សំយុត្តនិកាយ សគាថវគ្គ

បឋមភាគ
ភាគទី២៩

សូមនមស្ការ ចំពោះព្រះមានព្រះភាគ ជាអរហន្តសម្មាសម្ពុទ្ធអង្គនោះ។

ទេវតាសំយុត្ត

នឡវគ្គ ទី១

ឱឃតរណសូត្រ ទី១

[១] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុង​វត្តជេតពន របស់​អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង លុះរាត្រី​​បឋម​យាម​កន្លង​ទៅ​ហើយ ទេវតាអង្គមួយ មានរស្មីរុងរឿង ញុំាង​វត្ត​ជេតពន​​ទាំង​មូល​ឲ្យភ្លឺ​ស្វាង ហើយ​ចូល​ទៅ​គាល់​ព្រះមាន​ព្រះភាគ លុះ​ចូលទៅដល់​ហើយ ក៏​ក្រាប​ថ្វាយ​បង្គំ​ព្រះមានព្រះភាគ រួច​ហើយ​ឈរ​ក្នុង​ទី​ដ៏​សមគួរ។

[២] លុះទេវតានោះ ឈរក្នុងទីដ៏សមគួរហើយ ទើបក្រាបបង្គំទូលសួរ​ព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គនិទ៌ុក្ខ ព្រះអង្គឆ្លងនូវអន្លង់ ដោយហេតុ​ដូចម្តេចហ្ន៎។ ព្រះអង្គ​ត្រាស់​ថា ម្នាលអាវុសោ តថាគតមិនឈប់ មិនប្រឹង តែឆ្លង​អន្លង់បាន។ បពិត្រ​ព្រះអង្គ​និទ៌ុក្ខ ចុះ​ព្រះអង្គ​មិន​ឈប់ មិនប្រឹង តែឆ្លងអន្លង់បាន តើដូចម្តេច។ ម្នាល​អាវុសោ កាល​ណា​តថាគត​ឈប់ តថាគត​​នឹង​លិច​ចុះ​ក្នុងកាលនោះ កាលណា​តថាគត​ប្រឹង តថាគត​នឹង​រសាត់​ឃ្លាត​ទៅ​ក្នុង​កាល​នោះ ម្នាល​អាវុសោ តថាគត​មិនឈប់ មិនប្រឹង តែឆ្លង​អន្លង់​បាន យ៉ាងនេះ​ឯង។

តាំងពីយូរណាស់ហើយ ខ្ញុំទើបតែនឹងបានឃើញខីណាសវព្រាហ្មណ៍ ជា​អ្នករំលត់កិលេស ដែលមិនឈប់ មិនប្រឹង តែឆ្លងតណ្ហា ដែលផ្សាយទៅក្នុងលោក​បាន។

[៣] លុះទេវតានោះ ពោលពាក្យនេះចប់ហើយ ព្រះសាស្តា ក៏មានព្រះហឫទ័យ​រីករាយ។ គ្រានោះឯង ទេវតាអង្គនោះ ដឹងថា ព្រះសាស្តារបស់​អញ មានព្រះហឫទ័យរីករាយ ដូច្នេះ​ហើយ ក៏ថ្វាយបង្គំព្រះមានព្រះភាគ ធ្វើប្រទក្សិណ ហើយក៏បាត់ទៅ​ ក្នុងទីនោះឯង។

និមោក្ខសូត្រ ទី២

[៤] ទៀបក្រុងសាវត្ថី… គ្រានោះឯង លុះរាត្រីបឋមយាម​កន្លងទៅហើយ ទេវតាអង្គមួយ មាន​រស្មី​រុង​រឿង ញុំាងវត្តជេតពន​ទាំងមូល ឲ្យភ្លឺស្វាង ហើយ​​ចូល​​ទៅ​គាល់​​ព្រះមាន​ព្រះ​ភាគ លុះ​ចូល​ទៅ​ដល់​ហើយ ទើបក្រាបថ្វាយបង្គំ​ព្រះមាន​ព្រះភាគ ហើយ​ឈរ​ក្នុង​ទី​ដ៏​សមគួរ។

[៥] លុះទេវតាអង្គនោះ ឈរក្នុងទីដ៏សមគួរហើយ ទើបក្រាប​បង្គំទូលសួរ​ព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គនិទ៌ុក្ខ ព្រះអង្គទ្រង់ជ្រាប នូវ​​មគ្គជា​គ្រឿងរួចចាកកិលេស នូវ​ផល​​ជា​គ្រឿង​​ផុតចាកកិលេស និង​ព្រះនិព្វាន ជាទីស្ងាត់​ចាក​កិលេស របស់​សត្វទាំង​ឡាយ​​ដែរឬ។ ម្នាលអ្នកមានអាយុ តថាគត ដឹងនូវមគ្គជាគ្រឿងរួចចាកកិលេស នូវ​ផល​ជា​គ្រឿង​​ផុតចាក​កិលេស និង​ព្រះនិព្វាន ជាទីស្ងាត់ចាក​កិលេស របស់​សត្វ​ទាំង​ឡាយ​​ដែរ។ បពិត្រ​ព្រះអង្គ​និទ៌ុក្ខ ចុះព្រះអង្គ​ទ្រង់ជ្រាប នូវ​មគ្គជាគ្រឿងរួចចាកកិលេស នូវ​ផល​ជា​គ្រឿង​​ផុត​ចាក​កិលេស និង​ព្រះនិព្វាន ជាទី​ស្ងាត់​ចាក​កិលេស របស់​សត្វ​ទាំងឡាយ ដោយ​ប្រការ​ដូចម្តេចអេះ។

[៦] ព្រះមានព្រះភាគត្រាស់តបថា ម្នាលអ្នកមានអាយុ ព្រោះការអស់ទៅ​នៃ​កម្ម និងភព ដែលមាននន្ទីជាឫសគល់ និងការអស់ទៅព្រម នៃសញ្ញា និងវិញ្ញាណ ព្រោះ​​រលត់​ស្ងប់​រម្ងាប់​​វេទនា​ទាំងឡាយ យ៉ាងនេះ បានជាតថាគត ដឹងនូវ​មគ្គជា​គ្រឿង​រួច​ចាកកិលេស នូវ​ផល​ជា​គ្រឿង​​ផុត​ចាក​កិលេស និង​ព្រះនិព្វាន ជាទីស្ងាត់ចាកកិលេស របស់​សត្វ​ទាំង​ឡាយ។

ឧបនេយ្យសូត្រ ទី៣

[៧] លុះទេវតានោះ ឈរក្នុងទីដ៏សមគួរហើយ ក៏ពោល​គាថានេះ ក្នុង​សំណាក់​នៃ​ព្រះមានព្រះភាគ​ថា

ជីវិត គឺអាយុ (របស់សត្វទាំងឡាយ) តិចតួចពេកណាស់ ដ្បិត​ជរា តែង​នាំចូល​ទៅរក (សេចក្តីស្លាប់) កាលបើសត្វ ដែលត្រូវជរានាំចូលទៅជិត (សេចក្តីស្លាប់) ហើយ នឹង​រក​អ្វី​ជ្រក​កោន​ពុំ​មាន​ឡើយ កាលបើបុគ្គល បានសំឡឹងឃើញ​ភ័យ​នុ៎ះ ក្នុងសេចក្តីស្លាប់ហើយ គួរតែ​ធ្វើ​បុណ្យ​ទាំងឡាយ ដែលជា​គុណជាតនាំ​សុខ​មកឲ្យ។

[៨] ព្រះមានព្រះភាគត្រាស់ថា ជីវិត គឺអាយុ (របស់សត្វទាំងឡាយ) តិចតួច​ពេក​ណាស់ ដ្បិត​ជរា តែង​នាំចូល​ទៅរក (សេចក្តីស្លាប់) កាលបើសត្វ ដែលត្រូវជរានាំចូលទៅជិត (សេចក្តីស្លាប់) ហើយ នឹង​រក​អ្វី​​ជ្រក​កោន ពុំ​មាន​​ឡើយ កាលបើបុគ្គលសំឡឹងឃើញ​ភ័យ​នុ៎ះ ក្នុង​សេចក្តី​ស្លាប់​ហើយ ជា​អ្នក​​ប្រាថ្នា​​សេចក្តី​ស្ងប់ ត្រូវ​តែ​លះបង់​អាមិសៈ​ក្នុង​លោក​ចេញ។

អច្ចេនិ្តសូត្រ ទី៤

[៩] ទេវតានោះ ឈរក្នុងទីដ៏សមគួរហើយ បានពោលគាថានេះ ក្នុងសំណាក់​នៃ​ព្រះមានព្រះភាគ​​ថា

កាលទាំងឡាយ តែងកន្លងផុតទៅ រាត្រីទាំងឡាយ តែង​ឆ្លងហួសទៅ ជំនាន់​​នៃ​វ័យ​ទាំង​ឡាយ តែង​លះបង់​នូវលំដាប់ កាលបើបុគ្គលបានសំឡឹងឃើញ​ភ័យនុ៎ះ ក្នុង​សេចក្តី​ស្លាប់​ហើយ គួរតែ​ធ្វើ​បុណ្យ​ទាំងឡាយ ដែល​ជា​គុណជាត​​នាំ​សុខ​មក​ឲ្យ។

[១០] ព្រះមានព្រះភាគត្រាស់ថា កាលទាំងឡាយ តែងកន្លងផុតទៅ រាត្រីទាំងឡាយ តែង​ឆ្លងហួសទៅ ជំនាន់​នៃវ័យទាំងឡាយ តែងលះបង់​នូវលំដាប់ កាល​បើ​បុគ្គល​បាន​សំឡឹង​ឃើញ​​ភ័យនុ៎ះ ក្នុងសេចក្តីស្លាប់ហើយ ជាអ្នកសំឡឹង​យក​សេចក្តី​ស្ងប់ គួរ​តែ​លះបង់​អាមិសៈ​ក្នុង​លោក​ចេញ។

កតិច្ឆិន្ទិសូត្រ ទី៥

[១១] លុះទេវតានោះ ឈរក្នុងទីដ៏សមគួរហើយ ទើបពោល​គាថា សួរ​ព្រះមានព្រះភាគថា

ជនត្រូវកាត់បង់ធម៌ប៉ុន្មាន ត្រូវលះបង់ធម៌ប៉ុន្មាន ត្រូវអប់រំធម៌ប៉ុន្មានតទៅ ភិក្ខុកន្លងបង់​នូវ​ធម៌ ជាគ្រឿងចំពាក់ប៉ុន្មាន ទើបហៅថា អ្នកឆ្លងឱឃៈបាន។

[១២] ព្រះមានព្រះភាគ ត្រាស់តបថា ជនត្រូវកាត់សំយោជនៈ ជាចំណែក​ខាង​ក្រោម ៥ ត្រូវ​លះបង់​​សំយោជនៈ ជា​ចំណែក​ខាងលើ ៥ ត្រូវអប់រំ​នូវ​ឥន្ទ្រិយ​ទាំង ៥ តទៅ ភិក្ខុ​កន្លង​បង់​នូវ​សង្គៈ គឺធម៌ជាគ្រឿង​ចំពាក់ [សំដៅយក រាគៈ ទោសៈ មោហៈ មានះ ទិដ្ឋិ។] ទាំង ៥យ៉ាង ទើប​ហៅ​ថា អ្នក​ឆ្លងអន្លង់បាន។

ជាគរសូត្រ ទី៦

[១៣] លុះទេវតានោះឈរក្នុងទីដ៏សមគួរហើយ ទើបពោលគាថានេះ ក្នុង​សំណាក់​នៃ​ព្រះមានព្រះភាគថា

ធម៌ជាគ្រឿងលក់របស់ពួកបុគ្គលដែលកំពុងភ្ញាក់ មានប៉ុន្មាន ធម៌​ជា​គ្រឿង​​ភ្ញាក់ ក្នុង​ពួក​បុគ្គល​ដែល​លក់ មានប៉ុន្មាន បុគ្គលប្រឡាក់ធូលី គឺ​កិលេស ព្រោះ​​ធម៌​ប៉ុន្មាន បុគ្គល​ស្អាត​បាន ព្រោះ​ធម៌​ប៉ុន្មាន។

[១៤] ព្រះមានព្រះភាគត្រាស់តបថា នីវរណៈ ទាំង៥ ជាគ្រឿង​លក់របស់ពួក​បុគ្គល ដែលកំពុងភ្ញាក់ ឥន្ទ្រិយទាំង៥ ជាគ្រឿងភ្ញាក់ក្នុងពួកបុគ្គលដែលលក់ បុគ្គល​តែង​ប្រឡាក់ធូលី ព្រោះនីវរណធម៌៥ តែងស្អាត ព្រោះឥន្ទ្រិយ៥។

អប្បដិវិទិតសូត្រ ទី៧

[១៥] លុះទេវតានោះ ឈរក្នុងទីដ៏សមគួរហើយ ទើបពោលគាថានេះ ក្នុង​សំណាក់​នៃ​ព្រះមានព្រះភាគ​ថា

ពួកជនណា មិនទាន់យល់ធម៌ច្បាស់ទេ ពួកជននោះ តែងជឿក្នុង​លទ្ធិ​​ជា​ខាង​​ក្រៅ ទុក​ជា​កាល​គួរ​ពួក​ជន​ទាំងនោះភ្ញាក់រឭក ពួកជននោះ ក៏នៅតែលក់ មិនភ្ញាក់រឭកសោះ។

[១៦] ព្រះមានព្រះភាគត្រាស់ថា ពួកជនណា បានយល់ធម៌ច្បាស់លាស់ល្អ ពួកជននោះ មិនជឿក្នុងលទ្ធិ​ជាខាង​ក្រៅទេ ពួកជននោះ ឈ្មោះថាភ្ញាក់ខ្លួន​ឯង ឈ្មោះថា បាន​ត្រាស់​ដឹង​តាម​ហេតុ រមែងប្រព្រឹត្តធម៌ស្មើ ក្នុងលោកសន្និវាស ដែលមិនស្មើ។

សុសម្មុដ្ឋសូត្រ ទី៨

[១៧] លុះទេវតានោះ ឈរក្នុងទីដ៏សមគួរហើយ បានពោលគាថានេះ ក្នុង​សំណាក់​នៃ​ព្រះមានព្រះភាគ​ថា

ពួកជនណា ភាន់ច្រឡំធម៌ ពួកជននោះ តែងជឿក្នុងលទ្ធិ​​ជា​ខាង​​ក្រៅ ទុក​ជាកាល​គួរ​ពួក​ជន​នោះ​ភ្ញាក់រឭក ពួកជននោះ ក៏នៅតែលក់ មិនភ្ញាក់​រឭក​សោះ។

[១៨] ពួកជនណា មិនភាន់ច្រឡំធម៌ ពួកជននោះ មិនជឿក្នុងលទ្ធិ​ជាខាង​ក្រៅទេ ពួក​ជន​នោះ ឈ្មោះ​ថា​ភ្ញាក់ខ្លួន​ឯង ឈ្មោះថា បាន​ត្រាស់​ដឹង​តាម​ហេតុ រមែង​ប្រព្រឹត្ត​ធម៌​ស្មើ ក្នុង​លោកសន្និវាស ដែលមិនស្មើ។

មានកាមសូត្រ ទី៩

[១៩] លុះទេវតានោះ ឈរក្នុងទីដ៏សមគួរហើយ បានពោលគាថានេះ ក្នុង​សំណាក់​នៃ​ព្រះមានព្រះភាគ​ថា

ក្នុងលោកនេះ អ្នកប្រាថ្នាមានះ ប្រដៅចិត្តមិនបាន អ្នកមានចិត្ត​មិនតាំងមាំ ឈ្មោះថា មិន​មាន​ញាណ​ជាគ្រឿងដឹង អ្នកនៅក្នុងព្រៃតែម្នាក់ឯង ប្រហែស​​ធ្វេស ក៏​មិន​គប្បី​ឆ្លង​ត្រើយ​នៃវដ្តៈ ដែល​ជា​ចំណងនៃមច្ចុបានឡើយ។

[២០] ព្រះមានព្រះភាគត្រាស់ថា បុគ្គលលះមានះបាន តាំងចិត្តប្រពៃ ដោយ​​ឧបចារ​សមាធិ មាន​ចិត្ត​ផូរផង់ រួចស្រឡះចាកធម៌ ជា​គ្រឿង​សៅហ្មង​គ្រប់​​យ៉ាង នៅក្នុង​ព្រៃ​តែ​ម្នាក់ឯង មិន​បាន​ប្រហែស​ធ្វេស បុគ្គលនោះ គប្បីឆ្លង​ត្រើយ នៃវដ្តៈ ដែល​ជា​ចំណង​នៃមច្ចុបាន។

អរញ្ញសូត្រ ទី១០

[២១] លុះទេវតានោះ ឈរក្នុងទីដ៏សមគួរហើយ ទើបពោលគាថាសួរ​​ព្រះមានព្រះភាគ​ថា

ពួកភិក្ខុជាព្រហ្មចារី នៅក្នុងព្រៃ មានចិត្តស្ងប់រម្ងាប់ ឆាន់​អាហារ​តែម្តង ហេតុអ្វី​បាន​ជា​ពណ៌​សម្បុរកាយ នៅតែផូរផង់បាន។

[២២] ព្រះមានព្រះភាគត្រាស់តបថា ពួកភិក្ខុនោះ មិនសោកស្តាយរបស់ ដែល​កន្លង​ទៅ​ហើយ ទាំង​មិនប្រាថ្នារបស់ដែលមិនទាន់មកដល់ គ្រាន់តែ​ចិញ្ចឹមជីវិត ដោយ​របស់​ជា​បច្ចុប្បន្ន ហេតុ​នោះ បាន​ជា​ពណ៌​សម្បុរកាយ នៅ​តែផូរផង់បាន ពួក​ជន​ពាល តែង​ស្រពោន​ស្រពាប់ ដោយហេតុទាំងពីរ​នោះ ព្រោះ​​សេចក្តី​ប្រាថ្នា​នូវ​របស់​ដែល​មិនទាន់​មកដល់ និងសេចក្តី​​អាឡោះ​អាឡ័យ ចំពោះ​របស់​ដែល​កន្លង​ទៅ​ហើយ ដូច​ដើមបបុះ​ខៀវស្រស់ ដែល​ត្រូវ​គេ​ច្រូតចោល។

ចប់ នឡវគ្គ ទី១។

ឧទ្ទាននៃ​នឡវគ្គ​នោះគឺ

ឱឃតរណសូត្រ ១ និមោក្ខសូត្រ ១ ឧបនេយ្យសូត្រ ១ អច្ចេន្តិសូត្រ ១ កតិច្ឆិន្ទិសូត្រ ១ ជាគរសូត្រ ១ អប្បដិវិទិតសូត្រ ១ សុសម្មុដ្ឋសូត្រ ១ មានកាមសូត្រ ១ ជាគំរប់ ១០ នឹងអរញ្ញសូត្រ ១ ព្រះមានព្រះភាគ ទ្រង់សំដែងហើយ លោកចាត់ថា ​១វគ្គ ដោយហេតុនោះ។

នន្ទនវគ្គ ទី២

នន្ទនសូត្រ ទី១

[២៣] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្ត​ជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ ក្នុងទីនោះឯង ព្រះមានព្រះភាគ ត្រាស់​ហៅ​ភិក្ខុ​ទាំង​ឡាយ​ថា ម្នាលភិក្ខុ​ទាំងឡាយ។ ភិក្ខុទាំងនោះ បានទទួល​ព្រះពុទ្ធ​ដីកា របស់ព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ។

[២៤] ព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ ពី​ព្រេង​នាយ​មក មាន​ទេវតា​មួយអង្គ ជាពួកទេវតាជាន់តាវត្តិង្ស មានពួកស្រីអប្សរ​ចោមរោម ឆ្អែត​ស្កប់ស្កល់ មូលមិត្ត បម្រើ​ដោយកាមគុណ ទាំង៥ ដ៏ជាទិព្វ ក្នុងនន្ទនវនឱទ្យាន បាន​ពោល​គាថា​នេះ ក្នុង​វេលា​នោះថា

ពួកជនណា មិនបានឃើញនន្ទនវនឱទ្យាន ដែលជាទីនៅ របស់ពួក​នរទេវតា នៅ​ក្នុង​ឋាន​ត្រៃត្រិង្ស មាន​យសស័ក្តិ ពួកជននោះ ឈ្មោះថា មិនស្គាល់ច្បាស់​នូវសេចក្តីសុខទេ។

[២៥] ម្នាលភិក្ខុទាំងឡាយ លុះទេវតានោះ ពោលយ៉ាងនេះហើយ មាន​ទេវតា​​មួយ​អង្គទៀត (ជា​អរិយសាវិកា) ពោលគាថាតប នឹងទេវតានោះវិញថា

ម្នាលទេវតាពាល អ្នកឯងមិនបានដឹងច្បាស់ នូវពាក្យរបស់​ព្រះអរហន្ត​ទាំងឡាយ​ថា សង្ខារទាំងពួងមិនទៀងទេ មានកិរិយាកើតឡើង និងកិរិយា​រលត់​ទៅវិញជាធម្មតា កើតឡើងហើយ តែងរលត់ទៅវិញ លុះតែរម្ងាប់នូវសង្ខារទាំងនោះបាន ទើបនាំមកនូវសេចក្តីសុខ។

នន្ទិសូត្រ ទី២

[២៦] លុះទេវតានោះ ឈរក្នុងទីដ៏សមគួរហើយ ទើបពោល​គាថានេះ ក្នុង​សំណាក់​នៃ​ព្រះមានព្រះភាគ​ថា

អ្នកមានកូន រមែងត្រេកអរនឹងកូនទាំងឡាយ អ្នកមានគោ រមែង​ត្រេកអរ នឹង​គោ​ទាំង​ឡាយ ដូច្នោះ​ដែរ ឧបធិ [ឧបធិ មាន ៤យ៉ាងគឺ កាមូបធិ ១ ខន្ធូបធិ ១ កិលេសូបធិ ១ អភិសង្ខារូបធិ ១ តែក្នុងទីនេះ លោកសំដៅយកកាមូបធិ គឺទេវតា​នោះ សំដៅ​យក​អ្នក​ខ្សត់​សម្បត្តិ​កាមគុណ រមែង​​រក​អ្វីត្រេកអរនឹងគេគ្មានទេ។] ទាំងឡាយ ជា​គ្រឿង​ត្រេកអរ​របស់​ជន អ្នកណា​មិន​មាន​ឧបធិ អ្នកនោះ មិនមានអ្វីត្រេកអរ (នឹងគេបាន)។

[២៧] ព្រះអង្គត្រាស់ថា អ្នកមានកូន រមែងសោកសៅនឹងកូនទាំងឡាយ អ្នក​​មាន​គោ ក៏​សោក​សៅ​នឹង​គោ​ទាំងឡាយ ដូច្នោះដែរ ដ្បិតឧបធិទាំងឡាយ ជាគ្រឿង​​សោក​សៅ​របស់​ជន លុះ​តែអ្នកណា មិនមានឧបធិ ទើបអ្នកនោះ មិនសោកសៅ។

នត្ថិបុត្តសមសូត្រ ទី៣

[២៨] លុះទេវតានោះ ឈរក្នុងទីដ៏សមគួរហើយ ទើបពោលគាថានេះ ក្នុង​សំណាក់​នៃ​ព្រះមានព្រះភាគ​ថា

សេចក្តីស្រឡាញ់ស្មើនឹងកូន មិនមាន ទ្រព្យស្មើនឹងគោ មិនមាន ពន្លឺស្មើ​នឹង​​ព្រះអាទិត្យ​មិន​មាន ស្រះ​ទាំងឡាយ ប្រសើរជាងសមុទ្រ។

[២៩] ព្រះអង្គត្រាស់ថា សេចក្តីស្រឡាញ់ស្មើនឹងខ្លួន មិនមាន ទ្រព្យស្មើនឹង​ស្រូវ មិន​មាន ពន្លឺ​ស្មើ​នឹង​ប្រាជ្ញា មិនមាន ទឹកភ្លៀងហ្នឹងឯង ទុកជាស្រះប្រសើរ​ជាង។

ខត្តិយសូត្រ ទី៤

[៣០] លុះទេវតានោះ ឈរក្នុងទីដ៏សមគួរហើយ ទើបពោលគាថានេះ ក្នុង​សំណាក់​នៃ​ព្រះមានព្រះភាគ​ថា

ក្សត្រិយ៍ប្រសើរជាងពួកសត្វជើង២ គោ ប្រសើរជាងពួកសត្វជើង ៤ ប្រពន្ធក្មេង ប្រសើរ​ជាង​ប្រពន្ធ​ទាំងឡាយ កូនច្បងប្រសើរជាងកូនទាំងឡាយ។

[៣១] ព្រះអង្គត្រាស់ថា ព្រះសម្ពុទ្ធប្រសើរជាងពួកសត្វជើង២ អាជានេយ្យ [អដ្ឋកថា ដំរីក្តី សេះក្តី គោក្តី ដែលចេះដឹង យល់ហេតុឆាប់បាន ហៅថា អាជានេយ្យ។] ប្រសើរ​ជាង​ពួកសត្វ​ជើង ៤ ប្រពន្ធស្តាប់បង្គាប់ ប្រសើរ​ជាង​ប្រពន្ធ​ទាំងឡាយ កូន​ដែល​ស្តាប់​ឱវាទ ប្រសើរ​ជាងកូន​ទាំងឡាយ។

សកមានសូត្រ ទី៥

[៣២] ទេវតាទូលថា ក្នុងកាលកំពុងថ្ងៃត្រង់ ហ្វូងសត្វបក្សីទំសម្រាក ព្រៃ​ធំ​ហាក់​ដូច​ជា​ឮ​សូរ​រំពង​ខ្លាំង សូរសន្ធឹកនោះឯង ជាភ័យប្រាកដជាក់ស្តែង ដល់ខ្ញុំ​ព្រះអង្គ។

[៣៣] ព្រះអង្គត្រាស់ថា ក្នុងកាលកំពុងថ្ងៃត្រង់ ហ្វូងបក្សីទំសម្រាក ព្រៃ​ធំ​ហាក់​ដូច​ជា​ឮ​សូរ​រំពង​ខ្លាំង ការអង្គុយម្នាក់ឯងនោះ ជាសេចក្តីត្រេកអរប្រាកដ ដល់​តថាគត។

និទ្ទាតន្ទិសូត្រ ទី៦

[៣៤] ទេវតាទូលថា ការល្មោភលក់ សេចក្តីខ្ជិលច្រអូស ការមឹតពត់កាយ សេចក្តី​​មិន​រីករាយ សេចក្តី​ស្រវឹងអាហារ ព្រោះទោសទាំងនេះ បាន​ជា​អរិយមគ្គ មិន​ជាក់ច្បាស់ ដល់​ពួក​សត្វ​ក្នុង​លោក​នេះឡើយ។

[៣៥] ព្រះអង្គត្រាស់ថា លុះតែលះបង់ការល្មោភលក់ សេចក្តីខ្ជិលច្រអូស ការ​មឹតពត់​កាយ សេចក្តី​​មិនរីករាយ និងសេចក្តីស្រវឹងក្នុងអាហារនោះ ដោយ​សេចក្តី​ព្យាយាម​បាន​ហើយ ទើប​អរិយមគ្គ ស្អាតបាន។

ទុក្ករសូត្រ ទី៧

[៣៦] ទេវតាទូលថា សមណធម៌ ជាធម៌ដែលបុគ្គលពាលធ្វើបាន​ដោយ​ក្រ​ផង អត់ទ្រាំ​បាន​ដោយ​ក្រ​ផង ព្រោះថាបុគ្គលពាល រមែងលិចចុះ ក្នុង​សមណធម៌​ណា សេចក្តី​ចង្អៀត​ចង្អល់​ជា​ច្រើន (រមែងមាន) ក្នុងសមណធម៌នោះ។

[៣៧] ព្រះអង្គត្រាស់ថា បើបុគ្គលឃាត់ចិត្តមិនបានទេ តើគួរប្រព្រឹត្តសមណ​ធម៌​បាន​ប៉ុន្មាន​ថ្ងៃ ព្រោះថា បុគ្គល អ្នកលុះក្នុងអំណាចសង្កប្បៈទាំងឡាយ រមែង​លិច​ចុះ​គ្រប់ៗ​អារម្មណ៍ ភិក្ខុ កាល​រីករាយ​ក្នុងសេចក្តីត្រិះរិះ ដែលកើតឡើង​ក្នុង​ចិត្ត ដូចអណ្តើក កាលរីករាយ​នឹង​អវយវៈ​ទាំងឡាយ ក្នុងស្នូករបស់ខ្លួន ជាបុគ្គល​មិនបានអាស្រ័យ មិនបៀតបៀនអ្នកដទៃ ដោយតណ្ហា និងទិដ្ឋិ ជាអ្នករំលត់កិលេស មិន​បាន​ពោល​តិះដៀល​បុគ្គល​ណា​មួយឡើយ។

ហិរិសូត្រ ទី៨

[៣៨] ទេវតាទូលថា បុរសដែលបន្ទោបង់អំពើអាក្រក់ ដោយសេចក្តីអៀនខ្មាស​បាន សឹងមានតិចក្នុងលោក អ្នកដែលបន្ទោបង់ការ​ល្មោភ​លក់ ហើយភ្ញាក់រឭកបាន ដូចជាសេះល្អ (ដែលតក់ស្លុត) ដោយរំពាត់ ក៏មានតិច​ក្នុងលោកដែរ។

[៣៩] ព្រះអង្គត្រាស់ថា ពួកជនដែលមានស្មារតីរាល់វេលា ប្រព្រឹត្តទៅ ដើម្បី​ការពារ​អំពើអាក្រក់ ដោយសេចក្តីអៀនខ្មាស សឹងមានស្តួចស្តើង លុះតែពួកជន ដែល​ដល់នូវទីបំផុតទុក្ខ ទើបប្រព្រឹត្តធម៌ស្មើក្នុងលោកសន្និវាសដែលមិនស្មើ​បាន។

កុដិកាសូត្រ ទី៩

[៤០] ទេវតាទូលសួរថា ខ្ទមរបស់ព្រះអង្គ មិនមានទេឬ សំបុករបស់ព្រះអង្គ មិនមានទេឬ តំណវង្សរបស់ព្រះអង្គ មិនមានទេឬ ព្រះអង្គរួចចាកចំណងហើយឬ។

[៤១] ព្រះអង្គត្រាស់ថា អើខ្ទមរបស់តថាគត គ្មានសោះទេ អើសំបុកក៏គ្មាន​សោះ​ទេ អើតំណវង្សក៏គ្មានសោះដែរ អើតថាគតរួចចាកចំណងជាប្រាកដហើយ។

[៤២] ទេវតាទូលសួរថា ចុះខ្ញុំពោលសំដៅអ្វីថាជាខ្ទម របស់ព្រះអង្គ ខ្ញុំ​ពោល​សំដៅ​អ្វី​ថា​ជា​សំបុក របស់ព្រះអង្គ ខ្ញុំពោលសំដៅអ្វី ថាជាតំណវង្សរបស់​ព្រះអង្គ ខ្ញុំពោលសំដៅអ្វី ថា​ជា​ចំណង របស់ព្រះអង្គ។

[៤៣] ព្រះអង្គត្រាស់តបថា អ្នកពោលសំដៅមាតា ទុកជាខ្ទម អ្នកពោលសំដៅ​​ភរិយា ទុក​ជា​សំបុក អ្នកពោលសំដៅពួកបុត្រ ទុកជាតំណវង្ស អ្នក​ពោល​សំដៅ​តណ្ហា ទុក​ជា​ចំណង របស់​តថាគត។

[៤៤] ទេវតាទូលថា ព្រះអង្គគ្មានខ្ទមមែនហើយ គ្មានសំបុកមែនហើយ គ្មាន​តំណ​វង្ស​មែន​ហើយ ព្រះអង្គរួចចាកចំណងពិតមែនហើយ។

សមិទ្ធិសូត្រ ទី១០

[៤៥] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ គង់នៅក្នុង​តបោទារាម ទៀប​ក្រុងរាជគ្រឹះ។ គ្រានោះឯង ព្រះសមិទ្ធិមានអាយុ ក្រោកឡើងក្នុង​​បច្ចូស​សម័យ​នៃ​រាត្រី ចូលទៅឯស្ទឹងតបោទា ដើម្បីស្រោចស្រប់ខ្លួន លុះស្រោចស្រប់​ខ្លួន ក្នុង​អន្លង់​ដែល​មាន​ទឹកក្តៅ​រួចហើយ ឡើងមក មានតែចីវរ១ ឈរ​សំដិលខ្លួន។

[៤៦] លុះរាត្រីបឋមយាមកន្លងហើយ កាលនោះ ទេវតា១អង្គ មានរស្មីដ៏រុង​រឿង ញុំាងស្ទឹងតបោទាទាំងមូល ឲ្យរុងរឿង ហើយចូលទៅរកព្រះសមិទ្ធិមានអាយុ លុះចូលទៅដល់ហើយ ក៏ឋិតនៅនាអាកាស ពោលគាថា នឹងព្រះសមិទ្ធិមានអាយុ​ថា

នែភិក្ខុ លោកមិននៅបរិភោគ (កាមគុណ) មកដើរបិណ្ឌបាត ម្តេចក៏លោក​មិន​បរិភោគ ហើយសឹមត្រាច់បិណ្ឌបាត នែភិក្ខុ ចូរលោកបរិភោគកាម ហើយសឹម​ត្រាច់បិណ្ឌបាតចុះ កុំឲ្យកាល (នៅក្មេង) កន្លងហួសលោកឡើយ។

[៤៧] អាត្មាមិនដឹងកាល (ដែលត្រូវស្លាប់) ទេ ព្រោះកាល(ត្រូវស្លាប់) កំបាំងជិត​មិនប្រាកដសោះ ហេតុនោះ បានជាអាត្មា មិននៅបរិភោគកាម មកត្រាច់​បិណ្ឌបាត កុំឲ្យកាល (ធ្វើសមណធម៌) កន្លងហួសអាត្មាឡើយ។

[៤៨] គ្រានោះឯង ទេវតាអង្គនោះ ត្រឡប់មកឈរលើប្រឹថពីវិញ ហើយនិយាយនឹង​ព្រះសមិទ្ធិ​មានអាយុ យ៉ាងនេះថា នែភិក្ខុ លោកនៅកម្លោះ មកបួស​ទាំងនៅក្មេង កំពុង​មាន​សក់​ខ្មៅស្រិល ទើបតែពេញវ័យ កំពុងចម្រើន គឺ​បឋមវ័យ មិន​​ទាន់​​បាន​​លេង​​ក្នុង​កាម​ទាំងឡាយឡើយ នែភិក្ខុ ចូរលោកបរិភោគកាម ជារបស់មនុស្សវិញ លោក​កុំ​លះបង់​នូវ​សន្ទិដ្ឋិកកាម [សន្ទិដ្ឋិកកាម សំដៅ​យកកាមរបស់​មនុស្ស។] ហើយស្ទុះទៅរកកាលិកកាម [កាលិកកាម សំដៅយក​កាមរបស់ទេវតា។] ឡើយ។

[៤៩] ម្នាលអាវុសោ អាត្មាលះបង់សន្ទិដ្ឋិកកាមហើយ មិនមែនស្ទុះទៅរក​កាលិកកាមទេ ម្នាលអាវុសោ តែអាត្មាលះបង់កាលិកកាម [១.២សំដៅយកកាមរបស់មនុស្ស និងទេវតា] ហើយប្រាថ្នាយក​សន្ទិដ្ឋិកលោកុត្តរធម៌​វិញ ម្នាលអាវុសោ ព្រោះថា កាលិកកាម [២] ទាំងឡាយ ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយថា មានទុក្ខច្រើន មានសេចក្តី​ចង្អៀត​ចង្អល់​ច្រើន ទោសក្នុងកាលិកកាមនុ៎ះ ខ្លាំងពន់ពេក ធម៌នេះ ជាសន្ទិដ្ឋិកៈ ជា​អកាលិកៈ ជាឯហិបស្សិកៈ ជាឱបនយិកៈ ជាបច្ចត្តវេទិតព្វធម៌។

[៥០] នែភិក្ខុ ចុះកាលិកកាមទាំងឡាយ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា មាន​ទុក្ខច្រើន មានសេចក្តី​ចង្អៀតចង្អល់ច្រើន ទោសក្នុងកាលិកកាមនុ៎ះ ខ្លាំងពន់ពេក តើដូចម្តេច ធម៌នេះ ជាសន្ទិដ្ឋិកៈ ជា​អកាលិកៈ ជាឯហិបស្សិកៈ ជាឱបនយិកៈ ជាបច្ចត្តវេទិតព្វធម៌ តើដូចម្តេច។

[៥១] ម្នាលអាវុសោ អាត្មាជាភិក្ខុថ្មី បួសមិនទាន់បានយូរប៉ុន្មាន ទើបតែ​មកកាន់​ធម្ម​វិន័យ​នេះថ្មីៗ អាត្មាមិនអាចនឹងប្រាប់អ្នក ដោយពិស្តារបានទេ ព្រះមានព្រះភាគ ​អង្គនោះ ជា​ព្រះអរហន្ត សម្មា​សម្ពុទ្ធ ទ្រង់គង់នៅក្នុង​តបោទារាម ទៀបក្រុងរាជគ្រឹះ ចូរអ្នក​ចូលទៅ​គាល់​ព្រះមានព្រះភាគ អង្គនោះ ហើយទូលសួរ​សេចក្តីនុ៎ះចុះ ព្រះមានព្រះភាគ ទ្រង់​ដោះ​ស្រាយ ដល់​អ្នក​យ៉ាងណា ត្រូវអ្នកចាំ​សេចក្តីនោះ យ៉ាងនោះចុះ។ ទេវតានោះតបថា នែភិក្ខុ ព្រះមានព្រះភាគ​អង្គ​នោះ យើង​មិនងាយនឹងចូល​ទៅ​គាល់​បាន​ទេ ដ្បិត​មាន​ពួក​ទេវតា​ដទៃ ដែល​មាន​ស័ក្តិធំ ចោម​រោម​ជុំវិញ​ព្រះអង្គ នែភិក្ខុ ប្រសិន​បើ​លោក​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​​​​អង្គនោះ ហើយសួរសេចក្តីនុ៎ះផង ឯខ្ញុំព្រះករុណា ក៏​មក​ដើម្បី​ស្តាប់​ធម៌ដែរ។ ព្រះ​សមិទ្ធិ​មាន​អាយុ ក៏ទទួល​ពាក្យរបស់ទេវតានោះថា ចម្រើនពរ អាវុសោ ហើយចូល​ទៅ​គាល់​ព្រះមានព្រះភាគ លុះចូល​ទៅ​ដល់ ថ្វាយ​បង្គំ​ព្រះមានព្រះភាគ ហើយ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ។

[៥២] លុះព្រះសមិទ្ធិមានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ ទើបក្រាបបង្គំទូល​ព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ក្នុងថ្ងៃនេះ ខ្ញុំព្រះអង្គបាន​ក្រោក​ឡើង ក្នុង​បច្ចូសសម័យនៃរាត្រី ហើយក៏ចូលទៅកាន់ស្ទឹងតបោទា ដើម្បីស្រោច​ស្រប់ខ្លួន លុះស្រោចស្រប់​ខ្លួន ក្នុងស្ទឹងតបោទារួចហើយ ឡើងមកវិញ មានតែចីវរ​មួយ ឈរ​សំដិលខ្លួន បពិត្រព្រះអង្គដ៏ចំរើន នាកាល​រាត្រីបឋមយាម កន្លងហើយ ស្រាប់​តែ​ទេវតា​មួយអង្គ មានរស្មីរុង​រឿង ញុំាងស្ទឹងតបោទាទាំងមូល ឲ្យភ្លឺស្វាង​រុងរឿង ចូល​មក​រក​ខ្ញុំព្រះអង្គ លុះ​ចូល​មក​ដល់ហើយ ក៏ឋិតនៅនាអាកាស ពោលគាថានេះថា

នែភិក្ខុ លោកមិននៅបរិភោគ (កាមគុណ) មកដើរបិណ្ឌបាត ម្តេចក៏លោក​​មិន​​បរិភោគ ហើយ​សឹម​ត្រាច់​បិណ្ឌបាត នែភិក្ខុ ចូរលោកបរិភោគ ហើយ​សឹម​​ត្រាច់​បិណ្ឌបាត​ចុះ កុំឲ្យកាល (នៅក្មេង) កន្លងហួសលោកឡើយ។

បពិត្រព្រះអង្គដ៏ចំរើន កាលទេវតានោះ និយាយយ៉ាងនេះហើយ ខ្ញុំ​ព្រះអង្គ​បាន​និយាយ​តបនឹង​ទេវតានោះ ដោយគាថា ដូច្នេះថា

អាត្មាមិនដឹងកាល (ដែលត្រូវស្លាប់) ទេ ព្រោះកាល (ត្រូវស្លាប់) កំបាំង​ជិត​​មិន​ប្រាកដ​សោះ ហេតុនោះ បានជាអាត្មា មិននៅបរិភោគ មកត្រាច់​​បិណ្ឌបាត កុំឲ្យ​កាល (ធ្វើ​សមណធម៌) កន្លងហួសអាត្មាឡើយ។

បពិត្រព្រះអង្គដ៏ចំរើន គ្រានោះឯង ទេវតានោះ ត្រឡប់មកឈរលើប្រឹថពីវិញ ហើយ​និយាយ​នឹង​ខ្ញុំ​ព្រះអង្គ យ៉ាងនេះថា នែភិក្ខុ លោកនៅកម្លោះ មកបួស​ទាំងនៅ​ក្មេង កំពុងមាន​សក់​ខ្មៅស្រិល ទើបតែពេញវ័យ កំពុងចម្រើន គឺ​បឋមវ័យ មិនទាន់​បាន​លេងក្នុង​កាម​ទាំងឡាយឡើយ នែភិក្ខុ ចូរលោកបរិភោគកាម ជារបស់​មនុស្ស​វិញ លោកកុំលះបង់ នូវសន្ទិដ្ឋិកកាម ហើយស្ទុះទៅរកកាលិកកាមឡើយ។ បពិត្រព្រះអង្គដ៏ចំរើន កាលបើទេវតានោះ និយាយយ៉ាងនេះហើយ ខ្ញុំ​ព្រះអង្គ ក៏បាននិយាយ​នឹងទេវតានោះ យ៉ាងនេះថា ម្នាលអាវុសោ អាត្មាលះបង់​សន្ទិដ្ឋិកកាម​ហើយ មិនមែនស្ទុះទៅរក​កាលិកកាមវិញទេ ម្នាលអាវុសោ តែអាត្មាលះបង់​កាលិកកាម ប្រាថ្នា​យក​សន្ទិដ្ឋិក​លោកុត្តរ​ធម៌​វិញ ម្នាលអាវុសោ ព្រោះថា កាលិកកាមទាំងឡាយ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា មានទុក្ខច្រើន មានសេចក្តី​ចង្អៀតចង្អល់ច្រើន ទោសក្នុងកាលិកកាមនុ៎ះ ខ្លាំងពន់ពេក ធម៌នេះ ជាសន្ទិដ្ឋិកៈ ជា​អកាលិកៈ ជាឯហិបស្សិកៈ ជាឱបនយិកៈ ជាបច្ចត្តវេទិតព្វធម៌។ បពិត្រព្រះអង្គដ៏ចំរើន កាលបើខ្ញុំព្រះអង្គ និយាយយ៉ាងនេះហើយ ទេវតានោះ ក៏​និយាយនឹងខ្ញុំព្រះអង្គ យ៉ាងនេះថា នែភិក្ខុ ចុះកាលិកកាមទាំងឡាយ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា មាន​ទុក្ខច្រើន មានសេចក្តី​ចង្អៀតចង្អល់ច្រើន ទោសក្នុងកាលិកកាមនុ៎ះ ខ្លាំងពន់ពេក តើដូចម្តេច ធម៌នេះ ជាសន្ទិដ្ឋិកៈ ជា​អកាលិកៈ ជាឯហិបស្សិកៈ ជាឱបនយិកៈ ជាបច្ចត្តវេទិតព្វធម៌ តើដូចម្តេច។ បពិត្រព្រះអង្គដ៏ចំរើន កាលបើទេវតានិយាយយ៉ាងនេះហើយ ខ្ញុំព្រះអង្គ ក៏​បាន​ពោលនឹងទេវតានោះ យ៉ាងនេះថា ម្នាលអាវុសោ អាត្មាជាភិក្ខុថ្មី បួសមិនទាន់បាន​យូរ​ប៉ុន្មាន ទើបតែ​មកកាន់​ធម្មវិន័យនេះថ្មីៗ អាត្មា មិនអាចនឹងសំដែងប្រាប់អ្នក ដោយ​​ពិស្តារ​បាន​ទេ ព្រះមានព្រះភាគ​ អង្គនោះ ជាព្រះអរហន្ត សម្មាសម្ពុទ្ធ ទ្រង់គង់នៅក្នុង​តបោទារាម ទៀបក្រុងរាជគ្រឹះ ចូរអ្នកទៅគាល់ព្រះមានព្រះភាគ អង្គនោះ ហើយ​សួរ​សេចក្តីនុ៎ះចុះ ព្រះមានព្រះភាគ ទ្រង់ដោះស្រាយដល់​អ្នកយ៉ាងណា អ្នកត្រូវចាំ​សេចក្តីនោះ យ៉ាងនោះចុះ។ បពិត្រព្រះអង្គដ៏ចំរើន កាលបើខ្ញុំព្រះអង្គ​ និយាយ​យ៉ាងនេះហើយ ទេវតានោះ និយាយនឹងខ្ញុំព្រះអង្គ យ៉ាងនេះថា នែភិក្ខុ ព្រះមានព្រះភាគអង្គ​នោះ ខ្ញុំ​មិនងាយនឹងចូលទៅគាល់បានទេ ដ្បិតពួកទេវតាដទៃ ដែលមានស័ក្តិធំ ចោម​រោម​ជុំវិញ​ព្រះអង្គ នែភិក្ខុ ប្រសិនបើលោកចូលទៅគាល់​ព្រះមានព្រះភាគ​ អង្គនោះ ហើយ​សួរ​សេចក្តី​នុ៎ះ​ផង ឯខ្ញុំព្រះករុណា ក៏មកស្តាប់ធម៌ដែរ។ បពិត្រព្រះអង្គដ៏ចំរើន ប្រសិនបើពាក្យ​របស់ទេវតា​នេះ ជាពាក្យពិត ទេវតានោះ ឋិតនៅក្នុងទីនេះ មិនឆ្ងាយប៉ុន្មានទេ។ កាលព្រះ​សមិទ្ធិមានអាយុ និយាយយ៉ាងនេះហើយ ទេវតានោះ ក៏និយាយ​នឹង​ព្រះសមិទ្ធិ​មាន​អាយុ​ថា នែភិក្ខុ ចូរលោកសួរចុះ នែភិក្ខុ ចូរលោកសួរចុះ ខ្ញុំមកដល់ហើយ។

[៥៣] គ្រានោះឯង ព្រះមានព្រះភាគ ទ្រង់ត្រាស់នឹងទេវតានោះ ដោយគាថា ដូច្នេះថា

ពួកសត្វដែលមានសេចក្តីសំគាល់ក្នុងបញ្ចក្ខន្ធ ប្រកាន់ស្អិតក្នុងបញ្ចក្ខន្ធ មិន​កំណត់យល់ច្បាស់ នូវបញ្ចក្ខន្ធ រមែងលុះក្នុងអំណាច នៃសេចក្តីស្លាប់ បុគ្គល​ដែល​កំណត់យល់ច្បាស់ នូវបញ្ចក្ខន្ធហើយ រមែងមិនត្រូវការបុគ្គលអ្នកប្រាប់​ទេ ព្រោះការនោះ មិនមានដល់បុគ្គលនោះឡើយ ហេតុនោះ ជនណាមួយ គប្បីដៀលបុគ្គលនោះ ដោយហេតុណា ហេតុនោះ មិនមានដល់បុគ្គល​នោះទេ ម្នាលទេវតា បើអ្នកដឹងច្បាស់ អ្នកត្រូវនិយាយមកចុះ។

ទេវតានោះតបថា បពិត្រព្រះអង្គដ៏ចំរើន ធម៌ដែលព្រះមានព្រះភាគ ទ្រង់សំដែង​ ដោយសេចក្តីសង្ខេបនេះ ខ្ញុំព្រះអង្គមិនបានដឹងសេចក្តី ដោយ​ពិស្តារ​ទេ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គសូមអង្វរ សូមព្រះមានព្រះភាគ ទ្រង់សំដែងធម៌ ដែល​ព្រះមានព្រះភាគ ទ្រង់ត្រាស់ដោយសេចក្តីសង្ខេបនេះ ឲ្យខ្ញុំព្រះអង្គបានយល់​សេចក្តី​ដោយពិស្តារ។

[៥៤] ព្រះមានព្រះភាគត្រាស់ថា បុគ្គលណា សំគាល់ខ្លួនថាស្មើនឹងគេ ថាវិសេស​ជាងគេ​ ឬថាថោកទាបជាងគេ បុគ្គលនោះ រមែងទាស់ទែង ដោយសេចក្តី​សំគាល់នោះ បុគ្គលណា មិនបានញាប់ញ័រ ក្នុងសេចក្តី​ប្រកាន់​ ទាំង៣​ប្រការទេ សេចក្តីប្រកាន់ថាសើ្មនឹងគេ ថាវិសេសជាងគេ រមែងមិនមានដល់បុគ្គលនោះ​ឡើយ ម្នាលទេវតា បើអ្នកដឹងច្បាស់ អ្នកចូរនិយាយមក​ចុះ។

ទេវតាតបថា បពិត្រព្រះអង្គដ៏ចំរើន ធម៌ដែលព្រះមានព្រះភាគ ទ្រង់ត្រាស់​ ដោយ​សេចក្តីសង្ខេបនេះ ខ្ញុំព្រះអង្គមិនយល់សេចក្តី ដោយពិស្តារទេ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គសូមអង្វរ សូមព្រះមានព្រះភាគ ទ្រង់សំដែងធម៌ ដែល​ព្រះមានព្រះភាគ​ទ្រង់ត្រាស់ ដោយសេចក្តីសង្ខេបនេះ ឲ្យខ្ញុំព្រះអង្គយល់​ ដោយពិស្តារ។

[៥៥] ព្រះមានព្រះភាគត្រាស់ថា បុគ្គលបានលះបង់នូវកង្វល់ហើយ រមែង​មិនមករកវិមាន (ផ្ទៃនៃមាតាទៀត) ទេ បុគ្គលបានផ្តាច់បង់ចំណង់ក្នុងនាមរូប​នេះហើយ ពួកទេវតា និង​មនុស្ស​ទាំងឡាយ រកមើលនូវបុគ្គលដែលផ្តាច់ធម៌ ជាគ្រឿង​ចាក់ស្រែះ ដែល​មិន​មាន​ទុក្ខ មិន​មាន​សេចក្តីអាឡោះអាឡ័យនោះ ក្នុងលោកនេះ ឬក្នុងលោកខាងមុខ ក្នុងឋានសួគ៌ ឬក្នុងលំនៅរបស់សត្វ [ទីលំនៅរបស់សត្វ ក្នុងទីនេះ បានដល់ ភព៣ កំណើត៤ គតិ៥ វិញ្ញាណដ្ឋិតិ៧ លំនៅរបស់សត្វ ទាំង៩។] គ្រប់កន្លែងមិនឃើញទេ ម្នាលទេវតា បើអ្នកដឹងច្បាស់ អ្នកចូរនិយាយមកចុះ។

[៥៦] បពិត្រព្រះអង្គដ៏ចំរើន ធម៌ដែលព្រះមានព្រះភាគទ្រង់ត្រាស់ដោយ​​សេចក្តី​សង្ខេប​នេះ ខ្ញុំព្រះអង្គបានយល់សេចក្តីដោយពិស្តារយ៉ាងនេះថា

បុគ្គលមិនត្រូវធ្វើកង្វល់ដ៏លាមក ដោយវាចា ដោយចិត្ត ឬដោយកាយ ក្នុងលោកទាំងអស់ បុគ្គលមានសតិ និងសម្បជញ្ញៈ បានលះបង់កាមទាំងឡាយ​ហើយ មិន​គួរ​សេពគប់​នូវ​សេចក្តី​ទុក្ខ ដែលមិនប្រកបដោយប្រយោជន៍ទេ។

ចប់ នន្ទនវគ្គ ទី២។

ឧទ្ទាននៃ​នន្ទនវគ្គ​នោះគឺ

នន្ទនសូត្រ ១ នន្ទិសូត្រ ១ នត្ថិបុត្តសមសូត្រ ១ ខត្តិយសូត្រ ១ សកមានសូត្រ ១ និទ្ទាតន្ទិសូត្រ ១ ទុក្ករសូត្រ ១ ហិរិសូត្រ ១ មានកុដិកាសូត្រ ជាគម្រប់ ៩ និង​​សមិទ្ធិសូត្រ ជាគម្រប់ ១០ ដែល​បាន​ពោលមកហើយ។

សត្តិវគ្គ ទី៣

សត្តិសូត្រ ទី១

[៥៧] ទេវតានោះ ឈរក្នុងទីដ៏សមគួរហើយ បានពោលគាថានេះ ក្នុងសំណាក់​នៃ​ព្រះមានព្រះភាគ​ថា

ភិក្ខុអ្នកមានស្មារតី គប្បីប្រញាប់ [តាមន័យក្នុងអដ្ឋកថា ឲ្យប្រែថា គប្បីនៅ គឺថា គប្បី​សម្រេច​ឥរិយាបថ​ទាំង ៤។] វៀរ ដើម្បីលះបង់នូវកាមរាគ ដូចជាបុរស ដែល​​គេ​ប្រហារ​ដោយ​លំពែង ឬដូច​ជាបុគ្គលដែលភ្លើងឆេះលើក្បាល។

[៥៨] ព្រះមានព្រះភាគត្រាស់ថា ភិក្ខុអ្នកមានស្មារតី គប្បីប្រញាប់វៀរ ដើម្បី​លះ​បង់​នូវ​សក្កាយទិដ្ឋិ ដូចជាបុរសដែលត្រូវគេប្រហារ​ដោយ​លំពែង ឬ​ដូច​​ជា​​បុគ្គល​​ដែល​ភ្លើងឆេះ​លើក្បាល។

ផុសតិសូត្រ​ ទី២

[៥៩] វិបាក រមែងមិនប៉ះពាល់បុគ្គល ដែលមិនបានប៉ះពាល់កម្ម វិបាក​ប៉ះពាល់​តែ​បុគ្គល​ដែល​ប៉ះពាល់​កម្មប៉ុណ្ណោះ ហេតុនោះ បានជាវិបាក រមែង​ប៉ះពាល់បុគ្គលដែល​ប៉ះពាល់​កម្ម ជា​អ្នក​ប្រទូស្ត​ដល់បុគ្គលដែលមិនប្រទូស្ត។

[៦០] បុគ្គលណាប្រទូស្ត ចំពោះជនដែលមិនប្រទូស្ត ជាសត្វបរិសុទ្ធស្អាត ឥត​មាន​​ទីទួល​ គឺ​កិលេស អំពើអាក្រក់រមែងត្រឡប់ឲ្យផល ដល់បុគ្គលពាលនោះ​វិញ ដូចជា​បុគ្គល​បាច​ធូលី​ល្អិត​ច្រាសខ្យល់។

ជដាសូត្រ ទី៣

[៦១] តណ្ហាជាគ្រឿងចាក់ស្រែះខាងក្នុងក៏មាន តណ្ហាជាគ្រឿង​ចាក់ស្រែះ​ខាង​ក្រៅក៏មាន ពពួកសត្វត្រូវតណ្ហា ជាគ្រឿងចាក់ស្រែះរួបរឹតហើយ បពិត្រព្រះគោតម ព្រោះ​ហេតុនោះ ខ្ញុំព្រះអង្គសូមសួរព្រះអង្គថា អ្នកណាអាចកាប់ឆ្កានូវគ្រឿងចាក់​ស្រែះ គឺតណ្ហានេះបាន។

[៦២] នរជនមានប្រាជ្ញា បានតាំងមាំ ក្នុងសីលហើយ ចម្រើននូវសមាធិចិត្ត និង​វិបស្សនាបញ្ញា ជាអ្នកមានព្យាយាម ដុតកំដៅកិលេស ប្រកបដោយ​បារិហារិយប្បញ្ញា ជាអ្នកឃើញភ័យក្នុងសង្សារ បុគ្គលនោះ ទើបកាប់ឆ្កា​នូវ​តណ្ហា ជា​គ្រឿង​ចាក់ស្រែះ​នេះ​បាន ពួកបុគ្គលណា កំចាត់បង់រាគៈ ទោសៈ និងអវិជ្ជាបាន ជាអ្នកអស់អាសវៈ ឆ្ងាយ​ចាក​កិលេស ពួក​បុគ្គល​នោះ ឈ្មោះថា កាប់ឆ្កានូវតណ្ហា ជា​គ្រឿងចាក់ស្រែះហើយ នាមនិងរូប ទាំងបដិឃសញ្ញា និងរូបសញ្ញា រលត់ទៅ ឥត​មានសេសសល់ក្នុងទីណា តណ្ហា​ជា​គ្រឿង​ចាក់ស្រែះ​នោះ រមែងរលត់ទៅក្នុងទី​នុ៎ះ។

មនោនិវារណសូត្រ ទី៤

[៦៣] បុគ្គលគួរឃាត់ហាមចិត្ត ចាកអំពើអាក្រក់ ឬល្អណាៗ ទុក្ខរមែងមិនមកដល់​បុគ្គលនោះ ព្រោះអំពើនោះៗ បុគ្គលនោះ គួរហាមឃាត់ចិត្តសព្វអន្លើ បុគ្គលនោះ រមែងរួចចាកទុក្ខសព្វគ្រប់។

[៦៤] បុគ្គលមិនគួរហាមឃាត់ចិត្តសព្វអន្លើ និងចិត្តដែលដល់នូវសេចក្តី​សង្រួមទេ លុះតែចិត្តអាក្រក់កើតឡើង ក្នុងកាលណាៗ ទើបត្រូវបុគ្គលហាមឃាត់​​ចិត្ត​ក្នុង​កាលនោះ។

អរហន្តសូត្រ ទី៥

[៦៥] ភិក្ខុណាជាព្រះអរហន្ត មានកិច្ចធ្វើស្រេចហើយ អស់អាសវៈ​ហើយ ទ្រទ្រង់រាងកាយ តែក្នុងជាតិជាទីបំផុត ភិក្ខុនោះ នៅតែនិយាយថា អាត្មានិយាយ​ដូច្នេះក៏មាន ភិក្ខុនោះ នៅតែនិយាយថា ជនទាំងឡាយនិយាយ នឹងអាត្មាថាដូច្នេះ ក៏​មាន។

[៦៦] ភិក្ខុណាជាអរហន្ត មានកិច្ចធ្វើស្រេចហើយ អស់អាសវៈ​ហើយ ទ្រទ្រង់​រាង​កាយ​តែ​ក្នុង​ជាតិ ជាទីបំផុត ភិក្ខុនោះ នៅតែនិយាយថា អាត្មានិយាយដូច្នេះក្តី ភិក្ខុនោះ នៅតែនិយាយថា ជនទាំងឡាយ និយាយនឹងអាត្មាដូច្នេះក្តី ភិក្ខុនោះ គ្រាន់តែឈ្មោះថា ជា​អ្នក​ឈ្លាស បានយល់ច្បាស់នូវវោហារក្នុងលោក ហើយនិ​យាយ​តាម​តែ​​វោហារ​​ប៉ុណ្ណោះ។

[៦៧] ភិក្ខុណាជាព្រះអរហន្ត មានកិច្ចធ្វើស្រេចហើយ ​ជាព្រះខីណាស្រព ទ្រទ្រង់​រាងកាយ​តែ​ក្នុង​ជាតិ ជាទីបំផុត ភិក្ខុនោះ អាស្រ័យនូវមានះដែរឬ បានជាភិក្ខុនោះ នៅនិយាយថា អាត្មានិយាយដូច្នេះក៏មាន ភិក្ខុនោះ នៅនិយាយថា ជនទាំងឡាយ និយាយ​នឹង​អាត្មា​ដូច្នេះ​ក៏មាន។

[៦៨] ភិក្ខុដែលបានលះមានះចោលហើយ មិនមានធម៌ ជាគ្រឿងចាក់ស្រែះទេ ដ្បិតមានះ និង​ធម៌​ជាគ្រឿងចាក់ស្រែះ ភិក្ខុនោះកំចាត់ចោលទាំងអស់ហើយ ភិក្ខុនោះ មានប្រាជ្ញាល្អ ផុតសេចក្តីសំគាល់ហើយ ទោះភិក្ខុនោះ នៅតែនិយាយថា អាត្មា​និយាយ​ដូច្នេះក្តី ភិក្ខុនោះ នៅតែនិយាយថា ពួកជននិយាយនឹងអាត្មាដូច្នេះក្តី​ ភិក្ខុនោះ គ្រាន់តែឈ្មោះថា ជា​អ្នក​ឈ្លាស បាន​យល់ច្បាស់នូវវោហារក្នុងលោក ហើយ​​និយាយ​តាម​តែ​វោហារប៉ុណ្ណោះ។

បជ្ជោតសូត្រ ទី៦

[៦៩] លោកតែងភ្លឺច្បាស់ ដោយពន្លឺទាំងឡាយណា ពន្លឺទាំងឡាយនោះ មាន​ប៉ុន្មាន​យ៉ាង​ក្នុង​លោក យើងខ្ញុំមកទូលសួរព្រះមានព្រះភាគ តើដូចម្តេចហ្ន៎ យើង​ខ្ញុំ​នឹង​ដឹង​នូវ​ពន្លឺនោះបាន។

[៧០] ព្រះមានព្រះភាគត្រាស់ថា ពន្លឹក្នុងលោកនេះ មាន៤យ៉ាង មិនមានដល់​៥ទេ ព្រះអាទិត្យ​រមែង​ភ្លឺបាន ក្នុងវេលាថ្ងៃ ព្រះចន្ទ្រភ្លឺបាន ក្នុងវេលាយប់ ភ្លើង​ភ្លឺបាន​ទាំងថ្ងៃទាំងយប់គ្រប់វេលា ព្រះសម្ពុទ្ធ ប្រសើរជាងពួកដែល​មាន​ពន្លឺ​រុងរឿង​នេះ ជា​ពន្លឺប្រសើរបំផុត។

សរសូត្រ ទី៧

[៧១] ទេវតាទូលសួរថា ស្រះគឺសង្សារ ប្រព្រឹត្តទៅមិនបានក្នុងទីណា វដ្តៈវិលទៅ​មិនបាន ក្នុង​ទីណា នាម និងរូប រលត់ឥតមានសេសសល់ក្នុងទីណា។

[៧២] ព្រះមានព្រះភាគត្រាស់ថា ទឹក ដី ភ្លើង ខ្យល់ មិនតាំងនៅក្នុងទីណា ស្រះ គឺ​សង្សា​ប្រព្រឹត្ត​ទៅមិនបានក្នុងទីនុ៎ះ វដ្តៈវិលទៅមិនបានក្នុងទីនុ៎ះដែរ នាម និងរូប ក៏រលត់​ឥត​មាន​សេសសល់​ក្នុងទីនុ៎ះដែរ។

មហទ្ធនសូត្រ ទី៨

[៧៣] ទេវតាទូលសួរថា ពួកក្សត្រិយ៍ ទុកជាមានទ្រព្យច្រើន មានភោគច្រើន មានទាំងដែន ក៏នៅតែមិនចេះឆ្អែត ក្នុងកាមទាំងឡាយទេ តែង​ប្រាថ្នារបស់​ដទៃៗ​ទៀត កាលបើពួកក្សត្រិយ៍ទាំងនោះ កើតសេចក្តីខ្វល់ខ្វាយ រសាត់ទៅតាមខ្សែនៃ​ការ​មាន​បាន ចុះជនពួកណា ទើបអស់សេចក្តីខ្វល់ខ្វាយ បន្សាត់នូវសេចក្តីត្រេកអរ និង​សេចក្តី​ប្រាថ្នា​ចោល ក្នុងលោកបាន។

[៧៤] ព្រះមានព្រះភាគ ត្រាស់ថា ជនពួកណា លះបង់ផ្ទះ លះបង់បុត្រ លះបង់​​សត្វ​ចិញ្ចឹម ជាទី​ស្រឡាញ់ ហើយបួស បានកំចាត់បង់នូវរាគៈផង ទោសៈ​ផង អវិជ្ជាផង អស់​អាសវៈ ជាអរហន្ត ជនពួកនោះ ទើបឈ្មោះថា អស់សេចក្តី​ខ្វល់ខ្វាយក្នុងលោក។

ចតុច្ចក្កសូត្រ ទី៩

[៧៥] ទេវតាទូលសួរថា បពិត្រព្រះអង្គ អ្នកមានព្យាយាមធំ សរីរៈ មានចក្ក៤ មានទ្វារ៩ ពេញដោយសេចក្តីលោភ ប្រកបដោយ (តណ្ហា) កើតក្នុងភក់ល្បាប់ តើ​នឹង​យាត្រា​ដូចម្តេច​បាន។

[៧៦] ព្រះមានព្រះភាគត្រាស់ថា បុគ្គលត្រូវកាត់នូវកូនកំព្រាផង ព្រ័ត្រផង សេចក្តី​ប្រាថ្នា និង​លោភៈ​ដ៏លាមកផង ហើយដកតណ្ហា ឲ្យរលើងទាំងឫស ត្រូវ​យាត្រា​តាម​លំអាន​នេះឯង។

ឯណិជង្ឃសូត្រ ទី១០

[៧៧] ទេវតាទូលសួរថា ខ្ញុំព្រះអង្គទាំងឡាយ បានចូលទៅសួរបុគ្គល ដែល​មាន​ស្មង​ដូច​ជា​ទ្រាយ មានរូបរាងស្គម មានព្យាយាម មានអាហារតិច មិន​លោភលន់ ហើយ​មិន​អាឡោះ​អាឡ័យ​ក្នុងកាមទាំង​ឡាយ ត្រាច់ទៅតែម្នាក់ឯង ដូច​ជា​​សត្វសីហៈ ឬដំរី​ដ៏ប្រសើរ សួរថា បុគ្គល​រួចចាកទុក្ខ តើ​ដោយ​​ប្រការ​ដូចម្តេច។

[៧៨] កាមគុណទាំង៥ មានចិត្តជាគម្រប់៦ អ្នកប្រាជ្ញបានប្រកាស​ហើយ ក្នុង​លោក បុគ្គល​កំចាត់​សេចក្តី​ប្រាថ្នា ក្នុងកាមរូបនោះបានហើយ យ៉ាងនេះ ទើបរួច​ចាកទុក្ខ។

ចប់ សត្តិវគ្គ ទី៣។

ឧទ្ទានក្នុងសត្តិវគ្គនោះគឺ

សត្តិសូត្រ ១ ផុសតិសូត្រ ១ ជដាសូត្រ ១ មនោនិវារណសូត្រ ១ អរហន្តសូត្រ ១ បជ្ជោតសូត្រ ១ សរសូត្រ ១ មហទ្ធនសូត្រ ១ ជាគម្រប់ ៩ នឹងចតុច្ចក្កសូត្រ ១ ជាគម្រប់​ ១០ នឹងឯណិជង្ឃសូត្រ ១។

សតុល្លប្បកាយិកវគ្គ ទី៤

សព្ភិសូត្រ ទី១

[៧៩] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅ​ក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង កាលរាត្រី​បឋមយាម កន្លងហើយ មានពួក​សតុល្លប្បកាយិកាទេវតា [សតៈ ប្រែថាសប្បុរស ឧល្លប្បកា ប្រែថាពោល កាយិកា ប្រែថាពួក គឺទេវតាពួកនេះ កាលនៅជាពាណិជ លិចសំពៅក្នុងសមុទ្រ បានពោលសមាទានធម៌របស់សប្បុរស និច្ចសីល អំពី​បុរសម្នាក់ ហើយបានទៅកើតក្នុងឋានសួគ៌ បានជាឈ្មោះថា សតុល្លប្បកាយិកា។ អដ្ឋកថា។] ជាច្រើន មានរស្មីដ៏រុងរឿង ញុំាងវត្តជេតពនទាំងមូល ឲ្យភ្លឺរុងរឿង ចូល​ទៅ​គាល់​ព្រះមានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយ​ឈរ​​ក្នុង​ទី​ដ៏​សមគួរ។

[៨០] លុះទេវតាមួយអង្គ ឈរក្នុងទីដ៏សមគួរហើយ ទើបពោលគាថានេះ ក្នុង​សំណាក់នៃព្រះមានព្រះភាគថា

បុគ្គលគួរតែអង្គុយរួមជាមួយនឹងពួកសប្បុរសប៉ុណ្ណោះ គួរធ្វើសេចក្តីស្និទ្ធស្នាល ដោយពួកសប្បុរស ព្រោះដឹងច្បាស់នូវព្រះសទ្ធម្ម របស់ពួកសប្បុរស រមែង​បានជា​បុគ្គលប្រសើរ មិនអាក្រក់ឡើយ។

[៨១] លំដាប់នោះឯង ទេវតាមួយអង្គទៀត បានពោលគាថានេះ ក្នុងសំណាក់​នៃព្រះមានព្រះភាគថា

បុគ្គលគួរតែអង្គុយរួមជាមួយនឹងពួកសប្បុរសប៉ុណ្ណោះ គួរធ្វើសេចក្តីស្និទ្ធស្នាល នឹងពួកសប្បុរស បុគ្គលបានប្រាជ្ញា ព្រោះដឹងច្បាស់នូវព្រះសទ្ធម្មរបស់ពួកសប្បុរស មិនមែនបានអំពីទីដទៃឡើយ។

[៨២] លំដាប់នោះឯង ទេវតាមួយអង្គទៀត ពោលគាថានេះ ក្នុងសំណាក់​នៃព្រះមានព្រះភាគថា

បុគ្គលគួរតែអង្គុយរួម ជាមួយនឹងពួកសប្បុរសប៉ុណ្ណោះ គួរធ្វើសេចក្តីស្និទ្ធ​ស្នាល ដោយពួកសប្បុរស បុគ្គលបានដឹងនូវព្រះសទ្ធម្ម របស់ពួកសប្បុរសហើយ រមែង​មិនសោកសៅ ក្នុងកណ្តាលពួកជនអ្នកសោកសៅឡើយ។

[៨៣] លំដាប់នោះ ទេវតាមួយអង្គទៀត ពោលគាថានេះ ក្នុងសំណាក់​នៃព្រះមានព្រះភាគថា

បុគ្គលគួរតែអង្គុយរួម ជាមួយនឹងពួកសប្បុរសប៉ុណ្ណោះ គួរធ្វើសេចក្តីស្និទ្ធ​ស្នាល ដោយពួកសប្បុរស បុគ្គលបានដឹងច្បាស់ នូវព្រះសទ្ធម្ម របស់ពួកសប្បុរស រមែង​រុងរឿងក្នុងកណ្តាលនៃញាតិ។

[៨៤] លំដាប់នោះឯង ទេវតាមួយអង្គទៀត បានពោលគាថានេះ ក្នុងសំណាក់​នៃព្រះមានព្រះភាគថា

បុគ្គលគួរតែអង្គុយរួម ជាមួយនឹងពួកសប្បុរសប៉ុណ្ណោះ គួរធ្វើសេចក្តីស្និទ្ធ​ស្នាល ដោយពួកសប្បុរស សត្វទាំងឡាយបានដឹងច្បាស់ នូវព្រះសទ្ធម្មរបស់ពួកសប្បុរសហើយ រមែងទៅកាន់សុគតិបាន។

[៨៥] លំដាប់នោះឯង ទេវតាមួយអង្គទៀត បានពោលគាថានេះ ក្នុងសំណាក់​នៃព្រះមានព្រះភាគថា

បុគ្គលគួរតែអង្គុយរួមជាមួយនឹងពួកសប្បុរសប៉ុណ្ណោះ គួរធ្វើសេចក្តីស្និទ្ធស្នាល នឹងពួកសប្បុរស សត្វទាំងឡាយដឹងច្បាស់នូវព្រះសទ្ធម្មរបស់ពួកសប្បុរស រមែង​ឋិតនៅ​ជាសុខអស់កាលយូរ។

លំដាប់នោះឯង ទេវតាមួយអង្គទៀត បានក្រាបទូល​ព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះមានព្រះភាគ ភាសិតអ្នកណាហ្ន៎ ជាសុភាសិត។

[៨៦] ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ភាសិតរបស់អ្នកទាំងអស់ ជាសុភាសិត ដោយបរិយាយដែរហើយ តែអ្នកទាំងឡាយ ចូរស្តាប់ពាក្យរបស់តថាគតវិញថា

បុគ្គលគួរតែអង្គុយរួមជាមួយនឹងពួកសប្បុរសប៉ុណ្ណោះ គួរធ្វើសេចក្តីស្និទ្ធស្នាល​នឹងពួកសប្បុរស បុគ្គលដឹងច្បាស់នូវព្រះសទ្ធម្មរបស់ពួកសប្បុរស រមែង​រួចចាកទុក្ខ​ទាំងអស់បាន។

មច្ឆរិសូត្រ ទី២

[៨៧] សម័យមួយ ព្រះមានព្រះភាគ គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិក​សេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង កាលរាត្រីបឋមយាម កន្លង​ហើយ មាន​ពួក​សតុល្លប្បកាយិកា​ទេវតា​ជាច្រើន មានរស្មីរុងរឿង ញុំាងវត្តជេតពនទាំង​មូល ឲ្យភ្លឺស្វាង ក៏ចូល​ទៅគាល់​ព្រះមានព្រះភាគ លុះចូលទៅដល់ ក្រាប​ថ្វាយ​បង្គំ​​ព្រះមានព្រះភាគ ហើយ​ឈរ​ក្នុង​ទីដ៏​សមគួរ។

[៨៨] លុះទេវតាមួយអង្គ ឈរក្នុងទីដ៏សមគួរហើយ ក៏ពោលគាថានេះ ក្នុង​សំណាក់​នៃ​ព្រះមានព្រះភាគថា

ព្រោះសេចក្តីកំណាញ់ និងសេចក្តីប្រមាទ បានជានរជនឲ្យ​ទាន​មិនកើត យ៉ាង​នេះ ទាន កាលបើបុគ្គលដឹងច្បាស់ ជាអ្នកប្រាថ្នានូវបុណ្យគួរតែឲ្យ។

[៨៩] លំដាប់នោះឯង ទេវតាមួយអង្គទៀត បានពោលគាថា​ទាំងឡាយ​នេះ ក្នុង​សំណាក់​នៃព្រះមានព្រះភាគថា

មនុស្សកំណាញ់ ភ័យចំពោះហេតុណា ហើយមិនឲ្យទាន ហេតុនោះឯង ជាភ័យ​របស់​អ្នក​មិនឲ្យ បុគ្គលកំណាញ់ ខ្លាចចំពោះហេតុណា ព្រោះសេចក្តី​ឃ្លាន និង​ស្រេក ហេតុនោះឯង តែងពាល់ត្រូវបុគ្គលពាល ក្នុងលោកនេះ និងលោក​ខាងមុខ ព្រោះហេតុនោះ សាធុជន គួរតែកំចាត់បង់នូវ​សេចក្តីកំណាញ់ ជាអ្នកគ្របសង្កត់នូវ​មន្ទិល ហើយត្រូវឲ្យទាន (ព្រោះថា) បុណ្យទាំងឡាយ ជាទីពឹងរបស់ពួកសត្វក្នុង​លោកខាងមុខ។

