សំយុត្តនិកាយ សគាថវគ្គ

ភាគទី៣០

សូមនមស្ការព្រះមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធព្រះអង្គនោះ។

ភិក្ខុនីសំយុត្ត

អាឡវិកាសូត្រ ទី១

[១] ខ្ញុំបានស្តាប់មក យ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់​នៅក្នុង​វត្ត​ជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ គ្រានោះ ភិក្ខុនីឈ្មោះអាឡវិកា ស្លៀកស្បង់ ប្រដាប់​ដោយបាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ចូលទៅកាន់ក្រុងសាវត្ថី ដើម្បីបិណ្ឌបាត លុះ​ត្រាច់​ទៅបិណ្ឌបាត ក្នុងក្រុងសាវត្ថីហើយ ត្រឡប់​មក​អំពី​បិណ្ឌបាត​វិញ ក្នុងបច្ឆាភត្ត ក៏មាន​សេចក្តី​ត្រូវការ ដោយទីស្ងាត់ ហើយចូលទៅកាន់អន្ធវ័ន។

[២] គ្រានោះ មារមានចិត្តបាប មានប្រាថ្នាដើម្បីញុំាងភ័យ សេចក្តីតក់ស្លុត និង​​សេចក្តី​​ព្រឺរោម ឲ្យកើតឡើងដល់អាឡវិកាភិក្ខុនី មាន​ប្រាថ្នា​ឲ្យ​នាង​ឃ្លាត​ចាក​សេចក្តី​ស្ងប់ស្ងាត់ ហើយ​ក៏​ចូល​ទៅរកអាឡវិកាភិក្ខុនី លុះចូលទៅដល់ហើយ បាន​ពោល​គាថា​នឹង​អាឡវិកា​ភិក្ខុនី​ថា ធម្មជាត​ជាគ្រឿងរលាស់ចេញ [ព្រះនិព្វាន។] ក្នុងលោក មិនមានទេ នាងនឹងធ្វើនូវប្រយោជន៍អ្វី ដោយ​សេចក្តីស្ងប់ស្ងាត់ ចូរនាងបរិភោគ នូវ​សេចក្តី​ត្រេកអរ​ក្នុងកាម នាង​​ពុំ​មាន​​សេចក្តី​​ក្តៅ​​ក្រហាយ ក្នុងកាលជាខាងក្រោយឡើយ។

[៣] គ្រានោះ អាឡវិកាភិក្ខុនី មានសេចក្តីត្រិះរិះ យ៉ាងនេះថា អ្នកនេះជាអ្វីហ្ន៎ ជា​មនុស្ស ឬ​ជា​​អមនុស្ស បានជាពោលនូវគាថា។ ទើបអាឡវិកាភិក្ខុនី មានសេចក្តី​ចូល​ចិត្ត​ដូច្នេះ​ថា នេះ​ពិត​ជា​មារមានចិត្តបាប មានប្រាថ្នាដើម្បីញុំាងភ័យ សេចក្តីតក់ស្លុត និង​សេចក្តី​ព្រឺរោម ឲ្យកើត​ឡើង ដល់អាត្មាអញ ប្រាថ្នាឲ្យអាត្មាអញ ឃ្លាត​ចាក​សេចក្តី​ស្ងប់ស្ងាត់ បាន​ជា​ពោល​នូវគាថា។ លុះ​អាឡវិកាភិក្ខុនី ស្គាល់ច្បាស់ថា នេះជាមារ មានចិត្តបាប ដូច្នេះហើយ ក៏ពោល​គាថា​ទាំងឡាយ នឹងមារមានចិត្តបាបថា

ធម្មជាត ជាគ្រឿងរលាស់ចេញក្នុងលោក មាន យើងបានពាល់ត្រូវ​ដោយ​បញ្ញា [បច្ចវេក្ខណ​ញ្ញាណ។] ម្នាលមារមានចិត្តបាប មានផៅពង្សជាអ្នកប្រមាទ អ្នក​មិន​​ដឹង​​នូវ​បទ​នោះ​ទេ កាម​ទាំងឡាយ ឧបមាដោយលំពែងស្រួច ខន្ធទាំងឡាយជាកន្លែងសម្រាប់មុត នៃកាម​ទាំងឡាយ​នោះ អ្នកពោលនូវសេចក្តីត្រេកអរ ក្នុងកាមណា សេចក្តីត្រេកអរ ក្នុង​កាម​នោះ ជា​សេចក្តី​មិន​ត្រេកអរ របស់យើងទេ។

លំដាប់នោះ មារមានចិត្តបាបដឹងថា អាឡវិកាភិក្ខុនី ស្គាល់អញហើយ ក៏​មាន​​សេចក្តី​​ទុក្ខ តូចចិត្ត បាត់អំពីទីនោះទៅ។

សោមាសូត្រ ទី២

[៤] សាវត្ថីនិទាន។ គ្រានោះ សោមាភិក្ខុនី ស្លៀកស្បង់ ប្រដាប់​បាត្រ និងចីវរ ក្នុង​បុព្វណ្ហ​សម័យ ចូល​ទៅ​កាន់ក្រុងសាវត្ថី ដើម្បីបិណ្ឌបាត លុះ​ត្រាច់​ទៅ​បិណ្ឌបាត ក្នុងក្រុង​សាវត្ថី​ហើយ ត្រឡប់​មក​ពីបិណ្ឌបាត ក្នុង​បច្ឆាភត្ត ក៏ដើរ​សំដៅ​ទៅ​កាន់​អន្ធវ័ន ដើម្បី​សម្រាក​ក្នុង​វេលា​ថ្ងៃ លុះ​ចូល​ទៅ​ដល់​​អន្ធវ័ន​ហើយ ក៏អង្គុយសម្រាកក្នុងវេលាថ្ងៃ ក្រោមម្លប់ឈើមួយ។

[៥] គ្រានោះ មារមានចិត្តបាប មានប្រាថ្នាដើម្បីញុំាងភ័យ សេចក្តី​តក់ស្លុត និង​សេចក្តី​ព្រឺរោម ឲ្យ​កើត​ឡើងដល់សោមាភិក្ខុនី ប្រាថ្នាឲ្យនាងឃ្លាតចាកសមាធិ ក៏ចូល​ទៅរក​សោមា​​ភិក្ខុនី លុះចូលទៅដល់ហើយ ក៏ពោលគាថានឹងសោមាភិក្ខុនីថា

ទី [ព្រះអរហត្ត។] ណា ដែលមានដោយកម្រ ជាទីដែលឥសីទាំងឡាយ គប្បី​ដល់ ទី​នោះ​ស្ត្រី​ដែល​មានបញ្ញាប្រវែងពីរធ្នាប់ មិនអាចនឹងដល់បានឡើយ។

[៦] លំដាប់នោះ សោមាភិក្ខុនី មានសេចក្តីត្រិះរិះ យ៉ាងនេះថា អ្នកនេះជាអ្វីហ្ន៎ ជា​មនុស្ស ឬ​ជា​អមនុស្ស បានជាពោលនូវគាថា។ ទើបសោមាភិក្ខុនី មាន​សេចក្តី​ចូល​ចិត្ត​ដូច្នេះថា នេះ​ពិត​ជា​មារមានចិត្តបាប មានប្រាថ្នា​ដើម្បី​ញុំាងភ័យ សេចក្តីតក់ស្លុត និងសេចក្តី​ព្រឺរោម ឲ្យកើត​ឡើង​ដល់អាត្មាអញ ប្រាថ្នាឲ្យ​អាត្មាអញ ឃ្លាតចាក​សមាធិ បានជា​​ពោល​នូវគាថា។ លុះសោមាភិក្ខុនី ដឹង​ច្បាស់ថា នេះជាមារមានចិត្តបាបហើយ ក៏ពោល​គាថាទាំងឡាយ​នឹងមារ​មានចិត្ត​បាបថា

កាលបើចិត្ត របស់ស្ត្រីភាពដែលឃើញនូវធម៌ [ចតុសច្ចធម៌ ឬខន្ធបញ្ចកៈ ជា​អារម្មណ៍​នៃ​វិបស្សនា។] ដោយប្រពៃ បានតាំងមាំហើយ [ចិត្តដែលតាំងនៅ​ក្នុង​សមាធិ។] កាល​បើ​ញាណ [ផលសមាបត្តិញ្ញាណ។] កំពុងប្រព្រឹត្តទៅ ស្ត្រីភាពនឹងធ្វើអ្វី (ក៏ធ្វើបាន) បើបុគ្គល​ណា មាន​សេចក្តី​ត្រិះរិះ យ៉ាងនេះថា អាត្មាអញជាស្ត្រី ឬជាបុរស ឬ​មួយ​មានកង្វល់ថា អាត្មាអញ មាន ដូច្នេះ មារគួរនឹងស្តីថាឲ្យបុគ្គលនោះបាន។

លំដាប់នោះ មារមានចិត្តបាបដឹងថា សោមាភិក្ខុនី ស្គាល់អញហើយ ក៏​មាន​សេចក្តី​ទុក្ខ តូចចិត្ត បាត់អំពីទីនោះឯង។

គោតមីសូត្រ ទី៣

[៧] សាវត្ថីនិទាន។ គ្រានោះ កិសាគោតមីភិក្ខុនី ស្លៀកស្បង់ ប្រដាប់​បាត្រ ចីវរ ក្នុង​បុព្វណ្ហ​សម័យ ចូលទៅកាន់ក្រុងសាវត្ថី ដើម្បីបិណ្ឌបាត លុះត្រាច់ទៅបិណ្ឌបាត ក្នុងក្រុង​សាវត្ថី​ហើយ ត្រឡប់មកអំពីបិណ្ឌបាត ក្នុងបច្ឆាភត្ត ក៏ដើរសំដៅទៅកាន់អន្ធវ័ន ដើម្បី​សម្រាក​ក្នុងវេលាថ្ងៃ លុះចូលទៅដល់អន្ធវ័នហើយ ក៏អង្គុយសម្រាកក្នុងវេលាថ្ងៃ ក្រោម​ម្លប់ឈើ​មួយ។

[៨] គ្រានោះ មារមានចិត្តបាបមានប្រាថ្នាដើម្បីញុំាងភ័យ សេចក្តី​តក់ស្លុត និង​សេចក្តី​ព្រឺ​រោម ឲ្យកើតឡើងដល់កិសាគោតមីភិក្ខុនី មាន​ប្រាថ្នា​ឲ្យ​ព្រះនាង​ឃ្លាត​ចាក​សមាធិ ក៏​ចូល​​​ទៅរក​កិសាគោតមី​ភិក្ខុនី លុះចូលទៅដល់ហើយ ក៏ពោលគាថា​នឹង​កិសាគោតមី​ភិក្ខុនី​ថា

នាងឯងមានកូនស្លាប់ហើយ មកអង្គុយតែម្នាក់ឯង មាន​មាត់​ទួញយំ នៅ​កណ្តាល​ព្រៃ​តែ​ម្នាក់​​ឯង នាងមកស្វែងរកប្រុសឬ។

[៩] លំដាប់នោះ កិសាគោតមីភិក្ខុនី មានសេចក្តីត្រិះរិះ យ៉ាងនេះថា អ្នក​នេះ​ជាអ្វី​ហ្ន៎ ជា​មនុស្ស ឬជាអមនុស្ស បានជាពោលគាថា។ ទើបកិសាគោតមីភិក្ខុនី មាន​សេចក្តី​ចូលចិត្ត ដូច្នេះ​ថា នេះពិតជាមារមានចិត្តបាប មានប្រាថ្នាដើម្បីញុំាងភ័យ សេចក្តីតក់ស្លុត និង​សេចក្តី​​ព្រឺរោម ឲ្យកើត​ឡើង​ដល់​អាត្មាអញ ប្រាថ្នាឲ្យអាត្មាអញ ឃ្លាតចាកសមាធិ បានជា​ពោល​គាថា។ លុះកិសាគោតមីភិក្ខុនី ដឹងច្បាស់ថា នេះពិតជាមារ មាន​ចិត្តបាប​ហើយ ក៏ពោលគាថា នឹងមារ​មានចិត្តបាប ដូច្នេះថា

យើងជាស្ត្រីមានកូនស្លាប់ ជាទីបំផុតត្រឹមនេះ បុរសទាំងឡាយ ក៏​មាន​ទីបំផុត​ត្រឹម​នេះ​ដែរ ម្នាល​អាវុសោ យើងមិនសោកសៅ មិនទួញយំ មិនខ្លាចអ្នកទេ ព្រោះថា សេចក្តីត្រេកអរ ក្នុងវត្ថុ​ទាំង​អស់ យើងកំចាត់ចោលហើយ គំនរនៃងងឹត គឺអវិជ្ជា យើងទំលាយ​បង់​បាន​ហើយ យើងឈ្នះ​នូវសេនា​នៃមច្ចុរាជ ជាស្ត្រី​មិនមាន​អាសវៈ។

លំដាប់នោះ មារមានចិត្តបាប ដឹងថា កិសាគោតមីភិក្ខុនី ស្គាល់​អញ​ហើយ ក៏មាន​សេចក្តី​ទុក្ខ តូចចិត្ត បាត់អំពីទីនោះឯង។

វិជយាសូត្រ ទី៤

[១០] សាវត្ថីនិទាន។ គ្រានោះ វិជយាភិក្ខុនី ស្លៀកស្បង់ ក្នុងបុព្វណ្ហសម័យ។បេ។ អង្គុយ​សម្រាក​​ក្នុងវេលាថ្ងៃ ក្រោមម្លប់ឈើមួយ។

[១១] គ្រានោះ មារមានចិត្តបាប មានប្រាថ្នាដើម្បីញុំាងភ័យ​ឲ្យកើតឡើង​ដល់​វិជយា​ភិក្ខុនី។បេ។ ប្រាថ្នា​ឲ្យឃ្លាតចាកសមាធិ ក៏ចូលទៅរកវិជយាភិក្ខុនី លុះ​ចូលទៅ​ដល់​ហើយ បាន​ពោល​គាថានឹងវិជយាភិក្ខុនីថា

នាងជាស្ត្រីក្រមុំ មានរូបឆោម យើងក៏កំឡោះក្មេង ម្នាលនាងម្ចាស់ នាង​ចូរមក យើង​ទាំង​ពីរ​នាក់ ចូរត្រេកអរជាមួយគ្នា ដោយតន្ត្រី ប្រកបដោយអង្គ ៥ [អាតតំ ស្គរដែល​គេដាស​ពាសតែ​ម្ខាង ១ វិតតំ ស្គរតូច ដែល​គេដាស​ពាសទាំង​ពីរខាង មាន​សំភោរ​ជាដើម ១ អាតតវិតតំ ស្គរធំ ដែលគេ​ដាសពាស​ទាំងពីរខាង មានស្គរជ័យ​ជាដើម ១ ឃនំ គ្រឿង​តូរ្យតន្ត្រី​តាន់ គ្មាន​ប្រហោង ១ សុសិរំ គ្រឿងតូរ្យតន្ត្រី​មាន​ប្រហោង ១។]។

[១២] លំដាប់នោះ វិជយាភិក្ខុនី មានសេចក្តីត្រិះរិះ យ៉ាងនេះថា អ្នកនេះជាអ្វីហ្ន៎ ជាមនុស្ស ឬជាអមនុស្ស បានជាពោលគាថា។ ទើបវិជយាភិក្ខុនី មានសេចក្តីចូលចិត្ត ដូច្នេះថា នេះ​ពិតជាមារមានចិត្តបាប។បេ។ បានជាពោលនូវគាថា។ លុះវិជយាភិក្ខុនី ដឹងច្បាស់ថា នេះ​ជា​មារមានចិត្តបាបហើយ បានពោល​គាថា​ទាំង​ឡាយ នឹង​មារ​មាន​ចិត្តបាបថា

រូប សំឡេង ក្លិន រស ផោដ្ឋព្វៈ ជាទីគាប់ចិត្ត យើងប្រគល់ឲ្យអ្នកទាំងអស់ ម្នាល​មារ ដ្បិត​យើង​​មិន​ត្រូវការ ដោយអារម្មណ៍នោះទេ យើងធុញទ្រាន់ នឿយណាយ​ពេក​ណាស់ ចំពោះ​​កាយ​ស្អុយ​​ដែល​បែកធ្លាយ ពុករលួយនេះ កាមតណ្ហា យើងបាន​ដកចោល​ហើយ សត្វ​ទាំងឡាយ​​ណា ដែលទៅកើត​ក្នុង​រូបភព​ក្តី សត្វ​ទាំងឡាយ​ណា ដែល​មាន​ចំណែក​ក្នុង​អរូបភព​ក្តី សមាបត្តិណាដ៏ល្អិតក្តី សេចក្តីងងឹតក្នុងភព​ទាំងអស់​នោះ យើង​កំចាត់​បង់បាន​ហើយ។

លំដាប់នោះ មារមានចិត្តបាបដឹងថា វិជយាភិក្ខុនីស្គាល់អញហើយ ក៏​មាន​​សេចក្តី​​ទុក្ខ តូច​ចិត្ត បាត់អំពីទីនោះឯង។

ឧប្បលវណ្ណាសូត្រ ទី៥

[១៣] សាវត្ថីនិទាន។ គ្រានោះ ឧប្បលវណ្ណាភិក្ខុនី ស្លៀកស្បង់ ក្នុង​បុព្វណ្ហ​សម័យ។បេ។ ឋិត​នៅក្រោមម្លប់ដើមសាលព្រឹក្ស ដែលមានផ្ការីកស្គុសស្គាយ មួយដើម។

[១៤] គ្រានោះ មារមានចិត្តបាប មានប្រាថ្នាដើម្បីញុំាងភ័យ សេចក្តី​តក់ស្លុត និង​សេចក្តី​ព្រឺរោម ឲ្យកើតឡើង ដល់ឧប្បលវណ្ណាភិក្ខុនី មានប្រាថ្នា​ឲ្យនាង​ឃ្លាត​ចាក​សមាធិ ហើយ​ចូល​ទៅរក​ឧប្បលវណ្ណាភិក្ខុនី លុះចូលទៅដល់ហើយ បាន​ពោល​គាថា​នឹង​ឧប្បលវណ្ណា​ភិក្ខុនីថា

ម្នាលភិក្ខុនី នាងអាស្រ័យនៅដើមសាលព្រឹក្ស មាន​ចុង​ប្រកបដោយ​ផ្ការីក​ស្គុសស្គាយ ឋិត​នៅ​តែម្នាក់ឯង ក្រោមម្លប់ដើមសាលព្រឹក្ស ធាតុ គឺភេទ [ភិក្ខុនី​ជាគ្នាមិនមានឡើយ។] ជាគម្រប់ពីររបស់នាង មិនមាន គួរតែមានស្ត្រីទាំងឡាយ ប្រាកដដូចជានាង មកក្នុង​ទីនេះ​ផង នាងខ្លាចអំពើពាល របស់ពួកអ្នកលេងឬ។

[១៥] លំដាប់នោះ ឧប្បលវណ្ណាភិក្ខុនី មានសេចក្តីត្រិះរិះ យ៉ាងនេះថា អ្នកនេះ​ជាអ្វី​ហ្ន៎ ជា​មនុស្ស ឬជាអមនុស្ស (មក) ពោលគាថា ដូច្នេះ។ ទើប​ឧប្បលវណ្ណាភិក្ខុនី មាន​សេចក្តី​ចូលចិត្ត​ដូច្នេះថា នេះពិតជាមារមានចិត្តបាប ញុំាងភ័យ។បេ។ ដល់​អាត្មាអញ បាន​ជា​ពោល​គាថា។ លុះឧប្បលវណ្ណាភិក្ខុនី ដឹងច្បាស់ថា នេះជាមារមានចិត្តបាបហើយ បាន​ពោល​​គាថា​ទាំងឡាយ នឹង​មារមាន​ចិត្តបាបថា

អ្នកលេងមួយរយនាក់ ក៏ដោយ មួយពាន់នាក់ក៏ដោយ ជនទាំងឡាយ ប្រាកដ​ដូចជា​អ្នក ដែល​មក​ក្នុងទីនេះក៏ដោយ យើងក៏មិនព្រឺរោម មិនតក់ស្លុតទេ ម្នាលមារ យើងសូម្បី​តែម្នាក់​ឯងមែន ក៏មិនខ្លាចអ្នកឡើយ យើងនេះចង់ឲ្យបាត់ទៅក៏បាន ចង់​ចូល​ក្នុង​ពោះ​អ្នក​ក៏បាន អ្នកមិន​ឃើញយើង ដែលកំពុងឋិតនៅក្នុងចន្លោះរោមភ្នែកឡើយ យើង​ជាស្ត្រី​ស្ទាត់​ក្នុង​ចិត្ត ឥទ្ធិបាទទាំងឡាយ យើងបានចម្រើនហើយ ដោយប្រពៃ យើងផុតហើយ ចាក​ចំណង​ទាំងអស់ នែអាវុសោ យើង​មិនខ្លាច​អ្នកទេ។

លំដាប់នោះ មារមានចិត្តបាប ដឹងថា ឧប្បលវណ្ណាភិក្ខុនី ស្គាល់​អញ​ហើយ ក៏មាន​សេចក្តី​ទុក្ខ តូចចិត្ត បាត់អំពីទីនោះឯង។

ចាលាសូត្រ ទី៦

[១៦] សាវត្ថីនិទាន។ គ្រានោះ ចាលាភិក្ខុនី ស្លៀកដណ្តប់ ក្នុង​បុព្វណ្ហ​សម័យ។បេ។ អង្គុយ​សម្រាក​ក្នុងវេលាថ្ងៃ ក្រោមម្លប់ឈើមួយ។

[១៧] គ្រានោះ មារមានចិត្តបាប ចូលទៅរកចាលាភិក្ខុនី។បេ។ លុះ​ចូលទៅ​ដល់​ហើយ បាន​ពោលពាក្យនេះ នឹងចាលាភិក្ខុនីថា ម្នាលភិក្ខុនី នាងមិនគាប់ចិត្តនឹងអ្វី។ ម្នាល​អាវុសោ យើង​មិនគាប់​ចិត្តនឹងជាតិ។

[១៨] ហេតុអ្វីក៏នាងមិនគាប់ចិត្តនឹងជាតិ បុគ្គលមានជាតិ រមែងបរិភោគ​នូវកាម​ទាំងឡាយ អ្នកណាបង្គាប់នាងឲ្យប្រកាន់យកនូវអំពើនេះថា ម្នាល​ភិក្ខុនី ចូរនាង​កុំគាប់ចិត្ត​នឹង​ជាតិ​ដូច្នេះ។

[១៩] ចាលាភិក្ខុនីតបថា សត្វកើតហើយ រមែងមានមរណៈ សត្វកើតហើយ រមែង​ឃើញ​នូវ​​ទុក្ខ​ទាំងឡាយ គឺការចង ការបៀតបៀន និងសេចក្តីឧបទ្រព្យផ្សេងៗ ហេតុ​ដូច្នោះ បុគ្គល មិនត្រូវគាប់ចិត្តនឹងការកើតឡើយ ព្រះពុទ្ធទ្រង់សំដែងធម៌ ជា​គ្រឿង​ប្រព្រឹត្ត​កន្លង​នូវ​​ការ​​កើត ដើម្បីលះបង់ នូវទុក្ខទាំងអស់ ព្រះអង្គញុំាងយើងឲ្យនៅក្នុងសច្ចធម៌ សត្វ​ទាំង​ឡាយ​ណា កើត​ក្នុង​រូបភពក្តី សត្វទាំងឡាយណា មានចំណែកក្នុងអរូបភពក្តី សត្វ​ទាំង​អស់​នោះ កាលបើ​មិនដឹងនូវនិរោធទេ រមែង​មកកាន់​ភពថ្មីទៀត។

លំដាប់នោះ មារមានចិត្តបាបដឹងថា ចាលាភិក្ខុនីស្គាល់អញហើយ ក៏​មាន​សេចក្តី​ទុក្ខ តូច​ចិត្ត បាត់អំពីទីនោះទៅ។

ឧបចាលាសូត្រ ទី៧

[២០] សាវត្ថីនិទាន។ គ្រានោះ ឧបចាលាភិក្ខុនីស្លៀកដណ្តប់ ក្នុង​បុព្វណ្ហ​សម័យ។បេ។ អង្គុយ​​សម្រាកក្នុងវេលាថ្ងៃ ក្រោមម្លប់ឈើមួយ។

[២១] គ្រានោះ មារមានចិត្តបាប។បេ។ បានពោលពាក្យនេះ នឹងឧបចាលាភិក្ខុនីថា ម្នាល​ភិក្ខុនី ហេតុដូចម្តេច បានជានាងចង់កើត។ ម្នាលអាវុសោ យើងឥតចង់កើត ក្នុងទី​ណា​មួយ​ទេ។

[២២] ពួកទេវតាណា ដែលឋិតនៅក្នុងជាន់តាវត្តិង្សក្តី ជាន់យាមៈក្តី ជាន់តុសិតក្តី ពួក​ទេវតា ដែលឋិតនៅក្នុងជាន់និម្មានរតីក្តី ពួកទេវតា ដែលឋិតនៅក្នុងជាន់វសវត្តីក្តី នាងចូរ​តំកល់​ចិត្ត ក្នុងពួកទេវតានោះ នឹងបានទទួលនូវតម្រេកមិនខាន។

[២៣] ឧបចាលាភិក្ខុនីតបថា ពួកទេវតាណា ដែលឋិតនៅក្នុងជាន់តាវត្តិង្សក្តី ជាន់យាមៈក្តី ជាន់​តុសិតក្តី ពួកទេវតា ដែលឋិតនៅក្នុងជាន់និម្មានរតីក្តី ពួកទេវតា ដែលឋិត​នៅក្នុង​ជាន់​វសវតីក្តី ទេវតាទាំងនោះ ចំពាក់ដោយគ្រឿងចង គឺកាម រមែង​មកកាន់​អំណាច​នៃ​មារ​ទៀត លោកទាំងអស់ ត្រូវភ្លើងឆេះ [ភ្លើងកិលេស មានរាគៈជាដើម ភ្លើងទុក្ខ មានជាតិទុក្ខ ជា​ដើម។] ហើយ លោកទាំងអស់ក្តៅក្រហាយ [ក្តៅក្រហាយ ដោយភ្លើង​ទាំងពីរ​នោះ​ឯង។] លោក​ទាំងអស់ ភ្លឺច្រាលរន្ទាល [ភ្នំច្រាលរន្ទាល ដោយភ្លើងទាំងពីរនោះឯង។] លោក​ទាំងអស់ ញាប់ញ័រហើយ ទីណា ដែលមិនញាប់ញ័រ មិនកម្រើក មិនមែន​ជា​សំណេព​​នៃ​បុថុជ្ជន មិនមែនជាដំណើរនៃមារ ចិត្តយើង​ត្រេកអរ​ហើយក្នុង​ទីនោះ។

លំដាប់នោះ មារមានចិត្តបាប ដឹងថា ឧបចាលាភិក្ខុនី ស្គាល់​អញ​ហើយ ក៏​មាន​សេចក្តី​ទុក្ខ តូចចិត្ត បាត់អំពីទីនោះទៅ។

សីសុបចាលាសូត្រ ទី៨

[២៤] ទៀបក្រុងសាវត្ថី… គ្រានោះ សីសុបចាលាភិក្ខុនី ស្លៀកដណ្តប់ ក្នុង​បុព្វណ្ហ​សម័យ។បេ។ អង្គុយសម្រាកក្នុងវេលាថ្ងៃ ក្រោមម្លប់ឈើមួយ។

[២៥] គ្រានោះ មារមានចិត្តបាប ក៏ចូលទៅរកសីសុបចាលាភិក្ខុនី លុះចូលទៅ​ដល់​ហើយ បានពោលពាក្យនេះ នឹងសីសុបចាលាភិក្ខុនីថា ម្នាលភិក្ខុនី នាងគាប់ចិត្ត​នឹងលទ្ធិ​របស់​បុគ្គលណា។ ម្នាលអាវុសោ យើងមិនគាច់ចិត្តនឹងលទ្ធិ របស់បុគ្គលណាមួយទេ។

[២៦] នាងឧទ្ទិសចំពោះបុគ្គលណា បានជាកោរក្បាល ប្រាកដដូច​ជា​សមណី (សមណៈ​ស្រី) បើនាងមិនគាប់ចិត្តនឹងលទ្ធិ (បុគ្គលណា)ទេ ហេតុអ្វីបានជានាងប្រព្រឹត្ត​ដូចជា​ស្រី​វង្វេង។

[២៧] សីសុបចាលាភិក្ខុនីតបថា បុគ្គលទាំងនោះ ដែលមានលទ្ធិក្រៅ​អំពី​សាសនា​នេះ រមែងលិចចុះក្នុងទិដ្ឋិទាំងឡាយ យើងមិនគាប់ចិត្ត នឹងធម៌របស់បុគ្គល​ទាំងនោះ​ទេ ព្រោះ​ថា បុគ្គលទាំងនោះ មិនមែនជាអ្នកឈ្លាសក្នុងធម៌ ព្រះពុទ្ធ​ទ្រង់កើត​ក្នុង​សក្យត្រកូល រក​បុគ្គល​​ប្រៀប​គ្មាន ទ្រង់គ្របសង្កត់នូវធម៌ទាំងពួង ទ្រង់កំចាត់បង់នូវមារ ទ្រង់​មិន​ចាញ់​មារ​ទាំងអស់ ទ្រង់ផុតចាកកិលេសទាំងអស់ មិនអាស្រ័យនូវតណ្ហា ទ្រង់មាន​ចក្ខុ​ឃើញធម៌​ទាំង​អស់ ដល់នូវកិរិយាអស់នៃកម្មទាំងអស់ ទ្រង់មានចិត្តចុះស៊ប់ ក្នុងធម៌​ជាគ្រឿង​អស់​ទៅ​​នៃ​ឧបធិ ព្រះមានព្រះភាគនោះ ជាគ្រូរបស់យើង យើង​គាប់ចិត្ត​នឹង​សាសនា​របស់​ព្រះអង្គ។

លំដាប់នោះ មារមានចិត្តបាប ដឹងថា សីសុបចាលាភិក្ខុនី ស្គាល់​អញហើយ ក៏មាន​សេចក្តី​ទុក្ខ តូចចិត្ត បាត់អំពីទីនោះទៅ។

សេលាសូត្រ ទី៩

[២៨] ទៀបក្រុងសាវត្ថី… គ្រានោះ សេលាភិក្ខុនី ស្លៀកដណ្តប់ ក្នុង​បុព្វណ្ហ​សម័យ។បេ។ អង្គុយ​សម្រាកក្នុងវេលាថ្ងៃ ក្រោមម្លប់ឈើមួយ។

[២៩] គ្រានោះ មារមានចិត្តបាប ញុំាងភ័យឲ្យកើតឡើង ដល់​សេលា​ភិក្ខុនី។បេ។ បាន​ពោល​គាថា នឹងសេលាភិក្ខុនីថា

ពុម្ព គឺអត្តភាពនេះ អ្នកណាតាក់តែងឡើង បុគ្គលតាក់តែងនូវពុម្ពឋិតនៅក្នុង​ទីណា​ខ្លះ ពុម្ព​កើតឡើងក្នុងទីណាខ្លះ ពុម្ព រលត់ទៅក្នុងទីណាខ្លះ។

