ភាគទី៨
កឋិនក្ខន្ធកៈ ចីវរក្ខន្ធកៈ
ចម្បេយ្យក្ខន្ធកៈ និង កោសម្ពិក្ខន្ធកៈ
កឋិនក្ខន្ធកៈ
[១] សម័យនោះ ព្រះពុទ្ធមានព្រះភាគគង់ក្នុងជេតវនារាម របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ សម័យនោះឯង ពួកភិក្ខុនៅក្នុងដែនបាឋា [យោជនាថា នៅក្នុងដែនបាវាដូច្នេះក៏មាន។] ប្រមាណ៣០រូប សុទ្ធតែជាអ្នកប្រព្រឹត្តនៅក្នុងព្រៃ ជាអ្នកប្រព្រឹត្តបិណ្ឌបាត ជាអ្នកប្រព្រឹត្តប្រើសំពត់បង្សុកូល ជាអ្នកប្រព្រឹត្តប្រើតែចីវរ៣ គ្រប់រូបទាំងអស់ នាំគ្នាទៅកាន់ក្រុងសាវត្ថី ដើម្បីគាល់ព្រះមានព្រះភាគ កាលបើតិថី ដែលចូលវស្សាជិតណាស់មកហើយ ក៏មិនអាចនឹងទៅឲ្យទាន់ចូលវស្សា ក្នុងក្រុងសាវត្ថីបានឡើយ ហើយនាំគ្នាចូលទៅចាំវស្សាក្នុងក្រុងសាកេត នាពាក់កណ្តាលផ្លូវ។ ភិក្ខុទាំងនោះនៅចាំវស្សាទាំងមានសេចក្តីអផ្សុក ព្រោះគិតថា ព្រះមានព្រះភាគ ព្រះអង្គគង់នៅក្នុងទីជិតយើងទាំងឡាយ ចម្ងាយ៦យោជន៍អំពីទីនេះទៅ យើងទាំងឡាយ មិនសមបើមិនបានទៅគាល់ព្រះអង្គសោះ។ គ្រានោះ ពួកភិក្ខុទាំងនោះ នៅចាំវស្សាអស់ត្រៃមាស [បីខែ] រួចហើយក៏នាំគ្នាធ្វើបវារណា (រដូវនោះ) នៅមានទឹកភ្លៀងធ្លាក់ជោកជាំ មានទឹកភក់រអិលនៅឡើយ (ភិក្ខុទាំងនោះ) ក៏មានចីវរទាំងឡាយទទឹកជោក បានសេចក្តីលំបាកកាយ នាំគ្នាដើរសំដៅទៅកាន់ក្រុងសាវត្ថី ហើយចូលទៅវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ដែលព្រះដ៏មានព្រះភាគគង់នៅ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះដ៏មានព្រះភាគ រួចអង្គុយក្នុងទីសមគួរ។ ការស្រុសស្រួលទទួលជាមួយនឹងពួកភិក្ខុអាគន្តុកៈនេះ ជាទំនៀមរបស់ព្រះពុទ្ធដ៏មានព្រះភាគគ្រប់ព្រះអង្គ។ លំដាប់នោះ ព្រះដ៏មានព្រះភាគ ទ្រង់មានព្រះបន្ទូលនេះ នឹងភិក្ខុទាំងនោះថា ម្នាលភិក្ខុទាំងឡាយ អ្នករាល់គ្នាល្មមអត់ទ្រាំបានទេឬ អ្នករាល់គ្នា ល្មមប្រព្រឹត្តទៅ បានស្រួលទេឬ អ្នកទាំងឡាយ មានសេចក្តីសាមគ្គីស្មោះសរ មិនវិវាទទាស់ទែងគ្នា នៅចាំវស្សាស្រួលបួល មិនលំបាក ដោយអាហារបិណ្ឌបាតទេឬ។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលថា បពិត្រព្រះដ៏មានព្រះភាគ ខ្ញុំព្រះអង្គទាំងអស់គ្នា ល្មមអត់ទ្រាំបាន បពិត្រព្រះដ៏មានព្រះភាគ ខ្ញុំព្រះអង្គទាំងអស់គ្នាល្មមប្រព្រឹត្តទៅបាន បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គទាំងអស់គ្នា សាមគ្គីស្មោះសរ ឥតវិវាទទាស់ទែងគ្នាទេ នៅចាំវស្សាក៏ស្រួលបួល មិនលំបាក ដោយអាហារបិណ្ឌបាតទេ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គទាំងឡាយ នៅក្នុងដែនបាឋា ប្រមាណ៣០រូប មកកាន់ក្រុងសាវត្ថីនេះ ដើម្បីគាល់ព្រះអង្គ កាលបើតិថីចូលវស្សាជិតណាស់ហើយ ក៏មិនអាចនឹងមកទាន់ពេលចូលវស្សា ក្នុងក្រុងសាវត្ថីបានឡើយ ក៏នៅចាំវស្សា ក្នុងក្រុងសាកេត នាពាក់កណ្តាលផ្លូវ (នោះទៅ) បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គទាំងនោះ នៅចាំវស្សាទាំងមានសេចក្តីអផ្សុក ព្រោះគិតថា ព្រះដ៏មានព្រះភាគ ព្រះអង្គគង់នៅក្នុងទីជិតយើងទាំងឡាយ ចម្ងាយ៦យោជន៍ អំពីទីនេះទៅ យើងទាំងឡាយ មិនសមបើមិនបានទៅគាល់ព្រះអង្គសោះ បពិត្រព្រះអង្គដ៏ចំរើន លុះខ្ញុំព្រះអង្គទាំងអស់គ្នា នៅចាំវស្សាអស់ត្រៃមាសហើយ ក៏នាំគ្នាធ្វើបវារណា (ព្រោះរដូវនេះ) នៅមានទឹកភ្លៀងធ្លាក់ជោកជាំ មានទឹកភក់រអិលនៅឡើយ ទើបខ្ញុំព្រះអង្គទាំងអស់គ្នា មានចីវរទាំងឡាយទទឹកជោក បានសេចក្តីលំបាកកាយ មកតាមផ្លូវឆ្ងាយ។
[២] ព្រោះនិទាននេះ ដំណើរនេះ ទើបព្រះដ៏មានព្រះភាគ ទ្រង់ធ្វើធម្មីកថា ហើយត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ឲ្យពួកភិក្ខុ ដែលនៅចាំវស្សារួចហើយ ក្រាលកឋិនបាន។ ម្នាលភិក្ខុទាំងឡាយ កាលបើអ្នកទាំងឡាយ បានក្រាលកឋិនហើយ នឹងសម្រេចអានិសង្ស៥យ៉ាង គឺត្រាច់ទៅ (ណា) មិនបាច់លា (ភិក្ខុផងគ្នា)១ ត្រាច់ទៅ (ណា) មិនបាច់យកត្រៃចីវរ (គ្រប់ប្រដាប់)១ (ឆាន់) គណភោជនបាន១ (ទុកដាក់) អតិរេកចីវរបានតាមត្រូវការ១ ចីវរណា ដែលកើតឡើង ក្នុងអាវាសនោះ ចីវរនោះ នឹងមានដល់ភិក្ខុទាំងនោះ១។ ម្នាលភិក្ខុទាំងឡាយ អានិសង្សទាំង៥នេះ នឹងសម្រេចដល់អ្នកទាំងឡាយដែលបានក្រាលកឋិន។ ម្នាលភិក្ខុទាំងឡាយ ក៏ឯកឋិន (នោះ) ត្រូវអ្នកទាំងឡាយ ក្រាលយ៉ាងនេះ។ គឺត្រូវឲ្យភិក្ខុអ្នកឆ្លាស ប្រតិពល ប្តឹងសង្ឃឲ្យដឹងថា បពិត្រព្រះសង្ឃដ៏ចំរើន សូមព្រះសង្ឃស្តាប់ខ្ញុំ (ដ្បិត) សំពត់កឋិននេះ កើតឡើងដល់សង្ឃហើយ។ បើកម្មមានកាលគួរ ដល់សង្ឃហើយ គួរសង្ឃឲ្យសំពត់កឋិននេះ ដល់ភិក្ខុឈ្មោះនេះ ដើម្បីនឹងក្រាលកឋិន។ នេះជាញត្តិ។ បពិត្រព្រះសង្ឃដ៏ចំរើន សូមព្រះសង្ឃស្តាប់ខ្ញុំ (ដ្បិត) សំពត់កឋិននេះ កើតឡើងដល់សង្ឃហើយ។ (ឥឡូវ) សង្ឃឲ្យសំពត់កឋិននេះ ដល់ភិក្ខុឈ្មោះនេះ ដើម្បីនឹងក្រាលកឋិន។ ការឲ្យសំពត់កឋិននេះ ដល់ភិក្ខុឈ្មោះនេះ ដើម្បីនឹងក្រាលកឋិន (បើ) គួរ ដល់លោកដ៏មានអាយុអង្គណា ត្រូវលោកដ៏មានអាយុអង្គនោះស្ងៀម (បើ) មិនគួរ ដល់លោកដ៏មានអាយុអង្គណាទេ ត្រូវលោកដ៏មានអាយុអង្គនោះនិយាយឡើង។ សំពត់កឋិននេះ សង្ឃឲ្យដល់ភិក្ខុឈ្មោះនេះ ដើម្បីនឹងក្រាលកឋិនហើយ។ ការឲ្យសំពត់កឋិននេះ ដល់ភិក្ខុឈ្មោះនេះ ទំនងជាគួរដល់សង្ឃហើយ ព្រោះហេតុនោះ បានជាសង្ឃស្ងៀម។ ខ្ញុំសូមចាំទុកនូវការនេះ ដោយអាការស្ងៀមនៅយ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ ឯកឋិន ដែលភិក្ខុក្រាលឡើងបែបនេះ ក្រាលមិនឡើងបែបនេះ។
[៣] ម្នាលភិក្ខុទាំងឡាយ ចំណែកកឋិនដែលភិក្ខុក្រាលមិនឡើង តើដូចម្តេច។ (ឯកឋិនដែលភិក្ខុក្រាលមិនឡើងនោះគឺ) សំពត់ដែលគ្រាន់តែវាស់គូសក្រិតចំណាំ ហើយក្រាល មិនឡើងជាកឋិន។ សំពត់ដែលគ្រាន់តែបោកគក់លាង ហើយក្រាល មិនឡើងជាកឋិន។ សំពត់ដែលគ្រាន់តែចាត់ចែងលៃលកជាចីវរ (ជាខ័ណ្ឌមានបញ្ចខ័ណ្ឌជាដើម) ហើយក្រាល មិនឡើងជាកឋិន។ សំពត់ដែលគ្រាន់តែកាត់ ហើយក្រាល មិនឡើងជាកឋិន។ សំពត់ដែលគ្រាន់តែដានភ្ជាប់គ្នា ហើយក្រាល មិនឡើងជាកឋិន។ សំពត់ដែលគ្រាន់តែដេរ (មានដេរបណ្តោយជាដើម) ហើយក្រាល មិនឡើងជាកឋិន។ សំពត់ដែលគ្រាន់តែភ្ជាប់កណ្ឌុំ ហើយក្រាល មិនឡើងជាកឋិន។ សំពត់ដែលគ្រាន់តែថែមសំពត់ឲ្យមាំ ហើយក្រាល មិនឡើងជាកឋិន។ សំពត់ដែលគ្រាន់តែប្រក់អនុវាត ខាងខ្នង ហើយក្រាល មិនឡើងជាកឋិន។ សំពត់ដែលគ្រាន់តែប្រក់អនុវាតខាងពោះ ហើយក្រាល មិនឡើងជាកឋិន។ សំពត់ដែលគ្រាន់តែដេរគួបគ្នា ហើយក្រាល មិនឡើងជាកឋិន។ សំពត់ដែលគ្រាន់តែជ្រលក់ម្តង មានពណ៌ដូចភ្លុកដំរី ឬដូចស្លឹកឈើទុំ ហើយក្រាល មិនឡើងជាកឋិន។ សំពត់ដែលបានមក ព្រោះធ្វើនិមិត្ត ហើយក្រាល មិនឡើងជាកឋិន។ សំពត់ដែលបានមក ព្រោះនិយាយបញ្ចុះបញ្ចូលគេ ហើយក្រាល មិនឡើងជាកឋិន។ សំពត់ដែលខ្ចីគេមកក្រាល មិនឡើងជាកឋិន។ សំពត់ដែលមិនបានធ្វើឲ្យស្រេចក្នុងថ្ងៃនោះ ហើយក្រាល មិនឡើងជាកឋិន។ សំពត់ដែលធ្វើឲ្យកន្លងរាត្រី គឺឲ្យអរុណរះឡើងទាន់ ហើយក្រាល មិនឡើងជាកឋិន។ សំពត់ដែលមិនបានធ្វើពិន្ទុកប្ប ហើយក្រាល មិនឡើងជាកឋិន។ វៀរចាកសង្ឃាដី ហើយក្រាល មិនឡើងជាកឋិន។ វៀរចាកឧត្តរាសង្គ ហើយក្រាល មិនឡើងជាកឋិន។ វៀរចាកអន្តរវាសក ហើយក្រាល មិនឡើងជាកឋិន។ វៀរចាកចីវរមានមណ្ឌលគ្រប់គ្រាន់ ដែលកាត់ដាច់ជាបញ្ចខ័ណ្ឌក្តី លើសពីបញ្ចខ័ណ្ឌក្តី ក្នុងថ្ងៃនោះឯង ហើយក្រាល ក៏មិនឡើងជាកឋិន។ មិនឲ្យបុគ្គលក្រាល (ទៅឲ្យសង្ឃ ឬគណៈក្រាលវិញ) មិនឡើងជាកឋិន។ ការក្រាលមិនត្រឹមត្រូវ ក៏មិនឡើងជាកឋិន។ បើភិក្ខុនៅក្រៅសីមា ហើយអនុមោទនាកឋិននោះ ការក្រាលបែបនេះ មិនឡើងជាកឋិនឡើយ។ ម្នាលភិក្ខុទាំងឡាយ ការក្រាលកឋិនដូចន័យ ដែលតថាគតពោលមកនេះឯង មិនឡើងជាកឋិនទេ។
[៤] ម្នាលភិក្ខុទាំងឡាយ ចំណែកកឋិនដែលភិក្ខុក្រាលឡើង(នោះ) តើដូចម្តេច។ (ឯកឋិនដែលភិក្ខុក្រាលឡើងនោះគឺ) សំពត់ថ្មី ក្រាលឡើងជាកឋិន។ សំពត់ជំនំ ក្រាលឡើងជាកឋិន។ សំពត់ចាស់ ក្រាលឡើងជាកឋិន។ សំពត់បង្សុកូល ក្រាលឡើងជាកឋិន។ សំពត់ដែលធ្លាក់ទៀបរានផ្សារ ក្រាលឡើងជាកឋិន។ សំពត់ដែលបានមកដោយមិនបានធ្វើនិមិត្ត ក្រាលឡើងជាកឋិន។ សំពត់ដែលបានមក ដោយមិនបាននិយាយបញ្ចុះបញ្ចូល ក្រាលឡើងជាកឋិន។ សំពត់ដែលមិនខ្ចីគេ ក្រាលឡើងជាកឋិន។ សំពត់ដែលបានធ្វើឲ្យស្រេចក្នុងថ្ងៃនោះ ក្រាលឡើងជាកឋិន។ សំពត់ដែលមិនធ្វើឲ្យកន្លងរាត្រី គឺមិនឲ្យអរុណរះឡើងទាន់ ក្រាលឡើងជាកឋិន។ សំពត់ដែលបានធ្វើពិន្ទុកប្បហើយ ក្រាលឡើងជាកឋិន។ សង្ឃាដិ ក្រាលឡើងជាកឋិន។ ឧត្តរាសង្គ ក្រាលឡើងជាកឋិន។ អន្តរវាសក ក្រាលឡើងជាកឋិន។ សំពត់ដែលមានមណ្ឌលគ្រប់គ្រាន់ កាត់ដាច់ត្រឹមត្រូវជាបញ្ចខ័ណ្ឌក្តី លើសពីបញ្ចខ័ណ្ឌក្តី ក្នុងថ្ងៃនោះឯង ហើយក្រាល ឡើងជាកឋិន។ ឲ្យបុគ្គលក្រាល ទើបឡើងជាកឋិន។ ការក្រាលដោយត្រឹមត្រូវ ទើបបានឡើងជាកឋិន។ បើភិក្ខុនៅក្នុងសីមា ហើយអនុមោទនាកឋិននោះ ការក្រាលបែបនេះ ទើបឡើងជាកឋិន។ ម្នាលភិក្ខុទាំងឡាយ ការក្រាលកឋិនដូចន័យដែលតថាគតពោលមកនេះឯង ទើបឡើងជាកឋិនបាន។
[៥] ម្នាលភិក្ខុទាំងឡាយ ឯកឋិននឹងដោះ (នោះ) តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ មាតិកាទាំង៨ប្រការនេះ នាំឲ្យកឋិនដោះ គឺ មានការចៀសចេញទៅជាកំណត់១ មានការធ្វើចីវរសម្រេច ជាកំណត់១ មានសេចក្តីសន្និដ្ឋាន ជាកំណត់១ មានចីវរវិនាសទៅ ជាកំណត់១ មានការឮដំណឹង ជាកំណត់១ អស់សេចក្តីសង្ឃឹម១ មានការកន្លងខេត្តកឋិន ជាកំណត់១ សង្ឃព្រមព្រៀងគ្នាដោះកឋិន១។
[៦] ភិក្ខុបានក្រាលកឋិនរួចហើយ នាំយកចីវរដែលខ្លួនធ្វើស្រេចចៀសចេញទៅ ដោយគិតថា អាត្មាអញនឹងមិនត្រឡប់វិញទេ។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់ការដែលចៀសចេញទៅ ជាកំណត់។ ភិក្ខុបានក្រាលកឋិនរួចហើយ នាំយកចីវរចៀសចេញទៅ។ កាលភិក្ខុនោះ ទៅដល់ក្រៅសីមា ក៏មានសេចក្តីត្រិះរិះយ៉ាងនេះថា អាត្មាអញនឹងធ្វើចីវរនេះក្នុងទីនេះឯង អាត្មាអញ នឹងមិនត្រឡប់វិញទេ។ ភិក្ខុនោះ ក៏បានធ្វើចីវរនោះឲ្យស្រេច។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់ធ្វើចីវរឲ្យស្រេច ជាកំណត់។ ភិក្ខុបានក្រាលកឋិនរួចហើយ នាំយកចីវរចៀសចេញទៅ។ កាលភិក្ខុនោះ ទៅដល់ក្រៅសីមា ក៏មានសេចក្តីត្រិះរិះយ៉ាងនេះថា អាត្មាអញនឹងមិនធ្វើចីវរនេះ អាត្មាអញ នឹងមិនត្រឡប់វិញទេ។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់សេចក្តីសន្និដ្ឋាន ជាកំណត់។ ភិក្ខុបានក្រាលកឋិនរួចហើយ នាំយកចីវរចៀសចេញទៅ។ កាលភិក្ខុនោះ ទៅដល់ក្រៅសីមា ក៏មានសេចក្តីត្រិះរិះយ៉ាងនេះថា អាត្មាអញនឹងធ្វើចីវរនេះក្នុងទីនេះឯង អាត្មាអញ នឹងមិនត្រឡប់វិញទេ។ ភិក្ខុនោះ ក៏បានធ្វើចីវរនោះ។ កាលភិក្ខុនោះកំពុងធ្វើ ចីវរនោះក៏វិនាសទៅ។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់ចីវរវិនាស ជាកំណត់។ ភិក្ខុបានក្រាលកឋិនរួចហើយ នាំយកចីវរចៀសចេញទៅ ដោយគិតថា អាត្មាអញ នឹងត្រឡប់វិញ។ ភិក្ខុនោះ ទៅដល់ក្រៅសីមា ក៏បានធ្វើចីវរនោះ។ លុះភិក្ខុនោះធ្វើចីវរស្រេចហើយ ឮដំណឹងថា សង្ឃបានដកកឋិនក្នុងអាវាសនោះហើយ។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់បានឮដំណឹង ជាកំណត់។ ភិក្ខុបានក្រាលកឋិនរួចហើយ នាំយកចីវរចៀសចេញទៅ ដោយគិតថា អាត្មាអញនឹងត្រឡប់វិញ។ ភិក្ខុនោះ ទៅដល់ក្រៅសីមា ក៏បានធ្វើចីវរនោះ។ លុះភិក្ខុនោះធ្វើចីវរស្រេចហើយ ក៏នៅតែគិតថា អាត្មាអញនឹងត្រឡប់វិញ អាត្មាអញនឹងត្រឡប់វិញដែរ (តែមិនទាន់បានត្រឡប់នៅឡើយ) កឋិនក៏ដោះខាងក្រៅ (នោះ) ទៅ។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់កន្លងខេត្តកឋិន ជាកំណត់។ ភិក្ខុបានក្រាលកឋិនរួចហើយ នាំយកចីវរចៀសចេញទៅ ដោយគិតថា អាត្មាអញនឹងត្រឡប់វិញ។ ភិក្ខុនោះ ទៅដល់ក្រៅសីមា ក៏បានធ្វើចីវរនោះ។ លុះភិក្ខុនោះបានធ្វើចីវររួចហើយ គិតថា អាត្មាអញនឹងត្រឡប់វិញ អាត្មាអញនឹងត្រឡប់វិញ ហើយក៏បានមកទាន់ពេលដោះកឋិនមែន។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ជាមួយនឹងភិក្ខុទាំងឡាយ។
ចប់ អាទាយសត្តកៈ ជាបឋម។
[៧] ភិក្ខុបានក្រាលកឋិនរួចហើយ ប្រមូលយកចីវរដែលធ្វើហើយចៀសចេញទៅ ដោយគិតថា អាត្មាអញនឹងមិនត្រឡប់វិញទេ។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់ការដែលចៀសចេញទៅ ជាកំណត់។ ភិក្ខុបានក្រាលកឋិនរួចហើយ ប្រមូលយកចីវរចៀសចេញទៅ។ កាលភិក្ខុនោះ ទៅដល់ក្រៅសីមា ក៏មានសេចក្តីត្រិះរិះយ៉ាងនេះថា អាត្មាអញនឹងធ្វើចីវរនេះក្នុងទីនេះឯង អាត្មាអញ នឹងមិនត្រឡប់វិញទេ។ ភិក្ខុនោះ ក៏បានធ្វើចីវរនោះឲ្យស្រេច។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់ធ្វើចីវរឲ្យស្រេច ជាកំណត់។ ភិក្ខុបានក្រាលកឋិនរួចហើយ ប្រមូលយកចីវរចៀសចេញទៅ។ កាលភិក្ខុនោះ ទៅដល់ក្រៅសីមា ក៏មានសេចក្តីត្រិះរិះយ៉ាងនេះថា អាត្មាអញនឹងមិនធ្វើចីវរនេះទេ អាត្មាអញ នឹងមិនត្រឡប់វិញទេ។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់សេចក្តីសន្និដ្ឋាន ជាកំណត់។ ភិក្ខុបានក្រាលកឋិនរួចហើយ ប្រមូលយកចីវរចៀសចេញទៅ។ កាលភិក្ខុនោះ ទៅដល់ក្រៅសីមា ក៏មានសេចក្តីត្រិះរិះយ៉ាងនេះថា អាត្មាអញនឹងធ្វើចីវរនេះក្នុងទីនេះឯង អាត្មាអញ នឹងមិនត្រឡប់វិញទេ។ ភិក្ខុនោះ ក៏បានធ្វើចីវរនោះ។ កាលភិក្ខុនោះកំពុងធ្វើ ចីវរនោះក៏វិនាសទៅ។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់ចីវរវិនាស ជាកំណត់។ ភិក្ខុបានក្រាលកឋិនរួចហើយ ប្រមូលយកចីវរចៀសចេញទៅ ដោយគិតថា អាត្មាអញ នឹងត្រឡប់វិញ។ ភិក្ខុនោះ ទៅដល់ក្រៅសីមា ក៏បានធ្វើចីវរនោះ។ លុះភិក្ខុនោះបានធ្វើចីវររួច ក៏បានឮដំណឹងថា កឋិនក្នុងអាវាសនោះ សង្ឃបានព្រមគ្នាដកហើយ។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់បានឮដំណឹង ជាកំណត់។ ភិក្ខុបានក្រាលកឋិនរួចហើយ ប្រមូលយកចីវរចៀសចេញទៅ ដោយគិតថា អាត្មាអញនឹងត្រឡប់វិញ។ ភិក្ខុនោះ ទៅដល់ក្រៅសីមា ក៏បានធ្វើចីវរនោះ។ លុះភិក្ខុនោះបានធ្វើចីវរស្រេចហើយ ក៏នៅតែគិតថា អាត្មាអញនឹងត្រឡប់វិញ អាត្មាអញនឹងត្រឡប់វិញដែរ (តែមិនទាន់បានត្រឡប់នៅឡើយ) កឋិនក៏ដោះខាងក្រៅ (នោះ) ទៅ។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់កន្លងខេត្តកឋិន ជាកំណត់។ ភិក្ខុបានក្រាលកឋិនរួចហើយ ប្រមូលយកចីវរចៀសចេញទៅ ដោយគិតថា អាត្មាអញនឹងត្រឡប់វិញ។ ភិក្ខុនោះ ទៅដល់ក្រៅសីមា ក៏បានធ្វើចីវរនោះ។ លុះភិក្ខុនោះបានធ្វើចីវររួចហើយ គិតថា អាត្មាអញនឹងត្រឡប់វិញ អាត្មាអញនឹងត្រឡប់វិញ ហើយក៏បានមកទាន់ពេលដោះកឋិនមែន។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ជាមួយនឹងភិក្ខុទាំងឡាយ។
ចប់ សមាទាយសត្តកៈទី២។
[៨] ភិក្ខុបានក្រាលកឋិនរួចហើយ នាំយកចីវរដែលធ្វើមិនទាន់ស្រេចចៀសចេញទៅ។ កាលភិក្ខុនោះទៅដល់ក្រៅសីមា ក៏មានសេចក្តីត្រិះរិះយ៉ាងនេះថា អាត្មាអញនឹងធ្វើចីវរនេះក្នុងទីនេះឯង អាត្មាអញ នឹងមិនត្រឡប់វិញទេ។ ភិក្ខុនោះ ក៏បានធ្វើចីវរនោះឲ្យសម្រេច។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់ធ្វើចីវរសម្រេច ជាកំណត់។ ភិក្ខុបានក្រាលកឋិនរួចហើយ នាំយកចីវរដែលធ្វើមិនទាន់ស្រេចចៀសចេញទៅ។ កាលភិក្ខុនោះ ទៅដល់ក្រៅសីមា ក៏មានសេចក្តីត្រិះរិះយ៉ាងនេះថា អាត្មាអញនឹងមិនធ្វើចីវរនេះទេ អាត្មាអញ នឹងមិនត្រឡប់វិញទេ។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់សេចក្តីសន្និដ្ឋាន ជាកំណត់។ ភិក្ខុបានក្រាលកឋិនរួចហើយ នាំយកចីវរដែលធ្វើមិនទាន់ស្រេចចៀសចេញទៅ។ កាលភិក្ខុនោះ ទៅដល់ក្រៅសីមា ក៏មានសេចក្តីត្រិះរិះយ៉ាងនេះថា អាត្មាអញនឹងធ្វើចីវរនេះក្នុងទីនេះឯង អាត្មាអញ នឹងមិនត្រឡប់វិញទេ។ ភិក្ខុនោះ ក៏បានធ្វើចីវរនោះ។ កាលភិក្ខុនោះ កំពុងធ្វើ ចីវរនោះក៏វិនាសទៅ។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់ចីវរវិនាស ជាកំណត់។ ភិក្ខុបានក្រាលកឋិនរួចហើយ នាំយកចីវរដែលធ្វើមិនទាន់ស្រេចចៀសចេញទៅ ដោយគិតថា អាត្មាអញ នឹងត្រឡប់វិញ។ ភិក្ខុនោះ ទៅដល់ក្រៅសីមា ក៏បានធ្វើចីវរនោះ។ លុះភិក្ខុនោះបានធ្វើចីវររួចហើយ ក៏ស្រាប់តែឮដំណឹងថា កឋិនក្នុងអាវាសនោះ សង្ឃព្រមគ្នាដកហើយ។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់បានឮដំណឹង ជាកំណត់។ ភិក្ខុបានក្រាលកឋិនរួចហើយ នាំយកចីវរដែលធ្វើមិនទាន់ស្រេចចៀសចេញទៅ ដោយគិតថា អាត្មាអញនឹងត្រឡប់វិញ។ ភិក្ខុនោះ ទៅដល់ក្រៅសីមា ក៏បានធ្វើចីវរនោះ។ លុះភិក្ខុនោះបានធ្វើចីវររួចហើយ គិតថា អាត្មាអញនឹងត្រឡប់វិញ អាត្មាអញនឹងត្រឡប់វិញដែរ (តែមិនទាន់បានត្រឡប់នៅឡើយ) កឋិនក៏ដោះខាងក្រៅ (នោះ) ទៅ។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់កន្លងខេត្តកឋិន ជាកំណត់។ ភិក្ខុបានក្រាលកឋិនរួចហើយ នាំយកចីវរដែលធ្វើមិនទាន់ស្រេចចៀសចេញទៅ ដោយគិតថា អាត្មាអញនឹងត្រឡប់វិញ។ ភិក្ខុនោះ ទៅដល់ក្រៅសីមា ក៏បានធ្វើចីវរនោះ។ លុះភិក្ខុនោះបានធ្វើចីវររួចហើយ ក៏គិតថា អាត្មាអញនឹងត្រឡប់វិញ អាត្មាអញនឹងត្រឡប់វិញ ហើយក៏បានមកទាន់ពេលដោះកឋិនមែន។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ជាមួយនឹងភិក្ខុទាំងឡាយ។
ចប់ អាទាយឆក្កៈ ទី៣។
[៩] ភិក្ខុបានក្រាលកឋិនរួចហើយ ប្រមូលយកចីវរដែលធ្វើមិនទាន់ស្រេចចៀសចេញទៅ កាលភិក្ខុនោះ ទៅដល់ក្រៅសីមា ក៏មានសេចក្តីតាំងចិត្តយ៉ាងនេះថា អាត្មាអញនឹងធ្វើចីវរនេះក្នុងទីនេះឯង អាត្មាអញ នឹងមិនត្រឡប់វិញទេ។ ភិក្ខុនោះ ក៏បានធ្វើចីវរនោះឲ្យសម្រេច។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់ធ្វើចីវរឲ្យសម្រេច ជាកំណត់។ ភិក្ខុបានក្រាលកឋិនរួចហើយ ប្រមូលយកចីវរដែលធ្វើមិនទាន់ស្រេចចៀសចេញទៅ។ កាលភិក្ខុនោះ ទៅដល់ក្រៅសីមា ក៏មានសេចក្តីតាំងចិត្តយ៉ាងនេះថា អាត្មាអញនឹងមិនធ្វើចីវរនេះទេ អាត្មាអញ នឹងមិនត្រឡប់វិញទេ។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់សេចក្តីសន្និដ្ឋាន ជាកំណត់។ ភិក្ខុបានក្រាលកឋិនរួចហើយ ប្រមូលយកចីវរដែលធ្វើមិនទាន់ស្រេចចៀសចេញទៅ។ កាលភិក្ខុនោះ ទៅដល់ក្រៅសីមា ក៏មានគំនិតយ៉ាងនេះថា អាត្មាអញនឹងធ្វើចីវរនេះក្នុងទីនេះឯង អាត្មាអញ នឹងមិនត្រឡប់វិញទេ។ ភិក្ខុនោះ ក៏បានធ្វើចីវរនោះ។ កាលភិក្ខុនោះកំពុងធ្វើ ចីវររបស់ភិក្ខុនោះក៏វិនាសទៅ។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់ចីវរវិនាស ជាកំណត់។ ភិក្ខុបានក្រាលកឋិនរួចហើយ ប្រមូលយកចីវរដែលធ្វើមិនទាន់ស្រេចចៀសចេញទៅ ដោយគិតថា អាត្មាអញ នឹងត្រឡប់វិញ។ ភិក្ខុនោះ ទៅដល់ក្រៅសីមា ក៏បានធ្វើចីវរនោះ។ លុះភិក្ខុនោះបានធ្វើចីវរហើយ ឮដំណឹងថា កឋិនក្នុងអាវាសនោះ សង្ឃបានព្រមគ្នាដកហើយ។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់ឮដំណឹង ជាកំណត់។ ភិក្ខុបានក្រាលកឋិនរួចហើយ នាំយកចីវរដែលធ្វើមិនទាន់ស្រេចចៀសចេញទៅ ដោយតាំងចិត្តថា អាត្មាអញនឹងត្រឡប់វិញ។ ភិក្ខុនោះ ទៅដល់ក្រៅសីមា ក៏បានធ្វើចីវរនោះ។ លុះភិក្ខុនោះធ្វើចីវរហើយ ក៏នៅគិតថា អាត្មាអញនឹងត្រឡប់វិញ អាត្មាអញនឹងត្រឡប់វិញដែរ (តែមិនទាន់បានត្រឡប់នៅឡើយ) កឋិនក៏ដោះខាងក្រៅ (នោះ) ទៅ។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់កន្លងខេត្តកឋិន ជាកំណត់។ ភិក្ខុបានក្រាលកឋិនរួចហើយ ប្រមូលយកចីវរដែលធ្វើមិនទាន់ស្រេចចៀសចេញទៅ ដោយតាំងចិត្តថា អាត្មាអញនឹងត្រឡប់វិញ។ ភិក្ខុនោះ ទៅដល់ក្រៅសីមា ក៏បានធ្វើចីវរនោះ។ ភិក្ខុនោះធ្វើចីវរហើយ តាំងចិត្តថា អាត្មាអញនឹងត្រឡប់វិញ អាត្មាអញនឹងត្រឡប់វិញ ហើយក៏បានមកទាន់ពេលដោះកឋិនមែន។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ជាមួយនឹងភិក្ខុទាំងឡាយ។
ចប់ សមាទាយឆក្កៈទី៤។
[១០] ភិក្ខុបានក្រាលកឋិនរួចហើយ នាំយកចីវរចៀសចេញទៅ។ កាលភិក្ខុនោះទៅដល់ក្រៅសីមា ក៏មានគំនិតយ៉ាងនេះថា អាត្មាអញនឹងធ្វើចីវរនេះក្នុងទីនេះឯង អាត្មាអញ នឹងមិនត្រឡប់វិញទេ។ ភិក្ខុនោះ ក៏បានធ្វើចីវរនោះឲ្យសម្រេច។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់ធ្វើចីវរសម្រេច ជាកំណត់។ ភិក្ខុបានក្រាលកឋិនរួចហើយ នាំយកចីវរចៀសចេញទៅ។ កាលភិក្ខុនោះ ទៅដល់ក្រៅសីមា ក៏មានគំនិតយ៉ាងនេះថា អាត្មាអញនឹងមិនធ្វើចីវរនេះទេ អាត្មាអញ នឹងមិនត្រឡប់វិញទេ។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់សេចក្តីសន្និដ្ឋាន ជាកំណត់។ ភិក្ខុបានក្រាលកឋិនរួចហើយ នាំយកចីវរចៀសចេញទៅ។ កាលភិក្ខុនោះ ទៅដល់ក្រៅសីមា ក៏មានគំនិតយ៉ាងនេះថា អាត្មាអញនឹងធ្វើចីវរនេះក្នុងទីនេះឯង អាត្មាអញ នឹងមិនត្រឡប់វិញទេ។ ភិក្ខុនោះ ក៏បានធ្វើចីវរនោះ។ កាលភិក្ខុនោះកំពុងធ្វើ ចីវរនោះក៏វិនាសទៅ។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់ចីវរវិនាស ជាកំណត់។
[១១] ភិក្ខុបានក្រាលកឋិនរួចហើយ នាំយកចីវរចៀសចេញទៅ ដោយតាំងចិត្តថា អាត្មាអញនឹងមិនត្រឡប់វិញទេ។ កាលភិក្ខុនោះទៅដល់ក្រៅសីមា ក៏មានគំនិតយ៉ាងនេះថា អាត្មាអញនឹងធ្វើចីវរនេះក្នុងទីនេះឯង។ ភិក្ខុនោះ ក៏បានធ្វើចីវរនោះឲ្យសម្រេច។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់ធ្វើចីវរសម្រេច ជាកំណត់។ ភិក្ខុបានក្រាលកឋិនរួចហើយ នាំយកចីវរចៀសចេញទៅ ដោយតាំងចិត្តថា អាត្មាអញនឹងមិនត្រឡប់វិញទេ។ កាលភិក្ខុនោះ ទៅដល់ក្រៅសីមា ក៏មានគំនិតយ៉ាងនេះថា អាត្មាអញនឹងមិនធ្វើចីវរនេះឡើយ។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់សេចក្តីសន្និដ្ឋាន ជាកំណត់។ ភិក្ខុបានក្រាលកឋិនរួចហើយ នាំយកចីវរចៀសចេញទៅ ដោយតាំងចិត្តថា អាត្មាអញនឹងមិនត្រឡប់វិញទេ។ កាលភិក្ខុនោះ ទៅដល់ក្រៅសីមា ក៏មានគំនិតយ៉ាងនេះថា អាត្មាអញនឹងធ្វើចីវរនេះក្នុងទីនេះឯង។ ភិក្ខុនោះ ក៏បានធ្វើចីវរនោះ។ កាលភិក្ខុនោះកំពុងធ្វើ ចីវរនោះក៏វិនាសទៅ។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់ចីវរវិនាស ជាកំណត់។
[១២] ភិក្ខុបានក្រាលកឋិនរួចហើយ នាំយកចីវរចៀសចេញទៅ ដោយមិនបានតាំងចិត្ត គឺភិក្ខុនោះគ្មានគំនិតថា អាត្មាអញនឹងត្រឡប់វិញ ទាំងគំនិតរបស់ភិក្ខុនោះថា អាត្មាអញនឹងមិនត្រឡប់វិញ ក៏គ្មានដែរ [ភិក្ខុនោះមានគំនិតជាកណ្តាល នឹងគិតថាត្រឡប់វិញ ឬមិនត្រឡប់វិញជាដាច់ខាត ក៏ទេ។]។ កាលភិក្ខុនោះទៅដល់ក្រៅសីមា ក៏មានគំនិតយ៉ាងនេះថា អាត្មាអញនឹងធ្វើចីវរនេះក្នុងទីនេះឯង អាត្មាអញនឹងមិនត្រឡប់វិញទេ។ ភិក្ខុនោះ ក៏បានធ្វើចីវរនោះឲ្យសម្រេច។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់ចីវរសម្រេច ជាកំណត់។ ភិក្ខុបានក្រាលកឋិនរួចហើយ នាំយកចីវរចៀសចេញទៅ ដោយមិនបានតាំងចិត្ត គឺភិក្ខុនោះគ្មានគំនិតថា អាត្មាអញនឹងត្រឡប់វិញ ទាំងគំនិតរបស់ភិក្ខុនោះថា អាត្មាអញនឹងមិនត្រឡប់វិញ ក៏គ្មានដែរ។ កាលភិក្ខុនោះ ទៅដល់ក្រៅសីមា ក៏មានគំនិតយ៉ាងនេះថា អាត្មាអញនឹងមិនធ្វើចីវរនេះទេ អាត្មាអញ នឹងមិនត្រឡប់វិញទេ។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់សេចក្តីសន្និដ្ឋាន ជាកំណត់។ ភិក្ខុបានក្រាលកឋិនរួចហើយ នាំយកចីវរចៀសចេញទៅ ដោយមិនបានតាំងចិត្ត គឺភិក្ខុនោះគ្មានគំនិតថា អាត្មាអញនឹងត្រឡប់វិញ ទាំងគំនិតរបស់ភិក្ខុនោះថា អាត្មាអញនឹងមិនត្រឡប់វិញ ក៏គ្មានដែរ។ កាលភិក្ខុនោះ ទៅដល់ក្រៅសីមា ក៏មានគំនិតយ៉ាងនេះថា អាត្មាអញនឹងធ្វើចីវរនេះក្នុងទីនេះឯង អាត្មាអញ នឹងមិនត្រឡប់វិញទេ។ ភិក្ខុនោះ ក៏បានធ្វើចីវរនោះ។ កាលភិក្ខុនោះកំពុងធ្វើ ចីវរនោះក៏វិនាសទៅ។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់ចីវរវិនាស ជាកំណត់។
[១៣] ភិក្ខុបានក្រាលកឋិនរួចហើយ នាំយកចីវរចៀសចេញទៅ ដោយបំណងថា អាត្មាអញនឹងត្រឡប់វិញ។ កាលភិក្ខុនោះទៅដល់ក្រៅសីមា ក៏មានគំនិតយ៉ាងនេះថា អាត្មាអញនឹងធ្វើចីវរនេះក្នុងទីនេះឯង អាត្មាអញ នឹងមិនត្រឡប់វិញទេ។ ភិក្ខុនោះ ក៏បានធ្វើចីវរនោះឲ្យសម្រេច។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់ធ្វើចីវរសម្រេច ជាកំណត់។ ភិក្ខុបានក្រាលកឋិនរួចហើយ នាំយកចីវរចៀសចេញទៅ ដោយបំណងថា អាត្មាអញនឹងត្រឡប់វិញ។ កាលភិក្ខុនោះ ទៅដល់ក្រៅសីមា ក៏មានគំនិតយ៉ាងនេះថា អាត្មាអញនឹងមិនធ្វើចីវរនេះទេ អាត្មាអញ នឹងមិនត្រឡប់វិញទេ។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់សេចក្តីសន្និដ្ឋាន ជាកំណត់។ ភិក្ខុបានក្រាលកឋិនរួចហើយ នាំយកចីវរចៀសចេញទៅ ដោយបំណងថា អាត្មាអញនឹងត្រឡប់វិញ។ កាលភិក្ខុនោះ ទៅដល់ក្រៅសីមា ក៏មានគំនិតយ៉ាងនេះថា អាត្មាអញនឹងធ្វើចីវរនេះក្នុងទីនេះឯង អាត្មាអញ នឹងមិនត្រឡប់វិញទេ។ ភិក្ខុនោះ ក៏បានធ្វើចីវរនោះ។ កាលភិក្ខុនោះកំពុងធ្វើ ចីវរនោះក៏វិនាសទៅ។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់ចីវរវិនាស ជាកំណត់។ ភិក្ខុបានក្រាលកឋិនរួចហើយ នាំយកចីវរចៀសចេញទៅ ដោយបំណងថា អាត្មាអញនឹងត្រឡប់វិញ។ ភិក្ខុនោះ ទៅដល់ក្រៅសីមា ក៏បានធ្វើចីវរនោះ។ ភិក្ខុនោះធ្វើចីវររួចហើយ ឮដំណឹងថា កឋិនក្នុងអាវាសនោះ សង្ឃព្រមគ្នាដកហើយ។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់ឮដំណឹង ជាកំណត់។ ភិក្ខុបានក្រាលកឋិនរួចហើយ នាំយកចីវរចៀសចេញទៅ ដោយបំណងថា អាត្មាអញ នឹងត្រឡប់វិញ។ ភិក្ខុនោះ ទៅដល់ក្រៅសីមា ក៏បានធ្វើចីវរនោះ។ លុះភិក្ខុនោះធ្វើចីវរស្រេចហើយ គិតថា អាត្មាអញ នឹងត្រឡប់វិញ អាត្មាអញនឹងត្រឡប់វិញដែរ (តែមិនទាន់បានត្រឡប់នៅឡើយ) កឋិនក៏ដោះខាងក្រៅ (នោះ) ទៅ។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់កន្លងខេត្តកឋិន ជាកំណត់។ ភិក្ខុបានក្រាលកឋិនរួចហើយ នាំយកចីវរចៀសចេញទៅ ដោយបំណងថា អាត្មាអញ នឹងត្រឡប់វិញ។ លុះភិក្ខុនោះ ទៅដល់ក្រៅសីមា ក៏បានធ្វើចីវរនោះ។ ភិក្ខុនោះធ្វើចីវរនោះស្រេចហើយ គិតថា អាត្មាអញ នឹងត្រឡប់វិញ អាត្មាអញ នឹងត្រឡប់វិញ ហើយក៏បានមកទាន់ពេលដោះកឋិនមែន។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ជាមួយនឹងភិក្ខុទាំងឡាយ។
[១៤] ភិក្ខុបានក្រាលកឋិនរួចហើយ ប្រមូលយកចីវរចៀសចេញទៅ។ (ពាក្យយ៉ាងនេះ ប្រហែលនឹងអាទាយវារៈ បណ្ឌិតគប្បីសំដែងឲ្យពិស្តារចុះ)។ ភិក្ខុបានក្រាលកឋិនរួចហើយ នាំយកចីវរដែលធ្វើមិនទាន់សម្រេចចៀសចេញទៅ។ កាលភិក្ខុនោះ ទៅដល់ក្រៅសីមា ក៏មានគំនិតយ៉ាងនេះថា អាត្មាអញនឹងធ្វើចីវរនេះក្នុងទីនេះឯង អាត្មាអញ នឹងមិនត្រឡប់វិញទេ។ ភិក្ខុនោះ ក៏បានធ្វើចីវរនោះឲ្យសម្រេច។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់ចីវរសម្រេច ជាកំណត់។ (ពាក្យយ៉ាងនេះ ប្រហែលនឹងសមាទាយវារៈ បណ្ឌិតគប្បីសំដែងឲ្យពិស្តារចុះ)។
[១៥] ភិក្ខុបានក្រាលកឋិនរួចហើយ ប្រមូលយកចីវរដែលធ្វើមិនទាន់សម្រេចចៀសចេញទៅ។ កាលភិក្ខុនោះទៅដល់ក្រៅសីមា ក៏មានគំនិតយ៉ាងនេះថា អាត្មាអញនឹងធ្វើចីវរនេះក្នុងទីនេះឯង អាត្មាអញ នឹងមិនត្រឡប់វិញទេ។ ភិក្ខុនោះ ក៏បានធ្វើចីវរនោះឲ្យសម្រេច។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់ចីវរសម្រេច ជាកំណត់។ ភិក្ខុបានក្រាលកឋិនរួចហើយ ប្រមូលយកចីវរដែលធ្វើមិនទាន់សម្រេចចៀសចេញទៅ។ កាលភិក្ខុនោះ ទៅដល់ក្រៅសីមា ក៏មានគំនិតយ៉ាងនេះថា អាត្មាអញនឹងមិនធ្វើចីវរនេះទេ អាត្មាអញ នឹងមិនត្រឡប់វិញទេ។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់សេចក្តីសន្និដ្ឋាន ជាកំណត់។ ភិក្ខុបានក្រាលកឋិនរួចហើយ ប្រមូលយកចីវរដែលធ្វើមិនទាន់សម្រេចចៀសចេញទៅ។ កាលភិក្ខុនោះ ទៅដល់ក្រៅសីមា ក៏មានគំនិតយ៉ាងនេះថា អាត្មាអញនឹងធ្វើចីវរនេះក្នុងទីនេះឯង អាត្មាអញ នឹងមិនត្រឡប់វិញទេ។ ភិក្ខុនោះ ក៏បានធ្វើចីវរនោះ។ កាលភិក្ខុនោះកំពុងធ្វើ ចីវរនោះក៏វិនាសទៅ។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់ចីវរវិនាស ជាកំណត់។
[១៦] ភិក្ខុបានក្រាលកឋិនរួចហើយ ប្រមូលយកចីវរដែលធ្វើមិនទាន់សម្រេចចៀសចេញទៅ ដោយបំណងថា អាត្មាអញ នឹងមិនត្រឡប់វិញទេ។ កាលភិក្ខុនោះ ទៅដល់ក្រៅសីមា ក៏មានគំនិតយ៉ាងនេះថា អាត្មាអញនឹងធ្វើចីវរនេះក្នុងទីនេះឯង។ ភិក្ខុនោះ ក៏បានធ្វើចីវរនោះឲ្យសម្រេច។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់ចីវរសម្រេច ជាកំណត់។ ភិក្ខុបានក្រាលកឋិនរួចហើយ ប្រមូលយកចីវរដែលធ្វើមិនទាន់សម្រេចចៀសចេញទៅ ដោយបំណងថា អាត្មាអញ នឹងមិនត្រឡប់វិញទេ។ កាលភិក្ខុនោះ ទៅដល់ក្រៅសីមា ក៏មានគំនិតយ៉ាងនេះថា អាត្មាអញនឹងមិនធ្វើចីវរនេះទេ។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់សេចក្តីសន្និដ្ឋាន ជាកំណត់។ ភិក្ខុបានក្រាលកឋិនរួចហើយ ប្រមូលយកចីវរដែលធ្វើមិនទាន់សម្រេចចៀសចេញទៅ ដោយបំណងថា អាត្មាអញ នឹងមិនត្រឡប់វិញទេ។ កាលភិក្ខុនោះ ទៅដល់ក្រៅសីមា ក៏មានគំនិតយ៉ាងនេះថា អាត្មាអញនឹងធ្វើចីវរនេះក្នុងទីនេះឯង។ ភិក្ខុនោះ ក៏បានធ្វើចីវរនោះ។ កាលភិក្ខុនោះកំពុងធ្វើ ចីវរនោះក៏វិនាសទៅ។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់ចីវរវិនាស ជាកំណត់។
[១៧] ភិក្ខុបានក្រាលកឋិនរួចហើយ ប្រមូលយកចីវរដែលធ្វើមិនទាន់សម្រេចចៀសចេញទៅ ដោយមិនបានតាំងចិត្ត គឺភិក្ខុនោះគ្មានគំនិតថា អាត្មាអញ នឹងត្រឡប់វិញ ទាំងគំនិតរបស់ភិក្ខុនោះថា អាត្មាអញ នឹងមិនត្រឡប់វិញ ក៏គ្មានដែរ។ កាលភិក្ខុនោះ ទៅដល់ក្រៅសីមា ក៏មានគំនិតយ៉ាងនេះថា អាត្មាអញនឹងធ្វើចីវរនេះក្នុងទីនេះឯង អាត្មាអញនឹងមិនត្រឡប់វិញទេ។ ភិក្ខុនោះ ក៏បានធ្វើចីវរនោះឲ្យសម្រេច។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់ចីវរសម្រេច ជាកំណត់។ ភិក្ខុបានក្រាលកឋិនរួចហើយ ប្រមូលយកចីវរដែលធ្វើមិនទាន់សម្រេចចៀសចេញទៅ ដោយមិនបានតាំងចិត្ត គឺភិក្ខុនោះគ្មានគំនិតថា អាត្មាអញ នឹងត្រឡប់វិញ ទាំងគំនិតរបស់ភិក្ខុនោះថា អាត្មាអញ នឹងមិនត្រឡប់វិញ ក៏គ្មានដែរ។ កាលភិក្ខុនោះ ទៅដល់ក្រៅសីមា ក៏មានគំនិតយ៉ាងនេះថា អាត្មាអញនឹងមិនធ្វើចីវរនេះទេ អាត្មាអញ នឹងមិនត្រឡប់វិញទេ។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់សេចក្តីសន្និដ្ឋាន ជាកំណត់។ ភិក្ខុបានក្រាលកឋិនរួចហើយ ប្រមូលយកចីវរដែលធ្វើមិនទាន់សម្រេចចៀសចេញទៅ ដោយមិនបានតាំងចិត្ត គឺភិក្ខុនោះគ្មានគំនិតថា អាត្មាអញ នឹងត្រឡប់វិញ ទាំងគំនិតរបស់ភិក្ខុនោះថា អាត្មាអញ នឹងមិនត្រឡប់វិញ ក៏គ្មានដែរ។ កាលភិក្ខុនោះ ទៅដល់ក្រៅសីមា ក៏មានគំនិតយ៉ាងនេះថា អាត្មាអញនឹងធ្វើចីវរនេះក្នុងទីនេះឯង អាត្មាអញ នឹងមិនត្រឡប់វិញទេ។ ភិក្ខុនោះ ក៏បានធ្វើចីវរនោះ។ កាលភិក្ខុនោះកំពុងធ្វើ ចីវរនោះក៏វិនាសទៅ។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់ចីវរវិនាស ជាកំណត់។
[១៨] ភិក្ខុបានក្រាលកឋិនរួចហើយ ប្រមូលយកចីវរដែលធ្វើមិនទាន់សម្រេចចៀសចេញទៅ ដោយបំណងថា អាត្មាអញនឹងត្រឡប់វិញ។ កាលភិក្ខុនោះ ទៅដល់ក្រៅសីមា ក៏មានគំនិតយ៉ាងនេះថា អាត្មាអញនឹងធ្វើចីវរនេះ ក្នុងទីនេះឯង អាត្មាអញ នឹងមិនត្រឡប់វិញទេ។ ភិក្ខុនោះ ក៏បានធ្វើចីវរនោះឲ្យសម្រេច។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់ចីវរសម្រេច ជាកំណត់។ ភិក្ខុបានក្រាលកឋិនរួចហើយ ប្រមូលយកចីវរ ដែលធ្វើមិនទាន់សម្រេច ចៀសចេញទៅ ដោយបំណងថា អាត្មាអញនឹងត្រឡប់វិញ។ កាលភិក្ខុនោះ ទៅដល់ក្រៅសីមា ក៏មានគំនិតយ៉ាងនេះថា អាត្មាអញនឹងមិនធ្វើចីវរនេះទេ អាត្មាអញ នឹងមិនត្រឡប់វិញទេ។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់សេចក្តីសន្និដ្ឋាន ជាកំណត់។ ភិក្ខុបានក្រាលកឋិនរួចហើយ ប្រមូលយកចីវរដែលធ្វើមិនទាន់សម្រេចចៀសចេញទៅ ដោយបំណងថា អាត្មាអញនឹងត្រឡប់វិញ។ កាលភិក្ខុនោះ ទៅដល់ក្រៅសីមា ក៏មានគំនិតយ៉ាងនេះថា អាត្មាអញនឹងធ្វើចីវរនេះ ក្នុងទីនេះឯង អាត្មាអញ នឹងមិនត្រឡប់វិញទេ។ ភិក្ខុនោះ ក៏បានធ្វើចីវរនោះ។ កាលភិក្ខុនោះកំពុងធ្វើ ចីវរនោះក៏វិនាសទៅ។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់ចីវរវិនាស ជាកំណត់។ ភិក្ខុបានក្រាលកឋិនរួចហើយ ប្រមូលយកចីវរដែលធ្វើមិនទាន់សម្រេចចៀសចេញទៅ ដោយបំណងថា អាត្មាអញនឹងត្រឡប់វិញ។ ភិក្ខុនោះ ទៅដល់ក្រៅសីមា ក៏បានធ្វើចីវរនោះ។ លុះភិក្ខុនោះ ធ្វើចីវរសម្រេចហើយ ក៏ឮដំណឹងថា កឋិនក្នុងអាវាសនោះ សង្ឃព្រមគ្នាដកហើយ។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់បានឮដំណឹង ជាកំណត់។ ភិក្ខុបានក្រាលកឋិនរួចហើយ ប្រមូលយកចីវរដែលធ្វើមិនទាន់សម្រេចចៀសចេញទៅ ដោយបំណងថា អាត្មាអញ នឹងត្រឡប់វិញ។ ភិក្ខុនោះ ទៅដល់ក្រៅសីមា ក៏បានធ្វើចីវរនោះ។ ភិក្ខុនោះធ្វើចីវរស្រេចហើយ គិតថា អាត្មាអញ នឹងត្រឡប់វិញ អាត្មាអញនឹងត្រឡប់វិញដែរ (តែមិនទាន់បានត្រឡប់នៅឡើយ) កឋិនក៏ដោះខាងក្រៅ (នោះ) ទៅ។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់កន្លងខេត្តកឋិន ជាកំណត់។ ភិក្ខុបានក្រាលកឋិនរួចហើយ ប្រមូលយកចីវរដែលធ្វើមិនទាន់សម្រេច ចៀសចេញទៅ ដោយបំណងថា អាត្មាអញ នឹងត្រឡប់វិញ។ ភិក្ខុនោះ ទៅដល់ក្រៅសីមា ក៏បានធ្វើចីវរនោះ។ លុះភិក្ខុនោះ ធ្វើចីវរនោះសម្រេចហើយ គិតថា អាត្មាអញ នឹងត្រឡប់វិញ អាត្មាអញ នឹងត្រឡប់វិញ ហើយក៏បានមកទាន់ពេលដោះកឋិនមែន។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ជាមួយនឹងភិក្ខុទាំងឡាយ។
ចប់ សមាទាយភាណវារៈ។
[១៩] ភិក្ខុបានក្រាលកឋិនរួចហើយ ចៀសចេញទៅ ព្រោះចង់បានចីវរ។ ភិក្ខុនោះ ទៅដល់ក្រៅសីមា ក៏ចូលទៅកាន់ទីដែលខ្លួនចង់បានចីវរនោះ ក៏បាន (ចីវរ) ខុសបំណង គឺមិនបានតាមបំណង។ ភិក្ខុនោះ មានគំនិតយ៉ាងនេះថា អាត្មាអញ នឹងធ្វើចីវរនេះ ក្នុងទីនេះឯង អាត្មាអញ នឹងមិនត្រឡប់វិញទេ។ ភិក្ខុនោះ ក៏បានធ្វើចីវរនោះឲ្យសម្រេច។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់ចីវរសម្រេច ជាកំណត់។ ភិក្ខុបានក្រាលកឋិនរួចហើយ ចៀសចេញទៅ ព្រោះចង់បានចីវរ។ ភិក្ខុនោះ ទៅដល់ក្រៅសីមា ក៏ចូលទៅកាន់ទីដែលខ្លួនចង់បានចីវរនោះ ក៏បាន (ចីវរ) ខុសបំណង គឺមិនបានតាមបំណង។ ភិក្ខុនោះ មានគំនិតយ៉ាងនេះថា អាត្មាអញ នឹងមិនធ្វើចីវរនេះទេ អាត្មាអញ នឹងមិនត្រឡប់វិញទេ។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់សេចក្តីសន្និដ្ឋាន ជាកំណត់។ ភិក្ខុបានក្រាលកឋិនរួចហើយ ចៀសចេញទៅ ព្រោះចង់បានចីវរ។ លុះភិក្ខុនោះ ទៅដល់ក្រៅសីមា ក៏ចូលទៅកាន់ទីដែលខ្លួនចង់បានចីវរនោះ ក៏បាន (ចីវរ) ខុសបំណង គឺមិនបានតាមបំណង។ ភិក្ខុនោះ មានគំនិតយ៉ាងនេះថា អាត្មាអញ នឹងធ្វើចីវរនេះ ក្នុងទីនេះឯង អាត្មាអញ នឹងមិនត្រឡប់វិញទេ។ ភិក្ខុនោះ ក៏បានធ្វើចីវរនោះ។ កាលភិក្ខុនោះកំពុងធ្វើ ចីវរនោះ ក៏វិនាសទៅ។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់ចីវរវិនាស ជាកំណត់។ ភិក្ខុបានក្រាលកឋិនរួចហើយ ចៀសចេញទៅ ព្រោះចង់បានចីវរ។ កាលភិក្ខុនោះ ទៅដល់ក្រៅសីមា ក៏មានគំនិតយ៉ាងនេះថា អាត្មាអញ នឹងចូលទៅកាន់ទីដែលអាត្មាអញចង់បានចីវរនេះ ក្នុងទីនេះឯង អាត្មាអញ នឹងមិនត្រឡប់វិញទេ។ ភិក្ខុនោះ ក៏ចូលទៅកាន់ទីដែលខ្លួនចង់បានចីវរនោះ។ ឯសេចក្តីចង់បានចីវររបស់ភិក្ខុនោះ ក៏ដាច់ទៅ។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់អស់សេចក្តីសង្ឃឹម។
[២០] ភិក្ខុបានក្រាលកឋិនរួចហើយ ចៀសចេញទៅ ព្រោះចង់បានចីវរ ដោយបំណងថា អាត្មាអញ នឹងមិនត្រឡប់វិញទេ។ ភិក្ខុនោះ ទៅដល់ក្រៅសីមា ក៏ចូលទៅកាន់ទីដែលខ្លួនចង់បានចីវរនោះ ក៏បាន (ចីវរ) ខុសបំណង គឺមិនបានតាមបំណង។ ភិក្ខុនោះ មានគំនិតយ៉ាងនេះថា អាត្មាអញ នឹងធ្វើចីវរនេះ ក្នុងទីនេះឯង។ ភិក្ខុនោះ ក៏បានធ្វើចីវរនោះឲ្យសម្រេច។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់ចីវរសម្រេច ជាកំណត់។ ភិក្ខុបានក្រាលកឋិនរួចហើយ ចៀសចេញទៅ ព្រោះចង់បានចីវរ ដោយបំណងថា អាត្មាអញ នឹងមិនត្រឡប់វិញទេ។ ភិក្ខុនោះ ទៅដល់ក្រៅសីមា ហើយចូលទៅកាន់ទីដែលខ្លួនចង់បានចីវរ ក៏បាន (ចីវរ) ខុសបំណង គឺមិនបានតាមបំណង។ ភិក្ខុនោះ មានគំនិតយ៉ាងនេះថា អាត្មាអញ នឹងមិនធ្វើចីវរនេះទេ។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់សេចក្តីសន្និដ្ឋាន ជាកំណត់។ ភិក្ខុបានក្រាលកឋិនរួចហើយ ចៀសចេញទៅ ព្រោះចង់បានចីវរ ដោយបំណងថា អាត្មាអញ នឹងមិនត្រឡប់វិញទេ។ ភិក្ខុនោះ ទៅដល់ក្រៅសីមា ក៏ចូលទៅកាន់ទីដែលខ្លួនចង់បានចីវរនោះ ក៏បាន (ចីវរ) ខុសបំណង គឺមិនបានតាមបំណង។ ភិក្ខុនោះ មានគំនិតយ៉ាងនេះថា អាត្មាអញ នឹងធ្វើចីវរនេះ ក្នុងទីនេះឯង។ ភិក្ខុនោះ ក៏បានធ្វើចីវរនោះ។ កាលភិក្ខុនោះកំពុងធ្វើ ចីវរនោះ ក៏វិនាសទៅ។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់ចីវរវិនាស ជាកំណត់។ ភិក្ខុបានក្រាលកឋិនរួចហើយ ចៀសចេញទៅ ព្រោះចង់បានចីវរ ដោយបំណងថា អាត្មាអញ នឹងមិនត្រឡប់វិញទេ។ កាលភិក្ខុនោះ ទៅដល់ក្រៅសីមា ក៏មានគំនិតយ៉ាងនេះថា អាត្មាអញ នឹងចូលទៅកាន់ទីដែលអាត្មាអញចង់បានចីវរនេះ ក្នុងទីនេះឯង។ ភិក្ខុនោះ ក៏ចូលទៅកាន់ទីដែលខ្លួនចង់បានចីវរនោះ។ ឯសេចក្តីចង់បានចីវររបស់ភិក្ខុនោះ ក៏ដាច់ទៅ។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់អស់សេចក្តីសង្ឃឹម។
[២១] ភិក្ខុបានក្រាលកឋិនរួចហើយ ចៀសចេញទៅ ព្រោះចង់បានចីវរ ដោយមិនបានតាំងចិត្ត គឺភិក្ខុនោះគ្មានគំនិតថា អាត្មាអញ នឹងត្រឡប់វិញ ទាំងគំនិតរបស់ភិក្ខុនោះថា អាត្មាអញ នឹងមិនត្រឡប់វិញ ក៏គ្មាដែរ។ ភិក្ខុនោះ ទៅដល់ក្រៅសីមា ក៏ចូលទៅកាន់ទីដែលខ្លួនចង់បានចីវរនោះ ក៏បាន (ចីវរ) ខុសបំណង គឺមិនបានតាមបំណង។ ភិក្ខុនោះ មានគំនិតយ៉ាងនេះថា អាត្មាអញ នឹងធ្វើចីវរនេះ ក្នុងទីនេះឯង អាត្មាអញ នឹងមិនត្រឡប់វិញទេ។ ភិក្ខុនោះ ក៏ធ្វើចីវរនោះឲ្យសម្រេច។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់ចីវរសម្រេច ជាកំណត់។ ភិក្ខុបានក្រាលកឋិនរួចហើយ ចៀសចេញទៅ ព្រោះចង់បានចីវរ ដោយមិនបានតាំងចិត្ត គឺភិក្ខុនោះគ្មានគំនិតថា អាត្មាអញ នឹងត្រឡប់វិញ ទាំងគំនិតរបស់ភិក្ខុនោះថា អាត្មាអញ នឹងមិនត្រឡប់វិញ ក៏គ្មាដែរ។ ភិក្ខុនោះ ទៅដល់ក្រៅសីមា ក៏ចូលទៅកាន់ទីដែលខ្លួនចង់បានចីវរនោះ ក៏បាន (ចីវរ) ខុសបំណង គឺមិនបានតាមបំណង។ ភិក្ខុនោះ មានគំនិតយ៉ាងនេះថា អាត្មាអញ នឹងមិនធ្វើចីវរនេះទេ អាត្មាអញ នឹងមិនត្រឡប់វិញទេ។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់សេចក្តីសន្និដ្ឋាន ជាកំណត់។ ភិក្ខុបានក្រាលកឋិនរួចហើយ ចៀសចេញទៅ ព្រោះចង់បានចីវរ ដោយមិនបានតាំងចិត្ត គឺភិក្ខុនោះគ្មានគំនិតថា អាត្មាអញ នឹងត្រឡប់វិញ ទាំងគំនិតរបស់ភិក្ខុនោះថា អាត្មាអញ នឹងមិនត្រឡប់វិញ ក៏គ្មាដែរ។ ភិក្ខុនោះ ទៅដល់ក្រៅសីមា ក៏ចូលទៅកាន់ទីដែលខ្លួនចង់បានចីវរនោះ ក៏បាន (ចីវរ) ខុសបំណង គឺមិនបានតាមបំណង។ ភិក្ខុនោះ មានគំនិតយ៉ាងនេះថា អាត្មាអញ នឹងធ្វើចីវរនេះ ក្នុងទីនេះឯង អាត្មាអញ នឹងមិនត្រឡប់វិញទេ។ ភិក្ខុនោះ ក៏បានធ្វើចីវរនោះ។ កាលភិក្ខុនោះកំពុងធ្វើ ចីវរនោះ ក៏វិនាសទៅ។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់ចីវរវិនាស ជាកំណត់។ ភិក្ខុបានក្រាលកឋិនរួចហើយ ចៀសចេញទៅ ព្រោះចង់បានចីវរ ដោយមិនបានតាំងចិត្ត គឺភិក្ខុនោះគ្មានគំនិតថា អាត្មាអញ នឹងត្រឡប់វិញ ទាំងគំនិតរបស់ភិក្ខុនោះថា អាត្មាអញ នឹងមិនត្រឡប់វិញ ក៏គ្មាដែរ។ កាលភិក្ខុនោះ ទៅដល់ក្រៅសីមា ក៏មានគំនិតយ៉ាងនេះថា អាត្មាអញ នឹងចូលទៅកាន់ទីដែលអាត្មាអញចង់បានចីវរនេះ ក្នុងទីនេះឯង អាត្មាអញ នឹងមិនត្រឡប់វិញទេ។ ភិក្ខុនោះ ចូលទៅកាន់ទីដែលខ្លួនចង់បានចីវរនោះ។ ឯសេចក្តីចង់បានចីវររបស់ភិក្ខុនោះ ក៏ដាច់ទៅ។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់អស់សេចក្តីសង្ឃឹម។
ចប់ (ការបានចីវរ) ខុសបំណង ១២ប្រការ។
[២២] ភិក្ខុបានក្រាលកឋិនរួចហើយ ចៀសចេញទៅ ព្រោះចង់បានចីវរ ដោយបំណងថា អាត្មាអញ នឹងត្រឡប់វិញ។ ភិក្ខុនោះ ទៅដល់ក្រៅសីមា ចូលទៅកាន់ទីដែលខ្លួនចង់បានចីវរនោះ ក៏បាន (ចីវរ) ត្រូវតាមបំណង គឺមិនបានខុសបំណង។ ភិក្ខុនោះ មានគំនិតយ៉ាងនេះថា អាត្មាអញ នឹងធ្វើចីវរនេះ ក្នុងទីនេះឯង អាត្មាអញ នឹងមិនត្រឡប់វិញទេ។ ភិក្ខុនោះ ក៏ធ្វើចីវរនោះឲ្យសម្រេច។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់ចីវរសម្រេច ជាកំណត់។ ភិក្ខុបានក្រាលកឋិនរួចហើយ ចៀសចេញទៅ ព្រោះចង់បានចីវរ ដោយបំណងថា អាត្មាអញ នឹងត្រឡប់វិញ។ ភិក្ខុនោះ ទៅដល់ក្រៅសីមាហើយ ចូលទៅកាន់ទីដែលខ្លួនចង់បានចីវរ ក៏បាន (ចីវរ) ត្រូវតាមបំណង គឺមិនបានខុសបំណង។ ភិក្ខុនោះ មានគំនិតយ៉ាងនេះថា អាត្មាអញ នឹងមិនធ្វើចីវរនេះទេ អាត្មាអញ នឹងមិនត្រឡប់វិញទេ។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់សេចក្តីសន្និដ្ឋាន ជាកំណត់។ ភិក្ខុបានក្រាលកឋិនរួចហើយ ចៀសចេញទៅ ព្រោះចង់បានចីវរ ដោយបំណងថា អាត្មាអញ នឹងត្រឡប់វិញ។ ភិក្ខុនោះ ទៅដល់ក្រៅសីមាហើយ ចូលទៅកាន់ទីដែលខ្លួនចង់បានចីវរនោះ ក៏បាន (ចីវរ) ត្រូវតាមបំណង គឺមិនបានខុសបំណង។ ភិក្ខុនោះ មានគំនិតយ៉ាងនេះថា អាត្មាអញ នឹងធ្វើចីវរនេះ ក្នុងទីនេះឯង អាត្មាអញ នឹងមិនត្រឡប់វិញទេ។ ភិក្ខុនោះ ក៏បានធ្វើចីវរនោះ។ កាលភិក្ខុនោះកំពុងធ្វើ ចីវរនោះ ក៏វិនាសទៅ។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់ចីវរវិនាស ជាកំណត់។ ភិក្ខុបានក្រាលកឋិនរួចហើយ ចៀសចេញទៅ ព្រោះចង់បានចីវរ ដោយបំណងថា អាត្មាអញ នឹងត្រឡប់វិញ។ ភិក្ខុនោះ ទៅដល់ក្រៅសីមា ហើយមានគំនិតយ៉ាងនេះថា អាត្មាអញ នឹងចូលទៅកាន់ទីដែលអាត្មាអញចង់បានចីវរនេះ ក្នុងទីនេះឯង អាត្មាអញ នឹងមិនត្រឡប់វិញទេ។ ភិក្ខុនោះ ក៏ចូលទៅកាន់ទីដែលខ្លួនចង់បានចីវរនោះ។ ឯសេចក្តីចង់បានចីវររបស់ភិក្ខុនោះ ក៏ដាច់ទៅ។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់អស់សេចក្តីសង្ឃឹម។
[២៣] ភិក្ខុបានក្រាលកឋិនរួចហើយ ចៀសចេញទៅ ព្រោះចង់បានចីវរ ដោយបំណងថា អាត្មាអញ នឹងត្រឡប់វិញ។ ភិក្ខុនោះ ទៅដល់ក្រៅសីមា ក៏ឮដំណឹងថា កឋិនក្នុងអាវាសនោះ សង្ឃព្រមគ្នាដកហើយ។ ភិក្ខុនោះ មានគំនិតយ៉ាងនេះថា កឋិនក្នុងអាវាសនោះ កាលណាបើសង្ឃព្រមគ្នាដកហើយ អាត្មាអញនឹងចូលទៅកាន់ទីដែលអាត្មាអញចង់បានចីវរនេះ ក្នុងទីនេះឯង។ ភិក្ខុនោះ ក៏ចូលទៅកាន់ទីដែលខ្លួនចង់បានចីវរនោះ ក៏បាន (ចីវរ) ត្រូវតាមបំណង គឺមិនបានខុសបំណង។ ភិក្ខុនោះមានគំនិតយ៉ាងនេះថា អាត្មាអញ នឹងធ្វើចីវរនេះ ក្នុងទីនេះឯង អាត្មាអញ នឹងមិនត្រឡប់វិញទេ។ ភិក្ខុនោះ ក៏បានធ្វើចីវរនោះឲ្យសម្រេច។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់ចីវរសម្រេច ជាកំណត់។ ភិក្ខុបានក្រាលកឋិនរួចហើយ ចៀសចេញទៅ ព្រោះចង់បានចីវរ ដោយបំណងថា អាត្មាអញ នឹងត្រឡប់វិញ។ ភិក្ខុនោះ ទៅដល់ក្រៅសីមា ក៏បានឮដំណឹងថា កឋិនក្នុងអាវាសនោះ សង្ឃព្រមគ្នាដកហើយ។ ភិក្ខុនោះ មានគំនិតយ៉ាងនេះថា កឋិនក្នុងអាវាសនោះ កាលណាបើសង្ឃព្រមគ្នាដកហើយ អាត្មាអញ នឹងចូលទៅកាន់ទី ដែលអាត្មាអញចង់បានចីវរនេះ ក្នុងទីនេះឯង។ ភិក្ខុនោះ ចូលទៅកាន់ទីដែលខ្លួនចង់បានចីវរនោះ ក៏បាន (ចីវរ) ត្រូវតាមបំណង គឺមិនបានខុសបំណង។ ភិក្ខុនោះមានគំនិតយ៉ាងនេះថា អាត្មាអញ នឹងមិនធ្វើចីវរនេះទេ អាត្មាអញ នឹងមិនត្រឡប់វិញទេ។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់សេចក្តីសន្និដ្ឋាន ជាកំណត់។ ភិក្ខុបានក្រាលកឋិនរួចហើយ ចៀសចេញទៅ ព្រោះចង់បានចីវរ ដោយបំណងថា អាត្មាអញ នឹងត្រឡប់វិញ។ ភិក្ខុនោះ ទៅដល់ក្រៅសីមា ក៏ឮដំណឹងថា កឋិនក្នុងអាវាសនោះ សង្ឃព្រមគ្នាដកហើយ។ ភិក្ខុនោះ មានគំនិតយ៉ាងនេះថា កឋិនក្នុងអាវាសនោះ កាលណាបើសង្ឃព្រមគ្នាដកហើយ អាត្មាអញនឹងចូលទៅកាន់ទីដែលអាត្មាអញចង់បានចីវរនេះ ក្នុងទីនេះឯង។ ភិក្ខុនោះ ចូលទៅកាន់ទីដែលខ្លួនចង់បានចីវរ ក៏បាន (ចីវរ) ត្រូវតាមបំណង គឺមិនបានខុសបំណង។ ភិក្ខុនោះមានគំនិតយ៉ាងនេះថា អាត្មាអញ នឹងធ្វើចីវរនេះ ក្នុងទីនេះឯង អាត្មាអញ នឹងមិនត្រឡប់វិញទេ។ ភិក្ខុនោះ ក៏ធ្វើចីវរនោះ។ កាលភិក្ខុនោះកំពុងធ្វើ ចីវរក៏វិនាសទៅ។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់ចីវរវិនាស ជាកំណត់។ ភិក្ខុបានក្រាលកឋិនរួចហើយ ចៀសចេញទៅ ព្រោះចង់បានចីវរ ដោយបំណងថា អាត្មាអញ នឹងត្រឡប់វិញ។ ភិក្ខុនោះ ទៅដល់ក្រៅសីមា ក៏បានឮដំណឹងថា កឋិនក្នុងអាវាសនោះ សង្ឃព្រមគ្នាដកហើយ។ ភិក្ខុនោះ មានគំនិតយ៉ាងនេះថា កឋិនក្នុងអាវាសនោះ កាលណាបើសង្ឃព្រមគ្នាដកហើយ អាត្មាអញនឹងចូលទៅកាន់ទីដែលអាត្មាអញចង់បានចីវរនេះ ក្នុងទីនេះឯង អាត្មាអញ នឹងមិនត្រឡប់វិញទេ។ ភិក្ខុនោះ ក៏ចូលទៅកាន់ទីដែលខ្លួនចង់បានចីវរនោះ។ ឯសេចក្តីចង់បានចីវរនោះរបស់ភិក្ខុនោះ ក៏ដាច់ទៅ។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់អស់សេចក្តីសង្ឃឹម។
[២៤] ភិក្ខុបានក្រាលកឋិនរួចហើយ ចៀសចេញទៅ ព្រោះចង់បានចីវរ ដោយបំណងថា អាត្មាអញ នឹងត្រឡប់វិញ។ ភិក្ខុនោះ ទៅដល់ក្រៅសីមា ក៏ចូលទៅកាន់ទីដែលខ្លួនចង់បានចីវរនោះ ក៏បាន (ចីវរ) ត្រូវតាមបំណង គឺមិនបានខុសបំណង។ ភិក្ខុនោះ ក៏បានធ្វើចីវរនោះ។លុះភិក្ខុនោះ ធ្វើចីវររួចហើយ ក៏ឮដំណឹងថា កឋិនក្នុងអាវាសនោះ សង្ឃព្រមគ្នាដកហើយ។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់ឮដំណឹង ជាកំណត់។ ភិក្ខុបានក្រាលកឋិនរួចហើយ ចៀសចេញទៅ ព្រោះចង់បានចីវរ ដោយបំណងថា អាត្មាអញ នឹងត្រឡប់វិញ។ ភិក្ខុនោះ ទៅដល់ក្រៅសីមា ក៏មានគំនិតយ៉ាងនេះថា អាត្មាអញ នឹងចូលទៅកាន់ទីដែលអាត្មាអញចង់បានចីវរនេះ ក្នុងទីនេះឯង អាត្មាអញ នឹងមិនត្រឡប់វិញទេ។ ភិក្ខុនោះ ចូលទៅកាន់ទីដែលខ្លួនចង់បានចីវរនោះ។ ឯសេចក្តីចង់បានចីវររបស់ភិក្ខុនោះ ក៏ដាច់ទៅ។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់អស់សេចក្តីសង្ឃឹម។ ភិក្ខុបានក្រាលកឋិនរួចហើយ ចៀសចេញទៅ ព្រោះចង់បានចីវរ ដោយបំណងថា អាត្មាអញ នឹងមិនត្រឡប់វិញទេ។ ភិក្ខុនោះ ទៅដល់ក្រៅសីមា ក៏ចូលទៅកាន់ទីដែលខ្លួនចង់បានចីវរនោះ ក៏បាន (ចីវរ) ត្រូវតាមបំណង គឺមិនបានខុសបំណង។ ភិក្ខុនោះ ក៏បានធ្វើចីវរនោះ។ ភិក្ខុនោះធ្វើចីវររួចហើយ ក៏គិតថា អាត្មាអញ នឹងត្រឡប់វិញ អាត្មាអញ នឹងត្រឡប់វិញដែរ (តែមិនទាន់បានត្រឡប់នៅឡើយ) កឋិនក៏ដោះខាងក្រៅ (នោះ)ទៅ។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់កន្លងខេត្តកឋិន ជាកំណត់។ ភិក្ខុបានក្រាលកឋិនរួចហើយ ចៀសចេញទៅ ព្រោះចង់បានចីវរ ដោយបំណងថា អាត្មាអញ នឹងត្រឡប់វិញ។ ភិក្ខុនោះ ទៅដល់ក្រៅសីមា ក៏ចូលទៅកាន់ទីដែលខ្លួនចង់បានចីវរនោះ ក៏បាន (ចីវរ) ត្រូវតាមបំណង គឺមិនបានខុសបំណង។ ភិក្ខុនោះ ក៏បានធ្វើចីវរនោះ។ ភិក្ខុនោះធ្វើចីវររួចហើយ គិតថា អាត្មាអញ នឹងត្រឡប់វិញ អាត្មាអញ នឹងត្រឡប់វិញ ហើយក៏មកទាន់ពេលដោះកឋិនមែន។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ជាមួយនឹងភិក្ខុទាំងឡាយ។
ចប់ (ការបានចីវរ) ត្រូវតាមបំណង ១២ប្រការ។
[២៥] ភិក្ខុបានក្រាលកឋិនរួចហើយ ចៀសចេញទៅ ដោយមានកិច្ចឯណានីមួយ។ កាលភិក្ខុនោះ ទៅដល់ក្រៅសីមា សេចក្តីចង់បានចីវរ ក៏កើតឡើង។ ភិក្ខុនោះ ចូលទៅកាន់ទីដែលខ្លួនចង់បានចីវរ ក៏បាន (ចីវរ) ខុសបំណង គឺមិនបានតាមបំណង។ ភិក្ខុនោះ មានគំនិតយ៉ាងនេះថា អាត្មាអញ នឹងធ្វើចីវរនេះ ក្នុងទីនេះឯង អាត្មាអញ នឹងមិនត្រឡប់វិញទេ។ ភិក្ខុនោះ ក៏ធ្វើចីវរនោះឲ្យសម្រេច។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់ចីវរសម្រេច ជាកំណត់។ ភិក្ខុបានក្រាលកឋិនរួចហើយ ចៀសចេញទៅ ដោយមានកិច្ចឯណានីមួយ។ ភិក្ខុនោះ ទៅដល់ក្រៅសីមា សេចក្តីចង់បានចីវរ ក៏កើតឡើង។ ភិក្ខុនោះ ចូលទៅកាន់ទីដែលខ្លួនចង់បានចីវរ ក៏បាន (ចីវរ) ខុសបំណង គឺមិនបានតាមបំណង។ ភិក្ខុនោះ មានគំនិតយ៉ាងនេះថា អាត្មាអញ នឹងមិនធ្វើចីវរនេះទេ អាត្មាអញ នឹងមិនត្រឡប់វិញទេ។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់សេចក្តីសន្និដ្ឋាន ជាកំណត់។ ភិក្ខុបានក្រាលកឋិនរួចហើយ ចៀសចេញទៅ ដោយមានកិច្ចឯណានីមួយ។ ភិក្ខុនោះ ទៅដល់ក្រៅសីមាហើយ សេចក្តីចង់បានចីវរ ក៏កើតឡើង។ ភិក្ខុនោះ ចូលទៅកាន់ទីដែលខ្លួនចង់បានចីវរ ក៏បាន (ចីវរ) ខុសបំណង គឺមិនបានត្រូវតាមបំណង។ ភិក្ខុនោះ មានគំនិតយ៉ាងនេះថា អាត្មាអញ នឹងធ្វើចីវរនេះ ក្នុងទីនេះឯង អាត្មាអញ នឹងមិនត្រឡប់វិញទេ។ ភិក្ខុនោះ ក៏បានធ្វើចីវរនោះ។ កាលភិក្ខុនោះ កំពុងធ្វើ ចីវរនោះ ក៏វិនាសទៅ។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់ចីវរវិនាស ជាកំណត់។ ភិក្ខុបានក្រាលកឋិនរួចហើយ ចៀសចេញទៅ ដោយមានកិច្ចឯណានីមួយ។ ភិក្ខុនោះ ទៅដល់ក្រៅសីមា សេចក្តីចង់បានចីវរ ក៏កើតឡើង។ ភិក្ខុនោះ មានគំនិតយ៉ាងនេះថា អាត្មាអញ នឹងចូលទៅកាន់ទី ដែលអាត្មាអញចង់បានចីវរនេះ ក្នុងទីនេះឯង អាត្មាអញ នឹងមិនត្រឡប់វិញទេ។ ភិក្ខុនោះ ចូលទៅកាន់ទី ដែលខ្លួនអញចង់បានចីវរនោះ។ ឯសេចក្តីចង់បានចីវរនោះ របស់ភិក្ខុនោះ ក៏ដាច់ទៅ។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់អស់សេចក្តីសង្ឃឹម។
[២៦] ភិក្ខុបានក្រាលកឋិនរួចហើយ ចៀសចេញទៅ ដោយមានកិច្ចឯណានីមួយ ដោយបំណងថា អាត្មាអញ នឹងមិនត្រឡប់វិញទេ។ កាលភិក្ខុនោះ ទៅដល់ក្រៅសីមា សេចក្តីចង់បានចីវរ ក៏កើតឡើង។ ភិក្ខុនោះ ចូលទៅកាន់ទីដែលខ្លួនចង់បានចីវរនោះ ក៏បាន (ចីវរ) ខុសបំណង គឺមិនបានត្រូវតាមបំណង។ ភិក្ខុនោះ មានគំនិតយ៉ាងនេះថា អាត្មាអញ នឹងធ្វើចីវរនេះ ក្នុងទីនេះឯង។ ភិក្ខុនោះ ក៏បានធ្វើចីវរនោះឲ្យសម្រេច។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់ចីវរសម្រេច ជាកំណត់។ ភិក្ខុបានក្រាលកឋិនរួចហើយ ចៀសចេញទៅ ដោយមានកិច្ចឯណានីមួយ ដោយបំណងថា អាត្មាអញ នឹងមិនត្រឡប់វិញទេ។ កាលភិក្ខុនោះ ទៅដល់ក្រៅសីមា សេចក្តីចង់បានចីវរ ក៏កើតឡើង។ ភិក្ខុនោះ ចូលទៅកាន់ទី ដែលខ្លួនចង់បានចីវរនោះ ក៏បាន (ចីវរ)ខុស បំណង គឺមិនបានត្រូវតាមបំណង។ ភិក្ខុនោះមានគំនិតយ៉ាងនេះថា អាត្មាអញ នឹងមិនធ្វើចីវរនេះទេ។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់សេចក្តីសន្និដ្ឋាន ជាកំណត់។ ភិក្ខុបានក្រាលកឋិនរួចហើយ ចៀសចេញទៅ ដោយមានកិច្ចឯណានីមួយ ដោយបំណងថា អាត្មាអញ នឹងមិនត្រឡប់វិញទេ។ កាលភិក្ខុនោះ ទៅដល់ក្រៅសីមា សេចក្តីចង់បានចីវរ ក៏កើតឡើង។ ភិក្ខុនោះ ចូលទៅកាន់ទីដែលខ្លួនចង់បានចីវរនោះ ក៏បាន (ចីវរ) ខុសបំណង គឺមិនបានត្រូវតាមបំណង។ ភិក្ខុនោះមានគំនិតយ៉ាងនេះថា អាត្មាអញ នឹងធ្វើចីវរនេះ ក្នុងទីនេះឯង។ ភិក្ខុនោះ ក៏បានធ្វើចីវរនោះ។ កាលភិក្ខុនោះកំពុងធ្វើ ចីវរក៏វិនាសទៅ។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់ចីវរវិនាស ជាកំណត់។ ភិក្ខុបានក្រាលកឋិនរួចហើយ ចៀសចេញទៅ ដោយមានកិច្ចឯណានីមួយ ដោយបំណងថា អាត្មាអញ នឹងមិនត្រឡប់វិញទេ។ កាលភិក្ខុនោះ ទៅដល់ក្រៅសីមា សេចក្តីចង់បានចីវរ ក៏កើតឡើង។ ភិក្ខុនោះ មានគំនិតយ៉ាងនេះថា អាត្មាអញនឹងចូលទៅកាន់ទី ដែលអាត្មាអញចង់បានចីវរនេះ ក្នុងទីនេះឯង។ ភិក្ខុនោះ ចូលទៅកាន់ទី ដែលខ្លួនចង់បានចីវរនោះ។ ឯសេចក្តីចង់បានចីវរ របស់ភិក្ខុនោះ ក៏ដាច់ទៅ។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់អស់សេចក្តីសង្ឃឹម។
[២៧] ភិក្ខុបានក្រាលកឋិនរួចហើយ ចៀសចេញទៅ ដោយមានកិច្ចឯណានីមួយ ដោយមិនបានតាំងចិត្ត គឺភិក្ខុនោះ គ្មានគំនិតថា អាត្មាអញ នឹងត្រឡប់វិញ ទាំងគំនិតរបស់ភិក្ខុនោះថា អាត្មាអញ នឹងមិនត្រឡប់វិញ ក៏គ្មានដែរ។ កាលភិក្ខុនោះ ទៅដល់ក្រៅសីមា សេចក្តីចង់បានចីវរ ក៏កើតឡើង។ ភិក្ខុនោះ ចូលទៅកាន់ទីដែលខ្លួនចង់បានចីវរនោះ ក៏បាន (ចីវរ) ខុសបំណង គឺមិនបានត្រូវតាមបំណង។ ភិក្ខុនោះ មានគំនិតយ៉ាងនេះថា អាត្មាអញ នឹងធ្វើចីវរនេះ ក្នុងទីនេះឯង អាត្មាអញ នឹងមិនត្រឡប់វិញទេ។ ភិក្ខុនោះ ក៏បានធ្វើចីវរនោះឲ្យសម្រេច។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់ចីវរសម្រេច ជាកំណត់។ ភិក្ខុបានក្រាលកឋិនរួចហើយ ចៀសចេញទៅ ដោយមានកិច្ចឯណានីមួយ ដោយមិនបានតាំងចិត្ត គឺភិក្ខុនោះ គ្មានគំនិតថា អាត្មាអញ នឹងត្រឡប់វិញ ទាំងគំនិតរបស់ភិក្ខុនោះថា អាត្មាអញ នឹងមិនត្រឡប់វិញ ក៏គ្មានដែរ។ កាលភិក្ខុនោះ ទៅដល់ក្រៅសីមា សេចក្តីចង់បានចីវរ ក៏កើតឡើង។ ភិក្ខុនោះ ចូលទៅកាន់ទីដែលខ្លួនចង់បានចីវរនោះ ក៏បាន (ចីវរ) ខុសបំណង គឺមិនបានត្រូវតាមបំណង។ ភិក្ខុនោះ មានគំនិតយ៉ាងនេះថា អាត្មាអញ នឹងមិនធ្វើចីវរនេះទេ អាត្មាអញ នឹងមិនត្រឡប់វិញទេ។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់សេចក្តីសន្និដ្ឋាន ជាកំណត់។ ភិក្ខុបានក្រាលកឋិនរួចហើយ ចៀសចេញទៅ ដោយមានកិច្ចឯណានីមួយ ដោយមិនបានតាំងចិត្ត គឺភិក្ខុនោះ គ្មានគំនិតថា អាត្មាអញ នឹងត្រឡប់វិញ ទាំងគំនិតរបស់ភិក្ខុនោះថា អាត្មាអញ នឹងមិនត្រឡប់វិញ ក៏គ្មានដែរ។ ភិក្ខុនោះ ទៅដល់ក្រៅសីមា សេចក្តីចង់បានចីវរ ក៏កើតឡើង។ កាលភិក្ខុនោះ ចូលទៅកាន់ទីដែលខ្លួនចង់បានចីវរនោះ ក៏បាន (ចីវរ) ខុសបំណង គឺមិនបានតាមបំណង។ ភិក្ខុនោះ មានគំនិតយ៉ាងនេះថា អាត្មាអញ នឹងធ្វើចីវរនេះ ក្នុងទីនេះឯង អាត្មាអញ នឹងមិនត្រឡប់វិញទេ។ ភិក្ខុនោះ ក៏ធ្វើចីវរនោះ។ កាលភិក្ខុកំពុងធ្វើ ចីវរក៏វិនាសទៅ។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់ចីវរវិនាស ជាកំណត់។ ភិក្ខុបានក្រាលកឋិនរួចហើយ ចៀសចេញទៅ ដោយមានកិច្ចឯណានីមួយ ដោយមិនបានតាំងចិត្ត គឺភិក្ខុនោះ គ្មានគំនិតថា អាត្មាអញ នឹងត្រឡប់វិញ ទាំងគំនិតរបស់ភិក្ខុនោះថា អាត្មាអញ នឹងមិនត្រឡប់វិញ ក៏គ្មានដែរ។ កាលភិក្ខុនោះ ទៅដល់ក្រៅសីមា សេចក្តីចង់បានចីវរ ក៏កើតឡើង។ ភិក្ខុនោះ មានគំនិតយ៉ាងនេះថា អាត្មាអញ នឹងចូលទៅកាន់ទីដែលអាត្មាអញចង់បានចីវរនេះ ក្នុងទីនេះឯង អាត្មាអញ នឹងមិនត្រឡប់វិញទេ។ ភិក្ខុនោះ ចូលទៅកាន់ទីដែលខ្លួនចង់បានចីវរនោះ។ ឯសេចក្តីចង់បានចីវររបស់ភិក្ខុនោះ ក៏ដាច់ទៅ។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់អស់សេចក្តីសង្ឃឹម។