[៩០] លំដាប់នោះឯង ទេវតាមួយអង្គទៀត បានពោលគាថាទាំងឡាយនេះ ក្នុង​សំណាក់​នៃ​ព្រះមានព្រះភាគថា

ពួកជនណា កាលទ្រព្យមានតិច ក៏នៅតែឲ្យទានបាន ដូច​ជាអ្នកដើរផ្លូវឆ្ងាយ (ចែក​ស្បៀង​ដែល​មាន​តិចតួច ដល់គ្នាបាន) កាលបើគេស្លាប់រាល់គ្នា ជននោះឈ្មោះ​ថាមិនស្លាប់ ធម៌នេះ ជាធម៌​របស់​បុរាណាចារ្យ ជនពួកខ្លះ កាលទ្រព្យមានតិច ក៏​នៅ​តែឲ្យទានបាន ជនពួកខ្លះ សូម្បីសម្បូណ៌​ទ្រព្យច្រើន ក៏ឲ្យទានមិនកើត ទក្ខិណាទាន ដែល​គេ​បែង​អំពី​ទ្រព្យ​តិច ហើយឲ្យ រមែងមានផលស្មើគ្នានឹងទានរាប់ពាន់។

[៩១] លំដាប់នោះឯង ទេវតាមួយអង្គទៀត បានពោលគាថាទាំងឡាយនេះ ក្នុង​សំណាក់​នៃ​ព្រះមានព្រះភាគថា

កាលបើពួកសប្បុរស កំពុងឲ្យរបស់ដែលឲ្យបានដោយកម្រ កំពុងធ្វើ​អំពើ​ដែល​ធ្វើបាន​ដោយ​កម្រ ពួកអសប្បុរស ធ្វើតាមមិនបាន (ព្រោះ) ធម៌របស់ពួក​សប្បុរស គឺពួក​អសប្បុរស​ប្រព្រឹត្ត​តាម​បានដោយកម្រ ព្រោះហេតុនោះ គតិរបស់​ពួក​សប្បុរស និងអសប្បុរស រមែង​ផ្សេងគ្នា អំពី​លោក​នេះទៅ គឺពួក​អសប្បុរស ទៅកាន់​នរក ពួកសប្បុរស ទៅកាន់ឋានសួគ៌។

លំដាប់នោះឯង ទេវតាមួយអង្គទៀត បានក្រាបបង្គំទូល​ព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រ​ព្រះមានព្រះភាគ ភាសិតរបស់អ្នកណាហ្ន៎ ជាសុភាសិត។

[៩២] ភាសិតរបស់អ្នកគ្រប់គ្នា ជាសុភាសិត ដោយបរិយាយដែរហើយ តែ​អ្នក​ទាំងឡាយ ចូរស្តាប់ពាក្យរបស់តថាគតវិញថា

ជនណា ចិញ្ចឹមភរិយាផង កាលបើទ្រព្យមានតិច នៅតែឲ្យទាន​បានផង ប្រព្រឹត្ត​ធម៌​បាន​ផង ប្រព្រឹត្តនូវសេចក្តីខ្វល់ខ្វាយ (ក្នុងការងារ) ផង ពួកជនដែល​មានការ​បូជារាប់ពាន់ ដល់បុគ្គលមួយសែននាក់ នៅតែមិនដល់មួយចំណិត របស់​បុគ្គល​យ៉ាងនោះបាន។

[៩៣] លំដាប់នោះ ទេវតាមួយអង្គទៀត បានពោលគាថា ចំពោះព្រះមានព្រះភាគថា

យ័ញ្ញនុ៎ះ មានផលដ៏ទូលាយច្រើនដែរ នៅតែមិនដល់ទាន ដែលបុគ្គល​ឲ្យ​ហើយ ដោយធម៌ដ៏ស្មើ តើដោយហេតុដូចម្តេច បុគ្គល មានការបូជារាប់ពាន់ ដល់​បុគ្គល​មួយពាន់នាក់នោះ នៅតែមិនដល់មួយចំណិត របស់បុគ្គលយ៉ាងនោះ តើ​ដូចម្តេច។

[៩៤] លំដាប់នោះឯង ព្រះមានព្រះភាគ បានត្រាស់នឹងទេវតានោះ ដោយគាថាថា

បុគ្គលពួកមួយ បានឋិតនៅស៊ប់ក្នុងធម៌មិនស្មើ ហើយបៀតបៀន សម្លាប់ ពុំនោះសោត ធ្វើបុគ្គលដទៃ ឲ្យសោកសៅ ទើបឲ្យទាន ទក្ខិណាទាននោះ ឈ្មោះ​ថា មាន​មុខ​ទទឹក​ដោយ​ទឹកភ្នែក ប្រកបដោយអាជ្ញា មិនដល់នូវតម្លៃនៃ​ទាន ដែល​បុគ្គល​ឲ្យហើយ ដោយធម៌ដ៏ស្មើទេ បុគ្គលមានការបូជារាប់ពាន់ ដល់បុគ្គលមួយពាន់នាក់នោះ នៅតែមិនដល់មួយចំណិត របស់បុគ្គលយ៉ាងនោះ ដូច្នេះឯង។

សាធុសូត្រ ទី៣

[៩៥] លំដាប់នោះឯង កាលរាត្រីបឋមយាមកន្លងទៅហើយ ពួកសតុល្លប្បកា​យិកា​ទេវតា​ជាច្រើន មានរស្មីដ៏រុងរឿង ញុំាងវត្តជេតពនទាំងមូល ឲ្យភ្លឺស្វាង ចូលទៅ​គាល់​ព្រះមាន​ព្រះភាគ លុះចូលទៅដល់ ថ្វាយបង្គំព្រះមានព្រះភាគ ហើយ​ឈរ​នៅ​​ក្នុង​ទីដ៏​សមគួរ។

[៩៦] ទេវតាមួយអង្គ ឈរក្នុងទីដ៏សមគួរ បន្លឺនូវឧទាននេះ ក្នុងសំណាក់​នៃ​​ព្រះមានព្រះភាគ​ថា

បពិត្រព្រះអង្គអ្នកនិទ៌ុក្ខ ទានជាការប្រពៃណាស់ បុគ្គលឲ្យទានមិនបាន យ៉ាង​នេះ ព្រោះ​សេចក្តី​កំណាញ់​ផង ព្រោះសេចក្តីប្រហែសផង ទាន កាលបើបុគ្គល​ដឹងច្បាស់ ជាអ្នកប្រាថ្នានូវបុណ្យ គួរតែឲ្យ។

[៩៧] លំដាប់នោះ ទេវតាមួយអង្គទៀត បន្លឺនូវ​ឧទាននេះ ក្នុងសំណាក់​នៃ​ព្រះមានព្រះភាគ​ថា

បពិត្រព្រះអង្គអ្នកនិទ៌ុក្ខ ទាន ជាការប្រពៃណាស់ កាលដែលទ្រព្យ​មាន​តិច នៅតែឲ្យបាន ជា​ការ​ប្រពៃ ជនពួកខ្លះ សូម្បីមានទ្រព្យបន្តិចបន្តួច ក៏ឲ្យបាន ជន​ពួកខ្លះ មានទ្រព្យ​ច្រើន​តែឲ្យ​មិនកើត ទក្ខិណាទានដែលគេចែករំលែក​អំពី​ទ្រព្យ​តិច ហើយ​ឲ្យ មាន​ផល​ស្មើគ្នា​នឹង​ទាន​ដទៃ​រាប់ពាន់។

[៩៨] លំដាប់នោះ ទេវតាដទៃទៀត បានបន្លឺនូវឧទាននេះ ក្នុងសំណាក់​នៃ​ព្រះមានព្រះភាគថា

បពិត្រព្រះអង្គអ្នកនិទ៌ុក្ខ ទាន ជាការប្រពៃណាស់ កាលដែលទ្រព្យ​មាន​តិច នៅតែឲ្យបាន ជាការប្រពៃ មួយទៀត ការឲ្យដោយសទ្ធា ជាការប្រពៃ ពួក​អ្នកប្រាជ្ញ ពោលថា ទាន និងចម្បាំង មានកម្លាំងស្មើគ្នា ពួកសប្បុរស សូម្បីមានគ្នាតិច រមែង​ឈ្នះ​ពួកអសប្បុរស ដែលមានគ្នាច្រើនបាន កាលបើបុគ្គល​ណាជឿ (កម្មផល) ហើយ​ឲ្យទានសូម្បីបន្តិចបន្តួច បុគ្គលនោះ រមែងបានសេចក្តីសុខក្នុងលោកខាងមុខ ព្រោះតែទាននោះឯង។

[៩៩] លំដាប់នោះ ទេវតាដទៃទៀត បានបន្លឺនូវឧទាននេះ ក្នុងសំណាក់​នៃ​ព្រះមានព្រះភាគថា

បពិត្រព្រះអង្គអ្នកនិទ៌ុក្ខ ទាន ជាការប្រពៃណាស់ កាលដែលទ្រព្យ​មាន​តិច នៅតែឲ្យបាន ជាការប្រពៃ ការឲ្យដោយសទ្ធា ជាការប្រពៃ មួយទៀត ការឲ្យនូវ​របស់​​ដែល​​បាន​​មក​​ដោយ​​ធម៌ ជាការប្រពៃ ជនណាឲ្យទានដល់បុគ្គលអ្នកបានធម៌ អ្នកត្រាស់​ដឹង​ដោយ​សេចក្តី​សង្វាត និងសេចក្តីព្យាយាម ជន (នោះ) កន្លងបង់នូវ​វេតរណិនរក [អដ្ឋកថា ថា មិន​មែន​ត្រឹម​តែ​វេតរណិ​នរក​ទេ រាប់បញ្ចូល​ទាំងនរកឯទៀត មានសញ្ជីវនរក និង​កាឡសុត្ត​នរក​ជាដើម។] របស់​ស្តេចយមៈ ហើយដល់នូវឋានទាំងឡាយ ជាទិព្វបាន។

[១០០] លំដាប់នោះ ទេវតាដទៃទៀត បានបន្លឺនូវឧទាន​នេះ ក្នុង​សំណាក់​នៃ​ព្រះមាន​ព្រះភាគ​ថា

បពិត្រព្រះអង្គអ្នកនិទ៌ុក្ខ ទាន ជាការប្រពៃណាស់ កាលដែល​មានទ្រព្យ​តិច នៅតែឲ្យបាន ជា​ការ​ប្រពៃ មួយទៀត ការឲ្យដោយសទ្ធា ជាការប្រពៃ ទាំងឲ្យ​​របស់​​ដែល​បាន​មក​ដោយ​ធម៌ ជាការប្រពៃ ប៉ុន្តែការពិចារណាហើយឲ្យ ទើបជាការ​ប្រពៃពិត ព្រោះទានដែលបុគ្គល​ពិចារណាហើយឲ្យ ព្រះសុគតទ្រង់សរសើរ ពួក​ទក្ខិណេយ្យបុគ្គលណា មាន​ក្នុង​ជីវលោក​នេះ ទានដែលបុគ្គលឲ្យ ចំពោះ​ពួក​ទក្ខិណេយ្យបុគ្គលនុ៎ះ មានផលច្រើន ដូចជាពូជ ដែល​បុគ្គលសាបព្រោះក្នុងស្រែល្អ។

[១០១] លំដាប់នោះ ទេវតាដទៃទៀត បានបន្លឺនូវឧទាននេះ ក្នុងសំណាក់​​នៃ​ព្រះមានព្រះភាគ​ថា

បពិត្រព្រះអង្គអ្នកនិទ៌ុក្ខ ទាន ជាការប្រពៃណាស់ កាលដែល​មានទ្រព្យ​តិច នៅតែឲ្យបាន ជាការប្រពៃ ការឲ្យទានដោយសទ្ធា ជាការប្រពៃ ការឲ្យរបស់​ដែល​បាន​មក​ដោយ​ធម៌ ជាការប្រពៃ ការពិចារណាហើយឲ្យ ក៏ជាការប្រពៃហើយ ប៉ុន្តែ​ការសង្រួម គឺការ​មិន​បៀតបៀន ក្នុង​សត្វ​ទាំងឡាយ ក៏រិតតែជាការប្រពៃណាស់ បុគ្គលណា មិន​ប្រព្រឹត្ត​បៀតបៀន​នូវ​សត្វ​ទាំងឡាយ មិនធ្វើបាប ព្រោះខ្លាចការតិះដៀល​អំពីអ្នកដទៃ ជនទាំងឡាយ តែងសរសើរបុគ្គលខ្លាចបាប មិនសរសើរបុគ្គលក្លៀវក្លា ក្នុងបាបនោះទេ ឯពួកសប្បុរសមិនធ្វើបាប ព្រោះខ្លាចបាប។

[១០២] លំដាប់នោះ ទេវតាដទៃទៀត បានក្រាបបង្គំទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះមានព្រះភាគ ភាសិតរបស់អ្នកណាហ្ន៎ ជាសុភាសិត។

[១០៣] ព្រះមានព្រះភាគត្រាស់ថា ភាសិត របស់អ្នកទាំងឡាយគ្រប់គ្នា ជា​សុភាសិត ដោយបរិយាយដែរហើយ តែអ្នកទាំងឡាយ ចូរស្តាប់​ពាក្យរបស់​តថាគត​វិញថា

ការឲ្យដោយសទ្ធា អ្នកប្រាជ្ញសរសើរ ដោយចំណែកច្រើនប្រការ តែថា ធម៌ជា​ឧបាយដើម្បីព្រះនិព្វាន ត្រឹមតែ១បទ ក៏ប្រសើរក្រៃលែងជាងទានទៅទៀត ព្រោះ​សប្បុរសទាំងឡាយជាន់ដើម ឬជាន់ដើមទៅទៀត ដែលជាអ្នកប្រកបដោយប្រាជ្ញា ក៏​បានដល់ព្រះនិព្វានមែនពិត។

នសន្តិសូត្រ ទី៤

[១០៤] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់​អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង កាលរាត្រីបឋមយាម​កន្លង​​ហើយ ពួកសតុល្លកប្បកាយិកាទេវតា មានប្រមាណច្រើនអង្គ មានរស្មីដ៏រុងរឿង ញុំាង​វត្តជេតពនទាំងមូល ឲ្យភ្លឺស្វាង នាំគ្នាចូលទៅគាល់ព្រះមានព្រះភាគ លុះ​ចូលទៅ​ដល់ ថ្វាយបង្គំព្រះមានព្រះភាគ ហើយឈរក្នុងទីដ៏សមគួរ។

[១០៥] ទេវតាមួយអង្គ ឈរក្នុងទីសមគួរហើយ ពោលគាថានេះ ក្នុងសំណាក់​នៃ​ព្រះមានព្រះភាគថា

កាមទាំងឡាយក្នុងពួកមនុស្ស រកទៀង​គ្មានទេ បុរស​ដែលជាប់​ចំពាក់ក្នុង​ឥដ្ឋារម្មណ៍​ទាំងឡាយ ស្រវឹងក្នុងឥដ្ឋារម្មណ៍ទាំងឡាយ ចេញចាកវដ្តៈ ដែលជា​លំនៅ​នៃមារ ទៅកាន់ព្រះនិព្វាន ជាស្ថានមិនត្រឡប់មកវិញទៀត មិនបានទេ ឥដ្ឋារម្មណ៍​ទាំង​នោះ រមែង​មានក្នុងលោកនេះ។ បញ្ចក្ខន្ធ កើតអំពីតណ្ហា សេចក្តីទុក្ខ ក៏​កើតអំពី​តណ្ហា ការកំចាត់បង់បញ្ចក្ខន្ធ ព្រោះកំចាត់បង់​តណ្ហាបាន ការកំចាត់បង់​វដ្តទុក្ខ ក៏​ព្រោះ​កំចាត់បង់បញ្ចក្ខន្ធបាន។ អារម្មណ៍ ដ៏វិចិត្រទាំងឡាយក្នុងលោក ហៅថា​កាម​នោះ មិនបានទេ តម្រេកដែលបុគ្គលត្រិះរិះ ទើបហៅថា កាមរបស់បុរស អារម្មណ៍​ដ៏​វិចិត្រទាំងឡាយ តែងឋិត​នៅក្នុងលោក តាមធម្មតា តែថាពួកអ្នកប្រាជ្ញ តែងកំចាត់​បង់​នូវសេចក្តីប្រាថ្នា ក្នុងអារម្មណ៍​ទាំងនុ៎ះ។ បុគ្គលត្រូវលះបង់​សេចក្តីក្រោធ ត្រូវ​រំសាយ​សេចក្តីប្រកាន់ ត្រូវឆ្លងឲ្យផុត​សញ្ញោជនៈទាំងអស់ ព្រោះថា ទុក្ខទាំងឡាយ មិន​ធ្លាក់លើបុគ្គល ដែលមិនជាប់ចំពាក់ក្នុងនាមរូប ជាអ្នក​ឥតមានកង្វល់នោះទេ។ បុគ្គល លះសេចក្តីបញ្ញត្តិបានហើយ នឹងមិនបានមកកាន់វិមាន គឺផ្ទៃនៃមាតាទេ បុគ្គលកាត់បង់តណ្ហា ក្នុងនាមរូបនេះបានហើយ ពួកទេវតា និងពួកមនុស្ស​ ស្វែង​រកបុគ្គល​ ដែលផ្តាច់បង់​ធម៌ ជាគ្រឿងចាក់ស្រែះ ជាបុគ្គលឥតមានទុក្ខ ឥតមានតណ្ហា​នោះ មិនប្រទះក្នុងលោកនេះ ក្នុងលោកខាងមុខ ឬក្នុងឋានសួគ៌ ឬក៏​ក្នុង​លំនៅរបស់​សត្វ​គ្រប់កន្លែង។

[១០៦] (ព្រះមោឃរាជ មានអាយុ បានទូលសួរថា) បើពួកទេវតា​ និងមនុស្ស មើល​មិនឃើញនូវបុគ្គល​នោះ ដែល​មានចិត្តរួចស្រឡះ យ៉ាងនោះហើយ ពួកទេវតា​ និងមនុស្សណា ក្នុងលោកនេះ ឬលោកខាងមុខ នមស្ការព្រះអង្គដ៏ប្រសើរជាងជន ជាអ្នកប្រព្រឹត្តប្រយោជន៍ ដល់នរជនទាំងឡាយ ពួកទេវតា និងមនុស្ស​នោះ គួរ​គេសរសើរឬទេ។

[១០៧] (ព្រះមានព្រះភាគ ទ្រង់ត្រាស់នឹងមោឃរាជថា) ម្នាលភិក្ខុ ពួក​ទេវតា និងមនុស្សនោះ ឈ្មោះថា ជាបុគ្គលគួរបុគ្គលសរសើរបានផង ម្នាលភិក្ខុ ពួកបុគ្គល​ណា នមស្ការបុគ្គល ដែលរួចចាកតណ្ហា ដោយប្រការដូច្នោះនោះ ពួកបុគ្គល​នោះ​ឈ្មោះថា បានដឹងច្បាស់នូវធម៌ លះបង់នូវវិចិកិច្ឆា ជាបុគ្គលកន្លងបង់នូវធម៌ ជា​គ្រឿង​ជាប់ចំពាក់បានផង។

ឧជ្ឈានសញ្ញិសូត្រ ទី៥

[១០៨] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់​អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង កាលរាត្រីបឋមយាមកន្លងទៅ​ហើយ ពួកទេវតាច្រើនអង្គ ជាអ្នកមានសេចក្តីសំគាល់ ​ក្នុងការពោលទោស មាន​រស្មី​ដ៏រុងរឿង ញុំាងវត្តជេតពនទាំងមូលឲ្យភ្លឺស្វាង ចូលទៅគាល់​ព្រះមានព្រះភាគ លុះ​ចូល​ទៅ​ដល់​ហើយ ក៏ឋិតនៅនាអាកាស។

[១០៩] ទេវតាមួយអង្គ ឋិតនៅនាអាកាសហើយ ពោលគាថានេះ ក្នុងសំណាក់​នៃ​ព្រះមានព្រះភាគ​ថា

បុគ្គលណា ប្រកាសនូវខ្លួនដែលមានប្រការដទៃ ដោយប្រការដទៃ ការ​បរិភោគ​របស់​បុគ្គល​នោះ ឈ្មោះថា បរិភោគ ដោយ​ការលួច​លាក់ ដូចជាព្រានសត្វស្លាប បញ្ឆោតបាញ់សត្វ យកសាច់មកបរិភោគ ព្រោះថា បុគ្គលធ្វើអំពើណា ត្រូវនិយាយចំពោះអំពើនោះ មិនធ្វើអំពើណា មិនត្រូវនិយាយ​ចំពោះអំពើនោះទេ ព្រោះ​ពួកអ្នកប្រាជ្ញ តែងកំណត់​ដឹង​ពួកបុគ្គល​ ដែល​បានតែ​ខាង​និយាយ តែមិនធ្វើ។

[១១០] ព្រះមានព្រះភាគ ត្រាស់ថា បដិបទានេះឯង ជាបដិបទាដ៏មាំ ពួក​អ្នកប្រាជ្ញមានឈាន រមែងរួចចាក​ចំណងមារ ដោយបដិបទាណា បុគ្គល មិនអាច​ប្រតិបត្តិបដិបទានេះ ដោយគ្រាន់តែចេះនិយាយ ឬគ្រាន់តែស្តាប់ ដោយ​ចំណែក​មួយទេ ពួកអ្នកប្រាជ្ញ ដឹងច្បាស់នូវហេតុក្នុងលោក បានដឹងនូវចតុសច្ចធម៌ ជាអ្នក​រំលត់​កិលេស បានឆ្លង​នូវ​តណ្ហា ដែលផ្សាយទៅក្នុងលោក រមែង​មិននិយាយ​អួតទេ។

[១១១] គ្រានោះឯង ទេវតាទាំងឡាយនោះ ប្រតិស្ឋានលើប្រឹថពី ហើយក្រាប​សីរ្សៈទៀបព្រះបាទ នៃព្រះមានព្រះភាគ ទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ទោសដែលប្រព្រឹត្តកន្លងគ្របសង្កត់ហើយ នូវខ្ញុំ​ព្រះអង្គទាំង​ឡាយ តាមដោយខ្ញុំព្រះអង្គទាំងឡាយ ជាអ្នកល្ងង់ខ្លៅ ជាអ្នកវង្វេង ជាអ្នក​មិនឈ្លាស ខ្ញុំ​ព្រះអង្គទាំងឡាយណា បានមើលងាយព្រះមានព្រះភាគ ដែលជាបុគ្គល​មិនគួរ​បៀត​បៀន បពិត្រព្រះអង្គដ៏ចំរើន សូម​ព្រះមានព្រះភាគ អត់នូវទោស ដែលប្រព្រឹត្ត​កន្លង គ្របសង្កត់ហើយ ដល់ខ្ញុំ​ព្រះអង្គទាំងឡាយនោះ ដើម្បីនឹងសង្រួមតទៅ។ ទើប​ព្រះមានព្រះភាគ ទ្រង់ធ្វើការញញឹមឲ្យប្រាកដឡើង។

[១១២] លំដាប់នោះឯង ទេវតាទាំងនោះ ក៏ពោលទោសច្រើនហួសប្រមាណ ហើយ​ហោះទៅឯអាកាស។ ទេវតាមួយអង្គ បានពោល​គាថានេះ ក្នុងសំណាក់នៃ​ព្រះមានព្រះភាគថា

បើអ្នកណាមិនអត់ទោសឲ្យ ដល់បុគ្គល​អ្នកសំដែងទោស អ្នកនោះឈ្មោះថា មានសេចក្តីក្រោធនៅខាងក្នុង ធ្វើទោសឲ្យកាន់តែធ្ងន់ឡើង ឈ្មោះថា ឱបក្រសោប​ពៀរទុក (ដូចជាបុគ្គលពាក់ឡេវក្ឌុំ)។ បើទោសមិនមានទេ កំហុសក្នុងលោកនេះ ក៏​មិនមានដែរ បើពៀរទាំងឡាយមិនរម្ងាប់ទេ ក្នុងលោកនេះ នឹងមានអ្នកឈ្លាស​ដូចម្តេច​បាន។ បុគ្គល​ណា មិនមានទោស ប្រព្រឹត្តកន្លង (ដោយវាចា) បុគ្គល​ណា មិន​មានកំហុស បុគ្គលណា មិនដល់នូវសេចក្តី​ភាន់ច្រឡំ បុគ្គលណា ជាអ្នកប្រាជ្ញ មាន​សតិសព្វកាលក្នុងលោកនេះ។

[១១៣] ព្រះមានព្រះភាគ ត្រាស់ថា ព្រះតថាគតនោះ ជាព្រះពុទ្ធ ជាអ្នក​មាន​សេចក្តីអនុគ្រោះ ដល់សព្វសត្វ មិនមានទោសប្រព្រឹត្តកន្លងទេ ព្រះតថាគតនោះ មិន​មានកំហុសទេ ព្រះតថាគតនោះ មិនដល់នូវសេចក្តី​ភាន់ច្រឡំទេ ព្រះតថាគតនោះ ជា​អ្នកមានប្រាជ្ញា មានសតិសព្វកាល ក្នុងលោកនេះ។ បើអ្នកណា មិនអត់ទោស ដែល​ប្រព្រឹត្តកន្លង​ ដល់បុគ្គលអ្នកសំដែងទោស អ្នកនោះឈ្មោះថា មានសេចក្តីក្រោធនៅ​ខាង​ក្នុង ធ្វើទោសឲ្យកាន់តែធ្ងន់ឡើង ឈ្មោះថា ឱបក្រសោបពៀរទុក តថាគត មិន​ត្រេកអរនឹងពៀរនោះទេ តថាគត អត់ទោស ដែលប្រព្រឹត្តកន្លង ដល់អ្នកទាំងឡាយ​ហើយ។

សទ្ធាសូត្រ ទី៦

[១១៤] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថ​បិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង កាលវេលារាត្រីបឋមយាមកន្លងទៅ​ហើយ ពួកសតុល្លប្បកាយិកាទេវតា [ទេវតាដែលបានអណ្តែត​ទៅកើតក្នុងឋានសួគ៌ ដោយអំណាច​កាន់ធម៌ របស់សប្បុរស។] ជាច្រើន មានរស្មីល្អ ញុំាងវត្តជេតពនទាំងមូល ឲ្យភ្លឺស្វាង ចូលទៅគាល់​ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏​ថ្វាយ​បង្គំ​ព្រះមានព្រះភាគ ហើយឋិត​នៅក្នុងទី​ដ៏សមគួរ។

[១១៥] លុះទេវតាមួយអង្គ ឋិតនៅ ក្នុងទីសមគួរហើយ ក៏ពោលគាថានេះ ក្នុងសំណាក់នៃ​ព្រះមានព្រះភាគថា

សទ្ធាជាទីពីរ របស់បុរស បើបុគ្គលមិនឋិតនៅក្នុងភាព​ជាអ្នកមិនមានសទ្ធាទេ យសបរិវារ​ក្តី កិត្តិសព្ទក្តី​ តែង​មានដល់បុរសនោះ ព្រោះតែ​ការមិនឋិត​នៅក្នុងភាពជាបុគ្គល មិនមានសទ្ធានោះ លុះបុគ្គលនោះ លះសរីរៈហើយ រមែង​ទៅកាន់​ឋានសួគ៌។ បុគ្គលគប្បីលះបង់សេចក្តីក្រោធ គប្បី​លះបង់​មានះ គប្បីលះបង់​សំយោជនៈទាំងពួង សង្គធម៌ទាំងឡាយ [សង្គៈប្រាំប្រការ មានកិលេស​សង្គៈ ​ជាដើម។ អដ្ឋកថា។] មិនធ្លាក់សង្កត់នូវបុគ្គល​នោះ ដែល​មិនជាប់ចំពាក់នៅក្នុងនាម និងរូប មិន​មាន​សេចក្តីក្រវល់ក្រវាយឡើយ។

[១១៦] ពួកជនពាល ឥតប្រាជ្ញា តែងប្រកបរឿយៗ នូវ​សេចក្តីប្រមាទ អ្នកប្រាជ្ញ រមែងរក្សានូវសេចក្តីមិនប្រមាទ ដូចជាគេរក្សាទុក នូវទ្រព្យដ៏ប្រសើរ បុគ្គល​កុំ​គប្បី​ប្រកប​រឿយៗ នូវសេចក្តីប្រមាទ កុំប្រកបរឿយៗ នូវការមូលមិត្ត ដោយតម្រេក​ក្នុង​កាមឡើយ ដ្បិតបុគ្គល​អ្នកមិនប្រមាទ អ្នកមានឈាន រមែងដល់នូវសេចក្តីសុខដ៏​ឧត្តម។

សមយសូត្រ ទី៧

[១១៧] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់​គង់នៅ​ក្នុងមហាវ័ន ជិតក្រុងកបិលវត្ថុ នាដែនសក្កៈ មួយអន្លើដោយភិក្ខុសង្ឃជាច្រើន ចំនួន​ភិក្ខុប្រាំរយរូប សុទ្ធតែជាព្រះអរហន្តទាំងអស់។ ក៏ពួកទេវតា មកអំពីលោកធាតុ​ទាំង​១០ ប្រជុំគ្នាដោយច្រើន ដើម្បីឃើញព្រះមានព្រះភាគ និងភិក្ខុសង្ឃ។

[១១៨] លំដាប់នោះឯង ពួកសុទ្ធាវាសទេវតា ទាំងបួនអង្គ ត្រិះរិះយ៉ាង​នេះថា ព្រះមានព្រះភាគ អង្គនេះ គង់នៅក្នុងមហាវ័ន ជិតក្រុងកបិលវត្ថុ នាដែនសក្កៈ មួយ​អន្លើ​ដោយភិក្ខុសង្ឃជាច្រើន ចំនួន​ភិក្ខុប្រាំរយរូប សុទ្ធតែជាអរហន្តទាំងអស់ ក៏​ពួក​ទេវតា មកអំពីលោកធាតុ ទាំង១០ ប្រជុំគ្នាដោយច្រើន ដើម្បីឃើញព្រះមានព្រះភាគ និងភិក្ខុសង្ឃ បើដូច្នោះ គួរតែ​ពួកយើង ចូលទៅគាល់ព្រះមានព្រះភាគដែរ លុះចូលទៅដល់ហើយ ពួកយើងគប្បីសំដែង នូវគាថាមួយម្នាក់ៗ ក្នុងសំណាក់នៃ​ព្រះមានព្រះភាគ។

[១១៩] លំដាប់នោះឯង ទេវតាទាំងនោះ ក៏បាត់អំពីសុទ្ធាវាសទេវលោក មក​ប្រាកដ​ក្នុងទីចំពោះព្រះភក្ត្រ​ នៃព្រះមានព្រះភាគ ដូចជាបុរសមានកំឡាំង លាដៃដែល​អង្កុញ ឬអង្កុញ​ដៃដែលលា ដូច្នោះឯង។ ទេវតាទាំងនោះ ក៏ថ្វាយបង្គំ​ដោយ​គោរព ចំពោះ​ព្រះមានព្រះភាគ ហើយឋិតនៅក្នុងទីដ៏សមគួរ។

[១២០] លុះទេវតាមួយអង្គ ឋិតនៅក្នុងទីសមគួរហើយ ក៏ពោលគាថានេះ ក្នុង​សំណាក់​នៃ​ព្រះមានព្រះភាគថា

សម័យនេះ ជាសម័យប្រជុំធំ ក្នុងដងព្រៃ ពួកទេវតា ក៏មកប្រជុំគ្នាហើយ យើង​ទាំងឡាយ មកកាន់ទីប្រជុំ ប្រកបដោយធម៌នេះ ដើម្បីឃើញអបរាជិតសង្ឃ គឺសង្ឃ​ដែល​មារផ្ចាញ់​មិនបាន។

[១២១] លំដាប់នោះ ទេវតាមួយអង្គទៀត ពោលគាថានេះ ក្នុងសំណាក់នៃ​​ព្រះមានព្រះភាគថា

ពួកភិក្ខុក្នុងទីប្រជុំនោះ ប្រកបដោយសមាធិ ធ្វើចិត្តរបស់ខ្លួន (ដែល​វៀចកោង) ឲ្យ​ជាចិត្ត​ស្លូតត្រង់ ភិក្ខុជាបណ្ឌិតទាំងឡាយ តែងរក្សានូវឥន្ទ្រិយទាំងឡាយដោយល្អ ដូចជា​សារថី​កាន់ទប់​នូវខ្សែបរទុកដូច្នោះឯង។

[១២២] លំដាប់នោះ ទេវតាមួយអង្គទៀត ពោលគាថានេះ ក្នុងសំណាក់នៃ​​ព្រះមានព្រះភាគថា

ភិក្ខុទាំងនោះ កាត់បង់នូវបង្គោល គឺរាគៈ ទោសៈ មោហៈ កាត់បង់នូវរនុកទ្វារ​គឺរាគៈ ទោសៈ មោហៈ គាស់រំលើងនូវសសរគោល គឺរាគៈ ទោសៈ មោហៈ ហើយជាអ្នក​មិនមានតណ្ហា ជាគ្រឿង​ញាប់ញ័រ ជាអ្នកបរិសុទ្ធស្អាត ប្រាស​ចាក​មន្ទិល ជានាគកម្លោះ មានចក្ខុ មានឥន្ទ្រិយទូន្មានល្អហើយ តែងត្រាច់ទៅ (ក្នុង​ទីទាំងពួងបាន តាមប្រាថ្នា)។

[១២៣] លំដាប់នោះ ទេវតាមួយអង្គទៀត ពោលគាថានេះ ក្នុងសំណាក់នៃ​ព្រះមានព្រះភាគថា

ជនទាំងឡាយណាមួយ បានដល់នូវព្រះពុទ្ធ ជាទីរឭក ជនទាំងនោះ នឹង​មិន​ទៅកាន់អបាយភូមិឡើយ លុះលះបង់រាងកាយ ជារបស់មនុស្សហើយ នឹងទៅបំពេញ​ក្នុងពួកនៃ​ទេវតាមិនខាន។

សកលិកសូត្រ ទី៨

[១២៤] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅ​ក្នុងឱទ្យានឈ្មោះ មទ្ទកុច្ឆិ ជាទីឲ្យអភ័យដល់ម្រឹគ ជិតក្រុងរាជគ្រឹះ។ សម័យ​នោះឯង ព្រះបាទនៃព្រះមានព្រះភាគ ទង្គិចដោយបំណែកថ្ម (ដែល​ទេវទត្តប្រមៀលមក)។ វេទនាដ៏មានកម្លាំង ជាទុក្ខ ក្លាខ្លាំង ក្រហល់ក្រហាយ មិនសប្បាយ មិនជាទីពេញ​ចិត្ត ក៏ប្រព្រឹត្តទៅ ក្នុងព្រះសរីរៈ នៃព្រះមានព្រះភាគ។ ព្រះមានព្រះភាគ ទ្រង់មាន​ព្រះសតិសម្បជញ្ញៈ ទ្រង់អត់សង្កត់ នូវវេទនាទាំងនោះបាន មិនលំបាកឡើយ។ គ្រានោះ ព្រះមានព្រះភាគ ត្រាស់បង្គាប់ភិក្ខុ ឲ្យក្រាលសង្ឃាដី មានជាន់បួន ទ្រង់​សម្រេច​ព្រះសីហសេយ្យាខាងស្តាំ តម្រួត​ព្រះបាទខាងឆ្វេង លើព្រះបាទខាង​ស្តាំ ទ្រង់​មានព្រះសតិសម្បជញ្ញៈ។

[១២៥] លំដាប់នោះ កាលវេលារាត្រីបឋមយាម កន្លងទៅហើយ ពួក​សតុល្លប្បកាយិកា​ទេវតា ៧០០អង្គ មានរស្មីដ៏ល្អ ញុំាងមទ្ទកុច្ឆិឱទ្យានទាំងមូល​ឲ្យភ្លឺ ក៏​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ លុះចូលទៅដល់ ថ្វាយបង្គំព្រះមានព្រះភាគ ហើយ​ឋិត​នៅ​ក្នុងទីសមគួរ។

[១២៦] លុះទេវតាមួយអង្គ ឋិតនៅ ក្នុងទីសមគួរហើយ ក៏បន្លឺឧទាន​វាចានេះ ក្នុង​សំណាក់​នៃ​ព្រះមានព្រះភាគថា យីអើ ព្រះសមណគោតម ជានាគមែនហ្ន៎ ព្រោះ​ព្រះអង្គ ជាបុគ្គល​មាន​ព្រះពលានុភាព ទោះបីវេទនាជាទុក្ខ ក្លាខ្លាំង ក្រហល់ក្រហាយ មិន​សប្បាយ មិនជាទីពេញចិត្ត កើតឡើង ប្រព្រឹត្តទៅក្នុងព្រះសរីរៈ ក៏ព្រះអង្គ​មាន​ព្រះសតិសម្បជញ្ញៈ ទ្រង់អត់ទ្រាំបាន មិនលំបាកឡើយ។

[១២៧] លំដាប់នោះ ទេវតាមួយអង្គទៀត បន្លឺឧទានវាចានេះ ក្នុងសំណាក់នៃ​ព្រះមានព្រះភាគ ដូច្នេះថា យីអើ ព្រះសមណគោតម ជាសីហៈមែនហ្ន៎ ព្រោះព្រះអង្គ ជាអ្នកមិនតក់ស្លុត ទោះបីវេទនា ជាទុក្ខក្លាខ្លាំង ក្រហល់ក្រហាយ មិន​សប្បាយ មិនជាទីពេញចិត្ត កើតឡើង ប្រព្រឹត្តទៅក្នុងព្រះសរីរៈ ក៏ព្រះអង្គមាន​ព្រះសតិ​សម្បជញ្ញៈ ទ្រង់អត់ទ្រាំបាន មិនលំបាកឡើយ។

[១២៨] លំដាប់នោះ ទេវតាមួយអង្គទៀត បន្លឺឧទានវាចានេះ ក្នុងសំណាក់នៃ​ព្រះមានព្រះភាគថា យីអើ ព្រះសមណគោតម ជាអាជានេយ្យមែនហ្ន៎ ព្រោះព្រះអង្គ​ទ្រង់ជ្រាបនូវហេតុ ទោះបីវេទនា ជាទុក្ខក្លាខ្លាំង ក្រហល់ក្រហាយ មិនសប្បាយ មិន​ជាទីពេញចិត្ត កើតឡើង ប្រព្រឹត្តទៅក្នុងព្រះសរីរៈ ក៏ព្រះអង្គ មាន​ព្រះសតិ​សម្បជញ្ញៈ ទ្រង់អត់ទ្រាំបាន មិនលំបាកឡើយ។

[១២៩] លំដាប់នោះ ទេវតាមួយអង្គទៀត បន្លឺឧទានវាចានេះ ក្នុងសំណាក់នៃ​ព្រះមានព្រះភាគថា យីអើ ព្រះសមណគោតម ជានិសភៈ [អដ្ឋកថា ថា គោឈ្មោល ដែលជាធំជាងគោ១រយ ហៅថាឧសភៈ ជាធំជាងគោ១ពាន់ ហៅថា អាសភៈ ជាធំជាង​គោ១ម៉ឺន ហៅថា និសភៈ។ ព្រះមានព្រះភាគ ទ្រង់ប្តេជ្ញានូវឋានៈដ៏ប្រសើរ ទើប​ទ្រង់ព្រះនាមថា និសភៈ។] មែនហ្ន៎ ព្រោះព្រះអង្គ​ ជាបុគ្គល ឥត​មានអ្នកណាស្មើ ទោះបីវេទនា ជាទុក្ខក្លាខ្លាំង ក្រហល់ក្រហាយ មិនសប្បាយ មិន​ជាទីពេញចិត្ត កើតឡើង ប្រព្រឹត្តទៅក្នុងព្រះសរីរៈ ក៏ព្រះអង្គ មាន​ព្រះសតិសម្បជញ្ញៈ ទ្រង់អត់​ទ្រាំបាន មិនលំបាកឡើយ។

[១៣០] លំដាប់នោះ ទេវតាមួយអង្គទៀត បន្លឺឧទានវាចានេះ ក្នុងសំណាក់នៃ​ព្រះមានព្រះភាគថា យីអើហ្ន៎ ព្រះសមណគោតម ព្រះអង្គ ជាធោរយ្ហបុគ្គលមែន ព្រោះ​ព្រះអង្គ ជាអ្នក​នាំទៅនូវធុរៈ ទោះបីវេទនា ជាទុក្ខក្លាខ្លាំង ក្រហល់ក្រហាយ មិនសប្បាយ មិន​ជាទីពេញចិត្ត កើតឡើង ប្រព្រឹត្តទៅក្នុងព្រះសរីរៈ ក៏ព្រះអង្គមាន​ព្រះសតិសម្បជញ្ញៈ ទ្រង់អត់ទ្រាំបាន មិនលំបាកឡើយ។

[១៣១] លំដាប់នោះ ទេវតាដទៃទៀត បន្លឺឧទានវាចានេះ ក្នុងសំណាក់នៃ​ព្រះមានព្រះភាគ ដូច្នេះថា យីអើហ្ន៎ ព្រះសមណគោតម ជាទន្តបុគ្គល (អ្នកប្រដៅ​ព្រះហឫទ័យបាន) មែន ព្រោះព្រះអង្គ ជាអ្នក​មិនមានពុតត្បុត ទោះបីវេទនា ជាទុក្ខក្លាខ្លាំង ក្រហល់ក្រហាយ មិនសប្បាយ មិន​ជាទីពេញចិត្ត កើតឡើង ប្រព្រឹត្តទៅ ក្នុងព្រះសរីរៈ ក៏ព្រះអង្គ មាន​ព្រះសតិសម្បជញ្ញៈ ទ្រង់អត់ទ្រាំបាន មិនលំបាកឡើយ។

[១៣២] លំដាប់នោះ ទេវតាដទៃទៀត បន្លឺឧទានវាចានេះ ក្នុងសំណាក់នៃ​ព្រះមានព្រះភាគ ដូច្នេះថា សូមព្រះអង្គ ទតចំពោះតែអរហត្តផល​សមាធិ ដែល​ចម្រើនល្អហើយ និងចិត្ត​ដែលរួចស្រឡះ ​ដោយផលវិមុត្តិហើយ សូម​កុំទត​នូវចិត្ត​ដែល​ប្រព្រឹត្តទៅតាមរាគៈ ប្រព្រឹត្តទៅតាមទោសៈ និងចិត្តដែលសង្កត់សង្កិន នូវ​កិលេស​ ដោយ​សេចក្តីព្យាយាម របស់ខ្លួន​ហើយប្រព្រឹត្តទៅ អ្នកណាឡើយ នឹងរាប់អានបុគ្គល ​ដែលបៀតបៀននូវនាគបុរស សីហបុរស អាជានីយបុរស និសភបុរស ធោរយ្ហបុរស ទន្តបុរស មានសភាព​យ៉ាងនេះ​ ដូចម្តេចបាន វៀរលែងតែ​បុគ្គល​​ជាអន្ធពាលចេញ។

ពួកព្រាហ្មណ៍ អ្នកទ្រទ្រង់នូវវេទ ទាំង៥ ជាអ្នកប្រព្រឹត្ត​អាស្រ័យ​នូវតបៈ អស់មួយរយឆ្នាំគត់ ក៏ចិត្តរបស់ពួកព្រាហ្មន៍នោះ នៅតែមិនរួចស្រឡះដោយ​ប្រពៃ​នៅ​ឡើយ ព្រាហ្មណ៍​ទាំងនោះ មានសភាពជាអ្នកធ្វើខ្លួនឲ្យថោកទាប មិនដល់នូវ​ព្រះនិព្វានឡើយ។ បុគ្គល​អ្នកជាប់​ចំពាក់​ដោយសីលពត្ត [អដ្ឋកថាថា ជាប់ចំពាក់​ដោយទំនៀម និង​ប្រក្រតី​ទាំងឡាយ មាន​​ទំនៀម និងប្រក្រតីនៃ​ពពែ និងឆ្កែ​ ជាដើម។] ព្រោះតណ្ហាគ្របសង្កត់ ទោះ​ប្រព្រឹត្ត​​នូវតបៈ​ដ៏សៅហ្មង អស់​មួយរយ​ឆ្នាំ ក៏ចិត្ត​របស់បុគ្គល​ទាំងនោះ មិនរួចស្រឡះ ដោយប្រពៃឡើយ បុគ្គលទាំងនោះ មានសភាព​ជាអ្នកធ្វើខ្លួន​ឲ្យថោកទាប មិន​ដល់​នូវ​ព្រះនិព្វាន​ឡើយ។ ក្នុងលោកនេះ បុគ្គល​អ្នក​ប្រាថ្នានូវមានះ រមែង​មិន​មាន​ការ​ទូន្មាន​ឥន្ទ្រិយ បុគ្គល​អ្នកមានចិត្តមិនតាំងមាំ រមែង​មិន​មាន​បញ្ញា បុគ្គលជាអ្នកប្រមាទ ទុកជានៅ​ក្នុងព្រៃ​តែម្នាក់ឯង ក៏ឆ្លងនូវទីនៅ​ របស់មារ​ទៅព្រះនិព្វាន ពុំបានឡើយ។ បុគ្គលណា លះមានះបានហើយ មាន​ចិត្ត​តម្កល់​នៅ ដោយប្រពៃ មានចិត្តផូរផង់ រួចស្រឡះ​ចាកធម៌ ជាគ្រឿង​សៅហ្មង​ទាំងពួង នៅក្នុងព្រៃតែម្នាក់ឯង ជាអ្នកមិនប្រមាទ បុគ្គលនោះ ទើបឆ្លង​នូវទីនៅ របស់មារ​ ទៅព្រះ​និព្វានបាន។

បឋមបជ្ជុន្នធីតុសូត្រ ទី៩

[១៣៣] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅ​ក្នុងកូដាគារសាលា នាមហាវ័ន ទៀប​ក្រុងវេសាលី។ គ្រានោះ កាល​ដែល​វេលារាត្រីបឋមយាមកន្លងទៅហើយ ទេវតាឈ្មោះ ​កោកនទា ជាធីតា នៃ បជ្ជុន្នទេវរាជ មាន​រស្មីដ៏ល្អ ញុំាង​មហាវ័ន​ទាំងមូល​ ឲ្យភ្លឺស្វាង ចូលទៅគាល់​ព្រះមានព្រះភាគ លុះចូលទៅដល់ ក៏អភិវាទព្រះមានព្រះភាគ ហើយឋិត​នៅក្នុងទីដ៏សមគួរ។

[១៣៤] លុះទេវតាឈ្មោះ កោកនទា ជាធីតានៃបជ្ជុន្នទេវរាជ ឋិត​នៅក្នុង​ទីដ៏​សមគួរហើយ បានពោលនូវគាថាទាំងនេះ ក្នុងសំណាក់នៃ​ព្រះមានព្រះភាគថា

ខ្ញុំម្ចាស់ឈ្មោះ កោកនទា ខ្ញុំម្ចាស់ឈ្មោះ កោកនទា ជាធីតា នៃ​បជ្ជុន្នទេវរាជ សូម​ថ្វាយ​បង្គំ​ព្រះសម្ពុទ្ធ ព្រះអង្គ ជាកំពូលរបស់សត្វ ទ្រង់គង់នៅក្នុងមហាវ័ន ជិតក្រុង​វេសាលី ក្នុងកាលមុន ខ្ញុំម្ចាស់​បានឮថា ព្រះធម៌ គឺព្រះតថាគត អ្នកមានចក្ខុ ត្រាស់ដឹង​ហើយ ឥឡូវនេះ ខ្ញុំម្ចាស់ដឹងច្បាស់លាស់ (នូវធម៌) ដែល​ព្រះសុគត​ជាមុនីសម្តែង​ហើយ ពួកបុគ្គលអាប់ប្រាជ្ញាណាមួយ ប្រព្រឹត្តតិះដៀល នូវព្រះធម៌ដ៏ប្រសើរ នឹង​ចូលទៅដល់ រោរុវនរក រងទុក្ខដ៏ក្លា អស់រាត្រីយូរអង្វែង លុះតែបុគ្គលពួកណា មានខន្តី ចូលទៅរម្ងាប់កិលេស មានរាគៈ ជាដើម ក្នុងអរិយធម៌ ទើបបុគ្គល​ពួកនោះ លះបង់​នូវរាងកាយ ជារបស់មនុស្ស ហើយនឹង​ចូលទៅបំពេញ​នូវកាយ ជារបស់​ទេវតាបាន។

ទុតិយបជ្ជុន្នធីតុសូត្រ ទី១០

[១៣៥] ខ្ញុំបានស្តាប់មក យ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់​នៅក្នុងកូដាគារសាលា នាមហាវ័ន ជិតក្រុង​វេសាលី។ គ្រានោះ កាលដែលវេលា​រាត្រី​បឋមយាមកន្លងទៅហើយ ទេវតា ឈ្មោះ ​ចុល្លកោកនទា ជាធីតានៃ​ បជ្ជុន្នទេវរាជ មាន​រស្មីដ៏ល្អ ញុំាងមហាវ័នទាំងមូល ​ឲ្យភ្លឺស្វាង ចូលទៅគាល់​ព្រះមានព្រះភាគ លុះចូលទៅដល់ ក៏អភិវាទព្រះមានព្រះភាគ ហើយឋិតនៅក្នុងទីដ៏សមគួរ។

[១៣៦] លុះទេវតាឈ្មោះ ចុល្លកោកនទា ជាធីតា នៃ​បជ្ជុន្នទេវរាជ ឋិតនៅ​ក្នុងទីដ៏​សមគួរហើយ បានពោលនូវគាថាទាំងនេះ ក្នុងសំណាក់នៃ​ព្រះមានព្រះភាគ​ថា

ទេវតាឈ្មោះ កោកនទា ជាធីតានៃ​បជ្ជុន្នទេវរាជ មានរស្មីដ៏ភ្លឺ​ ដូច​ជាផ្លេក​បន្ទោរ មកហើយក្នុងទីនេះ កាលនមស្ការព្រះពុទ្ធ ព្រះធម៌ (និងព្រះសង្ឃ) បានពោល​នូវគាថា​នេះ ដ៏ប្រកបដោយអត្ថថា

ខ្ញុំម្ចាស់ក៏ត្រូវចែកនូវគាថានោះ ដោយបរិយាយ​ដ៏ច្រើនប្រការ ធម៌បែបនោះ ខ្ញុំ​ម្ចាស់​នឹង​សំដែង​ នូវ​សេចក្តី​យ៉ាងសង្ខេប ធម៌​ទាំងប៉ុន្មាននោះ ខ្ញុំម្ចាស់​បានរៀន​ដោយចិត្ត (ជ្រះថ្លា)

បុគ្គលមិនគប្បីធ្វើបាប ដោយកាយវាចាចិត្ត បុគ្គលគប្បីលះបង់ ​នូវកង្វល់ ក្នុង​​លោក​​ទាំង​ពួង គប្បីលះបង់ ​នូវ​កាមទាំងឡាយ គប្បីជាអ្នកមានសតិ និងសម្បជញ្ញៈ មិន​គប្បី​សេព​អំពើ​ឥត​ប្រយោជន៍ ដែលនាំមកនូវសេចក្តីទុក្ខ។

ចប់ សតុល្លប្បកាយិកវគ្គ ទី៤។

បញ្ជីរឿងក្នុង​សតុល្លប្បកាយិកវគ្គ​នោះ គឺ

សព្ភិសូត្រ ១ មច្ឆរិសូត្រ ១ សាធុសូត្រ ១ នសន្តិសូត្រ ១ ឧជ្ឈានសញ្ញិសូត្រ ១ សទ្ធាសូត្រ ១ សមយសូត្រ ១ សកលិកសូត្រ ១ បជ្ជុន្នធិតុសូត្រ ២។

អាទិត្តវគ្គ ទី៥

អាទិត្តសូត្រ ទី១

[១៣៧] ខ្ញុំបានស្តាប់មក យ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់​នៅ​ក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ លំដាប់នោះឯង កាលដែល​វេលារាត្រីបឋមយាម កន្លងទៅហើយ ទេវតាមួយអង្គ មានរស្មីដ៏ល្អ ញុំាង​វត្តជេតពនទាំងមូលឲ្យភ្លឺ ចូលទៅគាល់​ព្រះមានព្រះភាគ លុះចូលទៅដល់ ក៏​អភិវាទ​ព្រះមានព្រះភាគ ហើយឋិតនៅក្នុងទីដ៏សមគួរ។

[១៣៨] លុះទេវតានោះ ឋិតនៅក្នុងទីសមគួរហើយ បានពោលនូវ​គាថា​ទាំងនេះ ក្នុងសំណាក់នៃ​ព្រះមានព្រះភាគថា

បុគ្គលជញ្ជូននូវភាជន៍ណា អំពីផ្ទះដែលភ្លើងកំពុងឆេះ ពុំនោះសោត ភ្លើង​មិន​ទាន់ឆេះនូវវត្ថុណា ក្នុងផ្ទះនោះ ភាជន៍ និងវត្ថុនោះ ជាប្រយោជន៍​នៃបុគ្គល​នោះឯង សត្វលោកដែលជរា និងមរណៈឆេះយ៉ាងនេះ ត្រូវតែនាំទ្រព្យចេញ ដោយទានកុំខាន ទានដែល​បុគ្គលឲ្យហើយ ឈ្មោះថា នាំចេញដោយល្អ វត្ថុដែលបុគ្គលឲ្យហើយ ជាវត្ថុ​មាន​សុខជាផល វត្ថុដែលបុគ្គលមិនឲ្យហើយ ជាវត្ថុមិនមានសុខជាផលទេ ពួកចោរ​តែង​នាំទៅ ពួក​រាជការតែងរឹបយក ភ្លើង​តែងឆេះវិនាសទៅ ពុំនោះសោត វេលាស្លាប់​ទៅ ក៏រមែង​លះបង់នូវសរីរៈ និងរបស់ដែលបុគ្គលធ្លាប់​ហួងហែង អ្នកប្រាជ្ញដឹងនូវ​សេចក្តីនេះហើយ គប្បីបរិភោគផង ឲ្យទានផង បុគ្គលឲ្យទាន ទាំងបរិភោគ ឲ្យ​សមគួរ​តាមសភាពហើយ គេមិនដែលនិន្ទាទេ តែងបានទៅកើតក្នុងឋានសួគ៌។

កិន្ទទសូត្រ ទី២

[១៣៩] ទេវតាក្រាបបង្គំសួរថា បុគ្គល​ឲ្យអ្វី ឈ្មោះថា ឲ្យកម្លាំង ឲ្យអ្វី ឈ្មោះថា ឲ្យពណ៌សម្បុរ ឲ្យអ្វី ឈ្មោះថា ឲ្យសេចក្តីសុខ ឲ្យអ្វី ឈ្មោះថា ឲ្យចក្ខុ មួយទៀត បុគ្គល​ណា ឲ្យរបស់អ្វី ឈ្មោះថា ឲ្យគ្រប់យ៉ាង សូមព្រះអង្គ សំដែង​ប្រាប់សេចក្តីនោះ ដល់​ខ្ញុំ​ព្រះអង្គជាអ្នកសួរ។

[១៤០] ព្រះមានព្រះភាគត្រាស់ថា បុគ្គលឲ្យបាយ ឈ្មោះថា ឲ្យកម្លាំង ឲ្យសំពត់ ឈ្មោះថា ឲ្យពណ៌សម្បុរ ឲ្យយានជំនិះ ឈ្មោះថា ឲ្យសេចក្តីសុខ ឲ្យ​ប្រទីប ឈ្មោះថា ឲ្យចក្ខុ មួយទៀត បុគ្គលណា ឲ្យទីនៅអាស្រ័យ បុគ្គលនោះ ឈ្មោះថា ឲ្យវត្ថុ​គ្រប់យ៉ាង បុគ្គលណា ប្រៀនប្រដៅធម៌ បុគ្គលនោះ ឈ្មោះថា ឲ្យព្រះនិព្វាន។

អន្នសូត្រ ទី៣

[១៤១] ទេវតាទូលថា ជនទាំងពីរពួក គឺទេវតា និងមនុស្ស រមែង​ប្រាថ្នានូវបាយតែម្យ៉ាង អ្នកណា មិនប្រាថ្នានូវបាយ អ្នកនោះ ឈ្មោះថា យក្ខដោយពិត។

[១៤២] ព្រះមានព្រះភាគត្រាស់ថា ជនទាំងឡាយណា មានចិត្ត​ជ្រះ​ថ្លា ឲ្យបាយនោះ ដោយសទ្ធា បាយនោះ រមែងចូលទៅរកជនទាំងនោះវិញ ក្នុងលោកនេះ និងលោកខាងមុខ ព្រោះហេតុនោះ​ សាធុជន គប្បីកំចាត់បង់ នូវសេចក្តី​កំណាញ់ចេញ គ្របសង្កត់នូវមន្ទិល ហើយឲ្យទានចុះ​ (ព្រោះ​ថា) បុណ្យទាំងឡាយ ជាទីពឹង ​នៃពួកសត្វក្នុងបរលោក។

ឯកមូលសូត្រ ទី៤

[១៤៣] ទេវតាទូលថា ឥសី បានឆ្លងហើយ នូវសមុទ្របាតាល ដែល​មានមូលមួយ គឺតណ្ហា មានអន្លង់ពីរ គឺសស្សតទិដ្ឋិ និងឧច្ឆេទទិដ្ឋិ មានមន្ទិលបី គឺ រាគៈ ទោសៈ មោហៈ មានគ្រឿងផ្សាយចេញ ៥យ៉ាង គឺបញ្ចកាមគុណ មានកំនួចទឹក ១២ គឺ អាតយនៈ ទាំង១២។

អនោមិយសូត្រ ទី៥

[១៤៤] ទេវតាទូលថា អ្នកទាំងឡាយ ចូរមើលនូវព្រះមានព្រះភាគនោះ ព្រះអង្គមាន​ព្រះនាមបរិបូណ៌ ព្រោះទ្រង់ប្រកបដោយគុណទាំងពួង ព្រះអង្គ ឃើញនូវ​ប្រយោជន៍ ដ៏ល្អិតល្អ ជាអ្នកឲ្យនូវបញ្ញា ព្រះអង្គ មិនជាប់នៅក្នុងអាល័យ គឺកាម ព្រះអង្គ​ត្រាស់ដឹង​សព្វ ព្រះអង្គមានប្រាជ្ញាល្អ ព្រះអង្គស្តេច​ទៅក្នុងផ្លូវ​ដ៏​ប្រសើរ គឺ អរិយមគ្គ ព្រះអង្គស្វែងរក​នូវគុណដ៏ធំ។

អច្ឆរាសូត្រ ទី៦

[១៤៥] សមណទេវបុត្តពោលថា [១.២ សមណទេវបុត្តនោះ ហៅព្រៃនន្ទវ័ន ជាព្រៃមោហនៈ ហៅពួកទេវតា ថាពួកបិសាច ព្រោះមិនមានសេចក្តី​គាប់ចិត្ត ចំពោះ​ព្រៃ​នន្ទវ័ន និងពួកទេវតានោះសោះ។] ព្រៃឈ្មោះ មោហនៈ នោះ ជាព្រៃគឹកកង ដោយ​ពួកនៃស្រីអប្សរ ជាទីសេពគប់នៃពួកបិសាច [២] ធ្វើដូចម្តេចនឹងយាត្រា (ចេញ​អំពី​ព្រៃនេះ) ទៅបាន។

[១៤៦] ព្រះមានព្រះភាគត្រាស់ថា ផ្លូវ គឺអដ្ឋង្គិកមគ្គនោះ ឈ្មោះថា ជាផ្លូវត្រង់ទិស គឺព្រះនិព្វាន​នោះ ឈ្មោះថា ជាទិសគ្មានភ័យ រថ គឺអដ្ឋង្គិកមគ្គ ឈ្មោះថា ជារថមិនឮសូរ ប្រកបដោយកង់​ គឺធម៌ បានដល់សេចក្តីព្យាយាម ដោយកាយ និងចិត្ត ហិរិ និងឱត្តប្បៈ  ជាទ្រពងនៃរថ​នោះ សតិ ជាព្រ័ត្រជ្រាម​នៃរថនោះ តថាគតពោលថា ធម៌ គឺលោកុត្តរមគ្គ ជាសារថី មាន​សម្មាទិដ្ឋិ ជាសន្ទុះទៅខាងមុខ ជនណា ទោះស្រី ឬប្រុស បានយាន​បែប​នោះហើយ ជននោះឯង នឹង​ដល់នូវ​ទីជិត នៃព្រះនិព្វានដោយយាននុ៎ះ​មិនខាន។

វនរោបសូត្រ ទី៧

[១៤៧] ទេវតាទូលថា បុណ្យ រមែង​ចម្រើន​មិនដាច់ ទាំងថ្ងៃទាំងយប់ គ្រប់វេលា ដល់​ជន​ពួកណា ជនពួកណា ឈ្មោះថា តាំងនៅក្នុងធម៌ ឈ្មោះថា បរិបូណ៌​ដោយសីល គួរ​ទៅ​កាន់​ឋានសួគ៌បាន។

[១៤៨] ព្រះមានព្រះភាគត្រាស់ថា ជនណា ដាំច្បារឈើ មានផ្កាផ្លែ ដាំច្បារឈើមាន​ម្លប់ សាងស្ពាន សាង​រោង ឲ្យ​ទានទឹក ទាំងជីកស្រះ ជនទាំងឡាយណា ឲ្យ​នូវ​ទី​សំណាក់​អាស្រ័យ​​ បុណ្យ រមែង​ចម្រើន​មិនដាច់ ទាំងថ្ងៃទាំងយប់គ្រប់វេលា ដល់​ជន​ទាំង​ឡាយ​នោះ ជន​ទាំងនោះ ឈ្មោះថា ជាអ្នក​តាំងនៅក្នុងធម៌ ឈ្មោះថា បរិបូណ៌​ដោយសីល គួរ​​ទៅ​កាន់​ឋានសួគ៌​បាន។

ជេតវនសូត្រ ទី៨

[១៤៩] អនាថបិណ្ឌិកទេវបុត្តពោលថា វត្តជេតពននេះ ជាវត្តមានប្រយោជន៍ ដែលពួក​ឥសី គឺភិក្ខុសង្ឃ គង់នៅមិនដាច់ ជាវត្ត ដែល​ព្រះសម្ពុទ្ធជាធម្មរាជ ទ្រង់​គង់​នៅ ជាទីញុំាងបីតិ ឲ្យកើតដល់ខ្ញុំព្រះអង្គ សត្វទាំងឡាយ រមែង​បរិសុទ្ធ​ដោយ​អដ្ឋង្គិកមគ្គនេះ គឺកម្ម បានដល់​មគ្គចេតនា វិជ្ជា បានដល់​សម្មាទិដ្ឋិ និងសម្មាសង្កប្បៈ ធម្មៈ បានដល់​សម្មាវាយាមៈ សម្មាសតិ និងសម្មាសមាធិ សីលៈ បានដល់​សម្មា​វាចា សម្មាកម្មន្តៈ និងសម្មាអាជីវៈ ឈ្មោះថា ជីវិតដ៏ឧត្តម មិនមែនបរិសុទ្ធ ដោយគោត្រ ឬ ដោយទ្រព្យទេ ព្រោះ​ហេតុ​នោះ​ឯង បុរស​ជាបណ្ឌិត កាលបើឃើញ​ច្បាស់នូវ​ប្រយោជន៍​របស់ខ្លួន គួរតែពិចារណានូវធម៌ ដោយឧបាយនៃប្រាជ្ញា រមែង​បរិសុទ្ធ ក្នុង​អរិយមគ្គនោះ យ៉ាងនេះឯង ព្រះសារីបុត្ត ទើប​ជាបុគ្គល (ប្រសើរ) ដោយ​បញ្ញាផង ដោយសីលផង ដោយការស្ងប់រម្ងាប់ផង ភិក្ខុដែលប្រសើរ ដោយគុណធម៌ប៉ុណ្ណេះ ទើប​គួរជាអ្នកដល់នូវព្រះនិព្វាន។

មច្ឆរិសូត្រ ទី៩

[១៥០] ទេវតាទូលថា ក្នុងលោកនេះ ជនទាំងឡាយណា ជាអ្នកកំណាញ់​ស្វិតស្វាញ ជាអ្នក​ពោលពាក្យ​ទ្រគោះ ជាអ្នកធ្វើសេចក្តីអន្តរាយ [ធ្វើ​សេចក្តីអន្តរាយឋានសួគ៌​របស់ទាយក ធ្វើនូវ​សេចក្តីអន្តរាយ​លាភរបស់​បដិគ្គាហកៈ។ អដ្ឋកថា។] ដល់ជន​ដទៃ​ ដែល​កំពុង​ឲ្យទាន ផលវិបាករបស់ជន​ទាំងឡាយនោះ ដូចម្តេច សម្បរាយភព របស់​ជន​ទាំងឡាយនោះ ដូចម្តេច យើងខ្ញុំមក ដើម្បីក្រាបបង្គំទូលសួរ​ព្រះមានព្រះភាគ ដូចម្តេចហ្ន៎ នឹងដឹង​នូវសេចក្តី​នោះបាន។

[១៥១] ព្រះមានព្រះភាគត្រាស់ថា ក្នុងលោកនេះ ជនទាំងឡាយណា ជាអ្នកកំណាញ់ស្វិតស្វាញ ជាអ្នក​ពោលពាក្យទ្រគោះ ជាអ្នកធ្វើសេចក្តីអន្តរាយ ដល់​ជនដទៃ​ ដែលកំពុង​ឲ្យទាន ជនទាំងឡាយនោះ តែងទៅកើតក្នុងនរក ក្នុងកំណើត​សត្វតិរច្ឆាន និងក្នុងយមលោក ប្រសិនបើដល់នូវភាពជាមនុស្ស រមែងកើតក្នុង​ត្រកូល​កំសត់ ស្វែងរកតែសំពត់ និង​អាហារ និងសេចក្តីត្រេកអរ ក្នុងបញ្ចកាមគុណ និងល្បែង ក៏បានដោយកម្រ ពួកពាល​តែងនឹកប៉ង នូវទ្រព្យណា អំពីទីដទៃ ទ្រព្យនោះ មិនដែលបាន​ដល់ពួកពាលនោះ​ឡើយ នេះជាផលវិបាក ក្នុងទិដ្ឋធម៌ គឺក្នុងទីដែលកើត ចំណែក​សម្បរាយភព រមែង​មានទុគ្គតិជាផល។

[១៥២] ទេវតាទូលថា យើងខ្ញុំ ដឹងសេចក្តីនេះ ជាក់ច្បាស់ដូច្នេះហើយ យើងខ្ញុំ​សូមក្រាប​បង្គំទូលសួរ ​នូវសេចក្តី​ដទៃ នឹងព្រះគោតមជាម្ចាស់ (តទៅទៀត) ក្នុងលោកនេះ ជនទាំង​ឡាយណា បាននូវអត្តភាពជាមនុស្សហើយ ជាអ្នកដឹង នូវពាក្យពោល ជាអ្នក​ប្រាសចាកសេចក្តីកំណាញ់ ជាអ្នកជ្រះថ្លា ទាំងមានសេចក្តីគោរពយ៉ាងខ្លាំង ក្នុង​ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ផលវិបាក របស់ជនទាំងឡាយនោះ ដូចម្តេច សម្បរាយភព របស់ជនទាំងឡាយនោះ ដូចម្តេច យើងខ្ញុំមក ដើម្បីក្រាបបង្គំទូលសួរ​ព្រះមានព្រះភាគ ដូចម្តេចហ្ន៎ នឹងដឹងនូវសេចក្តី​នោះបាន។

[១៥៣] ព្រះមានព្រះភាគត្រាស់ថា ក្នុងលោកនេះ ជនទាំងឡាយណា បាន​អត្តភាព​ជា​មនុស្ស​ហើយ ជាអ្នកដឹងនូវពាក្យពោល ជាអ្នកប្រាសចាកសេចក្តីកំណាញ់ ជាអ្នកជ្រះថ្លា ទាំង​មាន​សេចក្តីគោរពយ៉ាងខ្លាំង ក្នុងព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ជនទាំងឡាយនោះ រមែង​រុង​រឿង ក្នុងឋានសួគ៌ ជនទាំងឡាយនោះ ទោះ​ទៅ​កើត​ក្នុង​ទីណា បើ​ដល់​​នូវ​អត្តភាព​​ជា​​មនុស្ស រមែង​កើត​ក្នុង​ត្រកូល​​ដ៏​ស្តុកស្តម្ភ ស្វែង​រក​សំពត់ និង​អាហារ និង​សេចក្តី​ត្រេកអរ​ក្នុងបញ្ចកាមគុណ និងល្បែង​បានដោយងាយ ទាំងមានអំណាច ផ្សាយ​ទៅក្នុងភោគៈ​​ទាំងឡាយ ដែលអ្នកដទៃ​សន្សំបានមក សប្បាយរីករាយក្នុងចិត្ត នេះ​ជាផលវិបាក ក្នុងទិដ្ឋធម៌ គឺក្នុងទីដែលកើត ចំណែក​សម្បរាយភព រមែង​មានសុគតិ​ជាផល។

ឃដិករសូត្រ ទី១០

[១៥៤] ទេវតាទូលថា ភិក្ខុទាំង៧រូប បានទៅកើតក្នុងព្រហ្មលោក ឈ្មោះ អវិហា មានចិត្តរួច​ស្រឡះហើយ [រួចស្រឡះ ដោយអរហត្តផលវិមុត្តិ បន្ទាប់អំពីកាលដែលកើត​ក្នុងព្រហ្មលោក ឈ្មោះអវិហា។ អដ្ឋកថា។] មានរាគៈ ទោសៈ អស់ហើយ ឆ្លងនូវតណ្ហាក្នុងលោករួចហើយ។ ភិក្ខុទាំងឡាយណា បានឆ្លង​នូវកិលេស ជាគ្រឿងចំពាក់ ជាទីតាំងនៃមច្ចុ ដែលឆ្លង​បានដោយកម្រក្រៃពេក ភិក្ខុ​ទាំងឡាយនោះ លុះលះបង់​នូវរាងកាយ ជារបស់មនុស្សហើយ កន្លងនូវទិព្វ​យោគ គឺ សំយោជនៈ ទាំង៥ ជាចំណែក​ខាងលើ។ ភិក្ខុទាំងនោះគឺ ព្រះឧបកៈ១ ព្រះផលគណ្ឌៈ១ ព្រះបុក្កុសាតិ១ ជា៣រូប និងព្រះភទ្ទិយៈ១ ព្រះខណ្ឌទេវៈ១ ព្រះ​ពហុទន្តី១ ព្រះសិង្គិយៈ១ (៤រូបនេះទៀត ជា៧) ភិក្ខុទាំងនោះ បានលះបង់នូវ​រាង​កាយ ជារបស់មនុស្សហើយ ទើបកន្លងនូវទិព្វយោគបាន។

[១៥៥] ព្រះមានព្រះភាគត្រាស់ថា អ្នកឯង ជាបុគ្គល​មានកុសល បានពោល​សរសើរនូវភិក្ខុទាំងនោះ ដែលជាអ្នកលះបង់ នូវអន្ទាក់នៃមារ ភិក្ខុទាំងនោះ បានកាត់នូវចំណង ​គឺភព ព្រោះ​ដឹងច្បាស់ នូវធម៌របស់​បុគ្គលណា។

[១៥៦] ទេវតាទូលថា ព្រះថេរៈទាំងនោះ បានកាត់នូវចំណង គឺភព ព្រោះដឹងច្បាស់ ​នូវធម៌របស់បុគ្គលណា បុគ្គលនោះ វៀរតែព្រះមានព្រះភាគចេញ មិនមានទេ វៀរ​តែសាសនា របស់ព្រះអង្គចេញ មិនមានទេ នាមនិងរូប រលត់ទៅឥតមាន​សេស​សល់ ក្នុងសាសនាណា ព្រះថេរៈទាំងនោះ បានកាត់នូវចំណង ​គឺភព ព្រោះដឹងច្បាស់ នូវធម៌នោះ ក្នុងសាសនានេះ។

[១៥៧] ព្រះមានព្រះភាគត្រាស់ថា អ្នកឯង ជាបុគ្គលពោលវាចា​មានអត្ថដ៏ជ្រៅ ដែលដឹងបាន​ដោយកម្រ យល់បានដោយកម្រក្រៃពេក អ្នកឯង ពោលវាចាបែបនេះ ព្រោះដឹង​ច្បាស់ ​នូវធម៌របស់​បុគ្គលដូចម្តេច។

[១៥៨] ទេវតាទូលថា ខ្ញុំព្រះអង្គ ជាស្មូនឆ្នាំងឈ្មោះ ឃដិការ កើតក្នុងបុរី​ឈ្មោះ ​វេភឡិង្គ ជាអ្នក​ចិញ្ចឹមមាតាបិតា ជាឧបាសក របស់ព្រះពុទ្ធ ទ្រង់ព្រះនាម​កស្សប ជាអ្នកវៀរចាក​មេថុនធម្ម ប្រព្រឹត្តធម៌ដ៏ប្រសើរ ប្រាសចាកអាមិសៈ បាននៅ​ក្នុង​ស្រុកជាមួយនឹងព្រះអង្គ ជាសំឡាញ់​នឹងព្រះអង្គ ក្នុងកាលមុន ខ្ញុំព្រះអង្គ ស្គាល់​នូវភិក្ខុទាំង៧រូបនុ៎ះ ដែល​មាន​ចិត្ត​រួច​ស្រឡះ​ហើយ​ មានរាគៈ និងទោសៈអស់​ហើយ បានឆ្លងហើយនូវតណ្ហាក្នុងលោក។

[១៥៩] ព្រះមានព្រះភាគត្រាស់ថា ម្នាលភគវៈ អ្នកឯងនិយាយយ៉ាងណា រឿងនុ៎ះ ក៏មានយ៉ាងនោះមែន ក្នុងកាលនោះ អ្នកឯងជាស្មូនឆ្នាំង ឈ្មោះឃដិការ កើត​ក្នុង​បុរីឈ្មោះ ​វេភឡិង្គ ជាអ្នក​ចិញ្ចឹមមាតាបិតា ជាឧបាសក របស់​ព្រះពុទ្ធ​កស្សប ជា​អ្នក​វៀរចាក​​មេថុនធម្ម ប្រព្រឹត្តធម៌ដ៏ប្រសើរ (ជាអនាគាមី) ប្រាសចាកអាមិសៈ បាននៅ​ក្នុង​ស្រុកជាមួយនឹងតថាគត ជាសំឡាញ់​របស់តថាគត ក្នុងកាលមុន។ ការ​ចួបជុំ​នឹង​សម្លាញ់​ពីបុរាណនេះ របស់យើង​ទាំងពីរនាក់ ដែលមាន​ខ្លួនចម្រើនហើយ ជាអ្នក​ទ្រទ្រង់​នូវ​សរីរៈ​ជាទីបំផុត យ៉ាងនេះឯង។