[៣០] លំដាប់នោះ សេលាភិក្ខុនី មានសេចក្តីត្រិះរិះ យ៉ាងនេះថា អ្នក​នេះជា​អ្វីហ្ន៎ ជាមនុស្ស ឬជាអមនុស្ស (មក) ពោលគាថាដូច្នេះ។ ទើប​សេលាភិក្ខុនី មានសេចក្តី​ចូលចិត្ត​ដូច្នេះថា នេះពិតជាមារមានចិត្តបាប មានប្រាថ្នាញុំាងភ័យ សេចក្តីតក់ស្លុត និង​សេចក្តី​ព្រឺរោម ឲ្យកើតឡើងដល់អាត្មាអញ មានប្រាថ្នាឲ្យអាត្មាអញ ឃ្លាតចាកសមាធិ បានជា​ពោល​គាថា។ លុះសេលាភិក្ខុនី ដឹងច្បាស់ថា នេះជាមារមានចិត្តបាបហើយ ក៏ពោល​គាថា​ទាំងឡាយ នឹងមារ​មានចិត្តបាបថា

ពុម្ពនេះ ឥតមានអ្នកណាតាក់តែងទេ អឃៈ [អឃៈ ជាឈ្មោះនៃ​អត្តភាព​ដូចគ្នា​នឹង​ពុម្ព។ អឃៈ ប្រែថា ជាទីតាំង​នៃសេចក្តីទុក្ខ។] នេះ ឥតមានអ្នកណាធ្វើទេ កើតឡើង​បាន ព្រោះអាស្រ័យហេតុ រលត់ទៅវិញ ព្រោះបែកធ្លាយនៃហេតុ ដូចជា​ពូជ​ណា​មួយ ដែល​គេ​ព្រោះ​ក្នុងស្រែ រមែងដុះឡើងបាន ព្រោះអាស្រ័យនូវធម្មជាត ២យ៉ាង គឺរសនៃ​ផែនដី ១ ជ័រ [បានដល់​រសជាតិ ឬប្រេងរបស់​ពូជនោះៗ។] ១ យ៉ាងណាមិញ ធម៌ទាំងនេះ គឺ ខន្ធ ធាតុ និង​អាយតនៈ ៦ កើតឡើងបាន ព្រោះអាស្រ័យហេតុ រលត់ទៅវិញ ព្រោះបែកធ្លាយ​នៃហេតុ យ៉ាងនោះឯង។

លំដាប់នោះ មារមានចិត្តបាប ដឹងថា សេលាភិក្ខុនី ស្គាល់នូវអញហើយ ក៏មាន​សេចក្តី​ទុក្ខ តូចចិត្ត បាត់អំពីទីនោះទៅ។

វជិរាសូត្រ ទី១០

[៣១] ខ្ញុំស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់ក្នុងវត្តជេតពន របស់​អនាថបិណ្ឌិក​សេដ្ឋី ជិតក្រុងសាវត្ថី។ គ្រានោះ វជិរាភិក្ខុនី ស្លៀកស្បង់ ប្រដាប់បាត្រ ចីវរ ក្នុងបុព្វណ្ហសម័យ ចូលទៅកាន់ក្រុងសាវត្ថី ដើម្បីបិណ្ឌបាត លុះត្រាច់ទៅបិណ្ឌបាត ក្នុង​ក្រុងសាវត្ថីហើយ ត្រឡប់មកអំពីបិណ្ឌបាតវិញ ក្នុងបច្ឆាភត្ត ក៏ដើរ​សំដៅ​ទៅកាន់​អន្ធវ័ន ដើម្បី​សម្រាកក្នុងវេលាថ្ងៃ លុះចូលទៅដល់អន្ធវ័នហើយ ក៏អង្គុយ​សម្រាក​ក្នុង​វេលាថ្ងៃ ក្រោម​​ម្លប់​ឈើមួយ។

[៣២] គ្រានោះ មារមានចិត្តបាប មានប្រាថ្នាញុំាងភ័យ សេចក្តី​តក់ស្លុត និង​សេចក្តី​ព្រឺរោម ឲ្យកើតឡើងដល់វជិរាភិក្ខុនី មានប្រាថ្នា​ឲ្យនាង​ឃ្លាត​ចាក​សមាធិ ក៏ចូលទៅ​រក​វជិរាភិក្ខុនី លុះចូលទៅដល់ហើយ បាន​ពោល​គាថា​នឹង​វជិរាភិក្ខុនីថា

សត្វនេះ បុគ្គលណាតាក់តែងឡើង បុគ្គលអ្នកតាក់តែងសត្វ ឋិតនៅ​ក្នុងទី​ណា សត្វ​កើត​ឡើង​​ក្នុងទីណា សត្វរលត់ទៅក្នុងទីណា។

[៣៣] លំដាប់នោះ វជិរាភិក្ខុនី មានសេចក្តីត្រិះរិះ យ៉ាងនេះថា អ្នកនេះជា​អ្វីហ្ន៎ ជា​មនុស្ស ឬជា​អមនុស្ស (មក) ពោលគាថា ដូច្នេះ។ ទើបវជិរាភិក្ខុនី មានសេចក្តី​ចូលចិត្តថា នេះពិត​ជា​មារមានចិត្តបាប ប្រាថ្នាញុំាងភ័យ សេចក្តីតក់ស្លុត និង​សេចក្តី​ព្រឺរោម ឲ្យកើត​ឡើងដល់​អាត្មាអញ មានប្រាថ្នាឲ្យអាត្មាអញឃ្លាតចាកសមាធិ បានជាពោលគាថា។ លំដាប់នោះ វជិរាភិក្ខុនី ដឹងច្បាស់ថា នេះជាមារមានចិត្តបាប ហើយបាន​ពោលគាថា​ទាំងឡាយ​នឹង​មារ​មានចិត្ត​បាបថា

ម្នាលមារ ទិដ្ឋិរបស់អ្នកយល់ថា សត្វមែនឬ នេះជាគំនរនៃសង្ខារសុទ្ធទេ ក្នុងគំនរ​នៃ​សង្ខារ​សុទ្ធនេះ អ្នករកសត្វមិនឃើញឡើយ [នេះជាពាក្យ​បរិយាយ​តាម​បរមត្ថ។] ដូច​សព្ទ​ដែល​បាន​ឈ្មោះថា រថ ដូច្នេះ កើតឡើងបាន ព្រោះ​បរិបូណ៌​ដោយ​អង្គ [អង្គ​របស់​រថនោះ​មាន​កង់ ទូក ប្រែក ជាដើម។] យ៉ាងណាមិញ កាលបើ​ខន្ធមាន​ហើយ ការ​សន្មតិ​ថា សត្វ​ដូច្នេះ​​ក៏មាន យ៉ាងនោះឯង ព្រោះថា សេចក្តីទុក្ខ រមែងកើតឡើង សេចក្តីទុក្ខ រមែងឋិតនៅផង វិនាស​ទៅផង វៀរចាកសេចក្តីទុក្ខ ឥតមាន​ធម៌ដទៃ​កើតឡើង វៀរចាក​សេចក្តី​ទុក្ខ ឥតមាន​ធម៌ដទៃ​រលត់ទេ។

លំដាប់នោះ មារមានចិត្តបាប ដឹងថា វជិរាភិក្ខុនី ស្គាល់អញហើយ ក៏មាន​សេចក្តី​ទុក្ខ តូចចិត្ត បាត់អំពីទីនោះទៅ។

ចប់ ភិក្ខុនីសំយុត្ត។

ឧទ្ទាននៃភិក្ខុនីសំយុត្តនោះ ដូច្នេះ

សូត្រទាំង១០ នោះ គឺ អាឡវិកាសូត្រ ១ សោមាសូត្រ ១ គោតមីសូត្រ ១ វិជយាសូត្រ ១ ឧប្បលវណ្ណាសូត្រ ១ ចាលាសូត្រ ១ ឧបចាលាសូត្រ ១ សីសុបចាលាសូត្រ ១ សេលាសូត្រ ១ វជិរាសូត្រ ១។

ព្រហ្មសំយុត្ត

អាយាចនវគ្គ ទី១

អាយាចនសូត្រ ទី១

[៣៤] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់ទើប​នឹង​បាន​ត្រាស់​ដឹង​ជាដំបូង ទ្រង់គង់នៅក្រោមដើមអជបាលនិគ្រោធ ប្របឆ្នេរស្ទឹងនេរញ្ជរា ក្នុង​ឧរុវេលា​ប្រទេស។ គ្រានោះឯង ព្រះមានព្រះភាគ ទ្រង់​ស្តេច​ទៅ​គង់​ក្នុង​ទីស្ងាត់​សម្ងំ​នៅ មាន​ព្រះទ័យ​​ត្រិះរិះ​កើតឡើង យ៉ាងនេះថា ធម៌ [សំដៅយក អរិយសច្ច ទាំង៤។] នេះ អាត្មាអញ បាន​ត្រាស់ដឹងហើយ ជាធម៌ដ៏ជ្រាលជ្រៅ ជាធម៌ដែល​សត្វឃើញ​បានដោយ​​កម្រ ជាធម៌​ដែលសត្វ​ត្រាស់ដឹង​បានដោយកម្រ ជាធម៌ស្ងប់រម្ងាប់ ជាធម៌ថ្លៃថ្លា ជាធម៌​ដែល​​សត្វ​មិនគប្បី​ស្ទង់មើល ដោយសេចក្តីត្រិះរិះបាន ជាធម៌ដ៏ល្អិត ជា​ធម៌​មាន​តែ​អ្នក​ប្រាជ្ញ ទើប​ត្រាស់ដឹងបាន ឯពួក​សត្វនេះ ជាអ្នកត្រេកត្រអាល ដោយសេចក្តីអាល័យ [បាន​ដល់ តណ្ហាវិចរិត ទាំង១០៨។] ត្រេកអរ​ក្នុងសេចក្តីអាល័យ រីករាយ​ក្នុង​សេចក្តី​អាល័យ មួយ​ទៀត បដិច្ចសមុប្បាទធម៌ គឺធម៌ជាបច្ច័យ នៃគ្នានិងគ្នាណា បដិច្ចសមុប្បាទធម៌​នេះ ពួក​សត្វ​ជា​អ្នក​ត្រេក​ត្រអាល ដោយ​សេចក្តីអាល័យ ត្រេកអរក្នុងសេចក្តីអាល័យ រីករាយ​ក្នុង​សេចក្តី​អាល័យ ឃើញបាន​ដោយក្រ មួយទៀត ធម៌ណា សម្រាប់រម្ងាប់សង្ខារទាំងពួង សម្រាប់​លះបង់​ឧបធិ​ទាំងពួង ជាទីអស់​ទៅនៃតណ្ហា ជាទីនឿយណាយ​ចាករាគៈ ជាទី​រំលត់​​សេចក្តី​ទុក្ខ គឺព្រះនិព្វាន ធម៌នេះ ពួកសត្វ​ឃើញបាន​ដោយក្រដូចគ្នា ប្រសិន​បើ​អាត្មាអញ សំដែង​​ធម៌ទៅ ក៏សត្វ​ទាំងឡាយ​ដទៃ មិនគប្បី​ត្រាស់​ដឹងធម៌ របស់​អាត្មាអញ​បានទេ អាត្មាអញ នឹង​មានតែ​​សេចក្តី​​លំបាក​នោះ អាត្មាអញ នឹង​មាន​តែ​សេចក្តី​នឿយ​ព្រួយ​នោះ (ឥតអំពើ)។ បានឮថា ព្រះគាថា​ជា​អស្ចារ្យ​ទាំងឡាយ​នេះ ដែល​មិន​ធ្លាប់​បាន​ស្តាប់​មក អំពីកាលមុន ក៏ប្រាកដដល់ព្រះមានព្រះភាគថា

ឥឡូវនេះ អាត្មាអញ មិនគួរប្រកាសធម៌ ដែលអាត្មាអញ បាន​ត្រាស់ដឹង​ហើយ ដោយ​លំបាក​ទេ ព្រោះថា ធម៌នេះ សត្វទាំងឡាយ ដែលត្រូវរាគៈ ទោសៈ គ្របសង្កត់ហើយ មិនងាយ​ត្រាស់ដឹង​បានទេ សត្វទាំងឡាយត្រេកអរ ដោយរាគៈ មានគំនរងងឹត គឺ​អវិជ្ជា​​បិទបាំង រមែងមិន​ឃើញ នូវធម៌ដែលប្រព្រឹត្តច្រាសខ្សែទឹក [បានដល់ ចតុសច្ចធម៌។] ជាធម៌ល្អិត ជ្រាលជ្រៅ សត្វឃើញបានដោយកម្រ ជាធម៌ដ៏តូចឆ្មារ។

កាលព្រះមានព្រះភាគ ពិចារណាដូច្នេះហើយ ព្រះទ័យក៏បង្អោនទៅ ដើម្បី​សេចក្តី​ខ្វល់​ខ្វាយ​​តិច មិនបង្អោនទៅដើម្បីនឹងសំដែងធម៌ឡើយ។

[៣៥] គ្រានោះ សហម្បតិព្រហ្ម ដឹងនូវសេចក្តីត្រិះរិះ ក្នុងព្រះទ័យរបស់​ព្រះមាន​ព្រះភាគ ដោយ​ចិត្តហើយ ទើបរំពឹងគិត ដូច្នេះថា ឱហ្ន៎ សត្វលោកសាបសូន្យមិនខាន ឱហ្ន៎ សត្វ​លោក​​វិនាស​មិនខាន ដ្បិតថាព្រះទ័យ របស់ព្រះតថាគត ជាអរហន្ត សម្មាសម្ពុទ្ធ បង្អោន​ទៅ​ដើម្បី​សេចក្តី​ខ្វល់ខ្វាយ​តិច មិនបង្អោនទៅ ដើម្បីសំដែងធម៌ឡើយ។

គ្រានោះ សហម្បតិព្រហ្ម ក៏បាត់អំពីព្រហ្មលោក មកប្រាកដ​ក្នុងទី​ចំពោះ​ព្រះភក្ត្រ​ព្រះមាន​ព្រះភាគ ដោយឆាប់ភ្លាម ដូចបុរសមានកំលាំង លាចេញនូវដៃ ដែលបត់ចូល ឬបត់​ចូល​នូវដៃ ដែលលាចេញ។ លំដាប់នោះ សហម្បតិព្រហ្ម ធ្វើនូវសំពត់ឧត្តរាសង្គៈ ឆៀងស្មា​ម្ខាង លុត​ចុះ​នូវ​មណ្ឌល​នៃជង្គង់ខាងស្តាំលើផែនដី ប្រណម្យអញ្ជលី ចំពោះ​ទៅរក​ព្រះមាន​ព្រះភាគ ក្រាបបង្គំ​ទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន សូម​ព្រះមាន​ព្រះភាគ ទ្រង់​សំដែង​ធម៌ សូមព្រះសុគត ទ្រង់សំដែងធម៌ សត្វទាំងឡាយ ដែលមានធូលី [បាន​ខាង​កិលេស មានរាគៈ ជាដើម។] ស្រាលស្តើង ក្នុងភ្នែក [បានខាងបញ្ញាចក្ខុ] ក៏មាន​ខ្លះដែរ សត្វទាំងនោះ នឹងសាបសូន្យ ព្រោះមិនបានស្តាប់ធម៌ សត្វទាំងឡាយ ជាអ្នក​ត្រាស់ដឹង​នូវធម៌ គង់មាន។ សហម្បតិព្រហ្ម បានពោលពាក្យនេះ លុះពោល​ពាក្យនេះ​រួច​ហើយ ទើបពោលពាក្យនេះ តទៅទៀតថា

ពីមុនរៀងមក ធម៌ដែលជនទាំងឡាយ អ្នកប្រកបដោយមន្ទិល [សំដៅយក​គ្រូទាំង ៦។] តែងគិត ជាធម៌មិនបរិសុទ្ធ កើតប្រាកដ ក្នុងដែនមគធៈ សូមព្រះអង្គបើកនូវទ្វារ [បានខាង​អរិយមគ្គ។] នៃព្រះនិព្វាន សត្វទាំងឡាយ​នឹងស្តាប់​នូវធម៌​ដែល​ព្រះពុទ្ធជាអ្នក​ប្រាសចាក​មន្ទិល ទ្រង់ត្រាស់​ដឹងហើយ បុរសឈរនៅលើកំពូលភ្នំសុទ្ធសឹងថ្ម គប្បី​ឃើញ​ប្រជុំ​ជន​ដោយ​ជុំវិញ យ៉ាងណាមិញ បពិត្រព្រះអង្គមានបញ្ញាល្អ មានចក្ខុជុំវិញ ប្រាសចាក​សេចក្តី​សោក សូម​ព្រះអង្គ ឡើងកាន់ប្រាសាទ ដ៏ហើយដោយធម៌ គឺបញ្ញា​ដូចជា​ភ្នំនោះ ហើយ​ពិចារណា​មើលនូវ​ប្រជុំជន ដែលត្រូវសេចក្តីសោកគ្របសង្កត់ ដែលត្រូវជាតិ ជរា គ្រប​សង្កត់។ បពិត្រ​ព្រះអង្គ​មាន​ព្យាយាម ទ្រង់ឈ្នះនូវសង្គ្រាម សូមព្រះអង្គក្រោកឡើង បពិត្រ​ព្រះអង្គ ជាអ្នក​នាំទៅ​នូវ​ពពួកសត្វ ព្រះអង្គមិនមានបំណុល សូម​ទ្រង់​ស្តេច​ទៅ​ក្នុង​លោក សូម​ព្រះមានព្រះភាគ ទ្រង់​សំដែង​ធម៌ សត្វទាំងឡាយ ជាអ្នកត្រាស់ដឹង គង់មាន។

[៣៦] គ្រានោះ ព្រះមានព្រះភាគ ទ្រង់ជ្រាបច្បាស់នូវសេចក្តីអារាធនា​របស់​ព្រហ្ម​ផង ទ្រង់​អាស្រ័យ​នូវសេចក្តីករុណា ចំពោះសត្វទាំងឡាយផង ទើប​ទ្រង់​រមិល​មើល​នូវ​សត្វ​លោក ដោយពុទ្ធចក្ខុ។ កាលដែលព្រះមានព្រះភាគ ទ្រង់រមិល​មើល​នូវ​សត្វលោក ដោយ​ពុទ្ធចក្ខុ ទ្រង់បានឃើញសត្វទាំងឡាយ មាន​ភ្នែកប្រកប​ដោយ​ធូលីតិចខ្លះ មានភ្នែក​ប្រកប​ដោយ​ធូលី​ច្រើនខ្លះ មានឥន្ទ្រិយក្លាខ្លះ មានឥន្ទ្រិយទន់ខ្លះ មានអាការល្អខ្លះ មាន​អាការ​អាក្រក់​ខ្លះ ជាសត្វ​ដែល​ឲ្យ​ត្រាស់ដឹង​បានដោយងាយខ្លះ ជា​សត្វ​ដែល​ឲ្យ​ត្រាស់ដឹង​បាន​ដោយ​ក្រខ្លះ ជាអ្នក​ឃើញ​នូវទោស និងភ័យ​ក្នុងបរលោកខ្លះ។ ប្រៀបដូចជលជាតិពួកខ្លះ គឺផ្កា​ព្រលិតក្តី ឈូកក្រហមក្តី ឈូកសក្តី ក្នុងគុម្ពព្រលិតក្តី គុម្ពឈូកក្រហមក្តី គុម្ព​ឈូកស​ក្តី ដុះឡើងក្នុងទឹក ចំរើន​ឡើងក្នុងទឹក លូតលាស់តាមទឹក លិចនៅក្នុងទឹក មាន​ជលជាតិ​ពួកខ្លះ គឺ​ផ្កាព្រលិត​ក្តី ឈូកក្រហម​ក្តី ឈូកសក្តី ដុះឡើងក្នុងទឹក ចំរើន​ឡើង​ក្នុងទឹក ឋិតនៅ​ត្រឹមស្មើ​នឹងទឹក មាន​ជលជាតិពួកខ្លះ គឺផ្កាព្រលិតក្តី ឈូកក្រហមក្តី ឈូកសក្តី ដុះ​ឡើងក្នុងទឹក ចំរើន​ឡើង​ក្នុងទឹក លូតផុត​អំពីទឹក មិនទទឹកដោយទឹក មាន​ឧបមា​យ៉ាង​ណា​មិញ កាលដែលព្រះមានព្រះភាគ ទ្រង់រមិលមើលនូវសត្វលោក ដោយពុទ្ធចក្ខុ ទ្រង់​ឃើញ​សត្វទាំងឡាយ មានភ្នែក​ប្រកប​ដោយ​ធូលីតិចខ្លះ មាន​ភ្នែក​ប្រកប​ដោយ​ធូលី​ច្រើនខ្លះ មាន​ឥន្ទ្រិយក្លាខ្លះ មានឥន្ទ្រិយទន់ខ្លះ មាន​អាការល្អខ្លះ មានអាការអាក្រក់ខ្លះ ជាសត្វ​ដែល​ឲ្យត្រាស់ដឹងបានដោយងាយខ្លះ ជាសត្វ​ដែល​ឲ្យត្រាស់ដឹងបានដោយក្រខ្លះ ជាអ្នក​ឃើញ​​នូវ​ទោស និងភ័យក្នុងបរលោកខ្លះ លុះទ្រង់​ឃើញ​ហើយ បានពោលគាថា តបនឹង​សហម្បតិព្រហ្ម​ថា

ទ្វារនៃព្រះនិព្វាននោះ តថាគតបានបើកហើយ សត្វទាំងឡាយណា មាន​សោត​ប្រសាទ ចូរ​បញ្ចេញ​នូវសទ្ធាចុះ ម្នាលព្រហ្ម តថាគត សំគាល់នូវសេចក្តីលំបាក បានជាមិន​សំដែង​ធម៌​​ដែលស្ទាត់ ជាធម៌ដ៏ឧត្តម ដល់ពួកមនុស្សទាំងឡាយ។

[៣៧] គ្រានោះ សហម្បតិព្រហ្មគិតថា អាត្មាអញ ជាបុគ្គលដែលព្រះមានព្រះភាគ ទ្រង់ធ្វើ​ឱកាស ដើម្បីនឹងសំដែងធម៌ហើយ (លុះគិតដូច្នេះហើយ) ក៏ថ្វាយ​បង្គំ​ព្រះមានព្រះភាគ ធ្វើ​ប្រទក្សិណ ហើយបាត់អំពីទីនោះទៅ។

គារវសូត្រ ទី២

[៣៨] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទើបនឹង​បាន​ត្រាស់ដឹង​ជា​ដម្បូង ទ្រង់គង់នៅក្រោមដើមអជបាលនិគ្រោធ ប្របឆ្នេរស្ទឹងនេរញ្ជរា ក្នុង​ឧរុវេលា​ប្រទេស។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់ស្តេចទៅក្នុងទីស្ងាត់ ទ្រង់សម្ងំនៅ មាន​ព្រះបរិវិតក្ក ក្នុងព្រះទ័យកើតឡើង យ៉ាងនេះថា បុគ្គលមិនមានសេចក្តីគោរព មិនមាន​សេចក្តី​កោតក្រែង រមែងនៅជាទុក្ខ អាត្មាអញ គួរធ្វើសក្ការៈ ធ្វើសេចក្តីគោរព អាស្រ័យ​នៅ​នឹង​​សមណៈ ឬព្រាហ្មណ៍ណាហ្ន៎។

[៣៩] ទើបព្រះមានព្រះភាគ មានព្រះតំរិះយ៉ាងនេះថា អាត្មាអញ គួរធ្វើសក្ការៈ ធ្វើ​សេចក្តី​គោរព អាស្រ័យនៅនឹងសមណៈ ឬព្រាហ្មណ៍ដទៃ ដើម្បីបំពេញនូវសីលក្ខន្ធ ដែល​មិន​ទាន់​ពេញ​លេញ តែថាក្នុងលោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ក្នុងពួកសត្វ ព្រម​ទាំង​សមណព្រាហ្មណ៍ ព្រមទាំងសម្មតិទេព និងមនុស្សដ៏សេស អាត្មាអញ មិនបាន​ឃើញសមណៈ ឬព្រាហ្មណ៍ដទៃ ដែលបរិបូណ៌ ដោយ​សីល​ជាង​ខ្លួន​អញ ដែល​អាត្មាអញ​គួរធ្វើសក្ការៈ ធ្វើសេចក្តីគោរព អាស្រ័យនៅឡើយ អាត្មាអញ គួរធ្វើសក្ការៈ ធ្វើ​សេចក្តី​គោរព អាស្រ័យនៅនឹងសមណៈ ឬព្រាហ្មណ៍ដទៃ ដើម្បី​បំពេញ​នូវ​សមាធិក្ខន្ធ ដែលមិន​ទាន់​ពេញលេញ តែថា អាត្មាអញ មិន​ឃើញ​សមណៈ ឬព្រាហ្មណ៍​ដទៃ ដែល​បរិបូណ៌​ដោយ​​សមាធិ​ជាង​ខ្លួនអញ ក្នុងលោក ព្រម​ទាំង​ទេវលោក។បេ។ ដែល​អាត្មាអញ​គួរធ្វើ​សក្ការៈ ធ្វើសេចក្តីគោរព អាស្រ័យនៅឡើយ អាត្មាអញគួរធ្វើសក្ការៈ ធ្វើសេចក្តីគោរព អាស្រ័យ​​នៅនឹង​សមណៈ ឬព្រាហ្មណ៍ដទៃ ដើម្បីបំពេញនូវបញ្ញាខន្ធ ដែល​មិនទាន់​ពេញ​លេញ តែថា ក្នុងលោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ក្នុងពួកសត្វ ព្រមទាំង​សមណ​ព្រាហ្មណ៍ ព្រមទាំងសម្មតិទេព និងមនុស្សដ៏សេស អាត្មាអញ មិនឃើញសមណៈ ឬព្រាហ្មណ៍ដទៃ ដែលបរិបូណ៌ ដោយបញ្ញាជាងខ្លួនអញ ដែលអាត្មាអញគួរធ្វើសក្ការៈ ធ្វើ​សេចក្តីគោរព អាស្រ័យនៅឡើយ អាត្មាអញ គួរធ្វើ​សក្ការៈ ធ្វើសេចក្តីគោរព អាស្រ័យ​នៅ​នឹងសមណៈ ឬព្រាហ្មណ៍ដទៃ ដើម្បី​បំពេញ​នូវ​វិមុត្តិក្ខន្ធ ដែល​មិនទាន់​ពេញលេញ តែថា ក្នុងលោក ព្រមទាំង​ទេវលោក ។បេ។ អាត្មាអញ មិនឃើញសមណៈ ឬព្រាហ្មណ៍ដទៃ ដែល​បរិបូណ៌ដោយវិមុត្តិ ជាងខ្លួនអញ ដែលអាត្មាអញ គួរធ្វើសក្ការៈ ធ្វើសេចក្តីគោរព អាស្រ័យ​នៅឡើយ អាត្មាអញ គួរធ្វើសក្ការៈ ធ្វើសេចក្តីគោរព អាស្រ័យនៅនឹងសមណៈ ឬព្រាហ្មណ៍ដទៃ ដើម្បីបំពេញ​នូវ​វិមុត្តិញ្ញាណទស្សនក្ខន្ធ ដែលមិនទាន់ពេញលេញ តែថា​ក្នុង​លោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ក្នុងពួកសត្វ ព្រមទាំង​សមណ​ព្រាហ្មណ៍ ព្រមទាំងសម្មតិទេព និង​មនុស្ស​ដ៏សេស អាត្មាអញ មិនឃើញសមណៈ ឬ​ព្រាហ្មណ៍​ដទៃ ដែល​បរិបូណ៌​ដោយ​វិមុត្តិញ្ញាណទស្សនៈ​ជាងខ្លួនអញ ដែលអាត្មាអញ​គួរ​ធ្វើ​សក្ការៈ ធ្វើសេចក្តីគោរព អាស្រ័យ​នៅឡើយ បើដូច្នោះ គួរអាត្មាអញ ធ្វើសក្ការៈ ធ្វើ​សេចក្តី​គោរព អាស្រ័យនៅចំពោះធម៌ ដែល​អាត្មាអញ បានត្រាស់ដឹងហើយ។

[៤០] លំដាប់នោះ សហម្បតិព្រហ្ម ដឹងនូវព្រះបរិវិតក្កក្នុង​ព្រះទ័យ​នៃ​ព្រះមាន​ព្រះភាគ ដោយ​​ចិត្តហើយ ក៏បាត់អំពីព្រហ្មលោក មកប្រាកដ​ក្នុងទី​ចំពោះ​ព្រះភក្ត្រ​ព្រះមានព្រះភាគ ដោយ​​ឆាប់ភ្លាម ដូចជាបុរសមានកំលាំង លាចេញនូវដៃ ដែលបត់ចូល ឬបត់​ចូល​នូវដៃ ដែល​លាចេញ។ ទើបសហម្បតិព្រហ្ម ធ្វើនូវសំពត់ឧត្តរាសង្គៈ ឆៀងស្មាម្ខាង ប្រណម្យ​អញ្ជលី ចំពោះព្រះមានព្រះភាគ ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រ​ព្រះមានព្រះភាគ ហេតុនុ៎ះ យ៉ាងនេះហើយ បពិត្រព្រះសុគត ហេតុនុ៎ះ យ៉ាងនេះហើយ បពិត្រ​ព្រះអង្គដ៏ចំរើន សូម្បីព្រះមានព្រះភាគទាំងឡាយណា ជា​ព្រះអរហន្ត សម្មាសម្ពុទ្ធ ក្នុងអតីតកាល ព្រះមានព្រះភាគ​ទាំងនោះ ក៏បានធ្វើសក្ការៈ ធ្វើសេចក្តីគោរព អាស្រ័យ​នៅចំពោះធម៌ យ៉ាង​នេះ​ដែរ បពិត្រព្រះអង្គដ៏ចំរើន ទុកជា​ព្រះមានព្រះភាគ​ទាំងឡាយណា ជាអរហន្ត សម្មាសម្ពុទ្ធ ក្នុងអនាគតកាល ព្រះមានព្រះភាគទាំងនោះ ក៏នឹងធ្វើសក្ការៈ ធ្វើសេចក្តីគោរព អាស្រ័យ​នៅចំពោះធម៌ យ៉ាងនេះដែរ បពិត្រព្រះអង្គដ៏ចំរើន សូម​ព្រះមានព្រះភាគ ជាអរហន្ត សម្មាសម្ពុទ្ធ ក្នុងកាលឥឡូវនេះ ទ្រង់ធ្វើសក្ការៈ ធ្វើ​សេចក្តី​គោរព អាស្រ័យ​នៅចំពោះធម៌ យ៉ាងនេះ​ចុះ។