ចប់ ករណីយកិច្ច ១២ប្រការ។
[២៨] ភិក្ខុបានក្រាលកឋិនរួចហើយ មានដំណើរទៅកាន់ទិស ក៏ចៀសចេញទៅ ឥតមានសេចក្តីខ្វល់ខ្វាយនឹងចំណែកនៃចីវរ (របស់ខ្លួន) ភិក្ខុទាំងឡាយ សួរភិក្ខុដែលទៅកាន់ទិសនោះថា ម្នាលលោកដ៏មានអាយុ លោកនៅចាំវស្សាក្នុងអាវាសណា ម្យ៉ាងទៀត ចំណែកចីវររបស់លោក (មាននៅ) ក្នុងអាវាសណា។ ភិក្ខុនោះ ពោលតបយ៉ាងនេះថា ខ្ញុំនៅចាំវស្សាក្នុងអាវាសឯណោះ ឯចំណែកចីវររបស់ខ្ញុំ (ក៏មាននៅ) ក្នុងអាវាសនោះដែរ។ ទើបភិក្ខុទាំងនោះ ពោលយ៉ាងនេះថា ម្នាលលោកដ៏មានអាយុ ចូរលោកទៅយកចីវរនោះមក យើងទាំងឡាយ នឹងធ្វើចីវរឲ្យលោកក្នុងទីនេះ។ លុះភិក្ខុនោះទៅកាន់អាវាសនោះហើយ ក៏សួរភិក្ខុទាំងឡាយថា នែលោកដ៏មានអាយុទាំងឡាយ ចំណែកចីវររបស់ខ្ញុំ ទុកក្នុងទីណា។ ភិក្ខុទាំងនោះ ពោលតបយ៉ាងនេះថា ម្នាលលោកដ៏មានអាយុ ចីវរនេះ ជាចំណែករបស់លោកហើយ តើលោកនឹងទៅក្នុងទីណា។ ភិក្ខុនោះឆ្លើយយ៉ាងនេះថា ខ្ញុំនឹងទៅកាន់អាវាសឯណោះ ដ្បិតពួកភិក្ខុក្នុងអាវាសនោះ បំរុងនឹងធ្វើចីវរឲ្យខ្ញុំ។ ភិក្ខុទាំងនោះ និយាយយ៉ាងនេះថា ណ្ហើយលោកដ៏មានអាយុ លោកកុំទៅឡើយ យើងទាំងឡាយនឹងធ្វើចីវរឲ្យលោកក្នុងទីនេះ។ ឯភិក្ខុនោះមានគំនិតយ៉ាងនេះថា អាត្មាអញ នឹងធ្វើចីវរនេះ ក្នុងទីនេះឯង អាត្មាអញ នឹងមិនត្រឡប់វិញទេ។ ភិក្ខុនោះ ក៏បានធ្វើចីវរនោះឲ្យសម្រេច។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់ចីវរសម្រេច ជាកំណត់។ ភិក្ខុបានក្រាលកឋិនរួចហើយ មានដំណើរទៅកាន់ទិស ក៏ចៀសចេញទៅ។បេ។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់សេចក្តីសន្និដ្ឋាន ជាកំណត់។ ភិក្ខុបានក្រាលកឋិនរួចហើយ មានដំណើរទៅកាន់ទិស ក៏ចៀសចេញទៅ។បេ។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់ចីវរវិនាស ជាកំណត់។
[២៩] ភិក្ខុបានក្រាលកឋិនរួចហើយ មានដំណើរទៅកាន់ទិស ក៏ចៀសចេញទៅ គ្មានសេចក្តីខ្វល់ខ្វាយនឹងចំណែកចីវរ (របស់ខ្លួន)។ ភិក្ខុទាំងឡាយ សួរភិក្ខុដែលទៅកាន់ទិសនោះថា ម្នាលលោកដ៏មានអាយុ លោកនៅចាំវស្សាក្នុងអាវាសណា មួយទៀត ចំណែកចីវររបស់លោក (មាននៅ) ក្នុងអាវាសណា។ ភិក្ខុនោះ ឆ្លើយតបយ៉ាងនេះថា ខ្ញុំនៅចាំវស្សាក្នុងអាវាសឯណោះ ឯចំណែកចីវររបស់ខ្ញុំ (មាននៅ) ក្នុងអាវាសនោះដែរ។ ភិក្ខុទាំងនោះ និយាយថា ម្នាលលោកដ៏មានអាយុ ចូរលោកទៅយកចីវរនោះមក យើងទាំងឡាយ នឹងធ្វើចីវរឲ្យលោកក្នុងទីនេះ។ លុះភិក្ខុនោះទៅកាន់អាវាសនោះហើយ ក៏សួរភិក្ខុទាំងឡាយថា នែលោកដ៏មានអាយុទាំងឡាយ ចំណែកចីវររបស់ខ្ញុំ (ទុក)ក្នុងទីណា។ ភិក្ខុទាំងនោះ ឆ្លើយតបយ៉ាងនេះថា ម្នាលលោកដ៏មានអាយុ ចីវរនេះ ជាចំណែករបស់លោក។ ភិក្ខុនោះ ក៏នាំយកចីវរនោះ ហើយដើរទៅកាន់អាវាសនោះ។ ដល់ពាក់កណ្តាលផ្លូវ ភិក្ខុទាំងឡាយ ក៏សួរភិក្ខុនោះថា ម្នាលលោកដ៏មានអាយុ លោកទៅឯណា។ ភិក្ខុនោះប្រាប់យ៉ាងនេះថា ខ្ញុំនឹងទៅអាវាសឯណោះ (ដ្បិត) ពួកភិក្ខុក្នុងអាវាសនោះ បំរុងនឹងធ្វើចីវរឲ្យខ្ញុំ។ ភិក្ខុទាំងនោះ និយាយយ៉ាងនេះថា ណ្ហើយលោកដ៏មានអាយុ លោកកុំទៅឡើយ យើងទាំងឡាយ នឹងធ្វើចីវរឲ្យលោក ក្នុងទីនេះ។ ភិក្ខុនោះមានគំនិតយ៉ាងនេះថា អាត្មាអញ នឹងធ្វើចីវរនេះ ក្នុងទីនេះឯង អាត្មាអញ នឹងមិនត្រឡប់មកវិញទេ។ ភិក្ខុនោះ ក៏បានធ្វើចីវរនោះឲ្យសម្រេច។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់ចីវរសម្រេច ជាកំណត់។ ភិក្ខុបានក្រាលកឋិនរួចហើយ មានដំណើរទៅកាន់ទិស ក៏ចៀសចេញទៅ គ្មានសេចក្តីខ្វល់ខ្វាយនឹងចំណែកចីវរ (របស់ខ្លួនទេ)។ ភិក្ខុទាំងឡាយ សួរភិក្ខុដែលទៅកាន់ទិសនោះថា ម្នាលលោកដ៏មានអាយុ លោកនៅចាំវស្សាក្នុងអាវាសណា មួយទៀត ចំណែកចីវររបស់លោក (មាននៅ) ក្នុងអាវាសណា។ ភិក្ខុនោះ ឆ្លើយតបយ៉ាងនេះថា ខ្ញុំនៅចាំវស្សាក្នុងអាវាសឯណោះ ឯចំណែកចីវររបស់ខ្ញុំ (មាននៅ) ក្នុងអាវាសនោះដែរ។ ភិក្ខុទាំងនោះ និយាយយ៉ាងនេះថា ម្នាលលោកដ៏មានអាយុ លោកចូរទៅយកចីវរនោះមក យើងទាំងឡាយ នឹងធ្វើចីវរឲ្យលោកក្នុងទីនេះ។ លុះភិក្ខុនោះទៅកាន់អាវាសនោះហើយ ក៏សួរភិក្ខុទាំងឡាយថា នែលោកដ៏មានអាយុទាំងឡាយ ចំណែកចីវររបស់ខ្ញុំ (ទុក)ក្នុងឯទីណា។ ភិក្ខុទាំងនោះ និយាយយ៉ាងនេះថា ម្នាលលោកដ៏មានអាយុ ចីវរនេះ ជាចំណែករបស់លោក។ ភិក្ខុនោះ ក៏នាំយកចីវរនោះ ហើយដើរទៅកាន់អាវាសនោះ។ ដល់ពាក់កណ្តាលផ្លូវ ភិក្ខុទាំងឡាយ ក៏សួរភិក្ខុនោះថា ម្នាលលោកដ៏មានអាយុ លោកទៅឯណា។ ភិក្ខុនោះឆ្លើយប្រាប់យ៉ាងនេះថា ខ្ញុំទៅកាន់អាវាសឯណោះ (ដ្បិត) ពួកភិក្ខុក្នុងអាវាសនោះ បំរុងនឹងធ្វើចីវរឲ្យខ្ញុំ។ ភិក្ខុទាំងនោះ និយាយយ៉ាងនេះថា ណ្ហើយលោកដ៏មានអាយុ លោកកុំទៅឡើយ យើងទាំងឡាយ នឹងធ្វើចីវរឲ្យលោក ក្នុងទីនេះ។ ភិក្ខុនោះមានគំនិតយ៉ាងនេះថា អាត្មាអញ នឹងមិនធ្វើចីវរនេះទេ អាត្មាអញ នឹងមិនត្រឡប់វិញទេ។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់សេចក្តីសន្និដ្ឋាន ជាកំណត់។ ភិក្ខុបានក្រាលកឋិនរួចហើយ មានដំណើរទៅកាន់ទិស ក៏ចៀសចេញទៅ គ្មានសេចក្តីខ្វល់ខ្វាយនឹងចំណែកចីវរ (របស់ខ្លួន)។ ភិក្ខុទាំងឡាយ សួរភិក្ខុដែលទៅកាន់ទិសនោះថា ម្នាលលោកដ៏មានអាយុ លោកនៅចាំវស្សាក្នុងអាវាសណា មួយទៀត ចំណែកចីវររបស់លោក (មាននៅ) ក្នុងអាវាសណា។ ភិក្ខុនោះ ប្រាប់យ៉ាងនេះថា ខ្ញុំនៅចាំវស្សាក្នុងអាវាសឯណោះ ឯចំណែកចីវររបស់ខ្ញុំ (មាននៅ) ក្នុងអាវាសនោះដែរ។ ភិក្ខុទាំងនោះ និយាយយ៉ាងនេះថា ម្នាលលោកដ៏មានអាយុ ចូរលោកទៅយកចីវរនោះមក យើងទាំងឡាយ នឹងធ្វើចីវរឲ្យលោកក្នុងទីនេះ។ លុះភិក្ខុនោះទៅកាន់អាវាសនោះហើយ ក៏សួរភិក្ខុទាំងឡាយថា នែលោកដ៏មានអាយុទាំងឡាយ ចំណែកចីវររបស់ខ្ញុំ (ទុក)ក្នុងទីណា។ ភិក្ខុទាំងនោះ និយាយយ៉ាងនេះថា ម្នាលលោកដ៏មានអាយុ ចីវរនេះ ជាចំណែករបស់លោក។ ភិក្ខុនោះ ក៏នាំយកចីវរនោះ ហើយទៅកាន់អាវាសនោះ។ ដល់ពាក់កណ្តាលផ្លូវ ភិក្ខុទាំងឡាយ សួរភិក្ខុនោះថា ម្នាលលោកដ៏មានអាយុ លោកទៅឯណា។ ភិក្ខុនោះតបយ៉ាងនេះថា ខ្ញុំនឹងទៅកាន់អាវាសឯណោះ (ដ្បិត) ភិក្ខុទាំងឡាយ ក្នុងអាវាសនោះ បំរុងនឹងធ្វើចីវរឲ្យខ្ញុំ។ ភិក្ខុទាំងនោះ និយាយយ៉ាងនេះថា ណ្ហើយលោកដ៏មានអាយុ លោកកុំទៅឡើយ យើងទាំងឡាយ នឹងធ្វើចីវរឲ្យលោក ក្នុងទីនេះ។ ភិក្ខុនោះ មានគំនិតយ៉ាងនេះថា អាត្មាអញ នឹងធ្វើចីវរនេះ ក្នុងទីនេះឯង អាត្មាអញ នឹងមិនត្រឡប់វិញទេ។ ភិក្ខុនោះ ក៏ធ្វើចីវរនោះ។ កាលភិក្ខុនោះកំពុងធ្វើ ចីវរនោះក៏វិនាសទៅ។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់ចីវរវិនាស ជាកំណត់។
[៣០] ភិក្ខុបានក្រាលកឋិនរួចហើយ មានដំណើរទៅកាន់ទិស ក៏ចៀសចេញទៅ គ្មានសេចក្តីខ្វល់ខ្វាយនឹងចំណែកចីវរ (របស់ខ្លួន)។ ភិក្ខុទាំងឡាយ សួរភិក្ខុដែលទៅកាន់ទិសនោះថា ម្នាលលោកដ៏មានអាយុ លោកនៅចាំវស្សាក្នុងអាវាសណា មួយទៀត ចំណែកចីវររបស់លោក (មាននៅ) ក្នុងអាវាសណា។ ភិក្ខុនោះ ប្រាប់យ៉ាងនេះថា ខ្ញុំនៅចាំវស្សាក្នុងអាវាសឯណោះ ឯចំណែកចីវររបស់ខ្ញុំ (មាននៅ) ក្នុងអាវាសនោះដែរ។ ភិក្ខុទាំងនោះ និយាយយ៉ាងនេះថា ម្នាលលោកដ៏មានអាយុ ចូរលោកទៅយកចីវរនោះមក យើងទាំងឡាយ នឹងធ្វើចីវរឲ្យលោកក្នុងទីនេះ។ លុះភិក្ខុនោះទៅកាន់អាវាសនោះហើយ ក៏សួរភិក្ខុទាំងឡាយថា នែលោកដ៏មានអាយុទាំងឡាយ ចំណែកចីវររបស់ខ្ញុំ (ទុក)ក្នុងទីណា។ ភិក្ខុទាំងនោះ និយាយយ៉ាងនេះថា ម្នាលលោកដ៏មានអាយុ ចីវរនេះ ជាចំណែករបស់លោក។ ភិក្ខុនោះ ក៏នាំយកចីវរនោះ ហើយទៅកាន់អាវាសនោះ។ លុះភិក្ខុនោះទៅដល់អាវាសនោះហើយ មានគំនិតយ៉ាងនេះថា អាត្មាអញ នឹងធ្វើចីវរនេះ ក្នុងទីនេះឯង អាត្មាអញ នឹងមិនត្រឡប់វិញទេ។ ភិក្ខុនោះ ក៏បានធ្វើចីវរនោះឲ្យសម្រេច។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់ចីវរសម្រេច ជាកំណត់។ ភិក្ខុបានក្រាលកឋិនរួចហើយ មានដំណើរទៅកាន់ទិស ក៏ចៀសចេញទៅ។បេ។ ភិក្ខុនោះ មានគំនិតយ៉ាងនេះថា អាត្មាអញ នឹងមិនធ្វើចីវរនេះទេ អាត្មាអញ នឹងមិនត្រឡប់វិញទេ។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់សេចក្តីសន្និដ្ឋាន ជាកំណត់។ ភិក្ខុបានក្រាលកឋិនរួចហើយ មានដំណើរទៅកាន់ទិស ក៏ចៀសចេញទៅ។បេ។ ភិក្ខុនោះ មានគំនិតយ៉ាងនេះថា អាត្មាអញ នឹងធ្វើចីវរនេះ ក្នុងទីនេះឯង អាត្មាអញ នឹងមិនត្រឡប់វិញទេ។ ភិក្ខុនោះ ក៏បានធ្វើចីវរនោះ។ កាលភិក្ខុនោះកំពុងធ្វើ ចីវរនោះក៏វិនាសទៅ។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់ចីវរវិនាស ជាកំណត់។
ចប់ សេចក្តីមិនខ្វល់ខ្វាយ (ក្នុងចីវរ) ៩ប្រការ។
[៣១] ភិក្ខុបានក្រាលកឋិនរួចនៅជាសុខសប្បាយ ហើយនាំយកចីវរចៀសចេញទៅ ដោយគិតថា អាត្មាអញ នឹងទៅកាន់អាវាសឯណោះ បើក្នុងអាវាសនោះ មានសេចក្តីសប្បាយដល់អាត្មាអញ ៗនឹងនៅ បើគ្មានសេចក្តីសប្បាយដល់អាត្មាអញទេ អាត្មាអញនឹងទៅកាន់អាវាសឯណោះ (ទៀត) បើក្នុងអាវាសនោះ មានសេចក្តីសប្បាយដល់អាត្មាអញ ៗនឹងនៅ បើគ្មានសេចក្តីសប្បាយដល់អាត្មាអញទេ អាត្មាអញ នឹងទៅកាន់អាវាសឯណោះ (ទៀត) បើក្នុងអាវាសនោះ មានសេចក្តីសប្បាយដល់អាត្មាអញ ៗនឹងនៅ បើគ្មានសេចក្តីសប្បាយដល់អាត្មាអញទេ អាត្មាអញ នឹងត្រឡប់វិញ។ ភិក្ខុនោះ ទៅដល់ក្រៅសីមា ក៏មានគំនិតយ៉ាងនេះថា អាត្មាអញ នឹងធ្វើចីវរនេះ ក្នុងទីនេះឯង អាត្មាអញ នឹងមិនត្រឡប់វិញទេ។ ភិក្ខុនោះ ក៏បានធ្វើចីវរនោះឲ្យសម្រេច។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់ចីវរសម្រេច ជាកំណត់។ ភិក្ខុបានក្រាលកឋិនរួចនៅជាសុខសប្បាយ ហើយនាំយកចីវរចៀសចេញទៅ ដោយគិតថា អាត្មាអញ នឹងទៅកាន់អាវាសឯណោះ បើក្នុងអាវាសនោះ មានសេចក្តីសប្បាយដល់អាត្មាអញ ៗនឹងនៅ បើគ្មានសេចក្តីសប្បាយដល់អាត្មាអញទេ អាត្មាអញនឹងទៅកាន់អាវាសឯណោះ (ទៀត) បើក្នុងអាវាសនោះ មានសេចក្តីសប្បាយដល់អាត្មាអញ ៗនឹងនៅ បើឥតមានសេចក្តីសប្បាយ ដល់អាត្មាអញទេ អាត្មាអញ នឹងទៅកាន់អាវាសឯណោះ (ទៀត) បើក្នុងអាវាសនោះ មានសេចក្តីសប្បាយ ដល់អាត្មាអញ ៗនឹងនៅ បើឥតសេចក្តីសប្បាយដល់អាត្មាអញទេ អាត្មាអញ នឹងត្រឡប់វិញ។ ភិក្ខុនោះ ទៅដល់ក្រៅសីមា ក៏មានគំនិតយ៉ាងនេះថា អាត្មាអញ នឹងមិនធ្វើចីវរនេះទេ អាត្មាអញ នឹងមិនត្រឡប់វិញទេ។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់សេចក្តីសន្និដ្ឋាន ជាកំណត់។ ភិក្ខុបានក្រាលកឋិនរួចនៅជាសុខសប្បាយ ហើយនាំយកចីវរ ដែលមិនទាន់ធ្វើ ចៀសចេញទៅ ដោយគិតថា អាត្មាអញ នឹងទៅកាន់អាវាសឯណោះ បើក្នុងអាវាសនោះ មានសេចក្តីសប្បាយដល់អាត្មាអញ ៗនឹងនៅ បើឥតមានសេចក្តីសប្បាយដល់អាត្មាអញទេ អាត្មាអញនឹងទៅកាន់អាវាសឯណោះ (ទៀត) បើក្នុងអាវាសនោះ មានសេចក្តីសប្បាយដល់អាត្មាអញ ៗនឹងនៅ បើឥតមានសេចក្តីសប្បាយដល់អាត្មាអញទេ អាត្មាអញ នឹងទៅកាន់អាវាសឯណោះ (ទៀត) បើក្នុងអាវាសនោះ មានសេចក្តីសប្បាយដល់អាត្មាអញ ៗនឹងនៅ បើឥតមានសេចក្តីសប្បាយ ដល់អាត្មាអញទេ អាត្មាអញ នឹងត្រឡប់វិញ។ ភិក្ខុនោះ ទៅដល់ក្រៅសីមា ក៏មានគំនិតយ៉ាងនេះថា អាត្មាអញ នឹងធ្វើចីវរនេះ ក្នុងទីនេះឯង អាត្មាអញ នឹងមិនត្រឡប់វិញទេ។ ភិក្ខុនោះ ក៏បានធ្វើចីវរនោះឲ្យសម្រេច។ កាលភិក្ខុកំពុងធ្វើ ចីវរនោះ ក៏វិនាសទៅ។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់ចីវរវិនាស ជាកំណត់។ ភិក្ខុបានក្រាលកឋិនរួចនៅជាសុខសប្បាយ ហើយនាំយកចីវរ ដែលមិនទាន់ធ្វើ ចៀសចេញទៅ ដោយគិតថា អាត្មាអញ នឹងទៅកាន់អាវាសឯណោះ បើក្នុងអាវាសនោះ មានសេចក្តីសប្បាយដល់អាត្មាអញ ៗនឹងនៅ បើឥតមានសេចក្តីសប្បាយដល់អាត្មាអញទេ អាត្មាអញនឹងទៅកាន់អាវាសឯណោះ (ទៀត) បើក្នុងអាវាសនោះ មានសេចក្តីសប្បាយដល់អាត្មាអញ ៗនឹងនៅ បើឥតមានសេចក្តីសប្បាយដល់អាត្មាអញទេ អាត្មាអញ នឹងទៅកាន់អាវាសឯណោះ (ទៀត) បើក្នុងអាវាសនោះ មានសេចក្តីសប្បាយដល់អាត្មាអញ ៗនឹងនៅ បើឥតមានសេចក្តីសប្បាយ ដល់អាត្មាអញទេ អាត្មាអញ នឹងត្រឡប់វិញ។ ភិក្ខុនោះ ទៅដល់ក្រៅសីមា ក៏ធ្វើចីវរនោះ។ ភិក្ខុនោះ ធ្វើចីវររួចហើយ គិតថា អាត្មាអញ នឹងត្រឡប់វិញ អាត្មាអញ នឹងត្រឡប់វិញដែរ (តែមិនទាន់មកនៅឡើយ) កឋិន ក៏ដោះខាងក្រៅ (នោះ) ទៅ។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់កន្លងខេត្តកឋិន ជាកំណត់។ ភិក្ខុបានក្រាលកឋិនរួចនៅជាសុខសប្បាយ ហើយនាំយកចីវរ ដែលមិនទាន់ធ្វើហើយ ចៀសចេញទៅ ដោយគិតថា អាត្មាអញ នឹងទៅកាន់អាវាសឯណោះ បើក្នុងអាវាសនោះ មានសេចក្តីសប្បាយដល់អាត្មាអញ ៗនឹងនៅ បើឥតមានសេចក្តីសប្បាយដល់អាត្មាអញទេ អាត្មាអញនឹងទៅកាន់អាវាសឯណោះ (ទៀត) បើក្នុងអាវាសនោះ មានសេចក្តីសប្បាយដល់អាត្មាអញ ៗនឹងនៅ បើឥតមានសេចក្តីសប្បាយដល់អាត្មាអញទេ អាត្មាអញ នឹងទៅកាន់អាវាសឯណោះ (ទៀត) បើក្នុងអាវាសនោះ មានសេចក្តីសប្បាយដល់អាត្មាអញ ៗនឹងនៅ បើឥតមានសេចក្តីសប្បាយ ដល់អាត្មាអញទេ អាត្មាអញ នឹងត្រឡប់វិញ។ ភិក្ខុនោះ ទៅដល់ក្រៅសីមា ក៏បានធ្វើចីវរនោះឲ្យសម្រេច។ ភិក្ខុនោះ ធ្វើចីវររួចហើយ គិតថា អាត្មាអញ នឹងត្រឡប់វិញ អាត្មាអញ នឹងត្រឡប់វិញ ហើយក៏មកទាន់ពេលដោះកឋិននោះមែន។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ជាមួយនឹងភិក្ខុទាំងឡាយ។
ចប់ កិរិយានៅជាសុខសប្បាយ ៥ប្រការ។
[៣២] ម្នាលភិក្ខុទាំងឡាយ បលិពោធ (កង្វល់) របស់កឋិននេះ មាន២យ៉ាង អបលិពោធ (គ្មានកង្វល់) របស់កឋិននេះ មាន២យ៉ាង។ ម្នាលភិក្ខុទាំងឡាយ បលិពោធរបស់កឋិនទាំង២យ៉ាង (នោះ) ដូចម្តេច។ (ឯបលិពោធរបស់កឋិនទាំង២យ៉ាងនោះ) គឺ អាវាសបលិពោធ (កង្វល់ក្នុងអាវាស)១ ចីវរបលិពោធ (កង្វល់ក្នុងចីវរ)១។ ម្នាលភិក្ខុទាំងឡាយ ឯអាវាសបលិពោធ (នោះ) ដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ នៅក្នុងអាវាសនោះក្តី មានសេចក្តីអាល័យចំពោះអាវាសនោះ ហើយចៀសចេញទៅ ដោយបំណងថា អាត្មាអញ នឹងត្រឡប់វិញក្តី។ ម្នាលភិក្ខុទាំងឡាយ យ៉ាងនេះឯង ហៅថា អាវាសបលិពោធ។ ម្នាលភិក្ខុទាំងឡាយ ឯចីវរបលិពោធ (នោះ) តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ចីវរដែលភិក្ខុក្នុងសាសនានេះ មិនទាន់បានធ្វើឬ ឬថាបានធ្វើហើយ តែមិនទាន់ស្រេច ទាំងសេចក្តីប្រាថ្នាចីវរ ក៏មិនទាន់ដាច់នៅឡើយ។ ម្នាលភិក្ខុទាំងឡាយ យ៉ាងនេះហើយ ដែលហៅថា ចីវរបលិពោធ។ ម្នាលភិក្ខុទាំងឡាយ បលិពោធរបស់កឋិន មាន២យ៉ាងដូច្នេះឯង។ ម្នាលភិក្ខុទាំងឡាយ ចំណែកអបលិពោធ របស់កឋិន មាន២យ៉ាង (នោះ) ដូចម្តេចខ្លះ។ (ឯអបលិពោធទាំង២យ៉ាងនោះ) គឺ អាវាសាបលិពោធ (គ្មានកង្វល់ក្នុងអាវាស)១ ចីវរាបលិពោធ (គ្មានកង្វល់ក្នុងចីវរ)១។ ម្នាលភិក្ខុទាំងឡាយ អាវាសាបលិពោធ (នោះ) តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ដើរចៀសចេញ ទៅចាកអាវាសនោះ ដោយលះបង់ចោលស្រឡះ ដាច់អាល័យថា អាត្មាអញ នឹងមិនត្រឡប់វិញទេ។ ម្នាលភិក្ខុទាំងឡាយ យ៉ាងនេះឯង ហៅថា អាវាសាបលិពោធ។ ម្នាលភិក្ខុទាំងឡាយ ឯចីវរាបលិពោធ (នោះ) តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ចីវរដែលភិក្ខុក្នុងសាសនានេះ បានធ្វើហើយក្តី បាត់ទៅក្តី វិនាសទៅក្តី ភ្លើងឆេះទៅក្តី សេចក្តីប្រាថ្នាចីវរដាច់ទៅក្តី។ ម្នាលភិក្ខុទាំងឡាយ យ៉ាងនេះឯង ហៅថា ចីវរាបលិពោធ។ ម្នាលភិក្ខុទាំងឡាយ អបលិពោធ របស់កឋិន មាន២យ៉ាងដូច្នេះឯង។
ចប់ កឋិនក្ខន្ធកៈ ទី៧។
ក្នុងកឋិនក្ខន្ធកៈនេះ មានរឿង១១៨ មានបេយ្យាល១២ ជាប្រធាន។
ឧទ្ទាននៃកឋិនក្ខន្ធកៈនោះគឺ
[៣៣] រឿងបាថេយ្យកភិក្ខុ៣០រូប មានសេចក្តីអផ្សុក នៅក្នុងស្រុកសាកេត លុះនៅចាំវស្សារួចហើយ ក៏មានចីវរទទឹកជោក មកគាល់ព្រះជិនស្រី នេះជារឿង (ខាងដើម) នៃកឋិន១ រឿងអានិសង្សទាំង៥ សម្រេចដល់ភិក្ខុដែលបានក្រាលកឋិនហើយ គឺ ភិក្ខុចេញទៅណា មិនបាច់លាភិក្ខុផងគ្នា ត្រាច់ទៅណា មិនបាច់យកត្រៃចីវរគ្រប់ប្រដាប់បាន ឆាន់គណភោជនបាន ទុកដាក់អតិរេកចីវរបានតាមត្រូវការ និងចីវរដែលកើតឡើងដល់សង្ឃ គួរបានដល់ពួកភិក្ខុដែលបានក្រាលកឋិនហើយ១។ រឿងសូត្រញត្តិ១ រឿងក្រាលកឋិនឡើងបែបយ៉ាងនេះ និងក្រាលកឋិនមិនឡើងបែបយ៉ាងនេះ (ឯការក្រាលកឋិនមិនឡើងនោះ) គឺ (ក្រាលដោយសំពត់គ្រាន់តែ) គូសក្រិតចំណាំ១ គ្រាន់តែបោកគក់លាង១ គ្រាន់តែចាត់ចែងលៃលក១ គ្រាន់តែកាត់១ គ្រាន់តែដានភ្ជាប់គ្នា១ គ្រាន់តែដេរ១ គ្រាន់តែភ្ជាប់កណ្ឌុំ១ គ្រាន់តែថែមសំពត់ឲ្យមាំ១ គ្រាន់តែប្រក់អនុវាត (ខាងខ្នង)១ គ្រាន់តែប្រក់អនុវាត (ខាងពោះ)១ គ្រាន់តែដេរគួបគ្នាជាពីរ១ គ្រាន់តែជ្រលក់ឲ្យមានពណ៌ដូចភ្លុកដំរី ឬដូចស្លឹកឈើទុំ១ សំពត់ដែលបានមក ព្រោះធ្វើនិមិត្រ១ សំពត់ដែលបានមក ព្រោះនិយាយបញ្ចុះបញ្ចូលគេ១ សំពត់ដែលខ្ចីគេ១ សំពត់ដែលមិនបានធ្វើឲ្យសម្រេចថ្ងៃនោះ១ សំពត់ដែលធ្វើឲ្យកន្លងរាត្រី គឺឲ្យអរុណរះឡើងទាន់១ សំពត់ដែលមិនបានធ្វើពិន្ទុកប្ប១ វៀរចាកចីវរទាំងបី១ វៀរចាកចីវរមានមណ្ឌលគ្រប់គ្រាន់ ដែលកាត់ដាច់ជាបញ្ចខ័ណ្ឌក្តី លើសពីបញ្ចខ័ណ្ឌក្តី១ មិនឲ្យបុគ្គលក្រាល (ទៅឲ្យសង្ឃ ឬគណៈក្រាលវិញ)១ ការក្រាលមិនត្រឹមត្រូវ ឬភិក្ខុនៅក្រៅសីមាអនុមោទនា១ កឋិនដែលក្រាលមិនឡើង ព្រះពុទ្ធជាម្ចាស់ ទ្រង់សំដែងហើយ យ៉ាងនេះឯង (ឯការក្រាលកឋិនឡើងនោះគឺ) ក្រាលដោយសំពត់ថ្មី១ សំពត់ជំនំ១ សំពត់ចាស់១ សំពត់បង្សុកូល១ សំពត់ធ្លាក់ចុះទៀបរានផ្សារ១ សំពត់ដែលបានមកដោយមិនបានធ្វើនិមិត្ត១ សំពត់ដែលបានមកដោយមិនបាននិយាយបញ្ចុះបញ្ចូល១ សំពត់ដែលមិនខ្ចីគេ១ សំពត់ដែលបានធ្វើសម្រេចក្នុងថ្ងៃនោះ១ សំពត់ដែលមិនធ្វើឲ្យកន្លងរាត្រី គឺមិនឲ្យអរុណរះឡើងទាន់១ សំពត់ដែលបានធ្វើពិន្ទុកប្ប១ ក្រាលដោយចីវរទាំង៣ (ចីវរណាមួយក៏បាន)១ សំពត់ដែលធ្វើឲ្យមានមណ្ឌលគ្រប់គ្រាន់ កាត់ដាច់ត្រឹមត្រូវជាបញ្ចខ័ណ្ឌក្តី លើសពីបញ្ចខ័ណ្ឌក្តី១ ឲ្យបុគ្គលក្រាល១ ការក្រាលដោយត្រឹមត្រូវ ឬភិក្ខុក្នុងសីមាអនុមោទនា១ ការក្រាលឡើងជាកឋិន ដោយអាការយ៉ាងនេះឯង មាតិកានាំឲ្យកឋិនដោះ មាន៨យ៉ាង គឺ មានការចៀសចេញទៅ ជាកំណត់១ មានការធ្វើចីវរសម្រេច ជាកំណត់១ មានសេចក្តីសន្និដ្ឋាន ជាកំណត់១ មានចីវរវិនាស ជាកំណត់១ មានការឮដំណឹង ជាកំណត់១ អស់សេចក្តីសង្ឃឹម១ មានការកន្លងខេត្តកឋិន ជាកំណត់១ សង្ឃព្រមព្រៀងគ្នាដោះកឋិនមួយទៀត ជាគំរប់ប្រាំបី១ (អធិប្បាយថា) ភិក្ខុនាំយកចីវរ ដែលធ្វើហើយ ចៀសចេញទៅ ដោយបំណងថា អាត្មាអញ នឹងមិនត្រឡប់វិញទេ កឋិននោះ របស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់ចៀសចេញទៅ ជាកំណត់ ភិក្ខុនាំយកចីវរ ចៀសចេញទៅ លុះទៅដល់ក្រៅសីមា ក៏មានគំនិតថា អាត្មាអញ នឹងធ្វើចីវរក្នុងទីនេះ អាត្មាអញ នឹងមិនត្រឡប់វិញទេ កឋិន (របស់ភិក្ខុនោះ) ឈ្មោះថាដោះ ត្រង់ចីវរសម្រេច ជាកំណត់។ ភិក្ខុនាំយកចីវរ ចៀសចេញទៅ លុះទៅដល់ក្រៅសីមា ក៏មានគំនិតថា អាត្មាអញ នឹងមិនធ្វើ (ចីវរនេះ) អាត្មាអញ នឹងមិនត្រឡប់វិញទេ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់សេចក្តីសន្និដ្ឋាន ជាកំណត់ ភិក្ខុនាំយកចីវរ ចៀសចេញទៅ លុះទៅដល់ក្រៅសីមា ក៏មានគំនិតថា អាត្មាអញ នឹងធ្វើចីវរក្នុងទីនេះ អាត្មាអញនឹងមិនត្រឡប់វិញទេ កាលភិក្ខុនោះកំពុងធ្វើ ចីវរក៏វិនាសទៅ កឋិននោះ របស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់ចីវរវិនាស ជាកំណត់ ភិក្ខុនាំយកចីវរ ចៀសចេញទៅ ដោយបំណងថា អាត្មាអញ នឹងត្រឡប់វិញ ក៏ធ្វើចីវរ (នោះ) ខាងក្រៅសីមា លុះធ្វើចីវរស្រេច ស្រាប់តែឮដំណឹងថា កឋិនក្នុងអាវាសនោះ សង្ឃព្រមគ្នាដកហើយ កឋិននោះរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់ឮដំណឹង ជាកំណត់ ភិក្ខុនាំយកចីវរ ចៀសចេញទៅ ដោយបំណងថា អាត្មាអញ នឹងត្រឡប់វិញ ក៏ធ្វើចីវរ (នោះ) ខាងក្រៅសីមា លុះធ្វើចីវរហើយ ក៏បង្អង់ឲ្យការដោះកឋិន (នោះ) កន្លងហួសទៅខាងក្រៅសីមា កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់កន្លងខេត្តកឋិន ជាកំណត់ ភិក្ខុនាំយកចីវរ ចៀសចេញទៅ ដោយបំណងថា អាត្មាអញ នឹងត្រឡប់វិញ ក៏ធ្វើចីវរ (នោះ) ខាងក្រៅសីមា លុះធ្វើចីវរស្រេចហើយ ក៏មានគំនិតថា អាត្មាអញ នឹងត្រឡប់វិញ ហើយក៏បានមកទាន់ពេលដោះកឋិនមែន កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ជាមួយនឹងភិក្ខុទាំងឡាយ ក្នុងរឿងអាទាយ និងសមាទាយ (ទាំង២នេះ) មានប្រការប្រាំពីរៗ ដំណើរក្នុងរឿង ដែលភិក្ខុធ្វើចីវរមិនទាន់ស្រេច ៦ប្រការ គ្មានការដោះកឋិន ត្រង់ចៀសចេញទៅ ជាកំណត់ទេ ការដោះកឋិន ត្រង់ធ្វើចីវរសម្រេច១ ត្រង់សេចក្តីសន្និដ្ឋាន ជាកំណត់១ ត្រង់ចីវរវិនាស ជាកំណត់១ ទាំង៣នេះ កើតដោយភិក្ខុនាំយក (ចីវរចៀសចេញទៅ) ខាងក្រៅសីមា ហើយមានគំនិតថា អាត្មាអញ នឹងធ្វើ (ចីវរ) ក្នុងទីនេះ និដ្ឋានន្តិកាក្តី សន្និដ្ឋានន្តិកាក្តី នាសនន្តិកាក្តី ទាំង៣នេះថា ភិក្ខុនាំយក (ចីវរចៀសចេញទៅ) ដោយបំណងថា អាត្មាអញ នឹងមិនត្រឡប់វិញ អាត្មាអញ នឹងទៅធ្វើខាងក្រៅសីមា រឿងន័យវិធីទាំង៣ ដែលមានតទៅខាងក្រោយថា (ភិក្ខុនាំយកចីវរចៀសចេញទៅ) ដោយមិនបានតាំងចិត្ត គឺភិក្ខុគ្មានគំនិតថា (អាត្មាអញ នឹងត្រឡប់វិញ ឬមិនត្រឡប់វិញទេ) ការដោះកឋិនត្រង់ធ្វើចីវរសម្រេច ជាកំណត់១ ត្រង់សេចក្តីសន្និដ្ឋាន ជាកំណត់១ ត្រង់ចីវរវិនាស ជាកំណត់១ ត្រង់ឮដំណឹង ជាកំណត់១ ត្រង់កន្លងខេត្តកឋិន ជាកំណត់១ ដោះជាមួយនឹងភិក្ខុទាំងឡាយ១ (ទាំង៦នេះ) ថា ភិក្ខុកាន់យក (ចីវរ) ចៀសចេញទៅ ដោយបំណងថា អាត្មាអញ នឹងត្រឡប់វិញ អាត្មាអញ នឹងទៅធ្វើខាងក្រៅសីមា (លុះកំពុងធ្វើ) ក៏គិតថា អាត្មាអញ នឹងមិនត្រឡប់វិញ ហើយក៏ធ្វើចីវរឲ្យសម្រេច យ៉ាងនេះ ជាគតិមាន១៥ប្រការ រឿងភិក្ខុប្រមូលយកចីវរ ដែលធ្វើមិនទាន់ស្រេច និងប្រមូលយកចីវរ ដែលធ្វើស្រេចដូចគ្នា វារៈទាំង៤នេះ រួមទាំងអស់ត្រូវជា ១៥ប្រការ រឿងទាំង៣នោះ គឺបានចីវរខុសបំណង១ បានចីវរត្រូវបំណង១ កិច្ចដែលត្រូវធ្វើ១ បណ្ឌិតគប្បីដឹងរឿងនោះ ដោយន័យថា មានដប់ពីរ៣ដង រឿងសេចក្តីមិនខ្វល់ខ្វាយ (ក្នុងចីវរ) មាន៩ប្រការ រឿងភិក្ខុនៅជាសុខសប្បាយ មាន៥ប្រការ រឿងបលិពោធ និងអបលិពោធ ក្នុងអាវាស និងចីវរនោះ១ ឯឧទ្ទាន (នៃកឋិនក្ខន្ធកៈនេះ) យើងបានធ្វើហើយ ដោយន័យ (ដូចពោលមកយ៉ាងនេះឯង)។
ចីវរក្ខន្ធកៈ
[៣៤] សម័យនោះ ព្រះពុទ្ធមានជោគ គង់នៅវត្តវេឡុវន កលន្ទកនិវាបស្ថាន ទៀបក្រុងរាជគ្រឹះ។ សម័យនោះឯង ក្រុងវេសាលី ក៏ស្តុកស្តម្ភទូលាយមានជនច្រើន មានមនុស្សមីរដេរដាស មានអាហារ ផ្ទះកំពូល ចំណីក៏សម្បូរណ៌ មានប្រាសាទ៧ពាន់៧រយ៧ប្រាសាទ មានផ្ទះកំពូល៧ពាន់ ៧រយ ៧ផ្ទះ មានសួនច្បារ ៧ពាន់ ៧រយ ៧សួនច្បារ មានស្រះបោក្ខរណី ៧ពាន់ ៧រយ ៧ស្រះ ទាំងមានស្រីផ្កាមាស(ម្នាក់) ឈ្មោះនាងអម្ពបាលី រូបល្អគួរជាទីពិតពិលរមិលមើល ជាទីនាំឲ្យកើតសេចក្តីជ្រះថ្លា ប្រកបដោយសម្បុរល្អ និងជាទីគាប់ចិត្តរបស់ជនពន់ពេក ហើយជាស្រីប្រសប់ ក្នុងការល្បែងរាំច្រៀង និងការដេញដំប្រគំ ជាស្រីដែលពួកមនុស្សត្រូវការទាំងប៉ុន្មាន តែងចូលទៅរកច្រើន ឯនាង (នោះ) ទៅក្នុងមួយយប់ៗ (តែងយកថ្លៃ) ៥០កហាបណៈ។ ឯក្រុងវេសាលីសោត សឹងថ្កុំថ្កើងលើសលុបប្រមាណ ព្រោះនាងអម្ពបាលីនោះ។ គ្រានោះ មានពួកកុដុម្ពីរនៅក្រុងរាជគ្រឹះ បានទៅក្រុងវេសាលីដោយមានកិច្ចណាមួយ។ ពួកកុដុម្ពីរនៅក្រុងរាជគ្រឹះក៏បានឃើញក្រុងវេសាលីស្តុកស្តម្ភទូលាយ មានជនច្រើន មានមនុស្សមីរដេរដាស មានអាហារចីណី ក៏សម្បូរណ៌ មានប្រាសាទ៧ពាន់៧រយ៧ប្រាសាទ មានផ្ទះកំពូល៧ពាន់ ៧រយ ៧ផ្ទះ មានសួនច្បារ ៧ពាន់ ៧រយ ៧សួនច្បារ មានស្រះបោក្ខរណី ៧ពាន់ ៧រយ ៧ស្រះ ទាំងមានស្រីផ្កាមាស(ម្នាក់) ឈ្មោះអម្ពបាលី រូបល្អ គួរជាទីពិតពិល រមិលមើល នាំឲ្យកើតសេចក្តីជ្រះថ្លា ប្រកបដោយសម្បុរល្អ និងជាទីគាប់ចិត្ត របស់ជនពន់ពេក ហើយប្រសប់ ក្នុងការល្បែង រាំច្រៀង ដេញដំប្រគំ ជាស្រីដែលពួកមនុស្សទាំងប៉ុន្មាន តែងទៅរកច្រើន ឯនាង (នោះ) ទៅក្នុងមួយយប់ៗ (យកថ្លៃ) ៥០កហាបណៈ ឯក្រុងវេសាលី ក៏ថ្កុំថ្កើងលើសប្រមាណ ព្រោះនាងអម្ពបាលី។ វេលានោះ ពួកកុដុម្ពីរ នៅក្រុងរាជគ្រឹះ បានពិចារណា នូវកិច្ចដែលគួរធ្វើនោះ ក្នុងក្រុងវេសាលីរួចហើយ ក៏ត្រឡប់មក ក្រុងរាជគ្រឹះវិញ បានចូលទៅគាល់ ព្រះបាទមាគធសេនិយពិម្ពិសារ លុះចូលទៅដល់ហើយ ក៏ក្រាបបង្គំទូល ព្រះបាទមាគធសេនិយពិម្ពិសារ ដូច្នេះថា បពិត្រព្រះសម្មតិទេព ក្រុងវេសាលី ក៏ស្តុកស្តម្ភទូលាយ មានជនច្រើន មានពួកមនុស្សមីរដេរដាស មានអាហារចំណី ក៏សម្បូរណ៌ មានប្រាសាទ៧ពាន់ ៧រយ ៧ប្រាសាទ មានផ្ទះកំពូល៧ពាន់ ៧រយ ៧ផ្ទះ មានសួនច្បារ ៧ពាន់ ៧រយ ៧សួនច្បារ មានស្រះបោក្ខរណី ៧ពាន់ ៧រយ ៧ស្រះ ទាំងមានស្រីផ្កាមាស (ម្នាក់) ឈ្មោះនាងអម្ពបាលី រូបល្អ គួរជាទីពិតពិល រមិលមើល នាំឲ្យកើតសេចក្តីជ្រះថ្លា ហើយប្រកបដោយសម្បុរល្អ និងជាទីគាប់ចិត្ត របស់ជនពន់ពេក ហើយជាស្រីប្រសប់ ក្នុងការល្បែងរាំច្រៀង និងដេញដំប្រគំ ជាស្រីដែលពួកមនុស្សត្រូវការទាំងប៉ុន្មាន តែងចូលទៅរកច្រើន ឯនាង (នោះ) ទៅក្នុងមួយយប់ៗ យកថ្លៃ៥០កហាបណៈ ឯក្រុងវេសាលី ល្អដោយក្រៃលែងជាងប្រមាណ ព្រោះនាងអម្ពបាលីនោះ បពិត្រព្រះសម្មតិទេព គួរតែយើងខ្ញុំ តាំងស្រីផ្កាមាសឡើងខ្លះ ទើបជាការល្អ។ ស្តេចនោះ ទ្រង់ត្រាស់តបថា នែនាយ បើដូច្នោះ អ្នកទាំងឡាយ ចូរជ្រើសរើសនាងកុមារីណា ដែលមានរូបល្អ ប្រហែលនាងនោះ តាំងឲ្យជាស្រីផ្កាមាសឡើង។ សម័យនោះឯង ក្នុងក្រុងរាជគ្រឹះ មាននាងកុមារីម្នាក់ ឈ្មោះសាលវតី រូបល្អ គួរជាទីពិតពិលរមិលមើល នាំឲ្យកើតសេចក្តីជ្រះថ្លា ហើយប្រកបដោយសម្បុរល្អ និងជាទីគាប់ចិត្ត របស់ជនពន់ពេក។ វេលានោះ ពួកកុដុម្ពីរនៅក្រុងរាជគ្រឹះ ក៏បានតាំងនាង សាលវតីកុមារី ឲ្យធ្វើជាស្រីផ្កាមាស។ គ្រានោះ មិនយូរប៉ុន្មាន នាងសាលវតីស្រីផ្កាមាស ក៏ជាស្រីប្រសប់ ក្នុងការល្បែងរាំច្រៀង និងដេញដំប្រគំ ជាស្រីដែលពួកមនុស្ស ត្រូវការទាំងប៉ុន្មាន តែងចូលទៅរកច្រើន ឯនាងនោះ ទៅក្នុង១យប់ (យកថ្លៃ) ១០០កហាបណៈ។ លំដាប់នោះ នាងសាលវតី ស្រីផ្កាមាស មិនយូរប៉ុន្មាន ក៏មានគភ៌ឡើង។ វេលានោះ នាងសាលវតី ស្រីផ្កាមាស មានសេចក្តីត្រិះរិះ ដូច្នេះថា (ធម្មតា) ស្រី តែមានគភ៌ហើយ រមែងមិនជាទីគាប់ចិត្ត របស់ពួកបុរសឡើយ ប្រសិនបើបុរសណាមួយ នឹងដឹងអាត្មាអញថា នាងសាលវតី ស្រីផ្កាមាស មានគភ៌ហើយ គ្រឿងសក្ការៈទាំងអស់ របស់អញ មុខជានឹងសាបសូន្យ (មិនខាន) បើដូច្នោះ គួរតែអញប្រាប់គេថា មានជម្ងឺ។ គ្រានោះ នាងសាលវតី ស្រីផ្កាមាស ក៏បានបង្គាប់នាយទ្វារថា នែនាយទ្វារ កុំឲ្យបុរសណាមួយ ចូលមកឡើយ ទុកជានរណាមក សួររកខ្ញុំ អ្នកឯងត្រូវប្រាប់ថា នាងសាលវតី មានជម្ងឺ។ នាយទ្វារនោះ ក៏បានទទួលពាក្យ នាងសាលវតី ស្រីផ្កាមាស ដោយពាក្យថា អឺនាង។ លំដាប់នោះ នាងសាលវតីស្រីផ្កាមាស លុះដល់គភ៌នោះចាស់ហើយ ក៏សម្រាលកូនប្រុស១មក។ វេលានោះ នាងសាលវតីស្រីផ្កាមាស បានបង្គាប់ខ្ញុំស្រីថា នែនាង ហ៏ នាងឯងចូរដាក់ទារកនេះ ក្នុងចង្អេរចាស់ ហើយនាំយកទៅចោល លើគំនរសម្រាមចុះ។ ឯខ្ញុំស្រីនោះ បានទទួលស្តាប់ពាក្យ នាងសាលវតីស្រីផ្កាមាស ដោយពាក្យថា ចាសអ្នកម្ចាស់ ហើយក៏ដាក់ទារកនោះ ក្នុងចង្អេរចាស់ ហើយនាំយកទៅចោល លើគំនរសម្រាម។ សម័យនោះឯង ព្រះរាជកុមារ ឈ្មោះអភយៈ ចេញទៅគាល់បម្រើស្តេច ក្នុងវេលាព្រឹក ក៏បានឃើញទារកនោះ មានពួកសត្វក្អែកចោមរោម លុះឃើញហើយ ក៏សួរទៅមនុស្សទាំងឡាយថា នែនាយ អ្វីនេះ ដែលពួកក្អែកចោមរោម។ មនុស្សទាំងនោះ ក្រាបបង្គំទូលថា សូមទ្រង់មេត្តាប្រោស ទារក។ រាជកុមារត្រាស់សួរថា នែនាយ ទារកនេះ វានៅរស់ទេឬ។ មនុស្សទាំងនោះក្រាបទូលថា សូមទ្រង់មេត្តាប្រោស នៅរស់ទេ។ រាជកុមារក៏ត្រាស់ថា នែនាយ បើដូច្នោះ អ្នកទាំងឡាយ ចូរនាំយកទារកនោះ ទៅក្នុងព្រះរាជវាំងយើង ហើយប្រគល់ឲ្យពួកស្រីដោះចិញ្ចឹម។ មនុស្សទាំងនោះ បានទទួលពាក្យអភយរាជកុមារ ដោយពាក្យថា បពិត្រព្រះសម្មតិទេព ករុណាវិសេស ក៏នាំយកទារកនោះ ទៅក្នុងព្រះរាជវាំង របស់អភយរាជកុមារ ហើយប្រគល់ឲ្យទៅពួកមេដោះថា នាងទាំងឡាយចូរចិញ្ចឹមចុះ។ ជនទាំងឡាយ បានឲ្យឈ្មោះទារកនោះថា ជីវកៈ ដោយហេតុថា ទារកនោះនៅរស់ ឲ្យឈ្មោះទារកនោះ (ខាងក្រោយទៀត) ថា កោមារភត្យ ព្រោះថាទារកនោះ អភយរាជកុមារ បានឲ្យគេរើសយកមកចិញ្ចឹម។ គ្រានោះ ជីវកកោមារភត្យ មិនយូរប៉ុន្មាន ក៏បានជាអ្នកដឹងក្តីឡើង។ វេលានោះ ជីវកកោមារភត្យ បានចូលទៅគាល់ អភយរាជកុមារ លុះចូលទៅដល់ហើយ បានក្រាបបង្គំទូល អភយរាជកុមារ ដូច្នេះថា បពិត្រព្រះសម្មតិទេព អ្នកណាជាមាតារបស់ខ្ញុំ អ្នកណាជាបិតារបស់ខ្ញុំ។ អភយរាជកុមារតបថា ហៃបាជីវកៈ ទុកជាអញ ក៏មិនបានស្គាល់មាតារបស់អ្នកដែរ ប៉ុន្តែខ្លួនអញ ទុកដូចជាបិតារបស់អ្នក (ព្រោះ) អ្នកឯង យើងបានឲ្យគេយកមកចិញ្ចឹម។ លំដាប់នោះ ជីវកកោមារភត្យ មានសេចក្តីត្រិះរិះ ដូច្នេះថា ពួករាជត្រកូលនេះ តែបុគ្គលគ្មានសិល្បសាស្ត្រហើយ មិនងាយនឹងចិញ្ចឹមជីវិតបានទេ បើដូច្នោះ មានតែអាត្មាអញ រករៀនសិល្បសាស្ត្រ។
[៣៥] សម័យនោះឯង មានពេទ្យម្នាក់ ជាទិសាបាមោក្ខ នៅអាស្រ័យក្នុងក្រុងតក្កសិលា។ វេលានោះ ជីវកកោមារភត្យ មិនបានលាអភយរាជកុមារឡើយ ហើយចេញដើរសំដៅទៅក្រុងតក្កសិលា ក៏បានចូលទៅរកពេទ្យនោះ ឯក្រុងតក្កសិលាដោយលំដាប់ លុះចូលទៅដល់ហើយ ក៏និយាយពាក្យនេះ នឹងពេទ្យនោះថា បពិត្រលោកអាចារ្យ ខ្ញុំប្រាថ្នានឹងសិក្សាសិល្បសាស្ត្រ។ ឯអាចារ្យទិសាបាមោក្ខនោះ ក៏តបវិញថា នែនាយជីវកៈ បើដូច្នោះ អ្នកឯងចូររៀនចុះ។ វេលានោះ ជីវកកោមារភត្យ ក៏រៀនសិល្បសាស្ត្របានច្រើនផង រៀបបានឆាប់ផង ចាំទុកបានល្អផង សិល្បសាស្ត្រ ដែលជីវកកោមារភត្យនោះ បានរៀនហើយ ក៏មិនភ្លេចទៅផង។ លុះកន្លង៧ឆ្នាំទៅហើយ ទើបជីវកកោមារភត្យ មានសេចក្តីរិះគិត ដូច្នេះថា អាត្មាអញ រៀនសិល្បសាស្ត្របានច្រើនផង រៀនបានឆាប់ផង ចាំទុកបានល្អផង សិល្បសាស្ត្រ ដែលអញបានរៀនហើយ ក៏មិនភ្លេចទៅផង ម្យ៉ាងទៀត កាលអាត្មាអញ រៀនអស់៧ឆ្នាំហើយ ក៏រកទីបំផុតសិល្បសាស្ត្រនេះមិនប្រាកដឡើយ ទីបំផុតសិល្បសាស្ត្រនេះ តើនឹងបានប្រាកដ ក្នុងវេលាណា។ លំដាប់នោះ ជីវកកោមារភត្យ ក៏បានចូលទៅរកពេទ្យនោះ លុះចូលទៅដល់ហើយ ក៏និយាយពាក្យនេះនឹងពេទ្យនោះថា បពិត្រលោកអាចារ្យ ខ្ញុំរៀនសិល្បសាស្ត្របានច្រើនផង រៀនបានឆាប់ផង ចាំទុកបានល្អផង សិល្បសាស្ត្រ ដែលខ្ញុំបានរៀនហើយ មិនភ្លេចទៅវិញផង ម្យ៉ាងទៀត ខ្ញុំរៀនអស់៧ឆ្នាំហើយ ក៏រកទីបំផុតសិល្បសាស្ត្រនេះ មិនប្រាកដសោះ ទីបំផុតសិល្បសាស្ត្រនេះ តើនឹងបានប្រាកដក្នុងវេលាណា។ ឯអាចារ្យនោះ ក៏ប្រាប់ថា នែនាយជីវកៈ បើដូច្នោះ អ្នកឯងត្រូវកាន់យកចបជីក ដើរទៅចំនួន១យោជន៍ជុំវិញក្រុងតក្កសិលា ហើយគន់មើលវត្ថុឯណានីមួយ ដែលមិនមែនជាថ្នាំ ចូរអ្នកនាំវត្ថុនោះមក។ ឯជីវកកោមារភត្យ ទទួលស្តាប់ពាក្យពេទ្យនោះ ដោយពាក្យថា បាទលោកអាចារ្យ ហើយក៏កាន់ចបជីក ដើរទៅចំនួន១យោជន៍ជុំវិញក្រុងតក្កសិលា ក៏មិនឃើញមានវត្ថុអ្វីមួយ ដែលមិនមែនជាថ្នាំឡើយ។ គ្រានោះ ជីវកកោមារភត្យ ក៏បានចូលទៅរកពេទ្យនោះវិញ លុះចូលទៅដល់ហើយ ក៏បាននិយាយពាក្យនេះនឹងពេទ្យនោះថា បពិត្រលោកអាចារ្យ ខ្ញុំបានដើរទៅចំនួន១យោជន៍ជុំវិញក្រុងតក្កសិលា ក៏មិនឃើញមានវត្ថុអ្វីមួយ ដែលមិនមែនជាថ្នាំសោះ។ ឯអាចារ្យនោះក៏និយាយថា នែនាយជីវកៈ អ្នកឯង យើងបានបង្រៀនរួចហើយ សិល្បសាស្ត្រប៉ុណ្ណេះ ល្មមចិញ្ចឹមជីវិតរបស់អ្នកឯងបានហើយ ៗក៏ប្រគល់ស្បៀងបន្តិចបន្តួចឲ្យជីវកកោមារភត្យ។ លំដាប់នោះ ជីវកកោមារភត្យ ក៏បាននាំយកស្បៀងបន្តិចបន្តួចនោះចេញដើរ សំដៅទៅក្រុងរាជគ្រឹះវិញ។ វេលានោះ ស្បៀងបន្តិចបន្តួច របស់ជីវកកោមារភត្យនោះ ក៏អស់រលីងទៅ ទៀបក្រុងសាកេត នៅពាក់កណ្តាលផ្លូវ។ គ្រានោះ ជីវកកោមារភត្យ ក៏មានសេចក្តីរិះគិត ដូច្នេះថា ផ្លូវអស់ទាំងនេះ ជាផ្លូវដាច់ស្រយាល មានទឹកតិច មានចីណីអាហារតិច នរណា ដែលមិនមានស្បៀងអាហារហើយ មិនងាយនឹងទៅបានឡើយ បើដូច្នោះ គួរអាត្មាអញ ដើរស្វែងរកស្បៀងសិន (រួចសឹមទៅ)។
[៣៦] សម័យនោះឯង ក្នុងក្រុងសាកេត មានភរិយាសេដ្ឋីម្នាក់ កើតជម្ងឺឈឺក្បាល៧ឆ្នាំហើយ។ ពួកពេទ្យដែលជាទិសាបាមោក្ខយ៉ាងធំៗច្រើននាក់ នាំគ្នាមកព្យាបាល ក៏មិនអាចធ្វើឲ្យជារោគបាន ហើយនាំយកតែប្រាក់ទៅជាច្រើន។ គ្រានោះ ជីវកកោមារភត្យ បានចូលទៅក្រុងសាកេត ហើយសួរមនុស្សទាំងឡាយថា នែនាយ នរណាមានជម្ងឺ (ខ្លះ) នរណាឲ្យខ្ញុំព្យាបាល (ខ្លះ)។ មនុស្សទាំងនោះប្រាប់ថា បពិត្រលោកអាចារ្យ មានតែភរិយាសេដ្ឋីនេះ មានជម្ងឺឈឺក្នុងក្បាល៧ឆ្នាំហើយ បពិត្រលោកអាចារ្យ អ្នកអញ្ជើញទៅព្យាបាលភរិយាសេដ្ឋីចុះ។ វេលានោះ ជីវកកោមារភត្យ ក៏បានចូលទៅកាន់លំនៅ របស់សេដ្ឋីគហបតី លុះចូលទៅដល់ ហើយ ក៏បង្គាប់នាយទ្វារថា នែនាយទ្វារ ចូរអ្នកឯង ទៅជំរាបភរិយាសេដ្ឋីថា បពិត្រអ្នកម្ចាស់ ឥឡូវមានគ្រូពេទ្យអញ្ជើញមក គាត់ចង់ឃើញអ្នកម្ចាស់។ នាយទ្វារនោះ បានទទួលស្តាប់ពាក្យជីវកកោមារភត្យ ដោយពាក្យថា បាទលោកអាចារ្យ ហើយក៏ចូលទៅរកភរិយាសេដ្ឋី។ លុះចូលទៅដល់ហើយ ក៏បាននិយាយពាក្យនេះ នឹងភរិយាសេដ្ឋីថា បពិត្រអ្នកម្ចាស់ ឥឡូវមានគ្រូពេទ្យអញ្ជើញមក គាត់ចង់ឃើញអ្នកម្ចាស់។ ឯភរិយាសេដ្ឋីក៏សួរថា នែនាយទ្វារ គ្រូពេទ្យនោះ តើបែបយ៉ាងណា។ នាយទ្វារជំរាបថា បពិត្រអ្នកម្ចាស់ គ្រូពេទ្យនោះនៅក្មេងទេ។ ឯភរិយាសេដ្ឋីក៏តបថា កុំឡើយនាយទ្វារ គ្រូពេទ្យនៅក្មេងម្ល៉េះ នឹងធ្វើរោគអញឲ្យជាម្តេចបាន គ្រូពេទ្យដែលជាទិសាបាមោក្ខយ៉ាងធំៗ ច្រើននាក់ ក៏បានមកព្យាបាលហើយ ក៏គង់មិនអាចនឹងធ្វើរោគឲ្យសះជាបាន នាំយកប្រាក់ជាច្រើនទៅហើយ។ ខណៈនោះ នាយទ្វារក៏បានចូលទៅរកជីវកកោមារភត្យវិញ លុះចូលទៅដល់ហើយ ក៏បាននិយាយពាក្យនេះនឹងជីវកកោមារភត្យថា បពិត្រលោកអាចារ្យ ភរិយាសេដ្ឋីបាននិយាយយ៉ាងនេះថា កុំឡើយនាយទ្វារ គ្រូពេទ្យនៅក្មេងម្ល៉េះ នឹងព្យាបាលរោគអញឲ្យសះជាម្តេចបាន គ្រូពេទ្យដែលជាទិសាបាមោក្ខធំៗ ច្រើននាក់ បានមកព្យាបាល ក៏គង់មិនអាចនឹងធ្វើរោគឲ្យសះជាបាន នាំយកប្រាក់ជាច្រើនទៅហើយ។ ឯជីវកកោមារភត្យ ក៏និយាយវិញថា នែនាយទ្វារ ចូរអ្នកឯងទៅជំរាបភរិយាសេដ្ឋីថា បពិត្រអ្នកម្ចាស់ គ្រូពេទ្យបាននិយាយពាក្យ យ៉ាងនេះថា បពិត្រអ្នកម្ចាស់ អ្នកម្ចាស់កុំអាលឲ្យវុត្ថុអ្វីៗមុនឡើយ ចាំអ្នកម្ចាស់ជារោគពេលណា អ្នកម្ចាស់ចង់ឲ្យវត្ថុណា ក៏គប្បីឲ្យវត្ថុនោះ ក្នុងពេលនោះចុះ។ នាយទ្វារនោះ ទទួលស្តាប់ពាក្យជីវកកោមារភត្យ ដោយពាក្យថា បាទលោកអាចារ្យ ហើយក៏ចូលទៅរកភរិយាសេដ្ឋីវិញ លុះចូលទៅដល់ហើយ ក៏បាននិយាយពាក្យនេះ នឹងភរិយាសេដ្ឋីថា បពិត្រអ្នកម្ចាស់ គ្រូពេទ្យបាននិយាយពាក្យយ៉ាងនេះថា បពិត្រអ្នកម្ចាស់ អ្នកម្ចាស់កុំអាលឲ្យវត្ថុអ្វីៗមុនឡើយ ចាំអ្នកម្ចាស់ជារោគវេលាណា អ្នកម្ចាស់ចង់ឲ្យវត្ថុណា ក៏គប្បីឲ្យវត្ថុនោះ ក្នុងវេលានោះចុះ។ ឯភរិយាសេដ្ឋីក៏ប្រាប់ថា នែនាយទ្វារ បើដូច្នោះ សូមឲ្យគ្រូពេទ្យអញ្ជើញចូលមកចុះ។ នាយទ្វារនោះ បានទទួលស្តាប់ពាក្យភរិយាសេដ្ឋី ដោយពាក្យថា បាទអ្នកម្ចាស់ ហើយក៏ចូលទៅរកជីវកកោមារភត្យវិញ លុះចូលទៅដល់ហើយ ក៏បាននិយាយពាក្យនេះ នឹងជីវកកោមារភត្យថា បពិត្រលោកអាចារ្យ ភរិយាសេដ្ឋីឲ្យអញ្ជើញលោក។ វេលានោះ ជីវកកោមារភត្យ ក៏បានចូលទៅរកភរិយាសេដ្ឋី លុះចូលទៅដល់ហើយ ក៏សង្កេតស្គាល់កាយវិការរបស់ភរិយាសេដ្ឋី ហើយបាននិយាយពាក្យនេះនឹងភរិយាសេដ្ឋីថា បពិត្រអ្នកម្ចាស់ ខ្ញុំបាទត្រូវការសប្បិ១ទូកដៃ។ លំដាប់នោះ ភរិយាសេដ្ឋី ក៏បានបង្គាប់ឲ្យគេឲ្យសប្បិ១ទូកដៃទៅជីវកកោមារភត្យ។ វេលានោះ ជីវកកោមារភត្យ ក៏បានស្លសប្បិនោះជាមួយនឹងថ្នាំទាំងឡាយផ្សេងៗ រួចហើយឲ្យភរិយាសេដ្ឋីដេកផ្ងារលើគ្រែ ហើយបញ្ច្រកថ្នាំនោះ។ ខណៈនោះ សប្បិដែលជីវកកោមារភត្យ បានច្រកទៅហើយនោះ ក៏ខ្ពុរចេញពីមាត់។ គ្រានោះ ភរិយាសេដ្ឋី ក៏ខ្ជាក់សប្បិនោះទៅក្នុងកន្ថោរ ហើយបង្គាប់ទាសីថា ចូរនាងយកសំឡីមកផ្តិតសប្បិនេះចេញ។ វេលានោះ ជីវកកោមារភត្យ មានសេចក្តីរិះគិតដូច្នេះថា អើអស្ចារ្យអ្វីម្ល៉េះ ស្រីមេផ្ទះនេះ ជាស្រីអន់ណាស់តើ ព្រោះនាងឲ្យទាសីយកសំឡីមកផ្តិតសប្បិនេះ ដែលជារបស់គួរតែចោល ម្យ៉ាងទៀត ថ្នាំដែលមានដំឡៃច្រើនៗ អញបានប្រើប្រាស់អស់ច្រើនទៅហើយ ស្រីជាម្ចាស់ផ្ទះនេះ នឹងឲ្យទេយ្យធម៌ (រង្វាន់) តិចតួចដល់អញដូចម្តេចបាន។ លំដាប់នោះ ភរិយាសេដ្ឋីសង្កេតស្គាល់វិការជីវកកោមារភត្យ ហើយក៏បាននិយាយពាក្យនេះ នឹងជីវកកោមារភត្យថា នែលោកអាចារ្យ ហេតុអ្វីបានជាអ្នកមានចិត្តប្លែកម្ល៉េះ។ ឯជីវកកោមារភត្យ តបវិញថា ខ្ញុំបាទមានសេចក្តីរិះគិត ក្នុងទីនេះយ៉ាងនេះថា អស្ចារ្យអ្វីម្ល៉េះ ស្រីមេផ្ទះនេះ ជាស្រីអន់ណាស់តើ ព្រោះនាងឲ្យទាសីយកសំឡីមកផ្តិតសប្បិនេះ ដែលជារបស់គួរតែចោល ម្យ៉ាងទៀត ថ្នាំដែលមានដំឡៃច្រើនៗ អញបានប្រើប្រាស់អស់ច្រើនទៅហើយ ស្រីជាម្ចាស់ផ្ទះនេះ នឹងឲ្យទេយ្យធម៌តិចតួច ដល់អាត្មាអញដូចម្តេចបាន។ ឯភរិយាសេដ្ឋី តបវិញថា នែលោកអាចារ្យ យើងជាស្រីគ្រប់គ្រងផ្ទះ គួរចេះសំចៃសប្បិនេះ សប្បិនេះ នឹងធ្វើជាថ្នាំលាបជើងពួកទាសៈ ពួកកម្មករ ឬនឹងស្រោចទៅក្នុងកិច្ច ដែលធ្វើប្រទីប ក៏គង់តែប្រសើរ នែលោកអាចារ្យ លោកកុំតូចចិត្តឡើយ ទេយ្យធម៌របស់លោក មុខជាមិនសាបសូន្យទេ។ ខណៈនោះ ជីវកកោមារភត្យ ក៏បានផ្សះជម្ងឺឈឺក្បាល៧ឆ្នាំ របស់ភរិយាសេដ្ឋី ដោយការច្រក តែម្តងប៉ុណ្ណោះ។ វេលានោះ ភរិយាសេដ្ឋី ក៏បានសះ ជារោគនោះទៅ ហើយបានឲ្យ (រង្វាន់) ចំនួន៤ពាន់កហាបណៈ ទៅជីវកកោមារភត្យ។ ឯកូនប្រុសគិតថា មាតារបស់អាត្មាអញ បានសះ ជាជម្ងឺហើយ ក៏បានឲ្យ (រង្វាន់) ចំនួន៤ពាន់កហាបណៈទៀត។ ឯស្រីជាកូនប្រសា គិតថា ម្តាយក្មេករបស់អាត្មាអញ បានសះ ជាជម្ងឺហើយ ក៏បានឲ្យ (រង្វាន់) ចំនួន៤ពាន់កហាបណៈទៀត។ ឯសេដ្ឋីគហបតី គិតថា ភរិយារបស់អាត្មាអញ បានសះ ជាជម្ងឺហើយ ក៏ឲ្យ (រង្វាន់) ចំនួន៤ពាន់កហាបណៈ ហើយឲ្យទាសា ទាសី និងរថទឹមសេះ (ថែមទៀត)។ គ្រានោះ ជីវកកោមារភត្យ បាននាំយក (រង្វាន់) ទាំង១៦ពាន់កហាបណៈនោះ និងទាសាទាសី ទាំងរថទឹមសេះ ហើយចេញទៅក្រុងរាជគ្រឹះ ក៏បានចូលទៅរក អភយរាជកុមារ ឰដក្រុងរាជគ្រឹះដោយលំដាប់ លុះចូលទៅដល់ហើយ ក៏បាននិយាយពាក្យនេះ នឹងអភយរាជកុមារថា សូមទ្រង់មេត្តាប្រោស រង្វាន់ទាំង១៦ពាន់ក្តី ទាសាក្តី ទាសីក្តី សេះ និងរថក្តី នេះជាស្នាដៃដំបូងរបស់ទូលបង្គំជាខ្ញុំ សូមព្រះសម្មតិទេព ទ្រង់ទទួលយកគ្រឿងសម្រាប់ចិញ្ចឹមរបស់ទូលបង្គំជាខ្ញុំចុះ។ ឯអភយរាជកុមារក៏តបថា នែនាយជីវកៈ ណ្ហើយ (របស់ទាំងនេះ) ស្រេចនឹងអ្នកឯងចុះ ប៉ុន្តែត្រូវអ្នកឯងសាងលំនៅ ក្នុងបូរីរបស់យើង។ ឯជីវកកោមារភត្យ បានទទួលស្តាប់ព្រះបន្ទូលអភយរាជកុមារ ដោយពាក្យថា បពិត្រព្រះសម្មតិទេព ព្រះករុណាវិសេស ហើយក៏បានសាងលំនៅ ក្នុងវាំងរបស់អភយរាជកុមារ។
[៣៧] សម័យនោះឯង ព្រះបាទមាគធសេនិយពិម្ពិសារ ទ្រង់កើតរោគឫសដូងបាត។ សំពត់សាដកទាំងឡាយ ក៏សឹងតែប្រឡាក់ទៅដោយឈាម។ ពួកព្រះនាងទេវី ឃើញហើយ ក៏ចំអកថា ឥឡូវនេះ ព្រះសម្មតិទេព ទ្រង់មានរដូវហើយ ផ្កាគឺឈាម បានកើតឡើងដល់ព្រះសម្មតិទេពហើយ មិនយូរប៉ុន្មានទេ ព្រះសម្មតិទេព មុខជានឹងប្រសូតិ (បុត្រ) មិនខាន។ ព្រះមហាក្សត្រ ក៏ទ្រង់អៀនអន់ដោយហេតុនោះ។ វេលានោះ ព្រះបាទមាគធសេនិយពិម្ពិសារ ទ្រង់មានព្រះរាជឱង្ការសួរទៅអភយរាជកុមារថា នែនាយអភ័យ យើងមានជម្ងឺប្រាកដដូច្នោះហើយ អស់ទាំងសំពត់សាដក ប្រឡាក់ទៅដោយឈាម ឯពួកនាងទេវី ឃើញហើយ ក៏ចំអកថា ឥឡូវនេះ ព្រះសម្មតិទេព ទ្រង់មានរដូវហើយ ផ្កាគឺឈាម បានកើតឡើង ដល់ព្រះសម្មតិទេពហើយ មិនយូរប៉ុន្មានទេ ព្រះសម្មតិទេព មុខជានឹងប្រសូតិ (បុត្រ) មិនខាន នែនាយអភ័យ យើងសូមអង្វរអ្នក ចូរអ្នកស្វែងរកពេទ្យណា ដែលអាចព្យាបាលយើងបាន។ អភយរាជកុមារ តបវិញថា បពិត្រព្រះសម្មតិទេព ពេទ្យរបស់ខ្ញុំព្រះអង្គ ឈ្មោះជីវកៈ នៅក្មេង ជាមនុស្សកំពុងចំរើន ពេទ្យនោះ នឹងព្យាបាលព្រះសម្មតិទេពបាន។ ព្រះបាទពិម្ពិសារត្រាស់ថា នែនាយអភ័យ បើដូច្នោះ ចូរអ្នកបង្គាប់ពេទ្យជីវកៈ ឲ្យគេមកព្យាបាលអញចុះ។ លំដាប់នោះ អភយរាជកុមារ ក៏បានបង្គាប់ជីវកកោមារភត្យថា នែនាយជីវកៈ ចូរអ្នកឯង ទៅព្យាបាលរោគ ថ្វាយព្រះមហាក្សត្រ។ ជីវកកោមារភត្យ បានទទួលបង្គាប់អភយរាជកុមារ ដោយពាក្យថា ករុណាវិសេស ហើយក៏នាំយកថ្នាំចំនួនមួយក្រចក ចូលទៅគាល់ព្រះបាទមាគធសេនិយពិម្ពិសារ លុះចូលទៅដល់ហើយ ក៏ក្រាបទូលព្រះបាទមាគធសេនិយពិម្ពិសារ ដូច្នេះថា សូមទ្រង់ព្រះមេត្តាប្រោស ខ្ញុំព្រះអង្គសូមមើលជម្ងឺព្រះអង្គ។ វេលានោះ ជីវកកោមារភត្យ ក៏បានផ្សះរោគឫសដូងបាត របស់ព្រះបាទមាគធសេនិយពិម្ពិសារ ដោយលាបថ្នាំតែម្តង។ គ្រានោះ ព្រះបាទមាគធសេនិយពិម្ពិសារ ទ្រង់បានសះ ជារោគហើយ ទើបទ្រង់ឲ្យពួកស្រីទាំងប្រាំរយ ស្អិតស្អាងគ្រឿងអលង្ការទាំងពួង ហើយឲ្យដោះចេញ ទ្រង់ឲ្យគរជាគំនរ រួចទ្រង់ត្រាស់ទៅ នឹងជីវកកោមារភត្យ ដូច្នេះថា នែនាយជីវកៈ គ្រឿងអលង្ការទាំងពួង របស់ស្រីទាំងប្រាំរយនេះ ត្រូវបានអ្នកឯងហើយ។ ជីវកកោមារភត្យ ក្រាបទូលថា សូមទ្រង់ព្រះមេត្តាប្រោស កុំព្រួយព្រះរាជហឫទ័យឡើយ សូមព្រះសម្មតិទេព ទ្រង់គ្រាន់តែរំលឹកឧបការរបស់ខ្ញុំព្រះអង្គចុះ។ ព្រះបាទពិម្ពិសារត្រាស់ថា នែនាយជីវកៈ បើដូច្នោះ ចូរអ្នកឯងបម្រើយើងផង ស្រីស្នំផង ភិក្ខុសង្ឃ មានព្រះពុទ្ធជាប្រធានផង។ ជីវកកោមារភត្យ បានទទួលស្តាប់ព្រះរាជឱង្ការព្រះបាទមាគធសេនិយពិម្ពិសារ ដោយពាក្យថា បពិត្រព្រះសម្មតិទេព ព្រះករុណាវិសេស។
[៣៨] សម័យនោះឯង សេដ្ឋីនៅក្រុងរាជគ្រឹះ កើតរោគឈឺក្បាល៧ឆ្នាំហើយ។ ពួកពេទ្យដែលជាទិសាបាមោក្ខធំៗច្រើននាក់ មកព្យាបាល ក៏មិនអាចនឹងកែរោគឲ្យសះជាបាន នាំយកតែប្រាក់ជាច្រើនទៅ។ ម្យ៉ាងទៀត សេដ្ឋីនោះ ពួកពេទ្យ ក៏បោះបង់ចោលហើយ។ មានពួកពេទ្យខ្លះនិយាយយ៉ាងនេះថា សេដ្ឋីគហបតិ មុខជានឹងធ្វើមរណកាល ក្នុងថ្ងៃទី៥។ ពួកពេទ្យខ្លះនិយាយយ៉ាងនេះថា សេដ្ឋីគហបតិ មុខជានឹងធ្វើមរណកាល ក្នុងថ្ងៃទី៧។ លំដាប់នោះ ពួកកុដុម្ពិកៈ នៅក្នុងក្រុងរាជគ្រឹះ មានសេចក្តីរិះគិត ដូច្នេះថា សេដ្ឋីគហបតិនេះឯង មានឧបការៈច្រើនដល់ស្តេចផង ដល់ពួកកុដុម្ពិកៈផង ម្យ៉ាងទៀត សេដ្ឋីនោះ ពួកពេទ្យ បោះបង់ចោលហើយ ពួកពេទ្យខ្លះនិយាយយ៉ាងនេះថា សេដ្ឋីគហបតិ មុខជានឹង ធ្វើមរណកាល ក្នុងថ្ងៃទី៥។ ពួកពេទ្យខ្លះនិយាយយ៉ាងនេះថា សេដ្ឋីគហបតិ មុខជានឹងធ្វើមរណកាល ក្នុងថ្ងៃទី៧ ម្យ៉ាងទៀត ពេទ្យជីវកៈ របស់ព្រះមហាក្សត្រនេះ នៅក្មេង ជាមនុស្សកំពុងចំរើន បើដូច្នោះ គួរតែយើងទូលសូមពេទ្យជីវកៈ អំពីព្រះមហាក្សត្រ ដើម្បីព្យាបាលរោគ សេដ្ឋីគហបតិ។ គ្រានោះ ពួកុដុម្ពិកៈ នៅក្នុងក្រុងរាជគ្រឹះ បានចូលទៅគាល់ព្រះបាទមាគធសេនិយពិម្ពិសារ លុះចូលទៅដល់ហើយ ក៏បានក្រាបទូល ព្រះបាទមាគធសេនិយពិម្ពិសារថា សូមទ្រង់ព្រះមេត្តាប្រោស សេដ្ឋីគហបតិនេះ មានឧបការៈច្រើន ដល់ព្រះសម្មតិទេពផង ដល់ពួកកុដុម្ពិកៈផង ម្យ៉ាងទៀត ពួកពេទ្យ ក៏បោះបង់ហើយ ពួកពេទ្យខ្លះ និយាយយ៉ាងនេះថា សេដ្ឋីគហបតិ មុខជានឹងធ្វើមរណកាល ក្នុងថ្ងៃទី៥ ពួកពេទ្យខ្លះនិយាយយ៉ាងនេះថា សេដ្ឋីគហបតិ មុខជានឹងធ្វើមរណកាល ក្នុងថ្ងៃទី៧ យើងខ្ញុំសូមអង្វរ សូមព្រះសម្មតិទេព ទ្រង់បង្គាប់ពេទ្យជីវកៈ ឲ្យព្យាបាលរោគ សេដ្ឋីគហបតិ។ ខណៈនោះ ព្រះបាទមាគធសេនិយពិម្ពិសារ ក៏ទ្រង់បានបង្គាប់ ជីវកកោមារភត្យថា នែនាយជីវកៈ អ្នកឯងចូរទៅព្យាបាលសេដ្ឋីគហបតិចុះ។ ជីវកកោមារភត្យ ទទួលស្តាប់ព្រះរាជឱង្ការ ព្រះបាទមាគធសេនិយពិម្ពិសារ ដោយពាក្យថា បពិត្រព្រះសម្មតិទេព ព្រះករុណាវេសេស រួចចូលទៅរកសេដ្ឋីគហបតិ លុះចូលទៅដល់ហើយ ក៏សង្កេតដឹងវិការៈ របស់សេដ្ឋីគហបតិ រួចហើយនិយាយនឹងសេដ្ឋីគហបតិដូច្នេះថា នែគហបតិ ប្រសិនបើខ្ញុំកែរោគលោក សះជាហើយ តើខ្ញុំនឹងត្រូវបានរង្វាន់ដូចម្តេច។ សេដ្ឋីគហបតិតបថា លោកអាចារ្យ សម្បត្តិរបស់ខ្ញុំទាំងអស់ក្តី ក៏ត្រូវបានលោក ខ្លួនខ្ញុំក្តី ក៏ធ្វើជាខ្ញុំរបស់លោក។ ជីវកកោមារភត្យសួរថា នែគហបតិ លោកអាចនឹងសម្រាន្តផ្អៀងតែម្ខាងអស់៧ខែបានឬទេ។ សេដ្ឋីគហបតិតបថា លោកអាចារ្យ ខ្ញុំអាចនឹងដេកផ្អៀងតែម្ខាង អស់៧ខែបាន។ ជីវកកោមារភត្យសួរថា នែគហបតិ លោកអាចនឹងសម្រាន្តផ្អៀងមកម្ខាងទៀត អស់៧ខែបានឬទេ។ សេដ្ឋីគហបតិតបថា លោកអាចារ្យ ខ្ញុំអាចនឹងដេកផ្អៀងមកម្ខាងទៀត អស់៧ខែបាន។ ជីវកកោមារភត្យសួរថា នែគហបតិ លោកអាចនឹងសម្រាន្តផ្ងារ អស់៧ខែបានឬទេ។ សេដ្ឋីគហបតិប្រាប់ថា លោកអាចារ្យ ខ្ញុំអាចនឹងដេកផ្ងារ អស់៧ខែបាន។ ខណៈនោះ ជីវកកោមារភត្យ ក៏ឲ្យសេដ្ឋីគហបតិដេកលើគ្រែ រួចចងសេដ្ឋីភ្ជាប់លើគ្រែ ហើយវះស្បែកក្បាល វែកថ្នេរ (រលាក្បាល) ចេញ ក៏នាំយកបាណកជាតិ [ជាតិសត្វតូចៗ (មេរោគ)។] បានពីរ ហើយបង្ហាញដល់ជនថា ចូរអ្នកទាំងឡាយ មើលបាណកជាតិទាំងពីរនេះចុះ បាណកជាតិ១តូច បាណកជាតិ១ធំ ពួកអាចារ្យណានិយាយយ៉ាងនេះថា សេដ្ឋីគហបតិនឹងធ្វើមរណកាលក្នុងថ្ងៃទី៥ (ព្រោះ) ពួកអាចារ្យទាំងនោះ បានឃើញបាណកជាតិធំនេះ ដល់ថ្ងៃទី៥ វានឹងជញ្ជក់យកខួរក្នុងរលាក្បាលរបស់សេដ្ឋីគហបតិ ៗនឹងធ្វើមរណកាល ព្រោះវាជញ្ជក់យកខួរក្នុងរលាក្បាល អាចារ្យទាំងនោះ គេឃើញត្រូវ (របស់គេ មិនខុសទេ) ចំណែកខាងពួកអាចារ្យណា និយាយយ៉ាងនេះថា សេដ្ឋីគហបតិនឹងធ្វើមរណកាលក្នុងថ្ងៃទី៧ (ព្រោះ) អាចារ្យទាំងនោះ បានឃើញបាណកជាតិតូចនេះ ដល់ថ្ងៃទី៧ វានឹងជញ្ជក់ខួរក្នុងរលាក្បាលសេដ្ឋីគហបតិ ៗនឹងធ្វើមរណកាល ព្រោះវាជញ្ជក់ខួរក្នុងរលាក្បាល អាចារ្យទាំងនោះ គេឃើញត្រូវ (របស់គេ មិនខុសទេ) រួចហើយទើបបិទថ្នេរ (រលាក្បាល) ហើយដេរស្បែកក្បាល រួចលាបថ្នាំឲ្យ។ វេលានោះ លុះកន្លង៧ថ្ងៃទៅ សេដ្ឋីគហបតិ ក៏និយាយទៅនឹងជីវកកោមារភត្យយ៉ាងនេះថា នែលោកអាចារ្យ ខ្ញុំមិនអាចនឹងដេកផ្អៀងខាងម្ខាង អស់៧ខែបានទេ។ ជីវកកោមារភត្យតបថា នែគហបតិ ក្រែងលោកបានទទួលប្តេជ្ញានឹងខ្ញុំថា លោកអាចារ្យ ខ្ញុំអាចនឹងដេកផ្អៀងតែម្ខាងឲ្យអស់៧ខែបាន មិនដូច្នោះឬ។ សេដ្ឋីតបថា លោកអាចារ្យ ខ្ញុំបានទទួលប្តេជ្ញាពិតមែនហើយ ប៉ុន្តែថា ខ្ញុំមុខជានឹងស្លាប់ (មិនខាន ព្រោះ) ខ្ញុំមិនអាចនឹងដេកផ្អៀងតែម្ខាង ឲ្យអស់៧ខែបាន។ ជីវកកោមារភត្យនិយាយថា នែគហបតិ បើដូច្នោះ ចូរលោកដេកផ្អៀងទៅម្ខាងទៀត អស់៧ខែចុះ។ វេលានោះ លុះកន្លង៧ថ្ងៃទៅ សេដ្ឋីគហបតិ បាននិយាយនឹងជីវកកោមារភត្យយ៉ាងនេះថា លោកអាចារ្យ ខ្ញុំមិនអាចនឹងដេកផ្អៀងម្ខាងទៀត អស់៧ខែបានឡើយ។ ជីវកកោមារភត្យតបថា នែគហបតិ ក្រែងលោកបានទទួលប្តេជ្ញានឹងខ្ញុំថា លោកអាចារ្យ ខ្ញុំអាចនឹងដេកផ្អៀងទៅម្ខាងទៀត អស់៧ខែបាន មិនដូច្នោះឬ។ សេដ្ឋីនិយាយថា លោកអាចារ្យ ខ្ញុំបានទទួលប្តេជ្ញាពិតមែនហើយ ប៉ុន្តែថា ខ្ញុំមុខជានឹងស្លាប់ (មិនខាន ព្រោះ) ខ្ញុំមិនអាចនឹងដេកផ្អៀងទៅម្ខាងទៀត អស់៧ខែបានទេ។ ជីវកកោមារភត្យតបថា នែគហបតិ បើដូច្នោះ ចូរលោកដេកផ្ងារ ឲ្យអស់៧ខែវិញចុះ។ លំដាប់នោះ លុះកន្លង៧ថ្ងៃទៅ សេដ្ឋីគហបតិ បាននិយាយទៅនឹងជីវកកោមារភត្យ យ៉ាងនេះថា លោកអាចារ្យ ខ្ញុំមិនអាចនឹងដេកផ្ងារ អស់៧ខែបានទេ។ ជីវកកោមារភត្យតបថា នែគហបតិ ក្រែងលោកបានទទួលប្តេជ្ញានឹងខ្ញុំថា លោកអាចារ្យ ខ្ញុំអាចនឹងដេកផ្ងារ អស់៧ខែបាន មិនដូច្នោះឬ។ សេដ្ឋីនិយាយថា លោកអាចារ្យ ខ្ញុំបានទទួលប្តេជ្ញាពិតមែនហើយ ប៉ុន្តែថា ខ្ញុំមុខជានឹងស្លាប់ (មិនខាន ព្រោះ) ខ្ញុំមិនអាចនឹងដេកផ្ងារ អស់៧ខែបានទេ។ ជីវកកោមារភត្យតបវិញថា នែគហបតិ បើខ្ញុំមិនបាននិយាយនឹងលោក (យ៉ាងនេះទេ) អ្នកមុខជាមិនដេក អស់កាលមានប្រមាណប៉ុណ្ណេះឡើយ ម្យ៉ាងទៀត យើងបានដឹងពីមុនហើយថា ដល់គ្រប់៧ថ្ងៃ៣ដង សេដ្ឋីគហបតិ មុខជានឹងសះស្បើយរោគជាប្រាកដ (មិនខាន) នែគហបតិ ចូរអ្នក្រោកឡើង ឥឡូវ លោកបានសះ ជារោគហើយ ចូរលោកដឹង លោកត្រូវឲ្យរង្វាន់ខ្ញុំដូចម្តេចខ្លះ។ សេដ្ឋីគហបតិ និយាយថា លោកអាចារ្យ សម្បត្តិខ្ញុំទាំងអស់ក្តី ក៏ត្រូវបានលោក ខ្លួនខ្ញុំក្តី ក៏សូមធ្វើជាខ្ញុំលោក។ ជីវកកោមារភត្យ តបថា នែគហបតិ ណ្ហើយចុះ លោកកុំឲ្យសម្បត្តិទាំងអស់ មកខ្ញុំឡើយ ម្យ៉ាងទៀត លោកកុំធ្វើជាបាវរបស់ខ្ញុំ លោកចូរថ្វាយទ្រព្យ ១សែនកហាបណៈ ទៅស្តេច ឲ្យទ្រព្យ ១សែនកហាបណៈមកខ្ញុំចុះ។ គ្រានោះ សេដ្ឋីគហបតិ បានសះជារោគហើយ ក៏បានថ្វាយទ្រព្យ ១សែនកហាបណៈ ទៅស្តេច ជូនទ្រព្យ ១សែនកហាបណៈ ទៅជីវកកោមារភត្យ។
[៣៩] សម័យនោះឯង មានសេដ្ឋីបុត្ត នៅក្នុងក្រុងពារាណសី លេងល្បែងដាំដូង ក៏កើតរោគដុំ ក្នុងពោះវៀនធំ។ បបរដែលសេដ្ឋីបុត្ត បានហុតក្តី ក៏មិនបានរលួយស្រួល បាយដែលសេដ្ឋីបុត្តបានបរិភោគក្តី ក៏មិនបានរលួយស្រួល ឧច្ចារៈក្តី បស្សាវៈក្តី ក៏មិនបានស្រួលសោះ។ ព្រោះរោគនោះ សេដ្ឋីបុត្តនោះ ក៏ទៅជាស្គម សៅហ្មង មានសម្បុរអាក្រក់ កើតរោគលឿង ស្លេកស្លាំង មានខ្លួនរវាមដោយសរសៃ។ វេលានោះ សេដ្ឋីនៅក្នុងក្រុងពារាណសី មានសេចក្តីរិះគិតដូច្នេះថា ជម្ងឺកូនអញ ប្រាកដដូច្នោះ ទឹកបបរ (ដែលកូនអញ)ហុតទៅក្តី ក៏មិនបានរលួយស្រួល បាយដែលបរិភោគក្តី ក៏មិនបានរលួយស្រួល ឧច្ចារៈក្តី បស្សាវៈក្តី ក៏មិនបានស្រួលសោះ ព្រោះរោគនោះ បានជាកូនអញ ទៅជាស្គម សៅហ្មង មានសម្បុរអាក្រក់ កើតរោគលឿង ស្លេកស្លាំង មានខ្លួនរវាមដោយសរសៃ បើដូច្នោះ គួរអាត្មាអញ ទៅកាន់ក្រុងរាជគ្រឹះ ហើយសូមយកពេទ្យជីវកៈ ពីស្តេចមក ដើម្បីឲ្យមកព្យាបាលកូនអញ។ លំដាប់នោះ សេដ្ឋីនៅក្នុងក្រុងពារាណសី បានទៅឯក្រុងរាជគ្រឹះ ហើយចូលទៅគាល់ ព្រះបាទមាគធសេនិយពិម្ពិសារ លុះចូលទៅដល់ហើយ ក៏ក្រាបទូល ព្រះបាទមាគធសេនិយពិម្ពិសារ ដូច្នេះថា សូមទ្រង់ព្រះមេត្តាប្រោស ជម្ងឺកូនខ្ញុំព្រះអង្គ ប្រាកដដូច្នោះ ទឹកបបរ ដែលកូនខ្ញុំព្រះអង្គ ហុតទៅក្តី ក៏មិនបានរលួយស្រួល បាយដែលបរិភោគទៅហើយក្តី ក៏មិនបានរលួយស្រួល ឧច្ចារៈក្តី បស្សាវៈក្តី ក៏មិនដែលបានស្រួលសោះ ព្រោះរោគនោះ កូនខ្ញុំព្រះអង្គ ទៅជាស្គម សៅហ្មង មានសម្បុរអាក្រក់ កើតរោគលឿង ស្លេកស្លាំង មានខ្លួនរវាមដោយសរសៃ ខ្ញុំព្រះអង្គសូមអង្វរ សូមព្រះសម្មតិទេព ទ្រង់បង្គាប់ពេទ្យជីវកៈ ឲ្យព្យាបាលរោគកូនខ្ញុំព្រះអង្គ។ ខណៈនោះ ព្រះបាទមាគធសេនិយពិម្ពិសារ ទ្រង់បង្គាប់ជីវកកោមារភត្យថា នែនាយជីវកៈ ចូរអ្នកឯង ទៅក្រុងពារាណសី ហើយព្យាបាលរោគ កូនសេដ្ឋី នៅក្រុងពារាណសីផង។ ជីវកកោមារភត្យ ទទួលព្រះរាជឱង្ការ ព្រះបាទមាគធសេនិយពិម្ពិសារ ដោយពាក្យថា បពិត្រព្រះសម្មតិទេព ករុណាវិសេស ហើយទៅកាន់ ក្រុងពារាណសី ចូលទៅរកកូនសេដ្ឋី នៅក្រុងពារាណសី លុះចូលទៅដល់ហើយ ក៏សង្កេតដឹងវិការកូនសេដ្ឋី នៅក្រុងពារាណសី រួចបណ្តេញជនឲ្យដើរចេញ ហើយបិទបាំងវាំងននពីខាងក្រៅ ហើយចងកូនសេដ្ឋីភ្ជាប់នឹងសសរ រួចឲ្យភរិយា (នៃសេដ្ឋីបុត្ត) ឈរនៅពីខាងមុខ រួចវះស្បែកពោះ នាំយកដុំក្នុងពោះវៀនធំ បង្ហាញដល់ភរិយា (សេដ្ឋីបុត្តនោះ) ថា នាងចូរមើលរោគរបស់ស្វាមីនាង បបរដែលហុតទៅហើយក្តី ក៏មិនបានរលួយស្រួល បាយដែលបរិភោគទៅហើយក្តី ក៏មិនបានរលួយស្រួល ឧច្ចារៈក្តី បស្សាវៈក្តី ក៏មិនដែលបានស្រួល ព្រោះតែរោគនេះហើយ បានជាស្វាមីរបស់នាងនេះ ទៅជាស្គម សៅហ្មង មានសម្បុរអាក្រក់ កើតរោគលឿង ស្លេកស្លាំង មានខ្លួនរវាម ដោយសរសៃ (ថាហើយក៏) ស្រាវយកដុំពីក្នុងពោះវៀនធំ ហើយបញ្ចូលពោះវៀនទៅវិញ រួចដេរស្បែកពោះហើយ លាបថ្នាំឲ្យ។ វេលានោះ មិនយូរប៉ុន្មាន កូនសេដ្ឋី នៅក្នុងក្រុងពារាណសី ក៏បានសះ ជារោគនោះទៅ។ គ្រានោះ សេដ្ឋីនៅក្នុងក្រុងពារាណសីគិតថា កូនរបស់អាត្មាអញបានសះជារោគហើយ ក៏បានប្រគល់ឲ្យ នូវទ្រព្យ១៦ពាន់កហាបណៈ ដល់ជីវកកោមារភត្យ។ គ្រានោះ ជីវកកោមារភត្យ បានទទួលទ្រព្យទាំង ១៦ពាន់កហាបណៈនោះ ហើយក៏ត្រឡប់មកក្រុងរាជគ្រឹះវិញ។
