មហាវិភង្គ ទុតិយភាគ

ភាគទី២

តេរសកណ្ឌ

បពិត្រលោកដ៏​មានអាយុទាំងឡាយ អាបត្តិឈ្មោះ​ សង្ឃាទិសេសទាំង១៣ សិក្ខាបទ​នេះ​មក​កាន់​ឧទ្ទេស[បាលីដែល​សំដែង​ឡើងទុកជាគោលដើមនៃសិក្ខាបទ ហៅថាឧទ្ទេស។]។

សង្ឃាទិសេស ទី១

[១] សម័យនោះ​ ព្រះពុទ្ធដ៏​មានជោគ ​ទ្រង់គង់​នៅក្នុង​​វត្តជេតពន ជារបស់​អានាថ​បិណ្ឌិក​សេដ្ឋី ជិតក្រុងសាវត្ថី។ សម័យនោះ​ សេយ្យសកភិក្ខុដ៏​មានអាយុ មិន​ត្រេកអរនឹង​ប្រព្រឹត្ត​ព្រហ្មចរិយធម៌​ (ចង់សឹក)។ ​ដោយ​ហេតុនោះ​ សេយ្យសកភិក្ខុ ក៏ទៅ​ជា​ស្គាំងស្គម មាន​សម្បុរ​អាប់​អន់ កើតមាន​​រោគស្គមលឿង ស្លេកស្លាំង មានខ្លួនរវាម​​ដោយ​សរសៃ។ ឧទាយិត្ថេរ  [អដ្ឋកថា ពន្យល់​សេចក្តីថា ឧទាយិត្ថេរ​នេះ ជាឧបជ្ឈាយ៍​របស់​សេយ្យសក​ភិក្ខុ។] ដ៏​មានអាយុ​ឃើញ​សេយ្យសក​ភិក្ខុ​​ដ៏​មានអាយុ​ស្គាំងស្គម មានសម្បុរអាប់អន់ កើត​មានរោគស្គមលឿង ស្លេកស្លាំង មានខ្លួនរវាម​​​ដោយ​​សរសៃ លុះ​ឃើញ​ហើយ​ ទើបសួរ​សេយ្យសកភិក្ខុថា ម្នាល​អាវុសោសេយ្យសក ហេតុអ្វី ​បាន​ជា​លោក​ស្គាំស្គម មាន​សម្បុរ​អាប់អន់ កើតមានរោគលឿង ស្លេកស្លាំង មានខ្លួន​រវាម​​ដោយ​​សរសៃ (ដូច្នេះ) ម្នាល​អាវុសោសេយ្យសក លោកមិន​ត្រេកអរនឹងប្រព្រឹត្ត​ព្រហ្មចរិយធម៌​ឬអ្វី។ សេយ្យសក​ភិក្ខុ​ឆ្លើយថា ករុណា អាវុសោ។ ឧទាយិក៏បង្គាប់ថា ម្នាល​អាវុសោសេយ្យសក បើ​ដូច្នោះ លោកចូរ​ឆាន់ឲ្យ​ឆ្អែត សិងឲ្យ​ស្កប់ ស្រង់ឲ្យ​ពេញចំណង់ទៅ​ លុះ​​ដល់​ឆាន់ឆ្អែត សិងស្កប់ ស្រង់ពេញ​ចំណង់​​ហើយ​ កាលណាបើ​សេចក្តីអផ្សុក​កើតមាន​ដល់​លោក រាគៈគ្របសង្កត់​ចិត្តលោក លោកចូរ​ព្យាយាម​​ដោយ​ដៃ ញុំាងទឹកអសុចិឲ្យ​ឃ្លាតចេញក្នុង​កាលនោះ​ចុះ។ ទើប​សេយ្យសក​ភិក្ខុ​​សួរថា ម្នាល​អាវុសោ កិរិយាដែល​សមណៈ​ធ្វើយ៉ាងហ្នឹង​គួរដែរឬ។ ឧទាយិឆ្លើយថា ករុណា អាវុសោ ទុក​ជាខ្ញុំក៏ធ្វើយ៉ាងហ្នឹង​ដែរ។ លំដាប់តពីនោះ​មក សេយ្យសកដ៏​មានអាយុ ក៏ឆាន់​ទាល់​តែ​ឆ្អែត សិង​ទាល់តែ​ស្កប់ ស្រង់ទាល់តែ​ពេញចំណង់ លុះ​​ដល់​ឆាន់ឆ្អែត សិងស្កប់ ស្រង់​ពេញ​ចំណង់​ហើយ​ កាលណាសេចក្តីអផ្សុក​កើតឡើង រាគៈគ្របសង្កត់ចិត្ត ក៏​ព្យាយាម​​ដោយ​ដៃ ញុំាង​ទឹកអសុចិ​ឲ្យ​ឃ្លាតចេញក្នុង​កាលនោះ​។ គ្រាតមក សេយ្យសកភិក្ខុក៏ត្រឡប់​មានសម្បុរ​ មានឥន្ទ្រិយពេញលេញ មានសម្បុរមុខ​ស្រស់បស់ មានសម្បុរស្បែកដ៏​ផូរផង់ឡើងវិញ។  គ្រានោះ​ ពួកភិក្ខុដែល​ជាសំឡាញ់​របស់​សេយ្យសកដ៏​មានអាយុ ក៏សួរ​សេយ្យសកដ៏​មានអាយុថា ម្នាល​អាវុសោសេយ្យសក កាលពីដើម លោកស្គាំងស្គម មានសម្បុរអាប់អន់ កើតទៅ​ជារោគស្គម​លឿង ស្លេកស្លាំង មានខ្លួនរវាម​ដោយ​សរសៃ ឥឡូវ​នេះ លោកមានសម្បុរ មានឥន្ទ្រិយ​ពេញ​លេញ មាន​សម្បុរ​មុខស្រស់បស់ មានសម្បុរស្បែកផូរផង់ឡើងវិញ លោក​បាន​ធ្វើថ្នាំអ្វី (ឆាន់) អាវុសោសេយ្យសក។ សេយ្យសកភិក្ខុឆ្លើយតបថា ម្នាល​អាវុសោ​ទាំងឡាយ ខ្ញុំ​គ្មានធ្វើថ្នាំ​អ្វី​ (ឆាន់) ទេ តែ​ខ្ញុំ​បាន​ឆាន់ឆ្អែត សិងស្កប់ ស្រង់ទឹក​ពេញចំណង់ លុះ​​បាន​ឆាន់ឆ្អែត សិង​ស្កប់ ស្រង់ទឹកពេញចំណង់​ហើយ​ កាលណាសេចក្តីអផ្សុក​កើតឡើង រាគគ្របសង្កត់​ចិត្តខ្ញុំ ៗ​ព្យាយាម​បញ្ចេញទឹកអសុចិ​ដោយ​ដៃក្នុង​កាលនោះ​។ ទើបពួកភិក្ខុជា​សំឡាញ់សួរថា ម្នាល​​អាវុសោ​សេយ្យសក លោកទទួល​បរិភោគ​នូវ​របស់ដែល​គេឲ្យ​​ដោយ​សទ្ធា ​ដោយ​ដៃណា លោកព្យាយាម​បញ្ចេញទឹកអសុចិ​ដោយ​ដៃនោះ​ឯង ឬអ្វី។ សេយ្យសក​ឆ្លើយថា ម្នាល​អាវុសោទាំងឡាយ ពិត​ដូច្នោះឯង។ ភិក្ខុទាំងឡាយណាដែល​ជាអ្នកមាន​សេចក្តី​ប្រាថ្នាតិច។បេ។ ភិក្ខុទាំងនោះ​ ក៏ពោល​ទោសត្មះ​តិះដៀលថា ហេតុអ្វី​បាន​ជាសេយ្យសក​ដ៏​មានអាយុ ព្យាយាមបញ្ចេញ​ទឹកអសុចិ​ដោយ​​ដៃ (ដូច្នោះ)។ គ្រានោះ​ ពួកភិក្ខុទាំងនោះ​ក៏តិះដៀលសេយ្យសកដ៏​មានអាយុ ​ដោយ​អនេក​បរិយាយ ​ហើយ​​បាន​ក្រាបទូល​ដំណើរ​នុ៎ះ​​ចំពោះព្រះដ៏​មានព្រះភាគ។ ទើបព្រះដ៏​មានព្រះភាគ អាស្រ័យហេតុ​នេះ អាស្រ័យ​ដំណើរ​នេះ ​ទ្រង់ត្រាស់ឲ្យ​ប្រជុំភិក្ខុសង្ឃ ​ហើយ​ត្រាស់សួរចំពោះ​ទៅ​​សេយ្យសកដ៏​មាន​អាយុថា ម្នាល​សេយ្យសក ​បាន​ឮថាអ្នកឯងព្យាយាមញុំាងទឹកអសុចិ​ឲ្យ​ឃ្លាត​ចេញ​ដោយ​ដៃមែនឬ។ សេយ្យសក​ទូលតបថា សូម​ទ្រង់ព្រះមេត្តាប្រោស ពិតមែន។ ព្រះពុទ្ធ​ដ៏​មានជោគ ​ទ្រង់​តិះដៀល​ថា ម្នាល​បុរសឥតអំពើ កម្មនុ៎ះមិន​សមគួរ មិន​ត្រូវទំនង មិន​ត្រូវ​បែប មិន​មែនជារបស់សមណៈ មិន​គប្បីសោះ មិន​គួរធ្វើសោះ ម្នាល​មោឃបុរស ហេតុអ្វី​បាន​ជាអ្នក​ឯង​ព្យាយាមបញ្ចេញទឹកអសុចិ​ដោយ​ដៃ (ដូច្នោះ) ម្នាល​មោឃបុរស ធម៌ដែល​តថាគតសំដែង​​ហើយ​ ​ដោយ​បរិយាយដ៏​ច្រើន (សុទ្ធតែ​) ដើម្បីឲ្យ​ប្រាសចាក​រាគៈ មិន​មែនដើម្បីប្រកប​ដោយ​​រាគៈទេ ធម៌ដែល​តថាគតសំដែង​​ហើយ​ ដើម្បីឲ្យ​ប្រាសចាក​គ្រឿង​ប្រកប មិន​មែនដើម្បីគ្រឿង​​ប្រកបទេ ធម៌ដែល​តថាគតសំដែង​​ហើយ​ ដើម្បីឲ្យ​ប្រាសចាក​សេចក្តីប្រកាន់មាំ មិន​មែនដើម្បី​សេចក្តីប្រកាន់មាំទេ (ដូច្នេះ) មិន​មែនឬ ម្នាល​មោឃបុរស កាលបើ​ ធម៌ដែល​តថាគតសំដែង​​ហើយ​ (សុទ្ធតែ​) ដើម្បីឲ្យ​ប្រាសចាក​រាគៈ អ្នកឯងបែរ​ជារិះគិតត្រង់ធម៌នោះ​ ដើម្បីប្រកប​ដោយ​រាគៈទៅ​​វិញ កាលបើ​ធម៌ដែល​តថាគតសំដែង​​ហើយ​ ដើម្បីឲ្យ​ប្រាសចាក​គ្រឿង​ប្រកប អ្នកឯងបែរជារិះគិត​ដើម្បីគ្រឿង​ប្រកបវិញ កាល​បើ​ធម៌ដែល​តថាគតសំដែង​​ហើយ​ ដើម្បីឲ្យ​ប្រាសចាក​សេចក្តីប្រកាន់​មាំ អ្នកឯងបែរជា​រិះគិត​ដើម្បីប្រកប​ដោយ​សេចក្តីប្រកាន់មាំវិញ ម្នាល​មោឃបុរស ធម៌ដែល​តថាគតសំដែង​​ហើយ​ ​ដោយ​បរិយាយដ៏​ច្រើន (សុទ្ធតែ​) ដើម្បីនឿយណាយចាក​រាគៈ ដើម្បីញាំញី​នូវ​សេចក្តីស្រវឹង ដើម្បីបន្ទោបង់​នូវ​សេចក្តីស្រេក ដើម្បីដករំលើង​នូវ​សេចក្តីអាល័យ ដើម្បី​កាត់ផ្តាច់​នូវ​វដ្ត ដើម្បីឲ្យ​អស់ទៅ​នៃតណ្ហា ដើម្បីឲ្យ​ប្រាសចាក​រាគៈ ដើម្បីកិរិយារលត់ ដើម្បីនិព្វាន (ដូច្នេះ) មិន​មែនឬ ម្នាល​មោឃបុរស កិរិយា​លះបង់​នូវ​កាមទាំងឡាយ តថាគត​បាន​សំដែង​​ហើយ​​ដោយ​អនេកបរិយាយ កិរិយា​កំណត់ដឹង​នូវ​សេចក្តីសំគាល់ក្នុង​កាម​ទាំងឡាយ តថាគត​​បាន​សំដែង​​ហើយ​ កិរិយា​បន្ទោបង់​នូវ​សេចក្តី​ស្រេកក្នុង​កាមទាំង​ឡាយ តថាគត​​បាន​សំដែង​​ហើយ​ កិរិយាដករំលើង​នូវ​កាមវិតក្កទាំងឡាយ តថាគត​បាន​សំដែង​​ហើយ​ កិរិយារម្ងាប់បង់​នូវ​សេចក្តី​ក្តៅ​ក្រហាយព្រោះកាមទាំងឡាយ តថាគត​​​បាន​សំដែង​​ហើយ​ មិន​មែន​ឬ ម្នាល​មោឃបុរស អំពើដែល​អ្នកឯងធ្វើនុ៎ះ មិន​មែននាំឲ្យ​ជ្រះថ្លា​ដល់​ពួកជនដែល​មិន​ទាន់​ជ្រះថ្លា (នោះ​) ទេ មិន​មែននាំឲ្យ​រឹងរឹតតែ​ជ្រះថ្លាឡើង​​ដល់​ជន​ទាំងឡាយ​ដែល​មានសេចក្តី​ជ្រះថ្លា​​ហើយ​ (នោះ​) ទេ ម្នាល​មោឃបុរស អំពើរបស់អ្នក​ឯង​នុ៎ះ ​បាន​តែ​ខាងនាំមិន​ឲ្យ​ជ្រះថ្លា​​ដល់​​ពួក​ជន​ខ្លះ​ដែល​មិន​ទាន់មានសេចក្តីជ្រះថ្លា នាំឲ្យ​រាយ​មាយ​រសាយចិត្តបាត់សេចក្តីជ្រះថ្លា​ដល់​ជន​ពួកខ្លះ​ដែល​មានសេចក្តីជ្រះថ្លា​ហើយ (នោះ​) ប៉ុណ្ណោះ​ឯង។ លំដាប់នោះ​ ព្រះដ៏​មានព្រះភាគ ​ទ្រង់តិះដៀល​សេយ្យសកភិក្ខុ​ដ៏​មានអាយុ​​ដោយ​អនេកបរិយាយ ​ហើយ​​ទ្រង់សំដែង​​ទោស​នៃកោសជ្ជ ដែល​ជាហេតុនាំឲ្យ​គេចិញ្ចឹម​បីបាច់រក្សា​​បាន​​ដោយ​កម្រ។បេ។ ម្នាល​ភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែង​​នូវ​សិក្ខាបទ​​នេះយ៉ាង​នេះថា ភិក្ខុមានចិត្តក្លែង ញុំាងទឹកសុក្កឲ្យ​​ឃ្លាត​ចេញ ត្រូវ​សង្ឃាទិសេស។ សិក្ខាបទ​នេះ ព្រះដ៏​មានព្រះភាគ​បាន​​ទ្រង់បញ្ញត្ត​ហើយ​​ដល់​ភិក្ខុ​ទាំង​ឡាយ​​យ៉ាង​នេះឯង។

[២] សម័យនោះ​ ភិក្ខុទាំងឡាយ​បាន​ឆាន់បណីតភោជនទាំងឡាយ ​ហើយ​ភ្លេច​ស្មារតី មិន​ដឹង​ខ្លួន សិងលក់ទៅ​។ កាលបើ​ភិក្ខុទាំងនោះ​កំពុងតែ​ភ្លេចស្មារតី មិន​ដឹងខ្លួន សិងលក់ ទឹក​អសុចិ​ ក៏ឃ្លាត​ចេញ​​ដោយ​យល់សប្តិ។ ភិក្ខុទាំងនោះ ​ក៏មានសេចក្តី​សង្ស័យដូច្នេះថា សិក្ខាបទ​​ព្រះ​ដ៏​មានព្រះភាគ​បាន​​ទ្រង់បញ្ញត្ត​ហើយ​ថា ភិក្ខុក្លែងញុំាងទឹកសុក្កឲ្យ​ឃ្លាតចេញ ត្រូវ​សង្ឃាទិសេស ក៏ទឹកអសុចិរបស់យើងទាំងឡាយឃ្លាតចេញ​ដោយ​យល់សប្តិ ឯ​ចេតនា ក៏មានក្នុង​កាលដែល​យល់​សប្តិ​នោះ​ដែរ យើងត្រូវអាបត្តិសង្ឃាទិសេស​ហើយ​ដឹង។ ក៏ក្រាបទូល​សេចក្តីនុ៎ះ​ចំពោះ​ព្រះដ៏​មាន​ព្រះភាគ។ ព្រះអង្គត្រាស់ថា ម្នាល​ភិក្ខុទាំងឡាយ ចេតនានោះ​មានមែន ប៉ុន្តែ​ចេតនានោះ​ជា​អព្វោ​ហារិកា [អព្វោហារិកា ប្រែថា មិន​ប្រកប​ដោយ​វោហារ គឺថា មិន​ប្រកប​ដោយ​​ហេតុដែល​គួរ​និយាយ​បាន​​​ឡើយ ឬថា មិន​មែនជាហេតុឲ្យ​ទាស់ខុស​នឹងបញ្ញត្តិ​ណាមួយ​ឡើយ]។ ព្រះដ៏​មានព្រះភាគ​ទ្រង់​អាស្រ័យ​ដំណើរ​នេះជាហេតុ អាស្រ័យដំណើរ​នេះជាទីតាំង ទើប​​ទ្រង់សំដែង​ធម្មកថា​ហើយ​​ត្រាស់ហៅភិក្ខុទាំងឡាយមកថា។បេ។ ម្នាល​ភិក្ខុទាំងឡាយ អ្នក​​ទាំង​ឡាយគប្បី​សំដែង​​​នូវ​សិក្ខាបទ​នេះយ៉ាង​នេះថា ភិក្ខុក្លែងញុំាងទឹកសុក្កឲ្យ​ឃ្លាតចេញ ត្រូវ​សង្ឃាទិសេស លើកលែងតែ​យល់សប្តិ។

[៣] ត្រង់ពាក្យថា ភិក្ខុក្លែង សេចក្តីថា ភិក្ខុកំពុងដឹង កំពុងចាំច្បាស់ ​ហើយ​ក្លែងបំពានធ្វើ​ឲ្យ​កន្លង។ ត្រង់ពាក្យថា ទឹកសុក្ក សេចក្តីថា ទឹកសុក្កមាន១០យ៉ាងគឺ ទឹកសុក្កពណ៌ខៀវ១ ទឹកសុក្កពណ៌លឿង១ ទឹកសុក្កពណ៌ក្រហម១ ទឹកសុក្កពណ៌ស១  ទឹកសុក្កពណ៌​ដូច​ទឹកដោះជូរ​ឡើងពពុះ១ ទឹកសុក្កពណ៌​ដូចទឹក១ ទឹកសុក្កពណ៌​ដូចប្រេង១ ទឹកសុក្ក​ពណ៌​​ដូចទឹកដោះស្រស់​១ ទឹកសុក្កពណ៌​ដូចទឹកដោះជូរ១ ទឹកសុក្កពណ៌​ដូចទឹក​ដោះថ្លា១។ ត្រង់​ពាក្យថា ឲ្យ​ឃ្លាត​ចេញ​សេចក្តី​ថាឲ្យ​កក្រើកឃ្លាតចេញចាក​ទីកន្លែង (ដើម) តថាគត​ហៅថា ឲ្យ​ឃ្លាតចេញ។ ត្រង់​ពាក្យ​ថា លើកលែងតែ​យល់សប្តិ (នោះ​) សេចក្តីថា វៀរលែងតែ​យល់សប្តិ។ ត្រង់ពាក្យថា សង្ឃាទិសេស (នោះ​) សេចក្តីថា សង្ឃតែ​ម្យ៉ាង​ដែល​ឲ្យ​​នូវ​បរិវាសព្រោះអាបត្តិនោះ​ ត្រឡប់​សើរើ​ចាក​មូលាបត្តិ ឲ្យ​​​នូវ​មានត្ត ឲ្យ​​នូវ​អព្ភាន មិន​មែនភិក្ខុច្រើនរូប មិន​មែនបុគ្គលតែ​១រូប ព្រោះ​ហេតុនោះ​​បាន​ជា​តថាគត​ហៅថា សង្ឃាទិសេស។ ម្យ៉ាងទៀតថា ជានាមកម្ម គឺថាជាឈ្មោះ​របស់កងអាបត្តិនោះ​​ឯង ព្រោះហេតុនោះ​ ​បាន​ជាហៅថាសង្ឃាទិសេស។

[៤] ភិក្ខុញុំាងទឹកសុក្កឲ្យ​ឃ្លាតចេញក្នុង​រូបខាងក្នុង​ (អវយវខ្លួនឯង) ភិក្ខុញុំាងទឹកសុក្ក​ឲ្យ​​ឃ្លាតចេញក្នុង​រូបខាងក្រៅ (អវយវអ្នកដទៃ) ភិក្ខុញុំាងទឹកសុក្កឲ្យ​ឃ្លាតចេញក្នុង​រូបខាង​ក្នុង​ និង​រូប​ខាងក្រៅ ភិក្ខុធ្វើចង្កេះឲ្យ​ញ័រក្នុង​អាកាស ញុំាងទឹកសុក្កឲ្យ​ឃ្លាតចេញ ភិក្ខុញុំាង​ទឹក​សុក្ក​ឲ្យ​​ឃ្លាតចេញព្រោះសេចក្តី​ឧបត្ថម្ភ​ដោយ​រាគៈ ភិក្ខុញុំាងទឹក​សុក្ក​ឲ្យ​​ឃ្លាតចេញ ព្រោះ​​សេចក្តី​ឧបត្ថម្ភ​ដោយ​លាមក ភិក្ខុញុំាងទឹក​សុក្ក​ឲ្យ​​ឃ្លាតចេញ ព្រោះសេចក្តី​ឧបត្ថម្ភ​ដោយ​មូត្រ ភិក្ខុញុំាង​ទឹក​សុក្ក​ឲ្យ​​ឃ្លាតចេញ ព្រោះសេចក្តី​ឧបត្ថម្ភ​ដោយ​ខ្យល់ ភិក្ខុញុំាងទឹក​សុក្ក​ឲ្យ​​ឃ្លាត​ចេញ ព្រោះសេចក្តី​ឧបត្ថម្ភ​ដោយ​ដង្កូវរមាស់រោល ភិក្ខុញុំាងទឹក​សុក្ក​ឲ្យ​​ឃ្លាត​ចេញ​ដើម្បី​ប្រយោជន៍​មិន​ឲ្យ​មានរោគ ភិក្ខុញុំាងទឹក​សុក្ក​ឲ្យ​​ឃ្លាតចេញ​ដើម្បី​ប្រយោជន៍​​ឲ្យ​​បាន​សេចក្តីសុខ ភិក្ខុញុំាងទឹក​សុក្ក​ឲ្យ​​ឃ្លាត​ចេញដើម្បី​ត្រូវការ​ដោយ​ភេសជ្ជៈ ភិក្ខុញុំាងទឹក​សុក្ក​ឲ្យ​​ឃ្លាត​ចេញ​ដើម្បី​ប្រយោជន៍​ដល់​ទាន ភិក្ខុញុំាងទឹក​សុក្ក​ឲ្យ​​ឃ្លាត​ចេញ​ដើម្បី​ប្រយោជន៍​​ដល់​បុណ្យ ភិក្ខុ​ញុំាង​ទឹក​សុក្ក​ឲ្យ​​ឃ្លាត​ចេញដើម្បី​ប្រយោជន៍​ដល់​ការបូជា ភិក្ខុញុំាងទឹក​សុក្ក​ឲ្យ​​ឃ្លាត​ចេញ​ដើម្បី​ប្រយោជន៍​ដល់​ស្ថានសួគ៌ ភិក្ខុញុំាងទឹក​សុក្ក​ឲ្យ​​ឃ្លាត​ចេញដើម្បីប្រយោជន៍​ដល់​ពូជ ភិក្ខុ​ញុំាង​ទឹក​សុក្ក​ឲ្យ​​ឃ្លាត​ចេញដើម្បីប្រយោជន៍​ដល់​ការ​ល្បង​មើល ភិក្ខុញុំាងទឹក​សុក្ក​ឲ្យ​​ឃ្លាត​ចេញ​ដើម្បីប្រយោជន៍​ដល់​​ការលេង ភិក្ខុញុំាងទឹក​សុក្ក​ពណ៌ខៀវឲ្យ​​ឃ្លាត​ចេញ ភិក្ខុញុំាងទឹក​សុក្ក​ពណ៌លឿងឲ្យ​​ឃ្លាត​ចេញ ភិក្ខុញុំាងទឹក​សុក្ក​ពណ៌ក្រហមឲ្យ​​ឃ្លាត​ចេញ ភិក្ខុញុំាងទឹក​សុក្ក​ពណ៌សឲ្យ​​ឃ្លាត​ចេញ ភិក្ខុញុំាងទឹក​សុក្ក​ពណ៌​ដូចទឹកដោះជូរឡើងពពុះឲ្យ​​ឃ្លាត​ចេញ ភិក្ខុញុំាង​ទឹក​សុក្ក​ពណ៌​ដូចទឹកឲ្យ​​ឃ្លាត​ចេញ ភិក្ខុញុំាងទឹក​សុក្ក​ពណ៌​ដូចប្រេងឲ្យ​​ឃ្លាត​ចេញ ភិក្ខុញុំាង​ទឹក​សុក្ក​ពណ៌​ដូចទឹកដោះស្រស់​ឲ្យ​​ឃ្លាត​ចេញ ភិក្ខុញុំាងទឹក​សុក្ក​ពណ៌​ដូចទឹកដោះជូរឲ្យ​​ឃ្លាត​ចេញ ភិក្ខុញុំាងទឹក​សុក្ក​ពណ៌​ដូចទឹកដោះ​ថា្ល​ឲ្យ​​ឃ្លាត​ចេញ។

[៥] ត្រង់ពាក្យថា ក្នុង​រូបខាងក្នុង​ សេចក្តីថា ក្នុង​រូបដែល​មានវិញ្ញាណ​ចូលទៅ​​អាស្រ័យ​នៅជាខាង​ក្នុង​។ ត្រង់ពាក្យថា ក្នុង​រូប​ខាងក្រៅ សេចក្តីថា ក្នុង​រូប​ដែល​​មានវិញ្ញាណ​ក្តី ក្នុង​រូប​ដែល​​ឥតវិញ្ញាណ​ក្តីជាខាងក្រៅ។ ត្រង់ពាក្យថា ក្នុង​រូប​ខាងក្នុង​ និង​រូបខាង​ក្រៅ សេចក្តី​ថា ក្នុង​រូប​ទាំង​២នោះ​។ ត្រង់ពាក្យថា ធ្វើចង្កេះ​ឲ្យ​ញ័រ​ក្នុង​អាកាស សេចក្តីថា អង្គជាត​របស់ភិក្ខុ​ដែល​កំពុង​ព្យាយាមទៅ​​ក្នុង​អាកាស ក៏ជា​អវយវៈ​គួរ​​ដល់​​កម្ម។ ត្រង់​ពាក្យថា ព្រោះ​​សេចក្តី​ឧបត្ថម្ភ​​ដោយ​​រាគៈ សេចក្តី​ថា អង្គជាត​របស់​ភិក្ខុដែល​​រាគៈ​បៀតបៀន​ហើយ​ ជាអរយវៈ​គួរ​​ដល់​កម្ម។ ត្រង់ពាក្យថា ព្រោះ​សេចក្តី​ឧបត្ថម្ភ​​ដោយ​លាមក សេចក្តីថា អង្គជាត​​របស់​ភិក្ខុ​ដែល​លាមក​បៀតបៀន​​ហើយ​ ជាអវយវៈគួរ​​ដល់​កម្ម។ ត្រង់ពាក្យថា ព្រោះ​សេចក្តី​ឧបត្ថម្ភ​​ដោយ​​មូត្រ សេចក្តីថា អង្គជាត​របស់​ភិក្ខុ​ដែល​មូត្របៀតបៀន​​ហើយ​ ជាអវយវៈ​គួរ​​ដល់​​កម្ម។ ត្រង់ពាក្យថា ព្រោះ​សេចក្តី​ឧបត្ថម្ភ​​ដោយ​​ខ្យល់ សេចក្តីថា អង្គជាត​របស់​ភិក្ខុ​ដែល​ខ្យល់បក់ត្រូវ​​ហើយ​ ជាអវយវៈ​គួរ​​ដល់​​កម្ម។ ត្រង់ពាក្យថា ព្រោះ​សេចក្តី​ឧបត្ថម្ភ​​ដោយ​ដង្កូវរមាស់រោល សេចក្តីថា អង្គជាត​របស់​ភិក្ខុ​ដែល​ដង្កូវរមាស់​រោល​បៀតបៀន​​​ហើយ​ ជាអវយវៈ​គួរ​​ដល់​​កម្ម។ ត្រង់ពាក្យថា ដើម្បីប្រយោជន៍មិន​ឲ្យ​​មានរោគ សេចក្តីថា ភិក្ខុគិតថា អញនឹងជាអ្នកមិន​មានរោគ។ ត្រង់ពាក្យថា ដើម្បីប្រយោជន៍ឲ្យ​​បាន​សេចក្តីសុខ សេចក្តីថា ភិក្ខុគិតថា អញនឹងញុំាង​សុខវេទនាឲ្យ​​កើតឡើង។ ត្រង់ពាក្យថា ដើម្បីត្រូវការ​ដោយ​​ភេសជ្ជៈ សេចក្តីថា ភិក្ខុគិតថា ទឹកសុក្ក​នេះនឹង​បាន​ជាថ្នាំ។ ត្រង់​ពាក្យថា ដើម្បីប្រយោជន៍​ដល់​​ទាន សេចក្តីថា ភិក្ខុគិតថា អញនឹងឲ្យ​​ទឹកសុក្កជាទាន។ ត្រង់ពាក្យថា ដើម្បីប្រយោជន៍​ដល់​បុណ្យ សេចក្តីថា ភិក្ខុគិតថា ទឹកសុក្ក​នេះនឹងជា​បុណ្យ។ ត្រង់ពាក្យថា ដើម្បីប្រយោជន៍​ដល់​ការបូជា សេចក្តីថា ភិក្ខុតាំងចិត្តថា អញនឹង​បូជាទឹកសុក្កជាគ្រឿង​យញ្ញ។ ត្រង់ពាក្យថា ដើម្បីប្រយោជន៍​​ដល់​​ស្ថានសួគ៌ សេចក្តីថា ភិក្ខុគិតថា អញ​នឹងទៅ​កាន់​ស្ថានសួគ៌។ ត្រង់ពាក្យថា ដើម្បីប្រយោជន៍​ដល់​ពូជ សេចក្តីថា ភិក្ខុគិតថា ទឹកសុក្ក​នេះនឹងជាពូជ។ ត្រង់ពាក្យថា ដើម្បីប្រយោជន៍​ដល់​​ការ​ល្បងមើល សេចក្តីថា ភិក្ខុគិតថា អញនឹងល្បងមើល ទឹកសុក្ក​នេះនឹងជាពណ៌ខៀវ នឹងជាពណ៌លឿង នឹងជាពណ៌ក្រហម នឹងជាពណ៌ស។បេ។ ទឹកសុក្ក​នេះនឹងជាពណ៌​ដូចទឹកដោះថ្លា។ ត្រង់​ពាក្យថា ដើម្បីប្រយោជន៍​ដល់​ការលេង សេចក្តីថា ភិក្ខុមានបំណងក្នុង​ការលេង។

[៦] ភិក្ខុគិតចំពោះរូបខាងក្នុង​ ក៏ព្យាយាម ទាល់តែ​ទឹកសុក្កឃ្លាតចេញ ត្រូវអាបត្តិ​សង្ឃាទិសេស។ ភិក្ខុគិតចំពោះរូបខាងក្រៅ ក៏ព្យាយាម ទាល់តែ​ទឹកសុក្កឃ្លាតចេញ ត្រូវអាបត្តិ​សង្ឃាទិសេស។ ភិក្ខុគិតចំពោះរូបខាងក្នុង​ និង​រូបខាងក្រៅ ក៏ព្យាយាម ទាល់តែ​ទឹកសុក្កឃ្លាត​ចេញ ត្រូវអាបត្តិ​សង្ឃាទិសេស។ ភិក្ខុគិតនឹងធ្វើចង្កេះឲ្យ​ញ័រទៅ​ក្នុង​អាកាស ក៏ព្យាយាម ទាល់តែ​ទឹកសុក្កឃ្លាត​ចេញ ត្រូវអាបត្តិ​សង្ឃាទិសេស។ ភិក្ខុគិតក្នុង​សេចក្តី​ឧបត្ថម្ភ​ដោយ​រាគៈ ក៏ព្យាយាម ទាល់តែ​ទឹកសុក្កឃ្លាត​ចេញ ត្រូវអាបត្តិ​សង្ឃាទិសេស។ ភិក្ខុគិត​ក្នុង​សេចក្តីឧបត្ថម្ភ​​ដោយ​លាមក ក៏ព្យាយាម ទាល់តែ​ទឹកសុក្កឃ្លាត​ចេញ ត្រូវ​អាបត្តិ​​សង្ឃាទិសេស។ ភិក្ខុគិតក្នុង​​សេចក្តី​ឧបត្ថម្ភ​​ដោយ​មូត្រ ក៏ព្យាយាម ទាល់តែ​ទឹកសុក្កឃ្លាត​ចេញ ត្រូវអាបត្តិ​សង្ឃាទិសេស។ ភិក្ខុ​គិត​ក្នុង​សេចក្តីឧបត្ថម្ភ​​ដោយ​​ខ្យល់ ក៏ព្យាយាម ទាល់តែ​ទឹកសុក្កឃ្លាត​ចេញ ត្រូវអាបត្តិ​សង្ឃាទិសេស។ ភិក្ខុគិតក្នុង​សេចក្តី​ឧបត្ថម្ភ​​ដោយ​​សត្វ​ដង្កូវរមាស់រោល ក៏ព្យាយាម ទាល់តែ​ទឹកសុក្កឃ្លាត​ចេញ ត្រូវអាបត្តិ​សង្ឃាទិសេស។ ភិក្ខុគិតដើម្បីប្រយោជន៍មិន​​ឲ្យ​​មាន​រោគ ក៏ព្យាយាម ទាល់តែ​ទឹកសុក្ក​ឃ្លាត​ចេញ ត្រូវអាបត្តិ​សង្ឃាទិសេស។ ភិក្ខុគិតដើម្បីប្រយោជន៍ឲ្យ​​​បាន​​សេចក្តីសុខ។បេ។ ដើម្បីត្រូវការ​ដោយ​ភេសជ្ជៈ ដើម្បីប្រយោជន៍​ដល់​ទាន ដើម្បីប្រយោជន៍​​ដល់​បុណ្យ ដើម្បី​ប្រយោជន៍​ដល់​ការបូជា ដើម្បីប្រយោជន៍​ដល់​ស្ថានសួគ៌ ដើម្បីប្រយោជន៍​ដល់​​ពូជ ដើម្បី​ប្រយោជន៍​ដល់​​ការ​ល្បងមើល ដើម្បីប្រយោជន៍​ដល់​ការ​លេង ក៏ព្យាយាម ទាល់តែ​ទឹកសុក្កឃ្លាត​ចេញ ត្រូវអាបត្តិ​សង្ឃាទិសេស។ ភិក្ខុគិតចំពោះទឹកសុក្កពណ៌ខៀវ ក៏​ព្យាយាម ទាល់តែ​ទឹកសុក្កឃ្លាត​ចេញ ត្រូវអាបត្តិ​សង្ឃាទិសេស។ ភិក្ខុគិតចំពោះ​ទឹកសុក្ក​ពណ៌លឿង ចំពោះទឹកសុក្កពណ៌ក្រហម ចំពោះទឹកសុក្កពណ៌ស ចំពោះទឹកសុក្កពណ៌​ដូច​ទឹកដោះជូរ​ឡើង​ពពុះ ចំពោះទឹកសុក្កពណ៌​ដូចទឹក ចំពោះទឹកសុក្កពណ៌​ដូចប្រេង ចំពោះ​ទឹកសុក្កពណ៌​ដូច​ទឹកដោះស្រស់ ចំពោះទឹកសុក្កពណ៌​ដូចទឹកដោះជូរ ចំពោះទឹកសុក្កពណ៌​ដូចទឹកដោះថ្លា ក៏ព្យាយាម ទាល់តែ​ទឹកសុក្កឃ្លាត​ចេញ ត្រូវអាបត្តិ​សង្ឃាទិសេស។

បទភាជនីយសុទ្ធិក ចប់។

[៧] ភិក្ខុគិត ដើម្បីមិន​ឲ្យ​មានរោគ និង​ដើម្បីសេចក្តីសុខ ក៏ព្យាយាម ទាល់តែ​ទឹកសុក្កឃ្លាត​ចេញ ត្រូវអាបត្តិ​សង្ឃាទិសេស។ ភិក្ខុគិត ដើម្បីមិន​ឲ្យ​មានរោគ និង​ដើម្បីជាភេសជ្ជ។ ដើម្បី​មិន​ឲ្យ​​មានរោគ និង​ដើម្បីជាទាន។ ដើម្បីមិន​ឲ្យ​មានរោគ និង​ដើម្បីជាបុណ្យ។ ដើម្បីមិន​ឲ្យ​មានរោគ និង​​ដើម្បីជាគ្រឿង​យញ្ញ។ ដើម្បីមិន​ឲ្យ​មានរោគ និង​ដើម្បី​ស្ថានសួគ៌។ ដើម្បី​មិន​ឲ្យ​មានរោគ និង​ដើម្បី​ជាពូជ។ ដើម្បីមិន​ឲ្យ​មានរោគ និង​ដើម្បីល្បងមើល។ ដើម្បីមិន​ឲ្យ​មានរោគ និង​ដើម្បី​ការលេង ក៏ព្យាយាម ទាល់តែ​ទឹកសុក្កឃ្លាត​ចេញ ត្រូវអាបត្តិ​សង្ឃាទិសេស។

ខណ្ឌចក្កមានមូល១ ចប់។

[៨] ភិក្ខុគិតដើម្បីសេចក្តីសុខ និង​ដើម្បីជាភេសជ្ជៈ ក៏ព្យាយាម ទាល់តែ​ទឹកសុក្កឃ្លាត​ចេញ ត្រូវអាបត្តិ​សង្ឃាទិសេស។ ភិក្ខុគិតដើម្បីសេចក្តីសុខ និង​ដើម្បីជាទាន។ ដើម្បីសេចក្តីសុខ និង​ដើម្បីជាបុណ្យ។ ដើម្បីសេចក្តីសុខ​ និង​ដើម្បីជាគ្រឿង​យញ្ញ។​ ដើម្បីសេចក្តីសុខ និង​ដើម្បីស្ថានសួគ៌។ ដើម្បីសេចក្តីសុខ និង​ដើម្បីជាពូជ។ ដើម្បីសេចក្តីសុខ និង​ដើម្បី​ល្បងមើល។ ដើម្បីសេចក្តីសុខ និង​ដើម្បីការលេង ក៏ព្យាយាម ទាល់តែ​ទឹកសុក្កឃ្លាត​ចេញ ត្រូវអាបត្តិ​សង្ឃាទិសេស។ ភិក្ខុគិតដើម្បីសេចក្តីសុខ និង​ដើម្បីមិន​ឲ្យ​​មានរោគ ក៏ព្យាយាម ទាល់តែ​ទឹកសុក្កឃ្លាតចេញ ត្រូវអាបត្តិសង្ឃាទិសេស។

[៩] ភិក្ខុគិត ដើម្បីភេសជ្ជៈ និង​ដើម្បីជាទាន ក៏ព្យាយាម ទាល់តែ​ទឹកសុក្កឃ្លាតចេញ ត្រូវ​អាបត្តិសង្ឃាទិសេស។ ភិក្ខុគិត ដើម្បីជាភេសជ្ជៈ និង​ដើម្បីជាបុណ្យ។ ដើម្បីជាភេសជ្ជៈ និង​ដើម្បីជាគ្រឿង​យញ្ញ។ ដើម្បីជាភេសជ្ជៈ និង​ដើម្បីស្ថានសួគ៌។ ដើម្បីជាភេសជ្ជៈ និង​ដើម្បីជា​ពូជ។ ដើម្បីជាភេសជ្ជៈ និង​ដើម្បីល្បងមើល។ ដើម្បីជាភេសជ្ជៈ និង​ដើម្បី​ការ​លេង។ ដើម្បីជាភេសជ្ជៈ និង​ដើម្បីមិន​ឲ្យ​មានរោគ។ ដើម្បីជាភេសជ្ជៈ និង​ដើម្បី​សេចក្តី​សុខ ក៏ព្យាយាម ទាល់តែ​ទឹកសុក្កឃ្លាតចេញ ត្រូវអាបត្តិសង្ឃាទិសេស។

[១០] ភិក្ខុគិត ដើម្បីជាទាន និង​ដើម្បីជាបុណ្យ ក៏ព្យាយាម ទាល់តែ​ទឹកសុក្កឃ្លាតចេញ ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុគិត ដើម្បីជាទាន និង​ដើម្បីជាគ្រឿង​យញ្ញ។ ដើម្បីជាទាន និង​ដើម្បីស្ថានសួគ៌។ ដើម្បីជាទាន និង​ដើម្បីជាពូជ។ ដើម្បីជាទាន និង​ដើម្បីល្បងមើល។ ដើម្បីជាទាន និង​ដើម្បីការលេង។ ដើម្បីជាទាន និង​ដើម្បីមិន​ឲ្យ​មានរោគ។ ដើម្បីជាទាន និង​ដើម្បីសេចក្តីសុខ។ ដើម្បីជាទាន និង​ដើម្បីជាភេសជ្ជៈ ក៏ព្យាយាម ទាល់តែ​ទឹកសុក្ក​ឃ្លាតចេញ ត្រូវអាបត្តិសង្ឃាទិសេស។

[១១] ភិក្ខុគិត ដើម្បីជាបុណ្យ និង​ដើម្បីជាគ្រឿង​យញ្ញ ក៏ព្យាយាម ទាល់តែ​ទឹកសុក្ក​ឃ្លាត​ចេញ ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុគិត ដើម្បីជាបុណ្យ និង​ដើម្បីស្ថានសួគ៌។ ដើម្បីជា​បុណ្យ និង​ដើម្បីជាពូជ។ ដើម្បីជាបុណ្យ និង​ដើម្បីល្បងមើល។ ដើម្បីជាបុណ្យ និង​ដើម្បី​ការ​លេង។ ដើម្បីជាបុណ្យ និង​ដើម្បីមិន​ឲ្យ​មានរោគ។ ដើម្បីជាបុណ្យ និង​ដើម្បី​សេចក្តី​សុខ។ ដើម្បីជាបុណ្យ និង​ដើម្បីជាភេសជ្ជៈ។ ដើម្បីជាបុណ្យ និង​ដើម្បីជាទាន ក៏ព្យាយាម ទាល់​តែ​ទឹកសុក្កឃ្លាតចេញ ត្រូវអាបត្តិសង្ឃាទិសេស។

[១២] ភិក្ខុគិត ដើម្បីជាគ្រឿង​យញ្ញ និង​ដើម្បី​ស្ថានសួគ៌ ក៏ព្យាយាម ទាល់តែ​ទឹកសុក្ក​ឃ្លាត​ចេញ ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុគិត ដើម្បីជាគ្រឿង​យញ្ញ និង​ដើម្បី​ជា​ពូជ។ ដើម្បីជាគ្រឿង​យញ្ញ និង​ដើម្បី​ល្បងមើល។ ដើម្បីជាគ្រឿង​យញ្ញ និង​ដើម្បី​ការលេង។ ដើម្បី​ជាគ្រឿង​យញ្ញ និង​ដើម្បី​មិន​ឲ្យ​មានរោគ។ ដើម្បីជាគ្រឿង​យញ្ញ និង​ដើម្បី​សេចក្តី​សុខ។ ដើម្បីជាគ្រឿង​យញ្ញ និង​ដើម្បី​ជាភេសជ្ជៈ។ ដើម្បីជាគ្រឿង​យញ្ញ និង​ដើម្បី​ជាទាន។ ដើម្បីជាគ្រឿង​យញ្ញ និង​ដើម្បី​ជាបុណ្យ ក៏ព្យាយាម ទាល់តែ​ទឹកសុក្កឃ្លាតចេញ ត្រូវអាបត្តិ​សង្ឃាទិសេស។

[១៣] ភិក្ខុគិត ដើម្បីស្ថានសួគ៌ និង​ដើម្បីជាពូជ។ ដើម្បីស្ថានសួគ៌ និង​ដើម្បីល្បងមើល។ ដើម្បីស្ថានសួគ៌ និង​ដើម្បីការលេង។ ដើម្បីស្ថានសួគ៌ និង​ដើម្បីមិន​ឲ្យ​មានរោគ។ ដើម្បី​ស្ថានសួគ៌ និង​ដើម្បីសេចក្តីសុខ។ ដើម្បីស្ថានសួគ៌ និង​ដើម្បីជាភេសជ្ជៈ។ ដើម្បីស្ថានសួគ៌ និង​​ដើម្បីជាទាន។ ដើម្បីស្ថានសួគ៌ និង​ដើម្បីជាបុណ្យ។ ដើម្បីស្ថានសួគ៌ និង​ដើម្បី​ជា​គ្រឿង​យញ្ញ ក៏ព្យាយាម ទាល់តែ​ទឹកសុក្កឃ្លាតចេញ ត្រូវអាបត្តិសង្ឃាទិសេស។

[១៤] ភិក្ខុគិត ដើម្បីជាពូជ និង​ដើម្បីល្បងមើល។ ដើម្បីជាពូជ និង​ដើម្បីការលេង។ ដើម្បីជាពូជ និង​ដើម្បីមិន​ឲ្យ​មានរោគ។ ដើម្បីជាពូជ និង​ដើម្បីសេចក្តីសុខ។ ដើម្បីជាពូជ និង​ដើម្បីជាភេសជ្ជៈ។ ដើម្បីជាពូជ និង​ដើម្បីជាទាន។ ដើម្បីជាពូជ និង​ដើម្បីជាបុណ្យ។ ដើម្បីជាពូជ និង​ដើម្បីជាគ្រឿង​យញ្ញ។ ដើម្បីជាពូជ និង​ដើម្បីស្ថានសួគ៌ ក៏ព្យាយាម ទាល់​តែ​​ទឹក​សុក្កឃ្លាតចេញ ត្រូវអាបត្តិសង្ឃាទិសេស។

[១៥] ភិក្ខុគិត ដើម្បីល្បងមើល និង​ដើម្បីការលេង។ ដើម្បីល្បងមើល និង​ដើម្បីមិន​ឲ្យ​​មានរោគ។ ដើម្បីល្បងមើល និង​ដើម្បីសេចក្តីសុខ។ ដើម្បីល្បងមើល និង​ដើម្បីជា​ភេសជ្ជៈ។ ដើម្បីល្បងមើល និង​ដើម្បីជាទាន។ ដើម្បីល្បងមើល និង​ដើម្បីជាបុណ្យ។ ដើម្បី​ល្បង​មើល និង​ដើម្បីជាគ្រឿង​យញ្ញ។ ដើម្បីល្បងមើល និង​ដើម្បីស្ថានសួគ៌។ ដើម្បី​ល្បងមើល និង​ដើម្បីជាពូជ ក៏ព្យាយាម ទាល់តែ​ទឹកសុក្កឃ្លាតចេញ ត្រូវអាបត្តិ​សង្ឃាទិសេស។

[១៦] ភិក្ខុគិត ដើម្បីការលេង និង​ដើម្បីមិន​ឲ្យ​មានរោគ ក៏ព្យាយាម ទាល់តែ​​ទឹក​សុក្ក​ឃ្លាត​ចេញ ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុគិត ដើម្បីការលេង និង​ដើម្បីសេចក្តីសុខ។ ដើម្បី​ការលេង និង​ដើម្បីជាភេសជ្ជៈ។ ដើម្បីការលេង និង​ដើម្បីជាទាន។ ដើម្បីការលេង និង​ដើម្បីជាបុណ្យ។ ដើម្បីការលេង និង​ដើម្បីជាគ្រឿង​យញ្ញ។ ដើម្បីការលេង និង​ដើម្បី​ស្ថានសួគ៌។ ដើម្បីការលេង និង​ដើម្បីជាពូជ។ ដើម្បីការលេង និង​ដើម្បីល្បងមើល ក៏​ព្យាយាម ទាល់តែ​ទឹកសុក្កឃ្លាតចេញ ត្រូវអាបត្តិសង្ឃាទិសេស។

ពទ្ធចក្ក មានមូលមួយ ចប់។

ឯចក្កមានមូលពីរជាដើម បណ្ឌិតគប្បីនាំមក (សំដែង​) ​ដូចគ្នាផងចុះ។

[១៧] ភិក្ខុគិត ដើម្បីមិន​ឲ្យ​មានរោគ ដើម្បីសេចក្តីសុខ និង​ដើម្បីជាភេសជ្ជៈ ក៏ព្យាយាម ទាល់តែ​​ទឹកសុក្កឃ្លាតចេញ ត្រូវអាបត្តិសង្ឃាទិសេស។បេ។ ភិក្ខុគិត ដើម្បីមិន​ឲ្យ​មានរោគ ដើម្បីសេចក្តីសុខ និង​ដើម្បីការលេង ក៏ព្យាយាម ទាល់តែ​ទឹកសុក្កឃ្លាតចេញ ត្រូវអាបត្តិ​សង្ឃាទិសេស។

ខណ្ឌចក្ក មានមូលពីរ។

[១៨] ភិក្ខុគិត ដើម្បីឲ្យ​ស្រួលខ្លួន ដើម្បីជាភេសជ្ជៈ និង​ដើម្បីជាទាន ក៏ព្យាយាម ត្រាតែ​ទឹក​សុក្កឃ្លាតចេញ ត្រូវអាបត្តិសង្ឃាទិសេស។បេ។ ដើម្បីឲ្យ​ស្រួលខ្លួន ដើម្បីជាភេសជ្ជៈ និង​ដើម្បីការលេង។បេ។ ភិក្ខុគិត ដើម្បីឲ្យ​ស្រួលខ្លួន ដើម្បីជាភេសជ្ជៈ និង​ដើម្បីមិន​ឲ្យ​​មាន​រោគ ក៏ព្យាយាម ត្រាតែ​ទឹកសុក្កឃ្លាតចេញ ត្រូវអាបត្តិសង្ឃាទិសេស។បេ។ ភិក្ខុគិត ដើម្បីល្បងមើល ដើម្បីការលេង និង​ដើម្បីមិន​ឲ្យ​មានរោគ ក៏ព្យាយាម ត្រាតែ​ទឹកសុក្ក​ឃ្លាតចេញ ត្រូវអាបត្តិសង្ឃាទិសេស។បេ។ ភិក្ខុគិត ដើម្បីល្បងមើល ដើម្បីការលេង និង​ដើម្បីជាពូជ ក៏ព្យាយាម ត្រាតែ​ទឹកសុក្កឃ្លាតចេញ ត្រូវអាបត្តិសង្ឃាទិសេស។

ពទ្ធចក្កមានមូលពីរ ចប់។

[១៩] ពទ្ធចក្កមានមូល៣ មូល៤ មូល៥ មូល៦ មូល៧ មូល៨ មូល៩ បណ្ឌិត​គប្បី​ធ្វើ​យ៉ាង​នេះឯង។

​នេះចក្កមានមូលគ្រប់ទាំងអស់ (​ដូចមានសេចក្តីខាងក្រោយ​នេះ)។

[២០] ភិក្ខុគិត ដើម្បីមិន​ឲ្យ​មានរោគ ដើម្បីឲ្យ​ស្រួលខ្លួន ដើម្បីជាភេសជ្ជៈ ដើម្បីជាទាន ដើម្បីជាបុណ្យ ដើម្បីជាគ្រឿង​បូជា ដើម្បីស្ថានសួគ៌ ដើម្បីជាពូជ ដើម្បីល្បងមើល និង​ដើម្បី​ការ​លេង ក៏ព្យាយាម ត្រាតែ​ទឹកសុក្កឃ្លាតចេញ ត្រូវអាបត្តិសង្ឃាទិសេស។

ចក្កមានមូលគ្រប់ទាំងអស់ ចប់។

[២១] ភិក្ខុគិត បញ្ចេញទឹកសុក្កពណ៌ខៀវ និង​ពណ៌លឿង ក៏ព្យាយាម ត្រាតែ​ទឹកសុក្កឃ្លាត​ចេញ ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុគិត បញ្ចេញទឹកសុក្កពណ៌ខៀវ និង​ពណ៌ក្រហម។បេ។ ពណ៌ខៀវ និង​ពណ៌ស។ ពណ៌ខៀវ និង​ពណ៌​ដូចទឹកដោះជូរឡើងពពុះ។ ពណ៌ខៀវ និង​ពណ៌​ដូចទឹក។ ពណ៌ខៀវ និង​ពណ៌​ដូចប្រេង។ ពណ៌ខៀវ និង​ពណ៌​ដូច​ទឹកដោះ​ស្រស់។ ពណ៌ខៀវ និង​ពណ៌​ដូចទឹកដោះជូរ។ ពណ៌ខៀវ និង​ពណ៌​ដូចទឹកដោះថ្លា ក៏​ព្យាយាម ត្រាតែ​​ទឹក​សុក្កឃ្លាតចេញ ត្រូវអាបត្តិសង្ឃាទិសេស។

ខណ្ឌចក្កមានមូលមួយ ចប់។

[២២] ភិក្ខុគិត បញ្ចេញទឹកសុក្ក ពណ៌លឿង និង​ពណ៌ក្រហម ក៏ព្យាយាម ត្រាតែ​​ទឹក​សុក្ក​ឃ្លាតចេញ ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុគិត បញ្ចេញទឹកសុក្កពណ៌លឿង និង​ពណ៌ស។បេ។ ពណ៌លឿង និង​ពណ៌​ដូចទឹកដោះជូរឡើងពពុះ។ ពណ៌លឿង និង​ពណ៌​ដូចទឹក។ ពណ៌លឿង និង​ពណ៌​ដូចប្រេង។ ពណ៌លឿង និង​ពណ៌​ដូចទឹកដោះស្រស់។ ពណ៌លឿង និង​ពណ៌​ដូចទឹក​ដោះជូរ។ ពណ៌លឿង និង​ពណ៌​ដូចទឹកដោះថ្លា។ ពណ៌លឿង និង​ពណ៌ខៀវ ក៏ព្យាយាម ត្រាតែ​​ទឹក​សុក្កឃ្លាតចេញ ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុគិត បញ្ចេញទឹកសុក្កពណ៌ក្រហម និង​ពណ៌ស ក៏ព្យាយាម ត្រាតែ​ទឹកសុក្កឃ្លាតចេញ ត្រូវ​អាបត្តិ​សង្ឃាទិសេស។ ភិក្ខុគិត បញ្ចេញទឹក​សុក្កពណ៌​ក្រហម និង​ពណ៌​ដូចទឹកដោះជូរ​ឡើង​ពពុះ។ ពណ៌ក្រហម និង​ពណ៌​ដូចទឹក។ ពណ៌ក្រហម និង​ពណ៌​ដូចប្រេង។ ពណ៌​ក្រហម និង​ពណ៌​ដូចទឹកដោះស្រស់។ ពណ៌ក្រហម និង​ពណ៌​ដូច​ទឹក​ដោះជូរ។ ពណ៌ក្រហម និង​ពណ៌​ដូចទឹកដោះថ្លា។ ពណ៌ក្រហម និង​ពណ៌ខៀវ។ ពណ៌ក្រហម និង​ពណ៌លឿង ក៏ព្យាយាម ត្រាតែ​ទឹកសុក្កឃ្លាតចេញ ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុគិត បញ្ចេញទឹកសុក្កពណ៌ស និង​ពណ៌​ដូចទឹកដោះជូរឡើងពពុះ។ ពណ៌ស និង​ពណ៌​ដូចទឹក។ ពណ៌ស និង​ពណ៌​ដូចប្រេង។ ពណ៌ស និង​ពណ៌​ដូចទឹកដោះស្រស់។ ពណ៌ស និង​ពណ៌​ដូចទឹកដោះជូរ។ ពណ៌ស និង​ពណ៌​ដូចទឹកដោះថ្លា។ ពណ៌ស និង​ពណ៌ខៀវ។ ពណ៌ស និង​ពណ៌លឿង។ ពណ៌ស និង​ពណ៌ក្រហម ក៏ព្យាយាម ត្រាតែ​ទឹកសុក្កឃ្លាតចេញ ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុគិត បញ្ចេញទឹក​សុក្កពណ៌​​ដូចទឹកដោះជូរឡើងពពុះ និង​ពណ៌​ដូចទឹក។ ពណ៌​ដូចទឹកដោះជូរឡើងពពុះ និង​ពណ៌​ដូចប្រេង។ ពណ៌​​ដូច​ទឹកដោះជូរ​ឡើង​ពពុះ និង​ពណ៌​ដូចទឹកដោះស្រស់។ ពណ៌​ដូចទឹកដោះជូរឡើងពពុះ និង​ពណ៌​​ដូច​​ទឹក​ដោះជូរ។ ពណ៌​ដូចទឹកដោះជូរឡើងពពុះ និង​ពណ៌​ដូចទឹកដោះថ្លា។ ពណ៌​ដូចទឹកដោះជូរ​ឡើងពពុះ និង​ពណ៌ខៀវ។ ពណ៌​ដូចទឹកដោះជូរឡើងពពុះ និង​ពណ៌លឿង។ ពណ៌​ដូចទឹកដោះជូរឡើងពពុះ និង​ពណ៌ក្រហម។ ពណ៌​ដូចទឹកដោះជូរឡើងពពុះ និង​ពណ៌ស ក៏ព្យាយាម ត្រាតែ​ទឹកសុក្កឃ្លាតចេញ ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុគិត បញ្ចេញ​ទឹកសុក្កពណ៌​ដូចទឹក និង​ពណ៌​ដូចប្រេង។ ពណ៌​ដូចទឹក និង​ពណ៌​ដូចទឹកដោះស្រស់។ ពណ៌​ដូចទឹក និង​ពណ៌​ដូចទឹកដោះជូរ។ ពណ៌​ដូចទឹក និង​ពណ៌​ដូចទឹកដោះថ្លា។ ពណ៌​ដូចទឹក និង​ពណ៌ខៀវ។ ពណ៌​ដូចទឹក និង​ពណ៌លឿង។ ពណ៌​ដូចទឹក និង​ពណ៌ក្រហម ។ ពណ៌​ដូចទឹក និង​ពណ៌ស។ ពណ៌​ដូចទឹក និង​ពណ៌​ដូចទឹកដោះជូរឡើងពពុះ ក៏ព្យាយាម ត្រាតែ​ទឹកសុក្កឃ្លាតចេញ ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុគិត បញ្ចេញទឹកសុក្កពណ៌​ដូចប្រេង និង​ពណ៌​ដូចទឹកដោះស្រស់។ ពណ៌​ដូចប្រេង និង​ពណ៌​ដូចទឹកដោះជូរ។ ពណ៌​ដូចប្រេង និង​ពណ៌​ដូចទឹកដោះថ្លា។ ពណ៌​ដូចប្រេង និង​ពណ៌ខៀវ។ ពណ៌​ដូចប្រេង និង​ពណ៌លឿង។ ពណ៌​ដូចប្រេង និង​ពណ៌ក្រហម។ ពណ៌​ដូចប្រេង និង​ពណ៌ស។ ពណ៌​ដូចប្រេង និង​ពណ៌​ដូចទឹកដោះជូរឡើង​ពពុះ។ ពណ៌​ដូចប្រេង និង​ពណ៌​ដូចទឹក ក៏​ព្យាយាម ត្រាតែ​ទឹកសុក្កឃ្លាតចេញ ត្រូវអាបត្តិ​សង្ឃាទិសេស។ ភិក្ខុគិត បញ្ចេញទឹកសុក្ក​ពណ៌​ដូចទឹកដោះស្រស់ និង​ពណ៌​ដូចទឹកដោះជូរ។ ពណ៌​ដូចទឹកដោះស្រស់ និង​ពណ៌​ដូចទឹកដោះថ្លា។ ពណ៌​ដូចទឹកដោះស្រស់ និង​ពណ៌ខៀវ។ ពណ៌​ដូចទឹកដោះស្រស់ និង​ពណ៌លឿង។ ពណ៌​ដូចទឹកដោះស្រស់ និង​ពណ៌ក្រហម។ ពណ៌​ដូចទឹកដោះស្រស់ និង​ពណ៌ស។ ពណ៌​ដូចទឹកដោះស្រស់ និង​ពណ៌​ដូចទឹកដោះជូរឡើង​ពពុះ។ ពណ៌​ដូចទឹកដោះស្រស់ និង​ពណ៌​ដូចទឹក។ ពណ៌​ដូចទឹកដោះស្រស់ និង​ពណ៌​ដូចប្រេង ក៏ព្យាយាម ត្រាតែ​ទឹកសុក្កឃ្លាតចេញ ត្រូវអាបត្តិ​សង្ឃាទិសេស។ ភិក្ខុគិត បញ្ចេញ​ទឹកសុក្ក​ពណ៌​ដូចទឹកដោះជូរ និង​ពណ៌​ដូចទឹកដោះថ្លា។ ពណ៌​ដូចទឹកដោះជូរ និង​ពណ៌ខៀវ។ ពណ៌​ដូចទឹកដោះជូរ និង​ពណ៌លឿង។ ពណ៌​ដូចទឹកដោះជូរ និង​ពណ៌ក្រហម។ ពណ៌​ដូចទឹកដោះជូរ និង​ពណ៌ស។ ពណ៌​ដូចទឹកដោះជូរ និង​ពណ៌​ដូចទឹកដោះជូរឡើងពពុះ។ ពណ៌​ដូចទឹកដោះជូរ និង​ពណ៌​ដូចទឹក។ ពណ៌​ដូចទឹកដោះជូរ និង​ពណ៌​ដូចប្រេង។ ពណ៌​ដូចទឹកដោះជូរ និង​ពណ៌​ដូចទឹកដោះស្រស់ ក៏ព្យាយាម ត្រាតែ​ទឹកសុក្កឃ្លាតចេញ ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុគិត បញ្ចេញទឹកសុក្កពណ៌​ដូចទឹកដោះថ្លា និង​ពណ៌ខៀវ ក៏ព្យាយាម ត្រាតែ​ទឹកសុក្កឃ្លាតចេញ ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុគិត បញ្ចេញទឹក​សុក្ក​ពណ៌​ដូចទឹកដោះថ្លា និង​ពណ៌លឿង។ ពណ៌​ដូចទឹកដោះថ្លា និង​ពណ៌ក្រហម។ ពណ៌​ដូចទឹកដោះថ្លា និង​ពណ៌ស។ ពណ៌​ដូចទឹកដោះថ្លា និង​ពណ៌​ដូចទឹកដោះជូរឡើងពពុះ។ ពណ៌​ដូចទឹកដោះថ្លា និង​ពណ៌​ដូចទឹក។ ពណ៌​ដូចទឹកដោះថ្លា និង​ពណ៌​ដូចប្រេង។ ពណ៌​ដូចទឹកដោះថ្លា និង​ពណ៌​ដូចទឹកដោះស្រស់។ ពណ៌​ដូចទឹកដោះថ្លា និង​ពណ៌​ដូច​ទឹកដោះជូរ ក៏ព្យាយាម ត្រាតែ​ទឹកសុក្កឃ្លាតចេញ ត្រូវអាបត្តិសង្ឃាទិសេស។

ពទ្ធចក្កមានមូលមួយ ចប់។

ឯចក្កមានមូលពីរ ជាដើម បណ្ឌិតគប្បីនាំមក (សំដែង​) ​ដូចគ្នាផងចុះ។

[២៣] ភិក្ខុគិត បញ្ចេញទឹកសុក្កពណ៌ខៀវ ពណ៌លឿង និង​ពណ៌ក្រហម ក៏ព្យាយាម ត្រាតែ​ទឹកសុក្កឃ្លាតចេញ ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុគិត បញ្ចេញទឹកសុក្កពណ៌ខៀវ ពណ៌លឿង និង​ពណ៌ស ក៏ព្យាយាម ត្រាតែ​ទឹកសុក្កឃ្លាតចេញ ត្រូវអាបត្តិសង្ឃាទិសេស។បេ។ ភិក្ខុគិតបញ្ចេញទឹកសុក្កពណ៌ខៀវ ពណ៌លឿង និង​ពណ៌​ដូចទឹកដោះថ្លា ក៏ព្យាយាម ត្រាតែ​ទឹក​សុក្ក​ឃ្លាតចេញ ត្រូវអាបត្តិសង្ឃាទិសេស។

ខណ្ឌចក្កមានមូលពីរ ចប់។

[២៤] ភិក្ខុគិត បញ្ចេញទឹកសុក្កពណ៌លឿង ពណ៌ក្រហម និង​ពណ៌ស ក៏ព្យាយាម ត្រាតែ​ទឹកសុក្កឃ្លាតចេញ ត្រូវអាបត្តិសង្ឃាទិសេស។បេ។ ភិក្ខុគិត បញ្ចេញទឹកសុក្កពណ៌លឿង ពណ៌ក្រហម និង​ពណ៌ខៀវ ក៏ព្យាយាម ត្រាតែ​ទឹកសុក្កឃ្លាតចេញ ត្រូវអាបត្តិ​សង្ឃាទិសេស។បេ។ ភិក្ខុគិតបញ្ចេញទឹកសុក្កពណ៌​ដូចទឹកដោះជូរ ពណ៌​ដូចទឹកដោះថ្លា និង​ពណ៌ខៀវ ក៏ព្យាយាម ត្រាតែ​ទឹក​សុក្ក​ឃ្លាតចេញ ត្រូវអាបត្តិសង្ឃាទិសេស។បេ។ ភិក្ខុគិត បញ្ចេញទឹកសុក្កពណ៌​ដូចទឹកដោះជូរ ពណ៌​ដូចទឹកដោះថ្លា និង​ពណ៌​ដូចទឹកដោះ​ស្រស់ ក៏ព្យាយាម ត្រាតែ​ទឹកសុក្កឃ្លាតចេញ ត្រូវអាបត្តិសង្ឃាទិសេស។

ពទ្ធចក្កមានមូលពីរ ចប់។

[២៥] ចក្កមានមូល៣ មូល៤ មូល៥ មូល៦ មូល៧ មូល៨ មូល៩ បណ្ឌិតគប្បីធ្វើ​យ៉ាង​នោះ​ផងចុះ។

​នេះចក្កមានមូលគ្រប់ទាំងអស់ (​ដូចមានសេចក្តីខាងក្រោយ​នេះ)។

[២៦] ភិក្ខុគិត បញ្ចេញទឹកសុក្កពណ៌ខៀវ ពណ៌លឿង ពណ៌ក្រហម ពណ៌ស ពណ៌​ដូចទឹក​ដោះជូរឡើងពពុះ ពណ៌​ដូចទឹក ពណ៌​ដូចប្រេង ពណ៌​ដូចទឹកដោះស្រស់ ពណ៌​ដូច​ទឹកដោះជូរ និង​ពណ៌​ដូចទឹកដោះថ្លា ក៏ព្យាយាម ត្រាតែ​ទឹកសុក្កឃ្លាតចេញ ត្រូវអាបត្តិ​សង្ឃាទិសេស។

ចក្កមានមូលគ្រប់ទាំងអស់ ចប់។

[២៧] ភិក្ខុគិត បញ្ចេញទឹកសុក្កពណ៌ខៀវតែ​ម្យ៉ាង ដើម្បីមិន​ឲ្យ​មានរោគតែ​ម្យ៉ាង ក៏​ព្យាយាម ត្រាតែ​ទឹក​សុក្ក​ឃ្លាតចេញ ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុគិត បញ្ចេញ​ទឹកសុក្ក​ពណ៌​ខៀវ និង​ពណ៌លឿង ដើម្បីមិន​ឲ្យ​មានរោគ និង​ដើម្បីឲ្យ​ស្រួលខ្លួន ក៏ព្យាយាម ត្រាតែ​ទឹក​សុក្ក​ឃ្លាតចេញ ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុគិត បញ្ចេញទឹកសុក្កពណ៌ខៀវ ពណ៌លឿង និង​ពណ៌​ក្រហម ដើម្បីមិន​ឲ្យ​មានរោគ ដើម្បីឲ្យ​ស្រួលខ្លួន និង​ដើម្បី​ជាភេសជ្ជៈ ក៏ព្យាយាម ត្រាតែ​ទឹក​សុក្ក​ឃ្លាតចេញ ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុគិត បញ្ចេញទឹកសុក្កពណ៌ខៀវ ពណ៌លឿង ពណ៌ក្រហម និង​ពណ៌ស ដើម្បីមិន​ឲ្យ​មានរោគ ដើម្បីឲ្យ​ស្រួលខ្លួន ដើម្បីជាភេសជ្ជៈ និង​ដើម្បី​ជាទាន ក៏ព្យាយាម ត្រាតែ​ទឹក​សុក្ក​ឃ្លាតចេញ ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុគិត បញ្ចេញទឹកសុក្កពណ៌ខៀវ ពណ៌លឿង ពណ៌ក្រហម ពណ៌ស និង​ពណ៌​ដូចទឹកដោះជូរឡើងពពុះ ដើម្បីមិន​ឲ្យ​មានរោគ ដើម្បីឲ្យ​ស្រួលខ្លួន ដើម្បីជាភេសជ្ជៈ ដើម្បីជាទាន និង​ដើម្បីជាបុណ្យ ក៏ព្យាយាម ត្រាតែ​ទឹក​សុក្ក​ឃ្លាតចេញ ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុគិត បញ្ចេញទឹកសុក្កពណ៌ខៀវ ពណ៌លឿង ពណ៌ក្រហម ពណ៌ស ពណ៌​ដូចទឹកដោះជូរឡើងពពុះ និង​ពណ៌​ដូចទឹក ដើម្បីមិន​ឲ្យ​មានរោគ ដើម្បីឲ្យ​ស្រួលខ្លួន ដើម្បីជាភេសជ្ជៈ ដើម្បីជាទាន ដើម្បីជាបុណ្យ និង​ដើម្បី​ជាគ្រឿង​បូជា ក៏ព្យាយាម ត្រាតែ​ទឹក​សុក្ក​ឃ្លាតចេញ ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុគិត បញ្ចេញទឹកសុក្កពណ៌ខៀវ ពណ៌លឿង ពណ៌ក្រហម ពណ៌ស ពណ៌​ដូច​ទឹកដោះជូរ​ឡើងពពុះ ពណ៌​ដូចទឹក និង​ពណ៌​ដូចប្រេង ដើម្បីមិន​ឲ្យ​មានរោគ ដើម្បីឲ្យ​ស្រួលខ្លួន ដើម្បីជាភេសជ្ជៈ ដើម្បីជាទាន ដើម្បីជាបុណ្យ ដើម្បីជាគ្រឿង​បូជា និង​ដើម្បីស្ថានសួគ៌ ក៏ព្យាយាម ត្រាតែ​ទឹក​សុក្ក​ឃ្លាតចេញ ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុគិត បញ្ចេញ​ទឹកសុក្កពណ៌ខៀវ ពណ៌លឿង ពណ៌ក្រហម ពណ៌ស ពណ៌​ដូចទឹកដោះជូរឡើងពពុះ ពណ៌​ដូចទឹក ពណ៌​ដូចប្រេង និង​ពណ៌​ដូចទឹកដោះស្រស់ ដើម្បីមិន​ឲ្យ​មានរោគ ដើម្បីឲ្យ​ស្រួលខ្លួន ដើម្បីជាភេសជ្ជៈ ដើម្បីជាទាន ដើម្បីជាបុណ្យ ដើម្បីជាគ្រឿង​បូជា ដើម្បី​ស្ថានសួគ៌ និង​ដើម្បីជាពូជ ក៏ព្យាយាម ត្រាតែ​ទឹក​សុក្ក​ឃ្លាតចេញ ត្រូវអាបត្តិ​សង្ឃាទិសេស។ ភិក្ខុគិត បញ្ចេញទឹកសុក្កពណ៌ខៀវ ពណ៌លឿង ពណ៌ក្រហម ពណ៌ស ពណ៌​ដូចទឹកដោះជូរឡើងពពុះ ពណ៌​ដូចទឹក ពណ៌​ដូចប្រេង ពណ៌​ដូចទឹកដោះស្រស់ និង​ពណ៌​​ដូចទឹកដោះជូរ ដើម្បីមិន​ឲ្យ​មានរោគ ដើម្បីឲ្យ​ស្រួលខ្លួន ដើម្បីជាភេសជ្ជៈ ដើម្បីជាទាន ដើម្បីជាបុណ្យ ដើម្បីជាគ្រឿង​បូជា ដើម្បីស្ថានសួគ៌ ដើម្បីជាពូជ និង​ដើម្បីល្បងមើល ក៏ព្យាយាម ត្រាតែ​ទឹក​សុក្ក​ឃ្លាតចេញ ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុគិត បញ្ចេញទឹកសុក្កពណ៌ខៀវ ពណ៌លឿង ពណ៌ក្រហម ពណ៌ស ពណ៌​ដូចទឹកដោះជូរ​ឡើងពពុះ ពណ៌​ដូចទឹក ពណ៌​ដូចប្រេង ពណ៌​ដូចទឹកដោះស្រស់ ពណ៌​​ដូចទឹកដោះជូរ និង​ពណ៌​ដូចទឹកដោះថ្លា ដើម្បីមិន​ឲ្យ​មានរោគ ដើម្បីឲ្យ​ស្រួលខ្លួន ដើម្បីជាភេសជ្ជៈ ដើម្បី​ជាទាន ដើម្បីជាបុណ្យ ដើម្បីជាគ្រឿង​បូជា ដើម្បីស្ថានសួគ៌ ដើម្បីជាពូជ ដើម្បីល្បងមើល និង​ដើម្បីការលេង ក៏ព្យាយាម ត្រាតែ​ទឹក​សុក្ក​ឃ្លាតចេញ ត្រូវអាបត្តិសង្ឃាទិសេស។

ឧភតោពទ្ធមិស្សកចក្ក ចប់។

[២៨] ភិក្ខុគិតថា អញនឹងបញ្ចេញទឹកសុក្កពណ៌ខៀវ ក៏ព្យាយាម (បែរជា) ទឹកសុក្ក​ពណ៌​លឿង​ឃ្លាតចេញវិញ ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុគិតថា អញនឹងបញ្ចេញ​ទឹកសុក្ក​ពណ៌ខៀវ ក៏ព្យាយាម (បែរជា) ទឹកសុក្ក​ពណ៌​ក្រហម​ឃ្លាតចេញវិញ ត្រូវអាបត្តិ​សង្ឃាទិសេស។ ភិក្ខុគិតថា អញនឹងបញ្ចេញទឹកសុក្កពណ៌ខៀវ ក៏ព្យាយាម (បែរជា) ទឹកសុក្ក​​ពណ៌ស​ឃ្លាតចេញវិញ ត្រូវអាបត្តិ​សង្ឃាទិសេស។ ភិក្ខុគិតថា អញនឹង​បញ្ចេញ​ទឹកសុក្កពណ៌ខៀវ ក៏ព្យាយាម (បែរជា) ទឹកសុក្ក​ពណ៌​​ដូចទឹកដោះជូរឡើងពពុះ​ឃ្លាត​ចេញវិញ ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុគិតថា អញនឹងបញ្ចេញទឹកសុក្កពណ៌ខៀវ ក៏ព្យាយាម (បែរជា) ទឹកសុក្ក​ពណ៌​​ដូចទឹក​ឃ្លាតចេញវិញ ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុគិតថា អញនឹងបញ្ចេញទឹកសុក្កពណ៌ខៀវ ក៏ព្យាយាម (បែរជា) ទឹកសុក្ក​ពណ៌​ដូចប្រេង​ឃ្លាតចេញវិញ ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុគិតថា អញនឹងបញ្ចេញទឹកសុក្កពណ៌ខៀវ ក៏ព្យាយាម (បែរជា) ទឹកសុក្ក​ពណ៌​​ដូចទឹកដោះស្រស់​ឃ្លាតចេញវិញ ត្រូវអាបត្តិ​សង្ឃាទិសេស។ ភិក្ខុគិតថា អញនឹងបញ្ចេញទឹកសុក្កពណ៌ខៀវ ក៏ព្យាយាម (បែរជា) ទឹកសុក្ក​ពណ៌​​ដូចទឹកដោះជូរ​ឃ្លាតចេញវិញ ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុគិតថា អញ​នឹង​បញ្ចេញទឹកសុក្កពណ៌ខៀវ ក៏ព្យាយាម (បែរជា) ទឹកសុក្ក​ពណ៌​​ដូចទឹកដោះថ្លា​ឃ្លាត​ចេញវិញ ត្រូវអាបត្តិសង្ឃាទិសេស។

ខណ្ឌចក្ក ចប់។

[២៩] ភិក្ខុគិតថា អញនឹងបញ្ចេញទឹកសុក្កពណ៌លឿង ក៏ព្យាយាម (បែរជា) ទឹកសុក្ក​ពណ៌​ ក្រហម​ឃ្លាតចេញវិញ ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុគិតថា អញនឹងបញ្ចេញ​ទឹកសុក្ក​ពណ៌​លឿង ក៏ព្យាយាម (បែរជា) ទឹកសុក្ក​ពណ៌ស​ឃ្លាតចេញវិញ។បេ។ (បែរជា) ទឹកសុក្ក​ពណ៌​​ដូចទឹកដោះជូរឡើងពពុះ​ឃ្លាតចេញវិញ។ ​ពណ៌​​ដូចទឹក​ឃ្លាតចេញវិញ។ ​ពណ៌​ដូច​ប្រេង​ឃ្លាតចេញវិញ។ ពណ៌​​ដូចទឹកដោះស្រស់​ឃ្លាតចេញវិញ។ ពណ៌​​ដូចទឹកដោះជូរ​ឃ្លាត​ចេញវិញ។ ពណ៌​​ដូចទឹកដោះថ្លា​ឃ្លាតចេញវិញ។ ពណ៌ខៀវឃ្លាតចេញវិញ ត្រូវ​អាបត្តិ​សង្ឃាទិសេស។

ពទ្ធចក្ក ចប់។

[៣០] ភិក្ខុគិតថា អញនឹងបញ្ចេញទឹកសុក្កពណ៌ក្រហម ក៏ព្យាយាម (បែរជា) ទឹកសុក្ក​ពណ៌ស​ឃ្លាតចេញវិញ ត្រូវអាបត្តិ​សង្ឃាទិសេស។ ភិក្ខុគិតថា អញនឹងបញ្ចេញ​ទឹកសុក្ក​ពណ៌​ក្រហម ក៏ព្យាយាម (បែរជា) ទឹកសុក្ក​ពណ៌​​ដូចទឹកដោះជូរឡើងពពុះ​ឃ្លាតចេញវិញ។បេ។ (បែរជា) ទឹកសុក្ក​ពណ៌​​ដូចទឹក​ឃ្លាតចេញវិញ។ ពណ៌​ដូចប្រេង​ឃ្លាតចេញវិញ។ ពណ៌​​ដូចទឹកដោះស្រស់​ឃ្លាតចេញវិញ។ ពណ៌​​ដូចទឹកដោះជូរ​ឃ្លាតចេញវិញ។ ពណ៌​​ដូច​ទឹកដោះថ្លា​ឃ្លាតចេញវិញ។ ពណ៌ខៀវឃ្លាតចេញវិញ។ ពណ៌លឿងឃ្លាតចេញវិញ ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុគិតថា អញនឹងបញ្ចេញទឹកសុក្កពណ៌ស ក៏ព្យាយាម (បែរជា) ទឹកសុក្ក​ពណ៌​ដូចទឹកដោះជូរឡើងពពុះ​ឃ្លាតចេញវិញ ត្រូវអាបត្តិសង្ឃាទិសេស។បេ។ (បែរជា) ទឹកសុក្ក​ពណ៌ក្រហមឃ្លាតចេញវិញ ត្រូវអាបត្តិសង្ឃាទិសេស។ (ចក្កទាំង​ឡាយ បណ្ឌិតគប្បីដឹង​​ដោយ​អាការយ៉ាង​នេះ) ភិក្ខុគិតថា អញនឹងបញ្ចេញទឹកសុក្កពណ៌​​ដូចទឹកដោះថ្លា ក៏ព្យាយាម (បែរជា) ទឹកសុក្ក​ពណ៌ខៀវ​ឃ្លាត​ចេញវិញ ត្រូវអាបត្តិ​សង្ឃាទិសេស។ ភិក្ខុគិតថា អញនឹងបញ្ចេញទឹកសុក្កពណ៌​​ដូចទឹកដោះថ្លា ក៏ព្យាយាម (បែរជា) ទឹកសុក្កពណ៌លឿងឃ្លាតចេញវិញ។បេ។ (បែរជា) ទឹកសុក្ក​ពណ៌​ក្រហម​ឃ្លាត​ចេញវិញ។ ពណ៌សឃ្លាតចេញវិញ។ ពណ៌​ដូចទឹកដោះជូរឡើងពពុះឃ្លាតចេញវិញ។ ពណ៌​​​ដូចទឹកឃ្លាតចេញវិញ។ ពណ៌​ដូចប្រេងឃ្លាតចេញវិញ។ ពណ៌​ដូចទឹកដោះស្រស់​ឃ្លាតចេញវិញ។ ពណ៌​ដូចទឹកដោះជូរឃ្លាតចេញវិញ ត្រូវអាបត្តិសង្ឃាទិសេស។

កុច្ឆិចក្ក ចប់។

[៣១] ភិក្ខុគិតថា អញនឹងបញ្ចេញទឹកសុក្កពណ៌លឿង ក៏ព្យាយាម (បែរជា) ទឹកសុក្ក​ពណ៌ខៀវឃ្លាតចេញវិញ ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុគិតថា អញនឹង​បញ្ចេញ​ទឹកសុក្ក​ពណ៌​ក្រហម ក៏ព្យាយាម (បែរជា) ទឹកសុក្ក​ពណ៌ខៀវឃ្លាតចេញវិញ។ ភិក្ខុគិតថា អញនឹង​បញ្ចេញ​ទឹកសុក្កពណ៌ស ក៏ព្យាយាម (បែរជា) ទឹកសុក្ក​ពណ៌ខៀវឃ្លាតចេញវិញ ។ ភិក្ខុគិត​ថា អញនឹងបញ្ចេញទឹកសុក្កពណ៌​ដូចទឹកដោះជូរឡើងពពុះ ក៏ព្យាយាម (បែរជា) ទឹកសុក្ក​ពណ៌ខៀវឃ្លាតចេញវិញ។ ភិក្ខុគិតថា អញនឹងបញ្ចេញទឹកសុក្កពណ៌​ដូចទឹក ក៏ព្យាយាម (បែរជា) ទឹកសុក្ក​ពណ៌ខៀវឃ្លាតចេញវិញ។ ភិក្ខុគិតថា អញនឹងបញ្ចេញទឹកសុក្កពណ៌​ដូចប្រេង ក៏ព្យាយាម (បែរជា) ទឹកសុក្ក​ពណ៌ខៀវឃ្លាតចេញវិញ។ ភិក្ខុគិតថា អញនឹង​បញ្ចេញ​ទឹកសុក្ក​ពណ៌​ដូចទឹកដោះស្រស់ ក៏ព្យាយាម (បែរជា) ទឹកសុក្ក​ពណ៌ខៀវ​ឃ្លាត​ចេញវិញ។ ភិក្ខុគិតថា អញនឹងបញ្ចេញទឹកសុក្កពណ៌​ដូចទឹកដោះជូរ ក៏ព្យាយាម (បែរជា) ទឹកសុក្ក​ពណ៌ខៀវ​ឃ្លាតចេញវិញ។ ភិក្ខុគិតថា អញនឹងបញ្ចេញទឹកសុក្កពណ៌​ដូច​ទឹកដោះ​ថ្លា ក៏ព្យាយាម (បែរជា) ទឹកសុក្ក​ពណ៌ខៀវឃ្លាតចេញវិញ  ត្រូវអាបត្តិ​សង្ឃាទិសេស។

ដំណើរនៃបិដ្ឋិចក្កទី១ ចប់។

[៣២] ភិក្ខុគិតថា អញនឹងបញ្ចេញទឹកសុក្កពណ៌ក្រហម ក៏ព្យាយាម (បែរជា) ទឹកសុក្ក​ពណ៌លឿងឃ្លាតចេញវិញ ត្រូវអាបត្តិសង្ឃាទិសេស។ ទឹកសុក្កពណ៌ស ពណ៌​ដូច​ទឹកដោះជូរ​ឡើងពពុះ ពណ៌​ដូចទឹក ពណ៌​ដូចប្រេង ពណ៌​ដូចទឹកដោះស្រស់ ពណ៌​ដូច​ទឹកដោះជូរ ពណ៌​ដូច​ទឹកដោះថ្លា។ ភិក្ខុគិតថា អញនឹងបញ្ចេញទឹកសុក្កពណ៌ខៀវ ក៏​ព្យាយាម (បែរជា) ទឹកសុក្ក​ពណ៌លឿងឃ្លាតចេញវិញ ត្រូវអាបត្តិសង្ឃាទិសេស។

ដំណើរនៃបិដ្ឋិចក្កទី២ ចប់។

[៣៣] ភិក្ខុគិតថា អញនឹងបញ្ចេញទឹកសុក្កពណ៌ស ក៏ព្យាយាម (បែរជា) ទឹកសុក្ក​ពណ៌ក្រហមឃ្លាតចេញវិញ ត្រូវអាបត្តិសង្ឃាទិសេស។ ទឹកសុក្កពណ៌​ដូចទឹកដោះជូរ​ឡើងពពុះ ពណ៌​ដូចទឹក ពណ៌​ដូចប្រេង ពណ៌​ដូចទឹកដោះស្រស់ ពណ៌​ដូចទឹកដោះជូរ ពណ៌​ដូច​ទឹកដោះថ្លា ពណ៌ខៀវ។ ភិក្ខុគិតថា អញនឹងបញ្ចេញទឹកសុក្កពណ៌លឿង ក៏ព្យាយាម (បែរជា) ទឹកសុក្ក​ពណ៌ក្រហមឃ្លាតចេញវិញ ត្រូវអាបត្តិសង្ឃាទិសេស។

ដំណើរនៃបិដ្ឋិចក្កទី៣ ចប់។

[៣៤] ភិក្ខុគិតថា អញនឹងបញ្ចេញទឹកសុក្កពណ៌​ដូចទឹកដោះជូរឡើងពពុះ ក៏ព្យាយាម (បែរជា) ទឹកសុក្ក​ពណ៌សឃ្លាតចេញវិញ ត្រូវអាបត្តិសង្ឃាទិសេស។ ទឹកសុក្កពណ៌​ដូចទឹក ពណ៌​ដូចប្រេង ពណ៌​ដូចទឹកដោះស្រស់ ពណ៌​ដូចទឹកដោះជូរ ពណ៌​ដូច​ទឹកដោះថ្លា ពណ៌ខៀវ ពណ៌លឿង។ ភិក្ខុគិតថា អញនឹងបញ្ចេញទឹកសុក្កពណ៌ក្រហម ក៏ព្យាយាម (បែរជា) ទឹកសុក្ក​ពណ៌សឃ្លាតចេញវិញ ត្រូវអាបត្តិសង្ឃាទិសេស។

ដំណើរនៃបិដ្ឋិចក្កទី៤ ចប់។

[៣៥] ] ភិក្ខុគិតថា អញនឹងបញ្ចេញទឹកសុក្កពណ៌​ដូចទឹក ក៏ព្យាយាម (បែរជា) ទឹកសុក្ក​ពណ៌​ដូចទឹកដោះជូរឡើងពពុះឃ្លាតចេញវិញ ត្រូវអាបត្តិសង្ឃាទិសេស។ ទឹកសុក្កពណ៌​ដូចប្រេង ពណ៌​ដូចទឹកដោះស្រស់ ពណ៌​ដូចទឹកដោះជូរ ពណ៌​ដូច​ទឹកដោះថ្លា ពណ៌ខៀវ ពណ៌លឿង។ ពណ៌ក្រហម។ ភិក្ខុគិតថា អញនឹងបញ្ចេញទឹកសុក្កពណ៌ស ក៏ព្យាយាម (បែរជា) ទឹកសុក្ក​ពណ៌​ដូចទឹកដោះជូរឡើងពពុះឃ្លាតចេញវិញ ត្រូវអាបត្តិសង្ឃាទិសេស។

ដំណើរនៃបិដ្ឋិចក្កទី៥ ចប់។

[៣៦] ភិក្ខុគិតថា អញនឹងបញ្ចេញទឹកសុក្កពណ៌​ដូចប្រេង ក៏ព្យាយាម (បែរជា) ទឹកសុក្ក​ពណ៌​ដូចទឹកឃ្លាតចេញវិញ ត្រូវអាបត្តិសង្ឃាទិសេស។ ទឹកសុក្កពណ៌​ដូចទឹកដោះស្រស់ ពណ៌​ដូចទឹកដោះជូរ ពណ៌​ដូច​ទឹកដោះថ្លា ពណ៌ខៀវ ពណ៌លឿង ពណ៌ក្រហម ពណ៌ស។  ភិក្ខុគិតថា អញនឹងបញ្ចេញទឹកសុក្កពណ៌​ដូចទឹកដោះជូរឡើងពពុះ ក៏ព្យាយាម (បែរជា) ទឹកសុក្ក​ពណ៌​ដូចទឹកឃ្លាតចេញវិញ ត្រូវអាបត្តិសង្ឃាទិសេស។

ដំណើរនៃបិដ្ឋិចក្កទី៦ ចប់។

[៣៧] ភិក្ខុគិតថា អញនឹងបញ្ចេញទឹកសុក្កពណ៌​ដូចទឹកដោះស្រស់ ក៏ព្យាយាម (បែរជា) ទឹកសុក្ក​ពណ៌​ដូចប្រេងឃ្លាតចេញវិញ ត្រូវអាបត្តិសង្ឃាទិសេស។ ទឹកសុក្កពណ៌​ដូច​ទឹកដោះ​ជូរ ពណ៌​ដូច​ទឹកដោះថ្លា ពណ៌ខៀវ ពណ៌លឿង ពណ៌ក្រហម ពណ៌ស ពណ៌​ដូចទឹកដោះជូរឡើង​ពពុះ។  ភិក្ខុគិតថា អញនឹងបញ្ចេញទឹកសុក្កពណ៌​ដូចទឹក ក៏ព្យាយាម (បែរជា) ទឹកសុក្ក​ពណ៌​ដូចប្រេងឃ្លាតចេញវិញ ត្រូវអាបត្តិសង្ឃាទិសេស។

ដំណើរនៃបិដ្ឋិចក្កទី៧ ចប់។

[៣៨] ភិក្ខុគិតថា អញនឹងបញ្ចេញទឹកសុក្កពណ៌​ដូចទឹកដោះជូរ ក៏ព្យាយាម (បែរជា) ទឹកសុក្ក​ពណ៌​ដូចទឹកដោះស្រស់ឃ្លាតចេញវិញ ត្រូវអាបត្តិសង្ឃាទិសេស។ ទឹកសុក្កពណ៌​ដូច​ទឹកដោះថ្លា ពណ៌ខៀវ ពណ៌លឿង ពណ៌ក្រហម ពណ៌ស ពណ៌​ដូចទឹកដោះជូរឡើង​ពពុះ ពណ៌​ដូចទឹក។  ភិក្ខុគិតថា អញនឹងបញ្ចេញទឹកសុក្កពណ៌​ដូចប្រេង ក៏ព្យាយាម (បែរជា) ទឹកសុក្ក​ពណ៌​ដូចទឹកដោះស្រស់ឃ្លាតចេញវិញ ត្រូវអាបត្តិសង្ឃាទិសេស។

ដំណើរនៃបិដ្ឋិចក្កទី៨ ចប់។

[៣៩] ភិក្ខុគិតថា អញនឹងបញ្ចេញទឹកសុក្កពណ៌​ដូចទឹកដោះថ្លា ក៏ព្យាយាម (បែរជា) ទឹកសុក្ក​ពណ៌​ដូចទឹកដោះជូរឃ្លាតចេញវិញ ត្រូវអាបត្តិសង្ឃាទិសេស។ ទឹកសុក្កពណ៌ខៀវ ពណ៌លឿង ពណ៌ក្រហម ពណ៌ស ពណ៌​ដូចទឹកដោះជូរឡើង​ពពុះ ពណ៌​ដូចទឹក ពណ៌​ដូច​ប្រេង។  ភិក្ខុគិតថា អញនឹងបញ្ចេញទឹកសុក្កពណ៌​ដូចទឹកដោះស្រស់ ក៏ព្យាយាម (បែរជា) ទឹកសុក្ក​ពណ៌​ដូចទឹកដោះជូរឃ្លាតចេញវិញ ត្រូវអាបត្តិសង្ឃាទិសេស។

ដំណើរនៃបិដ្ឋិចក្កទី៩ ចប់។

[៤០] ភិក្ខុគិតថា អញនឹងបញ្ចេញទឹកសុក្កពណ៌ខៀវ ក៏ព្យាយាម (បែរជា) ទឹកសុក្ក​ពណ៌​ដូចទឹកដោះថ្លាឃ្លាតចេញវិញ ត្រូវអាបត្តិសង្ឃាទិសេស។ ទឹកសុក្កពណ៌លឿង ពណ៌​ក្រហម ពណ៌ស ពណ៌​ដូចទឹកដោះជូរឡើង​ពពុះ ពណ៌​ដូចទឹក ពណ៌​ដូច​ប្រេង ពណ៌​ដូចទឹកដោះស្រស់។  ភិក្ខុគិតថា អញនឹងបញ្ចេញទឹកសុក្កពណ៌​ដូចទឹកដោះជូរ ក៏ព្យាយាម (បែរជា) ទឹកសុក្ក​ពណ៌​ដូចទឹកដោះថ្លាឃ្លាតចេញវិញ ត្រូវអាបត្តិសង្ឃាទិសេស។

ដំណើរនៃបិដ្ឋិចក្កទី១០ ចប់។

បិដ្ឋិចក្ក ចប់​ហើយ​។

[៤១] ភិក្ខុគិត ក៏ព្យាយាម ទាល់តែ​ទឹកសុក្កឃ្លាតចេញ ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុគិត ក៏​ព្យាយាម (ប៉ុន្តែ) ទឹកសុក្កមិន​ឃ្លាតចេញ ត្រូវអាបត្តិថុល្លច្ច័យ។ ភិក្ខុគិត  (តែ​) មិន​ព្យាយាម (ក៏ស្រាប់តែ​) ទឹកសុក្កឃ្លាតចេញឯង មិន​ត្រូវអាបត្តិឡើយ។ ភិក្ខុគិត (តែ​) មិន​ព្យាយាម ទឹកសុក្កក៏មិន​ឃ្លាតចេញ មិន​ត្រូវអាបត្តិឡើយ។ ភិក្ខុមិន​គិតទេ (តែ​) ព្យាយាម ទឹកសុក្ក​ឃ្លាត​ចេញ មិន​ត្រូវអាបត្តិឡើយ។ ភិក្ខុមិន​គិតទេ (តែ​) ព្យាយាម ទឹកសុក្កមិន​ឃ្លាត​ចេញ មិន​ត្រូវ​អាបត្តិ​ឡើយ។ ភិក្ខុមិន​គិត មិន​ព្យាយាម (តែ​) ទឹកសុក្កឃ្លាតចេញ មិន​ត្រូវ​អាបត្តិឡើយ។ ភិក្ខុមិន​គិត មិន​ព្យាយាម ទឹកសុក្កក៏មិន​ឃ្លាតចេញ មិន​ត្រូវ​អាបត្តិ​ឡើយ។

[៤២] (ភិក្ខុ ៦ពួក) គឺ ភិក្ខុយល់សប្តិ ១ ភិក្ខុមិន​មានបំណងឲ្យ​ទឹកសុក្កឃ្លាតចេញ ១ ភិក្ខុ​ឆ្កួត ១ ភិក្ខុមាន​ចិត្តរវើរវាយ ១ ភិក្ខុដែល​ទុក្ខវេទនាគ្របសង្កត់ ១ ភិក្ខុជាអាទិកម្មិក (អ្នកធ្វើខុស​មុន​បញ្ញត្តិ) ១ មិន​ត្រូវអាបត្តិឡើយ។

(មាតិកានុក្រម គឺបញ្ជីរឿងតាមលំដាប់ហូរហែដែល​នឹងសំដែង​តទៅ​​ដូចមានខាងក្រោយ​​នេះ)

[៤៣] រឿង ភិក្ខុយល់សប្តិ ១ ភិក្ខុបន្ទោបង់ឧច្ចារ ១ ភិក្ខុបន្ទោបង់បស្សាវ ១ ភិក្ខុត្រិះរិះ​ចំពោះ​កាមវិតក្ក ១ ភិក្ខុងូតទឹក​ក្តៅ​ ១ ភិក្ខុលាបថ្នាំ ១ ភិក្ខុអេះរមាស់ត្រង់អណ្ឌ ១ ភិក្ខុដើរតាមផ្លូវ ១ ភិក្ខុ​កាន់​ស្បែកចុងអង្គជាត ១ ភិក្ខុកំដៅ​ដម្បារពោះក្នុង​រោងភ្លើង ១ ភិក្ខុដដុសអង្គជាត​នឹងភ្លៅ ១ ភិក្ខុឲ្យ​​សាមណេរកាន់អង្គជាត ១ ភិក្ខុចាប់អង្គជាតសាមណេរកំពុងដេកលក់ ១ ភិក្ខុត្បៀត​អង្គជាត​​នឹង​ភ្លៅ​ទាំងពីរ ១ ភិក្ខុក្តាប់​អង្គជាតនឹងដៃ ១ ភិក្ខុពើងចង្កេះព្ធដ៏​អាកាស ១ ភិក្ខុ​មឹតពត់កាយ ១ ភិក្ខុសំឡឹង​មើល​អង្គជាតមាតុគ្រាម ១ ភិក្ខុបញ្ចូលអង្គជាតក្នុង​ប្រហោងដាន ១ [ប្រហោង ឬរន្ធអ្វីៗ ហៅថា​ប្រហោង​ដាន។] ភិក្ខុដដុសអង្គជាត​នឹងកំណាត់ឈើ ១ ភិក្ខុងូតទឹកក្នុង​ទីច្រាសខ្សែទឹក ១ ភិក្ខុលេង​ទឹក​ដែល​មានល្បាប់ ១ ភិក្ខុស្ទុះចុះទៅ​ក្នុង​ទឹក ១ ភិក្ខុលេងកងធ្វើ​ដោយ​ផ្កា ១ ភិក្ខុស្ទុះចូលទៅ​ក្នុង​​ព្រៃ​ឈូក ១ ភិក្ខុបញ្ចូលអង្គជាត​ក្នុង​ដីខ្សាច់ ១ ភិក្ខុបញ្ចូលអង្គជាត​ក្នុង​ភក់ ១ ភិក្ខុស្រោច​អង្គជាត​នឹង​ទឹក ១ ភិក្ខុផ្ទាប់អង្គជាតនឹងកន្លែងដេក ១ ភិក្ខុដដុសអង្គជាតនឹងមេជើង ១។

[៤៤] សម័យនោះ​ឯង ភិក្ខុ ១ រូប កំពុងយល់សប្តិ អសុចិក៏ឃ្លាតចេញ។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យថា អញត្រូវអាបត្តិសង្ឃាទិសេស​ហើយ​ដឹង។ ទើបភិក្ខុនោះ​ ក្រាបទូល​សេចក្តីនុ៎ះ​ចំពោះ​ព្រះដ៏​មានព្រះភាគ។ ព្រះអង្គត្រាស់ថា ម្នាល​ភិក្ខុ មិន​មានអាបត្តិ​ព្រោះ​យល់សប្តិទេ។

[៤៥] សម័យនោះ​ឯង ភិក្ខុ១រូប កំពុងបន្ទោបង់ឧច្ចារ អសុចិក៏ឃ្លាតចេញ។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យថា អញត្រូវអាបត្តិសង្ឃាទិសេស​ហើយ​ដឹង។ ភិក្ខុនោះ​ ក៏ក្រាបទូល​សេចក្តីនុ៎ះ​ចំពោះ​ព្រះដ៏​មានព្រះភាគ។ ព្រះដ៏​មានព្រះភាគត្រាស់សួរថា ម្នាល​ភិក្ខុ អ្នក​ឯងមានចិត្តគិត​ដូចម្តេច។ ភិក្ខុនោះ​ក្រាបទូលថា សូម​ទ្រង់ព្រះមេត្តាប្រោស ខ្ញុំព្រះអង្គ​មិន​មាន​បំណង​ចង់​ឲ្យ​អសុចិឃ្លាត​ចេញទេ។ ព្រះអង្គត្រាស់ថា ម្នាល​ភិក្ខុ មិន​មានអាបត្តិ​ដល់​ភិក្ខុដែល​មិន​មានប្រាថ្នាឲ្យ​អសុចិឃ្លាតចេញ (នោះ​)ទេ។

[៤៦] សម័យនោះ​ឯង ភិក្ខុមួយរូប កំពុងបន្ទោបង់បស្សាវ អសុចិក៏ឃ្លាតចេញ។ សេចក្តី​សង្ស័យមាន​ដល់​ភិក្ខុនោះ​។បេ។ ព្រះអង្គត្រាស់ថា ម្នាល​ភិក្ខុ មិន​មានអាបត្តិ​ដល់​ភិក្ខុដែល​មិន​មាន​ប្រាថ្នាឲ្យ​អសុចិឃ្លាតចេញ (នោះ​) ទេ។

[៤៧] សម័យនោះ​ឯង ភិក្ខុមួយរូប កំពុងត្រិះរិះចំពោះកាមវិតក្ក អសុចិក៏ឃ្លាតចេញ។ សេចក្តី​សង្ស័យមាន​ដល់​ភិក្ខុនោះ​។បេ។ ព្រះអង្គត្រាស់ថា ម្នាល​ភិក្ខុ មិន​មានអាបត្តិ​ដល់​ភិក្ខុដែល​ត្រិះរិះចំពោះកាមវិតក្កទេ។

[៤៨] សម័យនោះ​ឯង ភិក្ខុមួយរូប កំពុងងូតទឹក​ក្តៅ​ អសុចិក៏ឃ្លាតចេញ។ សេចក្តី​សង្ស័យមាន​ដល់​ភិក្ខុនោះ​។បេ។ ព្រះដ៏​មានព្រះភាគត្រាស់សួរថា ម្នាល​ភិក្ខុ អ្នកឯងមាន​ចិត្ត​គិត​​ដូចម្តេច។ ភិក្ខុនោះ​ក្រាបទូលថា បពិត្រព្រះដ៏​មានព្រះភាគ ខ្ញុំព្រះអង្គមិន​មាន​បំណងឲ្យ​​អសុចិ​ឃ្លាតចេញទេ។ ព្រះអង្គត្រាស់ថា ម្នាល​ភិក្ខុ មិន​ត្រូវអាបត្តិ​ដល់​ភិក្ខុដែល​មិន​មាន​បំណងឲ្យ​អសុចិឃ្លាតចេញ (នោះ​) ទេ។ សម័យនោះ​ឯង ភិក្ខុមួយរូប មាន​បំណង​នឹងឲ្យ​អសុចិ​ឃ្លាតចេញ កំពុងតែ​ងូតទឹក​ក្តៅ​ អសុចិក៏ឃ្លាតចេញ។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យ។បេ។ ម្នាល​​ភិក្ខុ អ្នកឯងត្រូវអាបត្តិសង្ឃាទិសេស​ហើយ​។ សម័យនោះ​ឯង ភិក្ខុមួយរូប មានបំណងនឹងឲ្យ​អសុចិ​ឃ្លាតចេញ កំពុងងូតទឹក​ក្តៅ​ដែរ (តែ​) អសុចិមិន​ឃ្លាតចេញ។ ភិក្ខុនោះ​មានសេចក្តីសង្ស័យ។បេ។ ព្រះអង្គត្រាស់ថា ម្នាល​​ភិក្ខុ មិន​ត្រូវ​អាបត្តិសង្ឃាទិសេសទេ ត្រូវតែ​ត្រឹមអាបត្តិថុល្លច្ច័យ។

[៤៩] សម័យនោះ​ឯង ភិក្ខុមួយរូប កើតដម្បៅត្រង់អង្គជាត។ កាលដែល​ភិក្ខុនោះ​​លាប​ថ្នាំដម្បៅ អសុចិ​ក៏ឃ្លាតចេញ។ ភិក្ខុនោះ​មានសេចក្តីសង្ស័យថា អញត្រូវអាបត្តិ​សង្ឃាទិសេស​​​​ហើយ​ទេដឹង។ ក៏ក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏​មានព្រះភាគ។ ព្រះអង្គ​ត្រាស់សួរថា ម្នាល​​ភិក្ខុ អ្នកឯងមានចិត្តគិត​ដូចម្តេច។ ភិក្ខុនោះ​ក្រាបទូលថា បពិត្រព្រះដ៏​មានព្រះភាគ ខ្ញុំព្រះអង្គ​នឹង​មាន​បំណង​ចង់ឲ្យ​​អសុចិឃ្លាតចេញក៏ទេ។ ព្រះអង្គត្រាស់ថា ម្នាល​ភិក្ខុ មិន​ត្រូវអាបត្តិ​ដល់​​ភិក្ខុ​ដែល​​មិន​​មានបំណង​ឲ្យ​អសុចិឃ្លាតចេញ (នោះ​) ទេ។ សម័យនោះ​ឯង ភិក្ខុមួយរូប កើតដម្បៅត្រង់អង្គជាត។ ភិក្ខុនោះ​មានបំណងនឹងឲ្យ​អសុចិឃ្លាតចេញ កាលដែល​​លាប​ថ្នាំដម្បៅ អសុចិ ​[ភិក្ខុដែល​មានអសុចិឃ្លាតចេញនោះ​ ត្រូវអាបត្តិសង្ឃាទិសេស។] ក៏ឃ្លាតចេញ។បេ។ (មានភិក្ខុខ្លះ) អសុចិមិន​ឃ្លាតចេញ។ ភិក្ខុនោះ​​មានសេចក្តីសង្ស័យ។បេ។ ព្រះអង្គត្រាស់ថា ម្នាល​ភិក្ខុ មិន​ត្រូវអាបត្តិ​សង្ឃាទិសេស​ទេ ត្រូវតែ​ត្រឹមអាបត្តិថុល្លច្ច័យ។

[៥០] សម័យនោះ​ឯង ភិក្ខុមួយរូប អេះត្រង់អណ្ឌ [ពងល្វា។] អសុចិ​ក៏ឃ្លាតចេញ។ ភិក្ខុនោះ​​មានសេចក្តីសង្ស័យ។បេ។ ព្រះដ៏​មានព្រះភាគត្រាស់ថា ម្នាល​​ភិក្ខុ មិន​ត្រូវអាបត្តិ​ដល់​​ភិក្ខុ​ដែល​​មិន​​មានបំណងនឹង​ឲ្យ​អសុចិឃ្លាតចេញ (នោះ​) ទេ។ សម័យនោះ​ឯង ភិក្ខុមួយរូប មានបំណងចង់ឲ្យ​អសុចិឃ្លាតចេញ ​ហើយ​អេះអណ្ឌ អសុចិក៏ឃ្លាតចេញ។បេ។ (មានភិក្ខុខ្លះ) អសុចិមិន​ឃ្លាតចេញ។ ភិក្ខុនោះ​មានសេចក្តីសង្ស័យ។បេ។ ម្នាល​ភិក្ខុ មិន​ត្រូវអាបត្តិ​សង្ឃាទិសេស​ទេ ត្រូវតែ​ត្រឹមអាបត្តិថុល្លច្ច័យ។

[៥១] សម័យនោះ​ឯង ភិក្ខុមួយរូប កំពុងដើរទៅ​តាមផ្លូវ អសុចិ​ក៏ឃ្លាតចេញ។ ភិក្ខុនោះ​មានសេចក្តីសង្ស័យ។បេ។ ម្នាល​​ភិក្ខុ មិន​ត្រូវអាបត្តិ​ដល់​​ភិក្ខុ​ដែល​​មិន​​មានបំណងចង់​ឲ្យ​អសុចិឃ្លាតចេញ (នោះ​) ទេ។ សម័យនោះ​ឯង ភិក្ខុមួយរូប មានបំណងចង់ឲ្យ​អសុចិ​ឃ្លាតចេញ កំពុងដើរទៅ​តាមផ្លូវ អសុចិក៏ឃ្លាតចេញ។បេ។ (មានភិក្ខុខ្លះ) អសុចិមិន​ឃ្លាត​ចេញ។ ភិក្ខុនោះ​មានសេចក្តីសង្ស័យ។បេ។ ម្នាល​ភិក្ខុ មិន​ត្រូវអាបត្តិ​សង្ឃាទិសេស​ទេ ត្រូវ​តែ​​ត្រឹមអាបត្តិ​ថុល្លច្ច័យ។

[៥២] សម័យនោះ​ឯង ភិក្ខុមួយរូប កំពុងកាន់ស្បែកខាងចុងនៃអង្គជាត​ធ្វើ​បស្សាវ អសុចិ​ក៏ឃ្លាតចេញ។ ភិក្ខុនោះ​មានសេចក្តីសង្ស័យ។បេ។ ម្នាល​​ភិក្ខុ មិន​ត្រូវអាបត្តិ​ដល់​​ភិក្ខុ​ដែល​​មិន​​មានបំណងនឹង​ឲ្យ​អសុចិឃ្លាតចេញ (នោះ​) ទេ។ សម័យនោះ​ឯង ភិក្ខុមួយរូប មានបំណងចង់ឲ្យ​អសុចិឃ្លាតចេញ កំពុងចាប់ស្បែកខាងចុងនៃអង្គជាតធ្វើបស្សាវ អសុចិ​ក៏ឃ្លាត​ចេញ។បេ។ (មានភិក្ខុខ្លះ) អសុចិមិន​ឃ្លាតចេញ។ ភិក្ខុនោះ​មានសេចក្តីសង្ស័យ។បេ។ ម្នាល​ភិក្ខុ មិន​ត្រូវអាបត្តិ​សង្ឃាទិសេស​ទេ ត្រូវតែ​ត្រឹមអាបត្តិថុល្លច្ច័យ។

[៥៣] សម័យនោះ​ឯង ភិក្ខុមួយរូប កំពុងកំដៅដំបារពោះក្នុង​រោងភ្លើង អសុចិ​ក៏ឃ្លាត​ចេញ។ ភិក្ខុនោះ​មានសេចក្តីសង្ស័យ។បេ។ ម្នាល​​ភិក្ខុ មិន​ត្រូវអាបត្តិ​ដល់​​ភិក្ខុ​ដែល​​មិន​​មានបំណងចង់​ឲ្យ​អសុចិឃ្លាតចេញ (នោះ​) ទេ។ សម័យនោះ​ឯង ភិក្ខុមួយរូប មានបំណង​ចង់ឲ្យ​​អសុចិឃ្លាតចេញ កំពុងកំដៅដំបារពោះក្នុង​រោងភ្លើង អសុចិក៏ឃ្លាតចេញ។បេ។ (មានភិក្ខុខ្លះ) អសុចិមិន​ឃ្លាតចេញ។ ភិក្ខុនោះ​មានសេចក្តីសង្ស័យ។បេ។ ម្នាល​ភិក្ខុ មិន​ត្រូវអាបត្តិ​សង្ឃាទិសេស​ទេ ត្រូវតែ​ត្រឹមអាបត្តិថុល្លច្ច័យ។

[៥៤] សម័យនោះ​ឯង ភិក្ខុមួយរូប កំពុងគក់ច្របាច់ខ្នងឲ្យ​ឧបជ្ឈាយ៍ក្នុង​រោងភ្លើង អសុចិ​ក៏ឃ្លាតចេញ។ ភិក្ខុនោះ​មានសេចក្តីសង្ស័យ។បេ។ ម្នាល​​ភិក្ខុ មិន​ត្រូវអាបត្តិ​ដល់​​ភិក្ខុ​ដែល​​មិន​​មានបំណងចង់​ឲ្យ​អសុចិឃ្លាតចេញ (នោះ​) ទេ។ សម័យនោះ​ឯង ភិក្ខុមួយរូប មាន​បំណង​​ចង់ឲ្យ​អសុចិឃ្លាតចេញ កំពុងគក់ច្របាច់ខ្នងឲ្យ​ឧបជ្ឈាយ៍ក្នុង​រោងភ្លើង អសុចិក៏​ឃ្លាត​ចេញ។បេ។ (មានភិក្ខុខ្លះ) អសុចិមិន​ឃ្លាតចេញ។ ភិក្ខុនោះ​មានសេចក្តីសង្ស័យ។បេ។ ម្នាល​ភិក្ខុ មិន​ត្រូវអាបត្តិ​សង្ឃាទិសេស​ទេ ត្រូវតែ​ត្រឹមអាបត្តិថុល្លច្ច័យ។

[៥៥] សម័យនោះ​ឯង ភិក្ខុមួយរូប យកអង្គជាតដដុសនឹងភ្លៅ អសុចិ​ក៏ឃ្លាតចេញ។ ភិក្ខុនោះ​មានសេចក្តីសង្ស័យ។បេ។ ម្នាល​​ភិក្ខុ មិន​ត្រូវអាបត្តិ​ដល់​​ភិក្ខុ​ដែល​​មិន​​មានបំណង​ចង់​ឲ្យ​អសុចិឃ្លាតចេញ (នោះ​) ទេ។ សម័យនោះ​ឯង ភិក្ខុមួយរូប មានបំណងចង់ឲ្យ​អសុចិឃ្លាតចេញ ក៏យកអង្គជាតដដុសនឹងភ្លៅ អសុចិក៏ឃ្លាតចេញ។បេ។ (មានភិក្ខុខ្លះ) អសុចិមិន​ឃ្លាតចេញ។ ភិក្ខុនោះ​មានសេចក្តីសង្ស័យ។បេ។ ម្នាល​ភិក្ខុ មិន​ត្រូវអាបត្តិ​សង្ឃាទិសេស​ទេ ត្រូវតែ​ត្រឹមអាបត្តិថុល្លច្ច័យ។

[៥៦] សម័យនោះ​ឯង ភិក្ខុមួយរូប មានបំណងចង់ឲ្យ​អសុចិឃ្លាតចេញ ​បាន​ពោលពាក្យ​នេះនឹងសាមណេរមួយរូបថា នែអាវុសោសាមណេរ អ្នកចូរមក​នេះ ចូរ​កាន់​អង្គជាត​អញ​ចុះ។ សាមណេរនោះ​ ​បាន​កាន់អង្គជាតភិក្ខុនោះ​។ អសុចិរបស់ភិក្ខុនោះ​​ក៏ឃ្លាត​ចេញ។ ភិក្ខុនោះ​មានសេចក្តីសង្ស័យ។បេ។ ម្នាល​​ភិក្ខុ អ្នកឯងត្រូវអាបត្តិ​សង្ឃាទិសេស​​ហើយ​។

[៥៧] សម័យនោះ​ឯង ភិក្ខុមួយរូប ​បាន​ចាប់អង្គជាតសាមណេរដែល​កំពុងដេកលក់។ អសុចិភិក្ខុនោះ​ក៏ឃ្លាតចេញ។ ភិក្ខុនោះ​មានសេចក្តីសង្ស័យ។បេ។ ម្នាល​ភិក្ខុ មិន​ត្រូវអាបត្តិ​សង្ឃាទិសេស​ទេ ត្រូវតែ​ត្រឹមអាបត្តិទុក្កដ។