ចប់ អាទិត្តវគ្គ ទី៥។

បញ្ជីរឿង ក្នុង​អាទិត្តវគ្គ​នោះគឺ

អាទិត្តសូត្រ ១ កិន្ទទសូត្រ ១ អន្នសូត្រ ១ ឯកមូលសូត្រ ១ អនោមិយសូត្រ ១ អច្ឆរាសូត្រ ១ វនរោបសូត្រ ១ ជេតវនសូត្រ ១ មច្ឆរិសូត្រ ១ ឃដិករសូត្រ ១។

ជរាវគ្គ ទី៦

ជរាសូត្រ ទី១

[១៦០] ទេវតាទូលថា អ្វីហ្ន៎ ជាគុណជាតញុំាងប្រយោជន៍ឲ្យសម្រេច ដរាបដល់ជរា អ្វីហ្ន៎ ដែលបុគ្គលតម្កល់ទុកហើយ ញុំាងប្រយោជន៍ឲ្យសម្រេចបាន អ្វីហ្ន៎ ជាកែវ​របស់ជន​ទាំងឡាយ អ្វីហ្ន៎ ដែលពួកចោរនាំទៅមិនបាន។

[១៦១] ព្រះមានព្រះភាគត្រាស់ថា សីល ជាគុណជាត ញុំាង​ប្រយោជន៍​ឲ្យសម្រេច ដរាបដល់ជរា សទ្ធា ដែលបុគ្គលតម្កល់ទុកហើយ ញុំាងប្រយោជន៍​ឲ្យសម្រេចបាន បញ្ញា ជាកែវ​របស់ជន​ទាំងឡាយ បុណ្យ ពួកចោរនាំទៅមិនបាន។

អជរសាសូត្រ ទី២

[១៦២] ទេវតាទូលថា អ្វីហ្ន៎ ជាគុណជាតដ៏ចម្រើន ដោយមិនប្រែប្រួលទៅ អ្វីហ្ន៎ ដែល​គេអធិដ្ឋានហើយ ញុំាងប្រយោជន៍ឲ្យសម្រេច អ្វីហ្ន៎ ជាកែវ​របស់ជន​ទាំងឡាយ អ្វីហ្ន៎ ដែលពួកចោរនាំទៅមិនបាន។

[១៦៣] ព្រះមានព្រះភាគត្រាស់ថា សីល ជាគុណជាតដ៏ចម្រើន ដោយ​មិនប្រែប្រួលទៅ សទ្ធា ដែលគេអធិដ្ឋានហើយ ញុំាងប្រយោជន៍ឲ្យសម្រេច បញ្ញា ជាកែវ​របស់ជន​ទាំងឡាយ បុណ្យ ពួកចោរនាំទៅមិនបាន។

មិត្តសូត្រ ទី៣

[១៦៤] ទេវតាទូលថា អ្វីហ្ន៎ ជាមិត្តរបស់អ្នកដើរផ្លូវ អ្វីហ្ន៎ ជា​មិត្ត​ក្នុង​ផ្ទះ​របស់​ខ្លួន អ្វីហ្ន៎ ជា​មិត្តរបស់អ្នកមានធុរៈកើតឡើង អ្វីហ្ន៎ ជាមិត្តតាមទៅ ក្នុងភពខាងមុខ។

[១៦៥] ព្រះមានព្រះភាគត្រាស់ថា បក្ខពួក ជាមិត្តរបស់អ្នកដើរផ្លូវ មាតា ជា​មិត្ត​ក្នុង​ផ្ទះ​របស់​ខ្លួន អ្នកដែលមានចិត្ត​ប្រព្រឹត្តទៅស្មើគ្នា ជា​មិត្ត​របស់​អ្នក​ដែល​មាន​ធុរៈ​កើត​ឡើង​រឿយៗ បុណ្យទាំងឡាយ ដែលគេធ្វើហើយ ដោយខ្លួនឯង ជាមិត្តជាប់តាមទៅ ក្នុងភពខាងមុខ។

វត្ថុសូត្រ ទី៤

[១៦៦] អ្វី ជាទីពំនាក់របស់មនុស្សទាំងឡាយ អ្វីជាសំឡាញ់ដ៏ប្រសើរ របស់​មនុស្ស​ទាំងឡាយ ក្នុងលោកនេះ ពួកសត្វមានជីវិត ដែលអាស្រ័យ​ផែនដី រស់នៅ​នឹងអ្វី។

[១៦៧] ព្រះមានព្រះភាគត្រាស់ថា កូន ជាទីពំនាក់របស់មនុស្សទាំងឡាយ ភរិយា ជាសំឡាញ់ដ៏ប្រសើរ របស់​មនុស្ស​ទាំងឡាយ (ក្នុងលោកនេះ) ពួកសត្វមានជីវិត ដែលអាស្រ័យ​ផែនដី រស់នៅ​នឹងទឹកភ្លៀង។

បឋមជនសូត្រ ទី៥

[១៦៨] ទេវតាទូលថា អ្វីហ្ន៎ តែងញុំាងបុរសឲ្យកើត អ្វីហ្ន៎ របស់បុរសនោះ តែងស្ទុះទៅ អ្វីហ្ន៎ តែងអន្ទោលទៅក្នុងសង្សារ អ្វីហ្ន៎ ជាមហាភ័យ របស់សត្វនោះ។

[១៦៩] ព្រះមានព្រះភាគត្រាស់ថា តណ្ហា តែងញុំាងបុរសឲ្យកើត ចិត្តរបស់បុរសនោះ តែងស្ទុះទៅ សត្វលោក តែងអន្ទោលទៅ ក្នុងសង្សារ សេចក្តីទុក្ខ ជាមហាភ័យ របស់សត្វនោះ។

ទុតិយជនសូត្រ ទី៦

[១៧០] ទេវតាទូលថា អ្វីហ្ន៎ តែងញុំាងបុរសឲ្យកើត អ្វីហ្ន៎ របស់បុរសនោះ តែងស្ទុះទៅ អ្វីហ្ន៎ តែងអន្ទោលទៅក្នុងសង្សារ សត្វលោក តែងគេចមិនរួច​អំពីអ្វី។

[១៧១] ព្រះមានព្រះភាគត្រាស់ថា តណ្ហា តែងញុំាងបុរសឲ្យកើត ចិត្ត របស់បុរសនោះ តែងស្ទុះទៅ សត្វលោក តែងអន្ទោលទៅក្នុងសង្សារ សត្វនោះឯង តែងគេចមិនរួច​អំពី​សេចក្តីទុក្ខ។

តតិយជនសូត្រ ទី៧

[១៧២] ទេវតាទូលថា អ្វីហ្ន៎ តែងញុំាងបុរសឲ្យកើត អ្វីហ្ន៎ របស់បុរសនោះ តែងស្ទុះទៅ អ្វីហ្ន៎ តែងអន្ទោលទៅកាន់សង្សារ អ្វីហ្ន៎ ជាទីប្រព្រឹត្តទៅខាងមុខ របស់សត្វនោះ។

[១៧៣] ព្រះមានព្រះភាគត្រាស់ថា តណ្ហា តែងញុំាងបុរសឲ្យកើត ចិត្ត របស់បុរសនោះ តែងស្ទុះទៅ សត្វលោក តែងអន្ទោលទៅកាន់សង្សារ កម្ម ជាទីប្រព្រឹត្តទៅខាងមុខ របស់សត្វនោះ។

ឧប្បថសូត្រ ទី៨

[១៧៤] ទេវតាទូលថា អ្វីហ្ន៎ ជាផ្លូវ​ខុស អ្វីហ្ន៎ ដែលអស់ទៅតាមយប់ និងថ្ងៃ អ្វី ជាមន្ទិល​របស់​ព្រហ្មចរិយៈ អ្វី ជាគ្រឿង​សម្រាប់​លាងសេចក្តីសៅហ្មងបាន ដែល​មិនចាំ​បាច់​មានទឹក។

[១៧៥] ព្រះមានព្រះភាគត្រាស់ថា រាគៈ ជាផ្លូវខុស វ័យ តែងអស់ទៅតាមយប់ និងថ្ងៃ ស្ត្រី ជា​មន្ទិល​របស់​ព្រហ្មចរិយៈ ពួកសត្វនេះ រមែង​ជាប់នៅនឹងស្ត្រីនុ៎ះ តបៈ និងព្រហ្មចរិយៈ ជា​ធម៌សម្រាប់លាងសេចក្តីសៅហ្មងនោះ មិនចាំបាច់មាន​ទឹកឡើយ។

ទុតិយសូត្រ ទី៩

[១៧៦] ទេវតាទូលថា អ្វីហ្ន៎ ជាទីពីររបស់បុរស អ្វីហ្ន៎ តែងគ្រប់គ្រងបុរសនោះ មួយទៀត សត្វ​ត្រេកអរនឹងធម៌អ្វី ទើបរួច​ចាកទុក្ខទាំងពួងបាន។

[១៧៧] ព្រះមានព្រះភាគត្រាស់ថា សទ្ធា ជាទីពីររបស់បុរស បញ្ញា រមែង​គ្រប់គ្រង​នូវ​បុរស​នោះ មួយទៀត សត្វ​ត្រេកអរនឹងព្រះនិព្វាន ទើបរួច​ចាកទុក្ខទាំងពួងបាន។

កវិសូត្រ ទី១០

[១៧៨] ទេវតាទូលថា អ្វីហ្ន៎ ជាដើមហេតុនៃគាថាទាំងឡាយ អ្វីហ្ន៎ ជា​គ្រឿង​​បង្កើត​​គាថា​ទាំងឡាយ​នោះ គាថា អាស្រ័យ​នឹងអ្វី អ្វីជាទីអាស្រ័យរបស់គាថាទាំងឡាយ។

[១៧៩] ព្រះមានព្រះភាគត្រាស់ថា ឆន្ទ ជាដើមហេតុនៃគាថាទាំងឡាយ អក្ខរៈ ជា​គ្រឿង​​បង្កើត​គាថា​ទាំង​ឡាយនោះ គាថា អាស្រ័យនឹងនាម ចិន្តកវី ជាទីអាស្រ័យ​ របស់គាថាទាំងឡាយ។

ចប់ ជរាវគ្គ ទី៦។

បញ្ជីរឿងនៃ​ជរាវគ្គ​នោះ គឺ

ជរាសូត្រ ១ អជរសាសូត្រ ១ មិត្តសូត្រ ១ វត្ថុសូត្រ ១ ជនសូត្រ ៣ ឧប្បថសូត្រ ១ ទុតិយសូត្រ ១ បំពេញវគ្គដោយកវិសូត្រ ១។

អន្ធវគ្គ ទី៧

នាមសូត្រ ទី១

[១៨០] ទេវតាទូលថា អ្វីហ្ន៎ តែងធ្លាក់ចុះលើសត្វ​ និងសង្ខារទាំងពួង ដែល​​មិន​មាន​អ្វី​ក្រៃលែង​ជាង សត្វទាំងពួង តែងប្រព្រឹត្តទៅតាមអំណាច​ធម៌មួយ គឺធម៌អ្វី។

[១៨១] ព្រះមានព្រះភាគត្រាស់ថា នាម (ឈ្មោះ) តែងធ្លាក់ចុះលើសត្វ និង​សង្ខារ​ទាំងពួង មិន​មាន​​អ្វី​ក្រៃ​លែងជាងនាមឡើយ សត្វទាំងពួង តែងប្រព្រឹត្តទៅតាមអំណាច​ធម៌មួយ គឺ​នាម។

ចិត្តសូត្រ ទី២

[១៨២] ទេវតាទូលថា អ្វី តែងនាំសត្វលោកទៅ អ្វីតែង​ភើចកន្ទ្រាក់សត្វលោកទៅ សត្វ​​ទាំង​​ពួង តែង​ប្រព្រឹត្តទៅតាមអំណាច​ធម៌មួយ គឺធម៌អ្វី។

[១៨៣] ព្រះមានព្រះភាគត្រាស់ថា ចិត្ត តែងនាំសត្វលោកទៅ ចិត្ត តែង​ភើច​កន្ទ្រាក់​សត្វ​លោក​ទៅ សត្វ​ទាំង​ពួង តែងប្រព្រឹត្តទៅ តាមអំណាច​ធម៌មួយ គឺចិត្ត។

តណ្ហាសូត្រ ទី៣

[១៨៤] ទេវតាទូលថា អ្វីហ្ន៎ តែងនាំសត្វលោកទៅ អ្វីហ្ន៎ តែង​ភើចកន្ទ្រាក់សត្វលោកទៅ សត្វ​ទាំង​ពួង តែងប្រព្រឹត្តទៅ តាមអំណាច​ធម៌មួយ គឺធម៌អ្វី។

[១៨៥] ព្រះមានព្រះភាគត្រាស់ថា តណ្ហា តែងនាំសត្វលោកទៅ តណ្ហា តែង​ភើច​កន្ទ្រាក់​សត្​វលោក​ទៅ សត្វ​ទាំង​ពួង តែងប្រព្រឹត្តទៅ តាមអំណាច​ធម៌មួយ គឺតណ្ហា។

សញ្ញោជនសូត្រ ទី៤

[១៨៦] ទេវតាទូលថា អ្វី ជាគ្រឿង​ចងសត្វលោកទុកនៅ អ្វីជាគ្រឿង​ត្រាច់ទៅ របស់​សត្វ​លោក​នោះ ព្រោះលះបង់អ្វី ទើបហៅថា ព្រះនិព្វាន។

[១៨៧] ព្រះមានព្រះភាគត្រាស់ថា សត្វលោក មានសេចក្តីរីករាយ ជាគ្រឿង​ចង វិតក្កៈ ជា​គ្រឿង​​ត្រាច់ទៅ (របស់សត្វ​លោក) ព្រោះលះបង់តណ្ហា ទើបហៅថា ព្រះនិព្វាន។

ពន្ធនសូត្រ ទី៥

[១៨៨] ទេវតាទូលថា អ្វី ជាគ្រឿង​ចងសត្វលោកទុកនៅ អ្វី ជាគ្រឿង​ត្រាច់ទៅ របស់​សត្វ​លោក​នោះ ព្រោះលះបង់អ្វី ទើបកាត់ចំណងទាំងពួងបាន។

[១៨៩] ព្រះមានព្រះភាគត្រាស់ថា សត្វលោក មានសេចក្តីរីករាយ ជាគ្រឿង​ចង វិតក្កៈ ជា​គ្រឿង​​ត្រាច់ទៅ (របស់សត្វ​លោក) ព្រោះលះបង់តណ្ហា ទើបកាត់ចំណង​ទាំងពួង​បាន។

អព្ភាហតសូត្រ ទី៦

[១៩០] ទេវតាទូលថា អ្វី គ្របសង្កត់សត្វលោក អ្វី ចោមរោម (សត្វលោក) អ្វី ជាសរមុតចុះ​ទៅ អ្វី ដែលឆេះសព្វកាលទាំងពួង។

[១៩១] ព្រះមានព្រះភាគត្រាស់ថា មច្ចុ គ្របសង្កត់សត្វលោក ជរា ចោមរោម (សត្វលោក) តណ្ហា ជាសរមុតចុះ​ទៅ ឥច្ឆា ឆេះសព្វកាលទាំងពួង។

ឧឌ្ឌិតសូត្រ ទី៧

[១៩២] ទេវតាទូលថា អ្វី បញ្ជើចសត្វលោក អ្វី ចោមរោមសត្វលោក អ្វី​ បិទសត្វលោក សត្វលោក តែងឋិតនៅក្នុងអ្វី។

[១៩៣] ព្រះមានព្រះភាគត្រាស់ថា តណ្ហា បញ្ជើចសត្វលោក ជរា ចោមរោមសត្វលោក មច្ចុ​ បិទសត្វលោក សត្វលោក ឋិតនៅក្នុងសេចក្តីទុក្ខ។

បិហិតសូត្រ ទី៨

[១៩៤] ទេវតាទូលថា អ្វី បិទសត្វលោក សត្វលោក ឋិតនៅក្នុងអ្វី អ្វីបញ្ជើច​សត្វលោក អ្វី ចោមរោមសត្វលោក។

[១៩៥] ព្រះមានព្រះភាគត្រាស់ថា មច្ចុ បិទសត្វលោក សត្វលោក ឋិតនៅក្នុងសេចក្តីទុក្ខ តណ្ហា បញ្ជើច​សត្វលោក ជរា ចោមរោមសត្វលោក។

ឥច្ឆាសូត្រ ទី៩

[១៩៦] ទេវតាទូលថា អ្វី ចងឆ្វាក់សត្វលោកទុក សត្វលោករបូតរួចទៅ ព្រោះកំចាត់​បង់​នូវ​ធម៌អ្វី សត្វលោក កាត់ផ្តាច់នូវចំណង​ទាំងពួងបាន ព្រោះលះបង់​នូវអ្វី។

[១៩៧] ព្រះមានព្រះភាគត្រាស់ថា សេចក្តីប្រាថ្នា ចងឆ្វាក់សត្វលោកទុក សត្វលោក របូតរួចទៅបាន ព្រោះកំចាត់​បង់សេចក្តីប្រាថ្នា សត្វលោក កាត់ផ្តាច់នូវចំណង​ទាំងពួងបាន ព្រោះ​លះបង់សេចក្តីប្រាថ្នា។

លោកសូត្រ ទី១០

[១៩៨] ទេវតាទូលថា លុះតែអ្វី កើតឡើង ទើបសត្វលោកកើតឡើងបាន សត្វលោក រមែង​ធ្វើនូវសេចក្តីស្និទ្ធស្នាលក្នុងអ្វី សត្វលោកប្រកាន់មាំនូវអ្វី សត្វលោក លំបាក​ព្រោះអ្វី។

[១៩៩] ព្រះមានព្រះភាគត្រាស់ថា លុះតែអាយតនៈខាងក្នុងទាំង៦ កើតឡើង ទើបសត្វលោក​កើតឡើងបាន សត្វលោក រមែង​ធ្វើនូវ​សេចក្តី​ស្និទ្ធស្នាល​ក្នុង​អាយតនៈ​ខាង​ក្រៅ​ទាំង​ ៦ សត្វ​លោកប្រកាន់មាំនូវអាយតនៈខាងក្នុងទាំង៦ សត្វលោក លំបាក​ព្រោះ​អាយតនៈ​ខាង​ក្រៅ​ទាំង ៦។

ចប់ អន្ធវគ្គ ទី៧។

បញ្ជីរឿងនៃ​អន្ធវគ្គ​នោះ គឺ

សូត្រទាំងឡាយ ១០ នោះគឺ នាមសូត្រ ១ ចិត្តសូត្រ ១ តណ្ហាសូត្រ ១ សញ្ញោជនសូត្រ ១ ពន្ធនសូត្រ ១ អព្ភាហតសូត្រ ១ ឧឌ្ឌិតសូត្រ ១ បិហិតសូត្រ ១ ឥច្ឆាសូត្រ ១ លោកសូត្រ ១។

ឃត្វាវគ្គ ទី៨

ឃត្វាសូត្រ ទី១

[២០០] ទេវតានោះ ឋិតនៅក្នុងទីដ៏សមគួរហើយ បានពោលគាថា ចំពោះ​​ព្រះមានព្រះភាគ​ថា

បុគ្គលសម្លាប់អ្វីបាន ទើបដេកនៅជាសុខ សម្លាប់អ្វីបាន ទើប​មិនសោក បពិត្រ​​ព្រះគោតម ព្រះអង្គគាប់ព្រះហឫទ័យ ចំពោះ​ការសម្លាប់​ធម៌ឯក តើធម៌អ្វី។

[២០១] ព្រះមានព្រះភាគត្រាស់ថា បុគ្គលសម្លាប់សេចក្តីក្រោធបាន ទើបដេកនៅ​ជា​សុខ សម្លាប់​សេចក្តីក្រោធបាន ទើប​មិនសោក ម្នាលទេវតា ព្រះអរិយៈទាំងឡាយ តែង​សរសើរ​ការសម្លាប់សេចក្តីក្រោធ ដែល​មានគល់ជាពិស មានចុងដ៏ផ្អែម លុះតែ​សម្លាប់​សេចក្តី​ក្រោធនោះបាន ទើបមិនសោក។

រថសូត្រ ទី២

[២០២] ទេវតាទូលថា អ្វី ជាគ្រឿងប្រាកដរបស់រថ អ្វី ជាគ្រឿងប្រាកដរបស់ភ្លើង អ្វី ជាគ្រឿង​ប្រាកដរបស់ដែន អ្វី ជាគ្រឿង​ប្រាកដ​របស់ស្រី។

[២០៣] ព្រះមានព្រះភាគត្រាស់ថា ទង់ ជាគ្រឿងប្រាកដរបស់រថ ផ្សែង ជា​គ្រឿង​ប្រាកដ​របស់​ភ្លើង ព្រះរាជា ជាគ្រឿង​ប្រាកដរបស់ដែន ភស្តា ជាគ្រឿង​ប្រាកដ​របស់ស្រី។

វិត្តសូត្រ ទី៣

[២០៤] ទេវតាទូលថា ក្នុងលោកនេះ អ្វី ជាទ្រព្យដ៏ប្រសើររបស់​បុរស អ្វី ដែល​គេ​សន្សំ​​ល្អ​​ហើយ តែងនាំសេចក្តីសុខមកឲ្យ អ្វី មានរសឆ្ងាញ់ពិសាលើសលុបជាងរស​ទាំងឡាយ បណ្ឌិត​ទាំងឡាយ​ពោលថា អ្នករស់នៅបែបណា ឈ្មោះថា ជាអ្នករស់នៅប្រសើ់រ​បំផុត។

[២០៥] ព្រះមានព្រះភាគត្រាស់ថា ក្នុងលោកនេះ សទ្ធា ជាទ្រព្យដ៏ប្រសើរ របស់​បុរស ធម៌ ដែល​គេ​សន្សំ​​ល្អ​ហើយ តែងនាំសេចក្តីសុខមកឲ្យ ពាក្យសត្យ មានរសឆ្ងាញ់ពិសា លើសរស​ទាំងឡាយ បណ្ឌិត​ទាំងឡាយ​ពោលថា អ្នករស់នៅដោយបញ្ញា ឈ្មោះថា ជាអ្នករស់នៅប្រសើ់រ​បំផុត។

វុដ្ឋិសូត្រ ទី៤

[២០៦] ទេវតាទូលថា បណ្តារបស់ដែលកើតមានឡើង អ្វី ជារបស់ប្រសើរ បណ្តារបស់​ដែល​ធ្លាក់ចុះ អ្វី ជារបស់ប្រសើរ បណ្តាសត្វដើរទៅដោយជើង សត្វពួកណា ជាសត្វ​ប្រសើរ បណ្តា​អ្នកចេះនិយាយពីរោះ មនុស្សបែបណាប្រសើរ។

[២០៧] ទេវតាអង្គ១ ពោលកាត់ថា បណ្តារបស់ដែលកើតមានឡើង ពូជស្រូវ ជា​របស់​ប្រសើរ បណ្តា​របស់​ដែល​ធ្លាក់ចុះ ទឹកភ្លៀង ជារបស់ប្រសើរ បណ្តា​សត្វដើរ​ទៅ​ដោយ​ជើង គោ ជាសត្វ​ប្រសើរ បណ្តា​អ្នកចេះនិយាយពីរោះ កូន ជាមនុស្សប្រសើរ។

[២០៨] ព្រះមានព្រះភាគត្រាស់ថា បណ្តារបស់ដែលកើតមានឡើង វិជ្ជា ជា​ធម្មជាតិ​ប្រសើរ បណ្តា​របស់​ដែល​ធ្លាក់ចុះ អវិជ្ជា ដែលធ្លាក់ចុះប្រសើរ បណ្តា​សត្វដើរ​ទៅ​ដោយ​ជើង ព្រះសង្ឃ ជាបុគ្គល​ប្រសើរ បណ្តា​អ្នកចេះនិយាយពីរោះ ព្រះពុទ្ធជាបុគ្គលប្រសើរ។

ភីតសូត្រ ទី៥

[២០៩] ទេវតាទូលថា ក្នុងលោកនេះ អ្វី ដែល​ប្រជុំជនច្រើនគ្នាតែងខ្លាច ហើយព្រះអង្គ​សំដែង​ថា ជាផ្លូវ​មានមែកបែក​ច្រើនណាស់ បពិត្រព្រះគោតមជាម្ចាស់ ព្រះអង្គ​មាន​បញ្ញាក្រាស់ ខ្ញុំព្រះអង្គ​សូមសួរថា នរជនតាំងនៅក្នុងធម៌​ដូចម្តេច រមែង​មិនភ័យ​ទៅក្នុង​បរលោក។

[២១០] ព្រះមានព្រះភាគត្រាស់ថា សាធុជនតម្កល់វាចា និងចិត្ត ដោយប្រពៃ មិនធ្វើបាបដោយកាយ គ្រប់គ្រងនូវផ្ទះ ដែល​មានបាយ និងទឹកច្រើន ជាអ្នកមានសទ្ធា មានចិត្តទន់ ជាអ្នក​ចែក​រលែក ជាអ្នកដឹងនូវពាក្យពោល ជនដែល​តាំងនៅក្នុងធម៌ ទាំង៤ប្រការនេះ ឈ្មោះថា ជាអ្នកឋិតនៅក្នុងធម៌ រមែង​មិនភ័យទៅក្នុងបរលោកទេ។

នជីរតិសូត្រ ទី៦

[២១១] ទេវតាទូលថា អ្វី រមែង​ចាស់ជរា អ្វី រមែង​មិនចាស់ជរា អ្វី ហៅថាផ្លូវខុស អ្វី ជាសេចក្តី​អន្តរាយនៃ​ធម៌​ទាំង​ឡាយ អ្វី អស់ទៅតាមយប់និងថ្ងៃ អ្វី ជាមន្ទិល​នៃ​ព្រហ្មចរិយៈ អ្វី ជាធម្មជាតសម្រាប់លាងជម្រះ មិនចាំបាច់មានទឹក ចិត្តរមែង​មិនឋិត​នៅក្នុងច្រក​ទាំងឡាយណា ច្រកទាំងនោះ តើមានប៉ុន្មានក្នុងលោក យើងខ្ញុំព្រះអង្គ នាំគ្នា​មក​គាល់​ព្រះមានព្រះភាគ ធ្វើម្តេចហ្ន៎ នឹងដឹងនូវសេចក្តីនោះបាន។

[២១២] ព្រះមានព្រះភាគត្រាស់ថា រូបរបស់សត្វទាំងឡាយរមែង​ចាស់​ជរា នាម និងគោត្រ រមែង​មិនចាស់ជរាឡើយ រាគៈ ហៅថាផ្លូវខុស លោភៈ ជាសេចក្តី​អន្តរាយ នៃ​ធម៌​ទាំង​ឡាយ វ័យ អស់ទៅតាមយប់ និងថ្ងៃ ស្ត្រី ជាមន្ទិល​របស់​ព្រហ្មចរិយៈ ប្រជាជន​ទាំងនេះ រមែង​ជាប់​ចំពាក់​នៅ​នឹងស្ត្រីទាំងនោះ តបធម៌ ឬព្រហ្មចរិយធម៌ ជាធម្មជាត​សម្រាប់​លាង​ជម្រះ​នូវ​មន្ទិល​នោះ មិនចាំបាច់មានទឹកឡើយ ចិត្តរមែង​មិនឋិត​នៅ ក្នុងច្រក​​ទាំង​ឡាយ​ណា ច្រកទាំងនោះ មាន ៦យ៉ាង ក្នុងលោក គឺ​​សេចក្តីខ្ជិលច្រអូស ១ សេចក្តី​ធ្វេស​ប្រហែស ១ សេចក្តី​មិនព្យាយាម ១ ការ​មិនសង្រួម ១ ការលក់ ១ សេចក្តីខ្ជិល ១ ជនគប្បីវៀរបង់​នូវ​ច្រក​ទាំងនោះ ដោយ​ប្រការ​​ទាំងពួងចុះ។

ឥស្សរសូត្រ ទី៧

[២១៣] ទេវតាទូលថា អ្វីជាធំក្នុងលោក អ្វី ឧត្តមជាងទ្រព្យទាំងឡាយក្នុងលោក អ្វីដូចជា​ច្រែះចាប់សស្ត្រាក្នុងលោក អ្វី ជាសេចក្តីអន្តរាយក្នុងលោក អ្នកផងតែងឃាត់ខាំង​​ទុកនូវ​ជនដូចម្តេច កាលដែលនាំយកទ្រព្យទៅ មួយទៀត អ្នកផង តែង​ពេញចិត្ត ចំពោះ​ជនដូចម្តេច កាលនាំយកទ្រព្យទៅ ពួកជនជាបណ្ឌិត តែងត្រេកអរ ចំពោះ​ជន​ដូចម្តេច ដែលមករឿយៗ។

[២១៤] ព្រះមានព្រះភាគត្រាស់ថា អំណាច ជាធំក្នុងលោក ស្ត្រី ឧត្តម​ជាង​ទ្រព្យ​ទាំង​ឡាយ​ក្នុង​លោក សេចក្តីក្រោធ ដូចជា​ច្រែះចាប់សស្ត្រាក្នុងលោក ពួកចោរ ជា​សេចក្តី​អន្តរាយ​​ក្នុង​លោក អ្នកផងតែងឃាត់ខាំង​​ទុក នូវចោរ កាលដែលនាំយកទ្រព្យទៅ អ្នកផង តែង​ពេញចិត្ត ចំពោះ​សមណៈ កាលនាំយកទ្រព្យទៅ ពួកជនជាបណ្ឌិត តែងត្រេកអរ ចំពោះ​សមណៈ ដែល​មករឿយៗ។

កាមសូត្រ ទី៨

[២១៥] ទេវតាទូលថា របស់អ្វី ដែលអ្នកប្រាថ្នានូវប្រយោជន៍ មិនគប្បីប្រគល់ឲ្យគេ របស់អ្វី ដែល​សត្វ​​មិនគប្បីលះបង់ចោល វត្ថុអ្វី ជារបស់ល្អ ដែលបុគ្គល​គួរបញ្ចេញ តែបើ​​អាក្រក់​វិញ បុគ្គលមិនគួរបញ្ចេញ។

[២១៦] ព្រះមានព្រះភាគត្រាស់ថា បុរស មិនគប្បីប្រគល់ខ្លួនឲ្យគេទេ មិនគប្បី​លះបង់​ខ្លួន​ចោលទេ គួរបញ្ចេញវាចាពីរោះ មិនគួរបញ្ចេញវាចា​អាក្រក់សោះឡើយ។

បាឋេយ្យសូត្រ ទី៩

[២១៧] ទេវតាទូលថា អ្វី រមែងចងទុកនូវស្បៀង គឺកុសល អ្វីជាទីនៅអាស្រ័យ​នៃភោគៈ​ទាំងឡាយ អ្វីរមែងភើចកន្ទ្រាក់នរជនយកទៅ អ្វី ដែលបុគ្គលលះបង់បានដោយ​កម្រ​ក្នុងលោក សត្វមានកិលេសក្រាស់ ជាប់ចំពាក់​នៅ ក្នុង​របស់អ្វី ដែល​ដូចជា​បក្សី​ជាប់​អន្ទាក់។

[២១៨] ព្រះមានព្រះភាគត្រាស់ថា សទ្ធា រមែងចងទុកនូវស្បៀង គឺកុសល សិរី ជាទី​នៅ​អាស្រ័យ​​នៃ​ភោគៈ​​ទាំងឡាយ សេចក្តីប្រាថ្នា រមែងភើចកន្ទ្រាក់នរជនទៅ សេចក្តីប្រាថ្នា កម្របុគ្គលលះបង់បាន​ក្នុងលោក សត្វមានកិលេសក្រាស់ រមែងជាប់​នៅ ក្នុង​សេចក្តី​ប្រាថ្នា ដូចជាបក្សីជាប់អន្ទាក់។

បជ្ជោតសូត្រ ទី១០

[២១៩] ទេវតាទូលថា អ្វី ជាគ្រឿង​បំភ្លឺក្នុងលោក អ្វី ជាគ្រឿង​ភ្ញាក់រឭកក្នុងលោក អ្វី ជា​សម្លាញ់​ក្នុង​ការងារ របស់ពួកជនអ្នកចិញ្ចឹមជីវិត អ្វី ជាគ្រឿង​ចិញ្ចឹមជីវិតរបស់ពួក​សត្វនោះ អ្វី តែងចិញ្ចឹមនូវបុគ្គលខ្ជិល និងមិនខ្ជិល ដូចជាមាតាចិញ្ចឹម​បុត្ត ពួកសត្វ​ណា ដែល​អាស្រ័យ​ផែនដី សត្វទាំងនោះ តែងរស់នៅ​នឹងអ្វី។

[២២០] ព្រះមានព្រះភាគត្រាស់ថា បញ្ញា ជាគ្រឿង​បំភ្លឺក្នុងលោក សតិ ជា​គ្រឿង​​ភ្ញាក់​រឭក​ក្នុង​លោក គោ ជា​សម្លាញ់ក្នុងការងារ របស់ពួកជនអ្នកចិញ្ចឹមជីវិត នង្គ័ល ជាគ្រឿង​ចិញ្ចឹមជីវិត របស់ពួក​សត្វនោះ ទឹកភ្លៀង តែងចិញ្ចឹមនូវបុគ្គលខ្ជិល និងមិនខ្ជិល ដូចជាមាតា​ចិញ្ចឹម​​បុត្ត ពួកសត្វ ដែលអាស្រ័យផែនដី តែងរស់នៅ​នឹងទឹកភ្លៀង។

អរណសូត្រ ទី១១

[២២១] ទេវតាទូលថា ក្នុងលោកនេះ មនុស្សពួកណា ជាបុគ្គល​មិនមានកិលេស ព្រហ្ម​ចរិយៈ​ គឺមនុស្សពួកណា រក្សាហើយ រមែង​មិនខូចខាតទៅវិញ ក្នុងលោកនេះ មនុស្ស​ពួកណា រមែងស្គាល់ច្បាស់នូវសេចក្តីប្រាថ្នា មនុស្សពួកណា រួចខ្លួន​ជាអ្នកជា ក្នុងកាល​ទាំងពួង មាតាបិតាបងប្អូន រមែងក្រាបសំពះនូវបុគ្គលណា បុគ្គលនោះ​ តាំង​នៅក្នុងគុណធម៌ដូចម្តេច ក្នុងលោកនេះ ក្សត្រិយ៍ទាំងឡាយ រមែងទ្រង់សំពះដោយ​គោរព នូវ​ជន​មានជាតិថោកទាប តើមនុស្សពួកណា។

[២២២] ព្រះមានព្រះភាគត្រាស់ថា ក្នុងលោកនេះ ពួកខីណាសវសមណៈ ជាបុគ្គល​មិនមានកិលេស ព្រហ្ម​ចរិយៈ​ ដែលពួក​ព្រះខីណាស្រពរក្សាហើយ រមែង​មិនខូចខាតទៅវិញ ពួកខីណាសវសមណៈ រមែងស្គាល់ច្បាស់ នូវសេចក្តីប្រាថ្នា ពួកខីណាសវសមណៈ រួចខ្លួន​ជាអ្នកជា ក្នុងកាល​ទាំងពួង មាតាបិតាបងប្អូន រមែងក្រាបសំពះនូវ​ខីណាសវសមណៈនោះ ដែលជាអ្នកមានសីលដ៏ខ្ជាប់ខ្ជួន ក្នុងលោកនេះ ក្សត្រិយ៍ទាំងឡាយ រមែងទ្រង់សំពះ ដោយ​គោរព នូវ​ជន​មានជាតិថោកទាប ដែលជា​សមណៈ។

ចប់ ឃត្វាវគ្គ ទី៨

បញ្ជីរឿងនៃឃត្វាវគ្គនោះ គឺ

ឃត្វាសូត្រ ១ រថសូត្រ ១ វិត្តសូត្រ ១ វុដ្ឋិសូត្រ ១ ភីតសូត្រ ១ នជីរតិសូត្រ ១ ឥស្សរសូត្រ ១ កាមសូត្រ ១ បាឋេយ្យសូត្រ ១ បជ្ជោតសូត្រ ១ អរណសូត្រ ១។

ចប់ ទេវតាសំយុត្ត។

ទេវបុត្តសំយុត្ត

កស្សបវគ្គ ទី១

បឋមកស្សបសូត្រ ទី១

[២២៣] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់​នៅក្នុងវត្តជេតពន របស់​អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ លំដាប់នោះឯង កាល​វេលារាត្រីបឋមយាមកន្លងទៅហើយ ទេវបុត្តឈ្មោះ កស្សប មានរស្មីដ៏ល្អ ញុំាងវត្ត​ជេតពនទាំងមូលឲ្យភ្លឺ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ក៏ថ្វាយបង្គំ​ដោយគោរព ចំពោះព្រះមានព្រះភាគហើយ ឋិតនៅក្នុងទីសមគួរ។ លុះកស្សបទេវបុត្ត ឋិតនៅក្នុងទីសមគួរហើយ បានក្រាបបង្គំទូល​ព្រះមានព្រះភាគ ដូច្នេះថា ព្រះមានព្រះភាគ ទ្រង់ទូន្មានភិក្ខុ ឯខ្ញុំព្រះអង្គ មិនបានប្រៀន​ប្រដៅភិក្ខុទេ។ ព្រះមានព្រះភាគ ត្រាស់ថា ម្នាលកស្សប បើដូច្នោះ ពាក្យប្រៀនប្រដៅ និងដម្បូន្មាន (នុ៎ះ) ចូរតាំងឡើងប្រាកដក្នុងទីនេះចុះ។

[២២៤] កស្សបទេវបុត្ត ក្រាបបង្គំទូលថា

បុគ្គលគួរសិក្សានូវពាក្យសុភាសិត នូវការចូលទៅភប់ប្រសព្វនឹង​សមណៈ នូវ​អាសនៈតែមួយក្នុងទីស្ងាត់ នូវធម៌ជាគ្រឿង​ញុំាងចិត្តឲ្យស្ងប់រម្ងាប់។

ព្រះសាស្តាក៏ទ្រង់មានព្រះហឫទ័យរីករាយ។ លុះកស្សបទេវបុត្តដឹងថា ព្រះសាស្តា​ទ្រង់​មាន​ព្រះហឫទ័យ​រីករាយ នឹងពាក្យអាត្មាហើយ ក៏ថ្វាយបង្គំដោយ​គោរព ចំពោះ​ព្រះមាន​ព្រះភាគ ធ្វើប្រទក្សិណ ហើយក៏បាត់ក្នុងទីនោះឯង។

ទុតិយកស្សបសូត្រ ទី២

[២២៥] ព្រះមានព្រះភាគ ទ្រង់គង់ក្នុងអារាម ជិតក្រុងសាវត្ថី… កស្សបទេវបុត្ត ឋិតនៅ​ក្នុងទី​សមគួរ ក៏ពោលគាថានេះ ក្នុងសំណាក់​នៃព្រះមានព្រះភាគថា

ភិក្ខុដែលជាអ្នកមានអានិសង្ស ក្នុងព្រះអរហត្តនោះ កាលបើចង់បាន​ព្រះអរហត្ត គប្បី​ជា​អ្នក​មានឈាន ជាអ្នកមានចិត្តរួចស្រឡះ ដឹងនូវសេចក្តី​អស់ទៅ និងសូន្យទៅនៃលោក ជាអ្នកមានចិត្តល្អ មិនគប្បីអាស្រ័យ (ដោយតណ្ហា និងទិដ្ឋិ) ឡើយ។

មាឃសូត្រ ទី៣

[២២៦] ព្រះមានព្រះភាគ ទ្រង់គង់ក្នុងអារាម ជិតក្រុងសាវត្ថី… កាលវេលា​រាត្រី​បឋម​យាម​កន្លង​ទៅហើយ មាឃទេវបុត្ត [ព្រះឥន្ទ] មានរស្មីដ៏ល្អ ក៏ញុំាងវត្ត​ជេតពនទាំងមូលឲ្យភ្លឺ ចូលទៅគាល់​ព្រះមានព្រះភាគ លុះចូលទៅដល់ ថ្វាយបង្គំ​ដោយគោរព ចំពោះ​ព្រះមាន​ព្រះភាគ​ហើយ ឋិតនៅក្នុងទីសមគួរ។

[២២៧] លុះមាឃទេវបុត្ត ឋិតនៅក្នុងទីសមគួរហើយ ក៏ពោល​គាថានឹង​ព្រះមានព្រះភាគ​ថា

បុគ្គលសម្លាប់អ្វី ទើបដេកជាសុខ សម្លាប់អ្វី ទើបមិនសោក បពិត្រ​ព្រះគោតម ព្រះអង្គ​គាប់​ព្រះហឫទ័យ​នឹងការសម្លាប់ធម៌មួយ តើគឺធម៌អ្វី។

[២២៨] ព្រះមានព្រះភាគ ត្រាស់ថា បុគ្គល​សម្លាប់សេចក្តី​ក្រោធបាន ទើប​ដេក​ជាសុខ សម្លាប់​សេចក្តី​ក្រោធបាន ទើបមិនសោក ម្នាលវត្រភូ [ជាឈ្មោះនៃព្រះឥន្ទ្រ។ ព្រះឥន្ទ្រនោះ បានជា​ឈ្មោះថាវត្រភូ ព្រោះ​គ្របសង្កត់​នូវជនដទៃ ដោយវត្ត (៧​យ៉ាង​មានចិញ្ចឹមមាតាបិតាជាដើម) ហើយដល់​នូវភាពជាធំជាងទេវតា។] ព្រះអរិយៈ​ទាំង​ឡាយ តែងសរសើរការសម្លាប់សេចក្តីក្រោធ ដែលមានឫសជាពិស មានចុងដ៏ផ្អែម ជនសម្លាប់​សេចក្តីក្រោធនោះឯង ទើបមិនសោក។

មាគធសូត្រ ទី៤

[២២៩] មាគធទេវបុត្ត ឋិតនៅក្នុងទីសមគួរហើយ ពោលនឹង​ព្រះមានព្រះភាគ ដោយគាថាថា

ពន្លឺក្នុងលោក មានប៉ុន្មានយ៉ាង លោកភ្លឺច្បាស់ដោយពន្លឺទាំងឡាយណា យើង​ខ្ញុំ​ព្រះអង្គមកគាល់ ដើម្បីទូលសួរព្រះមានព្រះភាគ ធ្វើដូចម្តេចហ្ន៎ នឹង​ដឹង​នូវពន្លឺនោះបាន។

[២៣០] ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ពន្លឺក្នុងលោកនេះ មានតែ៤យ៉ាង មិនមានដល់៥យ៉ាងទេ គឺព្រះអាទិត្យភ្លឺក្នុងវេលាថ្ងៃ ព្រះចន្ទភ្លឺក្នុងវេលាយប់ ឯ​ភ្លើង​ភ្លឺក្នុងទីនោះៗ ទាំងយប់ទាំងថ្ងៃ ព្រះសម្ពុទ្ធប្រសើរ​លើសពន្លឺទាំងឡាយ ពន្លឺ​នេះ មិនមានពន្លឺដទៃលើសលុបឡើយ។

ទាមលិសូត្រ ទី៥

[២៣១] ព្រះមានព្រះភាគ ទ្រង់គង់ក្នុងអារាម ជិតក្រុងសាវត្ថី… គ្រានោះ កាល​វេលារាត្រីបឋមយាមកន្លងហើយ ទាមលិទេវបុត្ត មានរស្មីដ៏ល្អ ញុំាងវត្តជេតពន​ទាំង​មូលឲ្យភ្លឺ ក៏ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ថ្វាយបង្គំ​ព្រះមានព្រះភាគ ហើយឋិតនៅក្នុងទីសមគួរ។

[២៣២] លុះទាមលិទេវបុត្ត ឋិតនៅក្នុងទីសមគួរហើយ បានពោលគាថានេះ ក្នុង​សំណាក់នៃព្រះមានព្រះភាគថា

សេចក្តីព្យាយាមនុ៎ះ ព្រាហ្មណ៍អ្នកមិនខ្ជិលច្រអូស គួរធ្វើដោយកិរិយាលះបង់ នូវកាមទាំងឡាយ ព្រាហ្មណ៍​មិនប្រាថ្នានូវភព ដោយហេតុនោះទេ។

[២៣៣] (ព្រះមានព្រះភាគ ត្រាស់ថា ម្នាលទាមលិ) កិច្ចរបស់​ព្រាហ្មណ៍ មិនមាន​ទេ ព្រោះថា ព្រាហ្មណ៍មានកិច្ចធ្វើរួចហើយ សត្វមិនបាននូវទីពឹង ក្នុង​ស្ទឹង​ទាំងឡាយដរាបណា រមែងឃ្វាងចាកដំណើរ​ទាំងពួងដរាបនោះ លុះតែ​សត្វនោះ បាននូវទីពឹងផង ឋិតនៅលើគោកផង ទើបមិនឃ្វាង ជាអ្នកដល់​នូវត្រើយមែនពិត ម្នាលទាមលិ នេះឧបមាដូចជាព្រាហ្មណ៍ ជាខីណាស្រព មានប្រាជ្ញាចាស់ ជាអ្នក​មានឈាន ដល់ហើយនូវទីបំផុតនៃជាតិ និងមរណៈ ជាអ្នកដល់​នូវត្រើយមែន​ពិត ឥតឃ្វាងដូច្នោះឯង។

កាមទសូត្រ ទី៦

[២៣៤] កាមទទេវបុត្ត ឋិតនៅក្នុងទីសមគួរហើយ បានពោលនឹង​ព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះមានព្រះភាគ កាលធ្វើសមណធម៌ បុគ្គល​ធ្វើ​បានដោយកម្រ បពិត្រព្រះមានព្រះភាគ ការធ្វើសមណធម៌ បុគ្គលធ្វើបាន​ដោយកម្រ​ក្រៃពេក។

(ព្រះមានព្រះភាគត្រាស់ថា ម្នាលកាមទៈ) លុះតែជនទាំងឡាយ ប្រកបដោយ​សេក្ខសីល មានសភាព​ជាអ្នកខ្ជាប់ខ្ជួន ទើបធ្វើសមណធម៌ ដែលបុគ្គល​ធ្វើបាន​ដោយ​កម្រ សេចក្តីសន្តោសរបស់បុគ្គលចូលដល់នូវភាពជាបុគ្គល​គ្មានផ្ទះ ជាគុណជាត​នាំមក​នូវសេចក្តីសុខ។

[២៣៥] កាមទទេវបុត្ត ក្រាបបង្គំទូលថា បពិត្រព្រះមានព្រះភាគ សេចក្តី​សន្តោស​នេះ បុគ្គល​បានដោយកម្រ។

(ព្រះមានព្រះភាគត្រាស់ថា ម្នាលកាមទៈ) លុះតែចិត្ត​របស់ពួកជន ដែល​ត្រេកអរ ក្នុងភាវនាទាំងយប់ ទាំងថ្ងៃ ត្រេកអរក្នុងធម៌ ជាគ្រឿង​ចូលទៅជិត ញុំាង​ចិត្តឲ្យស្ងប់ ទើបបាននូវ​សេចក្តីសន្តោស ដែលបុគ្គល​បានដោយកម្រ។

[២៣៦] កាមទទេវបុត្ត ក្រាបបង្គំទូលថា បពិត្រ​ព្រះមានព្រះភាគ ចិត្តនេះ បុគ្គល​តម្កល់បានដោយកម្រ។

(ព្រះមានព្រះភាគត្រាស់ថា ម្នាលកាមទៈ) លុះតែពួកជនណា ជាអរិយៈ ត្រេកអរ​ក្នុង​ការ​រម្ងាប់​នូវ​ឥន្ទ្រិយ កាត់នូវបណ្តាញនៃមច្ចុបាន ម្នាលកាមទៈ ពួកជន​នោះ ទើបតម្កល់នូវចិត្ត ដែល​បុគ្គល​តម្កល់បានដោយកម្រ។

[២៣៧] កាមទទេវបុត្ត ក្រាបបង្គំទូលថា បពិត្រ​ព្រះមានព្រះភាគ ផ្លូវ​មិនរាបស្មើ បុគ្គល​ទៅ​បាន​ដោយកម្រ។

ព្រះមានព្រះភាគត្រាស់ថា ម្នាលកាមទៈ លុះតែពួកអរិយជន ទើប​ទៅក្នុង​ផ្លូវ​មិនរាបស្មើ ដែល​បុគ្គល​ទៅបានដោយកម្រ ពួកជនមិនមែនជាអរិយៈ តែង​មានក្បាល​សំយុងចុះ ធ្លាក់​ទៅក្នុង​ផ្លូវដ៏មិន​រាបស្មើ ឯផ្លូវ​ដ៏រាបស្មើ ជាផ្លូវ​សម្រាប់​តែពួក​អរិយជន ព្រោះថា ពួកអរិយជន តែង​ប្រព្រឹត្តស្មើ ក្នុងផ្លូវ​ដ៏មិនរាបស្មើបាន។

បញ្ចាលចណ្ឌសូត្រ ទី៧

[២៣៨] បញ្ចាលចណ្ឌទេវបុត្ត ឋិតនៅក្នុងទីសមគួរហើយ បាន​ពោលគាថា​នេះ ក្នុង​សំណាក់​នៃ​ព្រះមានព្រះភាគ​ថា

ឱហ្ន៎ បុគ្គលជាអ្នកមានប្រាជ្ញាក្រាស់ ជាអ្នកដឹងនូវឈាន ជាអ្នកត្រាស់ដឹង ជា​អ្នក​ប្រសើរ​ដោយ​ការ​លះ​អស្មិមានះ ជាមុនី បានហើយនូវឱកាស គឺឈានក្នុងទី​ចង្អៀត។

[២៣៩] (ព្រះមានព្រះភាគត្រាស់ថា ម្នាលបញ្ចាលចណ្ឌៈ) ជនទាំងឡាយ​ណា ទោះបីឋិតនៅក្នុងទីចង្អៀត ក៏បាននូវសតិ ព្រោះដល់នូវការរំលត់​នូវអកុសលធម៌ ជន​ទាំងនោះ ឈ្មោះថា តម្កល់នៅដោយល្អប្រពៃ។

តាយនសូត្រ ទី៨

[២៤០] គ្រានោះ កាលរាត្រីបឋមយាមកន្លងទៅហើយ តាយនទេវបុត្ត ជាបុរាណតិត្ថករ [ពីដើមធ្លាប់ជាមេលទ្ធិ ជាអ្នកបង្កើត​ទិដ្ឋិ៦២។] មានរស្មីដ៏ល្អ ញុំាងវត្ត​ជេតពន​ទាំង​មូល​ឲ្យភ្លឺ ចូលទៅគាល់​ព្រះមានព្រះភាគ លុះចូលទៅដល់ ក៏​ថ្វាយបង្គំព្រះមានព្រះភាគ ហើយ​ឋិត​នៅ​ក្នុង​ទីសមគួរ។

[២៤១] លុះតាយនទេវបុត្ត ឋិតនៅក្នុងទីសមគួរហើយ ទើបពោលគាថា​ទាំងឡាយនេះ ក្នុង​សំណាក់​នៃ​ព្រះមានព្រះភាគថា

បពិត្រព្រាហ្មណ៍ ចូរអ្នកកាត់ខ្សែតណ្ហា ចូរអ្នក​បន្ទោបង់កាមទាំងឡាយ មុនី (បើ) មិន​លះបង់​​កាម​ទាំងឡាយ​ទេ ក៏មិនបាននូវឈាន បុគ្គលបើបាន​ជាធ្វើព្យាយាម កុំគប្បី​បន្ធូរ​បន្ថយ​ព្យាយាម​នោះឡើយ គប្បីធ្វើព្យាយាមនោះ ឲ្យមាំមួនឡើង ព្រោះ​ថា​បព្វជ្ជា ដែលបុគ្គលកាន់ធូរៗ រមែង​រោយធូលី គឺកិលេសដ៏ក្រៃលែង អំពើអាក្រក់​ដែល​បុគ្គល​មិនធ្វើហើយ ជាអំពើប្រសើរ អំពើអាក្រក់ តែងក្តៅក្រហាយ ក្នុងកាលជាខាង​ក្រោយ មួយទៀត បុគ្គលធ្វើអំពើណា តែង​មិនក្តៅតាមអំពើនោះ ដែលបុគ្គល​ធ្វើ​ហើយ ជាអំពើល្អប្រសើរ ភាពជាសមណៈ ដែលអ្នកបួស​កាន់មិនល្អ តែង​ប្រទាញចូល ទៅក្នុងនរក ដូចជាស្បូវដែលបុគ្គលកាន់មិនល្អ តែង​មុតដៃ ដូច្នោះឯង ការងារ​ណា​មួយ​ដ៏ធូរៗក្តី វត្តណាមួយ ដ៏សៅហ្មងក្តី ព្រហ្មចរិយធម៌ណាមួយ ដែល​បុគ្គល​ប្រព្រឹត្ត​ដោយ​សេចក្តី​រង្កៀសក្តី កិច្ចនោះ ជាកិច្ចមិនមានផលធំឡើយ។

តាយនទេវបុត្ត បានពោលពាក្យនេះ លុះពោលពាក្យនេះរួច ក៏​ថ្វាយបង្គំ​ព្រះមានព្រះភាគ ធ្វើប្រទក្សិណ ហើយបាត់ក្នុងទីនោះឯង។

[២៤២] កាលរាត្រីនោះកន្លងទៅ ព្រះមានព្រះភាគ ត្រាស់នឹងភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ យប់មិញនេះ កាលរាត្រីបឋមយាមកន្លងទៅហើយ តាយនទេវបុត្ត ជាបុរាណតិត្ថករ មានរស្មីដ៏ល្អ ញុំាងវត្តជេតពនទាំងមូល ឲ្យភ្លឺ ចូល​មករកតថាគត លុះចូលមកដល់ហើយ ថ្វាយបង្គំ​តថាគត ឋិតនៅក្នុងទីសមគួរ។ លុះ​តាយនទេវបុត្ត ឋិតនៅក្នុងទីសមគួរហើយ បានពោលគាថាទាំងនេះ ក្នុងសំណាក់​តថាគតថា  បពិត្រព្រាហ្មណ៍ ចូរអ្នកព្យាយាមកាត់ខ្សែតណ្ហា ចូរអ្នក​បន្ទោបង់​ នូវកាមទាំងឡាយ មុនី (បើ) មិនលះបង់​នូវកាមទាំងឡាយទេ ក៏មិនបាននូវឈាន បុគ្គលបើបាន​ជាធ្វើព្យាយាម កុំគប្បីបន្ធូរបន្ថយព្យាយាមនោះឡើយ គប្បីធ្វើ​ព្យាយាម​នោះ ឲ្យមាំមួនឡើង ព្រោះ​ថា​បព្វជ្ជា ដែលបុគ្គលកាន់ធូរៗ រមែង​រោយនូវធូលី គឺកិលេសដ៏ក្រៃលែង អំពើអាក្រក់​ ដែល​បុគ្គល​មិនធ្វើហើយ ជាអំពើប្រសើរ អំពើ​អាក្រក់ តែងក្តៅក្រហាយ ក្នុងកាលជាខាង​ក្រោយ មួយទៀត បុគ្គលធ្វើនូវអំពើណា តែង​មិនក្តៅតាមអំពើនោះ ដែលបុគ្គល​ធ្វើ​ហើយ ជាអំពើល្អប្រសើរ ភាពជាសមណៈ ដែលអ្នកបួស​កាន់មិនល្អ តែង​ប្រទាញចូល ទៅក្នុងនរក ដូចជាស្បូវ ដែលបុគ្គលកាន់មិនល្អ តែង​មុតដៃ ដូច្នោះឯង ការងារ​ណា​មួយ​ដ៏ធូរៗ​ក្តី វត្តណាមួយ ដ៏សៅហ្មងក្តី ព្រហ្មចរិយធម៌ណាមួយ ដែល​បុគ្គល​ប្រព្រឹត្ត​ដោយ​សេចក្តី​រង្កៀស​ក្តី កិច្ចនោះ ជាកិច្ចមិនមានផលធំឡើយ។

ម្នាលភិក្ខុទាំងឡាយ តាយនទេវបុត្ត បានពោលពាក្យនេះ លុះពោលពាក្យ​នេះ​រួច ក៏​ថ្វាយបង្គំ​តថាគត ធ្វើប្រទក្សិណ ហើយបាត់ក្នុងទីនោះឯង ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូររៀននូវតាយនគាថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរ​ទន្ទេញ​នូវតាយនគាថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរទ្រទ្រង់​នូវតាយនគាថា ម្នាលភិក្ខុទាំងឡាយ តាយនគាថា ប្រកបដោយប្រយោជន៍ ជាខាង​ដើមនៃ​ព្រហ្មចរិយៈ។

ចន្ទិមសូត្រ ទី៩

[២៤៣] ព្រះមានព្រះភាគទ្រង់គង់ជិតក្រុងសាវត្ថី… សម័យ​នោះឯង រាហុអសុរិន្ទ ចាប់ចន្ទិមទេវបុត្ត។ លំដាប់នោះ ចន្ទិមទេវបុត្ត រឭកដល់​ព្រះមានព្រះភាគ បានពោលគាថានេះ ក្នុងវេលានោះថា បពិត្រ​ព្រះពុទ្ធអ្នក​មានព្យាយាម កិរិយានមស្ការ ថ្វាយបង្គំ (របស់ខ្ញុំ) ចូរមានដល់ព្រះអង្គ ព្រះអង្គ​រួចស្រឡះ ចាកធម៌​ទាំងពួង មានខន្ធ និងអាយតនៈ​ជាដើម ខ្ញុំព្រះអង្គដល់នូវ​គ្រោះថ្នាក់ ដ៏ចង្អៀតហើយ សូមព្រះអង្គជាទីពឹង​របស់ខ្ញុំ។

[២៤៤] លំដាប់នោះឯង ព្រះមានព្រះភាគ ទ្រង់ប្រារព្ធ​ចន្ទិមទេវបុត្ត ក៏​ត្រាស់​នឹង​រាហុអសុរិន្ទ ដោយគាថា ថា  ចន្ទិមទេវបុត្ត ដល់នូវតថាគតជាអរហន្ត ជាទីពឹង​ហើយ ម្នាលរាហុ អ្នកចូរលែង​ចន្ទទេវបុត្តចេញ ព្រះពុទ្ធទាំងឡាយ តែង​ទ្រង់​អនុគ្រោះ​សត្វលោក។

[២៤៥] គ្រានោះឯង រាហុអសុរិន្ទលែងចន្ទិមទេវបុត្តហើយ ក៏​ប្រញាប់​ប្រញាល់​ចូលទៅរក​វេបចិត្តិអសុរិន្ទ លុះចូលទៅដល់ ក៏មាន​សេចក្តីសង្វេគ ព្រឺរោម ព្រឺស្បែក ឋិត​នៅក្នុងទីសមគួរ។

[២៤៦] វេបចិត្តិអសុរិន្ទ បានពោល​នឹងរាហុអសុរិន្ទ ដែលឋិត​នៅក្នុងទី​សមគួរ​ដោយគាថាថា

ម្នាលរាហុ ហេតុដូចម្តេច បានជាអ្នកប្រញាប់​លែងចន្ទទេវបុត្ត ហើយ​មាន​សភាព​ស្រពោនស្រពាប់ ហេតុដូចម្តេចបានជា​អ្នកភ័យដល់ម្ល៉េះ។

[២៤៧] រាហុអសុរិន្ទ បានពោលគាថា ថា ខ្ញុំជាបុគ្គលត្រូវចន្ទិមទេវបុត្ត​ពោល​គាថា ចំពោះព្រះពុទ្ធហើយ បើខ្ញុំមិនលែងចន្ទិមទេវបុត្តទេ ក្បាលខ្ញុំ មុខជានឹង​បែក​ជា៧ភាគ ទោះបីខ្ញុំរស់នៅ ក៏មិនបានសេចក្តីសុខ។

សុរិយសូត្រ ទី១០

[២៤៨] សម័យនោះឯង រាហុអសុរិន្ទ ចាប់សុរិយទេវបុត្ត។ លំដាប់នោះ សុរិយ​ទេវបុត្តរឭកដល់​ព្រះមានព្រះភាគ បានពោលគាថានេះ ក្នុងវេលានោះថា

បពិត្រព្រះពុទ្ធអ្នកមានព្យាយាម កិរិយានមស្ការ របស់ខ្ញុំ​ ចូរមានដល់​ព្រះអង្គ​នោះ ព្រះអង្គរួចស្រឡះចាកធម៌ទាំងពួង មានខន្ធ​ និងអាយតនៈ​ជាដើម ខ្ញុំ​ព្រះអង្គ​ដល់នូវគ្រោះថ្នាក់ដ៏ចង្អៀតហើយ សូម​ព្រះអង្គជាទីពឹង​របស់ខ្ញុំ។

[២៤៩] លំដាប់នោះឯង ព្រះមានព្រះភាគ ប្រារព្ធសុរិយទេវបុត្ត ក៏ត្រាស់នឹង​រាហុអសុរិន្ទ ដោយគាថា ថា

សុរិយទេវបុត្ត ដល់នូវតថាគតជាអរហន្ត ជាទីពឹងហើយ ម្នាលរាហុ អ្នកចូរ​លែង​សុរិយទេវបុត្តចេញ ព្រះពុទ្ធទាំងឡាយ តែង​ទ្រង់អនុគ្រោះសត្វលោក អ្នកណា​មានកំដៅ មានពន្លឺភ្លឺផ្លេកៗ ដ៏រុងរឿង ក្នុងទីងងឹត មានសណ្ឋាន​មូល មានតេជះខ្ពង់​ខ្ពស់ ម្នាលរាហុ អ្នកកុំលេបនូវ​អ្នកនោះ ដែលកំពុង​តែចរទៅឰដ៏អាកាសឡើយ ម្នាល​រាហុ អ្នកចូរលែងសុរិយទេវបុត្ត ជាកូនតថាគតចេញ។

[២៥០] លំដាប់នោះឯង រាហុអសុរិន្ទ បានលែង​សុរិយទេវបុត្តហើយ ប្រញាប់​ចូលទៅរកវេបចិត្តិអសុរិន្ទ លុះចូលទៅដល់ហើយ មានសេចក្តីសង្វេគព្រឺរោម ព្រឺស្បែក ឋិតនៅក្នុងទីសមគួរ។

[២៥១] វេបចិត្តិអសុរិន្ទ បានពោល​នឹងរាហុអសុរិន្ទ ដែលឋិត​នៅក្នុងទី​សមគួរ​ដោយគាថាថា

ម្នាលរាហុ ហេតុដូចម្តេច បានជាអ្នកប្រញាប់​លែងសុរិយទេវបុត្ត ហើយ​មាន​សភាព​ស្រពោនស្រពាប់ ហេតុដូចម្តេច បានជា​អ្នកភ័យដល់ម្ល៉េះ។

[២៥២] រាហុអសុរិន្ទ បានពោលគាថា ថា ខ្ញុំជាបុគ្គលត្រូវសុរិយទេវបុត្ត បាន​ពោល​គាថា ចំពោះព្រះពុទ្ធហើយ បើខ្ញុំមិនលែងសុរិយទេវបុត្តទេ ក្បាលរបស់ខ្ញុំ មុខជានឹង​បែក​ជា៧ភាគ ទោះបីខ្ញុំរស់នៅ ក៏មិនបានសុខដែរ។

ចប់ កស្សបវគ្គ ទី១។

បញ្ជីរឿងនៃកស្សបវគ្គនោះ គឺ

សូត្រទាំង ១០ នោះគឺ កស្សបសូត្រ ២ មាឃសូត្រ ១ មាគធសូត្រ ១ ទាមលិសូត្រ ១ កាមទសូត្រ ១ បញ្ចាលចណ្ឌសូត្រ ១ តាយនសូត្រ ១ ចន្ទិមសូត្រ ១ សុរិយសូត្រ ១។

អនាថបិណ្ឌិកវគ្គ ទី២

ចន្ទិមសសូត្រ ទី១

[២៥៣] ក្នុងអារាមជិតក្រុងសាវត្ថី… គ្រាកាលដែលរាត្រីបឋមយាមកន្លងទៅ​ហើយ ទេវបុត្តឈ្មោះ ចន្ទិមសៈ មានរស្មីរុងរឿង ញុំាងវត្តជេតពនទាំងមូល ឲ្យភ្លឺស្វាង ចូលទៅគាល់​ព្រះមានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំចំពោះ​ព្រះមានព្រះភាគ ហើយឋិតនៅក្នុងទីសមគួរ។

[២៥៤] ចន្ទិមសទេវបុត្ត ឋិតនៅក្នុងទីសមគួរហើយ ក៏ពោល​នូវគាថានេះ ក្នុង​សំណាក់​នៃ​ព្រះមានព្រះភាគថា

ជនទាំងឡាយណា បានដល់​នូវឈាន មានចិត្តតាំងនៅក្នុងអារម្មណ៍តែមួយ មាន​ប្រាជ្ញាជាគ្រឿង​រក្សាខ្លួន មានសតិ ជនទាំងឡាយនោះ នឹង​ដល់នូវសួស្តី ដូច​ជាម្រឹគ​នៅក្នុងកៀន [កៀនភ្នំ ឬកៀនទន្លេ។] ដែលមិនមានសត្វមូស។

[២៥៥] ព្រះមានព្រះភាគ ត្រាស់ថា ជនទាំងឡាយណា បានដល់នូវ​ឈាន ជាអ្នកមិនប្រមាទ បានលះបង់​នូវកិលេស ជនទាំងឡាយនោះ នឹងដល់​នូវត្រើយ​ គឺព្រះនិព្វាន ដូចជាត្រីកាត់នូវសំណាញ់បាន។

វេណ្ឌុសូត្រ ទី២

[២៥៦] វេណ្ឌុទេវបុត្ត ឋិតនៅក្នុងទីសមគួរហើយ ក៏ពោល​នូវគាថានេះ ក្នុង​សំណាក់នៃ​ព្រះមានព្រះភាគថា

មនុស្សទាំងឡាយណា បានចូលទៅអង្គុយជិតព្រះសុគត ហើយជាអ្នកប្រកប​ព្យាយាម មិនប្រមាទ តែង​សិក្សាតាម ក្នុងសាសនាព្រះគោតម មនុស្ស​ទាំងនោះ ដល់​នូវ​សេចក្តី​សុខមែនពិត។

[២៥៧] (ព្រះមានបុណ្យត្រាស់ថា នែវេណ្ឌុទេវបុត្ត) មនុស្សទាំងឡាយណា មានឈាន បានសិក្សាតាម ក្នុងចំណែក​នៃពាក្យប្រៀនប្រដៅ ដែលតថាគត បាន​ពោលហើយ មនុស្សទាំងឡាយនោះ កាលបើមិនប្រមាទ ក្នុងកាលគួរ មិនគប្បី​លុះ​ក្នុងអំណាចនៃមច្ចុបានឡើយ។

ទីឃលដ្ឋិសូត្រ ទី៣

[២៥៨] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់​នៅ​ក្នុងវត្តវេឡុវ័ន ជាកលន្ទកនិវាបស្ថាន ជិតក្រុងរាជគ្រឹះ។ គ្រាកាលដែល​រាត្រីបឋម​យាមកន្លងទៅហើយ ទេវបុត្តឈ្មោះ ទីឃលដ្ឋិ មានរស្មីរុងរឿង ញុំាងវត្តវេឡុវ័នទាំង​មូល ឲ្យភ្លឺស្វាង ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំ​ព្រះមានព្រះភាគហើយ ឋិតនៅក្នុងទីសមគួរ។

[២៥៩] លុះទីឃលដ្ឋិទេវបុត្ត ឋិតនៅក្នុងទីសមគួរហើយ បានពោលគាថា​នេះ ក្នុងសំណាក់នៃព្រះមានព្រះភាគថា

ភិក្ខុដែលមានព្រះអរហត្តជាអានិសង្ស គប្បីជាអ្នកមានឈាន មានចិត្ត​រួច​ស្រឡះ គប្បីប្រាថ្នានូវសេចក្តីសម្រេចនៃហឫទ័យ គឺព្រះអរហត្ត ដឹងច្បាស់​នូវកិរិយា​កើត​ឡើង និងការសូន្យទៅ នៃសង្ខារលោក មានចិត្តល្អ មិនអាស្រ័យ (នូវ​តណ្ហា និងទិដ្ឋិ)។

នន្ទនសូត្រ ទី៤

[២៦០] នន្ទនទេវបុត្ត ឋិតនៅក្នុងទីសមគួរហើយ ក៏ក្រាបទូលសួរ​ព្រះមានព្រះភាគ ដោយ​គាថាថា

បពិត្រព្រះគោតម អ្នកមានបញ្ញាក្រាស់ ដូចជាផែនដី ញាណទស្សនៈ របស់​ព្រះមានព្រះភាគ មិនមានអ្វីរារាំងបានទេ ព្រោះហេតុនោះ ខ្ញុំសូមសួរព្រះអង្គ អ្នក​ប្រាជ្ញទាំងឡាយ ហៅបុគ្គលដូចម្តេចថា ជាអ្នកមានសីល ហៅបុគ្គលដូចម្តេចថា ជាអ្នក​មានបញ្ញា បុគ្គលដូចម្តេច ដែលអ្នកប្រាជ្ញ តែងហៅថា ជាអ្នកកន្លងនូវ​សេចក្តី​ទុក្ខបាន ទេវតាទាំងឡាយ តែងបូជា​នូវបុគ្គលដូចម្តេច។

[២៦១] ព្រះអង្គត្រាស់ថា បុគ្គលណា មានសីល មានបញ្ញា មានខ្លួន​ចម្រើន​ហើយ មានចិត្តតាំងខ្ជាប់ ត្រេកអរក្នុងឈាន មានស្មារតី ប្រាសចាកសេចក្តីសោក លះបង់នូវកិលេសទាំងពួង មានអាសវៈអស់ហើយ ទ្រទ្រង់​នូវរាងកាយ ជាទីបំផុត អ្នកប្រាជ្ញទាំងឡាយ តែងហៅបុគ្គលនោះថា ជាអ្នកមានសីល តែងហៅ​បុគ្គល​នោះ​ថា ជាអ្នកមានបញ្ញា បុគ្គលនោះ ដែលអ្នកប្រាជ្ញតែងហៅថា ជាអ្នកកន្លងនូវសេចក្តី​ទុក្ខ​បាន ទេវតាទាំងឡាយ តែង​បូជានូវបុគ្គលនោះ។

ចន្ទនសូត្រ ទី៥

[២៦២] ចន្ទនទេវបុត្ត ឋិតនៅ​ក្នុងទីសមគួរហើយ ក៏ក្រាបទូល​សួរ​ព្រះមានព្រះភាគ ដោយគាថា ថា

បុគ្គលដូចម្តេចហ្ន៎ ដែល​មិនខ្ជិលទាំងយប់ទាំងថ្ងៃ តែង​ឆ្លងនូវអន្លង់​បាន បុគ្គល​ដូចម្តេច មិនលិចចុះក្នុងអន្លង់ជ្រៅ ដែលមិនមានទីឋិតនៅខាងក្រោម មិន​មានទីតោង​ក្នុងខាងលើ។

[២៦៣] ព្រះអង្គត្រាស់ថា បុគ្គល​បរិបូណ៌ ដោយសីល មានបញ្ញា មានចិត្ត​តាំងខ្ជាប់ មាន​ព្យាយាមប្រារព្ធហើយ មានចិត្ត​បញ្ជូនទៅ កាន់ព្រះនិព្វាន​សព្វ​កាល រមែង​ឆ្លងនូវអន្លង់​ដែលឆ្លង​បានដោយកម្រ បុគ្គលណា​ប្រាសចាកកាមសញ្ញា កន្លង​នូវរូបសញ្ញោជនៈ មានភព​ជាទីត្រេកអរ [បានដល់​កម្មាភិសង្ខារ៣។] អស់ហើយ បុគ្គល​នោះ រមែង​មិនលិចចុះក្នុងអន្លង់ជ្រៅឡើយ។

វាសុទត្តសូត្រ​ ទី៦

[២៦៤] វាសុទត្តទេវបុត្ត ឋិតនៅ​ក្នុងទីសមគួរហើយ ក៏ពោលគាថានេះ ក្នុងសំណាក់នៃ​ព្រះមានព្រះភាគថា

ភិក្ខុមានស្មារតី គប្បី​នៅដើម្បីលះបង់កាមរាគ (ដោយរហ័ស) ដូចជាបុរស ដែលគេប្រហារដោយលំពែង ឬដូច​ជាបុរស ដែលភ្លើង​កំពុងឆេះលើក្បាល។

[២៦៥] ព្រះមានព្រះភាគត្រាស់ថា ភិក្ខុមានស្មារតី គប្បី​នៅដើម្បីលះបង់សក្កាយទិដ្ឋិ (ដោយរហ័ស) ដូចជាបុរស ដែលគេប្រហារ ដោយលំពែង ឬដូច​ជាបុរស ដែលភ្លើង​កំពុងឆេះលើក្បាល។

សុព្រហ្មសូត្រ ទី៧

[២៦៦] សុព្រហ្មទេវបុត្ត ឋិតនៅ​ក្នុងទីសមគួរហើយ ក៏ក្រាបទូលសួរ​ព្រះមានព្រះភាគ ដោយគាថាថា

កាលបើកិច្ច គឺសេចក្តីទុក្ខទាំងឡាយ មិនទាន់កើតឡើងក្តី ឬកើតឡើង​ហើយក្តី ចិត្ត (របស់ខ្ញុំព្រះអង្គ) នេះតក់ស្លុតជានិច្ច ចិត្ត (របស់ខ្ញុំព្រះអង្គ) នេះរន្ធត់ជានិច្ច បើ​ចិត្ត​ដែលមិនតក់ស្លុត មាន ខ្ញុំព្រះអង្គ​ សូមសួរ​ឲ្យ​ព្រះអង្គប្រាប់ នូវចិត្តនោះ ដល់ខ្ញុំ​ព្រះអង្គ។

[២៦៧] ព្រះអង្គត្រាស់ថា តថាគតមិនឃើញ​សួស្តីរបស់ពួកសត្វ ក្រៅអំពី​ពោជ្ឈង្គ និងតបោគុណទេ ក្រៅអំពីការសង្រួមនូវឥន្ទ្រិយទេ ក្រៅអំពីការលះបង់ នូវ​កិលេសទាំងអស់ទេ។

លុះព្រះមានព្រះភាគ ពោលគាថានេះរួចហើយ។បេ។ ទេវបុត្តនោះ ក៏បាត់​អំពី​ទីនោះទៅ។

កកុធសូត្រ ទី៨

[២៦៨] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់​ក្នុង​ព្រៃអញ្ជ័ន ជាទីឲ្យអភ័យដល់សត្វម្រឹគ ជិតក្រុង​សាកេត។ គ្រាកាលដែលរាត្រីបឋម​យាម កន្លងទៅហើយ ទេវបុត្តឈ្មោះ កកុធៈ មានរស្មីរុងរឿង ញុំាង​ព្រៃអញ្ជ័នជុំវិញ​ទាំងអស់ ឲ្យភ្លឺស្វាង ចូលទៅគាល់​ព្រះមានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំ​ព្រះមានព្រះភាគ ហើយឋិតនៅក្នុងទីដ៏សមគួរ។