[៤០] សម័យនោះឯង ព្រះបាទបជ្ជោត ក្នុងក្រុងឧជ្ជេនី ទ្រង់អាពាធ ដោយរោគលឿង។ ពួកពេទ្យ ដែលជាទិសាបាមោក្ខធំៗច្រើននាក់ មកព្យាបាល ក៏មិនអាចនឹងកែរោគនោះ ឲ្យសះជាបាន នាំយកតែប្រាក់ទៅជាច្រើន។ គ្រានោះ ព្រះបាទបជ្ជោត ក៏បានបញ្ជូនព្រះរាជបម្រើ ឲ្យទៅកាន់សំណាក់ ស្តេចមាគធសេនិយពិម្ពិសារ ដោយព្រះបណ្តាំថា សូមទ្រង់ព្រះមេត្តាប្រោស ជម្ងឺខ្ញុំប្រាកដដូច្នោះ ខ្ញុំសូមអង្វរ សូមព្រះសម្មតិទេព ទ្រង់ត្រាស់បង្គាប់ឲ្យជីវកពេទ្យ ឲ្យគាត់ទៅព្យាបាលរោគខ្ញុំ។ ខណៈនោះ ព្រះបាទមាគធសេនិយពិម្ពិសារ ទ្រង់បង្គាប់ទៅ ជីវកកោមារភត្យថា នែនាយជីវកៈ ចូរអ្នកទៅក្រុងឧជ្ជេនី ហើយព្យាបាល ព្រះបាទបជ្ជោតផង។ ជីវកកោមារភត្យ ទទួលស្តាប់ព្រះរាជឱង្ការ ព្រះបាទមាគធសេនិយពិម្ពិសារ ដោយពាក្យថា បពិត្រព្រះសម្មតិទេព ព្រះករុណាវិសេស ហើយទៅកាន់ក្រុងឧជ្ជេនី ក៏ចូលទៅគាល់ព្រះបាទបជ្ជោត លុះចូលទៅគាល់ហើយ ក៏សង្កេតស្គាល់វិការៈ របស់ព្រះបាទបជ្ជោត ហើយក៏ក្រាបបង្គំទូល ព្រះបាទបជ្ជោតយ៉ាងនេះថា សូមទ្រង់ព្រះមេត្តាប្រោស ខ្ញុំព្រះអង្គនឹងស្លសប្បិថ្វាយ ព្រះសម្មតិទេព នឹងសោយសប្បិនោះបានដែរឬ។ ព្រះមហាក្សត្រត្រាស់ថា នែនាយជីវកៈ មិនបានទេ អ្នកឯងអាចនឹងរក្សារោគឲ្យបានសះជា ដោយថ្នាំណាមួយវិញ វៀរលែងតែសប្បិចេញ ចូរអ្នកផ្សំថ្នាំនោះចុះ ដ្បិតសប្បិជាទីខ្ពើមរអើមរបស់ខ្ញុំ។ លំដាប់នោះ ជីវកកោមារភត្យ មានសេចក្តីរិះគិតដូច្នេះថា អាពាធរបស់ស្តេចនេះ ប្រាកដដូច្នោះ តែវៀរលែងសប្បិចេញហើយ អាត្មាអញមិនអាចនឹងធ្វើឲ្យសះជាបានឡើយ។ បើដូច្នោះ គួរអាត្មាអញនឹងស្លសប្បិ (នោះ) ឲ្យមានពណ៌ដូចទឹកចត់ ឲ្យមានក្លិនដូចក្លិនទឹកចត់ ឲ្យមានរសដូចរសទឹកចត់វិញ។ លំដាប់នោះ ជីវកកោមារភត្យ ស្លសប្បិឲ្យមានពណ៌ដូចជាពណ៌ទឹកចត់ មានក្លិនដូចជាក្លិនទឹកចត់ មានរសដូចជារសទឹកចត់ ជាមួយនឹងថ្នាំទាំងឡាយផ្សេងៗ។ លំដាប់នោះ ជីវកកោមារភត្យ មានសេចក្តីរិះគិត ដូច្នេះថា សប្បិដែលស្តេចនេះសោយហើយ ដល់ជ្រួតជ្រាបទៅ មុខជានឹងចង្អោរចេញ ហើយស្តេចកំណាចនេះ នឹងបង្គាប់មនុស្ស ឲ្យសម្លាប់អាត្មាអញ មិនខានឡើយ បើដូច្នោះ គួរអាត្មាអញ សូមលាជាមុនហើយ។ វេលានោះ ជីវកកោមារភត្យ បានចូលទៅគាល់ ព្រះបាទបជ្ជោត លុះចូលទៅជិតហើយ ក៏បានក្រាបបង្គំទូលសេចក្តីនេះ នឹងព្រះបាទបជ្ជោតថា បពិត្រព្រះសម្មតិទេព ធម្មតា ពួកខ្ញុំជាពេទ្យ តែងគាស់យកឫសឈើ មកផ្សំថ្នាំ ដោយការរហ័សយ៉ាងនោះ សូមអង្វរ សូមព្រះសម្មតិទេព ទ្រង់ត្រាស់បង្គាប់ ពួកអ្នកដែលនៅចាំរោង សម្រាប់ដាក់វាហនៈ ហើយនឹងពួកអ្នករក្សាទ្វារថា (បើ) ជីវកៈប្រាថ្នាទៅ ដោយវាហនៈណា ចូរឲ្យទៅដោយវាហនៈនោះ ជីវកៈប្រាថ្នាទៅតាមទ្វារណា ចូរឲ្យទៅតាមទ្វារនោះ ជីវកៈប្រាថ្នាចង់ទៅក្នុងកាលណា ត្រូវឲ្យទៅក្នុងកាលនោះ ជីវកៈប្រាថ្នាចង់ចូលមក ក្នុងក្រុងកាលណា ត្រូវឲ្យចូលមក ក្នុងកាលនោះចុះ។ ខណៈនោះ ព្រះបាទបជ្ជោត ក៏បានត្រាស់បង្គាប់ទៅពួកអ្នកនៅចាំរោង សម្រាប់ដាក់វាហនៈ និងពួកអ្នករក្សាទ្វារថា (បើ) ជីវកៈប្រាថ្នាទៅ ដោយវាហនៈណា ចូរឲ្យទៅដោយវាហនៈនោះ ជីវកៈប្រាថ្នាទៅតាមទ្វារណា ចូរឲ្យទៅតាមទ្វារនោះ ជីវកៈប្រាថ្នាចង់ទៅ ក្នុងកាលណា ចូរឲ្យទៅ ក្នុងកាលនោះ ជីវកៈប្រាថ្នាចូលមកក្នុងក្រុងកាលណា ចូរឲ្យចូលមក ក្នុងកាលនោះចុះ។ សម័យនោះ ព្រះបាទបជ្ជោត មានមេដំរី១ ឈ្មោះភទ្ទវតិកា អាចដើរទៅបាន ៥០យោជន៍ (ក្នុង១ថ្ងៃ)។ វេលានោះ ជីវកកោមារភត្យ ក៏បានបង្អោនថ្វាយ សប្បិនោះ ទៅព្រះបាទបជ្ជោតថា សូមព្រះសម្មតិទេព ទ្រង់សោយទឹកចត់ (នេះ)។ លំដាប់នោះ ជីវកកោមារភត្យ បានឲ្យព្រះបាទបជ្ជោត សោយសប្បិរួចហើយ ក៏ទៅកាន់រោងដំរី (ឡើងជិះ) លើមេដំរី ឈ្មោះភទ្ទវតិកា ហើយក៏បរចេញពីក្រុងទៅ។ ខណៈនោះ សប្បិ ដែលព្រះបាទបជ្ជោត បានសោយហើយ ជ្រួតជ្រាបទៅ ក៏បង្អោរចេញមក។ វេលានោះ ព្រះបាទបជ្ជោត ទ្រង់មានបន្ទូល ទៅនឹងមនុស្សទាំងឡាយ ដូច្នេះថា នែនាយ (ឥឡូវនេះ) ជីវកៈកំណាច បានឲ្យអញផឹកសប្បិទៅហើយ នែនាយ បើដូច្នោះ ចូរអ្នកទាំងឡាយទៅគន់រកមើលពេទ្យជីវកៈ។ មនុស្សទាំងនោះ ក្រាបបង្គំទូលថា សូមទ្រង់ព្រះមេត្តាប្រោស (ឯពេទ្យជីវកៈនោះ) គាត់ជិះដំរី ឈ្មោះភទ្ទវតិកា បរចេញអំពីក្រុង បាត់ទៅហើយ។ សម័យនោះឯង មានខ្ញុំម្នាក់របស់ព្រះបាទបជ្ជោត ឈ្មោះកាកៈ អាចដើរទៅបានចំនួន ៦០យោជន៍ (ក្នុង១ថ្ងៃ) ព្រោះអាស្រ័យដោយអមនុស្ស។ គ្រានោះ ព្រះបាទបជ្ជោត ទ្រង់បង្គាប់ទៅខ្ញុំ ឈ្មោះកាកៈថា នែនាយកាកៈ ចូរឯងទៅ ឲ្យពេទ្យជីវកៈត្រឡប់មកវិញថា លោកអាចារ្យ ព្រះមហាក្សត្រ ឲ្យលោកត្រឡប់ទៅវិញ (កុំឲ្យខាន) នែនាយកាកៈ ធម្មតា ពួកពេទ្យនេះ តែងមានមាយាច្រើន ម្យ៉ាងទៀត ឯងកុំទទួលយករបស់បន្តិចបន្តួចរបស់ពេទ្យនោះឡើយ។ លំដាប់នោះ ខ្ញុំឈ្មោះកាកៈ ក៏បានតាមទៅទាន់ជីវកកោមារភត្យ កំពុងបរិភោគបាយព្រឹក ក្នុងរវាងពាក់កណ្តាលផ្លូវ ជិតក្រុងកោសម្ពី។ វេលានោះ ខ្ញុំឈ្មោះកាកៈ បាននិយាយ ទៅនឹងជីវកកោមារភត្យ ដូច្នេះថា លោកអាចារ្យ ព្រះមហាក្សត្រឲ្យលោកត្រឡប់ទៅវិញ។ ឯជីវកកោមារភត្យ តបថា នែនាយកាកៈ ចូរអ្នកឯងបង្អង់ ចាំយើងបរិភោគរួចសិន នែនាយកាកៈ បើដូច្នោះ ចូរអ្នកឯងបរិភោគបាយសិន។ កាកៈតបថា លោកអាចារ្យ កុំព្រួយ ដ្បិតខ្ញុំ ព្រះមហាក្សត្រទ្រង់ត្រាស់បង្គាប់ថា នែនាយកាកៈ ធម្មតា ពួកពេទ្យទាំងនេះ តែងមានមាយាច្រើន ម្យ៉ាងទៀត អ្នកឯងកុំទទួលរបស់បន្តិចបន្តួចរបស់ពេទ្យនោះឡើយ។ សម័យនោះឯង ជីវកកោមារភត្យ បានបង់ថ្នាំដោយក្រចក ហើយទំពាស៊ីផ្លែកន្ទួតព្រៃផង ផឹកទឹកផង។ វេលានោះ ជីវកកោមារភត្យ ក៏បាននិយាយទៅនឹងខ្ញុំឈ្មោះកាកៈដូច្នេះថា នែនាយកាកៈ បើដូច្នោះ អ្នកចូរទំពារស៊ីផ្លែកន្ទួតព្រៃផង ផឹកទឹកផងចុះ។ លំដាប់នោះ ខ្ញុំឈ្មោះកាកៈគិតថា ពេទ្យនេះឯង ហ៊ានទំពាស៊ីផ្លែកន្ទួតព្រៃផង ផឹកទឹកផង ពេទ្យនេះ មិនគួរនឹងមានអំពើអាក្រក់តិចតួចឡើយ ហើយក៏ទំពាស៊ីផ្លែកន្ទួតព្រៃមួយចំហៀងផង ផឹកទឹកផង។ ផ្លែកន្ទួតព្រៃមួយចំហៀង ដែលខ្ញុំឈ្មោះកាកៈ ទំពាស៊ីហើយនោះ ក៏ចុះរាក ក្នុងទីនោះឯង។ ខណៈនោះ ខ្ញុំឈ្មោះកាកៈ បាននិយាយទៅនឹងជីវកកោមារភត្យ ដូច្នេះថា លោកអាចារ្យ ខ្ញុំនៅមានជីវិត (តទៅទៀតឬទេ)។ ជីវកកោមារភត្យប្រាប់ថា នែនាយកាកៈ អ្នកឯងកុំភ័យឡើយ ខ្លួនអ្នកឯងក្តី ស្តេចកំណាចក្តី នឹងបានសះ ជារោគហើយ ស្តេចនោះ នឹងឲ្យគេសម្លាប់ខ្ញុំមិនខាន ព្រោះហេតុនោះ បានជាខ្ញុំមិនត្រឡប់ទៅវិញ ថាដូច្នោះហើយ ក៏ប្រគល់មេដំរីឈ្មោះភទ្ទវតិកាទៅខ្ញុំឈ្មោះកាកៈវិញ ហើយចៀសចេញទៅកាន់ក្រុងរាជគ្រឹះ ចូលទៅគាល់ព្រះបាទមាគធសេនិយពិម្ពិសារ ឯក្រុងរាជគ្រឹះដោយលំដាប់ លុះចូលទៅដល់ហើយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះបាទមាគធសេនិយពិម្ពិសារ។ ស្តេចទ្រង់ត្រាស់តបថា នែនាយជីវកៈ អ្នកឯងមិនបានវិលត្រឡប់ទៅវិញ ដោយហេតុណា ឈ្មោះថា បានធ្វើនូវហេតុនោះ ដោយល្អហើយ ស្តេចកំណាចនោះ មុខជានឹងឲ្យគេសម្លាប់អ្នកឯងមិនខាន។ គ្រានោះ ព្រះបាទបជ្ជោត បានសះ ជារោគហើយ ក៏បញ្ជូនរាជបម្រើ ទៅក្នុងសំណាក់ជីវកកោមារភត្យថា សូមឲ្យជីវកៈមក (កុំខាន) យើងនឹងឲ្យពរ។ ឯជីវកកោមារភត្យតបថា សូមទ្រង់ព្រះមេត្តាប្រោស កុំព្រួយព្រះទ័យ សូមព្រះសម្មតិទេព គ្រាន់តែទ្រង់រលឹក នូវឧបការៈ របស់ខ្ញុំព្រះអង្គចុះ។ សម័យនោះ សំពត់សិវេយ្យកៈ១គូ ក៏កើតឡើងដល់ព្រះបាទបជ្ជោត ជាសំពត់ដ៏លើសលុប ប្រសើរ ជាប្រធានខ្ពង់ខ្ពស់ ក្រៃលែង ជាងសំពត់ដ៏ច្រើន ជាងគូនៃសំពត់ដ៏ច្រើន ជាងរយនៃគូសំពត់ដ៏ច្រើន ជាងពាន់នៃគូសំពត់ដ៏ច្រើន ជាងសែននៃគូសំពត់ដ៏ច្រើន។ វេលានោះ ព្រះបាទបជ្ជោត បានបញ្ជូនសំពត់ សិវេយ្យកៈ ១គូនោះ ទៅជីវកកោមារភត្យ។ លំដាប់នោះ ជីវកកោមារភត្យ មានសេចក្តីរិះគិត ដូច្នេះថា ជាសំពត់ សិវេយ្យកៈ ១គូ ដែលព្រះបាទបជ្ជោតបានបញ្ជូនមកឲ្យអាត្មាអញនេះ ជាសំពត់ដ៏លើសលុបប្រសើរ ជាប្រធានខ្ពង់ខ្ពស់ក្រៃលែង ជាងសំពត់ដ៏ច្រើន ជាងគូនៃសំពត់ដ៏ច្រើន ជាងរយនៃគូសំពត់ដ៏ច្រើន ជាងពាន់នៃគូសំពត់ដ៏ច្រើន ជាងសែននៃគូសំពត់ដ៏ច្រើន អ្នកដទៃណាមួយ មិនគួរនឹងប្រើប្រាស់សំពត់ សិវេយ្យកៈនេះឡើយ វៀរលែងតែព្រះមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធនោះចេញ ឬវៀរលែងតែព្រះបាទមាគធសេនិយពិម្ពិសារចេញ។
[៤១] សម័យនោះឯង ព្រះកាយរបស់ព្រះមានព្រះភាគ ក្រាស់ដោយទោស (រោគទល់)។ វេលានោះ ព្រះមានព្រះភាគ ត្រាស់ហៅព្រះអានន្ទដ៏មានអាយុមកថា នែអានន្ទ កាយរបស់តថាគត ក្រាស់ដោយទោសហើយ តថាគតប្រាថ្នានឹងឆាន់ថ្នាំបញ្ចុះ។ ខណៈនោះ ព្រះអានន្ទដ៏មានអាយុ ក៏ចូលទៅរកជីវកកោមារភត្យ លុះចូលទៅដល់ហើយ ក៏និយាយនឹងជីវកកោមារភត្យដូច្នេះថា នែជីវកៈដ៏មានអាយុ កាយរបស់ព្រះតថាគតក្រាស់ដោយទោសហើយ ព្រះតថាគតត្រូវការឆាន់ថ្នាំបញ្ចុះ។ ជីវកកោមារភត្យតបថា បពិត្រព្រះអានន្ទដ៏ចំរើន បើដូច្នោះ សូមឲ្យលោកសម្រួលព្រះកាយរបស់ព្រះដ៏មានព្រះភាគ បាន២ ៣ថ្ងៃសិន។ លំដាប់នោះ ព្រះអានន្ទដ៏មានអាយុ បានសម្រួលព្រះកាយរបស់ព្រះដ៏មានព្រះភាគ២ ៣ថ្ងៃ រួចហើយ ក៏ចូលទៅរកជីវកកោមារភត្យ លុះចូលទៅដល់ហើយ ក៏និយាយនឹងជីវកកោមារភត្យដូច្នេះថា នែអាវុសោជីវកៈ ព្រះកាយរបស់ព្រះតថាគត បានស្រួលបួលហើយ អ្នកសំគាល់នូវកាលគួរក្នុងគ្រានេះចុះ។ គ្រានោះ ជីវកកោមារភត្យ មានសេចក្តីរិះគិតដូច្នេះថា អាត្មាអញ ថ្វាយថ្នាំបញ្ចុះដ៏គ្រោតគ្រាតដល់ព្រះដ៏មានព្រះភាគ អំពើនេះ មិនសមគួរដល់អាត្មាអញឡើយ ណ្ហើយចុះ គួរអាត្មាអញ នឹងអប់ផ្កាឧប្បលទាំងឡាយបាន៣ក្តាប់ ជាមួយនឹងថ្នាំទាំងឡាយផ្សេងៗ ហើយសឹមបង្អោនថ្វាយដល់ព្រះតថាគត។ គ្រានោះ ជីវកកោមារភត្យ បានអប់ផ្កាឧប្បល៣ក្តាប់ ជាមួយនឹងថ្នាំទាំងឡាយផ្សេងៗ រួចហើយ ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏បង្អោនថ្វាយផ្កាឧប្បល១ក្តាប់ដល់ព្រះដ៏មានព្រះភាគ ដោយពាក្យថា សូមទ្រង់ព្រះមេត្តាប្រោស សូមព្រះដ៏មានព្រះភាគ ទ្រង់ហិតផ្កាឧប្បល១ក្តាប់ដំបូងនេះ ផ្កាឧប្បលនេះ នឹងបញ្ចុះព្រះដ៏មានព្រះភាគបាន១០ដង រួចបង្អោនថ្វាយផ្កាឧប្បលក្តាប់ទី២ ដល់ព្រះដ៏មានព្រះភាគ ដោយពាក្យថា សូមទ្រង់ព្រះមេត្តាប្រោស សូមព្រះដ៏មានព្រះភាគ ទ្រង់ហិតផ្កាឧប្បលក្តាប់ទី២នេះ ផ្កាឧប្បលនេះ នឹងបញ្ចុះព្រះដ៏មានព្រះភាគបាន១០ដង រួចបង្អោនថ្វាយផ្កាឧប្បលក្តាប់ទី៣ ដល់ព្រះដ៏មានព្រះភាគ ដោយពាក្យថា សូមទ្រង់មេត្តាប្រោស សូមព្រះដ៏មានព្រះភាគ ទ្រង់ហិតផ្កាឧប្បលក្តាប់ទី៣នេះ ផ្កាឧប្បលនេះ នឹងបញ្ចុះព្រះដ៏មានព្រះភាគបាន១០ដង រួមកិច្ចដែលបញ្ចុះថ្នាំព្រះដ៏មានព្រះភាគ ត្រូវជា៣០ដងគត់ ដោយអាការយ៉ាងនេះ។ លំដាប់នោះ ជីវកកោមារភត្យ បានថ្វាយថ្នាំបញ្ចុះ៣០ដងគត់ ចំពោះព្រះដ៏មានព្រះភាគ រួចថ្វាយបង្គំព្រះដ៏មានព្រះភាគ ធ្វើប្រទក្សិណ ហើយថយចេញទៅ។ លំដាប់នោះ ជីវកកោមារភត្យ កាលចេញទៅដល់ក្រៅខ្លោងទ្វារហើយ ក៏មានសេចក្តីរិះគិតដូច្នេះថា ថ្នាំបញ្ចុះទាំង៣០ដងគត់ អាត្មាអញ បានថ្វាយដល់ព្រះដ៏មានព្រះភាគហើយ ព្រះកាយរបស់ព្រះតថាគត ដែលក្រាស់ដោយទោស ថ្នាំនោះ នឹងបញ្ចុះព្រះដ៏មានព្រះភាគគ្រប់៣០ដងគត់ក៏ទេ មុខជានឹងបញ្ចុះព្រះដ៏មានព្រះភាគ ត្រឹមតែ២៩ដង ម្យ៉ាងទៀត ព្រះដ៏មានព្រះភាគបានបញ្ចុះថ្នាំហើយ មុខជានឹងស្រង់ទឹក ថ្នាំនោះ នឹងបញ្ចុះព្រះដ៏មានព្រះភាគ ដែលបានស្រង់ទឹកហើយម្តងទៀត រួមជាការបញ្ចុះថ្នាំរបស់ព្រះដ៏មានព្រះភាគ៣០ដងគត់ ដោយអាការយ៉ាងនេះ។ ព្រះដ៏មានព្រះភាគ បានជ្រាបសេចក្តីរិះគិតនៃចិត្តរបស់ជីវកកោមារភត្យ ដោយព្រះទ័យ ហើយទើបទ្រង់ត្រាស់ហៅព្រះអានន្ទដ៏មានអាយុមកក្នុងពេលនោះថា នែអានន្ទ កាលជីវកកោមារភត្យ ចេញទៅដល់ក្រៅខ្លោងទ្វារហើយ ក៏មានសេចក្តីរិះគិតដូច្នេះថា ថ្នាំបញ្ចុះទាំង៣០ដងគត់ អាត្មាអញ បានថ្វាយដល់ព្រះដ៏មានព្រះភាគរួចហើយ កាយរបស់ព្រះតថាគតក្រាស់ដោយទោស ថ្នាំនោះ នឹងបញ្ចុះព្រះមានព្រះភាគគ្រប់៣០ដងគត់ក៏ទេ មុខជានឹងបញ្ចុះព្រះដ៏មានព្រះភាគបាន ត្រឹមតែ២៩ដង ម្យ៉ាងទៀត ព្រះដ៏មានព្រះភាគបានបញ្ចុះហើយ មុខជានឹងស្រង់ទឹក ថ្នាំនោះ នឹងបញ្ចុះព្រះដ៏មានព្រះភាគ ដែលបានស្រង់ទឹកហើយម្តងទៀត រួមជាការបញ្ចុះថ្នាំរបស់ព្រះដ៏មានព្រះភាគ៣០ដងគត់ ដោយអាការយ៉ាងនេះ នែអានន្ទ បើដូច្នោះ អ្នកចូរចាត់ចែងទឹកក្តៅឡើង។ ព្រះអានន្ទដ៏មានអាយុ បានទទួលស្តាប់ព្រះពុទ្ធដីកា ព្រះដ៏មានព្រះភាគ ដោយពាក្យថា សូមទ្រង់ព្រះមេត្តាប្រោស ព្រះករុណាម្ចាស់ ហើយក៏បានចាត់ចែងទឹកក្តៅ។ វេលានោះ ជីវកកោមារភត្យ បានចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ រួចហើយអង្គុយនៅក្នុងទីដ៏សមគួរ។ ជីវកកោមារភត្យ អង្គុយនៅក្នុងទីដ៏សមគួរហើយ ក៏ក្រាបទូលព្រះដ៏មានព្រះភាគ ដោយពាក្យដូច្នេះថា សូមទ្រង់ព្រះមេត្តាប្រោស ព្រះដ៏មានព្រះភាគ ទ្រង់បានបញ្ចុះថ្នាំហើយឬនៅ។ ព្រះដ៏មានព្រះភាគ ទ្រង់តបថា នែជីវកៈ តថាគតបានបញ្ចុះថ្នាំហើយ។ ជីវកកោមារភត្យ ក្រាបទូលថា សូមទ្រង់ព្រះមេត្តាប្រោស កាលខ្ញុំព្រះអង្គ ចេញទៅដល់ក្រៅខ្លោងទ្វារហើយ ក៏មានសេចក្តីរិះគិតដូច្នេះថា ថ្នាំបញ្ចុះចំនួន ៣០ដងគត់ អាត្មាអញ បានថ្វាយដល់ព្រះមានព្រះភាគរួចហើយ កាយរបស់ព្រះតថាគត ក្រាស់ដោយទោស ថ្នាំនោះ នឹងបញ្ចុះព្រះមានព្រះភាគ ៣០ដងគត់ក៏ទេ មុខជានឹងបញ្ចុះព្រះមានព្រះភាគ បានត្រឹមតែ២៩ដង ម្យ៉ាងទៀត ព្រះដ៏មានព្រះភាគ ទ្រង់បញ្ចុះថ្នាំរួចហើយ មុខជានឹងស្រង់ទឹក ថ្នាំនោះ នឹងបញ្ចុះព្រះដ៏មានព្រះភាគ ដែលស្រង់ទឹករួចហើយ ម្តងទៀត រួមជាការបញ្ចុះថ្នាំ របស់ព្រះដ៏មានព្រះភាគ ៣០ដងគត់ ដោយអាការយ៉ាងនេះ សូមទ្រង់ព្រះមេត្តាប្រោស សូមព្រះដ៏មានព្រះភាគ ទ្រង់ស្រង់ទឹកចុះ សូមព្រះសុគត ទ្រង់ស្រង់ទឹកចុះ។ លំដាប់នោះ ព្រះដ៏មានព្រះភាគ ទ្រង់ស្រង់ទឹកក្តៅហើយ ថ្នាំនោះ ក៏បានបញ្ចុះព្រះដ៏មានព្រះភាគ ដែលបានស្រង់ទឹកហើយម្តងទៀត រួមជាការបញ្ចុះថ្នាំរបស់ព្រះដ៏មានព្រះភាគ ៣០ដងគត់យ៉ាងនេះ។ វេលានោះ ជីវកកោមារភត្យ បានក្រាបទូល ព្រះដ៏មានព្រះភាគ ដោយពាក្យដូច្នេះថា សូមទ្រង់ព្រះមេត្តាប្រោស កាយរបស់ព្រះដ៏មានព្រះភាគ តាំងនៅជាប្រក្រតីដរាបណាហើយ នឹងបានចំរើនដោយដុំព្រះមំសៈដរាបនោះ។ វេលានោះ មិនយូរប៉ុន្មាន កាយរបស់ព្រះមានព្រះភាគ ក៏បានជាប្រក្រតីវិញ។ ខណៈនោះ ជីវកកោមារភត្យ បាននាំយកសំពត់ សិវេយ្យកៈ [អដ្ឋកថា ថា បានដល់សំពត់ដែលគេចោលនៅព្រៃខ្មោច ក្នុងឧត្តរកុរុទ្វីប។ បានឮមកថា ពួកមនុស្សក្នុងឧត្តរកុរុទ្វីប តែងរុំសាកសពដោយសំពត់នោះឯង ហើយយកទៅចោល។ មានសត្វបក្សី មានប្រមោយដូចដំរី វាសំគាល់នូវសំពត់នោះ ថាជាដុំសាច់ ហើយឆាបនាំយកទៅដំកល់ទុកលើកំពូលភ្នំហិមពាន្ត បកសំពត់នោះចោលចេញ វាស៊ីសាច់សពនោះ។ វេលានោះ ពួកអ្នកដើរព្រៃ បានឃើញសំពត់នោះហើយ ក៏នាំយកមកថ្វាយស្តេច។ សំពត់នេះហើយ ដែលព្រះបាទបជ្ជោត បានមកដោយហេតុយ៉ាងនេះឯង។] ១គូនោះចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយនៅក្នុងទីសមគួរ។ ជីវកកោមារភត្យ អង្គុយនៅក្នុងទីសមគួរហើយ ក៏ក្រាបទូលព្រះមានព្រះភាគ ដោយពាក្យថា សូមទ្រង់ព្រះមេត្តាប្រោស ខ្ញុំព្រះអង្គសូមពរ១ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា នែជីវកៈ ព្រះតថាគតទាំងឡាយ មានពរកន្លងហើយ។ ជីវកកោមារភត្យ ទូលថា សូមទ្រង់ព្រះមេត្តាប្រោស អំពើណាគួរផង មិនមានទោសផង (ខ្ញុំព្រះអង្គសូមចំពោះអំពើនោះ)។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា នែជីវកៈ អ្នកចូរនិយាយមកចុះ។ ជីវកកោមារភត្យទូលថា សូមទ្រង់ព្រះមេត្តាប្រោស ព្រះមានព្រះភាគក្តី ភិក្ខុសង្ឃក្តី តែងតែទ្រទ្រង់សំពត់បង្សុកូល សូមទ្រង់ព្រះមេត្តាប្រោស សំពត់សិវេយ្យកៈ១គូនេះហើយ ដែលព្រះបាទបជ្ជោតបញ្ចូនមកឲ្យខ្ញុំព្រះអង្គ ជាសំពត់លើសលុបប្រសើរ ជាប្រធានខ្ពង់ខ្ពស់ក្រៃលែងជាងសំពត់ដ៏ច្រើន ជាងគូនៃសំពត់ដ៏ច្រើន ជាងរយនៃគូសំពត់ដ៏ច្រើន ជាងពាន់នៃគូសំពត់ដ៏ច្រើន ជាងសែននៃគូសំពត់ដ៏ច្រើន សូមទ្រង់ព្រះមេត្តាប្រោស សូមព្រះមានព្រះភាគ ទ្រង់ទទួលយកសំពត់សិវេយ្យកៈ១គូ របស់ខ្ញុំព្រះអង្គ សូមទ្រង់អនុញ្ញាត គហបតិចីវរ ដល់ភិក្ខុសង្ឃផង។ ព្រះមានព្រះភាគ ព្រមទទួលយកសំពត់សិវេយ្យកៈ ១គូ។ វេលានោះ ព្រះមានព្រះភាគ ទ្រង់ពន្យល់ជីវកកោមារភត្យ ឲ្យឃើញ ឲ្យកាន់យក ឲ្យអាចហ៊ាន ឲ្យរីករាយ ដោយធម្មីកថា។ លំដាប់នោះ ជីវកកោមារភត្យ កាលដែលព្រះមានព្រះភាគ ទ្រង់ពន្យល់ ឲ្យឃើញ ឲ្យកាន់យក ឲ្យអាចហ៊ាន ឲ្យរីករាយ ដោយធម្មីកថាហើយ ក៏ក្រោកចាកអាសនៈ ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ធ្វើប្រទក្សិណ ហើយថយចេញទៅ។ ព្រោះនិទាននេះ ដំណើរនេះ ព្រះមានព្រះភាគ ទ្រង់ធ្វើធម្មីកថា ក្នុងវេលានោះ រួចទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតនូវគហបតិចីវរ ភិក្ខុណាប្រាថ្នា (បង្សុកូល) ភិក្ខុនោះ ចូរទ្រទ្រង់សំពត់បង្សុកូលចុះ ភិក្ខុណាប្រាថ្នា (គហបតិចីវរ) ភិក្ខុនោះ ចូរត្រេកអរ នឹងគហបតិចីវរចុះ ម្នាលភិក្ខុទាំងឡាយ ម្យ៉ាងទៀត តថាគត ពោលសរសើរសេចក្តីសន្តោសដោយបច្ច័យណាមួយ (តាមមានតាមបាន)។
[៤២] ពួកមនុស្សក្រុងក្រុងរាជគ្រឹះ បានឮដំណឹងថា ព្រះមានព្រះភាគ ទ្រង់អនុញ្ញាតគហបតិចីវរ ដល់ភិក្ខុទាំងឡាយហើយ។ មនុស្សទាំងនោះ ក៏មានចិត្តរីករាយ ស្រស់ស្រាយឡើងថា យើងមុខជានឹងបានឲ្យទាន មុខជានឹងបានធ្វើបុណ្យ ក្នុងកាលនោះឯង ចាប់ដើមតាំងពីព្រះដ៏មានព្រះភាគ ទ្រង់បានអនុញ្ញាត គហបតិចីវរ ដល់ភិក្ខុទាំងឡាយ។ ក្នុងក្រុងរាជគ្រឹះ មានចីវរច្រើនពាន់កើតឡើងតែក្នុង១ថ្ងៃប៉ុណ្ណោះ។ ពួកមនុស្ស ដែលនៅក្នុងជនបទ បានឮដំណឹងថា គហបតិចីវរ ព្រះមានព្រះភាគ ទ្រង់បានអនុញ្ញាត ដល់ភិក្ខុទាំងឡាយហើយ។ មនុស្សទាំងនោះ ក៏មានចិត្តរីករាយ ស្រស់ស្រាយឡើងថា យើងមុខជានឹងបានឲ្យទាន មុខជានឹងបានធ្វើបុណ្យ ក្នុងកាលនោះឯង ចាប់ដើមតាំងពីព្រះដ៏មានព្រះភាគ ទ្រង់បានអនុញ្ញាត គហបតិចីវរ ដល់ភិក្ខុទាំងឡាយ។ សូម្បីតែក្នុងជនបទ ក៏មានចីវរច្រើនពាន់កើតឡើងតែក្នុង១ថ្ងៃប៉ុណ្ណោះ។
[៤៣] សម័យនោះឯង សំពត់បាវារ [សំពត់បែបយ៉ាងល្អ ដែលគេធ្វើមានលាយដោយរោមសត្វដ៏ទន់។] កើតឡើងដល់សង្ឃ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត សំពត់បាវារ។ សំពត់បាវារ ធ្វើពីសូត្របានកើតឡើង។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត សំពត់បាវារ ដែលគេធ្វើពីសូត្រ។ សំពត់កោជវៈ [(អដ្ឋកថា) សំពត់នេះ ប្រហែលគ្នានឹងសំពត់បាវារៈ សំពត់នេះ គេធ្វើពីរោមសត្វ។] បានកើតឡើង។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតសំពត់កោជវៈ។
ចប់ ភាណវារៈ ជាដម្បូង។
[៤៤] សម័យនោះឯង ស្តេចក្នុងដែនកាសី បានបញ្ជូនសំពត់កម្ពល មានដំឡៃកន្លះពាន់ (៥០០កហាបណៈ) គឺប្រហែលនឹងវត្ថុទាំងឡាយ ដែលមានដំឡៃកន្លះពាន់ដែរ ទៅឲ្យជីវកកោមារភត្យ។ វេលានោះ ជីវកកោមារភត្យ ក៏បាននាំយកសំពត់កម្ពលមានដំឡៃកន្លះពាន់នោះ ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយនៅក្នុងទីដ៏សមគួរ។ ជីវកកោមារភត្យ លុះអង្គុយនៅក្នុងទីដ៏សមគួរហើយ ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា សូមទ្រង់មេត្តាប្រោស សំពត់កម្ពលមានដំឡៃកន្លះពាន់ របស់ខ្ញុំព្រះអង្គនេះ ប្រហែលនឹងវត្ថុទាំងឡាយ ដែលមានដំឡៃកន្លះពាន់ដែរ ស្តេចកាសី បានបញ្ជូនមកប្រទាន សូមទ្រង់ព្រះមេត្តាប្រោស សូមព្រះដ៏មានព្រះភាគ ទ្រង់ទទួលយកសំពត់កម្ពល របស់ខ្ញុំព្រះអង្គ ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់ខ្ញុំព្រះអង្គ អស់កាលជាអង្វែង (តទៅ)។ ព្រះមានព្រះភាគ ក៏ទ្រង់ទទួលយកសំពត់កម្ពល។ វេលានោះ ព្រះមានព្រះភាគ ទ្រង់ពន្យល់ជីវកកោមារភត្យ ឲ្យឃើញ ឲ្យកាន់យក ឲ្យអាចហ៊ាន ឲ្យរីករាយ ដោយធម្មីកថាហើយ។ លំដាប់នោះ ជីវកកោមារភត្យ កាលដែលព្រះមានព្រះភាគ ទ្រង់ពន្យល់ឲ្យឃើញ ឲ្យកាន់យក ឲ្យអាចហ៊ាន ឲ្យរីករាយ ដោយធម្មីកថាហើយ ក៏ក្រោកចាកអាសនៈ ក្រាបថ្វាយបង្គំ ព្រះមានព្រះភាគ ធ្វើប្រទក្សិណ ហើយថយចេញទៅ។ ព្រោះនិទាននេះ ដំណើរនេះ ព្រះមានព្រះភាគ ក៏ទ្រង់ធ្វើធម្មីកថា ក្នុងពេលនោះ ហើយទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត នូវសំពត់កម្ពល។
[៤៥] សម័យនោះឯង មានចីវរល្អ និងមិនល្អ កើតឡើងដល់សង្ឃ។ ភិក្ខុទាំងឡាយ មានសេចក្តីរិះគិតដូច្នេះថា ចីវរដូចម្តេច ដែលព្រះមានព្រះភាគ ទ្រង់អនុញ្ញាត ចីវរដូចម្តេច ដែលព្រះមានព្រះភាគ មិនអនុញ្ញាត។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ចីវរ៦យ៉ាង គឺចីវរដែលធ្វើដោយសម្បកឈើ១ ចីវរដែលធ្វើដោយកប្បាស១ ចីវរដែលធ្វើដោយសូត្រ១ ចីវរដែលធ្វើដោយរោមសត្វ (វៀរលែងតែសក់ ឬរោមមនុស្សចេញ)១ សំពត់ដែលធ្វើដោយសម្បកធ្មៃ១ សំពត់ដែលធ្វើលាយដោយវត្ថុ៥យ៉ាងខាងដើម១។ សម័យនោះឯង ពួកភិក្ខុណា ត្រេកអរនឹងគហបតិចីវរ ភិក្ខុទាំងនោះ ក៏រង្កៀស មិនត្រេកអរ នឹងសំពត់បង្សុកូលឡើយ ព្រោះគិតថា ព្រះដ៏មានព្រះភាគ ទ្រង់អនុញ្ញាតតែចីវរ១ មិនបានអនុញ្ញាត ចីវរពីរទេ។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុដែលត្រេកអរនឹងគហបតិចីវរហើយ ត្រេកអរនឹងសំពត់បង្សុកូលផង ក៏បាន ម្នាលភិក្ខុទាំងឡាយ ម្យ៉ាងទៀត តថាគត សរសើរសេចក្តីសន្តោស ដោយចីវរទាំងពីរយ៉ាងនោះ។
[៤៦] សម័យនោះឯង មានភិក្ខុច្រើនរូបដើរទៅកាន់ផ្លូវឆ្ងាយ ក្នុងកោសលជនបទ។ ភិក្ខុពួកខ្លះ ដើរទៅកាន់ព្រៃស្មសាន ដើម្បីនឹងបង្សុកូល ភិក្ខុពួកខ្លះមិនបានរង់ចាំឡើយ។ ពួកភិក្ខុណា ដើរទៅកាន់ព្រៃស្មសាន ដើម្បីនឹងបង្សុកូល ភិក្ខុទាំងនោះ ក៏បានសំពត់បង្សុកូលទាំងឡាយ។ ពួកភិក្ខុណា ដែលមិនបានរង់ចាំ ភិក្ខុទាំងនោះ ក៏និយាយយ៉ាងនេះថា នែអាវុសោ ចូរលោកទាំងឡាយ ឲ្យចំណែកមកយើងខ្លះ។ ភិក្ខុទាំងនោះ ក៏និយាយយ៉ាងនេះវិញថា នែអាវុសោ យើងមិនឲ្យចំណែក ដល់លោកទាំងឡាយទេ (បើលោកទាំងឡាយ ចង់បានសំពត់បង្សុកូល) ហេតុដូចម្តេច បានជាលោកទាំងឡាយ មិនរង់ចាំយើង។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុដែលមិនប្រាថ្នានឹងឲ្យ ក៏កុំឲ្យនូវចំណែក ដល់ភិក្ខុទាំងឡាយ ដែលមិនរង់ចាំបាន។ សម័យនោះឯង មានភិក្ខុច្រើនរូប ដើរទៅកាន់ផ្លូវឆ្ងាយ ក្នុងកោសលជនបទ។ ភិក្ខុពួកខ្លះ ដើរទៅកាន់ព្រៃស្មសាន ដើម្បីនឹងបង្សុកូល ភិក្ខុពួកខ្លះបានរង់ចាំ។ ពួកភិក្ខុណា ចូលទៅកាន់ព្រៃស្មសាន ដើម្បីនឹងបង្សុកូល ភិក្ខុទាំងនោះ ក៏បានសំពត់បង្សុកូល។ ពួកភិក្ខុណា ដែលរង់ចាំ ភិក្ខុទាំងនោះ ក៏និយាយយ៉ាងនេះថា នែអាវុសោ ចូរលោកទាំងឡាយ ឲ្យចំណែកមកយើងខ្លះ។ ភិក្ខុទាំងនោះ ពោលតបវិញយ៉ាងនេះថា នែអាវុសោ យើងមិនឲ្យចំណែកដល់លោកទាំងឡាយទេ ហេតុម្តេច បានជាលោកទាំងឡាយ មិនចូលទៅ។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ឲ្យភិក្ខុដែលទុកជាមិនចង់ឲ្យ ក៏ត្រូវឲ្យចំណែក ដល់ភិក្ខុទាំងឡាយ ដែលរង់ចាំ។ សម័យនោះឯង មានពួកភិក្ខុច្រើនរូបដើរទៅកាន់ផ្លូវឆ្ងាយ ក្នុងកោសលជនបទ។ ភិក្ខុពួកខ្លះ ដើរចូលទៅកាន់ ព្រៃស្មសានជាមុន ដើម្បីបង្សុកូល ភិក្ខុពួកខ្លះ ចូលទៅជាខាងក្រោយ។ ពួកភិក្ខុណា ដែលដើរចូលទៅព្រៃស្មសានមុន ដើម្បីបង្សុកូល ភិក្ខុទាំងនោះ ក៏បានសំពត់បង្សុកូល។ ពួកភិក្ខុណា ចូលទៅក្រោយ ភិក្ខុទាំងនោះ ក៏ឥតបានឡើយ។ ភិក្ខុទាំងនោះ ក៏និយាយយ៉ាងនេះថា នែអាវុសោ លោកទាំងឡាយ ចូរឲ្យចំណែក ដល់យើងខ្លះ។ ភិក្ខុទាំងនោះ និយាយយ៉ាងនេះវិញថា នែអាវុសោ យើងមិនបានឲ្យចំណែកដល់លោកទាំងឡាយទេ ហេតុអ្វី បានជាលោកទាំងឡាយ ដើរចូលទៅក្រោយគេ។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ឲ្យភិក្ខុដែលមិនចង់ឲ្យ ក៏កុំបាច់ឲ្យនូវចំណែក ដល់ភិក្ខុទាំងឡាយដែលដើរចូលទៅក្រោយគេ។ សម័យនោះឯង មានពួកភិក្ខុច្រើនរូបដើរទៅកាន់ផ្លូវឆ្ងាយ ក្នុងកោសលជនបទ។ ភិក្ខុទាំងនោះ បានដើរចូលទៅកាន់ព្រៃស្មសាន ដើម្បីបង្សុកូលព្រមគ្នា។ ភិក្ខុពួកខ្លះ បានសំពត់បង្សុកូល ភិក្ខុពួកខ្លះមិនបាន។ ពួកភិក្ខុណា ដែលមិនបាន ភិក្ខុទាំងនោះ ក៏និយាយយ៉ាងនេះថា នែអាវុសោ លោកទាំងឡាយ ចូរឲ្យចំណែកមកយើងខ្លះ។ ភិក្ខុទាំងនោះ និយាយយ៉ាងនេះវិញថា នែអាវុសោ យើងមិនឲ្យចំណែកដល់លោកទាំងឡាយទេ ហេតុអ្វីបានជាលោកមិនបាននឹងគេ។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គ ទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ឲ្យភិក្ខុដែលទុកមិនចង់ឲ្យ ក៏ត្រូវឲ្យចំណែកដល់ភិក្ខុទាំងឡាយ ដែលចូលទៅកាន់ព្រៃស្មសានព្រមគ្នា។ សម័យនោះឯង មានភិក្ខុច្រើនរូបដើរទៅកាន់ផ្លូវឆ្ងាយ ក្នុងកោសលជនបទ។ ភិក្ខុទាំងនោះ បានធ្វើកតិកា (ប្តេជ្ញា) នឹងគ្នារួចហើយ ក៏ចូលទៅកាន់ព្រៃស្មសាន ដើម្បីបង្សុកូល។ ភិក្ខុពួកខ្លះបានសំពត់បង្សុកូល ភិក្ខុពួកខ្លះមិនបាន។ ពួកភិក្ខុណា ដែលមិនបាន ភិក្ខុទាំងនោះ ក៏និយាយយ៉ាងនេះថា នែអាវុសោ លោកទាំងឡាយ ចូរឲ្យចំណែកមកយើងខ្លះ។ ភិក្ខុទាំងនោះ និយាយយ៉ាងនេះវិញថា នែអាវុសោ យើងមិនឲ្យចំណែកដល់លោកទាំងឡាយទេ ហេតុអ្វីបានជាលោកមិនបាននឹងគេ។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ឲ្យភិក្ខុដែលទុកជាមិនចង់ឲ្យ ក៏ត្រូវឲ្យចំណែកដល់ភិក្ខុទាំងឡាយ ដែលធ្វើកតិកា (ប្តេជ្ញា) គ្នា ហើយចូលទៅកាន់ព្រៃស្មសាន។
[៤៧] សម័យនោះឯង ពួកមនុស្សបាននាំចីវរមកកាន់អារាម។ មនុស្សទាំងនោះ កាលមិនបានភិក្ខុណាមួយទទួលចីវរ ក៏ត្រឡប់នាំយកចីវរទៅវិញ។ ឯចីវរ ក៏កើតតិចៗទៅ។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យសន្មតភិក្ខុ ដែលប្រកបដោយអង្គ៥ ឲ្យជាអ្នកទទួលចីវរ គឺ ភិក្ខុមិនបានលុះឆន្ទាគតិ១ មិនបានលុះទោសាគតិ១ មិនបានលុះមោហាគតិ១ មិនបានលុះភយាគតិ១ ដឹងនូវចីវរ ដែលខ្លួនបានទទួល និងមិនបានទទួល១។ ម្នាលភិក្ខុទាំងឡាយ ត្រូវសង្ឃសន្មតយ៉ាងនេះ។ សង្ឃត្រូវអង្វរករភិក្ខុជាមុន លុះអង្វរកររួចហើយ ភិក្ខុដែលឆ្លាស ប្រតិពល ត្រូវញុំាងសង្ឃឲ្យដឹងថា បពិត្រព្រះសង្ឃដ៏ចំរើន សូមព្រះសង្ឃស្តាប់ខ្ញុំ បើកម្មមានកាលដ៏សមគួរដល់សង្ឃហើយ សង្ឃគប្បីសន្មតភិក្ខុឈ្មោះនេះ ឲ្យជាអ្នកទទួលចីវរចុះ។ នេះជាពាក្យផ្តៀងសង្ឃឲ្យដឹង។ បពិត្រព្រះសង្ឃដ៏ចំរើន សូមព្រះសង្ឃស្តាប់ខ្ញុំ សង្ឃសន្មតភិក្ខុឈ្មោះនេះ ឲ្យជាអ្នកទទួលចីវរ។ ការសន្មតភិក្ខុឈ្មោះនេះ ឲ្យជាអ្នកទទួលចីវរ គួរដល់លោកដ៏មានអាយុអង្គណាហើយ លោកដ៏មានអាយុអង្គនោះ គប្បីស្ងៀម (បើ) មិនគួរដល់លោកដ៏មានអាយុអង្គណាទេ លោកដ៏មានអាយុអង្គនោះគប្បីពោលឡើង។ ភិក្ខុឈ្មោះនេះ សង្ឃបានសន្មតឲ្យជាអ្នកទទួលចីវរហើយ។ ការសន្មតនេះ សមគួរដល់សង្ឃ ព្រោះហេតុនោះ បានជាសង្ឃស្ងៀមនៅ។ ខ្ញុំសូមចាំទុកនូវរឿងនេះ ដោយអាការស្ងៀមនៅយ៉ាងនេះ។
[៤៨] សម័យនោះឯង ពួកភិក្ខុអ្នកទទួលចីវរ បានទទួលចីវរ ទុកចោលក្នុងទីនោះឯង ហើយចៀសចេញទៅ។ ចីវរក៏វិនាសទៅ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គ ទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យសង្ឃសន្មតភិក្ខុ ដែលប្រកបដោយអង្គ៥ ឲ្យជាអ្នកទុកដាក់ចីវរ គឺ ភិក្ខុដែលមិនលុះឆន្ទាគតិ១ មិនលុះទោសាគតិ១ មិនលុះមោហាគតិ១ មិនលុះភយាគតិ១ ដឹងនូវចីវរដែលខ្លួនបានទុកដាក់ហើយ និងមិនបានទុកដាក់ហើយ១។ ម្នាលភិក្ខុទាំងឡាយ ត្រូវសង្ឃសន្មតយ៉ាងនេះ ត្រូវសង្ឃអង្វរករភិក្ខុជាមុន លុះអង្វរកររួចហើយ ភិក្ខុអ្នកឆ្លាស ប្រតិពល ត្រូវញុំាងសង្ឃឲ្យដឹងថា បពិត្រព្រះសង្ឃដ៏ចំរើន សូមព្រះសង្ឃស្តាប់ខ្ញុំ បើកម្មមានកាលដ៏សមគួរដល់សង្ឃហើយ គួរសង្ឃសន្មតភិក្ខុឈ្មោះនេះ ឲ្យជាអ្នកទុកដាក់ចីវរ។ នេះជាពាក្យផ្តៀងសង្ឃឲ្យដឹង។ បពិត្រព្រះសង្ឃដ៏ចំរើន សូមព្រះសង្ឃស្តាប់ខ្ញុំ សង្ឃសន្មតភិក្ខុឈ្មោះនេះ ឲ្យជាអ្នកទុកដាក់ចីវរ។ ការសន្មតភិក្ខុឈ្មោះនេះ ឲ្យជាអ្នកទុកដាក់ចីវរ សមគួរដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះ ត្រូវស្ងៀម (បើ) មិនសមគួរដល់លោកដ៏មានអាយុអង្គណាទេ លោកដ៏មានអាយុអង្គនោះគប្បីពោលឡើង។ ភិក្ខុឈ្មោះនេះ សង្ឃបានសន្មតឲ្យជាអ្នកទុកដាក់ចីវរហើយ។ ការសន្មតនេះ សមគួរដល់សង្ឃ ព្រោះហេតុនោះ បានជាសង្ឃស្ងៀមនៅ។ ខ្ញុំសូមចាំទុកនូវរឿងនេះ ដោយអាការស្ងៀមនៅយ៉ាងនេះ។
[៤៩] សម័យនោះឯង ពួកភិក្ខុអ្នកទុកដាក់ចីវរ ទុកចីវរក្នុងមណ្ឌប (បារាំ) ខ្លះ ក្រោមម្លប់ឈើខ្លះ ទៀបយុរស្បូវខ្លះ ក្នុងទីកណ្តាលវាលខ្លះ។ ពួកសត្វកណ្តុរខ្លះ ពួកសត្វកណ្តៀរខ្លះ ក៏កាត់ចីវរទាំងនោះ។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គ ទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ (បើ) សង្ឃប្រាថ្នានូវទីណា គឺវិហារក្តី ប្រាសាទមានសណ្ឋានដូចស្លាបគ្រុឌក្តី ប្រាសាទវែងក្តី ប្រាសាទមានដំបូលត្រងិលក្តី គូហាក្តី ក៏តថាគតអនុញ្ញាតឲ្យសង្ឃសន្មតនូវទីនោះឲ្យជាឃ្លាំងបាន។ ម្នាលភិក្ខុទាំងឡាយ គួរសង្ឃសន្មតយ៉ាងនេះ។ ត្រូវភិក្ខុអ្នកឆ្លាស ប្រតិពល ញុំាងសង្ឃឲ្យដឹងថា បពិត្រព្រះសង្ឃដ៏ចំរើន សូមព្រះសង្ឃស្តាប់ខ្ញុំ បើកម្មមានកាលដ៏សមគួរដល់សង្ឃហើយ សង្ឃគួរសន្មតវិហារឈ្មោះនេះ ឲ្យជាឃ្លាំងបាន។ នេះជាពាក្យផ្តៀងសង្ឃឲ្យដឹង។ បពិត្រព្រះសង្ឃដ៏ចំរើន សូមព្រះសង្ឃស្តាប់ខ្ញុំ សង្ឃសន្មតវិហារឈ្មោះនេះ ឲ្យជាឃ្លាំងហើយ។ ការសន្មតិវិហារឈ្មោះនេះ ឲ្យជាឃ្លាំង គួរដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះ គួរស្ងៀម (បើ) មិនគួរដល់លោកដ៏មានអាយុអង្គណាទេ លោកដ៏មានអាយុអង្គនោះ គប្បីពោលឡើង។ វិហារឈ្មោះនេះ សង្ឃបានសន្មត ឲ្យជាឃ្លាំងហើយ។ ការសន្មតិគួរដល់សង្ឃហើយ ព្រោះហេតុនោះ បានជាសង្ឃស្ងៀមនៅ។ ខ្ញុំសូមចាំទុកនូវរឿងនេះ ដោយអាការស្ងៀមនៅយ៉ាងនេះ។
[៥០] សម័យនោះឯង ចីវរក្នុងឃ្លាំងរបស់សង្ឃ ឥតមានលោកណាគ្រប់គ្រងរក្សាឡើយ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ឲ្យសន្មតភិក្ខុ ដែលប្រកបដោយអង្គ៥ ឲ្យជាអ្នករក្សាឃ្លាំង គឺភិក្ខុដែលមិនលុះឆន្ទាគតិ១ មិនលុះទោសាគតិ១ មិនលុះមោហាគតិ១ មិនលុះភយាគតិ១ ដឹងនូវរបស់ ដែលខ្លួនបានគ្រប់គ្រងរក្សាហើយ និងមិនទាន់បានគ្រប់គ្រងរក្សា១។ ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវសន្មតយ៉ាងនេះ។ សង្ឃត្រូវអង្វរករភិក្ខុជាមុន លុះអង្វរករហើយ ភិក្ខុអ្នកឆ្លាស ប្រតិពល ត្រូវញុំាងសង្ឃឲ្យដឹងថា បពិត្រព្រះសង្ឃដ៏ចំរើន សូមព្រះសង្ឃស្តាប់ខ្ញុំ បើកម្មមានកាលសមគួរ ដល់សង្ឃហើយ សង្ឃគួរសន្មតភិក្ខុឈ្មោះនេះ ឲ្យជាអ្នករក្សាឃ្លាំង។ នេះជាពាក្យផ្តៀងសង្ឃឲ្យដឹង។ បពិត្រព្រះសង្ឃដ៏ចំរើន សូមព្រះសង្ឃស្តាប់ខ្ញុំ សង្ឃសន្មតភិក្ខុឈ្មោះនេះ ឲ្យជាអ្នករក្សាឃ្លាំង។ ការសន្មតិភិក្ខុឈ្មោះនេះ ឲ្យជាអ្នករក្សាឃ្លាំង គួរដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះ គួរស្ងៀម (បើ) មិនគួរដល់លោកដ៏មានអាយុអង្គណាទេ លោកដ៏មានអាយុអង្គនោះគប្បីពោលឡើង។ ភិក្ខុឈ្មោះនេះ សង្ឃបានសន្មតឲ្យជាអ្នករក្សាឃ្លាំងហើយ។ ការសន្មតិនេះ គួរដល់សង្ឃហើយ ព្រោះហេតុនោះ បានជាសង្ឃស្ងៀមនៅ។ ខ្ញុំសូមចាំទុកនូវរឿងនេះ ដោយអាការស្ងៀមនៅយ៉ាងនេះ។
[៥១] សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុបណ្តេញភិក្ខុអ្នករក្សាឃ្លាំងឲ្យចៀសចេញ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវបណ្តេញ [បុគ្គលដែលមិនត្រូវបណ្តេញចេញ ចាកទីកន្លែង មាន៤ពួក គឺភិក្ខុចាស់ជាង១ ភិក្ខុជាអ្នករក្សាឃ្លាំង១ ភិក្ខុមានជម្ងឺ១ ភិក្ខុដែលបានសេនាសនៈអំពីសង្ឃ១។ ភិក្ខុក្មេងមិនត្រូវបណ្តេញភិក្ខុចាស់ចេញ ព្រោះលោកចាស់ជាងខ្លួន។ ភិក្ខុជាអ្នករក្សាឃ្លាំង ភិក្ខុមិនត្រូវបណ្តេញចេញ ព្រោះសង្ឃបានសន្មតឲ្យជាអ្នករក្សាឃ្លាំង។ ភិក្ខុមានជម្ងឺ ភិក្ខុមិនត្រូវបណ្តេញចេញ ព្រោះលោកឈឺ។ ភិក្ខុដែលបានសេនាសនៈ អំពីសង្ឃ ភិក្ខុមិនត្រូវបណ្តេញចេញ ព្រោះសង្ឃបានឲ្យទីកន្លែង ជាទីសប្បាយ ដល់លោក ដែលជាពហូសូត្រ មានឧបការៈដល់សង្ឃដោយកិច្ច មានបង្រៀនបាឡី និងអដ្ឋកថាជាដើម (អដ្ឋកថា)។] ភិក្ខុអ្នករក្សាឃ្លាំងចេញទេ ភិក្ខុណាបណ្តេញ ភិក្ខុនោះត្រូវអាបត្តិទុក្កដ។
[៥២] សម័យនោះឯង ចីវរក្នុងឃ្លាំងរបស់សង្ឃក៏សម្បូណ៌ឡើង។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គ ទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យសង្ឃដែលនៅជួបជុំគ្នា [បានដល់សង្ឃ ដែលនៅខាងក្នុងឧបចារសីមាជាមួយគ្នា (អដ្ឋកថា)។] ចែកចីវរបាន។ គ្រានោះឯង សង្ឃទាំងពួង កាលចែកចីវរ ក៏បានធ្វើនូវសេចក្តីកោលាហលឡើង។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គ ទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ឲ្យសង្ឃសន្មតភិក្ខុដែលប្រកបដោយអង្គ៥ ឲ្យជាអ្នកចែកចីវរបាន គឺ ភិក្ខុដែលមិនលុះឆន្ទាគតិ១ មិនលុះទោសាគតិ១ មិនលុះមោហាគតិ១ មិនលុះភយាគតិ១ ដឹងនូវរបស់ដែលខ្លួនបានចែកហើយ និងមិនទាន់បានចែក១។ ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវសន្មតយ៉ាងនេះ។ សង្ឃត្រូវអង្វរករភិក្ខុជាមុន លុះអង្វរកររួចហើយ ភិក្ខុអ្នកឆ្លាស ប្រតិពល ត្រូវញុំាងសង្ឃឲ្យដឹងថា បពិត្រព្រះសង្ឃដ៏ចំរើន សូមព្រះសង្ឃស្តាប់ខ្ញុំ បើកម្មមានកាលសមគួរដល់សង្ឃហើយ សង្ឃគួរសន្មតភិក្ខុឈ្មោះនេះ ឲ្យជាអ្នកចែកចីវរ។ នេះជាពាក្យផ្តៀងសង្ឃឲ្យដឹង។ បពិត្រព្រះសង្ឃដ៏ចំរើន សូមព្រះសង្ឃស្តាប់ខ្ញុំ សង្ឃសន្មតភិក្ខុឈ្មោះនេះ ឲ្យជាអ្នកចែកចីវរ។ ការសន្មតិភិក្ខុឈ្មោះនេះ ឲ្យជាអ្នកចែកចីវរ គួរដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះ គប្បីស្ងៀម មិនគួរដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះ គប្បីពោលឡើង។ ភិក្ខុឈ្មោះនេះ សង្ឃបានសន្មតឲ្យជាអ្នកចែកចីវរហើយ។ ការសន្មតិនេះ គួរដល់សង្ឃហើយ ព្រោះហេតុនោះ បានជាសង្ឃស្ងៀមនៅ។ ខ្ញុំសូមចាំទុកនូវរឿងនេះ ដោយអាការស្ងៀមនៅយ៉ាងនេះ។ វេលានោះ ពួកភិក្ខុអ្នកចែកចីវរ មានសេចក្តីរិះគិតដូច្នេះថា យើងគួរចែកចីវរដូចម្តេចហ្ន៎។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ឲ្យភិក្ខុជ្រើសរើស (ចីវរ) ជាមុន ហើយស្ទង់មើល (ដម្លៃ) ហើយលៃលកចីវរដែលមានសណ្ឋានតូចធំ ថ្លៃច្រើនតិច (ឲ្យមានចំណែកស្មើគ្នា) ហើយរាប់ភិក្ខុ ហើយចងចីវរឲ្យជាពួកៗ រួចសឹមដំកល់ទុក នូវចំណែកនៃចីវរ។ វេលានោះ ពួកភិក្ខុអ្នកចែកចីវរ មានសេចក្តីរិះគិតដូច្នេះថា យើងត្រូវឲ្យចំណែកចីវរដល់ពួកសមណេរដូចម្តេចហ្ន៎។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុទាំងឡាយ ឲ្យចំណែកពាក់កណ្តាល ដល់ពួកសាមណេរ។ សម័យនោះឯង ភិក្ខុ១រូប មានសេចក្តីប្រាថ្នានឹងឆ្លងស្ទឹង ឬឆ្លងផ្លូវឆ្ងាយ ហើយចង់បានចំណែករបស់ខ្លួន (ជាប់ទៅផង)។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុ ឲ្យចំណែករបស់ខ្លួន (គឺរបស់ភិក្ខុអ្នកឆ្លងស្ទឹង) ដល់ភិក្ខុអ្នកឆ្លង (ស្ទឹង ឬផ្លូវឆ្ងាយ) ចុះ។ សម័យនោះឯង ភិក្ខុ១រូប មានសេចក្តីប្រាថ្នានឹងឆ្លងស្ទឹង ឬឆ្លងផ្លូវឆ្ងាយ ចង់បានចំណែកថ្លៃច្រើនជាងគេ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ កាលបើកប្បិយភណ្ឌ គេបានឲ្យហើយ តថាគតអនុញ្ញាតឲ្យភិក្ខុ ឲ្យចំណែកដ៏ច្រើនចុះ។ គ្រានោះ ពួកភិក្ខុអ្នកចែកចីវរ មានសេចក្តីរិះគិតដូច្នេះថា យើងត្រូវឲ្យចំណែកចីវរដូចម្តេចហ្ន៎ យើងត្រូវឲ្យចំណែកចីវរដោយលំដាប់ភិក្ខុដែលមកឬ ៗនឹងត្រូវឲ្យចំណែកចីវរ តាមលំដាប់ភិក្ខុចាស់។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ កាលបើចីវរខ្វះហើយ តថាគតអនុញ្ញាតឲ្យអ្នកទាំងឡាយ ញុំាងភិក្ខុឲ្យត្រេកអរសិន ហើយសឹមធ្វើការបោះស្លាក។
[៥៣] សម័យនោះឯង ភិក្ខុទាំងឡាយជ្រលក់ចីវរ ដោយអាចម៍គោខ្លះ ដោយដីស្អិត មានពណ៌លឿងខ្លះ។ ចីវរនោះ ក៏មានពណ៌មិនល្អ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតទឹកជ្រលក់៦យ៉ាង គឺទឹកជ្រលក់កើតពីមើម១ ទឹកជ្រលក់កើតពីដើម១ ទឹកជ្រលក់កើតពីសម្បក១ ទឹកជ្រលក់កើតពីស្លឹក១ ទឹកជ្រលក់កើតពីផ្កា១ ទឹកជ្រលក់កើតពីផ្លែ១។ សម័យនោះឯង ភិក្ខុទាំងឡាយ ជ្រលក់ចីវរ ដោយទឹកត្រជាក់។ ចីវរនោះ ក៏មានក្លិនមិនល្អ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត នូវឆ្នាំងជ្រលក់តូច ដើម្បីដាំទឹកជ្រលក់។ ទឹកជ្រលក់ក៏ផុលឡើង។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យចងប្រទាស [គឺដាក់ឈើតារាងនៅមាត់ឆ្នាំង ដើម្បីកុំឲ្យគ្រឿងជ្រលក់ មានចំណាំងឈើជាដើម ផុលឡើងបាន។]។ សម័យនោះឯង ភិក្ខុទាំងឡាយ មិនដឹងទឹកជ្រលក់ឆ្អិនហើយ ឬនៅមិនទាន់ឆ្អិន។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ឲ្យបន្តក់ [បើទឹកដែលដាំពុះហើយ យកទៅបន្តក់លើភាជនៈទឹក (ដទៃ) ក៏មិនសាយចេញរហ័ស ឬបន្តក់លើខ្នងក្រចក ក៏ដូច្នោះដែរ (អដ្ឋកថា)។] ដំណក់ទឹក លើទឹកក៏បាន លើខ្នងក្រចកក៏បាន។ សម័យនោះឯង ភិក្ខុទាំងឡាយ កាលដាក់ទឹកជ្រលក់ ក៏ទង្គិចនឹងឆ្នាំង ៗក៏បែកទៅ។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត នូវបោយសម្រាប់ដងទឹកជ្រលក់ ដែលមានដង។ សម័យនោះឯង ភាជន៍សម្រាប់ដាក់ទឹកជ្រលក់ របស់ភិក្ខុទាំងឡាយមិនទាន់មាន។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គ ទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត នូវឆ្នាំងសម្រាប់ដាក់ទឹកជ្រលក់ និងក្អមសម្រាប់ដាក់ទឹកជ្រលក់។ សម័យនោះឯង ភិក្ខុទាំងឡាយ គក់ចីវរក្នុងថាសខ្លះ ក្នុងបាត្រខ្លះ។ ចីវរក៏ដាច់ដាចអស់។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត នូវស្នូកសម្រាប់ជ្រលក់។ សម័យនោះឯង ភិក្ខុទាំងឡាយ ត្រដាងហាលចីវរ លើផែនដី ចីវរក៏ប្រឡាក់ដោយអាចម៍ដី។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត នូវកម្រាលស្មៅ។ កម្រាលស្មៅ ពួកសត្វកណ្តៀរកោរអស់ទៅ។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត នូវឈើស្នួរ សម្រាប់ហាលចីវរ និងខ្សែស្បៀង។ ភិក្ខុទាំងឡាយ ពាក់ចីវរចំទីពាក់កណ្តាល ទឹកជ្រលក់ ក៏ហៀរចុះទៅតាមជាយទាំងពីរ។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ឲ្យចងត្រង់ជាយចីវរ។ ជាយចីវរក៏ទក់។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត នូវខ្សែសម្រាប់ចងជាយចីវរ។ ទឹកជ្រលក់ ក៏ហៀរទៅតាមជាយម្ខាង។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ឲ្យជ្រលក់ចីវរប្រែត្រឡប់ឲ្យសព្វគ្រប់ ម្យ៉ាងទៀត កាលបើដំណក់ទឹក មិនទាន់ដាច់អស់ទេ ភិក្ខុកុំអាលដើរចេញឡើយ។ សម័យនោះឯង ចីវរដិតខ្លាំងពេក។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ឲ្យត្រាំចីវរទៅក្នុងទឹក (ទទេ)។ សម័យនោះឯង ចីវរក៏មានសាច់រឹង។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ឲ្យគក់ចីវរដោយដៃ។
[៥៤] សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុប្រើប្រាស់ចីវរមិនបានកាត់ ទ្រទ្រង់ចីវរជ្រលក់ ដោយទឹកចត់ មានពណ៌ដូចភ្លុក។ មនុស្សទាំងឡាយ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ មិនត្រូវប្រើប្រាស់ចីវរ ដែលមិនបានកាត់ទេ ភិក្ខុណាប្រើប្រាស់ ត្រូវអាបត្តិទុក្កដ។
[៥៥] គ្រានោះ ព្រះមានព្រះភាគគង់នៅក្នុងក្រុងរាជគ្រឹះ ដោយសមគួរ ដល់ពុទ្ធអធ្យាស្រ័យ ហើយក៏ទ្រង់យាងចេញទៅ កាន់ចារិក ក្នុងទក្ខិណាគិរីជនបទ។ ព្រះមានព្រះភាគ ទ្រង់ឃើញស្រែអ្នកដែនមគធៈ មានសណ្ឋានជាស្រែ មានជ្រុងបួន មានសណ្ឋានជាស្រែ មានភ្លឺវែង ដោយបណ្តោយផង ដោយទទឹងផង មានសណ្ឋានជាស្រែ មានភ្លឺខ្លីក្នុងចន្លោះៗ មានសណ្ឋាន ជាបួនជ្រុង ដោយមានភ្លឺខ្លីបាញ់រត់គ្នា លុះទ្រង់ទតឃើញហើយ ក៏ត្រាស់ហៅព្រះអានន្ទដ៏មានអាយុថា នែអានន្ទ អ្នកឃើញស្រែអ្នកដែនមគធៈ មានសណ្ឋានជាស្រែ មានជ្រុងបួន មានសណ្ឋានជាស្រែ មានភ្លឺវែង ដោយបណ្តោយផង ដោយទទឹងផង មានសណ្ឋានជាស្រែ មានភ្លឺខ្លីក្នុងចន្លោះៗ មានសណ្ឋានជាបួនជ្រុង ដោយមានភ្លឺខ្លីបាញ់រត់គ្នាឬទេ។ ព្រះអានន្ទ ក្រាបបង្គំទូលថា ព្រះករុណាព្រះអង្គ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់សួរថា នែអានន្ទ អ្នកអាចចាត់ចែងចីវរបែបនេះ ដល់ភិក្ខុទាំងឡាយបានឬទេ។ ព្រះអានន្ទ ក្រាបបង្គំទូលថា បពិត្រព្រះដ៏មានព្រះភាគ ខ្ញុំព្រះអង្គអាចធ្វើបាន។ វេលានោះ ព្រះដ៏មានព្រះភាគ ទ្រង់គង់ក្នុងទក្ខិណាគិរីជនបទ គួរដល់ពុទ្ធអធ្យាស្រ័យហើយ ក៏ទ្រង់យាងត្រឡប់មកក្រុងរាជគ្រឹះវិញ។ ខណៈនោះ ព្រះអានន្ទដ៏មានអាយុ ក៏បានចាត់ចែងចីវរ ដល់ភិក្ខុទាំងឡាយជាច្រើនរូប រួចហើយចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន សូមព្រះដ៏មានព្រះភាគ ទ្រង់ទតចីវរ ដែលខ្ញុំព្រះអង្គចាត់ចែងហើយចុះ។ ព្រោះនិទាននេះ ដំណើរនេះ ព្រះដ៏មានព្រះភាគ ក៏ធ្វើនូវធម្មីកថា ក្នុងវេលានោះ រួចទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ អានន្ទជាបណ្ឌិត ម្នាលភិក្ខុទាំងឡាយ អានន្ទ មានប្រាជ្ញាច្រើន ព្រោះថា ពាក្យដែលតថាគត ពោលហើយ ដោយសង្ខេប អានន្ទ អាចដឹងសេចក្តីដោយពិស្តារបាន ហើយចេះធ្វើសំពត់ ឈ្មោះកុសិផង ធ្វើសំពត់ ឈ្មោះអឌ្ឍកុសិផង ធ្វើសំពត់ ឈ្មោះមណ្ឌលៈផង ធ្វើសំពត់ ឈ្មោះអឌ្ឍមណ្ឌលៈផង ធ្វើសំពត់ ឈ្មោះវិវដ្តៈផង ធ្វើសំពត់ ឈ្មោះអនុវិវដ្តៈផង ធ្វើសំពត់ ឈ្មោះគីវេយ្យកៈផង ធ្វើសំពត់ ឈ្មោះជង្ឃេយ្យកៈផង ធ្វើសំពត់ ឈ្មោះពាហន្តៈផង ហើយសំពត់នោះ អានន្ទ ក៏បានកាត់ដាច់ ឲ្យសៅហ្មង ដោយមុខកាំបិត ឲ្យសមគួរដល់សមណៈ ឲ្យជារបស់មិនគួរប្រាថ្នា ដល់ពួកចោរជាសត្រូវ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតសង្ឃាដិកាត់ ឧត្តរាសង្គៈកាត់ អន្តរវាសកៈកាត់។
[៥៦] គ្រានោះ ព្រះមានព្រះភាគគង់ក្នុងក្រុងរាជគ្រឹះ គួរដល់ពុទ្ធអធ្យាស្រ័យ ហើយក៏ទ្រង់ចៀស ទៅកាន់ចារិកក្រុងវេសាលី។ ព្រះមានព្រះភាគ ទ្រង់យាងទៅកាន់ផ្លូវឆ្ងាយ ជាចន្លោះក្រុងរាជគ្រឹះ និងចន្លោះក្រុងវេសាលី ក៏បានទតឃើញភិក្ខុទាំងឡាយច្រើនរូប មានចីវរវេចជាសំពាយ បានដាក់ផ្នត់ចីវរលើក្បាលខ្លះ ដាក់ផ្នត់ចីវរលើ ក ខ្លះ ដាក់ផ្នត់ចីវរលើចង្កេះខ្លះ ដើរមក លុះទតឃើញហើយ ព្រះដ៏មានព្រះភាគ ទ្រង់រិះគិតយ៉ាងនេះថា ពួកមោឃបុរសទាំងនេះ វិលមករកសេចក្តីលោភ ក្នុងចីវរឆាប់រហ័សណាស់ បើដូច្នោះ គួរតថាគត ចងសីមាតាំងទុកនូវខេត្តដែន ក្នុងចីវរ ដល់ភិក្ខុទាំងឡាយ។ វេលានោះ ព្រះដ៏មានព្រះភាគ ទ្រង់យាងទៅកាន់ចារិក ដោយលំដាប់ ទើបបានដល់ទៅក្រុងវេសាលី។ បានឮថា ព្រះដ៏មានព្រះភាគ ទ្រង់គង់ក្នុងគោតមចេតិយ ទៀបក្រុងវេសាលីនោះ។ សម័យនោះឯង ព្រះដ៏មានព្រះភាគ ទ្រង់ចីវរតែមួយ គង់នៅក្នុងទីកណ្តាលវាល ក្នុងវេលាយប់ ក្នុងសម័យមានទឹកសន្សើមធ្លាក់ចុះ ក្នុងរាត្រីទាំងឡាយ ដែលត្រជាក់ នៅក្នុងហេមន្តរដូវ ឋិតនៅជាចន្លោះ នៃខែមាឃ និងខែផល្គុណ [វិមតិវិនោទនីដីកាថា រាត្រី៨ គឺខាងចុងខែមាឃ ៤រាត្រី ខាងដើមខែផល្គុណ៤រាត្រី ហៅថា រាត្រីនៅជាចន្លោះនៃខែមាឃ និងខែផល្គុណ។] ព្រះអង្គក៏មិនរងាឡើយ លុះបឋមយាមកន្លងទៅហើយ ទើបព្រះអង្គរងា ហើយព្រះអង្គ ទ្រង់ចីវរជាគំរប់ពីរ ព្រះអង្គក៏បាត់រងាទៅ លុះមជ្ឈិមយាមកន្លងទៅហើយ ទើបព្រះអង្គរងា ហើយព្រះអង្គទ្រង់ដណ្តប់ចីវរជាគំរប់បី ព្រះអង្គក៏បាត់រងាទៀត លុះបច្ឆិមយាមកន្លងទៅហើយ កាលអរុណរះឡើង រាត្រីក៏ភ្លឺព្រាងៗ ទើបព្រះអង្គរងា ព្រះអង្គទ្រង់ដណ្តប់ចីវរជាគំរប់បួន ព្រះអង្គក៏បាត់រងាទៅ។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់រិះគិតដូច្នេះថា ក្នុងធម៌វិន័យនេះ កុលបុត្តទាំងឡាយណា ដែលជាអ្នករងាជាប្រក្រតី ជាអ្នកខ្លាចរងា កុលបុត្តទាំងនោះ ក៏អាចញុំាងអត្តភាពឲ្យប្រព្រឹត្តទៅ ដោយចីវរ៣បាន បើដូច្នេះ គួរតថាគត ចងសីមា ហើយតាំងទុកនូវខេត្តដែនក្នុងចីវរ ហើយអនុញ្ញាតចីវរ៣ ដល់ភិក្ខុទាំងឡាយ។ ព្រោះនិទាននេះ ដំណើរនេះ ព្រះដ៏មានព្រះភាគ ទ្រង់ធ្វើនូវធម្មីកថា ក្នុងវេលានោះ រួចទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ ក្នុងកាលនេះ តថាគត បានដើរទៅកាន់ផ្លូវឆ្ងាយ ជាចន្លោះក្រុងរាជគ្រឹះ និងចន្លោះក្រុងវេសាលី ហើយឃើញភិក្ខុច្រើនរូប មានចីវរវេចជាសំពាយ ដាក់ផ្នត់ចីវរលើក្បាលខ្លះ ដាក់ផ្នត់ចីវរលើ ក ខ្លះ ដាក់ផ្នត់ចីវរលើចង្កេះខ្លះ ដើរមក លុះឃើញហើយ តថាគត មានសេចក្តីត្រិះរិះដូច្នេះថា ពួកមោឃបុរសទាំងនេះ វិលមករកសេចក្តីលោភ ក្នុងចីវរឆាប់ពេកណាស់ បើដូច្នោះ គួរតថាគត ចងសីមា តាំងទុកនូវខេត្តដែន ក្នុងចីវរដល់ភិក្ខុទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ ក្នុងកាលនេះ តថាគត ទ្រង់ចីវរតែមួយ អង្គុយនៅក្នុងទីកណ្តាលវាល ក្នុងវេលាយប់ ក្នុងសម័យមានទឹកសន្សើមធ្លាក់ចុះ ក្នុងរាត្រីទាំងឡាយ ដែលត្រជាក់ នៅក្នុងហេមន្តរដូវ ឋិតនៅជាចន្លោះ នៃខែមាឃ និងខែផល្គុណ តថាគត ក៏មិនរងាឡើយ លុះបឋមយាមកន្លងទៅហើយ ទើបតថាគតរងា តថាគត បានដណ្តប់ចីវរជាគំរប់ពីរ តថាគតក៏បាត់រងាទៅ លុះមជ្ឈិមយាមកន្លងទៅហើយ ទើបតថាគតរងា តថាគតបានដណ្តប់ចីវរជាគំរប់បី ទើបតថាគតបាត់រងាទៅ លុះបច្ឆិមយាមកន្លងទៅហើយ អរុណរះឡើង រាត្រីក៏ភ្លឺព្រាងៗ ទើបតថាគតរងា តថាគតបានដណ្តប់ចីវរជាគំរប់បួន តថាគតក៏បាត់រងាទៅ ម្នាលភិក្ខុទាំងឡាយ តថាគត ក៏មានសេចក្តីរិះគិតដូច្នេះថា ក្នុងធម៌វិន័យនេះ កុលបុត្តទាំងឡាយណា ដែលជាអ្នករងាជាប្រក្រតី ជាអ្នកខ្លាចរងា កុលបុត្តទាំងនោះ អាចញុំាងអត្តភាពឲ្យប្រព្រឹត្តទៅ ដោយចីវរ៣បាន បើដូច្នេះ គួរតថាគត ចងសីមា តាំងទុកនូវខេត្តដែនក្នុងចីវរ គួរអនុញ្ញាតចីវរ៣ ដល់ភិក្ខុទាំងឡាយ ម្នាលភិក្ខុទាំងឡាយ តថាគត អនុញ្ញាតចីវរ៣ គឺសង្ឃាដិពីរជាន់ ឧត្តរាសង្គៈ (ចីពរ)១ជាន់ ស្បង់១ជាន់។
[៥៧] សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុដឹងថា ចីវរ៣ ព្រះដ៏មានព្រះភាគ ទ្រង់អនុញ្ញាតរួចហើយ ៗក៏នាំគ្នាចូលទៅកាន់ស្រុក ដោយចីវរ៣ដទៃទៀត នៅក្នុងវត្ត ដោយចីវរ៣ដទៃទៀត ចុះទៅកាន់កំពង់ ជាទីស្រង់ទឹក ដោយចីវរ៣ដទៃទៀត។ ភិក្ខុទាំងឡាយណា មានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុទាំងនោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកឆព្វគ្គិយភិក្ខុ មិនសមបើនឹងទ្រទ្រង់អតិរេកចីវរសោះ។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រោះនិទាននេះ ដំណើរនេះ ព្រះដ៏មានព្រះភាគ ទ្រង់ធ្វើធម្មីកថា ក្នុងពេលនោះ រួចទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវទ្រទ្រង់អតិរេកចីវរទេ ភិក្ខុណាទ្រទ្រង់ ភិក្ខុនោះត្រូវវិនយធរ ឲ្យធ្វើតាមធម៌។ សម័យនោះ អតិរេកចីវរ បានកើតឡើង ដល់ព្រះអានន្ទដ៏មានអាយុ។ ឯព្រះអានន្ទដ៏មានអាយុ ប្រាថ្នាប្រគេនចីវរនោះ ទៅព្រះសារីបុត្តដ៏មានអាយុ។ ព្រះសារីបុត្តដ៏មានអាយុ ក៏គង់នៅឯក្រុងសាកេត។ វេលានោះ ព្រះអានន្ទដ៏មានអាយុ មានសេចក្តីរិះគិតដូច្នេះថា ព្រះមានព្រះភាគ បានបញ្ញត្តថា ភិក្ខុមិនត្រូវទ្រទ្រង់អតិរេកចីវរទេ ក៏ឯអតិរេកចីវរនេះ កើតឡើងដល់អាត្មាអញហើយ តែថា អាត្មាអញ ចង់ប្រគេនចីវរនេះ ទៅព្រះសារីបុត្តដ៏មានអាយុ ឥឡូវ ព្រះសារីបុត្តដ៏មានអាយុ គង់នៅឯក្រុងសាកេត តើអាត្មាអញ ត្រូវប្រតិបត្តិដូចម្តេច។ ខណៈនោះ ព្រះអានន្ទដ៏មានអាយុ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់សួរថា នែអានន្ទ ចុះសារីបុត្ត នៅយូរប៉ុន្មានថ្ងៃទៀត ទើបបានមកដល់។ ព្រះអានន្ទ ក្រាបបង្គំទូលថា បពិត្រព្រះមានព្រះភាគ ព្រះសារីបុត្ត មុខជានឹងមកក្នុងថ្ងៃទី៩ ឬក្នុងថ្ងៃទី១០។ ព្រោះនិទាននេះ ដំណើរនេះ ព្រះដ៏មានព្រះភាគ ទ្រង់ធ្វើធម្មីកថា ក្នុងវេលានោះ រួចទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ឲ្យភិក្ខុទាំងឡាយ ទ្រទ្រង់អតិរេកចីវរ កំណត់ត្រឹម១០ថ្ងៃ។ សម័នោះ អតិរេកចីវរ កើតឡើងដល់ភិក្ខុទាំងឡាយ។ វេលានោះ ភិក្ខុទាំងឡាយ មានសេចក្តីត្រិះរិះដូច្នេះថា យើងគួរប្រតិបត្តិក្នុងអតិរេកចីវរដូចម្តេចហ្ន៎។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ឲ្យវិកប្បអតិរេកចីវរទុកបាន។
[៥៨] គ្រានោះ ព្រះដ៏មានព្រះភាគគង់ក្នុងក្រុងវេសាលី គួរដល់ពុទ្ធអធ្យាស្រ័យ ហើយក៏ទ្រង់យាងទៅកាន់ចារិកក្រុងពារាណសី កាលទ្រង់យាងទៅកាន់ចារិកដោយលំដាប់ ក៏បានដល់ទៅក្រុងពារាណសី។ បានឮមកថា ព្រះដ៏មានព្រះភាគ ទ្រង់គង់ក្នុងឥសិបតនមិគទាយវន ទៀបក្រុងពារាណសីនោះ។ សម័យនោះ ភិក្ខុ១រូប មានស្បង់ធ្លុះ។ វេលានោះ ភិក្ខុនោះ មានសេចក្តីត្រិះរិះដូច្នេះថា ចីវរ៣ គឺសង្ឃាដិ២ជាន់ ឧត្តរាសង្គៈ១ជាន់ ស្បង់១ជាន់ ព្រះដ៏មានព្រះភាគ បានអនុញ្ញាតរួចហើយ ឯស្បង់របស់អាត្មាអញធ្លុះ បើដូច្នោះ គួរអាត្មាអញប៉ះនូវបម្នះ កាលបើដូច្នោះ ស្បង់នោះ នឹងទៅជា២ជាន់ដោយជុំវិញ កណ្តាល១ជាន់។ វេលានោះ ភិក្ខុនោះ ក៏បានប៉ះនូវបម្នះ។ ព្រះដ៏មានព្រះភាគ បានយាងទៅកាន់សេនាសនចារិក ក៏បានទតឃើញភិក្ខុនោះ កំពុងប៉ះនូវបម្នះ លុះទតឃើញហើយ ក៏ទ្រង់យាងចូលទៅរកភិក្ខុនោះ លុះចូលទៅដល់ហើយ ទ្រង់ត្រាស់នឹងភិក្ខុនោះដូច្នេះថា នែភិក្ខុ អ្នកធ្វើអ្វី។ ភិក្ខុនោះ ក្រាបបង្គំទូលថា បពិត្រព្រះដ៏មានព្រះភាគ ខ្ញុំព្រះអង្គប៉ះនូវបម្នះ។ ព្រះដ៏មានព្រះភាគ ទ្រង់តបថា ប្រពៃហើយ ៗភិក្ខុ ប្រពៃហើយភិក្ខុ អ្នកបានប៉ះនូវបម្នះ។ ព្រោះនិទាននេះ ដំណើរនេះ ព្រះដ៏មានព្រះភាគ ក៏ទ្រង់ធ្វើនូវធម្មីកថា ក្នុងវេលានោះ រួចទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ កាលបើសំពត់នៅថ្មោង ឬសំពត់ដែលគេបោកលាងម្តងហើយ តថាគត អនុញ្ញាត (ឲ្យអ្នកទាំងឡាយធ្វើ) សង្ឃាដិ២ជាន់ ឧត្តរាសង្គៈ១ជាន់ ស្បង់១ជាន់ (បើ) សំពត់ដែលគេរើឡើងពីរដូវ (គឺសំពត់ចាស់) តថាគតអនុញ្ញាត ឲ្យអ្នកទាំងឡាយ ធ្វើសង្ឃាដិ៤ជាន់ ឧត្តរាសង្គៈ២ជាន់ ស្បង់២ជាន់ អ្នកទាំងឡាយ គួរធ្វើនូវសេចក្តីប្រឹងប្រែង ស្វែងរកសំពត់បង្សុកូល សំពត់ធ្លាក់ចុះក្នុងរានផ្សារ តាមត្រូវការ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតនូវបម្នះ [បានដល់សំពត់ ដែលភិក្ខុប៉ះត្រង់កន្លែងធ្លុះ ឬត្រង់កន្លែងដែលខ្លួនកាត់ចេញ។] នូវការជុល នូវក្រវិលកណ្ឌុំ នូវកណ្ឌុំ នូវការធ្វើឲ្យមាំ [បានដល់សំពត់ ដែលភិក្ខុប៉ះត្រង់កន្លែង ដែលមិនបានកាត់ចេញ។]។
