនោះចេញ។ បើ​អន្តេវាសិកចង់ចូល​ទៅកាន់ស្រុក អាចារ្យត្រូវ​ឲ្យស្បង់​សម្រាប់​ស្លៀក​ ត្រូវទទួលទុកនូវស្បង់សម្រាប់ផ្លាស់ប្តូរ ត្រូវឲ្យវត្ថពន្ធចង្កេះ ត្រូវ​ដម្រួត​សង្ឃាដិ​ និងចីពរ​ជាមួយគ្នា ហើយឲ្យទៅ បាត្រដែលទទឹក ត្រូវលាងជូត​ហើយ​ឲ្យ​ ត្រូវកំណត់​ទុកក្នុងចិត្តថា ​​អន្តេវាសិក នឹងត្រូវ​ត្រឡប់​​មកត្រឹមពេលស្មើនេះ ហើយត្រូវតែងតាំង​អាសនៈ​ទុកចាំ ត្រូវ​បម្រុង​ទឹកលាងជើង តាំងសម្រាប់​កល់ជើង តាំង​សម្រាប់ជូតជើង ត្រូវក្រោក​ទៅទទួលយកបាត្រ និងចីវរ ត្រូវ​ឲ្យស្បង់​សម្រាប់ផ្លាស់ ត្រូវទទួល​យក​ស្បង់​សម្រាប់ស្លៀក។ បើចីវរ​សើម ត្រូវសំដិល​ក្នុង​ទីដែលមានកំដៅ១ស្របក់ ប៉ុន្តែ​មិនត្រូវ​​ទុក​​ចីវរ​ក្នុងទីដែលមាន​កំដៅ​យូរទេ ត្រូវ​បត់ចីវរ​ទុក កាលនឹងបត់ចីវរ​ ត្រូវ​បំផ្លើស​ជាយម្ខាង​ឲ្យ​ហួសគ្នា​ប្រមាណ​៤ធ្នាប់ ហើយ​សឹម​បត់ចីវរចុះ ដោយគិតថា កុំឲ្យ(ចីវរ) ​បាក់ផ្នត់ត្រង់​ពាក់​កណ្តាល​ឡើយ ហើយត្រូវដាក់នូវវត្ថពន្ធចង្កេះ​ក្នុងផ្នត់​ចីវរចុះ។ បើមានអាហារ​បិណ្ឌបាត​ ​អន្តេវាសិក​ត្រូវការ​ឆាន់ អាចារ្យត្រូវឲ្យទឹក ហើយនាំអាហារ​បិណ្ឌបាតចូល​ទៅជិត ត្រូវសួរ​​អន្តេវាសិក​អំពីទឹក​ឆាន់ ​បើ​អន្តេវាសិក​ឆាន់រួចហើយ ​ត្រូវឲ្យ​ទឹក រួច​ទទួលយកបាត្រ​ចេញ ធ្វើឲ្យទាបស្រួល កុំឲ្យទង្គិចទង្គុក ត្រូវលាងឲ្យស្អាត រួចហើយ​ត្រូវជូតឲ្យ​ស្ងួតទឹក ហើយ​សំដិល​ក្នុងទីដែលមាន​កំដៅ​មួយស្របក់ តែមិនត្រូវ​ទុកបាត្រ​ក្នុងទីដែល​មាន​កំដៅយូរ​ពេកទេ ត្រូវ​ទុកបាត្រ​និងចីវរ កាលនឹង​ទុកបាត្រ ត្រូវកាន់បាត្រ​ដោយ​ដៃម្ខាង​ ​ស្ទាប​​មើលទីខាង​ក្រោម​គ្រែ ឬ​តាំងដោយដៃម្ខាង រួចសឹមទុក​បាត្រ តែមិន​ត្រូវ​ទុក​បាត្រក្នុង​ទីមិនសមគួរ​ឡើយ កាលនឹង​ទុក​ចីវរ ត្រូវចាប់ចីវរដោយដៃម្ខាង ជូត​ស្បៀងចីវរ ឬខ្សែ​ចីវរដោយ​ដៃម្ខាង ហើយត្រូវ​បត់​ជាយចីវរ​ខាងណោះឲ្យជាផ្នត់​មកខាង​ណេះ រួចហើយ​សឹម​ទុកចីវរចុះ កាលបើអន្តេវាសិក​ក្រោកឡើង អាចារ្យត្រូវរើអាសនៈ ត្រូវទុកដាក់​ទឹកលាងជើង តាំងសម្រាប់​កល់ជើង ទ្រនាប់​សម្រាប់​ជូត​ជើង បើប្រទេស​នោះ​មាន​សម្រាម អាចារ្យ​ត្រូវបោសប្រទេសនោះចេញ។ បើអន្តេវាសិកចង់ងូតទឹក អាចារ្យត្រូវ​ចាត់​ចែង​ទឹកសម្រាប់ងូតឲ្យ បើត្រូវការ​ដោយទឹកត្រជាក់ អាចារ្យត្រូវចាត់ចែង​ទឹក​ត្រជាក់​ឲ្យ បើត្រូវការដោយទឹកក្តៅ អាចារ្យត្រូវចាត់ចែង​ទឹកក្តៅ​ឲ្យ។ បើអន្តេវាសិកចង់​ចូលទៅកាន់​រោងភ្លើង អាចារ្យត្រូវសូន្យ​ដុំ​លំអិតទុក ត្រូវផ្សើមដីស្អិតទុក រួចត្រូវ​នាំយក​តាំងសម្រាប់​រោងភ្លើងទៅ ហើយប្រគល់​តាំងសម្រាប់​រោងភ្លើង​ទៅអន្តេវាសិក​ស្រេចហើយ ទទួលយក​ចីវរមកទុក​ដោយឡែក រួចត្រូវ​ឲ្យគ្រឿង​លំអិត ត្រូវឲ្យដីស្អិត​ទៅអន្តេវាសិក បើអាចារ្យ​អាចនឹងចូលទៅកាន់រោងភ្លើងបាន ក៏គប្បីចូល​ទៅកាន់​រោងភ្លើងចុះ កាល​នឹងចូល​ទៅ​កាន់រោងភ្លើង ត្រូវយកដីស្អិត​លាបមុខ រួចបិទបាំង​ទាំងខាងមុខ ខាងក្រោយ ហើយ​សឹមចូល​ទៅកាន់រោងភ្លើង ត្រូវកុំអង្គុយ​ច្រៀតបៀតភិក្ខុចាស់ៗឡើយ ត្រូវកុំហាម​អាសនៈ​ភិក្ខុខ្ចីៗ អាចារ្យត្រូវ​ធ្វើបរិកម្ម​ មានហុច​ដុំលំអិត​ជាដើម ដល់អន្តេវាសិក​ក្នុង​រោងភ្លើង កាលនឹង​ចេញពីរោងភ្លើង ត្រូវនាំយក​តាំងសម្រាប់​រោងភ្លើងចេញ ហើយ​បិទបាំងទាំង​ខាងមុខ ខាងក្រោយ រួចសឹម​យកចេញ​អំពីរោងភ្លើង សូម្បីក្នុងទឹក អាចារ្យ​ក៏ត្រូវ​តែធ្វើ​បរិកម្ម មានហុច​ដុំលំអិត​ជាដើម​ដល់​អន្តេវាសិកដែរ លុះដល់អាចារ្យងូតរួច​ហើយ ត្រូវ​ឡើង​​មកមុន (អន្តេវាសិក) ហើយត្រូវជូត​ខ្លួនឲ្យស្ងួត​ទឹក ហើយសឹម​ស្លៀក​ស្បង់ រួចត្រូវ​ជូតទឹក​អំពីកាយ​របស់អន្តេវាសិក រួចហុច​ស្បង់​សម្រាប់ស្លៀក ហុច​សង្ឃាដិទៅឲ្យ​អន្តេវាសិក រួចហើយ​ត្រូវនាំយក​តាំងសម្រាប់​រោងភ្លើងចេញមកមុន ហើយត្រូវក្រាល​អាសនៈ ត្រូវបម្រុង​ទឹកលាងជើង តាំងសម្រាប់​កល់ជើង ទ្រនាប់​សម្រាប់ជូតជើង រួចត្រូវ​សួរ​អន្តេវាសិក​អំពី​ទឹកឆាន់។ ក្នុងវិហារណា ដែលអន្តេវាសិកនៅ បើវិហារនោះ​ស្មោកគ្រោក បើអាចារ្យ​អាច​នឹង​បោសច្រាស់បាន ក៏គប្បីបោសច្រាស់ចុះ កាលនឹង​បោសច្រាស់​វិហារ ត្រូវនាំ​យក​បាត្រ​និងចីវរ​ចេញ​ទៅជាមុន ហើយត្រូវ​ទុកដាក់ក្នុង​ទីគួរ​មួយ ត្រូវនាំយក​គ្រឿងកម្រាលសម្រាប់អង្គុយ​ទៅ​ទុកក្នុងទី​សមគួរ ត្រូវនាំយក​ពូក និង​ខ្នើយ​ ទៅ​ទុកក្នុងទីសមគួរ កាលដែលនាំយកគ្រែទៅ ត្រូវធ្វើឲ្យ​ទាបស្រួល កុំឲ្យ​ត្រដុស​​នឹង​ផែនដី កុំឲ្យប៉ះ​សន្ទះទ្វារ និងក្របទ្វារ​ យកទៅទុកឲ្យល្អក្នុងទីសមគួរ កាលនឹងនាំយកតាំង​ទៅ ត្រូវធ្វើឲ្យ​ទាបស្រួល កុំឲ្យ​ត្រដុស​​នឹង​ផែនដី កុំឲ្យប៉ះ​សន្ទះទ្វារ និងក្របទ្វារ​ ហើយ​យកទៅ​ទុកឲ្យល្អក្នុងទីសមគួរ ត្រូវ​យកទ្រនាប់​គ្រែ​ទៅ​ទុកក្នុងទីសមគួរ ត្រូវនាំយកកន្ថោរ​ទៅ​ទុកក្នុងទីសម​គួរ ត្រូវនាំយកផែនក្តារ​សម្រាប់​ផ្អែក​​ទៅ​ទុកក្នុងទីសមគួរ ​កម្រាលផែនដី អាចារ្យត្រូវចំណាំកន្លែង ដែលគេក្រាល​យ៉ាងណា ហើយ​នាំ​យកទៅ​ទុកក្នុងទីសមគួរ។ បើវិហារ​មានគ្រឿងស្មុកស្មាញ (មានសម្បុក​ពីង​ពាង​ជាដើម) ត្រូវបោសទម្លាក់​អំពី​ពិតាន​ជាមុន រួចសឹមបោសកន្លៀត​ជ្រុងនៃសន្ទះបង្អួច បើជញ្ជាំង​ដែលគេលាបជ័ររង់​មានពណ៌​សៅហ្មង ត្រូវជ្រលក់កំណាត់សំពត់ រួចពូតចេញ ហើយសឹម​ជូត បើផ្ទៃ​ដែលគេលាប​ដោយពណ៌ខ្មៅ មានពណ៌សៅហ្មង ត្រូវជ្រលក់កំណាត់សំពត់​ រួចពូតចេញ ហើយសឹមជូត បើផ្ទៃ​គេមិន​បានលាបអ្វីទេ ត្រូវយកទឹកទៅប្រស់ ហើយសឹមបោស ​ត្រូវ​កំណត់ទុក​ក្នុងចិត្ត​ថា វិហារកុំឲ្យស្មោកគ្រោក​ដោយធូលី​ឡើយ ហើយប្រមូលសម្រាមយក​ទៅចាក់ចោល​ដោយឡែក លុះហាលគ្រឿង​​កម្រាល​ផែនដីហើយ ត្រូវគោះរួចសាយកទៅ​ក្រាលទុក​កន្លែង​ដដែល​វិញ លុះហាល​ទ្រនាប់​​គ្រែរួចហើយ ត្រូវជូត រួចនាំយកទៅ​ទុក​ដាក់នៅ​ទី​ដដែលវិញ លុះហាលគ្រែហើយ ត្រូវគោះ​រួចធ្វើឲ្យទាប​ស្រួល កុំឲ្យត្រដុសនឹងផែនដី កុំឲ្យប៉ះនឹង​សន្ទះទ្វារ និងក្របទ្វារ រួចនាំយកទៅ​រៀបចំ​ទុក​ដូច​ដែលវិញ លុះហាលតាំង​រួច​ហើយ ត្រូវដុសលាង គោះឲ្យស្អាតហើយ ធ្វើឲ្យទាបស្រួល កុំឲ្យត្រដុស​នឹង​ផែនដី កុំឲ្យប៉ះ​សន្ទះទ្វារ និង​ក្របទ្វារ រួចសាយកទៅរៀបចំទុកដូចដើមវិញ លុះហាល​ពូកនិងខ្នើយ​ហើយ ត្រូវដុសលាងគោះចេញ ហើយសាយកទៅរៀបចំទុកដូចដើមវិញ លុះហាល​គ្រឿង​កម្រាល​សម្រាប់​អង្គុយហើយ ត្រូវដុស​លាងគោះឲ្យស្អាតហើយ សាយកទៅ​រៀប​ទុកដូចដើមវិញ លុះ​ហាល​កន្ថោរ​ហើយ ត្រូវជូត​ឲ្យស្អាត រួចយកទៅទុកនៅទី​ដដែល​វិញ លុះហាលក្តារ​សម្រាប់​ផ្អែកហើយ ត្រូវជូត​ឲ្យស្អាត​ រួចនាំយកទៅ​ទុកនៅទីដដែលវិញ ត្រូវរៀបទុកបាត្រនិងចីវរ កាលនឹងទុក​បាត្រ ដៃម្ខាង​ត្រូវ​ចាប់​បាត្រ ដៃម្ខាងត្រូវស្ទាប​មើលក្រោម​គ្រែ ឬក្រោម​តាំងហើយសឹមទុកបាត្រ តែកុំគប្បីទុកបាត្រ​លើទី​ដែល​មិន​សមគួរ​ឡើយ កាលនឹងទុក​ចីវរ ដៃម្ខាងត្រូវចាប់ចីវរ ដៃម្ខាងត្រូវជូតស្បៀង​ចីវរ ឬខ្សែ​សម្រាប់​ហាល​ចីវរ ត្រូវបត់ជាយខាងណោះឲ្យ​ជាផ្នត់​មកខាងណេះ រួចសឹម​ទុក​ចីវរ​ចុះ។ បើខ្យល់បក់ទាំងធូលី​មក​ពីទិស​​ខាងកើត អាចារ្យត្រូវបិទបង្អួច​ខាងកើត បើខ្យល់បក់​ទាំងធូលី​មកពីទិស​ខាងលិច ត្រូវបិទ​បង្អួច​ទិស​ខាងលិច បើ​ខ្យល់បក់​ទាំង​ធូលី​មកពីទិស​ខាងជើង ត្រូវបិទបង្អួចទិស​ខាងជើង បើខ្យល់បក់ទាំងធូលី​មកពីទិស​ខាងត្បូង ត្រូវបិទ​បង្អួច​ទិស​ខាងត្បូង បើ​រដូវ​ត្រជាក់ អាចារ្យត្រូវបើកបង្អួច​ក្នុងវេលាថ្ងៃ ត្រូវបិទ​បង្អួច​ក្នុងវេលាយប់ បើ​រដូវក្តៅ អាចារ្យត្រូវបិទបង្អួច​ក្នុងវេលាថ្ងៃ ត្រូវបើកបង្អួច​ក្នុងវេលាយប់។ បើ​បរិវេណ​ស្មោកគ្រោកមិនស្អាត អាចារ្យត្រូវបោសទី​បរិវេណចេញ បើបន្ទប់​ស្មោកគ្រោក​មិនស្អាត អាចារ្យត្រូវបោស​បន្ទប់ចេញ បើរោងឆាន់មិនស្អាត អាចារ្យត្រូវបោស​រោងឆាន់​ចេញ បើរោងភ្លើង​ស្មោកគ្រោក អាចារ្យ​ត្រូវបោសរោងភ្លើងចេញ បើបង្គន់ស្មោកគ្រោក អាចារ្យត្រូវបោសបង្គន់ចេញ បើគ្មានទឹកសម្រាប់​ឆាន់ អាចារ្យត្រូវដំកល់​ទឹកសម្រាប់ឆាន់ បើគ្មានទឹកសម្រាប់ប្រើប្រាស់ អាចារ្យ​ត្រូវ​ដំកល់​ទឹកសម្រាប់​ប្រើប្រាស់ បើទឹក​ក្នុងក្អម​សម្រាប់លាងអាចមន៍គ្មានទេ អាចារ្យត្រូចាក់ទឹកទៅក្នុងក្អម​សម្រាប់លាង​អាចមន៍។ បើ​សេចក្តីអផ្សុក​កើតឡើងដល់អន្តេវាសិក អាចារ្យត្រូវបំបាត់​អផ្សុក​ដោយ​ខ្លួន​ឯង ឬត្រូវឲ្យ​គេជួយធ្វើឲ្យបាត់​អផ្សុកក៏បាន ឬត្រូវសម្តែងធម្មីកថា​ដល់អន្តេវាសិក បើសេចក្តី​សង្ស័យ​កើតឡើងដល់អន្តេវាសិក អាចារ្យ​ត្រូវជួយបន្ទោបង់ដោយ​ខ្លួនឯង ឬត្រូវប្រើគេឲ្យជួយ​បន្ទោបង់​ក៏បាន ឬត្រូវសម្តែងធម្មីកថា​ដល់អន្តេវាសិក បើអន្តេវាសិកមានទិដ្ឋិខុស​កើត​ឡើង អាចារ្យត្រូវដោះស្រាយ​ដោយ​ខ្លួនឯង ឬត្រូវបង្គាប់គេ​ឲ្យជួយ​ដោះស្រាយ​ក៏បាន ឬត្រូវសម្តែងធម្មីកថា​ដល់អន្តេវាសិក។ បើអន្តេវាសិក​ត្រូវ​គរុកាបត្តិ គួរនឹងចូល​បរិវាស អាចារ្យ​ត្រូវធ្វើសេចក្តី​ខ្វល់ខ្វាយ​ថា សង្ឃគួរឲ្យ​បរិវាស​ដល់អន្តេវាសិក ដោយឧបាយ​ដូចម្តេចហ្ន៎ បើអន្តេវាសិកគួរ​ទាញអន្តរាបត្តិ ចូលមកក្នុង​មូលាបត្តិ អាចារ្យត្រូវ​ធ្វើសេចក្តី​ខ្វល់ខ្វាយ​ថា សង្ឃគប្បីទាញអន្តរាបត្តិ​ចូលមក​ក្នុងមូលាបត្តិ​ចំពោះអន្តេវាសិក ដោយ​ឧបាយ​​ដូចម្តេចហ្ន៎ បើអន្តេវាសិក​គួរដល់​មានត្ត អាចារ្យត្រូវធ្វើសេចក្តីខ្វល់ខ្វាយថា សង្ឃ​គប្បី​ឲ្យមានត្ត​​ដល់អន្តេវាសិក ដោយឧបាយ​ដូចម្តេចហ្ន៎ បើអន្តេវាសិកគួរដល់​អព្ភានកម្ម អាចារ្យត្រូវធ្វើ​សេចក្តី​ខ្វល់ខ្វាយថា សង្ឃគប្បីធ្វើអព្ភានកម្ម ចំពោះអន្តេវាសិក ដោយ​ឧបាយ​ដូចម្តេចហ្ន៎។ បើសង្ឃ​ចង់ធ្វើ​កម្ម គឺតជ្ជនីយកម្មក្តី និយស្សកម្មក្តី បព្វាជនីយកម្មក្តី បដិសារណីយកម្មក្តី ឧក្ខេបនីយកម្មក្តីដល់​ អន្តេវាសិក អាចារ្យ​ត្រូវធ្វើ​សេចក្តីខ្វល់ខ្វាយ​ថា សង្ឃមិនគប្បីធ្វើកម្ម ឬ​គប្បីបង្អោន​ទៅដើម្បី​កម្មស្រាល ដល់អន្តេវាសិក​ដោយ​ឧបាយ​ដូចម្តេចហ្ន៎ បើកម្ម គឺតជ្ជនីយកម្មក្តី និយស្សកម្មក្តី បព្វាជនីយកម្មក្តី បដិសារណីយកម្មក្តី ឧក្ខេបនីយកម្មក្តី សង្ឃ​បានធ្វើដល់អន្តេវាសិកនោះ​រួចហើយ អាចារ្យ​ត្រូវធ្វើ​សេចក្តី​ខ្វល់ខ្វាយ​​ថា ធ្វើដូចម្តេចហ្ន៎ ឲ្យ​អន្តេវាសិកគប្បីប្រព្រឹត្តដោយប្រពៃ គប្បី​សម្របរោម (គឺលែងប្រកែ​ប្រកាន់) គប្បី​ប្រព្រឹត្តនូវការរើខ្លួនចេញ​ចាកអាបត្តិ សង្ឃគប្បី​រម្ងាប់នូវ​កម្មនោះ។ បើអន្តេវាសិកត្រូវការ​លាងចីវរ អាចារ្យ​ត្រូវប្រាប់ថា អ្នកគប្បីលាងយ៉ាងនេះ ពុំនោះសោត ត្រូវធ្វើ​សេចក្តី​ខ្វល់ខ្វាយ​ថា ចីវរ​របស់​អន្តេវាសិក​គួរលាង​ដោយ​ឧបាយ​ដូចម្តេច​ហ្ន៎ បើអន្តេវាសិកត្រូវការ​ធ្វើចីវរ អាចារ្យត្រូវប្រាប់ថា អ្នកគប្បីធ្វើយ៉ាងនេះ ឬក៏ត្រូវ​ធ្វើ​សេចក្តី​ខ្វល់ខ្វាយថា ចីវររបស់អន្តេវាសិកគួរធ្វើ​ដោយឧបាយ​ដូចម្តេចហ្ន៎ បើអន្តេវាសិក​ត្រូវការនឹង​ដាំទឹកជ្រលក់ អាចារ្យត្រូវប្រាប់ថា អ្នកត្រូវដាំ​ទឹកជ្រលក់​យ៉ាងនេះ ពុំនោះ​សោត ត្រូវ​ធ្វើ​សេចក្តី​ខ្វល់ខ្វាយ​ថា អន្តេវាសិកគួរដាំទឹក​ជ្រលក់ ដោយឧបាយ​ដូចម្តេច​ហ្ន៎ បើ​អន្តេវាសិក​ត្រូវការ​នឹងជ្រលក់ចីវរ អាចារ្យ​ត្រូវប្រាប់ថា អ្នកគប្បីជ្រលក់ចីវរបែបនេះ ឬក៏ត្រូវ​ធ្វើ​សេចក្តី​ខ្វល់ខ្វាយថា អន្តេវាសិកគប្បី​ជ្រលក់ចីវរ ​ដោយឧបាយដូចម្តេចហ្ន៎ កាល​នឹងជ្រលក់​ចីវរ ត្រូវជ្រលក់ប្រែឲ្យសព្វ​ស្មើល្អ បើដំណក់ទឹកស្រក់​មិនទាន់អស់ ​​កុំអាលដើរ​ចេញ។ បើអន្តេវាសិកមានជម្ងឺ អាចារ្យ​ត្រូវថែទាំដរាប​​អស់​ជីវិត ត្រូវរង់ចាំលុះតែជាជម្ងឺ។

ចប់ អន្តេវាសិកវត្ត។

[៩៥] សម័យនោះឯង ពួកអន្តេវាសិក​ មិនបានប្រព្រឹត្តល្អ​នឹងពួកអាចារ្យឡើយ។ ភិក្ខុទាំង​ឡាយ​ក្រាបទូល​សេចក្តីនុ៎ះ​ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គ​ទ្រង់ត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ អន្តេវាសិក ត្រូវប្រព្រឹត្ត​ឲ្យល្អនឹង​អាចារ្យ អន្តេវាសិក​ណាមិនប្រព្រឹត្ត​ឲ្យល្អ នឹងត្រូវ​អាបត្តិទុក្កដ។ អន្តេវាសិក​ទាំង​នោះ​ ក៏នៅតែ​ប្រព្រឹត្ត​មិនល្អដដែល។ ភិក្ខុ​ទាំងឡាយ​ក៏ក្រាប​ទូលសេចក្តី​នុ៎ះ​ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គ​ទ្រង់អនុញ្ញាតថា ម្នាលភិក្ខុ​ទាំងឡាយ តថាគតអនុញ្ញាត​ ដើម្បីឲ្យ​អាចារ្យ​បណ្តេញ​ចេញ​នូវ​អន្តេវាសិក​ណាដែល​ប្រព្រឹត្ត​​មិនល្អនឹង​អាចារ្យបាន។ ម្នាលភិក្ខុទាំងឡាយ អាចារ្យ​ត្រូវបណ្តេញ​អន្តេវាសិក​​ដូចសេចក្តីតទៅនេះ។ គឺអាចារ្យបញ្ជាក់អន្តេវាសិកដោយកាយ ឬដោយវាចា ឬបញ្ជាក់​ទាំងកាយ​​ទាំងវាចាថា ខ្ញុំ​បណ្តេញ​អ្នកឯង​ដូច្នេះក្តី ថាអ្នកឯង​កុំនៅ​ក្នុងទីនេះដូច្នេះក្តី ថាអ្នក​ឯង​ចូរនាំ​យកបាត្រ​និងចីវរ​របស់អ្នកឯងចេញ​ទៅដូច្នេះក្តី ថាអ្នកឯងមិនត្រូវ​បម្រើខ្ញុំដូច្នេះក្តី (យ៉ាងនេះ) បានឈ្មោះថា អាចារ្យ​បណ្តេញ​​អន្តេវាសិក (បើ) អាចារ្យ​មិនបានបញ្ជាក់​អន្តេវាសិក​ដោយកាយ ឬ​ដោយវាចា មិនបានបញ្ជាក់​ទាំងកាយ​ ទាំងវាចាទេ មិនហៅ​ថាអាចារ្យបណ្តេញអន្តេវាសិកឡើយ។ សម័យ​នោះឯង ពួកអន្តេវាសិក​ដែលអាចារ្យ​បានបណ្តេញចេញហើយ មិនបាន​សូមអាចារ្យ​ឲ្យ​អត់ទោស​វិញ។ ភិក្ខុទាំងឡាយ​បាន​ក្រាបទូល​សេចក្តីនុ៎ះ​ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គ​ទ្រង់​អនុញ្ញាត​ថា ម្នាលភិក្ខុទាំង​ឡាយ តថាគតអនុញ្ញាត ដើម្បីឲ្យ​ពួកអន្តេវាសិកសូមអាចារ្យ​ឲ្យ​អត់ទោស​ឲ្យវិញបាន។ ពួកអន្តេវាសិក ក៏នៅតែមិនសូមអាចារ្យឲ្យ​អត់ទោសឲ្យដដែល។ ភិក្ខុទាំងឡាយ​បាន​ក្រាបទូល​សេចក្តីនុ៎ះ​ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គ​ទ្រង់បញ្ញត្តថា ម្នាលភិក្ខុទាំង​ឡាយ ​ឯអន្តេវាសិក ដែលអាចារ្យបានបណ្តេញចេញ​ហើយ មិនគួរជាមិនសូមអាចារ្យ​ឲ្យអត់ទោស​ឲ្យវិញទេ អន្តេវាសិក​ណា ដែល​មិនបានសូមអាចារ្យឲ្យ​អត់ទោសឲ្យ នឹងត្រូវ​អាបត្តិទុក្កដ។ សម័យនោះឯង ពួកអាចារ្យ ដែលអន្តេវាសិកបានសូម​ឲ្យអត់ទោសឲ្យវិញ ក៏មិនព្រម​អត់ទោសឲ្យឡើយ។ ភិក្ខុទាំងឡាយ​ បាន​ក្រាបបង្គំទូល​សេចក្តីនុ៎ះ​ ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គ​ទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យ​អាចារ្យអត់ទោសឲ្យ។ ពួកអាចារ្យទាំងនោះ ក៏នៅតែមិនព្រមអត់​ទោស​ឲ្យដដែល។ ពួក​អន្តេវាសិកក៏ចៀសចេញទៅខ្លះ សឹកចេញទៅខ្លះ រត់ចូល​ពួកតិរ្ថិយខ្លះ។ ភិក្ខុទាំងឡាយ​ក្រាបទូល​សេចក្តីនុ៎ះ​ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គ​ទ្រង់បញ្ញត្តថា ម្នាលភិក្ខុទាំង​ឡាយ ​អាចារ្យណា​ដែល​អន្តេវាសិកសូមឲ្យអត់ទោសឲ្យ ត្រូវតែអត់ទោសឲ្យវិញ (បើ) អាចារ្យណា​មិន​អត់ទោស​ឲ្យទេ នឹង​ត្រូវ​អាបត្តិទុក្កដ។ សម័យនោះឯង ពួកអាចារ្យ​បណ្តេញអន្តេវាសិក​ដែលមានវត្តប្រព្រឹត្ត​ត្រឹមត្រូវចេញ មិនបាន​បណ្តេញអន្តេវាសិក​ដែល​ប្រព្រឹត្ត​មិនត្រឹមត្រូវឡើយ។ ភិក្ខុទាំងឡាយ ក្រាបទូល​សេចក្តីនុ៎ះ​ចំពោះ​ព្រះដ៏មាន​ព្រះភាគ។ ព្រះអង្គ ទ្រង់បញ្ញត្តថា ម្នាលភិក្ខុទាំងឡាយ អន្តេវាសិកដែលមាន​វត្តប្រព្រឹត្ត​ត្រឹមត្រូវហើយ អាចារ្យមិនត្រូវបណ្តេញចេញទេ ​អាចារ្យណា​បណ្តេញ​ ត្រូវអាបត្តិទុក្កដ ម្នាលភិក្ខុទាំងឡាយ តែបើអន្តេវាសិក​ដែលមិនប្រព្រឹត្តត្រឹមត្រូវល្អ អាចារ្យ​គប្បីបណ្តេញ​ចេញ (បើ) ​មិនបណ្តេញ​ចេញ ត្រូវអាបត្តិទុក្កដ។ ម្នាលភិក្ខុទាំងឡាយ អន្តេវាសិក​ប្រកបដោយអង្គ៥ ​​អាចារ្យ​ត្រូវ​បណ្តេញ​ចេញ (ឯអង្គ៥នោះ) គឺអន្តេវាសិកគ្មាន​សេចក្តី​ស្រឡាញ់ពេញចិត្តមាំនឹងអាចារ្យ​១ គ្មានសេចក្តី​ជ្រះថ្លាមាំ១ គ្មានសេចក្តីអៀនខ្មាសមាំ១ គ្មានសេចក្តី​គោរពកោតក្រែងមាំ១ គ្មានភាវនាមាំ១ ម្នាលភិក្ខុ​ទាំង​ឡាយ អន្តេវាសិក​ប្រកប​ដោយអង្គ៥​នេះឯង អាចារ្យត្រូវបណ្តេញចេញបាន​។ ម្នាលភិក្ខុ​ទាំងឡាយ អន្តេវាសិក​​ប្រកបដោយអង្គ៥ អាចារ្យមិនត្រូវបណ្តេញចេញទេ (ឯអង្គ៥នោះ) គឺអន្តេវាសិក​មានសេចក្តី​ស្រឡាញ់​ពេញចិត្តមាំ​នឹងអាចារ្យ១ មានសេចក្តី​ជ្រះថ្លាមាំ១ មានសេចក្តី​អៀនខ្មាស​មាំ១ មានសេចក្តី​គោរពក្រោតក្រែងមាំ១ មាន​ភាវនាមាំមួន១ ម្នាលភិក្ខុ​ទាំងឡាយ ​អន្តេវាសិក​ដែល​ប្រកប​ដោយ​អង្គ៥​នេះឯង អាចារ្យមិនត្រូវបណ្តេញចេញទេ​។ ម្នាលភិក្ខុទាំងឡាយ អន្តេវាសិក​ដែល​ប្រកប​ដោយ​អង្គ៥​ហើយ អាចារ្យគួរ​បណ្តេញចេញ (ឯអង្គ៥នោះ) គឺអន្តេវាសិក​គ្មានសេចក្តីស្រឡាញ់​ពេញចិត្ត​មាំនឹង​អាចារ្យ១ គ្មានសេចក្តី​ជ្រះថ្លាមាំ១ គ្មានសេចក្តីអៀនខ្មាស​មាំ១ គ្មានសេចក្តី​គោរព​ក្រោតក្រែង​មាំ១ គ្មាន​ភាវនាមាំមួន១ ម្នាលភិក្ខុ​ទាំងឡាយ ​អន្តេវាសិកដែលប្រកបដោយអង្គ៥​នេះឯង​ហើយ អាចារ្យ​គួរ​បណ្តេញ​ចេញ​។ ម្នាលភិក្ខុ​ទាំងឡាយ អន្តេវាសិកដែល​​ប្រកបដោយអង្គ៥ (ចំណែកខាងល្អ) ហើយ អាចារ្យ​​មិនត្រូវ​បណ្តេញ​ចេញទេ (ឯអង្គ៥នោះ) គឺអន្តេវាសិក​មានសេចក្តី​ស្រឡាញ់​ពេញចិត្ត​មាំនឹង​អាចារ្យ១ មានសេចក្តី​ជ្រះថ្លា​មាំ១ មានសេចក្តី​អៀនខ្មាស​មាំ១ មានសេចក្តី​គោរពក្រោតក្រែងមាំ១ មាន​ភាវនាមាំមួន១ ម្នាលភិក្ខុ​ទាំងឡាយ ​អន្តេវាសិកដែលប្រកបដោយអង្គ៥​នេះ​ឯងហើយ អាចារ្យ​មិនគួរ​បណ្តេញ​ចេញទេ​។ ម្នាលភិក្ខុទាំងឡាយ អាចារ្យ មិនបានបណ្តេញ​អន្តេវាសិក​ដែលប្រកប​ដោយ​អង្ក​៥ (ចំណែក​ខាងអាក្រក់ហើយ) នឹងមានទោស (គឺត្រូវអាបត្តិ​មិនខានឡើយ) (បើ) អាចារ្យបណ្តេញ​ចេញ​ហើយ ទើបគ្មានទោស (គឺមិនត្រូវអាបត្តិឡើយ) (ឯអង្គ ៥ ចំណែក​ខាង​អាក្រក់​នោះ) គឺអន្តេវាសិកគ្មាន​​សេចក្តីស្រឡាញ់​ពេញចិត្តមាំនឹងអាចារ្យ១ គ្មាន​សេចក្តី​ជ្រះថ្លា​មាំ១ គ្មានសេចក្តីអៀនខ្មាសមាំ១ គ្មាន​សេចក្តី​​គោរពកោតក្រែងមាំ១ គ្មាន​ភាវនាមាំមួន១ ម្នាលភិក្ខុ​ទាំងឡាយ ​​អាចារ្យ កាល​មិន​បណ្តេញ​អន្តេវាសិក​​ដែល​ប្រកប​ដោយ​អង្គ៥នេះឯងហើយ នឹងមានទោស (បើ) អាចារ្យ​បណ្តេញចេញ នឹង​ឥត​ទោស​។ ម្នាលភិក្ខុទាំងឡាយ អាចារ្យ កាល​បណ្តេញអន្តេវាសិក ដែល​ប្រកបដោយ​អង្គ៥ (ចំណែក​ខាងល្អ) ហើយ នឹងមានទោស (បើ) ​មិនបាន​បណ្តេញ​ចេញទេ នឹងឥតទោស (អង្គ៥​នោះ) គឺអន្តេវាសិក​មានសេចក្តីស្រឡាញ់​ពេញចិត្តមាំនឹង​អាចារ្យ១ មានសេចក្តី​ជ្រះថ្លា​ដ៏មាំ១ មានសេចក្តីអៀនខ្មាស​មាំ១ មានសេចក្តី​គោរពកោតក្រែងមាំ១ មាន​ភាវនាដ៏មាំមួន១ ម្នាល​ភិក្ខុ​ទាំងឡាយ អាចារ្យ កាល​បណ្តេញ​នូវ​អន្តេវាសិកដែលប្រកបដោយ​អង្គ៥នេះឯង​ហើយ នឹងមាន​ទោស​មិនខានឡើយ បើ​មិនបាន​បណ្តេញ​ចេញ​ទេ ក៏ឥតមាន​ទោស​ឡើយ។

[៩៦] សម័យនោះឯង ភិក្ខុទាំងឡាយជាបុគ្គលពាល មិនឆ្លាស​ឲ្យនិស្ស័យ (ដល់​អន្តេវាសិក) ដោយអាងថា យើងមានវស្សា១០ហើយ យើងមានវស្សា១០ហើយ។ ពួក​អាចារ្យជាមនុស្សពាល ពួក​អន្តេវាសិកជាបណ្ឌិតក៏ប្រាកដ ពួកអាចារ្យជា​មនុស្សមិនឆ្លាស ពួកអន្តេវាសិកជាមនុស្សឆ្លាស​ក៏ប្រាកដ ពួកអាចារ្យជាមនុស្ស​ចេះដឹងតិច ពួកអន្តេវាសិក​ជាមនុស្ស​ចេះដឹងច្រើនក៏ប្រាកដ ពួកអាចារ្យ​ជាមនុស្ស​អាប់ឥតបញ្ញា ពួកអន្តេវាសិកជា​មនុស្ស​​មានបញ្ញាក៏​ប្រាកដ។ ភិក្ខុទាំងឡាយ​ណាមាន​សេចក្តី ប្រាថ្នា​តិច។បេ។ ភិក្ខុទាំង​ឡាយនោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុទាំងឡាយ​ជាមនុស្ស​ពាល មិនឆ្លាស មិនសមបើនឹង​ហ៊ាន​ឲ្យនិស្ស័យ (ដល់​អន្តេវាសិក) ដោយអាងថា យើងមាន​វស្សា១០​ហើយ យើងមានវស្សា១០ហើយ ពួកអាចារ្យជាមនុស្សពាល ពួកអន្តេវាសិក​ជាបណ្ឌិតក៏ប្រាកដ ពួក​អាចារ្យ​មិនឆ្លាស ពួកអន្តេវាសិកឆ្លាស​ក៏ប្រាកដ ពួកអាចារ្យ​ចេះដឹងតិច ពួកអន្តេវាសិកចេះដឹងច្រើន​ក៏​ប្រាកដ ពួកអាចារ្យ​​អាប់ឥតបញ្ញា ពួក​អន្តេវាសិក​​មានបញ្ញាក៏​ប្រាកដ។ វេលានោះ ភិក្ខុទាំងនោះ​បានក្រាប​ទូលសេចក្តីនុ៎ះ​ដល់​ព្រះដ៏មានព្រះភាគ។ ព្រះអង្គ​ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ឮថា ពួក​ភិក្ខុ​​ជាមនុស្ស​ពាល មិនឆ្លាស ​ឲ្យនិស្ស័យ (ដល់​អន្តេវាសិក) ដោយអាងថា យើងមានវស្សា១០​ហើយ យើងមានវស្សា១០ហើយ ពួកអាចារ្យជាមនុស្សពាល… ពួកអន្តេវាសិក​មានបញ្ញាក៏​ប្រាកដ ពិតមែនឬ។ ភិក្ខុទាំងនោះក្រាបទូលថា សូមទ្រង់ព្រះមេត្តាប្រោស ពិតមែន។ ព្រះសម្ពុទ្ធ​ជាម្ចាស់​ដ៏មានជោគ …​ក៏ទ្រង់​បន្ទោស លុះទ្រង់បន្ទោសរួចហើយ ទើបធ្វើ​ធម្មីកថា ហើយត្រាស់ហៅភិក្ខុទាំងឡាយ​មកថា ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុដែលជាមនុស្ស​ពាល មិនឆ្លាស មិនត្រូវឲ្យនិស្ស័យ​ទេ ភិក្ខុណាឲ្យ នឹងត្រូវអាបត្តិទុក្កដ។ ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត​ឲ្យភិក្ខុដែល​ឆ្លាស​ប្រតិពល មានវស្សា១០ ឬមានវស្សា​ច្រើនជាង​១០ ឡើង​ទៅ ឲ្យនិស្ស័យ​បាន។

[៩៧] សម័យនោះឯង កាលបើអាចារ្យ និងឧបជ្ឈាយ៍​ទំាងឡាយចៀសចេញទៅក្តី សឹក​ចេញ​ទៅក្តី ធ្វើមរណកាលទៅក្តី រត់ចូលទៅកាន់​ពួកតិរ្ថិយក្តី ពួកភិក្ខុក៏មិនដឹងសេចក្តីរម្ងាប់​ចាកនិស្ស័យ គឺ​ដាច់​និស្ស័យ​បានឡើយ។ ភិក្ខុទាំងឡាយក្រាបទូលសេចក្តីនុ៎ះ​ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គ​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ការរម្ងាប់​និស្ស័យ គឺដាច់​និស្ស័យ ព្រោះឧបជ្ឈាយ៍នេះ​ មាន៥យ៉ាង គឺទី១ ឧបជ្ឈាយ៍​ចៀសចេញទៅក្តី ទី២ ឧបជ្ឈាយ៍​សឹកចេញ​ទៅក្តី ទី៣ឧបជ្ឈាយ៍ធ្វើមរណកាលទៅក្តី ទី៤ឧបជ្ឈាយ៍ទៅកាន់​តិរ្ថិយក្តី ទី៥ឧបជ្ឈាយ៍បណ្តេញចេញក្តី ម្នាលភិក្ខុទាំងឡាយ ការដែលរម្ងាប់​និស្ស័យ គឺដាច់និស្ស័យ ព្រោះឧបជ្ឈាយ៍​មាន៥យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ការរម្ងាប់​និស្ស័យ គឺដាច់​និស្ស័យ ព្រោះអាចារ្យនេះ​ មាន៦យ៉ាង គឺទី១ អាចារ្យចៀសចេញទៅក្តី ទី២សឹកចេញ​ទៅក្តី ទី៣ធ្វើមរណកាលទៅក្តី ទី៤ទៅកាន់ពួក​តិរ្ថិយក្តី ទី៥បណ្តេញចេញក្តី ទី៦ អាចារ្យ​បានទៅនៅ​រួបរួម​ជាមួយ​នឹងឧបជ្ឈាយ៍​ក្តី ម្នាលភិក្ខុទាំងឡាយ ការដែលរម្ងាប់​និស្ស័យ គឺដាច់និស្ស័យ ព្រោះអាចារ្យមាន៦យ៉ាងនេះឯង។