[៥៨] សម័យនោះ​ឯង ភិក្ខុមួយរូប ត្បៀត​នូវ​អង្គជាត​ដោយ​ភ្លៅទាំងពីរ អសុចិ​ក៏ឃ្លាត​ចេញ។ ភិក្ខុនោះ​មានសេចក្តីសង្ស័យ។បេ។ ម្នាល​​ភិក្ខុ មិន​ត្រូវអាបត្តិ​ដល់​​ភិក្ខុ​ដែល​​មិន​​មាន​បំណងចង់​ឲ្យ​អសុចិឃ្លាតចេញ (នោះ​) ទេ។ សម័យនោះ​ឯង ភិក្ខុមួយរូប មានបំណង​ចង់ឲ្យ​​អសុចិឃ្លាតចេញ ត្បៀត​នូវ​អង្គជាត​ដោយ​ភ្លៅទាំងពីរ អសុចិក៏ឃ្លាតចេញ។បេ។ (មានភិក្ខុខ្លះ) អសុចិមិន​ឃ្លាតចេញ។ ភិក្ខុនោះ​មានសេចក្តីសង្ស័យ។បេ។ ម្នាល​ភិក្ខុ មិន​ត្រូវអាបត្តិ​សង្ឃាទិសេស​ទេ ត្រូវតែ​ត្រឹមអាបត្តិថុល្លច្ច័យ។

[៥៩] សម័យនោះ​ឯង ភិក្ខុមួយរូប ក្តាប់អង្គជាត​ដោយ​កណ្តាប់ដៃ អសុចិ​ឃ្លាតចេញ។ ភិក្ខុនោះ​មានសេចក្តីសង្ស័យ។បេ។ ម្នាល​​ភិក្ខុ មិន​ត្រូវអាបត្តិ​ដល់​​ភិក្ខុ​ដែល​​មិន​​មានបំណង​ចង់​ឲ្យ​អសុចិឃ្លាតចេញ (នោះ​) ទេ។ សម័យនោះ​ឯង ភិក្ខុមួយរូប មានបំណងចង់ឲ្យ​អសុចិឃ្លាតចេញ ក្តាប់អង្គជាត​ដោយ​កណ្តាប់ដៃ អសុចិក៏ឃ្លាតចេញ។បេ។ (មានភិក្ខុខ្លះ) អសុចិមិន​ឃ្លាតចេញ។ ភិក្ខុនោះ​មានសេចក្តីសង្ស័យ។បេ។ ម្នាល​ភិក្ខុ មិន​ត្រូវអាបត្តិ​សង្ឃាទិសេស​ទេ ត្រូវតែ​ត្រឹមអាបត្តិថុល្លច្ច័យ។

[៦០] សម័យនោះ​ឯង ភិក្ខុមួយរូប មានបំណងចង់ឲ្យ​អសុចិឃ្លាតចេញ ប្រឹងបំពើងចង្កេះ​ព្ធដ៏​អាកាស អសុចិក៏ឃ្លាតចេញ។បេ។ (មានភិក្ខុខ្លះ) អសុចិមិន​ឃ្លាតចេញ។ ភិក្ខុនោះ​មាន​សេចក្តី​សង្ស័យ។បេ។ ម្នាល​ភិក្ខុ មិន​ត្រូវអាបត្តិ​សង្ឃាទិសេស​ទេ ត្រូវតែ​ត្រឹមអាបត្តិ​ថុល្លច្ច័យ។

[៦១] សម័យនោះ​ឯង ភិក្ខុមួយរូប ប្រឹងមឹតពត់កាយ អសុចិ​ក៏ឃ្លាតចេញ។ ភិក្ខុនោះ​មានសេចក្តីសង្ស័យ។បេ។ ម្នាល​​ភិក្ខុ មិន​ត្រូវអាបត្តិ​ដល់​​ភិក្ខុ​ដែល​​មិន​​មានបំណងចង់​ឲ្យ​អសុចិឃ្លាតចេញ (នោះ​) ទេ។ សម័យនោះ​ឯង ភិក្ខុមួយរូប មានបំណងចង់ឲ្យ​អសុចិ​ឃ្លាតចេញ ប្រឹងមឹតពត់កាយ អសុចិក៏ឃ្លាតចេញ។បេ។ (មានភិក្ខុខ្លះ) អសុចិមិន​ឃ្លាត​ចេញ។ ភិក្ខុនោះ​មានសេចក្តីសង្ស័យ។បេ។ ម្នាល​ភិក្ខុ មិន​ត្រូវអាបត្តិ​សង្ឃាទិសេស​ទេ ត្រូវតែ​ត្រឹមអាបត្តិថុល្លច្ច័យ។

[៦២] សម័យនោះ​ឯង ភិក្ខុមួយរូប ត្រេកអរ សំឡឹងមើលអង្គជាតមាតុគ្រាម។ អសុចិ​ភិក្ខុ​នោះ​​ក៏ឃ្លាតចេញ។ ភិក្ខុនោះ​មានសេចក្តីសង្ស័យ។បេ។ ម្នាល​​ភិក្ខុ មិន​ត្រូវអាបត្តិ​សង្ឃាទិសេស​ទេ ម្នាល​ភិក្ខុទាំងឡាយ តែ​ថាភិក្ខុមិន​គួរត្រេកអរ សំឡឹងមើលអង្គជាត​មាតុគ្រាមឡើយ ភិក្ខុណា​សំឡឹងមើល ភិក្ខុនោះ​ត្រូវអាបត្តិទុក្កដ។

[៦៣] សម័យនោះ​ឯង ភិក្ខុមួយរូប មានបំណងចង់ឲ្យ​អសុចិឃ្លាតចេញ ក៏បញ្ចូល​អង្គជាត​ទៅ​នឹងប្រហោងដាន អសុចិក៏ឃ្លាតចេញ។បេ។ (មានភិក្ខុខ្លះ) អសុចិមិន​ឃ្លាតចេញ។ ភិក្ខុនោះ​​មានសេចក្តីសង្ស័យ។បេ។ ម្នាល​ភិក្ខុ មិន​ត្រូវអាបត្តិ​សង្ឃាទិសេស​ទេ ត្រូវតែ​ត្រឹម​អាបត្តិថុល្លច្ច័យ។

[៦៤] សម័យនោះ​ឯង ភិក្ខុមួយរូប មានបំណងចង់ឲ្យ​អសុចិឃ្លាតចេញ ដដុសអង្គជាតនឹង​កំណាត់ឈើ អសុចិក៏ឃ្លាតចេញ។បេ។ (មានភិក្ខុខ្លះ) អសុចិមិន​ឃ្លាតចេញ។ ភិក្ខុនោះ​មានសេចក្តីសង្ស័យ។បេ។ ម្នាល​ភិក្ខុ មិន​ត្រូវអាបត្តិ​សង្ឃាទិសេស​ទេ ត្រូវតែ​ត្រឹមអាបត្តិ​ថុល្លច្ច័យ។

[៦៥] សម័យនោះ​ឯង ភិក្ខុមួយរូប ងូតទឹកក្នុង​ទីច្រាសខ្សែទឹក អសុចិ​ក៏ឃ្លាតចេញ។ ភិក្ខុនោះ​មានសេចក្តីសង្ស័យ។បេ។ ម្នាល​​ភិក្ខុ មិន​ត្រូវអាបត្តិ​ដល់​​ភិក្ខុ​ដែល​​មិន​​មានបំណង​នឹង​ឲ្យ​អសុចិឃ្លាតចេញ (នោះ​) ទេ។ សម័យនោះ​ឯង ភិក្ខុមួយរូប មានបំណងចង់ឲ្យ​អសុចិឃ្លាតចេញ ងូតទឹកក្នុង​ទីច្រាសខ្សែទឹក អសុចិក៏ឃ្លាតចេញ។បេ។ (មានភិក្ខុខ្លះ) អសុចិមិន​ឃ្លាតចេញ។ ភិក្ខុនោះ​មានសេចក្តីសង្ស័យ។បេ។ ម្នាល​ភិក្ខុ មិន​ត្រូវអាបត្តិ​សង្ឃាទិសេស​ទេ ត្រូវតែ​ត្រឹមអាបត្តិថុល្លច្ច័យ។

[៦៦] សម័យនោះ​ឯង ភិក្ខុមួយរូប លេងទឹកដែល​មានល្បាប់ អសុចិ​ក៏ឃ្លាតចេញ។ ភិក្ខុនោះ​មានសេចក្តីសង្ស័យ។បេ។ ម្នាល​​ភិក្ខុ មិន​ត្រូវអាបត្តិ​ដល់​​ភិក្ខុ​ដែល​​មិន​​មានបំណង​ចង់​ឲ្យ​អសុចិឃ្លាតចេញ (នោះ​) ទេ។ សម័យនោះ​ឯង ភិក្ខុមួយរូប មានបំណងចង់ឲ្យ​អសុចិឃ្លាតចេញ លេងទឹកដែល​មានល្បាប់ អសុចិក៏ឃ្លាតចេញ។បេ។ (មានភិក្ខុខ្លះ) អសុចិមិន​ឃ្លាតចេញ។ ភិក្ខុនោះ​មានសេចក្តីសង្ស័យ។បេ។ ម្នាល​ភិក្ខុ មិន​ត្រូវអាបត្តិ​សង្ឃាទិសេស​ទេ ត្រូវតែ​ត្រឹមអាបត្តិថុល្លច្ច័យ។

[៦៧] សម័យនោះ​ឯង ភិក្ខុមួយរូប ស្ទុះចុះទៅ​ក្នុង​ទឹក អសុចិ​ក៏ឃ្លាតចេញ។ ភិក្ខុនោះ​មានសេចក្តីសង្ស័យ។បេ។ ម្នាល​​ភិក្ខុ មិន​ត្រូវអាបត្តិ​ដល់​​ភិក្ខុ​ដែល​​មិន​​មានបំណងចង់​ឲ្យ​អសុចិឃ្លាតចេញ (នោះ​) ទេ។ សម័យនោះ​ឯង ភិក្ខុមួយរូប មានបំណងចង់ឲ្យ​អសុចិឃ្លាតចេញ ស្ទុះចុះទៅ​ក្នុង​ទឹក អសុចិក៏ឃ្លាតចេញ។បេ។ (មានភិក្ខុខ្លះ) អសុចិមិន​ឃ្លាតចេញ។ ភិក្ខុនោះ​​មានសេចក្តីសង្ស័យ។បេ។ ម្នាល​ភិក្ខុ មិន​ត្រូវអាបត្តិ​សង្ឃាទិសេស​ទេ ត្រូវតែ​ត្រឹមអាបត្តិថុល្លច្ច័យ។

[៦៨] សម័យនោះ​ឯង ភិក្ខុមួយរូប លេងកងផ្កា អសុចិ​ក៏ឃ្លាតចេញ។ ភិក្ខុនោះ​មាន​សេចក្តី​សង្ស័យ។បេ។ ម្នាល​​ភិក្ខុ មិន​ត្រូវអាបត្តិ​ដល់​​ភិក្ខុ​ដែល​​មិន​​មានបំណងចង់​ឲ្យ​អសុចិឃ្លាត​ចេញ (នោះ​) ទេ។ សម័យនោះ​ឯង ភិក្ខុមួយរូប មានបំណងចង់ឲ្យ​អសុចិឃ្លាតចេញ លេងកងធ្វើ​ដោយ​ផ្កា អសុចិក៏ឃ្លាតចេញ។បេ។ (មានភិក្ខុខ្លះ) អសុចិមិន​ឃ្លាតចេញ។ ភិក្ខុនោះ​​មាន​សេចក្តីសង្ស័យ។បេ។ ម្នាល​ភិក្ខុ មិន​ត្រូវអាបត្តិ​សង្ឃាទិសេស​ទេ ត្រូវតែ​ត្រឹម​អាបត្តិថុល្លច្ច័យ។

[៦៩] សម័យនោះ​ឯង ភិក្ខុមួយរូប ស្ទុះចូលទៅ​ក្នុង​ព្រៃឈូក អសុចិ​ក៏ឃ្លាតចេញ។ ភិក្ខុនោះ​មានសេចក្តីសង្ស័យ។បេ។ ម្នាល​​ភិក្ខុ មិន​ត្រូវអាបត្តិ​ដល់​​ភិក្ខុ​ដែល​​មិន​​មានបំណង​ចង់​ឲ្យ​អសុចិឃ្លាតចេញ (នោះ​) ទេ។ សម័យនោះ​ឯង ភិក្ខុមួយរូប មានបំណងចង់ឲ្យ​អសុចិឃ្លាតចេញ ស្ទុះចូលទៅ​ក្នុង​ព្រៃឈូក អសុចិក៏ឃ្លាតចេញ។បេ។ (មានភិក្ខុខ្លះ) អសុចិមិន​ឃ្លាតចេញ។ ភិក្ខុនោះ​មានសេចក្តីសង្ស័យ។បេ។ ម្នាល​ភិក្ខុ មិន​ត្រូវអាបត្តិ​សង្ឃាទិសេស​ទេ ត្រូវតែ​ត្រឹមអាបត្តិថុល្លច្ច័យ។

[៧០] សម័យនោះ​ឯង ភិក្ខុមួយរូប មានបំណងចង់ឲ្យ​អសុចិឃ្លាតចេញ ដាក់បញ្ចូល​អង្គជាតទៅ​ក្នុង​ដីខ្សាច់ អសុចិក៏ឃ្លាតចេញ។បេ។ (មានភិក្ខុខ្លះ) អសុចិមិន​ឃ្លាតចេញ។ ភិក្ខុនោះ​មានសេចក្តីសង្ស័យ។បេ។ ម្នាល​ភិក្ខុ មិន​ត្រូវអាបត្តិ​សង្ឃាទិសេស​ទេ ត្រូវតែ​ត្រឹម​អាបត្តិថុល្លច្ច័យ។

[៧១] សម័យនោះ​ឯង ភិក្ខុមួយរូប មានបំណងចង់ឲ្យ​អសុចិឃ្លាតចេញ ដាក់បញ្ចូល​អង្គជាតទៅ​ក្នុង​ភក់ អសុចិក៏ឃ្លាតចេញ។បេ។ (មានភិក្ខុខ្លះ) អសុចិមិន​ឃ្លាតចេញ។ ភិក្ខុនោះ​​មានសេចក្តីសង្ស័យ។បេ។ ម្នាល​ភិក្ខុ មិន​ត្រូវអាបត្តិ​សង្ឃាទិសេស​ទេ ត្រូវតែ​ត្រឹមអាបត្តិថុល្លច្ច័យ។

[៧២] សម័យនោះ​ឯង ភិក្ខុមួយរូប ស្រោចអង្គជាត​ដោយ​ទឹក អសុចិ​ក៏ឃ្លាតចេញ។ ភិក្ខុនោះ​មានសេចក្តីសង្ស័យ។បេ។ ម្នាល​​ភិក្ខុ មិន​ត្រូវអាបត្តិ​ដល់​​ភិក្ខុ​ដែល​​មិន​​មានបំណង​ចង់​ឲ្យ​អសុចិឃ្លាតចេញ (នោះ​) ទេ។ សម័យនោះ​ឯង ភិក្ខុមួយរូប មានបំណងចង់ឲ្យ​អសុចិឃ្លាតចេញ ស្រោចអង្គជាត​ដោយ​ទឹក អសុចិក៏ឃ្លាតចេញ។បេ។ (មានភិក្ខុខ្លះ) អសុចិមិន​ឃ្លាតចេញ។ ភិក្ខុនោះ​មានសេចក្តីសង្ស័យ។បេ។ ម្នាល​ភិក្ខុ មិន​ត្រូវអាបត្តិ​សង្ឃាទិសេស​ទេ ត្រូវតែ​ត្រឹមអាបត្តិថុល្លច្ច័យ។

[៧៣] សម័យនោះ​ឯង ភិក្ខុមួយរូប មានបំណងចង់ឲ្យ​អសុចិឃ្លាតចេញ ផ្ទប់អង្គជាត​លើទី​ដេក អសុចិក៏ឃ្លាតចេញ។បេ។ (មានភិក្ខុខ្លះ) អសុចិមិន​ឃ្លាតចេញ។ ភិក្ខុនោះ​​មានសេចក្តី​សង្ស័យ។បេ។ ម្នាល​ភិក្ខុ មិន​ត្រូវអាបត្តិ​សង្ឃាទិសេស​ទេ ត្រូវតែ​ត្រឹមអាបត្តិថុល្លច្ច័យ។

[៧៤] សម័យនោះ​ឯង ភិក្ខុមួយរូប មានបំណងចង់ឲ្យ​អសុចិឃ្លាតចេញ ដដុសអង្គជាត​នឹង​មេជើង អសុចិក៏ឃ្លាតចេញ ភិក្ខុនោះ​មានសេចក្តីសង្ស័យថា អញត្រូវអាបត្តិសង្ឃាទិសេស​​ហើយ​​ទេដឹង។ ក៏ក្រាបទូលដំណើរនុ៎ះ​ចំពោះព្រះដ៏​មានព្រះភាគ។ ព្រះដ៏​មានព្រះភាគ​ត្រាស់​ថា ម្នាល​ភិក្ខុ អ្នកឯងត្រូវអាបត្តិសង្ឃាទិសេស​ហើយ​។ សម័យនោះ​ឯង ភិក្ខុមួយរូប មានបំណង​ចង់​ឲ្យ​​អសុចិឃ្លាតចេញ ដដុស​អង្គជាត​នឹងមេជើង អសុចិ​មិន​ឃ្លាតចេញ។ ភិក្ខុនោះ​មាន​សេចក្តី​សង្ស័យថា អញត្រូវអាបត្តិសង្ឃាទិសេស​​ហើយ​​ទេដឹង។ ក៏ក្រាបទូល​ដំណើរ​នុ៎ះ​ចំពោះ​ព្រះដ៏​មានព្រះភាគ។ ​ទ្រង់ត្រាស់ថា ម្នាល​ភិក្ខុ មិន​ត្រូវអាបត្តិ​សង្ឃាទិសេស​​ទេ ត្រូវតែ​ត្រឹម​អាបត្តិថុល្លច្ច័យ។

សង្ឃាទិសេសទី១ ចប់។

សង្ឃាទិសេសទី២

[៧៥] សម័យនោះ​ ព្រះពុទ្ធដ៏​មានព្រះភាគ គង់នៅក្នុង​វត្តជេតពនរបស់អនាថបិណ្ឌិក​សេដ្ឋី ជិតក្រុងសាវត្ថី។ សម័យនោះ​ឯង ឧទាយិភិក្ខុដ៏​មានអាយុ សម្រេចឥរិយាបថ​នៅក្នុង​ព្រៃ។ លំនៅ​ឧទាយិ​ភិក្ខុដ៏​មានអាយុនោះ​ ល្អគួរឲ្យ​ចង់មើល គួរឲ្យ​ជ្រះថ្លា មានបន្ទប់ខាងក្នុង​ មាន​របៀង​​ជុំវិញ គ្រែ តាំង ពូក ខ្នើយ ក៏រៀបចំល្អ ទឹកសម្រាប់ឆាន់ និង​ទឹក​សម្រាប់​ប្រើប្រាស់ក៏ដម្កល់​ទុកស្រួល ទាំងទីបរិវេណសោតក៏បោសរលីងស្អាត។ មានមនុស្ស​ជាច្រើន​នាក់ ដែល​ត្រូវការ​មើល​លំនៅ​របស់​ឧទាយិ​ភិក្ខុដ៏​មានអាយុ ក៏តែ​ង​តែ​មកមើល។ (កាលនោះ​) មានព្រាហ្មណ៍ម្នាក់​នាំប្រពន្ធ​ចូល​ទៅ​រកឧទាយិភិក្ខុដ៏​មានអាយុ លុះ​ចូលទៅ​​ដល់​​ហើយ​ ក៏​និយាយ​នឹងឧទាយិដ៏​មានអាយុថា យើង​ខ្ញុំចង់មើល​លំនៅរបស់​លោកម្ចាស់​ឧទាយិ។ ឧទាយិ​ក៏​និយាយ​តបថា ម្នាល​ព្រាហ្មណ៍ បើ​ដូច្នោះ អ្នកចូរមើលចុះ (ថា​ហើយ​) ក៏កាន់កូនសោរ ដកគន្លឹះ​ហើយ​ច្រានសន្ទះទ្វារ ចូលទៅ​កាន់កុដិ​លំនៅ។ ឯព្រាហ្មណ៍នោះ​ឯង ក៏ដើរចូលទៅ​តាម​ក្រោយឧទាយិដ៏​មានអាយុទៅ​។ ចំណែកខាង​​នាង​ព្រាហ្មណីនោះ​ឯង ក៏ដើរចូល​តាមក្រោយ​ព្រាហ្មណ៍នោះ​ទៅ​។ គ្រានោះ​ឯង ឧទាយិដ៏​មានអាយុ ក៏បើ​ក​បង្អួច​កន្លែងខ្លះ បិទបង្អួចកន្លែងខ្លះ ដើរក្រឡឹងតាមបន្ទប់​ហើយ​ មកពី​ក្រោយខ្នង ​ហើយ​ក៏ស្ទាបអង្អែលអវយវតូចធំ​នៃនាង​ព្រាហ្មណី​នោះ​។ គ្រានោះ​ឯង ព្រាហ្មណ៍នោះ​​និយាយ​រួសរាយ​ជាមួយនឹងឧទាយិដ៏​មានអាយុ ​ហើយ​​ក៏លាទៅ​។ លំដាប់តមក ព្រាហ្មណ៍នោះ​​ពេញចិត្ត ក៏បញ្ចេញ​វាចា​តាមសេចក្តី​ពេញចិត្ត​ថា ពួកសមណដែល​នៅក្នុង​ព្រៃមានសភាព​យ៉ាង​នេះ សុទ្ធសឹង​តែ​ពួកសមណ ជាកូន​ចៅ​ព្រះពុទ្ធ ជាសក្យបុត្រថ្កុំថ្កើងណាស់ លោក​ឧទាយិ​ដែល​នៅក្នុង​ព្រៃ មានសភាពយ៉ាង​នេះ លោក​ឧទាយិដ៏​ចំរើននុ៎ះក៏ថ្កុំថ្កើងដែរ។ កាលបើ​ព្រាហ្មណ៍​ពោល​ពាក្យសរសើរយ៉ាង​នេះ​ហើយ​ នាងព្រាហ្មណីនោះ​​បាន​ពោល​ពាក្យ​​នេះនឹងព្រាហ្មណ៍នោះ​​ថា សេចក្តីថ្កុំថ្កើង​របស់​លោក​ឧទាយិ​នោះ​មានពីណា (ឥត​មាន​ថ្កុំថ្កើងអ្វីទេ) ខ្លួនអ្នកស្ទាប​អង្អែល​អវយវតូច​ធំរបស់​ខ្ញុំយ៉ាង​ណា សមណឈ្មោះ​ឧទាយិ ក៏ស្ទាប​អង្អែល​អវយវតូចធំ​របស់ខ្ញុំ​យ៉ាង​នោះ​​ដែរ។ គ្រានោះ​ឯង ព្រាហ្មណ៍​នោះ​ ក៏និយាយ​ពោលទោស ដៀលត្មះថា សមណជាកូនចៅព្រះ​ពុទ្ធ ជា​សក្យបុត្រ​ពួក​នេះមិន​មានខ្មាស ជាមនុស្សទ្រុស្តសីល តែ​ងពោលពាក្យមុសា ព្រោះ​សមណ​អម្បាល​នេះ ប្តេជ្ញាខ្លួនថា យើងសុទ្ធតែ​ជាអ្នកប្រព្រឹត្តធម៌​ ប្រព្រឹត្តស្មើ ប្រព្រឹត្តព្រហ្មចារ្យ ពោលតែ​​ពាក្យ​សត្យ ជាអ្នកមានសីល មានធម៌ល្អ (ឥឡូវ​នេះ) សាមញ្ញគុណរបស់សមណពួក​នេះ​មិន​មាន​ទេ ព្រហ្មញ្ញគុណរបស់សមណពួក​នេះមិន​មានទេ សាមញ្ញគុណរបស់​សមណពួក​​នេះ​វិនាស​ហើយ​ ព្រហ្មញ្ញគុណរបស់សមណពួក​នេះវិនាសអស់​ហើយ​ សាមញ្ញគុណរបស់សមណ​ពួក​​នេះ​មានពីណា ព្រហ្មញ្ញគុណ​របស់សមណពួក​នេះមានពីណា សមណពួក​នេះ​ឃ្លាត​ផុត​ចាក​​សាមញ្ញគុណអស់​ហើយ​ សមណពួក​នេះ​ឃ្លាត​ផុត​ចាក​​ព្រហ្មញ្ញគុណអស់​ហើយ​ ​ដូចយ៉ាង សមណ​ឈ្មោះ​ឧទាយិ ហ៊ានស្ទាបអង្អែលអវយវតូចធំរបស់ភរិយាអញទៅ​​ហើយ​ ពួកស្ត្រីក្នុង​ត្រកូល  [ស្ត្រីជាម្ចាស់ផ្ទះ ឬស្ត្រីមេផ្ទះ (អដ្ឋកថា)។] ធីតារបស់ត្រកូល កុមារី​របស់​ត្រកូល ស្ត្រីជា​កូនប្រសារបស់ត្រកូល ទាសីរបស់ត្រកូលទាំងឡាយ ម្តេចនឹងហ៊ាន​ទៅ​កាន់អារាម ឬវិហារ​​បាន​ ព្រោះថា បើ​ពួកស្រ្តីក្នុង​ត្រកូល ធីតារបស់ត្រកូល កុមារីរបស់​ត្រកូល ស្ត្រីជា​កូនប្រសា​របស់​ត្រកូល ទាសីរបស់ត្រកូលទាំងឡាយខំទៅ​កាន់អារាម ឬវិហារ មុខជា​សមណ​ទាំងឡាយ​ជា​កូនចៅព្រះពុទ្ធ​ ជាសក្យបុត្រនឹងប្រទុស្តចំពោះ​ស្ត្រី​ទាំង​អម្បាល​នោះ​​មិន​ខាន។ ភិក្ខុទាំងឡាយ ក៏​បាន​ឮពាក្យដែល​ព្រាហ្មណ៍ពោលទោស ដៀលត្មះនិយាយដើម (នោះ​)។ ភិក្ខុទាំងឡាយ​ឯណា ដែល​មានសេចក្តី​ប្រាថ្នាតិច ជាអ្នកសន្តោស មានសេចក្តី​អៀន​ខ្មាស​ក្រែងរអែងបាប ពេញចិត្តនឹងការសិក្សា ភិក្ខុ​អម្បាល​នោះ​ ក៏ពោលទោស ត្មះតិះដៀលថា ភិក្ខុ​ឈ្មោះ​ឧទាយិដ៏​មានអាយុមិន​សមបីបើ​នឹងហ៊ាន​ដល់​ស្ទាប​អង្អែល​កាយមាតុគ្រាម​សោះ។ ទើប​ភិក្ខុ​អម្បាល​នោះ​​ក្រាបទូលដំណើរ​នុ៎ះ ចំពោះព្រះដ៏​មានព្រះភាគ។ ព្រោះហេតុដំណើរនុ៎ះ ទើបព្រះ​ដ៏​មាន​ព្រះភាគឲ្យ​ប្រជុំភិក្ខុសង្ឃ ​ហើយ​ត្រាស់សួរ​ចំពោះ​ឧទាយិភិក្ខុដ៏​មានអាយុថា ម្នាល​ឧទាយិ ឮថាអ្នក​ឯងស្ទាបអង្អែលកាយមាតុគ្រាមមែនឬ។ ឧទាយិក្រាបទូលថា បពិត្រព្រះដ៏​មាន​ព្រះភាគ (ដំណើរនុ៎ះ) ពិតមែន។ ព្រះពុទ្ធដ៏​មានជោគ ​ទ្រង់ត្មះតិះដៀលថា ម្នាល​មោឃបុរស អំពើដែល​​អ្នក​ឯង​ធ្វើ មិន​សមគួរ មិន​ត្រូវទំនង មិន​ត្រូវបែប មិន​ជារបស់សមណ មិន​គប្បីសោះ មិន​គួរធ្វើសោះ នែ​មោឃបុរស មិន​គួរបើ​អ្នកឯងនឹងហ៊ាន​ដល់​ស្ទាបអង្អែល​កាយមាតុគ្រាម​សោះ នែមោឃបុរស ធម៌ដែល​តថាគតសំដែង​​ហើយ​​ដោយ​បរិយាយដ៏​ច្រើន (សុទ្ធតែ​) ដើម្បី​ប្រាស​ចាក​តម្រេក មិន​មែន​ដើម្បីប្រកប​ដោយ​តម្រេកឡើយ មិន​មែនឬ។បេ។ ដំណើរ​ស្ងប់​រម្ងាប់​នៃសេចក្តី​ក្តៅ​ក្រហាយព្រោះ​កាមទាំងឡាយ តថាគតក៏​បាន​សំដែង​​ហើយ​ នែមោឃបុរស អំពើ​ដែល​អ្នកឯងធ្វើ​នេះ មិន​មែន​នាំ​ឲ្យ​​កើតសេចក្តី​ជ្រះថ្លា​ដល់​ជនដែល​មិន​ទាន់ជ្រះថ្លាទេ។បេ។ ម្នាល​ភិក្ខុ​ទាំងឡាយ ក៏អ្នកទាំងឡាយ​ត្រូវសំដែង​​សិក្ខាបទ​នេះឡើង​យ៉ាង​នេះថា ភិក្ខុណាមួយ​គឺ​កាមរាគគ្របសង្កត់​ហើយ​ មាន​ចិត្ត​ប្រែ​ប្រួល​ហើយ​ ​ដល់​ព្រម​នូវ​កាយសំសគ្គមួយអន្លើ​ដោយ​មាតុគ្រាម ទោះចាប់ដៃក្តី ចាប់ផ្នួងសក់ក្តី ឬ​ស្ទាបអង្អែល​អវយវត្រង់ណាៗក្តី ភិក្ខុនោះ​ត្រូវ​អាបត្តិសង្ឃាទិសេស។

[៧៦] ត្រង់ពាក្យថា ណាមួយ សេចក្តីថា ឯណា គឺថា ​ដូចជាឯណា។បេ។ ត្រង់ពាក្យថា ភិក្ខុ។បេ។ ភិក្ខុដែល​​បាន​សម្រេច​ឧបសម្បទា​ដោយ​ញត្តិចតុត្ថកម្មវាចាដ៏​ត្រឹមត្រូវ តថាគត​សំដៅ​យក​ឲ្យ​​ឈ្មោះ​ថាភិក្ខុ ក្នុង​អត្ថ​នេះ។ ភិក្ខុដែល​ត្រេកអរ មានសេចក្តីអាឡោះអាល័យ មានចិត្ត​ប្រតិព័ទ្ធ ហៅថា (ភិក្ខុ) គឺកាមរាគគ្របសង្កត់​ហើយ​។ ត្រង់ពាក្យថា ប្រែប្រួល​ហើយ​ សេចក្តីថា ចិត្តដែល​​ត្រេកអរក៏ហៅថា ប្រែប្រួល​ហើយ​ ចិត្តដែល​ខឹង ក៏ហៅថា​ប្រែប្រួល​ហើយ​ ចិត្តដែល​​វង្វេង ក៏ហៅថាប្រែប្រួល​ហើយ​ ប៉ុន្តែក្នុង​អត្ថ​នេះ តថាគត​សំដៅយកចិត្តដែល​ត្រេកអរ ឲ្យ​ឈ្មោះ​ថា ចិត្ត​ប្រែប្រួល​ហើយ​។ មនុស្សស្រី ហៅថា មាតុគ្រាម ឯយក្សស្រី ប្រេតស្រី សត្វតិរច្ឆានញី មិន​ហៅថា មាតុគ្រាមទេ (ក្នុង​សិក្ខាបទ​នេះ) ​ដោយ​ហោចទៅ​ ទោះក្មេងស្រ្តីសូម្បីកើតក្នុង​ថ្ងៃនោះ​ ក៏ហៅថា មាតុគ្រាមដែរ មិន​បាច់ពោល​ដល់​ស្ត្រីដែល​ធំជាងនោះ​ទេ។ ត្រង់ពាក្យថា មួយអន្លើ គឺជាមួយគ្នា។ សេចក្តី​ប្រព្រឹត្តល្មើស តថាគតហៅថា គប្បី​ដល់​ព្រម​ដោយ​កាយសំសគ្គ។ សរីរប្រទេសរាប់​តាំង​ពីត្រឹមដុំដៃដរាប​ដល់​ចុងក្រចក ហៅថាដៃ។ សក់សុទ្ធក្តី សក់លាយ​ដោយ​អម្បោះក្តី លាយ​​ដោយ​​ផ្កាកម្រងក្តី លាយ​ដោយ​ប្រាក់ក្តី លាយ​ដោយ​មាសក្តី លាយ​ដោយ​កែវមុក្តាក្តី លាយ​ដោយ​​កែវមណីក្តី ហៅថាផ្នួងសក់។ ត្រង់ពាក្យថាអវយវ (នោះ​) គឺ សរីរដ៏​សេស លើកលែងតែ​ដៃ​ និង​ផ្នួងសក់ចេញ ហៅថា អវយវ។

[៧៧] (ប្រភេទ១២យ៉ាង) គឺ កិរិយាស្ទាប អង្អែល ស្ទាប់ចុះ ស្ទាបឡើង ផ្ងុបចុះ ផ្ងើយឡើង ទាញមក ទាញត្រឡប់ ចាប់សង្កត់ ចាប់ឈ្លេច កាន់ ពាល់។

[៧៨] កិរិយាគ្រាន់តែ​លូកពាល់ ហៅថា ស្ទាប។ កិរិយាស្ទាបបន្ថើរពីខាង​នេះខាងនោះ​ ហៅថា អង្អែល។ កិរិយាពាល់ចុះក្រោម ហៅថា ស្ទាបចុះ។ កិរិយាពាល់ខាងលើ ហៅថា ស្ទាប​ឡើង។ កិរិយាចាប់បន្ទន់ទៅ​ក្រោម ហៅថា ផ្ងុបចុះ។ កិរិយា​ចាប់ផ្ងាទៅ​ខាងលើ ហៅថា ផ្ងើយ​ឡើង។ កិរិយាទាញចូលមក ហៅថា ទាញមក។ កិរិយាបង្អោន​ត្រឡប់ (ទាញពីក្រោយ) ហៅថា ទាញត្រឡប់។ កិរិយាចាប់អវយវ​ហើយ​ច្របាច់ឈ្លេច ហៅថា ចាប់សង្កត់។ កិរិយាត្បៀត គាប​ដោយ​អវយវណានីមួយ ហៅថា ចាប់ឈ្លេច។ កិរិយា​គ្រាន់​តែ​ចាប់ ហៅថាកាន់។ កិរិយា​ប៉ះ​ត្រូវ ហៅថាពាល់។

[៧៩] ត្រង់ពាក្យថា សង្ឃាទិសេស (សេចក្តីក្នុង​បេយ្យាល មានអធិប្បាយក្នុង​សង្ឃាទិសេស​​ទី១ រួច​ហើយ​)។

[៨០] មនុស្សស្រីពិត ភិក្ខុសំគាល់ថាជាស្រី មានសេចក្តីត្រេកអរ ក៏យកកាយ (ខ្លួន) ស្ទាប ​អង្អែល​ ស្ទាបចុះ ស្ទាបឡើង ផ្ងុបចុះ ផ្ងើយឡើង ទាញមក ទាញត្រឡប់ ចាប់សង្កត់ ចាប់ឈ្លេច កាន់ ពាល់ កាយស្រីនោះ​ ត្រូវអាបត្តិសង្ឃាទិសេស។ មនុស្សស្រីពិត តែ​ភិក្ខុមានសេចក្តីសង្ស័យ ត្រេកអរ ក៏យកកាយស្ទាប អង្អែល។បេ។ កាន់ ពាល់ កាយស្រីនោះ​ ត្រូវអាបត្តិថុល្លច្ច័យ។ មនុស្សស្រីពិត ភិក្ខុសំគាល់ថាខ្ទើយ ត្រេកអរ ក៏យកកាយស្ទាប អង្អែល។បេ។ កាន់ ពាល់ កាយស្រីនោះ​ ត្រូវអាបត្តិថុល្លច្ច័យ។ មនុស្សស្រីពិត តែ​ភិក្ខុសំគាល់ថាប្រុស ត្រេកអរ ក៏យកកាយស្ទាប អង្អែល។បេ។ កាន់ ពាល់ កាយស្រីនោះ​ ត្រូវអាបត្តិថុល្លច្ច័យ។ មនុស្សស្រីពិត តែ​ភិក្ខុសំគាល់ថាសត្វតិរច្ឆាន ត្រេកអរ ក៏យកកាយស្ទាប អង្អែល។បេ។ កាន់ ពាល់ កាយស្រីនោះ​ ត្រូវអាបត្តិថុល្លច្ច័យ។ មនុស្សខ្ទើយពិត ភិក្ខុក៏សំគាល់ថាជាខ្ទើយ ត្រេកអរ ក៏យកកាយស្ទាប អង្អែល។បេ។ កាន់ ពាល់ កាយមនុស្សខ្ទើយនោះ​ ត្រូវអាបត្តិថុល្លច្ច័យ។ មនុស្សខ្ទើយពិត តែ​ភិក្ខុសង្ស័យ ត្រេកអរ ក៏យកកាយស្ទាប អង្អែល។បេ។ កាន់ ពាល់ កាយមនុស្សខ្ទើយនោះ​ ត្រូវអាបត្តិទុក្កដ។ មនុស្សខ្ទើយពិត តែ​ភិក្ខុសំគាល់ថាប្រុស ត្រេកអរ ក៏យកកាយស្ទាប អង្អែល។បេ។ កាន់ ពាល់ កាយមនុស្សខ្ទើយនោះ​ ត្រូវអាបត្តិទុក្កដ។ មនុស្សខ្ទើយពិត តែ​ភិក្ខុសំគាល់ថាសត្វតិរច្ឆាន ត្រេកអរ ក៏យកកាយស្ទាប អង្អែល។បេ។ កាន់ ពាល់ កាយមនុស្សខ្ទើយនោះ​ ត្រូវអាបត្តិទុក្កដ។ មនុស្សខ្ទើយពិត តែ​ភិក្ខុសំគាល់ថាស្រី ត្រេកអរ ក៏យកកាយស្ទាប អង្អែល។បេ។ កាន់ ពាល់ កាយមនុស្សខ្ទើយនោះ​ ត្រូវអាបត្តិទុក្កដ។ មនុស្សប្រុសពិត ភិក្ខុសំគាល់ថាប្រុស ត្រេកអរ ក៏យកកាយស្ទាប អង្អែល។បេ។ កាន់ ពាល់ កាយប្រុសនោះ​ ត្រូវអាបត្តិទុក្កដ។ មនុស្សប្រុសពិត តែ​ភិក្ខុសង្ស័យ ត្រេកអរ ក៏យកកាយស្ទាប អង្អែល។បេ។ កាន់ ពាល់ កាយប្រុសនោះ​ ត្រូវអាបត្តិទុក្កដ។ មនុស្សប្រុសពិត តែ​ភិក្ខុសំគាល់ថា​សត្វតិរច្ឆាន ត្រេកអរ ក៏យកកាយស្ទាប អង្អែល។បេ។ កាន់ ពាល់ កាយប្រុសនោះ​ ត្រូវអាបត្តិទុក្កដ។ មនុស្សប្រុសពិត តែ​ភិក្ខុសំគាល់ថា​ស្រី ត្រេកអរ ក៏យកកាយស្ទាប អង្អែល។បេ។ កាន់ ពាល់ កាយប្រុសនោះ​ ត្រូវអាបត្តិទុក្កដ។ មនុស្សប្រុសពិត តែ​ភិក្ខុសំគាល់ថាខ្ទើយ ត្រេកអរ ក៏យកកាយស្ទាប អង្អែល។បេ។ កាន់ ពាល់ កាយប្រុសនោះ​ ត្រូវអាបត្តិទុក្កដ។ សត្វតិរច្ឆាន​ឈ្មោលពិត ភិក្ខុសំគាល់​ថា​សត្វ​តិរច្ឆានឈ្មោល ត្រេកអរ ក៏យកកាយស្ទាប អង្អែល។បេ។ កាន់ ពាល់ កាយ​សត្វតិរច្ឆាន​នោះ​ ត្រូវអាបត្តិទុក្កដ។ សត្វតិរច្ឆាន​ឈ្មោលពិត តែ​ភិក្ខុសង្ស័យ ត្រេកអរ ក៏យកកាយស្ទាប អង្អែល។បេ។ កាន់ ពាល់ កាយសត្វតិរច្ឆាននោះ​ ត្រូវអាបត្តិទុក្កដ។ សត្វតិរច្ឆាន​ឈ្មោលពិត តែ​ភិក្ខុសំគាល់ថាមនុស្សស្រី ត្រេកអរ ក៏យកកាយស្ទាប អង្អែល។បេ។ កាន់ ពាល់ កាយសត្វតិរច្ឆានឈ្មោលនោះ​ ត្រូវអាបត្តិទុក្កដ។ សត្វតិរច្ឆាន​ឈ្មោលពិត តែ​ភិក្ខុសំគាល់ថាខ្ទើយ ត្រេកអរ ក៏យកកាយស្ទាប អង្អែល។បេ។ កាន់ ពាល់ កាយ​សត្វតិរច្ឆានឈ្មោលនោះ​ ត្រូវអាបត្តិទុក្កដ។ សត្វតិរច្ឆាន​ឈ្មោលពិត តែ​ភិក្ខុសំគាល់​ថា​មនុស្សប្រុស ត្រេកអរ ក៏យកកាយស្ទាប អង្អែល។បេ។ កាន់ ពាល់ កាយសត្វតិរច្ឆាននោះ​ ត្រូវអាបត្តិទុក្កដ។

[៨១] ស្រីពីរនាក់ ភិក្ខុសំគាល់ថាជាស្រីទាំងពីរនាក់ ត្រេកអរ ក៏យកកាយ ស្ទាប ​អង្អែល។បេ។​ កាន់ ពាល់ កាយស្រីទាំងពីរនាក់នោះ​ ត្រូវអាបត្តិសង្ឃាទិសេសពីរ។ ស្រីពីរនាក់ ភិក្ខុ​សង្ស័យ​នឹង​ស្រីទាំងពីរនាក់ ត្រេកអរ ក៏យកកាយ ស្ទាប ​អង្អែល។បេ។​ កាន់ ពាល់ កាយស្រី​ទាំងពីរនាក់នោះ​ ត្រូវអាបត្តិថុល្លច្ច័យពីរ។ ស្រីពីរនាក់ ភិក្ខុសំគាល់ស្រីទាំងពីរ​នាក់ថា​​ជា​ខ្ទើយ។បេ។ ស្រីពីរនាក់ ភិក្ខុសំគាល់ស្រីទាំងពីរនាក់ថាជាប្រុស។បេ។ ស្រីពីរ​នាក់ ភិក្ខុសំគាល់​ស្រីទាំង​ពីរនាក់ថាជាសត្វតិរច្ឆានឈ្មោល ត្រេកអរ ក៏យកកាយ ស្ទាប ​អង្អែល។បេ។​ កាន់ ពាល់ កាយស្រី​ទាំងពីរនាក់នោះ​ ត្រូវអាបត្តិថុល្លច្ច័យពីរ។ មនុស្សខ្ទើយ​ពីរនាក់ ភិក្ខុសំគាល់​មនុស្ស​ខ្ទើយទាំងពីរនាក់ថាខ្ទើយ ត្រេកអរ ក៏យកកាយ ស្ទាប ​អង្អែល។បេ។​ កាន់ ពាល់ កាយខ្ទើយ​ទាំង​ពីរ​នាក់នោះ​ ត្រូវអាបត្តិថុល្លច្ច័យពីរ។ មនុស្ស​ខ្ទើយ​ពីរនាក់ ភិក្ខុសង្ស័យ​មនុស្សខ្ទើយ​ទាំងពីរនាក់។បេ។ មនុស្សខ្ទើយពីរនាក់ ភិក្ខុ​សំគាល់​មនុស្សខ្ទើយទាំងពីរនាក់ថាប្រុស។បេ។ មនុស្សខ្ទើយពីរនាក់ ភិក្ខុសំគាល់មនុស្ស​ខ្ទើយ​ទាំងពីរនាក់ថាសត្វតិរច្ឆានឈ្មោល។បេ។ មនុស្ស​ខ្ទើយពីរនាក់ ភិក្ខុសំគាល់​មនុស្ស​ខ្ទើយទាំងពីរនាក់ថាស្រី ត្រេកអរ ក៏យកកាយ ស្ទាប ​អង្អែល។បេ។​ កាន់ ពាល់ កាយខ្ទើយ​ទាំងពីរនាក់នោះ​ ត្រូវអាបត្តិទុក្កដពីរ។ មនុស្ស​ប្រុសពីរ​នាក់ ភិក្ខុសំគាល់ប្រុសទាំងពីរ​នាក់ថាជាប្រុស ត្រេកអរ ក៏យកកាយ ស្ទាប ​អង្អែល។បេ។​ កាន់ ពាល់ កាយ​ប្រុស​ទាំងពីរនាក់នោះ​ ត្រូវអាបត្តិទុក្កដពីរ។ ប្រុសពីរនាក់ ភិក្ខុសង្ស័យប្រុស​ទាំងពីរ​នាក់​។បេ។ ប្រុសពីរនាក់ ភិក្ខុសំគាល់ប្រុសទាំងពីរនាក់ថាសត្វតិរច្ឆានឈ្មោល។បេ។ ប្រុសពីរ​នាក់ ភិក្ខុសំគាល់ប្រុសទាំងពីរនាក់ថាជាស្រី។បេ។ ប្រុសពីរនាក់ ភិក្ខុសំគាល់​ប្រុសទាំង​ពីរនាក់​ថាជា​​ខ្ទើយ ត្រេកអរ ក៏យកកាយ ស្ទាប ​អង្អែល។បេ។​ កាន់ ពាល់ កាយប្រុសពីរនាក់នោះ​ ត្រូវអាបត្តិទុក្កដពីរ។ សត្វតិរច្ឆានឈ្មោលពីរ ភិក្ខុសំគាល់សត្វតិរច្ឆានឈ្មោលទាំងពីរ​ថាជា​សត្វ​តិរច្ឆានឈ្មោល ត្រេកអរ ក៏យកកាយ ស្ទាប ​អង្អែល។បេ។​ កាន់ ពាល់ កាយ​សត្វតិរច្ឆាន​ឈ្មោលទាំងពីរ​នោះ​ ត្រូវអាបត្តិទុក្កដពីរ។ សត្វតិរច្ឆានឈ្មោលពីរ ភិក្ខុសង្ស័យ​នឹងសត្វ​តិរច្ឆាន​ទាំងពីរ។បេ។ ​សត្វ​តិរច្ឆានឈ្មោលពីរ ភិក្ខុសំគាល់​សត្វតិរច្ឆាន​ឈ្មោល​ទាំងពីរ​ថាមនុស្សស្រី។បេ។ សត្វតិរច្ឆានឈ្មោលពីរ ភិក្ខុសំគាល់​សត្វតិរច្ឆានឈ្មោល​ទាំង​ពីរ​ថាខ្ទើយ។បេ។ សត្វ​តិរច្ឆាន​ឈ្មោលពីរ ភិក្ខុសំគាល់សត្វតិរច្ឆានឈ្មោលទាំងពីរ​ថា​មនុស្សប្រុស ត្រេកអរ ក៏យក​កាយស្ទាប​​អង្អែល។បេ។​ កាន់ ពាល់ កាយសត្វតិរច្ឆាន​ឈ្មោល​ទាំងពីរ​នោះ​ ត្រូវ​អាបត្តិទុក្កដ​ពីរ។

[៨២] ស្រីនិង​ខ្ទើយ ភិក្ខុសំគាល់មនុស្សទាំងពីរនាក់ថាស្រី ត្រេកអរ ក៏យកកាយ ស្ទាប ​អង្អែល។បេ។​ កាន់ ពាល់ កាយជនទាំងពីរនោះ​ ត្រូវអាបត្តិសង្ឃាទិសេសនិង​ទុក្កដ។ ស្រីនិង​ខ្ទើយ ភិក្ខុសង្ស័យនឹងមនុស្សទាំងពីរនាក់ ត្រេកអរ ក៏យកកាយ ស្ទាប ​អង្អែល។បេ។​ កាន់ ពាល់ កាយមនុស្សទាំងពីរនាក់នោះ​ ត្រូវអាបត្តិថុល្លច្ច័យនិង​ទុក្កដ។ ស្រីនិង​ខ្ទើយ ភិក្ខុសំគាល់​មនុស្សទាំងពីរនាក់ថាខ្ទើយ ត្រេកអរ ក៏យកកាយ ស្ទាប ​អង្អែល។បេ។​ កាន់ ពាល់ កាយមនុស្ស​ទាំងពីរនាក់​នោះ​ ត្រូវអាបត្តិថុល្លច្ច័យពីរ។ ស្រីនិង​ខ្ទើយ ភិក្ខុសំគាល់​មនុស្សទាំងពីរ​នាក់​ថា​ប្រុស ត្រេកអរ ក៏យកកាយ ស្ទាប ​អង្អែល។បេ។​ កាន់ ពាល់ កាយមនុស្សទាំងពីរនាក់​នោះ​ ត្រូវអាបត្តិថុល្លច្ច័យ និង​ទុក្កដ។ ស្រីនិង​ខ្ទើយ ភិក្ខុសំគាល់​មនុស្ស​ទាំងពីរ​នាក់ថា​សត្វតិរច្ឆាន​ឈ្មោល ត្រេកអរ ក៏យកកាយ ស្ទាប ​អង្អែល។បេ។​ កាន់ ពាល់ កាយមនុស្សទាំងពីរនាក់​នោះ​ ត្រូវអាបត្តិថុល្លច្ច័យនិង​ទុក្កដ។ ស្រីនិង​ប្រុស ភិក្ខុសំគាល់មនុស្សទាំងពីរនាក់ថាស្រី ត្រេកអរ ក៏យកកាយ ស្ទាប ​អង្អែល។បេ។​ កាន់ ពាល់ កាយមនុស្សទាំងពីរនាក់​នោះ​ ត្រូវ​អាបត្តិសង្ឃាទិសេស និង​ទុក្កដ។ ស្រីនិង​ប្រុស ភិក្ខុសង្ស័យនឹងមនុស្សទាំងពីរនាក់ ត្រេកអរ ក៏យកកាយ ស្ទាប ​អង្អែល។បេ។​ កាន់ ពាល់ កាយមនុស្សទាំងពីរនាក់​នោះ​ ត្រូវអាបត្តិថុល្លច្ច័យ និង​ទុក្កដ។ ស្រីនិង​ប្រុស ភិក្ខុសំគាល់មនុស្សទាំងពីរនាក់ថាខ្ទើយ ត្រេកអរ ក៏យកកាយស្ទាប ​អង្អែល។បេ។​ កាន់ ពាល់ កាយមនុស្សទាំងពីរនាក់​នោះ​ ត្រូវអាបត្តិថុល្លច្ច័យ និង​ទុក្កដ។ ស្រីនិង​ប្រុស ភិក្ខុសំគាល់មនុស្សទាំងពីរនាក់ថាប្រុស ត្រេកអរ ក៏យកកាយស្ទាប ​អង្អែល។បេ។​ កាន់ ពាល់ កាយមនុស្សទាំងពីរនាក់​នោះ​ ត្រូវអាបត្តិថុល្លច្ច័យ និង​ទុក្កដ។ ស្រីនិង​ប្រុស ភិក្ខុសំគាល់មនុស្សទាំងពីរនាក់ថាសត្វតិរច្ឆានឈ្មោល ត្រេកអរ ក៏យកកាយស្ទាប ​អង្អែល។បេ។​ កាន់ ពាល់ កាយមនុស្សទាំងពីរនាក់​នោះ​ ត្រូវអាបត្តិថុល្លច្ច័យ និង​ទុក្កដ។ ស្រីនិង​សត្វតិរច្ឆាន​ឈ្មោល ភិក្ខុសំគាល់មនុស្សស្រី និង​សត្វតិរច្ឆានទាំងពីរថាមនុស្សស្រី ត្រេកអរ ក៏យកកាយស្ទាប ​អង្អែល។បេ។​ កាន់ ពាល់ កាយស្រី និង​តិរច្ឆានទាំងពីរ​នោះ​ ត្រូវ​អាបត្តិ​សង្ឃាទិសេស និង​ទុក្កដ។ ស្រី និង​តិរច្ឆានឈ្មោល ភិក្ខុសង្ស័យស្រីនិង​តិរច្ឆានទាំងពីរ ត្រេកអរ ក៏យកកាយស្ទាប ​អង្អែល។បេ។​ កាន់ ពាល់ កាយស្រី និង​តិរច្ឆានទាំងពីរ​នោះ​ ត្រូវអាបត្តិ​ថុល្លច្ច័យ និង​ទុក្កដ។ ស្រី និង​សត្វតិរច្ឆានឈ្មោល ភិក្ខុសំគាល់ស្រីនិង​តិរច្ឆាន​ទាំងពីរ​ថាខ្ទើយ ត្រេកអរ ក៏យកកាយស្ទាប ​អង្អែល។បេ។​ កាន់ ពាល់ កាយស្រី និង​តិរច្ឆានទាំងពីរ​នោះ​ ត្រូវអាបត្តិថុល្លច្ច័យ និង​ទុក្កដ។ ស្រី និង​សត្វតិរច្ឆានឈ្មោល ភិក្ខុសំគាល់​ស្រី និង​សត្វតិរច្ឆានទាំងពីរថាប្រុស ត្រេកអរ ក៏យក​កាយស្ទាប ​អង្អែល។បេ។​ កាន់ ពាល់ កាយស្រី និង​តិរច្ឆានទាំងពីរ​នោះ​ ត្រូវអាបត្តិ​ថុល្លច្ច័យ និង​ទុក្កដ។ ស្រី និង​សត្វតិរច្ឆានឈ្មោល ភិក្ខុសំគាល់​ស្រីនិង​សត្វតិរច្ឆានទាំងពីរ​ថាសត្វតិរច្ឆានឈ្មោល ត្រេកអរ ក៏យកកាយស្ទាប ​អង្អែល។បេ។​ កាន់ ពាល់ កាយស្រី និង​តិរច្ឆានទាំងពីរ​នោះ​ ត្រូវអាបត្តិថុល្លច្ច័យ និង​ទុក្កដ។ មនុស្សខ្ទើយ និង​ប្រុស ភិក្ខុសំគាល់​មនុស្សទាំងពីរនាក់ថាខ្ទើយ ត្រេកអរ ក៏យកកាយស្ទាប ​អង្អែល។បេ។​ កាន់ ពាល់ កាយមនុស្សទាំងពីរ​នោះ​ ត្រូវអាបត្តិថុល្លច្ច័យ និង​ទុក្កដ។ មនុស្សខ្ទើយ និង​ប្រុស ភិក្ខុសង្ស័យនឹងមនុស្សទាំងពីរនាក់។បេ។ ត្រូវអាបត្តិទុក្កដពីរ។ មនុស្សខ្ទើយ និង​ប្រុស ភិក្ខុសំគាល់​មនុស្សទាំងពីរនាក់ថាប្រុស ។បេ។ មនុស្សខ្ទើយ និង​ប្រុស ភិក្ខុ​សំគាល់​មនុស្ស​ទាំងពីរនាក់ថាសត្វតិរច្ឆានឈ្មោល។បេ។ មនុស្សខ្ទើយ និង​ប្រុស ភិក្ខុសំគាល់​មនុស្ស​ទាំងពីរនាក់ថាស្រី ត្រេកអរ ក៏យកកាយស្ទាប ​អង្អែល។បេ។​ កាន់ ពាល់ កាយមនុស្ស​ទាំងពីរ​នោះ​ ត្រូវអាបត្តិទុក្កដពីរ។ ខ្ទើយនិង​សត្វតិរច្ឆានឈ្មោល ភិក្ខុសំគាល់ខ្ទើយ​និង​​សត្វ​តិរច្ឆាន​ទាំងពីរថាខ្ទើយ ត្រេកអរ ក៏យកកាយស្ទាប ​អង្អែល។បេ។​ កាន់ ពាល់ កាយខ្ទើយ និង​តិរច្ឆានទាំងពីរ​នោះ​ ត្រូវអាបត្តិថុល្លច្ច័យ និង​ទុក្កដ។ ខ្ទើយនិង​សត្វតិរច្ឆានឈ្មោល ភិក្ខុ​សង្ស័យ​ខ្ទើយ និង​សត្វតិរច្ឆានឈ្មោលទាំងពីរ។បេ។ ខ្ទើយនិង​សត្វតិរច្ឆានឈ្មោល ភិក្ខុ​សំគាល់​ខ្ទើយ និង​​សត្វ​តិរច្ឆានទាំងពីរថាប្រុស។បេ។ ខ្ទើយ​និង​សត្វតិរច្ឆានឈ្មោល ភិក្ខុ​សំគាល់ខ្ទើយ​និង​សត្វ​តិរច្ឆាន​ទាំងពីរ​ថាសត្វ​តិរច្ឆានឈ្មោល។បេ។ ខ្ទើយនិង​សត្វតិរច្ឆាន​ឈ្មោល ភិក្ខុសំគាល់ខ្ទើយ​និង​​សត្វ​តិរច្ឆាន​ទាំងពីរថាស្រី ត្រេកអរ ក៏យកកាយស្ទាប ​អង្អែល។បេ។​ កាន់ ពាល់ កាយខ្ទើយនិង​សត្វ​តិរច្ឆាន​ទាំងពីរ​នោះ​ ត្រូវអាបត្តិទុក្កដពីរ។ ប្រុស និង​សត្វតិរច្ឆានឈ្មោល ភិក្ខុសំគាល់ប្រុសនិង​តិរច្ឆានទាំងពីរថាប្រុស ត្រេកអរ ក៏យកកាយស្ទាប ​អង្អែល។បេ។​ កាន់ ពាល់ កាយប្រុសនិង​សត្វតិរច្ឆានទាំងពីរ​នោះ​ ត្រូវ​អាបត្តិទុក្កដពីរ។ ប្រុសនិង​សត្វតិរច្ឆាន​ឈ្មោល ភិក្ខុសង្ស័យ​ប្រុស​និង​​សត្វ​តិរច្ឆានទាំងពីរ។បេ។ ប្រុសនិង​សត្វតិរច្ឆានឈ្មោល ភិក្ខុ​សំគាល់​ប្រុសនិង​សត្វតិរច្ឆានទាំងពីរ​ថា សត្វ​តិរច្ឆាន​ឈ្មោល។បេ។ ប្រុសនិង​សត្វតិរច្ឆាន​ឈ្មោល ភិក្ខុសំគាល់ប្រុសនិង​សត្វតិរច្ឆាន​ទាំងពីរថាស្រី។បេ។ ប្រុសនិង​សត្វតិរច្ឆានឈ្មោល ភិក្ខុ​សំគាល់ ប្រុសនិង​សត្វតិរច្ឆាន​ទាំងពីរ​ថាខ្ទើយ ត្រេកអរ ក៏យកកាយស្ទាប អង្អែល។បេ។ កាន់ ពាល់ កាយមនុស្សប្រុស និង​សត្វតិរច្ឆានទាំងពីរនោះ​ ត្រូវអាបត្តិទុក្កដពីរ។

[៨៣] ស្រីជាប្រាកដ ភិក្ខុសំគាល់ថាស្រីពិតមែន ក៏មានសេចក្តីត្រេកអរស្ទាប អង្អែល។បេ។ កាន់ ពាល់ ​នូវ​វត្ថុដែល​ជាប់នឹងកាយស្រីនោះ​​ដោយ​កាយ (របស់ខ្លួន) ត្រូវអាបត្តិ​ថុល្លច្ច័យ។ ស្រីពីរនាក់ ភិក្ខុសំគាល់ស្រីទាំងពីរនាក់ថាជាស្រីពិតមែន ក៏មានសេចក្តី​ត្រេកអរ​ស្ទាប អង្អែល។បេ។ កាន់ ពាល់ ​នូវ​វត្ថុដែល​ជាប់នឹងកាយស្រីទាំងពីរនាក់នោះ​​ដោយ​​កាយ (របស់ខ្លួន) ត្រូវអាបត្តិថុល្លច្ច័យពីរ។ ស្រីនិង​ខ្ទើយ ភិក្ខុសំគាល់ជន​ទាំងពីរ​នាក់ថាជាស្រី ក៏មានសេចក្តី​ត្រេកអរ ស្ទាប អង្អែល។បេ។ កាន់ ពាល់ ​នូវ​វត្ថុដែល​ជាប់នឹងកាយជនទាំងពីរនាក់នោះ​​ដោយ​កាយ (របស់ខ្លួន) ត្រូវអាបត្តិថុល្លច្ច័យនិង​ទុក្កដ។ ស្រីជាប្រាកដ ភិក្ខុសំគាល់ថាស្រីពិតមែន ក៏មានសេចក្តីត្រេកអរស្ទាប អង្អែល។បេ។ កាន់ ពាល់កាយស្រីនោះ​​ដោយ​វត្ថុដែល​ជាប់​នឹងកាយ (របស់ខ្លួន) ត្រូវអាបត្តិថុល្លច្ច័យ។ ស្រីពីរ​នាក់ ភិក្ខុសំគាល់ស្រី​ទាំងពីរថាស្រីពិតមែន ក៏មានសេចក្តីត្រេកអរស្ទាប អង្អែល។បេ។ កាន់ ពាល់កាយស្រីទាំងនោះ​​ដោយ​​វត្ថុដែល​ជាប់​នឹង​កាយ (របស់ខ្លួន) ត្រូវអាបត្តិថុល្លច្ច័យ​ពីរ។ ស្រី និង​ខ្ទើយ ភិក្ខុសំគាល់ជនទាំងពីរនាក់នោះ​ថាជាស្រី ក៏មានសេចក្តីត្រេកអរ ស្ទាប អង្អែល។បេ។ កាន់ ពាល់កាយជនទាំងពីរនាក់នោះ​​ដោយ​​វត្ថុ​ដែល​​ជាប់​នឹងកាយ (របស់​ខ្លួន) ត្រូវអាបត្តិថុល្លច្ច័យនិង​ទុក្កដ។ ស្រីជាប្រាកដ ភិក្ខុ​សំគាល់ថាជា​ស្រី​ពិតមែន ក៏មានសេចក្តីត្រេកអរស្ទាប អង្អែល។បេ។ កាន់ ពាល់ ​នូវ​វត្ថុដែល​ជាប់នឹង​កាយស្រី​នោះ​ ​ដោយ​វត្ថុដែល​ជាប់នឹងកាយ (របស់ខ្លួន) ត្រូវអាបត្តិទុក្កដ។ ស្រីពីរនាក់ ភិក្ខុសំគាល់​ស្រីទាំងពីរថាជាស្រីពិតមែន ក៏មានសេចក្តីត្រេកអរស្ទាប អង្អែល។បេ។ កាន់ ពាល់ ​នូវ​វត្ថុដែល​ជាប់នឹងកាយស្រីទាំងពីរនាក់នោះ​ ​ដោយ​វត្ថុដែល​ជាប់នឹងកាយ (របស់ខ្លួន) ត្រូវអាបត្តិទុក្កដពីរ។ ស្រីនិង​ខ្ទើយ ភិក្ខុសំគាល់ជនទាំងពីរនាក់ថាជាស្រី ក៏មានសេចក្តី​ត្រេកអរ ស្ទាប អង្អែល។បេ។ កាន់ ពាល់ ​នូវ​វត្ថុដែល​ជាប់នឹងកាយជនទាំងពីរនាក់នោះ​ ​ដោយ​វត្ថុ​ដែល​​ជាប់​នឹងកាយ (របស់ខ្លួន) ត្រូវអាបត្តិទុក្កដពីរ។ ស្រីជាប្រាកដ ភិក្ខុសំគាល់​ថាជា​ស្រី​ពិតមែន ក៏មានសេចក្តីត្រេកអរ ស្ទាប អង្អែលកាយស្រីនោះ​​ដោយ​និស្សគ្គិយវត្ថុ [របស់ដែល​​សម្រាប់​ចោល ឬបោះ។] (របស់ខ្លួន) ត្រូវអាបត្តិទុក្កដ។ ស្រីពីរនាក់ ភិក្ខុសំគាល់​ស្រីទាំងពីរ​ថាជា​ស្រីពិតមែន ក៏មានសេចក្តីត្រេកអរស្ទាប អង្អែល កាយស្រី​ទាំងពីរនាក់នោះ​ ​ដោយ​និស្សគ្គិយវត្ថុ​ (របស់ខ្លួន) ត្រូវអាបត្តិទុក្កដពីរ។ ស្រីនិង​ខ្ទើយ ភិក្ខុសំគាល់ជនទាំងពីរនោះ​ថាជាស្រី ក៏មាន​សេចក្តីត្រេកអរ ស្ទាប អង្អែលកាយជន​ទាំងពីរនាក់នោះ​ ​ដោយ​និស្សគ្គិយវត្ថុ (របស់ខ្លួន) ត្រូវអាបត្តិទុក្កដពីរ។ ស្រីជាប្រាកដ ភិក្ខុសំគាល់ថាជា​ស្រី​ពិតមែន ក៏មានសេចក្តីត្រេកអរ ស្ទាប អង្អែល​នូវ​វត្ថុដែល​ជាប់នឹង​កាយស្រីនោះ​ ​ដោយ​និស្សគ្គិយវត្ថុ (របស់ខ្លួន) ត្រូវអាបត្តិទុក្កដ។ ស្រីពីរនាក់ ភិក្ខុសំគាល់​ស្រីទាំងពីរថាស្រីពិតមែន ក៏មានសេចក្តីត្រេកអរស្ទាប អង្អែល ​នូវ​វត្ថុដែល​ជាប់នឹង​កាយស្រីទាំងពីរនោះ​ ​ដោយ​និស្សគ្គិយវត្ថុ​ (របស់ខ្លួន) ត្រូវអាបត្តិទុក្កដពីរ។ ស្រីម្នាក់ ខ្ទើយម្នាក់ ភិក្ខុសំគាល់ជនទាំងពីរនាក់នោះ​ថាជាស្រី ក៏មានសេចក្តីត្រេកអរ ស្ទាប អង្អែល​នូវ​វត្ថុដែល​ជាប់នឹងកាយជនទាំងពីរនោះ​ ​ដោយ​និស្សគ្គិយវត្ថុ (របស់ខ្លួន) ត្រូវអាបត្តិ​ទុក្កដពីរ។ ស្រីជាប្រាកដ ភិក្ខុសំគាល់ថាជា​ស្រី​ពិតមែន ក៏មានសេចក្តីត្រេកអរ ស្ទាប អង្អែល​នូវ​និស្សគ្គិយវត្ថុរបស់ស្រីនោះ​ ​ដោយ​និស្សគ្គិយវត្ថុ (របស់ខ្លួន) ត្រូវអាបត្តិទុក្កដ។ ស្រីពីរនាក់ ភិក្ខុសំគាល់ស្រីទាំងពីរថាជាស្រីពិតមែន ក៏មានសេចក្តីត្រេកអរស្ទាប អង្អែល ​នូវ​និស្សគ្គិយវត្ថុរបស់ស្រីទាំងពីរនាក់នោះ​ ​ដោយ​និស្សគ្គិយវត្ថុ​ (របស់ខ្លួន) ត្រូវអាបត្តិទុក្កដ​ពីរ។ ស្រីម្នាក់ ខ្ទើយម្នាក់ ភិក្ខុសំគាល់ជនទាំងពីរនាក់នោះ​ថាជាស្រី ក៏មានសេចក្តីត្រេកអរ ស្ទាប អង្អែល​នូវ​និស្សគ្គិយវត្ថុរបស់ជនទាំងពីរនាក់នោះ​ ​ដោយ​និស្សគ្គិយវត្ថុ (របស់ខ្លួន) ត្រូវអាបត្តិ​ទុក្កដពីរ។

ភិក្ខុបេយ្យាល ចប់។

[៨៤] ស្រីជាប្រាកដ ភិក្ខុសំគាល់ថាស្រីពិតមែន ក៏មានសេចក្តីត្រេកអរ ស្រីនោះ​សោត​ ក៏ស្ទាបអង្អែល ស្ទាបចុះ ស្ទាបឡើង ផ្ងុបចុះ ផ្ងើយឡើង ទាញមក ទាញត្រឡប់ ចាប់សង្កត់ ចាប់ឈ្លេច កាន់ ពាល់ ​នូវ​កាយរបស់ភិក្ខុនោះ​​ដោយ​កាយ (របស់ខ្លួន) ភិក្ខុមានសេចក្តី​ប្រាថ្នា​នឹង​សេព ក៏ព្យាយាម​ដោយ​កាយ ដឹងច្បាស់​នូវ​ផស្ស ត្រូវអាបត្តិសង្ឃាទិសេស។ ស្រីពីរនាក់ ភិក្ខុសំគាល់ស្រីទាំងពីរថាជាស្រីពិតមែន ក៏មានសេចក្តីត្រេកអរ ស្រីទាំងនោះ​សោត​ ក៏ស្ទាបអង្អែល ស្ទាបចុះ ស្ទាបឡើង ផ្ងុបចុះ ផ្ងើយឡើង ទាញមក ទាញត្រឡប់ ចាប់សង្កត់ ចាប់ឈ្លេច កាន់ ពាល់ ​នូវ​កាយរបស់ភិក្ខុនោះ​​ដោយ​កាយ (របស់ខ្លួន) ភិក្ខុមានសេចក្តី​ប្រាថ្នា​​ដើម្បី​នឹង​សេព ក៏ព្យាយាម​ដោយ​កាយ ដឹងច្បាស់​នូវ​ផស្ស ត្រូវអាបត្តិ​សង្ឃាទិសេសពីរ។ ស្រីម្នាក់ ខ្ទើយម្នាក់ ភិក្ខុសំគាល់ជនទាំងពីរនាក់ថាជាស្រី ក៏មានសេចក្តីត្រេកអរ ជនទាំងពីរនាក់សោត​ ក៏ស្ទាបអង្អែល។បេ។ កាន់ ពាល់ កាយរបស់ភិក្ខុនោះ​​ដោយ​កាយ (របស់ខ្លួន) ភិក្ខុមានសេចក្តី​ប្រាថ្នា​ដើម្បីនឹង​សេព ក៏​ព្យាយាម​​ដោយ​កាយ ដឹងច្បាស់​នូវ​ផស្ស ត្រូវអាបត្តិសង្ឃាទិសេសនិង​​ទុក្កដ។ ស្រីជា​ប្រាកដ ភិក្ខុសំគាល់ថាស្រីពិតមែន ក៏មានសេចក្តី​ត្រេកអរ ស្រីសោត​ ក៏ស្ទាបអង្អែល។បេ។ កាន់ ពាល់ ​នូវ​វត្ថុដែល​ជាប់នឹងកាយភិក្ខុនោះ​ ​ដោយ​កាយ (របស់ខ្លួន) ភិក្ខុមានសេចក្តី​ប្រាថ្នាដើម្បី​នឹង​សេព ក៏ព្យាយាម​ដោយ​កាយ ដឹងច្បាស់​នូវ​ផស្ស ត្រូវអាបត្តិថុល្លច្ច័យ។ ស្រីពីរនាក់ ភិក្ខុសំគាល់ស្រីទាំងពីរថាជាស្រីពិតមែន ក៏មានសេចក្តី​ត្រេកអរ ស្រីទាំងនោះ​សោត​ ក៏ស្ទាបអង្អែល។បេ។ កាន់ ពាល់ ​នូវ​វត្ថុដែល​ជាប់នឹងកាយ​របស់ភិក្ខុនោះ​ ​ដោយ​កាយ (របស់ខ្លួន) ភិក្ខុមានសេចក្តី​ប្រាថ្នា​​ដើម្បី​នឹង​សេព ក៏ព្យាយាម​ដោយ​កាយ ដឹងច្បាស់​នូវ​ផស្ស ត្រូវអាបត្តិថុល្លច្ច័យពីរ។ ស្រីម្នាក់ ខ្ទើយម្នាក់ ភិក្ខុសំគាល់​ជនទាំងពីរនាក់ថាជាស្រី ក៏មានសេចក្តីត្រេកអរ ជនទាំងពីរនាក់សោត​ ក៏ស្ទាបអង្អែល។បេ។ កាន់ ពាល់ ​នូវ​វត្ថុដែល​ជាប់នឹងកាយភិក្ខុនោះ​ ​ដោយ​កាយ (របស់ខ្លួន) ភិក្ខុមានសេចក្តី​ប្រាថ្នា​នឹង​សេព ក៏ព្យាយាម​ដោយ​កាយ ដឹងច្បាស់​នូវ​ផស្ស ត្រូវអាបត្តិថុល្លច្ច័យនិង​​ទុក្កដ។ ស្រីជា​ប្រាកដ ភិក្ខុសំគាល់​ថាស្រីពិតមែន ក៏មានសេចក្តីត្រេកអរ ស្រីសោត​ ក៏ស្ទាបអង្អែល ។បេ។ ចាប់ ពាល់ ​នូវ​ កាយរបស់ភិក្ខុនោះ​ ​ដោយ​វត្ថុដែល​ជាប់នឹងកាយ (របស់ខ្លួន) ភិក្ខុមានសេចក្តី​ប្រាថ្នា​នឹង​សេព ក៏ព្យាយាម​ដោយ​កាយ ដឹងច្បាស់​នូវ​ផស្ស ត្រូវអាបត្តិថុល្លច្ច័យ។ ស្រីពីរនាក់ ភិក្ខុសំគាល់ស្រីទាំងពីរនាក់ថាជាស្រីពិតមែន ក៏មានសេចក្តីត្រេកអរ ស្រីទាំងនោះ​សោត​ ក៏ស្ទាបអង្អែល។បេ។ ចាប់ ពាល់ ​នូវ​កាយរបស់ភិក្ខុនោះ​ ​ដោយ​វត្ថុដែល​ជាប់នឹងកាយ (របស់ខ្លួន) ភិក្ខុមានសេចក្តី​ប្រាថ្នា​​ដើម្បី​នឹង​សេព ក៏ព្យាយាម​ដោយ​កាយ ដឹងច្បាស់​នូវ​ផស្ស ត្រូវអាបត្តិថុល្លច្ច័យពីរ។ ស្រីនិង​ខ្ទើយ ភិក្ខុសំគាល់ជនទាំងពីរនាក់ថាជាស្រី ក៏មានសេចក្តី​ត្រេកអរ ជនទាំងពីរនាក់សោត​ ក៏ស្ទាបអង្អែល។បេ។ ចាប់ ពាល់ កាយ​របស់ភិក្ខុនោះ​ ​ដោយ​វត្ថុដែល​ជាប់នឹងកាយ (របស់ខ្លួន) ភិក្ខុមានសេចក្តី​ប្រាថ្នា​ដើម្បីនឹង​សេព ក៏ព្យាយាម​ដោយ​កាយ ដឹងច្បាស់​នូវ​ផស្ស ត្រូវអាបត្តិថុល្លច្ច័យនិង​​ទុក្កដ។ ស្រីជា​ប្រាកដ ភិក្ខុសំគាល់ថាស្រីពិតមែន ក៏មានសេចក្តីត្រេកអរ ស្រីសោត​ ក៏ស្ទាបអង្អែល ។បេ។ ចាប់ ពាល់ ​នូវ​វត្ថុដែល​ជាប់នឹងកាយភិក្ខុនោះ​ ​ដោយ​វត្ថុដែល​ជាប់នឹងកាយ (របស់​ខ្លួន) ភិក្ខុមានសេចក្តី​ប្រាថ្នា​ដើម្បីនឹង​សេព ក៏ព្យាយាម​ដោយ​កាយ ដឹងច្បាស់​នូវ​ផស្ស ត្រូវ​អាបត្តិទុក្កដ។ ស្រីពីរនាក់ ភិក្ខុសំគាល់ស្រីទាំងពីរនាក់ថាជាស្រីពិតមែន ក៏មានសេចក្តី​ត្រេកអរ ស្រីទាំងពីរនាក់នោះ​​ ស្ទាបអង្អែល។បេ។ ចាប់ ពាល់ ​នូវ​វត្ថុដែល​ជាប់នឹង​កាយរបស់ភិក្ខុនោះ​ ​ដោយ​វត្ថុដែល​ជាប់នឹង​កាយ (របស់ខ្លួន) ភិក្ខុមានសេចក្តី​ប្រាថ្នា​​ដើម្បី​នឹង​សេព ក៏ព្យាយាម​ដោយ​កាយ ដឹងច្បាស់​នូវ​ផស្ស ត្រូវអាបត្តិទុក្កដពីរ។ ស្រីនិង​ខ្ទើយ ភិក្ខុសំគាល់ជនទាំងពីរនោះ​ថាជាស្រីពិតមែន ​ហើយ​មានសេចក្តីត្រេកអរ ជនទាំងពីរនោះ​​ ស្ទាបអង្អែល។បេ។ ចាប់ ពាល់ ​នូវ​វត្ថុដែល​ជាប់នឹងកាយភិក្ខុនោះ​ ​ដោយ​វត្ថុដែល​ជាប់នឹងកាយ (របស់ខ្លួន) ភិក្ខុក៏មានសេចក្តី​ប្រាថ្នា​ដើម្បីនឹង​សេព ​ហើយ​ព្យាយាម​ដោយ​កាយ ដឹងច្បាស់​នូវ​ផស្ស ត្រូវអាបត្តិ​ទុក្កដពីរ។ ស្រីជាប្រាកដ ភិក្ខុក៏សំគាល់ថាស្រីពិតមែន ​ហើយ​មានសេចក្តីត្រេកអរ ស្រីនោះ​​ ស្ទាបអង្អែល ​នូវ​កាយរបស់ភិក្ខុនោះ​ ​ដោយ​និស្សគ្គិយវត្ថុ (របស់ខ្លួន) ភិក្ខុក៏មានសេចក្តី​ប្រាថ្នាដើម្បី​នឹង​សេព ​ហើយ​ព្យាយាម​ដោយ​កាយ ដឹងច្បាស់​នូវ​ផស្ស ត្រូវអាបត្តិទុក្កដ។ ស្រីពីរនាក់ ភិក្ខុក៏សំគាល់ស្រីទាំងពីរនាក់នោះ​ថាជាស្រីពិតមែន ​ហើយ​មានសេចក្តីត្រេកអរ ស្រី(ទាំងពីរ​នាក់​នោះ​) ស្ទាប អង្អែល​នូវ​កាយរបស់ភិក្ខុនោះ​ ​ដោយ​និស្សគ្គិយវត្ថុ (របស់ខ្លួន) ភិក្ខុក៏មាន​សេចក្តី​ប្រាថ្នា​​ដើម្បី​នឹង​សេព ​ហើយ​ព្យាយាម​ដោយ​កាយ ដឹងច្បាស់​នូវ​ផស្ស ត្រូវអាបត្តិ​ទុក្កដពីរ។ ស្រីនិង​ខ្ទើយ ភិក្ខុក៏សំគាល់ជនទាំងពីរនោះ​ថាជាស្រី មានសេចក្តីត្រេកអរ ជនទាំងពីរនោះ​​ ស្ទាប អង្អែលកាយរបស់ភិក្ខុនោះ​ ​ដោយ​និស្សគ្គិយវត្ថុ (របស់ខ្លួន) ភិក្ខុក៏មាន​សេចក្តី​ប្រាថ្នា​ដើម្បីនឹង​សេព ​ហើយ​ព្យាយាម​ដោយ​កាយ ដឹងច្បាស់​នូវ​ផស្ស ត្រូវអាបត្តិ​ទុក្កដពីរ។ ស្រីជាប្រាកដ ភិក្ខុក៏សំគាល់ថាស្រីពិតមែន ក៏មានសេចក្តីត្រេកអរ ស្រីនោះ​សោតក៏ស្ទាប អង្អែល ​នូវ​វត្ថុដែល​ជាប់នឹងកាយភិក្ខុនោះ​ ​ដោយ​និស្សគ្គិយវត្ថុ (របស់ខ្លួន) ភិក្ខុមានសេចក្តី​ប្រាថ្នាដើម្បី​នឹង​សេព ក៏ព្យាយាម​ដោយ​កាយ ដឹងច្បាស់​នូវ​ផស្ស ត្រូវអាបត្តិ​ទុក្កដ។ ស្រីពីរនាក់ ភិក្ខុសំគាល់ស្រីទាំងពីរនាក់ថាជាស្រីពិតមែន ក៏មានសេចក្តីត្រេកអរ ស្រីទាំង​នោះ​សោត ក៏ស្ទាប អង្អែល​នូវ​វត្ថុដែល​ជាប់នឹងកាយភិក្ខុនោះ​ ​ដោយ​និស្សគ្គិយវត្ថុ (របស់ខ្លួន) ភិក្ខុមានសេចក្តី​ប្រាថ្នា​​ដើម្បី​នឹង​សេព ក៏ព្យាយាម​ដោយ​កាយ ដឹងច្បាស់​នូវ​ផស្ស ត្រូវអាបត្តិទុក្កដពីរ។ ស្រីនិង​ខ្ទើយ ភិក្ខុសំគាល់ជនទាំងពីរនោះ​ថាជាស្រី ក៏មាន​សេចក្តីត្រេកអរ ជនទាំងពីរនោះ​សោត ក៏ស្ទាប អង្អែល​នូវ​វត្ថុដែល​ជាប់នឹងកាយភិក្ខុនោះ​ ​ដោយ​និស្សគ្គិយវត្ថុ (របស់ខ្លួន) ភិក្ខុមាន​សេចក្តី​ប្រាថ្នា​ដើម្បីនឹង​សេព ក៏ព្យាយាម​ដោយ​កាយ ដឹងច្បាស់​នូវ​ផស្ស ត្រូវអាបត្តិ​ទុក្កដពីរ។ ស្រីជាប្រាកដ ភិក្ខុសំគាល់ថាជាស្រីពិតមែន ក៏មានសេចក្តីត្រេកអរ ស្រីនោះ​សោតក៏ស្ទាប អង្អែល ​នូវ​និស្សគ្គិយវត្ថុរបស់ភិក្ខុនោះ​ ​ដោយ​និស្សគ្គិយវត្ថុ (របស់ខ្លួន) ភិក្ខុមានសេចក្តី​ប្រាថ្នាដើម្បី​នឹង​សេព ក៏ព្យាយាម​ដោយ​កាយ ដឹងច្បាស់​នូវ​ផស្ស ត្រូវអាបត្តិ​ទុក្កដ [មិន​មែនត្រូវអាបត្តិទុក្កដ ព្រោះ​និស្សគ្គិយវត្ថុ​ប៉ះគ្នានោះ​ទេ ត្រូវអាបត្តិទុក្កដព្រោះ​ព្យាយាម​​ដោយ​កាយ គឺកាយ​វិការ មានផ្ទាត់​ម្រាមដៃ ញាក់ចិញ្ចើម ងក់ក្បាល ប៉ប្រិចភ្នែក​ជាដើម (អដ្ឋកថា)។]។ ស្រីពីរនាក់ ភិក្ខុសំគាល់​ស្រីទាំងពីរនាក់នោះ​ថាជាស្រីពិតមែន ក៏មាន​សេចក្តីត្រេកអរ ស្រីទាំងនោះ​សោត ក៏ស្ទាប អង្អែល​នូវ​និស្សគ្គិយវត្ថុរបស់ភិក្ខុនោះ​ ​ដោយ​និស្សគ្គិយវត្ថុ (របស់ខ្លួន) ភិក្ខុមានសេចក្តី​ប្រាថ្នា​​ដើម្បី​នឹង​សេព ក៏ព្យាយាម​ដោយ​កាយ ដឹងច្បាស់​​នូវ​ផស្ស ត្រូវអាបត្តិទុក្កដពីរ។ ស្រី និង​ខ្ទើយ ភិក្ខុសំគាល់ជនទាំងពីរនោះ​ថាជាស្រី ​ហើយ​មានសេចក្តីត្រេកអរ ជនទាំងពីរ​នោះ​ ស្ទាប អង្អែល​នូវ​និស្សគ្គិយវត្ថុរបស់ភិក្ខុនោះ​ ​ដោយ​និស្សគ្គិយវត្ថុ (របស់ខ្លួន) ភិក្ខុក៏​មាន​​សេចក្តី​ប្រាថ្នា​ដើម្បីនឹង​សេព ​ហើយ​ព្យាយាម​ដោយ​កាយ ដឹងច្បាស់​នូវ​ផស្ស ត្រូវ​អាបត្តិ​​ទុក្កដពីរ។

[៨៥] ភិក្ខុមាន​សេចក្តី​ប្រាថ្នា​ដើម្បីនឹង​សេព ក៏ព្យាយាម​ដោយ​កាយ ដឹងច្បាស់​នូវ​ផស្ស ត្រូវអាបត្តិ​សង្ឃាទិសេស។ ភិក្ខុមាន​សេចក្តី​ប្រាថ្នា​ដើម្បីនឹង​សេព ក៏ព្យាយាម​ដោយ​កាយ តែ​មិន​ដឹងច្បាស់​នូវ​ផស្ស ត្រូវអាបត្តិ​ទុក្កដ។ ភិក្ខុមាន​សេចក្តី​ប្រាថ្នា​ដើម្បីនឹង​សេព តែ​មិន​ព្យាយាម​ដោយ​កាយ គ្រាន់តែ​ដឹងច្បាស់​នូវ​ផស្ស មិន​ត្រូវអាបត្តិ​ឡើយ។ ភិក្ខុមាន​សេចក្តី​ប្រាថ្នា​ដើម្បីនឹង​សេព តែ​មិន​ព្យាយាម​ដោយ​កាយ មិន​ដឹងច្បាស់​នូវ​ផស្ស មិន​ត្រូវអាបត្តិ​ឡើយ។ ភិក្ខុមាន​សេចក្តី​ប្រាថ្នា​ដើម្បីនឹងដោះខ្លួនឲ្យ​រួច ក៏ព្យាយាម​ដោយ​កាយ ដឹងច្បាស់​នូវ​ផស្ស មិន​ត្រូវអាបត្តិ​ឡើយ។ ភិក្ខុមាន​សេចក្តី​ប្រាថ្នា​ដើម្បីនឹងដោះខ្លួនឲ្យ​រួច ក៏ព្យាយាម​ដោយ​កាយ តែ​មិន​ដឹងច្បាស់​នូវ​ផស្ស មិន​ត្រូវអាបត្តិឡើយ។ ភិក្ខុមាន​សេចក្តី​ប្រាថ្នា​ដើម្បីនឹងដោះខ្លួនឲ្យ​រួច តែ​មិន​ព្យាយាម​ដោយ​កាយ គ្រាន់តែ​ដឹងច្បាស់​នូវ​ផស្ស មិន​ត្រូវអាបត្តិឡើយ។ ភិក្ខុមាន​សេចក្តី​ប្រាថ្នា​ដើម្បីនឹងដោះខ្លួនឲ្យ​រួច តែ​មិន​ព្យាយាម​ដោយ​កាយ មិន​ដឹងច្បាស់​នូវ​ផស្ស មិន​ត្រូវអាបត្តិឡើយ។

[៨៦] អាបត្តិមិន​មាន (​ដល់​ភិក្ខុ៨ពួក) គឺ ភិក្ខុមិន​ក្លែង១ ភិក្ខុភ្លេចស្មារតី១ ភិក្ខុមិន​ដឹង១ ភិក្ខុមិន​ត្រេកអរ១ ភិក្ខុឆ្កួត១ ភិក្ខុមានចិត្តរវើរវាយ១ ភិក្ខុដែល​វេទនាគ្របសង្កត់១ ភិក្ខុជា​ខាង​​ដើម​បញ្ញត្តិ១។

[៨៧] (មាតិកានុក្រម គឺបញ្ជីរឿងតាមរបៀប​ដូចមានសេចក្តីខាងក្រោយ​នេះ)

រឿងមាតា រឿងធីតា រឿងបងប្អូនស្រី រឿងប្រពន្ធ រឿងយក្សស្រី រឿងខ្ទើយ រឿងស្រី​ដេក​លក់ រឿងស្រីស្លាប់ រឿងតិរច្ឆានញី រឿងរូបចំឡាក់ឈើ (រូបតុក្កតា) រឿងស្រីចាប់កៀក​ភិក្ខុ រឿងស្រីឡើងលើស្ពាន រឿងផ្លូវ រឿងដើមឈើ រឿងទូក រឿងខ្សែ រឿងដំបង រឿងភិក្ខុច្រាន​ស្រី​​ដោយ​​បាត្រ រឿងស្រីថ្វាយបង្គំភិក្ខុ រឿងភិក្ខុព្យាយាមចាប់ស្រីតែ​​ចាប់មិន​ត្រូវ។

[៨៨] សម័យនោះ​ឯង ភិក្ខុមួយរូប ចាប់ពាល់មាតា​ដោយ​សេចក្តី​ស្រឡាញ់មាតា។ ភិក្ខុ​នោះ​​មាន​សេចក្តីសង្ស័យថា អញត្រូវអាបត្តិ​សង្ឃាទិសេសទេដឹង។ ទើបក្រាបទូល​សេចក្តី​នុ៎ះ​​​ដល់​​ព្រះ​ដ៏​មានព្រះភាគ។ ព្រះអង្គ​ទ្រង់ត្រាស់ថា ម្នាល​ភិក្ខុ មិន​ត្រូវអាបត្តិ​សង្ឃាទិសេស​ទេ ត្រូវ​តែ​​ត្រឹម​អាបត្តិទុក្កដ។ សម័យនោះ​ឯង ភិក្ខុមួយរូប ចាប់ពាល់កូនស្រី​ដោយ​​សេចក្តី​ស្រឡាញ់​កូនស្រី។បេ។ ចាប់ពាល់បងប្អូនស្រី​ដោយ​សេចក្តីស្រឡាញ់​បង​ប្អូន​ស្រី។បេ។ ភិក្ខុនោះ​ មានសេចក្តីសង្ស័យ។ ទើប​ក្រាបទូលសេចក្តី​នុ៎ះ​​ដល់​​ព្រះ​ដ៏​មាន​ព្រះភាគ។ ព្រះអង្គ​ត្រាស់ថា ម្នាល​ភិក្ខុ មិន​ត្រូវអាបត្តិសង្ឃាទិសេសទេ ត្រូវ​តែ​​ត្រឹម​អាបត្តិ​ទុក្កដ។

[៨៩] សម័យនោះ​ឯង ភិក្ខុមួយរូប ចាប់កាយស្រីជាប្រពន្ធដើម។ ភិក្ខុនោះ​​មាន​សេចក្តី​សង្ស័យ។បេ។ ព្រះអង្គត្រាស់ថា ម្នាល​ភិក្ខុ អ្នកឯង​ត្រូវអាបត្តិសង្ឃាទិសេស​ហើយ​។ សម័យ​នោះ​ឯង ភិក្ខុមួយរូប ចាប់ត្រូវកាយយក្សស្រី។ ភិក្ខុនោះ​​មាន​សេចក្តីសង្ស័យ។បេ។ ព្រះអង្គត្រាស់ថា ម្នាល​ភិក្ខុ មិន​​ត្រូវអាបត្តិសង្ឃាទិសេសទេ ត្រូវតែ​ត្រឹមអាបត្តិថុល្លច្ច័យ។ សម័យនោះ​ឯង ភិក្ខុមួយរូប ចាប់ត្រូវកាយមនុស្សខ្ទើយ។ ភិក្ខុនោះ​​មាន​សេចក្តីសង្ស័យ។បេ។ ព្រះអង្គត្រាស់ថា ម្នាល​ភិក្ខុ មិន​​ត្រូវអាបត្តិសង្ឃាទិសេសទេ ត្រូវតែ​ត្រឹម​អាបត្តិ​ថុល្លច្ច័យ។ សម័យនោះ​ឯង ភិក្ខុមួយរូប ចាប់ត្រូវកាយស្រីដែល​កំពុងដេកលក់។ ភិក្ខុនោះ​​មាន​សេចក្តីសង្ស័យ។បេ។ ព្រះអង្គត្រាស់ថា ម្នាល​ភិក្ខុ អ្នកឯង​ត្រូវអាបត្តិសង្ឃាទិសេស​ហើយ​។ សម័យនោះ​ឯង ភិក្ខុមួយរូប ចាប់ត្រូវកាយស្រីដែល​ស្លាប់​ហើយ​។ ភិក្ខុនោះ​​មាន​សេចក្តីសង្ស័យ។បេ។ ព្រះអង្គត្រាស់ថា ម្នាល​ភិក្ខុ មិន​​ត្រូវអាបត្តិសង្ឃាទិសេសទេ ត្រូវតែ​ត្រឹមអាបត្តិថុល្លច្ច័យ។ សម័យនោះ​ឯង ភិក្ខុមួយរូប ចាប់ត្រូវកាយសត្វតិរច្ឆានញី។ ភិក្ខុ​នោះ​​​មាន​សេចក្តីសង្ស័យ។បេ។ ព្រះអង្គត្រាស់ថា ម្នាល​ភិក្ខុ មិន​​ត្រូវអាបត្តិ​សង្ឃាទិសេស​ទេ ត្រូវតែ​ត្រឹមអាបត្តិទុក្កដ។ សម័យនោះ​ឯង ភិក្ខុមួយរូប ចាប់ត្រូវរូបឈើធ្វើជារូបស្រី។ ភិក្ខុនោះ​​មាន​សេចក្តីសង្ស័យ។បេ។ ​ទ្រង់ត្រាស់ថា ម្នាល​ភិក្ខុ មិន​​ត្រូវអាបត្តិសង្ឃាទិសេស​ទេ ត្រូវតែ​ត្រឹមអាបត្តិទុក្កដ។

[៩០] សម័យមួយនោះ​ មានស្រីច្រើននាក់ចាប់កៀកភិក្ខុ១រូប នាំទៅ​​ដោយ​ដើមដៃតៗគ្នា។ ភិក្ខុនោះ​មានសេចក្តីសង្ស័យ។បេ។ ព្រះអង្គមានព្រះបន្ទូលសួរថា ម្នាល​ភិក្ខុ អ្នកឯង​ត្រេកអរ​​ដែរ​ឬ។ ភិក្ខុនោះ​ក្រាបទូលថា បពិត្រព្រះដ៏​មានព្រះភាគ ខ្ញុំព្រះអង្គមិន​ត្រេកអរ​ទេ។ ព្រះអង្គត្រាស់​ថា ម្នាល​ភិក្ខុ (បើ​) មិន​ត្រេកអរ​ មិន​ត្រូវអាបត្តិទេ។

[៩១] សម័យនោះ​ឯង ភិក្ខុមួយរូប មានសេចក្តីត្រេកអរ ក៏ចាប់អង្រួនស្ពាន​ដែល​​ស្រី​កំពុង​ឡើង។ ភិក្ខុនោះ​មានសេចក្តីសង្ស័យ។បេ។ ព្រះអង្គត្រាស់ថា ម្នាល​ភិក្ខុ មិន​​ត្រូវអាបត្តិ​សង្ឃាទិសេសទេ ត្រូវតែ​ត្រឹមអាបត្តិទុក្កដ។

[៩២] សម័យនោះ​ឯង ភិក្ខុមួយរូប ប្រទះស្រីក្នុង​ផ្លូវជួបគ្នា មានសេចក្តីត្រេកអរ ក៏ទង្គិចស្រី​នោះ​​ដោយ​ចង្កួយស្មា។ ភិក្ខុនោះ​មានសេចក្តីសង្ស័យ។បេ។ ព្រះអង្គត្រាស់ថា ម្នាល​ភិក្ខុ អ្នកឯង​ត្រូវអាបត្តិសង្ឃាទិសេស​ហើយ​។

[៩៣] សម័យនោះ​ឯង ភិក្ខុមួយរូប មានសេចក្តីត្រេកអរ ក៏អង្រួនដើមឈើ​ដែល​​ស្រី​ឡើង។ ភិក្ខុនោះ​មានសេចក្តីសង្ស័យ។បេ។ ព្រះអង្គត្រាស់ថា ម្នាល​ភិក្ខុ មិន​​ត្រូវអាបត្តិ​សង្ឃាទិសេស​ទេ ត្រូវតែ​ត្រឹមអាបត្តិទុក្កដ។

[៩៤] សម័យនោះ​ឯង ភិក្ខុមួយរូប មានសេចក្តីត្រេកអរ ក៏អង្រួនទូក​ដែល​​ស្រី​ឡើងជិះ។ ភិក្ខុនោះ​មានសេចក្តីសង្ស័យ។បេ។ ព្រះអង្គត្រាស់ថា ម្នាល​ភិក្ខុ មិន​​ត្រូវអាបត្តិ​សង្ឃាទិសេសទេ ត្រូវតែ​ត្រឹមអាបត្តិទុក្កដ។

[៩៥] សម័យនោះ​ឯង ភិក្ខុមួយរូប មានសេចក្តីត្រេកអរ ក៏ចាប់ទាញខ្សែ​ដែល​​ស្រី​កំពុង​កាន់។ ភិក្ខុនោះ​មានសេចក្តីសង្ស័យ។បេ។ ព្រះអង្គត្រាស់ថា ម្នាល​ភិក្ខុ មិន​​ត្រូវអាបត្តិ​សង្ឃាទិសេសទេ ត្រូវតែ​ត្រឹមអាបត្តិថុល្លច្ច័យ។ សម័យនោះ​ឯង ភិក្ខុមួយរូប មានសេចក្តី​ត្រេកអរ ក៏ចាប់ទាញដំបង​ដែល​​ស្រី​កំពុង​កាន់។ ភិក្ខុនោះ​មានសេចក្តីសង្ស័យ។បេ។ ព្រះអង្គត្រាស់ថា ម្នាល​ភិក្ខុ មិន​​ត្រូវអាបត្តិសង្ឃាទិសេសទេ ត្រូវតែ​ត្រឹមអាបត្តិថុល្លច្ច័យ។

[៩៦] សម័យនោះ​ឯង ភិក្ខុមួយរូប មានសេចក្តីត្រេកអរ ក៏ច្រាន​ស្រី​ដោយ​បាត្រ។ ភិក្ខុនោះ​មានសេចក្តីសង្ស័យ។បេ។ ព្រះអង្គត្រាស់ថា ម្នាល​ភិក្ខុ មិន​​ត្រូវអាបត្តិសង្ឃាទិសេសទេ ត្រូវតែ​ត្រឹមអាបត្តិថុល្លច្ច័យ។ សម័យនោះ​ឯង ភិក្ខុមួយរូប កាលស្រីកំពុងថ្វាយបង្គំ មាន​សេចក្តីត្រេកអរ ក៏លើកជើង​ឡើងរង​ឲ្យ​ចំពប់។ ភិក្ខុនោះ​មានសេចក្តីសង្ស័យ។បេ។ ព្រះអង្គ​ត្រាស់ថា ម្នាល​ភិក្ខុ អ្នកឯង​ត្រូវអាបត្តិសង្ឃាទិសេស​ហើយ​។ សម័យនោះ​ឯង ភិក្ខុមួយរូប គិតថា អញនឹងចាប់ស្រី ក៏ព្យាយាម តែ​ចាប់មិន​ត្រូវ។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យ​ថា អញ​ត្រូវអាបត្តិសង្ឃាទិសេស​​ហើយ​​ដឹង។ ទើប​ក្រាបទូលសេចក្តីនុ៎ះ​​ដល់​ព្រះដ៏​មានព្រះភាគ។ ព្រះអង្គត្រាស់ថា ម្នាល​ភិក្ខុ មិន​​ត្រូវអាបត្តិសង្ឃាទិសេសទេ ត្រូវតែ​ត្រឹម​អាបត្តិ​ទុក្កដ។

សង្ឃាទិសេសទី២ចប់។

សង្ឃាទិសេសទី៣

[៩៧] សម័យនោះ​ ព្រះសព្វញ្ញូពុទ្ធ​ជាម្ចាស់ដ៏​មានព្រះភាគ ​ទ្រង់គង់​នៅ​វត្តជេតវន របស់​អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ សម័យនោះ​ឯង ឧទាយិភិក្ខុដ៏​មានអាយុ​សម្រេច​​។ គ្រានោះ​ មានស្រីច្រើននាក់ ជាពួកអ្នកត្រូវការមើលវិហារ ​ហើយ​ក៏នាំគ្នាទៅ​កាន់​អារាម។ ស្រីទាំងនោះ​ក៏ចូលទៅ​រកឧទាយិភិក្ខុដ៏​មានអាយុក្នុង​ពេលនោះ​ លុះ​ចូលទៅ​​ដល់​​​ហើយ​ ក៏និយាយពាក្យ​នេះ​នឹងឧទាយិភិក្ខុដ៏​មានអាយុថា បពិត្រលោកដ៏​ចំរើន យើងទាំងឡាយ​ចង់​មើល​វិហារ​របស់លោកម្ចាស់។ លំដាប់នោះ​ ឧទាយិភិក្ខុដ៏​មានអាយុ ក៏នាំស្រីទាំងនោះ​​មើល​វិហារ​រួច​​ហើយ​ ពោល​សរសើរខ្លះ ពោលបង្អាប់ខ្លះ សូមខ្លះ អង្វរខ្លះ សួរខ្លះ សួរ​តបខ្លះ ប្រាប់ខ្លះ ប្រៀន​ប្រដៅខ្លះ ជេរខ្លះ ចំពោះ​វច្ចមគ្គ និង​បស្សាវមគ្គនៃស្រីទាំងនោះ​។ ស្រីណាដែល​គ្មានសេចក្តី​ខ្លាច ជាស្រីអ្នកលេង​ឥត​មានអៀនខ្មាស ស្រីនោះ​ក៏ញញឹម​ញញែម និយាយ​បញ្ជោរ សើច​ក្អាកក្អាយ​ចំអន់​ជាមួយនឹងឧទាយិភិក្ខុដ៏​មានអាយុ ចំណែក​ខាង​ស្រីណា​ដែល​មានសេចក្តីអៀនខ្មាស ស្រី​នោះ​ចេញមក ក៏ពោលទោសឧទាយិ​ប្រាប់​ភិក្ខុទាំងឡាយថា បពិត្រ​លោកម្ចាស់​​ដ៏​ចំរើន ការ​នេះ​គ្មាន​លាក់បាំង គ្មានគួរសមសោះ ចុះហេតុអ្វី​ក៏លោកម្ចាស់​ឧទាយិ​និយាយយ៉ាង​នេះ សូម្បី​​ដល់​​ទៅ​​ប្តី បើ​និយាយយ៉ាង​នេះ ក៏យើងទាំងឡាយមិន​ប្រាថ្នាដែរ។ ភិក្ខុទាំងឡាយឯណាដែល​មានសេចក្តី​ប្រាថ្នាតិច ជា​អ្នក​សន្តោស មានសេចក្តីអៀនខ្មាស ជាអ្នករង្កៀស ប្រាថ្នាតែ​ខាងការរៀនសូត្រ ភិក្ខុ​ទាំងឡាយនោះ​ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ចុះហេតុអ្វី ​បាន​ជា​ឧទាយិភិក្ខុ​ដ៏​មានអាយុ ពោលចង់មាតុគ្រាម​ដោយ​សំដីអាក្រក់ (ដូច្នោះ)។ កាលនោះ​ ភិក្ខុទាំងនោះ​ យកសេចក្តី​នុ៎ះ​ក្រាបទូល​ដល់​ព្រះដ៏​មានព្រះភាគ។ ព្រោះនិទាន​នេះ ដំណើរ​នេះ ព្រះដ៏​មាន​ព្រះភាគជាម្ចាស់ ​ទ្រង់ឲ្យ​ប្រជុំភិក្ខុសង្ឃ ​ហើយ​ត្រាស់សួរឧទាយិភិក្ខុដ៏​មានអាយុក្នុង​កាលនោះ​​ថា ម្នាល​ឧទាយិ ​បាន​ឮថា អ្នកឯង​ពោលចង់មាតុគ្រាម​ដោយ​សំដីអាក្រក់​មែន​ឬ។ ឧទាយិភិក្ខុ​ក្រាប​ទូល​ថា បពិត្រព្រះដ៏​មានព្រះភាគ (សេចក្តីនុ៎ះ) ពិតមែន។ ព្រះសព្វញ្ញុពុទ្ធ​​ជាម្ចាស់ដ៏​មានព្រះភាគ​​ទ្រង់តិះដៀលថា ម្នាល​បុរសសោះសូន្យ ដំណើរ​នេះមិន​ទំនង មិន​សមគួរ មិន​ត្រូវបែប មិន​មែន​ជារបស់សមណ មិន​គប្បីសោះ មិន​គួរ​ធ្វើសោះ នែមោឃបុរស ចុះ​ហេតុអ្វី ​បាន​ជាអ្នកឯង​ពោល​ចង់មាតុគ្រាម​​ដោយ​សំដី​អាក្រក់ (ដូច្នោះ) ម្នាល​មោឃបុរស ធម៌ដែល​តថាគតសំដែង​​ហើយ​​ដោយ​​អនេកបរិយាយ(សុទ្ធតែ​) ដើម្បីប្រាសចាក​តម្រេក មិន​មែនសំដែង​​ឲ្យ​​ប្រកប​​ដោយ​តម្រេក​ឡើយ​។បេ។ ការ​រម្ងាប់​សេចក្តី​ក្តៅ​ក្រហាយព្រោះកាមទាំងឡាយ ក៏តថាគតសំដែង​រួចអស់​ហើយ​តើ មិន​មែន​ឬ នែមោឃបុរស ដំណើរ​នេះ មិន​មែននាំឲ្យ​ជ្រះថ្លា​ដល់​ជន ដែល​មិន​ទាន់​ជ្រះថ្លា (នោះ​) ទេ។បេ។ ម្នាល​ភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែង​​ឡើង​នូវ​សិក្ខាបទ​នេះ​ដូច្នេះថា ភិក្ខុណា​មួយ គឺរាគគ្របសង្កត់​ហើយ​ មានចិត្តប្រែប្រួល និយាយចង់មាតុគ្រាម​ដោយ​សំដីអាក្រក់ ​ដូច​ប្រុស​កំឡោះ​និយាយចង់​ស្រីក្រមុំ​ដោយ​សំដី​ដែល​ប្រកប​ដោយ​មេថុន ភិក្ខុនោះ​​ត្រូវអាបត្តិ​សង្ឃាទិសេស។

[៩៨] ត្រង់ពាក្យថា ណាមួយ អធិប្បាយថា ឯណាក៏​ដោយ​។បេ។ ត្រង់ពាក្យថា ភិក្ខុ​។បេ។ (ភិក្ខុដែល​​បាន​សម្រេច​ឧបសម្បទា​ដោយ​ញត្តិចតុត្ថកម្មវាចាដ៏​ត្រឹមត្រូវ) តថាគត​សំដៅ​ឲ្យ​​ឈ្មោះ​​ថា ភិក្ខុក្នុង​អត្ថ​នេះ។ ត្រង់ពាក្យថា គឺរាគគ្របសង្កត់​ហើយ​ សេចក្តីថា ភិក្ខុដែល​ត្រេកអរ មានសេចក្តី​អាឡោះអាឡ័យ មានចិត្តប្រតិព័ទ្ធ។ ត្រង់ពាក្យថា មានចិត្តប្រែប្រួល សេចក្តី​ថា ចិត្ត​ដែល​​ត្រេកអរ ក៏ហៅថាប្រែប្រួល ចិត្តដែល​ខឹង ក៏ហៅថាប្រែប្រួល ចិត្តដែល​វង្វេង ក៏ហៅថាប្រែ​ប្រួល ប៉ុន្តែក្នុង​អត្ថ​នេះ តថាគតសំដៅយកចិត្តដែល​​ត្រេកអរ ឲ្យ​ឈ្មោះ​ថា ចិត្តប្រែប្រួល។ មនុស្ស​ស្រីដែល​ដឹងសេចក្តី ឆ្លៀវឆ្លាស អាចដឹងច្បាស់​នូវ​ពាក្យដែល​គេនិយាយល្អនិង​អាក្រក់ សំដី​គួរ​និង​​មិន​គួរ ហៅថាមាតុគ្រាម (ក្នុង​សិក្ខាបទ​នេះ) ឯ​យក្សស្រី ប្រេតស្រី តិរច្ឆានញី មិន​ហៅថា​មាតុគ្រាមទេ។ ឯសំដី​ដែល​ហៅថាអាក្រក់នោះ​ ​បាន​​ដល់​សំដី​ដែល​​ប្រកប​​ដោយ​​មេថុនធម្ម ចំពោះ​វច្ចមគ្គ និង​បស្សាវមគ្គ។ សេចក្តីប្រព្រឹត្តិ​ល្មើស តថាគត​ត្រាស់ហៅថា និយាយ​ចង់។ ត្រង់ពាក្យថា ​ដូច​ប្រុសកំឡោះ​និយាយ​ចង់ស្រីក្រមុំ សេចក្តីថា ប្រុសកំឡោះ​និយាយ​ចង់​ស្រីក្រមុំ ប្រុសជំទង់​និយាយចង់ស្រីជំទង់ ប្រុសអ្នក​បរិភោគ​កាមនិយាយ​ចង់ស្រី​អ្នក​បរិភោគ​កាម។ ត្រង់ពាក្យថា ​ដោយ​សំដីដែល​ប្រកប​ដោយ​មេថុន គឺសំដីដែល​ប្រកបព្រមចំពោះ​​ដោយ​មេថុនធម្ម។ ត្រង់ពាក្យ​ថា ត្រូវ​អាបត្តិសង្ឃាទិសេស មានអធិប្បាយពិស្តារ​ក្នុង​​សង្ឃាទិសេសទី១ រួច​ហើយ​។

[៩៩] ពោលសរសើរក្តី ពោលបង្អាប់ក្តី សូមក្តី អង្វរក្តី សួរក្តី សួរបញ្ជាក់ក្តី ប្រាប់ក្តី ប្រៀន​ប្រដៅក្តី ជេរក្តី ចំពោះទ្វារមគ្គទាំងពីរ។

[១០០] ភិក្ខុនិយាយស្ងើចពណ៌នាសរសើរទ្វារមគ្គទាំងពីរ ហៅថា ពោលសរសើរ។ ភិក្ខុ​ជេរ​តិះដៀលនិន្ទាទ្វារមគ្គទាំងពីរ ហៅថា ពោលបង្អាប់។ ភិក្ខុនិយាយថា នាងចូរឲ្យ​ (មេថុនធម្ម) ​ដល់​​អាត្មា នាងចូរដាក់ទាន (មេថុនធម្ម) ​ដល់​អាត្មា នាងគួរឲ្យ​ (មេថុនធម្ម) ​ដល់​អាត្មា ហៅថា សូម។ ភិក្ខុ​និយាយថា មាតារបស់នាងនឹងជ្រះថ្លាក្នុង​កាលណា បិតា​របស់​នាងនឹងជ្រះថ្លាក្នុង​កាលណា ទេវតាទាំងឡាយរបស់នាងនឹងជ្រះថ្លាក្នុង​កាលណា ពេលល្អ ស្របក់ល្អ យាមល្អ របស់នាងនឹង​មានក្នុង​កាលណា អាត្មានឹង​បាន​​នូវ​មេថុនធម្ម​របស់នាង​ក្នុង​កាលណា (និយាយយ៉ាង​នេះ) ហៅ​ថា អង្វរ។ ភិក្ខុនិយាយថា នាងឲ្យ​ (មេថុនធម្ម) ​ដល់​ប្តី​ដូចម្តេច នាងឲ្យ​ (មេថុនធម្ម) ​ដល់​​សហាយ​​ដូចម្តេច (យ៉ាង​នេះ) ហៅថា សួរ។ ភិក្ខុនិយាយថា ​បាន​ឮថា នាងឲ្យ​ (មេថុនធម្ម) ​ដល់​ប្តីយ៉ាង​នេះ នាងឲ្យ​ (មេថុនធម្ម) ​ដល់​សហាយយ៉ាង​នេះ ដូច្នេះ ហៅថាសួរបញ្ជាក់។ ភិក្ខុដែល​ស្រីសួរ​ហើយ​ និយាយថា នាងចូរឲ្យ​ (មេថុនធម្ម) យ៉ាង​នេះ កាលបើ​ឲ្យ​ (មេថុនធម្ម) យ៉ាង​នេះ នាងឯង​នឹង​ជាទី​ស្រឡាញ់ផង ជាទីគាប់ចិត្តផងរបស់ប្តី ដូច្នេះ ហៅថាប្រាប់។ ភិក្ខុដែល​ស្រីមិន​សួរសោះទេ ស្រាប់​តែ​​និយាយថា នាងចូរឲ្យ​ (មេថុនធម្ម) យ៉ាង​នេះ កាលបើ​ឲ្យ​ (មេថុនធម្ម) យ៉ាង​នេះ នាងឯងនឹង​ជាទី​ស្រឡាញ់ផង ជាទីគាប់ចិត្តផងរបស់ប្តី ដូច្នេះ ហៅថា ប្រៀនប្រដៅ។ ភិក្ខុពោលពាក្យថា មេ​គ្មាន​និមិត្ត មេមានហេតុគ្រាន់តែ​ជានិមិត្ត មេគ្មានឈាម មេមាន​ឈាមជានិច្ច មេមានកំណាត់​សម្ពត់​ជានិច្ច មេហូរឈាមជានិច្ច មេសិខិរណី [ពាក្យជេរ​លើកអាស។] មេស្រីខ្ទើយ មេស្រីមានរូប​ដូចប្រុស មេមានទ្វារមគ្គ​រលាយ​ចូលគ្នា មេ​ឧភតោព្យញ្ជនក ដូច្នេះ ហៅថាជេរ។

[១០១] ស្រីជាប្រាកដ ភិក្ខុសំគាល់ថាស្រីពិតមែន ក៏មានសេចក្តីត្រេកអរ ពោលសរសើរក្តី ពោលបង្អាប់ក្តី សូមក្តី អង្វរក្តី សួរក្តី សួរបញ្ជាក់ក្តី ប្រាប់ក្តី ប្រៀនប្រដៅក្តី ជេរក្តី ចំពោះវច្ចមគ្គ (ឬ) បស្សាវមគ្គរបស់ស្រីនោះ​ ត្រូវអាបត្តិសង្ឃាទិសេស។ ស្រីជាប្រាកដ ភិក្ខុមានសេចក្តីសង្ស័យ (ក្តី) សំគាល់ថាខ្ទើយ (ក្តី) សំគាល់ថាប្រុស (ក្តី) សំគាល់ថាតិរច្ឆាន (ក្តី)  ក៏មានសេចក្តីត្រេកអរ ពោលសរសើរក្តី ពោលបង្អាប់ក្តី។បេ។ ជេរក្តី ចំពោះវច្ចមគ្គ (ឬ) បស្សាវមគ្គរបស់ស្រីនោះ​ ត្រូវអាបត្តិថុល្លច្ច័យ។ ខ្ទើយជាប្រាកដ ភិក្ខុសំគាល់ថាខ្ទើយ​ពិតមែន ក៏មានសេចក្តីត្រេកអរ ពោលសរសើរក្តី ពោលបង្អាប់ក្តី។បេ។ ជេរក្តី ចំពោះវច្ចមគ្គ (ឬ) បស្សាវមគ្គរបស់ខ្ទើយនោះ​ ត្រូវអាបត្តិថុល្លច្ច័យ។ ខ្ទើយជាប្រាកដ ភិក្ខុមានសេចក្តី​សង្ស័យ (ក្តី) សំគាល់ថាប្រុស (ក្តី) សំគាល់ថាតិរច្ឆាន (ក្តី) សំគាល់ថាស្រី (ក្តី) ក៏មាន​សេចក្តីត្រេកអរ ពោលសរសើរក្តី ពោលបង្អាប់ក្តី។បេ។ ជេរក្តី ចំពោះវច្ចមគ្គ (ឬ) បស្សាវមគ្គ​របស់ខ្ទើយនោះ​ ត្រូវអាបត្តិទុក្កដ។ ប្រុសជាប្រាកដ ភិក្ខុសំគាល់ថា​ប្រុសពិត​មែន មានសេចក្តីសង្ស័យ (ក្តី) សំគាល់ថាតិរច្ឆាន (ក្តី) សំគាល់​ថា​ស្រី (ក្តី) សំគាល់ថាខ្ទើយ (ក្តី) ក៏មានសេចក្តីត្រេកអរ ពោលសរសើរក្តី ពោលបង្អាប់ក្តី។បេ។ ជេរក្តី ចំពោះវច្ចមគ្គ (ឬ) បស្សាវមគ្គនៃប្រុសនោះ​ ត្រូវអាបត្តិទុក្កដ។ សត្វតិរច្ឆានឈ្មោលជាប្រាកដ ភិក្ខុសំគាល់ថា​សត្វតិរច្ឆានឈ្មោលពិតមែន មានសេចក្តីសង្ស័យក្តី សំគាល់ថាស្រី (ក្តី) សំគាល់ថាខ្ទើយ (ក្តី) សំគាល់ថាប្រុស (ក្តី)  ក៏មានសេចក្តីត្រេកអរ ពោលសរសើរក្តី ពោលបង្អាប់ក្តី។បេ។ ជេរក្តី ចំពោះវច្ចមគ្គ (ឬ) បស្សាវមគ្គនៃសត្វតិរច្ឆានឈ្មោលនោះ​ ត្រូវអាបត្តិទុក្កដ។