[៥៩] គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្រុងពារាណសី គួរដល់ពុទ្ធអធ្យាស្រ័យហើយ ក៏ទ្រង់យាងទៅកាន់ចារិកក្រុងសាវត្ថី កាលទ្រង់យាងទៅកាន់ចារិក ដោយលំដាប់ ក៏បានដល់ទៅក្រុងសាវត្ថីនោះ។ បានឮមកថា ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថីនោះ។ វេលានោះ នាងវិសាខាមិគារមាតា បានចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយនៅក្នុងទីដ៏សមគួរ។ កាលនាងវិសាខាមិគារមាតាអង្គុយនៅក្នុងទីដ៏សមគួរហើយ ព្រះដ៏មានព្រះភាគ ទ្រង់ពន្យល់នាងវិសាខាមិគារមាតា ដែលអង្គុយនៅក្នុងទីសមគួរហើយ ឲ្យឃើញច្បាស់ ឲ្យកាន់យកតាម ឲ្យអាចហ៊ាន ឲ្យរីករាយ ដោយធម្មីកថា។ លំដាប់នោះ នាងវិសាខាមិគារមាតា លុះព្រះដ៏មានព្រះភាគ ទ្រង់ពន្យល់ឲ្យឃើញច្បាស់ ឲ្យកាន់យកតាម ឲ្យអាចហ៊ាន ឲ្យរីករាយ ដោយធម្មីកថាហើយ ក៏ក្រាបបង្គំទូលពាក្យនេះ នឹងព្រះដ៏មានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន សូមព្រះដ៏មានព្រះភាគ ទ្រង់ទទួលភត្តរបស់ខ្ញុំព្រះអង្គ ដើម្បីឆាន់ក្នុងថ្ងៃស្អែក ជាមួយនឹងភិក្ខុសង្ឃ។ ព្រះដ៏មានព្រះភាគ ទ្រង់ទទួលនិមន្ត ដោយតុណ្ហីភាព។ លំដាប់នោះ នាងវិសាខាមិគារមាតា បានដឹងច្បាស់ថា ព្រះដ៏មានព្រះភាគ ទ្រង់ទទួលនិមន្តហើយ ក៏ក្រោកចាកអាសនៈ ថ្វាយបង្គំព្រះមានព្រះភាគ ធ្វើប្រទក្សិណ ហើយចៀសចេញទៅ។ សម័យនោះឯង លុះរាត្រីនោះកន្លងទៅហើយ មានភ្លៀងធំធ្លាក់ចុះសព្វទ្វីបទាំង៤។ លំដាប់នោះ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ហៅពួកភិក្ខុមកថា ម្នាលភិក្ខុទាំងឡាយ ភ្លៀងធ្លាក់ចុះ ក្នុងវត្តជេតពនយ៉ាងណា ភ្លៀងធ្លាក់ចុះក្នុងទ្វីបទាំង៤ ក៏យ៉ាងនោះដែរ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរងូតជំរះកាយគ្រប់ៗគ្នាទៅចុះ (ព្រោះ) ភ្លៀងធំ ដែលធ្លាក់សព្វទ្វីបទាំង៤នេះ ជាបំផុតត្រឹមនេះហើយ។ ភិក្ខុទាំងនោះ ទទួលស្តាប់ព្រះពុទ្ធដីកា របស់ព្រះដ៏មានព្រះភាគ ដោយពាក្យថា បពិត្រព្រះអង្គដ៏ចំរើន ព្រះករុណាព្រះអង្គ ហើយក៏នាំគ្នាដាក់ចីវរចេញ ងូតទឹកភ្លៀង ជំរះកាយ [ភិក្ខុទាំងនោះ ងូតទឹកភ្លៀងគ្មានសំពត់ងូត (អាក្រាត)។] គ្រានោះ នាងវិសាខាមិគារមាតា បានឲ្យជនតាក់តែងខាទនីយភោជនីយាហារ ដ៏ឧត្តម ហើយបង្គាប់ទាសីថា នែហង ហងចូរទៅកាន់អារាម ហើយក្រាបបង្គំទូលភត្តកាល [ពេលគួរឆាន់ចង្ហាន់]ថា បពិត្រព្រះអង្គដ៏ចំរើន កាលនេះ ជាកាលគួរហើយ ភត្តក៏សម្រេចហើយ។ ទាសីនោះ ទទួលស្តាប់ពាក្យរបស់នាងវិសាខាមិគារមាតា ដោយពាក្យថា ច៎ាសអ្នកជាម្ចាស់ ហើយទៅកាន់អារាម ក៏បានឃើញពួកភិក្ខុ ដែលដាក់ចីវរចេញ កំពុងងូតទឹកភ្លៀងជំរះកាយ លុះឃើញហើយ ក៏គិតថា ក្នុងអារាមនេះ គ្មានពួកភិក្ខុទេ មានតែពួកអាជីវក កំពុងងូតទឹកភ្លៀងជំរះកាយ រួចហើយក៏ត្រឡប់ចូលទៅកាន់សំណាក់នាងវិសាខាមិគារមាតាវិញ លុះចូលទៅដល់ហើយ ក៏និយាយពាក្យនេះ នឹងនាងវិសាខាមិគារមាតាថា បពិត្រអ្នកម្ចាស់ ក្នុងអារាមនេះ គ្មានពួកភិក្ខុទេ មានសុទ្ធតែពួកអាជីវក កំពុងងូតទឹកភ្លៀងជំរះកាយ។ លំដាប់នោះ នាងវិសាខាមិគារមាតា ជាបណ្ឌិត ជាស្រីឆ្លាស ជាអ្នកប្រាជ្ញ បានរិះគិតយ៉ាងនេះថា ច្បាស់ជាលោកម្ចាស់ទាំងឡាយ ដាក់ចីវរចេញ ហើយនាំគ្នាងូតទឹកភ្លៀងជំរះកាយ តែទាសីនេះ ជាស្រីល្ងង់ សំគាល់ថា ក្នុងអារាម គ្មានភិក្ខុទេ មានសុទ្ធតែពួកអាជីវក កំពុងនាំគ្នាងូតទឹកភ្លៀង ជំរះកាយ។ នាងវិសាខាមិគារមាតា បង្គាប់ទាសីថា នែហង ហងចូរទៅកាន់អារាម ហើយក្រាបបង្គំទូលភត្តកាលថា បពិត្រព្រះអង្គដ៏ចំរើន កាលនេះ ជាកាលគួរហើយ ភត្តក៏សម្រេចហើយ។ កាលនោះ ភិក្ខុទាំងនោះ ងូតទឹកឲ្យត្រជាក់ខ្លួន មានកាយដ៏ស្រួលហើយ ក៏នាំគ្នាយកចីវរទាំងឡាយ ចូលទៅកាន់លំនៅ ដូចដែលវិញ។ ឯទាសីនោះ ទៅកាន់អារាម មិនឃើញពួកភិក្ខុ ក៏គិតថា ក្នុងអារាមគ្មានភិក្ខុសោះ មានតែអារាមទទេ ហើយក៏ត្រឡប់ចូលទៅកាន់សំណាក់នាងវិសាខាមិគារមាតាវិញ លុះចូលទៅដល់ហើយ បាននិយាយពាក្យនេះ នឹងនាងវិសាខាមិគារមាតាថា បពិត្រអ្នកម្ចាស់ ក្នុងអារាម គ្មានភិក្ខុសោះ មានតែអារាមទទេ។ លំដាប់នោះ នាងវិសាខាមិគារមាតា ជាបណ្ឌិត ជាស្រីឆ្លាស ជាអ្នកប្រាជ្ញ បានរិះគិតយ៉ាងនេះថា ច្បាស់ជាលោកម្ចាស់ទាំងឡាយ ងូតទឹកឲ្យត្រជាក់ខ្លួន មានកាយដ៏ស្រួល ហើយនាំយកចីវរទាំងឡាយ ចូលទៅកាន់លំនៅដូចដែល ទាសីនេះ ជាស្រីល្ងង់ សំគាល់ថា ក្នុងអារាម គ្មានពួកភិក្ខុសោះ មានតែអារាមទទេ។ នាងវិសាខា ក៏បង្គាប់ទាសីទៀតថា នែហង ហងចូរទៅកាន់អារាម ហើយក្រាបបង្គំទូលភត្តកាលថា បពិត្រព្រះអង្គដ៏ចំរើន កាលនេះ ជាកាលគួរហើយ ភត្តក៏សម្រេចហើយ។ គ្រានោះ ព្រះដ៏មានព្រះភាគ ត្រាស់ហៅពួកភិក្ខុមកថា ម្នាលភិក្ខុទាំងឡាយ ចូរអ្នករាល់គ្នា រៀបចំបាត្រ និងចីវរចុះ (ព្រោះ) ដល់ពេលចង្ហាន់ហើយ។ ភិក្ខុទាំងនោះ ទទួលស្តាប់ព្រះបន្ទូលរបស់ព្រះដ៏មានព្រះភាគ ដោយពាក្យថា ព្រះករុណាព្រះអង្គ។ លុះវេលាព្រឹកឡើង ព្រះដ៏មានព្រះភាគ ទ្រង់ស្លៀកស្បង់ ប្រដាប់ដោយបាត្រ និងចីវរ ហើយទ្រង់បំបាត់ព្រះអង្គ អំពីវត្តជេតពន ទៅប្រាកដទៀបក្លោងទ្វារ របស់នាងវិសាខាមិគារមាតា (ដោយឆាប់រហ័ស) ប្រៀបដូចបុរសមានកំឡាំង លាដៃដែលខ្លួនបត់ចូល ឬបត់ដៃដែលខ្លួនលាចេញ។ ព្រះដ៏មានព្រះភាគ ទ្រង់គង់លើអាសនៈ ដែលគេតាក់តែងថ្វាយ ជាមួយនឹងព្រះភិក្ខុសង្ឃ។ គ្រានោះ នាងវិសាខាមិគារមាតាគិតថា អើហ្ន៎ (ហេតុនេះ) អស្ចារ្យពេកណាស់ អើហ្ន៎ (ហេតុនេះ) ចំឡែកពេកណាស់ ព្រះតថាគត មានឫទ្ធិច្រើន មានអានុភាពច្រើន ព្រោះថាជំនន់ប្រមាណត្រឹមជង្គង់ខ្លះ ត្រឹមចង្កេះខ្លះ កំពុងហូរទៅៗ សូម្បីតែជើង ឬចីវររបស់ភិក្ខុ១អង្គ ក៏គ្មានទទឹកឡើយ ហើយក៏មានចិត្តរីករាយខ្ពស់ឡើង រួចអង្គាសព្រះភិក្ខុសង្ឃ មានព្រះពុទ្ធជាប្រធាន ដោយខាទនីយៈ និងភោជនីយាហារដ៏ឧត្តម ដោយដៃរបស់ខ្លួន ត្រាតែព្រះភិក្ខុសង្ឃហាមឃាត់ លុះកំណត់ដឹងថា ព្រះមានព្រះភាគ ឆាន់ហើយ ដាក់ព្រះហស្តចុះចាកបាត្រហើយ នាងក៏អង្គុយនៅក្នុងទីសមគួរ។ នាងវិសាខាមិគារមាតា អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលពាក្យនេះ នឹងព្រះដ៏មានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ សូមពរ៨ប្រការអំពីព្រះអង្គ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលនាងវិសាខា ធម្មតា ព្រះតថាគតទាំងឡាយគ្មានពរទេ។ នាងវិសាខា ក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ សូមតែពរណា ដែលគួរ និងពរណា ដែលឥតទោស។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលនាងវិសាខា ចូរនាងនិយាយមកចុះ។ នាងវិសាខា ក៏ក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ ចង់ប្រគេនវស្សិកសាដក (សំពត់សម្រាប់ងូតទឹកភ្លៀង) ចង់ប្រគេនអាគន្តុកភត្ត (ភត្តដែលប្រគេនដល់ភិក្ខុទើបមកដល់ថ្មី) ចង់ប្រគេនគមិកភត្ត (ភត្តដែលប្រគេនដល់ភិក្ខុអ្នកមានដំណើរទៅ) ចង់ប្រគេនគិលានភត្ត (ភត្តដែលប្រគេនដល់ភិក្ខុមានជម្ងឺ) ចង់ប្រគេនគិលានុបដ្ឋាកភត្ត (ភត្តដែលប្រគេនដល់ភិក្ខុអ្នកបម្រើជម្ងឺ) ចង់ប្រគេនគិលានភេសជ្ជៈ (ថ្នាំដែលប្រគេន ដល់ភិក្ខុមានជម្ងឺ) ចង់ប្រគេនធុវយាគូ (បបរ ដែលត្រូវប្រគេនជានិច្ច) ដល់ព្រះសង្ឃ និងចង់ប្រគេនឧទកសាដិក (សំពត់សម្រាប់ងូតទឹក) ដល់ភិក្ខុនីសង្ឃ ដរាបដល់អស់ជីវិត។ ព្រះមានព្រះភាគត្រាស់ថា ម្នាលនាងវិសាខា នាងឃើញអំណាចប្រយោជន៍ដូចម្តេច បានជាសូមពរ៨ប្រការ អំពីតថាគត។ នាងវិសាខា ក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន ក្នុងវេលាព្រឹកមិញនេះ ខ្ញុំព្រះអង្គបង្គាប់ទាសីថា នែហង ហងចូរទៅកាន់អារាម ហើយក្រាបបង្គំទូលភត្តកាលថា បពិត្រព្រះអង្គដ៏ចំរើន កាលនេះ ជាកាលគួរហើយ ភត្តក៏សម្រេចហើយ បពិត្រព្រះអង្គដ៏ចំរើន ទាសីនោះ ក៏ទៅកាន់អារាម ហើយបានឃើញពួកភិក្ខុ ដាក់ចីវរចេញហើយ កំពុងនាំគ្នាងូតទឹកភ្លៀងជំរះកាយ លុះឃើញហើយ ក៏សំគាល់ថា ក្នុងអារាម គ្មានពួកភិក្ខុទេ មានសុទ្ធតែពួកអាជីវក កំពុងងូតទឹកភ្លៀង ជំរះកាយ រួចក៏ត្រឡប់ចូលមកកាន់សំណាក់ខ្ញុំព្រះអង្គ លុះចូលមកដល់ហើយ បាននិយាយពាក្យនេះ នឹងខ្ញុំព្រះអង្គថា បពិត្រអ្នកម្ចាស់ ក្នុងអារាម គ្មានពួកភិក្ខុទេ មានសុទ្ធតែពួកអាជីវក ងូតទឹកភ្លៀង ជំរះកាយ បពិត្រព្រះអង្គដ៏ចំរើន កិរិយាអាក្រាត ជាការមិនស្អាត គួរខ្ពើមរអើម បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ ឃើញអំណាចប្រយោជន៍នេះហើយ បានជាចង់ប្រគេនវស្សិកសាដិក ដល់សង្ឃអស់មួយជីវិត។ បពិត្រព្រះអង្គដ៏ចំរើន ពរដទៃ មានតទៅទៀត ភិក្ខុជាអាគន្តុកៈ (ទើបមកដល់ថ្មី) មិនទាន់ឆ្លាសក្នុងផ្លូវ មិនទាន់ឆ្លាស ក្នុងទីគោចរ លំបាកនឹងត្រាច់ទៅបិណ្ឌបាត ភិក្ខុជាអាគន្តុកៈនោះ នឹងឆាន់អាគន្តុកភត្ត របស់ខ្ញុំព្រះអង្គហើយ មុខជានឹងឆ្លាសក្នុងផ្លូវ ឆ្លាសក្នុងទីគោចរ មិនលំបាកនឹងត្រាច់ទៅបិណ្ឌបាត បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ ឃើញអំណាចប្រយោជន៍នេះហើយ បានជាចង់ប្រគេនអាគន្តុកភត្ត ដល់សង្ឃអស់មួយជីវិត។ បពិត្រព្រះអង្គដ៏ចំរើន ពរដទៃ មានតទៅទៀត ភិក្ខុអ្នកដំណើរ បើរវល់តែស្វែងរកភត្តសម្រាប់ខ្លួន មុខជានឹងបែកខ្ញែក ចាកគ្នីគ្នា ឬបើចង់ទៅកាន់លំនៅ ក្នុងប្រទេសណា នឹងចូលទៅដល់ប្រទេសនោះខុសកាលវេលា នាំឲ្យលំបាកនឹងទៅកាន់ផ្លូវឆ្ងាយ កាលបើភិក្ខុអ្នកដំណើរនោះ បានឆាន់គមិកភត្តរបស់ខ្ញុំព្រះអង្គហើយ មុខជាមិនបែកខ្ញែក ចាកគ្នីគ្នាទេ ឬបើចង់ទៅកាន់លំនៅក្នុងប្រទេសណា ក៏បានចូលទៅដល់ប្រទេសនោះ មិនខុសកាលវេលា ឃើញថា មិនលំបាកនឹងទៅកាន់ផ្លូវឆ្ងាយ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ ឃើញអំណាចប្រយោជន៍នេះហើយ បានជាចង់ប្រគេនគមិកភត្ត ដល់សង្ឃអស់មួយជីវិត។ បពិត្រព្រះអង្គដ៏ចំរើន ពរដទៃ មានតទៅទៀត ភិក្ខុមានជម្ងឺ កាលបើមិនបានភោជន ជាទីសប្បាយទេ អាពាធក៏រឹងរឹតតែចំរើនឡើង ឬនឹងធ្វើមរណភាពទៅក៏សឹងមាន កាលបើភិក្ខុមានជម្ងឺនោះ បានឆាន់គិលានភត្ត របស់ខ្ញុំព្រះអង្គហើយ អាពាធ ក៏មិនចំរើនឡើង មរណភាពក៏គ្មាន បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ ឃើញអំណាចប្រយោជន៍នេះហើយ បានជាចង់ប្រគេនគិលានភត្ត ដល់ព្រះសង្ឃអស់មួយជីវិត។ បពិត្រព្រះអង្គដ៏ចំរើន ពរដទៃ មានតទៅទៀត ភិក្ខុអ្នកបម្រើភិក្ខុឈឺ កាលបើរវល់តែនឹងស្វែងរកភត្តសម្រាប់ខ្លួនហើយ មុខជានឹងនាំយកភត្តមកឲ្យភិក្ខុឈឺក្នុងវេលាថ្ងៃពេក ហើយក៏នឹងធ្វើភិក្ខុឈឺ ឲ្យដាច់ចង្ហាន់ បើភិក្ខុអ្នកបម្រើភិក្ខុឈឺនោះ បានឆាន់គិលានុបដ្ឋាកភត្ត របស់ខ្ញុំព្រះអង្គហើយ នឹងបាននាំយកភត្ត មកឲ្យភិក្ខុឈឺ ក្នុងកាលគួរ ហើយនឹងមិនធ្វើភិក្ខុឈឺ ឲ្យដាច់ចង្ហាន់ឡើយ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ ឃើញអំណាចប្រយោជន៍នេះហើយ បានជាចង់ប្រគេនគិលានុបដ្ឋាកភត្ត ដល់សង្ឃអស់មួយជីវិត។ បពិត្រព្រះអង្គដ៏ចំរើន ពរដទៃ មានតទៅទៀត ភិក្ខុមានជម្ងឺ កាលបើមិនបានភេសជ្ជៈ ជាទីសប្បាយទេ អាពាធក៏រឹងរឹតតែចំរើនឡើង ឬនឹងធ្វើមរណភាពទៅក៏សឹងមាន កាលបើភិក្ខុមានជម្ងឺនោះ បានឆាន់គិលានភេសជ្ជៈ របស់ខ្ញុំព្រះអង្គហើយ អាពាធក៏មិនចំរើនឡើង មិនធ្វើមរណភាពទេ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ ឃើញអំណាចប្រយោជន៍នេះហើយ បានជាចង់ប្រគេនគិលានភេសជ្ជៈ ដល់សង្ឃអស់មួយជីវិត។ បពិត្រព្រះអង្គដ៏ចំរើន ពរដទៃ មានតទៅទៀត ព្រះដ៏មានព្រះភាគ ទ្រង់យល់ឃើញអានិសង្សទាំង១០យ៉ាងហើយ បានជាទ្រង់អនុញ្ញាតបបរ ក្នុងអន្ធកវិន្ទប្រទេស បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ បានឃើញអានិសង្សទាំងនោះដែរ បានជាចង់ប្រគេនធុវយាគូ ដល់សង្ឃអស់មួយជីវិត។ បពិត្រព្រះអង្គដ៏ចំរើន ពួកភិក្ខុនី ក្នុងសាសនានេះ មានកាយអាក្រាត ងូតទឹកក្នុងកំពង់មួយ ជាមួយនឹងពួកស្រីពេស្យា (ផ្កាមាស) នាស្ទឹងអចិរវតី បពិត្រព្រះអង្គដ៏ចំរើន ពួកស្រីពេស្យាទាំងនោះ នាំគ្នាចំអក ចំអន់ពួកភិក្ខុនីថា បពិត្រលោកម្ចាស់ លោកម្ចាស់ទាំងឡាយ នៅក្មេងនៅឡើយ ប្រញាប់អ្វីប្រព្រឹត្តព្រហ្មចរិយធម៌ គួរតែលោកម្ចាស់ទាំងឡាយ នៅបរិភោគកាមគុណសិន បើលោកម្ចាស់ទាំងឡាយ ចាស់ជរាវេលាណា សឹមនាំគ្នាប្រព្រឹត្តព្រហ្មចរិយធម៌វេលានោះចុះ យ៉ាងនេះ ទើបឈ្មោះថា លោកម្ចាស់ទាំងឡាយ បានរក្សាប្រយោជន៍ទាំងពីរទុក បពិត្រព្រះអង្គដ៏ចំរើន កាលបើពួកស្រីពេស្យា និយាយចំអក ចំអន់ (ឲ្យដូច្នេះ) ហើយ ភិក្ខុនីទាំងនោះ ក៏មានសេចក្តីអៀនខ្មាស បពិត្រព្រះអង្គដ៏ចំរើន មាតុគ្រាម មានកាយអាក្រាត ជាការមិនស្អាតទេ គួរខ្ពើមរអើមពេកណាស់ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ ឃើញអំណាចប្រយោជន៍នេះហើយ បានជាចង់ប្រគេនឧទកសាដិកៈ [សំពត់សម្រាប់ងូតទឹក ឬដែលហៅជាពាក្យកាត់ខ្លីថា សំពត់ងូត។] ដល់ភិក្ខុនីសង្ឃអស់មួយជីវិត។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលនាងវិសាខា ចុះនាងយល់ឃើញអានិសង្សដូចម្តេច បានជានាងសូមពរ៨ប្រការ អំពីតថាគត។ នាងវិសាខា ក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន ពួកភិក្ខុក្នុងសាសនានេះ នៅចាំវស្សាក្នុងទិសទាំងឡាយ រួចហើយនឹងមកកាន់ក្រុងសាវត្ថី ដើម្បីគាល់ព្រះអង្គ ភិក្ខុទាំងនោះនឹងចូលមកគាល់ព្រះអង្គ ហើយសួរថា បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុឈ្មោះនេះ ធ្វើមរណកាលហើយ ភិក្ខុនោះ មានគតិដូចម្តេច មានបរលោកដូចម្តេច ព្រះដ៏មានព្រះភាគ មុខជានឹងទ្រង់ព្យាករណ៍បញ្ហានេះ ក្នុងសោតាបត្តិផលក្តី សកទាគាមិផលក្តី អនាគាមិផលក្តី អរហត្តផលក្តី ខ្ញុំព្រះអង្គ នឹងចូលទៅរកភិក្ខុទាំងនោះ ហើយនឹងសួរថា បពិត្រលោកម្ចាស់ទាំងឡាយដ៏ចំរើន លោកម្ចាស់នោះ ធ្លាប់និមន្តមកក្រុងសាវត្ថីដែរឬ បើប្រសិនជាពួកភិក្ខុនិយាយប្រាប់ខ្ញុំព្រះអង្គថា ភិក្ខុនោះ ធ្លាប់និមន្តមកក្រុងសាវត្ថីដែរ ខ្ញុំព្រះអង្គ នឹងដល់នូវសេចក្តីចូលចិត្តក្នុងហេតុនេះថា ច្បាស់ជាលោកម្ចាស់នោះ ធ្លាប់បានបរិភោគវស្សិកសាដិកក្តី អាគន្តុកភត្តក្តី គមិកភត្តក្តី គិលានភត្តក្តី គិលានុបដ្ឋាកភត្តក្តី គិលានភេសជ្ជៈក្តី ធុវយាគូក្តី (មិនខាន) កាលខ្ញុំព្រះអង្គនោះ រលឹកទាននោះរឿយៗហើយ សេចក្តីត្រេកអរទន់ នឹងកើតឡើង កាលបើសេចក្តីត្រេកអរទន់ កើតឡើងហើយ ចិត្តប្រកបដោយបីតិ នឹងកើតឡើង កាលបើចិត្តប្រកបដោយបីតិ កើតឡើងហើយ កាយក៏នឹងស្ងប់រម្ងាប់ លុះខ្ញុំព្រះអង្គ មានកាយស្ងប់រម្ងាប់ហើយ នឹងទទួលសេចក្តីសុខ កាលបើខ្ញុំព្រះអង្គ បានទទួលសេចក្តីសុខហើយ ចិត្តក៏នឹងដំកល់មាំ ឥន្ទ្រិយភាវនា ពលភាវនា ពោជ្ឈង្គភាវនានោះ នឹងមានដល់ខ្ញុំព្រះអង្គ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ បានយល់ឃើញអានិសង្សនេះហើយ បានជាសូមពរ៨ប្រការ អំពីព្រះតថាគត។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលនាងវិសាខា ល្អហើយ ល្អហើយ ម្នាលនាងវិសាខា នាងបានយល់ឃើញអានិសង្សនេះ ហើយបានសូមពរ៨ប្រការ អំពីតថាគត ជាការប្រពៃពិត ម្នាលនាងវិសាខា (បើដូច្នោះ) តថាគតអនុញ្ញាតពរ៨ប្រការដល់នាង។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់អនុមោទនា ចំពោះនាងវិសាខា ដោយគាថាទាំងឡាយនេះថា
[៦០] ស្រីណាជាអ្នកឲ្យបាយ និងទឹក មានចិត្តរីករាយ មានសីលបរិបូណ៌ ជាសាវិការបស់ព្រះសុគត គ្របសង្កត់នូវសេចក្តីកំណាញ់បាន ហើយឲ្យនូវទាន ស្រីនោះឯង តែងបាននូវផល គឺអារម្មណ៍ដ៏ប្រសើរដោយប្រពៃ មានរូបជាដើម បានបន្ទោបង់នូវសេចក្តីសោក នាំមកនូវសេចក្តីសុខ មានកំឡាំង និងអាយុទិព្វ ស្រីនោះ ជាស្រីមានសេចក្តីប្រាថ្នានូវបុណ្យ មានសេចក្តីសុខ ឥតមានទុក្ខ តែងរីករាយក្នុងស្ថានសួគ៌ អស់កាលជាអង្វែង ព្រោះអាស្រ័យនូវមគ្គចិត្ត ដ៏ប្រាសចាកធូលី មិនមានកិលេស (នោះឯង)។
[៦១] កាលនោះ ព្រះដ៏មានព្រះភាគទ្រង់អនុមោទនាចំពោះនាងវិសាខាមិគារមាតា ដោយគាថាទាំងនេះហើយ ទ្រង់ក្រោកចាកអាសនៈ យាងចៀសចេញទៅ។ ព្រោះនិទាននេះ ដំណើរនេះ ព្រះមានព្រះភាគ ទ្រង់ធ្វើធម្មីកថា ហើយត្រាស់ហៅភិក្ខុទាំងឡាយមក ក្នុងពេលនោះថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតវស្សិកសាដិកៈ អាគន្តុកភត្ត គមិកភត្ត គិលានភត្ត គិលានុបដ្ឋាកភត្ត គិលានភេសជ្ជៈ ធុវយាគូ និងឧទកសាដិកៈ ជារបស់ភិក្ខុនីសង្ឃ។
ចប់ វារៈពោលអំពីនាងវិសាខា។
[៦២] សម័យនោះឯង ពួកភិក្ខុបានឆាន់ភោជនទាំងឡាយដ៏ឧត្តម ក៏ភ្លេចស្មារតី មិនដឹងខ្លួន សិងលក់ទៅ។ កាលបើភិក្ខុទាំងនោះ ភ្លេចស្មារតី មិនដឹងខ្លួន កំពុងសិងលក់ អសុចិ ក៏ឃ្លាតចេញ ដោយយល់សប្តិ សេនាសនៈ ក៏ប្រឡាក់ដោយអសុចិ។ កាលនោះ ព្រះមានព្រះភាគ មានព្រះអានន្ទដ៏មានអាយុ ជាបច្ឆាសមណៈ [ជាសមណៈ ដើរតាមក្រោយព្រះអង្គ។] ទ្រង់ពុទ្ធដំណើរទៅកាន់សេនាសនចារិក ហើយទតឃើញសេនាសនៈប្រឡាក់ដោយអសុចិ លុះទតឃើញច្បាស់ ក៏ត្រាស់ហៅព្រះអានន្ទដ៏មានអាយុមកថា ម្នាលអានន្ទ សេនាសនៈនេះ ប្រឡាក់ដោយវត្ថុអ្វី។ អានន្ទក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន ក្នុងពេលនេះ ពួកភិក្ខុបានឆាន់ភោជនទាំងឡាយដ៏ឧត្តម ក៏ភ្លេចស្មារតី មិនដឹងខ្លួន ហើយសិងលក់ទៅ កាលបើភិក្ខុទាំងនោះ ភ្លេចស្មារតី មិនដឹងខ្លួន កំពុងតែសិងលក់ អសុចិ ក៏ឃ្លាតចេញ ដោយយល់សប្តិ បពិត្រព្រះមានព្រះភាគ សេនាសនៈនោះ ប្រឡាក់ដោយអសុចិ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលអានន្ទ យ៉ាងហ្នឹងហើយ ម្នាលអានន្ទ យ៉ាងហ្នឹងហើយ ម្នាលអានន្ទ ព្រោះតែភិក្ខុទាំងនោះភ្លេចស្មារតី មិនដឹងខ្លួន បានជាដេកលក់ទៅ អសុចិឃ្លាតចេញ ដោយយល់សប្តិ ម្នាលអានន្ទ ពួកភិក្ខុណាដំកល់ស្មារតីខ្ជាប់ ដឹងខ្លួន ហើយដេកលក់ទៅ អសុចិរបស់ភិក្ខុទាំងនោះ មិនឃ្លាតចេញទេ ម្នាលអានន្ទ ម្យ៉ាងទៀត ពួកភិក្ខុណា ជាបុថុជ្ជនមែន តែគ្មានតម្រេក ក្នុងកាមទាំងឡាយ អសុចិរបស់ពួកភិក្ខុនោះ ក៏មិនឃ្លាតចេញដែរ ម្នាលអានន្ទ ឯពាក្យថា អសុចិរបស់ព្រះអរហន្ត ឃ្លាតចេញនេះ មិនសមហេតុ មិនសមផលទេ។ ព្រោះនិទាននេះ ដំណើរនេះ ព្រះដ៏មានព្រះភាគ ទ្រង់ធ្វើនូវធម្មីកថា ហើយត្រាស់ហៅពួកភិក្ខុមក ក្នុងពេលនោះថា ម្នាលភិក្ខុទាំងឡាយ តថាគត មានអានន្ទជាបច្ឆាសមណៈ ដើរទៅកាន់សេនាសនចារិក ក្នុងទីនេះ បានឃើញសេនាសនៈប្រឡាក់ដោយអសុចិ លុះឃើញហើយ ក៏ហៅអានន្ទមកសួរថា ម្នាលអានន្ទ សេនាសនៈនេះ ប្រឡាក់ដោយវត្ថុអ្វី អានន្ទឆ្លើយថា បពិត្រព្រះអង្គដ៏ចំរើន ក្នុងពេលនេះ ពួកភិក្ខុបានឆាន់ភោជនទាំងឡាយ ដ៏ឧត្តម ហើយភ្លេចស្មារតី មិនដឹងខ្លួន ដេកលក់ទៅ កាលបើភិក្ខុទាំងនោះ ភ្លេចស្មារតី មិនដឹងខ្លួន កំពុងដេកលក់ អសុចិ ក៏ឃ្លាតចេញ ដោយយល់សប្តិ បពិត្រព្រះមានព្រះភាគ សេនាសនៈនោះ ប្រឡាក់ដោយអសុចិ តថាគត ក៏ពោលថា ម្នាលអានន្ទ យ៉ាងហ្នឹងហើយ ម្នាលអានន្ទ យ៉ាងហ្នឹងហើយ ម្នាលអានន្ទ ព្រោះតែភិក្ខុទាំងនោះ ភ្លេចស្មារតី មិនដឹងខ្លួន បានជាដេកលក់ទៅ អសុចិឃ្លាតចេញ ដោយយល់សប្តិ ម្នាលអានន្ទ ភិក្ខុទាំងឡាយណា ដំកល់ស្មារតីខ្ជាប់ ដឹងខ្លួន ហើយដេកលក់ទៅ អសុចិរបស់ភិក្ខុទាំងនោះ មិនឃ្លាតចេញទេ ម្នាលអានន្ទ ម្យ៉ាងទៀត ពួកភិក្ខុណា ជាបុថុជ្ជនមែន តែគ្មានតម្រេក ក្នុងកាមទាំងឡាយ អសុចិរបស់ពួកភិក្ខុនោះ ក៏មិនឃ្លាតចេញដែរ ម្នាលអានន្ទ ឯពាក្យថា អសុចិ របស់ព្រះអរហន្តឃ្លាតចេញនេះ មិនសមហេតុ មិនសមផលទេ។ ម្នាលភិក្ខុទាំងឡាយ ទោសរបស់ភិក្ខុភ្លេចស្មារតី មិនដឹងខ្លួន ដេកលក់ទៅនេះ មាន៥យ៉ាង គឺ ភិក្ខុនោះលក់លំបាក១ ភ្ញាក់លំបាក១ ឃើញសុបិនអាក្រក់១ ទេវតាមិនរក្សា១ អសុចិឃ្លាតចេញ១ ម្នាលភិក្ខុទាំងឡាយ ទោសរបស់ភិក្ខុភ្លេចស្មារតី មិនដឹងខ្លួន ហើយដេកលក់ទៅ មាន៥យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ អានិសង្សរបស់ភិក្ខុ ដែលបានដំកល់ស្មារតីខ្ជាប់ ដឹងខ្លួនហើយ ដេកលក់ទៅនេះ មាន៥យ៉ាង គឺ ភិក្ខុនោះដេកលក់ស្រួល១ ភ្ញាក់ស្រួល១ មិនឃើញសុបិនអាក្រក់១ ទេវតារក្សា១ អសុចិមិនឃ្លាតចេញ១ ម្នាលភិក្ខុទាំងឡាយ អានិសង្សរបស់ភិក្ខុបានដំកល់ស្មារតីខ្ជាប់ ដឹងខ្លួន ហើយដេកលក់ទៅ មាន៥យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតនិសីទនៈ (សំពត់ទ្រាប់អង្គុយ) ដើម្បីរក្សាកាយ ដើម្បីរក្សាចីវរ ដើម្បីរក្សាសេនាសនៈ។ សម័យនោះឯង និសីទនៈតូចពេក រក្សាសេនាសនៈទាំងអស់មិនបាន។ ពួកភិក្ខុ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុចង់បានកម្រាលទំហំប៉ុន្មាន តថាគតអនុញ្ញាត ឲ្យធ្វើទំហំប៉ុណ្ណោះ។
[៦៣] សម័យនោះឯង ព្រះវេលដ្ឋសីសៈដ៏មានអាយុ ជាឧបជ្ឈាយ៍របស់ព្រះអានន្ទដ៏មានអាយុ កើតបូសធំ។ ចីវរទាំងឡាយ របស់ព្រះវេលដ្ឋសីសៈនោះ ជាប់ស្អិតនឹងកាយ ដោយទឹករំអិល។ ពួកភិក្ខុ យកទឹកផ្សើមចីវរទាំងនោះឲ្យជោក ហើយទើបបកចេញបាន។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់ពុទ្ធដំណើរ ទៅកាន់សេនាសនចារិក ទ្រង់ទតឃើញភិក្ខុទាំងនោះ កំពុងយកទឹកទៅផ្សើមចីវរទាំងនោះ ឲ្យជោក ហើយបកចេញ ក៏ទ្រង់ពុទ្ធដំណើរចូលទៅកាន់សំណាក់ភិក្ខុទាំងនោះ លុះចូលទៅដល់ហើយ ទ្រង់មានព្រះពុទ្ធដីកានេះ នឹងភិក្ខុទាំងនោះថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុនេះ មានអាពាធដូចម្តេច។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន លោកដ៏មានអាយុនេះ កើតបូសធំ ចីវរទាំងឡាយ ជាប់ស្អិតនឹងកាយ ដោយទឹករំអិល យើងខ្ញុំទាំងឡាយ យកទឹកមកផ្សើមចីវរទាំងនោះ ឲ្យជោក ហើយបកចេញ។ ព្រោះនិទាននេះ ដំណើរនេះ ព្រះដ៏មានព្រះភាគ ទ្រង់ធ្វើធម្មីកថា ហើយត្រាស់ហៅពួកភិក្ខុមក ក្នុងពេលនោះថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុណា មានអាពាធ គឺកម ឬរមាស់ក្តី បូសតូចក្តី ទឹករងៃក្តី បូសធំក្តី តថាគតអនុញ្ញាត សំពត់សម្រាប់គ្របកម (ជាដើម) ដល់ភិក្ខុនោះ។
[៦៤] គ្រានោះ នាងវិសាខាមិគារមាតា នាំយកសំពត់សម្រាប់ជូតមុខ ចូលទៅកាន់សំណាក់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ថ្វាយបង្គំព្រះដ៏មានព្រះភាគ រួចអង្គុយក្នុងទីសមគួរ។ លុះនាងវិសាខាមិគារមាតា អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូល ព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន សូមព្រះអង្គទ្រង់ទទួលសំពត់សម្រាប់ជូតមុខ របស់ខ្ញុំព្រះអង្គ ដើម្បីជាប្រយោជន៍ ដើម្បីសេចក្តីសុខ អស់កាលជាអង្វែង។ ព្រះដ៏មានព្រះភាគ ក៏បានទទួលសំពត់សម្រាប់ជូតមុខ (នោះ)។ វេលានោះ ព្រះដ៏មានព្រះភាគ ទ្រង់ពន្យល់នាងវិសាខាមិគារមាតា ឲ្យឃើញច្បាស់ ឲ្យកាន់យកតាម ឲ្យអាចហ៊ាន ឲ្យរីករាយ ដោយធម្មីកថា។ ឯនាងវិសាខាមិគារមាតា កាលដែលព្រះដ៏មានព្រះភាគ ទ្រង់ពន្យល់ ឲ្យឃើញច្បាស់ ឲ្យកាន់យកតាម ឲ្យអាចហ៊ាន ឲ្យរីករាយ ដោយធម្មីកថាហើយ ក៏ក្រោកចាកអាសនៈ ថ្វាយបង្គំព្រះមានព្រះភាគ ធ្វើប្រទក្សិណ [ដើរវិលខាងស្តាំ] ហើយចៀសចេញទៅ។ ព្រោះនិទាននេះ ដំណើរនេះ ព្រះដ៏មានព្រះភាគ ទ្រង់ធ្វើធម្មីកថា ហើយត្រាស់ហៅពួកភិក្ខុមក ក្នុងពេលនោះថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត សំពត់សម្រាប់ជូតមុខ។
[៦៥] សម័យនោះឯង មល្លក្សត្យឈ្មោះរោជៈ ជាសំឡាញ់របស់ព្រះអានន្ទដ៏មានអាយុ។ មល្លក្សត្យ ឈ្មោះរោជៈ (នោះ) បានទុកដាក់សំពត់សម្បកឈើ លើកដៃនៃព្រះអានន្ទដ៏មានអាយុ។ ឯព្រះអានន្ទដ៏មានអាយុ ក៏ត្រូវការនឹងសំពត់សម្បកឈើ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគត អនុញ្ញាតឲ្យភិក្ខុកាន់យក ដោយសេចក្តីស្និទ្ធស្នាលរបស់មិត្រ ប្រកបដោយអង្គ៥គឺ មិត្រដែលគ្រាន់តែបានឃើញគ្នាម្តងមួយគ្រា១ មិត្រដែលស្និទ្ធស្នាលនឹងគ្នាមាំមួន១ មិត្រដែលបាននិយាយបើកឱកាសគ្នាតាមត្រូវការ១ មិត្រនោះមានជីវិតរស់នៅ១ ភិក្ខុដឹងថា បើអាត្មាអញ កាន់យកវត្ថុណាមួយហើយ មិត្រនោះ មានសេចក្តីត្រេកអរ១ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ឲ្យភិក្ខុកាន់យក ដោយសេចក្តីស្និទ្ធស្នាល របស់មិត្រ ប្រកបដោយអង្គ ទាំង៥នេះបាន។
[៦៦] សម័យនោះឯង ពួកភិក្ខុមានត្រៃចីវរបរិបូណ៌ហើយ តែត្រូវការដោយសំពត់តម្រងទឹកផង ដោយថង់បាត្រផង។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគត អនុញ្ញាតសំពត់បរិក្ខារ។ ក្នុងពេលនោះ ពួកភិក្ខុ មានសេចក្តីត្រិះរិះ ដូច្នេះថា សំពត់ទាំងឡាយណា គឺត្រៃចីវរក្តី សំពត់សម្រាប់ងូតទឹកភ្លៀងក្តី សំពត់សម្រាប់ទ្រាប់អង្គុយក្តី សំពត់កម្រាលក្តី សំពត់សម្រាប់គ្របកមក្តី សំពត់សម្រាប់ជូតមុខក្តី សំពត់បរិក្ខារក្តី ដែលព្រះដ៏មានព្រះភាគ ទ្រង់អនុញ្ញាតហើយ សំពត់ទាំងអស់នោះ តើយើងគួរអធិដ្ឋាន ឬគួរវិកប្បទុក។ ពួកភិក្ខុ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគត អនុញ្ញាត ឲ្យភិក្ខុអធិដ្ឋានត្រៃចីវរ មិនឲ្យវិកប្បទេ ឲ្យអធិដ្ឋានសំពត់សម្រាប់ងូតទឹកភ្លៀងអស់៤ខែ នៃរដូវភ្លៀង តអីពីកាល៤ខែនោះទៅ ត្រូវវិកប្បទុក ឲ្យអធិដ្ឋានសំពត់សម្រាប់ទ្រាប់អង្គុយ មិនឲ្យវិកប្បទេ ឲ្យអធិដ្ឋានសំពត់កម្រាល មិនឲ្យវិកប្បទេ ឲ្យអធិដ្ឋានសំពត់សម្រាប់គ្របកម កំណត់ត្រឹមមានអាពាធ ហួសអំពីអាពាធនោះទៅ ត្រូវវិកប្បទុក ឲ្យអធិដ្ឋានសំពត់សម្រាប់ជូតមុខ មិនឲ្យវិកប្បទេ ឲ្យអធិដ្ឋានសំពត់បរិក្ខារ មិនឲ្យវិកប្បទេ។ ក្នុងពេលនោះ ពួកភិក្ខុ មានសេចក្តីត្រិះរិះ ដូច្នេះថា ឱហ្ន៎ ចីវរយ៉ាងតូចបំផុត ត្រឹមប៉ុនណា ទើបត្រូវវិកប្បបាន។ ពួកភិក្ខុ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ឲ្យភិក្ខុវិកប្បចីវរ យ៉ាងតូចបំផុត បណ្តោយត្រឹម៨ធ្នាប់ ទទឹងត្រឹម៤ធ្នាប់ ដោយធ្នាប់ព្រះសុគត។ សម័យនោះឯង ព្រះកស្សបដ៏មានអាយុ ជាអ្នកធ្វើសេចក្តីគោរព ក្នុងសំពត់បង្សុកូល [អដ្ឋកថា ថា ព្រះមហាកស្សប លោកជាអ្នកគោរព ក្នុងការប៉ះចីវរបង្សុកូល ក្នុងកន្លែងដែលគ្រាំគ្រា។]។ ពួកភិក្ខុ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ឲ្យភិក្ខុធ្វើចីវរឲ្យសៅហ្មង ដោយចេស (គឺដេរប៉ះដោយចេស)។ ចីវរមានជាយមិនស្មើគ្នា។ ពួកភិក្ខុ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ឲ្យភិក្ខុរុះរើចីវរ ដែលមានជាយមិនស្មើគ្នា (គឺកាត់ជាយដែលវែងជាងគេចេញ)។ សរសៃអំបោះទាំងឡាយ ក៏ចេះតែរសាត់ចេញ។ ពួកភិក្ខុ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុលើកឡើង (គឺប៉ះ) អនុវាតខាងខ្នង នឹងអនុវាតខាងពោះ។ សម័យនោះឯង ជាន់ទាំងឡាយនៃសង្ឃាដិ ដាច់ចេញពីគ្នា។ ពួកភិក្ខុ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ឲ្យភិក្ខុធ្វើថ្នេរ ឲ្យមានសណ្ឋានដូចជាក្រឡាចត្រង្គ។
[៦៧] សម័យនោះឯង ពួកភិក្ខុកំពុងធ្វើចីវរ (ឲ្យ) ភិក្ខុ១រូប លុះភិក្ខុកាត់ចីវរទាំងអស់ទៅហើយ ក៏មិនគ្រប់គ្រាន់។ ពួកភិក្ខុ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ឲ្យកាត់តែចីវរពីរ ចីវរមួយ មិនបាច់កាត់ក៏បាន។ ដល់កាត់ចីវរពីរ ចីវរមួយមិនកាត់ ក៏នៅតែមិនគ្រប់គ្រាន់។ ពួកភិក្ខុ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ចីវរពីរមិនបាច់កាត់ ឲ្យកាត់តែចីវរមួយបាន។ ភិក្ខុមិនកាត់ចីវរពីរ កាត់តែចីវរមួយ ក៏នៅតែមិនគ្រប់គ្រាន់ទៀត។ ពួកភិក្ខុ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុលើកឡើង (គឺប៉ះ) សំពត់អាគន្តុកៈ (សំពត់ថ្មី) ទៀត ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវទ្រទ្រង់ចីវរ ដែលមិនកាត់ទាំងអស់នោះទេ ភិក្ខុណាទ្រទ្រង់ (ស្លៀកដណ្តប់) ត្រូវអាបត្តិទុក្កដ។
[៦៨] សម័យនោះឯង ចីវរកើតឡើងជាច្រើនដល់ភិក្ខុមួយរូប។ ឯភិក្ខុនោះ ចង់ឲ្យចីវរនោះ ដល់មាតា និងបិតា។ ពួកភិក្ខុ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ កាលបើភិក្ខុឲ្យចីវរ ដោយគិតថា មាតា និងបិតា ដូច្នេះ តថាគតនឹងថាដូចម្តេចបាន ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុឲ្យចីវរដល់មាតា និងបិតាបាន ម្នាលភិក្ខុទាំងឡាយ តែថា ភិក្ខុមិនត្រូវធ្វើទាន ដែលគេឲ្យដោយសទ្ធា ឲ្យធ្លាក់ចុះឡើយ ភិក្ខុណាឲ្យធ្លាក់ចុះ ត្រូវអាបត្តិទុក្កដ។
[៦៩] សម័យនោះឯង ភិក្ខុមួយរូបទុកចីវរក្នុងអន្ធវន (ព្រៃងងឹត) ហើយមានតែស្បង់ និងឧត្តរាសង្គៈ (ចីពរ) ចូលទៅស្រុកដើម្បីបិណ្ឌបាត។ ពួកចោរ ក៏លួចយកចីវរនោះទៅ។ ភិក្ខុនោះ មានសំពត់អាក្រក់ មានចីវរសៅហ្មង។ ពួកភិក្ខុនិយាយយ៉ាងនេះថា ម្នាលអាវុសោ ហេតុអ្វី ក៏អ្នកមានសំពត់អាក្រក់ មានចីវរសៅហ្មង។ ភិក្ខុនោះ និយាយនឹងភិក្ខុផងគ្នាថា ម្នាលអាវុសោ ខ្ញុំទុកចីវរក្នុងអន្ធវននេះ ហើយមានតែស្បង់ និងឧត្តរាសង្គៈ ចូលទៅស្រុក ដើម្បីបិណ្ឌបាត ពួកចោរ លួចយកចីវរនោះទៅ ព្រោះហេតុនោះ បានជាខ្ញុំ មានសំពត់អាក្រក់ មានចីវរសៅហ្មង។ ពួកភិក្ខុ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុ មានតែស្បង់ និងឧត្តរាសង្គៈ មិនត្រូវចូលទៅស្រុកទេ ភិក្ខុណាចូលទៅ ត្រូវអាបត្តិទុក្កដ។ សម័យនោះឯង ព្រះអានន្ទដ៏មានអាយុ មានតែស្បង់ និងឧត្តរាសង្គៈ ចូលទៅស្រុក ដើម្បីបិណ្ឌបាត ដោយភ្លេចស្មារតី។ ពួកភិក្ខុបាននិយាយដូច្នេះ នឹងព្រះអានន្ទដ៏មានអាយុថា ម្នាលអាវុសោអានន្ទ ព្រះមានព្រះភាគ ទ្រង់បញ្ញត្តថា ភិក្ខុមានតែស្បង់ និងឧត្តរាសង្គៈ មិនត្រូវចូលទៅស្រុក មិនមែនទេឬ ម្នាលអាវុសោ ចុះហេតុអ្វី បានជាអ្នក មានតែស្បង់ និងឧត្តរាសង្គៈ ចូលទៅស្រុក។ ព្រះអានន្ទឆ្លើយថា ម្នាលអាវុសោ ព្រះមានព្រះភាគ ទ្រង់បញ្ញត្តសិក្ខាបទថា ភិក្ខុមានតែស្បង់ និងឧត្តរាសង្គៈ មិនត្រូវចូលទៅស្រុកទេ ក៏ពិតមែនហើយ ម្នាលអាវុសោ តែថា ខ្ញុំចូលទៅហើយ ដោយភ្លេចស្មារតី។ ពួកភិក្ខុ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រោះនិទាននេះ ដំណើរនេះ ព្រះដ៏មានព្រះភាគ ទ្រង់ធ្វើនូវធម្មីកថា ហើយត្រាស់ហៅភិក្ខុទាំងឡាយមក ក្នុងពេលនោះថា ម្នាលភិក្ខុទាំងឡាយ ឯហេតុគួរទុកដាក់សង្ឃាដិមាន៥យ៉ាង គឺភិក្ខុមានជម្ងឺ១ មានកំណត់ដោយរដូវភ្លៀង៤ខែ១ ភិក្ខុទៅកាន់ត្រើយស្ទឹងខាងនាយ១ វិហារមានការរក្សាទ្វារមាំមួន១ ភិក្ខុបានក្រាលកឋិនហើយ១ ម្នាលភិក្ខុទាំងឡាយ ហេតុទាំង៥យ៉ាងនេះឯង ជាហេតុគួរទុកដាក់សង្ឃាដិបាន។ ម្នាលភិក្ខុទាំងឡាយ ឯហេតុគួរទុកដាក់នូវសំពត់ឧត្តរាសង្គៈ មាន៥យ៉ាង គឺ ភិក្ខុមានជម្ងឺ១ មានកំណត់ដោយរដូវភ្លៀង៤ខែ១ ភិក្ខុទៅកាន់ត្រើយស្ទឹងខាងនាយ១ វិហារមានការរក្សាទ្វារមាំមួន១ ភិក្ខុបានក្រាលកឋិនហើយ១ ម្នាលភិក្ខុទាំងឡាយ ហេតុទាំង៥យ៉ាងនេះឯង ជាហេតុគួរទុកដាក់សំពត់ឧត្តរាសង្គៈបាន។ ម្នាលភិក្ខុទាំងឡាយ ឯហេតុគួរទុកដាក់ស្បង់មាន៥យ៉ាង គឺភិក្ខុមានជម្ងឺ១ មានកំណត់ដោយរដូវភ្លៀង៤ខែ១ ភិក្ខុទៅកាន់ត្រើយស្ទឹងខាងនាយ១ វិហារមានការរក្សាទ្វារមាំមួន១ ភិក្ខុបានក្រាលកឋិនហើយ១ ម្នាលភិក្ខុទាំងឡាយ ហេតុទាំង៥យ៉ាងនេះឯង ជាហេតុគួរទុកដាក់ស្បង់បាន។ ម្នាលភិក្ខុទាំងឡាយ ឯហេតុគួរទុកដាក់សំពត់សម្រាប់ងូតទឹកភ្លៀង មាន៥យ៉ាងគឺ ភិក្ខុមានជម្ងឺ១ ភិក្ខុទៅកាន់ទីឥតមានសីមា១ ភិក្ខុទៅកាន់ត្រើយស្ទឹងខាងនាយ១ វិហារមានការរក្សាទ្វារមាំមួន១ សំពត់សម្រាប់ងូតទឹកភ្លៀង ភិក្ខុមិនទាន់បានធ្វើ ឬធ្វើមិនទាន់ស្រេច១ ម្នាលភិក្ខុទាំងឡាយ ហេតុទាំង៥យ៉ាងនេះឯង ជាហេតុគួរទុកដាក់ សំពត់សម្រាប់ងូតទឹកភ្លៀងបាន។
[៧០] សម័យនោះឯង ភិក្ខុមួយរូបនៅចាំវស្សាតែម្នាក់ឯង។ មនុស្សទាំងឡាយ នាំគ្នាប្រគេនចីវរក្នុងទីនោះ ដោយពាក្យថា យើងទាំងឡាយ ប្រគេនចំពោះសង្ឃ។ ភិក្ខុនោះ ក៏មានសេចក្តីត្រិះរិះដូច្នេះថា ព្រះដ៏មានព្រះភាគ បានបញ្ញត្តថា ដែលហៅថាសង្ឃ បើយ៉ាងតិចបំផុត ត្រឹមភិក្ខុ៤រូប ឥឡូវ អាត្មាអញ តែម្នាក់ឯង ក៏មនុស្សទាំងនេះ ប្រគេនចីវរទាំងឡាយ ដោយពាក្យថា យើងទាំងឡាយ ប្រគេនចំពោះសង្ឃ បើដូច្នោះ មានតែអាត្មាអញ នាំយកចីវររបស់សង្ឃទាំងនេះ ទៅកាន់ក្រុងសាវត្ថី។ ភិក្ខុនោះ ក៏នាំយកចីវរទាំងនោះ ទៅកាន់ក្រុងសាវត្ថី ហើយក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ ចីវរទាំងនោះ ជាចីវររបស់អ្នក កំណត់តែត្រឹមកឋិនដោះ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បើភិក្ខុក្នុងសាសនានេះ នៅចាំវស្សាតែម្នាក់ឯង។ ក្នុងទីនោះ ពួកមនុស្ស ប្រគេនចីវរទាំងឡាយ ដោយពាក្យថា យើងទាំងឡាយ ប្រគេនចីវរ ចំពោះសង្ឃ។ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតចីវរទាំងនោះ ដល់ភិក្ខុនោះឯង កំណត់ត្រឹមកឋិនដោះ។ សម័យនោះឯង ភិក្ខុមួយរូប នៅតែម្នាក់ឯង អស់កាលនៃរដូវ [សំដៅយកកាលដទៃ អំពីរដូវភ្លៀង។]។ ក្នុងទីនោះ ពួកមនុស្សបានប្រគេនចីវរទាំងឡាយ ដោយពាក្យថា យើងទាំងឡាយ ប្រគេនចីវរចំពោះសង្ឃ។ ភិក្ខុនោះ ក៏មានសេចក្តីត្រិះរិះដូច្នេះថា ព្រះដ៏មានព្រះភាគ បានបញ្ញត្តថា ដែលហៅថាសង្ឃ បើយ៉ាងតិចបំផុត ត្រឹមភិក្ខុ៤រូប ក៏ឥឡូវ អាត្មាអញ តែម្នាក់ឯង ចំណែកខាងពួកមនុស្សនេះ បានប្រគេនចីវរទាំងឡាយ ដោយពាក្យថា យើងទាំងឡាយប្រគេនចីវរចំពោះសង្ឃ បើដូច្នោះ គួរអាត្មាអញ នាំយកចីវរ របស់សង្ឃទាំងនេះ ទៅកាន់ក្រុងសាវត្ថី។ ភិក្ខុនោះ ក៏នាំយកចីវរទាំងនោះ ទៅកាន់ក្រុងសាវត្ថី ហើយបានប្រាប់សេចក្តីនុ៎ះ ដល់ភិក្ខុទាំងឡាយ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគត អនុញ្ញាតឲ្យសង្ឃ ដែលមានក្នុងទីចំពោះមុខ [អដ្ឋកថា ថា ត្រូវសង្ឃដែលឋិតនៅក្នុងឧបចារសីមា វាយរគាំង ប្រាប់វេលា ហើយសឹមចែកគ្នា។] ចែកគ្នាបាន។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើមានភិក្ខុនៅតែម្នាក់ឯង អស់កាលនៃរដូវ។ ក្នុងទីនោះ ពួកមនុស្សប្រគេនចីវរទាំងឡាយ ដោយពាក្យថា យើងទាំងឡាយ ប្រគេនចីវរ ចំពោះសង្ឃ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុនោះ អធិដ្ឋានចីវរទាំងនោះ ដូច្នេះថា ចីវរទាំងនេះ ជារបស់អាត្មាអញ។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុនោះ មិនទាន់អធិដ្ឋានចីវរនោះទេ ទទួលមានភិក្ខុឯទៀតមកដល់ ត្រូវភិក្ខុនោះ ចែកចំណែកស្មើ (ដល់ភិក្ខុដែលទើបមកដល់នោះ) ម្នាលភិក្ខុទាំងឡាយ បើភិក្ខុទាំងនោះ កំពុងចែកចីវរនោះ ហើយស្លាក មិនទាន់ធ្លាក់អស់ ទទួលមានភិក្ខុឯទៀតមកដល់ ត្រូវភិក្ខុនោះ ចែកចំណែកស្មើ (ដល់ភិក្ខុដែលទើបមកដល់នោះ) ម្នាលភិក្ខុទាំងឡាយ កាលបើភិក្ខុទាំងនោះ ចែកចីវរនោះ ស្លាកធ្លាក់អស់ទៅហើយ ទើបមានភិក្ខុឯទៀតមកដល់ មិនបាច់ចែកឲ្យទេ។ សម័យនោះឯង មានព្រះថេរៈពីររូប ជាបងប្អូននឹងគ្នា គឺព្រះថេរៈឈ្មោះឥសិទាសៈដ៏មានអាយុ១ ព្រះថេរៈឈ្មោះឥសិភត្តដ៏មានអាយុ១ នៅចាំវស្សាក្នុងក្រុងសាវត្ថី លុះចេញវស្សាហើយ ក៏នាំគ្នាទៅកាន់អាវាស ក្បែរស្រុកតូចមួយ។ ពួកមនុស្សនិយាយគ្នាថា ព្រះថេរៈទាំងឡាយបាត់យូរណាស់ហើយ ទើបឃើញនិមន្តមក ថាដូច្នោះហើយ ក៏នាំគ្នាប្រគេនចង្ហាន់ ព្រមទាំងចីវរ។ ពួកភិក្ខុ អ្នកនៅក្នុងអាវាស សួរព្រះថេរៈទាំងឡាយថា បពិត្រព្រះថេរៈដ៏ចំរើន ចីវររបស់សង្ឃទាំងនេះ កើតឡើង ក៏ព្រោះតែព្រះថេរៈទាំងឡាយ តើព្រះថេរៈទាំងឡាយ នឹងត្រេកអរនឹងចំណែកដែរឬទេ។ ព្រះថេរៈទាំងឡាយ ក៏និយាយយ៉ាងនេះថា ម្នាលអាវុសោ ធម៌ [ច្បាប់ដែលព្រះដ៏មានព្រះភាគ ទ្រង់បញ្ញត្ត] ដែលព្រះដ៏មានព្រះភាគ ទ្រង់សំដែងហើយយ៉ាងណា យើងទាំងឡាយ ក៏បានដឹងច្បាស់ហើយថា ចីវរទាំងនោះ ជាចីវររបស់លោកទាំងឡាយ កំណត់តែត្រឹមកឋិនដោះ។ សម័យនោះឯង ភិក្ខុ៣រូប នៅចាំវស្សា ក្នុងក្រុងរាជគ្រឹះ។ ពួកមនុស្ស ក្នុងទីនោះ ប្រគេនចីវរទាំងឡាយ ដោយពាក្យថា យើងទាំងឡាយ ប្រគេនចីវរចំពោះសង្ឃ។ ភិក្ខុទាំងនោះ ក៏មានសេចក្តីត្រិះរិះដូច្នេះថា ព្រះដ៏មានព្រះភាគ ទ្រង់បញ្ញត្តថា ដែលហៅថា សង្ឃ បើយ៉ាងតិចបំផុត ត្រឹមភិក្ខុ៤រូប ឥឡូវ យើងទាំងឡាយ ជាជន៣រូប ក៏មនុស្សទាំងនេះ ប្រគេនចីវរទាំងឡាយ ដោយពាក្យថា យើងទាំងឡាយ ប្រគេនចីវរចំពោះសង្ឃ តើយើងទាំងឡាយ ត្រូវប្រតិបត្តិដូចម្តេច។ សម័យនោះឯង ព្រះថេរៈច្រើនអង្គ គឺព្រះថេរៈ ឈ្មោះនិលវាសីដ៏មានអាយុ១ ព្រះថេរៈ ឈ្មោះសាណវាសីដ៏មានអាយុ១ ព្រះថេរៈ ឈ្មោះគោបកៈដ៏មានអាយុ១ ព្រះថេរៈ ឈ្មោះភគុដ៏មានអាយុ១ ព្រះថេរៈ ឈ្មោះផលិកសន្ទានៈដ៏មានអាយុ១ នៅក្នុងកុក្កុដារាម ទៀបក្រុងបាតលិបុត្ត។ កាលនោះ ភិក្ខុទាំងនោះ នាំគ្នាទៅកាន់ក្រុងបាតលិបុត្ត ហើយសួរព្រះថេរៈទាំងឡាយ។ ព្រះថេរៈទាំងឡាយ និយាយយ៉ាងនេះថា ម្នាលអាវុសោ ធម៌ដែលព្រះដ៏មានព្រះភាគ ទ្រង់សំដែងហើយយ៉ាងណា យើងទាំងឡាយ ក៏បានដឹងច្បាស់ថា ចីវរទាំងឡាយនោះ ជាចីវររបស់អ្នកទាំងឡាយ កំណត់តែត្រឹមកឋិនដោះ។
[៧១] សម័យនោះឯង ព្រះឧបនន្ទសក្យបុត្រដ៏មានអាយុ នៅចាំវស្សាក្នុងក្រុងសាវត្ថី លុះចេញវស្សាហើយ ក៏បានទៅកាន់អាវាស ក្បែរស្រុកតូចមួយ។ ពួកភិក្ខុ មានសេចក្តីប្រាថ្នានឹងចែកចីវរ ក៏ប្រជុំគ្នាក្នុងអាវាសនោះ។ ភិក្ខុទាំងនោះ និយាយយ៉ាងនេះថា ម្នាលអាវុសោ ចីវររបស់សង្ឃទាំងនេះ យើងនឹងចែកគ្នា តើលោកត្រេកអរនឹងចំណែកដែរឬ។ ព្រះឧបនន្ទសក្យបុត្រឆ្លើយថា អើអាវុសោ ខ្ញុំត្រេកអរដែរ ថាដូច្នោះហើយ ក៏ទទួលយកចំណែកចីវរ អំពីអាវាសនោះ ទៅកាន់អាវាសឯទៀត។ ឯពួកភិក្ខុ មានសេចក្តីប្រាថ្នានឹងចែកចីវរ ក៏ប្រជុំគ្នាក្នុងអាវាសនោះទៀត។ ភិក្ខុទាំងនោះ បាននិយាយយ៉ាងនេះថា ម្នាលអាវុសោ ចីវររបស់សង្ឃទាំងនេះ យើងនឹងចែកគ្នា តើលោកត្រេកអរនឹងចំណែកដែរឬ។ ព្រះឧបនន្ទសក្យបុត្រឆ្លើយថា អើអាវុសោ ខ្ញុំត្រេកអរដែរ ថាដូច្នោះហើយ ក៏ទទួលយកចំណែកចីវរ អំពីអាវាសនោះ ទៅកាន់អាវាសឯទៀត។ ពួកភិក្ខុ មានសេចក្តីប្រាថ្នានឹងចែកចីវរ ក៏ប្រជុំគ្នាក្នុងអាវាសនោះទៀត។ ភិក្ខុទាំងនោះ បាននិយាយយ៉ាងនេះថា ម្នាលអាវុសោ ចីវររបស់សង្ឃទាំងនេះ យើងនឹងចែកគ្នា តើលោកត្រេកអរនឹងចំណែកដែរឬ។ ព្រះឧបនន្ទសក្យបុត្រឆ្លើយថា អើអាវុសោ ខ្ញុំត្រេកអរដែរ ថាដូច្នោះហើយ ក៏ទទួលយកចំណែកចីវរ អំពីអាវាសនោះ ហើយក៏ស្ពាយសំពាយចីវរធំ រួចត្រឡប់មកកាន់ក្រុងសាវត្ថីវិញដដែល។ ពួកភិក្ខុ និយាយយ៉ាងនេះថា ម្នាលអាវុសោឧបនន្ទ លោកជាអ្នកមានបុណ្យធំ បានជាលោកបានចីវរច្រើន។ ព្រះឧបនន្ទសក្យបុត្តឆ្លើយថា ម្នាលអាវុសោ ខ្ញុំមានបុណ្យមកពីណា ដោយសារតែខ្ញុំនៅចាំវស្សា ក្នុងក្រុងសាវត្ថីនេះ លុះចេញវស្សាហើយ ខ្ញុំបានទៅកាន់អាវាសក្បែរស្រុកតូចមួយ ពួកភិក្ខុ មានសេចក្តីប្រាថ្នានឹងចែកចីវរ ក៏ប្រជុំគ្នា ក្នុងអាវាសនោះ ភិក្ខុទាំងនោះ បាននិយាយយ៉ាងនេះនឹងខ្ញុំថា ម្នាលអាវុសោ ចីវររបស់សង្ឃទាំងនេះ យើងនឹងចែកគ្នា តើលោកត្រេកអរនឹងចំណែកដែរឬ ខ្ញុំឆ្លើយថា អើអាវុសោ ខ្ញុំត្រេកអរដែរ ថាដូច្នោះហើយ ខ្ញុំក៏ទទួលយកចំណែកចីវរ អំពីអាវាសនោះ រួចបានទៅកាន់អាវាសឯទៀត ពួកភិក្ខុ មានសេចក្តីប្រាថ្នានឹងចែកចីវរ ក៏ប្រជុំគ្នា ក្នុងអាវាសនោះទៀត ភិក្ខុទាំងនោះ បាននិយាយយ៉ាងនេះនឹងខ្ញុំថា ម្នាលអាវុសោ ចីវររបស់សង្ឃទាំងនេះ យើងនឹងចែកគ្នា តើលោកត្រេកអរនឹងចំណែកដែរឬ ខ្ញុំបាននិយាយថា អើអាវុសោ ខ្ញុំត្រេកអរដែរ ថាដូច្នោះហើយ ខ្ញុំក៏ទទួលយកចំណែកចីវរ អំពីអាវាសនោះ ទៅកាន់អាវាសឯទៀត ពួកភិក្ខុ មានសេចក្តីប្រាថ្នានឹងចែកចីវរ ក៏ប្រជុំគ្នា ក្នុងអាវាសនោះទៀត ភិក្ខុទាំងនោះ បាននិយាយយ៉ាងនេះនឹងខ្ញុំថា ម្នាលអាវុសោ ចីវររបស់សង្ឃទាំងនេះ យើងនឹងចែកគ្នា តើលោកត្រេកអរនឹងចំណែកដែរឬ ខ្ញុំនិយាយថា អើអាវុសោ ខ្ញុំត្រេកអរដែរ ថាដូច្នោះហើយ ខ្ញុំក៏ទទួលយកចំណែកចីវរ អំពីអាវាសនោះមក យ៉ាងនេះ បានជាខ្ញុំបានចីវរច្រើន។ ពួកភិក្ខុសួរថា ម្នាលអាវុសោឧបនន្ទ លោកនៅចាំវស្សាក្នុងអាវាសដទៃ ហើយលោកត្រេកអរនឹងចំណែកចីវរ ក្នុងអាវាសដទៃ មែនឬ។ ព្រះឧបនន្ទសក្យបុត្តឆ្លើយថា ម្នាលអាវុសោ មែនហើយ។ ពួកភិក្ខុណា មានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុទាំងនោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ព្រះឧបនន្ទសក្យបុត្តដ៏មានអាយុ មិនគួរបើនឹងនៅចាំវស្សា ក្នុងអាវាសដទៃ ហើយត្រេកអរនឹងចំណែកចីវរ ក្នុងអាវាសដទៃសោះ។ ពួកភិក្ខុ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលឧបនន្ទ ឮថា អ្នកឯង នៅចាំវស្សា ក្នុងអាវាសដទៃ ហើយត្រេកអរ នឹងចំណែកចីវរ ក្នុងអាវាសដទៃ ពិតមែនឬ។ ព្រះឧបនន្ទសក្យបុត្តឆ្លើយថា សូមទ្រង់ព្រះមេត្តាប្រោស ពិតមែន។ ព្រះពុទ្ធដ៏មានព្រះភាគ ទ្រង់តិះដៀលថា ម្នាលមោឃបុរស អ្នកឯង មិនគួរបើនឹងនៅចាំវស្សា ក្នុងអាវាសដទៃ ហើយត្រេកអរនឹងចំណែកចីវរ ក្នុងអាវាសដទៃសោះ នែមោឃបុរស អំពើនេះ មិនមែននាំពួកជន ដែលមិនទាន់ជ្រះថ្លា ឲ្យជ្រះថ្លាឡើងទេ។បេ។ លុះទ្រង់តិះដៀលហើយ ទ្រង់ធ្វើធម្មីកថា រួចត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុនៅចាំវស្សា ក្នុងអាវាសឯទៀត មិនត្រូវត្រេកអរនឹងចំណែកចីវរ ក្នុងអាវាសឯទៀតទេ ភិក្ខុណាត្រេកអរ ត្រូវអាបត្តិទុក្កដ។ សម័យនោះឯង ព្រះឧបនន្ទសក្យបុត្តដ៏មានអាយុ នៅចាំវស្សាក្នុងអាវាសពីរតែម្នាក់ឯង ដោយគិតថា ចីវរមុខជានឹងកើតឡើងដល់អញជាច្រើនដូច្នេះ។ ក្នុងពេលនោះ ភិក្ខុទាំងនោះ មានសេចក្តីត្រិះរិះដូច្នេះថា យើងទាំងឡាយ ត្រូវឲ្យចំណែកចីវរ ដល់ព្រះឧបនន្ទសក្យបុត្តដ៏មានអាយុដែរឬ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរឲ្យចីវរតែមួយចំណែក ដល់មោឃបុរសចុះ។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុក្នុងសាសនានេះ នៅចាំវស្សា ក្នុងអាវាសពីរតែម្នាក់ឯង ដោយគិតថា ចីវរមុខជានឹងកើតឡើងដល់អញ ជាច្រើនដូច្នេះ។ បើភិក្ខុនោះ នៅចាំវស្សា ក្នុងអាវាសឯណោះ បានពាក់កណ្តាល ចាំវស្សា ក្នុងអាវាសឯណោះ បានពាក់កណ្តាល ភិក្ខុទាំងឡាយ ត្រូវឲ្យចំណែកចីវរ ក្នុងអាវាសឯណោះ ពាក់កណ្តាល ក្នុងអាវាសឯណោះ ពាក់កណ្តាល ទៅភិក្ខុនោះចុះ ប្រសិនបើ ភិក្ខុនៅចាំវស្សា ក្នុងអាវាសណាច្រើនជាង ភិក្ខុទាំងឡាយ ត្រូវឲ្យចំណែកចីវរទៅភិក្ខុនោះ តាមកំណត់ថ្ងៃដែលច្រើននោះចុះ។
[៧២] សម័យនោះឯង ភិក្ខុ១រូបមានរោគឈឺពោះ។ ភិក្ខុនោះដេកត្រាំនៅលើមូត្រ និងករីសរបស់ខ្លួន។ គ្រានោះ ព្រះដ៏មានព្រះភាគ មានព្រះអានន្ទដ៏មានអាយុ ជាបច្ឆាសមណៈ ទ្រង់ពុទ្ធដំណើរ ទៅកាន់សេនាសនចារិក ហើយចូលទៅកាន់លំនៅ នៃភិក្ខុនោះ។ ព្រះដ៏មានព្រះភាគ បានទតឃើញភិក្ខុនោះ ដេកត្រាំនៅលើមូត្រ និងករីសរបស់ខ្លួន លុះទតច្បាស់ហើយ ក៏ទ្រង់ចូលទៅកាន់សំណាក់ភិក្ខុនោះ លុះចូលទៅដល់ហើយ ទ្រង់មានព្រះតម្រាស់យ៉ាងនេះ នឹងភិក្ខុនោះថា ម្នាលភិក្ខុ អ្នកមានរោគអ្វី។ ភិក្ខុនោះ ក្រាបបង្គំទូលថា បពិត្រព្រះដ៏មានព្រះភាគ ខ្ញុំព្រះអង្គឈឺពោះ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ អ្នកឯង មានភិក្ខុជាអ្នកបម្រើដែរឬទេ។ ភិក្ខុនោះ ក្រាបបង្គំទូលថា សូមទ្រង់មេត្តាប្រោស គ្មានទេ។ ព្រះអង្គទ្រង់ត្រាស់ថា ចុះពួកភិក្ខុ ហេតុអ្វីក៏មិនបម្រើអ្នក។ ភិក្ខុនោះ ក្រាបបង្គំទូលថា សូមទ្រង់មេត្តាប្រោស (ដ្បិត) ខ្ញុំព្រះអង្គ មិនដែលធ្វើ(ឧបការៈ) ដល់ពួកភិក្ខុសោះ ព្រោះហេតុនោះ បានជាពួកភិក្ខុ មិនបម្រើខ្ញុំព្រះអង្គ។ គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ហៅព្រះអានន្ទដ៏មានអាយុថា ម្នាលអានន្ទ អ្នកចូរទៅនាំយកទឹកមក យើងនឹងឲ្យភិក្ខុនេះងូត។ ព្រះអានន្ទដ៏មានអាយុ ទទួលព្រះបន្ទូលព្រះដ៏មានព្រះភាគ ដោយពាក្យថា ព្រះករុណាព្រះអង្គ ហើយក៏នាំយកទឹកមក។ ព្រះដ៏មានព្រះភាគ ទ្រង់ស្រោចទឹក ព្រះអានន្ទដ៏មានអាយុដុសលាង ព្រះដ៏មានព្រះភាគចាប់ខាងក្បាល ព្រះអានន្ទដ៏មានអាយុ ចាប់ខាងជើង សែងឡើង យកទៅដាក់ឲ្យដេកលើគ្រែតូច។ ព្រោះនិទាននេះ ដំណើរនេះ ព្រះដ៏មានព្រះភាគ ទ្រង់ឲ្យប្រជុំភិក្ខុសង្ឃ ហើយសួរបញ្ជាក់ភិក្ខុទាំងឡាយ ក្នុងពេលនោះថា ម្នាលភិក្ខុទាំងឡាយ ក្នុងវិហារឯណោះ មានភិក្ខុឈឺដែរឬ។ ពួកភិក្ខុ ក្រាបបង្គំទូលថា សូមទ្រង់ព្រះមេត្តាប្រោស មាន។ ព្រះអង្គទ្រង់ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះ មានរោគអ្វី។ ពួកភិក្ខុក្រាបបង្គំទូលថា សូមទ្រង់ព្រះមេត្តាប្រោស លោកដ៏មានអាយុនោះ មានរោគពោះ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុអ្នកបម្រើភិក្ខុនោះ មានដែរឬ។ ពួកភិក្ខុក្រាបបង្គំទូលថា សូមទ្រង់ព្រះមេត្តាប្រោស គ្មានទេ។ ព្រះអង្គទ្រង់ត្រាស់ថា ចុះហេតុអ្វី បានជាពួកភិក្ខុមិនបម្រើភិក្ខុនោះ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលថា សូមទ្រង់ព្រះមេត្តាប្រោស ដ្បិតភិក្ខុនោះ មិនដែលធ្វើ (ឧបការៈ) ដល់ភិក្ខុទាំងឡាយ ព្រោះហេតុនោះ បានជាភិក្ខុទាំងឡាយ មិនបម្រើភិក្ខុនោះ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គ្មានមាតាបិតាទេ បានអ្នកណាបម្រើអ្នករាល់គ្នា ម្នាលភិក្ខុទាំងឡាយ បើអ្នកទាំងឡាយ មិនបម្រើគ្នានឹងគ្នាហើយ តើបានអ្នកណា នឹងបម្រើវិញ ម្នាលភិក្ខុទាំងឡាយ អ្នកណាបម្រើតថាគត អ្នកនោះ ឈ្មោះថាបម្រើភិក្ខុឈឺ។ បើមានឧបជ្ឈាយ៍ ឧបជ្ឈាយ៍ត្រូវបម្រើភិក្ខុនោះអស់១ជីវិត ឧបជ្ឈាយ៍ត្រូវរង់ចាំ ទំរាំភិក្ខុនោះសះជា។ បើមានអាចារ្យ អាចារ្យត្រូវបម្រើភិក្ខុនោះ អស់១ជីវិត អាចារ្យ ត្រូវរង់ចាំ ទំរាំភិក្ខុនោះសះជា។ បើមានសទ្ធិវិហារិក សទ្ធិវិហារិក ត្រូវបម្រើភិក្ខុនោះ អស់១ជីវិត សទ្ធិវិហារិក ត្រូវរង់ចាំ ទំរាំភិក្ខុនោះសះជា។ បើមានអន្តេវាសិក (កូនសិស្ស) អន្តេវាសិក ត្រូវបម្រើភិក្ខុនោះ អស់១ជីវិត អន្តេវាសិក ត្រូវរង់ចាំ ទំរាំភិក្ខុនោះសះជា។ បើមានភិក្ខុមានឧបជ្ឈាយ៍ស្មើគ្នា ត្រូវភិក្ខុមានឧបជ្ឈាយ៍ស្មើគ្នាបម្រើភិក្ខុនោះ អស់១ជីវិត ភិក្ខុមានឧបជ្ឈាយ៍ស្មើគ្នា ត្រូវរង់ចាំ ទំរាំភិក្ខុនោះសះជា។ បើមានភិក្ខុមានអាចារ្យស្មើគ្នា ភិក្ខុមានអាចារ្យស្មើគ្នា ត្រូវបម្រើភិក្ខុនោះអស់១ជីវិត ភិក្ខុមានអាចារ្យស្មើគ្នា ត្រូវរង់ចាំ ទំរាំភិក្ខុនោះសះជា។ បើឧបជ្ឈាយ៍ក្តី អាចារ្យក្តី សទ្ធិវិហារិកក្តី អន្តេវាសិកក្តី ភិក្ខុមានឧបជ្ឈាយ៍ស្មើគ្នាក្តី ភិក្ខុមានអាចារ្យស្មើគ្នាក្តី មិនមានទេ សង្ឃត្រូវបម្រើភិក្ខុមានជម្ងឺនោះ។ បើសង្ឃមិនបម្រើទេ ត្រូវអាបត្តិទុក្កដ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានជម្ងឺ ប្រកបដោយអង្គ៥ ជាបុគ្គលលំបាកគេបម្រើ គឺបុគ្គលមិនចេះធ្វើខ្លួនឲ្យសប្បាយ១ មិនដឹងប្រមាណ ក្នុងការសប្បាយ១ មិនខ្នាស់ខ្នែងប្រើថ្នាំ១ មិនប្រាប់អាពាធ ដែលចំរើន ថាចំរើនក្តី មិនប្រាប់អាពាធ ដែលធូរថយ ថាធូរថយក្តី មិនប្រាប់អាពាធ ដែលនៅនឹងដដែល ថានៅនឹងដដែលក្តី ឲ្យច្បាស់តាមពិត ដល់បុគ្គលអ្នកបម្រើជម្ងឺ ដែលជាអ្នកចង់ឲ្យសះជា១ មិនអត់សង្កត់ នូវទុក្ខវេទនា ដ៏រឹងក្លាផ្សាក្តៅ ដែលកើតឡើងក្នុងប្រជុំ នៃសរីរៈ មិនឆ្ងាញ់ពីសា មិនគាប់ចិត្ត ជាទីនាំឲ្យខូចជីវិត១ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានជម្ងឺ ប្រកបដោយអង្គ ទាំង៥នេះឯង តែងលំបាកគេបម្រើ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានជម្ងឺ ប្រកបដោយ អង្គ៥ ងាយគេបម្រើ គឺបុគ្គលចេះធ្វើខ្លួនឲ្យសប្បាយ១ ដឹងប្រមាណ ក្នុងការសប្បាយ១ ខ្នាស់ខ្នែងប្រើថ្នាំ១ ប្រាប់អាពាធ ដែលចំរើនឡើង ថាចំរើនឡើងក្តី ប្រាប់អាពាធ ដែលធូរថយ ថាធូរថយក្តី ប្រាប់អាពាធ ដែលនៅនឹងដដែល ថានៅនឹងដដែល ឲ្យច្បាស់តាមពិត ដល់បុគ្គលអ្នកបម្រើជម្ងឺ ដែលជាអ្នកចង់ឲ្យសះជា១ ជាអ្នកអត់សង្កត់ នូវទុក្ខវេទនា ដ៏រឹងក្លាផ្សាក្តៅ ដែលកើតឡើង ក្នុងប្រជុំ នៃសរីរៈ មិនឆ្ងាញ់ពីសា មិនគាប់ចិត្ត ជាទីនាំឲ្យខូចជីវិត១ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានជម្ងឺ ប្រកបដោយ អង្គទាំង៥ នេះឯង តែងងាយគេបម្រើ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលអ្នកបម្រើជម្ងឺ ប្រកបដោយអង្គ៥ មិនគួរនឹងបម្រើជម្ងឺទេ គឺបុគ្គលមិនប្រសប់ចាត់ចែងថ្នាំ១ មិនស្គាល់ហេតុសប្បាយ និងមិនសប្បាយ១ នាំរបស់ដែលមិនសប្បាយចូលទៅ នាំរបស់ដែលសប្បាយចេញមក១ បម្រើអ្នកជម្ងឺ ចង់បានតែអាមិសៈ ឥតមានចិត្តមេត្តា មានតែខ្ពើមរអើមនឹងការនាំចេញនូវឧច្ចារៈក្តី បស្សាវៈក្តី ទឹកមាត់ក្តី កំអួតក្តី១ មិនអាចនឹងពន្យល់អ្នកមានជម្ងឺ ឲ្យឃើញច្បាស់ ឲ្យកាន់យកតាម ឲ្យអាចហ៊ាន ឲ្យរីករាយ ដោយធម្មីកថា សព្វៗកាល១ ម្នាលភិក្ខុទាំងឡាយ បុគ្គលអ្នកបម្រើជម្ងឺ ប្រកបដោយ អង្គ៥នេះឯង មិនគួរបម្រើជម្ងឺទេ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលអ្នកបម្រើជម្ងឺ បើប្រកបដោយ អង្គ៥ ទើបគួរបម្រើជម្ងឺបាន គឺបុគ្គលប្រសប់ចាត់ចែងថ្នាំ១ ស្គាល់ហេតុសប្បាយ និងមិនសប្បាយ១ នាំរបស់ដែលមិនសប្បាយចេញទៅ នាំរបស់ដែលសប្បាយចូលមក១ មានចិត្តមេត្តា មិនប្រាថ្នាអាមិសៈ ហើយបម្រើជម្ងឺ មិនខ្ពើមរអើម ក្នុងការនាំចេញ នូវឧច្ចារៈក្តី បស្សាវៈក្តី ទឹកមាត់ក្តី កំអួតក្តី១ អាចនឹងពន្យល់អ្នកមានជម្ងឺ ឲ្យឃើញច្បាស់ ឲ្យកាន់យកតាម ឲ្យអាចហ៊ាន ឲ្យរីករាយ ដោយធម្មីកថា សព្វៗកាល១ ម្នាលភិក្ខុទាំងឡាយ បុគ្គលអ្នកបម្រើជម្ងឺ លុះតែប្រកបព្រមដោយអង្គ ទាំង៥នេះឯង ទើបគួរបម្រើជម្ងឺបាន។
[៧៣] សម័យនោះឯង មានភិក្ខុពីររូបដើរទៅតាមផ្លូវឆ្ងាយ ក្នុងកោសលជនបទ។ ភិក្ខុទាំងពីររូបនោះ ចូលទៅកាន់អាវាស១។ ក្នុងអាវាសនោះ មានភិក្ខុមួយរូបឈឺ។ ភិក្ខុទាំងនោះ ក៏មានសេចក្តីត្រិះរិះ ដូច្នេះថា ម្នាលអាវុសោ ព្រះដ៏មានព្រះភាគ ទ្រង់សរសើរការបម្រើជម្ងឺពេកណាស់ អាវុសោ បើដូច្នោះ មានតែយើងទាំងឡាយ នឹងបម្រើភិក្ខុនេះ។ ភិក្ខុទាំងនោះ ក៏នាំគ្នាបម្រើភិក្ខុឈឺនោះ។ កាលដែលភិក្ខុទាំងនោះ កំពុងបម្រើ ភិក្ខុឈឺ ក៏ធ្វើមរណកាលទៅ។ គ្រានោះ ភិក្ខុទាំងនោះ ក៏នាំយកបាត្រ និងចីវររបស់ភិក្ខុឈឺនោះ ទៅឯក្រុងសាវត្ថី ហើយក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បើមានភិក្ខុ(ណាមួយ) ធ្វើមរណភាពទៅហើយ ត្រូវសង្ឃជាម្ចាស់លើបាត្រ និងចីវរ (របស់ភិក្ខុនោះ) តែថា ពួកភិក្ខុអ្នកបម្រើជម្ងឺ មានឧបការៈច្រើនជាងគេ។ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ឲ្យសង្ឃ ឲ្យត្រៃចីវរ និងបាត្រ ដល់ភិក្ខុអ្នកបម្រើជម្ងឺចុះ។ ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវឲ្យយ៉ាងនេះ។ ភិក្ខុអ្នកបម្រើជម្ងឺនោះ ត្រូវចូលទៅរកសង្ឃ ហើយនិយាយយ៉ាងនេះ នឹងសង្ឃថា បពិត្រព្រះសង្ឃដ៏ចំរើន ភិក្ខុឈ្មោះនេះ ធ្វើមរណភាពទៅហើយ ត្រៃចីវរ និងបាត្រនេះ ជារបស់ភិក្ខុនោះ។ ភិក្ខុដែលឆ្លាស ប្រតិពល ត្រូវផ្តៀងសង្ឃឲ្យដឹងថា បពិត្រព្រះសង្ឃដ៏ចំរើន សូមព្រះសង្ឃស្តាប់ខ្ញុំ ដ្បិតភិក្ខុឈ្មោះនេះ ធ្វើមរណភាពទៅហើយ ត្រៃចីវរ និងបាត្រនេះ ជារបស់ភិក្ខុនោះ។ បើការឲ្យត្រៃចីវរ និងបាត្រ មានកាលសមគួរដល់សង្ឃហើយ សង្ឃត្រូវឲ្យត្រៃចីវរ និងបាត្រនេះ ដល់ពួកភិក្ខុអ្នកបម្រើជម្ងឺចុះ។ នេះជាពាក្យផ្តៀងសង្ឃ។ បពិត្រព្រះសង្ឃដ៏ចំរើន សូមព្រះសង្ឃស្តាប់ខ្ញុំ ដ្បិតភិក្ខុឈ្មោះនេះ ធ្វើមរណភាពទៅហើយ ត្រៃចីវរនេះ និងបាត្រនេះ ជារបស់ភិក្ខុនោះ។ ឥឡូវ សង្ឃបានឲ្យត្រៃចីវរ និងបាត្រនេះ ដល់ពួកភិក្ខុអ្នកបម្រើជម្ងឺហើយ។ ការឲ្យត្រៃចីវរ និងបាត្រដល់ពួកភិក្ខុអ្នកបម្រើជម្ងឺនេះ (បើ) គាប់ចិត្ត ដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះ ត្រូវស្ងៀម (បើ) មិនគាប់ចិត្ត ដល់លោកដ៏មានអាយុអង្គណាទេ ត្រូវលោកដ៏មានអាយុអង្គនោះ និយាយឡើង។ សង្ឃបានឲ្យត្រៃចីវរ និងបាត្រនេះ ដល់ពួកភិក្ខុ អ្នកបម្រើជម្ងឺហើយ។ ការឲ្យត្រៃចីវរ និងបាត្រ ដល់ពួកភិក្ខុ អ្នកបម្រើជម្ងឺ ប្រហែលជាគាប់ចិត្ត ដល់សង្ឃហើយ ព្រោះហេតុនោះ បានជាសង្ឃស្ងៀម។ ខ្ញុំសូមចាំទុក នូវសេចក្តីនេះ ដោយអាការស្ងៀមយ៉ាងនេះ។ សម័យនោះឯង មានសាមណេរមួយរូប ធ្វើមរណភាព។ ពួកភិក្ខុ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ កាលបើសាមណេរ (ណាមួយ) ធ្វើមរណភាពទៅហើយ ត្រូវសង្ឃជាម្ចាស់លើបាត្រ និងចីវរ (របស់សាមណេរនោះ) តែថា ភិក្ខុអ្នកបម្រើជម្ងឺ មានឧបការៈច្រើនជាង។ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យសង្ឃ ឲ្យចីវរ និងបាត្រដល់ពួកភិក្ខុអ្នកបម្រើជម្ងឺ។ ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវឲ្យយ៉ាងនេះ។ ភិក្ខុអ្នកបម្រើជម្ងឺនោះ ត្រូវចូលទៅរកសង្ឃ ហើយនិយាយយ៉ាងនេះនឹងសង្ឃថា បពិត្រព្រះសង្ឃដ៏ចំរើន សាមណេរឈ្មោះនេះ ធ្វើមរណភាពទៅហើយ ចីវរ និងបាត្រនេះ ជារបស់សាមណេរនោះ។ ភិក្ខុដែលឆ្លាស ប្រតិពល ត្រូវផ្តៀងសង្ឃថា បពិត្រព្រះសង្ឃដ៏ចំរើន សូមព្រះសង្ឃស្តាប់ខ្ញុំ ដ្បិតសាមណេរឈ្មោះនេះ ធ្វើមរណភាពទៅហើយ ចីវរ និងបាត្រនេះ ជារបស់សាមណេរនោះ។ បើការឲ្យចីវរ និងបាត្រ មានកាលសមគួរដល់សង្ឃហើយ សង្ឃត្រូវឲ្យចីវរ និងបាត្រនេះ ដល់ពួកភិក្ខុអ្នកបម្រើជម្ងឺចុះ។ នេះជាពាក្យផ្តៀងសង្ឃ។ បពិត្រព្រះសង្ឃដ៏ចំរើន សូមព្រះសង្ឃស្តាប់ខ្ញុំ ដ្បិតសាមណេរឈ្មោះនេះ ធ្វើមរណភាពទៅហើយ ចីវរ និងបាត្រនេះ ជារបស់សាមណេរនោះ។ ឥឡូវ សង្ឃឲ្យចីវរ និងបាត្រនេះ ដល់ពួកភិក្ខុអ្នកបម្រើជម្ងឺហើយ។ ការឲ្យចីវរ និងបាត្រដល់ពួកភិក្ខុអ្នកបម្រើជម្ងឺនេះ (បើ) គាប់ចិត្តដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះ ត្រូវស្ងៀម (បើ) មិនគាប់ចិត្តដល់លោកដ៏មានអាយុអង្គណាទេ ត្រូវលោកដ៏មានអាយុអង្គនោះ និយាយឡើង។ ចីវរ និងបាត្រនេះ សង្ឃបានឲ្យ ដល់ពួកភិក្ខុអ្នកបម្រើជម្ងឺហើយ។ ការឲ្យចីវរ និងបាត្រ ដល់ពួកភិក្ខុអ្នកបម្រើជម្ងឺ ប្រហែលជាគាប់ចិត្ត ដល់សង្ឃហើយ ព្រោះហេតុនោះ បានជាសង្ឃស្ងៀម។ ខ្ញុំសូមចាំទុករឿងនេះ ដោយអាការស្ងៀមនៅ យ៉ាងនេះ។ សម័យនោះឯង មានភិក្ខុមួយរូប និងសាមណេរមួយរូប បម្រើភិក្ខុឈឺ។ កាលបើភិក្ខុ និងសាមណេរទាំងនោះ កំពុងបម្រើ ភិក្ខុឈឺនោះ ក៏ធ្វើមរណភាពទៅ។ ឯភិក្ខុអ្នកបម្រើជម្ងឺនោះ ក៏មានសេចក្តីត្រិះរិះថា អាត្មាអញ ត្រូវឲ្យចំណែកចីវរទៅសាមណេរ ដែលជាអ្នកបម្រើជម្ងឺដែរឬ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុ ឲ្យចំណែកស្មើគ្នា ទៅសាមណេរ ដែលជាអ្នកបម្រើជម្ងឺចុះ។ សម័យនោះឯង មានភិក្ខុ១រូប មានទ្រព្យច្រើន មានបរិក្ខារច្រើន ធ្វើមរណភាពទៅ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បើមានភិក្ខុ (ណាមួយ) ធ្វើមរណភាពទៅហើយ ត្រូវសង្ឃជាម្ចាស់លើបាត្រ និងចីវរ (របស់ភិក្ខុនោះ) តែថា ពួកភិក្ខុអ្នកបម្រើជម្ងឺ មានឧបការៈច្រើនជាងគេ។ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យសង្ឃ ឲ្យត្រៃចីវរ និងបាត្រ ដល់ពួកភិក្ខុអ្នកបម្រើជម្ងឺចុះ បើមានវត្ថុណាមួយ ជាគ្រឿងលហុភណ្ឌ [១.២ គឺរបស់រាយរង ក្រៅអំពីគរុភណ្ឌទាំង២៥] ឬជាគ្រឿងលហុបរិក្ខារ[២] នៅក្នុងទីនោះ តថាគតអនុញ្ញាតឲ្យសង្ឃ ដែលមានក្នុងទីចំពោះមុខ (ព្រមព្រៀងគ្នា) ចែកគ្រឿងលហុភណ្ឌ និងគ្រឿងលហុបរិក្ខារនោះបាន បើមានគ្រឿងគរុភណ្ឌ ឬគ្រឿងគរុបរិក្ខារណា នៅក្នុងទីនោះ គ្រឿងគរុភណ្ឌ និងគ្រឿងគរុបរិក្ខារនោះ ត្រូវទុកសម្រាប់សង្ឃដែលមក ឬមិនទាន់បានមកពីទិសទាំង៤ ភិក្ខុមិនត្រូវលះ មិនត្រូវចែកគ្នាទេ។