[៩៨] ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយអង្គ៥ មិនគួរឲ្យឧបសម្បទា មិនគួរឲ្យនិស្ស័យ មិនគួរ​ឲ្យ​សាមណេរ​បម្រើខ្លួនឡើយ គឺភិក្ខុដែល​មិនប្រកប​ដោយ​សីលក្ខន្ធជាអសេក្ខៈ គឺជា​របស់​អសេក្ខបុគ្គល១ មិនប្រកប​ដោយ​សមាធិក្ខន្ធជាអសេក្ខៈ១ មិនប្រកប​ដោយ​បញ្ញាខន្ធ​ជាអសេក្ខៈ១ មិនប្រកប​ដោយ​វិមុត្តិក្ខន្ធ​ជាអសេក្ខៈ១ មិនប្រកប​ដោយ​វិមុត្តិញ្ញាណ​ទស្សនក្ខន្ធ​​ជាអសេក្ខៈ១ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកប​ដោយអង្គទាំង៥​នេះឯង មិនគួរ​ឲ្យឧបសម្បទា មិនគួរឲ្យនិស្ស័យ មិនគួរ​ឲ្យ​សាមណេរ​បម្រើខ្លួនឡើយ។ ម្នាលភិក្ខុទាំង​ឡាយ ភិក្ខុប្រកបដោយអង្គ៥ គួរឲ្យឧបសម្បទា គួរឲ្យនិស្ស័យ គួរ​ឲ្យ​សាមណេរ​បម្រើ​ខ្លួន គឺភិក្ខុប្រកប​ដោយ​សីលក្ខន្ធជាអសេក្ខៈ១ ប្រកប​ដោយ​សមាធិក្ខន្ធជាអសេក្ខៈ១ ប្រកប​ដោយ​បញ្ញាខន្ធ​ជាអសេក្ខៈ១ ប្រកប​ដោយ​វិមុត្តិក្ខន្ធ​ជាអសេក្ខៈ១ ប្រកប​ដោយ​វិមុត្តិញ្ញាណ​ទស្សនក្ខន្ធ​ជាអសេក្ខៈ១ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកប​ដោយអង្គ៥​នេះឯង គួរឲ្យ​ឧបសម្បទា គួរឲ្យនិស្ស័យ គួរ​ឲ្យ​សាមណេរ​បម្រើខ្លួនបាន។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយអង្គ៥ដទៃទៀត មិនគួរឲ្យឧបសម្បទា មិនគួរ​ឲ្យ​និស្ស័យ មិនគួរ​ឲ្យ​សាមណេរ​បម្រើខ្លួនឡើយ គឺភិក្ខុ​មិនប្រកប​ដោយ​សីលក្ខន្ធជាអសេក្ខៈ​ដោយខ្លួនឯង មិន​បាន​ដឹកនាំ​កុលបុត្រ​ដទៃ ឲ្យ​កាន់យកនូវ​សីលក្ខន្ធជាអសេក្ខៈ១ មិនប្រកប​ដោយ​សមាធិក្ខន្ធ​​​ជា​អសេក្ខៈ​​ដោយខ្លួនឯង មិនបានដឹកនាំ​កុលបុត្រ​ដទៃ ឲ្យ​កាន់យកនូវ​សមាធិក្ខន្ធ​ជាអសេក្ខៈ១ មិនប្រកប​ដោយ​បញ្ញាខន្ធជាអសេក្ខៈ​ដោយខ្លួនឯង មិនបាន​ដឹកនាំ​កុលបុត្រ​ដទៃឲ្យ​កាន់យកនូវ​បញ្ញាខន្ធ​ជាអសេក្ខៈ១ មិនប្រកប​ដោយ​វិមុត្តិក្ខន្ធ​ជា​អសេក្ខៈ​ដោយខ្លួនឯង មិនបានដឹកនាំ​កុលបុត្រ​ដទៃឲ្យ​កាន់យកនូវ​វិមុត្តិក្ខន្ធ​ជា​អសេក្ខៈ១ មិនប្រកប​ដោយ​វិមុត្តិញ្ញាណទស្សនក្ខន្ធជាអសេក្ខៈ​ដោយខ្លួនឯង មិនបានដឹកនាំ​កុលបុត្រ​ដទៃឲ្យ​កាន់យកនូវវិមុត្តិញ្ញាណទស្សនក្ខន្ធជាអសេក្ខៈ១ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកប​ដោយអង្គ៥​នេះ មិនគួរឲ្យឧបសម្បទា មិនគួរឲ្យនិស្ស័យ មិនគួរ​ឲ្យ​សាមណេរ​បម្រើខ្លួន​ទេ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយអង្គ៥ គួរឲ្យឧបសម្បទា គួរ​ឲ្យ​និស្ស័យ គួរ​ឲ្យ​សាមណេរ​បម្រើ​ខ្លួន​​បាន គឺភិក្ខុប្រកប​ដោយ​សីលក្ខន្ធជាអសេក្ខៈ​ដោយខ្លួនឯង ដឹកនាំ​កុលបុត្រ​ដទៃឲ្យ​កាន់យកនូវ​សីលក្ខន្ធ​ជាអសេក្ខៈ១ ប្រកប​ដោយ​សមាធិក្ខន្ធ​ជា​អសេក្ខៈ​​ដោយខ្លួនឯង ដឹកនាំ​កុលបុត្រ​ដទៃឲ្យ​កាន់យកនូវ​សមាធិក្ខន្ធជាអសេក្ខៈ១ ប្រកប​ដោយ​បញ្ញាខន្ធជាអសេក្ខៈ​ដោយខ្លួនឯង ដឹកនាំ​កុលបុត្រ​ដទៃ ឲ្យ​កាន់យកនូវ​បញ្ញាខន្ធ​ជា​អសេក្ខៈ១ ប្រកប​ដោយ​វិមុត្តិក្ខន្ធជាអសេក្ខៈ​ដោយខ្លួនឯង ដឹកនាំ​កុលបុត្រ​ដទៃឲ្យ​កាន់យក​នូវ​វិមុត្តិក្ខន្ធជាអសេក្ខៈ១ ប្រកប​ដោយ​វិមុត្តិញ្ញាណទស្សនក្ខន្ធជាអសេក្ខៈ​ដោយខ្លួនឯង ដឹកនាំ​កុលបុត្រ​ដទៃឲ្យ​កាន់យកនូវវិមុត្តិញ្ញាណទស្សនក្ខន្ធជាអសេក្ខៈ១ ម្នាលភិក្ខុទាំង​ឡាយ ភិក្ខុប្រកប​ដោយអង្គទាំង៥​នេះឯង គួរឲ្យឧបសម្បទា គួរឲ្យនិស្ស័យ គួរ​ឲ្យ​សាមណេរ​បម្រើខ្លួនបាន។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយអង្គ៥ដទៃទៀត មិនគួរ​ឲ្យឧបសម្បទា មិនគួរ​ឲ្យ​និស្ស័យ មិនគួរ​ឲ្យ​សាមណេរ​បម្រើខ្លួន​ទេ គឺភិក្ខុគ្មានសទ្ធា១ មិនខ្មាសបាប១ មិនខ្លាចបាប១ ខ្ជិល១ ភ្លេចស្មារតី១ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកប​ដោយអង្គទាំង៥​នេះឯង មិនគួរឲ្យឧបសម្បទា មិនគួរឲ្យនិស្ស័យ មិនគួរ​ឲ្យ​សាមណេរ​បម្រើខ្លួនឡើយ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយអង្គ៥ គួរឲ្យឧបសម្បទា គួរ​ឲ្យ​និស្ស័យ គួរ​ឲ្យ​សាមណេរ​បម្រើខ្លួន​បាន គឺភិក្ខុមានសទ្ធា១ ខ្មាសបាប១ ខ្លាចបាប១ ប្រារព្ធ​ព្យាយាម​ជាប់១ មានសតិខ្ជាប់ខ្ជួន១ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកប​ដោយអង្គ៥​នេះឯង គួរឲ្យឧបសម្បទា គួរឲ្យនិស្ស័យ គួរ​ឲ្យ​សាមណេរ​បម្រើខ្លួនបាន។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយអង្គ៥ដទៃទៀត មិនគួរ​ឲ្យ​ឧបសម្បទា មិនគួរ​ឲ្យ​និស្ស័យ មិនគួរ​ឲ្យ​សាមណេរ​បម្រើខ្លួន​ទេ គឺភិក្ខុវិបត្តិចាកសីល គឺត្រូវ​អាបត្តិ​បារាជិក និងសង្ឃាទិសេសក្នុង​អធិសីល (បាដិមោក្ខសំវរសីល)១ វិបត្តិចាកមារយាទ គឺត្រូវអាបត្តិ​៥កង មានថុល្លច្ច័យ​ជាដើម ក្នុង​អជ្ឈាចារ១ វិបត្តិចាកទិដ្ឋិ ក្នុងសម្មាទិដ្ឋិ គឺភិក្ខុលះបង់​សម្មាទិដ្ឋិ ទៅប្រកប​ដោយ​អន្តគាហិកទិដ្ឋិវិញ១ ចេះដឹងតិច១ អាប់ឥតប្រាជ្ញា១ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកប​ដោយអង្គទាំង៥​នេះឯង មិនគួរឲ្យឧបសម្បទា មិនគួរឲ្យនិស្ស័យ មិនគួរ​ឲ្យ​សាមណេរ​បម្រើខ្លួនទេ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយអង្គ៥ គួរ​ឲ្យ​ឧបសម្បទា គួរ​ឲ្យ​និស្ស័យ គួរ​ឲ្យ​សាមណេរ​បម្រើបាន គឺភិក្ខុមិន​វិបត្តិចាកសីល ក្នុង​អធិសីល១ មិនបានវិបត្តិចាក​មារយាទ ក្នុង​អជ្ឈាចារ១ មិនបានវិបត្តិ​ចាក​ទិដ្ឋិ ក្នុងសម្មាទិដ្ឋិ គឺភិក្ខុមិនលះបង់​សម្មាទិដ្ឋិ ទៅប្រកប​ដោយ​អន្តគាហិកទិដ្ឋិ១ ចេះដឹងច្រើន១ មានប្រាជ្ញា១ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកប​ដោយអង្គទាំង៥​នេះឯង គួរឲ្យឧបសម្បទា គួរឲ្យនិស្ស័យ គួរ​ឲ្យ​សាមណេរ​បម្រើខ្លួនបាន។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយអង្គ៥ដទៃទៀត មិនគួរ​ឲ្យ​ឧបសម្បទា មិនគួរ​ឲ្យ​និស្ស័យ មិនគួរ​ឲ្យ​សាមណេរ​បម្រើខ្លួន​ទេ គឺភិក្ខុមិនអាចដើម្បី​បម្រើនូវ​អន្តេវាសិក ឬនូវ​សទ្ធិវិហារិក​ដែលមានជម្ងឺ​ដោយខ្លួនឯង ឬឲ្យគេ​បម្រើ១ មិនអាច​ដើម្បី​បំបាត់នូវ​សេចក្តី​អផ្សុក​របស់អន្តេវាសិក ឬរបស់​សទ្ធិវិហារិក​ដោយខ្លួនឯង ឬឲ្យគេ​បំបាត់​ឲ្យ១ មិនអាចដើម្បី​បន្ទោបង់​នូវសេចក្តី​សង្ស័យ​ដែល​កើត​ឡើងដល់អន្តេវាសិក ឬ​សទ្ធិវិហារិក​ដោយខ្លួនឯង ឬឲ្យអ្នកដទៃ​បំបាត់ឲ្យ (ដោយ​និយាយ)​ធម៌១ មិនស្គាល់​អាបត្តិ១ មិនស្គាល់​វិធីចេញ​ចាកអាបត្តិ១ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកប​ដោយ​អង្គ​ទាំង៥​នេះឯង មិនគួរឲ្យឧបសម្បទា មិនគួរឲ្យនិស្ស័យ មិនគួរ​ឲ្យ​សាមណេរ​បម្រើខ្លួនទេ។ ម្នាលភិក្ខុ​ទាំង​ឡាយ ភិក្ខុ​ប្រកប​ដោយអង្គ៥ គួរ​ឲ្យ​ឧបសម្បទា គួរ​ឲ្យ​និស្ស័យ គួរ​ឲ្យ​សាមណេរ​បម្រើខ្លួន​បាន គឺភិក្ខុ​អាច​ដើម្បី​បម្រើដោយខ្លួនឯងក្តី ឲ្យគេបម្រើក្តីនូវ​អន្តេវាសិក ឬនូវ​សទ្ធិវិហារិក​ដែលមានជម្ងឺ​១ អាចដើម្បី​បំបាត់​ដោយខ្លួនឯងក្តី ឲ្យគេបំបាត់ក្តី នូវ​សេចក្តី​អផ្សុក​របស់អន្តេវាសិក ឬរបស់​សទ្ធិវិហារិក១ អាចដើម្បី​បន្ទោបង់ដោយខ្លួនឯងក្តី ឲ្យគេបន្ទោបង់ក្តី ​នូវសេចក្តី​សង្ស័យ​ដែល​កើត​ឡើងដល់អន្តេវាសិក ឬ​សទ្ធិវិហារិក​ (ដោយ​និយាយ) ធម៌១ ស្គាល់អាបត្តិ១ ស្គាល់​វិធីចេញ​ចាកអាបត្តិ១ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ​ប្រកប​ដោយអង្គទាំង៥​នេះឯង គួរឲ្យឧបសម្បទា គួរឲ្យនិស្ស័យ គួរ​ឲ្យ​សាមណេរ​បម្រើ​ខ្លួនបាន។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុប្រកបដោយអង្គ៥ដទៃទៀត មិនគួរ​ឲ្យ​ឧបសម្បទា មិនគួរ​ឲ្យ​និស្ស័យ មិនគួរ​ឲ្យ​សាមណេរ​បម្រើខ្លួន​ទេ គឺភិក្ខុមិនអាចដើម្បី​ញុំាង​អន្តេវាសិក ឬនូវ​សទ្ធិវិហារិកឲ្យសិក្សាក្នុង​អភិសមាចារិកសិក្ខា (ខន្ធកវគ្គ)១ មិនអាច​ដើម្បីទូន្មាន​នូវ​អន្តេវាសិក ឬសទ្ធិវិហារិក​ដោយ​អាទិព្រហ្មចរិយសិក្ខា (សេក្ខប្បញ្ញត្តិ)១ មិនអាចដើម្បី​ទូន្មាននូវ​អន្តេវាសិក ឬ​សទ្ធិវិហារិក​ក្នុងធម៌​ដ៏​ក្រៃលែង (ការកំណត់នូវនាម​និងរូប)១ មិន​អាចដើម្បីទូន្មាននូវអន្តេវាសិក ឬសទ្ធិវិហារិកក្នុង​វិន័យ​ដ៏ក្រៃលែង (វិន័យបិដកទាំងមូល)១ មិនអាចដើម្បីដោះស្រាយនូវ​ទិដ្ឋិ​ខុស ដែលកើតឡើង​ដល់​អន្តេវាសិក ឬសទ្ធិវិហារិក​ដោយ​ធម៌១ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកប​ដោយអង្គទាំង៥​នេះ មិនគួរ​ឲ្យឧបសម្បទា មិនគួរឲ្យនិស្ស័យ មិនគួរ​ឲ្យ​សាមណេរ​បម្រើខ្លួនទេ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកប​ដោយ​អង្គ៥នេះ គួរ​ឲ្យ​ឧបសម្បទា គួរ​ឲ្យ​និស្ស័យ គួរ​ឲ្យ​សាមណេរ​បម្រើបាន គឺភិក្ខុ​អាចដើម្បី​បង្រៀន​អន្តេវាសិក ឬ​សទ្ធិវិហារិក ក្នុង​អភិសមាចារិកាសិក្ខា១ អាច​ដើម្បីទូន្មាន​នូវអន្តេវាសិក ឬសទ្ធិវិហារិក​ក្នុង​អាទិព្រហ្មចរិយកាសិក្ខា១ អាចដើម្បីទូន្មាននូវ​អន្តេវាសិក ឬ​សទ្ធិវិហារិក​ក្នុងអភិធម្ម១ អាចដើម្បីទូន្មានអន្តេវាសិក ឬសទ្ធិវិហារិកក្នុងអភិវិន័យ១ អាចដើម្បីដោះស្រាយនូវ​ទិដ្ឋិ​ខុស ដែលកើត​ឡើង​​ដល់​អន្តេវាសិក ឬសទ្ធិវិហារិក​ដោយ​ធម៌១ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកប​ដោយអង្គទាំង៥​នេះឯង គួរឲ្យឧបសម្បទា គួរឲ្យ​និស្ស័យ គួរ​ឲ្យ​សាមណេរ​បម្រើខ្លួនបាន។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ​ប្រកប​ដោយ​អង្គ ៥ ដទៃទៀត មិនគួរ​ឲ្យ​ឧបសម្បទា មិនគួរ​ឲ្យ​និស្ស័យ មិនគួរ​ឲ្យ​សាមណេរ​បម្រើខ្លួន​ទេ គឺ​ភិក្ខុមិន​ស្គាល់​អាបត្តិ១ មិនស្គាល់អនាបត្តិ១ មិនស្គាល់លហុកាបត្តិ១ មិនស្គាល់​គរុកាបត្តិ១ មិនបាន​ចេះចាំ​នូវ​បាតិមោក្ខ​ទាំងពីរ គឺភិក្ខុបាតិមោក្ខ និងភិក្ខុនី​បាតិមោក្ខ (ដោយពិស្តារ) មិនបានចែក​ដោយល្អ មិនបាន​ប្រព្រឹត្តទៅដោយល្អ (ចាំស្ទាត់រត់មាត់) មិនបានវិនិច្ឆ័យ​ដោយល្អ​តាមសុត្ត (ខន្ធកៈ និង​បរិវារៈ) តាម​អនុព្យញ្ជនៈ (បរិបូណ៌​ដោយបទ និងអក្ខរ)១ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកប​ដោយអង្គទាំង៥​នេះឯង មិនគួរឲ្យឧបសម្បទា មិនគួរ​ឲ្យនិស្ស័យ មិនគួរ​ឲ្យ​សាមណេរ​បម្រើខ្លួនទេ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ​ប្រកប​ដោយ​អង្គ៥នេះ គួរ​ឲ្យ​ឧបសម្បទា គួរ​ឲ្យ​និស្ស័យ គួរ​ឲ្យ​សាមណេរ​បម្រើខ្លួន​បាន គឺភិក្ខុ​ស្គាល់​អាបត្តិ១ ស្គាល់អនាបត្តិ១ ស្គាល់លហុកាបត្តិ១ ស្គាល់​គរុកាបត្តិ១ ​ចេះចាំ​នូវបាតិមោក្ខ​ទាំងពីរ ដោយ​ពិស្តារ ហើយចែក​ដោយល្អ ប្រព្រឹត្តទៅដោយល្អ វិនិច្ឆ័យ​ដោយល្អ​តាមសុត្ត តាមអនុព្យញ្ជនៈ១ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកប​ដោយអង្គទាំង៥​នេះឯង គួរឲ្យ​ឧបសម្បទា គួរឲ្យនិស្ស័យ គួរ​ឲ្យ​សាមណេរ​បម្រើខ្លួនបាន។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ​ប្រកប​ដោយអង្គ៥ដទៃទៀត មិនគួរ​ឲ្យ​ឧបសម្បទា មិនគួរ​ឲ្យ​និស្ស័យ មិនគួរ​ឲ្យ​សាមណេរ​បម្រើ​ទេ គឺភិក្ខុមិនស្គាល់អាបត្តិ១ មិនស្គាល់អនាបត្តិ១ មិនស្គាល់​លហុកាបត្តិ១ មិនស្គាល់​គរុកាបត្តិ១ មានវស្សា​មិនទាន់គ្រប់​ដប់១ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកប​ដោយអង្គទាំង៥​នេះ​ឯង មិនគួរឲ្យឧបសម្បទា មិនគួរឲ្យនិស្ស័យ មិនគួរ​ឲ្យ​សាមណេរ​បម្រើខ្លួនទេ។ ម្នាល​ភិក្ខុទាំងឡាយ ភិក្ខុ​ប្រកប​ដោយអង្គ៥ គួរ​ឲ្យ​ឧបសម្បទា គួរ​ឲ្យ​និស្ស័យ គួរ​ឲ្យ​សាមណេរ​បម្រើ​​ខ្លួន​បាន គឺភិក្ខុស្គាល់អាបត្តិ១ ស្គាល់អនាបត្តិ១ ស្គាល់​លហុកាបត្តិ១ ស្គាល់​គរុកាបត្តិ​ ១ មានវស្សា​​ដប់ ឬ​ច្រើន​ជាងដប់ឡើងទៅ១ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកប​ដោយអង្គ៥​នេះឯង គួរឲ្យឧបសម្បទា គួរឲ្យនិស្ស័យ គួរ​ឲ្យ​សាមណេរ​បម្រើបាន។

ចប់ ឧបសម្បាទេតព្វបញ្ចកសោឡសវារៈ។

[៩៩] ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយ​អង្គ៦ មិនគួរឲ្យឧបសម្បទា មិនគួរឲ្យនិស្ស័យ មិនគួរ​ឲ្យ​សាមណេរ​បម្រើខ្លួន គឺភិក្ខុមិនប្រកបដោយ​សីលក្ខន្ធជាអសេក្ខៈ១ មិនប្រកប​ដោយ​សមាធិក្ខន្ធ​ជាអសេក្ខៈ១ មិនប្រកបដោយ​បញ្ញាខន្ធជាអសេក្ខៈ១ មិនប្រកបដោយ​វិមុត្តិក្ខន្ធជាអសេក្ខៈ១ មិនប្រកប​ដោយវិមុត្តិញ្ញាណទស្សនក្ខន្ធជាអសេក្ខៈ១ មានវស្សាមិន​ទាន់គ្រប់​ដប់១ ​ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ​ប្រកប​ដោយអង្គទាំង៦​នេះឯង មិនគួរឲ្យ​ឧបសម្បទា មិនគួរឲ្យនិស្ស័យ មិនគួរ​ឲ្យ​សាមណេរ​បម្រើខ្លួន​ទេ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយ​អង្គ៦នេះ គួរឲ្យឧបសម្បទា គួរឲ្យនិស្ស័យ គួរ​ឲ្យ​សាមណេរ​បម្រើបាន គឺភិក្ខុប្រកបដោយ​សីលក្ខន្ធជាអសេក្ខៈ១ ប្រកបដោយ​សមាធិក្ខន្ធ​ជាអសេក្ខៈ១ ប្រកប​ដោយ​បញ្ញាខន្ធ​ជាអសេក្ខៈ១ ប្រកបដោយ​វិមុត្តិក្ខន្ធជាអសេក្ខៈ១ ប្រកប​ដោយ​វិមុត្តិញ្ញាណ​ទស្សនក្ខន្ធ​ជាអសេក្ខៈ១ មានវស្សា​ដប់ ឬមានវស្សា​ច្រើនជាង​ដប់ឡើងទៅ១ ម្នាល​ភិក្ខុទាំងឡាយ ភិក្ខុ​ប្រកប​ដោយអង្គទាំង៦​នេះឯង គួរឲ្យឧបសម្បទា គួរឲ្យនិស្ស័យ គួរ​ឲ្យ​សាមណេរ​បម្រើខ្លួនបាន។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុប្រកបដោយ​អង្គ៦ដទៃទៀត មិនគួរ​ឲ្យឧបសម្បទា មិនគួរឲ្យនិស្ស័យ មិនគួរ​ឲ្យ​សាមណេរ​​បម្រើខ្លួនទេ គឺភិក្ខុ​មិន​ប្រកប​ដោយ​សីលក្ខន្ធជាអសេក្ខៈ​ដោយខ្លួនឯង មិនបានដឹកនាំ​អ្នកដទៃ ​ឲ្យកាន់យកនូវសីលក្ខន្ធ​ជា​អសេក្ខៈ១ មិនប្រកបដោយ​សមាធិក្ខន្ធ​ជាអសេក្ខៈ ដោយខ្លួនឯង មិនបាន​ដឹកនាំ​អ្នកដទៃ​ឲ្យកាន់យកនូវសមាធិក្ខន្ធ​ជាអសេក្ខៈ១ មិនប្រកបដោយ​បញ្ញាខន្ធជាអសេក្ខៈ ដោយខ្លួន​ឯង មិនបានដឹកនាំ​អ្នកដទៃ​ឲ្យកាន់យកនូវបញ្ញាខន្ធ​ជាអសេក្ខៈ១ មិនប្រកបដោយ​វិមុត្តិក្ខន្ធជាអសេក្ខៈ ដោយខ្លួនឯង មិនបានដឹកនាំ​អ្នកដទៃ​ឲ្យកាន់យកនូវវិមុត្តិក្ខន្ធ​ជា​អសេក្ខៈ១ មិនបានប្រកប​ដោយ​វិមុត្តិញ្ញាណទស្សនក្ខន្ធជាអសេក្ខៈ ដោយខ្លួនឯង មិន​បានដឹកនាំ​អ្នកដទៃ​ឲ្យកាន់យកនូវ​វិមុត្តិញ្ញាណទស្សនក្ខន្ធ​ជាអសេក្ខៈ១ មានវស្សា​មិនទាន់​គ្រប់​ដប់១ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ​ប្រកប​ដោយអង្គទាំង៦​នេះឯង មិនគួរឲ្យឧបសម្បទា មិនគួរឲ្យនិស្ស័យ មិនគួរ​ឲ្យ​សាមណេរ​បម្រើខ្លួន​ទេ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកប​ដោយ​អង្គ៦ គួរឲ្យឧបសម្បទា គួរឲ្យនិស្ស័យ គួរ​ឲ្យ​សាមណេរ​បម្រើខ្លួន​បាន គឺភិក្ខុ​ប្រកប​ដោយ​សីលក្ខន្ធជាអសេក្ខៈ​ដោយខ្លួនឯង បានដឹកនាំ​អ្នកដទៃ​ឲ្យកាន់យកនូវសីលក្ខន្ធ​ជា​អសេក្ខៈ១ ប្រកបដោយ​សមាធិក្ខន្ធ​ជាអសេក្ខៈ ដោយខ្លួនឯង បានដឹកនាំ​អ្នកដទៃ​ឲ្យកាន់​យក​នូវ​សមាធិក្ខន្ធ​ជាអសេក្ខៈ១ ប្រកបដោយ​បញ្ញាខន្ធជាអសេក្ខៈ ដោយខ្លួនឯង បាន​ដឹកនាំ​អ្នកដទៃ​ឲ្យកាន់​យក​នូវបញ្ញាខន្ធ​ជាអសេក្ខៈ១ ប្រកបដោយ​វិមុត្តិក្ខន្ធជាអសេក្ខៈ ដោយ​ខ្លួនឯង បានដឹកនាំ​អ្នកដទៃ​ឲ្យ​កាន់​យកនូវវិមុត្តិក្ខន្ធ​ជាអសេក្ខៈ១ ប្រកប​ដោយ​វិមុត្តិញ្ញាណទស្សនក្ខន្ធជាអសេក្ខៈ ដោយខ្លួនឯង បាន​ដឹកនាំ​អ្នកដទៃ​ឲ្យកាន់យកនូវ​វិមុត្តិញ្ញាណទស្សនក្ខន្ធ​ជាអសេក្ខៈ១ មានវស្សា​ដប់ ឬមានវស្សា​ច្រើន​ជាង​ដប់​ឡើងទៅ១ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ​ប្រកប​ដោយអង្គទាំង៦​នេះឯង គួរឲ្យឧបសម្បទា គួរឲ្យនិស្ស័យ គួរ​ឲ្យ​សាមណេរ​បម្រើបាន។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយ​អង្គ៦ដទៃទៀត មិនគួរឲ្យឧបសម្បទា មិនគួរឲ្យនិស្ស័យ មិនគួរ​ឲ្យ​សាមណេរ​បម្រើទេ គឺភិក្ខុគ្មានសទ្ធា១ មិនខ្មាសបាប១ មិនខ្លាចបាប១ ខ្ជិល១ ភ្លេចស្មារតី១ មានវស្សាមិនទាន់គ្រប់​ដប់១ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ​ប្រកប​ដោយ​អង្គ​ទាំង៦​នេះឯង មិន​គួរឲ្យឧបសម្បទា មិនគួរ​ឲ្យនិស្ស័យ មិនគួរ​ឲ្យ​សាមណេរ​បម្រើ​ទេ។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុ​ប្រកប​ដោយ​​អង្គ៦ គួរឲ្យឧបសម្បទា គួរឲ្យនិស្ស័យ គួរ​ឲ្យ​សាមណេរ​បម្រើខ្លួនបាន គឺភិក្ខុមានសទ្ធា១ មាន​សេចក្តី​ខ្មាសបាប១ មានសេចក្តីខ្លាចបាប១ ប្រារព្ធ​ព្យាយាម​ជាប់១ មានសតិ​ខ្ជាប់ខ្ជួន១ មានវស្សា​ដប់ ឬ​មាន​វស្សា​ច្រើនជាង​ដប់ឡើងទៅ១ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ​ប្រកប​ដោយ​អង្គ​ទាំង៦​នេះឯង គួរឲ្យ​ឧបសម្បទា គួរឲ្យនិស្ស័យ គួរ​ឲ្យ​សាមណេរ​បម្រើខ្លួនបាន។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកប​ដោយអង្គ​៦​ដទៃទៀត មិនគួរ​ឲ្យ​ឧបសម្បទា មិនគួរ​ឲ្យ​និស្ស័យ មិនគួរ​ឲ្យ​សាមណេរ​បម្រើ​ទេ គឺភិក្ខុវិបត្តិចាកសីល ក្នុង​អធិសីល១ វិបត្តិចាក​មារយាទ ក្នុង​អជ្ឈាចារ១ វិបត្តិចាកទិដ្ឋិ ក្នុងសម្មាទិដ្ឋិ គឺភិក្ខុលះបង់​សម្មាទិដ្ឋិ ហើយទៅ​ប្រកប​ដោយ​អន្តគាហិកទិដ្ឋិវិញ១ ចេះដឹងតិច១ អាប់ឥតប្រាជ្ញា១ មានវស្សាមិន​ទាន់គ្រប់​ដប់១ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកប​ដោយអង្គទាំង៦​នេះឯង មិនគួរឲ្យឧបសម្បទា មិនគួរឲ្យនិស្ស័យ មិនគួរ​ឲ្យ​សាមណេរ​បម្រើទេ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកប​ដោយអង្គ៦ គួរ​ឲ្យ​ឧបសម្បទា គួរ​ឲ្យ​និស្ស័យ គួរ​ឲ្យ​សាមណេរ​បម្រើបាន គឺភិក្ខុមិន​បានវិបត្តិចាកសីល ក្នុង​អធិសីល១ មិនបានវិបត្តិចាកមារយាទ ក្នុង​អជ្ឈាចារ១ មិន​បានវិបត្តិចាកទិដ្ឋិ ក្នុងសម្មាទិដ្ឋិ១ ចេះដឹងច្រើន១ មានប្រាជ្ញា១ មានវស្សាដប់ ឬមាន​វស្សា​ច្រើនជាង​ដប់ឡើងទៅ១ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកប​ដោយអង្គទាំង៦​នេះ គួរឲ្យ​ឧបសម្បទា គួរឲ្យនិស្ស័យ គួរ​ឲ្យ​សាមណេរ​បម្រើខ្លួនបាន។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកប​ដោយអង្គ៦ដទៃទៀត មិនគួរ​ឲ្យ​ឧបសម្បទា មិនគួរ​ឲ្យ​និស្ស័យ មិនគួរ​ឲ្យ​សាមណេរ​បម្រើ​ទេ គឺភិក្ខុមិនអាចដើម្បី​បម្រើ​ដោយ​ខ្លួន​ឯងក្តី ឲ្យគេបម្រើក្តី នូវ​អន្តេវាសិក ឬនូវ​សទ្ធិវិហារិក​ដែលមានជម្ងឺ​១ មិនអាចដើម្បី​បំបាត់​ដោយ​ខ្លួន​ឯងក្តី ឲ្យគេបំបាត់ក្តី នូវ​សេចក្តី​អផ្សុក​របស់អន្តេវាសិក ឬ​សទ្ធិវិហារិក​១ មិនអាចដើម្បី​បន្ទោបង់​ដោយ​ខ្លួន​ឯងក្តី ឲ្យគេបន្ទោបង់ក្តី ​នូវសេចក្តី​សង្ស័យ​ដែល​កើត​ឡើង​ចំពោះ​អន្តេវាសិក ឬសទ្ធិវិហារិក​ដោយធម៌១ មិនស្គាល់អាបត្តិ១ មិនស្គាល់​វិធីដែលចេញ​ចាកអាបត្តិ១ មានវស្សា​មិនទាន់​គ្រប់ដប់១ ម្នាលភិក្ខុ​ទាំង​ឡាយ ភិក្ខុប្រកប​ដោយអង្គទាំង៦​នេះឯង មិនគួរឲ្យឧបសម្បទា មិនគួរឲ្យនិស្ស័យ មិនគួរ​ឲ្យ​សាមណេរ​បម្រើខ្លួនទេ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ​ប្រកប​ដោយអង្គ៦ គួរ​ឲ្យ​ឧបសម្បទា គួរ​ឲ្យ​និស្ស័យ គួរ​ឲ្យ​សាមណេរ​បម្រើខ្លួន​បាន គឺភិក្ខុ​អាចដើម្បី​បម្រើដោយខ្លួនឯងក្តី ឲ្យគេបម្រើក្តីនូវ​អន្តេវាសិក ឬ​សទ្ធិវិហារិក​ដែលមានជម្ងឺ​១ អាចដើម្បី​បំបាត់​ដោយខ្លួនឯងក្តី ឲ្យគេបំបាត់ក្តី នូវ​សេចក្តី​អផ្សុក​របស់អន្តេវាសិក ឬរបស់​សទ្ធិវិហារិក១ អាច​បន្ទោបង់​ដោយ​ខ្លួន​ឯង​ក្តី ឲ្យគេបន្ទោបង់ក្តី ​នូវសេចក្តី​សង្ស័យ​​ដែល​កើត​ឡើងចំពោះអន្តេវាសិក ឬសទ្ធិវិហារិក​ ដោយធម៌១ ស្គាល់អាបត្តិ១ ស្គាល់​វិធីដែលចេញ​ចាកអាបត្តិ១ មានវស្សាដប់ ឬច្រើនជាងដប់ឡើងទៅ១ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុប្រកប​ដោយអង្គ៥៦នេះឯង គួរឲ្យឧបសម្បទា គួរឲ្យនិស្ស័យ គួរ​ឲ្យ​សាមណេរ​បម្រើខ្លួនបាន។ ម្នាលភិក្ខុ​ទាំង​ឡាយ ភិក្ខុប្រកបដោយអង្គ៦ដទៃទៀត មិនគួរ​ឲ្យ​ឧបសម្បទា មិនគួរ​ឲ្យ​និស្ស័យ មិនគួរ​ឲ្យ​សាមណេរ​បម្រើ​ទេ គឺភិក្ខុមិនអាចដើម្បី​ញុំាង​អន្តេវាសិក ឬ​សទ្ធិវិហារិកឲ្យសិក្សាក្នុង​អភិសមាចារិកាសិក្ខា (ខន្ធកវគ្គ)១ មិនអាច​ដើម្បីទូន្មាន​នូវអន្តេវាសិក ឬសទ្ធិវិហារិក​​ក្នុង​អាទិព្រហ្មចរិយកាសិក្ខា (សេក្ខប្បញ្ញត្តិ)១ មិនអាចដើម្បីទូន្មាននូវ​អន្តេវាសិក ឬ​សទ្ធិវិហារិក​ក្នុងអភិធម្ម​១ មិនអាច​ដើម្បី​ទូន្មាន​នូវ​អន្តេវាសិក ឬសទ្ធិវិហារិកក្នុងអភិ​វិន័យ១ មិនអាចដើម្បីដោះស្រាយនូវ​ទិដ្ឋិ​ខុស ដែល​កើតឡើង​ចំពោះ​អន្តេវាសិក ឬសទ្ធិវិហារិកដោយធម៌១ មានវស្សាមិនទាន់គ្រប់ដប់១ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកប​ដោយអង្គទាំង៦​នេះឯង មិនគួរឲ្យឧបសម្បទា មិនគួរឲ្យ​និស្ស័យ មិនគួរ​ឲ្យ​សាមណេរ​បម្រើទេ។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុប្រកបដោយអង្គ៦ គួរ​ឲ្យ​ឧបសម្បទា គួរ​ឲ្យ​និស្ស័យ គួរ​ឲ្យ​សាមណេរ​បម្រើ​ខ្លួន​បាន គឺភិក្ខុ​អាចដើម្បី​ញុំាង​អន្តេវាសិក ឬ​សទ្ធិវិហារិក ក្នុង​អភិសមាចារិកាសិក្ខា១ អាច​ដើម្បីទូន្មាន​នូវ​អន្តេវាសិក ឬសទ្ធិវិហារិក​ក្នុង​អាទិព្រហ្មចរិយកាសិក្ខា១ អាចដើម្បីទូន្មាននូវ​អន្តេវាសិក ឬ​សទ្ធិវិហារិក​ក្នុងអភិធម្ម១ អាចដើម្បីទូន្មាននូវអន្តេវាសិក ឬសទ្ធិវិហារិកក្នុងអភិវិន័យ១ អាចដើម្បី​ដោះស្រាយនូវ​ទិដ្ឋិ​ខុស ដែលកើតឡើង​ចំពោះ​អន្តេវាសិក ឬសទ្ធិវិហារិកដោយធម៌១ មានវស្សាដប់ ឬមានវស្សាច្រើនជាង​ដប់ឡើងទៅ១ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកប​ដោយអង្គទាំង៦​នេះឯង គួរឲ្យឧបសម្បទា គួរឲ្យនិស្ស័យ គួរ​ឲ្យ​សាមណេរ​បម្រើបាន។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ​ប្រកប​ដោយអង្គ៦ដទៃទៀត មិនគួរ​ឲ្យ​ឧបសម្បទា មិនគួរ​ឲ្យ​និស្ស័យ មិនគួរ​ឲ្យ​សាមណេរ​បម្រើ​ទេ គឺភិក្ខុមិនស្គាល់អាបត្តិ១ មិនស្គាល់អនាបត្តិ១ មិនស្គាល់​លហុកាបត្តិ១ មិនស្គាល់​គរុកាបត្តិ១ មិនបាន​ចេះចាំ​ស្ទាត់នូវបាតិមោក្ខ​ទាំងពីរ​ដោយពិស្តារ មិនបានចែក​ដោយល្អ មិនបានប្រព្រឹត្តទៅដោយល្អ មិន​បាន​វិនិច្ឆ័យ​ដោយត្រឹមត្រូវតាមសុត្ត តាមអនុព្យញ្ជនៈ១ មាន​វស្សាមិនទាន់គ្រប់​ដប់១ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុប្រកប​ដោយអង្គ៦​នេះឯង មិនគួរឲ្យឧបសម្បទា មិន​គួរ​ឲ្យនិស្ស័យ មិនគួរ​ឲ្យ​សាមណេរ​បម្រើទេ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ​ប្រកប​ដោយអង្គ៦ គួរ​ឲ្យ​ឧបសម្បទា គួរ​ឲ្យ​និស្ស័យ គួរ​ឲ្យ​សាមណេរ​បម្រើ​បាន គឺភិក្ខុ​ស្គាល់​អាបត្តិ១ ស្គាល់អនាបត្តិ១ ស្គាល់​លហុកាបត្តិ១ ស្គាល់​គរុកាបត្តិ១ ​ចេះចាំស្ទាត់​នូវបាតិមោក្ខ​ទាំងពីរដោយ​ពិស្តារ ចែក​ចេញដោយល្អ ប្រព្រឹត្ត​ទៅដោយល្អ វិនិច្ឆ័យ​ដោយត្រឹមត្រូវ​តាមសុត្ត តាមអនុព្យញ្ជនៈ១ មានវស្សាដប់ ឬច្រើនជាង​ដប់​ឡើង​ទៅ១ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកប​ដោយអង្គ៦​នេះ គួរឲ្យឧបសម្បទា គួរឲ្យនិស្ស័យ គួរ​ឲ្យ​សាមណេរ​បម្រើខ្លួនបាន។

ចប់ ឧបសម្បាទេតព្វឆក្កសោឡសវារៈ។

[១០០] សម័យនោះឯង ភិក្ខុណាដែលធ្លាប់​ជាតិរ្ថិយដទៃ កាលបើឧបជ្ឈាយ៍​​និយាយ​ប្រដៅ​ប្រកប​ដោយធម៌ហើយ ក៏ពោលតិះដៀល​ឧបជ្ឈាយ៍ ហើយរត់​ចូលទៅ​កាន់លទ្ធិតិរ្ថិយ​នោះ​ដូច​​ដែលវិញ។ បុគ្គល​នោះវិលត្រឡប់​មកសូម​ឧបសម្បទា​នឹងភិក្ខុទាំងឡាយ​ម្តងទៀត។ ភិក្ខុទាំងនោះ​បានក្រាបទូល​សេចក្តី​នុ៎ះ​ចំពោះព្រះដ៏មានព្រះភាគ។ ព្រះដ៏មានព្រះភាគ​ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុណាដែលធ្លាប់​ជាតិរ្ថិយដទៃហើយ កាលបើ​ឧបជ្ឈាយ៍​និយាយប្រដៅ​ប្រកបដោយធម៌ហើយ ក៏ពោល​តិះដៀល​ឧបជ្ឈាយ៍ ហើយរត់​ចៀស​ទៅកាន់លទ្ធិ​តិរ្ថិយនោះដូចដែលវិញ លុះបុគ្គល​នោះត្រឡប់​មកវិញ សង្ឃមិនត្រូវ​ឲ្យឧបសម្បទាឡើយ។ ម្នាលភិក្ខុទាំងឡាយ ប្រសិនបើបុគ្គល​ណាឯទៀត ធ្លាប់ជាតិរ្ថិយ​ដទៃ ហើយប្រាថ្នា​បព្វជ្ជា ប្រាថ្នា​ឧបសម្បទា​ក្នុងធម៌វិន័យនេះ សង្ឃត្រូវឲ្យបរិវាស​ដល់​បុគ្គល​នោះកំណត់​ត្រឹម​៤ខែ។ ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវឲ្យបរិវាស​បែបយ៉ាងនេះ។ គឺភិក្ខុត្រូវឲ្យបុគ្គលនោះ​កោរសក់ និងពុកមាត់​ជាមុន រួចហើយឲ្យស្លៀកដណ្តប់​សំពត់​កាសាយៈ ហើយឲ្យគ្រងចីពរ​ឆៀងស្មាម្ខាងរួចហើយ ឲ្យថ្វាយបង្គំ​បាទាភិក្ខុទាំងឡាយ រួចឲ្យអង្គុយ​ច្រហោង ផ្គងអញ្ជលីឡើង ហើយត្រូវប្រាប់ថា អ្នកឯង​ចូរ​ពោល​យ៉ាងនេះ គឺត្រូវ​ពោលថា ខ្ញុំព្រះករុណាសូមដល់នូវ​ព្រះពុទ្ធ​ជាទីរលឹក ខ្ញុំព្រះករុណាសូមដល់នូវ​ព្រះធម៌​ជាទីរលឹក ខ្ញុំព្រះករុណាសូមដល់នូវ​ព្រះសង្ឃជាទីរលឹក ខ្ញុំព្រះករុណាសូមដល់នូវ​ព្រះពុទ្ធ​ជាទីរលឹក ជាគំរប់ពីរដងផង ខ្ញុំព្រះករុណាសូមដល់នូវ​ព្រះធម៌ជាទីរលឹក ជា​គំរប់ពីរ​ដងផង ខ្ញុំព្រះករុណាសូមដល់នូវ​ព្រះសង្ឃជាទីរលឹក ជាគំរប់ពីរដងផង ខ្ញុំ​ព្រះករុណា​សូមដល់នូវ​ព្រះពុទ្ធ​ជាទីរលឹក ជាគំរប់បីដងផង ខ្ញុំព្រះករុណាសូមដល់នូវ​ព្រះធម៌ជាទីរលឹក ជាគំរប់បីដងផង ខ្ញុំព្រះករុណា​សូមដល់នូវ​ព្រះសង្ឃជាទីរលឹក ជា​គំរប់បី​ដងផង។ ម្នាលភិក្ខុទាំងឡាយ បុគ្គលដែល​ធ្លាប់​ជាតិរ្ថិយ​ដទៃ​នោះ ត្រូវចូលទៅកាន់​ជំនុំសង្ឃ ហើយពាក់ចីពរឆៀងស្មាម្ខាង រួចថ្វាយបង្គំបាទា​ភិក្ខុ​ទាំងឡាយ ហើយ​អង្គុយច្រហោង ផ្គងអញ្ជលីឡើង ហើយគប្បីពោល​យ៉ាងនេះនឹងសង្ឃថា បពិត្រ​ព្រះសង្ឃ​ដ៏ចំរើន ខ្ញុំ​ព្រះករុណាឈ្មោះនេះ ធ្លាប់ជាតិរ្ថិយ​ដទៃ ប្រាថ្នានូវឧបសម្បទា​ក្នុងធម៌វិន័យ​នេះ បពិត្រ​ព្រះសង្ឃ​ដ៏ចំរើន ខ្ញុំព្រះករុណានោះសូមបរិវាស​នឹងសង្ឃ​អស់៤ខែ។ បុគ្គលនោះ គប្បីសូមជា​គំរប់​ពីរដង គប្បីសូម​ជាគំរប់​បីដង។ ភិក្ខុដែលឆ្លាសប្រតិពល ត្រូវផ្តៀងសង្ឃ​ថា បពិត្រព្រះសង្ឃ​ដ៏ចំរើន សូម​ព្រះសង្ឃ​ស្តាប់ខ្ញុំ (ដ្បិត) បុគ្គលនេះ ឈ្មោះនេះ ធ្លាប់ជាតិរ្ថិយដទៃ ប្រាថ្នានូវ​ឧបសម្បទាក្នុងធម៌​វិន័យ​នេះ ឥឡូវបុគ្គល​នោះ​សូម​បរិវាស​នឹងសង្ឃអស់៤ខែ បើកម្មមានកាលដ៏សមគួរ​ដល់សង្ឃហើយ សង្ឃគួរ​ឲ្យបរិវាស​ដល់​កុលបុត្រ​​ឈ្មោះនេះ ដែល​ធ្លាប់ជាតិរ្ថិយដទៃ​អស់៤ខែចុះ។ នេះជាពាក្យផ្តៀងសង្ឃឲ្យ​ដឹង។ បពិត្រព្រះសង្ឃ​ដ៏​ចំរើន សូម​ព្រះសង្ឃ​ស្តាប់ខ្ញុំ បុគ្គលនេះ ឈ្មោះនេះ ធ្លាប់ជា​តិរ្ថិយដទៃ ប្រាថ្នានូវ​ឧបសម្បទាក្នុងធម៌​វិន័យ​នេះ។ បុគ្គលនោះសូមបរិវាស​នឹងសង្ឃ​កំណត់៤ខែ។ ឥឡូវ​សង្ឃឲ្យបរិវាស​ដល់បុគ្គលនេះ ដែល​ធ្លាប់ជា​តិរ្ថិយដទៃ​កំណត់៤ខែ។ ការឲ្យបរិវាស​ដល់បុគ្គល​ឈ្មោះនេះ ដែល​ធ្លាប់ជាតិរ្ថិយ​ដទៃកំណត់​៤ខែ គួរដល់​លោកម្ចាស់​ដ៏មានអាយុអង្គណា លោកម្ចាស់ដ៏មានអាយុអង្គនោះ គប្បីស្ងៀមនៅចុះ មិនគួរ​ដល់លោកម្ចាស់ដ៏មានអាយុអង្គណាទេ លោកម្ចាស់ដ៏មានអាយុអង្គនោះ គប្បី​ពោលឡើង។ សង្ឃបានឲ្យបរិវាស​ដល់បុគ្គលឈ្មោះនេះ ដែលធ្លាប់ជា​តិរ្ថិយ​ដទៃកំណត់​៤ខែហើយ។ ការឲ្យ​តិត្ថិយបរិវាស​នេះ គួរដល់សង្ឃហើយ ព្រោះហេតុនោះបានជាសង្ឃ​ស្ងៀមនៅ។ ខ្ញុំសូមចាំ​ទុកនូវ​សេចក្តីនេះ ដោយអាការស្ងៀមនៅយ៉ាងនេះ។ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គល​ដែលធ្លាប់ជា​តិរ្ថិយ​ដទៃ​ឈ្មោះថា ញុំាងសង្ឃ​ឲ្យត្រេកអរ​យ៉ាងនេះឯង។ (បុគ្គល​ដែលធ្លាប់ជា​តិរ្ថិយ​ដទៃខ្លះ) មិនបានញុំាង​សង្ឃ​ឲ្យត្រេកអរ​យ៉ាងនេះ។ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គល​ដែលធ្លាប់ជា​តិរ្ថិយ​ដទៃ មិនបានញុំាង​សង្ឃ​ឲ្យ​ត្រេកអរ​ តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ មានបុគ្គល​ដែលធ្លាប់ជា​តិរ្ថិយ​ដទៃ ចូល​ទៅកាន់​ស្រុកហួសកាល ហួសវេលា ត្រឡប់មកវិញក្នុងវេលាថ្ងៃពេក (ហួសថ្ងៃ)។ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គល​ដែលធ្លាប់ជា​តិរ្ថិយ​ដទៃ ឈ្មោះថា​មិនបានញុំាងសង្ឃ​ឲ្យត្រេកអរ​យ៉ាង​នេះក៏មាន។ ម្នាលភិក្ខុ​ទាំងឡាយ ហេតុដទៃ​មានតទៅទៀត បុគ្គល​ដែលធ្លាប់ជា​តិរ្ថិយ​ដទៃ គោចរ​ទៅកាន់​សំណាក់​ស្រីផ្កាមាស​ក្តី គោចរទៅកាន់សំណាក់ស្រីមេម៉ាយក្តី គោចរទៅ​កាន់សំណាក់កុមារីធាត់ (ក្រមុំចាស់)ក្តី គោចរ​ទៅកាន់​សំណាក់មនុស្សខ្ទើយក្តី គោចរ​ទៅកាន់សំណាក់ភិក្ខុនីក្តី។ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គល​ដែល​ធ្លាប់ជា​តិរ្ថិយ​ដទៃ ឈ្មោះថា មិនបានញុំាងសង្ឃ​ឲ្យត្រេកអរ​បែបនេះក៏មាន។ ម្នាលភិក្ខុទាំងឡាយ ហេតុ​ដទៃមាន​តទៅទៀត អស់ទាំងការងារធំតូច​ទាំងឡាយណា ​របស់​សព្រហ្មចារី​បុគ្គលទាំងឡាយ បុគ្គល​ដែលធ្លាប់ជា​តិរ្ថិយ​ដទៃ ក៏មិនបានវាងវៃក្នុង​ការងារនោះឡើយ ជាបុគ្គល​ខ្ជិល មិនប្រកបដោយ​បញ្ញា​ពិចារណា​ជាឧបាយ​ក្នុងការងារ​ធំតូចនោះ មិនអាច​ដើម្បី​ធ្វើបាន មិនអាច​ដើម្បី​ចាត់ចែងបាន។ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គល​ដែលធ្លាប់ជា​តិរ្ថិយ​ដទៃ ឈ្មោះ​ថា មិនបានញុំាងសង្ឃ​ឲ្យត្រេកអរ​បែបនេះក៏មាន។ ម្នាល​ភិក្ខុទាំងឡាយ ហេតុដទៃ​មានតទៅទៀត បុគ្គល​ដែលធ្លាប់ជា​តិរ្ថិយ​ដទៃ ឥតមានសេចក្តី​ប្រាថ្នា​ដ៏ក្លៀវក្លា​ក្នុងបាឡី អដ្ឋកថា អធិសីល (បាតិមោក្ខសំវរសីល) អធិចិត្ត (លោកិយសមាធិភាវនា) និង​អធិប្បញ្ញា (លោកុត្តរមគ្គភាវនា) ឡើយ។ ម្នាលភិក្ខុទាំងឡាយ បុគ្គល​ដែលធ្លាប់ជា​តិរ្ថិយ​ដទៃ ឈ្មោះថា មិនបានញុំាងសង្ឃ​ឲ្យត្រេកអរ​បែបនេះក៏មាន។ ម្នាលភិក្ខុទាំងឡាយ ហេតុដទៃ​មានតទៅទៀត បុគ្គល​ដែលធ្លាប់ជា​តិរ្ថិយ​ដទៃ បានចេញចាក​លទ្ធិតិរ្ថិយ​របស់សាស្តាណា​ហើយ ដល់វេលាមានគេពោល​តិះដៀល​​ចំពោះសាស្តានោះ តាមទិដ្ឋិរបស់សាស្តានោះ តាមសេចក្តី​គាប់ចិត្តរបស់​សាស្តានោះ តាម​សេចក្តី​​ពេញចិត្ត​របស់សាស្តានោះ តាម​សេចក្តី​​ប្រកាន់របស់សាស្តា​នោះ ក៏ស្រាប់តែ​ខឹង តូចចិត្ត ឥតមាន​ត្រេកអរឡើយ កាលបើ​មានគេពោល​តិះដៀល ព្រះពុទ្ធ ព្រះធម៌ ឬព្រះ​សង្ឃវិញ ក៏សប្បាយចិត្ត មាន​កាយ​និងចិត្តអណ្តែតឡើង ហើយត្រេកអរ​ពេកណាស់ ម្យ៉ាងទៀត បើចេញ​ចាកពីលទ្ធិ​តិរ្ថិយ​របស់​សាស្តា​ណាហើយ កាលបើមានគេពោលសរសើរចំពោះ​សាស្តា​នោះ  តាមទិដ្ឋិ​របស់សាស្តានោះ តាម​សេចក្តី​គាប់ចិត្តរបស់​សាស្តានោះ តាមសេចក្តី​ពេញចិត្ត​របស់​សាស្តានោះ តាមសេចក្តី​ប្រកាន់​របស់​សាស្តា​នោះ ក៏សប្បាយចិត្ត មានកាយនិង​ចិត្ត​អណ្តែត​ឡើង ហើយមាន​សេចក្តី​ត្រេកអរ​ពេកណាស់ កាល​បើមានគេពោល​សរសើរ​ព្រះពុទ្ធ ព្រះធម៌ ឬព្រះសង្ឃវិញហើយ ក៏ខឹង​តូចចិត្ត ឥតត្រេកអរឡើយ។ ម្នាលភិក្ខុ​ទាំងឡាយ អំពើនេះហើយ ជាហេតុដ៏ឆ្នើម (ជាកំពូល) ក្នុងកិរិយាដែល​ មិន​បានញុំាងសង្ឃ​ឲ្យត្រេកអរ​ របស់បុគ្គល​ដែលធ្លាប់ជា​តិរ្ថិយ​ដទៃ។ ម្នាលភិក្ខុទាំងឡាយ បុគ្គល​ដែលធ្លាប់ជា​តិរ្ថិយ​ដទៃ ឈ្មោះ​ថា មិនបានញុំាងសង្ឃ​ឲ្យត្រេកអរ​យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ បុគ្គល​ដែលធ្លាប់ជា​តិរ្ថិយ​ដទៃ មិនបានញុំាងសង្ឃ​ឲ្យត្រេកអរ​យ៉ាងនេះ បើត្រឡប់​មកវិញ សង្ឃ​មិនត្រូវឲ្យ​ឧបសម្បទា​ឡើយ។ ម្នាលភិក្ខុទាំងឡាយ បុគ្គល​ដែលធ្លាប់ជា​តិរ្ថិយ​ដទៃ ឈ្មោះថា ញុំាងសង្ឃ​ឲ្យត្រេកអរបាន នោះតើ​ដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ក្នុង​សាសនានេះ មានបុគ្គល​ដែលធ្លាប់ជា​តិរ្ថិយ​ដទៃ ចូល​ទៅកាន់​ស្រុក​មិន​ឲ្យហួសពេល ត្រឡប់ចេញមកវិញ ក៏មិនឲ្យហួសថ្ងៃ។ ម្នាលភិក្ខុទាំងឡាយ បុគ្គល​ដែលធ្លាប់ជា​តិរ្ថិយ​ដទៃ ឈ្មោះថា​បានញុំាងសង្ឃ​ឲ្យត្រេកអរបែបនេះក៏មាន។ ម្នាលភិក្ខុទាំងឡាយ ហេតុ​ដទៃ​មានតទៅ​ទៀត បុគ្គល​ដែលធ្លាប់ជា​តិរ្ថិយ​ដទៃ មិនបានគោចរ​ទៅកាន់សំណាក់​ស្រីផ្កាមាស មិនបានគោចរ​ទៅកាន់​សំណាក់ស្រីមេម៉ាយ មិនបានគោចរទៅកាន់សំណាក់​កុមារី​ដ៏ធាត់ (ក្រមុំចាស់) មិនបានគោចរ​ទៅកាន់​សំណាក់​មនុស្សខ្ទើយ មិនបានគោចរ​ទៅកាន់សំណាក់ភិក្ខុនី។ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គល​ដែលធ្លាប់ជា​តិរ្ថិយ​ដទៃ ឈ្មោះថា បានញុំាងសង្ឃ​ឲ្យត្រេកអរ​បែបនេះក៏មាន។ ម្នាល​ភិក្ខុ​ទាំងឡាយ ហេតុដទៃ​មាន​តទៅ​ទៀត ការងារធំតូច​របស់​សព្រហ្មចារី​បុគ្គលទាំងឡាយឯណា បុគ្គល​ដែលធ្លាប់ជា​តិរ្ថិយ​ដទៃ ក៏​វាងវៃ​ក្នុង​ការងារនោះ ជាបុគ្គលមិន​ខ្ជិល ប្រកបដោយ​បញ្ញាពិចារណា​ជាឧបាយ​ក្នុងការងារនោះ អាច​ដើម្បី​ធ្វើបាន អាច​ដើម្បី​ចាត់ចែងបាន។ ម្នាលភិក្ខុទាំងឡាយ បុគ្គល​ដែលធ្លាប់ជា​តិរ្ថិយ​ដទៃ ឈ្មោះថា បាន​ញុំាងសង្ឃ​ឲ្យត្រេកអរ​បែបនេះក៏មាន។ ម្នាល​ភិក្ខុទាំងឡាយ ហេតុដទៃមានតទៅទៀត បុគ្គល​ដែល​ធ្លាប់​ជា​តិរ្ថិយ​ដទៃ មានសេចក្តី​ប្រាថ្នា​ដ៏ក្លៀវក្លា​ក្នុងបាឡី អដ្ឋកថា អធិសីល អធិចិត្ត និងអធិប្បញ្ញា។ ម្នាលភិក្ខុទាំងឡាយ បុគ្គល​ដែលធ្លាប់ជា​តិរ្ថិយ​ដទៃ ឈ្មោះថា បាន​ញុំាងសង្ឃ​ឲ្យត្រេកអរ​បែបនេះ​ក៏​មាន។ ម្នាលភិក្ខុទាំងឡាយ ហេតុដទៃមានតទៅទៀត បុគ្គល​ដែលធ្លាប់​ជា​តិរ្ថិយ​ដទៃ បាន​ចេញ​ចាក​លទ្ធិតិរ្ថិយ​របស់សាស្តាណា​ហើយ កាលបើមានគេពោល​តិះដៀល​ចំពោះ​សាស្តា​នោះ តាមទិដ្ឋិ​របស់​សាស្តា​នោះ តាមសេចក្តី​គាប់ចិត្តរបស់​សាស្តានោះ តាមសេចក្តី​ពេញចិត្ត​របស់សាស្តានោះ តាមសេចក្តី​ប្រកាន់​របស់សាស្តា​នោះ ក៏សប្បាយចិត្ត មាន​កាយនិងចិត្ត​អណ្តែតឡើងហើយ ត្រេកអរពេកណាស់ កាលបើ​មានគេពោល​តិះដៀល ព្រះពុទ្ធ ព្រះធម៌ ឬព្រះ​សង្ឃហើយ ក៏ត្រឡប់ជាខឹងតូចចិត្ត ឥតត្រេកអរ​ឡើយ ម្យ៉ាងទៀត ប្រសិនបើបុគ្គល​ដែល​ធ្លាប់​ជាតិរ្ថិយ​ដទៃ បានចេញ​ចាកពីលទ្ធិ​តិរ្ថិយ​របស់សាស្តា​ណា​ហើយ កាលបើមានគេពោលសរសើរចំពោះ​សាស្តា​នោះ តាមទិដ្ឋិរបស់សាស្តានោះ តាមសេចក្តី​គាប់​ចិត្ត​របស់​សាស្តានោះ តាមសេចក្តី​ពេញចិត្ត​របស់​សាស្តា​នោះ តាម​សេចក្តី​ប្រកាន់របស់សាស្តា​នោះហើយ ក៏ខឹង តូចចិត្ត ឥតមានសេចក្តី​ត្រេកអរ​ឡើយ កាលបើមានគេពោលសរសើរព្រះពុទ្ធ ព្រះធម៌ ឬ​ព្រះសង្ឃ​វិញ ក៏សប្បាយចិត្ត មានកាយ​និងចិត្ត​អណ្តែត​ឡើង ​​ត្រេកអរ​ក្រៃពេក។ ម្នាលភិក្ខុទាំងឡាយ អំពើនេះ ជាហេតុដ៏ឆ្នើម ជាកំពូល ក្នុងកិរិយា​ញុំាង​សង្ឃ​ឲ្យត្រេកអរ​ របស់បុគ្គល​ដែលធ្លាប់ជា​តិរ្ថិយ​ដទៃ។ ម្នាលភិក្ខុទាំងឡាយ បុគ្គល​ដែលធ្លាប់ជា​តិរ្ថិយ​ដទៃ ឈ្មោះថា ញុំាងសង្ឃ​ឲ្យត្រេកអរ​យ៉ាងនេះ​ឯង។ ម្នាលភិក្ខុទាំងឡាយ (បើ) បុគ្គល​ដែលធ្លាប់ជា​តិរ្ថិយ​ដទៃ បានញុំាងសង្ឃ​ឲ្យត្រេកអរ​យ៉ាងនេះ​ហើយ លុះត្រឡប់​មកវិញ សង្ឃគួរឲ្យ​ឧបសម្បទាចុះ។ ម្នាលភិក្ខុ​ទាំងឡាយ ប្រសិនបើបុគ្គល​ដែលធ្លាប់​ជា​តិរ្ថិយ​ដទៃ មានកាយ​អាក្រាតដើរមក សង្ឃត្រូវ​ស្វែងរក​ចីវរ មានឧបជ្ឈាយ៍​ជាមូលឲ្យ (គឺធ្វើឧបជ្ឈាយ៍​ឲ្យជាធំ) ប្រសិនបើបុគ្គលនោះ មិនទាន់​បាន​កោរសក់នៅឡើយទេ ហើយដើរមក ភិក្ខុត្រូវផ្តៀងសង្ឃ ដើម្បី​ធ្វើភណ្ឌុកម្មឲ្យ (ដើម្បី​កោរសក់ឲ្យ [នឹងមាន​សំដែង​ទៅខាងមុខ])ចុះ។ ម្នាលភិក្ខុទាំងឡាយ ពួក​ជន​ណាជាតាបស ជាអ្នកបូជាភ្លើង (បើ) ជនទាំងនោះ​បានមកហើយ សង្ឃគួរ​ឲ្យ​ឧបសម្បទាបាន សង្ឃ​មិនចាំបាច់​ឲ្យបរិវាស​ដល់ជន​ទាំងនោះ​ឡើយ។ ការដែលមិន​ចាំបាច់​ឲ្យបរិវាសនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះថា ពួកជន​ទាំងនោះ​ជាកម្មវាទី (គឺ​ពោលថាកម្ម​មាន ថាផលកម្មក៏មាន) ជាកិរិយវាទី (គឺពោល​ថាផលបុណ្យ​បាប​កើត​ពីកិរិយាធ្វើ)។ ម្នាលភិក្ខុទាំងឡាយ បើបុគ្គល​ជាសាកិយ​ដោយ​ជាតិ ធ្លាប់ជា​តិរិ្ថយដទៃ មក(សូម​ឧបសម្បទា) បុគ្គលនោះ លុះមកហើយ សង្ឃគួរឲ្យ​ឧបសម្បទា​ចុះ សង្ឃ​កុំចាំបាច់​ឲ្យបរិវាស​ដល់​បុគ្គល​នោះឡើយ។ ម្នាលភិក្ខុទាំងឡាយ ដ្បិត​​តថាគតឲ្យ​ការបរិហារ (សេចក្តីរក្សា) នេះ ឲ្យផ្សេងគ្នា​ដល់​ពួកញាតិ។