[២៦៩] លុះកកុធទេវបុត្ត ឋិតនៅក្នុងទីសមគួរហើយ បានក្រាប​បង្គំទូល​ព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះសមណៈ ព្រះអង្គត្រេកអរដែរឬ។ ព្រះអង្គ​ត្រាស់ថា ម្នាលអាវុសោ ត្រេកអរ ព្រោះបានអ្វី។ បពិត្រសមណៈ បើដូច្នោះ ព្រះអង្គ​សោយសោកដែរឬ។ ម្នាលអាវុសោ ចុះនរណាផ្ចាញ់អ្វី (បានជាសោយសោក)។ បពិត្រ​ព្រះសមណៈ បើដូច្នោះ ព្រះអង្គមិនត្រេកអរ មិនសោយសោកទេឬ។ អើ​អាវុសោ។

[២៧០] កកុធទេវបុត្តទូលថា ព្រះអង្គជាភិក្ខុ មិនមានទុក្ខទេឬ សេចក្តី​ត្រេក​អរ មិនមានទេឬ សេចក្តីអផ្សុកមិនគ្របសង្កត់ព្រះអង្គ ដែលគង់​នៅម្នាក់ឯងទេឬ។

[២៧១] ព្រះមានព្រះភាគត្រាស់ថា ម្នាលយក្ស តថាគតមិនមានទុក្ខទេ ទាំងសេចក្តីត្រេកអរ ក៏​មិនមាន ទាំងសេចក្តីអផ្សុក ក៏មិនគ្របសង្កត់តថាគត ដែលអង្គុយនៅតែម្នាក់ឯងឡើយ។

[២៧២] កកុធទេវបុត្តទូលថា ដូចម្តេចក៏ព្រះអង្គជាភិក្ខុមិនមានទុក្ខ ដូចម្តេចក៏​មិនមានសេចក្តី​ត្រេកអរ ដូចម្តេចក៏សេចក្តីអផ្សុក មិនគ្របសង្កត់ព្រះអង្គ ដែលគង់នៅតែម្នាក់ឯង។

[២៧៣] ព្រះមានព្រះភាគត្រាស់ថា សេចក្តីត្រេកអរ រមែងមានដល់សត្វ ដែល​មានសេចក្តីទុក្ខ [សំដៅយក​វដ្តទុក្ខ] សេចក្តីទុក្ខ រមែងមានដល់សត្វ ដែលមានសេចក្តី​ត្រេកអរ  [សំដៅយកតណ្ហា] ម្នាលអាវុសោ អ្នកឯងចូរដឹងថា ភិក្ខុមិនមានសេចក្តី​ត្រេកអរ សេចក្តីទុក្ខក៏មិនមានដែរ។

[២៧៤] កកុធទេវបុត្តទូលថា ខ្ញុំព្រះអង្គ ខានឃើញភិក្ខុជាព្រាហ្មណ៍ ដែលរលត់កិលេស មិន​មានសេចក្តីត្រេកអរ មិនមានទុក្ខ ឆ្លងនូវតណ្ហា ដែលជាគ្រឿង​ផ្សាយទៅក្នុងលោក អស់កាលយូរហើយ។

ឧត្តរសូត្រ ទី៩

[២៧៥] រាជគហនិទាន។ ឧត្តរទេវបុត្ត ឋិតនៅក្នុងទីសមគួរហើយ ក៏ពោល​គាថានេះ ក្នុងសំណាក់នៃព្រះមានព្រះភាគថា

ជីវិត គឺអាយុ មានប្រមាណតិចណាស់ តែងត្រូវជរានាំចូលទៅរក (សេចក្តីស្លាប់) សត្វដែលត្រូវជរានាំចូលទៅហើយ មិនមានទីជ្រកកោនឡើយ កាល​បើ​បុគ្គលបានសំឡឹងឃើញភ័យ ក្នុងសេចក្តីស្លាប់នេះហើយ គួរតែខំធ្វើបុណ្យ​ទាំង​ឡាយ ដែលជាគុណជាតនាំសេចក្តីសុខមកឲ្យ។

[២៧៦] ព្រះមានព្រះភាគត្រាស់ថា ជីវិត គឺអាយុ មានប្រមាណតិចណាស់ ដែលជរាតែង​នាំចូល​ទៅរក (សេចក្តីស្លាប់) សត្វដែលត្រូវជរានាំចូលទៅហើយ មិនមានទីជ្រក​កោនឡើយ កាល​បើបុគ្គលបានសំឡឹង​ឃើញភ័យ ក្នុងសេចក្តីស្លាប់នេះហើយ គប្បីជាអ្នកប្រាថ្នា នូវសន្តិភាព គឺព្រះនិព្វាន ហើយលះបង់​នូវអាមិសៈ ក្នុងលោកចោលចេញ។

អនាថបិណ្ឌិកសូត្រ ទី១០

[២៧៧] អនាថបិណ្ឌិកទេវបុត្ត ឋិតនៅក្នុងទីសមគួរហើយ ពោល​នូវគាថា​ទាំង​នេះ ក្នុងសំណាក់​នៃព្រះមានព្រះភាគថា

វត្តជេតពននេះ ជាវត្តមានប្រយោជន៍ ដែលពួកឥសី គឺភិក្ខុសង្ឃគង់នៅ​មិនដាច់ ជាវត្តដែលព្រះសម្ពុទ្ធ ជាធម្មរាជ ទ្រង់គង់នៅ ជាទីញុំាងបីតិឲ្យកើត​ដល់​ខ្ញុំ​ព្រះអង្គ សត្វទាំងឡាយ រមែងបរិសុទ្ធដោយអដ្ឋង្គិកមគ្គនេះ គឺកម្មៈ បានដល់​មគ្គចេតនា វិជ្ជា បានដល់សម្មាទិដ្ឋិ និងសម្មាសង្កប្បៈ ធម្មៈ បានដល់សម្មាវាយាមៈ សម្មាសតិ និងសម្មាសមាធិ សីលៈ បានដល់សម្មាវាចា សម្មាកម្មន្តៈ និង​សម្មាអាជីវៈ ឈ្មោះថា ជីវិតដ៏ឧត្តម មិនមែន​បរិសុទ្ធដោយគោត្រ មិនមែន​បរិសុទ្ធដោយទ្រព្យទេ ព្រោះហេតុនោះឯង បុរសជាបណ្ឌិត កាលបើឃើញច្បាស់​នូវប្រយោជន៍ របស់ខ្លួន​ គួរតែពិចារណានូវធម៌ ដោយឧបាយនៃប្រាជ្ញា រមែង​បរិសុទ្ធ ក្នុងអរិយមគ្គនោះ យ៉ាង​នេះឯង ព្រះសារីបុត្ត ទើបជាបុគ្គល (ប្រសើរ) ដោយបញ្ញាផង ដោយសីលផង ដោយ​ការស្ងប់រម្ងាប់ផង ភិក្ខុដែល​ប្រសើរដោយគុណធម៌ប៉ុណ្ណេះ ទើបគួរជាអ្នកដល់នូវ​ព្រះនិព្វាន។

អនាថបិណ្ឌិកទេវបុត្ត បានពោលគាថានេះ លុះពោលដូច្នេះហើយ ក្រាបថ្វាយ​បង្គំ​ព្រះមានព្រះភាគ ធ្វើប្រទក្សិណហើយ ក៏បាត់អំពីទីនោះទៅ។

[២៧៨] លុះកន្លងរាត្រីនោះទៅ ទើប​ព្រះមានព្រះភាគ ត្រាស់​នឹង​ភិក្ខុទាំង​ឡាយថា ម្នាលភិក្ខុទាំងឡាយ វេលាយប់មិញនេះ កាលដែលរាត្រីបឋមយាម កន្លង​ទៅហើយ មានទេវបុត្តមួយអង្គ មានរស្មីដ៏រុងរឿង ញុំាងវត្តជេតពន​ជុំវិញទាំងអស់ ឲ្យភ្លឺស្វាង ក៏ចូលមករកតថាគត លុះចូលមកដល់ ក្រាបថ្វាយបង្គំតថាគតហើយ ឋិតនៅក្នុងទីសមគួរ លុះទេវបុត្តនោះ ឋិតនៅក្នុងទីសមគួរហើយ បានពោល​នូវ​គាថាទាំងនេះ ក្នុងសំណាក់​តថាគតថា

វត្តជេតពននេះ ជាវត្តមានប្រយោជន៍ ដែលពួកឥសី គឺភិក្ខុសង្ឃនៅ​មិនដាច់ ជាវត្តដែលព្រះសម្ពុទ្ធ ជាធម្មរាជ ទ្រង់គង់នៅ ជាទីញុំាងបីតិឲ្យកើត​ ដល់​ខ្ញុំ​ព្រះអង្គ សត្វទាំងឡាយ រមែងបរិសុទ្ធ ដោយអដ្ឋង្គិកមគ្គនេះ គឺកម្មៈ បានដល់​មគ្គចេតនា វិជ្ជា បានដល់សម្មាទិដ្ឋិ និងសម្មាសង្កប្បៈ ធម្មៈ បានដល់សម្មាវាយាមៈ សម្មាសតិ និង​សម្មាសមាធិ សីលៈ បានដល់សម្មាវាចា សម្មាកម្មន្តៈ និង​សម្មាអាជីវៈ ឈ្មោះថា​ជីវិតដ៏ឧត្តម មិនមែន​បរិសុទ្ធដោយគោត្រ មិនមែន​បរិសុទ្ធដោយទ្រព្យ ព្រោះហេតុ​នោះឯង បុរសជាបណ្ឌិត កាលបើឃើញច្បាស់ ​នូវប្រយោជន៍ របស់ខ្លួន​ គួរតែ​ពិចារណា​នូវធម៌ ដោយឧបាយនៃប្រាជ្ញា រមែង​បរិសុទ្ធ ក្នុងអរិយមគ្គនោះ យ៉ាង​នេះឯង ព្រះសារីបុត្ត ទើបជាបុគ្គល (ប្រសើរ) ដោយបញ្ញាផង ដោយសីលផង ដោយ​ការស្ងប់រម្ងាប់ផង ភិក្ខុដែល​ប្រសើរដោយគុណធម៌ប៉ុណ្ណេះ ទើបគួរជាអ្នកដល់នូវ​ព្រះនិព្វាន។

ម្នាលភិក្ខុទាំងឡាយ ទេវបុត្តនោះ បានពោលគាថានេះ លុះពោលដូច្នេះហើយ ក្រាបថ្វាយ​បង្គំ​តថាគត ធ្វើប្រទក្សិណហើយ ក៏បាត់អំពីទីនោះទៅ។

[២៧៩] កាលបើព្រះមានព្រះភាគទ្រង់មានព្រះពុទ្ធដីកា យ៉ាងនេះហើយ ព្រះអានន្ទមានអាយុ ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ទេវបុត្តនោះឯង ប្រាកដជាអនាថបិណ្ឌិក ព្រោះអនាថបិណ្ឌិកគហបតី ជ្រះថ្លាក្រៃពេក ក្នុងព្រះសារីបុត្តមានអាយុ។ ព្រះអង្គត្រាស់ថា ម្នាលអានន្ទ មែន​ណាស់ហើយ ម្នាលអានន្ទ ដ្បិតថាហេតុទាំងអម្បាលមាណ ដែលបុគ្គល​គប្បីដល់ ដោយសេចក្តីត្រិះរិះ ហេតុទាំងអម្បាលណោះ ខ្លួនអ្នកក៏បានសម្រេច​ហើយ ម្នាល​អានន្ទ ទេវបុត្តនោះ គឺអនាថបិណ្ឌិកហ្នឹងឯង។

ចប់ អនាថបិណ្ឌិកវគ្គ ទី២។

បញ្ជីរឿងនៃអនាថបិណ្ឌិកវគ្គនោះ គឺ

ចន្ទិមសសូត្រ ១ វេណ្ឌុសូត្រ ១ ទីឃលដ្ឋិសូត្រ ១ នន្ទនសូត្រ ១ ចន្ទនសូត្រ ១ វាសុទត្តសូត្រ ១ សុព្រហ្មសូត្រ ១ កកុធសូត្រ ១ ឧត្តរសូត្រជាគំរប់​ប្រាំបួន ១ និង​អនាថបិណ្ឌិកសូត្រ ជា​គំរប់​ដប់ ១។

នានាតិត្ថិយវគ្គ ទី៣

សិវសូត្រ ទី១

[២៨០] ខ្ញុំបានស្តាប់មក យ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់​គង់ក្នុង​វត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុង​សាវត្ថី។ គ្រាកាលដែល​រាត្រី​បឋមយាមកន្លងទៅហើយ ទេវបុត្តឈ្មោះ សិវៈ មានរស្មីដ៏រុងរឿង ញុំាង​វត្ត​ជេត​ពន​ជុំវិញទាំងអស់ ឲ្យភ្លឺស្វាង ចូលទៅគាល់​ព្រះមានព្រះភាគ លុះចូលទៅដល់ ក្រាប​ថ្វាយបង្គំព្រះមានព្រះភាគ ហើយឋិតនៅក្នុងទីសមគួរ។

[២៨១] លុះ សិវទេវបុត្ត ឋិតនៅក្នុងទីសមគួរហើយ ពោលគាថាទាំង​នេះ ក្នុង​សំណាក់​នៃព្រះមានព្រះភាគថា

បុគ្គលគួរទាក់ទង ជាមួយនឹង​ពួកសប្បុរសប៉ុណ្ណោះ គួរធ្វើសេចក្តីស្និទ្ធស្នាល ដោយពួកសប្បុរស ព្រោះដឹងច្បាស់នូវ​ព្រះសទ្ធម្ម [សំដៅយកសីល៥។] របស់ពួក​សប្បុរស រមែង​បានសេចក្តីល្អ មិនមានអាក្រក់ឡើយ បុគ្គលគួរ​ទាក់ទងជាមួយនឹង​ពួក​សប្បុរសប៉ុណ្ណោះ គួរធ្វើ​សេចក្តីស្និទ្ធស្នាល ដោយពួកសប្បុរស បុគ្គលបាន​ប្រាជ្ញា ព្រោះដឹងច្បាស់ ​នូវព្រះសទ្ធម្ម របស់ពួកសប្បុរស មិនមែនបានអំពីទីដទៃឡើយ បុគ្គល​គួរ​ទាក់ទង ជាមួយនឹង​ពួកសប្បុរសប៉ុណ្ណោះ គួរធ្វើសេចក្តីស្និទ្ធស្នាល ដោយពួក​សប្បុរស បុគ្គលបានដឹង​ព្រះសទ្ធម្ម របស់ពួក​សប្បុរសហើយ រមែង​មិនសោកសៅ ក្នុងកណ្តាលពួកជនអ្នកសោកសៅឡើយ បុគ្គល ​គួរទាក់ទង​ជាមួយនឹង​ពួកសប្បុរស​ប៉ុណ្ណោះ គួរធ្វើសេចក្តីស្និទ្ធស្នាល ដោយពួកសប្បុរស បុគ្គលបានដឹង​ព្រះសទ្ធម្ម របស់ពួក​សប្បុរសហើយ រមែង​រុងរឿង ក្នុងកណ្តាល​ពួកញាតិ បុគ្គល ​គួរទាក់ទង​ជាមួយនឹង​ពួកសប្បុរស​ប៉ុណ្ណោះ គួរធ្វើសេចក្តីស្និទ្ធស្នាល ដោយពួកសប្បុរស សត្វ​ទាំងឡាយ បានដឹង​ព្រះសទ្ធម្ម របស់ពួក​សប្បុរសហើយ រមែងទៅកាន់​សុគតិបាន បុគ្គល ​គួរទាក់ទង​ជាមួយនឹង​ពួកសប្បុរស​ប៉ុណ្ណោះ គួរធ្វើសេចក្តីស្និទ្ធស្នាល ដោយពួក​សប្បុរស សត្វទាំងឡាយ ដឹង​ព្រះសទ្ធម្ម របស់ពួក​សប្បុរស រមែងឋិត​នៅ​ (ជាសុខ) អស់កាលយូរ។

[២៨២] លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់មានព្រះពុទ្ធដីកា តបទៅនឹង​សិវទេវបុត្តវិញ ដោយគាថា ថា

បុគ្គល ​គួរទាក់ទង​ជាមួយនឹង​ពួកសប្បុរស​ប៉ុណ្ណោះ គួរធ្វើសេចក្តីស្និទ្ធស្នាល ដោយពួកសប្បុរស បុគ្គលដឹង​ព្រះសទ្ធម្ម របស់ពួក​សប្បុរសហើយ រមែងរួច​ចាកទុក្ខទាំងអស់បាន។

ខេមសូត្រ ទី២

[២៨៣] ខេមទេវបុត្ត ឋិតនៅក្នុងទីដ៏សមគួរហើយ ក៏ពោលគាថាទាំងនេះ ក្នុងសំណាក់នៃព្រះមានព្រះភាគថា

កម្មដ៏លាមកណា មានផលក្តៅផ្សា ពួកជនពាល ឥតប្រាជ្ញា មានខ្លួន​ដូចជា​សត្រូវ រមែង​ប្រព្រឹត្តធ្វើនូវកម្មដ៏លាមក (នោះ) បុគ្គលធ្វើកម្មណាហើយ តែងក្តៅ​តាម​ក្នុងខាងក្រោយ (ឬ) បុគ្គល មានមុខទទឹកដោយទឹកភ្នែក ស្រែកយំ ទទួលផលនៃ​កម្ម​ណា កម្មដែលបុគ្គលធ្វើហើយនោះ មិនប្រពៃទេ បុគ្គលធ្វើកម្មណាហើយ មិនក្តៅ​តាម​ក្នុងខាងក្រោយ (ឬ) បុគ្គលមានសេចក្តីត្រេកអរ មានចិត្តល្អ ទទួល​ផលនៃកម្មណា កម្មដែលបុគ្គល​ធ្វើហើយនោះ ជាកម្មប្រពៃ បុគ្គលដឹងនូវ​កម្មណា ដែលជាប្រយោជន៍​ដល់ខ្លួន ត្រូវតែធ្វើកម្មនោះជាមុនឲ្យហើយ អ្នកប្រាជ្ញដែលមានប្រាជ្ញា មានសេចក្តី​ប្រឹងប្រែង មិនត្រូវធ្វើកម្ម​ដោយគំនិត​ដូចជាអ្នកបររទេះឡើយ អ្នកបររទេះ តែលះបង់​ផ្លូវស្មើ លះបង់ផ្លូវធំចេញ ហើយបរឡើងលើផ្លូវ​មិនស្មើវិញ រមែងបាក់ភ្លៅរទេះ ហើយសញ្ជប់សញ្ជឹង យ៉ាងណាមិញ ឯបុគ្គលខ្លៅ តែគេចចេញអំពីកុសលធម៌​ហើយ ប្រព្រឹត្តតាមអកុសលធម៌វិញ ក៏រមែងដល់នូវមាត់នៃមច្ចុ ហើយសញ្ជប់សញ្ជឹង ដូចជា​អ្នកបររទេះបាក់ភ្លៅរទេះ យ៉ាងនោះឯង។

សេរីសូត្រ ទី៣

[២៨៤] សេរីទេវបុត្ត ឋិតនៅក្នុងទីសមគួរហើយ ក្រាប​ទូលព្រះមានព្រះភាគ ដោយគាថា ថា

យក្សនោះឯង មិនត្រេកអរចំពោះ​បាយណា ឯទេវតា និងមនុស្សទាំងពីរពួក រមែង​ត្រេកអរ ចំពោះបាយនោះ។

[២៨៥] ព្រះមានព្រះភាគត្រាស់ថា ពួកជនណា មានចិត្តជ្រះថ្លា ឲ្យនូវបាយ​នោះ ដោយសទ្ធា បាយនោះឯង រមែងទៅតាមនូវពួកជននោះ ក្នុងលោកនេះ​ផង ក្នុង​លោកខាងមុខផង ព្រោះហេតុនោះ បុគ្គល គប្បីបន្ទោបង់ នូវសេចក្តីកំណាញ់ គ្រប​សង្កត់នូវមន្ទិល គឺសេចក្តីកំណាញ់ ហើយឲ្យនូវទាន (ព្រោះ) បុណ្យទាំងឡាយ រមែង​ជាទីពឹង របស់ពួកសត្វ ក្នុងលោកខាងមុខ។

[២៨៦] បពិត្រព្រះអង្គដ៏ចំរើន អស្ចារ្យណាស់ បពិត្រព្រះអង្គដ៏ចំរើន ចំឡែក​ណាស់ បពិត្រព្រះអង្គដ៏ចំរើន ព្រោះ​ព្រះពុទ្ធដីកា ដែលព្រះមានព្រះភាគ សំដែង​ហើយ ដោយប្រពៃដូច្នេះថា

ពួកជនណា មានចិត្តជ្រះថ្លា ឲ្យនូវបាយនោះ ដោយសទ្ធា បាយនោះឯង រមែងទៅតាមនូវពួកជននោះ ក្នុងលោកនេះ​ផង ក្នុង​លោកខាងមុខផង ព្រោះហេតុនោះ បុគ្គល គប្បីបន្ទោបង់ នូវសេចក្តីកំណាញ់ គ្រប​សង្កត់នូវមន្ទិល គឺសេចក្តីកំណាញ់ ហើយឲ្យនូវទាន (ព្រោះ) បុណ្យទាំងឡាយ រមែង​ជាទីពឹងរបស់ពួកសត្វ ក្នុងលោកខាងមុខ។

[២៨៧] បពិត្រព្រះអង្គដ៏ចំរើន ពីព្រេងនាយមក ខ្ញុំព្រះអង្គកើតជាស្តេច នាមថា សេរី ជាទាយក (អ្នកឲ្យទាន) ជាម្ចាស់នៃទាន ជាអ្នកពោលសរសើរ​ទានជា​ប្រក្រតី។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គបានឲ្យទាន ដល់សមណព្រាហ្មណ៍ អ្នក​កំសត់ អ្នកដើរផ្លូវឆ្ងាយ អ្នកពណ៌នាហើយសូម និងស្មូមទាំងឡាយ ទៀបទ្វារ​ទាំង​៤។ បពិត្រព្រះអង្គដ៏ចំរើន គ្រានោះ អគ្គមហេសី ចូលមករកខ្ញុំព្រះអង្គ ហើយពោលពាក្យ​ដូច្នេះថា ព្រះសម្មតិទេព បានឲ្យទានហើយ ពួកយើងមិនទាន់​បាន​ឲ្យទានទេ សូម​ព្រះរាជានុញ្ញាត ឲ្យពួកយើង​បានឲ្យទាន ធ្វើបុណ្យអាស្រ័យនឹងព្រះសម្មតិទេពផង។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គនោះ មានសេចក្តីត្រិះរិះ ដូច្នេះថា អាត្មាអញ ជាទាយក ជាម្ចាស់នៃទាន ជាអ្នកពោលសរសើរ​ទានជាប្រក្រតី កាលបើ​មានគេ​ពោលថា យើងនឹងឲ្យទាន តើអាត្មាអញ គួរពោលដូចម្តេច។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គនោះ ក៏បានឲ្យទ្វារជាបឋម ដល់មហេសី មហេសី ក៏បានឲ្យទាន ក្នុងទ្វារ​ជាបឋមនោះ ឯទានរបស់ខ្ញុំ​ព្រះអង្គ ក៏ថយចុះ។ បពិត្រព្រះអង្គដ៏ចំរើន គ្រានោះ ពួក​ក្សត្រិយ៍ជាចំណុះ ចូលមករកខ្ញុំព្រះអង្គ ហើយពោលពាក្យនេះ នឹងខ្ញុំ​ព្រះអង្គថា ព្រះសម្មតិទេព បានឲ្យទានហើយ មហេសី ក៏បានឲ្យទានដែរ ឯពួកយើងមិនទាន់​បាន​ឲ្យទានសោះ សូម​ព្រះរាជានុញ្ញាត ឲ្យពួកយើង​បានឲ្យទាន ធ្វើបុណ្យអាស្រ័យ​នឹងព្រះសម្មតិទេព​ផង។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គនោះ ក៏មានសេចក្តីត្រិះរិះ ដូច្នេះថា អាត្មាអញ ជាទាយក ជាម្ចាស់នៃទាន ជាអ្នកពោលសរសើរ​ទានជាប្រក្រតី កាលបើ​មានគេ​ពោលថា យើងនឹងឲ្យទាន តើអាត្មាអញ គួរពោលដូចម្តេច។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ខ្ញុំព្រះអង្គ ក៏បានឲ្យទ្វារទីពីរ ដល់ពួកក្សត្រិយ៍ចំណុះ ពួកក្សត្រិយ៍ចំណុះ ក៏បានឲ្យទាន ក្នុងទ្វារទីពីរនោះ ឯទានរបស់ខ្ញុំ​ព្រះអង្គ ក៏ថយចុះ។ បពិត្រព្រះអង្គដ៏ចំរើន គ្រានោះ ពួកពល ចូលមករកខ្ញុំព្រះអង្គ ហើយ​ពោល​ពាក្យ​ដូច្នេះថា ព្រះសម្មតិទេព បានឲ្យទានហើយ មហេសីបានឲ្យទានហើយ ពួកក្សត្រិយ៍ចំណុះ ក៏បានឲ្យទានដែរ ឯពួកយើង មិនទាន់​បាន​ឲ្យទានសោះ សូម​ព្រះរាជានុញ្ញាត ឲ្យពួកយើង​បានឲ្យទាន ធ្វើបុណ្យអាស្រ័យនឹងព្រះសម្មតិទេពផង។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គនោះ ក៏មានសេចក្តីត្រិះរិះ ដូច្នេះថា អាត្មាអញ ជាទាយក ជាម្ចាស់នៃទាន ជាអ្នកពោលសរសើរ​ទានជាប្រក្រតី កាលបើ​មានគេ​ពោលថា យើងនឹងឲ្យទាន តើអាត្មាអញ គួរពោលដូចម្តេច។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គនោះ ក៏បានឲ្យទ្វារទីបី ដល់ពួកពល ពួកពល ក៏បានឲ្យទាន ក្នុងទ្វារ​ទីបីនោះ ឯទានរបស់ខ្ញុំ​ព្រះអង្គ ក៏ថយចុះ។ បពិត្រព្រះអង្គដ៏ចំរើន គ្រានោះ ពួក​ព្រាហ្មណ៍ និងគហបតី ចូលមករកខ្ញុំព្រះអង្គ ហើយ​ពោល​ពាក្យ ​ដូច្នេះថា ព្រះសម្មតិទេព បានឲ្យទានហើយ មហេសី បានឲ្យទានហើយ ពួកក្សត្រិយ៍ជាចំណុះ បានឲ្យទានហើយ ពួកពល ក៏បានឲ្យទានដែរ ឯពួកយើង មិនទាន់​បាន​ឲ្យទានសោះ សូម​ព្រះរាជានុញ្ញាត ឲ្យពួកយើង​បានឲ្យទាន ធ្វើបុណ្យអាស្រ័យនឹង​ព្រះសម្មតិទេព​ផង។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គនោះ ក៏មានសេចក្តីត្រិះរិះ ដូច្នេះថា អាត្មាអញ ជាទាយក ជាម្ចាស់នៃទាន ជាអ្នកពោលសរសើរ​ទានជាប្រក្រតី កាលបើ​មានគេ​ពោលថា យើងនឹងឲ្យទាន តើអាត្មាអញ គួរពោលដូចម្តេច។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គនោះ ក៏បានឲ្យទ្វារទីបួន ដល់ពួកព្រាហ្មណ៍ និងគហបតី ពួកព្រាហ្មណ៍ និង​គហបតី ក៏បានឲ្យទាន ក្នុងទ្វារ​ទីបួននោះ ឯទានរបស់ខ្ញុំ​ព្រះអង្គ ក៏ថយចេញអស់។ បពិត្រព្រះអង្គដ៏ចំរើន លំដាប់នោះ ពួករាជបុរស ចូលមករកខ្ញុំព្រះអង្គ ហើយ​ពោល​ពាក្យ​ដូច្នេះថា ឥឡូវនេះ ព្រះសម្មតិទេព មិនដែល​ឲ្យទាន ក្នុងទីណាមួយឡើយ។ បពិត្រព្រះអង្គដ៏ចំរើន កាលបើពួករាជបុរស ក្រាបទូល​យ៉ាងនេះហើយ ខ្ញុំព្រះអង្គ ក៏​ពោលតប​ ទៅនឹង​ពួករាជបុរសទាំងនោះ ដូច្នេះថា នែព្រះស្តែង បើ​ដូច្នោះ សួយណា ដែលកើតឡើង​ ក្នុងជនបទទាំងឡាយខាងក្រៅ អ្នកទាំងឡាយ ចូរញុំាងសួយ​ពាក់​កណ្តាលអំពីសួយនោះ ឲ្យចូលមកកាន់ព្រះរាជវាំង ហើយចូរឲ្យទានពាក់កណ្តាល ដល់​សមណព្រាហ្មណ៍ អ្នកកំសត់ អ្នកដើរផ្លូវឆ្ងាយ អ្នកពណ៌នាហើយសូម និង​ស្មូម​ទាំងឡាយ ក្នុងជនបទនោះចុះ។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គនោះ មិន​បានដឹង​ប្រាកដ នូវទីបំផុតរបស់បុណ្យ ដែលខ្ញុំ​ព្រះអង្គបានធ្វើហើយ អស់កាលយូរយ៉ាង​នេះ និងទីបំផុត​របស់កុសល ដែលខ្ញុំ​ព្រះអង្គបានធ្វើហើយ អស់កាលយូរយ៉ាងនេះថា បុណ្យ​មានប្រមាណប៉ុណ្ណេះផង ផលនៃបុណ្យ មានប្រមាណប៉ុណ្ណេះផង អាត្មាអញ គប្បីឋិតនៅ ក្នុងឋានសួគ៌ អស់កាលមានប្រមាណ​ប៉ុណ្ណេះផង។

[២៨៨] បពិត្រព្រះអង្គដ៏ចំរើន អស្ចារ្យណាស់ បពិត្រព្រះអង្គដ៏ចំរើន ចំឡែក​ណាស់ បពិត្រព្រះអង្គដ៏ចំរើន ព្រោះព្រះពុទ្ធដីកា ដែលព្រះមានព្រះភាគ សំដែង​ហើយ ដោយប្រពៃដូច្នេះ

ពួកជនណា មានចិត្តជ្រះថ្លា ឲ្យនូវបាយនោះ ដោយសទ្ធា បាយនោះឯង រមែង​ទៅតាមនូវពួកជននោះវិញ ក្នុងលោកនេះផង ក្នុងលោកខាងមុខផង ព្រោះហេតុ​នោះ បុគ្គល​គប្បីបន្ទោបង់ នូវសេចក្តីកំណាញ់ គ្របសង្កត់​នូវមន្ទិល គឺសេចក្តី​កំណាញ់ហើយ ឲ្យនូវទាន (ព្រោះ) បុណ្យទាំងឡាយ រមែងជាទីពឺងរបស់សត្វ ក្នុង​លោកខាងមុខ។

ឃដិការសូត្រ ទី៤

[២៨៩] ឃដិការទេវបុត្ត ឋិតនៅក្នុងទីសមគួរហើយ ពោលនូវគាថានេះ ក្នុង​សំណាក់នៃព្រះមានព្រះភាគថា

ភិក្ខុទាំង៧រូប បានទៅកើតក្នុងជាន់​អវិហាហើយ ជាអ្នក​មានចិត្តផុតស្រឡះ មានរាគៈ ទោសៈអស់ហើយ ឆ្លងនូវតណ្ហា ក្នុងលោកបាន។

[២៩០] ព្រះមានព្រះភាគត្រាស់ថា បុគ្គលទាំងឡាយណា បានឆ្លងនូវ​សង្គកិលេស ជាលំនៅនៃមច្ចុ ដែលឆ្លងបានដោយកម្រក្រៃពេក បុគ្គល​ទាំងនោះ បានលះបង់នូវរាងកាយ ជារបស់មនុស្សហើយ កន្លងនូវទិព្វយោគ គឺ​សំយោជនៈ​ ជាចំណែក​ខាងលើបាន។

[២៩១] ទេវតាទូលថា ព្រះថេរៈ ទាំង៣រូបនោះ គឺ ព្រះថេរៈឈ្មោះ ឧបកៈ ១ ផលគណ្ឌៈ ១ បុក្កុសាតិ ១ (និង​ព្រះថេរៈ ​៤រូបទៀត) គឺ ភទ្ទិយៈ ១ ខណ្ឌទេវៈ ១ ពាហុរគ្គិ ១ សិង្គិយៈ ១ ព្រះថេរៈទាំងនោះ បានលះបង់នូវរាងកាយ ជារបស់មនុស្ស ហើយកន្លងនូវ​ទិព្វយោគ​បាន។

[២៩២] ព្រះមានព្រះភាគត្រាស់ថា អ្នកឯង ជាអ្នកមានកុសល ពោលសរសើរគុណ នៃ​ព្រះថេរៈទាំង​នោះ ជាអ្នកលះបង់ នូវអន្ទាក់នៃមារ ចុះព្រះថេរៈទាំងនោះ បានកាត់​នូវចំណង​ គឺភព ព្រោះដឹងច្បាស់ នូវ​ធម៌របស់បុគ្គលណា។

[២៩៣] ទេវតាទូលថា ព្រះថេរៈទាំងនោះ បានកាត់នូវចំណង គឺភព ព្រោះដឹងច្បាស់ ​នូវធម៌របស់បុគ្គលណា បុគ្គលនោះ វៀរតែព្រះមានព្រះភាគចេញ មិនមាន វៀរតែ​សាសនា របស់​ព្រះអង្គចេញ មិនមាន នាម និងរូបរលត់ទៅ ឥតមានសេសសល់ ក្នុងធម៌ណា ឯព្រះថេរៈទាំងនោះ បានកាត់នូវចំណង គឺភព ព្រោះដឹងច្បាស់ នូវ​ធម៌​នោះ ក្នុងសាសនានេះ។

[២៩៤] ព្រះមានព្រះភាគត្រាស់ថា អ្នកឯងបានជាពោលវាចាជ្រាលជ្រៅ កម្រដឹងបាន កម្រយល់​បាន​ក្រៃពេក តើអ្នកឯង ពោលវាចាប្រាកដដូច្នេះ ព្រោះដឹងច្បាស់ ​នូវធម៌របស់បុគ្គល​ណា។

[២៩៥] ទេវតាទូលថា ខ្ញុំព្រះអង្គពីដើមជាស្មូនឆ្នាំង ឈ្មោះ ឃដិការ កើតក្នុងនិគមឈ្មោះ​ វេភឡិង្គ ជាអ្នកចិញ្ចឹមមាតាបិតា ជាឧបាសក របស់ព្រះពុទ្ធ​ ព្រះនាមកស្សប ជាអ្នក​វៀរ​ចាកមេថុនធម្ម ប្រព្រឹត្តធម៌ដ៏ប្រសើរ ប្រាសចាកអាមិសៈ បាននៅក្នុងស្រុក ជាមួយ​នឹងព្រះអង្គ ជាសម្លាញ់នឹងព្រះអង្គ ក្នុងកាលមុន ខ្ញុំ​ព្រះអង្គ​ស្គាល់ច្បាស់ នូវភិក្ខុ​ទាំង​៧រូបនុ៎ះ ដែលមានចិត្តផុតស្រឡះ មានរាគៈ ទោសៈអស់ហើយ បានឆ្លងនូវតណ្ហា​​ក្នុងលោក។

[២៩៦] ព្រះមានព្រះភាគត្រាស់ថា ម្នាលភគ្គវៈ អ្នកឯង ពោលយ៉ាងណា ឯរឿងនុ៎ះ ក្នុងកាលនោះ ក៏​មានយ៉ាងនោះមែន អ្នកឯងពីដើម ជាស្មូនឆ្នាំង ឈ្មោះឃដិការ កើតក្នុងនិគមឈ្មោះ​ វេភឡិង្គ ជាអ្នកចិញ្ចឹមមាតាបិតា ជាឧបាសក របស់ព្រះពុទ្ធ ព្រះនាមកស្សប ជាអ្នក​វៀរ​ចាកមេថុនធម្ម ប្រព្រឹត្តធម៌ដ៏ប្រសើរ ប្រាសចាកអាមិសៈ បាននៅក្នុងស្រុកជាមួយ​នឹងតថាគត ជាសម្លាញ់នឹងតថាគត ក្នុងកាលមុន។ នេះជាការដែលបាន​ចួបជុំសម្លាញ់ ដែល​មានក្នុងកាលមុន​ទាំងពីរនាក់ ដែលមាន​ខ្លួនចម្រើនហើយ បានទ្រទ្រង់​នូវសរីរៈ ជាទីបំផុតយ៉ាងនេះឯង។

ជន្តុសូត្រ​ ទី៥

[២៩៧] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ពួកភិក្ខុជាច្រើនរូប នៅក្នុង​អរញ្ញកុដិ ខាងភ្នំហេមពាន្ត ក្នុងដែន​កោសល ជាអ្នកមានចិត្ត​រាយមាយ [បុគ្គល​មាន​ប្រក្រតី​ជាអ្នក​រាយមាយ ដោយសំគាល់ថា គួរក្នុងរបស់ដែល​មិនគួរផង សំគាល់ថា មិន​គួរ​ក្នុង​របស់​ដែល​គួរផង សំគាល់ថា ជាទោស ក្នុងរបស់ដែល​មិនមាន​ទោសផង សំគាល់ថា មិនមានទោស ក្នុងរបស់​ដែលជាទោសផង។ អដ្ឋកថា។] មានមានះដូចជាបបុសលើកឡើងហើយ មានចិត្តឃ្លេងឃ្លោង មានមាត់រឹង មានវាចា​រោយរាយ ភ្លេចសតិ មិនដឹងខ្លួន មានចិត្តមិនខ្ជាប់ខ្ជួន មានចិត្តវិលទៅខុស មានឥន្ទ្រិយ​​ជាប្រក្រតី (ដូចជាគ្រហស្ថ)។

[២៩៨] គ្រានោះ ជន្តុទេវបុត្ត ក្នុងវេលាថ្ងៃឧបោសថ ទី១៥នោះ ក៏​ចូលទៅរក​ភិក្ខុទាំងនោះ លុះចូលទៅដល់ហើយ ក៏ពោលនឹងភិក្ខុទាំងនោះ ដោយគាថាទាំង​ឡាយថា​

កាលពីដើម មានពួកភិក្ខុ ជាសាវ័ករបស់ព្រះគោតម មានការរស់នៅជាសុខ ភិក្ខុ​ទាំងនោះ ជាអ្នកមិនប្រាថ្នា ដោយការស្វែងរកបិណ្ឌបាត ជាអ្នក​មិនប្រាថ្នា ដោយការ​​ស្វែងរកទីដេក ទីអង្គុយ ដឹងនូវសេចក្តី​មិនទៀងក្នុងលោក ហើយក៏បាន​ធ្វើ​នូវទីបំផុតនៃទុក្ខ ពួកភិក្ខុដែលធ្វើខ្លួន ឲ្យគេចិញ្ចឹមបានដោយកម្រ ស៊ីដេក ស៊ីដេក ដូច​ជា​បុរស​អ្នកធំ​ក្នុង​ស្រុក ជជ្រកមមកនៅក្បែរ​ផ្ទះ នៃបុគ្គលដទៃ ខ្ញុំធ្វើអញ្ជលី ចំពោះ​សង្ឃហើយ សូមពោលចំពោះ​ភិក្ខុពួកខ្លះ ក្នុងសាសនានេះ ភិក្ខុទាំងនោះ ដែលគេ​បោះបង់ហើយ ក៏ឥតមានទីពឹងឡើយ ពួកប្រេតយ៉ាងណា ភិក្ខុទាំងនោះ ក៏យ៉ាង​នោះដែរ ភិក្ខុ​ទាំង​ឡាយ​ណា​ប្រមាទ ខ្ញុំក៏ពោលសំដៅភិក្ខុទាំងនោះ ភិក្ខុទាំងឡាយណាមិន​ប្រមាទ ខ្ញុំសូម​ធ្វើនមស្ការ ចំពោះ​ភិក្ខុទាំងនោះ។

រោហិតស្សសូត្រ ទី៦

[២៩៩] (ព្រះមានព្រះភាគ) ទ្រង់គង់នៅជិតក្រុងសាវត្ថី… លុះ​រោហិតស្សទេវបុត្ត ឋិត​នៅ​ក្នុង​ទី​សមគួរ​ហើយ ក៏ក្រាបបង្គំទូល​ព្រះមានព្រះភាគ ដូច្នេះថា បពិត្រ​ព្រះអង្គដ៏ចំរើន សត្វមិនកើត មិនចាស់ មិនស្លាប់ មិនច្យុត មិន​ចាប់​បដិសន្ធិ ក្នុងទីបំផុតនៃ​លោកណា បពិត្រព្រះអង្គដ៏ចំរើន ទីបំផុតនៃលោកនោះ បុគ្គល​អាចដើម្បីដឹង​ ដើម្បីឃើញ ដើម្បីដល់ ដោយកិរិយាទៅដោយ​ជើងបានដែរឬ។

[៣០០] ព្រះអង្គត្រាស់ថា ម្នាលអាវុសោ សត្វមិនកើត មិនចាស់ មិនស្លាប់ មិនច្យុត មិន​ចាប់​បដិសន្ធិ ក្នុងទីបំផុតនៃ​លោកណា តថាគតមិនពោលថា ទីបំផុតនៃលោកនោះ បុគ្គល​គប្បីដឹងបាន​ គប្បីឃើញបាន គប្បីដល់បាន ដោយការទៅដោយ​ជើង ដូច្នេះឡើយ។ បពិត្រព្រះអង្គដ៏ចំរើន អស្ចារ្យណាស់ បពិត្រព្រះអង្គដ៏ចំរើន ចំឡែកណាស់ ព្រោះព្រះពុទ្ធដីកានេះ ព្រះមានព្រះភាគ ទ្រង់​ពោលហើយ ដោយ​ប្រពៃថា ម្នាលអាវុសោ សត្វមិនកើត មិនចាស់ មិនស្លាប់ មិនច្យុត មិន​ចាប់​បដិសន្ធិ ក្នុងទីបំផុតនៃ​លោកណា តថាគតមិនពោលថា ទីបំផុតនៃលោកនោះ បុគ្គលគប្បីដឹង​ គប្បីឃើញ គប្បីដល់ ដោយការទៅដោយ​ជើងឡើយ។

[៣០១] បពិត្រព្រះអង្គដ៏ចំរើន កាលពីព្រេងនាយ ខ្ញុំព្រះអង្គ បានកើតជា​ឫស្សី ឈ្មោះ រោហិតស្ស ជាកូននៃព្រាន មានឫទ្ធិ ហោះទៅក្នុងអាកាសបាន។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គនោះ មានសន្ទុះដូចខ្មាន់ធ្នូ ដែល​មានធ្នូដ៏មាំ បានសិក្សាដោយប្រពៃ មានដៃស្ទាត់ មានយានចាត់ចែងហើយ មានគ្រឿង​ក្រោះ​ធ្វើ​ហើយ អាចយកព្រួញដែលស្រាល បាញ់កាត់ទទឹងស្រមោលដើមត្នោត ដោយ​មិនលំបាកសោះឡើយ។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ខ្ញុំព្រះអង្គនោះ មានការឈានទៅ នៃជំហាន មាន​សភាព​ដូច​ជា​​ឈាន​អំពី​សមុទ្រ​ខាង​កើត ទៅកាន់​សមុទ្រ​ខាងលិច។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គនោះ មានសេចក្តីប្រាថ្នា មាន​សភាព​ដូច្នេះ កើតឡើង​ថា អាត្មាអញនឹងដល់ នូវទីបំផុតនៃ​លោក ដោយការទៅដោយជើង។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គនោះ ប្រកបដោយសន្ទុះ មានសភាពដូច្នេះផង ប្រកប​ដោយការឈានទៅនៃជំហាន មានសភាព​ដូច្នេះផង វៀរលែង​តែវេលាស៊ី ទំពាស៊ី និងក្រេបជញ្ជក់ វៀរលែងតែការធ្វើនូវឧច្ចារៈ បស្សាវៈ វៀរលែងតែការ​ដេកលក់ និងការបន្ទោបង់ នូវសេចក្តីនឿយហត់ មានអាយុ១០០ឆ្នាំ រស់នៅ១០០​ឆ្នាំ ដើរទៅអស់កំណត់១០០ឆ្នាំ គង់មិនបានដល់នូវទីបំផុត នៃលោកសោះ ហើយក៏​ធ្វើ​មរណកាល ក្នុងរវាងនោះ។ បពិត្រព្រះអង្គដ៏ចំរើន អស្ចារ្យណាស់ បពិត្រព្រះអង្គដ៏​ចំរើន ចំឡែកណាស់ បពិត្រព្រះអង្គដ៏ចំរើន ព្រោះ​ព្រះពុទ្ធដីកានេះ ព្រះមានព្រះភាគ ទ្រង់ពោលហើយដោយប្រពៃថា ម្នាលអាវុសោ សត្វមិនកើត​ មិនចាស់ មិនស្លាប់ មិនច្យុត មិន​ចាប់​បដិសន្ធិ ក្នុងទីបំផុតនៃ​លោកណា តថាគតមិន​ពោលថា ទីបំផុតនៃលោកនោះ បុគ្គលគប្បីដឹង​ គប្បីឃើញ គប្បីដល់ ដោយការទៅដោយ​ជើងបានឡើយ។

[៣០២] ម្នាលអាវុសោ សត្វមិនកើត មិនចាស់ មិនស្លាប់ មិនច្យុត មិន​ចាប់​បដិសន្ធិ ក្នុងទីបំផុតនៃ​លោកណា តថាគតមិនពោលថា ទីបំផុតនៃលោកនោះ បុគ្គល​គប្បីដឹង​ គប្បីឃើញ គប្បីដល់ ដោយការទៅដោយ​ជើង ដូច្នេះឡើយ ម្នាលអាវុសោ មួយទៀត តថាគត មិនបានពោលនូវ​ដំណើរ ​ដែលសត្វ​មិនបានដល់ នូវ​ទីបំផុតនៃ​សង្ខារលោក ហើយធ្វើនូវទីបំផុត នៃវដ្តទុក្ខទេ ម្នាលអាវុសោ ម្យ៉ាងទៀត តថាគត សំដែងនូវលោក គឺទុក្ខសច្ចផង នូវហេតុជាទីកើតឡើងនៃលោក គឺសមុទយសច្ចផង នូវទីរលត់នៃលោក គឺនិរោធសច្ចផង នូវបដិបទា ជាហេតុទៅកាន់​ទីរលត់ នៃ​លោក គឺមគ្គសច្ចផង ក្នុងអត្តភាពប្រមាណមួយព្យាម ដែលប្រកបដោយសញ្ញា ប្រកបដោយ​ចិត្តនេះទេតើ។

ទីបំផុតនៃលោក បុគ្គល មិនគប្បីដល់ ដោយការទៅដោយជើង ក្នុងកាលណា​ៗ​​ឡើយ ឯការមិនបានដល់នូវទីបំផុតនៃលោក ហើយរួចស្រឡះចាកទុក្ខ មិនមានទេ ព្រោះហេតុនោះ បុគ្គលអ្នកមានបញ្ញាល្អ ដឹងច្បាស់នូវលោក ដល់នូវទីបំផុត​នៃលោក មានព្រហ្មចរិយធម៌នៅស្រេចហើយ មានបាបរម្ងាប់បង់ហើយ ដឹងនូវទីបំផុតនៃលោក រមែង​មិនប្រាថ្នា នូវលោកនេះផង នូវលោកខាងមុខផង។

នន្ទសូត្រ ទី៧

[៣០៣] នន្ទទេវបុត្ត ឋិតនៅក្នុងទីសមគួរហើយ បានពោល​គាថានេះ ក្នុង​សំណាក់​នៃ​ព្រះមានព្រះភាគថា

កាលទាំងឡាយ តែងកន្លងផុតទៅ រាត្រីទាំងឡាយ តែង​ញុំាងសត្វ​ឲ្យឆ្លង​ទៅ (រក​សេចក្តី​ស្លាប់) ជំនាន់​របស់វ័យទាំងឡាយ តែង​លះបង់ដោយលំដាប់ទៅ កាលបើបុគ្គល បាន​សម្លឹង​ឃើញ​ភ័យ ក្នុងសេចក្តីស្លាប់នេះ គួរតែខំធ្វើបុណ្យទាំង​ឡាយ ដែល​ជាគុណ​នាំ​សេចក្តី​សុខមកឲ្យ។

[៣០៤] កាលទាំងឡាយ តែងកន្លងផុតទៅ រាត្រីទាំងឡា​យ តែង​ញុំាងសត្វ​ឲ្យឆ្លង​ទៅ (រក​សេចក្តី​ស្លាប់) ជំនាន់របស់វ័យទាំងឡាយ តែង​លះបង់ ដោយ​លំដាប់​ទៅ កាលបើបុគ្គល បាន​សម្លឹង​ឃើញភ័យ ក្នុងសេចក្តីស្លាប់នេះ សម្លឹង​រំពឹងយកនូវ​សេចក្តីស្ងប់ គឺព្រះនិព្វាន ហើយ​លះបង់​​នូវអាមិសៈ​ក្នុង​លោក​ចោលចេញ។

នន្ទិវិសាលសូត្រ ទី៨

[៣០៥] នន្ទិវិសាលទេវបុត្ត ឋិតនៅក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូល​សួរ​​ព្រះមានព្រះភាគ ដោយ​គាថា ថា

បពិត្រព្រះអង្គអ្នកមានព្យាយាមធំ (យន្ត គឺសរីរៈនេះ) មានចក្រ ៤ [សំដៅ​​យក​ឥរិយាបថ ៤។] មានទ្វារ ៩ ដ៏ពេញ (ដោយវត្ថុមិនស្អាត) ប្រកបដោយ​សេចក្តី​លោភ ជា​សរីរៈ​ដូចជា​ភក់ បុគ្គល​នឹងយាត្រា (ចេញចាកសរីរៈនោះ) ដោយ​ប្រការ​ដូចម្តេចបាន។

[៣០៦] ព្រះមានព្រះភាគ ត្រាស់ថា បុគ្គល​កាត់នូវចំណង គឺឧបនាហៈផង នូវព្រ័ត្រ គឺ​កិលេស​ផង នូវសេចក្តីប្រាថ្នា និងការលោភដ៏លាមកផង ដកចេញនូវ​តណ្ហា ព្រម​ទាំង​ឫសផង ទើប​យាត្រា (ចេញចាកសរីរៈនោះបាន) ដោយប្រការ​យ៉ាងនេះឯង។

សុសិមសូត្រ ទី៩

[៣០៧] សាវត្ថីនិទាន។ គ្រានោះ ព្រះអានន្ទមានអាយុ បានចូលទៅគាល់​ព្រះមានព្រះភាគ លុះ​ចូល​ទៅ​ដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយ​អង្គុយក្នុងទីសមគួរ។ លុះ​ព្រះអានន្ទ​មានអាយុ អង្គុយក្នុងទីសមគួរហើយ ព្រះមាន​ព្រះភាគ ទ្រង់ត្រាស់សួរ ដូច្នេះថា ម្នាល​អានន្ទ សារីបុត្ត គាប់ចិត្ត​នឹងអ្នក ដែរឬ។ ព្រះអានន្ទ ក្រាបបង្គំទូលថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន មិនសមបើនឹងថា ព្រះសារីបុត្តមានអាយុ មិនគាប់ចិត្ត នឹងបុគ្គលមិនពាល មិនប្រទូស្ត មិនវង្វេង មិនមានចិត្តវិបល្លាសទេ បពិត្រព្រះអង្គដ៏ចំរើន ដ្បិត​ព្រះសារីបុត្ត​មានអាយុ ជាបណ្ឌិត បពិត្រព្រះអង្គដ៏ចំរើន ព្រះសារីបុត្ត​មាន​អាយុ មានបញ្ញាច្រើន បពិត្រព្រះអង្គដ៏ចំរើន ព្រះសារីបុត្ត​មាន​អាយុ មានបញ្ញាក្រាស់ បពិត្រព្រះអង្គដ៏ចំរើន ព្រះសារីបុត្តមាន​អាយុ មានបញ្ញា ជាគ្រឿង​រីករាយ បពិត្រព្រះអង្គដ៏ចំរើន ព្រះសារីបុត្ត​មាន​អាយុ មាន​បញ្ញារហ័ស បពិត្រព្រះអង្គដ៏ចំរើន ព្រះសារីបុត្តមានអាយុ មានបញ្ញាមុត បពិត្រព្រះអង្គដ៏ចំរើន ព្រះសារីបុត្តមានអាយុ មានបញ្ញា ជាគ្រឿង​ទម្លាយនូវកិលេស បពិត្រព្រះអង្គដ៏ចំរើន ព្រះសារីបុត្តមានអាយុ គ្មានសេចក្តីប្រាថ្នា បពិត្រ​ព្រះអង្គ​ដ៏ចំរើន ព្រះសារីបុត្ត​មានអាយុ ជាអ្នកសន្តោស បពិត្រព្រះអង្គដ៏ចំរើន ព្រះសារីបុត្តមានអាយុ ជាអ្នកស្ងប់ស្ងាត់ បពិត្រព្រះអង្គដ៏ចំរើន ព្រះសារីបុត្តមាន​អាយុ ជាអ្នកមិនច្រឡូកច្រឡំ​ ដោយគ្រហស្ថ បពិត្រព្រះអង្គដ៏ចំរើន ព្រះសារីបុត្តមានអាយុ មានព្យាយាមប្រារព្ធ​ហើយ បពិត្រព្រះអង្គដ៏ចំរើន ព្រះសារីបុត្តមានអាយុ ជាអ្នកប៉ិនសំដី បពិត្រព្រះអង្គដ៏ចំរើន ព្រះសារីបុត្តមានអាយុ ជាអ្នកអត់ទ្រាំនឹងពាក្យសំដី បពិត្រ​ព្រះអង្គ​ដ៏ចំរើន ព្រះសារីបុត្ត​មាន​អាយុ ជាអ្នក​ដាស់តឿនគេ បពិត្រព្រះអង្គដ៏ចំរើន ព្រះសារីបុត្ត​មាន​អាយុ ជា​អ្នក​តិះដៀល​​បុគ្គលបាប បពិត្រព្រះអង្គដ៏ចំរើន មិនសមបើនឹងថា ព្រះសារីបុត្តមានអាយុ មិនគាប់ចិត្ត​នឹងបុគ្គល​មិនពាល មិនប្រទូស្ត មិនវង្វេង មិនមានចិត្តវិបល្លាសទេ។

[៣០៨] ព្រះអង្គត្រាស់ថា ម្នាលអានន្ទ ហេតុនុ៎ះយ៉ាងនេះឯង ម្នាលអានន្ទ ហេតុនុ៎ះ យ៉ាងនេះឯង ម្នាលអានន្ទ មិនសមបើនឹងថា សារីបុត្ត មិនគាប់ចិត្ត​នឹងបុគ្គល​មិនពាល មិនប្រទូស្ត មិនវង្វេង មិនមានចិត្តវិបល្លាសទេ ម្នាលអានន្ទ ដ្បិតសារីបុត្ត ជាបណ្ឌិត ម្នាលអានន្ទ សារីបុត្ត ជាអ្នកមានបញ្ញាច្រើន ម្នាលអានន្ទ សារីបុត្ត ជាអ្នកមានបញ្ញាក្រាស់ ម្នាលអានន្ទ សារីបុត្ត មានបញ្ញា ជាគ្រឿង​រីករាយ ម្នាលអានន្ទ សារីបុត្ត មាន​បញ្ញារហ័ស ម្នាលអានន្ទ សារីបុត្ត មានបញ្ញាមុត ម្នាលអានន្ទ សារីបុត្ត មានបញ្ញា ជាគ្រឿង​ទម្លាយនូវកិលេស ម្នាលអានន្ទ សារីបុត្ត គ្មានសេចក្តីប្រាថ្នា ម្នាលអានន្ទ សារីបុត្ត ជាអ្នកសន្តោស ម្នាលអានន្ទ សារីបុត្ត ជាអ្នកស្ងប់ស្ងាត់ ម្នាលអានន្ទ សារីបុត្ត ជាអ្នកមិនច្រឡូកច្រឡំ​ ដោយគ្រហស្ថ ម្នាលអានន្ទ សារីបុត្ត ជាអ្នកមានព្យាយាមប្រារព្ធ​ហើយ ម្នាលអានន្ទ សារីបុត្ត ជាអ្នកប៉ិនសំដី ម្នាលអានន្ទ សារីបុត្ត ជា​អ្នក​អត់ទ្រាំ​នឹង​ពាក្យ​សំដី ម្នាលអានន្ទ សារីបុត្ត ជាអ្នក​ដាស់តឿនគេ ម្នាលអានន្ទ សារីបុត្ត ជាអ្នកតិះដៀល​បុគ្គលបាប ម្នាលអានន្ទ មិនសមបើនឹងថា សារីបុត្ត មិនគាប់ចិត្ត​នឹងបុគ្គល​មិនពាល មិនប្រទូស្ត មិនវង្វេង មិនមានចិត្ត​វិបល្លាសទេ។

[៣០៩] គ្រាកាលដែលព្រះមានព្រះភាគ កំពុង​ត្រាស់​សរសើរ​គុណ របស់​ព្រះសារីបុត្ត​មាន​អាយុ ក៏សុសិមទេវបុត្ត ដែលមានទេវបុត្ត ជាបរិស័ទជាច្រើន ហែហម​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំ​ព្រះមានព្រះភាគ ហើយ​ស្ថិតនៅ​ក្នុងទី​សមគួរ។ លុះសុសិមទេវបុត្ត ឋិតនៅក្នុង​ទីដ៏​សមគួរហើយ ក៏ក្រាបបង្គំទូល​ព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះមានព្រះភាគ ហេតុនុ៎ះយ៉ាងនេះឯង បពិត្រព្រះសុគត ហេតុនុ៎ះ​យ៉ាងនេះឯង បពិត្រព្រះអង្គដ៏ចំរើន មិនសមបើនឹងថា ព្រះសារីបុត្តមានអាយុ មិនគាប់ចិត្ត​នឹងបុគ្គល​​មិនពាល មិនប្រទូស្ត មិនវង្វេង មិនមានចិត្តវិបល្លាសទេ បពិត្រព្រះអង្គដ៏ចំរើន ដ្បិតព្រះសារីបុត្ត​មានអាយុ ជាបណ្ឌិត។បេ។ បពិត្រព្រះអង្គដ៏ចំរើន ព្រះសារីបុត្តមានអាយុ ជាអ្នកតិះដៀល​​បុគ្គល​បាប បពិត្រព្រះអង្គដ៏ចំរើន មិនសមបើនឹងថា ព្រះសារីបុត្តមានអាយុ មិនគាប់​ចិត្តនឹង​បុគ្គលមិនពាល មិនជាអ្នកប្រទូស្ត មិនវង្វេង មិនមានចិត្តវិបល្លាសទេ បពិត្រព្រះអង្គ​ដ៏ចំរើន ព្រោះថា ខ្ញុំព្រះអង្គ បានចូល​ទៅកាន់​សំណាក់​​ទេវបុត្ត​ជាបរិស័ទ ក៏បានឮសំឡេង​ជាច្រើន ដូច្នេះដែរថា ព្រះសារីបុត្តមានអាយុ ជាបណ្ឌិត ព្រះសារីបុត្ត​មានអាយុ មានបញ្ញាច្រើន ព្រះសារីបុត្តមានអាយុ មានបញ្ញា​ក្រាស់ ព្រះសារីបុត្ត មានអាយុ មានបញ្ញាជាគ្រឿង​រីករាយ ព្រះសារីបុត្តមានអាយុ មានបញ្ញារហ័ស ព្រះសារីបុត្តមានអាយុ មានបញ្ញាមុត ព្រះសារីបុត្តមានអាយុ មាន​បញ្ញាជាគ្រឿង​ទម្លាយនូវកិលេស ព្រះសារីបុត្តមានអាយុ គ្មាន​សេចក្តីប្រាថ្នា ព្រះសារីបុត្តមានអាយុ ជាអ្នកសន្តោស ព្រះសារីបុត្តមានអាយុ ជាអ្នកស្ងប់ស្ងាត់ ព្រះសារីបុត្តមានអាយុ ជាអ្នកមិនច្រឡូកច្រឡំ ដោយគ្រហស្ថ ព្រះសារីបុត្តមានអាយុ មានព្យាយាម​ប្រារព្ធហើយ ព្រះសារីបុត្តមានអាយុ ជាអ្នកប៉ិនសំដី ព្រះសារីបុត្តមានអាយុ ជាអ្នកអត់ទ្រាំនឹងពាក្យសំដី ព្រះសារីបុត្តមានអាយុ ជាអ្នក​ដាស់តឿនគេ ព្រះសារីបុត្ត​មានអាយុ ជាអ្នកតិះដៀល​បុគ្គល​បាប បពិត្រ​ព្រះអង្គ​ដ៏ចំរើន មិនសមបើនឹងថា ព្រះសារីបុត្តមានអាយុ មិនគាប់ចិត្តនឹង​បុគ្គល​មិនពាល មិនប្រទូស្ត មិនវង្វេង មិនមានចិត្តវិបល្លាសទេ។

[៣១០] គ្រាកាលដែលសុសិមទេវបុត្ត កំពុងពោលសរសើរគុណ នៃ​ព្រះសារីបុត្ត​មានអាយុ ក៏ទេវបុត្តជាបរិស័ទ របស់សុសិមទេវបុត្តនោះ មានសេចក្តី​ត្រេកអរ រីករាយ កើតបីតិសោមនស្ស បញ្ចេញនូវរស្មី មានប្រការផ្សេងៗ។

[៣១១] កែវពៃទូរ្យដ៏ល្អ ប្រកបដោយជាតិដ៏បរិសុទ្ធ មានជ្រុង៨ ដែលជាង​បានច្នៃដោយល្អ ហើយដាក់លើសំពត់កម្ពលលឿងទុំ រមែងភ្លឺច្រាល រុងរឿង យ៉ាង​ណាមិញ កាលដែលសុសិមទេវបុត្ត កំពុងពោលសរសើរគុណ នៃ​ព្រះសារីបុត្ត មានអាយុ ក៏ទេវបុត្តជាបរិស័ទ របស់សុសិមទេវបុត្ត មានសេចក្តីត្រេកអរ រីករាយ កើតបីតិសោមនស្ស បញ្ចេញរស្មីមានប្រការផ្សេងៗ ក៏យ៉ាងនោះដែរ។

[៣១២] គ្រឿង​ប្រដាប់ជាវិការៈនៃមាសជម្ពោនទ ដែលកូនជាងមាសដ៏ប៉ិន​ប្រសប់ បានឲ្យដីលើមាត់បាវ ហើយយកមកដាក់លើសំពត់កម្ពលលឿងទុំ រមែង​ភ្លឺច្រាល រុងរឿង យ៉ាងណាមិញ ក៏ទេវបុត្តជាបរិស័ទ របស់សុសិមទេវបុត្ត។បេ។ បញ្ចេញរស្មី មានប្រការផ្សេងៗ យ៉ាងនោះឯង។

[៣១៣] ផ្កាយព្រឹក ឰដ៏អាកាសដ៏ស្រឡះ​ប្រាសចាកពពក ក្នុងសរទសម័យ រមែងភ្លឺច្រាល រុងរឿង យ៉ាងណាមិញ កាលដែល សុសិមទេវបុត្ត កំពុង​ពោលសរសើរ​គុណ របស់ព្រះសារីបុត្តមានអាយុ ក៏ទេវបុត្តជាបរិស័ទរបស់សុសិម​ទេវបុត្ត មានសេចក្តីត្រេកអរ រីករាយ កើតបីតិសោមនស្ស បញ្ចេញរស្មីមានប្រការ​ផ្សេងៗ យ៉ាងនោះឯង។

[ ៣១៤] ព្រះអាទិត្យ ឰដ៏​អាកាសដ៏ស្រឡះប្រាសចាកពពក ក្នុងសរទសម័យ ខ្ពស់ត្រដែត ឰដ៏អាកាស កំចាត់នូវងងឹត ដែលតាំងនៅលើអាកាសទាំងអស់ រមែងភ្លឺច្រាល រុងរឿង យ៉ាងណាមិញ កាលដែល សុសិមទេវបុត្ត កំពុង​ពោលសរសើរ​គុណ នៃព្រះសារីបុត្ត មានអាយុ ក៏ទេវបុត្តជាបរិស័ទ របស់សុសិម​ទេវបុត្ត មានសេចក្តីត្រេកអរ រីករាយ កើតបីតិសោមនស្ស បញ្ចេញរស្មីមានប្រការ​ផ្សេងៗ យ៉ាងនោះឯង។

[៣១៥] លំដាប់នោះ សុសិមទេវបុត្ត ប្រារព្ធចំពោះ​ព្រះសារីបុត្តមានអាយុ ក៏ពោល​នូវគាថានេះ ក្នុងសំណាក់នៃព្រះមានព្រះភាគថា

ព្រះសារីបុត្ត ប្រាកដថាជាបណ្ឌិត មិនមានសេចក្តីក្រោធ គ្មានសេចក្តីប្រាថ្នា ជា​អ្នកស្លូតបូត មានខ្លួន​ទូន្មានហើយ ជាឥសី មានគុណ​ដែលព្រះសាស្តា ទ្រង់នាំ​មក​សរសើរ​ហើយ។

[៣១៦] គ្រានោះ ព្រះមានព្រះភាគ ប្រារព្ធចំពោះព្រះសារីបុត្តមានអាយុ​ហើយ ក៏ត្រាស់តបនឹង​សុសិមទេវបុត្ត ដោយគាថា ថា

សារីបុត្តប្រាកដថាជាបណ្ឌិត មិនមានសេចក្តីក្រោធ គ្មានសេចក្តីប្រាថ្នា ជាអ្នកស្លូតបូត មានខ្លួនទូន្មានហើយ ចម្រើនហើយ ទូន្មានដោយល្អហើយ តែង​ប្រាថ្នានូវបរិនិព្វានកាល។

នានាតិត្ថិយសូត្រ ទី១០

[៣១៧] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់​ក្នុង​វត្តវេឡុវ័ន ជាកលន្ទកនិវាបស្ថាន ជិតក្រុងរាជគ្រឹះ។ គ្រាកាលដែល​រាត្រីបឋមយាមកន្លងទៅហើយ មានពួកទេវបុត្តជាសាវ័ក នៃនានាតិរ្ថិយជាច្រើនអង្គ គឺ​ទេវបុត្តឈ្មោះ អសមៈ ១ សហលី ១ និកៈ ១ អាកោដកៈ ១ វេដម្ពរី ១ មាណវគាមិយៈ ១ មានរស្មីដ៏រុងរឿង ញុំាងវត្តវេឡុវ័នជុំវិញទាំងអស់ ឲ្យភ្លឺស្វាង ចូលទៅគាល់​ព្រះមានព្រះភាគ លុះចូលទៅដល់ ក៏ថ្វាយបង្គំ​ព្រះមានព្រះភាគ ឋិតនៅក្នុងទីសមគួរ។

[៣១៨] លុះអសមទេវបុត្ត ឋិតនៅក្នុងទីសមគួរហើយ ក៏ប្រារព្ធចំពោះ​គ្រូឈ្មោះ បូរណកស្សប ហើយពោលគាថានេះ ក្នុងសំណាក់​នៃ​ព្រះមានព្រះភាគថា

គ្រូឈ្មោះកស្សប មិនឃើញច្បាស់នូវបាប ក្នុងការកាត់ និងការសម្លាប់ ក្នុងការ​បៀតបៀន និងការវិនាស នៃទ្រព្យទាំងឡាយ ក្នុងលោកនេះ ទាំងមិនឃើញច្បាស់នូវ​បុណ្យរបស់ខ្លួនសោះឡើយ គ្រូឈ្មោះកស្សបនោះឯង គ្រាន់តែប្រាប់​នូវសេចក្តីស្និទ្ធស្នាល គឺទីពឹងអាស្រ័យ (ដល់ពួកសត្វ) ក៏គួរ​ដើម្បីធ្វើ​នូវការ​រាប់អាន (ថ្វាយបង្គំ របស់មនុស្ស) បូជា។

[៣១៩] លំដាប់នោះ សហលីទេវបុត្ត ប្រារព្ធចំពោះគ្រូឈ្មោះ មក្ខលិគោសាល ហើយពោលគាថានេះ ក្នុងសំណាក់នៃព្រះមានព្រះភាគថា

បុគ្គលមានខ្លួនសង្រួមហើយដោយប្រពៃ ព្រោះខ្ពើមបាបដោយតបៈ លះបង់នូវ​វាចា ជាគ្រឿងឈ្លោះជាមួយនឹងមហាជន ជាបុគ្គលស្ងប់រម្ងាប់ វៀរចាក​កម្មប្រកបដោយទោស ពោលតែពាក្យពិត បុគ្គលមានសភាពដូច្នោះ រមែង​មិនធ្វើនូវ​បាបដោយពិត។

[៣២០] លំដាប់នោះ និកទេវបុត្ត ប្រារព្ធនិគន្ថនាដបុត្ត ហើយពោលគាថានេះ ក្នុងសំណាក់នៃព្រះមានព្រះភាគថា

ភិក្ខុជាបណ្ឌិត មានសេចក្តីខ្ពើមបាប សង្រួមដោយប្រពៃ គ្រប់យាមទាំង៤ ប្រាប់​នូវហេតុ ដែលខ្លួនឃើញហើយផង នូវហេតុដែលខ្លួនឮហើយផង មិនឈ្មោះថា ធ្វើនូវ​អំពីអាក្រក់ដោយពិត។

[៣២១] លំដាប់នោះ អាកោដកទេវបុត្ត ប្រារព្ធចំពោះពួកនានាតិរ្ថិយ ហើយពោលនូវគាថានេះ ក្នុងសំណាក់នៃព្រះមានព្រះភាគថា

ពួកគ្រូនៃគណៈណា គឺគ្រូឈ្មោះ បកុធកកាតិយានៈ ១ និគន្ថនាដបុត្ត ១ មក្ខលិគោសាល ១ បូរណកស្សប ១ សុទ្ធតែដល់នូវភាពនៃខ្លួនជាសមណៈ គ្រូទាំង​នោះ ឋិតនៅមិនឆ្ងាយអំពីពួកសប្បុរសដោយពិត។

[៣២២] គ្រានោះ វេដម្ពរីទេវបុត្ត ពោលទៅនឹងអាកោដកទេវបុត្ត ដោយគាថា​ថា

សត្វចចកខ្វាក់ លាមក ដើរទៅជាមួយនឹងសត្វសីហៈ សត្វចចក (នោះ) នឹងស្មើ​ដោយសត្វសីហៈ ក្នុងកាលណាមួយ មិនមានទេ ឯគ្រូរបស់គណៈ ជាអ្នកអាក្រាត អ្នកពោលពាក្យកុហក មានមារយាទគួររឭកដោយសេចក្តី​រង្កៀស ក៏មិនប្រហែល​ដោយពួកសប្បុរសដែរ។

[៣២៣] គ្រានោះ មារមានចិត្តបាប ជ្រែកចូលវេដម្ពរីទេវបុត្ត ពោលនូវ​គាថានេះ ក្នុងសំណាក់នៃព្រះមានព្រះភាគថា

សត្វទាំងឡាយណា ប្រកបក្នុងកិរិយាខ្ពើមបាប ដោយតបៈ រក្សានូវ​សេចក្តី​ស្ងប់ស្ងាត់ តាំងនៅក្នុងរូប ត្រេកអរចំពោះទេវលោក សត្វទាំងនោះឯង រមែង​ប្រៀន​ប្រដៅដោយប្រពៃ ដើម្បីទៅកាន់លោកខាងមុខ។

[៣២៤] លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ជ្រាបច្បាស់ថា នេះជាតួមារ​មានចិត្ត​បាប ហើយក៏ត្រាស់​តបទៅនឹងមារមានចិត្តបាបវិញ ដោយ​គាថា​ថា

រូបទាំងឡាយណាមួយ មានក្នុងលោកនេះក្តី ក្នុងលោកខាងមុខក្តី និងរូប​ទាំង​ឡាយណា ដែលមានរស្មីរុងរឿង​ឰដ៏អាកាស ម្នាលមារ ឯរូបទាំងអស់នោះ អ្នកឯង​បាន​សរសើរហើយ ដូចជានុយដែលគេបោះទៅ ដើម្បី​សម្លាប់ពួកត្រី។

[៣២៥] គ្រានោះ មាណវគាមិយទេវបុត្ត ប្រារព្ធចំពោះព្រះមានព្រះភាគ​ហើយ ពោលនូវគាថាទាំងឡាយនេះ ក្នុងសំណាក់នៃព្រះមានព្រះភាគថា

ភ្នំវិបុលប្រសើរវិសេសជាងពួកភ្នំ ដែលនៅក្បែរក្រុងរាជគ្រឹះ ភ្នំ​សេត (ភ្នំកេលាស) ប្រសើរ​វិសេសជាងពួកភ្នំហេមពាន្ត ព្រះអាទិត្យ ប្រសើរ​វិសេសជាង​សភាវៈ ដែលដើរទៅក្នុងអាកាស សមុទ្រ ប្រសើរ​វិសេសជាងទីដែល​ទ្រទ្រង់​ទឹក ព្រះចន្ទ ប្រសើរ​វិសេសជាងពួកផ្កាយ ឯព្រះពុទ្ធ ប្រសើរ​ជាងពួកមនុស្សលោក ព្រមទាំងទេវលោក។

ចប់ នានាតិត្ថិយវគ្គ ទី៣។

ឧទ្ទាននៃនានាតិត្ថិយវគ្គនោះ គឺ

សិវសូត្រ ១ ខេមសូត្រ ១ សេរីសូត្រ ១ ឃដិការសូត្រ ១ ជន្តុសូត្រ ១ រោហិតស្សសូត្រ​ ១ នន្ទសូត្រ ១ នន្ទិវិសាលសូត្រ ១ សុសិមសូត្រ ១ និងនានាតិត្ថិយសូត្រ ១​ ជា១០។

ចប់ ទេវបុត្តសំយុត្ត។

កោសលសំយុត្ត

ទហរវគ្គ ទី១

ទហរសូត្រ ទី១

[៣២៦] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់​គង់ក្នុង​វត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ គ្រានោះ ព្រះ​បាទ​បសេនទិកោសល ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ធ្វើ​នូវ​សេចក្តីរីករាយ ជាមួយនឹងព្រះមានព្រះភាគ លុះបញ្ចប់​ពាក្យ ដែលគួររីករាយ និង​ពាក្យដែលគួររឭកហើយ ក៏គង់នៅក្នុងទីសមគួរ។

[៣២៧] លុះព្រះបាទបសេនទិកោសល គង់នៅក្នុងទីសមគួរហើយ ក៏ក្រាប​បង្គំទូលសួរព្រះមានព្រះភាគ ដូច្នេះថា ព្រះគោតមដ៏ចម្រើនប្តេជ្ញាថា ត្រាស់ដឹង​នូវ​អនុត្តរសម្មាសម្ពោធិញ្ញាណ ដូច្នេះឬទេ។ ព្រះអង្គត្រាស់ថា បពិត្រមហារាជ បុគ្គល​និយាយដោយប្រពៃ នូវពាក្យណាថា តថាគតត្រាស់ដឹងនូវអនុត្តរសម្មាសម្ពោធិ​ញ្ញាណ បុគ្គលពោលពាក្យនោះ ចំពោះតថាគត ឈ្មោះថា ពោលដោយប្រពៃ បពិត្រ​មហារាជ ព្រោះថា តថាគត ត្រាស់ដឹងនូវអនុត្តរសម្មាសម្ពោធិញ្ញាណមែន។