[៧៤] សម័យនោះឯង មានភិក្ខុ១រូបមានកាយអាក្រាត ហើយចូលទៅកាន់សំណាក់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគយ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ព្រះអង្គតែងទ្រង់សរសើរគុណរបស់បុគ្គលអ្នកប្រាថ្នាតិច មានចិត្តសន្តោស មានចិត្តផូរផង់ កំចាត់បង់កិលេស នាំឲ្យកើតសេចក្តីជ្រះថ្លា មិនសន្សំកិលេសវដ្ត ប្រារព្ធព្យាយាម ដោយបរិយាយជាច្រើន បពិត្រព្រះអង្គដ៏ចំរើន ការអាក្រាតនេះ នាំឲ្យមានសេចក្តីប្រាថ្នាតិច សេចក្តីសន្តោស សេចក្តីផូរផង់ កំចាត់បង់កិលេស នាំឲ្យកើតសេចក្តីជ្រះថ្លា មិនសន្សំកិលេសវដ្ត និងនាំឲ្យមានសេចក្តីប្រារព្ធព្យាយាម ដោយបរិយាយជាច្រើន បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ ទ្រង់អនុញ្ញាតការអាក្រាត ដល់ពួកភិក្ខុ ជាការស្រួលពេកណាស់។ ព្រះពុទ្ធមានព្រះភាគ បន្ទោសថា នែមោឃបុរស អំពើនេះមិនទំនងទេ។បេ។ ម្នាលមោឃបុរស អ្នកមិនសមបើ នឹងសមាទាននូវការអាក្រាត ជាតិត្ថិយសមាទាន [ទ្រង់ឃាត់ មិនឲ្យភិក្ខុប្រព្រឹត្តវត្ត បែបពួកតិរ្ថិយ ព្រោះតិរ្ថិយខ្លះអាក្រាត តមមិនស្លៀកសំពត់ មិនដណ្តប់សំពត់។] (ដូច្នេះ) សោះ ម្នាលមោឃបុរស អំពើនេះ មិនមែននាំឲ្យជ្រះថ្លា ដល់ពួកជនដែលមិនទាន់ជ្រះថ្លាទេ។បេ។ ទ្រង់បន្ទោសហើយ ទ្រង់ធ្វើធម្មីកថា រួចត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ ការអាក្រាត ជាតិត្ថិយសមាទាន ភិក្ខុមិនត្រូវសមាទានទេ ភិក្ខុណាសមាទាន ត្រូវអាបត្តិថុល្លច្ច័យ។ សម័យនោះឯង មានភិក្ខុ១រូប ស្លៀកសំពត់ដែលគេធ្វើពីស្បូវភ្លាំង។បេ។ ស្លៀកសំពត់ដែលគេធ្វើពីសម្បកឈើ។បេ។ ស្លៀកសំពត់ដែលគេធ្វើពីផែនក្តារ។បេ។ ស្លៀកសំពត់កម្ពល ដែលគេធ្វើពីសក់។បេ។ ស្លៀកសំពត់កម្ពលដែលគេធ្វើពីរោមកន្ទុយសត្វ។បេ។ ស្លៀកសំពត់ដែលគេធ្វើពីស្លាបមៀម។បេ។ ស្លៀកសំពត់ដែលគេធ្វើពីស្បែកខ្លា ហើយចូលទៅកាន់សំណាក់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះដ៏មានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន ព្រះអង្គ តែងទ្រង់សរសើរគុណ របស់បុគ្គលអ្នកប្រាថ្នាតិច មានចិត្តសន្តោស មានចិត្តផូរផង់ កំចាត់បង់កិលេស នាំឲ្យកើតសេចក្តីជ្រះថ្លា មិនសន្សំកិលេសវដ្ត ប្រារព្ធព្យាយាម ដោយបរិយាយជាច្រើន បពិត្រព្រះអង្គដ៏ចំរើន ស្បែកខ្លានេះ នាំឲ្យមានសេចក្តីប្រាថ្នាតិច សេចក្តីសន្តោស សេចក្តីផូរផង់ កំចាត់បង់កិលេស នាំឲ្យកើតសេចក្តីជ្រះថ្លា មិនសន្សំកិលេសវដ្តៈ និងនាំឲ្យមានសេចក្តីប្រារព្ធព្យាយាម ដោយបរិយាយជាច្រើន បពិត្រព្រះអង្គដ៏ចំរើន សូមព្រះអង្គ ទ្រង់អនុញ្ញាតឲ្យពួកភិក្ខុស្លៀកដណ្តប់សំពត់ស្បែកខ្លា ជាការស្រួលពេកណាស់។ ព្រះពុទ្ធដ៏មានព្រះភាគ ទ្រង់បន្ទោសថា នែមោឃបុរស អំពើនេះមិនទំនងទេ។បេ។ នែមោឃបុរស អ្នកមិនសមបើនឹងទ្រទ្រង់សំពត់ស្បែកខ្លា ជាទង់ជ័យ នៃតិរ្ថិយសោះ នែមោឃបុរស អំពើនេះ មិនមែននាំឲ្យជ្រះថ្លា ដល់ពួកជន ដែលមិនទាន់ជ្រះថ្លាទេ។បេ។ ទ្រង់បន្ទោសរួច ទ្រង់ធ្វើធម្មីកថា ហើយត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវទ្រទ្រង់ស្បែកខ្លា ជាទង់ជ័យរបស់តិរ្ថិយទេ ភិក្ខុណាទ្រទ្រង់ ត្រូវអាបត្តិថុល្លច្ច័យ។ សម័យនោះឯង មានភិក្ខុ១រូប ស្លៀកសំពត់ដែលគេធ្វើពីដើមរាក់។បេ។ ស្លៀកសំពត់ដែលគេធ្វើពីសម្បកក្រចៅ ហើយចូលទៅកាន់សំណាក់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះដ៏មានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន ព្រះអង្គ តែងទ្រង់សរសើរគុណ របស់បុគ្គលអ្នកប្រាថ្នាតិច មានចិត្តសន្តោស មានចិត្តផូរផង់ កំចាត់បង់កិលេស នាំឲ្យកើតសេចក្តីជ្រះថ្លា មិនសន្សំកិលេសវដ្តៈ ប្រារព្ធព្យាយាម ដោយបរិយាយជាច្រើន បពិត្រព្រះអង្គដ៏ចំរើន សំពត់សម្បកក្រចៅនេះ នាំឲ្យមានសេចក្តីប្រាថ្នាតិច សេចក្តីសន្តោស សេចក្តីផូរផង់ កំចាត់បង់កិលេស នាំឲ្យកើតសេចក្តីជ្រះថ្លា មិនសន្សំកិលេសវដ្តៈ និងនាំឲ្យមានសេចក្តីប្រារព្ធព្យាយាម ដោយបរិយាយជាច្រើន បពិត្រព្រះអង្គដ៏ចំរើន សូមព្រះអង្គ ទ្រង់អនុញ្ញាតឲ្យពួកភិក្ខុ (ទ្រទ្រង់) សំពត់សម្បកក្រចៅ ជាការស្រួលពេកណាស់។ ព្រះពុទ្ធដ៏មានព្រះភាគ ទ្រង់បន្ទោសថា ម្នាលមោឃបុរស អំពើនេះមិនទំនងទេ។បេ។ ម្នាលមោឃបុរស អ្នកមិនសមបើ នឹងស្លៀកសំពត់សម្បកក្រចៅសោះ ម្នាលមោឃបុរស អំពើនេះ មិនមែននាំពួកជន ដែលមិនទាន់ជ្រះថ្លា ឲ្យជ្រះថ្លាឡើងទេ។បេ។ ទ្រង់បន្ទោសហើយ ទ្រង់ធ្វើធម្មីកថា រួចត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវស្លៀកសំពត់សម្បកក្រចៅទេ ភិក្ខុណាស្លៀក ត្រូវអាបត្តិទុក្កដ។
[៧៥] សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុទ្រទ្រង់ [នេះជាពាក្យសាធារណៈ នឹងហៅថាស្លៀក ឬហៅថាដណ្តប់ ឬហៅថា ពាក់ និងជួតជាដើមក៏បាន ហៅតាមសមគួរ ដល់របស់ដែលប្រើប្រាស់។] ចីវរខៀវសុទ្ធ ទ្រទ្រង់ចីវរលឿងសុទ្ធ ទ្រទ្រង់ចីវរក្រហមសុទ្ធ ទ្រទ្រង់ចីវរពណ៌ហង្សបាទសុទ្ធ ទ្រទ្រង់ចីវរខ្មៅសុទ្ធ ទ្រទ្រង់ចីវរក្រហមក្រមៅសុទ្ធ (ពណ៌ខ្នងក្អែប) ទ្រទ្រង់ចីវរលឿងទុំសុទ្ធ (ពណ៌ដូចផ្កាឈូក) ទ្រទ្រង់ចីវរមានជាយមិនបានកាត់ចេញ ទ្រទ្រង់ចីវរមានជាយវែង ទ្រទ្រង់ចីវរមានជាយជាផ្កាឈើ ទ្រទ្រង់ចីវរមានជាយជាផ្លែឈើ ទ្រទ្រង់អាវ ទ្រទ្រង់មួក ទ្រទ្រង់សំពត់ឈ្នួត។ មនុស្សទាំងឡាយ ពោលទោស តិះដៀល បន្តុះបង្អាប់ថា ដូចជាពួកគ្រហស្ថ អ្នកបរិភោគកាម។ ពួកភិក្ខុ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវទ្រទ្រង់ចីវរខៀវសុទ្ធ មិនត្រូវទ្រទ្រង់ចីវរលឿងសុទ្ធ មិនត្រូវទ្រទ្រង់ចីវរក្រហមសុទ្ធ មិនត្រូវទ្រទ្រង់ចីវរពណ៌ហង្សបាទសុទ្ធ មិនត្រូវទ្រទ្រង់ចីវរខ្មៅសុទ្ធ មិនត្រូវទ្រទ្រង់ចីវរក្រហមក្រមៅសុទ្ធ មិនត្រូវទ្រទ្រង់ចីវរលឿងទុំសុទ្ធ មិនត្រូវទ្រទ្រង់ចីវរ មានជាយ មិនបានកាត់ចេញ មិនត្រូវទ្រទ្រង់ចីវរមានជាយវែង មិនត្រូវទ្រទ្រង់ចីវរមានជាយជាផ្កាឈើ មិនត្រូវទ្រទ្រង់ចីវរ មានជាយជាផ្លែឈើ មិនត្រូវទ្រទ្រង់អាវ មិនត្រូវទ្រទ្រង់មួក មិនត្រូវទ្រទ្រង់សំពត់ឈ្នួត ភិក្ខុណាទ្រទ្រង់ ត្រូវអាបត្តិទុក្កដ។
[៧៦] សម័យនោះឯង ភិក្ខុទាំងឡាយនៅចាំវស្សារួចហើយ តែចីវរមិនទាន់កើតឡើង [បានសេចក្តីថា ភិក្ខុទាំងនោះ នៅចាំវស្សារួចហើយ មិនទាន់បានចីវរពីណាទេនៅឡើយ។] ក៏នាំគ្នាចៀសចេញទៅខ្លះ សឹកចេញទៅខ្លះ ស្លាប់ទៅខ្លះ ប្តេជ្ញាខ្លួនជាសាមណេរខ្លះ ប្តេជ្ញាខ្លួនជាបុគ្គលពោលលាសិក្ខាខ្លះ ប្តេជ្ញាខ្លួនជាបុគ្គលត្រូវអន្តិមវត្ថុខ្លះ ប្តេជ្ញាខ្លួនជាបុគ្គលឆ្កួតខ្លះ ប្តេជ្ញាខ្លួនជាបុគ្គលមានចិត្តអណ្តែតអណ្តូងខ្លះ ប្តេជ្ញាខ្លួនជាបុគ្គល គឺវេទនាគ្របសង្កត់ខ្លះ ប្តេជ្ញាខ្លួនជាបុគ្គល គឺសង្ឃលើកវត្ត ព្រោះមិនឃើញអាបត្តិខ្លះ ប្តេជ្ញាខ្លួនជាបុគ្គល គឺសង្ឃលើកវត្ត ព្រោះមិនបានសំដែងអាបត្តិខ្លះ ប្តេជ្ញាខ្លួនជាបុគ្គល គឺសង្ឃលើកវត្ត ព្រោះមិនបានលះបង់ទិដ្ឋិអាក្រក់ខ្លះ ប្តេជ្ញាខ្លួនជាខ្ទើយខ្លះ ប្តេជ្ញាខ្លួនជាអ្នកលួចសំវាសខ្លះ ប្តេជ្ញាខ្លួនជាអ្នកចូលពួកតិរ្ថិយខ្លះ ប្តេជ្ញាខ្លួនជាសត្វតិរច្ឆានខ្លះ ប្តេជ្ញាខ្លួនជាអ្នកសម្លាប់មាតាខ្លះ ប្តេជ្ញាខ្លួនជាអ្នកសម្លាប់បិតាខ្លះ ប្តេជ្ញាខ្លួនជាអ្នកសម្លាប់ព្រះអរហន្តខ្លះ ប្តេជ្ញាខ្លួនជាអ្នកទ្រុស្តភិក្ខុនីខ្លះ ប្តេជ្ញាខ្លួនជាអ្នកបំបែកសង្ឃខ្លះ ប្តេជ្ញាខ្លួនជាអ្នកធ្វើលោហិត (ព្រះបរមគ្រូ) ឲ្យពុរពងឡើងខ្លះ ប្តេជ្ញាខ្លួនជាឧភតោព្យញ្ជនក (មនុស្សមានភេទពីរ)ខ្លះ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើមានភិក្ខុនៅចាំវស្សារួចហើយ កាលបើចីវរ មិនទាន់កើតឡើង ក៏ចៀសចេញទៅ។ កាលបើមានភិក្ខុអ្នកទទួលយកចីវរដ៏សមគួរ សង្ឃត្រូវឲ្យចីវរ (នោះទៅ)ចុះ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើមានភិក្ខុនៅចាំវស្សារួចហើយ កាលបើចីវរមិនទាន់កើតឡើង ក៏សឹកទៅក្តី ស្លាប់ទៅក្តី ប្តេជ្ញាខ្លួនជាសាមណេរក្តី ប្តេជ្ញាខ្លួនជាអ្នកពោលលាសិក្ខាក្តី ប្តេជ្ញាខ្លួនជាអ្នកត្រូវអន្តិមវត្ថុក្តី។ សង្ឃត្រូវជាម្ចាស់ (ចីវរនោះឯង)។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើមានភិក្ខុនៅចាំវស្សារួចហើយ កាលបើចីវរ មិនទាន់កើតឡើង ក៏ប្តេជ្ញាខ្លួនជាមនុស្សឆ្កួតក្តី ប្តេជ្ញាខ្លួនជាមនុស្សមានចិត្តអណ្តែតអណ្តូងក្តី ប្តេជ្ញាខ្លួនជាមនុស្សមានវេទនាគ្របសង្កត់ក្តី ប្តេជ្ញាខ្លួនជាភិក្ខុ គឺសង្ឃលើកវត្ត ព្រោះមិនឃើញអាបត្តិក្តី ប្តេជ្ញាខ្លួនជាភិក្ខុ គឺសង្ឃលើកវត្ត ព្រោះមិនបានសំដែងអាបត្តិក្តី ប្តេជ្ញាខ្លួនជាភិក្ខុ គឺសង្ឃលើកវត្ត ព្រោះមិនលះបង់ទិដ្ឋិអាក្រក់ក្តី។ កាលបើមានភិក្ខុជាអ្នកទទួលយកចីវរដ៏សមគួរ ត្រូវសង្ឃឲ្យចីវរ (នោះទៅ)ចុះ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើមានភិក្ខុ នៅចាំវស្សារួចហើយ កាលបើចីវរ មិនទាន់កើតឡើង ក៏ប្តេជ្ញាខ្លួនជាមនុស្សខ្ទើយក្តី។បេ។ ប្តេជ្ញាខ្លួនជាឧភតោព្យញ្ជនកក្តី។ សង្ឃត្រូវជាម្ចាស់ (ចីវរនោះឯង)។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើមានភិក្ខុ នៅចាំវស្សារួចហើយ កាលបើចីវរកើតឡើងហើយ តែសង្ឃមិនទាន់បានចែក ខ្លួនក៏ចៀសចេញទៅ។ កាលបើមានភិក្ខុ ជាអ្នកទទួលចីវរដ៏សមគួរ ត្រូវសង្ឃឲ្យចីវរ (នោះទៅ)ចុះ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើមានភិក្ខុនៅចាំវស្សារួចហើយ កាលបើចីវរកើតឡើងហើយ តែសង្ឃមិនទាន់បានចែក ខ្លួនក៏សឹកទៅក្តី ស្លាប់ទៅក្តី ប្តេជ្ញាខ្លួនជាសាមណេរក្តី ប្តេជ្ញាខ្លួនជាអ្នកពោលលាសិក្ខាក្តី ប្តេជ្ញាខ្លួនជាបុគ្គលត្រូវអន្តិមវត្ថុក្តី។ សង្ឃត្រូវជាម្ចាស់(ចីវរនោះ)។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើមានភិក្ខុនៅចាំវស្សារួចហើយ កាលបើចីវរកើតឡើង តែសង្ឃមិនទាន់បានចែក ក៏ប្តេជ្ញាខ្លួនជាមនុស្សឆ្កួតក្តី ប្តេជ្ញាខ្លួនជាបុគ្គលមានចិត្តអណ្តែតអណ្តូងក្តី ប្តេជ្ញាខ្លួនជាបុគ្គលមានវេទនាគ្របសង្កត់ក្តី ប្តេជ្ញាខ្លួនជាភិក្ខុ គឺសង្ឃលើកវត្ត ព្រោះមិនឃើញអាបត្តិក្តី ប្តេជ្ញាខ្លួនជាភិក្ខុ គឺសង្ឃលើកវត្ត ព្រោះមិនបានសំដែងអាបត្តិក្តី ប្តេជ្ញាខ្លួនជាភិក្ខុ គឺសង្ឃលើកវត្ត ព្រោះមិនលះបង់ទិដ្ឋិអាក្រក់ក្តី។ កាលបើមានភិក្ខុជាអ្នកទទួលចីវរដ៏សមគួរ ត្រូវសង្ឃឲ្យចីវរ (នោះទៅ)ចុះ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើមានភិក្ខុនៅចាំវស្សារួចហើយ កាលបើចីវរកើតឡើងហើយ តែសង្ឃមិនទាន់បានចែក ក៏ប្តេជ្ញាខ្លួនជាមនុស្សខ្ទើយក្តី។បេ។ ប្តេជ្ញាខ្លួនជាឧភតោព្យញ្ជនកក្តី។ សង្ឃត្រូវជាម្ចាស់ (ចីវរនោះឯង)។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើមានពួកភិក្ខុនៅចាំវស្សារួចហើយ កាលបើចីវរមិនទាន់កើតឡើង សង្ឃក៏បែកគ្នាទៅ [សង្ឃបែកគ្នាជាពីរពួក ដូចពួកភិក្ខុនៅក្រុងកោសម្ពី (អដ្ឋកថា)។] មនុស្សទាំងឡាយក្នុងទីនោះ ក៏នាំគ្នាប្រគេនទឹក ចំពោះភិក្ខុមួយពួក ប្រគេនចីវរចំពោះភិក្ខុមួយពួក ដោយពាក្យថា យើងទាំងឡាយប្រគេនចំពោះសង្ឃ។ ទឹកនិងចីវរនេះ ក៏នៅជារបស់សង្ឃដដែល។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើមានពួកភិក្ខុនៅចាំវស្សារួចហើយ កាលបើចីវរមិនទាន់កើតឡើង សង្ឃក៏បែកគ្នាទៅ។ មនុស្សទាំងឡាយក្នុងទីនោះ ក៏នាំគ្នាប្រគេនទឹក ចំពោះភិក្ខុមួយពួក ប្រគេនចីវរ ចំពោះភិក្ខុមួយពួក ដោយពាក្យថា យើងទាំងឡាយ ប្រគេនចំពោះសង្ឃ។ ទឹកនិងចីវរនេះ ក៏នៅជារបស់សង្ឃដដែល។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើមានពួកភិក្ខុនៅចាំវស្សារួចហើយ កាលបើចីវរមិនទាន់កើតឡើង សង្ឃក៏បែកគ្នាទៅ។ មនុស្សទាំងឡាយក្នុងទីនោះ ក៏នាំគ្នាប្រគេនទឹក ចំពោះភិក្ខុមួយពួក ប្រគេនចីវរ ចំពោះភិក្ខុមួយពួក ដោយពាក្យថា យើងទាំងឡាយ ប្រគេនចំពោះពួក។ ទឹកនិងចីវរនេះ ក៏នៅជារបស់ពួកដដែល។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើមានពួកភិក្ខុនៅចាំវស្សារួចហើយ កាលបើចីវរមិនទាន់កើតឡើង សង្ឃក៏បែកគ្នាទៅ។ មនុស្សទាំងឡាយក្នុងទីនោះ ក៏នាំគ្នាប្រគេនទឹក ចំពោះភិក្ខុមួយពួក ប្រគេនចីវរ ចំពោះភិក្ខុមួយពួកនោះឯង ដោយពាក្យថា យើងទាំងឡាយ ប្រគេនចំពោះពួក។ ទឹកនិងចីវរនេះ ក៏នៅជារបស់ពួកដដែល។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើមានពួកភិក្ខុនៅចាំវស្សារួចហើយ កាលបើចីវរកើតឡើងហើយ តែសង្ឃមិនទាន់ចែក សង្ឃក៏បែកគ្នាទៅ។ ចីវរនោះ សង្ឃត្រូវចែកដល់ពួកភិក្ខុទាំងអស់ឲ្យស្មើគ្នា។
[៧៧] សម័យនោះឯង ព្រះរេវតដ៏មានអាយុ បានផ្ញើចីវរទៅប្រគេនព្រះសារីបុត្តដ៏មានអាយុនឹងដៃភិក្ខុ១រូប ដោយពាក្យថា ចូរលោកប្រគេនចីវរនេះ ដល់ព្រះថេរៈផងចុះ។ គ្រានោះឯង លុះដល់ពាក់កណ្តាលផ្លូវ ភិក្ខុនោះក៏យកចីវរនោះ (មកប្រើប្រាស់ដោយខ្លួនឯងវិញ) ដោយអាងសេចក្តីស្និទ្ធស្នាល នឹងព្រះរេវតដ៏មានអាយុ។ គ្រាក្រោយ ព្រះរេវតដ៏មានអាយុ បានមកជួបនឹងព្រះសារីបុត្តដ៏មានអាយុ ហើយសួរថា បពិត្រព្រះថេរៈដ៏ចំរើន ខ្ញុំករុណាបានផ្ញើចីវរ មកប្រគេនព្រះថេរៈ តើចីវរនោះ បានដល់មកហើយឬ។ ព្រះសារីបុត្តឆ្លើយថា ម្នាលអាវុសោ ខ្ញុំមិនឃើញចីវរនោះទេ។ ទើបព្រះរេវតដ៏មានអាយុ បាននិយាយ ទៅនឹងភិក្ខុនោះថា ម្នាលអាវុសោ ខ្ញុំបានផ្ញើចីវរ មកប្រគេនព្រះថេរៈ នឹងដៃលោកដ៏មានអាយុ តើចីវរនោះ នៅឯណា។ ភិក្ខុនោះឆ្លើយថា បពិត្រព្រះថេរៈដ៏ចំរើន ខ្ញុំបានយកចីវរនោះ (មកប្រើប្រាស់ ដោយខ្លួនឯងទៅហើយ) ដោយអាងសេចក្តីស្និទ្ធស្នាល នឹងលោកដ៏មានអាយុ។ ភិក្ខុទាំងឡាយ ក៏ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើមានភិក្ខុផ្ញើចីវរទៅ នឹងដៃភិក្ខុផងគ្នា ដោយពាក្យថា ចូរលោកប្រគេនចីវរនេះ ដល់ភិក្ខុ ឈ្មោះនេះ ផងចុះ។ លុះដល់ពាក់កណ្តាលផ្លូវ ភិក្ខុអ្នកទទួលបញ្ញើនោះ ក៏យកចីវរ (មកប្រើប្រាស់ ដោយខ្លួនឯងវិញ) ដោយអាងសេចក្តីស្និទ្ធស្នាល នឹងភិក្ខុអ្នកផ្ញើនោះ (យ៉ាងនេះ) ហៅថា កាន់យកល្អ។ បើភិក្ខុអ្នកទទួលបញ្ញើយកចីវរ (មកប្រើប្រាស់ ដោយខ្លួនឯងវិញ) ដោយអាងសេចក្តីសិ្នទ្ធស្នាល នឹងភិក្ខុអ្នកចាំទទួលយកចីវរនោះ (យ៉ាងនេះ) ហៅថា កាន់យកមិនល្អទេ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើមានភិក្ខុផ្ញើចីវរទៅ នឹងដៃភិក្ខុផងគ្នា ដោយពាក្យថា ចូរលោកប្រគេនចីវរនេះ ដល់ភិក្ខុ ឈ្មោះនេះផងចុះ។ លុះដល់ពាក់កណ្តាលផ្លូវ ភិក្ខុអ្នកទទួលបញ្ញើនោះ ក៏យកចីវរ (មកប្រើប្រាស់ ដោយខ្លួនឯងវិញ) ដោយអាងសេចក្តីស្និទ្ធស្នាល នឹងភិក្ខុអ្នកចាំទទួលយកចីវរនោះ (យ៉ាងនេះ) ហៅថា កាន់យកមិនល្អទេ។ បើភិក្ខុអ្នកទទួលបញ្ញើ យកចីវរ (មកប្រើប្រាស់ដោយខ្លួនឯងវិញ) ដោយអាងសេចក្តីសិ្នទ្ធស្នាល នឹងភិក្ខុអ្នកផ្ញើនោះ (យ៉ាងនេះ) ហៅថា កាន់យកល្អ។ ម្នាលភិក្ខុទាំងឡាយ ម្យ៉ាងទៀត ក្នុងសាសនានេះ បើមានភិក្ខុផ្ញើចីវរទៅ នឹងដៃភិក្ខុផងគ្នា ដោយពាក្យថា ចូរលោកប្រគេនចីវរនេះ ដល់ភិក្ខុ ឈ្មោះនេះផងចុះ។ លុះដល់ពាក់កណ្តាលផ្លូវ ភិក្ខុអ្នកទទួលបញ្ញើនោះ ឮដំណឹងថា ភិក្ខុដែលផ្ញើចីវរមកនោះ ស្លាប់ទៅហើយ ៗក៏អធិដ្ឋានមតកចីវរ [ចីវររបស់ភិក្ខុដែលស្លាប់] របស់ភិក្ខុអ្នកផ្ញើនោះ (យ៉ាងនេះ) ហៅថា អធិដ្ឋានល្អ។ បើភិក្ខុអ្នកទទួលបញ្ញើ យកចីវរ (មកប្រើប្រាស់ ដោយខ្លួនឯងវិញ) ដោយអាងសេចក្តីស្និទ្ធស្នាល នឹងភិក្ខុអ្នកចាំទទួលចីវរនោះ (យ៉ាងនេះ) ហៅថា កាន់យកមិនល្អទេ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើមានភិក្ខុផ្ញើចីវរទៅនឹងដៃភិក្ខុផងគ្នា ដោយពាក្យថា ចូរលោកប្រគេនចីវរនេះ ដល់ភិក្ខុឈ្មោះនេះផងចុះ។ លុះដល់ពាក់កណ្តាលផ្លូវ ភិក្ខុអ្នកទទួលបញ្ញើនោះ ឮដំណឹងថា ភិក្ខុដែលចាំទទួលចីវរនោះ ស្លាប់ទៅហើយ ៗក៏អធិដ្ឋានមតកចីវរ របស់ភិក្ខុនោះ (យ៉ាងនេះ) ហៅថា អធិដ្ឋានមិនល្អ (អធិដ្ឋានមិនឡើង)។ បើភិក្ខុអ្នកទទួលបញ្ញើ យកចីវរ (មកប្រើប្រាស់ ដោយខ្លួនឯងវិញ) ដោយអាងសេចក្តីសិ្នទ្ធស្នាល នឹងភិក្ខុអ្នកផ្ញើនោះ (យ៉ាងនេះ) ហៅថា កាន់យកល្អ។ ម្នាលភិក្ខុទាំងឡាយ ម្យ៉ាងទៀត ក្នុងសាសនានេះ បើមានភិក្ខុផ្ញើចីវរទៅ នឹងដៃភិក្ខុផងគ្នា ដោយពាក្យថា ចូរលោកប្រគេនចីវរនេះ ដល់ភិក្ខុ ឈ្មោះនេះផងចុះ។ លុះដល់ពាក់កណ្តាលផ្លូវ ភិក្ខុអ្នកទទួលបញ្ញើនោះ ឮដំណឹងថា ភិក្ខុទាំងពីររូប [សំដៅយកភិក្ខុអ្នកផ្ញើចីវរ១រូប ភិក្ខុអ្នកចាំទទួលយកចីវរ១រូប។] ស្លាប់ទៅហើយ ៗក៏អធិដ្ឋានមតកចីវរ របស់ភិក្ខុអ្នកផ្ញើនោះ (យ៉ាងនេះ) ហៅថា អធិដ្ឋានល្អ។ បើភិក្ខុអ្នកទទួលបញ្ញើ អធិដ្ឋានមតកចីវរ របស់ភិក្ខុដែលចាំទទួលចីវរវិញ (យ៉ាងនេះ) ហៅថា អធិដ្ឋានមិនល្អទេ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើមានភិក្ខុផ្ញើចីវរទៅនឹងដៃភិក្ខុផងគ្នា ដោយពាក្យថា ខ្ញុំករុណា ប្រគេនចីវរនេះ ដល់ភិក្ខុឈ្មោះនេះ។ លុះដល់ពាក់កណ្តាលផ្លូវ ភិក្ខុអ្នកទទួលបញ្ញើ ក៏យកចីវរ (មកប្រើប្រាស់ដោយខ្លួនឯងវិញ) ដោយអាងសេចក្តីស្និទ្ធស្នាលនឹងភិក្ខុអ្នកផ្ញើនោះ (យ៉ាងនេះ) ហៅថា កាន់យកមិនល្អទេ។ បើភិក្ខុអ្នកទទួលបញ្ញើ យកចីវរ (មកប្រើប្រាស់ដោយខ្លួនឯងវិញ) ដោយអាងសេចក្តីសិ្នទ្ធស្នាលនឹងភិក្ខុអ្នកចាំទទួលយកចីវរវិញ (យ៉ាងនេះ) ហៅថា កាន់យកល្អ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើមានភិក្ខុផ្ញើចីវរទៅនឹងដៃភិក្ខុផងគ្នា ដោយពាក្យថា ខ្ញុំករុណា ប្រគេនចីវរនេះ ដល់ភិក្ខុឈ្មោះនេះ។ លុះដល់ពាក់កណ្តាលផ្លូវ ភិក្ខុអ្នកទទួលបញ្ញើនោះ ក៏យកចីវរ (មកប្រើប្រាស់ដោយខ្លួនឯងវិញ) ដោយអាងសេចក្តីស្និទ្ធស្នាល នឹងភិក្ខុអ្នកចាំទទួលយកចីវរនោះ (យ៉ាងនេះ) ហៅថា កាន់យកល្អ។ បើភិក្ខុអ្នកទទួលបញ្ញើយកចីវរ (មកប្រើប្រាស់ដោយខ្លួនឯងវិញ) ដោយអាងសេចក្តីសិ្នទ្ធស្នាលនឹងភិក្ខុអ្នកផ្ញើនោះ (យ៉ាងនេះ) ហៅថា កាន់យកមិនល្អទេ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើមានភិក្ខុផ្ញើចីវរទៅនឹងដៃភិក្ខុផងគ្នា ដោយពាក្យថា ខ្ញុំករុណា ប្រគេនចីវរនេះ ដល់ភិក្ខុឈ្មោះនេះ។ លុះដល់ពាក់កណ្តាលផ្លូវ ភិក្ខុអ្នកទទួលបញ្ញើ ក៏ឮដំណឹងថា ភិក្ខុដែលផ្ញើចីវរមកនោះ ស្លាប់ទៅហើយ ហើយក៏អធិដ្ឋានមតកចីវរ របស់ភិក្ខុអ្នកផ្ញើនោះ (យ៉ាងនេះ) ហៅថា អធិដ្ឋានមិនល្អទេ។ បើភិក្ខុអ្នកទទួលបញ្ញើយកចីវរ (មកប្រើប្រាស់ដោយខ្លួនឯងវិញ) ដោយអាងសេចក្តីសិ្នទ្ធស្នាលនឹងភិក្ខុអ្នកចាំទទួលយកចីវរនោះ (យ៉ាងនេះ) ហៅថា កាន់យកល្អ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើមានភិក្ខុផ្ញើចីវរនឹងដៃភិក្ខុផងគ្នា ដោយពាក្យថា ខ្ញុំករុណា ប្រគេនចីវរនេះ ដល់ភិក្ខុឈ្មោះនេះ។ លុះដល់ពាក់កណ្តាលផ្លូវ ភិក្ខុអ្នកទទួលបញ្ញើនោះ ឮដំណឹងថា ភិក្ខុអ្នកចាំទទួលយកចីវរនោះ ស្លាប់ទៅហើយ ៗក៏អធិដ្ឋានមតកចីវរ របស់ភិក្ខុអ្នកចាំទទួលយកចីវរនោះ (យ៉ាងនេះ) ហៅថា អធិដ្ឋានល្អ។ បើភិក្ខុអ្នកទទួលបញ្ញើយកចីវរ (មកប្រើប្រាស់ដោយខ្លួនឯងវិញ) ដោយអាងសេចក្តីសិ្នទ្ធស្នាលនឹងភិក្ខុអ្នកផ្ញើនោះ (យ៉ាងនេះ) ហៅថា កាន់យកមិនល្អទេ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើមានភិក្ខុផ្ញើចីវរនឹងដៃភិក្ខុផងគ្នា ដោយពាក្យថា ខ្ញុំករុណា ប្រគេនចីវរនេះ ដល់ភិក្ខុឈ្មោះនេះ។ លុះដល់ពាក់កណ្តាលផ្លូវ ភិក្ខុអ្នកទទួលបញ្ញើនោះ ឮដំណឹងថា ភិក្ខុទាំងពីររូបស្លាប់ទៅហើយ ៗក៏អធិដ្ឋានមតកចីវរ របស់ភិក្ខុអ្នកផ្ញើទៅនោះ (យ៉ាងនេះ) ហៅថា អធិដ្ឋានមិនល្អ។ បើភិក្ខុអ្នកទទួលបញ្ញើ អធិដ្ឋានមតកចីវរ របស់ភិក្ខុអ្នកចាំទទួលចីវរនោះ (យ៉ាងនេះ) ហៅថា អធិដ្ឋានល្អ។
[៧៨] ម្នាលភិក្ខុទាំងឡាយ មាតិកា (ហេតុ) ដែលនាំឲ្យកើតចីវរឡើង មាន៨យ៉ាង គឺ គេឲ្យចីវរក្នុងសីមា១ គេឲ្យចីវរ ដោយសេចក្តីប្តេជ្ញា១ គេឲ្យចីវរ ដោយសេចក្តីបញ្ញត្តិ នៃភិក្ខា (ទីបរិច្ចាគទាន របស់ខ្លួន)១ គេឲ្យចីវរចំពោះសង្ឃ១ គេឲ្យចីវរចំពោះឧភតោសង្ឃ១ គេឲ្យចីវរចំពោះសង្ឃ ដែលនៅចាំវស្សា១ គេចំពោះវត្ថុ ឬកំណត់វត្ថុហើយ ទើបឲ្យចីវរ១ គេឲ្យចីវរ ចំពោះបុគ្គល១។ ដែលហៅថា គេឲ្យចីវរក្នុងសីមា គឺ (សំដៅយក) ភិក្ខុមានចំនួនប៉ុន្មានរូប ដែលនៅខាងក្នុងសីមា ត្រូវភិក្ខុទាំងនោះ ចែកចីវរគ្នាចុះ។ ដែលហៅថា គេឲ្យចីវរដោយសេចក្តីប្តេជ្ញាគឺ (សំដៅយក) អាវាសច្រើន ជាអាវាស មានលាភស្មើគ្នា កាលបើគេឲ្យចីវរក្នុងអាវាសតែ១ ទុកដូចជា បានឲ្យចីវរ ក្នុងអាវាសទាំងអស់។ ដែលហៅថា គេឲ្យចីវរដោយសេចក្តីបញ្ញត្តិនៃភិក្ខា គឺ (សំដៅយក) ការបូជាជានិច្ច ដែលគេធ្វើ ចំពោះសង្ឃ ក្នុងទីណា គេក៏ឲ្យចីវរក្នុងទីនោះ។ ដែលហៅថា គេឲ្យចីវរចំពោះសង្ឃ គឺ (សំដៅយក) សង្ឃដែលមកជួបជុំមុខគ្នា ហើយត្រូវចែកចីវរចុះ។ ដែលហៅថា គេឲ្យចីវរ ចំពោះឧភតោសង្ឃ (សំដៅយក) ភិក្ខុសូម្បីច្រើនរូប ភិក្ខុនីតែ១រូប សង្ឃក៏ត្រូវឲ្យចីវរពាក់កណ្តាល (ស្មើគ្នា)។ ភិក្ខុនី សូម្បីច្រើនរូប ភិក្ខុតែ១រូប សង្ឃក៏ត្រូវឲ្យចីវរពាក់កណ្តាល (ស្មើគ្នា)។ ដែលហៅថា គេឲ្យចីវរចំពោះសង្ឃដែលនៅចាំវស្សា (សំដៅយក) ភិក្ខុមានកំណត់ប៉ុន្មានរូប នៅចាំវស្សាក្នុងអាវាសនោះ ភិក្ខុទាំងនោះ ត្រូវចែកចីវរគ្នាចុះ។ ដែលហៅថា ចំពោះវត្ថុ ឬកំណត់វត្ថុហើយ ទើបគេឲ្យចីវរគឺ (សំដៅយកត្រង់ហេតុ) ដែលគេឲ្យបបរហើយ គេឲ្យចីវរផង ជួនកាល គេឲ្យភត្តហើយ គេឲ្យចីវរផង ជួនកាល គេឲ្យខាទនីយៈហើយ គេឲ្យចីវរផង ជួនកាល គេឲ្យចីវរតែម្តង ជួនកាលគេឲ្យសេនាសនៈហើយ គេឲ្យទាំងចីវរផង ពុំនោះសោត គេឲ្យភេសជ្ជៈ ព្រមទាំងចីវរផង។ ដែលហៅថា គេឲ្យចីវរ ចំពោះបុគ្គលគឺ (សំដៅយកត្រង់ហេតុ) ដែលគេឲ្យ ដោយពាក្យថា ខ្ញុំឲ្យចីវរនេះ ចំពោះភិក្ខុឈ្មោះនេះ។
ចប់ ចីវរក្ខន្ធកៈទី៨។
ក្នុងខន្ធកៈនេះ មាន ៩៦រឿង។
ឧទ្ទានរបស់ចីវរក្ខន្ធកៈនោះគឺ
[៧៩] រឿងពួកកុដុម្ពិកៈនៅក្នុងក្រុងរាជគ្រឹះ ឃើញពួកស្រីផ្កាមាសក្នុងក្រុងវេសាលី ហើយទៅក្រុងរាជគ្រឹះវិញ ក៏បានក្រាបទូលសេចក្តីនុ៎ះដល់ស្តេច១។ រឿងកូនប្រុសនៃស្រីផ្កាមាស ឈ្មោះសាលវតី ត្រឡប់បានមកជា កូនអភយរាជកុមារវិញ ព្រះរាជកុមារ បានចិញ្ចឹមទុក ឲ្យឈ្មោះថា ជីវកៈ ព្រោះហេតុតែពាក្យសួរថា កូននោះ មានជីវិតរស់នៅ ឬស្លាប់១។ រឿងជីវកកោមារភត្យ ទៅក្រុងតក្កសិលា រៀនធ្វើពេទ្យ បានជាមហាពេទ្យ ហើយមើលជម្ងឺក្នុងក្បាលភរិយា របស់សេដ្ឋី ដែលឈឺ៧ឆ្នាំ ឲ្យសះជា ដោយនត្ថុកម្ម គឺការបញ្ច្រកថ្នាំ ទៅតាមច្រមុះ១។ រឿងជីវកកោមារភត្យ ទាញចេញ (មើលជា) អាពាធឫសដូងបាត នៃព្រះបាទពិម្ពិសារ ដោយថ្នាំលាប។ ព្រះរាជា ទ្រង់មានបន្ទូល នឹងកោមារភត្យថា អ្នកឯងចូរបម្រើអញផង ពួកស្រីក្នុងវាំងផង ព្រះពុទ្ធ និងព្រះសង្ឃផង១។ រឿងសេដ្ឋី នៅក្នុងក្រុងរាជគ្រឹះ១ រឿងជីវកកោមារភត្យមើលអាពាធពក ក្នុងពោះវៀន១ រឿងជីវកកោមារភត្យ ញុំាងមហារោគ នៃព្រះបាទបជ្ជោត ឲ្យសះជាទៅ ព្រោះសោយទឹកដោះរាវ។ ជីវកកោមារភត្យ ក្រាបទូលថា សូមឲ្យព្រះបាទបជ្ជោត រឭកអធិការរបស់ខ្លួន រួចទ្រង់បានផ្ញើសំពត់ សិវេយ្យកៈ មួយគូ មកជីវកកោមារភត្យ១ រឿងជីវកកោមារភត្យ ញុំាងកាយព្រះមានព្រះភាគ ដែលមានរោគទល់ ឲ្យស្រួល ហើយបានថ្វាយថ្នាំបញ្ចុះ៣០ដង ដោយផ្កាឧប្បល៣ក្តាប់ ព្រះមានព្រះភាគ ក៏មានព្រះកាយ ជាប្រក្រតី ទើបទ្រង់ទទួលសំពត់ សិវេយ្យកៈ ដែលជីវកកោមារភត្យសុំពរ ហើយថ្វាយព្រះអង្គ១ រឿងព្រះតថាគតអនុញ្ញាត គហបតិចីវរ១។ រឿងចីវរកើតឡើងជាច្រើន ក្នុងក្រុងរាជគ្រឹះ១ ក្នុងជនបទ១ រឿងព្រះមានព្រះភាគ អនុញ្ញាត សំពត់ឈ្មោះបាវារៈ ធ្វើដោយសូត្រ១ សំពត់កោជវៈ ធ្វើដោយរោម១ រឿងស្តេចក្នុងដែនកាសី បញ្ជូនសំពត់កម្ពល មានដំឡៃកន្លះពាន់ មកជីវកកោមារភត្យ១ រឿងចីវរខ្ពស់ និងទាប កើតឡើងដល់សង្ឃហើយ ព្រះអង្គ ទ្រង់សរសើរសេចក្តីសន្តោស១ រឿងព្រះដ៏មានព្រះភាគ ទ្រង់អនុញ្ញាត កុំឲ្យភិក្ខុឲ្យចំណែកចីវរដល់ភិក្ខុ ដែលមិនបានឈប់ចាំគ្នា១ រឿងព្រះដ៏មានព្រះភាគអនុញ្ញាតឲ្យភិក្ខុឲ្យចំណែកចីវរ ដល់ភិក្ខុដែលឈប់ចាំគ្នា១ រឿងភិក្ខុចូលទៅកាន់ព្រៃស្មសានមុន និងចូលទៅកាន់ព្រៃស្មសានក្រោយ១ រឿងភិក្ខុចូលទៅក្នុងព្រៃស្មសានដំណាលគ្នា១ រឿងភិក្ខុធ្វើសេចក្តីប្តេជ្ញានឹងគ្នា ហើយចូលទៅក្នុងព្រៃស្មសាន ដើម្បីបង្សុកូល១ រឿងពួកមនុស្ស នាំយកចីវរ មកកាន់អារាម លុះរកភិក្ខុអ្នកទទួលមិនបាន ក៏នាំត្រឡប់ទៅវិញ១ រឿងព្រះសាស្តា អនុញ្ញាត ឲ្យភិក្ខុសន្មតឃ្លាំង ដាក់ចីវរ១ រឿងចីវរក្នុងឃ្លាំង ឥតមានអ្នកណាថែរក្សា១ រឿងឆព្វគ្គិយភិក្ខុបណ្តេញអ្នករក្សាឃ្លាំង១ រឿងចីវរកើតឡើងក្រាស់ក្រែល១ រឿងសង្ឃចែកចីវរ ធ្វើឲ្យកោលាហល១ រឿងភិក្ខុអ្នកចែកចីវររិះគិតថា យើងត្រូវចែកចីវរដូចម្តេច១ រឿងភិក្ខុអ្នកចែកចីវររិះគិតថា យើងត្រូវឲ្យចំណែកចីវរ ដល់សាមណេរដូចម្តេច១ រឿងភិក្ខុមានសេចក្តីប្រាថ្នានឹងឆ្លងបឹង ឬផ្លូវលំបាក យកទាំងចំណែកចីវរ របស់ខ្លួនទៅផង១ រឿងភិក្ខុមានសេចក្តីប្រាថ្នានឹងឆ្លងស្ទឹង ឬផ្លូវលំបាក យកទាំងចំណែកចីវរ ដែលមានដំឡៃច្រើនជាងគេ១ រឿងភិក្ខុអ្នកចែកចីវររិះគិតថា យើងត្រូវឲ្យចំណែកចីវរដូចម្តេច១ រឿងភិក្ខុជ្រលក់ចីវរ ដោយអាច់គោ១ រឿងភិក្ខុជ្រលក់ចីវរ ដោយទឹកត្រជាក់ និងទឹកក្តៅ១ រឿងទឹកជ្រលក់ពុះផុលកំពប់១ រឿងភិក្ខុមិនដឹងថា ទឹកជ្រលក់ឆ្អិន ឬមិនឆ្អិន១ រឿងភិក្ខុសិតទឹកជ្រលក់ ឆ្នាំងក៏បែកទៅ១ រឿងភិក្ខុគ្មានភាជនសម្រាប់ដាក់ទឹកជ្រលក់១ រឿងភិក្ខុជ្រលក់ចីវរក្នុងផើង១ រឿងភិក្ខុហាលចីវរលើផែនដី១ រឿងសត្វកណ្តៀរកាត់កម្រាលស្មៅ១ រឿងភិក្ខុហាលចីវរបត់ចំទីពាក់កណ្តាល១ រឿងចីវររេច១ រឿងទឹកជ្រលក់ហូរទៅតែម្ខាង១ រឿងភិក្ខុជ្រលក់ចីវរដិតពេក១ រឿងចីវរអាក្រក់១ រឿងឆព្វគ្គិយភិក្ខុទ្រទ្រង់ចីវរមិនកាត់១ រឿងស្រែអ្នកមគធៈ មានសណ្ឋានជាបួនជ្រុង១ រឿព្រះមានព្រះភាគ បានទតឃើញភិក្ខុទាំងឡាយ វេចចីវរធ្វើជាបង្វេច១ រឿងព្រះសក្យមុនី ទ្រង់ល្បងមើលរដូវត្រជាក់ ក្នុងវេលាយប់ ហើយទ្រង់អនុញ្ញាតត្រៃចីវរ១ រឿងឆព្វគ្គិយភិក្ខុទ្រទ្រង់អតិរេកចីវរដទៃៗ១ រឿងព្រះអានន្ទបានអតិរេកចីវរ១ រឿងភិក្ខុស្បង់ធ្លុះ១ រឿងភ្លៀងធ្លាក់សព្វទ្វីបទាំងបួន១ រឿងនាងវិសាខាសុំពរ ដើម្បីប្រគេនវស្សិកសាដិកៈ អាគន្តុកភត្ត គមិកភត្ត គិលានភត្ត ឧបដ្ឋាកភត្ត ភេសជ្ជៈ ធុវយាគុ និងឧទកសាដិកៈ១ រឿងភិក្ខុឆាន់បណីតភោជន១ រឿងសំពត់និសីទនតូចពេក១ រឿងព្រះវេលដ្ឋសីស កើតបូសធំ១ រឿងព្រះដ៏មានព្រះភាគ ទ្រង់អនុញ្ញាតសំពត់ជូតមុខ១ រឿងរោជមល្លក្សត្រផ្ញើសំពត់សម្បកឈើ ទុកនឹងព្រះអានន្ទ១ រឿងត្រៃចីវរបរិបូណ៌ កើតឡើងដល់ភិក្ខុ១ រឿងព្រះអង្គទ្រង់អនុញ្ញាត ឲ្យភិក្ខុអធិដ្ឋានត្រៃចីវរជាដើម១ រឿងព្រះអង្គទ្រង់អនុញ្ញាត ឲ្យវិកប្បចីវរ យ៉ាងតូចបំផុត១ រឿងព្រះកស្សប ធ្វើសេចក្តីគោរព ក្នុងការដេរប៉ះសំពត់បស្សុកូល១ រឿងចីវរមានជាយមិនស្មើគ្នា១ រឿងចេសរសាត់ចេញ១ រឿងស្រទាប់សង្ឃាដិដាច់ចេញពីគ្នា១ រឿងភិក្ខុកាត់ចីវរសំពត់មិនគ្រាន់ ព្រះអង្គទ្រង់អនុញ្ញាត ឲ្យលើកឡើង នូវអាគន្តុកបដៈ១ រឿងចីវរច្រើន កើតឡើងដល់ភិក្ខុ១ រឿងភិក្ខុទុកចីវរ ក្នុងអន្ធវ័ន (ព្រៃងងឹត)១ រឿងព្រះអានន្ទ មានតែស្បង់ និងឧត្តរាសង្គៈ ចូលទៅបិណ្ឌបាតក្នុងស្រុក ដោយភ្លេចស្មារតី១ រឿងភិក្ខុចាំវស្សាតែម្នាក់ឯង១ រឿងភិក្ខុនៅតែម្នាក់ឯង អស់មួយរដូវ១ រឿងព្រះថេរៈពីររូបជាបងប្អូននឹងគ្នា នៅចាំវស្សា ក្នុងក្រុងសាវត្ថី១ រឿងភិក្ខុបីរូបនៅចាំវស្សាក្នុងក្រុងរាជគ្រឹះ១ រឿងព្រះឧបនន្ទ នៅចាំវស្សា ក្នុងក្រុងសាវត្ថី១ រឿងព្រះឧបនន្ទនៅចាំវស្សាតែម្នាក់ឯង ក្នុងអាវាសទាំងពីរ១ រឿងភិក្ខុមានអាពាធវិការក្នុងពោះ១ រឿងភិក្ខុមួយរូបមានជម្ងឺ១ រឿងជនទាំងពីរ គឺភិក្ខុមួយរូប សាមណេរមួយរូប បម្រើភិក្ខុមានជម្ងឺ១ រឿងភិក្ខុអាក្រាត១ រឿងភិក្ខុស្លៀកសំពត់ស្បូវភ្លាំង១ រឿងភិក្ខុស្លៀកសំពត់ ធ្វើពីសម្បកឈើ១ រឿងភិក្ខុស្លៀកសំពត់ ធ្វើពីផែនក្តារ១ រឿងភិក្ខុស្លៀកសំពត់កម្ពល ធ្វើពីសក់១ រឿងភិក្ខុស្លៀកសំពត់ ធ្វើពីរោមកន្ទុយសត្វ១ រឿងភិក្ខុស្លៀកសំពត់ ធ្វើពីស្លាបមៀម១ រឿងភិក្ខុស្លៀកសំពត់ធ្វើពីស្បែកខ្លា១ រឿងភិក្ខុស្លៀកសំពត់ធ្វើពីដើមរាក់១ រឿងភិក្ខុស្លៀកសំពត់ ធ្វើពីសម្បកក្រចៅ១ រឿងឆព្វគ្គិយភិក្ខុ ប្រើចីវរមានពណ៌ខៀវ ពណ៌លឿង ពណ៌ក្រហម ពណ៌ហង្សបាទ ពណ៌ខ្មៅ ពណ៌ក្រហមក្រមៅដូចខ្នងក្អែប ពណ៌លឿងទុំដូចផ្កាឈូក មានជាយមិនកាត់ មានជាយវែង មានជាយមានផ្កាជាផ្កាឈើ មានជាយមានផ្កាជាផ្លែឈើ អាវ មួក និងសំពត់ឈ្នួត១ រឿងចីវរមិនទាន់កើតឡើង ភិក្ខុចៀសចេញទៅ១ រឿងសង្ឃបែកគ្នា១ រឿងពួកជនប្រគេនទឹកមួយចំណែក និងចីវរមួយចំណែក ចំពោះសង្ឃ១ រឿងព្រះរេវតដ៏មានអាយុផ្ញើចីវរ១ រឿងភិក្ខុកាន់យកចីវរដោយសេចក្តីស្និទ្ធស្នាល១ រឿងភិក្ខុអធិដ្ឋានមតកចីវរ១ រឿងមាតិកានាំឲ្យកើតចីវរមានប្រាំបីយ៉ាង១។
ចម្បេយ្យក្ខន្ធកៈ
[៨០] សម័យនោះ ព្រះពុទ្ធមានព្រះភាគ គង់នាឆ្នេរស្រះបោក្ខរណី ឈ្មោះគគ្គរា ទៀបក្រុងចម្បា។ សម័យនោះឯង ក្នុងកាសីជនបទ មានស្រុក១ ឈ្មោះវាសភៈ។ ភិក្ខុឈ្មោះកស្សបគោត្ត ជាម្ចាស់អាវាស ក្នុងស្រុកឈ្មោះវាសភៈនោះ មានចិត្តជាប់ចំពាក់ដោយការរៀបចំ ក្នុងអាវាសនោះ ដល់នូវសេចក្តីខ្វល់ខ្វាយដូច្នេះថា ធ្វើដូចម្តេច ភិក្ខុទាំងឡាយមានសីលជាទីស្រឡាញ់ ដែលមិនទាន់មកដល់ ក៏គប្បីឲ្យមកផង ភិក្ខុមានសីលជាទីស្រឡាញ់ ដែលមកដល់ហើយ ក៏គប្បីនៅជាសុខផង ម្យ៉ាងទៀត អាវាសនេះ គប្បីដល់នូវសេចក្តីចំរើន សេចក្តីលូតលាស់ និងការទូលំទូលាយ។ សម័យនោះឯង ពួកភិក្ខុជាច្រើនរូប ត្រាច់ទៅកាន់ចារិក ក្នុងកាសីជនបទ ក៏បានទៅដល់ស្រុក ឈ្មោះវាសភៈ ភិក្ខុឈ្មោះកស្សបគោត្ត បានឃើញពួកភិក្ខុនោះ កំពុងដើរមក អំពីចម្ងាយ លុះឃើញហើយ ក៏ក្រាលអាសនៈ ដំកល់ទឹកសម្រាប់លាងជើង តាំងសម្រាប់កល់ជើង និងវត្ថុសម្រាប់ជូតជើង ហើយក្រោកទទួលបាត្រ និងចីវរ អើពើដោយទឹកឆាន់ ធ្វើសេចក្តីខ្វល់ខ្វាយ ក្នុងការងូត ធ្វើសេចក្តីខ្វល់ខ្វាយ ក្នុងបបរ និងខាទនីយ និងភត្តទៀត។ ពួកភិក្ខុ ជាអាគន្តុកទាំងនោះ បានប្រឹក្សាគ្នាដូច្នេះថា ម្នាលអាវុសោទាំងឡាយ ភិក្ខុជាម្ចាស់អាវាសនេះ ល្អណាស់ ធ្វើសេចក្តីខ្វល់ខ្វាយ ក្នុងការងូត ធ្វើសេចក្តីខ្វល់ខ្វាយ ក្នុងបបរ និងខាទនីយៈ និងភត្តទៀត ម្នាលអាវុសោទាំងឡាយ បើដូច្នោះ យើងនឹងសម្រេចការនៅក្នុងវាសភគ្រាមនេះចុះ។ គ្រានោះ ពួកអាគន្តុកភិក្ខុនោះ ក៏សម្រេចការនៅ ក្នុងវាសភគ្រាមនោះឯង។ ភិក្ខុឈ្មោះកស្សបគោត្ត មានសេចក្តីត្រិះរិះ ក្នុងពេលនោះ ដូច្នេះថា សេចក្តីលំបាក ដោយកិច្ចជាអាគន្តុក របស់អាគន្តុកភិក្ខុទាំងនេះ ក៏ស្ងប់រម្ងាប់ទៅហើយ ឥឡូវ ភិក្ខុទាំងឡាយនោះ ដែលមិនស្គាល់ទីគោចរជាប្រក្រតី ក៏ត្រឡប់ស្គាល់ហើយ ឯការធ្វើសេចក្តីខ្វល់ខ្វាយ ក្នុងត្រកូល នៃបុគ្គលដទៃ អស់មួយជីវិត ជាការកម្រពេកណាស់ ម្យ៉ាងទៀត ការសូម មិនជាទីគាប់ចិត្ត ដល់មនុស្សទាំងឡាយ បើដូច្នោះ គួរតែអញ កុំធ្វើសេចក្តីខ្វល់ខ្វាយ ក្នុងបបរ និងខាទនីយៈ និងភត្តទៀត។ ភិក្ខុ ឈ្មោះកស្សបគោត្តនោះ លែងធ្វើសេចក្តីខ្វល់ខ្វាយ ក្នុងបបរ និងខាទនីយៈ និងភត្ត។ សេចក្តីប្រឹក្សាដូច្នេះ កើតមាន ដល់ភិក្ខុអាគន្តុកនោះថា ម្នាលអាវុសោទាំងឡាយ ពីដើម ភិក្ខុជាម្ចាស់អាវាសនេះ ធ្វើសេចក្តីខ្វល់ខ្វាយ ក្នុងការងូត ធ្វើសេចក្តីខ្វល់ខ្វាយ ក្នុងបបរ និងខាទនីយៈ និងភត្តទៀត ឥឡូវ ភិក្ខុជាម្ចាស់អាវាសនោះ លែងធ្វើសេចក្តីខ្វល់ខ្វាយ ក្នុងបបរ និងខាទនីយៈ និងភត្តហើយ ម្នាលអាវុសោទាំងឡាយ ឥឡូវនេះ ភិក្ខុជាម្ចាស់អាវាសនេះ ត្រឡប់ទៅជាកាចវិញហើយ ម្នាលអាវុសោទាំងឡាយ បើដូច្នោះ គួរយើងទាំងឡាយ លើកវត្តភិក្ខុជាម្ចាស់អាវាសនេះ។ គ្រានោះឯង ពួកភិក្ខុ ជាអាគន្តុកនោះ ប្រជុំគ្នាហើយ បាននិយាយពាក្យនេះ នឹងភិក្ខុឈ្មោះកស្សបគោត្តថា ម្នាលអាវុសោ ពីដើម លោកធ្វើសេចក្តីខ្វល់ខ្វាយ ក្នុងការងូត ធ្វើសេចក្តីខ្វល់ខ្វាយ ក្នុងបបរ និងខាទនីយៈ និងភត្ត ឥឡូវនេះ លោកលែងធ្វើសេចក្តីខ្វល់ខ្វាយ ក្នុងបបរ និងខាទនីយៈ និងភត្ត ម្នាលអាវុសោ លោកត្រូវអាបត្តិហើយ លោកឃើញអាបត្តិនុ៎ះឬទេ។ ភិក្ខុជាម្ចាស់អាវាសនោះ ឆ្លើយថា ម្នាលអាវុសោ អាបត្តិដែលខ្ញុំគប្បីឃើញនោះ ខ្ញុំគ្មានទេ។ លំដាប់នោះ ពួកភិក្ខុជាអាគន្តុកនោះ លើកវត្តភិក្ខុ ឈ្មោះកស្សបគោត្ត ព្រោះមិនឃើញអាបត្តិ។ ភិក្ខុឈ្មោះកស្សបគោត្ត មានសេចក្តីត្រិះរិះ ក្នុងពេលនោះថា អាត្មាអញ មិនដឹងនូវហេតុនេះថា នេះជាអាបត្តិ ឬមិនមែនជាអាបត្តិ ម្យ៉ាងទៀត អញត្រូវអាបត្តិហើយ ឬមិនទាន់ត្រូវទេ សង្ឃ (គួរ) លើកវត្តអញ ឬមិន (គួរ) លើកវត្តទេ ដោយកម្មប្រកបដោយធម៌ ឬមិនប្រកបដោយធម៌ទេ ដោយកម្មដ៏កម្រើក ឬមិនកម្រើកទេ ដោយកម្មគួរដល់ហេតុ ឬមិនគួរដល់ហេតុទេ បើដូច្នោះ មានតែអញ គប្បីទៅកាន់ក្រុងចម្បា ហើយក្រាបបង្គំទូលសួរសេចក្តីនេះ នឹងព្រះដ៏មានព្រះភាគ។ គ្រានោះឯង ភិក្ខុឈ្មោះកស្សបគោត្ត រៀបចំទុកដាក់សេនាសនៈ ហើយកាន់យកបាត្រ និងចីវរ ចៀសចេញ ទៅកាន់ក្រុងចម្បា ហើយចូលទៅគាល់ព្រះដ៏មានព្រះភាគ ឯក្រុងចម្បា ដោយលំដាប់ លុះចូលទៅដល់ហើយ ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយនៅក្នុងទីដ៏សមគួរ។ ការរាក់ទាក់មួយអន្លើ ដោយភិក្ខុទាំងឡាយ ជាអាគន្តុកនេះ ជាបវេណី របស់ព្រះពុទ្ធទាំងឡាយ ដ៏មានព្រះភាគ។ គ្រានោះឯង ព្រះដ៏មានព្រះភាគ ទ្រង់មានព្រះបន្ទូលនេះ នឹងភិក្ខុ ឈ្មោះកស្សបគោត្តថា ម្នាលភិក្ខុ អ្នកឯងអាចអត់ទ្រាំសេចក្តីទុក្ខបានឬទេ អាចញុំាងអត្តភាព ឲ្យប្រព្រឹត្តទៅបានឬទេ អ្នកឯងមកកាន់ផ្លូវឆ្ងាយ មិនលំបាកទេឬ ម្នាលភិក្ខុ ម្យ៉ាងទៀត អ្នកមកពីណា។ ភិក្ខុឈ្មោះកស្សបគោត្ត ក្រាបបង្គំទូលថា បពិត្រព្រះដ៏មានព្រះភាគ ខ្ញុំព្រះអង្គ អាចអត់ធន់សេចក្តីទុក្ខបាន បពិត្រព្រះមានព្រះភាគ ខ្ញុំព្រះអង្គ អាចញុំាងអត្តភាព ឲ្យប្រព្រឹត្តទៅបាន បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ មកកាន់ផ្លូវឆ្ងាយ ដោយមិនមានសេចក្តីលំបាកទេ បពិត្រព្រះអង្គដ៏ចំរើន ស្រុកឈ្មោះវាសភៈ មានក្នុងកាសីជនបទ ខ្ញុំព្រះអង្គជាម្ចាស់អាវាស ក្នុងស្រុកឈ្មោះវាសភៈនោះ ជាប់ចំពាក់ដោយការរៀបចំក្នុងអាវាសនោះ ដល់នូវសេចក្តីខ្វល់ខ្វាយថា ធ្វើដូចម្តេច ភិក្ខុទាំងឡាយដែលមានសីលជាទីស្រឡាញ់ ដែលមិនទាន់មក គប្បីឲ្យមកផង ភិក្ខុដែលមានសីលជាទីស្រឡាញ់មកដល់ហើយ គប្បីនៅសប្បាយផង ម្យ៉ាងទៀត អាវាសនេះ គប្បីដល់នូវសេចក្តីចំរើន លូតលាស់ ទូលំទូលាយ បពិត្រព្រះអង្គដ៏ចំរើន ពេលនោះ មានពួកភិក្ខុជាច្រើនរូប ត្រេចទៅកាន់ចារិក ក្នុងកាសីជនបទ ក៏បានទៅដល់វាសភគ្រាម បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ បានឃើញពួកភិក្ខុនោះមកពីចម្ងាយ លុះឃើញហើយ ក៏ក្រាលអាសនៈ ដំកល់ទឹកលាងជើង តាំងសម្រាប់ទ្រជើង និងវត្ថុសម្រាប់ជូតជើង ហើយក្រោកទទួលនូវបាត្រ និងចីវរ អើពើដោយទឹកឆាន់ បានធ្វើសេចក្តីខ្វល់ខ្វាយ ក្នុងការងូត បានធ្វើសេចក្តីខ្វល់ខ្វាយ ក្នុងបបរ និងខាទនីយៈ និងភត្តទៀត បពិត្រព្រះអង្គដ៏ចំរើន សេចក្តីប្រឹក្សាដូច្នេះ មានដល់ភិក្ខុទាំងឡាយ ជាអាគន្តុកនោះ ក្នុងពេលនោះថា ម្នាលអាវុសោទាំងឡាយ ភិក្ខុជាម្ចាស់អាវាសនេះ ល្អណាស់ ធ្វើសេចក្តីខ្វល់ខ្វាយ ក្នុងការងូត ធ្វើសេចក្តីខ្វល់ខ្វាយ ក្នុងបបរ និងខាទនីយៈ និងភត្តទៀត ម្នាលអាវុសោទាំងឡាយ បើដូច្នោះ មានតែយើងទាំងឡាយ នឹងសម្រេចការនៅ ក្នុងវាសភគ្រាមនេះឯង បពិត្រព្រះអង្គដ៏ចំរើន គ្រានោះឯង ពួកភិក្ខុជាអាគន្តុកនោះ សម្រេចការនៅ ក្នុងវាសភគ្រាមនោះ បពិត្រព្រះអង្គដ៏ចំរើន សេចក្តីត្រិះរិះនេះ មានដល់ខ្ញុំព្រះអង្គថា ការលំបាក ដោយអាគន្តុកកិច្ច របស់អាគន្តុកភិក្ខុទាំងនេះ ក៏ស្ងប់រម្ងាប់ទៅហើយ ឥឡូវ ភិក្ខុទាំងឡាយ ដែលមិនស្គាល់ទីគោចរជាប្រក្រតីនោះ ក៏បានស្គាល់ហើយ ការធ្វើសេចក្តីខ្វល់ខ្វាយ ក្នុងត្រកូល នៃបុគ្គលដទៃ អស់មួយជីវិត ជាការកម្រពេកណាស់ ម្យ៉ាងទៀត ការសូម ក៏មិនជាទីគាប់ចិត្ត ដល់មនុស្សទាំងឡាយឡើយ បើដូច្នោះ គួរតែអាត្មាអញ លែងធ្វើសេចក្តីខ្វល់ខ្វាយ ក្នុងបបរ និងខាទនីយៈ និងភត្តទៀត បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គនោះ លែងធ្វើសេចក្តីខ្វល់ខ្វាយ ក្នុងបបរ និងខាទនីយៈ និងភត្តទៀត បពិត្រព្រះអង្គដ៏ចំរើន ក្នុងពេលនោះ ភិក្ខុជាអាគន្តុកទាំងនោះ បានប្រឹក្សាគ្នាដូច្នេះថា ម្នាលអាវុសោទាំងឡាយ ពីដើម ភិក្ខុជាម្ចាស់អាវាសនេះ ធ្វើសេចក្តីខ្វល់ខ្វាយក្នុងការងូត ធ្វើសេចក្តីខ្វល់ខ្វាយ ក្នុងបបរ និងខាទនីយៈ និងភត្តទៀត ឥឡូវ ភិក្ខុនោះ លែងធ្វើសេចក្តីខ្វល់ខ្វាយ ក្នុងបបរ និងខាទនីយៈ និងភត្តហើយ ម្នាលអាវុសោទាំងឡាយ ឥឡូវ ភិក្ខុជាម្ចាស់អាវាសនេះ កាចណាស់ ម្នាលអាវុសោទាំងឡាយ បើដូច្នោះ មានតែយើងទាំងឡាយ នឹងលើកវត្តភិក្ខុជាម្ចាស់អាវាសនេះ បពិត្រព្រះអង្គដ៏ចំរើន លំដាប់នោះ ពួកភិក្ខុជាអាគន្តុកនោះ ប្រជុំគ្នាហើយ និយាយពាក្យនេះ នឹងខ្ញុំព្រះអង្គថា ម្នាលអាវុសោ ពីដើម អ្នកធ្វើសេចក្តីខ្វល់ខ្វាយក្នុងការងូត ធ្វើសេចក្តីខ្វល់ខ្វាយ ក្នុងបបរ និងខាទនីយៈ និងភត្ត ឥឡូវ អ្នកលែងធ្វើសេចក្តីខ្វល់ខ្វាយ ក្នុងបបរ និងខាទនីយៈ និងភត្តហើយ ម្នាលអាវុសោ អ្នកត្រូវអាបត្តិហើយ អ្នកឃើញអាបត្តិឬទេ ខ្ញុំព្រះអង្គឆ្លើយថា ម្នាលអាវុសោ អាបត្តិដែលខ្ញុំគប្បីឃើញនោះ មិនមានទេ បពិត្រព្រះអង្គដ៏ចំរើន ពួកភិក្ខុជាអាគន្តុកនោះ លើកវត្តខ្ញុំព្រះអង្គ ព្រោះមិនឃើញអាបត្តិ ក្នុងកាលនោះ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គមានសេចក្តីត្រិះរិះដូច្នេះថា អាត្មាអញមិនដឹងហេតុនេះថា នេះជាអាបត្តិ ឬមិនមែនជាអាបត្តិ ម្យ៉ាងទៀត អញត្រូវអាបត្តិហើយ ឬមិនទាន់ត្រូវទេ ម្យ៉ាងទៀតសង្ឃ (គួរ) លើកវត្តអញ ឬមិន (គួរ) លើកវត្តទេ ដោយកម្មប្រកបដោយធម៌ ឬមិនប្រកបដោយធម៌ទេ ដោយកម្មដ៏កម្រើក ឬមិនកម្រើកទេ ដោយកម្មគួរដល់ហេតុ ឬមិនគួរដល់ហេតុទេ បើដូច្នោះ មានតែអញ គប្បីទៅកាន់ក្រុងចម្បា ហើយក្រាបបង្គំទូលសួរសេចក្តីនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ បពិត្រព្រះដ៏មានព្រះភាគ ព្រោះហេតុនោះ បានជាខ្ញុំព្រះអង្គមក។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ នេះជាអនាបត្តិ នេះមិនមែនជាអាបត្តិទេ អ្នកជាភិក្ខុ ដែលមិនត្រូវអាបត្តិ អ្នកជាភិក្ខុមិនត្រូវអាបត្តិ (អ្វីទេ) អ្នកជាភិក្ខុ ដែលសង្ឃមិនគួរលើកវត្ត ជាភិក្ខុដែលសង្ឃលើកវត្តមិនបានទេ អ្នកសង្ឃបានលើកវត្តហើយ ដោយកម្មមិនប្រកបដោយធម៌ ដោយកម្មដ៏កម្រើក ដោយកម្មមិនគួរតាមហេតុទេ ម្នាលភិក្ខុ អ្នកចូរទៅសម្រេចការ នៅក្នុងវាសភគ្រាមនោះវិញចុះ។ ភិក្ខុឈ្មោះកស្សបគោត្ត ទទួលស្តាប់ព្រះពុទ្ធដីកាព្រះដ៏មានព្រះភាគ ដោយពាក្យថា ព្រះករុណាព្រះអង្គ ហើយក៏ក្រោកចាកអាសនៈ ថ្វាយបង្គំព្រះមានព្រះភាគ ធ្វើប្រទក្សិណហើយ ចៀសចេញទៅកាន់វាសភគ្រាមនោះ។ ក្នុងលំដាប់នោះ ពួកភិក្ខុជាអាគន្តុកនោះ កើតសេចក្តីរង្កៀសក្តៅក្រហាយថា មិនមែនជាលាភរបស់យើងហើយ យើងឈ្មោះថា ឥតលាភហើយ អត្តភាពជាមនុស្ស យើងបានដោយក្រ មិនមែនយើងបានដោយងាយទេ (ព្រោះ) យើងលើកវត្តភិក្ខុបរិសុទ្ធមិនមានអាបត្តិ ដោយឥតរឿង ឥតហេតុ ម្នាលអាវុសោទាំងឡាយ បើដូច្នោះ មានតែយើងទាំងឡាយ នឹងទៅក្រុងចម្បា ហើយសំដែងនូវទោសតាមទោស ក្នុងសំណាក់ព្រះដ៏មានព្រះភាគ។ គ្រានោះឯង ពួកភិក្ខុជាអាគន្តុកនោះ ក៏រៀបចំទុកដាក់សេនាសនៈ ហើយកាន់យកបាត្រ និងចីវរចៀសចេញទៅកាន់ក្រុងចម្បា ចូលទៅគាល់ព្រះដ៏មានព្រះភាគ ឯក្រុងចម្បា ដោយលំដាប់ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយនៅក្នុងទីដ៏សមគួរ។ សេចក្តីរីករាយនឹងភិក្ខុអាគន្តុកនេះ ជាប្រពៃណី របស់ព្រះពុទ្ធទាំងឡាយមានព្រះភាគ។ គ្រានោះឯង ព្រះដ៏មានព្រះភាគ ទ្រង់មានព្រះបន្ទូលនេះ នឹងពួកភិក្ខុនោះថា ម្នាលភិក្ខុទាំងឡាយ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ អាចអត់ទ្រាំសេចក្តីទុក្ខបានឬទេ អាចញុំាងអត្តភាព ឲ្យប្រព្រឹត្តទៅបានឬទេ អ្នកទាំងឡាយ មកកាន់ផ្លូវឆ្ងាយ ដោយការមិនលំបាកទេឬ ម្នាលភិក្ខុទាំងឡាយ ម្យ៉ាងទៀត អ្នកទាំងឡាយមកអំពីទីណា។ ពួកភិក្ខុទាំងនោះ ក្រាបបង្គំទូលថា បពិត្រព្រះដ៏មានព្រះភាគ ខ្ញុំព្រះអង្គ អាចអត់ទ្រាំបាន បពិត្រព្រះមានព្រះភាគ ខ្ញុំព្រះអង្គ អាចញុំាងអត្តភាព ឲ្យប្រព្រឹត្តទៅបាន បពិត្រព្រះអង្គដ៏ចំរើន ម្យ៉ាងទៀត យើងខ្ញុំទាំងឡាយ មកកាន់ផ្លូវឆ្ងាយ ដោយការមិនលំបាកទេ បពិត្រព្រះអង្គដ៏ចំរើន មានស្រុកមួយ ឈ្មោះវាសភៈ នៅក្នុងកាសីជនបទ បពិត្រព្រះមានព្រះភាគ យើងខ្ញុំទាំងឡាយ មកអំពីស្រុក ឈ្មោះវាសភៈនោះ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ លើកវត្តភិក្ខុ ជាចៅអាវាស មែនឬ។ ពួកភិក្ខុ ក្រាបបង្គំទូលថា ព្រះករុណាព្រះអង្គ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ លើកវត្ត ព្រោះវត្ថុដូចម្តេច ព្រោះហេតុដូចម្តេច។ ពួកភិក្ខុ ក្រាបបង្គំទូលថា បពិត្រព្រះដ៏មានព្រះភាគ ខ្ញុំព្រះអង្គទាំងឡាយ លើកវត្ត ដោយគ្មានវត្ថុ គ្មានហេតុទេ។ ព្រះពុទ្ធមានព្រះភាគ ទ្រង់តិះដៀលថា ម្នាលភិក្ខុទាំងឡាយ ការនេះមិនសមគួរ មិនទំនង មិនត្រូវបែប មិនមែនជារបស់សមណៈ មិនគប្បី មិនត្រូវធ្វើទេ ម្នាលមោឃបុរសទាំងឡាយ អ្នកទាំងឡាយ មិនគួរ នឹងលើកវត្តភិក្ខុដ៏ស្អាត គ្មានអាបត្តិ ដោយគ្មានវត្ថុ គ្មានហេតុទេ ម្នាលមោឃបុរសទាំងឡាយ ការនេះ នាំមិនឲ្យជ្រះថ្លា ដល់ពួកជន ដែលមិនទាន់ជ្រះថ្លា។បេ។ ទ្រង់តិះដៀលហើយ ទ្រង់ធ្វើធម្មីកថា រួចត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវលើកវត្តភិក្ខុដ៏បរិសុទ្ធ គ្មានអាបត្តិ ដោយគ្មានវត្ថុ គ្មានហេតុទេ ភិក្ខុណាលើកវត្ត ភិក្ខុនោះ ត្រូវអាបត្តិទុក្កដ។ គ្រានោះ ពួកភិក្ខុនោះ ក្រោកចាកអាសនៈ ហើយធ្វើសំពត់ឧត្តរាសង្គៈ លើស្មាម្ខាង ហើយក្រាបចុះទៀបព្រះបាទទាំងឡាយ នៃព្រះដ៏មានព្រះភាគ ដោយសិរសា ហើយទូលពាក្យនេះ នឹងព្រះដ៏មានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន យើងខ្ញុំទាំងឡាយ ត្រូវទោស ព្រោះជាបុគ្គលពាលយ៉ាងណា ជាបុគ្គលវង្វេងយ៉ាងណា ជាបុគ្គលមិនឆ្លាសយ៉ាងណា (ដោយហេតុ) យើងខ្ញុំទាំងឡាយ លើកវត្តភិក្ខុដ៏ស្អាត មិនមានអាបត្តិ ដោយគ្មានវត្ថុ គ្មានហេតុ បពិត្រព្រះអង្គដ៏ចំរើន សូមព្រះដ៏មានព្រះភាគ ទទួលអត់ទោស តាមទោស នៃយើងខ្ញុំទាំងឡាយ ដើម្បីសង្រួមតទៅ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ត្រូវទោស ព្រោះជាបុគ្គលពាល ជាបុគ្គលវង្វេង ជាបុគ្គលមិនឆ្លាស យ៉ាងណា (ដោយហេតុ) អ្នកទាំងឡាយ បានលើកវត្តភិក្ខុដ៏ស្អាត មិនមានអាបត្តិ ដោយគ្មានវត្ថុ គ្មានហេតុ ម្នាលភិក្ខុទាំងឡាយ កាលណាបើអ្នកទាំងឡាយ ឃើញទោសតាមទោសហើយ ចូរធ្វើតប (សំដែង) នូវទោសតាមធម៌ចុះ តថាគត ទទួលអត់ទោសនោះ របស់អ្នកទាំងឡាយ ម្នាលភិក្ខុទាំងឡាយ សេចក្តីពិតថា ភិក្ខុណាឃើញទោស តាមទោសហើយ ធ្វើតបទោសនោះ តាមធម៌ ដល់នូវសេចក្តីសង្រួមតទៅ នេះជាសេចក្តីចំរើន របស់ភិក្ខុនោះ ក្នុងអរិយវិន័យ។
[៨១] សម័យនោះឯង ភិក្ខុទាំងឡាយនៅក្នុងក្រុងចម្បា ធ្វើកម្មទាំងឡាយ មានសភាពយ៉ាងនេះ គឺធ្វើកម្មជាពួក ព្រមទាំងមិនប្រកបដោយធម៌ខ្លះ ធ្វើកម្មព្រមព្រៀង តែមិនប្រកបដោយធម៌ខ្លះ ធ្វើកម្មជាពួក តែប្រកបដោយធម៌ខ្លះ ធ្វើកម្មជាពួក ព្រមទាំងប្រកប ដោយធម៌ប្លមខ្លះ ធ្វើកម្មព្រមព្រៀង តែប្រកបដោយធម៌ប្លមខ្លះ ភិក្ខុមួយរូប លើកវត្តភិក្ខុមួយរូប ក៏មាន ភិក្ខុមួយរូប លើកវត្តភិក្ខុពីររូបក៏មាន ភិក្ខុមួយរូប លើកវត្តភិក្ខុច្រើនរូប ក៏មាន ភិក្ខុមួយរូប លើកវត្តសង្ឃ ក៏មាន ភិក្ខុពីររូប លើកវត្តភិក្ខុមួយរូប ក៏មាន ភិក្ខុពីររូប លើកវត្តភិក្ខុពីររូប ក៏មាន ភិក្ខុពីររូប លើកវត្តភិក្ខុច្រើនរូប ក៏មាន ភិក្ខុពីររូប លើកវត្តសង្ឃ ក៏មាន ភិក្ខុច្រើនរូប លើកវត្តភិក្ខុមួយរូប ក៏មាន ភិក្ខុច្រើនរូប លើកវត្តភិក្ខុពីររូប ក៏មាន ភិក្ខុច្រើនរូប លើកវត្តភិក្ខុច្រើនរូប ក៏មាន ភិក្ខុច្រើនរូប លើកវត្តសង្ឃ ក៏មាន សង្ឃលើកវត្តសង្ឃ ក៏មាន។ ភិក្ខុទាំងឡាយណា មានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុទាំងឡាយនោះ ពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុក្នុងក្រុងចម្បា មិនគួរនឹងធ្វើកម្មទាំងឡាយ មានសភាពយ៉ាងនេះ នឹងធ្វើកម្មជាពួក ព្រមទាំងមិនប្រកបដោយធម៌។បេ។ សង្ឃលើកវត្តសង្ឃក៏មាន។ គ្រានោះ ពួកភិក្ខុនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ឮថា ពួកភិក្ខុក្នុងក្រុងចម្បា ធ្វើកម្មទាំងឡាយ មានសភាពយ៉ាងនេះ គឺធ្វើកម្មជាពួក ព្រមទាំងមិនប្រកបដោយធម៌។បេ។ សង្ឃលើកវត្តសង្ឃក៏មាន ពិតមែនឬ។ ពួកភិក្ខុ ក្រាបបង្គំទូលថា សូមទ្រង់ព្រះមេត្តាប្រោស ពិតមែន។ ព្រះពុទ្ធជាម្ចាស់ដ៏មានព្រះភាគ ទ្រង់បន្ទោស។បេ។ លុះទ្រង់បន្ទោសហើយ ទ្រង់ធ្វើធម្មីកថា រួចត្រាស់ហៅភិក្ខុទាំងឡាយមកថា។
[៨២] ម្នាលភិក្ខុទាំងឡាយ បើកម្មជាពួក ទាំងមិនប្រកបដោយធម៌ ក៏ឈ្មោះថា មិនមែនជាកម្ម ភិក្ខុមិនត្រូវធ្វើទេ។ ម្នាលភិក្ខុទាំងឡាយ បើកម្មព្រមព្រៀង តែមិនប្រកបដោយធម៌ក៏ឈ្មោះថា មិនមែនជាកម្ម ភិក្ខុមិនត្រូវធ្វើទេ។ ម្នាលភិក្ខុទាំងឡាយ បើកម្មជាពួក តែប្រកបដោយធម៌ ក៏ឈ្មោះថា មិនមែនជាកម្ម ភិក្ខុមិនត្រូវធ្វើទេ។ ម្នាលភិក្ខុទាំងឡាយ បើកម្មជាពួក ទាំងប្រកបដោយធម៌ប្លម ក៏ឈ្មោះថា មិនមែនជាកម្ម ភិក្ខុមិនត្រូវធ្វើទេ។ ម្នាលភិក្ខុទាំងឡាយ បើកម្មព្រមព្រៀងគ្នា តែប្រកបដោយធម៌ប្លម ក៏ឈ្មោះថា មិនមែនជាកម្ម ភិក្ខុមិនត្រូវធ្វើទេ។ ភិក្ខុមួយរូបលើកវត្តភិក្ខុមួយរូបក្តី ក៏ឈ្មោះថា មិនមែនជាកម្ម ភិក្ខុមិនត្រូវធ្វើទេ ភិក្ខុមួយរូប លើកវត្តភិក្ខុពីររូបក្តី ក៏ឈ្មោះថា មិនមែនជាកម្ម ភិក្ខុមិនត្រូវធ្វើទេ។ ភិក្ខុមួយរូប លើកវត្តភិក្ខុច្រើនរូបក្តី ក៏ឈ្មោះថា មិនមែនជាកម្ម ភិក្ខុមិនត្រូវធ្វើទេ។ ភិក្ខុមួយរូប លើកវត្តសង្ឃក្តី ក៏ឈ្មោះថា មិនមែនជាកម្ម ភិក្ខុមិនត្រូវធ្វើទេ។ ភិក្ខុពីររូប លើកវត្តភិក្ខុមួយរូបក្តី ក៏ឈ្មោះថា មិនមែនជាកម្ម ភិក្ខុមិនត្រូវធ្វើទេ។ ភិក្ខុពីររូប លើកវត្តភិក្ខុពីររូបក្តី ក៏ឈ្មោះថា មិនមែនជាកម្ម ភិក្ខុមិនត្រូវធ្វើទេ។ ភិក្ខុពីររូប លើកវត្តភិក្ខុច្រើនរូបក្តី ក៏ឈ្មោះថា មិនមែនជាកម្ម ភិក្ខុមិនត្រូវធ្វើទេ។ ភិក្ខុពីររូប លើកវត្តសង្ឃក្តី ក៏ឈ្មោះថា មិនមែនជាកម្ម ភិក្ខុមិនត្រូវធ្វើទេ។ ភិក្ខុច្រើនរូប លើកវត្ត ចំពោះភិក្ខុមួយរូបក្តី ក៏ឈ្មោះថា មិនមែនជាកម្ម ភិក្ខុមិនត្រូវធ្វើទេ។ ភិក្ខុច្រើនរូប លើកវត្តភិក្ខុពីររូបក្តី ក៏ឈ្មោះថា មិនមែនជាកម្ម ភិក្ខុមិនត្រូវធ្វើទេ។ ភិក្ខុច្រើនរូប លើកវត្តភិក្ខុច្រើនរូបក្តី ក៏ឈ្មោះថា មិនមែនជាកម្ម ភិក្ខុមិនត្រូវធ្វើទេ។ ភិក្ខុច្រើនរូប លើកវត្តសង្ឃក្តី ក៏ឈ្មោះថា មិនមែនជាកម្ម ភិក្ខុមិនត្រូវធ្វើទេ។ សង្ឃលើកវត្តសង្ឃក្តី ក៏ឈ្មោះថា មិនមែនជាកម្ម ភិក្ខុមិនត្រូវធ្វើទេ។
[៨៣] ម្នាលភិក្ខុទាំងឡាយ ឯកម្មនេះមាន៤យ៉ាងគឺ កម្មជាពួកទាំងមិនប្រកបដោយធម៌១ កម្មព្រមព្រៀង តែមិនប្រកបដោយធម៌១ កម្មជាពួក តែប្រកបដោយធម៌១ កម្មព្រមព្រៀង ទាំងប្រកបដោយធម៌១។ ម្នាលភិក្ខុទាំងឡាយ បណ្តាកម្មទាំង៤យ៉ាងនេះ កម្មណាជាពួក ទាំងមិនប្រកបដោយធម៌ ម្នាលភិក្ខុទាំងឡាយ កម្មនេះឯង ជាកម្មកំរើក (ខូច) មិនគួរដល់ហេតុ ព្រោះជាកម្មមិនប្រកបដោយធម៌ផង ជាពួកផង ម្នាលភិក្ខុទាំងឡាយ កម្មមានសភាពយ៉ាងនេះ ភិក្ខុមិនត្រូវធ្វើទេ កម្មមានសភាពយ៉ាងនេះ តថាគតមិនបានអនុញ្ញាតទេ។ ម្នាលភិក្ខុទាំងឡាយ បណ្តាកម្មទាំងឡាយនោះ កម្មណាព្រមព្រៀង តែមិនប្រកបដោយធម៌ ម្នាលភិក្ខុទាំងឡាយ កម្មនេះ ជាកម្មកំរើក មិនគួរដល់ហេតុ ព្រោះថាកម្មនោះ មិនប្រកបដោយធម៌ ម្នាលភិក្ខុទាំងឡាយ កម្មមានសភាពយ៉ាងនេះ ភិក្ខុមិនត្រូវធ្វើទេ កម្មមានសភាពយ៉ាងនេះ តថាគតមិនបានអនុញ្ញាតទេ។ ម្នាលភិក្ខុទាំងឡាយ បណ្តាកម្មទាំងឡាយនោះ កម្មណាជាពួក តែប្រកបដោយធម៌ ម្នាលភិក្ខុទាំងឡាយ កម្មនេះឯង ជាកម្មកំរើក មិនគួរដល់ហេតុ ព្រោះថាកម្មនោះ ជាពួក ម្នាលភិក្ខុទាំងឡាយ កម្មមានសភាពយ៉ាងនេះ ភិក្ខុមិនត្រូវធ្វើទេ កម្មមានសភាពយ៉ាងនេះ តថាគតមិនបានអនុញ្ញាតទេ។ ម្នាលភិក្ខុទាំងឡាយ បណ្តាកម្មទាំងឡាយនោះ កម្មណាព្រមព្រៀង ទាំងប្រកបដោយធម៌ ម្នាលភិក្ខុទាំងឡាយ កម្មនេះឯង ជាកម្មមិនកំរើក ជាកម្មគួរដល់ហេតុ ព្រោះថាកម្មនោះ ប្រកបដោយធម៌ផង ព្រមព្រៀងផង ម្នាលភិក្ខុទាំងឡាយ កម្មមានសភាពយ៉ាងនេះ ភិក្ខុត្រូវធ្វើចុះ កម្មមានសភាពយ៉ាងនេះ តថាគតក៏អនុញ្ញាត។ ព្រោះហេតុដូច្នោះ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ត្រូវសិក្សាក្នុងសាសនានេះថា យើងទាំងឡាយ នឹងធ្វើកម្ម មានសភាពយ៉ាងនេះ គឺកម្មព្រមព្រៀងគ្នា ទាំងប្រកបដោយធម៌ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ត្រូវសិក្សាដោយប្រការដូច្នេះឯង។
[៨៤] សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុធ្វើកម្មទាំងឡាយមានសភាពយ៉ាងនេះគឺ ធ្វើកម្មជាពួក ទាំងមិនប្រកបដោយធម៌ខ្លះ ធ្វើកម្មព្រមព្រៀង តែមិនប្រកបដោយធម៌ខ្លះ ធ្វើកម្មជាពួក តែប្រកបដោយធម៌ខ្លះ ធ្វើកម្មជាពួក ទាំងប្រកបដោយធម៌ប្លមខ្លះ ធ្វើកម្មព្រមព្រៀង តែប្រកបដោយធម៌ប្លមខ្លះ ធ្វើកម្មវិបត្តិដោយញត្តិ តែបរិបូណ៌ដោយអនុស្សាវនាខ្លះ ធ្វើកម្មវិបត្តិ ដោយអនុស្សាវនា តែបរិបូណ៌ដោយញត្តិខ្លះ ធ្វើកម្មវិបត្តិដោយញត្តិ និងវិបត្តិដោយអនុស្សាវនាខ្លះ ធ្វើកម្មខុសចាកធម៌ខ្លះ ធ្វើកម្មខុសចាកវិន័យខ្លះ ធ្វើកម្មខុសចាកសត្ថុសាសនខ្លះ ធ្វើកម្មដែលព្រះពុទ្ធតិះដៀលហើយ ជាកម្មមិនប្រកបដោយធម៌ ជាកម្មកំរើក មិនគួរដល់ហេតុខ្លះ។ ពួកភិក្ខុណា មានសេចក្តីប្រាថ្នាតិច។បេ។ ពួកភិក្ខុទាំងនោះ ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកឆព្វគ្គិយភិក្ខុ មិនគួរនឹងធ្វើកម្មទាំងឡាយ មានសភាពយ៉ាងនេះសោះ គឺធ្វើកម្មជាពួក ទាំងមិនប្រកបដោយធម៌ខ្លះ។បេ។ ធ្វើកម្មដែលព្រះពុទ្ធ ទ្រង់តិះដៀលហើយ ជាកម្មមិនប្រកបដោយធម៌ ជាកម្មកំរើក ជាកម្មមិនគួរដល់ហេតុខ្លះ។ គ្រានោះ ពួកភិក្ខុនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ឮថា ពួកឆព្វគ្គិយភិក្ខុ ធ្វើកម្មទាំងឡាយ មានសភាពយ៉ាងនេះ គឺធ្វើកម្មជាពួក ទាំងមិនប្រកបដោយធម៌ខ្លះ។បេ។ ធ្វើកម្ម ដែលព្រះពុទ្ធ ទ្រង់តិះដៀល ជាកម្មមិនប្រកបដោយធម៌ ជាកម្មកំរើក ជាកម្មមិនគួរដល់ហេតុខ្លះ ពិតមែនឬ។ ពួកភិក្ខុ ក្រាបបង្គំទូលថា សូមទ្រង់ព្រះមេត្តាប្រោស ពិតមែន។ ព្រះពុទ្ធដ៏មានព្រះភាគ ទ្រង់តិះដៀល។បេ។ លុះទ្រង់តិះដៀលហើយ ទ្រង់ធ្វើធម្មីកថា ត្រាស់ហៅភិក្ខុទាំងឡាយមកថា។
[៨៥] ម្នាលភិក្ខុទាំងឡាយ បើកម្មជាពួក ទាំងមិនប្រកបដោយធម៌ ឈ្មោះថា មិនមែនជាកម្ម មិនត្រូវធ្វើទេ។ ម្នាលភិក្ខុទាំងឡាយ បើកម្មព្រមព្រៀង តែមិនប្រកបដោយធម៌ ក៏ឈ្មោះថា មិនមែនជាកម្ម មិនត្រូវធ្វើទេ។ ម្នាលភិក្ខុទាំងឡាយ បើកម្មជាពួក តែប្រកបដោយធម៌ ក៏ឈ្មោះថា មិនមែនជាកម្ម មិនត្រូវធ្វើទេ។ ម្នាលភិក្ខុទាំងឡាយ បើកម្មជាពួក ទាំងប្រកបដោយធម៌ប្លម ក៏ឈ្មោះថា មិនមែនជាកម្ម មិនត្រូវធ្វើទេ។ ម្នាលភិក្ខុទាំងឡាយ បើកម្មព្រមព្រៀង តែប្រកបដោយធម៌ប្លម ក៏ឈ្មោះថា មិនមែនជាកម្ម មិនត្រូវធ្វើទេ។ ម្នាលភិក្ខុទាំងឡាយ បើកម្មវិបត្តិដោយញត្តិ តែបរិបូណ៌ដោយអនុស្សាវនា ក៏ឈ្មោះថា មិនមែនជាកម្ម មិនត្រូវធ្វើទេ។ ម្នាលភិក្ខុទាំងឡាយ បើកម្មវិបត្តិ ដោយអនុស្សាវនា តែបរិបូណ៌ដោយញត្តិ ក៏ឈ្មោះថា មិនមែនជាកម្ម មិនត្រូវធ្វើទេ។ ម្នាលភិក្ខុទាំងឡាយ បើកម្មវិបត្តិដោយញត្តិផង វិបត្តិដោយអនុស្សាវនាផង ក៏ឈ្មោះថា មិនមែនជាកម្ម មិនត្រូវធ្វើទេ។ ម្នាលភិក្ខុទាំងឡាយ កម្មខុសចាកធម៌ក្តី ក៏ឈ្មោះថា មិនមែនជាកម្ម មិនត្រូវធ្វើទេ។ ម្នាលភិក្ខុទាំងឡាយ កម្មខុសចាកវិន័យ ក៏ឈ្មោះថា មិនមែនជាកម្ម មិនត្រូវធ្វើទេ។ ម្នាលភិក្ខុទាំងឡាយ កម្មខុសចាកសត្ថុសាសនៈ ក៏ឈ្មោះថា មិនមែនជាកម្ម មិនត្រូវធ្វើទេ។ ម្នាលភិក្ខុទាំងឡាយ បើកម្មដែលព្រះពុទ្ធ ទ្រង់តិះដៀល ជាកម្មមិនប្រកបដោយធម៌ ជាកម្មកំរើក ជាកម្មមិនគួរដល់ហេតុ ក៏ឈ្មោះថា មិនមែនជាកម្ម មិនត្រូវធ្វើទេ។
[៨៦] ម្នាលភិក្ខុទាំងឡាយ កម្មនេះមាន៦យ៉ាង គឺកម្មមិនប្រកបដោយធម៌១ កម្មជាពួក១ កម្មព្រមព្រៀង១ កម្មជាពួក ទាំងប្រកបដោយធម៌ប្លម១ កម្មព្រមព្រៀង តែប្រកបដោយធម៌ប្លម១ កម្មព្រមព្រៀង ទាំងប្រកបដោយធម៌១។
[៨៧] ម្នាលភិក្ខុទាំងឡាយ កម្មមិនប្រកបដោយធម៌ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បើកម្មមានញត្តិជាគំរប់ពីរ (សង្ឃ) ធ្វើកម្មដោយញត្តិម្តង តែមិនសូត្រកម្មវាចា ហៅថា កម្មមិនប្រកបដោយធម៌។ ម្នាលភិក្ខុទាំងឡាយ បើកម្មមានញត្តិជាគំរប់ពីរ (សង្ឃ) ធ្វើកម្មដោយញត្តិពីរដង តែមិនសូត្រកម្មវាចា ហៅថា កម្មមិនប្រកបដោយធម៌។ ម្នាលភិក្ខុទាំងឡាយ បើកម្មមានញត្តិជាគំរប់ពីរ (សង្ឃ) ធ្វើកម្ម ដោយកម្មវាចា១ តែមិនតាំងញត្តិ ហៅថា កម្មមិនប្រកបដោយធម៌។ ម្នាលភិក្ខុទាំងឡាយ បើកម្ម មានញត្តិជាគំរប់ពីរ (សង្ឃ) ធ្វើកម្ម ដោយកម្មវាចាពីរ តែមិនតាំងញត្តិ ហៅថា កម្មមិនប្រកបដោយធម៌។ ម្នាលភិក្ខុទាំងឡាយ បើកម្មមានញត្តិជាគំរប់៤ (សង្ឃ) ធ្វើកម្ម ដោយញត្តិ១ តែមិនសូត្រកម្មវាចា ហៅថា កម្មមិនប្រកបដោយធម៌។ ម្នាលភិក្ខុទាំងឡាយ បើកម្មមានញត្តិជាគំរប់៤ (សង្ឃ) ធ្វើកម្ម ដោយញត្តិពីរក្តី ដោយញត្តិបីក្តី ដោយញត្តិបួនក្តី តែមិនសូត្រកម្មវាចា ហៅថា កម្មមិនប្រកបដោយធម៌។ ម្នាលភិក្ខុទាំងឡាយ បើកម្មមានញត្តិជាគំរប់៤ (សង្ឃ) ធ្វើកម្ម ដោយកម្មវាចា១ តែមិនតាំងញត្តិ ហៅថា កម្មមិនប្រកបដោយធម៌។ ម្នាលភិក្ខុទាំងឡាយ បើកម្មមានញត្តិជាគំរប់៤ (សង្ឃ) ធ្វើកម្ម ដោយកម្មវាចាពីរក្តី ដោយកម្មវាចាបីក្តី ដោយកម្មវាចាបួនក្តី តែមិនបានតាំងញត្តិ ហៅថា កម្មមិនប្រកបដោយធម៌។ ម្នាលភិក្ខុទាំងឡាយ កម្មនេះ តថាគតហៅថា កម្មមិនប្រកបដោយធម៌។