ចប់ អញ្ញតិត្តិយបុព្វកថា។

ចប់ ភាណវារៈទី៧។

[១០១] សម័យនោះ អាពាធទាំងឡាយ៥យ៉ាង គឺឃ្លង់ ពក ស្រែង រោគរីងរៃ និងឆ្កួតជ្រូក កើតមាន​ច្រើន ក្នុងដែនមគធៈ។ ពួកមនុស្សដែលកើតរោគ​ទាំង៥យ៉ាង បានចូល​ទៅរកពេទ្យ ឈ្មោះ​ជីវកកោមារភត្យ ហើយនិយាយ​យ៉ាងនេះថា បពិត្រលោកអាចារ្យ សូមលោកមេត្តា​ថែរក្សាជម្ងឺ​យើង​ទាំងឡាយផង។ គ្រូពេទ្យនិយាយប្រាប់ថា ម្នាលអ្នកទាំង​ឡាយ ខ្ញុំមានកិច្ចច្រើន មានការរវល់ច្រើនពេក (សព្វថ្ងៃនេះ) ខ្ញុំត្រូវថែរក្សាព្រះបាទ​ពិម្ពិសារសេនិយជាធំ​ក្នុងដែន​មគធៈផង ស្រីស្នំផង ព្រះសង្ឃ មានព្រះពុទ្ធ​ជាប្រធានផង ខ្ញុំមិនអាច​នឹង​ថែរក្សា​ជម្ងឺ (អ្នកទាំងឡាយ) បានទេ។ មនុស្សទាំងនោះ​និយាយ​អង្វរថា បពិត្រលោកអាចារ្យ សម្បត្តិទាំងអស់​ (របស់យើងៗជូន)លោក ឯយើងទាំងអស់​គ្នាសោត ក៏នៅជាខ្ញុំលោកទៀត បពិត្រលោកអាចារ្យ សូមលោក​មេត្តាថែរក្សា​ជម្ងឺយើងទាំងឡាយ​ផង។ គ្រូពេទ្យនិយាយប្រាប់ថា ម្នាលអ្នកទាំងឡាយ ខ្ញុំមានកិច្ចច្រើន មានការរវល់ច្រើន (សព្វថ្ងៃនេះ) ខ្ញុំត្រូវ​ថែរក្សាព្រះបាទ​ពិម្ពិសារសេនិយជាធំ​ក្នុងដែន​មគធៈផង ស្រីស្នំផង ព្រះសង្ឃ មានព្រះពុទ្ធ​ជាប្រធានផង ខ្ញុំមិនអាច​នឹង​ថែរក្សា​ជម្ងឺ (អ្នកទាំងឡាយ) បានទេ។ គ្រានោះ ពួកមនុស្ស​អម្បាលនោះមានសេចក្តី​ត្រិះរិះ​យ៉ាងនេះថា ពួកសមណៈ​ជា​សក្យបុត្រ​នេះឯង មានសេចក្តីសុខជាប្រក្រតី មានសេចក្តីសុខ​ប្រព្រឹត្តទៅ​ស្មើ ឆាន់តែ​ភោជនល្អ សិងតែលើដំណេក​ដែលខ្យល់​ចូលមិនបាន បើដូច្នោះ គួរតែយើងទាំងអស់​បួស​ក្នុង​ពួកសមណៈ ជាសក្យបុត្រ​ចុះ ភិក្ខុទាំងឡាយនឹងបានបម្រើផង ពេទ្យឈ្មោះ​ជីវកកោមារភត្យ​នឹងបាន​ថែរក្សា​ជម្ងឺផង ក្នុងទីនោះ​មិនខានឡើយ។ គ្រានោះ ពួកមនុស្ស​ទាំងនោះ ក៏ចូល​ទៅរក​ភិក្ខុ​ទាំងឡាយហើយ សូមនូវផ្នួស។ ភិក្ខុទាំងឡាយ ឲ្យបព្វជ្ជា ឧបសម្បទា​មនុស្សទាំងនោះ។ (លុះឲ្យបព្វជ្ជា ឧបសម្បទាហើយ) ភិក្ខុទាំងឡាយ​ក៏បម្រើពួក​ភិក្ខុដែល​មានជម្ងឺនោះ ពេទ្យឈ្មោះជីវកកោមារភត្យ ក៏ថែរក្សាជម្ងឺនោះមែន។ សម័យនោះឯង ភិក្ខុទាំងឡាយ​កាលបម្រើភិក្ខុឈឺ​ជាច្រើនរូប ក៏រមែង​សូមគេច្រើនពេក អង្គាសគេច្រើនពេក ដោយពាក្យថា អ្នកទាំងឡាយចូរឲ្យនូវ​គិលានភត្ត (ភត្ត​ដែល​ប្រគេន​ដល់ភិក្ខុឈឺ) នូវគិលានុបដ្ឋាកភត្ត (ភត្តដែល​គេប្រគេន​ដល់ភិក្ខុអ្នក​បម្រើភិក្ខុឈឺ) នូវ​គិលានភេសជ្ជៈ (ថ្នាំសម្រាប់ភិក្ខុមានជម្ងឺ)។ ឯជីវកកោមារភត្យ កាលបើថែទាំរក្សា​ភិក្ខុឈឺ​ច្រើនរូប​ហើយ ក៏ចោលរាជកិច្ចខ្លះចេញ។ មានបុរសម្នាក់ទៀត មានអាពាធ​គ្រប់ទាំង៥ ​ក៏ចូល​ទៅរក​ជីវកកោមារភត្យ ហើយនិយាយពាក្យនេះថា បពិត្រលោកអាចារ្យ សូមលោក​រក្សាជម្ងឺ​ខ្ញុំផង។ ជីវកកោមារភត្យនិយាយប្រាប់ថា ម្នាលអ្នក ខ្ញុំមានកិច្ចច្រើន មានការ​រវល់ច្រើន ខ្ញុំត្រូវថែរក្សាព្រះបាទ​ពិម្ពិសារសេនិយៈជាធំ​ក្នុងដែន​មគធៈផង ស្រីស្នំផង ព្រះសង្ឃ មានព្រះពុទ្ធ​ជាប្រធានផង ខ្ញុំមិនអាច​នឹង​ថែរក្សា​ជម្ងឺ (អ្នកឯង) បានទេ។ បុរសនោះនិយាយអង្វរថា បពិត្រលោកអាចារ្យ សម្បត្តិ​ទាំងអស់​(របស់ខ្ញុំ​ៗនឹងជូន)លោក ទាំងខ្លួនខ្ញុំសោត ក៏នឹងនៅជាខ្ញុំ​លោក បពិត្រលោកអាចារ្យ សូមលោកមេត្តា​ថែរក្សាជម្ងឺ​ខ្ញុំផង។ ជីវរកកោមារភត្យនិយាយប្រាប់ថា ម្នាលអ្នក ខ្ញុំមានកិច្ចច្រើន មានការរវល់ច្រើន (សព្វថ្ងៃនេះ) ខ្ញុំត្រូវថែរក្សាព្រះបាទ​ពិម្ពិសារសេនិយៈ ជាធំ​ក្នុងដែន​មគធៈផង ស្រីស្នំផង ព្រះសង្ឃ មានព្រះពុទ្ធ​ជាប្រធានផង ខ្ញុំមិនអាច​នឹង​ថែរក្សា​ជម្ងឺ (អ្នកឯង) បានទេ។ គ្រានោះ បុរសនោះមានសេចក្តី​ត្រិះរិះ​យ៉ាង​នេះថា ពួកសមណៈ​ជាសក្យបុត្រទាំង​នេះ មានសេចក្តីសុខជាប្រក្រតី មានសេចក្តីសុខ​ប្រព្រឹត្តទៅ​ស្មើ ឆាន់តែភោជនល្អ សិងតែ​លើដំណេក​ដែលខ្យល់​ចូលមិនបាន បើដូច្នោះ គួរតែអញបួស​ក្នុង​ពួក​សមណៈ ជា​សក្យបុត្រ​ចុះ ភិក្ខុទាំងឡាយនឹងបម្រើផង ជីវកកោមារភត្យ​នឹង​ថែរក្សា​ជម្ងឺផង ក្នុងទីនោះ​មិនខាន លុះខ្លួនអញ​ជារោគកាលណាហើយ នឹងសឹក(មកវិញ)។ លំដាប់នោះ បុរស​នោះចូល​ទៅរក​ភិក្ខុ​ទាំងឡាយហើយសូមនូវផ្នួស។ ភិក្ខុទាំងនោះ ឲ្យបព្វជ្ជា ឧបសម្បទា​បុរសនោះ។ ភិក្ខុទាំងឡាយ​ក៏​បម្រើផង ជីវកកោមារភត្យ ក៏ថែរក្សាជម្ងឺបុរសនោះផង។ លុះភិក្ខុនោះបានជារោគ​ហើយ ក៏សឹកទៅវិញ។ ជីវកកោមារភត្យ បានឃើញបុរសដែល​សឹកនោះ លុះឃើញហើយ ក៏សួរ​បុរស​នោះថា នែអ្នក អ្នកឯងឬអ្វី ដែលកាលពីដើម​ឃើញបួស​នឹងភិក្ខុទាំងឡាយ។ បុរសនោះឆ្លើយថា ហ្នឹងហើយ ​លោកអាចារ្យ។ ជីវកកោមារភត្យសួរថា នែអ្នក ហេតុដូចម្តេចបានជាអ្នក​ឯងធ្វើដូច្នេះ។ បុរស​នោះ​ក៏ប្រាប់​រឿងនុ៎ះ​ដល់ជីវកកោមារភត្យ។ ជីវកកោមារភត្យ​ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា មិនសម​បើលោកម្ចាស់​ទាំងឡាយ​មកបំបួសមនុស្ស​ដែលមានអាពាធ​ទាំង៥យ៉ាង (ដូច្នេះ)សោះ។ គ្រានោះ ជីវកកោមារភត្យ ក៏ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូល​ទៅដល់ហើយ ក្រាបថ្វាយបង្គំ​ រួចអង្គុយ​ក្នុងទីដ៏សមគួរ លុះអង្គុយ​ក្នុងទីដ៏សមគួរហើយ ជីវកកោមារភត្យក្រាបបង្គំ​ទូលព្រះដ៏មានព្រះភាគ​ថា បពិត្រព្រះអង្គ​ដ៏ចំរើន ខ្ញុំព្រះអង្គ​សូមពរថា លោកម្ចាស់ទាំងឡាយ​កុំបំបួស​មនុស្សដែល​មានអាពាធ​ទាំង៥យ៉ាងឡើយ។ លំដាប់នោះ ព្រះដ៏មានព្រះភាគ​ទ្រង់ពន្យល់​ជីវកកោមារភត្យឲ្យយល់ច្បាស់ ឲ្យកាន់​យកល្អ ឲ្យឧស្សាហ៍មាំ និងឲ្យរីករាយ​ដោយធម្មីកថា។ ឯជីវកកោមារភត្យ ដែល​ព្រះដ៏មានបុណ្យ ទ្រង់ពន្យល់ឲ្យយល់ច្បាស់ ឲ្យកាន់យកល្អ ឲ្យឧស្សាហ៍មាំ និងឲ្យរីករាយ​ដោយធម្មីកថាហើយ ក៏ក្រោកចាកអាសនៈ ថ្វាយបង្គំព្រះដ៏មានព្រះភាគ ធ្វើប្រទក្សិណ ចៀសចេញទៅ។ ព្រោះនិទាននេះ ដំណើរនេះ ទើបព្រះដ៏មានព្រះភាគជាម្ចាស់ ទ្រង់​ធ្វើធម្មីកថា​ហើយ ទ្រង់ហៅភិក្ខុទាំងឡាយមក ទ្រង់​បញ្ញត្តថា ម្នាលភិក្ខុទាំងឡាយ មនុស្ស​ដែលមានអាពាធ​ទាំង៥យ៉ាង​ហើយ អ្នកទាំងឡាយ​មិនគប្បី​បំបួស​ឡើយ ភិក្ខុណាបំបួស ត្រូវអាបត្តិទុក្កដ។

[១០២] សម័យនោះឯង មានកើតបះបោរនៅស្រុកចុង​ដែនរបស់​ព្រះបាទពិម្ពិសារ​សេនិយៈ ជាធំ​ក្នុងដែនមគធៈ។ ព្រះបាទពិម្ពិសារសេនិយៈ ជាធំ​ក្នុងដែនមគធៈ ក៏ទ្រង់​ត្រាស់​បង្គាប់​មហាមាត្យ​ទាំងឡាយដែលជា​នាយក​លើសេនាថា ម្នាលនាយ អ្នកទាំង​ឡាយ​​ចូរទៅត្រួតត្រាមើលស្រុកចុងដែន។ មហាមាត្យ​ទាំងឡាយ​ជានាយក​លើសេនា​ទទួលព្រះរាជឱង្ការ​របស់ព្រះបាទពិម្ពិសារសេនិយៈ ជាធំ​ក្នុងដែនមគធៈថា ព្រះករុណា​វិសេស។ លំដាប់នោះ ពួកយោធាដែលមានកេរ្តិ៍ឈ្មោះល្បី​ទូទ័រ មានសេចក្តី​ត្រិះរិះ​យ៉ាងនេះថា យើងទាំងឡាយភ្លើតភ្លើនតែ​ក្នុងការច្បាំង កាលបើ​ទៅច្បាំងហើយ ឈ្មោះ​ថាធ្វើអំពើ​បាបផង ឈ្មោះថា​ទទួលសោយ​នូវអំពើ​បាបដ៏ច្រើនផង យើងទាំងឡាយ​គួរវៀរ​ចាកបាប និងគួរធ្វើអំពើល្អដោយ​ឧបាយ​ដូចម្តេចហ្ន៎។ ទើបពួកយោធាទាំងនោះ​មាន​សេចក្តី​រំពឹង​យ៉ាងនេះ​(ទៀត)ថា មានតែពួកសមណៈ​ជាសក្យបុត្រ​ទាំងនេះ ទើបលោក​ជាអ្នកប្រព្រឹត្ត​ធម៌ ប្រព្រឹត្ត​ប្រពៃ ប្រព្រឹត្តប្រសើរ និយាយ​ពាក្យទៀងត្រង់ មានសីល មានកល្យាណធម៌ ប្រសិនណាជាយើង​ទាំងឡាយ​ទៅបួសនឹងពួកសមណៈ​ជាសក្យបុត្រ​ហើយ យើងទាំងឡាយនឹងបាន​វៀរចាក​បាបផង បានធ្វើបុណ្យ​ផង ដោយទំនង​យ៉ាងនេះឯង។ លុះរំពឹង​ដូច្នេះហើយ ពួកយោធា​ទាំងនោះ​ក៏ចូលទៅ​រក​ភិក្ខុទាំងឡាយ​ហើយសូមនូវផ្នួស។ ភិក្ខុទាំងឡាយក៏​ឲ្យបព្វជ្ជា ឧបសម្បទា យោធាទាំងនោះ។ ពួក​មហាមាត្យ​ ជានាយកលើ​សេនា​បានសួររាជអាមាត្យ (ខ្ញុំរាជការ) ទាំងឡាយថា នែនាយ ពួកយោធា​ឈ្មោះនេះផង ឈ្មោះនេះផង ហេតុដូចម្តេច​ក៏មិនឃើញ។ រាជអាមាត្យឆ្លើយថា បពិត្រអ្នកម្ចាស់ ពួក​យោធាឈ្មោះនេះផង ឈ្មោះនេះផង ទៅបួសនឹងពួកភិក្ខុហើយ។ មហាមាត្យ​ទាំងឡាយដែល​ជានាយក​លើសេនា ក៏ពោលទោស តិះដៀល បន្តុះបង្អាប់​ថា ពួកសមណៈ ជាសក្យបុត្រ មិនសមបើនឹង​បំបួស​រាជអាមាត្យ (ដូច្នេះ)សោះ។ ពួក​មហាមាត្យ ដែលជានាយក​លើសេនាក៏ក្រាបទូល​សេចក្តីនុ៎ះ​ចំពោះ​ព្រះបាទពិម្ពិសារ​សេនិយៈ ជាធំ​ក្នុងដែនមគធៈ។ លំដាប់នោះ ព្រះបាទពិម្ពិសារសេនិយៈ ជាធំ​ក្នុងដែន​មគធៈ ទ្រង់សួរមហាមាត្យ​ដែលប្រកបដោយ​វោហារ (ចៅក្រម) ថា នែនាយ នរណាបំបួស​រាជអាមាត្យ អ្នកនោះ​ត្រូវទទួលទោស​ដូចម្តេច។ មហាមាត្យក្រាបទូលថា បពិត្រ​ព្រះសម្មតិទេព ត្រូវ​កាត់ក្បាលឧបជ្ឈាយ៍ ត្រូវដកអណ្តាត​នៃអនុស្សាវកាចារ្យ ត្រូវកាត់ឆ្អឹង​ជំនីរ​ពាក់កណ្តាលរបស់​គណៈ​សង្ឃ។ គ្រានោះឯង ព្រះបាទពិម្ពិសារសេនិយៈ ជាធំ​ក្នុងដែនមគធៈ ក៏ចូល​ទៅគាល់ព្រះដ៏មានព្រះ​ភាគ។ លុះចូលទៅដល់ហើយ ទ្រង់ថ្វាយ​បង្គំព្រះដ៏មានព្រះភាគ ហើយគង់​ក្នុងទីដ៏សមគួរ ព្រះបាទពិម្ពិសារសេនិយៈ ជាធំ​ក្នុងដែនមគធៈ ទ្រង់​គង់ក្នុងទីដ៏សមគួរហើយ ទ្រង់ក្រាបបង្គំ​ទូលយ៉ាង​នេះ ចំពោះ​ព្រះដ៏មានព្រះភាគថា បពិត្រព្រះដ៏មានបុណ្យដ៏ចំរើន មានពួក​ស្តេចខ្លះ​ នៅមិនទាន់​មានសទ្ធា មិនទាន់ជ្រះថ្លា ពួកស្តេចទាំងនោះ​ប្រហែល​ជាគេនឹងបៀតបៀនភិក្ខុទាំងឡាយ​ ដោយ​ហេតុ​បន្តិចបន្តួច​ខ្លះមិនខាន បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គសូមអង្វរថា លោកម្ចាស់​ទាំងឡាយ​កុំគប្បី​បំបួស​រាជអាមាត្យឡើយ។ លំដាប់នោះ ព្រះដ៏មានព្រះភាគ ទ្រង់ពន្យល់​ព្រះបាទពិម្ពិសារសេនិយៈ ជាធំ​ក្នុងដែនមគធៈ ឲ្យទ្រង់ជ្រាបច្បាស់ ឲ្យកាន់​យកល្អ ឲ្យឧស្សាហ៍ ឲ្យរីករាយ ដោយធម្មីកថា។ ឯព្រះបាទពិម្ពិសារសេនិយៈ ជាធំ​ក្នុង​ដែន​មគធៈ លុះព្រះដ៏មានព្រះភាគ ទ្រង់ពន្យល់​ឲ្យជ្រាបច្បាស់ ឲ្យកាន់យកល្អ ឲ្យ​ឧស្សាហ៍មាំ ឲ្យរីករាយ​ដោយធម្មីកថាហើយ ទ្រង់​ក្រោកចាកអាសនៈ ថ្វាយបង្គំ​ព្រះដ៏មានព្រះភាគ ធ្វើប្រទក្សិណ យាងចៀសចេញទៅ។ ព្រោះរឿងនេះ ដំណើរនេះ ទើបព្រះដ៏មានព្រះភាគ ទ្រង់ធ្វើធម្មីកថាហើយ ត្រាស់ហៅភិក្ខុទាំងឡាយ​មកថា ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុមិនត្រូវ​បំបួស​រាជអមាត្យទេ ភិក្ខុណាបំបួស ត្រូវអាបត្តិទុក្កដ។

[១០៣] កាលនោះឯង ចោរឈ្មោះអង្គុលិមាល បួសនៅក្នុង​សំណាក់ភិក្ខុទាំងឡាយ។ មនុស្ស​ទាំងឡាយបានឃើញហើយ ខ្លះភ្ញាក់ផ្អើល ខ្លះតក់ស្លុត ខ្លះរត់ទៅ ខ្លះដើរទៅទីដទៃ ខ្លះបែរមុខ​ចេញទៅ​ផ្សេង ខ្លះបិទទ្វារ។ មនុស្សទាំងឡាយ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់​ថា ពួកសមណៈ ជា​សក្យបុត្រ មិនសមបើនឹង​បំបួសចោរ ដែលប្រាកដ​ដូច​ទង់ជ័យ (គឺចោរដែលមានឈ្មោះ​ល្បីល្បាញ​ដូច្នេះ) សោះ។ ភិក្ខុទាំងឡាយបានឮ​មនុស្ស​​អម្បាល​នោះ ពោលទោស តិះដៀល បន្តុះបង្អាប់​ហើយ។ ទើបភិក្ខុទាំងឡាយនោះ ក្រាបទូលសេចក្តីនុ៎ះ​ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់បញ្ញត្តថា ម្នាលភិក្ខុទាំង​ឡាយ ភិក្ខុមិនគប្បីបំបួស​ចោរ ដែលប្រាកដ​ដូចទង់ជ័យ​ឡើយ ភិក្ខុណាបំបួស ត្រូវអាបត្តិ​ទុក្កដ។

[១០៤] សម័យនោះឯង ព្រះបាទពិម្ពិសារសេនិយ ជាធំក្នុងដែនមគធៈ បានទ្រង់​អនុញ្ញាត​ថា ជនទាំងឡាយណា​ ដែលបួសក្នុងសំណាក់​សមណៈ ជាសក្យបុត្រ ជនដទៃធ្វើ​ទោសអ្វីមួយ ដល់ជន​ពួកនោះ​មិនបានឡើយ (ព្រោះថា) ធម៌ ព្រះដ៏មានព្រះភាគ ទ្រង់សំដែងល្អហើយ ជនពួកនោះ ចូរខំ​ប្រព្រឹត្ត​ព្រហ្មចរិយធម៌ ដើម្បីធ្វើនូវព្រះនិព្វាន​ ជាទីបំផុត​នៃទុក្ខ​ដោយប្រពៃចុះ។ ក៏សម័យ​នោះ មាន​បុរស​​ម្នាក់​ធ្វើចោរកម្ម ហើយជាប់​ទោសនៅក្នុងគុក។ បុរសនោះទំលាយគុកបានហើយ ក៏រត់ទៅបួស​ក្នុងសំណាក់​ភិក្ខុ។ មនុស្សទាំងឡាយបានឃើញហើយ និយាយពាក្យ​យ៉ាងនេះថា ភិក្ខុនេះឯង ដែលជាចោរ​ទំលាយគុក ហ៎ពួកយើងចូរនាំចោរនោះទៅ។ ពួកមនុស្សខ្លះនិយាយពាក្យយ៉ាងនេះថា នែនាយ​ទាំងឡាយ អ្នកកុំ​និយាយ​យ៉ាងហ្នឹង (ដ្បិត) ព្រះបាទពិម្ពិសារសេនិយ ជាធំក្នុង​ដែនមគធៈ ព្រះអង្គ​បានអនុញ្ញាត​ហើយថា ជនទាំងឡាយណា​ បួសក្នុងសំណាក់​សមណៈ ជាសក្យបុត្រ ជនដទៃធ្វើ​ទោសអ្វីមួយ ដល់ជន​ពួកនោះ​មិនបានឡើយ (ព្រោះថា) ធម៌ ព្រះដ៏មានបុណ្យ ទ្រង់សំដែងល្អហើយ ជនពួកនោះ ចូរខំ​ប្រព្រឹត្ត​ព្រហ្មចរិយធម៌ ដើម្បី​ធ្វើនូវព្រះនិព្វាន​ ជាទីបំផុត​នៃទុក្ខ​ដោយប្រពៃចុះ។ មនុស្ស​ទាំងឡាយ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់​ថា ពួកសមណៈ ជា​សក្យបុត្រទាំងនេះ ជាអ្នក​បាន​ព្រះរាជទាន​អភ័យ ពួកសមណៈ​ទាំងនេះ ជនដទៃធ្វើទោសអ្វីៗ​មិនបានឡើយ ហេតុដូចម្តេច​បាន​ជា​មក​ហ៊ាន​បំបួស​ចោរ ដែលទំលាយគុក​(ដូច្នេះ)។ ភិក្ខុទាំងឡាយ ក្រាបទូលរឿងនុ៎ះ​ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គ​ទ្រង់​បញ្ញត្តថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវបំបួស​ចោរ ដែលទំលាយ​គុក​ទេ ភិក្ខុណាបំបួស ត្រូវអាបត្តិ​ទុក្កដ។

[១០៥] សម័យនោះឯង មានបុរសម្នាក់ធ្វើចោរកម្ម ហើយរត់ទៅបួស​ក្នុងសំណាក់​ភិក្ខុ។ បុរស​នោះឯង រាជការ​បានឲ្យកត់ឈ្មោះទុក​ក្នុងបញ្ជី​ខាងក្នុងបុរី​នៃស្តេចថា ចោរនេះ បើនរណាបានឃើញ​ក្នុងទីណា ត្រូវតែសម្លាប់ក្នុងទីនោះ។  មនុស្ស​ទាំងឡាយ​បានឃើញ​ហើយ ក៏និយាយពាក្យយ៉ាងនេះថា លោកនេះឯងជាចោរ ដែលមានកត់ឈ្មោះ​ទុកក្នុង​បញ្ជី​រាជការ ហ៎ពួកយើងនាំគ្នាសម្លាប់វាទៅ។ ពួក​មនុស្ស​ខ្លះនិយាយយ៉ាងនេះថា នែនាយទាំងឡាយ អ្នកទាំងឡាយ​កុំនិយាយ​យ៉ាងហ្នឹង (ដ្បិត) ព្រះបាទ​ពិម្ពិសារ​សេនិយៈ ជាធំ​ក្នុងដែន​មគធៈ ព្រះអង្គទ្រង់អនុញ្ញាតហើយថា ជនទាំងឡាយ​ណាមួយ បួស​ក្នុង​ពួកសមណៈ​ ជាសក្យបុត្រ ជនទាំងនោះ អ្នកណាមួយ​ធ្វើទោសអ្វីៗ មិនបានឡើយ (ព្រោះ) ធម៌ ព្រះដ៏​មាន​បុញ្ញសិរី ទ្រង់សំដែង​ដោយល្អហើយ ជនទាំងនោះចូរ​ប្រព្រឹត្ត​ព្រហ្មចរិយធម៌ ដើម្បីធ្វើ​នូវព្រះ​និព្វាន ជាទីបំផុត​នៃទុក្ខដោយប្រពៃចុះ។ មនុស្សទាំង​ឡាយ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់​ថា ពួក​សមណៈ ជា​សក្យបុត្រទាំងនេះ ជាអ្នកបានទទួល​ព្រះរាជទាន​អភ័យហើយ ពួកសមណៈ​ទាំងនេះ អ្នក​ណាមួយធ្វើទោស​អ្វីៗ មិនបានឡើយ មិនសមបើនឹង​បំបួសចោរ ដែលរាជការ​កត់ឈ្មោះទុក​ក្នុងបញ្ជី​(ដូច្នេះ)សោះ។ ភិក្ខុទាំងឡាយ ក្រាបទូលសេចក្តីនុ៎ះ​ចំពោះព្រះដ៏មានបុណ្យ។ ព្រះអង្គទ្រង់​បញ្ញត្តថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនគប្បីបំបួស​ចោរ ដែលរាជការ​កត់ឈ្មោះទុក​ក្នុងបញ្ជីទេ [អដ្ឋកថា ថា មនុស្ស​ណាដែលធ្វើចោរកម្ម ឬកម្មផ្សេងពីនោះ ដែលជា​កម្មមាន​កំហុស​យ៉ាងធ្ងន់​នឹងរាជការ ហើយលួចរត់ទៅ រាជការ​បានចាត់សំបុត្រឲ្យរក​ចាប់ខ្លួនថា បើនរណាឃើញមនុស្ស​ឈ្មោះនោះ​ក្នុងទីណា ត្រូវចាប់សម្លាប់​ចោលក្នុងទីនោះក្តី ត្រូវកាត់​អវយវៈ​ទាំងឡាយ មានដៃនិងជើង​ជាដើមក្តី ត្រូវឲ្យដាក់​អាជ្ញា​មានប្រមាណ​ប៉ុណ្ណេះៗក្តី មនុស្សនោះ​មិនត្រូវឲ្យបព្វជ្ជា។] ភិក្ខុណាបំបួស ត្រូវអាបត្តិ​ទុក្កដ។

[១០៦] សម័យនោះឯង មានបុរសម្នាក់ ជាមនុស្ស​មានស្នាម ដែលគេវាយ​ដោយរំពាត់ គេបានធ្វើ​ទណ្ឌកម្មហើយ ទៅបួស​ក្នុងសំណាក់​ភិក្ខុទាំងឡាយ។ មនុស្សទាំងឡាយ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់​ថា ពួកសមណៈ ជា​សក្យបុត្រ មិនសមបើ​បំបួសមនុស្ស​ដែលមានស្នាមរំពាត់ ដែលគេ​បានធ្វើ​ទណ្ឌកម្មហើយ ​(ដូច្នេះ)សោះ។ ភិក្ខុទាំងឡាយ ក្រាបទូលសេចក្តីនុ៎ះ​ចំពោះព្រះដ៏មានបុណ្យ។ ព្រះអង្គទ្រង់បញ្ញត្តថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវបំបួសមនុស្ស​ដែលមានស្នាមរំពាត់ ដែល​គេធ្វើ​ទណ្ឌកម្ម​ហើយទេ​[អដ្ឋកថា ថា មនុស្សដែលចំពាក់​បំណុលគេ ហើយ​គេវាយនឹង​រំពាត់ឲ្យ​មានដំបៅ​ជាដើម ឈ្មោះថា ជាមនុស្សគេបានធ្វើ​ទណ្ឌកម្មហើយ។ បើដំបៅនោះនៅ​ស្រស់ៗ ដរាបណា មិនគប្បី​ឲ្យបព្វជ្ជា​ដរាបនោះ។ តែបើ​មើលដំបៅ​ឲ្យសះជា​ដូចប្រក្រតី​ហើយ ក៏គួរឲ្យបព្វជ្ជាបាន។] ភិក្ខុណាបំបួស ត្រូវអាបត្តិ​ទុក្កដ។

[១០៧] សម័យនោះឯង មានបុរសម្នាក់ ជាមនុស្សដែលគេបៀតបៀន ឲ្យមានស្លាកស្នាម ដែលគេបានធ្វើ​ទណ្ឌកម្មហើយ ទៅបួស​ក្នុងសំណាក់​ភិក្ខុទាំងឡាយ។ មនុស្សទាំងឡាយ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់​ថា ពួកសមណៈ ជា​សក្យបុត្រ មិនសមបើ​នឹងបំបួសមនុស្ស​ដែលគេបៀតបៀន​ឲ្យមាន​ស្លាកស្នាម ដែលគេ​បានធ្វើ​ទណ្ឌកម្មហើយ​(ដូច្នេះ) សោះ។ ភិក្ខុទាំងឡាយ ក្រាបទូលសេចក្តីនុ៎ះ​ចំពោះព្រះដ៏មានបុណ្យ។ ព្រះអង្គ​ទ្រង់​បញ្ញត្តថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវបំបួសមនុស្ស​ដែលគេបៀតបៀន​ឲ្យមាន​ស្លាកស្នាម [អដ្ឋកថា ថា មនុស្សដែល​គេធ្វើ​ឲ្យមានស្លាកស្នាម​ដោយដែកក្តៅ​ត្រង់ថ្ងាសក្តី ត្រង់អវយវៈ​ មានទ្រូងជាដើមក្តី។ បើមនុស្ស​នោះជាអ្នកជាទេ តែមុខដំបៅនៅស្រស់ៗ មិនគួរឲ្យបព្វជ្ជាឡើយ។ បើដំបៅនោះដុះសាច់ពេញ មានស្បែក​ជិតឡើង​វិញហើយ តែស្នាម​នៅប្រាកដ បើស្លៀកដណ្តប់​ចីវរ​ជាបរិមណ្ឌលបី អាចបិទស្នាមនោះបាន ក៏គួរឲ្យ​បព្វជ្ជា។]ដែល​គេបានធ្វើ​ទណ្ឌកម្មហើយ ភិក្ខុណាបំបួស ត្រូវអាបត្តិ​ទុក្កដ។

[១០៨] សម័យនោះឯង មានបុរសម្នាក់ ជាមនុស្សចំពាក់បំណុលគេ ហើយរត់ទៅបួស​ក្នុងសំណាក់​ភិក្ខុទាំងឡាយ។ ពួកម្ចាស់ទ្រព្យបាន​ឃើញហើយ ក៏និយាយ​ពាក្យយ៉ាងនេះ​ថា បុរសនេះហើយដែល​ជំពាក់​បំណុល​យើងនោះ បើដូច្នោះ ពួកយើងនាំវាទៅ។ មនុស្ស​មួយពួក​ក៏និយាយ​យ៉ាងនេះថា ម្នាលអ្នកម្ចាស់ទាំងឡាយ អ្នកទាំងឡាយ​កុំនិយាយ​ពាក្យដូច្នេះ ព្រះបាទពិម្ពិសារសេនិយៈ ជាធំក្នុងដែនមគធៈ បានទ្រង់អនុញ្ញាតហើយថា អ្នកណាបួស​ក្នុងសំណាក់ពួកសមណៈ សក្យបុត្រ អ្នកណាមួយធ្វើ​ទោសអ្វីៗ ដល់អ្នកនោះ​មិនបានឡើយ ធម៌ព្រះដ៏មានបុណ្យ​សំដែងហើយ​ដោយពីរោះ អ្នកទាំងនោះ ចូរប្រព្រឹត្ត​ព្រហ្មចរិយធម៌ ដើម្បីធ្វើនូវ​ព្រះនិព្វាន ជាទីបំផុត​នៃទុក្ខ​ដោយល្អចុះ។ មនុស្សទាំងឡាយ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់​ថា ពួកសមណៈ ជា​សក្យបុត្រទាំងនេះ ជាបុគ្គល​បានព្រះរាជ​អភ័យ ពួកសមណៈ​ទាំងនេះ អ្នកណាមួយ​ធ្វើទោសអ្វីៗ មិនបានឡើយ  មិនសមបើ​នឹងបំបួសមនុស្ស​ដែលជំពាក់​បំណុលគេ ​(ដូច្នេះ)សោះ។ ភិក្ខុទាំងឡាយ ក្រាប​ទូល​សេចក្តីនុ៎ះ​ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់បញ្ញត្តថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនគប្បីបំបួសមនុស្ស​ដែលជំពាក់បំណុលគេទេ ភិក្ខុណាបំបួស ត្រូវអាបត្តិ​ទុក្កដ។

[១០៩] សម័យនោះឯង មនុស្សជាខ្ញុំគេម្នាក់រត់ទៅបួស​ក្នុងសំណាក់​ភិក្ខុទាំងឡាយ។ លុះ​ពួកម្ចាស់បំណុលគេបាន​ឃើញហើយ ក៏និយាយ​យ៉ាងនេះ​ថា បុរសនេះហើយដែល​ជាខ្ញុំរបស់យើង​ទាំងឡាយ បើដូច្នោះ យើងនាំវាទៅវិញ។ មនុស្ស​មួយពួកនិយាយ​យ៉ាង​នេះថា ម្នាលអ្នក​ជាម្ចាស់​ទាំងឡាយ អ្នកទាំងឡាយ​កុំនិយាយ​យ៉ាងនេះឡើយ (ដ្បិត) ព្រះបាទពិម្ពិសារសេនិយៈ ជាធំក្នុង​ដែន​មគធៈ បានទ្រង់អនុញ្ញាតហើយថា ពួកជនណា​បួស​ក្នុងសំណាក់ពួកសមណៈ ជាសក្យបុត្រ ពួកជនទាំងនោះ អ្នកណាមួយធ្វើ​ទោសអ្វីៗ ​មិនបានឡើយ ធម៌ព្រះដ៏មានបុណ្យទ្រង់​សំដែងហើយ​ដោយពីរោះ ពួកជនទាំងនោះ ចូរខំប្រព្រឹត្ត​ព្រហ្មចរិយធម៌ ដើម្បីធ្វើនូវ​ព្រះនិព្វាន ជាទីបំផុត​នៃទុក្ខ​ដោយប្រពៃចុះ។ មនុស្សទាំងឡាយ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់​ថា ពួកសមណៈ ជា​សក្យបុត្រ​ទាំងនេះ ជាបុគ្គល​បានព្រះរាជ​អភ័យ សមណៈ​ទាំងនេះ អ្នកណាមួយ​ធ្វើទោសអ្វីៗ មិនបានឡើយ មិនសមបើ​នឹងបំបួសមនុស្ស​ដែលជាខ្ញុំគេ ​(ដូច្នេះ)សោះ។ ភិក្ខុទាំងឡាយ ក្រាបទូលសេចក្តីនុ៎ះ​ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់បញ្ញត្តថា ម្នាលភិក្ខុទាំង​ឡាយ ភិក្ខុមិនត្រូវបំបួសមនុស្ស​ដែលជាខ្ញុំគេទេ ភិក្ខុណាបំបួស ត្រូវអាបត្តិ​ទុក្កដ។