[១០២] ស្រីពីរនាក់ពិតមែន ភិក្ខុក៏សំគាល់ស្រីទាំងពីរនាក់ថាស្រី  មានសេចក្តីត្រេកអរ ពោលសរសើរក្តី ពោលបង្អាប់ក្តី។បេ។ ជេរក្តី ចំពោះវច្ចមគ្គ (ឬ) បស្សាវមគ្គនៃ​ស្រីទាំងពីរ​នាក់​នោះ​ ត្រូវអាបត្តិសង្ឃាទិសេសពីរ។ ស្រីពីរនាក់ ភិក្ខុមានសេចក្តីសង្ស័យ(ក្តី) សំគាល់​ថាខ្ទើយ (ក្តី) សំគាល់ថាប្រុសក្តី សំគាល់ថាតិរច្ឆានក្តី ចំពោះស្រីទាំងពីរនាក់ ក៏មាន​សេចក្តីត្រេកអរ ពោលសរសើរក្តី ពោលបង្អាប់ក្តី។បេ។ ជេរក្តី ចំពោះវច្ចមគ្គ (ឬ) បស្សាវមគ្គនៃ​ស្រីទាំងពីរនាក់នោះ​ ត្រូវអាបត្តិថុល្លច្ច័យពីរ។ ខ្ទើយពីរនាក់ ភិក្ខុសំគាល់​ខ្ទើយទាំងពីរនាក់ថាខ្ទើយ ក៏មានសេចក្តី​ត្រេកអរ ពោលសរសើរក្តី ពោលបង្អាប់ក្តី។បេ។ ជេរក្តី ចំពោះវច្ចមគ្គ (ឬ) បស្សាវមគ្គនៃខ្ទើយទាំងពីរនាក់​នោះ​ ត្រូវអាបត្តិថុល្លច្ច័យពីរ។ ខ្ទើយពីរនាក់ ភិក្ខុមានសេចក្តីសង្ស័យ (ក្តី) សំគាល់ថាប្រុស (ក្តី) សំគាល់ថាតិរច្ឆាន(ក្តី) សំគាល់ថាស្រី (ក្តី) ចំពោះខ្ទើយទាំងពីរនាក់ ក៏មានសេចក្តីត្រេកអរ ពោលសរសើរក្តី ពោលបង្អាប់ក្តី។បេ។ ជេរក្តី ចំពោះវច្ចមគ្គ (ឬ) បស្សាវមគ្គនៃខ្ទើយទាំងពីរនាក់នោះ​ ត្រូវអាបត្តិទុក្កដពីរ។ ប្រុសពីរនាក់ ភិក្ខុសំគាល់ថាប្រុសក្តី មានសេចក្តីសង្ស័យក្តី សំគាល់​ថាតិរច្ឆានក្តី សំគាល់ថាស្រីក្តី សំគាល់ថាខ្ទើយក្តី ចំពោះ​ប្រុស​ទាំងពីរនាក់ ក៏មានសេចក្តី​ត្រេកអរ ពោលសរសើរក្តី ពោលបង្អាប់ក្តី។បេ។ ជេរក្តី ចំពោះវច្ចមគ្គ (ឬ) បស្សាវមគ្គនៃ​ប្រុសទាំងពីរនាក់នោះ​ ត្រូវអាបត្តិទុក្កដពីរ។ តិរច្ឆានពីរ ភិក្ខុសំគាល់ថាតិរច្ឆានក្តី មាន​សេចក្តីសង្ស័យ(ក្តី) សំគាល់ថាស្រី(ក្តី) សំគាល់ថាខ្ទើយ(ក្តី) សំគាល់ថាប្រុស (ក្តី) ចំពោះ​តិរច្ឆាន​​ទាំងពីរ ក៏មានសេចក្តីត្រេកអរ ពោលសរសើរក្តី ពោលបង្អាប់ក្តី។បេ។ ជេរក្តី ចំពោះវច្ចមគ្គ (ឬ) បស្សាវមគ្គនៃតិរច្ឆានទាំងពីរនោះ​ ត្រូវអាបត្តិទុក្កដពីរ។

[១០៣] ស្រីម្នាក់ ខ្ទើយម្នាក់ ភិក្ខុសំគាល់ជនទាំងពីរនាក់ថា​ស្រី ក៏មានសេចក្តីត្រេកអរ ពោល​សរសើរក្តី ពោលបង្អាប់ក្តី។បេ។ ជេរក្តី ចំពោះវច្ចមគ្គ (ឬ) បស្សាវមគ្គ​នៃ​ជន​ទាំងពីរ​នាក់នោះ​ ត្រូវអាបត្តិសង្ឃាទិសេស និង​ទុក្កដ។ ស្រីម្នាក់ ខ្ទើយម្នាក់ ភិក្ខុមាន​សេចក្តី​សង្ស័យចំពោះជន ទាំងពីរនាក់។បេ។ ត្រូវអាបត្តិថុល្លច្ច័យ និង​ទុក្កដ។បេ។ ភិក្ខុសំគាល់​ថាខ្ទើយ។បេ។ ត្រូវអាបត្តិ​ថុល្លច្ច័យពីរ។បេ។ ភិក្ខុសំគាល់ថាប្រុស។បេ។ ភិក្ខុសំគាល់ថា​តិរច្ឆាន ក៏មានសេចក្តីត្រេកអរ ពោលសរសើរក្តី ពោលបង្អាប់ក្តី។បេ។ ជេរក្តី ចំពោះវច្ចមគ្គ (ឬ) បស្សាវមគ្គនៃជនទាំងពីរនាក់នោះ​ ត្រូវអាបត្តិថុល្លច្ច័យ និង​ទុក្កដ។ ស្រីម្នាក់ ប្រុសម្នាក់ ភិក្ខុសំគាល់ជនទាំងពីរនាក់ថា​ស្រី ក៏មានសេចក្តីត្រេកអរ ពោលសរសើរក្តី ពោលបង្អាប់​ក្តី។បេ។ ជេរក្តី ចំពោះវច្ចមគ្គ (ឬ) បស្សាវមគ្គនៃជនទាំងពីរនាក់នោះ​ ត្រូវអាបត្តិ​សង្ឃាទិសេស និង​ទុក្កដ។ ស្រីម្នាក់ ប្រុសម្នាក់  ភិក្ខុមានសេចក្តីសង្ស័យ (ក្តី) សំគាល់​ថាខ្ទើយ(ក្តី) សំគាល់ថាប្រុស(ក្តី) សំគាល់ថាតិរច្ឆាន(ក្តី) ចំពោះ​ជនទាំងពីរនាក់ ក៏មាន​សេចក្តីត្រេកអរ ពោលសរសើរក្តី ពោលបង្អាប់ក្តី។បេ។ ជេរក្តី ចំពោះវច្ចមគ្គ (ឬ) បស្សាវមគ្គនៃជនទាំងពីរនាក់នោះ​ ត្រូវអាបត្តិថុល្លច្ច័យ និង​ទុក្កដ។ ស្រីម្នាក់ តិរច្ឆានមួយ ភិក្ខុសំគាល់ជនទាំងពីរថា​ស្រី ក៏មានសេចក្តីត្រេកអរ ពោលសរសើរក្តី ពោលបង្អាប់ក្តី។បេ។ ជេរក្តី ចំពោះវច្ចមគ្គ (ឬ) បស្សាវមគ្គនៃជនទាំងពីរនាក់នោះ​ ត្រូវអាបត្តិសង្ឃាទិសេស និង​ទុក្កដ។ ស្រីម្នាក់ តិរច្ឆានមួយ ភិក្ខុមានសេចក្តីសង្ស័យ (ក្តី) សំគាល់ថាខ្ទើយ (ក្តី) សំគាល់​ថាប្រុស (ក្តី) សំគាល់ថាតិរច្ឆាន (ក្តី) ចំពោះជនទាំងពីរ ក៏​មានសេចក្តីត្រេកអរ ពោលសរសើរក្តី ពោលបង្អាប់ក្តី។បេ។ ជេរក្តី ចំពោះវច្ចមគ្គ (ឬ) បស្សាវមគ្គនៃ​ជន​ទាំងពីរនោះ​ ត្រូវអាបត្តិថុល្លច្ច័យ និង​ទុក្កដ។ ខ្ទើយម្នាក់ ប្រុសម្នាក់ ភិក្ខុសំគាល់​ជនទាំងពីរ​នាក់ថាខ្ទើយ ក៏មានសេចក្តីត្រេកអរ ពោលសរសើរក្តី ពោលបង្អាប់ក្តី។បេ។ ជេរក្តី ចំពោះវច្ចមគ្គ (ឬ) បស្សាវមគ្គនៃជនទាំងពីរនាក់នោះ​ ត្រូវអាបត្តិថុល្លច្ច័យ និង​ទុក្កដ។ ខ្ទើយម្នាក់ ប្រុសម្នាក់ ភិក្ខុមានសេចក្តីសង្ស័យ(ក្តី) សំគាល់ថាប្រុស(ក្តី) សំគាល់ថា​តិរច្ឆាន (ក្តី) សំគាល់ថាស្រី(ក្តី) ចំពោះជនទាំងពីរនាក់ ក៏មានសេចក្តីត្រេកអរ ពោលសរសើរក្តី ពោលបង្អាប់ក្តី។បេ។ ជេរក្តី ចំពោះវច្ចមគ្គ (ឬ) បស្សាវមគ្គនៃជនទាំងពីរនាក់នោះ​ ត្រូវ​អាបត្តិទុក្កដពីរ។ ខ្ទើយម្នាក់ តិរច្ឆានមួយ ភិក្ខុសំគាល់​នូវ​ជនទាំងពីរថាខ្ទើយ ក៏មាន​សេចក្តី​ត្រេកអរ ពោលសរសើរក្តី ពោលបង្អាប់ក្តី។បេ។ ជេរក្តី ចំពោះវច្ចមគ្គ (ឬ) បស្សាវមគ្គ​នៃជនទាំងពីរនោះ​ ត្រូវអាបត្តិថុល្លច្ច័យ និង​ទុក្កដ។ ខ្ទើយម្នាក់ តិរច្ឆានមួយ ភិក្ខុមាន​សេចក្តីសង្ស័យ (ក្តី) សំគាល់ថាប្រុស (ក្តី) សំគាល់ថាតិរច្ឆាន (ក្តី) សំគាល់ថាស្រី (ក្តី) ចំពោះ​ជនទាំងពីរ ក៏មានសេចក្តីត្រេកអរ ពោលសរសើរក្តី ពោលបង្អាប់ក្តី។បេ។ ជេរក្តី ចំពោះវច្ចមគ្គ (ឬ) បស្សាវមគ្គនៃជនទាំងពីរនោះ​ ត្រូវអាបត្តិទុក្កដពីរ។ ប្រុសម្នាក់ តិរច្ឆាន​មួយ ភិក្ខុសំគាល់ថាប្រុស (ក្តី) មានសេចក្តីសង្ស័យ (ក្តី) សំគាល់ថាតិរច្ឆាន (ក្តី) សំគាល់ថាស្រី (ក្តី) សំគាល់ថា​ជាខ្ទើយ(ក្តី) ចំពោះជនទាំងពីរ ក៏មានសេចក្តីត្រេកអរ ពោល​សរសើរក្តី ពោលបង្អាប់ក្តី។បេ។ ជេរក្តី ចំពោះវច្ចមគ្គ (ឬ) បស្សាវមគ្គនៃ​ជនទាំង​ពីរនោះ​ ត្រូវអាបត្តិទុក្កដពីរ។

[១០៤] ស្រីពិតមែន ភិក្ខុសំគាល់ថាស្រី ក៏មានសេចក្តីត្រេកអរ ពោលសរសើរក្តី ពោល​បង្អាប់ក្តី។បេ។ ជេរក្តី (ចំពោះកាយ) ខាងក្រោមពីត្រឹមដងកាំបិតចុះមក ខាងលើពីត្រឹម​មណ្ឌលជង្គង់ឡើងទៅ​ វៀរលែងតែ​វច្ចមគ្គ ឬបស្សាវមគ្គនៃស្រីនោះ​ ត្រូវអាបត្តិថុល្លច្ច័យ។ ខ្ទើយពិតមែន ភិក្ខុសំគាល់ថាជាស្រី។បេ។ ប្រុសពិតមែន ភិក្ខុសំគាល់ថាជាស្រី។បេ។ តិរច្ឆានពិត​មែន ភិក្ខុសំគាល់ថាស្រី។បេ។ ត្រូវអាបត្តិទុក្កដ។ ស្រីពីរនាក់ ភិក្ខុសំគាល់​ស្រីទាំងពីរនាក់ថាជាស្រី ក៏មានសេចក្តីត្រេកអរ ពោលសរសើរក្តី ពោលបង្អាប់ក្តី ។បេ។ ជេរក្តី (ចំពោះកាយ) ខាងក្រោមពីត្រឹមដងកាំបិតចុះមក ខាងលើពីត្រឹម​មណ្ឌលជង្គង់​ឡើងទៅ​ វៀរលែងតែ​វច្ចមគ្គ ឬបស្សាវមគ្គនៃស្រីទាំងពីរនោះ​ ត្រូវអាបត្តិថុល្លច្ច័យពីរ។ ស្រីម្នាក់ ខ្ទើយម្នាក់ ភិក្ខុសំគាល់ជនទាំងពីរថាជាស្រី ក៏មានសេចក្តីត្រេកអរ ពោល​សរសើរក្តី ពោលបង្អាប់ក្តី ។បេ។ ជេរក្តី (ចំពោះកាយ) ខាងក្រោមពីត្រឹមដងកាំបិតចុះមក ខាងលើពីត្រឹម​មណ្ឌលជង្គង់ឡើងទៅ​ វៀរលែងតែ​វច្ចមគ្គ ឬបស្សាវមគ្គស្រីទាំងពីរនោះ​ ត្រូវអាបត្តិថុល្លច្ច័យ និង​ទុក្កដ។

[១០៥] ស្រីពិតមែន ភិក្ខុសំគាល់ថាស្រី ក៏មានសេចក្តីត្រេកអរ ពោលសរសើរក្តី ពោល​បង្អាប់ក្តី។បេ។ ជេរក្តី (ចំពោះកាយ) ខាងលើពីត្រឹមដងកាំបិតឡើងទៅ​ ខាងក្រោមពីត្រឹម​មណ្ឌលជង្គង់ចុះមកនៃស្រីនោះ​ ត្រូវអាបត្តិទុក្កដ។ ខ្ទើយពិតមែន ភិក្ខុសំគាល់ថាជាស្រី។បេ។ ប្រុសពិតមែន ភិក្ខុសំគាល់ថាជាស្រី។បេ។ តិរច្ឆានឈ្មោលពិតមែន ភិក្ខុសំគាល់​ថាស្រី។បេ។ ត្រូវ​អាបត្តិទុក្កដ។ ស្រីពីរនាក់ ភិក្ខុសំគាល់ស្រីទាំងពីរនាក់ថាស្រី ក៏មាន​សេចក្តីត្រេកអរ ពោលសរសើរក្តី ពោលបង្អាប់ក្តី ។បេ។ ជេរក្តី (ចំពោះកាយ) ខាងលើ​ពីត្រឹមដងកាំបិតឡើងទៅ​ ខាងក្រោមពីត្រឹម​មណ្ឌលជង្គង់ចុះមកនៃស្រីទាំងពីរនាក់នោះ​ ត្រូវអាបត្តិទុក្កដពីរ។ ស្រីម្នាក់ ខ្ទើយម្នាក់ ភិក្ខុសំគាល់ជនទាំងពីរថាជាស្រី ក៏មានសេចក្តី​ត្រេកអរ ពោលសរសើរក្តី ពោលបង្អាប់ក្តី ។បេ។ ជេរក្តី (ចំពោះកាយ) ខាងលើពី​ត្រឹមដងកាំបិតឡើងទៅ​ ខាងក្រោមពីត្រឹម​មណ្ឌលជង្គង់ចុះមកនៃជនទាំងពីរនាក់នោះ​ ត្រូវ​អាបត្តិទុក្កដពីរ។បេ។ ស្រីពិតមែន ភិក្ខុសំគាល់ថាស្រី ក៏មានសេចក្តីត្រេកអរ ពោល​សរសើរក្តី ពោលបង្អាប់ក្តី ។បេ។ ជេរក្តី ចំពោះវត្ថុ​ដែល​ជាប់នឹងកាយស្រីនោះ​ ត្រូវអាបត្តិ​ទុក្កដ។ ខ្ទើយពិតមែន។បេ។ ប្រុសពិតមែន។បេ។ តិរច្ឆានឈ្មោលពិតមែន។បេ។ ត្រូវ​អាបត្តិទុក្កដ។ ស្រីពីរនាក់ ភិក្ខុសំគាល់ស្រីទាំងពីរនាក់ថាជាស្រី ក៏មានសេចក្តីត្រេកអរ ពោលសរសើរក្តី ពោលបង្អាប់ក្តី។បេ។ ជេរក្តី ចំពោះវត្ថុ​ដែល​ជាប់នឹងកាយ​នៃស្រីទាំងពីរ​នាក់នោះ​ ត្រូវអាបត្តិទុក្កដពីរ។ ស្រីម្នាក់ ខ្ទើយម្នាក់ ភិក្ខុសំគាល់ជនទាំងពីរថាជាស្រី ក៏មានសេចក្តីត្រេកអរ ពោលសរសើរក្តី ពោលបង្អាប់ក្តី។បេ។ ជេរក្តី ចំពោះវត្ថុ​ដែល​ជាប់នឹង​កាយនៃស្រីទាំងពីរនាក់នោះ​ ត្រូវអាបត្តិទុក្កដពីរ។

[១០៦] អាបត្តិមិន​មាន (​ដល់​ភិក្ខុ៥ពួក) គឺ ភិក្ខុដែល​កំពុងអធិប្បាយសេចក្តី [ភិក្ខុ​ដែល​​កំពុង​សំដែង​​​នូវ​​សេចក្តី​ពន្យល់ ឬដែល​កំពុងស្វាធ្យាយ​នូវ​អដ្ឋកថា នៃបទ​មានពាក្យថា ឯង​ជាមនុស្ស​គ្មាននិមិត្ត ដូច្នេះជាដើម។] ១ ភិក្ខុដែល​កំពុងបង្រៀនធម៌  [ភិក្ខុដែល​កំពុង​បង្ហាញ ឬកំពុង​ស្វាធ្យាយ​នូវ​បាឡី។] ១ ភិក្ខុដែល​កំពុងប្រៀនប្រដៅ [ភិក្ខុដែល​កំពុង​និយាយប្រៀនប្រដៅ មនុស្សខ្ទើយថា ឥឡូវ​នេះ ឯង​ជាមនុស្សគ្មាននិមិត្ត ឯងជាមនុស្ស​ឧភតោព្យញ្ជនក ក៏តាំងពី​ឥឡូវ​​នេះទៅ​ ឯងត្រូវកុំប្រមាទ ទៅ​ខាងមុខទៅ​ កុំឲ្យ​ជាមនុស្សយ៉ាងហ្នឹង​ទៀត។ (អដ្ឋកថា)] ១ ភិក្ខុឆ្កួត១ ភិក្ខុជាខាងដើមបញ្ញត្តិ១។

(មាតិកានុក្រម គឺបញ្ជីរឿងតាមរបៀបហូរហែ ដែល​នឹងសំដែង​តទៅ​​ដូចមានខាងក្រោយ​​នេះ)

[១០៧] សម្ពត់កម្ពលក្រហម១ សម្ពត់កម្ពលមានរោមខ្លី១ សម្ពត់កម្ពលមានរោម​ក្រញាញ់១ សម្ពត់កម្ពលមានរោមរឹង១ សម្ពត់កម្ពលមានរោមវែង១ ស្រីព្រោះស្រូវ១ ភិក្ខុសួរ​ថាផ្លូវ​ប្រព្រឹត្តទៅ​ស្រួលទេឬ១ សទ្ធា១ ទានដ៏​ប្រសើរ១ ស្រីកំពុងធ្វើការងារ១។

[១០៨] សម័យនោះ​ឯង មានស្រីម្នាក់ដណ្តប់សម្ពត់កម្ពលជ្រលក់ថ្មី។ ភិក្ខុ១រូបមាន​សេចក្តី​ត្រេកអរ ក៏និយាយ​នូវ​ពាក្យ​នេះនឹងស្រីនោះ​ថា ម្នាល​ប្អូនស្រី វត្ថុរបស់នាងក្រហមឬ។ ស្រីនោះ​​មិន​​ដឹង​ច្បាស់ ក៏ឆ្លើយថា ករុណាលោកម្ចាស់ សម្ពត់កម្ពលខ្ញុំជ្រលក់ថ្មី។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យថា អញត្រូវអាបត្តិសង្ឃាទិសេស​ហើយ​ទេដឹង។ ទើបក្រាបទូល​សេចក្តី​នោះ​​​ដល់​​ព្រះ​ដ៏​មានព្រះភាគ។ ព្រះអង្គត្រាស់ថា ម្នាល​ភិក្ខុ មិន​ត្រូវអាបត្តិ​សង្ឃាទិសេសទេ ត្រូវតែ​ត្រឹមអាបត្តិ​ទុក្កដ។ សម័យនោះ​ឯង មានស្រីម្នាក់ដណ្តប់​សម្ពត់​កម្ពលមានរោមខ្លី។ ភិក្ខុមួយរូបមាន​សេចក្តី​ត្រេកអរ ក៏និយាយ​នូវ​ពាក្យ​នេះនឹងស្រីនោះ​ថា ម្នាល​ប្អូនស្រី វត្ថុរបស់នាងមានរោមខ្លីឬ។ ស្រីនោះ​​មិន​​ដឹង​ច្បាស់ ក៏ឆ្លើយថា ករុណាលោកម្ចាស់ សម្ពត់កម្ពលខ្ញុំមានរោមខ្លី។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យ។បេ។ ព្រះអង្គត្រាស់ថា ម្នាល​ភិក្ខុ មិន​ត្រូវអាបត្តិសង្ឃាទិសេសទេ ត្រូវតែ​ត្រឹមអាបត្តិ​ទុក្កដ។ សម័យនោះ​ឯង មានស្រីម្នាក់ដណ្តប់សម្ពត់កម្ពលទើបតែ​នឹងលាងថ្មី។ ភិក្ខុ១រូបមាន​សេចក្តី​ត្រេកអរ ក៏និយាយ​នូវ​ពាក្យ​នេះនឹងស្រីនោះ​ថា ម្នាល​ប្អូនស្រី វត្ថុរបស់នាងមានរោម​ក្រញាញ់ឬ។ ស្រីនោះ​​មិន​​ដឹង​ច្បាស់ ក៏ឆ្លើយថា ករុណាលោកម្ចាស់ សម្ពត់កម្ពលខ្ញុំទើបតែ​លាង​ថ្មី។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យ។បេ។ ព្រះអង្គត្រាស់ថា ម្នាល​ភិក្ខុ មិន​ត្រូវអាបត្តិសង្ឃាទិសេសទេ ត្រូវតែ​ត្រឹមអាបត្តិ​ទុក្កដ។ សម័យនោះ​ឯង មានស្រីម្នាក់​ដណ្តប់​សម្ពត់កម្ពលមានរោមរឹង។ មានភិក្ខុ១រូបមាន​សេចក្តី​ត្រេកអរ ក៏និយាយពាក្យ​នេះ​នឹង​ស្រីនោះ​ថា ម្នាល​ប្អូនស្រី វត្ថុរបស់នាងមានរោមរឹងឬ។ ស្រីនោះ​​មិន​​ដឹង​ច្បាស់ ក៏ឆ្លើយ​ថា ករុណាលោកម្ចាស់ សម្ពត់កម្ពលខ្ញុំមានរោមរឹង។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យ។បេ។ ព្រះអង្គត្រាស់ថា ម្នាល​ភិក្ខុ មិន​ត្រូវអាបត្តិសង្ឃាទិសេសទេ ត្រូវតែ​ត្រឹមអាបត្តិ​ទុក្កដ។

[១០៩] សម័យនោះ​ឯង មានស្រីម្នាក់ដណ្តប់សម្ពត់បាវារមានរោមវែង។ មានភិក្ខុ១រូបមាន​សេចក្តី​ត្រេកអរ ក៏និយាយពាក្យ​នេះនឹងស្រីនោះ​ថា ម្នាល​ប្អូនស្រី វត្ថុរបស់នាង​មានរោម​វែងឬ។ ស្រីនោះ​​មិន​​ដឹង​ច្បាស់ ក៏ឆ្លើយថា ករុណាលោកម្ចាស់ សម្ពត់បាវារខ្ញុំមាន​រោម​វែង។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យ។បេ។ ព្រះអង្គត្រាស់ថា ម្នាល​ភិក្ខុ មិន​ត្រូវអាបត្តិ​សង្ឃាទិសេសទេ ត្រូវតែ​ត្រឹមអាបត្តិ​ទុក្កដ។

[១១០] សម័យនោះ​ឯង មានស្រីម្នាក់ ប្រើគេឲ្យ​ព្រោះស្រូវស្រែរួច​ហើយ​ ត្រឡប់មកវិញ។ មានភិក្ខុ១រូប មាន​សេចក្តី​ត្រេកអរ និយាយពាក្យ​នេះនឹងស្រីនោះ​ថា ម្នាល​ប្អូនស្រី វត្ថុរបស់នាងឲ្យ​គេព្រោះ​ហើយ​ឬ។ ស្រីនោះ​​មិន​​ដឹង​ច្បាស់ ក៏ឆ្លើយថា ករុណាលោកម្ចាស់ ស្រែខ្ញុំ​គេ​មិន​ទាន់ព្រោះទេ។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យ។បេ។ ព្រះអង្គត្រាស់ថា ម្នាល​ភិក្ខុ មិន​ត្រូវអាបត្តិសង្ឃាទិសេសទេ ត្រូវតែ​ត្រឹមអាបត្តិ​ទុក្កដ។

[១១១] សម័យនោះ​ឯង មានភិក្ខុ១រូប ប្រទះនឹងនាងបរិព្វាជិកាត្រង់ផ្លូវជួបគ្នា មាន​សេចក្តី​ត្រេកអរ ក៏និយាយពាក្យ​នេះនឹងបរិព្វាជិកានោះ​ថា ម្នាល​ប្អូនស្រី ផ្លូវរបស់នាងប្រព្រឹត្តទៅ​​ស្រួលទេឬ។ នាងនោះ​​មិន​​ដឹង​ច្បាស់ ក៏ឆ្លើយថា ករុណាលោក លោកនឹងដើរទៅ​​បាន​។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យ។បេ។ ព្រះអង្គត្រាស់ថា ម្នាល​ភិក្ខុ មិន​ត្រូវអាបត្តិ​សង្ឃាទិសេស​ទេ ត្រូវតែ​ត្រឹមអាបត្តិថុល្លច្ច័យ។

[១១២] សម័យនោះ​ឯង មានភិក្ខុ១រូប មាន​សេចក្តី​ត្រេកអរ និយាយពាក្យ​នេះនឹងស្រី​ម្នាក់ថា ម្នាល​ប្អូនស្រី នាងជាស្រីមានសទ្ធា ប៉ុន្តែនាងឲ្យ​​វត្ថុ​ណា​​ដល់​​ស្វាមី នាងមិន​ឲ្យ​វត្ថុនោះ​​ដល់​អាត្មាផងសោះ។ ស្រីនោះ​សួរថា អ្វីលោកម្ចាស់។ ភិក្ខុនោះ​ឆ្លើយថា មេថុនធម្ម។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យ។បេ។ ព្រះអង្គត្រាស់ថា ម្នាល​ភិក្ខុ អ្នកឯង​ត្រូវអាបត្តិសង្ឃាទិសេស​ហើយ​។ សម័យនោះ​ឯង មានភិក្ខុ១រូប មាន​សេចក្តី​ត្រេកអរ ក៏និយាយពាក្យ​នេះនឹងស្រីម្នាក់ថា ម្នាល​ប្អូនស្រី នាងជាស្រីមានសទ្ធា ប៉ុន្តែទាន​ណាដ៏​ប្រសើរ នាងមិន​ឲ្យ​ទាននោះ​​ដល់​អាត្មាផងសោះ។ ស្រីនោះ​សួរថា បពិត្រលោកដ៏​ចំរើន ទានដ៏​ប្រសើរ​នោះ​ តើ​ដូចម្តេច។ ភិក្ខុនោះ​ឆ្លើយថា  ទានដ៏​ប្រសើរនោះ​ គឺមេថុនធម្ម។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យ។បេ។ ព្រះអង្គត្រាស់ថា ម្នាល​ភិក្ខុ អ្នកឯងត្រូវអាបត្តិ​សង្ឃាទិសេស​​ហើយ​។

[១១៣] សម័យនោះ​ឯង មានស្រីម្នាក់កំពុងធ្វើការងារ។ មានភិក្ខុ១រូប មាន​សេចក្តី​ត្រេកអរ ក៏និយាយពាក្យ​នេះនឹងស្រីនោះ​ថា ម្នាល​ប្អូនស្រី នាងឈប់ចុះចាំអាត្មាធ្វើឲ្យ​។ ស្រីនោះ​មិន​ដឹង​ច្បាស់។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យ។បេ។ ព្រះអង្គត្រាស់ថា ម្នាល​ភិក្ខុ មិន​ត្រូវអាបត្តិសង្ឃាទិសេសទេ ត្រូវតែ​ត្រឹមអាបត្តិទុក្កដ។ សម័យនោះ​ឯង មានស្រីម្នាក់​កំពុងធ្វើការងារ។ មានភិក្ខុ១រូប មាន​សេចក្តី​ត្រេកអរ ក៏និយាយពាក្យ​នេះនឹងស្រីនោះ​ថា ម្នាល​ប្អូនស្រី នាងចូរអង្គុយទៅ​ អាត្មានឹងធ្វើឲ្យ​។ ស្រីនោះ​មិន​ដឹង​ច្បាស់។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យ។បេ។ ព្រះអង្គត្រាស់ថា ម្នាល​ភិក្ខុ មិន​ត្រូវអាបត្តិសង្ឃាទិសេសទេ ត្រូវតែ​ត្រឹមអាបត្តិទុក្កដ។ សម័យនោះ​ឯង មានស្រីម្នាក់កំពុងធ្វើការងារ។ មានភិក្ខុ១រូប មាន​សេចក្តី​ត្រេកអរ ក៏និយាយពាក្យ​នេះនឹងស្រីនោះ​ថា ម្នាល​ប្អូនស្រី នាងចូរដេកទៅ​ អាត្មានឹងធ្វើឲ្យ​។ ស្រីនោះ​មិន​ដឹង​ច្បាស់។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យ។បេ។ ព្រះអង្គ​ត្រាស់​ថា ម្នាល​ភិក្ខុ មិន​ត្រូវអាបត្តិសង្ឃាទិសេសទេ ត្រូវតែ​ត្រឹមអាបត្តិទុក្កដ។

សង្ឃាទិសេសទី៣ ចប់។

សង្ឃាទិសេសទី៤

[១១៤] សម័យនោះ​ឯង ព្រះសព្វញ្ញុពុទ្ធដ៏​មានព្រះភាគ ​ទ្រង់គង់នៅក្នុង​វត្តជេតវន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ សម័យនោះ​ឯង ឧទាយិភិក្ខុដ៏​មានអាយុ ជាអ្នក​ចូល​ទៅ​​កាន់​ត្រកូល [កុលុបក ប្រែថា ជីតុន ក៏​បាន​ គឺភិក្ខុដែល​ជិតដិត​ស្និទ្ធស្នាល​នឹងត្រកូល។] ក៏ចូលទៅ​រកត្រកូលមានប្រមាណច្រើន ក្នុង​ក្រុងសាវត្ថី។ សម័យនោះ​ឯង មានស្រីម្នាក់ជា​ស្រីមេម៉ាយ​ស្លាប់ប្តី មានរូបល្អគួរពិតពិលរមិលមើល ជាទីនាំមក​នូវ​សេចក្តី​ជ្រះ​ថ្លា។ គ្រានោះ​ ឧទាយិភិក្ខុ​ដ៏​មានអាយុ ស្លៀកស្បង់ ​ទ្រង់បាត្រចីវរ ​ហើយ​ចូលទៅ​កាន់លំនៅ​របស់​ស្រីនោះ​ក្នុង​ពេលព្រឹកព្រហាម។ លុះ​ចូលទៅ​​ដល់​​ហើយ​ ក៏អង្គុយលើ​អាសនៈ​ដែល​គេក្រាល​ប្រគេន។ ស្រីនោះ​ក៏ចូលមករកឧទាយិភិក្ខុដ៏​មានអាយុក្នុង​ពេល​នោះ​ លុះ​ចូលមកជិត​ហើយ​ ក៏​ឱនកាយថ្វាយបង្គំ​ឧទាយិភិក្ខុដ៏​មានអាយុ ​ហើយ​អង្គុយ​ក្នុង​ទីដ៏​សមគួរ។ ឧទាយិភិក្ខុដ៏​មានអាយុ ក៏​ញុំាង​ស្រីនោះ​ ដែល​អង្គុយនៅ​ក្នុង​ទីដ៏​សមគួរ ឲ្យ​ឃើញច្បាស់ ឲ្យ​កាន់យកព្រម ឲ្យ​អាចហ៊ាន ឲ្យ​​រីករាយ ​ដោយ​វាចាដ៏​ប្រកប​ដោយ​ធម៌។ ឯស្រីនោះ​ លុះ​ឧទាយិភិក្ខុដ៏​មានអាយុឲ្យ​ឃើញច្បាស់ ឲ្យ​កាន់យកព្រម ឲ្យ​អាចហ៊ាន ឲ្យ​​រីករាយ​ដោយ​វាចាដ៏​ប្រកប​ដោយ​ធម៌ដូច្នោះ​ហើយ​ ក៏​បាន​​និយាយ​ពាក្យ​នេះនឹង​ឧទាយិភិក្ខុ​ដ៏​​មានអាយុថា បពិត្រលោកម្ចាស់ លោកម្ចាស់ត្រូវការ​​ដោយ​​វត្ថុ​ណាដែល​ខ្ញុំព្រះករុណា​ល្មមនឹងប្រគេនលោកម្ចាស់​បាន​ ​ដូចជាចីវរ បិណ្ឌបាត គ្រឿង​សេនាសន គ្រឿង​បរិក្ខារ គឺថ្នាំជាបច្ច័យ​ដល់​មនុស្សឈឺនោះ​ លោកម្ចាស់និមន្តប្រាប់មកចុះ។ ឧទាយិភិក្ខុ​ឆ្លើយ​ថា ម្នាល​ប្អូនស្រី ចីវរ បិណ្ឌបាត គ្រឿង​សេនាសន គ្រឿង​បរិក្ខារ គឺថ្នាំជាបច្ច័យ​ដល់​មនុស្សមាន​ជម្ងឺ​ដែល​ជារបស់នាង យើងមិន​មែន​បាន​​ដោយ​កម្រទេ តែ​ថារបស់ណាដែល​យើង​​បាន​​ដោយ​កម្រ នាងចូរឲ្យ​របស់នោះ​​ដល់​យើងវិញចុះ។ ស្រីនោះ​សួរថា ឲ្យ​អ្វីលោកម្ចាស់។ ឧទាយិភិក្ខុឆ្លើយថា ឲ្យ​​មេថុនធម្ម។ ស្រីនោះ​សួរថា លោកម្ចាស់​ត្រូវការឬ។ ឧទាយិភិក្ខុឆ្លើយថា ម្នាល​ប្អូនស្រី អាត្មា​ត្រូវ​ការ​ដែរ។ ស្រីនោះ​ឆ្លើយថា លោកម្ចាស់និមន្តមកចុះ ថា​ហើយ​ ក៏ចូលទៅ​ក្នុង​បន្ទប់តូច ដោះសំពត់​សាដកចេញ ​ហើយ​ដេកផ្ងាលើគ្រែ។ ឧទាយិភិក្ខុដ៏​មានអាយុ ក៏ចូលទៅ​ជិតស្រីនោះ​ក្នុង​ពេលនោះ​​ឯង លុះ​ចូលទៅ​​ដល់​​ហើយ​ ក៏ស្តីឲ្យ​ថា អ្នកណានឹងហ៊ានស្ទាបអង្អែល​ស្រីអាក្រក់​មានក្លិនស្អុយ​យ៉ាង​នេះ ថា​ហើយ​ក៏ខាកស្តោះដើរចេញទៅ​។ គ្រានោះ​ឯង ស្រីនោះ​ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា សមណទាំង​នេះជាកូនចៅព្រះពុទ្ធ ជាសក្យបុត្តគ្មាន​សេចក្តី​អៀនខ្មាស ទ្រុស្តសីល និយាយពាក្យកុហក ព្រោះថាសមណទាំង​នេះប្តេជ្ញាខ្លួនថា​ជាអ្នក​ប្រព្រឹត្តត្រឹមត្រូវ ប្រព្រឹត្តធម៌ ប្រព្រឹត្តដ៏​ប្រសើរ និយាយពាក្យពិត មានសីល មានធម៌​ជាកុសល សាមញ្ញគុណ​របស់សមណទាំង​​នេះគ្មាន​ទេ ព្រហ្មញ្ញគុណរបស់សមណទាំង​នេះគ្មានទេ សាមញ្ញគុណរបស់​សមណទាំង​​នេះ​វិនាសអស់​ហើយ​ ព្រហ្មញ្ញគុណ​របស់​សមណៈ​ទាំង​នេះវិនាសអស់​ហើយ​ សាមញ្ញគុណ​របស់​សមណ​ទាំង​​នេះ​មានពីណា ព្រហ្មញ្ញគុណ​​របស់សមណទាំង​នេះមានពីណា សមណទាំង​នេះ​ប្រាស​ចាក​​សាមញ្ញគុណ​ហើយ​ សមណទាំង​នេះ​ប្រាស​ចាក​​ព្រហ្មញ្ញគុណអស់​ហើយ​ មិន​សមបី​បើ​ សមណឈ្មោះ​​ឧទាយិសុំមេថុនធម្មនឹងអញ​ដោយ​ខ្លួនឯង ​ហើយ​ស្តីថា អ្នកណានឹងហ៊ាន​ស្ទាបអង្អែល​ស្រីអាក្រក់​មានក្លិនស្អុយ​យ៉ាង​នេះ ថា​ហើយ​ក៏ខាកស្តោះចៀសចេញទៅ​ (ដូច្នេះ​សោះ) ការលាមករបស់អញ​ដូចម្តេច ក្លិនអញអាក្រក់​ដូចម្តេច អញ​ដូចម្តេច អញអន់ (ជាង​ស្រី​ឯទៀត) ​ដោយ​អ្វី។ ស្រីទាំងឡាយឯទៀតក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា សមណទាំង​នេះជាកូនចៅព្រះពុទ្ធ ជាសក្យបុត្រ គ្មានសេចក្តីអៀនខ្មាស ទ្រុស្តសីល និយាយកុហក ព្រោះថា សមណទាំង​នេះប្តេជ្ញាខ្លួនថាជាអ្នកប្រព្រឹត្តត្រឹមត្រូវ ប្រព្រឹត្តធម៌ ប្រព្រឹត្តដ៏​ប្រសើរ និយាយពាក្យពិត មានសីល មានធម៌ជាកុសល សាមញ្ញគុណ​របស់សមណទាំង​​នេះគ្មាន​ទេ ព្រហ្មញ្ញគុណរបស់សមណទាំង​នេះគ្មានទេ សាមញ្ញគុណ​របស់​សមណទាំង​​នេះ​វិនាសអស់​ហើយ​ ព្រហ្មញ្ញគុណរបស់សមណទាំង​នេះវិនាសអស់​ហើយ​ សាមញ្ញគុណ​របស់​សមណ​ទាំង​​នេះ​មានពីណា ព្រហ្មញ្ញគុណ​របស់សមណទាំង​នេះមានពីណា សមណទាំង​នេះ​ប្រាស​ចាក​​សាមញ្ញគុណ​ហើយ​ សមណទាំង​នេះ​ប្រាស​ចាក​​ព្រហ្មញ្ញគុណ​ហើយ​ មិន​សមបី​បើ​ សមណឈ្មោះ​​ឧទាយិសុំមេថុនធម្មនឹងស្រី​នេះ​ដោយ​ខ្លួនឯង ​ហើយ​បែរជាស្តីថា អ្នកណានឹងហ៊ាន​ស្ទាបអង្អែល​ស្រីអាក្រក់​មានក្លិនស្អុយ​យ៉ាង​នេះ ​ហើយ​ខាកស្តោះចៀសចេញទៅ​ (ដូច្នេះ​សោះ) ការលាមករបស់ស្រី​នេះ​ដូចម្តេច ក្លិនរបស់ស្រី​នេះអាក្រក់​ដូចម្តេច ស្រី​នេះ​ដូចម្តេច ស្រី​នេះថោកថយ (ជាង​ស្រី​ឯទៀត) ​ដោយ​អ្វី។ ភិក្ខុទាំងឡាយ​បាន​ឮស្រីទាំងឡាយនោះ​​ពោល​ទោស តិះដៀល បន្តុះបង្អាប់ (ដូច្នោះ​ហើយ​) ភិក្ខុទាំងឡាយណាដែល​មានសេចក្តីប្រាថ្នាតិច ជាអ្នកសន្តោស មានសេចក្តីខ្មាស មានសេចក្តីរង្គៀស ប្រាថ្នាតែ​ការសិក្សា ភិក្ខុទាំងនោះ​ ក៏ពោល​ទោស​ តិះដៀល បន្តុះបង្អាប់ថា មិន​សមបីបើ​ ឧទាយិភិក្ខុដ៏​មានអាយុពោលសរសើរ​ការ​បម្រើ​ខ្លួន​​ដោយ​​កាមក្នុង​សំណាក់មាតុគ្រាមសោះ។ ភិក្ខុទាំងនោះ​ ក៏ក្រាបទូលសេចក្តីនុ៎ះ​​ដល់​​ព្រះដ៏​មាន​ព្រះភាគក្នុង​ពេលនោះ​។ ព្រោះនិទាន​នេះ ដំណើរ​នេះ ព្រះដ៏​មានព្រះភាគជាម្ចាស់​ទ្រង់​ឲ្យ​​ប្រជុំ​ភិក្ខុសង្ឃ ​ហើយ​​ទ្រង់សួរបញ្ជាក់​ឧទាយិភិក្ខុដ៏​មានអាយុក្នុង​ពេលនោះ​ថា ម្នាល​ឧទាយិ ​បាន​ឮថា អ្នកឯងពោលសរសើរការបម្រើខ្លួន​ដោយ​កាម ក្នុង​សំណាក់​មាតុគ្រាម​មែនឬ។ ឧទាយិភិក្ខុ​ក្រាបទូល​ថា បពិត្រព្រះដ៏​មានព្រះភាគ សេចក្តីនុ៎ះ​ពិតមែន។ ព្រះសព្វញ្ញុពុទ្ធ​ដ៏​មានព្រះភាគ ​ទ្រង់​តិះដៀល​ថា ម្នាល​បុរសសាបសូន្យ ដំណើរ​នេះមិន​ទំនង មិន​សមគួរ មិន​ត្រូវបែប មិន​មែនជារបស់សមណ មិន​គប្បីសោះ មិន​គួរធ្វើសោះ ម្នាល​មោឃបុរស មិន​សមបីបើ​ អ្នកឯងពោលសរសើរ​ការបម្រើ​ខ្លួន​​ដោយ​កាមក្នុង​សំណាក់​​មាតុគ្រាម (ដូច្នោះទេ) ម្នាល​មោឃបុរស ធម៌ដែល​តថាគតសំដែង​​ហើយ​​​ដោយ​​អនេកបរិយាយ (សុទ្ធតែ​) ដើម្បីឲ្យ​ប្រាសចាក​រាគ មិន​មែនសំដែង​ឲ្យ​ប្រកប​ដោយ​​រាគទេ។បេ។ ការរម្ងាប់សេចក្តី​ក្តៅ​ក្រហាយព្រោះកាម តថាគត​ក៏​បាន​សំដែង​​ហើយ​ ម្នាល​មោឃបុរស អំពើលាមករបស់អ្នកឯងនុ៎ះ មិន​មែននាំឲ្យ​កើតសេចក្តី​ជ្រះថ្លា​ដល់​​ជនដែល​​មិន​ទាន់​ជ្រះថ្លានោះ​ទេ។បេ។ ម្នាល​ភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែង​ឡើង​នូវ​សិក្ខាបទ​​នេះ​យ៉ាង​នេះថា ភិក្ខុណាមួយ គឺរាគគ្របសង្កត់​ហើយ​ មានចិត្តប្រែប្រួល ពោល​សរសើរការបម្រើ​ជាកាម​ដើម្បីខ្លួនក្នុង​សំណាក់នៃមាតុគ្រាម ​ដោយ​សំដីប្រកប​ដោយ​មេថុនធម្មថា ស្រីណាគប្បី​បម្រើ​​នូវ​ភិក្ខុមានសីល មានធម៌ជាកុសល ជាអ្នកប្រព្រឹត្តធម៌ដ៏​ប្រសើរប្រហែល​ដូចអាត្មា​​ដោយ​​ធម៌​​នេះ ម្នាល​ប្អូនស្រី ការបម្រើ​នេះរបស់ស្រីនោះ​ ជាការ​ប្រសើរជាងការបម្រើ​ទាំងអស់ (ពោល​ពាក្យ​ដូច្នោះ) ភិក្ខុនោះ​ត្រូវអាបត្តិសង្ឃាទិសេស។

[១១៥] ត្រង់ពាក្យថា ភិក្ខុណាមួយ មានសេចក្តីអធិប្បាយក្នុង​បារាជិកកណ្ឌសិក្ខាបទ​ទី១​រួច​ហើយ​។ ភិក្ខុមានសេចក្តីត្រេកអរ ក្រឡេកមៀងមើល មានចិត្តប្រតិព័ទ្ធ ហៅថា មានចិត្តគឺរាគ​គ្របសង្កត់​ហើយ​។ ត្រង់ពាក្យថា ប្រែប្រួល សេចក្តីថា ចិត្ត​ត្រេកអរក៏ហៅថា ប្រែប្រួល ចិត្តគឺទោស​ប្រទុស្ត ក៏ហៅថាប្រែប្រួល ចិត្ត​វង្វេង ក៏ហៅថាប្រែប្រួល តែ​ថាព្រះដ៏​មានព្រះភាគ​សំដៅយកចិត្ត​ដែល​ត្រេកអរថាជាចិត្ត​ប្រែប្រួល ក្នុង​អត្ថ​នេះ។ មនុស្សស្រី​ដែល​​ដឹងសេចក្តី ឆ្លៀវឆ្លាស អាចដឹង​ច្បាស់​នូវ​ពាក្យដែល​គេនិយាយល្អ និង​អាក្រក់ សំដីគួរ នឹងមិន​គួរ ហៅថា មាតុគ្រាម (ក្នុង​សិក្ខាបទ​​នេះ) ឯយក្សស្រី ប្រេតស្រី តិរច្ឆានញី មិន​ហៅថាមាតុគ្រាមទេ។ ត្រង់ពាក្យថា ក្នុង​សំណាក់នៃ​មាតុគ្រាម សេចក្តីថា ជិតខាង​មាតុគ្រាម គឺមិន​ឆ្ងាយ​អំពីមាតុគ្រាម។ ត្រង់ពាក្យថា កាមដើម្បីខ្លួន សេចក្តីថា ចំណង់​ដើម្បីខ្លួន ហេតុដើម្បីខ្លួន សេចក្តីប្រាថ្នាដើម្បីខ្លួន ការបម្រើដើម្បីខ្លួន។ ត្រង់ពាក្យថា ការបម្រើ​នេះប្រសើរ សេចក្តីថា ការបម្រើ​នេះប្រសើរ ការបម្រើ​នេះប្រសើរបំផុត ការបម្រើ​នេះជាគ្រឿង​ដោះខ្លួនឲ្យ​រួចចាក​ទុក្ខ ការបម្រើ​នេះខ្ពង់ខ្ពស់ ការបម្រើ​នេះ គួរប្រាថ្នា​ណាស់។ ត្រង់ពាក្យថា ស្រីណា សេចក្តីថា ស្រីក្សត្រិយ៍ក្តី ស្រីព្រាហ្មណ៍ក្តី ស្រីអ្នក​ឈ្មួញក្តី ស្រីអ្នកគ្រួក្តី។ ត្រង់ពាក្យថា ប្រហែល​ដូចអាត្មា សេចក្តីថាក្សត្រិយ៍ក្តី ព្រាហ្មណ៍ក្តី អ្នកឈ្មួញ​ក្តី អ្នកគ្រួក្តី។ ត្រង់ពាក្យថា មាសីល សេចក្តីថា វៀរចាក​បាណាតិបាត វៀរចាក​អទិន្នាទាន វៀរចាក​មុសាវាទ។ ត្រង់ពាក្យថា ប្រព្រឹត្តធម៌ដ៏​ប្រសើរ គឺវៀរចាក​មេថុនធម្ម។ មានធម៌ជាកុសល​ដោយ​សីលនោះ​ផង ​ដោយ​ព្រហ្មចរិយនោះ​ផង ហៅថា មានធម៌​ជាកុសល។ ត្រង់ពាក្យថា ​ដោយ​ធម៌​នេះ គឺ​ដោយ​មេថុនធម្ម។ ត្រង់ពាក្យថា គប្បីបម្រើ គឺគប្បីត្រេកអរ​ចំពោះ។ ត្រង់ពាក្យថា ប្រកប​ដោយ​មេថុន គឺប្រកបព្រម​ចំពោះ​ដោយ​មេថុនធម្ម។ ត្រង់ពាក្យថា ត្រូវអាបត្តិ​សង្ឃាទិសេសនោះ​ មានអធិប្បាយពិស្តារក្នុង​សង្ឃាទិសេសសិក្ខាបទ ទី១ រួច​ហើយ​។

[១១៦] ស្រីពិតមែន ភិក្ខុសំគាល់ថាស្រី ក៏មានសេចក្តីត្រេកអរ ពោលសរសើរ​ការ​បម្រើ​ជាកាមដើម្បីខ្លួន ក្នុង​សំណាក់នៃស្រីនោះ​ ត្រូវអាបត្តិសង្ឃាទិសេស។ ស្រីពិតមែន ភិក្ខុមានសេចក្តី​សង្ស័យក្តី សំគាល់ថាខ្ទើយក្តី សំគាល់ថាប្រុសក្តី សំគាល់ថាតិរច្ឆានក្តី ក៏មានសេចក្តីត្រេកអរ ពោលសរសើរ​ការ​បម្រើ​ជាកាមដើម្បីខ្លួន ក្នុង​សំណាក់នៃស្រីនោះ​ ត្រូវអាបត្តិថុល្លច្ច័យ។ ខ្ទើយពិតមែន ភិក្ខុសំគាល់ថាខ្ទើយ ក៏មានសេចក្តីត្រេកអរ ពោលសរសើរ​ការ​បម្រើ​ជាកាមដើម្បីខ្លួន ក្នុង​សំណាក់នៃខ្ទើយនោះ​ ត្រូវអាបត្តិថុល្លច្ច័យ។ ខ្ទើយពិតមែន ភិក្ខុមានសេចក្តី​សង្ស័យ(ក្តី) សំគាល់ថាប្រុស(ក្តី) សំគាល់ថាតិរច្ឆាន(ក្តី) សំគាល់ថាស្រី(ក្តី) ក៏មានសេចក្តីត្រេកអរ ពោលសរសើរ​ការ​បម្រើ​ជាកាមដើម្បីខ្លួន ក្នុង​សំណាក់នៃខ្ទើយនោះ​ ត្រូវអាបត្តិទុក្កដ។ ប្រុស​ពិតមែន ភិក្ខុសំគាល់ថាប្រុស(ក្តី) មាន​សេចក្តី​សង្ស័យ(ក្តី) សំគាល់ថាតិរច្ឆានក្តី សំគាល់ថាស្រី​(ក្តី) សំគាល់ថាខ្ទើយ(ក្តី) ក៏មាន​សេចក្តីត្រេកអរ ពោលសរសើរ​ការ​បម្រើ​ជាកាមដើម្បីខ្លួន ក្នុង​សំណាក់នៃប្រុសនោះ​ ត្រូវអាបត្តិទុក្កដ។ តិរច្ឆានពិតមែន ភិក្ខុសំគាល់ថា​តិរច្ឆាន(ក្តី) មានសេចក្តី​សង្ស័យ(ក្តី) សំគាល់​ថាស្រី(ក្តី) សំគាល់ថាខ្ទើយ(ក្តី) សំគាល់ថាប្រុស(ក្តី) ក៏មានសេចក្តីត្រេកអរ ពោលសរសើរ​ការ​បម្រើ​ជាកាមដើម្បីខ្លួន ក្នុង​សំណាក់នៃតិរច្ឆាននោះ​ ត្រូវអាបត្តិទុក្កដ។

[១១៧] ស្រីពីនាក់ ភិក្ខុសំគាល់ស្រីទាំងពីរថាជាស្រី ក៏មានសេចក្តីត្រេកអរ ពោលសរសើរ​ការ​បម្រើ​ជាកាមដើម្បីខ្លួន ក្នុង​សំណាក់នៃស្រីទាំងពីរនោះ​ ត្រូវអាបត្តិសង្ឃាទិសេសពីរ។ ស្រីពីរនាក់ ភិក្ខុមានសេចក្តី​សង្ស័យ(ក្តី) សំគាល់ថាខ្ទើយ(ក្តី) សំគាល់ថាប្រុស(ក្តី) សំគាល់ថាតិរច្ឆាន(ក្តី) ចំពោះស្រីទាំងពីរ ក៏មានសេចក្តីត្រេកអរ ពោលសរសើរ​ការ​បម្រើ​ជាកាមដើម្បីខ្លួន ក្នុង​សំណាក់នៃស្រីទាំងពីរនោះ​ ត្រូវអាបត្តិថុល្លច្ច័យពីរ។ ខ្ទើយពីរនាក់ ភិក្ខុ​សំគាល់ខ្ទើយទាំងពីរថាជាខ្ទើយ ក៏មានសេចក្តីត្រេកអរ ពោលសរសើរការ​បម្រើជា​កាមដើម្បី​ខ្លួន ក្នុង​សំណាក់នៃខ្ទើយទាំងពីរនោះ​ ត្រូវអាបត្តិថុល្លច្ច័យពីរ។ ខ្ទើយពីរនាក់ ភិក្ខុមានសេចក្តី​សង្ស័យ(ក្តី) សំគាល់ថាប្រុស(ក្តី) សំគាល់ថាតិរច្ឆាន(ក្តី) សំគាល់ថាស្រី(ក្តី) ចំពោះខ្ទើយទាំងពីរ ក៏មានសេចក្តីត្រេកអរ ពោលសរសើរ​ការ​បម្រើ​ជាកាមដើម្បីខ្លួន ក្នុង​សំណាក់នៃខ្ទើយទាំងពីរនោះ​ ត្រូវអាបត្តិទុក្កដពីរ។ ប្រុសពីរនាក់ ភិក្ខុសំគាល់ប្រុស​ទាំង​ពីរ។បេ។ តិរច្ឆានពីរ ភិក្ខុសំគាល់ថាតិរច្ឆាន​(ក្តី) មានសេចក្តីសង្ស័យ(ក្តី) សំគាល់ថាស្រី​(ក្តី) សំគាល់ថាខ្ទើយ(ក្តី)  សំគាល់ថាប្រុស(ក្តី) ចំពោះតិរច្ឆានទាំងពីរ ក៏មានសេចក្តីត្រេកអរ ពោលសរសើរ​ការ​បម្រើ​ជាកាមដើម្បីខ្លួន ក្នុង​សំណាក់តិរច្ឆានទាំងពីរនោះ​ ត្រូវអាបត្តិទុក្កដ​ពីរ។ ស្រីម្នាក់ ខ្ទើយម្នាក់ ភិក្ខុសំគាល់ជនទាំងពីរថាជាស្រី ក៏មានសេចក្តីត្រេកអរ ពោល​សរសើរ​ការ​បម្រើ​ជាកាមដើម្បីខ្លួន ក្នុង​សំណាក់នៃជនទាំងពីរនាក់នោះ​ ត្រូវអាបត្តិ​សង្ឃាទិសេស និង​ទុក្កដ។ ស្រីម្នាក់ ខ្ទើយម្នាក់ ភិក្ខុមានសេចក្តីសង្ស័យ​ចំពោះជន​ទាំងពីរ​នាក់។បេ។ ត្រូវអាបត្តិថុល្លច្ច័យ និង​ទុក្កដ។បេ។ ភិក្ខុសំគាល់ថាខ្ទើយ។បេ។ ត្រូវអាបត្តិ​ថុល្លច្ច័យពីរ។បេ។ ភិក្ខុសំគាល់ថាប្រុស។បេ។ ភិក្ខុសំគាល់​ថាតិរច្ឆាន ក៏មានសេចក្តី​ត្រេកអរ ពោលសរសើរ​ការ​បម្រើ​ជាកាមដើម្បីខ្លួន ក្នុង​សំណាក់នៃជនទាំងពីរនាក់នោះ​ ត្រូវអាបត្តិថុល្លច្ច័យ និង​អាបត្តិទុក្កដ។ ស្រីម្នាក់ ប្រុសម្នាក់ ភិក្ខុសំគាល់ជនទាំងពីរ​នាក់ថាស្រី ក៏មានសេចក្តីត្រេកអរ ពោលសរសើរ​ការ​បម្រើ​ជាកាមដើម្បីខ្លួន ក្នុង​សំណាក់​នៃជនទាំងពីរនាក់នោះ​ ត្រូវអាបត្តិសង្ឃាទិសេស និង​ទុក្កដ។ ស្រីម្នាក់ ប្រុសម្នាក់ ភិក្ខុមានសេចក្តីសង្ស័យ (ក្តី) សំគាល់ថាខ្ទើយ(ក្តី) សំគាល់ថាប្រុស(ក្តី) សំគាល់ថា តិរច្ឆាន(ក្តី) ចំពោះជនទាំងពីរនាក់ ក៏មានសេចក្តីត្រេកអរ ពោលសរសើរ​ការ​បម្រើ​ជាកាមដើម្បីខ្លួន ក្នុង​សំណាក់នៃជនទាំងពីរនាក់នោះ​ ត្រូវអាបត្តិថុល្លច្ច័យ និង​ទុក្កដ។ ស្រីម្នាក់ តិរច្ឆានមួយ ភិក្ខុសំគាល់ជនទាំងពីរថាស្រី ក៏មានសេចក្តីត្រេកអរ ពោលសរសើរ​ការ​បម្រើ​ជាកាមដើម្បីខ្លួន ក្នុង​សំណាក់នៃជនទាំងពីរនោះ​ ត្រូវអាបត្តិសង្ឃាទិសេស និង​ទុក្កដ។ ស្រីម្នាក់ តិរច្ឆានមួយ ភិក្ខុមានសេចក្តីសង្ស័យ (ក្តី) សំគាល់ថាខ្ទើយ(ក្តី) សំគាល់ថាប្រុស(ក្តី) សំគាល់ថាតិរច្ឆាន(ក្តី) ចំពោះជនទាំងពីរ ក៏មានសេចក្តីត្រេកអរ ពោលសរសើរ​ការ​បម្រើ​ជាកាមដើម្បីខ្លួន ក្នុង​សំណាក់នៃជនទាំងពីរនោះ​ ត្រូវអាបត្តិ​ថុល្លច្ច័យ និង​ទុក្កដ។ ខ្ទើយម្នាក់ ប្រុសម្នាក់ ភិក្ខុសំគាល់ជនទាំងពីរនាក់ថាខ្ទើយ ក៏មានសេចក្តីត្រេកអរ ពោលសរសើរ​ការ​បម្រើ​ជាកាមដើម្បីខ្លួន ក្នុង​សំណាក់នៃជនទាំង​ពីរ​នាក់នោះ​ ត្រូវអាបត្តិថុល្លច្ច័យ និង​ទុក្កដ។ ខ្ទើយម្នាក់ ប្រុសម្នាក់ ភិក្ខុមានសេចក្តីសង្ស័យ (ក្តី) សំគាល់ថាប្រុស(ក្តី) សំគាល់ថាតិរច្ឆាន(ក្តី) ចំពោះជនទាំងពីរ ក៏មានសេចក្តីត្រេកអរ ពោលសរសើរ​ការ​បម្រើ​ជាកាមដើម្បីខ្លួន ក្នុង​សំណាក់នៃជនទាំងពីរនាក់នោះ​ ត្រូវអាបត្តិ​ទុក្កដ​ពីរ។ ខ្ទើយម្នាក់ តិរច្ឆានមួយ ភិក្ខុសំគាល់ជនទាំងពីរនោះ​ថាខ្ទើយ ក៏មានសេចក្តី​ត្រេកអរ ពោលសរសើរ​ការ​បម្រើ​ជាកាមដើម្បីខ្លួន ក្នុង​សំណាក់នៃជនទាំងពីរនាក់នោះ​ ត្រូវអាបត្តិថុល្លច្ច័យ និង​ទុក្កដ។ ខ្ទើយម្នាក់ តិរច្ឆានមួយ ភិក្ខុមានសេចក្តីសង្ស័យ (ក្តី) សំគាល់ថាប្រុស(ក្តី) សំគាល់ថាតិរច្ឆាន(ក្តី) សំគាល់ថា​ស្រី(ក្តី) ចំពោះជនទាំងពីរ ក៏មាន​សេចក្តីត្រេកអរ ពោលសរសើរ​ការ​បម្រើ​ជាកាមដើម្បីខ្លួន ក្នុង​សំណាក់នៃជន​ទាំងពីរ​នោះ​ ត្រូវអាបត្តិទុក្កដពីរ។ ប្រុសម្នាក់ តិរច្ឆានមួយ ភិក្ខុសំគាល់ថាប្រុស(ក្តី) មានសេចក្តីសង្ស័យ (ក្តី) សំគាល់ថាតិរច្ឆាន(ក្តី) សំគាល់ថា​ស្រី(ក្តី) សំគាល់​ថាខ្ទើយ(ក្តី) ចំពោះជនទាំងពីរ ក៏មានសេចក្តីត្រេកអរ ពោលសរសើរ​ការ​បម្រើ​ជាកាមដើម្បីខ្លួន ក្នុង​សំណាក់នៃជន​ទាំង​ពីរ​នោះ​ ត្រូវអាបត្តិទុក្កដពីរ។

[១១៨] អាបត្តិមិន​មាន (​ដល់​ភិក្ខុ៣ពួក) គឺ ភិក្ខុពោលថា នាងចូរបម្រើអាត្មា​ដោយ​ចីវរ បិណ្ឌបាត សេនាសន និង​គ្រឿង​បរិក្ខារ គឺថ្នាំជាបច្ច័យ​ដល់​អ្នកមានជម្ងឺ១ ភិក្ខុឆ្កួត១ ភិក្ខុ​ជាខាង​ដើម​បញ្ញត្តិ១។

(មាតិកានុក្រម គឺបញ្ជីរឿងតាមលំដាប់ហូរហែដែល​នឹងសំដែង​តទៅ​ ​ដូចមានខាងក្រោយ​នេះ គឺ)

[១១៩] ស្រីអារ ស្រី​បាន​កូន ស្រីចង់ឲ្យ​ប្តីស្រឡាញ់ ស្រីចង់​បាន​រូបល្អ សួរភិក្ខុថា​ធ្វើ​ដូចម្តេច ស្រីចង់ឲ្យ​ទាន ស្រីចង់បម្រើ សួរភិក្ខុថាធ្វើ​ដូចម្តេច ស្រីចង់ទៅ​សុគតិ សួរភិក្ខុថា​ធ្វើ​ដូចម្តេច។

[១២០] សម័យនោះ​ឯង មានស្រីម្នាក់ជាស្រីអារ ​បាន​និយាយពាក្យ​នេះនឹងភិក្ខុដែល​តែ​ង​ទៅ​មកកាន់ត្រកូលថា បពិត្រលោកដ៏​ចំរើន ខ្ញុំករុណានឹងគិតធ្វើ​ដូចម្តេចឲ្យ​មានកូន។ ភិក្ខុនោះ​​ឆ្លើយ​ថា ម្នាល​ប្អូនស្រី បើ​ដូច្នោះ នាងចូរឲ្យ​ទានដ៏​ប្រសើរចុះ។ ស្រីអារនោះ​សួរថា បពិត្រលោក​ដ៏​ចំរើន ទានដ៏​ប្រសើរនោះ​ តើ​ដូចម្តេច។ ភិក្ខុនោះ​ប្រាប់ថា មេថុនធម្ម។ ភិក្ខុ​នោះ​​មានសេចក្តី​សង្ស័យ។បេ។ ទើបយកសេចក្តីនោះ​ក្រាបទូល​ដល់​ព្រះដ៏​មានព្រះភាគ។ ព្រះអង្គត្រាស់ថា ម្នាល​​ភិក្ខុ អ្នកឯងត្រូវអាបត្តិសង្ឃាទិសេស​ហើយ​។ សម័យនោះ​ឯង មានស្រីម្នាក់ជាស្រីមានកូន ​បាន​និយាយពាក្យ​នេះនឹងភិក្ខុដែល​តែ​ង​ទៅ​មកកាន់ត្រកូល​ថា បពិត្រលោកដ៏​ចំរើន ខ្ញុំករុណាត្រូវធ្វើ​ដូចម្តេចដើម្បីកុំឲ្យ​​បាន​កូន។ ភិក្ខុនោះ​ប្រាប់​ថា ម្នាល​ប្អូនស្រី បើ​ដូច្នោះ នាងចូរឲ្យ​ទានដ៏​ប្រសើរចុះ។ ស្រីនោះ​សួរថា បពិត្រលោក​ដ៏​ចំរើន ទានដ៏​ប្រសើរនោះ​ តើ​ដូចម្តេច។ ភិក្ខុនោះ​ប្រាប់ថា មេថុនធម្ម។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យ។បេ។ ព្រះអង្គត្រាស់ថា ម្នាល​​ភិក្ខុ អ្នកឯងត្រូវអាបត្តិសង្ឃាទិសេស​ហើយ​។ សម័យនោះ​ឯង មានស្រីម្នាក់ ​បាន​និយាយពាក្យ​នេះនឹងភិក្ខុដែល​តែ​ង​ទៅ​មកកាន់ត្រកូល​ថា បពិត្រលោកដ៏​ចំរើន ខ្ញុំករុណាត្រូវធ្វើ​ដូចម្តេចឲ្យ​ជាទីស្រឡាញ់នៃប្តី។ ភិក្ខុនោះ​​ប្រាប់​ថា ម្នាល​ប្អូនស្រី បើ​ដូច្នោះ នាងចូរឲ្យ​ទានដ៏​ប្រសើរចុះ។ ស្រីនោះ​សួរថា បពិត្រលោក​ដ៏​ចំរើន ទានដ៏​ប្រសើរនោះ​ តើ​ដូចម្តេច។ ភិក្ខុនោះ​ប្រាប់ថា មេថុនធម្ម។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យ។បេ។ ព្រះអង្គត្រាស់ថា ម្នាល​​ភិក្ខុ អ្នកឯងត្រូវអាបត្តិសង្ឃាទិសេស​ហើយ​។ សម័យនោះ​ឯង មានស្រីម្នាក់ ​បាន​និយាយពាក្យ​នេះនឹងភិក្ខុដែល​តែ​ង​ទៅ​មកកាន់ត្រកូល​ថា បពិត្រលោកដ៏​ចំរើន ខ្ញុំករុណាត្រូវធ្វើ​ដូចម្តេចឲ្យ​ជាស្រីមានរូបល្អ។ ភិក្ខុនោះ​​ប្រាប់​ថា ម្នាល​ប្អូនស្រី បើ​ដូច្នោះ នាងចូរឲ្យ​ទានដ៏​ប្រសើរចុះ។ ស្រីនោះ​សួរថា បពិត្រលោក​ដ៏​ចំរើន ទានដ៏​ប្រសើរនោះ​ តើ​ដូចម្តេច។ ភិក្ខុនោះ​ប្រាប់ថា មេថុនធម្ម។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យ។បេ។ ព្រះអង្គត្រាស់ថា ម្នាល​​ភិក្ខុ អ្នកឯងត្រូវអាបត្តិសង្ឃាទិសេស​ហើយ​។ សម័យនោះ​ឯង មានស្រីម្នាក់ ​បាន​និយាយពាក្យ​នេះនឹងភិក្ខុដែល​តែ​ង​ទៅ​មកកាន់ត្រកូល​ថា បពិត្រលោកដ៏​ចំរើន ខ្ញុំករុណានឹងឲ្យ​ទាន​ដូចម្តេច​ដល់​លោកម្ចាស់។ ភិក្ខុនោះ​​ប្រាប់​ថា ម្នាល​ប្អូនស្រី នាងចូរឲ្យ​ទានដ៏​ប្រសើរចុះ។ ស្រីនោះ​សួរថា បពិត្រលោក​ដ៏​ចំរើន ទានដ៏​ប្រសើរនោះ​ តើ​ដូចម្តេច។ ភិក្ខុនោះ​ប្រាប់ថា មេថុនធម្ម។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យ។បេ។ ព្រះអង្គត្រាស់ថា ម្នាល​​ភិក្ខុ អ្នកឯងត្រូវអាបត្តិសង្ឃាទិសេស​ហើយ​។ សម័យនោះ​ឯង មានស្រីម្នាក់ ​បាន​និយាយពាក្យ​នេះនឹងភិក្ខុដែល​តែ​ង​ទៅ​មកកាន់ត្រកូលថា បពិត្រលោក​ដ៏​​ចំរើន ខ្ញុំករុណាផ្គត់ផ្គង់លោកម្ចាស់​ដោយ​ទាន​ដូចម្តេច។ ភិក្ខុនោះ​​ប្រាប់​ថា ម្នាល​ប្អូនស្រី ចូរនាងផ្គត់ផ្គង់​ដោយ​ទានដ៏​ប្រសើរចុះ។ ស្រីនោះ​សួរថា បពិត្រលោក​ដ៏​ចំរើន ទានដ៏​ប្រសើរនោះ​ តើ​ដូចម្តេច។ ភិក្ខុនោះ​ប្រាប់ថា មេថុនធម្ម។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យ។បេ។ ព្រះអង្គត្រាស់ថា ម្នាល​​ភិក្ខុ អ្នកឯងត្រូវអាបត្តិសង្ឃាទិសេស​ហើយ​។ សម័យនោះ​ឯង មានស្រីម្នាក់ ​បាន​និយាយពាក្យ​នេះនឹងភិក្ខុដែល​តែ​ង​ទៅ​មកកាន់ត្រកូលថា បពិត្រលោក​ដ៏​​ចំរើន ខ្ញុំករុណាគប្បីទៅ​កាន់សុគតិ​ដោយ​កុសល​ដូចម្តេច។ ភិក្ខុនោះ​​ប្រាប់​ថា ម្នាល​ប្អូនស្រី បើ​ដូច្នោះ នាងចូរឲ្យ​ទានដ៏​ប្រសើរចុះ។ ស្រីនោះ​សួរថា បពិត្រលោក​ដ៏​ចំរើន ទាន​ដ៏​ប្រសើរនោះ​ តើ​ដូចម្តេច។ ភិក្ខុនោះ​ប្រាប់ថា មេថុនធម្ម។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យថា អញត្រូវអាបត្តិសង្ឃាទិសេស​ហើយ​​ទេដឹង។ ទើបយកសេចក្តីនោះ​ក្រាបទូល​ដល់​ព្រះដ៏​មានព្រះភាគ។ ព្រះអង្គត្រាស់ថា ម្នាល​​ភិក្ខុ អ្នកឯងត្រូវអាបត្តិសង្ឃាទិសេស​ហើយ​។

សង្ឃាទិសេសទី៤ ចប់។

សង្ឃាទិសេសទី៥

[១២១] សម័យនោះ​ឯង ព្រះពុទ្ធជាម្ចាស់ដ៏​មានព្រះភាគ ​ទ្រង់គង់នៅវត្តជេតពន របស់​អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ សម័យនោះ​ឯង ឧទាយិភិក្ខុដ៏​មានអាយុ ជាអ្នក​ចូល​ទៅ​​កាន់​ត្រកូល ក្នុង​ក្រុងសាវត្ថី តែ​ងចូលទៅ​កាន់ត្រកូលទាំងឡាយ​មានប្រមាណ​ច្រើន ឃើញ​កុមារដែល​គ្មានប្រពន្ធក្តី ឃើញនាងកុមារីដែល​គ្មានប្តីក្តីក្នុង​ទីណា ក៏និយាយ​សរសើរ​នាងកុមារី​ក្នុង​សំណាក់នៃមាតាបិតារបស់កុមារ (ក្នុង​ទីនោះ​)ថា នាងកុមារីរបស់​ត្រកូលឯណោះ មានរូបល្អ គួរគយគន់មើល ល្មមជ្រះថ្លា ជាស្រីមានប្រាជ្ញាអង់អាច ឆ្លៀវឆ្លាស វាងវៃ មិន​ខ្ជិលច្រអូស នាងកុមារីនោះ​ សមគ្នានឹងកុមារ​នេះណាស់។ មាតាបិតា​របស់កុមារនោះ​ ក៏និយាយ​យ៉ាង​នេះ​ថា បពិត្រលោកម្ចាស់ អ្នកអស់នោះ​ គេមិន​ធ្លាប់ស្គាល់​យើងខ្ញុំថា អ្នកអស់ទាំងនុ៎ះជាអ្វីក្តី ជាកូនចៅ​អ្នកណាក្តី ដូច្នេះឡើយ បពិត្រលោកដ៏​ចម្រើន ប្រសិនបើ​លោកម្ចាស់​ឲ្យ​គេឲ្យ​ យើងខ្ញុំគួរ​នាំ​នាង​កុមារីនោះ​មកផ្សំឲ្យ​កុមារ​នេះដែរ។ ឧទាយិភិក្ខុ​ដ៏​មានអាយុ ពោលសរសើរកុមារក្នុង​សំណាក់​មាតាបិតារបស់នាងកុមារីថា កុមាររបស់ត្រកូល​ឯណោះ មានរូបល្អគួរគយគន់មើល ល្មមជ្រះថ្លា ជាប្រុសមាន​ប្រាជ្ញា​អង់អាច ឆ្លៀវឆ្លាស វាងវៃ មិន​ខ្ជិលច្រអូស កុមារនោះ​ សមគ្នានឹងកុមារី​នេះណាស់។ ម្តាយ​អាពុកនាងកុមារីនោះ​ឆ្លើយថា បពិត្រលោកម្ចាស់ អ្នកអស់នោះ​ គេមិន​ធ្លាប់ស្គាល់យើងថា អ្នកអស់នុ៎ះជាអ្វីក្តី ជាកូនចៅ​អ្នកណាក្តី ការដែល​​យើង​និយាយ​ព្រោះនាងកុមារី​ដូចជា​អៀន​មាត់ពេកណាស់ បពិត្រលោកដ៏​ចម្រើន បើ​លោកម្ចាស់ឲ្យ​គេមកដណ្តឹងយើង ៗគួរ​ឲ្យ​​នាង​កុមារី​នេះ​ដល់​កុមារនោះ​ដែរ។ ឧទាយិភិក្ខុ​តែ​ង​ឲ្យ​ត្រកូល​រៀបចំអាវាហមង្គលផង វិវាហមង្គលផង ឲ្យ​ស្តីដណ្តឹងគ្នានឹងគ្នាផង សុទ្ធតែ​​ដោយ​​ឧបាយ​នេះឯង។

[១២២] សម័យនោះ​ឯង មានកូនក្រមុំនៃស្រីមេម៉ាយម្នាក់ជាប្រពន្ធហោរាចាស់ មានរូប​ឆោម​ស្រស់បស់ គួរគយគន់មើលនាំឲ្យ​ជ្រះថ្លា។ ពួកសាវករបស់អាជីវកនៅស្រុកក្រៅ ​បាន​ចូល​មក​និយាយ​នឹងប្រពន្ធហោរានោះ​ថា ម្នាល​អ្នកស្រី អ្នកចូរឲ្យ​នាងកុមារី​នេះមក​កុមារ​របស់​យើង​ទៅ​។ ប្រពន្ធហោរាក៏និយាយយ៉ាង​នេះថា បពិត្រអ្នកម្ចាស់ទាំងឡាយ ខ្ញុំឯងមិន​ធ្លាប់ស្គាល់​អស់​អ្នកថា អ្នកទាំងឡាយជាអ្វីទេ ឬជាកូនចៅអ្នកណាទេ ម្យ៉ាងទៀត ធីតា​នេះ ជាធីតាតែ​មួយរបស់​ខ្ញុំ ​ហើយ​ថាត្រូវទៅ​ស្រុកក្រៅផងទៀត ខ្ញុំមិន​ឲ្យ​ទេ។ មនុស្ស​ទាំងឡាយសួរទៅ​ពួកសាវករបស់​អាជីវក​នោះ​ថា បពិត្រអ្នកម្ចាស់ទាំងឡាយ អស់អ្នកមក​នេះមានការអ្វី។ ពួកសាវក​របស់​អាជីវកនោះ​​ប្រាប់​ថា យើងមកដណ្តឹងធីតារបស់អ្នកស្រី​ប្រពន្ធហោរាឈ្មោះ​ឯណោះក្នុង​ស្រុក​នេះ ឲ្យ​កុមាររបស់​យើង តែ​នាងនោះ​និយាយថា បពិត្រអ្នកម្ចាស់ទាំងឡាយ ខ្ញុំឯងមិន​ធ្លាប់ស្គាល់​អស់​អ្នកថា អ្នកទាំងឡាយជាអ្វីទេ ឬជាកូនចៅអ្នកណាទេ ម្យ៉ាងទៀត ធីតា​នេះ ជាធីតាតែ​មួយរបស់​ខ្ញុំ ​ហើយ​ថាត្រូវទៅ​ស្រុកក្រៅផងទៀត ខ្ញុំមិន​ឲ្យ​ទេ។ មនុស្ស​ទាំងឡាយ​នោះ​ប្រាប់ទៅ​ពួកសាវក​របស់អាជីវក​វិញថា បពិត្រអ្នកម្ចាស់ទាំងឡាយ ថ្វី​បាន​ជាអ្នកទៅ​ដណ្តឹងធីតារបស់ប្រពន្ធ​ហោរា​នោះ​ ក្រែងត្រូវអ្នកទាំងឡាយពិតលោកម្ចាស់ឧទាយិ លោក​ម្ចាស់​ឧទាយិនឹងបង្គាប់​ឲ្យ​​គេ​ឲ្យ​​ទេ​ឬ។ គ្រានោះ​ឯង ពួកសាវករបស់អាជីវក ក៏ចូលទៅ​ឯទីដែល​ឧទាយិភិក្ខុនៅ លុះ​ចូលទៅ​​ដល់​​ហើយ​ ក៏និយាយពាក្យ​នេះនឹងឧទាយិភិក្ខុដ៏​មានអាយុថា បពិត្រលោកដ៏​ចំរើន យើងមកដណ្តឹងធីតា​របស់​ប្រពន្ធហោរាឈ្មោះ​ឯណោះក្នុង​ស្រុក​នេះ ឲ្យ​កុមាររបស់យើង តែ​នាង​នោះ​និយាយ​យ៉ាង​នេះ​ថា ខ្ញុំឯងមិន​ធ្លាប់ស្គាល់​អស់​អ្នកថា អ្នកទាំងឡាយជាអ្វីទេ ឬជាកូនចៅអ្នកណាទេ ម្យ៉ាងទៀត ធីតា​នេះ ជាធីតាតែ​មួយរបស់​ខ្ញុំ ​ហើយ​​ថាត្រូវទៅ​ស្រុកក្រៅផងទៀត ខ្ញុំមិន​ឲ្យ​ទេ បពិត្រ​លោកដ៏​ចំរើន យើងសូមពឹងលោកម្ចាស់ សូមលោកម្ចាស់និយាយនឹងប្រពន្ធហោរាឲ្យ​​ៗកូនស្រីមកកុមាររបស់យើងទៅ​។ គ្រានោះ​ឯង ឧទាយិភិក្ខុដ៏​មានអាយុ ក៏ចូលទៅ​ត្រង់ទី​ដែល​​ប្រពន្ធហោរានៅ លុះ​ចូលទៅ​​ដល់​​ហើយ​ ទើបនិយាយពាក្យ​នេះនឹងប្រពន្ធហោរានោះ​ថា ហេតុ​អ្វី​បាន​ជានាងមិន​ឲ្យ​ធីតា​ដល់​អ្នកអស់​នេះ។ ប្រពន្ធហោរាក៏ឆ្លើយថា បពិត្រលោកម្ចាស់ ខ្ញុំព្រះ​ករុណា មិន​ធ្លាប់ស្គាល់​​អ្នកអស់​នេះថា អ្នកទាំង​នេះជាអ្វីទេ ឬជាកូនចៅអ្នកណាទេ ម្យ៉ាងទៀត ធីតា​នេះ ជាធីតាតែ​មួយរបស់​ខ្ញុំ ​ហើយ​ថាត្រូវទៅ​ស្រុកក្រៅផងទៀត ខ្ញុំមិន​ឲ្យ​ទេ។ ឧទាយិ​ភិក្ខុ​ក៏​និយាយ​ថា នាងចូរឲ្យ​ទៅ​អ្នកទាំង​នេះចុះ អាត្មាធ្លាប់ស្គាល់គេដែរ។ ប្រពន្ធហោរា​និយាយ​ថា បពិត្រលោកដ៏​ចំរើន បើ​លោកម្ចាស់ស្គាល់ ខ្ញុំព្រះករុណានឹងឲ្យ​។ គ្រានោះ​ឯង ប្រពន្ធ​ហោរានោះ​ ក៏​បាន​ឲ្យ​ធីតាទៅ​ពួកសាវករបស់អាជីវកនោះ​។ លំដាប់នោះ​ ពួកសាវក​របស់​អាជីវកនោះ​ឯង ក៏​បាន​​នាំនាងកុមារីនោះ​ទៅ​ ​ហើយ​ប្រើប្រាស់នាង​ដោយ​ការបម្រើ​ជា​កូន​ប្រសា​បាន​តែ​ត្រឹម១ខែ តពីនោះ​មក ប្រើប្រាស់នាង​ដោយ​ការបម្រើជាទាសីទៅ​វិញ។

[១២៣] គ្រានោះ​ឯង នាងកុមារីនោះ​ក៏ប្រើបម្រើទៅ​ឯសំណាក់ម្តាយ​ដោយ​ពាក្យថា ខ្លួនខ្ញុំ​​ដល់​​នូវ​សេចក្តីក្រីក្រលំបាក មិន​​បាន​សេចក្តីសុខទេ ព្រោះពួកសាវករបស់អាជីវក​ប្រើប្រាស់​ខ្ញុំ ​ដោយ​ការបម្រើជាកូនប្រសា​បាន​តែ​ត្រឹម១ខែទេ តពីនោះ​មក ក៏ប្រើប្រាស់ខ្ញុំ​ដោយ​ការបម្រើ​ជាទាសីទៅ​វិញ សូមឲ្យ​អ្នកម្តាយខ្ញុំ មកនាំយកខ្ញុំទៅ​ផង។ គ្រានោះ​ឯង ប្រពន្ធហោរានោះ​ ក៏ចូល​ទៅ​ត្រង់ទីដែល​ពួកសាវករបស់អាជីវកនៅ លុះ​ចូលទៅ​​ដល់​​ហើយ​ ​បាន​និយាយពាក្យ​នេះ​នឹងពួក​សាវករបស់អាជីវក​នោះ​ថា បពិត្រអ្នកម្ចាស់ទាំង​ឡាយ អ្នកទាំងឡាយកុំប្រើប្រាស់​នាងកុមារី​​នេះ​​ដោយ​ការបម្រើជាទាសីឡើយ ត្រូវប្រើ​ប្រាស់​នាង​កុមារី​នេះ ​ដោយ​ការបម្រើជាកូនប្រសាវិញ។ ពួកសាវករបស់អាជីវកក៏​និយាយ​ថា យើងគ្មានទាក់ទងជាមួយ​នឹងនាងឯងទេ យើងមានទាក់​ទង​តែ​នឹងសមណរបស់​យើងទេតើ នាងឯងទៅ​ៗ យើងមិន​ស្គាល់នាងឯងទេ។ ឯប្រពន្ធហោរានោះ​ កាលបើ​ពួកសាវករបស់អាជីវកទាំងនោះ​ធ្វើមិន​ឲ្យ​ជ្រះថ្លា​ហើយ​ ក៏ត្រឡប់មកក្រុងសាវត្ថីវិញ។ នាង​កុមារីក៏ប្រើបម្រើទៅ​ឯសំណាក់ម្តាយ ក្នុង​លើកទី២ទៀតថា ខ្លួនខ្ញុំ​​ដល់​​នូវ​សេចក្តី​ក្រីក្រលំបាក មិន​​បាន​សេចក្តីសុខទេ ព្រោះពួកសាវករបស់អាជីវកប្រើប្រាស់ខ្ញុំ ​ដោយ​ការបម្រើជាកូនប្រសា​បាន​តែ​ត្រឹម១ខែទេ តពីនោះ​មក ក៏ប្រើប្រាស់ខ្ញុំ​ដោយ​ការបម្រើ​ជាទាសីទៅ​វិញ សូមឲ្យ​អ្នកម្តាយខ្ញុំ មកនាំយកខ្ញុំទៅ​ផង។ ឯប្រពន្ធហោរា ក៏ចូលទៅ​ត្រង់ទី​ដែល​​ឧទាយិភិក្ខុដ៏​មានអាយុនៅ លុះ​ចូលទៅ​​ដល់​​ហើយ​ និយាយពាក្យ​នេះនឹងឧទាយិភិក្ខុ​ដ៏​មានអាយុ​ថា បពិត្រលោកដ៏​ចំរើន ឮដំណឹងថា នាងកុមារីនោះ​ ​​ដល់​​នូវ​សេចក្តីក្រីក្រ​លំបាក មិន​​បាន​សេចក្តីសុខសោះ ព្រោះពួកសាវក​របស់អាជីវកប្រើប្រាស់វា ​ដោយ​ការបម្រើជាកូនប្រសា​បាន​តែ​ត្រឹម១ខែទេ តពីនោះ​មក ក៏ប្រើប្រាស់​ដោយ​ការបម្រើ​ជាទាសី​ទៅ​វិញ បពិត្រលោកដ៏​ចំរើន សូមលោកម្ចាស់​និយាយនឹងគេដូច្នេះថា ម្នាល​អ្នកទាំង​ឡាយ អ្នកទាំងអស់គ្នា កុំប្រើប្រាស់នាងកុមារី​នេះ ​ដោយ​ការបម្រើជាទាសីឡើយ ចូរប្រើប្រាស់​នាង​កុមារី​នេះ​ដោយ​ការបម្រើជាកូនប្រសាវិញ។ គ្រានោះ​ឯង ឧទាយិដ៏​មានអាយុចូលទៅ​ត្រង់​ទីដែល​​ពួកសាវក​របស់អាជីវក​នៅ លុះ​ចូលទៅ​​ដល់​​ហើយ​ ក៏​និយាយ​ពាក្យ​នេះនឹងពួកសាវករបស់​អាជីវកនោះ​ថា ម្នាល​អ្នកទាំង​ឡាយ អ្នកទាំងអស់គ្នា កុំប្រើប្រាស់នាងកុមារី​នេះ ​ដោយ​ការបម្រើជាទាសីឡើយ ចូរប្រើប្រាស់​នាង​កុមារី​នេះ​ដោយ​ការបម្រើជាកូនប្រសាវិញ។ ពួកសាវករបស់អាជីវកនោះ​ឆ្លើយថា យើងគ្មានទាក់ទង​ជាមួយនឹងលោកទេ យើងមានទាក់ទង​តែ​នឹងប្រពន្ធហោរាទេតើ សមណមិន​ត្រូវ​ខ្វល់ខ្វាយ​ទេ សមណត្រូវតែ​ជាសមណល្អ លោកចូរ​ទៅ​វិញទៅ​ យើងមិន​ស្គាល់​លោក​ទេ។ ឯឧទាយិភិក្ខុដ៏​មានអាយុ កាលដែល​ពួកសាវករបស់​អាជីវកមិន​ឲ្យ​ជ្រះថ្លា​ហើយ​ ក៏ត្រឡប់​មកកាន់​ក្រុងសាវត្ថីវិញ។ នាងកុមារីនោះ​ ក៏ប្រើបម្រើទៅ​ឯសំណាក់​ម្តាយក្នុង​លើកទី៣ទៀតថា ខ្លួនខ្ញុំ​​ដល់​​នូវ​សេចក្តីក្រីក្រលំបាកណាស់ មិន​​បាន​សេចក្តីសុខទេ ព្រោះពួកសាវក​របស់អាជីវក​ប្រើប្រាស់ខ្ញុំ ​ដោយ​ការបម្រើជាកូនប្រសា​បាន​តែ​ត្រឹម១ខែទេ តពីនោះ​មក ក៏ប្រើប្រាស់ខ្ញុំ​ដោយ​ការបម្រើ​ជាទាសីទៅ​វិញ សូមឲ្យ​អ្នកម្តាយខ្ញុំ អញ្ជើញមក​នាំយកខ្ញុំទៅ​ផង។ ប្រពន្ធហោរានោះ​ ចូលទៅ​ឯទី​ដែល​​ឧទាយិភិក្ខុនៅ លុះ​ចូលទៅ​​ដល់​​ហើយ​ ក៏និយាយពាក្យ​នេះនឹងឧទាយិភិក្ខុដ៏​មានអាយុ​​ក្នុង​​លើក​ទី២ថា បពិត្រលោកម្ចាស់ ឮដំណឹងថា នាងកុមារីនោះ​ ​ជាស្រី​ដល់​​នូវ​សេចក្តីក្រីក្រលំបាកណាស់ មិន​​បាន​សេចក្តី​សុខទេ ព្រោះពួកសាវករបស់អាជីវកប្រើប្រាស់វា ​ដោយ​ការបម្រើជាកូនប្រសា​បាន​តែ​ត្រឹម១ខែទេ តពីនោះ​មក ក៏ប្រើប្រាស់​ដោយ​ការបម្រើ​ជាទាសីទៅ​វិញ បពិត្រលោកដ៏​ចំរើន គួរលោកម្ចាស់ទៅ​និយាយនឹងគេថា ម្នាល​អ្នកទាំង​ឡាយ អ្នកទាំងអស់គ្នា កុំប្រើប្រាស់​នាងកុមារី​នេះ ​ដោយ​ការបម្រើជាខ្ញុំស្រី ចូរប្រើប្រាស់​នាង​កុមារី​នេះ​ដោយ​ការបម្រើជាកូន​ប្រសាវិញ។ ឧទាយិភិក្ខុឆ្លើយថា កាលពីមុន ពួកសាវក​របស់​អាជីវក​ ធ្វើអាត្មាមិន​ឲ្យ​ជ្រះថ្លាម្តង​ទៅ​​ហើយ​ ឥឡូវ​នេះ នាងចូលទៅ​ចុះ អាត្មាមិន​ទៅ​ទៀតទេ។

[១២៤] គ្រានោះ​ឯង ប្រពន្ធហោរានោះ​ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់​ឧទាយិ​ភិក្ខុថា នាងកុមារីកូនអញ ​ដល់​​នូវ​សេចក្តីក្រីក្រលំបាក មិន​​បាន​សេចក្តីសុខយ៉ាងណាៗ ក៏ព្រោះ​តែ​ម្តាយ​ក្មេកអាក្រក់ ព្រោះតែ​អាពុកក្មេកអាក្រក់ ព្រោះតែ​ប្តីអាក្រក់ ចូរឲ្យ​លោកម្ចាស់​ឧទាយិ​ក្រីក្រ​​ដូច​យ៉ាង​កូនអញ ចូរឲ្យ​លោកម្ចាស់ឧទាយិលំបាក​ដូចយ៉ាងកូនអញ ចូរឲ្យ​លោកម្ចាស់ឧទាយិ​កុំ​​បាន​​សេចក្តីសុខ​​ដូចយ៉ាងកូនអញទៅ​ចុះ ទាំងនាង​កុមារីសោត ក៏ពោលទោស តិះដៀល បន្តុះបង្អាប់​ឧទាយិ​ភិក្ខុថា អញ​ដល់​​នូវ​សេចក្តីក្រីក្រលំបាក មិន​​បាន​សេចក្តីសុខយ៉ាងណាៗ ក៏ព្រោះតែ​ម្តាយ​ក្មេកអាក្រក់ ព្រោះតែ​អាពុកក្មេកអាក្រក់ ព្រោះតែ​ប្តីអាក្រក់ ចូរឲ្យ​លោកម្ចាស់ឧទាយិ​ក្រីក្រ​​ដូច​យ៉ាងអញ ឲ្យ​លោកម្ចាស់ឧទាយិ​លំបាក​ដូចយ៉ាងអញ ឲ្យ​លោកម្ចាស់ឧទាយិ​កុំ​​បាន​​សេចក្តីសុខ​​ដូចយ៉ាងអញទៅ​ចុះ។ ទាំងពួក​ស្រីដទៃ ដែល​ម្តាយក្មេកក្តី អាពុកក្មេកក្តី ប្តីក្តី មិន​ត្រេកអរ ស្រី​ទាំងនោះ​ក៏ផ្តន់ទាថា យើង​ដល់​​នូវ​សេចក្តីក្រីក្រលំបាក មិន​​បាន​សេចក្តីសុខយ៉ាងណាៗ ក៏ព្រោះតែ​ម្តាយ​ក្មេកអាក្រក់ ព្រោះតែ​អាពុកក្មេកអាក្រក់ ព្រោះតែ​ប្តីអាក្រក់ ឲ្យ​លោកម្ចាស់ឧទាយិ​ក្រីក្រ​​ដូច​យ៉ាងយើង ឲ្យ​លោកម្ចាស់ឧទាយិលំបាក​ដូចយ៉ាងយើង ឲ្យ​លោកម្ចាស់ឧទាយិ​កុំ​​បាន​​សេចក្តីសុខ​​ដូចយ៉ាងយើងទៅ​ចុះ។ ឯពួកស្រីណាដែល​ម្តាយក្មេកក្តី អាពុកក្មេកក្តី ប្តីក្តី ត្រេកអរ​​ហើយ​ ពួកស្រីទាំងនោះ​ក៏បន់ស្រន់យ៉ាង​នេះថា យើង​ដល់​​នូវ​សេចក្តីសុខបរិបូណ៌​ដោយ​​គ្រឿង​​ស្អិតស្អាង ​ដល់​​នូវ​សេចក្តីសប្បាយយ៉ាងណាៗ ក៏ព្រោះតែ​​ម្តាយក្មេកល្អ ព្រោះតែ​អាពុកក្មេក​ល្អ ព្រោះតែ​ប្តីល្អ សូមឲ្យ​លោកម្ចាស់ឧទាយិ​​ដល់​​នូវ​សេចក្តីសុខ​ដូច​យ៉ាងយើង សូមឲ្យ​លោកម្ចាស់ឧទាយិបរិបូណ៌​ដោយ​គ្រឿង​ស្អិតស្អាង​ដូចយ៉ាងយើង សូមឲ្យ​​លោកម្ចាស់​ឧទាយិ​ដល់​​នូវ​​សេចក្តីសប្បាយ​​ដូចយ៉ាងយើងចុះ។

[១២៥] ភិក្ខុទាំងឡាយឮស្រីខ្លះកាលផ្តន់ទាឲ្យ​វិនាស ស្រីខ្លះកាលបន់ស្រន់ឲ្យ​ចំរើន (​ដល់​​ឧទាយិភិក្ខុនោះ​)។ ពួកភិក្ខុណាដែល​មានសេចក្តីប្រាថ្នាតិច មានសេចក្តីសន្តោស។បេ។ ពួកភិក្ខុ​នោះ​ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា មិន​សមបើ​ឧទាយិភិក្ខុដ៏​មានអាយុ​ប្រព្រឹត្ត​និយាយ​ដឹកនាំស្រីឲ្យ​ប្រុស ដឹកនាំប្រុសឲ្យ​ស្រីសោះ។ គ្រានោះ​ឯង ភិក្ខុទាំងឡាយ​នោះ​ក៏ក្រាបទូលរឿងនុ៎ះ​​ដល់​ព្រះដ៏​មានព្រះភាគជាម្ចាស់។ ព្រោះរឿង​នេះ ដំណើរ​នេះ ព្រះដ៏​មានព្រះភាគឲ្យ​ប្រជុំភិក្ខុ​សង្ឃមកក្នុង​ពេលនោះ​ ​ហើយ​​ទ្រង់សួរបញ្ជាក់​ឧទាយិភិក្ខុដ៏​មានអាយុដូច្នេះថា ម្នាល​​ឧទាយិ ឮថា​អ្នកឯង ប្រព្រឹត្តនិយាយដឹកនាំស្រីប្រុសពិតមែនឬ។ ឧទាយិភិក្ខុក្រាបទូលថា សូម​ទ្រង់ព្រះមេត្តា​ប្រោស ពិតមែន។ ព្រះសម្ពុទ្ធជាម្ចាស់ដ៏​មានព្រះភាគ ​ទ្រង់តិះដៀលថា ម្នាល​មោឃបុរស អំពើ​ដែល​​អ្នកឯងធ្វើនុ៎ះ មិន​សមគួរ មិន​ត្រូវទំនង មិន​ត្រូវបែប មិន​មែនជារបស់​សមណ មិន​គួរសោះ មិន​គប្បីធ្វើសោះឡើយ ម្នាល​មោឃបុរស គួរបើ​ដែរ អ្នកឯងហ៊ានប្រព្រឹត្តនិយាយ​ដឹកនាំស្រីប្រុស ម្នាល​មោឃបុរស អំពើ​នេះមិន​មែននាំឲ្យ​កើតសេចក្តីជ្រះថ្លា ​ដល់​ពួកជនដែល​មិន​ទាន់ជ្រះថ្លា​នោះ​​ទេ។បេ។ ម្នាល​ភិក្ខុទាំងឡាយ អ្នកទាំងឡាយ​គប្បីសំដែង​​នូវ​សិក្ខាបទ​នេះយ៉ាង​នេះថា ភិក្ខុណា​មួយ ប្រព្រឹត្តនិយាយដឹកនាំ គឺប្រាប់សេចក្តីប្រាថ្នាប្រុស​ដល់​ស្រីក្តី ប្រាប់សេចក្តីប្រាថ្នាស្រី​ដល់​​ប្រុស​ក្តី ឲ្យ​​បាន​គ្នាជាប្រពន្ធក្តី ជាប្តីឬជាសហាយក្តី ភិក្ខុនោះ​ត្រូវអាបត្តិសង្ឃាទិសេស។ សិក្ខាបទ​នេះ ព្រះដ៏​មានព្រះភាគ​ទ្រង់បញ្ញត្ត​ហើយ​ ​ដល់​ភិក្ខុទាំងឡាយ​ដោយ​ប្រការដូច្នេះឯង។

[១២៦] សម័យនោះ​ឯង មានពួកអ្នកលេងច្រើនអ្នក ជាអ្នកញុំាងស្រីឲ្យ​បម្រើក្នុង​ឱទ្យាន ​បាន​​ប្រើបម្រើទៅ​ឯសំណាក់ស្រីផ្កាមាសម្នាក់ថាឲ្យ​នាងមក យើងទាំងឡាយនឹងឲ្យ​នាង​បម្រើ​យើង​ក្នុង​ឱទ្យាន។ ស្រីផ្កាមាសនោះ​ ​បាន​និយាយតបយ៉ាង​នេះថា ម្នាល​អ្នកទាំង​ឡាយ ខ្ញុំឯង​ឥតស្គាល់​អស់អ្នករាល់គ្នាថា អ្នកទាំង​នេះជាអ្វីទេ ឬជាកូនចៅអ្នកណាទេ ម្យ៉ាងទៀត ខ្ញុំជាអ្នកមានទ្រព្យ​ច្រើន មានបរិក្ខារច្រើន ទាំងមានកិច្ចត្រូវទៅ​ខាងក្រៅក្រុង​ផង ខ្ញុំនឹងទៅ​មិន​​បាន​ទេ។ លំដាប់​នោះ​​ឯង អ្នកបម្រើនោះ​ក៏​បាន​ប្រាប់សេចក្តីនុ៎ះ​ដល់​ពួកអ្នកលេងទាំងនោះ​វិញ។ កាលបើ​អ្នកបម្រើ​ប្រាប់​យ៉ាង​នេះ​ហើយ​ មានបុរសម្នាក់​និយាយពាក្យ​នេះ​​នឹងពួកអ្នកលេងនោះ​ថា នែអ្នកទាំងឡាយ ចុះ​អ្នក​ទាំងអស់គ្នា​អង្វរ​ស្រីផ្កាមាស​នោះ​ធ្វើអ្វី គួរតែ​អ្នកទាំងឡាយនិយាយនឹងលោកម្ចាស់ឧទាយិ​ទេ​តើ លោក​ម្ចាស់​ឧទាយិ​នឹងបញ្ជូន (ស្រីផ្កាមាសនោះ​) មកឲ្យ​។ កាលបើ​បុរសនោះ​និយាយយ៉ាង​​នេះ​​ហើយ​ មានឧបាសកម្នាក់ពោលពាក្យ​នេះនឹងបុរសនោះ​ថា អ្នកកុំនិយាយយ៉ាង​នេះ កិរិយាធ្វើ​​នូវ​​អំពើ​មានសភាពយ៉ាង​នេះ មិន​គួរ​ដល់​ពួកសមណ ជាកូនចៅព្រះពុទ្ធជា​សក្យបុត្រទេ លោក​ម្ចាស់ឧទាយិក៏មិន​ធ្វើអំពើយ៉ាង​នេះដែរ។ កាលបើ​ឧបាសកនោះ​ពោលដូច្នេះ​ហើយ​ ជន​ទាំងឡាយ​ក៏តាំងភ្នាល់គ្នាថា លោកម្ចាស់ឧទាយិ​នឹងធ្វើអំពើ​នេះ នឹងមិន​ធ្វើអំពើ​នេះ។ គ្រានោះ​ឯង ពួក​អ្នក​លេង​ក៏ចូលទៅ​ត្រង់ទីដែល​ឧទាយិភិក្ខុនៅ លុះ​ចូលទៅ​​ដល់​​ហើយ​ ​បាន​និយាយពាក្យ​នេះ​នឹង​ឧទាយិភិក្ខុដ៏​មានអាយុថា បពិត្រលោកដ៏​ចំរើន ពួកយើងកាលឲ្យ​ស្រីបម្រើក្នុង​ឱទ្យាន​នេះ ​បាន​​ប្រើ​បម្រើទៅ​ឯសំណាក់ស្រីផ្កាមាស​ឈ្មោះ​ឯណោះថា ឲ្យ​ស្រីផ្កាមាសមក យើងនឹងឲ្យ​​នាង​បម្រើ​ក្នុង​​ឱទ្យាន តែ​ស្រីផ្កាមាស​នោះ​ឆ្លើយតបយ៉ាង​នេះថា ម្នាល​អ្នកទាំងឡាយ ខ្លួនខ្ញុំមិន​ធ្លាប់ស្គាល់​អ្នកទាំងឡាយថា អ្នកទាំង​នេះជាអ្វីទេ ឬជាកូនចៅអ្នកណាទេ ម្យ៉ាងទៀត ខ្ញុំជាអ្នកមានទ្រព្យ​ច្រើន មានគ្រឿង​​បរិក្ខារច្រើន ទាំងមានកិច្ចត្រូវទៅ​ខាងក្រៅក្រុងផង ខ្ញុំនឹងមិន​ទៅ​ទេ បពិត្រ​លោកដ៏​ចំរើន យើងសូមពឹងលោកម្ចាស់ សូមលោកម្ចាស់បញ្ជូនស្រីផ្កាមាសនោះ​មកឲ្យ​​យើង។ គ្រានោះ​ឯង ឧទាយិភិក្ខុដ៏​មានអាយុក៏ចូលទៅ​ត្រង់ទីដែល​ស្រីផ្កាមាសនោះ​នៅ លុះ​ចូលទៅ​​ដល់​​ហើយ​ ​បាន​និយាយពាក្យ​នេះនឹងស្រីផ្កាមាសនោះ​ថា ហេតុ​ដូចម្តេច ​បាន​ជានាង​ឯង​មិន​ទៅ​រកអ្នកលេងទាំង​នេះ។ ស្រីផ្កាមាសនោះ​ឆ្លើយថា បពិត្រលោកម្ចាស់ ខ្ញុំព្រះករុណា​មិន​ស្គាល់​អ្នកអស់​នេះថា អ្នកទាំង​នេះជាអ្វីទេ ឬជាកូនចៅអ្នកណាទេ ម្យ៉ាង​ទៀត ខ្ញុំព្រះករុណាជាអ្នកមានទ្រព្យ​ច្រើន មានគ្រឿង​បរិក្ខារច្រើន ទាំងមានកិច្ចត្រូវទៅ​ខាងក្រៅក្រុងផង ខ្ញុំនឹងមិន​ទៅ​ទេ។ ឧទាយិភិក្ខុឆ្លើយថា នាងចូរទៅ​រកអ្នកទាំង​នេះចុះ អាត្មាធ្លាប់ស្គាល់​អ្នក​ទាំង​នេះ​ដែរ។ ស្រីផ្កាមាសឆ្លើយថា បពិត្រលោកម្ចាស់ បើ​លោកម្ចាស់​ស្គាល់គេ ខ្ញុំព្រះករុណា​នឹង​ទៅ​។ គ្រានោះ​ឯង ពួកអ្នកលេងនោះ​ ក៏នាំស្រីផ្កាមាសនោះ​ទៅ​ឯឱទ្យាន។ វេលានោះ​ ឧបាសកនោះ​​ក៏​ពោល​ទោស តិះដៀល បន្តុះបង្អាប់ថា មិន​សមបើ​លោកម្ចាស់ឧទាយិប្រព្រឹត្តនិយាយដឹកនាំស្រី ដែល​បុរសគប្បីសេពមួយរំពេចនោះ​សោះ។ ភិក្ខុទាំងឡាយ​បាន​ឮពាក្យឧបាសកនោះ​ពោល​ទោស​ តិះដៀលបន្តុះបង្អាប់ (ដូច្នោះ)។ ពួកភិក្ខុណាដែល​មានសេចក្តីប្រាថ្នាតិច។បេ។ ពួកភិក្ខុ​នោះ​ ពោលទោស តិះដៀល បន្តុះបង្អាប់ថា មិន​សមបើ​ឧទាយិដ៏​មានអាយុប្រព្រឹត្តនិយាយដឹកនាំ​ស្រី​ដែល​បុរសគប្បី​សេពមួយ​រំពេចនោះ​សោះ។ គ្រានោះ​ឯង ពួកភិក្ខុនោះ​ ក៏ក្រាបទូលរឿងនុ៎ះ​ចំពោះព្រះដ៏​មានព្រះភាគ។ ព្រោះនិទាន​នេះ ដំណើរ​នេះ ព្រះដ៏​មានព្រះភាគជាម្ចាស់ឲ្យ​ប្រជុំភិក្ខុ​សង្ឃក្នុង​ពេលនោះ​ ​ហើយ​​ទ្រង់សួរបញ្ជាក់​ឧទាយិភិក្ខុដ៏​មានអាយុដូច្នេះទៀតថា ម្នាល​ឧទាយិ ឮថាអ្នកឯង ប្រព្រឹត្តនិយាយដឹកនាំស្រីដែល​បុរសគប្បីសេពមួយរំពេចនោះ​មែនឬ។ ឧទាយិ​ ភិក្ខុក្រាបទូលថា សូម​ទ្រង់ព្រះមេត្តា​ប្រោស ពិតមែន។ ព្រះសម្ពុទ្ធ​ជាម្ចាស់ដ៏​មានជោគ ​ទ្រង់តិះដៀលថា ម្នាល​មោឃបុរស អំពើ​ដែល​​អ្នកឯងធ្វើ​នេះ មិន​សមគួរទេ មិន​ត្រូវទំនងទេ។បេ។ ម្នាល​មោឃបុរស គួរបើ​ដែរ អ្នកឯងប្រព្រឹត្តនិយាយ​ដឹកនាំស្រីដែល​បុរស​គប្បីសេពមួយ​រំពេច​នោះ​ ម្នាល​មោឃបុរស អំពើដែល​អ្នកឯងធ្វើ​នេះ មិន​មែននាំឲ្យ​ជ្រះថ្លា ​ដល់​ជនដែល​មិន​ទាន់ជ្រះថ្លា​ទេ។បេ។ ម្នាល​ភិក្ខុទាំងឡាយ អ្នកទាំងឡាយ​ត្រូវសំដែង​​នូវ​សិក្ខាបទ​នេះយ៉ាង​នេះថា ភិក្ខុណាមួយ​ប្រព្រឹត្តនិយាយដឹកនាំ គឺប្រាប់សេចក្តីប្រាថ្នាប្រុស​ដល់​ស្រីក្តី ប្រាប់សេចក្តី​ប្រាថ្នាស្រី​​ដល់​​ប្រុសក្តី ឲ្យ​​បាន​គ្នាជា​ប្រពន្ធក្តី ជាប្តីឬជាសហាយក្តី ​ដោយ​ហោចទៅ​សូម្បី​តែ​​ស្រីដែល​​បុរស​គប្បីនៅរួមអសទ្ធម្ម​មួយរំពេច [​បាន​​ដល់​ស្រីអ្នកលេង គឺស្រីឈ្នួល ស្រីផ្កាមាស។] នោះ​ ត្រូវអាបត្តិ​សង្ឃាទិសេស។

[១២៧] ត្រង់ពាក្យថា ភិក្ខុណាមួយ ​បាន​អធិប្បាយក្នុង​សិក្ខាបទទី ១ នៃ​បឋមបារាជិក​រួច​​ហើយ​។ ត្រង់ពាក្យថា ប្រព្រឹត្តនិយាយដឹកនាំ សេចក្តីថា ភិក្ខុដែល​ស្រីបង្គាប់ឲ្យ​ទៅ​កាន់សំណាក់​ប្រុសក្តី ភិក្ខុដែល​ប្រុសបង្គាប់ឲ្យ​ទៅ​កាន់សំណាក់ស្រីក្តី។ ត្រង់ពាក្យថា ប្រាប់សេចក្តីប្រាថ្នាប្រុស​​ដល់​​ស្រីក្តី គឺប្រាប់បំណងរបស់ប្រុស​ដល់​ស្រីក្តី។ ត្រង់ពាក្យថា  ប្រាប់សេចក្តីប្រាថ្នាស្រី​​ដល់​ប្រុសក្តី គឺប្រាប់គំនិតរបស់ស្រី​ដល់​ប្រុសក្តី។ ត្រង់ពាក្យថា ឲ្យ​​បាន​គ្នាជាប្រពន្ធក្តី គឺប្រាប់ថា នាងឯង​នឹងជា​ប្រពន្ធគេ។ ត្រង់ពាក្យថា ជាប្តីឬជាសហាយក្តី គឺប្រាប់ថា អ្នកឯង​នឹងជាសហាយគេ។ ត្រង់ពាក្យថា ​ដោយ​​ហោច​ទៅ​ សូម្បីតែ​ស្រីដែល​បុរសគប្បីសេពមួយរំពេចនោះ​ គឺប្រាប់ថា នាងឯងនឹងជា​ស្រី​ដែល​​បុរស​គប្បីសេព​មួយ​ស្របក់។ ត្រង់ពាក្យថា សង្ឃាទិសេស ​បាន​អធិប្បាយ​ក្នុង​​សង្ឃាទិសេស​ទី១រួច​ហើយ​។

[១២៨] ស្រីមាន១០ពួក គឺ មាតុរក្ខិតា ១ បិតុរក្ខិតា ១ មាតាបិតុរក្ខិតា ១ ភាតុរក្ខិតា ១ ភគិនីរក្ខិតា ១ ញាតិរក្ខិតា ១ គោត្តរក្ខិតា ១ ធម្មរក្ខិតា ១ សរក្ខា ១ សបរិទណ្ឌា ១។

[១២៩] ភរិយាមាន១០ពួក គឺ ធនក្កីតា ១ ឆន្ទវាសិនី ១ ភោគវាសិនី ១ បដវាសិនី ១ ឱទបត្តកិនី​ ១ ឱភតចុម្ពដា ១ ទាសីភរិយា ១ កម្មការីភរិយា ១ ធជាហដា ១ មុហុត្តិកា ១។

[១៣០] ស្រីដែល​ម្តាយថែរក្សាគ្រប់គ្រងជាធំត្រួតត្រាលើ ហៅថាមាតុរក្ខិតា។ ស្រីដែល​ឪពុកថែរក្សាគ្រប់គ្រងជាធំត្រួតត្រាលើ ហៅថា បិតុរក្ខិតា។ ស្រីដែល​ម្តាយឪពុក​ថែរក្សា​គ្រប់គ្រង​ជាធំត្រួតត្រាលើ ហៅថា មាតាបិតុរក្ខិតា។ ស្រីដែល​បងប្អូនប្រុសថែ​រក្សា​គ្រប់គ្រង​​ជាធំត្រួតត្រាលើ ហៅថា ភាតុរក្ខិតា។ ស្រីដែល​បងប្អូនស្រីថែរក្សា​គ្រប់គ្រង​ជាធំ​ត្រួតត្រាលើ ហៅថា ភគិនីរក្ខិតា។ ស្រីដែល​ពួកញាតិថែរក្សាគ្រប់គ្រងជាធំត្រួតត្រាលើ ហៅថា ញាតិរក្ខិតា។ ស្រីដែល​ជនមានគោត្រវង្សស្មើគ្នាថែរក្សាគ្រប់គ្រងជាធំត្រួតត្រាលើ ហៅថា គោត្តរក្ខិតា។ ស្រីដែល​ជនប្រព្រឹត្តធម៌ត្រូវគ្នាថែរក្សាគ្រប់គ្រងជាធំត្រួតត្រាលើ ហៅថា ធម្មរក្ខិតា។ ស្រីដែល​ប្រុសថែរក្សាទុកតាំងពីក្នុង​ផ្ទៃ ​ដោយ​តាំងចិត្តថា នាង​នេះ​ជារបស់​អញ ​ដោយ​ហោចទៅ​​សូម្បីតែ​ស្រីដែល​ប្រុស​បំពាក់ផ្កាកម្រង (ស្រី​នេះឯង) ហៅថា សារក្ខា។ អាជ្ញាដែល​ស្តេច​អង្គណា១ ​ទ្រង់តាំងទុកដូច្នេះថា បើ​បុរសណា​មករួម​នឹង​ស្រីឈ្មោះ​​នេះ នឹងត្រូវពិន័យប៉ុណ្ណេះ​ដល់​បុរសនោះ​ (ស្រី​នេះ) ហៅថា សបរិទណ្ឌា។

[១៣១] ភរិយាដែល​បុរសលោះនឹងទ្រព្យ ​ហើយ​ឲ្យ​នៅរួមជាមួយ ហៅថា ធនក្កីតា។ ប្រុសជាទីស្រឡាញ់របស់ស្រី ឲ្យ​ស្រីជាទីស្រឡាញ់នៅរួមជាមួយ ហៅថា ឆន្ទវាសិនី។ ភរិយា​ដែល​​ប្រុសឲ្យ​ភោគ [គ្រឿង​ឧបករណសម្រាប់ផ្ទះ មានត្បាល់អង្រែជាដើម។] ​ហើយ​ឲ្យ​នៅរួមជាមួយ ហៅថា ភោគវាសិនី។ ភរិយាដែល​ប្រុសឲ្យ​សម្ពត់ស្លៀកដណ្តប់ ​ហើយ​ឲ្យ​នៅរួមជាមួយ ហៅថា បដវាសិនី។ ភរិយាដែល​ញាតិចាប់ដៃផ្គុមជា​មួយនឹងបុរស​ជ្រលក់​ក្នុង​ភាជនទឹក ​ហើយ​គេផ្សំ​ឲ្យ​​នៅរួមជាមួយ ហៅថា ឱទបត្តកិនី។ ភរិយាដែល​ប្រុសដាក់​ទ្រនូលឲ្យ​ ​ហើយ​ឲ្យ​នៅរួម​ជាមួយគ្នា ហៅថាឱភតចុម្ពដា។ ស្រីដែល​ប្រើប្រាស់ជាខ្ញុំផង ជាភរិយាផង ហៅថា ទាសីភរិយា។ ស្រីដែល​​ធ្វើ​ការឈ្នួល​ផង ជាភរិយាផង ហៅថា កម្មការីភរិយា។ ស្រីដែល​គេចាប់ពីកងទ័ព យកមកធ្វើ​ជា​ភរិយា ហៅថា ធជាហដា។ ស្រីដែល​​ប្រុស​បាន​នៅរួមគ្នាមួយរំពេចនោះ​ ហៅថា មុហុត្តិកា។