[៨៨] ម្នាលភិក្ខុទាំងឡាយ កម្មជាពួក(នោះ) តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បើកម្មមានញត្តិជាគំរប់ពីរ ភិក្ខុប៉ុន្មានរូបគួរដល់កម្ម ភិក្ខុទាំងឡាយនោះ មិនទាន់មកជួបជុំគ្នាក្តី ឆន្ទរបស់ភិក្ខុទាំងឡាយ ដែលគួរដល់ឆន្ទ ភិក្ខុក៏មិនបាននាំមកក្តី ភិក្ខុទាំងឡាយ ដែលមានក្នុងទីចំពោះមុខ ក៏ហាមឃាត់កម្មក្តី ហៅថា កម្មជាពួក។ ម្នាលភិក្ខុទាំងឡាយ បើកម្មមានញត្តិជាគំរប់ពីរ ភិក្ខុប៉ុន្មានរូប ដែលគួរដល់កម្ម ភិក្ខុទាំងឡាយនោះ មកជួបជុំគ្នាហើយ តែឆន្ទរបស់ភិក្ខុទាំងឡាយ ដែលគួរដល់ឆន្ទ ភិក្ខុក៏មិនបាននាំមកក្តី ភិក្ខុទាំងឡាយ ដែលមានក្នុងទីចំពោះមុខ ក៏ហាមឃាត់ក្តី ហៅថា កម្មជាពួក។ ម្នាលភិក្ខុទាំងឡាយ បើកម្មមានញត្តិជាគំរប់ពីរ ភិក្ខុដែលគួរដល់កម្មទាំងប៉ុន្មាន ភិក្ខុទាំងនោះ ក៏មកជួបជុំគ្នាហើយក្តី ឆន្ទរបស់ភិក្ខុទាំងឡាយ ដែលគួរដល់ឆន្ទ ភិក្ខុក៏បាននាំមកក្តី តែភិក្ខុទាំងឡាយ ដែលមានក្នុងទីចំពោះមុខ ក៏ហាមឃាត់កម្ម ហៅថា កម្មជាពួក។ ម្នាលភិក្ខុទាំងឡាយ បើកម្មមានញត្តិជាគំរប់៤ ភិក្ខុដែលគួរដល់កម្មទាំងប៉ុន្មាន ភិក្ខុទាំងនោះ ក៏មិនបានមកជួបជុំគ្នាក្តី ឆន្ទៈរបស់ភិក្ខុទាំងឡាយ ដែលគួរដល់ឆន្ទៈ ភិក្ខុមិនបាននាំមកក្តី ភិក្ខុទាំងឡាយ ដែលមានក្នុងទីចំពោះមុខ ក៏ហាមឃាត់កម្មក្តី ហៅថា កម្មជាពួក។ ម្នាលភិក្ខុទាំងឡាយ បើកម្មមានញត្តិជាគំរប់៤ ភិក្ខុដែលគួរដល់កម្មទាំងប៉ុន្មាន ភិក្ខុទាំងនោះ ក៏បានមកជួបជុំគ្នាហើយ តែឆន្ទៈរបស់ភិក្ខុដែលគួរដល់ឆន្ទៈ ភិក្ខុមិនបាននាំមក ភិក្ខុទាំងឡាយ ដែលមានក្នុងទីចំពោះមុខ ក៏ហាមឃាត់កម្មក្តី ហៅថា កម្មជាពួក។ ម្នាលភិក្ខុទាំងឡាយ បើកម្មមានញត្តិជាគំរប់៤ ភិក្ខុដែលគួរដល់កម្មទាំងប៉ុន្មាន ភិក្ខុទាំងនោះ ក៏បានមកជួបជុំគ្នាហើយ ឆន្ទៈរបស់ភិក្ខុដែលគួរដល់ឆន្ទៈ ភិក្ខុបាននាំមកហើយ តែភិក្ខុដែលមានក្នុងទីចំពោះមុខ ហាមឃាត់កម្ម ហៅថា កម្មជាពួក។ ម្នាលភិក្ខុទាំងឡាយ កម្មនេះ តថាគត ហៅថា កម្មជាពួក។
[៨៩] ម្នាលភិក្ខុទាំងឡាយ កម្មព្រមព្រៀង (នោះ) តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បើកម្មមានញត្តិជាគំរប់ពីរ ភិក្ខុទាំងឡាយមានប៉ុន្មានរូប ដែលគួរដល់កម្ម ភិក្ខុទាំងឡាយនោះ បានមកជួបជុំគ្នាហើយផង ឆន្ទៈរបស់ភិក្ខុទាំងឡាយ ដែលគួរដល់ឆន្ទៈ ភិក្ខុបាននាំមកហើយផង ភិក្ខុទាំងឡាយ ដែលមានក្នុងទីចំពោះមុខ មិនហាមឃាត់កម្មផង ហៅថា កម្មព្រមព្រៀង។ ម្នាលភិក្ខុទាំងឡាយ បើកម្មមានញត្តិជាគំរប់៤ ភិក្ខុទាំងឡាយមានប៉ុន្មានរូប ដែលគួរដល់កម្ម ភិក្ខុទាំងឡាយនោះ បានមកជួបជុំគ្នាហើយផង ឆន្ទៈរបស់ភិក្ខុទាំងឡាយ ដែលគួរដល់ឆន្ទៈ ភិក្ខុបាននាំមកហើយផង ភិក្ខុទាំងឡាយ មានក្នុងទីចំពោះមុខ មិនហាមឃាត់កម្មផង ហៅថា កម្មព្រមព្រៀង។ ម្នាលភិក្ខុទាំងឡាយ កម្មនេះ តថាគតហៅថា កម្មព្រមព្រៀង។
[៩០] ម្នាលភិក្ខុទាំងឡាយ កម្មជាពួក ព្រមទាំងប្រកបដោយធម៌ប្លម តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បើកម្មមានញត្តិជាគំរប់ពីរ (ភិក្ខុ) សូត្រកម្មវាចាជាមុន ទើបតាំងញត្តិជាខាងក្រោយវិញ ភិក្ខុទាំងឡាយមានប៉ុន្មានរូប ដែលគួរដល់កម្ម ភិក្ខុទាំងនោះ មិនបានមកជួបជុំគ្នាក្តី ឆន្ទៈរបស់ភិក្ខុទាំងឡាយ ដែលគួរដល់ឆន្ទៈ ភិក្ខុមិនបាននាំមកហើយក្តី ភិក្ខុទាំងឡាយ ដែលមានក្នុងទីចំពោះមុខ ហាមឃាត់កម្មក្តី ហៅថា កម្មជាពួក ព្រមទាំងប្រកបដោយធម៌ប្លម។ ម្នាលភិក្ខុទាំងឡាយ បើកម្មមានញត្តិជាគំរប់ពីរ ភិក្ខុសូត្រកម្មវាចាជាមុន ទើបតាំងញត្តិជាខាងក្រោយវិញ ភិក្ខុទាំងឡាយមានប៉ុន្មានរូប ដែលគួរដល់កម្ម ភិក្ខុទាំងនោះ បានមកជួបជុំគ្នាហើយ តែឆន្ទៈរបស់ភិក្ខុទាំងឡាយ ដែលគួរដល់ឆន្ទៈ ភិក្ខុមិនបាននាំមកក្តី ភិក្ខុទាំងឡាយ ដែលមានក្នុងទីចំពោះមុខ ហាមឃាត់កម្មក្តី ហៅថា កម្មជាពួក ព្រមទាំងប្រកបដោយធម៌ប្លម។ ម្នាលភិក្ខុទាំងឡាយ បើកម្មមានញត្តិជាគំរប់ពីរ ភិក្ខុសូត្រកម្មវាចាជាមុន ទើបតាំងញត្តិជាខាងក្រោយវិញ ភិក្ខុទាំងឡាយមានប៉ុន្មានរូប ដែលគួរដល់កម្ម ភិក្ខុទាំងនោះ បានមកជួបជុំគ្នាហើយក្តី ឆន្ទៈរបស់ភិក្ខុទាំងឡាយ ដែលគួរដល់ឆន្ទៈ ភិក្ខុបាននាំមកហើយក្តី តែភិក្ខុទាំងឡាយ ដែលមានក្នុងទីចំពោះមុខ ហាមឃាត់កម្ម ហៅថា កម្មជាពួក ព្រមទាំងប្រកបដោយធម៌ប្លម។ ម្នាលភិក្ខុទាំងឡាយ បើកម្មមានញត្តិជាគំរប់៤ ភិក្ខុសូត្រកម្មវាចាជាមុន ទើបតាំងញត្តិជាខាងក្រោយវិញ ភិក្ខុទាំងឡាយមានប៉ុន្មានរូប ដែលគួរដល់កម្ម ភិក្ខុទាំងនោះ មិនទាន់មកជួបជុំគ្នាក្តី ឆន្ទៈរបស់ភិក្ខុទាំងឡាយ ដែលគួរដល់ឆន្ទៈ ភិក្ខុមិនបាននាំមកក្តី ភិក្ខុទាំងឡាយ ដែលមានក្នុងទីចំពោះមុខ ហាមឃាត់កម្មក្តី ហៅថា កម្មជាពួក ព្រមទាំងប្រកបដោយធម៌ប្លម។ ម្នាលភិក្ខុទាំងឡាយ បើកម្មមានញត្តិជាគំរប់៤ ភិក្ខុសូត្រកម្មវាចាជាមុន ទើបតាំងញត្តិជាខាងក្រោយវិញ ភិក្ខុទាំងឡាយមានប៉ុន្មានរូប ដែលគួរដល់កម្ម ភិក្ខុទាំងនោះ មកជួបជុំគ្នាហើយ តែឆន្ទៈរបស់ភិក្ខុទាំងឡាយ ដែលគួរដល់ឆន្ទៈ ភិក្ខុមិនបាននាំមកហើយក្តី ភិក្ខុទាំងឡាយ ដែលមានក្នុងទីចំពោះមុខ ហាមឃាត់កម្មក្តី ហៅថា កម្មជាពួក ព្រមទាំងប្រកបដោយធម៌ប្លម។ ម្នាលភិក្ខុទាំងឡាយ បើកម្មមានញត្តិជាគំរប់៤ ភិក្ខុសូត្រកម្មវាចាជាមុន ទើបតាំងញត្តិជាខាងក្រោយវិញ ភិក្ខុទាំងឡាយមានប៉ុន្មានរូប ដែលគួរដល់កម្ម ភិក្ខុទាំងនោះ បានមកជួបជុំគ្នាហើយក្តី ឆន្ទៈរបស់ភិក្ខុទាំងឡាយ ដែលគួរដល់ឆន្ទៈ ភិក្ខុបាននាំមកហើយក្តី តែភិក្ខុទាំងឡាយ ដែលមានក្នុងទីចំពោះមុខ ហាមឃាត់កម្ម ហៅថា កម្មជាពួក ព្រមទាំងប្រកបដោយធម៌ប្លម។ ម្នាលភិក្ខុទាំងឡាយ កម្មនេះ តថាគតហៅថា កម្មជាពួក ព្រមទាំងប្រកបដោយធម៌ប្លម។
[៩១] ម្នាលភិក្ខុទាំងឡាយ ឯកម្មរបស់ភិក្ខុព្រមព្រៀងគ្នា តែប្រកបដោយធម៌ប្លម (នោះ) ដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បើកម្មមានញត្តិជាគំរប់ពីរ ភិក្ខុសូត្រកម្មវាចាជាមុន ហើយទើបតាំងសូត្រញត្តិជាខាងក្រោយ ភិក្ខុទាំងឡាយ ដែលគួរដល់កម្មមានប៉ុន្មានរូប ភិក្ខុទាំងនោះ ក៏បានមកហើយ ទាំងបាននាំឆន្ទៈរបស់ភិក្ខុទាំងឡាយ ដែលគួរដល់ឆន្ទៈមកហើយ ភិក្ខុទាំងឡាយ មកជួបជុំគ្នាហើយ ក៏មិនឃាត់ហាម កម្មនោះឈ្មោះថា កម្មរបស់ភិក្ខុដែលព្រមព្រៀងគ្នាដែរ តែប្រកបដោយធម៌ប្លម។ ម្នាលភិក្ខុទាំងឡាយ បើកម្មមានញត្តិជាគំរប់៤ ភិក្ខុសូត្រកម្មវាចាជាមុន ហើយទើបតាំងញត្តិជាខាងក្រោយ ភិក្ខុទាំងឡាយ ដែលគួរដល់កម្មមានប៉ុន្មានរូប ភិក្ខុទាំងនោះ ក៏បានមកហើយ ទាំងបាននាំឆន្ទៈ របស់ភិក្ខុដែលគួរដល់ឆន្ទៈមកហើយ ភិក្ខុទាំងឡាយ មកជួបជុំគ្នាហើយ ក៏មិនឃាត់ហាម កម្មនោះឈ្មោះថា កម្មរបស់ភិក្ខុដែលព្រមព្រៀងគ្នាដែរ តែប្រកបដោយធម៌ប្លម។ ម្នាលភិក្ខុទាំងឡាយ កម្មនេះ តថាគតហៅថា កម្មរបស់ភិក្ខុព្រមព្រៀងគ្នា តែប្រកបដោយធម៌ប្លម។
[៩២] ម្នាលភិក្ខុទាំងឡាយ ឯកម្មរបស់ភិក្ខុព្រមព្រៀងគ្នា ទាំងប្រកបដោយធម៌ (នោះ) ដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បើកម្មមានញត្តិជាគំរប់ពីរ ភិក្ខុតាំងញត្តិមុនហើយ ទើបធ្វើកម្ម (នោះ) ដោយកម្មវាចាតែម្តងជាខាងក្រោយ ភិក្ខុទាំងឡាយ ដែលគួរដល់កម្ម មានប៉ុន្មានរូប ភិក្ខុទាំងនោះ ក៏បានមកហើយ ទាំងបាននាំឆន្ទៈរបស់ភិក្ខុទាំងឡាយ ដែលគួរដល់ឆន្ទៈមកហើយ ភិក្ខុទាំងឡាយ មកជួបជុំគ្នា ក៏មិនឃាត់ហាម កម្មនោះឈ្មោះថា កម្មរបស់ភិក្ខុដែលព្រមព្រៀងគ្នា ទាំងប្រកបដោយធម៌។ ម្នាលភិក្ខុទាំងឡាយ បើកម្មមានញត្តិជាគំរប់៤ ភិក្ខុតាំងញត្តិមុនហើយ ទើបធ្វើកម្ម (នោះ) ដោយកម្មវាចាបីដងជាខាងក្រោយ ភិក្ខុទាំងឡាយ ដែលគួរដល់កម្ម មានប៉ុន្មានរូប ភិក្ខុទាំងនោះ ក៏បានមកហើយ ទាំងបាននាំឆន្ទៈរបស់ភិក្ខុទាំងឡាយ ដែលគួរដល់ឆន្ទៈមកហើយ ភិក្ខុទាំងឡាយ មកជួបជុំគ្នា ក៏មិនឃាត់ហាម កម្មនោះឈ្មោះថា កម្មរបស់ភិក្ខុដែលព្រមព្រៀងគ្នា ទាំងប្រកបដោយធម៌។ ម្នាលភិក្ខុទាំងឡាយ កម្មនេះ តថាគត ហៅថា កម្មរបស់ភិក្ខុព្រមព្រៀងគ្នា ទាំងប្រកបដោយធម៌។
[៩៣] ជំនុំសង្ឃមាន៥ពួក គឺភិក្ខុសង្ឃចតុវគ្គ (សង្ឃមានភិក្ខុ៤រូប)១ ភិក្ខុសង្ឃបញ្ចវគ្គ (សង្ឃមានភិក្ខុ៥រូប)១ ភិក្ខុសង្ឃទសវគ្គ (សង្ឃមានភិក្ខុ១០រូប)១ ភិក្ខុសង្ឃវីសតិវគ្គ (សង្ឃមានភិក្ខុ២០រូប)១ ភិក្ខុសង្ឃអតិរេកវីសតិវគ្គ (សង្ឃមានភិក្ខុលើសពី២០រូប)១។ ម្នាលភិក្ខុទាំងឡាយ បណ្តាភិក្ខុសង្ឃទាំង៥ពួកនោះ ឯភិក្ខុសង្ឃចតុវគ្គនេះ បើព្រមព្រៀងគ្នាដោយធម៌ហើយ ឈ្មោះថា គួរដល់កម្ម ក្នុងកម្មទាំងពួង វៀរលែងតែកម្ម៣យ៉ាងគឺ ឧបសម្បទាកម្ម១ បវារណាកម្ម១ អព្ភានកម្ម១។ ម្នាលភិក្ខុទាំងឡាយ បណ្តាភិក្ខុសង្ឃទាំង៥ពួកនោះ ឯភិក្ខុសង្ឃបញ្ចវគ្គនេះ បើព្រមព្រៀងគ្នា ដោយធម៌ហើយ ឈ្មោះថា គួរដល់កម្ម ក្នុងកម្មទាំងពួង វៀរលែងតែកម្ម២យ៉ាងគឺ ឧបសម្បទាកម្ម១ ក្នុងមជ្ឈិមជនបទ១ អព្ភានកម្ម១។ ម្នាលភិក្ខុទាំងឡាយ បណ្តាភិក្ខុសង្ឃទាំង៥ពួកនោះ ឯភិក្ខុសង្ឃទសវគ្គនេះ បើព្រមព្រៀងគ្នាដោយធម៌ហើយ ឈ្មោះថា គួរដល់កម្ម ក្នុងកម្មទាំងពួង វៀរលែងតែកម្ម១ គឺ អព្ភានកម្ម១។ ម្នាលភិក្ខុទាំងឡាយ បណ្តាភិក្ខុសង្ឃទាំង៥ពួកនោះ ឯភិក្ខុសង្ឃវីសតិវគ្គនេះ បើព្រមព្រៀងគ្នាដោយធម៌ហើយ ឈ្មោះថា គួរដល់កម្ម ក្នុងកម្មទាំងពួង។ ម្នាលភិក្ខុទាំងឡាយ បណ្តាភិក្ខុសង្ឃទាំង៥ពួកនោះ ឯភិក្ខុសង្ឃអតិរេកវីសតិវគ្គនេះ បើព្រមព្រៀងគ្នាដោយធម៌ហើយ ឈ្មោះថា គួរដល់កម្ម ក្នុងកម្មទាំងពួង។
[៩៤] ម្នាលភិក្ខុទាំងឡាយ បើកម្មសម្រាប់ធ្វើដោយសង្ឃចតុវគ្គ សង្ឃមានភិក្ខុនីជាគំរប់៤ ហើយធ្វើកម្ម (កម្មនោះ) មិនហៅថាកម្មផង សង្ឃក៏មិនត្រូវធ្វើផង។ ម្នាលភិក្ខុទាំងឡាយ បើកម្មសម្រាប់ធ្វើដោយសង្ឃចតុវគ្គ សង្ឃមានសិក្ខមានាជាគំរប់៤។បេ។ មានសាមណេរ ជាគំរប់៤ មានសាមណេរី ជាគំរប់៤ មានភិក្ខុដែលពោលលាសិក្ខា ជាគំរប់៤ មានភិក្ខុដែលត្រូវអន្តិមវត្ថុ ជាគំរប់៤ មានភិក្ខុដែលសង្ឃលើកវត្ត ព្រោះមិនឃើញអាបត្តិ ជាគំរប់៤ មានភិក្ខុដែលសង្ឃលើកវត្ត ព្រោះមិនសំដែងអាបត្តិ ជាគំរប់៤ មានភិក្ខុដែលសង្ឃលើកវត្ត ព្រោះមិនលះបង់ទិដ្ឋិអាក្រក់ ជាគំរប់៤ មានមនុស្សខ្ទើយ ជាគំរប់៤ មានបុគ្គល ដែលលួចសំវាស ជាគំរប់៤ មានភិក្ខុដែលចូលទៅកាន់ពួកតិរ្ថិយ ជាគំរប់៤ មានសត្វតិរច្ឆាន ជាគំរប់៤ មានបុគ្គល ដែលសម្លាប់មាតា ជាគំរប់៤ មានបុគ្គល ដែលសម្លាប់បិតា ជាគំរប់៤ មានបុគ្គលដែលសម្លាប់ព្រះអរហន្ត ជាគំរប់៤ មានបុគ្គល ដែលទ្រុស្តភិក្ខុនី ជាគំរប់៤ មានភិក្ខុ ដែលបំបែកសង្ឃ ជាគំរប់៤ មានបុគ្គល ដែលធ្វើព្រះលោហិត (ព្រះសាស្តា) ឲ្យពុរពងឡើង ជាគំរប់៤ មានឧភតោព្យញ្ជនក ជាគំរប់៤ មានភិក្ខុ ដែលមានសំវាសផ្សេងៗគ្នា ជាគំរប់៤ មានភិក្ខុ ដែលឋិតនៅក្នុងសីមាផ្សេងៗគ្នា ជាគំរប់៤ មានភិក្ខុ ដែលឋិតនៅលើអាកាស ដោយឫទ្ធិ ជាគំរប់៤ សង្ឃធ្វើកម្ម ដល់បុគ្គលណា សង្ឃមានបុគ្គលនោះ ជាគំរប់៤ ហើយធ្វើកម្ម (កម្មនោះ) មិនហៅថាកម្មផង សង្ឃក៏មិនត្រូវធ្វើផង។
ចប់កម្មសម្រាប់ធ្វើដោយសង្ឃចតុវគ្គ។
[៩៥] ម្នាលភិក្ខុទាំងឡាយ បើកម្មសម្រាប់ធ្វើដោយសង្ឃបញ្ចវគ្គ សង្ឃមានភិក្ខុនីជាគំរប់៥ ហើយធ្វើកម្ម (កម្មនោះ) មិនហៅថាកម្មផង សង្ឃមិនត្រូវធ្វើផង។ ម្នាលភិក្ខុទាំងឡាយ បើកម្មសម្រាប់ធ្វើដោយសង្ឃបញ្ចវគ្គ សង្ឃមានសិក្ខមានាជាគំរប់៥។បេ។ មានសាមណេរ ជាគំរប់៥ មានសាមណេរី ជាគំរប់៥ មានភិក្ខុដែលពោលលាសិក្ខា ជាគំរប់៥ មានភិក្ខុត្រូវអន្តិមវត្ថុជាគំរប់៥ មានភិក្ខុដែលសង្ឃលើកវត្ត ព្រោះមិនឃើញអាបត្តិ ជាគំរប់៥ មានភិក្ខុដែលសង្ឃលើកវត្ត ព្រោះមិនសំដែងអាបត្តិ ជាគំរប់៥ មានភិក្ខុដែលសង្ឃលើកវត្ត ព្រោះមិនលះបង់ទិដ្ឋិអាក្រក់ជាគំរប់៥ មានមនុស្សខ្ទើយ ជាគំរប់៥ មានបុគ្គល ដែលលួចសំវាស ជាគំរប់៥ មានភិក្ខុដែលចូលទៅកាន់ពួកតិរ្ថិយ ជាគំរប់៥ មានសត្វតិរច្ឆាន ជាគំរប់៥ មានបុគ្គល ដែលសម្លាប់មាតា ជាគំរប់៥ មានបុគ្គលដែលសម្លាប់បិតា ជាគំរប់៥ មានបុគ្គលដែលសម្លាប់ព្រះអរហន្ត ជាគំរប់៥ មានបុគ្គលដែលទ្រុស្តភិក្ខុនី ជាគំរប់៥ មានភិក្ខុដែលបំបែកសង្ឃ ជាគំរប់៥ មានបុគ្គលដែលធ្វើព្រះលោហិត (ព្រះសាស្តា) ឲ្យពុរពងឡើង ជាគំរប់៥ មានឧភតោព្យញ្ជនក ជាគំរប់៥ មានភិក្ខុដែលមានសំវាសផ្សេងៗគ្នា ជាគំរប់៥ មានភិក្ខុដែលស្ថិតនៅក្នុងសីមាផ្សេងៗគ្នា ជាគំរប់៥ មានភិក្ខុដែលស្ថិតនៅលើអាកាស ដោយឫទ្ធិ ជាគំរប់៥ សង្ឃធ្វើកម្ម ដល់បុគ្គលណា សង្ឃមានបុគ្គលនោះ ជាគំរប់៥ ហើយធ្វើកម្ម (កម្មនោះ) មិនហៅថាកម្មផង សង្ឃក៏មិនត្រូវធ្វើផង។
ចប់កម្មសម្រាប់ធ្វើដោយសង្ឃបញ្ចវគ្គ។
[៩៦] ម្នាលភិក្ខុទាំងឡាយ បើកម្មសម្រាប់ធ្វើដោយសង្ឃទសវគ្គ សង្ឃមានភិក្ខុនី ជាគំរប់១០ ហើយធ្វើកម្ម (កម្មនោះ) មិនហៅថាកម្មផង សង្ឃក៏មិនត្រូវធ្វើផង។ ម្នាលភិក្ខុទាំងឡាយ បើកម្មសម្រាប់ធ្វើដោយសង្ឃទសវគ្គ សង្ឃមានសិក្ខមានាជាគំរប់១០។បេ។ មានសាមណេរ ជាគំរប់១០ មានសាមណេរី ជាគំរប់១០ មានភិក្ខុដែលពោលលាសិក្ខា ជាគំរប់១០ មានភិក្ខុដែលត្រូវអន្តិមវត្ថុជាគំរប់១០ មានភិក្ខុដែលសង្ឃលើកវត្ត ព្រោះមិនឃើញអាបត្តិ ជាគំរប់១០ មានភិក្ខុដែលសង្ឃលើកវត្ត ព្រោះមិនសំដែងអាបត្តិ ជាគំរប់១០ មានភិក្ខុដែលសង្ឃលើកវត្ត ព្រោះមិនលះបង់ទិដ្ឋិអាក្រក់ ជាគំរប់១០ មានមនុស្សខ្ទើយ ជាគំរប់១០ មានបុគ្គល ដែលលួចសំវាស ជាគំរប់១០ មានភិក្ខុ ដែលចូលទៅកាន់ពួកតិរ្ថិយ ជាគំរប់១០ មានសត្វតិរច្ឆាន ជាគំរប់១០ មានបុគ្គល ដែលសម្លាប់មាតា ជាគំរប់១០ មានបុគ្គល ដែលសម្លាប់បិតា ជាគំរប់១០ មានបុគ្គល ដែលសម្លាប់ព្រះអរហន្ត ជាគំរប់១០ មានបុគ្គល ដែលទ្រុស្តភិក្ខុនី ជាគំរប់១០ មានភិក្ខុ ដែលបំបែកសង្ឃ ជាគំរប់១០ មានបុគ្គល ដែលធ្វើព្រះលោហិត (ព្រះសាស្តា) ឲ្យពុរពងឡើង ជាគំរប់១០ មានឧភតោព្យញ្ជនក ជាគំរប់១០ មានភិក្ខុ ដែលមានសំវាសផ្សេងៗគ្នា ជាគំរប់១០ មានភិក្ខុ ដែលស្ថិតនៅក្នុងសីមាផ្សេងៗគ្នា ជាគំរប់១០ មានភិក្ខុ ដែលស្ថិតនៅលើអាកាស ដោយឫទ្ធិ ជាគំរប់១០ សង្ឃធ្វើកម្ម ដល់បុគ្គលណា សង្ឃមានបុគ្គលនោះ ជាគំរប់១០ ហើយធ្វើកម្ម (កម្មនោះ) មិនហៅថាកម្មផង សង្ឃក៏មិនត្រូវធ្វើផង។
ចប់កម្មសម្រាប់ធ្វើដោយសង្ឃទសវគ្គ។
[៩៧] ម្នាលភិក្ខុទាំងឡាយ បើកម្មសម្រាប់ធ្វើដោយសង្ឃវីសតិវគ្គ សង្ឃមានភិក្ខុនី ជាគំរប់២០ ហើយធ្វើកម្ម (កម្មនោះ) មិនហៅថាកម្មផង សង្ឃក៏មិនត្រូវធ្វើផង។ ម្នាលភិក្ខុទាំងឡាយ បើកម្មសម្រាប់ធ្វើដោយសង្ឃវីសតិវគ្គ សង្ឃមានសិក្ខមានាជាគំរប់២០។បេ។ មានសាមណេរ ជាគំរប់២០ មានសាមណេរី ជាគំរប់២០ មានភិក្ខុ ដែលពោលលាសិក្ខា ជាគំរប់២០ មានភិក្ខុ ដែលត្រូវអន្តិមវត្ថុ ជាគំរប់២០ មានភិក្ខុ ដែលសង្ឃលើកវត្ត ព្រោះមិនឃើញអាបត្តិ ជាគំរប់២០ មានភិក្ខុ ដែលសង្ឃលើកវត្ត ព្រោះមិនសំដែងអាបត្តិ ជាគំរប់២០ មានភិក្ខុ ដែលសង្ឃលើកវត្ត ព្រោះមិនលះបង់ទិដ្ឋិអាក្រក់ ជាគំរប់២០ មានមនុស្សខ្ទើយ ជាគំរប់២០ មានបុគ្គល ដែលលួចសំវាស ជាគំរប់២០ មានភិក្ខុ ដែលចូលទៅកាន់ពួកតិរ្ថិយ ជាគំរប់២០ មានសត្វតិរច្ឆាន ជាគំរប់៤ មានបុគ្គល ដែលសម្លាប់មាតា ជាគំរប់២០ មានបុគ្គល ដែលសម្លាប់បិតា ជាគំរប់២០ មានបុគ្គល ដែលសម្លាប់ព្រះអរហន្ត ជាគំរប់២០ មានបុគ្គល ដែលទ្រុស្តភិក្ខុនី ជាគំរប់២០ មានភិក្ខុ ដែលបំបែកសង្ឃ ជាគំរប់២០ មានភិក្ខុ ដែលធ្វើព្រះលោហិត (ព្រះសាស្តា) ឲ្យពុរពងឡើង ជាគំរប់២០ មានឧភតោព្យញ្ជនក ជាគំរប់២០ មានភិក្ខុ ដែលមានសំវាសផ្សេងគ្នា ជាគំរប់២០ មានភិក្ខុ ដែលឋិតនៅក្នុងសីមាផ្សេងៗគ្នា ជាគំរប់២០ មានភិក្ខុដែលឋិតនៅលើអាកាស ដោយឫទ្ធិ ជាគំរប់២០ (អត់មានក្នុងបិដក មានតែក្នុងឆដ្ឋសង្គាយនា) សង្ឃធ្វើកម្មដល់បុគ្គលណា សង្ឃមានបុគ្គលនោះ ជាគំរប់២០ ហើយធ្វើកម្ម (កម្មនោះ) មិនហៅថាកម្មផង សង្ឃក៏មិនត្រូវធ្វើផង។
ចប់កម្មសម្រាប់ធ្វើដោយសង្ឃវីសតិវគ្គ។
[៩៨] ម្នាលភិក្ខុទាំងឡាយ បើសង្ឃមានភិក្ខុអ្នកនៅបរិវាស ជាគំរប់៤ ហើយឲ្យបរិវាស ទាញអន្តរាបត្តិ មកដាក់ក្នុងមូលាបត្តិ ហើយឲ្យមានត្ត (បើ) សង្ឃមានភិក្ខុអ្នកនៅបរិវាសនោះ ជាគំរប់២០ ហើយឲ្យអព្ភាន (យ៉ាងនេះ) មិនហៅថាកម្មផង សង្ឃក៏មិនត្រូវធ្វើផង។ ម្នាលភិក្ខុទាំងឡាយ បើសង្ឃមានភិក្ខុ ដែលគួរដល់ការទាញអន្តរាបត្តិ មកដាក់ក្នុងមូលាបត្តិ ជាគំរប់៤ ហើយឲ្យបរិវាស ទាញអន្តរាបត្តិ មកដាក់ក្នុងមូលាបត្តិ ហើយឲ្យមានត្ត (បើ) សង្ឃមានភិក្ខុនោះជាគំរប់២០ ហើយឲ្យអព្ភាន (យ៉ាងនេះ) មិនហៅថា កម្មផង សង្ឃក៏មិនត្រូវធ្វើផង។ ម្នាលភិក្ខុទាំងឡាយ បើសង្ឃមានភិក្ខុ ដែលគួរដល់មានត្ត ជាគំរប់៤ ហើយឲ្យបរិវាស ទាញអន្តរាបត្តិ មកដាក់ក្នុងមូលាបត្តិ ហើយឲ្យមានត្ត (បើ) សង្ឃមានភិក្ខុ ដែលគួរដល់មានត្តនោះ ជាគំរប់២០ ហើយឲ្យអព្ភាន (យ៉ាងនេះ) មិនហៅថាកម្មផង សង្ឃមិនត្រូវធ្វើផង។ ម្នាលភិក្ខុទាំងឡាយ បើសង្ឃមានភិក្ខុ អ្នកប្រព្រឹត្តមានត្ត ជាគំរប់៤ ហើយឲ្យបរិវាស ទាញអន្តរាបត្តិ មកដាក់ក្នុងមូលាបត្តិ ហើយឲ្យមានត្ត បើសង្ឃមានភិក្ខុ អ្នកប្រព្រឹត្តមានត្តនោះ ជាគំរប់២០ ហើយឲ្យអព្ភាន (យ៉ាងនេះ) មិនហៅថាកម្មផង សង្ឃក៏មិនត្រូវធ្វើផង។ ម្នាលភិក្ខុទាំងឡាយ បើសង្ឃមានភិក្ខុ ដែលគួរដល់អព្ភាន ជាគំរប់៤ ហើយឲ្យបរិវាស ទាញអន្តរាបត្តិ មកដាក់ក្នុងមូលាបត្តិ ហើយឲ្យមានត្ត បើសង្ឃមានភិក្ខុ ដែលគួរដល់អព្ភាននោះ ជាគំរប់២០ ហើយឲ្យអព្ភាន (យ៉ាងនេះ) មិនហៅថាកម្មផង សង្ឃក៏មិនត្រូវធ្វើផង។
[៩៩] ម្នាលភិក្ខុទាំងឡាយ ការហាមឃាត់ក្នុងកណ្តាលជំនុំសង្ឃ របស់បុគ្គលខ្លះឡើង របស់បុគ្គលខ្លះ មិនឡើង។ ម្នាលភិក្ខុទាំងឡាយ ឯការហាមឃាត់ ក្នុងកណ្តាលជំនុំសង្ឃ របស់នរណា ដែលមិនឡើង។ ម្នាលភិក្ខុទាំងឡាយ ការហាមឃាត់ ក្នុងកណ្តាលជំនុំសង្ឃ របស់ភិក្ខុនី មិនឡើងទេ។ ម្នាលភិក្ខុទាំងឡាយ របស់សិក្ខមានា។បេ។ ម្នាលភិក្ខុទាំងឡាយ របស់សាមណេរ ម្នាលភិក្ខុទាំងឡាយ របស់សាមណេរី ម្នាលភិក្ខុទាំងឡាយ របស់ភិក្ខុអ្នកពោលលាសិក្ខា ម្នាលភិក្ខុទាំងឡាយ របស់ភិក្ខុ អ្នកត្រូវអន្តិមវត្ថុ ម្នាលភិក្ខុទាំងឡាយ របស់ភិក្ខុដែលឆ្កួត ម្នាលភិក្ខុទាំងឡាយ របស់ភិក្ខុ ដែលមានចិត្តរវើរវាយ ម្នាលភិក្ខុទាំងឡាយ របស់ភិក្ខុដែលមានវេទនាគ្របសង្កត់ ម្នាលភិក្ខុទាំងឡាយ របស់ភិក្ខុដែលសង្ឃលើកវត្ត ព្រោះមិនឃើញអាបត្តិ ម្នាលភិក្ខុទាំងឡាយ របស់ភិក្ខុ ដែលសង្ឃលើកវត្ត ព្រោះមិនសំដែងអាបត្តិ ម្នាលភិក្ខុទាំងឡាយ របស់ភិក្ខុ ដែលសង្ឃលើកវត្ត ព្រោះមិនលះបង់ នូវទិដ្ឋិអាក្រក់ ម្នាលភិក្ខុទាំងឡាយ របស់បណ្ឌកៈ ម្នាលភិក្ខុទាំងឡាយ របស់បុគ្គល ដែលលួចសំវាស ម្នាលភិក្ខុទាំងឡាយ របស់ភិក្ខុដែលចូលទៅកាន់ពួកតិរ្ថិយ ម្នាលភិក្ខុទាំងឡាយ របស់សត្វតិរច្ឆាន ម្នាលភិក្ខុទាំងឡាយ របស់បុគ្គល ដែលសម្លាប់មាតា ម្នាលភិក្ខុទាំងឡាយ របស់បុគ្គលដែលសម្លាប់បិតា ម្នាលភិក្ខុទាំងឡាយ របស់បុគ្គលដែលសម្លាប់ព្រះអរហន្ត ម្នាលភិក្ខុទាំងឡាយ របស់បុគ្គល ដែលទ្រុស្តភិក្ខុនី ម្នាលភិក្ខុទាំងឡាយ របស់ភិក្ខុ ដែលបំបែកសង្ឃ ម្នាលភិក្ខុទាំងឡាយ របស់បុគ្គល ដែលធ្វើព្រះលោហិត (ព្រះសាស្តា) ឲ្យពុរពងឡើង ម្នាលភិក្ខុទាំងឡាយ របស់ឧភតោព្យញ្ជនកៈ ម្នាលភិក្ខុទាំងឡាយ របស់ភិក្ខុដែលមានសំវាសផ្សេងៗគ្នា ម្នាលភិក្ខុទាំងឡាយ របស់ភិក្ខុ ដែលស្ថិតនៅក្នុងសីមាផ្សេងៗគ្នា ម្នាលភិក្ខុទាំងឡាយ របស់ភិក្ខុ ដែលស្ថិតនៅលើអាកាសដោយឫទ្ធិ ជំនុំសង្ឃ ធ្វើកម្មដល់បុគ្គលណា ម្នាលភិក្ខុទាំងឡាយ ការហាមឃាត់ ក្នុងកណ្តាលជំនុំសង្ឃ របស់បុគ្គលនោះ មិនឡើងទេ។ ម្នាលភិក្ខុទាំងឡាយ ការហាមឃាត់ ក្នុងកណ្តាលជំនុំសង្ឃ របស់បុគ្គលទាំងអម្បាលនេះឯង មិនឡើងទេ។ ម្នាលភិក្ខុទាំងឡាយ ឯការហាមឃាត់ ក្នុងកណ្តាលជំនុំសង្ឃ របស់នរណាទើបឡើង។ ម្នាលភិក្ខុទាំងឡាយ ការហាមឃាត់ ក្នុងកណ្តាលជំនុំសង្ឃ របស់ភិក្ខុជាបកតត្ត មានសំវាសស្មើគ្នា ស្ថិតនៅក្នុងសីមាជាមួយគ្នា ដោយហោចទៅ សូម្បីភិក្ខុ ដែលអង្គុយនៅ ជាលំដាប់ ដែលញុំាងសង្ឃ ឲ្យដឹង ក៏ឡើងដែរ។ ម្នាលភិក្ខុទាំងឡាយ ការហាមឃាត់កណ្តាលជំនុំសង្ឃ របស់ភិក្ខុនេះឯង ទើបឡើង។
[១០០] ម្នាលភិក្ខុទាំងឡាយ និស្សារណាកម្ម (ការបណ្តេញចេញ) នេះមាន២យ៉ាង ម្នាលភិក្ខុទាំងឡាយ មានបុគ្គល គឺភិក្ខុដែលមិនទាន់ដល់នូវនិស្សារណាកម្មនៅឡើយ បើសង្ឃបណ្តេញបុគ្គលនោះចេញ បុគ្គលពួកខ្លះ ឈ្មោះថា សង្ឃបណ្តេញចេញដោយល្អ (ត្រូវ) បុគ្គលពួកខ្លះ ឈ្មោះថា សង្ឃបណ្តេញចេញ ដោយអាក្រក់ (ខុស)។ ម្នាលភិក្ខុទាំងឡាយ បុគ្គលដូចម្តេច ដែលមិនទាន់ដល់ នូវនិស្សារណាកម្មនៅឡើយ បើសង្ឃបណ្តេញបុគ្គលនោះចេញ ឈ្មោះថា សង្ឃបណ្តេញចេញ ដោយអាក្រក់។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកស្អាត បរិសុទ្ធ គ្មានអាបត្តិ បើសង្ឃបណ្តេញភិក្ខុនោះចេញ ឈ្មោះថា សង្ឃបណ្តេញចេញដោយអាក្រក់។ ម្នាលភិក្ខុទាំងឡាយ បុគ្គលនេះ តថាគតហៅថា បុគ្គលដែលមិនទាន់ដល់នូវនិស្សារណាកម្ម បើសង្ឃបណ្តេញបុគ្គលនោះចេញ ឈ្មោះថា សង្ឃបណ្តេញចេញដោយអាក្រក់។ ម្នាលភិក្ខុទាំងឡាយ បុគ្គលដូចម្តេច ដែលមិនទាន់ដល់នូវនិស្សារណាកម្ម បើសង្ឃបណ្តេញបុគ្គលនោះចេញ ឈ្មោះថា សង្ឃបណ្តេញចេញដោយល្អ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ល្ងង់ មិនឆ្លាស មានអាបត្តិច្រើន មិនមានការកំណត់អាបត្តិ នៅច្រឡូកច្រឡំដោយគ្រហស្ថ ដោយការច្រឡូកច្រឡំមិនសមគួរ បើសង្ឃបណ្តេញភិក្ខុនោះចេញ ឈ្មោះថា សង្ឃបណ្តេញចេញដោយល្អ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលនេះ តថាគតហៅថា បុគ្គលដែលមិនទាន់ដល់នូវនិស្សារណាកម្ម បើសង្ឃបណ្តេញបុគ្គលនោះចេញ ឈ្មោះថា បណ្តេញចេញដោយល្អ។
[១០១] ម្នាលភិក្ខុទាំងឡាយ ឱសារណាកម្ម [ការហៅបញ្ចូលពួក ដោយអំណាចនៃកម្ម មានឧបសម្បទា ឲ្យបានជាភិក្ខុភាវៈ ជាដើម ហៅថា ឱសារណាកម្ម។] មាន២យ៉ាង ម្នាលភិក្ខុទាំងឡាយ មានបុគ្គលដែលមិនទាន់ដល់ នូវឱសារណាកម្មនៅឡើយ បើសង្ឃហៅបុគ្គលនោះបញ្ចូល បុគ្គលពួកខ្លះ ឈ្មោះថា សង្ឃហៅបញ្ចូលដោយល្អ បុគ្គលពួកខ្លះ ឈ្មោះថា សង្ឃហៅបញ្ចូលដោយអាក្រក់។ ម្នាលភិក្ខុទាំងឡាយ បុគ្គលដូចម្តេច ដែលមិនទាន់ដល់ នូវឱសារណាកម្ម បើសង្ឃហៅបុគ្គលនោះបញ្ចូល ឈ្មោះថា សង្ឃហៅបញ្ចូលដោយអាក្រក់។ ម្នាលភិក្ខុទាំងឡាយ បណ្ឌកៈ មិនដល់នូវឱសារណាកម្មទេ បើសង្ឃហៅបណ្ឌកៈនោះបញ្ចូល ឈ្មោះថា សង្ឃហៅបញ្ចូល ដោយអាក្រក់។ ម្នាលភិក្ខុទាំងឡាយ បុគ្គល ដែលលួចសំវាស។បេ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលចូលទៅកាន់ពួកតិរ្ថិយ ម្នាលភិក្ខុទាំងឡាយ សត្វតិរច្ឆាន ម្នាលភិក្ខុទាំងឡាយ បុគ្គលដែលសម្លាប់មាតា ម្នាលភិក្ខុទាំងឡាយ បុគ្គលដែលសម្លាប់បិតា ម្នាលភិក្ខុទាំងឡាយ បុគ្គលដែលសម្លាប់ព្រះអរហន្ត ម្នាលភិក្ខុទាំងឡាយ បុគ្គលដែលទ្រុស្តភិក្ខុនី ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលបំបែកសង្ឃ ម្នាលភិក្ខុទាំងឡាយ បុគ្គលដែលធ្វើលោហិតុប្បាទ ម្នាលភិក្ខុទាំងឡាយ ឧភតោព្យញ្ជនកៈ មិនដល់នូវឱសារណាកម្មទេ បើសង្ឃហៅបុគ្គលនោះបញ្ចូល ឈ្មោះថា សង្ឃហៅបញ្ចូល ដោយអាក្រក់។ ម្នាលភិក្ខុទាំងឡាយ តថាគត ហៅបុគ្គលនេះឯងថា មិនដល់នូវឱសារណាកម្ម បើសង្ឃហៅបុគ្គលនោះបញ្ចូល ឈ្មោះថា សង្ឃហៅបញ្ចូល ដោយអាក្រក់។ ម្នាលភិក្ខុទាំងឡាយ បុគ្គលដូចម្តេច ដែលមិនដល់ នូវឱសារណាកម្ម បើសង្ឃហៅបុគ្គលនោះបញ្ចូល ឈ្មោះថា សង្ឃហៅបញ្ចូលដោយល្អ។ ម្នាលភិក្ខុទាំងឡាយ មនុស្សកំបុតដៃ មិនដល់នូវឱសារណាកម្មទេ បើសង្ឃហៅបុគ្គលនោះបញ្ចូល ឈ្មោះថា សង្ឃហៅបញ្ចូលដោយល្អ។ ម្នាលភិក្ខុទាំងឡាយ មនុស្សកំបុតជើង។បេ។ ម្នាលភិក្ខុទាំងឡាយ មនុស្សកំបុតទាំងដៃ ទាំងជើង ម្នាលភិក្ខុទាំងឡាយ មនុស្សកំបុតត្រចៀក ម្នាលភិក្ខុទាំងឡាយ មនុស្សកំបុតច្រមុះ ម្នាលភិក្ខុទាំងឡាយ មនុស្សកំបុតទាំងត្រចៀក ទាំងច្រមុះ ម្នាលភិក្ខុទាំងឡាយ មនុស្សកំបុតម្រាមដៃ ម្នាលភិក្ខុទាំងឡាយ មនុស្សកំបុតមេដៃ មេជើង ម្នាលភិក្ខុទាំងឡាយ មនុស្សដាច់សរសៃធំ (សរសៃពួរជើង) ម្នាលភិក្ខុទាំងឡាយ មនុស្សមានដៃព្រែក (មានម្រាមដៃជាប់គ្នា ដូចស្លាបប្រចៀវ) ម្នាលភិក្ខុទាំងឡាយ មនុស្សគម ម្នាលភិក្ខុទាំងឡាយ មនុស្សតឿ ម្នាលភិក្ខុទាំងឡាយ មនុស្សពកក ឬពកត្រង់អវយវៈឯណានីមួយ ម្នាលភិក្ខុទាំងឡាយ មនុស្សដែលគេបៀតបៀន ឲ្យមានស្លាកស្នាម ម្នាលភិក្ខុទាំងឡាយ មនុស្សដែលគេវាយ ឲ្យមានស្លាកស្នាម ដោយរំពាត់ ម្នាលភិក្ខុទាំងឡាយ មនុស្សដែលគេកត់ឈ្មោះទុក (ព្យួរទោសទុក) ម្នាលភិក្ខុទាំងឡាយ មនុស្ស ដែលមានជើងហើមស្ទក់ ម្នាលភិក្ខុទាំងឡាយ មនុស្ស ដែលមានរោគអាក្រក់ (មានឫសដូងបាត ជាដើម) ម្នាលភិក្ខុទាំងឡាយ មនុស្ស ដែលមានរូបទ្រុស្តបរិសទ្យ (គឺមានរូបអាក្រក់ខុសគេ មានខ្ពស់ពេក ទាបពេក ជាដើម) ម្នាលភិក្ខុទាំងឡាយ មនុស្ស ដែលទើបតែនឹងខ្វាក់ ឬខ្វាក់ម្ខាង ម្នាលភិក្ខុទាំងឡាយ មនុស្សក្ងែងក្ងង់ដៃជើង ជាដើម ម្នាលភិក្ខុទាំងឡាយ មនុស្សខ្ចកជើង ម្នាលភិក្ខុទាំងឡាយ មនុស្សដែលស្លាប់ ១ចំហៀងខ្លួន ម្នាលភិក្ខុទាំងឡាយ មនុស្សខ្វិន ម្នាលភិក្ខុទាំងឡាយ មនុស្សចាស់គ្រាំគ្រា ម្នាលភិក្ខុទាំងឡាយ មនុស្ស ដែលខ្វាក់ពីកំណើត ម្នាលភិក្ខុទាំងឡាយ មនុស្សគ ម្នាលភិក្ខុទាំងឡាយ មនុស្សថ្លង់ ម្នាលភិក្ខុទាំងឡាយ មនុស្សទាំងខ្វាក់ ទាំងគ ម្នាលភិក្ខុទាំងឡាយ មនុស្សទាំងខ្វាក់ ទាំងថ្លង់ ម្នាលភិក្ខុទាំងឡាយ មនុស្សទាំងគ ទាំងថ្លង់ ម្នាលភិក្ខុទាំងឡាយ មនុស្សទាំងខ្វាក់ ទាំងគ ទាំងថ្លង់ មិនដល់នូវឱសារណាកម្មទេ បើសង្ឃហៅបុគ្គលនោះបញ្ចូល ឈ្មោះថា សង្ឃហៅបញ្ចូលដោយល្អ។ ម្នាលភិក្ខុទាំងឡាយ តថាគត ហៅបុគ្គលនេះឯងថា មិនដល់នូវឱសារណាកម្មទេ បើសង្ឃហៅបុគ្គលនោះបញ្ចូល ឈ្មោះថា សង្ឃហៅបញ្ចូលដោយល្អ។
ចប់វាសភគាមភាណវារៈ ទី១។
[១០២] ម្នាលភិក្ខុទាំងឡាយ បើអាបត្តិដែលភិក្ខុត្រូវឃើញ មិនមានដល់ភិក្ខុក្នុងសាសនានេះទេ។ សង្ឃក្តី ភិក្ខុច្រើនរូបក្តី បុគ្គល (គឺភិក្ខុ) ១រូបក្តី ចោទភិក្ខុនោះថា ម្នាលអាវុសោ លោកត្រូវអាបត្តិហើយ លោកឃើញអាបត្តិនុ៎ះទេ។ ភិក្ខុនោះ ពោលតបវិញយ៉ាងនេះថា ម្នាលអាវុសោ អាបត្តិ ដែលខ្ញុំគួរឃើញនោះ មិនមានដល់ខ្ញុំទេ។ សង្ឃក៏លើកវត្តភិក្ខុនោះ ព្រោះមិនឃើញអាបត្តិ (យ៉ាងនេះ) ឈ្មោះថា កម្មមិនប្រកបដោយធម៌។ ម្នាលភិក្ខុទាំងឡាយ មួយវិញទៀត អាបត្តិ ដែលភិក្ខុត្រូវសំដែង មិនមានដល់ភិក្ខុក្នុងសាសនានេះទេ។ សង្ឃក្តី ភិក្ខុច្រើនរូបក្តី បុគ្គល១រូបក្តី ចោទភិក្ខុនោះថា ម្នាលអាវុសោ លោកត្រូវអាបត្តិហើយ ចូរលោកសំដែងអាបត្តិនោះចេញ។ ភិក្ខុនោះ ពោលតបវិញ យ៉ាងនេះថា ម្នាលអាវុសោ អាបត្តិដែលខ្ញុំត្រូវសំដែងនោះ មិនមានដល់ខ្ញុំទេ។ សង្ឃក៏លើកវត្តភិក្ខុនោះ ព្រោះមិនសំដែងអាបត្តិចេញ (យ៉ាងនេះ) ឈ្មោះថា កម្មមិនប្រកបដោយធម៌។ ម្នាលភិក្ខុទាំងឡាយ ម្យ៉ាងទៀត ទិដ្ឋិអាក្រក់ ដែលត្រូវលះបង់ មិនមានដល់ភិក្ខុក្នុងសាសនានេះទេ។ សង្ឃក្តី ភិក្ខុច្រើនរូបក្តី បុគ្គល១រូបក្តី ចោទភិក្ខុនោះថា ម្នាលអាវុសោ លោកមានទិដ្ឋិអាក្រក់ហើយ ចូរលោកលះបង់ទិដ្ឋិអាក្រក់នោះចេញ។ ភិក្ខុនោះ ពោលតបវិញ យ៉ាងនេះថា ម្នាលអាវុសោ ទិដ្ឋិអាក្រក់ដែលខ្ញុំត្រូវលះបង់ មិនមានដល់ខ្ញុំទេ។ សង្ឃក៏លើកវត្តភិក្ខុនោះ ព្រោះមិនលះបង់ទិដ្ឋិអាក្រក់ចេញ (យ៉ាងនេះ) ឈ្មោះថា កម្មមិនប្រកបដោយធម៌។ ម្នាលភិក្ខុទាំងឡាយ ម្យ៉ាងទៀត អាបត្តិដែលត្រូវឃើញ ក៏មិនមាន អាបត្តិ ដែលត្រូវសំដែង ក៏មិនមាន ដល់ភិក្ខុក្នុងសាសនានេះទេ។ សង្ឃក្តី ភិក្ខុច្រើនរូបក្តី បុគ្គល១រូបក្តី ចោទភិក្ខុនោះថា ម្នាលអាវុសោ លោកត្រូវអាបត្តិហើយ លោកឃើញអាបត្តិនុ៎ះទេ ចូរលោកសំដែងអាបត្តិនោះចេញ។ ភិក្ខុនោះ ពោលតបយ៉ាងនេះថា ម្នាលអាវុសោ អាបត្តិដែលខ្ញុំត្រូវឃើញ មិនមានដល់ខ្ញុំទេ ម្នាលអាវុសោ អាបត្តិ ដែលខ្ញុំត្រូវសំដែង ក៏មិនមានដល់ខ្ញុំដែរ។ សង្ឃលើកវត្តភិក្ខុនោះ ព្រោះមិនឃើញ (អាបត្តិ)ក្តី ព្រោះមិនសំដែងក្តី (យ៉ាងនេះ) ឈ្មោះថា កម្មមិនប្រកបដោយធម៌។ ម្នាលភិក្ខុទាំងឡាយ មួយវិញទៀត អាបត្តិដែលត្រូវឃើញ ក៏មិនមាន ទិដ្ឋិអាក្រក់ ដែលត្រូវលះបង់ ក៏មិនមាន ដល់ភិក្ខុក្នុងសាសនានេះទេ។ សង្ឃក្តី ភិក្ខុច្រើនរូបក្តី បុគ្គល១រូបក្តី ចោទភិក្ខុនោះថា ម្នាលអាវុសោ លោកត្រូវអាបត្តិហើយ លោកឃើញអាបត្តិនុ៎ះទេ លោកមានទិដ្ឋិអាក្រក់ហើយ ចូរលោកលះបង់ទិដ្ឋិអាក្រក់នុ៎ះចេញ។ ភិក្ខុនោះ ពោលតបយ៉ាងនេះថា ម្នាលអាវុសោ អាបត្តិ ដែលខ្ញុំត្រូវឃើញ មិនមានដល់ខ្ញុំទេ ទិដ្ឋិអាក្រក់ដែលខ្ញុំត្រូវលះបង់ ក៏មិនមានដល់ខ្ញុំដែរ។ សង្ឃលើកវត្តភិក្ខុនោះ ព្រោះមិនឃើញ (អាបត្តិ)ក្តី ព្រោះមិនលះបង់ទិដ្ឋិអាក្រក់ក្តី (យ៉ាងនេះ) ឈ្មោះថា កម្មមិនប្រកបដោយធម៌។ ម្នាលភិក្ខុទាំងឡាយ ម្យ៉ាងទៀត អាបត្តិ ដែលត្រូវសំដែង ក៏មិនមាន ទិដ្ឋិអាក្រក់ដែលត្រូវលះបង់ ក៏មិនមាន ដល់ភិក្ខុក្នុងសាសនានេះទេ។ សង្ឃក្តី ភិក្ខុច្រើនរូបក្តី បុគ្គល១រូបក្តី ចោទភិក្ខុនោះថា ម្នាលអាវុសោ លោកត្រូវអាបត្តិហើយ ចូរលោកសំដែងអាបត្តិនោះចេញ លោកមានទិដ្ឋិអាក្រក់ហើយ ចូរលោកលះបង់ទិដ្ឋិអាក្រក់នុ៎ះចេញ។ ភិក្ខុនោះ ពោលតបវិញ យ៉ាងនេះថា ម្នាលអាវុសោ អាបត្តិដែលខ្ញុំត្រូវសំដែង មិនមានដល់ខ្ញុំទេ ម្នាលអាវុសោ ទិដ្ឋិអាក្រក់ ដែលខ្ញុំត្រូវលះបង់ ក៏មិនមានដល់ខ្ញុំដែរ។ សង្ឃលើកវត្តភិក្ខុនោះ ព្រោះមិនសំដែងអាបត្តិក្តី ព្រោះមិនលះបង់ទិដ្ឋិអាក្រក់ចេញក្តី (យ៉ាងនេះ) ឈ្មោះថា កម្មមិនប្រកបដោយធម៌។ ម្នាលភិក្ខុទាំងឡាយ ម្យ៉ាងទៀត អាបត្តិដែលត្រូវឃើញ ក៏មិនមាន អាបត្តិដែលត្រូវសំដែង ក៏មិនមាន ទិដ្ឋិអាក្រក់ដែលត្រូវលះបង់ ក៏មិនមាន ដល់ភិក្ខុក្នុងសាសនានេះទេ។ សង្ឃក្តី ភិក្ខុច្រើនរូបក្តី បុគ្គល១រូបក្តី ចោទភិក្ខុនោះថា ម្នាលអាវុសោ លោកត្រូវអាបត្តិហើយ លោកឃើញអាបត្តិនុ៎ះទេ ចូរលោកសំដែងអាបត្តិនោះចេញ លោកមានទិដ្ឋិអាក្រក់ហើយ ចូរលោកលះបង់ទិដ្ឋិអាក្រក់នោះចេញ។ ភិក្ខុនោះ ពោលតបយ៉ាងនេះថា ម្នាលអាវុសោ អាបត្តិដែលខ្ញុំត្រូវឃើញ មិនមានដល់ខ្ញុំទេ ម្នាលអាវុសោ អាបត្តិដែលខ្ញុំត្រូវសំដែង ក៏មិនមានដល់ខ្ញុំដែរ ម្នាលអាវុសោ ទាំងទិដ្ឋិអាក្រក់ដែលខ្ញុំត្រូវលះបង់ ក៏មិនមានដល់ខ្ញុំដែរ។ សង្ឃលើកវត្តភិក្ខុនោះ ព្រោះមិនឃើញអាបត្តិក្តី ព្រោះមិនសំដែងអាបត្តិក្តី ព្រោះមិនលះបង់ទិដ្ឋិអាក្រក់ក្តី (យ៉ាងនេះ) ឈ្មោះថា កម្មមិនប្រកបដោយធម៌។
[១០៣] ម្នាលភិក្ខុទាំងឡាយ មួយទៀត អាបត្តិដែលត្រូវឃើញ មានដល់ភិក្ខុ ក្នុងសាសនា នេះ។ សង្ឃក្តី ភិក្ខុច្រើនរូបក្តី បុគ្គល១រូបក្តី ចោទភិក្ខុនោះថា ម្នាលអាវុសោ លោកត្រូវអាបត្តិហើយ លោកឃើញអាបត្តិនុ៎ះទេ។ ភិក្ខុនោះ និយាយតបយ៉ាងនេះថា អើអាវុសោ ខ្ញុំឃើញដែរ។ សង្ឃលើកវត្តភិក្ខុនោះ ព្រោះមិនឃើញអាបត្តិ (យ៉ាងនេះ) ឈ្មោះថា កម្មមិនប្រកបដោយធម៌។ ម្នាលភិក្ខុទាំងឡាយ មួយវិញទៀត អាបត្តិដែលត្រូវសំដែង មានដល់ភិក្ខុ ក្នុងសាសនានេះ។ សង្ឃក្តី ភិក្ខុច្រើនរូបក្តី បុគ្គលមួយរូបក្តី ចោទភិក្ខុនោះថា ម្នាលអាវុសោ លោកត្រូវអាបត្តិហើយ ចូរលោកសំដែងអាបត្តិនោះចេញ។ ភិក្ខុនោះ និយាយតបយ៉ាងនេះថា អើអាវុសោ ចាំខ្ញុំសំដែង។ សង្ឃលើកវត្តភិក្ខុនោះ ព្រោះមិនសំដែងអាបត្តិ (យ៉ាងនេះ) ឈ្មោះថា កម្មមិនប្រកបដោយធម៌។ ម្នាលភិក្ខុទាំងឡាយ ម្យ៉ាងទៀត ទិដ្ឋិអាក្រក់ ដែលត្រូវលះបង់ មានដល់ភិក្ខុ ក្នុងសាសនានេះ។ សង្ឃក្តី ភិក្ខុច្រើនរូបក្តី បុគ្គល១រូបក្តី ចោទភិក្ខុនោះថា ម្នាលអាវុសោ លោកមានទិដ្ឋិអាក្រក់ហើយ ចូរលោកលះបង់ទិដ្ឋិអាក្រក់នុ៎ះចេញ។ ភិក្ខុនោះ និយាយតបយ៉ាងនេះថា អើអាវុសោ ចាំខ្ញុំលះបង់។ សង្ឃលើកវត្តភិក្ខុនោះ ព្រោះមិនលះបង់ ទិដ្ឋិអាក្រក់ចេញ (យ៉ាងនេះ) ឈ្មោះថា កម្មមិនប្រកបដោយធម៌។ ម្នាលភិក្ខុទាំងឡាយ ម្យ៉ាងទៀត អាបត្តិដែលត្រូវឃើញ ក៏មាន អាបត្តិ ដែលត្រូវសំដែង ក៏មានដល់ភិក្ខុ ក្នុងសាសនានេះ។ អាបត្តិដែលត្រូវឃើញក៏មាន ទិដ្ឋិអាក្រក់ ដែលត្រូវលះបង់ក៏មាន។ អាបត្តិដែលត្រូវសំដែងក៏មាន ទិដ្ឋិអាក្រក់ដែលត្រូវលះបង់ក៏មាន។ អាបត្តិដែលត្រូវឃើញក៏មាន អាបត្តិដែលត្រូវសំដែងក៏មាន (ទាំង) ទិដ្ឋិអាក្រក់ ដែលត្រូវលះបង់ក៏មាន។ សង្ឃក្តី ភិក្ខុច្រើនរូបក្តី បុគ្គល១រូបក្តី ចោទភិក្ខុនោះថា ម្នាលអាវុសោ លោកត្រូវអាបត្តិហើយ លោកឃើញអាបត្តិនុ៎ះទេ ចូរលោកសំដែងអាបត្តិនោះចេញ លោកមានទិដ្ឋិអាក្រក់ហើយ ចូរលោកលះទិដ្ឋិអាក្រក់នោះចេញ។ ភិក្ខុនោះ និយាយតបយ៉ាងនេះថា អើអាវុសោ ខ្ញុំឃើញដែរ អើចាំខ្ញុំសំដែងចេញ អើចាំខ្ញុំលះបង់ចេញ។ សង្ឃលើកវត្តភិក្ខុនោះ ព្រោះមិនឃើញអាបត្តិក្តី ព្រោះមិនសំដែងក្តី ព្រោះមិនលះបង់ទិដ្ឋិអាក្រក់ចេញក្តី (យ៉ាងនេះ) ឈ្មោះថា កម្មមិនប្រកបដោយធម៌។
[១០៤] ម្នាលភិក្ខុទាំងឡាយ អាបត្តិដែលត្រូវឃើញ មានដល់ភិក្ខុ ក្នុងសាសនានេះ។ សង្ឃក្តី ភិក្ខុច្រើនរូបក្តី បុគ្គល១រូបក្តី ចោទភិក្ខុនោះថា ម្នាលអាវុសោ លោកត្រូវអាបត្តិហើយ លោកឃើញអាបត្តិនុ៎ះទេ។ ភិក្ខុនោះ និយាយតបយ៉ាងនេះថា ម្នាលអាវុសោ អាបត្តិដែលខ្ញុំត្រូវឃើញ មិនមានដល់ខ្ញុំទេ។ សង្ឃលើកវត្តភិក្ខុនោះ ព្រោះមិនឃើញអាបត្តិ (យ៉ាងនេះ) ហៅថា កម្មប្រកបដោយធម៌។ ម្នាលភិក្ខុទាំងឡាយ ម្យ៉ាងទៀត អាបត្តិដែលត្រូវសំដែង មានដល់ភិក្ខុ ក្នុងសាសនានេះ។ សង្ឃក្តី ភិក្ខុច្រើនរូបក្តី បុគ្គលមួយរូបក្តី ចោទភិក្ខុនោះថា ម្នាលអាវុសោ លោកត្រូវអាបត្តិហើយ ចូរលោកសំដែងអាបត្តិនុ៎ះចេញ។ ភិក្ខុនោះ និយាយតបយ៉ាងនេះថា ម្នាលអាវុសោ អាបត្តិ ដែលខ្ញុំត្រូវសំដែង មិនមានដល់ខ្ញុំទេ។ សង្ឃលើកវត្តភិក្ខុនោះ ព្រោះមិនសំដែងអាបត្តិ (យ៉ាងនេះ) ហៅថា កម្មប្រកបដោយធម៌។ ម្នាលភិក្ខុទាំងឡាយ មួយវិញទៀត ទិដ្ឋិអាក្រក់ ដែលត្រូវលះបង់ មានដល់ភិក្ខុ ក្នុងសាសនានេះ។ សង្ឃក្តី ភិក្ខុច្រើនរូបក្តី បុគ្គល១រូបក្តី ចោទភិក្ខុនោះថា ម្នាលអាវុសោ លោកមានទិដ្ឋិអាក្រក់ហើយ ចូរលោកលះបង់ទិដ្ឋិអាក្រក់នុ៎ះចេញ។ ភិក្ខុនោះ និយាយតបយ៉ាងនេះថា ម្នាលអាវុសោ ទិដ្ឋិអាក្រក់ ដែលខ្ញុំត្រូវលះបង់ មិនមានដល់ខ្ញុំទេ។ សង្ឃលើកវត្តភិក្ខុនោះ ព្រោះមិនលះបង់ ទិដ្ឋិអាក្រក់ចេញ (យ៉ាងនេះ) ហៅថា កម្មប្រកបដោយធម៌។ ម្នាលភិក្ខុទាំងឡាយ ម្យ៉ាងទៀត អាបត្តិដែលត្រូវឃើញ ក៏មាន អាបត្តិដែលត្រូវសំដែង ក៏មានដល់ភិក្ខុ ក្នុងសាសនានេះ។ អាបត្តិដែលត្រូវឃើញក៏មាន ទិដ្ឋិអាក្រក់ដែលត្រូវលះបង់ក៏មាន។ អាបត្តិដែលត្រូវសំដែងក៏មាន ទិដ្ឋិអាក្រក់ដែលត្រូវលះបង់ក៏មាន។ អាបត្តិដែលត្រូវឃើញក៏មាន អាបត្តិដែលត្រូវសំដែងក៏មាន ទាំងទិដ្ឋិអាក្រក់ដែលត្រូវលះបង់ក៏មាន។ សង្ឃក្តី ភិក្ខុច្រើនរូបក្តី បុគ្គល១រូបក្តី ចោទភិក្ខុនោះថា ម្នាលអាវុសោ លោកត្រូវអាបត្តិហើយ លោកឃើញអាបត្តិនុ៎ះទេ ចូរលោកសំដែងអាបត្តិនោះចេញ ម្នាលអាវុសោ លោកមានទិដ្ឋិអាក្រក់ហើយ ចូរលោកលះបង់ទិដ្ឋិអាក្រក់នោះចេញ។ ភិក្ខុនោះ និយាយតបយ៉ាងនេះថា ម្នាលអាវុសោ អាបត្តិដែលខ្ញុំត្រូវឃើញ មិនមានដល់ខ្ញុំទេ អាបត្តិដែលខ្ញុំត្រូវសំដែង ក៏មិនមានដល់ខ្ញុំ ទាំងទិដ្ឋិអាក្រក់ ដែលខ្ញុំត្រូវលះបង់ ក៏មិនមានដល់ខ្ញុំដែរ។ សង្ឃលើកវត្តភិក្ខុនោះ ព្រោះមិនឃើញអាបត្តិក្តី ព្រោះមិនសំដែងក្តី ព្រោះមិនលះបង់ទិដ្ឋិអាក្រក់ចេញក្តី (យ៉ាងនេះ) ហៅថា កម្មប្រកបដោយធម៌។
[១០៥] គ្រានោះឯង ព្រះឧបាលិដ៏មានអាយុ ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយនៅក្នុងទីសមគួរ។ លុះព្រះឧបាលិដ៏មានអាយុ អង្គុយនៅក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលសួរពាក្យនេះ ចំពោះព្រះដ៏មានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន កម្មដែលត្រូវធ្វើក្នុងទីចំពោះមុខ សង្ឃណាមួយ ព្រមព្រៀងគ្នា ធ្វើក្នុងទីកំបាំងមុខទៅវិញ បពិត្រព្រះអង្គដ៏ចំរើន កម្មនោះជាកម្មត្រូវតាមធម៌ ជាកម្មត្រូវតាមវិន័យដែរឬ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលឧបាលិ កម្មនោះ ជាកម្មមិនត្រូវតាមធម៌ ជាកម្មមិនត្រូវតាមវិន័យទេ។ ព្រះឧបាលិដ៏មានអាយុ ក្រាបបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចំរើន កម្មដែលត្រូវធ្វើដោយការសាកសួរ សង្ឃណាមួយព្រមព្រៀងគ្នាធ្វើ ដោយការមិនសាកសួរវិញ កម្មដែលត្រូវធ្វើដោយការប្តេជ្ញា សង្ឃធ្វើ ដោយមិនបានប្តេជ្ញាវិញ ឲ្យអមូឡ្ហវិន័យដល់ភិក្ខុ ដែលគួរដល់សតិវិន័យវិញ ធ្វើតស្សបាបិយសិកាកម្ម ដល់ភិក្ខុដែលគួរដល់អមូឡ្ហវិន័យវិញ ធ្វើតជ្ជនីយកម្ម ដល់ភិក្ខុដែលគួរដល់តស្សបាបិយសិកាកម្មវិញ ធ្វើនិយស្សកម្ម ដល់ភិក្ខុដែលគួរដល់តជ្ជនីយកម្មវិញ ធ្វើបព្វានីយកម្ម ដល់ភិក្ខុដែលគួរដល់និយស្សកម្មវិញ ធ្វើបដិសារណីយកម្ម ដល់ភិក្ខុដែលគួរដល់បព្វាជនីយកម្មវិញ ធ្វើឧក្ខេបនីយកម្ម ដល់ភិក្ខុដែលគួរដល់បដិសារណីយកម្មវិញ ឲ្យបរិវាស ដល់ភិក្ខុដែលគួរដល់ឧក្ខេបនីយកម្មវិញ ឲ្យមូលាយបដិកស្សន ដល់ភិក្ខុដែលគួរដល់បរិវាសវិញ ឲ្យមានត្តដល់ភិក្ខុដែលគួរដល់មូលាយបដិកស្សនៈវិញ ឲ្យអព្ភាន ដល់ភិក្ខុដែលគួរដល់មានត្តវិញ ឲ្យឧបសម្បទា ដល់ភិក្ខុដែលគួរដល់អព្ភានវិញ បពិត្រព្រះអង្គដ៏ចំរើន កម្មនោះ ជាកម្មត្រូវតាមធម៌ ជាកម្មត្រូវតាមវន័យដែរឬ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលឧបាលិ កម្មនោះមិនមែនជាកម្មត្រូវតាមធម៌ មិនមែនជាកម្មត្រូវតាមវិន័យទេ ម្នាលឧបាលិ សង្ឃណាមួយព្រមព្រៀងគ្នា ធ្វើកម្មដែលត្រូវធ្វើ ក្នុងទីចំពោះមុខ (ត្រឡប់ជាធ្វើ) ក្នុងទីកំបាំងមុខវិញ ម្នាលឧបាលិ កម្មយ៉ាងនេះឯង ឈ្មោះថា អធម្មកម្ម (កម្មមិនត្រូវតាមធម៌) ឈ្មោះថា អវិនយកម្ម (កម្មមិនត្រូវតាមវិន័យ) ឯសង្ឃសោត ក៏ជាសង្ឃប្រកបដោយទោស ដោយប្រការដូច្នេះ ម្នាលឧបាលិ កម្មដែលត្រូវធ្វើ ដោយការសាកសួរ សង្ឃណាមួយព្រមព្រៀងគ្នាធ្វើ ដោយមិនបានសាកសួរ កម្មដែលត្រូវធ្វើ ដោយសេចក្តីប្តេជ្ញា សង្ឃធ្វើដោយមិនបានប្តេជ្ញាវិញ ឲ្យអមូឡ្ហវិន័យ ដល់ភិក្ខុ ដែលគួរដល់ សតិវិន័យ ធ្វើតស្សបាបិយសិកាកម្ម ដល់ភិក្ខុ ដែលគួរដល់ អមូឡ្ហវិន័យ ធ្វើតជ្ជនីយកម្ម ដល់ភិក្ខុ ដែលគួរដល់ តស្សបាបិយសិកាកម្ម ធ្វើនិយស្សកម្ម ដល់ភិក្ខុ ដែលគួរដល់ តជ្ជនីយកម្ម ធ្វើបព្វាជនីយកម្ម ដល់ភិក្ខុ ដែលគួរដល់ និយស្សកម្ម ធ្វើបដិសារណីយកម្ម ដល់ភិក្ខុ ដែលគួរដល់ បព្វាជនីយកម្ម ធ្វើឧក្ខេបនីយកម្ម ដល់ភិក្ខុ ដែលគួរដល់ បដិសារណីយកម្ម ឲ្យបរិវាស ដល់ភិក្ខុ ដែលគួរដល់ ឧក្ខេបនីយកម្ម ឲ្យមូលាយបដិកស្សនៈ ដល់ភិក្ខុ ដែលគួរដល់ បរិវាស ឲ្យមានត្ត ដល់ភិក្ខុ ដែលគួរដល់ មូលាយបដិកស្សនៈ ឲ្យអព្ភានដល់ភិក្ខុ ដែលគួរដល់មានត្ត ឲ្យឧបសម្បទា ដល់ភិក្ខុដែលគួរដល់ អព្ភាន ម្នាលឧបាលិ កម្មយ៉ាងនេះឯង ឈ្មោះថា ជាអធម្មកម្ម ជាអវិនយកម្ម ឯសង្ឃសោត ក៏ជាសង្ឃ ប្រកបដោយទោស ដោយប្រការយ៉ាងនេះ។
[១០៦] ព្រះឧបាលិត្ថេរ ក្រាបបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចំរើន កម្មដែលត្រូវធ្វើ ក្នុងទីចំពោះមុខ សង្ឃណាមួយ ព្រមព្រៀងគ្នា ធ្វើក្នុងទីចំពោះមុខ បពិត្រព្រះអង្គដ៏ចំរើន កម្មរបស់សង្ឃនោះ តើហៅថាធម្មកម្ម (កម្មត្រូវតាមធម៌) ថាវិនយកម្ម (កម្មត្រូវតាមវិន័យ) ដែរឬ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលឧបាលិ កម្មនោះ ហៅថា ជាធម្មកម្ម ជាវិនយកម្ម។ ព្រះឧបាលិត្ថេរ ក្រាបបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចំរើន កម្មដែលត្រូវធ្វើ ដោយការសាកសួរ សង្ឃណាមួយ ព្រមព្រៀងគ្នា ធ្វើដោយការសាកសួរ កម្មដែលត្រូវធ្វើ ដោយសេចក្តីប្តេជ្ញា សង្ឃធ្វើដោយសេចក្តីប្តេជ្ញា ឲ្យសតិវិន័យ ដល់ភិក្ខុដែលគួរដល់ សតិវិន័យ ឲ្យអមូឡ្ហវិន័យ ដល់ភិក្ខុដែលគួរដល់អមូឡ្ហវិន័យ ធ្វើតស្សបាបិយសិកាកម្ម ដល់ភិក្ខុ ដែលគួរដល់ តស្សបាបិយសិកាកម្ម ធ្វើតជ្ជនីយកម្ម ដល់ភិក្ខុ ដែលគួរដល់តជ្ជនីយកម្ម ធ្វើនិយស្សកម្ម ដល់ភិក្ខុ ដែលគួរដល់និយស្សកម្ម ធ្វើបព្វាជនីយកម្ម ដល់ភិក្ខុដែលគួរដល់ បព្វាជនីយកម្ម ធ្វើបដិសារណីយកម្ម ដល់ភិក្ខុដែលគួរដល់ បដិសារណីយកម្ម ធ្វើឧក្ខេបនីយកម្ម ដល់ភិក្ខុដែលគួរដល់ ឧក្ខេបនីយកម្ម ឲ្យបរិវាស ដល់ភិក្ខុដែលគួរដល់បរិវាស ឲ្យមូលាយបដិកស្សនៈ ដល់ភិក្ខុដែលគួរដល់ មូលាយបដិកស្សនៈ ឲ្យមានត្ត ដល់ភិក្ខុដែលគួរដល់មានត្ត ឲ្យអព្ភាន ដល់ភិក្ខុដែលគួរដល់ អព្ភាន ឲ្យឧបសម្បទា ដល់កុលបុត្ត ដែលគួរដល់ ឧបសម្បទា បពិត្រព្រះអង្គដ៏ចំរើន កម្មរបស់សង្ឃនោះ ជាធម្មកម្ម ជាវិនយកម្មដែរឬ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលឧបាលិ កម្មនោះ ជាធម្មកម្ម ជាវិនយកម្ម ម្នាលឧបាលិ កម្មដែលត្រូវធ្វើ ក្នុងទីចំពោះមុខ សង្ឃណាមួយ ព្រមព្រៀងគ្នាធ្វើ ក្នុងទីចំពោះមុខ ម្នាលឧបាលិ កម្មយ៉ាងនេះឯង ឈ្មោះថា ជាធម្មកម្ម ជាវិនយកម្ម ឯសង្ឃសោត ក៏ឈ្មោះថា ជាសង្ឃ មិនប្រកបដោយទោស ដោយប្រការយ៉ាងនេះ ម្នាលឧបាលិ កម្មដែលត្រូវធ្វើ ដោយការសាកសួរ សង្ឃណាមួយ ព្រមព្រៀងគ្នាធ្វើ ដោយការសាកសួរ កម្មដែលត្រូវធ្វើដោយសេចក្តីប្តេជ្ញា សង្ឃធ្វើដោយសេចក្តីប្តេជ្ញា ឲ្យសតិវិន័យ ដល់ភិក្ខុដែលគួរដល់សតិវិន័យ ឲ្យអមូឡ្ហវិន័យ ដល់ភិក្ខុដែលគួរដល់ អមូឡ្ហវិន័យ ធ្វើតស្សបាបិយសិកាកម្ម ដល់ភិក្ខុដែលគួរដល់តស្សបាបិយសិកាកម្ម ធ្វើតជ្ជនីយកម្ម ដល់ភិក្ខុដែលគួរដល់តជ្ជនីយកម្ម ធ្វើនិយស្សកម្ម ដល់ភិក្ខុ ដែលគួរដល់និយស្សកម្ម ធ្វើបព្វាជនីយកម្ម ដល់ភិក្ខុដែលគួរដល់បព្វាជនីយកម្ម ធ្វើបដិសារណីយកម្ម ដល់ភិក្ខុដែលគួរដល់បដិសារណីយកម្ម ធ្វើឧក្ខេបនីយកម្ម ដល់ភិក្ខុដែលគួរដល់ឧក្ខេបនីយកម្ម ឲ្យបរិវាស ដល់ភិក្ខុដែលគួរដល់បរិវាស ឲ្យមូលាយបដិកស្សនៈ ដល់ភិក្ខុ ដែលគួរដល់ មូលាយបដិកស្សនៈ ឲ្យមានត្ត ដល់ភិក្ខុដែលគួរដល់មានត្ត ឲ្យអព្ភាន ដល់ភិក្ខុ ដែលគួរដល់អព្ភាន ឲ្យឧបសម្បទា ដល់កុលបុត្ត ដែលគួរដល់ឧបសម្បទា ម្នាលឧបាលិ កម្មយ៉ាងនេះឯង ឈ្មោះថា ជាធម្មកម្ម ជាវិនយកម្ម។ ឯសង្ឃសោត ក៏ហៅថា ជាសង្ឃ មិនប្រកបដោយទោស ដោយប្រការយ៉ាងនេះ។
[១០៧] ព្រះឧបាលិត្ថេរ ក្រាបបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចំរើន សង្ឃណាមួយ ព្រមព្រៀងគ្នា ឲ្យអមូឡ្ហវិន័យ ដល់ភិក្ខុដែលគួរដល់សតិវិន័យ ឲ្យសតិវិន័យ ដល់ភិក្ខុដែលគួរដល់អមូឡ្ហវិន័យ បពិត្រព្រះអង្គដ៏ចំរើន កម្មនោះ ជាធម្មកម្ម ជាវិនយកម្មដែរឬ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលឧបាលិ កម្មនោះ ជាអធម្មកម្ម ជាអវិនយកម្ម។ ព្រះឧបាលិត្ថេរ ក្រាបបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចំរើន សង្ឃណាមួយ ព្រមព្រៀងគ្នា ធ្វើតស្សបាបិយសិកាកម្ម ដល់ភិក្ខុដែលគួរដល់អមូឡ្ហវិន័យ ឲ្យអមូឡ្ហវិន័យ ដល់ភិក្ខុដែលគួរដល់តស្សបាបិយសិកាកម្ម ធ្វើតជ្ជនីយកម្ម ដល់ភិក្ខុដែលគួរដល់តស្សបាបិយសិកាកម្ម ធ្វើតស្សបាបិយសិកាកម្ម ដល់ភិក្ខុដែលគួរដល់តជ្ជនីយកម្ម ធ្វើនិយស្សកម្ម ដល់ភិក្ខុដែលគួរដល់តជ្ជនីយកម្ម ធ្វើតជ្ជនីយកម្ម ដល់ភិក្ខុដែលគួរដល់និយស្សកម្ម ធ្វើបព្វាជនីយកម្ម ដល់ភិក្ខុដែលគួរដល់និយស្សកម្ម ធ្វើនិយស្សកម្ម ដល់ភិក្ខុដែលគួរដល់បព្វាជនីយកម្ម ធ្វើបដិសារណីយកម្ម ដល់ភិក្ខុដែលគួរដល់បព្វាជនីយកម្ម ធ្វើបព្វាជនីយកម្ម ដល់ភិក្ខុដែលគួរដល់បដិសារណីយកម្ម ធ្វើឧក្ខេបនីយកម្ម ដល់ភិក្ខុដែលគួរដល់បដិសារណីយកម្ម ធ្វើបដិសារណីយកម្ម ដល់ភិក្ខុដែលគួរដល់ឧក្ខេបនីយកម្ម ឲ្យបរិវាស ដល់ភិក្ខុដែលគួរដល់ឧក្ខេបនីយកម្ម ធ្វើឧក្ខេបនីយកម្មដល់ភិក្ខុដែលគួរដល់បរិវាស ឲ្យមូលាយបដិកស្សនៈ ដល់ភិក្ខុដែលគួរដល់បរិវាស ឲ្យបរិវាស ដល់ភិក្ខុដែលគួរដល់មូលាយបដិកស្សនៈ ឲ្យមានត្ត ដល់ភិក្ខុដែលគួរដល់មូលាយបដិកស្សនៈ ឲ្យមូលាយបដិកស្សនៈ ដល់ភិក្ខុដែលគួរដល់មានត្ត ឲ្យអព្ភាន ដល់ភិក្ខុដែលគួរដល់មានត្ត ឲ្យមានត្ត ដល់ភិក្ខុដែលគួរដល់អព្ភាន ឲ្យឧបសម្បទា ដល់ភិក្ខុដែលគួរដល់អព្ភាន ឲ្យអព្ភាន ដល់ភិក្ខុដែលគួរដល់ឧបសម្បទា បពិត្រព្រះអង្គដ៏ចំរើន កម្មនោះ ជាធម្មកម្ម ជាវិនយកម្មដែរឬ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលឧបាលិ កម្មនោះ មិនមែនជាធម្មកម្ម ជាវិនយកម្មទេ។ ម្នាលឧបាលិ សង្ឃណាមួយ ព្រមព្រៀងគ្នា ឲ្យអមូឡ្ហវិន័យ ដល់ភិក្ខុដែលគួរដល់សតិវិន័យ ឲ្យសតិវិន័យ ដល់ភិក្ខុដែលគួរដល់អមូឡ្ហវិន័យ ម្នាលឧបាលិ កម្មយ៉ាងនោះឯង ឈ្មោះថា ជាអធម្មកម្ម ជាអវិនយកម្ម ឯសង្ឃសោត ក៏ជាសង្ឃប្រកបដោយទោស ដោយប្រការដូច្នេះ។ ម្នាលឧបាលិ សង្ឃណាមួយ ព្រមព្រៀងគ្នា ធ្វើតស្សបាបិយសិកាកម្ម ដល់ភិក្ខុដែលគួរដល់អមូឡ្ហវិន័យ ឲ្យអមូឡ្ហវិន័យ ដល់ភិក្ខុដែលគួរដល់តស្សបាបិយសិកាកម្ម ធ្វើតជ្ជនីយកម្ម ដល់ភិក្ខុដែលគួរដល់តស្សបាបិយសិកាកម្ម ធ្វើតស្សបាបិយសិកាកម្ម ដល់ភិក្ខុដែលគួរដល់តជ្ជនីយកម្ម ធ្វើនិយស្សកម្ម ដល់ភិក្ខុដែលគួរដល់តជ្ជនីយកម្ម ធ្វើតជ្ជនីយកម្ម ដល់ភិក្ខុដែលគួរដល់និយស្សកម្ម ធ្វើបព្វាជនីយកម្ម ដល់ភិក្ខុដែលគួរដល់និយស្សកម្ម ធ្វើនិយស្សកម្ម ដល់ភិក្ខុដែលគួរដល់បព្វាជនីយកម្ម ធ្វើបដិសារណីយកម្ម ដល់ភិក្ខុដែលគួរដល់បព្វាជនីយកម្ម ធ្វើបព្វាជនីយកម្ម ដល់ភិក្ខុដែលគួរដល់បដិសារណីយកម្ម ធ្វើឧក្ខេបនីយកម្ម ដល់ភិក្ខុដែលគួរដល់បដិសារណីយកម្ម ធ្វើបដិសារណីយកម្ម ដល់ភិក្ខុដែលគួរដល់ឧក្ខេបនីយកម្ម ឲ្យបរិវាស ដល់ភិក្ខុដែលគួរដល់ឧក្ខេបនីយកម្ម ធ្វើឧក្ខេបនីយកម្មដល់ភិក្ខុដែលគួរដល់បរិវាស ឲ្យមូលាយបដិកស្សនៈ ដល់ភិក្ខុដែលគួរដល់បរិវាស ឲ្យបរិវាស ដល់ភិក្ខុដែលគួរដល់មូលាយបដិកស្សនៈ ឲ្យមានត្ត ដល់ភិក្ខុដែលគួរដល់មូលាយបដិកស្សនៈ ឲ្យមូលាយបដិកស្សនៈ ដល់ភិក្ខុដែលគួរដល់មានត្ត ឲ្យអព្ភាន ដល់ភិក្ខុដែលគួរដល់មានត្ត ឲ្យមានត្ត ដល់ភិក្ខុដែលគួរដល់អព្ភាន ឲ្យឧបសម្បទា ដល់ភិក្ខុដែលគួរដល់អព្ភាន ឲ្យអព្ភាន ដល់ភិក្ខុដែលគួរដល់ឧបសម្បទា ម្នាលឧបាលិ កម្មយ៉ាងនោះឯង ជាអធម្មកម្ម ជាអវិនយកម្ម។ ឯសង្ឃសោត ក៏ជាសង្ឃប្រកបដោយទោស ដោយប្រការដូច្នេះ។
[១០៨] ព្រះឧបាលិ ក្រាបបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចំរើន សង្ឃណាមួយ ព្រមព្រៀងគ្នា ឲ្យសតិវិន័យ ដល់ភិក្ខុដែលគួរដល់សតិវិន័យ ឲ្យអមូឡ្ហវិន័យ ដល់ភិក្ខុដែលគួរដល់អមូឡ្ហវិន័យ បពិត្រព្រះអង្គដ៏ចំរើន កម្មនោះ ជាធម្មកម្ម ជាវិនយកម្មដែរឬ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលឧបាលិ កម្មនោះ ជាធម្មកម្ម ជាវិនយកម្មហើយ។ ព្រះឧបាលិ ក្រាបបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចំរើន សង្ឃណាមួយ ព្រមព្រៀងគ្នា ឲ្យអមូឡ្ហវិន័យ ភិក្ខុដែលគួរដល់អមូឡ្ហវិន័យ ធ្វើតស្សបាបិយសិកាកម្ម ដល់ភិក្ខុដែលគួរដល់តស្សបាបិយសិកាកម្ម ធ្វើតជ្ជនីយកម្ម ដល់ភិក្ខុដែលគួរដល់តជ្ជនីយកម្ម ធ្វើនិយស្សកម្ម ដល់ភិក្ខុដែលគួរដល់និយស្សកម្ម ធ្វើបព្វាជនីយកម្ម ដល់ភិក្ខុដែលគួរដល់បព្វាជនីយកម្ម ធ្វើបដិសារណីយកម្ម ដល់ភិក្ខុ ដែលគួរដល់បដិសារណីយកម្ម ធ្វើឧក្ខេបនីយកម្ម ដល់ភិក្ខុដែលគួរដល់ឧក្ខេបនីយកម្ម ឲ្យបរិវាស ដល់ភិក្ខុដែលគួរដល់បរិវាស ឲ្យមូលាយបដិកស្សនៈ ដល់ភិក្ខុដែលគួរដល់មូលាយបដិកស្សនៈ ឲ្យមានត្ត ដល់ភិក្ខុដែលគួរដល់មានត្ត ឲ្យអព្ភាន ដល់ភិក្ខុដែលគួរដល់អព្ភាន ឲ្យឧបសម្បទា ដល់កុលបុត្តដែលគួរដល់ឧបសម្បទា បពិត្រព្រះអង្គដ៏ចំរើន កម្មនោះ ជាធម្មកម្ម ជាវិនយកម្មដែរឬ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលឧបាលិ កម្មនោះ ជាធម្មកម្ម ជាវិនយកម្មហើយ។ ម្នាលឧបាលិ សង្ឃណាមួយ ព្រមព្រៀងគ្នា ឲ្យសតិវិន័យ ដល់ភិក្ខុដែលគួរដល់សតិវិន័យ ឲ្យអមូឡ្ហវិន័យ ដល់ភិក្ខុដែលគួរដល់អមូឡ្ហវិន័យ ម្នាលឧបាលិ កម្មយ៉ាងនេះឯង ឈ្មោះថា ជាធម្មកម្ម ជាវិនយកម្ម។ ឯសង្ឃសោត ក៏ជាសង្ឃមិនប្រកបដោយទោស ដោយប្រការយ៉ាងនេះ។ ម្នាលឧបាលិ សង្ឃណាមួយ ព្រមព្រៀងគ្នា ឲ្យអមូឡ្ហវិន័យ ដល់ភិក្ខុដែលគួរដល់អមូឡ្ហវិន័យ ធ្វើតស្សបាបិយសិកាកម្ម ដល់ភិក្ខុដែលគួរដល់តស្សបាបិយសិកាកម្ម ធ្វើតជ្ជនីយកម្ម ដល់ភិក្ខុដែលគួរដល់តជ្ជនីយកម្ម ធ្វើនិយស្សកម្ម ដល់ភិក្ខុដែលគួរដល់និយស្សកម្ម ធ្វើបព្វាជនីយកម្ម ដល់ភិក្ខុដែលគួរដល់បព្វាជនីយកម្ម ធ្វើបដិសារណីយកម្ម ដល់ភិក្ខុដែលគួរដល់បដិសារណីយកម្ម ធ្វើឧក្ខេបនីយកម្ម ដល់ភិក្ខុដែលគួរដល់ឧក្ខេបនីយកម្ម ឲ្យបរិវាស ដល់ភិក្ខុដែលគួរដល់បរិវាស ឲ្យមូលាយបដិកស្សនៈ ដល់ភិក្ខុដែលគួរដល់មូលាយបដិកស្សនៈ ឲ្យមានត្ត ដល់ភិក្ខុដែលគួរដល់មានត្ត ឲ្យអព្ភាន ដល់ភិក្ខុដែលគួរដល់អព្ភាន ឲ្យឧបសម្បទា ដល់កុលបុត្តដែលគួរដល់ឧបសម្បទា ម្នាលឧបាលិ កម្មយ៉ាងនេះឯង ឈ្មោះថា ជាធម្មកម្ម ជាវិនយកម្ម។ ឯសង្ឃសោត ក៏ជាសង្ឃមិនប្រកបដោយទោស ដោយប្រការដូច្នេះ។
[១០៩] គ្រានោះឯង ព្រះដ៏មានព្រះភាគ ទ្រង់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ សង្ឃណាមួយ ព្រមព្រៀងគ្នា ឲ្យអមូឡ្ហវិន័យ ដល់ភិក្ខុដែលគួរដល់សតិវិន័យ ម្នាលភិក្ខុទាំងឡាយ កម្មយ៉ាងនេះឯង ជាអធម្មកម្ម ជាអវិនយកម្ម ឯសង្ឃសោត ក៏ជាសង្ឃប្រកបដោយទោស ដោយប្រការយ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ សង្ឃណាមួយ ព្រមព្រៀងគ្នា ធ្វើតស្សបាបិយសិកាកម្ម ដល់ភិក្ខុដែលគួរដល់សតិវិន័យ ធ្វើតជ្ជនីយកម្ម ដល់ភិក្ខុដែលគួរដល់សតិវិន័យ ធ្វើនិយស្សកម្ម ដល់ភិក្ខុដែលគួរដល់សតិវិន័យ ធ្វើបព្វាជនីយកម្ម ដល់ភិក្ខុដែលគួរដល់សតិវិន័យ ធ្វើបដិសារណីយកម្ម ដល់ភិក្ខុដែលគួរដល់សតិវិន័យ ធ្វើឧក្ខេបនីយកម្ម ដល់ភិក្ខុដែលគួរដល់សតិវិន័យ ឲ្យបរិវាស ដល់ភិក្ខុដែលគួរដល់សតិវិន័យ ឲ្យមូលាយបដិកស្សនៈ ដល់ភិក្ខុដែលគួរដល់សតិវិន័យ ឲ្យមានត្ត ដល់ភិក្ខុដែលគួរដល់សតិវិន័យ ឲ្យអព្ភាន ដល់ភិក្ខុដែលគួរដល់សតិវិន័យ ឲ្យឧបសម្បទា ដល់ភិក្ខុដែលគួរដល់សតិវិន័យ ម្នាលភិក្ខុទាំងឡាយ កម្មយ៉ាងនេះឯង ជាអធម្មកម្ម ជាអវិនយកម្ម ឯសង្ឃសោត ក៏ប្រកបដោយទោស ដោយប្រការយ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ សង្ឃឯណាមួយ ព្រមព្រៀងគ្នា ធ្វើតស្សបាបិយសិកាកម្ម ដល់ភិក្ខុដែលគួរដល់អមូឡ្ហវិន័យ ម្នាលភិក្ខុទាំងឡាយ កម្មយ៉ាងនេះឯង ជាអធម្មកម្ម អវិនយកម្ម ឯសង្ឃសោត ក៏ប្រកបដោយទោស ដោយប្រការយ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ សង្ឃណាមួយ ព្រមព្រៀងគ្នាធ្វើតជ្ជនីយកម្ម ដល់ភិក្ខុដែលគួរដល់អមូឡ្ហវិន័យ ធ្វើនិយស្សកម្ម ដល់ភិក្ខុដែលគួរដល់អមូឡ្ហវិន័យ ធ្វើបព្វាជនីយកម្ម ដល់ភិក្ខុដែលគួរដល់អមូឡ្ហវិន័យ ធ្វើបដិសារណីយកម្ម ដល់ភិក្ខុដែលគួរដល់អមូឡ្ហវិន័យ ធ្វើឧក្ខេបនីយកម្ម ដល់ភិក្ខុដែលគួរដល់ អមូឡ្ហវិន័យ ឲ្យបរិវាស ដល់ភិក្ខុដែលគួរដល់អមូឡ្ហវិន័យ ឲ្យមូលាយបដិកស្សនៈ ដល់ភិក្ខុ ដែលគួរដល់អមូឡ្ហវិន័យ ឲ្យមានត្ត ដល់ភិក្ខុដែលគួរដល់អមូឡ្ហវិន័យ ឲ្យអព្ភាន ដល់ភិក្ខុ ដែលគួរដល់អមូឡ្ហវិន័យ ឲ្យឧបសម្បទា ដល់ភិក្ខុ ដែលគួរដល់អមូឡ្ហវិន័យ ឲ្យសតិវិន័យ ដល់ភិក្ខុ ដែលគួរដល់ អមូឡ្ហវិន័យម្នាលភិក្ខុទាំងឡាយ កម្មយ៉ាងនេះឯង ជាអធម្មកម្ម អវិនយកម្ម ឯសង្ឃសោត ក៏ប្រកបដោយទោស ដោយប្រការយ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ សង្ឃណាមួយ ព្រមព្រៀងគ្នាធ្វើតជ្ជនីយកម្ម ដល់ភិក្ខុដែលគួរដល់ តស្សបាបិយសិកាកម្ម ធ្វើនិយស្សកម្ម ដល់ភិក្ខុដែលគួរដល់តស្សបាបិយសិកាកម្ម ធ្វើបព្វាជនីយកម្ម ដល់ភិក្ខុ ដែលគួរដល់តស្សបាបិយសិកាកម្ម ធ្វើបដិសារណីយកម្ម ដល់ភិក្ខុ ដែលគួរដល់ តស្សបាបិយសិកាកម្ម ធ្វើឧក្ខេបនីយកម្ម ដល់ភិក្ខុដែលគួរដល់តស្សបាបិយសិកាកម្ម ឲ្យបរិវាស ដល់ភិក្ខុដែលគួរដល់តស្សបាបិយសិកាកម្ម។បេ។ ឲ្យសតិវិន័យ ដល់ភិក្ខុដែលគួរដល់តស្សបាបិយសិកាកម្ម ឲ្យអមូឡ្ហវិន័យ ដល់ភិក្ខុដែលគួរដល់តស្សបាបិយសិកាកម្ម ម្នាលភិក្ខុទាំងឡាយ កម្មយ៉ាងនេះឯង ជាអធម្មកម្ម អវិនយកម្ម ឯសង្ឃសោត ក៏ប្រកបដោយទោស ដោយប្រការយ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ សង្ឃឯណានីមួយ ព្រមព្រៀងគ្នា ឲ្យសតិវិន័យ ដល់ភិក្ខុដែលគួរដល់តជ្ជនីយកម្ម។បេ។ ដល់ភិក្ខុដែលគួរដល់និយស្សកម្ម ដល់ភិក្ខុដែលគួរដល់បព្វាជនីយកម្ម ដល់ភិក្ខុដែលគួរដល់បដិសារណីយកម្ម ដល់ភិក្ខុដែលគួរដល់ឧក្ខេបនីយកម្ម ដល់ភិក្ខុដែលគួរដល់បរិវាស ដល់ភិក្ខុដែលគួរដល់ មូលាយបដិកស្សនៈ ដល់ភិក្ខុដែលគួរដល់មានត្ត ដល់ភិក្ខុដែលគួរដល់អព្ភាន ដល់កុលបុត្ត ដែលគួរដល់ឧបសម្បទា ឲ្យអមូឡ្ហវិន័យ ដល់កុលបុត្ត ដែលគួរដល់ឧបសម្បទា ធ្វើតស្សបាបិយសិកាកម្ម ដល់កុលបុត្ត ដែលគួរដល់ឧបសម្បទា ធ្វើតជ្ជនីយកម្ម ដល់កុលបុត្ត ដែលគួរដល់ឧបសម្បទា ធ្វើនិយស្សកម្ម ដល់កុលបុត្ត ដែលគួរដល់ឧបសម្បទា ធ្វើបព្វាជនីយកម្ម ដល់កុលបុត្ត ដែលគួរដល់ឧបសម្បទា ធ្វើបដិសារណីយកម្ម ដល់កុលបុត្ត ដែលគួរដល់ឧបសម្បទា ធ្វើឧក្ខេបនីយកម្ម ដល់កុលបុត្ត ដែលគួរដល់ឧបសម្បទា ឲ្យបរិវាស ដល់កុលបុត្ត ដែលគួរដល់ឧបសម្បទា ឲ្យមូលាយបដិកស្សនៈ ដល់កុលបុត្ត ដែលគួរដល់ឧបសម្បទា ឲ្យមានត្ត ដល់កុលបុត្ត ដែលគួរដល់ឧបសម្បទា ឲ្យអព្ភាន ដល់កុលបុត្ត ដែលគួរដល់ឧបសម្បទា ម្នាលភិក្ខុទាំងឡាយ កម្មយ៉ាងនេះឯង ជាអធម្មកម្ម អវិនយកម្ម ឯសង្ឃសោត ក៏ប្រកបដោយទោស ដោយប្រការយ៉ាងនេះ។