[១១០] សម័យនោះឯង មានទារកម្នាក់ ទុកជុក ជាកូនជាងមាស [អដ្ឋកថា ថា ទារកនោះ​ជាកូន​ជាងមាស កោរក្បាលខាងៗជុំវិញ តែទុកជុក ៥អន្លើនៅលើក្បាល។] ឈ្លោះប្រកែក​នឹងមាតាបិតាហើយ ទៅកាន់អារាមបួស​ក្នុងសំណាក់​ភិក្ខុទាំងឡាយ។ ឯមាតានិងបិតា​របស់ទារកនោះ កាលដែល​គន់រកមើល​ទារកនោះ ក៏បានទៅដល់​អារាម ហើយសួរភិក្ខុ​ទាំងឡាយថា បពិត្រ​លោកម្ចាស់​ទាំងឡាយ ពួកលោកបាន​ប្រទះឃើញ​ទារកមានសភាព​យ៉ាងនេះ​ដែរឬ។ ពួកភិក្ខុដែល​មិនដឹងមែន ក៏ប្រាប់ថា យើងទាំងឡាយ​មិនដឹងទេ ពួកភិក្ខុដែលមិនឃើញ​មែន ក៏ប្រាប់ថា យើងទាំងឡាយ​មិនឃើញ​ទេ។ ឯមាតានិងបិតា​របស់ទារក​នោះ កាលបើ​ត្រាច់គយគន់​មើលទៅ ក៏​ឃើញទារក​នោះបួសក្នុងសំណាក់​ភិក្ខុទាំងឡាយហើយ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់​ថា ពួកសមណៈ ជា​សក្យបុត្រ​ទាំងនេះ ជាបុគ្គលឥតមានខ្មាស ទ្រុស្តសីល និយាយពាក្យ​កុហក បានដឹងដែរ តែនិយាយ​ថាមិនដឹង បានឃើញដែរ តែនិយាយថា​មិនឃើញ ទារកនេះ បួសក្នុងសំណាក់​ភិក្ខុ​ទាំងឡាយហើយតើ។ ភិក្ខុ​ទាំងឡាយ​បានឮសំដី​នៃមាតានិងបិតា​របស់ទារក​នោះពោល​ទោស តិះដៀល បន្តុះបង្អាប់ហើយ។ ​ ភិក្ខុទាំងនោះ ក៏ក្រាបទូលសេចក្តីនុ៎ះ​ចំពោះ​ព្រះដ៏មានបុណ្យ។ ព្រះអង្គទ្រង់​ត្រាស់ថា ម្នាលភិក្ខុ​ទាំង​ឡាយ តថាគតអនុញ្ញាត​ឲ្យភិក្ខុ​អបលោក (ប្រាប់) សង្ឃហើយសឹមធ្វើភណ្ឌុកម្ម​[អដ្ឋកថា ថា វិធី​ប្រាប់​ភណ្ឌកម្ម​នោះ ត្រូវប្រជុំភិក្ខុដែលមានក្នុងសីមា នាំបព្វជ្ជាបេក្ខៈ​ទៅ​ក្នុងទីនោះ ហើយប្រាប់ថា បពិត្រ​ព្រះសង្ឃដ៏ចំរើន ខ្ញុំព្រះករុណា​សូមប្រាប់​ភណ្ឌុកម្មរបស់ទារក​នេះចំពោះសង្ឃ បីដង ពីរដង ឬម្តង​ក៏បាន។ បើទីជាសភាគមានភិក្ខុ១០-២០-៣០រូប ឱកាស​ជាទីឈរ ឬអង្គុយ​របស់ភិក្ខុទាំងនោះ​ត្រឹមណា ត្រូវ​ប្រាប់ត្រឹមណោះ។ បើវត្តនោះធំ មានភិក្ខុ​ច្រើនជាង​ពាន់ លំបាកនឹង​ប្រជុំ​ភិក្ខុឲ្យ​សព្វគ្រប់ ត្រូវនាំទៅ​កាន់ ខណ្ឌ-នទី-ឬសមុទ្ទសីមា ហើយឲ្យ​បព្វជ្ជា​ចុះ។ បព្វជ្ជាបេក្ខៈ​ដែលកោរសក់​ស្រេចហើយ មិនបាន​ប្រាប់​ភណ្ឌុកម្ម​នឹងឲ្យបព្វជ្ជា​តែម្តង​ក៏គួរ។ បព្វជ្ជាបេក្ខៈ​ដែលសក់វែងជាង​ពីរអង្គុលី ត្រូវតែ​ប្រាប់​សិនទើប​ឲ្យបព្វជ្ចាបាន។]។

[១១១] សម័យនោះឯង ក្នុងក្រុងរាជគ្រឹះ មានពួកទារកជាសំឡាញ់​គ្នា​១៧ពួក មានទារក​ឈ្មោះ​ឧបាលិ​ ជាប្រធានរបស់ពួកទារក​ទាំងនោះ។ ឯមាតា និងបិតារបស់ទារក​ឈ្មោះ​ឧបាលិ ​បានគិត​គ្នា​យ៉ាង​នេះថា អំណើះពីយើងទាំងឡាយទៅហើយ ឧបាលិ​គប្បី​ចិញ្ចឹមជីវិត​ស្រួលផង មិនលំបាកផង ដោយ​ទំនង​ដូចម្តេចអេះ។ ទើបមាតានិងបិតា​របស់ឧបាលិ ក៏គិតគ្នាយ៉ាងនេះថា បើសិនណា​ជា​ឧបាលិ​រៀន​សរសេរ​អក្សរ អំណើះពី​យើងទាំងឡាយទៅ ប្រហែលជាឧបាលិគប្បីចិញ្ចឹមជីវិតស្រួល​​ផង មិនលំបាក​ផង ដោយ​ទំនងយ៉ាងនេះឯង។ មាតានិងបិតា​របស់ឧបាលិ ក៏គិត​គ្នាយ៉ាងនេះ​ទៀតថា បើឧបាលិ​នឹង​រៀន​​សរសេរ​អក្សរ ម្រាមដៃ​(របស់ឧបាលិ) ក៏នឹងលំបាក បើសិនណាជាឧបាលិ​ គ្រាន់តែ​រៀន​រាប់វិញ ប្រហែលជា អំណើះពី​យើងទាំងឡាយទៅ ឧបាលិ​គប្បី​ចិញ្ចឹមជីវិតស្រួលផង មិនលំបាកផង ដោយ​ទំនង​យ៉ាងនេះឯង។ លំដាប់ពីនោះមក ​មាតានិងបិតា​របស់ឧបាលិ ក៏គិត​គ្នាដូច្នេះទៀតថា បើឧបាលិ​នឹង​រៀន​រាប់ ទ្រូង (របស់ឧបាលិ) ក៏​នឹងលំបាក​ ប្រសិនណាបើឧបាលិ គ្រាន់​តែ​រៀនមើលរូបនិមិត្តវិញ ដល់​អំណើះ​ពី​យើងទាំងឡាយទៅ ឧបាលិប្រហែលជានឹងបាន​ចិញ្ចឹម​ជីវិត​ស្រួល​ផង មិនលំបាកផង ដោយ​អាការ​​ដូច្នេះឯង។ គ្រាតមកទៀត មាតានិងបិតារបស់​ឧបាលិ​ ក៏គិតគ្នា​ដូច្នេះថា បើទុកជា​ឧបាលិ​​រៀន​រូប​និមិត្ត ក៏គង់តែលំបាកភ្នែក ឥឡូវនេះ មាន​តែ​ពួក​សមណៈ ជា​សក្យបុត្រ​ទាំងនេះ ទើបរក្សាសីល​ជាសុខ មានសមាចារស្រួល ឆាន់​ភោជនក៏ល្អ សិង​លើដំណេកទាំង​ឡាយដ៏ហប់ រក​ខ្យល់គ្មាន  បើ​សិន​ណាជា​ឧបាលិ​​បានបួសក្នុងសំណាក់​ពួកសមណៈ ជាសក្យបុត្រ​វិញ​យ៉ាងនេះ ទើបអំណើះពី​យើងទាំង​ឡាយ​ទៅ ឧបាលិ​នឹងបានចិញ្ចឹមជីវិត​ងាយផង មិន​លំបាកផង។ ឯឧបាលិទារក បានឮពាក្យចរចារ​របស់​មាតា​និង​បិតា​យ៉ាងនេះហើយ។ លំដាប់តពីនោះមក ឧបាលិ​ទារក​ក៏ចូល​សំដៅ​ទៅរកពួកក្មេង​អម្បាលនោះ លុះ​ចូលទៅ​ដល់ហើយ បាននិយាយ​ពាក្យនេះ​នឹងពួក​ក្មេង​ទាំងនោះថា នែនាយទាំងឡាយ អ្នកទាំង​ឡាយ​ចូរមក យើងទាំងឡាយ​នឹងទៅបួស​ក្នុង​សំណាក់​ពួក​សមណៈ ជាសក្យបុត្រ។ ពួកក្មេង​ទាំងនោះ​និយាយ​​ដូច្នេះថា នែនាយ បើអ្នកបួស​មែន យើងទាំង​ឡាយ​ក៏នឹងបួស​ដូចអ្នកដែរ។ លំដាប់នោះ ពួក​ក្មេង​អម្បាលនោះ ក៏ចូល​ទៅរកមាតា​និងបិតា​រៀងខ្លួន ​ហើយនិយាយ​ពាក្យនេះថា សូមអ្នកម្តាយ​អ្នក​ឪពុក អនុញ្ញាត​ឲ្យខ្ញុំ​ចេញចាកផ្ទះ​ទៅបព្វជ្ជា​ក្នុងសភាព​ជាបុគ្គលឥតផ្ទះ។ ឯមាតានិងបិតា​របស់ក្មេង​ទាំង​នោះ យល់ឃើញថា ពួកក្មេង​ទាំងអស់​គ្នានេះ​មានសេចក្តី​ប្រាថ្នាស្មើគ្នា មានបំណងល្អ ក៏អនុញ្ញាត​ឲ្យ។ ពួក​ក្មេងទាំង​នោះ ចូលទៅរក​ភិក្ខុទាំងឡាយ ហើយសូមបព្វជ្ជា។ ភិក្ខុទាំងឡាយ​ក៏ឲ្យបព្វជ្ជា​ឧបសម្បទា​ក្មេង​អម្បាលនោះ។ ពួកភិក្ខុ (ក្មេង) ទាំងនោះ ក្រោកឡើង ហើយយំទារស៊ី​ក្នុង​បច្ចូសសម័យ​នៃរាត្រីថា សូម​លោកឲ្យបបរមក ឲ្យបាយមក ឲ្យវត្ថុ​ជាគ្រឿង​ទំពាស៊ីមក។ ភិក្ខុទាំងឡាយនិយាយយ៉ាងនេះថា ម្នាលអាវុសោ​ទាំងឡាយ ចូររង់ចាំទម្រាំ​ភ្លឺសិន បើមានបបរ សឹមឆាន់ចុះ បើមានភត្ត សឹមឆាន់ចុះ បើ​មាន​វត្ថុ​ជាគ្រឿង​ទំពាស៊ី សឹម​ទំពាស៊ីចុះ បើបបរក្តី ភត្តក្តី វត្ថុជាគ្រឿង​ទំពាស៊ីក្តីមិនមាន ចូរត្រាច់​ទៅ​ដើម្បី​បិណ្ឌបាត ហើយសឹមឆាន់ចុះ។ ឯពួក​ភិក្ខុ (ក្មេង) អម្បាលនោះ កាលបើភិក្ខុទាំងឡាយ និយាយ​យ៉ាង​នេះហើយ ក៏រឹងរឹត​តែយំរំអុកប្រាប់​ភិក្ខុទាំងឡាយថា សូមលោកឲ្យបបរមក ឲ្យបាយមក ឲ្យវត្ថុ​ជា​គ្រឿង​​ទំពាស៊ីមក លុះយំទារដូច្នេះហើយ ក៏ជុះ​ដាក់ទី​សេនាសនៈខ្លះ នោម​ស្រោច​សេនាសនៈខ្លះ។ ព្រះ​ដ៏​មានព្រះភាគ បានទ្រង់​តើនឡើងក្នុងបច្ចូសសម័យ​នៃរាត្រី ទ្រង់បាន​ឮសំឡេង​កូនក្មេង លុះទ្រង់​បាន​ស្តាប់​​ហើយ ក៏ហៅព្រះអានន្ទ​ដ៏មានអាយុ​មក ហើយទ្រង់ត្រាស់សួរថា ម្នាលអានន្ទ សំឡេងនោះ តើជា​សំឡេង​កូនក្មេងឬអ្វី។ គ្រានោះ ព្រះអានន្ទ​ដ៏មានអាយុ បានក្រាប​ទូល​សេចក្តីនុ៎ះ​ចំពោះព្រះ​ដ៏មាន​ព្រះ​ភាគ។ ព្រះអង្គទ្រង់​ត្រាស់សួរបញ្ជាក់​ថែមទៀតថា ម្នាលភិក្ខុទាំងឡាយ តថាគតបានឮថា ភិក្ខុទាំងឡាយ​ដឹង​ថា បុគ្គលមានអាយុ​មិនទាន់​គ្រប់​២០ឆ្នាំ ហើយឲ្យឧបសម្បទា ពិតមែនឬ។ ព្រះអានន្ទ​ក្រាបទូលថា សូម​ទ្រង់​ព្រះមេត្តាប្រោស ពិតមែន។ ព្រះពុទ្ធ​ដ៏មានព្រះភាគ ទ្រង់បន្ទោស​ថា ម្នាលភិក្ខុទំាងឡាយ មោឃបុរស​ទាំងនោះដឹងថា បុគ្គល​មានអាយុ​មិនទាន់​គ្រប់ ២០ ឆ្នាំហើយ មិនសមបើ​ឲ្យឧបសម្បទា​(ដូច្នេះ)​ទេ ម្នាលភិក្ខុទំាងឡាយ (ធម្មតា) បុគ្គល​មានអាយុមិនទាន់​គ្រប់​២០ឆ្នាំ រមែង​មិនចេះអត់ធន់​ត្រជាក់ ក្តៅ ឃ្លាន ស្រេក និង​រមែងជាបុគ្គល មិនទាន់​ចេះទ្រាំនូវសម្ផស្សរបោមមូសខ្យល់កំដៅថ្ងៃ និង​ពស់​តូចពស់ធំ​ទាំងឡាយ និងគន្លងពាក្យ​ដែលគេ​និយាយ​មិនពីរោះ​ទ្រគោះ​ខ្ជីខ្ជា និងទុក្ខវេទនា​ដែល​ប្រជុំ​​ក្នុងសរីរកាយ​កើតឡើងហើយដ៏ក្លារឹង​អាក្រក់ មិនជាទីត្រេកអរ មិនជាទីគាប់ចិត្ត និងនាំឲ្យ​ខូចជីវិត (នោះបានឡើយ) ម្នាលភិក្ខុទំាងឡាយ លុះតែ បុគ្គល​មានអាយុ​គ្រប់​២០ឆ្នាំ ទើបជាមនុស្សចេះអត់ធន់​ត្រជាក់ ក្តៅ ឃ្លាន ស្រេក និង​ជាមនុស្ស​ចេះទ្រាំនូវ​សម្ផស្ស​របោមមូសខ្យល់កំដៅថ្ងៃ និងពស់តូចពស់ធំ​ទាំងឡាយ និងគន្លងពាក្យ​ដែលគេ​និយាយ​មិនពីរោះ​ទ្រគោះ​ខ្ជីខ្ជា និងទុក្ខវេទនា​ ដែលប្រជុំ​ក្នុងសរីរកាយ​កើតឡើងហើយដ៏ក្លារឹង​អាក្រក់ មិនជាទីត្រេកអរ មិនជាទីគាប់ចិត្ត និងនាំឲ្យ​ខូចជីវិត (នោះបាន) ម្នាល​ភិក្ខុ​ទំាងឡាយ អំពើនេះ មិនមែន​នាំឲ្យជ្រះថ្លាដល់ពួកជន​ដែលមិនទាន់​ជ្រះថ្លា និងមិនមែន​នាំឲ្យ​រឹងរឹត​តែ​ជ្រះថ្លា​ដល់ពួកជន​ដែលជ្រះថ្លា​ស្រាប់ហើយទេ។បេ។ លុះបន្ទោសហើយ ទ្រង់ធ្វើធម្មីកថា ត្រាស់ហៅ​ភិក្ខុទាំងឡាយ​មកហើយទ្រង់​បញ្ញត្ត​ថា ម្នាលភិក្ខុទំាងឡាយ កាលបើភិក្ខុដឹងថា បុគ្គលមានអាយុ​មិន​ទាន់​គ្រប់​២០ឆ្នាំ មិនគប្បី​ឲ្យឧបសម្បទាទេ។ ភិក្ខុណាឲ្យឧបសម្បទា វិនយធរត្រូវ​ធ្វើឲ្យសមគួរ​តាមធម៌​ចុះ​[ក្នុងមហាវិភង្គ ត្រង់​ឱនវិសតិវស្សសិក្ខាបទទី៥ នៃសប្បាណកវគ្គទី៧ ក្នុងបាចិត្តិយកណ្ឌថា ឧបជ្ឈាយ៍​ត្រូវ​អាបត្តិបាចិត្តិយ។]។

[១១២] សម័យនោះឯង មានត្រកូល១ ធ្វើមរណកាលស្លាប់ទៅ ដោយអហិវាតករោគ [រោគ​កើត​អំពីខ្យល់ មានពិសដូចជាពិសពស់។]។ ត្រកូលនោះនៅសល់​តែបិតា និង​បុត្រតូច។ បិតា​និង​បុត្រតូច​ទាំង​ពីរនាក់នោះ បានទៅបួស​ក្នុងសំណាក់​ភិក្ខុទាំងឡាយ ក៏ត្រាច់ទៅ​បិណ្ឌបាត​តែជាមួយគ្នា។ ឯទារកនោះ កាលបើមាន​គេឲ្យ​បាយដល់បិតា ក៏ស្ទុះ​ចូលទៅជិត ហើយនិយាយពាក្យនេះ​ថា នែឪពុក ចូរឲ្យខ្ញុំផង នែឪពុក ចូរឲ្យខ្ញុំផង។ មនុស្សទាំងឡាយ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់​ថា ពួកសមណៈ ជា​សក្យបុត្រទាំងនេះ មិនប្រព្រឹត្តធម៌​ដ៏ប្រសើរ (សេពមេថុនធម្ម) ទារកនេះ កើត​អំពីភិក្ខុនី។ ភិក្ខុទាំងឡាយ បានឮមនុស្ស​អម្បាលនោះពោលទោស តិះដៀល បន្តុះបង្អាប់​ហើយ។ ភិក្ខុទាំងនោះ ក៏ក្រាប​ទូល​សេចក្តី​នុ៎ះ​​ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់បញ្ញត្តថា ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុមិនគប្បីបំបួសទារក​ដែល​មានអាយុថយ​អំពី១៥ឆ្នាំ គឺបួសជា​សាមណេរ ភិក្ខុណាបំបួស ត្រូវអាបត្តិ​ទុក្កដ។

[១១៣] សម័យនោះឯង ត្រកូលឧបដ្ឋាក​របស់ព្រះអានន្ទ​ដ៏មានអាយុ ជាត្រកូលមាន​សទ្ធា និង​ជ្រះថ្លា ធ្វើមរណកាលដោយអហិវាតករោគ។ នៅសល់តែទារកពីរនាក់។ ទារក​ទាំងនោះ ឃើញភិក្ខុ​ទាំងឡាយ ដោយសារ​ធ្លាប់ស្គាល់​មកពីដើម ក៏ស្ទុះចូលទៅជិត។ ភិក្ខុទាំងឡាយក៏បណ្តេញចេញ។ កាល​បើ​​ភិក្ខុទាំងឡាយបណ្តេញហើយ ទារកនោះ​ក៏យំ។ គ្រានោះ ព្រះអានន្ទដ៏មានអាយុ​បានរិះគិត​យ៉ាងនេះ​ថា ព្រះដ៏មានព្រះភាគ​បាន​បញ្ញត្ត​ហើយថា ទារកដែលមានអាយុថយអំពី​១៥ឆ្នាំ ភិក្ខុមិនត្រូវ​បំបួស ក៏​ឥឡូវនេះ ទារកទាំងនេះ​មានអាយុ​ថយ​អំពី១៥ឆ្នាំ ដោយទំនង​ដូចម្តេច​ហ្ន៎ ទើបបាន​ទារក​ទាំងនេះ​មិន​គប្បី​វិនាស គឺមិនសាបសូន្យ​ចាកផ្នួស។ គ្រានោះ ព្រះអានន្ទ​ដ៏មានអាយុ​ក៏ក្រាបទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះ​ដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់សួរថា ម្នាលអានន្ទ ចុះទារក​ទាំងនោះ អាច​នឹងចោល​បង្អើល​ក្អែក​​ឲ្យហើរ​ទៅបានដែរឬទេ។ ព្រះអានន្ទ​ក្រាបទូលថា សូមទ្រង់ព្រះមេត្តាប្រោស អាចចោល​បង្អើល​បាន។ ព្រោះនិទាននេះ ដំណើរនេះ ទើបព្រះដ៏ទ្រង់​បុញ្ញសិរីជាម្ចាស់ ទ្រង់ធ្វើ​នូវធម្មីកថាហើយ ត្រាស់​ហៅ​ភិក្ខុទាំងឡាយ​មក​ទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត​ឲ្យភិក្ខុបំបួស​ទារក​មាន​អាយុ​​ថយអំពី​១៥ឆ្នាំ ដែលអាច​ចោលបង្អើល​ក្អែក​ឲ្យហើរ​ទៅបាន​[អដ្ឋកថា ថា ទារកណា ដែល​អង្គុយ​កាន់​​ដុំដី​ដោយដៃឆ្វេង ហើយអាចចោល​ក្អែកដែល​មកដើម្បី​ស៊ីបាយ​ដែលដាក់ខាង​មុខ ​ឲ្យហើរ​ទៅបាន ទារកនេះគួរ​ឲ្យ​បព្វជ្ជាបាន។]។

[១១៤] សម័យនោះឯង ព្រះឧបនន្ទ ជាសក្យបុត្រដ៏មានអាយុ មានសាមណេរពីររូប ឈ្មោះ​កណ្ឋកៈ១ មហកៈ១។ សាមណេរទាំងនោះ​ចេះតែប្រទូស្ត (សេពមេថុនធម្ម) គ្នានឹងគ្នា។  ភិក្ខុទាំងឡាយ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់​ថា ពួកសាមណេរ មិនសមបើមកប្រព្រឹត្ត​អនាចារ​ មានសភាព​ដូច្នេះសោះ។ ភិក្ខុទាំងនោះ ក៏ក្រាប​ទូល​រឿងនុ៎ះ​ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់បញ្ញត្តថា ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុម្នាក់​ឯង មិនត្រូវឲ្យសាមណេរពីរូបបម្រើទេ ភិក្ខុណាឲ្យបម្រើ ត្រូវអាបត្តិ​ទុក្កដ។

[១១៥] សម័យនោះឯង ព្រះដ៏មានបុញ្ញសិរី ទ្រង់​គង់ចាំវស្សាអស់​ហេមន្តរដូវ និង​គិម្ហរដូវ​តែ​ក្នុង​ក្រុងរាជគ្រឹះនោះ។ មនុស្សទាំងឡាយ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់​ថា ទិសទាំងឡាយក៏ចង្អៀត​ចង្អល់ ងងឹតងងល់​ដល់ពួកសមណៈ ​សក្យបុត្រ ទិសទាំងឡាយ​មិនប្រាកដ​ដល់ពួក​សមណៈ​ទាំងនេះ (ឬអ្វី បានជាគាប់ចិត្ត​នៅតែក្នុង​ទីនេះ មិនទៅទី​ឯទៀត​សោះ)។ ភិក្ខុទាំងឡាយ បានឮពួកមនុស្ស​ទាំង​នោះ​​ពោលទោស តិះដៀល បន្តុះបង្អាប់​ហើយ។ ភិក្ខុទាំងនោះ ក្រាបទូលសេចក្តីនុ៎ះ​ចំពោះ​ព្រះដ៏​មាន​បុណ្យ។ គ្រានោះ ព្រះដ៏មានបុណ្យ​ត្រាស់ហៅ​ព្រះអានន្ទ​ដ៏មានអាយុ​មក ហើយទ្រង់​ត្រាស់ថា ម្នាល​អានន្ទ អ្នកឯងចូរទៅ​កាន់យកកូនសោ ហើយចូរប្រាប់​ពួកភិក្ខុដែលនៅក្នុង​បរិវេណ​តាមលំដាប់ថា ម្នាល​អាវុសោទាំងឡាយ ព្រះដ៏មានព្រះភាគ ព្រះអង្គ​ប្រាថ្នា​នឹងយាងទៅកាន់​ចារិក​ក្នុងទក្ខិណាគិរិ​ជនបទ (បើ) លោកដ៏មានអាយុអង្គណា ត្រូវការ(ទៅ) លោកដ៏មានអាយុ​អង្គនោះ​ចូរ​និមន្ត​មកចុះ។ ព្រះអានន្ទ​ដ៏​មាន​អាយុ ទទួល​ស្តាប់ព្រះពុទ្ធដីកា ​របស់​ព្រះដ៏មានព្រះភាគ​ថា សូមទ្រង់​ព្រះមេត្តាប្រោស ដូច្នេះហើយ ក៏កាន់យកនូវកូនសោ ហើយទៅប្រាប់ភិក្ខុទាំងឡាយ ដែលនៅតាម​បរិវេណ​ថា ម្នាលអាវុសោទាំងឡាយ ព្រះដ៏មានបុណ្យ​ ព្រះអង្គប្រាថ្នា​នឹងយាងទៅកាន់​ចារិក​ក្នុងទក្ខិណាគិរិ​ជនបទ (បើ) លោកដ៏​មានអាយុ​អង្គ​ណា ត្រូវការ(ទៅ) លោកដ៏មានអាយុ​អង្គនោះ​ ចូរ​និមន្ត​មកចុះ។ ភិក្ខុទាំងឡាយ​និយាយដូច្នេះថា ម្នាល​អាវុសោអានន្ទ ព្រះដ៏មានបុណ្យ បានទ្រង់បញ្ញត្ត​ដើម្បី​ឲ្យភិក្ខុនៅជាប់និស្ស័យ​អស់វស្សា​ទាំង​ឡាយ​១០ ដើម្បីឲ្យ​ភិក្ខុមានវស្សា១០ ឲ្យ​និស្ស័យបាន យើង​ទាំងឡាយគប្បីទៅ​ក្នុងទីនោះផង គប្បី​កាន់យក​និស្ស័យ​​ផង ការនៅ​បានតែបន្តិចបន្តួច​ផង យើងទាំងឡាយ ក៏ត្រូវ​ត្រឡប់មកវិញផង ត្រូវកាន់​យក​និស្ស័យ​​ម្តង​ទៀតផង បើប្រសិន​ណាជា​ព្រះឧបជ្ឈាយ៍​និងអាចារ្យរបស់​យើងទៅផង យើងក៏ទៅដែរ បើ​ព្រះឧបជ្ឈាយ៍ និងអាចារ្យ​របស់​យើង​ទាំងឡាយ​មិនបានទៅទេ យើងក៏មិនបានទៅដែរ ម្នាលអាវុសោ​អានន្ទ កិរិយា​ដែលមានចិត្ត​វិលវល់​មុខជានឹង​ប្រាកដដល់យើងទាំងឡាយ។ គ្រានោះ ព្រះដ៏មានបុណ្យ ទ្រង់យាងទៅកាន់ចារិក​ក្នុងទក្ខិណា​គិរិជនបទ ដោយភិក្ខុសង្ឃ​មានពួកតិច។ ព្រះដ៏មានបុណ្យ ព្រះអង្គ​គង់នៅក្នុង​ទក្ខិណាគិរិជនបទ សមគួរ​តាម​ព្រះអធ្យាស្រ័យ ហើយក៏យាងត្រឡប់​មក​កាន់​ក្រុងរាជគ្រឹះ​វិញ។ ទើបព្រះដ៏មានព្រះភាគ ត្រាស់ហៅ​ព្រះអានន្ទ​ដ៏មានអាយុ​មកហើយ ទ្រង់ត្រាស់សួរថា ម្នាល​អានន្ទ ហេតុដូចម្តេច​បានជាកាល​ដែល​តថាគត​បានចៀស​ទៅកាន់​ទក្ខិណា​គិរិជនបទ មានពួកភិក្ខុសង្ឃ​តិច​ម្ល៉េះ។ គ្រានោះ ព្រះអានន្ទ​ដ៏មានអាយុ ក្រាបទូលសេចក្តីនុ៎ះ​ចំពោះព្រះដ៏មានព្រះភាគ។ ព្រោះ​និទាន​នេះ ដំណើរនេះ ទើបព្រះ​ដ៏មានព្រះភាគ​ទ្រង់ធ្វើ​ធម្មីកថា ហើយទ្រង់​ត្រាស់​ហៅ​ភិក្ខុទាំងឡាយ​មក ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត​ឲ្យភិក្ខុដែល​ឆ្លាស​ប្រតិពល​នៅជាប់និស្ស័យ​អស់​៥​វស្សា ភិក្ខុដែល​មិនឆ្លាស ត្រូវនៅដរាបដល់​អស់​ជីវិត [អដ្ឋកថា ថា ភិក្ខុដែលមិនឆ្លាសនេះ ទោះបីមាន​វស្សា​ដល់​៦០ ឬ៧០ រាប់អំពី​ឧបសម្បទា​មកក៏ដោយ បើរកភិក្ខុចាស់ជាងខ្លួន​ធ្វើជាអាចារ្យ​មិនបាន ត្រូវតែទៅអង្គុយ​ច្រហោង ផ្គងអញ្ជលីក្នុង​សំណាក់ភិក្ខុអ្នកឆ្លាស ដែលខ្ចីវស្សា​ជាងខ្លួន ហើយ​និយាយ​សូម​​និស្ស័យថា បពិត្រលោកដ៏មានអាយុ សូមលោកជាអាចារ្យរបស់​ខ្ញុំករុណា ៗសូមនៅអាស្រ័យ​នឹង​លោក​​ដ៏មានអាយុផងដូច្នេះ អស់វារៈ​បីដង។ បើនឹងចូលទៅភូមិ ត្រូវទៅអង្គុយច្រហោង ផ្គងអញ្ជលី ហើយនិយាយ​លាអាចារ្យ​ថា បពិត្រ​លោកអាចារ្យ ខ្ញុំករុណា​សូមលាទៅភូមិ​ដូច្នេះទើបបាន។]។

[១១៦] ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយអង្គទាំងឡាយ៥ មិនគប្បីនៅដោយ​ឥតនិស្ស័យ គឺជាភិក្ខុ​មិនប្រកបដោយ​កងសីល ជារបស់អសេក្ខបុគ្គល១ ជាភិក្ខុ​មិនប្រកបដោយ​កងសមាធិ ជារបស់​អសេក្ខ​បុគ្គល១ ជាភិក្ខុ​មិនប្រកបដោយ​កងបញ្ញា (វិបស្សនា) ជារបស់អសេក្ខបុគ្គល១ ជាភិក្ខុ​មិនប្រកប​ដោយ​​កងវិមុត្តិ (អរហត្តផល) ជា​របស់​អសេក្ខបុគ្គល១ ជាភិក្ខុ​មិនប្រកបដោយ​កងវិមុត្តិញ្ញាណទស្សនៈ (បច្ចវេក្ខណញ្ញាណ) ជារបស់អសេក្ខបុគ្គល១ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយ​អង្គទាំង៥នេះឯង មិន​គប្បីនៅដោយឥតនិស្ស័យឡើយ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយអង្គទាំង​ឡាយ ៥ គប្បីនៅ​ដោយ​មិនបាច់មាននិស្ស័យបាន គឺជាភិក្ខុ​ប្រកបដោយ​កងសីល ជារបស់​អសេក្ខបុគ្គល១ ជាភិក្ខុ​ប្រកប​ដោយ​​កងសមាធិ ជារបស់អសេក្ខបុគ្គល១ ជាភិក្ខុ​ប្រកបដោយ​កងបញ្ញា ជារបស់អសេក្ខបុគ្គល១ ជាភិក្ខុ​ប្រកប​ដោយ​កងវិមុត្តិ ជារបស់​អសេក្ខបុគ្គល១ ជាភិក្ខុប្រកបដោយ​កងវិមុត្តិញ្ញាណទស្សនៈ ជារបស់​អសេក្ខ​បុគ្គល១ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយ​អង្គទាំង៥នេះឯង ទើបគួរ​នៅបានដោយ​មិន​បាច់​មាន​និស្ស័យ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយអង្គទាំងឡាយ៥ដទៃទៀត មិន​គប្បីនៅដោយ​ឥត​មាន​និស្ស័យ គឺជាភិក្ខុ​មិនមានសទ្ធា១ ជាភិក្ខុមិនខ្មាសបាប១ ជាភិក្ខុ​មិនខ្លាចបាប១ ជាភិក្ខុខ្ជិល១ ជាភិក្ខុ​វង្វេង​ស្មារតី១ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយ​អង្គទាំង៥នេះឯង មិនគួរនៅ​ដោយឥត​និស្ស័យ​ឡើយ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកប​ដោយអង្គទាំងឡាយ៥ គួរនៅបានដោយមិនបាច់មាននិស្ស័យ គឺជាភិក្ខុ​មានសទ្ធា១ ជាភិក្ខុខ្មាសបាប១ ជាភិក្ខុខ្លាចបាប១ ជាភិក្ខុប្រារព្ធព្យាយាម១ ជាភិក្ខុ​ដម្កល់​ស្មារតី​ខ្ជាប់​ខ្ជួន១ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយ​អង្គទាំង៥នេះឯង ទើបគួរនៅបាន​ដោយ​មិនបាច់​មាន​និស្ស័យ​​ឡើយ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយអង្គទាំងឡាយ ៥ ក្រៅពីនេះទៀត មិនគប្បី​នៅ​ដោយ​​ឥតនិស្ស័យ គឺជាភិក្ខុវិបត្តិសីលក្នុងសីលដ៏ក្រៃលែង១ ជាភិក្ខុវិបត្តិអាចារក្នុងអាចារដ៏ក្រៃលែង១ ជាភិក្ខុ​វិបត្តិ​ទិដ្ឋិក្នុងទិដ្ឋិ​ដ៏ក្រៃលែង១ ជាភិក្ខុ​ចេះចាំតិច១ ជាភិក្ខុអាប់ឥតប្រាជ្ញា១ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ​ប្រកប​ដោយ​អង្គទាំង ៥ នេះឯង មិនគួរនៅដោយឥតនិស្ស័យឡើយ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកប​ដោយ​អង្គទាំងឡាយ៥ គប្បីនៅដោយ​មិនមាននិស្ស័យបាន គឺជាភិក្ខុមិនវិបត្តិសីល​ក្នុងសីល​ដ៏ក្រៃលែង​១ ជាភិក្ខុមិនវិបត្តិអាចារក្នុងអាចារដ៏ក្រៃលែង១ ជាភិក្ខុមិន​វិបត្តិ​ចាកទិដ្ឋិក្នុងទិដ្ឋិ​ដ៏ក្រៃលែង១ ជាភិក្ខុ​ចេះចាំ​ច្រើន១ ជាភិក្ខុមានប្រាជ្ញា១ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកប​ដោយ​អង្គទាំង៥នេះឯង ទើបគួរ​នៅ​ដោយ​មិនបាច់មាននិស្ស័យបាន។ ម្នាលភិក្ខុទាំង​ឡាយ ភិក្ខុប្រកបដោយ​អង្គទាំងឡាយ៥​ក្រៅពី​នេះ​ទៀត មិនគប្បីនៅដោយ​ឥតនិស្ស័យ គឺភិក្ខុមិនស្គាល់អាបត្តិ១ មិនស្គាល់​អនាបត្តិ១ មិន​ស្គាល់​អាបត្តិ​ស្រាល​១ មិនស្គាល់​អាបត្តិធ្ងន់១ ទាំងបាតិមោក្ខទាំងឡាយពីរ [ឱវាទបាតិមោក្ខ និងអាណាបាតិមោក្ខ។ អាណាបាតិមោក្ខចែក​ជាពីរ គឺ​ភិក្ខុបាតិមោក្ខ១ ភិក្ខុនីបាតិមោក្ខ១ ក្នុងទីនេះ ទ្រង់សំដៅ​យក​ភិក្ខុ​បាតិមោក្ខ និងភិក្ខុនីបាតិមោក្ខ។] ភិក្ខុ​នោះ​ក៏មិនបានចេះដោយពិស្តារ ភិក្ខុនោះ​មិនបាន​ចែក​ដោយប្រពៃ មិនបាន​ឲ្យប្រព្រឹត្ត​ដោយប្រពៃ (មិន​ចាំស្ទាត់​រត់មាត់) មិន​កាត់សេចក្តីដោយល្អ តាមសុត្ត (សង្គ្រោះ​យក​ខន្ធកវិន័យ និងបរិវារៈ) តាមរបៀប​នៃព្យញ្ជនៈ១ ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលប្រកបដោយ​អង្គទាំង៥​នេះ​ឯង មិនគប្បី​នៅដោយ​មិនមាន​និស្ស័យ​ឡើយ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយអង្គ​ទាំងឡាយ​៥ គប្បីនៅដោយ​ឥតនិស្ស័យបាន គឺភិក្ខុស្គាល់អាបត្តិ១ ស្គាល់​អនាបត្តិ១ ស្គាល់​អាបត្តិ​ស្រាល១ ស្គាល់​អាបត្តិ​ធ្ងន់១ ទាំង​បាតិមោក្ខទាំងឡាយពីរ ភិក្ខុ​នោះ​ក៏ចេះដោយ​ត្រឹមត្រូវ​ល្អ យ៉ាងពិស្តារ បាន​ចែក​ដោយល្អ បានឲ្យប្រព្រឹត្តដោយប្រពៃ បានវិនិច្ឆ័យ​ដោយ​ត្រឹមត្រូវ​តាមសុត្ត តាមរបៀប​នៃព្យញ្ជនៈ១ ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលប្រកបដោយ​អង្គ​ទាំង​៥ នេះឯង ទើបគួរ​នៅដោយ​ឥត​និស្ស័យបាន។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកប​ដោយ​អង្គ​ទាំងឡាយ​៥​ក្រៅពីនេះទៀត មិនគប្បីនៅដោយ​ឥតនិស្ស័យ គឺភិក្ខុមិនស្គាល់​អាបត្តិ១ មិន​ស្គាល់​អនាបត្តិ១ មិនស្គាល់អាបត្តិស្រាល១ មិនស្គាល់អាបត្តិធ្ងន់១ មានវស្សា​ថយ​ពីប្រាំ​ចុះមក១ ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលប្រកបដោយ​អង្គទាំងឡាយ៥នេះឯង មិន​គួរ​នៅ​ដោយឥត​និស្ស័យ​ឡើយ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយអង្គ​ទាំងឡាយ​៥ គប្បី​​នៅ​ដោយ​​ឥតនិស្ស័យបាន គឺភិក្ខុស្គាល់អាបត្តិ១ ស្គាល់​អនាបត្តិ១ ស្គាល់​អាបត្តិ​ស្រាល​១ ស្គាល់អាបត្តិធ្ងន់១ មានវស្សាប្រាំ ឬមានវស្សាច្រើនជាងប្រាំ១ ម្នាលភិក្ខុ​ទាំង​ឡាយ ភិក្ខុដែលប្រកបដោយ​អង្គទាំងឡាយ​៥​នេះ​ឯង ទើបគួរ​នៅដោយឥត​និស្ស័យ​បាន។

[១១៧] ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយអង្គទាំងឡាយ៦ មិនគប្បីនៅដោយ​ឥតនិស្ស័យទេ គឺជាភិក្ខុដែល​មិនប្រកបដោយ​កងសីល ជារបស់អសេក្ខបុគ្គល១ ដែល​មិនប្រកបដោយ​កងសមាធិ ជា​របស់អសេក្ខបុគ្គល១ ដែល​មិនប្រកបដោយ​កងបញ្ញា ជារបស់អសេក្ខបុគ្គល១ ដែល​មិនប្រកបដោយ​កង​វិមុត្តិ ជារបស់អសេក្ខបុគ្គល១ ដែល​មិនប្រកបដោយ​កងវិមុត្តិញ្ញាណទស្សនៈ ជារបស់អសេក្ខ​បុគ្គល​១ ជាភិក្ខុ​មានវស្សា​មិន​ទាន់​គ្រប់​ប្រាំ១ ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលប្រកបដោយ​អង្គទាំង៦នេះឯង មិន​គួរ​នៅដោយឥតនិស្ស័យទេ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយ​អង្គទាំងឡាយ​៦ គប្បី​នៅដោយ​ឥត​និស្ស័យ​បាន គឺជាភិក្ខុ​ប្រកបដោយ​កងសីល ជារបស់អសេក្ខបុគ្គល១ ជាភិក្ខុ​ប្រកបដោយ​កងសមាធិ ជារបស់អសេក្ខបុគ្គល១ ជាភិក្ខុ​ប្រកបដោយ​កងបញ្ញា ជារបស់​អសេក្ខបុគ្គល១ ជាភិក្ខុប្រកបដោយ​កង​វិមុត្តិ ជារបស់អសេក្ខបុគ្គល១ ជាភិក្ខុប្រកបដោយ​កងវិមុត្តិញ្ញាណទស្សនៈ ជារបស់អសេក្ខបុគ្គល១ ជា​ភិក្ខុ​​មានវស្សាប្រាំ ឬមានវស្សា​ច្រើនជាងប្រាំ១ ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលប្រកបដោយ​អង្គទាំង​៦​នេះ​ឯង ទើបគួរ​នៅដោយឥតនិស្ស័យបាន។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយ​អង្គទាំង​ឡាយ៦​ក្រៅពី​នេះ​ទៀត មិនគប្បីនៅដោយ​ឥតនិស្ស័យ គឺជាភិក្ខុ​មិនមានសទ្ធា១ ជាភិក្ខុមិនខ្មាសបាប១ ជាភិក្ខុ​មិនខ្លាច​បាប១ ជាភិក្ខុខ្ជិល១ ជាភិក្ខុវង្វេងស្មារតី១ ជាភិក្ខុមានវស្សា​មិនទាន់​គ្រប់​ប្រាំ១ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ​ដែលប្រកបដោយ​អង្គទាំង៦នេះឯង មិនគួរនៅដោយ​ឥតនិស្ស័យឡើយ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ​ប្រកប​ដោយអង្គទាំងឡាយ៦ គប្បីនៅ​ដោយឥតនិស្ស័យបាន គឺជាភិក្ខុ​មានសទ្ធា១ ជាភិក្ខុខ្មាសបាប១ ជាភិក្ខុខ្លាចបាប១ ជាភិក្ខុមានសេចក្តីប្រារព្ធព្យាយាមហើយ១ ជាភិក្ខុដម្កល់ស្មារតីខ្ជាប់ខ្ជួន១ ជាភិក្ខុ​មាន​វស្សាប្រាំ ឬមានវស្សា​ច្រើនជាងប្រាំ១ ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលប្រកបដោយ​អង្គទាំង ៦ នេះឯង ទើបគួរនៅ​ដោយ​ឥត​និស្ស័យបាន។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយអង្គ​ទាំងឡាយ៦ក្រៅពី​នេះ​ទៀត មិនគប្បីនៅដោយ​ឥតនិស្ស័យ គឺជាភិក្ខុវិបត្តិសីលក្នុងសីល​ដ៏ក្រៃលែង១ ជាភិក្ខុវិបត្តិអាចារ (មារយាទ) ក្នុងអាចារដ៏ក្រៃលែង១ ជាភិក្ខុ​វិបត្តិ​ទិដ្ឋិក្នុងទិដ្ឋិ​ដ៏ក្រៃលែង១ ជាភិក្ខុចេះចាំ(ពុទ្ធវចនៈ)តិច១ ជាភិក្ខុមិនមានប្រាជ្ញា១ ជាភិក្ខុ​មានវស្សា​មិនទាន់​គ្រប់ប្រាំ១ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយ​អង្គ​ទាំង​៦នេះឯង មិនគួរនៅ​ដោយឥតនិស្ស័យឡើយ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកប​ដោយអង្គ​ទាំងឡាយ​៦ គប្បី​នៅដោយ​មិនបាច់និស្ស័យ គឺជាភិក្ខុមិនវិបត្តិសីលក្នុងសីលដ៏ក្រៃលែង១ ជាភិក្ខុមិនវិបត្តិ​អាចារ​ក្នុង​អាចារដ៏ក្រៃលែង១ ជាភិក្ខុមិន​វិបត្តិ​ទិដ្ឋិក្នុងទិដ្ឋិ​ដ៏ក្រៃលែង១ ជាភិក្ខុចេះចាំ (ពុទ្ធវចនៈ) ច្រើន១ ជាភិក្ខុ​មាន​ប្រាជ្ញា១ ជាភិក្ខុ​មានវស្សាប្រាំ ឬមានវស្សា​ច្រើនជាងប្រាំ១ ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលប្រកប​ដោយ​​អង្គទាំង៦នេះឯង ទើបគួរនៅ​មិនបាច់មាន​និស្ស័យបាន។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយ​អង្គទាំងឡាយ៦ក្រៅពីនេះទៀត មិនគប្បីនៅដោយ​ឥតនិស្ស័យ គឺភិក្ខុមិនស្គាល់អាបត្តិ១ មិនស្គាល់​អនាបត្តិ១ មិនស្គាល់​អាបត្តិស្រាល១ មិនស្គាល់អាបត្តិធ្ងន់១ ទាំងបាតិមោក្ខទាំងឡាយពីរ ភិក្ខុ​នោះ​មិនបានចេះ​ចាំដោយពិស្តារ មិនបាន​ចែក​ដោយល្អ មិន​ឲ្យប្រព្រឹត្ត​ដោយប្រពៃ មិនវិនិច្ឆ័យដោយ​ត្រឹម​ត្រូវ តាមសុត្ត តាមលំដាប់ព្យញ្ជនៈ១ ជាភិក្ខុមានវស្សា​មិនគ្រប់​ប្រាំ១ ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែល​ប្រកប​ដោយ​អង្គទាំង៦នេះឯង មិនគួរ​នៅដោយ​មិនមាន​និស្ស័យទេ។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុប្រកប​ដោយអង្គទាំងឡាយ៦នេះឯង គប្បីនៅដោយ​មិនបាច់និស្ស័យ គឺភិក្ខុស្គាល់អាបត្តិ១ ស្គាល់​អនាបត្តិ១ ស្គាល់អាបត្តិស្រាល១ ស្គាល់អាបត្តិធ្ងន់១ ទាំង​បាតិមោក្ខទាំងឡាយពីរ ភិក្ខុ​នោះ​ក៏ចេះចាំយ៉ាងពិស្តារ បាន​ចែក​ដោយល្អ ឲ្យប្រព្រឹត្តទៅ​ដោយប្រពៃ កាត់សេចក្តី​ដោយត្រឹមត្រូវតាមសុត្ត តាម​លំដាប់​ព្យញ្ជនៈ១ ជាភិក្ខុ​មាន​វស្សាប្រាំ ឬមានវស្សា​ច្រើនជាងប្រាំ១ ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលប្រកបដោយ​អង្គ​ទាំង៦នេះឯង ទើបគួរ​នៅដោយមិនមាន​​និស្ស័យបាន។