[៣២៨] ព្រះរាជាត្រាស់ថា បពិត្រ​ព្រះគោតមដ៏ចម្រើន ពួកសមណព្រាហ្មណ៍​ណា ដែលមានពួក មានគណៈ ជាអាចារ្យរបស់គណៈ មានកេរ្តិ៍ឈ្មោះប្រាកដ ជាអ្នក​មានយស ជាអ្នកធ្វើនូវលទ្ធិ ដូចជាកំពង់ ដែលជនជាច្រើន សន្មតថាជាសប្បុរស គឺ​គ្រូ​ឈ្មោះបូរណកស្សប១ មក្ខលិគោសាល១ និគន្ថនាដបុត្ត១ សញ្ជយវេលដ្ឋបុត្ត១ បកុធកច្ចាយនៈ១ អជិតកេសកម្ពល១ ឯសមណព្រាហ្មណ៍ទាំងនោះ កាលដែលខ្ញុំ​ព្រះអង្គបានសួរហើយថា លោកទាំងឡាយ ប្តេជ្ញាខ្លួនថា ត្រាស់ដឹងនូវអនុត្តរសម្មា​សម្ពោធិញ្ញាណឬ ក៏មិនប្តេជ្ញាខ្លួនថា ត្រាស់ដឹងនូវអនុត្តរសម្មាសម្ពោធិញ្ញាណ ចំណែក​ព្រះគោតមដ៏ចម្រើន ក្មេងដោយកំណើតផង ថ្មីដោយផ្នួសផង មែនឬ។

[៣២៩] បពិត្រ​មហារាជ សភាវៈ៤ ពួកនេះ បុគ្គលមិនគប្បីមើលងាយថា ក្មេង មិនគប្បីរិះគន់ថា ក្មេងឡើយ ឯសភាវៈ៤ពួកនោះ តើដូចម្តេច បពិត្រ​មហារាជ ក្សត្រិយ៍ បុគ្គលមិនគប្បីមើលងាយថា ក្មេង មិនគប្បីរិះគន់ថា ក្មេង១ បពិត្រ​មហារាជ ពស់ បុគ្គលមិនគប្បីមើលងាយថា ក្មេង មិនគប្បីរិះគន់ថា ក្មេង១ បពិត្រមហារាជ ភ្លើង បុគ្គលមិនគប្បីមើលងាយថា ក្មេង មិនគប្បីរិះគន់ថាក្មេង គឺថាភ្លើងតិច១ បពិត្រមហារាជ ភិក្ខុ បុគ្គលមិនគប្បីមើលងាយថា ក្មេង មិនគប្បីរិះគន់ថាក្មេង១ បពិត្រមហារាជ សភាវៈ៤ពួកនេះឯង បុគ្គលមិនគប្បីមើលងាយថា ក្មេង មិនគប្បីរិះគន់ថាក្មេងឡើយ។

[៣៣០] ព្រះមានព្រះភាគ បានត្រាស់ពាក្យនេះរួចហើយ ព្រះសុគតជាសាស្តា លុះត្រាស់ពាក្យនេះ​រួចហើយ ក៏ទ្រង់​ត្រាស់ពាក្យដូច្នេះ តទៅទៀតថា

បុគ្គលមិនគប្បីមើលងាយក្សត្រិយ៍ ដែលបរិបូណ៌​ដោយជាតិ មានជាតិ​ដ៏ខ្ពង់ខ្ពស់ មានយសបរិវារថា ក្មេង មិនគប្បីរិះគន់ក្សត្រិយ៍នោះថា ក្មេងទេ ព្រោះ​ក្សត្រិយ៍នោះ រមែងមានឋានៈជាធំជាងមនុស្ស លុះបានសោយរាជសម្បត្តិ​ហើយ ក្សត្រិយ៍នោះ ទ្រង់ក្រោធឡើង រមែងព្យាយាមដ៏ក្លាខ្លាំង ចំពោះបុគ្គល​នោះ ដោយ​ព្រះរាជអាជ្ញា ព្រោះហេតុនោះ បុគ្គល កាលរក្សានូវជីវិតរបស់ខ្លួន គប្បីវៀរ​នូវក្សត្រិយ៍​នោះ បុគ្គលឃើញនូវពស់ ក្នុងទីណា ទោះក្នុងស្រុកក្តី ព្រៃក្តី កុំគប្បីមើលងាយថាតូច កុំគប្បីបំពាននូវពស់នោះថាតូច ព្រោះពស់ មានតេជះ តែង​ត្រាច់ទៅដោយភេទ មានប្រការផ្សេងៗ ពស់​នោះ បើចួបនឹងមនុស្សប្រុសក្តី ស្រីក្តី ដែលល្ងង់ តែង​ចឹក​ក្នុង​កាលណាមួយ ព្រោះហេតុនោះ បុគ្គល កាលរក្សាជីវិតរបស់ខ្លួន គប្បីវៀរពស់​នោះឲ្យស្រឡះ បុគ្គលមិនគប្បីមើលងាយភ្លើង ដែលមានអណ្តាត មាន​ចំណី គឺឧសច្រើន មានផ្លូវ គឺស្នាមប្រឆេះខ្មៅ ថាជាភ្លើងតិច កុំគប្បី​បំពានភ្លើងនោះថា​តិច​ឡើយ ដ្បិតភ្លើងនោះ លុះបានកម្ទេចជាគ្រឿងឆេះហើយ នឹងទៅជាភ្លើងធំបាន ភ្លើង​នោះ ចួបនឹងមនុស្សប្រុសក្តី ស្រីក្តី ដែលល្ងង់ តែងឆេះក្នុងកាលណាមួយ ព្រោះហេតុនោះ បុគ្គល កាលរក្សាជីវិតរបស់ខ្លួន គប្បីវៀរនូវភ្លើងនោះ ភ្លើងជាសភាវៈ​ធ្វើឲ្យស្អាត ជាសភាវៈមានផ្លូវខ្មៅ បើឆេះនូវព្រៃណា ឯសភាវៈដុះនៅលើ​ផែនដី​ទាំងឡាយ (មានឈើ និងស្មៅជាដើម) តែងដុះឡើងក្នុងព្រៃនោះវិញ ក្នុងកាលដែល​កន្លងទៅនៃថ្ងៃ និងយប់ ឯភិក្ខុដែល​បរិបូណ៌​ដោយសីល បើឆេះនូវបុគ្គល​ណាដោយតេជះហើយ ពួកកូន និងសត្វចិញ្ចឹមរបស់បុគ្គលនោះ ក៏មិនមាននៅ ពួកជន​ជាញាតិ ក៏មិនបាននូវទ្រព្យ ឯពួកជនមិនមែនជាកូនចៅ និងជនមិនមែន​ជាញាតិទាំងនោះ (មិនចម្រើនឡើង) ដូចជាត្នោតកំបុតក ព្រោះហេតុនោះ បុរស​ជាបណ្ឌិត កាលបើឃើញច្បាស់នូវភ័យនៃខ្លួន គប្បីប្រព្រឹត្តឲ្យស្មើដោយប្រពៃ ចំពោះ​ពស់ផង ភ្លើងផង ក្សត្រិយ៍ដែលមានយសផង និងភិក្ខុដែលបរិបូណ៌​ដោយសីលផង។

[៣៣១] កាលបើព្រះមានព្រះភាគ ត្រាស់យ៉ាងនេះហើយ ព្រះបាទ​បសេនទិកោសល ក៏ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ច្បាស់ពេកណាស់ បពិត្រព្រះអង្គដ៏ចំរើន ច្បាស់ពេកណាស់ បពិត្រព្រះអង្គដ៏ចំរើន ដូច​បុគ្គល​ផ្ងារ នូវរបស់ដែលផ្កាប់ ឬបើកនូវរបស់ដែលកំបាំង ពុំនោះសោត ដូចបុគ្គល​ប្រាប់ផ្លូវ​ដល់មនុស្សអ្នកវង្វេងទិស ឬទ្រោលនូវប្រទីប បំភ្លឺក្នុងទីងងឹត ដោយគិតថា មនុស្សអ្នកមានភ្នែក រមែងឃើញរូបទាំងឡាយបាន យ៉ាងណាមិញ ធម៌ដែល​ព្រះមានព្រះភាគ ទ្រង់សំដែងហើយ ដោយអនេកបរិយាយ ក៏យ៉ាង​នោះដែរ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គនេះ សូមដល់នូវព្រះមានព្រះភាគ ទាំង​ព្រះធម៌ ទាំង​ភិក្ខុសង្ឃ ថាជាទីពឹង ទីរឭក សូមព្រះមានព្រះភាគ ទ្រង់ជ្រាបនូវខ្ញុំព្រះអង្គ ថាជាឧបាសក អ្នកដល់​នូវព្រះរតនត្រ័យ ជាទីពឹង ទីរឭក ស្មើដោយជីវិត តាំងតែ​អំពីថ្ងៃនេះជាដើមទៅ។

បុរិសសូត្រ ទី២

[៣៣២] ព្រះមានព្រះភាគ ទ្រង់គង់ក្នុងអារាម ជិតក្រុងសាវត្ថី… គ្រានោះ ព្រះបាទ​បសេនទិកោសល ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ក្រាប​ថ្វាយបង្គំព្រះមានព្រះភាគ ហើយគង់ក្នុងទីសមគួរ។ លុះព្រះបាទបសេនទិកោសល គង់ក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលសួរព្រះមានព្រះភាគ ដូច្នេះថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន ធម៌របស់​បុរសមានប៉ុន្មានយ៉ាង កាលកើតឡើងក្នុងខ្លួន រមែង​កើតឡើង ដើម្បីមិនជាប្រយោជន៍ ដើម្បីសេចក្តីទុក្ខ ដើម្បីកិរិយានៅមិនសប្បាយ។

[៣៣៣] ព្រះមានព្រះភាគត្រាស់ថា បពិត្រមហារាជ ធម៌របស់​បុរស​មាន៣យ៉ាង កាលកើតឡើងក្នុងខ្លួន រមែងកើតឡើង ដើម្បី​មិនជាប្រយោជន៍ ដើម្បី​សេចក្តីទុក្ខ ដើម្បីកិរិយានៅមិនសប្បាយ ធម៌ទាំង៣ តើដូចម្តេច បពិត្រ​មហារាជ លោភៈ ជាធម៌របស់បុរស កាលកើតឡើងក្នុងខ្លួន រមែងកើតឡើង ដើម្បី​​មិនជាប្រយោជន៍ ដើម្បី​សេចក្តីទុក្ខ ដើម្បីកិរិយានៅមិនសប្បាយ បពិត្រ​មហារាជ ទោសៈ ជាធម៌របស់បុរស កាលកើតឡើងក្នុងខ្លួន រមែងកើតឡើង ដើម្បីមិនជា​ប្រយោជន៍ ដើម្បី​សេចក្តីទុក្ខ ដើម្បីកិរិយានៅមិនសប្បាយ បពិត្រ​មហារាជ មោហៈ ជាធម៌របស់បុរស កាលកើតឡើងក្នុងខ្លួន រមែងកើតឡើង ដើម្បី​​​មិនជាប្រយោជន៍ ដើម្បី​សេចក្តីទុក្ខ ដើម្បីកិរិយានៅមិនសប្បាយ បពិត្រ​មហារាជ ធម៌របស់បុរស​ មាន​៣យ៉ាងនេះឯង កាលកើតឡើងក្នុងខ្លួន រមែងកើតឡើង ដើម្បី​​មិនជាប្រយោជន៍ ដើម្បី​សេចក្តីទុក្ខ ដើម្បីកិរិយានៅមិនសប្បាយ។

[៣៣៤] ព្រះមានព្រះភាគ បានទ្រង់ត្រាស់ពាក្យនេះហើយ។បេ។

លោភៈ១ ទោសៈ១ មោហៈ១ កើតអំពីខ្លួន តែងសម្លាប់បុរសដែល​មានចិត្តលាមក ដូចជាផ្លែ រមែងសម្លាប់ឈើដែលមានខ្លឹមខាងក្រៅ (មានឫស្សី និងបបុសជាដើម)។

រាជសូត្រ ទី៣

[៣៣៥] ជិតក្រុងសាវត្ថី… លុះព្រះបាទបសេនទិកោសល គង់ក្នុងទីសមគួរ​ហើយ ក៏ក្រាបបង្គំទូលសួរ​ព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន សត្វ​ដែល​កើតហើយ វៀរចាកជរា និងមរណៈបាន មានដែរឬ។

[៣៣៦] ព្រះអង្គត្រាស់ថា បពិត្រ​មហារាជ សត្វដែល​កើតហើយ វៀរចាក​ជរា និងមរណៈបាន មិនមានទេ បពិត្រ​មហារាជ ពួកខតិ្តយមហាសាលណា ដែលស្តុក​ស្តម្ភ មានទ្រព្យច្រើន មានភោគៈច្រើន មានមាសនិងប្រាក់ច្រើន មានគ្រឿង​ឧបករណ៍​ជាទីត្រេកអរច្រើន មានទ្រព្យ និងស្រូវច្រើន សូម្បី​ពួកខត្តិយមហាសាល​ទាំង​នោះ ដែលកើតហើយ វៀរចាកជរា និងមរណៈ មិនមានទេ បពិត្រ​មហារាជ ពួកព្រាហ្មណមហាសាលណា។បេ។ ពួកគហបតិមហាសាល អ្នកស្តុកស្តម្ភ មាន​ទ្រព្យ​ច្រើន មានភោគៈច្រើន មានមាស និងប្រាក់ច្រើន មានគ្រឿង​ឧបករណ៍ ​ជាទីត្រេកអរច្រើន មានទ្រព្យ និងស្រូវច្រើន សូម្បី​ពួកគហបតិមហាសាល​ទាំង​នោះ ដែលកើតហើយ វៀរចាកជរា និងមរណៈ ក៏មិនមានដែរ បពិត្រ​មហារាជ ទុកជាពួកភិក្ខុណា ជា​ព្រះអរហន្ត មានអាសវៈអស់ហើយ មានព្រហ្មចរិយធម៌បានប្រព្រឹត្តហើយ មានសោឡសកិច្ច​ធ្វើស្រេចហើយ មានភារៈដាក់ចុះហើយ មានអរហត្តផល ជា​ប្រយោជន៍របស់ខ្លួនបានសម្រេចហើយ មានភវសញ្ញោជនៈ​អស់រលីងហើយ មានចិត្ត​រួចស្រឡះហើយ ព្រោះដឹងច្បាស់ដោយប្រពៃ សូម្បីកាយនេះ របស់ព្រះអរហន្ត​នោះ ក៏គង់មានកិរិយាបែកធ្លាយទៅជាធម្មតា មានកិរិយាដាក់ចុះជាធម្មតា។

[៣៣៧] ព្រះមានព្រះភាគ ទ្រង់បានត្រាស់ពាក្យនេះហើយ។បេ។

រាជរថទាំងឡាយ ដែលជាងវិចិត្រហើយដោយប្រពៃ រមែងគ្រាំគ្រាទៅ សូម្បី​សរីរៈ ក៏រមែងដល់នូវសេចក្តី​គ្រាំគ្រា មានតែធម៌​របស់ពួកសប្បុរស ទើប​មិនដល់​នូវ​សេចក្តីគ្រាំគ្រា ពួកសប្បុរស រមែង​ពោលជាមួយនឹងពួកសប្បុរស។

បិយសូត្រ ទី៤

[៣៣៨] ជិតក្រុងសាវត្ថី… លុះព្រះបាទ​បសេនទិកោសល គង់​ក្នុងទី​សមគួរ​ហើយ ក៏ក្រាបបង្គំទូលសួរ​ព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំ​ព្រះអង្គ​នៅក្នុងទីស្ងាត់ សម្ងំនៅតែម្នាក់ឯង ក្នុងទីឯណោះ មានសេចក្តីត្រិះរិះ​ក្នុងចិត្ត​កើតឡើងយ៉ាងនេះថា ខ្លួនជាទីស្រឡាញ់របស់បុគ្គលពួកណាហ្ន៎ ខ្លួន​មិនជាទីស្រឡាញ់ របស់បុគ្គលពួកណាហ្ន៎ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំ​ព្រះអង្គនោះ មាន​សេចក្តីត្រិះរិះដូច្នេះថា បុគ្គលណាមួយ ប្រព្រឹត្តទុច្ចរិតដោយកាយ ប្រព្រឹត្ត​ទុច្ចរិត​ដោយវាចា ប្រព្រឹត្តទុច្ចរិតដោយចិត្ត ខ្លួនមិនជាទីស្រឡាញ់​របស់បុគ្គលពួកនោះ ទុកជា​បុគ្គលទាំងនោះ ពោលយ៉ាងនេះថា ខ្លួនជាទីស្រឡាញ់របស់យើង ក៏ឈ្មោះ​ថា ខ្លួនមិនជាទីស្រឡាញ់របស់បុគ្គល​ទាំងនោះ ដោយពិត សេចក្តីនោះ ព្រោះហេតុដូច​ម្តេច ព្រោះថា ខ្លួនមិនជាទីស្រឡាញ់ គប្បីធ្វើនូវ​អំពើណា ដល់ខ្លួនមិនជាទីស្រឡាញ់ ឯបុគ្គល​ទាំងនោះ រមែង​ធ្វើនូវអំពើនោះ ដល់ខ្លួនដោយខ្លួនឯង ព្រោះហេតុនោះ ខ្លួន​មិនជាទីស្រឡាញ់ របស់បុគ្គលទាំងនោះឡើយ លុះតែបុគ្គលណាមួយ ប្រព្រឹត្ត​សុចរិតដោយកាយ ប្រព្រឹត្ត​សុចរិតដោយវាចា ប្រព្រឹត្ត​សុចរិតដោយចិត្ត ទើប​ខ្លួន​ឈ្មោះថាជាទីស្រឡាញ់ របស់បុគ្គលទាំងនោះ ទុកជា​បុគ្គលទាំងនោះ ពោល​យ៉ាង​នេះថា ខ្លួនមិនជាទីស្រឡាញ់ របស់យើង ក៏ឈ្មោះថា ខ្លួនជាទីស្រឡាញ់ របស់​បុគ្គល​ទាំងនោះ ដោយពិត សេចក្តីនោះ ព្រោះហេតុដូចម្តេច ព្រោះថា ខ្លួនជាទីស្រឡាញ់ គប្បីធ្វើនូវ​អំពើណាដល់​ខ្លួនជាទីស្រឡាញ់ បុគ្គលទាំងនោះ តែងធ្វើនូវអំពើនោះ ដល់​ខ្លួនដោយខ្លួនឯង ព្រោះហេតុនោះ ខ្លួនឈ្មោះថា ជាទីស្រឡាញ់របស់បុគ្គល​ទាំងនោះ។

[៣៣៩] ព្រះមានព្រះភាគ ត្រាស់ថា បពិត្រមហារាជ ហេតុនុ៎ះយ៉ាងនេះ​ឯង បពិត្រមហារាជ ហេតុនុ៎ះយ៉ាងនេះ​ឯង បពិត្រមហារាជ បុគ្គលណាមួយ ប្រព្រឹត្ត​ទុច្ចរិត​ដោយកាយ ប្រព្រឹត្ត​ទុច្ចរិត​ដោយវាចា ប្រព្រឹត្ត​ទុច្ចរិត​ដោយចិត្ត ខ្លួនឈ្មោះថា មិនជាទីស្រឡាញ់របស់បុគ្គលទាំងនោះឡើយ ទុកជាបុគ្គលទាំងនោះ ពោលយ៉ាង​នេះថា ខ្លួនជាទីស្រឡាញ់របស់យើង ក៏ឈ្មោះថា ខ្លួនមិនជាទីស្រឡាញ់របស់​បុគ្គល​ទាំងនោះដោយពិត សេចក្តីនោះ ព្រោះហេតុដូចម្តេច បពិត្រមហារាជ ព្រោះថា ខ្លួន​មិនជាទីស្រឡាញ់ គប្បីធ្វើនូវ​អំពើ​ណាដល់​ខ្លួនមិនជាទីស្រឡាញ់ បុគ្គល​ទាំងនោះ តែង​ធ្វើ​នូវអំពើនោះ ដល់ខ្លួនដោយខ្លួនឯង ព្រោះហេតុនោះ ខ្លួនឈ្មោះថា មិនជាទី​ស្រឡាញ់របស់បុគ្គលទាំងនោះ បពិត្រមហារាជ លុះតែបុគ្គលណាមួយ ប្រព្រឹត្តសុចរិតដោយកាយ ប្រព្រឹត្ត​សុចរិត​ដោយវាចា ប្រព្រឹត្តសុចរិត​ដោយចិត្ត ទើប​ខ្លួន​ឈ្មោះថា ជាទីស្រឡាញ់​របស់បុគ្គល​ទាំងនោះ ទុកជាបុគ្គលទាំងនោះ ពោលយ៉ាង​នេះថា ខ្លួនមិនជាទីស្រឡាញ់របស់យើង ក៏ឈ្មោះថា ខ្លួនជាទីស្រឡាញ់​របស់បុគ្គល​ទាំងនោះ ដោយពិត សេចក្តីនោះ ព្រោះហេតុដូចម្តេច បពិត្រមហារាជ ព្រោះថា ខ្លួនជាទីស្រឡាញ់ គប្បីធ្វើនូវ​អំពើណា ដល់ខ្លួនជាទីស្រឡាញ់ បុគ្គល​ទាំងនោះ តែងធ្វើនូវអំពើនោះ ដល់ខ្លួនដោយខ្លួនឯង ព្រោះហេតុនោះ ខ្លួនឈ្មោះ​ថាជាទីស្រឡាញ់របស់បុគ្គលទាំងនោះ។

[៣៤០] ព្រះមានព្រះភាគ ទ្រង់បានត្រាស់ពាក្យនេះហើយ។បេ។

បើបុគ្គលដឹងខ្លួនថាជាទីស្រឡាញ់ហើយ កុំគប្បីប្រកបខ្លួននោះ ដោយ​បាបឡើយ ព្រោះថា ខ្លួននោះ មិនមែនរកបានដោយងាយទេ បុគ្គល​អ្នកធ្វើអំពើ​អាក្រក់ មិនមែនរកសេចក្តីសុខបាន ដោយងាយទេ បុគ្គល​ដែលសេចក្តី​ស្លាប់​គ្របសង្កត់ លះបង់ភព ជារបស់នៃមនុស្សទៅហើយ បុគ្គលនោះ មានអ្វីជារបស់​ខ្លួន បុគ្គលនោះ កាន់យកអ្វីទៅ អ្វីទៅតាមបុគ្គល​នោះបាន ដូចជាស្រមោល អន្ទោលតាម​រូប ធម្មជាតទាំងពីរ គឺបុណ្យ និងបាប  រមែង​ទៅតាម​បុគ្គលនោះ សត្វធ្វើអំពើណា ទុក​ក្នុងលោកនេះ បុគ្គលនោះ មានអំពើនោះជារបស់ខ្លួន បុគ្គលនោះ កាន់យក​អំពើ​នោះទៅ អំពើនោះទៅតាមបុគ្គលនោះ ដូចជាស្រមោល អន្ទោលតាមរូប ព្រោះ​ហេតុនោះ បុគ្គលគប្បីធ្វើនូវ​កុសលដែលប្រព្រឹត្តទៅក្នុងបរលោក ឲ្យចម្រើនឡើង (ព្រោះ) បុណ្យទាំងឡាយ រមែងជាទីពឹងរបស់ពួកសត្វ ក្នុងបរលោក។

អត្តរក្ខិតសូត្រ ទី៥

[៣៤១] ព្រះបាទបសេនទិកោសល ទ្រង់គង់ក្នុងទីសមគួរហើយ ក្រាបបង្គំទូល​ព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គនៅក្នុងទីស្ងាត់ សម្ងំនៅតែ​ម្នាក់ឯង ក្នុងទីឯណោះ មានសេចក្តីត្រិះរិះ ក្នុងចិត្ត​កើតឡើង យ៉ាងនេះថា ខ្លួន​របស់បុគ្គលដូចម្តេចហ្ន៎ ដែលឈ្មោះថារក្សាហើយ ខ្លួនរបស់​បុគ្គលដូចម្តេចហ្ន៎ ដែល​ឈ្មោះថា មិនរក្សាហើយ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គនោះ មានសេចក្តី​យល់ឃើញដូច្នេះថា បុគ្គលណាមួយ  ប្រព្រឹត្ត​ទុច្ចរិត​ដោយកាយ ប្រព្រឹត្ត​ទុច្ចរិត​ដោយវាចា ប្រព្រឹត្ត​ទុច្ចរិត​ដោយចិត្ត បុគ្គលទាំងនោះ ឈ្មោះថា មិនរក្សា​ខ្លួនទេ បុគ្គល​នោះ ទុកជាមានពលដំរីរក្សា មានពលសេះរក្សា មានពលរថរក្សា ឬ​មានពលថ្មើរ​ជើងរក្សាក៏ដោយ តែថាបុគ្គលនោះ ឈ្មោះថា មិនរក្សាខ្លួនដោយពិត សេចក្តីនោះ ព្រោះហេតុដូចម្តេច ព្រោះថា ការរក្សានេះ ជាខាងក្រៅ ការរក្សានេះ មិនមែន​ជាការ​រក្សាខាងក្នុងទេ ព្រោះហេតុនោះ បុគ្គលទាំងនោះ ទើបឈ្មោះថា មិនរក្សាខ្លួនទេ លុះតែបុគ្គលណាមួយ ប្រព្រឹត្ត​សុចរិត​ដោយកាយ ប្រព្រឹត្ត​សុចរិត​ដោយវាចា ប្រព្រឹត្ត​សុចរិត​ដោយចិត្ត បុគ្គលនោះ ទើបឈ្មោះថា រក្សាខ្លួន បុគ្គលនោះ ទុកជាមិន​មានពល​ដំរីរក្សា មិនមានពលសេះរក្សា មិនមានពលរថរក្សា មិនមានពលថ្មើរជើង​រក្សា​ក៏ដោយ គង់តែបុគ្គលទាំងនោះ ឈ្មោះថា រក្សាខ្លួនដោយពិត សេចក្តីនោះ ព្រោះហេតុ​ដូចម្តេច ព្រោះថា ការរក្សានេះជាខាងក្នុង ការរក្សានេះ មិនមែន​ជាការរក្សាខាងក្រៅ​ទេ ព្រោះហេតុនោះ បុគ្គលទាំងនោះ ទើបឈ្មោះថា រក្សាខ្លួន។

[៣៤២] ព្រះមានព្រះភាគត្រាស់ថា បពិត្រមហារាជ សេចក្តីនុ៎ះយ៉ាងនេះឯង បពិត្រមហារាជ សេចក្តីនុ៎ះ យ៉ាងនេះឯង បពិត្រមហារាជ មែនហើយ បុគ្គលណាមួយ ប្រព្រឹត្ត​ទុច្ចរិត​ដោយកាយ។បេ។ ខ្លួនរបស់បុគ្គលទាំងនោះ ឈ្មោះថា មិនរក្សាទេ សេចក្តី​នោះ ព្រោះហេតុដូចម្តេច បពិត្រមហារាជ ព្រោះថា ការរក្សានេះ ជាខាងក្រៅ ការ​រក្សានេះ មិនមែនជាការរក្សាខាងក្នុងទេ ព្រោះហេតុនោះ បុគ្គលទាំងនោះ ទើប​ឈ្មោះថា មិនរក្សាខ្លួនទេ បពិត្រមហារាជ លុះតែបុគ្គលណាមួយ ប្រព្រឹត្ត​សុចរិត​ដោយកាយ ប្រព្រឹត្ត​សុចរិត​ដោយវាចា ប្រព្រឹត្ត​សុចរិត​ដោយចិត្ត បុគ្គលទាំងនោះ ទើបឈ្មោះថា រក្សាខ្លួន ទុកជាមិនមាន​ពលដំរីរក្សា មិនមានពលសេះរក្សា មិនមាន​ពលរថរក្សា មិនមានពលថ្មើរជើង​រក្សាក៏ដោយ គង់តែបុគ្គលទាំងនោះ ឈ្មោះថា រក្សាខ្លួនដោយពិត សេចក្តីនោះ ព្រោះហេតុដូចម្តេច បពិត្រមហារាជ ព្រោះថា ការរក្សានេះ ជាខាងក្នុង ការរក្សានេះ មិនមែន​ជាការរក្សាខាងក្រៅទេ ព្រោះហេតុ​នោះ បុគ្គលទាំងនោះ ទើបឈ្មោះថា រក្សាខ្លួន។

[៣៤៣] ព្រះមានព្រះភាគ ទ្រង់បាន​ត្រាស់ពាក្យនេះហើយ។បេ។

សេចក្តីសង្រួមដោយកាយ ជាការប្រពៃ សេចក្តីសង្រួមដោយវាចា ជាការប្រពៃ សេចក្តីសង្រួមដោយចិត្ត ជាការប្រពៃ សេចក្តីសង្រួមក្នុងទ្វារទាំងអស់ ជាការប្រពៃ បុគ្គលមានសេចក្តីខ្មាស បានសង្រួម ក្នុងទ្វារទាំងអស់ បណ្ឌិតហៅថា រក្សាខ្លួន ។

អប្បកសូត្រ ទី៦

[៣៤៤] ជិតក្រុងសាវត្ថី… លុះព្រះបាទបសេនទិកោសល គង់ក្នុងទីសមគួរ​ហើយ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ​នៅក្នុងទីស្ងាត់ សម្ងំនៅតែម្នាក់ឯង ក្នុងទីឯណោះ មានសេចក្តីត្រិះរិះក្នុងចិត្ត កើត​ឡើង​យ៉ាងនេះថា សត្វទាំងឡាយឯណា បាននូវភោគៈដ៏ថ្លៃថ្លា លើសលុបហើយ មិន​ស្រវឹង (ដោយមានះ)ផង មិនប្រមាទផង មិនដល់នូវសេចក្តីប្រាថ្នាក្នុង​កាមផង មិនប្រតិបត្តិខុស ក្នុងសត្វទាំងឡាយផង សត្វទាំងនោះ មានចំនួនតិចក្នុងលោក មួយទៀត សត្វទាំងឡាយណា បាននូវភោគៈដ៏ថ្លៃថ្លា លើសលុបហើយ តែងស្រវឹងផង ប្រមាទផង ដល់នូវសេចក្តីប្រាថ្នា ក្នុងកាមផង ប្រតិបត្តិ​ខុស ​ក្នុង​សត្វទាំងឡាយផង សត្វទាំងនោះ មានចំនួនច្រើនក្នុងលោក ដោយពិត។

[៣៤៥] ព្រះមានព្រះភាគត្រាស់ថា បពិត្រមហារាជ សេចក្តីនុ៎ះយ៉ាង​នេះឯង បពិត្រ​មហារាជ សេចក្តីនុ៎ះ យ៉ាងនេះឯង បពិត្រមហារាជ សត្វទាំងឡាយណា បាននូវភោគៈ ដ៏ថ្លៃថ្លា លើសលុបហើយ មិនស្រវឹងផង មិនប្រមាទផង មិនដល់នូវសេចក្តីប្រាថ្នា ក្នុងកាមផង មិនប្រតិបត្តិ​ខុស ​ក្នុង​សត្វទាំងឡាយផង សត្វទាំងនោះ មានចំនួនតិចក្នុងលោក សត្វទាំងឡាយណា បាននូវភោគៈ ដ៏ថ្លៃថ្លា លើសលុបហើយ តែងស្រវឹងផង ប្រមាទផង ដល់នូវសេចក្តី​ប្រាថ្នា ក្នុងកាមផង ប្រតិបត្តិ​ខុស ​ក្នុង​សត្វទាំងឡាយផង សត្វទាំងនុ៎ះ មានចំនួនច្រើនក្នុងលោក ដោយពិត។

[៣៤៦] ព្រះមានព្រះភាគ ទ្រង់បានត្រាស់ពាក្យនេះហើយ។បេ។

ពួកសត្វមានសេចក្តីត្រេកអរខ្លាំង ក្នុងកាម និងភោគៈទាំងឡាយ ប្រាថ្នាជ្រុល​ជ្រប់ក្នុងកាមទាំងឡាយ មិនដឹងនូវទោស ដែលប្រព្រឹត្តល្មើស ដូចជា​ពួកម្រឹគ មិនដឹងនូវ​អន្ទាក់ ដែលគេដាក់ ពួកសត្វនោះ រមែង​មានសេចក្តីក្តៅក្រហាយ ក្នុង​កាលជាខាងក្រោយ ព្រោះថា ផលនៃកម្មនោះ ជាផលលាមក។

អត្ថករណសូត្រ ទី៧

[៣៤៧]​ លុះព្រះបាទបសេនទិកោសល គង់ក្នុងទីសមគួរហើយ ក៏ក្រាប​បង្គំ​ទូល​ព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំ​ព្រះអង្គ អង្គុយក្នុងរោង​សម្រាប់កាត់សេចក្តី ក្នុងទីឯណោះ បានឃើញពួកខត្តិយមហាសាល ព្រាហ្មណ​មហាសាល និងគហបតិមហាសាល អ្នកស្តុកស្តម្ភ មានទ្រព្យច្រើន មាន​ភោគៈច្រើន មានមាស និងប្រាក់ច្រើន មានគ្រឿងឧបករណ៍ជាទីត្រេកអរច្រើន មាន​ទ្រព្យ និងស្រូវច្រើន ពោលនូវពាក្យកុហក ចំពោះហេតុ ដែលដឹងច្បាស់ ព្រោះកាមជា​ហេតុ ព្រោះកាមជាដំណើរ ព្រោះកាមជាអធិករណ៍ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំ​ព្រះអង្គ​នោះ មានសេចក្តីត្រិះរិះ ដូច្នេះថា ណ្ហើយ អាត្មាអញ នឹងមានប្រយោជន៍អ្វី ដោយការកាត់​សេចក្តី ក្នុងកាលឥឡូវនេះ បុគ្គលមានមុខល្អ នឹងប្រាកដដោយការកាត់​សេចក្តី ក្នុងកាលឥឡូវនេះ។

[៣៤៨] ព្រះមានព្រះភាគត្រាស់ថា បពិត្រមហារាជ សេចក្តីនុ៎ះយ៉ាងនេះឯង បពិត្រមហារាជ សេចក្តីនុ៎ះ យ៉ាងនេះឯង បពិត្រមហារាជ ពួកជនណា គឺខត្តិយ​មហាសាល ព្រាហ្មណមហាសាល និងគហបតិមហាសាល ដែលស្តុកស្តម្ភ មានទ្រព្យច្រើន មានភោគៈច្រើន មានមាស និងប្រាក់ច្រើន មានគ្រឿង​ឧបករណ៍ ជាទីត្រេកអរច្រើន មានទ្រព្យ និងស្រូវច្រើន ពោលនូវ​ពាក្យកុហក ចំពោះហេតុដែល​ដឹងច្បាស់ ព្រោះកាមជាហេតុ ព្រោះកាមជាដំណើរ ព្រោះកាមជា​អធិករណ៍ អំពើ​នោះ នឹងប្រព្រឹត្តទៅ ដើម្បីមិនជាប្រយោជន៍ ដើម្បីសេចក្តីទុក្ខ អស់កាលជាអង្វែង ដល់ពួក​ជនទាំងនោះ។

[៣៤៩] ព្រះមានព្រះភាគ ទ្រង់បានត្រាស់ពាក្យនេះហើយ។បេ។

ពួកសត្វ មានសេចក្តីត្រេកអរខ្លាំង ក្នុងកាម និងភោគៈទាំងឡាយ ប្រាថ្នា​ជ្រុលជ្រប់ ក្នុងកាមទាំងឡាយ មិនដឹងនូវទោស ដែល​ប្រព្រឹត្តល្មើស ដូចជា​ត្រីមិនស្គាល់​លប ដែលគេដាក់ហើយ ពួកសត្វនោះ រមែង​មានសេចក្តីក្តៅក្រហាយ ក្នុងកាលជាខាងក្រោយ ព្រោះថា ផលនៃកម្មនោះ ជាផលលាមក។

មល្លិកាសូត្រ ទី៨

[៣៥០] ជិតក្រុងសាវត្ថី… សម័យនោះ ព្រះបាទបសេនទិកោសល គង់ក្នុងប្រាសាទ ដ៏ប្រសើរជាន់ខាងលើ ជាមួយនឹង​ព្រះនាង មល្លិកាទេវី ។ គ្រានោះ ព្រះបាទបសេនទិកោសល មានព្រះបន្ទូលនឹងព្រះនាងមល្លិកាទេវី ដូច្នេះថា ម្នាល​នាងមល្លិកា បុគ្គលដទៃណា ដែលជាទីស្រឡាញ់ ដោយវិសេសជាងខ្លួននាងទៅទៀត មានដែរឬ។ បពិត្រមហារាជ បុគ្គលដទៃណា ដែលជាទីស្រឡាញ់ ដោយវិសេសជាង​ខ្លួនខ្ញុំម្ចាស់ មិនមានទេ បពិត្រមហារាជ ចុះបុគ្គលដទៃនីមួយ ដែលជាទីស្រឡាញ់ ដោយវិសេសជាងខ្លួនព្រះអង្គទៅទៀត មានដែរឬ។ ម្នាលនាងមល្លិកា បុគ្គលដទៃ​នីមួយ ដែលជាទីស្រឡាញ់ ដោយវិសេសជាងខ្លួនយើងទៅទៀត មិនមានទេ។

[៣៥១] លំដាប់នោះ ព្រះបាទបសេនទិកោសល ទ្រង់ចុះអំពីប្រាសាទ ហើយស្តេចចូលទៅគាល់​ព្រះមានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំ​ព្រះមានព្រះភាគ ហើយគង់ក្នុងទីសមគួរ។ លុះព្រះបាទបសេនទិកោសល គង់​ក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូល​ព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ នៅក្នុងប្រាសាទ ដ៏ប្រសើរជាន់ខាងលើ ជាមួយនឹង​នាងមល្លិកាទេវី​ ក្នុងទីឯណោះ បានសួរនាងមល្លិកាទេវី ដូច្នេះថា ម្នាល​នាងមល្លិកា បុគ្គលដទៃណា ដែលជាទីស្រឡាញ់ ដោយវិសេសជាងខ្លួននាងទៅទៀត មានដែរឬ។ បពិត្រព្រះអង្គ​ដ៏ចម្រើន កាលបើខ្ញុំ​ព្រះអង្គ សួរយ៉ាងនេះហើយ នាងមល្លិកាទេវី ក៏ពោលតបមកនឹង​ខ្ញុំព្រះអង្គ ដូច្នេះថា បពិត្រមហារាជ បុគ្គលដទៃណា ដែលជាទីស្រឡាញ់ ដោយវិសេសជាង​​ខ្លួនខ្ញុំម្ចាស់ទៅទៀត មិនមានទេ បពិត្រមហារាជ ចុះបុគ្គលនីមួយ ដែលជាទីស្រឡាញ់ ដោយវិសេសជាងខ្លួនព្រះអង្គទៅទៀត មានដែរឬ បពិត្រព្រះអង្គដ៏ចំរើន កាលបើនាងមល្លិកាទេវី សួរយ៉ាងនេះហើយ ខ្ញុំព្រះអង្គឆ្លើយ​តបនាងមល្លិកាទេវី ដូច្នេះវិញថា ម្នាលនាងមល្លិកា បុគ្គលដទៃ​នីមួយ ដែលជាទី​ស្រឡាញ់ ដោយវិសេសជាងខ្លួនយើងទៅទៀត មិនមានទេ។

[៣៥២] លំដាប់នោះ ព្រះមានព្រះភាគ ជ្រាបច្បាស់នូវសេចក្តីនេះហើយ ក៏ត្រាស់​នូវគាថានេះ ក្នុងវេលានោះ ថា

បុគ្គល មានចិត្តរំពឹងគិតសព្វទិស រមែង​រកមិនឃើញនូវបុគ្គលជាទីស្រឡាញ់​ជាងខ្លួនក្នុងទីណាមួយទេ ខ្លួនទើបជាទីស្រឡាញ់ច្រើនជាងបុគ្គលដទៃ យ៉ាង​នោះឯង ព្រោះហេតុនោះ បុគ្គល ដែលស្រឡាញ់ខ្លួន មិនគប្បីបៀតបៀន​បុគ្គលដទៃឡើយ។

យញ្ញសូត្រ ទី៩

[៣៥៣] ជិតក្រុងសាវត្ថី… សម័យនោះ ព្រះបាទបសេនទិកោសល តាំងផ្តើមធ្វើមហាយ័ញ្ញ (បូជាធំ)។ ពួកគោឧសភៈ ៥០០ កូនគោឈ្មោល ៥០០ កូនគោញី ៥០០ ពពែ ៥០០ ចៀម ៥០០ គេចងភ្ជាប់នឹងសសរយ័ញ្ញ ដើម្បីបូជា។ ពួកជនណា ដែលជាខ្ញុំប្រុសក្តី ជាអ្នកបម្រើក្តី ជាអ្នកធ្វើការងារក្តី ជនទាំងនោះ ត្រូវ​អាជ្ញាគម្រាមហើយ ត្រូវ​ភ័យគម្រាមហើយ ក៏មានមុខទទឹកដោយទឹកភ្នែក ស្រែកយំ​ ធ្វើនូវបរិកម្មទាំងឡាយ (ការរំពឹងគិត)។

[៣៥៤] គ្រានោះ ពួកភិក្ខុច្រើនរូប ស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុង​បុព្វណ្ហសម័យ ចូលទៅកាន់ក្រុងសាវត្ថី ដើម្បីបិណ្ឌបាត លុះត្រាច់ទៅបិណ្ឌបាត ក្នុង​ក្រុងសាវត្ថីហើយ ត្រឡប់ពីបិណ្ឌបាតវិញ ក្នុងវេលាក្រោយភត្ត ក៏នាំគ្នាចូលទៅគាល់​ព្រះមានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំ​ព្រះមានព្រះភាគ ហើយ​អង្គុយក្នុងទីដ៏សមគួរ។ លុះភិក្ខុទាំងនោះ អង្គុយក្នុងទីសមគួរហើយ ក៏​ក្រាបបង្គំ​ទូលព្រះ​មាន​ព្រះ​ភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ព្រះបាទបសេនទិកោសល តាំងផ្តើម​ធ្វើមហាយ័ញ្ញ ក្នុងទីឯណោះ ពួកគោឧសភ៥០០ កូនគោឈ្មោល៥០០ កូនគោញី​៥០០ ពពែ៥០០ ចៀម៥០០ គេចងភ្ជាប់នឹងសសរយ័ញ្ញ ដើម្បីបូជា ពួកជនណា ដែលជាខ្ញុំប្រុសក្តី ជាអ្នកបម្រើក្តី ជាអ្នកធ្វើការងារក្តី ជនទាំងនោះ ត្រូវ​អាជ្ញា​គម្រាម​ហើយ ត្រូវ​ភ័យគម្រាមហើយ ក៏មានមុខទទឹកដោយទឹកភ្នែក ស្រែកយំ​ ធ្វើនូវ​បរិកម្មទាំងឡាយ។ ​

[៣៥៥] លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ជ្រាបច្បាស់នូវសេចក្តីនុ៎ះហើយ ទើបត្រាស់នូវគាថាទាំងនេះ ក្នុងវេលានោះថា

(មហាយ័ញ្ញទាំងឡាយ) មានការរវល់ច្រើន គឺ អស្សមេធៈ [អស្សមេធំ សម្លាប់សេះ។] ១ បុរិសមេធៈ [បុរិសមេធំ សម្លាប់បុរស] ១ សម្មាបាសៈ [សម្មាបាសំ ពួកជននាំគ្នាបោះកាំនឹម ទៅឰដ៏អាកាសរាល់ៗថ្ងៃ កាំនឹមនោះ ធ្លាក់ចុះត្រង់​កន្លែង​ណា ក៏នាំគ្នាទៅសាង​វេទិកា គឺទីសម្រាប់បូជាយ័ញ្ញត្រង់កន្លែងនោះ។]១ វាជបេយ្យ [វាជបេយ្យំ ផឹកទឹកផ្អែម មានសប្បិ និងទឹកឃ្មុំ ជាដើម។]១ និរគ្គឡៈ [និរគ្គឡំ មិនមានទ្វារបើកបិទ។]១ យ័ញ្ញទាំងនោះ មិនមែន​មានផលច្រើនទេ ពួកសត្វផ្សេងៗ គឺពពែ ចៀម គោ ត្រូវគេសម្លាប់ ក្នុងយ័ញ្ញណា ពួកបុគ្គល​អ្នកប្រតិបត្តិល្អ អ្នកស្វែង​រក​គុណដ៏ធំ រមែងមិនប្រកបនូវយ័ញ្ញនោះឡើយ មួយទៀត ពួកយ័ញ្ញណា មិនមាន​កិច្ចកង្វល់ ជនទាំងឡាយ តែងបូជាយ័ញ្ញទាំងនោះ តាមលំដាប់​ត្រកូល សព្វៗកាល ពួកសត្វផ្សេងៗ គឺពពែ ចៀម គោ បុគ្គលមិនបានសម្លាប់​ក្នុងយ័ញ្ញនុ៎ះទេ ពួកបុគ្គល​អ្នក​ប្រតិបត្តិល្អ អ្នកស្វែងរកគុណដ៏ធំ តែងប្រកបនូវយ័ញ្ញនុ៎ះ អ្នកប្រាជ្ញគប្បីបូជា​នូវ​យ័ញ្ញនុ៎ះ យ័ញ្ញនុ៎ះមានផលច្រើន ព្រោះថា កាលបើបុគ្គល​បូជា នូវយ័ញ្ញនុ៎ះហើយ គុណដ៏ប្រសើរ រមែងមាន ឯសេចក្តីអាក្រក់ មិនមានឡើយ។

យ័ញ្ញ ជាសភាវៈមានផលដ៏បរិបូណ៌ផង ទេវតាទាំងឡាយ រមែង​ជ្រះថ្លាផង។

ពន្ធនសូត្រ ទី១០

[៣៥៦] សម័យនោះ ព្រះបាទបសេនទិកោសល ទ្រង់បង្គាប់រាជបុរសឲ្យចង​ពួកមហាជន។ ជនពួក​ខ្លះ គេចងដោយខ្សែ ជនពួកខ្លះ គេចងដោយខ្នោះ ជនពួកខ្លះ គេចងដោយច្រវាក់។ គ្រានោះ ពួកភិក្ខុច្រើនរូប ស្លៀកស្បង់ប្រដាប់បាត្រ និងចីវរ ក្នុង​បុព្វណ្ហសម័យ ចូលទៅកាន់ក្រុងសាវត្ថី ដើម្បីបិណ្ឌបាត លុះត្រាច់ទៅបិណ្ឌបាត ក្នុងក្រុងសាវត្ថីហើយ ត្រឡប់មកពីបិណ្ឌបាតវិញ ក្នុងវេលាក្រោយភត្ត ក៏នាំគ្នាចូល​ទៅ​គាល់​ព្រះមានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំ​ព្រះមានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះភិក្ខុទាំងនោះ អង្គុយក្នុងទី​សមគួរ​ហើយ ក៏ក្រាបបង្គំ​ទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ក្នុងក្រុង​សាវត្ថីឯណោះ ព្រះបាទបសេនទិកោសល បង្គាប់រាជបុរស ឲ្យចងពួកមហាជន ជន​ពួកខ្លះ គេចងដោយខ្សែ ជនពួកខ្លះ គេចងដោយខ្នោះ ជនពួកខ្លះ គេចងដោយច្រវាក់។

[៣៥៧] លំដាប់នោះ ព្រះមានព្រះភាគ ជ្រាបច្បាស់នូវ​សេចក្តីនេះហើយ ទ្រង់​ត្រាស់​នូវគាថាទាំងនេះ ក្នុងវេលានោះថា ចំណងណា ធ្វើដោយដែកក្តី កើតដោយ​ឈើ​ក្តី កើតដោយស្មៅដំណេកទន្សាយក្តី អ្នកប្រាជ្ញទាំងឡាយ មិនបានពោលនូវ​ចំណង​នោះ ថាមាំទេ សេចក្តីអាឡោះអាល័យណា ប្រកបដោយសេចក្តីត្រេក ដ៏​ក្រៃលែង ក្នុងកែវមណី និងកុណ្ឌលផង ក្នុងកូន និងប្រពន្ធផង អ្នកប្រាជ្ញទាំង​ឡាយ ពោលនូវចំណងនុ៎ះ ថាជាចំណងមាំ ជាគ្រឿង​ទាញសត្វ ឲ្យចុះ​ក្នុងអបាយ ជាចំណងធូរ ប៉ុន្តែបុគ្គលស្រាយបានដោយក្រ អ្នកប្រាជ្ញទាំងឡាយ រមែង​កាត់នូវ​ចំណងនេះហើយ វៀរចេញស្រឡះ ជាអ្នកលះបង់នូវកាមសុខ មិនមានអាឡោះអាល័យ។

ចប់ ទហរវគ្គ ទី១។

ឧទ្ទាន នៃទហរវគ្គនោះ គឺ

ទហរសូត្រ ១ បុរិសសូត្រ ១ រាជសូត្រ ១ បិយសូត្រ ១ អត្តានរក្ខិតសូត្រ ១ អប្បកសូត្រ ១ អត្ថករណសូត្រ ១ មល្លិកាសូត្រ ១ យញ្ញសូត្រ ១ ពន្ធនសូត្រ ១។

ជដិលវគ្គ ទី២

ជដិលសូត្រ ទី១

[៣៥៨] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅលើមិគារមាតុប្រាសាទ ក្នុងបុព្វារាម ទៀបក្រុងសាវត្ថី។ ក៏សម័យនោះឯង ព្រះមានព្រះភាគ ទ្រង់ចេញចាកផល​សមាបត្តិ ក្នុងសាយណ្ហសម័យ ហើយទ្រង់គង់​ត្រង់ក្លោងទ្វារខាង​ក្រៅ។ គ្រានោះ​ ព្រះបាទបសេនទិកោសល ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ថ្វាយបង្គំ​ព្រះមានព្រះភាគហើយ ទ្រង់គង់នៅក្នុងទីសមគួរ។

[៣៥៩] ក៏សម័យនោះឯង ពួកជដិល៧នាក់ ពួកនិគ្រន្ថ៧នាក់ ពួកអចេល​៧នាក់ ពួកឯកសាដកបុគ្គល៧នាក់ ពួកបរិព្វាជក​៧នាក់ មានរោមក្លៀក មានក្រចក និងរោមឯទៀតដុះវែងៗ នាំគ្នារែកអម្រែកផ្សេងៗ ដើរជិតព្រះមានព្រះភាគ ហើយហួសទៅ។ លំដាប់នោះឯង ព្រះបាទបសេនទិកោសល ទ្រង់​ក្រោកអំពី​អាសនៈ ធ្វើនូវឧត្តរាសង្គ ឆៀងព្រះអង្សាម្ខាង លុតព្រះជានុមណ្ឌលខាងស្តាំលើផែនដី ប្រណម្យ​អញ្ជលី ចំពោះ​ជដិល​៧នាក់ផង និគ្រន្ថ៧នាក់ផង អចេល​៧នាក់ផង ឯកសាដកបុគ្គល៧នាក់ផង បរិព្វាជក៧នាក់ផង ទ្រង់ប្រកាសព្រះនាមអស់វារៈ​បីដងថា បពិត្រលោកទាំងឡាយដ៏ចម្រើន ខ្ញុំជា​ព្រះរាជាបសេនទិកោសល… ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បពិត្រលោកទាំងឡាយដ៏ចម្រើន ខ្ញុំជា​ព្រះរាជាបសេនទិកោសល។ កាលដែលជដិល​៧នាក់ ​​​​​​​​​​​​​​​​​​​​​​​និគ្រន្ថ៧នាក់ អចេល​៧នាក់ ឯកសាដកបុគ្គល៧នាក់ បរិព្វាជក៧នាក់ទាំង​នោះ ចៀសចេញទៅមិនយូរប៉ុន្មាន ទើបព្រះបាទបសេនទិកោសល ចូលទៅគាល់​ព្រះមានព្រះភាគ លុះស្តេចចូលទៅដល់ ថ្វាយបង្គំ​ព្រះមានព្រះភាគ ហើយទ្រង់​គង់ក្នុងទីសមគួរ។ លុះ​ព្រះបាទបសេនទិកោសល ទ្រង់គង់ក្នុងទីសមគួរហើយ ក្រាបបង្គំទូល​ព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន បុគ្គលទាំងឡាយ​ណា ជាព្រះអរហន្តក្តី ជាអ្នកដល់នូវព្រះអរហត្តមគ្គក្តី ក្នុងលោក បណ្តាបុគ្គល​ទាំងនោះ លោកអស់ទាំងនេះ ជាព្រះអរហន្តមួយដែរ។

[៣៦០] ព្រះអង្គត្រាស់តបថា បពិត្រមហារាជ ពាក្យថា បុគ្គលពួកនេះ ជា​ព្រះអរហន្តក្តី បុគ្គលពួកនេះ ដល់នូវ​អរហត្តមគ្គក្តី ដូច្នេះនេះ ព្រះអង្គជាគ្រហស្ថ នៅបរិភោគកាម អាស្រ័យ​ព្រះក្រឡាបន្ទំ ចង្អៀតដោយព្រះរាជបុត្រ ប្រើប្រាស់នូវ​ខ្លឹមចន្ទន៍ដ៏ល្អិត ទ្រទ្រង់នូវកម្រងផ្កា គ្រឿងក្រអូប និងគ្រឿងលាប ត្រេកអរ​នូវមាស​ និងប្រាក់ ក៏ដឹងបានដោយក្រពេកណាស់ បពិត្រមហារាជ សីល បុគ្គលគប្បី​ដឹង​បាន ដោយការនៅរួមគ្នា ក៏សីលនោះឯង បុគ្គលគប្បីដឹងបានដោយកាលវែង មិនគប្បី​ដឹងបានដោយកាលខ្លីទេ បុគ្គលធ្វើទុកក្នុងចិត្ត ទើបដឹងបាន បុគ្គលមិនធ្វើ​ទុកក្នុងចិត្ត មិនគប្បីដឹងបានឡើយ បុគ្គលមានបញ្ញា ទើបដឹងបាន បុគ្គលឥតបញ្ញា មិនគប្បី​ដឹង​បានឡើយ បពិត្រមហារាជ សេចក្តីស្អាត បុគ្គលគប្បីដឹងបាន ដោយពាក្យសំដី ឯសេចក្តីស្អាតនោះ បុគ្គលគប្បីដឹងបានដោយកាលវែង មិនគប្បី​ដឹងបានដោយ​កាលខ្លីឡើយ បុគ្គលធ្វើទុកក្នុងចិត្ត ទើបដឹងបាន បុគ្គលមិនធ្វើ​ទុកក្នុងចិត្ត មិនគប្បីដឹងបានឡើយ បុគ្គលមានបញ្ញា ទើបដឹងបាន បុគ្គលឥតបញ្ញា មិនគប្បី​ដឹង​បានឡើយ បពិត្រមហារាជ កម្លាំងបញ្ញា បុគ្គលគប្បីដឹង ក្នុងពេលដែល​មានសេចក្តីអន្តរាយ ឯកម្លាំងនោះ បុគ្គលគប្បីដឹងបានដោយកាលវែង មិនគប្បី​ដឹងបានដោយកាលខ្លីឡើយ បុគ្គលធ្វើទុកក្នុងចិត្ត ទើបដឹងបាន បុគ្គលមិនធ្វើ​ទុក​ក្នុង​ចិត្ត មិនគប្បីដឹងបានឡើយ បុគ្គលមានបញ្ញា ទើបដឹងបាន បុគ្គលឥតបញ្ញា មិនគប្បី​ដឹង​បានឡើយ បពិត្រមហារាជ បញ្ញា បុគ្គលគប្បីដឹងបាន ដោយការសាកសួរ ឯបញ្ញានោះ បុគ្គលគប្បីដឹងបានដោយកាលវែង មិនគប្បី​ដឹងបានដោយកាលខ្លីឡើយ បុគ្គលធ្វើទុកក្នុងចិត្ត ទើបដឹងបាន បុគ្គលមិនធ្វើ​ទុកក្នុងចិត្ត មិនគប្បីដឹងបានឡើយ បុគ្គលមានបញ្ញា ទើបដឹងបាន បុគ្គលឥតបញ្ញា មិនគប្បី​ដឹង​បានឡើយ។

[៣៦១] ព្រះបាទបសេនទិកោសល ទូលថា បពិត្រព្រះអង្គដ៏ចំរើន អស្ចារ្យណាស់ បពិត្រព្រះអង្គដ៏ចំរើន ចំឡែកណាស់ បពិត្រព្រះអង្គដ៏ចំរើន ព្រោះថា ព្រះអង្គបានសំដែង​សេចក្តីនេះថា បពិត្រមហារាជ ពាក្យនេះ ព្រះអង្គជាគ្រហស្ថ នៅបរិភោគកាម ដឹងបានដោយកម្រ។បេ។ បុគ្គលមានបញ្ញា ទើបដឹងបាន បុគ្គល​ឥត​បញ្ញា មិនគប្បីដឹងបានឡើយ បពិត្រព្រះអង្គដ៏ចំរើន ពួកបុរសរបស់ខ្ញុំព្រះអង្គ​ទាំងនេះ ជាអ្នកឈ្លបដើររករឿង បានដឹងរឿង​អ្នកជនបទ រួចត្រឡប់មកវិញ កាលបើ​បុរសទាំងនោះ យករឿង​បានមុនហើយ ទើបខ្ញុំព្រះអង្គពិនិត្យជាខាងក្រោយ បពិត្រព្រះអង្គដ៏ចំរើន ឥឡូវនេះ បុរសទាំងនោះ បានបន្សាត់បង់នូវធុលី និងមន្ទិល​នោះ ងូតដោយស្រួលបួល លាបដោយប្រពៃ ហើយកោរសក់ និងពុកមាត់ ស្លៀក​សំពត់​មានពណ៌ស ឲ្យគេបម្រើឆ្អែតស្កប់ស្កល់ ដោយកាមគុណទាំង៥។

[៣៦២] គ្រានោះ ព្រះមានព្រះភាគ ទ្រង់ជ្រាបនូវសេចក្តីនុ៎ះហើយ ទើបត្រាស់នូវ​គាថាទាំងឡាយនេះ ក្នុងវេលានោះថា

ជនមិនមែនមានជាតិល្អ ដោយសម្បុរ និងរូបទេ បុគ្គល​មិនត្រូវ​ស្និទ្ធ​ស្នាល​ដោយការឃើញភ្លាមទេ ព្រោះថា ពួកជនមិនសង្រួម ត្រាច់ទៅក្នុងលោកនេះ​បាន ដោយសារភណ្ឌបរិក្ខារ របស់ពួក​ជនដែល​សង្រួមល្អ កុណ្ឌល ជាវិការនៃដី មានរូប​ប្រៀបដូចជាកុណ្ឌលមាសក្តី មាសកជាវិការៈនៃលោហៈ ស្រោប​ដោយមាសក្តី (យ៉ាងណា) ជនទាំងឡាយ មានបរិវារហែហម មិនស្អាត​ខាងក្នុង ស្អាតតែខាងក្រៅ តែង​ត្រាច់ទៅក្នុងលោកបាន (យ៉ាងនោះដែរ)។

បញ្ចរាជសូត្រ ទី២

[៣៦៣]​ ព្រះមានព្រះភាគ ទ្រង់គង់នៅទៀបក្រុងសាវត្ថី… ក៏សម័យនោះឯង ព្រះរាជាទាំងឡាយ ៥អង្គ មានព្រះបាទបសេនទិ ជាប្រធាន កំពុងឲ្យគេ​បម្រើ​ឆ្អែតស្កប់ស្កល់​ ដោយកាមគុណ ទាំង៥ ក៏កើតមានអន្តរាកថា ដូច្នេះថា បណ្តា​កាមទាំងឡាយ អ្វីហ្ន៎ ប្រសើរជាងគេ។ បណ្តាព្រះរាជាទាំងនោះ ព្រះរាជាពួកខ្លះ ពោលយ៉ាងនេះថា បណ្តាកាមទាំងឡាយ រូបប្រសើរជាងគេ។ ព្រះរាជា​ពួកខ្លះ ពោល​យ៉ាងនេះថា បណ្តាកាមទាំងឡាយ សំឡេង​ប្រសើរជាងគេ។ ព្រះរាជា​ពួកខ្លះ ពោល​យ៉ាងនេះថា បណ្តាកាមទាំងឡាយ ក្លិនប្រសើរជាងគេ។ ព្រះរាជា​ពួកខ្លះ ពោល​យ៉ាងនេះថា បណ្តាកាមទាំងឡាយ រសប្រសើរជាងគេ។ ព្រះរាជា​ពួកខ្លះ ពោល​យ៉ាងនេះថា បណ្តាកាមទាំងឡាយ ផ្សព្វប្រសើរជាងគេ។ ព្រះរាជាទាំងនោះ មិន​អាចញុំាងគ្នា និងគ្នាឲ្យយល់​បានក្នុងកាលណាឡើយ ទើប​ព្រះបាទបសេនទិកោសល ទ្រង់ត្រាស់ពាក្យនេះ នឹងព្រះរាជាទាំងនោះថា ម្នាលគ្នាយើងទាំងឡាយ មក យើង​នឹងចូលទៅ​គាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ យើងនឹងទូលសួរនូវ​សេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ បើព្រះមានព្រះភាគ ទ្រង់ព្យាករចំពោះ​យើង​ទាំងឡាយយ៉ាងណា យើងទាំងឡាយ នឹងចាំទុកនូវ​ព្យាករណ៍នោះយ៉ាងនោះ។ ព្រះរាជាទាំងនោះ ទទួលស្តាប់​ (នូវ​ព្រះបន្ទូល)​ នៃ​ព្រះបាទបសេនទិកោសលថា ព្រះករុណាវិសេស។

[៣៦៤] លំដាប់នោះឯង ព្រះរាជាទាំង៥អង្គ មានព្រះបាទ​បសេនទិ ជាប្រធាន​នោះ ស្តេចចូលទៅគាល់​ព្រះមានព្រះភាគ លុះចូលទៅដល់ ថ្វាយ​បង្គំព្រះមានព្រះភាគ ហើយគង់នៅក្នុងទីសមគួរ។ លុះព្រះបាទ​បសេនទិកោសល គង់​ក្នុងទីសមគួរហើយ ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គទាំងឡាយ ជាព្រះរាជាទាំង៥ កំពុងឲ្យគេ​បម្រើ​ឆ្អែត​ស្កប់ស្កល់ ដោយកាមគុណទាំង៥ ក្នុងទីឯណោះ ក៏កើតមានអន្តរាកថា ដូច្នេះថា បណ្តាកាមទាំងឡាយ អ្វីហ្ន៎ ប្រសើរជាងគេ ព្រះរាជាពួកខ្លះ ពោលយ៉ាងនេះថា បណ្តាកាម​ទាំងឡាយ រូបប្រសើរជាងគេ ព្រះរាជាពួកខ្លះ ពោលយ៉ាងនេះថា បណ្តាកាម​ទាំងឡាយ សំឡេងប្រសើរជាងគេ ព្រះរាជាពួកខ្លះ ពោលយ៉ាងនេះថា បណ្តាកាម​ទាំងឡាយ ក្លិនប្រសើរជាងគេ ព្រះរាជាពួកខ្លះ ពោលយ៉ាងនេះថា បណ្តាកាម​ទាំងឡាយ រសប្រសើរជាងគេ ព្រះរាជាពួកខ្លះ ពោលយ៉ាងនេះថា បណ្តាកាម​ទាំងឡាយ ផ្សព្វប្រសើរជាងគេ បពិត្រព្រះអង្គដ៏ចំរើន បណ្តាកាមទាំង​ឡាយ អ្វីហ្ន៎ ដែលប្រសើរជាងគេ។

[៣៦៥] ព្រះអង្គត្រាស់ថា បពិត្រមហារាជ បណ្តាកាម​គុណទាំង៥ តថាគត​ពោល​សំដៅត្រង់របស់ជាទីគាប់ចិត្តបំផុត ថាប្រសើរជាងគេ បពិត្រមហារាជ ព្រោះថា រូបទាំងឡាយណា ជាទីគាប់ចិត្តរបស់បុគ្គលខ្លះ រូបទាំងនោះ ទៅជា​មិនគាប់ចិត្ត របស់​បុគ្គលខ្លះក៏មាន បុគ្គលនោះ មានសេចក្តីពេញចិត្ត មានតម្រិះបរិបូណ៌ដោយរូប​ទាំងឡាយណា បុគ្គលនោះ ក៏មិនប្រាថ្នារូបឯទៀត ដែលលើសលុប ឬឧត្តមជាងរូប​ទាំងនោះឡើយ រូបទាំងនោះ ជារូបក្រៃលែង របស់បុគ្គលនោះ រូបទាំងនោះ ជារូបប្រ​សើរលើស របស់បុគ្គលនោះ។ បពិត្រមហារាជ សំឡេងទាំងឡាយណា… បពិត្រមហារាជ ក្លិនទាំងឡាយណា… បពិត្រមហារាជ រសទាំងឡាយណា… បពិត្រមហារាជ ផ្សព្វទាំងឡាយណា ជាទីគាប់ចិត្តបុគ្គលខ្លះ ផ្សព្វទាំងនោះ ទៅជា​មិនជាទីគាប់ចិត្ត​បុគ្គលខ្លះក៏មាន បុគ្គលនោះ មានសេចក្តីពេញចិត្ត មានតម្រិះ​បរិបូណ៌ដោយផ្សព្វ​ទាំងឡាយណា បុគ្គលនោះ ក៏មិនប្រាថ្នានូវផ្សព្វឯទៀត សូម្បី​លើសលុប ឬឧត្តមជាងផ្សព្វ​ទាំងនោះឡើយ ផ្សព្វទាំងនោះ ជាផ្សព្វក្រៃលែង របស់បុគ្គលនោះ ផ្សព្វទាំងនោះ ជាផ្សព្វប្រ​សើរលើស របស់បុគ្គលនោះ។

[៣៦៦] ក្នុងសម័យនោះឯង ឧបាសកឈ្មោះ ចន្ទនង្គលិកៈ អង្គុយនៅក្នុង​បរិស័ទនោះ។ លំដាប់នោះ ចន្ទនង្គលិកឧបាសក ក្រោកអំពីអាសនៈ ធ្វើសំពត់​ឧត្តរាសង្គ ឆៀងស្មាម្ខាង ប្រណម្យអញ្ជលី ចំពោះព្រះមានព្រះភាគ ក្រាបបង្គំទូល​ព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះមានព្រះភាគ ខ្ញុំព្រះអង្គ សូមសំដែង​ហេតុមួយ បពិត្រព្រះសុគត ខ្ញុំព្រះអង្គ សូមសំដែង​ហេតុមួយ។ ព្រះមានព្រះភាគ បានត្រាស់ថា ម្នាលចន្ទនង្គលិកៈ អ្នកចូរសំដែង​ហេតុនោះចុះ។ លំដាប់នោះ ចន្ទនង្គលិកឧបាសក បាន​សរសើរព្រះមានព្រះភាគ ក្នុងទីចំពោះព្រះភក្ត្រ ដោយគាថាដ៏សមគួរ ដល់​សេចក្តីនោះថា

ផ្កាឈូក (ក្រហមច្រាល) រីកក្នុងវេលាព្រឹក មានក្លិនក្រអូប មិនប្រាសចាកក្លិន យ៉ាងណា អ្នកចូរមើលនូវ​ព្រះសម្មាសម្ពុទ្ធ មានរស្មីផ្សាយចេញអំពីព្រះអង្គ កំពុង​រុងរឿង ដូចព្រះអាទិត្យ ដែលរុងរឿងក្នុងអាកាស យ៉ាងនោះឯង។

[៣៦៧] គ្រានោះឯង ព្រះរាជាទាំង៥អង្គនោះ ទ្រង់បានបំពាក់នូវ​ចន្ទនង្គលិកឧបាសក ដោយសំពត់ឧត្តរាសង្គទាំង៥។ លំដាប់នោះឯង ចន្ទនង្គលិកឧបាសក ថ្វាយសំពត់​ឧត្តរាសង្គទាំង៥នោះ ដល់ព្រះមានព្រះភាគ។

ទោណបាកសូត្រ ទី៣

[៣៦៨] ព្រះមានព្រះភាគ គង់នៅទៀបក្រុងសាវត្ថី… ក៏ក្នុងសម័យនោះឯង ព្រះបាទបសេនទិកោសល ទ្រង់សោយនូវ​ព្រះស្ងោយ ដែលពួកពិសេសចំអិនដោយ​អង្ករមួយទោណៈ។ លំដាប់នោះឯង ព្រះបាទបសេនទិកោសល ទ្រង់សោយរួចហើយ ទ្រង់​ដក​ព្រះអស្សាសៈធំ ស្តេចចូលទៅគាល់​ព្រះមានព្រះភាគ លុះស្តេចចូលទៅដល់ ថ្វាយបង្គំ​ព្រះមានព្រះភាគហើយ គង់ក្នុងទីសមគួរ។

[៣៦៩] លំដាប់នោះឯង ព្រះមានព្រះភាគ ទ្រង់ជ្រាបច្បាស់ថា ព្រះបាទបសេនទិកោសលនោះ សោយរួចហើយ ទ្រង់ដក​ព្រះអស្សាសៈធំ ទើប​ត្រាស់នូវគាថានេះ ក្នុងវេលានោះថា

មនុស្ស មានស្មារតីសព្វកាល ដឹងប្រមាណក្នុងភោជនដែលខ្លួនបានហើយ រមែង​មានវេទនាស្រាល អាហារនោះ តែងរក្សាអាយុ ជ្រួតជ្រាបបន្តិចម្តងៗ។

[៣៧០] ក៏សម័យនោះឯង មាណពឈ្មោះ សុទស្សនៈ ឈរនៅក្រោយព្រះបិដ្ឋិ នៃ​ព្រះបាទបសេនទិកោសល។ គ្រានោះ ព្រះបាទបសេនទិកោសល ទ្រង់ហៅ​សុទស្សនមាណព មកថា ម្នាលបាសុទស្សនៈ អ្នកចូរមករៀននូវគាថានេះ ក្នុងសំណាក់នៃ​ព្រះមានព្រះភាគ ហើយសូត្រក្នុងកាលដែលនាំមកនូវភត្តដល់អញ អញនឹង​ឲ្យកហាបណៈមួយរយ ជានិច្ចភត្ត ដល់អ្នករាល់ថ្ងៃ។ សុទស្សនមាណព ទទួល​ព្រះរាជឱង្ការព្រះបាទបសេនទិកោសលថា សូមទ្រង់ព្រះមេត្តាប្រោស ប្រសើរ​ណាស់ ក៏រៀននូវគាថានេះ ក្នុងសំណាក់នៃព្រះមានព្រះភាគហើយ សូត្រក្នុង​កាលនាំភត្តមកថ្វាយព្រះបាទបសេនទិកោសលថា

មនុស្ស មានស្មារតីសព្វកាល ដឹងប្រមាណក្នុងភោជនដែលខ្លួនបានហើយ រមែង​មានវេទនាស្រាល អាហារនោះ តែងរក្សាអាយុ ជ្រួតជ្រាបបន្តិចម្តងៗ។

[៣៧១] គ្រានោះឯង ព្រះបាទបសេនទិកោសល ទ្រង់កំណត់អង្ករមួយ​នាឡិតាមលំដាប់។ ក្នុងសម័យតមកទៀត ទើបព្រះបាទបសេនទិកោសល មានព្រះកាយ​ផូរផង់ល្អ ទ្រង់យកព្រះហស្តស្ទាបព្រះអង្គហើយ បន្លឺនូវឧទាននេះ ក្នុងវេលានោះថា ឱហ្ន៎ ព្រះមានព្រះភាគនោះ ទ្រង់អនុគ្រោះយើងដោយប្រយោជន៍​២​ប្រការគឺ ប្រយោជន៍បច្ចុប្បន្ន១ ប្រយោជន៍បរលោក១។

បឋមសង្គាមវត្ថុសូត្រ ទី៤

[៣៧២] ព្រះមានព្រះភាគ ទ្រង់គង់នៅទៀបក្រុងសាវត្ថី… គ្រានោះឯង ព្រះបាទ​អជាតសត្តុវេទេហិបុត្ត ជាឥស្សរៈក្នុងដែនមគធៈ ទ្រង់រៀបចតុរង្គសេនា លើក​ទៅច្បាំងនឹងព្រះបាទបសេនទិកោសល ឰដ៏ដែនកាសី។ ព្រះបាទបសេនទិកោសល បានឮដំណឹង​ថា ព្រះបាទ​អជាតសត្តុវេទេហិបុត្ត ជាឥស្សរៈក្នុងដែនមគធៈ រៀបចតុរង្គសេនា លើកមកច្បាំងនឹងព្រះអង្គ ឰដ៏ដែនកាសីហើយ។ ទើបព្រះបាទបសេនទិកោសល ទ្រង់រៀបចតុរង្គសេនា តទល់គ្នានឹងព្រះបាទ​អជាតសត្តុវេទេហិបុត្ត ជាឥស្សរៈក្នុងដែនមគធៈ ឰដ៏ដែនកាសី។ គ្រានោះឯង ព្រះបាទ​អជាតសត្តុវេទេហិបុត្ត ជាឥស្សរៈក្នុងដែនមគធៈ និងព្រះបាទ​បសេនទិកោសលច្បាំងគ្នា។ ក៏ក្នុងសង្គ្រាមនោះឯង ព្រះបាទ​អជាតសត្តុវេទេហិបុត្ត ជាឥស្សរៈក្នុងដែនមគធៈ ទ្រង់ផ្ចាញ់ព្រះបាទបសេនទិកោសលបាន។ លុះព្រះបាទបសេនទិកោសល ទ្រង់បរាជ័យហើយ ក៏ស្តេចចូល​មកកាន់ក្រុងសាវត្ថី ជា​ព្រះរាជធានីរបស់ព្រះអង្គវិញ។