[១៣២] បុរសបញ្ជូនភិក្ខុទៅ​ថា បពិត្រលោកម្ចាស់ សូមលោកទៅ​និយាយនឹងស្រី​ឈ្មោះ​​​នេះ ដែល​មាតារក្សាដូច្នេះថា គេថានាងឯងចូរជាធនក្កីតាភរិយារបស់បុរសឈ្មោះ​​នេះទៅ​ ភិក្ខុ​ក៏​ទទួលពាក្យ ទៅ​និយាយល្បងមើល ​ហើយ​ត្រឡប់មក (ប្រាប់បុរសនោះ​) វិញ ត្រូវអាបត្តិ​សង្ឃាទិសេស។ បុរសបញ្ជូនភិក្ខុទៅ​ថា បពិត្រលោកម្ចាស់ សូមលោកទៅ​និយាយនឹងស្រី​ឈ្មោះ​​​នេះ ដែល​បិតារក្សា។បេ។ សូមលោកទៅ​និយាយនឹងស្រីដែល​មាតានិង​បិតារក្សា។ សូមលោកទៅ​និយាយនឹងស្រីដែល​បងប្អូនប្រុសរក្សា។ សូមលោក​ទៅ​និយាយ​នឹងស្រីដែល​បង​ប្អូន​ស្រីរក្សា។ សូមលោកទៅ​និយាយនឹងស្រីដែល​ញាតិ​រក្សា។ សូមលោកទៅ​និយាយនឹងស្រីដែល​​ជន​មានគោត្រវង្សស្មើគ្នារក្សា។ សូមលោកទៅ​និយាយនឹងស្រីដែល​ជនប្រព្រឹត្តធម៌ត្រូវគ្នារក្សា។ សូមលោកទៅ​និយាយនឹងស្រីដែល​ប្រុស​ប្រកាន់ទុក។ សូមលោកទៅ​និយាយនឹងស្រីដែល​មានអាជ្ញា​ស្តេចតាំងទុកដូច្នេះថា គេថានាងឯងចូរជាធនក្កីតាភរិយារបស់បុរសឈ្មោះ​​នេះទៅ​ ភិក្ខុ​ក៏​ទទួលពាក្យ ទៅ​និយាយ​ល្បងមើល ​ហើយ​វិលមក (ប្រាប់បុរសនោះ​) វិញ ត្រូវអាបត្តិ​សង្ឃាទិសេស។

និក្ខេបបទទាំងឡាយ ចប់។

[១៣៣] បុរសបញ្ជូនភិក្ខុទៅ​ថា បពិត្រលោកម្ចាស់ សូមលោកទៅ​និយាយនឹងស្រី​ឈ្មោះ​​​នេះ ដែល​មាតារក្សាផង និង​ស្រីឈ្មោះ​​នេះដែល​បិតារក្សាផងថា គេថា នាងទាំងពីរនាក់ ចូរជាធនក្កីតាភរិយា​របស់បុរសឈ្មោះ​​នេះទៅ​ ភិក្ខុ​ក៏​ទទួលពាក្យ ទៅ​និយាយល្បងមើល ​ហើយ​ត្រឡប់មក (ប្រាប់បុរសនោះ​) វិញ ត្រូវអាបត្តិ​សង្ឃាទិសេស។ បុរសបញ្ជូនភិក្ខុទៅ​ថា បពិត្រលោកម្ចាស់ សូមលោកទៅ​និយាយនឹងស្រី​ឈ្មោះ​​​នេះ ដែល​មាតារក្សាផង និង​ស្រីឈ្មោះ​​នេះដែល​មាតាបិតារក្សាផង។បេ។ ស្រីដែល​មាតារក្សាផង ស្រីដែល​បងប្អូន​ប្រុស​រក្សាផង។ ស្រីដែល​មាតារក្សាផង ស្រីដែល​បងប្អូនស្រីរក្សាផង។ ស្រីដែល​មាតា​រក្សាផង ស្រីដែល​ញាតិ​រក្សាផង។ ស្រីដែល​មាតារក្សាផង ស្រីដែល​ជនមានគោត្រ​ស្មើគ្នា​រក្សា​ផង។ ស្រីដែល​មាតារក្សាផង ស្រីដែល​ជនប្រព្រឹត្តធម៌ត្រូវគ្នារក្សាផង។ ស្រីដែល​មាតារក្សាផង ស្រីដែល​ប្រុសហួងហែងផង។សូមលោកទៅ​និយាយនឹងស្រីដែល​មាតា​រក្សា​ផង និង​ស្រីដែល​ស្តេចដាក់អាជ្ញាផងដូច្នេះថា គេថា នាងទាំងពីរនាក់ ចូរជា​ធនក្កីតាភរិយា​របស់បុរសឈ្មោះ​​នេះទៅ​ ភិក្ខុ​ក៏​ទទួលពាក្យ ទៅ​និយាយល្បងមើល ​ហើយ​ត្រឡប់មក (ប្រាប់បុរសនោះ​) វិញ ត្រូវអាបត្តិ​សង្ឃាទិសេស។

ខណ្ឌចក្ក ចប់។

[១៣៤] បុរសបញ្ជូនភិក្ខុទៅ​ថា បពិត្រលោកម្ចាស់ សូមលោកទៅ​និយាយនឹងស្រី​ឈ្មោះ​​​នេះ ដែល​បិតារក្សាផង និង​ស្រីឈ្មោះ​​នេះដែល​មាតាបិតារក្សាផងដូច្នេះថា គេថា នាងទាំងពីរនាក់ ចូរជាធនក្កីតាភរិយា​របស់បុរសឈ្មោះ​​នេះទៅ​។ ភិក្ខុ​ក៏​ទទួលពាក្យ ទៅ​និយាយល្បងមើល ​ហើយ​ត្រឡប់មក (ប្រាប់បុរសនោះ​) វិញ ត្រូវអាបត្តិ​សង្ឃាទិសេស។ បុរសបញ្ជូនភិក្ខុទៅ​ថា បពិត្រលោកម្ចាស់ សូមលោកទៅ​និយាយនឹងស្រី​ឈ្មោះ​​​នេះ ដែល​បិតារក្សាផង និង​ស្រីឈ្មោះ​​នេះដែល​បងប្អូនប្រុស​រក្សាផង។ ស្រីដែល​បិតារក្សាផង ស្រីដែល​បងប្អូនស្រីរក្សាផង។ ស្រីដែល​បិតារក្សាផង ស្រីដែល​ញាតិ​រក្សាផង។ ស្រីដែល​បិតារក្សាផង ស្រីដែល​ជនមានគោត្រស្មើគ្នារក្សាផង។ ស្រីដែល​បិតារក្សាផង ស្រីដែល​ជនប្រព្រឹត្តធម៌ត្រូវគ្នារក្សាផង។ ស្រីដែល​បិតារក្សាផង ស្រីដែល​ប្រុស​ហួងហែង​ផង។ ស្រីដែល​បិតារក្សាផង ស្រីដែល​ស្តេចដាក់អាជ្ញាផងដូច្នេះថា គេថា នាងទាំងពីរនាក់ ចូរជាធនក្កីតាភរិយា​របស់បុរសឈ្មោះ​​នេះទៅ​ ភិក្ខុ​ក៏​ទទួលពាក្យ ទៅ​និយាយល្បងមើល ​ហើយ​ត្រឡប់មក (ប្រាប់បុរសនោះ​) វិញ ត្រូវអាបត្តិ​សង្ឃាទិសេស។ បុរសបញ្ជូនភិក្ខុទៅ​ថា បពិត្រលោកម្ចាស់ សូមលោកទៅ​និយាយនឹងស្រី​ឈ្មោះ​​​នេះ ដែល​បិតារក្សាផង និង​ស្រីឈ្មោះ​​នេះដែល​មាតារក្សាផងដូច្នេះថា គេថា នាងទាំងពីរនាក់ ចូរជាធនក្កីតាភរិយា​របស់បុរសឈ្មោះ​​នេះទៅ​ ភិក្ខុ​ក៏​ទទួលពាក្យ ទៅ​និយាយល្បងមើល ​ហើយ​ត្រឡប់មក (ប្រាប់បុរសនោះ​) វិញ ត្រូវអាបត្តិ​សង្ឃាទិសេស។

ពទ្ធចក្ក ចប់។

[១៣៥] បុរសបញ្ជូនភិក្ខុទៅ​ថា បពិត្រលោកម្ចាស់ សូមលោកទៅ​និយាយនឹងស្រី​ឈ្មោះ​​​នេះ ដែល​មាតាបិតារក្សាផង និង​ស្រីឈ្មោះ​​នេះដែល​បងប្អូនប្រុស​រក្សាផង។ ស្រីដែល​មាតាបិតារក្សាផង ស្រីដែល​បងប្អូនស្រីរក្សាផង។ ស្រីដែល​មាតាបិតារក្សាផង ស្រីដែល​ញាតិ​រក្សាផង។ ស្រីដែល​មាតាបិតារក្សាផង ស្រីដែល​ជនមានគោត្រស្មើគ្នារក្សាផង។ ស្រីដែល​មាតាបិតារក្សាផង ស្រីដែល​ជនប្រព្រឹត្តធម៌ត្រូវគ្នារក្សាផង។ ស្រីដែល​មាតា​បិតារក្សាផង ស្រីដែល​ប្រុសហួងហែងផង។ ស្រីដែល​មាតាបិតារក្សាផង ស្រីដែល​ស្តេចដាក់អាជ្ញាផង។ ស្រីដែល​មាតាបិតារក្សាផង ស្រីដែល​មាតារក្សាផង។ ស្រីដែល​មាតាបិតារក្សាផង ស្រីដែល​បិតា​រក្សាផង ដូច្នេះថា គេថា នាងទាំងពីរនាក់ ចូរជា​ធនក្កីតាភរិយា​របស់បុរសឈ្មោះ​​នេះទៅ​ ភិក្ខុ​ក៏​ទទួលពាក្យ ទៅ​និយាយល្បងមើល ​ហើយ​ត្រឡប់មក (ប្រាប់បុរសនោះ​) វិញ ត្រូវអាបត្តិ​សង្ឃាទិសេស។

ពទ្ធចក្កទី២ ចប់។

[១៣៦] បុរសបញ្ជូនភិក្ខុទៅ​ថា បពិត្រលោកម្ចាស់ សូមលោកទៅ​និយាយនឹងស្រី​ឈ្មោះ​​​នេះ ដែល​បងប្អូនប្រុសរក្សាផង និង​ស្រីឈ្មោះ​​នេះដែល​បងប្អូនស្រីរក្សាផង។ ស្រីដែល​បងប្អូនប្រុសរក្សាផង ស្រីដែល​ញាតិ​រក្សាផង។ ស្រីដែល​បងប្អូនប្រុសរក្សាផង ស្រីដែល​ជនមានគោត្រស្មើគ្នារក្សាផង។ ស្រីដែល​បងប្អូនប្រុសរក្សាផង ស្រីដែល​ជនប្រព្រឹត្ត​ធម៌​ត្រូវគ្នារក្សាផង។ ស្រីដែល​បងប្អូនប្រុសរក្សាផង ស្រីដែល​ប្រុសហួងហែងផង។ ស្រីដែល​បងប្អូនប្រុសរក្សាផង ស្រីដែល​ស្តេចដាក់អាជ្ញាផង។ ស្រីដែល​បងប្អូនប្រុសរក្សាផង ស្រីដែល​​មាតារក្សាផង។ ស្រីដែល​បងប្អូនប្រុសរក្សាផង ស្រីដែល​បិតា​រក្សាផង។ ស្រីដែល​​បងប្អូនប្រុសរក្សាផង ស្រីដែល​មាតាបិតារក្សាផង ដូច្នេះថា គេថា នាងទាំង​ពីរនាក់ ចូរជាធនក្កីតាភរិយា​របស់បុរសឈ្មោះ​​នេះទៅ​ ភិក្ខុ​ក៏​ទទួលពាក្យ ទៅ​និយាយ​ល្បងមើល ​ហើយ​ត្រឡប់មក (ប្រាប់បុរសនោះ​) វិញ ត្រូវអាបត្តិ​សង្ឃាទិសេស។

ពទ្ធចក្កទី៣ ចប់។

[១៣៧] បុរសបញ្ជូនភិក្ខុទៅ​ថា បពិត្រលោកម្ចាស់ សូមលោកទៅ​និយាយនឹងស្រី​ឈ្មោះ​​​នេះ ដែល​បងប្អូនស្រីរក្សាផង និង​ស្រីឈ្មោះ​​នេះដែល​ញាតិ​រក្សាផង។ ស្រីដែល​បងប្អូនស្រីរក្សាផង ស្រីដែល​ជនមានគោត្រស្មើគ្នារក្សាផង។ ស្រីដែល​បងប្អូនស្រីរក្សាផង ស្រីដែល​ជនប្រព្រឹត្តធម៌ត្រូវគ្នារក្សាផង។ ស្រីដែល​បងប្អូនស្រីរក្សាផង ស្រីដែល​ប្រុស​ហួងហែងផង។ ស្រីដែល​បងប្អូនស្រីរក្សាផង ស្រីដែល​ស្តេចដាក់អាជ្ញាផង។ ស្រីដែល​បងប្អូនស្រីរក្សាផង ស្រីដែល​មាតារក្សាផង។ ស្រីដែល​បងប្អូនស្រីរក្សាផង ស្រីដែល​បិតា​រក្សាផង។ ស្រីដែល​បងប្អូនស្រីរក្សាផង ស្រីដែល​មាតាបិតារក្សាផង។ ស្រីដែល​បងប្អូន​ស្រីរក្សាផង ស្រីដែល​បងប្អូនប្រុសរក្សាផង ដូច្នេះថា គេថា នាងទាំងពីរនាក់ ចូរជា​ធនក្កីតាភរិយា​របស់បុរសឈ្មោះ​​នេះទៅ​ ភិក្ខុ​ក៏​ទទួលពាក្យ ទៅ​និយាយល្បងមើល ​ហើយ​ត្រឡប់មក (ប្រាប់បុរសនោះ​) វិញ ត្រូវអាបត្តិ​សង្ឃាទិសេស។

ពទ្ធចក្កទី៤ ចប់។

[១៣៨] បុរសបញ្ជូនភិក្ខុទៅ​ថា បពិត្រលោកម្ចាស់ សូមលោកទៅ​និយាយនឹងស្រី​ឈ្មោះ​​​នេះដែល​ញាតិ​រក្សាផង និង​ស្រីឈ្មោះ​​នេះដែល​ជនមានគោត្រស្មើគ្នារក្សាផង។ ស្រីដែល​ញាតិរក្សាផង ស្រីដែល​ជនប្រព្រឹត្តធម៌ត្រូវគ្នារក្សាផង។ ស្រីដែល​ញាតិរក្សាផង ស្រីដែល​ប្រុសហួងហែងផង។ ស្រីដែល​ញាតិរក្សាផង ស្រីដែល​ស្តេចដាក់អាជ្ញាទុកផង។ ស្រីដែល​ញាតិរក្សាផង ស្រីដែល​មាតារក្សាផង។ ស្រីដែល​ញាតិរក្សាផង ស្រីដែល​បិតា​រក្សាផង។ ស្រីដែល​ញាតិរក្សាផង ស្រីដែល​មាតាបិតារក្សាផង។ ស្រីដែល​ញាតិរក្សាផង ស្រីដែល​បងប្អូនប្រុសរក្សាផង ស្រីដែល​ញាតិរក្សាផង ស្រីដែល​បងប្អូនស្រីរក្សាផង ដូច្នេះថា គេថា នាងទាំងពីរនាក់ ចូរជាធនក្កីតាភរិយា​របស់បុរសឈ្មោះ​​នេះទៅ​ ភិក្ខុ​ក៏​ទទួលពាក្យ ទៅ​និយាយល្បងមើល ​ហើយ​ត្រឡប់មក (ប្រាប់បុរសនោះ​) វិញ ត្រូវអាបត្តិ​សង្ឃាទិសេស។

ពទ្ធចក្កទី៥ ចប់។

[១៣៩] បុរសបញ្ជូនភិក្ខុទៅ​ថា បពិត្រលោកម្ចាស់ សូមលោកទៅ​និយាយនឹងស្រី​ឈ្មោះ​​​នេះដែល​ជនមានគោត្រស្មើគ្នា​រក្សាផង និង​ស្រីឈ្មោះ​​នេះដែល​ជនប្រព្រឹត្តធម៌ត្រូវគ្នារក្សា​ផង។ ស្រីដែល​ជនមានគោត្រស្មើគ្នារក្សាផង ស្រីដែល​ប្រុសហួងហែងផង។ ស្រីដែល​ជនមានគោត្រស្មើគ្នារក្សាផង ស្រីដែល​ស្តេចដាក់អាជ្ញាទុកផង។ ស្រីដែល​ជនមានគោត្រ​ស្មើគ្នារក្សាផង ស្រីដែល​មាតារក្សាផង។ ស្រីដែល​ជនមានគោត្រស្មើគ្នារក្សាផង ស្រីដែល​បិតា​រក្សាផង។ ស្រីដែល​ជនមានគោត្រស្មើគ្នារក្សាផង ស្រីដែល​មាតាបិតារក្សាផង។ ស្រីដែល​​ជនមានគោត្រស្មើគ្នារក្សាផង ស្រីដែល​បងប្អូនប្រុសរក្សាផង។ ស្រីដែល​ជនមាន​គោត្រស្មើគ្នារក្សាផង ស្រីដែល​បងប្អូនស្រីរក្សាផង។ ស្រីដែល​ជនមានគោត្រស្មើគ្នា​រក្សាផង ស្រីដែល​ញាតិរក្សាផង ដូច្នេះថា គេថា នាងទាំងពីរនាក់ ចូរជាធនក្កីតាភរិយា​របស់បុរសឈ្មោះ​​នេះទៅ​ ភិក្ខុ​ក៏​ទទួលពាក្យ ទៅ​និយាយល្បងមើល ​ហើយ​ត្រឡប់មក (ប្រាប់បុរសនោះ​) វិញ ត្រូវអាបត្តិ​សង្ឃាទិសេស។

ពទ្ធចក្កទី៦ ចប់។

[១៤០] បុរសបញ្ជូនភិក្ខុទៅ​ថា បពិត្រលោកម្ចាស់ សូមលោកទៅ​និយាយនឹងស្រី​ឈ្មោះ​​​នេះដែល​​ជន​ប្រព្រឹត្តធម៌ត្រូវគ្នា​រក្សាផង និង​ស្រីឈ្មោះ​​នេះដែល​បុរសហួងហែងផង។ ស្រីដែល​​ជន​ប្រព្រឹត្ត​​ធម៌​ត្រូវគ្នារក្សាផង ស្រីដែល​ស្តេចដាក់អាជ្ញាទុកផង។ ស្រីដែល​ជន​ប្រព្រឹត្តធម៌​ត្រូវគ្នា​រក្សា​ផង ស្រីដែល​មាតារក្សាផង។ ស្រីដែល​ជនប្រព្រឹត្តធម៌ត្រូវគ្នា​រក្សា​ផង ស្រីដែល​បិតា​រក្សាផង។ ស្រីដែល​​ជនប្រព្រឹត្តធម៌ត្រូវគ្នារក្សាផង ស្រីដែល​មាតាបិតា​រក្សាផង។ ស្រីដែល​​ជនប្រព្រឹត្តធម៌​ត្រូវគ្នា​រក្សាផង ស្រីដែល​បងប្អូនប្រុសរក្សាផង។ ស្រីដែល​​ជន​ប្រព្រឹត្តធម៌ត្រូវគ្នារក្សាផង ស្រីដែល​​បងប្អូន​ស្រីរក្សាផង។ ស្រីដែល​ជន​ប្រព្រឹត្តធម៌ត្រូវគ្នារក្សាផង ស្រីដែល​ញាតិរក្សាផង។ ស្រីដែល​​ជន​ប្រព្រឹត្តធម៌​ត្រូវគ្នារក្សា​ផង ស្រីដែល​ជនមានគោត្រស្មើគ្នារក្សាផង ដូច្នេះថា គេថា នាងទាំង​ពីរ​នាក់ ចូរជា​ធនក្កីតាភរិយា​របស់បុរសឈ្មោះ​​នេះទៅ​ ភិក្ខុ​ក៏​ទទួលពាក្យ ទៅ​និយាយល្បងមើល ​ហើយ​​ត្រឡប់​មក (ប្រាប់បុរសនោះ​) វិញ ត្រូវអាបត្តិ​សង្ឃាទិសេស។

ពទ្ធចក្កទី៧ ចប់។

[១៤១] បុរសបញ្ជូនភិក្ខុទៅ​ថា បពិត្រលោកម្ចាស់ សូមលោកទៅ​និយាយនឹងស្រី​ឈ្មោះ​​​នេះដែល​ប្រុសហួងហែង​ផង និង​ស្រីឈ្មោះ​​នេះដែល​ស្តេចដាក់អាជ្ញាទុកផង។ ស្រីដែល​ប្រុសហួងហែងផង ស្រីដែល​មាតារក្សាផង។ ស្រីដែល​ប្រុសហួងហែងផង ស្រីដែល​បិតា​រក្សាផង។ ស្រីដែល​ប្រុសហួងហែងផង ស្រីដែល​មាតាបិតារក្សាផង។ ស្រីដែល​ប្រុស​ហួងហែងផង ស្រីដែល​បងប្អូនប្រុសរក្សាផង។ ស្រីដែល​ប្រុសហួងហែងផង ស្រីដែល​បងប្អូនស្រីរក្សាផង។ ស្រីដែល​ប្រុសហួងហែងផង ស្រីដែល​ញាតិរក្សាផង។ ស្រីដែល​ប្រុសហួងហែងផង ស្រីដែល​ជនមានគោត្រស្មើគ្នារក្សាផង។ ស្រីដែល​ប្រុសហួងហែងផង ស្រីដែល​ជនប្រព្រឹត្តធម៌ត្រូវ​គ្នារក្សាផង ដូច្នេះថា គេថា នាងទាំងពីរនាក់ ចូរជា​ធនក្កីតាភរិយា​​របស់បុរសឈ្មោះ​​នេះទៅ​ ភិក្ខុ​ក៏​ទទួលពាក្យ ទៅ​និយាយល្បងមើល ​ហើយ​ត្រឡប់មក (ប្រាប់បុរសនោះ​) វិញ ត្រូវអាបត្តិ​សង្ឃាទិសេស។

ពទ្ធចក្កទី៨ ចប់។

[១៤២] បុរសបញ្ជូនភិក្ខុទៅ​ថា បពិត្រលោកម្ចាស់ សូមលោកទៅ​និយាយនឹងស្រី​ឈ្មោះ​​​នេះដែល​ស្តេចដាក់អាជ្ញាទុកផង និង​ស្រីឈ្មោះ​​នេះដែល​មាតារក្សាផង។ ស្រីដែល​ស្តេច​ដាក់អាជ្ញាទុកផង ស្រីដែល​បិតា​រក្សាផង។ ស្រីដែល​ស្តេចដាក់អាជ្ញាទុកផង ស្រីដែល​មាតាបិតារក្សាផង។ ស្រីដែល​ស្តេចដាក់អាជ្ញាទុកផង ស្រីដែល​បងប្អូនប្រុសរក្សាផង។ ស្រីដែល​ស្តេចដាក់អាជ្ញាទុកផង ស្រីដែល​បងប្អូនស្រីរក្សាផង។ ស្រីដែល​ស្តេចដាក់​អាជ្ញាទុកផង ស្រីដែល​ញាតិរក្សាផង។ ស្រីដែល​ស្តេចដាក់អាជ្ញាទុកផង ស្រីដែល​ជន​មានគោត្រស្មើគ្នារក្សាផង។ ស្រីដែល​ស្តេចដាក់អាជ្ញាទុកផង ស្រីដែល​ជនប្រព្រឹត្តធម៌​ត្រូវ​គ្នារក្សាផង។ ស្រីដែល​ស្តេចដាក់អាជ្ញាទុកផង ស្រីដែល​ប្រុសហួងហែងផង ដូច្នេះថា គេថា នាងទាំងពីរ ចូរជាធនក្កីតាភរិយា​របស់បុរសឈ្មោះ​​នេះទៅ​ ភិក្ខុ​ក៏​ទទួលពាក្យ ទៅ​និយាយល្បងមើល ​ហើយ​ត្រឡប់មក (ប្រាប់បុរសនោះ​) វិញ ត្រូវអាបត្តិ​សង្ឃាទិសេស។

ពទ្ធចក្កមានមូល៩ ចប់។

ចក្កមានមូល១ចប់។

[១៤៣] ចក្កមានមូល២ មូល៣ មូល៤ មូល៥ មូល៦ មូល៧ មូល៨ មូល៩ ត្រូវធ្វើ​​ដូច​ចក្ក​មានមូល១ផងចុះ។

​នេះចក្កមានមូល១០ (​ដូចមានសេចក្តីតទៅ​​នេះ)

[១៤៤] បុរសបញ្ជូនភិក្ខុទៅ​ថា បពិត្រលោកម្ចាស់ សូមលោកទៅ​និយាយនឹងស្រី​ឈ្មោះ​​​នេះដែល​មាតារក្សាផង នឹងស្រី​ឈ្មោះ​​​នេះដែល​បិតារក្សាផង នឹងស្រី​ឈ្មោះ​​​នេះដែល​មាតាបិតារក្សាផង នឹងស្រី​ឈ្មោះ​​​នេះដែល​បងប្អូនប្រុសរក្សាផង នឹងស្រី​ឈ្មោះ​​​នេះដែល​បងប្អូនស្រីរក្សាផង នឹងស្រី​ឈ្មោះ​​​នេះដែល​ញាតិរក្សាផង នឹងស្រី​ឈ្មោះ​​​នេះដែល​ជនមាន​គោត្រស្មើគ្នារក្សាផង នឹងស្រី​ឈ្មោះ​​​នេះដែល​ជនប្រព្រឹត្តធម៌ត្រូវគ្នារក្សាផង នឹងស្រី​ឈ្មោះ​​​នេះដែល​ប្រុសហួងហែងផង នឹងស្រី​ឈ្មោះ​​​នេះដែល​ស្តេចដាក់អាជ្ញាទុកផង ដូច្នេះថា គេថា នាងទាំងអស់គ្នា ចូរជាធនក្កីតាភរិយារបស់បុរសឈ្មោះ​​នេះទៅ​ ភិក្ខុក៏ទទួល​ពាក្យ ទៅ​​និយាយល្បងមើល ​ហើយ​ត្រឡប់មក (ប្រាប់បុរសនោះ​) វិញ ត្រូវអាបត្តិ​សង្ឃាទិសេស។

ធនក្កីតាចក្ក ចប់។

[១៤៥] បុរសបញ្ជូនភិក្ខុទៅ​ថា បពិត្រលោកដ៏​ចំរើន សូមលោកទៅ​និយាយនឹងស្រី​ឈ្មោះ​​​នេះដែល​មាតារក្សា ដូច្នេះថា គេថា នាងចូរជាឆន្ទវាសិនីភរិយា ជាភោគវាសិនីភរិយា ជាបដវាសិនីភរិយា ជាឱទបត្តកិនីភរិយា ជាឱភតចុម្ពដាភរិយា ជាទាសីផង ជាភរិយាផង ជាកម្មការីផង ជាភរិយាផង ជាធជាហដាភរិយា ជាមុហុត្តិកាភរិយារបស់បុរសឈ្មោះ​​នេះទៅ​ ភិក្ខុក៏ទទួលពាក្យ ទៅ​និយាយល្បងមើល ​ហើយ​ត្រឡប់មក (ប្រាប់បុរសនោះ​) វិញ ត្រូវអាបត្តិ​សង្ឃាទិសេស។បេ។ បុរសបញ្ជូនភិក្ខុទៅ​ថា បពិត្រលោកដ៏​ចំរើន សូមលោក​ទៅ​និយាយនឹងស្រី​ឈ្មោះ​​​នេះដែល​បិតារក្សា។ សូមលោកទៅ​និយាយនឹងស្រីដែល​មាតា​បិតារក្សា។ សូមលោកទៅ​និយាយនឹងស្រីដែល​បងប្អូនប្រុសរក្សា។ សូមលោកទៅ​និយាយនឹងស្រីដែល​ញាតិរក្សា។ សូមលោកទៅ​និយាយនឹងស្រីដែល​ជន​មានគោត្រស្មើ​គ្នា​រក្សា។ សូមលោកទៅ​និយាយនឹងស្រីដែល​ជនប្រព្រឹត្តធម៌ត្រូវគ្នារក្សា។ សូមលោកទៅ​និយាយនឹងស្រីដែល​ប្រុសហួងហែង។ សូមលោកទៅ​និយាយនឹងស្រីដែល​ស្តេច​ដាក់​អាជ្ញា​ទុកថាដូច្នេះ គេថា នាងចូរជាមុហុត្តិកាភរិយានៃបុរសឈ្មោះ​​នេះទៅ​ ភិក្ខុក៏ទទួល​ពាក្យ ទៅ​និយាយល្បងមើល ​ហើយ​ត្រឡប់មក (ប្រាប់បុរសនោះ​) វិញ ត្រូវអាបត្តិ​សង្ឃាទិសេស។

និក្ខេបបទទាំងឡាយ ចប់។

[១៤៦] បុរសបញ្ជូនភិក្ខុទៅ​ថា បពិត្រលោកដ៏​ចំរើន សូមលោកទៅ​និយាយនឹងស្រី​ឈ្មោះ​​​នេះដែល​មាតារក្សាផង និង​ស្រីឈ្មោះ​​នេះដែល​បិតារក្សាផង ថាដូច្នេះ គេថា នាង​ទាំងពីរនាក់ ចូរជាមុហុត្តិកាភរិយានៃបុរសឈ្មោះ​​នេះទៅ​ ភិក្ខុក៏ទទួលពាក្យ ទៅ​និយាយល្បងមើល ​ហើយ​ត្រឡប់មក (ប្រាប់បុរសនោះ​) វិញ ត្រូវអាបត្តិ​សង្ឃាទិសេស។ បុរសបញ្ជូនភិក្ខុទៅ​ថា បពិត្រលោកដ៏​ចំរើន សូមលោកទៅ​និយាយនឹងស្រី​ឈ្មោះ​​​នេះដែល​​មាតារក្សាផង និង​ស្រីឈ្មោះ​​នេះដែល​មាតាបិតារក្សាផង។ ស្រីដែល​មាតា​រក្សាផង ស្រីដែល​បងប្អូនប្រុសរក្សាផង។ ស្រីដែល​មាតារក្សាផង ស្រីដែល​បងប្អូនស្រី​រក្សាផង។ ស្រីដែល​មាតារក្សាផង ស្រីដែល​ញាតិរក្សាផង។ ស្រីដែល​មាតារក្សាផង ស្រីដែល​ជនមាន​គោត្រស្មើគ្នារក្សាផង។ ស្រីដែល​មាតារក្សាផង ស្រីដែល​ជនប្រព្រឹត្តធម៌​ត្រូវគ្នារក្សាផង។ ស្រីដែល​មាតារក្សាផង ស្រីដែល​ប្រុសហួងហែងផង។ ស្រីដែល​មាតារក្សាផង ស្រីដែល​ស្តេចដាក់អាជ្ញាទុកផង ថាដូច្នេះ គេថា នាងរាល់គ្នា ចូរជា​មុហុត្តិកាភរិយា​នៃបុរសឈ្មោះ​​នេះទៅ​ ភិក្ខុក៏ទទួលពាក្យ ទៅ​និយាយល្បងមើល ​ហើយ​ត្រឡប់មក (ប្រាប់បុរសនោះ​) វិញ ត្រូវអាបត្តិ​សង្ឃាទិសេស។

ខណ្ឌចក្ក ចប់។

[១៤៧] បុរសបញ្ជូនភិក្ខុទៅ​ថា បពិត្រលោកដ៏​ចំរើន សូមលោកទៅ​និយាយនឹងស្រី​ឈ្មោះ​​​នេះដែល​បិតារក្សាផង និង​ស្រីឈ្មោះ​​នេះដែល​មាតាបិតារក្សាផង ថាដូច្នេះ គេថា នាង​រាល់គ្នា ចូរជាមុហុត្តិកាភរិយា​នៃបុរសឈ្មោះ​​នេះទៅ​ ភិក្ខុក៏ទទួលពាក្យ ទៅ​និយាយ​ល្បងមើល ​ហើយ​ត្រឡប់មក (ប្រាប់បុរសនោះ​) វិញ ត្រូវអាបត្តិ​សង្ឃាទិសេស។ បុរសបញ្ជូនភិក្ខុទៅ​ថា បពិត្រលោកដ៏​ចំរើន សូមលោកទៅ​និយាយនឹងស្រី​ឈ្មោះ​​​នេះដែល​បិតារក្សាផង និង​ស្រីឈ្មោះ​​នេះដែល​បងប្អូនប្រុសរក្សាផង។ ស្រីដែល​បិតារក្សា​ផង ស្រីដែល​បងប្អូនស្រីរក្សាផង។ ស្រីដែល​បិតារក្សាផង ស្រីដែល​ញាតិរក្សាផង។ ស្រីដែល​បិតារក្សាផង ស្រីដែល​ជនមាន​គោត្រស្មើគ្នារក្សាផង។ ស្រីដែល​បិតារក្សាផង ស្រីដែល​ជនប្រព្រឹត្តធម៌ត្រូវគ្នារក្សាផង។ ស្រីដែល​បិតារក្សាផង ស្រីដែល​បុរសហួង​ហែងផង។ ស្រីដែល​បិតារក្សាផង ស្រីដែល​ស្តេចដាក់អាជ្ញាទុកផង។ ស្រីដែល​បិតារក្សា​ផង ស្រីដែល​​មាតារក្សាផង ថាដូច្នេះ គេថា នាងរាល់គ្នា ចូរជាមុហុត្តិកាភរិយា​នៃបុរស​ឈ្មោះ​​នេះទៅ​ ភិក្ខុក៏ទទួលពាក្យ ទៅ​និយាយល្បងមើល ​ហើយ​ត្រឡប់មក (ប្រាប់បុរស​នោះ​) វិញ ត្រូវអាបត្តិ​សង្ឃាទិសេស។

ពទ្ធចក្ក ចប់។

​នេះជាមូលដែល​ព្រះដ៏​មានព្រះភាគសំដែង​​ដោយ​សង្ខេប។

[១៤៨] បុរសបញ្ជូនភិក្ខុទៅ​ថា បពិត្រលោកដ៏​ចំរើន សូមលោកទៅ​និយាយនឹងស្រី​ឈ្មោះ​​​នេះដែល​ស្តេចដាក់អាជ្ញាទុកផង និង​ស្រីឈ្មោះ​​នេះដែល​មាតារក្សាផង ថាដូច្នេះ គេថា នាងទាំងពីរ​នាក់ ចូរជាមុហុត្តិកាភរិយា​នៃបុរសឈ្មោះ​​នេះទៅ​ ភិក្ខុក៏ទទួលពាក្យ ទៅ​និយាយល្បងមើល ​ហើយ​ត្រឡប់មក (ប្រាប់បុរសនោះ​) វិញ ត្រូវអាបត្តិ​សង្ឃាទិសេស។ បុរសបញ្ជូនភិក្ខុទៅ​ថា បពិត្រលោកដ៏​ចំរើន សូមលោកទៅ​និយាយនឹងស្រី​ឈ្មោះ​​​នេះដែល​ស្តេចដាក់អាជ្ញាទុកផង និង​ស្រីឈ្មោះ​​នេះដែល​បិតារក្សាផង ស្រីដែល​ស្តេចដាក់អាជ្ញាទុកផង ស្រីដែល​មាតាបិតារក្សាផង។ ស្រីដែល​ស្តេចដាក់អាជ្ញាទុកផង ស្រីដែល​បងប្អូនប្រុសរក្សាផង។ ស្រីដែល​ស្តេចដាក់អាជ្ញាទុកផង ស្រីដែល​បងប្អូនស្រី​រក្សាផង។ ស្រីដែល​ស្តេចដាក់អាជ្ញាទុកផង ស្រីដែល​ញាតិរក្សាផង។ ស្រីដែល​ស្តេចដាក់អាជ្ញាទុកផង ស្រីដែល​ជនមាន​គោត្រស្មើគ្នារក្សាផង។ ស្រីដែល​ស្តេចដាក់អាជ្ញា​ទុកផង ស្រីដែល​ជនប្រព្រឹត្តធម៌ត្រូវគ្នារក្សាផង។ ស្រីដែល​ស្តេចដាក់អាជ្ញាទុកផង ស្រី​ដែល​​ប្រុសហួងហែងផង ថាដូច្នេះ គេថា នាងរាល់គ្នា ចូរជាមុហុត្តិកាភរិយា​នៃបុរសឈ្មោះ​​នេះទៅ​ ភិក្ខុក៏ទទួលពាក្យ ទៅ​និយាយល្បងមើល ​ហើយ​ត្រឡប់មក (ប្រាប់បុរសនោះ​) វិញ ត្រូវអាបត្តិ​សង្ឃាទិសេស។

ចក្កមានមូល១ ចប់។

[១៤៩] ចក្កមានមូល២ មានមូល៣ មានមូល៤ មានមូល៥ មានមូល៦ មានមូល៧ មានមូល៨ មានមូល៩ បណ្ឌិតគប្បីធ្វើ​ដូចចក្កដែល​មានមូល១ផងចុះ។

​នេះចក្កមានមូល១០ (​ដូចមានសេចក្តីតទៅ​​នេះ)

[១៥០] បុរសបញ្ជូនភិក្ខុទៅ​ថា បពិត្រលោកដ៏​ចំរើន សូមលោកទៅ​និយាយនឹងស្រី​ឈ្មោះ​​​នេះដែល​មាតារក្សាផង នឹងស្រី​ឈ្មោះ​​​នេះដែល​បិតារក្សាផង នឹងស្រី​ឈ្មោះ​​​នេះដែល​មាតាបិតារក្សាផង នឹងស្រី​ឈ្មោះ​​​នេះដែល​បងប្អូនប្រុសរក្សាផង នឹងស្រី​ឈ្មោះ​​​នេះដែល​បងប្អូនស្រីរក្សាផង នឹងស្រី​ឈ្មោះ​​​នេះដែល​ញាតិរក្សាផង នឹងស្រី​ឈ្មោះ​​​នេះដែល​ជនមាន​គោត្រស្មើគ្នារក្សាផង នឹងស្រី​ឈ្មោះ​​​នេះដែល​ជនប្រព្រឹត្តធម៌ត្រូវគ្នារក្សាផង នឹងស្រី​ឈ្មោះ​​​នេះដែល​ប្រុសហួងហែងផង នឹងស្រី​ឈ្មោះ​​​នេះដែល​ស្តេចដាក់អាជ្ញាទុកផង ថាដូច្នេះ គេថា នាងទាំងអស់គ្នា ចូរជាមុហុត្តិកាភរិយារបស់បុរសឈ្មោះ​​នេះទៅ​ ភិក្ខុក៏ទទួល​ពាក្យ ទៅ​និយាយល្បងមើល ​ហើយ​ត្រឡប់មក (ប្រាប់បុរសនោះ​) វិញ ត្រូវអាបត្តិ​សង្ឃាទិសេស។

មុហុត្តិកាចក្ក ចប់។

[១៥១] បុរសបញ្ជូនភិក្ខុទៅ​ថា បពិត្រលោកដ៏​ចំរើន សូមលោកទៅ​និយាយនឹងស្រី​ឈ្មោះ​​​នេះដែល​មាតារក្សា ដូច្នេះថា គេថា នាងចូរជាធនក្កីតាភរិយានៃបុរសឈ្មោះ​​នេះទៅ​ ភិក្ខុ​ក៏ទទួល​ពាក្យ ទៅ​និយាយល្បងមើល ​ហើយ​ត្រឡប់មក (ប្រាប់បុរសនោះ​) វិញ ត្រូវអាបត្តិ​សង្ឃាទិសេស។ បុរសបញ្ជូនភិក្ខុទៅ​ថា បពិត្រលោកដ៏​ចំរើន សូមលោកទៅ​និយាយ​នឹងស្រី​ឈ្មោះ​​​នេះដែល​មាតារក្សា ថាដូច្នេះ គេថា នាងចូរជាឆន្ទវាសិនីភរិយា ចូរជាភោគវាសិនីភរិយា ចូរជាបដវាសិនីភរិយា ចូរជាឱទបត្តកិនីភរិយា ចូរជាឱភតចុម្ពដា​ភរិយា ចូរជាទាសីផង ភរិយាផង ចូរជាកម្មការីផង ជាភរិយាផង ចូរជាធជាហដាភរិយា ចូរជាមុហុត្តិកា​ភរិយា​នៃបុរស​ឈ្មោះ​​នេះ​ទៅ​ ភិក្ខុក៏ទទួលពាក្យ ទៅ​និយាយល្បងមើល ​ហើយ​ត្រឡប់មក (ប្រាប់បុរសនោះ​) វិញ ត្រូវអាបត្តិ​សង្ឃាទិសេស។

និក្ខេបបទទាំងឡាយ ចប់។

[១៥២] បុរសបញ្ជូនភិក្ខុទៅ​ថា បពិត្រលោកដ៏​ចំរើន សូមលោកទៅ​និយាយនឹងស្រី​ឈ្មោះ​​​នេះដែល​មាតារក្សា ថាដូច្នេះ គេថា នាងចូរជាធនក្កីតាភរិយាផង ជាឆន្ទវាសិនីភរិយា​ផងនៃបុរស​ឈ្មោះ​​នេះ​ទៅ​ ភិក្ខុក៏ទទួលពាក្យ ទៅ​និយាយល្បងមើល ​ហើយ​ត្រឡប់មក (ប្រាប់បុរសនោះ​) វិញ ត្រូវអាបត្តិ​សង្ឃាទិសេស។ បុរសបញ្ជូនភិក្ខុទៅ​ថា បពិត្រលោកដ៏​ចំរើន សូមលោកទៅ​និយាយនឹងស្រី​ឈ្មោះ​​​នេះដែល​មាតារក្សា ថាដូច្នេះ គេថា នាងចូរ​ជាធនក្កីតាភរិយាផង ជាភោគវាសិនីភរិយាផង។ ជាធនក្កីតាភរិយាផង ជាបដវាសិនី​ភរិយា​​ផង។ ជាធនក្កីតាភរិយាផង ជាឱទបត្តកិនីភរិយាផង។ ជាធនក្កីតាភរិយាផង  ជាឱភតចុម្ពដាភរិយាផង។ ជាធនក្កីតាភរិយាផង  និង​ជាទាសីផង ភរិយាផង។ ជាធនក្កីតា​ភរិយាផង និង​ជាកម្មការីផង ភរិយាផង។ ជាធនក្កីតាភរិយាផង ជាធជាហដាភរិយា​ផង។ ជាធនក្កីតាភរិយាផង ជាមុហុត្តិកា​ភរិយាផង ​នៃបុរស​ឈ្មោះ​​នេះ​ទៅ​ ភិក្ខុក៏ទទួលពាក្យ ទៅ​និយាយល្បងមើល ​ហើយ​ត្រឡប់មក (ប្រាប់បុរសនោះ​) វិញ ត្រូវអាបត្តិ​សង្ឃាទិសេស។

ខណ្ឌចក្ក ចប់។

[១៥៣] បុរសបញ្ជូនភិក្ខុទៅ​ថា បពិត្រលោកដ៏​ចំរើន សូមលោកទៅ​និយាយនឹងស្រី​ឈ្មោះ​​​នេះដែល​មាតារក្សា ថាដូច្នេះ គេថា នាងចូរជាឆន្ទវាសិនីភរិយាផង ជាភោគវាសិនីភរិយា​ផង នៃបុរស​ឈ្មោះ​​នេះ​ទៅ​។បេ។ ជាឆន្ទវាសិនីភរិយាផង ជាមុហុត្តិកា​ភរិយាផង។ ជាឆន្ទវាសិនីភរិយា​ផង ជាធនក្កីតាភរិយាផង ​នៃបុរស​ឈ្មោះ​​នេះ​ទៅ​ ភិក្ខុក៏ទទួលពាក្យ ទៅ​និយាយល្បងមើល ​ហើយ​ត្រឡប់មក (ប្រាប់បុរសនោះ​) វិញ ត្រូវអាបត្តិ​សង្ឃាទិសេស។

ពទ្ធចក្ក ចប់។

​នេះជាមូលដែល​ព្រះដ៏​មានព្រះភាគសំដែង​​ដោយ​សង្ខេប។

[១៥៤] បុរសបញ្ជូនភិក្ខុទៅ​ថា បពិត្រលោកដ៏​ចំរើន សូមលោកទៅ​និយាយនឹងស្រី​ឈ្មោះ​​​នេះដែល​មាតារក្សា ថាដូច្នេះ គេថា នាងចូរជាមុហុត្តិកាភរិយាផង ជាធនក្កីតាភរិយាផង នៃបុរស​ឈ្មោះ​​នេះ​ទៅ​។ ជាមុហុត្តិកា​ភរិយាផង ជាឆន្ទវាសិនីភរិយា​ផង។បេ។ ជាមុហុត្តិកា​ភរិយាផង ជាធជាហដាភរិយាផង ​នៃបុរស​ឈ្មោះ​​នេះ​ ភិក្ខុក៏ទទួលពាក្យ ទៅ​និយាយ​ល្បងមើល ​ហើយ​ត្រឡប់មក (ប្រាប់បុរសនោះ​) វិញ ត្រូវអាបត្តិ​សង្ឃាទិសេស។

ចក្កមានមូល១ ចប់។

[១៥៥] ចក្កមានមូល២ មានមូល៣ មានមូល៤ មានមូល៥ មានមូល៦ មានមូល៧ មានមូល​៨ មានមូល៩ បណ្ឌិតគប្បីធ្វើ​ដូចចក្កមានមូល១ផងចុះ។

​នេះចក្កមានមូល១០ (​ដូចមានសេចក្តីតទៅ​​នេះ)។

[១៥៦] បុរសបញ្ជូនភិក្ខុទៅ​ថា បពិត្រលោកដ៏​ចំរើន សូមលោកទៅ​និយាយនឹងស្រី​ឈ្មោះ​​​នេះដែល​ម្តាយរក្សា ថាដូច្នេះ គេថា នាងចូរជាធនក្កីតាភរិយាផង ជាឆន្ទវាសិនីភរិយាផង ជាភោគវាសិនីភរិយាផង ជាបដវាសិនីភរិយាផង ជាឱទបត្តកិនីភរិយាផង ជាឱភតចុម្ពដា​ភរិយាផង និង​ជាទាសីផងភរិយាផង និង​ជាកម្មការីផងភរិយាផង ជាធជាហដាភរិយាផង ជា​មុហុត្តិកាភរិយាផង នៃបុរសឈ្មោះ​​នេះទៅ​ ភិក្ខុក៏ទទួលពាក្យ ទៅ​និយាយល្បងមើល ​ហើយ​ត្រឡប់មក (ប្រាប់បុរសនោះ​) វិញ ត្រូវអាបត្តិ​សង្ឃាទិសេស។

[១៥៧] បុរសបញ្ជូនភិក្ខុទៅ​ថា បពិត្រលោកដ៏​ចំរើន សូមលោកទៅ​និយាយនឹងស្រី​បិតុរក្ខិតា [ស្រីទាំង១០ចំពូក យើង​បាន​ប្រែជាសេចក្តីពីខាងដើមរៀងមក​ហើយ​ តពីត្រឹម​​នេះ​ទៅ​​ មិន​បាច់ប្រែទៀតទេ ត្រូវហៅជាបាឡីវិញ ដើម្បីឲ្យ​សាធុជនហៅជាបាឡីផងក៏​បាន​។] ឈ្មោះ​​នេះ។ សូមលោកទៅ​និយាយនឹងស្រីមាតាបិតុរក្ខិតា។ សូមលោកទៅ​និយាយនឹងស្រីភាតុរក្ខិតា។ សូមលោកទៅ​និយាយនឹងស្រីភគិនីរក្ខិតា។ សូមលោកទៅ​និយាយនឹងស្រីញាតិរក្ខិតា។ សូមលោកទៅ​និយាយនឹងស្រីគោត្តរក្ខិតា។ សូមលោកទៅ​និយាយនឹងស្រីធម្មរក្ខិតា។ សូមលោកទៅ​និយាយនឹងស្រីសារក្ខា។ សូមលោកទៅ​និយាយ​នឹងស្រីសបរិទណ្ឌាឈ្មោះ​​នេះ ថាដូច្នេះ គេថា នាងចូរជាធនក្កីតាភរិយា នៃបុរសឈ្មោះ​​នេះទៅ​ ភិក្ខុក៏ទទួលពាក្យ ទៅ​និយាយល្បងមើល ​ហើយ​ត្រឡប់មក (ប្រាប់បុរសនោះ​) វិញ ត្រូវអាបត្តិ​សង្ឃាទិសេស។  បុរសបញ្ជូនភិក្ខុទៅ​ថា បពិត្រលោកដ៏​ចំរើន សូមលោកទៅ​និយាយនឹងស្រី​សបរិទណ្ឌាឈ្មោះ​​នេះ ថាដូច្នេះ គេថា នាងចូរជាឆន្ទវាសិនីភរិយា ជាភោគវាសិនីភរិយា ជាបដវាសិនីភរិយា ជាឱទបត្តកិនីភរិយា ជាឱភតចុម្ពដា​ភរិយា និង​ជាទាសីផងភរិយាផង និង​ជាកម្មការីផងភរិយាផង ជាធជាហដា​ភរិយា ជា​មុហុត្តិកាភរិយា នៃបុរសឈ្មោះ​​នេះទៅ​ ភិក្ខុក៏ទទួលពាក្យ ទៅ​និយាយ​ល្បងមើល ​ហើយ​ត្រឡប់មក (ប្រាប់បុរសនោះ​) វិញ ត្រូវអាបត្តិ​សង្ឃាទិសេស។

និក្ខេបបទទាំងឡាយ ចប់។

[១៥៨] បុរសបញ្ជូនភិក្ខុទៅ​ថា បពិត្រលោកដ៏​ចំរើន សូមលោកទៅ​និយាយនឹងស្រី​សបរិទណ្ឌា​ឈ្មោះ​​​នេះ ថាដូច្នេះ គេថា នាងចូរជាធនក្កីតាភរិយាផង ជាឆន្ទវាសិនីភរិយា​ផង នៃបុរសឈ្មោះ​​នេះទៅ​ ភិក្ខុក៏ទទួលពាក្យ ទៅ​និយាយល្បងមើល ​ហើយ​ត្រឡប់មក (ប្រាប់បុរសនោះ​) វិញ ត្រូវអាបត្តិ​សង្ឃាទិសេស។ បុរសបញ្ជូនភិក្ខុទៅ​ថា បពិត្រលោកដ៏​ចំរើន សូមលោកទៅ​និយាយនឹងស្រីសបរិទណ្ឌា​ឈ្មោះ​​​នេះ ថាដូច្នេះ គេថា នាងចូរជា​ធនក្កីតាភរិយាផង ជាភោគវាសិនីភរិយាផង នៃបុរសឈ្មោះ​​នេះទៅ​។  ជាធនក្កីតាភរិយា​ផង ជាបដវាសិនីភរិយាផង។ ជាធនក្កីតាភរិយាផង ជាឱទបត្តកិនីភរិយាផង។  ជាធនក្កីតាភរិយាផង ជាឱភតចុម្ពដា​ភរិយាផង។ ជាធនក្កីតាភរិយាផង និង​ជាទាសី​ផងភរិយាផង។ ជាធនក្កីតាភរិយាផង និង​ជាកម្មការីផងភរិយាផង។ ជាធនក្កីតាភរិយាផង ជាធជាហដាភរិយាផង។ ជាធនក្កីតាភរិយាផង ជា​មុហុត្តិកាភរិយាផង នៃបុរសឈ្មោះ​​នេះទៅ​ ភិក្ខុក៏ទទួលពាក្យ ទៅ​និយាយល្បងមើល ​ហើយ​ត្រឡប់មក (ប្រាប់បុរសនោះ​) វិញ ត្រូវអាបត្តិ​សង្ឃាទិសេស។

ខណ្ឌចក្ក ចប់។

[១៥៩] បុរសបញ្ជូនភិក្ខុទៅ​ថា បពិត្រលោកដ៏​ចំរើន សូមលោកទៅ​និយាយ​នឹងស្រី​សបរិទណ្ឌា​ឈ្មោះ​​​នេះ ថាដូច្នេះ គេថា នាងចូរជាឆន្ទវាសិនីភរិយាផង ជាភោគវាសិនី​ភរិយាផង ជាឆន្ទវាសិនីភរិយាផង ជាបដវាសិនីភរិយាផង។បេ។  ជាឆន្ទវាសិនីភរិយាផង ជា​មុហុត្តិកាភរិយា ជាឆន្ទវាសិនីភរិយាផង ជាធនក្កីតាភរិយាផង នៃបុរសឈ្មោះ​​នេះទៅ​ ភិក្ខុក៏ទទួលពាក្យ ទៅ​និយាយល្បងមើល ​ហើយ​ត្រឡប់មក (ប្រាប់បុរសនោះ​) វិញ ត្រូវអាបត្តិ​សង្ឃាទិសេស។

ពទ្ធចក្ក ចប់។

​នេះជាមូលដែល​ព្រះដ៏​មានព្រះភាគសំដែង​​ដោយ​សង្ខេប។

[១៦០] បុរសបញ្ជូនភិក្ខុទៅ​ថា បពិត្រលោកដ៏​ចំរើន សូមលោកទៅ​និយាយនឹងស្រី​សបរិទណ្ឌា​ឈ្មោះ​​​នេះ ថាដូច្នេះ គេថា នាងចូរជាមុហុត្តិកាភរិយាផង ជាធនក្កីតាភរិយា​ផង។បេ។ ជាមុហុត្តិកា​ភរិយាផង ជាធជាហដាភរិយាផង ​នៃបុរស​ឈ្មោះ​​នេះ​ទៅ​ ភិក្ខុក៏​ទទួលពាក្យ ទៅ​និយាយល្បងមើល ​ហើយ​ត្រឡប់មក (ប្រាប់បុរសនោះ​) វិញ ត្រូវអាបត្តិ​សង្ឃាទិសេស។

ចក្កមានមូល១ ចប់។

[១៦១] ចក្កមានមូល២ មានមូល៣ មានមូល៤ មានមូល៥ មានមូល៦ មានមូល៧ មានមូល​៨ មានមូល៩ បណ្ឌិតគប្បីធ្វើ​ដូចចក្កមានមូល១ផងចុះ។

​នេះចក្កមានមូល១០ (​ដូចមានសេចក្តីតទៅ​​នេះ)។

[១៦២] បុរសបញ្ជូនភិក្ខុទៅ​ថា បពិត្រលោកដ៏​ចំរើន សូមលោកទៅ​និយាយ​នឹងស្រី​សបរិទណ្ឌា​ឈ្មោះ​​​នេះ ថាដូច្នេះ គេថា នាងចូរជាធនក្កីតាភរិយាផង ជាឆន្ទវាសិនីភរិយា​ផង ជាភោគវាសិនីភរិយាផង ជាបដវាសិនីភរិយាផង ជាឱទបត្តកិនីភរិយាផង ជា​ឱភតចុម្ពដា​ភរិយាផង និង​ជាទាសីផងភរិយាផង និង​ជាកម្មការីផងភរិយាផង ជា​ធជាហដាភរិយាផង ជា​មុហុត្តិកាភរិយាផង នៃបុរសឈ្មោះ​​នេះទៅ​ ភិក្ខុក៏ទទួលពាក្យ ទៅ​និយាយល្បងមើល ​ហើយ​ត្រឡប់មក (ប្រាប់បុរសនោះ​) វិញ ត្រូវអាបត្តិ​សង្ឃាទិសេស។

[១៦៣] បុរសបញ្ជូនភិក្ខុទៅ​ថា បពិត្រលោកដ៏​ចំរើន សូមលោកទៅ​និយាយនឹងស្រី​មាតុរក្ខិតាឈ្មោះ​​នេះ ថាដូច្នេះ គេថា នាងចូរជាធនក្កីតាភរិយា នៃបុរសឈ្មោះ​​នេះទៅ​ ភិក្ខុក៏ទទួលពាក្យ ទៅ​និយាយល្បងមើល ​ហើយ​ត្រឡប់មក (ប្រាប់បុរសនោះ​) វិញ ត្រូវអាបត្តិ​សង្ឃាទិសេស។ បុរសបញ្ជូនភិក្ខុទៅ​ថា បពិត្រលោកដ៏​ចំរើន សូមលោកទៅ​និយាយនឹងស្រី​មាតុរក្ខិតាឈ្មោះ​​នេះផង បិតុរក្ខិតាឈ្មោះ​​នេះផង ថាដូច្នេះ គេថា នាងរាល់គ្នាចូរជា​ធនក្កីតាភរិយាផង ជាឆន្ទវាសិនីភរិយាផង នៃបុរសឈ្មោះ​​នេះទៅ​ ភិក្ខុក៏ទទួលពាក្យ ទៅ​និយាយល្បងមើល ​ហើយ​ត្រឡប់មក (ប្រាប់បុរសនោះ​) វិញ ត្រូវអាបត្តិ​សង្ឃាទិសេស។ បុរសបញ្ជូនភិក្ខុទៅ​ថា បពិត្រលោកដ៏​ចំរើន សូមលោកទៅ​និយាយនឹងស្រី​មាតុរក្ខិតាឈ្មោះ​​នេះ​ផង បិតុរក្ខិតាឈ្មោះ​​នេះផង ស្រីមាតាបិតុរក្ខិតា​ឈ្មោះ​​​នេះផង ថាដូច្នេះ គេថា នាងរាល់គ្នា ចូរជា​ធនក្កីតាភរិយាផង ជាឆន្ទវាសិនី​ភរិយា​ផង ជាភោគវាសិនីភរិយាផង នៃបុរសឈ្មោះ​​នេះទៅ​ ភិក្ខុក៏ទទួលពាក្យ ទៅ​និយាយ​ល្បងមើល ​ហើយ​ត្រឡប់មក (ប្រាប់បុរសនោះ​) វិញ ត្រូវអាបត្តិ​សង្ឃាទិសេស។

ឧភតោពទ្ធចក្ក បណ្ឌិតគប្បីធ្វើយ៉ាង​នេះ។

​នេះចក្កមានមូលគ្រប់ទាំងអស់ [ស្រី១០ចំពូក ហៅថាមានមូល១០ ភរិយា១០ចំពូក ហៅ​ថា​​មានមូល១០ រួមមូលទាំងពីរពួក ហៅថាមានមូលគ្រប់ទាំងអស់។] (​ដូចមាន​សេចក្តី​តទៅ​​​នេះ)។

[១៦៤] បុរសបញ្ជូនភិក្ខុទៅ​ថា បពិត្រលោកដ៏​ចំរើន សូមលោកទៅ​និយាយនឹង​ស្រីមាតុរក្ខិតា​ឈ្មោះ​​​នេះផង បិតុរក្ខិតាឈ្មោះ​​នេះផង មាតាបិតុរក្ខិតា​ឈ្មោះ​​នេះផង ភាតុរក្ខិតា​ឈ្មោះ​​នេះផង ភគិនីរក្ខិតាឈ្មោះ​​នេះផង ញាតិរក្ខិតាឈ្មោះ​​នេះផង គោត្តរក្ខិតា​ឈ្មោះ​​នេះផង ធម្មរក្ខិតាឈ្មោះ​​នេះផង សារក្ខាឈ្មោះ​​នេះផង សបរិទណ្ឌាឈ្មោះ​​នេះ​ផង ថាដូច្នេះ គេថា នាងរាល់គ្នា ចូរជាធនក្កីតាភរិយាផង ជាឆន្ទវាសិនីភរិយាផង ជាភោគវាសិនី​ភរិយាផង ជាបដវាសិនីភរិយាផង ជាឱទបត្តកិនីភរិយាផង ជាឱភតចុម្ពដា​ភរិយាផង និង​ជា​ទាសីផងភរិយាផង និង​ជាកម្មការីផងភរិយាផង ជាធជាហដាភរិយាផង ជា​មុហុត្តិកាភរិយាផង នៃបុរសឈ្មោះ​​នេះទៅ​ ភិក្ខុក៏ទទួលពាក្យ ទៅ​និយាយល្បងមើល ​ហើយ​ត្រឡប់មក (ប្រាប់បុរសនោះ​) វិញ ត្រូវអាបត្តិ​សង្ឃាទិសេស។

ឧភតោពទ្ធចក្ក ចប់។

[១៦៥] ម្តាយបុរសបញ្ជូនភិក្ខុទៅ​។បេ។ ឪពុកបុរសបញ្ជូនភិក្ខុទៅ​។បេ។ ម្តាយឪពុកបុរស​បញ្ជូនភិក្ខុទៅ​។បេ។ បងប្អូនប្រុសរបស់បុរសបញ្ជូនភិក្ខុទៅ​។បេ។ បងប្អូនស្រីរបស់បុរស​បញ្ជូនភិក្ខុទៅ​។បេ។ ពួកញាតិរបស់បុរសបញ្ជូនភិក្ខុទៅ​។បេ។ ពួកគោត្ររបស់បុរសបញ្ជូន​ភិក្ខុទៅ​។បេ។ ពួកជនប្រព្រឹត្តធម៌ត្រូវគ្នារបស់បុរសបញ្ជូនភិក្ខុទៅ​។បេ។ (សេចក្តីបំប្រួញ​អំពីរឿង​បុរស បណ្ឌិតគប្បីឲ្យ​ពិស្តារចុះ។ ឧភតោពទ្ធក [ប្រែថា បទជាប់គ្នា​ដោយ​​មូល​ទាំងពីរ ឯមូលទាំងពីរនោះ​គឺ ស្រី១០ចំពូក មានមាតុរក្ខិតាជាដើម ហៅថាមូល១ ភរិយា​១០ចំពូក មានធនក្កីតាភរិយាជាដើម ហៅថាមូល១ រួមមូលទាំងពីរ​នេះចូលគ្នា ជាន័យ១ ហៅថា ឧភតោពទ្ធក។] ដែល​ព្រះសង្គីតិកាចារ្យឲ្យ​ពិស្តារ​ហើយ​យ៉ាងណា បណ្ឌិតគប្បីឲ្យ​ពិស្តារយ៉ាងនោះ​​ផងចុះ។

[១៦៦] ម្តាយរបស់ស្រីមាតុរក្ខិតា បញ្ជូនភិក្ខុទៅ​ថា បពិត្រលោកដ៏​ចំរើន សូមលោកទៅ​និយាយនឹងស្រី​ឈ្មោះ​​​នេះថា នាងដ៏​ចំរើនចូរជាធនក្កីតាភរិយា ​នៃបុរស​ឈ្មោះ​​នេះទៅ​​ ភិក្ខុក៏ទទួលពាក្យ ទៅ​និយាយល្បងមើល ​ហើយ​ត្រឡប់មក (ប្រាប់) វិញ ត្រូវអាបត្តិ​សង្ឃាទិសេស។ ម្តាយរបស់ស្រីមាតុរក្ខិតា បញ្ជូនភិក្ខុទៅ​ថា បពិត្រលោកដ៏​ចំរើន សូមលោកទៅ​និយាយនឹងស្រី​ឈ្មោះ​​​នេះថា នាងដ៏​ចំរើនចូរជាឆន្ទវាសិនីភរិយា ជា​ភោគវាសិនី​​ភរិយា ជាបដវាសិនីភរិយា ជាឱទបត្តកិនីភរិយា ជាឱភតចុម្ពដាភរិយា និង​ជាទាសីផង ជាភរិយាផង ជាកម្មការីផងជាភរិយាផង ជាធជាហដាភរិយា ជាមុហុត្តិកា​ភរិយា ​នៃបុរស​ឈ្មោះ​​នេះទៅ​​ ភិក្ខុក៏ទទួលពាក្យ ទៅ​និយាយល្បងមើល ​ហើយ​ត្រឡប់មក (ប្រាប់) វិញ ត្រូវអាបត្តិ​សង្ឃាទិសេស។

និក្ខេបបទទាំងឡាយ ចប់។

[១៦៧] ម្តាយរបស់ស្រីមាតុរក្ខិតា បញ្ជូនភិក្ខុទៅ​ថា បពិត្រលោកដ៏​ចំរើន សូមលោកទៅ​និយាយនឹងស្រី​ឈ្មោះ​​​នេះថា នាងដ៏​ចំរើន ចូរជាធនក្កីតាភរិយាផង ជាឆន្ទវាសិនីភរិយា នៃបុរសឈ្មោះ​​នេះទៅ​ ភិក្ខុក៏ទទួលពាក្យ ទៅ​និយាយល្បងមើល ​ហើយ​ត្រឡប់មក (ប្រាប់) វិញ ត្រូវអាបត្តិ​សង្ឃាទិសេស។ ម្តាយរបស់ស្រីមាតុរក្ខិតា បញ្ជូនភិក្ខុទៅ​ថា បពិត្រលោកដ៏​ចំរើន សូមលោកទៅ​និយាយនឹងស្រី​ឈ្មោះ​​​នេះថា នាងដ៏​ចំរើន ចូរជាធនក្កីតា​ភរិយាផង ជាភោគវាសិនីភរិយាផង នៃបុរសឈ្មោះ​​នេះទៅ​។ ជាធនក្កីតា​ភរិយាផង ជាបដវាសិនីភរិយា​ផង។ ជាធនក្កីតាភរិយាផង ជាឱទបត្តកិនីភរិយាផង។ ជាធនក្កីតាភរិយាផង ជាឱភតចុម្ពដាភរិយាផង។ ជាធនក្កីតាភរិយាផង និង​ជាទាសី​ផងភរិយាផង។ ជាធនក្កីតាភរិយាផង និង​ជាកម្មការីផងភរិយា​ផង។ ជាធនក្កីតាភរិយាផង ជាធជាហដាភរិយាផង។ ជាធនក្កីតាភរិយាផង ជាមុហុត្តិកាភរិយា​ផង ភិក្ខុក៏ទទួលពាក្យ ទៅ​និយាយល្បងមើល ​ហើយ​ត្រឡប់មក (ប្រាប់) វិញ ត្រូវអាបត្តិ​សង្ឃាទិសេស។

ខណ្ឌចក្ក ចប់។

[១៦៨] ម្តាយរបស់ស្រីមាតុរក្ខិតា បញ្ជូនភិក្ខុទៅ​ថា បពិត្រលោកដ៏​ចំរើន សូមលោកទៅ​និយាយនឹងស្រី​ឈ្មោះ​​​នេះថា នាងដ៏​ចំរើន ចូរជាឆន្ទវាសិនីភរិយាផង ជាភោគវាសិនីភរិយា​ផង ​នៃបុរស​ឈ្មោះ​​នេះទៅ​​។បេ។  ជាឆន្ទវាសិនីភរិយាផង ជាមុហុត្តិកាភរិយាផង។ ជា​ឆន្ទវាសិនីភរិយាផង ជាធនក្កីតាភរិយាផង នៃបុរសឈ្មោះ​​នេះទៅ​ ភិក្ខុក៏ទទួលពាក្យ ទៅ​និយាយល្បងមើល ​ហើយ​ត្រឡប់មក (ប្រាប់) វិញ ត្រូវអាបត្តិ​សង្ឃាទិសេស។

ពទ្ធចក្ក ចប់។

​នេះជាមូលដែល​ព្រះដ៏​មានព្រះភាគសំដែង​​ដោយ​សង្ខេប។

[១៦៩] ម្តាយរបស់ស្រីមាតុរក្ខិតា បញ្ជូនភិក្ខុទៅ​ថា បពិត្រលោកដ៏​ចំរើន សូមលោកទៅ​និយាយនឹងស្រី​ឈ្មោះ​​​នេះថា នាងដ៏​ចំរើន ចូរជាមុហុត្តិកាភរិយាផង ជាធនក្កីតាភរិយាផង ​នៃបុរស​ឈ្មោះ​​នេះទៅ​​។បេ។ ជាមុហុត្តិកាភរិយាផង ជាធជាហដាភរិយាផង នៃបុរស​ឈ្មោះ​​​នេះទៅ​ ភិក្ខុក៏ទទួលពាក្យ ទៅ​និយាយល្បងមើល ​ហើយ​ត្រឡប់មក (ប្រាប់) វិញ ត្រូវអាបត្តិ​សង្ឃាទិសេស។

ចក្កមានមូល១ ចប់។

តាំងពីចក្កមានមូល២ ដរាប​ដល់​ចក្កមានមូល៩ បណ្ឌិតគប្បីធ្វើ​ដូចចក្កមានមូល១ផងចុះ។

​នេះចក្កមានមូល១០ (​ដូចមានសេចក្តីតទៅ​​នេះ)។

[១៧០] ម្តាយរបស់ស្រីមាតុរក្ខិតា បញ្ជូនភិក្ខុទៅ​ថា បពិត្រលោកដ៏​ចំរើន សូមលោកទៅ​និយាយនឹងស្រី​ឈ្មោះ​​​នេះថា នាងដ៏​ចំរើន ចូរជាធនក្កីតាភរិយាផង ជាឆន្ទវាសិនីភរិយាផង ជាភោគវាសិនីភរិយាផង ជាបដវាសិនីភរិយា​ផង ជា​ឱទបត្តកិនីភរិយា​ផង ជាឱភតចុម្ពដា​ភរិយាផង និង​ជាទាសីផងភរិយាផង និង​ជាកម្មការីផងភរិយា​ផង ជាធជាហដាភរិយាផង ជាមុហុត្តិកាភរិយា​ផង នៃបុរសឈ្មោះ​​នេះទៅ​ ភិក្ខុក៏ទទួលពាក្យ ទៅ​និយាយល្បងមើល ​ហើយ​ត្រឡប់មក (ប្រាប់) វិញ ត្រូវអាបត្តិ​សង្ឃាទិសេស។

[១៧១] បិតារបស់ស្រីបិតុរក្ខិតា បញ្ជូនភិក្ខុទៅ​។ មាតាបិតារបស់ស្រីមាតាបិតុរក្ខិតា បញ្ជូនភិក្ខុទៅ​។ បងប្អូនប្រុសរបស់ស្រីភាតុរក្ខិតា បញ្ជូនភិក្ខុទៅ​។ បងប្អូនស្រីរបស់​ស្រីភគិនីរក្ខិតា បញ្ជូនភិក្ខុទៅ​។ ពួកញាតិរបស់ស្រីញាតិរក្ខិតា បញ្ជូនភិក្ខុទៅ​។ ពួកគោត្រ​របស់ស្រីគោត្តរក្ខិតា បញ្ជូនភិក្ខុទៅ​។ ពួកជនប្រព្រឹត្តធម៌ត្រូវគ្នារបស់ស្រីធម្មរក្ខិតា បញ្ជូនភិក្ខុទៅ​។ ស្រីដែល​​អ្នកណា​​បាន​​ប្រកាន់ទុក​ហើយ​ អ្នកនោះ​បញ្ជូនភិក្ខុទៅ​ ដើម្បីស្រីដែល​​ខ្លួនប្រកាន់ទុក (នោះ​)។ អាជ្ញា​ដែល​​ស្តេច​អង្គណា​បាន​ដាក់កំហិត​​ហើយ​ ស្តេច​អង្គនោះ​​បញ្ជូនភិក្ខុទៅ​ ដើម្បីស្រីដែល​​ព្រះអង្គ​ដាក់​កំហិត​​ហើយ​ (នោះ​) ថា  បពិត្រលោកដ៏​ចំរើន សូមលោកទៅ​និយាយនឹងស្រី​ឈ្មោះ​​​នេះថា នាងដ៏​ចំរើន ចូរជា​ធនក្កីតាភរិយា ​នៃបុរស​ឈ្មោះ​​នេះទៅ​​ ភិក្ខុក៏ទទួលពាក្យ ទៅ​និយាយល្បងមើល ​ហើយ​ត្រឡប់មក (ប្រាប់) វិញ ត្រូវអាបត្តិ​សង្ឃាទិសេស។ អាជ្ញាដែល​​ស្តេចអង្គណា​បាន​ដាក់កំហិត​ហើយ​ ស្តេចអង្គនោះ​​បញ្ជូនភិក្ខុទៅ​ ដើម្បីស្រីដែល​​​ទ្រង់​​បាន​ដាក់​កំហិត​​ហើយ​ (នោះ​) ថា បពិត្រលោកដ៏​ចំរើន សូមលោកទៅ​និយាយនឹងស្រី​ឈ្មោះ​​​នេះថា នាងដ៏​ចំរើន ចូរជាឆន្ទវាសិនីភរិយា ជាភោគវាសិនី​ភរិយា ជាបដវាសិនីភរិយា ជាឱទបត្តកិនីភរិយា ជាឱភតចុម្ពដាភរិយា និង​ជាទាសីផងភរិយាផង និង​ជាកម្មការីផងភរិយាផង ជាធជាហដា​ភរិយា ជាមុហុត្តិកាភរិយា ​នៃបុរស​ឈ្មោះ​​នេះទៅ​​ ភិក្ខុក៏ទទួលពាក្យ ទៅ​និយាយល្បង​មើល ​ហើយ​ត្រឡប់មក (ប្រាប់) វិញ ត្រូវអាបត្តិ​សង្ឃាទិសេស។

និក្ខេបបទទាំងឡាយ ចប់។

[១៧២] អាជ្ញា ដែល​​ស្តេចអង្គណា​បាន​ដាក់កំហិត​ហើយ​ ស្តេចអង្គនោះ​​បញ្ជូនភិក្ខុទៅ​ ដើម្បីស្រីដែល​​​ទ្រង់​ដាក់​កំហិត​​ហើយ​ (នោះ​) ថា បពិត្រលោកដ៏​ចំរើន សូមលោកទៅ​និយាយនឹងស្រី​ឈ្មោះ​​​នេះថា នាងដ៏​ចំរើន ចូរជាធនក្កីតាភរិយាផង ជាឆន្ទវាសិនីភរិយាផង នៃបុរស​ឈ្មោះ​​នេះទៅ​។បេ។ ជាធនក្កីតាភរិយាផង ជាមុហុត្តិកាភរិយា​ផង ភិក្ខុក៏ទទួល​ពាក្យ ទៅ​និយាយល្បងមើល ​ហើយ​ត្រឡប់មក (ប្រាប់) វិញ ត្រូវអាបត្តិ​សង្ឃាទិសេស។

ខណ្ឌចក្ក ចប់។

[១៧៣] អាជ្ញាដែល​​ស្តេចអង្គណា​បាន​ដាក់កំហិត​ហើយ​ ស្តេចអង្គនោះ​​បញ្ជូនភិក្ខុទៅ​ ដើម្បីស្រីដែល​​​ទ្រង់​ដាក់​កំហិត​​ហើយ​ (នោះ​) ថា បពិត្រលោកដ៏​ចំរើន សូមលោកទៅ​និយាយនឹងស្រី​ឈ្មោះ​​​នេះថា នាងដ៏​ចំរើន ចូរជាឆន្ទវាសិនីភរិយាផង ជាភោគវាសិនីភរិយា​ផង ​នៃបុរស​ឈ្មោះ​​នេះទៅ​​។បេ។  ជាឆន្ទវាសិនីភរិយាផង ជាមុហុត្តិកាភរិយាផង។ ជាឆន្ទវាសិនីភរិយាផង ជាធនក្កីតាភរិយាផង ភិក្ខុក៏ទទួលពាក្យ ទៅ​និយាយល្បងមើល ​ហើយ​ត្រឡប់មក (ប្រាប់) វិញ ត្រូវអាបត្តិ​សង្ឃាទិសេស។

ពទ្ធចក្ក ចប់។

​នេះជាមូលដែល​ព្រះដ៏​មានព្រះភាគសំដែង​​ដោយ​សង្ខេប។

[១៧៤] អាជ្ញាដែល​​ស្តេចអង្គណា​បាន​ដាក់កំហិត​ហើយ​ ស្តេចអង្គនោះ​​បញ្ជូនភិក្ខុទៅ​ ដើម្បីស្រីដែល​​​ទ្រង់​ដាក់​កំហិត​​ហើយ​ (នោះ​) ថា បពិត្រលោកដ៏​ចំរើន សូមលោកទៅ​និយាយនឹងស្រី​ឈ្មោះ​​​នេះថា នាងដ៏​ចំរើន ចូរជាមុហុត្តិកាភរិយាផង ជាធនក្កីតាភរិយាផង ​នៃបុរស​ឈ្មោះ​​នេះ​។បេ។ ជាមុហុត្តិកាភរិយាផង ជាធជាហដាភរិយាផង ភិក្ខុក៏ទទួលពាក្យ ទៅ​និយាយល្បងមើល ​ហើយ​ត្រឡប់មក (ប្រាប់) វិញ ត្រូវអាបត្តិ​សង្ឃាទិសេស។

ចក្កមានមូល១ ចប់។

តាំងពីចក្កមានមូល២ ដរាប​ដល់​ចក្កមានមូល៩ បណ្ឌិតគប្បីធ្វើ​ដូចចក្កមានមូល១ផងចុះ។

​នេះចក្កមានមូល១០ (​ដូចមានសេចក្តីតទៅ​​នេះ)។

[១៧៥] អាជ្ញាដែល​​ស្តេចអង្គណា​បាន​ដាក់កំហិត​ហើយ​ ស្តេចអង្គនោះ​​បញ្ជូនភិក្ខុទៅ​ថា បពិត្រលោកដ៏​ចំរើន សូមលោកទៅ​និយាយនឹងស្រី​ឈ្មោះ​​​នេះថា នាងដ៏​ចំរើន ចូរជា​ធនក្កីតាភរិយាផង ជាឆន្ទវាសិនីភរិយាផង ជាភោគវាសិនីភរិយាផង ជាបដវាសិនីភរិយា​ផង ជា​ឱទបត្តកិនីភរិយា​ផង ជាឱភតចុម្ពដាភរិយាផង និង​ជាទាសីផងភរិយាផង និង​ជាកម្មការីផងភរិយា​ផង ជាធជាហដាភរិយាផង ជាមុហុត្តិកាភរិយា​ផង នៃបុរសឈ្មោះ​​នេះទៅ​ ភិក្ខុក៏ទទួលពាក្យ ទៅ​និយាយល្បងមើល ​ហើយ​ត្រឡប់មក (ប្រាប់) វិញ ត្រូវអាបត្តិ​សង្ឃាទិសេស។

[១៧៦] ស្រីមាតុរក្ខិតាបញ្ជូនភិក្ខុទៅ​ថា បពិត្រលោកដ៏​ចំរើន សូមលោកទៅ​និយាយនឹង​បុរស​ឈ្មោះ​​​នេះថា ខ្ញុំជាធនក្កីតាភរិយានៃបុរសឈ្មោះ​​នេះ ភិក្ខុក៏ទទួលពាក្យ ទៅ​និយាយល្បងមើល ​ហើយ​ត្រឡប់មក (ប្រាប់) វិញ ត្រូវអាបត្តិ​សង្ឃាទិសេស។ ស្រីមាតុរក្ខិតា​បញ្ជូនភិក្ខុទៅ​ថា បពិត្រលោកដ៏​ចំរើន សូមលោកទៅ​និយាយនឹង​បុរស​ឈ្មោះ​​​នេះថា ខ្ញុំជាឆន្ទវាសិនីភរិយា ជាភោគវាសិនីភរិយា ជាបដវាសិនីភរិយា​ ជា​ឱទបត្តកិនីភរិយា ជាឱភតចុម្ពដាភរិយា និង​ជាទាសីផងភរិយាផង និង​ជាកម្មការី​ផងភរិយា​​ផង ជាធជាហដាភរិយា ជាមុហុត្តិកាភរិយា នៃបុរសឈ្មោះ​​នេះ ភិក្ខុក៏ទទួល​ពាក្យ ទៅ​និយាយល្បងមើល ​ហើយ​ត្រឡប់មក (ប្រាប់) វិញ ត្រូវអាបត្តិ​សង្ឃាទិសេស។

និក្ខេបបទទាំងឡាយ ចប់។

[១៧៧] ស្រីមាតុរក្ខិតាបញ្ជូនភិក្ខុទៅ​ថា បពិត្រលោកដ៏​ចំរើន សូមលោកទៅ​និយាយនឹង​ប្រុស​ឈ្មោះ​​​នេះថា ខ្ញុំជាធនក្កីតាភរិយាផង ជាឆន្ទវាសិនីភរិយាផង នៃបុរសឈ្មោះ​​នេះ។បេ។ ជាធនក្កីតាភរិយាផង ជាមុហុត្តិកាភរិយា​ផង ភិក្ខុក៏ទទួលពាក្យ ទៅ​និយាយ​ល្បង​មើល ​ហើយ​ត្រឡប់មក (ប្រាប់) វិញ ត្រូវអាបត្តិ​សង្ឃាទិសេស។

ខណ្ឌចក្ក ចប់។

[១៧៨] ស្រីមាតុរក្ខិតាបញ្ជូនភិក្ខុទៅ​ថា បពិត្រលោកដ៏​ចំរើន សូមលោកទៅ​និយាយនឹង​បុរស​ឈ្មោះ​​​នេះថា ខ្ញុំជាឆន្ទវាសិនីភរិយាផង ជាភោគវាសិនីភរិយាផង នៃបុរសឈ្មោះ​​នេះ។បេ។ ជាឆន្ទវាសិនីភរិយាផង ជាមុហុត្តិកាភរិយា​ផង។ ជាឆន្ទវាសិនីភរិយាផង ជាធនក្កីតាភរិយាផង  ភិក្ខុក៏ទទួលពាក្យ ទៅ​និយាយល្បងមើល ​ហើយ​ត្រឡប់មក (ប្រាប់) វិញ ត្រូវអាបត្តិ​សង្ឃាទិសេស។

ពទ្ធចក្ក ចប់។

​នេះជាមូលដែល​ព្រះដ៏​មានព្រះភាគសំដែង​​ដោយ​សង្ខេប។

[១៧៩] ស្រីមាតុរក្ខិតាបញ្ជូនភិក្ខុទៅ​ថា បពិត្រលោកដ៏​ចំរើន សូមលោកទៅ​និយាយនឹង​ប្រុស​ឈ្មោះ​​​នេះថា ខ្ញុំជាមុហុត្តិកាភរិយា​ផង ជាធនក្កីតាភរិយាផង នៃបុរសឈ្មោះ​​នេះ។បេ។  ជាមុហុត្តិកាភរិយា​ផង ជាធជាហដាភរិយាផង ភិក្ខុក៏ទទួលពាក្យ ទៅ​និយាយ​ល្បង​មើល ​ហើយ​ត្រឡប់មក (ប្រាប់) វិញ ត្រូវអាបត្តិ​សង្ឃាទិសេស។

ចក្កមានមូល១ ចប់។

ចក្កដ៏​សេសមានចក្កមានមូល២ជាដើម បណ្ឌិតគប្បីធ្វើឲ្យ​​ដូចចក្កមានមូល១ផងចុះ។

​នេះចក្កមានមូល១០ (​ដូចមានសេចក្តីតទៅ​​នេះ)។

[១៨០] ស្រីមាតុរក្ខិតាបញ្ជូនភិក្ខុទៅ​ថា បពិត្រលោកដ៏​ចំរើន សូមលោកទៅ​និយាយនឹង​ប្រុស​ឈ្មោះ​​​នេះថា ខ្ញុំជាធនក្កីតាភរិយាផង ជាឆន្ទវាសិនីភរិយាផង ជាភោគវាសិនីភរិយា​ផង ជាបដវាសិនីភរិយា​ផង ជា​ឱទបត្តកិនីភរិយា​ផង ជាឱភតចុម្ពដាភរិយាផង និង​ជា​ទាសីផងភរិយាផង និង​ជាកម្មការីផងភរិយា​ផង ជាធជាហដាភរិយាផង ជាមុហុត្តិកា​ភរិយា​​ផង នៃបុរសឈ្មោះ​​នេះទៅ​ ភិក្ខុក៏ទទួលពាក្យ ទៅ​និយាយល្បងមើល ​ហើយ​ត្រឡប់​មក (ប្រាប់) វិញ ត្រូវអាបត្តិ​សង្ឃាទិសេស។

[១៨១] ស្រីបិតុរក្ខិតាបញ្ជូនភិក្ខុទៅ​។ ស្រីមាតាបិតុរក្ខិតាបញ្ជូនភិក្ខុទៅ​។ ស្រីភាតុរក្ខិតា​បញ្ជូន​ភិក្ខុទៅ​។ ស្រីភគិនីរក្ខិតាបញ្ជូនភិក្ខុទៅ​។ ស្រីញាតិរក្ខិតាបញ្ជូនភិក្ខុទៅ​។ ស្រី​គោត្តរក្ខិតា​បញ្ជូនភិក្ខុទៅ​។ ស្រីធម្មរក្ខិតាបញ្ជូនភិក្ខុទៅ​។ ស្រីសារក្ខាបញ្ជូនភិក្ខុទៅ​។ ស្រី​សបរិទណ្ឌាបញ្ជូនភិក្ខុទៅ​ថា បពិត្រលោកដ៏​ចំរើន សូមលោកទៅ​និយាយនឹងប្រុស​ឈ្មោះ​​​នេះថា ខ្ញុំជាធនក្កីតាភរិយា របស់បុរសឈ្មោះ​​នេះ ភិក្ខុក៏ទទួលពាក្យ ទៅ​និយាយ​ល្បង​មើល ​ហើយ​ត្រឡប់មក (ប្រាប់) វិញ ត្រូវអាបត្តិ​សង្ឃាទិសេស។ ស្រីសបរិទណ្ឌា​បញ្ជូន​ភិក្ខុទៅ​ថា បពិត្រលោកដ៏​ចំរើន សូមលោកទៅ​និយាយនឹងប្រុស​ឈ្មោះ​​​នេះថា ខ្ញុំជា​ឆន្ទវាសិនី​ភរិយា ជាភោគវាសិនីភរិយា ជាបដវាសិនីភរិយា​ ជា​ឱទបត្តកិនីភរិយា ជាឱភតចុម្ពដាភរិយា និង​ជាទាសីផងភរិយាផង និង​ជាកម្មការីផងភរិយា​ផង ជាធជាហដា​ភរិយា ជាមុហុត្តិកាភរិយា នៃបុរសឈ្មោះ​​នេះ ភិក្ខុក៏ទទួលពាក្យ ទៅ​និយាយល្បងមើល ​ហើយ​ត្រឡប់មក (ប្រាប់) វិញ ត្រូវអាបត្តិ​សង្ឃាទិសេស។

និក្ខេបបទទាំងឡាយ ចប់។

[១៨២] ស្រីសបរិទណ្ឌាបញ្ជូនភិក្ខុទៅ​ថា បពិត្រលោកដ៏​ចំរើន សូមលោកទៅ​និយាយនឹង​ប្រុស​ឈ្មោះ​​​នេះថា ខ្ញុំជាធនក្កីតាភរិយាផង ជាឆន្ទវាសិនីភរិយាផង នៃបុរសឈ្មោះ​​នេះ។បេ។ ជាធនក្កីតាភរិយាផង ជាមុហុត្តិកាភរិយា​ផង ភិក្ខុក៏ទទួលពាក្យ ទៅ​និយាយ​ល្បង​មើល ​ហើយ​ត្រឡប់មក (ប្រាប់) វិញ ត្រូវអាបត្តិ​សង្ឃាទិសេស។

ខណ្ឌចក្ក ចប់។

[១៨៣] ស្រីសបរិទណ្ឌាបញ្ជូនភិក្ខុទៅ​ថា បពិត្រលោកដ៏​ចំរើន សូមលោកទៅ​និយាយនឹង​ប្រុស​ឈ្មោះ​​​នេះថា ខ្ញុំជាឆន្ទវាសិនីភរិយាផង ជាភោគវាសិនីភរិយាផង នៃបុរសឈ្មោះ​​នេះ។បេ។ ជាឆន្ទវាសិនីភរិយាផង ជាមុហុត្តិកាភរិយា​ផង។ ជាឆន្ទវាសិនីភរិយាផង ជាធនក្កីតាភរិយាផង  ភិក្ខុក៏ទទួលពាក្យ ទៅ​និយាយល្បងមើល ​ហើយ​ត្រឡប់មក (ប្រាប់) វិញ ត្រូវអាបត្តិ​សង្ឃាទិសេស។

ពទ្ធចក្ក ចប់។

​នេះជាមូលដែល​ព្រះដ៏​មានព្រះភាគសំដែង​​ដោយ​សង្ខេប។

[១៨៤] ស្រីសបរិទណ្ឌាបញ្ជូនភិក្ខុទៅ​ថា បពិត្រលោកដ៏​ចំរើន សូមលោកទៅ​និយាយនឹង​ប្រុស​ឈ្មោះ​​​នេះថា ខ្ញុំជាមុហុត្តិកាភរិយា​ផង ជាធនក្កីតាភរិយាផង នៃបុរសឈ្មោះ​​នេះ។បេ។ ជាមុហុត្តិកាភរិយា​ផង ជាធជាហដាភរិយាផង ភិក្ខុក៏ទទួលពាក្យ ទៅ​និយាយ​ល្បង​មើល ​ហើយ​ត្រឡប់មក (ប្រាប់) វិញ ត្រូវអាបត្តិ​សង្ឃាទិសេស។

ចក្កមានមូល១ ចប់។

ចក្កមានមូល២ជាដើម បណ្ឌិតគប្បីធ្វើ​ដូចចក្កមានមូល១ផងចុះ។

​នេះចក្កមានមូល១០ (​ដូចមានសេចក្តីតទៅ​​នេះ)។

[១៨៥] ស្រីសបរិទណ្ឌាបញ្ជូនភិក្ខុទៅ​ថា បពិត្រលោកដ៏​ចំរើន សូមលោកទៅ​និយាយនឹង​បុរស​ឈ្មោះ​​​នេះថា ខ្ញុំជាធនក្កីតាភរិយាផង ជាឆន្ទវាសិនីភរិយាផង ជាភោគវាសិនី​ភរិយាផង ជាបដវាសិនីភរិយា​ផង ជា​ឱទបត្តកិនីភរិយា​ផង ជាឱភតចុម្ពដាភរិយាផង និង​ជាទាសីផងភរិយាផង និង​ជាកម្មការីផងភរិយា​ផង ជាធជាហដាភរិយាផង ជាមុហុត្តិកា​ភរិយា​ផង នៃបុរសឈ្មោះ​​នេះ ភិក្ខុក៏ទទួលពាក្យ ទៅ​និយាយល្បងមើល ​ហើយ​ត្រឡប់មក (ប្រាប់) វិញ ត្រូវអាបត្តិ​សង្ឃាទិសេស។

ចក្កបេយ្យាលគ្រប់ទាំងអស់ ចប់។

[១៨៦] ភិក្ខុទទួលពាក្យ ទៅ​និយាយល្បងមើល ​ហើយ​ត្រឡប់មក (ប្រាប់) វិញ ត្រូវអាបត្តិ​សង្ឃាទិសេស។ ភិក្ខុទទួលពាក្យ ទៅ​និយាយល្បងមើល តែ​មិន​​បាន​វិលមក (ប្រាប់) វិញ ត្រូវអាបត្តិថុល្លច្ច័យ។ ភិក្ខុទទួលពាក្យ រួចមិន​​បាន​និយាយល្បងមើលឡើយ គ្រាន់តែ​ត្រឡប់មក (ប្រាប់) វិញ ត្រូវអាបត្តិថុល្លច្ច័យ។ ភិក្ខុទទួលពាក្យ តែ​មិន​​បាន​និយាយ​ល្បងមើល មិន​​បាន​​ត្រឡប់មក (ប្រាប់) វិញឡើយ ត្រូវអាបត្តិទុក្កដ។ ភិក្ខុមិន​ទទួលពាក្យ តែ​​បាន​និយាយល្បងមើល ​ហើយ​នាំសេចក្តីមក (ប្រាប់) វិញ ត្រូវអាបត្តិថុល្លច្ច័យ។ ភិក្ខុមិន​​បាន​ទទួលពាក្យ តែ​​បាន​និយាយល្បងមើល ​ហើយ​មិន​​បាន​ត្រឡប់មក (ប្រាប់) វិញឡើយ ត្រូវអាបត្តិ​ទុក្កដ។ ភិក្ខុមិន​​បាន​ទទួលពាក្យ មិន​​បាន​និយាយល្បងមើល តែ​​បាន​នាំ​សេចក្តីមក (ប្រាប់) ត្រូវអាបត្តិ​ទុក្កដ។ ភិក្ខុមិន​ទទួលពាក្យ មិន​​បាន​និយាយល្បងមើល មិន​​បាន​ត្រឡប់មក (ប្រាប់) វិញទេ មិន​ត្រូវអាបត្តិឡើយ។

[១៨៧] បុរសបង្គាប់ភិក្ខុច្រើនរូបថា បពិត្រលោកដ៏​ចំរើនទាំងឡាយ សូមលោក​គ្រប់​អង្គ​ទៅ​​និយាយល្បងមើលនឹងស្រីឈ្មោះ​​នេះ ភិក្ខុទាំងអស់ ក៏ទទួលពាក្យ ភិក្ខុទាំងអស់​និយាយ​​ល្បង​មើល ភិក្ខុទាំងអស់នាំសេចក្តីមក (ប្រាប់) វិញ ភិក្ខុទាំងអស់(នោះ​) ត្រូវអាបត្តិសង្ឃាទិសេស។ បុរសបង្គាប់ភិក្ខុច្រើនរូបថា បពិត្រលោកដ៏​ចំរើនទាំងឡាយ សូមលោក​គ្រប់​អង្គ​ទៅ​​និយាយល្បងមើលនឹងស្រីឈ្មោះ​​នេះ ភិក្ខុទាំងអស់ ក៏ទទួលពាក្យ ភិក្ខុទាំងអស់ទៅ​និយាយ​ល្បង​មើល ​ហើយ​​បាន​ឲ្យ​ភិក្ខុមួយរូបវិលមក (ប្រាប់) វិញ ភិក្ខុទាំងអស់(នោះ​) ត្រូវអាបត្តិសង្ឃាទិសេស។ បុរសបង្គាប់ភិក្ខុច្រើនរូបថា បពិត្រលោកដ៏​ចំរើនទាំងឡាយ សូមលោក​គ្រប់​អង្គ​ទៅ​​និយាយល្បងមើលនឹងស្រីឈ្មោះ​​នេះ ភិក្ខុទាំង​អស់ ក៏ទទួលពាក្យ ​បាន​ឲ្យ​ភិក្ខុមួយរូបទៅ​និយាយ​ល្បង​មើល ​ហើយ​ភិក្ខុទាំង​អស់ក៏​វិលមក (ប្រាប់) វិញ ភិក្ខុទាំងអស់(នោះ​) ត្រូវអាបត្តិសង្ឃាទិសេស។ បុរសបង្គាប់​ភិក្ខុច្រើន​រូបថា បពិត្រលោកដ៏​ចំរើនទាំងឡាយ សូមលោក​គ្រប់​អង្គ​ទៅ​​និយាយល្បងមើល​នឹងស្រី​ឈ្មោះ​​នេះ ភិក្ខុទាំងអស់ក៏ទទួលពាក្យ ​បាន​ចាត់ភិក្ខុមួយរូបឲ្យ​ទៅ​និយាយ​ល្បង​មើល ​ហើយ​​ឲ្យ​ភិក្ខុមួយរូបនាំដំណឹងមក (ប្រាប់) វិញ ភិក្ខុទាំងអស់(នោះ​) ត្រូវអាបត្តិ​សង្ឃាទិសេស។ បុរសបង្គាប់ភិក្ខុថា បពិត្រលោកដ៏​ចំរើន សូមលោក​ទៅ​​និយាយល្បង​មើលនឹងស្រីឈ្មោះ​​នេះ ភិក្ខុក៏ទទួលពាក្យ ទៅ​និយាយ​ល្បង​មើល ​ហើយ​វិលមក (ប្រាប់) វិញ ត្រូវអាបត្តិសង្ឃាទិសេស។ បុរសបង្គាប់ភិក្ខុថា បពិត្រលោកដ៏​ចំរើន សូមលោក​ទៅ​​និយាយល្បងមើលនឹងស្រីឈ្មោះ​​នេះ ភិក្ខុក៏ទទួលពាក្យ ទៅ​និយាយ​ល្បង​មើល ​ហើយ​ប្រើ​កូនសិស្សឲ្យ​វិលមក (ប្រាប់) វិញ ត្រូវអាបត្តិសង្ឃាទិសេស។ បុរសបង្គាប់ភិក្ខុថា បពិត្រ​លោកដ៏​ចំរើន សូមលោក​ទៅ​​និយាយល្បងមើលនឹងស្រីឈ្មោះ​​នេះ ភិក្ខុក៏ទទួលពាក្យ រួចប្រើកូនសិស្សឲ្យ​ទៅ​និយាយ​ល្បង​មើល ​ហើយ​វិលមក (ប្រាប់) ​ដោយ​ខ្លួនឯងវិញ ត្រូវអាបត្តិសង្ឃាទិសេស។ បុរសបង្គាប់ភិក្ខុថា បពិត្រលោកដ៏​ចំរើន សូមលោក​ទៅ​​និយាយល្បងមើលនឹងស្រីឈ្មោះ​​នេះ ភិក្ខុក៏ទទួលពាក្យ ​បាន​ប្រើកូនសិស្សឲ្យ​ទៅ​និយាយ​ល្បង​មើល ឯកូនសិស្សនោះ​​បាន​និយាយល្បងមើល ​ហើយ​ក៏ត្រឡប់មក ទៅ​ប្រាប់​បុរស​ដើម ក្រៅពីអាចារ្យដែល​ប្រើនោះ​ ត្រូវអាបត្តិថុល្លច្ច័យទាំងពីររូប។

[១៨៨] ភិក្ខុទទួលពាក្យ ទៅ​និយាយល្បងមើល ​ហើយ​ត្រឡប់មកប្រាប់វិញ​ដោយ​​ពាក្យ​កុហក [តាមន័យក្នុង​អដ្ឋកថាថា មិន​​បាន​វិលមកប្រាប់វិញទេ។] ត្រូវអាបត្តិថុល្លច្ច័យ។ ភិក្ខុកាលទៅ​​មិន​ទទួលបង្គាប់ តែ​​បាន​និយាយល្បងផង វិលមកប្រាប់វិញផង ត្រូវអាបត្តិ​ថុល្លច្ច័យ។ ភិក្ខុកាលទៅ​ ក៏​បាន​ទទួលបង្គាប់ និយាយល្បងមើល ​ហើយ​វិលមកប្រាប់វិញ ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុកាលទៅ​​ ក៏មិន​​បាន​ទទួលបង្គាប់ កាលមក មិន​នាំដំណឹង​មកប្រាប់​វិញ មិន​ត្រូវអាបត្តិឡើយ។

[១៨៩] ភិក្ខុដែល​ទៅ​ (កាន់សំណាក់ស្រីនិង​ប្រុស) ​ដោយ​កិច្ចដែល​ត្រូវធ្វើ ចំពោះសង្ឃក្តី ចំពោះចេតិយក្តី ចំពោះបុគ្គលឈឺក្តី ភិក្ខុឆ្កួត ភិក្ខុដើមបញ្ញត្តិ មិន​ត្រូវអាបត្តិឡើយ។

[១៩០] (មាតិកានុក្រម គឺបញ្ជីរឿងតាមលំដាប់ហូរហែដែល​នឹងសំដែង​តទៅ​ ​ដូចមានខាង​ក្រោម​នេះគឺ)

រឿងស្រីដេកលក់ រឿងស្រីស្លាប់ រឿងស្រីចេញពីលំនៅទៅ​ រឿងប្រុសច្រឡំជាស្រី រឿងស្រីខ្ទើយ រឿងឈ្លោះគ្នា ភិក្ខុ​បាន​និយាយផ្សះផ្សា រឿងភិក្ខុនាំការឲ្យ​មនុស្សខ្ទើយ។

[១៩១] សម័យនោះ​ឯង បុរសម្នាក់បង្គាប់ភិក្ខុមួយរូបថា បពិត្រលោកដ៏​ចំរើន សូមលោក​ទៅ​​និយាយល្បងមើលនឹងស្រីឈ្មោះ​​នេះ។ ភិក្ខុនោះ​ក៏ទៅ​​ហើយ​សួរមនុស្សទាំងឡាយថា ស្រី​ឈ្មោះ​​​នេះនៅឯណា។ មនុស្សទាំងឡាយឆ្លើយថា នាងនោះ​ដេកលក់ទៅ​​ហើយ​ លោកម្ចាស់។ ភិក្ខុនោះ​មានសេចក្តីសង្ស័យថា អញត្រូវអាបត្តិសង្ឃាទិសេស​ហើយ​ដឹង។ ភិក្ខុនោះ​ក៏ក្រាបទូល​សេចក្តីនុ៎ះ​ដល់​ព្រះដ៏​មានព្រះភាគ។ ព្រះអង្គត្រាស់ថា ម្នាល​ភិក្ខុ មិន​ត្រូវអាបត្តិសង្ឃាទិសេសទេ ត្រូវតែ​ត្រឹមអាបត្តិទុក្កដ។ សម័យនោះ​ឯង បុរសម្នាក់បង្គាប់​ភិក្ខុមួយរូបថា បពិត្រលោកដ៏​ចំរើន សូមលោក​ទៅ​​និយាយល្បងមើលនឹងស្រីឈ្មោះ​​នេះ។ ភិក្ខុនោះ​ក៏ទៅ​​ហើយ​សួរ​មនុស្សទាំងឡាយ​ថា ស្រី​ឈ្មោះ​​​នេះនៅឯណា។ មនុស្សទាំង​ឡាយ​ឆ្លើយថា បពិត្រលោកម្ចាស់​ស្រីនោះ​ស្លាប់​ហើយ​។ ភិក្ខុនោះ​មានសេចក្តីសង្ស័យ។បេ។ ព្រះដ៏​មានព្រះភាគ ត្រាស់ថា ម្នាល​ភិក្ខុ មិន​ត្រូវអាបត្តិសង្ឃាទិសេសទេ ត្រូវតែ​ត្រឹមអាបត្តិទុក្កដ។ សម័យនោះ​ឯង បុរសម្នាក់បង្គាប់ភិក្ខុមួយរូបថា បពិត្រលោកដ៏​ចំរើន សូមលោក​ទៅ​​និយាយល្បងមើលនឹងស្រីឈ្មោះ​​នេះ។ ភិក្ខុនោះ​ក៏ទៅ​ ​ហើយ​សួរមនុស្ស​ទាំងឡាយ​ថា ស្រី​ឈ្មោះ​​​នេះនៅឯណា។ មនុស្សទាំងឡាយឆ្លើយថា នាងនោះ​ចេញពីទី​នេះទៅ​​ហើយ​ លោកម្ចាស់។បេ។ មនុស្សនោះ​មិន​មែនជាស្រីទេ លោកម្ចាស់។បេ។ មនុស្សនោះ​ជាស្រីខ្ទើយ​ទេ លោកម្ចាស់។ ភិក្ខុនោះ​មានសេចក្តីសង្ស័យ។បេ។ ព្រះដ៏​មានព្រះភាគត្រាស់ថា ម្នាល​ភិក្ខុ មិន​ត្រូវអាបត្តិសង្ឃាទិសេសទេ ត្រូវតែ​ត្រឹមអាបត្តិទុក្កដ។

[១៩២] សម័យនោះ​ឯង ស្រីម្នាក់ឈ្លោះគ្នានឹងប្តី ​ហើយ​រត់ទៅ​ផ្ទះម្តាយ។ ភិក្ខុជាអ្នកចូល​ទៅ​​កាន់ត្រកូល ​បាន​និយាយផ្សះផ្សា។ ភិក្ខុនោះ​មានសេចក្តីសង្ស័យ។បេ។ ព្រះដ៏​មានព្រះភាគ​ត្រាស់ថា ម្នាល​ភិក្ខុ ស្រីនោះ​ប្តី​បាន​លែងលះគ្នាដាច់ខាត​ហើយ​ឬ។ ភិក្ខុនោះ​ឆ្លើយថា សូម​ទ្រង់​ព្រះមេត្តាប្រោស មិន​ទាន់លែងដាច់ទេ។ ព្រះដ៏​មានព្រះភាគត្រាស់ថា ម្នាល​ភិក្ខុ មិន​មានអាបត្តិទេ ព្រោះគេមិន​ទាន់លែងគ្នាដាច់ខាត។

[១៩៣] សម័យនោះ​ឯង ភិក្ខុមួយរូបប្រព្រឹត្តនិយាយដឹកនាំការឲ្យ​មនុស្សខ្ទើយ​ទាំង​ឡាយ។ ភិក្ខុនោះ​មានសេចក្តីសង្ស័យ។បេ។ ព្រះដ៏​មានព្រះភាគត្រាស់ថា ម្នាល​ភិក្ខុ មិន​ត្រូវអាបត្តិសង្ឃាទិសេសទេ ត្រូវតែ​ត្រឹមអាបត្តិថុល្លច្ច័យ។

សង្ឃាទិសេសទី៥ ចប់។

សង្ឃាទិសេសទី៦

[១៩៤] សម័យនោះ​ ព្រះពុទ្ធជាម្ចាស់ដ៏​មានជោគ ​ទ្រង់គង់នៅវត្តវេឡុវន កលន្ទកនិវាបស្ថាន (កន្លែងដែល​ស្តេចប្រទានអភ័យនិង​ចំណី​ដល់​សត្វកង្ហែន) ជិត​ក្រុងរាជគ្រឹះ។ គ្រានោះ​ឯង ពួកភិក្ខុនៅក្នុង​ដែនអាឡវី ប្រើគេឲ្យ​សាង​នូវ​កុដិទាំងឡាយ ដែល​មានគ្រឿង​​ឧបករណ (គ្រឿង​ប្រដាប់សង់ផ្ទះ) សូមពីគេមកខ្លួនឯង ឥតមានទាយក​ជាម្ចាស់របស់ ចំពោះជាទីនៅរបស់ខ្លួន ធំហួសប្រមាណ។ កុដិទាំងនោះ​មិន​ទាន់សម្រេច។ ភិក្ខុទាំងនោះ​ក៏ចេះតែ​​សូមញឹកៗ ញយៗ ​ដោយ​ពាក្យសូមថា អ្នកទាំងឡាយចូរឲ្យ​​នូវ​បុរស ឲ្យ​គ្រឿង​ហត្ថកម្មនៃបុរស ឲ្យ​​គោ ឲ្យ​រទេះ ឲ្យ​កាំបិត ឲ្យ​ពូថៅ ឲ្យ​ដឹង ឲ្យ​ចប ឲ្យ​ពន្លាក ឲ្យ​វល្ល៍ ឲ្យ​ឫស្សី ឲ្យ​ស្មៅយ៉ាប្លង ឲ្យ​ស្មៅដំណេកទន្សាយ ឲ្យ​ស្មៅ ឲ្យ​ដីស្អិត (​ដល់​យើងទាំងឡាយ)។ ពួកមនុស្សដែល​ភិក្ខុទាំងនោះ​​ចេះតែ​បៀតបៀន​ដោយ​ការសូមញឹក​ញយ​ហួសពេក លុះ​​ដល់​ឃើញពួកភិក្ខុ​ហើយ​ ក៏ភ្ញាក់ផ្អើលខ្លះ តក់ស្លុតខ្លះ លបរត់ទៅ​ខ្លះ គេចទៅ​ទីដទៃខ្លះ បែរមុខទៅ​ទីដទៃខ្លះ បិទទ្វារផ្ទះខ្លះ សូម្បីគ្រាន់តែ​ឃើញ​នូវ​គោញីទាំង​ឡាយ ក៏គេចរត់​ដោយ​ស្មានថាជាពួកភិក្ខុ។

[១៩៥] ខណៈនោះ​ ព្រះមហាកស្សបដ៏​មានអាយុ គង់ចាំវស្សាក្នុង​ក្រុងរាជគ្រឹះ (គ្រប់​ត្រៃមាស) ​ហើយ​ ក៏និមន្តចេញទៅ​ឯដែនអាឡវី ត្រេចទៅ​កាន់ចារិកតាមលំដាប់ សំដៅ​ទៅ​កាន់​ដែនអាឡវីនោះ​។ មានសេចក្តីដំណាលថា ព្រះមហាកស្សដ៏​មានអាយុ សម្រេច​ឥរិយាបថ​​ នៅនាអគ្គាឡវចេតិយក្នុង​ដែន​អាឡវីនោះ​។ គ្រានោះ​​ជាវេលាព្រឹក ព្រះមហាកស្សប​ដ៏​មាន​អាយុ ស្លៀកស្បង់ ​ទ្រង់បាត្រ​និង​ចីវរចូលទៅ​​កាន់​ដែនអាឡវី​ដើម្បីបិណ្ឌបាត។ មនុស្សទាំងឡាយ​​បាន​ឃើញ​ព្រះមហាកស្សប​ដ៏​មានអាយុ ក៏ភ្ញាក់ផ្អើល​ខ្លះ តក់ស្លុតខ្លះ លបរត់ទៅ​ខ្លះ គេចទៅ​​ទីដទៃខ្លះ បែរមុខទៅ​ទីដទៃខ្លះ បិទទ្វារផ្ទះខ្លះ។ គ្រានោះ​ ព្រះមហាកស្សប​ដ៏​មានអាយុត្រាច់ទៅ​​បិណ្ឌបាតក្នុង​ដែន​អាឡវីធ្វើភត្តកិច្ចស្រេច​ហើយ​ ​ដល់​កាលជាខាងក្រោយ​អំពីភត្តកិច្ច ក៏ហៅពួក​ភិក្ខុ​មក​ហើយ​សួរថា ម្នាល​លោកដ៏​មានអាយុទាំងឡាយ កាលពីដើម ដែនអាឡវី​នេះសម្បូណ៌​ចង្ហាន់ បិណ្ឌបាត​បាន​ងាយ ងាយនឹង​ព្យាយាម​ស្វែងរក​ការចិញ្ចឹម​ជីវិត ប៉ុន្តែឥឡូវ​នេះ ដែនអាឡវី​​នេះ ប្រែជាកើតទុរ្ភិក្ស បិណ្ឌបាត​បាន​​ដោយ​​កម្រ លំបាក​នឹងព្យាយាមស្វែងរកការ​ចិញ្ចឹម​ជីវិតទៅ​​វិញ ម្នាល​លោកដ៏​មានអាយុទាំងឡាយ អ្វីហ្ន៎ជាហេតុ អ្វីជាបច្ច័យ ដែល​នាំឲ្យ​ដែនអាឡវី​នេះ​ប្រែជា​កើតទុរ្ភិក្ស បិណ្ឌបាត​បាន​​ដោយ​​កម្រ លំបាក​នឹងព្យាយាមស្វែងរកការ​ចិញ្ចឹម​ជីវិតទៅ​​វិញ។ ទើបភិក្ខុទាំងនោះ​ពិតរឿងនុ៎ះ​​ដល់​ព្រះមហាកស្សបដ៏​មានអាយុ។

[១៩៦] គ្រានោះ​ ព្រះដ៏​មានព្រះភាគ គង់នៅ​ក្នុង​ក្រុងរាជគ្រឹះ​ គួរ​ដល់​ពុទ្ធអធ្យាស្រ័យ ​ហើយ​​ក៏យាងចេញទៅ​​ឯ​ដែនអាឡវី យាងទៅ​កាន់ចារិក​តាមលំដាប់ សំដៅទៅ​កាន់ដែន​អាឡវី​នោះ​។ មានសេចក្តីដំណាលថា ព្រះដ៏​មានព្រះភាគ ​ទ្រង់សម្រេច​ឥរិយាបថ​នៅនា​អគ្គាឡវចេតិយ ក្នុង​ដែនអាឡវីនោះ​។ ខណៈនោះ​ ព្រះមហាកស្សបដ៏​​មានអាយុ ចូលទៅ​គាល់​ព្រះអង្គ លុះ​ចូល​ទៅ​​​ដល់​​ហើយ​ ថ្វាយបង្គំ​ព្រះដ៏​មានព្រះភាគ ​ហើយ​អង្គុយ​ខាងទី​ដ៏​សមគួរ។ លុះ​អង្គុយក្នុង​ទី​ដ៏​សម​គួររួច​ហើយ​ ព្រះមហាកស្សបដ៏​​មានអាយុ​បាន​ក្រាបទូល​រឿងនុ៎ះចំពោះព្រះដ៏​មានព្រះភាគ។ ព្រោះនិទាន​នេះ ដំណើរ​នេះ ព្រះដ៏​មានព្រះភាគ​ទ្រង់ឲ្យ​ប្រជុំភិក្ខុសង្ឃ ​ហើយ​​ទ្រង់ត្រាស់សួរ​បញ្ជាក់ពួកភិក្ខុ​ដែនអាឡវីថា ម្នាល​ភិក្ខុទាំង​ឡាយ ​បាន​ឮថា អ្នករាល់គ្នា​ឲ្យ​គេធ្វើ​នូវ​កុដិ​ទាំងឡាយ​ដែល​​មាន​គ្រឿង​​​ឧបករណ៍ សូមអំពីគេមក​ដោយ​ខ្លួនឯង មិន​មានទាយកជាម្ចាស់របស់ ចំពោះ​ជាទីនៅ​របស់​ខ្លួន ធំហួស​ប្រមាណ។ កុដិទាំងនោះ​មិន​ទាន់​សម្រេច អ្នករាល់គ្នាចេះតែ​​សូមគេញយៗថា អ្នកទាំងឡាយចូរឲ្យ​​នូវ​បុរស ឲ្យ​គ្រឿង​ហត្ថកម្មនៃបុរស ឲ្យ​​គោ ឲ្យ​រទេះ ឲ្យ​កាំបិត ឲ្យ​ពូថៅ ឲ្យ​ដឹង ឲ្យ​ចប ឲ្យ​ពន្លាក ឲ្យ​វល្ល៍ ឲ្យ​ឫស្សី ឲ្យ​ស្មៅយ៉ាប្លង ឲ្យ​ស្មៅដំណេកទន្សាយ ឲ្យ​ស្មៅ ឲ្យ​ដីស្អិត ពួក​មនុស្សដែល​អ្នកទាំងឡាយ​ចេះតែ​បៀតបៀន​ដោយ​ការសូមញឹកញយហួស​ពេក លុះ​​ដល់​​ឃើញ​ភិក្ខុទាំងឡាយ​​ហើយ​ ក៏ភ្ញាក់ផ្អើលខ្លះ តក់ស្លុតខ្លះ លបរត់ទៅ​ខ្លះ គេចទៅ​ទីដទៃខ្លះ បែរមុខទៅ​ទីដទៃខ្លះ បិទទ្វារផ្ទះខ្លះ សូម្បីគ្រាន់តែ​ឃើញ​​នូវ​គោញី​ទាំងឡាយ​ហើយ​សំគាល់​ថាភិក្ខុ ក៏គេច​រត់ សេចក្តី​​នេះ​ពិតមែនឬ។ ភិក្ខុទាំងនោះ​ក្រាបទូលថា សូម​ទ្រង់ព្រះមេត្តា​ប្រោស ពិតមែន។ ព្រះពុទ្ធ​ជាម្ចាស់​ដ៏​មានជោគ ​ទ្រង់តិះដៀលថា ម្នាល​មោឃបុរសទាំងឡាយ ដំណើរ​នេះមិន​សមគួរទេ។បេ។ មិន​មែនជាកិច្ចដែល​​ត្រូវធ្វើទេ ម្នាល​មោឃបុរសទាំងឡាយ មិន​សមបីបើ​ អ្នក​ឯងរាល់គ្នា​ប្រើគេឲ្យ​​សាងកុដិ​ទាំងឡាយ ដែល​​មាន​គ្រឿង​​​ឧបករណ៍ សូមពីគេមកខ្លួនឯង ឥតមាន​ទាយកជា​ម្ចាស់​របស់ ចំពោះ​ជាទីនៅ​របស់​ខ្លួន ធំហួស​ប្រមាណ កុដិទាំងនោះ​មិន​ទាន់​សម្រេច អ្នកទាំង​ឡាយ​ចេះតែ​​សូមញយៗ ​ដោយ​ពាក្យសូមថា អ្នកទាំងឡាយ​ចូរឲ្យ​​នូវ​​បុរស ឲ្យ​គ្រឿង​ហត្ថកម្ម​នៃបុរស ឲ្យ​​គោ ឲ្យ​រទេះ ឲ្យ​កាំបិត ឲ្យ​ពូថៅ ឲ្យ​ដឹង ឲ្យ​ចប ឲ្យ​ពន្លាក ឲ្យ​វល្ល៍ ឲ្យ​ឫស្សី ឲ្យ​ស្មៅយ៉ាប្លង ឲ្យ​ស្មៅ​ដំណេកទន្សាយ ឲ្យ​ស្មៅ ឲ្យ​ដីស្អិត (​ដល់​យើងទាំងឡាយ) ម្នាល​មោឃបុរសទាំងឡាយ អំពើ​ដែល​​ពួកអ្នក​ធ្វើ​នេះ មិន​នាំឲ្យ​ជ្រះថ្លា ​ដល់​ជនទាំងឡាយដែល​មិន​ទាន់ជ្រះថ្លា​(នោះ​)​ទេ។បេ។ មានតែ​នាំឲ្យ​ខូចចិត្ត ​ដល់​ជន​ទាំងឡាយដែល​មានសេចក្តីជ្រះថ្លា​ហើយ​។ គ្រានោះ​ ព្រះដ៏​មាន​ព្រះភាគ ​ទ្រង់តិះដៀល​ពួកភិក្ខុដែនអាឡវី​​ដោយ​អនេក​បរិយាយ។បេ។ ​ហើយ​​ទ្រង់សំដែង​​ធម្មីកថា​តាមសមគួរ​ដល់​ហេតុនោះ​ៗ ​ដល់​ភិក្ខុទាំងឡាយ ​ហើយ​ត្រាស់ហៅពួកភិក្ខុមក ​ហើយ​(ត្រាស់ថា)។