ចប់ អភយូវរភាណវារៈ។

[១១៨] គ្រានោះឯង ព្រះដ៏មានព្រះភាគ​ទ្រង់គង់​ក្នុងក្រុង​រាជគ្រឹះ តាមសមគួរ​ដល់​ពុទ្ធ​អធ្យាស្រ័យហើយ ទ្រង់យាងសំដៅ​ទៅកាន់ចារិក ឯក្រុងកបិលវត្ថុ ត្រាច់ទៅតាម​លំដាប់ៗ​ហើយ ទ្រង់​បានយាង​ទៅដល់​ក្រុងកបិលវត្ថុនោះឯង។ តាមដំណាលក្នុងនិទាននោះថា ព្រះដ៏មានបុណ្យ​ ទ្រង់​គង់​ក្នុងនិគ្រោធារាម ក្បែរក្រុងកបិលវត្ថុ ក្នុងដែនសក្កៈ។ លំដាប់​នោះ ព្រះដ៏មានបុណ្យ ព្រះអង្គទ្រង់​ស្បង់ ទ្រង់បាត្រចីវរ ហើយយាងចូលទៅកាន់ដំណាក់​ព្រះបាទ​សុទ្ធោទនសក្យរាជ ក្នុងវេលាព្រឹក លុះ​ចូល​ទៅ​ដល់ហើយ ទ្រង់គង់លើ​អាសនៈ​ដែលគេរៀបចំថ្វាយ។ គ្រានោះ ព្រះនាងទេវី​ជាមាតា​រាហុល បានពោល​ពាក្យ​នេះ​នឹង​រាហុល​កុមារថា ម្នាលរាហុល ព្រះសមណៈនេះ ជាបិតារបស់បាហើយ បាឯង​ចូរទៅសូម​ទ្រព្យ​​មត៌ក​របស់បិតាបាចុះ។ លំដាប់នោះ រាហុលកុមារក៏ចូល​ទៅរកព្រះដ៏មានព្រះភាគ លុះ​ចូល​ទៅ​ដល់​ហើយ ក៏ឈរ​ចំពោះ​ព្រះភក្ត្រ​ព្រះដ៏មានព្រះភាគ ហើយក្រាបទូលថា បពិត្រ​ព្រះសមណៈ ម្លប់ (បុណ្យ) របស់ព្រះអង្គ​សុខស្រួលណាស់។ គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់​ក្រោកចាកពុទ្ធាសនៈ ហើយយាងចេញទៅ។ គ្រានោះ រាហុលកុមារ ក៏តាមព្រះដ៏មានព្រះភាគប្រកិត​អំពីខាងក្រោយៗ ហើយ​ក្រាបទូលថា បពិត្រ​​ព្រះសមណៈ សូមព្រះអង្គ​ទ្រង់ប្រទាន​ទ្រព្យ​មត៌កដល់ខ្ញុំ សូមព្រះអង្គ ទ្រង់​ប្រទាន​ទ្រព្យមត៌ក​ដល់ខ្ញុំ។ លំដាប់នោះ ព្រះដ៏មានព្រះភាគ​ទ្រង់​ហៅព្រះសារីបុត្រ​ដ៏មានអាយុ​មកហើយ​ត្រាស់​ថា ម្នាលសារីបុត្រ បើដូច្នោះ អ្នកចូរបំបួស​រាហុលកុមារចុះ។ ព្រះសារីបុត្រ​ទូលសួរថា បពិត្រ​ព្រះអង្គ​ដ៏​ចំរើន ខ្ញុំព្រះករុណានឹងបំបួស​រាហុលកុមារ​ដោយវិធីដូចម្តេច។ ព្រោះនិទាននេះ ដំណើរនេះ ទើបព្រះ​ដ៏​មាន​បុញ្ញសិរី ទ្រង់​ធ្វើធម្មីកថា ត្រាស់ហៅ​ភិក្ខុទាំងឡាយមក ទ្រង់​អនុញ្ញាត​ថា ម្នាលភិក្ខុ​ទាំងឡាយ តថាគត​​អនុញ្ញាត​សាមណេរបព្វជ្ជា​ដោយត្រៃសរណគមន៍ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ​គប្បី​បំបួស​កុលបុត្រ​យ៉ាងនេះគឺ មុនដំបូងភិក្ខុត្រូវកោរសក់ និងពុកមាត់​ឲ្យហើយ ឲ្យ​ស្លៀកសំពត់​កាសាយៈ​ទាំងឡាយ រួច​ពាក់​​សំពត់ឧត្តរាសង្គ​ឆៀងស្មាម្ខាង ឲ្យសំពះ​​បាទានៃភិក្ខុទាំងឡាយ ឲ្យអង្គុយ​ច្រហោង ផ្គង​អញ្ជលី​ឡើង ហើយត្រូវ​ប្រាប់កុលបុត្រនោះថា អ្នកចូរពោល​​យ៉ាងនេះ គឺត្រូវពោលថា ខ្ញុំព្រះករុណា សូមដល់នូវ​ព្រះពុទ្ធ​ជាទីរលឹក ខ្ញុំព្រះករុណា​ សូមដល់នូវ​ព្រះធម៌​ជាទីរលឹក ខ្ញុំព្រះករុណា សូមដល់នូវ​ព្រះសង្ឃ​ជាទីរលឹក ខ្ញុំ​ព្រះករុណា សូមដល់នូវ​ព្រះពុទ្ធ​ជាទីរលឹក ជាគំរប់ពីរដងផង ខ្ញុំព្រះករុណា​ សូមដល់នូវ​ព្រះធម៌​ជាទីរលឹក ជាគំរប់ពីរដងផង ខ្ញុំព្រះករុណា សូមដល់នូវ​ព្រះសង្ឃ​ជាទីរលឹក ជាគំរប់ពីរដង​ផង ខ្ញុំព្រះករុណា សូមដល់នូវ​ព្រះពុទ្ធ​ជាទីរលឹក ជាគំរប់បីដងផង ខ្ញុំព្រះករុណា​ សូម​ដល់នូវ​ព្រះធម៌​ជាទីរលឹក ជាគំរប់បីដងផង ខ្ញុំព្រះករុណា សូមដល់នូវ​ព្រះសង្ឃ​ជាទីរលឹក ជាគំរប់បីដងផង ម្នាលភិក្ខុ​ទាំងឡាយ តថាគត​អនុញ្ញាតសាមណេរ​បព្វជ្ជា ដោយ​ត្រៃសរណគមន៍​​នេះ។ ព្រះសារីបុត្រដ៏មានអាយុ ក៏បំបួស​រាហុលកុមារ​ក្នុងខណៈ​នោះឯង​[ក្នុង​អដ្ឋកថា ថា ព្រះមហាមោគ្គល្លានត្ថេរ​កោរសក់ និងឲ្យ​សំពត់​​កាសាយៈ ​ដល់​រាហុលកុមារ ព្រះសារីបុត្ត​ជាបព្វជ្ជាចារ្យ។ ព្រះមហាកស្សបត្ថេរជាឱវាទាចារ្យ។]។ លំដាប់​នោះឯង ព្រះបាទសុទ្ធោទនសក្យរាជ ទ្រង់យាង​ចូលទៅ​គាល់ព្រះដ៏មានព្រះភាគ លុះ​ចូល​ទៅដល់ហើយ ក្រាបថ្វាយបង្គំ​ព្រះដ៏មានព្រះភាគ​ហើយ គង់​ក្នុងទី​ដ៏សមគួរ លុះគង់​ក្នុងទីដ៏សមគួរ​ហើយ ព្រះបាទសុទ្ធោទនសក្យរាជ ក៏ទ្រង់​មានព្រះរាជ​ឱង្ការ​យ៉ាងនេះ​នឹង​ព្រះដ៏មានព្រះភាគ​ថា បពិត្រ​ព្រះអង្គដ៏ចំរើន ខ្ញុំព្រះករុណាសូមពរ​ម្យ៉ាងអំពី​ព្រះដ៏មាន​ព្រះភាគ។ ព្រះសម្ពុទ្ធ​ទ្រង់ត្រាស់ថា បពិត្រ​ព្រះគោតម [ទ្រង់ហៅព្រះពុទ្ធបិតា​តាមនាម​គោត្រ គឺនាម​ត្រកូល​របស់​ព្រះអង្គ​ដែលហៅថា គោតម​គោត្រ។] ព្រះតថាគតទាំងឡាយ​មានពរ​កន្លងហើយ។ ព្រះបាទសុទ្ធោទន​សក្យរាជ ក្រាបទូលថា បពិត្រ​ព្រះអង្គដ៏ចំរើន ពរណាដែលគួរ ពរណាដែល​មិនមានទោស (ខ្ញុំ​សូមពរ​នោះ)។ ព្រះសម្ពុទ្ធ​ទ្រង់ត្រាស់ថា បពិត្រ​ព្រះគោតម សូមព្រះអង្គមាន​ព្រះបន្ទូល​ចំពោះ​ពរនោះ​ចុះ។ ព្រះបាទសុទ្ធោទន​សក្យរាជ​ក្រាប​ទូល​ថា បពិត្រ​ព្រះអង្គដ៏ចំរើន កាលដែលព្រះអង្គ​មក ទ្រង់​ព្រះផ្នួស​ហើយ ខ្ញុំព្រះករុណាកើត​ទុក្ខ​មិន​មែន​​តិចទេ កាលដែលនន្ទ​និងរាហុល​មកបួស ក៏ខ្ញុំ​ព្រះករុណា​កើតទុក្ខ​ខ្លាំងណាស់ដូច្នោះដែរ បពិត្រ​ព្រះអង្គដ៏ចំរើន សេចក្តីស្រឡាញ់រាហុលកុមារ​ ដូចជាកូន លើសពន់​ប្រមាណ (ហាក់ដូចជា) កាត់នូវ​សម្បុរ​ស្បែកក្រៅ លុះកាត់​សម្បុរស្បែក​ក្រៅហើយ ក៏កាត់​នូវស្បែក​ក្នុង លុះ​កាត់ស្បែក​ក្នុងហើយ ក៏កាត់​នូវសាច់ លុះកាត់សាច់ហើយ ក៏កាត់នូវសរសៃ លុះកាត់​សរសៃហើយ ក៏កាត់នូវឆ្អឹង លុះកាត់​ឆ្អឹងហើយ ក៏ចុច​រហូត​ដល់ខួរក្នុងឆ្អឹង បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំសូម​អង្វរថា លោកម្ចាស់​ទាំងឡាយ​កុំបំបួសកូន​ដែល​មាតាបិតា​មិនបានអនុញ្ញាត​ឡើយ។ លំដាប់នោះ ព្រះដ៏មាន​ព្រះភាគ ទ្រង់ពន្យល់ព្រះបាទសុទ្ធោទន​សក្យរាជ​ឲ្យឃើញច្បាស់ ឲ្យសមាទាននូវ​កុសល​ធម៌​ដោយប្រពៃ ឲ្យក្លៀវក្លា​ឡើងដោយល្អ និងឲ្យមាន​ព្រះហឫទ័យ​​រីករាយ​ដោយ​ធម្មីកថា។ ឯព្រះបាទសុទ្ធោទន​សក្យរាជ លុះព្រះដ៏មានព្រះភាគ ទ្រង់​ពន្យល់​ឲ្យឃើញ​ច្បាស់ ឲ្យសមាទាននូវ​កុសល​ធម៌​ដោយប្រពៃ ឲ្យក្លៀវក្លា​ឡើងដោយល្អ និងឲ្យ​រីករាយ​ដោយធម្មីកថាហើយ ក៏ក្រោកចាក​អាសនៈ​ ថ្វាយបង្គំព្រះដ៏មានព្រះភាគ ធ្វើប្រទក្សិណ (យាងវិល​ខាង​ស្តាំ)​ ហើយស្តេចចៀសចេញទៅ។ ព្រោះនិទាននេះ ដំណើរនេះ ទើប​ព្រះដ៏មានព្រះភាគ ទ្រង់ធ្វើ​ធម្មីកថា ត្រាស់ហៅភិក្ខុទាំងឡាយ​មក ទ្រង់​បញ្ញត្តថា ម្នាលភិក្ខុទាំងឡាយ បុត្រដែល​មាតានិងបិតាមិន​បានអនុញ្ញាត ភិក្ខុមិនគប្បី​បំបួស​ឡើយ បើភិក្ខុណាបំបួស ត្រូវអាបត្តិ​ទុក្កដ។ លំដាប់ពីនោះមក ព្រះដ៏​មានបុណ្យ ទ្រង់គង់​ក្នុង​ក្រុង​កបិលវត្ថុ តាម​សមគួរដល់​ពុទ្ធអធ្យាស្រ័យហើយ ទ្រង់យាងសំដៅ​ទៅកាន់ចារិក​ឯក្រុង​សាវត្ថី ទ្រង់ត្រាស់ទៅកាន់​ចារិក​ដោយលំដាប់ៗហើយ ទ្រង់បានដល់​ទៅក្រុង​សាវត្ថី​នោះ។ តាមដំណាល​ក្នុងនិទាននោះថា ព្រះដ៏មាន​បុណ្យ ទ្រង់គង់​ក្នុងជេតវនារាម របស់​អនាថបិណ្ឌិកសេដ្ឋី ក្បែរក្រុងសាវត្ថី។

[១១៩] សម័យនោះឯង ត្រកូលឧបដ្ឋាក​របស់ព្រះសារីបុត្រ​ដ៏មានអាយុ បញ្ជូន​ទារក​ទៅក្នុង​​សំណាក់​​ព្រះសារីបុត្រ​ដ៏មានអាយុ ហើយនិយាយថា សូមព្រះថេរៈ​បំបួស​ទារកនេះ​ឲ្យទាន។ គ្រានោះ ​ព្រះសារីបុត្រ​ដ៏មានអាយុត្រិះរិះយ៉ាងនេះថា ព្រះដ៏មានព្រះភាគ ទ្រង់​បញ្ញត្តថា ភិក្ខុមួយរូប​មិនត្រូវ​ឲ្យសាមណេរ​ពីររូប​បម្រើខ្លួន ឥឡូវរាហុល​សាមណេរ​នេះ ជាសាមណេរ​របស់អញ តើអញ​នឹង​ត្រូវ​ប្រតិបត្តិ​​ដូចម្តេចហ្ន៎។ ​ព្រះសារីបុត្រក៏ក្រាបទូល​សេចក្តីនុ៎ះ​ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់​អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត​ឲ្យភិក្ខុមួយរូប​ដែល​ឆ្លាស​ប្រតិពល ឲ្យសាមណេរពីរ​រូប​បម្រើបាន ម្យ៉ាង​វិញទៀត បើភិក្ខុនោះអាច​ទូន្មាន​ប្រៀនប្រដៅ​សាមណេរ​ប៉ុន្មាន​រូបបាន ឲ្យសាមណេរ​មានទាំងប៉ុណ្ណោះ​បម្រើក៏បានដែរ។

[១២០] គ្រាតពីនោះមក សាមណេរ​ទាំងឡាយ​បានត្រិះរិះ​សេចក្តី​នេះនឹងគ្នាថា សិក្ខាបទ​របស់​យើង​ទាំងឡាយ​មានប៉ុន្មានហ្ន៎ ម្យ៉ាងទៀត យើងទាំងឡាយគួរ​សិក្សា​ក្នុងវិន័យ​ដូចម្តេច​ខ្លះ។ ភិក្ខុ​ទាំងឡាយ​ក្រាបទូល​សេចក្តីនុ៎ះ​ចំពោះ​ព្រះដ៏មានបុណ្យ។ ព្រះអង្គទ្រង់​អនុញ្ញាតថា ម្នាលភិក្ខុ​ទាំងឡាយ តថាគតអនុញ្ញាត​នូវសិក្ខាបទ​ទាំងឡាយ​១០ ដល់​សាមណេរ​ទាំងឡាយ ម្យ៉ាងទៀត អនុញ្ញាត​ឲ្យសាមណេរ​ទាំងឡាយ​សិក្សាក្នុងសិក្ខាបទ​ទាំងឡាយ១០​នោះគឺ ចេតនាជាហេតុវៀរចាកកិរិយាធ្វើសត្វ​មាន​​ជីវិត​​ឲ្យ​ធ្លាក់​ចុះកន្លង១ ចេតនាជាហេតុវៀរចាកកិរិយាកាន់យកនូវវត្ថុ​ដែល​គេមិនបានឲ្យ១ ចេតនា​ជាហេតុវៀរ​ចាក​កិរិយាប្រព្រឹត្ត​នូវធម៌​មិនប្រសើរ១ ចេតនាជាហេតុវៀរចាកកិរិយាពោលនូវ​ពាក្យ​កុហក១ ចេតនាជាហេតុវៀរចាកហេតុជាទីតាំង​នៃសេចក្តី​ប្រមាទ ព្រោះផឹកនូវទឹក​ស្រវឹង គឺ​សុរា​និង​មេរ័យ១ ចេតនាជាហេតុវៀរចាកកិរិយាបរិភោគនូវ​ភោជនាហារ​ក្នុងកាលខុស១ ចេតនាជាហេតុវៀរ​ចាក​កិរិយារាំ និងច្រៀង ​និងប្រគំ ​និងមើល​នូវល្បែង​ដែលជាសត្រូវ​ដល់​កុសលធម៌១ ចេតនាជាហេតុវៀរ​ចាក​កិរិយា​ទ្រទ្រង់​ និងប្រដាប់ និងតាក់តែង​ស្អិតស្អាង​​រាងកាយ​ដោយផ្កាកម្រង និងគ្រឿងក្រអូប និងគ្រឿង​លាប​ផ្សេងៗ១ ចេតនា​ជាហេតុវៀរចាកទីសេនាសនៈ​ដ៏ខ្ពស់​ហួស​ប្រមាណ និងទីសេនាសនៈ​ដ៏ប្រសើរ១ ចេតនា​ជាហេតុវៀរចាកកិរិយាទទួលកាន់​យកនូវ​មាសនិងប្រាក់១ ម្នាលភិក្ខុ​ទាំងឡាយ តថាគត​អនុញ្ញាត​​នូវសិក្ខាបទទាំង១០​នេះ ដល់សាមណេរ​ទាំងឡាយ ម្យ៉ាងទៀត អនុញ្ញាត​ឲ្យពួក​សាមណេរ​សិក្សាក្នុងសិក្ខាបទ​ទាំងឡាយ១០​នេះ។

[១២១] សម័យនោះឯង សាមណេរទាំងឡាយមិនគោរព មិនកោតក្រែង មានការចិញ្ចឹម​ជីវិត​មិនស្មើភាគគ្នា​ក្នុងភិក្ខុទាំងឡាយ។ ភិក្ខុទាំងឡាយក៏ពោលទោស តិះដៀល បន្តុះ​បង្អាប់ថា ពួកសាមណេរ មិនសមបើមិនគោរព​ មិនកោតក្រែង មានការចិញ្ចឹម​ជីវិតមិន​ស្មើភាគគ្នា ក្នុងភិក្ខុ​ទាំងឡាយ (ដូច្នេះ) សោះ។ ភិក្ខុទាំងឡាយក្រាបទូលសេចក្តីនុ៎ះ​ចំពោះព្រះដ៏មានបុណ្យ។ ព្រះអង្គទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត​ឲ្យភិក្ខុធ្វើទណ្ឌកម្ម​ដល់សាមណេរ​ ដែលប្រកប​ដោយ​អង្គ​ទាំងឡាយ ៥ គឺសាមណេរ​ព្យាយាម​​ដើម្បី​នឹងឲ្យ​សាបសូន្យ​លាភរបស់​ភិក្ខុទាំងឡាយ១ សាមណេរ​ព្យាយាម​​ដើម្បី​មិនឲ្យជាប្រយោជន៍​[អដ្ឋកថា សំដៅយកឧបទ្រព គឺបៀតបៀនឲ្យមានភ័យ​អន្តរាយ ឲ្យ​ចង្អៀតចង្អល់ចិត្ត។]​​ ​ ដល់​ភិក្ខុទាំងឡាយ១ សាមណេរព្យាយាម ដើម្បី​នឹងមិនឲ្យ​ភិក្ខុទាំង​ឡាយ​​បាននូវលំនៅ១ សាមណេរ​ជេរគម្រាម​នូវភិក្ខុទាំងឡាយ១ សាមណេរញុំាង​ភិក្ខុ​ទាំងឡាយ​ឲ្យបែក​ចាក​ភិក្ខុ​ទាំងឡាយ១ ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាតឲ្យ​ភិក្ខុធ្វើ​ទណ្ឌកម្ម ដល់​សាមណេរ ដែលប្រកប​ដោយអង្គទាំងឡាយ៥នេះ។ លំដាប់តពីនោះមក ភិក្ខុទាំងឡាយ​បានត្រិះរិះ​នូវ​សេចក្តី​នេះថា យើងទាំង​ឡាយគប្បី​ធ្វើទណ្ឌកម្ម​ដូចម្តេចហ្ន៎។ ភិក្ខុទាំងឡាយ​ក្រាបទូល​សេចក្តីនុ៎ះ​ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត​ឲ្យភិក្ខុធ្វើនូវ​អាវរណកម្ម គឺកិរិយា​ហាម​ប្រាម (ថា អ្នកកុំចូលមកក្នុងទីនេះ)។ ក៏សម័យ​នោះឯង ពួកភិក្ខុធ្វើនូវ​អាវរណកម្ម គឺកិរិយាហាមប្រាម​ដល់សាមណេរ​ទាំងឡាយ​អស់ទាំង​អារាម​របស់សង្ឃ​ទាំងមូល។ សាមណេរ​ទាំងឡាយ កាលបើចូល​ទៅ​កាន់​​អារាមមិនបាន ក៏ចៀសចេញទៅខ្លះ សឹកចេញ​ទៅខ្លះ ទៅ​ចូលក្នុង​ពួក​តិរ្ថិយ​ខ្លះ។ ភិក្ខុទាំងឡាយ​ក្រាប​ទូលសេចក្តីនុ៎ះ​ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គ​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ អារាម​របស់​សង្ឃ​​ទាំងមូល​ ភិក្ខុមិនគប្បី​ធ្វើនូវ​អាវរណកម្ម គឺកិរិយាហាមប្រាម​ឡើយ ភិក្ខុណាធ្វើ ត្រូវអាបត្តិទុក្កដ ម្នាលភិក្ខុទាំងឡាយ សាមណេរ​ធ្លាប់នៅ​ក្នុងទីណា ឬធ្លាប់​ចូលទៅ​ក្នុងទីណា តថាគត​អនុញ្ញាត​ឲ្យភិក្ខុ​ធ្វើនូវ​អាវរណកម្ម គឺកិរិយាហាមប្រាម តែក្នុងទៅនោះ។ ក៏សម័យ​នោះឯង ភិក្ខុទាំងឡាយធ្វើនូវ​អាវរណកម្ម គឺកិរិយាហាមប្រាម​ចំពោះ​អាហារដែល​បរិភោគ​តាមទ្វារមាត់ ដល់សាមណេរ​ទាំងឡាយ។ មនុស្សទាំងឡាយ កាលធ្វើទឹកបបរខ្លះ សង្ឃភត្តខ្លះ ក៏និយាយ​ពាក្យយ៉ាង​នេះនឹង​សាមណេរ​ទាំងឡាយ​ថា បពិត្រលោកដ៏ចំរើន លោកទាំងឡាយ​ចូរមកឆាន់​បបរចុះ បពិត្រ​លោកម្ចាស់​ដ៏ចំរើន លោកទាំង​ឡាយ​​ចូរមកឆាន់​ចង្ហាន់ចុះ។ សាមណេរទាំងឡាយ​ក៏​និយាយ​ពាក្យ​យ៉ាងនេះថា ម្នាលអាវុសោ យើង​ទាំង​ឡាយ​ឆាន់មិនបានទេ (ព្រោះ) ភិក្ខុទាំងឡាយ លោកធ្វើ​អាវរណកម្មហើយ។ មនុស្សទាំង​ឡាយ​ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា លោកម្ចាស់​ទាំងឡាយ មិនសម​បើធ្វើ​អាវរណកម្ម ហាមប្រាម​ចំពោះ​អាហារដែល​បរិភោគ​តាមមុខទ្វារ ដល់សាមណេរ (ដូច្នេះ)សោះ។ ភិក្ខុទាំងឡាយក្រាប​ទូល​រឿង​នុ៎ះ​​ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់​បញ្ញត្តថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុ​មិន​ត្រូវធ្វើនូវ​អាវរណកម្ម ហាមប្រាម​ចំពោះ​អាហារដែល​បរិភោគ​តាមមុខទ្វារ​ឡើយ ភិក្ខុ​ណា​ធ្វើ ត្រូវអាបត្តិទុក្កដ។

ចប់ រឿងទណ្ឌកម្ម។

[១២២] ក៏សម័យ​នោះឯង ពួកឆព្វគ្គិយភិក្ខុ​មិនបានប្រាប់ភិក្ខុទាំងឡាយ​ជាឧបជ្ឈាយ៍ ក៏ធ្វើ​អាវរណកម្ម​ដល់សាមណេរទាំងឡាយ។ ឧបជ្ឈាយ៍​ទាំងឡាយស្វែងរក ដោយគិតថា ពួក​សាមណេរ​របស់យើងទាំងឡាយ​ម្តេចក៏មិនឃើញ​ដូច្នេះ។ ភិក្ខុទាំងឡាយ​និយាយ​ប្រាប់​យ៉ាងនេះថា ម្នាលអាវុសោ ពួកឆព្វគ្គិយភិក្ខុធ្វើអាវរណកម្មហើយ។ ឧបជ្ឈាយ៍​ទាំងឡាយ​ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកឆព្វគ្គិយភិក្ខុ មិនសម​បើមិនប្រាប់យើង ហើយធ្វើ​អាវរណកម្ម ដល់ពួកសាមណេរ​របស់យើង (ដូច្នេះ)សោះ។ ភិក្ខុទាំងឡាយ​ក្រាបទូលសេចក្តីនុ៎ះ​ចំពោះព្រះដ៏មានបុណ្យ។ ព្រះអង្គទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ (បើ) អ្នកទាំងឡាយមិនទាន់​ប្រាប់ពួក​ឧបជ្ឈាយ៍ (ឲ្យដឹង​ជាមុនទេ) មិនត្រូវធ្វើ​អាវរណកម្ម​ឡើយ។ ភិក្ខុណាធ្វើ ត្រូវអាបត្តិទុក្កដ។

[១២៣] សម័យនោះឯង ពួកឆព្វគ្គិយ​ភិក្ខុប្រលោម​យកពួកសាមណេរ​របស់ពួក​ភិក្ខុជាថេរៈ ព្រះថេរៈ​ទាំងឡាយ ក៏បានសេចក្តីលំបាក ដោយកាន់យក​ឈើស្ទន់​ និងទឹក​លុបមុខ​ដោយខ្លួនឯង។ ភិក្ខុទាំងឡាយក្រាបទូលសេចក្តីនុ៎ះ​ចំពោះព្រះដ៏មានបុណ្យ។ ព្រះអង្គ​ទ្រង់​បញ្ញត្តថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនគប្បី​ប្រលោម​យកបរិសទ្យ​របស់ភិក្ខុដទៃ​ឡើយ។ ភិក្ខុណាប្រលោមយក ត្រូវអាបត្តិ​ទុក្កដ[អដ្ឋកថា ថា ភិក្ខុបំបែក​សាមណេរ​ ឬឧបសម្បន្ន ដែលជាបរិសទ្យ​របស់ភិក្ខុដទៃ ដោយ​ហោចទៅ ទោះបី​បរិសទ្យ​របស់​ភិក្ខុទ្រុស្តសីល​ក៏មិនគួរ។ តែបើនិយាយ​ប្រាប់ទោសថា អ្នកឯងនៅ​អាស្រ័យ​នឹងភិក្ខុ​ទ្រុស្តសីល​ ដូច​ជាបុគ្គលងូតទឹក ហើយមកប្រឡាក់លាមកវិញ (ក៏សាមណេរ​ ឬឧបសម្បន្ន​នោះ​មកឯងៗ) ដូច្នេះ គួរ។]។

[១២៤] សម័យនោះឯង សាមណេរ​ឈ្មោះ​កណ្តកៈ (ជាសិស្ស) របស់​ព្រះឧបនន្ទ​សក្យដ៏​មាន​អាយុ ប្រទុស្ត (សេពមេថុនធម្ម) នឹងភិក្ខុនី​ឈ្មោះកណ្តកី។ ភិក្ខុទាំងឡាយ​ក៏ពោល​ទោស តិះដៀល បន្តុះបង្អាប់ថា មិនសម​បើសាមណេរ​មកប្រព្រឹត្ត​អនាចារ​ មានសភាព​ដូច្នេះសោះ។ ភិក្ខុ​ទាំងឡាយ​ក្រាបទូលរឿងនុ៎ះ​​ចំពោះព្រះដ៏មានបុណ្យ។ ព្រះអង្គទ្រង់​អនុញ្ញាត​ថា ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុញុំាងសាមណេរ ដែលប្រកប​ដោយអង្គទាំងឡាយ១០ ឲ្យវិនាស គឺសាមណេរ​ធ្វើ​សត្វមានជីវិត​ឲ្យធ្លាក់ចុះកន្លង (គឺសម្លាប់​សត្វ) ១ សាមណេរ​កាន់យក​វត្ថុដែល​គេមិនបានឲ្យ (ដោយកាយ​ឬវាចា) ១ សាមណេរប្រព្រឹត្ត​នូវធម៌​មិនប្រសើរ (គឺសេពមេថុនធម្ម) ១ សាមណេរពោល​ពាក្យកុហក១ សាមណេរផឹក​ទឹក​ស្រវឹង (គឺសុរានិងមេរ័យ) ១ សាមណេរពោល​តិះដៀល​ព្រះពុទ្ធ ១ សាមណេរពោល​តិះដៀល​ព្រះធម៌ ១ សាមណេរពោល​តិះដៀល​ព្រះសង្ឃ ១ សាមណេរ​មានទិដ្ឋិខុស ១ សាមណេរប្រទូស្តភិក្ខុនី ១ ម្នាលភិក្ខុទាំងឡាយ តថាគត អនុញ្ញាត​ឲ្យ​ភិក្ខុញុំាងសាមណេរ ដែលប្រកប​ដោយអង្គទាំងឡាយ១០នេះ ឲ្យវិនាស។

[១២៥] សម័យ​នោះឯង មានមនុស្សខ្ទើយ​ម្នាក់បួសក្នុងសំណាក់​ភិក្ខុទាំងឡាយ។ មនុស្ស​ខ្ទើយ​នោះ ចូលទៅរកពួក​ភិក្ខុ​ជាកំឡោះៗ ហើយនិយាយយ៉ាង​នេះថា លោកដ៏មានអាយុ​ទាំងឡាយ ចូរមកប្រទូស្ត (សេពមេថុន) នឹងខ្ញុំចុះ។ ភិក្ខុទាំងឡាយ​ក៏បណ្តេញ​ដោយ​ពាក្យថា នែអ្នកខ្ទើយ អ្នកឯងចូរ​អន្តរធានទៅ នែអ្នកខ្ទើយ អ្នកឯងចូរ​វិនាស​ទៅ យើង​មិនត្រូវការ​នឹងអ្នកឯង​ទេ។ មនុស្សខ្ទើយនោះ លុះដល់​ភិក្ខុទាំងឡាយ​បណ្តេញ​ចេញ​ហើយ ក៏ចូល​ទៅរក​ពួកសាមណេរ​ធំៗ ដែលមានសរីរៈ​ធាត់ៗទៀត ហើយនិយាយយ៉ាង​នេះថា បពិត្រលោកដ៏មានអាយុ​ទាំងឡាយ ចូរលោក​ទាំងឡាយ​មកប្រទូស្តនឹងខ្ញុំចុះ។ ពួកសាមណេរ​ក៏បណ្តេញ​ដោយពាក្យថា នែអ្នកខ្ទើយ អ្នកឯងចូរ​អន្តរធានទៅ នែអ្នកខ្ទើយ អ្នកឯងចូរ​វិនាស​ទៅ យើងមិនត្រូវការ​នឹងអ្នកឯង​ទេ។ មនុស្សខ្ទើយនោះ លុះសាមណេរ​ទាំងឡាយ​បណ្តេញ​​ហើយ ក៏ចូលទៅរក​ពួកគង្វាល​ដំរី និងពួក​គង្វាលសេះ ហើយ​និយាយ​យ៉ាង​នេះថា ម្នាលអ្នកដ៏មានអាយុ​ទាំងឡាយ អ្នកចូរមកប្រទូស្តនឹងខ្ញុំចុះ។ ពួកគង្វាល​ដំរី និងពួក​គង្វាលសេះ ក៏ប្រទូស្តទៅ។ គង្វាល​ដំរី និងគង្វាលសេះ​ទាំងនោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកសមណៈ ជាសក្យបុត្រ​ទាំងនេះ​ជាមនុស្សខ្ទើយ បណ្តា​សមណៈ​ទាំងនេះ ប្រហែល​ជាសមណៈ​ណា ដែលមិនខ្ទើយ មុខជាប្រទូស្ត​ពួកខ្ទើយ​មិន​លែងឡើយ បើដូច្នេះ ពួក​សមណៈ​ទាំងនេះ​ សុទ្ធតែ​ប្រព្រឹត្ត​អព្រហ្មចរិយធម៌ (មេថុនធម្ម) គ្រប់គ្នាទាំងអស់​មិនខាន។ ភិក្ខុទាំងឡាយ​ កាលបើ​បានឮ​ពួកគង្វាល​ដំរី និងពួកគង្វាល​សេះពោលទោស តិះដៀល បន្តុះបង្អាប់ហើយ។ ទើបពួក​ភិក្ខុនោះ​ក៏ក្រាប​ទូល​រឿងនុ៎ះ​ចំពោះ​ព្រះដ៏មានបុណ្យ។ ព្រះអង្គទ្រង់បញ្ញត្តថា ម្នាលភិក្ខុទាំងឡាយ ខ្ទើយ​ជា​អនុបសម្បន្ន សង្ឃមិនគប្បី​ឲ្យឧបសម្ប័ទឡើយ (បើ) ជាឧបសម្ប័ទហើយ ត្រូវឲ្យវិនាស​ចេញ។

[១២៦] សម័យ​នោះឯង មានកុលបុត្រចាស់ម្នាក់ ជាបុគ្គល​គ្មានញាតិ​សាលោហិត តែធ្លាប់​ជាអ្នក​មានសេចក្តីសុខ​ដ៏ល្អិតល្អ។ ឯកុលបុត្រ​ចាស់នោះ មានសេចក្តីត្រិះរិះយ៉ាង​នេះថា អញឯង​ជា​សុខុមាលជាតិ តែមិនអាច​នឹងបានភោគសម្បត្តិ​ដែលខ្លួនមិនទាន់បានផង មិនអាច​នឹងធ្វើ​ភោគសម្បត្តិ ដែលខ្លួនបានហើយ ឲ្យរឹតតែចំរើនផង បើដូច្នេះ អញ​នឹង​គប្បីចិញ្ចឹម​ជីវិត​ដោយឧបាយ​យ៉ាងនេះអេះ ទើបបានស្រួល មិនបាច់​លំបាកផង។ លំដាប់តពីនោះមក កុលបុត្រចាស់ដែលគ្មាន​ញាតិសាលោហិត​នោះបានរំពឹង​សេចក្តីនេះ​តទៅទៀតថា ពួកសមណៈ ជាសក្យបុត្រ​ទាំងនេះ មានសីល​ជាសុខ មានសមាចារជាសុខ បានឆាន់​នូវភោជន​ដ៏ល្អ ដេកលើ​ដំណេក​ទាំងឡាយ​ដែលហប់ មិនមានខ្យល់ បើដូច្នោះ មានតែអញ​ត្រូវ​តាក់តែង​បាត្រ​និងចីវរ កោរសក់ និងពុកមាត់ ស្លៀកដណ្តប់​នូវ​សំពត់​កាសាយៈ​ទាំងឡាយ​ខ្លួនឯង ទៅកាន់​អារាម ហើយនៅអាស្រ័យ​ជាមួយនឹង​ភិក្ខុទាំងឡាយ​ចុះ។ ទើប​កុលបុត្រចាស់គ្មាន​ញាតិសាលោហិតនោះ ក៏តាក់តែង​បាត្រនិងចីវរ កោរសក់ និងពុកមាត់ ស្លៀក​ដណ្តប់​នូវសំពត់​កាសាយៈ​ទាំងឡាយខ្លួនឯង ទៅកាន់អារាម ហើយ​ថ្វាយបង្គំ​ភិក្ខុទាំងឡាយ។ ភិក្ខុទាំងឡាយសួរ​យ៉ាងនេះថា ម្នាលអាវុសោ លោកបួសបាន​ប៉ុន្មានវស្សាហើយ។ កុលបុត្រនោះ​ត្រឡប់​សួរថា ម្នាលអាវុសោ ពាក្យដែលថាបួសបាន​ប៉ុន្មានវស្សានុ៎ះ តើដូចម្តេច។ ភិក្ខុទាំងឡាយសួរ​តទៅទៀត​ថា ម្នាលអាវុសោ ចុះលោក​ណាជាឧបជ្ឈាយ៍​របស់លោក។ កុលបុត្រនោះ​ក៏ត្រឡប់​សួរបកមកទៀតថា ម្នាលអាវុសោ ពាក្យដែលហៅថាឧបជ្ឈាយ៍នុ៎ះ តើដូចម្តេច។ ភិក្ខុទាំងឡាយនិយាយ​ពាក្យនេះ​នឹង​ព្រះឧបាលិ​​ដ៏មានអាយុថា ម្នាលអាវុសោឧបាលិ សូមនិមន្តលោក​ជម្រះសួរបព្វជិត​នេះ​មើល។ ឯ​កុលបុត្រចាស់​ដែលគ្មានញាតិសាលោហិត​នោះ កាលបើ​ត្រូវព្រះឧបាលិ​ដ៏មាន​អាយុ​ជម្រះ​សួរហើយ ក៏ប្រាប់​នូវសេចក្តីនុ៎ះ​តាមត្រង់។ ព្រះឧបាលិដ៏មានអាយុ ដំណាល​រឿងនុ៎ះ​ប្រាប់​ភិក្ខុទាំងឡាយ។ ភិក្ខុទាំងឡាយក្រាប​ទូល​រឿងនុ៎ះ​ចំពោះព្រះដ៏មានបុណ្យ។ ព្រះអង្គទ្រង់បញ្ញត្តថា ម្នាលភិក្ខុទាំងឡាយ បុគ្គលដែល​ជាថេយ្យសំវាស (លួចសំវាស) ជាឧបសម្បន្ន​មិនបានទេ សង្ឃមិនគប្បី​ឲ្យឧបសម្បទាឡើយ (បើ) ជាឧបសម្បន្នហើយ គប្បី​ឲ្យវិនាស​ចេញ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលដែលជា​តិត្ថិយបក្កន្តកៈ (ចូល​ពួកតិរ្ថិយ) ជាឧបសម្បន្ន​មិនបានទេ សង្ឃមិនគប្បីឲ្យ​ឧបសម្បទាឡើយ (បើ) ជាឧបសម្បន្នហើយ គប្បី​ឲ្យវិនាសចេញ។

[១២៧] សម័យ​នោះឯង នាគមួយរូប​នឿយណាយ ​ខ្ពើមរអើម​ក្នុងកំណើតរបស់នាគ។ ឯនាគនោះ ក៏រំពឹងគិតដូច្នេះថា ​ដោយឧបាយដូចម្តេចអេះ ទើបអញ​នឹងបានរួច​ស្រឡះ​អំពី​កំណើត​នៃនាគផង ត្រឡប់បាន​ជាអត្តភាព​ជាមនុស្ស​យ៉ាងឆាប់ផង។ គ្រាតមក នាគនោះ​រំពឹង​គិតដូច្នេះថា មានតែពួកសមណៈ សក្យបុត្រ​ទាំងនេះ ទើបលោកជាអ្នក​ប្រព្រឹត្ត​ធម៌ ប្រព្រឹត្តស្មើ ប្រព្រឹត្តប្រសើរ និយាយពាក្យ​ស្មោះត្រង់ មានសីល មានកល្យាណធម៌ ​បើសិនជាអញ​បានបួស​នឹងពួក​សមណៈ​សក្យបុត្រ អញមុខជានឹងបានរួច​ស្រឡះ​អំពី​កំណើត​​នាគផង មុខជានឹង​ត្រឡប់​បានអត្តភាព​ជាមនុស្ស​យ៉ាងឆាប់ផង ដោយទំនង​យ៉ាងនេះ​ឯងមិនលែងឡើយ។ លំដាប់នោះ នាគនោះក៏ចូលទៅរក​ភិក្ខុ​ទាំងឡាយ​ដោយ​ភេទជា​មាណព ហើយសូមបព្វជ្ជា។ ភិក្ខុទាំងឡាយក៏ឲ្យបព្វជ្ជា​ឧបសម្បទា​នាគនោះ។ សម័យនោះឯង នាគនោះនៅអាស្រ័យ​ក្នុងវិហារ នាទីបំផុត (ដែន)​ជាមួយនឹង​ភិក្ខុមួយរូប។ ឯភិក្ខុ​នោះ​ក្រោកឡើង​ក្នុងបច្ចូសសម័យ​នៃរាត្រី ទៅដើរចង្ក្រម​ក្នុងទីវាល។ កាលដែល​ភិក្ខុនោះចេញទៅហើយ នាគនោះក៏ដេកលក់ស្និទ្ធទៅ។ វិហារ (កុដិ)ទាំងមូល ក៏ពេញ​ដោយពស់។ មានភ្នេនទាំងឡាយ លៀនចេញ​ទៅតាមបង្អួច។ កាលដែលភិក្ខុនោះច្រាន​សន្ទះទ្វារ​ដោយគិតថា អញនឹង​ចូលទៅកាន់វិហារ​ ក៏បានឃើញ​នូវវិហារ​ទាំងមូល ពេញ​ដោយពស់ និងភ្នេន​លៀនចេញតាមបង្អួច លុះឃើញ​ហើយ ក៏ខ្លាច ហើយធ្វើនូវសំឡេង​ដ៏ប្លែក។ ភិក្ខុទាំងឡាយស្ទុះចូលទៅ ហើយក៏និយាយពាក្យនេះ​នឹងភិក្ខុ​នោះថា ម្នាល​អាវុសោ ហេតុអ្វីក៏លោក​ធ្វើនូវសម្រែក​ដ៏ប្លែក​ដូច្នេះ។ ភិក្ខុនោះប្រាប់ថា ម្នាលអាវុសោ វិហារ​ទាំងមូលនេះ ពេញដោយពស់ មានភ្នេនលៀនចេញ​ទៅតាមបង្អួច។ គ្រានោះ នាគនោះភ្ញាក់​ឡើង​ដោយសំឡេងនោះហើយ ក៏អង្គុយ​លើអាសនៈ​ជារបស់ខ្លួន។ ភិក្ខុ​ទាំងឡាយសួរថា ម្នាលអាវុសោ អ្នកឯង​ជាអ្វី។ នាគនោះឆ្លើយថា បពិត្រលោកដ៏ចំរើន ខ្ញុំជានាគ។ ភិក្ខុទាំងនោះសួរទៀតថា ម្នាល​អាវុសោ ចុះហេតុដូចម្តេច​បានជាអ្នកឯង​មកធ្វើយ៉ាងហ្នឹង។ នាគនោះក៏ឆ្លើយប្រាប់សេចក្តីនុ៎ះ​​ដល់ភិក្ខុទាំងឡាយ។ ភិក្ខុទាំងឡាយ​ក្រាប​ទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានបុណ្យ។ ព្រោះនិទាននេះ ដំណើរនេះ ទើប​ព្រះដ៏មានបុណ្យ​ឲ្យប្រជុំ​ភិក្ខុសង្ឃ ហើយទ្រង់មានព្រះបន្ទូល​ដូច្នេះនឹង​នាគនោះថា អ្នក​ឯងជាពួកនាគ មិនមានធម៌​ដុះដាលឡើង​ក្នុងធម៌វិន័យ​នេះទេ ម្នាលនាគ អ្នកឯង​ចូរទៅ​វិញទៅ (តែ) អ្នកឯង​ចូររក្សានូវ​ឧបោសថ​ក្នុងថ្ងៃ​ទី១៤ ថ្ងៃទី១៥ និងថ្ងៃទី៨​នៃបក្ខ ក្នុងលំនៅ​របស់ខ្លួន​នោះឯងចុះ កាលបើ​ធ្វើដូច្នេះ​ហើយ អ្នកឯងមុខជានឹង​ល្ពោះ​ចាកកំណើត​នាគផង មុខជានឹង​ត្រឡប់បាននូវ​អត្តភាព​ជាមនុស្ស​យ៉ាងឆាប់រហ័សផង។ នាគនោះ​ក៏គិតថា បានឮថា អញជាសត្វមានធម៌​មិនលូតលាស់​ឡើង​ក្នុង​ធម៌វិន័យនេះទេ រួចក៏​មានទុក្ខ​តូចចិត្ត យំសម្រក់ទឹកភ្នែក ធ្វើនូវសំឡេង​ដ៏ប្លែក ហើយចៀស​ចេញ​ទៅ។ ដំណពីនោះមក ព្រះដ៏មានព្រះភាគ ទ្រង់ហៅភិក្ខុទាំងឡាយមក ហើយត្រាស់ថា ម្នាលភិក្ខុ​ទាំង​ឡាយ បច្ច័យ​ដែលនាំឲ្យនាគ​ប្រែត្រឡប់​ខ្លួន​មកតាម​ប្រក្រតីវិញនេះ [គឺនាគ​ដែល​និម្មិត​ខ្លួន​ជាមាណព​ហើយ អាចត្រឡប់ក្លាយខ្លួន​មកជានាគ​វិញដោយហេតុ​ពីរយ៉ាង​នោះ។] មានពីរយ៉ាង គឺ​ក្នុងកាល​ដែលនាគសេពមេថុនធម្ម​ដោយនាងនាគមានជាតិ​ស្មើគ្នា១ ក្នុងកាលដែល​នាគដេកលក់​ស្និទ្ធ១ ម្នាលភិក្ខុទាំងឡាយ បច្ច័យទាំងពីរនេះឯង ជាហេតុដែលនាំឲ្យ​នាគប្រែត្រឡប់ខ្លួន​មកតាម​ប្រក្រតីវិញ។ ម្នាល​ភិក្ខុទាំងឡាយ សត្វ​តិរច្ឆាន​​ជាឧបសម្បន្ន​មិនបានទេ សង្ឃមិនគប្បីឲ្យ​ឧបសម្បទាឡើយ (បើ) ជា​ឧបសម្បន្ន​ហើយ គប្បីឲ្យវិនាសចេញ។

[១២៨] សម័យនោះឯង មាណពម្នាក់ផ្តាច់​ជីវិត​មាតា។ មាណព​នោះកើតទុក្ខ អៀនអន់ ខ្ពើម​រអើម​នឹង​កម្មដ៏លាមកនោះ។ គ្រាតមក មាណពនោះក៏មានគំនិតយ៉ាងនេះថា ​អញ​នឹងជីករំលើង​បាបកម្ម​នេះចោលចេញ ដោយឧបាយដូចម្តេចហ្ន៎។ លំដាប់ពីនោះមកទៀត មាណពនោះ ត្រិះរិះ​ដូច្នេះ​ថា សមណៈ ជាសក្យបុត្រ​ទាំងឡាយនេះ លោក​ប្រព្រឹត្ត​ធម៌ ប្រព្រឹត្តស្មើ ប្រព្រឹត្តប្រសើរ និយាយពាក្យ​ទៀងត្រង់ មានសីល មានកល្យាណធម៌ ​បើសិនជាអញ​បានបួសក្នុងសំណាក់​ពួក​សមណៈ​សក្យបុត្រ អញមុខជានឹងជីករំលើង​កម្មដ៏លាមកនេះបាន ដោយទំនងយ៉ាងនេះឯងមិនលែងឡើយ។ មាណពនោះ ក៏ចូល​ទៅរក​ភិក្ខុ​ទាំងឡាយ ហើយសូមបព្វជ្ជាក្នុងគ្រានោះឯង។ ភិក្ខុទាំងឡាយនិយាយ​ពាក្យ​នេះ​​នឹងព្រះឧបាលិដ៏មានអាយុថា ម្នាលអាវុសោឧបាលិ ក្នុងកាលមុន​មាននាគ​មកបួស​ក្នុងសំណាក់​ពួកភិក្ខុ ដោយភេទជាមាណព​ម្តង​ទៅហើយ ម្នាលអាវុសោឧបាលិ យើងសូម​រំលឹកលោក សូមឲ្យលោកជម្រះសួរមាណព​នេះទៀត។ ឯមាណពនោះ កាលបើត្រូវ​ព្រះឧបាលិ​ដ៏មានអាយុ​ជម្រះ​សួរទៅហើយ ក៏ប្រាប់​រឿងរ៉ាវ​នុ៎ះ​តាមត្រង់។ ព្រះឧបាលិ​ដ៏មាន​អាយុ ដំណាលរឿងនុ៎ះ​ប្រាប់ភិក្ខុ​ទាំងឡាយ។ ភិក្ខុទាំងឡាយក្រាបទូលសេចក្តីនុ៎ះ​ចំពោះព្រះដ៏មានបុណ្យ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ មនុស្ស​ដែល​សម្លាប់មាតា ជាឧបសម្បន្ន​មិនបានទេ សង្ឃមិនគប្បី​ឲ្យឧបសម្បទា​ឡើយ (បើ) ជា​ឧបសម្បន្នហើយ ត្រូវឲ្យវិនាសចេញ។