[៤១] សហម្បតិព្រហ្ម បានពោលពាក្យនេះ លុះពោលពាក្យនេះហើយ ក៏ពោល​ពាក្យ​នេះ តទៅទៀតថា

ព្រះសម្ពុទ្ធទាំងឡាយណា ជាអតីតក្តី ព្រះសម្ពុទ្ធទាំងឡាយណា ជា​អនាគត​ក្តី ព្រះសម្ពុទ្ធ​ណា ក្នុងកាលឥឡូវនេះក្តី ទ្រង់ធ្វើសេចក្តីសោក របស់ជនទាំងឡាយដ៏ច្រើន ឲ្យវិនាស ព្រះសម្ពុទ្ធទាំងអស់នោះ ទ្រង់គោរពព្រះសម្ពុទ្ធក្នុងអតីតកាលផង បច្ចុប្បន្ន​កាល​ផង អនាគត​​កាលផង នេះជាធម្មតា របស់ព្រះពុទ្ធទាំងឡាយ ហេតុដូច្នោះ បុគ្គល​អ្នក​ស្រឡាញ់​ខ្លួន ប្រាថ្នា​នូវភាព​នៃខ្លួនជាធំ កាលរលឹក​ឃើញ​សាសនា​របស់​ព្រះពុទ្ធ​ទាំងឡាយ គួរធ្វើ​សេចក្តី​​គោរព​ព្រះសទ្ធម្ម។

ព្រហ្មទេវសូត្រ ទី៣

[៤២] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់​នៅ​ក្នុង​អារាម ឈ្មោះជេតពន របស់អនាថបិណ្ឌិកគហបតី ទៀបក្រុងសាវត្ថី។ ក៏​សម័យ​នោះឯង កូន​ប្រុស​​របស់​នាងព្រាហ្មណីមួយនាក់ ឈ្មោះ ព្រហ្មទេព បានចូល​ទៅកាន់ផ្នួស ក្នុងសំណាក់​ព្រះមានព្រះភាគ។ គ្រានោះ ព្រះព្រហ្មទេព​មានអាយុ ចៀសចេញ​ទៅតែម្នាក់ឯង ជាអ្នក​មិនប្រមាទ មានព្យាយាម​ដុតកំដៅ​កិលេស មានចិត្តបញ្ជូន​ទៅកាន់​ព្រះនិព្វាន កុលបុត្ត​ទាំងឡាយ ចេញចាកផ្ទះ ចូលទៅកាន់ផ្នួសដោយប្រពៃ ដើម្បី​ប្រយោជន៍​ដល់​អនុត្តរធម៌​ណា ក៏បានធ្វើ​ឲ្យជាក់ច្បាស់ បានដល់ដោយ​ប្រាជ្ញាដ៏ឧត្តម​ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន ចំពោះ​​អនុត្តរធម៌នោះ ដែលជាទីបំផុត​នៃព្រហ្មចរិយៈ ដោយមិន​យូរប៉ុន្មាន ហើយ​សម្រេច​សម្រាន្ត​នៅ ដោយឥរិយាបទទាំង៤ ក៏ដឹងច្បាស់ថា ជាតិអស់ហើយ ព្រហ្មចរិយធម៌ អាត្មា​អញ បានប្រព្រឹត្តគ្រប់គ្រាន់ហើយ សោឡសកិច្ច អាត្មាអញធ្វើស្រេចហើយ មគ្គភាវនាកិច្ច​ដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។ បណ្តា​ព្រះអរហន្ត​ទាំង​ឡាយ ព្រះព្រហ្មទេពមានអាយុ ក៏ជា​ព្រះអរហន្ត​មួយអង្គដែរ។

[៤៣] ទើបព្រះព្រហ្មទេពមានអាយុ ស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុង​បុព្វណ្ហ​សម័យ ចូលទៅបិណ្ឌបាត ក្នុងក្រុងសាវត្ថី កាលកំពុងត្រាច់ទៅបិណ្ឌបាត តាម​លំដាប់​ច្រក ក្នុង​ក្រុង​សាវត្ថី ក៏ចូលសំដៅទៅកាន់ផ្ទះមាតារបស់ខ្លួន។ ក៏ក្នុង​សម័យនោះ នាង​ព្រាហ្មណី ជា​មាតា​របស់ខ្លួន។ ក៏ក្នុងសម័យនោះ នាងព្រាហ្មណី ជាមាតា​របស់​ព្រះព្រហ្មទេព​មានអាយុ តែង​រៀបចំ​នូវគ្រឿងបូជា [អាហារបិណ្ឌបាត។] ជានិច្ច​ដល់ព្រហ្ម។ លំដាប់នោះ សហម្បតិ​ព្រហ្ម មាន​សេចក្តី​ត្រិះរិះ យ៉ាងនេះថា នាងព្រាហ្មណី ជាមាតា​របស់​ព្រះព្រហ្មទេព​មាន​អាយុ​​នេះ តែងរៀបចំ​នូវគ្រឿង​បូជា​ជានិច្ច​ដល់ព្រហ្ម បើដូច្នោះ មានតែអាត្មាអញ ចូលទៅ​រកនាងនោះ ហើយធ្វើឲ្យកើត​សេចក្តីសង្វេគ។

[៤៤] ទើបសហម្បតិព្រហ្ម បាត់អំពីព្រហ្មលោក មកប្រាកដ​លើផ្ទះ​នៃ​មាតា​របស់​ព្រះ​ព្រហ្មទេព​​មានអាយុ ដោយ​ឆាប់​រហ័ស ដូចជា​បុរស​មាន​កំលាំង លាចេញ​នូវដៃ​ដែល​បត់ចូល ឬបត់ចូលនូវដៃដែលលាចេញ។ លំដាប់នោះ សហម្បតិព្រហ្ម ឋិតនៅ​ឰដ៏​អាកាស បានពោល​គាថាទាំងឡាយ នឹងនាង​ព្រាហ្មណី​ជាមាតា​របស់​ព្រះព្រហ្មទេព​មាន​អាយុ​ថា

ម្នាលនាងព្រាហ្មណី នាងរៀបចំនូវគ្រឿងបូជា ជានិច្ច ចំពោះ​ព្រហ្ម​ណា លោក​របស់​ព្រហ្ម​នោះ នៅឆ្ងាយ [ថ្មប្រមាណប៉ុនផ្ទះកំពូល ធ្លាក់ចុះមក​អំពី​ព្រហ្មលោក​មួយថ្ងៃ​មួយ​យប់ បាន​ចម្ងាយ ៤ម៉ឺន ៨ពាន់យោជន៍ ធ្លាក់ចុះមក៤ខែ ទើបដល់​ផែនដី នេះជា​ចម្ងាយ​ព្រហ្មលោក​ជាន់​​ទាបបំផុត។] អំពីទីនេះណាស់ ម្នាលនាងព្រាហ្មណី គ្រឿងបូជា​ប្រាកដ​ដូច្នេះ មិន​មែន​ជា​​ចំណីរបស់​ព្រហ្មទេ នាងមិនដឹងនូវផ្លូវ [កុសលជ្ឈានទាំង៤ ជាផ្លូវរបស់​ព្រហ្ម វិបាកជ្ឈាន​ទាំង ៤ ជាផ្លូវជីវិត​របស់ព្រហ្ម។] របស់ព្រហ្ម ហើយចរចា​ដូចម្តេចបាន ម្នាលនាងព្រាហ្មណី ក៏ឯភិក្ខុ ឈ្មោះព្រហ្មទេព (ជាកូន) របស់នាងនេះ ជាអ្នកមិនមានឧបធិ ជាអ្នកដល់​នូវភាព​ជាទេវតា ដ៏ក្រៃលែង មិនមានសេចក្តីកង្វល់ ជាអ្នកមិន​ចិញ្ចឹម​បុគ្គលដទៃ ភិក្ខុនោះ ចូលមក​កាន់ផ្ទះ​នាង​ឥឡូវនេះ ដើម្បីបិណ្ឌបាត ជាបុគ្គលគួរដើម្បីទទួលដុំបាយ ដែលគេ​នាំមក​បូជា ជាអ្នកដល់​នូវទីបំផុត​នៃ​ទុក្ខ​ដោយវេទ [សំដៅ​យកមគ្គទាំង ៤។] មានខ្លួន​អប់រំហើយ ជា​បុគ្គល​​គួរ​ទទួលទាន របស់ពួកមនុស្ស និងទេវតា បានបន្សាត់ចោល នូវបាបទាំងឡាយ មិន​ប្រឡាក់​ដោយជ័រ គឺតណ្ហា និងទិដ្ឋិ ជាបុគ្គលមានសេចក្តីត្រជាក់ តែងប្រព្រឹត្ត​នូវការ​ស្វែង​រកអាហារ ភិក្ខុនោះ មិនមានសេចក្តីស្រឡាញ់ខាងក្រោយ [សំដៅយកអតីតក្ខន្ធ។] មិនមាន​សេចក្តី​ស្រឡាញ់​ខាងមុខ [សំដៅយកអនាគតក្ខន្ធ។ បានសេចក្តីថា ភិក្ខុនោះ មិន​មានត្រេកអរ ក្នុងខន្ធ​ទាំងអម្បាល​នោះឡើយ។] បានរម្ងាប់នូវរាគាទិក្កិលេស​អស់​ហើយ ប្រាសចាកផ្សែង គឺ​សេចក្តី​ក្រោធ មិនមានសេចក្តីទុក្ខ មិនមានសេចក្តីប្រាថ្នា ដាក់​ចុះ​នូវដំបងក្នុងពួកសត្វ ដែលតក់ស្លុត [បានដល់​បុថុជ្ជន។] និងពួកសត្វ ដែលខ្ជាប់ខ្ជួន [បាន​ដល់​​ព្រះខីណាស្រព។] ភិក្ខុនោះ ចូរបរិភោគ​នូវគ្រឿងបូជា គឺដុំបាយ ដ៏ប្រសើររបស់នាង ភិក្ខុនោះ ប្រាសចាកសេនា គឺកិលេស មានចិត្ត​ស្ងប់រម្ងាប់ហើយ មិនមានសេចក្តីញាប់ញ័រ គឺតណ្ហា តែងត្រាច់ទៅ ដូចដំរី ដែលគេ​ទូន្មានបាន មានសីលដ៏ល្អ មានចិត្ត​រួច​ស្រឡះ​ហើយ ភិក្ខុនោះ ចូរបរិភោគ នូវគ្រឿងបូជា គឺដុំបាយ​ដ៏ប្រសើរ របស់នាងចុះ នាង​ចូរ​មាន​សេចក្តី​ជ្រះថ្លា ចំពោះភិក្ខុនោះ កុំមាន​សេចក្តី​ញាប់ញ័រ ចូរតម្កល់នូវទាន ក្នុង​ទក្ខិណេយ្យ​បុគ្គល ម្នាលនាងព្រាហ្មណី ចូរនាងមើល នូវអ្នក​ប្រាជ្ញកន្លងបង់នូវឱឃៈ ហើយធ្វើបុណ្យ ជាទី​នាំមក នូវសេចក្តីសុខចុះ។ នាងព្រាហ្មណី មាន​សេចក្តីជ្រះថ្លា មិន​ញាប់ញ័រ​ចំពោះ​ភិក្ខុ​នោះ បានតម្កល់នូវទាន ក្នុងទក្ខិណេយ្យបុគ្គល នាងព្រាហ្មណី បានឃើញអ្នកប្រាជ្ញ ដែល​កន្លង​បង់នូវឱឃៈហើយ ធ្វើនូវបុណ្យជាទីនាំមក នូវ​សេចក្តី​សុខ។

ពកសូត្រ ទី៤

[៤៥] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅ​ក្នុងវត្ត​ជេតពន របស់​អនាថបិណ្ឌិក​គហបតី ជិតក្រុងសាវត្ថី។ សម័យនោះឯង ពកព្រហ្ម​មាន​ទិដ្ឋិអាក្រក់ មាន​សភាព​យ៉ាងនេះ កើតឡើងថា ទីនេះទៀង ទីនេះឋិតថេរ ទីនេះ មាននៅគ្រប់កាល ទីនេះ​ខ្ជាប់ខ្ជួន ទីនេះ​មាន​សភាព​មិនច្យុត ព្រោះថា សត្វក្នុងទីនេះ មិនកើត មិនចាស់ មិនស្លាប់ មិនច្យុត មិនបដិសន្ធិ ទីដទៃ ដែលជា​គ្រឿង​រលាស់ចេញ​ដ៏ក្រៃលែង​ជាងទី​របស់​ព្រហ្មនេះ មិនមានឡើយ។

[៤៦] គ្រានោះ ព្រះមានព្រះភាគ ជ្រាបនូវបរិវិតក្ក ក្នុងចិត្តរបស់ពកព្រហ្ម ដោយ​ព្រះទ័យ របស់​ព្រះអង្គហើយ ក៏បាត់អំពីវត្តជេតពន ទៅប្រាកដ ក្នុងព្រហ្មលោកនោះ ដោយ​ឆាប់​រហ័ស ដូចបុរសមានកំលាំង លាចេញនូវដៃ ដែលបត់ចូល ឬបត់ចូលនូវដៃ​ដែលលា​ចេញ។ ពកព្រហ្ម បាន​ឃើញព្រះមានព្រះភាគ កំពុងស្តេចមកអំពីចម្ងាយ លុះឃើញហើយ បាន​ពោល​ពាក្យនេះ នឹងព្រះមានព្រះភាគថា បពិត្រ​ព្រះអង្គ​អ្នកនិទ៌ុក្ខ សូមព្រះអង្គ​ស្តេច​មក បពិត្រ​ព្រះអង្គ​អ្នកនិទ៌ុក្ខ ព្រះអង្គស្តេច​មកល្អហើយ បពិត្រ​ព្រះអង្គ​អ្នក​និទ៌ុក្ខ ព្រះអង្គ​ខាន​ធ្វើបរិយាយ ដើម្បីស្តេច​មកក្នុង​ទីនេះ ជាយូរអង្វែងហើយ បពិត្រ​ព្រះអង្គ​អ្នក​និទ៌ុក្ខ ទីនេះ​ទៀង ទីនេះឋិតថេរ ទីនេះ មាននៅ​គ្រប់កាល ទីនេះខ្ជាប់ខ្ជួន ទីនេះមាន​សភាព​មិន​ច្យុត ព្រោះថា សត្វក្នុងទីនេះ មិនកើត មិនចាស់ មិនស្លាប់ មិនច្យុត មិនបដិសន្ធិ ទីដទៃ ដែលជាគ្រឿងរលាស់ចេញ ដ៏ក្រៃលែង​ជាងទី​របស់​ព្រហ្មនេះ មិនមានឡើយ។

[៤៧] កាលបើពកព្រហ្ម ពោលយ៉ាងនេះហើយ ព្រះមានព្រះភាគ បាន​ត្រាស់​ពាក្យនេះ នឹង​ពកព្រហ្មថា ឱហ្ន៎ ពកព្រហ្មប្រកបដោយអវិជ្ជាហើយ ឱហ្ន៎ ពកព្រហ្ម ប្រកប​ដោយ​អវិជ្ជា​ហើយ ព្រោះថា គាត់ពោលនូវរបស់ដែលមិនទៀង ថាជា​របស់​ទៀង​វិញ ពោល​នូវ​របស់​ដែល​​មិន​ឋិតថេរ ថាជារបស់ឋិតថេរវិញ ពោល​នូវរបស់​ដែល​គ្មាន​នៅ​គ្រប់កាល ថាជា​របស់​​មាននៅ​គ្រប់កាលវិញ ពោលនូវរបស់ដែលមិនខ្ជាប់ខ្ជួន ថាជា​របស់​ខ្ជាប់ខ្ជួន​វិញ ពោល​នូវរបស់​ដែល​មាន​សភាពច្យុត ថាជា​របស់​មាន​សភាព​មិនច្យុត​វិញ មួយទៀត សត្វ​តែង​កើតផង ចាស់ផង ស្លាប់ផង ច្យុតផង បដិសន្ធិផង ក្នុងទីណា គាត់ពោលទីនោះថា សត្វ​ក្នុងទីនេះមិនកើត មិនចាស់ មិនស្លាប់ មិនច្យុត មិនបដិសន្ធិ ដូច្នោះវិញ មួយទៀត គាត់​ពោលនូវទីដទៃ ជាគ្រឿងរលាស់ចេញ ដ៏ក្រៃលែង ថាទីដទៃជាគ្រឿងរលាស់​ចេញ​ដ៏​ក្រៃលែង មិនមានឡើយ។

[៤៨] ពកព្រហ្មពោលថា បពិត្រព្រះគោតម យើងទាំងឡាយ ជាជន ៧២នាក់ ជាអ្នក​ស្រឡាញ់​បុណ្យ ញុំាងអ្នកដទៃ ឲ្យប្រព្រឹត្តទៅតាមអំណាច (នៃខ្លួន) កន្លងហើយ នូវជាតិ និង​ជរា កំណើតក្នុងព្រហ្មនេះ ជាទីបំផុត ជាធម្មជាត ប្រព្រឹត្តទៅដោយវេទ ជនទាំងឡាយ ដ៏ច្រើន រមែងស្រឡាញ់យើងទាំងឡាយ។

[៤៩] ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលពកព្រហ្ម អ្នកសំគាល់នូវអាយុណា ថាវែង អាយុ​នុ៎ះតិច មិនមែនវែងឡើយ ម្នាលព្រហ្ម មួយទៀត តថាគត ដឹងច្បាស់នូវ​អាយុមាន​ប្រមាណ ១សែន នៃនិរព្វុទៈ [ជាឈ្មោះសំខ្យាមួយយ៉ាង ប្រើលេខ ១ មាន​ពិន្ទុ​ហុកសិបបី។]។

[៥០] ពកព្រហ្ម ទូលថា បពិត្រព្រះមានព្រះភាគ ខ្ញុំព្រះអង្គ​ឃើញ​អារម្មណ៍​រកទី​បំផុត​គ្មាន ប្រព្រឹត្តកន្លងហើយ នូវជាតិជរា និងសេចក្តីសោក អើសីលវត្ត មានមកអំពីដើម របស់​ខ្ញុំព្រះអង្គ​ដូចម្តេច ខ្ញុំព្រះអង្គអាចដឹងច្បាស់ នូវសីលវត្តណា សូមព្រះអង្គ ប្រាប់នូវ​សីលវត្ត​នុ៎ះ ដល់ខ្ញុំ​ព្រះអង្គ។

[៥១] ព្រះអង្គត្រាស់ថា អ្នកញុំាងមនុស្សច្រើន ដែលស្រេកទឹក ដែលត្រូវ​កំដៅ​គ្រប​សង្កត់ ឲ្យផឹកទឹកក្នុងរដូវប្រាំង [គិម្ហរដូវ។] ដោយហេតុណា ហេតុនោះ ជាសីលវត្ត​មានមក​អំពី​ដើម​របស់អ្នក តថាគតរលឹកបានដូចបុគ្គលដេកលក់ហើយ ភ្ញាក់ឡើង អ្នកញុំាង​ប្រជុំជន ដែល​ត្រូវ​ចោរចាប់​ក្នុងឆ្នេរស្ទឹង ឈ្មោះឯណិ នាំទៅជាឈ្លើយ ឲ្យរួចបាន ដោយអំពើណា អំពើនោះ ជាសីលវត្ត មានមកអំពីដើមរបស់អ្នក តថាគតរលឹកបាន ដូចជាបុគ្គល​ដេកលក់​ហើយ ភ្ញាក់ឡើង អ្នកញុំាងទូក ដែលនាគរាជកំណាច កំហែង​ចាប់​ដោយ​កំលាំង ត្រង់ខ្សែ​ទឹកនៃ​ទន្លេគង្គា ឲ្យរួចបាន ដោយសេចក្តីអនុគ្រោះ ដល់មនុស្ស អំពើនោះ ជាសីលវត្ត មានមក​អំពីដើមរបស់អ្នក តថាគតរលឹកបាន ដូចជា​បុគ្គល​ដេកលក់​ហើយ ភ្ញាក់ឡើង ពីដើម តថាគត ឈ្មោះកប្បៈ ជាកូនសិស្សរបស់អ្នក រាប់អាន​អ្នកជា​បុគ្គល​មានប្រាជ្ញាល្អ បរិបូណ៌​ដោយវត្ត អំពើនោះ ជាសីលវត្ត មានមកអំពីដើមរបស់អ្នក តថាគតរលឹកបាន ដូចជា​​បុគ្គល​ដេកលក់​ហើយ ភ្ញាក់ឡើង អ្នកដឹងច្បាស់នូវអាយុនោះ របស់តថាគត ដោយ​ពិត មួយទៀត ដឹងច្បាស់​នូវជន​ទាំងឡាយដទៃ ហាក់ដូចជាព្រះពុទ្ធ នេះជាអានុភាព​ដ៏​រុងរឿង​របស់អ្នក ជាសភាវៈ ញុំាងព្រហ្មលោកឲ្យភ្លឺស្វាងឋិតនៅ។

អបរាទិដ្ឋិសូត្រ ទី៥

[៥២] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់​នៅក្នុង​វត្ត​ជេតពន របស់អនាថបិណ្ឌិកគហបតី ទៀបក្រុងសាវត្ថី។ ‌សម័យនោះឯង ព្រហ្មមួយអង្គ មាន​​ទិដ្ឋិអាក្រក់ មានសភាពយ៉ាងនេះ កើតឡើងថា បុគ្គល​ដែល​មកក្នុង​លោកនេះ គ្មាន​ជា​សមណៈ ជា​ព្រាហ្មណ៍ទេ។

[៥៣] គ្រានោះ ព្រះមានព្រះភាគ ទ្រង់ជ្រាបនូវបរិវិតក្ក ក្នុងចិត្ត​របស់​ព្រហ្ម​នោះ ដោយ​ព្រះទ័យ​ហើយ ក៏ដូចបុរសមានកំលាំង។បេ។ ទៅប្រាកដ​ក្នុង​ព្រហ្មលោក​នោះ។ ទើប​ព្រះមានព្រះភាគ ទ្រង់ចូលតេជោធាតុ គង់ផ្គត់ព្រះភ្នែនឰដ៏អាកាស ខាង​លើ​ព្រហ្មនោះ។

[៥៤] គ្រានោះ ព្រះមហាមោគ្គល្លានមានអាយុ មានសេចក្តីត្រិះរិះ យ៉ាងនេះថា ឥឡូវ​នេះ ព្រះមានព្រះភាគ គង់ក្នុងទីណាហ្ន៎។ ព្រះមហាមោគ្គល្លានមានអាយុ ក៏បានឃើញ​នូវ​ព្រះមានព្រះភាគ ដោយទិព្វចក្ខុដ៏បរិសុទ្ធ កន្លងបង់នូវ​ចក្ខុជា​របស់​មនុស្ស​ធម្មតា ដែល​ព្រះអង្គ​ចូល​តេជោធាតុ គង់ផ្គត់ព្រះភ្នែនឰដ៏អាកាស អំពីខាងលើនៃព្រហ្មនោះ លុះ​ឃើញ​ហើយ ក៏​បាត់​អំពីវត្តជេតពន ទៅប្រាកដក្នុងព្រហ្មលោកនោះ ដោយឆាប់រហ័ស ដូចបុរស​មាន​កំលាំង លា​ចេញ​​នូវដៃដែលបត់ចូល ឬបត់ចូលនូវដៃ ដែលលាចេញ។ លំដាប់នោះ ព្រះមហាមោគ្គល្លាន​មានអាយុ អាស្រ័យនូវទិសខាងកើត ចូលតេជោធាតុ អង្គុយ​ផ្គត់​ភ្នែន​ឰដ៏​អាកាស ខាងលើ​ព្រហ្មនោះ ទាបជាងព្រះមានព្រះភាគ។

[៥៥] គ្រានោះ ព្រះមហាកស្សបមានអាយុ មានសេចក្តីត្រិះរិះ យ៉ាងនេះថា ឥឡូវនេះ ព្រះមានព្រះភាគ ទ្រង់គង់ក្នុងទីណាហ្ន៎។ ព្រះមហាកស្សបមានអាយុ បានឃើញ​ព្រះមានព្រះភាគ ដោយទិព្វចក្ខុ។បេ។ លុះឃើញហើយ ក៏ដូចបុរស​មាន​កំលាំង។បេ។ បាត់​អំពី​​វត្ត​ជេតពន ទៅប្រាកដក្នុងព្រហ្មលោកនោះ ដោយឆាប់​រហ័ស។ លំដាប់នោះ ព្រះមហាកស្សប​មានអាយុ អាស្រ័យនូវទិសខាងត្បូង ចូលតេជោធាតុ អង្គុយផ្គត់​ភ្នែនឰដ៏​អាកាស ខាងលើ​ព្រហ្មនោះ ទាបជាងព្រះមានព្រះភាគ។

[៥៦] គ្រានោះ ព្រះមហាកប្បិនមានអាយុ មានសេចក្តីត្រិះរិះ យ៉ាងនេះថា ឥឡូវ​នេះ ព្រះមានព្រះភាគ ទ្រង់គង់ក្នុងទីណាហ្ន៎។ គ្រានោះ ព្រះមហាកប្បិនមានអាយុ ឃើញ​ព្រះមានព្រះភាគ ដោយទិព្វចក្ខុ។បេ។ លុះឃើញហើយ ក៏ដូចបុរសមានកំលាំង។បេ។ បាត់​អំពី​វត្ត​ជេតពន ទៅប្រាកដក្នុងព្រហ្មលោកនោះ ដោយឆាប់រហ័ស។ លំដាប់នោះ ព្រះមហាកប្បិន​មានអាយុ អាស្រ័យនូវទិសខាងលិច ចូលតេជោធាតុ អង្គុយ​ផ្គត់ភ្នែន​ឰដ៏​អាកាស ខាងលើ​ព្រហ្មនោះ ទាបជាងព្រះមានព្រះភាគ។

[៥៧] គ្រានោះ ព្រះអនុរុទ្ធមានអាយុ មានសេចក្តីត្រិះរិះ យ៉ាងនេះថា ឥឡូវនេះ ព្រះមានព្រះភាគ ទ្រង់គង់ក្នុងទីណាហ្ន៎។ ទើបព្រះអនុរុទ្ធមានអាយុ បានឃើញ។បេ។ លុះ​ឃើញ​​ហើយ ក៏ដូចបុរសមានកំលាំង។បេ។ ទៅប្រាកដក្នុង​ព្រហ្មលោកនោះ ដោយ​ឆាប់​រហ័ស។ លំដាប់នោះ ព្រះអនុរុទ្ធមានអាយុ អាស្រ័យ​នូវទិស​ខាងជើង ចូលតេជោធាតុ អង្គុយផ្គត់ភ្នែនឰដ៏អាកាស ខាងលើព្រហ្មនោះ ទាបជាង​ព្រះមានព្រះភាគ។

[៥៨] គ្រានោះ ព្រះមហាមោគ្គល្លានមានអាយុ បានពោលគាថានឹងព្រហ្មថា

ម្នាលអាវុសោ ទិដ្ឋិណារបស់អ្នក មានហើយក្នុងកាលមុន ទិដ្ឋិរបស់​អ្នក​នោះ មានក្នុង​ថ្ងៃ​នេះ​​ទៀត អ្នកឃើញនូវរស្មីរបស់ព្រះពុទ្ធ ដែលប្រព្រឹត្តកន្លង នូវរស្មី​ឯទៀត ក្នុង​ព្រហ្មលោក​ដែរឬ។

[៥៩] ព្រហ្មតបថា បពិត្រលោកនិទ៌ុក្ខ ទិដ្ឋិរបស់ខ្ញុំណា មានហើយ​ក្នុង​កាល​មុន ទិដ្ឋិ​របស់​ខ្ញុំនោះ មិនមានទេ ខ្ញុំឃើញនូវព្រះរស្មី ដែលប្រព្រឹត្តកន្លង នូវរស្មីឯទៀត ក្នុង​ព្រហ្មលោក​ដែរ ឥឡូវនេះ ខ្ញុំនឹងពោល ដោយប្រការដូចម្តេច ព្រោះថា ខ្ញុំជាបុគ្គលទៀង ជាបុគ្គល​មាន​នៅ​​សព្វៗកាល។

[៦០] គ្រានោះ ព្រះមានព្រះភាគ ញុំាងព្រហ្មនោះឲ្យ​សង្វេគ​ហើយ ក៏បាត់​អំពី​ព្រហ្មលោក​នោះ មកប្រាកដក្នុងវត្តជេតពន ដោយឆាប់រហ័ស ដូចបុរស​មានកំលាំង លាចេញ​នូវដៃ​ដែល​​​បត់ចូល ឬបត់ចូលនូវដៃ ដែលលាចេញ។ លំដាប់​នោះ ព្រហ្មក៏​ហៅ​ព្រហ្ម​ជា​បរិស័ទ មួយ​​អង្គមកថា ម្នាលអ្នកនិទ៌ុក្ខ អ្នកចូរមក អ្នកចូរ​ទៅរក​ព្រះមហា​មោគ្គល្លាន​មានអាយុ លុះ​ចូល​ទៅដល់​ហើយ ចូរពោលយ៉ាងនេះ នឹង​ព្រះមហា​មោគ្គល្លាន​មាន​អាយុថា បពិត្រ​ព្រះ​មោគ្គល្លាន អ្នកនិទ៌ុក្ខ សាវ័កទាំងឡាយដទៃទៀត របស់​ព្រះមានព្រះភាគ​នោះ ដែល​មាន​ឫទ្ធិច្រើនយ៉ាងនេះ មានអានុភាពច្រើនយ៉ាងនេះ ដូចជាព្រះមហាមោគ្គល្លាន ព្រះកស្សប ព្រះកប្បិន ព្រះអនុរុទ្ធដ៏ចំរើន នៅ​មាន​ទៀត​ដែរ​ឬទេ។ ព្រហ្មជាបរិស័ទនោះ ទទួល​ពាក្យ​ព្រហ្ម​នោះថា អើលោកអ្នកនិទ៌ុក្ខ ដូច្នេះហើយ ក៏បាត់អំពីព្រហ្មលោកនោះ មកប្រាកដ​ក្នុងទី​ចំពោះ​មុខ​ព្រះមហាមោគ្គល្លាន​មានអាយុ ដោយឆាប់រហ័ស ដូចបុរសមានកំលាំង។បេ។

[៦១] លំដាប់នោះ ព្រហ្មជាបរិស័ទនោះ ក្រាបថ្វាយបង្គំព្រះមហាមោគ្គល្លាន​មាន​អាយុ ហើយ​ឋិតនៅក្នុងទីដ៏សមគួរ។ ព្រហ្មជាបរិស័ទនោះ លុះឋិតនៅក្នុងទីសមគួរហើយ បាន​ពោល​​ពាក្យនេះ នឹងព្រះមហាមោគ្គល្លានមានអាយុថា បពិត្រលោក​អ្នក​និទ៌ុក្ខ។បេ។ ព្រះអនុរុទ្ធ។

[៦២] គ្រានោះ ព្រះមហាមោគ្គល្លានមានអាយុ បានពោលគាថា នឹងព្រហ្មជា​បរិស័ទ​ថា

សាវ័កទាំងឡាយរបស់ព្រះពុទ្ធ នៅមានច្រើនអង្គ ជាអ្នកមាន​វិជ្ជា ៣ ផង សម្រេច​ដោយ​ឫទ្ធិផង ឈ្លាសក្នុងវារៈនៃចិត្តផង ជាព្រះអរហន្តខីណាស្រពផង។