[១៩៧] ម្នាល​ភិក្ខុទាំងឡាយ ក្នុង​កាល​ពីដើម មាន​ឥសីពីរនាក់ ជាបងប្អូននឹង​គ្នា សំណាក់​នៅអាស្រ័យ​នឹងស្ទឹងគង្គា។ ម្នាល​ភិក្ខុទាំងឡាយ វេលានោះ​ មានសេ្តចនាគមួយឈ្មោះ​​មណិកណ្ឋ ឡើងមក​អំពីស្ទឹង​គង្គា ​ហើយ​ចូលមករកឥសីជាប្អូន លុះ​ចូលមក​ដល់​​ហើយ​ ក៏ព័ទ្ធព័ន្ធឥសីប្អូន​​ដោយ​​ភ្នេន៧ជុំ ​ហើយ​បើ​កពពារដ៏​ធំ​បាំង​ពីខាង​លើ​សីរ្យនៃ​ឥសីប្អូន​នោះ​។ ម្នាល​ភិក្ខុ​ទាំងឡាយ គ្រានោះ​ ឥសីប្អូនហេតុ​តែ​មានសេចក្តីខ្លាច​អំពីនាគនោះ​ ក៏ចេះតែ​ស្គាំងស្គម សៅហ្មង មានសម្បុរ​អាក្រក់ កើតទៅ​ជារោគលឿង​ស្លេកស្លាំង មានខ្លួនរវាម​ដោយ​សរសៃ។ ម្នាល​ភិក្ខុទាំងឡាយ ឥសី​ជាបង​​បាន​ឃើញឥសីប្អូន​ស្គាំងស្គម សៅហ្មង មានសម្បុរ​អាក្រក់ កើតជា​រោគលឿង​​ស្លេកស្លាំង មានខ្លួនរវាម​​ដោយ​សរសៃ លុះ​ឃើញ​ហើយ​ ដ៏​សួរទៅ​ឥសីប្អូនថា ម្នាល​អ្នកដ៏​ចំរើន ហេតុអ្វីក៏អ្នក ស្គាំងស្គម សៅហ្មង មានសម្បុរ​អាក្រក់ កើតជារោគលឿង​ស្លេកស្លាំង មានខ្លួនរវាម​ដោយ​សរសៃ (ដូច្នេះ)។ ឥសីប្អូនប្រាប់ថា បពិត្រលោកបងដ៏​ចំរើន នាគរាជឈ្មោះ​មណិកណ្ឋ ឡើងមក​អំពីស្ទឹង​គង្គា ​ហើយ​ចូលមករកខ្ញុំក្នុង​ទី​នេះ លុះ​ចូលមក​ដល់​​ហើយ​ ក៏ព័ទ្ធព័ន្ធខ្ញុំ​​ដោយ​​ភ្នេន៧ជុំ ​ហើយ​បើ​កពពារដ៏​ធំ​បាំង​ពីខាង​លើក្បាលខ្ញុំ  ព្រោះសេចក្តីខ្លាចនាគរាជនោះ​ ​បាន​ជាខ្ញុំស្គាំងស្គម សៅហ្មង មានសម្បុរ​អាក្រក់ កើតជារោគលឿង​ស្លេកស្លាំង មានខ្លួនរវាម​ដោយ​សរសៃ ឥសី​បង​សួរថា ម្នាល​អ្នកដ៏​ចំរើន អ្នកចង់មិន​ឲ្យ​នាគរាជនោះ​មកដែរឬ។ ឥសីប្អូនតបថា បពិត្រលោកបង​ដ៏​ចំរើន ខ្ញុំចង់មិន​ឲ្យ​​នាគរាជនោះ​មកទេ។ ឥសីបងសួរថា ម្នាល​អ្នកដ៏​ចំរើន ចុះអ្នកឯង​បាន​ឃើញ​វត្ថុអ្វីជារបស់នាគរាជនោះ​ខ្លះ។ ឥសីប្អូន​តបថា បពិត្រលោកបងដ៏​ចំរើន ខ្ញុំ​បាន​ឃើញ​កែវមណី​ ជាគ្រឿង​ប្រដាប់​ព្ធដ៏​កនៃនាគរាជនោះ​។ ឥសីបងក៏បង្គាប់ថា ម្នាល​អ្នកដ៏​ចំរើន បើ​ដូច្នោះ អ្នកចូរសូម​កែវមណី​ចំពោះ​នាគរាជ​នោះ​ថា អ្នកដ៏​ចំរើន សូមអ្នកឲ្យ​កែវមណី​​ដល់​អាត្មា អាត្មា​ត្រូវ​ការ​​ដោយ​កែវមណី។ ម្នាល​ភិក្ខុទាំងឡាយ ខណៈនោះ​ មណិកណ្ឋនាគរាជ ក៏ឡើងអំពីស្ទឹងគង្គា ​ហើយ​ចូលមករកឥសីប្អូន លុះ​ចូលមក​ដល់​​ហើយ​ ក៏ស្ថិតនៅក្នុង​ទីដ៏​សមគួរ។ ម្នាល​ភិក្ខុទាំងឡាយ ឥសីប្អូនក៏​បាន​ពោលពាក្យ​នេះនឹងមណិកណ្ឋនាគរាជដែល​ស្ថិតនៅក្នុង​ទីដ៏​សមគួរ​ហើយ​ ថា ម្នាល​​អ្នកដ៏​ចំរើន សូមអ្នកឲ្យ​កែវមណី​ដល់​អាត្មា អាត្មាត្រូវការ​ដោយ​កែវមណី។ ម្នាល​ភិក្ខុទាំងឡាយ គ្រានោះ​ឯង មណិកណ្ឋនាគរាជ​គិតថា ភិក្ខុចេះតែ​​សូមកែវមណី ភិក្ខុ​ត្រូវ​ការ​​ដោយ​​កែវមណី គិត​ដូច្នេះ​ហើយ​ ក៏វិល​ទៅ​វិញយ៉ាងឆាប់។ ម្នាល​ភិក្ខុទាំងឡាយ គ្រាទី២ មណិកណ្ឋនាគរាជ​ឡើងមកអំពីស្ទឹង​គង្គា ​ហើយ​ចូលមករកឥសីប្អូន។ ម្នាល​ភិក្ខុទាំងឡាយ  ឥសីប្អូន​បាន​ឃើញមណិកណ្ឋនាគរាជ​មកអំពី​ចម្ងាយ លុះ​ឃើញ​ហើយ​ ក៏ពោល​ពាក្យ​សូម​កែវ​មណីនឹងមណិកណ្ឋនាគរាជ​ថា ម្នាល​អ្នកដ៏​ចំរើន សូមអ្នកឲ្យ​កែវមណី​ដល់​អាត្មា អាត្មា​ត្រូវ​ការ​​ដោយ​​កែវមណី។ ម្នាល​ភិក្ខុទាំងឡាយ គ្រានោះ​ឯង មណិកណ្ឋនាគរាជ​ក៏រំពឹងថា ភិក្ខុចេះ​តែ​​សូម​កែវមណី ភិក្ខុត្រូវការ​ដោយ​​កែវមណី ​ហើយ​ត្រឡប់​អំពីទីនោះ​បាត់ទៅ​។ ម្នាល​ភិក្ខុទាំងឡាយ គ្រាទី៣ មណិកណ្ឋនាគរាជ ក៏ឡើងមកអំពីស្ទឹងគង្គា។ ម្នាល​ភិក្ខុទាំងឡាយ ឥសីប្អូន​បាន​ឃើញ​មណិកណ្ឋនាគរាជ​ឡើងអំពីស្ទឹងគង្គា លុះ​ឃើញ​ហើយ​ ក៏ពោល​ពាក្យ​សូម​កែវ​មណី​នឹងមណិកណ្ឋនាគរាជ​ថា ម្នាល​អ្នកដ៏​ចំរើន សូមអ្នកឲ្យ​កែវមណី​ដល់​អាត្មា អាត្មា​ត្រូវ​ការ​​ដោយ​​កែវមណី។ ម្នាល​ភិក្ខុទាំងឡាយ គ្រានោះ​ឯង មណិកណ្ឋនាគរាជ​ពោលនឹង​ឥសីប្អូន ​ដោយ​គាថា​ទាំងឡាយថា

បាយនិង​ទឹកដ៏​ផ្ចិតផ្ចង់ជាច្រើន តែ​ងកើតឡើង​ដល់​ខ្ញុំ ព្រោះអាស្រ័យកែវមណី​នេះ ខ្ញុំនឹង​ឲ្យ​​កែវមណីនោះ​​ដល់​​លោកមិន​​បាន​ទេ លោកជាអ្នកស្មូរសូមហួសពេក ខ្ញុំនឹងលែងមកកាន់​អាស្រម​របស់លោកទៀត​ហើយ​។ មនុស្សកំឡោះដែល​មាន​ដាវសំលៀង​​ដោយ​ថ្មខ្មៅ​យ៉ាងមុត​ក្នុង​​ដៃ នឹងគប្បីធ្វើនរណាៗ ឲ្យ​ស្លុត​ខ្លាច​​បាន​​ដូចម្តេច​មិញ លោកសូម​កែវមណី​នឹងខ្ញុំ ធ្វើខ្ញុំ​ឲ្យ​ស្លុត​ខ្លាច​ ក៏ដូច្នោះដែរ ខ្ញុំនឹងឲ្យ​កែវមណីនោះ​​ដល់​​លោកមិន​​បាន​ទេ លោកជា​អ្នកស្មូរសូមហួសពេក ខ្ញុំនឹង​លែង​មកកាន់អាស្រម​របស់លោក​ទៀត​ហើយ​។ ម្នាល​ភិក្ខុទាំងឡាយ គ្រានោះ​ឯង មណិកណ្ឋនាគរាជ​ក៏រំពឹងថា ភិក្ខុចេះតែ​សូមកែវមណី ភិក្ខុត្រូវការ​ដោយ​​កែវមណី ​ហើយ​​ចៀស​ចេញ​ទៅ​។ មណិកណ្ឋនាគរាជ កាលដែល​ចៀស​ចេញទៅ​ដូច្នោះ​ហើយ​ ក៏លែង​ត្រឡប់​មកវិញ​ទៀត។ ម្នាល​ភិក្ខុទាំងឡាយ លុះ​កាលតមក ឥសីប្អូន ព្រោះមិន​​បាន​ឃើញនាគដែល​គួរឃើញ​នោះ​ ក៏រឹងរឹតតែ​ស្គាំងស្គម សៅហ្មង​ មានសម្បុរអាក្រក់ កើតជារោគលឿង ស្លេកស្លាំង មានខ្លួន​រវាម​​ដោយ​​សរសៃ។ ម្នាល​ភិក្ខុទាំងឡាយ ឥសីបង​បាន​ឃើញឥសីប្អូនរឹងរឹតតែ​ស្គាំងស្គម សៅហ្មង​ មានសម្បុរ​អាក្រក់ កើតជារោគលឿង ស្លេកស្លាំង មានខ្លួន​រវាម​​ដោយ​​សរសៃ លុះ​ឃើញ​​ហើយ​ ​បាន​សួរ​ឥសីប្អូន​ថា ម្នាល​អ្នកដ៏​ចំរើន ហេតុអ្វី​បាន​ជាអ្នក​រឹងរឹតតែ​ស្គាំងស្គម សៅហ្មង​ មាន​សម្បុរ​អាក្រក់ កើតជារោគលឿង ស្លេកស្លាំង មានខ្លួន​រវាម​​ដោយ​​សរសៃ។ ឥសីប្អូន​ឆ្លើយ​ថា បពិត្រលោកបងដ៏​ចំរើន ព្រោះមិន​​បាន​ឃើញ​នាគនោះ​ដែល​គួរឃើញ ​បាន​ជាខ្ញុំ​រឹងរឹត​តែ​​ស្គាំងស្គម សៅហ្មង​ មានសម្បុរអាក្រក់ កើតជារោគលឿង ស្លេកស្លាំង មានខ្លួន​រវាម​​ដោយ​​សរសៃ។ ម្នាល​ភិក្ខុទាំងឡាយ គ្រានោះ​ ឥសីបង​​បាន​ពោល​គាថា​នឹង​ឥសីប្អូន​ថា

បុគ្គលដឹងថា​របស់​ណាជាទីស្រឡាញ់​របស់គេ​ មិន​គួរ​សូមរបស់​នោះ​​អំពីគេ បុគ្គល​ជាទី​ស្អប់ខ្ពើម​របស់​គេ ក៏ព្រោះ​សូមហួសពេក នាគដែល​​ព្រាហ្មណ៍​សូមកែវមណី​ហើយ​ លែង​ត្រឡប់​មក​កាន់ទី​នោះ​ឲ្យ​​ឃើញ​ទៀត។

ម្នាល​ភិក្ខុទាំងឡាយ អម្បាលយ៉ាងពួក​សត្វតិរច្ឆានទាំងនោះ​ ក៏មិន​ពេញចិត្ត​នឹង​ការ​សូម មិន​ពេញ​ចិត្ត​នឹង​ការរៃ​អង្គាស នឹងបាច់​ពោល​ថ្វី​​ដល់​​មនុស្ស។

[១៩៨]  (រឿងទី២ថា ) ម្នាល​ភិក្ខុទាំងឡាយ រឿងដែល​​មានអំពីអតីតកាល មានភិក្ខុមួយរូប សម្រេច​ឥរិយាបថ​នៅក្នុង​ដងព្រៃមួយ​ នាខាងភ្នំហិមវន្ត។ ម្នាល​ភិក្ខុទាំងឡាយ ក្នុង​ទីជិត​ដងព្រៃ​នោះ​​ឯង មានបឹងមួយជាទំនាបធំ។ ម្នាល​ភិក្ខុទាំងឡាយ គ្រានោះ​ឯង មានហ្វូង​សត្វស្លាបជាច្រើន វេលាថ្ងៃ​ត្រាច់រកអាហារព្ធដ៏​បឹងដែល​នៅជិតដងព្រៃនោះ​ ​ដល់​វេលា​ល្ងាច នាំគ្នាមក​អាស្រ័យ​នៅ​នាដងព្រៃ​នោះ​។ ម្នាល​ភិក្ខុទាំងឡាយ គ្រានោះ​ឯង ភិក្ខុនោះ​​ធុញ​ទ្រាន់ អផ្សុក​​​ដោយ​​សំឡេង​នៃ​ហ្វូង​សត្វ​ស្លាប​នោះ​ ក៏ចូល​មករកតថាគត លុះ​ចូលមក​ដល់​​ហើយ​ ថ្វាយបង្គំតថាគត ​ហើយ​អង្គុយ​នៅ​ក្នុង​ទីដ៏​សមគួរ។ ម្នាល​ភិក្ខុទាំងឡាយ លុះ​​ដល់​ភិក្ខុនោះ​អង្គុយស៊ប់​ហើយ​ តថាគត​បាន​​ពោល​ពាក្យ​​នេះនឹងភិក្ខុ​នោះ​ថា ម្នាល​ភិក្ខុ ខន្ធបញ្ចកដែល​មានចក្ក​៤ មានទ្វារ៩ អ្នកល្មមអត់ធន់​បាន​​ទេ​ឬ ខន្ធបញ្ចកដែល​មានចក្ក៤ មានទ្វារ៩ អ្នកល្មមឲ្យ​ប្រព្រឹត្តទៅ​​បាន​ទេឬ អ្នកជាបុគ្គលមកកាន់​ផ្លូវ​ឆ្ងាយ​ដោយ​​ឥត​មាន​លំបាក​ទេឬ ម្នាល​ភិក្ខុ ចុះអ្នកមកអំពី​ទីណា។ ភិក្ខុនោះ​ពោលថា បពិត្រ​ព្រះដ៏​​មានព្រះភាគ ខន្ធបញ្ចកដែល​មានចក្ក​៤ មានទ្វារ៩ ខ្ញុំព្រះអង្គល្មមអត់ធន់​បាន​ បពិត្រព្រះដ៏​​មានព្រះភាគ ខន្ធបញ្ចកដែល​មានចក្ក៤ មានទ្វារ៩ ខ្ញុំព្រះអង្គល្មមឲ្យ​ប្រព្រឹត្តទៅ​​បាន​ បពិត្រ​ព្រះអង្គ​ដ៏​ចំរើន មួយសោត ខ្ញុំព្រះអង្គជាបុគ្គលមកកាន់​ផ្លូវ​ឆ្ងាយ​ដោយ​​ឥត​មានលំបាកឡើយ បពិត្រព្រះអង្គដ៏​ចំរើន ខាងភ្នំហិមវន្ត មានដងព្រៃមួយធំ បពិត្រព្រះអង្គដ៏​ចំរើន ក៏ក្នុង​ទី​ជិត​នៃ​ដងព្រៃនោះ​ មានបឹងទំនាបធំ បពិត្រព្រះអង្គដ៏​ចំរើន គ្រានោះ​ មានហ្វូងសត្វស្លាបច្រើន វេលា​ថ្ងៃ ត្រាច់រកអាហារនៅបឹងនោះ​ លុះ​​ដល់​វេលាល្ងាច នាំគ្នាមកអាស្រ័យ​នៅនាដង​ព្រៃនោះ​ បពិត្រ​ព្រះដ៏​មានព្រះភាគ ខ្ញុំព្រះអង្គ​បាន​ជាមកអំពីទីនោះ​ ព្រោះអផ្សុក​នឹង​សំឡេង​នៃហ្វូង​សត្វស្លាប​នោះ​។ តថាគត​​បាន​សួរថា ម្នាល​ភិក្ខុ ចុះអ្នកចង់មិន​ឲ្យ​ហ្វូង​សត្វស្លាប​នោះ​មកទេឬ ភិក្ខុនោះ​ពោល​ថា បពិត្រព្រះអង្គដ៏​ចំរើន ខ្ញុំព្រះអង្គ​មិន​ចង់ឲ្យ​ហ្វូងសត្វស្លាបនោះ​មកទេ។ ទើប​តថាគត​ពោល​ថា ម្នាល​ភិក្ខុ បើ​ដូច្នោះ អ្នកឯងទៅ​​ដល់​ទីនោះ​​ហើយ​ ៗចូលទៅ​កាន់ដងព្រៃនោះ​ ​ហើយ​ប្រកាស​​នូវ​​សំឡេងបីដង​ អស់បឋមយាម​នៃរាត្រីថា នែសត្វស្លាបដ៏​ចំរើនទាំងឡាយ បណ្តាសត្វស្លាបដែល​​អាស្រ័យ​នៅក្នុង​ដងព្រៃ​នេះទាំង​អម្បាលម៉ាណ ចូរស្តាប់យើង ៗត្រូវការ​ដោយ​ស្លាប​របស់​សត្វ​ស្លាប​ទាំងឡាយ អ្នករាល់គ្នាចូរឲ្យ​​ស្លាបមួយៗម្នាក់​​ដល់​យើង (តពីនោះ​មក) ចូរប្រកាស​​នូវ​​សំឡេង​បីដង អស់​មជ្ឈិមយាមនៃរាត្រីថា។បេ។ រួចចូរប្រកាស​​នូវ​​សំឡេង​បីដង អស់បច្ឆឹមយាមនៃរាត្រី​ថា  នែសត្វស្លាបដ៏​ចំរើនទាំងឡាយ បណ្តាសត្វស្លាបដែល​​អាស្រ័យ​នៅក្នុង​ដងព្រៃ​នេះទាំង​អម្បាលម៉ាណ ចូរស្តាប់យើង ៗត្រូវការ​ដោយ​ស្លាប​របស់​សត្វបក្សី​ទាំងឡាយ ម្នាល​សត្វ​បក្សី​ដ៏​ចំរើន​ទាំងឡាយ អ្នករាល់គ្នាចូរឲ្យ​​ស្លាបមួយៗម្នាក់​​ដល់​យើង។ ម្នាល​ភិក្ខុទាំងឡាយ គ្រានោះ​ ភិក្ខុនោះ​ក៏ទៅ​ក្នុង​ទីនោះ​ ​ហើយ​ទើបចូលទៅ​កាន់ដងព្រៃនោះ​ ​ហើយ​ប្រកាស​​នូវ​​សំឡេង​បីដង អស់​បឋមយាមនៃរាត្រីថា នែសត្វបក្សីដ៏​ចំរើនទាំងឡាយ បណ្តាសត្វបក្សីដែល​​អាស្រ័យ​នៅក្នុង​ដងព្រៃ​នេះទាំង​អម្បាលម៉ាណ ចូរស្តាប់យើង ៗត្រូវ​ការ​ដោយ​ស្លាប​របស់​សត្វបក្សី​ទាំងឡាយ  ម្នាល​សត្វបក្សីដ៏​ចំរើនទាំងឡាយ អ្នក​រាល់គ្នា​ចូរឲ្យ​​ស្លាបមួយៗម្នាក់​​ដល់​យើង (តពីនោះ​​មក) ក៏ប្រកាស​នូវ​សំឡេងបីដង អស់មជ្ឈិម​យាម​នៃរាត្រី។បេ។ រួច​បាន​​ប្រកាស​នូវ​​សំឡេង​បីដង អស់បច្ឆិមយាមនៃរាត្រីថា នែ​សត្វបក្សី​ដ៏​ចំរើនទាំងឡាយ បណ្តាសត្វបក្សីដែល​​អាស្រ័យ​នៅក្នុង​ដងព្រៃ​នេះទាំង​អម្បាល​ម៉ាណ ចូរស្តាប់យើង ៗត្រូវការ​ដោយ​ស្លាប​របស់​សត្វបក្សី​ទាំងឡាយ  ម្នាល​សត្វបក្សីដ៏​ចំរើនទាំងឡាយ អ្នករាល់គ្នាចូរឲ្យ​​ស្លាបមួយៗម្នាក់​​ដល់​យើង។ ម្នាល​ភិក្ខុទាំងឡាយ គ្រានោះ​ ហ្វូងសត្វបក្សីក៏គិតគ្នាថា ភិក្ខុចេះតែ​សូមស្លាប ភិក្ខុត្រូវការ​ដោយ​​ស្លាប (លុះ​គិត​ហើយ​) ក៏ចៀសចេញទៅ​ចាក​ដងព្រៃនោះ​ កាលដែល​ហ្វូងសត្វបក្សី​ចៀស​ចេញទៅ​​ដូច្នោះ​​ហើយ​ ក៏លែង​ត្រឡប់វិលមកទៀត។ ម្នាល​ភិក្ខុទាំងឡាយ អម្បាល​យ៉ាងសត្វ​តិរច្ឆាន​ទាំង​ឡាយ​នោះ​ ម្តេច​គង់​មិន​ពេញចិត្ត​នឹងការសូម មិន​ពេញចិត្តនឹង​ការរៃអង្គាស ចំណង់​បើ​​មនុស្ស​ទាំងឡាយ នឹង​បាច់​និយាយទៅ​ថ្វី។

[១៩៩] ម្នាល​ភិក្ខុទាំងឡាយ មានរឿងពីដើមមកថា បិតារបស់​កុលបុត្ត​ឈ្មោះ​​រដ្ឋបាល ​បាន​ពោល​គាថា​នឹង​រដ្ឋបាលកុលបុត្តថា

ម្នាល​រដ្ឋបាល ជនទាំងឡាយណាច្រើននាក់ រមែង​មក​ចោមរោម​សូម​អ្វីៗ​នឹងញោម តែ​​ញោម​មិន​ស្គាល់ជនទាំងនោះ​​ឡើយ ហេតុអ្វី​​បាន​ជាអ្នក​មិន​សូមអ្វីៗ​នឹងញោម​ខ្លះ។

រដ្ឋបាលកុលបុត្តក៏និយាយថា

អ្នកស្មូរសូមរមែងមិន​ជាទីស្រឡាញ់របស់អ្នកឲ្យ​ អ្នកមិន​ឲ្យ​របស់ដែល​គេសូម ក៏មិន​ជាទី​ស្រឡាញ់​របស់អ្នកសូម ព្រោះហេតុនោះ​ ទើបខ្ញុំ​មិន​សូមអ្វីៗនឹងអ្នក ​ដោយ​គិតថា មិន​ឲ្យ​​ជាទី​ស្អប់​ខ្ពើម​​ដល់​ខ្ញុំ។

ម្នាល​ភិក្ខុទាំងឡាយ អម្បាលយ៉ាងរដ្ឋបាលកុលបុត្ត​នោះ​ ម្តេច​គង់​បាន​ពោល​យ៉ាង​នេះ​នឹង​បិតារបស់ខ្លួន នឹងបាច់​ពោលទៅ​ថ្វី​​ដល់​ជន​នឹងជន (នឹងខានស្តីថាឲ្យ​គ្នាឯណា​បាន​)។

[២០០] ម្នាល​ភិក្ខុទាំងឡាយ ក៏ភោគទាំងឡាយដែល​ពួកគ្រហស្ថ​សន្សំរក​បាន​​​ដោយ​កម្រ សូម្បី​រក​បាន​មក​ហើយ​ ក៏កម្រ​នឹងថែរក្សាទុកឲ្យ​គង់​បាន​ ម្នាល​មោឃបុរសទាំងឡាយ កាលបើ​​ភោគ​ទាំងឡាយ​ដែល​ពួកគ្រហស្ថសន្សំ រក​បាន​​ដោយ​កម្រ សូម្បី​រក​បាន​​មក​​ហើយ​ ក៏កម្រ​នឹងថែ​រក្សា​យ៉ាង​នេះ  អ្នកទាំងឡាយប្រព្រឹត្តតែ​សូមហួសពេក រៃអង្គាស​ហួស​ពេក ចំពោះ​ភោគ​ទាំង​នោះ​​ថា អ្នកទាំងឡាយចូរឲ្យ​បុរស ឲ្យ​គ្រឿង​ហត្ថកម្មនៃបុរស ឲ្យ​គោ ឲ្យ​រទេះ ឲ្យ​កាំបិត ឲ្យ​ពូថៅ ឲ្យ​ដឹង ឲ្យ​ចប ឲ្យ​ពន្លាក ឲ្យ​វល្ល៍ ឲ្យ​ឫស្សី ឲ្យ​ស្មៅយ៉ាប្លង ឲ្យ​ស្មៅដំណេកទន្សាយ ឲ្យ​ស្មៅ (ធម្មតា) ឲ្យ​ដីស្អិត។ ម្នាល​មោឃបុរសទាំងឡាយ អំពើដែល​អ្នកទាំងអស់គ្នាធ្វើ​នេះ មិន​នាំឲ្យ​ជ្រះថ្លា​ដល់​ជន​ទាំងឡាយដែល​មិន​ទាន់​បាន​ជ្រះថ្លា។បេ។ ម្នាល​ភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែង​​ឡើង​នូវ​​សិក្ខាបទ​នេះ​យ៉ាង​នេះថា កាលភិក្ខុឲ្យ​គេធ្វើ​កុដិ​ដែល​​មិន​មាន​ទាយក​ជាម្ចាស់​របស់ ចំពោះ​ជាទីនៅ​នៃខ្លួន ​ដោយ​ការសូមគ្រឿង​​ឧបករណ៍មក​ខ្លួនឯង គប្បី​ធ្វើឲ្យ​​ប្រកប​ដោយ​​ប្រមាណ ប្រមាណកុដិ​នោះ​គឺ បណ្តោយ​១២ចំអាម ទទឹង​៧ចំអាម ​ដោយ​ចំអាមព្រះសុគត​វាស់ខាងក្នុង​ ត្រូវនាំ​ពួក​ភិក្ខុ​មក​ដើម្បីសំដែង​​ទីឲ្យ​  ភិក្ខុទាំងនោះ​គប្បីសំដែង​ទីដែល​មិន​មានអន្តរាយ​ និង​មានឧបចារ បើ​ភិក្ខុឲ្យ​​គេធ្វើ​កុដិ​​ដោយ​ការសូមគ្រឿង​​ឧបករណ៍​គេមកខ្លួន​ឯង ក្នុង​ទីដែល​មានអន្តរាយ និង​មិន​មាន​ឧបចារក្តី មិន​​បាន​​នាំពួកភិក្ខុមក​ដើម្បីសំដែង​ទីឲ្យ​ក្តី ធ្វើឲ្យ​កន្លង​ហួសប្រមាណក្តី ត្រូវ​អាបត្តិ​សង្ឃាទិសេស។

[២០១] ភិក្ខុ​បាន​សូមបុរសក្តី គ្រឿង​ហត្ថកម្មនៃបុរសក្តី គោក្តី រទេះក្តី កំាបិតក្តី ពូថៅក្តី ដឹងក្តី ចបក្តី ពន្លាកក្តី។បេ។ ស្មៅក្តី ដីស្អិតក្តី ​ដោយ​ខ្លួនឯង ឈ្មោះ​ថាសូមគ្រឿង​​ឧបករណ៍​គេមក​ខ្លួន​ឯង។ ដែល​ឈ្មោះ​ថាកុដិនោះ​ គឺកុដិ​ដែល​លាប​ខាងក្នុង​ ឬកុដិ​ដែល​លាប​ខាងក្រៅ ឬកុដិ​ដែល​​លាប​ទាំងខាង​ក្នុង​ ទាំងខាងក្រៅ។ ត្រង់ពាក្យថា កាលឲ្យ​គេធ្វើ គឺធ្វើ​ខ្លួនឯងក្តី ឲ្យ​គេធ្វើក្តី។ ត្រង់ពាក្យថា មិន​មានទាយកជាម្ចាស់របស់ សេចក្តីថា មិន​មាន​អ្នកដទៃ​ណាមួយ​ទោះ​ស្រីក្តី ប្រុសក្តី គ្រហស្ថក្តី បព្វជិតក្តី ជាម្ចាស់របស់។ ត្រង់ពាក្យថា ចំពោះជាទីនៅនៃខ្លួន គឺដើម្បី​ជា​ប្រយោជន៍​​ដល់​ខ្លួន។ ត្រង់ពាក្យថា គប្បីធ្វើឲ្យ​ប្រកប​​ដោយ​ប្រមាណ ប្រមាណ​កុដិ​នោះ​គឺ បណ្តោយ​១២ចំអាម ​ដោយ​ចំអាមព្រះសុគត គឺវាស់​តាម​ទីដែល​​ជាខាងក្រៅកុដិ។ ត្រង់ពាក្យ​ថា ទទឹង៧ចំអាម វាស់ខាងក្នុង​ គឺវាស់​តាមទី​ដែល​ជាខាងក្នុង​កុដិ។

[២០២] ត្រង់ពាក្យថា ត្រូវនាំពួកភិក្ខុមកដើម្បីសំដែង​ទីឲ្យ​ សេចក្តីថា រូបភិក្ខុអ្នកធ្វើកុដិ​នោះ​ ត្រូវជំរះទីកុដិរួចចូលទៅ​រកសង្ឃ ​ហើយ​ធ្វើចីវរឆៀងស្មាម្ខាង ថ្វាយបង្គំ​បាទាភិក្ខុចាស់​ទាំងឡាយ ​ហើយ​​អង្គុយច្រហោងប្រណម្យអញ្ជលីពោលពាក្យយ៉ាង​នេះថា ខ្ញុំករុណា​ចង់ធ្វើកុដិ​មិន​​មានទាយកជាម្ចាស់របស់ ចំពោះ​ជាទីនៅ​នៃ​ខ្លួន​​ដោយ​​ការសូមគ្រឿង​ឧបករណ៍​គេមកខ្លួនឯង បពិត្រលោកដ៏​ចំរើនទាំងឡាយ ខ្ញុំករុណាឯង សូម​ឲ្យ​សង្ឃពិនិត្យ​មើល​ទីធ្វើកុដិឲ្យ​ទាន។ ភិក្ខុអ្នកធ្វើកុដិនោះ​ គប្បីសូមជាគំរប់ពីរដងផង គប្បីសូមជា​គំរប់បីដងផង។ បើ​សង្ឃទាំងអស់ អាចដើម្បីពិនិត្យមើលទីធ្វើកុដិ​បាន​ សង្ឃទាំងអស់​គប្បីពិនិត្យ​មើល។ បើ​សង្ឃទាំងអស់មិន​អាចដើម្បីពិនិត្យមើលទីធ្វើកុដិ​បាន​ទេ ភិក្ខុទាំង​ឡាយ​ឯណា​មាននៅ​ក្នុង​ទីនោះ​ ជាអ្នកឆ្លាសអាចនឹងដឹង​នូវ​ទីដែល​មានហេតុទាស់ និង​ទីដែល​មិន​មានហេតុទាស់ និង​ទី​ដែល​​មានឧបចារ និង​មិន​មានឧបចារ សង្ឃគប្បី​អារាធនា ​ហើយ​សម្មតិភិក្ខុទាំងនោះ​។ ម្នាល​ភិក្ខុ​ទាំងឡាយ សង្ឃត្រូវសម្មតិភិក្ខុទាំងនោះ​យ៉ាង​នេះ គឺភិក្ខុដែល​ឆ្លាសប្រតិពល ត្រូវញុំាង​សង្ឃ​ឲ្យ​​ដឹង (​ដោយ​ញត្តិទុតិយកម្មវាចា) ថា បពិត្រព្រះសង្ឃដ៏​ចំរើន សូមព្រះសង្ឃស្តាប់ខ្ញុំ ភិក្ខុរូប​នេះ ឈ្មោះ​​នេះ ចង់ធ្វើកុដិដែល​ឥតមានទាយកម្ចាស់របស់ ចំពោះជាទីនៅនៃខ្លួន ​ដោយ​ការសូម​​គ្រឿង​​ឧបករណ៍​គេមកខ្លួនឯង ភិក្ខុនោះ​សូម ការពិនិត្យមើលទីធ្វើកុដិនិង​សង្ឃ។ បើ​ការពិនិត្យមើល​ទីធ្វើ​កុដិ​មានកាល​សមគួរ​ដល់​សង្ឃ​ហើយ​ សង្ឃគប្បីសម្មតិភិក្ខុទាំងឡាយឈ្មោះ​​នេះផងៗ ដើម្បី​ឲ្យ​​ពិនិត្យ​មើល​នូវ​ទីធ្វើកុដិរបស់ភិក្ខុឈ្មោះ​​នេះ។ ​នេះជាវាចាសម្រាប់ញុំាងសង្ឃឲ្យ​ដឹង។ បពិត្រ​ព្រះសង្ឃដ៏​ចំរើន សូមព្រះសង្ឃស្តាប់ខ្ញុំ ភិក្ខុរូប​នេះ ឈ្មោះ​​នេះ ចង់ធ្វើកុដិដែល​ឥតមានទាយក​ជា​ម្ចាស់​របស់​ចំពោះជាទីនៅនៃខ្លួន ​ដោយ​ការសូមគ្រឿង​​ឧបករណ៍​គេមកខ្លួនឯង ភិក្ខុនោះ​សូម​ការពិនិត្យ​មើលទីធ្វើកុដិ​នឹងសង្ឃ។ សង្ឃសម្មតិ​ភិក្ខុទាំងឡាយ​មាន​ឈ្មោះ​​នេះផងៗ ដើម្បី​ឲ្យ​ពិនិត្យ​មើល​ទីធ្វើ​កុដិ​របស់ភិក្ខុឈ្មោះ​​នេះ។ ការសម្មតិ​នូវ​ភិក្ខុទាំងឡាយឈ្មោះ​​នេះផងៗ ដើម្បីឲ្យ​ពិនិត្យ​មើល​ទីធ្វើកុដិ​របស់ភិក្ខុឈ្មោះ​​នេះ គួរ​ដល់​លោកដ៏​មានអាយុអង្គណា លោកដ៏​មានអាយុ​អង្គនោះ​គប្បី​ស្ងៀម (បើ​) មិន​គួរ​ដល់​លោកដ៏​មានអាយុ​អង្គណា លោកដ៏​មានអាយុអង្គនោះ​គប្បី​ពោល។ ភិក្ខុទាំងឡាយ​ឈ្មោះ​​​នេះផងៗ សង្ឃ​បាន​សម្មតិដើម្បីឲ្យ​ពិនិត្យមើលទីធ្វើកុដិ​របស់ភិក្ខុ​ឈ្មោះ​​នេះ។ កិរិយា​​សម្មតិ​​នេះ​សមគួរ​ដល់​សង្ឃ ព្រោះហេតុនោះ​ សង្ឃ​ទើបស្ងៀម។ ខ្ញុំករុណា សូម​ចាំទុក​​នូវ​សេចក្តី​​នេះ​ដោយ​កិរិយាស្ងៀមយ៉ាង​នេះ។

[២០៣] ពួកភិក្ខុដែល​សង្ឃ​បាន​សម្មតិ​ហើយ​ទាំងនោះ​ ត្រូវទៅ​ក្នុង​ទីនោះ​​ហើយ​ ពិនិត្យ​មើល​ទីធ្វើកុដិ រួចត្រូវដឹងថាជាទីមានហេតុទាស់ ទីឥតមានហេតុទាស់ ទីមានឧបចារ ទីឥតមាន​ឧបចារ។ បើ​ទីមានហេតុទាស់ ទីមិន​មានឧបចារ គប្បីប្រាប់ថា លោកកុំធ្វើក្នុង​ទី​នេះឡើយ។ បើ​ទី​ឥត​មានហេតុទាស់ ទីមានឧបចារ គប្បីប្រាប់សង្ឃថា ទី​នេះឥតមានហេតុទាស់ មានឧបចារ។ ភិក្ខុអ្នកធ្វើកុដិនោះ​ត្រូវចូលទៅ​រកសង្ឃ​ ​ហើយ​ធ្វើចីវរឆៀងស្មាម្ខាង ថ្វាយបង្គំ​បាទាភិក្ខុចាស់ទាំង​ឡាយ ​ហើយ​អង្គុយច្រហោង​ប្រណម្យអញ្ជលី ពោលពាក្យយ៉ាង​នេះថា បពិត្រលោក​ទាំងឡាយ​ដ៏​ចំរើន ខ្ញុំករុណាចង់​ធ្វើកុដិមិន​មានទាយកជាម្ចាស់របស់ចំពោះជាទីនៅនៃខ្លួន ​ដោយ​ការសូម​គ្រឿង​​ឧបករណ៍​គេមកខ្លួន​ឯង បពិត្រលោកទាំងឡាយដ៏​ចំរើន ខ្ញុំករុណា​សូមការសំដែង​​ទីធ្វើ​កុដិ​នឹង​សង្ឃ។ ភិក្ខុអ្នកធ្វើកុដិនោះ​ គប្បីសូមជាគំរប់ពីរដងផង គប្បីសូមជាគំរប់បីដងផង។ ភិក្ខុអ្នកឆ្លាស​ប្រតិពល គប្បីញុំាងសង្ឃឲ្យ​ដឹង (​ដោយ​ញត្តិទុតិយកម្មវាចា) ថា បពិត្រព្រះសង្ឃ​ដ៏​ចំរើន សូមព្រះសង្ឃ​ស្តាប់ខ្ញុំ ភិក្ខុរូប​នេះ ឈ្មោះ​​នេះ ចង់ធ្វើកុដិ​ឥតមានទាយកជាម្ចាស់របស់ ចំពោះ​ជាទីនៅនៃខ្លួន​ដោយ​សូមគ្រឿង​ឧបករណ៍គេមកខ្លួន​ឯង ភិក្ខុនោះ​សូមការសំដែង​​ទីធ្វើ​កុដិ​នឹងសង្ឃ។ បើ​ការសំដែង​ទីធ្វើកុដិមានកាលសមគួរ​ដល់​សង្ឃ​ហើយ​ សង្ឃគប្បីសំដែង​ទីធ្វើកុដិ​ ដើម្បីភិក្ខុឈ្មោះ​​នេះ។ ​នេះជាញត្តិ (វាចាប្រកាសឲ្យ​សង្ឃដឹង)។ បពិត្រព្រះសង្ឃដ៏​ចំរើន សូម​ព្រះសង្ឃស្តាប់ខ្ញុំ ភិក្ខុរូប​នេះ ឈ្មោះ​​នេះ ចង់ធ្វើកុដិឥតមានទាយកជាម្ចាស់របស់ ចំពោះ​ជាទី​នៅ​នៃ​ខ្លួន​ដោយ​ការសូម​គ្រឿង​​ឧបករណ៍គេមកខ្លួនឯង ភិក្ខុនោះ​សូមការសំដែង​ទីធ្វើ​កុដិនឹងសង្ឃ សង្ឃសំដែង​​​ទីធ្វើកុដិដើម្បីភិក្ខុឈ្មោះ​​នេះ។ ការសំដែង​ទីធ្វើ​កុដិដើម្បីភិក្ខុឈ្មោះ​​នេះសមគួរ​​ដល់​​លោកដ៏​​មានអាយុអង្គណា លោកដ៏​មានអាយុអង្គនោះ​គប្បីស្ងៀម (បើ​) មិន​សមគួរ​ដល់​លោក​ដ៏​មាន​អាយុអង្គណា លោកដ៏​មានអាយុអង្គនោះ​គប្បីពោល។ សង្ឃ​បាន​សំដែង​ទីធ្វើកុដិ​ដើម្បី​ភិក្ខុឈ្មោះ​​នេះ​ហើយ​។ ការ​នេះសមគួរ​ដល់​សង្ឃ ព្រោះហេតុនោះ​ សង្ឃទើប​ស្ងៀម ខ្ញុំករុណា​ សូមចាំទុកសេចក្តី​នេះ ​ដោយ​កិរិយាស្ងៀមយ៉ាង​នេះ។

[២០៤] ដែល​ហៅថា ទីមានហេតុទាស់នោះ​ គឺ​បាន​នឹងកន្លែងជាទីអាស្រ័យនៅនៃពួកសត្វ​ស្រមោច​ក្រហមក្តី ជាទីអាស្រ័យនៅនៃពួកសត្វ​កណ្តៀរក្តី ជាទីអាស្រ័យនៅនៃ​ពួកសត្វ​កណ្តុរក្តី ជាទីអាស្រ័យនៅនៃពួកសត្វពស់ក្តី ជាទីអាស្រ័យនៅនៃពួកសត្វខ្ទួយក្តី ជាទី​អាស្រ័យ​នៅនៃពួក​សត្វក្អែបក្តី ជាទីអាស្រ័យនៅ​នៃពួកដំរីក្តី ជាទីអាស្រ័យ​នៅនៃពួក​សេះក្តី ជាទីអាស្រ័យ​នៅនៃពួក​​សីហក្តី ជាទីអាស្រ័យនៅនៃពួក​​ខ្លាធំក្តី ជាទី​អាស្រ័យនៅ​នៃពួកខ្លាដំបងក្តី ជាទីអាស្រ័យ​នៅនៃ​ពួក​ខ្លាឃ្មុំក្តី ជាទីអាស្រ័យ​នៅនៃពួកខ្លារខិនក្តី ជាទីអាស្រ័យនៅនៃពួកសត្វតិរច្ឆានណាមួយក្តី ជាទី​តាំង​នៅនៃ​បុព្វណ្ណ​  [វត្ថុសម្រាប់​បរិភោគមុន ​បាន​​ដល់​ស្រូវ ៧យ៉ាង មានស្រូវស ស្រូវក្រហម​ជាដើម។] ជាតិក្តី ជាទីតាំងនៅនៃ​អបរណ្ណ [វត្ថុសម្រាប់បរិភោគខាងក្រោយ ​បាន​​ដល់​ល្ង សណ្តែក ចេក អំពៅ ជាដើម។] ជាតិក្តី ជាទីដែល​គេសម្លាប់ចោរក្តី ជាទីសម្រាប់ផ្ចាលទោស [ទីសម្រាប់ផ្ចាលទោស គឺទី​ដែល​​គេសម្រាប់វាយមនុស្សផ្ចាល។] ក្តី ជាទីព្រៃស្មសានក្តី ជាទីឱទ្យានក្តី ជាទីស្រែចំការស្តេចក្តី ជាទីដែល​​គេសង់រោងដំរីក្តី ជាទីដែល​គេសង់​រោងសេះក្តី ជាទីដែល​គេធ្វើគុកក្តី ជាទីដែល​គេធ្វើ​រោង​សុរាក្តី ជាទីអាស្រ័យនៅនៃ​ផ្ទះ​លក់​សាច់ក្តី ជាទីច្រកក្តី ជាទីវាលសម្រាប់លេងក្តី ជាទីរោង​ប្រជុំ​ក្តី ជាកន្លែង​ផ្លូវទៅ​មក​ក្តី ទីប៉ុណ្ណេះ​ ហៅថាទីមានហេតុទាស់ គឺទី​មានសេចក្តី​អន្តរាយ។

[២០៥] ដែល​ហៅថា ទីមិន​មាន​ឧបចារនោះ​ គឺ​បាន​នឹងទីដែល​​មិន​អាច​នឹង​បង្វិល​រទេះ បង្វិល​បង្អោង​ជុំវិញ​​ដោយ​ស្រួល​បាន​ ទីប៉ុណ្ណេះ ហៅថាទី​មិន​មានឧបចារ។

[២០៦] ដែល​ហៅថា ទីមិន​មានអន្តរាយនោះ​ គឺ​បាន​នឹងទីដែល​មិន​មែនជា​ទីអាស្រ័យ​នៅ​នៃ​ពួក​សត្វស្រមោចក្រហមក្តី មិន​មែនជាទីអាស្រ័យនៅនៃពួកសត្វ​កណ្តៀរក្តី មិន​មែន​ជាទីអាស្រ័យ​នៅនៃពួកសត្វកណ្តុរក្តី មិន​មែន​ជាទីអាស្រ័យ​នៅនៃពួកសត្វពស់ក្តី មិន​មែន​ជាទីអាស្រ័យ​នៅនៃពួកសត្វខ្ទួយក្តី មិន​មែនជាទីអាស្រ័យនៅនៃពួក​សត្វក្អែបក្តី។បេ។ មិន​មែនជា​កន្លែង​ផ្លូវទៅ​មក​ក្តី ទីប៉ុណ្ណេះ​ ហៅថាទីមិន​មាន​អន្តរាយ។

[២០៧] ដែល​ហៅថា ទីមានឧបចារនោះ​ គឺ​បាន​នឹងទីដែល​​អាច​បង្វិលរទេះ បង្វិល​បង្អោង​​ដោយ​ជុំវិញតាមស្រួល​បាន​ ទីប៉ុណ្ណេះ ហៅថាទីមានឧបចារ។

[២០៨] ភិក្ខុសូមបុរសក្តី គ្រឿង​ហត្ថកម្មនៃបុរសក្តី ។បេ។ ពន្លាកក្តី ​ដោយ​ខ្លួនឯង ហៅថា​សូម​គ្រឿង​​ឧបករណ៍​គេមកខ្លួនឯង។ លំនៅរបស់ភិក្ខុដែល​លាបខាងក្នុង​ ឬលាបខាងក្រៅ ឬដែល​លាបទាំងខាងក្នុង​ទាំងខាងក្រៅ ហៅថាកុដិ។ ត្រង់ពាក្យថា ឲ្យ​គេធ្វើ គឺធ្វើខ្លួនឯងក្តី ឲ្យ​គេ​ធ្វើក្តី។ ត្រង់ពាក្យថា មិន​​បាន​នាំពួកភិក្ខុ​មកដើម្បីសំដែង​ទីឲ្យ​ក្តី ធ្វើឲ្យ​កន្លងហួស​ប្រមាណ​ក្តី សេចក្តីថា មិន​​បាន​ឲ្យ​​សង្ឃសំដែង​​ទីធ្វើកុដិ ​ដោយ​បណ្តោយក្តី ​ដោយ​ទទឹង​ក្តី ​ដោយ​​ញត្តិទុតិយកម្ម ​ហើយ​ធ្វើខ្លួនឯង​ក្តី ប្រើគេឲ្យ​ធ្វើក្តី ឲ្យ​កន្លងហួសប្រមាណ សូម្បី​ប្រមាណ​ប៉ុនចុង​សក់ ត្រូវអាបត្តិ​ទុក្កដរាល់​ប្រយោគ កាលនៅតែ​បូក​១ដុំ​នឹង​ហើយ​ ត្រូវអាបត្តិ​ថុល្លច្ច័យ កាលបើ​​បូក​១ដុំនោះ​​ហើយ​ស្រេច ត្រូវអាបត្តិ​សង្ឃាទិសេស។ ត្រង់ពាក្យថា សង្ឃាទិសេស មានសេចក្តី​អធិប្បាយ​ពិស្តារ​ក្នុង​សង្ឃាទិសេស​សិក្ខាបទទី១ រួច​ហើយ​។

[២០៩] ភិក្ខុធ្វើកុដិដែល​ឥតមានពួកភិក្ខុសំដែង​ទីឲ្យ​ មានហេតុទាស់ គឺទីមានអន្តរាយ មិន​មានឧបចារ ត្រូវអាបត្តិទុក្កដពីរ និង​ អាបត្តិសង្ឃាទិសេស។ ភិក្ខុធ្វើកុដិដែល​ឥតមាន​ពួក​ភិក្ខុ​សំដែង​ទីឲ្យ​ មានហេតុទាស់ តែ​មានឧបចារ ត្រូវអាបត្តិទុក្កដ និង​អាបត្តិ​សង្ឃាទិសេស។ ភិក្ខុធ្វើ​កុដិដែល​ឥតមាន​ពួក​ភិក្ខុ​សំដែង​ទីឲ្យ​ មិន​មានហេតុទាស់ មិន​មានឧបចារ ត្រូវអាបត្តិទុក្កដ និង​អាបត្តិសង្ឃាទិសេស។ ភិក្ខុធ្វើកុដិដែល​ឥតមាន​ពួក​ភិក្ខុ​សំដែង​ទីឲ្យ​ មិន​មានហេតុទាស់ តែ​មានឧបចារ ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុធ្វើកុដិ​ដែល​​មាន​ពួក​ភិក្ខុ​សំដែង​ទីឲ្យ​ មានហេតុទាស់ មិន​មានឧបចារ ត្រូវអាបត្តិ​ទុក្កដពីរ។ ភិក្ខុធ្វើកុដិដែល​មាន​ពួក​ភិក្ខុ​សំដែង​ទីឲ្យ​ មានហេតុទាស់ តែ​មានឧបចារ ត្រូវអាបត្តិទុក្កដ។ ភិក្ខុធ្វើកុដិដែល​មាន​ពួក​ភិក្ខុ​សំដែង​ទីឲ្យ​ មិន​មានហេតុទាស់ មិន​មានឧបចារ ត្រូវអាបត្តិ​ទុក្កដ។ ភិក្ខុធ្វើកុដិដែល​មាន​ពួក​ភិក្ខុ​សំដែង​ទីឲ្យ​ មិន​មានហេតុទាស់ តែ​មានឧបចារ ជា​អនាបត្តិ (មិន​ត្រូវអាបត្តិឡើយ)។

[២១០] ភិក្ខុធ្វើកុដិហួសប្រមាណ មានហេតុទាស់ មិន​មានឧបចារ ត្រូវអាបត្តិទុក្កដពីរ និង​អាបត្តិសង្ឃាទិសេស។ ភិក្ខុធ្វើកុដិហួសប្រមាណ មានហេតុទាស់ តែ​មានឧបចារ ត្រូវអាបត្តិទុក្កដ និង​អាបត្តិសង្ឃាទិសេស។ ភិក្ខុធ្វើកុដិហួសប្រមាណ មិន​មានហេតុទាស់ និង​​មិន​មាន​ឧបចារ ត្រូវអាបត្តិទុក្កដ និង​អាបត្តិសង្ឃាទិសេស។ ភិក្ខុធ្វើកុដិហួសប្រមាណ តែ​មិន​មានហេតុទាស់ មានទីឧបចារ ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុធ្វើកុដិត្រូវប្រមាណ តែ​មានហេតុទាស់ មិន​មានទីឧបចារ ត្រូវអាបត្តិទុក្កដពីរ។ ភិក្ខុធ្វើកុដិប្រកប​ដោយ​ប្រមាណ តែ​មាន​ហេតុ​ទាស់ មានទីឧបចារ ត្រូវអាបត្តិទុក្កដ។ ភិក្ខុធ្វើកុដិប្រកប​ដោយ​ប្រមាណ ឥតមានហេតុទាស់ តែ​ឥតមាន​ទី​ឧបចារ ត្រូវអាបត្តិទុក្កដ។ ភិក្ខុធ្វើកុដិប្រកប​ដោយ​ប្រមាណ ឥតមានហេតុទាស់ មានទីឧបចារ ជាអនាបត្តិ។

[២១១] ភិក្ខុធ្វើកុដិដែល​ឥតមានពួកភិក្ខុសំដែង​ទីឲ្យ​ ហួសប្រមាណ មានហេតុទាស់ មិន​មានទីឧបចារ ត្រូវអាបត្តិទុក្កដពីរ និង​ អាបត្តិសង្ឃាទិសេសពីរ។ ភិក្ខុធ្វើកុដិដែល​ឥតមាន​ពួក​ភិក្ខុ​សំដែង​ទីឲ្យ​ ហួសប្រមាណ មានហេតុទាស់ តែ​មានទីឧបចារ ត្រូវអាបត្តិទុក្កដមួយ និង​អាបត្តិសង្ឃាទិសេសពីរ។ ភិក្ខុធ្វើ​កុដិដែល​ឥតមាន​ពួក​ភិក្ខុ​សំដែង​ទីឲ្យ​ ហួសប្រមាណ ឥតមានហេតុទាស់ មិន​មានទីឧបចារ ត្រូវអាបត្តិទុក្កដមួយ និង​អាបត្តិសង្ឃាទិសេសពីរ។ ភិក្ខុធ្វើកុដិដែល​ឥតមាន​ពួក​ភិក្ខុ​សំដែង​ទីឲ្យ​ ហួសប្រមាណ តែ​ឥតមានហេតុទាស់ មានទីឧបចារ ត្រូវអាបត្តិសង្ឃាទិសេសពីរ។

[២១២] ភិក្ខុធ្វើកុដិដែល​មាន​ពួក​ភិក្ខុ​សំដែង​ទីឲ្យ​ ប្រកប​ដោយ​ប្រមាណ តែ​មានហេតុទាស់ មិន​មានទីឧបចារ ត្រូវអាបត្តិទុក្កដពីរ។ ភិក្ខុធ្វើកុដិដែល​មាន​ពួក​ភិក្ខុ​សំដែង​ទីឲ្យ​ ប្រកប​ដោយ​​ប្រមាណ តែ​មានហេតុទាស់ មានទីឧបចារ ត្រូវអាបត្តិទុក្កដ។ ភិក្ខុធ្វើកុដិដែល​មាន​ពួក​ភិក្ខុ​សំដែង​ទីឲ្យ​ ប្រកប​ដោយ​ប្រមាណ ឥតមានហេតុទាស់ តែ​មិន​មានទីឧបចារ ត្រូវអាបត្តិទុក្កដ។ ភិក្ខុធ្វើកុដិដែល​មាន​ពួក​ភិក្ខុ​សំដែង​ទីឲ្យ​ ប្រកប​ដោយ​ប្រមាណ ឥតមានហេតុទាស់ មានទីឧបចារ ជាអនាបត្តិ។

[២១៣] ភិក្ខុបង្គាប់ (ពួកភិក្ខុផងគ្នា) ថា អ្នកទាំងឡាយ ចូរធ្វើកុដិឲ្យ​ខ្ញុំ។ ភិក្ខុទាំងឡាយ​ក៏ធ្វើ​កុដិ​ដើម្បីភិក្ខុនោះ​ ដែល​ឥតមានពួក​ភិក្ខុសំដែង​ទីឲ្យ​ មានហេតុទាស់ មិន​មានទីឧបចារ ត្រូវអាបត្តិ​ទុក្កដពីរ និង​អាបត្តិសង្ឃាទិសេស។បេ។ មានហេតុទាស់ មានទីឧបចារ ត្រូវអាបត្តិទុក្កដ និង​អាបត្តិ​សង្ឃាទិសេស។បេ។ ឥតមានហេតុទាស់ មិន​មានទីឧបចារ ត្រូវអាបត្តិទុក្កដ និង​អាបត្តិ​សង្ឃាទិសេស។បេ។ ឥតមានហេតុទាស់ តែ​មានទីឧបចារ ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុបង្គាប់ (ពួកភិក្ខុ​ផងគ្នា) ថា អ្នកទាំងឡាយចូរធ្វើកុដិឲ្យ​ខ្ញុំ។ ភិក្ខុទាំងឡាយ​ក៏ធ្វើ​កុដិ​ដើម្បីភិក្ខុនោះ​ ដែល​មានពួក​ភិក្ខុសំដែង​ទីឲ្យ​ មានហេតុទាស់ ឥតមានទីឧបចារ ត្រូវអាបត្តិ​ទុក្កដពីរ។បេ។ មានហេតុទាស់ តែ​មានទីឧបចារ ត្រូវអាបត្តិទុក្កដ។បេ។ ឥតមានហេតុទាស់ ឥតមានទីឧបចារ ត្រូវអាបត្តិទុក្កដ។បេ។ ឥតមានហេតុទាស់ មានទីឧបចារ ជាអនាបត្តិ។ ភិក្ខុបង្គាប់ (ពួកភិក្ខុ​ផងគ្នា) ថា អ្នកទាំងឡាយចូរធ្វើកុដិឲ្យ​ខ្ញុំ។ ភិក្ខុទាំងឡាយ​ក៏ធ្វើ​កុដិ​ដើម្បីភិក្ខុនោះ​ ដែល​ហួសប្រមាណ មានហេតុទាស់ មិន​មានទីឧបចារ ត្រូវអាបត្តិ​ទុក្កដពីរ និង​អាបត្តិសង្ឃាទិសេស។បេ។ មានហេតុទាស់ តែ​មានទីឧបចារ ត្រូវអាបត្តិទុក្កដ និង​អាបត្តិសង្ឃាទិសេស។បេ។ មិន​មាន​ហេតុទាស់ មិន​​មានទីឧបចារ ត្រូវអាបត្តិទុក្កដ និង​អាបត្តិសង្ឃាទិសេស។បេ។ មិន​មានហេតុទាស់ តែ​មានទីឧបចារ ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុបង្គាប់ (ពួកភិក្ខុ​ផងគ្នា) ថា អ្នកទាំងឡាយ​ចូរធ្វើកុដិឲ្យ​ខ្ញុំ។ ភិក្ខុទាំងឡាយ​ក៏ធ្វើ​កុដិ​ដើម្បីភិក្ខុនោះ​ ដែល​ប្រកប​ដោយ​ប្រមាណ មានហេតុទាស់ មិន​មានទីឧបចារ ត្រូវអាបត្តិ​ទុក្កដពីរ។បេ។ មានហេតុទាស់ តែ​មានទីឧបចារ ត្រូវអាបត្តិ​ទុក្កដ។បេ។ មិន​មានហេតុទាស់ មិន​មានទីឧបចារ ត្រូវអាបត្តិទុក្កដ។បេ។ មិន​មានហេតុទាស់ មានទីឧបចារ ជាអនាបត្តិ។ ភិក្ខុបង្គាប់ (ពួកភិក្ខុ​ផងគ្នា) ថា អ្នកទាំងឡាយចូរធ្វើកុដិឲ្យ​ខ្ញុំ។ ភិក្ខុទាំងឡាយ​ក៏ធ្វើ​កុដិ​ដើម្បីភិក្ខុនោះ​ ដែល​មិន​មានពួក​ភិក្ខុសំដែង​ទីឲ្យ​ ហួសប្រមាណ មានហេតុទាស់ មិន​មានទីឧបចារ ត្រូវអាបត្តិ​ទុក្កដពីរ និង​អាបត្តិសង្ឃាទិសេសពីរ។បេ។ មានហេតុទាស់ តែ​មានទីឧបចារ ត្រូវអាបត្តិទុក្កដមួយ និង​អាបត្តិសង្ឃាទិសេសពីរ។បេ។ មិន​មានហេតុទាស់ មិន​មានទីឧបចារ ត្រូវអាបត្តិទុក្កដមួយ និង​អាបត្តិសង្ឃាទិសេសពីរ។បេ។ មិន​មានហេតុទាស់ តែ​មានទីឧបចារ ត្រូវអាបត្តិសង្ឃាទិសេសពីរ។ ភិក្ខុបង្គាប់ (ពួកភិក្ខុ​ផងគ្នា) ថា អ្នកទាំងឡាយចូរធ្វើកុដិឲ្យ​ខ្ញុំ។ ភិក្ខុទាំងឡាយ​ក៏ធ្វើ​កុដិ​ដើម្បីភិក្ខុនោះ​ ដែល​មានពួក​ភិក្ខុសំដែង​ទីឲ្យ​ ប្រកប​ដោយ​ប្រមាណ មានហេតុទាស់ មិន​មានទីឧបចារ ត្រូវអាបត្តិ​ទុក្កដពីរ។បេ។ មានហេតុទាស់ តែ​មានទីឧបចារ ត្រូវអាបត្តិទុក្កដ។បេ។ មិន​មានហេតុទាស់ មិន​មានទីឧបចារ ត្រូវអាបត្តិទុក្កដ។បេ។ មិន​មានហេតុទាស់ មានទីឧបចារ ជាអនាបត្តិ។

[២១៤] ភិក្ខុបង្គាប់ (ពួកភិក្ខុ​ផងគ្នា) ថា អ្នកទាំងឡាយចូរធ្វើកុដិឲ្យ​ខ្ញុំ ​ហើយ​ចៀស​ចេញ​ទៅ​ ប៉ុន្តែ​មិន​​បាន​​បង្គាប់​ដោយ​​ពាក្យថា កុដិនោះ​​គួរជាកុដិដែល​មានពួក​ភិក្ខុសំដែង​ទីឲ្យ​ផង មិន​មានហេតុទាស់ផង មានទីឧបចារផងដូច្នេះឡើយ។ ពួកភិក្ខុ​ក៏ធ្វើ​កុដិ​ដើម្បីភិក្ខុនោះ​ ដែល​ឥតមានពួក​ភិក្ខុសំដែង​ទីឲ្យ​ មានហេតុទាស់ មិន​មានទីឧបចារ (ភិក្ខុនោះ​) ត្រូវអាបត្តិ​ទុក្កដពីរ និង​អាបត្តិសង្ឃាទិសេស។បេ។ មានហេតុទាស់ តែ​មានទីឧបចារ ត្រូវអាបត្តិទុក្កដ និង​អាបត្តិ​សង្ឃាទិសេស។បេ។ មិន​មានហេតុទាស់ មិន​មានទីឧបចារ ត្រូវអាបត្តិទុក្កដ និង​អាបត្តិ​សង្ឃាទិសេស។បេ។ មិន​មានហេតុទាស់ មានទីឧបចារ ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុបង្គាប់ (ពួកភិក្ខុ​ផងគ្នា) ថា អ្នកទាំងឡាយចូរធ្វើកុដិឲ្យ​ខ្ញុំ ​ហើយ​ចៀស​ចេញ​ទៅ​ ប៉ុន្តែ​មិន​​បាន​​ពន្យល់​​ដោយ​​ពាក្យថា កុដិនោះ​​គួរជាកុដិដែល​មានពួក​ភិក្ខុសំដែង​ទីឲ្យ​ផង ឥតមានហេតុទាស់ផង មានទីឧបចារផងដូច្នេះឡើយ។ ពួកភិក្ខុ​ក៏ធ្វើ​កុដិ​ដើម្បីភិក្ខុនោះ​ ដែល​មានពួក​ភិក្ខុសំដែង​ទីឲ្យ​ មានហេតុទាស់ មិន​មានទីឧបចារ (ភិក្ខុនោះ​) ត្រូវអាបត្តិ​ទុក្កដពីរ។បេ។ មានហេតុទាស់ តែ​មានទីឧបចារ ត្រូវអាបត្តិទុក្កដ។បេ។ ឥតមានហេតុទាស់ ឥតមានទីឧបចារ ត្រូវអាបត្តិទុក្កដ ។បេ។ ឥតមានហេតុទាស់ មានទីឧបចារ ជាអនាបត្តិ។ ភិក្ខុបង្គាប់ (ពួកភិក្ខុផងគ្នា) ថា អ្នកទាំងឡាយ​ ចូរធ្វើកុដិឲ្យ​ខ្ញុំ ​ហើយ​ចៀស​ចេញ​ទៅ​ ប៉ុន្តែ​មិន​​បាន​​ពន្យល់​​ដោយ​​ពាក្យថា កុដិនោះ​​ត្រូវប្រកប​ដោយ​ប្រមាណផង  ឥតមានហេតុទាស់ផង មានទីឧបចារផងដូច្នេះឡើយ។ ពួកភិក្ខុ​ក៏ធ្វើ​កុដិ​ដើម្បីភិក្ខុនោះ​ ដែល​ហួសប្រមាណ មានហេតុទាស់ មិន​មានទីឧបចារ (ភិក្ខុនោះ​) ត្រូវអាបត្តិ​ទុក្កដពីរ និង​អាបត្តិសង្ឃាទិសេស។បេ។ មានហេតុទាស់ តែ​មានទីឧបចារ ត្រូវអាបត្តិទុក្កដ និង​អាបត្តិ​សង្ឃាទិសេស។បេ។ ឥតមានហេតុទាស់ ឥតមានទីឧបចារ ត្រូវអាបត្តិទុក្កដ និង​អាបត្តិ​សង្ឃាទិសេស។បេ។ ឥតមានហេតុទាស់ តែ​មានទីឧបចារ ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុបង្គាប់ (ពួកភិក្ខុផងគ្នា) ថា អ្នកទាំងឡាយ​ ចូរធ្វើកុដិឲ្យ​ខ្ញុំ ​ហើយ​​ចៀស​​ចេញ​ទៅ​ ប៉ុន្តែ​មិន​​បាន​​ពន្យល់​​ដោយ​​ពាក្យថា កុដិនោះ​​គួរជាកុដិ​ប្រកប​ដោយ​ប្រមាណផង  ឥតមានហេតុទាស់ផង មានទីឧបចារផងដូច្នេះឡើយ។ ពួកភិក្ខុ​ក៏ធ្វើ​កុដិ​ដើម្បីភិក្ខុនោះ​ ដែល​ប្រកប​​ដោយ​ប្រមាណ មានហេតុទាស់ មិន​មានទីឧបចារ (ភិក្ខុនោះ​) ត្រូវអាបត្តិ​ទុក្កដពីរ។បេ។ មានហេតុទាស់ មានទីឧបចារ ត្រូវអាបត្តិទុក្កដ។បេ។ ឥតមានហេតុទាស់ ឥតមានទីឧបចារ ត្រូវអាបត្តិទុក្កដ។បេ។ ឥតមានហេតុទាស់ មានទីឧបចារ ជាអនាបត្តិ។ ភិក្ខុ​បង្គាប់ (ពួកភិក្ខុផងគ្នា) ថា អ្នកទាំងឡាយ​ ចូរធ្វើកុដិឲ្យ​ខ្ញុំ ​ហើយ​ចៀស​ចេញ​ទៅ​ ប៉ុន្តែ​មិន​​បាន​​ពន្យល់​​ដោយ​​ពាក្យថា កុដិនោះ​​គួរជាកុដិ​ដែល​មានពួកភិក្ខុ​សំដែង​ទីឲ្យ​​ផង ប្រកប​​ដោយ​​ប្រមាណ​ផង  ឥតមានហេតុទាស់ផង មានទីឧបចារផងដូច្នេះឡើយ។ ពួកភិក្ខុ​ក៏ធ្វើ​កុដិ​ដើម្បីភិក្ខុនោះ​ ដែល​មិន​មានពួកភិក្ខុសំដែង​ទីឲ្យ​ ហួសប្រមាណ មានហេតុទាស់ ឥតមានទីឧបចារ (ភិក្ខុនោះ​) ត្រូវអាបត្តិ​ទុក្កដពីរ និង​អាបត្តិសង្ឃាទិសេសពីរ។បេ។ មានហេតុទាស់ តែ​មានទីឧបចារ ត្រូវអាបត្តិទុក្កដ និង​អាបត្តិ​សង្ឃាទិសេសពីរ។បេ។ មិន​មានហេតុទាស់ មិន​មានទីឧបចារ ត្រូវអាបត្តិទុក្កដ និង​អាបត្តិ​សង្ឃាទិសេសពីរ។បេ។ មិន​មានហេតុទាស់ តែ​មានទីឧបចារ ត្រូវអាបត្តិសង្ឃាទិសេសពីរ។ ភិក្ខុបង្គាប់ (ពួកភិក្ខុផងគ្នា) ថា អ្នកទាំងឡាយ​ ចូរធ្វើកុដិឲ្យ​ខ្ញុំ ​ហើយ​ចៀស​ចេញ​ទៅ​ ប៉ុន្តែ​មិន​​បាន​​ពន្យល់​​ដោយ​​ពាក្យថា កុដិនោះ​គួរជាកុដិ​ដែល​មាន​ពួក​ភិក្ខុ​សំដែង​ទីឲ្យ​ផង ប្រកប​ដោយ​ប្រមាណផង  មិន​មានហេតុទាស់ផង មានទីឧបចារ​ផងដូច្នេះ​ឡើយ។ ពួកភិក្ខុ​ក៏ធ្វើ​កុដិ​ដើម្បីភិក្ខុនោះ​ ដែល​មានពួកភិក្ខុសំដែង​ទីឲ្យ​ ប្រកប​ដោយ​​ប្រមាណ តែ​មានហេតុទាស់ មិន​មានទីឧបចារ (ភិក្ខុនោះ​) ត្រូវអាបត្តិ​ទុក្កដពីរ។បេ។ មានហេតុទាស់ តែ​មានទីឧបចារ ត្រូវអាបត្តិទុក្កដ។បេ។ មិន​មានហេតុទាស់ មិន​មានទីឧបចារ ត្រូវអាបត្តិទុក្កដ។បេ។ មិន​មានហេតុទាស់ មានទីឧបចារ មិន​ត្រូវអាបត្តិឡើយ។

[២១៥] ភិក្ខុបង្គាប់ (ពួកភិក្ខុផងគ្នា) ថា អ្នកទាំងឡាយ​ ចូរធ្វើកុដិឲ្យ​ខ្ញុំ ​ហើយ​ចៀស​ចេញ​ទៅ​ ប៉ុន្តែ​បាន​​ពន្យល់​​ដោយ​​ពាក្យថា កុដិនោះ​​គួរជាកុដិ​ដែល​មានពួកភិក្ខុ​សំដែង​ទីឲ្យ​ផង ឥតមាន​ហេតុ​ទាស់​ផង មានទីឧបចារផង។ ពួកភិក្ខុ​ក៏ធ្វើ​កុដិ​ដើម្បីភិក្ខុនោះ​ ដែល​ឥតមានពួកភិក្ខុ​សំដែង​ទីឲ្យ​ មានហេតុទាស់ មិន​មានទីឧបចារ ។ ភិក្ខុនោះ​ឮដំណឹងថា ពួកភិក្ខុ​ធ្វើ​កុដិ​ដែល​មិន​មានពួកភិក្ខុ​សំដែង​ទីឲ្យ​ មានហេតុទាស់ មិន​មានទីឧបចារ ដើម្បីអាត្មាអញ។ ភិក្ខុនោះ​ គប្បីទៅ​ខ្លួនឯងក្តី ប្រើ​បម្រើ​ទៅ​ក្តី ​​ដោយ​ពាក្យថា កុដិនោះ​គួរជាកុដិ​ដែល​មានពួកភិក្ខុសំដែង​ទីឲ្យ​ផង ឥតមាន​ហេតុ​ទាស់​ផង មានទីឧបចារផង។ បើ​ភិក្ខុនោះ​មិន​​បាន​ទៅ​ខ្លួនឯងក្តី មិន​​បាន​ប្រើបម្រើ​ឲ្យ​ទៅ​ក្តី ត្រូវអាបត្តិ​ទុក្កដ។ ភិក្ខុបង្គាប់ (ពួកភិក្ខុផងគ្នា) ថា អ្នកទាំងឡាយ​ ចូរធ្វើកុដិឲ្យ​ខ្ញុំ ​ហើយ​ចៀស​ចេញ​ទៅ​ ប៉ុន្តែ​បាន​​ពន្យល់​​ដោយ​​ពាក្យថា កុដិនោះ​​គួរជាកុដិ​ដែល​មានពួកភិក្ខុ​សំដែង​ទីឲ្យ​ផង ឥតមាន​ហេតុ​ទាស់​ផង មានទីឧបចារផង។ ពួកភិក្ខុ​ក៏ធ្វើ​កុដិ​ដើម្បីភិក្ខុនោះ​ ដែល​ឥតមានពួកភិក្ខុ​សំដែង​ទីឲ្យ​ មានហេតុទាស់ តែ​មានទីឧបចារ ។ ភិក្ខុនោះ​ឮដំណឹងថា ពួកភិក្ខុ​ធ្វើ​កុដិដើម្បី​ខ្លួន​អញ​ដែល​ឥតមានពួកភិក្ខុ​សំដែង​ទីឲ្យ​ មានហេតុទាស់ តែ​មានទីឧបចារ។ ភិក្ខុនោះ​ គប្បីទៅ​ខ្លួនឯងក្តី ប្រើ​បម្រើ​ឲ្យ​ទៅ​ក្តី ​​ដោយ​ពាក្យថា កុដិនោះ​គួរជាកុដិ​ដែល​មានពួកភិក្ខុសំដែង​ទីឲ្យ​ផង ឥតមាន​ហេតុ​ទាស់​ផង។ បើ​ភិក្ខុនោះ​មិន​ទៅ​ខ្លួនឯងក្តី មិន​​បាន​ប្រើបម្រើ​ឲ្យ​ទៅ​ក្តី ត្រូវអាបត្តិ​ទុក្កដ។ ភិក្ខុបង្គាប់ (ពួកភិក្ខុផងគ្នា) ថា អ្នកទាំងឡាយ​ ចូរធ្វើកុដិឲ្យ​ខ្ញុំ ​ហើយ​ចៀស​ចេញ​ទៅ​ ប៉ុន្តែ​បាន​​ពន្យល់​​ដោយ​​ពាក្យថា កុដិនោះ​​គួរជាកុដិ​ដែល​មានពួកភិក្ខុ​សំដែង​ទីឲ្យ​ផង ឥតមាន​ហេតុ​ទាស់​ផង មានទីឧបចារផង។ ពួកភិក្ខុ​ក៏ធ្វើ​កុដិ​ដើម្បីភិក្ខុនោះ​ ដែល​ឥតមានពួកភិក្ខុ​សំដែង​ទីឲ្យ​ ឥតមានហេតុទាស់ ឥតមានទីឧបចារ ។ ភិក្ខុនោះ​ឮដំណឹងថា ពួកភិក្ខុ​ធ្វើ​កុដិ​ដើម្បីខ្លួនអញ ដែល​ឥតមានពួកភិក្ខុ​សំដែង​ទីឲ្យ​ ឥតមានហេតុទាស់ ឥតមានទីឧបចារ។ ភិក្ខុនោះ​ គប្បីទៅ​​ខ្លួនឯងក្តី ប្រើ​បម្រើ​ឲ្យ​ទៅ​ក្តី ​​ដោយ​ពាក្យថា កុដិនោះ​គួរជាកុដិ​ដែល​មានពួកភិក្ខុសំដែង​ទីឲ្យ​ផង មានទីឧបចារផង។ បើ​ភិក្ខុនោះ​មិន​​បាន​ទៅ​ខ្លួនឯងក្តី មិន​​បាន​ប្រើបម្រើ​ឲ្យ​ទៅ​ក្តី ត្រូវអាបត្តិ​ទុក្កដ។ ភិក្ខុបង្គាប់ (ពួកភិក្ខុផងគ្នា) ថា អ្នកទាំងឡាយ​ ចូរធ្វើកុដិឲ្យ​ខ្ញុំ ​ហើយ​ចៀស​ចេញ​ទៅ​ ប៉ុន្តែ​បាន​​ពន្យល់​​ដោយ​​ពាក្យថា កុដិនោះ​​គួរជាកុដិ​ដែល​មានពួកភិក្ខុ​សំដែង​ទីឲ្យ​ផង ឥតមាន​ហេតុ​ទាស់​ផង មានទីឧបចារផង។ ពួកភិក្ខុ​ក៏ធ្វើ​កុដិ​ដើម្បីភិក្ខុនោះ​ ដែល​មិន​មានពួកភិក្ខុ​សំដែង​ទីឲ្យ​ ឥតមានហេតុទាស់ មានទីឧបចារ ។ ភិក្ខុនោះ​ឮដំណឹងថា ពួកភិក្ខុ​ធ្វើ​កុដិ​ដើម្បីខ្លួនអញ ដែល​មិន​មាន​ពួកភិក្ខុ​សំដែង​ទីឲ្យ​ ឥតមានហេតុទាស់ មានទីឧបចារ។ ភិក្ខុនោះ​ គប្បីទៅ​ខ្លួនឯងក្តី ប្រើ​បម្រើ​ឲ្យ​ទៅ​ក្តី ​​ដោយ​ពាក្យថា កុដិនោះ​គួរជាកុដិ​ដែល​មានពួកភិក្ខុសំដែង​ទីឲ្យ​។ បើ​ភិក្ខុ​នោះ​មិន​​បាន​ទៅ​ខ្លួនឯងក្តី មិន​​បាន​ប្រើបម្រើ​ឲ្យ​ទៅ​ក្តី ត្រូវអាបត្តិ​ទុក្កដ។ ភិក្ខុបង្គាប់ (ពួកភិក្ខុផងគ្នា) ថា អ្នកទាំងឡាយ​ ចូរធ្វើកុដិឲ្យ​ខ្ញុំ ​ហើយ​ចៀស​ចេញ​ទៅ​ ប៉ុន្តែ​បាន​​ពន្យល់​​ដោយ​​ពាក្យថា កុដិនោះ​​គួរជាកុដិ​ដែល​មានពួកភិក្ខុ​សំដែង​ទីឲ្យ​ផង ឥតមាន​ហេតុ​ទាស់​ផង មានទីឧបចារផង។ ពួកភិក្ខុ​ក៏ធ្វើ​កុដិ​ដើម្បីភិក្ខុនោះ​ ដែល​មានពួកភិក្ខុ​សំដែង​ទីឲ្យ​ តែ​មានហេតុទាស់ ឥតមានទីឧបចារ។ ភិក្ខុនោះ​ឮដំណឹងថា ពួកភិក្ខុ​ធ្វើ​កុដិដើម្បីខ្លួនអញ ​ដែល​មានពួកភិក្ខុ​សំដែង​ទីឲ្យ​ តែ​មាន​ហេតុទាស់ ឥតមានទីឧបចារ។ ភិក្ខុនោះ​ គប្បីទៅ​ខ្លួនឯងក្តី ប្រើ​បម្រើឲ្យ​​ទៅ​ក្តី ​​ដោយ​ពាក្យថា កុដិនោះ​គួរជាកុដិឥតមាន​ហេតុ​ទាស់​ផង មានទីឧបចារផង។ បើ​ភិក្ខុនោះ​មិន​​បាន​ទៅ​ខ្លួនឯងក្តី មិន​​បាន​ប្រើបម្រើ​ឲ្យ​ទៅ​ក្តី ត្រូវអាបត្តិ​ទុក្កដ។ ភិក្ខុបង្គាប់ (ពួកភិក្ខុផងគ្នា) ថា អ្នកទាំងឡាយ​ ចូរធ្វើកុដិឲ្យ​ខ្ញុំ ​ហើយ​ចៀស​ចេញ​ទៅ​ ប៉ុន្តែ​បាន​​ពន្យល់​​ដោយ​​ពាក្យថា កុដិនោះ​​គួរជាកុដិ​មានពួកភិក្ខុ​សំដែង​ទីឲ្យ​ផង ឥតមាន​ហេតុ​ទាស់​ផង មានទីឧបចារផង។ ពួកភិក្ខុ​ក៏ធ្វើ​កុដិ​ដើម្បីភិក្ខុនោះ​ ដែល​មានពួកភិក្ខុ​សំដែង​ទីឲ្យ​ តែ​មានហេតុទាស់ មានទីឧបចារ។ ភិក្ខុនោះ​​ឮដំណឹងថា ពួកភិក្ខុ​ធ្វើ​កុដិដើម្បីខ្លួនអញ ​ដែល​មានពួកភិក្ខុ​សំដែង​ទីឲ្យ​ តែ​មាន​ហេតុទាស់ មានទីឧបចារ។ ភិក្ខុនោះ​ ត្រូវទៅ​ខ្លួនឯងក្តី ប្រើ​បម្រើឲ្យ​​ទៅ​ក្តី ​​ដោយ​ពាក្យថា កុដិនោះ​គួរ​ជាកុដិ​ឥតមាន​ហេតុ​ទាស់។ បើ​ភិក្ខុនោះ​មិន​​បាន​ទៅ​ខ្លួនឯងក្តី មិន​​បាន​ប្រើបម្រើ​ឲ្យ​ទៅ​ក្តី ត្រូវអាបត្តិ​ទុក្កដ។ ភិក្ខុបង្គាប់ (ពួកភិក្ខុផងគ្នា) ថា អ្នកទាំងឡាយ​ ចូរធ្វើកុដិឲ្យ​ខ្ញុំ ​ហើយ​ចៀស​ចេញ​ទៅ​ ប៉ុន្តែ​បាន​​ពន្យល់​​ដោយ​​ពាក្យថា កុដិនោះ​​គួរជាកុដិមានពួកភិក្ខុ​សំដែង​ទីឲ្យ​ផង ឥតមាន​ហេតុ​ទាស់​ផង មានទីឧបចារផង។ ពួកភិក្ខុ​ក៏ធ្វើ​កុដិ​ដើម្បីភិក្ខុនោះ​ ដែល​មានពួកភិក្ខុ​សំដែង​ទីឲ្យ​ ឥតមានហេតុទាស់ ឥតមានទីឧបចារ។ ភិក្ខុនោះ​ឮដំណឹងថា ពួកភិក្ខុ​ធ្វើ​កុដិដើម្បីខ្លួនអញ ​មានពួកភិក្ខុ​សំដែង​ទីឲ្យ​ ឥតមាន​ហេតុទាស់ តែ​ឥតមានទីឧបចារ។ ភិក្ខុនោះ​ ត្រូវទៅ​ខ្លួនឯងក្តី ប្រើ​បម្រើឲ្យ​​ទៅ​ក្តី ​​ដោយ​ពាក្យថា កុដិនោះ​គួរជាកុដិមានទីឧបចារ។ បើ​ភិក្ខុ​នោះ​មិន​​​បាន​ទៅ​ខ្លួនឯងក្តី មិន​​បាន​ប្រើបម្រើ​ឲ្យ​ទៅ​ក្តី ត្រូវអាបត្តិ​ទុក្កដ។ ភិក្ខុបង្គាប់ (ពួកភិក្ខុផងគ្នា) ថា អ្នកទាំងឡាយ​ ចូរធ្វើកុដិឲ្យ​ខ្ញុំ ​ហើយ​ចៀស​ចេញ​ទៅ​ ប៉ុន្តែ​បាន​​ពន្យល់​​ដោយ​​ពាក្យថា កុដិនោះ​​គួរជាកុដិមានពួកភិក្ខុ​សំដែង​ទីឲ្យ​ផង ឥតមាន​ហេតុ​ទាស់​ផង មានទីឧបចារផង។ ពួកភិក្ខុ​ក៏ធ្វើ​កុដិ​ដើម្បីភិក្ខុនោះ​ ដែល​មានពួកភិក្ខុ​សំដែង​ទីឲ្យ​ ឥតមានហេតុទាស់ មានទីឧបចារ មិន​ត្រូវអាបត្តិឡើយ។

[២១៦] ភិក្ខុបង្គាប់ (ពួកភិក្ខុផងគ្នា) ថា អ្នកទាំងឡាយចូរធ្វើកុដិឲ្យ​ខ្ញុំ ​ហើយ​ចៀសចេញទៅ​ ប៉ុន្តែ​​បាន​ពន្យល់​ថា កុដិ​នោះ​គួរ​ជាកុដិ​ប្រកប​ដោយ​ប្រមាណផង ឥតមានហេតុទាស់ផង មានទី​ឧបចារផង។ ពួកភិក្ខុក៏ធ្វើ​កុដិ​ដើម្បីភិក្ខុនោះ​ ធំហួសប្រមាណ មានហេតុទាស់ មិន​មានទីឧបចារ។ ភិក្ខុនោះ​ឮដំណឹងថា ពួកភិក្ខុធ្វើកុដិ​ដើម្បីខ្លួនអញ ធំហួសប្រមាណ មានហេតុទាស់ មិន​មានទី​ឧបចារ។ ភិក្ខុនោះ​ ត្រូវទៅ​ខ្លួនឯងក្តី ប្រើបម្រើឲ្យ​ទៅ​ក្តី ​ដោយ​ពាក្យថា កុដិនោះ​គួរប្រកប​​ដោយ​​ប្រមាណ​ផង ឥតមានហេតុទាស់ផង មានទីឧបចារផង។បេ។ គួរប្រកប​ដោយ​ប្រមាណផង ឥតមាន​ហេតុទាស់ផង។បេ។ គួរប្រកប​ដោយ​ប្រមាណផង គួរមានទីឧបចារផង។បេ។ គួរប្រកប​​ដោយ​​ប្រមាណ។ បើ​ភិក្ខុនោះ​មិន​​បាន​ទៅ​ខ្លួនឯងក្តី មិន​​បាន​ប្រើបម្រើ​ឲ្យ​ទៅ​ក្តី ត្រូវអាបត្តិទុក្កដ។ ភិក្ខុបង្គាប់ (ពួកភិក្ខុផងគ្នា) ថា អ្នកទាំងឡាយចូរធ្វើកុដិឲ្យ​ខ្ញុំ ​ហើយ​ចៀសចេញទៅ​ ប៉ុន្តែ​​បាន​ពន្យល់​ថា កុដិ​នោះ​គួរ​ប្រកប​ដោយ​ប្រមាណផង ឥតមានហេតុទាស់ផង មានទី​ឧបចារផង។ ពួកភិក្ខុក៏ធ្វើ​កុដិឲ្យ​ភិក្ខុនោះ​ ប្រកប​ដោយ​​ប្រមាណ តែ​មានហេតុទាស់ ឥតមានទីឧបចារ។ ភិក្ខុនោះ​ឮដំណឹងថា ពួកភិក្ខុធ្វើកុដិ​ឲ្យ​អាត្មាអញ ប្រកប​ដោយ​ប្រមាណ មានហេតុទាស់ ឥតមានទី​ឧបចារ។ ភិក្ខុនោះ​ ត្រូវទៅ​ខ្លួនឯងក្តី ប្រើបម្រើឲ្យ​ទៅ​ក្តី ​ដោយ​ពាក្យថា កុដិនោះ​គួរជា​កុដិឥត​មានហេតុទាស់ផង មានទីឧបចារផង។បេ។ គួរជាកុដិឥតមាន​ហេតុទាស់។បេ។ មានទីឧបចារ។បេ។ ជាអនាបត្តិ។ ភិក្ខុបង្គាប់ (ពួកភិក្ខុផងគ្នា) ថា អ្នកទាំងឡាយចូរធ្វើកុដិឲ្យ​ខ្ញុំ ​ហើយ​ចៀសចេញទៅ​ ប៉ុន្តែ​​បាន​ពន្យល់​ដោយ​​ថា កុដិ​នោះ​គួរ​ជាកុដិមានពួកភិក្ខុ​សំដែង​​ទីឲ្យ​ផង ប្រកប​ដោយ​ប្រមាណផង ឥតមានហេតុទាស់ផង មានទី​ឧបចារផង។ ពួកភិក្ខុក៏ធ្វើ​កុដិឲ្យ​ភិក្ខុនោះ​ ជាកុដិឥតមានពួកភិក្ខុសំដែង​ទីឲ្យ​ ហួស​ប្រមាណ មានហេតុទាស់ ឥតមានទីឧបចារ។ ភិក្ខុនោះ​​ឮដំណឹងថា ពួកភិក្ខុធ្វើកុដិ​ឲ្យ​អាត្មាអញ ជាកុដិឥតមានពួកភិក្ខុសំដែង​ទីឲ្យ​ ហួសប្រមាណ មានហេតុទាស់ ឥតមានទី​ឧបចារ។ ភិក្ខុនោះ​ ត្រូវទៅ​ខ្លួនឯងក្តី ប្រើបម្រើឲ្យ​ទៅ​ក្តី ​ដោយ​ពាក្យថា កុដិនោះ​គួរជា​កុដិមានពួកភិក្ខុសំដែង​ទីឲ្យ​ផង ប្រកប​ដោយ​​ប្រមាណផង ឥត​មានហេតុទាស់ផង មានទីឧបចារផង។បេ។ គួរជាកុដិមានពួកភិក្ខុសំដែង​ទីឲ្យ​ផង ប្រកប​ដោយ​ប្រមាណផង ឥតមាន​ហេតុទាស់ផង។បេ។ គួរជាកុដិមានពួកភិក្ខុសំដែង​ទីឲ្យ​ផង ប្រកប​ដោយ​ប្រមាណផង មាន​ទីឧបចារ។បេ។ គួរជាកុដិមានពួកភិក្ខុសំដែង​ទីឲ្យ​ផង ប្រកប​ដោយ​ប្រមាណផង។ បើ​ភិក្ខុនោះ​ មិន​​បាន​ទៅ​ខ្លួនឯងក្តី មិន​​បាន​ប្រើបម្រើឲ្យ​ទៅ​ក្តី ត្រូវអាបត្តិទុក្កដ។ ភិក្ខុបង្គាប់ (ពួកភិក្ខុផងគ្នា) ថា អ្នកទាំងឡាយចូរធ្វើកុដិឲ្យ​ខ្ញុំ រួចចៀសចេញទៅ​ ប៉ុន្តែ​​បាន​ពន្យល់​ថា កុដិ​នោះ​គួរ​ជាកុដិ​មាន​ពួកភិក្ខុ​សំដែង​​ទីឲ្យ​ផង ប្រកប​ដោយ​ប្រមាណផង ឥតមានហេតុទាស់ផង មានទី​ឧបចារផង។ ពួកភិក្ខុក៏ធ្វើ​កុដិឲ្យ​ភិក្ខុនោះ​ ជាកុដិមានពួកភិក្ខុសំដែង​ទីឲ្យ​ ប្រកប​ដោយ​​​ប្រមាណ តែ​មាន​ហេតុទាស់ ឥតមានទីឧបចារ។ ភិក្ខុនោះ​​ឮដំណឹងថា ពួកភិក្ខុធ្វើកុដិ​ឲ្យ​អាត្មាអញ ជាកុដិមានពួកភិក្ខុសំដែង​ទីឲ្យ​ ប្រកប​ដោយ​​ប្រមាណ តែ​មានហេតុទាស់ ឥតមានទី​ឧបចារ។ ភិក្ខុនោះ​ត្រូវទៅ​ខ្លួនឯងក្តី ប្រើបម្រើឲ្យ​ទៅ​ក្តី ​ដោយ​ពាក្យថា កុដិនោះ​គួរជា​កុដិឥតមាន​ហេតុទាស់ផង មានទីឧបចារផង។បេ។ ឥតមាន​ហេតុទាស់ផង។បេ។ មាន​ទីឧបចារ។បេ។ ជាអនាបត្តិ។

[២១៧] ភិក្ខុបង្គាប់ (ពួកភិក្ខុផងគ្នា) ថា អ្នកទាំងឡាយចូរធ្វើកុដិឲ្យ​ខ្ញុំ រួចចៀសចេញទៅ​ ប៉ុន្តែ​​បាន​ពន្យល់​ថា កុដិ​នោះ​គួរ​ជាកុដិមានពួកភិក្ខុសំដែង​ទីឲ្យ​ផង ឥតមានហេតុទាស់ផង មានទី​ឧបចារផង។ ពួកភិក្ខុក៏ធ្វើ​កុដិឲ្យ​ភិក្ខុនោះ​ ជាកុដិឥតមានពួកភិក្ខុសំដែង​ទីឲ្យ​ មានហេតុទាស់ ឥតមានទីឧបចារ ពួកភិក្ខុអ្នកធ្វើ ត្រូវអាបត្តិទុក្កដបី។បេ។ មានហេតុទាស់ មានទី​ឧបចារ ពួកភិក្ខុអ្នកធ្វើ ត្រូវអាបត្តិទុក្កដពីរ។បេ។ ឥតមានហេតុទាស់ ឥតមានទី​ឧបចារ ពួកភិក្ខុអ្នកធ្វើ​ ត្រូវ​អាបត្តិ​ទុក្កដពីរ។បេ។ ឥតមានហេតុទាស់ មានទី​ឧបចារ ពួកភិក្ខុអ្នកធ្វើ ត្រូវអាបត្តិ​ទុក្កដ។ ភិក្ខុ​បង្គាប់ (ពួកភិក្ខុផងគ្នា) ថា អ្នកទាំងឡាយចូរធ្វើកុដិឲ្យ​ខ្ញុំ រួចចៀសចេញទៅ​ ប៉ុន្តែ​​បាន​ពន្យល់​ថា កុដិ​នោះ​គួរ​ជាកុដិមានពួកភិក្ខុសំដែង​ទីឲ្យ​ផង ឥតមានហេតុទាស់ផង មានទី​ឧបចារផង។ ពួក​ភិក្ខុ​ក៏ធ្វើ​កុដិឲ្យ​ភិក្ខុនោះ​ ជាកុដិមានពួកភិក្ខុសំដែង​ទីឲ្យ​ តែ​មានហេតុទាស់ ឥតមានទីឧបចារ ភិក្ខុអ្នកធ្វើ ត្រូវអាបត្តិទុក្កដពីរ។បេ។ មានហេតុទាស់ មានទី​ឧបចារ ពួកភិក្ខុអ្នកធ្វើ ត្រូវអាបត្តិទុក្កដ។បេ។ ឥតមានហេតុទាស់ ឥតមានទី​ឧបចារ ពួកភិក្ខុអ្នកធ្វើ​ ត្រូវ​អាបត្តិ​ទុក្កដ។បេ។ ឥតមានហេតុទាស់ មានទី​ឧបចារ ជាអនាបត្តិ។ ភិក្ខុបង្គាប់ (ពួកភិក្ខុផងគ្នា) ថា អ្នកទាំងឡាយចូរធ្វើកុដិឲ្យ​ខ្ញុំ រួចចៀសចេញទៅ​ ប៉ុន្តែ​​បាន​ពន្យល់​ថា កុដិ​នោះ​គួរ​ជាកុដិប្រកប​​ដោយ​​ប្រមាណផង ឥតមានហេតុទាស់ផង មានទី​ឧបចារផង។ ពួកភិក្ខុក៏ធ្វើ​កុដិឲ្យ​ភិក្ខុនោះ​ ជាកុដិហួសប្រមាណ មានហេតុទាស់ ឥតមានទីឧបចារ ពួកភិក្ខុអ្នកធ្វើ ត្រូវអាបត្តិទុក្កដបី។បេ។ មានហេតុទាស់ មានទី​ឧបចារ ពួកភិក្ខុអ្នកធ្វើ ត្រូវអាបត្តិទុក្កដពីរ។បេ។ ឥតមានហេតុទាស់ ឥតមានទី​ឧបចារ ពួកភិក្ខុអ្នកធ្វើ​ ត្រូវ​អាបត្តិ​ទុក្កដពីរ។បេ។ ឥតមានហេតុទាស់ មានទី​ឧបចារ ពួកភិក្ខុអ្នកធ្វើ ត្រូវអាបត្តិ​ទុក្កដ។ ភិក្ខុបង្គាប់ (ពួកភិក្ខុផងគ្នា) ថា អ្នកទាំងឡាយចូរធ្វើកុដិឲ្យ​ខ្ញុំ រួចចៀសចេញទៅ​ ប៉ុន្តែ​​បាន​ពន្យល់​ថា កុដិ​នោះ​គួរ​ជាកុដិប្រកប​ដោយ​ប្រមាណផង ឥតមានហេតុទាស់ផង មានទី​ឧបចារផង។ ពួកភិក្ខុក៏ធ្វើ​កុដិឲ្យ​ភិក្ខុនោះ​ ប្រកប​ដោយ​​ប្រមាណ តែ​មានហេតុទាស់ ឥតមានទីឧបចារ ពួកភិក្ខុអ្នកធ្វើ ត្រូវអាបត្តិទុក្កដពីរ។បេ។ មានហេតុទាស់ តែ​មានទី​ឧបចារ ពួកភិក្ខុអ្នកធ្វើ ត្រូវអាបត្តិទុក្កដ។បេ។ ឥតមានហេតុទាស់ តែ​ឥតមានទី​ឧបចារ ពួកភិក្ខុអ្នកធ្វើ​ ត្រូវ​អាបត្តិ​ទុក្កដ។បេ។ ឥតមានហេតុទាស់ មានទី​ឧបចារ ជាអនាបត្តិ។ ភិក្ខុបង្គាប់ (ពួកភិក្ខុផងគ្នា) ថា អ្នកទាំងឡាយចូរធ្វើកុដិឲ្យ​ខ្ញុំ រួចចៀសចេញទៅ​ ប៉ុន្តែ​​បាន​ពន្យល់​ថា កុដិ​នោះ​គួរ​ជាកុដិមានពួកភិក្ខុសំដែង​ទីឲ្យ​ផង ប្រកប​ដោយ​ប្រមាណផង ឥតមានហេតុទាស់ផង មានទី​ឧបចារផង។ ពួកភិក្ខុក៏ធ្វើ​កុដិឲ្យ​ភិក្ខុនោះ​ ឥតមានពួកភិក្ខុសំដែង​ទីឲ្យ​ ហួសប្រមាណ មានហេតុទាស់ ឥតមានទីឧបចារ ពួកភិក្ខុអ្នកធ្វើ ត្រូវអាបត្តិទុក្កដ៤។បេ។ មានហេតុទាស់ តែ​មានទី​ឧបចារ ពួកភិក្ខុអ្នកធ្វើ ត្រូវអាបត្តិទុក្កដបី។បេ។ ឥតមានហេតុទាស់ ឥតមានទី​ឧបចារ ពួកភិក្ខុអ្នកធ្វើ​ ត្រូវ​អាបត្តិ​ទុក្កដបី។បេ។ ឥតមានហេតុទាស់ មានទី​ឧបចារ ពួកភិក្ខុអ្នកធ្វើ ត្រូវអាបត្តិ​ទុក្កដពីរ។ ភិក្ខុបង្គាប់ (ពួកភិក្ខុផងគ្នា) ថា អ្នកទាំងឡាយចូរធ្វើកុដិឲ្យ​ខ្ញុំ រួចចៀស​ចេញទៅ​ ប៉ុន្តែ​​បាន​ពន្យល់​ថា កុដិ​នោះ​គួរ​ជាកុដិមានពួកភិក្ខុសំដែង​ទីឲ្យ​ផង  ប្រកប​​ដោយ​ប្រមាណ​ផង ឥតមានហេតុទាស់ផង មានទី​ឧបចារផង។ ពួកភិក្ខុក៏ធ្វើ​កុដិឲ្យ​ភិក្ខុនោះ​ មានពួកភិក្ខុសំដែង​ទីឲ្យ​ ប្រកប​ដោយ​ប្រមាណ តែ​មានហេតុទាស់ ឥតមានទីឧបចារ ពួកភិក្ខុអ្នកធ្វើ ត្រូវអាបត្តិទុក្កដពីរ។បេ។ មានហេតុទាស់ តែ​មានទី​ឧបចារ ពួកភិក្ខុអ្នកធ្វើ ត្រូវអាបត្តិទុក្កដ។បេ។ ឥតមានហេតុទាស់ តែ​ឥតមានទី​ឧបចារ ពួកភិក្ខុអ្នកធ្វើ​ ត្រូវ​អាបត្តិ​ទុក្កដ។បេ។ ឥតមានហេតុទាស់ មានទី​ឧបចារ ជាអនាបត្តិ។

[២១៨] ភិក្ខុបង្គាប់ (ពួកភិក្ខុផងគ្នា) ថា អ្នកទាំងឡាយចូរធ្វើកុដិឲ្យ​ខ្ញុំ រួចចៀសចេញទៅ​។ ពួកភិក្ខុក៏ធ្វើ​កុដិឲ្យ​ភិក្ខុនោះ​ ឥតមានពួកភិក្ខុសំដែង​ទីឲ្យ​ មានហេតុទាស់ ឥតមានទីឧបចារ។ កាលបើ​​ការដែល​ធ្វើកុដិមិន​ទាន់ស្រេច ក៏ស្រាប់តែ​ភិក្ខុនោះ​មក​ដល់​។ ភិក្ខុនោះ​ត្រូវឲ្យ​កុដិ​នោះ​​​ដល់​​ភិក្ខុដទៃ ឬត្រូវទំលាយ​បង់ ​ហើយ​ឲ្យ​ធ្វើជាថ្មីទៀត។ បើ​ភិក្ខុនោះ​មិន​​បាន​ឲ្យ​កុដិនោះ​​​ដល់​​ភិក្ខុ​ដទៃ​ទេ ឬមិន​​បាន​ទំលាយបង់​ ​ហើយ​ឲ្យ​ធ្វើជាថ្មីទៀតទេ ត្រូវអាបត្តិទុក្កដពីរ និង​អាបត្តិសង្ឃាទិសេស។ ភិក្ខុបង្គាប់ (ពួកភិក្ខុផងគ្នា) ថា អ្នកទាំងឡាយចូរធ្វើកុដិឲ្យ​ខ្ញុំ រួចចៀសចេញទៅ​។ ពួកភិក្ខុក៏ធ្វើ​កុដិឲ្យ​ភិក្ខុនោះ​ ឥតមានពួកភិក្ខុសំដែង​ទីឲ្យ​ មានហេតុទាស់ តែ​មានទីឧបចារ។ កាលបើ​​ការដែល​ធ្វើកុដិមិន​ទាន់ស្រេច ក៏ស្រាប់តែ​ភិក្ខុនោះ​មក​ដល់​។ ភិក្ខុនោះ​ត្រូវឲ្យ​កុដិ​នោះ​​​ដល់​​ភិក្ខុដទៃ ឬត្រូវទំលាយ​បង់ ​ហើយ​ឲ្យ​ធ្វើជាថ្មី។ បើ​ភិក្ខុនោះ​មិន​​បាន​ឲ្យ​កុដិនោះ​​​ដល់​​ភិក្ខុ​ដទៃ​ទេ ឬមិន​​បាន​ទំលាយបង់​ ​ហើយ​ឲ្យ​ធ្វើជាថ្មីទៀតទេ ត្រូវអាបត្តិទុក្កដ និង​អាបត្តិសង្ឃាទិសេស។បេ។ ឥតមានហេតុទាស់ តែ​ឥតមានទីឧបចារ…​ត្រូវអាបត្តិទុក្កដ និង​អាបត្តិសង្ឃាទិសេស។បេ។ ឥតមាន​ហេតុទាស់ មានទីឧបចារ ត្រូវអាបត្តិ​សង្ឃាទិសេស។ ភិក្ខុបង្គាប់ (ពួកភិក្ខុផងគ្នា) ថា អ្នកទាំងឡាយចូរធ្វើកុដិឲ្យ​ខ្ញុំ រួចចៀសចេញទៅ​។ ពួកភិក្ខុក៏ធ្វើ​កុដិឲ្យ​ភិក្ខុនោះ​ មានពួកភិក្ខុសំដែង​ទីឲ្យ​ តែ​មានហេតុទាស់ ឥតមានទីឧបចារ។ កាលបើ​​ការដែល​ធ្វើកុដិមិន​ទាន់ស្រេច ក៏ស្រាប់តែ​ភិក្ខុនោះ​មក​ដល់​។ ភិក្ខុនោះ​ត្រូវឲ្យ​កុដិ​នោះ​​​ដល់​​ភិក្ខុដទៃ ឬគប្បីទំលាយ​បង់ ​ហើយ​ឲ្យ​ធ្វើជាថ្មីទៀត។ បើ​ភិក្ខុនោះ​មិន​​បាន​ឲ្យ​កុដិនោះ​​​ដល់​​ភិក្ខុ​ដទៃ​ទេ ឬមិន​​បាន​ទំលាយបង់​ ​ហើយ​ឲ្យ​ធ្វើជាថ្មីទៀតទេ ត្រូវអាបត្តិទុក្កដពីរ។បេ។ មានហេតុទាស់ តែ​មានទីឧបចារ…​ត្រូវអាបត្តិទុក្កដ។បេ។ ឥតមាន​ហេតុទាស់ តែ​ឥតមានទីឧបចារ… ត្រូវអាបត្តិ​ទុក្កដ។បេ។ ឥតមានហេតុទាស់ មានទីឧបចារ ជាអនាបត្តិ។ ភិក្ខុបង្គាប់ (ពួកភិក្ខុផងគ្នា) ថា អ្នកទាំងឡាយចូរធ្វើកុដិឲ្យ​ខ្ញុំ រួចចៀសចេញទៅ​។ ពួកភិក្ខុក៏ធ្វើ​កុដិឲ្យ​ភិក្ខុនោះ​ ហួសប្រមាណ មានហេតុទាស់ ឥតមានទីឧបចារ។ កាលបើ​​ការដែល​ធ្វើកុដិមិន​ទាន់ស្រេច ក៏ស្រាប់តែ​ភិក្ខុនោះ​មក​ដល់​។ ភិក្ខុនោះ​គប្បីឲ្យ​កុដិ​នោះ​​​ដល់​​ភិក្ខុដទៃ ឬត្រូវទំលាយ​បង់ ​ហើយ​ឲ្យ​ធ្វើជាថ្មីទៀត។ បើ​ភិក្ខុនោះ​មិន​​បាន​ឲ្យ​កុដិនោះ​​​ដល់​​ភិក្ខុ​ដទៃ​ទេ ឬមិន​​បាន​ទំលាយបង់​ ​ហើយ​ឲ្យ​ធ្វើជាថ្មីទៀតទេ ត្រូវអាបត្តិទុក្កដពីរ និង​អាបត្តិសង្ឃាទិសេស។បេ។ មានហេតុទាស់ តែ​មានទីឧបចារ…​ត្រូវអាបត្តិទុក្កដ និង​អាបត្តិសង្ឃាទិសេស។បេ។ ឥតមាន​ហេតុទាស់ តែ​ឥតមានទីឧបចារ… ត្រូវអាបត្តិទុក្កដ និង​អាបត្តិ​សង្ឃាទិសេស។បេ។ ឥតមានហេតុទាស់ មានទី​ឧបចារ…​ត្រូវអាបត្តិ​សង្ឃាទិសេស។ ភិក្ខុបង្គាប់ (ពួកភិក្ខុផងគ្នា) ថា អ្នកទាំងឡាយចូរធ្វើកុដិឲ្យ​ខ្ញុំ ​ហើយ​ចៀសចេញទៅ​។ ពួកភិក្ខុក៏ធ្វើ​កុដិឲ្យ​ភិក្ខុនោះ​ ប្រកប​ដោយ​ប្រមាណ មានហេតុទាស់ ឥតមានទីឧបចារ។ កាលបើ​​ការដែល​ធ្វើកុដិមិន​ទាន់ស្រេច ក៏ស្រាប់តែ​ភិក្ខុនោះ​មក​ដល់​។ ភិក្ខុនោះ​គប្បីឲ្យ​កុដិ​នោះ​​​ដល់​​ភិក្ខុដទៃ ឬគប្បីទំលាយ​បង់ ​ហើយ​ឲ្យ​ធ្វើជាថ្មីទៀត។ បើ​ភិក្ខុនោះ​​មិន​​បាន​ឲ្យ​កុដិនោះ​​​ដល់​​ភិក្ខុ​ដទៃ​ទេ ឬមិន​​បាន​ទំលាយបង់​ ​ហើយ​ឲ្យ​ធ្វើជាថ្មីទៀតទេ ត្រូវអាបត្តិទុក្កដពីរ។បេ។ មានហេតុទាស់ តែ​មានទីឧបចារ…​ត្រូវអាបត្តិទុក្កដ។បេ។ ឥតមាន​ហេតុទាស់ តែ​ឥតមានទីឧបចារ… ត្រូវអាបត្តិទុក្កដ។បេ។ ឥតមានហេតុទាស់ មានទី​ឧបចារ ជាអនាបត្តិ។ ភិក្ខុបង្គាប់ (ពួកភិក្ខុផងគ្នា) ថា អ្នកទាំងឡាយចូរធ្វើកុដិឲ្យ​ខ្ញុំ ​ហើយ​ចៀសចេញទៅ​។ ពួកភិក្ខុក៏ធ្វើ​កុដិឲ្យ​ភិក្ខុនោះ​ មិន​មានពួកភិក្ខុសំដែង​ទីឲ្យ​ ហួសប្រមាណ មានហេតុទាស់ ឥតមានទីឧបចារ។ កាលបើ​​ការដែល​ធ្វើកុដិមិន​ទាន់ស្រេច ក៏ស្រាប់តែ​ភិក្ខុនោះ​មក​ដល់​។ ភិក្ខុនោះ​គប្បីឲ្យ​កុដិ​នោះ​​​ដល់​​ភិក្ខុដទៃ ឬគប្បីរុះរើធ្វើជាថ្មីទៀត។ បើ​ភិក្ខុនោះ​មិន​​បាន​ឲ្យ​កុដិនោះ​​​ដល់​​ភិក្ខុ​ដទៃ​ទេ ឬមិន​​បាន​រុះរើធ្វើជាថ្មីទៀតទេ ត្រូវអាបត្តិទុក្កដពីរ និង​អាបត្តិសង្ឃាទិសេស​ពីរ។បេ។ មានហេតុទាស់ តែ​មានទីឧបចារ…​ត្រូវអាបត្តិទុក្កដ និង​អាបត្តិសង្ឃាទិសេសពីរ។បេ។ ឥតមាន​ហេតុទាស់ តែ​ឥតមានទីឧបចារ… ត្រូវអាបត្តិទុក្កដ និង​អាបត្តិ​សង្ឃាទិសេសពីរ។ ឥតមានហេតុទាស់ មានទី​ឧបចារ…​ត្រូវអាបត្តិ​សង្ឃាទិសេសពីរ។ ភិក្ខុបង្គាប់ (ពួកភិក្ខុផងគ្នា) ថា អ្នកទាំងឡាយចូរធ្វើកុដិឲ្យ​ខ្ញុំ រួចចៀសចេញទៅ​។ ពួកភិក្ខុក៏ធ្វើ​កុដិឲ្យ​ភិក្ខុនោះ​ មានពួកភិក្ខុ​សំដែង​ទីឲ្យ​ ប្រកប​ដោយ​ប្រមាណ តែ​មានហេតុទាស់ ឥតមានទីឧបចារ។ កាលបើ​​ការដែល​ធ្វើកុដិមិន​ទាន់ស្រេច ក៏ស្រាប់តែ​ភិក្ខុនោះ​មក​ដល់​។ ភិក្ខុនោះ​គប្បីឲ្យ​កុដិ​នោះ​​​ដល់​​ភិក្ខុដទៃ ឬគប្បីឲ្យ​រុះរើធ្វើជាថ្មីទៀត។ បើ​ភិក្ខុនោះ​មិន​​បាន​ឲ្យ​កុដិនោះ​​​ដល់​​ភិក្ខុ​ដទៃ​ទេ ឬមិន​ ឲ្យ​រុះរើ​ធ្វើជាថ្មីទៀតទេ ត្រូវអាបត្តិទុក្កដពីរ។បេ។ មានហេតុទាស់ តែ​មានទីឧបចារ…​ត្រូវអាបត្តិទុក្កដ។បេ។ ឥតមាន​ហេតុទាស់ ឥតមានទីឧបចារ… ត្រូវអាបត្តិទុក្កដ។ ឥតមានហេតុទាស់ មានទី​ឧបចារ ជាអនាបត្តិ។

[២១៩] ភិក្ខុធ្វើកុដិមិន​ទាន់ស្រេច​ដោយ​ខ្លួនឯង ​ហើយ​ធ្វើបង្ហើយ​ដោយ​ខ្លួនឯង ត្រូវ​អាបត្តិ​សង្ឃាទិសេស។ ភិក្ខុធ្វើកុដិមិន​ទាន់ស្រេច​ដោយ​ខ្លួនឯង ​ហើយ​ឲ្យ​ភិក្ខុដទៃធ្វើបង្ហើយ (ភិក្ខុអ្នកប្រើ) ត្រូវ​អាបត្តិ​សង្ឃាទិសេស។ ពួកភិក្ខុដទៃធ្វើកុដិ (ឲ្យ​ភិក្ខុរូបណា) មិន​ទាន់ស្រេច ​ហើយ​ភិក្ខុ​ (រូបនោះ​) ធ្វើបង្ហើយ​ដោយ​ខ្លួនឯង ត្រូវអាបត្តិសង្ឃាទិសេស។ ពួកភិក្ខុដទៃធ្វើកុដិ (ឲ្យ​ភិក្ខុរូបណា) មិន​ទាន់​ស្រេច ​ហើយ​ភិក្ខុ (រូបនោះ​) ឲ្យ​ពួកភិក្ខុដទៃ​ធ្វើបង្ហើយ ត្រូវអាបត្តិសង្ឃាទិសេស។

[២២០] ដំណើរដែល​មិន​ត្រូវអាបត្តិនោះ​ គឺភិក្ខុធ្វើលេណ [ទីសម្រាប់ជ្រក ល្មមនៅ​បាន​។] គុហា [ទីបិទបាំង ល្មមនៅ​បាន​។ ពាក្យថា លេណ និង​គុហា ទាំងពីរ​នេះ ជាវេវចន គឺពាក្យ​និយាយ​ផ្លាស់ប្តូរ​គ្នា​បាន​។] កុដិស្មៅ និង​កុដិ​សម្រាប់ភិក្ខុដទៃ (មានឧបជ្ឈាយ៍ជាដើម) និង​ទីសេនាសន​ទាំងពួង (មានរោងឧបោសថជាដើម) វៀរលែងតែ​ធ្វើកុដិ​សម្រាប់នៅរបស់ខ្លួន (ម្យ៉ាងទៀត) ដំណើរ​ដែល​​មិន​ត្រូវអាបត្តិ​នោះ​ គឺភិក្ខុឆ្កួត និង​ភិក្ខុដើមបញ្ញត្តិ។