[១២៩] សម័យនោះឯង មាណពម្នាក់ផ្តាច់បង់​ជីវិតបិតា។ មាណព​នោះកើតទុក្ខ អៀនអន់ ខ្ពើម​រអើម​នឹង​បាបកម្មនោះ។ លំដាប់ពីនោះមក មាណពនោះមានគំនិតយ៉ាងនេះថា ​ដោយឧបាយដូចម្តេច​អេះ ទើបអញនឹងជីករំលើង​កម្មដ៏លាមក​នេះចោលចេញបាន។ គ្រាតមកទៀត មាណពនោះ មាន​សេចក្តី​ត្រិះរិះ​ដូច្នេះ​ថា ពួកសមណៈ ជាសក្យបុត្រ​ទាំងនេះ ជាអ្នក​ប្រព្រឹត្ត​ធម៌ ប្រព្រឹត្តស្មើ ប្រព្រឹត្តប្រសើរ ពោលពាក្យ​ទៀងត្រង់ មានសីល និងមានកល្យាណធម៌ ​បើសិនណាជាអញ​បានបួស​ក្នុងសំណាក់​ពួក​សមណៈ​សក្យបុត្រ អញមុខជានឹងជីករំលើង​បាបកម្មនេះ ដោយ​ទំនងយ៉ាងនេះបាន​​មិនខាន​ឡើយ។ មាណព​នោះ ក៏ចូលទៅរក​ភិក្ខុ​ទាំងឡាយ ហើយសូមបព្វជ្ជាក្នុងគ្រានោះឯង។ ភិក្ខុ​ទាំងឡាយ​បាននិយាយ​​យ៉ាងនេះ​នឹងព្រះឧបាលិដ៏មានអាយុថា ម្នាលអាវុសោឧបាលិ កាលពីមុន​មាននាគ​មកបួសនឹង​ពួកភិក្ខុ ដោយភេទជាមាណព​ម្តង​ទៅហើយ ម្នាលអាវុសោឧបាលិ យើងសូម​រំលឹកលោក សូមនិមន្តលោកទៅជម្រះសួរមាណព​នេះទៀត។ ឯមាណពនោះ កាលបើត្រូវ​ព្រះឧបាលិ​ដ៏មានអាយុ​ លោកជម្រះ​សួរទៅហើយ ក៏ប្រាប់​រឿង​នុ៎ះ​តាមត្រង់។ ព្រះឧបាលិដ៏មានអាយុក៏ដំណាល​រឿង​នុ៎ះ​ប្រាប់ភិក្ខុ​ទាំងឡាយ។ ភិក្ខុទាំងឡាយ​ក្រាបទូល​រឿងនុ៎ះ​ចំពោះព្រះដ៏មានបុណ្យ។ ព្រះអង្គ​ទ្រង់​ត្រាស់​ថា ម្នាលភិក្ខុទាំងឡាយ មនុស្ស​ដែលសម្លាប់បិតា ជាឧបសម្បន្ន​មិនបានទេ សង្ឃមិនគប្បី​ឲ្យ​ឧបសម្បទា​​ឡើយ (បើ) ជាឧបសម្បន្នហើយ គប្បីឲ្យវិនាសចេញ។

[១៣០] សម័យនោះឯង មានភិក្ខុទាំងឡាយ​ច្រើនរូប​ចេញពីក្រុង​សាកេត ដើរតាមផ្លូវ​ឆ្ងាយ​ទៅកាន់​ក្រុងសាវត្ថី។ ដល់ពាក់កណ្តាលផ្លូវ ពួកចោរចេញមក ខ្លះឆក់ដណ្តើម​ពួកភិក្ខុ ខ្លះសម្លាប់​ពួកភិក្ខុ។ រាជអមាត្យ​ទាំងឡាយ​ ចេញពីក្រុង​សាវត្ថី​បានចាប់​នូវចោរពួកខ្លះ។ ពួកចោរខ្លះរត់​បាត់ទៅ។ ពួកចោរណាដែលរត់​បាត់ទៅនោះ ក៏ទៅបួសក្នុងសំណាក់​ភិក្ខុទាំងឡាយ។ ពួកចោរ​ណាដែល​រាជអាមាត្យ​ចាប់បាន​ហើយនោះ គេក៏នាំចូល​ទៅនឹង​សម្លាប់។ ពួកចោរដែល​បួសហើយ​ទាំងនោះ ក៏បាន​ឃើញពួកចោរ​ដែលគេនាំចូល​ទៅ​ដើម្បី​​សម្លាប់​នោះ លុះឃើញហើយ និយាយយ៉ាងនេះថា យើងទាំងឡាយ​លួចរត់រួច​បាន​មកក៏ជាការស្រួល បើសិនណាជាយើងទាំងឡាយ​ត្រូវចាប់​ក្នុងថ្ងៃនោះ យើង​ទាំងឡាយ​​មុខជានឹង​ត្រូវគេសម្លាប់​យ៉ាង​នោះឯង មិនលែងឡើយ។ ភិក្ខុទាំងឡាយ សួរយ៉ាងនេះ​ថា ម្នាលអាវុសោ ចុះហេតុដូចម្តេច បានជាអ្នកទាំងឡាយ​ធ្វើដូច្នោះ។ ពួកចោរ​ដែលបួស​ហើយនោះ ក៏​ប្រាប់នូវ​សេចក្តីនុ៎ះ​ដល់ភិក្ខុទាំងឡាយ។ ភិក្ខុទាំងឡាយក៏ក្រាបទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះដ៏មានបុណ្យ។ ព្រះអង្គ​ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុ (ដែលចោរសម្លាប់ហើយ) នុ៎ះ​ជាអរហន្ត ម្នាលភិក្ខុ​ទាំងឡាយ មនុស្សដែលសម្លាប់​អរហន្ត ជាឧបសម្បន្នមិនបានទេ សង្ឃ​មិនគប្បី​ឲ្យឧបសម្បទា​ឡើយ (បើ) ជាឧបសម្បន្នហើយ គប្បី​ឲ្យវិនាស​ចេញ។

[១៣១] សម័យនោះឯង មានពួកភិក្ខុនីច្រើនរូប​ចេញពីក្រុង​សាកេត ដើរទៅតាមផ្លូវ​ឆ្ងាយ​ទៅកាន់​ក្រុងសាវត្ថី។ ដល់ពាក់កណ្តាលផ្លូវ ចោរទាំងឡាយក៏ចេញមក ពួកខ្លះឆក់ដណ្តើម​ភិក្ខុនី​ទាំងឡាយ ពួកខ្លះប្រទូស្ត (សេពមេថុនធម្ម) នឹងភិក្ខុនី​ទាំងឡាយ។ រាជអាមាត្យ​ទាំងឡាយ​ចេញពីក្រុង​សាវត្ថី​ទៅ ចាប់បានពួកចោរខ្លះ។ ពួកចោរខ្លះរត់រួចទៅ។ ពួកចោរ​ណា​ដែលរត់​រួចទៅ ក៏ទៅបួស​ក្នុង​សំណាក់​​ភិក្ខុទាំងឡាយ។ ពួកចោរ​ណាដែល​រាជអាមាត្យ​​ចាប់បាន​ហើយនោះ គេក៏នាំចូល​ទៅ​ដើម្បី​សម្លាប់។ ពួកចោរទាំងនោះ​ដែល​បួសហើយ ក៏បាន​ឃើញពួកចោរ​ដែលគេនាំចូល​ទៅដើម្បី​សម្លាប់​នោះ លុះឃើញហើយ ក៏និយាយពាក្យយ៉ាងនេះថា យើងទាំងឡាយបានរត់រួច​មក ក៏ជាការស្រួលហើយ បើ​សិនណាជាយើងទាំងឡាយ​ត្រូវគេចាប់​ក្នុងថ្ងៃនោះ យើង​ត្រូវគេសម្លាប់ដោយទំនង​​នេះ​ឯង មិន​លែង​ឡើយ។ ភិក្ខុទាំងឡាយ សួរយ៉ាងនេះ​ថា ម្នាលអាវុសោ ចុះហេតុដូចម្តេច បានជាអ្នកទាំងឡាយ​ធ្វើ​ដូច្នោះ។ ពួកចោរ​ដែលបួស​ហើយនោះ ក៏​ប្រាប់រឿងនុ៎ះ​ដល់​ភិក្ខុទាំងឡាយ។ ភិក្ខុទាំងឡាយ​ក្រាបទូល​សេចក្តីនុ៎ះ​ចំពោះ​ព្រះដ៏មានបុណ្យ។ ព្រះអង្គ​ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ មនុស្សដែល​ទ្រូស្ត​ភិក្ខុនី ជាឧបសម្បន្នមិនបានទេ សង្ឃ​មិនគប្បី​ឲ្យឧបសម្បទា​ឡើយ (បើ) ជាឧបសម្បន្នហើយ គប្បី​ឲ្យវិនាស​ចេញ។ ម្នាលភិក្ខុទាំងឡាយ មនុស្សដែលបំបែកសង្ឃ​ជាឧបសម្បន្ន​មិនបានទេ សង្ឃមិនគប្បី​ឲ្យ​ឧបសម្បទា​ឡើយ (បើ) ជាឧបសម្បន្នហើយ គប្បី​ឲ្យវិនាស​ចេញ។ ម្នាលភិក្ខុទាំងឡាយ មនុស្ស​ដែលធ្វើ​លោហិតុប្បាទ (ធ្វើ​ព្រះលោហិត​ព្រះពុទ្ធ​ឲ្យ​ពូរពងឡើង) ជាឧបសម្បន្ន​មិនបានទេ សង្ឃ​មិនគប្បី​ឲ្យ​ឧបសម្បទា​ឡើយ (បើ) ជាឧបសម្បន្ន​ហើយ គប្បី​ឲ្យវិនាស​ហើយ។

[១៣២] សម័យនោះឯង មានមនុស្សឧភតោព្យញ្ជនក (មនុស្ស​មានភេទពីរ) ម្នាក់ បួសក្នុង​សំណាក់​ពួកភិក្ខុ។ ឧភតោព្យញ្ជនក​នោះធ្វើ​(មេថុន) ខ្លួនឯងខ្លះ ប្រើគេឲ្យធ្វើ​នឹងខ្លួនខ្លះ។ ភិក្ខុទាំងឡាយ​ក្រាបទូល​សេចក្តីនុ៎ះចំពោះ​ព្រះដ៏មានបុណ្យ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាល​ភិក្ខុទាំងឡាយ ឧភតោព្យញ្ជនក ជាឧបសម្បន្ន​មិនបានទេ សង្ឃ​មិនគប្បីឲ្យ​ឧបសម្បទា​ឡើយ (បើ) ជាឧបសម្បន្នហើយ គប្បី​ឲ្យវិនាស​ចេញ។

[១៣៣] សម័យនោះឯង ភិក្ខុទាំងឡាយ​ឲ្យឧបសម្បទាដល់​សាមណេរ​ដែលគ្មាន​ឧបជ្ឈាយ៍។ ភិក្ខុទាំងឡាយ​ក្រាបទូល​សេចក្តីនុ៎ះ​ចំពោះ​ព្រះដ៏មានបុណ្យ។ ព្រះអង្គត្រាស់​ថា ម្នាលភិក្ខុ​ទាំងឡាយ សាមណេរដែល​គ្មាន​ឧបជ្ឈាយ៍ ភិក្ខុ​មិនគប្បី​ឲ្យឧបសម្បទាឡើយ ភិក្ខុណាឲ្យ​ឧបសម្បទា ត្រូវអាបត្តិ​ទុក្កដ។ សម័យ​នោះឯង ភិក្ខុទាំងឡាយ​ឲ្យឧបសម្បទា (ដល់​សាមណេរ) ដោយមានសង្ឃ​ជាឧបជ្ឈាយ៍។ ភិក្ខុទាំងឡាយ​ក្រាបទូលសេចក្តីនុ៎ះ​ចំពោះ​ព្រះដ៏មានបុណ្យ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុ​មិនគប្បី​ឲ្យ​ឧបសម្បទា​ដោយមានសង្ឃ​ជាឧបជ្ឈាយ៍​ឡើយ ភិក្ខុណាឲ្យឧបសម្បទា ត្រូវអាបត្តិ​ទុក្កដ។ សម័យនោះឯង ភិក្ខុទាំងឡាយ​ឲ្យឧបសម្បទា​ដោយមានគណៈ ជាឧបជ្ឈាយ៍។ ភិក្ខុទាំង​ឡាយ ក្រាបទូលសេចក្តីនុ៎ះ​ចំពោះ​ព្រះដ៏មានបុណ្យ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុទាំង​ឡាយ ភិក្ខុ​មិនគប្បី​ឲ្យឧបសម្បទា​ដោយមានគណៈ​ជាឧបជ្ឈាយ៍​ឡើយ ភិក្ខុណាឲ្យ​ឧបសម្បទា ត្រូវអាបត្តិ​ទុក្កដ។ គ្រានោះឯង ភិក្ខុទាំងឡាយ​ឲ្យឧបសម្បទា​ដោយមាន​ឧបជ្ឈាយ៍ជាមនុស្សខ្ទើយ។បេ។ ឲ្យឧបសម្បទា​ ដោយមានឧបជ្ឈាយ៍​ជាមនុស្ស​លួច​សំវាស។ ភិក្ខុទាំងឡាយ​ឲ្យឧបសម្បទា​ដោយមាន​ឧបជ្ឈាយ៍​ជាមនុស្ស​ដែលចូលពួក​តិរ្ថិយ។ ភិក្ខុទាំងឡាយ​ឲ្យឧបសម្បទា​ ដោយមាន​ឧបជ្ឈាយ៍​ជាសត្វតិរច្ឆាន។ ភិក្ខុទាំង​ឡាយ​​ឲ្យឧបសម្បទា​ដោយមានឧបជ្ឈាយ៍​ជាមាតុឃាតកៈ (អ្នកសម្លាប់ម្តាយ)។ ភិក្ខុទាំង​ឡាយ​ឲ្យឧបសម្បទា​ដោយមានឧបជ្ឈាយ៍​ជាបិតុឃាតកៈ (អ្នកសម្លាប់បិតា)។ ភិក្ខុទាំង​ឡាយ​ឲ្យឧបសម្បទា ​ដោយមានឧបជ្ឈាយ៍​ជាអរហន្តឃាតកៈ។ ភិក្ខុទាំងឡាយ​ឲ្យ​ឧបសម្បទា​​​ដោយមានឧបជ្ឈាយ៍​ជាភិក្ខុនីទូសកៈ (ទ្រុស្តភិក្ខុនី)។ ភិក្ខុទាំងឡាយ​ឲ្យ​ឧបសម្បទា​​ដោយមានឧបជ្ឈាយ៍​ជាសង្ឃភេទកៈ។ ភិក្ខុទាំងឡាយ​ឲ្យឧបសម្បទា​ដោយ​មានឧបជ្ឈាយ៍​ជាលោហិតុប្បាទកៈ។ ភិក្ខុទាំងឡាយ​ឲ្យឧបសម្បទា​ដោយមានឧបជ្ឈាយ៍​ជាឧភតោព្យញ្ជនកៈ។ ភិក្ខុទាំងឡាយ ក្រាបទូលសេចក្តីនុ៎ះ​ចំពោះ​ព្រះដ៏មាន​បុណ្យ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនគប្បី​ឲ្យឧបសម្បទា​ដោយមាន​ឧបជ្ឈាយ៍​ជាមនុស្ស​ខ្ទើយ មិនគប្បី​ឲ្យឧបសម្បទា ដោយមានឧបជ្ឈាយ៍​ជាថេយ្យសំវាសកៈ (អ្នកលួច​សំវាស) មិនគប្បី​ឲ្យឧបសម្បទា​ដោយមានឧបជ្ឈាយ៍​ជាអ្នក​ចូលពួកតិរ្ថិយ មិន​គប្បី​​ឲ្យឧបសម្បទា​ដោយមាន​ឧបជ្ឈាយ៍​ជាសត្វតិរច្ឆាន មិនគប្បី​ឲ្យឧបសម្បទា​ដោយ​មាន​ឧបជ្ឈាយ៍​ជាមាតុឃាតកៈ មិនគប្បី​ឲ្យឧបសម្បទា​ដោយមានឧបជ្ឈាយ៍​ជាបិតុឃាតកៈ មិន​គប្បី​ឲ្យឧបសម្បទា​ដោយមានឧបជ្ឈាយ៍​ជាអរហន្តឃាតកៈ មិនគប្បី​ឲ្យឧបសម្បទា​ដោយ​មានឧបជ្ឈាយ៍​ជាភិក្ខុនីទូសកៈ មិនគប្បី​ឲ្យឧបសម្បទា​ ដោយមានឧបជ្ឈាយ៍​ជា​សង្ឃភេទកៈ មិនគប្បី​ឲ្យឧបសម្បទា​ដោយមានឧបជ្ឈាយ៍​ជាលោហិតុប្បាទកៈ មិនគប្បី​ឲ្យឧបសម្បទា​ដោយមានឧបជ្ឈាយ៍​ជាឧភតោព្យញ្ជនកៈ ភិក្ខុណា​ឲ្យឧបសម្បទា ត្រូវ​អាបត្តិ​ទុក្កដ។

[១៣៤] សម័យនោះឯង ភិក្ខុទាំងឡាយ​ឲ្យឧបសម្បទាដល់​កុលបុត្រគ្មានបាត្រ។ ភិក្ខុទាំង​នោះ ត្រាច់ទៅបិណ្ឌបាត​នឹងដៃ​ទាំងឡាយ។ មនុស្សទាំងឡាយ​ក៏ពោលទោស តិះដៀល បន្តុះបង្អាប់​ថា ដូចពួកតិរ្ថិយ។ ភិក្ខុទាំងឡាយ​ក្រាបទូល​សេចក្តីនុ៎ះ​ចំពោះ​ព្រះដ៏មាន​បុណ្យ។ ព្រះអង្គទ្រង់បញ្ញត្តថា ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុ​មិនគប្បី​ឲ្យឧបសម្បទា​ដល់​កុលបុត្រ​គ្មានបាត្រទេ ភិក្ខុណាឲ្យ​ឧបសម្បទា ត្រូវអាបត្តិ​ទុក្កដ។ សម័យ​នោះឯង ភិក្ខុទាំងឡាយ​​ឲ្យឧបសម្បទាដល់​កុលបុត្រ​គ្មានចីវរ។ ភិក្ខុ​ទាំងនោះ​ក៏អាក្រាតកាយ ត្រាច់​ទៅបិណ្ឌបាត។ មនុស្សទាំងឡាយ​ក៏ពោលទោស តិះដៀល បន្តុះបង្អាប់​ថា ដូចពួកតិរ្ថិយ។ ភិក្ខុទាំងឡាយ​ក្រាបទូល​សេចក្តីនុ៎ះ​ចំពោះ​ព្រះដ៏មានភាគ។ ព្រះអង្គទ្រង់បញ្ញត្តថា ម្នាល​ភិក្ខុ​​ទាំងឡាយ ភិក្ខុកុំគប្បី​ឲ្យឧបសម្បទាដល់កុលបុត្រ​គ្មានចីវរ ភិក្ខុណាឲ្យ​ឧបសម្បទា ត្រូវអាបត្តិ​ទុក្កដ។ សម័យ​នោះឯង ភិក្ខុទាំងឡាយ​ឲ្យឧបសម្បទាដល់​កុលបុត្រ​គ្មាន​ទាំង​បាត្រទាំងចីវរ។ ភិក្ខុ​ទាំងនោះ​ក៏អាក្រាត ត្រាច់ទៅបិណ្ឌបាតនឹងដៃទាំងឡាយ។ មនុស្ស​ទាំងឡាយ​ក៏ពោលទោស តិះដៀល បន្តុះបង្អាប់​ថា ដូចពួកតិរ្ថិយ។ ភិក្ខុទាំងឡាយ​ក្រាបទូល​សេចក្តីនុ៎ះ​ចំពោះ​ព្រះដ៏មានបុណ្យ។ ព្រះអង្គ​ទ្រង់បញ្ញត្តថា ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុ​កុំគប្បី​ឲ្យឧបសម្បទាដល់កុលបុត្រ​គ្មានទាំងបាត្រទាំងចីវរ ភិក្ខុណាឲ្យ​ឧបសម្បទា ត្រូវអាបត្តិ​ទុក្កដ។ សម័យ​នោះឯង ភិក្ខុទាំងឡាយ​ឲ្យឧបសម្បទាដល់​កុលបុត្រ​ដែល​មាន​បាត្រដែលខ្ចីគេ។ ម្ចាស់បាត្រទាំងឡាយ​នាំយកបាត្រ​ត្រឡប់ទៅវិញ ក្នុងកាលដែល​កុលបុត្រ​នោះបានឧបសម្បទា​ហើយ។ ពួកភិក្ខុ​ទាំងនោះត្រាច់ទៅបិណ្ឌបាត​នឹងដៃទាំង​ឡាយ។ មនុស្សទាំងឡាយ​ក៏ពោលទោស តិះដៀល បន្តុះបង្អាប់​ថា ដូចពួកតិរ្ថិយ។ ភិក្ខុទាំងឡាយ​ក្រាបទូល​សេចក្តីនុ៎ះ​ចំពោះ​ព្រះដ៏មានបុញ្ញសិរី។ ព្រះអង្គទ្រង់បញ្ញត្តថា ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុកុំគប្បី​ឲ្យឧបសម្បទាដល់កុលបុត្រ​ដែលខ្ចីបាត្រគេ ភិក្ខុណាឲ្យ​ឧបសម្បទា ត្រូវអាបត្តិ​ទុក្កដ។ សម័យ​នោះឯង ភិក្ខុទាំងឡាយ​ឲ្យ​ឧបសម្បទា​ដល់​កុលបុត្រ​​ដែលខ្ចីចីវរគេ។ ម្ចាស់ចីវរទាំងឡាយ​នាំយកចីវរ​ត្រឡប់ទៅវិញ ក្នុងកាល​ដែល​កុលបុត្រ​នោះបានឧបសម្បទា​ហើយ។ ពួ​ភិក្ខុ​ទាំងនោះត្រាច់ទៅបិណ្ឌបាត​ទាំងអាក្រាត​កាយ។ មនុស្សទាំងឡាយ​ក៏ពោលទោស តិះដៀល បន្តុះបង្អាប់​ថា ប្រហែលគ្នា​នឹង​ពួកតិរ្ថិយ។ ភិក្ខុទាំងឡាយ​ក្រាបទូល​សេចក្តីនុ៎ះ​ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់​បញ្ញត្តថា ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុ​មិនគប្បី​ឲ្យឧបសម្បទា​ដល់កុលបុត្រ​ដែលខ្ចីចីវរគេ​ឡើយ ភិក្ខុណាឲ្យ​ឧបសម្បទា ត្រូវអាបត្តិ​ទុក្កដ។ សម័យ​នោះឯង ភិក្ខុ​ទាំងឡាយ​​ឲ្យឧបសម្បទាដល់​កុលបុត្រដែលខ្ចី​ទាំងបាត្រ និងចីវរគេ។ ពួកម្ចាស់គេក៏នាំយក​បាត្រ និងចីវរ​ត្រឡប់​ទៅវិញ​ក្នុងកាលដែល​កុលបុត្រ​នោះបាន​ឧបសម្បទាហើយ។ ពួកភិក្ខុ​ទាំង​នោះ​​ក៏អាក្រាតកាយ ត្រាច់ទៅបិណ្ឌបាតនឹងដៃទទេ។ មនុស្សទាំងឡាយ​ក៏ពោលទោស តិះដៀល បន្តុះបង្អាប់​ថា ប្រហែលគ្នានឹងពួកតិរ្ថិយ។ ភិក្ខុទាំងឡាយ​ក្រាបទូល​សេចក្តីនុ៎ះ​ចំពោះ​ព្រះដ៏មាន​ព្រះភាគ។ ព្រះអង្គទ្រង់បញ្ញត្តថា ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុ​កុំគប្បី​ឲ្យ​ឧបសម្បទាដល់កុលបុត្រ​ដែលខ្ចី​បាត្រនិងចីវរគេឡើយ ភិក្ខុណាឲ្យ​ឧបសម្បទា ត្រូវអាបត្តិ​ទុក្កដ។

ចប់ វារៈសំដែងអំពីបុគ្គល​ ២០ ចំពូក ដែលសង្ឃ​មិនគប្បី​ឲ្យឧបសម្បទា។

[១៣៥] ក៏សម័យនោះឯង ភិក្ខុទាំងឡាយ​បំបួសមនុស្សដាច់ដៃ។បេ។ បំបួស​មនុស្ស​ដាច់ជើង។ បំបួស​មនុស្ស​ដាច់ទាំងដៃទាំងជើង។ បំបួសមនុស្សដាច់ត្រចៀក។ បំបួស​មនុស្ស​កំបុតច្រមុះ។ បំបួសមនុស្សកំបុតទាំងត្រចៀក ទាំងច្រមុះ។ បំបួសមនុស្ស​កំបុត​ម្រាមដៃ។ បំបួសមនុស្សកំបុត​មេដៃ ឬមេជើង។ បំបួសមនុស្សដាច់សរសៃធំ។ បំបួស​មនុស្សមានម្រាមដៃជាប់គ្នា។ បំបួសមនុស្សគម។ បំបួសមនុស្សតឿ។ បំបួសមនុស្ស​ពកក។ បំបួសមនុស្សដែលគេបៀតបៀន​ឲ្យមានស្លាកស្នាម[មនុស្ស​ដែលគេបោះ​ត្រា​ដោយ​​ដែកក្តៅ។]។ បំបួសមនុស្សដែលគេវាយ​ដោយរំពាត់[មនុស្សដែលចំពាក់​បំណុល​គេជាដើម ហើយម្ចាស់​ទ្រព្យ​វាយទាល់តែបែកខ្នង។]។ បំបួសមនុស្សដែលរាជការ​កត់​ឈ្មោះទុក (រាជការព្យួរទោសទុក[មនុស្សទោសដែល​រាជការចេញ​ប្រកាស​ឲ្យរក​ចាប់ធ្វើ​ទោស])។ បំបួសមនុស្សមានជើងស្ទក់។ បំបួសមនុស្សមានរោគអាក្រក់​[មានរោគអាក្រក់​មើលមិនជា មានរោគ​ឫសដូងដុះ និងឫសដូងបាទជាដើម។]។ បំបួសមនុស្ស​មានរូប​ទ្រុស្តបរិសទ្យ[មានរូប​អាក្រក់ពេក ខ្ពស់ពេក ទាបពេកជាដើម។]។ បំបួសមនុស្ស​ដែល​ទើបនឹង​ខ្វាក់​[ក្នុងគម្ពីរ​មហាបច្ចរិជា ខ្វាក់ម្ខាង]។ បំបួសមនុស្សក្ងែងដៃ ឬក្ងែងជើង។ បំបួសមនុស្សខ្ចក។ បំបួសមនុស្សស្លាប់កាយម្ខាង។ បំបួសមនុស្សខ្វិន។ បំបួសមនុស្ស​មានកំឡាំងថយព្រោះជរា។ បំបួសមនុស្សខ្វាក់ពីកំណើត។ បំបួសមនុស្សគ។ បំបួស​មនុស្សថ្លង់។ បំបួសមនុស្សទាំងខ្វាក់ទាំងគ។ បំបួសមនុស្សទាំងខ្វាក់ ទាំងថ្លង់។ បំបួស​មនុស្សទាំងគ ទាំងថ្លង់។ បំបួសមនុស្សទាំងខ្វាក់ទាំងគទាំងថ្លង់។  ភិក្ខុទាំង​ឡាយ​ក្រាបទូល​​ដំណើរនុ៎ះ​ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ហាមថា ម្នាលភិក្ខុ​ទាំង​ឡាយ ភិក្ខុ​មិនត្រូវ បំបួសមនុស្សកំបុតដៃ ​មិនត្រូវបំបួសមនុស្សកំបុតជើង ​មិនត្រូវ​បំបួស​មនុស្សកំបុតទាំងដៃ ទាំងជើង ​មិនត្រូវបំបួសមនុស្សកំបុតត្រចៀក ​មិនត្រូវបំបួស​មនុស្ស​កំបុតច្រមុះ ​មិនត្រូវបំបួស​មនុស្សកំបុតទាំង​ត្រចៀក ទាំងច្រមុះ មិនត្រូវបំបួស​មនុស្ស​កំបុតម្រាមដៃ មិនត្រូវ​បំបួស​មនុស្ស​កំបុត​មេដៃ ឬមេជើង មិនត្រូវ​បំបួសមនុស្ស​ដាច់​សរសៃធំ មិនត្រូវបំបួសមនុស្សមានម្រាមដៃជាប់គ្នា មិនត្រូវបំបួសមនុស្សគម មិនត្រូវ​បំបួស​មនុស្សតឿ មិនត្រូវបំបួសមនុស្សពកក មិនត្រូវបំបួសមនុស្សដែលគេបៀតបៀន​ឲ្យមាន​ស្លាកស្នាម។ មិនត្រូវបំបួសមនុស្សដែលគេវាយ​ដោយរំពាត់ មិនត្រូវបំបួសមនុស្ស​ដែលរាជការ​កត់​ឈ្មោះ​ទុក (ព្យួរទោសទុក) មិនត្រូវបំបួសមនុស្សជើងស្ទក់ មិនត្រូវ​បំបួស​មនុស្សមានរោគអាក្រក់​ មិនត្រូវ​បំបួស​មនុស្សទ្រុស្តបរិសទ្យ​ មិនត្រូវបំបួសមនុស្សទើបនឹង​ខ្វាក់ មិនត្រូវបំបួសមនុស្សក្ងែងដៃ ឬក្ងែងជើង មិនត្រូវបំបួសមនុស្សខ្ចក មិនត្រូវ​បំបួស​មនុស្សស្លាប់កាយម្ខាង មិនត្រូវបំបួសមនុស្សខ្វិន មិនត្រូវ​បំបួស​មនុស្ស​​មានកម្លាំងថយ​ព្រោះជរា មិនត្រូវបំបួសមនុស្សខ្វាក់ពីកំណើត មិនត្រូវបំបួសមនុស្សគ មិនត្រូវ​បំបួស​មនុស្សថ្លង់ មិនត្រូវបំបួសមនុស្សទាំងខ្វាក់ទាំងគ មិនត្រូវបំបួសមនុស្សទាំងខ្វាក់ ទាំងថ្លង់ មិនត្រូវ​បំបួស​មនុស្សទាំងគ ទាំងថ្លង់ មិនត្រូវបំបួសមនុស្សទាំងខ្វាក់ទាំងគទាំងថ្លង់ ភិក្ខុ​ណាបំបួស ត្រូវអាបត្តិ​ទុក្កដ។

ចប់ វារៈនិយាយពីបុគ្គលសាមសិបពីរចំពូកដែលភិក្ខុមិនត្រូវបំបួស។

ចប់ ទាយជ្ជភាណវារៈ ទី៩។

[១៣៦] ក៏សម័យ​នោះឯង ពួកឆព្វគ្គិយភិក្ខុឲ្យ​និស្ស័យ​ដល់អលជ្ជីភិក្ខុទំាងឡាយ (ភិក្ខុដែល​ឥតខ្មាសបាប)។ ភិក្ខុទាំងឡាយ​ក្រាបទូល​ដំណើរនុ៎ះ​ចំពោះព្រះដ៏មានព្រះភាគ។ ទ្រង់​ត្រាស់ថា ម្នាល​ភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវឲ្យនិស្ស័យ​ដល់អលជ្ជីភិក្ខុទាំងឡាយទេ ភិក្ខុ​ណា​ឲ្យ ត្រូវអាបត្តិ​ទុក្កដ។ សម័យ​នោះ ភិក្ខុទាំងឡាយ​នៅអាស្រ័យ (កាន់យកនិស្ស័យ) នឹងអលជ្ជីភិក្ខុទាំងឡាយ។ មិនយូរប៉ុន្មាន ភិក្ខុទាំងឡាយ​នោះក៏ទៅជា​ភិក្ខុអលជ្ជី ជា​ភិក្ខុលាមកដែរ។ ភិក្ខុទាំងឡាយ​ក្រាបទូល​ដំណើរនុ៎ះ​ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គ​ត្រាស់ថា ម្នាល​ភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវនៅអាស្រ័យ​នឹងអលជ្ជីភិក្ខុ​ទាំងឡាយទេ ភិក្ខុ​ណានៅ ត្រូវអាបត្តិ​ទុក្កដ។ លំដាប់នោះឯង ភិក្ខុទាំងឡាយ​មានសេចក្តីត្រិះរិះ​យ៉ាងនេះថា ព្រះដ៏មានព្រះភាគបាន​បញ្ញត្ត​ហើយថា ភិក្ខុមិនត្រូវឲ្យនិស្ស័យ​ដល់​ពួកភិក្ខុអលជ្ជី​ មិនត្រូវ​នៅអាស្រ័យ​នឹងពួកភិក្ខុ​ជាអលជ្ជីដូច្នេះ យើងទាំងឡាយ​គប្បីស្គាល់​ភិក្ខុជាលជ្ជី ឬជា​អលជ្ជីដូចម្តេច​បាន។ ភិក្ខុទាំងឡាយ​ក្រាបទូល​ដំណើរនុ៎ះ​ចំពោះព្រះដ៏មានព្រះភាគ។ ទ្រង់​មានព្រះបន្ទូលថា ម្នាល​ភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត​ឲ្យបង្អង់​ចាំ ដោយគិតថា អញនឹងដឹង (ភិក្ខុនេះ) ជាសភាគភិក្ខុ (ភិក្ខុមានធម៌ល្អត្រូវគ្នា) អស់៤ថ្ងៃ ឬ៥ថ្ងៃសិនបាន។

[១៣៧] ក៏សម័យ​នោះឯង ភិក្ខុមួយរូប​ដើរផ្លូវឆ្ងាយ​ក្នុងជនបទ នាដែន​កោសល។ ភិក្ខុនោះ​មានសេចក្តីត្រិះរិះ​យ៉ាងនេះថា ព្រះដ៏មានព្រះភាគ​បញ្ញត្តហើយថា ភិក្ខុមិនត្រូវ​នៅដោយ​គ្មាន​និស្ស័យ​ទេ ឯអាត្មាអញសោត មានកិច្ច​ដោយនិស្ស័យ (ត្រូវកាន់យកនិស្ស័យ) ហើយ​ជាមនុស្ស​ដើរ​ផ្លូវឆ្ងាយ អញ​ត្រូវប្រតិបត្តិ​ដូចម្តេច។ ភិក្ខុទាំងឡាយ​ក្រាបទូល​ដំណើរនុ៎ះ​ចំពោះព្រះដ៏មានព្រះភាគ។ ទ្រង់អនុញ្ញាតថា ម្នាល​ភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត​ឲ្យភិក្ខុ​អ្នកដើរ​ផ្លូវឆ្ងាយ ដែលមិនទាន់​បាននិស្ស័យ ឲ្យនៅដោយ​គ្មាននិស្ស័យបាន។

[១៣៨] សម័យ​នោះឯង ភិក្ខុពីររូប​ដើរទៅកាន់ផ្លូវឆ្ងាយ​ក្នុងជនបទ នាដែន​កោសល។ ភិក្ខុទាំងឡាយនោះដើរចូលទៅកាន់អាវាស១។ បណ្តាភិក្ខុទាំងនោះ ភិក្ខុ១អង្គឈឺ។ ទើប​ភិក្ខុ​​ឈឺនោះ​មាន​សេចក្តីត្រិះរិះ​យ៉ាងនេះថា ព្រះដ៏មានព្រះភាគ​បញ្ញត្តហើយថា ភិក្ខុមិនត្រូវ​នៅដោយគ្មាន​និស្ស័យ​ទេ ក៏អាត្មាអញ មានកិច្ច​ដោយនិស្ស័យ ហើយមានជម្ងឺផង អញ​ត្រូវប្រតិបត្តិដូចម្តេចហ្ន៎។ ភិក្ខុទាំងឡាយ​ក្រាបទូល​ដំណើរនុ៎ះ​ចំពោះព្រះដ៏មាន​ព្រះភាគ។ ព្រះអង្គអនុញ្ញាតថា ម្នាល​ភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត​ឲ្យភិក្ខុឈឺ ដែលមិនទាន់​បាននិស្ស័យ ឲ្យនៅដោយ​គ្មាននិស្ស័យបាន។ ទើបភិក្ខុអ្នកបម្រើ​ជម្ងឺ របស់ភិក្ខុឈឺនោះ មានសេចក្តីត្រិះរិះថា ព្រះដ៏មានព្រះភាគ​បញ្ញត្ត​ហើយថា ភិក្ខុមិនត្រូវ​នៅដោយ​គ្មាន​និស្ស័យ​ទេ ឯអាត្មាអញ​មានកិច្ចដោយនិស្ស័យ ភិក្ខុនេះសោត ក៏នៅឈឺ អញត្រូវ​ប្រតិបត្តិដូចម្តេចហ្ន៎។ ភិក្ខុទាំងឡាយ ក្រាបទូលដំណើរនុ៎ះ​ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គ​អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត​ឲ្យភិក្ខុអ្នកបម្រើ​ជម្ងឺ ដែល​មិនទាន់បាននិស្ស័យ បើភិក្ខុឈឺសុំ (ឲ្យ​នៅកំដរ ត្រូវ​នៅដោយគ្មាន​និស្ស័យបាន។ សម័យ​នោះឯង ភិក្ខុ១រូប​នៅក្នុងព្រៃ។ ភិក្ខុនោះបានសេចក្តី​សប្បាយ​ក្នុងសេនាសនៈនោះ ទើប​ភិក្ខុ​នោះមានសេចក្តី​ត្រិះរិះយ៉ាងនេះថា ព្រះដ៏មានព្រះភាគ​បញ្ញត្ត​ហើយថា ភិក្ខុមិនត្រូវ​នៅដោយគ្មាន​និស្ស័យទេ ឯអាត្មា​អញ​សោត មានកិច្ចដោយនិស្ស័យ ឥឡូវ​នៅក្នុង​ព្រៃ ម្យ៉ាងទៀត អញក៏បានសេចក្តីសប្បាយ​ក្នុងសេនាសនៈនេះ អញ​ត្រូវប្រតិបត្តិ​ដូចម្តេចហ្ន៎។ ភិក្ខុទាំងឡាយ ក្រាបទូលដំណើរនុ៎ះ​ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់អនុញ្ញាតថា ម្នាលភិក្ខុ​ទាំងឡាយ តថាគត​អនុញ្ញាត​ឲ្យភិក្ខុដែលនៅក្នុងព្រៃ កាលបើកំណត់ដឹង​នូវធម៌​ជាគ្រឿង​នៅសប្បាយ បើមិនទាន់​បាននិស្ស័យ​ទេ ត្រូវនៅដោយគ្មាន​និស្ស័យបាន ដោយ​គិតថា ភិក្ខុអ្នក​ឲ្យនិស្ស័យ​ដ៏សមគួរ​នឹងមក​ក្នុងកាលណា អញនឹងនៅអាស្រ័យ (កាន់​យកនិស្ស័យ) នឹងភិក្ខុនោះក្នុងកាលនោះ។

[១៣៩] ក៏សម័យនោះឯង មានឧបសម្បទាបេក្ខៈ​[សម្រាប់ហៅសាមណេរដែលចូល​ទៅ​សូម​​ឧបសម្បទាជាភិក្ខុ។] របស់ព្រះមហាកស្សបដ៏មានអាយុ។ ទើបព្រះមហាកស្សប​ដ៏មាន​អាយុ​បញ្ជូន​ទូត​ទៅក្នុងសំណាក់​ព្រះអានន្ទ​ដ៏មានអាយុថា ចូរអានន្ទមកសូត្រ​អនុស្សាវនា ​[សូត្រ​ប្រកាសសេចក្តី​បញ្ជាក់​ឲ្យសង្ឃដឹងថា កុលបុត្រ​ដែលសូម​ឧបសម្បទា​នោះជាអ្នក​បរិសុទ្ធចាកអន្តរាយិកធម៌​ជាដើម។] ចំពោះ​ឧបសម្បទាបេក្ខៈនេះ។ ព្រះអានន្ទ​ដ៏មានអាយុបាននិយាយ​យ៉ាងនេះថា ខ្ញុំករុណា​មិនអាច​កាន់យក (ហៅ) ឈ្មោះ​ព្រះថេរៈ​ទេ (ព្រោះ) ព្រះថេរៈ​ជាគ្រូរបស់ខ្ញុំ​ព្រះករុណា។ ភិក្ខុទាំងឡាយ ក្រាបទូល​ដំណើរ​នុ៎ះ​ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គអនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត​ឲ្យភិក្ខុ​សូត្រ​អនុស្សាវនា ដោយគោត្តនាមក៏បាន។

[១៤០] ក៏សម័យនោះឯង មានឧបសម្បទាបេក្ខៈពីររូបរបស់ព្រះមហាកស្សប​ដ៏មាន​អាយុ។ អ្នកទាំងនោះប្រកែកគ្នាថា ខ្ញុំនឹង (បំពេញ) ឧបសម្បទាមុន ខ្ញុំនឹង (បំពេញ) ឧបសម្បទាមុន។ ​ភិក្ខុ​ទាំង​ឡាយ ក្រាបទូល​ដំណើរ​នុ៎ះ​ចំពោះ​ព្រះដ៏មានព្រះភាគ។ ទ្រង់​អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត​ឲ្យភិក្ខុ​សូត្រ​អនុស្សាវនាតែម្តង ចំពោះ​ឧបសម្បទាបេក្ខៈ ពីរនាក់បាន[១.២. (អដ្ឋកថា) គ្រូសូត្រ១រូប នឹងសូត្រកម្មវាចា​ឲ្យ​ឧបសម្បទា​ដល់​ឧបសម្បទា​បេក្ខបុគ្គលពីររូបក្តី បីរូបក្តី ដំណាលគ្នា​តែម្តង​បាន ឥតមាន​ទាស់ទេ ម្យ៉ាងទៀត បើគ្រូសូត្រពីររូបក្តី បីរូបក្តី នឹងសូត្រកម្មវាចា​ឲ្យឧបសម្បទា​ដល់​ឧបសម្បទា​​បេក្ខបុគ្គល​ពីររូបក្តី បីរូបក្តី ចំពោះ​កូនសិស្សមួយៗ ជាមួយគ្នាតែម្តងក៏បាន។]។ សម័យនោះឯង មានពួកឧបសម្បទាបេក្ខៈ​របស់ព្រះថេរៈ​ច្រើនអង្គ។ ពួកឧបសម្បទាបេក្ខៈ​ទាំងនោះ​ប្រកែកគ្នាថា ខ្ញុំនឹង(បំពេញ)​ឧបសម្បទាមុន ខ្ញុំនឹង(បំពេញ)​ឧបសម្បទាមុន។ ព្រះថេរៈ​ទាំងឡាយ​បាន​និយាយយ៉ាងនេះថា នែអាវុសោ ណ្ហើយ យើងនឹងសូត្រអ្នក​ទាំង​ឡាយ​ក្នុងអនុស្សាវនា​ជាមួយគ្នា។​ ភិក្ខុទាំងឡាយ​ក្រាបទូលដំណើរនោះ​ចំពោះ​ព្រះដ៏មាន​ព្រះភាគ។ ព្រះអង្គអនុញ្ញាតថា ម្នាលភិក្ខុ​ទាំងឡាយ តថាគត​អនុញ្ញាតឲ្យ​ភិក្ខុសូត្រ​អនុស្សាវនា​​ជាមួយគ្នាចំពោះ​ឧបសម្បទាបេក្ខៈ​ពីរ ឬបីរូប​បាន [២] តែការសូត្រ​អនុស្សាវនា​នោះ បានតែដោយឧបជ្ឈាយ៍ជាមួយគ្នា ឧបជ្ឈាយ៍​ផ្សេងគ្នា​មិនបាន​ឡើយ។

[១៤១] សម័យនោះឯង កុមារកស្សប​ដ៏មានអាយុ​មានឆ្នាំ​២០ ដោយរាប់យក​ឆ្នាំ​តាំងពីនៅ​ក្នុងគភ៌​ផង​បានឧបសម្បទា។ ទើបកុមារ​កស្សបដ៏មានអាយុ មានសេចក្តីត្រិះរិះថា ព្រះដ៏មានព្រះភាគ​បញ្ញត្ត​ហើយថា ភិក្ខុមិនត្រូវឲ្យ​ឧបសម្បទា​ដល់បុគ្គល​មានអាយុ​មិន​គ្រប់ ​២០ ឆ្នាំ ដូច្នេះ ក៏អាត្មាអញ​មានឆ្នាំ​២០ រាប់ទាំងឆ្នាំ​ដែលនៅ​ក្នុងគភ៌​ផងបាន​ឧបសម្បទា អាត្មាអញជាឧបសម្បន្ន (ជាភិក្ខុ) ឬមិនបាន​ជាឧបសម្បន្នទេ។ ភិក្ខុទាំងឡាយ ក្រាបទូល​ដំណើរ​នុ៎ះ​ចំពោះ​ព្រះដ៏មានព្រះភាគ។ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ចិត្ត​ជាបឋមណា កើតឡើងហើយ វិញ្ញាណជាបឋមណា កើតប្រាកដ​ហើយក្នុង​ផ្ទៃ​នៃមាតា កំណើតរបស់សត្វនោះ​ឯង ត្រូវរាប់​អំពីបឋម​ចិត្តនោះ ឬបឋមវិញ្ញាណនោះ ម្នាលភិក្ខុ​ទាំង​ឡាយ តថាគត​អនុញ្ញាត​ឲ្យភិក្ខុឲ្យឧបសម្បទា ដល់កុលបុត្រ​មានឆ្នាំ​២០រាប់​ទាំងឆ្នាំ​ដែល​នៅក្នុងផ្ទៃ។