[៦៣] លំដាប់នោះ ព្រហ្មជាបរិស័ទនោះ ត្រេកអរ រីករាយនឹងភាសិត របស់​ព្រះមហា​មោគ្គល្លាន​មានអាយុហើយ ក៏ចូលទៅរកព្រហ្មនោះ លុះចូលទៅដល់ហើយ បានពោល​ពាក្យនេះ នឹងព្រហ្មនោះថា បពិត្រអ្នកនិទ៌ុក្ខ ព្រះមហាមោគ្គល្លានមានអាយុ មាន​ថេរវាចា​យ៉ាង​នេះថា

សាវ័កទាំងឡាយរបស់ព្រះពុទ្ធ នៅមានច្រើនអង្គ ជាអ្នកមាន​វិជ្ជា ៣ ផង សម្រេច​ដោយ​ឫទ្ធិ​ផង ឈ្លាសក្នុងវារៈនៃចិត្តផង ជាព្រះអរហន្តខីណាស្រពផង។

[៦៤] ព្រហ្មជាបរិស័ទ បានពោលពាក្យ​នេះ​ហើយ ចំណែក​ខាង​ព្រហ្មជា​អ្នក​មាន​សេចក្តី​ត្រេកអរ ក៏ត្រេកអរនឹងភាសិតរបស់ព្រហ្មជាបរិស័ទនោះ។

បមាទសូត្រ ទី៦

[៦៥] សាវត្ថីនិទាន។ សម័យនោះឯង ព្រះមានព្រះភាគ ទ្រង់គង់សម្រាក ក្នុង​វេលា​ថ្ងៃ សម្ងំ​នៅក្នុងឈានសមាបត្តិ។ លំដាប់នោះឯង មានព្រហ្មមួយអង្គ ឈ្មោះសុព្រហ្ម និង​ព្រហ្ម​មួយ​អង្គទៀត ឈ្មោះសុទ្ធាវាស បានចូលទៅគាល់ព្រះមានព្រះភាគ លុះចូល​ទៅ​ដល់​ហើយ ក៏ឈរអែបនឹងសន្លឹកទ្វារម្ខាងម្នាក់។ គ្រានោះ ព្រហ្មមួយអង្គ ឈ្មោះសុព្រហ្ម បាន​និយាយនឹងព្រហ្មមួយអង្គ ឈ្មោះសុទ្ធាវាស ដូច្នេះថា នែគ្នាយើង កាលនេះ ជាកាល​មិនទាន់គួរនឹងចូលទៅគាល់ព្រះមានព្រះភាគនៅឡើយទេ ព្រោះព្រះមានព្រះភាគ ទ្រង់​គង់​សម្រាក​ក្នុងវេលាថ្ងៃ កំពុងសម្ងំនៅក្នុងឈានសមាបត្តិផង ចំណែកខាង​ព្រហ្មលោក​ឯណោះ ស្តុកស្តម្ភ (ដោយឈានសុខ) និងរីក (ដោយផ្កា គឺអភិញ្ញា) ប៉ុន្តែមានព្រហ្ម​ក្នុង​ព្រហ្មលោកនោះ នៅដោយសេចក្តីប្រមាទផង នែគ្នាយើង មក យើងនឹងចូល​ទៅឯ​ព្រហ្មលោកនោះវិញ លុះចូលទៅដល់ហើយ ត្រូវញុំាងព្រហ្មនោះឲ្យសង្វេគ។ ព្រហ្ម​មួយ​អង្គ ឈ្មោះសុទ្ធាវាស បានទទួលស្តាប់ព្រហ្មមួយអង្គ ឈ្មោះសុព្រហ្មថា យ៉ាងហ្នឹងហើយ គ្នាយើង។ លំដាប់នោះ ព្រហ្មមួយអង្គ ឈ្មោះសុព្រហ្ម និងព្រហ្ម​មួយ​អង្គ ឈ្មោះសុទ្ធាវាស ក៏ដូចជា​បុរសមានកំលាំង។បេ។ បាត់អំពីទីចំពោះព្រះភក្ត្រនៃព្រះមានព្រះភាគ ទៅ​ប្រាកដ​ក្នុង​​ព្រហ្មលោក​​នោះ។ ព្រហ្ម​នោះ បានឃើញព្រហ្មទាំងពីរនោះ កំពុងមកអំពីចម្ងាយ លុះ​ឃើញ​​ហើយ ក៏សួរព្រហ្មទាំងនោះ យ៉ាងនេះថា នែគ្នាយើងទាំងឡាយ អ្នក​ទាំងឡាយ​មក​អំពី​ទីណាហ្ន៎។ ព្រហ្មទាំងពីរ ក៏ប្រាប់ថា ម្នាលគ្នាយើង យើងទើបនឹងមកអំពីសំណាក់ នៃព្រះមានព្រះភាគ ជាព្រះអរហន្ត សម្មាសម្ពុទ្ធ អង្គនោះ ម្នាលគ្នាយើង ចុះ​អ្នក​នឹង​ទៅ​កាន់ទីបំរើព្រះមានព្រះភាគ ជាព្រះអរហន្ត សម្មាសម្ពុទ្ធ អង្គនោះ ឬទេ។

[៦៦] កាលបើព្រហ្មទាំងពីរ និយាយយ៉ាងនេះហើយ ព្រហ្មនោះ អត់ទ្រាំ​នឹង​ពាក្យ​នោះ​មិនបាន ក៏និមិ្មតខ្លួនចំនួនមួយពាន់ ហើយនិយាយនឹងព្រហ្មមួយអង្គ ឈ្មោះសុព្រហ្ម យ៉ាង​នេះថា ម្នាលគ្នាយើង អ្នកឃើញឥទ្ធានុភាពរបស់ខ្ញុំ មានសភាពយ៉ាងនេះឬទេ។ សុព្រហ្ម​តប​ថា ម្នាលគ្នាយើង ខ្ញុំឃើញឥទ្ធានុភាពរបស់អ្នក មានសភាពយ៉ាងនោះហើយ។ ព្រហ្ម​នោះ​តបថា ម្នាលគ្នា​យើង ខ្ញុំនោះឯង មានឫទ្ធិច្រើនយ៉ាងនេះ មាន​អានុភាព​ធំ​យ៉ាងនេះ ខ្ញុំ​នឹងទៅ​កាន់ទីបំរើសមណៈ ឬព្រាហ្មណ៍ដទៃណាទៀត ម្តេចបាន។

[៦៧] លំដាប់នោះឯង ព្រហ្មមួយអង្គ ឈ្មោះសុព្រហ្ម និម្មិតខ្លួន​ចំនួន​ពីរពាន់ ហើយ​និយាយ​នឹងព្រហ្ម យ៉ាងនេះថា ម្នាលគ្នាយើង អ្នកឃើញឥទ្ធានុភាពរបស់ខ្ញុំនោះ មាន​សភាព​​យ៉ាងនេះឬទេ។ ព្រហ្មនោះតបថា ម្នាលគ្នាយើង ខ្ញុំឃើញឥទ្ធានុភាពរបស់អ្នក មានសភាព​យ៉ាង​នោះហើយ។ សុព្រហ្មតបថា ម្នាលគ្នាយើង ព្រះមានព្រះភាគ អង្គនោះ ព្រះអង្គ​មានឫទ្ធិ​ច្រើនបំផុត ទាំងមានអានុភាពច្រើនជាងអ្នកផង ជាងខ្ញុំផង ម្នាលគ្នាយើង អ្នកគួរ​មកកាន់​ទីបំរើ​ព្រះមានព្រះភាគ ជាព្រះអរហន្ត សម្មាសម្ពុទ្ធ អង្គនោះ។

[៦៨] លំដាប់នោះឯង ព្រហ្មនោះ បានពោលនូវគាថា ចំពោះ​ព្រហ្ម​មួយ​អង្គ ឈ្មោះ​សុព្រហ្ម​ថា

រូបគ្រុឌបីរយ រូបហង្សបួនរយ រូបខ្លែងប្រាំរយ (នេះជាសម្បត្តិ​ក្នុងវិមាន) របស់​ខ្ញុំ ជាអ្នក​មាន​ឈាន នែព្រហ្ម វិមាននោះ ភ្លឺស្វាង រុងរឿង ក្នុងទិសខាងជើង។

[៦៩] សុព្រហ្មតបថា វិមានរបស់អ្នកនោះ ភ្លឺស្វាង រុងរឿង ក្នុងទិសខាងជើង ក៏មែន​ហើយ ប៉ុន្តែ អ្នកប្រាជ្ញ មានប្រាជ្ញាល្អ តែងឃើញទោសក្នុងរូបផង ឃើញរូបដែល​ញាប់ញ័រ​សព្វ​កាល​​ផង ហេតុនោះ បានជាលោកមិនត្រេកអរក្នុងរូប។

[៧០] លំដាប់នោះឯង ព្រហ្មមួយអង្គ ឈ្មោះសុព្រហ្ម និងព្រហ្មមួយអង្គ ឈ្មោះ​សុទ្ធាវាស ញុំាង​ព្រហ្មនោះ ឲ្យសង្វេគហើយ ក៏បាត់អំពីទីនោះទៅ។ លុះចំណេរតមក ព្រហ្មនោះ ក៏បាន​ទៅកាន់​ទីបំរើ​ព្រះមានព្រះភាគ ជាអរហន្តសម្មាសម្ពុទ្ធ។

បឋមកោកាលិកសូត្រ ទី៧

[៧១] ទៀបក្រុងសាវត្ថី… សម័យនោះឯង ព្រះមានព្រះភាគ ទ្រង់គង់​សម្រាក​ក្នុង​វេលា​ថ្ងៃ សម្ងំ​នៅក្នុងឈានសមាបត្តិ។ លំដាប់នោះ មានព្រហ្មមួយអង្គ ឈ្មោះសុព្រហ្ម និងព្រហ្ម​មួយអង្គ ឈ្មោះសុទ្ធាវាស ចូលទៅគាល់ព្រះមានព្រះភាគ លុះ​ចូល​ទៅ​ដល់​ហើយ ក៏ឈរ​អែប​នឹងសន្លឹកទ្វារម្ខាងម្នាក់។

[៧២] លំដាប់នោះឯង ព្រហ្មមួយអង្គ ឈ្មោះសុព្រហ្ម ប្រារព្ធនឹង​កោកាលិក​ភិក្ខុ ហើយ​ពោលនូវគាថានេះ ក្នុងសំណាក់នៃព្រះមានព្រះភាគថា

តើអ្នកប្រាជ្ញណា ក្នុងលោកនេះ កំណត់រាប់នូវគុណ​ព្រះខីណាស្រព ដែល​ជា​គុណ​រាប់​មិន​អស់បាន [គុណព្រះខីណាស្រព គ្មានអ្នកណារាប់អស់ឡើយ។] ខ្ញុំ​សំគាល់​នូវ​បុថុជ្ជន ដែល​ថា​អាចរាប់នូវគុណព្រះខីណាស្រព ជាគុណរាប់មិនអស់បាន (នោះ) ថាជា​បុគ្គល​ល្ងង់ខ្លៅ [បុថុជ្ជន​ណា អួតថារាប់គុណព្រះខីណាស្រពអស់ បុថុជ្ជននោះ ចាត់ថាជាអ្នកល្ងង់ខ្លៅ។ អដ្ឋកថា]។

តិស្សកសូត្រ ទី៨

[៧៣] ទៀបក្រុងសាវត្ថី… សម័យនោះឯង ព្រះមានព្រះភាគ ទ្រង់គង់​សម្រាក​ក្នុង​វេលា​ថ្ងៃ សម្ងំនៅក្នុងឈានសមាបត្តិ។ លំដាប់នោះឯង ព្រហ្មមួយអង្គ ឈ្មោះសុព្រហ្ម និងព្រហ្ម​មួយអង្គ ឈ្មោះសុទ្ធាវាស បានចូលទៅគាល់ព្រះមានព្រះភាគ លុះចូល​ទៅដល់​ហើយ ក៏​ឈរ​​អែបនឹង​សន្លឹកទ្វារម្ខាងម្នាក់។

[៧៤] គ្រានោះ ព្រហ្មមួយអង្គ ឈ្មោះសុទ្ធាវាស ប្រារព្ធនឹងភិក្ខុឈ្មោះ​កតមោរកតិស្សកៈ ហើយ​ពោលគាថានេះ ក្នុងសំណាក់នៃព្រះមានព្រះភាគថា

តើអ្នកប្រាជ្ញណា ក្នុងលោកនេះ កំណត់រាប់នូវគុណ​ព្រះខីណាស្រព ដែលជា​គុណរាប់​មិន​អស់​បាន ខ្ញុំសំគាល់នូវបុគ្គលឥតប្រាជ្ញា ដែល​ថា​អាច​រាប់​គុណ​ព្រះខីណាស្រព ជាគុណ​រាប់​​មិនអស់​បាន (នោះ) ថាជាបុគ្គលល្ងង់ខ្លៅ។

តុទុព្រហ្មសូត្រ ទី៩

[៧៥] ទៀបក្រុងសាវត្ថី… សម័យនោះឯង កោកាលិកភិក្ខុមានអាពាធ ដល់នូវ​សេចក្តី​ទុក្ខ ឈឺធ្ងន់។ លំដាប់នោះឯង កាលវេលារាត្រីបឋមយាមកន្លងទៅហើយ ព្រហ្មមួយអង្គឈ្មោះ តុទុ មាន​រស្មីភ្លឺ រុងរឿង ញុំាងវត្តជេតពនទាំងអស់ឲ្យភ្លឺស្វាង ចូលទៅរកកោកាលិកភិក្ខុ លុះចូល​ទៅដល់​ហើយ ក៏ឋិតនៅឰដ៏អាកាស បាន​និយាយ​នឹង​កោកាលិកភិក្ខុ យ៉ាងនេះថា នែ​កោកាលិក លោកចូរញុំាងចិត្ត ឲ្យជ្រះថ្លាក្នុងព្រះសារីបុត្ត និងព្រះមោគ្គល្លានចុះ ព្រោះ​ព្រះសារីបុត្ត និងព្រះមោគ្គល្លាន មានសីលជាទីស្រឡាញ់។ កោកាលិកភិក្ខុសួរថា ម្នាល​អាវុសោ អ្នកជាអ្វី។ តុទុព្រហ្មតបថា ខ្លួនខ្ញុំ​ជា​ព្រហ្ម​ម្នាក់​ឈ្មោះ​តុទុ។ កោកាលិកភិក្ខុ សួរថា ម្នាល​អាវុសោ អ្នកឯង ព្រះមានព្រះភាគ ទ្រង់ព្យាករថា ជាអនាគាមិបុគ្គលហើយ ហេតុអ្វី​ក៏ឥឡូវនេះ អ្នកមកក្នុងទីនេះ។ តុទុព្រហ្មតបថា លោកចូរ​ឃើញ​កំហុស​របស់​លោកនេះ​ចុះ។

[៧៦] បុគ្គលពាល ពោលទុព្ភាសិត កាត់បង់ខ្លួនដោយវាចាណា វាចានោះ ដូចជា​ផ្លែដឹង កើត​ក្នុងមាត់​បុរស ដែលកើតហើយ អ្នកណាសរសើរបុគ្គល ដែលគួរនិន្ទា ឬនិន្ទាបុគ្គល ដែលគួរ​សរសើរ អ្នកនោះឈ្មោះថា សន្សំទោសដោយមាត់ រមែង​មិន​បាន​សុខ ព្រោះ​ទោស​​នោះ ការចាញ់ធន ព្រមទាំងទ្រព្យគ្រប់ចំពូក ព្រមទាំងខ្លួន ទៅលើល្បែង​​ភ្នាល់​ទាំង​ឡាយ ទោសនេះ ជាទោសមាន​ប្រមាណតិចទេ បុគ្គលដែល​ញុំាងចិត្ត​ឲ្យប្រទូស្ត ក្នុង​បុគ្គល​ទាំងឡាយ ដែលមានគតិល្អ ទោសនេះឯង ទើបជាទោសធំជាង។ បុគ្គល​តំកល់​វាចា និងចិត្តអាក្រក់ ជាអ្នកតិះដៀលព្រះអរិយៈទាំងឡាយ ទៅកើត​ក្នុង​នរក​ណា នរក​នោះ មានអាយុ​ចំនួន​មួយ​សែន និងសាមសិបប្រាំមួយនិរព្វុទៈ និងប្រាំអព្វុទៈ។

ទុតិយកោកាលិកសូត្រ ទី១០

[៧៧] ទៀបក្រុងសាវត្ថី… លំដាប់នោះឯង កោកាលិកភិក្ខុ ចូលទៅគាល់​ព្រះមានព្រះភាគ លុះ​ចូលទៅ​ដល់ហើយ ថ្វាយបង្គំព្រះមានព្រះភាគ ហើយ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ។ លុះ​កោកាលិកភិក្ខុ អង្គុយក្នុងទីដ៏សមគួរហើយ បានក្រាបទូល​ព្រះមានព្រះភាគ យ៉ាង​នេះថា បពិត្រ​ព្រះអង្គដ៏ចំរើន សារីបុត្ត និងមោគ្គល្លាន ជាអ្នក​ប្រាថ្នា​លាមក ប្រព្រឹត្ត​ទៅតាម​អំណាច​សេចក្តី​ប្រាថ្នាលាមក។

[៧៨] កាលបើកោកាលិកភិក្ខុ ក្រាបទូលយ៉ាងនេះហើយ ព្រះមានព្រះភាគ ទ្រង់​ត្រាស់នឹងកោកាលិកភិក្ខុ យ៉ាងនេះថា ម្នាលកោកាលិក អ្នក​កុំ​និយាយ​យ៉ាង​នេះ​ឡើយ ម្នាលកោកាលិក អ្នកកុំ​និយាយ​យ៉ាង​នេះ​ឡើយ ម្នាលកោកាលិក អ្នកចូរញុំាងចិត្តឲ្យជ្រះថ្លា ក្នុងសារីបុត្ត និងមោគ្គល្លានចុះ ព្រោះសារីបុត្ត និងមោគ្គល្លាន មានសីលជាទីស្រឡាញ់។ កោកាលិកភិក្ខុ ក្រាបទូលព្រះមានព្រះភាគ ជាគំរប់ពីរដង យ៉ាងនេះថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន បុគ្គល​ដែលគួរជឿ គួរប្រតិបត្តិតាមរបស់ខ្ញុំ មានស្រាប់ហើយ សារីបុត្ត និង​មោគ្គល្លាន ជាអ្នក​ប្រាថ្នាលាមកពិតៗ ប្រព្រឹត្ត​ទៅ​តាម​អំណាច​នៃ​សេចក្តី​ប្រាថ្នា​ដ៏លាមក។ ព្រះមានព្រះភាគ ទ្រង់ត្រាស់នឹងកោកាលិកភិក្ខុ ជាគំរប់ពីរដង យ៉ាងនេះថា ម្នាល​កោកាលិក អ្នកកុំ​និយាយ​យ៉ាងនេះឡើយ ម្នាលកោកាលិក អ្នក​កុំ​និយាយ​យ៉ាង​នេះ​ឡើយ ម្នាលកោកាលិក អ្នកចូរ​ញុំាង​ចិត្តឲ្យជ្រះថ្លា ក្នុងសារីបុត្ត និងមោគ្គល្លានទៅចុះ ព្រោះ​សារីបុត្ត និងមោគ្គល្លាន មាន​សីលជាទីស្រឡាញ់។ កោកាលិកភិក្ខុ ក្រាប​ទូល​ព្រះមាន​ព្រះភាគ ជាគំរប់បីដង យ៉ាងនេះថា។បេ។ ប្រព្រឹត្ត​ទៅ​តាម​អំណាច​សេចក្តី​ប្រាថ្នា។ ព្រះមានព្រះភាគ ទ្រង់ត្រាស់នឹងកោកាលិកភិក្ខុ ជាគំរប់បីដង យ៉ាងនេះថា។បេ។ ព្រោះ​សារីបុត្ត និងមោគ្គល្លាន មានសីលជាទីស្រឡាញ់។

[៧៩] លំដាប់នោះឯង កោកាលិកភិក្ខុ ក្រោកអំពីអាសនៈ ថ្វាយបង្គំព្រះមានព្រះភាគ ធ្វើ​ប្រទក្សិណ ហើយចេញទៅ។ កោកាលិកភិក្ខុ ចេញទៅមិនយូរប៉ុន្មាន កាយទាំងមូល ក៏ចេញជាអុទ [អាចារ្យខ្លះប្រែថា បូស ខ្លះថា បូសរលកកែវ ខ្លះថា កមរលាយ។] ប៉ុនៗ​គ្រាប់ស្ពៃ អុទដែលប៉ុនគ្រាប់ស្ពៃ ក្លាយឡើងប៉ុនៗគ្រាប់សណ្តែកបាយ អុទ​ដែល​ប៉ុន​គ្រាប់​សណ្តែក​បាយ ក្លាយ​ឡើង​ប៉ុនៗគ្រាប់សណ្តែកកង់ អុទដែលប៉ុនគ្រាប់សណ្តែកកង់ ក្លាយ​ឡើង​​ប៉ុនៗ​គ្រាប់​ពុទ្រា អុទដែលប៉ុនគ្រាប់ពុទ្រា ក្លាយឡើងប៉ុនៗផ្លែពុទ្រា អុទ​ដែល​ប៉ុន​ផ្លែពុទ្រា ក្លាយ​ឡើង​ប៉ុនៗផ្លែកន្ទួតព្រៃ អុទដែលប៉ុនផ្លែកន្ទួតព្រៃ ក្លាយ​ឡើង​ប៉ុនៗ​ក្តិបព្នៅ អុទ​ដែលប៉ុនក្តិបព្នៅ ក្លាយ​ឡើង​ប៉ុនៗផ្លែព្នៅ អុទដែលប៉ុនផ្លែព្នៅ ក៏បែកធ្លាយ ហូរខ្ទុះ និង​ឈាម។ គ្រានោះ កោកាលិកភិក្ខុ ក៏ធ្វើ​មរណកាល ដោយជម្ងឺនោះទៅ។ លុះ​កោកាលិក​ភិក្ខុ ធ្វើមរណកាលហើយ ទៅ​កើត​ក្នុង​បទុមនរក ព្រោះតែចងចិត្តអាឃាត ក្នុង​ព្រះសារីបុត្ត និងព្រះមោគ្គល្លាន។

[៨០] លំដាប់នោះ លុះវេលារាត្រីបឋមយាម កន្លងទៅហើយ សហម្បតិព្រហ្ម មានរស្មីល្អ ញុំាងវត្តជេតពនទាំងមូល ឲ្យភ្លឺស្វាង ចូលទៅគាល់ព្រះមានព្រះភាគ លុះ​ចូល​ទៅ​ដល់​ហើយ ថ្វាយ​បង្គំព្រះមានព្រះភាគ ហើយឈរនៅក្នុងទីដ៏សមគួរ។ លុះ​សហម្បតិ​ព្រហ្ម ឈរ​នៅ​​ក្នុង​ទីដ៏​សមគួរ​ហើយ បានក្រាបទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន កោកាលិក​ភិក្ខុ ធ្វើមរណកាលហើយ បពិត្រព្រះអង្គដ៏ចំរើន កោកាលិកភិក្ខុ លុះធ្វើ​មរណកាលហើយ ក៏ទៅ​កើត​ក្នុងបទុមនរក ព្រោះតែចងចិត្តអាឃាត ក្នុងព្រះសារីបុត្ត និង​ព្រះមោគ្គល្លាន។ សហម្បតិ​ព្រហ្ម បានពោលពាក្យនេះ លុះ​ពោល​ពាក្យ​នេះ​ហើយ ក៏​ថ្វាយ​បង្គំ​​ព្រះមានព្រះភាគ ធ្វើ​ប្រទក្សិណ រួចបាត់អំពីទីនោះ។

[៨១] លុះកន្លងរាត្រីនោះទៅ ព្រះមានព្រះភាគត្រាស់ហៅភិក្ខុ​ទាំង​ឡាយ​ថា ម្នាល​ភិក្ខុ​ទាំង​ឡាយ កាលវេលារាត្រីបឋមយាមកន្លងទៅហើយ ក្នុងរាត្រីនេះ សហម្បតិ​ព្រហ្ម មាន​រស្មី​ដ៏ល្អ ញុំាងវត្តជេតពនទាំងមូល ឲ្យភ្លឺស្វាង ចូលមករកតថាគត លុះចូលមកដល់ ថ្វាយ​បង្គំ​តថាគត ហើយឈរនៅក្នុងទីដ៏សមគួរ ម្នាលភិក្ខុទាំងឡាយ លុះសហម្បតិព្រហ្ម ឈរនៅ​ក្នុង​ទី​ដ៏សមគួរហើយ ទើបនិយាយពាក្យនេះ នឹងតថាគតថា បពិត្រព្រះអង្គដ៏ចំរើន កោកាលិក​​ភិក្ខុ ធ្វើមរណកាលហើយ បពិត្រព្រះអង្គដ៏ចំរើន កោកាលិកភិក្ខុ លុះ​ធ្វើ​មរណកាល​ហើយ ក៏ទៅ​កើត​ក្នុងបទុមនរក ព្រោះតែចងចិត្តអាឃាត ក្នុងព្រះសារីបុត្ត និង​ព្រះមោគ្គល្លាន ម្នាលភិក្ខុ​ទាំងឡាយ សហម្បតិព្រហ្ម បានពោលពាក្យនេះ លុះ​ពោល​ពាក្យ​នេះ​ហើយ ក៏ថ្វាយ​បង្គំ​តថាគត ធ្វើប្រទក្សិណ រួចក៏បាត់អំពីទីនោះទៅ។

[៨២] កាលព្រះមានព្រះភាគ ត្រាស់យ៉ាងនេះហើយ ភិក្ខុ​មួយ​រូប បាន​ក្រាប​ទូល​ព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ប្រមាណអាយុក្នុងបទុមនរក តើយូរ​ប៉ុន្មាន។ ម្នាលភិក្ខុ ប្រមាណអាយុក្នុង បទុមនរក យូរពន់ពេក ប្រមាណអាយុ ក្នុង​បទុមនរក​នោះ មិនអាចរាប់បានដោយងាយថា ប៉ុណ្ណេះឆ្នាំ ប៉ុណ្ណោះរយឆ្នាំ ប៉ុណ្ណោះ​ពាន់​ឆ្នាំ ឬប៉ុណ្ណោះ​សែនឆ្នាំ​បានទេ។ បពិត្រព្រះអង្គដ៏ចំរើន ចុះ​អាច​ធ្វើ​ឧបមា​បានឬទេ។

[៨៣] ព្រះមានព្រះភាគ ទ្រង់មានព្រះបន្ទូលថា ម្នាលភិក្ខុ តថាគត​អាច​ធ្វើ​បាន ហើយ​ទ្រង់​ត្រាស់​ថា ម្នាលភិក្ខុ ដូចជារទេះផ្ទុកគ្រាប់ល្ង របស់អ្នកដែនកោសល ដែលមានចំណុះ ២០ខារិ [អដ្ឋកថា ថា ៤បត្ថៈ (នាលិ) នៃអ្នកដែនមគធៈ ជា ១បត្ថៈ របស់អ្នកដែនកោសល, ៤បត្ថៈ​នោះ ជា ១អាឡ្ហកៈ ៤អាឡ្ហកៈ ជា ១ទោណៈ, ៤ទោណៈ ជា១មានិកា, ៤មានិកា ទើបត្រូវជា១ខារិ គឺ១អំរែក។] លុះដល់កន្លងទៅមួយរយឆ្នាំៗ បុរសចាប់​យក​គ្រាប់ល្ង​មួយ​គ្រាប់ៗ អំពីរទេះនោះ ម្នាលភិក្ខុ រទេះ​ល្ង​របស់​អ្នក​ដែន​កោសល ដែលមានចំណុះ ២០ខារិនោះ អស់រលីង ឥត​សេសសល់ ដោយលំដាប់ នេះឆាប់ជាង នៅមិនទាន់​ដល់នរក​ឈ្មោះ អព្វុទៈ មួយទេ ម្នាលភិក្ខុ ២០អព្វុទនរក ស្មើនឹង និរព្វុទនរក មួយ ម្នាលភិក្ខុ ២០និរព្វុទនរក ស្មើនឹង អពពនរក មួយ ម្នាលភិក្ខុ ២០អពពនរក ស្មើនឹង អដដនរក មួយ ម្នាលភិក្ខុ ២០អដដនរក ស្មើនឹង អហហនរក មួយ ម្នាលភិក្ខុ ២០អហហនរក ស្មើនឹង កុមុទនរក មួយ ម្នាលភិក្ខុ ២០កុមុទនរក ស្មើនឹង សោគន្ធិកនរក មួយ ម្នាលភិក្ខុ ២០សោគន្ធិកនរក ស្មើនឹង ឧប្បលកនរក មួយ ម្នាលភិក្ខុ ២០ឧប្បលកនរក ស្មើនឹង បុណ្ឌរីកនរក មួយ ម្នាលភិក្ខុ ២០បុណ្ឌរីកនរក ទើបស្មើនឹង បទុមនរក មួយ ម្នាលភិក្ខុ ចំណែកកោកាលិកភិក្ខុ ទៅកើតក្នុងនរក ឈ្មោះ បទុមៈ ព្រោះតែចងចិត្តអាឃាត ក្នុង​សារីបុត្ត និងមោគ្គល្លាន។

[៨៤] ព្រះមានព្រះភាគ បានត្រាស់សូត្រនេះហើយ លុះ​ព្រះសុគត​ជា​សាស្តា ទ្រង់​ត្រាស់​សូត្រ​នេះរួចហើយ ទើបត្រាស់ពាក្យនេះ តទៅទៀតថា

បុគ្គលពាល ពោលទុព្ភាសិត កាត់បង់ខ្លួន ដោយវាចាណា វាចានោះ ដូចជា​ផ្លែដឹង កើត​ក្នុង​មាត់​បុរស ដែលកើតហើយ អ្នកណាសរសើរបុគ្គល ដែលគួរនិន្ទា ឬនិន្ទា​បុគ្គល​ដែល​គួរ​សរសើរ អ្នកនោះឈ្មោះថា សន្សំទោសដោយមាត់ រមែង​មិន​បាន​សុខ​ព្រោះ​ទោស​នោះ ការចាញ់ធន ព្រមទាំងទ្រព្យគ្រប់ចំពូក ព្រមទាំងខ្លួន ទៅ​លើ​ល្បែង​ភ្នាល់​ទាំងឡាយ ទោស​នេះ ជាទោសមានប្រមាណតិចទេ បុគ្គលដែលញុំាងចិត្តឲ្យប្រទូស្ត ក្នុងបុគ្គល​ទាំង​ឡាយ ដែលមាន​គតិល្អ ទោសនេះឯង ទើបជាទោសធំជាង។ បុគ្គល​តំកល់​វាចា និង​ចិត្ត​អាក្រក់ ជាអ្នក​តិះដៀល​ព្រះអរិយៈ​ទាំងឡាយ ទៅ​កើត​ក្នុង​នរក​ណា នរកនោះ មាន​អាយុចំនួន​មួយសែន និង​សាមសិបប្រាំមួយនិរព្វុទៈ និងប្រាំអព្វុទៈ។