សង្ឃាទិសេសទី៦ ចប់។

សង្ឃាទិសេសទី៧

[២២១] សម័យនោះ​ ព្រះសព្វញ្ញុពុទ្ធ​ជាម្ចាស់ដ៏​មានព្រះភាគ ​ទ្រង់គង់នៅក្នុង​​ឃោសិតារាម [​បាន​ជាហៅថា ឃោសិតារាម ព្រោះអារាម​នេះ ឃោសិតសេដ្ឋីសង់ថ្វាយព្រះបរមគ្រូ។] ទៀបក្រុងកោសម្ពី។ សម័យនោះ​ឯង មានគហបតីជាឧបដ្ឋាកឆន្នភិក្ខុដ៏​មានអាយុ ​បាន​និយាយពាក្យ​​នេះ​នឹងឆន្នភិក្ខុដ៏​មានអាយុថា បពិត្រលោកដ៏​ចំរើន សូមលោកម្ចាស់ជ្រាបទី​សម្រាប់សង់វិហារ  [គឺទីសេនាសនសម្រាប់នៅរបស់ខ្លួន ដែល​មានទាយកជាម្ចាស់របស់ ​គេធ្វើឲ្យ​។] ខ្ញុំព្រះករុណា​នឹងឲ្យ​មនុស្សធ្វើវិហារ​ប្រគេនលោកម្ចាស់។ ឆន្នភិក្ខុដ៏​មានអាយុ កាលដែល​​​ជម្រះទី​សម្រាប់សង់វិហារ ក៏ឲ្យ​មនុស្សកាប់ឈើមួយដើម ដែល​គេសន្មតជាចេតិយ ជាឈើដែល​អ្នកស្រុក អ្នកនិគម អ្នកក្រុង អ្នកជនបទ អ្នកដែន ធ្លាប់គោរពបូជា។ មនុស្សទាំងឡាយពោលទោស និន្ទា តិះដៀលថា ចុះហេតុអ្វី ​បាន​ជាសមណទាំងឡាយ ជាកូនចៅព្រះពុទ្ធ ជាសក្យបុត្រ ឲ្យ​មនុស្ស​កាប់​ឈើ ដែល​គេសន្មតជាចេតិយ ជាឈើដែល​អ្នកស្រុក អ្នកនិគម អ្នកក្រុង អ្នកជនបទ អ្នកដែន ធ្លាប់គោរពបូជា សមណទាំងឡាយ ជាកូនចៅព្រះពុទ្ធ ជាសក្យបុត្រ បៀតបៀន​ដើមឈើ​រស់​ដែល​​មានឥន្ទ្រីយតែ​មួយ។ ពួកភិក្ខុ​បាន​ឮពាក្យមនុស្សទាំងឡាយនោះ​ ពោលទោស និន្ទា តិះដៀល (ដូច្នោះ) ពួកភិក្ខុណាដែល​មានសេចក្តីប្រាថ្នាតិច។បេ។ ពួកភិក្ខុទាំងនោះ​ ក៏ពោលទោស និន្ទា តិះដៀលថា ចុះហេតុអ្វី ​បាន​ជាឆន្នភិក្ខុដ៏​មានអាយុ ឲ្យ​មនុស្សកាប់ឈើ​ដែល​គេសន្មតថា ជា​ចេតិយ ជាឈើដែល​អ្នកស្រុកគេបូជា។បេ។ អ្នកដែនធ្លាប់គោរពបូជា។ គ្រានោះ​ ភិក្ខុ​ទាំងឡាយ​នោះ​ ក្រាបទូលសេចក្តីនុ៎ះ ​ដល់​ព្រះដ៏​មានព្រះភាគ។បេ។ ព្រះអង្គត្រាស់សួរថា ម្នាល​​ឆន្ន​ ឮថាអ្នកឯង​ឲ្យ​មនុស្សកាប់ឈើ ដែល​គេសន្មតថា ជា​ចេតិយ ដែល​អ្នកស្រុកគេបូជា។បេ។ អ្នកដែនធ្លាប់គោរពបូជា មែនឬ។ ឆន្នភិក្ខុក្រាបទូលថា បពិត្រព្រះដ៏​មានព្រះភាគ ការនោះ​​ពិតមែន។ ព្រះសម្ពុទ្ធជាម្ចាស់ដ៏​មានជោគ ​ទ្រង់តិះដៀលថា។បេ។ នែបុរសទទេ ចុះហេតុអ្វី ​បាន​ជា​អ្នកឯង​ឲ្យ​មនុស្សកាប់ដើមឈើ ដែល​គេសន្មតថា ជា​ចេតិយ ជាឈើដែល​អ្នកស្រុក អ្នកនិគម អ្នកក្រុង អ្នកជនបទ អ្នកដែនតែ​ងគោរពបូជា (ដូច្នោះ) ម្នាល​មោឃបុរស ព្រោះ​មនុស្សទាំងឡាយ មាន​សេចក្តីសំគាល់ថា ឈើជាសភាវមានជីវិត នែបុរសសោះសូន្យ ហេតុ​នេះ​មិន​នាំឲ្យ​​ជ្រះថ្លា ​ដល់​ជនដែល​មិន​ទាន់ជ្រះថ្លា​ទេ។បេ។ ម្នាល​ភិក្ខុទាំងឡាយ អ្នកទាំងឡាយ​គប្បីសំដែង​ឡើង​នូវ​សិក្ខាបទ​​នេះ យ៉ាង​នេះថា ភិក្ខុកាលឲ្យ​គេធ្វើវិហារ [ពាក្យដែល​ហៅថាវិហារនោះ​ តាមភាសាបាឡី សំដៅ​យក​ទីនៅទាំងអស់របស់សង្ឃ គឺកុដិ​ដែល​ធំៗសម្រាប់សង្ឃនៅ ឬទីវត្តទាំងមូល​នោះ​ឯង ហៅថា​វិហារ។] មានម្ចាស់​ចំពោះ​ជាទីនៅ​របស់ខ្លួន ត្រូវនាំភិក្ខុ​ទាំងឡាយមកសំដែង​ទីឲ្យ​ ភិក្ខុទាំងឡាយ​នោះ​​ត្រូវសំដែង​ទីដែល​​មិន​មានសេចក្តីរង្កៀស មានឧបចារ ថាបើ​ទីដីប្រកប​ដោយ​សេចក្តី​រង្កៀស មិន​មានឧបចារ​ហើយ​ ភិក្ខុគប្បីឲ្យ​ធ្វើវិហារធំ ឬមិន​នាំភិក្ខុទាំងឡាយទៅ​ដើម្បី​សំដែង​ទីឲ្យ​ ត្រូវ​អាបត្តិ​សង្ឃាទិសេស។

[២២២] វិហារដែល​មានម្ចាស់ តថាគតត្រាស់ហៅថា វិហារធំ។ (ទីនៅរបស់សង្ឃ) គឺទីដែល​​លាបខាងក្នុង​ក្តី លាបខាងក្រៅក្តី លាបទាំងខាងក្នុង​ ទាំងខាងក្រៅក្តី ហៅថា វិហារ។ ត្រង់ពាក្យថា កាលឲ្យ​គេធ្វើ សេចក្តីថា ធ្វើឯងក្តី ប្រើអ្នកដទៃឲ្យ​ធ្វើក្តី។ ត្រង់ពាក្យថា មានម្ចាស់ គឺអ្នកណាមួយ​ដទៃ ទោះស្រីក្តី ប្រុសក្តី គ្រហស្ថក្តី អ្នកបួសក្តី ជាម្ចាស់។ ត្រង់ពាក្យថា ចំពោះជាទីនៅ​របស់ខ្លួន គឺ​ដើម្បីជាប្រយោជន៍​​ដល់​ខ្លួន។

[២២៣] ត្រង់ពាក្យថា ត្រូវនាំភិក្ខុទាំងឡាយមកសំដែង​ទីឲ្យ​ គឺត្រូវភិក្ខុអ្នកធ្វើវិហារនោះ​ ជម្រះទីសម្រាប់ធ្វើវិហារ រួច​ហើយ​ចូលទៅ​រកសង្ឃ ​ហើយ​ធ្វើសម្ពត់ឧត្តរាសង្គ [សម្ពត់​សម្រាប់ពាក់​ព័ទ្ធឆៀងលើស្មាខាងឆ្វេងក្រោមស្មាស្តាំ (ចីពរ)។] ឆៀងស្មាម្ខាង ​ហើយ​ថ្វាយបង្គំ​ជើង​របស់​ភិក្ខុ​ចាស់​ទាំងឡាយ ​ហើយ​អង្គុយច្រហោង ផ្គងអញ្ជលី ​ហើយ​ពោលយ៉ាង​នេះថា បពិត្រ​លោកទាំង​ឡាយដ៏​ចំរើន ខ្ញុំព្រះករុណាមានសេចក្តី​ប្រាថ្នា​ដើម្បីធ្វើ​វិហារធំ មានទាយកជាម្ចាស់ ចំពោះ​ជាទី​នៅ​របស់ខ្លួន បពិត្រលោកទាំងឡាយដ៏​ចំរើន ខ្ញុំព្រះករុណានោះ​ សូម​សង្ឃត្រួតត្រាមើលទី​សម្រាប់​ធ្វើវិហារឲ្យ​។ ភិក្ខុអ្នកធ្វើវិហារ ត្រូវសូមជាគំរប់ពីរដងផង សូមជាគំរប់បីដងផង។ បើ​សង្ឃ​ទាំងអស់​អាចត្រួតត្រា​មើលទី​សម្រាប់សង់វិហារ​បាន​ ត្រូវសង្ឃទាំងអស់ត្រួតមើល។ បើ​សង្ឃ​ទាំងអស់មិន​​អាចត្រួត​មើលទីសម្រាប់សង់វិហារ​បាន​ទេ ​ហើយ​ក្នុង​ទីនោះ​ មានភិក្ខុទាំងឡាយណា ឈ្លាស​ប្រតិពល ដឹងទីដែល​មានសេចក្តីរង្កៀស [សព្ទ​នេះប្រែមកពីបាឡីថា សារម្ភ ៗ​នេះ ប្រែថា​ ប្រកប​ដោយ​សេចក្តីអន្តរាយ ថាមានហេតុទាស់ ថាប្រកប​ដោយ​​សេចក្តីរង្កៀស ឬមាន​សេចក្តី​រង្កៀស។] ទីដែល​មិន​មានសេចក្តីរង្កៀស ទីមានឧបចារ ទីមិន​មានឧបចារ ភិក្ខុសង្ឃត្រូវសូមភិក្ខុ​ទាំងឡាយ​នោះ​ ​ហើយ​សន្មត។ ម្នាល​ភិក្ខុទាំងឡាយ ភិក្ខុទាំងនោះ​ សង្ឃត្រូវសន្មតយ៉ាង​នេះ។ ភិក្ខុអ្នក​ឈ្លាស​ប្រតិពល ត្រូវឲ្យ​សង្ឃដឹង​ដោយ​ពាក្យថា បពិត្រ​ព្រះសង្ឃដ៏​ចំរើន សូមព្រះសង្ឃ​ស្តាប់​ពាក្យខ្ញុំ ភិក្ខុឈ្មោះ​​នេះ​នេះ ចង់ធ្វើវិហារធំ មាន​ទាយក​ជាម្ចាស់ ចំពោះជាទីនៅរបស់ខ្លួន ភិក្ខុនោះ​សូមសង្ឃត្រួតមើល​ទីសម្រាប់​សង់​វិហារ​ឲ្យ​។ បើ​ការត្រួតមើលទីសម្រាប់សង់វិហារ​មានកាល​ដ៏​គួរ​ដល់​សង្ឃ​ហើយ​ សង្ឃគប្បី​សន្មត​នូវ​ភិក្ខុ​ទាំងឡាយឈ្មោះ​​នេះផង ឈ្មោះ​​​នេះ​ផង ដើម្បីត្រួត​មើល​នូវ​ទីសម្រាប់​សង់​វិហាររបស់ភិក្ខុ​ឈ្មោះ​​នេះ។ ពាក្យ​នេះជាពាក្យសម្រាប់​ញុំាង​សង្ឃ​ឲ្យ​ដឹង។ បពិត្រ​ព្រះសង្ឃ​ដ៏​ចំរើន សូមព្រះសង្ឃ​ស្តាប់​ពាក្យខ្ញុំ ភិក្ខុឈ្មោះ​​នេះ​នេះ ចង់ធ្វើវិហារធំ មានទាយកជាម្ចាស់ ចំពោះ​ជាទីនៅរបស់ខ្លួន ភិក្ខុនោះ​សូមការត្រួតមើលទី​សម្រាប់ធ្វើវិហារនឹងសង្ឃ។ ព្រះសង្ឃ​សន្មត​នូវ​ភិក្ខុ​ទាំងឡាយ​ឈ្មោះ​​នេះផង ឈ្មោះ​​​នេះ​ផង ដើម្បីត្រួត​មើលទី​សម្រាប់​សង់វិហាររបស់ភិក្ខុ​ឈ្មោះ​​នេះ។ ការ​សន្មតិ​នូវ​ភិក្ខុ​ទាំងឡាយ​ឈ្មោះ​​នេះផង ឈ្មោះ​​​នេះ​ផង ដើម្បីត្រួត​មើលទី​សម្រាប់សង់​វិហាររបស់ភិក្ខុ​ឈ្មោះ​​នេះ គួរ​ដល់​លោកដ៏​មានអាយុ​អង្គ​ណា លោកដ៏​មានអាយុអង្គនោះ​​គប្បី​ស្ងៀម (បើ​) មិន​គួរ​ដល់​​លោកដ៏​មានអាយុ​អង្គណា លោកដ៏​មានអាយុអង្គនោះ​គប្បី​ពោលឡើង ភិក្ខុទាំងឡាយឈ្មោះ​​នេះផង ឈ្មោះ​​នេះផង សង្ឃ​បាន​សន្មត​ហើយ​ ដើម្បីត្រួតមើល​ទីសម្រាប់​សង់វិហារ​របស់ភិក្ខុឈ្មោះ​​នេះ។ (ការ​សន្មតិ ដើម្បីត្រួត​មើលទីសម្រាប់សង់វិហាររបស់ភិក្ខុ​ឈ្មោះ​​នេះ) គួរ​ដល់​សង្ឃ ព្រោះហេតុ​នោះ​​​បាន​ជាសង្ឃស្ងៀម។ ខ្ញុំព្រះករុណា ចាំទុក​នូវ​​ដំណើរ​​នេះ ​ដោយ​កិរិយាស្ងៀម​យ៉ាង​នេះ។

[២២៤] ភិក្ខុទាំងឡាយដែល​សង្ឃ​បាន​សន្មត​ហើយ​នោះ​ ត្រូវទៅ​ក្នុង​ទីនោះ​ ​ហើយ​ត្រួត​មើល​ទីដីសម្រាប់សង់វិហារ។ ភិក្ខុទាំងនោះ​ត្រូវដឹងទីដែល​មានសេចក្តីរង្កៀស និង​ទីដែល​មិន​មាន​សេចក្តីរង្កៀស ទីមានឧបចារ ទីមិន​មានឧបចារ។ បើ​ទីមានសេចក្តីរង្កៀស មិន​មានឧបចារ គប្បី​ប្រាប់​ថា លោកកុំធ្វើក្នុង​ទី​នេះ។ បើ​ទីមិន​មានសេចក្តីរង្កៀស មានឧបចារ គប្បី​ប្រាប់​​ដល់​សង្ឃថា  ទីមិន​មានសេចក្តីរង្កៀស មានឧបចារ។ ភិក្ខុអ្នកធ្វើវិហារនោះ​ គប្បី​ចូល​ទៅ​រកសង្ឃ ​ហើយ​ធ្វើ​​នូវ​​ចីពរ​ឆៀងស្មាម្ខាង ​ហើយ​ថ្វាយបង្គំជើង​នៃភិក្ខុចាស់​ទាំង​ឡាយ រួចអង្គុយច្រហោង ផ្គង​អញ្ជលី ពោល​យ៉ាង​នេះថា បពិត្រលោកទាំងឡាយដ៏​ចំរើន ខ្ញុំព្រះករុណាមានសេចក្តីប្រាថ្នាធ្វើវិហារធំ មានទាយកជាម្ចាស់ ចំពោះជាទីនៅរបស់ខ្លួន បពិត្រលោកទាំងឡាយដ៏​ចំរើន ខ្ញុំព្រះករុណានោះ​ សូមសង្ឃសំដែង​​ទីសម្រាប់សង់​វិហារ​ឲ្យ​។ ភិក្ខុអ្នកធ្វើវិហារ ត្រូវសូមជាគំរប់ពីរដងផង សូមជាគំរប់បីដងផង។ ភិក្ខុអ្នក​ឈ្លាសប្រតិពល ត្រូវឲ្យ​សង្ឃដឹង​ដោយ​ពាក្យថា បពិត្រ​ព្រះសង្ឃ​ដ៏​ចំរើន សូមព្រះសង្ឃ​ស្តាប់​ពាក្យខ្ញុំ ភិក្ខុឈ្មោះ​​នេះ​នេះ ចង់ធ្វើវិហារធំ មានទាយកជាម្ចាស់ ចំពោះជាទី​នៅ​របស់ខ្លួន ភិក្ខុនោះ​សូមឲ្យ​សង្ឃសំដែង​ទីសម្រាប់សង់វិហារឲ្យ​។ បើ​ការសំដែង​ទីសម្រាប់​សង់​វិហារ​មានកាល​ដ៏​គួរ​ដល់​សង្ឃ​ហើយ​ សង្ឃគប្បីសំដែង​ទី​សម្រាប់ធ្វើវិហាររបស់​ភិក្ខុ​ឈ្មោះ​​​នេះ។ ពាក្យ​នេះជាពាក្យសម្រាប់​ញុំាង​សង្ឃ​ឲ្យ​ដឹង។ បពិត្រ​ព្រះសង្ឃដ៏​ចំរើន សូមព្រះសង្ឃ​ស្តាប់​ពាក្យខ្ញុំ ភិក្ខុឈ្មោះ​​នេះ​នេះ ចង់ធ្វើវិហារធំ មានទាយកជាម្ចាស់ ចំពោះជាទីនៅរបស់ខ្លួន ភិក្ខុនោះ​សូមសង្ឃសំដែង​​ទីសម្រាប់ធ្វើវិហារឲ្យ​។ ព្រះសង្ឃ​សំដែង​ទីសម្រាប់ធ្វើវិហារ​ដល់​ភិក្ខុ​ឈ្មោះ​​នេះ។ ការដែល​សង្ឃសំដែង​ទី​សម្រាប់ធ្វើ​វិហារ​របស់ភិក្ខុ​ឈ្មោះ​​នេះ គួរ​ដល់​លោកដ៏​មានអាយុ​អង្គណា លោកដ៏​មានអាយុអង្គនោះ​​គប្បី​ស្ងៀម (បើ​) មិន​គួរ​ដល់​​លោកដ៏​មានអាយុ​អង្គណា លោកដ៏​មានអាយុអង្គនោះ​គប្បី​ពោលឡើង។ ​ទីសម្រាប់​សង់វិហារ​របស់ភិក្ខុឈ្មោះ​​នេះ សង្ឃ​បាន​សំដែង​​ហើយ​។ ការ​សំដែង​ទីសម្រាប់​សង់វិហារ​​នេះ គួរ​ដល់​សង្ឃ ព្រោះហេតុនោះ​ ​បាន​ជាសង្ឃស្ងៀម។ ខ្ញុំព្រះករុណា ចាំទុក​នូវ​​ដំណើរ​​នេះ ​ដោយ​កិរិយាស្ងៀម​យ៉ាង​នេះ។

[២២៥] ទីដែល​ហៅថា ប្រកប​ដោយ​សេចក្តីរង្កៀស (នោះ​)  គឺទីជាលំនៅនៃពួក​ស្រមោច​ក្រហមក្តី ជាលំនៅនៃពួក​កណ្តៀរក្តី ជាលំនៅនៃពួកកណ្តុរក្តី ជាលំនៅនៃពួកពស់ក្តី ជាលំនៅនៃពួកខ្ទួយក្តី ជាលំនៅនៃពួក​ក្អែបក្តី ជាលំនៅ​នៃពួកដំរីក្តី ជាលំ​នៅនៃពួក​សេះក្តី ជា​លំនៅ​នៃពួក​​ខ្លាធំក្តី ជាលំនៅ​នៃពួកខ្លាដំបងក្តី ជាលំ​នៅនៃ​ពួក​ខ្លាឃ្មុំក្តី ជាលំនៅ​នៃពួកខ្លារខិន [តរច្ឆ ជួនប្រែថា ឆ្កែព្រៃ។] ក្តី ជាលំនៅរបស់ពួកសត្វតិរច្ឆានឯណានីមួយក្តី ទីសម្រាប់ដាំ​បុព្វណ្ណ​ [វត្ថុដែល​ត្រូវបរិភោគមុន ​បាន​​ដល់​ស្រូវ ៧យ៉ាង មាន​ស្រូវសាលី​ជាដើម ហៅថា បុព្វណ្ណជាតិ។] ជាតិក្តី ទីសម្រាប់ដាំ​អបរណ្ណ [វត្ថុដែល​ត្រូវបរិភោគក្រោយ ​បាន​​ដល់​ សណ្តែក ល្ង ជាដើម ហៅថា អបរណ្ណជាតិ។] ជាតិក្តី កន្លែង​សម្រាប់​សម្លាប់​ចោរក្តី កន្លែងសម្រាប់ផ្ចាលទោស [គឺទី​ដែល​​​គេចងវាយរ៉ាវ។] ក្តី កន្លែងព្រៃស្មសានក្តី កន្លែងឱទ្យានក្តី កន្លែងស្រែស្តេចក្តី កន្លែងរោងដំរីក្តី កន្លែងរោងសេះក្តី កន្លែង​សម្រាប់​ឃុំឃំាងមនុស្សទោសក្តី កន្លែង​រោង​សុរាក្តី កន្លែង​ផ្ទះ​លក់​សាច់ក្តី កន្លែងជាច្រកល្ហកក្តី កន្លែងវាលសម្រាប់លេងក្តី កន្លែងរោង​ប្រជុំ​និយាយក្តី កន្លែង​ផ្លូវជាទីដើរ​ទៅ​មក​ក្តី ទីទាំង​ប៉ុន្មាន​នេះ​ ហៅថាទីប្រកប​ដោយ​សេចក្តីរង្កៀស។

[២២៦] ទីដែល​ហៅថា មិន​មានឧបចារ (នោះ​) គឺទីដែល​រទេះគេទឹមស្រេច​ហើយ​ បត់​មិន​​បាន​ ឬបង្វិល​បង្អោង​ជុំវិញមិន​​បាន​ ទីទាំង​នេះ ហៅថា ទីមិន​មានឧបចារ។

[២២៧] ទីដែល​ហៅថា មិន​មានសេចក្តីរង្កៀស (នោះ​)  គឺទីដែល​មិន​មែនជាលំនៅនៃពួក​ស្រមោច​ក្រហមក្តី។បេ។ ទីមិន​មែនជា​ផ្លូវដែល​គេដើរ​ទៅ​មក​ក្តី ទីទាំង​នេះ​ ហៅថាទីមិន​មានសេចក្តីរង្កៀស។

[២២៨] ទីដែល​ហៅថា មានឧបចារ (នោះ​) គឺទីដែល​រទេះគេទឹមស្រេច​ហើយ​ បត់​​បាន​ ឬបង្វិលបង្អោងជុំវិញ​បាន​ ទីទាំង​នេះហៅថា ទីមានឧបចារ។

[២២៩] វិហារដែល​មានទាយកជាម្ចាស់ តថាគតហៅថាវិហារធំ។ ទីដែល​គេលាប​ខាងក្នុង​ក្តី លាបខាងក្រៅក្តី លាបទាំងខាងក្នុង​ទាំងខាងក្រៅក្តី ហៅថាវិហារ។ ត្រង់ពាក្យថា គប្បីឲ្យ​គេធ្វើ គឺធ្វើខ្លួនឯងក្តី ឲ្យ​គេធ្វើក្តី។ ត្រង់ពាក្យថា ឬមិន​នាំភិក្ខុទាំងឡាយ​ទៅ​ដើម្បី​សំដែង​​ទី​ឲ្យ​ សេចក្តីថា ភិក្ខុអ្នកធ្វើវិហារ មិន​ឲ្យ​ភិក្ខុទាំងឡាយសំដែង​ទីសម្រាប់​សង់​វិហារ​​ដោយ​​កម្ម​មាន​ញត្តិ​ជាគំរប់ពីរ ​ហើយ​ធ្វើខ្លួនឯងក្តី ឲ្យ​គេធ្វើក្តី ត្រូវអាបត្តិទុក្កដគ្រប់ប្រយោគ នៅបាយអ១ដុំទៀតនឹង​សម្រេច ត្រូវអាបត្តិថុល្លច្ច័យ លុះ​យកដុំនោះ​បូកសម្រេច ត្រូវ​អាបត្តិ​សង្ឃាទិសេស។ ត្រង់ពាក្យថា សង្ឃាទិសេស មានសេចក្តីអធិប្បាយក្នុង​សង្ឃាទិសេសសិក្ខាបទទី១រួច​ហើយ​។

[២៣០] ភិក្ខុធ្វើវិហារដែល​សង្ឃមិន​​បាន​សំដែង​ទីឲ្យ​ ប្រកប​ដោយ​សេចក្តីរង្កៀស មិន​មាន​ឧបចារ ត្រូវអាបត្តិទុក្កដពីរ និង​សង្ឃាទិសេស។ ភិក្ខុធ្វើវិហារដែល​សង្ឃមិន​​បាន​សំដែង​ទីឲ្យ​ ប្រកប​ដោយ​សេចក្តីរង្កៀស តែ​ជាទីមាន​ឧបចារ ត្រូវអាបត្តិទុក្កដ និង​សង្ឃាទិសេស។ ភិក្ខុធ្វើវិហារដែល​សង្ឃមិន​​បាន​សំដែង​ទីឲ្យ​ ជាទីមិន​មានសេចក្តីរង្កៀស តែ​មិន​មាន​ឧបចារ ត្រូវអាបត្តិទុក្កដ និង​សង្ឃាទិសេស។ ភិក្ខុធ្វើវិហារដែល​សង្ឃមិន​​បាន​សំដែង​ទីឲ្យ​ ជាទីមិន​មានសេចក្តីរង្កៀស មាន​ឧបចារ ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុធ្វើវិហារដែល​សង្ឃ​បាន​សំដែង​ទីឲ្យ​ ជាទីប្រកប​ដោយ​សេចក្តីរង្កៀស មិន​មាន​ឧបចារ ត្រូវអាបត្តិ​ទុក្កដពីរ។ ភិក្ខុធ្វើវិហារដែល​សង្ឃ​បាន​សំដែង​ទីឲ្យ​ ជាទីប្រកប​ដោយ​សេចក្តីរង្កៀស តែ​មាន​ឧបចារ ត្រូវអាបត្តិទុក្កដ។ ភិក្ខុធ្វើវិហារដែល​សង្ឃ​បាន​សំដែង​ទីឲ្យ​ ជាទីមិន​មានសេចក្តី​រង្កៀស តែ​មិន​មាន​ឧបចារ ត្រូវអាបត្តិទុក្កដ។ ភិក្ខុធ្វើវិហារដែល​សង្ឃ​បាន​សំដែង​ទីឲ្យ​ ជាទីមិន​មានសេចក្តីរង្កៀស មាន​ឧបចារ មិន​ត្រូវអាបត្តិឡើយ។

[២៣១] ភិក្ខុបង្គាប់ភិក្ខុផងគ្នាថា អ្នកទាំងឡាយចូរធ្វើវិហារឲ្យ​ខ្ញុំ។ ភិក្ខុទាំងឡាយក៏ធ្វើ​វិហារ​ឲ្យ​​ភិក្ខុនោះ​ ដែល​សង្ឃមិន​​បាន​សំដែង​ទីឲ្យ​ ប្រកប​ដោយ​សេចក្តីរង្កៀស មិន​មានឧបចារ (ភិក្ខុអ្នកប្រើ​នោះ​) ត្រូវអាបត្តិទុក្កដពីរ និង​សង្ឃាទិសេស។បេ។ ប្រកប​ដោយ​សេចក្តីរង្កៀស តែ​មាន​ឧបចារ ត្រូវអាបត្តិសង្ឃាទិសេស និង​អាបត្តិទុក្កដ។បេ។ មិន​មានសេចក្តីរង្កៀស មិន​មានឧបចារ ត្រូវទុក្កដ និង​សង្ឃាទិសេស។បេ។ មិន​មានសេចក្តីរង្កៀស តែ​មានឧបចារ ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុបង្គាប់ភិក្ខុផងគ្នាថា អ្នកទាំងឡាយចូរធ្វើវិហារឲ្យ​ខ្ញុំ។ ភិក្ខុទាំងឡាយក៏ធ្វើ​វិហារ​ឲ្យ​​ភិក្ខុនោះ​ ដែល​សង្ឃ​បាន​សំដែង​ទីឲ្យ​ ជាទីប្រកប​ដោយ​សេចក្តីរង្កៀស មិន​មានឧបចារ ត្រូវអាបត្តិទុក្កដពីរ។បេ។ ប្រកប​ដោយ​សេចក្តីរង្កៀស តែ​មាន​ឧបចារ ត្រូវអាបត្តិទុក្កដ។បេ។ មិន​មានសេចក្តីរង្កៀស តែ​មិន​មានឧបចារ ត្រូវអាបត្តិទុក្កដ។បេ។ មិន​មានសេចក្តីរង្កៀស មានឧបចារ មិន​ត្រូវអាបត្តិឡើយ។

[២៣២] ភិក្ខុបង្គាប់ភិក្ខុផងគ្នាថា អ្នកទាំងឡាយចូរធ្វើវិហារឲ្យ​ខ្ញុំ ​ហើយ​ចៀសចេញទៅ​ តែ​មិន​​បាន​ពន្យល់ថា វិហារនោះ​គួរជាវិហារដែល​សង្ឃសំដែង​ទីឲ្យ​ផង មិន​មានសេចក្តី​រង្កៀស​​ផង មានទីឧបចារផង។  ភិក្ខុទាំងឡាយក៏ធ្វើ​វិហារ​ឲ្យ​​ភិក្ខុនោះ​ ដែល​សង្ឃមិន​​បាន​សំដែង​ទីឲ្យ​ ប្រកប​ដោយ​សេចក្តីរង្កៀស មិន​មានឧបចារ ត្រូវអាបត្តិទុក្កដពីរ និង​សង្ឃាទិសេស។បេ។ ប្រកប​ដោយ​សេចក្តីរង្កៀស តែ​មាន​ឧបចារ ត្រូវអាបត្តិទុក្កដ និង​សង្ឃាទិសេស។បេ។ មិន​មានសេចក្តីរង្កៀស តែ​មិន​មានឧបចារ ត្រូវអាបត្តិទុក្កដ និង​សង្ឃាទិសេស។បេ។ មិន​មានសេចក្តីរង្កៀស មានទីឧបចារ ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុបង្គាប់ភិក្ខុផងគ្នាថា អ្នកទាំងឡាយចូរធ្វើវិហារឲ្យ​ខ្ញុំ ​ហើយ​ចៀសចេញទៅ​ តែ​មិន​​បាន​ពន្យល់ថា វិហារនោះ​ គួរជាវិហារដែល​សង្ឃសំដែង​ទីឲ្យ​ផង មិន​មានសេចក្តីរង្កៀស​ផង មានឧបចារផង ភិក្ខុទាំងឡាយក៏ធ្វើ​វិហារ​ឲ្យ​​ភិក្ខុនោះ​ ដែល​សង្ឃ​បាន​សំដែង​ទីឲ្យ​ ប្រកប​ដោយ​សេចក្តីរង្កៀស មិន​មានឧបចារ ត្រូវអាបត្តិទុក្កដពីរ។បេ។ ប្រកប​ដោយ​សេចក្តី​រង្កៀស តែ​មាន​ឧបចារ ត្រូវអាបត្តិទុក្កដ។បេ។ មិន​មានសេចក្តីរង្កៀស តែ​មិន​មានឧបចារ ត្រូវអាបត្តិទុក្កដ។បេ។ មិន​មានសេចក្តីរង្កៀស មានឧបចារ មិន​ត្រូវអាបត្តិឡើយ។

[២៣៣] ភិក្ខុបង្គាប់ភិក្ខុផងគ្នាថា អ្នកទាំងឡាយចូរធ្វើវិហារឲ្យ​ខ្ញុំ ​ហើយ​ចៀសចេញទៅ​ តែ​​បាន​ពន្យល់ថា វិហារនោះ​ គួរជាវិហារមានសង្ឃសំដែង​ទីឲ្យ​ផង មិន​មានសេចក្តីរង្កៀស​ផង មានឧបចារផង។  ភិក្ខុទាំងឡាយក៏ធ្វើ​វិហារ​ឲ្យ​​ភិក្ខុនោះ​ ដែល​សង្ឃមិន​​បាន​សំដែង​ទីឲ្យ​ ប្រកប​ដោយ​សេចក្តីរង្កៀស មិន​មានឧបចារ។ ភិក្ខុនោះ​ ឮដំណឹងថា ​បាន​ឮថា វិហារគេធ្វើឲ្យ​អាត្មាអញ សង្ឃមិន​​បាន​​សំដែង​ទីឲ្យ​ ប្រកប​ដោយ​សេចក្តីរង្កៀស មិន​មានឧបចារ។ ភិក្ខុនោះ​ ត្រូវ​ទៅ​​ដោយ​​ខ្លួនឯងក្តី បញ្ជូនបម្រើឲ្យ​ទៅ​ក្តី ​ដោយ​ពាក្យថា វិហារ​នោះ​ គួរជាវិហារដែល​មាន​សង្ឃសំដែង​ទីឲ្យ​ផង មិន​មានសេចក្តីរង្កៀស​ផង មានទីឧបចារ​ផង។ បើ​ភិក្ខុមិន​ទៅ​​ដោយ​​ខ្លួនឯងក្តី មិន​បញ្ជូនបម្រើឲ្យ​ទៅ​ក្តី ត្រូវអាបត្តិទុក្កដ។បេ។ វិហារនោះ​ គួរជាវិហារដែល​សង្ឃសំដែង​ទីឲ្យ​ផង មិន​មានសេចក្តីរង្កៀសផង។បេ។ វិហារ​នោះ​ គួរជាវិហារដែល​សង្ឃ​បាន​សំដែង​ទីឲ្យ​ផង មិន​មាន​ឧបចារផង។បេ។ វិហារនោះ​ គួរជាវិហារដែល​សង្ឃសំដែង​ទីឲ្យ​ផង។ បើ​ភិក្ខុមិន​ទៅ​​ដោយ​​ខ្លួនឯងក្តី មិន​បញ្ជូនបម្រើឲ្យ​ទៅ​ក្តី ត្រូវអាបត្តិទុក្កដ។ ភិក្ខុបង្គាប់ភិក្ខុផងគ្នាថា អ្នកទាំងឡាយចូរធ្វើវិហារឲ្យ​ខ្ញុំ ​ហើយ​ចៀសចេញទៅ​ តែ​ភិក្ខុនោះ​​បាន​ពន្យល់ថា វិហារនោះ​ គួរជាវិហារដែល​សង្ឃ​បាន​សំដែង​ទីឲ្យ​ផង មិន​មានសេចក្តីរង្កៀស​ផង មានទីឧបចារផង។ ភិក្ខុទាំងឡាយក៏ធ្វើ​វិហារ​ឲ្យ​​ភិក្ខុនោះ​ ជាវិហារដែល​សង្ឃ​បាន​សំដែង​ទីឲ្យ​ តែ​ប្រកប​ដោយ​សេចក្តីរង្កៀស មិន​មាន​ទីឧបចារ។ ភិក្ខុនោះ​ ឮដំណឹងថា ​បាន​ឮថា គេធ្វើវិហារឲ្យ​អាត្មាអញ ជាវិហារដែល​សង្ឃ​បាន​សំដែង​ទីឲ្យ​ ដែល​ប្រកប​ដោយ​សេចក្តីរង្គៀស មិន​មានទីឧបចារ។  ភិក្ខុនោះ​គប្បីទៅ​​ដោយ​​ខ្លួនឯង ឬប្រើបម្រើឲ្យ​ទៅ​​ដោយ​ពាក្យថា វិហារនោះ​ គួរជាវិហារមិន​មាន​សេចក្តី​រង្កៀសផង មានទីឧបចារផង។បេ។ គួរជាវិហារមិន​មានសេចក្តី​រង្កៀស។បេ។ គួរជា​វិហារ​មាន​ទីឧបចារ។បេ។ មិន​ត្រូវអាបត្តិឡើយ។

[២៣៤] ភិក្ខុបង្គាប់ពួកភិក្ខុផងគ្នាថា អ្នកទាំងឡាយចូរធ្វើវិហារឲ្យ​ខ្ញុំ ​ហើយ​ចៀសចេញទៅ​ តែ​​បាន​ពន្យល់ថា វិហារនោះ​ គួរជាវិហារដែល​សង្ឃសំដែង​ទីឲ្យ​ផង មិន​ប្រកប​ដោយ​សេចក្តីរង្កៀស​ផង មានឧបចារផង ភិក្ខុទាំងឡាយក៏ធ្វើ​វិហារ​ឲ្យ​​ភិក្ខុនោះ​ ជាវិហារដែល​សង្ឃមិន​​បាន​សំដែង​ទីឲ្យ​ ប្រកប​ដោយ​សេចក្តីរង្កៀស មិន​មានទីឧបចារ។ (ភិក្ខុ​ទាំងឡាយ​អ្នកធ្វើ) ត្រូវអាបត្តិទុក្កដបី។បេ។ ប្រកប​ដោយ​សេចក្តីរង្កៀស តែ​មាន​ទីឧបចារ ពួកភិក្ខុអ្នកធ្វើ ត្រូវអាបត្តិទុក្កដពីរ។បេ។ មិន​មានសេចក្តីរង្កៀស តែ​មិន​មានទីឧបចារ ពួកភិក្ខុអ្នកធ្វើ ត្រូវអាបត្តិទុក្កដពីរ។បេ។ មិន​មានសេចក្តីរង្កៀស មានទីឧបចារ ពួកភិក្ខុ​អ្នកធ្វើ ត្រូវអាបត្តិទុក្កដ។ ភិក្ខុបង្គាប់ភិក្ខុផងគ្នាថា អ្នកទាំងឡាយចូរធ្វើវិហារឲ្យ​ខ្ញុំ ​ហើយ​ចៀសចេញទៅ​ តែ​​បាន​ពន្យល់ថា វិហារនោះ​ គួរជាវិហារមានសង្ឃសំដែង​ទីឲ្យ​ផង មិន​មានសេចក្តីរង្កៀស​ផង មានទីឧបចារផង។ ភិក្ខុទាំងឡាយក៏ធ្វើ​វិហារ​ឲ្យ​​ភិក្ខុនោះ​ ជាវិហារ​ដែល​សង្ឃ​បាន​សំដែង​ទីឲ្យ​ ប្រកប​ដោយ​សេចក្តីរង្កៀស មិន​មានឧបចារ ពួកភិក្ខុអ្នកធ្វើ ត្រូវអាបត្តិទុក្កដពីរ។បេ។ ប្រកប​ដោយ​សេចក្តីរង្កៀស តែ​មាន​ទីឧបចារ ពួកភិក្ខុអ្នកធ្វើ ត្រូវអាបត្តិទុក្កដ។បេ។ មិន​មានសេចក្តីរង្កៀស មិន​មានទីឧបចារ ពួកភិក្ខុអ្នកធ្វើ ត្រូវ​អាបត្តិទុក្កដ។បេ។ មិន​មានសេចក្តីរង្កៀស មានទីឧបចារ មិន​ត្រូវអាបត្តិឡើយ។

[២៣៥] ភិក្ខុបង្គាប់ភិក្ខុផងគ្នាថា អ្នកទាំងឡាយចូរធ្វើវិហារឲ្យ​ខ្ញុំ ​ហើយ​ចៀសចេញទៅ​។ ភិក្ខុទាំងឡាយក៏ធ្វើ​វិហារ​ឲ្យ​​ភិក្ខុនោះ​ ជាវិហារដែល​សង្ឃមិន​​បាន​សំដែង​ទីឲ្យ​ ប្រកប​ដោយ​សេចក្តីរង្កៀស មិន​មានទីឧបចារ បើ​វិហារនោះ​មិន​ទាន់​ហើយ​ស្រេច ស្រាប់តែ​​ភិក្ខុនោះ​​មក​ដល់​។ ភិក្ខុនោះ​ គប្បីឲ្យ​វិហារនោះ​ទៅ​ភិក្ខុដទៃ ឬរុះរើ​វិហារ​នោះ​ធ្វើ​ជាថ្មីទៀត។ បើ​​ភិក្ខុ​នោះ​ មិន​ឲ្យ​​វិហារនោះ​​ដល់​ភិក្ខុដទៃទេ ឬមិន​ឲ្យ​គេ​រុះរើធ្វើជាថ្មីទៀតទេ ត្រូវអាបត្តិទុក្កដពីរ និង​​សង្ឃាទិសេស។បេ។ ប្រកប​ដោយ​សេចក្តីរង្កៀស តែ​មាន​ទីឧបចារ ត្រូវអាបត្តិទុក្កដ និង​សង្ឃាទិសេស។បេ។ មិន​ប្រកប​ដោយ​សេចក្តីរង្កៀស តែ​មិន​មានឧបចារ ត្រូវអាបត្តិទុក្កដ និង​សង្ឃាទិសេស។បេ។ មិន​មានសេចក្តីរង្កៀស មានទីឧបចារ ត្រូវអាបត្តិ​សង្ឃាទិសេស។ ភិក្ខុបង្គាប់ភិក្ខុផងគ្នាថា អ្នកទាំងឡាយចូរធ្វើវិហារឲ្យ​ខ្ញុំ ​ហើយ​ចៀស​ចេញទៅ​។ ភិក្ខុទាំងឡាយក៏ធ្វើ​វិហារ​ឲ្យ​​ភិក្ខុនោះ​ ជាវិហារដែល​សង្ឃ​បាន​សំដែង​ទីឲ្យ​ តែ​ប្រកប​ដោយ​សេចក្តីរង្កៀស មិន​មានទីឧបចារ។ បើ​ភិក្ខុនោះ​មក​ដល់​ ក្នុង​ពេលដែល​​វិហារមិន​ទាន់​ហើយ​។ ភិក្ខុនោះ​ គប្បីឲ្យ​វិហារនោះ​ទៅ​ភិក្ខុដទៃ ឬរុះរើ​ធ្វើ​ជាថ្មីទៀត។ បើ​​ភិក្ខុ​នោះ​ មិន​ឲ្យ​​វិហារនោះ​ទៅ​ភិក្ខុដទៃ មិន​ឲ្យ​គេ​រុះរើធ្វើជាថ្មីទៀតទេ ត្រូវអាបត្តិទុក្កដពីរ។បេ។ ប្រកប​ដោយ​សេចក្តីរង្កៀស តែ​មាន​ទីឧបចារ ត្រូវអាបត្តិទុក្កដ។បេ។ មិន​មាន​សេចក្តីរង្កៀស តែ​មិន​មានទីឧបចារ ត្រូវអាបត្តិទុក្កដ។បេ។ មិន​មានសេចក្តីរង្កៀស មានទី​ឧបចារ មិន​ត្រូវអាបត្តិឡើយ។

[២៣៦] ភិក្ខុធ្វើ(វិហារ) ​ដោយ​ខ្លួនឯងមិន​ទាន់​ហើយ​ (គ្រាក្រោយ) ក៏ធ្វើបង្ហើយ​​ដោយ​​ខ្លួនឯង ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុធ្វើ(វិហារ) ​ដោយ​ខ្លួនឯងមិន​ទាន់​ហើយ​ ឲ្យ​អ្នកដទៃ​ធ្វើបង្ហើយ  ត្រូវអាបត្តិសង្ឃាទិសេស។ អ្នកដទៃធ្វើ(វិហារ) មិន​ទាន់​ហើយ​ ភិក្ខុ (ម្ចាស់វិហារ) ធ្វើបង្ហើយ​​ដោយ​​ខ្លួនឯង ត្រូវអាបត្តិសង្ឃាទិសេស។ អ្នកដទៃធ្វើ(វិហារ) មិន​ទាន់​ហើយ​ ភិក្ខុឲ្យ​អ្នកដទៃធ្វើបង្ហើយ ត្រូវអាបត្តិសង្ឃាទិសេស។

[២៣៧] ដំណើរដែល​មិន​ត្រូវអាបត្តិនោះ​ គឺភិក្ខុ​ធ្វើលេណ [១.២ពាក្យថាលេណ និង​គូហា​នេះ ជាវេវចន គឺជាពាក្យនិយាយផ្លាស់ប្តូរគ្នា ជាជំនួស​គ្នា​បាន​ (អដ្ឋកថា)។] (ទីសម្រាប់​ជ្រកល្មម​នៅ​​បាន​) គូហា (ទីបិទបាំងល្មមនៅ​បាន​) កុដិស្មៅ និង​កុដិសម្រាប់ភិក្ខុដទៃ មានឧបជ្ឈាយ៍ជាដើម ម្យ៉ាង​ទៀត ដំណើរដែល​មិន​ត្រូវអាបត្តិ​ដល់​ភិក្ខុអ្នកធ្វើសេនាសន មានរោងឧបោសថជាដើម និង​​ភិក្ខុឆ្កួត នឹងភិក្ខុ​ដើមបញ្ញត្តិ វៀរលែងតែ​​ធ្វើទីសម្រាប់​នៅ​របស់ខ្លួនចេញ។

សង្ឃាទិសេសទី៧ ចប់។

សង្ឃាទិសេសទី៨

[២៣៨] សម័យនោះ​ ព្រះសព្វញ្ញុពុទ្ធ​ជាម្ចាស់ដ៏​មានព្រះភាគ ​ទ្រង់គង់នៅវត្តវេឡុវន ជាកលន្ទកនិវាបស្ថាន ទៀបក្រុងរាជគ្រឹះ។ សម័យនោះ​ឯង ព្រះទព្វមល្លបុត្ត [ព្រះទព្វត្ថេរ ជាបុត្តស្តេចមល្ល ហៅ​ដោយ​រួបរួមថា ទព្វមល្លបុត្ត។] ដ៏​មាន​អាយុ មានអាយុ ៧ឆ្នាំ អំពីកំណើត ​បាន​សម្រេចព្រះអរហត្តផល គុណជាតឯណានីមួយដែល​សាវក​ត្រូវ​ដល់​ គុណជាតទាំងអស់ (នោះ​) ក៏ព្រះទព្វមល្លបុត្តនោះ​​បាន​​ដល់​​ដោយ​លំដាប់​ហើយ​ កិច្ចអ្វីបន្តិចបន្តួច (សោឡសកិច្ច) ដែល​ព្រះទព្វមល្លបុត្តនោះ​គប្បីធ្វើតទៅ​ទៀត ឬកិច្ចដែល​ព្រះទព្វមល្លបុត្ត​បាន​ធ្វើរួច​ហើយ​ នឹង​ធ្វើ​កិច្ចនោះ​​ឲ្យ​ចំរើនឡើងទៅ​ទៀតក៏មិន​មានឡើយ។

[២៣៩] លំដាប់នោះ​ ព្រះទព្វមល្លបុត្តដ៏​មានអាយុ ទៅ​កាន់ទីស្ងាត់ សម្ងំនៅ​ក្នុង​​កម្មដ្ឋាន មានចិត្តត្រិះរិះកើតឡើងយ៉ាង​នេះថា អញកើតឡើង​បាន​៧ឆ្នាំ ​បាន​សម្រេចអរហត្តផល គុណជាតឯណានីមួយដែល​សាវក​ត្រូវ​ដល់​ គុណជាតទាំងអស់ (នោះ​) ក៏អញ​បាន​​ដល់​​ដោយ​លំដាប់​ហើយ​ ម្យ៉ាងទៀត កិច្ចអ្វីនីមួយ ដែល​អញត្រូវធ្វើតទៅ​ទៀត ឬកិច្ចដែល​អញ​បាន​ធ្វើរួច​ហើយ​ នឹង​ធ្វើ​កិច្ចនោះ​​ឲ្យ​ចំរើនឡើងទៅ​ទៀតក៏មិន​មានឡើយ (បើ​ដូច្នោះ) អញគប្បីធ្វើការខ្វល់ខ្វាយ បម្រើ​ដល់​សង្ឃឬអ្វីហ្ន។ កាលនោះ​ ព្រះទព្វមល្លបុត្តដ៏​​មានអាយុ ​បាន​ត្រិះរិះដូច្នេះថា បើ​ដូច្នោះ មានតែ​អញត្រូវ​រៀបចំសេនាសនផង ត្រូវចាត់​ចែង​​ចង្ហាន់​ទាំងឡាយផង ​ដល់​ព្រះសង្ឃ។ ព្រះទព្វមល្លបុត្តដ៏​មានអាយុ ក៏ចេញអំពីទីសម្ងំ​ក្នុង​កម្មដ្ឋាន​នៅពេលសាយណ្ហសម័យ ​ហើយ​ចូលទៅ​គាល់ព្រះដ៏​មានព្រះភាគក្នុង​ពេល​នោះ​ លុះ​ចូលទៅ​​ដល់​​​ហើយ​ ក៏ក្រាបថ្វាយបង្គំព្រះដ៏​មានព្រះភាគ ​ហើយ​អង្គុយក្នុង​ទីដ៏​សមគួរ លុះ​​ព្រះ​ទព្វមល្លបុត្តដ៏​មានអាយុគង់​ក្នុង​ទីដ៏​សមគួរមួយ​ហើយ​ ក៏ក្រាបទូលពាក្យ​នេះនឹងព្រះដ៏​មាន​ព្រះភាគថា បពិត្រព្រះអង្គដ៏​ចំរើន ខ្ញុំព្រះអង្គទៅ​ក្នុង​ទីស្ងាត់ សម្ងំនៅក្នុង​កម្មដ្ឋានក្នុង​ថ្ងៃ​នេះ មានចិត្ត​ត្រិះរិះកើតឡើងយ៉ាង​នេះថា អាត្មាឯងកើតឡើង​បាន​៧ឆ្នាំ ​បាន​សម្រេចអរហត្តផល គុណជាតឯណានីមួយដែល​សាវក​ត្រូវ​ដល់​ គុណជាតទាំងអស់ (នោះ​) ក៏អាត្មា​បាន​​ដល់​​ដោយ​លំដាប់​ហើយ​ ម្យ៉ាងទៀត កិច្ចអ្វីនីមួយ ដែល​អាត្មា​គប្បីធ្វើតទៅ​ទៀត ឬកិច្ចដែល​អាត្មា​បាន​ធ្វើរួច​ហើយ​ នឹង​ធ្វើ​កិច្ចនោះ​​ឲ្យ​ចំរើន​ឡើងតទៅ​ទៀតក៏មិន​មានឡើយ (បើ​ដូច្នោះ) អាត្មាគប្បីធ្វើការខ្វល់ខ្វាយ បម្រើ​ដល់​សង្ឃឬអ្វីហ្ន បពិត្រព្រះអង្គដ៏​ចំរើន សេចក្តីត្រិះរិះ​​នេះកើតមាន​ដល់​ខ្ញុំព្រះអង្គនោះ​ថា បើ​ដូច្នោះ មានតែ​អាត្មាត្រូវ​រៀបចំសេនាសនផង ត្រូវចាត់ចែង​ចង្ហាន់​ទាំងឡាយផង ​ដល់​ព្រះសង្ឃ បពិត្រ​ព្រះអង្គដ៏​ចំរើន ខ្ញុំព្រះអង្គចង់រៀបចំសេនាសនផង ចាត់ចែងចង្ហាន់​ទាំងឡាយផង ​ដល់​ព្រះសង្ឃ។ ព្រះបរមគ្រូ ​ទ្រង់​ត្រាស់ថា ម្នាល​ទព្វ ប្រពៃណាស់​ហើយ​ៗ បើ​ដូច្នោះ អ្នកចូរ​រៀបចំសេនាសនៈផង ចូរចាត់​ចែង​ចង្ហាន់​ទាំងឡាយផង ​ដល់​ព្រះសង្ឃចុះ។ ព្រះទព្វមល្លបុត្ត​ដ៏​មានអាយុ ក៏ទទួល​ព្រះពុទ្ធដីកាព្រះ​ដ៏​មានព្រះភាគ ​ដោយ​ពាក្យថា ករុណា​ព្រះអង្គ។

[២៤០] ព្រោះនិទាន​នេះ ដំណើរ​នេះ ព្រះដ៏​មានព្រះភាគ ​ទ្រង់​សំដែង​ធម្មីកថា ​ហើយ​​ទ្រង់​ត្រាស់ហៅភិក្ខុទាំងឡាយមកក្នុង​ពេលនោះ​ថា ម្នាល​ភិក្ខុទាំងឡាយ បើ​ដូច្នោះ សង្ឃចូរសម្មតិទព្វមល្លបុត្ត ឲ្យ​ជាអ្នករៀបចំសេនាសនៈផង ជាអ្នកចាត់ចែងចង្ហាន់ផងចុះ។ ម្នាល​ភិក្ខុទាំងឡាយ ទព្វភិក្ខុត្រូវ​សង្ឃសម្មតិយ៉ាង​នេះ មុនដំបូង ត្រូវសង្ឃអង្វរទព្វភិក្ខុ លុះ​អង្វរ​រួច​ហើយ​ ត្រូវភិក្ខុមួយរូបដែល​ឆ្លាសវាងវៃផ្តៀងសង្ឃថា បពិត្រព្រះសង្ឃដ៏​ចំរើន សូមព្រះសង្ឃ​ស្តាប់​ពាក្យខ្ញុំ បើ​ការសម្មតិមានកាលដ៏​គួរ​ដល់​សង្ឃ​ហើយ​ សូមព្រះសង្ឃ​សម្មតិទព្វមល្លបុត្ត​ដ៏​មានអាយុ ឲ្យ​ជាអ្នករៀបចំសេនាសនផង ជាអ្នកចាត់ចែងចង្ហាន់ផង។ ពាក្យ​នេះជាពាក្យ​សម្រាប់​ញុំាង​សង្ឃឲ្យ​ដឹង។ បពិត្រព្រះសង្ឃដ៏​ចំរើន សូមព្រះសង្ឃ​ស្តាប់ពាក្យខ្ញុំ ព្រះសង្ឃសម្មតិ​ទព្វមល្លបុត្ត​ដ៏​មានអាយុ ឲ្យ​ជាអ្នករៀបចំសេនាសនៈផង ជាអ្នកចាត់ចែងចង្ហាន់ផង។ ការសម្មតិ​ទព្វមល្លបុត្ត​ដ៏​មានអាយុ ឲ្យ​ជាអ្នករៀបចំ​សេនាសន​ផង ជាអ្នកចាត់ចែងចង្ហាន់ផង គួរ​ដល់​​លោក​ម្ចាស់អង្គណា លោកម្ចាស់អង្គនោះ​​ត្រូវស្ងៀម (បើ​) មិន​គួរ​ដល់​លោកម្ចាស់អង្គណា លោកម្ចាស់​អង្គនោះ​​ត្រូវនិយាយឡើង។ ទព្វមល្លបុត្ត​ដ៏​​មានអាយុ ជាអ្នករៀបចំសេនាសនផង ជាអ្នកចាត់ចែងចង្ហាន់ផង សង្ឃ​បាន​សន្មតរួច​ហើយ​។ ការសម្មតិ​នេះ គួរ​ដល់​សង្ឃ ព្រោះហេតុ​នោះ​ ព្រះសង្ឃទើបស្ងៀម។ ខ្ញុំ​ព្រះករុណា​ចាំទុក​នូវ​សេចក្តីស្ងៀមរបស់សង្ឃ​នេះយ៉ាង​នេះ។

[២៤១] ទព្វមល្លបុត្តដ៏​មានអាយុដែល​សង្ឃ​បាន​សន្មតរួច​ហើយ​ ក៏រៀបចំសេនាសនក្នុង​​ទីជាមួយគ្នា ដើម្បីភិក្ខុទាំងឡាយដែល​មានគុណធម៌ស្មើគ្នា ភិក្ខុទាំងឡាយឯណា ជាអ្នក​រៀន​ព្រះសូត្រ ទព្វមល្លបុត្តដ៏​មានអាយុ ក៏រៀបចំសេនាសនក្នុង​ទីជាមួយគ្នា ដើម្បីភិក្ខុ​ទាំងឡាយនោះ​ ​ដោយ​គិតថា ភិក្ខុទាំងឡាយនោះ​នឹងរួបរួមគ្នា ស្វាធ្យាយ​នូវ​ព្រះសូត្រ។  ភិក្ខុទាំងឡាយឯណា ជាអ្នកទ្រ​ទ្រង់វិន័យ ព្រះទព្វមល្លបុត្ត ក៏រៀបចំសេនាសនក្នុង​ទីជាមួយគ្នា សម្រាប់​ភិក្ខុទាំងឡាយ​នោះ​ ​ដោយ​គិតថា ភិក្ខុអ្នកទ្រ​ទ្រង់វិន័យ​ទាំងឡាយ​នោះ​ នឹងវិនិច្ឆ័យវិន័យជាមួយគ្នាទៅ​វិញ​ទៅ​មក ភិក្ខុទាំងឡាយឯណា ជាអ្នករៀន​ព្រះអភិធម្ម ព្រះទព្វមល្លបុត្ត ក៏រៀបចំសេនាសន​ក្នុង​ទីជាមួយ​គ្នា សម្រាប់ភិក្ខុទាំងឡាយ​នោះ​ ​ដោយ​គិតថា ភិក្ខុអ្នករៀនព្រះអភិធម្ម នឹងសាក​សួរ​ព្រះអភិធម្មទៅ​វិញទៅ​មក ភិក្ខុទាំងឡាយឯណា ជាអ្នកចំរើនឈាន ព្រះទព្វមល្លបុត្ត ក៏រៀបចំសេនាសន​ក្នុង​ទីជាមួយគ្នា សម្រាប់ភិក្ខុទាំងឡាយនោះ​ ​ដោយ​គិតថា ភិក្ខុអ្នកចំរើនឈានទាំងឡាយនោះ​មិន​បៀតបៀនគ្នាទៅ​វិញទៅ​មក  ភិក្ខុទាំងឡាយឯណា ជាអ្នកពោលតិរច្ឆានកថា [ពាក្យ​ពោល​ដូចជាពាក្យតិរច្ឆាន គឺនិយាយពាក្យឥតប្រយោជន៍ ជាពាក្យក្រៅធម៌វិន័យ។] ច្រើន​ដោយ​ការថ្នមខ្លួន ព្រះទព្វមល្លបុត្ត ក៏រៀបចំសេនាសន​ជាមួយគ្នា ដើម្បីភិក្ខុទាំង​ឡាយនោះ​ ​ដោយ​គិតថា លោកដ៏​មានអាយុ​ទាំងឡាយ​នេះ នឹងនៅទាល់ភ្លឺ​​ដោយ​​ពោល​​នូវ​តិរច្ឆានកថា​នេះ ភិក្ខុទាំងឡាយឯណា មក​ដល់​ក្នុង​ពេលដែល​ងងិត ព្រះទព្វមល្លបុត្ត ក៏ចូលកាន់តេជោធាតុ [ព្រះទព្វមល្លបុត្តចូលឈានក្នុង​ពេលនោះ​ យកភ្លើងជាអារម្មណ៍ ឬ​ជាកសិណ។] ​ហើយ​រៀបចំសេនាសន​​ដោយ​ពន្លឺនៃតេជោធាតុ ដើម្បីភិក្ខុទាំងឡាយនោះ​។ ជួនកាល​មានភិក្ខុទាំងឡាយក្លែងក្លាយ ​ហើយ​មកក្នុង​ពេលងងិត ​ដោយ​គិតថា យើង​ទាំងឡាយ​នឹងឃើញឥទ្ធិបាដិហារិយ៍របស់ទព្វមល្លបុត្តដ៏​មានអាយុ។ ភិក្ខុទាំងនោះ​ ចូល​ទៅ​​រក​ព្រះទព្វមល្លបុត្តដ៏​មានអាយុ ​ហើយ​ពោលយ៉ាង​នេះថា ម្នាល​អាវុសោទព្វ លោកចូរ​រៀបចំសេនាសន​ដើម្បីយើងទាំងឡាយ។ ព្រះទព្វមល្លបុត្តដ៏​មានអាយុ ក៏ពោល​នូវ​ពាក្យ​យ៉ាង​នេះ​នឹងភិក្ខុ​ទាំងឡាយនោះ​ថា លោកទាំងឡាយដ៏​មានអាយុចង់​បាន​ក្នុង​ទីណា ខ្ញុំ​ត្រូវ​រៀបចំក្នុង​ទី​ដូចម្តេច។ ភិក្ខុទាំងឡាយនោះ​ (ខ្លះ) ក៏ក្លែងចង្អុលទៅ​រកទីឆ្ងាយ​ដោយ​ពាក្យថា ម្នាល​​អាវុសោទព្វ លោកចូររៀបចំសេនាសនលើភ្នំគិជ្ឈកូដ ដើម្បីយើងទាំង​ឡាយ​ចុះ ម្នាល​​អាវុសោទព្វ លោកចូររៀបចំសេនាសនជិតជ្រោះសម្រាប់ទម្លាក់ចោរ ដើម្បី​យើងទាំងឡាយចុះ ម្នាល​​អាវុសោទព្វ លោកចូររៀបចំសេនាសនលើកាឡសិលានា​ខាងភ្នំ​ឥសិគិលិ ដើម្បីយើងទាំងឡាយចុះ ម្នាល​​អាវុសោទព្វ លោកចូររៀបចំសេនាសនក្នុង​សត្តបណ្ណគុហាខាង​ភ្នំវេភារ ដើម្បីយើងទាំងឡាយចុះ ម្នាល​​អាវុសោទព្វ លោកចូរ​រៀបចំ​សេនាសនទៀប​ញកភ្នំ ឈ្មោះ​សប្បសោណ្ឌិកក្នុង​ព្រៃត្រជាក់ (ព្រៃជាំ) ដើម្បីយើង​ទាំងឡាយចុះ ម្នាល​​អាវុសោទព្វ លោកចូររៀបចំសេនាសនទៀបច្រកភ្នំឈ្មោះ​គោមដ ដើម្បីយើងទាំងឡាយចុះ ម្នាល​​អាវុសោទព្វ លោកចូររៀបចំសេនាសនទៀបច្រកភ្នំឈ្មោះ​តិន្ទុក ដើម្បីយើងទាំងឡាយចុះ ម្នាល​​អាវុសោទព្វ លោកចូររៀបចំសេនាសន​ទៀបច្រក​ភ្នំឈ្មោះ​កបោត ដើម្បីយើងទាំងឡាយចុះ ម្នាល​​អាវុសោទព្វ លោកចូររៀបចំសេនាសន​ក្នុង​តបោទារាម ដើម្បីយើងទាំងឡាយចុះ ម្នាល​​អាវុសោទព្វ លោកចូររៀបចំសេនាសន​ក្នុង​ជីវកម្ពវន ដើម្បីយើងទាំងឡាយចុះ ម្នាល​​អាវុសោទព្វ លោកចូររៀបចំសេនាសនក្នុង​ព្រៃឈ្មោះ​មទ្ទកុច្ឆិ ជាទីឲ្យ​អភ័យ​​ដល់​ម្រឹគ ដើម្បីយើងទាំងឡាយ​ចុះ។ ព្រះទព្វមល្លបុត្តដ៏​មាន​អាយុ ក៏ចូលកាន់តេជោធាតុ (ចំរើនតេជោកសិណ) ​ហើយ​មាន​ម្រាមដៃដ៏​ភ្លឺរុងរឿង ដើរ​ទៅ​ក្នុង​ទីខាងមុខៗ។ ភិក្ខុទាំងឡាយនោះ​ ក៏ដើរទៅ​អំពីខាងក្រោយៗ​នៃ​ព្រះ​ទព្វមល្លបុត្ត​​ដោយ​ពន្លឺនោះ​ឯង។ ព្រះទព្វមល្លបុត្តដ៏​មានអាយុ រៀបចំក្រាលសេនាសន​ដល់​​ភិក្ខុទាំងឡាយនោះ​​ដោយ​របៀបយ៉ាង​នេះគឺ ​នេះគ្រែ ​នេះតាំង ​នេះពូក ​នេះខ្នើយ ​នេះទី​សម្រាប់​ដោះទុក្ខសត្វធំ ​នេះទីសម្រាប់ដោះទុក្ខសត្វតូច ​នេះទឹកសម្រាប់ផឹក ​នេះ​ទឹកសម្រាប់ប្រើ​ប្រាស់ ​នេះឈើច្រត់ ​នេះទីកតិកសញ្ញារបស់សង្ឃ ពេល​នេះត្រូវ​អ្នក​ទាំងឡាយចូល ពេល​នេះត្រូវ​អ្នក​ទាំងឡាយចេញ។ ព្រះទព្វមល្លបុត្តដ៏​មានអាយុ រៀបចំ​សេនាសនយ៉ាង​នេះ​ដល់​ភិក្ខុទាំងឡាយ​នោះ​ ​ហើយ​ក៏និមន្តត្រឡប់មកវត្តវេឡុវនវិញ។

[២៤២] សម័យនោះ​ឯង មេត្តិយភិក្ខុ និង​ភុម្មជក [មេត្តិយភិក្ខុ និង​ភុម្មជកភិក្ខុទាំងពីររូប​​នេះ ជាមេពួកមួយៗ រាប់បញ្ចូលក្នុង​ឆព្វគ្គិយភិក្ខុ ប៉ុន្តែភិក្ខុពីររូប​នេះ ជាមនុស្សរឹងត្អឹង ក្លៀវក្លា​ជាងគេ។] ភិក្ខុទាំងឡាយ ជាអ្នកបួសថ្មីផង មានបុណ្យតិចផង សេនាសន​ទាំងឡាយ​ឯណាដែល​ថោកទាប ជាសេនាសនរបស់សង្ឃ សេនាសនទាំងឡាយនោះ​តែ​ង​បាន​មកមេត្តិយភិក្ខុ និង​ភុម្មជកភិក្ខុ ទាំងភត្តណាដែល​ថោកទាប ក៏តែ​ង​បាន​មកភិក្ខុទាំង​ពីររូបនោះ​ដែរ។ សម័យនោះ​ឯង មនុស្សទាំង​ឡាយ ក្នុង​ក្រុងរាជគ្រឹះ ចង់ឲ្យ​សប្បិផង ប្រេងផង សម្លឧត្តរិភង្គ [ប្រែតាមសព្ទថា សម្លកាច់បង់​​នូវ​​រស​ជាតិ​នៃសាច់ដ៏​ក្រៃលែង។ ជាឈ្មោះ​សម្លម្យ៉ាង ដែល​អ្នកមជ្ឈិមបទេសប្រើក្នុង​ជាន់នោះ​។] ផង ដែល​គេតាក់តែ​ង​ដើម្បី​ភិក្ខុ​ទាំងឡាយជាថេរ តែ​មនុស្សទាំងឡាយនោះ​ ឲ្យ​បាយចុងអង្ករ មានទឹក​ជ្រក់​ជាគំរប់ពីរ ដែល​ខ្លួន​ប្រារព្ធ​ហើយ​យ៉ាងណាជាប្រក្រតី ​ដល់​មេត្តិយភិក្ខុ និង​ភុម្មជកភិក្ខុ។ មេត្តិយភិក្ខុ និង​ភុម្មជកភិក្ខុ ឆាន់ចង្ហាន់រួច​ហើយ​ ក៏សួរភិក្ខុទាំងឡាយជាថេរថា ម្នាល​​អាវុសោទាំងឡាយ ក្នុង​រោងភត្តរបស់ពួកលោក មានអ្វីខ្លះ ម្នាល​អាវុសោទាំងឡាយ វត្ថុអ្វីខ្លះ មានក្នុង​រោងភត្តរបស់លោកទាំងឡាយ។ ព្រះថេរទាំងឡាយពួកខ្លះប្រាប់យ៉ាង​នេះថា ម្នាល​អាវុសោ ក្នុង​រោងយើងមានសប្បិ ក្នុង​រោងយើងមានប្រេង ក្នុង​រោង​យើងមានសម្លឧត្តរិភង្គ។ ឯមេត្តិយភិក្ខុ និង​ភុម្មជកភិក្ខុនិយាយប្រាប់យ៉ាង​នេះថា ម្នាល​អាវុសោ យើងគ្មានវត្ថុអ្វីបន្តិចបន្តួច​ទេ មានតែ​បាយចុងអង្ករ និង​ទឹកជ្រក់ជាគំរប់ពីរ តាម​ដំណើរដែល​គេប្រារព្ធជាប្រក្រតីប៉ុណ្ណោះ។

[២៤៣] សម័យនោះ​ឯង មានគហបតី (ម្នាក់) ឈ្មោះ​កល្យាណភត្តិក [គហបតី​នេះ មានចង្ហាន់ឧត្តមប្រពៃ ឆ្ងាញ់ពីសារណាស់។] តែ​ងប្រគេននិច្ចភត្ត (ក្នុង​មួយថ្ងៃ) ៤សម្រាប់ ​ដល់​ព្រះសង្ឃ។ គហបតីនោះ​ ព្រមទាំងកូនប្រពន្ធ ចូលទៅ​បម្រើអង្គាស (ព្រះសង្ឃ) ក្នុង​​រោង​ភត្ត។ ភិក្ខុទាំងឡាយដទៃខ្លះសួររកបាយ ខ្លះសួររកសម្ល ខ្លះសួររកប្រេង ខ្លះសួររកសម្លឧត្តរិភង្គ។ សម័យ​នោះ​ឯង មេត្តិយ និង​ភុម្មជកភិក្ខុត្រូវវេនទទួលចង្ហាន់ក្នុង​ថ្ងៃស្អែករបស់គហបតីឈ្មោះ​​កល្យាណភត្តិក ជាចង្ហាន់ដែល​ភត្តុទ្ទេសក [ភិក្ខុដែល​សង្ឃសន្មតឲ្យ​ជាអ្នកសំដែង​ភត្ត​ដល់​ភិក្ខុ​ទាំងពួង។] ភិក្ខុសំដែង​ឲ្យ​។ គ្រានោះ​ គហបតី​ឈ្មោះ​កល្យាណភត្តិក ​បាន​ទៅ​កាន់អារាម​ដោយ​​មានកិច្ចការអ្វីមួយដែល​ខ្លួនត្រូវ​ធ្វើ។ គហបតីនោះ​ចូលទៅ​រកព្រះទព្វមល្លបុត្តដ៏​មានអាយុ លុះ​​ចូល​ទៅ​​ដល់​​ហើយ​ ក៏ថ្វាយបង្គំ​ព្រះទព្វមល្លបុត្តដ៏​មានអាយុ ​ហើយ​អង្គុយ​នៅក្នុង​ទីដ៏​សមគួរ។ ព្រះទព្វមល្លបុត្តដ៏​មាន​អាយុ ​បាន​និយាយពន្យល់គហបតីឈ្មោះ​កល្យាណភត្តិកឲ្យ​ឃើញច្បាស់ ឲ្យ​ជឿជាក់ ឲ្យ​ខ្មីឃ្មាត ឲ្យ​រីករាយព្រម​ដោយ​ពាក្យដ៏​ប្រកប​ដោយ​ធម៌។ លំដាប់នោះ​ គហបតី​ឈ្មោះ​​កល្យាណភត្តិក កាលដែល​ព្រះទព្វមល្លបុត្តដ៏​មានអាយុ និយាយពន្យល់ឲ្យ​ឃើញច្បាស់ ឲ្យ​ជឿជាក់ ឲ្យ​ខ្មីឃ្មាត ឲ្យ​រីករាយព្រម ​ដោយ​ពាក្យដ៏​ប្រកប​ដោយ​ធម៌ (ដូច្នោះ) ពោល​នូវ​​ពាក្យ​នេះនឹងព្រះទព្វមល្លបុត្តដ៏​មានអាយុថា បពិត្រលោកម្ចាស់ដ៏​ចំរើន ភត្តក្នុង​ផ្ទះរបស់​យើង​ក្នុង​ថ្ងៃស្អែក លោកម្ចាស់​បាន​ចាត់ឲ្យ​លោកអង្គណា។ ព្រះទព្វមល្លបុត្តឆ្លើយថា ម្នាល​គហបតី ភត្ត​ក្នុង​ផ្ទះរបស់អ្នកក្នុង​ថ្ងៃស្អែក អាត្មា​បាន​ចាត់ឲ្យ​​ដល់​មេត្តិយ និង​ភុម្មជកភិក្ខុទាំងឡាយ។ គ្រានោះ​ គហបតីឈ្មោះ​កល្យាណភត្តិក ក៏មានសេចក្តី​អាក់អន់​ចិត្ត ​ដោយ​គិតថា ចុះហេតុអ្វី​បាន​ជា​ភិក្ខុ​អាក្រក់​ទាំងឡាយ នឹងត្រូវឆាន់ចង្ហាន់​ក្នុង​ផ្ទះយើងដែរ (លុះ​គិតដូច្នេះ​ហើយ​) ក៏ទៅ​ផ្ទះ បង្គាប់​ទាសីថា នែហង ស្អែកត្រូវ​ពួកលោក​ណាមកទទួលចង្ហាន់ ហងឯងចូរក្រាលអាសន​ក្នុង​​ជង្រុក​ ​ហើយ​អង្គាសលោកទាំងនោះ​​ដោយ​បាយចុងអង្ករ មានទឹកជ្រក់​ជាគំរប់ពីរចុះ។ ខ្ញុំស្រីនោះ​​ទទួល​ស្តាប់ពាក្យ​គហបតី​ឈ្មោះ​កល្យាណភត្តិក​ដោយ​ពាក្យថា ច៎ាះ អ្នកម្ចាស់។ កាលនោះ​មេត្តិយភិក្ខុ និង​​ភុម្មជក​ភិក្ខុទាំងឡាយគិតគ្នាថា ម្នាល​អាវុសោ ចង្ហាន់ក្នុង​ផ្ទះគហបតីឈ្មោះ​កល្យាណភត្តិក សង្ឃ​បាន​សំដែង​ឡើង​ដល់​យើងទាំងឡាយអំពីថ្ងៃម្សិលមិញ​ហើយ​ វេលាព្រឹកស្អែក គហបតី​ឈ្មោះ​កល្យាណភត្តិកព្រមទាំងកូនប្រពន្ធ នឹងចូលមកជិតបម្រើបម្រាស់អង្គាសយើង ភិក្ខុ​ទាំង​ឡាយដទៃៗខ្លះនឹងសួររកបាយ ខ្លះនឹងសួររកសម្ល ខ្លះនឹងសួររកប្រេង ខ្លះនឹងសួររក​សម្ល​ឧត្តរិភង្គ។ ​ដោយ​សេចក្តីសោមនស្សនោះ​ឯង មេត្តិយភិក្ខុ និង​ភុម្មជកភិក្ខុនោះ​ ទុកជាចង់​ដេក​យ៉ាងណា ដ៏​ដេកមិន​លក់អស់មួយយប់។ គ្រានោះ​ មេត្តិយភិក្ខុ និង​ភុម្មជកភិក្ខុ ព្រឹកឡើង​ក៏ស្លៀក​ដណ្តប់ ​ហើយ​​ទ្រង់បាត្រនិង​ចីវរ​ ចូលទៅ​កាន់ទី​លំនៅរបស់គហបតីឈ្មោះ​កល្យាណភត្តិក។ ខ្ញុំ​ស្រីនោះ​​បាន​ឃើញមេត្តិយភិក្ខុនិង​ភុម្មជក​ភិក្ខុតាំងពីនិមន្តមកពីចម្ងាយ លុះ​ឃើញ​ហើយ​ ក៏ក្រាល​អាសនក្នុង​ជង្រុក ​ហើយ​​បាន​និយាយពាក្យ​នេះនឹងមេត្តិយភុម្មជកភិក្ខុ (ទាំងពីររូប) ថា បពិត្រ​លោក​ដ៏​ចំរើន សូមលោក​ទាំងឡាយគង់ (ក្នុង​ទី​នេះ) ចុះ។ កាលនោះ​ មេត្តិយភិក្ខុ និង​ភុម្មជក​ភិក្ខុ​មាន​សេចក្តី​ត្រិះរិះថា ប្រហែលជាចង្ហាន់មិន​ទាន់ឆ្អិនទេដឹង ​បាន​ជាគេឲ្យ​យើងអង្គុយក្នុង​ជង្រុក​ (​នេះ)។ ខ្ញុំស្រីនោះ​ ក៏លើកបាយចុងអង្ករ ជាគំរប់ពីរមុខនឹងទឹកជ្រក់ ​ហើយ​និយាយ​នឹង​មេត្តិយ​ភិក្ខុ និង​ភុម្មជកភិក្ខុក្នុង​ពេលនោះ​ថា បពិត្រលោកដ៏​ចំរើន សូមលោកទាំងឡាយ​ឆាន់ចុះ។ មេត្តិយ​ភិក្ខុ និង​ភុម្មជកភិក្ខុឆ្លើយថា ម្នាល​ប្អូនស្រី យើងទាំងឡាយសុទ្ធតែ​ជាអ្នកត្រូវវេន​បាន​និច្ចភត្ត។ ខ្ញុំស្រី​នោះ​ឆ្លើយថា ខ្ញុំព្រះករុណាដឹងថា លោកម្ចាស់​ទាំងឡាយជាអ្នកត្រូវវេន​​បាន​និច្ចភត្ត​ហើយ​ តែ​​ថា​ម្សិលមិញ គហបតីបង្គាប់ខ្ញុំ​ព្រះករុណា​ថា នែហង លោកទាំងឡាយឯណាត្រូវការ​ដោយ​​ចង្ហាន់​និមន្តមកក្នុង​ថ្ងៃស្អែក ហងឯងចូរ​ក្រាលអាសនក្នុង​ជង្រុកចុះ ​ហើយ​អង្គាសលោកទាំងនោះ​ ​ដោយ​​បាយ​ចុង​អង្ករជា​គំរប់ពីរមុខនឹងទឹកជ្រក់ (ហេតុនោះ​) បពិត្រលោកដ៏​ចំរើនទាំងឡាយ សូមលោក​ឆាន់ចុះ។ លំដាប់នោះ​ មេត្តិយ​ភិក្ខុ និង​ភុម្មជកភិក្ខុគិតគ្នាថា ម្នាល​អាវុសោ កាលពីថ្ងៃ​ម្សិល គហបតីឈ្មោះ​កល្យាណភត្តិក ​បាន​ទៅ​កាន់សំណាក់​ព្រះទព្វមល្លបុត្ត ឯអារាមយើង ប្រាកដ​ជា​ទព្វមល្លបុត្តញុះញង់ក្នុង​សំណាក់នៃគហបតី​នោះ​​ហើយ​។ មេត្តិយ​ភិក្ខុ និង​ភុម្មជកភិក្ខុទាំងនោះ​​ក៏​ឆាន់ចង្ហាន់ដ៏​សមគួរ​​ដល់​ចិត្តមិន​​បាន​ ព្រោះតែ​សេចក្តីទោមនស្ស​នោះ​ឯង។ មេត្តិយ​ភិក្ខុ និង​ភុម្មជកភិក្ខុឆាន់ចង្ហាន់រួច​ហើយ​ ត្រឡប់ទៅ​អារាមក្នុង​ពេលនោះ​ ក៏រៀបទុកដាក់បាត្រ និង​ចីវរ ​ហើយ​អង្គុយរឹបសង្ឃាដីខាងក្រៅខ្លោងទ្វារវត្តវេឡុវន អង្គុយស្ងៀម មានសេចក្តីអៀនអន់ ឱន​កសំយុងមុខចុះជ្រប់ ឥតមាននិយាយពីអ្វីសោះ។

[២៤៤] គ្រានោះ​ មេត្តិយាភិក្ខុនីចូលទៅ​រកមេត្តិយភិក្ខុ និង​ភុម្មជកភិក្ខុ លុះ​ចូលទៅ​​ដល់​​​ហើយ​ ក៏និយាយពាក្យ​នេះនឹងមេត្តិយភុម្មជកភិក្ខុថា បពិត្រលោកម្ចាស់ទាំងឡាយ ខ្ញុំម្ចាស់​សូម​ថ្វាយបង្គំ។ កាលបើ​មេត្តិយាភិក្ខុនី និយាយយ៉ាង​នេះ​ហើយ​ មេត្តិយភិក្ខុ និង​ភុម្មជកភិក្ខុ​មិន​​និយាយតបតសោះឡើយ។ មេត្តិយាភិក្ខុនី​បាន​និយាយពាក្យ​នេះនឹង​មេត្តិយភុម្មជកភិក្ខុជាគំរប់​ពីរដង។បេ។ ជាគំរប់បីដងថា បពិត្រលោកម្ចាស់ទាំងឡាយ ខ្ញុំម្ចាស់សូម​ថ្វាយបង្គំ។ មេត្តិយភិក្ខុ និង​ភុម្មជកភិក្ខុមិន​និយាយតជាគំរប់បីដងដែរ។ ទើប​មេត្តិយាភិក្ខុនីសួរថា ខ្ញុំម្ចាស់​បាន​ប្រទូស្ត​​ដល់​លោកម្ចាស់​រាល់អង្គ​ដូចម្តេចខ្លះ ​បាន​ជាលោកម្ចាស់​រាល់អង្គមិន​និយាយនឹង​ខ្ញុំម្ចាស់។ មេត្តិយភិក្ខុ និង​ភុម្មជកភិក្ខុឆ្លើយថា ម្នាល​ប្អូនស្រី ​បាន​ជាយើងមិន​និយាយ​នឹងនាង ព្រោះយើង ទព្វមល្លបុត្តគេបៀតបៀន ​ហើយ​នាងឯងធ្វើព្រងើយកន្តើយ។ មេត្តិយាភិក្ខុនីសួរថា (បើ​ដូច្នោះ) លោកម្ចាស់ឲ្យ​ខ្ញុំធ្វើ​ដូចម្តេច។ មេត្តិយភិក្ខុ និង​ភុម្មជកភិក្ខុឆ្លើយថា ម្នាល​ប្អូនស្រី បើ​នាង​ចង់​ឲ្យ​​ព្រះដ៏​មានព្រះភាគ​ធ្វើឲ្យ​ទព្វមល្លបុត្តវិនាស (នោះ​) ព្រះដ៏​មានព្រះភាគនឹងធ្វើទព្វមល្លបុត្ត​ឲ្យ​​វិនាស​ក្នុង​ថ្ងៃ​នេះពុំខាន។ មេត្តិយាភិក្ខុនីសួរថា ចុះលោកម្ចាស់រាល់អង្គឲ្យ​ខ្ញុំធ្វើ​ដូចម្តេច ខ្ញុំ​អាច​ធ្វើម្តេច។ មេត្តិយភិក្ខុ និង​ភុម្មជកភិក្ខុឆ្លើយថា ម្នាល​ប្អូនស្រី ចូរនាងមក ចូរនាង​ចូលទៅ​​គាល់​ព្រះដ៏​មានព្រះភាគ លុះ​ចូលទៅ​គាល់​ហើយ​ ចូរនាងក្រាបទូលពាក្យ​នេះនឹងព្រះ​ដ៏​មានព្រះ​ភាគ​ថា បពិត្រព្រះអង្គដ៏​ចំរើន ការ​នេះមិន​មែនជាការបិទបាំង មិន​មែនជាការសមគួរសោះឡើយ បពិត្រព្រះអង្គ​ដ៏​ចំរើន ទិសណាដែល​មិន​មានភ័យ មិន​មានចង្រៃ មិន​មានឧបទ្រព ទិស​នោះ​​ត្រឡប់​ជា​ប្រកប​ដោយ​ភ័យ ប្រកប​ដោយ​ចង្រៃ ប្រកប​ដោយ​ឧបទ្រពវិញ ទីកន្លែងណា​ដែល​​មិន​​ធ្លាប់មានខ្យល់ ទីកន្លែងនោះ​ត្រឡប់​ជាមានខ្យល់វិញ ​ដូចជាទឹកធ្លាប់ត្រជាក់ ប្រែជា​ក្តៅ​ ឥឡូវ​ព្រះទព្វមល្លបុត្តជាម្ចាស់ លោកប្រទូស្ត [ជាពាក្យបញ្ចៀស សំដៅសេចក្តីថាសេពមេថុន។]  នឹងខ្ញុំម្ចាស់​ហើយ​។ មេត្តិយាភិក្ខុនីទទួលស្តាប់ពាក្យមេត្តិយភិក្ខុ និង​ភុម្មជកភិក្ខុ ​ដោយ​ពាក្យថា យ៉ាង​ហ្នឹង​​ហើយ​លោកម្ចាស់ រួច​ហើយ​ចូលទៅ​​គាល់​ព្រះដ៏​មានព្រះភាគ លុះ​ចូលទៅ​​ដល់​​ហើយ​ ក៏ក្រាបថ្វាយបង្គំ​ព្រះដ៏​មានព្រះភាគ ​ហើយ​ស្ថិតនៅក្នុង​ទីដ៏​សមគួរ។ មេត្តិយាភិក្ខុនី លុះ​ស្ថិត​នៅ​ក្នុង​ទីដ៏​សមគួរ​ហើយ​ ក៏ក្រាបទូលពាក្យ​នេះនឹងព្រះ​ដ៏​មានព្រះ​ភាគ​ថា បពិត្រ​ព្រះអង្គ​ដ៏​ចំរើន ការ​នេះមិន​មែនជាការបិទបាំង មិន​មែនជាការសមគួរសោះឡើយ បពិត្រព្រះអង្គ​ដ៏​ចំរើន ទិសណាដែល​មិន​ធ្លាប់មានភ័យ មិន​មានចង្រៃ មិន​មានឧបទ្រព ទិស​នោះ​​ត្រឡប់​ជា​ប្រកប​ដោយ​ភ័យ ប្រកប​ដោយ​ចង្រៃ ប្រកប​ដោយ​ឧបទ្រពវិញ ទី​កន្លែង​ណា​ដែល​​មិន​​ធ្លាប់មានខ្យល់ ទីកន្លែងនោះ​ត្រឡប់ជាមានខ្យល់វិញ ​ដូចជា​ទឹក​ធ្លាប់ត្រជាក់ ប្រែជា​ក្តៅ​ ឥឡូវ​ព្រះទព្វមល្លបុត្តជាម្ចាស់ លោកប្រទូស្តនឹងខ្ញុំព្រះអង្គ​ហើយ​។

[២៤៥] ព្រោះនិទាន​នេះ ដំណើរ​នេះ ព្រះដ៏​មានព្រះភាគជាម្ចាស់ ​ទ្រង់ឲ្យ​ប្រជុំភិក្ខុសង្ឃ ​ហើយ​សួរបញ្ជាក់​ព្រះទព្វមល្លបុត្តដ៏​មានអាយុ​ក្នុង​ពេលនោះ​ថា ម្នាល​ទព្វៈ អ្នករលឹកឃើញ​ឬទេ នាងភិក្ខុនី​នេះថាយ៉ាងណា អ្នកឯង​បាន​ធ្វើយ៉ាងនោះ​មែនឬទេ។ ព្រះទព្វមល្លបុត្ត​ក្រាប​ទូលថា បពិត្រព្រះអង្គដ៏​ចំរើន ព្រះដ៏​មានព្រះភាគជ្រាប​នូវ​ខ្ញុំព្រះអង្គ​ដោយ​ពិត​ហើយ​។ ព្រះដ៏​មានព្រះភាគមានបន្ទូលសួរព្រះទព្វមល្លបុត្តដ៏​មានអាយុជាគំរប់ពីរដង។បេ។ ជាគំរប់​បីដងថា ម្នាល​ទព្វៈ អ្នករលឹកឃើញ​ឬ នាងភិក្ខុនី​នេះថាយ៉ាងណា អ្នកឯង​បាន​ធ្វើយ៉ាងនោះ​មែនឬ។ ព្រះទព្វមល្លបុត្តក្រាបទូលថា សូម​ទ្រង់ព្រះមេត្តាប្រោស  ព្រះដ៏​មានព្រះភាគ ​ទ្រង់​ជ្រាប​នូវ​ខ្ញុំ​ព្រះអង្គ​​ដោយ​ពិត​ហើយ​។ ព្រះបរមគ្រូត្រាស់ថា ម្នាល​ទព្វៈ អ្នកប្រាជ្ញទាំងឡាយ មិន​ពោល​បណ្តោះ​បណ្តៃយ៉ាង​នេះទេ បើ​អំពើដែល​អ្នក​បាន​ធ្វើ​ហើយ​ អ្នកចូរប្រាប់ថា ខ្ញុំធ្វើ​ហើយ​ បើ​អំពើ​ដែល​​អ្នកមិន​​បាន​ធ្វើទេ អ្នកចូរប្រាប់ថា ខ្ញុំមិន​​បាន​ធ្វើទេ។ ព្រះទព្វមល្លបុត្តក្រាបទូលថា បពិត្រ​ព្រះអង្គដ៏​ចំរើន ខ្ញុំព្រះអង្គ​តាំងពីដួចកើតមក សូម្បីតែ​យល់សប្តិសេពមេថុនធម្ម ក៏មិន​ដែល​​ស្គាល់​សោះឡើយ នឹងបាច់ពោលទៅ​ថ្វី​ដល់​ការរលឹក (នោះ​)។ លំដាប់នោះ​ ព្រះដ៏​មានព្រះភាគ​ត្រាស់​ហៅ​ភិក្ខុទាំងឡាយមក ​ហើយ​​ទ្រង់ត្រាស់ថា ម្នាល​ភិក្ខុទាំងឡាយ បើ​ដូច្នោះ អ្នកទាំងឡាយ​ចូរ​ឲ្យ​​មេត្តិយាភិក្ខុនីសឹកចេញ ម្យ៉ាងទៀត អ្នកទាំងឡាយចូរ​សាកសួរភិក្ខុ​ទាំងឡាយ​នេះមើល។ លុះ​​ព្រះ​ដ៏​មានព្រះភាគ​​ទ្រង់ត្រាស់ដូច្នេះ​ហើយ​ ក៏ក្រោកចាក​អាសនៈចូលទៅ​កាន់វិហារវិញ។ ភិក្ខុ​ទាំងឡាយ​នោះ​ ក៏ឲ្យ​មេត្តិយាភិក្ខុនី​សឹកក្នុង​ពេលនោះ​។ ទើបមេត្តិយភិក្ខុ និង​ភុម្មជកភិក្ខុនិយាយ​ពាក្យ​នេះ​នឹងភិក្ខុទាំងឡាយថា ម្នាល​អាវុសោ ចូរលោកកុំផ្សឹកមេត្តិយាភិក្ខុនីៗនោះ​ ឥតមានកំហុស​សោះទេ (ហេតុដើមមកពី) យើងខឹង មិន​សប្បាយចិត្ត (យើង) ចង់ឲ្យ​​ទព្វមល្លបុត្ត​ឃ្លាតចាក​សមណភេទ ទើបឲ្យ​មេត្តិយាភិក្ខុនីនោះ​ប្រឹងប្រែងឡើង។ ភិក្ខុទាំងឡាយ​សួរថា ម្នាល​​អាវុសោ អ្នកហ៊ានចោទ​ព្រះទព្វមល្លបុត្តដ៏​មានអាយុ ​ដោយ​អាបត្តិបារាជិកមិន​មាន​មូល [មិន​​បាន​ឃើញ ឬមិន​​បាន​ឮ ឬក៏ឥតមានរង្គៀសឡើយ។] ឬ។ មេត្តិយភិក្ខុ និង​ភុម្មជកភិក្ខុឆ្លើយថា ម្នាល​អាវុសោ យ៉ាងហ្នឹង​មែន​ហើយ​។ ភិក្ខុទាំងឡាយ​ណា​មានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុទាំងឡាយនោះ​ ក៏ពោលទោស និន្ទា តិះដៀលថា ចុះហេតុ​អ្វី ​បាន​ជាមេត្តិយភិក្ខុ និង​ភុម្មជកភិក្ខុចោទព្រះទព្វមល្លបុត្តដ៏​មានអាយុ ​ដោយ​អាបត្តិបារាជិក​មិន​មាន​មូល (ដូច្នោះ)។ ទើបភិក្ខុទាំងឡាយនោះ​ ក្រាបទូលសេចក្តីនុ៎ះ​​ដល់​​ព្រះដ៏​មានព្រះភាគ។ ព្រោះនិទាន​នេះ ដំណើរ​នេះ ព្រះដ៏​មានព្រះភាគជាម្ចាស់ ​ទ្រង់ឲ្យ​ប្រជុំភិក្ខុសង្ឃ ​ហើយ​សួរចំពោះ​មេត្តិយភិក្ខុ និង​ភុម្មជកភិក្ខុ​ក្នុង​ពេលនោះ​ថា ម្នាល​ភិក្ខុទាំងឡាយ ​បាន​ឮថា អ្នកទាំងឡាយ​ចោទទព្វមល្លបុត្ត ​ដោយ​អាបត្តិបារាជិក​មិន​មាន​មូល ពិតមែនឬ។ មេត្តិយភិក្ខុ និង​ភុម្មជកភិក្ខុក្រាប​ទូលថា បពិត្រព្រះដ៏​មានព្រះភាគ ដំណើរនោះ​ពិតមែន។ ព្រះសព្វញ្ញុពុទ្ធដ៏​មានជោគ ​ទ្រង់តិះដៀល​ថា ម្នាល​មោឃបុរស​ទាំងឡាយ ចុះហេតុអ្វី​បាន​ជា អ្នកទាំងឡាយចោទ​ទព្វមល្លបុត្ត​​ដោយ​​អាបត្តិបារាជិកមិន​មានមូល (ដូច្នោះ) ម្នាល​មោឃបុរសទាំងឡាយ ហេតុ​នេះ មិន​មែន​នាំឲ្យ​​ជ្រះថ្លា​ដល់​ពួកជន​ដែល​មិន​ទាន់ជ្រះថ្លានោះ​ទេ។បេ។ ម្នាល​ភិក្ខុទាំងឡាយ អ្នកទាំងឡាយ ត្រូវសំដែង​​ឡើង​នូវ​សិក្ខាបទ​នេះ យ៉ាង​នេះថា ភិក្ខុណាមួយ មានសេចក្តីក្រោធប្រទូស្ត មានចិត្ត​អាក់អន់ ចោទភិក្ខុផងគ្នា​ដោយ​អាបត្តិបារាជិក​មិន​មានមូល ​ដោយ​បំណងថា អញ​ត្រូវ​ធ្វើ​ដូចម្តេច​ឲ្យ​​ភិក្ខុនោះ​ឃ្លាតចាក​ព្រហ្មចរិយធម៌  [សាសនព្រហ្មចារី] ​នេះ​បាន​ លុះ​សម័យ​ខាងក្រោយ​តពីនោះ​​មក ទោះ​គេ​សាកសួរក្តី គេមិន​សាកសួរក្តី អធិករណ៍​នោះ​ប្រាកដ​ជាគ្មានមូល ភិក្ខុអ្នកចោទនោះ​ ក៏ប្តេជ្ញា​ទោស (​ដោយ​ខ្លួនឯង) ត្រូវអាបត្តិសង្ឃាទិសេស។

[២៤៦] ត្រង់ពាក្យថា ភិក្ខុណាមួយ មានអធិប្បាយក្នុង​សិក្ខាបទខាងដើមរួច​ហើយ​។ ត្រង់ពាក្យថា មានសេចក្តីក្រោធប្រទូស្ត អធិប្បាយថា ខឹង អន់ចិត្ត មិន​ត្រេកអរ មានចិត្ត​គឺ​ទោស​ខ្ទំាងខ្ទប់ មានចិត្តចង្អៀតចង្អល់។ ត្រង់ពាក្យថា មានចិត្តអាក់អន់ គឺ​មានចិត្ត​មិន​រីករាយ ព្រោះ​សេចក្តី​ខឹងនោះ​ផង ព្រោះទោសនោះ​ផង ព្រោះសេចក្តី​អន់ចិត្តនោះ​ផង ព្រោះសេចក្តី​មិន​​ត្រេក​អរ​នោះ​ផង។ ដែល​ហៅថា មិន​មានមូល គឺមិន​ឃើញ មិន​ឮ មិន​រង្កៀស។ ត្រង់ពាក្យថា ​ដោយ​អាបត្តិ​បារាជិក គឺបណ្តាអាបត្តិបារាជិកទាំង៤ អាបត្តិបារាជិកណាមួយ។ ត្រង់ពាក្យថា ចោទ គឺចោទ​ខ្លួន​ឯងក្តី ឲ្យ​អ្នកដទៃ​ចោទក្តី។ ពាក្យថា អញត្រូវធ្វើ​ដូចម្តេច ឲ្យ​ភិក្ខុនោះ​ឃ្លាតចាក​​ព្រហ្មចរិយធម៌​​នេះ​​បាន​ អធិប្បាយថា អញគប្បី​ឲ្យ​ភិក្ខុនោះ​ឃ្លាតចាក​​ភិក្ខុភាព ឃ្លាតចាក​សមណធម៌ ឃ្លាតចាក​​កងសីល ឃ្លាតចាក​តបោគុណ [ក្នុង​អភិធានប្បទីបិកាសូចិ មានវិគ្រោះថា “គុណធម៌ជា​គ្រឿង​​ដុត​កិលេស​ឲ្យ​រីងស្ងួតទៅ​”។]។

[២៤៧] ត្រង់ពាក្យថា លុះ​សម័យខាងក្រោយតពីនោះ​មក សេចក្តីថា (រូបភិក្ខុនោះ​) ចោទ​គេ​ក្នុង​ខណៈណា ក្នុង​ខណៈនោះ​ ស្របក់នោះ​ ពេលនោះ​កន្លងទៅ​។ ត្រង់ពាក្យថា ទោះគេ​សាកសួរក្តី សេចក្តីថា (រូបភិក្ខុនោះ​) គេចោទ​ដោយ​វត្ថុណា គេសាកសួរក្នុង​វត្ថុនោះ​ក្តី។ ត្រង់​ពាក្យថា គេមិន​សាកសួរក្តី សេចក្តីថា ឥតមានអ្នកណាមួយសាកសួរ។

[២៤៨] ដែល​ហៅថា អធិករណៈៗ នោះ​មាន៤យ៉ាងគឺ វិវាទាធិករណៈ១ អនុវាទាធិករណៈ១ អាបត្តាធិករណៈ១ កិច្ចាធិករណៈ១។

[២៤៩] ត្រង់ពាក្យថា ភិក្ខុអ្នកចោទនោះ​ ក៏ប្តេជ្ញាទោស (​ដោយ​ខ្លួនឯង) សេចក្តីថា អញ​ពោល​ពាក្យទទេ អញពោលពាក្យព្រាង អញ​ពោលពាក្យមិន​ពិត អញ​មិន​ដឹង​ហើយ​ពោល។ ត្រង់ពាក្យថា អាបត្តិសង្ឃាទិសេស មានអធិប្បាយក្នុង​សង្ឃាទិសេស​សិក្ខាបទ​ទី១ រួច​ហើយ​។

[២៥០] ភិក្ខុកាលត្រូវអាបត្តិបារាជិក តែ​ភិក្ខុអ្នកចោទនោះ​មិន​ឃើញទេ បើ​ភិក្ខុ​អ្នកចោទ​នោះ​ ចោទភិក្ខុនោះ​ថា ខ្ញុំ​បាន​ឃើញអ្នកឯងត្រូវអាបត្តិបារាជិក​ហើយ​ អ្នកឯងមិន​មែន​ជា​សមណៈ មិន​មែន​ជាកូនចៅ​ព្រះពុទ្ធ ជាសក្យបុត្តទេ ឧបោសថកម្មក្តី បវារណាកម្មក្តី សង្ឃកម្មក្តី ជាមួយនឹងអ្នក​ឯងគ្មានទេ (ភិក្ខុចោទដូច្នេះ) ត្រូវអាបត្តិសង្ឃាទិសេស​គ្រប់ៗ​ម៉ាត់។ ភិក្ខុត្រូវអាបត្តិបារាជិក​ហើយ​ តែ​ភិក្ខុអ្នកចោទនោះ​មិន​​បាន​ឮ បើ​ភិក្ខុ​អ្នកចោទ ចោទភិក្ខុនោះ​ថា ខ្ញុំ​បាន​ឮថាអ្នកឯងត្រូវបារាជិក​ហើយ​ អ្នកឯងមិន​មែនជាសមណៈ មិន​មែន​ជាកូនចៅ​ព្រះពុទ្ធ ជាសក្យបុត្តទេ ឧបោសថកម្មក្តី បវារណាកម្មក្តី សង្ឃកម្មក្តី ជាមួយនឹងអ្នក​ឯងគ្មានទេ (ភិក្ខុចោទដូច្នេះ) ត្រូវអាបត្តិសង្ឃាទិសេសគ្រប់ៗម៉ាត់។ ភិក្ខុត្រូវ​អាបត្តិបារាជិក​ហើយ​ តែ​ភិក្ខុអ្នកចោទនោះ​មិន​មានសេចក្តីរង្កៀស បើ​ភិក្ខុ​អ្នកចោទ ចោទ​ភិក្ខុនោះ​ថា ខ្ញុំមានសេចក្តីរង្កៀសថា អ្នកឯងត្រូវបារាជិក​ហើយ​ អ្នកឯងមិន​មែនជា​សមណៈ មិន​មែន​ជាកូនចៅ​ព្រះពុទ្ធជាសក្យបុត្តទេ ឧបោសថកម្មក្តី បវារណាកម្មក្តី សង្ឃកម្មក្តី ជាមួយនឹងអ្នក​ឯងគ្មានទេ (ភិក្ខុចោទគេដូច្នេះ) ត្រូវអាបត្តិសង្ឃាទិសេស​គ្រប់ៗ​ម៉ាត់។

[២៥១] ភិក្ខុកាលត្រូវអាបត្តិបារាជិក តែ​ភិក្ខុអ្នកចោទនោះ​មិន​ឃើញ បើ​(ភិក្ខុ​អ្នកចោទនោះ​) ចោទភិក្ខុនោះ​ថា អ្នកឯងត្រូវបារាជិក​ហើយ​ ខ្ញុំ​បាន​ឃើញ​ហើយ​ផង ​បាន​ឮ​ផង។បេ។ (ភិក្ខុចោទគេដូច្នេះ) ត្រូវអាបត្តិសង្ឃាទិសេសគ្រប់ៗម៉ាត់។ ភិក្ខុកាលត្រូវអាបត្តិបារាជិក តែ​ភិក្ខុអ្នកចោទនោះ​មិន​ឃើញ បើ​ (ភិក្ខុ​អ្នកចោទនោះ​) ចោទភិក្ខុនោះ​ថា អ្នកឯងត្រូវបារាជិក​ហើយ​ ខ្ញុំ​បាន​ឃើញ​ហើយ​ផង រង្កៀស​ហើយ​​ផង អ្នកឯងមិន​មែនជាសមណៈ។បេ។ (ភិក្ខុចោទដូច្នេះ) ត្រូវអាបត្តិសង្ឃាទិសេសគ្រប់ៗម៉ាត់។ ភិក្ខុកាលត្រូវអាបត្តិបារាជិក តែ​ភិក្ខុអ្នកចោទនោះ​មិន​ឃើញ បើ​ (ភិក្ខុ​អ្នកចោទនោះ​) ចោទភិក្ខុនោះ​ថា អ្នកឯងត្រូវ​អាបត្តិបារាជិក​ហើយ​ ខ្ញុំឃើញ​ហើយ​ផង ឮ​ហើយ​ផង រង្កៀស​ហើយ​​ផង។បេ។ (ភិក្ខុចោទ​ដូច្នេះ) ត្រូវអាបត្តិសង្ឃាទិសេសគ្រប់ៗម៉ាត់។ ភិក្ខុត្រូវអាបត្តិបារាជិក​ហើយ​ តែ​ភិក្ខុអ្នក​ចោទមិន​​បាន​ឮ ព្រោះហេតុនោះ​ ថាបើ​ភិក្ខុ​អ្នកចោទ ចោទភិក្ខុនោះ​ថា អ្នកឯងត្រូវ​អាបត្តិបារាជិក​ហើយ​ យើង​បាន​ឮផង រង្កៀស​ផង។បេ។ ត្រូវអាបត្តិសង្ឃាទិសេស​គ្រប់ៗ​ម៉ាត់។ ភិក្ខុត្រូវអាបត្តិបារាជិក​ហើយ​ តែ​ភិក្ខុអ្នកចោទនោះ​មិន​​បាន​ឮ បើ​ភិក្ខុ​អ្នកចោទនោះ​ ចោទភិក្ខុនោះ​ថា យើង​បាន​ឮផង ​បាន​ឃើញផងថា អ្នកឯង​ត្រូវអាបត្តិបារាជិក​ហើយ​។បេ។ (ភិក្ខុចោទគេដូច្នេះ) ត្រូវអាបត្តិសង្ឃាទិសេសគ្រប់ៗម៉ាត់។ ភិក្ខុត្រូវអាបត្តិបារាជិក​ហើយ​ ភិក្ខុអ្នកចោទនោះ​មិន​​បាន​ឮ បើ​ភិក្ខុ​អ្នកចោទនោះ​ ចោទភិក្ខុនោះ​ថា ខ្ញុំ​ហើយ​ឮផង រង្កៀស​ហើយ​ផង ឃើញ​ហើយ​ផងថា អ្នកឯង​ត្រូវអាបត្តិបារាជិក​ហើយ​។បេ។ (ភិក្ខុចោទ​គេដូច្នេះ) ត្រូវអាបត្តិសង្ឃាទិសេសគ្រប់ៗម៉ាត់។ ភិក្ខុត្រូវអាបត្តិបារាជិក​ហើយ​ ភិក្ខុអ្នក​ចោទ​នោះ​មិន​​បាន​រង្កៀស បើ​ភិក្ខុ​អ្នកចោទនោះ​ ចោទភិក្ខុនោះ​ថា អ្នកឯង​ត្រូវអាបត្តិ​បារាជិក​ហើយ​ ខ្ញុំរង្កៀស​ហើយ​ផង ខ្ញុំឃើញ​ហើយ​ផង។បេ។ (ភិក្ខុចោទគេដូច្នេះ) ត្រូវអាបត្តិសង្ឃាទិសេសគ្រប់ៗម៉ាត់។ ភិក្ខុត្រូវអាបត្តិបារាជិក​ហើយ​ ភិក្ខុអ្នកចោទនោះ​មិន​​បាន​រង្កៀស បើ​ភិក្ខុ​អ្នកចោទនោះ​ ចោទភិក្ខុនោះ​ថា អ្នកឯង​ត្រូវអាបត្តិបារាជិក​ហើយ​ ខ្ញុំរង្កៀស​ហើយ​ផង ខ្ញុំឮ​ហើយ​ផង។បេ។ (ភិក្ខុចោទគេដូច្នេះ) ត្រូវអាបត្តិសង្ឃាទិសេស​គ្រប់ៗម៉ាត់។ ភិក្ខុត្រូវអាបត្តិបារាជិក​ហើយ​ ភិក្ខុអ្នកចោទនោះ​មិន​​បាន​រង្កៀស បើ​ភិក្ខុ​អ្នកចោទនោះ​ ចោទភិក្ខុនោះ​ថា អ្នកឯង​ត្រូវអាបត្តិបារាជិក​ហើយ​ ខ្ញុំរង្កៀស​ហើយ​ផង ខ្ញុំឃើញ​ហើយ​ផង ខ្ញុំឮ​ហើយ​ផង។បេ។ (ភិក្ខុចោទគេដូច្នេះ) ត្រូវអាបត្តិសង្ឃាទិសេស​គ្រប់ៗ​ម៉ាត់។

[២៥២] ភិក្ខុកាលត្រូវអាបត្តិបារាជិក ភិក្ខុអ្នកចោទនោះ​​បាន​ឃើញមែន បើ​ (ភិក្ខុ​អ្នកចោទ​នោះ​) ចោទភិក្ខុនោះ​ថា អ្នកឯងត្រូវបារាជិក​ហើយ​ ខ្ញុំ​បាន​ឮ​ហើយ​។បេ។ (ភិក្ខុចោទ​គេដូច្នេះ) ត្រូវអាបត្តិសង្ឃាទិសេសគ្រប់ៗម៉ាត់។ ភិក្ខុកាលត្រូវអាបត្តិបារាជិក ភិក្ខុអ្នកចោទ​បាន​ឃើញមែន បើ​ (ភិក្ខុ​អ្នកចោទនោះ​) ចោទភិក្ខុនោះ​ថា អ្នកឯងត្រូវបារាជិក​ហើយ​ ខ្ញុំ​រង្កៀស​ហើយ​។បេ។ បើ​ (ភិក្ខុ​អ្នកចោទនោះ​) ចោទភិក្ខុនោះ​ថា អ្នកឯងត្រូវអាបត្តិបារាជិក​ហើយ​ ខ្ញុំឮ​ហើយ​ផង រង្កៀស​ហើយ​​ផង។បេ។ (ភិក្ខុចោទគេដូច្នេះ) ត្រូវអាបត្តិ​សង្ឃាទិសេសគ្រប់ៗម៉ាត់។ ភិក្ខុត្រូវអាបត្តិបារាជិក​ហើយ​ (ភិក្ខុអ្នកចោទនោះ​) ​បាន​ឮ បើ​ភិក្ខុ​អ្នកចោទនោះ​ ចោទភិក្ខុនោះ​ថា អ្នកឯងត្រូវអាបត្តិបារាជិក​ហើយ​ ខ្ញុំរង្កៀស​ហើយ​។បេ។ (បើ​ភិក្ខុ​អ្នកចោទនោះ​) ចោទភិក្ខុនោះ​ថា អ្នកឯង​ត្រូវអាបត្តិបារាជិក​ហើយ​ ខ្ញុំ​បាន​ឃើញ​ហើយ​។បេ។ បើ​ (ភិក្ខុ​អ្នកចោទនោះ​) ចោទភិក្ខុនោះ​ថា អ្នកឯង​ត្រូវអាបត្តិបារាជិក​ហើយ​ ខ្ញុំរង្កៀស​ហើយ​ផង ឃើញ​ហើយ​ផង។បេ។ (ភិក្ខុចោទគេដូច្នេះ) ត្រូវអាបត្តិ​សង្ឃាទិសេសគ្រប់ៗម៉ាត់។ ភិក្ខុត្រូវអាបត្តិបារាជិក​ហើយ​ ភិក្ខុអ្នកចោទនោះ​​បាន​រង្កៀស បើ​ភិក្ខុ​អ្នកចោទនោះ​ ចោទភិក្ខុនោះ​ថា អ្នកឯង​ត្រូវអាបត្តិបារាជិក​ហើយ​ ខ្ញុំឃើញ​ហើយ​។បេ។ បើ​ (ភិក្ខុ​អ្នកចោទនោះ​) ចោទភិក្ខុនោះ​ថា អ្នកឯង​ត្រូវអាបត្តិបារាជិក​ហើយ​ ខ្ញុំឮ​ហើយ​។បេ។ បើ​ (ភិក្ខុ​អ្នកចោទនោះ​) ចោទភិក្ខុនោះ​ថា អ្នកឯង​ត្រូវអាបត្តិបារាជិក​ហើយ​ ខ្ញុំឃើញ​ហើយ​ផង ខ្ញុំឮ​ហើយ​ផង អ្នកឯងមិន​មែនជាសមណៈ មិន​មែន​ជាកូនចៅ​ព្រះពុទ្ធជា​សក្យបុត្តទេ ឧបោសថកម្មក្តី បវារណាកម្មក្តី សង្ឃកម្មក្តី ជាមួយនឹងអ្នក​ឯង​គ្មានទេ (ភិក្ខុ​ចោទ​គេដូច្នេះ) ត្រូវអាបត្តិសង្ឃាទិសេសគ្រប់ៗម៉ាត់។

[២៥៣] ភិក្ខុកាលត្រូវអាបត្តិបារាជិក ភិក្ខុអ្នកចោទនោះ​​បាន​ឃើញមែន តែ​មាន​សេចក្តី​សង្ស័យ​នឹងភិក្ខុដែល​​ខ្លួន​បាន​ឃើញ​ហើយ​ (គឺ) កំណត់​មិន​​បាន​​នូវ​ភិក្ខុដែល​ខ្លួនឃើញ​ហើយ​ រលឹក​មិន​​បាន​​នូវ​ភិក្ខុដែល​ខ្លួនឃើញ​ហើយ​ ភ្លេច​នូវ​ភិក្ខុដែល​ខ្លួនឃើញ​ហើយ​ បើ​ភិក្ខុ​អ្នកចោទ ចោទភិក្ខុនោះ​ថា អ្នកឯងត្រូវអាបត្តិបារាជិក​ហើយ​ ខ្ញុំ​បាន​ឃើញផង ខ្ញុំ​បាន​ឮផង។បេ។ ខ្ញុំ​បាន​ឃើញផង ខ្ញុំមានសេចក្តីរង្កៀសផង។បេ។ ខ្ញុំ​បាន​ឃើញផង ខ្ញុំ​បាន​ឮផង ខ្ញុំមានសេចក្តីរង្កៀសផង។បេ។ ភិក្ខុត្រូវអាបត្តិបារាជិក​ហើយ​ ភិក្ខុអ្នកចោទនោះ​​បាន​ឮ តែ​មាន​សេចក្តី​សង្ស័យ​នឹងភិក្ខុដែល​​ខ្លួន​បាន​ឮ​ហើយ​ (គឺ) កំណត់​មិន​​បាន​​នូវ​ភិក្ខុដែល​ខ្លួនឮ​ហើយ​ រលឹក​មិន​​បាន​​នូវ​ភិក្ខុដែល​ខ្លួនឮ​ហើយ​ ភ្លេច​នូវ​ភិក្ខុដែល​ខ្លួនឮ​ហើយ​ បើ​ភិក្ខុ​អ្នកចោទ ចោទភិក្ខុនោះ​ថា អ្នកឯង​ត្រូវអាបត្តិបារាជិក​ហើយ​ ខ្ញុំ​បាន​ឮផង ខ្ញុំមាន​សេចក្តី​រង្កៀសផង។បេ។ ខ្ញុំ​បាន​ឮផង ខ្ញុំ​​បាន​ឃើញផង។បេ។ ខ្ញុំ​បាន​ឮផង ខ្ញុំមានសេចក្តី​រង្កៀសផង ខ្ញុំ​បាន​ឃើញផង។បេ។ ភិក្ខុ​ត្រូវអាបត្តិ​បារាជិក​ហើយ​ ភិក្ខុអ្នកចោទនោះ​មាន​សេចក្តីរង្កៀស ក៏មាន​សេចក្តី​សង្ស័យ​នឹងភិក្ខុដែល​​ខ្លួនមានសេចក្តីរង្កៀស​ហើយ​ កំណត់​មិន​​បាន​​នូវ​ភិក្ខុដែល​ខ្លួនរង្កៀស​ហើយ​ រលឹក​មិន​​បាន​​នូវ​ភិក្ខុដែល​ខ្លួនរង្កៀស​ហើយ​ ភ្លេច​នូវ​ភិក្ខុដែល​ខ្លួនរង្កៀស​ហើយ​ បើ​ភិក្ខុអ្នកចោទ ចោទ​ភិក្ខុ​នោះ​ថា អ្នកឯងត្រូវអាបត្តិបារាជិក​ហើយ​ ខ្ញុំមានសេចក្តីរង្កៀសផង ខ្ញុំ​បាន​ឃើញផង។បេ។ ខ្ញុំ​មាន​សេចក្តីរង្កៀសផង ខ្ញុំ​បាន​ឮផង។បេ។ ខ្ញុំមានសេចក្តីរង្កៀសផង ខ្ញុំ​បាន​ឃើញផង ខ្ញុំ​បាន​ឮផង អ្នកឯងមិន​មែន​ជាសមណៈ អ្នកឯងមិន​មែនជាកូននៃព្រះពុទ្ធជាសក្យបុត្ត ឧបោសថកម្មក្តី បវារណា​កម្មក្តី សង្ឃកម្មក្តី ជាមួយនឹងអ្នកឯងគ្មានទេ (ភិក្ខុចោទគេដូច្នេះ) ត្រូវអាបត្តិសង្ឃាទិសេស​គ្រប់ៗ​ម៉ាត់។

[២៥៤] ភិក្ខុកាលត្រូវអាបត្តិបារាជិក តែ​ភិក្ខុអ្នកចោទនោះ​មិន​ឃើញ បើ​ (ភិក្ខុ​អ្នកចោទ) ប្រើ​បុគ្គលដទៃឲ្យ​ចោទភិក្ខុដែល​ត្រូវអាបត្តិបារាជិកនោះ​ថា អ្នកឯងខ្ញុំឃើញ​ហើយ​ អ្នកឯងត្រូវ​អាបត្តិបារាជិក​​ហើយ​ អ្នកឯងមិន​មែនជាសមណៈ អ្នកឯងមិន​មែន​ជាកូនចៅ​ព្រះពុទ្ធជា​សក្យបុត្ត ឧបោសថកម្មក្តី បវារណា​កម្មក្តី សង្ឃកម្មក្តី ជាមួយនឹងអ្នកឯងគ្មានទេ  (ភិក្ខុ​អ្នកចោទគេដូច្នេះ) ត្រូវអាបត្តិសង្ឃាទិសេសគ្រប់ៗម៉ាត់។ ភិក្ខុត្រូវអាបត្តិបារាជិក​ហើយ​ ភិក្ខុអ្នកចោទមិន​​បាន​ឮ បើ​ភិក្ខុអ្នកចោទ ប្រើ​ភិក្ខុដទៃឲ្យ​ចោទភិក្ខុ​​នោះ​ថា អ្នកឯងខ្ញុំ​បាន​ឮថា អ្នកឯងត្រូវអាបត្តិបារាជិក​​ហើយ​។បេ។ (ភិក្ខុចោទគេដូច្នេះ) ត្រូវអាបត្តិសង្ឃាទិសេស​គ្រប់ៗម៉ាត់។ ភិក្ខុត្រូវអាបត្តិបារាជិក​ហើយ​ ភិក្ខុអ្នកចោទមិន​​បាន​រង្កៀស បើ​ភិក្ខុ​អ្នកចោទ ប្រើ​ភិក្ខុដទៃឲ្យ​ចោទភិក្ខុនោះ​ថា អ្នកឯងខ្ញុំមានសេចក្តីរង្កៀសថា អ្នកឯងត្រូវអាបត្តិបារាជិក​​ហើយ​។បេ។ (ភិក្ខុចោទគេដូច្នេះ) ត្រូវអាបត្តិសង្ឃាទិសេស​គ្រប់ៗម៉ាត់។