[១៤២] ក៏សម័យនោះឯង ពួកភិក្ខុដែលបានឧបសម្បទា មានរោគឃ្លង់ខ្លះ រោគពកខ្លះ រោគស្រែងខ្លះ រោគរីងរៃខ្លះ រោគឆ្កួតជ្រូកខ្លះ ក៏កើតប្រាកដឡើង។ ភិក្ខុទាំងឡាយ ក្រាបទូល​ដំណើរ​នុ៎ះ​ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គអនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យ​ភិក្ខុ​កាល​ឲ្យ​ឧបសម្បទា សួរអន្តរាយិកធម៌១៣យ៉ាងសិន។ ម្នាលភិក្ខុ​ទាំងឡាយ ក៏ឧបសម្បទាបេក្ខៈ​នោះ ភិក្ខុត្រូវ​សួរ​យ៉ាងនេះថា អ្នកមានអាពាធ​ទាំងឡាយ​មានសភាពយ៉ាង​នេះឬទេ គឺរោគឃ្លង់ រោគពក រោគស្រែង រោគរីងរៃ រោគឆ្កួតជ្រូក អ្នកឯង​ជាមនុស្សឬ ជាប្រុសឬ ជាអ្នកជាឬ ជាអ្នកមិនចំពាក់បំណុល​គេឬ មិនមែន​ជារាជអាមាត្យ (អ្នកធ្វើរាជការ)ទេឬ អ្នកឯង មាតាបិតាបាន​អនុញ្ញាត​ហើយឬ អ្នកឯង​មានឆ្នាំ​ពេញ ២០ ហើយឬ អ្នកឯងមានបាត្រចីវរ​គ្រប់គ្រាន់​ហើយឬ អ្នកឯង​ឈ្មោះអ្វី ឧបជ្ឈាយ៍​អ្នកឯង​ឈ្មោះអ្វី។ សម័យនោះ ភិក្ខុទាំងឡាយសួរអន្តរាយិកធម៌ទាំងឡាយ នឹងពួក​ឧបសម្បទាបេក្ខៈ ដែលខ្លួន​មិនទាន់​បាន​ប្រៀនប្រដៅ។ ឧបសម្បទាបេក្ខៈទាំងឡាយ​ក៏រឹង​ខ្លួន អៀនអន់​មិនអាច​ឆ្លើយបាន។ ភិក្ខុទាំងឡាយ​ក្រាបទូលដំណើរនុ៎ះ​ចំពោះ​ព្រះដ៏មាន​ព្រះភាគ។ ព្រះអង្គទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត​ឲ្យភិក្ខុប្រៀន​ប្រដៅ (បង្ហាត់) ជាមុនហើយ សឹមសួរ​អន្តរាយិកធម៌ទាំងឡាយ​ជាខាងក្រោយ។ ភិក្ខុទាំង​ឡាយប្រៀនប្រដៅ​ក្នុងកណ្តាល​សង្ឃ​នោះឯង។ ឧបសម្បទា​បេក្ខៈទាំងឡាយ​ក៏នៅរឹង​ខ្លួន​អៀនអន់​យ៉ាង​នោះដដែល មិនអាច​នឹងឆ្លើយបាន។ ភិក្ខុទាំងឡាយ​ក្រាបទូលដំណើរនុ៎ះ​ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត​​ឲ្យភិក្ខុប្រៀន​ប្រដៅ​ក្នុងទីដ៏សមគួរហើយ សឹមសួរ​អន្តរាយិកធម៌​ទាំងឡាយ​ក្នុង​កណ្តាល​សង្ឃ។ ម្នាលភិក្ខុទាំងឡាយ ក៏ឯឧបសម្បទាបេក្ខៈនោះ ភិក្ខុត្រូវប្រៀនប្រដៅ​យ៉ាងនេះ។ ភិក្ខុត្រូវឲ្យឧបសម្បទាបេក្ខៈនោះ​កាន់យក​ឧបជ្ឈាយ៍​ជាមុន។ លុះភិក្ខុឲ្យ​ឧបសម្បទា​​បេក្ខៈ កាន់យកឧបជ្ឈាយ៍​ហើយ ត្រូវប្រាប់បាត្រ​និងចីវរ​ថា នេះបាត្ររបស់អ្នក នេះសង្ឃាដិ នេះឧត្តរាសង្គៈ នេះអន្តរវាសកៈ អ្នកចូរ​ទៅឈរ​នៅក្នុងឱកាស​ឯណោះ​ចុះ។ ភិក្ខុទាំងឡាយល្ងង់ មិនឆ្លាស ហើយប្រៀនប្រដៅ​ឧបសម្បទាបេក្ខៈ​ទាំងឡាយ ដែល​ភិក្ខុ​ទាំងឡាយ​ប្រៀនប្រដៅមិនល្អ នៅតែរឹងខ្លួនអៀនអន់ មិនអាច​នឹងឆ្លើយបាន។ ភិក្ខុទាំង​ឡាយ​ក្រាបទូលដំណើរនុ៎ះ​ចំពោះ​ព្រះដ៏មានព្រះភាគ។ ទ្រង់មានព្រះបន្ទូលថា ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុល្ងង់ មិនឆ្លាស មិនត្រូវ​ប្រៀនប្រដៅឧបសម្បទាបេក្ខៈទេ ភិក្ខុណាប្រៀន​ប្រដៅ ត្រូវអាបត្តិទុក្កដ។ ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាតឲ្យតែ​ភិក្ខុដែលឆ្លាស​ប្រតិពល ប្រៀនប្រដៅ​ឧបសម្បទាបេក្ខៈបាន។ ភិក្ខុទាំងឡាយដែល​សង្ឃ​មិនបាន​សន្មត ហើយ​ប្រៀនប្រដៅឧបសម្បទាបេក្ខៈ។ ភិក្ខុទាំងឡាយ ​ក្រាបទូលដំណើរនុ៎ះ ​ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែល​សង្ឃ​មិនបានសន្មត មិនត្រូវ​ប្រៀនប្រដៅ​ឧបសម្បទាបេក្ខៈឡើយ ភិក្ខុណាប្រៀនប្រដៅ ត្រូវ​អាបត្តិទុក្កដ។ ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត​ឲ្យតែ​ភិក្ខុដែល​មានការសន្មតិ​ប្រៀនប្រដៅ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ​ត្រូវសន្មតយ៉ាង​នេះ។ ត្រូវខ្លួនឯងសន្មតខ្លួនក៏បាន ភិក្ខុដទៃសន្មតភិក្ខុដទៃក៏បាន។ ក៏ឯខ្លួនឯងត្រូវសន្មតខ្លួនដូចម្តេច។ គឺភិក្ខុដែលឆ្លាស​ប្រតិពល ត្រូវឲ្យសង្ឃយល់ថា បពិត្រព្រះគម្តែងសង្ឃដ៏ចំរើន សូមសង្ឃ​ស្តាប់ខ្ញុំ បុគ្គល​មានឈ្មោះនេះ [១.២.សម្រាប់ឲ្យបញ្ចូល​ឈ្មោះមែនទែនត្រង់នោះ បើឈ្មោះនាគក្តី តិស្សក្តី ពុទ្ធរក្ខិតក្តី ក៏ឲ្យច្រកត្រង់កន្លែងនោះ។] ជាឧបសម្បទាបេក្ខៈ​របស់​លោក​ដ៏មានអាយុ​ឈ្មោះនេះ [២]។ បើកម្មមាន​កាលគួរ​ដល់សង្ឃហើយ ខ្ញុំ​គួរប្រៀន​ប្រដៅ​ឧបសម្បទាបេក្ខៈឈ្មោះនេះ។ ត្រូវខ្លួនឯងសន្មត​ខ្លួន​យ៉ាង​នេះ។ ភិក្ខុដទៃត្រូវសន្មត​ភិក្ខុ​ដទៃដូចម្តេច។ គឺភិក្ខុឆ្លាសប្រតិពល​ត្រូវឲ្យ​សង្ឃជ្រាបថា បពិត្រ​ព្រះគម្តែង​សង្ឃ​ដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ បុគ្គលឈ្មោះនេះ ជាឧបសម្បទាបេក្ខៈ របស់លោកដ៏មានអាយុ​ឈ្មោះ​នេះ បើកម្មមានកាលគួរ​ដល់សង្ឃហើយ គួរភិក្ខុមានឈ្មោះនេះ ប្រៀនប្រដៅ​ឧបសម្បទា​បេក្ខៈ​ឈ្មោះ​នេះ។ ភិក្ខុដទៃសន្មតភិក្ខុដទៃយ៉ាងនេះ។ ត្រូវភិក្ខុដែល​មានការសន្មតិ​នោះ​ចូលទៅរក​ឧបសម្បទាបេក្ខៈ​ហើយ និយាយ​យ៉ាងនេះថា នែអ្នកមានឈ្មោះនេះ អ្នចាំស្តាប់ កាលនេះជាកាល​ពិត កាលមែន​របស់​អ្នក​ហើយ ហេតុឯណាមានកាលបើ​ភិក្ខុសួរហេតុ​នោះ​ក្នុងកណ្តាលសង្ឃ (បើ) ហេតុមាន ត្រូវអ្នកនិយាយ​ថា​មាន ហេតុគ្មាន ត្រូវអ្នក​និយាយថាគ្មាន អ្នកកុំរឹងខ្លួនឡើយ កុំអៀនខ្មាសឡើយ ភិក្ខុទាំងឡាយ​នឹងសួរ​អ្នក​យ៉ាងនេះថា អាពាធទាំងឡាយ​មានសភាពយ៉ាងនេះ គឺឃ្លង់ពក ស្រែង រីងរៃ ឆ្កួតជ្រូក អ្នកឯង​មាន​ឬទេ អ្នកឯងជាមនុស្ស​ឬ ជាប្រុសឬ ជាអ្នកជាឬ ជាអ្នកមិនចំពាក់បំណុលគេឬ មិនមែន​ជារាជអាមាត្យ​ទេឬ អ្នកឯង​មាតាបិតា​បានអនុញ្ញាត​ហើយឬ អ្នកឯងមានឆ្នាំពេញ ២០ ហើយឬ អ្នកឯងមាន​បាត្រចីវរ​បរិបូណ៌​ហើយឬ អ្នកឯង​ឈ្មោះអ្វី ឧបជ្ឈាយ៍​របស់​អ្នកឯងឈ្មោះអ្វី។ មានពាក្យសួរថា ឧបសម្បទាបេក្ខៈ និងអាចារ្យមកជាមួយគ្នា [ពាក្យនេះ ប្រហែល​ជាទើបនឹង​ច្រកថែមមកទេដឹង]ឬអ្វី។ វិសជ្ជនាថា មិន​ត្រូវ​មក​ជាមួយគ្នាទេ។ ត្រូវអាចារ្យ​អ្នកប្រៀនប្រដៅ​មកមុនហើយ ឲ្យសង្ឃជ្រាបថា បពិត្រព្រះគម្តែង​សង្ឃ​ដ៏ចំរើន សូមសង្ឃ​ស្តាប់ខ្ញុំ បុគ្គល​មានឈ្មោះនេះ ជាឧបសម្បទាបេក្ខៈ របស់លោកដ៏មានអាយុ​ឈ្មោះ​នេះ។ ឧបសម្បទា​បេក្ខៈនោះ ខ្ញុំប្រៀន​ប្រដៅរួចហើយ។ បើកម្មមានកាលគួរដល់​សង្ឃហើយ ឧបសម្បទាបេក្ខៈ​ឈ្មោះនេះ​គួរមក។ ត្រូវអាចារ្យអ្នកប្រៀនប្រដៅ​ហៅ​ឧបសម្បទា​បេក្ខៈនោះថា អ្នកចូរ​មកដូច្នេះ។ ត្រូវអាចារ្យ​អ្នកប្រៀន​ប្រដៅ​ឲ្យ​ឧបសម្បទា​បេក្ខៈនោះ ធ្វើឧត្តរាសង្គឆៀងស្មាម្ខាងហើយ ឲ្យ​ថ្វាយ​បង្គំ​បាទាភិក្ខុ​ទាំងឡាយ​ហើយ ឲ្យ​អង្គុយច្រហោង​ផ្គងអញ្ជលី​ឡើង ហើយឲ្យសូម​ឧបសម្បទាថា បពិត្រព្រះគម្តែងសង្ឃ​ដ៏ចំរើន ខ្ញុំសូមឧបសម្បទានឹងសង្ឃ បពិត្រព្រះគម្តែងសង្ឃដ៏ចំរើន សូមសង្ឃ​អាស្រ័យ​សេចក្តីអនុគ្រោះហើយស្រោចស្រង់ខ្ញុំផង បពិត្រព្រះគម្តែងសង្ឃដ៏ចំរើន ខ្ញុំសូម​ឧបសម្បទា​​នឹងសង្ឃ​អស់វារៈ​ជាគំរប់​ពីរដងផង បពិត្រព្រះគម្តែងសង្ឃដ៏ចំរើន សូមសង្ឃ​អាស្រ័យ​សេចក្តី​អនុគ្រោះ​ហើយ ស្រោចស្រង់ខ្ញុំផង។ បពិត្រព្រះគម្តែងសង្ឃដ៏ចំរើន ខ្ញុំសូមឧបសម្បទា​នឹងសង្ឃ​អស់វារៈ​ជាគំរប់​បីដងផង បពិត្រព្រះគម្តែងសង្ឃដ៏ចំរើន សូម​សង្ឃ​អាស្រ័យ​សេចក្តី​អនុគ្រោះ​ហើយ ស្រោចស្រង់ខ្ញុំផង។ ភិក្ខុដែលឆ្លាស​ប្រតិពល​ត្រូវ​ឲ្យសង្ឃជ្រាបថា បពិត្រព្រះគម្តែងសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ  បុគ្គល​នេះ ឈ្មោះ​នេះជាឧបសម្បទាបេក្ខៈ​របស់លោក​ដ៏មានអាយុ​ឈ្មោះនេះ។ បើកម្ម​មានកាលគួរ​ដល់​សង្ឃ​​ហើយ ខ្ញុំគួរសួរ​អន្តរាយិកធម៌​ទាំងឡាយ នឹងឧបសម្បទា​បេក្ខៈឈ្មោះនេះ។ នែអ្នក​មាន​ឈ្មោះនេះ អ្នក​ចាំ​ស្តាប់ កាលនេះជាកាលពិត កាលមែនរបស់អ្នកហើយ ហេតុឯណា​កើតហើយ ខ្ញុំសូម​សួរ​ហេតុ​នោះ ហេតុមាន អ្នកត្រូវនិយាយថាមាន ហេតុមិនមាន អ្នកត្រូវ​និយាយថាមិនមាន អាពាធទាំងឡាយ​មាន​សភាព​យ៉ាងនេះ គឺឃ្លង់ ពក ស្រែង រីងរៃ ឆ្កួតជ្រូក អ្នកឯងមានឬទេ អ្នកឯង​ជាមនុស្សឬ ជាប្រុសឬ ជាអ្នកជាឬ មិនចំពាក់បំណុល​គេទេឬ មិនមែន​ជារាជអាមាត្យទេឬ អ្នកឯងមាតាបិតា​បានអនុញ្ញាត​ហើយ​ឬ អ្នកឯង​មានឆ្នាំ២០បរិបូណ៌ហើយឬ អ្នកឯងមានបាត្រចីវរបរិបូណ៌ហើយឬ អ្នកឈ្មោះអ្វី ឧបជ្ឈាយ៍​របស់អ្នកឈ្មោះអ្វី។ ភិក្ខុដែលឆ្លាសប្រតិពល​ត្រូវឲ្យសង្ឃ​ជ្រាបថា បពិត្រ​ព្រះគម្តែងសង្ឃ​ដ៏​ចំរើន សូមសង្ឃស្តាប់ខ្ញុំ បុគ្គលនេះ ឈ្មោះនេះ ជាឧបសម្បទាបេក្ខៈ របស់លោក​ដ៏មាន​អាយុឈ្មោះ​នេះ បរិសុទ្ធចាកអន្តរាយិកធម៌ទាំងឡាយហើយ។ ឧបសម្បទាបេក្ខៈនោះ មានបាត្រនិតចីវរបរិបូណ៌ហើយ។ ឥឡូវ​ឧបសម្បទាបេក្ខៈឈ្មោះ​នេះ សូមឧបសម្បទា​នឹងសង្ឃ ដោយមានព្រះថេរៈឈ្មោះនេះជា​ឧបជ្ឈាយ៍។ បើកម្មមានកាលគួរដល់​សង្ឃ​ហើយ សូមសង្ឃឲ្យឧបសម្បទាដល់ឧបសម្បទាបេក្ខៈ​ឈ្មោះ​នេះ ដោយមានព្រះថេរៈ​ឈ្មោះនេះ ជាឧបជ្ឈាយ៍។ នេះជាញត្តិ។ បពិត្រ​ព្រះគម្តែងសង្ឃ​ដ៏​ចំរើន សូម​សង្ឃ​ស្តាប់ខ្ញុំ បុគ្គលនេះ ឈ្មោះនេះ ជាឧបសម្បទាបេក្ខៈ របស់លោកដ៏មានអាយុឈ្មោះ​នេះ បរិសុទ្ធ​ចាក​អន្តរាយិកធម៌ទាំងឡាយហើយ។ ឧបសម្បទាបេក្ខៈ​មានបាត្រចីវរបរិបូណ៌​ហើយ។ ឥឡូវ​ឧបសម្បទា​បេក្ខៈ ឈ្មោះនេះ សូមឧបសម្បទានឹងសង្ឃ ដោយមាន​ព្រះថេរៈឈ្មោះ​នេះ ជាឧបជ្ឈាយ៍។ ឥឡូវសង្ឃ​ឲ្យ​ឧបសម្បទាដល់ឧបសម្បទាបេក្ខៈ ឈ្មោះនេះ ដោយ​មានព្រះថេរៈ​ឈ្មោះនេះ ជាឧបជ្ឈាយ៍។ ឧបសម្បទា​របស់ឧបសម្បទាបេក្ខៈឈ្មោះនេះ ដោយមានព្រះថេរៈ​ឈ្មោះនេះជា​ឧបជ្ឈាយ៍ គាប់ចិត្ត​ដល់លោកដ៏មានអាយុអង្គណា លោក​ដ៏មានអាយុអង្គនោះ ត្រូវស្ងៀម មិនគាប់ចិត្ត​ដល់លោក​ដ៏មាន​អាយុអង្គណា លោក​ដ៏មានអាយុ​អង្គនោះត្រូវនិយាយ​ឡើង។ ខ្ញុំសូត្រ​សេចក្តីនេះ​អស់​វារៈ​ជាគំរប់​ពីរដងផង។ បពិត្រ​ព្រះគម្តែងសង្ឃ​ដ៏​ចំរើន សូមសង្ឃស្តាប់ខ្ញុំ បុគ្គលនេះ ឈ្មោះនេះ ជាឧបសម្បទា​បេក្ខៈ របស់លោកដ៏មានអាយុឈ្មោះ​នេះ បរិសុទ្ធចាកអន្តរាយិកធម៌ទាំងឡាយហើយ។ ឧបសម្បទាបេក្ខៈ​នោះ មានបាត្រនិងចីវរបរិបូណ៌​ហើយ។ ឥឡូវ​ឧបសម្បទា​បេក្ខៈ​ឈ្មោះ​នេះ សូមឧបសម្បទានឹងសង្ឃ ដោយ​មាន​ព្រះថេរៈឈ្មោះនេះ ជាឧបជ្ឈាយ៍។ ឥឡូវ​សង្ឃឲ្យ​ឧបសម្បទា​ដល់ឧបសម្បទាបេក្ខៈ ឈ្មោះនេះ ដោយ​មានព្រះថេរៈ​ឈ្មោះនេះ ជា​ឧបជ្ឈាយ៍។ ឧបសម្បទា​របស់​ឧបសម្បទាបេក្ខៈឈ្មោះនេះ ដោយ​មាន​ព្រះថេរៈ​ឈ្មោះនេះ ជា​ឧបជ្ឈាយ៍ គាប់ចិត្ត​ដល់លោក​ដ៏មាន​អាយុអង្គណា លោកដ៏មានអាយុអង្គនោះ ត្រូវ​ស្ងៀម មិនគាប់ចិត្ត​ដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុ​អង្គនោះត្រូវ​និយាយ​​ឡើង។ ខ្ញុំសូមសូត្រ​សេចក្តីនេះ​អស់​វារៈ​ជាគំរប់​បីដងផង។ បពិត្រ​ព្រះគម្តែងសង្ឃ​ដ៏​ចំរើន សូមសង្ឃស្តាប់ខ្ញុំ បុគ្គល​នេះ ឈ្មោះនេះ ជាឧបសម្បទាបេក្ខៈ របស់លោក​ដ៏មាន​អាយុ​ឈ្មោះ​នេះ បរិសុទ្ធចាក​អន្តរាយិកធម៌​ហើយ។ ឧបសម្បទាបេក្ខៈនោះ​មានបាត្រ និងចីវរបរិបូណ៌​ហើយ។ ឥឡូវ​ឧបសម្បទាបេក្ខៈ ឈ្មោះនេះ សូមឧបសម្បទានឹងសង្ឃ ដោយមានព្រះថេរៈឈ្មោះនេះ ជាឧបជ្ឈាយ៍។ ឥឡូវសង្ឃឲ្យ​ឧបសម្បទា​ដល់​ឧបសម្បទា​បេក្ខៈ ឈ្មោះនេះ ដោយមានព្រះថេរៈ​ឈ្មោះនេះ ជាឧបជ្ឈាយ៍។ ឧបសម្បទា​របស់​ឧបសម្បទាបេក្ខៈឈ្មោះនេះ ដោយមានព្រះថេរៈ​ឈ្មោះនេះ ជា​ឧបជ្ឈាយ៍ គាប់ចិត្ត​ដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះ ត្រូវស្ងៀម មិនគាប់​ចិត្ត​​ដល់លោក​ដ៏មាន​អាយុ​អង្គណា ត្រូវលោកដ៏មានអាយុ​អង្គនោះនិយាយ​ឡើង។ សង្ឃបាន​ឲ្យ​ឧបសម្បទា​ដល់​ឧបសម្បទា​បេក្ខៈ​ឈ្មោះនេះ ដោយមានព្រះថេរៈឈ្មោះនេះ ជា​ឧបជ្ឈាយ៍​​ហើយ។ ការ​ឲ្យឧបសម្បទា​នេះគាប់ចិត្ត​ដល់សង្ឃ ហេតុនោះ បានជា​សង្ឃ​ស្ងៀមនៅ។ ខ្ញុំសូម​ចាំទុកនូវរឿងនេះ ដោយអាការស្ងៀមយ៉ាងនេះ។

ចប់ ឧបសម្បទាកម្ម។

[១៤៣] ក្នុងខណៈ​ឧបសម្បទា​ហើយភ្លាមៗនោះឯង ភិក្ខុត្រូវរាប់ឆាយា​[ក្នុងខណៈដែល​សូត្រ​ញត្តិចតុត្ថកម្មវាចា ឧបសម្បទាហើយ ត្រូវឲ្យមនុស្សទៅឈរនៅទីវាល ហើយវាស់​ស្រមោលមនុស្ស​ដែលឈរ​នោះដោយបាតជើងឲ្យដឹងថា ស្រមោល​នោះចោលទៅប៉ុន្មាន​ជាន់ប៉ុន្មានទប់ ឯទប់នោះ គឺស្រមោល​ដែលនៅសល់​មិនពេញមួយជាន់ ហើយគេជាន់​ទទឹងផ្ទប់មក វិធីនេះ គេធ្លាប់ធ្វើមកពីដើម​តាមបែបក្នុងគម្ពីរ ឥឡូវ​នេះមាននាឡិកាហើយ តែបួសហើយវេលាណា គេក៏កត់ម៉ោង​មីនុតក្នុងពេល​នោះឲ្យដឹងថា បួសហើយម៉ោង​ប៉ុន្មានៗ មីនុត ព្រោះការវាស់ស្រមោល ក៏គឺឲ្យដឹងពេលវេលា​ដូចគ្នា​នឹងនាឡិកាដែរ ការកំណត់ពេល​តាមនាឡិកានាំឲ្យស្រួលដល់កិច្ចការសព្វវេលា គឺពេលយប់ ឬពេល​ថ្ងៃ​ស្រទំរកមើលស្រមោលមិនឃើញ។] (ស្រមោល) ត្រូវប្រាប់រដូវ [ឲ្យដឹងថាបួស​ក្នុងរដូវ​ណា។] ត្រូវប្រាប់​ចំណែក​ថ្ងៃ [ឲ្យដឹងថាពេលព្រឹក ឬរសៀល។] ត្រូវប្រាប់​សង្គីតិ [ត្រូវ​អាចារ្យ​ប្រាប់​ការរួបរួម​ដល់ភិក្ខុដែល​ទើបនឹង​បួសហើយ ឲ្យចាំទុកថា ខ្លួនបួសពីថ្ងៃណា ខែណារដូវណា ពេលម៉ោងប៉ុន្មាន។] ត្រូវប្រាប់​និស្ស័យ​៤ថា បព្វជ្ជាអាស្រ័យ​ភោជន​ជាពំនូត ដែលភិក្ខុត្រូវបាន​មកដោយកំឡាំងកំភួនជើង អ្នកត្រូវ​ធ្វើ​សេចក្តី​ប្រឹងប្រែង​ក្នុង​ភោជននោះអស់​មួយជីវិត។ អតិរេកលាភ (៧យ៉ាង) គឺភត្តដែលទាយកថ្វាយ​ចំពោះ​សង្ឃទាំងអស់១ ភត្តដែលទាយក​ឲ្យដល់​ភិក្ខុ២-៣រូប តាមសង្ឃសំដែងឲ្យ១ ភត្តដែល​ទាយក​និមន្ត​ទៅប្រគេន១ ភត្តដែល​ទាយក​ឲ្យដល់​ភិក្ខុដោយស្លាក គឺសរសេរឈ្មោះភិក្ខុ ឬទាយក​ហើយចាប់១ ភត្តដែលទាយក​ឲ្យតែមួយថ្ងៃក្នុងបក្ខៗ (ខាងខ្នើត ឬរនោច)១ ភត្តដែលទាយក​ឲ្យក្នុងថ្ងៃឧបោសថ១ ភត្តដែលទាយក​ឲ្យក្នុងថ្ងៃមួយកើត ឬមួយរោច១ (បព្វជិតត្រេកអរក្នុង​អតិរេកលាភនោះបាន)។ បព្វជ្ជា​អាស្រ័យ​នូវចីវរបង្សុកូល​[សម្ពត់​ដែល​គេចោលលើគំនរដី ឬសំរាមហើយរើសយកមកធ្វើជាចីវរ។] អ្នក​ត្រូវ​ធ្វើការឧស្សាហ៍​ក្នុង​សំពត់​បង្សុកូលនោះអស់មួយជីវិត។ អតិរេកលាភ (៦យ៉ាង) គឺសំពត់ធ្វើពី​សំបក​ឈើ១ សំពត់​ធ្វើពីកប្បាស១ សំពត់ធ្វើពីសូត្រ១ សំពត់​ធ្វើពីរោមសត្វ១ សំពត់​ធ្វើពីធ្មៃ១ សំពត់​ភង្គៈ គឺសំពត់​ធ្វើពីរ​បស់ទាំងប្រាំលាយគ្នា១ (បព្វជិតត្រេកអរក្នុងអតិរេកលាភនោះបាន)។ បព្វជ្ជាអាស្រ័យ​ម្លប់ឈើ​ជាសេនាសនៈ អ្នកត្រូវធ្វើការឧស្សាហ៍ក្នុងសេនាសនៈ​នោះអស់​មួយជីវិត។ អតិរេកលាភ (៥យ៉ាង) គឺវិហារ១ អឌ្ឍយោគ (រោងបាំងមួយចំហៀង)១ ប្រាសាទវែង១ ប្រាសាទដំបូល​ត្រងិល១ គុហា១ (បព្វជិត​ត្រេកអរក្នុង​អតិរេកលាភ​នោះ​បាន)។ បព្វជ្ជាអាស្រ័យ​ភេសជ្ជៈដែលត្រាំ​ដោយទឹកមូត្រ​ស្អុយ អ្នកត្រូវធ្វើការឧស្សាហ៍​ក្នុងភេសជ្ជៈ​នោះ​អស់មួយជីវិត។ អតិរេកលាភ (៥យ៉ាង) គឺទឹកដោះរាវ១ ទឹកដោះខាប់១ ប្រេង១ ទឹកឃ្ញុំ១ ស្ករអំពៅ១ (បព្វជិតត្រេកអរក្នុងអតិរេកលាភនោះបាន)។

ចប់ និស្ស័យ៤។

[១៤៤] ក៏សម័យនោះឯង ភិក្ខុទាំងឡាយ​ឲ្យឧបសម្បទាដល់ភិក្ខុមួយរូប ហើយចោលឲ្យ​នៅម្នាក់​ឯង ក៏ចៀសចេញទៅ។ ភិក្ខុនោះ​មកតែម្នាក់ឯង​តាមក្រោយ បានជួបនឹងស្រ្តី​ដែលធ្លាប់​ជាប្រពន្ធ​អំពីដើម​ក្នុងចន្លោះផ្លូវ។ ស្រ្តីនោះនិយាយយ៉ាងនេះថា ឥឡូវនេះ អ្នកឯង​​បួសហើយឬ។ ភិក្ខុនោះឆ្លើយថា អើ អញបួសហើយ។ ស្ត្រីនោះនិយាយថា មេថុនធម្ម ពួកអ្នកបួសបានដោយ​កម្រណាស់ (ណ្ហើយ) អ្នកចូរ​មកសេព​មេថុនធម្មចុះ។ ភិក្ខុនោះសេពមេថុនធម្ម​នឹងស្រ្តីនោះហើយ ទៅយឺតយូរក្រោយគេ។ ភិក្ខុទាំង​ឡាយ​បាន​និយាយយ៉ាងនេះថា នែអាវុសោ ហេតុអ្វី​បានជាអ្នកឯង​ធ្វើដំណើរ​ឲ្យយឺតយូរ​យ៉ាងនេះ។ ទើប​ភិក្ខុនោះប្រាប់ដំណើរ​នុ៎ះ​ដល់ភិក្ខុទាំងឡាយ។ ភិក្ខុទាំងឡាយ​ក្រាបទូល​ដំណើរ​នុ៎ះ​ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រោះហេតុនេះ ដំណើរនេះ ទើបព្រះដ៏មានព្រះភាគ​ ទ្រង់ធ្វើ​ធម្មីកថា ហើយ​ត្រាស់​ហៅ​ភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត​ឲ្យភិក្ខុ​ឲ្យ​ឧបសម្បទា​ហើយ ឲ្យភិក្ខុ​ជាគ្នីគ្នា​ប្រាប់កិច្ចដែល​ភិក្ខុមិនត្រូវធ្វើ៤យ៉ាងផងថា ភិក្ខុ​ឧបសម្បន្នហើយ មិនត្រូវសេព​មេថុនធម្ម ដោយ​ហោច​ទៅសូម្បី​នឹងសត្វតិរច្ឆានញី។ ភិក្ខុណាសេពមេថុនធម្ម​ ភិក្ខុ​នោះ​មិនមែន​ជាសមណៈ មិនមែន​ជា​កូនចៅ​ព្រះពុទ្ធ​ជា​សក្យៈ។ ធម្មតា បុរសមានក្បាលដាច់ហើយ មិនគួរ​រស់​ឡើងបាន ដោយកិរិយា​តភ្ជាប់​សរីរៈ​នោះ មានឧបមាយ៉ាងណាមិញ ភិក្ខុសេពមេថុនធម្ម​ហើយ មិនមែន​ជាសមណៈ មិនមែន​ជា​កូន​ចៅ​ព្រះពុទ្ធសក្យៈ ក៏មានឧបមេយ្យ​យ៉ាងនោះដែរ។ អ្នកមិន​ត្រូវ​ធ្វើកិច្ចនោះ​អស់មួយជីវិត។ ភិក្ខុ​ឧបសម្បន្ន​ហើយ មិនត្រូវកាន់យករបស់ដែលគេ​មិនឲ្យ គឺកាន់​យក​ដោយ​ថេយ្យចិត្ត ដោយហោចទៅ ត្រឹមតែស្មៅមួយទង។ ភិក្ខុណាមួយ​កាន់យក​របស់មាន​តម្លៃ​១បាទក្តី គួរដល់១បាទក្តី លើសជាង១បាទក្តី ដែលគេមិនបានឲ្យ គឺកាន់យក​ដោយ​ថេយ្យចិត្ត ភិក្ខុ​នោះ​មិនមែន​ជាសមណៈ មិនមែន​ជាកូនចៅ​ព្រះពុទ្ធ​​ជាសក្យៈ។ ធម្មតា ស្លឹកឈើលឿង (ទុំ) ដែលជ្រុះ​ចុះចាកទង​ហើយ មិនគួរមានពណ៌​ខៀវ (ស្រស់​ខ្ចី) វិញបាន មានឧបមាយ៉ាងណាមិញ ភិក្ខុកាន់យក​របស់​មានតម្លៃ​១បាទក្តី គួរដល់១បាទក្តី លើស​ជាង​១​បាទក្តី ដែលគេមិនបានឲ្យ គឺកាន់យក​ដោយថេយ្យចិត្ត មិនមែន​ជាសមណៈ មិន​មែន​ជាកូន​ចៅ​ព្រះពុទ្ធ​ជាសក្យៈ ក៏មានឧបមេយ្យ​យ៉ាងនោះដែរ។ អ្នកមិន​ត្រូវ​ធ្វើកិច្ចនោះ​អស់​មួយជីវិត។ ភិក្ខុឧបសម្បន្ន​ហើយ មិនត្រូវក្លែងធ្វើសត្វ​ឲ្យធ្លាក់ចុះ​ចាកជីវិតឡើយ​ដោយ​​ហោចទៅ តាំងពីស្រមោច​ខ្មៅ និងស្រមោចក្រហម។ ភិក្ខុក្លែងធ្វើរាងកាយ​មនុស្ស​ឲ្យធ្លាក់ចុះ​ចាកជីវិត​ រាប់តាំង​ពី​រំលូតគភ៌​ដោយ​ហោច​ទៅ ភិក្ខុនោះ​មិនមែន​ជាសមណៈ មិនមែន​ជាកូនចៅ​ព្រះពុទ្ធ​ជាសក្យៈ។ ធម្មតា ថ្មក្រាស់ បែកជា​ពីរហើយ ជាធម្មជាតិជិតវិញ​មិនបាន មានឧបមាយ៉ាងណាមិញ ភិក្ខុក្លែង​ធ្វើនូវ​រាងកាយមនុស្ស​ឲ្យធ្លាក់​ចុះចាកជីវិត ក៏មិនមែន​ជាសមណៈ មិនមែនជាកូនចៅព្រះពុទ្ធជាសក្យៈ ក៏មានឧបមេយ្យ​យ៉ាងនោះ​ដែរ។ អ្នកមិន​ត្រូវ​ធ្វើកិច្ចនោះ​អស់​មួយជីវិត។ ភិក្ខុឧបសម្បន្នហើយ មិនត្រូវនិយាយអួត​ឧត្តរិមនុស្សធម្ម ដោយពាក្យថា អាត្មា​ត្រេកអរ​ចំពោះ​ក្នុងផ្ទះស្ងាត់​ដូច្នេះ ដោយហោចទៅ។ ភិក្ខុណាមានសេចក្តី​ប្រាថ្នា​លាមក ដែលសេចក្តីប្រាថ្នាគ្របសង្កត់ហើយ និយាយអួត​ឧត្តរិមនុស្សធម្ម គឺឈានក្តី វិមោក្ខក្តី សមាធិក្តី សមាបត្តិក្តី មគ្គក្តី ផលក្តី ដែលមិនពិត ភិក្ខុ​នោះ​​មិនមែន​ជាសមណៈ មិនមែន​ជាកូនចៅ​ព្រះពុទ្ធ​ជា​សក្យៈ។ ធម្មតា ដើមត្នោត​កំបុត​ចុងហើយ មិនគួរដុះ​ឡើងទៀត​បាន មានឧបមាយ៉ាងណាមិញ ភិក្ខុ​មាន​សេចក្តីប្រាថ្នា​លាមក ដែលសេចក្តីប្រាថ្នាគ្របសង្កត់​ហើយ និយាយអួតឧត្តរិមនុស្សធម្ម ដែលមិនមាន មិនពិត ក៏មិនមែន​ជាសមណៈ មិនមែន​ជាកូនចៅ​ព្រះពុទ្ធសក្យៈ ក៏មានឧបមេយ្យ​យ៉ាង​នោះដែរ។ អ្នកមិន​ត្រូវ​ធ្វើកិច្ចនោះ​អស់​មួយជីវិត។

ចប់ កិច្ចមិនគួរធ្វើ៤យ៉ាង។

[១៤៥] ក៏សម័យនោះឯង ភិក្ខុមួយរូបត្រូវសង្ឃលើកវត្ត ព្រោះមិនឃើញ​អាបត្តិ ហើយ​ក៏សឹក​ទៅ។ អ្នកនោះត្រឡប់មកសូមឧបសម្បទា​នឹងភិក្ខុទាំងឡាយទៀត។ ភិក្ខុទាំង​ឡាយ​ក្រាប​ទូល​ដំណើរ​នុ៎ះ​ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់មានបន្ទូលថា ម្នាល​ភិក្ខុ​ទាំងឡាយ បើមានភិក្ខុ​ក្នុងសាសនា​នេះ ត្រូវសង្ឃលើកវត្ត ព្រោះមិនឃើញអាបត្តិ​ហើយសឹកទៅ។ អ្នកនោះត្រឡប់មកសូមឧបសម្បទា​នឹងភិក្ខុ​ទាំងឡាយទៀត។ ត្រូវភិក្ខុ​ទាំងឡាយនិយាយនឹង​អ្នកនោះយ៉ាងនេះថា អ្នកនឹងឃើញ​អាបត្តិ​នោះទេ។ បើអ្នកនោះ​និយាយថា ខ្ញុំករុណានឹងឃើញអាបត្តិនោះ ត្រូវភិក្ខុទាំងឡាយបំបួសចុះ បើ​និយាយថា ខ្ញុំករុណានឹងមិនឃើញ​អាបត្តិ​នោះទេ មិនត្រូវបំបួសទេ។ លុះភិក្ខុទាំងឡាយបំបួសហើយ ត្រូវសួរអ្នកនោះថា លោកនឹងឃើញអាបត្តិនោះឬទេ។ បើសាមណេរនោះ​និយាយថា ខ្ញុំករុណា​នឹងឃើញ ត្រូវឲ្យឧបសម្បទាចុះ បើនិយាយថា ខ្ញុំករុណានឹងមិនឃើញទេ មិនត្រូវឲ្យឧបសម្បទាទេ។ លុះភិក្ខុទាំងឡាយ​ឲ្យឧបសម្បទាហើយ ត្រូវសួរភិក្ខុនោះថា លោកនឹងឃើញ​អាបត្តិ​នោះទេ។ បើភិក្ខុ​នោះនិយាយថា ខ្ញុំករុណានឹងឃើញ ភិក្ខុទាំង​ឡាយ​​ត្រូវសូត្រ​ឱសារណកម្មចុះ[គឺសង្ឃត្រូវ​សូត្រ​រម្ងាប់​កម្មនោះ លើកលែង​ធ្វើទោស​តទៅ (មាន​សេចក្តីពិស្តារ​ក្នុង​កម្មក្ខន្ធកៈ)។] បើនិយាយថា ខ្ញុំករុណា​នឹង​មិនឃើញទេ មិនត្រូវ​សូត្រឱសារណកម្មឡើយ។ លុះភិក្ខុទាំងឡាយសូត្រឱសារណកម្ម​ហើយ ត្រូវសួរ​ភិក្ខុនោះថា ឥឡូវ​លោកឃើញ​អាបត្តិ​នោះឬទេ។ បើភិក្ខុនោះឃើញ ការឃើញ​នេះជា​ការល្អ បើមិន​ឃើញទេ កាលបើ​ភិក្ខុទាំងឡាយ​បានសេចក្តីព្រមព្រៀងគ្នា ត្រូវលើកវត្តភិក្ខុ​នោះទៀត កាលបើមិន​បាន​សេចក្តីព្រមព្រៀងគ្នាទេ មិនមានអាបត្តិ​ព្រោះបរិភោគ​រួម នៅរួម (ដោយ​ភិក្ខុនោះឡើយ)។ ម្នាលភិក្ខុទាំងឡាយ បើមានភិក្ខុក្នុងសាសនានេះ ត្រូវ​សង្ឃលើកវត្ត ព្រោះ​មិនធ្វើតបអាបត្តិ​[ត្រូវអាបត្តិ​ហើយ សម្ងំ មិនចូលបរិវាស ឬមិន​សំដែង។] ហើយសឹកទៅ។ អ្នកនោះត្រឡប់មកសូមឧបសម្បទា​នឹងភិក្ខុ​ទាំងឡាយទៀត។ ត្រូវភិក្ខុទាំងឡាយ និយាយនឹង​អ្នកនោះយ៉ាងនេះថា អ្នកនឹងធ្វើតប​អាបត្តិ​នោះឬទេ។ បើអ្នកនោះនិយាយថា ខ្ញុំករុណានឹងធ្វើតបវិញ ត្រូវភិក្ខុទាំងឡាយបំបួសចុះ បើ​និយាយថា ខ្ញុំករុណានឹងមិនធ្វើតបទេ មិនត្រូវបំបួសទេ។ លុះភិក្ខុទាំងឡាយបំបួសហើយ ត្រូវសួរ​សាមណេរ​នោះថា អ្នកនឹងធ្វើតបអាបត្តិនោះឬទេ។ បើសាមណេរនោះ​និយាយថា ខ្ញុំករុណា​​​នឹងធ្វើតប ត្រូវភិក្ខុទាំងឡាយ ឲ្យ​ឧបសម្បទាចុះ បើនិយាយថា ខ្ញុំករុណា​នឹងមិនធ្វើតបទេ មិនត្រូវឲ្យឧបសម្បទាឡើយ។ លុះភិក្ខុ​ទាំង​ឡាយ​​ឲ្យឧបសម្បទាហើយ ត្រូវសួរភិក្ខុនោះថា លោកនឹងធ្វើតប​អាបត្តិ​នោះឬទេ។ បើភិក្ខុ​នោះ​និយាយ​ថា ខ្ញុំករុណា​នឹងធ្វើតបអាបត្តិនោះ ​ត្រូវសូត្រ​ឱសារណកម្មចុះ បើនិយាយថា ខ្ញុំករុណា​នឹង​មិនធ្វើតបទេ មិនត្រូវ​ឲ្យឱសារណកម្មទេ។ លុះភិក្ខុទាំងឡាយសូត្រឱសារណកម្ម​ហើយ ត្រូវនិយាយ​នឹង​​ភិក្ខុនោះថា ចូរ​លោកធ្វើតប​អាបត្តិ​នោះចុះ។ បើភិក្ខុនោះធ្វើតប ការធ្វើតប​នេះជា​ការល្អ បើមិនធ្វើតបទេ កាលបើ​ភិក្ខុទាំងឡាយ​បានសេចក្តីព្រមព្រៀងគ្នា ត្រូវលើក​វត្តភិក្ខុនោះទៀត កាលបើមិន​បាន​សេចក្តី​ព្រមព្រៀង​គ្នា​ទេ មិនត្រូវអាបត្តិ​ព្រោះបរិភោគ​រួម ព្រោះនៅរួមទេ។ ម្នាលភិក្ខុទាំងឡាយ បើមានភិក្ខុក្នុងសាសនានេះ ត្រូវភិក្ខុទាំងឡាយ​លើកវត្ត ព្រោះ​មិនលះបង់ទិដ្ឋិអាក្រក់ ហើយសឹកទៅ។ អ្នកនោះត្រឡប់​មកសូម​ឧបសម្បទា​​​នឹងភិក្ខុ​ទាំងឡាយទៀត។ ត្រូវភិក្ខុទាំងឡាយនិយាយនឹង​អ្នកនោះយ៉ាងនេះថា អ្នកនឹងលះ​បង់​ទិដ្ឋិអាក្រក់​​នោះទេ។ បើអ្នកនោះនិយាយថា ខ្ញុំករុណានឹងលះបង់ ត្រូវភិក្ខុ​ទាំងឡាយបំបួសចុះ បើ​និយាយថា ខ្ញុំនឹងមិនលះបង់ទេ មិនត្រូវបំបួសទេ។ លុះភិក្ខុទាំង​ឡាយ​បំបួសហើយ ត្រូវ​សួរ​សាមណេរ​នោះថា អ្នកនឹងលះបង់ទិដ្ឋិអាក្រក់នោះទេ។ បើសាមណេរនោះ​និយាយថា ខ្ញុំករុណា​នឹងលះបង់ ត្រូវភិក្ខុទាំងឡាយ ឲ្យ​ឧបសម្បទាចុះ បើនិយាយថា ខ្ញុំករុណាមិនលះបង់ទេ មិនត្រូវ​ឲ្យ​ឧបសម្បទាទេ។ លុះភិក្ខុ​ទាំង​ឡាយ​​ឲ្យឧបសម្បទាហើយ ត្រូវសួរថា លោកនឹងលះបង់ទិដ្ឋិអាក្រក់​នោះ​ទេ។ បើភិក្ខុ​នោះ​និយាយ​ថា ខ្ញុំករុណានឹងលះបង់ ​ត្រូវភិក្ខុទាំងឡាយសូត្រ​ឱសារណកម្មចុះ បើ​និយាយ​ថា ខ្ញុំករុណា​នឹង​មិនលះបង់ទេ មិនត្រូវ​សូត្រឱសារណកម្មទេ។ លុះភិក្ខុទាំងឡាយសូត្រ​ឱសារណកម្ម​ហើយ ត្រូវនិយាយនឹង​ភិក្ខុនោះថា ចូរ​លោកលះបង់ទិដ្ឋិអាក្រក់​នោះទៅ។ បើភិក្ខុនោះលះបង់ ការ​លះបង់​នេះជាការល្អ បើមិនលះបង់ទេ កាលបើ​ភិក្ខុទាំងឡាយ​បានសេចក្តីព្រមព្រៀងគ្នា ត្រូវ​លើក​វត្ត​ភិក្ខុ​នោះទៀត បើមិន​បាន​សេចក្តី​ព្រមព្រៀង​គ្នា​ទេ មិនត្រូវអាបត្តិ​ព្រោះបរិភោគ​រួម ព្រោះនៅរួមទេ។