ចប់ ឧបាលិបុច្ឆាភាណវារៈ ទី២។
[១១០] ម្នាលភិក្ខុទាំងឡាយ ក៏ក្នុងសាសនានេះ មានភិក្ខុជាអ្នកធ្វើនូវការបង្កហេតុ ជាអ្នកធ្វើនូវជំលោះ ជាអ្នកធ្វើនូវវិវាទ (ទាស់ទែងគ្នា) ជាអ្នកធ្វើនូវតិរច្ឆានកថា ជាអ្នកធ្វើនូវអធិករណ៍ក្នុងសង្ឃ។ ក្នុងរឿងនោះ បើភិក្ខុទាំងឡាយ គិតគ្នាយ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ភិក្ខុនេះឯង ជាអ្នកធ្វើនូវការបង្កហេតុ ជាអ្នកធ្វើនូវជំលោះ ជាអ្នកធ្វើនូវវិវាទ ជាអ្នកធ្វើនូវតិរច្ឆានកថា ជាអ្នកធ្វើនូវអធិករណ៍ក្នុងសង្ឃ បើដូច្នោះ មានតែយើងរាល់គ្នា ធ្វើតជ្ជនីយកម្ម ដល់ភិក្ខុនេះ។ ភិក្ខុទាំងឡាយនោះ ជាពួកមិនប្រកបដោយធម៌ ធ្វើតជ្ជនីយកម្ម ដល់ភិក្ខុនោះ។ ឯភិក្ខុនោះ ក៏ចេញពីអាវាសនោះ ទៅកាន់អាវាសដទៃទៀត។ ឯភិក្ខុទាំងឡាយ ក្នុងអាវាសនោះ ក៏គិតគ្នាយ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ភិក្ខុនេះឯង ដែលសង្ឃបានធ្វើតជ្ជនីយកម្មហើយ ដោយភិក្ខុទាំងឡាយ ដែលជាពួកមិនប្រកបដោយធម៌ បើដូច្នោះ មានតែយើងទាំងឡាយ ធ្វើតជ្ជនីយកម្ម ដល់ភិក្ខុនេះ។ ភិក្ខុទាំងឡាយនោះ ព្រមព្រៀងគ្នា តែមិនប្រកបដោយធម៌ ក៏ធ្វើតជ្ជនីយកម្ម ដល់ភិក្ខុនោះ (ទៀត)។ ភិក្ខុនោះ ចេញពីអាវាសនោះ ទៅកាន់អាវាសដទៃទៀត។ ឯភិក្ខុទាំងឡាយ ក្នុងអាវាសនោះ ក៏គិតគ្នាយ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ភិក្ខុនេះឯង ដែលសង្ឃបានធ្វើតជ្ជនីយកម្មហើយ ដោយភិក្ខុទាំងឡាយ ដែលព្រមព្រៀងគ្នា តែមិនប្រកបដោយធម៌ បើដូច្នោះ មានតែយើងរាល់គ្នា ធ្វើតជ្ជនីយកម្ម ដល់ភិក្ខុនេះ។ ភិក្ខុទាំងឡាយនោះ ជាពួក តែប្រកបដោយធម៌ ធ្វើតជ្ជនីយកម្ម ដល់ភិក្ខុនោះ។ ភិក្ខុនោះ ក៏ចេញពីអាវាសនោះ ទៅកាន់អាវាសដទៃ(ទៀត)។ ឯភិក្ខុទាំងឡាយ ក្នុងអាវាសនោះ គិតគ្នាយ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ភិក្ខុនេះឯង ដែលសង្ឃបានធ្វើតជ្ជនីយកម្មហើយ ដោយភិក្ខុទាំងឡាយជាពួក តែប្រកបដោយធម៌ បើដូច្នោះ មានតែយើងទាំងឡាយ ធ្វើតជ្ជនីយកម្ម ដល់ភិក្ខុនេះ។ ភិក្ខុទាំងឡាយនោះ ជាពួក ទាំងប្រកបដោយធម៌ប្លម ធ្វើតជ្ជនីយកម្ម ដល់ភិក្ខុនោះ។ ភិក្ខុនោះ ក៏ចេញពីអាវាសនោះ ទៅកាន់អាវាសដទៃទៀត។ ឯភិក្ខុទាំងឡាយ ក្នុងអាវាសនោះ គិតគ្នាយ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ភិក្ខុនេះឯង ដែលសង្ឃបានធ្វើតជ្ជនីយកម្មហើយ ដោយភិក្ខុទាំងឡាយជាពួក ទាំងប្រកបដោយធម៌ប្លម បើដូច្នោះ មានតែយើងរាល់គ្នា ធ្វើតជ្ជនីយកម្ម ដល់ភិក្ខុនេះ។ ភិក្ខុទាំងឡាយនោះ ព្រមព្រៀងគ្នា តែប្រកបដោយធម៌ប្លម ក៏ធ្វើតជ្ជនីយកម្ម ដល់ភិក្ខុនោះ(ទៀត)។
[១១១] ម្នាលភិក្ខុទាំងឡាយ មួយវិញទៀត ភិក្ខុក្នុងសាសនានេះ ជាអ្នកធ្វើនូវការបង្កហេតុ ជាអ្នកធ្វើនូវជំលោះ ជាអ្នកធ្វើនូវវិវាទ ជាអ្នកធ្វើនូវតិរច្ឆានកថា ជាអ្នកធ្វើនូវអធិករណ៍ក្នុងសង្ឃ។ ក្នុងរឿងនោះ បើភិក្ខុទាំងឡាយ គិតគ្នាយ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ភិក្ខុនេះឯង ជាអ្នកធ្វើនូវការបង្កហេតុ ជាអ្នកធ្វើនូវជំលោះ ជាអ្នកធ្វើនូវវិវាទ ជាអ្នកធ្វើនូវតិរច្ឆានកថា ជាអ្នកធ្វើនូវអធិករណ៍ក្នុងសង្ឃ បើដូច្នោះ មានតែយើងទាំងឡាយ ធ្វើតជ្ជនីយកម្ម ដល់ភិក្ខុនេះ។ ភិក្ខុទាំងនោះ ព្រមព្រៀងគ្នា តែមិនប្រកបដោយធម៌ ធ្វើតជ្ជនីយកម្ម ដល់ភិក្ខុនោះ។ ភិក្ខុនោះ ក៏ចេញពីអាវាសនោះ ទៅកាន់អាវាសដទៃ(ទៀត)។ ឯភិក្ខុទាំងឡាយ ក្នុងអាវាសនោះ ក៏គិតគ្នា យ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ភិក្ខុនេះឯង ដែលសង្ឃបានធ្វើតជ្ជនីយកម្មហើយ ដោយភិក្ខុទាំងឡាយ ដែលព្រមព្រៀងគ្នា តែមិនប្រកបដោយធម៌ បើដូច្នោះ មានតែយើងទាំងឡាយ ធ្វើតជ្ជនីយកម្ម ដល់ភិក្ខុនេះ។ ភិក្ខុទាំងឡាយនោះ ជាពួក តែប្រកបដោយធម៌ ធ្វើតជ្ជនីយកម្ម ដល់ភិក្ខុនោះ។ ភិក្ខុនោះ ក៏ចេញពីអាវាសនោះ ទៅកាន់អាវាសដទៃ(ទៀត)។ ឯភិក្ខុទាំងឡាយ ក្នុងអាវាសនោះ ក៏គិតគ្នា យ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ភិក្ខុនេះឯង ដែលសង្ឃ បានធ្វើតជ្ជនីយកម្មហើយ ដោយភិក្ខុទាំងឡាយ ដែលជាពួក តែប្រកបដោយធម៌ បើដូច្នោះ មានតែយើងទាំងឡាយ ធ្វើតជ្ជនីយកម្ម ដល់ភិក្ខុនេះ។ ភិក្ខុទាំងនោះ ជាពួក ទាំងប្រកបដោយធម៌ប្លម ធ្វើតជ្ជនីយកម្ម ដល់ភិក្ខុនោះ(ទៀត)។ ភិក្ខុនោះ ក៏ចេញពីអាវាសនោះ ទៅកាន់អាវាសដទៃ (ទៀត)។ ឯភិក្ខុទាំងឡាយ ក្នុងអាវាសនោះ គិតគ្នាយ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ភិក្ខុនេះឯង ដែលសង្ឃ បានធ្វើតជ្ជនីយកម្មហើយ ដោយភិក្ខុទាំងឡាយ ដែលជាពួក ទាំងប្រកបដោយធម៌ប្លម បើដូច្នោះ មានតែយើងទាំងឡាយ ធ្វើតជ្ជនីយកម្ម ដល់ភិក្ខុនេះ។ ភិក្ខុទាំងនោះ ព្រមព្រៀងគ្នា តែប្រកបដោយធម៌ប្លម ធ្វើតជ្ជនីយកម្ម ដល់ភិក្ខុនោះ(ទៀត)។ ភិក្ខុនោះ ក៏ចេញពីអាវាសនោះ ទៅកាន់អាវាសដទៃ(ទៀត)។ ឯភិក្ខុទាំងឡាយ ក្នុងអាវាសនោះ គិតគ្នាយ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ភិក្ខុនេះឯង ដែលសង្ឃ បានធ្វើតជ្ជនីយកម្មហើយ ដោយភិក្ខុទាំងឡាយ ដែលព្រមព្រៀងគ្នា តែប្រកបដោយធម៌ប្លម បើដូច្នោះ មានតែយើងទាំងឡាយ ធ្វើតជ្ជនីយកម្ម ដល់ភិក្ខុនេះ។ ភិក្ខុទាំងនោះ ជាពួក ទាំងមិនប្រកបដោយធម៌ ធ្វើតជ្ជនីយកម្ម ដល់ភិក្ខុនោះ(ទៀត)។
[១១២] ម្នាលភិក្ខុទាំងឡាយ ម្យ៉ាងទៀត ភិក្ខុក្នុងសាសនានេះ ជាអ្នកធ្វើនូវការបង្កហេតុ ជាអ្នកធ្វើនូវជំលោះ ជាអ្នកធ្វើនូវវិវាទ ជាអ្នកធ្វើនូវតិរច្ឆានកថា ជាអ្នកធ្វើនូវអធិករណ៍ក្នុងសង្ឃ។ ក្នុងរឿងនោះ បើភិក្ខុទាំងឡាយ គិតគ្នាយ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ភិក្ខុនេះឯង ជាអ្នកធ្វើនូវការបង្កហេតុ ជាអ្នកធ្វើនូវជំលោះ ជាអ្នកធ្វើនូវវិវាទ ជាអ្នកធ្វើនូវតិរច្ឆានកថា ជាអ្នកធ្វើនូវអធិករណ៍ក្នុងសង្ឃ បើដូច្នោះ មានតែយើងទាំងឡាយ ធ្វើតជ្ជនីយកម្ម ដល់ភិក្ខុនេះ។ ភិក្ខុទាំងនោះ ជាពួក តែប្រកបដោយធម៌ ធ្វើតជ្ជនីយកម្ម ដល់ភិក្ខុនោះ។ ភិក្ខុនោះ ក៏ចេញពីអាវាសនោះ ទៅកាន់អាវាសដទៃ(ទៀត)។ ឯភិក្ខុទាំងឡាយ ក្នុងអាវាសនោះ គិតគ្នាយ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ភិក្ខុនេះឯង ដែលសង្ឃបានធ្វើតជ្ជនីយកម្មហើយ ដោយភិក្ខុទាំងឡាយ ដែលជាពួក តែប្រកបដោយធម៌ បើដូច្នោះ មានតែយើងទាំងឡាយ ធ្វើតជ្ជនីយកម្ម ដល់ភិក្ខុនេះ។ ភិក្ខុទាំងនោះ ជាពួក ទាំងប្រកបដោយធម៌ប្លម ធ្វើតជ្ជនីយកម្ម ដល់ភិក្ខុនោះ(ទៀត)។ ភិក្ខុនោះ ក៏ចេញពីអាវាសនោះ ទៅកាន់អាវាសដទៃ។ ឯភិក្ខុទាំងឡាយ ក្នុងអាវាសនោះ គិតគ្នាយ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ភិក្ខុនេះឯង ដែលសង្ឃបានធ្វើតជ្ជនីយកម្មហើយ ដោយភិក្ខុទាំងឡាយ ដែលជាពួក ទាំងប្រកបដោយធម៌ប្លម បើដូច្នោះ មានតែយើងទាំងឡាយ ធ្វើតជ្ជនីយកម្ម ដល់ភិក្ខុនេះ។ ភិក្ខុទាំងនោះ ព្រមព្រៀងគ្នា តែប្រកបដោយធម៌ប្លម ធ្វើតជ្ជនីយកម្ម ដល់ភិក្ខុនោះ(ទៀត)។ ភិក្ខុនោះ ក៏ចេញពីអាវាសនោះ ទៅកាន់អាវាសដទៃ។ ឯភិក្ខុទាំងឡាយ ក្នុងអាវាសនោះ គិតគ្នាយ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ភិក្ខុនេះឯង ដែលសង្ឃបានធ្វើតជ្ជនីយកម្មហើយ ដោយភិក្ខុទាំងឡាយ ដែលព្រមព្រៀងគ្នា តែប្រកបដោយធម៌ប្លម បើដូច្នោះ មានតែយើងទាំងឡាយ ធ្វើតជ្ជនីយកម្ម ដល់ភិក្ខុនេះ។ ភិក្ខុទាំងនោះ ជាពួក ទាំងមិនប្រកបដោយធម៌ ធ្វើតជ្ជនីយកម្ម ដល់ភិក្ខុនោះ (ទៀត)។ ភិក្ខុនោះ ក៏ចេញពីអាវាសនោះ ទៅកាន់អាវាសដទៃ។ ឯភិក្ខុទាំងឡាយ ក្នុងអាវាសនោះ គិតគ្នា យ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ភិក្ខុនេះឯង ដែលសង្ឃបានធ្វើតជ្ជនីយកម្មហើយ ដោយភិក្ខុទាំងឡាយ ជាពួក ទាំងមិនប្រកបដោយធម៌ បើដូច្នោះ មានតែយើងទាំងឡាយ ធ្វើតជ្ជនីយកម្ម ដល់ភិក្ខុនេះ(ទៀត)។ ភិក្ខុទាំងនោះ ព្រមព្រៀងគ្នា តែមិនប្រកបដោយធម៌ ធ្វើតជ្ជនីយកម្ម ដល់ភិក្ខុនោះ(ទៀត)។
[១១៣] ម្នាលភិក្ខុទាំងឡាយ ម្យ៉ាងវិញទៀត ភិក្ខុក្នុងសាសនានេះ ជាអ្នកធ្វើនូវការបង្កហេតុ ជាអ្នកធ្វើនូវជំលោះ ជាអ្នកធ្វើនូវវិវាទ ជាអ្នកធ្វើនូវតិរច្ឆានកថា ជាអ្នកធ្វើនូវ អធិករណ៍ក្នុងសង្ឃ។ ក្នុងរឿងនោះ បើភិក្ខុទាំងឡាយ គិតគ្នាយ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ភិក្ខុនេះឯង ជាអ្នកធ្វើនូវ ការបង្កហេតុ ជាអ្នកធ្វើ នូវជំលោះ ជាអ្នកធ្វើ នូវវិវាទ ជាអ្នកធ្វើនូវតិរច្ឆានកថា ជាអ្នកធ្វើនូវ អធិករណ៍ ក្នុងសង្ឃ បើដូច្នោះ មានតែយើងទាំងឡាយ ធ្វើតជ្ជនីយកម្ម ដល់ភិក្ខុនេះ។ ភិក្ខុទាំងឡាយនោះ ជាពួក ទាំងប្រកបដោយប្លម ធ្វើតជ្ជនីយកម្ម ដល់ភិក្ខុនោះ។ ភិក្ខុនោះ ក៏ចេញពីអាវាសនោះ ទៅកាន់អាវាសដទៃ។ ឯភិក្ខុទាំងឡាយ ក្នុងអាវាសនោះ គិតគ្នា យ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ភិក្ខុនេះឯង ដែលសង្ឃ បានធ្វើតជ្ជនីយកម្ម ដោយភិក្ខុទាំងឡាយ ជាពួក ទាំងប្រកបដោយធម៌ប្លម បើដូច្នោះ មានតែយើងទាំងឡាយ ធ្វើតជ្ជនីយកម្ម ដល់ភិក្ខុនេះ។ ភិក្ខុទាំងនោះ ព្រមព្រៀងគ្នា តែប្រកបដោយធម៌ប្លម ធ្វើតជ្ជនីយកម្ម ដល់ភិក្ខុនោះ(ទៀត)។ ភិក្ខុនោះ ក៏ចេញពីអាវាសនោះ ទៅកាន់អាវាសដទៃ(ទៀត)។ ឯភិក្ខុទាំងឡាយ ក្នុងអាវាសនោះ គិតគ្នាយ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ភិក្ខុនេះឯង ដែលសង្ឃ បានធ្វើតជ្ជនីយកម្មហើយ ដោយភិក្ខុទាំងឡាយ ព្រមព្រៀងគ្នា តែប្រកបដោយធម៌ប្លម បើដូច្នោះ មានតែយើងទាំងឡាយ ធ្វើតជ្ជនីយកម្ម ដល់ភិក្ខុនេះ (ទៀត)។ ភិក្ខុទាំងឡាយនោះ ជាពួក ទាំងមិនប្រកបដោយធម៌ ធ្វើតជ្ជនីយកម្ម ដល់ភិក្ខុនោះ(ទៀត)។ ភិក្ខុនោះ ក៏ចេញពីអាវាសនោះ ទៅកាន់អាវាសដទៃ (ទៀត)។ ឯភិក្ខុទាំងឡាយ ក្នុងអាវាសនោះ គិតគ្នាយ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ភិក្ខុនេះឯង ដែលសង្ឃ បានធ្វើតជ្ជនីយកម្មហើយ ដោយភិក្ខុទាំងឡាយ ជាពួក ទាំងមិនប្រកបដោយធម៌ បើដូច្នោះ មានតែយើងទាំងឡាយ ធ្វើតជ្ជនីយកម្ម ដល់ភិក្ខុនេះ។ ភិក្ខុទាំងនោះ ព្រមព្រៀងគ្នា តែមិនប្រកបដោយធម៌ ធ្វើតជ្ជនីយកម្ម ដល់ភិក្ខុនោះ (ទៀត)។ ភិក្ខុនោះ ក៏ចេញពីអាវាសនោះ ទៅកាន់អាវាសដទៃ (ទៀត)។ ឯភិក្ខុទាំងឡាយ ក្នុងអាវាសនោះ គិតគ្នាយ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ភិក្ខុនេះឯង ដែលសង្ឃបានធ្វើតជ្ជនីយកម្មហើយ ដោយភិក្ខុទាំងឡាយ ដែលព្រមព្រៀងគ្នា តែមិនប្រកបដោយធម៌ បើដូច្នោះ មានតែយើងទាំងឡាយ ធ្វើតជ្ជនីយកម្ម ដល់ភិក្ខុនេះ។ ភិក្ខុទាំងនោះ ជាពួក តែប្រកបដោយធម៌ ធ្វើតជ្ជនីយកម្ម ដល់ភិក្ខុនោះ(ទៀត)។
[១១៤] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកធ្វើនូវការបង្កហេតុ ជាអ្នកធ្វើនូវជំលោះ ជាអ្នកធ្វើ នូវវិវាទ ជាអ្នកធ្វើ នូវតិរច្ឆានកថា ជាអ្នកធ្វើនូវ អធិករណ៍ក្នុងសង្ឃ។ ក្នុងរឿងនោះ បើភិក្ខុទាំងឡាយ គិតគ្នាយ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ភិក្ខុនេះឯង ជាអ្នកធ្វើនូវ ការបង្កហេតុ ជាអ្នកធ្វើនូវជំលោះ ជាអ្នកធ្វើនូវវិវាទ ជាអ្នកធ្វើនូវ តិរច្ឆានកថា ជាអ្នកធ្វើនូវ អធិករណ៍ក្នុងសង្ឃ បើដូច្នោះ មានតែយើងទាំងឡាយ ធ្វើតជ្ជនីយកម្ម ដល់ភិក្ខុនេះ។ ភិក្ខុទាំងនោះ ព្រមព្រៀងគ្នា តែប្រកបដោយធម៌ប្លម ធ្វើតជ្ជនីយកម្ម ដល់ភិក្ខុនោះ។ ភិក្ខុនោះ ក៏ចេញពីអាវាសនោះ ទៅកាន់អាវាសដទៃ។ ឯភិក្ខុទាំងឡាយ ក្នុងអាវាសនោះ គិតគ្នាយ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ភិក្ខុនេះឯង ដែលសង្ឃ បានធ្វើតជ្ជនីយកម្មហើយ ដោយភិក្ខុទាំងឡាយ ដែលព្រមព្រៀងគ្នា តែប្រកបដោយធម៌ប្លម បើដូច្នោះ មានតែយើងទាំងឡាយ ធ្វើតជ្ជនីយកម្ម ដល់ភិក្ខុនេះ។ ភិក្ខុទាំងនោះ ជាពួក ទាំងមិនប្រកបដោយធម៌ ធ្វើតជ្ជនីយកម្ម ដល់ភិក្ខុនោះ (ទៀត)។ ភិក្ខុនោះ ក៏ចេញពីអាវាសនោះ ទៅកាន់អាវាសដទៃ។ ឯភិក្ខុទាំងឡាយ ក្នុងអាវាសនោះ គិតគ្នាយ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ភិក្ខុនេះឯង ដែលសង្ឃ បានធ្វើតជ្ជនីយកម្មហើយ ដោយភិក្ខុទាំងឡាយ ជាពួក ទាំងមិនប្រកបដោយធម៌ បើដូច្នោះ មានតែយើងទាំងឡាយ ធ្វើតជ្ជនីយកម្ម ដល់ភិក្ខុនេះ។ ភិក្ខុទាំងនោះ ព្រមព្រៀងគ្នា តែមិនប្រកបដោយធម៌ ធ្វើតជ្ជនីយកម្ម ដល់ភិក្ខុនោះ (ទៀត)។ ភិក្ខុនោះ ក៏ចេញពីអាវាសនោះ ទៅកាន់អាវាសដទៃ។ ឯភិក្ខុទាំងឡាយ ក្នុងអាវាសនោះ គិតគ្នាយ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ភិក្ខុនេះឯង ដែលសង្ឃបានធ្វើតជ្ជនីយកម្មហើយ ដោយភិក្ខុទាំងឡាយ ដែលព្រមព្រៀងគ្នា តែមិនប្រកបដោយធម៌ បើដូច្នោះ មានតែយើងទាំងឡាយ ធ្វើតជ្ជនីយកម្ម ដល់ភិក្ខុនេះ។ ភិក្ខុទាំងនោះ ជាពួក តែប្រកបដោយធម៌ ធ្វើតជ្ជនីយកម្ម ដល់ភិក្ខុនោះ។ ភិក្ខុនោះ ក៏ចេញពីអាវាសនោះ ទៅកាន់អាវាសដទៃ។ ឯភិក្ខុទាំងឡាយ ក្នុងអាវាសនោះ គិតគ្នាយ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ភិក្ខុនេះឯង ដែលសង្ឃបានធ្វើតជ្ជនីយកម្មហើយ ដោយភិក្ខុទាំងឡាយ ជាពួក តែប្រកបដោយធម៌ បើដូច្នោះ មានតែយើងទាំងឡាយ ធ្វើតជ្ជនីយកម្ម ដល់ភិក្ខុនេះ។ ភិក្ខុទាំងនោះ ជាពួក ទាំងប្រកបដោយធម៌ប្លម ធ្វើតជ្ជនីយកម្ម ដល់ភិក្ខុនោះ(ទៀត)។
[១១៥] ម្នាលភិក្ខុទាំងឡាយ មួយវិញទៀត ភិក្ខុក្នុងសាសនានេះ ល្ងង់ មិនឆ្លាស មានអាបត្តិច្រើន មិនមានកំណត់អាបត្តិ នៅច្រឡូកច្រឡំដោយគ្រហស្ថ ដោយការច្រឡូកច្រឡំមិនសមគួរ។ ក្នុងរឿងនោះ បើភិក្ខុទាំងឡាយ គិតគ្នាយ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ភិក្ខុនេះឯង ល្ងង់ មិនឆ្លាស មានអាបត្តិច្រើន មិនមានការកំណត់អាបត្តិ នៅច្រឡូកច្រឡំ ដោយគ្រហស្ថ ដោយការច្រឡូកច្រឡំមិនសមគួរ បើដូច្នោះ មានតែយើងទាំងឡាយ ធ្វើនិយស្សកម្ម ដល់ភិក្ខុនេះ។ ភិក្ខុទាំងអម្បាលនោះ ជាពួក ទាំងមិនប្រកបដោយធម៌ ធ្វើនិយស្សកម្ម ដល់ភិក្ខុនោះ។ ភិក្ខុនោះ ក៏ចេញពីអាវាសនោះ ទៅកាន់អាវាសដទៃ។ ឯភិក្ខុទាំងឡាយ ក្នុងអាវាសនោះ គិតគ្នា យ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ភិក្ខុនេះឯង ដែលសង្ឃ បានធ្វើនិយស្សកម្មហើយ ដោយភិក្ខុទាំងឡាយ ជាពួក ទាំងមិនប្រកបដោយធម៌ បើដូច្នោះ មានតែយើងទាំងឡាយ ធ្វើនិយស្សកម្ម ដល់ភិក្ខុនេះ (ទៀត)។ ភិក្ខុទាំងអម្បាលនោះ ព្រមព្រៀងគ្នា តែមិនប្រកបដោយធម៌ ធ្វើនិយស្សកម្ម ដល់ភិក្ខុនោះ។បេ។ ជាពួក តែប្រកបដោយធម៌។ ជាពួក ទាំងប្រកបដោយធម៌ប្លម ព្រមព្រៀងគ្នា តែប្រកបដោយធម៌ប្លម។ បណ្ឌិតគប្បីធ្វើចក្ក [រឿងដែលត្រូវសំដែងវិលទៅរកសេចក្តីដើមវិញ ហៅថា ចក្ក គឺត្រូវបន្ថែមសេចក្តីខាងដើម និងខាងចុង ដូចរឿងរ៉ាវដែលនិយាយមកហើយ។] ឲ្យដូចសេចក្តី ដែលបានពោលមកហើយឰដ៏ខាងក្រោយ។
[១១៦] ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ មានភិក្ខុជាអ្នកទ្រុស្តត្រកូល មានមារយាទអាក្រក់។ ក្នុងរឿងនោះ បើភិក្ខុទាំងឡាយ គិតគ្នាយ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ភិក្ខុនេះឯង ជាអ្នកទ្រុស្តត្រកូល មានមារយាទអាក្រក់ បើដូច្នោះ មានតែយើងទាំងឡាយ ធ្វើបព្វាជនីយកម្ម ដល់ភិក្ខុនេះ។ ភិក្ខុទាំងនោះ ជាពួក ទាំងមិនប្រកបដោយធម៌ ធ្វើបព្វាជនីយកម្ម ដល់ភិក្ខុនោះ។ ភិក្ខុនោះ ក៏ចេញពីអាវាសនោះ ទៅកាន់អាវាសដទៃ។ ឯភិក្ខុទាំងឡាយ ក្នុងអាវាសនោះ គិតគ្នាយ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ភិក្ខុនេះឯង ដែលសង្ឃបានធ្វើបព្វាជនីយកម្មហើយ ដោយភិក្ខុទាំងឡាយ ដែលជាពួក ទាំងមិនប្រកបដោយធម៌ បើដូច្នោះ មានតែយើងទាំងឡាយ ធ្វើបព្វាជនីយកម្ម ដល់ភិក្ខុនេះ។ ភិក្ខុទាំងនោះ ព្រមព្រៀងគ្នា តែមិនប្រកបដោយធម៌ ធ្វើបព្វាជនីយកម្ម ដល់ភិក្ខុនោះ (ទៀត)។បេ។ ជាពួក តែប្រកបដោយធម៌។ ជាពួក ទាំងប្រកបដោយធម៌ប្លម។ ព្រមព្រៀងគ្នា តែប្រកបដោយធម៌ប្លម។ បណ្ឌិតគប្បីធ្វើចក្ក (បំពេញសេចក្តី ដូចខាងដើម)។
[១១៧] ម្នាលភិក្ខុទាំងឡាយ ម្យ៉ាងទៀត ក្នុងសាសនានេះ ភិក្ខុជេរប្រទេចពួកគ្រហស្ថ។ ក្នុងរឿងនោះ បើភិក្ខុទាំងឡាយ គិតគ្នាយ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ភិក្ខុនេះឯង ជេរប្រទេចពួកគ្រហស្ថ បើដូច្នោះ មានតែយើងទាំងឡាយ ធ្វើបដិសារណីយកម្ម ដល់ភិក្ខុនេះ។ ភិក្ខុទាំងនោះ ជាពួក ទាំងមិនប្រកបដោយធម៌ ធ្វើបដិសារណីយកម្ម ដល់ភិក្ខុនោះ។បេ។ ព្រមព្រៀងគ្នា តែមិនប្រកបដោយធម៌។ ជាពួក តែប្រកបដោយធម៌។ ជាពួក ទាំងប្រកបដោយធម៌ប្លម។ ព្រមព្រៀងគ្នា តែប្រកបដោយធម៌ប្លម។ បណ្ឌិតគប្បីធ្វើចក្ក (បំពេញសេចក្តី ដូចខាងដើម)។
[១១៨] ម្នាលភិក្ខុទាំងឡាយ មួយវិញទៀត ភិក្ខុក្នុងសាសនានេះ ត្រូវអាបត្តិហើយ មិនប្រាថ្នានឹងឃើញអាបត្តិ។ ក្នុងរឿងនោះ បើភិក្ខុទាំងឡាយ គិតគ្នាយ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ភិក្ខុនេះឯង ត្រូវអាបត្តិហើយ មិនប្រាថ្នានឹងឃើញអាបត្តិសោះ បើដូច្នោះ មានតែយើងទាំងឡាយ ធ្វើឧក្ខេបនីយកម្ម ដល់ភិក្ខុនេះ ព្រោះមិនឃើញអាបត្តិ។ ភិក្ខុទាំងនោះ ជាពួក ទាំងមិនប្រកបដោយធម៌ ធ្វើឧក្ខេបនីយកម្ម ដល់ភិក្ខុនោះ ព្រោះមិនឃើញអាបត្តិ។បេ។ ព្រមព្រៀងគ្នា តែមិនប្រកបដោយធម៌។ ជាពួក តែប្រកបដោយធម៌។ ជាពួក ទាំងប្រកបដោយធម៌ប្លម។ ព្រមព្រៀងគ្នា តែប្រកបដោយធម៌ប្លម។ បណ្ឌិតគប្បីធ្វើចក្កចុះ។ ម្នាលភិក្ខុទាំងឡាយ ម្យ៉ាងទៀត ភិក្ខុក្នុងសាសនានេះ ត្រូវអាបត្តិហើយ មិនប្រាថ្នានឹងសំដែងអាបត្តិ។ ក្នុងរឿងនោះ បើភិក្ខុទាំងឡាយ គិតគ្នាយ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ភិក្ខុនេះឯង ត្រូវអាបត្តិហើយ មិនប្រាថ្នានឹងសំដែងអាបត្តិ បើដូច្នោះ មានតែយើងទាំងឡាយ ធ្វើឧក្ខេបនីយកម្ម ដល់ភិក្ខុនោះ ព្រោះមិនសំដែងអាបត្តិ។ ភិក្ខុទាំងនោះ ជាពួក ទាំងមិនប្រកបដោយធម៌ ធ្វើឧក្ខេបនីយកម្ម ដល់ភិក្ខុនោះ ព្រោះមិនសំដែងអាបត្តិ។បេ។ ព្រមព្រៀងគ្នា តែមិនប្រកបដោយធម៌។ ជាពួក តែប្រកបដោយធម៌។ ជាពួក ទាំងប្រកបដោយធម៌ប្លម។ ព្រមព្រៀងគ្នា តែប្រកបដោយធម៌ប្លម។ បណ្ឌិតគប្បីធ្វើចក្កចុះ។ ម្នាលភិក្ខុទាំងឡាយ មួយវិញទៀត ភិក្ខុក្នុងសាសនានេះ មិនប្រាថ្នានឹងលះបង់ទិដ្ឋិអាក្រក់ចេញ។ ក្នុងរឿងនោះ បើភិក្ខុទាំងឡាយ គិតគ្នាយ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ភិក្ខុនេះឯង មិនប្រាថ្នានឹងលះបង់ទិដ្ឋិអាក្រក់ចេញសោះ បើដូច្នោះ មានតែយើងទាំងឡាយ ធ្វើឧក្ខេបនីយកម្ម ដល់ភិក្ខុនោះ ព្រោះមិនលះបង់ទិដ្ឋិអាក្រក់។ ភិក្ខុទាំងអម្បាលនោះ ជាពួក ទាំងមិនប្រកបដោយធម៌ ធ្វើឧក្ខេបនីយកម្ម ដល់ភិក្ខុនោះ ព្រោះមិនលះបង់ទិដ្ឋិអាក្រក់។បេ។ ព្រមព្រៀងគ្នា តែមិនប្រកបដោយធម៌។ ជាពួក តែប្រកបដោយធម៌។ ជាពួក ទាំងប្រកបដោយធម៌ប្លម។ ព្រមព្រៀងគ្នា តែប្រកបដោយធម៌ប្លម។ បណ្ឌិតគប្បីធ្វើចក្កចុះ។
[១១៩] ម្នាលភិក្ខុទាំងឡាយ មួយវិញទៀត ភិក្ខុក្នុងសាសនានេះ សង្ឃបានធ្វើតជ្ជនីយកម្មហើយ ក៏ប្រព្រឹត្តវត្តដោយប្រពៃ ទាំងសម្លបរោម ប្រព្រឹត្តវត្តគួរដល់កិរិយារលាស់ចេញចាកកម្ម ហើយមកសូមការរម្ងាប់តជ្ជនីយកម្ម (នឹងសង្ឃ)។ ក្នុងរឿងនោះ បើភិក្ខុទាំងឡាយ គិតគ្នាយ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ភិក្ខុនេះឯង សង្ឃបានធ្វើតជ្ជនីយកម្មហើយ ក៏ប្រព្រឹត្តវត្តដោយប្រពៃ ទាំងសម្លបរោម ប្រព្រឹត្តវត្តគួរដល់កិរិយា រលាស់ចេញចាកកម្ម ឥឡូវនេះ មកសូមការរម្ងាប់តជ្ជនីយកម្មនោះ បើដូច្នោះ មានតែយើងទាំងឡាយ រម្ងាប់តជ្ជនីយកម្ម ដល់ភិក្ខុនេះ។ ភិក្ខុទាំងអម្បាលនោះ ជាពួក ទាំងមិនប្រកបដោយធម៌ រម្ងាប់តជ្ជនីយកម្ម ដល់ភិក្ខុនោះ។ ភិក្ខុនោះ ក៏ចេញពីអាវាសនោះ ទៅកាន់អាវាសដទៃ។ ឯភិក្ខុទាំងឡាយ ក្នុងអាវាសនោះ គិតគ្នាយ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ភិក្ខុនេះឯង សង្ឃបានរម្ងាប់ តជ្ជនីយកម្មហើយ ដោយភិក្ខុទាំងឡាយ ជាពួក ទាំងមិនប្រកបដោយធម៌ បើដូច្នោះ មានតែយើងទាំងឡាយ រម្ងាប់តជ្ជនីយកម្ម ដល់ភិក្ខុនេះ (ទៀត)។ ភិក្ខុទាំងនោះ ព្រមព្រៀងគ្នា តែមិនប្រកបដោយធម៌ រម្ងាប់តជ្ជនីយកម្ម ដល់ភិក្ខុនោះ។បេ។ ជាពួក តែប្រកបដោយធម៌។ ជាពួក ទាំងប្រកបដោយធម៌ប្លម។ ព្រមព្រៀងគ្នា តែប្រកបដោយធម៌ប្លម។ ម្នាលភិក្ខុទាំងឡាយ ម្យ៉ាងទៀត ភិក្ខុក្នុងសាសនានេះ សង្ឃបានធ្វើតជ្ជនីយកម្មហើយ ក៏ប្រព្រឹត្តវត្តដោយប្រពៃ ទាំងសម្លបរោម ប្រព្រឹត្តវត្តគួរដល់កិរិយា រលាស់ចេញចាកកម្មហើយ មកសូមការរម្ងាប់តជ្ជនីយកម្ម។ ក្នុងរឿងនោះ បើភិក្ខុទាំងឡាយ គិតគ្នា យ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ភិក្ខុនេះឯង សង្ឃបានធ្វើតជ្ជនីយកម្មហើយ ក៏បានប្រព្រឹត្តវត្ត ដោយប្រពៃ ទាំងសម្លបរោម ប្រព្រឹត្តវត្ត គួរដល់កិរិយា រលាស់ចេញ ចាកកម្ម ឥឡូវនេះ មកសូមការរម្ងាប់ តជ្ជនីយកម្ម (នោះ) បើដូច្នោះ មានតែយើងទាំងឡាយ រម្ងាប់តជ្ជនីយកម្ម ដល់ភិក្ខុនេះ។ ភិក្ខុទាំងនោះ ព្រមព្រៀងគ្នា តែមិនប្រកបដោយធម៌ រម្ងាប់តជ្ជនីយកម្ម ដល់ភិក្ខុនោះ។បេ។ ជាពួក តែប្រកបដោយធម៌។ ជាពួក ទាំងប្រកបដោយធម៌ប្លម។ ព្រមព្រៀងគ្នា តែប្រកបដោយធម៌ប្លម។ ជាពួក ទាំងមិនប្រកបដោយធម៌។ ម្នាលភិក្ខុទាំងឡាយ មួយវិញទៀត ភិក្ខុក្នុងសាសនានេះ សង្ឃបានធ្វើតជ្ជនីយកម្មហើយ ក៏ប្រព្រឹត្តវត្តដោយប្រពៃ ទាំងសម្លបរោម ប្រព្រឹត្តវត្ត គួរដល់កិរិយា រលាស់ចេញ ចាកកម្មហើយ សូមការរម្ងាប់តជ្ជនីយកម្ម។ ក្នុងរឿងនោះ បើភិក្ខុទាំងឡាយ គិតគ្នាយ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ភិក្ខុនេះឯង សង្ឃបានធ្វើតជ្ជនីយកម្មហើយ ក៏បានប្រព្រឹត្តវត្ត ដោយប្រពៃ ទាំងសម្លបរោម ប្រព្រឹត្តវត្ត គួរដល់កិរិយា រលាស់ចេញ ចាកកម្ម ឥឡូវនេះ មកសូមការរម្ងាប់ តជ្ជនីយកម្ម បើដូច្នោះ មានតែយើងទាំងឡាយ រម្ងាប់តជ្ជនីយកម្ម ដល់ភិក្ខុនេះ។ ភិក្ខុទាំងនោះ ជាពួក តែប្រកបដោយធម៌ រម្ងាប់តជ្ជនីយកម្ម ដល់ភិក្ខុនោះ។បេ។ ជាពួក ទាំងប្រកបដោយធម៌ប្លម។ ព្រមព្រៀងគ្នា តែប្រកបដោយធម៌ប្លម។ ជាពួក ទាំងមិនប្រកបដោយធម៌។ ព្រមព្រៀងគ្នា តែមិនប្រកបដោយធម៌។ ម្នាលភិក្ខុទាំងឡាយ ម្យ៉ាងវិញទៀត ភិក្ខុក្នុងសាសនានេះ សង្ឃបានធ្វើតជ្ជនីយកម្មហើយ ក៏ប្រព្រឹត្តវត្ត ដោយប្រពៃ ទាំងសម្លបរោម ប្រព្រឹត្តវត្ត គួរដល់កិរិយា រលាស់ចេញ ចាកកម្មហើយ មកសូមការ រម្ងាប់តជ្ជនីយកម្ម។ ក្នុងរឿងនោះ បើភិក្ខុទាំងឡាយ គិតគ្នា យ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ភិក្ខុនេះឯង ដែលសង្ឃ បានធ្វើតជ្ជនីយកម្មហើយ ក៏បានប្រព្រឹត្តវត្ត ដោយប្រពៃ ទាំងសម្លបរោម ប្រព្រឹត្តវត្ត គួរដល់កិរិយា រលាស់ចេញ ចាកកម្ម ឥឡូវនេះ មកសូមការរម្ងាប់ តជ្ជនីយកម្ម (នោះ) បើដូច្នោះ មានតែយើងទាំងឡាយ រម្ងាប់តជ្ជនីយកម្ម ដល់ភិក្ខុនេះ។ ភិក្ខុទាំងនោះ ជាពួក ទាំងប្រកបដោយធម៌ប្លម រម្ងាប់តជ្ជនីយកម្ម ដល់ភិក្ខុនោះ។បេ។ ព្រមព្រៀងគ្នា តែប្រកបដោយធម៌ប្លម។ ជាពួក ទាំងមិនប្រកបដោយធម៌។ ព្រមព្រៀងគ្នា តែមិនប្រកបដោយធម៌។ ជាពួក តែប្រកបដោយធម៌។ ម្នាលភិក្ខុទាំងឡាយ ម្យ៉ាងទៀត ភិក្ខុក្នុងសាសនានេះ សង្ឃបានធ្វើតជ្ជនីយកម្មហើយ ក៏ប្រព្រឹត្តវត្ត ដោយប្រពៃ ទាំងសម្លបរោម ប្រព្រឹត្តវត្ត គួរដល់កិរិយា រលាស់ចេញ ចាកកម្ម ហើយមកសូមការរម្ងាប់តជ្ជនីយកម្ម។ ក្នុងរឿងនោះ បើភិក្ខុទាំងឡាយ គិតគ្នាយ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ភិក្ខុនេះឯង ដែលសង្ឃ បានធ្វើតជ្ជនីយកម្មហើយ ក៏បានប្រព្រឹត្តវត្ត ដោយប្រពៃ ទាំងសម្លបរោម ប្រព្រឹត្តវត្ត គួរដល់កិរិយា រលាស់ចេញ ចាកកម្ម ឥឡូវនេះ មកសូមការរម្ងាប់តជ្ជនីយកម្ម (នោះ) បើដូច្នោះ មានតែយើងទាំងឡាយ រម្ងាប់តជ្ជនីយកម្ម ដល់ភិក្ខុនេះ។ ភិក្ខុទាំងនោះ ព្រមព្រៀងគ្នា តែប្រកបដោយធម៌ប្លម រម្ងាប់តជ្ជនីយកម្ម ដល់ភិក្ខុនោះ។បេ។ ជាពួក ទាំងមិនប្រកបដោយធម៌។ ព្រមព្រៀងគ្នា តែមិនប្រកបដោយធម៌។ ជាពួក តែប្រកបដោយធម៌។ ជាពួក ទាំងប្រកបដោយធម៌ប្លម។
[១២០] ម្នាលភិក្ខុទាំងឡាយ ន័យមួយទៀត ភិក្ខុក្នុងសាសនានេះ សង្ឃបានធ្វើនិយស្សកម្មហើយ ក៏ប្រព្រឹត្តវត្ត ដោយប្រពៃ ទាំងសម្លបរោម ប្រព្រឹត្តវត្ត គួរដល់កិរិយា រលាស់ចេញចាកកម្ម ហើយមកសូមការរម្ងាប់និយស្សកម្ម។ ក្នុងរឿងនោះ បើភិក្ខុទាំងឡាយ គិតគ្នាយ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ភិក្ខុនេះឯង សង្ឃបានធ្វើនិយស្សកម្មហើយ ក៏បានប្រព្រឹត្តវត្តដោយប្រពៃ ទាំងសម្លបរោម ប្រព្រឹត្តវត្ត គួរដល់កិរិយារលាស់ចេញចាកកម្ម ឥឡូវមកសូមការរម្ងាប់និយស្សកម្ម (នោះ) បើដូច្នោះ មានតែយើងទាំងឡាយ រម្ងាប់និយស្សកម្ម ដល់ភិក្ខុនេះ។ ភិក្ខុទាំងនោះ ជាពួក ទាំងមិនប្រកបដោយធម៌ រម្ងាប់និយស្សកម្ម ដល់ភិក្ខុនោះ។បេ។ ព្រមព្រៀងគ្នា តែមិនប្រកបដោយធម៌។ ជាពួក តែប្រកបដោយធម៌។ ជាពួក ទាំងប្រកបដោយធម៌ប្លម។ ព្រមព្រៀងគ្នា តែប្រកបដោយធម៌ប្លម។ បណ្ឌិតគប្បីធ្វើចក្កចុះ។
[១២១] ម្នាលភិក្ខុទាំងឡាយ ម្យ៉ាងទៀត ភិក្ខុក្នុងសាសនានេះ សង្ឃបានធ្វើបព្វាជនីយកម្មហើយ ក៏ប្រព្រឹត្តវត្ត ដោយប្រពៃ ទាំងសម្លបរោម ប្រព្រឹត្តវត្ត គួរដល់កិរិយា រលាស់ចេញចាកកម្មហើយ មកសូមការរម្ងាប់បព្វាជនីយកម្ម។ ក្នុងរឿងនោះ បើភិក្ខុទាំងឡាយ គិតគ្នាយ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ភិក្ខុនេះឯង ដែលសង្ឃបានធ្វើបព្វាជនីយកម្មហើយ ក៏ប្រព្រឹត្តវត្តដោយប្រពៃ ទាំងសម្លបរោម ប្រព្រឹត្តវត្ត គួរដល់កិរិយារលាស់ចេញចាកកម្ម ឥឡូវមកសូមការរម្ងាប់បព្វាជនីយកម្ម (នោះ) បើដូច្នោះ មានតែយើងទាំងឡាយ រម្ងាប់បព្វាជនីយកម្ម ដល់ភិក្ខុនេះ។ ភិក្ខុទាំងនោះ ជាពួក ទាំងមិនប្រកបដោយធម៌ រម្ងាប់បព្វាជនីយកម្ម ដល់ភិក្ខុនោះ។បេ។ ព្រមព្រៀងគ្នា តែមិនប្រកបដោយធម៌។ ជាពួក តែប្រកបដោយធម៌។ ជាពួក ទាំងប្រកបដោយធម៌ប្លម។ ព្រមព្រៀងគ្នា តែប្រកបដោយធម៌ប្លម។ បណ្ឌិតគប្បីធ្វើចក្កចុះ។
[១២២] ម្នាលភិក្ខុទាំងឡាយ ម្យ៉ាងទៀត ភិក្ខុក្នុងសាសនានេះ សង្ឃបានធ្វើបដិសារណីយកម្មហើយ ក៏ប្រព្រឹត្តវត្ត ដោយប្រពៃ ទាំងសម្លបរោម ប្រព្រឹត្តវត្ត គួរដល់កិរិយា រលាស់ចេញចាកកម្មហើយ មកសូមការរម្ងាប់បដិសារណីយកម្ម។ ក្នុងរឿងនោះ បើភិក្ខុទាំងឡាយ គិតគ្នាយ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ភិក្ខុនេះឯង ដែលសង្ឃបានធ្វើបដិសារណីយកម្មហើយ ក៏បានប្រព្រឹត្តវត្ត ដោយប្រពៃ ទាំងសម្លបរោម ប្រព្រឹត្តវត្ត គួរដល់កិរិយារលាស់ចេញចាកកម្ម ឥឡូវមកសូមការរម្ងាប់បដិសារណីយកម្ម (នោះ) បើដូច្នោះ មានតែយើងទាំងឡាយ រម្ងាប់បដិសារណីយកម្ម ដល់ភិក្ខុនេះ។ ភិក្ខុទាំងនោះ ជាពួក ទាំងមិនប្រកបដោយធម៌ រម្ងាប់បដិសារណីយកម្ម ដល់ភិក្ខុនោះ។បេ។ ព្រមព្រៀងគ្នា តែមិនប្រកបដោយធម៌។ ជាពួក តែប្រកបដោយធម៌។ ជាពួក ទាំងប្រកបដោយធម៌ប្លម។ ព្រមព្រៀងគ្នា តែប្រកបដោយធម៌ប្លម។ បណ្ឌិតគប្បីធ្វើចក្កចុះ។
[១២៣] ម្នាលភិក្ខុទាំងឡាយ ន័យមួយទៀត ភិក្ខុក្នុងសាសនានេះ ដែលសង្ឃបានធ្វើឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិហើយ ក៏ប្រព្រឹត្តវត្ត ដោយប្រពៃ ទាំងសម្លបរោម ប្រព្រឹត្តវត្ត គួរដល់កិរិយា រលាស់ចេញចាកកម្មហើយ មកសូមការរម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិ។ ក្នុងរឿងនោះ បើភិក្ខុទាំងឡាយ គិតគ្នាយ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ភិក្ខុនេះឯង ដែលសង្ឃបានធ្វើឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិហើយ ក៏ប្រព្រឹត្តវត្ត ដោយប្រពៃ ទាំងសម្លបរោម ប្រព្រឹត្តវត្ត គួរដល់កិរិយារលាស់ចេញចាកកម្ម ឥឡូវមកសូមការរម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិ (នោះ) បើដូច្នោះ មានតែយើងទាំងឡាយ រម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិ ដល់ភិក្ខុនេះចុះ។ ភិក្ខុទាំងនោះ ជាពួក ទាំងមិនប្រកបដោយធម៌ រម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិ ដល់ភិក្ខុនោះ។បេ។ ព្រមព្រៀងគ្នា តែមិនប្រកបដោយធម៌។ ជាពួក តែប្រកបដោយធម៌។ ជាពួក ទាំងប្រកបដោយធម៌ប្លម។ ព្រមព្រៀងគ្នា តែប្រកបដោយធម៌ប្លម។ បណ្ឌិតគប្បីធ្វើចក្កចុះ។ ម្នាលភិក្ខុទាំងឡាយ មួយវិញទៀត ភិក្ខុក្នុងសាសនានេះ សង្ឃបានធ្វើឧក្ខេបនីយកម្ម ព្រោះមិនសំដែងអាបត្តិចេញហើយ ក៏ប្រព្រឹត្តវត្ត ដោយប្រពៃ ទាំងសម្លបរោម ប្រព្រឹត្តវត្ត គួរដល់កិរិយា រលាស់ចេញចាកកម្មហើយ មកសូមការរម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិនសំដែងអាបត្តិ។ ក្នុងរឿងនោះ បើភិក្ខុទាំងឡាយ គិតគ្នាយ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ភិក្ខុនេះឯង ដែលសង្ឃបានធ្វើឧក្ខេបនីយកម្ម ព្រោះមិនសំដែងអាបត្តិចេញហើយ ក៏បានប្រព្រឹត្តវត្ត ដោយប្រពៃ ទាំងសម្លបរោម ប្រព្រឹត្តវត្ត គួរដល់កិរិយារលាស់ចេញចាកកម្ម ឥឡូវមកសូមការរម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិនសំដែងអាបត្តិ (នោះ) បើដូច្នោះ មានតែយើងទាំងឡាយ រម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិនសំដែងអាបត្តិ ដល់ភិក្ខុនេះចុះ។ ភិក្ខុទាំងនោះ ជាពួក ទាំងមិនប្រកបដោយធម៌ រម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិនសំដែងអាបត្តិ ដល់ភិក្ខុនោះ។បេ។ ព្រមព្រៀងគ្នា តែមិនប្រកបដោយធម៌។ ជាពួក តែប្រកបដោយធម៌។ ជាពួក ទាំងប្រកបដោយធម៌ប្លម។ ព្រមព្រៀងគ្នា តែប្រកបដោយធម៌ប្លម។ បណ្ឌិតគប្បីធ្វើចក្កចុះ។ ម្នាលភិក្ខុទាំងឡាយ ម្យ៉ាងទៀត ភិក្ខុក្នុងសាសនានេះ សង្ឃបានធ្វើឧក្ខេបនីយកម្មហើយ ព្រោះមិនលះបង់ទិដ្ឋិអាក្រក់ចេញ ក៏ប្រព្រឹត្តវត្ត ដោយប្រពៃ ទាំងសម្លបរោម ប្រព្រឹត្តវត្ត គួរដល់កិរិយា រលាស់ចេញចាកកម្មហើយ មកសូមការរម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិនលះបង់ទិដ្ឋិអាក្រក់ចេញ។ ក្នុងរឿងនោះ បើភិក្ខុទាំងឡាយ គិតគ្នាយ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ភិក្ខុនេះឯង ដែលសង្ឃបានធ្វើឧក្ខេបនីយកម្មហើយ ព្រោះមិនលះបង់ទិដ្ឋិអាក្រក់ ក៏បានប្រព្រឹត្តវត្ត ដោយប្រពៃ ទាំងសម្លបរោម ប្រព្រឹត្តវត្ត គួរដល់កិរិយា រលាស់ចេញចាកកម្ម ឥឡូវមកសូមការរម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិនលះបង់ទិដ្ឋិអាក្រក់ចេញ បើដូច្នោះ មានតែយើងទាំងឡាយ រម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិនលះបង់ទិដ្ឋិអាក្រក់ចេញ ដល់ភិក្ខុនេះ។ ភិក្ខុទាំងនោះ ជាពួក ទាំងមិនប្រកបដោយធម៌ រម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិនលះបង់ទិដ្ឋិអាក្រក់ចេញ ដល់ភិក្ខុនោះ។បេ។ ព្រមព្រៀងគ្នា តែមិនប្រកបដោយធម៌។ ជាពួក តែប្រកបដោយធម៌។ ជាពួក ទាំងប្រកបដោយធម៌ប្លម។ ព្រមព្រៀងគ្នា តែប្រកបដោយធម៌ប្លម។ បណ្ឌិតគប្បីធ្វើចក្កចុះ។
[១២៤] ម្នាលភិក្ខុទាំងឡាយ ម្យ៉ាងទៀត ភិក្ខុក្នុងសាសនានេះ ជាអ្នកធ្វើនូវការបង្កហេតុ ជាអ្នកធ្វើនូវជំលោះ ជាអ្នកធ្វើនូវវិវាទ ជាអ្នកធ្វើនូវតិរច្ឆានកថា ជាអ្នកធ្វើនូវអធិករណ៍ក្នុងសង្ឃ។ ក្នុងរឿងនោះ បើភិក្ខុទាំងឡាយ គិតគ្នាយ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ភិក្ខុនេះឯង ជាអ្នកធ្វើនូវការបង្កហេតុ ជាអ្នកធ្វើនូវជំលោះ ជាអ្នកធ្វើនូវវិវាទ ជាអ្នកធ្វើនូវតិរច្ឆានកថា ជាអ្នកធ្វើនូវអធិករណ៍ក្នុងសង្ឃ បើដូច្នោះ មានតែយើងទាំងឡាយ ធ្វើតជ្ជនីយកម្ម ដល់ភិក្ខុនេះ។ ភិក្ខុទាំងនោះ ជាពួក ទាំងមិនប្រកបដោយធម៌ ធ្វើតជ្ជនីយកម្ម ដល់ភិក្ខុនោះ។ សង្ឃដែលស្ថិតនៅក្នុងទីនោះ ជជែកគ្នាថា កម្មរបស់ភិក្ខុជាពួក ទាំងមិនប្រកបដោយធម៌ កម្មរបស់ភិក្ខុដែលព្រមព្រៀងគ្នា តែមិនប្រកបដោយធម៌ កម្មរបស់ភិក្ខុ ជាពួក ទាំងប្រកបដោយធម៌ប្លម កម្មរបស់ភិក្ខុ ដែលព្រមព្រៀងគ្នា តែប្រកបដោយធម៌ប្លម កម្មឈ្មោះថា ភិក្ខុមិនបានធ្វើហើយ កម្មឈ្មោះថា ភិក្ខុធ្វើមិនល្អហើយ កម្មសង្ឃត្រូវធ្វើទៀត។ ម្នាលភិក្ខុទាំងឡាយ បណ្តាភិក្ខុទាំងនោះ ភិក្ខុទាំងឡាយណា និយាយយ៉ាងនេះថា កម្មរបស់ភិក្ខុជាពួក ទាំងមិនប្រកបដោយធម៌ ពុំនោះសោត ភិក្ខុណានិយាយយ៉ាងនេះថា កម្មឈ្មោះថា ភិក្ខុមិនបានធ្វើហើយ កម្មឈ្មោះថា ភិក្ខុធ្វើមិនល្អហើយ កម្ម ភិក្ខុត្រូវធ្វើទៀត។ ភិក្ខុទាំងអម្បាលនេះ ឈ្មោះថា ជាធម្មវាទី (អ្នកពោលត្រូវធម៌) ក្នុងកម្មនោះ។
[១២៥] ម្នាលភិក្ខុទាំងឡាយ ន័យមួយទៀត ភិក្ខុក្នុងសាសនានេះ ជាអ្នកធ្វើនូវការបង្កហេតុ ជាអ្នកធ្វើនូវជំលោះ ជាអ្នកធ្វើនូវវិវាទ ជាអ្នកធ្វើនូវតិរច្ឆានកថា ជាអ្នកធ្វើនូវអធិករណ៍ក្នុងសង្ឃ។ ក្នុងរឿងនោះ បើភិក្ខុទាំងឡាយ គិតគ្នាយ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ភិក្ខុនេះឯង ជាអ្នកធ្វើនូវការបង្កហេតុ ជាអ្នកធ្វើនូវជំលោះ ជាអ្នកធ្វើនូវវិវាទ ជាអ្នកធ្វើនូវតិរច្ឆានកថា ជាអ្នកធ្វើនូវអធិករណ៍ក្នុងសង្ឃ បើដូច្នោះ មានតែយើងទាំងឡាយ ធ្វើតជ្ជនីយកម្ម ដល់ភិក្ខុនេះ។ ភិក្ខុទាំងនោះ ព្រមព្រៀងគ្នា តែមិនប្រកបដោយធម៌ ធ្វើតជ្ជនីយកម្ម ដល់ភិក្ខុនោះ។ សង្ឃដែលស្ថិតនៅក្នុងទីនោះ ជជែកគ្នាថា កម្មរបស់ភិក្ខុជាពួក ទាំងមិនប្រកបដោយធម៌ កម្មរបស់ភិក្ខុព្រមព្រៀងគ្នា តែមិនប្រកបដោយធម៌ កម្មរបស់ភិក្ខុ ជាពួក ទាំងប្រកបដោយធម៌ប្លម កម្មរបស់ភិក្ខុ ព្រមព្រៀងគ្នា តែប្រកបដោយធម៌ប្លម កម្មឈ្មោះថា ភិក្ខុមិនធ្វើហើយ កម្មឈ្មោះថា ភិក្ខុធ្វើអាក្រក់ហើយ កម្មភិក្ខុត្រូវធ្វើទៀត។ ម្នាលភិក្ខុទាំងឡាយ បណ្តាភិក្ខុទាំងនោះ ភិក្ខុទាំងឡាយណា និយាយយ៉ាងនេះថា កម្មរបស់ភិក្ខុព្រមព្រៀងគ្នា តែមិនប្រកបដោយធម៌ ពុំនោះសោត ភិក្ខុទាំងឡាយណា និយាយយ៉ាងនេះថា កម្មឈ្មោះថា ភិក្ខុមិនបានធ្វើហើយ កម្មឈ្មោះថា ភិក្ខុធ្វើអាក្រក់ហើយ កម្មភិក្ខុត្រូវធ្វើទៀត។ ភិក្ខុទាំងអម្បាលនេះ ឈ្មោះថា ជាធម្មវាទី ក្នុងកម្មនោះ។
[១២៦] ម្នាលភិក្ខុទាំងឡាយ ម្យ៉ាងទៀត ភិក្ខុក្នុងសាសនានេះ ជាអ្នកធ្វើនូវការបង្កហេតុ ជាអ្នកធ្វើនូវជំលោះ ជាអ្នកធ្វើនូវវិវាទ ជាអ្នកធ្វើនូវតិរច្ឆានកថា ជាអ្នកធ្វើនូវអធិករណ៍ក្នុងសង្ឃ។ ក្នុងរឿងនោះ បើភិក្ខុទាំងឡាយ គិតគ្នាយ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ភិក្ខុនេះឯង ជាអ្នកធ្វើនូវការបង្កហេតុ ជាអ្នកធ្វើនូវជំលោះ ជាអ្នកធ្វើនូវវិវាទ ជាអ្នកធ្វើនូវតិរច្ឆានកថា ជាអ្នកធ្វើនូវអធិករណ៍ក្នុងសង្ឃ បើដូច្នោះ គួរតែយើងទាំងឡាយ ធ្វើតជ្ជនីយកម្ម ដល់ភិក្ខុនេះ។ ភិក្ខុទាំងនោះ ជាពួក តែប្រកបដោយធម៌ ធ្វើតជ្ជនីយកម្ម ដល់ភិក្ខុនោះ។ សង្ឃដែលឋិតនៅក្នុងទីនោះ ជជែកគ្នាថា កម្មរបស់ភិក្ខុជាពួក ទាំងមិនប្រកបដោយធម៌ កម្មរបស់ភិក្ខុព្រមព្រៀងគ្នា តែមិនប្រកបដោយធម៌ កម្មរបស់ភិក្ខុជាពួក តែប្រកបដោយធម៌ កម្មរបស់ភិក្ខុជាពួក ទាំងប្រកបដោយធម៌ប្លម កម្មរបស់ភិក្ខុ ដែលព្រមព្រៀងគ្នា តែប្រកបដោយធម៌ប្លម កម្មឈ្មោះថា ភិក្ខុមិនបានធ្វើហើយ កម្មឈ្មោះថា ភិក្ខុធ្វើអាក្រក់ហើយ កម្មភិក្ខុត្រូវធ្វើទៀត។ ម្នាលភិក្ខុទាំងឡាយ បណ្តាភិក្ខុទាំងនោះ ភិក្ខុទាំងឡាយណា និយាយយ៉ាងនេះថា កម្មរបស់ភិក្ខុជាពួក តែប្រកបដោយធម៌ ពុំនោះសោត ភិក្ខុទាំងឡាយណា និយាយយ៉ាងនេះថា កម្មឈ្មោះថា ភិក្ខុមិនបានធ្វើហើយ កម្មឈ្មោះថា ភិក្ខុធ្វើអាក្រក់ហើយ កម្មភិក្ខុត្រូវធ្វើទៀត។ ឯភិក្ខុទាំងអម្បាលនេះ ឈ្មោះថា ជាធម្មវាទី ក្នុងកម្មនោះ។
[១២៧] ម្នាលភិក្ខុទាំងឡាយ ន័យមួយទៀត ភិក្ខុក្នុងសាសនានេះ ជាអ្នកធ្វើនូវការបង្កហេតុ ជាអ្នកធ្វើនូវជំលោះ ជាអ្នកធ្វើនូវវិវាទ ជាអ្នកធ្វើនូវតិរច្ឆានកថា ជាអ្នកធ្វើនូវអធិករណ៍ក្នុងសង្ឃ។ ក្នុងរឿងនោះ បើភិក្ខុទាំងឡាយ គិតគ្នាយ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ភិក្ខុនេះឯង ជាអ្នកធ្វើនូវការបង្កហេតុ ជាអ្នកធ្វើនូវជំលោះ ជាអ្នកធ្វើនូវវិវាទ ជាអ្នកធ្វើនូវតិរច្ឆានកថា ជាអ្នកធ្វើនូវអធិករណ៍ក្នុងសង្ឃ បើដូច្នោះ មានតែយើងទាំងឡាយ ធ្វើតជ្ជនីយកម្ម ដល់ភិក្ខុនេះ។ ភិក្ខុទាំងនោះ ជាពួក ទាំងប្រកបដោយធម៌ប្លម ធ្វើតជ្ជនីយកម្ម ដល់ភិក្ខុនោះ។ សង្ឃដែលឋិតនៅក្នុងទីនោះ ជជែកគ្នាថា កម្មរបស់ភិក្ខុជាពួក ទាំងមិនប្រកបដោយធម៌ កម្មរបស់ភិក្ខុព្រមព្រៀងគ្នា តែមិនប្រកបដោយធម៌ កម្មរបស់ភិក្ខុជាពួក តែប្រកបដោយធម៌ កម្មរបស់ភិក្ខុជាពួក ទាំងប្រកបដោយធម៌ប្លម កម្មរបស់ភិក្ខុព្រមព្រៀងគ្នា តែប្រកបដោយធម៌ប្លម កម្មឈ្មោះថា ភិក្ខុមិនបានធ្វើហើយ កម្មឈ្មោះថា ភិក្ខុធ្វើអាក្រក់ហើយ កម្មភិក្ខុត្រូវធ្វើទៀត។ ម្នាលភិក្ខុទាំងឡាយ បណ្តាភិក្ខុទាំងនោះ ភិក្ខុទាំងឡាយណា និយាយយ៉ាងនេះថា កម្មរបស់ភិក្ខុជាពួក ទាំងប្រកបដោយធម៌ប្លម ពុំនោះសោត ភិក្ខុទាំងឡាយណា និយាយយ៉ាងនេះថា កម្មឈ្មោះថា ភិក្ខុមិនបានធ្វើហើយ កម្មឈ្មោះថា ភិក្ខុធ្វើអាក្រក់ហើយ កម្មភិក្ខុត្រូវធ្វើទៀត។ ភិក្ខុទាំងអម្បាលនេះ ឈ្មោះថា ជាធម្មវាទី ក្នុងកម្មនោះ។
[១២៨] ម្នាលភិក្ខុទាំងឡាយ ម្យ៉ាងទៀត ភិក្ខុក្នុងសាសនានេះ ជាអ្នកធ្វើនូវការបង្កហេតុ ជាអ្នកធ្វើនូវជំលោះ ជាអ្នកធ្វើនូវវិវាទ ជាអ្នកធ្វើនូវតិរច្ឆានកថា ជាអ្នកធ្វើនូវអធិករណ៍ក្នុងសង្ឃ។ ក្នុងរឿងនោះ បើភិក្ខុទាំងឡាយ គិតគ្នាយ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ភិក្ខុនេះឯង ជាអ្នកធ្វើនូវការបង្កហេតុ ជាអ្នកធ្វើនូវជំលោះ ជាអ្នកធ្វើនូវវិវាទ ជាអ្នកធ្វើនូវតិរច្ឆានកថា ជាអ្នកធ្វើនូវអធិករណ៍ក្នុងសង្ឃ។ បើដូច្នោះ មានតែយើងទាំងឡាយ ធ្វើតជ្ជនីយកម្ម ដល់ភិក្ខុនេះ។ ភិក្ខុទាំងនោះ ព្រមព្រៀងគ្នា តែប្រកបដោយធម៌ប្លម ធ្វើតជ្ជនីយកម្ម ដល់ភិក្ខុនោះ។ សង្ឃដែលឋិតនៅក្នុងទីនោះ ជជែកគ្នាថា កម្មរបស់ភិក្ខុជាពួក ទាំងមិនប្រកបដោយធម៌ កម្មរបស់ភិក្ខុព្រមព្រៀងគ្នា តែមិនប្រកបដោយធម៌ កម្មរបស់ភិក្ខុជាពួក តែប្រកបដោយធម៌ កម្មរបស់ភិក្ខុជាពួក ទាំងប្រកបដោយធម៌ប្លម កម្មរបស់ភិក្ខុព្រមព្រៀងគ្នា តែប្រកបដោយធម៌ប្លម កម្មឈ្មោះថា ភិក្ខុមិនបានធ្វើហើយ កម្មឈ្មោះថា ភិក្ខុធ្វើអាក្រក់ហើយ កម្មភិក្ខុត្រូវធ្វើទៀត។ ម្នាលភិក្ខុទាំងឡាយ បណ្តាភិក្ខុទាំងនោះ ភិក្ខុទាំងឡាយណា និយាយយ៉ាងនេះថា កម្មរបស់ព្រមព្រៀងគ្នា តែប្រកបដោយធម៌ប្លម ពុំនោះសោត ភិក្ខុទាំងឡាយណា និយាយយ៉ាងនេះថា កម្មឈ្មោះថា ភិក្ខុមិនបានធ្វើហើយ កម្មឈ្មោះថា ភិក្ខុធ្វើអាក្រក់ហើយ កម្មភិក្ខុត្រូវធ្វើទៀត។ ភិក្ខុទាំងអម្បាលនេះ ឈ្មោះថា ជាធម្មវាទី ក្នុងកម្មនោះ។
[១២៩] ម្នាលភិក្ខុទាំងឡាយ ម្យ៉ាងទៀត ភិក្ខុក្នុងសាសនានេះ ជាអ្នកល្ងង់ មិនឆ្លាស មានអាបត្តិច្រើន មិនមានការកំណត់អាបត្តិ នៅច្រឡូកច្រឡំដោយគ្រហស្ថ ដោយការច្រឡូកច្រឡំមិនសមគួរ។ ក្នុងរឿងនោះ បើភិក្ខុទាំងឡាយ គិតគ្នាយ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ភិក្ខុនេះឯង ជាអ្នកល្ងង់ មិនឆ្លាស មានអាបត្តិច្រើន មិនមានការកំណត់អាបត្តិ នៅច្រឡូកច្រឡំ ដោយគ្រហស្ថ ដោយការច្រឡូកច្រឡំមិនសមគួរ បើដូច្នោះ មានតែយើងទាំងឡាយ ធ្វើនិយស្សកម្ម ដល់ភិក្ខុនេះ។ ភិក្ខុទាំងនោះ ជាពួក ទាំងមិនប្រកបដោយធម៌ ធ្វើនិយស្សកម្ម ដល់ភិក្ខុនោះ។បេ។ ព្រមព្រៀងគ្នា តែមិនប្រកបដោយធម៌។ ជាពួក តែប្រកបដោយធម៌។ ជាពួក ទាំងប្រកបដោយធម៌ប្លម។ ព្រមព្រៀងគ្នា តែប្រកបដោយធម៌ប្លម។ សង្ឃដែលឋិតនៅក្នុងទីនោះ ជជែកគ្នាថា កម្មរបស់ភិក្ខុជាពួក ទាំងមិនប្រកបដោយធម៌ កម្មរបស់ភិក្ខុព្រមព្រៀងគ្នា តែមិនប្រកបដោយធម៌ កម្មរបស់ភិក្ខុជាពួក តែប្រកបដោយធម៌ កម្មរបស់ភិក្ខុជាពួក ទាំងប្រកបដោយធម៌ប្លម កម្មរបស់ភិក្ខុព្រមព្រៀងគ្នា តែប្រកបដោយធម៌ប្លម កម្មឈ្មោះថា ភិក្ខុមិនបានធ្វើហើយ កម្មឈ្មោះថា ភិក្ខុធ្វើអាក្រក់ហើយ កម្មភិក្ខុត្រូវធ្វើទៀត។ ម្នាលភិក្ខុទាំងឡាយ បណ្តាភិក្ខុទាំងនោះ ភិក្ខុទាំងឡាយណា និយាយយ៉ាងនេះថា កម្មរបស់ភិក្ខុព្រមព្រៀងគ្នា តែប្រកបដោយធម៌ប្លម ពុំនោះសោត ភិក្ខុទាំងឡាយណា និយាយយ៉ាងនេះថា កម្មឈ្មោះថា ភិក្ខុមិនបានធ្វើហើយ កម្មឈ្មោះថា ភិក្ខុធ្វើអាក្រក់ហើយ កម្មភិក្ខុត្រូវធ្វើទៀត។ ភិក្ខុទាំងអម្បាលនេះ ឈ្មោះថា ជាធម្មវាទី ក្នុងកម្មនោះ។ វារៈទាំងប្រាំនេះ ជាសេចក្តីសង្ខេប។
[១៣០] ម្នាលភិក្ខុទាំងឡាយ ម្យ៉ាងទៀត ភិក្ខុក្នុងសាសនានេះ ជាអ្នកទ្រុស្តត្រកូល ជាអ្នកមានមារយាទអាក្រក់។ ក្នុងរឿងនោះ បើភិក្ខុទាំងឡាយ គិតគ្នាយ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ភិក្ខុនេះឯង ជាអ្នកទ្រុស្តត្រកូល ជាអ្នកមានមារយាទអាក្រក់ បើដូច្នោះ មានតែយើងទាំងឡាយ ធ្វើបព្វាជនីយកម្ម ដល់ភិក្ខុនេះ។ ភិក្ខុទាំងនោះ ជាពួក ទាំងមិនប្រកបដោយធម៌ ធ្វើបព្វាជនីយកម្ម ដល់ភិក្ខុនោះ។បេ។ ព្រមព្រៀងគ្នា តែមិនប្រកបដោយធម៌។ ជាពួក តែប្រកបដោយធម៌។ ជាពួក ទាំងប្រកបដោយធម៌ប្លម។ ព្រមព្រៀងគ្នា តែប្រកបដោយធម៌ប្លម។ សង្ឃដែលឋិតនៅក្នុងទីនោះ ជជែកគ្នាថា កម្មរបស់ភិក្ខុជាពួក ទាំងមិនប្រកបដោយធម៌ កម្មរបស់ភិក្ខុព្រមព្រៀងគ្នា តែមិនប្រកបដោយធម៌ កម្មរបស់ភិក្ខុជាពួក តែប្រកបដោយធម៌ កម្មរបស់ភិក្ខុជាពួក ទាំងប្រកបដោយធម៌ប្លម កម្មរបស់ភិក្ខុព្រមព្រៀងគ្នា តែប្រកបដោយធម៌ប្លម កម្មឈ្មោះថា ភិក្ខុមិនបានធ្វើហើយ កម្មឈ្មោះថា ភិក្ខុធ្វើអាក្រក់ហើយ កម្មភិក្ខុត្រូវធ្វើទៀត។ ម្នាលភិក្ខុទាំងឡាយ បណ្តាភិក្ខុទាំងនោះ បើភិក្ខុទាំងឡាយណា និយាយយ៉ាងនេះថា កម្មរបស់ភិក្ខុព្រមព្រៀងគ្នា តែប្រកបដោយធម៌ប្លម ពុំនោះសោត ភិក្ខុទាំងឡាយណា និយាយយ៉ាងនេះថា កម្មឈ្មោះថា ភិក្ខុមិនបានធ្វើហើយ កម្មឈ្មោះថា ភិក្ខុធ្វើអាក្រក់ហើយ កម្មភិក្ខុត្រូវធ្វើទៀត។ ភិក្ខុទាំងអម្បាលនេះ ឈ្មោះថា ជាធម្មវាទី ក្នុងកម្មនោះ។ វារៈទាំងប្រាំនេះ ជាសេចក្តីសង្ខេប។
[១៣១] ម្នាលភិក្ខុទាំងឡាយ ន័យមួយទៀត ភិក្ខុក្នុងសាសនានេះ ជេរប្រទេចពួកគ្រហស្ថ។ ក្នុងរឿងនោះ បើភិក្ខុទាំងឡាយ គិតគ្នាយ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ភិក្ខុនេះឯង ជេរប្រទេចពួកគ្រហស្ថ បើដូច្នោះ មានតែយើងទាំងឡាយ ធ្វើបដិសារណីយកម្ម ដល់ភិក្ខុនេះ។ ភិក្ខុទាំងនោះ ជាពួក ទាំងមិនប្រកបដោយធម៌ ធ្វើបដិសារណីយកម្ម ដល់ភិក្ខុនោះ។បេ។ ព្រមព្រៀងគ្នា តែមិនប្រកបដោយធម៌។ ជាពួក តែប្រកបដោយធម៌។ ជាពួក ទាំងប្រកបដោយធម៌ប្លម។ ព្រមព្រៀងគ្នា តែប្រកបដោយធម៌ប្លម។ សង្ឃដែលឋិតនៅក្នុងទីនោះ ជជែកគ្នាថា កម្មរបស់ភិក្ខុជាពួក ទាំងមិនប្រកបដោយធម៌ កម្មរបស់ភិក្ខុព្រមព្រៀងគ្នា តែមិនប្រកបដោយធម៌ កម្មរបស់ភិក្ខុជាពួក តែប្រកបដោយធម៌ កម្មរបស់ភិក្ខុជាពួក ទាំងប្រកបដោយធម៌ប្លម កម្មរបស់ភិក្ខុព្រមព្រៀងគ្នា តែប្រកបដោយធម៌ប្លម កម្មឈ្មោះថា ភិក្ខុមិនបានធ្វើហើយ កម្មឈ្មោះថា ភិក្ខុធ្វើអាក្រក់ហើយ កម្មភិក្ខុត្រូវធ្វើទៀត។ ម្នាលភិក្ខុទាំងឡាយ បណ្តាភិក្ខុទាំងនោះ ភិក្ខុទាំងឡាយណា និយាយយ៉ាងនេះថា កម្មរបស់ភិក្ខុព្រមព្រៀងគ្នា តែប្រកបដោយធម៌ប្លម ពុំនោះសោត ភិក្ខុទាំងឡាយណា និយាយយ៉ាងនេះថា កម្មឈ្មោះថា ភិក្ខុមិនបានធ្វើហើយ កម្មឈ្មោះថា ភិក្ខុធ្វើអាក្រក់ហើយ កម្មភិក្ខុត្រូវធ្វើទៀត។ ភិក្ខុទាំងអម្បាលនេះ ឈ្មោះថា ជាធម្មវាទី ក្នុងកម្មនោះ។ វារៈទាំងប្រាំនេះ ជាសេចក្តីសង្ខេប។
[១៣២] ម្នាលភិក្ខុទាំងឡាយ ម្យ៉ាងទៀត ភិក្ខុក្នុងសាសនានេះ ត្រូវអាបត្តិហើយ មិនប្រាថ្នានឹងឃើញនូវអាបត្តិ (នោះ)។ ក្នុងរឿងនោះ បើភិក្ខុទាំងឡាយ គិតគ្នាយ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ភិក្ខុនេះឯង ត្រូវអាបត្តិហើយ មិនប្រាថ្នានឹងឃើញនូវអាបត្តិ បើដូច្នោះ មានតែយើងទាំងឡាយ ធ្វើឧក្ខេបនីយកម្ម ព្រោះមិនឃើញនូវអាបត្តិ ដល់ភិក្ខុនេះ។ ភិក្ខុទាំងនោះ ជាពួក ទាំងមិនប្រកបដោយធម៌ ធ្វើឧក្ខេបនីយកម្ម ព្រោះមិនឃើញនូវអាបត្តិ ដល់ភិក្ខុនោះ។បេ។ ព្រមព្រៀងគ្នា តែមិនប្រកបដោយធម៌។ ជាពួក តែប្រកបដោយធម៌។ ជាពួក ទាំងប្រកបដោយធម៌ប្លម។ ព្រមព្រៀងគ្នា តែប្រកបដោយធម៌ប្លម។ សង្ឃដែលឋិតនៅក្នុងទីនោះ ជជែកគ្នាថា កម្មរបស់ភិក្ខុជាពួក ទាំងមិនប្រកបដោយធម៌ កម្មរបស់ភិក្ខុព្រមព្រៀងគ្នា តែមិនប្រកបដោយធម៌ កម្មរបស់ភិក្ខុជាពួក តែប្រកបដោយធម៌ កម្មរបស់ភិក្ខុជាពួក ទាំងប្រកបដោយធម៌ប្លម កម្មរបស់ភិក្ខុព្រមព្រៀងគ្នា តែប្រកបដោយធម៌ប្លម កម្មឈ្មោះថា ភិក្ខុមិនបានធ្វើហើយ កម្មឈ្មោះថា ភិក្ខុធ្វើអាក្រក់ហើយ កម្មភិក្ខុត្រូវធ្វើទៀត។ ម្នាលភិក្ខុទាំងឡាយ បណ្តាភិក្ខុទាំងនោះ ភិក្ខុទាំងឡាយណា និយាយយ៉ាងនេះថា កម្មរបស់ភិក្ខុព្រមព្រៀងគ្នា តែប្រកបដោយធម៌ប្លម ពុំនោះសោត ភិក្ខុទាំងឡាយណា និយាយយ៉ាងនេះថា កម្មឈ្មោះថា ភិក្ខុមិនបានធ្វើហើយ កម្មឈ្មោះថា ភិក្ខុធ្វើអាក្រក់ហើយ កម្មភិក្ខុត្រូវធ្វើទៀត។ ឯភិក្ខុទាំងអម្បាលនេះ ឈ្មោះថា ជាធម្មវាទី ក្នុងកម្មនោះ។ វារៈទាំងប្រាំនេះ ជាសេចក្តីសង្ខេប។ ម្នាលភិក្ខុទាំងឡាយ ន័យមួយទៀត ភិក្ខុក្នុងសាសនានេះ ត្រូវអាបត្តិហើយ មិនប្រាថ្នានឹងសំដែងអាបត្តិចេញ។ ក្នុងរឿងនោះ បើភិក្ខុទាំងឡាយ គិតគ្នាយ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ភិក្ខុនេះឯង ត្រូវអាបត្តិហើយ មិនប្រាថ្នានឹងសំដែងអាបត្តិ បើដូច្នោះ មានតែយើងទាំងឡាយ ធ្វើឧក្ខេបនីយកម្ម ព្រោះមិនសំដែងអាបត្តិចេញ ដល់ភិក្ខុនេះ។ ភិក្ខុទាំងនោះ ជាពួក ទាំងមិនប្រកបដោយធម៌ ធ្វើឧក្ខេបនីយកម្ម ព្រោះមិនសំដែងអាបត្តិ ដល់ភិក្ខុនោះ។បេ។ ព្រមព្រៀងគ្នា តែមិនប្រកបដោយធម៌។ ជាពួក តែប្រកបដោយធម៌។ ជាពួក ទាំងប្រកបដោយធម៌ប្លម។ ព្រមព្រៀងគ្នា តែប្រកបដោយធម៌ប្លម។ សង្ឃដែលឋិតនៅក្នុងទីនោះ ជជែកគ្នាថា កម្មរបស់ភិក្ខុជាពួក ទាំងមិនប្រកបដោយធម៌ កម្មរបស់ភិក្ខុព្រមព្រៀងគ្នា តែមិនប្រកបដោយធម៌ កម្មរបស់ភិក្ខុជាពួក តែប្រកបដោយធម៌ កម្មរបស់ភិក្ខុជាពួក ទាំងប្រកបដោយធម៌ប្លម កម្មរបស់ភិក្ខុព្រមព្រៀងគ្នា តែប្រកបដោយធម៌ប្លម កម្មឈ្មោះថា ភិក្ខុមិនបានធ្វើហើយ កម្មឈ្មោះថា ភិក្ខុធ្វើអាក្រក់ហើយ កម្មភិក្ខុត្រូវធ្វើទៀត។ ម្នាលភិក្ខុទាំងឡាយ បណ្តាភិក្ខុទាំងនោះ ភិក្ខុទាំងឡាយណា និយាយយ៉ាងនេះថា កម្មរបស់ភិក្ខុព្រមព្រៀងគ្នា តែប្រកបដោយធម៌ប្លម ពុំនោះសោត ភិក្ខុទាំងឡាយណា និយាយយ៉ាងនេះថា កម្មឈ្មោះថា ភិក្ខុមិនបានធ្វើហើយ កម្មឈ្មោះថា ភិក្ខុធ្វើអាក្រក់ហើយ កម្មភិក្ខុត្រូវធ្វើទៀត។ ភិក្ខុទាំងអម្បាលនេះ ឈ្មោះថា ជាធម្មវាទី ក្នុងកម្មនោះ។ វារៈទាំងប្រាំនេះ ជាសេចក្តីសង្ខេប។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុក្នុងសាសនានេះ មិនប្រាថ្នានឹងលះបង់ទិដ្ឋិអាក្រក់ចេញ។ ក្នុងរឿងនោះ បើភិក្ខុទាំងឡាយ គិតគ្នាយ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ភិក្ខុនេះឯង មិនប្រាថ្នានឹងលះបង់ទិដ្ឋិអាក្រក់ចេញសោះ បើដូច្នោះ មានតែយើងទាំងឡាយ ធ្វើឧក្ខេបនីយកម្ម ព្រោះមិនលះបង់ទិដ្ឋិអាក្រក់ចេញ ដល់ភិក្ខុនេះ។ ភិក្ខុទាំងនោះ ជាពួក ទាំងមិនប្រកបដោយធម៌ ធ្វើឧក្ខេបនីយកម្ម ព្រោះមិនលះបង់ទិដ្ឋិអាក្រក់ចេញ ដល់ភិក្ខុនោះ។បេ។ ព្រមព្រៀងគ្នា តែមិនប្រកបដោយធម៌។ ជាពួក តែប្រកបដោយធម៌។ ជាពួក ទាំងប្រកបដោយធម៌ប្លម។ ព្រមព្រៀងគ្នា តែប្រកបដោយធម៌ប្លម។ សង្ឃដែលឋិតនៅក្នុងទីនោះ ជជែកគ្នាថា កម្មរបស់ភិក្ខុជាពួក ទាំងមិនប្រកបដោយធម៌ កម្មរបស់ភិក្ខុព្រមព្រៀងគ្នា តែមិនប្រកបដោយធម៌ កម្មរបស់ភិក្ខុជាពួក តែប្រកបដោយធម៌ កម្មរបស់ភិក្ខុជាពួក ទាំងប្រកបដោយធម៌ប្លម កម្មរបស់ភិក្ខុព្រមព្រៀងគ្នា តែប្រកបដោយធម៌ប្លម កម្មឈ្មោះថា ភិក្ខុមិនបានធ្វើហើយ កម្មឈ្មោះថា ភិក្ខុធ្វើអាក្រក់ហើយ កម្មភិក្ខុត្រូវធ្វើទៀត។ ម្នាលភិក្ខុទាំងឡាយ បណ្តាភិក្ខុទាំងនោះ ភិក្ខុទាំងឡាយណា និយាយយ៉ាងនេះថា កម្មរបស់ភិក្ខុព្រមព្រៀងគ្នា តែប្រកបដោយធម៌ប្លម ពុំនោះសោត ភិក្ខុទាំងឡាយណា និយាយយ៉ាងនេះថា កម្មឈ្មោះថា ភិក្ខុមិនបានធ្វើហើយ កម្មឈ្មោះថា ភិក្ខុធ្វើអាក្រក់ហើយ កម្មភិក្ខុត្រូវធ្វើទៀត។ ភិក្ខុទាំងអម្បាលនេះ ឈ្មោះថា ជាធម្មវាទី ក្នុងកម្មនោះ។ វារៈទាំងប្រាំនេះ ជាសេចក្តីសង្ខេប។
[១៣៣] ម្នាលភិក្ខុទាំងឡាយ ម្យ៉ាងទៀត ភិក្ខុក្នុងសាសនានេះ សង្ឃបានធ្វើតជ្ជនីយកម្មហើយ ក៏ប្រព្រឹត្តវត្តដោយប្រពៃ ទាំងសម្លបរោម ប្រព្រឹត្តវត្ត គួរដល់កិរិយារលាស់ចេញចាកកម្មហើយ មកសូមការរម្ងាប់តជ្ជនីយកម្ម (នឹងសង្ឃ)។ ក្នុងរឿងនោះ បើភិក្ខុទាំងឡាយ គិតគ្នាយ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ភិក្ខុនេះឯង ដែលសង្ឃបានធ្វើតជ្ជនីយកម្មហើយ ក៏ប្រព្រឹត្តវត្តដោយប្រពៃ ទាំងសម្លបរោម ប្រព្រឹត្តវត្ត គួរដល់កិរិយារលាស់ចេញ ចាកកម្ម ឥឡូវ មកសូមការ រម្ងាប់តជ្ជនីយកម្ម (នោះ) បើដូច្នោះ មានតែយើងទាំងឡាយ រម្ងាប់តជ្ជនីយកម្ម ដល់ភិក្ខុនេះចុះ។ ភិក្ខុទាំងនោះ ជាពួក ទាំងមិនប្រកបដោយធម៌ រម្ងាប់តជ្ជនីយកម្ម ដល់ភិក្ខុនោះ។ សង្ឃដែលឋិតនៅក្នុងទីនោះ ជជែកគ្នាថា កម្មរបស់ភិក្ខុជាពួក ទាំងមិនប្រកបដោយធម៌ កម្មរបស់ភិក្ខុព្រមព្រៀងគ្នា តែមិនប្រកបដោយធម៌ កម្មរបស់ភិក្ខុជាពួក តែប្រកបដោយធម៌ កម្មរបស់ភិក្ខុជាពួក ទាំងប្រកបដោយធម៌ប្លម កម្មរបស់ភិក្ខុព្រមព្រៀងគ្នា តែប្រកបដោយធម៌ប្លម កម្មឈ្មោះថា ភិក្ខុមិនបានធ្វើហើយ កម្មឈ្មោះថា ភិក្ខុធ្វើអាក្រក់ហើយ កម្មភិក្ខុត្រូវធ្វើទៀត។ ម្នាលភិក្ខុទាំងឡាយ បណ្តាភិក្ខុទាំងនោះ ភិក្ខុទាំងឡាយណា និយាយយ៉ាងនេះថា កម្មរបស់ភិក្ខុជាពួក ទាំងមិនប្រកបដោយធម៌ ពុំនោះសោត ភិក្ខុទាំងឡាយណា និយាយយ៉ាងនេះថា កម្មឈ្មោះថា ភិក្ខុមិនបានធ្វើហើយ កម្មឈ្មោះថា ភិក្ខុធ្វើអាក្រក់ហើយ កម្មភិក្ខុត្រូវធ្វើទៀត។ ភិក្ខុទាំងអម្បាលនេះ ឈ្មោះថា ជាធម្មវាទី ក្នុងកម្មនោះ។
[១៣៤] ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុក្នុងសាសនានេះ សង្ឃបានធ្វើតជ្ជនីយកម្មហើយ ក៏ប្រព្រឹត្តវត្តដោយប្រពៃ ទាំងសម្លបរោម ប្រព្រឹត្តវត្ត គួរដល់កិរិយារលាស់ចេញ ចាកកម្មហើយ មកសូមការរម្ងាប់តជ្ជនីយកម្ម។ ក្នុងរឿងនោះ បើភិក្ខុទាំងឡាយ គិតគ្នាយ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ភិក្ខុនេះឯង សង្ឃបានធ្វើតជ្ជនីយកម្មហើយ ក៏បានប្រព្រឹត្តវត្ត ដោយប្រពៃ ទាំងសម្លបរោម ប្រព្រឹត្តវត្ត គួរដល់កិរិយារលាស់ចេញ ចាកកម្ម ឥឡូវ មកសូមការរម្ងាប់តជ្ជនីយកម្ម (នោះ) បើដូច្នោះ មានតែយើងទាំងឡាយ រម្ងាប់តជ្ជនីយកម្ម ដល់ភិក្ខុនេះ។ ភិក្ខុទាំងអម្បាលនោះ ព្រមព្រៀងគ្នា តែមិនប្រកបដោយធម៌ រម្ងាប់តជ្ជនីយកម្ម ដល់ភិក្ខុនោះ។ សង្ឃដែលឋិតនៅក្នុងទីនោះ ជជែកគ្នាថា កម្មរបស់ភិក្ខុជាពួក ទាំងមិនប្រកបដោយធម៌ កម្មរបស់ភិក្ខុព្រមព្រៀងគ្នា តែមិនប្រកបដោយធម៌ កម្មរបស់ភិក្ខុជាពួក តែប្រកបដោយធម៌ កម្មរបស់ភិក្ខុជាពួក ទាំងប្រកបដោយធម៌ប្លម កម្មរបស់ភិក្ខុព្រមព្រៀងគ្នា តែប្រកបដោយធម៌ប្លម កម្មឈ្មោះថា ភិក្ខុមិនបានធ្វើហើយ កម្មឈ្មោះថា ភិក្ខុធ្វើអាក្រក់ហើយ កម្មភិក្ខុត្រូវធ្វើទៀត។ ម្នាលភិក្ខុទាំងឡាយ បណ្តាភិក្ខុទាំងនោះ បើភិក្ខុទាំងឡាយណា និយាយយ៉ាងនេះថា កម្មរបស់ភិក្ខុព្រមព្រៀងគ្នា តែមិនប្រកបដោយធម៌ ពុំនោះសោត ភិក្ខុទាំងឡាយណា និយាយយ៉ាងនេះថា កម្មឈ្មោះថា ភិក្ខុមិនបានធ្វើហើយ កម្មឈ្មោះថា ភិក្ខុធ្វើអាក្រក់ហើយ កម្មភិក្ខុត្រូវធ្វើទៀត។ ភិក្ខុទាំងអម្បាលនេះ ឈ្មោះថា ជាធម្មវាទី ក្នុងកម្មនោះ។
[១៣៥] ម្នាលភិក្ខុទាំងឡាយ ម្យ៉ាងទៀត ភិក្ខុក្នុងសាសនានេះ សង្ឃបានធ្វើតជ្ជនីយកម្មហើយ ក៏ប្រព្រឹត្តវត្ត ដោយប្រពៃ ទាំងសម្លបរោម ប្រព្រឹត្តវត្ត គួរដល់កិរិយា រលាស់ចេញ ចាកកម្មហើយ មកសូមការរម្ងាប់ តជ្ជនីយកម្ម។ ក្នុងរឿងនោះ បើភិក្ខុទាំងឡាយ គិតគ្នាយ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ភិក្ខុនេះឯង ដែលសង្ឃ បានធ្វើតជ្ជនីយកម្មហើយ ក៏ប្រព្រឹត្តវត្ត ដោយប្រពៃ ទាំងសម្លបរោម ប្រព្រឹត្តវត្ត គួរដល់កិរិយា រលាស់ចេញ ចាកកម្ម ឥឡូវ មកសូមការរម្ងាប់ តជ្ជនីយកម្ម បើដូច្នោះ មានតែយើងទាំងឡាយ រម្ងាប់តជ្ជនីយកម្ម ដល់ភិក្ខុនេះ។ ភិក្ខុទាំងនោះ ជាពួក តែប្រកបដោយធម៌ រម្ងាប់តជ្ជនីយកម្ម ដល់ភិក្ខុនោះ។ សង្ឃដែលឋិតនៅក្នុងទីនោះ ជជែកគ្នាថា កម្មរបស់ភិក្ខុជាពួក ទាំងមិនប្រកបដោយធម៌ កម្មរបស់ភិក្ខុព្រមព្រៀងគ្នា តែមិនប្រកបដោយធម៌ កម្មរបស់ភិក្ខុជាពួក តែប្រកបដោយធម៌ កម្មរបស់ភិក្ខុជាពួក ទាំងប្រកបដោយធម៌ប្លម កម្មរបស់ភិក្ខុព្រមព្រៀងគ្នា តែប្រកបដោយធម៌ប្លម កម្មឈ្មោះថា ភិក្ខុមិនបានធ្វើហើយ កម្មឈ្មោះថា ភិក្ខុធ្វើអាក្រក់ហើយ កម្មភិក្ខុត្រូវធ្វើទៀត។ ម្នាលភិក្ខុទាំងឡាយ បណ្តាភិក្ខុទាំងនោះ ភិក្ខុទាំងឡាយណា និយាយយ៉ាងនេះថា កម្មរបស់ភិក្ខុ ជាពួក ទាំងមិនប្រកបដោយធម៌ ពុំនោះសោត ភិក្ខុទាំងឡាយណា និយាយយ៉ាងនេះថា កម្មឈ្មោះថា ភិក្ខុមិនបានធ្វើហើយ កម្មឈ្មោះថា ភិក្ខុធ្វើអាក្រក់ហើយ កម្មភិក្ខុត្រូវធ្វើទៀត។ ភិក្ខុទាំងអម្បាលនេះ ឈ្មោះថា ជាធម្មវាទី ក្នុងកម្មនោះ។