[២៥៥] ភិក្ខុកាលត្រូវអាបត្តិបារាជិក ភិក្ខុអ្នកចោទមិន​ឃើញទេ បើ​ (ភិក្ខុ​អ្នកចោទ) ប្រើ​ភិក្ខុដទៃឲ្យ​ចោទភិក្ខុនោះ​ថា អ្នកឯងខ្ញុំ​បាន​ឃើញ​ហើយ​ អ្នកឯងខ្ញុំ​បាន​ឮ​ហើយ​។បេ។ អ្នក​ឯងខ្ញុំ​​បាន​​ឃើញ​ហើយ​ អ្នកឯងខ្ញុំមានសេចក្តីរង្កៀស​ហើយ​។បេ។អ្នកឯងខ្ញុំ​បាន​ឃើញ​ហើយ​ អ្នកឯងខ្ញុំ​បាន​​ឮ​ហើយ​ អ្នកឯងខ្ញុំមានសេចក្តីរង្កៀស​ហើយ​ អ្នកឯងត្រូវ​អាបត្តិ​បារាជិក​​​ហើយ​។បេ។ (ភិក្ខុចោទគេដូច្នេះ) ត្រូវអាបត្តិសង្ឃាទិសេសគ្រប់ៗម៉ាត់។ ភិក្ខុត្រូវ​អាបត្តិបារាជិក​ហើយ​ ភិក្ខុអ្នកចោទនោះ​​មិន​​បាន​ឮ បើ​ភិក្ខុ​អ្នកចោទ ប្រើ​ភិក្ខុដទៃឲ្យ​ចោទថា អ្នកឯងខ្ញុំ​បាន​ឮ​ហើយ​ អ្នកឯងខ្ញុំមានសេចក្តីរង្កៀស​ហើយ​។បេ។ អ្នកឯងខ្ញុំ​បាន​ឮ​ហើយ​ អ្នកឯងខ្ញុំ​បាន​ឃើញ​ហើយ​។បេ។ អ្នកឯងខ្ញុំ​បាន​ឮ​ហើយ​ អ្នកឯងខ្ញុំមានសេចក្តីរង្កៀស​ហើយ​ អ្នកឯងខ្ញុំ​បាន​ឃើញ​ហើយ​ អ្នកឯងត្រូវអាបត្តិបារាជិក​​ហើយ​។បេ។ (ភិក្ខុចោទ​គេដូច្នេះ) ត្រូវអាបត្តិសង្ឃាទិសេស​គ្រប់ៗម៉ាត់។ ភិក្ខុត្រូវអាបត្តិបារាជិក​ហើយ​ ភិក្ខុអ្នក​ចោទ​​មិន​​បាន​រង្កៀស បើ​ភិក្ខុ​អ្នកចោទ ប្រើ​ភិក្ខុដទៃឲ្យ​ចោទ​ភិក្ខុ​នោះ​ថា អ្នកឯងខ្ញុំមាន​សេចក្តី​រង្កៀស​ហើយ​ អ្នកឯងខ្ញុំ​បាន​ឃើញ​ហើយ​។បេ។ អ្នកឯងខ្ញុំមានសេចក្តីរង្កៀស​ហើយ​ អ្នកឯងខ្ញុំ​បាន​ឮ​ហើយ​។បេ។ អ្នកឯងខ្ញុំមាន​សេចក្តីរង្កៀស​ហើយ​ អ្នកឯងខ្ញុំ​បាន​ឃើញ​​ហើយ​ អ្នកឯងខ្ញុំ​បាន​ឮ​ហើយ​ អ្នកឯងត្រូវអាបត្តិ​បារាជិក​​ហើយ​។បេ។ (ភិក្ខុចោទ​គេដូច្នេះ) ត្រូវអាបត្តិសង្ឃាទិសេសគ្រប់ៗម៉ាត់។

[២៥៦] ភិក្ខុកាលត្រូវអាបត្តិបារាជិក ភិក្ខុអ្នកចោទនោះ​​​បាន​ឃើញ​ហើយ​ បើ​(ភិក្ខុ​អ្នកចោទ) ប្រើ​ភិក្ខុដទៃឲ្យ​ចោទភិក្ខុដែល​ត្រូវអាបត្តិបារាជិកនោះ​ថា អ្នកឯងខ្ញុំ​បាន​ឮ​ហើយ​ អ្នកឯង​ត្រូវអាបត្តិ​បារាជិក​ហើយ​។បេ។ អ្នកឯងខ្ញុំមានសេចក្តីរង្កៀស​ហើយ​ អ្នកឯងត្រូវអាបត្តិ​បារាជិក​​​ហើយ​។បេ។ អ្នកឯងខ្ញុំ​បាន​ឮ​ហើយ​ អ្នកឯងខ្ញុំមានសេចក្តីរង្កៀស​ហើយ​ អ្នកឯង​ត្រូវអាបត្តិបារាជិក​ហើយ​។បេ។ (ភិក្ខុចោទគេដូច្នេះ) ត្រូវអាបត្តិសង្ឃាទិសេសគ្រប់ៗម៉ាត់។ ភិក្ខុត្រូវអាបត្តិបារាជិក​ហើយ​ (ភិក្ខុអ្នកចោទ) ​បាន​ឮ​ហើយ​ បើ​ភិក្ខុ​អ្នកចោទ ប្រើ​ភិក្ខុដទៃឲ្យ​ចោទភិក្ខុនោះ​ថា អ្នកឯងខ្ញុំ​មានសេចក្តីរង្កៀស​ហើយ​។បេ។ បើ​(ភិក្ខុ​អ្នកចោទ) ប្រើ​ភិក្ខុ​ដទៃឲ្យ​ចោទ​ភិក្ខុ​នោះ​ថា អ្នកឯង​ខ្ញុំឃើញ​ហើយ​។បេ។ បើ​(ភិក្ខុ​អ្នកចោទ) ប្រើ​ភិក្ខុដទៃឲ្យ​ចោទភិក្ខុនោះ​ថា អ្នកឯង​ខ្ញុំមានសេចក្តីរង្កៀស​ហើយ​ អ្នកឯងខ្ញុំ​បាន​ឃើញ​ហើយ​ អ្នកឯង​ត្រូវអាបត្តិបារាជិក​​ហើយ​។បេ។ (ភិក្ខុចោទគេដូច្នេះ) ត្រូវអាបត្តិ​សង្ឃាទិសេស​គ្រប់ៗម៉ាត់។ ភិក្ខុត្រូវអាបត្តិបារាជិក​ហើយ​ ភិក្ខុអ្នកចោទមានសេចក្តីរង្កៀស បើ​ភិក្ខុ​អ្នកចោទ ប្រើ​ភិក្ខុដទៃឲ្យ​ចោទ​ភិក្ខុ​នោះ​ថា អ្នកឯងខ្ញុំ​​បាន​ឃើញ​ហើយ​ថា អ្នកឯងត្រូវអាបត្តិបារាជិក​​ហើយ​។បេ។ បើ​ភិក្ខុអ្នកចោទ ប្រើភិក្ខុ​ដទៃឲ្យ​ចោទភិក្ខុនោះ​ថា អ្នកឯងខ្ញុំឃើញ​ហើយ​ អ្នកឯងខ្ញុំឮ​ហើយ​។បេ។ បើ​ភិក្ខុអ្នកចោទ ប្រើភិក្ខុ​ដទៃ​ឲ្យ​ចោទ​ភិក្ខុនោះ​ថា អ្នកឯងខ្ញុំឃើញ​ហើយ​ អ្នកឯងខ្ញុំឮ​ហើយ​ថា អ្នកឯងត្រូវអាបត្តិ​បារាជិក​​ហើយ​។បេ។  (ភិក្ខុចោទគេដូច្នេះ) ត្រូវអាបត្តិសង្ឃាទិសេសគ្រប់ៗម៉ាត់។

[២៥៧] ភិក្ខុកាលត្រូវអាបត្តិបារាជិក ភិក្ខុអ្នកចោទនោះ​ក៏ឃើញមែន តែ​ (ភិក្ខុ​អ្នក​ចោទ) មាន​សេចក្តី​សង្ស័យ​នឹងភិក្ខុដែល​​ខ្លួនឃើញ​ហើយ​ កំណត់​មិន​​បាន​​នូវ​ភិក្ខុដែល​ខ្លួនឃើញ​ហើយ​ រលឹក​មិន​​បាន​​នូវ​ភិក្ខុដែល​ខ្លួនឃើញ​ហើយ​ ភ្លេច​នូវ​ភិក្ខុដែល​ខ្លួនឃើញ​ហើយ​។បេ។ មាន​សេចក្តី​សង្ស័យ​នឹងភិក្ខុដែល​​ខ្លួនឮ​ហើយ​ កំណត់​មិន​​បាន​​នូវ​ភិក្ខុដែល​ខ្លួនឮ​ហើយ​ រលឹក​​មិន​​បាន​​នូវ​ភិក្ខុដែល​ខ្លួនឮ​ហើយ​ ភ្លេច​នូវ​ភិក្ខុដែល​ខ្លួនឮ​ហើយ​។បេ។ មាន​សេចក្តី​សង្ស័យ​នឹងភិក្ខុដែល​​ខ្លួនរង្កៀស កំណត់​មិន​​បាន​​នូវ​ភិក្ខុដែល​ខ្លួនរង្កៀស​ហើយ​ រលឹក​មិន​​បាន​​នូវ​ភិក្ខុដែល​ខ្លួនរង្កៀស​ហើយ​ ភ្លេច​នូវ​ភិក្ខុដែល​ខ្លួនរង្កៀស​ហើយ​ បើ​ភិក្ខុ​អ្នកចោទ ប្រើបុគ្គលដទៃឲ្យ​ចោទភិក្ខុនោះ​ថា អ្នកឯងខ្ញុំរង្កៀស​ហើយ​ អ្នកឯងខ្ញុំឃើញ​ហើយ​។បេ។ អ្នកឯង ខ្ញុំរង្កៀស​ហើយ​ អ្នកឯងខ្ញុំឮ​ហើយ​។បេ។ អ្នកឯងខ្ញុំរង្កៀស​ហើយ​ អ្នកឯងខ្ញុំឃើញ​ហើយ​ អ្នកឯង​ខ្ញុំ​ឮ​ហើយ​ថា អ្នកឯងត្រូវអាបត្តិបារាជិក​ហើយ​ អ្នកឯងមិន​មែនជាសមណៈ អ្នកឯងមិន​មែនជាកូនចៅព្រះពុទ្ធជាសក្យបុត្តឡើយ ឧបោសថកម្មក្តី បវារណា​កម្មក្តី សង្ឃកម្មក្តី ជាមួយនឹងអ្នកឯងគ្មានទេ ភិក្ខុចោទគេដូច្នេះ​នេះ ត្រូវអាបត្តិសង្ឃាទិសេស​គ្រប់ៗម៉ាត់។

(មាតិកានុក្រម គឺបញ្ជីរឿងដែល​នឹងត្រូវសំដែង​​តាមលំដាប់ហូរហែ​​ដូចមានខាងក្រោម​​នេះ​គឺ)

[២៥៨] ភិក្ខុយល់ឃើញថាបរិសុទ្ធក្នុង​បុគ្គលដែល​មិន​បរិសុទ្ធ១ យល់ឃើញថាមិន​បរិសុទ្ធ​ក្នុង​បុគ្គលដែល​បរិសុទ្ធ១ យល់ឃើញថាមិន​បរិសុទ្ធក្នុង​បុគ្គលដែល​មិន​បរិសុទ្ធ១ យល់​ឃើញ​ថា​បរិសុទ្ធក្នុង​បុគ្គលដែល​បរិសុទ្ធ១ ។

[២៥៩] បុគ្គល គឺភិក្ខុដែល​ត្រូវអាបត្តិបារាជិកឯណានីមួយ ជាអ្នកមិន​បរិសុទ្ធ​ហើយ​ បើ​ភិក្ខុ​អ្នកចោទយល់ថា ភិក្ខុនោះ​បរិសុទ្ធល្អទេ ​ហើយ​មិន​ឲ្យ​ភិក្ខុនោះ​ធ្វើឱកាស​ដោយ​សមគួរ​ជាមុន ​ហើយ​មានសេចក្តីប្រាថ្នាឲ្យ​ភិក្ខុនោះ​ឃ្លាតចាក​ព្រហ្មចរិយធម៌ ទើបពោលចោទ​ភិក្ខុនោះ​ (​ដោយ​​អាបត្តិ​បារាជិក ភិក្ខុអ្នកចោទ) ត្រូវអាបត្តិទុក្កដ និង​សង្ឃាទិសេស។ បុគ្គល គឺភិក្ខុដែល​ត្រូវអាបត្តិបារាជិកណានីមួយ ជាអ្នកមិន​បរិសុទ្ធ​ហើយ​ បើ​ភិក្ខុ​អ្នកចោទយល់ថា ភិក្ខុនោះ​បរិសុទ្ធល្អទេ ​ហើយ​ឲ្យ​ភិក្ខុនោះ​ធ្វើឱកាស​ដោយ​សមគួរជាមុន ​ហើយ​មានប្រាថ្នា​នឹងឲ្យ​ភិក្ខុនោះ​ឃ្លាតចាក​ព្រហ្មចរិយធម៌ ទើបពោលចោទភិក្ខុនោះ​ (​ដោយ​​អាបត្តិ​បារាជិក ភិក្ខុអ្នកចោទ) ត្រូវអាបត្តិសង្ឃាទិសេស។ បុគ្គល គឺភិក្ខុដែល​ត្រូវអាបត្តិបារាជិកណានីមួយ ជាអ្នកមិន​បរិសុទ្ធ​ហើយ​ បើ​ភិក្ខុ​អ្នកចោទយល់ថា ភិក្ខុនោះ​បរិសុទ្ធល្អទេ ​ហើយ​មិន​ឲ្យ​ភិក្ខុនោះ​ធ្វើឱកាស​ដោយ​សមគួរជាមុន ​ហើយ​មានប្រាថ្នានឹងជេរភិក្ខុនោះ​ ទើបជេរ (ភិក្ខុអ្នកជេរ) ត្រូវអាបត្តិទុក្កដ និង​បាចិត្តិយៈ។ បុគ្គល គឺភិក្ខុដែល​ត្រូវអាបត្តិ​បារាជិក​ណានីមួយ ជាអ្នកមិន​បរិសុទ្ធ​ហើយ​ បើ​ភិក្ខុ​អ្នកចោទយល់ឃើញថា ភិក្ខុនោះ​បរិសុទ្ធល្អទេ ​ហើយ​ឲ្យ​ភិក្ខុនោះ​ធ្វើឱកាស​ដោយ​សមគួរជាមុន ​ហើយ​មានប្រាថ្នានឹងជេរភិក្ខុនោះ​ ទើប​ជេរ ភិក្ខុអ្នកជេរ ត្រូវអាបត្តិបាចិត្តិយ។

[២៦០] បុគ្គល គឺភិក្ខុដែល​មិន​ត្រូវអាបត្តិបារាជិកណានីមួយ ជាអ្នកបរិសុទ្ធ​ហើយ​ បើ​ភិក្ខុ​អ្នកចោទយល់ថា ភិក្ខុនោះ​មិន​បរិសុទ្ធទេ ​ហើយ​មិន​ឲ្យ​ភិក្ខុនោះ​ធ្វើឱកាស​ដោយ​សមគួរ​ជាមុន ​ហើយ​មានប្រាថ្នានឹងឲ្យ​ភិក្ខុនោះ​ឃ្លាតចាក​ព្រហ្មចរិយធម៌ ទើបពោលចោទ ភិក្ខុអ្នក​ចោទ ត្រូវអាបត្តិទុក្កដ។ បុគ្គល គឺភិក្ខុដែល​មិន​ត្រូវអាបត្តិបារាជិកណានីមួយ ជាអ្នកបរិសុទ្ធ​ហើយ​ បើ​ភិក្ខុ​អ្នកចោទយល់ឃើញថា ភិក្ខុនោះ​មិន​បរិសុទ្ធល្អទេ ​ហើយ​ឲ្យ​ភិក្ខុនោះ​ធ្វើឱកាស​ដោយ​សមគួរជាមុន ​ហើយ​មានប្រាថ្នានឹងឲ្យ​ភិក្ខុនោះ​ឃ្លាតចាក​ព្រហ្មចរិយធម៌ ទើបពោលចោទ ភិក្ខុអ្នកចោទ មិន​ត្រូវអាបត្តិ។ បុគ្គល គឺភិក្ខុដែល​មិន​ត្រូវអាបត្តិ​បារាជិក​ណានីមួយ ជាអ្នកបរិសុទ្ធ​ហើយ​ បើ​ភិក្ខុ​អ្នកចោទយល់ឃើញថា ភិក្ខុនោះ​មិន​បរិសុទ្ធទេ មិន​ឲ្យ​ភិក្ខុនោះ​ធ្វើឱកាស​ដោយ​សមគួរជាមុន ​ហើយ​មានប្រាថ្នាដើម្បីនឹងជេរភិក្ខុនោះ​ ទើបជេរ ភិក្ខុអ្នកជេរ ត្រូវអាបត្តិទុក្កដ និង​បាចិត្តិយៈ។ បុគ្គល គឺភិក្ខុដែល​មិន​ត្រូវ​អាបត្តិបារាជិកណានីមួយ ជាអ្នកបរិសុទ្ធ​ហើយ​ បើ​ភិក្ខុ​អ្នកចោទយល់ឃើញថា ភិក្ខុនោះ​មិន​បរិសុទ្ធ ឲ្យ​ភិក្ខុនោះ​ធ្វើឱកាស​ដោយ​សមគួរជាមុន ​ហើយ​មានប្រាថ្នាដើម្បី​នឹងជេរ​ភិក្ខុ​នោះ​ ទើបជេរ ភិក្ខុអ្នកជេរ ត្រូវអាបត្តិបាចិត្តិយ។

[២៦១] បុគ្គល គឺភិក្ខុដែល​ត្រូវអាបត្តិបារាជិកណានីមួយ ជាអ្នកមិន​បរិសុទ្ធ​ហើយ​ ភិក្ខុ​អ្នកចោទយល់ឃើញថា ភិក្ខុនោះ​មិន​បរិសុទ្ធល្អទេ ​ហើយ​មិន​ឲ្យ​ភិក្ខុនោះ​ធ្វើឱកាស​ដោយ​សមគួរជាមុន ​ហើយ​មានប្រាថ្នាដើម្បីឲ្យ​ភិក្ខុនោះ​ឃ្លាតចាក​ព្រហ្មចរិយធម៌ ទើបពោល​ចោទ ភិក្ខុអ្នកចោទ ត្រូវអាបត្តិទុក្កដ។ បុគ្គល គឺភិក្ខុដែល​ត្រូវអាបត្តិបារាជិកណានីមួយ ជា​អ្នក​មិន​បរិសុទ្ធ​ហើយ​ បើ​ភិក្ខុ​អ្នកចោទយល់ឃើញថា ភិក្ខុនោះ​មិន​បរិសុទ្ធល្អទេ ​ហើយ​ឲ្យ​ភិក្ខុនោះ​​ ធ្វើឱកាស​ដោយ​សមគួរជាមុន ​ហើយ​ប្រាថ្នាដើម្បីឲ្យ​ភិក្ខុនោះ ​ឃ្លាតចាក​ព្រហ្មចរិយ​ធម៌ ទើបពោលចោទ ភិក្ខុអ្នកចោទ មិន​ត្រូវអាបត្តិឡើយ។ បុគ្គល គឺភិក្ខុដែល​ត្រូវអាបត្តិបារាជិកណានីមួយ ជាអ្នកមិន​បរិសុទ្ធ​ហើយ​ បើ​ភិក្ខុ​អ្នកចោទយល់ឃើញថា ភិក្ខុនោះ​មិន​បរិសុទ្ធល្អទេ មិន​ឲ្យ​ភិក្ខុនោះ​ធ្វើឱកាស​ដោយ​សមគួរជាមុន ​ហើយ​មាន​ប្រាថ្នាដើម្បីជេរភិក្ខុនោះ​ ទើបជេរ ភិក្ខុអ្នកជេរ ត្រូវអាបត្តិទុក្កដ និង​បាចិត្តិយ។ បុគ្គល គឺភិក្ខុដែល​ត្រូវអាបត្តិបារាជិកណានីមួយ ជាអ្នកមិន​បរិសុទ្ធ​ហើយ​ ភិក្ខុ​អ្នកចោទ​យល់​ឃើញ​ថា ភិក្ខុនោះ​មិន​បរិសុទ្ធល្អទេ ​ហើយ​ឲ្យ​ភិក្ខុនោះ​ធ្វើឱកាស​ដោយ​សមគួរជាមុន ​ហើយ​​មានប្រាថ្នាដើម្បីនឹងជេរភិក្ខុនោះ​ ទើបជេរ ភិក្ខុអ្នកជេរ ត្រូវអាបត្តិបាចិត្តិយ។

[២៦២] បុគ្គល គឺភិក្ខុដែល​មិន​ត្រូវអាបត្តិបារាជិកណានីមួយ ជាអ្នកបរិសុទ្ធ​ហើយ​ បើ​ភិក្ខុ​អ្នកចោទយល់ឃើញថា ភិក្ខុនោះ​បរិសុទ្ធល្អទេ មិន​ឲ្យ​ភិក្ខុនោះ​ធ្វើឱកាស​ដោយ​សមគួរ​ជាមុន ​ហើយ​មានប្រាថ្នាដើម្បីឲ្យ​ភិក្ខុនោះ​ឃ្លាតចាក​ព្រហ្មចរិយធម៌ ទើបចោទ ភិក្ខុអ្នក​ចោទ ត្រូវអាបត្តិទុក្កដ និង​សង្ឃាទិសេស។ បុគ្គល គឺភិក្ខុដែល​មិន​ត្រូវអាបត្តិ​បារាជិក​ណានីមួយ ជាអ្នកបរិសុទ្ធ​ហើយ​ បើ​ភិក្ខុ​អ្នកចោទយល់ឃើញថា ភិក្ខុនោះ​បរិសុទ្ធល្អទេ ឲ្យ​ភិក្ខុនោះ​ធ្វើឱកាស​ដោយ​សមគួរជាមុន ​ហើយ​មានប្រាថ្នាដើម្បី​ឲ្យ​ភិក្ខុនោះ​ឃ្លាតចាក​ព្រហ្មចរិយធម៌ ទើបពោលចោទ ភិក្ខុអ្នកចោទ ត្រូវអាបត្តិសង្ឃាទិសេស។ បុគ្គល គឺភិក្ខុ​ដែល​មិន​ត្រូវអាបត្តិបារាជិកណានីមួយ ជាអ្នកបរិសុទ្ធ​ហើយ​ បើ​ភិក្ខុ​អ្នកចោទយល់ឃើញ​ថា ភិក្ខុនោះ​បរិសុទ្ធល្អទេ មិន​ឲ្យ​ភិក្ខុនោះ​ធ្វើឱកាស​ដោយ​សមគួរជាមុន ​ហើយ​មាន​ប្រាថ្នា​ដើម្បីជេរភិក្ខុនោះ​ ទើបជេរ ភិក្ខុអ្នកជេរ ត្រូវអាបត្តិទុក្កដ និង​បាចិត្តិយ។ បុគ្គល គឺភិក្ខុដែល​មិន​ត្រូវអាបត្តិបារាជិកណានីមួយ ជាអ្នកបរិសុទ្ធ​ហើយ​ បើ​ភិក្ខុ​អ្នកចោទយល់ឃើញថា ភិក្ខុនោះ​បរិសុទ្ធល្អទេ ឲ្យ​ភិក្ខុនោះ​ធ្វើឱកាស​ដោយ​សមគួរជាមុន ​ហើយ​មានប្រាថ្នា​ដើម្បីជេរ​ភិក្ខុនោះ​ ទើបជេរ ភិក្ខុអ្នកជេរ ត្រូវអាបត្តិបាចិត្តិយ។

[២៦៣] អាបត្តិមិន​មាន​ដល់​ភិក្ខុដែល​​យល់ឃើញថា មិន​បរិសុទ្ធក្នុង​​បុគ្គល​ដែល​​បរិសុទ្ធ ​ដល់​​ភិក្ខុ​ដែល​យល់ឃើញថា មិន​បរិសុទ្ធ​ក្នុង​បុគ្គលដែល​មិន​បរិសុទ្ធ ​ដល់​ភិក្ខុឆ្កួត ​ដល់​ភិក្ខុ​ខាង​ដើម​បញ្ញត្តិ។

សង្ឃាទិសេសទី៨ចប់។

សង្ឃាទិសេសទី៩

[២៦៤] សម័យនោះ​ ព្រះពុទ្ធដ៏​មានជោគជាម្ចាស់ ​ទ្រង់គង់នៅក្នុង​អារាមវេឡុវន [អារាម​វេឡុវន ប្រែតាមសព្ទថា វត្តព្រៃឫស្សី កន្លែង​នេះពីដើមជាឱទ្យានព្រះរាជទ្រព្យ​ព្រះបាទ​ពិម្ពិសារ ៗ​ទ្រង់វេរថ្វាយ​ដល់​ព្រះពុទ្ធជាម្ចាស់កាលយាងចូលទៅ​កាន់ក្រុងរាជគ្រឹះជាដម្បូង ដើម្បី​​ទ្រង់សំដែង​ព្រះធម៌ទេសនា ព្រះបាទពិម្ពិសារ​បាន​​ដល់​សោតាបត្តិផល មាន​ព្រះហឫទ័យ​​ជឿជាក់​ក្នុង​ព្រះពុទ្ធសាសនា ​ហើយ​ក៏វេរឱទ្យានឈ្មោះ​វេឡុវននោះ​​ថ្វាយជា​ព្រះអារាម​សម្រាប់សង្ឃ មានព្រះពុទ្ធ​ជាប្រធាន ជាអារាមដម្បូងមុន​អារាមទាំងអស់។ ដែល​ហៅថា កលន្ទកនិវាបស្ថាន ព្រោះកន្លែងនោះ​ឯង មនុស្សទាំងឡាយធ្លាប់ឲ្យ​អាហារ​ចំណី​ដល់​ពួកសត្វកង្ហែន មានរឿងដំណាល​ក្នុង​អដ្ឋកថាវិន័យថា ពីដើមមកមានស្តេចមួយ​ព្រះអង្គចេញទៅ​ប្រពាត​ឱទ្យាននោះ​ ​ទ្រង់សោយសុរាស្រវឹងផ្ទុំលក់ទៅ​។ ឯរាជបរិវារ​ក៏នាំ​គ្នាទៅ​បេះផ្លែឈើ ផ្កាឈើ កំសាន្ត​តាម​អធ្យាស្រ័យ។ មានពស់វែក វាធំក្លិនសុរា ក៏លូនចេញមកពីរន្ធឈើ ​ហើយ​បែរមុខទៅ​ចំពោះ​ស្តេច។ មានរុក្ខទេវតា នៅៗទីជិតនោះ​ ឃើញហេតុដូច្នោះ ចង់ជួយឲ្យ​ស្តេច​រួចអំពី​មរណ ទើប​និមិត្ត​ជាសត្វកង្ហែនទៅ​ស្រែក​ខាង​ព្រះកាណ៌ស្តេច ៗតើនឡើង ​ទ្រង់ឃើញសត្វទាំងពីរ ​ទ្រង់​ត្រិះរិះ​ថា សត្វកង្ហែនឲ្យ​ជីវិត​ព្រះអង្គ តាំងពីនោះ​មក ​បាន​​ទ្រង់ប្រទានអភ័យ ប្រទានអាហារចំណី​​ដល់​សត្វ​កង្ហែន​ទួទៅ​ ទើប​មនុស្សទាំងឡាយហៅកន្លែងនោះ​ថា កលន្ទកនិវាបស្ថាន រៀងមក។] ជា​កលន្ទក​និវាបស្ថាន ក្បែរក្រុង​រាជគ្រឹះ។ សម័យនោះ​ឯង មេត្តិយភិក្ខុ​ និង​ភុម្មជកភិក្ខុទាំងឡាយ កាលនាំគ្នាចុះអំពីភ្នំគិជ្ឈកូដ ​បាន​ឃើញពពែឈ្មោលកំពុង​រួម​សន្ថវៈ​នឹង​ពពែញី លុះ​ឃើញ​ហើយ​ ទើបនិយាយគ្នាយ៉ាង​នេះថា អើអាវុសោ ពួកយើងនឹងសន្មតពពែ​ឈ្មោល​​នេះឲ្យ​ជាឈ្មោះ​ទព្វមល្លបុត្ត (បុត្តមល្លក្សត្រ) សន្មតពពែញី​នេះឲ្យ​ជា​ឈ្មោះ​នាង​មេត្តិយា​ភិក្ខុនី យើងនឹងនាំគ្នាហៅយ៉ាង​នេះ ម្នាល​អាវុសោ កាលអំពីដើម យើង​បាន​ចោទទព្វមល្លបុត្ត​​ដោយ​​ពាក្យថា យើង​បាន​ឮ ប៉ុន្តែ​ឥឡូវ​នេះ ទព្វមល្លបុត្ត​សេពមេថុនធម្ម​នឹងនាង​មេត្តិយា​ភិក្ខុ​នី យើង​​បាន​ឃើញ​​ដោយ​ខ្លួនឯង។ ភិក្ខុទាំងពីររូបនោះ​ ក៏​បាន​តាំងសន្មតពពែ​ឈ្មោល​នោះ​ជាឈ្មោះ​ទព្វមល្លបុត្ត សន្មតពពែញីនោះ​ជា​ឈ្មោះ​នាង​មេត្តិយា​ភិក្ខុនី។ ភិក្ខុទាំងនោះ​​ទៅ​​និយាយ​ប្រាប់ភិក្ខុទាំងឡាយថា ម្នាល​អាវុសោ កាលពីដើមយើង​បាន​ចោទទព្វមល្លបុត្ត​​ដោយ​​​បាន​​ឮ ប៉ុន្តែឥឡូវ​នេះ ទព្វមល្លបុត្ត​សេពមេថុនធម្ម​នឹងនាងមេត្តិយាភិក្ខុនី យើង​បាន​ឃើញ​​ដោយ​​ខ្លួន​ឯង។ ភិក្ខុទាំងឡាយ​​បាន​ឆ្លើយយ៉ាង​នេះថា នែអាវុសោ លោកកុំ​និយាយ​យ៉ាងហ្នឹង​ ឯទព្វមល្លបុត្ត​ដ៏​មានអាយុមុខជានឹងមិន​ធ្វើ​ដូចលោកថាទេ។ គ្រានោះ​ ពួកភិក្ខុទាំងនោះ​ ក៏ក្រាបទូលសេចក្តី​នុ៎ះ​​ដល់​​ព្រះដ៏​មានព្រះភាគជាម្ចាស់។ ព្រោះដំណើរ​នេះ រឿង​នេះ ទើបព្រះដ៏​មានព្រះភាគជាម្ចាស់ ​ទ្រង់​ឲ្យ​​ប្រជុំភិក្ខុសង្ឃ ​ហើយ​​ទ្រង់សួរ​បញ្ជាក់​ទព្វមល្លបុត្ត​ដ៏​មានអាយុ​ថា នែទព្វៈ អ្នករលឹកឃើញ​ឬទេ ពួកភិក្ខុទាំង​នេះពោល​យ៉ាងណា អ្នក​បាន​ធ្វើយ៉ាងនោះ​ឬទេ។ ទព្វមល្លបុត្តទូលថា បពិត្រ​ព្រះអង្គដ៏​ចំរើន (រឿងអ្វីៗ) ព្រះដ៏​មានព្រះភាគ​ទ្រង់ជ្រាបខ្ញុំព្រះអង្គ​ដោយ​ពិត​ហើយ​។ ព្រះដ៏​មានព្រះភាគ​ជាម្ចាស់ ​ទ្រង់ត្រាស់សួរពាក្យ​នេះនឹងទព្វមល្លបុត្ត​ដ៏​មានអាយុជាគំរប់​ពីរដង​ផង។បេ។ ជា​គំរប់បីដងផងថា នែទព្វៈ អ្នករលឹក​បាន​​ឬទេ ពួកភិក្ខុទាំង​នេះពោលយ៉ាងណា អ្នក​បាន​ធ្វើយ៉ាងនោះ​ឬ។ ទព្វមល្លបុត្តក្រាបទូលថា បពិត្រ​ព្រះអង្គដ៏​ចំរើន ព្រះដ៏​មានព្រះភាគ​​ទ្រង់ជ្រាបខ្ញុំព្រះអង្គ​ដោយ​ពិត​ហើយ​។ ព្រះដ៏​មានព្រះភាគ​ជាម្ចាស់ត្រាស់ថា នែទព្វៈ អ្នកប្រាជ្ញ​ទាំងឡាយមិន​ពោលបណ្តោះបណ្តៃ​យ៉ាង​នេះទេ បើ​ (អំពើអ្វី) ដែល​អ្នក​បាន​ធ្វើ​ហើយ​ អ្នកចូរ​ឆ្លើយ​ថាខ្ញុំ​បាន​ធ្វើ​ហើយ​ បើ​អ្នកមិន​​បាន​ធ្វើទេ អ្នកចូរឆ្លើយថាខ្ញុំមិន​​បាន​ធ្វើទេ។ ទព្វមល្លបុត្តទូលថា បពិត្រ​ព្រះអង្គដ៏​ចំរើន ខ្ញុំព្រះអង្គតាំងពីដួចកើតមកវេលាណា មិន​ដែល​សេពមេថុនធម្ម​ទេ សូម្បីតែ​​យល់សប្តិ ក៏មិន​ដែល​ឃើញទេ បាច់និយាយថ្វី​ដល់​ការភ្ញាក់រលឹក។ គ្រានោះ​ ព្រះដ៏​មានព្រះភាគ​ទ្រង់ត្រាស់ហៅ​ភិក្ខុទាំងឡាយមកថា ម្នាល​​ភិក្ខុទាំងឡាយ បើ​ដូច្នោះ អ្នក​តាំងឡាយ​ចូរ​ជំរះសួរភិក្ខុ​ពួក​នេះមើល។ លុះ​ព្រះដ៏​មានព្រះភាគត្រាស់យ៉ាង​នេះ​ហើយ​ ​ទ្រង់​ក៏​ក្រោក​ចាក​អាសនៈ ចូលទៅ​កាន់ព្រះវិហារ។ គ្រានោះ​ ភិក្ខុទាំងឡាយ​បាន​ជំរះសួរមេត្តិយភិក្ខុ និង​ភុម្មជកភិក្ខុ។ ភិក្ខុទាំងនោះ​ កាលបើ​ភិក្ខុទាំងឡាយជំរះសួរ ទើបប្រាប់សេចក្តី​​នេះ​ដល់​​ភិក្ខុ​ទាំងឡាយ​ (តាមពិតត្រង់)។ ភិក្ខុទាំងឡាយសួរថា នែអាវុសោ អ្នកទាំងពីរ​កាន់យក​ហេតុ​បន្តិច​បន្តួច​របស់អធិករណ៍ដ៏​ជាចំណែកដទៃមកជាគ្រឿង​អាង ​ហើយ​ចោទទព្វមល្លបុត្ត​ដ៏​មានអាយុ​ ​ដោយ​​អាបត្តិ​បារាជិកឬ។ ភិក្ខុទាំងពីររូបឆ្លើយថា យ៉ាងហ្នឹង​​ហើយ​ អាវុសោ។ ភិក្ខុទាំងឡាយ​ណា​ជាអ្នកប្រាថ្នាតិច។បេ។ ភិក្ខុទាំង​នោះ​ពោលទោស តិះដៀល និន្ទាថា មេត្តិយភិក្ខុនិង​ភុម្មជក​ភិក្ខុ មិន​សម្បីបើ​នឹងកាន់យក​ហេតុ​បន្តិច​បន្តួច​របស់អធិករណ៍ ដ៏​ជាចំណែក​ខាង​ក្រៅ​មក​ជា​គ្រឿង​​អាង ​ហើយ​ចោទទព្វមល្លបុត្ត​ដ៏​មានអាយុ​ ​ដោយ​​អាបត្តិ​បារាជិកសោះ។ ទើបភិក្ខុទាំងនោះ​​ក្រាប​ទូលសេចក្តីនោះ​ចំពោះព្រះដ៏​មានព្រះភាគ​ជាម្ចាស់។បេ។ ព្រះអង្គ​ទ្រង់ត្រាស់សួរថា នែភិក្ខុទាំងឡាយ ឮថាអ្នករាល់គ្នាកាន់យក​ហេតុ​បន្តិច​បន្តួច​របស់​អធិករណ៍​ដ៏​ជាចំណែក​ខាងក្រៅ​មកជាគ្រឿង​អាង ​ហើយ​ចោទទព្វមល្លបុត្ត​ ​ដោយ​​អាបត្តិបារាជិក ពិតមែនឬ។ ភិក្ខុទាំងពីររូប​ក្រាបទូលថា បពិត្រព្រះដ៏​មានព្រះភាគ ពិតមែន។ ព្រះពុទ្ធដ៏​មានព្រះភាគ ​ទ្រង់បន្ទោសថា នែមោឃបុរស អ្នករាល់គ្នាមិន​សម្បីបើ​នឹងកាន់យក​ហេតុ​បន្តិច​បន្តួច​របស់អធិករណ៍​ដ៏​ជាចំណែកខាងក្រៅមកជាគ្រឿង​អាង ​ហើយ​ចោទទព្វមល្លបុត្ត​ ​ដោយ​​អាបត្តិបារាជិកសោះ នែមោឃបុរស អំពើ​ដែល​​អ្នក​បាន​ធ្វើមក​នេះ មិន​នាំឲ្យ​កើតជ្រះថ្លា ​ដល់​ជនទាំងឡាយ​ដែល​មិន​ទាន់ជ្រះថ្លា​​ទេ។បេ។ ម្នាល​ភិក្ខុទាំងឡាយ អ្នកទាំងឡាយ​គប្បីសំដែង​​នូវ​​សិក្ខាបទ​នេះ​យ៉ាង​នេះថា ភិក្ខុណាមួយ មានទោសទ្រុស្ត​ហើយ​ មានសេចក្តីក្រោធ មានចិត្ត​មិន​រីករាយ ​បាន​​កាន់យក​ហេតុ​បន្តិច​បន្តួច​របស់អធិករណ៍ ជាចំណែកដទៃមកជាគ្រឿង​អាង ​ហើយ​ចោទភិក្ខុ​ ​ដោយ​​អាបត្តិបារាជិក ​ដោយ​បំណងថា ធ្វើម្តេចហ្ន៎ អញគប្បី​ញុំាងភិក្ខុនោះ​ឲ្យ​​ឃ្លាតចាក​ព្រហ្មចរិយធម៌ (សាសនា) ​នេះ​បាន​ លុះ​សម័យខាងក្រោយតពីនោះ​មក ភិក្ខុអ្នក​ចោទនោះ​ មានគេសាកសួរក្តី មិន​មានគេសាកសួរក្តី តែ​អធិករណ៍នោះ​​ជាចំណែក​ដទៃ​ទេ ភិក្ខុ​កាន់យក​ហេតុ​បន្តិច​បន្តួចមកជាគ្រឿង​អាង ​ហើយ​ភិក្ខុប្តេជ្ញាទោស ភិក្ខុនោះ​ត្រូវអាបត្តិ​សង្ឃាទិសេស។

[២៦៥] ត្រង់ពាក្យថា ភិក្ខុណាមួយ មានអធិប្បាយក្នុង​សិក្ខាបទទី១នៃ​បារាជិក​កណ្ឌ​រួច​ហើយ​។ ពាក្យថា ភិក្ខុ គឺ ភិក្ខុដទៃ។ ពាក្យថា មានទោសទ្រុស្ត​ហើយ​ មានសេចក្តីក្រោធ គឺមានចិត្តក្រោធខឹង មានចិត្តមិន​ជារបស់ខ្លួន មិន​ត្រេកអរ មានចិត្តគុមគួន ចង្អៀតចង្អល់។ ពាក្យថា មានចិត្ត​មិន​រីករាយ គឺមានចិត្តអាក់អន់ ព្រោះក្រោធខឹង​នោះ​ផង ព្រោះទោស​នោះ​ផង ព្រោះសេចក្តីអន់ចិត្តនោះ​ផង ព្រោះសេចក្តី​មិន​ត្រេកអរនោះ​ផង។

[២៦៦] ពាក្យថា របស់អធិករណ៍​ជាចំណែកដទៃ គឺចំណែកដទៃនៃអាបត្តិ ឬចំណែក​ដទៃ​នៃ​អធិករណ៍។

[២៦៧] (សួរថា) អធិករណ៍ [រឿងដែល​កើតឡើង​ហើយ​ ត្រូវតែ​ចាត់ ត្រូវតែ​ធ្វើឲ្យ​ស្រេចទៅ​ ហៅថា អធិករណ៍។] ដែល​មានចំណែកផ្សេងពីអធិករណ៍នោះ​​ដូចម្តេច។ (ប្រាប់ថា) វិវាទាធិករណ៍ [ការវិវាទគ្នាព្រោះធម្មវិន័យ ចាត់ជាវិវាទាធិករណ៍។] មានចំណែកផ្សេងអំពី​អនុវាទាធិករណ៍ [ការចោទ​គ្នា​ដោយ​រឿងអាបត្តិ ឬវិបត្តិ ចាត់ជា​អនុវាទាធិករណ៍។] អាបត្តាធិករណ៍ [កិរិយាដែល​​ត្រូវ​អាបត្តិ ចាត់ជា​អាបត្តាធិករណ៍។] និង​កិច្ចាធិករណ៍ [កិច្ចធុរៈរបស់សង្ឃ មានកិច្ច​ឧបសម្បទា​ជាដើម ចាត់ជាកិច្ចាធិករណ៍។] អនុវាទាធិករណ៍ ចាត់​ដោយ​ឡែកផ្សេងអំពីអាបត្តាធិករណ៍ កិច្ចាធិករណ៍ និង​វិវាទាធិករណ៍ អាបត្តាធិករណ៍ ចាត់​ដោយ​ឡែកផ្សេងអំពីកិច្ចាធិករណ៍ វិវាទាធិករណ៍ និង​អនុវាទាធិករណ៍ កិច្ចាធិករណ៍ ចាត់​ដោយ​ឡែកផ្សេងអំពីវិវាទាធិករណ៍ អនុវាទាធិករណ៍ និង​អាបត្តាធិករណ៍។ អធិករណ៍​យ៉ាង​នេះ ហៅថា មានចំណែក​ផ្សេងគ្នា​អំពី​អធិករណ៍។

[២៦៨] (សួរថា) អធិករណ៍ដែល​មានចំណែក​ដូចគ្នានឹងអធិករណ៍នោះ​​ដូចម្តេច។ (ប្រាប់​ថា) វិវាទាធិករណ៍មានចំណែក​ដូចគ្នានឹងវិវាទាធិករណ៍ អនុវាទាធិករណ៍មានចំណែក​ដូចគ្នានឹង​អនុវាទាធិករណ៍ អាបត្តាធិករណ៍មានចំណែក​ដូចគ្នានឹងអាបត្តាធិករណ៍ក៏មាន មានចំណែក​ផ្សេងអំពីគ្នា​ក៏មាន។ (សួរថា) អាបត្តាធិករណ៍មានចំណែក​ផ្សេងគ្នាអំពី​អាបត្តាធិករណ៍​នោះ​​ដូចម្តេច។ (ប្រាប់ថា) មេថុនធម្ម [ត្រូវអាបត្តិបារាជិក​ព្រោះ​សេព​មេថុនធម្ម។] បារាជិកាបត្តិមាន​ចំណែកផ្សេងគ្នាអំពី​អទិន្នាទាន [ត្រូវអាបត្តិបារាជិក ព្រោះ​លួច​​ទ្រព្យគេមាន​ដម្លៃតាំងពី​៥មាសកឡើងទៅ​។] បារាជិកាបត្តិ មនុស្សវិគ្គហ [ត្រូវអាបត្តិ​បារាជិក ព្រោះសម្លាប់មនុស្ស។] បារាជិកាបត្តិ និង​ឧត្តរិមនុស្សធម្ម [ត្រូវអាបត្តិបារាជិក ព្រោះអួត​គុណវិសេសដែល​មិន​មានក្នុង​ខ្លួន។] បារាជិកាបត្តិ អទិន្នាទានបារាជិកាបត្តិ មាន​ចំណែកផ្សេង​គ្នាអំពី​មនុស្សវិគ្គហបារាជិកាបត្តិ ឧត្តរិមនុស្សធម្មបារាជិកាបត្តិ និង​មេថុនធម្ម​បារាជិកាបត្តិ មនុស្សវិគ្គហបារាជិកាបត្តិ មានចំណែកផ្សេងគ្នាអំពី​ឧត្តរិមនុស្សធម្ម​បារាជិកាបត្តិ មេថុនធម្មបារាជិកាបត្តិ និង​អទិន្នាទាន​បារាជិកាបត្តិ ឧត្តរិមនុស្សធម្ម​បារាជិកាបត្តិ មានចំណែក​ផ្សេងគ្នាអំពីមេថុនធម្មបារាជិកាបត្តិ អទិន្នាទាន​បារាជិកាបត្តិ និង​​មនុស្សវិគ្គហបារាជិកាបត្តិ។ អាបត្តាធិករណ៍យ៉ាង​នេះ (ហៅថា) មាន​ចំណែក​ផ្សេងគ្នា​អំពីអាបត្តាធិករណ៍។ (សួរថា) អាបត្តាធិករណ៍មានចំណែក​ដូចគ្នា​នឹងអាបត្តាធិករណ៍នោះ​​ដូចម្តេច។ (ប្រាប់ថា) មេថុនធម្មបារាជិកាបត្តិមានចំណែកជា​មួយ​គ្នា​នឹងមេថុនធម្ម​បារាជិកាបត្តិ អទិន្នាទាន​បារាជិកាបត្តិ មានចំណែកជាមួយគ្នា​នឹង​អទិន្នាទាន​បារាជិកាបត្តិ មនុស្សវិគ្គហបារាជិកាបត្តិ មានចំណែក​ជាមួយគ្នានឹង​មនុស្សវិគ្គហ​បារាជិកាបត្តិ ឧត្តរិ​មនុស្សធម្មបារាជិកាបត្តិ មាន​ចំណែកជាមួយគ្នា​នឹង​ឧត្តរិមនុស្សធម្ម​បារាជិកាបត្តិ។ អាបត្តា​ធិករណ៍យ៉ាង​នេះ (ហៅថា) មានចំណែក​ជាមួយគ្​នានឹងអាបត្តាធិករណ៍។ កិច្ចាធិករណ៍ ក៏មានចំណែកជា​មួយគ្នានឹង​កិច្ចាធិករណ៍ដែរ។ អធិករណ៍យ៉ាង​នេះ (ហៅថា) មាន​ចំណែក​ជាមួយគ្នានឹងអធិករណ៍។

[២៦៩] ត្រង់ពាក្យថា កាន់យកហេតុបន្តិចបន្តួចមកជាគ្រឿង​អាង ដែល​ហៅថា​គ្រឿង​​អាង​នោះ​ ​បាន​​ដល់​គ្រឿង​អាង១០យ៉ាង គឺគ្រឿង​អាងជាតិ១ នាម១ គោត្រ១ ភេទ១ អាបត្តិ១ បាត្រ១ ចីវរ១ ឧបជ្ឈាយ៍១ អាចារ្យ១ សេនាសនៈ១។

[២៧០] ដែល​ហៅថា គ្រឿង​អាងគឺជាតិនោះ​ ​បាន​​ដល់​ភិក្ខុអ្នកចោទឃើញភិក្ខុ​ជាក្សត្រ​ត្រូវអាបត្តិបារាជិក (តែ​មិន​​បាន​ចោទ​ភិក្ខុជាក្សត្រ​នោះ​ក្នុង​ខណៈនោះ​) លុះ​​បាន​ឃើញ​ភិក្ខុ​ដទៃ​ជាជាតិក្សត្រដែរ ​ហើយ​ (ក្លែង) ចោទថា ខ្ញុំ​បាន​ឃើញលោកជា​ក្សត្រត្រូវ​អាបត្តិ​បារាជិក​ហើយ​ លោក​មិន​មែនជាសមណៈ លោកមិន​មែនជាកូនចៅព្រះពុទ្ធបុត្តសក្យរាជ ឧបោសថកម្មក្តី បវារណាកម្មក្តី សង្ឃកម្មក្តី មិន​មានជាមួយនឹងអ្នកទេដូច្នេះ ភិក្ខុអ្នក​ចោទត្រូវអាបត្តិ​សង្ឃាទិសេសគ្រប់​ៗវាចា។ ភិក្ខុអ្នកចោទ ឃើញភិក្ខុជាតិជាព្រាហ្មណ៍។បេ។ ឃើញ​ភិក្ខុជាវេស្ស (អ្នកជំនួញ)។បេ។ ឃើញ​ភិក្ខុជាសុទ្ទ (អ្នកធ្វើការគុលី) ត្រូវអាបត្តិបារាជិក (តែ​អ្នកចោទ​មិន​​បាន​ចោទ) លុះ​​បាន​ឃើញ​ភិក្ខុ​ដទៃ​ជាជាតិសុទ្ទដែរ ទើប (ក្លែង) ចោទថា ខ្ញុំ​បាន​ឃើញអ្នកជាតិជាសុទ្ទ ត្រូវអាបត្តិបារាជិក​ហើយ​ អ្នកឯង​មិន​មែនជាសមណៈ អ្នកឯងមិន​មែនជាកូនចៅព្រះពុទ្ធបុត្តសក្យរាជទេ។បេ។ ដូច្នេះ ភិក្ខុអ្នក​ចោទ ត្រូវអាបត្តិ​សង្ឃាទិសេសគ្រប់​ៗវាចា។

[២៧១] ដែល​ហៅថា គ្រឿង​អាងគឺនាមនោះ​ គឺភិក្ខុអ្នកចោទឃើញភិក្ខុ​ឈ្មោះ​ពុទ្ធរក្ខិត។បេ។ ឃើញភិក្ខុឈ្មោះ​ធម្មរក្ខិត។បេ។ ឃើញភិក្ខុឈ្មោះ​សង្ឃរក្ខិត​ ត្រូវ​អាបត្តិ​បារាជិក (តែ​​ភិក្ខុអ្នកចោទមិន​​បាន​ចោទ) លុះ​​បាន​ឃើញ​ភិក្ខុ​ដទៃឈ្មោះ​សង្ឃរក្ខិតដែរ ​ហើយ​ (ក្លែង) ចោទថា ខ្ញុំឃើញអ្នកឈ្មោះ​សង្ឃរក្ខិតត្រូវអាបត្តិបារាជិក​ហើយ​ អ្នកឯង​មិន​មែនជា​សមណៈ​ទេ អ្នកឯងមិន​មែនជាកូនចៅព្រះពុទ្ធជាសក្យបុត្តទេ។បេ។ ដូច្នេះ ភិក្ខុអ្នកចោទ ត្រូវអាបត្តិ​សង្ឃាទិសេសគ្រប់​ៗវាចា។

[២៧២] ដែល​ហៅថា គ្រឿង​អាងគឺគោត្រនោះ​ គឺភិក្ខុអ្នកចោទឃើញភិក្ខុដែល​​មានគោត្រ​ជាគោតម​។បេ។ ឃើញភិក្ខុមានគោត្រជាមោគ្គល្លាន។បេ។ ឃើញភិក្ខុមានគោត្រជា​កច្ចាយន។បេ។​ ឃើញភិក្ខុមានគោត្រជាវាសិដ្ឋ ត្រូវ​អាបត្តិ​បារាជិក (តែ​មិន​​បាន​ចោទ) លុះ​​បាន​​ឃើញ​ភិក្ខុ​ដទៃ​មានគោត្រជាវាសិដ្ឋដែរ ​ហើយ​ (ក្លែង) ចោទថា ខ្ញុំ​បាន​ឃើញ​អ្នក​មានគោត្រជាវាសិដ្ឋ ត្រូវអាបត្តិបារាជិក​ហើយ​ អ្នកឯង​មិន​មែនជាសមណៈទេ  អ្នកឯង​មិន​មែនជាកូនចៅ​ព្រះពុទ្ធជាសក្យបុត្តទេ។បេ។ ដូច្នេះ ភិក្ខុអ្នកចោទ ត្រូវអាបត្តិ​សង្ឃាទិសេស​គ្រប់​ៗវាចា។

[២៧៣] ដែល​ហៅថា គ្រឿង​អាងគឺភេទនោះ​ គឺភិក្ខុអ្នកចោទឃើញភិក្ខុមានរាងខ្ពស់។បេ។ ឃើញភិក្ខុមានរាងទាប។បេ។ ឃើញភិក្ខុមានសម្បុរខ្មៅ។បេ។ ឃើញភិក្ខុមានសម្បុរស ត្រូវ​អាបត្តិ​បារាជិក (តែ​មិន​​បាន​ចោទ) លុះ​ឃើញភិក្ខុដទៃមានសម្បុរសដែរ ​ហើយ​(ក្លែង) ចោទថា ខ្ញុំ​បាន​ឃើញ​អ្នក​មានសម្បុរ​ស ត្រូវអាបត្តិបារាជិក​​ហើយ​ អ្នកឯង​មិន​មែន​ជាសមណៈទេ  អ្នកឯង​មិន​មែនជាកូនចៅ​ព្រះពុទ្ធជាសក្យបុត្តទេ។បេ។ ដូច្នេះ ត្រូវអាបត្តិ​សង្ឃាទិសេសគ្រប់​ៗវាចា។

[២៧៤] ដែល​ហៅថា គ្រឿង​អាងគឺអាបត្តិនោះ​ គឺភិក្ខុអ្នកចោទ​ ឃើញភិក្ខុត្រូវអាបត្តិ​ស្រាល បើ​ភិក្ខុអ្នកចោទ ៗភិក្ខុនោះ​​ដោយ​អាបត្តិបារាជិកថា ខ្ញុំ​បាន​ឃើញលោក​ត្រូវអាបត្តិបារាជិក​​ហើយ​ អ្នកឯង​មិន​មែនជាសមណៈ  អ្នកឯង​មិន​មែនជាកូនចៅ​ព្រះពុទ្ធជាសក្យបុត្ត។បេ។ ដូច្នេះ ត្រូវអាបត្តិ​សង្ឃាទិសេសគ្រប់​ៗវាចា។

[២៧៥] ដែល​ហៅថា គ្រឿង​អាងគឺបាត្រនោះ​ គឺភិក្ខុអ្នកចោទ​ ឃើញភិក្ខុប្រើបាត្រទង់ដែង​។បេ។ ឃើញភិក្ខុប្រើបាត្រដី។បេ។ ឃើញភិក្ខុប្រើបាត្រសម្ពត់សាដក [តាមអដ្ឋកថា​សមន្តប្បាសាទិកា ថា បាត្រដីនោះ​ឯង តែ​មាន​ទ្រង់ទ្រាយល្អ មានសម្បុររលោង ហាក់​ដូចពណ៌សត្វកំភេម រលីង​ស្អាត​ដូចបាត្រទង់ដែងដែរ។]។បេ។ ឃើញភិក្ខុ​ប្រើបាត្រ​ដី [បាឡីថា “សុម្ភកបត្ត” តាមអដ្ឋកថាថា ​បាន​​ដល់​បាត្រដីតាមធម្មតានោះ​ឯង។] ដែល​​មានសម្បុរ​រលើប ត្រូវអាបត្តិបារាជិក (តែ​មិន​​បាន​ចោទ) លុះ​ឃើញភិក្ខុ​ដទៃ​ប្រើបាត្រដីដែរ ​ហើយ​ (ក្លែង) ចោទថា ខ្ញុំឃើញអ្នកឯង​ប្រើបាត្រដី ត្រូវអាបត្តិបារាជិក​​ហើយ​ អ្នកឯង​មិន​មែនជាសមណៈ  អ្នកឯង​មិន​មែនជាកូនចៅ​ព្រះពុទ្ធជាសក្យបុត្ត។បេ។ ដូច្នេះ ត្រូវអាបត្តិ​សង្ឃាទិសេសគ្រប់​ៗវាចា។

[២៧៦] ដែល​ហៅថា គ្រឿង​អាងគឺចីវរនោះ​ គឺភិក្ខុអ្នកចោទ​ ឃើញភិក្ខុប្រើចីវរបង្សុកូល​។បេ។ ឃើញភិក្ខុប្រើចីវររបស់គហបតី ត្រូវអាបត្តិបារាជិក (តែ​មិន​​បាន​ចោទ) លុះ​ឃើញភិក្ខុ​ដទៃ​ប្រើចីវររបស់គហបតីដែរ ​ហើយ​ (ក្លែង) ចោទថា ខ្ញុំ​បាន​ឃើញអ្នកឯង​ប្រើចីវរ​របស់គហបតី ត្រូវអាបត្តិបារាជិក​​ហើយ​ អ្នកឯង​មិន​មែនជាសមណៈ  អ្នកឯង​មិន​មែនជាកូនចៅ​ព្រះពុទ្ធជាសក្យបុត្ត។បេ។ ដូច្នេះ ត្រូវអាបត្តិ​សង្ឃាទិសេសគ្រប់​ៗវាចា។

[២៧៧] ដែល​ហៅថា គ្រឿង​អាងគឺព្រះឧបជ្ឈាយ៍នោះ​ គឺភិក្ខុអ្នកចោទ​​បាន​ ឃើញភិក្ខុ​សទ្ធិវិហារិក​របស់ឧបជ្ឈាយ៍មានឈ្មោះ​យ៉ាង​នេះ ត្រូវអាបត្តិបារាជិក (តែ​មិន​​បាន​ចោទ) លុះ​ឃើញភិក្ខុ​ដទៃជាសទ្ធិវិហារិករបស់ព្រះឧបជ្ឈាយ៍មានឈ្មោះ​យ៉ាងហ្នឹង​ដែរ ​ហើយ​ (ក្លែង) ចោទថា ខ្ញុំ​បាន​ឃើញអ្នកឯងជាសទ្ធិវិហារិករបស់ឧបជ្ឈាយ៍ឈ្មោះ​​នេះ ត្រូវអាបត្តិ​បារាជិក​​ហើយ​ អ្នកឯង​មិន​មែនជាសមណៈ  អ្នកឯង​មិន​មែនជាកូនចៅ​ព្រះពុទ្ធជា​សក្យបុត្ត។បេ។ ដូច្នេះ ត្រូវអាបត្តិ​សង្ឃាទិសេសគ្រប់​ៗវាចា។

[២៧៨] ដែល​ហៅថា គ្រឿង​អាងគឺអាចារ្យនោះ​ គឺភិក្ខុអ្នកចោទ​ ឃើញអន្តេវាសិក​របស់​អាចារ្យឈ្មោះ​​នេះ ត្រូវអាបត្តិបារាជិក (តែ​មិន​ចោទ) លុះ​ឃើញភិក្ខុ​ដទៃជា​អន្តេវាសិក​របស់​អាចារ្យឈ្មោះ​ហ្នឹង​ដែរ ​ហើយ​ (ក្លែង) ចោទថា ខ្ញុំ​បាន​ឃើញអ្នកឯងជា​អន្តេវាសិក​របស់​អាចារ្យឈ្មោះ​​នេះ ត្រូវអាបត្តិបារាជិក​​ហើយ​ អ្នកឯង​មិន​មែនជាសមណៈ  អ្នកឯង​មិន​មែនជាកូនចៅ​ព្រះពុទ្ធជាសក្យបុត្ត។បេ។ ដូច្នេះ ត្រូវអាបត្តិ​សង្ឃាទិសេសគ្រប់​ៗវាចា។

[២៧៩] ដែល​ហៅថា គ្រឿង​អាងគឺសេនាសនៈនោះ​ គឺភិក្ខុអ្នកចោទ​ ឃើញភិក្ខុនៅក្នុង​សេនាសនៈរបស់ភិក្ខុឈ្មោះ​​នេះ ត្រូវអាបត្តិបារាជិក (តែ​មិន​ចោទ) លុះ​ឃើញភិក្ខុ​ដទៃ​ជាអ្នកនៅក្នុង​សេនាសនៈរបស់ភិក្ខុឈ្មោះ​ហ្នឹង​ដែរ ​ហើយ​ (ក្លែង) ចោទថា ខ្ញុំ​បាន​ឃើញ​អ្នក​ឯងនៅក្នុង​សេនាសនៈរបស់ភិក្ខុឈ្មោះ​​នេះ ត្រូវអាបត្តិបារាជិក​​ហើយ​ អ្នកឯង​មិន​មែន​ជាសមណៈ  អ្នកឯង​មិន​មែនជាកូនចៅ​ព្រះពុទ្ធជាសក្យបុត្ត ឧបោសថកម្មក្តី បវារណាកម្ម​ក្តី សង្ឃកម្មក្តី មិន​មានជាមួយនឹងអ្នកឯងទេ ដូច្នេះ ត្រូវអាបត្តិ​សង្ឃាទិសេសគ្រប់​ៗវាចា។

[២៨០] ពាក្យថា ​ដោយ​អាបត្តិបារាជិក គឺ​បាន​​ដល់​អាបត្តិ​បារាជិកទាំង៤ អាបត្តិបារាជិក​ណាមួយ។ ពាក្យថា ចោទ គឺចោទឯងក្តី ឲ្យ​អ្នកដទៃចោទក្តី។ ពាក្យថា ធ្វើ​ដូចម្តេចហ្ន៎ អញគប្បី​ញុំាង​ភិក្ខុនោះ​​ឲ្យ​ឃ្លាតចាក​ព្រហ្មចរិយធម៌​នេះ គឺថាអញគប្បីញុំាងភិក្ខុ​នេះឲ្យ​ឃ្លាត​ចាក​​ភាវៈ​ជាភិក្ខុ ឲ្យ​ឃ្លាតចាក​សមណធម៌ ឲ្យ​ឃ្លាតចាក​សីលក្ខន្ធ ឲ្យ​ឃ្លាតចាក​គុណ​គឺធម៌ជាគ្រឿង​​ដុត​កិលេស។

[២៨១] ពាក្យថា លុះ​សម័យខាងក្រោយ តអំពីនោះ​មក គឺភិក្ខុ​ចោទគេក្នុង​ខណៈណា ខណៈនោះ​ ពេលនោះ​ ស្របក់នោះ​កន្លងទៅ​​ហើយ​។ ពាក្យថា មានគេសាកសួរ គឺថាភិក្ខុ​ចោទ​គេ​​ដោយ​វត្ថុណា គេសាកសួរចំពោះវត្ថុនោះ​។ ពាក្យថា មិន​មានគេ​សាកសួរ គឺមិន​មាន​អ្នកណាមួយ​និយាយឡើយ។

[២៨២] ដែល​ហៅថា អធិករណ ​បាន​​ដល់​​អធិករណៈ៤ គឺ វិវាទាធិករណៈ១ អនុវាទាធិករណៈ១ អាបត្តាធិករណៈ១ កិច្ចាធិករណៈ១។

[២៨៣] ពាក្យថា កាន់យកហេតុបន្តិចបន្តួចមកជាគ្រឿង​អាង គឺបណ្តាគ្រឿង​អាង​ទាំង ១០យ៉ាង​នោះ​ ភិក្ខុកាន់យកគ្រឿង​អាងណាមួយ។

[២៨៤] ពាក្យថា ភិក្ខុប្តេជ្ញាទោស គឺ(ភិក្ខុប្តេជ្ញាថា) ខ្ញុំនិយាយពាក្យទទេសោះ ខ្ញុំនិយាយ​ពាក្យ​​កុហកសោះ ខ្ញុំនិយាយពាក្យមិន​ពិត ខ្ញុំនិយាយ​ដោយ​មិន​ដឹង។ ពាក្យថា សង្ឃាទិសេស មាន​អធិប្បាយ​ពិស្តារក្នុង​សង្ឃាទិសេសសិក្ខាបទទី១រួច​ហើយ​។

[២៨៥] ភិក្ខុត្រូវអាបត្តិសង្ឃាទិសេស ភិក្ខុអ្នកចោទក៏​បាន​ឃើញ និង​មានសេចក្តី​យល់​ក្នុង​​អាបត្តិសង្ឃាទិសេស ថាជាអាបត្តិសង្ឃាទិសេសមែន តែ​បើ​ក្លែងចោទភិក្ខុនោះ​​ដោយ​​អាបត្តិបារាជិក​វិញថា អ្នកឯង​មិន​មែនជាសមណៈ  អ្នកឯង​មិន​មែនជាកូនចៅ​ព្រះពុទ្ធជា​សក្យបុត្ត ឧបោសថកម្មក្តី បវារណាកម្ម​ក្តី សង្ឃកម្មក្តី ជាមួយនឹងអ្នកឯងគ្មានទេ ឯ​អធិករណៈ​យ៉ាង​នេះ ក៏​ឈ្មោះ​ថាចំណែកដទៃ​នៃអាបត្តាធិករណៈ ទាំងលេស [លិសធាតុ ក្នុង​អត្ថថា តិចតួច គឺការ​ជា​បន្ទាប់​បន្សំ។] សោត ភិក្ខុនោះ​ក៏នៅប្រកាន់ ដូច្នេះ ត្រូវអាបត្តិ​សង្ឃាទិសេសគ្រប់​ៗវាចា។ ភិក្ខុត្រូវអាបត្តិសង្ឃាទិសេស ភិក្ខុអ្នកចោទក៏​បាន​ឃើញ និង​មានសេចក្តី​យល់​ក្នុង​​អាបត្តិសង្ឃាទិសេស ថាជាអាបត្តិថុល្លច្ច័យវិញ តែ​បើ​ក្លែងចោទ​ភិក្ខុនោះ​​ដោយ​​អាបត្តិបារាជិក​ថា អ្នកឯង​មិន​មែនជាសមណៈ។បេ។ ឯអធិករណៈយ៉ាង​នេះ ក៏​ឈ្មោះ​ថាចំណែកដទៃ​នៃអាបត្តាធិករណៈ ទាំងលេសសោត ភិក្ខុនោះ​ក៏នៅប្រកាន់ ដូច្នេះ ត្រូវអាបត្តិ​សង្ឃាទិសេសគ្រប់​ៗវាចា។ ភិក្ខុត្រូវអាបត្តិសង្ឃាទិសេស ភិក្ខុអ្នកចោទក៏​បាន​ឃើញ និង​មានសេចក្តី​យល់​ក្នុង​​អាបត្តិសង្ឃាទិសេសថាជាអាបត្តិបាចិត្តិយវិញ តែ​បើ​ក្លែងចោទភិក្ខុនោះ​​ដោយ​​អាបត្តិបារាជិក​ថា អ្នកឯង​មិន​មែនជាសមណៈ។បេ។ ឯ​អធិករណៈ​យ៉ាង​នេះ ក៏​ឈ្មោះ​ថាចំណែកដទៃ​នៃអាបត្តាធិករណៈ ទាំងលេសសោត ភិក្ខុនោះ​ក៏នៅប្រកាន់ ដូច្នេះ ត្រូវអាបត្តិ​សង្ឃាទិសេសគ្រប់​ៗវាចា។ ភិក្ខុត្រូវអាបត្តិ​សង្ឃាទិសេស ភិក្ខុអ្នកចោទក៏​បាន​ឃើញ និង​មានសេចក្តី​យល់​ក្នុង​​អាបត្តិសង្ឃាទិសេស​ថាជាអាបត្តិបាដិទេសនីយវិញ។បេ។ មានសេចក្តី​យល់​ក្នុង​​អាបត្តិសង្ឃាទិសេស​ថាជា​អាបត្តិ​ទុក្កដវិញ។បេ។ មានសេចក្តី​យល់​ក្នុង​​អាបត្តិសង្ឃាទិសេសថាជាអាបត្តិទុព្ភាសិតវិញ តែ​បើ​ក្លែងចោទភិក្ខុនោះ​​ដោយ​​អាបត្តិបារាជិក​ថា អ្នកឯង​មិន​មែនជាសមណៈ។បេ។ ឯ​អធិករណៈយ៉ាង​នេះ ក៏​ឈ្មោះ​ថាចំណែកដទៃ​នៃអាបត្តាធិករណៈ ទាំងលេសសោត ភិក្ខុនោះ​​ក៏នៅប្រកាន់ ដូច្នេះ ត្រូវអាបត្តិ​សង្ឃាទិសេសគ្រប់​ៗវាចា។

[២៨៦] ភិក្ខុត្រូវអាបត្តិថុល្លច្ច័យ ភិក្ខុអ្នកចោទក៏​បាន​ឃើញ និង​មានសេចក្តី​យល់​ក្នុង​​អាបត្តិថុល្លច្ច័យថាជាអាបត្តិថុល្លច្ច័យ។បេ។ មានសេចក្តី​យល់​ក្នុង​​អាបត្តិថុល្លច្ច័យថា​ជា​អាបត្តិបាចិត្តិយ​​វិញ។បេ។ មានសេចក្តី​យល់​ក្នុង​​អាបត្តិថុល្លច្ច័យ​ថាជាអាបត្តិបាដិទេសនីយ​វិញ។បេ។ មានសេចក្តី​យល់​ក្នុង​​អាបត្តិថុល្លច្ច័យថាជាអាបត្តិទុក្កដវិញ។បេ។ មានសេចក្តី​យល់​ក្នុង​​អាបត្តិ​ថុល្លច្ច័យថាជាអាបត្តិទុព្ភាសិតវិញ។បេ។ មានសេចក្តី​យល់​ក្នុង​​អាបត្តិ​ថុល្លច្ច័យ​​ថាជាអាបត្តិសង្ឃាទិសេសវិញ បើ​ក្លែងចោទភិក្ខុនោះ​​ដោយ​​អាបត្តិបារាជិក​ថា អ្នកឯង​មិន​មែនជាសមណៈ។បេ។ សូម្បីអធិករណៈយ៉ាង​នេះ ក៏​ឈ្មោះ​ថាចំណែកដទៃ​នៃអាបត្តាធិករណៈ និង​លេសសោត ភិក្ខុអ្នកចោទក៏នៅប្រកាន់ ដូច្នេះ ត្រូវអាបត្តិ​សង្ឃាទិសេសគ្រប់​ៗវាចា។ ភិក្ខុត្រូវអាបត្តិបាចិត្តិយ។បេ។ ភិក្ខុត្រូវអាបត្តិបាដិទេសនីយ។បេ។ ភិក្ខុត្រូវអាបត្តិទុក្កដ។បេ។ ភិក្ខុត្រូវអាបត្តិទុព្ភាសិត ភិក្ខុអ្នកចោទ ក៏​បាន​ឃើញ និង​មានសេចក្តី​យល់​ក្នុង​អាបត្តិទុព្ភាសិត​ថាជាអាបត្តិទុព្ភាសិត។បេ។ មានសេចក្តី​យល់​ក្នុង​អាបត្តិទុព្ភាសិត​ថាជាអាបត្តិសង្ឃាទិសេស។បេ។ មានសេចក្តី​យល់​ក្នុង​អាបត្តិទុព្ភាសិត​ថាជាអាបត្តិថុល្លច្ច័យ។បេ។ មានសេចក្តី​យល់​ក្នុង​អាបត្តិទុព្ភាសិត​ថាជាអាបត្តិបាចិត្តិយ។បេ។ មានសេចក្តី​យល់​ក្នុង​អាបត្តិទុព្ភាសិត​ថាជាអាបត្តិ​បាដិទេសនីយ។បេ។ មានសេចក្តី​យល់​ក្នុង​អាបត្តិទុព្ភាសិត​ថាជាអាបត្តិទុក្កដទៅ​វិញ បើ​ក្លែងចោទភិក្ខុនោះ​​ដោយ​អាបត្តិ​បារាជិកថា អ្នកឯងមិន​មែន​ជា​សមណៈទេ។បេ។ សូម្បី​អធិករណៈ​យ៉ាង​នេះ ក៏​ឈ្មោះ​ថា​ចំណែកដទៃ​នៃអាបត្តាធិករណៈ ទាំងលេសសោត ភិក្ខុនោះ​ក៏នៅប្រកាន់ ដូច្នេះ ត្រូវអាបត្តិ​សង្ឃាទិសេសគ្រប់​ៗវាចា។

បណ្ឌិតគប្បីធ្វើអធិករណៈនោះ​ៗ ឲ្យ​មានមូលមួយៗ ​ហើយ​ចងជាចក្ក (​ដូចគ្នា)។

[២៨៧] ភិក្ខុត្រូវអាបត្តិសង្ឃាទិសេស ភិក្ខុអ្នកចោទក៏​បាន​ឃើញ និង​មានសេចក្តី​យល់​ក្នុង​​អាបត្តិសង្ឃាទិសេសថាជាអាបត្តិសង្ឃាទិសេសដែរ បើ​ឲ្យ​អ្នកដទៃចោទភិក្ខុនោះ​​ដោយ​អាបត្តិ​បារាជិកថា អ្នកឯង​មិន​មែនជាសមណៈទេ។បេ។ សូម្បីអធិករណៈយ៉ាង​នេះ ក៏​ឈ្មោះ​ថាចំណែកដទៃ​នៃអាបត្តាធិករណៈ ទាំងលេសសោត ភិក្ខុនោះ​ក៏នៅប្រកាន់ ដូច្នេះ ត្រូវអាបត្តិ​សង្ឃាទិសេសគ្រប់​ៗវាចា។ ភិក្ខុត្រូវអាបត្តិសង្ឃាទិសេស ភិក្ខុអ្នកចោទក៏​បាន​ឃើញ និង​មានសេចក្តី​យល់​ក្នុង​​អាបត្តិសង្ឃាទិសេសថាជាអាបត្តិថុល្លច្ច័យទៅ​វិញ។បេ។ មានសេចក្តី​យល់​ក្នុង​​អាបត្តិសង្ឃាទិសេសថាជាអាបត្តិបាចិត្តិយវិញ។បេ។ មានសេចក្តី​យល់​ក្នុង​​អាបត្តិ​សង្ឃាទិសេស​ថាជាអាបត្តិបាដិទេសនីយវិញ។បេ។ មានសេចក្តី​យល់​ក្នុង​​អាបត្តិសង្ឃាទិសេស​ថាជា​អាបត្តិទុក្កដ​​ទៅ​វិញ។បេ។ មានសេចក្តី​យល់​ក្នុង​​អាបត្តិ​សង្ឃាទិសេស​​ថាជា​អាបត្តិ​ទុព្ភាសិត​​​ទៅ​វិញ បើ​ឲ្យ​អ្នកដទៃចោទភិក្ខុនោះ​​ដោយ​អាបត្តិ​បារាជិកថា អ្នកឯង​មិន​មែន​ជា​សមណៈទេ។បេ។ សូម្បីអធិករណៈយ៉ាង​នេះ ក៏​ឈ្មោះ​ថាចំណែកដទៃ​នៃ​អាបត្តាធិករណៈ ទាំងលេសសោត ភិក្ខុនោះ​ក៏នៅប្រកាន់ ដូច្នេះ ត្រូវអាបត្តិ​សង្ឃាទិសេសគ្រប់​ៗវាចា។

[២៨៨] ភិក្ខុត្រូវអាបត្តិថុល្លច្ច័យ ភិក្ខុអ្នកចោទក៏​បាន​ឃើញ និង​មានសេចក្តី​យល់​ក្នុង​​អាបត្តិថុល្លច្ច័យថាជាអាបត្តិថុល្លច្ច័យ។បេ។ មានសេចក្តី​យល់​ក្នុង​​អាបត្តិថុល្លច្ច័យថា​ជា​អាបត្តិ​បាចិត្តិយ​​ទៅ​វិញ។បេ។ មានសេចក្តី​យល់​ក្នុង​​អាបត្តិថុល្លច្ច័យថា​ជាអាបត្តិ​បាដិទេសនីយ​​ទៅ​វិញ។បេ។ មានសេចក្តី​យល់​ក្នុង​​អាបត្តិថុល្លច្ច័យថាជាអាបត្តិទុក្កដទៅ​វិញ។បេ។ មានសេចក្តី​យល់​ក្នុង​​អាបត្តិថុល្លច្ច័យថាជាអាបត្តិទុព្ភាសិតទៅ​វិញ។បេ។ មាន​សេចក្តី​យល់​​ក្នុង​​អាបត្តិថុល្លច្ច័យថាជាអាបត្តិសង្ឃាទិសេសទៅ​វិញ បើ​ឲ្យ​អ្នកដទៃ​ចោទ​ភិក្ខុនោះ​​ដោយ​អាបត្តិ​បារាជិកថា អ្នកឯង​មិន​មែនជាសមណៈ។បេ។ សូម្បីអធិករណៈ​យ៉ាង​​នេះ ក៏​ឈ្មោះ​ថាចំណែកដទៃ​នៃអាបត្តាធិករណៈ ទាំងលេសសោត ភិក្ខុនោះ​ក៏នៅ​ប្រកាន់ ដូច្នេះ ត្រូវអាបត្តិ​សង្ឃាទិសេសគ្រប់​ៗវាចា។ ភិក្ខុត្រូវអាបត្តិបាចិត្តិយ អ្នកចោទក៏​បាន​ឃើញ។បេ។ ភិក្ខុត្រូវអាបត្តិបាដិទេសនីយ។បេ។ ភិក្ខុត្រូវអាបត្តិទុក្កដ។បេ។ ភិក្ខុត្រូវ​អាបត្តិទុព្ភាសិត ភិក្ខុអ្នកចោទក៏​បាន​ឃើញ និង​មានសេចក្តី​យល់​ក្នុង​​អាបត្តិទុព្ភាសិត​ថាជា​អាបត្តិទុព្ភាសិតដែរ។បេ។ មានសេចក្តី​យល់​ក្នុង​​អាបត្តិទុព្ភាសិតថាជាអាបត្តិសង្ឃាទិសេស​ទៅ​វិញ។បេ។ មាន​សេចក្តី​​យល់​ក្នុង​​អាបត្តិទុព្ភាសិតថាជាអាបត្តិថុល្លច្ច័យទៅ​វិញ។បេ។ មាន​សេចក្តី​យល់​ក្នុង​​អាបត្តិ​ទុព្ភាសិត​​ថាជាអាបត្តិបាចិត្តិយទៅ​វិញ។បេ។ មានសេចក្តី​យល់​ក្នុង​​អាបត្តិទុព្ភាសិត​ថាជាអាបត្តិបាដិទេសនីយទៅ​វិញ។បេ។ មានសេចក្តីយល់​ក្នុង​​អាបត្តិ​ទុព្ភាសិតថា​ជាអាបត្តិ​ទុក្កដ​ទៅ​វិញ បើ​ឲ្យ​អ្នកដទៃចោទភិក្ខុនោះ​​ដោយ​អាបត្តិ​បារាជិកថា អ្នកឯង​មិន​មែនជាសមណៈ អ្នកឯងមិន​មែនជាកូនចៅព្រះពុទ្ធ​ជាសក្យបុត្ត ឧបោសថកម្មក្តី បវារណាកម្មក្តី សង្ឃកម្មក្តី ជាមួយនឹងអ្នកឯង​គ្មានទេ សូម្បីអធិករណៈយ៉ាង​នេះ ក៏​ឈ្មោះ​ថាចំណែកដទៃ​នៃ​អាបត្តាធិករណៈ ទាំងលេសសោត ភិក្ខុនោះ​ក៏នៅប្រកាន់ ដូច្នេះ ត្រូវ​អាបត្តិ​សង្ឃាទិសេសគ្រប់​ៗវាចា។

[២៨៩] អាបត្តិមិន​មាន​ដល់​ភិក្ខុអ្នកចោទមានសេចក្តីសំគាល់ពិត ​ហើយ​ចោទឯង ឬឲ្យ​​អ្នកដទៃចោទ ​ដល់​ភិក្ខុខូចស្មារតី ​ដល់​ភិក្ខុអាទិកម្មិក។

សង្ឃាទិសេសទី៩ ចប់។

សង្ឃាទិសេសទី១០

[២៩០] សម័យនោះ​ ព្រះពុទ្ធដ៏​​ទ្រង់​ជោគ ប្រថាប់នៅក្នុង​អារាមវេឡុវន ជាទីដែល​ស្តេច​ប្រទានចំណី​ដល់​សត្វកង្ហែន ក្បែរក្រុងរាជគ្រឹះ។ គ្រានោះ​ ភិក្ខុឈ្មោះ​ទេវទត្ត ​បាន​ចូលទៅ​រក​ភិក្ខុ​ឈ្មោះ​​កោកាលិក ភិក្ខុឈ្មោះ​កដមោរកតិស្សក ភិក្ខុឈ្មោះ​​ខណ្ឌទេវីបុត្ត និង​ភិក្ខុឈ្មោះ​​សមុទ្ទទត្ត ​ហើយ​​បាន​និយាយពាក្យ​នេះនឹងភិក្ខុឈ្មោះ​​កោកាលិក ភិក្ខុឈ្មោះ​កដមោរកតិស្សក ភិក្ខុឈ្មោះ​​ខណ្ឌទេវីបុត្ត និង​ភិក្ខុឈ្មោះ​​សមុទ្ទទត្តថា ម្នាល​អាវុសោ អ្នកទាំងឡាយចូរមក ពួកយើង​នឹង​ធ្វើ​ការបំបែកសង្ឃ នឹងទំលាយចក្រ [បំបែកផ្លូវ​ប្រតិបត្តិផ្សេងចាក​ធម្មវិន័យរបស់ព្រះសម្មាសម្ពុទ្ធ។] របស់​ព្រះសមណគោតម។ កាល​ទេវទត្តពោលយ៉ាង​នេះ​ហើយ​ ទើបភិក្ខុឈ្មោះ​​កោកាលិក​និយាយ​ពាក្យ​នេះនឹង​ទេវទត្តថា អាវុសោ ព្រះសមណគោតមមានរិទ្ធិច្រើន មានអានុភាពធំ ពួក​យើង​នឹងធ្វើការបំបែកសង្ឃ នឹងទំលាយចក្ររបស់ព្រះសមណគោតម​ដូចម្តេច​បាន​។ ទេវទត្ត​ឆ្លើយថា ម្នាល​អាវុសោ អ្នកទាំងឡាយចូរមក ពួកយើងនាំគ្នាចូលទៅ​គាល់​ព្រះសមណគោតម ទូល​សូមវត្ថុ ៥ប្រការថា បពិត្រព្រះសម្ពុទ្ធជាម្ចាស់ ព្រះដ៏​មានព្រះភាគ​ទ្រង់សរសើរគុណនៃ​បុគ្គល​អ្នកប្រាថ្នាតិច ជាអ្នកសន្តោស ដុសខាត់ចិត្ត ទ្រ​ទ្រង់ធុតង្គវត្ត ប្រកប​ដោយ​សេចក្តីជ្រះថ្លា មិន​ចំរើន​កិលេសវដ្ត ប្រារព្ធសេចក្តីព្យាយាម ​ដោយ​បរិយាយជាច្រើន បពិត្រ​ព្រះសម្ពុទ្ធជាម្ចាស់ វត្ថុ៥​ប្រការ​​នេះ ប្រព្រឹត្តទៅ​ដើម្បីសេចក្តីប្រាថ្នាតិច ដើម្បីសន្តោស ដើម្បីដុសខាត់ចិត្ត ដើម្បីធុតង្គវត្ត ដើម្បី​សេចក្តីជ្រះថ្លា ដើម្បីមិន​ចំរើនកិលេសវដ្ត ដើម្បីប្រារព្ធសេចក្តីព្យាយាម​ដោយ​បរិយាយជាច្រើន បពិត្រព្រះសម្ពុទ្ធជាម្ចាស់ សូម​ទ្រង់ព្រះមេត្តាករុណាចុះ សូមឲ្យ​ភិក្ខុទាំងឡាយនៅតែ​ក្នុង​ព្រៃជា​វត្តអស់មួយជីវិត ភិក្ខុណា​នៅក្នុង​ស្រុក ភិក្ខុនោះ​ត្រូវទោស សូមឲ្យ​ភិក្ខុទាំងឡាយ កាន់​បិណ្ឌបាត​ជាវត្តអស់មួយជីវិត ភិក្ខុណាត្រេកអរ​ដោយ​ការនិមន្ត ភិក្ខុនោះ​ត្រូវទោស សូមឲ្យ​ភិក្ខុទាំងឡាយ ប្រើប្រាស់​សម្ពត់បង្សុកូលជាវត្តអស់មួយជីវិត ភិក្ខុណា​ត្រេកអរ​ដោយ​គហបតីចីវរ ភិក្ខុនោះ​ត្រូវទោស សូមឲ្យ​ភិក្ខុទាំងឡាយ នៅទៀបគល់ឈើជាវត្ត​អស់មួយជីវិត ភិក្ខុណាទៅ​នៅក្នុង​ទីប្រក់ទីបាំង ភិក្ខុនោះ​ត្រូវទោស សូមកុំឲ្យ​ភិក្ខុទាំងឡាយឆាន់​ត្រី​និង​​សាច់អស់មួយជីវិត ភិក្ខុណាឆាន់ត្រីនិង​សាច់ ភិក្ខុនោះ​ត្រូវទោស បើ​យើងសូមយ៉ាង​នេះ ព្រះសមណ​គោតម​មុខជានឹងមិន​អនុញ្ញាតឲ្យ​ទេ ​ហើយ​ពួកយើងឯងនឹងពន្យល់ជន (ឲ្យ​​ត្រេកអរ​នឹងយើង) ​ដោយ​វត្ថុ៥ប្រការទាំង​នេះ។ ទើបកោកាលិកភិក្ខុពោលថា ម្នាល​អាវុសោ ពួកយើង​អាច​នឹង​ធ្វើ​ការបំបែកសង្ឃ និង​ទំលាយចក្ររបស់ព្រះសមណគោតម​ដោយ​វត្ថុ៥ប្រការ​នេះ​បាន​ ព្រោះ​មនុស្សទាំងឡាយដែល​ជ្រះថ្លាក្នុង​វត្ថុសៅហ្មង (មានច្រើន) អាវុសោ។

[២៩១] គ្រានោះ​ ទេវទត្តភិក្ខុព្រមទាំងបរិសទ្យ ចូលទៅ​គាល់ព្រះដ៏​មានព្រះភាគម្ចាស់ ​ហើយ​ក្រាបថ្វាយបង្គំ រួចអង្គុយក្នុង​ទីដ៏​សមគួរ។ លុះ​ទេវទត្តភិក្ខុអង្គុយ​ស្រួលបួល​ហើយ​ ក៏ក្រាប​ទូល​ពាក្យ​នេះនឹងព្រះដ៏​មានព្រះភាគថា បពិត្រព្រះសម្ពុទ្ធជាម្ចាស់ ព្រះអង្គដ៏​​ទ្រង់ជោគ ​ទ្រង់សរសើរគុណរបស់​បុគ្គលប្រាថ្នាតិច ជាអ្នកសន្តោស ដុសខាត់ចិត្ត ទ្រ​ទ្រង់ធុតង្គ មានសេចក្តីជ្រះថ្លា មិន​ចំរើន​កិលេសវដ្ត ប្រារព្ធសេចក្តីព្យាយាម ​ដោយ​បរិយាយជាច្រើន បពិត្រព្រះសម្ពុទ្ធជាម្ចាស់ វត្ថុ៥​ប្រការទាំង​​នេះ ប្រព្រឹត្តទៅ​ដើម្បី​សេចក្តីប្រាថ្នាតិច សន្តោស ដុសខាត់ចិត្ត កំចាត់ធម៌គ្រឿង​សៅហ្មង ដើម្បី​សេចក្តីជ្រះថ្លា មិន​ចំរើនកិលេសវដ្ត ប្រារព្ធសេចក្តីព្យាយាម បពិត្រព្រះសម្ពុទ្ធជាម្ចាស់ សូមទាន​ទ្រង់ព្រះមេត្តាករុណាចុះ សូមឲ្យ​ភិក្ខុទាំងឡាយនៅតែ​ក្នុង​ព្រៃជា​វត្តអស់មួយជីវិត ភិក្ខុណា​ចូលមកកាន់ស្រុក ភិក្ខុនោះ​ត្រូវទោស សូមឲ្យ​ភិក្ខុទាំងឡាយកាន់​បិណ្ឌបាត​ជាវត្តអស់​មួយជីវិត ភិក្ខុណាត្រេកអរ​​ដោយ​​ការនិមន្ត ភិក្ខុនោះ​​ត្រូវទោស សូមឲ្យ​ភិក្ខុទាំងឡាយ​ប្រើប្រាស់សម្ពត់បង្សុកូលជាវត្តអស់មួយជីវិត ភិក្ខុណា​ត្រេកអរ​ដោយ​គហបតីចីវរ ភិក្ខុនោះ​ត្រូវទោស សូមឲ្យ​ភិក្ខុទាំងឡាយ នៅទៀបគល់ឈើ​អស់​មួយ​ជីវិត ភិក្ខុណាចូលជ្រក​ទីប្រក់ទីបាំង ភិក្ខុនោះ​ត្រូវទោស សូមកុំឲ្យ​ភិក្ខុទាំងឡាយឆាន់​ត្រី​និង​​សាច់អស់មួយជីវិត ភិក្ខុណាឆាន់ត្រីនិង​សាច់ ភិក្ខុនោះ​ត្រូវទោស។ ព្រះសម្មាសម្ពុទ្ធ​ទ្រង់ត្រាស់ថា កុំទេវទត្ត ភិក្ខុណាចង់នៅព្រៃ ភិក្ខុនោះ​ចូរនៅចុះ ភិក្ខុណាចង់​នៅស្រុក ភិក្ខុនោះ​ចូរនៅចុះ ភិក្ខុ​ណា​ចង់​ប្រព្រឹត្ត​បិណ្ឌបាតជាវត្ត ភិក្ខុនោះ​ចូរប្រព្រឹត្តចុះ ភិក្ខុណាត្រូវការ​ដោយ​កិច្ចនិមន្ត ភិក្ខុ​នោះ​​ចូរត្រេកអរចុះ ភិក្ខុណាចង់ប្រើប្រាស់សម្ពត់បង្សុកូល ភិក្ខុនោះ​ចូរប្រើប្រាស់ចុះ ភិក្ខុ​ណាចង់​បាន​គហបតីចីវរ ភិក្ខុនោះ​ចូរត្រេកអរ​នូវ​ចីវរនោះ​ចុះ នែទេវទត្ត តថាគត​អនុញ្ញាត​សេនាសនៈ​ទៀបគល់ឈើអស់កាល៨ខែ អនុញ្ញាតត្រីសាច់ ដែល​បរិសុទ្ធ​ដោយ​ទីបំផុត ៣ប្រការ គឺ​មិន​​បាន​ឃើញ មិន​​បាន​ឮ មិន​​បាន​រង្កៀស (ឲ្យ​ភិក្ខុទាំងឡាយឆាន់​បាន​)។

[២៩២] លំដាប់នោះ​ ទេវទត្តភិក្ខុព្រមទាំងបរិសទ្យត្រេកអររីករាយថា ព្រះដ៏​មានព្រះភាគ​មិន​​ព្រម​អនុញ្ញាត​វត្ថុ៥ប្រការ​នេះទេ ​ហើយ​ក៏ក្រោកចាក​អាសនៈ ថ្វាយបង្គំព្រះដ៏​មាន​ព្រះភាគ ធ្វើ​បទក្សិណចៀសចេញទៅ​។ ទើបទេវទត្តភិក្ខុព្រមទាំងបរិសទ្យ ចូលទៅ​ក្រុងរាជគ្រឹះ ញុំាងជន​ឲ្យ​​យល់​​ដោយ​វត្ថុ៥ប្រការ ​ហើយ​ពោលថា អាវុសោទាំងឡាយ ពួកយើង​បាន​ចូលទៅ​គាល់​ព្រះ​សមណគោតម ​ហើយ​ទូលសូមវត្ថុ៥ប្រការថា បពិត្រ​ព្រះសម្ពុទ្ធជាម្ចាស់ ព្រះដ៏​មានព្រះភាគ​មាន​ប្រក្រតីសរសើរគុណរបស់​បុគ្គលអ្នកប្រាថ្នាតិច សន្តោស ដុសខាត់ចិត្ត កំចាត់ធម៌គ្រឿង​សៅហ្មង មានសេចក្តីជ្រះថ្លា មិន​ចំរើន​កិលេសវដ្ត ប្រារព្ធសេចក្តីព្យាយាម ​ដោយ​បរិយាយជាច្រើន បពិត្រព្រះសម្ពុទ្ធជាម្ចាស់ វត្ថុ៥​ប្រការ​​នេះ ប្រព្រឹត្តទៅ​ដើម្បីសេចក្តីប្រាថ្នាតិច ដើម្បី​សេចក្តី​សន្តោស ដើម្បីសេចក្តីប្រតិបត្តិដ៏​ផូរផង់់ ដើម្បីកំចាត់កិលេសធម៌ ដើម្បី​សេចក្តីជ្រះថ្លា ដើម្បីមិន​ចំរើនកិលេសវដ្ត ដើម្បីប្រារព្ធ​សេចក្តីព្យាយាម បពិត្រព្រះសម្ពុទ្ធជាម្ចាស់ សូម​ទ្រង់ព្រះមេត្តា សូមឲ្យ​ភិក្ខុទាំង​ឡាយនៅតែ​ក្នុង​ព្រៃជា​វត្តអស់មួយជីវិត ភិក្ខុណាចូលមកកាន់ស្រុក ភិក្ខុនោះ​ត្រូវទោស សូមឲ្យ​ភិក្ខុទាំងឡាយត្រាច់​បិណ្ឌបាត​ជាវត្តអស់មួយជីវិត ភិក្ខុណាត្រេកអរ​​ដោយ​​ការនិមន្ត ភិក្ខុនោះ​​ត្រូវទោស សូមឲ្យ​ភិក្ខុទាំងឡាយប្រើប្រាស់សម្ពត់បង្សុកូលជាវត្តអស់មួយជីវិត ភិក្ខុណា​​ត្រេកអរចំពោះ​គហបតីចីវរ ភិក្ខុនោះ​ត្រូវទោស សូមឲ្យ​ភិក្ខុទាំងឡាយនៅ​ក្បែរ​គល់ឈើ​ជាវត្តអស់​មួយ​ជីវិត ភិក្ខុណាចូលជ្រកទីប្រក់ទីបាំង ភិក្ខុនោះ​ត្រូវទោស សូមឲ្យ​ភិក្ខុទាំងឡាយកុំឆាន់​ត្រី​និង​​សាច់អស់មួយជីវិត ភិក្ខុណាឆាន់ត្រីនិង​សាច់ ភិក្ខុនោះ​ត្រូវ​ទោស ព្រះសមណគោតម​មិន​​​ទ្រង់​អនុញ្ញាត​វត្ថុ៥ប្រការ​នេះទេ តែ​ពួកយើង​ទាំងនោះ​នាំគ្នា​សមាទានវត្ថុ៥​នេះវិញ។

[២៩៣] បណ្តាមនុស្សទាំងនោះ​ មនុស្សទាំងឡាយណាជាអ្នកឥតសទ្ធា មិន​ជ្រះថ្លា មាន​ប្រាជ្ញាថោកថយ ទើបមនុស្សទាំងនោះ​​ពោលយ៉ាង​នេះថា ពួកសមណៈទាំង​នេះឯង​ជាកូនចៅ​ព្រះពុទ្ធជាសក្យបុត្ត ជាអ្នកកំចាត់កិលេសធម៌ ជាអ្នកប្រព្រឹត្តក្នុង​ធម៌ដ៏​ផូរផង់ ចំណែក​ព្រះសមណ​គោតម ជាអ្នកប្រព្រឹត្តល្មោភ​ដោយ​បច្ច័យ មានចីវរបច្ច័យជាដើម តែ​ងត្រិះរិះ​ដោយ​បច្ច័យ​ មាន​ចីវរបច្ច័យ​ជាដើមដ៏​ច្រើន។ ពួកមនុស្សណា ជាអ្នកមាន​សទ្ធាជ្រះថ្លា ជាបណ្ឌិត​មានប្រាជ្ញា ពួក​មនុស្ស​ទាំងនោះ​ ពោលទោស តិះដៀល បន្តុះបង្អាប់ថា ទេវទត្តភិក្ខុ​មិន​គួរសោះ​នឹងខំប្រឹង​ទំលាយ​សង្ឃ ទំលាយចក្ររបស់ព្រះដ៏​មានព្រះភាគម្ចាស់។ ពួកភិក្ខុ​បាន​ឮពួកមនុស្សទាំងនោះ​ ពោលទោស​ តិះដៀល បន្តុះបង្អាប់ (ដូច្នោះ)។ ភិក្ខុទាំងឡាយឯណា ជាអ្នកប្រាថ្នាតិច។បេ។ ភិក្ខុ​ទាំងឡាយនោះ​ ពោលទោស តិះដៀល បន្តុះបង្អាប់ថា ទេវទត្តភិក្ខុមិន​សម្បីបើ​ខំខ្នះខ្នែង ដើម្បី​ទំលាយសង្ឃ ដើម្បីទំលាយចក្រសោះ។ ទើបភិក្ខុទាំងនោះ​ ក្រាបទូលរឿងនុ៎ះ​ចំពោះ​ព្រះដ៏​មានព្រះភាគជាម្ចាស់។ ព្រោះហេតុ​នេះ ដំណើរ​នេះ ព្រះដ៏​​ទ្រង់​ជោគ ឲ្យ​ប្រជុំភិក្ខុសង្ឃ ​ហើយ​ត្រាស់សួរ​បញ្ជាក់​ទេវទត្តភិក្ខុ​ក្នុង​ពេលនោះ​។បេ។ នែទេវទត្ត គេថាអ្នកឯងព្យាយាម​ទំលាយ​សង្ឃ ទំលាយចក្រ​ ពិតមែនឬ។ ទេវទត្ត​ក្រាបទូលថា បពិត្រព្រះដ៏​មានព្រះភាគ សេចក្តីនោះ​​ពិត​មែន។ ព្រះសម្ពុទ្ធ​ដ៏​មានព្រះភាគតិះដៀលថា នែមោឃបុរស មិន​សមគួរសោះ។បេ។ មោឃបុរស ហេតុម្តេចហ្ន៎ ​បាន​ជាអ្នកឯងខំព្យាយាម​ទំលាយសង្ឃ ទំលាយចក្រ នែមោឃបុរស អំពើ​ដែល​​អ្នក​ឯង​ធ្វើ​នេះ មិន​នាំឲ្យ​ជ្រះថ្លា​ដល់​ជនទាំង​ឡាយដែល​មិន​ទាន់ជ្រះថ្លា។បេ។ ម្នាល​ភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែង​ឡើង​​នូវ​សិក្ខាបទ​​នេះយ៉ាង​នេះថា ភិក្ខុណាមួយព្យាយាមដើម្បីទំលាយ​សង្ឃដ៏​ព្រមព្រៀង​គ្នា ឬ​ប្រកាន់​ផ្គងឡើង​នូវ​អធិករណៈ ដែល​ដឹកនាំឲ្យ​សង្ឃបែកគ្នា​ហើយ​តាំងនៅ ភិក្ខុទាំងឡាយ​ត្រូវពោល (ហាម) ភិក្ខុនោះ​​ដោយ​ពាក្យយ៉ាង​នេះថា លោកម្ចាស់កុំព្យាយាមដើម្បី​បំបែកសង្ឃដែល​ព្រមព្រៀងគ្នាឡើយ ឬប្រកាន់​ផ្គងឡើង​​នូវ​អធិករណៈ ដែល​ដឹកនាំឲ្យ​សង្ឃបែក​គ្នា​ហើយ​តាំងនៅ សូមលោកម្ចាស់ព្រមព្រៀងជាមួយនឹងសង្ឃទៅ​ ព្រោះថា ព្រះសង្ឃព្រមព្រៀង​គ្នា រីករាយរកគ្នា មិន​វិវាទគ្នា មានឧទ្ទេស​ជាមួយគ្នា តែ​ងនៅជាសុខសប្បាយ។ ភិក្ខុនោះ​ កាល​ភិក្ខុ​ទាំងឡាយពោល (ហាម) យ៉ាង​នេះ​ហើយ​ នៅប្រកាន់លទ្ធិយ៉ាងនោះ​ដដែល​ ភិក្ខុនោះ​​ ត្រូវភិក្ខុ​ទាំងឡាយសូត្រសមនុភាសនកម្ម (ពោលប្រដៅហាមប្រាម) ជាកំណត់បីដង ដើម្បីឲ្យ​​លះបង់​សង្ឃភេទកម្មនោះ​។ កាលបើ​ភិក្ខុទាំងឡាយសូត្រសមនុភាសនកម្ម (ហាមប្រាម) ជាគំរប់បីដង​​ហើយ​ ភិក្ខុនោះ​​បាន​លះបង់សង្ឃភេទកម្មនោះ​ចេញ ការលះបង់​​បាន​​នេះជាការប្រពៃ បើ​ភិក្ខុ​នោះ​មិន​លះបង់​ទេ ត្រូវអាបត្តិសង្ឃាទិសេស។

[២៩៤] ត្រង់ពាក្យថា ភិក្ខុណាមួយ មានអធិប្បាយ​ពិស្តារ​ក្នុង​បារាជិកកណ្ឌសិក្ខាបទ​ទី១រួច​ហើយ​។ សង្ឃដែល​មានសំវាសស្មើគ្នា ស្ថិតនៅក្នុង​សីមាជាមួយគ្នា ហៅថាព្រមព្រៀង​គ្នា។ ពាក្យថា ព្យាយាមដើម្បីបំបែក គឺភិក្ខុស្វែងរកបក្ខពួក ចងជាគណៈ​ដោយ​ចិត្ត​បំណងថា ធ្វើ​ម្តេច​ឲ្យ​​ភិក្ខុពួក​នេះនៅផ្សេងៗគ្នា បែកគ្នាជាពួកជាកង។ ពាក្យថា អធិករណៈ ដែល​ដឹកនាំឲ្យ​សង្ឃបែកគ្នា គឺ​​បាន​​ដល់​រឿងដែល​ជាហេតុធ្វើឲ្យ​បែកគ្នាមាន១៨ [១.សំដែង​អធម៌ថាជាធម៌ ២.សំដែង​ធម៌ថាជាអធម៌ ៣.សំដែង​អវិន័យថាជាវិន័យ ៤.សំដែង​វិន័យថាជាអវិន័យ ៥.ពាក្យដែល​​ព្រះតថាគតមិន​​បាន​សំដែង​ ថាព្រះតថាគត​​បាន​សំដែង​ ៦. ពាក្យដែល​​ព្រះតថាគត​បាន​សំដែង​ ថាព្រះតថាគតមិន​​​បាន​សំដែង​ ៧.អំពើដែល​ព្រះតថាគត​មិន​​​បាន​​សន្សំទុកមក ថាព្រះតថាគត​បាន​សន្សំទុកមក ៨.ដែល​ព្រះតថាគត​បាន​សន្សំទុកមក ថាព្រះ​តថាគត​មិន​​បាន​សន្សំទុកមក ៩.សេចក្តីដែល​ព្រះតថាគតមិន​​បាន​បញ្ញត្ត ថាព្រះតថាគត​​បាន​បញ្ញត្ត ១០.ដែល​ព្រះតថាគត​បាន​បញ្ញត្ត ថាមិន​​បាន​បញ្ញត្ត ១១.សំដែង​អំពីអនាបត្តិ ថាជាអាបត្តិ។ ១២.សំដែង​អំពីអាបត្តិ ថាអនាបត្តិ។ ១៣.សំដែង​លហុកាបត្តិ ថាជាគរុកាបត្តិ។ ១៤.សំដែង​គរុកាបត្តិ ថាជាលហុកាបត្តិ។ ១៥.​សំដែង​​សាវសេសាបត្តិ (អាបត្តិ​៥កង លើក​អាបត្តិ​បារាជិក​ និង​សង្ឃាទិសេសចេញ) ថាជា​អនវសេសាបត្តិ (គឺបារាជិក និង​សង្ឃាទិសេស)។ ១៦.សំដែង​អនវសេសាបត្តិ ថាជា​សាវសេសាបត្តិ។ ១៧.សំដែង​​ទុដ្ឋុល្លាបត្តិ ថាជាអទុដ្ឋុល្លាបត្តិ។ ១៨.សំដែង​អទុដ្ឋុល្លាបត្តិ ថាជាទុដ្ឋុល្លាបត្តិ។ (មានក្នុង​គម្ពីរចុលវគ្គ ត្រង់សង្ឃភេទខន្ធក)] ប្រការ។ ពាក្យថា ប្រកាន់ គឺកាន់យក។ ពាក្យថា ផ្គងឡើង គឺសំដែង​។ ពាក្យថា តាំងនៅ គឺមិន​លះបង់។

[២៩៥] ពាក្យថា ភិក្ខុនោះ​ គឺភិក្ខុអ្នកបំបែកសង្ឃនោះ​ឯង។ ពាក្យថា ភិក្ខុទាំងឡាយ គឺ​ភិក្ខុ​ទាំងឡាយឯទៀត (ក្រៅពីភិក្ខុដែល​បំបែកសង្ឃនោះ​)។ ភិក្ខុណា​បាន​ឃើញ ឬ​បាន​ឮ ពួកភិក្ខុ​ទាំងនោះ​ ត្រូវនិយាយនឹងភិក្ខុដែល​បំបែកសង្ឃនោះ​ថា លោកម្ចាស់ កុំព្យាយាម​ដើម្បីបំបែក​សង្ឃ​ដ៏​ព្រមព្រៀងគ្នា ឬប្រកាន់ផ្គងឡើង​នូវ​អធិករណៈ​ដែល​ដឹកនាំឲ្យ​សង្ឃ​បែក​គ្នា សូមឲ្យ​លោកម្ចាស់​ព្រមព្រៀងជាមួយនឹង​សង្ឃទៅ​ ព្រោះសង្ឃព្រមព្រៀងគ្នា រីករាយរកគ្នា មិន​វិវាទគ្នា មានឧទ្ទេស​ជាមួយគ្នា តែ​ងនៅជាសុខសប្បាយ។ ភិក្ខុទាំងឡាយ​ត្រូវពោល (ហាម) ជាគំរប់ពីរដងផង ត្រូវពោល (ហាម) ជាគំរប់បីដងផង។ បើ​ភិក្ខុនោះ​លះបង់​បាន​ ការលះបង់​បាន​​នេះ ជាការល្អ​ណាស់  បើ​មិន​លះបង់ទេ ត្រូវអាបត្តិទុក្កដ។ ភិក្ខុទាំងឡាយ​បាន​ឮ​ហើយ​ មិន​ពោល(ហាម) ត្រូវ​អាបត្តិទុក្កដ។ ភិក្ខុនោះ​ ត្រូវតែ​ភិក្ខុទាំងឡាយចាប់ទាញមកកាន់កណ្តាលជំនុំសង្ឃ ​ហើយ​ពោល (ហាម)ថា លោកម្ចាស់ កុំព្យាយាម​ដើម្បីបំបែក​សង្ឃ​ដ៏​ព្រមព្រៀងគ្នា ឬប្រកាន់ផ្គងឡើង​នូវ​អធិករណៈ​ដែល​ដឹកនាំ​ឲ្យ​សង្ឃបែកគ្នាឡើយ សូមឲ្យ​លោកម្ចាស់​ព្រមព្រៀងជាមួយនឹង​សង្ឃទៅ​ ព្រោះសង្ឃ​ព្រមព្រៀងគ្នា រីករាយរកគ្នា មិន​វិវាទគ្នា មានឧទ្ទេស​ជាមួយគ្នា តែ​ងនៅជាសុខសប្បាយ។ ភិក្ខុទាំងឡាយត្រូវពោល (ហាម) ភិក្ខុជាអ្នកបំបែកសង្ឃ​នោះ​ ជាគំរប់ពីរដងផង ត្រូវពោល (ហាម) ជាគំរប់បីដងផង។ បើ​ភិក្ខុនោះ​​លះបង់​បាន​ ការលះបង់​​បាន​​នេះ ជាការប្រពៃ បើ​មិន​លះបង់ទេ ភិក្ខុនោះ​ ត្រូវអាបត្តិទុក្កដ។

[២៩៦] ភិក្ខុទាំងឡាយគប្បីសូត្រសមនុភាសនកម្ម​ដល់​ភិក្ខុនោះ​ ម្នាល​ភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសូត្រសមនុភាសនកម្មយ៉ាង​នេះ គឺភិក្ខុដែល​ឆ្លៀវឆ្លាស អង់អាច គប្បីប្រកាស​ឲ្យ​សង្ឃដឹងថា បពិត្រព្រះសង្ឃដ៏​ចំរើន សូមព្រះសង្ឃស្តាប់ពាក្យខ្ញុំ ភិក្ខុ​នេះ មានឈ្មោះ​​នេះ ព្យាយាម​ដើម្បីបំបែកសង្ឃដ៏​ព្រមព្រៀងគ្នា។ ភិក្ខុនោះ​មិន​លះបង់​រឿងនោះ​ទេ។ បើ​កម្ម​មានកាល​សមគួរ​ដល់​សង្ឃ​ហើយ​ សង្ឃគប្បីសូត្រសមនុភាសនកម្ម (ហាម) ភិក្ខុឈ្មោះ​​នេះ ដើម្បីឲ្យ​លះបង់​រឿងនោះ​។ ​នេះជាញត្តិ (វាចាប្រកាស​ដល់​សង្ឃ)។ បពិត្រព្រះសង្ឃដ៏​ចំរើន សូមព្រះសង្ឃស្តាប់ពាក្យខ្ញុំ ភិក្ខុ​នេះ មានឈ្មោះ​​នេះ ព្យាយាម​ដើម្បីបំបែកសង្ឃដ៏​ព្រមព្រៀងគ្នា។ ភិក្ខុនោះ​មិន​លះបង់រឿងនោះ​ទេ។ ព្រះសង្ឃសូត្រ​សមនុភាសនកម្ម (ហាម) ភិក្ខុឈ្មោះ​​នេះ ដើម្បីឲ្យ​លះបង់​រឿងនោះ​។ ការសូត្រ​សមនុភាសនកម្ម​ដល់​ភិក្ខុមានឈ្មោះ​​នេះ ដើម្បីឲ្យ​​លះបង់​រឿងនោះ​ សមគួរ​ដល់​លោកម្ចាស់អង្គណា លោកម្ចាស់អង្គនោះ​ត្រូវស្ងៀម មិន​សមគួរ​ដល់​​លោកម្ចាស់អង្គណា សូមឲ្យ​លោកម្ចាស់អង្គនោះ​ពោលឡើង។ ខ្ញុំពោលសេចក្តី​នេះជាគំរប់​ពីរដងផង។បេ។ ខ្ញុំពោលសេចក្តី​នេះជាគំរប់បីដងផង។ បពិត្រព្រះសង្ឃដ៏​ចំរើន ព្រះសង្ឃចូរស្តាប់ពាក្យខ្ញុំ ភិក្ខុ​នេះ មានឈ្មោះ​​នេះ ព្យាយាម​ដើម្បីបំបែកសង្ឃដ៏​ព្រមព្រៀងគ្នា។ ភិក្ខុនោះ​មិន​លះបង់រឿងនោះ​ទេ។ ព្រះសង្ឃសូត្រសមនុភាសនកម្ម (ហាម) ភិក្ខុឈ្មោះ​​នេះ ដើម្បីឲ្យ​លះបង់​រឿងនោះ​ចេញ។ ការសូត្រប្រាប់ភិក្ខុមានឈ្មោះ​​នេះ ដើម្បីឲ្យ​​លះបង់​រឿងនោះ​ សមគួរ​ដល់​លោកម្ចាស់អង្គណា លោកម្ចាស់អង្គនោះ​ត្រូវស្ងៀម មិន​សមគួរ​ដល់​​លោកម្ចាស់អង្គណា លោកម្ចាស់អង្គនោះ​ត្រូវពោលឡើង។ ភិក្ខុឈ្មោះ​​នេះ ព្រះសង្ឃ​បាន​​សូត្រ​សមនុភាសនកម្ម​ហើយ​ ដើម្បីឲ្យ​លះបង់​រឿងនោះ​។ សមនុភាសនកម្ម​នេះ សមគួរ​ដល់​សង្ឃ ហេតុ​នោះ​​ព្រះសង្ឃស្ងៀមនៅ។ ខ្ញុំសូមចាំទុក​នូវ​ពាក្យ​នេះ​ដោយ​កិរិយា​ស្ងៀម​នៅយ៉ាង​នេះ។

[២៩៧] (កាលសង្ឃ)សូត្រញត្តិចប់ (ភិក្ខុនោះ​) ត្រូវអាបត្តិទុក្កដ (កាលសង្ឃ) សូត្រកម្ម​វាចា​ពីរដង (ភិក្ខុនោះ​) ត្រូវអាបត្តិថុល្លច្ច័យ (កាលសង្ឃ) សូត្រកម្មវាចាចប់ (ភិក្ខុនោះ​) ត្រូវ​អាបត្តិ​សង្ឃាទិសេស។ កាលបើ​ភិក្ខុ​ត្រូវអាបត្តិសង្ឃាទិសេស​ហើយ​ ឯអាបត្តិទុក្កដ​ដែល​​ភិក្ខុនោះ​ត្រូវ​ក្នុង​​ខណៈ​ចប់ញត្តិក្តី និង​អាបត្តិថុល្លច្ច័យទាំងឡាយដែល​ភិក្ខុនោះ​ត្រូវ​ក្នុង​​ខណៈចប់​កម្មវាចា​ជាគំរប់ពីរដង​ក្តី ក៏តែ​ងរំងាប់ទៅ​ឯង។ ពាក្យថា អាបត្តិ​សង្ឃាទិសេស មានអធិប្បាយក្នុង​សិក្ខាបទទី១សង្ឃាទិសេសខាងដើមមក​ហើយ​។

[២៩៨] ភិក្ខុមានសេចក្តីសំគាល់ក្នុង​កម្មដែល​សង្ឃធ្វើត្រូវតាមធម៌ ថាកម្មធ្វើត្រូវតាមធម៌ តែ​មិន​លះបង់ (សង្ឃភេទកម្មនោះ​) ភិក្ខុនោះ​ ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុមាន​សេចក្តី​សង្ស័យក្នុង​កម្មដែល​សង្ឃធ្វើត្រូវតាមធម៌ តែ​មិន​លះបង់ (គឺនៅប្រកាន់) ភិក្ខុនោះ​ ត្រូវអាបត្តិសង្ឃាទិសេសដែរ។ ភិក្ខុមានសេចក្តីសំគាល់ក្នុង​កម្មដែល​សង្ឃធ្វើត្រូវតាមធម៌ ថាកម្មមិន​ត្រូវតាមធម៌ មិន​លះបង់ ភិក្ខុនោះ​ ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុមាន​សេចក្តី​សំគាល់ក្នុង​កម្មដែល​សង្ឃធ្វើមិន​ត្រូវតាមធម៌ ថាកម្មធ្វើត្រូវតាមធម៌ ភិក្ខុនោះ​ ត្រូវ​អាបត្តិទុក្កដ។ ភិក្ខុមានសេចក្តីសង្ស័យក្នុង​កម្មមិន​មែនជាធម៌ ភិក្ខុនោះ​ ត្រូវអាបត្តិ​ទុក្កដ​ដែរ។ ភិក្ខុមានសេចក្តីសំគាល់ក្នុង​កម្មមិន​មែនជាធម៌ ថាកម្មមិន​មែនជាធម៌ ភិក្ខុនោះ​ ត្រូវ​អាបត្តិទុក្កដ។

[២៩៩] អាបត្តិ មិន​មាន​ដល់​ភិក្ខុដែល​សង្ឃមិន​ទាន់សូត្រប្រកាសហាម ​ដល់​ភិក្ខុ​ដែល​​​បាន​លះបង់ (សង្ឃភេទកម្ម) ​ដល់​ភិក្ខុឆ្កួត ​ដល់​ភិក្ខុជាអាទិកម្មិក។