ចប់ មហាខន្ធកៈ ទី១។

[១៤៦] កាលបើព្រះវិន័យ​មានប្រយោជន៍ធំ នាំមកនូវ​សេចក្តី​សុខដល់​ភិក្ខុមានសីល​ជាទី​ស្រឡាញ់​ទាំងឡាយ ជាសភាវទ្រទ្រង់ទុកនូវ​សាសនាផង ជាទីគោចរ​របស់ព្រះជិនស្រី​ ជាសព្វញ្ញូផង មិនមែនជាវិស័យ​នៃបុគ្គលដទៃ ជាទីក្សេមក្សាន្ត​ដែលព្រះដ៏មានព្រះភាគ ទ្រង់​បញ្ញត្តហើយ ដោយប្រពៃ ដើម្បី​សង្កត់សង្កិននូវពួក​ភិក្ខុដែល​មានសេចក្តី​ប្រាថ្នា​លាមកផង ដើម្បី​ដម្កល់​ដម្កើង​នូវពួកភិក្ខុដែលមាន​សេចក្តី​ខ្មាសផង ដោយឥតសង្ស័យ អ្នកប្រាជ្ញ​ដែលមានប្រក្រតី​ធ្វើ​នូវ​ប្រយោជន៍​ដ៏សមគួរ តែង​ប្រតិបត្តិ​ដោយឧបាយ ក្នុង​ខន្ធកវិន័យផង ក្នុងបរិវារៈ​ផង ព្រមទាំង​មាតិកា។ បុគ្គលណាមិនស្គាល់គោ បុគ្គលនោះ​នឹងរក្សាហ្វូង​គោដូចម្តេចបាន យ៉ាងណាមិញ ភិក្ខុណា​មិនស្គាល់​សីល ភិក្ខុនោះ​នឹងរក្សា​សេចក្តីសង្រួម​ក្នុងសីល​ដូចម្តេចបាន យ៉ាងនោះដែរ។​ បើទុកជាព្រះសូត្រ និងព្រះអភិធម្ម​សាបសូន្យអស់​ទៅហើយ តែបើព្រះវិន័យ​មិនទាន់​វិនាស​នៅឡើយទេ ព្រះសាសនា​ឈ្មោះថា ឋិតឋេរតទៅទៀតបាន។ ព្រោះហេតុនៃការសង្គាយនានោះ ខ្ញុំនឹងពោល​នូវ​ឧទ្ទាន​តាមលំដាប់​ដោយសមគួរ​តាមប្រាជ្ញា ចូរលោកទាំងឡាយចាំស្តាប់ខ្ញុំជាអ្នកពោល។ វត្ថុផង និទានផង ន័យ​នៃ​អាបត្តិ​ទាំងឡាយផង បេយ្យាលៈផង វត្ថុជាដើមនោះ ខ្ញុំលំបាក​នឹងធ្វើ​ឲ្យអស់សព្វគ្រប់ ចូរលោកទាំងឡាយ ជ្រាប​ច្បាស់នូវវត្ថុជាដើមនោះ តាមន័យ (នៃឧទ្ទានគាថាដែលខ្ញុំ​ពោលដោយសង្ខេបតទៅនេះចុះ)។ រឿង​ព្រះសម្ពុទ្ធ​ទ្រង់គង់​ក្រោម​ពោធិព្រឹក្ស១ រឿងទ្រង់​គង់ក្រោមរាជាយតនព្រឹក្ស១ រឿង​ទ្រង់ត្រឡប់​មកកាន់អជបាល​និគ្រោធ​វិញ ហើយទ្រង់​ពុទ្ធបរិវិតក្ក១ រឿងសហម្បតិព្រហ្ម១ រឿងអាឡារតាបស១ រឿងឧទ្ទកតាបស១ រឿង​ព្រះសម្ពុទ្ធទ្រង់ត្រិះរិះ​ថា គួរសំដែង​ធម៌ដល់​បញ្ចវគ្គិយភិក្ខុ១ រឿង​ទ្រង់ជួប​នឹង​ឧបកាជីវក១ រឿងទ្រង់ស្តេចទៅកាន់ព្រៃ​ឥសិបតនមិគទាយវន១ រឿង​កោណ្ឌញ្ញភិក្ខុ១ រឿង​ភទ្ទិយភិក្ខុ១ រឿង​វប្បភិក្ខុ១ រឿង​មហានាមភិក្ខុ១ រឿង​អស្សជិភិក្ខុ១ រឿង​យសកុលបុត្រ១ រឿង​សំឡាញ់​៤នាក់១ រឿង​សំឡាញ់៥០នាក់១ រឿង​ព្រះបរមសាស្តា​នោះទ្រង់​បញ្ជូន​ពួកព្រះអរហន្ត​ទាំងពួង​ទៅកាន់ទិស ដើម្បី​ប្រកាស​សាសនា១ រឿងមារ១ រឿងកុមារទាំង៣០នាក់១ រឿង​ជដិលឈ្មោះឧរុវេលកស្សប១ រឿង​ជដិល​ឈ្មោះ​នទីកស្សប ១ រឿង​ជដិលឈ្មោះគយាកស្សប១ រឿងរោងភ្លើង១ រឿងមហារាជ១ រឿង​ព្រះឥន្ទ្រ១ រឿង​ព្រហ្ម១ រឿង​អ្នកដែនអង្គៈ មគធៈ​ទាំងអស់១ រឿង​សំពត់បង្សុកូល១ រឿងស្រះបោក្ខរណី១ រឿង​ថ្មបោកសំពត់បង្សុកូល១ រឿង​ដើមថ្ងាន់១ រឿងថ្មហាលសំពត់បង្សុកូល១ រឿង​ព្រះសម្ពុទ្ធ​ទ្រង់នាំ​យកផ្លែ​ព្រីង១ រឿងទ្រង់នាំយកផ្លែស្វាយ១ រឿងទ្រង់នាំយក​ផ្លែកន្ទួតព្រៃ [បាលីថា អាមណ្ឌោ ធ្លាប់ប្រែថា ល្ហុង តែត្រង់​ពាក្យថា អាមណ្ឌោនេះ ឃើញក្នុង​ច្បាប់​ឱរុបថា អាមលកោ ដែលប្រែថាកន្ទួតព្រៃ ហេតុនេះ គួរ​ប្រែថា កន្ទួតព្រៃវិញ ព្រោះរឿង​ខាងដើម​ថា ព្រះសម្ពុទ្ធ​ទ្រង់នាំយកផ្លែកន្ទួតព្រៃ។]១ រឿង​ទ្រង់​នាំយក​ផ្លែ​សម៉១ រឿងទ្រង់​នាំយកផ្កាបារិច្ឆត្តកព្រឹក្ស១ រឿង​ទ្រង់ធ្វើបាដិហារិយ៍​ត្រាស់ថា ម្នាលកស្សប ឧសចូរបែក១ រឿងទ្រង់ត្រាស់ថា ភ្លើងចូរឆេះ១ រឿងទ្រង់ត្រាស់ថា ភ្លើងចូររលត់១ រឿង​ពួកជដិល​មុជទឹក១ រឿងព្រះដ៏មានព្រះភាគនិម្មិតជើងក្រាន១ រឿងភ្លៀង១ រឿងព្រះសម្ពុទ្ធ​គង់ក្នុង​គយាសីសប្រទេស១ រឿងទ្រង់គង់ក្នុងលដ្ឋិវនឧទ្យាន (សួនព្រៃត្នោត)១ រឿង​ព្រះបាទ​មាគធរាជ១ រឿង​ឧបតិស្សមាណព១ រឿងកោលិតមាណព១ រឿងអ្នកដែនមគធៈ​ដឹងច្បាស់​​ថាពួក​កុលបុត្រប្រព្រឹត្ត​ព្រហ្មចារ្យ១ រឿងពួកភិក្ខុស្លៀកដណ្តប់មិនល្អ១ រឿងទ្រង់​អនុញ្ញាតឲ្យ​ឧបជ្ឈាយ៍​បណ្តេញ​សទ្ធិវិហារិកដែលប្រព្រឹត្ត​មិនល្អ១ រឿងព្រាហ្មណ៍ស្គាំងស្គម​សៅហ្មង១ រឿង​ភិក្ខុប្រព្រឹត្ត​អនាចារ១ រឿងព្រាហ្មណ៍បួសដើម្បីចិញ្ចឹមពោះ១ រឿង​មាណព​ទើបតែនឹង​មកសូមផ្នួស​ភិក្ខុប្រាប់​និស្ស័យមុន១ រឿងទ្រង់ហាមមិនឲ្យៗឧបសម្បទា​ដោយ​គណសង្ឃតិចជាង១០រូប១ រឿងទ្រង់​ហាមភិក្ខុ​ដែលមានវស្សាតិចជាង១០ មិនឲ្យៗ​ឧបសម្បទា​គេ១ រឿងទ្រង់ហាមភិក្ខុដែលល្ងង់ៗ មិនឲ្យៗ​ឧបសម្បទា​គេ១ រឿង​ឧបជ្ឈាយ៍​ចៀសចេញទៅកាន់ទិស១ រឿងភិក្ខុមានវស្សា១០​ឲ្យនិស្ស័យ១ រឿងពួកអន្តេវាសិក​ប្រព្រឹត្ត​មិនល្អក្នុងអាចារ្យត្រូវបណ្តេញ១ រឿងទ្រង់ហាមពួក​ភិក្ខុល្ងង់ៗ មិនឲ្យៗនិស្ស័យគេ១ រឿង​រម្ងាប់​ចាកនិស្ស័យ១ រឿងភិក្ខុប្រកបដោយអង្គ៥ គួរនិងមិនគួរ​ឲ្យឧបសម្បទាគេជាដើម១ រឿងភិក្ខុប្រកប​ដោយអង្គ៦ គួរនិងមិនគួរ​ឲ្យឧបសម្បទាគេជាដើម១ រឿង​ព្រះសម្ពុទ្ធទ្រង់​ត្រាស់ថា បុគ្គល​ណាពីដើម​ធ្លាប់ជាតិរ្ថិយ ដល់មកបួស​ជាភិក្ខុ មិនស្តាប់ពាក្យ​ឧបជ្ឈាយ៍ ហើយត្រឡប់​ទៅជាតិរ្ថិយដូចដើម បើមក​វិញ​មិនត្រូវឲ្យឧបសម្បទាទេ១ រឿងទ្រង់​ត្រាស់ថា បើបុគ្គលឯទៀត​ធ្លាប់ជាតិរ្ថិយ ហើយប្រាថ្នា​បព្វជ្ជា​ឧបសម្បទា ត្រូវឲ្យនៅ​បរិវាស៤ខែ១ រឿង​ទ្រង់ត្រាស់ថា បើតិរ្ថិយ​មកបួស​ទាំងអាក្រាត ត្រូវឧបជ្ឈាយ៍​ស្វែង​រកដំឡៃចីវរឲ្យ១ រឿង​ទ្រង់ត្រាស់ថា បើតិរ្ថិយ​មិនទាន់​កោរសក់ ត្រូវសង្ឃ​អបលោក​ធ្វើភណ្ឌុកម្មឲ្យ១ រឿង​ទ្រង់ត្រាស់ថា បើជដិលជាកម្មវាទី កិរិយវាទី មិនបាច់​ឲ្យនៅ​បរិវាស១ រឿងទ្រង់ត្រាស់ថា បើជាតិសក្យៈ​ធ្លាប់ជាតិរ្ថិយ​មកបួស មិនបាច់​ឲ្យនៅបរិវាស១ រឿងទ្រង់​បញ្ញត្ត​មិនឲ្យបំបួស​មនុស្ស​មានអាពាធ៥​យ៉ាង​ក្នុងដែនមគធៈ១ រឿងទ្រង់បញ្ញត្តមិន​ឲ្យ​បំបួស​រាជអមាត្យ១ រឿង​ភិក្ខុបំបួស​អង្គុលិមាលចោរ ក្រោយមក​ទ្រង់បញ្ញត្ត​មិនឲ្យបំបួស​ចោរ១ រឿង​ព្រះបាទមាគធរាជទ្រង់​អនុញ្ញាត​ទោសដល់​ពួកអ្នកបួស​ក្នុង​ព្រះពុទ្ធសាសនា១ រឿងព្រះសម្ពុទ្ធ​ទ្រង់បញ្ញត្ត​មិនឲ្យបំបួស​ចោរទំលាយគុក១ រឿង​ទ្រង់បញ្ញត្ត​មិនឲ្យ​បំបួស​ចោរដែល​រាជការ​ព្យួរទោស​ទុក១ រឿង​ទ្រង់បញ្ញត្ត​មិនឲ្យបំបួស​មនុស្សដែល​មានស្នាម​រំពាត់១ រឿង​ទ្រង់បញ្ញត្ត​មិនឲ្យបំបួស​មនុស្សដែល​គេបៀតបៀន​ឲ្យមាន​ស្លាកស្នាម១ រឿង​ទ្រង់បញ្ញត្ត​មិនឲ្យ​បំបួស​មនុស្សដែល​ជំពាក់បំណុលគេ១ រឿង​ទ្រង់បញ្ញត្តមិនឲ្យ​បំបួស​មនុស្ស​ខ្ញុំគេ១ រឿង​ភិក្ខុបំបួស​ទារកកោរទុកជុក១ រឿង​ភិក្ខុបំបួស​ទារក​ឈ្មោះឧបាលិ១ រឿង​ត្រកូលវិនាសដោយ​អហិវាតករោគ១ រឿង​ត្រកូលជាឧបដ្ឋាករបស់ព្រះអានន្ទ​មាន​សទ្ធា១ រឿង​កណ្តកសាមណេរ១ រឿងមនុស្ស​ពោលទោស​ភិក្ខុថា ទិសចង្អៀត១ រឿង​ព្រះដ៏មានព្រះភាគគង់​នៅក្នុងនិគ្រោធារាម​ទៀបក្រុងកបិលវត្ថុ១ រឿង​ព្រះសារីបុត្ត​បំបួស​ទារក១ រឿង​ទ្រង់អនុញ្ញាត​សិក្ខាបទ១០ដល់​សាមណេរ១ រឿងសាមណេរនៅ​ដោយមិន​គោរព​កោតក្រែង​ភិក្ខុ១ រឿងភិក្ខុត្រិះរិះ​ថាគួរធ្វើ​ទណ្ឌកម្ម​ដូចម្តេច​ដល់សាមណេរ១ រឿង​ភិក្ខុធ្វើ​អាវរណកម្ម​ដល់​ពួកសាមណេរ​ទួទៅ​ទាំងអារាមរបស់​សង្ឃទាំងមូល១ រឿង​ភិក្ខុធ្វើ​អាវរណកម្ម​ដល់ពួកសាមណេរ​ចំពោះអាហារ​តាមមុខទ្វារ១ រឿង​ពួកឆព្វគ្គិយ​ភិក្ខុធ្វើ​អាវរណកម្ម ដល់ពួកសាមណេរ​មិនប្រាប់​ឧបជ្ឈាយ៍​១ រឿងពួកឆព្វគ្គិយភិក្ខុប្រលោម​យក​សាមណេរ​របស់ភិក្ខុជាថេរៈ១ រឿងកណ្ឌកសាមណេរ​ប្រទុស្ត​ភិក្ខុនី​ឈ្មោះ​កណ្តកី១ រឿង​ព្រះសម្ពុទ្ធ​ទ្រង់ហាមមិន​ឲ្យបំបួស​បណ្ឌក១ រឿង​ទ្រង់ហាមមិនឲ្យ​បំបួស​មនុស្ស​ដែល​លួច​សំវាស១ រឿង​ទ្រង់ហាម​មិនឲ្យបំបួស​ភិក្ខុដែល​រត់ទៅចូលពួក​តិរ្ថិយ១ រឿង​ទ្រង់ហាម​មិនឲ្យ​បំបួស​សត្វតិរច្ឆានដោយហេតុ​អហិនាគ​មកបួស​ក្នុងសំណាក់ភិក្ខុ១ រឿង​ទ្រង់ហាម​មិនឲ្យ​បំបួស​មនុស្ស​ដែលសម្លាប់ម្តាយ១ រឿង​ទ្រង់ហាមមិនឲ្យ​បំបួស​មនុស្សដែលសម្លាប់​ឪពុក១ រឿង​ទ្រង់ហាមមិនឲ្យបំបួសមនុស្សដែលសម្លាប់ព្រះអរហន្ត១ រឿង​ទ្រង់​ហាម​មិនឲ្យបំបួសមនុស្សដែលប្រទុស្ត​ភិក្ខុនី១ រឿង​ទ្រង់ហាមមិនឲ្យបំបួសបុគ្គលដែល​បំបែក​សង្ឃ១ រឿង​​ទ្រង់ហាមមិនឲ្យបំបួសបុគ្គលដែលធ្វើព្រះលោហិត​ឲ្យពូរពងឡើង១ រឿង​ទ្រង់ហាមមិនឲ្យ​បំបួស​មនុស្ស ដែលជាឧភតោព្យញ្ជនក១ រឿង​ទ្រង់ហាមមិនឲ្យៗ​ឧបសម្បទា​​ដល់​បុគ្គល​គ្មានឧបជ្ឈាយ៍១ រឿង​ទ្រង់ហាមមិនឲ្យយកសង្ឃជាឧបជ្ឈាយ៍១ រឿង​ទ្រង់ហាមមិនឲ្យយកគណៈ​ជាឧបជ្ឈាយ៍១ រឿង​ទ្រង់​ហាមមិនឲ្យយកបណ្ឌក​ជា​ឧបជ្ឈាយ៍១ រឿង​ទ្រង់ហាមមិនឲ្យៗឧបសម្បទា​ដល់​កុលបុត្រ​គ្មានបាត្រ១ រឿង​ទ្រង់​ហាម​មិនឲ្យៗឧបសម្បទា​ដល់កុលបុត្រ​គ្មានចីវរ១ រឿង​ទ្រង់ហាមមិនឲ្យៗ​ឧបសម្បទា​ដល់​កុលបុត្រ​​គ្មានបាត្រ ​គ្មានចីវរ​ទាំងពីរ​យ៉ាងនោះ១ រឿង​ទ្រង់ហាមមិនឲ្យៗឧបសម្បទា​ដល់​បុគ្គល​ដែល​ខ្ចី​បាត្រគេ១ រឿង​ទ្រង់ហាមមិនឲ្យៗឧបសម្បទា​ដល់​បុគ្គល​ដែលខ្ចីចីវរគេ១ រឿង​ទ្រង់ហាមមិន​ឲ្យៗ​ឧបសម្បទា​ដល់​បុគ្គល​ដែលខ្ចីទាំងបាត្រ ទាំងចីវរគេ១ រឿង​ទ្រង់​ហាម​មិនឲ្យបំបួសមនុស្សកំបុតដៃ១ រឿង​ទ្រង់ហាមមិនឲ្យបំបួសមនុស្សកំបុតជើង១ រឿង​ទ្រង់ហាមមិនឲ្យបំបួស​មនុស្សកំបុតទាំងដៃ​ទាំង​ជើង១ រឿង​ទ្រង់ហាមមិន​ឲ្យបំបួស​មនុស្ស​កំបុត​ត្រចៀក១ រឿង​ទ្រង់ហាមមិនឲ្យបំបួស​មនុស្សកំបុត​ច្រមុះ១ រឿង​ទ្រង់ហាមមិន​ឲ្យបំបួសមនុស្សកំបុត​ទាំង​ត្រចៀក ទាំងច្រមុះ១ រឿង​ទ្រង់ហាមមិនឲ្យ​បំបួស​មនុស្ស​កំបុតម្រាមដៃ១ រឿង​ទ្រង់ហាមមិនឲ្យបំបួសមនុស្សកំបុត​មេដៃឬមេជើង១ រឿង​ទ្រង់ហាម​មិនឲ្យបំបួសមនុស្សដាច់​សរសៃធំ​១ រឿង​ទ្រង់ហាមមិនឲ្យបំបួសមនុស្ស​មានម្រាមដៃ​ជាប់គ្នា១ រឿង​ទ្រង់ហាមមិនឲ្យបំបួសមនុស្សគម១ រឿង​ទ្រង់ហាមមិនឲ្យបំបួស​មនុស្ស​តឿ១ រឿង​ទ្រង់ហាមមិនឲ្យ​បំបួស​មនុស្សពកក១ រឿង​ទ្រង់ហាមមិនឲ្យបំបួស​មនុស្សដែល​គេបៀតបៀន​ឲ្យមានស្លាកស្នាម១ រឿង​ទ្រង់ហាមមិនឲ្យបំបួសមនុស្សដែលមានស្នាម​រំពាត់១ រឿង​ទ្រង់ហាមមិនឲ្យបំបួសមនុស្សដែលរាជការ​ព្យួរ​ទោសទុក១ រឿង​ទ្រង់ហាម​មិន​ឲ្យបំបួសមនុស្សជើងស្ទក់១ រឿង​ទ្រង់ហាមមិនឲ្យបំបួសមនុស្ស ដែល​មានរោគ​អាក្រក់១ រឿង​ទ្រង់ហាមមិនឲ្យបំបួសមនុស្សប្រទុស្ត​បរិសទ្យ១ រឿង​ទ្រង់ហាមមិន​ឲ្យបំបួស​​មនុស្ស​ទើបនឹងខ្វាក់​ ឬខ្វាក់​ម្ខាង១ រឿង​ទ្រង់ហាមមិនឲ្យបំបួសមនុស្សក្ងែងក្ងង់​ដៃជើង១ រឿង​ទ្រង់​ហាម​មិនឲ្យបំបួសមនុស្សខ្ចក១ រឿង​ទ្រង់ហាមមិន​ឲ្យបំបួសមនុស្ស​ដែល​ស្លាប់​មួយ​ចំហៀងខ្លួន១ រឿង​ទ្រង់​ហាមមិនឲ្យបំបួសមនុស្សខ្វិន១ រឿង​ទ្រង់ហាម​មិនឲ្យបំបួសមនុស្សចាស់​គ្រាំគ្រា​១ រឿង​ទ្រង់ហាម​មិន​ឲ្យ​បំបួសមនុស្សខ្វាក់​ពីកំណើត ឬខ្វាក់​ទាំងពីរខាង១ រឿង​ទ្រង់ហាមមិនឲ្យបំបួសមនុស្សគ១ រឿង​ទ្រង់​ហាមមិនឲ្យ​បំបួសមនុស្សថ្លង់១ រឿង​ទ្រង់ហាមមិនឲ្យបំបួសមនុស្សទាំងខ្វាក់ពីកំណើតទាំងគ១ មិន​ឲ្យ​បំបួសមនុស្សទាំងខ្វាក់​ពីកំណើត​ទាំងថ្លង់១ មិនឲ្យបំបួសមនុស្សទាំងគទាំងថ្លង់១ មិន​ឲ្យបំបួស​មនុស្ស​ទាំង​ខ្វាក់ពីកំណើត ទាំងគ ទាំងថ្លង់១ រឿងទ្រង់ហាមមិនឲ្យៗនិស្ស័យ​ដល់ពួក​ភិក្ខុអលជ្ជី១ រឿងទ្រង់​ហាម​មិនឲ្យនៅអាស្រ័យ​នឹងពួក​ភិក្ខុអលជ្ជី១ រឿងទ្រង់​អនុញ្ញាត​ឲ្យ​ភិក្ខុអ្នកដើរ​ផ្លូវឆ្ងាយ​មិនបាច់​មាន​និស្ស័យ​បាន១ រឿងទ្រង់អនុញ្ញាត​ឲ្យភិក្ខុ​បម្រើជម្ងឺ មិនទាន់បាននិស្ស័យ​នៅដោយ​ឥតនិស្ស័យ​បាន ព្រោះភិក្ខុឈឺអង្វរ១ រឿង​ព្រះមហាកស្សប​ប្រើបម្រើ​ឲ្យទៅនិមន្តព្រះអានន្ទ​ថា ចូរមកសូត្រឲ្យ​ឧបសម្បទា​បេក្ខៈ១ រឿង​ឧបសម្បទាពីររូប ប្រកែក​គ្នាអំពី​រឿងដណ្តើម​គ្នាឧបសម្បទាមុន១ រឿងទ្រង់អនុញ្ញាត​ឲ្យ​សូត្រ​អនុស្សាវនាជាមួយគ្នា​ដោយមាន​ឧបជ្ឈាយ៍​តែមួយរូប១ រឿងកុមារកស្សប​មាន​អាយុ២០ឆ្នាំ រាប់​តាំងពីឆ្នាំ​ដែលនៅ​ក្នុងគភ៌ផង បានឧបសម្បទា១ រឿង​ពួកឧបសម្បន្ន​ដែលអាពាធ​ទាំងឡាយ​បៀតបៀន​ប្រាកដឡើង១ រឿង​ពួក​ភិក្ខុសួរ​អន្តរាយិកធម៌នឹងពួក​ឧបសម្បទាបេក្ខៈ ដែលមិនទាន់​ប្រៀនប្រដៅ ឧបសម្បទាបេក្ខៈអៀនខ្មាស១ រឿង​ពួក​ភិក្ខុ​ប្រៀនប្រដៅ​ឧបសម្បទាបេក្ខៈ ក្នុងទីកណ្តាល​ជំនុំ​សង្ឃ​នោះ១ រឿង​ទ្រង់អនុញ្ញាត​ឲ្យ​ប្រៀន​ប្រដៅ​ក្នុងទីសមគួរហើយ សឹម​សួរ​អន្តរាយិកធម៌ក្នុងកណ្តាលសង្ឃ១ រឿង​ទ្រង់​ហាម មិនឲ្យភិក្ខុល្ងង់ៗ​ប្រៀន​ប្រដៅ​១ រឿងទ្រង់​ហាមមិនឲ្យ​ភិក្ខុដែលគ្មាន​ការសន្មតិ​ប្រៀន​ប្រដៅ​១ រឿងទ្រង់ហាមមិនឲ្យអាចារ្យនិងឧបសម្បទាបេក្ខៈ ចូលមកក្នុងជំនុំសង្ឃជា​មួយ​គ្នា១ រឿង​ឧបសម្បទា​បេក្ខៈ សូមឧបសម្បទា​នឹងសង្ឃដោយពាក្យថា សូមឲ្យសង្ឃ​ស្រោចស្រង់១ រឿង​ប្រាប់​និស្ស័យ​បួន១ រឿងភិក្ខុដែលបានឧបសម្បទាហើយ ដើរមក​តែម្នាក់ឯង ជួបនឹងស្រ្តី​ជាបុរាណទុតិយិកា​ត្រង់កណ្តាល​ផ្លូវ១ រឿងភិក្ខុដែលសង្ឃ​លើកវត្ត ព្រោះមិនឃើញអាបត្តិ១ រឿងភិក្ខុដែលសង្ឃ​លើកវត្ត ព្រោះមិនធ្វើ​តបនូវ​អាបត្តិ១ រឿងភិក្ខុ​ដែលសង្ឃ​លើកវត្ត ព្រោះមិនលះបង់​នូវទិដ្ឋិ​អាក្រក់១។

រួមរឿងក្នុងខន្ធកៈនេះ ១៧២ រឿងដោយបការដូច្នេះ។

ចប់ ឧទ្ទានក្នុងមហាខន្ធកៈ។

ឧបោសថក្ខន្ធកៈ

[១៤៧] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ គង់លើភ្នំគិជ្ឈកូដ ជិត​ក្រុងរាជគ្រឹះ។ ក៏​សម័យ​​នោះឯង ពួកបរិព្វាជក​មានលទ្ធិដទៃប្រជុំគ្នានិយាយ​ធម៌ក្នុងថ្ងៃទី១៤ ទី១៥ និងទី៨​នៃបក្ខ[គឺ​ក្នុង​កន្លះ​ខែម្តងៗ ហៅថាបក្ខមួយៗ។]។ មនុស្សទាំងឡាយតែងចូលទៅរក​បរិព្វាជកទាំងនោះ ដើម្បីស្តាប់ធម៌។ មនុស្សទាំងឡាយនោះ​កើតសេចក្តីស្រឡាញ់ កើត​សេចក្តី​ជ្រះថ្លា ក្នុងពួក​បរិព្វាជកមានលទ្ធិ​ដទៃ​ ពួកបរិព្វាជក​មានលទ្ធិ​ដទៃក៏​បានបក្ខពួក​ឡើង។ គ្រានោះឯង ព្រះបាទ​ពិម្ពិសារសេនិយៈ ជាឥស្សរៈ​ក្នុងដែន​មគធៈ ទ្រង់សម្ងំនៅក្នុង​ទីស្ងាត់ កើតព្រះទ័យត្រិះរិះឡើងយ៉ាងនេះថា ឥឡូវនេះឯង ពួក​បរិព្វាជក​មានលទ្ធិដទៃ​ប្រជុំគ្នា និយាយធម៌​ក្នុងថ្ងៃទី១៤ ទី១៥ និងទី៥នៃបក្ខ មនុស្សទាំងឡាយ​តែង​ចូលទៅ​រកបរិព្វាជក​ទាំងនោះ​ដើម្បីស្តាប់ធម៌ មនុស្សទាំងនោះ​ក៏កើតសេចក្តី​ស្រឡាញ់​ កើត​សេចក្តី​​ជ្រះថ្លា ក្នុងពួកបរិព្វាជកមានលទ្ធិដទៃ ពួកបរិព្វាជក​មានលទ្ធិដទៃ​ក៏បាន​បក្ខពួក​ឡើង បើដូច្នោះ​គួរតែ​លោកម្ចាស់​ទាំងឡាយ​ប្រជុំគ្នាក្នុងថ្ងៃ​ទី១៤ ទី១៥ និងទី៨នៃបក្ខដែរ។ ទើបព្រះបាទពិម្ពិសារ​សេនិយៈ ជាឥស្សរៈក្នុងដែនមគធៈ ទ្រង់ចូលទៅគាល់​ព្រះដ៏មាន​ព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំ​ព្រះដ៏មានព្រះភាគ ហើយគង់ក្នុងទីសមគួរ។ ព្រះបាទពិម្ពិសារ​សេនិយៈ ជាឥស្សរៈក្នុងដែនមគធៈ​គង់​ក្នុងទីសមគួរ​ហើយ បានទូល​ព្រះដ៏មានព្រះភាគ​ដោយពាក្យនេះថា បពិត្រព្រះអង្គដ៏ចំរើន ក្នុងថ្ងៃ​នេះ​ ខ្ញុំព្រះករុណាសម្ងំ​នៅក្នុងទីស្ងាត់​ កើតចិត្ត​ត្រិះរិះឡើងយ៉ាងនេះថា ក៏ឥឡូវនេះ ពួកបរិព្វាជក​មានលទ្ធិ​ដទៃ តែងប្រជុំគ្នានិយាយធម៌​ក្នុងថ្ងៃទី១៤ ទី១៥ និងទី៨នៃបក្ខ មនុស្សទាំងឡាយ តែងចូល​ទៅរក​បរិព្វាជក​ទាំងនោះ ដើម្បីស្តាប់ធម៌ ពួកមនុស្សទាំងនោះ ក៏កើតសេចក្តីស្រឡាញ់ កើតសេចក្តីជ្រះថ្លា ក្នុងពួកបរិព្វាជកមានលទ្ធិដទៃ ពួកបរិព្វាជក​មានលទ្ធិដទៃ ក៏បាន​បក្ខពួកឡើង បើដូច្នោះ គួរតែ​លោកម្ចាស់​ទាំងឡាយ​ប្រជុំគ្នាក្នុងថ្ងៃទី១៤ ទី១៥ និងទី ៨ នៃបក្ខដែរ សូមទ្រង់ព្រះមេត្តាប្រោស ខ្ញុំព្រះអង្គ​សូមទ្រង់​អនុញ្ញាត បពិត្រព្រះអង្គដ៏ចំរើន លោកម្ចាស់ទាំងឡាយ ត្រូវតែប្រជុំគ្នាក្នុងថ្ងៃទី១៤ ទី១៥ ទី​៨​នៃ​បក្ខ។ គ្រានោះឯង ព្រះដ៏មានព្រះភាគញុំាងព្រះបាទពិម្ពិសារ​សេនិយៈ ជាឥស្សរៈក្នុងដែនមគធៈ​ឲ្យយល់​ច្បាស់ ឲ្យប្រតិបត្តិល្អ ឲ្យអាចហ៊ាន ឲ្យរីករាយ​ដោយធម្មីកថា។ លំដាប់នោះ ព្រះបាទ​ពិម្ពិសារ​សេនិយៈ ជាឥស្សរៈក្នុងដែនមគធៈ ដែលព្រះដ៏មានព្រះភាគឲ្យយល់ច្បាស់ ឲ្យ​ប្រតិបត្តិល្អ ឲ្យអាច​ហ៊ាន ឲ្យរីករាយ​ដោយធម្មីកថាហើយ ក៏ក្រោកចាកអាសនៈ ថ្វាយបង្គំ​ព្រះដ៏មានព្រះភាគ ធ្វើប្រទក្សិណ (យាងវិលខាងស្តាំ) ហើយចៀសចេញទៅ។ ព្រោះ​និទាននេះ ដំណើរនេះ​ ទើបព្រះដ៏មានព្រះភាគ ទ្រង់ធ្វើធម្មីកថា ហើយត្រាស់​ហៅភិក្ខុ​ទាំងឡាយ​ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត​ឲ្យប្រជុំ​គ្នាក្នុង​ថ្ងៃទី១៤ ទី១៥ និង​ទី៨នៃបក្ខ។

[១៤៨] សម័យនោះឯង ភិក្ខុទាំងឡាយដឹងថាព្រះដ៏មានព្រះភាគ​អនុញ្ញាត​ឲ្យប្រជុំគ្នាក្នុង​ថ្ងៃ​ទី១៤ ទី១៥ និងទី៨នៃបក្ខហើយ។ ភិក្ខុទាំងនោះក៏ប្រជុំគ្នាក្នុងថ្ងៃ​ទី១៤ ទី១៥ និងទី៨នៃ​បក្ខ ហើយអង្គុយ​នៅ​តែស្ងៀម។ មនុស្សទាំងឡាយក៏ចូលទៅរក​ភិក្ខុទាំងនោះ​ដើម្បីស្តាប់​ធម៌។ មនុស្សទាំងឡាយនោះក៏​ពោលទោស តិះដៀល បន្តុះបង្អាប់ថា សមណៈ​ទាំងឡាយ ជាសក្យបុត្រ មិនសមបើនឹងមកប្រជុំគ្នា​ក្នុង​ថ្ងៃ​ទី១៤ ទី១៥ និងទី៨នៃបក្ខ ហើយអង្គុយ​នៅតែស្ងៀម ដូចជាជ្រូកធាត់ (ដូច្នេះ) សោះ គួរតែ​លោកទាំងឡាយ​ប្រជុំគ្នា ហើយនិយាយធម៌។ ភិក្ខុទាំងឡាយ បានឮពាក្យ​មនុស្សទាំងឡាយនោះពោល​ទោស តិះដៀល បន្តុះបង្អាប់ហើយ។ ទើបភិក្ខុទាំងឡាយ​នោះ ក្រាបទូល​ដំណើរនុ៎ះ​ចំពោះ​ព្រះដ៏មាន​ព្រះ​ភាគ។ ព្រោះនិទាននេះ ដំណើរនេះ ទើបព្រះដ៏មានព្រះភាគ ទ្រង់ធ្វើ​ធម្មីកថា ហើយត្រាស់ហៅ​ភិក្ខុ​ទាំងឡាយ​ថា ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត​ឲ្យភិក្ខុប្រជុំគ្នា និយាយធម៌ក្នុងថ្ងៃទី១៤ ទី១៥ និងទី​៨នៃបក្ខ។

[១៤៩] លំដាប់នោះ ព្រះដ៏មានព្រះភាគ ទ្រង់​សម្ងំក្នុងទីស្ងាត់​កើតព្រះទ័យ​ត្រិះរិះ​ឡើង​យ៉ាងនេះ​ថា បើដូច្នោះមានតែតថាគត​អនុញ្ញាត​សិក្ខាបទទាំងឡាយនោះដែល​តថាគត​បញ្ញត្ត​​ហើយ ដល់​ភិក្ខុ​ទាំងឡាយ ឲ្យជា​បាតិមោក្ខុទ្ទេស​ ដល់ពួក​ភិក្ខុទាំងនោះ បាតិមោក្ខុទ្ទេស​​នោះនឹងបានជា​ឧបោសថកម្ម​របស់ភិក្ខុទាំងឡាយនោះ។ ព្រោះនិទាននេះ ដំណើរនេះ ទើបព្រះដ៏មានព្រះភាគចេញចាក​ទីសម្ងំ​ក្នុង​ពេល​ថ្ងៃរសៀល ទ្រង់ធ្វើ​ធម្មីកថា​ហើយ ត្រាស់ហៅភិក្ខុទាំងឡាយ​ថា ម្នាលភិក្ខុទាំងឡាយ ក្នុងថ្ងៃនេះ​ តថាគតសម្ងំ​នៅក្នុងទីស្ងាត់ កើតចិត្ត​ត្រិះរិះ​ឡើងយ៉ាងនេះថា បើដូច្នោះ មានតែតថាគត​អនុញ្ញាត​សិក្ខាបទ​ទាំងឡាយនោះ ដែលតថាគត​បញ្ញត្ត​ដល់ភិក្ខុទាំងឡាយ ឲ្យជាបាតិមោក្ខុទ្ទេស​ដល់ភិក្ខុ​ទាំងឡាយ​នោះ បាតិមោក្ខុទ្ទេស​នោះនឹងជា​ឧបោសថកម្ម​របស់ភិក្ខុទាំងឡាយ​នោះ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត​ឲ្យភិក្ខុសំដែង​នូវបាតិមោក្ខ។ ម្នាលភិក្ខុ​ទាំងឡាយ ត្រូវភិក្ខុសំដែង​យ៉ាងនេះ។ គឺភិក្ខុ​ដែល​ឆ្លាស ប្រតិពល​ ត្រូវផ្តៀង​សង្ឃថា បពិត្រព្រះសង្ឃ​ដ៏ចំរើន សូមសង្ឃ​ស្តាប់ខ្ញុំ បើកម្មមាន​កាលគួរ​ដល់​សង្ឃហើយ សង្ឃគួរធ្វើ​ឧបោសថ គួរសំដែង​នូវបាតិមោក្ខ។ បុព្វកិច្ច​[កិច្ចដែលសង្ឃ​ត្រូវចាត់ចែង​ឲ្យស្រេច​មុនធ្វើ​ឧបោសថ។] របស់សង្ឃដូចម្តេច។ បពិត្រ​លោកដ៏មានអាយុ​ទាំងឡាយ ចូរលោកទាំង​ឡាយ​​ប្រាប់​សេចក្តី​បរិសុទ្ធិ។ ខ្ញុំនឹងសំដែង​នូវបាតិមោក្ខ។ យើងទាំងឡាយ​ដែលមាន​នៅ​ទាំងអស់គ្នា ចូរ​ប្រុង​ស្តាប់យកចិត្តទុកដាក់នូវ​បាលីនោះ។ លោកអង្គណាមានអាបត្តិ ត្រូវ​លោក​អង្គនោះ​ប្រាប់ កាលបើ​មិន​មានអាបត្តិទេ ត្រូវនៅឲ្យស្ងៀម។ ខ្ញុំនឹងសំគាល់​លោកដ៏មានអាយុ​ទាំងឡាយ​ថា ជាបុគ្គលបរិសុទ្ធ ដោយ​ភាវៈស្ងៀម។ ដូចជាបុគ្គលដែល​ត្រូវគេសួរបញ្ហាចំពោះ​រូបម្នាក់ៗតែង​ដោះស្រាយ យ៉ាងណាមិញ ពាក្យ​ដែល​ខ្ញុំ​ប្រកាស​ឲ្យដឹងអស់វារៈ​ជាគំរប់​បីដងយ៉ាងនេះ ក្នុងបរិសទ្យ​មានសភាពយ៉ាងនេះ ក៏​ដូច្នោះ​ដែរ។ ភិក្ខុណាមួយ កាលដែលខ្ញុំប្រកាស​ឲ្យដឹងអស់​វារៈ​ជាគំរប់បីដង ទើប​រលឹកឃើញ តែមិន​ប្រាប់​អាបត្តិ​​ដែលមាន ភិក្ខុនោះ ត្រូវសម្បជានមុសាវាទ។ បពិត្រលោក​ដ៏មាន​អាយុ​ទាំងឡាយ ក៏ឯ​សម្បជានមុសាវាទ ព្រះដ៏មានព្រះភាគ​ត្រាស់ថាជាធម៌​ធ្វើសេចក្តី​អន្តរាយ​មួយដែរ ហេតុនោះ ភិក្ខុដែលត្រូវអាបត្តិហើយ រលឹកឃើញ ប្រាថ្នាសេចក្តីបរិសុទ្ធ ត្រូវ​ប្រាប់អាបត្តិដែលមាន។ ព្រោះថា អាបត្តិដែល​ភិក្ខុប្រាប់ហើយ ជាការស្រួល។

[១៥០] ត្រង់ពាក្យថា បាតិមោក្ខ សេចក្តីថា ធម្មជាតនេះជាដើម ធម្មជាតនេះ​ជាប្រធាន ធម្មជាត​នៃជាមុនដម្បូងនៃកុសល​ធម៌ទាំងឡាយ ហេតុនោះតថាគត​ហៅថាបាតិមោក្ខ។ ពាក្យថា លោកដ៏មាន​អាយុ ឯពាក្យថា លោកដ៏មានអាយុនេះ ជាពាក្យនិយាយ​ដោយ​សេចក្តី​ស្រឡាញ់ នេះជាពាក្យ​និយាយ​ដោយសេចក្តី​គោរព នេះជាឈ្មោះ​នៃបុគ្គល​ប្រកបដោយសេចក្តី​គោរព​ និង​ជាទីកោតក្រែង។ ពាក្យថា ខ្ញុំ​នឹងសំដែង គឺខ្ញុំនឹងប្រាប់​ នឹងបង្ហាញ នឹងឲ្យដឹងច្បាស់ នឹងផ្គូរផ្គង (ផ្តើម) នឹងបើក នឹងចែក នឹងធ្វើ​ឲ្យរាក់ នឹងប្រកាស​ឬផ្តៀង។ ពាក្យថា បាលីនោះ តថាគត​សំដៅយកបាតិមោក្ខ។ ពាក្យថា យើងទាំងឡាយ ដែល​មាននៅទាំងអស់គ្នា គឺភិក្ខុជាថេរៈក្តី ភិក្ខុខ្ចីវស្សាក្តី ភិក្ខុជាកណ្តាលក្តី ទាំងអម្បាល​ម៉ាន​ក្នុងបរិសទ្យ​នោះ តថាគត​ហៅភិក្ខុទាំងឡាយ​នុ៎ះ​ថា យើងទាំងឡាយដែលមាននៅ​ទាំងអស់គ្នា។ ពាក្យថា ចូរប្រុង​ស្តាប់ គឺយើងចូរ​ធ្វើឲ្យជាប្រយោជន៍ ធ្វើទុកក្នុងចិត្ត ផ្ចិតផ្ចង់​នូវបាតិមោក្ខ​ទាំងអស់​ដោយចិត្ត។ ពាក្យថា យកចិត្តទុកដាក់ គឺយើងចូរមានចិត្ត​មាន​អារម្មណ៍​តែមួយ មានចិត្តមិនរវើរវាយ មានចិត្តមិនរាយមាយ ហើយពិចារណា (បាតិមោក្ខ​នោះ)។ ពាក្យថា លោកអង្គណាមានអាបត្តិ គឺភិក្ខុជាថេរៈ ឬភិក្ខុខ្ចី ឬភិក្ខុ​ជាកណ្តាល បណ្តា​អាបត្តិទាំង៥កង ត្រូវអាបត្តិណាមួយក្តី បណ្តាអាបត្តិ​ទាំង៧កង ត្រូវអាបត្តិ​ណាមួយ​ក្តី។ ពាក្យថា ត្រូវលោកអង្គនោះប្រាប់ គឺភិក្ខុនោះត្រូវ​សំដែង ភិក្ខុនោះត្រូវបើក ភិក្ខុនោះត្រូវ​ធ្វើឲ្យរាក់​ឡើង ភិក្ខុនោះត្រូវ​ប្រកាស​ក្នុងកណ្តាល​សង្ឃក្តី កណ្តាលគណៈក្តី ចំពោះបុគ្គល​មួយក្តី។ ដែលឈ្មោះថា មិនមានអាបត្តិ គឺភិក្ខុមិនបាន​ត្រូវអាបត្តិ​ណាក្តី ត្រូវអាបត្តិ​ណាហើយ ចេញចាកអាបត្តិក្តី។ ពាក្យថា ត្រូវ​នៅស្ងៀម គឺត្រូវ​អត់ មិនត្រូវនិយាយ។ ពាក្យថា ខ្ញុំនឹងសំគាល់​លោកដ៏មានអាយុ​ទាំងឡាយថា ជាបុគ្គល​បរិសុទ្ធ គឺខ្ញុំនឹងដឹង នឹងចាំទុក។ ពាក្យថា ដូចជាបុគ្គលដែលត្រូវគេសួរបញ្ហា​ចំពោះរូបម្នាក់ៗ តែងដោះ​ស្រាយ​យ៉ាងណាមិញ សេចក្តីថា បុគ្គលម្នាក់​ដែលបុគ្គលម្នាក់ទៀត​សួរហើយ ត្រូវតែដោះស្រាយ​ មានឧបមាយ៉ាងណា ភិក្ខុសួរខ្ញុំ​ចំពោះអាបត្តិ ដែលភិក្ខុគួរដឹង​ក្នុងបរិសទ្យនោះយ៉ាងនោះ ក៏មាន​ឧបមេយ្យ​យ៉ាងនោះដែរ។ ដែលហៅថា បរិសទ្យ​មានសភាពយ៉ាងនេះ គឺតថាគត​សំដៅយក​ភិក្ខុ​បរិសទ្យ។ ពាក្យថា ពាក្យដែលខ្ញុំ​ប្រកាសឲ្យដឹង​អស់វារៈ​ជាគំរប់បីដង គឺពាក្យ​ដែលខ្ញុំ​ប្រកាស​ឲ្យដឹង​អស់​វារៈ​ម្តងផង ពាក្យដែលខ្ញុំ​ប្រកាស​ឲ្យដឹង​អស់​វារៈ​ជា​គំរប់ពីរដងផង ពាក្យដែលខ្ញុំ​ប្រកាស​ឲ្យដឹង​អស់​វារៈ​ជាគំរប់បីដងផង។ ពាក្យថា រលឹក​ឃើញ គឺដឹងបាន ចាំបាន។ ដែលឈ្មោះថា អាបត្តិដែលមាន គឺ​ភិក្ខុ​ត្រូវអាបត្តិ​ណាក្តី ត្រូវ​ហើយមិនចេញចាកអាបត្តិក្តី។ ពាក្យថា មិនប្រាប់ គឺមិនសំដែង មិនបើក មិនធ្វើ​ឲ្យងាយ មិនប្រកាស​ក្នុងកណ្តាលសង្ឃក្តី កណ្តាលគណៈក្តី ចំពោះបុគ្គលមួយក្តី។ ពាក្យ​ថា ភិក្ខុ​នោះត្រូវ​សម្បជានមុសាវាទ គឺសម្បជានមុសាវាទ ជាអាបត្តិអ្វី។ សម្បជានមុសាវាទ ជាអាបត្តិទុក្កដ។ ពាក្យថា ព្រះដ៏មានព្រះភាគ​ត្រាស់ថា ជាធម៌ធ្វើសេចក្តីអន្តរាយ គឺធម៌​នោះធ្វើនូវ​សេចក្តីអន្តរាយដល់អ្វី។ ធម៌នោះ​ធ្វើ​នូវសេចក្តី​អន្តរាយ​ដល់ការបាន​បឋមជ្ឈាន ធ្វើ​នូវសេចក្តី​អន្តរាយ ​ដល់ការបានទុតិយជ្ឈាន ធ្វើ​នូវសេចក្តី​អន្តរាយ​ដល់ការបាន​តតិយជ្ឈាន ធ្វើ​នូវសេចក្តី​អន្តរាយ​ដល់ការបានចតុត្ថជ្ឈាន ធ្វើ​នូវសេចក្តី​អន្តរាយ​ដល់ការ​បាន​នូវកុសលធម៌ទាំងឡាយ គឺឈាន វិមោក្ខ សមាធិ សមាបត្តិ នេក្ខម្មៈ ការរលាស់​ចេញចាក​ភព សេចក្តីស្ងប់ស្ងាត់។ ពាក្យថា ហេតុនោះ គឺព្រោះ​ដំណើរនោះ។ ពាក្យថា រលឹកឃើញ គឺដឹងបាន ចាំបាន។ ពាក្យថា ប្រាថ្នាសេចក្តីបរិសុទ្ធ គឺប្រាថ្នា​ចេញចាកអាបត្តិ ប្រាថ្នាដើម្បីស្អាត។ ដែលឈ្មោះថា អាបត្តិដែលមាន គឺភិក្ខុត្រូវអាបត្តិណាក្តី ត្រូវហើយ​មិនចេញចាកអាបត្តិក្តី។ ពាក្យថា ត្រូវប្រាប់ គឺភិក្ខុ​ត្រូវប្រាប់​អាបត្តិ​ក្នុងកណ្តាល​សង្ឃក្តី កណ្តាលគណៈក្តី ចំពោះបុគ្គលម្នាក់ក្តី។ ពាក្យថា ព្រោះអាបត្តិ​ដែល​ភិក្ខុប្រាប់​ហើយ​ជាការ​ស្រួល គឺជាការស្រួល​ដើម្បីអ្វី។ ជាការស្រួលដើម្បីបាន​បឋមជ្ឈាន ជាការស្រួល​ដើម្បីបាន​ទុតិយជ្ឈាន ជាការស្រួលដើម្បីបានតតិយជ្ឈាន ជាការស្រួលដើម្បី​បាន​​ចតុត្ថជ្ឈាន ជាការស្រួលដើម្បីបានកុសលធម៌​ទាំងឡាយ គឺឈាន វិមោក្ខ សមាធិ សមាបត្តិ នេក្ខម្មៈ ការរលាស់ចេញចាកភព សេចក្តីស្ងប់ស្ងាត់។

[១៥១] ក៏សម័យនោះឯង ភិក្ខុទាំងឡាយដឹងថា ព្រះដ៏មានព្រះភាគ​ទ្រង់អនុញ្ញាត​ឲ្យ​សំដែង​​នូវ​បាតិមោក្ខ​ហើយ ក៏សំដែងនូវ​បាតិមោក្ខ​រាល់ថ្ងៃ។ ភិក្ខុទាំងឡាយខ្លះក្រាបទូល​ដំណើរនុ៎ះ​ចំពោះ​ព្រះដ៏​មាន​ព្រះភាគ។ ទ្រង់មានបន្ទូលថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិន​ត្រូវសំដែង​នូវបាតិមោក្ខ​រាល់ថ្ងៃ​ទេ ភិក្ខុ​ណា​សំដែង ត្រូវអាបត្តិទុក្កដ។ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត​ឲ្យភិក្ខុសំដែង​នូវបាតិមោក្ខ​តែ​ក្នុង​ថ្ងៃ​​ឧបោសថ។ ក៏សម័យ​នោះឯង ភិក្ខុ​ទាំងឡាយដឹងថា ព្រះដ៏មានព្រះភាគ ទ្រង់អនុញ្ញាត​ឲ្យសំដែង​នូវ​បាតិមោក្ខ​ក្នុងថ្ងៃ​ឧបោសថ ក៏សំដែង​នូវបាតិមោក្ខ​ក្នុង១បក្ខ​៣ដង គឺ ក្នុងថ្ងៃទី១៤ ទី១៥ និងទី៨​នៃបក្ខ។ ភិក្ខុទាំងឡាយក្រាបទូលដំណើរនុ៎ះ​ចំពោះព្រះដ៏មានព្រះភាគ។ ទ្រង់មានបន្ទូលថា ម្នាល​ភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវសំដែងនូវបាតិមោក្ខ​ក្នុង១បក្ខ ​៣ដងទេ ភិក្ខុណាសំដែង ត្រូវ​អាបត្តិ​ទុក្កដ។ ម្នាលភិក្ខុទាំង​ឡាយ តថាគតអនុញ្ញាត​ឲ្យភិក្ខុសំដែង​នូវបាតិមោក្ខ ១បក្ខម្តង (កន្លះខែម្តង) គឺក្នុងថ្ងៃ​១៤ក្តី ទី១៥ក្តី។

[១៥២] ​ក៏សម័យនោះឯង