[១៣៦] ម្នាលភិក្ខុទាំងឡាយ មួយវិញទៀត ភិក្ខុក្នុងសាសនានេះ សង្ឃបានធ្វើតជ្ជនីយកម្មហើយ ក៏ប្រព្រឹត្តវត្តដោយប្រពៃ ទាំងសម្លបរោម ប្រព្រឹត្តវត្ត គួរដល់កិរិយារលាស់ចេញ ចាកកម្មហើយ មកសូមការរម្ងាប់តជ្ជនីយកម្ម។ ក្នុងរឿងនោះ បើភិក្ខុទាំងឡាយ គិតគ្នាយ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ភិក្ខុនេះឯង ដែលសង្ឃបានធ្វើតជ្ជនីយកម្មហើយ ក៏ប្រព្រឹត្តវត្តដោយប្រពៃ ទាំងសម្លបរោម ប្រព្រឹត្តវត្ត គួរដល់កិរិយា រលាស់ចេញ ចាកកម្ម ឥឡូវ មកសូមការរម្ងាប់ តជ្ជនីយកម្ម (នោះ) បើដូច្នោះ មានតែយើងទាំងឡាយ រម្ងាប់តជ្ជនីយកម្ម ដល់ភិក្ខុនេះ។ ភិក្ខុទាំងនោះ ជាពួក ទាំងប្រកបដោយធម៌ប្លម រម្ងាប់តជ្ជនីយកម្ម ដល់ភិក្ខុនោះ។ សង្ឃដែលឋិតនៅក្នុងទីនោះ ជជែកគ្នាថា កម្មរបស់ភិក្ខុជាពួក ទាំងមិនប្រកបដោយធម៌ កម្មរបស់ភិក្ខុព្រមព្រៀងគ្នា តែមិនប្រកបដោយធម៌ កម្មរបស់ភិក្ខុជាពួក តែប្រកបដោយធម៌ កម្មរបស់ភិក្ខុជាពួក ទាំងប្រកបដោយធម៌ប្លម កម្មរបស់ភិក្ខុព្រមព្រៀងគ្នា តែប្រកបដោយធម៌ប្លម កម្មឈ្មោះថា ភិក្ខុមិនបានធ្វើហើយ កម្មឈ្មោះថា ភិក្ខុធ្វើអាក្រក់ហើយ កម្មភិក្ខុត្រូវធ្វើទៀត។ ម្នាលភិក្ខុទាំងឡាយ បណ្តាភិក្ខុទាំងនោះ ភិក្ខុទាំងឡាយណា និយាយយ៉ាងនេះថា កម្មរបស់ភិក្ខុ ជាពួក ទាំងប្រកបដោយធម៌ប្លម ពុំនោះសោត ភិក្ខុទាំងឡាយណា និយាយយ៉ាងនេះថា កម្មឈ្មោះថា ភិក្ខុមិនបានធ្វើហើយ កម្មឈ្មោះថា ភិក្ខុធ្វើអាក្រក់ហើយ កម្មភិក្ខុត្រូវធ្វើទៀត។ ភិក្ខុទាំងអម្បាលនេះ ឈ្មោះថា ជាធម្មវាទី ក្នុងកម្មនោះ។
[១៣៧] ម្នាលភិក្ខុទាំងឡាយ ន័យមួយទៀត ភិក្ខុក្នុងសាសនានេះ សង្ឃបានធ្វើតជ្ជនីយកម្មហើយ ក៏ប្រព្រឹត្តវត្តដោយប្រពៃ ទាំងសម្លបរោម ប្រព្រឹត្តវត្ត គួរដល់កិរិយារលាស់ចេញ ចាកកម្មហើយ មកសូមការរម្ងាប់តជ្ជនីយកម្ម។ ក្នុងរឿងនោះ បើភិក្ខុទាំងឡាយ គិតគ្នាយ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ភិក្ខុនេះឯង ដែលសង្ឃបានធ្វើតជ្ជនីយកម្មហើយ ក៏បានប្រព្រឹត្តវត្តដោយប្រពៃ ទាំងសម្លបរោម ប្រព្រឹត្តវត្ត គួរដល់កិរិយារលាស់ចេញ ចាកកម្ម ឥឡូវ មកសូមការរម្ងាប់តជ្ជនីយកម្ម (នោះ) បើដូច្នោះ មានតែយើងទាំងឡាយ រម្ងាប់តជ្ជនីយកម្ម ដល់ភិក្ខុនេះ។ ភិក្ខុទាំងនោះ ព្រមព្រៀងគ្នា តែប្រកបដោយធម៌ប្លម រម្ងាប់តជ្ជនីយកម្ម ដល់ភិក្ខុនោះ។ សង្ឃដែលឋិតនៅក្នុងទីនោះ ជជែកគ្នាថា កម្មរបស់ភិក្ខុជាពួក ទាំងមិនប្រកបដោយធម៌ កម្មរបស់ភិក្ខុព្រមព្រៀងគ្នា តែមិនប្រកបដោយធម៌ កម្មរបស់ភិក្ខុជាពួក តែប្រកបដោយធម៌ កម្មរបស់ភិក្ខុជាពួក ទាំងប្រកបដោយធម៌ប្លម កម្មរបស់ភិក្ខុព្រមព្រៀងគ្នា តែប្រកបដោយធម៌ប្លម កម្មឈ្មោះថា ភិក្ខុមិនបានធ្វើហើយ កម្មឈ្មោះថា ភិក្ខុធ្វើអាក្រក់ហើយ កម្មភិក្ខុត្រូវធ្វើទៀត។ ម្នាលភិក្ខុទាំងឡាយ បណ្តាភិក្ខុទាំងនោះ ភិក្ខុទាំងឡាយណា និយាយយ៉ាងនេះថា កម្មរបស់ភិក្ខុព្រមព្រៀងគ្នា តែប្រកបដោយធម៌ប្លម ពុំនោះសោត ភិក្ខុទាំងឡាយណា និយាយយ៉ាងនេះថា កម្មឈ្មោះថា ភិក្ខុមិនបានធ្វើហើយ កម្មឈ្មោះថា ភិក្ខុធ្វើអាក្រក់ហើយ កម្មភិក្ខុត្រូវធ្វើទៀត។ ភិក្ខុទាំងអម្បាលនេះ ឈ្មោះថា ជាធម្មវាទី ក្នុងកម្មនោះ។
[១៣៨] ម្នាលភិក្ខុទាំងឡាយ ន័យមួយទៀត ភិក្ខុក្នុងសាសនានេះ សង្ឃបានធ្វើនិយស្សកម្មហើយ ក៏ប្រព្រឹត្តវត្ត ដោយប្រពៃ ទាំងសម្លបរោម ប្រព្រឹត្តវត្ត គួរដល់កិរិយារលាស់ចេញ ចាកកម្មហើយ មកសូមការរម្ងាប់ និយស្សកម្ម។ ក្នុងរឿងនោះ បើភិក្ខុទាំងឡាយ គិតគ្នាយ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ភិក្ខុនេះឯង ដែលសង្ឃបានធ្វើនិយស្សកម្មហើយ ក៏ប្រព្រឹត្តវត្ត ដោយប្រពៃ ទាំងសម្លបរោម ប្រព្រឹត្តវត្ត គួរដល់កិរិយា រលាស់ចេញ ចាកកម្ម ឥឡូវ មកសូមការរម្ងាប់និយស្សកម្ម (នោះ) បើដូច្នោះ មានតែយើងទាំងឡាយ រម្ងាប់និយស្សកម្ម ដល់ភិក្ខុនេះ។ ភិក្ខុទាំងអម្បាលនោះ ជាពួក ទាំងមិនប្រកបដោយធម៌ រម្ងាប់និយស្សកម្ម ដល់ភិក្ខុនោះ។បេ។ ព្រមព្រៀងគ្នា តែមិនប្រកបដោយធម៌។ ជាពួក តែប្រកបដោយធម៌។ ជាពួក ទាំងប្រកបដោយធម៌ប្លម។ ព្រមព្រៀងគ្នា តែប្រកបដោយធម៌ប្លម។ សង្ឃដែលឋិតនៅក្នុងទីនោះ ជជែកគ្នាថា កម្មរបស់ភិក្ខុជាពួក ទាំងមិនប្រកបដោយធម៌ កម្មរបស់ភិក្ខុព្រមព្រៀងគ្នា តែមិនប្រកបដោយធម៌ កម្មរបស់ភិក្ខុជាពួក តែប្រកបដោយធម៌ កម្មរបស់ភិក្ខុជាពួក ទាំងប្រកបដោយធម៌ប្លម កម្មរបស់ភិក្ខុព្រមព្រៀងគ្នា តែប្រកបដោយធម៌ប្លម កម្មឈ្មោះថា ភិក្ខុមិនបានធ្វើហើយ កម្មឈ្មោះថា ភិក្ខុធ្វើអាក្រក់ហើយ កម្មភិក្ខុត្រូវធ្វើទៀត។ ម្នាលភិក្ខុទាំងឡាយ បណ្តាភិក្ខុទាំងនោះ ភិក្ខុទាំងឡាយណា និយាយយ៉ាងនេះថា កម្មរបស់ភិក្ខុព្រមព្រៀងគ្នា តែប្រកបដោយធម៌ប្លម ពុំនោះសោត ភិក្ខុទាំងឡាយណា និយាយយ៉ាងនេះថា កម្មឈ្មោះថា ភិក្ខុមិនបានធ្វើហើយ កម្មឈ្មោះថា ភិក្ខុធ្វើអាក្រក់ហើយ កម្មភិក្ខុត្រូវធ្វើទៀត។ ភិក្ខុទាំងអម្បាលនេះ ឈ្មោះថា ជាធម្មវាទី ក្នុងកម្មនោះ។ វារៈទាំងប្រាំនេះ ជាសេចក្តីសង្ខេប។
[១៣៩] ម្នាលភិក្ខុទាំងឡាយ ម្យ៉ាងទៀត ភិក្ខុក្នុងសាសនានេះ សង្ឃបានធ្វើបព្វាជនីយកម្មហើយ ក៏ប្រព្រឹត្តវត្ត ដោយប្រពៃ ទាំងសម្លបរោម ប្រព្រឹត្តវត្ត គួរដល់កិរិយា រលាស់ចេញ ចាកកម្មហើយ មកសូមការរម្ងាប់ បព្វាជនីយកម្ម។ ក្នុងរឿងនោះ បើភិក្ខុទាំងឡាយ គិតគ្នាយ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ភិក្ខុនេះឯង ដែលសង្ឃបានធ្វើ បព្វាជនីយកម្មហើយ ក៏ប្រព្រឹត្តវត្ត ដោយប្រពៃ ទាំងសម្លបរោម ប្រព្រឹត្តវត្ត គួរដល់កិរិយា រលាស់ចេញ ចាកកម្ម ឥឡូវ មកសូមការរម្ងាប់ បព្វាជនីយកម្ម (នោះ) បើដូច្នោះ មានតែយើងទាំងឡាយ រម្ងាប់បព្វាជនីយកម្ម ដល់ភិក្ខុនេះ។ ភិក្ខុទាំងនោះ ជាពួក ទាំងមិនប្រកបដោយធម៌ រម្ងាប់បព្វាជនីយកម្ម ដល់ភិក្ខុនោះ។បេ។ ព្រមព្រៀងគ្នា តែមិនប្រកបដោយធម៌។ ជាពួក តែប្រកបដោយធម៌។ ជាពួក ទាំងប្រកបដោយធម៌ប្លម។ ព្រមព្រៀងគ្នា តែប្រកបដោយធម៌ប្លម។ សង្ឃដែលឋិតនៅក្នុងទីនោះ ជជែកគ្នាថា កម្មរបស់ភិក្ខុជាពួក ទាំងមិនប្រកបដោយធម៌ កម្មរបស់ភិក្ខុព្រមព្រៀងគ្នា តែមិនប្រកបដោយធម៌ កម្មរបស់ភិក្ខុជាពួក តែប្រកបដោយធម៌ កម្មរបស់ភិក្ខុជាពួក ទាំងប្រកបដោយធម៌ប្លម កម្មរបស់ភិក្ខុព្រមព្រៀងគ្នា តែប្រកបដោយធម៌ប្លម កម្មឈ្មោះថា ភិក្ខុមិនបានធ្វើហើយ កម្មឈ្មោះថា ភិក្ខុធ្វើអាក្រក់ហើយ កម្មភិក្ខុត្រូវធ្វើទៀត។ ម្នាលភិក្ខុទាំងឡាយ បណ្តាភិក្ខុទាំងនោះ ភិក្ខុទាំងឡាយណា និយាយយ៉ាងនេះថា កម្មរបស់ភិក្ខុព្រមព្រៀងគ្នា តែប្រកបដោយធម៌ប្លម ពុំនោះសោត ភិក្ខុទាំងឡាយណា និយាយយ៉ាងនេះថា កម្មឈ្មោះថា ភិក្ខុមិនបានធ្វើហើយ កម្មឈ្មោះថា ភិក្ខុធ្វើអាក្រក់ហើយ កម្មភិក្ខុត្រូវធ្វើទៀត។ ភិក្ខុទាំងអម្បាលនេះ ឈ្មោះថា ជាធម្មវាទី ក្នុងកម្មនោះ។ វារៈទាំងប្រាំនេះ ជាសេចក្តីសង្ខេប។
[១៤០] ម្នាលភិក្ខុទាំងឡាយ ន័យមួយទៀត ភិក្ខុក្នុងសាសនានេះ សង្ឃបានធ្វើបដិសារណីយកម្មហើយ ក៏ប្រព្រឹត្តវត្តដោយប្រពៃ ទាំងសម្លបរោម ប្រព្រឹត្តវត្ត គួរដល់កិរិយារលាស់ចេញ ចាកកម្មហើយ មកសូមការរម្ងាប់បដិសារណីយកម្ម។ ក្នុងរឿងនោះ ភិក្ខុទាំងឡាយ គិតគ្នាយ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ភិក្ខុនេះឯង ដែលសង្ឃបានធ្វើបដិសារណីយកម្មហើយ ក៏ប្រព្រឹត្តវត្ត ដោយប្រពៃ ទាំងសម្លបរោម ប្រព្រឹត្តវត្ត គួរដល់កិរិយារលាស់ចេញ ចាកកម្ម ឥឡូវ មកសូមការរម្ងាប់ បដិសារណីយកម្ម (នោះ) បើដូច្នោះ មានតែយើងទាំងឡាយ រម្ងាប់បដិសារណីយកម្ម ដល់ភិក្ខុនេះ។ ភិក្ខុទាំងនោះ ជាពួក ទាំងមិនប្រកបដោយធម៌ រម្ងាប់បដិសារណីយកម្ម ដល់ភិក្ខុនោះ។បេ។ ព្រមព្រៀងគ្នា តែមិនប្រកបដោយធម៌។ ជាពួក តែប្រកបដោយធម៌។ ជាពួក ទាំងប្រកបដោយធម៌ប្លម។ ព្រមព្រៀងគ្នា តែប្រកបដោយធម៌ប្លម។ សង្ឃដែលឋិតនៅក្នុងទីនោះ ជជែកគ្នាថា កម្មរបស់ភិក្ខុជាពួក ទាំងមិនប្រកបដោយធម៌ កម្មរបស់ភិក្ខុព្រមព្រៀងគ្នា តែមិនប្រកបដោយធម៌ កម្មរបស់ភិក្ខុជាពួក តែប្រកបដោយធម៌ កម្មរបស់ភិក្ខុជាពួក ទាំងប្រកបដោយធម៌ប្លម កម្មរបស់ភិក្ខុព្រមព្រៀងគ្នា តែប្រកបដោយធម៌ប្លម កម្មឈ្មោះថា ភិក្ខុមិនបានធ្វើហើយ កម្មឈ្មោះថា ភិក្ខុធ្វើអាក្រក់ហើយ កម្មភិក្ខុត្រូវធ្វើទៀត។ ម្នាលភិក្ខុទាំងឡាយ បណ្តាភិក្ខុទាំងនោះ ភិក្ខុទាំងឡាយណា និយាយយ៉ាងនេះថា កម្មរបស់ភិក្ខុព្រមព្រៀងគ្នា តែប្រកបដោយធម៌ប្លម ពុំនោះសោត ភិក្ខុទាំងឡាយណា និយាយយ៉ាងនេះថា កម្មឈ្មោះថា ភិក្ខុមិនបានធ្វើហើយ កម្មឈ្មោះថា ភិក្ខុធ្វើអាក្រក់ហើយ កម្មភិក្ខុត្រូវធ្វើទៀត។ ភិក្ខុទាំងអម្បាលនេះ ឈ្មោះថា ជាធម្មវាទី ក្នុងកម្មនោះ។ វារៈទាំងប្រាំនេះ ជាសេចក្តីសង្ខេប។
[១៤១] ម្នាលភិក្ខុទាំងឡាយ ម្យ៉ាងទៀត ភិក្ខុក្នុងសាសនានេះ សង្ឃបានធ្វើ ឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិហើយ ក៏ប្រព្រឹត្តវត្តដោយប្រពៃ ទាំងសម្លបរោម ប្រព្រឹត្តវត្ត គួរដល់កិរិយារលាស់ចេញ ចាកកម្មហើយ មកសូមការរម្ងាប់ ឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិ។ ក្នុងរឿងនោះ បើភិក្ខុទាំងឡាយ គិតគ្នាយ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ភិក្ខុនេះឯង ដែលសង្ឃ បានធ្វើឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិហើយ ក៏បានប្រព្រឹត្តវត្ត ដោយប្រពៃ ទាំងសម្លបរោម ប្រព្រឹត្តវត្ត គួរដល់កិរិយា រលាស់ចេញ ចាកកម្ម ឥឡូវ មកសូមការរម្ងាប់ ឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិ បើដូច្នោះ មានតែយើងទាំងឡាយ រម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិ ដល់ភិក្ខុនេះ។ ភិក្ខុទាំងអម្បាលនោះ ជាពួក ទាំងមិនប្រកបដោយធម៌ រម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិ ដល់ភិក្ខុនោះ។បេ។ ព្រមព្រៀងគ្នា តែមិនប្រកបដោយធម៌។ ជាពួក តែប្រកបដោយធម៌។ ជាពួក ទាំងប្រកបដោយធម៌ប្លម។ ព្រមព្រៀងគ្នា តែប្រកបដោយធម៌ប្លម សង្ឃដែលឋិតនៅក្នុងទីនោះ ជជែកគ្នាថា កម្មរបស់ភិក្ខុជាពួក ទាំងមិនប្រកបដោយធម៌ កម្មរបស់ភិក្ខុព្រមព្រៀងគ្នា តែមិនប្រកបដោយធម៌ កម្មរបស់ភិក្ខុជាពួក តែប្រកបដោយធម៌ កម្មរបស់ភិក្ខុជាពួក ទាំងប្រកបដោយធម៌ប្លម កម្មរបស់ភិក្ខុព្រមព្រៀងគ្នា តែប្រកបដោយធម៌ប្លម កម្មឈ្មោះថា ភិក្ខុមិនបានធ្វើហើយ កម្មឈ្មោះថា ភិក្ខុធ្វើអាក្រក់ហើយ កម្មភិក្ខុត្រូវធ្វើទៀត។ ម្នាលភិក្ខុទាំងឡាយ បណ្តាភិក្ខុទាំងនោះ បើភិក្ខុទាំងឡាយណា និយាយយ៉ាងនេះថា កម្មរបស់ភិក្ខុព្រមព្រៀងគ្នា តែប្រកបដោយធម៌ប្លម ពុំនោះសោត ភិក្ខុទាំងឡាយណា និយាយយ៉ាងនេះថា កម្មឈ្មោះថា ភិក្ខុមិនបានធ្វើហើយ កម្មឈ្មោះថា ភិក្ខុធ្វើអាក្រក់ហើយ កម្មភិក្ខុត្រូវធ្វើទៀត។ ភិក្ខុទាំងអម្បាលនេះ ឈ្មោះថា ជាធម្មវាទី ក្នុងកម្មនោះ។ វារៈទាំងប្រាំនេះ ជាសេចក្តីសង្ខេប។ ម្នាលភិក្ខុទាំងឡាយ ម្យ៉ាងទៀត ភិក្ខុក្នុងសាសនានេះ សង្ឃបានធ្វើឧក្ខេបនីយកម្ម ព្រោះមិនសំដែងអាបត្តិចេញហើយ ក៏ប្រព្រឹត្តវត្ត ដោយប្រពៃ ទាំងសម្លបរោម ប្រព្រឹត្តវត្ត គួរដល់កិរិយា រលាស់ចេញ ចាកកម្មហើយ មកសូមការរម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិនសំដែងអាបត្តិចេញ។ ក្នុងរឿងនោះ បើភិក្ខុទាំងឡាយ គិតគ្នាយ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ភិក្ខុនេះឯង ដែលសង្ឃ បានធ្វើឧក្ខេបនីយកម្ម ព្រោះមិនសំដែងអាបត្តិចេញហើយ ក៏ប្រព្រឹត្តវត្ត ដោយប្រពៃ ទាំងសម្លបរោម ប្រព្រឹត្តវត្ត គួរដល់កិរិយា រលាស់ចេញ ចាកកម្ម ឥឡូវ មកសូមការរម្ងាប់ ឧក្ខេបនីយកម្ម ព្រោះមិនសំដែងអាបត្តិចេញ បើដូច្នោះ មានតែយើងទាំងឡាយ រម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិនសំដែងអាបត្តិចេញ ដល់ភិក្ខុនេះ។ ភិក្ខុទាំងអម្បាលនោះ ជាពួក ទាំងមិនប្រកបដោយធម៌ រម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិនសំដែងអាបត្តិចេញ ដល់ភិក្ខុនោះ។បេ។ ព្រមព្រៀងគ្នា តែមិនប្រកបដោយធម៌។ ជាពួក តែប្រកបដោយធម៌។ ជាពួក ទាំងប្រកបដោយធម៌ប្លម។ ព្រមព្រៀងគ្នា តែប្រកបដោយធម៌ប្លម។ សង្ឃដែលឋិតនៅក្នុងទីនោះ ជជែកគ្នាថា កម្មរបស់ភិក្ខុជាពួក ទាំងមិនប្រកបដោយធម៌ កម្មរបស់ភិក្ខុព្រមព្រៀងគ្នា តែមិនប្រកបដោយធម៌ កម្មរបស់ភិក្ខុជាពួក តែប្រកបដោយធម៌ កម្មរបស់ភិក្ខុជាពួក ទាំងប្រកបដោយធម៌ប្លម កម្មរបស់ភិក្ខុព្រមព្រៀងគ្នា តែប្រកបដោយធម៌ប្លម កម្មឈ្មោះថា ភិក្ខុមិនបានធ្វើហើយ កម្មឈ្មោះថា ភិក្ខុធ្វើអាក្រក់ហើយ កម្មភិក្ខុត្រូវធ្វើទៀត។ ម្នាលភិក្ខុទាំងឡាយ បណ្តាភិក្ខុទាំងនោះ ភិក្ខុទាំងឡាយណា និយាយយ៉ាងនេះថា កម្មរបស់ភិក្ខុព្រមព្រៀងគ្នា តែប្រកបដោយធម៌ប្លម ពុំនោះសោត ភិក្ខុទាំងឡាយណា និយាយយ៉ាងនេះថា កម្មឈ្មោះថា ភិក្ខុមិនបានធ្វើហើយ កម្មឈ្មោះថា ភិក្ខុធ្វើអាក្រក់ហើយ កម្មភិក្ខុត្រូវធ្វើទៀត។ ភិក្ខុទាំងអម្បាលនេះ ឈ្មោះថា ជាធម្មវាទី ក្នុងកម្មនោះ។ វារៈទាំងប្រាំនេះ ជាសេចក្តីសង្ខេប។
[១៤២] ម្នាលភិក្ខុទាំងឡាយ មួយវិញទៀត ភិក្ខុក្នុងសាសនានេះ សង្ឃបានធ្វើឧក្ខេបនីយកម្មហើយ ព្រោះមិនលះបង់ទិដ្ឋិអាក្រក់ចេញ ក៏ប្រព្រឹត្តវត្តដោយប្រពៃ ទាំងសម្លបរោម ប្រព្រឹត្តវត្ត គួរដល់កិរិយារលាស់ចេញ ចាកកម្មហើយ មកសូមការរម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិនលះបង់ទិដ្ឋិអាក្រក់ចេញ។ ក្នុងរឿងនោះ បើភិក្ខុទាំងឡាយ គិតគ្នាយ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ភិក្ខុនេះឯង ដែលសង្ឃធ្វើឧក្ខេបនីយកម្មហើយ ព្រោះមិនលះបង់ទិដ្ឋិអាក្រក់ចេញ ក៏បានប្រព្រឹត្តវត្តដោយប្រពៃ ទាំងសម្លបរោម ប្រព្រឹត្តវត្ត គួរដល់កិរិយារលាស់ចេញ ចាកកម្ម ឥឡូវ មកសូមការរម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិនលះបង់ទិដ្ឋិអាក្រក់ចេញ បើដូច្នោះ មានតែយើងទាំងឡាយ រម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិនលះបង់ទិដ្ឋិអាក្រក់ចេញ ដល់ភិក្ខុនេះ។ ភិក្ខុទាំងអម្បាលនោះ ជាពួក ទាំងមិនប្រកបដោយធម៌ រម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិនលះបង់ទិដ្ឋិអាក្រក់ចេញ ដល់ភិក្ខុនោះ។បេ។ ព្រមព្រៀងគ្នា តែមិនប្រកបដោយធម៌។ ជាពួក តែប្រកបដោយធម៌។ ជាពួក ទាំងប្រកបដោយធម៌ប្លម។ ព្រមព្រៀងគ្នា តែប្រកបដោយធម៌ប្លម។ សង្ឃដែលឋិតនៅក្នុងទីនោះ ជជែកគ្នាថា កម្មរបស់ភិក្ខុជាពួក ទាំងមិនប្រកបដោយធម៌ កម្មរបស់ភិក្ខុព្រមព្រៀងគ្នា តែមិនប្រកបដោយធម៌ កម្មរបស់ភិក្ខុជាពួក តែប្រកបដោយធម៌ កម្មរបស់ភិក្ខុជាពួក ទាំងប្រកបដោយធម៌ប្លម កម្មរបស់ភិក្ខុព្រមព្រៀងគ្នា តែប្រកបដោយធម៌ប្លម កម្មឈ្មោះថា ភិក្ខុមិនបានធ្វើហើយ កម្មឈ្មោះថា ភិក្ខុធ្វើអាក្រក់ហើយ កម្មភិក្ខុត្រូវធ្វើទៀត។ ម្នាលភិក្ខុទាំងឡាយ បណ្តាភិក្ខុទាំងនោះ បើភិក្ខុទាំងឡាយឯណា និយាយយ៉ាងនេះថា កម្មរបស់ភិក្ខុព្រមព្រៀងគ្នា តែប្រកបដោយធម៌ប្លម ពុំនោះសោត ភិក្ខុទាំងឡាយណា និយាយយ៉ាងនេះថា កម្មឈ្មោះថា ភិក្ខុមិនបានធ្វើហើយ កម្មឈ្មោះថា ភិក្ខុធ្វើអាក្រក់ហើយ កម្មភិក្ខុត្រូវធ្វើទៀត។ ភិក្ខុទាំងអម្បាលនេះ ឈ្មោះថា ជាធម្មវាទី ក្នុងកម្មនោះ។ វារៈទាំងប្រាំនេះ ជាសេចក្តីសង្ខេប។
ចប់ចម្បេយ្យក្ខន្ធកៈ ទី៩។
ក្នុងខន្ធកៈនេះ មានរឿង៣៦។
ឧទ្ទាននៃចម្បេយ្យក្ខន្ធកៈនោះ គឺ
[១៤៣] កាលព្រះមានព្រះភាគ គង់នៅក្នុងនគរចម្បា (មានភិក្ខុឈ្មោះកស្សបគោត្ត ជាចៅអាវាស) នៅក្នុងស្រុកឈ្មោះវាសភៈ បានធ្វើសេចក្តីខ្វល់ខ្វាយ ដល់ពួកភិក្ខុជាអាគន្តុកៈ លុះដឹងថា ពួកភិក្ខុជាអាគន្តុកៈ ស្គាល់ច្បាស់ក្នុងគោចរ ដែលភិក្ខុគប្បីប្រាថ្នាហើយ ក៏លែងធ្វើសេចក្តីខ្វល់ខ្វាយ ក្នុងកាលនោះ ភិក្ខុឈ្មោះកស្សបគោត្តនោះ ពួកភិក្ខុជាអាគន្តុកៈ លើកវត្តថាមិនធ្វើ (សេចក្តីខ្វល់ខ្វាយដល់យើង) ហើយបានទៅកាន់សំណាក់ព្រះជិនស្រី។ (ពួកភិក្ខុក្នុងនគរចម្បា) ធ្វើកម្មជាពួក ទាំងមិនប្រកបដោយធម៌ផង ធ្វើកម្មព្រមព្រៀងគ្នា តែមិនប្រកបដោយធម៌ផង ធ្វើកម្មជាពួក តែប្រកបដោយធម៌ផង ធ្វើកម្មជាពួក ទាំងប្រកបដោយធម៌ប្លមផង ធ្វើកម្មព្រមព្រៀងគ្នា តែប្រកបដោយធម៌ប្លមផង ភិក្ខុមួយរូបលើកវត្តភិក្ខុមួយរូបផង ភិក្ខុមួយរូប លើកវត្តភិក្ខុពីររូបផង លើកវត្តភិក្ខុច្រើនរូបផង លើកវត្តសង្ឃផង ភិក្ខុពីររូប ភិក្ខុច្រើនរូប សង្ឃ លើកវត្តសង្ឃផង។ ព្រះសព្វញ្ញុពុទ្ធ ដ៏ប្រសើរ ទ្រង់ជ្រាប (រឿងនោះ) ហើយ ទ្រង់ហាមថា ជាកម្មមិនប្រកបដោយធម៌។ (ឆព្វគ្គិយភិក្ខុ) ធ្វើកម្មវិបត្តិចាកញត្តិ តែដល់ព្រម ដោយអនុស្សាវនាផង ធ្វើកម្មវិបត្តិ ចាកអនុស្សាវនា តែដល់ព្រម ដោយញត្តិផង ធ្វើកម្មវិបត្តិចាកញត្តិ និងអនុស្សាវនាទាំងពីរផង ធ្វើកម្មវៀរចាកធម៌ផង ធ្វើកម្មវៀរចាកវិន័យផង ធ្វើកម្មវៀរចាកសាសនៈ នៃព្រះសាស្តាផង ធ្វើកម្ម ដែលព្រះដ៏មានព្រះភាគ តិះដៀលថា ជាកម្មកំរើក មានរូបមិនគួរដល់ហេតុផង កម្មមិនប្រកបដោយធម៌ផង កម្មជាពួកផង កម្មព្រមព្រៀងគ្នាផង កម្មពីរទៀតគឺ (កម្មជាពួក) ទាំងប្រកបដោយធម៌ប្លមផង (កម្មព្រមព្រៀងគ្នា តែប្រកបដោយធម៌ប្លមផង) ម្យ៉ាងទៀត ព្រះតថាគត ទ្រង់អនុញ្ញាតកម្ម ដែលព្រមព្រៀងគ្នា ទាំងប្រកបដោយធម៌ ប៉ុណ្ណោះ។ សង្ឃមាន៥ពួកគឺ សង្ឃចតុវគ្គ១ បញ្ចវគ្គ១ ទសវគ្គ១ វីសតិវគ្គ១ អតិរេកវីសតិវគ្គ១។ សង្ឃចតុវគ្គ គួរដល់កម្ម (ទាំងពួង) វៀរលែងតែ (កម្ម៣យ៉ាង) គឺ ឧបសម្បទាកម្ម១ បវារណាកម្ម១ អព្ភានកម្ម១។ សង្ឃបញ្ចវគ្គ គួរដល់កម្មក្នុងកម្មទាំងពួង វៀរលែងតែកម្មពីរយ៉ាង គឺឧបសម្បទាកម្ម ក្នុងមជ្ឈិមប្រទេស១ អព្ភានកម្ម១។ ភិក្ខុសង្ឃទសវគ្គ (ធ្វើកម្មទាំងអស់បាន) វៀរលែងតែ អព្ភានកម្ម មួយចេញ។ សង្ឃវីសតិវគ្គ គួរដល់កម្ម ក្នុងកម្មទាំងពួង ឈ្មោះថាធ្វើកម្ម បានគ្រប់កម្ម។ ភិក្ខុនីក្តី សិក្ខមានាក្តី សាមណេរក្តី សាមណេរីក្តី ភិក្ខុដែលពោលលាសិក្ខាក្តី ភិក្ខុដែលត្រូវ អន្តិមវត្ថុ ក្តី ភិក្ខុដែលសង្ឃលើកវត្ត ព្រោះមិនឃើញអាបត្តិក្តី ព្រោះមិនសំដែងអាបត្តិក្តី ព្រោះមិនលះបង់ទិដ្ឋិចេញក្តី មនុស្សខ្ទើយក្តី មនុស្សដែលលួចសំវាសក្តី ភិក្ខុដែលចូលទៅកាន់លទ្ធិតិរ្ថិយក្តី សត្វតិរច្ឆានក្តី បុគ្គល ដែលធ្វើមាតុឃាតក្តី បិតុឃាតក្តី អរហន្តឃាតក្តី បុគ្គល ដែលទ្រុស្តភិក្ខុនីក្តី បុគ្គល ដែលធ្វើសង្ឃភេទក្តី បុគ្គល ដែលធ្វើលោហិតុប្បាទក្តី ឧភតោព្យញ្ជនកក្តី ភិក្ខុមានសំវាសផ្សេងៗគ្នាក្តី ភិក្ខុនៅក្នុងសីមាផ្សេងៗគ្នាក្តី (ភិក្ខុឋិតនៅលើអាកាស) ដោយឫទ្ធិក្តី (បណ្តាបុគ្គលទាំងនេះ) បើជំនុំសង្ឃធ្វើកម្ម ដល់បុគ្គលឯណានីមួយ ឯបុគ្គលទាំង២៤ពួកនោះ ព្រះសម្ពុទ្ធ ទ្រង់ហាមថា បុគ្គលទាំងអម្បាលនេះ ជាគណបូរកៈ មិនបានឡើយ ម្យ៉ាងទៀត សង្ឃមានបារិវាសិកភិក្ខុ ជាគំរប់៤ ឲ្យបរិវាស ឲ្យមូលាយបដិកស្សនៈ ឲ្យមានត្ត ឲ្យអព្ភាន (កម្មរបស់សង្ឃនោះ) មិនឈ្មោះថា កម្មផង សង្ឃមិនត្រូវធ្វើផង ម្យ៉ាងទៀត សង្ឃមានភិក្ខុ ដែលគួរដល់ មូលាយបដិកស្សនៈ ជាគំរប់៤ក្តី មានភិក្ខុ ដែលគួរដល់មានត្ត ជាគំរប់៤ក្តី មានភិក្ខុ ដែលប្រព្រឹត្តមានត្ត ជាគំរប់៤ក្តី មានភិក្ខុ ដែលគួរដល់អព្ភាន ជាគំរប់៤ក្តី ភិក្ខុទាំង៥ពួកនេះ ព្រះសម្ពុទ្ធ ទ្រង់ប្រកាសថា មិនមែនជាអ្នកធ្វើកម្មឡើយ។ ភិក្ខុនីក្តី សិក្ខមានាក្តី សាមណេរក្តី សាមណេរីក្តី ភិក្ខុដែលពោលលាសិក្ខាក្តី ភិក្ខុដែលត្រូវ អន្តិមវត្ថុក្តី ភិក្ខុឆ្កួតក្តី ភិក្ខុមានចិត្តរវើរវាយក្តី ភិក្ខុមានវេទនាគ្របសង្កត់ក្តី ភិក្ខុដែលសង្ឃលើកវត្ត ព្រោះមិនឃើញអាបត្តិក្តី ព្រោះមិនសំដែងអាបត្តិក្តី ព្រោះមិនលះបង់ទិដ្ឋិអាក្រក់ចេញក្តី ខ្ទើយក្តី បុគ្គល ដែលលួចសំវាសក្តី ភិក្ខុដែលចូលទៅកាន់លទ្ធិតិរ្ថិយក្តី សត្វតិរច្ឆានក្តី បុគ្គល ជាមាតុឃាតកក្តី បិតុឃាតកក្តី អរហន្តឃាតកក្តី បុគ្គលដែលទ្រុស្តភិក្ខុនីក្តី ដែលធ្វើសង្ឃភេទក្តី ធ្វើលោហិតុប្បាទក្តី ឧភតោព្យញ្ជនកក្តី ភិក្ខុដែលមានសំវាសផ្សេងៗគ្នាក្តី ភិក្ខុដែលឋិតនៅក្នុងសីមាផ្សេងៗគ្នាក្តី ភិក្ខុដែលឋិតនៅលើអាកាសក្តី (សង្ឃធ្វើ) កម្ម ដល់បុគ្គលណា បុគ្គលនោះក្តី ឯការហាមឃាត់ (ក្នុងកណ្តាលជំនុំសង្ឃ) របស់បុគ្គល ទាំង២៧ពួកនេះ មិនឡើងឡើយ។ (ការហាមឃាត់ ក្នុងកណ្តាលជំនុំសង្ឃ) របស់ភិក្ខុជា បកតត្ត ទើបឡើង ភិក្ខុបរិសុទ្ធ (បើសង្ឃបណ្តេញចេញ) ឈ្មោះថា បណ្តេញចេញ ដោយអាក្រក់ ឯភិក្ខុល្ងង់ (បើសង្ឃបណ្តេញចេញ) ឈ្មោះថា បណ្តេញចេញ ដោយល្អ មនុស្សខ្ទើយក្តី បុគ្គលលួចសំវាសក្តី ភិក្ខុចូលទៅកាន់លទ្ធិតិរ្ថិយក្តី តិរច្ឆានក្តី បុគ្គលជាមាតុឃាតកៈក្តី បិតុឃាតកៈក្តី អរហន្តឃាតកៈក្តី ភិក្ខុនីទូសកៈក្តី សង្ឃភេទកៈក្តី លោហិតុប្បាទកៈក្តី ឧភតោព្យញ្ជនកៈក្តី ឯបុគ្គល ទាំង១១ពួកនេះ មិនគួរដល់ ឱសារណាកម្ម ឡើយ។ មនុស្សកំបុតដៃក្តី កំបុតជើងក្តី កំបុតដៃ និងជើងទាំងពីរក្តី កំបុតត្រចៀកក្តី កំបុតច្រមុះក្តី កំបុតត្រចៀក និងច្រមុះទាំងពីរក្តី កំបុតម្រាមដៃក្តី កំបុតមេដៃ មេជើងក្តី មនុស្សដាច់សរសៃធំក្តី មនុស្សមានម្រាមដៃព្រែកក្តី មនុស្សគមក្តី មនុស្សតឿក្តី មនុស្សពកក ឬពកត្រង់អវយវៈណាមួយក្តី មនុស្សដែលគេបៀតបៀន ឲ្យមានស្លាកស្នាមក្តី មនុស្សមានស្នាម ដែលគេវាយ ដោយរំពាត់ក្តី មនុស្ស ដែលគេកត់ឈ្មោះព្យួរទោសទុកក្តី មនុស្សដែលមានជើងហើមស្ទក់ក្តី មនុស្សដែលមានរោគអាក្រក់ក្តី មនុស្សទ្រុស្តបរិសទ្យ គឺមនុស្សមានរូបអាក្រក់ខុសគេក្តី មនុស្សដែលទើបតែនឹងខ្វាក់ក្តី មនុស្សក្ងែងក្ងង់ត្រង់អវយវៈណាមួយក្តី មនុស្សខ្ចកក្តី មនុស្ស ដែលស្លាប់មួយចំហៀងខ្លួនក្តី មនុស្សខ្វិនក្តី មនុស្សចាស់គ្រាំគ្រាក្តី មនុស្សដែលខ្វាក់ពីកំណើតក្តី មនុស្សគក្តី ថ្លង់ក្តី មនុស្សខ្វាក់ផង គផងក្តី មនុស្សខ្វាក់ផង ថ្លង់ផងក្តី មនុស្សគផង ថ្លង់ផងក្តី មនុស្សទាំងខ្វាក់ ទាំងគ ទាំងថ្លង់ក្តី មនុស្សទាំង៣២ពួកគត់នេះ ព្រះសម្ពុទ្ធជាម្ចាស់ ទ្រង់ប្រកាសថា មនុស្សទាំងនោះ គួរដល់ ឱសារណាកម្ម។ អាបត្តិដែលត្រូវឃើញ អាបត្តិដែលត្រូវសំដែង និងទិដ្ឋិអាក្រក់ ដែលត្រូវលះបង់ មិនមានដល់ (ភិក្ខុណា) ការលើកវត្តដល់ភិក្ខុនោះ ចាត់ជាកម្ម មិនប្រកបដោយធម៌ មាន៧យ៉ាង ភិក្ខុទាំងឡាយ ចោទភិក្ខុដែលត្រូវអាបត្តិ សូម្បីកម្មរបស់ភិក្ខុទាំងនោះ ក៏ចាត់ជាកម្មមិនប្រកបដោយធម៌ មាន៧យ៉ាង ភិក្ខុទាំងឡាយចោទភិក្ខុដែលត្រូវអាបត្តិ (សូម្បី) កម្មរបស់ភិក្ខុទាំងនោះ ក៏ចាត់ជាកម្មប្រកបដោយធម៌ល្អ មាន៧យ៉ាង ការកសង្ឃ ធ្វើកម្មដែលត្រូវធ្វើ ក្នុងទីចំពោះមុខក្តី ធ្វើដោយការសាកសួរក្តី ធ្វើដោយសេចក្តីប្តេជ្ញាក្តី ឲ្យសតិវិន័យក្តី អមូឡ្ហវិន័យក្តី ធ្វើតស្សបាបិយសិកាកម្មក្តី តជ្ជនីយកម្មក្តី និយស្សកម្មក្តី បព្វាជនីយកម្មក្តី បដិសារណីយកម្មក្តី ឧក្ខេបនីយកម្មក្តី ឲ្យបរិវាសក្តី ឲ្យមូលាយបដិកស្សនៈក្តី មានត្តក្តី អព្ភានក្តី ឧបសម្បទាក្តី ហើយសង្ឃត្រឡប់ធ្វើកម្មដទៃ ដល់បុគ្គលដទៃវិញ កម្មទាំង១៦នេះ ឈ្មោះថា មិនប្រកបដោយធម៌ សង្ឃធ្វើកម្មនោះៗ ដល់ភិក្ខុដែលគួរដល់កម្មនោះៗ កម្មទាំង១៦នេះ ឈ្មោះថា ប្រកបដោយធម៌ល្អ សង្ឃលើកឡើង នូវកម្មដទៃចំពោះភិក្ខុ ដែលគួរដល់កម្មដទៃវិញ កម្មទាំង១៦នេះឈ្មោះថា មិនប្រកបដោយធម៌ កម្មមានមូលពីរៗ ដែលសង្ឃបានធ្វើ ដល់ភិក្ខុនោះ កម្មទាំង១៦នោះ ក៏ឈ្មោះថា កម្មប្រកបដោយធម៌ដែរ។ សូម្បីចក្កដែលមានមូលមួយៗ ព្រះជិនស្រី ទ្រង់ត្រាស់ថា មិនប្រកបដោយធម៌ សង្ឃ (គិតគ្នាថា) ភិក្ខុនេះ ជាអ្នកធ្វើការបង្កហេតុ ហើយបានធ្វើ តជ្ជនីយកម្ម (ដល់ភិក្ខុនោះ) តែធ្វើកម្ម ជាពួក ទាំងមិនប្រកបដោយធម៌ ភិក្ខុនោះក៏ចេញទៅកាន់អាវាសដទៃ ឯភិក្ខុទាំងឡាយ ដែលនៅក្នុងអាវាសនោះ ក៏ព្រមព្រៀងគ្នា តែមិនប្រកបដោយធម៌ ធ្វើតជ្ជនីយកម្ម ដល់ភិក្ខុនោះទៀត (ភិក្ខុនោះ) ក៏ចេញទៅកាន់អាវាសដទៃ ភិក្ខុទាំងឡាយ ដែលនៅក្នុងអាវាសដទៃ (នោះ) ជាពួក តែប្រកបដោយធម៌ ធ្វើតជ្ជនីយកម្ម ដល់ភិក្ខុនោះទៀត ឯភិក្ខុទាំងឡាយនោះ ជាពួក ទាំងប្រកបដោយធម៌ប្លម ក៏មាន ព្រមព្រៀងគ្នា តែប្រកបដោយធម៌ប្លម ក៏មាន បានធ្វើតជ្ជនីយកម្ម (ដល់ភិក្ខុនោះ) ដូចគ្នា បទទាំងឡាយនេះគឺ កម្មព្រមព្រៀងគ្នា តែមិនប្រកបដោយធម៌ក្តី កម្មជាពួក តែប្រកបដោយធម៌ក្តី កម្មជាពួក ទាំងប្រកបដោយធម៌ប្លមក្តី កម្មព្រមព្រៀងគ្នា តែប្រកបដោយធម៌ប្លមក្តី (បទទាំងអម្បាលនេះ) អ្នកមានប្រាជ្ញា គប្បីធ្វើឲ្យមានមូលមួយៗ ហើយចងឲ្យជាចក្ក។ សង្ឃធ្វើនិយស្សកម្ម ដល់ភិក្ខុល្ងង់ក្តី មិនឆ្លាសក្តី សង្ឃធ្វើបព្វាជនីយកម្ម ដល់ភិក្ខុដែលទ្រុស្តត្រកូលក្តី សង្ឃធ្វើ បដិសារណីយកម្ម ដល់ភិក្ខុ ដែលជេរគ្រហស្ថក្តី ភិក្ខុណា មិនឃើញអាបត្តិក្តី មិនសំដែងអាបត្តិក្តី មិនលះបង់ទិដ្ឋិអាក្រក់ចេញក្តី ព្រមបរមគ្រូ ជាសត្ថវាហៈ ទ្រង់សំដែងនូវ ឧក្ខេបនីយកម្ម ដល់ភិក្ខុទាំងនោះ អ្នកមានប្រាជ្ញា គប្បីនាំទៅ គឺថា គប្បីធ្វើ តជ្ជនីយកម្ម ដល់ភិក្ខុទាំងឡាយ ដែលគួរ ដល់វិនយកម្ម ភិក្ខុដែលសង្ឃបានធ្វើកម្មហើយ ក៏ប្រព្រឹត្តដោយប្រពៃ ចំពោះវត្ត ដ៏សមគួរដល់កម្មទាំងអម្បាលនោះ ហើយមកសូមការរម្ងាប់កម្មទាំងនោះ (នឹងសង្ឃ) តាមន័យនៃកម្មឰដ៏ខាងក្រោយ សង្ឃដែលឋិតនៅ ក្នុងទីនោះ ជជែកគ្នា ក្នុងកម្មនោះៗក្តី ពុំនោះសោត ភិក្ខុទាំងឡាយណា និយាយថា កម្មឈ្មោះថា សង្ឃមិនបានធ្វើហើយ កម្មឈ្មោះថា សង្ឃធ្វើអាក្រក់ហើយ កម្មសង្ឃត្រូវធ្វើទៀតក្តី ភិក្ខុទាំងនោះ ឈ្មោះថា ធម្មវាទី ក្នុងការរម្ងាប់នូវកម្ម (នោះ) ព្រះសម្ពុទ្ធ ជាអ្នកប្រាជ្ញ ដ៏ប្រសើរ ទ្រង់ឃើញភិក្ខុទាំងឡាយ ដែលមានវិបត្តិបៀតបៀនហើយ ជាភិក្ខុគួរដល់កម្ម ទើបទ្រង់សំដែង នូវវិធីរម្ងាប់កម្ម ដូចជាពេទ្យមើលរបួស ប្រាប់នូវឱសថដូច្នេះឯង។
កោសម្ពិក្ខន្ធកៈ
[១៤៤] សម័យនោះឯង ព្រះពុទ្ធជាម្ចាស់មានព្រះភាគ ទ្រង់គង់នៅក្នុងឃោសិតារាម ទៀបក្រុងកោសម្ពី។ វេលានោះឯង មានភិក្ខុមួយរូប ត្រូវអាបត្តិ។ ភិក្ខុនោះ យល់ឃើញអាបត្តិនោះថា ជាអាបត្តិមែន ពួកភិក្ខុដទៃយល់ឃើញអាបត្តិនោះថា មិនមែនជាអាបត្តិទៅវិញ។ លុះកាលជាខាងក្រោយមក ភិក្ខុនោះ ត្រឡប់យល់ឃើញអាបត្តិនោះថា មិនមែនជាអាបត្តិទៅវិញ ពួកភិក្ខុដទៃ ត្រឡប់យល់ឃើញអាបត្តិនោះថា ជាអាបត្តិទៅវិញ។ គ្រានោះ ភិក្ខុទាំងនោះ បាននិយាយពាក្យនេះ នឹងភិក្ខុនោះថា នែអាវុសោ លោកត្រូវអាបត្តិហើយ តើលោកបានឃើញអាបត្តិនុ៎ះឬទេ។ ភិក្ខុនោះតបទៅវិញថា នែអាវុសោ អាបត្តិដែលខ្ញុំត្រូវឃើញនោះ គ្មានទេ។ វេលានោះ ភិក្ខុទាំងនោះ បានសេចក្តីព្រមព្រៀងគ្នាហើយ ក៏លើកវត្តភិក្ខុនោះ ព្រោះមិនឃើញអាបត្តិ។ ឯភិក្ខុនោះសោត ក៏ជាពហុស្សូត (ជាអ្នកចេះដឹងច្រើន) ស្ទាត់ក្នុងបិដក ជាអ្នកទ្រទ្រង់ធម៌ ទ្រទ្រង់វិន័យ ទ្រទ្រង់មាតិកា ជាបណ្ឌិត ឆ្លៀវឆ្លាស មានប្រាជ្ញា មានសេចក្តីអៀនខ្មាស មានសេចក្តីរអែង និងមានសេចក្តីស្រឡាញ់ក្នុងសិក្ខា។ លំដាប់នោះ ភិក្ខុនោះ ក៏បានចូលទៅរកពួកភិក្ខុ ដែលជាមិត្តគ្រាន់តែឃើញគ្នា និងជាមិត្តដ៏មាំមួន ហើយនិយាយពាក្យនេះថា នែអាវុសោ នេះជាអនាបត្តិ នេះមិនមែនជាអាបត្តិទេ ខ្ញុំជាភិក្ខុ ដែលមិនត្រូវអាបត្តិ ជាភិក្ខុឥតត្រូវអាបត្តិ (អ្វីទេ) ខ្ញុំជាភិក្ខុ ដែលសង្ឃ មិនគួរលើកវត្ត ជាភិក្ខុ ដែលសង្ឃលើកវត្តមិនបានទេ សង្ឃបានលើកវត្តខ្ញុំ ដោយកម្មមិនប្រកបដោយធម៌ ជាកម្មកំរើក ជាកម្មមិនគួរដល់ហេតុ បពិត្រលោកដ៏មានអាយុទាំងឡាយ សូមលោកទាំងឡាយ មកជាបក្ខពួករបស់ខ្ញុំតាមធម៌ តាមវិន័យ។ ភិក្ខុនោះ ក៏បានភិក្ខុ ដែលជាមិត្តគ្រាន់តែឃើញគ្នា និងមិត្តដ៏មាំមួន មកជាបក្ខពួកឡើង។ មិនតែប៉ុណ្ណោះ ភិក្ខុនោះ ក៏បញ្ជូនបម្រើ ទៅក្នុងសំណាក់ពួកភិក្ខុ ដែលជាមិត្តគ្រាន់តែបានឃើញគ្នា និងមិត្តដ៏មាំមួន ដែលនៅក្នុងជនបទថា នែអាវុសោ នេះជាអនាបត្តិ នេះមិនមែនជាអាបត្តិទេ ខ្ញុំជាភិក្ខុដែលមិនត្រូវអាបត្តិ ជាភិក្ខុឥតត្រូវអាបត្តិ (អ្វីទេ) ខ្ញុំជាភិក្ខុដែលសង្ឃ មិនគួរលើកវត្ត ជាភិក្ខុដែលសង្ឃលើកវត្តមិនបានទេ សង្ឃបានលើកវត្តខ្ញុំ ដោយកម្មមិនប្រកបដោយធម៌ ជាកម្មកំរើក ជាកម្មមិនគួរដល់ហេតុឡើយ សូមអស់លោកដ៏មានអាយុទាំងឡាយ មកជាបក្ខពួកនឹងខ្ញុំតាមធម៌ តាមវិន័យ។ ភិក្ខុនោះ ក៏បានភិក្ខុដែលជាមិត្តគ្រាន់តែបានឃើញគ្នា និងមិត្តដ៏មាំមួន ដែលនៅក្នុងជនបទ មកជាបក្ខពួកឡើង។ គ្រានោះ ពួកភិក្ខុអ្នកប្រព្រឹត្តតាមភិក្ខុ ដែលសង្ឃលើកវត្តនោះ បានចូលទៅរកពួកភិក្ខុអ្នកលើកវត្ត លុះចូលទៅដល់ហើយ ក៏បាននិយាយពាក្យនេះ នឹងពួកភិក្ខុលើកវត្តថា នែអាវុសោ នេះជាអនាបត្តិ នេះមិនមែនជាអាបត្តិទេ ភិក្ខុនេះ មិនត្រូវអាបត្តិ ភិក្ខុនេះ ឥតត្រូវអាបត្តិ (អ្វីទេ) ភិក្ខុនេះ សង្ឃមិនគួរលើកវត្ត ភិក្ខុនេះ សង្ឃលើកវត្តមិនបានទេ សង្ឃលើកវត្តភិក្ខុនេះ ដោយកម្មមិនប្រកបដោយធម៌ ជាកម្មកំរើក ជាកម្មមិនគួរដល់ហេតុឡើយ។ កាលបើភិក្ខុទាំងនោះ និយាយយ៉ាងនេះហើយ ពួកភិក្ខុអ្នកលើកវត្ត បាននិយាយពាក្យនេះ នឹងពួកភិក្ខុអ្នកប្រព្រឹត្តតាមភិក្ខុដែលសង្ឃលើកវត្តវិញថា នែអាវុសោ នេះមិនមែនជាអនាបត្តិទេ ភិក្ខុនេះ ត្រូវអាបត្តិហើយ ភិក្ខុនេះ មិនមែនជាមិនត្រូវអាបត្តិទេ ភិក្ខុនេះ សង្ឃគួរលើកវត្តបានហើយ ភិក្ខុនេះ មិនមែនជាភិក្ខុ ដែលសង្ឃលើកវត្តមិនបានទេ ភិក្ខុនេះ សង្ឃលើកវត្ត ដោយកម្មប្រកបដោយធម៌ ជាកម្មមិនកំរើក ជាកម្មគួរដល់ហេតុហើយ បពិត្រលោកដ៏មានអាយុទាំងឡាយ អស់លោកកុំប្រព្រឹត្តតាម កុំតាមចោមរោមភិក្ខុ ដែលសង្ឃបានលើកវត្តនេះឡើយ។ ឯពួកភិក្ខុអ្នកប្រព្រឹត្តតាមភិក្ខុដែលសង្ឃលើកវត្តនោះ កាលបើពួកភិក្ខុអ្នកលើកវត្តនិយាយ យ៉ាងនេះហើយ ក៏នៅតែប្រព្រឹត្តតាម នៅតែតាមចោមរោមភិក្ខុ ដែលសង្ឃបានលើកវត្តហើយនោះដដែល។
[១៤៥] គ្រានោះ មានភិក្ខុ១រូបចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយនៅក្នុងទីដ៏សមគួរ។ ភិក្ខុនោះ លុះអង្គុយនៅក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ យ៉ាងនេះថា សូមទ្រង់ព្រះមេត្តាប្រោស ក្នុងទីនេះ មានភិក្ខុ១រូប ត្រូវអាបត្តិហើយ ភិក្ខុនោះ បានយល់ឃើញអាបត្តិនោះ ថាជាអាបត្តិមែន តែពួកភិក្ខុដទៃ យល់ឃើញអាបត្តិនោះថា មិនមែនជាអាបត្តិ លុះកាលជាខាងក្រោយ ភិក្ខុនោះ ត្រឡប់យល់ឃើញអាបត្តិនោះថា មិនមែនជាអាបត្តិទៅវិញ ពួកភិក្ខុដទៃ ត្រឡប់យល់ឃើញអាបត្តិនោះថា ជាអាបត្តិទៅវិញ សូមទ្រង់ព្រះមេត្តាប្រោស ក្នុងវេលានោះឯង ភិក្ខុទាំងឡាយនោះ និយាយពាក្យនេះ នឹងភិក្ខុនោះថា នែអាវុសោ លោកត្រូវអាបត្តិហើយ តើលោកឃើញអាបត្តិនុ៎ះឬទេ ភិក្ខុនោះឆ្លើយថា នែអាវុសោ អាបត្តិដែលខ្ញុំត្រូវឃើញនោះ គ្មានទេ សូមទ្រង់ព្រះមេត្តាប្រោស គ្រានោះ ភិក្ខុទាំងនោះ បានសេចក្តីសាមគ្គីគ្នាហើយ ក៏លើកវត្តភិក្ខុនោះ ព្រោះមិនឃើញអាបត្តិ សូមទ្រង់ព្រះមេត្តាប្រោស ឯភិក្ខុនោះសោត ក៏ជាពហុស្សូត ស្ទាត់ក្នុងបិដក ទ្រទ្រង់ធម៌ ទ្រទ្រង់វិន័យ ទ្រទ្រង់មាតិកា ហើយជាបណ្ឌិត ឆ្លៀវឆ្លាស មានប្រាជ្ញា មានសេចក្តីអៀនខ្មាស មានសេចក្តីរអែង មានសេចក្តីស្រឡាញ់ក្នុងសិក្ខា សូមទ្រង់ព្រះមេត្តាប្រោស គ្រានោះ ភិក្ខុនោះ ចូលទៅរកពួកភិក្ខុ ដែលជាមិត្តគ្រាន់តែឃើញគ្នា និងមិត្តដ៏មាំមួន ហើយនិយាយពាក្យនេះថា នែអាវុសោ នេះជាអនាបត្តិ នេះមិនមែនជាអាបត្តិទេ ខ្ញុំជាភិក្ខុដែលមិនត្រូវអាបត្តិ ជាភិក្ខុឥតត្រូវអាបត្តិ (អ្វីទេ) ខ្ញុំជាភិក្ខុដែលសង្ឃ មិនគួរលើកវត្ត ជាភិក្ខុដែលសង្ឃលើកវត្តមិនបានទេ សង្ឃបានលើកវត្តខ្ញុំ ដោយកម្មមិនប្រកបដោយធម៌ ជាកម្មកំរើក ជាកម្មមិនគួរដល់ហេតុ បពិត្រលោកដ៏មានអាយុទាំងឡាយ សូមអស់លោក មកជាបក្ខពួកនឹងខ្ញុំតាមធម៌ តាមវិន័យ សូមទ្រង់ព្រះមេត្តាប្រោស ភិក្ខុនោះ ក៏បានភិក្ខុដែលជាមិត្តគ្រាន់តែឃើញគ្នា និងជាមិត្តដ៏មាំមួន មកជាបក្ខពួកឡើង មិនតែប៉ុណ្ណោះ ភិក្ខុនោះ បានបញ្ជូនបម្រើ ទៅក្នុងសំណាក់ពួកភិក្ខុ ដែលជាមិត្តគ្រាន់តែឃើញគ្នា និងជាមិត្តដ៏មាំមួន ដែលនៅក្នុងជនបទថា នែអាវុសោ នេះជាអនាបត្តិ នេះមិនមែនជាអាបត្តិទេ ខ្ញុំជាភិក្ខុដែលមិនត្រូវអាបត្តិ ជាភិក្ខុឥតត្រូវអាបត្តិ (អ្វីទេ) ខ្ញុំជាភិក្ខុ ដែលសង្ឃ មិនគួរលើកវត្ត ជាភិក្ខុដែលសង្ឃលើកវត្តមិនបានទេ សង្ឃបានលើកវត្តខ្ញុំ ដោយកម្មមិនប្រកបដោយធម៌ ជាកម្មកំរើក ជាកម្មមិនគួរដល់ហេតុ សូមអស់លោកដ៏មានអាយុ មកជាបក្ខពួកនឹងខ្ញុំតាមធម៌ តាមវិន័យ សូមទ្រង់ព្រះមេត្តាប្រោស ភិក្ខុនោះ ក៏បានភិក្ខុ ដែលជាមិត្តគ្រាន់តែឃើញគ្នា និងជាមិត្តដ៏មាំមួន ដែលនៅក្នុងជនបទ មកជាបក្ខពួកឡើង សូមទ្រង់ព្រះមេត្តាប្រោស វេលានោះ ពួកភិក្ខុអ្នកប្រព្រឹត្តតាមភិក្ខុ ដែលសង្ឃលើកវត្តនោះ បានចូលទៅរកពួកភិក្ខុអ្នកលើកវត្ត លុះចូលទៅដល់ហើយ ក៏និយាយពាក្យនេះ នឹងពួកភិក្ខុអ្នកលើកវត្តថា នែអាវុសោ នេះជាអនាបត្តិ នេះមិនមែនជាអាបត្តិទេ ភិក្ខុនេះ មិនត្រូវអាបត្តិ ភិក្ខុនេះ ឥតត្រូវអាបត្តិ (អ្វីទេ) ភិក្ខុនេះ សង្ឃមិនគួរលើកវត្ត ភិក្ខុនេះ សង្ឃលើកវត្តមិនបានទេ សង្ឃបានលើកវត្តភិក្ខុនេះ ដោយកម្មមិនប្រកបដោយធម៌ ជាកម្មកំរើក ជាកម្មមិនគួរដល់ហេតុ សូមទ្រង់ព្រះមេត្តាប្រោស កាលបើភិក្ខុទាំងនោះ និយាយយ៉ាងនេះហើយ ឯពួកភិក្ខុអ្នកលើកវត្ត ក៏និយាយពាក្យនេះ នឹងពួកភិក្ខុអ្នកប្រព្រឹត្តតាមភិក្ខុ ដែលសង្ឃលើកវត្ត យ៉ាងនេះថា នែអាវុសោ នេះជាអាបត្តិ នេះមិនមែនជាអនាបត្តិទេ ភិក្ខុនេះ ត្រូវអាបត្តិហើយ ភិក្ខុនេះ មិនមែនជាមិនត្រូវអាបត្តិទេ ភិក្ខុនេះ សង្ឃគួរលើកវត្តហើយ ភិក្ខុនេះ មិនមែនជាភិក្ខុ ដែលសង្ឃលើកវត្តមិនបានទេ សង្ឃបានលើកវត្តភិក្ខុនេះ ដោយកម្មប្រកបដោយធម៌ ជាកម្មមិនកំរើក ជាកម្មគួរដល់ហេតុហើយ បពិត្រលោកដ៏មានអាយុទាំងឡាយ អស់លោកកុំប្រព្រឹត្តតាម កុំតាមចោមរោមភិក្ខុ ដែលសង្ឃបានលើកវត្តនេះឡើយ សូមទ្រង់ព្រះមេត្តាប្រោស ក៏ពួកភិក្ខុអ្នកប្រព្រឹត្តតាមភិក្ខុ ដែលសង្ឃលើកវត្តនោះ កាលបើពួកភិក្ខុ អ្នកលើកវត្ត និយាយយ៉ាងនេះហើយ ក៏នៅតែប្រព្រឹត្តតាម នៅតែតាមចោមរោមភិក្ខុ ដែលសង្ឃបានលើកវត្តនោះដដែល។ គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់ជ្រាបថា ភិក្ខុសង្ឃបែកគ្នាហើយ ភិក្ខុសង្ឃបែកគ្នាហើយ ទើបទ្រង់ក្រោកចាកអាសនៈ ហើយយាងចូលទៅរកពួកភិក្ខុអ្នកលើកវត្ត លុះយាងចូលទៅដល់ហើយ ក៏ទ្រង់គង់លើអាសនៈ ដែលគេរៀបចំក្រាលថ្វាយ។ លុះព្រះដ៏មានព្រះភាគ ទ្រង់គង់រួចហើយ ក៏មានព្រះពុទ្ធដីកា នឹងពួកភិក្ខុអ្នកលើកវត្ត យ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ កុំសំគាល់ភិក្ខុ ដែលសង្ឃគប្បីលើកវត្ត ព្រោះហេតុណាមួយថា ការនេះប្រាកដដល់យើងហើយ ការនេះប្រាកដដល់យើងហើយ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ត្រូវអាបត្តិហើយ។ ភិក្ខុនោះ យល់ឃើញអាបត្តិនោះថា ជាអនាបត្តិ ឯពួកភិក្ខុដទៃ យល់ឃើញអាបត្តិនោះថា ជាអាបត្តិមែន។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុទាំងនោះ ស្គាល់ភិក្ខុនោះយ៉ាងនេះថា លោកដ៏មានអាយុនេះ ជាពហុស្សូត។បេ។ មានសេចក្តីស្រឡាញ់ក្នុងសិក្ខា បើយើងនឹងលើកវត្តភិក្ខុនេះ ព្រោះមិនឃើញអាបត្តិ យើងនឹងមិនធ្វើឧបោសថ ជាមួយនឹងភិក្ខុនេះ យើងវៀរលែងភិក្ខុនេះចេញ ទើបធ្វើឧបោសថ (នោះ) ការបង្កហេតុ ការឈ្លោះ ការប្រកាន់ផ្សេងៗ សេចក្តីវិវាទ សេចក្តីបែកធ្លាយនៃសង្ឃ សេចក្តីប្រេះឆានៃសង្ឃ សេចក្តីកំណត់របស់សង្ឃ និងអំពើផ្សេងៗ របស់សង្ឃ មុខជានឹងមានដល់សង្ឃ ព្រោះការលើកវត្តភិក្ខុនោះជាហេតុមិនខាន។ ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុដែលមានចិត្តធ្ងន់ ក្នុងការបំបែកសង្ឃ មិនគួរនឹងលើកវត្តភិក្ខុនោះ ព្រោះមិនឃើញអាបត្តិទេ។ ម្នាលភិក្ខុទាំងឡាយ ក៏ក្នុងសាសនានេះ មានភិក្ខុត្រូវអាបត្តិហើយ។ ភិក្ខុនោះ យល់ឃើញអាបត្តិនោះថា ជាអនាបត្តិ ឯពួកភិក្ខុដទៃ យល់ឃើញអាបត្តិនោះថា ជាអាបត្តិ។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុទាំងនោះ ស្គាល់ភិក្ខុនោះយ៉ាងនេះថា លោកដ៏មានអាយុនេះ ជាពហុស្សូត។បេ។ មានសេចក្តីស្រឡាញ់ក្នុងសិក្ខា បើយើងនឹងលើកវត្តភិក្ខុនេះ ព្រោះមិនឃើញនូវអាបត្តិហើយ យើងមុខជាមិនបវារណា ជាមួយនឹងភិក្ខុនេះ តែយើងវៀរលែងភិក្ខុនេះចេញ ហើយបវារណា យើងមុខជានឹងមិនធ្វើសង្ឃកម្ម ជាមួយនឹងភិក្ខុនេះដែរ តែយើងវៀរលែងភិក្ខុនេះចេញ ហើយធ្វើសង្ឃកម្ម យើងមុខជានឹងមិនអង្គុយលើអាសនៈ ជាមួយនឹងភិក្ខុនេះដែរ តែយើងវៀរលែងភិក្ខុនេះចេញ ហើយអង្គុយលើអាសនៈ យើងមុខជានឹងមិនអង្គុយនៅក្នុងទីឆាន់បបរ ជាមួយនឹងភិក្ខុនេះដែរ តែយើងវៀរលែងភិក្ខុនេះចេញ ហើយអង្គុយនៅក្នុងទីឆាន់បបរ យើងមុខជានឹងមិនអង្គុយក្នុងរោងភត្ត ជាមួយនឹងភិក្ខុនេះដែរ តែយើងវៀរលែងភិក្ខុនេះចេញ ហើយអង្គុយក្នុងរោងភត្ត យើងមុខជានឹងមិននៅក្នុងទីដែលមានដម្បូលមួយ ជាមួយនឹងភិក្ខុនេះដែរ តែយើងវៀរលែងភិក្ខុនេះចេញ ហើយនៅក្នុងទីដែលមានដម្បូលមួយ យើងមុខជានឹងមិនធ្វើអភិវាទនកម្ម [ការថ្វាយបង្គំដោយបញ្ចង្គប្រតិស្ឋាន។] បច្ចុដ្ឋានកម្ម [ការគោរព ដោយកិរិយាក្រោកទទួល] អញ្ជលិកម្ម [ការគោរព ដោយការប្រណម្យដៃ។] និងសាមីចិកម្ម [ការកោតក្រែង] តាមលំដាប់ចាស់ ជាមួយនឹងភិក្ខុនេះដែរ តែយើងវៀរលែងភិក្ខុនេះចេញ ហើយធ្វើអភិវាទនកម្ម បច្ចុដ្ឋានកម្ម អញ្ជលិកម្ម និងសាមីចិកម្ម តាមលំដាប់ចាស់ខ្ចី (នោះ) ការបង្កហេតុ ការឈ្លោះ ការប្រកាន់ផ្សេងៗ សេចក្តីវិវាទ សេចក្តីបែកធ្លាយនៃសង្ឃ សេចក្តីប្រេះឆានៃសង្ឃ សេចក្តីកំណត់របស់សង្ឃ និងអំពើផ្សេងៗ របស់សង្ឃ មុខជានឹងមានដល់សង្ឃ ព្រោះការលើកវត្តភិក្ខុនោះជាហេតុមិនខាន។ ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុដែលមានចិត្តធ្ងន់ ក្នុងការបំបែកសង្ឃ មិនគួរនឹងលើកវត្តភិក្ខុនោះ ព្រោះមិនឃើញអាបត្តិទេ។ គ្រានោះ ព្រះដ៏មានព្រះភាគ បានសំដែងសេចក្តីនុ៎ះ ដល់ពួកឧក្ខេបកភិក្ខុរួចហើយ ក៏ទ្រង់ក្រោកចាកអាសនៈ ហើយយាងចូលទៅរកពួក ឧក្ខិត្តានុវត្តកភិក្ខុ លុះយាងចូលទៅដល់ហើយ ទ្រង់គង់លើអាសនៈ ដែលគេរៀបចំថ្វាយ។ លុះព្រះមានព្រះភាគ ទ្រង់គង់ហើយ ក៏មានព្រះពុទ្ធដីកាទៅនឹងពួក ឧក្ខិត្តានុវត្តកភិក្ខុ យ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ត្រូវអាបត្តិហើយ កុំសំគាល់អាបត្តិថា ខ្លួនមិនត្រូវសំដែង ដោយគិតថា យើងមិនត្រូវអាបត្តិទេ យើងមិនត្រូវអាបត្តិទេ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ត្រូវអាបត្តិហើយ។ ភិក្ខុនោះ យល់ឃើញអាបត្តិនោះ ថាជាអនាបត្តិ តែពួកភិក្ខុដទៃ យល់ឃើញអាបត្តិនោះថា ជាអាបត្តិមែន។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុនោះ ស្គាល់ភិក្ខុទាំងនោះ យ៉ាងនេះថា អស់លោកដ៏មានអាយុនេះ ជាពហុស្សូត។បេ។ មានការប្រាថ្នាក្នុងសិក្ខា មិនគួរនឹងលុះអគតិ ព្រោះសេចក្តីស្រឡាញ់ សេចក្តីស្អប់ សេចក្តីវង្វេង សេចក្តីខ្លាច ព្រោះហេតុអាត្មាអញ ឬព្រោះហេតុពួកបុគ្គលដទៃឡើយ បើភិក្ខុទាំងនេះ នឹងលើកវត្តអាត្មាអញ ព្រោះមិនឃើញអាបត្តិហើយ មុខជានឹងមិនធ្វើឧបោសថ ជាមួយនឹងអាត្មាអញទេ តែភិក្ខុទាំងនោះ វៀរលែងអាត្មាអញ ហើយធ្វើឧបោសថ (នោះ) ការបង្កហេតុ ការឈ្លោះ ការប្រកាន់ផ្សេងៗ សេចក្តីវិវាទ សេចក្តីបែកធ្លាយនៃសង្ឃ សេចក្តីប្រេះឆានៃសង្ឃ សេចក្តីកំណត់របស់សង្ឃ និងអំពើផ្សេងៗ របស់សង្ឃ មុខជានឹងមានដល់សង្ឃ ព្រោះការលើកវត្តអាត្មាអញនោះ ជាហេតុមិនខាន។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលមានចិត្តធ្ងន់ ក្នុងការបំបែកសង្ឃ គួរតែសំដែងអាបត្តិនោះចេញ តាមសេចក្តីជឿពាក្យ របស់ភិក្ខុដទៃ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ត្រូវអាបត្តិហើយ។ ភិក្ខុនោះ យល់ឃើញអាបត្តិនោះថា ជាអនាបត្តិ តែពួកភិក្ខុដទៃ យល់ឃើញអាបត្តិនោះថា ជាអាបត្តិមែន។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុនោះ ស្គាល់ភិក្ខុទាំងនោះ យ៉ាងនេះថា លោកដ៏មានអាយុទាំងនេះ ជាពហុស្សូត។បេ។ មានការប្រាថ្នាក្នុងសិក្ខា មិនគួរនឹងលុះអគតិ ព្រោះសេចក្តីស្រឡាញ់ សេចក្តីស្អប់ សេចក្តីវង្វេង សេចក្តីខ្លាច ព្រោះហេតុអាត្មាអញ ឬព្រោះហេតុពួកភិក្ខុដទៃឡើយ បើភិក្ខុទាំងនេះ នឹងលើកវត្តអាត្មាអញ ព្រោះមិនឃើញអាបត្តិហើយ មុខជានឹងមិនបវារណា ជាមួយនឹងអាត្មាអញដែរ តែវៀរចាកអាត្មាអញ ហើយបវារណា មុខជានឹងមិនធ្វើសង្ឃកម្ម ជាមួយនឹងអាត្មាអញដែរ តែវៀរចាកអាត្មាអញ ហើយធ្វើសង្ឃកម្ម មុខជានឹងមិនអង្គុយលើអាសនៈ ជាមួយនឹងអាត្មាអញដែរ តែវៀរចាកអាត្មាអញ ហើយអង្គុយលើអាសនៈ មុខជានឹងមិនអង្គុយក្នុងទីឆាន់បបរ ជាមួយនឹងអាត្មាអញដែរ តែវៀរចាកអាត្មាអញ ហើយអង្គុយក្នុងទីឆាន់បបរ មុខជានឹងមិនអង្គុយក្នុងរោងភត្ត ជាមួយនឹងអាត្មាអញដែរ តែវៀរចាកអាត្មាអញ ហើយអង្គុយក្នុងរោងភត្ត មុខជានឹងមិននៅក្នុងទីមានដម្បូលមួយ ជាមួយនឹងអាត្មាអញដែរ តែវៀរចាកអាត្មាអញ ហើយនៅក្នុងទីមានដម្បូលមួយ មុខជានឹងមិនធ្វើអភិវាទនកម្ម បច្ចុដ្ឋានកម្ម អញ្ជលិកម្ម និងសាមីចិកម្ម តាមលំដាប់ចាស់ខ្ចី ជាមួយនឹងអាត្មាអញដែរ តែវៀរចាកអាត្មាអញ ហើយធ្វើអភិវាទនកម្ម បច្ចុដ្ឋានកម្ម អញ្ជលិកម្ម និងសាមីចិកម្ម តាមលំដាប់ចាស់ខ្ចី (នោះ) សេចក្តីបង្កហេតុ សេចក្តីឈ្លោះ សេចក្តីប្រកាន់ផ្សេងៗ សេចក្តីវិវាទ សេចក្តីបែកធ្លាយនៃសង្ឃ សេចក្តីប្រេះឆានៃសង្ឃ សេចក្តីកំណត់របស់សង្ឃ និងអំពើផ្សេងៗ របស់សង្ឃ ព្រោះហេតុតែអាត្មាអញនោះ មុខជានឹងមានដល់សង្ឃមិនខាន។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលជាអ្នកមានចិត្តធ្ងន់ ក្នុងការបំបែកសង្ឃហើយ ត្រូវតែសំដែងអាបត្តិនោះចេញ តាមសេចក្តីជឿពាក្យ របស់ភិក្ខុដទៃ។ វេលានោះ ព្រះដ៏មានព្រះភាគ ទ្រង់សំដែងសេចក្តីនុ៎ះ ដល់ពួកភិក្ខុ អ្នកប្រព្រឹត្តតាមភិក្ខុ ដែលសង្ឃលើកវត្តហើយ ក៏ទ្រង់ក្រោកចាកអាសនៈ យាងចេញទៅ។
[១៤៦] សម័យនោះឯង ពួកភិក្ខុអ្នកប្រព្រឹត្តតាមភិក្ខុ ដែលសង្ឃលើកវត្ត ក៏នៅតែធ្វើឧបោសថ ធ្វើសង្ឃកម្ម ខាងក្នុងសីមានោះដដែល។ ចំណែកខាងពួកភិក្ខុអ្នកលើកវត្ត ក៏ទៅធ្វើឧបោសថ ធ្វើសង្ឃកម្ម ក្រៅសីមាវិញ។ វេលានោះ មានភិក្ខុអ្នកលើកវត្ត១រូប ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយនៅក្នុងទីដ៏សមគួរ។ លុះភិក្ខុនោះ អង្គុយនៅក្នុងទីដ៏សមគួរហើយ បានក្រាបបង្គំទូលព្រះដ៏មានព្រះភាគ យ៉ាងនេះថា សូមទ្រង់ព្រះមេត្តាប្រោស ឥឡូវពួកភិក្ខុអ្នកប្រព្រឹត្តតាមភិក្ខុ ដែលសង្ឃលើកវត្តនោះ ធ្វើឧបោសថ ធ្វើសង្ឃកម្ម ខាងក្នុងសីមានោះដដែល សូមទ្រង់ព្រះមេត្តាប្រោស ចំណែកខាងយើងខ្ញុំព្រះអង្គ ដែលជា ឧក្ខេបកភិក្ខុ ក៏ទៅធ្វើឧបោសថ ធ្វើសង្ឃកម្ម ក្រៅសីមាវិញហើយ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលភិក្ខុ បើពួកភិក្ខុអ្នកប្រព្រឹត្តតាមភិក្ខុ ដែលសង្ឃលើកវត្តទាំងនោះ នឹងធ្វើឧបោសថ ធ្វើសង្ឃកម្ម ខាងក្នុងសីមានោះដដែល ត្រូវដូចជាញត្តិ និងអនុស្សាវនា ដែលតថាគតបានបញ្ញត្តហើយ កម្មរបស់ភិក្ខុទាំងនោះ ក៏ឈ្មោះថា ប្រកបដោយធម៌ ឥតមានកំរើក ហើយជាកម្មសមគួរដល់ហេតុ។ ម្នាលភិក្ខុ បើអស់អ្នកជាឧក្ខេបកភិក្ខុ (ភិក្ខុអ្នកលើកវត្ត) នឹងធ្វើឧបោសថ ធ្វើសង្ឃកម្ម ខាងក្នុងសីមានោះដដែល ត្រូវដូចជាញត្តិ និងអនុស្សាវនា ដែលតថាគត បានបញ្ញត្តហើយ កម្មរបស់អ្នកទាំងឡាយនោះសោត ក៏ឈ្មោះថា ប្រកបដោយធម៌ ឥតមានកំរើក ហើយជាកម្មសមគួរដល់ហេតុ។ ហេតុអ្វី បានជាតថាគត ពោលយ៉ាងនេះ។ ម្នាលភិក្ខុ ព្រោះភិក្ខុទាំងនោះ មានសំវាសផ្សេងៗ អំពីអ្នកទាំងឡាយ ចំណែកខាងអ្នកទាំងឡាយ ក៏មានសំវាសផ្សេងគ្នា អំពីភិក្ខុទាំងនោះដែរ។ ម្នាលភិក្ខុ ឯភូមិរបស់ភិក្ខុ មានសំវាសផ្សេងគ្នានេះ មាន២យ៉ាង គឺ ភិក្ខុធ្វើខ្លួនឲ្យមានសំវាសផ្សេងគ្នាដោយខ្លួនឯង១ សង្ឃព្រមព្រៀងគ្នា លើកវត្តភិក្ខុនោះ ព្រោះមិនឃើញអាបត្តិ ឬមិនបានសំដែងអាបត្តិ ឬមិនបានលះបង់ទិដ្ឋិអាក្រក់ចេញ១ ម្នាលភិក្ខុ ភូមិរបស់ភិក្ខុដែលមានសំវាសផ្សេងគ្នា មាន២យ៉ាងនេះឯង។ ម្នាលភិក្ខុ ភូមិរបស់ភិក្ខុដែលមានសំវាសស្មើគ្នានេះ មាន២យ៉ាងគឺ ភិក្ខុធ្វើខ្លួនឲ្យមានសំវាសស្មើគ្នា ដោយខ្លួនឯង១ សង្ឃព្រមព្រៀងគ្នា ធ្វើឱសារណាកម្ម (លើកលែងទោស) ភិក្ខុដែលសង្ឃបានលើកវត្តហើយ ព្រោះមិនឃើញអាបត្តិ ឬមិនសំដែងអាបត្តិ ឬមិនបានលះបង់ទិដ្ឋិអាក្រក់ចេញនោះ១ ម្នាលភិក្ខុ ភូមិរបស់ភិក្ខុ ដែលមានសំវាសស្មើគ្នា មាន២យ៉ាងនេះឯង។
[១៤៧] សម័យនោះឯង ភិក្ខុទាំងឡាយកើតសេចក្តីបង្កហេតុ ឈ្មោះទាស់ទែងគ្នា សំដែងកាយកម្ម និងវចីកម្ម ធ្វើអាការប៉ះពាល់ដោយដៃ មិនសមគួរដល់គ្នានឹងគ្នា ក្នុងរោងភត្ត ក្នុងចន្លោះផ្ទះ។ មនុស្សទាំងឡាយ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកសមណៈ ជាសក្យបុត្ត មិនសមបើនឹងកើតសេចក្តីបង្កហេតុ ឈ្មោះទាស់ទែងគ្នា សំដែងកាយកម្ម និងវចីកម្ម ធ្វើអាការប៉ះពាល់ដោយដៃ មិនសមគួរដល់គ្នានឹងគ្នា ក្នុងរោងភត្ត ក្នុងចន្លោះផ្ទះសោះ។ ភិក្ខុទាំងឡាយ ក៏បានឮសំដីមនុស្សទាំងឡាយនោះ ពោលទោស តិះដៀល បន្តុះបង្អាប់។ ពួកភិក្ខុណា មានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុទាំងនោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុទាំងឡាយ មិនសមបើនឹងកើតសេចក្តីបង្កហេតុ។បេ។ ធ្វើអាការប៉ះពាល់ដោយដៃ ក្នុងរោងភត្ត ក្នុងចន្លោះផ្ទះសោះ។ គ្រានោះ ភិក្ខុទាំងនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ឮថា មានពួកភិក្ខុ កើតសេចក្តីបង្កហេតុ។បេ។ ធ្វើអាការប៉ះពាល់ដោយដៃ ក្នុងរោងភត្ត ក្នុងចន្លោះផ្ទះ ពិតមែនឬ។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលថា ការនោះពិតមែនព្រះអង្គ។ ព្រះពុទ្ធដ៏មានព្រះភាគ ទ្រង់បន្ទោស។បេ។ លុះបន្ទោសរួចហើយ ទ្រង់ធ្វើធម្មីកថា ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃបែកគ្នាហើយ កំពុងធ្វើកិច្ចមិនប្រកបដោយធម៌ កំពុងតែពោលវាចា មិនជាទីរីករាយរកគ្នា អ្នកទាំងឡាយ មិនគប្បីអង្គុយលើអាសនៈ ដោយគិតថា យើងសំដែងនូវកាយកម្ម និងវចីកម្ម ធ្វើអាការប៉ះពាល់ ដោយដៃ មិនសមគួរដល់គ្នានឹងគ្នា ដោយហេតុមានប្រមាណប៉ុណ្ណេះទេ ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃបែកគ្នាហើយ កំពុងធ្វើកិច្ចប្រកបដោយធម៌ កំពុងតែពោលវាចា ជាទីរីករាយរកគ្នា អ្នកទាំងឡាយ គួរអង្គុយលើអាសនៈឃ្លាតពីគ្នា។
[១៤៨] សម័យនោះឯង ភិក្ខុទាំងឡាយកើតសេចក្តីបង្កហេតុ ឈ្មោះទាស់ទែងគ្នា ចាក់ដោតគ្នានឹងគ្នា ដោយលំពែងមាត់ ក្នុងកណ្តាលជំនុំសង្ឃ។ ភិក្ខុទាំងនោះ មិនអាចនឹងរម្ងាប់អធិករណ៍នេះបានឡើយ។ គ្រានោះ មានភិក្ខុ១រូប បានចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយឋិតនៅក្នុងទីដ៏សមគួរ។ លុះភិក្ខុនោះ ឋិតនៅក្នុងទីដ៏សមគួរហើយ ក៏ក្រាបបង្គំទូលសេចក្តីព្រះមានព្រះភាគ យ៉ាងនេះថា សូមទ្រង់ព្រះមេត្តាប្រោស ក្នុងទីនេះ មានពួកភិក្ខុ កើតសេចក្តីបង្កហេតុ ឈ្មោះទាស់ទែងគ្នា ចាក់ដោតគ្នានឹងគ្នា ដោយលំពែងមាត់ ក្នុងកណ្តាលជំនុំសង្ឃ ភិក្ខុទាំងនោះ មិនអាចនឹងរម្ងាប់អធិករណ៍នោះបានឡើយ សូមទ្រង់ព្រះមេត្តាប្រោស សូមព្រះមានព្រះភាគ យាងទៅជួបនឹងភិក្ខុទាំងនោះ ដោយសេចក្តីអនុគ្រោះ។ ព្រះមានព្រះភាគ ក៏ទ្រង់ទទួលនិមន្ត ដោយភាវៈស្ងៀមនៅ។ វេលានោះ ព្រះមានព្រះភាគ ក៏យាងទៅជួបនឹងភិក្ខុទាំងនោះ លុះយាងចូលទៅដល់ហើយ គង់លើអាសនៈ ដែលគេរៀបចំថ្វាយ។ លុះព្រះដ៏មានព្រះភាគ ទ្រង់គង់ហើយ ក៏ត្រាស់ទៅនឹងភិក្ខុទាំងនោះ យ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ កុំឡើយ អ្នកទាំងឡាយ កុំធ្វើសេចក្តីបង្កហេតុ កុំធ្វើសេចក្តីឈ្មោះគ្នា កុំធ្វើសេចក្តីប្រកាន់ផ្សេងៗគ្នា កុំធ្វើសេចក្តីវិវាទគ្នា។ កាលបើព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ ក៏ស្រាប់តែមានភិក្ខុ១រូប ជាអធម្មវាទី ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ យ៉ាងនេះថា សូមទ្រង់ព្រះមេត្តាប្រោស សូមព្រះដ៏មានព្រះភាគ ជាម្ចាស់ធម៌ ទ្រង់ឈប់នៅចុះ សូមទ្រង់ព្រះមេត្តាប្រោស សូមព្រះដ៏មានព្រះភាគ ទ្រង់មានសេចក្តីខ្វល់ខ្វាយតិច ទ្រង់ប្រកបតែនឹងធម៌ ដែលជាគ្រឿងនៅជាសុខ ក្នុងបច្ចុប្បន្នរឿយៗចុះ ឯយើងខ្ញុំ មុខជានឹងប្រាកដ ដោយសេចក្តីបង្កហេតុ ដោយសេចក្តីឈ្មោះគ្នា ដោយសេចក្តីប្រកាន់ផ្សេងៗគ្នា ដោយសេចក្តីវិវាទគ្នានេះមិនខាន។ ព្រះដ៏មានព្រះភាគ ទ្រង់មានព្រះបន្ទូលនេះ នឹងភិក្ខុទាំងនោះ ជាគំរប់ពីរដងទៀតថា ម្នាលភិក្ខុទាំងឡាយ កុំឡើយ អ្នកទាំងឡាយ កុំធ្វើសេចក្តីបង្កហេតុ កុំធ្វើសេចក្តីឈ្មោះគ្នា កុំធ្វើសេចក្តីប្រកាន់ផ្សេងៗគ្នា កុំធ្វើសេចក្តីវិវាទគ្នា។ ភិក្ខុជាអធម្មវាទីនោះ ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ជាគំរប់ពីរដងទៀត យ៉ាងនេះថា សូមទ្រង់ព្រះមេត្តាប្រោស សូមព្រះដ៏មានព្រះភាគ ជាម្ចាស់ធម៌ ទ្រង់ឈប់នៅចុះ សូមទ្រង់ព្រះមេត្តាប្រោស សូមព្រះដ៏មានព្រះភាគ មានសេចក្តីខ្វល់ខ្វាយតិច ទ្រង់ប្រកបតែនឹងធម៌ ដែលជាគ្រឿងនៅជាសុខ ក្នុងបច្ចុប្បន្នរឿយៗចុះ ឯយើងខ្ញុំ មុខជានឹងប្រាកដ ដោយសេចក្តីបង្កហេតុ ដោយសេចក្តីឈ្មោះគ្នា ដោយសេចក្តីប្រកាន់ផ្សេងៗគ្នា ដោយសេចក្តីវិវាទគ្នានេះមិនខានទេ។
រឿង ទីឃាវុកុមារ
[១៤៩] គ្រានោះ ព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ កាលពីដើម មានសេ្តចក្នុងដែនកាសី ក្រុងពារាណសី ទ្រង់ព្រះនាមព្រហ្មទត្ត ជាស្តេចស្តុកស្តម្ភមាំមួន មានទ្រព្យច្រើន មានសម្បត្តិច្រើន មានពលច្រើន មានពាហនៈច្រើន មានដែនច្រើន មានឃ្លាំង និងជង្រុកដ៏បរិបូណ៌។ មានស្តេចក្នុងដែនកោសល ឈ្មោះទីឃីតិ ជាស្តេចកំសត់ មានទ្រព្យតិច មានសម្បត្តិតិច មានពលតិច មានពាហនៈតិច មានដែនតិច មានឃ្លាំង និងជង្រុកមិនបានបរិបូណ៌។ ម្នាលភិក្ខុទាំងឡាយ វេលានោះ ស្តេចក្នុងដែនកាសី ព្រះនាមព្រហ្មទត្ត បានរៀបចំពួកសេនាប្រកបដោយអង្គ៤ លើកចេញទៅច្បាំង នឹងស្តេចទីឃីតិកោសល។ ម្នាលភិក្ខុទាំងឡាយ ឯស្តេចក្នុងដែនកោសល ព្រះនាមទីឃីតិ បានឮដំណឹងថា ស្តេចក្នុងដែនកាសី ព្រះនាមព្រហ្មទត្ត រៀបចំពួកសេនា ប្រកបដោយអង្គ៤ លើកចេញមកច្បាំងនឹងអាត្មាអញហើយ។ ម្នាលភិក្ខុទាំងឡាយ គ្រានោះ ស្តេចដែនកោសល ព្រះនាមទីឃីតិ ទ្រង់ព្រះតម្រិះយ៉ាងនេះថា ស្តេចក្នុងដែនកាសី ព្រះនាមព្រហ្មទត្ត ជាស្តេចស្តុកស្តម្ភមាំមួន មានទ្រព្យច្រើន មានសម្បត្តិច្រើន មានពលច្រើន មានពាហនៈច្រើន មានដែនច្រើន មានឃ្លាំង និងជង្រុកដ៏បរិបូណ៌ ឯអាត្មាអញសោត ក៏ជាស្តេចកំសត់ មានទ្រព្យតិច មានសម្បត្តិតិច មានពលតិច មានពាហនៈតិច មានដែនតិច មានឃ្លាំង និងជង្រុកមិនបរិបូណ៌ អាត្មាអញ នឹងអាចដើម្បីតទល់ នឹងស្តេចក្នុងដែនកាសី ព្រះនាមព្រហ្មទត្ត សូម្បីតែម្តង ក៏មិនបាន បើដូច្នោះ គួរតែអាត្មាអញ លបរត់ចេញ ទៅពីក្រុងជាមុន ឲ្យហើយ។ ម្នាលភិក្ខុទាំងឡាយ វេលានោះ ស្តេច ក្នុងដែនកោសល ព្រះនាមទីឃីតិ ក៏នាំមហេសី លបរត់ចេញទៅ ពីក្រុងជាមុន។ ម្នាលភិក្ខុទាំងឡាយ គ្រានោះ ស្តេចក្នុងដែនកាសី ព្រះនាមព្រហ្មទត្ត ដណ្តើមយកពួកពល ពាហនៈ ជនបទ ឃ្លាំង ជង្រុក របស់ស្តេច ក្នុងដែនកោសល ព្រះនាមទីឃីតិ ហើយក៏គ្រប់គ្រងរក្សា។ ម្នាលភិក្ខុទាំងឡាយ ឯស្តេច ក្នុងដែនកោសល ព្រះនាមទីឃីតិ ព្រមទាំងមហេសី យាងចេញទៅឯក្រុង ពារាណសី ក៏បានទៅដល់ក្រុងពារាណសី ដោយលំដាប់។ ម្នាលភិក្ខុទាំងឡាយ បានឮមកថា ស្តេចក្នុងដែនកោសល ព្រះនាមទីឃីតិ ព្រមទាំងមហេសី ក្លែងភេទរបស់ខ្លួន មិនឲ្យបុគ្គលដទៃស្គាល់បាន ទ្រង់ស្លៀកដណ្តប់ជា បរិព្វាជក ហើយក៏នៅអាស្រ័យក្នុងផ្ទះស្មូនឆ្នាំង ក្នុងឱកាសមួយ ជាទីបំផុត ក្រុងពារាណសីនោះឯង។ ម្នាលភិក្ខុទាំងឡាយ វេលានោះ មហេសី របស់ស្តេច ក្នុងដែនកោសល ព្រះនាមទីឃីតិ មិនយូរប៉ុន្មាន ក៏ទ្រង់គភ៌។ ឯព្រះមហេសីនោះ ក៏កើតមានចំណង់ មានសភាពយ៉ាងនេះ គឺព្រះនាង ចង់ឃើញពួកសេនា ប្រកបដោយអង្គ៤ ស្អិតស្អាងគ្រឿងប្រដាប់ ពាក់អាវក្រោះ ហើយឈរនៅក្នុងទី មានផែនដីរាបស្អាត ក្នុងវេលា ដែលព្រះអាទិត្យរះឡើង១ ចង់សោយទឹក ដែលគេលាងព្រះខាន់១។ ម្នាលភិក្ខុទាំងឡាយ គ្រានោះ មហេសី របស់ស្តេច ក្ន