សង្ឃាទិសេសទី១០ ចប់។

សង្ឃាទិសេសទី១១

[៣០០] សម័យនោះ​ ព្រះពុទ្ធដ៏​មានឥស្សរិយយស ​ទ្រង់ប្រថាប់ក្នុង​វត្តវេឡុវន ជាទីដែល​ស្តេច​ប្រទានចំណី​ដល់​សត្វកង្ហែន ក្បែរក្រុងរាជគ្រឹះ។ សម័យនោះ​ឯង ទេវទត្តភិក្ខុ​ព្យាយាម​ដើម្បីបំបែកសង្ឃ ដើម្បីបំបែកចក្រ។ ភិក្ខុទាំងឡាយពោលយ៉ាង​នេះថា ទេវទត្ត​ជាអ្នក​ពោលខុសធម៌ ទេវទត្តជាអ្នកពោលខុសវិន័យ ទេវទត្តមិន​គួរបើ​នឹងព្យាយាម​ដើម្បី​បំបែកសង្ឃ ដើម្បីបំបែកចក្រ។ កាលភិក្ខុទាំងឡាយពោលយ៉ាង​នេះ​ហើយ​ ទើប​កោកាលិកភិក្ខុ កដមោរកតិស្សកភិក្ខុ ខណ្ឌទេវីបុត្តភិក្ខុ និង​សមុទ្ទទត្តភិក្ខុ ក៏ពោលពាក្យ​នេះនឹងពួកភិក្ខុ​ទាំងនោះ​​ថា សូមលោកម្ចាស់ទាំងឡាយកុំពោលយ៉ាងហ្នឹង​ ទេវទត្តពោល​ត្រូវ​តាមធម៌ ទេវទត្តពោលត្រូវ​តាម​វិន័យ ម្យ៉ាងទៀត ទេវទត្តកាន់យកសេចក្តី​ពេញចិត្ត​ និង​សេចក្តី​គាប់ចិត្តរបស់ពួកយើង ​ហើយ​​ទើបពោល លោកដឹង (សេចក្តីពេញចិត្ត​ជាដើម​របស់ពួកយើង) ទើបពោល អំពើ​ដែល​​លោក​​បាន​ធ្វើមក​នេះ ក៏សមគួរ​​ដល់​យើង​ទាំងឡាយ។ ភិក្ខុទាំងឡាយណាជាអ្នកប្រាថ្នាតិច។បេ។ ភិក្ខុទាំងឡាយនោះ​ ពោលទោស តិះដៀល បន្តុះបង្អាប់ថា ហេតុម្តេចហ្ន៎ ​បាន​ជាភិក្ខុទាំងឡាយ​ប្រព្រឹត្តតាមទេវទត្ត ជាអ្នក​ព្យាយាមដើម្បីបំបែកសង្ឃ ជាអ្នកពោលប្រកាន់ពួក។ ខណៈនោះ​ ពួកភិក្ខុទាំងនោះ​ក្រាបទូលសេចក្តីនុ៎ះ ចំពោះព្រះដ៏​មានព្រះភាគម្ចាស់។ ព្រោះហេតុ​នេះ ដំណើរ​នេះ ព្រះដ៏​មានព្រះភាគម្ចាស់ ​ទ្រង់ឲ្យ​ប្រជុំភិក្ខុសង្ឃ ​ហើយ​ត្រាស់សួរបញ្ជាក់ភិក្ខុ​ទាំងឡាយ​ក្នុង​ខណៈ​នោះ​ថា នែភិក្ខុទាំងឡាយ ឮថា មានពួកភិក្ខុប្រព្រឹត្តតាមទេវទត្តភិក្ខុ ជាអ្នកព្យាយាម​ដើម្បីបំបែកសង្ឃ ជាអ្នកពោលប្រកាន់ពួក ពិតមែនឬ។ ពួកភិក្ខុក្រាបទូលថា បពិត្រព្រះដ៏​មាន​ព្រះភាគ ការនោះ​ ពិតមែន។ ព្រះពុទ្ធជាម្ចាស់មានឥស្សរិយយស ​ទ្រង់តិះដៀលថា ម្នាល​ភិក្ខុ​ទាំងឡាយ អំពើដែល​មោឃបុរសទាំងនោះ​​បាន​ធ្វើ មិន​សមគួរទេ។បេ។ ម្នាល​ភិក្ខុទាំងឡាយ ហេតុម្តេច ក៏ពួកមោឃបុរស​ទាំងនោះ​ ប្រព្រឹត្តតាមទេវទត្ត ជាអ្នកព្យាយាម​ដើម្បីបំបែកសង្ឃ ជាអ្នកពោលប្រកាន់ពួក នែភិក្ខុទាំងឡាយ អំពើ​នេះមិន​នាំឲ្យ​ជ្រះថ្លា​ដល់​ជនទាំងឡាយដែល​​មិន​ទាន់ជ្រះថ្លាទេ។បេ។ ម្នាល​ភិក្ខុទាំងឡាយ អ្នកទាំងឡាយ​គប្បី​សំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាង​នេះថា ភិក្ខុទាំងឡាយមួយរូបក្តី ពីររូបក្តី បីរូបក្តី ជាអ្នកប្រព្រឹត្តតាមភិក្ខុដែល​បំបែកសង្ឃ​នោះ​ឯង និង​ជាអ្នកពោលប្រកាន់ពួក ​ហើយ​ពួកភិក្ខុទាំងនោះ​ពោលហាម ភិក្ខុទាំងឡាយ (ដែល​​ជាភិក្ខុបរិសុទ្ធ) យ៉ាង​នេះថា ម្នាល​លោកម្ចាស់ទាំងឡាយ លោកទាំងឡាយកុំពោល​ពាក្យបន្តិច​បន្តួច​នឹងភិក្ខុ​នេះ ព្រោះភិក្ខុ​នេះ ជាអ្នកពោលត្រូវតាមធម៌ផង ភិក្ខុ​នេះ ជាអ្នកពោលត្រូវតាមវិន័យ​ផង ម្យ៉ាងទៀត ភិក្ខុ​នេះកាន់យកសេចក្តីពេញចិត្ត និង​សេចក្តីគាប់ចិត្តរបស់ពួកយើង ទើបពោល លោកដឹង​សេចក្តីពេញចិត្តជាដើមរបស់ពួកយើង ទើបពោល អំពើ​នេះក៏គាប់ចិត្ត ​ដល់​យើងទាំង​ឡាយ។ ពួកភិក្ខុទាំងនោះ​ ត្រូវតែ​ភិក្ខុទាំងឡាយ (ដែល​បរិសុទ្ធ) ពោលយ៉ាង​នេះថា  ម្នាល​លោកម្ចាស់ទាំងឡាយ លោកកុំពោលយ៉ាងហ្នឹង​ ព្រោះភិក្ខុ​នេះ មិន​មែនជាអ្នកពោល​ត្រូវតាមធម៌ផង ភិក្ខុ​នេះ មិន​មែនជាអ្នកពោលត្រូវតាមវិន័យផង សូមលោកម្ចាស់​ទាំងឡាយ​​កុំ​គាប់​ចិត្តនឹងសង្ឃភេទឡើយ សូមលោកម្ចាស់ទាំងឡាយព្រមព្រៀង​ជាមួយ​នឹងសង្ឃទៅ​ ព្រោះ​ព្រះសង្ឃព្រមព្រៀងគ្នា រីករាយរកគ្នា មិន​វិវាទគ្នា មានឧទ្ទេស​ជាមួយគ្នា តែ​ង​នៅសប្បាយ។ ពួកភិក្ខុ​ទាំងនោះ​ កាលដែល​ភិក្ខុទាំងឡាយពោល​ហាម​យ៉ាង​នេះ ក៏នៅប្រកាន់លទ្ធិ​យ៉ាងនោះ​​ដដែល​ ពួកភិក្ខុទាំងនោះ​ ត្រូវភិក្ខុទាំងឡាយ​សូត្រ​សមនុភាសនកម្មអស់វារៈគំរប់បីដង ដើម្បី​លះបង់​​នូវ​កម្មនោះ​។ កាលបើ​ភិក្ខុទាំងឡាយ សូត្រសមនុភាសនកម្ម​ដល់​គំរប់បីដង​ហើយ​  ពួកភិក្ខុទាំងនោះ​លះបង់​នូវ​រឿងនោះ​ចេញ ការលះបង់​បាន​យ៉ាង​នេះ ជាការល្អណាស់ បើ​មិន​លះបង់ទេ ត្រូវអាបត្តិសង្ឃាទិសេស។

[៣០១] ត្រង់ពាក្យថា ភិក្ខុនោះ​ឯង គឺភិក្ខុជាអ្នកបំបែកសង្ឃនោះ​។ ពាក្យថា ភិក្ខុទាំង​ឡាយ ​បាន​​ដល់​ពួកភិក្ខុដទៃ។ ពាក្យថា ជាអ្នកប្រព្រឹត្តតាម គឺភិក្ខុអ្នកបំបែក​សង្ឃយល់​ឃើញ ត្រូវចិត្ត គាប់ចិត្តកម្មណា ភិក្ខុទាំងនោះ​ក៏យល់តាម ត្រូវចិត្តតាម គាប់ចិត្តតាម​នូវ​កម្មនោះ​ដែរ។ ពាក្យថា ជាអ្នកពោលប្រកាន់ពួក គឺតាំងនៅក្នុង​សេចក្តីសរសើរ​នូវ​ភិក្ខុជា​អ្នក​បំបែកសង្ឃនោះ​ផង ក្នុង​ពួក​នៃ​ភិក្ខុនោះ​ផង។ ពាក្យថា មួយរូបក្តី ពីររូបក្តី បីរូបក្តី គឺភិក្ខុមួយរូបក្តី ពីររូបក្តី បីរូបក្តី ភិក្ខុទាំងនោះ​​ពោលនឹងភិក្ខុទាំងឡាយយ៉ាង​នេះថា នែ​លោកម្ចាស់ទាំងឡាយ លោកកុំពោល​ពាក្យបន្តិច​បន្តួច​នឹងភិក្ខុ​នេះ ភិក្ខុ​នេះ ជាអ្នក​ពោលត្រូវតាមធម៌ផង ភិក្ខុ​នេះជាអ្នកពោលត្រូវតាមវិន័យផង ម្យ៉ាងទៀត ភិក្ខុ​នេះកាន់​យកសេចក្តីពេញចិត្ត និង​សេចក្តីគាប់ចិត្តរបស់ពួកយើង​ហើយ​ ទើបពោល លោកដឹង (សេចក្តីពេញចិត្តជាដើម) របស់ពួកយើង​ហើយ​ ទើបពោល អំពើ​ដែល​​លោកធ្វើ​នេះ ក៏​សមគួរ​ដល់​ពួកយើង។

[៣០២] ពាក្យថា ភិក្ខុទាំងនោះ​ គឺពួកភិក្ខុអ្នកប្រព្រឹត្តតាមអម្បាលនោះ​ឯង។ ពាក្យថា ភិក្ខុ​ទាំងឡាយ ​បាន​​ដល់​ភិក្ខុឯទៀត (ក្រៅពីសង្ឃភេទកភិក្ខុនោះ​)។ ពួកភិក្ខុដែល​​បាន​ឃើញ ​បាន​ឮ គប្បីពោលថា នែលោកម្ចាស់ទាំងឡាយ លោកកុំពោលយ៉ាងហ្នឹង​ ភិក្ខុ​នេះមិន​មែនជា​អ្នកពោល​ត្រូវតាម​ធម៌ផង ភិក្ខុ​នេះមិន​មែនជាអ្នកពោលត្រូវតាមវិន័យផង សូម​លោកម្ចាស់ទាំងឡាយ កុំគាប់​ចិត្តនឹងសង្ឃភេទឡើយ សូមលោកម្ចាស់ទាំងឡាយ​ព្រមព្រៀង​ជាមួយនឹងសង្ឃទៅ​ ព្រោះ​សង្ឃព្រមព្រៀងគ្នា រីករាយរកគ្នា មិន​វិវាទគ្នា មាន​ឧទ្ទេសជាមួយគ្នា តែ​ងនៅជាសុខសប្បាយ។ ភិក្ខុទាំងឡាយត្រូវពោលជាគំរប់ពីរដងផង ត្រូវពោលជាគំរប់បីដងផង។ បើ​ពួកភិក្ខុទាំងនោះ​ លះបង់រឿងនោះ​​បាន​ ការលះបង់​បាន​យ៉ាង​នេះ ជាការល្អ បើ​មិន​លះបង់ទេ ត្រូវអាបត្តិទុក្កដ។ ពួកភិក្ខុឯទៀតឮ​ហើយ​ មិន​ពោលហាមប្រាម ត្រូវអាបត្តិទុក្កដដែរ។ ភិក្ខុទាំងឡាយ ត្រូវ​នាំគ្នា​ចាប់​ទាញភិក្ខុទាំងនោះ​មកកាន់កណ្តាលជំនុំសង្ឃ ​ហើយ​ពោលហាមថា នែលោកម្ចាស់ទាំងឡាយ លោកកុំ​ពោលយ៉ាងហ្នឹង​ ភិក្ខុ​នេះមិន​មែនជា​អ្នកពោល​ត្រូវតាម​ធម៌ទេ ភិក្ខុ​នេះមិន​មែនជាអ្នក​ពោលត្រូវតាមវិន័យទេ សូមលោកម្ចាស់ទាំងឡាយ កុំគាប់​ចិត្តនឹងសង្ឃភេទ​ឡើយ សូម​លោកម្ចាស់ទាំងឡាយព្រមព្រៀងជាមួយនឹងសង្ឃទៅ​ ព្រោះ​សង្ឃព្រមព្រៀងគ្នា រីករាយ​រកគ្នា មិន​ទាស់ទែងគ្នា មានឧទ្ទេសជាមួយគ្នា តែ​ងនៅជា​សុខសប្បាយ។ ភិក្ខុទាំង​ឡាយគប្បីពោលហាមជាគំរប់ពីរដងផង ជាគំរប់បីដងផង។ បើ​លោកទាំងនោះ​ លះបង់​រឿងនោះ​​បាន​ ការលះបង់​បាន​​នេះ ជាការឥតទោស បើ​លះបង់មិន​​​បាន​ទេ ត្រូវអាបត្តិ​ទុក្កដ។

[៣០៣] ភិក្ខុទាំងឡាយ គប្បីសូត្រសមនុភាសនកម្មហាមពួកភិក្ខុទាំងនោះ​។ ម្នាល​ភិក្ខុទាំងឡាយ ឯភិក្ខុទាំងនោះ​ គឺភិក្ខុសង្ឃគប្បីសូត្រសមនុភាសនកម្មយ៉ាង​នេះ គឺភិក្ខុ​ដែល​​ឆ្លាស​ប្រតិពល គប្បីផ្ទៀងសង្ឃឲ្យ​ដឹងថា បពិត្រព្រះសង្ឃដ៏​ចំរើន សូមព្រះសង្ឃ​ស្តាប់ពាក្យរបស់​ខ្ញុំ ភិក្ខុទាំងឡាយមានឈ្មោះ​​នេះផង ឈ្មោះ​​នេះផង ជាអ្នកប្រព្រឹត្ត​តាមភិក្ខុមានឈ្មោះ​​នេះ ជាអ្នក​ព្យាយាមបំបែកសង្ឃ ​ហើយ​ជាអ្នកពោលប្រកាន់ពួក។ ពួកភិក្ខុទាំងនោះ​ មិន​លះបង់វត្ថុនោះ​ទេ។ បើ​សមនុភាសនកម្មមានកាលសមគួរ​ដល់​សង្ឃ​ហើយ​ សង្ឃគប្បីសូត្រសមនុភាសនកម្មហាមពួក​ ភិក្ខុ​មានឈ្មោះ​​នេះផង ឈ្មោះ​​នេះផង ដើម្បីឲ្យ​លះលែង​នូវ​រឿងនោះ​ចេញ។ វាចា​នេះសម្រាប់​ញុំាង​សង្ឃឲ្យ​ដឹង។ បពិត្រ​ព្រះសង្ឃ​ដ៏​ចំរើន សូមព្រះសង្ឃស្តាប់ពាក្យរបស់​ខ្ញុំ ភិក្ខុទាំងឡាយមានឈ្មោះ​​នេះផង ឈ្មោះ​​នេះផង ជាអ្នកប្រព្រឹត្តតាមភិក្ខុមានឈ្មោះ​​នេះ ជាអ្នក​ព្យាយាមដើម្បីបំបែកសង្ឃ ​ហើយ​ជាអ្នកពោលប្រកាន់ពួក។ ពួកភិក្ខុទាំងនោះ​ មិន​លះបង់​នូវ​រឿងនោះ​​ទេ។ សង្ឃ​សូត្រ​សមនុភាសនកម្មហាមភិក្ខុ​មានឈ្មោះ​​នេះផង ឈ្មោះ​​នេះផង ដើម្បីឲ្យ​លះបង់​នូវ​រឿងនោះ​។ ការសូត្រសមនុភាសនកម្ម​ដល់​ភិក្ខុ​មានឈ្មោះ​​នេះផង ឈ្មោះ​​នេះផង ដើម្បីឲ្យ​លះបង់​នូវ​រឿងនោះ​ សមគួរ​ដល់​លោកម្ចាស់អង្គណា សូមលោកម្ចាស់​អង្គនោះ​ស្ងៀមនៅ មិន​សមគួរ​ដល់​លោកម្ចាស់អង្គណា សូមលោកម្ចាស់អង្គនោះ​ពោលឡើង។ ខ្ញុំ​ពោល​សេចក្តី​​នេះជាគំរប់ពីរដងផង។បេ។ ខ្ញុំពោល​សេចក្តី​នេះជាគំរប់បីដងផង។ បពិត្រ​ព្រះសង្ឃ​​ដ៏​ចំរើន សូមព្រះសង្ឃស្តាប់ពាក្យរបស់​ខ្ញុំ ភិក្ខុមានឈ្មោះ​​នេះផង ឈ្មោះ​​នេះផង ជាអ្នកប្រព្រឹត្តតាមភិក្ខុមានឈ្មោះ​​នេះ ជាអ្នក​ព្យាយាមដើម្បីបំបែកសង្ឃ ជាអ្នកពោល​ប្រកាន់ពួក។ ពួកភិក្ខុទាំងនោះ​ មិន​លះបង់​នូវ​រឿងនោះ​​ទេ។ ព្រះសង្ឃសូត្រ​សមនុភាសនកម្ម​ហាមភិក្ខុ​មានឈ្មោះ​​នេះផង ឈ្មោះ​​នេះផង ដើម្បីឲ្យ​លះបង់​នូវ​រឿងនោះ​។ ការសូត្រសមនុភាសនកម្មហាមភិក្ខុ​មានឈ្មោះ​​នេះផង ឈ្មោះ​​នេះផង ដើម្បីឲ្យ​លះបង់​នូវ​រឿងនោះ​ សមគួរ​ដល់​លោកម្ចាស់អង្គណា សូមលោកម្ចាស់​អង្គនោះ​ស្ងៀមនៅ មិន​សមគួរ​ដល់​លោកម្ចាស់អង្គណា សូមលោកម្ចាស់អង្គនោះ​ពោលឡើង។ ភិក្ខុមានឈ្មោះ​​នេះផង ឈ្មោះ​​នេះផង គឺព្រះសង្ឃ​បាន​សូត្រសមនុភាសនកម្មរួច​ហើយ​ ដើម្បីឲ្យ​លះបង់​នូវ​រឿងនោះ​។ (សមនុភាសនកម្មនោះ​) សមគួរ​ដល់​សង្ឃ ហេតុនោះ​ ព្រះសង្ឃ​ស្ងៀមនៅ។ ខ្ញុំសូមចាំទុក​នូវ​រឿង​នេះ ​ដោយ​កិរិយាស្ងៀមនៅយ៉ាង​នេះ។

[៣០៤] (កាលសង្ឃ) សូត្រញត្តិចប់ (ភិក្ខុទាំងនោះ​) ត្រូវអាបត្តិទុក្កដ (កាលសង្ឃ) សូត្រកម្ម​វាចា​ពីរដង (ភិក្ខុទាំងនោះ​) ត្រូវអាបត្តិថុល្លច្ច័យ (កាលសង្ឃ) សូត្រកម្មវាចាចប់ (ភិក្ខុទាំងនោះ​) ត្រូវអាបត្តិ​សង្ឃាទិសេស។ កាលបើ​ភិក្ខុ​ទាំងនោះ​ត្រូវអាបត្តិសង្ឃាទិសេស​ហើយ​ ឯអាបត្តិទុក្កដដែល​ ភិក្ខុទាំងនោះ​ត្រូវ​ក្នុង​​ខណៈ​ចប់ញត្តិក្តី និង​អាបត្តិថុល្លច្ច័យ​ទាំងឡាយ​​ដែល​​ភិក្ខុ​ទាំងនោះ​ត្រូវ​ក្នុង​ខណៈចប់កម្មវាចាពីរដងក្តី ក៏តែ​ងរំងាប់ទៅ​ឯង។ សង្ឃគប្បីសូត្រ​សមនុភាសនកម្មហាមប្រាមភិក្ខុពីរ (ឬ) បីអង្គក្នុង​ទីជាមួយគ្នា​បាន​ បើ​ភិក្ខុច្រើនជាង​ចំនួន​នោះ​​ឡើង​ទៅ​ សង្ឃមិន​គប្បីសូត្រទេ។ ពាក្យថា សង្ឃាទិសេស មាន​អធិប្បាយ​ពិស្តារ​ក្នុង​សិក្ខាបទ​ទី១​ខាងដើមរួច​ហើយ​។

[៣០៥] ភិក្ខុទាំងឡាយ (ជាអ្នកប្រព្រឹត្តតាមភិក្ខុបំបែកសង្ឃ) មានសេចក្តីសំគាល់ក្នុង​កម្ម​ដែល​សង្ឃធ្វើត្រូវតាមធម៌ថា កម្មធ្វើត្រូវតាមធម៌ តែ​មិន​លះបង់ចោល (គឺនៅប្រព្រឹត្ត​ដដែល​) ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុទាំងនោះ​មានសេចក្តីសង្ស័យក្នុង​កម្មដែល​ត្រូវ​តាមធម៌ តែ​មិន​លះបង់ចោល ត្រូវអាបត្តិសង្ឃាទិសេសដែរ។ ភិក្ខុទាំងនោះ​មាន​សេចក្តី​សំគាល់​ក្នុង​កម្មដែល​ត្រូវតាមធម៌ថា កម្មមិន​ត្រូវតាមធម៌វិញ តែ​មិន​លះបង់ ត្រូវអាបត្តិ​សង្ឃាទិសេសដែរ។ ភិក្ខុទាំងនោះ​មានសេចក្តីសំគាល់ក្នុង​កម្មដែល​មិន​ត្រូវតាមធម៌ ថាកម្ម​ត្រូវតាមធម៌ ត្រូវ​អាបត្តិទុក្កដ។ ភិក្ខុទាំងនោះ​មានសេចក្តីសង្ស័យក្នុង​កម្មមិន​ត្រូវតាមធម៌ ត្រូវអាបត្តិទុក្កដ។ ភិក្ខុទាំងនោះ​មានសេចក្តីសំគាល់ក្នុង​កម្មដែល​មិន​ត្រូវតាមធម៌ ថាកម្ម​មិន​​ត្រូវតាមធម៌ ត្រូវអាបត្តិទុក្កដ។

[៣០៦] អាបត្តិ មិន​មាន​ដល់​ពួកភិក្ខុដែល​សង្ឃមិន​ទាន់សូត្រសមនុភាសនកម្ម  ​ដល់​ពួក​ភិក្ខុ​​ដែល​​​បាន​លះបង់ ​ដល់​ពួកភិក្ខុឆ្កួត ​ដល់​ពួកភិក្ខុមានចិត្តរវើរវាយ ​ដល់​ពួកភិក្ខុមាន​ទុក្ខវេទនា​គ្របសង្កត់ ​ដល់​ពួកភិក្ខុជាអាទិកម្មិក។

សង្ឃាទិសេសទី១១ ចប់។

សង្ឃាទិសេសទី១២

[៣០៧] សម័យនោះ​ឯង ព្រះសម្ពុទ្ធអ្នកមានឥស្សរិយយស ​ទ្រង់ប្រថាប់នៅឃោសិតារាម ក្បែរក្រុងកោសម្ពី។ សម័យនោះ​ឯង ឆន្នភិក្ខុដ៏​មានអាយុប្រព្រឹត្តអនាចារ (មារយាទមិន​សមគួរ​ផ្សេងៗ)។ ភិក្ខុទាំងឡាយពោលប្រដៅយ៉ាង​នេះថា ម្នាល​អាវុសោឆន្ន លោកកុំធ្វើ​អំពើមានសភាព​យ៉ាង​នេះ អំពើ​នេះ​មិន​សមគួរទេ។ ឆន្នភិក្ខុនោះ​ឆ្លើយទៅ​វិញថា អាវុសោ លោកទាំងឡាយ​សំគាល់ថាលោកត្រូវពោលប្រដៅខ្ញុំឬ ខ្ញុំឯងទេតើ ទើបត្រូវប្រដៅលោក​ទាំងឡាយ (ព្រោះថា) ព្រះពុទ្ធរបស់យើង ព្រះធម៌របស់យើង ព្រះអយ្យបុត្តរបស់យើង ​បាន​ត្រាស់ដឹង​នូវ​ព្រះធម៌​ដូច​ខ្យល់ព្យុះធំបក់បោក ប្រមូលយកស្មៅ កំណាត់ឈើ ស្លឹកឈើ និង​សំណាត់មកមូលជាមួយគ្នា ឬថា​ដូចជា ទឹកស្ទឹងដែល​ហូរចុះចាក​ភ្នំ តែ​ងប្រមូល​គួចយក​នូវ​ចកធំសារាយ និង​ចកបាយទា​មករួមជាមួយគ្នា​បាន​ មានឧបមាយ៉ាងណាមិញ លោកទាំងឡាយមានឈ្មោះ​ផ្សេងៗ មានគោត្រ​ផ្សេងៗ មានជាតិផ្សេងៗ ចេញចាក​ត្រកូលផ្សេងៗ​ហើយ​បួស គឺគេប្រមូល​មកឲ្យ​មូលត្រកូលគ្នា ក៏មានឧបមេយ្យដូច្នោះឯង នែអាវុសោទាំងឡាយ លោកទាំងឡាយនៅសំគាល់ថាលោកត្រូវ​ពោល​ប្រដៅខ្ញុំឬ ខ្ញុំឯង​ទេតើ ទើបត្រូវប្រដៅលោកទាំងឡាយ (ព្រោះថា) ព្រះពុទ្ធរបស់យើង ព្រះធម៌របស់យើង ព្រះអយ្យបុត្តរបស់យើង​បាន​ត្រាស់ដឹង​នូវ​ព្រះធម៌។ ភិក្ខុទាំងឡាយណាជា​អ្នក​ប្រាថ្នាតិច មានសេចក្តីសន្តោស មានសេចក្តីអៀនខ្មាស មានសេចក្តី​រំខាន ប្រាថ្នាការសិក្សា ភិក្ខុទាំងឡាយនោះ​ ពោលទោស តិះដៀល បន្តុះបង្អាប់ថា ឆន្នភិក្ខុដ៏​មានអាយុ កាលភិក្ខុទាំង​ឡាយពោលប្រដៅ​ដោយ​ធម៌ ឬ​ដោយ​សិក្ខាបទដែល​ព្រះពុទ្ធ​ទ្រង់បញ្ញត្តទុក មិន​សម្បី​បើ​នឹង​ធ្វើ​ខ្លួន​ឲ្យ​គេពោលប្រដៅមិន​​បាន​។ ទើបភិក្ខុទាំងនោះ​ក្រាបទូលសេចក្តីនុ៎ះ​ចំពោះព្រះដ៏​មានព្រះភាគម្ចាស់។ ព្រោះហេតុ​នេះ ដំណើរ​នេះ ព្រះដ៏​មានព្រះភាគម្ចាស់​ឲ្យ​ប្រជុំភិក្ខុ​សង្ឃ ​ហើយ​​ទ្រង់សួរបញ្ជាក់ឆន្នភិក្ខុដ៏​មានអាយុក្នុង​ពេលនោះ​ថា ឆន្ន ឮថា អ្នកឯង​ កាលពួកភិក្ខុពោលប្រដៅ​ដោយ​ធម៌ ត្រឡប់ធ្វើខ្លួន​ឲ្យ​គេប្រដៅមិន​​បាន​វិញ មែនឬ។ ឆន្នភិក្ខុ​ក្រាបទូលថា បពិត្រព្រះដ៏​មានព្រះភាគ ការនោះ​ពិតមែន។ ព្រះពុទ្ធ​អ្នកមានឥស្សរិយយស ​ទ្រង់តិះដៀលថា នែមោឃបុរស មិន​ទំនងសោះ។បេ។ មិន​គួរធ្វើសោះ នែមោឃបុរស ហេតុម្តេច​​បាន​ជាអ្នកឯង កាលពួកភិក្ខុពោលប្រដៅ​ដោយ​ធម៌ (ត្រឡប់) ជាធ្វើខ្លួនឲ្យ​គេពោល​ប្រដៅ​មិន​​បាន​​ទៅ​វិញ នែមោឃបុរស អំពើ​នេះមិន​នាំឲ្យ​ជ្រះថ្លា ​ដល់​ជនទាំងឡាយដែល​មិន​ទាន់ជ្រះថ្លាទេ។បេ។ ម្នាល​ភិក្ខុទាំងឡាយ អ្នក​ទាំងឡាយ​​គប្បីសំដែង​ឡើង​នូវ​សិក្ខាបទ​នេះយ៉ាង​នេះថា ភិក្ខុ​មានជាតិ​ដែល​​គេប្រដៅក្រ កាលភិក្ខុទាំងឡាយពោលប្រដៅ (ខ្លួន) ​ដោយ​ធម៌ ក្នុង​សិក្ខាបទទាំងឡាយ​ដែល​​រាប់​ចូលក្នុង​ឧទ្ទេស (បាតិមោក្ខ) ធ្វើខ្លួនឲ្យ​គេ​ប្រដៅ​មិន​​បាន​ ​ដោយ​ពាក្យថា លោកម្ចាស់​ទាំងឡាយ លោកកុំនិយាយពាក្យបន្តិចបន្តួច ទោះល្អក្តី អាក្រក់ក្តី នឹងខ្ញុំឡើយ ចំណែក​ខ្ញុំក៏នឹងមិន​ពោលពាក្យ​បន្តិចបន្តួច ទោះល្អក្តី អាក្រក់ក្តី នឹងលោកម្ចាស់ទាំងឡាយដែរ បពិត្រលោកម្ចាស់ទាំងឡាយ ចូរលោកលែងនិយាយប្រដៅខ្ញុំទៅ​។ ភិក្ខុនោះ​ ត្រូវភិក្ខុ​ទាំងឡាយ​ពោល​ (ហាម) យ៉ាង​នេះថា លោកម្ចាស់កុំធ្វើខ្លួនឲ្យ​គេប្រដៅមិន​​បាន​ឡើយ លោកម្ចាស់​ត្រូវតែ​​ធ្វើ​ខ្លួន​ឲ្យ​គេពោលប្រដៅ​បាន​ផង ចំណែកលោកម្ចាស់ ចូរប្រដៅភិក្ខុ​ទាំងឡាយ​ដោយ​សហធម៌​ (ពុទ្ធប្បញ្ញត្តិ) សូម្បីពួកភិក្ខុក៏ពោលប្រដៅលោកម្ចាស់​ដោយ​សហធម៌ដែរ ព្រោះបរិសទ្យ​របស់ព្រះ​ដ៏​មានព្រះភាគម្ចាស់នោះ​ តែ​ងចំរើនឡើង​​ដោយ​ពាក្យជាប្រយោជន៍​ដល់​គ្នានឹងគ្នា និង​​ដោយ​​ញុំាងគ្នានឹងគ្នាឲ្យ​ចេញចាក​អាបត្តិយ៉ាង​នេះ។ កាលភិក្ខុទាំងឡាយពោលប្រដៅភិក្ខុនោះ​យ៉ាង​នេះ (ភិក្ខុនោះ​) ក៏នៅប្រកាន់យ៉ាងហ្នឹង​ដដែល​ ភិក្ខុនោះ​ ត្រូវភិក្ខុទាំងឡាយសូត្រសមនុភាសនកម្ម (ហាម) ជាគំរប់បីដង ដើម្បីឲ្យ​លះបង់​នូវ​កម្មនោះ​ បើ​ភិក្ខុនោះ​ កាលពួកភិក្ខុ​សូត្រសមនុភាសនកម្ម ជាគំរប់បីដង ​ហើយ​លះបង់រឿងនោះ​​បាន​ ការលះបង់​បាន​យ៉ាង​នេះ ជាការរួចទោស បើ​មិន​លះបង់​ទេ ត្រូវអាបត្តិសង្ឃាទិសេស។

[៣០៨] ត្រង់ពាក្យថា ភិក្ខុមានជាតិដែល​គេប្រដៅក្រ គឺជាអ្នកដែល​​គេស្តីប្រដៅ​​បាន​​ដោយ​​ក្រ ប្រកប​ដោយ​ធម៌ជាហេតុធ្វើឲ្យ​ប្រដៅក្រ មិន​អត់ធន់ មិន​កាន់យកពាក្យប្រៀនប្រដៅ​ដោយ​​ខាង​ស្តាំ (មិន​កាន់យកពាក្យប្រៀនប្រដៅ​​ដោយ​គោរព)។ ពាក្យថា ក្នុង​សិក្ខាបទ​ទាំងឡាយដែល​​រាប់​បញ្ចូលក្នុង​ឧទ្ទេស គឺក្នុង​សិក្ខាបទទាំងឡាយ ដែល​រាប់បញ្ចូលក្នុង​​ព្រះបាតិមោក្ខ។ ពាក្យថា ពូក​ភិក្ខុ គឺភិក្ខុទាំងឡាយដទៃ។ បទដែល​​ឈ្មោះ​ថា សហធម៌ គឺសិក្ខាបទណាដែល​ព្រះដ៏​មានព្រះភាគ​បញ្ញត្តទុក សិក្ខាបទ​នេះឈ្មោះ​ថា សហធម៌។ ភិក្ខុនោះ​គេស្តីប្រដៅ​ដោយ​សហធម៌នោះ​ ត្រឡប់​ជា​ធ្វើ​ខ្លួន​មិន​ឲ្យ​គេស្តីប្រដៅ​បាន​ ​ដោយ​ពាក្យថា បពិត្រលោកម្ចាស់ទាំងឡាយ លោកទាំងឡាយ​ កុំនិយាយពាក្យបន្តិចបន្តួច ទោះល្អក្តី អាក្រក់ក្តីនឹងខ្ញុំ ចំណែកខ្ញុំក៏មិន​និយាយពាក្យបន្តិចបន្តួច ទោះល្អក្តី អាក្រក់ក្តី​នឹងពួកលោកម្ចាស់ សូមពួកលោកម្ចាស់​វៀរចាក​ការពោលប្រដៅខ្ញុំ។

[៣០៩] ពាក្យថា ភិក្ខុនោះ​ គឺភិក្ខុមានជាតិដែល​គេប្រដៅ​បាន​​ដោយ​ក្រនោះ​ឯង។ ពាក្យថាភិក្ខុទាំងឡាយ ​បាន​​ដល់​ពួកភិក្ខុដទៃ។ មានអធិប្បាយថា ពួកភិក្ខុណាឃើញ ពួក​ភិក្ខុ​ណា​បាន​ស្តាប់ (ដំណឹង)ពួកភិក្ខុទាំងនោះ​ត្រូវពោលថា លោកម្ចាស់កុំធ្វើខ្លួន​ឲ្យ​គេស្តី​ប្រដៅ​មិន​​បាន​ លោកម្ចាស់ត្រូវតែ​ធ្វើខ្លួនឲ្យ​គេស្តីប្រដៅ​បាន​ សូម្បីលោកម្ចាស់សោត ក៏ចូរ​ពោល​ប្រដៅ​ភិក្ខុទាំងឡាយ​ដោយ​សហធម៌ សូម្បីភិក្ខុទាំងឡាយ​ក៏នឹង​ពោលប្រដៅ​លោកម្ចាស់​​​ដោយ​​សហធម៌​ដែរ ព្រោះបរិសទ្យ​របស់ព្រះដ៏​មានព្រះភាគម្ចាស់នោះ​ តែ​ងចំរើនឡើង​ដោយ​អាការយ៉ាង​នេះ គឺ​​ដោយ​​កិរិយាពោលជាប្រយោជន៍​ដល់​គ្នានឹងគ្នា ​ដោយ​​ញុំាងគ្នានឹងគ្នាឲ្យ​ចេញចាក​អាបត្តិ។ ភិក្ខុ​នោះ​ ត្រូវភិក្ខុទាំងឡាយពោល (ហាម) ជាគំរប់ពីរដងផង ត្រូវពោល (ហាម) ជាគំរប់​បីដង​ផង។ បើ​ភិក្ខុនោះ​លះបង់​បាន​ ការលះបង់​បាន​យ៉ាង​នេះ ជាការល្អ បើ​មិន​លះបង់​ទេ ត្រូវ​អាបត្តិ​ទុក្កដ។ ភិក្ខុទាំងឡាយ​បាន​ឮ​ហើយ​មិន​ពោល (ហាម) ត្រូវអាបត្តិទុក្កដដែរ។ ភិក្ខុទាំងឡាយ គប្បីចាប់​ភិក្ខុ​នោះ​​មកកាន់កណ្តាល​ប្រជុំសង្ឃ ​ហើយ​ពោល (ហាម) ថា លោកម្ចាស់កុំធ្វើខ្លួន​ឲ្យ​គេស្តី​ប្រដៅ​មិន​​បាន​ លោកម្ចាស់ចូរធ្វើខ្លួនឲ្យ​គេស្តីប្រដៅ​បាន​ផង សូម្បីលោកម្ចាស់សោត ក៏ចូរ​ពោល​ប្រដៅ​ពួកភិក្ខុ​ដោយ​សហធម៌ ចំណែកពួកភិក្ខុ​ក៏នឹង​ពោលប្រដៅលោកម្ចាស់​​ដោយ​​សហធម៌​​ដែរ ព្រោះ​បរិសទ្យ​របស់ព្រះដ៏​មានព្រះភាគម្ចាស់នោះ​ តែ​ងចំរើនឡើង​ដោយ​អាការយ៉ាង​នេះ គឺ​​ដោយ​​កិរិយាពោលពាក្យជាប្រយោជន៍​ដល់​គ្នានឹងគ្នា ​ដោយ​​កិរិយាញុំាងគ្នីគ្នា​ឲ្យ​ចេញចាក​អាបត្តិ។ ភិក្ខុនោះ​ ត្រូវភិក្ខុទាំងឡាយពោលហាមជាគំរប់ពីរ​ដងផង ត្រូវពោលហាម​ជាគំរប់បីដង​ផង។  បើ​ភិក្ខុលះបង់​បាន​ ការលះបង់យ៉ាង​នេះ ជា​ការល្អ បើ​មិន​លះបង់​ទេ ត្រូវ​អាបត្តិ​ទុក្កដ។

[៣១០] ភិក្ខុនោះ​ ត្រូវភិក្ខុទាំងឡាយសូត្រសមនុភាសនកម្ម។ ម្នាល​ភិក្ខុទាំងឡាយ ពួក​ភិក្ខុ​ត្រូវសូត្រសមនុភាសនកម្មយ៉ាង​នេះ។ គឺភិក្ខុដែល​​ឆ្លាស​អង់អាច គប្បីប្រកាសឲ្យ​សង្ឃ​ជ្រាប​​ដោយ​​ពាក្យថា បពិត្រព្រះសង្ឃដ៏​ចំរើន ព្រះសង្ឃចូរស្តាប់ពាក្យរបស់​ខ្ញុំ ភិក្ខុ​នេះ មានឈ្មោះ​​នេះ កាលភិក្ខុ​ទាំងឡាយពោលពាក្យប្រកប​ដោយ​ធម៌ ត្រឡប់ជាធ្វើខ្លួនឲ្យ​គេស្តីប្រដៅមិន​​បាន​វិញ។ ភិក្ខុនោះ​ មិន​លះបង់រឿងនោះ​ទេ។ ថាបើ​កម្មមានកាលសមគួរ​ដល់​សង្ឃ​ហើយ​ ព្រះសង្ឃគប្បីសូត្រសមនុភាសនកម្ម (ហាម) ភិក្ខុ​មានឈ្មោះ​​នេះ ដើម្បី​ឲ្យ​លះបង់​រឿងនោះ​។ ​នេះជាញត្តិ (គឺវាចាប្រកាសឲ្យ​​សង្ឃដឹង)។ បពិត្រព្រះសង្ឃដ៏​ចំរើន ព្រះសង្ឃចូរស្តាប់ពាក្យរបស់​ខ្ញុំ ភិក្ខុ​នេះ មានឈ្មោះ​​នេះ កាលភិក្ខុទាំងឡាយ​ពោលពាក្យ​ប្រកប​​ដោយ​ធម៌ ត្រឡប់​ជាធ្វើខ្លួន​ឲ្យ​គេ​ស្តី​ប្រដៅមិន​​បាន​។ ភិក្ខុនោះ​ មិន​លះបង់រឿងនោះ​​ទេ។ ព្រះសង្ឃសូត្រសមនុភាសនកម្ម (ហាម) ភិក្ខុ​មានឈ្មោះ​​នេះ ដើម្បីឲ្យ​លះបង់​រឿងនោះ​។ ការសូត្រសមនុភាសនកម្ម (ហាម) ភិក្ខុ​មានឈ្មោះ​​នេះ ដើម្បីឲ្យ​លះបង់​រឿងនោះ​ គាប់ចិត្ត​ដល់​លោកម្ចាស់អង្គណា សូមលោកម្ចាស់​អង្គនោះ​ស្ងៀមនៅ មិន​គាប់ចិត្ត​ដល់​លោកម្ចាស់អង្គណា សូមលោកម្ចាស់អង្គនោះ​ពោលឡើង។ ខ្ញុំ​ពោល​សេចក្តី​នេះជាគំរប់ពីរដងផង។បេ។ ខ្ញុំពោល​សេចក្តី​នេះជាគំរប់បីដងផង។ បពិត្រព្រះសង្ឃ​ដ៏​ចំរើន ព្រះសង្ឃចូរស្តាប់ពាក្យរបស់​ខ្ញុំ ភិក្ខុ​នេះ មានឈ្មោះ​​នេះ កាលភិក្ខុទាំងឡាយ ពោលពាក្យ​ប្រកប​ដោយ​ធម៌ នៅធ្វើខ្លួនឲ្យ​គេស្តីប្រដៅមិន​​បាន​។ ភិក្ខុនោះ​ មិន​លះបង់​រឿងនោះ​​ទេ។ ព្រះសង្ឃសូត្រសមនុភាសនកម្ម (ហាម) ភិក្ខុ​មានឈ្មោះ​​នេះ ដើម្បីឲ្យ​លះបង់​នូវ​រឿងនោះ​។ ការសូត្រសមនុភាសនកម្ម (ហាម) ភិក្ខុ​មានឈ្មោះ​​នេះ ដើម្បីឲ្យ​លះបង់​នូវ​រឿងនោះ​ គាប់ចិត្ត​ដល់​លោកម្ចាស់អង្គណា សូមលោកម្ចាស់​អង្គនោះ​ស្ងៀមនៅ មិន​គាប់ចិត្ត​​ដល់​លោកម្ចាស់អង្គណា សូមលោកម្ចាស់អង្គនោះ​ពោលឡើង។ ភិក្ខុមាន​ឈ្មោះ​​​នេះ គឺព្រះសង្ឃ​បាន​សូត្រសមនុភាសនកម្ម​ហើយ​ ដើម្បីឲ្យ​លះបង់រឿងនោះ​។ សមនុភាសនកម្មនោះ​ គាប់ចិត្ត​ដល់​ព្រះសង្ឃ ហេតុនោះ​ ព្រះសង្ឃ​ស្ងៀមនៅ។ ខ្ញុំសូម​ចាំទុក​នូវ​រឿង​នេះ ​ដោយ​កិរិយាស្ងៀមនៅយ៉ាង​នេះ។

[៣១១] (កាលសង្ឃ) សូត្រញត្តិចប់ (ភិក្ខុនោះ​) ត្រូវអាបត្តិទុក្កដ (កាលសង្ឃ) សូត្រកម្ម​វាចា​ពីរដង (ភិក្ខុនោះ​) ត្រូវអាបត្តិថុល្លច្ច័យ (កាលសង្ឃ) សូត្រកម្មវាចាចប់ (ភិក្ខុនោះ​) ត្រូវអាបត្តិ​សង្ឃាទិសេស។ កាលបើ​ភិក្ខុនោះ​ត្រូវអាបត្តិសង្ឃាទិសេស​ហើយ​ ឯអាបត្តិទុក្កដ​ដែល​ភិក្ខុនោះ​ត្រូវ​ក្នុង​​ខណៈ​ចប់ញត្តិក្តី និង​អាបត្តិថុល្លច្ច័យទាំងឡាយ​ដែល​​ភិក្ខុ​នោះ​ត្រូវ​ក្នុង​ខណៈចប់កម្មវាចាពីរដងក្តី ក៏តែ​ងរំងាប់ទៅ​ឯង។ ពាក្យថា អាបត្តិសង្ឃាទិសេស មានអធិប្បាយ​ពិស្តារ​ក្នុង​សិក្ខាបទ​​ខាងដើមរួច​ហើយ​។

[៣១២] ភិក្ខុមានសេចក្តីសំគាល់ក្នុង​កម្ម​ដែល​ប្រកប​ដោយ​ធម៌ថា កម្មប្រកប​ដោយ​ធម៌ តែ​មិន​លះបង់ ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុមានសេចក្តីសង្ស័យក្នុង​កម្មដែល​ប្រកប​ដោយ​ធម៌ មិន​លះបង់ ត្រូវអាបត្តិសង្ឃាទិសេសដែរ។ ភិក្ខុមានសេចក្តីសំគាល់​ក្នុង​កម្មប្រកប​ដោយ​ធម៌ថា កម្មមិន​ប្រកប​ដោយ​ធម៌ មិន​លះបង់ ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុមាន​សេចក្តីសំគាល់ក្នុង​កម្មមិន​ប្រកប​ដោយ​ធម៌ ថាកម្មប្រកប​ដោយ​ធម៌ ត្រូវ​អាបត្តិទុក្កដ។ ភិក្ខុមានសេចក្តីសង្ស័យក្នុង​កម្មមិន​ប្រកប​ដោយ​ធម៌ ត្រូវអាបត្តិទុក្កដ។ ភិក្ខុមានសេចក្តី​សំគាល់ក្នុង​កម្មមិន​ប្រកប​ដោយ​ធម៌ ថាកម្មមិន​ប្រកប​ដោយ​ធម៌ ត្រូវអាបត្តិទុក្កដដែរ។

[៣១៣] អាបត្តិ មិន​មាន​ដល់​ភិក្ខុដែល​សង្ឃមិន​ទាន់សូត្រសមនុភាសនកម្ម  ​ដល់​ភិក្ខុ​​លះបង់​ស្រឡះ ​ដល់​ភិក្ខុឆ្កួត ​ដល់​ភិក្ខុជាអាទិកម្មិក។

សង្ឃាទិសេសទី១២ ចប់។

សង្ឃាទិសេសទី១៣

[៣១៤] សម័យនោះ​ ព្រះពុទ្ធជាម្ចាស់​ដ៏​មានបុញ្ញសិរី គង់នៅក្នុង​វត្តជេតពន ជារបស់​អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ សម័យនោះ​ឯង ភិក្ខុពីររូបឈ្មោះ​អស្សជិ និង​បុនព្វសុក ជាអ្នក​នៅក្នុង​អាវាសទៀបកិដាគិរិជនបទ ជាភិក្ខុលាមកឥតខ្មាស។ អស្សជិភិក្ខុ និង​បុនព្វសុក​ភិក្ខុ​នោះ​ ប្រព្រឹត្តអនាចារ មានសភាពយ៉ាង​នេះគឺ ដាំកូនឈើផ្កា​ដោយ​ខ្លួនឯងខ្លះ ប្រើគេឲ្យ​ដាំខ្លះ ស្រោច​ខ្លួនឯងខ្លះ ប្រើគេឲ្យ​ស្រោចខ្លះ បេះខ្លួនឯងខ្លះ ប្រើគេឲ្យ​បេះខ្លះ ក្រងខ្លួនឯងខ្លះ ប្រើគេឲ្យ​ក្រងខ្លះ ធ្វើផ្កាកម្រងមានទងតែ​ម្ខាងខ្លួនឯងខ្លះ ប្រើគេឲ្យ​ធ្វើខ្លះ ធ្វើផ្កាកម្រងមានទងទាំងពីរខាងខ្លួនឯងខ្លះ​ ប្រើគេឲ្យ​ធ្វើខ្លះ ធ្វើផ្កាឈើចាក់​រំលេចទង [តាមក្នុង​អដ្ឋកថា គួរប្រែថា ក្បាច់ក្បូរផ្កាដែល​គេធ្វើ​ឲ្យ​​ដូច​ជាវល្ល៍ដែល​មានផ្កា។] ខ្លួនឯងខ្លះ ប្រើគេឲ្យ​ធ្វើខ្លះ ធ្វើផ្កាឈើដែល​ដោត​ជាចង្កោម [ក្នុង​អដ្ឋកថា ថា ផ្កាកម្រង​ដែល​គេដោត​ដោយ​ម្ជុល ឬកន្លះ] ខ្លួនឯងខ្លះ ប្រើគេឲ្យ​ធ្វើខ្លះ ធ្វើ​ផ្កាកម្រង​សម្រាប់​ប្រដាប់ក្បាលខ្លួនឯងខ្លះ ប្រើគេឲ្យ​ធ្វើខ្លះ ធ្វើផ្កាកម្រង​សម្រាប់ប្រដាប់ត្រចៀក​ខ្លួនឯងខ្លះ ប្រើគេឲ្យ​ធ្វើខ្លះ ធ្វើផ្កាកម្រង​សម្រាប់ប្រដាប់ទ្រូងខ្លួនឯងខ្លះ ប្រើគេឲ្យ​ធ្វើខ្លះ។ អស្សជិភិក្ខុ​និង​បុនព្វសុកភិក្ខុនោះ​ នាំផ្កាកម្រងមានទងតែ​ម្ខាងទៅ​ខ្លួនឯងខ្លះ ប្រើគេឲ្យ​នាំទៅ​ខ្លះ ដើម្បីស្រីនៃត្រកូល ធីតានៃត្រកូល កុមារីនៃត្រកូល ស្រីជាកូនប្រសានៃត្រកូល ទាសីនៃ​ត្រកូល​ទាំងឡាយ នាំផ្កាកម្រងមានទងទាំងពីរខាងទៅ​ខ្លួនឯងខ្លះ ប្រើគេឲ្យ​នាំទៅ​ឲ្យ​ខ្លះ នាំផ្កាឈើ​ចាប់​រំលេច​ទងទៅ​ខ្លួនឯងខ្លះ ប្រើគេឲ្យ​នាំទៅ​ខ្លះ នាំផ្កាឈើដែល​ដោតជា​ចង្កោមទៅ​ខ្លួនឯងខ្លះ ប្រើគេឲ្យ​នាំទៅ​ឲ្យ​ខ្លះ នាំផ្កាកម្រងសម្រាប់ប្រដាប់ក្បាលទៅ​ខ្លួន​ឯងខ្លះ ប្រើគេឲ្យ​នាំទៅ​ខ្លះ នាំផ្កាកម្រង​សម្រាប់ប្រដាប់ត្រចៀកទៅ​ខ្លួនឯងខ្លះ ប្រើគេឲ្យ​នាំទៅ​ខ្លះ នាំផ្កាកម្រង​ប្រដាប់ទ្រូង​ទៅ​​ខ្លួនឯងខ្លះ ប្រើគេនាំទៅ​ឲ្យ​ខ្លះ។ អស្សជិភិក្ខុ និង​បុនព្វសុកភិក្ខុនោះ​ឆាន់ (ភោជន) ក្នុង​ភាជន៍មួយជាមួយនឹងស្រីត្រកូល ធីតានៃត្រកូល កុមារីនៃត្រកូល ស្រីជាកូនប្រសា​នៃត្រកូល ទាសីនៃត្រកូលទាំងឡាយខ្លះ ផឹក (ទឹក)ក្នុង​ផ្តិលជាមួយគ្នាខ្លះ អង្គុយលើអាសនៈជាមួយគ្នាខ្លះ ដេកលើគ្រែ​ជាមួយគ្នាខ្លះ ដេកលើ​កម្រាលជាមួយគ្នាខ្លះ ដេកដណ្តប់​ជាមួយគ្នាខ្លះ ដេកលើកម្រាល និង​ដណ្តប់ជាមួយគ្នាខ្លះ ស៊ីខុសពេលខ្លះ ផឹកទឹកស្រវឹងខ្លះ ទ្រ​ទ្រង់​ផ្កា​កម្រង​គ្រឿង​​ក្រអូបនឹងគ្រឿង​លាបខ្លះ រាំខ្លះ ច្រៀងខ្លះ ប្រគំខ្លះ កែក្រាយខ្លះ រាំជាមួយនឹងស្រីកំពុងរាំ​ខ្លះ ច្រៀងជាមួយ​នឹងស្រីកំពុង​រាំខ្លះ ប្រគំជាមួយនឹងស្រីកំពុងរាំខ្លះ កែក្រាយជាមួយនឹងស្រីកំពុងរាំខ្លះ រាំជាមួយនឹង​ស្រីកំពុងច្រៀងខ្លះ ច្រៀងជាមួយនឹងស្រីកំពុងច្រៀងខ្លះ ប្រគំជាមួយនឹងស្រីកំពុង​ច្រៀង​ខ្លះ កែក្រាយជាមួយនឹងស្រីកំពុងច្រៀងខ្លះ រាំជាមួយនឹងស្រីកំពុងប្រគំខ្លះ ច្រៀងជា​មួយនឹងស្រីកំពុងប្រគំខ្លះ ប្រគំជាមួយនឹងស្រីកំពុងប្រគំខ្លះ កែក្រាយជាមួយ​នឹងស្រីកំពុង​ប្រគំខ្លះ រាំជាមួយនឹងស្រីកំពុងកែក្រាយខ្លះ ច្រៀងជាមួយនឹងស្រីកំពុងកែក្រាយខ្លះ ប្រគំ​ជា​មួយនឹងស្រីកំពុងកែក្រាយខ្លះ កែក្រាយជាមួយនឹងស្រីកំពុងកែក្រាយខ្លះ លេងបាស្កា​មានក្រឡាប្រាំបី [ចត្រង់មានក្រឡា៨។]ខ្លះ លេងបាស្កាមានក្រឡាដប់ [ចត្រង់មាន​ក្រឡា១០ ន័យ​ខ្លះប្រែថា បាយខុំ។] ខ្លះ លេងបាស្កាក្នុង​អាកាស [ចត្រង់គ្មានក្តារ លេងថាតែ​មាត់ទទេ។]ខ្លះ លេង​ផ្លូវវាងដែល​ខ្លួនគួរវាង [ប្រហែលជាលេង បិទមុខ បិទពួន។] ខ្លះ លេងផ្ទាត់គ្រាប់ មានក្រួសជាដើម​ខ្លះ លេងបាស្កាក្នុង​លានសម្រាប់លេងខ្លះ លេងហ៊ឹងខ្លះ លេង​ដោយ​រលាស់ទឹកលាក់ឲ្យ​ទាយរូប​ខ្លះ លេងអង្គុញខ្លះ លេងផ្លុំប៉ីស្លឹកខ្លះ លេងនង្គ័លតូចខ្លះ លេងដាំដូងខ្លះ លេងកង្ហារខ្លះ លេងវាល់​ដីខ្សាច់ (បាយឡុកបាយឡ) ខ្លះ លេងរថតូចខ្លះ លេងធ្នូតូចខ្លះ លេងសរសេរខ្យល់ឲ្យ​ទាយខ្លះ លេង​ទាយចិត្ត (ស្តេចចង់) ខ្លះ លេងកំប្លែងត្រាប់គេខ្លះ ហាត់ដំរីខ្លះ ហាត់សេះខ្លះ ហាត់រថខ្លះ ហាត់ធ្នូខ្លះ ហាត់ដងមានដងដាវជាដើមខ្លះ ស្ទុះរត់ពីមុខដំរីខ្លះ ស្ទុះរត់ពីមុខសេះខ្លះ ស្ទុះរត់ពី​មុខរថ​ខ្លះ ស្ទុះរត់ទៅ​ខ្លះ ស្ទុះរត់មកខ្លះ ស្រែកហ៊ោខ្លះ ទះដៃខ្លះ ចំបាប់គ្នាខ្លះ ដាល់​គ្នាខ្លះ ក្រាល​សង្ឃាដិក្នុង​កណ្តាលរោងរាំ ​ហើយ​និយាយនឹងស្រីដែល​រាំ យ៉ាង​នេះថា ម្នាល​ប្អូនស្រី នាងចូរ​រាំ​ក្នុង​ទី​នេះខ្លះ ដាក់ម្រាមដៃ​លើថ្ងាសខ្លួន និង​លើថ្ងាសស្រីរបាំខ្លះ ប្រព្រឹត្ត​អនាចារ​ផ្សេង​ៗ​ខ្លះ។

[៣១៥] សម័យនោះ​ឯង ភិក្ខុមួយរូបចាំវស្សាក្នុង​ដែនឈ្មោះ​កាសី រួច​ហើយ​ទៅ​កាន់​ក្រុង​សាវត្ថី ដើម្បីគាល់ព្រះដ៏​មានព្រះភាគ ក៏ដើរទៅ​ត្រង់កិដាគិរិជនបទ។ ភិក្ខុនោះ​ឯង ក៏ស្លៀក​ស្បង់ ប្រដាប់បាត្រនិង​ចីវរ​ក្នុង​ពេលព្រឹកព្រហាម មានដំណើរឈានដើរទៅ​មុខ ឈាន​ថយ​ក្រោយ ក្រឡេក​មើលទៅ​មុខ ក្រឡេកមើលចំហៀង បត់ចូល និង​លាចេញ គួរជាទី​ជ្រះថ្លា ព្រោះភិក្ខុ​អង្គនោះ​ មានភ្នែកសង្រួមចុះ និង​មានឥរិយាបថរំទំ ចូលទៅ​កាន់​កិដាគិរិជនបទ ដើម្បី​បិណ្ឌបាត។ មនុស្សទាំងឡាយឃើញភិក្ខុនោះ​​ហើយ​ និយាយយ៉ាង​នេះថា លោកអ្វី​នេះ ​ដូចជាសង្រួមហួស ​ដូច​ជាទន់ល្វន់ពេក ​ដូចជាមុខស្រពោនពេក អ្នកណាគេនឹងឲ្យ​ដុំបាយ​ដល់​លោក​នេះដែល​​ចូល​ទៅ​រក (គេនោះ​) ចំណែកអស្សជិភិក្ខុ និង​បុនព្វសុកភិក្ខុជាម្ចាស់យើងពោលពាក្យផ្អែម ពោលពាក្យ​ពីរោះ ពោលពាក្យជាសុខ មានញញឹមញញែមជាមុន តែ​ងនិយាយថា អ្នក​ចូរមក អ្នក​មកល្អ​ហើយ​ មានមុខមិន​ស្រពោន មានមុខងើប តែ​ងនិយាយមុន យើងគួរប្រគេនដុំបាយ​​ដល់​​លោកម្ចាស់អស់នោះ​។ ឧបាសកមួយនាក់​បាន​ឃើញភិក្ខុនោះ​ត្រាច់ទៅ​ក្នុង​កិដាគិរិជនបទ ដើម្បី​បិណ្ឌបាត លុះ​ឃើញ​ហើយ​ ក៏ចូលទៅ​រកភិក្ខុនោះ​ ថ្វាយបង្គំ​ហើយ​និយាយពាក្យ​នេះថា មេត្តា​ប្រោស​ លោកម្ចាស់​បាន​អាហារបិណ្ឌបាតខ្លះដែរឬ។ ភិក្ខុនោះ​ប្រាប់ថា ម្នាល​អាវុសោ អាហារ​បិណ្ឌបាតមិន​ទាន់​បាន​ទេ។ ឧបាសកនោះ​និយាយថា លោកម្ចាស់សូមនិមន្តមក យើងនឹង​ទៅ​​ផ្ទះ។ ទើបឧបាសកនោះ​ នាំភិក្ខុនោះ​ទៅ​ផ្ទះ ឲ្យ​ឆាន់​ហើយ​ និយាយពាក្យ​នេះថា លោកម្ចាស់​នឹង​និមន្ត​ទៅ​ក្នុង​ទីណា។ ភិក្ខុនោះ​ប្រាប់ថា ម្នាល​អាវុសោ អាត្មានឹងទៅ​កាន់ក្រុងសាវត្ថី ដើម្បីគាល់​ព្រះដ៏​​មានព្រះភាគ។ ឧបាសកនោះ​ពោលថា បើ​ដូច្នោះ សូមលោកម្ចាស់​ថ្វាយបង្គំ​ព្រះបាទនៃ​ព្រះដ៏​មាន​ព្រះភាគ​​ដោយ​ត្បូង ​តាមពាក្យនៃខ្ញុំ ម្យ៉ាង​ទៀត សូមលោកម្ចាស់ក្រាបទូលយ៉ាង​នេះថា សូម​ទ្រង់​មេត្តាប្រោស អាវាសក្នុង​កិដាគិរិជនបទខូច​ហើយ​ ព្រោះភិក្ខុឈ្មោះ​អស្សជិ និង​ភិក្ខុឈ្មោះ​បុនព្វសុក ជាចៅអាវាស ក្នុង​កិដាគិរិជនបទ ជាភិក្ខុលាមកឥតខ្មាស ភិក្ខុ​ពីរ​រូប​នោះ​  ប្រព្រឹត្តអនាចារ មាន​សភាពយ៉ាង​នេះគឺ ដាំកូនឈើផ្កា​ដោយ​ខ្លួនឯងខ្លះ ប្រើគេឲ្យ​ដាំខ្លះ ស្រោច​ខ្លួនឯងខ្លះ ប្រើគេឲ្យ​ស្រោចខ្លះ បេះខ្លួនឯងខ្លះ ប្រើគេឲ្យ​បេះខ្លះ ក្រងខ្លួនឯងខ្លះ ប្រើគេឲ្យ​ក្រងខ្លះ ធ្វើផ្កាកម្រងមានទងតែ​ម្ខាងខ្លួនឯងខ្លះ ប្រើគេឲ្យ​ធ្វើខ្លះ ធ្វើផ្កាកម្រងមាន​ទងទាំងពីរ​ខាងខ្លួន​ឯងខ្លះ​ ប្រើគេឲ្យ​ធ្វើខ្លះ។បេ។ ប្រព្រឹត្តអនាចារមានប្រការផ្សេងៗទៀត សូម​ទ្រង់ព្រះមេត្តាប្រោស ពួកមនុស្ស​ណាមានសទ្ធាជ្រះថ្លាក្នុង​កាលមុន ឥឡូវ​នេះមនុស្ស​អស់នោះ​ គ្មានសទ្ធា មិន​ជ្រះថ្លា ​ហើយ​ទានទាំងឡាយណា (ដែល​គេធ្លាប់ឲ្យ​) ​ដល់​សង្ឃក្នុង​កាលមុន ឥឡូវ​នេះ ទានទាំងនោះ​ គេឈប់ឲ្យ​​ហើយ​ ភិក្ខុមានសីល​ជាទី​ស្រឡាញ់ ក៏រត់ខ្ចាត់ខ្ចាយ នៅតែ​ពួកភិក្ខុលាមក សូម​ទ្រង់​ព្រះមេត្តាប្រោស សូមព្រះដ៏​មានព្រះភាគ បញ្ជូនពួកភិក្ខុទៅ​កិដាគិរិជនបទ ប្រយោជន៍ឲ្យ​អាវាស​ក្នុង​កិដាគិរិជនបទ​នេះរៀបរយល្អឡើងវិញ។ ភិក្ខុនោះ​ទទួលស្តាប់ពាក្យឧបាសកនោះ​​ហើយ​ថា អើ​អាវុសោ រួចក៏ចៀសចេញទៅ​កាន់ក្រុងសាវត្ថី​ដោយ​លំដាប់ ចូលទៅ​គាល់ព្រះដ៏​មានព្រះភាគ​ក្នុង​វ​ត្តជេតពនជារបស់អនាថបិណ្ឌិកគហបតី ទៀបក្រុងសាវត្ថី លុះ​ចូលទៅ​​ហើយ​ ក៏ថ្វាយបង្គំ​ព្រះដ៏​មានព្រះភាគ ​ហើយ​អង្គុយក្នុង​ទីដ៏​សមគួរ។

[៣១៦] ព្រះពុទ្ធទាំងឡាយដ៏​មានព្រះភាគ ព្រះអង្គតែ​ធ្វើសេចក្តីរីករាយជាមួយនឹងភិក្ខុជា​អាគន្តុក​ទាំងឡាយយ៉ាង​នេះ។ ហេតុដូច្នោះ ​បាន​ជាព្រះដ៏​មានព្រះភាគ​ទ្រង់ត្រាស់​យ៉ាង​នេះនឹង​ភិក្ខុនោះ​ថា ម្នាល​ភិក្ខុ សរីរយន្តអ្នកល្មមអត់ធន់​បាន​ឬទេ អ្នកល្មមប្រព្រឹត្តទៅ​​បាន​ស្រួលឬទេ [សួរសេចក្តីសុខទុក្ខ។] អ្នកមកកាន់ផ្លូវឆ្ងាយ​ដោយ​មិន​សូវនឿយហត់ទេឬ ម្យ៉ាងទៀត អ្នក​ទើប​នឹង​មក​ពីទីណា។ ភិក្ខុនោះ​ឆ្លើយថា បពិត្រព្រះដ៏​មានព្រះភាគ សរីរយន្តខ្ញុំ​ព្រះអង្គល្មមអត់ធន់​បាន​ ខ្ញុំព្រះអង្គល្មមប្រព្រឹត្តទៅ​​បាន​ស្រួលទេ បពិត្រព្រះអង្គ​ដ៏​ចំរើន ម្យ៉ាងទៀតខ្ញុំព្រះអង្គមកកាន់​ផ្លូវឆ្ងាយ​ដោយ​មិន​សូវនឿយហត់ទេ សូម​ទ្រង់​ព្រះមេត្តា​ប្រោស ខ្ញុំព្រះអង្គនៅចាំវស្សា​ក្នុង​ដែន​កាសី​នេះ ​ហើយ​មកកាន់​ក្រុងសាវត្ថី ដើម្បីគាល់ព្រះដ៏​មានព្រះភាគ ​បាន​ដើរទៅ​ត្រង់​កិដាគិរិ​ជនបទ បពិត្រព្រះអង្គដ៏​ចំរើន ក្នុង​គ្រានោះ​ ខ្ញុំព្រះអង្គស្លៀកស្បង់ ​ហើយ​ប្រដាប់បាត្រនិង​ចីវរ ចូល​ទៅ​កាន់កិដាគិរិជនបទ ដើម្បីបិណ្ឌបាតក្នុង​ពេលព្រឹកព្រហាម សូម​ទ្រង់ព្រះមេត្តាប្រោស ឧបាសក​មួយនាក់ ​បាន​ឃើញខ្ញុំព្រះអង្គកំពុងត្រាច់​ទៅ​បិណ្ឌបាតក្នុង​កិដាគិរិជនបទ លុះ​ឃើញ​​ហើយ​ ក៏ចូលមក​រកខ្ញុំព្រះអង្គ លុះ​ចូលមក​ហើយ​ ថ្វាយបង្គំខ្ញុំព្រះអង្គ រួចនិយាយពាក្យ​នេះថា បពិត្រ​លោកដ៏​ចំរើន លោកម្ចាស់​បាន​អាហារបិណ្ឌបាតខ្លះដែរឬ ខ្ញុំព្រះអង្គនិយាយថា ម្នាល​​អាវុសោ អាត្មាមិន​ទាន់​បាន​អាហារបិណ្ឌបាតទេ ឧបាសកនោះ​និយាយ​ថា បពិត្រលោកដ៏​ចំរើន លោកម្ចាស់ចូរនិមន្តមក យើងនឹង​ទៅ​​ផ្ទះ សូម​ទ្រង់ព្រះមេត្តាប្រោស ទើបឧបាសក​នោះ​ នាំខ្ញុំព្រះអង្គទៅ​ផ្ទះ ​ហើយ​ឲ្យ​ឆាន់ រួច​ហើយ​ប្រាប់ពាក្យ​នេះថា បពិត្រលោកដ៏​ចំរើន លោកម្ចាស់​នឹងទៅ​ក្នុង​ទីណា ខ្ញុំព្រះអង្គប្រាប់ថា ម្នាល​អាវុសោ អាត្មានឹងទៅ​ក្រុងសាវត្ថី ដើម្បីគាល់​ព្រះដ៏​​មានព្រះភាគ ឧបាសកនោះ​ពោលថា បពិត្រលោកដ៏​ចំរើន បើ​ដូច្នោះ សូមលោកម្ចាស់​ថ្វាយបង្គំ​ព្រះបាទនៃ​ព្រះដ៏​មាន​ព្រះភាគ​​ដោយ​ត្បូង​ តាមពាក្យនៃខ្ញុំ ម្យ៉ាង​ទៀត សូមលោកម្ចាស់​ទូលព្រះដ៏​មានព្រះភាគថា សូម​ទ្រង់​ព្រះមេត្តាប្រោស អាវាសក្នុង​កិដាគិរិជនបទវិនាសខូច​អស់​ហើយ​ ព្រោះភិក្ខុឈ្មោះ​អស្សជិ និង​បុនព្វសុក ជាចៅ​អាវាសក្នុង​កិដាគិរិជនបទ ជាភិក្ខុលាមកឥតខ្មាស ភិក្ខុ​ពីរ​រូប​នោះ​ប្រព្រឹត្តអនាចារ មាន​សភាពយ៉ាង​នេះគឺ ដាំកូនឈើផ្កា​ដោយ​ខ្លួនឯងខ្លះ ប្រើគេដាំខ្លះ ស្រោច​ខ្លួនឯងខ្លះ ប្រើគេស្រោចខ្លះ។បេ។ ប្រព្រឹត្តអនាចារមានប្រការផ្សេងៗទៀត សូម​ទ្រង់ព្រះមេត្តា​ប្រោស កាលមុន មនុស្ស​ទាំងឡាយណាធ្លាប់មានសទ្ធាជ្រះថ្លា​ហើយ​ ឥឡូវ​នេះមនុស្ស​អម្បាលនោះ​ មិន​មានសទ្ធា មិន​ជ្រះថ្លាទេ ទានទាំងឡាយណា ដែល​ទាយកធ្លាប់ឲ្យ​​ដល់​សង្ឃក្នុង​កាលមុន ឥឡូវ​នេះ ទានទាំងនោះ​ គេឈប់ឲ្យ​​ហើយ​ ភិក្ខុទាំងឡាយ​មានសីល​បរិសុទ្ធស្អាត ចៀសចេញទៅ​ ចំណែកពួកភិក្ខុលាមកក៏នៅ (ក្នុង​ទីនោះ​) សូម​ទ្រង់​ព្រះមេត្តាប្រោស សូមព្រះដ៏​មានព្រះភាគ ចាត់ពួកភិក្ខុ (ពីសំណាក់ព្រះអង្គ) ទៅ​កិដាគិរិជនបទ ប្រយោជន៍ឲ្យ​អាវាស​ក្នុង​កិដាគិរិជនបទ​​បាន​រៀបរយល្អ បពិត្រព្រះដ៏​មាន​ព្រះភាគ ខ្ញុំព្រះអង្គទើបនឹងមកពីកិដាគិរិជនបទនោះ​។

[៣១៧] ព្រោះហេតុ​នេះ ដំណើរ​នេះ ព្រះដ៏​មានព្រះភាគឲ្យ​ប្រជុំភិក្ខុ​សង្ឃ ​ហើយ​ត្រាស់សួរបញ្ជាក់ភិក្ខុទាំងឡាយថា ម្នាល​ភិក្ខុទាំងឡាយ ឮថាភិក្ខុពីររូបឈ្មោះ​អស្សជិ​និង​​បុនព្វសុក​ជាចៅអាវាស ក្នុង​កិដាគិរិជនបទ ជាភិក្ខុលាមកឥតខ្មាស ភិក្ខុពីររូបនោះ​ប្រព្រឹត្តអនាចារ មានសភាពយ៉ាង​នេះគឺ ដាំកូនឈើផ្កាខ្លួនឯងខ្លះ ប្រើគេឲ្យ​ដាំខ្លះ ស្រោចខ្លួនឯងខ្លះ ប្រើគេឲ្យ​ស្រោចខ្លះ បេះខ្លួនឯងខ្លះ ប្រើគេឲ្យ​បេះខ្លះ ក្រងខ្លួនឯងខ្លះ ប្រើគេឲ្យ​ក្រងខ្លះ ធ្វើផ្កាកម្រង​មានទងតែ​ម្ខាងខ្លួនឯងខ្លះ ប្រើគេឲ្យ​ធ្វើខ្លះ ធ្វើផ្កាកម្រង​មានទងទាំងពីរខាងខ្លួនឯង​ខ្លះ ប្រើគេឲ្យ​ធ្វើខ្លះ ធ្វើផ្កាឈើចាក់រំលេចទង [តាមក្នុង​អដ្ឋកថា គួរប្រែថា ក្បាច់ក្បូរផ្កាដែល​គេធ្វើឲ្យ​​​ដូចជាវល្ល៍ដែល​មានផ្កា។ ​] ខ្លួនឯងខ្លះ ប្រើគេឲ្យ​ធ្វើខ្លះ ធ្វើផ្កាឈើសម្រាប់​ស៊ក​ក្នុង​​បំពង់ [ក្នុង​អដ្ឋកថា ថាផ្កាកម្រងដែល​គេដោត​ដោយ​ម្ជុល ឬកន្លះ។] ខ្លួនឯងខ្លះ ប្រើគេឲ្យ​ធ្វើខ្លះ ធ្វើផ្កាកម្រងសម្រាប់ប្រដាប់ក្បាល ខ្លួនឯងខ្លះ ប្រើគេឲ្យ​ធ្វើខ្លះ ធ្វើផ្កាកម្រងសម្រាប់​ប្រដាប់​ត្រចៀក​ខ្លួនឯង​ខ្លះ ប្រើគេឲ្យ​ធ្វើខ្លះ ធ្វើផ្កា​កម្រង​ប្រដាប់​ទ្រូងខ្លួនឯងខ្លះ ប្រើគេឲ្យ​ធ្វើខ្លះ។បេ។ ប្រព្រឹត្ត​អនាចារ​ផ្សេងទៀត មនុស្ស​ទាំងឡាយណា ធ្លាប់មានសទ្ធាជ្រះថ្លា​​ហើយ​ក្នុង​កាលមុន ឥឡូវ​នេះមនុស្ស​ទាំងឡាយ​នោះ​ មិន​មានសទ្ធា មិន​ជ្រះថ្លាទេ ទានទាំងឡាយ​ណា​ដែល​​ទាយកគេធ្លាប់ប្រគេន​ដល់​សង្ឃក្នុង​កាលមុន ឥឡូវ​នេះទានទាំងនោះ​ គេឈប់ឲ្យ​​អស់​​ហើយ​ ភិក្ខុទាំងឡាយ​មានសីលស្អាតបរិសុទ្ធចៀសចេញទៅ​ ចំណែកខាងពួកភិក្ខុ​លាមក​ក៏នៅ​​ក្នុង​ទីនោះ​ ពិត​មែនឬ។ ភិក្ខុទាំងឡាយក្រាបទូលថា បពិត្រព្រះដ៏​មានព្រះភាគ រឿងនោះ​ពិតមែន។ ព្រះពុទ្ធដ៏​មានព្រះភាគ ​ទ្រង់តិះដៀលថា ម្នាល​ភិក្ខុទាំងឡាយ អំពើរបស់​មោឃបុរស​ទាំងនោះ​ មិន​សមគួរទេ។បេ។ ម្នាល​ភិក្ខុទាំងឡាយ ម្តេចឡើយ ពួកមោឃបុរសនោះ​​ប្រព្រឹត្ត​អនាចារមានសភាពយ៉ាង​នេះគឺ ដាំកូនឈើផ្កាខ្លួនឯងខ្លះ ប្រើគេឲ្យ​ដាំខ្លះ ស្រោច​ខ្លួនឯងខ្លះ ប្រើគេឲ្យ​ស្រោចខ្លះ បេះខ្លួនឯងខ្លះ ប្រើគេឲ្យ​បេះខ្លះ ក្រងខ្លួនឯងខ្លះ ប្រើគេឲ្យ​ក្រងខ្លះ ធ្វើផ្កាកម្រង​មានទងតែ​ម្ខាងខ្លួនឯងខ្លះ ប្រើគេឲ្យ​ធ្វើខ្លះ ធ្វើផ្កាមានទង​ទាំងពីរ​ខាងខ្លួនឯង​ខ្លះ ប្រើគេឲ្យ​ធ្វើខ្លះ ធ្វើផ្កាចាក់រំលេចទងខ្លួនឯងខ្លះ ប្រើគេឲ្យ​ធ្វើខ្លះ ធ្វើផ្កាឈើ​សម្រាប់​ស៊ក​ក្នុង​​បំពង់ខ្លួនឯងខ្លះ ប្រើគេឲ្យ​ធ្វើខ្លះ ធ្វើផ្កាសម្រាប់ប្រដាប់ក្បាលខ្លួនឯងខ្លះ ប្រើគេឲ្យ​ធ្វើខ្លះ ធ្វើផ្កាសម្រាប់ប្រដាប់ត្រចៀកខ្លួនឯងខ្លះ ប្រើគេឲ្យ​ធ្វើខ្លះ ធ្វើផ្កាកម្រង​ប្រដាប់​ទ្រូងខ្លួនឯងខ្លះ ប្រើគេឲ្យ​ធ្វើខ្លះ ភិក្ខុទាំងឡាយនោះ​ នាំផ្កាកម្រងមានទងតែ​ម្ខាងទៅ​ខ្លួនឯងខ្លះ ប្រើគេឲ្យ​នាំទៅ​ខ្លះ ដើម្បីស្រីនៃត្រកូល​ទាំងឡាយ ធីតានៃត្រកូល កុមារីនៃត្រកូល ស្រីជាកូនប្រសានៃត្រកូល ទាសីនៃត្រកូលទាំងឡាយ នាំផ្កា​កម្រង​មានទង​ទាំងពីរខាងទៅ​ឲ្យ​​ខ្លួនឯងខ្លះ ប្រើគេឲ្យ​នាំទៅ​ឲ្យ​ខ្លះ នាំផ្កាចាក់រំលេចទងទៅ​ឲ្យ​​ខ្លួនឯងខ្លះ ប្រើគេឲ្យ​នាំទៅ​ឲ្យ​ខ្លះ នាំផ្កាឈើសម្រាប់ស៊កក្នុង​បំពង់​​ខ្លួនឯងខ្លះ ប្រើគេឲ្យ​នាំទៅ​ឲ្យ​ខ្លះ នាំផ្កា​សម្រាប់ប្រដាប់ក្បាលទៅ​ឲ្យ​​ខ្លួនឯងខ្លះ ប្រើគេឲ្យ​នាំទៅ​ឲ្យ​ខ្លះ នាំផ្កា​សម្រាប់ប្រដាប់ត្រចៀក​ទៅ​ឲ្យ​​ខ្លួនឯងខ្លះ ប្រើគេឲ្យ​នាំទៅ​ឲ្យ​ខ្លះ នាំផ្កាកម្រងប្រដាប់​ទ្រូងទៅ​​ឲ្យ​​​ខ្លួនឯងខ្លះ ប្រើគេឲ្យ​នាំទៅ​ឲ្យ​ខ្លះ ភិក្ខុអម្បាលនោះ​ ឆាន់ក្នុង​ភាជន៍មួយ​ជាមួយនឹងពួកស្រីនៃត្រកូល ពួកធីតានៃត្រកូល ពួកកុមារីនៃត្រកូល ពួកស្រីជាកូនប្រសា​នៃត្រកូល ពួកទាសីនៃត្រកូលខ្លះ ផឹក ក្នុង​ផ្តិលជាមួយគ្នាខ្លះ អង្គុយលើអាសនៈ​ជាមួយ​គ្នាខ្លះ ដេកលើគ្រែ​ជាមួយគ្នាខ្លះ ដេកលើកម្រាលជាមួយគ្នាខ្លះ ដេកដណ្តប់​ជាមួយគ្នាខ្លះ មានគ្រឿង​កម្រាល និង​ដេកដណ្តប់ជាមួយគ្នាខ្លះ ស៊ីខុសពេលខ្លះ ផឹកទឹកស្រវឹងខ្លះ ទ្រ​ទ្រង់​ផ្កា​កម្រង​គ្រឿង​​ក្រអូបនិង​គ្រឿង​លាបខ្លះ រាំខ្លះ ច្រៀងខ្លះ ប្រគំខ្លះ កែក្រាយខ្លះ រាំជាមួយនឹងស្រីកំពុងរាំ​ខ្លះ ច្រៀងជាមួយនឹងស្រីកំពុងរាំខ្លះ ប្រគំជាមួយនឹងស្រីកំពុងរាំខ្លះ កែក្រាយជាមួយនឹងស្រីកំពុងរាំខ្លះ រាំជាមួយនឹងស្រីកំពុងច្រៀងខ្លះ ច្រៀងជាមួយនឹង​ស្រីកំពុងច្រៀងខ្លះ ប្រគំជាមួយនឹងស្រីកំពុងច្រៀងខ្លះ កែក្រាយជាមួយនឹងស្រីកំពុង​ច្រៀង​ខ្លះ រាំជាមួយនឹងស្រីកំពុងប្រគំខ្លះ ច្រៀងជាមួយនឹងស្រីកំពុងប្រគំខ្លះ ប្រគំជាមួយ​នឹងស្រីកំពុងប្រគំខ្លះ កែក្រាយជាមួយនឹងស្រីកំពុងប្រគំខ្លះ រាំជាមួយនឹងស្រីកំពុង​កែក្រាយខ្លះ ច្រៀងជាមួយនឹងស្រីកំពុងកែក្រាយខ្លះ ប្រគំជាមួយនឹងស្រីកំពុងកែក្រាយខ្លះ កែក្រាយ​ជាមួយនឹងស្រីកំពុងកែក្រាយខ្លះ លេងបាស្កា​មានក្រឡា៨ខ្លះ លេងបាស្កា​មានក្រឡា១០ខ្លះ លេងបាស្កាក្នុង​អាកាសខ្លះ លេង​ផ្លូវវាងដែល​ខ្លួនគួរវាង [ប្រហែល​ជាលេង បិទមុខ បិទពួន។] ខ្លះ លេងផ្ទាត់គ្រាប់ មានក្រួសជាដើម​ខ្លះ លេងបាស្កាក្នុង​លានសម្រាប់លេងខ្លះ លេងហ៊ឹងខ្លះ លេងរលាស់ទឹកលាក់ឲ្យ​ទាយរូប​ខ្លះ លេងអង្គុញខ្លះ លេងផ្លុំប៉ីស្លឹកខ្លះ លេងកូននង្គ័លខ្លះ លេងដាំដូងខ្លះ លេងកង្ហារខ្លះ លេងវាល់​ដីខ្សាច់ (បាយឡុកបាយឡ) ខ្លះ លេង​ដោយ​រថតូចខ្លះ លេង​ដោយ​ធ្នូតូចខ្លះ លេងសរសេរអក្សរ​ខ្យល់ឲ្យ​ទាយខ្លះ លេង​ទាយចិត្ត (ស្តេចចង់) ខ្លះ លេងកំប្លែងត្រាប់គេខ្លះ ហាត់វិជ្ជាដំរីខ្លះ ហាត់វិជ្ជាសេះខ្លះ ហាត់​សេះខ្លះ ហាត់វិជ្ជារថខ្លះ ហាត់វិជ្ជាធ្នូខ្លះ ហាត់ដងមាន​ដងដាវ​ជាដើមខ្លះ រត់ពីមុខដំរីខ្លះ រត់ទៅ​ពីមុខសេះខ្លះ រត់ទៅ​ពីមុខរថខ្លះ រត់ទៅ​ខ្លះ រត់ត្រឡប់​មកខ្លះ ស្រែកហ៊ោខ្លះ ទះដៃខ្លះ ចំបាប់ខ្លះ ដាល់​គ្នាខ្លះ ក្រាលសង្ឃាដិ​ក្នុង​កណ្តាល​រោងរាំ ​ហើយ​និយាយនឹងស្រីដែល​រាំ យ៉ាង​នេះថា នែប្អូនស្រី នាងចូរ​រាំ​ក្នុង​ទី​នេះចុះខ្លះ ដាក់ម្រាម​ដៃ​លើថ្ងាស (ខ្លួន និង​ថ្ងាសស្រីរបាំ) ខ្លះ ប្រព្រឹត្តអនាចារផ្សេង​ទៀត ម្នាល​ភិក្ខុទាំងឡាយ អំពើ​នេះមិន​នាំឲ្យ​ជ្រះថ្លា​ដល់​មនុស្សដែល​មិន​ទាន់ជ្រះថ្លា​ហើយ​ផង ។បេ។

[៣១៨] លំដាប់នោះ​ ព្រះដ៏​មានព្រះភាគ​ទ្រង់តិះដៀលភិក្ខុឈ្មោះ​អស្សជិ និង​បុនព្វសុក ​ដោយ​បរិយាយច្រើន ​ហើយ​ព្រះអង្គសំដែង​ធម្មីកថា រួច​ទ្រង់ហៅព្រះសារីបុត្តត្ថេរ និង​​ព្រះ​មោគ្គល្លានត្ថេរមក ​ហើយ​ត្រាស់ថា ម្នាល​សារីបុត្ត និង​មោគ្គល្លាន អ្នកទាំងឡាយចូរទៅ​កាន់​កិដាគិរិជនបទ លុះ​ទៅ​​ហើយ​ ចូរធ្វើបព្វាជនីយកម្ម [ការបណ្តេញភិក្ខុអលជ្ជី មិន​ប្រព្រឹត្តតាម​ធម៌វិន័យឲ្យ​ចេញពីទីកន្លែង។] ភិក្ខុឈ្មោះ​អស្សជិ និង​បុនព្វសុកចេញ​ពី​កិដាគិរិជនបទ (ព្រោះ) ភិក្ខុអម្បាលនោះ​ ជាសទ្ធិវិហារិករបស់អ្នកទាំងឡាយ។ ព្រះសារីបុត្តត្ថេរ និង​​ព្រះមោគ្គល្លានត្ថេរ​ក្រាបទូលសួរថា សូម​ទ្រង់ព្រះមេត្តាប្រោស ខ្ញុំព្រះអង្គ​ទាំងឡាយនឹងធ្វើ​បព្វាជនីយកម្ម ភិក្ខុឈ្មោះ​អស្សជិ និង​បុនព្វសុកចេញ​ពីកិដាគិរិជនបទ​​​ដូចម្តេច​បាន​ (ព្រោះ) ភិក្ខុទាំងនោះ​ជាមនុស្សកាចអាក្រក់។ ព្រះអង្គ​ទ្រង់ត្រាស់ថា ម្នាល​សារីបុត្តនិង​មោគ្គល្លាន បើ​ដូច្នោះ អ្នកទាំងឡាយ ចូរទៅ​ជាមួយ​នឹងភិក្ខុជាច្រើនរូប។ ព្រះសារីបុត្តត្ថេរ និង​ព្រះមោគ្គល្លានត្ថេរ ទទួលស្តាប់ព្រះពុទ្ធដីកា​ព្រះដ៏​មានព្រះភាគ ​ហើយ​ឆ្លើយថា យ៉ាងហ្នឹង​​​ហើយ​ព្រះអង្គ។

[៣១៩] ព្រះអង្គ​ទ្រង់ត្រាស់ថា ម្នាល​ភិក្ខុទាំងឡាយ អ្នកទាំងឡាយត្រូវធ្វើយ៉ាង​នេះគឺ ដម្បូងពួកអ្នកត្រូវដាស់តឿនភិក្ខុឈ្មោះ​អស្សជិនិង​បុនព្វសុកសិន លុះ​ដាស់តឿន​ហើយ​ គួរឲ្យ​​រលឹក លុះ​ឲ្យ​រលឹក​ហើយ​ គួរលើកអាបត្តិឡើង លុះ​លើកអាបត្តិឡើង​ហើយ​ ភិក្ខុដែល​​ឆ្លាស​អង់អាច គួរឲ្យ​សង្ឃដឹង​ដោយ​ពាក្យថា បពិត្រព្រះសង្ឃដ៏​ចំរើន សង្ឃចូរស្តាប់ពាក្យខ្ញុំ ពួកភិក្ខុ​ឈ្មោះ​អស្សជិនិង​បុនព្វសុក​នេះ ជាអ្នកទ្រុស្តត្រកូល គឺញុំាង​សេចក្តី​ជ្រះថ្លា​របស់​ត្រកូល​ឲ្យ​​វិនាស ព្រោះសេចក្តីប្រព្រឹត្តិអាក្រក់។ សេចក្តីប្រព្រឹត្តិអាក្រក់របស់ពួកភិក្ខុឈ្មោះ​អស្សជិនិង​បុនព្វសុក​​នេះ ប្រាកដជាគេឃើញផង គេឮផង ម្យ៉ាងទៀត ត្រកូល​ទាំងឡាយ​ដែល​ពួកភិក្ខុ​នេះទ្រុស្ត​ហើយ​ ប្រាកដ​ជាគេឃើញផង គេឮផង។ បើ​បព្វាជនីយកម្ម មានកាលគួរ​ដល់​​សង្ឃ​ហើយ​ សង្ឃត្រូវធ្វើ​បព្វាជនីយកម្មពួកភិក្ខុឈ្មោះ​អស្សជិនិង​បុនព្វសុក​ឲ្យ​ចេញ​ពីកិដាគិរិជនបទថា ពួកភិក្ខុ​ឈ្មោះ​អស្សជិនិង​បុនព្វសុកមិន​ត្រូវនៅក្នុង​កិដាគិរិជនបទទេ។ ​នេះជាញត្តិ។ បពិត្រព្រះសង្ឃដ៏​ចំរើន សង្ឃចូរស្តាប់ពាក្យខ្ញុំ  ពួកភិក្ខុ​ឈ្មោះ​អស្សជិនិង​បុនព្វសុក ជាអ្នកទ្រុស្តត្រកូល មានសេចក្តីប្រព្រឹត្តិអាក្រក់។ សេចក្តី​ប្រព្រឹត្តអាក្រក់របស់លោកអម្បាល​នេះ ប្រាកដជាគេឃើញផង គេឮផង ត្រកូល​ទាំងឡាយដែល​ភិក្ខុអម្បាល​នេះទ្រុស្ត​ហើយ​សោត ប្រាកដ​ជាគេឃើញផង គេឮផង។ សង្ឃធ្វើបព្វាជនីយកម្មពួក​ភិក្ខុឈ្មោះ​អស្សជិ និង​​បុនព្វសុក​ឲ្យ​ចេញ​ពីកិដាគិរិជនបទថា ពួក​​ភិក្ខុ​​ឈ្មោះ​អស្សជិ និង​បុនព្វសុកមិន​ត្រូវនៅក្នុង​កិដាគិរិជនបទទេ។ ការធ្វើ​បព្វាជនីយកម្ម​ពួក​ភិក្ខុឈ្មោះ​អស្សជិនិង​​បុនព្វសុក ​ឲ្យ​ចេញ​ពីកិដាគិរិជនបទថា ភិក្ខុទាំង​ឡាយជាពួកភិក្ខុ​ឈ្មោះ​អស្សជិនិង​បុនព្វសុកមិន​ត្រូវនៅក្នុង​កិដាគិរិជនបទទេ សមគួរ​ដល់​លោកដ៏​មានអាយុ​អង្គ​ណា លោកអង្គនោះ​ត្រូវស្ងៀម មិន​សមគួរ​ដល់​​លោកអង្គណា លោកអង្គនោះ​​ត្រូវពោលឡើង។ ខ្ញុំ​សូត្រសេចក្តី​នេះអស់វារៈពីរដងផង។បេ។ ខ្ញុំសូត្រ​សេចក្តី​​នេះអស់វារៈបីដងផង។ បពិត្រព្រះសង្ឃ​ដ៏​ចំរើន សង្ឃសូមស្តាប់ពាក្យខ្ញុំ។បេ។ លោកអង្គនោះ​​ត្រូវពោលឡើង។ សង្ឃ​បាន​ធ្វើបព្វាជនីយកម្ម ​ដល់​ពួកភិក្ខុឈ្មោះ​អស្សជិ និង​បុនព្វសុក ឲ្យ​ចេញពីកិដាគិរិជនបទថា ពួកភិក្ខុឈ្មោះ​អស្សជិ និង​បុនព្វសុក មិន​ត្រូវនៅក្នុង​កិដាគិរិជនបទទេ។ ការធ្វើបព្វាជនីយកម្មនោះ​សមគួរ​ដល់​សង្ឃ ហេតុនោះ​សង្ឃស្ងៀមនៅ។ ខ្ញុំចាំទុក​នូវ​ដំណើរ​នេះ ​ដោយ​អាការស្ងៀមនៅយ៉ាង​នេះ។

[៣២០] ​លំដាប់នោះ​ ភិក្ខុសង្ឃ មានព្រះសារីបុត្តត្ថេរ និង​ព្រះមោគ្គល្លានត្ថេរ​ជាប្រធាន ទៅ​កាន់កិដាគិរិជនបទ ​ហើយ​​បាន​ធ្វើបព្វាជនីយកម្ម ​ដល់​ពួកភិក្ខុឈ្មោះ​អស្សជិ និង​បុនព្វសុក ចេញពីកិដាគិរិជនបទថា ពួកភិក្ខុឈ្មោះ​អស្សជិ និង​បុនព្វសុក មិន​ត្រូវនៅក្នុង​កិដាគិរិ​ជនបទ​ទេ។ ភិក្ខុអម្បាលនោះ​ដែល​សង្ឃធ្វើបព្វាជនីយកម្ម​ហើយ​ មិន​ប្រព្រឹត្តតាម​ដោយ​ស្រួល មិន​សម្លបរោម គឺ​មិន​​ព្រមតាម មិន​ព្រមប្រតិបត្តិតាមទំនងជាទីរើខ្លួនចេញ មិន​អង្វរភិក្ខុទាំងឡាយឲ្យ​អត់ទោស ត្រឡប់​ជាជេរប្រទេច បន្ទោសការកសង្ឃថា សង្ឃលុះ​ក្នុង​សេចក្តីស្រឡាញ់ សេចក្តីស្អប់ សេចក្តីល្ងង់ សេចក្តីខ្លាច ​ហើយ​ភិក្ខុទាំងនោះ​ចៀស​ចេញទៅ​ខ្លះ សឹកទៅ​ខ្លះ។ ពួកភិក្ខុណាប្រាថ្នាតិច។បេ។ ភិក្ខុទាំងនោះ​ ពោលទោស តិះដៀល បន្តុះបង្អាប់ថា ហេតុ​ដូចម្តេច ក៏ពួកភិក្ខុឈ្មោះ​អស្សជិ​ និង​​បុនព្វសុក ដែល​សង្ឃធ្វើបព្វាជនីយកម្ម​ហើយ​ មិន​ប្រព្រឹត្តតាម​ដោយ​ស្រួល មិន​សម្លបរោម មិន​ព្រម​ប្រតិបត្តិតាមទំនង​ជាទីរលាស់ខ្លួនចេញ មិន​អង្វរភិក្ខុទាំងឡាយឲ្យ​អត់ទោស ត្រឡប់​ជាជេរ​ប្រទេច បន្ទោសការកសង្ឃថា  សង្ឃលុះ​ក្នុង​សេចក្តីស្រឡាញ់ សេចក្តីស្អប់ សេចក្តី​ល្ងង់ សេចក្តីខ្លាច ​ហើយ​ភិក្ខុទាំងនោះ​ចៀសចេញទៅ​ខ្លះ សឹកទៅ​ខ្លះ។

[៣២១] លំដាប់នោះ​ ភិក្ខុទាំងឡាយ ក្រាបទូលដំណើរនុ៎ះ​ចំពោះព្រះដ៏​មានព្រះភាគ។ ព្រោះហេតុ​នេះ ដំណើរ​នេះ ព្រះដ៏​មានព្រះភាគឲ្យ​ប្រជុំភិក្ខុ​សង្ឃ ​ហើយ​ត្រាស់សួរបញ្ជាក់​ ភិក្ខុទាំងឡាយក្នុង​ពេលនោះ​ថា ម្នាល​ភិក្ខុទាំងឡាយ ​បាន​ឮថាពួកភិក្ខុឈ្មោះ​អស្សជិ និង​បុនព្វសុក ដែល​​សង្ឃ​ធ្វើបព្វាជនីយកម្ម​ហើយ​ មិន​ប្រព្រឹត្តតាម​ដោយ​ស្រួល។បេ។ ​ហើយ​ភិក្ខុទាំងនោះ​សឹក​ទៅ​ខ្លះ ពិតមែនឬ។ ភិក្ខុទាំងឡាយក្រាបទូលថា បពិត្រព្រះដ៏​មាន​ព្រះភាគ ការនោះ​ពិតមែន។ ព្រះពុទ្ធដ៏​មានបុញ្ញសិរី តិះដៀលថា ម្នាល​ភិក្ខុទាំងឡាយ អំពើរបស់មោឃបុរសទាំងនោះ​ មិន​សមគួរ។បេ។ ម្នាល​ភិក្ខុទាំងឡាយ ហេតុ​ដូចម្តេច​ក៏មោឃបុរសទាំងនោះ​ ដែល​សង្ឃធ្វើបព្វាជនីយកម្ម​ហើយ​ មិន​ប្រព្រឹត្តតាម​ដោយ​ស្រួល។បេ។ ភិក្ខុទាំង​នោះ​​សឹក​ទៅ​ខ្លះ ម្នាល​ភិក្ខុទាំងឡាយ អំពើរបស់មោឃបុរសទាំងឡាយ​នេះ មិន​នាំឲ្យ​កើតសេចក្តីជ្រះថ្លា ​ដល់​ជនទាំងឡាយដែល​មិន​ទាន់ជ្រះថ្លា​ហើយ​ផង។បេ។ ម្នាល​​ភិក្ខុទាំងឡាយ អ្នកទាំងឡាយ​គប្បីសំដែង​ឡើង​នូវ​សិក្ខាបទ​នេះយ៉ាង​នេះថា ភិក្ខុចូល​ទៅ​ជិតអាស្រ័យស្រុក ឬនិគម កន្លែង​ណាមួយ ​ហើយ​នៅ ជាអ្នកទ្រុស្តត្រកូល មានសេចក្តីប្រព្រឹត្តិអាក្រក់។ សេចក្តីប្រព្រឹត្តិអាក្រក់​របស់​ភិក្ខុនោះ​ឯង ប្រាកដជាគេឃើញ​ផង គេឮផង ត្រកូលទាំងឡាយដែល​ភិក្ខុនោះ​ទ្រុស្ត​ហើយ​ ប្រាកដ​ជាគេឃើញផង គេឮ​ផង។ ភិក្ខុនោះ​ គឺភិក្ខុទាំងឡាយត្រូវនិយាយស្តីឲ្យ​យ៉ាង​នេះថា លោក​ដ៏​មានអាយុ​ជា​អ្នកទ្រុស្តត្រកូល មានសេចក្តីប្រព្រឹត្តអាក្រក់ សេចក្តីប្រព្រឹត្តអាក្រក់​របស់លោក​ដ៏​មាន​អាយុ ប្រាកដជាគេឃើញផង គេឮផង ត្រកូលទាំងឡាយដែល​លោកដ៏​មានអាយុ​ទ្រុស្ត​​ហើយ​នោះ​ ប្រាកដជាគេឃើញផង គេឮផង លោកដ៏​មានអាយុចូរចៀសចេញពីអាវាស​នេះទៅ​ លោកមិន​គួរនៅក្នុង​ទី​នេះទេ។ ភិក្ខុនោះ​ ដែល​ភិក្ខុទាំងឡាយនិយាយប្រដៅយ៉ាង​នេះ ត្រឡប់​ថា​ឲ្យ​ភិក្ខុទាំងឡាយនោះ​យ៉ាង​នេះវិញថា ភិក្ខុទាំងឡាយលុះ​ក្នុង​សេចក្តី​ស្រឡាញ់​ផង ភិក្ខុទាំងឡាយលុះ​ក្នុង​សេចក្តីខឹងផង ភិក្ខុទាំងឡាយលុះ​ក្នុង​សេចក្តី​ល្ងង់ផង ភិក្ខុទាំងឡាយលុះ​ក្នុង​សេចក្តីខ្លាចផង (ព្រោះ) ភិក្ខុទាំងឡាយនោះ​ បណ្តេញ​ភិក្ខុពួកខ្លះ មិន​បណ្តេញ​ភិក្ខុពួកខ្លះ​ដោយ​អាបត្តិ​ដូចគ្នាទេ។ ភិក្ខុនោះ​ ភិក្ខុទាំងឡាយ​ត្រូវ​និយាយ​ប្រដៅ​យ៉ាង​​នេះថា លោកដ៏​មានអាយុចូរកុំនិយាយយ៉ាង​នេះ ភិក្ខុទាំងឡាយមិន​លុះ​ក្នុង​សេចក្តីស្រឡាញ់ ភិក្ខុទាំងឡាយមិន​លុះ​ក្នុង​សេចក្តីស្អប់ ភិក្ខុទាំងឡាយមិន​លុះ​ក្នុង​សេចក្តីល្ងង់ ភិក្ខុទាំងឡាយមិន​លុះ​ក្នុង​សេចក្តីខ្លាច លោកដ៏​មានអាយុឯង ជាអ្នក​ទ្រុស្តត្រកូល មានសេចក្តី​ប្រព្រឹត្តិអាក្រក់ សេចក្តីប្រព្រឹត្តិអាក្រក់របស់លោកដ៏​មានអាយុ ប្រាកដជាគេឃើញផង គេឮផង ត្រកូលទាំងឡាយសោត ដែល​លោកដ៏​មានអាយុ​ទ្រុស្ត​​ហើយ​ ប្រាកដជាគេឃើញផង គេឮផង លោកដ៏​មានអាយុចូរចៀសចេញចាក​អាវាស​នេះទៅ​ លោកកុំនៅក្នុង​អាវាស​នេះ។ ភិក្ខុនោះ​ ដែល​​ភិក្ខុទាំងឡាយនិយាយប្រដៅយ៉ាង​នេះ នៅតែ​ប្រកាន់លទ្ធិ​យ៉ាង​នេះដដែល​ ភិក្ខុនោះ​ ត្រូវភិក្ខុ​ទាំងឡាយសូត្រ​សមនុភាសនកម្ម​ប្រកាសហាម ដើម្បីឲ្យ​លះបង់អំពើអាក្រក់នោះ​កំណត់បីដង។ ភិក្ខុនោះ​ បើ​ភិក្ខុ​ទាំងឡាយសូត្រសមនុភាសនកម្មកំណត់បីដង លះអំពើអាក្រក់នោះ​​បាន​ សេចក្តី​លះបង់​បាន​​នេះ ជាការល្អ បើ​មិន​លះបង់ទេ ត្រូវអាបត្តិសង្ឃាទិសេស។

[៣២២] ត្រង់ពាក្យថា ភិក្ខុ (ចូលទៅ​ជិតអាស្រ័យនៅ) ស្រុក ឬនិគម កន្លែងណាមួយ សេចក្តីថា ស្រុកក្តី និគមក្តី នគរក្តី ក៏គឺស្រុក គឺនិគមហ្នឹង​ឯង។ ពាក្យថា ចូលទៅ​ជិតអាស្រ័យ​នៅ (គឺ​ភិក្ខុចូលទៅ​ជិតអាស្រ័យនៅក្នុង​ស្រុកនិគមណា) ចីវរ បិណ្ឌបាត សេនាសនៈ និង​គិលានបច្ចយភេសជ្ជបរិក្ខារជាប់ចំពោះមាននៅ​ហើយ​ ក្នុង​ស្រុក និង​និគម​នោះ​។ ត្រកូល៤ពួក គឺ ត្រកូលក្សត្រ ត្រកូលព្រាហ្មណ៍ ត្រកូលអ្នកឈ្មួញ (ត្រកូលអ្នក​រកស៊ីធម្មតា) ត្រកូលអ្នកគ្រួ (អ្នក​ស៊ីឈ្នួល) ហៅថា ត្រកូល។ ពាក្យថា ជាអ្នកទ្រុស្តត្រកូល គឺភិក្ខុទ្រុស្តត្រកូលទាំងឡាយ​ដោយ​ (ឲ្យ​) ផ្កាខ្លះ (ឲ្យ​)ផ្លែខ្លះ (ឲ្យ​)គ្រឿង​លំអិត​សម្រាប់​ងូតខ្លះ (ឲ្យ​)ដីស្អិតខ្លះ (ឲ្យ​)ឈើស្ទន់ខ្លះ (ឲ្យ​)ឫស្សីខ្លះ ​ដោយ​កិរិយាធ្វើពេទ្យខ្លះ ​ដោយ​ការបម្រើ​ដោយ​ស្មងខ្លះ។ ពាក្យថា មានសេចក្តីប្រព្រឹត្តអាក្រក់ គឺភិក្ខុ​ដាំកូនឈើផ្កា​ខ្លួនឯងខ្លះ ប្រើគេឲ្យ​ដាំខ្លះ ស្រោចខ្លួនឯងខ្លះ ប្រើគេឲ្យ​ស្រោចខ្លះ បេះខ្លួនឯងខ្លះ ប្រើគេឲ្យ​បេះខ្លះ ក្រងខ្លួនឯងខ្លះ ប្រើគេឲ្យ​ក្រងខ្លះ។

[៣២៣] ពាក្យថា ប្រាកដជាគេឃើញផង គេឮផង គឺអ្នកណានៅក្នុង​ទីចំពោះមុខ អ្នកនោះ​​ឃើញ អ្នកណានៅក្នុង​ទីកំបាំងមុខ អ្នកនោះ​ឮ។ ពាក្យថា ត្រកូលទាំងឡាយសោត ដែល​​ភិក្ខុនោះ​ទ្រុស្ត​ហើយ​ គឺពីមុន មនុស្សទាំងឡាយមានសទ្ធា ឥឡូវ​​នេះជាមនុស្សមិន​មានសទ្ធាវិញ ធ្លាប់ជ្រះថ្លា លែងជ្រះថ្លាទៅ​វិញ ព្រោះអាស្រ័យ​នឹងភិក្ខុនោះ​។ ពាក្យថា ប្រាកដជាគេឃើញផង គេឮផង គឺអ្នកណានៅក្នុង​ទីចំពោះមុខ អ្នកនោះ​​ឃើញ អ្នកណានៅក្នុង​ទីកំបាំងមុខ អ្នកនោះ​ឮ។

[៣២៤] ពាក្យថា ភិក្ខុនោះ​ គឺភិក្ខុណាមួយ ជាអ្នកទ្រុស្តត្រកូល។ ពាក្យថា គឺភិក្ខុទាំងឡាយ ​បាន​​ដល់​ភិក្ខុទាំងឡាយដទៃ។ ភិក្ខុទាំងឡាយណាឃើញ ណាឮ ភិក្ខុទាំងឡាយនោះ​ត្រូវនិយាយ​ប្រដៅថា លោក​ដ៏​មានអាយុជាអ្នកទ្រុស្តត្រកូល ជាអ្នកប្រព្រឹត្តអាក្រក់ សេចក្តី​ប្រព្រឹត្តិអាក្រក់​របស់លោក​ដ៏​មានអាយុ ប្រាកដជាគេឃើញផង គេឮផង ត្រកូលទាំង​ឡាយសោត ដែល​លោកដ៏​មានអាយុ​ទ្រុស្ត​​ហើយ​នោះ​ ប្រាកដជាគេឃើញផង គេឮផង លោកដ៏​មានអាយុចូរចៀសចេញពីអាវាស​នេះទៅ​ លោកមិន​គួរនៅក្នុង​អាវាស​នេះទេ។ ម្យ៉ាងទៀត ភិក្ខុនោះ​ ដែល​ភិក្ខុទាំងឡាយនិយាយប្រដៅយ៉ាង​នេះ​ហើយ​ ត្រឡប់​ថាឲ្យ​​ភិក្ខុ​ទាំងឡាយនោះ​យ៉ាង​នេះថា ភិក្ខុទាំងឡាយលុះ​ក្នុង​សេចក្តីស្រឡាញ់ផង ភិក្ខុទាំងឡាយ​លុះ​ក្នុង​សេចក្តីស្អប់ផង ភិក្ខុទាំងឡាយលុះ​ក្នុង​សេចក្តីល្ងង់ផង ភិក្ខុទាំងឡាយលុះ​ក្នុង​សេចក្តីខ្លាចផង ទើបបណ្តេញភិក្ខុពួកខ្លះ មិន​បណ្តេញភិក្ខុពួកខ្លះ ព្រោះអាបត្តិ​ដូចគ្នាទេ។

[៣២៥] ពាក្យថា ភិក្ខុនោះ​ គឺភិក្ខុដែល​​បាន​ធ្វើកម្មនោះ​។ ពាក្យថា គឺភិក្ខុទាំងឡាយ ​បាន​​ដល់​​ភិក្ខុទាំងឡាយឯទៀត។ ភិក្ខុណាឃើញ ភិក្ខុណាឮ ភិក្ខុទាំងឡាយនោះ​ត្រូវនិយាយ​ប្រដៅថា លោកដ៏​មានអាយុ ចូរកុំនិយាយ​យ៉ាង​នេះ ភិក្ខុទាំងឡាយមិន​លុះ​ក្នុង​ឆន្ទាគតិ ភិក្ខុទាំងឡាយមិន​លុះ​ក្នុង​ទោសាគតិ ភិក្ខុទាំងឡាយមិន​លុះ​ក្នុង​មោហាគតិ ភិក្ខុទាំង​ឡាយ​មិន​លុះ​​ក្នុង​ភយាគតិ លោកដ៏​មានអាយុ ជាអ្នកទ្រុស្តត្រកូល ជាអ្នកប្រព្រឹត្តអាក្រក់ សេចក្តីប្រព្រឹត្តិអាក្រក់​របស់លោកដ៏​មានអាយុ ប្រាកដជាគេឃើញផង គេឮផង ត្រកូល​ទាំងឡាយសោត ដែល​​លោក​ដ៏​មានអាយុទ្រុស្ត​ហើយ​ ប្រាកដជាគេឃើញផង គេឮផង លោកដ៏​មានអាយុ​ចូរចៀសចេញពីអាវាស​នេះទៅ​ លោកមិន​គួរនៅក្នុង​អាវាស​នេះទេ។ ភិក្ខុទ្រុស្តត្រកូលនោះ​ ត្រូវ​ភិក្ខុទាំងឡាយនិយាយប្រដៅអស់វារៈជាគំរប់ពីរដងផង ត្រូវ​និយាយប្រដៅអស់វារៈជាគំរប់បីដង​ផង។ បើ​ភិក្ខុនោះ​លះបង់(កម្មនោះ​) ​បាន​ ការលះ​បាន​​នេះ ជាការល្អ បើ​ភិក្ខុនោះ​មិន​​លះបង់ទេ ភិក្ខុនោះ​ត្រូវអាបត្តិទុក្កដ។ ពួកភិក្ខុឮ​ហើយ​ មិន​និយាយប្រដៅ ត្រូវអាបត្តិទុក្កដ។ ភិក្ខុ (ទ្រុស្តត្រកូល) នោះ​ គឺភិក្ខុទាំងឡាយ​ត្រូវ​ទាញមកកាន់ទីកណ្តាលសង្ឃ ​ហើយ​និយាយប្រដៅថា លោកដ៏​មានអាយុ កុំពោល​ពាក្យយ៉ាង​នេះ ភិក្ខុទាំងឡាយមិន​មែនលុះ​ក្នុង​ឆន្ទាគតិទេ ភិក្ខុទាំងឡាយមិន​មែនលុះ​ក្នុង​ទោសាគតិទេ ភិក្ខុទាំងឡាយមិន​មែនលុះ​ក្នុង​មោហាគតិទេ ភិក្ខុទាំងឡាយមិន​មែនលុះ​ក្នុង​ភយាគតិទេ លោកដ៏​មានអាយុ ជាអ្នកទ្រុស្តត្រកូល ជាអ្នកប្រព្រឹត្តអាក្រក់ សេចក្តី​ប្រព្រឹត្តិអាក្រក់​របស់លោកដ៏​មានអាយុ ប្រាកដជាគេឃើញផង គេឮផង ត្រកូល​ទាំងឡាយសោត ដែល​​លោក​ដ៏​មានអាយុទ្រុស្ត​ហើយ​ ប្រាកដជាគេឃើញផង គេឮផង លោកដ៏​មានអាយុ​ចូរចៀសចេញពីអាវាស​នេះទៅ​ លោកមិន​គួរនៅក្នុង​អាវាស​នេះទេ។ ភិក្ខុនោះ​ គឺភិក្ខុទាំងឡាយត្រូវនិយាយប្រដៅ អស់វារៈជាគំរប់ពីរដងផង ត្រូវនិយាយ​ប្រដៅ​អស់​វារៈជាគំរប់បីដងផង។ បើ​ភិក្ខុនោះ​​លះបង់​បាន​ ការលះបង់​បាន​​នេះ ជាការល្អ បើ​ភិក្ខុនោះ​លះបង់មិន​​បាន​ទេ ត្រូវអាបត្តិទុក្កដ។

[៣២៦] ភិក្ខុនោះ​ សង្ឃត្រូវសូត្រប្រកាសហាម។ ម្នាល​ភិក្ខុទាំងឡាយ ​ភិក្ខុនោះ​​សង្ឃត្រូវ​សូត្រប្រកាសហាមយ៉ាង​នេះ។ ភិក្ខុដ៏​​ឆ្លាស​អង់អាច ត្រូវប្រកាសសង្ឃថា បពិត្រព្រះសង្ឃដ៏​ចំរើន សង្ឃសូមស្តាប់ពាក្យ​ខ្ញុំ ភិក្ខុ​នេះ មានឈ្មោះ​​នេះ សង្ឃ​បាន​ធ្វើ​បព្វាជនីយកម្ម​ហើយ​ ត្រឡប់ជាបន្ទោសភិក្ខុសង្ឃថា ភិក្ខុសង្ឃលុះ​ក្នុង​ឆន្ទាគតិ លុះ​ក្នុង​ទោសាគតិ លុះ​ក្នុង​មោហាគតិ លុះ​ក្នុង​ភយាគតិ។ ភិក្ខុ (អ្នកទ្រុស្តត្រកូល) នោះ​ មិន​លះបង់វត្ថុនោះ​។ បើ​កម្មរបស់សង្ឃមានកាលដ៏​គួរ​ដល់​​ហើយ​ សង្ឃគប្បីសូត្រប្រកាសហាមភិក្ខុ​ឈ្មោះ​​នេះ ដើម្បី​ឲ្យ​លះបង់វត្ថុនោះ​។ ​នេះញត្តិ។ បពិត្រព្រះសង្ឃដ៏​ចំរើន សង្ឃសូមស្តាប់ពាក្យ​ខ្ញុំ ភិក្ខុ​នេះ មានឈ្មោះ​​នេះ សង្ឃ​បាន​ធ្វើ​បព្វាជនីយកម្ម​ហើយ​ ត្រឡប់ជាបន្ទោសភិក្ខុសង្ឃថា ភិក្ខុសង្ឃលុះ​ក្នុង​សេចក្តីស្រឡាញ់ លុះ​ក្នុង​សេចក្តីស្អប់ លុះ​ក្នុង​សេចក្តីល្ងង់ លុះ​ក្នុង​សេចក្តីខ្លាច។ ភិក្ខុ (អ្នកទ្រុស្តត្រកូល) នោះ​ មិន​លះបង់វត្ថុនោះ​។ សង្ឃសូត្រ​សមនុភាសនកម្ម (ប្រកាសហាម) ភិក្ខុឈ្មោះ​​នេះ ដើម្បីឲ្យ​លះបង់វត្ថុនោះ​។ ការសូត្រ​សមនុភាសនកម្ម (ប្រកាសហាម) ភិក្ខុ​ឈ្មោះ​​នេះ ដើម្បីឲ្យ​លះបង់វត្ថុនោះ​ សមគួរ​ដល់​លោកដ៏​មានអាយុអង្គណា លោកដ៏​មានអាយុ​អង្គនោះ​ត្រូវស្ងៀម មិន​សមគួរ​ដល់​លោកដ៏​មានអាយុអង្គណា លោកដ៏​មានអាយុ​អង្គនោះ​ត្រូវនិយាយឡើង។ ខ្ញុំ​ពោល​សេចក្តី​នេះ​អស់វារៈពីរដងផង។បេ។ ខ្ញុំពោល​សេចក្តី​នេះអស់វារៈបីដងផង។ បពិត្រព្រះសង្ឃ​ដ៏​ចំរើន សង្ឃសូមស