[៣៧៣] គ្រានោះឯង ភិក្ខុច្រើនរូបស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ចូលទៅកាន់ក្រុងសាវត្ថី ដើម្បីបិណ្ឌបាត លុះត្រាច់បិណ្ឌបាត ក្នុង​ក្រុងសាវត្ថីហើយ ត្រឡប់មកពីបិណ្ឌបាតវិញ ក្នុងវេលាក្រោយភត្ត ក៏ចូលទៅគាល់​ព្រះមានព្រះភាគ លុះចូលទៅដល់ ថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះភិក្ខុទាំងអម្បាលនោះ អង្គុយក្នុងទីសមគួរហើយ ក្រាបបង្គំទូលព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន ក្នុងវេលានេះ ព្រះបាទ​អជាតសត្តុវេទេហិបុត្ត ជាឥស្សរៈក្នុងដែនមគធៈ ទ្រង់រៀបចតុរង្គសេនា ទៅច្បាំងនឹង​ព្រះបាទបសេនទិកោសល ឰដ៏ដែនកាសីឯណោះ បពិត្រព្រះអង្គដ៏ចំរើន ឯព្រះបាទបសេនទិកោសល បានឮដំណឹងថា ព្រះបាទ​អជាតសត្តុវេទេហិបុត្ត ជាឥស្សរៈក្នុងដែនមគធៈ ទ្រង់រៀបចតុរង្គសេនា មកច្បាំងនឹងព្រះអង្គ ឰដ៏ដែនកាសីហើយ បពិត្រព្រះអង្គដ៏ចំរើន គ្រានោះឯង ព្រះបាទបសេនទិកោសល ក៏ទ្រង់រៀបចតុរង្គសេនា ទៅតទល់គ្នានឹងព្រះបាទ​អជាតសត្តុវេទេហិបុត្ត ជាឥស្សរៈក្នុងដែនមគធៈ ឰដ៏ដែនកាសី បពិត្រព្រះអង្គដ៏ចំរើន គ្រានោះ ព្រះបាទ​អជាតសត្តុវេទេហិបុត្ត ជាឥស្សរៈ ក្នុងដែនមគធៈ និងព្រះបាទបសេនទិកោសល ក៏បានច្បាំងគ្នា បពិត្រព្រះអង្គដ៏ចំរើន ក៏ក្នុងសង្គ្រាមនោះឯង ព្រះបាទ​អជាតសត្តុវេទេហិបុត្ត ទ្រង់ផ្ចាញ់ព្រះបាទបសេនទិកោសល ឲ្យចាញ់បាន បពិត្រព្រះអង្គដ៏ចំរើន លុះព្រះបាទបសេនទិកោសល ទ្រង់បរាជ័យហើយ ក៏ស្តេចចូលមកកាន់ក្រុងសាវត្ថី ជាព្រះរាជធានីរបស់ព្រះអង្គវិញ។

[៣៧៤] ព្រះអង្គត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ព្រះបាទ​អជាតសត្តុវេទេហិបុត្ត ជាឥស្សរៈ ក្នុងដែនមគធៈ មានមិត្តអាក្រក់ មានសំឡាញ់អាក្រក់ មានព្រះទ័យ​ឱន​ទៅរកសេចក្តីអាក្រក់ ក៏ឯព្រះបាទបសេនទិកោសល មានមិត្តល្អ មានសំឡាញ់ល្អ មាន​ព្រះទ័យឱនទៅរកសេចក្តីល្អ ម្នាលភិក្ខុទាំងឡាយ ក្នុងថ្ងៃនេះ ព្រះបាទបសេនទិកោសល ទ្រង់បរាជ័យ ហើយផ្ទំជាទុក្ខក្នុងរាត្រីនេះ ដោយប្រការយ៉ាងនេះ។

[៣៧៥] ព្រះមានព្រះភាគ បានត្រាស់នូវភាសិតនេះ។បេ។

បុគ្គលអ្នកឈ្នះ តែងប្រទះពៀរ បុគ្គលអ្នកចាញ់ តែងដេកកើតទុក្ខ បុគ្គល​អ្នកស្ងប់រម្ងាប់ លះបង់នូវការឈ្នះ និងការចាញ់បានហើយ តែងដេក​ជាសុខ។

ទុតិយសង្គាមវត្ថុសូត្រ ទី៥

[៣៧៦] គ្រានោះឯង ព្រះបាទ​អជាតសត្តុ វេទេហិបុត្ត ជាឥស្សរៈក្នុងដែន​មគធៈ ទ្រង់រៀបចតុរង្គសេនា ទៅច្បាំងនឹង​ព្រះបាទបសេនទិកោសល ឰដ៏ដែន​កាសី។ ព្រះបាទបសេនទិកោសល បានឮដំណឹងថា ព្រះបាទ​អជាតសត្តុវេទេហិបុត្ត ជាឥស្សរៈក្នុងដែនមគធៈ រៀបចតុរង្គសេនា លើកមកច្បាំងនឹងព្រះអង្គ ឰដ៏ដែន​កាសី​ហើយ។ ទើបព្រះបាទបសេនទិកោសល ស្តេចរៀបចតុរង្គសេនា ទៅតទល់គ្នា នឹង​ព្រះបាទ​​អជាតសត្តុវេទេហិបុត្ត ជាឥស្សរៈក្នុងដែនមគធៈ ឰដ៏ដែនកាសី។ គ្រានោះ​ឯង ព្រះបាទ​អជាតសត្តុវេទេហិបុត្ត ជាឥស្សរៈ ក្នុងដែនមគធៈ និង​ព្រះបាទ​បសេនទិកោសល ក៏ច្បាំងគ្នា។ ឯក្នុងសង្គ្រាមនោះឯង ព្រះបាទបសេនទិកោសល ញុំាងព្រះបាទអជាតសត្តុវេទេហិបុត្ត ជាឥស្សរៈ ក្នុងដែនមគធៈ ឲ្យចាញ់ ហើយចាប់យក​ព្រះបាទអជាតសត្តុវេទេហិបុត្ត ជាឥស្សរៈ ក្នុងដែនមគធៈនោះបានទាំងរស់។

[៣៧៧] គ្រានោះឯង ព្រះបាទបសេនទិកោសល មានសេចក្តីត្រិះរិះថា ព្រះបាទអជាតសត្តុវេទេហិបុត្ត ជាឥស្សរៈ ក្នុងដែនមគធៈនេះ ប្រទូស្តនឹងអាត្មាអញ ដែល​ជាអ្នកមិនប្រទូស្ត ពិតមែនហើយ តែថាស្តេចនោះ ត្រូវជាក្មួយរបស់អាត្មាអញ បើ​ដូច្នោះ មានតែអាត្មាអញ រឹបយកពលដំរីទាំងអស់ រឹបយកពលសេះទាំងអស់ រឹប​យកពលរថទាំងអស់ រឹបយកពលថ្មើរជើងទាំងអស់ របស់ព្រះបាទ​អជាតសត្តុ វេទេហិបុត្ត ជាឥស្សរៈ ក្នុងដែនមគធៈ ហើយលែង​ព្រះបាទ​អជាតសត្តុនោះ ឲ្យរួចទៅ​ទាំងរស់វិញ។ លំដាប់នោះឯង ព្រះបាទបសេនទិកោសល បាន​រឹបយកពលដំរី​ទាំងអស់ រឹបយកពលសេះទាំងអស់ រឹប​យកពលរថទាំងអស់ រឹបយកពលថ្មើរជើង​ទាំងអស់ របស់ព្រះបាទ​អជាតសត្តុ វេទេហិបុត្ត ជាឥស្សរៈ ក្នុងដែនមគធៈ ហើយ​លែង​​ព្រះបាទ​អជាតសត្តុនោះ ឲ្យរួចទៅទាំងរស់វិញ។

[៣៧៨] គ្រានោះឯង ភិក្ខុច្រើនរូប ស្លៀកស្បង់ ប្រដាប់បាត្រ ចីវរក្នុងបុព្វណ្ហ​សម័យ ចូលទៅបិណ្ឌបាតក្នុងក្រុងសាវត្ថី លុះត្រាច់ទៅបិណ្ឌបាត ក្នុងក្រុងសាវត្ថី​ហើយ ត្រឡប់មកពីបិណ្ឌបាតវិញ ក្នុងពេលក្រោយភត្ត ក៏ចូលទៅគាល់​ព្រះមានព្រះភាគ លុះចូលទៅដល់ ថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះភិក្ខុទាំងនោះ អង្គុយក្នុងទីសមគួរហើយ ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ព្រះបាទ​អជាតសត្តុ វេទេហិបុត្ត ជាឥស្សរៈ ក្នុងដែនមគធៈ រៀបចតុរង្គសេនា លើកទៅច្បាំងនឹង​ព្រះបាទបសេនទិកោសល ឰដ៏ដែនកាសីឯណោះ បពិត្រព្រះអង្គដ៏ចំរើន ឯព្រះបាទបសេនទិកោសល បានឮដំណឹងថា ព្រះបាទ​អជាតសត្តុ វេទេហិបុត្ត ជាឥស្សរៈ ក្នុងដែនមគធៈ រៀបចតុរង្គសេនា លើកមកច្បាំងនឹងព្រះអង្គ ឰដ៏ដែនកាសី​ហើយ បពិត្រព្រះអង្គដ៏ចំរើន ទើបព្រះបាទបសេនទិកោសល រៀបចតុរង្គសេនា ទៅចាំតទល់គ្នា នឹងព្រះបាទ​អជាតសត្តុ វេទេហិបុត្ត ជាឥស្សរៈ ក្នុងដែនមគធៈ ឰដ៏ដែន​កាសី បពិត្រព្រះអង្គដ៏ចំរើន ឯព្រះបាទ​អជាតសត្តុ វេទេហិបុត្ត ជាឥស្សរៈ ក្នុងដែនមគធៈ និងព្រះបាទបសេនទិកោសល ក៏ច្បាំងគ្នា បពិត្រព្រះអង្គដ៏ចំរើន ក៏ក្នុង​សង្គ្រាមនោះ ព្រះបាទបសេនទិកោសល ទ្រង់ផ្ចាញ់ព្រះបាទ​អជាតសត្តុ វេទេហិបុត្ត ជាឥស្សរៈ ក្នុងដែនមគធៈ ឲ្យបរាជ័យហើយ ចាប់យកព្រះបាទ​អជាតសត្តុនោះបានទាំងរស់ បពិត្រព្រះអង្គដ៏ចំរើន គ្រានោះឯង ព្រះបាទបសេនទិកោសល មានសេចក្តីត្រិះរិះ ដូច្នេះថា ព្រះបាទ​អជាតសត្តុ វេទេហិបុត្ត ជាឥស្សរៈ ក្នុងដែនមគធៈនេះ ប្រទូស្តចំពោះអាត្មាអញ ដែលជាអ្នក​មិន​ប្រទូស្តក៏មែនហើយ តែថា ស្តេចនោះ ត្រូវជាក្មួយរបស់អាត្មាអញ បើដូច្នោះ មានតែ​អាត្មាអញ រឹបយកពលដំរីទាំងអស់ រឹបយកពលសេះទាំងអស់ រឹបយកពលរថទាំងអស់ រឹបយកពលថ្មើរជើងទាំងអស់ របស់ព្រះបាទ​អជាតសត្តុ វេទេហិបុត្ត ជាឥស្សរៈ ក្នុងដែនមគធៈ ហើយលែង​ព្រះបាទ​អជាតសត្តុនោះ ឲ្យរួច​ទៅទាំងរស់វិញ។ បពិត្រព្រះអង្គដ៏ចំរើន គ្រានោះ ព្រះបាទបសេនទិកោសល ក៏បាន​​រឹបយកពលដំរីទាំងអស់ រឹបយកពលសេះទាំងអស់ រឹបយកពលរថទាំងអស់ រឹបយកពលថ្មើរជើងទាំងអស់ របស់ព្រះបាទ​អជាតសត្តុ វេទេហិបុត្ត ជាឥស្សរៈ ក្នុងដែនមគធៈ ហើយលែង​ព្រះបាទ​អជាតសត្តុនោះ ឲ្យរួច​ទៅទាំងរស់វិញ។

[៣៧៩] គ្រាកាលដែលព្រះមានព្រះភាគ ជ្រាបសេចក្តីនុ៎ះច្បាស់ហើយ ទ្រង់​ត្រាស់ព្រះគាថាទាំងនេះ ក្នុងវេលានោះថា

ការរឹបជាន់ សម្រេច​ដល់បុរសនោះ ដរាបណា បុរសនោះ ឈ្មោះថា រឹបជាន់គេ ដរាបនោះ ជនទាំងឡាយដទៃ រឹបជាន់គេក្នុងកាលណា គេដែលពួកជន​ដទៃរឹប​ជាន់នោះ នឹងរឹបជាន់វិញ ក្នុងកាលនោះ បាបមិនទាន់ឲ្យផល ដរាបណា បុគ្គលពាល តែងសំគាល់បាបនោះថា គ្រាន់តែជាហេតុ ដរាបនោះ លុះតែបាបឲ្យផល ក្នុងកាលណា បុគ្គលពាល រមែងដល់នូវទុក្ខ ក្នុងកាលនោះ អ្នកសម្លាប់គេ តែង​បានគេ​សម្លាប់​ខ្លួនវិញ អ្នកឈ្នះគេ តែង​បានគេឈ្នះខ្លួនវិញ អ្នកជេរគេ តែង​បានគេជេរខ្លួនវិញ អ្នកប្រទូស្តគេ តែងបានគេប្រទូស្តខ្លួនវិញ មួយទៀត អ្នកដែល​គេរឹបជាន់នោះ រមែង​រឹបជាន់គេវិញ តាមការដែលផ្លាស់​ប្តូរនៃកម្ម។

ធីតុសូត្រ ទី៦

[៣៨០] សាវត្ថីនិទាន។ គ្រានោះឯង ព្រះបាទបសេនទិកោសល ស្តេចចូលទៅ​គាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ថ្វាយបង្គំព្រះមានព្រះភាគហើយ ទ្រង់គង់​នៅ​ក្នុងទីសមគួរ។ លំដាប់នោះ បុរសម្នាក់ ចូលទៅគាល់​ព្រះបាទបសេនទិកោសល លុះចូលទៅដល់ហើយ ខ្សឹបទូលព្រះបាទបសេនទិកោសលថា បពិត្រ​ព្រះសម្មតិទេព ព្រះនាងមល្លិកាទេវី ប្រសូតព្រះរាជធីតាហើយ។ កាលបើបុរសនោះ ក្រាបបង្គំទូល​យ៉ាងនេះហើយ ព្រះបាទបសេនទិកោសល ក៏មានព្រះហឫទ័យអាក់អន់។

[៣៨១] លុះព្រះមានព្រះភាគ ទ្រង់ជ្រាបថា ព្រះបាទបសេនទិកោសល មាន​ព្រះហឫទ័យអាក់អន់ហើយ ទើបត្រាស់នូវគាថាទាំងឡាយនេះ ក្នុងវេលានោះថា

បពិត្រព្រះអង្គជាធំជាងជន សូមព្រះអង្គចិញ្ចឹមតែស្ត្រីមួយពួក ដែល​មានបញ្ញា មានសីល មានម្តាយក្មេក និងឪពុកក្មេកដូចជាទេព្តា ជាអ្នក​ធ្វើវត្តដល់​ប្តី ជាស្ត្រីប្រសើរ បពិត្រព្រះអង្គជាធំក្នុងទិស បុរសណា កើតចាកស្ត្រីនោះ បុរសនោះ ជាអ្នកក្លៀវក្លា ឯបុត្តនៃភរិយាល្អប្រាកដដូច្នោះ តែងប្រៀនប្រដៅនូវជន ដែលនៅ​ក្នុងដែនបាន។

បឋមអប្បមាទសូត្រ ទី៧

[៣៨២] ទៀបក្រុងសាវត្ថី… លុះព្រះបាទបសេនទិកោសល គង់ក្នុងទីសម​គួរហើយ ទ្រង់ត្រាស់នឹងព្រះមានព្រះភាគ ដូច្នេះថា ធម៌តែមួយ ដែលឲ្យសម្រេច​ប្រយោជន៍ទាំងពីរ គឺប្រយោជន៍ក្នុងលោកនេះ១ ប្រយោជន៍ក្នុងលោកខាងមុខ១ មានដែរឬ ព្រះអង្គ។ ព្រះអង្គត្រាស់ថា ធម៌តែមួយ ដែលឲ្យសម្រេច​ប្រយោជន៍ទាំងពីរ គឺប្រយោជន៍ក្នុងលោកនេះ១ ប្រយោជន៍ក្នុងលោកខាងមុខ១ មានដែរ មហារាជ។ បពិត្រព្រះអង្គដ៏ចំរើន ធម៌តែមួយ ដែលឲ្យសម្រេច​ប្រយោជន៍ទាំងពីរ គឺប្រយោជន៍​ក្នុងលោកនេះ១ ប្រយោជន៍ក្នុងលោកខាងមុខ១ តើដូចម្តេចខ្លះ។

[៣៨៣] ព្រះអង្គត្រាស់ថា បពិត្រមហារាជ ធម៌តែមួយ គឺអប្បមាទធម៌ តែង​ឲ្យ​សម្រេច​​ប្រយោជន៍ទាំងពីរ គឺប្រយោជន៍ក្នុងលោកនេះ១ ប្រយោជន៍​ក្នុងលោក​ខាង​មុខ១។ បពិត្រមហារាជ ដានជើងណាមួយ នៃពួកសត្វដែលដើរលើផែនដី ដានជើង​ទាំង​អស់នោះ រមែងប្រជុំចុះ ក្នុងដាន​ជើងដំរី ដានជើងដំរី ប្រាកដជាធំជាងដាន​ជើងសត្វទាំងអម្បាលនោះ ព្រោះថា ដានជើងដំរី ជាដានជើងធំ យ៉ាងណាមិញ បពិត្រ​មហារាជ ធម៌តែមួយ គឺអប្បមាទធម៌ តែង​ឲ្យសម្រេច​ប្រយោជន៍ទាំងពីរ គឺ​ប្រយោជន៍ក្នុងលោកនេះ១ ប្រយោជន៍ក្នុងលោកខាងមុខ១ យ៉ាងនោះឯង។

[៣៨៤] ព្រះមានព្រះភាគ បានត្រាស់ភាសិតនេះ។បេ។

បុគ្គល កាលប្រាថ្នានូវអាយុ ភាពជាអ្នក​មិនមានរោគ សម្បុរកាយ ឋានសួគ៌ ត្រកូលខ្ពស់ និងសេចក្តីត្រេកអរទាំងឡាយ ដ៏លើសលុបតៗទៅ (គួរតែធ្វើសេចក្តីមិន​ប្រមាទ) បណ្ឌិតទាំងឡាយ តែងសរសើរសេចក្តីមិនប្រមាទ ក្នុងបុញ្ញកិរិយាវត្ថុទាំង​ឡាយ បណ្ឌិតជាអ្នកមិនប្រមាទ តែងបានប្រយោជន៍​ទាំងពីរ គឺប្រយោជន៍​ណា ក្នុង​បច្ចុប្បន្នក្តី ប្រយោជន៍ណា ដែលមានក្នុងបរលោកក្តី ធីរជន ឈ្មោះថាបណ្ឌិត ព្រោះ​ការបាននូវប្រយោជន៍ទាំងពីរនោះ។

ទុតិយអប្បមាទសូត្រ ទី៨

[៣៨៥] ព្រះមានព្រះភាគ គង់នៅទៀបក្រុងសាវត្ថី… គង់នៅក្នុងទីសមគួរ។ លុះព្រះបាទបសេនទិកោសល គង់ក្នុងទីសមគួរហើយ បានក្រាបបង្គំទូល​ព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន កាលខ្ញុំព្រះអង្គពួនសម្ងំនៅក្នុងទី​ស្ងាត់ ក្នុងទីឯណោះ មានសេចក្តីត្រិះរិះ​ក្នុងចិត្តកើតឡើងយ៉ាងនេះថា ធម៌ដែល​ព្រះមានព្រះភាគ​ត្រាស់​ហើយដោយប្រពៃ ធម៌នោះឯង ជារបស់បុគ្គល​អ្នកមានមិត្តល្អ អ្នកមានសម្លាញ់ល្អ អ្នកបង្អោន​ទៅរកកល្យាណជន មិនមែន​ជារបស់បុគ្គល អ្នកមានមិត្តអាក្រក់ អ្នកមានសម្លាញ់អាក្រក់ អ្នកបង្អោន​ទៅរក​បាបជនឡើយ។ បពិត្រមហារាជ នុ៎ះ​យ៉ាងនេះមែនហើយ បពិត្រមហារាជ នុ៎ះយ៉ាង​នេះ​មែនហើយ បពិត្រមហារាជ ធម៌ដែល​តថាគតត្រាស់ហើយដោយប្រពៃ ធម៌នោះឯង ជារបស់បុគ្គលអ្នកមានមិត្តល្អ អ្នកមានសម្លាញ់ល្អ អ្នកបង្អោន​ទៅរកកល្យាណជន មិនមែនជារបស់បុគ្គលអ្នកមានមិត្តអាក្រក់ អ្នកមានសម្លាញ់​អាក្រក់ អ្នកបង្អោនទៅរកបាបជនឡើយ។

[២៨៦] បពិត្រមហារាជ សម័យមួយ តថាគតនៅក្នុងនិគមឈ្មោះនគរកៈ របស់ពួកសក្យជន ក្នុងសក្កជនបទឯណោះ។ បពិត្រមហារាជ លំដាប់នោះឯង ភិក្ខុឈ្មោះអានន្ទ បានចូលទៅរកតថាគត លុះចូលទៅដល់ ថ្វាយបង្គំតថាគតហើយ អង្គុយក្នុងទីសមគួរ។ បពិត្រមហារាជ លុះអានន្ទភិក្ខុ អង្គុយក្នុងទីសមគួរហើយ បានក្រាបទូលតថាគត ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ភាពនៃបុគ្គល​អ្នកមានមិត្តល្អ អ្នកមានសម្លាញ់ល្អ អ្នកបង្អោនទៅរកកល្យាណជន នេះជាគុណពាក់កណ្តាល របស់​មគ្គព្រហ្មចរិយៈ។ បពិត្រមហារាជ កាលអានន្ទភិក្ខុ ​ក្រាបទូលយ៉ាងនេះហើយ តថាគត បានត្រាស់នឹងអានន្ទភិក្ខុ ដូច្នេះថា ម្នាលអានន្ទ អ្នកកុំនិយាយ​យ៉ាងនេះ​ឡើយ ឯភាព​នៃ​បុគ្គលអ្នកមានមិត្តល្អ អ្នកមានសម្លាញ់ល្អ អ្នកបង្អោនទៅរក​កល្យាណ​ជន នេះចាត់​ជាមគ្គព្រហ្មចរិយៈទាំងមូល ម្នាលអានន្ទ មគ្គព្រហ្មចរិយៈនុ៎ះ កើតប្រាកដ ដល់​ភិក្ខុដែលជាអ្នកមានមិត្តល្អ អ្នកមានសម្លាញ់ល្អ អ្នកបង្អោនទៅរក​កល្យាណ​ជន ភិក្ខុនោះ នឹងចម្រើននូវមគ្គ ប្រកបដោយអង្គ៨ដ៏ប្រសើរ និងធ្វើឲ្យរឿយៗ នូវមគ្គ ប្រកប​ដោយអង្គ៨ដ៏ប្រសើរ។

[៣៨៧] ម្នាលអានន្ទ ចុះភិក្ខុអ្នកមានមិត្តល្អ អ្នកមានសម្លាញ់ល្អ អ្នកបង្អោន​ទៅរក​កល្យាណជន ចម្រើននូវមគ្គ ប្រកបដោយអង្គ៨ ដ៏ប្រសើរ ធ្វើឲ្យរឿយៗ នូវមគ្គ ប្រកប​ដោយអង្គ៨ដ៏ប្រសើរ ដូចម្តេច។ ម្នាលអានន្ទ ភិក្ខុក្នុងសាសនានេះ ចម្រើននូវ​សម្មាទិដ្ឋិ ដែលអាស្រ័យវិវេក អាស្រ័យវិរាគ អាស្រ័យនិរោធ មានកិរិយាបង្អោនចិត្ត​ទៅ​ ដើម្បីលះកិលេស ចម្រើននូវសម្មាសង្កប្ប… ចម្រើននូវសម្មាវាចា… ចម្រើន​នូវ​សម្មាកម្មន្ត… ចម្រើននូវសម្មាអាជីវៈ… ចម្រើននូវសម្មាវាយាមៈ… ចម្រើននូវសម្មា​សតិ… ចម្រើននូវសម្មាសមាធិ ដែលអាស្រ័យវិវេក អាស្រ័យវិរាគ អាស្រ័យនិរោធ មានកិរិយាបង្អោនចិត្ត​ទៅ​ ដើម្បីលះបង់កិលេស។ ម្នាលអានន្ទ ភិក្ខុអ្នកមានមិត្តល្អ អ្នក​មានសម្លាញ់ល្អ អ្នកបង្អោនទៅរកកល្យាណជន តែងចម្រើននូវ​មគ្គ ប្រកបដោយ​អង្គ៨ដ៏ប្រសើរ តែងធ្វើឲ្យរឿយៗ នូវមគ្គប្រកបដោយអង្គ៨ដ៏ប្រសើរ ដោយប្រការ​យ៉ាងនេះឯង។ ម្នាលអានន្ទ ភាពនៃបុគ្គលអ្នកមានមិត្តល្អ អ្នកមានសម្លាញ់ល្អ អ្នកបង្អោនទៅរកកល្យាណជន នេះជាតួមគ្គព្រហ្មចរិយៈទាំងមូល ដោយហេតុណា ហេតុនោះ បុគ្គលត្រូវដឹង ដោយបរិយាយនេះឯង។ ម្នាលអានន្ទ សត្វទាំងឡាយ មាន​ជាតិជាធម្មតា រមែងរួចចាកជាតិ សត្វទាំងឡាយ មានជរាជាធម្មតា រមែងរួចចាកជរា សត្វទាំងឡាយ មានព្យាធិជាធម្មតា រមែងរួចចាកព្យាធិ សត្វទាំងឡាយ មានមរណៈ​ជាធម្មតា រមែងរួចចាកមរណៈ សត្វទាំងឡាយ មានសោក បរិទេវៈ ទុក្ខ ទោមនស្ស និងឧបាយាសជាធម្មតា រមែងរួចចាកសោក បរិទេវៈ ទុក្ខ ទោមនស្ស និងឧបាយាសទាំងឡាយបាន ក៏ព្រោះអាស្រ័យនឹងតថាគតជាមិត្តល្អ។ ម្នាលអានន្ទ ភាពនៃបុគ្គល​អ្នកមានមិត្តល្អ អ្នកមានសម្លាញ់ល្អ អ្នកបង្អោនទៅរកកល្យាណជន នេះជាតួមគ្គព្រហ្មចរិយៈទាំងមូល ដោយហេតុណា ហេតុនោះ បុគ្គលត្រូវដឹងដោយ​បរិយាយនេះឯង។

[៣៨៨] បពិត្រមហារាជ ព្រោះហេតុនោះ ក្នុងសាសនានេះ ព្រះអង្គគប្បីសិក្សា​យ៉ាងនេះថា អាត្មាអញ ជាអ្នកមានមិត្តល្អ អ្នកមានសម្លាញ់ល្អ អ្នកបង្អោនទៅ​រក​កល្យាណជន។ បពិត្រមហារាជ ព្រះអង្គគប្បីសិក្សាយ៉ាងនេះឯង។ បពិត្រមហារាជ ធម៌មួយនេះ គឺសេចក្តីមិនប្រមាទ ក្នុងធម៌ជាកុសលទាំងឡាយ ព្រះអង្គជាអ្នក​មានមិត្តល្អ អ្នកមានសម្លាញ់ល្អ អ្នកបង្អោនទៅរកកល្យាណជន គួរតែអាស្រ័យនៅ​កុំខាន។ បពិត្រមហារាជ កាលបើព្រះអង្គជាអ្នកមិនប្រមាទ អាស្រ័យសេចក្តី​មិនប្រមាទ​ហើយ សូម្បីស្រីស្នំដែលដើរហែតាម ក៏គង់មានសេចក្តីត្រិះរិះថា ព្រះរាជា​មិនប្រមាទ អាស្រ័យសេចក្តីមិនប្រមាទ បើដូច្នោះ មានតែយើងទាំងឡាយ ជាអ្នកមិនប្រមាទ អាស្រ័យសេចក្តីមិនប្រមាទដែរ។ បពិត្រមហារាជ កាលបើព្រះអង្គ​ជាអ្នកមិនប្រមាទ អាស្រ័យសេចក្តីមិនប្រមាទហើយ សូម្បីក្សត្រទាំងឡាយ ដែលជាចំណុះ គង់មានសេចក្តីត្រិះរិះ យ៉ាងនេះថា ព្រះរាជាជាអ្នកមិនប្រមាទ អាស្រ័យសេចក្តីមិនប្រមាទ បើដូច្នោះ មានតែយើងទាំងឡាយ ជាអ្នកមិនប្រមាទ អាស្រ័យសេចក្តីមិនប្រមាទដែរ។ បពិត្រមហារាជ កាលបើព្រះអង្គ​ជាអ្នក​មិនប្រមាទ​ អាស្រ័យសេចក្តីមិនប្រមាទហើយ សូម្បីពួកពល គង់មានសេចក្តីត្រិះរិះ យ៉ាងនេះថា ព្រះរាជា ជាអ្នកមិនប្រមាទ អាស្រ័យសេចក្តីមិនប្រមាទ បើដូច្នោះ មានតែយើងទាំង​ឡាយ ជាអ្នកមិនប្រមាទ អាស្រ័យសេចក្តីមិនប្រមាទដែរ។ បពិត្រមហារាជ កាលបើព្រះអង្គ​ ជាអ្នក​មិនប្រមាទ​ អាស្រ័យសេចក្តីមិនប្រមាទហើយ សូម្បីអ្នក​និគម និងអ្នកជនបទ គង់មានសេចក្តីត្រិះរិះ យ៉ាងនេះថា ព្រះរាជា ជាអ្នកមិនប្រមាទ អាស្រ័យសេចក្តីមិនប្រមាទ បើដូច្នោះ មានតែយើងទាំង​ឡាយ ជាអ្នកមិនប្រមាទ អាស្រ័យសេចក្តីមិនប្រមាទដែរ។ បពិត្រមហារាជ កាលបើព្រះអង្គ​ជាអ្នក​មិនប្រមាទ​ អាស្រ័យសេចក្តីមិនប្រមាទហើយ សូម្បីខ្លួនក្តី ក៏នឹងឈ្មោះថា ព្រះអង្គបានគ្រប់គ្រង​រក្សា ស្រីស្នំក្តី ក៏នឹងឈ្មោះថា ព្រះអង្គបានគ្រប់គ្រងរក្សា ព្រះឃ្លាំង និងជង្រុកក្តី ក៏នឹង​ឈ្មោះថា ព្រះអង្គបានគ្រប់គ្រងរក្សា។

[៣៨៩] ព្រះមានព្រះភាគ បានត្រាស់នូវគាថានេះ។បេ។

បុគ្គលកាលប្រាថ្នានូវភោគៈទាំងឡាយ ឲ្យច្រើនលើសលុបតៗទៅ (គួរតែធ្វើ​សេចក្តី​មិនប្រមាទ) បណ្ឌិតទាំងឡាយ តែងសរសើរនូវសេចក្តីមិនប្រមាទ ក្នុងបុញ្ញ​កិរិយាវត្ថុទាំងឡាយ បណ្ឌិតអ្នកមិនប្រមាទ តែងបានសម្រេចប្រយោជន៍ទាំងពីរ គឺ ប្រយោជន៍ណាក្នុងបច្ចុប្បន្នក្តី ប្រយោជន៍ណា ក្នុងបរលោកក្តី ធីរជនឈ្មោះថា បណ្ឌិត​ ព្រោះបាននូវប្រយោជន៍នោះៗ។

បឋមាបុត្តកសូត្រ ទី៩

[៣៩០] ទៀបក្រុងសាវត្ថី… គ្រានោះឯង ព្រះបាទបសេនទិកោសល ស្តេចចូលទៅ​គាល់ព្រះមានព្រះភាគ ទាំងក្នុងវេលាថ្ងៃត្រង់ លុះស្តេចយាងដល់ ថ្វាយបង្គំព្រះមានព្រះភាគ ហើយទ្រង់គង់ក្នុងទីសមគួរ។ លុះព្រះបាទបសេនទិកោសល គង់ក្នុងទីសមគួរហើយ ទើប​ព្រះមានព្រះភាគ ត្រាស់ដូច្នេះថា បពិត្រមហារាជ ចុះព្រះអង្គទើបនឹងស្តេច​មកពីណាទាំងថ្ងៃត្រង់។ ព្រះបាទបសេនទិកោសល ក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន សេដ្ឋីគហបតី ក្នុង​ក្រុងសាវត្ថីនេះ ធ្វើមរណកាលទៅហើយ ខ្ញុំព្រះអង្គ នាំទ្រព្យរបស់សេដ្ឋី ដែលគ្មាន​កូន​នោះ មកកាន់ខាងក្នុង​ព្រះរាជវាំង បពិត្រព្រះអង្គដ៏ចំរើន គ្រាន់តែប្រាក់មានប៉ែតសិប​សែនទៅហើយ នឹងបាច់ពោលទៅថ្វី ដល់រូបិយៈ [រូបិយៈនោះ សំដៅយករបស់ដុំ ដូចមាស ប្រាក់ ទង់ដែង សំរិទ្ធិ ផាល និងដឹង ជាដើមខ្លះ សំដៅយករូបិយភណ្ឌ ដូច​ភាជនៈសម្រាប់ប្រើប្រាស់ជាដើមខ្លះ។ អដ្ឋកថា។] បពិត្រព្រះអង្គដ៏ចំរើន សេដ្ឋីគហបតីនោះ មានការបរិភោគភត្តបែបនេះ គឺគាត់បរិភោគបាយចុងអង្ករ មានជ្រក់​ជាគម្រប់ពីរ មានការប្រើប្រាស់សំពត់បែបនេះ គឺគាត់ស្លៀកសំពត់សំបកធ្មៃ​ប៉ះជា៣ផ្ទាំង [សំពត់ធ្មៃ បីកន្សែង ដេរភ្ជាប់គ្នា៣អន្លើ។] មានការប្រើប្រាស់យានបែបនេះ គឺ​គាត់ជិះរថតូចកញ្ចាស់ បាំងឆត្រស្លឹកយ៉ាងតូច។

[៣៩១] បពិត្រមហារាជ ពាក្យនេះយ៉ាងនេះហើយ បពិត្រមហារាជ ពាក្យនេះ យ៉ាងនេះហើយ បពិត្រមហារាជ ធម្មតាអសប្បុរស បើបានភោគៈច្រើនលើសលុប​ហើយ មិនធ្វើខ្លួនឲ្យសុខ មិនបំពេញខ្លួន មិនធ្វើមាតាបិតាឲ្យសុខ មិនបំពេញមាតា​បិតា មិនធ្វើបុត្តភរិយាឲ្យបានសុខ មិនបំពេញបុត្តភរិយា មិនធ្វើពួក​បុរសជាទាស​កម្មករ ឲ្យបានសុខ មិនបំពេញពួកបុរស ជាទាសកម្មករ មិនធ្វើពួក​មិត្ត និងអាមាត្យ​ឲ្យ​បានសុខ មិនបំពេញពួកមិត្ត និងអាមាត្យ ទាំង​មិនតំកល់ទុកនូវទក្ខិណាទាន ក្នុង​សមណព្រាហ្មណ៍ទាំងឡាយ ដែលជាទានមានផលខ្ពង់ខ្ពស់ ជាទានឲ្យនូវអារម្មណ៍ មានរូបជាដើម ដ៏ប្រសើរដោយប្រពៃ មានវិបាកជាសុខ ប្រព្រឹត្តទៅដើម្បីសួគ៌ឡើយ។ កាលបើអសប្បុរសនោះ មិនប្រើប្រាស់ភោគសម្បត្តិទាំងនោះដោយស្រួល យ៉ាងនេះ​ហើយ ព្រះរាជាទាំងឡាយ នាំយកទៅខ្លះ ពួកចោរនាំយកទៅខ្លះ ភ្លើងឆេះខូចទៅខ្លះ ទឹក​បន្សាត់ទៅខ្លះ ពួកញាតិដែលមិនជាទីស្រឡាញ់ នាំយកទៅខ្លះ។ បពិត្រមហារាជ កាលបើភោគៈទាំងនោះ ដែលអសប្បុរសនោះ មិនប្រើប្រាស់ដោយប្រពៃ យ៉ាងនេះ​ហើយ រមែងដល់នូវការអស់ទៅ មិនដល់នូវការប្រើប្រាស់បានឡើយ។ បពិត្រមហារាជ ស្រះបោក្ខរណី ក្នុងទីគ្មានមនុស្ស មានទឹកថ្លា មានទឹកត្រជាក់ មានទឹកឆ្ងាញ់ មានទឹកស (ដោយអន្លើ) មានកំពង់ល្អ គួរជាទីត្រេកអរ អ្នកផង​មិនទៅដងទឹកនោះ មិនផឹកទឹកនោះ មិនងូតទឹកនោះ មិនយកទឹកនោះ ទៅប្រើប្រាស់ តាមសមគួរដល់សេចក្តីត្រូវការឡើយ បពិត្រមហារាជ ឯទឹកនោះ កាលគេ​មិនប្រើប្រាស់ ដោយប្រពៃ យ៉ាងនេះហើយ គប្បីដល់នូវការអស់ទៅ មិនដល់នូវការ​ប្រើប្រាស់បាន យ៉ាងណា បពិត្រមហារាជ អសប្បុរស បានភោគៈច្រើនលើសលុប​ហើយ មិនធ្វើខ្លួនឲ្យសុខ មិនបំពេញខ្លួន។បេ។ បពិត្រមហារាជ កាលបើភោគៈ​ទាំងឡាយ ដែលអសប្បុរសនោះមិនប្រើប្រាស់ដោយប្រពៃ យ៉ាងនេះហើយ តែង​ដល់នូវ​ការអស់ទៅ មិនដល់នូវការប្រើប្រាស់បាន យ៉ាងនោះឯង។

[៣៩២] បពិត្រមហារាជ ចំណែកសប្បុរស បានភោគៈច្រើនលើសលុប​ហើយ តែងធ្វើខ្លួនឲ្យសុខ បំពេញខ្លួន ធ្វើមាតាបិតាឲ្យសុខ បំពេញមាតា​បិតា ធ្វើបុត្តភរិយា​ឲ្យ​សុខ បំពេញបុត្តភរិយា ធ្វើពួក​បុរសជាទាស​កម្មករ ឲ្យសុខ បំពេញពួកបុរស ជាទាសកម្មករ ធ្វើពួក​មិត្ត និងអាមាត្យ​ឲ្យសុខ បំពេញពួកមិត្ត និងអាមាត្យ ទាំង​បានតម្កល់ទុកនូវទក្ខិណាទាន ក្នុង​សមណព្រាហ្មណ៍ទាំងឡាយ ដែលជាទាន​មានផលខ្ពង់ខ្ពស់ ជាទានឲ្យនូវអារម្មណ៍ មានរូបជាដើម ដ៏ប្រសើរដោយប្រពៃ មានវិបាកជាសុខ ប្រព្រឹត្តទៅដើម្បីសួគ៌។ កាលបើសប្បុរសនោះ បានប្រើប្រាស់​ភោគសម្បត្តិ​ទាំងនោះ ដោយប្រពៃ យ៉ាងនេះ​ហើយ ពួកព្រះរាជា ក៏មិន​នាំយក​ទៅ ពួកចោរក៏មិនលួចទៅ ភ្លើងក៏មិនឆេះ ទឹកក៏មិន​បន្សាត់ទៅ ពួកញាតិដែលមិនជាទីស្រឡាញ់ ក៏មិនបាននាំយកទៅ។ បពិត្រមហារាជ ភោគៈទាំងនោះ ដែលសប្បុរសនោះ ប្រើប្រាស់ដោយប្រពៃ យ៉ាងនេះ​ហើយ រមែងដល់នូវការប្រើប្រាស់បាន មិនដល់នូវការអស់ទៅឡើយ។ បពិត្រមហារាជ ស្រះបោក្ខរណី ដែលនៅជិតស្រុក ឬនិគម មានទឹកថ្លា មានទឹកត្រជាក់ មានទឹកឆ្ងាញ់ មានទឹកស (ដោយអន្លើ) មានកំពង់ល្អ គួរជាទីត្រេកអរ អ្នកផង​ទៅដងទឹកនោះមកខ្លះ ផឹកខ្លះ ងូតខ្លះ ប្រើប្រាស់តាមសមគួរ ដល់សេចក្តីត្រូវការខ្លះ បពិត្រមហារាជ ឯទឹកនោះ ដែលអ្នកផងបរិភោគដោយប្រពៃ យ៉ាងនេះហើយ គប្បីដល់នូវការ​ប្រើប្រាស់បាន មិនដល់នូវការអស់ទៅឡើយ យ៉ាងណាមិញ បពិត្រមហារាជ សប្បុរស បានភោគៈច្រើនលើសលុប​ហើយ តែងធ្វើខ្លួនឲ្យសុខ បំពេញខ្លួន។បេ។ កាលបើភោគសម្បត្តិ​ទាំងនោះ ដែលសប្បុរសនោះ ប្រើប្រាស់ដោយប្រពៃ យ៉ាងនេះហើយ តែង​ដល់នូវ​ការប្រើប្រាស់បាន មិនដល់នូវការអស់ទៅឡើយ យ៉ាងនោះឯង។

[៣៩៣] ព្រះមានព្រះភាគ បានត្រាស់នូវពាក្យនេះហើយ។បេ។

បុរស បានចួបប្រទះនឹងទឹក ដែលដក់នៅក្នុងទីគ្មានមនុស្ស ជាទឹកផឹកមិនបាន យ៉ាងណាមិញ បុរសអាក្រក់ បាននូវទ្រព្យហើយ មិនប្រើប្រាស់ខ្លួនឯង មិនឲ្យទាន យ៉ាង​នោះឯង ឯអ្នកប្រាជ្ញ ជាអ្នកចេះដឹងនោះ បើបានភោគសម្បត្តិហើយ តែង​ប្រើប្រាស់ខ្លួនឯងខ្លះ ធ្វើកិច្ចឯទៀតៗខ្លះ អ្នកប្រាជ្ញនោះ ជាបុគ្គលប្រសើរ ចំណាយ​ចិញ្ចឹមពួកញាតិខ្លះ ឥតមានគេតិះដៀល (លុះស្លាប់ទៅ) ក៏ទៅកាន់​ស្ថានសួគ៌។

ទុតិយាបុត្តកសូត្រ ទី១០

[៣៩៤] គ្រានោះ ព្រះបាទបសេនទិកោសល ចូលទៅគាល់ព្រះមានព្រះភាគ ទាំងថ្ងៃត្រង់ លុះចូលទៅដល់ ថ្វាយបង្គំព្រះមានព្រះភាគហើយ គង់ក្នុងទីសមគួរ។ លុះព្រះបាទបសេនទិកោសល គង់ក្នុងទីសមគួរហើយ ព្រះមានព្រះភាគ ទ្រង់ត្រាស់​យ៉ាងនេះថា បពិត្រមហារាជ ចុះព្រះអង្គទើបនឹង​ស្តេចមកពីណា ទាំងថ្ងៃត្រង់។ ព្រះបាទបសេនទិកោសល ក្រាបទូលថា បពិត្រព្រះអង្គដ៏ចំរើន សេដ្ឋីគហបតី ក្នុងក្រុង​សាវត្ថីនេះ ធ្វើមរណកាលទៅហើយ ខ្ញុំព្រះអង្គមកនាំយកទ្រព្យសេដ្ឋីគ្មានកូន​នោះ ទៅកាន់ខាងក្នុងព្រះរាជវាំង បពិត្រព្រះអង្គដ៏ចំរើន គ្រាន់តែប្រាក់មានមួយ​រយ​សែនទៅហើយ នឹងបាច់ពោលទៅថ្វីដល់រូបិយៈ បពិត្រព្រះអង្គដ៏ចំរើន សេដ្ឋីគហបតី​នោះ មានការបរិភោគភត្តបែបនេះ គឺគាត់បរិភោគបាយចុងអង្ករ មានជ្រក់​ជាគម្រប់​ពីរ មានការប្រើប្រាស់សំពត់បែបនេះ គឺគាត់ប្រើប្រាស់សំពត់សំបកធ្មៃ​ប៉ះជា៣ផ្ទាំង មានការប្រើប្រាស់យានបែបនេះ គឺ​គាត់ជិះរថតូចកញ្ចាស់ បាំងឆត្រស្លឹកយ៉ាងតូច។

[៣៩៥] បពិត្រមហារាជ ពាក្យនេះយ៉ាងនេះហើយ បពិត្រមហារាជ ពាក្យនេះ យ៉ាងនេះហើយ បពិត្រមហារាជ កាលពីព្រេងនាយមក សេដ្ឋីគហបតីនោះ បាន​ឲ្យគេ​ប្រតិបត្តិព្រះតគរសិខីបច្ចេកសម្ពុទ្ធ ដោយបិណ្ឌបាតថា អ្នកទាំងឡាយ ចូរឲ្យ​នូវដុំបាយដល់សមណៈ ដូច្នេះ លុះពោលរួចហើយ ក៏ក្រោកអំពីអាសនៈ ចៀសចេញ​ទៅ លុះសេដ្ឋីគហបតីនោះ ឲ្យរួចហើយ ជាអ្នកមានសេចក្តីក្តៅក្រហាយ ក្នុងពេល​ជា​ខាងក្រោយថា ទាសៈទាំងឡាយក្តី កម្មករទាំងឡាយក្តី គប្បីបរិភោគនូវបិណ្ឌបាតនេះ​ប្រសើរជាង មិនតែប៉ុណ្ណោះ សេដ្ឋីគហបតីនោះ បានទាំងផ្តាច់ជីវិតកូនម្នាក់របស់បង ព្រោះហេតុនៃទ្រព្យ។ បពិត្រមហារាជ សេដ្ឋីគហបតីនោះ បានឲ្យគេប្រតិបត្តិព្រះ​តគរសិខីបច្ចេកសម្ពុទ្ធ ដោយបិណ្ឌបាតហើយ បានទៅកាន់សុគតិសួគ៌ទេវលោក អស់​វារៈ៧ដង ដោយវិបាករបស់កម្មនោះឯង បានដំណែង​ជាសេដ្ឋី ក្នុងក្រុងសាវត្ថីនេះ​ឯង អស់វារៈ៧ដង ដោយសេសសល់ផលកម្មនោះឯង។ បពិត្រមហារាជ លុះសេដ្ឋីគហបតីនោះឲ្យរួចហើយ ជាអ្នកមានសេចក្តីក្តៅក្រហាយ ក្នុងពេលជាខាង​ក្រោយថា ទាសៈទាំងឡាយក្តី កម្មករទាំងឡាយក្តី គប្បីបរិភោគនូវបិណ្ឌបាតនេះ​ប្រសើរជាង ដោយវិបាកនៃកម្មនោះ បានជាសេដ្ឋីគហបតីនោះ មិនបង្អោនចិត្តទៅ ដើម្បីបរិភោគនូវភត្តឆ្ងាញ់ពិសា មិនបង្អោនចិត្តទៅ ដើម្បីប្រើប្រាស់សំពត់ល្អថ្លៃថ្លា មិន​បង្អោនចិត្តទៅ ដើម្បីប្រើប្រាស់យានល្អ មិនបង្អោនចិត្តទៅ ដើម្បីបរិភោគ​បញ្ចកាមគុណដ៏ថ្លៃថ្លា។ បពិត្រមហារាជ សេដ្ឋីគហបតីនោះ ផ្តាច់ជីវិតកូនប្រុសម្នាក់ របស់បង ព្រោះហេតុនៃទ្រព្យ បានជាឆេះនៅក្នុងនរក អស់ឆ្នាំជាច្រើន អស់ពាន់នៃឆ្នាំ​ជាច្រើន អស់សែននៃឆ្នាំជាច្រើន ដោយវិបាកនៃកម្មនោះ ជនទាំងឡាយ តែង​ទៅនាំយក​ទ្រព្យសេដ្ឋីគ្មានកូននេះ មកដាក់ព្រះឃ្លាំង អស់វារៈជាគម្រប់៧ដងនេះ​ហើយ ដោយសេសសល់នៃផលកម្មនោះឯង អស់រយនៃឆ្នាំជាច្រើន។ បពិត្រមហារាជ បុណ្យចាស់របស់សេដ្ឋីគហបតីនោះ អស់រលីងទៅ ទាំងបុណ្យ​ថ្មី គាត់​ក៏មិនសន្សំឡើង។ បពិត្រមហារាជ ក៏ក្នុងថ្ងៃនេះ សេដ្ឋីគហបតីនោះ ឆេះក្នុង​មហារោរុវនរក។ បពិត្រព្រះអង្គដ៏ចំរើន សេដ្ឋីគហបតី ចូលទៅកាន់មហារោរុវនរក មែនឬ។ បពិត្រមហារាជ សេដ្ឋីគហបតី ចូលទៅកាន់ មហារោរវនរក មែន។

[៣៩៦] ព្រះមានព្រះភាគ ទ្រង់បានត្រាស់នូវពាក្យនេះហើយ។បេ។

របស់ណាមួយ គឺស្រូវ ទ្រព្យ ប្រាក់ មាស ដែលខ្លួនហួងហែងក្តី ជនទាំងឡាយ​ណា គឺទាសៈ កម្មករ អ្នកបម្រើ និងអ្នកស៊ីឈ្នួលនៃខ្លួននោះក្តី បុគ្គលមិនគប្បីកាន់យករបស់ទាំងអស់នោះទៅបានទេ ត្រូវតែលះបង់របស់ទាំងអស់នោះ ហើយទៅ លុះតែបុគ្គលធ្វើកម្មណា ដោយកាយ ដោយវាចា ឬដោយចិត្ត កម្មនោះឯង ជារបស់ខ្លួននៃបុគ្គលនោះ បុគ្គលតែងកាន់​យកនូវកម្មនោះទៅ កម្មនោះ តែងទៅតាមនូវបុគ្គលនោះ ដូចជាស្រមោល អន្ទោលតាមប្រាណ ព្រោះហេតុនោះ សាធុជន គួរធ្វើកម្មជាកុសល ដែលប្រព្រឹត្ត​ទៅក្នុងបរលោកឲ្យចម្រើន (ព្រោះថា) បុណ្យទាំងឡាយ តែងជាទីពឹងរបស់សត្វទាំង​ឡាយ ក្នុងបរលោក។

ចប់ ជដិលវគ្គ ទី២។

បញ្ជីរឿង នៃជដិលវគ្គទីពីរនោះ គឺ

ជដិលសូត្រ១ បញ្ចរាជសូត្រ១ ទោណបាកសូត្រ១ សង្គាមសូត្រ២ ដែលលោក​ពោលហើយ ធីតុសូត្រ១ អប្បមាទសូត្រ២ អបុត្តកសូត្រ២ ដែលលោកពោល​ហើយ ព្រោះហេតុនោះ បានជាលោកហៅថា វគ្គ។

បុគ្គលវគ្គ ទី៣

បុគ្គលសូត្រ ទី១

[៣៩៧] ទៀបក្រុងសាវត្ថី…. គ្រានោះឯង ព្រះបាទបសេនទិកោសល ស្តេចចូល​ទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ថ្វាយបង្គំព្រះមានព្រះភាគ ហើយ​គង់នៅក្នុងទីសមគួរ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់នឹងព្រះបាទបសេន​ទិកោសល ដែលគង់ក្នុងទីសមគួរហើយ ដូច្នេះថា បពិត្រមហារាជ បុគ្គល៤ពួក មាន​ប្រាកដក្នុងលោក បុគ្គល៤ពួក តើដូចម្តេច គឺ បុគ្គល​ងងឹត មានងងឹតទៅខាងមុខ១ បុគ្គលងងឹត មានពន្លឺទៅខាងមុខ១ បុគ្គលភ្លឺ មានងងឹតទៅខាងមុខ១ បុគ្គលភ្លឺ មានពន្លឺទៅខាងមុខ១។

[៣៩៨] បពិត្រមហារាជ បុគ្គលងងឹត មានងងឹតទៅខាងមុខ ដូចម្តេច។ បពិត្រមហារាជ បុគ្គលពួកខ្លះ ក្នុងលោកនេះ កើតក្នុងត្រកូលទាប គឺក្នុងត្រកូល​ចណ្ឌាល ឬត្រកូលជាងផែង ត្រកូលព្រាន ឬក៏ត្រកូលធ្វើរថ ត្រកូលអ្នកចោល​សម្រាម ជាត្រកូលអ្នកក្រីក្រ មិនសូវមានបាយទឹក និងភោជន ចិញ្ចឹមជីវិតដោយលំ​បាក រកបាយបរិភោគ និងសំពត់ស្លៀកបានដោយលំបាក បុគ្គលនោះ មានសម្បុរ​ក៏​អាក្រក់ មិនគួរមើល ទាបតឿ មានអាពាធច្រើន ខ្វាក់ភ្នែក ឬក្ងែងក្ងង់ ខ្ចក ឬខ្វិន រកបាយ​ ទឹក សំពត់ស្លៀក យាន កម្រងផ្កា គ្រឿងក្រអូប គ្រឿងស្រឡាប ទីដេក ទី​សំណាក់អាស្រ័យ និងគ្រឿងឧបករណ៍នៃប្រទីប មិនបានជាប្រក្រតី។ បុគ្គលនោះ ប្រព្រឹត្តទុច្ចរិតដោយកាយ ប្រព្រឹត្តទុច្ចរិតដោយវាចា ប្រព្រឹត្តទុច្ចរិតដោយចិត្ត។ លុះ​បុគ្គលនោះ ប្រព្រឹត្តទុច្ចរិតដោយកាយ ប្រព្រឹត្តទុច្ចរិតដោយវាចា ប្រព្រឹត្តទុច្ចរិត ដោយចិត្តហើយ បែកធ្លាយរាងកាយ ខាងមុខបន្ទាប់អំពីសេចក្តីស្លាប់ ក៏ចូលទៅ​កាន់កំណើតតិរច្ឆាន ប្រេត អសុរកាយ និងនរក។ បពិត្រមហារាជ ប្រៀបដូច​ជាបុរស ចេញអំពីទីងងឹតឈឹង ទៅកាន់ទីងងឹតឈឹង ឬចេញអំពី​ទីងងឹត​ព្រិលៗ ទៅកាន់ទី​ងងឹត​ព្រិលៗ ចេញអំពីទីមន្ទិលក្រហម ទៅកាន់ទីមន្ទិលក្រហម យ៉ាង​ណា បពិត្រមហារាជ តថាគតពោលថា បុគ្គលនេះ ក៏យ៉ាងនោះដែរ។ បពិត្រ​មហារាជ យ៉ាងនេះឯង ហៅថា បុគ្គលងងឹត មានងងឹតទៅខាងមុខ។

[៣៩៩] បពិត្រមហារាជ បុគ្គលងងឹត មានពន្លឺទៅខាងមុខ តើដូចម្តេច។ បពិត្រមហារាជ បុគ្គលពួកខ្លះ ក្នុងលោកនេះ មកកើតក្នុងត្រកូលទាប គឺក្នុងត្រកូល​ចណ្ឌាល ឬត្រកូលជាងផែង ត្រកូលព្រាន ឬត្រកូលអ្នកធ្វើរថ ត្រកូលអ្នកចោល​សម្រាម ជាត្រកូលអ្នកក្រីក្រ មិនសូវមានបាយទឹក និងភោជន ចិញ្ចឹមជីវិតដោយលំ​បាក រកបាយបរិភោគ និងសំពត់ស្លៀកបានដោយលំបាក។ បុគ្គលនោះ មានសម្បុរ​​អាក្រក់ មិនគួរមើល ទាបតឿ មានអាពាធច្រើន ខ្វាក់ភ្នែក ឬក្ងែងក្ងង់ ខ្ចក ឬខ្វិន រកបាយ​ ទឹក សំពត់ស្លៀក យាន កម្រងផ្កា គ្រឿងក្រអូប និងគ្រឿងស្រឡាប ទីដេក ទី​សំណាក់​អាស្រ័យ ឬគ្រឿងឧបករណ៍នៃប្រទីប មិនបានជាប្រក្រតី។ បុគ្គលនោះ តែងប្រព្រឹត្ត​សុចរិត ដោយកាយ ប្រព្រឹត្តសុចរិតដោយវាចា ប្រព្រឹត្តសុចរិតដោយចិត្ត។ លុះ​បុគ្គល​នោះ ប្រព្រឹត្តសុចរិតដោយកាយ ប្រព្រឹត្តសុចរិតដោយវាចា ប្រព្រឹត្តសុចរិត​ដោយ​ចិត្ត​ហើយ បែកធ្លាយរាងកាយ ខាងមុខបន្ទាប់អំពីសេចក្តីស្លាប់ ក៏ចូលទៅកាន់សុគតិសួគ៌ទេវលោក។ បពិត្រមហារាជ ប្រៀបដូច​ជាបុរស ឈានអំពី​ផែនដី ឡើងទៅលើបល្ល័ង្ក ឬឈានអំពីបល្ល័ង្ក ឡើងទៅលើខ្នងសេះ ឈានអំពីខ្នងសេះ ឡើងទៅលើ-កដំរី ឬឈានអំពីកដំរី ឡើងទៅលើប្រាសាទ យ៉ាង​ណាមិញ បពិត្រមហារាជ តថាគតពោលថា បុគ្គលនេះ ក៏យ៉ាងនោះដែរ។ បពិត្រ​មហារាជ យ៉ាងនេះឯង ហៅថា បុគ្គលងងឹត មានពន្លឺទៅខាងមុខ។

[៤០០] បពិត្រមហារាជ ចុះ បុគ្គលភ្លឺ មានងងឹតទៅខាងមុខវិញ តើដូចម្តេច។ បពិត្រមហារាជ បុគ្គលពួកខ្លះ ក្នុងលោកនេះ កើតក្នុងត្រកូលខ្ពស់ គឺត្រកូលខត្តិយ​មហាសាល ឬត្រកូលព្រាហ្មណមហាសាល ឬក៏ត្រកូលគហបតិមហាសាល ជាត្រកូលស្តុកស្តម្ភ មានធនច្រើន មានភោគៈច្រើន មានមាសប្រាក់ច្រើន មានគ្រឿងឧបករណ៍ ជាទីត្រេកអរច្រើន មានទ្រព្យ និងស្រូវច្រើន។ បុគ្គលនោះ មានរូបក៏ល្អ គួររមិលមើល គួរជ្រះថ្លា ប្រកបដោយ​សម្បុរល្អក្រៃលែង រកបាយ ទឹក សំពត់ស្លៀក យាន កម្រងផ្កា គ្រឿងក្រអូប និងគ្រឿងស្រឡាប ទីដេក​ ទីសំណាក់អាស្រ័យ និងគ្រឿងឧបករណ៍នៃប្រទីប បានជាប្រក្រតី។ បុគ្គលនោះ តែងប្រព្រឹត្តទុច្ចរិតដោយកាយ ប្រព្រឹត្តទុច្ចរិតដោយវាចា ប្រព្រឹត្តទុច្ចរិតដោយចិត្ត។ លុះ​បុគ្គលនោះ ប្រព្រឹត្តទុច្ចរិតដោយកាយ ប្រព្រឹត្តទុច្ចរិតដោយវាចា ប្រព្រឹត្តទុច្ចរិតដោយចិត្តហើយ បែកធ្លាយរាងកាយ ខាងមុខបន្ទាប់អំពីសេចក្តីស្លាប់ ក៏ចូលទៅកាន់កំណើតតិរច្ឆាន ប្រេត អសុរកាយ និងនរក។ បពិត្រមហារាជ ប្រៀបដូច​បុរស ចុះអំពីប្រាសាទ មកកាន់កដំរី ចុះអំពីកដំរី មកកាន់ខ្នងសេះ ចុះអំពីខ្នងសេះ មកកាន់បល្ល័ង្ក ចុះអំពីបល្ល័ង្ក មកកាន់ផែនដី ចេញអំពីផែនដី ចូលទៅ​កាន់ទីងងឹតឈឹង យ៉ាង​ណាមិញ បពិត្រមហារាជ តថាគតពោលថា បុគ្គលនេះ ក៏យ៉ាងនោះដែរ។ បពិត្រ​មហារាជ យ៉ាងនេះឯង ហៅថា បុគ្គលភ្លឺ មានងងឹតទៅខាងមុខ។

[៤០១] បពិត្រមហារាជ បុគ្គលភ្លឺ មានពន្លឺទៅខាងមុខ តើដូចម្តេច។ បពិត្រមហារាជ បុគ្គលពួកខ្លះ ក្នុងលោកនេះ កើតក្នុងត្រកូលខ្ពស់ គឺត្រកូលខត្តិយ​មហាសាល ឬត្រកូលព្រាហ្មណមហាសាល ឬក៏ត្រកូលគហបតិមហាសាល ជាត្រកូលស្តុកស្តម្ភ មានធនច្រើន មានភោគៈច្រើន មានមាស និងប្រាក់ច្រើន មានគ្រឿងឧបករណ៍ ជាទីត្រេកអរច្រើន មានទ្រព្យ និងស្រូវច្រើន។ បុគ្គលនោះ មានរូបក៏ល្អ គួររមិលមើល គួរជ្រះថ្លា ប្រកបដោយ​សម្បុរល្អក្រៃលែង រកបាយ ទឹក សំពត់ស្លៀក យាន កម្រងផ្កា គ្រឿងក្រអូប និងគ្រឿងស្រឡាប ទីដេក​ ទីសំណាក់​អាស្រ័យ និងគ្រឿងឧបករណ៍នៃប្រទីប បានជាប្រក្រតី។ បុគ្គលនោះ ប្រព្រឹត្តសុចរិត​ដោយកាយ ប្រព្រឹត្តសុចរិតដោយវាចា ប្រព្រឹត្តសុចរិតដោយចិត្ត។ លុះ​បុគ្គលនោះ ប្រព្រឹត្តសុចរិតដោយកាយ ប្រព្រឹត្តសុចរិតដោយវាចា ប្រព្រឹត្តសុចរិតដោយចិត្តហើយ បែកធ្លាយរាងកាយទៅ ខាងមុខបន្ទាប់អំពីសេចក្តីស្លាប់ ក៏ចូលទៅកាន់​សុគតិសួគ៌ ទេវលោក។ បពិត្រមហារាជ ប្រៀបដូច​បុរស ឆ្លងអំពីបល្ល័ង្ក ទៅកាន់បល្ល័ង្ក ឬឆ្លងអំពីខ្នងសេះ ទៅកាន់ខ្នងសេះ ឆ្លងអំពីកដំរី ទៅកាន់​កដំរី ឆ្លងអំពីប្រាសាទ ទៅកាន់ប្រាសាទ យ៉ាង​ណាមិញ បពិត្រមហារាជ តថាគតពោលថា បុគ្គលនេះ ក៏យ៉ាងនោះដែរ។ បពិត្រ​មហារាជ យ៉ាងនេះឯង ហៅថា បុគ្គលភ្លឺ មានពន្លឺទៅខាងមុខ។ បពិត្រមហារាជ បុគ្គលទាំង៤ពួកនេះឯង តែង​មានប្រាកដក្នុងលោក។

[៤០២] ព្រះអង្គទ្រង់ត្រាស់នូវពាក្យនេះ។បេ។

បពិត្រព្រះរាជា បុរសទ័លក្រ ឥតមានសទ្ធា មានតែសេចក្តីកំណាញ់ និង​សេចក្តីស្មូរកន្ទ្រឹស មានតម្រិះអាក្រក់ យល់ខុស មិនអើពើ រមែងជេរគម្រាមពួក​សមណៈ ឬព្រាហ្មណ៍ ឬក៏ពួកបុគ្គលដទៃ ដែលពណ៌នាហើយសូម ជាអ្នកមិនត្រូវ​ការ ជាអ្នកខឹង ហាមឃាត់ជន ដែលកំពុងឲ្យនូវភោជន ដល់ពួកស្មូម បពិត្រព្រះរាជា ជាធំ​ជាងជន បុរសបែបនោះ កាលបើស្លាប់ទៅហើយ ទៀងតែចូលទៅកាន់នរក ដ៏ជ្រៅពន្លឹក (យ៉ាងនេះ) ឈ្មោះថា បុគ្គលងងឹត មានងងឹតទៅខាងមុខ បពិត្រ​ព្រះរាជា បុរសជាអ្នកទ័លក្រ តែថាមិនកំណាញ់ មានសទ្ធា រមែងឲ្យទាន ជាជន​មានតម្រិះប្រសើរ មានចិត្តមិនរាយមាយ រមែងក្រោកឡើង គោរពពួក​សមណព្រាហ្មណ៍ ឬពួកបុគ្គលដទៃ ដែលពណ៌នាហើយសូម សិក្សាដើម្បីប្រព្រឹត្ត​ស្មើ មិន​ហាមឃាត់ជនកំពុងឲ្យភោជនដល់ពួកស្មូម បពិត្រព្រះរាជាជាធំជាងជន បុរស​បែប​នោះ កាលបើស្លាប់ទៅ រមែងចូលទៅកាន់ត្រៃទិព្វស្ថាន (យ៉ាងនេះ) ឈ្មោះថា បុគ្គលងងឹត មានពន្លឺទៅខាងមុខ បពិត្រ​ព្រះរាជា បើបុរសជាអ្នកស្តុកស្តម្ភ ឥតមានសទ្ធា មានតែសេចក្តីកំណាញ់ និង​សេចក្តីស្មូរកន្ទ្រឹស មានតម្រិះអាក្រក់ យល់ខុស មិនអើពើ រមែងជេរគម្រាមពួក​សមណព្រាហ្មណ៍ ឬពួកបុគ្គលដទៃ ដែលពណ៌នាហើយសូម ជាអ្នកមិនត្រូវ​ការ ជាអ្នកខឹង ហាមឃាត់ជន​កំពុងឲ្យ​នូវភោជន ដល់ពួកស្មូម បពិត្រព្រះរាជា ជាធំ​ជាងជន បុរសបែបនោះ កាលបើស្លាប់​ទៅ​ រមែងចូលទៅកាន់នរក ដ៏ជ្រៅពន្លឹក (យ៉ាងនេះ) ឈ្មោះថា បុគ្គលភ្លឺ មានងងឹតទៅខាងមុខ បពិត្រ​ព្រះរាជា បើបុរសជាអ្នកស្តុកស្តម្ភ មានសទ្ធា មិនមាន​សេចក្តីកំណាញ់ រមែងឲ្យទាន ជាជន​មានតម្រិះប្រសើរ មានចិត្តមិនរាយមាយ រមែងក្រោកឡើង គោរពបង្គំពួក​សមណព្រាហ្មណ៍ ឬពួកបុគ្គល ដែលពណ៌នា​ហើយសូម សិក្សាដើម្បីប្រព្រឹត្ត​ស្មើ មិន​ហាមឃាត់នូវជន​កំពុងឲ្យនូវភោជន ដល់​ពួកស្មូម បពិត្រព្រះរាជា ជាធំជាងជន បុរស​បែប​នោះ កាលបើស្លាប់ទៅ រមែងចូលទៅកាន់​ត្រៃទិព្វស្ថាន (យ៉ាងនេះ) ឈ្មោះថា បុគ្គលភ្លឺ មានពន្លឺទៅខាងមុខ។

អយ្យិកាសូត្រ ទី២

[៤០៣] សាវត្ថីនិទាន។ គ្រានោះ ព្រះបាទបសេនទិកោសល ស្តេចចូលទៅ​គាល់​ព្រះមានព្រះភាគ ទាំងថ្ងៃត្រង់ លុះចូលទៅដល់ ថ្វាយបង្គំព្រះមានព្រះភាគ ហើយ​គង់ក្នុងទីសមគួរ។ លុះព្រះបាទបសេនទិកោសល គង់ក្នុងទីសមគួរហើយ ទើប​ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា បពិត្រមហារាជ អើហ្ន៎ មហារាជ ស្តេចមក​ពីទី​ណា ទាំងថ្ងៃត្រង់ដូច្នេះ។ ព្រះបាទបសេនទិកោសល ក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន ព្រះអយ្យិកាខ្ញុំព្រះអង្គ គ្រាំគ្រា ព្រឹទ្ធា ចាស់ កន្លងកាលវែង​ឆ្ងាយ​ហើយ ចូលមកក្នុងបច្ចិមវ័យហើយ មានព្រះជន្ម ​១២០វស្សា អំពីកំណើត (ឥឡូវនេះ) ធ្វើមរណកាលទៅហើយ បពិត្រព្រះអង្គដ៏ចំរើន ឯព្រះអយ្យិកា ក៏ជាទីស្រឡាញ់ ជាទី​ពេញចិត្ត បពិត្រព្រះអង្គដ៏ចំរើន ប្រសិនបើខ្ញុំព្រះអង្គ ដូរដោយ​ហត្ថិរ័តន៍ កុំឲ្យអយ្យិកា​ របស់ខ្ញុំព្រះអង្គ ធ្វើមរណកាលបាន ដូច្នេះ ខ្ញុំព្រះអង្គ នឹងឲ្យហត្ថិរ័តន៍ ដោយគិតថា  កុំឲ្យអយ្យិកា​របស់ខ្ញុំព្រះអង្គ ធ្វើមរណកាលបានឡើយ បពិត្រព្រះអង្គដ៏ចំរើន ប្រសិនបើខ្ញុំព្រះអង្គ ដូរដោយអស្សរ័តន៍ កុំឲ្យព្រះអយ្យិកា​របស់​ខ្ញុំព្រះអង្គ ធ្វើមរណកាល​បាន ដូច្នេះ ខ្ញុំព្រះអង្គនឹងឲ្យអស្សរ័តន៍ ដោយគិតថា  កុំឲ្យព្រះអយ្យិកា​របស់ខ្ញុំព្រះអង្គ ធ្វើមរណកាលបានឡើយ បពិត្រព្រះអង្គដ៏ចំរើន ប្រសិនបើខ្ញុំព្រះអង្គ ដូរដោយស្រុកសួយ កុំឲ្យព្រះអយ្យិកា​របស់ខ្ញុំព្រះអង្គ ធ្វើមរណកាលបាន ដូច្នេះ ខ្ញុំព្រះអង្គនឹងឲ្យស្រុកសួយ ដោយគិតថា  កុំឲ្យព្រះអយ្យិកា​របស់ខ្ញុំព្រះអង្គ ធ្វើមរណកាលបានឡើយ បពិត្រព្រះអង្គដ៏ចំរើន ប្រសិនបើខ្ញុំព្រះអង្គ ដូរដោយជនបទ កុំឲ្យព្រះអយ្យិកា​របស់ខ្ញុំព្រះអង្គ ធ្វើមរណកាលបាន ដូច្នេះ ខ្ញុំព្រះអង្គនឹងឲ្យជនបទ ដោយគិតថា  កុំឲ្យព្រះអយ្យិកា​របស់ខ្ញុំព្រះអង្គ ធ្វើមរណកាលបានឡើយ បពិត្រព្រះអង្គដ៏ចំរើន អស្ចារ្យណាស់ បពិត្រព្រះអង្គដ៏ចំរើន ចំឡែកណាស់ បពិត្រព្រះអង្គដ៏ចំរើន ព្រោះថា សុភាសិតនេះ ព្រះអង្គត្រាស់ថា សត្វទាំងអស់ មានសេចក្តីស្លាប់ជាធម្មតា មានសេចក្តីស្លាប់ ជាទីបំផុត មិនកន្លងនូវសេចក្តីស្លាប់បានឡើយ។

[៤០៤] ព្រះអង្គត្រាស់ថា បពិត្រមហារាជ នុ៎ះយ៉ាងនេះហើយ បពិត្រមហារាជ នុ៎ះ យ៉ាងនេះហើយ សត្វទាំងអស់ មានសេចក្តីស្លាប់ជាធម្មតា មានសេចក្តីស្លាប់​ជាទីបំផុត មិនកន្លងនូវសេចក្តីស្លាប់បានទេ។ បពិត្រមហារាជ ប្រៀបដូចជាភាជន៍ នៃ​ស្មូនឆ្នាំងទាំងឡាយ ណាមួយ ទោះបីឆៅក្តី ឆ្អិនក្តី ភាជន៍ទាំងអស់នោះ ក៏គង់​មានកិរិយា​បែកធ្លាយជាធម្មតា មានកិរិយាបែកធ្លាយ ជាទីបំផុត មិនកន្លង​នូវកិរិយា​បែកធ្លាយបានឡើយ យ៉ាងណាមិញ បពិត្រមហារាជ សត្វទាំងអស់ មានសេចក្តី​ស្លាប់​ជាធម្មតា មានសេចក្តីស្លាប់​ជាទីបំផុត មិនកន្លងនូវសេចក្តីស្លាប់បានឡើយ ក៏យ៉ាងនោះ​ឯង។

[៤០៥] ព្រះអង្គទ្រង់ត្រាស់នូវពាក្យនេះ។បេ។

សត្វទាំងអស់ មុខជានឹងស្លាប់ ព្រោះថា ជីវិត (របស់សត្វ) មានសេចក្តី​ស្លាប់​ ជា​ទីបំផុត សត្វទាំងឡាយ ទទួលយកផលបុណ្យ ផលបាបហើយ នឹងទៅតាម​យថាកម្ម គឺអ្នកធ្វើបាប តែងទៅកាន់នរក ចំណែកខាងអ្នកធ្វើបុណ្យ តែងទៅកាន់​សុគតិភព ព្រោះ​ហេតុនោះ បុគ្គលគួរ​តែធ្វើបុណ្យ ដែលនាំទៅ​ក្នុងបរលោក ឲ្យចម្រើន (ព្រោះថា) បុណ្យទាំងឡាយ ជាទីពឹង របស់ពួកសត្វ ក្នុងបរលោក។

លោកសូត្រ ទី៣

[៤០៦] ទៀបក្រុងសាវត្ថី…. លុះព្រះបាទបសេនទិកោសល គង់ក្នុងទី​សមគួរ​ហើយ ក៏បានក្រាបបង្គំទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ធម៌​របស់លោក មានប៉ុន្មានយ៉ាង កាលដែលកើតឡើង តែងកើតឡើង ដើម្បី​មិនជា​ប្រយោជន៍ ដើម្បីសេចក្តី​ទុក្ខ ដើម្បីនៅមិនសប្បាយ។

[៤០៧] ព្រះអង្គត្រាស់ថា បពិត្រមហារាជ  ធម៌​របស់លោក មាន៣យ៉ាង កាលដែលកើតឡើង តែងកើតឡើង ដើម្បី​មិនជាប្រយោជន៍ ដើម្បីសេចក្តី​ទុក្ខ ដើម្បីនៅមិនសប្បាយ។ ធម៌៣យ៉ាង ដូចម្តេច។ បពិត្រមហារាជ លោភៈ ជាធម៌​របស់លោក១ កាលដែលកើតឡើង តែងកើតឡើង ដើម្បី​មិនជាប្រយោជន៍ ដើម្បីសេចក្តី​ទុក្ខ ដើម្បីនៅមិនសប្បាយ បពិត្រមហារាជ ទោសៈ ជាធម៌​របស់លោក១ កាលដែលកើតឡើង តែងកើតឡើង ដើម្បី​មិនជាប្រយោជន៍ ដើម្បីសេចក្តី​ទុក្ខ ដើម្បីនៅមិនសប្បាយ បពិត្រមហារាជ មោហៈ ជាធម៌​របស់លោក១ កាលដែលកើតឡើង តែងកើតឡើង ដើម្បី​មិនជាប្រយោជន៍ ដើម្បីសេចក្តី​ទុក្ខ ដើម្បីនៅមិនសប្បាយ។ បពិត្រមហារាជ ធម៌​របស់លោក ទាំង៣នេះឯង កាលដែលកើតឡើង តែងកើតឡើង ដើម្បី​មិនជាប្រយោជន៍ ដើម្បីសេចក្តី​ទុក្ខ ដើម្បីនៅមិនសប្បាយ។

[៤០៨] ព្រះអង្គទ្រង់ត្រាស់នូវពាក្យនេះ។បេ។

លោភៈក្តី ទោសៈក្តី មោហៈក្តី កើតអំពីខ្លួនហើយ តែងបៀតបៀននូវបុរស ដែល​មានចេតនាអាក្រក់វិញ ដូចផ្លែរបស់ខ្លួន បៀតបៀននូវឈើ ដែលមានសម្បក​ជាខ្លឹម។