ចប់ អាយាចនវគ្គ។

ឧទ្ទាននៃអាយាចនវគ្គនោះ គឺ

អាយាចនសូត្រ ១ គារវសូត្រ ១ ព្រហ្មទេវសូត្រ ១ ពកព្រហ្មសូត្រ ១ អបរាទិដ្ឋិសូត្រ ១ បមាទសូត្រ ១ បឋមកោកាលិកសូត្រ ១ តិស្សកសូត្រ ១ តុទុព្រហ្មសូត្រ ១ ទុតិយកោកាលិកសូត្រដទៃទៀត ១។

ព្រហ្មបញ្ចកៈ

សនង្កុមារសូត្រ ទី១

[៨៥] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់​គង់​នៅ​ក្បែរ​ឆ្នេរស្ទឹង ឈ្មោះ​សប្បិនី ទៀប​ក្រុង​រាជគ្រឹះ។ លំដាប់នោះឯង កាលវេលារាត្រី​បឋម​យាម​កន្លង​ទៅហើយ ព្រហ្មឈ្មោះ សនង្កុមារ មានរស្មីដ៏ល្អ ញុំាងឆ្នេរស្ទឹងសប្បិនីទាំងមូល ឲ្យភ្លឺស្វាង រួចចូល​ទៅ​គាល់​ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏​ថ្វាយ​បង្គំ​ព្រះមានព្រះភាគ ហើយ​ឈរក្នុង​ទីសមគួរ។

[៨៦] លុះសនង្កុមារព្រហ្ម ឈរនៅក្នុងទីដ៏សមគួរហើយ បាន​ពោលគាថា​នេះ ក្នុង​សំណាក់​​ព្រះមានព្រះភាគ​ថា

ពួកជនដែលអាស្រ័យនូវគោត្រ មានតែក្សត្រិយ៍ប្រសើរបំផុតក្នុងប្រជុំជន ចំណែក​ខីណាសវ​​ព្រាហ្មណ៍ អ្នកបរិបូណ៌ដោយវិជ្ជា និងចរណៈ ប្រសើរបំផុតក្នុងពួកទេវតា និង​មនុស្ស។

[៨៧] លុះសនង្កុមារព្រហ្ម បានពោលគាថានេះហើយ ព្រះសាស្តា​ទ្រង់ពេញ​ព្រះហឫទ័យ។ លំដាប់នោះឯង សនង្កុមារព្រហ្មដឹងថា ព្រះសាស្តារបស់អាត្មាអញ ទ្រង់​ពេញ​​ព្រះហឫទ័យ ក៏ថ្វាយបង្គំព្រះមានព្រះភាគ ធ្វើប្រទក្សិណ ហើយ​​ក៏​​បាត់​​អំពី​​ទីនោះ​​ទៅ។

ទេវទត្តសូត្រ ទី២

[៨៨] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ កាលដែលទេវទត្ត ចៀស​ចេញ​ទៅ​មិនយូរ​ប៉ុន្មាន ព្រះមានព្រះភាគ ទ្រង់គង់នៅលើភ្នំគិជ្ឈកូដ ទៀបក្រុងរាជគ្រឹះ។ លំដាប់នោះឯង កាល​វេលា​រាត្រីបឋមយាមកន្លងទៅហើយ សហម្បតិព្រហ្ម មានរស្មីដ៏ល្អ ញុំាង​ភ្នំគិជ្ឈកូដ​ទាំងមូល ឲ្យភ្លឺស្វាង ក៏ចូលទៅគាល់ព្រះមានព្រះភាគ លុះ​ចូល​ទៅ​ដល់​ហើយ ក៏ថ្វាយ​​បង្គំ​ព្រះមានព្រះភាគ ហើយឈរនៅក្នុងទីសមគួរ។

[៨៩] លុះសហម្បតិព្រហ្ម ឈរក្នុងទីដ៏សមគួរហើយ បាន​ពោល​គាថា​នេះ ក្នុង​សំណាក់​ព្រះមានព្រះភាគ ប្រារព្ធ​នឹង​ទេវទត្តថា

ផ្លែចេក សម្លាប់ដើមចេក ផ្លែឫស្សី សម្លាប់ដើមឫស្សី ផ្លែបបុស សម្លាប់​ដើម​បបុស គ្រឿង​សក្ការៈ សម្លាប់បុរសខូច ដូចជាគភ៌ សម្លាប់មេសេះអស្សតរ។

អន្ធកវិន្ទសូត្រ ទី៣

[៩០] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងស្រុក អន្ធកវិន្ទៈ ក្នុង​ដែន​មគធៈ។ សម័យនោះឯង ព្រះមានព្រះភាគ គង់ក្នុងទីវាល ក្នុងវេលារាត្រីងងឹតអ័ព្ទ។ ភ្លៀង​ក៏ធ្លាក់​ស្រិបៗ។ គ្រានោះ លុះវេលារាត្រីបឋមយាម កន្លងទៅហើយ សហម្បតិព្រហ្ម មានរស្មី​ដ៏ល្អ ញុំាង​ស្រុកអន្ធកវិន្ទៈទាំងមូល ឲ្យភ្លឺស្វាង រួចចូលទៅគាល់ព្រះមានព្រះភាគ លុះចូល​ទៅដល់ ថ្វាយបង្គំព្រះមានព្រះភាគ ហើយឈរក្នុងទីសមគួរ។

[៩១] លុះសហម្បតិព្រហ្ម ឈរក្នុងទីសមគួរហើយ ក៏បានពោលគាថាទាំងឡាយនេះ ក្នុង​សំណាក់ព្រះមានព្រះភាគថា

ភិក្ខុគួរសេពសេនាសនៈស្ងាត់ គួរប្រព្រឹត្តឲ្យរួចស្រឡះ ចាកសំយោជនៈ បើមិន​បាន​សេចក្តី​ត្រេកអរ ក្នុងសេនាសនៈនោះទេ ក៏គួរនៅក្នុងពួកចុះ តែថា ត្រូវរក្សាខ្លួន ត្រូវ​មាន​ស្មារតី ភិក្ខុកាល​ត្រាច់ទៅបិណ្ឌបាត អំពីត្រកូលមួយ ទៅត្រកូលមួយ ត្រូវរក្សាឥន្ទ្រិយ ត្រូវមាន​ប្រាជ្ញា មាន​ស្មារតី ហើយគួរសេពសេនាសនៈស្ងាត់ ក្នុងទីណាមានពួកពស់តូច ពស់ធំ ជា​សត្វទីឃជាតិ ដែលគួរខ្លាច ផ្លេកបន្ទោរកំពុងតែឆ្វៀលឆ្វាត់ មេឃកំពុងតែគ្រហឹម ក្នុងរាត្រី​ដែល​ងងឹតអ័ព្ទ ភិក្ខុអ្នករួចស្រឡះចាកភ័យ ចុះចិត្តស៊ប់ក្នុងព្រះនិព្វាន ដែល​ឥត​ភ័យ ក៏អស់​ព្រឺព្រួច​រោមហើយ អង្គុយក្នុងទីទាំងនោះបាន មួយទៀត ហេតុនេះ ខ្ញុំឃើញច្បាស់ហើយ ខ្ញុំមិន​មែន​និយាយ​ផ្តេសផ្តាសទេ ក្នុងព្រហ្មចរិយៈ គឺធម្មទេសនាម្តង បានពួកលោក ដែល​លះបង់ នូវមច្ចុ​បានមួយពាន់ បានពួកលោកជាសេក្ខៈជាងប្រាំរយ ក៏មាន រយដប់ក៏មាន លោកទាំងអស់នោះ បានដល់នូវខ្សែអរិយមគ្គហើយ មិន​ទៅ​កើត​ជា​សត្វ​តិរច្ឆាន​ទេ មួយ​ទៀត ចិត្តខ្ញុំគិតថា ពួកសត្វ​ក្រៅ​ពីសេក្ខៈនេះ សុទ្ធ​តែ​ជា​អ្នក​បាន​ចំណែក​បុណ្យ តែខ្ញុំមិន​អាច​នឹងរាប់បាន ព្រោះខ្លាច​មុសាវាទ។

អរុណវតីសូត្រ ទី៤

[៩២] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅទៀបក្រុងសាវត្ថី។បេ។ ក្នុង​ទីនោះ​ឯង ព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ។ ភិក្ខុទាំងនោះ ក៏​ទទួល​ព្រះពុទ្ធដីកាព្រះមានព្រះភាគថា សូមទ្រង់ព្រះមេត្តាប្រោស។

[៩៣] ព្រះមានព្រះភាគ ត្រាស់យ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ កាល​ពី​ព្រេងនាយ​មក មាន​ព្រះរាជា ឈ្មោះ អរុណវន្ត ។ ម្នាលភិក្ខុទាំងឡាយ ក៏ព្រះរាជាអរុណវន្ត មាន​រាជធានី​ឈ្មោះ អរុណវតី ។ ម្នាលភិក្ខុទាំងឡាយ កាលនោះ ព្រះមានព្រះភាគ អរហន្ត សម្មាសម្ពុទ្ធ ទ្រង់​ព្រះនាមសិខី បានគង់អាស្រ័យនូវអរុណវតីរាជធានី។ ម្នាល​ភិក្ខុ​ទាំងឡាយ សាវ័ក​មួយគូ ឈ្មោះ អភិភូ និង សម្ភវៈ ជាគូដ៏ប្រសើរ ជាគូដ៏ចំរើន របស់​ព្រះសិខីមានព្រះភាគ អរហន្ត សម្មាសម្ពុទ្ធ។

[៩៤] ម្នាលភិក្ខុទាំងឡាយ ក្នុងកាលនោះ ព្រះសិខីមានព្រះភាគ អរហន្ត សម្មាសម្ពុទ្ធ បានត្រាស់​ហៅភិក្ខុឈ្មោះ អភិភូ​ថា ម្នាលព្រាហ្មណ៍ មក យើងនឹង​ចូលទៅ​កាន់​ព្រហ្មលោក​​ណាមួយ ទំរាំដល់ពេលភត្ត។ ម្នាលភិក្ខុទាំងឡាយ អភិភូភិក្ខុ ទទួល​ព្រះពុទ្ធដីកា​ព្រះសិខី​មាន​ព្រះភាគ អរហន្ត សម្មាសម្ពុទ្ធថា ព្រះករុណា ព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ ក្នុងកាលនោះ ព្រះសិខីមានព្រះភាគ អរហន្ត សម្មាសម្ពុទ្ធ និង​អភិភូភិក្ខុ ក៏បាត់អំពីអរុណវតីរាជធានី ទៅប្រាកដក្នុងព្រហ្មលោកនោះ ដូច​ជា​បុរស​មាន​កម្លាំង លាចេញនូវដៃ ដែលបត់ចូល ឬបត់​ចូល​នូវដៃ ដែល​លាចេញ។ ម្នាលភិក្ខុ​ទាំងឡាយ ក្នុងលំដាប់នោះ ព្រះសិខីមានព្រះភាគ អរហន្ត សម្មាសម្ពុទ្ធ ត្រាស់​នឹង​អភិភូភិក្ខុថា ម្នាលព្រាហ្មណ៍ អ្នកចូរសំដែងនូវធម្មីកថា ដល់ព្រហ្មផង ដល់បរិស័ទ​របស់​ព្រហ្មផង ដល់អ្នកបំរើរបស់ព្រហ្មផង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុឈ្មោះ អភិភូ ទទួល​ព្រះពុទ្ធដីកាព្រះសិខីមានព្រះភាគ អរហន្ត សម្មាសម្ពុទ្ធថា ព្រះករុណា ព្រះអង្គ ហើយ​ញុំាង​ព្រហ្មផង ញុំាងបរិស័ទរបស់ព្រហ្មផង ញុំាងអ្នកបំរើរបស់ព្រហ្មផង ឲ្យឃើញច្បាស់ ឲ្យកាន់យក ឲ្យអាចហ៊ាន ឲ្យរីករាយ ដោយធម្មីកថា។

[៩៥] ម្នាលភិក្ខុទាំងឡាយ បានឮមក ក្នុងរឿងនោះថា ព្រហ្ម និងបរិស័ទរបស់ព្រហ្ម និងអ្នកបំរើរបស់ព្រហ្ម ពោលទោស តិះដៀល និន្ទាថា អស្ចារ្យណាស់ហ្ន៎ ចំឡែកណាស់ហ្ន៎ ព្រះសាស្តា គង់នៅក្នុងទីចំពោះមុខ មិនសមបីបើសាវ័ក ហ៊ានសំដែងធម៌សោះ។ ម្នាល​ភិក្ខុទាំងឡាយ លំដាប់នោះឯង ព្រះសិខីមានព្រះភាគ អរហន្ត សម្មាសម្ពុទ្ធ ទ្រង់​ត្រាស់​នឹងអភិភូភិក្ខុថា ម្នាលព្រាហ្មណ៍ ព្រហ្ម និងបរិស័ទរបស់ព្រហ្ម និង​អ្នក​បំរើ​របស់​ព្រហ្ម​ទាំងនោះ ពោលទោសថា អស្ចារ្យណាស់ហ្ន៎ ចំឡែកណាស់ហ្ន៎ ព្រះសាស្តា គង់នៅ​ក្នុងទី​ចំពោះ​មុខ មិនសមបីបើសាវ័ក ហ៊ានសំដែងធម៌សោះ ម្នាលព្រាហ្មណ៍ បើដូច្នោះ អ្នកចូរ​ញុំាងព្រហ្ម និងបរិស័ទរបស់ព្រហ្ម និងអ្នកបំរើរបស់ព្រហ្ម ឲ្យ​សង្វេគ​ក្រៃលែង​ជាង​ប្រមាណ​​ចុះ។ ម្នាលភិក្ខុ​ទាំងឡាយ អភិភូភិក្ខុ ទទួល​ព្រះពុទ្ធដីកា​ព្រះសិខី​មាន​ព្រះភាគ អរហន្ត សម្មាសម្ពុទ្ធ​ថា ព្រះករុណា ព្រះអង្គ ហើយមានកាយប្រាកដ សំដែងធម៌ខ្លះ មានកាយមិនប្រាកដ សំដែង​ធម៌ខ្លះ មាន​កាយ​ពាក់​កណ្តាល​ខាង​ក្រោម​ប្រាកដ តែកាយ​ពាក់​កណ្តាល​ខាងលើ មិនប្រាកដ សំដែង​ធម៌ខ្លះ មានកាយ​ពាក់​កណ្តាល​ខាងលើ​ប្រាកដ តែកាយ​ពាក់កណ្តាល​ខាងក្រោម មិន​ប្រាកដ សំដែងធម៌ខ្លះ។

[៩៦] ម្នាលភិក្ខុទាំងឡាយ បានឮមក ក្នុងរឿងនោះថា ព្រហ្ម និងបរិស័ទរបស់ព្រហ្ម និងអ្នកបំរើរបស់ព្រហ្ម មានសេចក្តីអស្ចារ្យចំឡែក កើតឡើងក្នុងចិត្តថា អស្ចារ្យណាស់ហ្ន៎ ចំឡែកណាស់ហ្ន៎ សមណៈមានឫទ្ធិច្រើន មានអានុភាពច្រើន។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះ អភិភូភិក្ខុ បានក្រាបទូលព្រះសិខីមានព្រះភាគ អរហន្ត សម្មាសម្ពុទ្ធ យ៉ាង​នេះ​ថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ ធ្លាប់ពោលវាចា មានសភាពយ៉ាងនេះ ក្នុងកណ្តាល​ភិក្ខុ​សង្ឃថា ម្នាលអាវុសោទាំងឡាយ ខ្ញុំឋិតនៅក្នុងព្រហ្មលោក អាច​ញុំាង​លោកធាតុ ទាំង​មួយពាន់ ឲ្យដឹងច្បាស់ ដោយសំឡេងបាន។ ម្នាលព្រាហ្មណ៍ កាលនេះគួរហើយ ម្នាល​ព្រាហ្មណ៍ កាលនេះគួរហើយ ម្នាលព្រាហ្មណ៍ អ្នក​ឋិត​នៅ​ក្នុង​ព្រហ្មលោក​ហើយ គប្បី​ញុំាង​​លោកធាតុ​​ទាំងមួយពាន់ ឲ្យដឹងច្បាស់ ដោយសំឡេងចុះ។ ម្នាលភិក្ខុទាំងឡាយ អភិភូភិក្ខុ ទទួល​​ព្រះពុទ្ធដីកាព្រះសិខីមានព្រះភាគ អរហន្ត សម្មាសម្ពុទ្ធថា ព្រះករុណា ព្រះអង្គ ហើយ​ឋិត​នៅ​ក្នុង​ព្រហ្មលោក បានពោលគាថា ទាំងនេះថា

អ្នកទាំងឡាយ ចូរប្រារព្ធ ចូរប្រឹងប្រែង ចូរប្រកបព្យាយាម ក្នុងពុទ្ធសាសនា ចូរ​កំចាត់​បង់​សេនានៃមច្ចុ ដូចជាកុញ្ជរ ញាំញីផ្ទះបបុស អ្នកណាមិនប្រហែស ក្នុងធម្មវិន័យនេះ អ្នក​នោះ​​នឹង​លះបង់​នូវ​ជាតិសង្សារ ហើយធ្វើនូវទីបំផុតទុក្ខបាន។

[៩៧] ម្នាលភិក្ខុទាំងឡាយ លំដាប់នោះឯង ព្រះសិខីមានព្រះភាគ អរហន្ត សម្មាសម្ពុទ្ធ និង​អភិភូភិក្ខុ ញុំាងព្រហ្ម និងបរិស័ទរបស់ព្រហ្ម និងអ្នកបំរើរបស់ព្រហ្ម ឲ្យសង្វេគហើយ បាត់​អំពី​ព្រហ្មលោកនោះ មកប្រាកដក្នុងអរុណវតីរាជធានីវិញ ដោយ​ឆាប់​រហ័ស ប្រៀប​ដូច​ជា។បេ។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះ ព្រះសិខីមានព្រះភាគ អរហន្ត សម្មាសម្ពុទ្ធ ត្រាស់ហៅ​ភិក្ខុ​ទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ កាល​ដែល​អភិភូ​ភិក្ខុ ឋិត​នៅ​ក្នុង​ព្រហ្មលោក ពោល​នូវ​គាថា​​ទាំងឡាយ អ្នកទាំងឡាយ បានឮដែរឬ។ បពិត្រ​ព្រះអង្គ​ដ៏​ចំរើន កាលអភិភូភិក្ខុ ឋិតនៅ​ក្នុង​ព្រហ្មលោក ពោលគាថាទាំងឡាយ ពួកយើងខ្ញុំព្រះអង្គ​បាន​ឮដែរ។ ម្នាលភិក្ខុទាំងឡាយ កាលដែល​អភិភូភិក្ខុ ឋិត​នៅ​ក្នុង​ព្រហ្មលោក ពោលនូវ​គាថាទាំងឡាយ អ្នកទាំងឡាយ បានឮ​ពាក្យ​ថាដូចម្តេចខ្លះ។ បពិត្រព្រះអង្គដ៏ចំរើន កាល​ដែលអភិភូភិក្ខុ ឋិតនៅក្នុងព្រហ្មលោក ពោល​គាថាទាំងឡាយ ពួកយើងខ្ញុំព្រះអង្គ បានឮយ៉ាងនេះថា

អ្នកទាំងឡាយ ចូរប្រារព្ធ ចូរប្រឹងប្រែង ចូរប្រកបព្យាយាម ក្នុងពុទ្ធសាសនា ចូរ​កំចាត់​បង់​សេនា​នៃមច្ចុ ដូចជាកុញ្ជរ ញាំញីផ្ទះបបុស អ្នកណាមិនប្រហែស ក្នុងធម្មវិន័យនេះ អ្នក​នោះ នឹងលះបង់នូវជាតិសង្សារ ហើយធ្វើនូវទីបំផុតទុក្ខបាន

បពិត្រព្រះអង្គដ៏ចំរើន កាលដែលអភិភូភិក្ខុ ឋិតនៅក្នុងព្រហ្មលោក ពោល​គាថា​ទាំងឡាយ ពួកយើងខ្ញុំព្រះអង្គ បានឮយ៉ាងនេះឯង។

[៩៨] ម្នាលភិក្ខុទាំងឡាយ ល្អហើយ ល្អហើយ ម្នាលភិក្ខុទាំងឡាយ ពិតជាប្រពៃ​ហើយ កាល​ដែល​អភិភូភិក្ខុ ឋិតនៅក្នុងព្រហ្មលោក ពោលគាថាទាំងឡាយ អ្នក​ទាំង​ឡាយ​បាន​ឮ។ ព្រះមានព្រះភាគ ត្រាស់ព្រះពុទ្ធដីកានេះហើយ ភិក្ខុទាំងនោះ ក៏​មាន​សេចក្តី​ត្រេកអរ រីករាយ ចំពោះ​ភាសិត របស់ព្រះមានព្រះភាគ។

បរិនិព្វានសូត្រ ទី៥

[៩៩] សម័យមួយ ព្រះមានព្រះភាគ គង់នៅក្នុងចន្លោះដើមសាលព្រឹក្សទាំងគូ ក្នុង​សាលវ័ន របស់ពួកមល្លក្សត្រិយ៍ ដែលជាទីបត់ចូលទៅក្នុងក្រុងកុសិនារា ក្នុង​សម័យ​ជាទី​បរិនិព្វាន។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ត្រាស់នឹងភិក្ខុទាំងឡាយថា ម្នាលភិក្ខុ​ទាំងឡាយ ក៏ឥឡូវនេះ តថាគតប្រាប់អ្នកទាំងឡាយថា សង្ខារទាំងឡាយ មាន​សេចក្តី​សាប​សូន្យ​ជាធម្មតា អ្នកទាំងឡាយ ចូរញុំាងកិច្ចទាំងពួង ឲ្យសម្រេច ដោយ​សេចក្តី​មិន​ប្រហែស​ចុះ។ នេះជាបច្ឆិមវាចា របស់ព្រះតថាគត។

[១០០] លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ចូលបឋមជ្ឈាន ចេញអំពីបឋមជ្ឈាន ចូល​​ទុតិយជ្ឈាន ចេញអំពីទុតិយជ្ឈាន ចូលតតិយជ្ឈាន ចេញ​អំពី​តតិយជ្ឈាន ចូល​ចតុត្ថជ្ឈាន ចេញ​​​អំពី​​ចតុត្ថជ្ឈាន ចូលអាកាសានញ្ចាយតនជ្ឈាន ចេញ​អំពី​អាកាសានញ្ចាយតនជ្ឈាន ចូល​​​វិញ្ញាណញ្ចាយតនជ្ឈាន ចេញអំពីវិញ្ញាណញ្ចាយតនជ្ឈាន ចូលអាកិញ្ចញ្ញាយតន​ជ្ឈាន ចេញ​អំពី​អាកិញ្ចញ្ញាយតនជ្ឈាន ចូល​នេវសញ្ញា​នាសញ្ញា​យតនជ្ឈាន ចេញ​អំពី​នេវសញ្ញានាសញ្ញាយតនជ្ឈាន ចូលសញ្ញាវេទយិតនិរោធ ចេញ​អំពី​សញ្ញាវេទយិតនិរោធ ត្រឡប់​​ចូលនេវសញ្ញានាសញ្ញាយតនជ្ឈានវិញ ចេញ​អំពី​នេវសញ្ញា​នាសញ្ញា​យតនជ្ឈាន ចូល​អាកិញ្ចញ្ញាយតនជ្ឈាន ចេញ​អំពី​អាកិញ្ចញ្ញាយតនជ្ឈាន ចូល​វិញ្ញាណញ្ចាយតនជ្ឈាន ចេញ​អំពី​វិញ្ញាណញ្ចាយតនជ្ឈាន ចូលអាកាសានញ្ចាយតនជ្ឈាន ចេញអំពី​អាកាសានញ្ចា​យតនជ្ឈាន ចូល​ចតុត្ថជ្ឈាន ចេញអំពីចតុត្ថជ្ឈាន ចូលតតិយជ្ឈាន ចេញអំពី​តតិយជ្ឈាន ចូលទុតិយជ្ឈាន ចេញអំពីទុតិយជ្ឈាន ចូលបឋមជ្ឈាន ចេញអំពីបឋមជ្ឈាន ចូល​ទុតិយជ្ឈាន ចេញអំពីទុតិយជ្ឈាន ចូលតតិយជ្ឈាន ចេញអំពីតតិយជ្ឈាន ចូលចតុត្ថជ្ឈាន ចេញ​អំពីចតុត្ថជ្ឈាន ព្រះមានព្រះភាគ ទ្រង់បរិនិព្វាន ក្នុងចន្លោះ។

[១០១] កាលព្រះមានព្រះភាគ បរិនិព្វានហើយ សហម្បតិព្រហ្ម ពោលគាថានេះ ដំណាល​គ្នានឹងការបរិនិព្វានថា

ព្រះតថាគត ជាសាស្តា មានគុណប្រាកដ ដូច្នេះ មិនមានបុគ្គលប្រៀបផ្ទឹម​បាន​ក្នុង​លោក ទ្រង់​ដល់នូវកម្លាំង នៃញាណ ត្រាស់ដឹងដោយព្រះអង្គឯង ទ្រង់​បរិនិព្វាន​ហើយ​ក្នុង​លោក​ណា ពួកសត្វទាំងអស់ នឹងដាក់ចុះនូវរាងកាយ ក្នុងលោក (នោះ) មិនខានឡើយ។

[១០២] កាលព្រះមានព្រះភាគ បរិនិព្វានហើយ សក្កៈ ជាធំជាងទេវតា​ទាំង​ឡាយ ពោល​គាថា​នេះ ដំណាលគ្នានឹងការបរិនិព្វានថា

សង្ខារទាំងឡាយ មិនទៀងទេហ្ន៎ មានការកើតឡើង និងការសូន្យទៅវិញ ជា​ធម្មតា លុះ​កើត​ឡើង​ហើយ ក៏រលត់ទៅវិញ ការរម្ងាប់នូវសង្ខារទាំងនោះបាន ទើប​នាំ​មក​នូវ​សេចក្តី​សុខ។

[១០៣] កាលព្រះមានព្រះភាគ បរិនិព្វានហើយ ព្រះអានន្ទមានអាយុ ពោល​គាថា​នេះ ដំណាល​​គ្នានឹង​ការបរិនិព្វានថា

កាលដែលព្រះសម្ពុទ្ធ ប្រកបដោយហេតុដ៏ប្រសើរគ្រប់យ៉ាង ទ្រង់​បរិនិព្វាន​ហើយ សេចក្តី​ខ្លាច​នោះ សេចក្តីព្រឺរោមនោះ ក៏តែងកើតមានប្រាកដ។

[១០៤] កាលព្រះមានព្រះភាគ បរិនិព្វានហើយ ព្រះអនុរុទ្ធ​មាន​អាយុ ក៏​ពោល​គាថា​ទាំង​នេះ ដំណាលគ្នានឹងការបរិនិព្វានថា

ខ្យល់អស្សាសៈ និងបស្សាសៈ របស់ព្រះសម្ពុទ្ធ ដែលមានព្រះហឫទ័យខ្ជាប់ខ្ជួន នឹង​ធឹង មិនមាន​ទេ ព្រះសម្ពុទ្ធ ទ្រង់មិនញាប់ញ័រដោយតណ្ហាទេ ទ្រង់ប្រារព្ធសេចក្តីស្ងប់ គឺ​អនុបាទិសេសនិព្វាន ទ្រង់មានបញ្ញាចក្ខុ បរិនិព្វានហើយ ទ្រង់អត់សង្កត់នូវវេទនា ដោយ​ព្រះហឫទ័យ​មិនបានរួញរា មានព្រះហឫទ័យរួចស្រឡះ ដូចជាប្រទីបរលត់ហើយ។

ចប់ ព្រហ្មបញ្ចកៈ ។

ឧទ្ទាននៃព្រហ្មបញ្ចកៈនោះ គឺ

សនង្កុមារព្រហ្មសូត្រ ១ ទេវទត្តសូត្រ ១ អន្ធកវិន្ទសូត្រ ១ អរុណវតីសូត្រ ១ និង​បរិនិព្វានសូត្រ ១ នេះឈ្មោះថា ព្រហ្មបញ្ចកៈ ដែលព្រះមានព្រះភាគ សំដែងហើយ។

ឧទ្ទាន ក្នុងព្រហ្មសំយុត្តនោះ គឺ

ព្រហ្មាយាចនសូត្រ ១ គាវរសូត្រ ១ ព្រហ្មទេវសូត្រ ១ ពកព្រហ្មសូត្រ ១ ព្រហ្មដទៃទៀត ក្នុងអបរាទិដ្ឋិសូត្រ ១ រឿងព្រហ្មលោកក្នុងបមាទសូត្រ ១ បឋមកោកាលិកសូត្រ ១ អាឡវិកៈ (តិស្សកៈ) សូត្រ ១ តុទុព្រហ្មសូត្រ ១ កោកាលិកភិក្ខុសូត្រ ១ សនង្កុមារសូត្រ ១ ទេវទត្តសូត្រ ១ អន្ធកវិន្ទសូត្រ ១ អរុណវតីសូត្រ ១ បរិនិព្វានសូត្រ ១ ត្រូវជា ១៥ លំដាប់បាលី ដែលមានមក ប្រាកដដូច្នេះឯង។

ចប់ ព្រហ្មសំយុត្ត។

ព្រាហ្មណសំយុត្ត

អរហន្តវគ្គ ទី១

ធនញ្ជានីសូត្រ ទី១

[១០៥] ខ្ញុំបានស្តាប់យ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់​នៅ​ក្នុង​វត្តវេឡុវ័ន ជា​កលន្ទកនិវាបស្ថាន ជិតក្រុងរាជគ្រឹះ។ សម័យនោះឯង នាងព្រាហ្មណីឈ្មោះ ធនញ្ជានី (ជាភរិយា) នៃព្រាហ្មណ៍ម្នាក់ ជាភារទ្វាជគោត្រ នាងជ្រះថ្លាក្រៃពេក ក្នុងព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ។