ឥស្សត្ថសូត្រ ទី៤

[៤០៩] ទៀបក្រុងសាវត្ថី…. លុះព្រះបាទបសេនទិកោសល គង់ក្នុងទី​សមគួរ​ហើយ ក៏បានក្រាបបង្គំទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ទាន តើបុគ្គលត្រូវឲ្យដល់បុគ្គលណា។ ព្រះអង្គត្រាស់ថា បពិត្រមហារាជ ចិត្តជ្រះថា្ល ចំពោះបុគ្គលណា (ត្រូវឲ្យដល់បុគ្គលនោះ)។ បពិត្រព្រះអង្គដ៏ចំរើន ទាន ដែលបុគ្គល​ឲ្យហើយ ដល់បុគ្គលណា ទើបមានផលច្រើន។

[៤១០] ព្រះអង្គត្រាស់ថា បពិត្រមហារាជ ពាក្យថា ទាន បុគ្គលត្រូវឲ្យ​ដល់បុគ្គល​ណា នេះជាពាក្យដទៃ ពាក្យថា ទាន ដែលបុគ្គលឲ្យហើយ ​ដល់បុគ្គល​ណា ទើបមានផលច្រើន នេះក៏ជាពាក្យដទៃដែរ បពិត្រមហារាជ ទាន ដែលបុគ្គលឲ្យ ​ដល់បុគ្គលមានសីល ទើបមានផលច្រើន ទាន ដែលបុគ្គលឲ្យ​ដល់​បុគ្គលទ្រុស្តសីល មិនមានផលច្រើនទេ។ បពិត្រ​មហារាជ បើដូច្នោះ តថាគត នឹង​សួរព្រះអង្គ ក្នុងប្រស្នានេះ ប្រស្នានេះគាប់ចិត្តព្រះអង្គ យ៉ាងណា ត្រូវព្រះអង្គព្យាករ​ប្រស្នានោះ យ៉ាងនោះ។

[៤១១] បពិត្រមហារាជ ព្រះអង្គសំគាល់​ហេតុនោះដូចម្តេច ក្នុងជនបទនេះ មានចម្បាំងមកប្រាកដ ដល់ព្រះអង្គហើយ ប្រសិនបើសង្គ្រាមលើកគ្នាជាពួក​មកដល់​ហើយ តែថាខត្តិយកុមារ មិនបានសិក្សា មិនមានថ្វីដៃ មិនទាន់កបន្ទាយ មិនចេះថ្លែង​សរ មានសេចក្តីខ្លាច រន្ធត់ តក់ស្លុត រត់ទៅជាប្រក្រតី តើព្រះអង្គគួរចិញ្ចឹមបុរសនោះ​ដែរ​ឬ ព្រះអង្គត្រូវការដោយបុរសបែបនោះដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ មិនគួរចិញ្ចឹមបុរសនោះ ខ្ញុំព្រះអង្គ មិនត្រូវការដោយបុរសបែបនោះឡើយ។ ប្រសិនបើសង្គ្រាមលើកគ្នាជាពួក​មកដល់​ហើយ តែថាកុមារ របស់ព្រាហ្មណត្រកូល មិនបានសិក្សា។បេ។ ប្រសិនបើសង្គ្រាមលើកគ្នាជាពួក​មកដល់​ហើយ តែថាកុមារ​របស់វេស្សត្រកូល មិនបានសិក្សា។បេ។ ប្រសិនបើសង្គ្រាមលើកគ្នាជាពួក​ មកដល់​ហើយ តែថាកុមាររបស់​សុទ្ទត្រកូល មិនបានសិក្សា។បេ។ ខ្ញុំព្រះអង្គ ក៏មិនត្រូវការ ដោយបុរសបែបដូច្នោះឡើយ។

[៤១២] បពិត្រមហារាជ ព្រះអង្គសំគាល់នូវហេតុនោះដូចម្តេច ក្នុងជនបទនេះ មានចម្បាំងមកប្រាកដ ដល់​ព្រះអង្គហើយ ប្រសិនបើ​សង្គ្រាមលើកគ្នាជាពួក​ មកដល់​ហើយ ចួនជាខត្តិយកុមារ បានសិក្សាល្អ មានថ្វីដៃ បានទាំងកបន្ទាយ ចេះថ្លែង​សរ ឥតមានសេចក្តីខ្លាច រន្ធត់ តក់ស្លុត មិនរត់ទៅឡើយ តើព្រះអង្គ គួរចិញ្ចឹមបុរសនោះ​ដែរ​ឬ ព្រះអង្គត្រូវការដោយបុរសបែបនោះ ដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ គួរចិញ្ចឹមបុរសនោះ ខ្ញុំព្រះអង្គ ត្រូវការដោយបុរសបែបនោះដែរ។ ប្រសិនបើសង្គ្រាម​លើកគ្នាជា​ពួក ​មកដល់​ហើយ កុមាររបស់ព្រាហ្មណត្រកូល។បេ។ ប្រសិនបើសង្គ្រាម​លើកគ្នាជា​ពួក ​មកដល់​ហើយ កុមារ​របស់វេស្សត្រកូល។បេ។ ប្រសិនបើសង្គ្រាម​លើកគ្នា​ជាពួក ​មកដល់​ហើយ កុមាររបស់​សុទ្ទត្រកូល បានសិក្សាល្អ មានថ្វៃដៃ បានទាំងកបន្ទាយ ចេះថ្លែងសរ ឥតមានសេចក្តីខ្លាច រន្ធត់ តក់ស្លុត មិនរត់​ទៅ​ឡើយ តើព្រះអង្គ គួរចិញ្ចឹមបុរសនោះដែរឬ ព្រះអង្គត្រូវការដោយបុរសបែបនោះ ដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ គួរចិញ្ចឹមបុរសនោះ ខ្ញុំព្រះអង្គ ត្រូវការ ដោយបុរសបែបនោះដែរ។

[៤១៣] បពិត្រមហារាជ បើបុគ្គលចេញចាកត្រកូល ចេញចាកផ្ទះ ហើយចូល​មកកាន់ផ្នួស បុគ្គលនោះឯង បានលះបង់​អង្គ៥ ប្រកបដោយអង្គ៥ ទានដែលបុគ្គល​ឲ្យដល់បុគ្គលនោះ ទើបមានផលច្រើន ក៏យ៉ាងនោះឯង។ អង្គ៥ ដែលបុគ្គលនោះ បាន​លះបង់ ដូចម្តេច។ គឺ កាមច្ឆន្ទៈ បុគ្គលនោះ បានលះបង់ហើយ១ ព្យាបាទៈ បុគ្គលនោះ​ បានលះបង់ហើយ១ ថីនមិទ្ធៈ បុគ្គលនោះ បានលះបង់ហើយ១ ឧទ្ធច្ចកុក្កុច្ចៈ បុគ្គលនោះ បានលះបង់ហើយ១ វិចិកិច្ឆា បុគ្គលនោះ បានលះបង់​ហើយ១។ អង្គទាំង៥នេះ បុគ្គលនោះ បានលះបង់អស់ហើយ។ បុគ្គល​ប្រកបដោយ​អង្គ៥ ដូចម្តេច។ បុគ្គល ប្រកបដោយសីលក្ខន្ធ ជារបស់អសេក្ខៈ១ ប្រកបដោយ​សមាធិក្ខន្ធ ជារបស់អសេក្ខៈ១ ប្រកបដោយបញ្ញាខន្ធ ជារបស់អសេក្ខៈ១ ប្រកបដោយ​វិមុត្តិក្ខន្ធ ជារបស់អសេក្ខៈ១ ប្រកបដោយវិមុត្តិញ្ញាណទស្សនក្ខន្ធ ជារបស់អសេក្ខៈ១។ បុគ្គល បានប្រកបដោយអង្គ ទាំង៥នេះ។ ទាន ដែលបុគ្គល​ឲ្យដល់បុគ្គល ដែលបានលះបង់​អង្គ៥ ប្រកបដោយអង្គ៥ហើយ ទើបមានផលច្រើន ដូច្នេះឯង។

[៤១៤] ព្រះមានព្រះភាគ បានត្រាស់នូវពាក្យនេះ។បេ។

សិល្បសាស្ត្រខ្មាន់ធ្នូក្តី កម្លាំង និងសេចក្តីព្យាយាមក្តី មានក្នុងមាណពណា ព្រះ​រាជា ដែលត្រូវការដោយចម្បាំង គួរចិញ្ចឹមមាណពនោះ មិនគួរចិញ្ចឹមមាណព​ដែល​ឥតក្លៀវក្លា ដោយហេតុ គឺជាតិឡើយ ធម៌ទាំងឡាយ គឺសេចក្តីអត់ធន់ និង​សេចក្តីស្លូត (ព្រះអរហត្ត) តាំងនៅក្នុងបុគ្គលណាហើយ បុគ្គល ត្រូវតែបូជា​នូវ​បុគ្គលនោះ សូម្បីមានជាតិ ដ៏ថោកទាប តែជាអ្នកប្រាជ្ញ ចិញ្ចឹមជីវិតដ៏ប្រសើរ បុគ្គល គប្បីឲ្យគេធ្វើអាស្រម ជាទីត្រេកអរ ហើយញុំាង​ពហុស្សូត ឲ្យនៅក្នុងទីនុ៎ះ បុគ្គល គប្បី​ជីកអណ្តូង ឬស្រះ ក្នុងព្រៃ ធ្វើស្ពាន ក្នុងទីដែលលំបាកឆ្លង បុគ្គលមានចិត្តជ្រះថ្លា គប្បី​ឲ្យបាយ ទឹក ខាទនីយៈ សំពត់ និងទីសេនាសនៈទាំងឡាយ ដល់ពួកបុគ្គល ដែល​​មានកាយ និងចិត្តត្រង់ មហាមេឃ គ្រហឹម មានរបៀបផ្លេកបន្ទោរ មានកំពូល​រាប់រយ បង្អុរចុះលើផែនដី ញុំាងទីទួល និងទីទាបឲ្យពេញបាន យ៉ាងណាមិញ បុគ្គលជាបណ្ឌិត មានសទ្ធា ចេះដឹងហើយ តាក់តែង​ភោជនឲ្យពួកវណិព្វកៈឆ្អែត ដោយបាយ និងទឹក ក៏យ៉ាងនោះដែរ បុគ្គលមានចិត្តត្រេកអរ បាចសាចទ្រព្យធ្វើជា​ទាន ពោលពាក្យថា អ្នកទាំងឡាយ ចូរឲ្យ អ្នកទាំងឡាយ ចូរឲ្យ ដូច្នេះ ពាក្យនោះ បុគ្គលនោះ បានបញ្ចេញ​ឲ្យលាន់ឮហើយ ធារទឹក គឺ បុណ្យ ដ៏ធំទូលាយនោះ នឹង​បង្អុរ​ចុះលើបុគ្គលអ្នកឲ្យ ដូចជាមហាមេឃ ដែលបង្អុរភ្លៀង​មកលើផែនដីដែរ។

បព្វតោបមសូត្រ ទី៥

[៤១៥] សាវត្ថីនិទាន។ គ្រានោះ ព្រះបាទបសេនទិកោសល ស្តេចចូលទៅ​គាល់​​ព្រះមានព្រះភាគ ទាំងថ្ងៃត្រង់ លុះចូលទៅដល់ ថ្វាយបង្គំព្រះមាន​ព្រះភាគ ហើយគង់នៅក្នុងទីសមគួរ។ លុះព្រះបាទបសេនទិកោសល គង់​នៅក្នុងទី​សមគួរ​ហើយ ទើបព្រះមានព្រះភាគ ត្រាស់យ៉ាងនេះថា អើហ្ន៎ មហារាជ ព្រះអង្គ​ទើប​ស្តេចយាងមកពីទីណា ទាំងថ្ងៃត្រង់។ បពិត្រព្រះអង្គដ៏ចំរើន ក្សត្រជាស្តេច បានមុទ្ធា​ភិសេករួចហើយ ស្រវឹង​ជ្រប់​ដោយភាពជាធំ មានសេចក្តី​ត្រេកអរ ក្នុងកាមគ្របសង្កត់ ដល់​នូវ​ការមាំមួន ក្នុងជនបទ នៅត្រួតត្រាបឋវីមណ្ឌលដ៏ធំ តែងមានរាជកិច្ចណា ឥឡូវ​នេះ ខ្ញុំព្រះអង្គ ដល់នូវការខ្វល់ខ្វាយ ចំពោះរាជកិច្ចនោះ។

[៤១៦] បពិត្រមហារាជ ព្រះអង្គសំគាល់ហេតុនោះ ដូចម្តេច បុរសរបស់​ព្រះអង្គ ក្នុងជនបទនេះ មានពាក្យគួរជឿ មានពាក្យគួរធ្វើតាម មកពីទិស​ខាងកើត បុរសនោះ ចូលមកគាល់ព្រះអង្គ ក្រាបបង្គំទូលយ៉ាងនេះថា សូមព្រះរាជ​តេជះតំកល់លើត្បូង បពិត្រមហារាជ សូមទ្រង់ជ្រាប ខ្ញុំព្រះអង្គ​ទើបនឹង​មកអំពីទិស​ខាង​កើត បានឃើញ​ភ្នំធំខ្ពស់ ស្មើ​នឹង​អាកាស រមៀល​មកកិនសត្វទាំងអស់ ក្នុងទីនោះ បពិត្រមហារាជ សូម​ព្រះអង្គធ្វើកិច្ច ដែល​ទ្រង់ត្រូវធ្វើឥឡូវនេះចុះ។ លំដាប់​នោះ បុរស​ទីពីរ មកអំពីទិសខាងត្បូង។បេ។ លំដាប់នោះ បុរសទីបី មកអំពីទិស​ខាងលិច។បេ។ លំដាប់នោះ បុរសទីបួន មានពាក្យគួរជឿ មានពាក្យគួរធ្វើតាម មក​អំពីទិសខាងជើង បុរសនោះ ចូលមកគាល់​ព្រះអង្គ ក្រាបបង្គំទូល យ៉ាងនេះថា សូម​ព្រះរាជ​តេជះ តំកល់លើត្បូង បពិត្រមហារាជ សូមទ្រង់ជ្រាប ខ្ញុំព្រះអង្គ​ ទើបនឹង​មក​អំពី​ទិស​ខាងជើង បានឃើញ​ភ្នំធំខ្ពស់ ស្មើ​នឹង​អាកាស រមៀល​មកកិនសត្វទាំងអស់ ក្នុងទីនោះ បពិត្រមហារាជ សូម​ព្រះអង្គធ្វើកិច្ច ដែល​ទ្រង់ត្រូវធ្វើឥឡូវនេះចុះ។ បពិត្រ​មហារាជ កាលបើភ័យធំយ៉ាងនេះ កើតឡើងក្តី ហេតុអាក្រក់ គឺការអស់ទៅ នៃមនុស្ស​ក្តី មនុស្សភាព ដែលសត្វបានដោយក្រក្តី ព្រះអង្គអាចធ្វើបានដែរឬ។ បពិត្រព្រះអង្គ​ដ៏ចម្រើន កាលបើភ័យធំយ៉ាងនេះ កើតឡើងក្តី ហេតុអាក្រក់ គឺការអស់​ទៅ នៃមនុស្ស​​ក្តី មនុស្សភាព ដែលសត្វបានដោយក្រក្តី ខ្ញុំព្រះអង្គ គប្បីធ្វើដូចម្តេចបាន ក្រៅអំពីការប្រព្រឹត្តិធម៌ ក្រៅអំពីការប្រព្រឹត្តិស្មើ ក្រៅអំពីការ​ធ្វើកុសល ក្រៅអំពី​ការ​ធ្វើបុណ្យ។

[៤១៧] ព្រះអង្គត្រាស់ថា បពិត្រមហារាជ តថាគតសូមថ្វាយព្រះពរព្រះអង្គ បពិត្រមហារាជ តថាគត សូមថ្វាយដំណឹងព្រះអង្គ បពិត្រមហារាជ ជរា និងមរណៈ រមែង​គ្របសង្កត់​ព្រះអង្គពិត បពិត្រមហារាជ កាលបើជរា និងមរណៈគ្របសង្កត់​ព្រះ​អង្គ តើព្រះអង្គ ត្រូវធ្វើដូចម្តេច។ ព្រះបាទបសេនទិកោសល ក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន កាលបើជរា និងមរណៈគ្របសង្កត់ខ្ញុំ​ព្រះ​អង្គ ខ្ញុំព្រះអង្គ គប្បី​ធ្វើដូចម្តេចបាន ក្រៅអំពីការប្រព្រឹត្តិធម៌ ក្រៅអំពីការប្រព្រឹត្តិស្មើ ក្រៅអំពីការ​ធ្វើ​កុសល ក្រៅអំពី​ការ​ធ្វើបុណ្យ បពិត្រព្រះអង្គដ៏ចំរើន ក្សត្រជាស្តេច បានមុទ្ធាភិសេកហើយ ស្រវឹងជ្រប់ ដោយភាពជាធំ មានសេចក្តីត្រេកអរ ក្នុងកាម មក​គ្របសង្កត់ ដល់នូវ​ការមាំមួនក្នុងជនបទ នៅត្រួតត្រាបឋវីមណ្ឌលដ៏ធំ តែង​មានចម្បាំង​ ដោយដំរីណា បពិត្រព្រះអង្គដ៏ចំរើន ចម្បាំង​ដោយដំរីទាំងនោះ នឹង​យក​ជាគតិ យកជាវិស័យ ក្នុងវេលាដែលជរា និងមរណៈគ្របសង្កត់ ពុំបាន បពិត្រព្រះអង្គដ៏ចម្រើន ឯក្សត្រ ជាស្តេចបានមុទ្ធាភិសេកហើយ។បេ។ នៅត្រួតត្រា​បឋវីមណ្ឌលដ៏ធំ រមែង​មានចម្បាំង​ដោយសេះ។បេ។ រមែង​មានចម្បាំង​ដោយរថ។បេ។ រមែង​មានចម្បាំង​ដោយពលថ្មើរជើង បពិត្រព្រះអង្គដ៏ចម្រើន ចម្បាំង​ដោយពលថ្មើរជើងទាំងនោះ នឹង​យក​ជាគតិ យកជាវិស័យ ក្នុងវេលា​ដែល​ជរា និងមរណៈគ្របសង្កត់ ពុំបានឡើយ បពិត្រព្រះអង្គដ៏ចម្រើន ក្នុងរាជត្រកូលនេះ ទោះបីមានពួកមហាមាត្យ ដែលជាមន្ត្រី ល្មមនឹងទម្លាយពួកសត្រូវ ដែល​មកដល់​ដោយ​អាថ៌កម្បាំងទាំងឡាយបាន បពិត្រព្រះអង្គដ៏ចម្រើន ចម្បាំងដោយអាថ៌កម្បាំង​ទាំង​នោះ នឹង​យក​ជាគតិ យកជាវិស័យ ក្នុងវេលាដែលជរា និងមរណៈ មក​គ្រប​សង្កត់ ពុំបានដែរ បពិត្រព្រះអង្គដ៏ចម្រើន ក្នុងរាជត្រកូលនេះ មានប្រាក់ និងមាសជា​ច្រើន ដែល​ឋិតនៅលើផែនដីក្តី ដែលឋិតនៅលើអាកាសក្តី ល្មមឲ្យខ្ញុំព្រះអង្គ កំចាត់​ពួក​សត្រូវដែលមក​ដល់ ដោយទ្រព្យបាន បពិត្រព្រះអង្គដ៏ចម្រើន តែថា ចម្បាំង​ដោយទ្រព្យ​ទាំងនោះ នឹង​យក​ជាគតិ យកជាវិស័យ ក្នុងវេលាដែលជរា និងមរណៈ​គ្របសង្កត់ ក៏ពុំបាន បពិត្រព្រះអង្គដ៏ចម្រើន កាលដែលជរា និងមរណៈ មកគ្រប​សង្កត់​ ខ្ញុំព្រះអង្គ អាចធ្វើ​ដូចម្តេចបាន ក្រៅអំពីការប្រព្រឹត្តិធម៌ ក្រៅអំពីការ​ប្រព្រឹត្តិស្មើ ក្រៅ​អំពី​ការធ្វើកុសល ក្រៅអំពីការធ្វើបុណ្យ។

[៤១៨] ព្រះអង្គត្រាស់ថា បពិត្រមហារាជ នុ៎ះយ៉ាងហ្នឹងហើយ បពិត្រមហារាជ នុ៎ះយ៉ាងហ្នឹងហើយ កាលជរា និងមរណៈ​មកគ្របសង្កត់ ព្រះអង្គ អាចធ្វើ​ដូចម្តេច​បាន ក្រៅអំពីការប្រព្រឹត្តិធម៌ ក្រៅអំពីការ​ប្រព្រឹត្តិស្មើ ក្រៅ​អំពី​ការធ្វើកុសល ក្រៅអំពីការធ្វើបុណ្យ។

[៤១៩] ព្រះមានព្រះភាគ បានត្រាស់នូវភាសិតនេះ។បេ។

ភ្នំថ្មតាន់សុទ្ធ ដ៏​ធំទូលាយ ទល់នឹងអាកាស រលំចុះមកកិនពួកសត្វជុំវិញ ក្នុងទិសទាំង៤ យ៉ាង​ណាមិញ ជរា និងមច្ចុ តែងគ្របសង្កត់​ពួកសត្វទាំងឡាយ ទោះក្សត្រ ព្រាហ្មណ៍ វេស្សៈ សុទ្ទៈ មនុស្សចណ្ឌាល ត្រកូលអ្នកចោលសម្រាម យ៉ាងនោះឯង ឥត​មានវៀរ​លែង​បុគ្គលណាមួយឡើយ តែងញាំញីពួកសត្វទាំងអស់ ទីរបស់​ពួកពលដំរី មិន​មាន​ក្នុងមច្ចុសង្គ្រាមនោះទេ ទីរបស់ពួកពលរថ ក៏មិនមាន ទាំងទីរបស់ពួកពលថ្មើរជើង ក៏​មិនមាន ក្នុងមច្ចុសង្គ្រាម​នោះដែរ មួយទៀត ឥតមានអ្នកណាមួយ អាចឈ្នះ (នូវ​ជរា និងមរណៈនោះ) ដោយចម្បាំង ដោយអាថ៌​កំបាំង ឬដោយទ្រព្យបានឡើយ ព្រោះហេតុនោះ បុរសជាបណ្ឌិត អ្នកមាន​ប្រាជ្ញា កាល​ឃើញប្រយោជន៍របស់ខ្លួន ក៏គួរញុំាង​សទ្ធា ឲ្យតំកល់នៅក្នុងព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ បុគ្គលណា ប្រព្រឹត្តធម៌ដោយកាយ ដោយវាចា ឬដោយចិត្ត បណ្ឌិតទាំង​ឡាយ តែងសរសើរ​បុគ្គលនោះ ក្នុងលោកនេះឯង លុះបុគ្គល​នោះរំលាងខន្ធ ទៅកាន់​បរលោក តែងត្រេកអរ ក្នុងឋានសួគ៌ទៀត។

ចប់ បុគ្គលវគ្គ ទី៣។

បញ្ជីរឿង នៃបុគ្គលវគ្គនោះ គឺ

បុគ្គលសូត្រ១ អយ្យិកាសូត្រ១ លោកសូត្រ១ ឥស្សត្ថសូត្រ១ បព្វតោបមសូត្រ១ ដែល​ព្រះពុទ្ធដ៏ប្រសើរ ទ្រង់ត្រាស់ហើយ នេះហៅថា កោសលបញ្ចកៈ។

ចប់ កោសលសំយុត្ត។

មារសំយុត្ត

តបោកម្មវគ្គ ទី១

តបោកម្មសូត្រ ទី១

[៤២០] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទើប​នឹងត្រាស់​ដឹងជាដំបូង គង់នៅក្រោម​ដើមអជបាលនិគ្រោធ ក្បែរឆ្នេរស្ទឹងនេរញ្ជរា ​ក្នុង​ឧរុវេលាប្រទេស។ លំដាប់នោះឯង ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងទីស្ងាត់ ពួន​សម្ងំ មាន​ព្រះហឫទ័យត្រិះរិះកើតឡើង យ៉ាងនេះថា អាត្មាអញ រួចចាកទុក្ករកិរិយានោះ​ហើយហ្ន៎ ឱហ្ន៎ អាត្មាអញ រួចចាកទុក្ករកិរិយា ដែលមិនប្រកបដោយ​ប្រយោជន៍​នោះ ល្អហើយ ឱហ្ន៎ អាត្មាអញ ជាអ្នកបានត្រាស់ដឹងនូវ​ពោធិញ្ញាណ ប្រពៃហើយ។

[៤២១] លំដាប់នោះឯង មារមានចិត្តបាប បានដឹង​សេចក្តីត្រិះរិះ ក្នុង​ព្រះហឫទ័យ របស់ព្រះមានព្រះភាគ ដោយចិត្តរបស់ខ្លួនហើយ ចូលទៅ​ជិត​ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ពោលនឹង​ព្រះមានព្រះភាគ ដោយគាថា ថា

ពួកមាណព ចេញចាកតបោកម្ម ហើយបរិសុទ្ធ ដោយផ្លូវណា ព្រះអង្គ ជាអ្នក​មិនទាន់បរិសុទ្ធ ដើរវាងផ្លូវ​ដ៏បរិសុទ្ធនោះ ហើយសំគាល់ខ្លួន​ ថាជាអ្នកបរិសុទ្ធ។

[៤២២] ព្រះមានព្រះភាគ ទ្រង់ជ្រាប់ច្បាស់ថា អ្នកនេះ ជាមារមានចិត្តបាប ដូច្នេះ​ហើយ ទើបទ្រង់ត្រាស់នឹង​មារមានចិត្តបាប ដោយគាថាទាំងឡាយថា

តថាគត ដឹងនូវតបៈ​ដទៃណាមួយ ដែល​មិនប្រកបដោយ​ប្រយោជន៍​ថា តបៈ​ទាំងអស់ មិនជាតបៈនាំមកនូវប្រយោជន៍ឡើយ ដូចបុគ្គលកាន់ច្រវា និងថ្នោល អុំដោល​ទូកលើគោក ដូច្នេះ ហើយចម្រើននូវសីលផង នូវសមាធិផង នូវបញ្ញាផង ដើម្បីត្រាស់ដឹង​នូវមគ្គ ឥឡូវនេះ ក៏បានដល់នូវ​សេចក្តីបរិសុទ្ធិ ដ៏ប្រសើរហើយ ម្នាល​មារ អ្នកឯង តថាគតបានកំចាត់ចេញហើយ។

គ្រានោះឯង មារមានចិត្តបាប ក៏កើតទុក្ខ ទោមនស្ស ដោយគិតថា ព្រះមានព្រះភាគ ស្គាល់​ច្បាស់នូវអញ ព្រះសុគត ស្គាល់ច្បាស់នូវអញ ដូច្នេះហើយ ក៏ស្រាប់តែ​បាត់ចាកទីនោះទៅ។

នាគសូត្រ ទី២

[៤២៣] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទើប​នឹង​បាន​ត្រាស់​​ដឹងជាដំបូង គង់នៅក្រោម​ដើមអជបាលនិគ្រោធ ក្បែរឆ្នេរនៃស្ទឹងនេរញ្ជរា ​ក្នុង​ឧរុវេលាប្រទេស។ សម័យនោះឯង ព្រះមានព្រះភាគ គង់នៅក្នុងទីវាលស្រឡះ ក្នុង​វេលា​រាត្រីងងឹតសូន្យឈឹង។ ចួនជាភ្លៀង ក៏រលឹមស្រឹបៗ។

[៤២៤] លំដាប់នោះ មារមានចិត្តបាប មានប្រាថ្នា ដើម្បីញុំាងភ័យ សេចក្តីតក់​ស្លុត ការព្រួចព្រឺរោម ឲ្យកើតឡើង ដល់​ព្រះមានព្រះភាគ ក៏និម្មិតភេទ​ជាស្តេច​ដំរីធំ ហើយចូលសំដៅទៅរក​ព្រះមានព្រះភាគ។ ក្បាលរបស់ដំរីនោះ មានទំហំប៉ុនថ្មខ្មៅ​ដ៏​ធំ។ ភ្លុករបស់វា ដូចប្រាក់សុទ្ធ។ ប្រមោយរបស់វា ដូច​យាមនង្គ័លដ៏ធំ។

[៤២៥] គ្រានោះ ព្រះមានព្រះភាគ ទ្រង់ជ្រាបច្បាស់ថា នេះជា​មារមានចិត្ត​បាប ដូច្នេះ​ហើយ ទើបទ្រង់ត្រាស់នឹង​មារមានចិត្តបាបនោះ ដោយគាថាដូច្នេះថា

អ្នកឯង កាលអន្ទោលទៅមក អស់កាលយូរអង្វែង បានតំណែងភេទល្អខ្លះ មិន​ល្អខ្លះ ម្នាល​មារមានចិត្តបាប អ្នកឯង មិនគួរនឹងធ្វើដូច្នោះឡើយ ម្នាលមារ ទាំង​អ្នកឯងសោត ក៏តថាគត បានកំចាត់ចោលស្រឡះហើយដែរ។

គ្រានោះឯង មារមានចិត្តបាប ក៏កើតទុក្ខ តូចចិត្ត ដោយគិតថា ព្រះមានព្រះភាគ ស្គាល់​អញ ព្រះសុគត ស្គាល់អញ ដូច្នេះហើយ ក៏បាត់ចាក​ទីនោះ​ទៅ។

សុភសូត្រ ទី៣

[៤២៦] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទើប​នឹង​បាន​ត្រាស់​ដឹងជាដំបូង ទ្រង់គង់នៅក្រោម​ដើមអជបាលនិគ្រោធ ទៀបឆ្នេរនៃ​ស្ទឹងនេរញ្ជរា ​ក្នុង​ឧរុវេលាប្រទេស។ ក៏សម័យនោះឯង ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងទីវាលស្រឡះ ក្នុងវេលារាត្រីងងឹតសូន្យឈឹង។ ចួនជា​ភ្លៀង ក៏រលឹមស្រឹបៗ។

[៤២៧] គ្រានោះឯង មារមានចិត្តបាប ប្រាថ្នានឹងញុំាងភ័យ សេចក្តីតក់​ស្លុត ការព្រួចព្រឺរោម ឲ្យកើតឡើង ដល់​ព្រះមានព្រះភាគ ក៏ចូលសំដៅទៅរក​ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏សំដែងនូវភេទដ៏ខ្ពស់ និងទាប ល្អខ្លះ មិន​ល្អខ្លះ ក្នុងទីជិតនៃព្រះមានព្រះភាគ។

[៤២៨] គ្រានោះឯង ព្រះមានព្រះភាគ ទ្រង់ជ្រាបច្បាស់ថា នេះជាមារមានចិត្តបាប ដូច្នេះ​ហើយ ទើបទ្រង់ត្រាស់នឹង​មារមានចិត្តបាបនោះ ដោយគាថាដូច្នេះថា

អ្នកឯង កាលអន្ទោលទៅមក អស់កាលយូរអង្វែង បានតំណែងភេទល្អខ្លះ មិន​ល្អខ្លះ ម្នាល​មារ អ្នកឯង មិនគួរនឹងធ្វើដូច្នោះឡើយ ម្នាលមារ ​អ្នកឯង តថាគត បានកំចាត់ចោលស្រឡះហើយ (ព្រោះថា) បុគ្គលទាំងឡាយណា បានសម្រួមល្អ ដោយ​កាយ ដោយវាចា ដោយចិត្តហើយ ម្នាលមារ បុគ្គលនោះឯង មិនលុះ​ក្នុង​អំណាច​អ្នកឯងឡើយ មិនមែនជាសិស្សគណ របស់​អ្នកឯងជាមារឡើយ។

គ្រានោះ មារមានចិត្តបាប។បេ។ ក៏អន្តរធាន ចាកទីនោះទៅ។

បឋមបាសសូត្រ ទី៤

[៤២៩] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងព្រៃឥសិបតនមិគទាយវ័ន ទៀបក្រុងពារាណសី។ ព្រះមានព្រះភាគ ទ្រង់​ត្រាស់ហៅភិក្ខុទាំងឡាយ ក្នុងទីនោះថា ម្នាលភិក្ខុទាំងឡាយ។ ភិក្ខុទាំងនោះ ទទួល​ព្រះពុទ្ធដីកា របស់ព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ។ ទើប​ព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ អរហត្តផលវិមុត្តិ ដ៏​ប្រសើរ តថាគត បានសម្រេចហើយ អរហត្តផលវិមុត្តិ ដ៏ប្រសើរ តថាគត បានធ្វើ​ឲ្យ​ជាក់ច្បាស់ហើយ ព្រោះការយកចិត្តទុកដាក់ ដោយឧបាយ ព្រោះសេចក្តីព្យាយាមដ៏​ល្អដោយឧបាយ ម្នាលភិក្ខុទាំងឡាយ ទាំងចំណែកអ្នកទាំងឡាយ ក៏ចូរ​សម្រេច​នូវអរហត្តផលវិមុត្តិដ៏ប្រសើរ ចូរធ្វើឲ្យជាក់ច្បាស់ នូវអរហត្តផលវិមុត្តិដ៏ប្រសើរ ព្រោះការយកចិត្តទុកដាក់ ដោយឧបាយ ព្រោះសេចក្តីព្យាយាមដ៏​ល្អ ដោយឧបាយ។

[៤៣០] គ្រានោះឯង មារមានចិត្តបាប បានចូលទៅរកព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ទើបពោលនឹងព្រះមានព្រះភាគ ដោយគាថាដូច្នេះថា

ព្រះអង្គ ជាប់ហើយដោយអន្ទាក់នៃមារ អន្ទាក់ទាំងឡាយណាៗ ទោះជា​របស់​ទេវតាក្តី ជារបស់មនុស្សក្តី ព្រះអង្គជាប់ហើយ ដោយអន្ទាក់ទាំងនោះ ព្រះអង្គ​ជាប់​ចំពាក់ហើយ ដោយចំណងនៃមារ បពិត្រព្រះសមណៈ ព្រះអង្គមិនរួច (ចាកវិស័យ) របស់ខ្ញុំឡើយ។

[៤៣១] ព្រះសម្មាសម្ពុទ្ធ ទ្រង់ត្រាស់ថា តថាគត រួចហើយចាកអន្ទាក់នៃមារ អន្ទាក់ទាំងឡាយណាៗ ទោះជា​របស់​ទេវតាក្តី ជារបស់មនុស្សក្តី តថាគត បានរួចស្រឡះហើយ ចាកអន្ទាក់ទាំងនោះ តថាគត រួចហើយចាក ចំណងរបស់មារ ម្នាលមារ ទាំងអ្នកឯងសោត ក៏តថាគត កំចាត់បានហើយដែរ។

គ្រានោះ មារមានចិត្តបាប។បេ។ ក៏អន្តរធានចាកទីនោះទៅ។

ទុតិយបាសសូត្រ ទី៥

[៤៣២] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងព្រៃឥសិបតនមិគទាយវ័ន ទៀបក្រុងពារាណសី។ កាល​ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងទីនោះ បានត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ។ ភិក្ខុទាំងនោះ ទទួល​ព្រះពុទ្ធដីកា របស់ព្រះមានព្រះភាគថា ព្រះករុណា​ ព្រះអង្គ។ ទើប​ព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះថា ម្នាលភិក្ខុ​ទាំងឡាយ តថាគត រួចហើយចាកអន្ទាក់ទាំងអស់ ទោះជា​របស់​ទេវតាក្តី ជារបស់មនុស្សក្តី ម្នាលភិក្ខុទាំងឡាយ ទាំងអ្នកទាំងឡាយសោត ក៏បាន​រួចចាក​អន្ទាក់​ទាំងអស់ដែរ ទោះជារបស់ទេវតាក្តី ជារបស់មនុស្សក្តី ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរត្រាច់ទៅកាន់ចារិក ដើម្បីប្រយោជន៍ ដល់ជនច្រើន ដើម្បី​សេចក្តីសុខ ដល់ជនច្រើន ដើម្បីអនុគ្រោះ ដល់សត្វលោក ដើម្បីសេចក្តីចម្រើន ដើម្បី​ប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់ទេវតា និងមនុស្សទាំងឡាយ តែអ្នកទាំងឡាយ កុំទៅ​ពីរនាក់ តាមផ្លូវមួយជាមួយគ្នាឡើយ ម្នាលភិក្ខុទាំងឡាយ ចូរអ្នកទាំងឡាយ សម្តែងធម៌ មានលំអបទដើម លំអបទកណ្តាល លំអបទចុង បរិបូណ៌ដោយអត្ថ និង​ព្យញ្ជនៈ អ្នកទាំងឡាយ ចូរប្រកាសព្រហ្មចរិយធម៌ ដ៏បរិសុទ្ធ បរិបូណ៌ទាំងអស់ សត្វ​ទាំងឡាយ ដែលមានធូលី គឺរាគាទិក្កិលេសតិច ក្នុងភ្នែក គឺបញ្ញា សត្វទាំងនោះ នឹង​សាបសូន្យ (ចាកមគ្គផល) ព្រោះមិនបានស្តាប់ធម៌ សត្វទាំងឡាយ បម្រុងនឹងត្រាស់​ដឹងធម៌ ក៏មានដែរ ម្នាលភិក្ខុទាំងឡាយ ចំណែកតថាគត ក៏នឹងចូលទៅឯសេនានិគម ក្នុងឧរុវេលាប្រទេស ដើម្បី​សម្តែងធម៌ដែរ។

[៤៣៣] គ្រានោះឯង មារមានចិត្តបាប​ ចូលសំដៅទៅរកព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ទើបពោលនឹងព្រះមានព្រះភាគ ដោយគាថា ដូច្នេះថា

ព្រះអង្គជាប់ចំពាក់ហើយ ដោយអន្ទាក់ទាំងពួង ទោះជារបស់ទេវតាក្តី ជារបស់​មនុស្សក្តី បពិត្រព្រះសមណៈ ព្រះអង្គជាបុគ្គល​ជាប់ចំពាក់ ដោយចំណង​ដ៏មាំ ព្រះអង្គមិនរួច (ចាក​វិស័យ) របស់ខ្ញុំឡើយ។

[៤៣៤] ព្រះសម្ពុទ្ធ ទ្រង់ត្រាស់ថា តថាគត រួចចាកអន្ទាក់​ទាំងអស់ហើយ ទោះជា​របស់​ទេវតាក្តី ជារបស់មនុស្សក្តី តថាគត រួចស្រឡះ ចាកចំណងដ៏មាំ​ហើយ នែមារ ទាំងអ្នកឯង ក៏តថាគត បានកំចាត់ហើយដែរ។

គ្រានោះឯង មារមានចិត្តបាប។បេ។ បាត់ចាកទីនោះទៅ។

សប្បសូត្រ ទី៦

[៤៣៥] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តវេឡុវ័ន ជាកលន្ទកនិវាបស្ថាន ទៀបក្រុងរាជគ្រឹះ។ សម័យនោះឯង ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងទីវាលស្រឡះ ក្នុងវេលារាត្រីងងឹតសូន្យឈឹង។ ចួន​ជាមានភ្លៀងរលឹមស្រឹបៗ។

[៤៣៦] លំដាប់នោះឯង មារមានចិត្តបាប មានប្រាថ្នានឹងញុំាងភ័យ សេចក្តីតក់​ស្លុត ការព្រួចព្រឺរោម ឲ្យកើតឡើង ដល់​ព្រះមានព្រះភាគ ទើប​និម្មិត​ភេទ​ជាស្តេចពស់១ធំ ហើយលូនចូលទៅរកព្រះមានព្រះភាគ។ កាយរបស់ស្តេចពស់នោះ ប៉ុន​ទូកធំ១ ដែលធ្វើដោយដើមឈើទាំងមូល។ ពពាររបស់វា ប៉ុន​កន្ទេលធំសម្រាប់​ហាល​ម្សៅ របស់អ្នក​ធ្វើសុរា។ ភ្នែករបស់វា ប៉ុន​ភាជន៍សំរិទ្ធិ៍ធំសម្រាប់សោយ [ភាជន៍សម្រាប់សោយរបស់​ព្រះបាទបសេនទិកោសលនេះ ទំហំប៉ុនកង់រាជរថ។] របស់​ព្រះបាទបសេនទិកោសល។ អណ្តាតរបស់វា លៀនចេញអំពីមាត់មក ដូចផ្លេក​បន្ទោរផ្សាយចេញក្នុងកាលមេឃគ្រហឹម។ សូរសន្ធឹកនៃខ្យល់ដង្ហើមចេញចូល​របស់វា​ ដូចសំឡេងនៃស្នប់របស់ជាងលោហៈ ដែលគេកំពុងសប់។

[៤៣៧] គ្រានោះឯង ព្រះមានព្រះភាគ ទ្រង់ជ្រាបច្បាស់ថា ពស់នេះ ជាមារ​មានចិត្តបាប ដូច្នេះហើយ ទើបទ្រង់ត្រាស់នឹងមារ​មានចិត្តបាបនោះ ដោយគាថាដូច្នេះ​ថា

បុគ្គលណា គប់រកនូវសុញ្ញាគារស្ថាន ដើម្បីដេក បុគ្គលនោះ ឈ្មោះថា អ្នក​ប្រាជ្ញមានខ្លួនសង្រួមហើយ បុគ្គលនោះឈ្មោះថា ប្រព្រឹត្តលះបង់ (នូវសេចក្តីអាល័យ) ក្នុងអត្តភាពនោះ ព្រោះថា ការប្រព្រឹត្តិលះបង់ (នូវសេចក្តីអាល័យ) ក្នុងអត្តភាពនោះ របស់បុគ្គលមានសភាពដូច្នោះ ជាការសមគួរហើយ ពួកសត្វដែល​សញ្ចរទៅមក (មាន​ខ្លាធំ ជាដើម) ក៏មានច្រើន អារម្មណ៍ដែលគួរខ្លាច ក៏មានច្រើន ទាំងរបោម និង​សត្វទីឃជាតិ ក៏មានច្រើន ព្រះមហាមុនី ដែលនៅក្នុងសុញ្ញាគារស្ថាន ក៏មិនព្រឺព្រួច​រោម ព្រោះអារម្មណ៍ដែលគួរខ្លាចទាំងនោះឡើយ (កាលបើ) អាកាសគប្បីបែក ផែន​ដី គប្បីកម្រើក ពួកសត្វទាំងអស់ គប្បីតក់ស្លុតក្តី សត្វទាំងឡាយ ទ្រទ្រង់សរ ឰដ៏ទ្រូងក្តី ព្រះពុទ្ធទាំងឡាយ មិនធ្វើទីពឹងចំពោះខន្ធូបធិទាំងឡាយឡើយ។

គ្រានោះឯង មារ​មានចិត្តបាប កើតទុក្ខ តូចចិត្តថា ព្រះមានព្រះភាគស្គាល់​អញ ព្រះសុគតស្គាល់អញ ដូច្នេះហើយ ក៏អន្តរធានចាកទីនោះទៅ។

សុប្បតិសូត្រ ទី៧

[៤៣៨] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តវេឡុវ័ន ជាកលន្ទកនិវាបស្ថាន ទៀបក្រុងរាជគ្រឹះ។ គ្រានោះ​ឯង ព្រះមានព្រះភាគ ទ្រង់ចង្ក្រមក្នុងទីវាលស្រឡះ ដល់យប់ជ្រៅ ទ្រង់លាង​ព្រះបាទទាំង​គូ ក្នុងបច្ចូសសម័យនៃរាត្រី ហើយចូលទៅកាន់វិហារ សម្រេច​នូវសីហសេយ្យា ផ្អៀង​ទៅ​ខាងស្តាំ យកព្រះបាទតម្រួតព្រះបាទ ទ្រង់​មានសតិសម្បជញ្ញៈ យកព្រះហឫទ័យ​ទុក​ដាក់នូវឧដ្ឋានសញ្ញា។

[៤៣៩] គ្រានោះឯង មារ​មានចិត្តបាប បានចូលសំដៅទៅរកព្រះមានព្រះ​ភាគ លុះចូលទៅដល់ ក៏ពោល​នឹង​ព្រះមានព្រះភាគ ដោយគាថាដូច្នេះថា

ព្រះអង្គផ្ទំលក់ដូចម្តេច ព្រោះហេតុដូចម្តេចហ្ន៎ បានជាព្រះអង្គផ្ទំលក់ ហេតុ​ដូចម្តេច បានជា​ព្រះអង្គផ្ទំលក់ ដូចជាមនុស្សស្លាប់ ព្រះអង្គផ្ទំលក់ ដោយស្មានថា សុញ្ញាគារស្ថាន អាត្មាអញ (បានហើយ) ព្រះអាទិត្យ រះឡើងហើយ ហេតុដូចម្តេច បានជា​ព្រះអង្គនៅតែផ្ទំលក់។

[៤៤០] ព្រះសម្មាសម្ពុទ្ធ ទ្រង់ត្រាស់តបថា បុគ្គលណា មិនមានតណ្ហា ដូច​ជាបណ្តាញ ដែលជាប់ទៅក្នុងអារម្មណ៍ផ្សេងៗ ដើម្បីនាំទៅក្នុងភពណាមួយទេ បុគ្គល​នោះឈ្មោះថា ជាព្រះពុទ្ធ តែងដេកលក់ ព្រោះការអស់ទៅនៃឧបធិទាំង​ពួង ម្នាលមារ ចុះមានប្រយោជន៍អ្វី ដល់អ្នកឯង ក្នុងដំណើរនោះ។

គ្រានោះឯង មារមានចិត្តបាប។បេ។ ក៏អន្តរធានចាកទីនោះទៅ។

នន្ទនសូត្រ ទី៨

[៤៤១] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។

[៤៤២] គ្រានោះឯង មារមានចិត្តបាប បានចូលសំដៅទៅរក​ព្រះមានព្រះភាគ លុះចូលទៅដល់ ក៏ពោលគាថានេះ ក្នុងទីជិតនៃព្រះមានព្រះភាគថា

អ្នកមានកូន តែងត្រេកអរនឹងកូន អ្នក​មានគោ តែងត្រេកអរនឹងគោដូចគ្នា ឯ​ឧបធិទាំងឡាយ ជាទីត្រេកអររបស់ជន បុគ្គលណា មិនមានឧបធិ បុគ្គលនោះ រមែង​មិន​ត្រេកអរឡើយ។

[៤៤៣] ព្រះសម្ពុទ្ធត្រាស់តបថា អ្នកមានកូន តែងក្រៀមក្រំចិត្តនឹងកូន អ្នក​មានគោ តែងក្រៀមក្រំចិត្តនឹងគោដូចគ្នា ​ឧបធិ ជាទីក្រៀមក្រំចិត្តរបស់ជន បុគ្គលណា មិនមានឧបធិ បុគ្គលនោះ រមែង​មិនក្រៀមក្រំចិត្តឡើយ។

គ្រានោះឯង មារមានចិត្តបាប កើតទុក្ខ តូចចិត្តថា ព្រះមានព្រះភាគ ស្គាល់អញ ព្រះសុគត ស្គាល់អញ ដូច្នេះហើយ ក៏បាត់ចាកទីនោះទៅ។

បឋមអាយុសូត្រ ទី៩

[៤៤៤] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តវេឡុវ័ន ជាកលន្ទកនិវាបស្ថាន ទៀបក្រុងរាជគ្រឹះ។ កាល​ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងទីនោះ បាន​ត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ។ ភិក្ខុទាំងនោះ ក៏ទទួល​ព្រះពុទ្ធដីកា របស់​ព្រះមានព្រះភាគ​ថា ព្រះករុណា ព្រះអង្គ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ អាយុ របស់មនុស្សទាំងឡាយនេះ តិចណាស់ សត្វដែលត្រូវទៅកាន់បរលោក គួរ​ធ្វើ​កុសល គួរប្រព្រឹត្តព្រហ្មចរិយធម៌ សត្វដែលកើតហើយ ឈ្មោះថាមិនស្លាប់ មិនមានទេ ម្នាលភិក្ខុទាំងឡាយ បុគ្គលរស់នៅយ៉ាងយូរត្រឹមមួយរយឆ្នាំ ឬថយចុះ​មក​ក៏មាន លើសជាងបន្តិចក៏មាន។

[៤៤៥] គ្រានោះឯង មារមានចិត្តបាប បានចូលសំដៅទៅរក​ព្រះមានព្រះភាគ លុះចូលទៅដល់ ក៏ពោលនឹង​ព្រះមានព្រះភាគ ដោយគាថា ដូច្នេះថា

អាយុរបស់មនុស្សទាំងឡាយ វែង សប្បុរស មិនគួរខ្ពើមឆ្អើមអាយុនោះ​ឡើយ បុគ្គលគប្បីប្រព្រឹត្តខ្លួន ឲ្យដូចជាកូនក្មេងស្រវឹងទឹកដោះ (ព្រោះថា) ដំណើរមកនៃ​មច្ចុ មិនមានទេ។

[៤៤៦] ព្រះសម្ពុទ្ធទ្រង់ត្រាស់ថា អាយុរបស់មនុស្សទាំងឡាយ តិច សប្បុរស គួរខ្ពើមឆ្អើមអាយុនោះ បុគ្គលគួរខំប្រព្រឹត្ត (សុចរិត) ដូចបុគ្គល ដែល​ភ្លើងកំពុងឆេះក្បាល (ព្រោះ) ដំណើរមិនមក នៃសេចក្តីស្លាប់ មិនមានឡើយ។

គ្រានោះ មារមានចិត្តបាប។បេ។ ក៏បាត់ចាកទីនោះទៅ។

ទុតិយអាយុសូត្រ ទី១០

[៤៤៧] សម័យនោះ​ ព្រះមានព្រះភាគ ទ្រង់គង់នៅទៀបក្រុងរាជគ្រឹះ។បេ។ កាល​ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងទីនោះ បានត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ អាយុរបស់​មនុស្សទាំងឡាយនេះ តិចពេក សត្វដែល​ត្រូវ​ទៅកាន់​បរលោក គួរធ្វើកុសល គួរប្រព្រឹត្តព្រហ្មចរិយធម៌ សត្វដែល​កើតហើយ ឈ្មោះ​ថា មិនស្លាប់ មិនមានទេ ម្នាលភិក្ខុទាំងឡាយ បុគ្គល​រស់នៅយ៉ាងយូរ ត្រឹម​មួយរយឆ្នាំ ឬថយតិចចុះក៏មាន លើសជាងបន្តិចទៅក៏មាន។

[៤៤៨] គ្រានោះឯង មារមានចិត្តបាប បានចូលសំដៅទៅរក​ព្រះមានព្រះភាគ លុះចូលទៅដល់ ក៏ពោលនឹង​ព្រះមានព្រះភាគ ដោយគាថា ដូច្នេះថា

បើថ្ងៃនិងយប់ មិនកន្លងទៅ ជីវិតក៏មិនរួញថយចុះដែរ អាយុនៃ​សត្វ​ទាំងឡាយ តែងប្រព្រឹត្តទៅតាម (ថ្ងៃនិងយប់) ដូចខ្នងកង់ ដែលវិល​ទៅតាម​ក្បាល​ក្រពើនៃរទេះ។

[៤៤៩] ព្រះសម្ពុទ្ធទ្រង់ត្រាស់ថា ថ្ងៃនិងយប់ តែងកន្លងទៅ ជីវិតតែងរួញ​ថយ​ចុះមក អាយុរបស់សត្វទាំងឡាយ ចេះតែអស់ទៅ ដូចទឹកស្ទឹងតូចទាំងឡាយ។

គ្រានោះឯង មារមានចិត្តបាប កើតទុក្ខ តូចចិត្តថា ព្រះមានព្រះភាគ ស្គាល់អញ ព្រះសុគត ស្គាល់អញ ដូច្នេះហើយ ក៏អន្តរធានចាកទីនោះទៅ។

ចប់ តបោកម្មវគ្គ ទី១។

បញ្ជីរឿងនៃតបោកម្មវគ្គនោះ គឺ

តបោកម្មសូត្រ១ នាគសូត្រ១ សុភសូត្រ១ បឋមបាសសូត្រ១ ទុតិយបាសសូត្រ១ សប្បសូត្រ១ សុប្បតិសូត្រ១ នន្ទនសូត្រ១ បឋមអាយុសូត្រ១ ទុតិយអាយុសូត្រ១។

បាសាណវគ្គ ទី២

បាសាណសូត្រ ទី១

[៤៥០] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់លើភ្នំគិជ្ឈកូដ ទៀប​ក្រុង​រាជគ្រឹះ។ សម័យនោះឯង ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងទីវាលស្រឡះ ក្នុងវេលា​រាត្រីងងឹតសូន្យឈឹង។ ចួនជាមានភ្លៀងរលឹមស្រឹបៗ។

[៤៥១] គ្រានោះឯង មារមានចិត្តបាប ប្រាថ្នានឹងញុំាងភ័យ សេចក្តីតក់ស្លុត សេចក្តីព្រួចព្រឺរោម ឲ្យកើតឡើង ដល់ព្រះមានព្រះភាគ ហើយចូល​ទៅរក​ព្រះមានព្រះភាគ លុះចូលទៅដល់ ក៏ប្រមៀលថ្មធំៗ ក្នុងទីជិតនៃព្រះមានព្រះភាគ។

[៤៥២] គ្រានោះឯង ព្រះមានព្រះភាគ ទ្រង់ជ្រាបច្បាស់ថា អ្នកនេះជាមារមានចិត្ត​បាប ដូច្នេះ ទើបត្រាស់នឹងមារមានចិត្តបាប ដោយគាថា ដូច្នេះថា

បើទុកជាអ្នកឯង ប្រមៀលភ្នំគិជ្ឈកូដអស់ទាំងមូល ក៏ព្រះពុទ្ធទាំងឡាយ ដែល​មានចិត្តផុតស្រឡះ ដោយប្រពៃហើយ មិនបានញាប់ញ័រទេ។

គ្រានោះឯង មារមានចិត្តបាប កើតទុក្ខ តូចចិត្តថា ព្រះមានព្រះភាគ ស្គាល់អញ ព្រះសុគត ស្គាល់អញ ដូច្នេះហើយ ក៏បាត់ចាកទីនោះទៅ។

សីហសូត្រ ទី២

[៤៥៣] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់​អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ សម័យនោះឯង ព្រះមានព្រះភាគ មាន​បរិស័ទ​ជាច្រើន គាល់ត្រៀបត្រា កំពុងសម្តែងធម៌។ វេលានោះ មារមានចិត្តបាប មានសេចក្តីត្រិះរិះ យ៉ាងនេះថា សមណគោតមនេះឯង មានបរិស័ទជាច្រើន គាល់​ត្រៀបត្រា កំពុងសម្តែងធម៌ បើដូច្នោះ គួរតែអាត្មាអញ ចូលទៅជិត​ព្រះសមណគោតម​នោះ ដើម្បីនឹង​ធ្វើបញ្ញាចក្ខុឲ្យវិនាស។

[៤៥៤] គ្រានោះឯង មារមានចិត្តបាប បានចូលសំដៅ​ទៅរក​ព្រះមានព្រះភាគ លុះចូលទៅដល់ ក៏ពោលនឹងព្រះមានព្រះភាគ ដោយគាថា ដូច្នេះថា

ម្តេចក៏ព្រះអង្គ ក្លៀវក្លាក្នុងបរិស័ទម្ល៉េះ បន្លឺដូចជាសីហៈ មានអ្នកចំបាប់តនឹង​ព្រះអង្គដែរឬ បានជាព្រះអង្គ សំគាល់​ថាមានជ័យជំនះ។

[៤៥៥] ព្រះសម្ពុទ្ធទ្រង់ត្រាស់ថា អ្នកមានព្យាយាមធំ ក្លៀវក្លាក្នុងពួកបរិស័ទ រមែងបន្លឺឡើង យ៉ាងហ្នឹងឯង ព្រះតថាគតទាំងឡាយ ជាអ្នកបរិបូណ៌​ដោយកម្លាំង ទ្រង់បាន​ឆ្លងនូវតណ្ហា ដែលជាប់​ចំពាក់ក្នុងលោកហើយ។

គ្រានោះឯង មារមានចិត្តបាប កើតទុក្ខ តូចចិត្តថា ព្រះមានព្រះភាគ ស្គាល់អញ ព្រះសុគត ស្គាល់អញ ដូច្នេះហើយ ក៏អន្តរធានចាកទីនោះទៅ។

សកលិកសូត្រ ទី៣

[៤៥៦] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់​ក្នុងឱទ្យានឈ្មោះ មទ្ទកុច្ឆិ [កាលដែលព្រះបាទអជាតសត្តុរាជ ស្ថិតនៅក្នុងផ្ទៃ​ព្រះមាតា។ ទ្រង់ជ្រាបថា ព្រះរាជឱរសនេះ ជាសត្រូវនឹងព្រះបិតារបស់ខ្លួន នឹង​សម្លាប់​ព្រះបិតាមិនខាន ហើយក៏ឲ្យគេច្របាច់ផ្ទៃ បំណងនឹងរំលូត​ព្រះរាជឱរស​នោះ ក្នុងឱទ្យាននេះឯង បានជាហៅថា មទ្ទកុច្ឆិឱទ្យាន ប្រែថា សួន​ច្របាច់ផ្ទៃ។ អដ្ឋកថា។] ជាទីឲ្យ​អភ័យដល់សត្វម្រឹគ ទៀបក្រុង​រាជគ្រឹះ។ សម័យនោះឯង ព្រះបាទរបស់ព្រះមានព្រះភាគ ជាំដាំដោយបំណែកថ្ម។ បានឮថា ព្រះមានព្រះភាគ មានវេទនាច្រើន ប្រជុំក្នុងព្រះសរីរៈ ជាទុក្ខ ក្លៀវក្លា រឹង ខ្លោចផ្សា មិន​ត្រជាក់ មិនជាទីគាប់ចិត្ត។ បានឮថា ព្រះមានព្រះភាគ ទ្រង់មានព្រះសតិ​សម្បជញ្ញៈ មិនត្អូញត្អែរ ទ្រង់អត់ទ្រាំ នូវវេទនាទាំងនោះ។ ទើប​ព្រះមានព្រះភាគ ទ្រង់​ក្រាលសង្ឃាដី៤ជាន់ សម្រេចសីហសេយ្យា ផ្អៀងទៅខាងស្តាំ យកព្រះបាទ​តម្រួត​ព្រះបាទ មានព្រះសតិ​សម្បជញ្ញៈ។

[៤៥៧] គ្រានោះឯង មារមានចិត្តបាប បានចូលសំដៅទៅរក​ព្រះមានព្រះភាគ លុះចូលទៅដល់ ក៏ពោលនឹង​ព្រះមានព្រះភាគ ដោយគាថាថា

ព្រះអង្គ ទ្រង់ផ្ទំដោយសេចក្តីវង្វេងជ្រប់ឬ ឬក៏ផ្ទំ​ដូចជាបុគ្គល​ដែលស្រវឹង​ ដោយ​ការធ្វើកាព្យឃ្លោង ប្រយោជន៍​របស់​ព្រះអង្គ មិនមានច្រើនទេឬ ព្រោះហេតុអ្វី ព្រះអង្គជាបុគ្គលម្នាក់ឯង មានព្រះភក្ត្រឆ្ពោះទៅកាន់ការលក់ ទ្រង់ផ្ទំលក់លើ​អាសនៈ​សម្រាប់ផ្ទំដ៏ស្ងាត់យ៉ាងនេះ។

[៤៥៨] ព្រះមានព្រះភាគ ទ្រង់ត្រាស់តបថា តថាគត មិនមែនសិង ដោយ​សេចក្តីវង្វេងជ្រប់ទេ មិនមែនសិងដូចជា​បុគ្គលដែលស្រវឹង ដោយការធ្វើ​កាព្យឃ្លោង​ទេ តថាគត បានសម្រេចប្រយោជន៍ ប្រាសចាកសេចក្តីសោកហើយ តថាគត តែម្នាក់​ឯង ជាអ្នកអនុគ្រោះ ដល់សត្វទាំងអស់ សិងលើអាសនៈសម្រាប់សិងដ៏ស្ងាត់ ឯពួក​ជនណា ដែលមានសរ មុតត្រង់ទ្រូង (សរនោះ) រមែងជ្រួតជ្រាបទៅកាន់​ហឫទ័យ​ភ្លាមៗ ជនទាំងនោះឯង ឈ្មោះថា ប្រកបដោយសរ រមែងបាននូវការដេកលក់ ក្នុង​លោកនេះ តថាគត ជាអ្នកប្រាសចាកសរ លែង​ដេកលក់ហើយ កាលតថាគត ភ្ញាក់​ ក៏លែងរង្កៀស ទាំងលែងខ្លាចនឹងការដេកលក់ ព្រោះហេតុអ្វី (ព្រោះថា) ថ្ងៃនិងយប់ មិនបានដុតកំដៅ នូវតថាគតឡើយ (ឈ្មោះថាការងារមួយ ដែលមិនទាន់សម្រេច) របស់តថាគត មិនមានឡើយ តថាគត មិនបានឃើញសេចក្តីសាបសូន្យណា​មួយ ក្នុងលោកឡើយ ព្រោះហេតុនោះ តថាគត ឈ្មោះថា មានសេចក្តីអនុគ្រោះ ចំពោះ​សត្វទាំងអស់ ទើបផ្ទំលក់។

គ្រានោះឯង មារមានចិត្តបាប កើតទុក្ខ តូចចិត្តថា ព្រះមានព្រះភាគ ស្គាល់អញ ព្រះសុគត ស្គាល់អញ ដូច្នេះហើយ ក៏បាត់ចាកទីនោះទៅ។

បដិរូបសូត្រ ទី៤

[៤៥៩] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់ក្នុងព្រាហ្មណគ្រាម ឈ្មោះ ឯកសាលា នាដែនកោសល។ សម័យនោះឯង ព្រះមានព្រះភាគ មានគិហិបរិស័ទជាច្រើន គាល់ត្រៀបត្រា ហើយទ្រង់សំដែង​ធម៌។ វេលានោះ មារមានចិត្តបាប មានសេចក្តីត្រិះរិះ យ៉ាងនេះថា សមណគោតមនេះ​ឯង មានគិហិបរិស័ទជាច្រើន គាល់ត្រៀបត្រា សំដែង​ធម៌ បើដូច្នោះ គួរតែអាត្មាអញ ចូល​ទៅរក​ព្រះសមណគោតម ដើម្បីធ្វើបញ្ញាចក្ខុឲ្យវិនាស។

[៤៦០] លំដាប់នោះឯង មារមានចិត្តបាប ក៏ចូល​សំដៅទៅរក​ព្រះមានព្រះភាគ លុះចូលទៅដល់ បានពោលនឹង​ព្រះមានព្រះភាគ ដោយគាថា​ដូច្នេះថា

ព្រះអង្គទ្រង់ប្រៀនប្រដៅនូវបុគ្គលដទៃ ដោយពាក្យណា ពាក្យនុ៎ះ មិនសម​គួរ​ដល់​ព្រះអង្គទេ ព្រះអង្គប្រព្រឹត្តនូវធម្មកថានោះ កុំជាប់ចំពាក់ចិត្ត ក្នុងអំណរ និងកំហឹង​ឡើយ។

[៤៦១] ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ព្រះសម្ពុទ្ធ មានសេចក្តីអនុគ្រោះ ដោយប្រយោជន៍ តែងប្រៀនប្រដៅនូវបុគ្គលដទៃ ព្រះតថាគត ទ្រង់ផុតស្រឡះ ចាកអំណរ និងកំហឹងហើយ។

គ្រានោះឯង មារមានចិត្តបាប កើតទុក្ខ តូចចិត្តថា ព្រះមានព្រះភាគ ស្គាល់​អញ ព្រះសុគត ស្គាល់អញ ដូច្នេះហើយ ក៏បាត់ចាកទីនោះទៅ។

មានសសូត្រ ទី៥

[៤៦២] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅ​ក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។

[៤៦៣] លំដាប់នោះឯង មារមានចិត្តបាប ចូលសំដៅទៅរក​ព្រះមានព្រះភាគ លុះចូលទៅដល់ បានពោលនឹង​ព្រះមានព្រះភាគ ដោយគាថា ដូច្នេះថា

អន្ទាក់ គឺរាគៈណា ដែល​ត្រាច់ទៅលើអាកាស តែងតែ​ប្រព្រឹត្ត​ទៅក្នុងចិត្ត ខ្ញុំនឹង​បៀតបៀនព្រះអង្គ ដោយអន្ទាក់នោះ បពិត្រព្រះសមណៈ ព្រះអង្គ​មិនរួច (ចាក​វិស័យ) របស់ខ្ញុំឡើយ។

[៤៦៤] ព្រះសម្ពុទ្ធទ្រង់ត្រាស់តបថា រូប សំឡេង ក្លិន រស ផ្សព្វ ដែលជាទី​ត្រេកអរ របស់ចិត្ត តថាគត បានប្រាសចាកសេចក្តីពេញចិត្ត ចំពោះ​អារម្មណ៍​ទាំង​នោះហើយ ម្នាលមារ អ្នកឯង ក៏តថាគតបានកំចាត់ចេញហើយ។

លំដាប់នោះឯង មារមានចិត្តបាប កើតទុក្ខ តូចចិត្តថា ព្រះមានព្រះភាគ ស្គាល់អញ ព្រះសុគត ស្គាល់អញ ដូច្នេះហើយ ក៏បាត់ចាកទីនោះទៅ។

បត្តសូត្រ ទី៦

[៤៦៥] ក្នុងវត្តទៀបក្រុងសាវត្ថី…។ សម័យនោះឯង ព្រះមានព្រះភាគ ទ្រង់​លើក​យក​ឧបាទានក្ខន្ធ ទាំង៥ប្រការ មកពន្យល់ភិក្ខុទាំងឡាយ ឲ្យយល់ជាក់ ឲ្យ​កាន់តាម ឲ្យកើតសេចក្តីខ្មីឃ្មាត ឲ្យរីករាយ ដោយធម្មីកថា។ ភិក្ខុទាំងនោះ ក៏ធ្វើ​ឲ្យ​ជាប្រយោជន៍ ធ្វើទុកក្នុងចិត្ត ប្រមូលមកនូវចិត្តទាំងពួង ផ្ទៀងត្រចៀក​ប្រុងចាំស្តាប់​ធម៌។ លំដាប់នោះឯង មារមានចិត្តបាប មានសេចក្តី​ត្រិះរិះ យ៉ាងនេះថា សមណ​គោតមនេះឯង លើកយកឧបាទានក្ខន្ធ ទាំង៥ប្រការ មកពន្យល់ភិក្ខុទាំងឡាយ ឲ្យយល់ជាក់ ឲ្យ​កាន់តាម ឲ្យកើតសេចក្តីខ្មីឃ្មាត ឲ្យរីករាយ ដោយធម្មីកថា ភិក្ខុទាំងនោះ ក៏ធ្វើ​ឲ្យ​ជាប្រយោជន៍ ធ្វើទុកក្នុងចិត្ត ប្រមូលមកនូវចិត្តទាំងពួង ផ្ទៀងត្រចៀក​ប្រុងចាំស្តាប់​ធម៌ បើដូច្នោះ គួរតែអាត្មាអញ ចូល​ទៅរក​ព្រះសមណ​គោតម ដើម្បីនឹង​ធ្វើបញ្ញាចក្ខុ ឲ្យ​វិនាសចេញ។ ក៏សម័យនោះឯង ចួនជាមាន​បាត្រច្រើន ដែលដាក់ទុកក្នុងទីវាលស្រឡះ។

[៤៦៦] គ្រានោះ មារមានចិត្តបាប បាននិម្មិតខ្លួនឲ្យមានភេទដូចជាគោ​ហើយ ដើរសំដៅទៅត្រង់​បាត្រទាំងនោះ។ គ្រានោះឯង ភិក្ខុ១រូប បានស្រែក​ប្រាប់ទៅ​ភិក្ខុ១រូប​ថា ហ៏ភិក្ខុ ភិក្ខុ គោនុ៎ះ បំបែក​បាត្រហើយ។ កាលបើភិក្ខុនោះ ពោលដូច្នោះ​ហើយ ព្រះមានព្រះភាគ ក៏ទ្រង់ត្រាស់នឹង​ភិក្ខុនោះ ដូច្នេះថា នែភិក្ខុ នុ៎ះ​មិនមែន​ជាគោទេ នុ៎ះឯង គឺមារមានចិត្តបាប មកដើម្បីធ្វើ​បញ្ញាចក្ខុ របស់អ្នកទាំងឡាយ ឲ្យ​វិនាសទេតើ។

[៤៦៧] គ្រានោះឯង ព្រះមានព្រះភាគ ទ្រង់ជ្រាបច្បាស់ថា អ្នកនេះ​ជាមារ​មានចិត្តបាប ដូច្នេះហើយ ទើបត្រាស់នឹងមារមានចិត្តបាប ដោយគាថា ដូច្នេះថា

ខន្ធបញ្ចកៈណា គឺរូប វេទនា សញ្ញា សង្ខារ វិញ្ញាណ បុគ្គលនឿយណាយ ក្នុង​ខន្ធបញ្ចកៈនោះ យ៉ាងនេះថា នុ៎ះ​មិនមែនជាអាត្មាអញ នុ៎ះ​មិនមែនជារបស់អញ សូម្បី​មារ និង​សេនានៃមារ កាលស្វែងរក​ក្នុងឋានទាំងពួង ក៏មិនបានឃើញនូវ​អត្តភាព​ក្សេមក្សាន្ត ប្រាសចាកតម្រេក កន្លងបង់នូវសំយោជនៈទាំងពួង យ៉ាងនេះឡើយ។

គ្រានោះឯង មារមានចិត្តបាប។បេ។ ក៏បាត់ចាកទីនោះទៅ។

អាយតនសូត្រ ទី៧

[៤៦៨] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងកូដាគារសាលា នាមហាវ័ន ជិតក្រុងវេសាលី។ ក៏សម័យនោះឯង ព្រះមានព្រះភាគ ទ្រង់លើកយក​ផស្សាយតនៈ ទាំង៦ប្រការ មកពន្យល់ភិក្ខុទាំងឡាយ ឲ្យយល់ជាក់ ឲ្យ​កាន់តាម ឲ្យកើតសេចក្តីខ្មីឃ្មាត ឲ្យរីករាយ ដោយធម្មីកថា។ ឯភិក្ខុទាំងនោះ ក៏ធ្វើ​ឲ្យ​ជា​ប្រយោជន៍ ធ្វើទុកក្នុងចិត្ត ប្រមូលមកនូវចិត្តទាំងពួង ផ្ទៀងសោតប្រសាទ ​ប្រុងស្តាប់​ធម៌។ គ្រានោះឯង មារមានចិត្តបាប មានសេចក្តី​ត្រិះរិះ យ៉ាងនេះថា សមណ​គោតមនេះឯង បានលើកយកផស្សាយតនៈ ទាំង៦ប្រការ មក​​ពន្យល់​ពួក​ភិក្ខុ ឲ្យយល់ជាក់ ឲ្យ​កាន់តាម ឲ្យកើតសេចក្តីខ្មីឃ្មាត ឲ្យរីករាយ ដោយធម្មីកថា ភិក្ខុទាំងនោះ ក៏ធ្វើ​ឲ្យ​ជាប្រយោជន៍ ធ្វើទុកក្នុងចិត្ត ប្រមូលមកនូវចិត្តទាំងពួង ផ្ទៀងសោត​ប្រសាទ ​ប្រុងស្តាប់​ធម៌ បើដូច្នោះ គួរតែ​អាត្មាអញ ចូលទៅ​រក​ព្រះសមណ​គោតម ដើម្បីធ្វើបញ្ញាចក្ខុឲ្យវិនាស។

[៤៦៩] គ្រានោះឯង មារមានចិត្តបាប ចូល​ទៅរក​ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ធ្វើសំឡេង​យ៉ាងខ្លាំង ដែលគួរ​ខ្លាច ស្ញប់ស្ញែង ក្នុងទីជិត​ព្រះមានព្រះភាគថា ហ៏ញ័រផែនដីហើយ។ គ្រានោះឯង ភិក្ខុមួយរូប បានស្រែក​ប្រាប់​ភិក្ខុមួយរូប​ យ៉ាងនេះថា នែភិក្ខុ ភិក្ខុ ផែនដីនេះហាក់ដូចជាញ័រ។ កាលភិក្ខុនោះ ពោល​យ៉ាងនេះហើយ ព្រះមានព្រះភាគ ក៏ទ្រង់ត្រាស់នឹង​ភិក្ខុនោះ យ៉ាងនេះ​ថា ម្នាល​ភិក្ខុ ផែនដីនេះមិនមែនញ័រទេ នុ៎ះជាមារ​មានចិត្តបាប មកដើម្បី​ធ្វើបញ្ញា​ចក្ខុ របស់អ្នកទាំងឡាយ ឲ្យវិនាសទេតើ។

[៤៧០] លុះព្រះមានព្រះភាគ ទ្រង់ជ្រាបច្បាស់ថា អ្នកនេះ ជាមារមានចិត្ត​បាប ដូច្នេះហើយ ទើបត្រាស់នឹងមារមានចិត្តបាប ដោយគាថា ដូច្នេះថា

រូប សំឡេង ក្លិន រស ផ្សព្វ ធម្មារម្មណ៍ទាំងអស់ របស់ទាំងនុ៎ះ ជាអាមិសៈ​ក្នុង​លោកដ៏ពន្លឹក សត្វលោក តែងជ្រប់ចុះក្នុងអារម្មណ៍ទាំងនុ៎ះ សាវ័កដែលមាន​ស្មារតី​ របស់​ព្រះពុទ្ធ បានឆ្លងផុតនូវអារម្មណ៍នុ៎ះផង បានកន្លងបង់នូវវដ្តៈ ជាទីនៅរបស់​មារផង ហើយរុងរឿង​ដូចជាព្រះអាទិត្យ។

គ្រានោះឯង មារ។បេ។ ក៏បាត់ចាកទីនោះទៅ។

បិណ្ឌសូត្រ ទី៨

[៤៧១] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងព្រាហ្មណគ្រាម ឈ្មោះ​បញ្ចសាលា នាដែនមគធៈ។ សម័យនោះឯង ក្នុងព្រាហ្មណគ្រាម ឈ្មោះបញ្ចសាលា មាន​វត្ថុសម្រាប់ទទួលភ្ញៀវ របស់កូនក្មេងទាំងឡាយ។ គ្រានោះ ក្នុងបុព្វណ្ហសម័យ ព្រះមានព្រះភាគ ទ្រង់​ស្បង់ ប្រដាប់បាត្រ និងចីវរ ចូលទៅ​បិណ្ឌបាត ក្នុងស្រុកព្រាហ្មណ៍ ឈ្មោះ​បញ្ចសាលា។ សម័យនោះឯង មារមានចិត្តបាប ចូលជ្រែក​ពួកព្រាហ្មណ៍ និងគហបតី អ្នកស្រុកបញ្ចសាលា ដោយគិតថា កុំឲ្យ​ព្រះសមណគោតម បានចង្ហាន់។ គ្រានោះឯង ព្រះមានព្រះភាគ ទ្រង់ចូល​ទៅបិណ្ឌបាត ក្នុងព្រាហ្មណគ្រាម ឈ្មោះ​បញ្ចសាលា ដោយបាត្រ ដែលលាងហើយយ៉ាងណា ទ្រង់ត្រឡប់មកវិញ ដោយបាត្រ ដែលលាងហើយ យ៉ាងនោះដដែល។