[១០៦] លំដាប់នោះឯង នាងធនញ្ជានីព្រាហ្មណី កំពុងចាត់​ចែង​ភត្ត ដើម្បី​ព្រាហ្មណ៍​ភារទ្វាជគោត្រ ក៏ភ្លាត់បន្លឺនូវឧទានបីដងថា សូមថ្វាយបង្គំព្រះមានព្រះភាគ អរហន្ត សម្មាសម្ពុទ្ធ​អង្គនោះ សូមថ្វាយបង្គំព្រះមានព្រះភាគ អរហន្ត សម្មាសម្ពុទ្ធ អង្គនោះ។ កាល​បើ​នាងព្រាហ្មណី ពោលយ៉ាងនេះហើយ ព្រាហ្មណ៍ភារទ្វាជគោត្រ និយាយ​នឹង​នាង​ធនញ្ជានី​ព្រាហ្មណី យ៉ាងនេះថា មេចង្រៃនេះ ធ្លាប់តែឯចឹងៗ ហ៊ានពោល​សរសើរ​សមណៈ​ត្រងោល ក្នុងទីផ្តេសផ្តាស នែមេចង្រៃ អញ​នឹង​លើក​នូវវាទៈ [អញ​នឹង​លើក​នូវ​វាទៈ បាន​សេចក្តី​ថា អញនឹងសួរដេញដោល។] ចំពោះគ្រូរបស់ហងឯងនោះ ក្នុងកាល​ឥឡូវ​នេះ។ ម្នាល​ព្រាហ្មណ៍ ក្នុងលោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក មនុស្សលោក ក្នុងពពួកសត្វ ព្រម​ទាំងសមណព្រាហ្មណ៍ និង​មនុស្ស​ជា​សម្មតិទេព និង​មនុស្សដ៏សេស ខ្ញុំមិន​ដែលឃើញ​អ្នកណា អាចលើកនូវវាទៈ ចំពោះ​ព្រះមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធនោះបានទេ ម្នាល​ព្រាហ្មណ៍ តែថាអ្នកចូរទៅចុះ លុះទៅហើយ គង់តែ​នឹងដឹងទេ។

[១០៧] គ្រានោះឯង ព្រាហ្មណ៍ភារទ្វាជគោត្រ ខឹងអន់ចិត្ត ចូលទៅរក​​ព្រះមានព្រះភាគ លុះ​ចូលទៅដល់ហើយ ធ្វើសេចក្តីរីករាយ ជាមួយនឹងព្រះមានព្រះភាគ លុះបញ្ចប់​ពាក្យ​ដែល​គួរ​រីករាយ និងពាក្យដែលគួររឭកហើយ ក៏អង្គុយនៅក្នុងទីសមគួរ។ លុះ​ព្រាហ្មណ៍​ភារទ្វាជគោត្រ អង្គុយក្នុងទីសមគួរហើយ បានពោលនឹងព្រះមានព្រះភាគ ដោយគាថា ថា

បុគ្គលកាត់បង់នូវអ្វី ទើបដេកជាសុខ បុគ្គលកាត់បង់នូវអ្វី ទើប​មិន​សោកសៅ បពិត្រ​ព្រះគោតម ព្រះអង្គពេញព្រះហ្ឫទ័យនឹងសម្លាប់ធម៌ណា ដែលជាធម៌ឯក។

[១០៨] ព្រះមានព្រះភាគត្រាស់ថា បុគ្គលកាត់បង់នូវសេចក្តីក្រោធ ទើប​ដេក​ជាសុខ បុគ្គល​កាត់បង់នូវសេចក្តីក្រោធ ទើបមិនសោកសៅ ម្នាលព្រាហ្មណ៍ ពួកព្រះអរិយៈ តែង​សរសើរ​នូវការសម្លាប់សេចក្តីក្រោធ ដែលមានឫសជាពិស មានចុងដ៏ផ្អែម ព្រោះថា បុគ្គល​កាត់បង់​នូវសេចក្តីក្រោធនោះបានហើយ ទើបមិនសោកសៅ។

[១០៩] កាលដែលព្រះមានព្រះភាគ ត្រាស់យ៉ាងនេះហើយ ព្រាហ្មណ៍​ភារទ្វាជគោត្រ បាន​ទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះគោតមដ៏ចំរើន ច្បាស់ណាស់ បពិត្រ​ព្រះគោតម​ដ៏ចំរើន ច្បាស់ណាស់ បពិត្រព្រះគោតមដ៏ចំរើន ដូចជាបុគ្គលផ្ងារ នូវរបស់​ដែល​ផ្កាប់ បើកបង្ហាញ នូវរបស់ដែលកំបាំង ឬចង្អុលបង្ហាញផ្លូវ ដល់មនុស្សវង្វេង ឬក៏ទ្រោលប្រទីប ក្នុង​ទីងងឹត ដោយគិតថា ពួកមនុស្សមានចក្ខុ នឹងឃើញ​រូប​ទាំងឡាយ​បាន ធម៌ដែល​ព្រះគោតម​ដ៏ចំរើន ប្រកាសហើយ ដោយ​​អនេក​​បរិយាយ ក៏យ៉ាងនោះដែរ ខ្ញុំព្រះអង្គនេះ សូមដល់​នូវ​ព្រះគោតមដ៏ចំរើនផង ព្រះធម៌ផង ព្រះភិក្ខុសង្ឃផង ជាទីពឹង ទីរឭក ខ្ញុំព្រះអង្គ សូមបាន​នូវបព្វជ្ជា សូមបាននូវឧបសម្បទា ក្នុងសំណាក់​ព្រះគោតម​ដ៏ចំរើន។ ព្រាហ្មណ៍ភារទ្វាជគោត្រ ក៏បាន​បព្វជ្ជា និងឧបសម្បទា ក្នុងសំណាក់​ព្រះមានព្រះភាគ។ លុះភារទ្វាជៈមានអាយុ បាន​ឧបសម្បទា មិនយូរប៉ុន្មាន ចៀសចេញ​ទៅតែម្នាក់ឯង ជាអ្នកមិនប្រមាទ មាន​ព្យាយាម​ដុត​កំដៅ​កិលេស មាន​ចិត្ត​បញ្ជូនទៅ​កាន់​ព្រះនិព្វាន កុលបុត្រទាំងឡាយ ចេញចាកផ្ទះ ចូល​ទៅ​កាន់ផ្នួស ដោយ​ប្រពៃ ដើម្បី​ប្រយោជន៍​​ដល់​អនុត្តរធម៌​ណា (ព្រះភារទ្វាជៈនោះ) ក៏បាន​​ធ្វើ​ឲ្យ​ជាក់​ច្បាស់ បានសម្រេច​ដោយ​ប្រាជ្ញា ដ៏ឧត្តម ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន នូវអនុត្តរធម៌នោះ ដែល​​ជាទីបំផុត​នៃព្រហ្មចរិយៈ ហើយ​ដឹង​ច្បាស់​ថា ជាតិអស់ហើយ មគ្គព្រហ្មចរិយៈ បាននៅ​រួចហើយ សោឡសកិច្ច អាត្មាអញ បានធ្វើរួចហើយ មគ្គភាវនាកិច្ចដទៃ ដើម្បី​សោឡសកិច្ច​នេះ​ទៀត មិនមានឡើយ។ បណ្តាព្រះអរហន្តទាំងឡាយ ព្រះភារទ្វាជៈ​មាន​អាយុ ក៏ជា​ព្រះអរហន្ត​​​មួយអង្គដែរ។

អក្កោសកសូត្រ ទី២

[១១០] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តវេឡុវ័ន ជា​កលន្ទក​និវាបស្ថាន ទៀប​ក្រុងរាជគ្រឹះ។ ព្រាហ្មណ៍ឈ្មោះ អក្កោសកភារទ្វាជៈ បានឮដំណឹងថា ព្រាហ្មណ៍​ភារទ្វាជគោត្រ ចេញចាកផ្ទះ ចូលទៅកាន់ផ្នួស ក្នុងសំណាក់ព្រះសមណគោតម ក៏ខឹង អន់ចិត្ត ចូល​ទៅ​រកព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ជេរ​គម្រាម​ព្រះមានព្រះភាគ ដោយ​វាចា​ជា​អសប្បុរស អាក្រក់។

[១១១] កាលបើអក្កោសកភារទ្វាជៈ ពោលយ៉ាងនេះហើយ ព្រះមានព្រះភាគ បាន​ត្រាស់​នឹង​អក្កោសកភារទ្វាជព្រាហ្មណ៍ យ៉ាងនេះថា ម្នាលព្រាហ្មណ៍ អ្នក​សំគាល់​ហេតុនោះ​ដូចម្តេច ពួកមិត្រអាមាត្យ ញាតិសាលោហិត ជាភ្ញៀវ ធ្លាប់​មករក​អ្នកដែរ​ឬ។ បពិត្រ​ព្រះគោតម​ដ៏​ចំរើន ចួន​កាល​ពួក​មិត្តអាមាត្យ ញាតិសាលោហិត ជាភ្ញៀវ ធ្លាប់មករក​ខ្ញុំ​ម្តងៗ​ដែរ។ ម្នាលព្រាហ្មណ៍ អ្នកសំគាល់សេចក្តីនោះដូចម្តេច អ្នកបានរៀប​ខាទនីយ ភោជនីយាហារ និង​សាយនីយាហារ ទទួលពួកភ្ញៀវទាំងនោះដែរឬ។ បពិត្រ​ព្រះគោតម​ដ៏​ចំរើន ចួនកាលខ្ញុំបាន​រៀប​ខាទនីយ​ភោជនីយាហារ និង​សាយនីយាហារ ទទួលពួក​ភ្ញៀវ​ទាំង​នោះដែរ។ ម្នាលព្រាហ្មណ៍ ប្រសិន​បើពួកភ្ញៀវទាំងនោះ មិន​ទទួល​យក​ទេ តើវត្ថុនោះ បានទៅអ្នកណាវិញ។ បពិត្រ​ព្រះគោតម​ដ៏ចំរើន ប្រសិន​បើ​ពួក​ភ្ញៀវ​ទាំង​នោះ មិនទទួល​យកទេ វត្ថុនោះ ត្រូវបានមកខ្ញុំវិញ។ ម្នាល​ព្រាហ្មណ៍ ការជេរនុ៎ះ ក៏យ៉ាងនោះដែរ អ្នកឯង​ជេរតថាគត ដែលជាអ្នកមិនជេរ ខឹងនឹងតថាគត ដែល​ជា​អ្នក​មិនខឹង ប្រកួត​ប្រកាន់​នឹងតថាគត ដែលជាអ្នកមិនប្រកួតប្រកាន់ តថាគត មិន​ទទួល​​ការ​ប្រទូស្ត របស់អ្នក​នោះ​ទេ ម្នាលព្រាហ្មណ៍ ការជេរនុ៎ះ ត្រូវបានទៅអ្នកវិញ ម្នាល​ព្រាហ្មណ៍ ការជេរនុ៎ះ ត្រូវបានទៅ​អ្នកវិញ។ ម្នាលព្រាហ្មណ៍ អ្នកណាជេរតបបុគ្គលដែលជេរ ខឹងតប​បុគ្គលដែលខឹង ប្រកួត​ប្រកាន់​តបបុគ្គល ដែលប្រកួតប្រកាន់ ម្នាលព្រាហ្មណ៍ បុគ្គលនេះ តថាគត ឲ្យឈ្មោះថា ស៊ីជាមួយគ្នា ធ្វើតបបុគ្គលដែលធ្វើហើយ តថាគតនោះ មិនបរិភោគ​ជាមួយនឹងអ្នកទេ មិនធ្វើតបអ្នកវិញទេ ម្នាលព្រាហ្មណ៍ ការជេរនុ៎ះ ត្រូវបានទៅអ្នកវិញ ម្នាល​ព្រាហ្មណ៍ ការជេរនុ៎ះ ត្រូវបានទៅអ្នកវិញ។ ព្រាហ្មណ៍ពោលថា បរិស័ទ ព្រមទាំងស្តេច ស្គាល់​ព្រះគោតម​ដ៏ចំរើន យ៉ាងនេះថា ព្រះសមណគោតម ជា​ព្រះអរហន្ត​មែន តែ​ព្រះគោតម​ដ៏ចំរើន នៅតែខឹង។

[១១២] ព្រះមានព្រះភាគត្រាស់ថា បុគ្គលមិនក្រោធ មានខ្លួន​ទូន្មាន​ហើយ រស់​នៅ​សមរម្យ មានចិត្តរួចស្រឡះ ព្រោះយល់ត្រូវ អ្នកស្ងប់រម្ងាប់កិលេស មិនញាប់ញ័រ ដោយ​លោកធម៌ តើមានក្រោធពីណាមក ព្រោះថា អ្នកណា​ក្រោធ​តប​បុគ្គល​ដែល​ក្រោធហើយ អ្នកនោះឯង នឹងមានសេចក្តីអាក្រក់ ព្រោះសេចក្តីក្រោធនោះឯង ឯបុគ្គលមិនក្រោធ​តបនឹង​អ្នកដែល​ក្រោធ រមែងឈ្នះសង្គ្រាម ដែលគេឈ្នះបានដោយក្រ អ្នកណាដឹងថា អ្នកដទៃ​ក្រោធ​នឹង​ខ្លួន ជាអ្នកមានស្មារតីរម្ងាប់សេចក្តីក្រោធបាន អ្នកនោះឈ្មោះថា ប្រព្រឹត្តនូវ​ប្រយោជន៍ ដល់​ជន​ទាំងពីរនាក់ គឺខ្លួន និងអ្នកដទៃ បណ្តាជនទាំង ២នាក់ គឺខ្លួន និង​អ្នកដទៃ ដែលជា​អ្នករក្សា​សេចក្តីសុខ ជនទាំងឡាយណា មិនឈ្លាសក្នុងធម៌ ជនទាំងឡាយនោះ រមែង​សំគាល់​​អ្នកនោះ ថាជាមនុស្សពាល។

[១១៣] កាលព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ អក្កោសក​ភារទ្វាជៈ​ព្រាហ្មណ៍ បាន​ទូល​ព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះគោតមដ៏ចំរើន ច្បាស់ណាស់ បពិត្រ​ព្រះគោតម​ដ៏ចំរើន ច្បាស់ណាស់។បេ។ ខ្ញុំព្រះអង្គនេះ សូមដល់​នូវ​ព្រះគោតម​ដ៏ចំរើន​ផង ព្រះធម៌ផង ព្រះភិក្ខុសង្ឃផង ជាទីពឹង ទីរឭក ខ្ញុំព្រះអង្គ សូមបាននូវបព្វជ្ជា និង​ឧបសម្បទា ក្នុងសំណាក់ព្រះគោតមដ៏ចំរើន។ អក្កោសក​ភារទ្វាជ​ព្រាហ្មណ៍ បានបព្វជ្ជា និង​ឧបសម្បទា ក្នុងសំណាក់ព្រះមានព្រះភាគហើយ។ លុះ​អក្កោសក​ភារទ្វាជៈ​មានអាយុ បាន​ឧបសម្បទា មិនយូរប៉ុន្មាន ចៀសចេញទៅតែម្នាក់ឯង ជាអ្នកមិនប្រមាទ មាន​ព្យាយាម​ដុតកំដៅកិលេស មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន កុលបុត្រទាំងឡាយ ចេញ​ចាកផ្ទះ ចូលទៅកាន់ផ្នួស ដោយប្រពៃ ដើម្បីប្រយោជន៍ ដល់អនុត្តរធម៌ណា លោក​ក៏បាន​ធ្វើឲ្យជាក់ច្បាស់ បានសម្រេចដោយប្រាជ្ញា ដ៏ឧត្តម នៃខ្លួនឯង ក្នុងបច្ចុប្បន្ន នូវ​អនុត្តរធម៌​នោះ ដែលជាទីបំផុត នៃព្រហ្មចរិយៈ ហើយ​ដឹង​ច្បាស់​ថា ជាតិអស់ហើយ មគ្គព្រហ្មចរិយៈ បាន​នៅរួចហើយ សោឡសកិច្ច អាត្មាអញ បានធ្វើហើយ មគ្គភាវនាកិច្ចដទៃ ដើម្បី​សោឡសកិច្ច​នេះទៀត មិនមានឡើយ។ បណ្តាព្រះអរហន្តទាំងឡាយ ព្រះភារទ្វាជៈ​មាន​អាយុ ក៏ជាព្រះអរហន្តមួយអង្គដែរ។

អសុរិន្ទកសូត្រ ទី៣

[១១៤] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តវេឡុវ័ន ជា​កលន្ទក​និវាបស្ថាន ជិត​​ក្រុងរាជគ្រឹះ។ អសុរិន្ទកភារទ្វាជព្រាហ្មណ៍ បានឮដំណឹងថា ព្រាហ្មណ៍ភារទ្វាជគោត្រ ចេញ​ចាកផ្ទះ ចូលទៅកាន់ផ្នួស ក្នុង​សំណាក់​ព្រះសមណ​គោតម​ហើយ ក៏ក្រោធខឹង អន់ចិត្ត ចូលទៅ​រក​ព្រះមានព្រះភាគ លុះចូល​ទៅដល់​ហើយ ក៏ជេរ​គម្រាម​ព្រះមាន​ព្រះភាគ ដោយវាចា​ជា​អសប្បុរស ក៏អាក្រក់។ កាលបើ​អសុរិន្ទក​ព្រាហ្មណ៍ ជេរយ៉ាង​នេះ​ហើយ ព្រះមានព្រះភាគ ក៏នៅ​តែស្ងៀម។ លំដាប់នោះឯង អសុរិន្ទកភារទ្វាជ​ព្រាហ្មណ៍ បាន​ពោល​នឹង​ព្រះមានព្រះភាគ យ៉ាងនេះ​ថា នែសមណៈ យើងឈ្នះ​អ្នកឯង​ហើយ នែសមណៈ យើងឈ្នះ​អ្នកឯងហើយ។

[១១៥] ព្រះមានព្រះភាគត្រាស់ថា បុគ្គលពាល ពោលនូវផរុសវាចា តែង​សំគាល់​ថា ជ័យ​ជំនះ តែថា សេចក្តីអត់ធន់ ជាជ័យជំនះ របស់អ្នកប្រាជ្ញនោះ អ្នកណា​ក្រោធតប​នឹង​បុគ្គល​អ្នក​ក្រោធ អ្នកនោះឯង រមែងមានសេចក្តីអាក្រក់ ព្រោះ​សេចក្តី​ក្រោធ​នោះ បុគ្គល​មិន​ក្រោធ​តបនឹង​បុគ្គល​អ្នកក្រោធ ឈ្មោះថា ឈ្នះសង្គ្រាម​ដែលគេ​ឈ្នះ​បាន​ដោយ​កម្រ អ្នកណាដឹងថា អ្នកដទៃ​ក្រោធ​នឹងខ្លួន ហើយមាន​ស្មារតី​រម្ងាប់​សេចក្តី​ក្រោធបាន អ្នកនោះ​ឈ្មោះថា ប្រព្រឹត្ត​នូវប្រយោជន៍ ដល់ជនទាំង២នាក់ គឺខ្លួន និងអ្នកដទៃ បណ្តាជន​ទាំង ២ នាក់ គឺខ្លួននិងអ្នកដទៃ ដែលជា​អ្នករក្សា​សេចក្តីសុខ ជនទាំងឡាយ ដែលមិន​ឈ្លាសក្នុង​ធម៌ រមែង​សំគាល់អ្នក ដែល​អត់ធន់នោះ ថាជាមនុស្សពាល។

[១១៦] កាលបើព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាង​នេះ​ហើយ អសុរិន្ទក​ភារទ្វាជ​ព្រាហ្មណ៍ បានក្រាបទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រ​ព្រះគោតម​ដ៏ចំរើន ច្បាស់​ណាស់ បពិត្រ​ព្រះគោតមដ៏ចំរើន ច្បាស់ណាស់។បេ។ បានដឹងច្បាស់។ បណ្តា​ព្រះអរហន្ត​ទាំងឡាយ ព្រះភារទ្វាជៈមានអាយុ ក៏ជាព្រះអរហន្តមួយអង្គដែរ។

ពិលង្គិកសូត្រ ទី៤

[១១៧] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តវេឡុវ័ន ជា​កលន្ទក​និវាបស្ថាន ជិត​ក្រុងរាជគ្រឹះ។ ពិលង្គិកភារទ្វាជព្រាហ្មណ៍ បានឮដំណឹងថា ព្រាហ្មណ៍ភារទ្វាជគោត្រ ចេញចាកផ្ទះ ចូលទៅកាន់ផ្នួស ក្នុងសំណាក់ព្រះសមណគោតម ក៏ក្រោធខឹង អន់ចិត្ត ចូលទៅរកព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ឈរស្ងៀម ក្នុងទីសមគួរ។

[១១៨] លំដាប់នោះឯង ព្រះមានព្រះភាគ ទ្រង់ជ្រាបនូវ​សេចក្តី​ត្រិះរិះ ក្នុង​ចិត្តនៃ​ពិលង្គិក​ភារទ្វាជ​ព្រាហ្មណ៍ ដោយព្រះហឫទ័យហើយ ទ្រង់ត្រាស់​​នឹង​ពិលង្គិក​ភារទ្វាជ​ព្រាហ្មណ៍ ដោយ​គាថា ថា

បុគ្គលពាលណា ប្រទូស្តចំពោះជន ដែលមិនបានប្រទូស្ត ជាសត្វដ៏ស្អាត មិនមាន​ទីទួល គឺកិលេស បាបរមែងត្រឡប់មកត្រូវបុគ្គល​ពាលនោះវិញ ដូចជាធូលីដ៏ល្អិត ដែល​គេបាច​ច្រាសខ្យល់។

[១១៩] កាលបើព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ ពិលង្គិក​ភារទ្វាជ​ព្រាហ្មណ៍ បាន​ក្រាបទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះគោតមដ៏ចំរើន ច្បាស់ណាស់ បពិត្រ​​ព្រះគោតមដ៏ចំរើន ច្បាស់ណាស់។បេ។ ខ្ញុំព្រះអង្គនេះ សូមដល់​នូវ​ព្រះគោតម​ដ៏ចំរើន​​ផង ព្រះធម៌ផង ព្រះភិក្ខុសង្ឃផង ជាទីពឹង ទីរឭក ខ្ញុំព្រះអង្គ សូមបាន​នូវបព្វជ្ជា​ក្នុង​សំណាក់​​ព្រះគោតម​ដ៏ចំរើន។បេ។ បានធ្វើឲ្យជាក់ច្បាស់ សម្រេច​ដោយប្រាជ្ញា ដ៏ឧត្តម​នៃខ្លួនឯង ក្នុង​បច្ចុប្បន្ន នូវអនុត្តរធម៌​នោះ ដែលជាទី​បំផុតនៃ​ព្រហ្មចរិយៈ ហើយដឹង​ច្បាស់​ថា ជាតិអស់​ហើយ មគ្គព្រហ្មចរិយៈ បាននៅ​រួចហើយ សោឡសកិច្ច អាត្មាអញ បានធ្វើ​រួច​ហើយ មគ្គភាវនា​កិច្ចដទៃ ដើម្បី​សោឡសកិច្ច​នេះទៀត មិនមានឡើយ។ បណ្តា​ព្រះអរហន្ត​​ទាំងឡាយ ព្រះភារទ្វាជៈ​មានអាយុ ក៏ជាព្រះអរហន្តមួយអង្គដែរ។

អហឹសកសូត្រ ទី៥

[១២០] សាវត្ថីនិទាន។ លំដាប់នោះឯង អហឹសកភារទ្វាជព្រាហ្មណ៍ ចូលទៅ​គាល់​ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹងព្រះមានព្រះភាគ លុះ​បញ្ចប់​ពាក្យដែលគួររីករាយ និងពាក្យដែលគួររឭកហើយ ក៏អង្គុយក្នុងទីសមគួរ។ លុះ​អហឹសក​ភារទ្វាជ​ព្រាហ្មណ៍ អង្គុយក្នុងទីដ៏សមគួរហើយ បានពោលនូវពាក្យនេះ នឹង​ព្រះមានព្រះភាគថា បពិត្រ​ព្រះគោតម​ដ៏ចំរើន ខ្ញុំព្រះអង្គ ឈ្មោះ អហឹសកៈ បពិត្រ​ព្រះគោតមដ៏ចំរើន ខ្ញុំព្រះអង្គ ឈ្មោះអហឹសកៈ។

[១២១] ព្រះអង្គត្រាស់ថា ប្រសិនបើឈ្មោះអ្នកឯង ពិតដូច្នោះមែន អ្នកឯង​គួរជា​អ្នក​មិន​បៀតបៀន ព្រោះថា បុគ្គលណា មិនបៀតបៀន ដោយកាយវាចាចិត្ត បុគ្គលនោះ ទើប​ឈ្មោះ​ថា អហឹសកៈ មួយទៀត បើបុគ្គលណា មិនសម្លាប់សត្វដទៃ បុគ្គលនោះ ឈ្មោះថា អហឹសកៈ។

[១២២] កាលព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ អហឹសកភារទ្វាជ​ព្រាហ្មណ៍ បាន​ពោល​នូវពាក្យនេះ នឹងព្រះមានព្រះភាគថា បពិត្រព្រះគោតមដ៏ចំរើន ច្បាស់ណាស់។បេ។ បានដឹងច្បាស់។ បណ្តាព្រះអរហន្តទាំងឡាយ ព្រះភារទ្វាជៈ​មានអាយុ ក៏ជា​ព្រះអរហន្ត​​មួយអង្គ​ដែរ។

ជដាសូត្រ ទី៦

[១២៣] សាវត្ថីនិទាន។ គ្រានោះឯង ជដាភារទ្វាជព្រាហ្មណ៍ ចូលទៅ​គាល់​ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹងព្រះមានព្រះភាគ លុះ​​បញ្ចប់​ពាក្យដែលគួររីករាយ និងពាក្យដែលគួររឭកហើយ ក៏អង្គុយក្នុងទីសមគួរ។

[១២៤] លុះជដាភារទ្វាជព្រាហ្មណ៍ អង្គុយក្នុងទីសមគួរហើយ បានពោល នឹង​ព្រះមានព្រះភាគ ដោយគាថា ថា

បណ្តាញខាងក្នុងក៏មាន បណ្តាញខាងក្រៅក៏មាន ពួកសត្វតែងចំពាក់ ដោយ​បណ្តាញ បពិត្រ​ព្រះគោតម ព្រោះហេតុនោះ ខ្ញុំព្រះអង្គ សូមសួរនូវសេចក្តីនោះ តើអ្នកណា អាចកាប់ឆ្កា នូវបណ្តាញនេះបាន។

[១២៥] ព្រះអង្គត្រាស់ថា នរជនឃើញភ័យ ក្នុងសំសារវដ្ត ប្រកប​ដោយ​បញ្ញា មាន​ព្យាយាម មានបញ្ញា ជាគ្រឿងរក្សាខ្លួន តាំងនៅក្នុងសីល ហើយចំរើននូវចិត្ត និងបញ្ញា នរជន​នោះ ទើបគួរកាប់ឆ្កា នូវបណ្តាញនេះបាន រាគៈក្តី ទោសៈក្តី អវិជ្ជាក្តី ដែល​ជន​ទាំងឡាយ​ណា ឲ្យ​សាប​រលាប​ទៅហើយ ជនទាំងនោះ មានអាសវៈអស់ហើយ ជា​ព្រះអរហន្ត ជនទាំងនោះ​ឈ្មោះថា បានកាប់ឆ្កា​នូវបណ្តាញបាន នាមក្តី រូបក្តី បដិឃសញ្ញា និងរូបសញ្ញាក្តី រលត់​មិនសល់​ក្នុងទីណា បណ្តាញនុ៎ះ ក៏​ដាច់​សូន្យ​ក្នុងទីនោះ។

[១២៦] កាលព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ ជដាភារទ្វាជ​ព្រាហ្មណ៍ បាន​ពោល​នូវពាក្យនេះ នឹងព្រះមានព្រះភាគថា បពិត្រព្រះគោតមដ៏ចំរើន ច្បាស់ណាស់។បេ។ បណ្តាព្រះអរហន្តទាំងឡាយ ព្រះភារទ្វាជៈមានអាយុ ក៏ជា​ព្រះអរហន្ត​មួយអង្គដែរ។

សុទ្ធិកសូត្រ ទី៧

[១២៧] សាវត្ថីនិទាន។ គ្រានោះឯង សុទ្ធិកភារទ្វាជ​ព្រាហ្មណ៍ ចូលទៅ​គាល់​ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយ​នឹង​ព្រះមានព្រះភាគ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររឭកហើយ ក៏​អង្គុយ​ក្នុងទី​សមគួរ។

[១២៨] លុះសុទ្ធិកភារទ្វាជព្រាហ្មណ៍ អង្គុយក្នុងទីសមគួរហើយ បាន​ពោល​គាថា​នេះ ក្នុង​សំណាក់​ព្រះមានព្រះភាគថា

បុគ្គលដែលឈ្មោះថា ព្រាហ្មណ៍ ពុំទាន់បរិសុទ្ធនៅឡើយទេ លុះតែ​បុគ្គល​ណា​មួយ ក្នុង​លោក ដែលមានសីល ធ្វើនូវតបៈ ប្រកបដោយវិជ្ជា និងចរណៈ បុគ្គលនោះ ទើបឈ្មោះថា បរិសុទ្ធ ពួកសត្វឯទៀត ក្រៅពីនេះ រមែងមិនបរិសុទ្ធឡើយ។

[១២៩] ព្រះអង្គត្រាស់ថា បុគ្គល កាលពោលនូវ​ពាក្យ​ច្រើន តែជាអ្នក​ជ្រោកជ្រាក​សៅហ្មង​ខាងក្នុង អាស្រ័យដោយការកុហក ក៏មិនឈ្មោះថា ព្រាហ្មណ៍ ព្រោះ​ជាតិ​ឡើយ ក្សត្រ ព្រាហ្មណ៍ វេស្សៈ សុទ្ទៈ ចណ្ឌាល អ្នកចោលសំរាម ដែល​មាន​ព្យាយាម​ប្រារព្ធ​ហើយ មាន​ចិត្ត​​បញ្ជូនទៅ កាន់ព្រះនិព្វាន មានសេចក្តីប្រឹងប្រែង​មាំមួន​ជានិច្ច រមែង​ដល់នូវ​សេចក្តី​បរិសុទ្ធិ ដ៏ក្រៃលែង​បាន ម្នាលព្រាហ្មណ៍ អ្នកចូរដឹងយ៉ាងនេះចុះ។

[១៣០] កាលព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ សុទ្ធិកភារទ្វាជ​ព្រាហ្មណ៍ បាន​ពោល​នូវពាក្យនេះ នឹងព្រះមានព្រះភាគថា បពិត្រព្រះគោតមដ៏ចំរើន ច្បាស់ណាស់ បពិត្រ​ព្រះគោតម​ដ៏ចំរើន ច្បាស់ណាស់។បេ។ បណ្តាព្រះអរហន្តទាំងឡាយ ព្រះភារទ្វាជៈ​មានអាយុ ក៏ជាព្រះអរហន្តមួយអង្គដែរ។

អគ្គិកសូត្រ ទី៨

[១៣១] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តវេឡុវ័ន ជា​កលន្ទក​និវាបស្ថាន ទៀប​ក្រុងរាជគ្រឹះ។ សម័យនោះឯង អគ្គិកភារទ្វាជព្រាហ្មណ៍ លាយ​នូវ​បាយាស​ដោយ​សប្បិ ដោយ​បំណងថា អាត្មាអញ នឹងបូជាភ្លើង នឹងបំរើនូវការបូជាភ្លើង។

[១៣២] លំដាប់នោះឯង ព្រះមានព្រះភាគ ទ្រង់ស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុង​បុព្វណ្ហ​សម័យ ស្តេចចូលទៅបិណ្ឌបាត ក្នុងក្រុងរាជគ្រឹះ កាលត្រាច់បិណ្ឌបាត តាមលំដាប់ផ្ទះ ក្នុងក្រុងរាជគ្រឹះហើយ ក៏ចូលទៅកាន់ផ្ទះ របស់អគ្គិកភារទ្វាជ​ព្រាហ្មណ៍ លុះ​ចូលទៅ​ដល់ហើយ ទ្រង់ឈរ​នៅក្នុងទីសមគួរ។