[៤៧២] គ្រានោះឯង មារមានចិត្តបាប ចូលទៅរកព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏សួរ​ព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រសមណៈ ចុះ​ព្រះអង្គបានចង្ហាន់ដែរឬ។ ព្រះអង្គត្រាស់តបថា ម្នាលមារ ក្រែងអ្នកឯង ធ្វើតថាគត​មិនឲ្យបានចង្ហាន់ឬ។ មារតបថា បពិត្រព្រះអង្គដ៏ចំរើន បើដូច្នោះ សូម​ព្រះមានព្រះភាគ ចូលទៅបិណ្ឌបាត ក្នុងព្រាហ្មណគ្រាម ឈ្មោះបញ្ចសាលា ជាលើក​ទីពីរទៀតចុះ ខ្ញុំព្រះអង្គ នឹងធ្វើឲ្យ​ព្រះមានព្រះភាគ បានចង្ហាន់វិញ។

[៤៧៣] ព្រះមានព្រះភាគ ត្រាស់តបថា មារបៀតបៀននូវតថាគតនោះ រមែង​បាននូវបាប ម្នាលមារមានចិត្តបាប អ្នកសំគាល់ថា បាបមិនឲ្យ​ផល ដល់​ខ្លួនអញទេឬ យើង​ដែលឥតមានកង្វល់ ឈ្មោះថា រស់នៅដោយសេចក្តីសុខល្អណាស់ ពួកយើង ជា​អ្នក​មានបីតិជាអាហារ ដូចពួកទេវតានៅឋានអាភស្សរៈ។

គ្រានោះឯង មារមានចិត្តបាប កើតទុក្ខ តូចចិត្តថា ព្រះមានព្រះភាគ ស្គាល់អញ ព្រះសុគត ស្គាល់អញ ដូច្នេះហើយ ក៏បាត់ចាកទីនោះទៅ។

កស្សកសូត្រ ទី៩

[៤៧៤] សាវត្ថីនិទាន។ សម័យនោះឯង ព្រះមានព្រះភាគ ទ្រង់ពន្យល់ពួកភិក្ខុ ឲ្យយល់ជាក់ ឲ្យ​កាន់តាម ឲ្យកើតសេចក្តីខ្មីឃ្មាត ឲ្យរីករាយ ដោយធម្មីកថា ដែល​ប្រកប​ព្រម ដោយព្រះនិព្វាន។ ភិក្ខុទាំងនោះ ក៏ធ្វើ​ឲ្យ​ជាប្រយោជន៍ ធ្វើទុកក្នុងចិត្ត ប្រមូលមកនូវចិត្តទាំងពួង មានសោតប្រសាទផ្ទៀង​ប្រុងស្តាប់​ធម៌។ គ្រានោះឯង មារមានចិត្តបាប មានសេចក្តី​ត្រិះរិះ យ៉ាងនេះថា សមណ​គោតមនេះឯង ពន្យល់ភិក្ខុទាំងឡាយ ដោយធម្មីកថា ដែលប្រកបដោយព្រះនិព្វាន។បេ។ បើដូច្នោះ គួរអញចូលទៅរកព្រះសមណគោតមនោះ ដើម្បី​ធ្វើបញ្ញាចក្ខុឲ្យវិនាស។

[៤៧៥] គ្រានោះឯង មារមានចិត្តបាប និម្មិតខ្លួនឲ្យមានភេទដូចជា​អ្នកភ្ជួរ​រាស់ លីនង្គ័លយ៉ាងធំ កាន់ដងជន្លួញយ៉ាងវែង មានសក់កន្ទ្រើង ស្លៀកសំពត់ធ្មៃ មានជើង​ប្រឡាក់ភក់ ដើរចូលទៅរក​ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏សួរ​ព្រះមានព្រះភាគ ដូច្នេះថា បពិត្រសមណៈ ព្រះអង្គបានឃើញគោផងទេ។ ព្រះអង្គ​ត្រាស់តបថា ចុះអ្នកឯងត្រូវការអ្វីដោយគោ។ មារសួរថា បពិត្រសមណៈ ភ្នែករបស់ខ្ញុំ រូបរបស់ខ្ញុំ ចក្ខុសម្ផ័ស្ស និងវិញ្ញាណាយតនៈរបស់ខ្ញុំ បពិត្រសមណៈ ព្រះអង្គទៅក្នុង​ទីណា ទើបរួចចាកវិស័យរបស់ខ្ញុំ បពិត្រសមណៈ ត្រចៀករបស់ខ្ញុំ សំឡេងរបស់ខ្ញុំ​។បេ។ បពិត្រ​សមណៈ ច្រមុះរបស់ខ្ញុំ ក្លិនរបស់ខ្ញុំ។បេ។ បពិត្រសមណៈ អណ្តាត​របស់ខ្ញុំ រសរបស់ខ្ញុំ​។បេ។ បពិត្រ​សមណៈ កាយរបស់ខ្ញុំ ផោដ្ឋព្វៈរបស់ខ្ញុំ។បេ។ បពិត្រសមណៈ ចិត្តរបស់ខ្ញុំ ធម្មារម្មណ៍របស់ខ្ញុំ មនោសម្ផ័ស្ស និងវិញ្ញាណាយតនៈ​របស់ខ្ញុំ បពិត្រ​សមណៈ ព្រះអង្គទៅក្នុងទីណា ទើបរួចចាកវិស័យរបស់ខ្ញុំ។

[៤៧៦] ព្រះអង្គត្រាស់ថា ម្នាលមារ ភ្នែករបស់អ្នក រូបរបស់អ្នក ចក្ខុសម្ផ័ស្ស និងវិញ្ញាណាយតនៈរបស់អ្នកពិតមែន ម្នាលមារ តែថា ចក្ខុមិនមាន រូបមិនមាន ចក្ខុសម្ផ័ស្ស​ និងវិញ្ញាណាយតនៈ​មិនមានក្នុងទីណា ម្នាលមារ ក្នុងទីនោះ មិនមែន​ជាគតិរបស់អ្នកឯងឡើយ ម្នាលមារ ត្រចៀករបស់អ្នក សំឡេងរបស់អ្នក សោតសម្ផ័ស្ស និងវិញ្ញាណាយតនៈ របស់អ្នកពិតមែន ម្នាលមារ តែថា ត្រចៀក​មិនមាន សំឡេងមិនមាន សោតសម្ផ័ស្ស​ និងវិញ្ញាណាយតនៈ​មិនមានក្នុងទីណា ម្នាលមារ ក្នុងទីនោះ មិនមែន​ជាគតិរបស់អ្នកឯងឡើយ ម្នាលមារ ច្រមុះរបស់អ្នក ក្លិនរបស់អ្នក ឃានសម្ផ័ស្ស និងវិញ្ញាណាយតនៈរបស់អ្នកពិតមែន ម្នាលមារ តែថា ច្រមុះមិនមាន ក្លិនមិនមាន ឃានសម្ផ័ស្ស​ និងវិញ្ញាណាយតនៈ​មិនមាន ក្នុងទីណា ម្នាលមារ ក្នុងទីនោះ មិនមែន​ជាគតិ របស់អ្នកឯងឡើយ ម្នាលមារ អណ្តាតរបស់អ្នក រសរបស់អ្នក ជិវ្ហាសម្ផ័ស្ស និងវិញ្ញាណាយតនៈ របស់អ្នកពិតមែន។បេ។ ម្នាលមារ កាយរបស់អ្នក ផ្សព្វរបស់អ្នក កាយសម្ផ័ស្ស និងវិញ្ញាណាយតនៈ របស់អ្នកពិត​មែន។បេ។ ម្នាលមារ ចិត្តរបស់អ្នក ធម្មារម្មណ៍របស់អ្នក មនោសម្ផ័ស្ស និងវិញ្ញាណាយតនៈ ​របស់អ្នកពិតមែន ម្នាលមារ តែថា ចិត្តមិនមាន ធម្មារម្មណ៍​មិនមាន មនោសម្ផ័ស្ស​ និងវិញ្ញាណាយតនៈ​ មិនមានក្នុងទីណា ម្នាលមារ ក្នុងទីនោះ មិនមែន​ជាគតិ របស់អ្នកទេ។

[៤៧៧] មារពោលតបថា ជនទាំងឡាយណា តែងពោលនូវរបស់ណាថា នេះ​របស់អញ ដូច្នេះក្តី ពោលថា អញដូច្នេះក្តី បើព្រះទ័យរបស់ព្រះអង្គ មានក្នុងរបស់​នុ៎ះ នៃជនទាំងនោះដែរ បពិត្រសមណៈ ព្រះអង្គមិនរួច​ចាកវិស័យ របស់ខ្ញុំឡើយ។

[៤៧៨] ព្រះសម្ពុទ្ធត្រាស់ថា ពួកជន​ពោលដៅយករបស់ណា របស់នោះ​មិនមាន ដល់តថាគតទេ ពួកជនណាពោលថា (អញដូច្នេះ) ពួកជននោះ មិនដូច​តថាគតទេ ម្នាលមារ អ្នកឯង ចូរដឹងយ៉ាងនេះចុះ អ្នក​ឯងមិនឃើញផ្លូវតថាគតទេ។

គ្រានោះឯង មារមានចិត្តបាប។បេ។ ក៏បាត់ចាកទីនោះទៅ។

រជ្ជសូត្រ ទី១០

[៤៧៩] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងខ្ទមក្នុងព្រៃ នាហិមវន្តប្បទេស ក្នុងដែនកោសល។ គ្រានោះឯង ព្រះមានព្រះភាគ ទ្រង់គង់​នៅក្នុង​ទីស្ងាត់ ពួនសម្ងំនៅ (ក្នុងផលសមាបត្តិ) មានព្រះទ័យត្រិះរិះ កើតឡើងយ៉ាងនេះ​ថា កាលបើតថាគត មិនសម្លាប់ មិនឲ្យគេសម្លាប់ មិនបំផ្លាញ មិនឲ្យគេបំផ្លាញ មិនសោកសៅ មិនធ្វើគេឲ្យសោកសៅ អាចនឹង​សោយរាជ្យដោយធម៌បានឬហ្ន៎។

[៤៨០] គ្រានោះឯង មារមានចិត្តបាប ដឹងនូវ​បរិវិតក្កៈ ក្នុងព្រះទ័យរបស់​ព្រះមានព្រះភាគ ដោយចិត្តរបស់ខ្លួនហើយ ចូលទៅរកព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ទូល​ព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ព្រះមានព្រះភាគ ទ្រង់មិនសម្លាប់ មិនឲ្យគេសម្លាប់ មិនបំផ្លាញ មិនឲ្យគេបំផ្លាញ មិនសោកសៅ មិនធ្វើគេឲ្យសោកសៅ សូម​សោយរាជ្យដោយធម៌ចុះ សូម​ព្រះសុគត សោយរាជ្យដោយធម៌ចុះ។ ព្រះអង្គត្រាស់ថា ម្នាលមារ ចុះអ្នកឯង ឃើញហេតុដូចម្តេច របស់តថាគត បានជាអ្នកឯងពោលនឹងតថាគត យ៉ាងនេះ​ថា បពិត្រព្រះអង្គដ៏ចំរើន ព្រះមានព្រះភាគ មិនសម្លាប់ មិនឲ្យគេសម្លាប់ មិនបំផ្លាញគេ មិនឲ្យគេបំផ្លាញ មិនសោកសៅ មិនធ្វើគេឲ្យសោកសៅ សូមសោយរាជ្យ​ដោយធម៌ចុះ សូមព្រះសុគត សោយរាជ្យដោយធម៌ចុះ។ មារទូលតប​ថា បពិត្រព្រះអង្គដ៏ចំរើន ព្រោះ ឥទ្ធិបាទ ៤ប្រការ ព្រះមានព្រះភាគ បាន​ចម្រើនហើយ បានធ្វើឲ្យច្រើនហើយ បានធ្វើ​ឲ្យដូចជាយានហើយ បានធ្វើ​ឲ្យជាទីតាំង​ហើយ បានឲ្យឋិតនៅរឿយៗហើយ បានសន្សំហើយ បានប្រារព្ធដោយប្រពៃ​ហើយ បពិត្រព្រះអង្គដ៏ចំរើន ប្រសិនបើ​ព្រះមានព្រះភាគ ប៉ុនប៉ងនឹងអធិដ្ឋានស្តេចភ្នំឈ្មោះ ហិមវន្ត ឲ្យទៅជាមាស ភ្នំនោះ ក៏ក្លាយទៅជាភ្នំមាស​បាន។

[៤៨១] ព្រះអង្គត្រាស់ថា ភ្នំមាសសុទ្ធ មានសម្បុរល្អ ទោះបីភ្នំពីរ ក៏​មិនល្មម​គ្រាន់ដល់បុគ្គល​ម្នាក់ឡើយ បុគ្គលដឹងដូច្នេះ គួរប្រព្រឹត្តស្មើ សត្វណា បានឃើញ​សេចក្តីទុក្ខ ដែលមានកាមជាហេតុ សត្វនោះ នឹងបង្អោនចិត្តទៅរកកាម ដូចម្តេច​កើត លុះសត្វបានដឹងច្បាស់ នូវឧបធិ ក្នុងលោកថា ជាគ្រឿងចំពាក់ដូច្នេះហើយ គួរសិក្សា​ដើម្បីកំចាត់បង់ នូវឧបធិនោះចេញ។

គ្រានោះឯង មារមានចិត្តបាប កើតទុក្ខ តូចចិត្តថា ព្រះមានព្រះភាគ ស្គាល់អញ ព្រះសុគត ស្គាល់អញ ដូច្នេះហើយ ក៏បាត់ចាកទីនោះទៅ។

ចប់ បាសាណវគ្គ ទី២។

បញ្ជីរឿងនៃបាសាណវគ្គនោះ គឺ

បាសាណសូត្រ ១ សីហសូត្រ ១ សកលិកសូត្រ ១ បដិរូបសូត្រ ១ មានសសូត្រ ១ បត្តសូត្រ ១ អាយតនសូត្រ ១ បិណ្ឌសូត្រ ១ កស្សកសូត្រ ១ រជ្ជសូត្រ ១ រួមត្រូវជា ១០ សូត្រ។

សម្ពហុលវគ្គ ទី៣

សម្ពហុលសូត្រ ទី១

[៤៨២] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងស្រុកសិលាវតី ក្នុងដែនសក្កៈ។ សម័យនោះឯង ពួក​ភិក្ខុច្រើនរូប ជាអ្នក​មិនប្រមាទ មានព្យាយាម ដុតកំដៅកិលេស មានចិត្តបញ្ជូន​ទៅហើយ នៅក្នុង​ទីជិតនៃព្រះមានព្រះភាគ។

[៤៨៣] គ្រានោះឯង មារមានចិត្តបាប និម្មិតភេទជាព្រាហ្មណ៍ មានផ្នួងសក់ធំ ស្លៀកដណ្តប់ស្បែកខ្លាទាំងក្រចក ជាមនុស្សចាស់គ្រាំគ្រា មានកាយកោង ដូចបង្កង់​ផ្ទះ ដកដង្ហើមចូលឮសូរឃរូកៗ កាន់ឈើច្រត់ដើមល្វា ចូលទៅរកពួកភិក្ខុ លុះចូលទៅ​ដល់ និយាយនឹងពួកភិក្ខុនោះ ដូច្នេះថា លោកដ៏ចម្រើនទាំងឡាយ ជាអ្នក​បួស នៅក្មេងកម្លោះ មានសក់ខ្មៅស្រិល ប្រកបដោយ​វ័យល្អ គឺបឋមវ័យ មិនទាន់ដែលលេងកាមទាំងឡាយទេ ចូរលោកដ៏ចម្រើនទាំងឡាយ បរិភោគ​កាម ជារបស់មនុស្សសិន ចូរលោកទាំងឡាយ កុំលះបង់សន្ទិដ្ឋិកកាម [សំដៅយក​កាម ជារបស់​មនុស្ស។] ហើយស្ទុះទៅរកកាលិកកាម [សំដៅយកកាម ជារបស់ទិព្វ។] ឡើយ។ ពួកភិក្ខុតបវិញថា ម្នាលព្រាហ្មណ៍ ពួកយើងមិនមែនលះបង់​សន្ទិដ្ឋិកកាម ស្ទុះ​ទៅរកកាលិកកាមទេ ម្នាលព្រាហ្មណ៍ ពួកយើងលះបង់​កាលិកកាម ស្ទុះទៅរក​សន្ទិដ្ឋិកលោកុត្តរធម៌ទេតើ ម្នាលព្រាហ្មណ៍ ព្រោះថា កាលិកកាមទាំងឡាយ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា មានទុក្ខច្រើន មានសេចក្តីចង្អៀតចង្អល់ច្រើន ទោស​ក្នុងកាលិកកាមនុ៎ះ មានច្រើនក្រៃលែង ធម៌នេះ ជាធម៌ដែលត្រូវឃើញច្បាស់ខ្លួនឯង ជាធម៌ឲ្យផលមិនរង់ចាំកាល ជាធម៌គួរដល់ឯហិបស្សវិធី ជាធម៌គួរបង្អោនចូលមកទុក​ក្នុងខ្លួន ជាធម៌ដែលពួកវិញ្ញូជន គប្បីដឹងបានចំពោះខ្លួនឯង។ កាលពួកភិក្ខុ ពោល​យ៉ាងនេះ មារមានចិត្តបាប ក៏ងក់ក្បាល លៀនអណ្តាត ធ្វើថ្ងាសឲ្យមានផ្នត់៣ជាន់ ហើយច្រត់ឈើច្រត់ ដើរចៀសចេញទៅ។

[៤៨៤] ទើបភិក្ខុទាំងនោះ នាំគ្នាចូលទៅគាល់​ព្រះមានព្រះភាគ លុះចូលទៅ​ដល់ហើយ ក៏ថ្វាយបង្គំ​ព្រះមានជោគ ទើបអង្គុយ​ក្នុងទី​ដ៏​សមគួរ។ លុះ​ពួក​ភិក្ខុនោះ អង្គុយក្នុងទីដ៏សមគួរហើយ ក៏ក្រាបបង្គំទូល​ព្រះមានជោគ យ៉ាងនេះថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន ពួកខ្ញុំព្រះអង្គ ជាអ្នកមិនប្រមាទ ព្យាយាមដុតកំដៅកិលេស មាន​ចិត្តបញ្ជូន​ទៅកាន់ព្រះនិព្វាន ហើយនៅក្នុងទីជិតព្រះអង្គឯណោះ បពិត្រព្រះអង្គ​ដ៏ចំរើន ស្រាប់តែមានព្រាហ្មណ៍ម្នាក់ មានផ្នួងសក់ធំ ស្លៀកដណ្តប់​ស្បែក​ខ្លាទាំងក្រចក ជាមនុស្សចាស់ជរា មានកាយកោង ដូចបង្កង់ផ្ទះ ដកដង្ហើម​ឮឃរូកៗ កាន់ឈើច្រត់ដើមល្វា ចូលទៅរកពួកខ្ញុំព្រះអង្គ លុះចូលទៅដល់ហើយ ​បាន​និយាយ​នឹងពួក​ខ្ញុំព្រះអង្គ យ៉ាងនេះថា លោកទាំងឡាយដ៏ចម្រើន ជាអ្នកបួស នៅ​ក្មេងកម្លោះ មានសក់ខ្មៅស្រិល ប្រកបដោយ​វ័យល្អ គឺបឋមវ័យ មិនទាន់​ដែល​លេង​ក្នុងកាមទាំងឡាយ ចូរលោកដ៏​ចម្រើនទាំងឡាយ បរិភោគកាម ជារបស់​មនុស្ស​សិន កុំលះបង់សន្ទិដ្ឋិកកាម ស្ទុះទៅរកកាលិកកាមឡើយ បពិត្រព្រះអង្គដ៏ចំរើន កាលដែលព្រាហ្មណ៍នោះ ពោលយ៉ាងនេះ ពួកខ្ញុំព្រះអង្គ ក៏បានតបនឹងព្រាហ្មណ៍​នោះ ដូច្នេះថា ម្នាលព្រាហ្មណ៍ យើងមិនមែនលះបង់សន្ទិដ្ឋិកកាម ស្ទុះទៅរក​កាលិកកាមទេ ម្នាលព្រាហ្មណ៍ ពួកយើងលះបង់កាលិកកាម ស្ទុះទៅរកសន្ទិដ្ឋិក​លោកុត្តរ​ធម៌ទេតើ ម្នាលព្រាហ្មណ៍ ព្រោះថា កាលិកកាមទាំងឡាយ ព្រះមាន​ព្រះភាគ ទ្រង់ត្រាស់ថា មានទុក្ខច្រើន មានសេចក្តីចង្អៀតចង្អល់​ច្រើន ទោស​ក្នុង​កាលិកកាមនុ៎ះ មានច្រើនក្រៃលែង ធម៌នេះ ជាធម៌ដែលត្រូវ​ឃើញច្បាស់​ខ្លួន​ឯង ជាធម៌​ឲ្យផល​មិនរង់ចាំកាល ជាធម៌គួរដល់ឯហិបស្សវិធី ជាធម៌គួរបង្អោន​មកទុក​ក្នុងខ្លួន ជាធម៌ដែលពួកវិញ្ញូជន គប្បីដឹងបានចំពោះខ្លួនឯង បពិត្រព្រះអង្គដ៏ចំរើន កាល​បើយើងខ្ញុំព្រះអង្គ ​ពោលយ៉ាងនេះ ព្រាហ្មណ៍នោះ ក៏ងក់ក្បាល លៀនអណ្តាត ធ្វើថ្ងាសឲ្យមានផ្នត់ ៣ជាន់ ហើយច្រត់ឈើច្រត់ ដើរចៀសចេញទៅ។

[៤៨៥] ព្រះអង្គទ្រង់ត្រាស់តបថា ម្នាលភិក្ខុទាំងឡាយ អ្នកនុ៎ះ មិនមែនជា​ព្រាហ្មណ៍ទេ អ្នកនុ៎ះ ជាមារមានចិត្តបាប មកដើម្បីធ្វើ​បញ្ញាចក្ខុ របស់អ្នកទាំងឡាយ​ឲ្យ​វិនាសទេតើ។ លំដាប់នោះឯង ព្រះមានព្រះភាគ ទ្រង់ជ្រាបសេចក្តីនុ៎ះហើយ ទើប​ត្រាស់​គាថានេះ ក្នុងវេលានោះថា

សត្វណាបានឃើញសេចក្តីទុក្ខ ដែលមានកាមណាជាហេតុ សត្វនោះ នឹង​បង្អោនចិត្តទៅរក​កាមនោះ ដូចម្តេចកើត (បើ) សត្វ បានដឹងច្បាស់ នូវ​ឧបធិកិ្កលេស ថាជាគ្រឿងចំពាក់ក្នុងលោក ដូច្នេះហើយ គួរសិក្សាដើម្បីកំចាត់បង់ នូវ​ឧបធិក្កិលេស​នោះចេញ។

សមិទ្ធិសូត្រ ទី២

[៤៨៦] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងស្រុក សិលាវតី ក្នុងដែនសក្កៈ។ សម័យនោះឯង ព្រះសមិទ្ធិមានអាយុ ជា​អ្នក​មិនប្រមាទ មានព្យាយាមដុតកំដៅកិលេស មានចិត្តបញ្ជូនទៅកាន់​ព្រះនិព្វាន ហើយនៅក្នុងទីជិត នៃព្រះមានព្រះភាគ។ គ្រានោះឯង ព្រះសមិទ្ធិមានអាយុ នៅក្នុង​ទី​ស្ងាត់ ពួនសម្ងំនៅក្នុងកម្មដ្ឋាន មានសេចក្តីត្រិះរិះ កើតឡើងក្នុងចិត្ត យ៉ាងនេះថា អាត្មាអញ ពេញជាមានលាភ អត្តភាពជាមនុស្ស អាត្មាអញ ពេញជាបានដោយល្អ ព្រោះអាត្មាអញ មានព្រះអរហន្ត សម្មាសម្ពុទ្ធជាគ្រូ អាត្មាអញ ពេញជាមានលាភ  អត្តភាពជាមនុស្ស អាត្មាអញ ពេញជាបានដោយល្អ ព្រោះអាត្មាអញ បានបួស​ក្នុង​ធម្មវិន័យ ដែល​ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយដោយប្រពៃ យ៉ាងនេះ អាត្មាអញ ពេញជាមានលាភ អត្តភាពជាមនុស្ស អាត្មាអញ ពេញជាបានដោយល្អ ព្រោះអាត្មាអញ មានពួកបុគ្គល​មានសីល មានធម៌ដ៏ល្អ ជាសព្រហ្មចារី។

[៤៨៧] លំដាប់នោះឯង មារមានចិត្តបាប បានដឹងសេចក្តីត្រិះរិះក្នុងចិត្ត របស់​ព្រះសមិទ្ធិមានអាយុ ដោយចិត្តរបស់ខ្លួន ក៏ចូលទៅរក​ព្រះសមិទ្ធិមានអាយុ លុះចូលទៅដល់ហើយ ក៏ធ្វើសំឡេង​គួរខ្លាច គួរស្ញប់ស្ញែងយ៉ាងខ្លាំង ក្នុងទីជិត​ព្រះសមិទ្ធិមានអាយុ  ចំណែកផែនដី ហាក់ដូចជាលាន់រំពង។

[៤៨៨] គ្រានោះឯង ព្រះសមិទ្ធិមានអាយុ  បានចូលទៅគាល់​ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះមានព្រះភាគ រួច​អង្គុយក្នុងទីសមគួរ។ លុះព្រះសមិទ្ធិមានអាយុ  អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូល​ព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ ជាអ្នក​ មិនប្រមាទ មានព្យាយាមដុតកំដៅកិលេស មានចិត្តបញ្ជូនទៅកាន់​ព្រះនិព្វាន ហើយនៅក្នុងទីជិតព្រះមានព្រះភាគឯណោះ បពិត្រព្រះអង្គដ៏ចំរើន កាលខ្ញុំព្រះអង្គ​នោះ នៅក្នុង​ទី​ស្ងាត់ ពួនសម្ងំនៅក្នុងកម្មដ្ឋាន មានសេចក្តីត្រិះរិះ កើតឡើងក្នុងចិត្ត យ៉ាងនេះថា អាត្មាអញ ពេញជាមានលាភ អត្តភាពជាមនុស្ស អាត្មាអញ ពេញជាបាន​ដោយល្អ ព្រោះអាត្មាអញ មានព្រះអរហន្ត សម្មាសម្ពុទ្ធជាគ្រូ អាត្មាអញ ពេញជាមានលាភ  អត្តភាពជាមនុស្ស អាត្មាអញ ពេញជាបានដោយល្អ ព្រោះអាត្មា​អញ បានបួស​ក្នុង​ធម្មវិន័យ ដែលព្រះអង្គ ទ្រង់សំដែងហើយដោយប្រពៃ យ៉ាងនេះ អាត្មាអញ ពេញជាមានលាភ អត្តភាពជាមនុស្ស អាត្មាអញ ពេញជាបានដោយល្អ ព្រោះអាត្មាអញ មានពួកបុគ្គល​មានសីល មានធម៌ដ៏ល្អ ជាសព្រហ្មចារី បពិត្រព្រះអង្គដ៏ចំរើន សំឡេង​គួរខ្លាច គួរស្ញប់ស្ញែងយ៉ាងខ្លាំង ក៏កើតមាន ក្នុងទីជិត​ខ្ញុំព្រះអង្គនោះ ចំណែកផែនដី ហាក់ដូចជាលាន់ឮរំពង។

[៤៨៩] ព្រះអង្គទ្រង់ត្រាស់តបថា ម្នាលសមិទ្ធិ នុ៎ះមិនមែនជាផែនដី​លាន់​ឮ​រំពងទេ នុ៎ះជាមារមានចិត្តបាប មកដើម្បីធ្វើបញ្ញាចក្ខុរបស់អ្នក ឲ្យវិនាសទេតើ ម្នាល​សមិទ្ធិ ចូរអ្នកទៅចុះ អ្នកកុំប្រមាទ ខំព្យាយាមដុតកំដៅកិលេស មានចិត្តបញ្ជូន​ទៅកាន់​ព្រះនិព្វាន ហើយនៅក្នុងទីនោះវិញចុះ។ ព្រះសមិទ្ធិមានអាយុ ក៏ទទួល​ព្រះ​ពុទ្ធដីកា របស់​ព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ ដូច្នេះហើយ ក្រោកអំពី​អាសនៈ ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ធ្វើប្រទក្សិណ ដើរចេញទៅ។

[៤៩០] ព្រះសមិទ្ធិមានអាយុ មិនប្រមាទ មានព្យាយាមដុតកំដៅកិលេស មានចិត្តបញ្ជូន​ទៅកាន់​ព្រះនិព្វាន ហើយនៅក្នុងទីនោះឯង អស់វារៈ ជាគម្រប់​ពីរដង។ ព្រះសមិទ្ធិមានអាយុ នៅក្នុងទីស្ងាត់ ពួនសម្ងំនៅក្នុងកម្មដ្ឋាន អស់វារៈ ជាគម្រប់​ពីរដង។បេ។ មារមានចិត្តបាប បានដឹងសេចក្តីត្រិះរិះក្នុងចិត្ត របស់​ព្រះសមិទ្ធិមានអាយុ ដោយចិត្តរបស់ខ្លួន អស់វារៈ​ជាគម្រប់ពីរដងផង។បេ។ ចំណែក​ផែនដី ហាក់ដូចជាលាន់ឮរំពង។

[៤៩១] គ្រានោះឯង ព្រះសមិទ្ធិមានអាយុ ដឹងច្បាស់ថា អ្នកនេះ ជាមារមានចិត្តបាប ដូច្នេះហើយ ទើបពោលនឹងមារមានចិត្តបាប  ដោយគាថា ដូច្នេះថា

អាត្មាចេញចាកផ្ទះ ចូលមកកាន់ផ្នួស ដោយសទ្ធា សតិ និងបញ្ញា អាត្មាបាន​ដឹងហើយ ទាំងចិត្ត​សោត ក៏បានតាំងល្អហើយ ចូរអ្នកធ្វើរូប (ដែលគួរខ្លាច) តាម​ប្រាថ្នាចុះ អ្នកមិនអាចធ្វើ​អាត្មា ឲ្យ​ញាប់ញ័របានឡើយ។

គ្រានោះឯង មារមានចិត្តបាប កើតទុក្ខ តូចចិត្តថា សមិទ្ធិភិក្ខុ ស្គាល់អាត្មាអញ ដូច្នេះហើយ ក៏បាត់ចាកទីនោះទៅ។

គោធិកសូត្រ ទី៣

[៤៩២] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ស្តេចគង់នៅក្នុងវត្តវេឡុវ័ន ជាកលន្ទកនិវាបស្ថាន ទៀបក្រុងរាជគ្រឹះ។ សម័យនោះឯង ព្រះគោធិកៈមានអាយុ នៅក្នុងកាឡសិលា ខាងភ្នំឥសិគិលិ។

[៤៩៣] គ្រានោះឯង ព្រះគោធិកៈមានអាយុ ជា​អ្នក​មិនប្រមាទ មានព្យាយាម​ដុតកំដៅកិលេស មានចិត្តបញ្ជូនទៅកាន់​ព្រះនិព្វាន ហើយបាននូវចេតោវិមុត្តិ ប្រកប​តាមកាលវេលា។ លំដាប់នោះឯង ព្រះគោធិកៈមានអាយុ សាបសូន្យចាកចេតោវិមុត្តិ ដែលប្រកប​តាមកាលវេលានោះ។ ព្រះគោធិកៈមានអាយុ ជា​អ្នក​មិនប្រមាទ មានព្យាយាម​ដុតកំដៅកិលេស មានចិត្តបញ្ជូនទៅកាន់​ព្រះនិព្វាន ហើយក៏បាននូវ​ចេតោវិមុត្តិ ប្រកប​តាមកាលវេលា អស់វារៈ ជាគម្រប់ពីរដង។ ព្រះគោធិកៈមានអាយុ សាបសូន្យ ចាកចេតោវិមុត្តិ ប្រកបតាម​កាលវេលានោះ អស់វារៈ​ជាគម្រប់​ពីរដងទៀត។ ព្រះគោធិកៈមានអាយុ ជា​អ្នក​មិនប្រមាទ មានព្យាយាម​ដុតកំដៅ​កិលេស មានចិត្តបញ្ជូនទៅកាន់​ព្រះនិព្វាន ហើយបាននូវចេតោវិមុត្តិ ប្រកប​តាមកាល​វេលា អស់វារៈ ជាគម្រប់បីដង។ ព្រះគោធិកៈមានអាយុ។បេ។ សាបសូន្យ ចាកចេតោវិមុត្តិនោះ អស់វារៈជាគម្រប់បីដង។ ព្រះគោធិកៈមានអាយុ ជា​អ្នក​មិនប្រមាទ។បេ។ បាននូវចេតោវិមុត្តិ អស់វារៈជាគម្រប់៤ដង។ ព្រះគោធិកៈមាន​អាយុ។បេ។ សាបសូន្យចាកចេតោវិមុត្តិនោះ អស់វារៈ​ជាគម្រប់៤ដង។ ព្រះគោធិកៈមានអាយុ។បេ។ បាននូវចេតោវិមុត្តិ អស់វារៈ ជាគម្រប់៥ដង។ ព្រះគោធិកៈមានអាយុ។បេ។ សាបសូន្យចាកចេតោវិមុត្តិ អស់វារៈ​ជាគម្រប់៥ដង។ ព្រះគោធិកៈមានអាយុ ជា​អ្នក​មិនប្រមាទ មានព្យាយាម​ដុតកំដៅកិលេស មានចិត្តបញ្ជូនទៅកាន់​ព្រះនិព្វាន ហើយបាននូវចេតោវិមុត្តិ ប្រកប​តាមកាលវេលា អស់​វារៈ​ជាគម្រប់​៦ដង។ ព្រះគោធិកៈមានអាយុ សាបសូន្យចាកចេតោវិមុត្តិ ប្រកប​តាមកាលវេលានោះ អស់វារៈ ជាគម្រប់​៦ដងទៀត។ ព្រះគោធិកៈមានអាយុ ជា​អ្នក​មិនប្រមាទ មានព្យាយាម​ដុតកំដៅកិលេស មានចិត្តបញ្ជូនទៅកាន់​ព្រះនិព្វាន ហើយក៏បាននូវចេតោវិមុត្តិ ប្រកប​តាមកាលវេលា អស់វារៈ​ជាគម្រប់៧ដង។ គ្រានោះឯង ព្រះគោធិកៈមានអាយុ ក៏មានសេចក្តីត្រិះរិះ យ៉ាងនេះថា អាត្មាអញ សាបសូន្យចាកចេតោវិមុត្តិ ប្រកប​តាមកាល ដរាបអស់​វារៈ​ជាគម្រប់​៦ដងហើយ បើដូច្នោះ គួរតែអាត្មាអញ យកកាំបិតមក។

[៤៩៤] គ្រានោះឯង មារមានចិត្តបាប បានដឹងនូវ​បរិវិតក្កៈ ក្នុងចិត្តរបស់​ព្រះគោធិកៈ​មានអាយុ ដោយចិត្ត (របស់ខ្លួន) ក៏ចូលទៅរក​ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ទើបពោលនឹងព្រះមានព្រះភាគ ដោយគាថាទាំងឡាយ​ថា

បពិត្រព្រះអង្គ អ្នកមានព្យាយាមធំ មានប្រាជ្ញាច្រើន រុងរឿង​ដោយឫទ្ធិ និង​យស កន្លងបង់នូវពៀរ និងភ័យគ្រប់ប្រការ ទ្រង់មានចក្ខុ ខ្ញុំព្រះអង្គ សូមក្រាប​ថ្វាយ​បង្គំព្រះបាទា បពិត្រព្រះអង្គ អ្នកមានព្យាយាមធំ សាវ័ករបស់ព្រះអង្គ ត្រូវ​​សេចក្តីស្លាប់គ្របសង្កត់ ប្រាថ្នាគិតនូវសេចក្តីស្លាប់ បពិត្រព្រះអង្គ អ្នក​ទ្រទ្រង់​​នូវ​អានុភាព សូមព្រះអង្គឃាត់ នូវសាវ័កនោះ បពិត្រព្រះមានព្រះភាគ អ្នក​ល្បីក្នុង​ប្រជុំជន សាវ័ករបស់ព្រះអង្គ ជាសេក្ខបុគ្គល មាន​បំណង​មិន​ទាន់​សម្រេច នៅត្រេក​អរក្នុងសាសនា គប្បីធ្វើ​មរណកាលដូចម្តេចបាន។

សម័យនោះឯង ព្រះគោធិកៈមានអាយុ ក៏យកកាំបិតមក។

[៤៩៥] គ្រានោះឯង ព្រះមានព្រះភាគ ទ្រង់ជ្រាបច្បាស់ថា អ្នកនេះ ជា​មារមានចិត្តបាប ដូច្នេះហើយ ទើបពោលនឹងមារមានចិត្តបាប ដោយគាថា ដូច្នេះថា

ពិតមែន អ្នកប្រាជ្ញទាំងឡាយ តែងធ្វើយ៉ាងនេះឯង រមែង​មិននឹកស្តាយ​ នូវ​ជីវិត គោធិកភិក្ខុ បានដកតណ្ហា ព្រមទាំង​ឫស បរិនិព្វានហើយ។

[៤៩៦] គ្រានោះឯង ព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ មក យើងនឹងចូលទៅឯ កាឡសិលា ខាងភ្នំឥសិគិលិ ដ្បិត​គោធិកកុលបុត្រ យកកាំបិតមកហើយ។ ពួកភិក្ខុទាំងនោះ បានទទួលព្រះពុទ្ធដីកា របស់​ព្រះមានព្រះភាគ ថា ព្រះករុណា ព្រះអង្គ។ ទើប​ព្រះមានព្រះភាគ ទ្រង់ស្តេច​ចូលទៅកាន់កាឡសិលា ខាងភ្នំឥសិគិលិ មួយអន្លើ ដោយពួកភិក្ខុច្រើនរូប។ ព្រះមានព្រះភាគ ក៏បានឃើញគោធិកៈ​មានអាយុ កំពុងដេកផ្ងារ ផ្ងើយ-ក លើគ្រែ អំពីចម្ងាយលឹមៗ។ សម័យនោះឯង ផ្សែង និងអ័ព្ទ ក៏បក់ទៅកាន់ទិសខាងកើតខ្លះ បក់ទៅកាន់ទិសខាងលិចខ្លះ បក់ទៅកាន់ទិសខាងជើងខ្លះ បក់ទៅកាន់ទិសខាងត្បូង​ខ្លះ បក់ទៅកាន់ទិសខាងលើខ្លះ បក់ទៅកាន់ទិសខាងក្រោមខ្លះ បក់ទៅកាន់ទិសតូច​ខ្លះ។

[៤៩៧] គ្រានោះឯង ព្រះមានព្រះភាគ ត្រាស់ហៅពួក​ភិក្ខុថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ឃើញនូវផ្សែង​ និងអ័ព្ទនុ៎ះ បក់ទៅកាន់ទិស​ខាងកើត បក់ទៅកាន់ទិសខាងលិច បក់ទៅកាន់ទិសខាងជើង បក់ទៅកាន់ទិសខាងត្បូង បក់ទៅកាន់ទិសខាងលើ បក់ទៅកាន់ទិសខាងក្រោម បក់ទៅកាន់ទិសតូច ឬទេ។ ពួកភិក្ខុក្រាបបង្គំទូលថា ព្រះករុណា ព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ នុ៎ះឯង ជាមារមានចិត្តបាប កំពុងស្វែងរកបដិសន្ធិវិញ្ញាណ នៃ​គោធិកកុលបុត្តថា វិញ្ញាណរបស់គោធិកកុលបុត្ត ឋិតនៅក្នុងទីណា ម្នាលភិក្ខុទាំងឡាយ ឯគោធិកកុលបុត្ត មានវិញ្ញាណមិនបានឋិតនៅទេ បរិនិព្វាន​ហើយ។

[៤៩៨] គ្រានោះឯង មារមានចិត្តបាប យកពិណមានពណ៌លឿង​ ដូចផ្លែព្នៅ ចូល​ទៅរក​ព្រះមានព្រះភាគ លុះចូលទៅដល់ ក៏ពោលនឹង​ព្រះមានព្រះភាគ ដោយគាថា ដូច្នេះថា

ខ្ញុំព្រះអង្គ បានស្វែងរក (វិញ្ញាណ) របស់គោធិកកុលបុត្ត ក្នុងទិសខាងលើផង ខាងក្រោមផង ទិសទទឹងផង ទិស​ធំ ទិសតូចផង មិនបានចួបប្រទះសោះឡើយ ចុះ​គោធិកៈនោះ ទៅក្នុងទីណា។

[៤៩៩] ព្រះអង្គត្រាស់តបថា គោធិកភិក្ខុ ជាអ្នកប្រាជ្ញ បរិបូណ៌ដោយប្រាជ្ញា ជាអ្នកមានឈាន អ្នកត្រេកអរក្នុងឈាន សព្វកាល ខំប្រឹងប្រែងទាំងថ្ងៃ ទាំងយប់ មិន​គិតស្តាយជីវិត បានឈ្នះសេនារបស់មច្ចុ មិនមកកាន់​ភពថ្មីទៀត ដកតណ្ហា ព្រមទាំង​ឫស បរិនិព្វានហើយ។ កាលមារនោះ កំពុងត្រូវ​សោកគ្របសង្កត់ ពិណក៏របូត​ចេញ​អំពីក្លៀក តពីនោះមក យក្ខនោះ ក៏មានសេចក្តីតូចចិត្ត ហើយក៏បាត់ចាកទីនោះទៅ។

សត្តវស្សសូត្រ ទី៤

[៥០០] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្រោម​អជបាលនិគ្រោធ ទៀបឆ្នេរស្ទឹងនេរញ្ជរា ក្នុងឧរុវេលាប្រទេស។ សម័យនោះឯង មារមានចិត្តបាប ជាប់តាមព្រះមានព្រះភាគ អស់៧ឆ្នាំ រមិលមើល​ទោស តែមិនបានឃើញទោសឡើយ។

[៥០១] គ្រានោះ មារមានចិត្តបាប ចូលទៅរក​ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ពោលនឹង​ព្រះមានព្រះភាគ ដោយគាថា ដូច្នេះថា

ព្រះអង្គត្រូវសេចក្តីសោកគ្របសង្កត់ ទើបសញ្ជប់សញ្ជឹងនៅក្នុងព្រៃឬ ព្រះអង្គ​ប្រាថ្នានូវទ្រព្យបានឈ្នះហើយឬ ឬក៏ព្រះអង្គធ្វើ​អំពើអាក្រក់ណាមួយ ក្នុងស្រុកទេដឹង ព្រោះហេតុអ្វី ព្រះអង្គមិនយកពួកជនធ្វើជាមិត្ត មិត្តរបស់ព្រះអង្គ រមែង​មិនសម្រេច​ដោយ​ហេតុណាមួយឡើយ។

[៥០២] ព្រះអង្គត្រាស់តបថា តថាគត ជីកឫសគល់សេចក្តីសោកទាំងអស់​ហើយ មិនមានអំពើអាក្រក់ មិនសោកសៅ សញ្ជប់សញ្ជឹងទេ ម្នាលមារ តថាគត ឈ្នះនូវ​តណ្ហា គឺសេចក្តីលោភ ក្នុងភពទាំង​អស់ហើយ ជាអ្នកមិនមានអាសវៈ តែងស្មឹងស្មាធិ៍។

[៥០៣] មារតបថា ជនទាំងឡាយណា តែងពោលនូវរបស់ណាថា នេះ​របស់អញ ដូច្នេះក្តី ពោលថា អញ ដូច្នេះក្តី បើព្រះហឫទ័យរបស់ព្រះអង្គ មាន​ក្នុង​របស់នុ៎ះដែរ បពិត្រសមណៈ ព្រះអង្គមិនរួចចាកវិស័យរបស់ខ្ញុំឡើយ។

[៥០៤] ព្រះអង្គត្រាស់ថា ពួកជន ពោលដៅយករបស់ណា របស់នោះ មិនមាន​ដល់តថាគតទេ ពួកជនណាពោលថា (អញដូច្នេះ) ពួកជននោះ មិនដូច​តថាគតទេ ម្នាលមារ អ្នកឯងចូរដឹងយ៉ាងនេះចុះ អ្នកឯង មិនឃើញផ្លូវ​នៃ​តថាគតទេ។

[៥០៥] មារទូលថា ប្រសិនបើ​ព្រះអង្គបាននូវផ្លូវ ដែលព្រះអង្គ​បានត្រាស់ដឹង​ហើយ ជាផ្លូវដ៏ក្សេម ជាផ្លូវសម្រាប់ទៅកាន់ព្រះនិព្វាន ឈ្មោះអមតៈ ចូរព្រះអង្គ ចេញទៅ ចូរព្រះអង្គទៅចុះ ព្រះអង្គជាបុគ្គលម្នាក់ឯង ប្រៀនប្រដៅបុគ្គលដទៃ​ ដូចម្តេចកើត។

[៥០៦] ព្រះអង្គត្រាស់ថា ពួកជនណា ប្រាថ្នាទៅកាន់ត្រើយ គឺព្រះនិព្វាន លះបង់នូវព្រះនិព្វាន ដែល​មិនមែនជាឱកាសនៃមច្ចុ តថាគត កាលបើពួកជន​នោះ សួរហើយ នឹងប្រាប់ថា ធម្មជាតណាជារបស់ពិត ធម្មជាតនោះ មិនមានឧបធិក្កិលេស​ឡើយ។

[៥០៧] មារពោលតបថា បពិត្រព្រះអង្គដ៏ចំរើន ស្រុក ឬនិគម មានស្រះបោក្ខរណីនៅជិត ក្នុងស្រះនោះ មានក្តាម១ បពិត្រព្រះអង្គដ៏ចំរើន សម័យនោះឯង ពួកក្មេងប្រុស ឬក្មេងស្រី ច្រើននាក់ នាំគ្នាចេញទៅអំពីស្រុក ឬនិគម​នោះ ចូលសំដៅទៅរក​ស្រះបោក្ខរណី លុះចូលទៅដល់ហើយ ទើបស្រង់ក្តាមនោះ អំពី​ទឹក មកដាក់លើគោក បពិត្រព្រះអង្គដ៏ចំរើន ក្តាមនោះ លានូវជើងណាៗ ពួកក្មេង​ប្រុស ឬក្មេងស្រី ក៏យក​កំណាត់ឈើ ឬអំបែង មកកាច់បំបាក់ កម្ទេចចោល នូវ​ជើងនោះៗទៅ បពិត្រព្រះអង្គដ៏ចំរើន លុះក្តាមនោះ មានជើងទាំងអស់ ត្រូវគេ​កាច់​បំបាក់ កម្ទេចចោល យ៉ាងនេះហើយ ក៏មិនគួរនឹងចុះកាន់ស្រះបោក្ខរណីនោះ ឲ្យដូច​ជាក្នុងពេលមុនបានទៀតឡើយ មានឧបមាដូចម្តេចមិញ បពិត្រព្រះអង្គដ៏ចំរើន មានឧបមេយ្យដូចយ៉ាងអំពើណាមួយ ដែលជាចម្រូងចម្រាស់ ជាទំនាស់ ញាប់ញ័រ អំពើទាំងអស់នោះ ព្រះមានព្រះភាគ បានកាច់បំបាក់ កម្ទេចចោលហើយ បពិត្រព្រះអង្គដ៏ចំរើន ក្នុងកាលឥឡូវនេះ ខ្ញុំព្រះអង្គ មិនគួរនឹងចូលទៅរមិលមើល​ទោស ចំពោះព្រះមានព្រះភាគបានទៀតឡើយ។

[៥០៨] គ្រានោះឯង មារមានចិត្តបាប ក៏បានពោលគាថា ដែលគួរ​នឿយ​ណាយ​​នេះ ក្នុងសំណាក់នៃព្រះមានព្រះភាគថា

ក្អែក ឃើញថ្មដែលមានសម្បុរដូចខ្លាញ់ខាប់ ហើរក្រឡឹងជុំវិញ ដោយគិត​ថា យើង​នឹងបាននូវអាហារទន់ ក្នុងទីនុ៎ះ អាហារឆ្ងាញ់ នឹងគប្បីមាន លុះ​ក្អែក​នោះ មិន​បាននូវអាហារឆ្ងាញ់ ក្នុងទីនោះហើយ ក៏ព្យាយាមហើរចេញទៅ បពិត្រ​ព្រះគោតម យើង​ក៏នឿយណាយ ដូចជាក្អែក ដែលចួប​ប្រទះនឹងថ្ម ដូច្នោះ​ដែរ។

លុះមារមានចិត្តបាប បានពោលគាថា ដែលគួរនឿយណាយនេះ ក្នុង​សំណាក់​នៃព្រះមានព្រះភាគរួចហើយ ក៏គេចចេញពីទីនោះ ទៅអង្គុយពែនភ្នែន​លើផែនដីនៅស្ងៀម អៀនអន់ ឱនក ដាក់មុខចុះ សញ្ជប់សញ្ជឹង មិនក្លៀវក្លា គូស​ផែនដីដោយកំណាត់ឈើ ក្នុងទីជិតនៃព្រះមានព្រះភាគ។

មារធីតុសូត្រ ទី៥

[៥០៩] គ្រានោះឯង ធីតារបស់មារ ឈ្មោះ នាងតណ្ហា ១ អរតី ១ រាគា ១ នាំគ្នា​ចូលទៅរក​មារមានចិត្តបាប លុះចូលទៅដល់ ក៏ពោលនឹងមារមានចិត្តបាប ដោយគាថា ដូច្នេះថា

បពិត្របិតា ព្រះអង្គតូចចិត្តដោយហេតុអ្វី ព្រះអង្គសោកស្តាយបុរសណាហ្ន៎ យើងខ្ញុំម្ចាស់ នឹងចងបុរសនោះ ដោយអន្ទាក់ គឺរាគៈ ហើយនាំមក ដូចជាបុគ្គលចង​ដំរីព្រៃ បុរសនោះ នឹងលុះក្នុងអំណាចរបស់ព្រះអង្គ។

[៥១០] មារតបថា ព្រះសុគត ជាព្រះអរហន្តក្នុងលោក មិនងាយនឹងនាំមក ដោយរាគៈបានឡើយ លោកកន្លងនូវវដ្តៈ ជាទីតាំងនៃមាររួចហើយ ព្រោះហេតុ​នោះ ទើបអញសោកស្តាយក្រែលែង។

[៥១១] លំដាប់នោះ ធីតារបស់មារឈ្មោះ នាងតណ្ហា១ អរតី១ រាគា១ បាននាំ​គ្នាចូលទៅរក​ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ បានក្រាបបង្គំ​ទូល​ព្រះមាន​ព្រះ​ភាគ ដូច្នេះថា បពិត្រសមណៈ យើងទាំងឡាយ សូមបម្រើ​បាទា​ព្រះអង្គ។ គ្រានោះ​ឯង ព្រះមានព្រះភាគ មិនបានធ្វើទុកក្នុង​ព្រះហឫទ័យ​ឡើយ ព្រោះព្រះអង្គ មានព្រះហឫទ័យចុះស៊ប់ ក្នុងព្រះនិព្វានដ៏ប្រសើរ ជាទីអស់ទៅនៃ​ឧបធិហើយ។

[៥១២] គ្រានោះឯង ធីតារបស់មារ ឈ្មោះនាងតណ្ហា១ អរតី១ រាគា១ គេចចេញ​ទៅក្នុងទីដ៏សមគួរ ហើយក៏គិតព្រមគ្នា យ៉ាងនេះថា សេចក្តីប្រាថ្នារបស់​បុរស​ទាំងឡាយ ផ្សេងៗគ្នា បើដូច្នោះ គួរពួកយើងនិម្មិតនូវវណ្ណៈ នៃនាង​កុមារី​មួយរយ ក្នុងមួយៗ ធ្វើឲ្យបែកទៅជាមានវណ្ណៈមួយរយៗនាក់។ ទើបធីតារបស់មារ ឈ្មោះនាងតណ្ហា១ អរតី១ រាគា១ នាំគ្នានិម្មិតនូវវណ្ណៈ នៃនាងកុមារីមួយរយ ក្នុងមួយៗ ធ្វើឲ្យបែកទៅជាមានវណ្ណៈមួយរយៗនាក់ ហើយចូលទៅ​រក​ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រសមណៈ យើងទាំងឡាយ សូមបម្រើបាទារបស់ព្រះអង្គ។ ព្រះមានព្រះភាគ មិន​បានធ្វើទុកក្នុង​ព្រះហឫទ័យ​ នឹងពាក្យនោះឡើយ ព្រោះព្រះអង្គ មានព្រះហឫទ័យ​ចុះស៊ប់ ក្នុងព្រះនិព្វានដ៏ប្រសើរ ជាទីអស់ទៅនៃ​ឧបធិហើយ។

[៥១៣] គ្រានោះឯង ធីតារបស់មារ ឈ្មោះនាងតណ្ហា១ អរតី១ រាគា១ គេចចេញ​ទៅក្នុងទីសមគួរ ហើយគិតព្រមគ្នា យ៉ាងនេះថា សេចក្តីប្រាថ្នារបស់​បុរស​ទាំងឡាយ ផ្សេងៗគ្នា បើដូច្នោះ គួរពួកយើងនិម្មិតនូវវណ្ណៈស្រីមិនទាន់សម្រាល​មួយរយ ក្នុងមួយៗ ធ្វើឲ្យបែកទៅជាមានវណ្ណៈមួយរយៗនាក់។ ទើបធីតារបស់មារ ឈ្មោះនាងតណ្ហា១ អរតី១ រាគា១ និម្មិតនូវវណ្ណៈស្រីមិនទាន់សម្រាល មួយរយ ក្នុងមួយៗ ធ្វើឲ្យបែកទៅជាមានវណ្ណៈមួយរយៗនាក់ ចូលទៅ​រក​ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រសមណៈ យើងទាំងឡាយ សូមបម្រើបាទាព្រះអង្គ។ ព្រះមានព្រះភាគ មិនបានធ្វើទុកក្នុង​ព្រះហឫទ័យ​នឹងពាក្យនោះឡើយ ព្រោះព្រះអង្គ មានព្រះហឫទ័យចុះស៊ប់ ក្នុងព្រះនិព្វានដ៏ប្រសើរ ជាទីអស់ទៅនៃ​ឧបធិហើយ។

[៥១៤] លំដាប់នោះ ធីតារបស់មារ ឈ្មោះនាងតណ្ហា១ អរតី១ រាគា១ គេចចេញ​ទៅក្នុងទីដ៏សមគួរ ទើបគិតព្រមគ្នា យ៉ាងនេះថា សេចក្តីប្រាថ្នារបស់​បុរស​ទាំងឡាយ ផ្សេងៗគ្នា បើដូច្នោះ គួរតែពួកយើងនិម្មិតនូវវណ្ណៈស្រី​មួយរយ ដែលទើប​សម្រាលម្តង ក្នុងមួយៗ ធ្វើឲ្យបែកទៅជាមានវណ្ណៈមួយរយៗនាក់។ គ្រានោះឯង នាងតណ្ហា១។បេ។ និម្មិតនូវវណ្ណៈស្រីមួយរយ ដែលទើបសម្រាលម្តង ចូលទៅរក​ព្រះមានព្រះភាគ។បេ។ ព្រោះព្រះអង្គ មានព្រះហឫទ័យចុះស៊ប់ ក្នុងព្រះនិព្វាន​ដ៏ប្រសើរ ជាទីអស់ទៅនៃ​ឧបធិហើយ។

[៥១៥] លំដាប់នោះ នាងតណ្ហា១។បេ។ និម្មិតនូវវណ្ណៈ ស្រីមួយរយ ដែល​សម្រាលអស់វារៈពីរដង ចូលទៅ​រក​ព្រះមានព្រះភាគ។បេ។ ព្រោះព្រះអង្គ មានព្រះហឫទ័យចុះស៊ប់ ក្នុងព្រះនិព្វានដ៏ប្រសើរ ជាទីអស់ទៅនៃ​ឧបធិហើយ។

[៥១៦] លំដាប់នោះឯង នាងតណ្ហា១។បេ។ ពួកយើងនិម្មិតនូវវណ្ណៈស្រី​មួយរយ មានវ័យជាកណ្តាល។ គ្រានោះឯង នាងតណ្ហា១។បេ។ ក៏និម្មិតនូវវណ្ណៈស្រី​ មួយរយ មានវ័យជាកណ្តាល ចូលទៅ​រក​ព្រះមានព្រះភាគ។បេ។ ព្រោះព្រះអង្គ មានព្រះហឫទ័យចុះស៊ប់ ក្នុងព្រះនិព្វានដ៏ប្រសើរ ជាទីអស់ទៅនៃ​ឧបធិហើយ។

[៥១៧] លំដាប់នោះ នាងតណ្ហា១។បេ។ ពួកយើងនិម្មិតនូវវណ្ណៈស្រីចាស់ ​មួយរយ។ ទើបនាងតណ្ហា១។បេ។ និម្មិតនូវវណ្ណៈស្រីចាស់ មួយរយ ចូលទៅ​រក​ព្រះមានព្រះភាគ។បេ។ ព្រោះព្រះអង្គ មានព្រះហឫទ័យចុះស៊ប់ ក្នុងព្រះនិព្វានដ៏ប្រសើរ ជាទីអស់ទៅនៃ​ឧបធិហើយ។

[៥១៨] លំដាប់នោះ ធីតារបស់មារ ឈ្មោះ តណ្ហា១ អរតី១ រាគា១ គេចចេញ​ទៅក្នុងទីសមគួរ ហើយពោលដូច្នេះថា ឮថា បិតារបស់យើង បានពោល​ពិតមែនថា

ព្រះសុគត ជាព្រះអរហន្តក្នុងលោក មិនងាយនឹងនាំមក ដោយរាគៈបាន​ឡើយ ព្រះអង្គកន្លងវដ្តៈ ជាទីតាំងនៃមាររួចហើយ ព្រោះហេតុនោះ ទើបអញ​សោក​ស្តាយក្រែលែង។

ព្រោះថាពួកយើង ព្យាយាម (ធ្វើ) សមណៈ ឬព្រាហ្មណ៍ណា ដែលមាន​រាគៈ មិនទាន់ទៅប្រាសនៅឡើយ ដោយសេចក្តីព្យាយាមនេះ ហឫទ័យ របស់​សមណព្រាហ្មណ៍នោះ គប្បីបែក ឬឈាមដ៏ក្តៅ គប្បីខ្ពុរចេញអំពីមាត់ ឬដល់នូវ​សេចក្តី​ឆ្កួត ពុំនោះ រាយមាយចិត្ត ដូចយ៉ាង​ដើមបបុស មានពណ៌ខៀវ ដែលបុគ្គល​ដក​ចេញ តែងស្វិតស្រពោន ក្រៀមទៅយ៉ាងណា សមណព្រាហ្មណ៍នោះ គប្បីស្វិត ស្រពោនក្រៀមទៅ ដូច្នោះដែរ។ លំដាប់នោះ ធីតារបស់មារ ឈ្មោះនាងតណ្ហា១ អរតី១ រាគា១ បាននាំគ្នាចូលទៅ​រក​ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ឈរ​ក្នុងទីដ៏សមគួរ។

[៥១៩] លុះមារធីតា ឈ្មោះនាងតណ្ហា ឈរនៅក្នុងទីដ៏សមគួរហើយ បានពោល​នឹង​ព្រះមានព្រះភាគ ដោយគាថា ដូច្នេះថា

ព្រះអង្គ មានសេចក្តីសោកគ្របសង្កត់ ទើបសញ្ជប់សញ្ជឹងនៅក្នុងព្រៃឬ ព្រះអង្គ កាលប្រាថ្នានូវទ្រព្យ ត្រូវចាញ់គេហើយឬ ឬក៏ព្រះអង្គ ធ្វើអំពើអាក្រក់​ណាមួយ ក្នុងស្រុកទេដឹង ព្រោះហេតុអ្វី បានជាព្រះអង្គមិនធ្វើនូវមិត្តភាព ជាមួយ​នឹងពួកជន មិត្តភាពរបស់ព្រះអង្គ មិនសម្រេចដោយហេតុណាមួយឬ។

[៥២០] ព្រះអង្គត្រាស់ថា តថាគត តែម្នាក់ឯង បានឈ្នះនូវសេនា ដែល​មានសភាពគួរស្រឡាញ់ គួរត្រេកអរ កំពុងចម្រើនឈាន ក៏បានចួបនូវសេចក្តីសុខ ក្នុងព្រះអរហត្ត ដែលជាចំណែក​នៃប្រយោជន៍ ឬជាសេចក្តី​ស្ងប់នៃហឫទ័យ ព្រោះ​ហេតុនោះ បានជាតថាគត មិនធ្វើមិត្តភាព ជាមួយនឹង​ពួកជន មិត្តភាពរបស់​តថាគត មិនសម្រេច ដោយហេតុណាមួយឡើយ។

[៥២១] ទើបមារធីតាឈ្មោះ អរតី បានពោលនឹងព្រះមានព្រះភាគ ដោយគាថា ដូច្នេះថា

ភិក្ខុក្នុងសាសនានេះ ជាអ្នកច្រើនដោយវិហារធម៌ ដូចម្តេច បានឆ្លង​នូវអន្លង់​ ប្រព្រឹត្តទៅក្នុងទ្វារទាំង៥ ហើយឆ្លងអន្លង់ ប្រព្រឹត្តទៅក្នុងមនោទ្វារមួយទៀត ជាគម្រប់​៦ ក្នុងអត្តភាពនេះ កាមសញ្ញាទាំងឡាយ ជាខាងក្រៅ មិនបានប្រទះ​បុគ្គល​មានឈានច្រើននោះ ដោយប្រការដូចម្តេច។

[៥២២] ព្រះអង្គត្រាស់ថា បុគ្គល មានកាយស្ងប់រម្ងាប់ មានចិត្តរួចស្រឡះ ដោយប្រពៃហើយ មិនបានតាក់តែង មានស្មារតី មិនមានទីអាល័យ បានដឹងច្បាស់​នូវចតុសច្ចធម៌ មានចតុត្ថជ្ឈានប្រាសចាកវិតក្កៈ មិនកម្រើក (ព្រោះទោសៈ) មិនរឭក (ព្រោះរាគៈ) មិនងោកងក់ (ព្រោះមោហៈ) ភិក្ខុក្នុងសាសនានេះ ជាអ្នកច្រើនដោយ​វិហារធម៌ យ៉ាងនេះ ឆ្លងនូវអន្លង់ ប្រព្រឹត្តទៅក្នុងទ្វារទាំង៥ បានឆ្លងនូវអន្លង ប្រព្រឹត្តទៅ​ក្នុងមនោទ្វារ​មួយទៀត ជាគម្រប់៦ ក្នុងអត្តភាពនេះ កាមសញ្ញាទាំងឡាយ ជាខាងក្រៅ មិនបានប្រទះបុគ្គល មានឈានច្រើននោះ យ៉ាងនេះឯង។

[៥២៣] គ្រានោះឯង មារធីតាឈ្មោះ រាគា បានពោលនឹង​ព្រះមានព្រះភាគ ដោយគាថា ដូច្នេះថា

បុគ្គល ជាអ្នកប្រព្រឹត្តទៅក្នុងគណៈ និងសង្ឃ បានកាត់បង់នូវតណ្ហា មួយទៀត ពួកជនច្រើននាក់ មានសទ្ធា នឹងប្រព្រឹត្តដោយចំណែកមួយ ព្រះសាស្តានេះ មិនមានទីអាល័យ បានដណ្តើមយក នូវប្រជុំជនដ៏ច្រើន អំពីដៃ​នៃមច្ចុរាជ ហើយនាំទៅកាន់ត្រើយ គឺព្រះនិព្វាន។

[៥២៤] ព្រះតថាគតទាំងឡាយ មានព្យាយាមធំ តែងដឹកនាំសត្វ ដោយ​ព្រះសទ្ធម្ម ច្រណែនអ្វីដល់ព្រះតថាគតទាំងឡាយ ដែលជាអ្នកប្រាជ្ញ អាចដឹកនាំ​សត្វ​ដោយធម៌។

[៥២៥] លំដាប់នោះ ធីតារបស់មារ ឈ្មោះនាងតណ្ហា១ អរតី១ រាគា១ បាននាំ​គ្នាចូលទៅរក​មារមានចិត្តបាប។ មារមានចិត្តបាប ក៏បានឃើញនូវមារធីតាឈ្មោះ នាងតណ្ហា១ អរតី១ រាគា១ កំពុងមកអំពីចម្ងាយ លុះឃើញហើយ ក៏ពោលដោយ​គាថាទាំងឡាយ ដូច្នេះថា

នាងទាំងឡាយជាពាល ញាំញីភ្នំ ដោយដើមកុមុទ ជីកភ្នំ ដោយក្រចក ទំពា​ដែក ដោយធ្មេញ ហាក់ដូចជាយកដុំថ្ម មកតំកល់លើក្បាល ហើយស្វែងរកទីពឹង ក្នុងបាតាល បៀតបៀនព្រះសមណគោតម ហាក់ដូចជាប្រហារនូវដង្គត់ត្រង់ទ្រូង (ខ្លួនឯង) ចូរនាងទាំងឡាយចេញទៅ។ នាងតណ្ហា អរតី រាគា ក៏នាំគ្នាដើរមក ដោយ​សេចក្តីរុងរឿង ព្រះសាស្តា បណ្តេញនូវនាងទាំងនោះ ពីទីនោះចេញ ដូចជាខ្យល់ ដែលបក់ផាត់នូវប៉ុយ ដែលធ្លាក់ចុះអំពីផ្លែ។

ចប់ សម្ពហុលវគ្គ ទី៣។

បញ្ជីរឿងនៃ សម្ពហុលវគ្គ នោះគឺ

សម្ពហុលសូត្រ ១ សមិទ្ធិសូត្រ ១ គោធិកសូត្រ ១ សត្តវស្សសូត្រ ១ ជាគម្រប់ ៥ នឹង​មារធីតុសូត្រ​នេះ ដែល​ព្រះពុទ្ធ​ដ៏ប្រសើរ ទ្រង់​សំដែង​ហើយ។

ចប់ មារសំយុត្ត។

ចប់ ភាគ២៩។

មាតិកា

សុត្តន្តបិដក សំយុត្តនិកាយ សគាថវគ្គ បឋមភាគ

ទេវតាសំយុត្ត

នឡវគ្គ ទី ១

ឱឃតរណសូត្រ ទី ១

និមោក្ខសូត្រ ទី ២

ឧបនេយ្យសូត្រ ទី ៣

អច្ចេន្តិសូត្រ ទី ៤

គតិច្ឆិន្ទិសូត្រ ទី ៥

ជាគរសូត្រ ទី ៦

អប្បដិវិទិតសូត្រ ទី ៧

សុសម្មុដ្ឋសូត្រ ទី ៨

មានកាមសូត្រ ទី ៩

អរញ្ញសូត្រ ទី ១០

នន្ទនវគ្គ ទី ២

នន្ទនសូត្រ ទី ១

នន្ទិសូត្រ ទី ២

នត្ថិបុត្តសមសូត្រ ទី ៣

ខត្តិយសូត្រ ទី ៤

សកមានសូត្រ ទី ៥

និទ្ទាតន្ទិសូត្រ ទី ៦

ទុក្ករសូត្រ ទី ៧

ហិរិសូត្រ ទី ៨

កុដិកាសូត្រ ទី ៩

សមិទ្ធិសូត្រ ទី ១០

សតិវគ្គ ទី ៣

សតិសូត្រ ទី ១

ផុសតិសូត្រ ទី ២

ជដាសូត្រ ទី ៣

មនោនិវារណសូត្រ ទី ៤

អរហន្តសូត្រ ទី ៥

បជ្ជោតសូត្រ ទី ៦

សរសូត្រ ទី ៧

មហទ្ធនសូត្រ ទី ៨

ចតុចក្កសូត្រ ទី ៩

ឯណិជង្ឈសូត្រ ទី ១០

សតុល្លប្បកាយិកវគ្គ ទី ៤

សព្ភិសូត្រ ទី ១

មច្ឆរិសូត្រ ទី ២

សាធុសូត្រ ទី ៣

នសន្តិសូត្រ ទី ៤

ឧជ្ឈានសញ្ញិសូត្រ ទី ៥

សទ្ធាសូត្រ ទី ៦

សមយសូត្រ ទី ៧

សកលិកសូត្រ ទី ៨

បឋមបជ្ជុនធីតុសូត្រ ទី ៩

ទុតិយបជ្ជុនធីតុសូត្រ ទី ១០

អាទិត្តវគ្គ ទី ៥

អាទិត្តសូត្រ ទី ១

កិន្ទទសូត្រ ទី ២

អន្នសូត្រ ទី ៣

ឯកមូលសូត្រ ទី ៤

អនោមិយសូត្រ ទី៥

អច្ចរាសូត្រ ទី ៦

វនរោបសូត្រ ទី ៧

ជេតវនសូត្រ ទី ៨

មច្ឆរិសូត្រ ទី ៩

ឃដិករសូត្រ ទី ១០

ជរាវគ្គ ទី ៦

ជរាសូត្រ ទី ១

អជរសាសូត្រ ទី ២

មិត្តសូត្រ ទី ៣

វត្ថុសូត្រ ទី ៤

បឋមជនសូត្រ ទី ៥

ទុតិយជនសូត្រ ទី ៦

តតិយជនសូត្រ ទី ៧

ឧប្បថសូត្រ ទី ៨

ទុតិយសូត្រ ទី ៩

ភវិសូត្រ ទី ១០

អន្ធវគ្គ ទី ៧

នាមសូត្រ ទី ១

ចិត្តសូត្រ ទី ២

តណ្ហាសូត្រ ទី ៣

សញ្ញោជនសូត្រ ទី ៤

ពន្ធនសូត្រ ទី ៥

អព្ភាហតសូត្រ ទី ៦

ឧឌ្ឌិតសូត្រ ទី ៧

បហិតសូត្រ ទី ៨

ឥច្ឆាសូត្រ ទី ៩

លោកសូត្រ ទី ១០

ឃត្វាវគ្គ ទី ៨

ឃត្វាសូត្រ ទី ១

រថសូត្រ ទី ២

វិត្តសូត្រ ទី ៣

វុដ្ឋិសូត្រ ទី ៤

ភីតសូត្រ ទី ៥

នជិរតិសូត្រ ទី ៦

ឥស្សរសូត្រ ទី ៧

កាមសូត្រ ទី ៨

បាថេយ្យសូត្រ ទី ៩

បជ្ជោតសូត្រ ទី ១០

អរណសូត្រ ទី ១១

ទេវបុត្តសំយុត្ត

កស្សបវគ្គ ទី ១

បឋមកស្សបសូត្រ ទី ១

ទុតិយកស្សបសូត្រ ទី ២

មាឃសូត្រ ទី ៣

មាគធសូត្រ ទី ៤

ទាមលិសូត្រ ទី ៥

កាមទសូត្រ ទី ៦

បញ្ចាលចណ្ឌសូត្រ ទី ៧

តាយនសូត្រ ទី ៨

ចន្ទិមសូត្រ ទី ៩

សុរិយសូត្រ ទី ១០

អនាថបិណ្ឌិកវគ្គ ទី ២

ចន្ទិមសសូត្រ ទី ១

វេណ្ឌុសូត្រ ទី ២

ទីឃលដ្ឋិសូត្រ ទី ៣

នន្ទនសូត្រ ទី ៤

ចន្ទនសូត្រ ទី ៥

វាសុទត្តសូត្រ ទី ៦

សុព្រហ្មសូត្រ ទី ៧

កកុធសូត្រ ទី ៨

ឧត្តរសូត្រ ទី ៩

អនាថបិណ្ឌិកសូត្រ ទី ១០

នានាតិត្ថិយវគ្គ ទី ៣

សិវសូត្រ ទី ១

ខេមសូត្រ ទី ២

សេរីសូត្រ ទី ៣

ឃដិការសូត្រ ទី ៤

ជន្តុសូត្រ ទី ៥

រោហិតស្សសូត្រ ទី ៦

នន្ទសូត្រ ទី ៧

នន្ទិវិសាលសូត្រ ទី ៨

សុសិមសូត្រ ទី ៩

នានាតិត្ថិយសូត្រ ទី ១០

កោសលសំយុត្ត

ទហរវគ្គ ទី ១

ទហរសូត្រ ទី ១

បុរិសសូត្រ ទី ២

រាជសូត្រ ទី ៣

បិយសូត្រ ទី ៤

អត្តរក្ខិតសូត្រ ទី ៥

អប្បកសូត្រ ទី ៦

អត្ថករណសូត្រ ទី ៧

មល្លិកាសូត្រ ទី ៨

យញ្ញសូត្រ ទី ៩

ពន្ធនសូត្រ ទី ១០

ជដិលវគ្គ ទី ២

ជដិលសូត្រ ទី ១

បញ្ចរាជសូត្រ ទី ២

ទោណបាកសូត្រ ទី ៣

បឋមសង្គាមវត្ថុសូត្រ ទី ៤

ទុតិយសង្គាមវត្ថុសូត្រ ទី ៥

ធីតុសូត្រ ទី ៦

បឋមអប្បមាទសូត្រ ទី ៧

ទុតិយអប្បមាទសូត្រ ទី ៨

បឋមាបុត្តកសូត្រ ទី ៩

ទុតិយាបុត្តកសូត្រ ទី ១០

បុគ្គលវគ្គ ទី ៣

បុគ្គលសូត្រ ទី ១

អយ្យិកាសូត្រ ទី ២

លោកសូត្រ ទី ៣

ឥស្សត្ថសូត្រ ទី ៤

បព្វតោបមសូត្រ ទី ៥

មារសំយុត្ត

តបោកម្មវគ្គ ទី ១

តបោកម្មសូត្រ ទី ១

នាគសូត្រ ទី ២

សុភសូត្រ ទី ៣

បឋមបាសសូត្រ ទី ៤

ទុតិយបាសសូត្រ ទី ៥

សប្បសូត្រ ទី ៦

សុប្បតិសូត្រ ទី ៧

នន្ទនសូត្រ ទី ៨

បឋមអាយុសូត្រ ទី ៩

ទុតិយអាយុសូត្រ ទី ១០

បាសាណវគ្គ ទី ២

បាសាណសូត្រ ទី ១

សីហសូត្រ ទី ២

សកលិកសូត្រ ទី ៣

បដិរូបសូត្រ ទី ៤

មានសសូត្រ ទី ៥

បត្តសូត្រ ទី ៦

អាយតនសូត្រ ទី ៧

បិណ្ឌសូត្រ ទី ៨

កស្សកសូត្រ ទី ៩

រជ្ជសូត្រ ទី ១០

សម្ពហុលវគ្គ ទី ៣

សម្ពហុលសូត្រ ទី ១

សមិទ្ធិសូត្រ ទី ២

គោធិកសូត្រ ទី ៣

សត្តវស្សសូត្រ ទី ៤

មារធីតុសូត្រ ទី ៥

សូមអនុមោទនា !!!

Oben-pfeil