[១៣៣] អគ្គិកភារទ្វាជព្រាហ្មណ៍ បានឃើញព្រះមានព្រះភាគ កំពុងទ្រង់ឈរ ដើម្បី​បិណ្ឌបាត លុះឃើញហើយ បានពោលនឹងព្រះមានព្រះភាគ ដោយគាថា ថា

អ្នកណាបរិបូណ៌ដោយវិជ្ជាបី មានជាតិ (ដ៏បរិសុទ្ធ) ជាអ្នកចេះចាំ​គម្ពីរ​ច្រើន ជាអ្នក​បរិបូណ៌ ដោយវិជ្ជា ចរណៈ អ្នកនោះ ទើបគួរបរិភោគ នូវបាយាសនេះបាន។

[១៣៤] ព្រះអង្គត្រាស់ថា បុគ្គល កាលពោលនូវ​ពាក្យ​ច្រើន តែជា​អ្នក​ជ្រោកជ្រាក​សៅហ្មង ខាងក្នុង ត្រូវសេចក្តីកុហករួបរឹតហើយ មិនឈ្មោះថា ព្រាហ្មណ៍ ព្រោះ​ជាតិ​ឡើយ អ្នក​ណា​ដឹងនូវ​ខន្ធសន្តាន ដែលសត្វធ្លាប់អាស្រ័យនៅពីមុន ឃើញនូវសួគ៌ និងអបាយ មួយទៀត ជាអ្នកដល់​នូវការអស់​ទៅនៃជាតិ ជាអ្នកប្រាជ្ញ ដល់នូវ​ការសម្រេច ព្រោះ​ត្រាស់ដឹង​ បាន​ឈ្មោះ​ថា តេវិជ្ជបុគ្គល ព្រោះវិជ្ជាទាំងបីនុ៎ះ ទាំងបរិបូណ៌ ដោយវិជ្ជាចរណៈ ទើបឈ្មោះថា ព្រាហ្មណ៍ ព្រាហ្មណ៍នោះ គួរបរិភោគ​បាយាស​នេះបាន។

ព្រាហ្មណ៍ក្រាបទូលថា សូមព្រះគោតមដ៏ចំរើន ជាព្រាហ្មណ៍ដ៏ចំរើន បរិភោគចុះ។

[១៣៥] ព្រះអង្គត្រាស់ថា តថាគត មិនគួរបរិភោគភោជន ដែលបានអំពីការ​ពោល​គាថា ដូចជា​ចម្រៀងទេ ម្នាលព្រាហ្មណ៍ ធម៌នេះ មិនមែនជាធម៌ របស់ពួក​បុគ្គល​អ្នក​ឃើញ​ធម៌អាថ៌​ទេ ព្រះពុទ្ធទាំងឡាយ តែងបន្ទោបង់នូវការពោលគាថា ដូចជាចម្រៀង ម្នាល​ព្រាហ្មណ៍ កាលបើ​ធម៌​មានហើយ នេះឯងជាការចិញ្ចឹមជីវិត ចូរអ្នកទំនុក​បម្រុង​ព្រះខីណាស្រព ដែលមាន​គុណ​បរិបូណ៌ អ្នកស្វែងរកនូវគុណដ៏ធំ ជាអ្នក​រម្ងាប់នូវ​សេចក្តី​រពឹស ដោយបាយ និងទឹកដទៃចុះ ព្រោះថា នោះជាខេត្ត របស់​បុគ្គលអ្នក​ប្រាថ្នានូវបុណ្យ។

[១៣៦] កាលដែលព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ អគ្គិកភារទ្វាជ​ព្រាហ្មណ៍ បានក្រាប​បង្គំទូល​ព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះគោតមដ៏ចំរើន ច្បាស់​ពេក​ណាស់ បពិត្រ​ព្រះគោតមដ៏ចំរើន ច្បាស់ពេកណាស់។បេ។ បណ្តា​ព្រះអរហន្ត​ទាំងឡាយ អគ្គិក​ភារទ្វាជៈ​មានអាយុ ក៏ជាព្រះអរហន្តមួយដែរ។

សុន្ទរិកសូត្រ ទី៩

[១៣៧] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅទៀប​ឆ្នេរស្ទឹង​សុន្ទរិកា ក្នុងដែន​កោសល។ សម័យនោះឯង សុន្ទរិកភារទ្វាជព្រាហ្មណ៍ តែងបូជាភ្លើង បំរើនូវការបូជាភ្លើង ទៀបឆ្នេរស្ទឹងសុន្ទរិកា។ លុះសុន្ទរិកភារទ្វាជព្រាហ្មណ៍ បូជាភ្លើង បំរើ​នូវ​ការ​បូជា​ភ្លើង​ហើយ ក៏ក្រោកអំពីអាសនៈ ងាកមើលជុំទិសទាំងបួន គិតថា អ្នកណាហ្ន៎ គួរ​បរិភោគ​នូវ​បាយាស​ ដែលសល់ពីបូជានេះ។

[១៣៨] សុន្ទរិកភារទ្វាជព្រាហ្មណ៍ បានឃើញព្រះមានព្រះភាគ ទ្រង់គង់ទទូរព្រះសិរ ក្រោមម្លប់ឈើមួយ លុះឃើញហើយ ក៏កាន់នូវបាយាស ដែលសល់អំពីការបូជា ដោយ​ដៃ​ឆ្វេង ហើយកាន់នូវកុណ្ឌីទឹក ដោយដៃស្តាំ ចូលទៅរកព្រះមានព្រះភាគ។ លំដាប់​នោះឯង ព្រះមានព្រះភាគ ទ្រង់បើកព្រះសិរ ដោយឮសូរជើង នៃសុន្ទរិកភារទ្វាជព្រាហ្មណ៍។ សុន្ទរិកភារទ្វាជព្រាហ្មណ៍ ក៏ពោលថា លោកដ៏ចំរើននេះ ក្បាលត្រងោល លោកដ៏​ចំរើន​នេះ ក្បាលត្រងោល ដូច្នេះហើយ ចង់ត្រឡប់អំពីទីនោះមកវិញ។ ទើបសុន្ទរិកភារទ្វាជ​ព្រាហ្មណ៍ មានសេចក្តីត្រិះរិះ ដូច្នេះថា ព្រាហ្មណ៍ទាំងឡាយពួកមួយ ក្នុងលោកនេះ មាន​ក្បាលត្រងោលដែរ បើដូច្នោះ មានតែអាត្មាអញ ត្រូវចូលទៅរកលោកដ៏ចម្រើននោះ ហើយ​សួរនូវជាតិវិញ។ លំដាប់នោះឯង សុន្ទរិកភារទ្វាជព្រាហ្មណ៍ ចូលទៅរក​ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ពោលពាក្យនេះ នឹងព្រះមានព្រះភាគថា លោកដ៏ចំរើន ជាជាតិអ្វី។

[១៣៩] ព្រះអង្គត្រាស់ថា ចូរអ្នកកុំសួររកជាតិឡើយ ចូរសួរតែការប្រព្រឹត្តវិញ ភ្លើង​តែង​កើត​អំពីឈើ ឯអ្នកប្រាជ្ញ ទោះបីកើតក្នុងត្រកូលទាប ក៏គង់មានសេចក្តីព្យាយាម ជាបុរស​អាជានេយ្យ ជាអ្នកហាមឃាត់ នូវបាបដោយហិរិ ទូន្មានដោយបរមត្ថសច្ចៈ ប្រកបដោយ​ការ​ទូន្មាន នូវឥន្ទ្រិយ ដល់នូវទីបំផុតនៃចតុវេទ គឺមគ្គ៤ មានព្រហ្មចរិយៈនៅរួចហើយ បុគ្គល​ណា​តាក់តែងនូវយ័ញ្ញ ជនគប្បីហៅបុគ្គលនោះ (ថាជាព្រាហ្មណ៍ដ៏ឧត្តម) បុគ្គល​នោះ រមែងបូជានូវទក្ខិណេយ្យបុគ្គលទាំងឡាយ តាមកាល។

[១៤០] សុន្ទរិកភារទ្វាជព្រាហ្មណ៍ពោលថា វត្ថុនេះ ខ្ញុំបូជាហើយដោយប្រពៃ វត្ថុនេះ ខ្ញុំគំនាប់ហើយដោយប្រពៃ ដោយពិត ខ្ញុំមិនបានឃើញបុគ្គលណា ដែលដល់នូវវេទ ដូចជាព្រះអង្គសោះ ព្រោះថាជនឯទៀត លុះតែមិនឃើញពួកបុគ្គលដូចជាព្រះអង្គ ទើប​បរិភោគ​បាយាស ដែលសល់អំពីការបូជា។ សូមព្រះគោតមដ៏ចំរើន ជាព្រាហ្មណ៍ដ៏ចំរើន បរិភោគចុះ។

[១៤១] ព្រះអង្គត្រាស់ថា តថាគត មិនគួរបរិភោគភោជន ដែលបានអំពីការពោលគាថា ដូចជាចម្រៀងទេ ម្នាលព្រាហ្មណ៍ ធម៌នេះ មិនមែនជាធម៌ របស់ពួកបុគ្គលអ្នកឃើញ​ធម៌អាថ៌​ទេ ព្រះពុទ្ធទាំងឡាយ តែងបន្ទោបង់ នូវការពោលគាថា ដូចជាចម្រៀង ម្នាល​ព្រាហ្មណ៍ កាលបើធម៌មានហើយ នេះឯង ជាការចិញ្ចឹមជីវិត ចូរអ្នកទំនុក​បម្រុង​ព្រះខីណាស្រព ដែលមានគុណបរិបូណ៌ អ្នកស្វែងរកនូវគុណដ៏ធំ អ្នករម្ងាប់​នូវសេចក្តី​រពឹស ដោយបាយ និងទឹកដទៃចុះ ព្រោះថា នោះជាខេត្ត របស់បុគ្គលអ្នកប្រាថ្នានូវបុណ្យ។

[១៤២] បពិត្រព្រះគោតមដ៏ចំរើន បើដូច្នោះ ខ្ញុំព្រះអង្គ នឹងឲ្យនូវបាយាស ដែលសល់​អំពី​ការបូជានេះ ដល់អ្នកណា។ ម្នាលព្រាហ្មណ៍ ក្នុងលោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ក្នុងពពួកសត្វ ព្រមទាំងសមណព្រាហ្មណ៍ ព្រមទាំងមនុស្សជាសម្មតិទេព និង​មនុស្សដ៏សេស តថាគត មិនឃើញមានបុគ្គលណា ដែលបរិភោគ​បាយាសសល់​អំពីការ​បូជា ហើយគប្បីដល់ នូវការទ្រុឌទ្រោមទៅ ដោយស្រួល ក្រៅពីតថាគត ឬក្រៅពី​សាវ័ក​តថាគត​នោះឡើយ ម្នាលព្រាហ្មណ៍ បើដូច្នោះ អ្នកចូរចាក់ចោល នូវបាយាស ដែលសល់​អំពីការបូជានោះ ក្នុងទីគ្មានស្មៅស្រស់ ឬបាចទៅក្នុងទឹកដែលគ្មានសត្វចុះ។

[១៤៣] លំដាប់នោះឯង សុន្ទរិកភារទ្វាជព្រាហ្មណ៍ ក៏បាចបាយយាស ដែលសល់អំពីការ​បូជា​នោះ ទៅក្នុងទឹកដែលគ្មានសត្វ។ បាយាស ដែលសល់អំពីការបូជានោះ លុះ​ព្រាហ្មណ៍​បានបាចទៅក្នុងទឹកហើយ ក៏ធ្វើសំឡេងឮវិចិដ វិដិចិដ ហុយផ្សែងឡើង ហុយ​ផ្សែង​ថ្គោល។ ដូចជាផាល គេហាលអស់មួយថ្ងៃ ហើយដាក់ទៅក្នុងទឹក ធ្វើនូវ​សំឡេង​ឮវិចិដ វិដិចិដ ហុយផ្សែងឡើង ហុយផ្សែងថ្គោល យ៉ាងណាមិញ បាយាស ដែល​សល់​អំពី​ការ​បូជានោះ ព្រាហ្មណ៍បានបាចទៅក្នុងទឹកហើយ ធ្វើនូវសំឡេងឮវិចិដ វិដិចិដ ហុយ​ផ្សែង​ឡើង ហុយផ្សែងថ្គោល យ៉ាងនោះឯង។ លំដាប់នោះ សុន្ទរិកភារទ្វាជព្រាហ្មណ៍ មាន​សេចក្តីសង្វេគ កើតសេចក្តីព្រឺរោម ក៏ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅ​ដល់​ហើយ ក៏ឋិតនៅក្នុងទីសមគួរ។

[១៤៤] លុះសុន្ទរិកភារទ្វាជព្រាហ្មណ៍ ឋិតក្នុងទីសមគួរហើយ ទើបព្រះមានព្រះភាគ បាន​ត្រាស់​ដោយព្រះគាថាទាំងឡាយថា

ម្នាលព្រាហ្មណ៍ អ្នកកុំដុតឧស សំគាល់ថាបរិសុទ្ធឡើយ ព្រោះថាការដុតនុ៎ះ ជាខាង​ក្រៅ​ទេ បុគ្គលណា ប្រាថ្នានូវសេចក្តីបរិសុទ្ធិខាងក្រៅ អ្នកប្រាជ្ញទាំងឡាយ មិនហៅនូវបុគ្គល​នោះ ថាមានសេចក្តីបរិសុទ្ធិ ព្រោះហេតុនោះឡើយ ម្នាលព្រាហ្មណ៍ តថាគត លះបង់នូវ​ការ​ដុតឧសហើយ ដុតតែភ្លើងខាងក្នុងទេ តថាគត មានភ្លើងរុងរឿងជានិច្ច មានចិត្ត​តាំង​មាំ​ជានិច្ច ជាអរហន្ត ប្រព្រឹត្តនូវព្រហ្មចរិយៈ ម្នាលព្រាហ្មណ៍ មានះរបស់អ្នក ដូចជា​អម្រែក​ដ៏ធ្ងន់ សេចក្តីក្រោធ ដូចជាផ្សែង ពាក្យកុហក ដូចជាផែះ អណ្តាត ដូចជាវែក ហទយវត្ថុ ដូចជាកន្លែងភ្លើង ចិត្តដែលបុគ្គលទូន្មានល្អហើយ ដូចជាភ្លើងរបស់បុរស ពួកបុគ្គល​ដល់​នូវវេទ ងូតក្នុងអន្លង់ណា មិនទទឹកខ្លួនសោះ តែងឆ្លងដល់ត្រើយ គឺព្រះនិព្វាន ម្នាល​ព្រាហ្មណ៍ អន្លង់នោះ គឺធម៌ មានសីលជាកំពង់ មិនល្អក់ ដែលសប្បុរសទាំងឡាយ សរសើរហើយ ថាជារបស់សប្បុរសទាំងឡាយ ម្នាលព្រាហ្មណ៍ សច្ចៈក្តី ធម្មៈក្តី [ធម្មៈ បាន​ដល់ សម្មាទិដ្ឋិ សម្មាសង្កប្បៈ សម្មាវាយាមៈ សម្មាសតិ សម្មាសមាធិ។] សំយមៈក្តី [ការសង្រួម បានដល់ សម្មាកម្មន្តៈ សម្មាអាជីវៈ។] ព្រហ្មចរិយៈក្តី ជាធម្មជាត តាំងនៅជា​កណ្តាល ជាចំណែកដ៏ប្រសើរ ចូរអ្នកធ្វើនូវការនមស្ការ ចំពោះព្រះខីណាស្រព ដែលមាន​ចិត្តស្លូតត្រង់ទាំងឡាយចុះ តថាគត ហៅជននោះ ថាជាអ្នករឭកនូវធម៌ ដូច្នេះឯង។

[១៤៥] កាលព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ សុន្ទរិកភារទ្វាជព្រាហ្មណ៍ បានពោលនូវពាក្យនេះ នឹងព្រះមានព្រះភាគថា បពិត្រព្រះគោតមដ៏ចំរើន ច្បាស់ពេក​ណាស់។បេ។ បណ្តាព្រះអរហន្តទាំងឡាយ ភារទ្វាជៈមានអាយុ ក៏ជាព្រះអរហន្ត​មួយ​រូប​ដែរ។

ពហុធិតិសូត្រ ទី១០

[១៤៦] សម័យមួយ ព្រះមានព្រះភាគ គង់ក្នុងដងព្រៃមួយ ក្នុងដែនកោសល។ ក៏សម័យ​នោះ​ឯង ព្រាហ្មណ៍ម្នាក់ជាភារទ្វាជគោត្រ មានគោចំនួន១៤ បាត់រកមិនទាន់ឃើញ។

[១៤៧] គ្រានោះ ភារទ្វាជគោត្តព្រាហ្មណ៍ ដើររកគោទាំងនោះ ក៏ចូលទៅកាន់ដងព្រៃនោះ លុះចូលទៅដល់ហើយ បានឃើញព្រះមានព្រះភាគ គង់ផ្គត់ព្រះភ្នែន តាំងព្រះកាយត្រង់ តម្កល់ព្រះស្មារតី ឆ្ពោះទៅរកព្រះកម្មដ្ឋាន ក្នុងដងព្រៃនោះ លុះឃើញហើយ ក៏ចូលទៅ​រក​ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ បានពោលនូវគាថាទាំងឡាយនេះ ក្នុងសំណាក់​ព្រះមានព្រះភាគថា

គោទាំង ១៤ ដែលរកមិនឃើញអស់ ៦ថ្ងៃ នឹងថ្ងៃនេះហើយ របស់សមណៈនេះ ប្រហែល​មិនមានទេ ព្រោះហេតុនោះ បានជាសមណៈនេះ នៅជាសុខ ល្ងសូម្បីមានតែស្លឹកមួយ ឬមានស្លឹកពីរដែលខូចក្នុងចម្ការ របស់សមណៈនេះ ប្រហែលមិនមានទេ ព្រោះហេតុនោះ បានជាសមណៈនេះនៅជាសុខ កណ្តុរទាំងឡាយ រាំរែកដោយការលោតលេង ក្នុង​ជង្រុក​ទទេ របស់សមណៈនេះ ប្រហែលមិនមានទេ ព្រោះហេតុនោះ បានជាសមណៈនេះ​នៅជា​សុខ កម្រាលដែលក្រាលចោលប្រាំពីរខែ សឹងដេរដាសដោយបាណកជាតិទាំងឡាយ របស់​សមណៈនេះ ប្រហែលមិនមានទេ ព្រោះហេតុនោះ បានជាសមណៈនេះ នៅជាសុខ កូនប្រុស កូនស្រី ដែលពោះម៉ាយ ឬមេម៉ាយ មានកូនមួយ ឬមានកូនពីរ របស់​សមណៈ​នេះ ប្រហែលមិនមានទេ ព្រោះហេតុនោះ បានជាសមណៈនេះនៅជាសុខ ស្រមោច ដែល​មានខ្លួនសៅហ្មង ដោយប្រជ្រុយ [សត្វបាណកជាតិដែលមានខ្លួនរអុជៗ រទុះៗ។] យកជើងបៀតបៀន នូវសេចក្តីលក់ របស់សមណៈនេះ ប្រហែលមិនមានទេ ព្រោះ​ហេតុនោះ បានជាសមណៈនេះ នៅជាសុខ ម្ចាស់បំណុល របស់សមណៈនេះ មកទារថា អ្នកចូរឲ្យមក ចូរឲ្យមក ដូច្នេះ ក្នុងបច្ចូសសម័យ ប្រហែលមិនមានទេ ព្រោះហេតុនោះ បានជាសមណៈនេះនៅជាសុខ។

[១៤៨] ព្រះអង្គត្រាស់ថា ម្នាលព្រាហ្មណ៍ គោ១៤ ដែលរកមិនឃើញអស់ ៦ថ្ងៃ នឹងថ្ងៃ​នេះ​ហើយ របស់តថាគត មិនមានឡើយ ម្នាលព្រាហ្មណ៍ ព្រោះហេតុនោះ បានជាតថាគត នៅជាសុខ ម្នាលព្រាហ្មណ៍ ល្ងសូម្បីមានតែស្លឹកមួយ ឬមានស្លឹកពីរ ដែលខូចក្នុងចម្ការ របស់​តថាគត មិនមានឡើយ ម្នាលព្រាហ្មណ៍ ព្រោះហេតុនោះ បានជាតថាគត នៅជា​សុខ ម្នាលព្រាហ្មណ៍ កណ្តុរទាំងឡាយ រាំរែកដោយការលោតលេង ក្នុងជង្រុកទទេ របស់​តថាគត មិនមានឡើយ ម្នាលព្រាហ្មណ៍ ព្រោះហេតុនោះ បានជាតថាគត នៅជាសុខ ម្នាលព្រាហ្មណ៍ កម្រាលដែលក្រាលចោល៧ខែ សឹងដេរដាសដោយបាណកជាតិ​ទាំង​ឡាយ របស់តថាគត មិនមានឡើយ ម្នាលព្រាហ្មណ៍ ព្រោះហេតុនោះ បានជាតថាគត នៅជាសុខ ម្នាលព្រាហ្មណ៍ កូនប្រុស កូនស្រី ដែលពោះម៉ាយ ឬមេម៉ាយ មានកូនមួយ ឬមានកូនពីរ របស់តថាគត មិនមានឡើយ ម្នាលព្រាហ្មណ៍ ព្រោះហេតុនោះ បានជា​តថាគត នៅជាសុខ ម្នាលព្រាហ្មណ៍ ស្រមោចដែលមានខ្លួនសៅហ្មង ដោយប្រជ្រុយ យក​ជើង​បៀតបៀននូវសេចក្តីលក់ របស់តថាគត មិនមានឡើយ ម្នាលព្រាហ្មណ៍ ព្រោះ​ហេតុនោះ បានជាតថាគត នៅជាសុខ ម្នាលព្រាហ្មណ៍ ម្ចាស់បំណុលរបស់តថាគត មក​ទារថា អ្នកចូរឲ្យមក ចូរឲ្យមក ដូច្នេះ ក្នុងបច្ចូសសម័យ ក៏មិនមានឡើយ ម្នាលព្រាហ្មណ៍ ព្រោះហេតុនោះ បានជាតថាគត នៅជាសុខ។

[១៤៩] កាលព្រះមានព្រះភាគ ទ្រង់បានត្រាស់យ៉ាងនេះហើយ ភារទ្វាជគោត្តព្រាហ្មណ៍ ក៏បានពោលនូវពាក្យនេះ នឹងព្រះមានព្រះភាគថា បពិត្រព្រះគោតមដ៏ចំរើន ច្បាស់​ពេក​ណាស់ បពិត្រព្រះគោតមដ៏ចំរើន ច្បាស់ពេកណាស់ បពិត្រព្រះគោតមដ៏ចំរើន ធម៌ដែល​ព្រះគោតម​ដ៏ចំរើន ទ្រង់ប្រកាស ដោយអនេកបរិយាយ ដូចជាបុគ្គលធ្វើរបស់ដែលផ្កាប់ ឲ្យផ្ងារ​ឡើង ឬដូចជាបើកបង្ហាញរបស់ដែលបិទបាំង ឬដូចជាគេប្រាប់ផ្លូវ ដល់អ្នក​វង្វេង​ទិស ពុំនោះសោត ដូចជាគេទ្រោលប្រទីប ក្នុងទីងងឹត ដោយគិតថា ពួកមនុស្ស​ដែលមាន​ភ្នែក នឹងមើលឃើញរូបទាំងឡាយបាន ខ្ញុំព្រះអង្គនេះ សូមដល់នូវព្រះគោតមដ៏ចំរើនផង នូវព្រះធម៌ផង នូវព្រះភិក្ខុសង្ឃផង ជាទីពឹង ខ្ញុំព្រះអង្គ សូមបាននូវបព្វជ្ជា សូមបាននូវ​ឧបសម្បទា ក្នុងសំណាក់ព្រះគោតមដ៏ចំរើន។ ភារទ្វាជគោត្តព្រាហ្មណ៍ ក៏បានបព្វជ្ជា បាន​ឧបសម្បទា ក្នុងសំណាក់ព្រះមានព្រះភាគ។ លុះភារទ្វាជៈមានអាយុ បានឧបសម្បទា មិនយូរ​ប៉ុន្មាន ក៏គេចចេញទៅតែម្នាក់ឯង មិនមានសេចក្តីប្រមាទ មានតែព្យាយាម ជា​គ្រឿង​ដុតនូវកិលេស មានខ្លួនបញ្ជូនទៅកាន់ព្រះនិព្វាន កុលបុត្តទាំងឡាយ ចេញចាកផ្ទះ ចូលទៅកាន់ផ្នួស ដោយប្រពៃ ដើម្បីអនុត្តរធម៌ណា ភារទ្វាជៈ មិនយូរប៉ុន្មាន ក៏បាន​ធ្វើឲ្យជាក់ច្បាស់ បានសម្រេចដោយបញ្ញាដ៏ឧត្តម ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន នូវអនុត្តរធម៌​នោះ ដែលជាទីបំផុត នៃព្រហ្មចរិយៈ ហើយដឹងច្បាស់ថា ជាតិអស់ហើយ មគ្គព្រហ្មចរិយៈ អាត្មាអញ បាននៅរួចហើយ កិច្ចដែលគួរធ្វើ អាត្មាអញ ក៏បានធ្វើរួចហើយ កិច្ចឯទៀត​ក្រៅពីនេះ មិនមានឡើយ បណ្តាព្រះអរហន្តទាំងឡាយ ភារទ្វាជៈមានអាយុ ក៏បានជា​ព្រះអរហន្ត​មួយដែរ។

ចប់ អរហន្តវគ្គ ទី១។

បញ្ជីរឿងនៃអរហន្តវគ្គនោះគឺ

ធនញ្ជានីសូត្រ ១ អក្កោសសូត្រ ១ អសុរិន្ទសូត្រ ១ ពិលង្គិកសូត្រ ១ អហឹសកសូត្រ ១ ជដាសូត្រ ១ សុទ្ធិកសូត្រ ១ អគ្គិកសូត្រ ១ សុន្ទរិកសូត្រ ១ ពហុធិតិសូត្រ ១ ត្រូវជា ១០ សូត្រ។

ឧបាសកវគ្គ ទី២

កសិសូត្រ ទី១

[១៥០] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ គង់នៅក្នុង​ព្រាហ្មណ​គ្រាម ឈ្មោះឯកនាលា ក្នុងទក្ខិណាគិរិជនបទ នាដែនមគធៈ។ សម័យនោះឯង កសិភារទ្វាជ​ព្រាហ្មណ៍ បានតាក់តែងនង្គ័លប្រមាណ៥០០ ក្នុងវេលាដែលព្រោះស្រូវ។

[១៥១] លំដាប់នោះឯង ព្រះមានព្រះភាគ ទ្រង់ស្បង់ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហ​សម័យ ហើយស្តេចចូលទៅកាន់ការងារ របស់កសិភារទ្វាជព្រាហ្មណ៍។ សម័យនោះឯង ការអង្គាស (លៀងភ្ញៀវ) របស់កសិភារទ្វាជព្រាហ្មណ៍ កំពុងប្រព្រឹត្តទៅ។ លំដាប់នោះ ព្រះមានព្រះភាគ ស្តេចចូលទៅកាន់ការអង្គាស លុះចូលទៅដល់ហើយ ក៏ប្រថាប់នៅ​ក្នុង​ទី​សមគួរ។ កសិភារទ្វាជព្រាហ្មណ៍ បានឃើញព្រះមានព្រះភាគ ដែលទ្រង់ឈរបិណ្ឌបាត លុះឃើញហើយ ក៏បានពោលនូវពាក្យនេះ នឹងព្រះមានព្រះភាគថា បពិត្រព្រះសមណៈ ខ្ញុំព្រះអង្គភ្ជួរផង ព្រោះផង លុះខ្ញុំព្រះអង្គភ្ជួរហើយ ព្រោះហើយ ទើបបរិភោគ បពិត្រ​ព្រះសមណៈ ចំណែកព្រះអង្គចូរភ្ជួរផង ព្រោះផង លុះភ្ជួរហើយ ព្រោះហើយ ចូរបរិភោគ​ចុះ។ ម្នាលព្រាហ្មណ៍ តថាគតភ្ជួរផង ព្រោះផង លុះតថាគតភ្ជួរហើយ ព្រោះហើយ ទើប​បរិភោគ​ដែរ។ យើងខ្ញុំ មិនឃើញនឹម ឬនង្គ័ល ផាល ឬជន្លួញ ឬគោទាំងឡាយរបស់​ព្រះគោតម​ដ៏ចំរើនទេ តែថាព្រះគោតមដ៏ចំរើន ពោលយ៉ាងនេះថា ម្នាលព្រាហ្មណ៍ តថាគត​ភ្ជួរផង ព្រោះផង លុះតថាគតភ្ជួរហើយ ព្រោះហើយ ទើបបរិភោគដែរ។

[១៥២] លំដាប់នោះ កសិភារទ្វាជព្រាហ្មណ៍ បានពោលនឹងព្រះមានព្រះភាគ ដោយគាថា ថា

ព្រះអង្គប្តេជ្ញាថាជាអ្នកភ្ជួរ តែថា ខ្ញុំព្រះអង្គមិនដែលឃើញនូវការភ្ជួររបស់ព្រះអង្គសោះ ខ្ញុំព្រះអង្គសូមសួរព្រះអង្គជាអ្នកភ្ជួរ សូមប្រាប់មក ធ្វើដូចម្តេច នឹងឲ្យយើងខ្ញុំដឹង នូវការ​ភ្ជួរនោះបាន។

[១៥៣] ព្រះអង្គត្រាស់ថា សទ្ធាជាពូជ តបៈជាភ្លៀង បញ្ញារបស់តថាគតជានឹម និងនង្គ័ល ហិរិជាយាមនង្គ័ល ចិត្តជាខ្សែ សតិរបស់តថាគត ជាផាលនិងជន្លួញ តថាគតគ្រប់​គ្រង​កាយ គ្រប់គ្រងវាចា សង្រួមអាហារ សង្រួមផ្ទៃ តថាគត ធ្វើនូវការជម្រះស្មៅដោយសច្ចៈ សេចក្តីត្រេកអរក្នុងព្រះនិព្វាន ទុកជាការឈប់សម្រាក របស់តថាគត សេចក្តីព្យាយាម របស់តថាគត ដូចជាគោអូសនឹម ជាធម្មជាតនាំមកនូវព្រះនិព្វាន ជាទីក្សេមចាកយោគៈ បុគ្គលទៅក្នុងទីណា មិនសោកសៅ សេចក្តីព្យាយាម រមែងទៅកាន់ទីនោះ ដែលជាទី​មិន​ត្រឡប់មកវិញ ស្រែនុ៎ះ តថាគតបានភ្ជួរយ៉ាងនេះ ស្រែនុ៎ះមានព្រះនិព្វានជាផល បុគ្គល​ភ្ជួរស្រែនុ៎ះហើយ រមែងរួចចាកទុក្ខទាំងពួងបាន។

កសិភារទ្វាជព្រាហ្មណ៍ ក្រាបទូលថា ព្រះគោតមដ៏ចំរើន ជាអ្នកភ្ជួរដ៏ល្អ ចូរបរិភោគចុះ ព្រោះថា ព្រះគោតមដ៏ចំរើន ភ្ជួរនូវស្រែ ដែលមានព្រះនិព្វានជាផល។

[១៥៤] ព្រះអង្គត្រាស់ថា តថាគត មិនគួរបរិភោគភោជន ដែលបានអំពីការពោលគាថា ដូចជាចម្រៀងទេ ម្នាលព្រាហ្មណ៍ នេះជាធម្មតារបស់ពួកបុគ្គល អ្នកឃើញធម៌អាថ៌ ព្រះពុទ្ធ​ទាំងឡាយ តែងបន្ទោបង់នូវការពោលគាថា ដូចជាចម្រៀង ម្នាលព្រាហ្មណ៍ កាល​បើធម៌មានហើយ នេះឯង ការចិញ្ចឹមជីវិត ចូរអ្នកទំនុកបម្រុងព្រះខីណាស្រព ដែលមាន​គុណបរិបូណ៌ ជាអ្នកស្វែងរកនូវគុណដ៏ធំ ជាអ្នករម្ងាប់នូវសេចក្តីរពឹស ដោយបាយ និងទឹក​ទៀតចុះ ព្រោះថា នោះជាខេត្តរបស់បុគ្គលអ្នកប្រាថ្នានូវបុណ្យ។

[១៥៥] កាលព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ កសិភារទ្វាជព្រាហ្មណ៍ បាន​ពោល​ពាក្យនេះ នឹងព្រះមានព្រះភាគថា បពិត្រព្រះគោតមដ៏ចំរើន ច្បាស់ពេកណាស់ បពិត្រព្រះគោតមដ៏ចំរើន ច្បាស់ពេកណាស់។បេ។ ខ្ញុំព្រះអង្គ សូមដល់នូវព្រះរតនត្រ័យ ជាទីពឹងស្មើដោយជីវិត តាំងពីថ្ងៃនេះជាដើមរៀងទៅ។

ឧទយសូត្រ ទី២

[១៥៦] សាវត្ថីនិទាន។ គ្រានោះឯង ព្រះមានព្រះភាគ ទ្រង់ស្បង់ប្រដាប់បាត្រ និងចីវរ ក្នុង​បុព្វណ្ហ​សម័យ ស្តេចចូលទៅកាន់លំនៅរបស់ឧទយព្រាហ្មណ៍។ លំដាប់នោះឯង ឧទយ​ព្រាហ្មណ៍ យកបាយ​ដាក់ពេញបាត្រព្រះមានព្រះភាគ។

[១៥៧] ព្រះមានព្រះភាគ ទ្រង់ស្បង់ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ស្តេចចូល​ទៅ​កាន់​លំនៅរបស់ឧទយព្រាហ្មណ៍ អស់វារៈពីរដង។ ឧទយព្រាហ្មណ៍ ក៏យកបាយ ដាក់​ពេញបាត្រព្រះមានព្រះភាគ ជាគំរប់ពីរដង។

[១៥៨] ព្រះមានព្រះភាគ ទ្រង់ស្បង់ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ស្តេចចូល​ទៅកាន់លំនៅ របស់ឧទយព្រាហ្មណ៍ ជាគំរប់បីដង។ ឧទយព្រាហ្មណ៍ ក៏យកបាយ ដាក់ពេញបាត្រព្រះមានព្រះភាគ ជាគំរប់បីដង ហើយពោលពាក្យនេះ នឹង​ព្រះមានព្រះភាគ​ថា ព្រះសមណគោតមនេះ ជាអ្នកជាប់ចិត្តក្នុងរស ទើបនិមន្តមក​រឿយៗ។

[១៥៩] ភ្លៀងបង្អុរចុះរឿយៗ ជនទាំងឡាយ ក៏ព្រោះពូជរឿយៗ អ្នកភ្ជួររាស់ទាំងឡាយ ភ្ជួររាស់ស្រែរឿយៗ តែងនាំស្រូវទៅកាន់ដែនក៏រឿយៗ ស្មូមទាំងឡាយ សូមរឿយៗ ម្ចាស់ទានទាំងឡាយក៏ឲ្យរឿយៗ លុះម្ចាស់ទានទាំងឡាយ ឲ្យរឿយៗហើយ រមែងទៅ​កាន់​ឋានសួគ៌ក៏រឿយៗ អ្នករូតទឹកដោះគោទាំងឡាយ រូតរឿយៗ កូនគោក៏ចូល​ទៅរក​មេគោ​រឿយៗ អ្នកល្ងង់ខ្លៅលំបាកផង ញាប់ញ័រផងរឿយៗ តែងចូលទៅកាន់គភ៌ក៏រឿយៗ ទាំងកើត​ទាំងស្លាប់ ក៏រឿយៗ គេនាំទៅកាន់ទីស្មសានក៏រឿយៗ ចំណែកអ្នកមានបញ្ញា ដូចជាផែនដី លុះបាននូវមគ្គហើយ មិនកើតក្នុងភពថ្មីទៀតរឿយៗឡើយ។

[១៦០] កាលព្រះមានព្រះភាគ ត្រាស់យ៉ាងនេះហើយ ឧទយព្រាហ្មណ៍ បានពោល​ពាក្យ​នេះ នឹងព្រះមានព្រះភាគថា បពិត្រព្រះគោតមដ៏ចំរើន ច្បាស់ពេកណាស់ បពិត្រ​ព្រះគោតម​ដ៏ចំរើន ច្បាស់ពេកណាស់។បេ។ សូមព្រះគោតមដ៏ចំរើន ចាំទុកនូវខ្ញុំព្រះអង្គ ថាជា​ឧបាសក អ្នកដល់នូវព្រះរតនត្រ័យ ជាទីពឹង ស្មើដោយជីវិត តាំងពីថ្ងៃនេះ​ជាដើម​រៀងទៅ។

ទេវហិតសូត្រ ទី៣

[១៦១] ព្រះសាស្តា ទ្រង់គង់នៅក្នុងវត្តជេតពន ទៀបក្រុងសាវត្ថី… សម័យនោះឯង ព្រះមានព្រះភាគ ទ្រង់មានព្រះអាពាធដោយខ្យល់ ក្នុងព្រះឧទរ។ ព្រះឧបវាណៈ​មាន​អាយុ ជាអ្នកបំរើព្រះមានព្រះភាគ។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅ​ព្រះឧបវាណៈ​មានអាយុមកថា ម្នាលឧបវាណៈ អ្នកចូរដឹងនូវទឹកក្តៅ ដល់តថាគតចុះ។ ព្រះឧបវាណៈមានអាយុ ទទួលព្រះពុទ្ធដីកា នៃព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គ ហើយស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ចូរទៅកាន់លំនៅរបស់ទេវហិតព្រាហ្មណ៍ លុះ​ចូល​ទៅដល់ហើយ ក៏ឈរស្ងៀមក្នុងទីសមគួរ។

[១៦២] ទេវហិតព្រាហ្មណ៍ បានឃើញព្រះឧបវាណៈមានអាយុ ឈរស្ងៀមក្នុងទីសមគួរ លុះឃើញហើយ បានពោលនឹងព្រះឧបវាណៈមានអាយុ ដោយគាថាថា

អ្នកត្រងោលដ៏ចំរើន ឃ្លុំសង្ឃាដី ឈរនៅស្ងៀម ប្រាថ្នាអ្វី ស្វែងរកអ្វី មកដើម្បីសូម​នូវ​អ្វីហ្ន៎។

[១៦៣] ព្រះឧបវាណៈតបថា ព្រះសុគតជាអរហន្ត ជាអ្នកប្រាជ្ញក្នុងលោក ទ្រង់មាន​អាពាធ​ដោយ​ខ្យល់ ក្នុងព្រះឧទរ ម្នាលព្រាហ្មណ៍ បើអ្នកមានទឹកក្តៅ អ្នកចូរថ្វាយ​ដល់​ព្រះពុទ្ធ​ជាអ្នកប្រាជ្ញ (ព្រោះថា) ព្រះមានព្រះភាគ គឺបូជនេយ្យបុគ្គល [បុគ្គលដែលគួរដល់ការបូជា មានអសីតិមហាថេរជាដើម។] ទាំងឡាយ បានបូជាហើយ សក្ការេយ្យបុគ្គល [បុគ្គល​ដែល​គួរដល់សក្ការៈ។] ទាំងឡាយ បានធ្វើសក្ការហើយ អបចិនេយ្យបុគ្គល [បុគ្គលដែល​គួរដល់​ការកោតក្រែង។] ទាំងឡាយ បានកោតក្រែងហើយ អាត្មាប្រាថ្នាដើម្បីនាំទឹកទៅ​ថ្វាយ​ព្រះអង្គ។

[១៦៤] លំដាប់នោះ ទេវហិតព្រាហ្មណ៍ ឲ្យបុរសរែកអម្រែកទឹកក្តៅ និងដុំស្ករអំពៅ ទៅប្រគេនព្រះឧបវាណៈមានអាយុ។ លំដាប់នោះឯង ព្រះឧបវាណៈមានអាយុ ក៏ចូលទៅ​គាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏បានស្រង់ព្រះមានព្រះភាគ ដោយទឹក​ក្តៅ ហើយលាយស្ករអំពៅដោយទឹកក្តៅ ថ្វាយព្រះមានព្រះភាគ។ លំដាប់នោះ អាពាធ​ព្រះមានព្រះភាគនោះ ក៏សះស្បើយទៅ។

[១៦៥] គ្រានោះ ទេវហិតព្រាហ្មណ៍ ចូលទៅរកព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹងព្រះមានព្រះភាគ លុះបញ្ចប់ពាក្យដែលគួររីករាយ និង​ពាក្យ​ដែលគួររឭកហើយ ក៏អង្គុយក្នុងទីសមគួរ។ លុះទេវហិតព្រាហ្មណ៍ អង្គុយក្នុងទី​សមគួរ​ហើយ ក៏បានក្រាបទូលព្រះមានព្រះភាគ ដោយគាថា ថា

បុគ្គលគួរឲ្យទេយ្យធម៌ ចំពោះបុគ្គលណា ទានដែលបុគ្គលឲ្យចំពោះបុគ្គលណា ទើបមាន​ផលច្រើន កាលបុគ្គលបូជាដូចម្តេច ទក្ខិណាទានសម្រេច [ទក្ខិណាទានសម្រេច បាន​សេចក្តី​ថា ទក្ខិណាទាន មានផលច្រើន។ អដ្ឋកថា។] ដូចម្តេច។

[១៦៦] ព្រះអង្គត្រាស់ថា បុគ្គលណា ដឹងនូវបុព្វេនិវាសផង ឃើញនូវសួគ៌ និងអបាយផង មួយទៀត ដល់នូវការអស់ទៅនៃជាតិ ជាអ្នកប្រាជ្ញ សម្រេចហើយ ព្រោះត្រាស់ដឹង បុគ្គល​គួរឲ្យទេយ្យធម៌ចំពោះបុគ្គលនោះ ទានដែលបុគ្គលឲ្យចំពោះបុគ្គលនុ៎ះ ទើបមានផលច្រើន កាលបុគ្គលបូជាយ៉ាងនេះ ទក្ខិណាទាន តែងសម្រេច គឺមានផលច្រើន យ៉ាងនេះ។

[១៦៧] កាលព្រះមានព្រះភាគ ត្រាស់យ៉ាងនេះហើយ ទេវហិតព្រាហ្មណ៍ ក៏បានពោល​នូវពាក្យ​នេះ នឹងព្រះមានព្រះភាគថា បពិត្រព្រះគោតមដ៏ចំរើន ច្បាស់ពេកណាស់ បពិត្រ​ព្រះគោតម​ដ៏ចំរើន ច្បាស់ពេកណាស់។បេ។ សូមព្រះគោតមដ៏ចំរើន ជ្រាបនូវខ្ញុំព្រះអង្គ ថាជាឧបាសក ដល់នូវព្រះរតនត្រ័យ ជាទីពឹងស្មើដោយជីវិត តាំងពីថ្ងៃនេះជាដើម​រៀង​ទៅ។

មហាសាលសូត្រ ទី៤

[១៦៨] សាវត្ថីនិទាន។ គ្រានោះ ព្រាហ្មណមហាសាលម្នាក់ មានខ្លួនសៅហ្មង មានសំពត់​ដណ្តប់​ក៏សៅហ្មង ចូលទៅរកព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តី​រីករាយ ជាមួយនឹងព្រះមានព្រះភាគ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែល​គួរ​រឭក​ហើយ ក៏អង្គុយក្នុងទីសមគួរ។ លុះព្រាហ្មណមហាសាលនោះ អង្គុយក្នុងទី​សមគួរ​ហើយ ទើបព្រះមានព្រះភាគ ត្រាស់យ៉ាងនេះថា ម្នាលព្រាហ្មណ៍ អ្នកឯងមានខ្លួនសៅហ្មង មានសំពត់ដណ្តប់ក៏សៅហ្មង តើព្រោះហេតុអ្វី។ ព្រាហ្មណ៍ក្រាបបង្គំទូលថា បពិត្រ​ព្រះគោតម​ដ៏ចំរើន ខ្ញុំព្រះអង្គ មានកូនបួននាក់ ក្នុងទីនេះ កូនទាំងនោះ សមគំនិតគ្នា​នឹងប្រពន្ធ​ទាំងឡាយ ហើយបណ្តេញខ្ញុំព្រះអង្គចេញពីផ្ទះ។

[១៦៩] ព្រះអង្គត្រាស់ថា ម្នាលព្រាហ្មណ៍ បើដូច្នោះ អ្នកចូររៀននូវគាថាទាំងឡាយនេះ ហើយសូត្រក្នុងរោងជាទីប្រជុំ នៅវេលាដែលពួកមហាជនប្រជុំគ្នាផង នៅវេលាដែលកូន​ទាំងឡាយ​របស់អ្នកអង្គុយហើយផងថា

ខ្ញុំត្រេកអរដោយកូនទាំងឡាយណា ដែលកើតហើយផង ប្រាថ្នានូវសេចក្តីចំរើន ដល់កូន​ទាំងឡាយណាផង កូនទាំងនោះ ក៏សមគំនិតគ្នា ជាមួយនឹងប្រពន្ធទាំងឡាយ ហើយ​បណ្តេញខ្ញុំ ដូចជាឆ្កែដេញជ្រូក ក៏កូនទាំងឡាយ ជាអសប្បុរស លាមក គ្រាន់តែហៅខ្ញុំថា បិតា បិតាប៉ុណ្ណោះទេ ប៉ុន្តែកូនទាំងនោះ ដូចអារក្សទឹក ដែលមកដោយរូបជាកូន លះ​បង់​នូវខ្ញុំ ដែលមានអាយុ ចូលដល់បច្ឆិមវ័យហើយ បិតាចាស់របស់បុគ្គលពាលទាំងឡាយ តែង​សូម​ទានប្របផ្ទះនៃជនដទៃ ដូចជាសេះចាស់ប្រើប្រាស់មិនបាន គេនាំចេញចាក​ចំណី ឈើច្រត់របស់ខ្ញុំប្រសើរ កូនទាំងឡាយ ដែលមិនស្តាប់បង្គាប់ មិនប្រសើរ​ដូច​ឈើច្រត់​ឡើយ ព្រោះឈើច្រត់ រមែងការពារគោកាចក៏បាន ការពារឆ្កែកាចក៏បាន ច្រត់ក្នុង​ខាងមុខ ក្នុងទីងងឹតក៏បាន ស្ទង់ក្នុងទឹកជ្រៅក៏បាន បុគ្គលភ្លាត់រអិល គង់ទប់វិញ​បាន ដោយអានុភាពនៃឈើច្រត់។

[១៧០] លំដាប់នោះ ព្រាហ្មណមហាសាលនោះ បានរៀននូវគាថាទាំងឡាយនេះ ក្នុង​សំណាក់ព្រះមានព្រះភាគ ហើយពោលក្នុងរោងជាទីប្រជុំ នៅវេលាដែលពួកមហាជន​ប្រជុំ​គ្នា​ផង នៅវេលាដែលកូនទាំងឡាយ អង្គុយហើយផងថា

ខ្ញុំត្រេកអរដោយកូនទាំងឡាយណា ដែលកើតហើយផង ប្រាថ្នានូវសេចក្តីចំរើន ដល់កូន​ទាំងឡាយណាផង កូនទាំងនោះ ក៏សមគំនិតគ្នា ជាមួយនឹងប្រពន្ធទាំងឡាយ ហើយ​បណ្តេញខ្ញុំ ដូចជាឆ្កែដេញជ្រូក ក៏កូនទាំងឡាយ ជាអសប្បុរស លាមក គ្រាន់តែហៅខ្ញុំថា បិតា បិតាប៉ុណ្ណោះទេ ប៉ុន្តែកូនទាំងនោះ ដូចអារក្សទឹក ដែលមកដោយរូបជាកូន លះបង់​នូវខ្ញុំ ដែលមានអាយុ ចូលដល់បច្ឆិមវ័យហើយ បិតាចាស់ របស់បុគ្គលពាលទាំងឡាយ តែងសូមទានប្របផ្ទះនៃជនដទៃ ដូចជាសេះចាស់ប្រើប្រាស់មិនបាន គេនាំចេញចាក​ចំណី ឈើច្រត់របស់ខ្ញុំប្រសើរ កូនទាំងឡាយ ដែលមិនស្តាប់បង្គាប់ មិនប្រសើរដូច​ឈើច្រត់​ឡើយ ព្រោះឈើច្រត់ រមែងការពារគោកាចក៏បាន ការពារឆ្កែកាចក៏បាន ច្រត់​ក្នុង​ខាងមុខ ក្នុងទីងងឹតក៏បាន ស្ទង់ក្នុងទឹកជ្រៅក៏បាន បុគ្គលភ្លាត់រអិល គង់ទប់វិញបាន ដោយ​អានុភាពនៃឈើច្រត់។

[១៧១] លំដាប់នោះ កូនទាំងឡាយ នាំព្រាហ្មណមហាសាលនោះ ទៅកាន់ផ្ទះ ហើយឲ្យ​ងូតទឹក ឲ្យស្លៀកដណ្តប់ ដោយគូសំពត់មួយគូម្នាក់ៗ។ ទើបព្រាហ្មណមហាសាលនោះ យក​សំពត់មួយគូ ចូលទៅរកព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តី​រីករាយ ជាមួយនឹងព្រះមានព្រះភាគ លុះបញ្ចប់ពាក្យ ដែលគួររីករាយ និងពាក្យ​ដែលគួរ​រឭក​ហើយ ក៏អង្គុយក្នុងទីសមគួរ។ លុះព្រាហ្មណមហាសាលនោះ អង្គុយក្នុងទីសមគួរ​ហើយ បានពោលនូវពាក្យនេះ នឹងព្រះមានព្រះភាគថា បពិត្រព្រះគោតមដ៏ចំរើន យើងខ្ញុំ​ព្រះអង្គជាព្រាហ្មណ៍ ស្វែងរកនូវទ្រព្យសម្រាប់អាចារ្យ (មកប្រគេន) ដល់អាចារ្យ សូម​ព្រះគោតម​ដ៏ចំរើន ជាអាចារ្យ ទទួលយកនូវចំណែកអាចារ្យរបស់ខ្ញុំព្រះអង្គ។ ព្រះមាន​ព្រះភាគ ទ្រង់ទទួលយក ដោយសេចក្តីអនុគ្រោះ។

[១៧២] លំដាប់នោះ ព្រាហ្មណមហាសាលនោះ ក្រាបទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះគោតមដ៏ចំរើន ភ្លឺណាស់។បេ។ សូមព្រះគោតមដ៏ចំរើន ជ្រាបនូវខ្ញុំព្រះអង្គ ថាជា​ឧបាសក ដល់នូវព្រះរតនត្រ័យជាទីពឹងស្មើដោយជីវិត តាំងពីថ្ងៃនេះជាដើមរៀងទៅ។

មានត្ថទ្ធសូត្រ ទី៥

[១៧៣] សាវត្ថីនិទាន។ សម័យនោះឯង ព្រាហ្មណ៍ឈ្មោះ មានត្ថទ្ធៈ (អ្នកមានមានះ​រឹងរូស) អាស្រ័យនៅក្នុងក្រុងសាវត្ថី។ ព្រាហ្មណ៍នោះ មិនសំពះមាតា មិនសំពះបិតា មិន​សំពះ​អាចារ្យ មិនសំពះបងឡើយ។

[១៧៤] សម័យនោះឯង ព្រះមានព្រះភាគ កំពុងមានបរិស័ទច្រើន ចោមរោម ទ្រង់​សំដែង​ធម៌។ គ្រានោះ មានត្ថទ្ធព្រាហ្មណ៍ មានសេចក្តីត្រិះរិះយ៉ាងនេះថា ព្រះសមណគោតម​នេះ​ឯង មានបរិស័ទច្រើនចោមរោម ទ្រង់សំដែងធម៌ បើដូច្នោះ មានតែអាត្មាអញចូលទៅ​រក​ព្រះសមណគោតម ប្រសិនបើព្រះសមណគោតមនិយាយនឹងអាត្មាអញ អាត្មាអញ ក៏​និយាយនឹងលោកវិញ បើព្រះសមណគោតម មិននិយាយនឹងអាត្មាអញទេ អាត្មាអញ ក៏​មិន​និយាយនឹងលោកវិញដែរ។ លំដាប់នោះ មានត្ថទ្ធព្រាហ្មណ៍ ចូលទៅរក​ព្រះមាន​ព្រះភាគ លុះចូលទៅដល់ហើយ បានឋិតនៅក្នុងទីសមគួរ។ គ្រានោះ ព្រះមានព្រះភាគ មិនទ្រង់មានព្រះបន្ទូលរក។ ទើបមានត្ថទ្ធព្រាហ្មណ៍ ចង់ត្រឡប់អំពីទីនោះវិញ ដោយ​គិតថា ព្រះសមណគោតមនេះ មិនដឹងអ្វីសោះ។

[១៧៥] គ្រានោះ ព្រះមានព្រះភាគ ទ្រង់ជ្រាបនូវបរិវិតក្ក ក្នុងចិត្តរបស់មានត្ថទ្ធព្រាហ្មណ៍ ដោយព្រះហឫទ័យរបស់ព្រះអង្គ ហើយបានត្រាស់នឹងមានត្ថទ្ធព្រាហ្មណ៍ ដោយគាថា ថា

ម្នាលព្រាហ្មណ៍ មានះរបស់បុគ្គលណា ក្នុងលោកនេះ ម្នាលព្រាហ្មណ៍ មានះនោះ មិន​ប្រពៃ​ទេ បុគ្គលមកហើយ ដោយប្រយោជន៍ណា បុគ្គលត្រូវចំរើន នូវប្រយោជន៍នោះឯង។

[១៧៦] លំដាប់នោះ មានត្ថទ្ធព្រាហ្មណ៍ដឹងថា ព្រះសមណគោតម ស្គាល់ចិត្តរបស់​អាត្មាអញ ហើយក៏ឱនក្បាលចុះ ទៀបព្រះបាទយុគ្គលនៃព្រះមានព្រះភាគ ក្នុងទីនោះឯង ហើយជប់ព្រះបាទទាំងគូរបស់ព្រះមានព្រះភាគ ដោយមាត់ផង ច្របាច់ដោយដៃទាំង​ពីរ​ផង ប្រកាសនាមខ្លួនឯងថា បពិត្រព្រះគោតមដ៏ចំរើន ខ្ញុំព្រះអង្គឈ្មោះ មានត្ថទ្ធៈ បពិត្រ​ព្រះគោតម​ដ៏ចំរើន ខ្ញុំព្រះអង្គ ឈ្មោះមានត្ថទ្ធៈ។ គ្រានោះ បរិស័ទនោះ ក៏កើតសេចក្តី​អស្ចារ្យ​ក្នុងចិត្តថា យីអើ អស្ចារ្យណាស់ យីអើ ចំឡែកណាស់ ដ្បិតមានត្ថទ្ធព្រាហ្មណ៍នេះ មិន​សំពះមាតា មិនសំពះបិតា មិនសំពះអាចារ្យ មិនសំពះបងឡើយ ទើបតែ​ព្រះសមណ​គោតម ធ្វើនូវមនុស្សបែបនេះ ឲ្យធ្វើនូវការគោរពដ៏ក្រៃលែងបាន។ គ្រានោះ ព្រះមាន​ព្រះភាគ បានត្រាស់នូវពាក្យនេះ នឹងមានត្ថទ្ធព្រាហ្មណ៍ថា ម្នាលព្រាហ្មណ៍ ណ្ហើយ អ្នកចូរក្រោកឡើង ចូរអង្គុយលើអាសនៈរបស់ខ្លួនចុះ ព្រោះថា ចិត្តរបស់អ្នកជ្រះថ្លា​ក្នុងតថាគត​ហើយ។

[១៧៧] គ្រានោះ មានត្ថទ្ធព្រាហ្មណ៍ អង្គុយលើអាសនៈរបស់ខ្លួនហើយ បានក្រាបទូល​ព្រះមានព្រះភាគ ដោយគាថា ថា

បុគ្គលមិនគួរធ្វើមានះ ក្នុងពួកបុគ្គលណា បុគ្គលគួរប្រកបដោយសេចក្តីគោរព ក្នុងបុគ្គល​ណា ពួកបុគ្គលណា ដែលបុគ្គលគប្បីលំអុតលំអោន ពួកបុគ្គលណា ដែលបុគ្គលបូជាល្អ​ហើយ ញុំាងប្រយោជន៍ឲ្យសម្រេច។

[១៧៨] ព្រះអង្គត្រាស់ថា បុគ្គលមិនគួរធ្វើមានះ ចំពោះមាតា បិតា បង និងអាចារ្យ ជា​គំរប់ ៤ គួរប្រកបដោយសេចក្តីគោរព ចំពោះបុគ្គលទាំង៤នោះ បុគ្គលទាំង៤នោះ បុគ្គលគួរ​លំអុត​លំអោន មួយទៀត បុគ្គលទាំង៤នោះ ដែលគេបូជាល្អហើយ ញុំាងប្រយោជន៍​ឲ្យ​សម្រេច បុគ្គលគួរកំចាត់មានះ មិនគួររឹងត្អឹងដោយអនុស័យ គឺមានះនោះ ចំពោះ​ព្រះអរហន្ត ដែលមានសេចក្តីត្រជាក់ មានសោឡសកិច្ចធ្វើរួចហើយ មិនមានអាសវៈ ជាអ្នក​ប្រសើរ។

[១៧៩] កាលព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ មានត្ថទ្ធព្រាហ្មណ៍ បានពោល​នូវ​ពាក្យនេះ នឹងព្រះមានព្រះភាគថា បពិត្រព្រះគោតមដ៏ចំរើន ច្បាស់ពេកណាស់ បពិត្រ​ព្រះគោតម​ដ៏ចំរើន ច្បាស់ពេកណាស់។បេ។ សូមព្រះគោតមដ៏ចំរើន ជ្រាបនូវខ្ញុំព្រះអង្គ ថាជាឧបាសក ដល់នូវព្រះរតនត្រ័យ ជាទីពឹងស្មើដោយជីវិត តាំងពីថ្ងៃនេះជាដើម​រៀង​ទៅ។

បច្ចនិកសូត្រ ទី៦

[១៨០] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិក​គហបតី ជិតក្រុងសាវត្ថី។ សម័យនោះឯង ព្រាហ្មណ៍ ឈ្មោះបច្ចនិកសាតៈ (អ្នកមាន​សេចក្តី​សុខជាសត្រូវ) អាស្រ័យនៅក្នុងក្រុងសាវត្ថី។ គ្រានោះ បច្ចនិកសាតព្រាហ្មណ៍ មាន​សេចក្តីត្រិះរិះ យ៉ាងនេះថា បើដូច្នោះ មានតែអាត្មាអញ ចូលទៅរក​ព្រះសមណ​គោតម បើព្រះសមណគោតម នឹងពោលនូវពាក្យណាៗ អាត្មាអញ គប្បីពោល​ទាស់នឹង​ពាក្យនោះៗរបស់លោក។

[១៨១] សម័យនោះឯង ព្រះមានព្រះភាគ ទ្រង់ចង្រ្កមក្នុងទីវាល។ គ្រានោះ បច្ចនិកសាត​ព្រាហ្មណ៍ ចូលទៅរកព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ដើរតាម​ព្រះមាន​ព្រះភាគ ដែលកំពុងចង្ក្រម ក្រាបបង្គំទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រ​ព្រះសមណៈ សូមព្រះអង្គសំដែងធម៌។

[១៨២] ព្រះអង្គត្រាស់ថា បច្ចនិកសាតព្រាហ្មណ៍ មានចិត្តសៅហ្មង ច្រើនដោយការ​ប្រណាំង​ប្រជែង មិនងាយនឹងដឹងសុភាសិតទេ លុះតែបុគ្គលណា នាំចេញនូវការ​ប្រណាំង​ប្រជែងផង នូវសេចក្តីមិនជ្រះថ្លានៃចិត្តផង លះបង់នូវគំនុំផង បុគ្គលនោះ ទើបដឹងនូវ​សុភាសិត​បាន។

[១៨៣] កាលព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ បច្ចនិកសាតព្រាហ្មណ៍ ក៏ក្រាប​បង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះគោតមដ៏ចំរើន ច្បាស់ពេកណាស់ បពិត្រ​ព្រះគោតមដ៏ចំរើន ច្បាស់ពេកណាស់។បេ។ សូមព្រះគោតមដ៏ចំរើន ជ្រាបនូវខ្ញុំ​ព្រះអង្គ ថាជាឧបាសក ដល់នូវព្រះរតនត្រ័យ ជាទីពឹងស្មើដោយជីវិត តាំងពីថ្ងៃនេះ​ជាដើម​រៀងទៅ។

នវកម្មិកសូត្រ ទី៧

[១៨៤] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងដងព្រៃមួយ ក្នុងដែនកោសល។ សម័យនោះឯង នវកម្មិកភារទ្វាជព្រាហ្មណ៍ ឲ្យគេធ្វើការងារ ក្នុងដងព្រៃនោះ។ នវកម្មិក​ភារទ្វាជ​ព្រាហ្មណ៍ បានឃើញព្រះមានព្រះភាគ គង់ក្រោមម្លប់សាលព្រឹក្សមួយ ផ្គត់​ព្រះភ្នែន តាំងព្រះកាយត្រង់ តំកល់ព្រះស្មារតី ឆ្ពោះត្រង់ទៅរកព្រះកម្មដ្ឋាន។ លុះឃើញ​ហើយ ទើបនវកម្មិកភារទ្វាជព្រាហ្មណ៍ មានសេចក្តីត្រិះរិះ យ៉ាងនេះថា អាត្មាអញ ឲ្យគេធ្វើ​ការងារ ក្នុងដងព្រៃនេះ កំពុងសប្បាយ ចុះព្រះសមណៈនេះ ឲ្យគេធ្វើការងារអ្វី សប្បាយ​ដែរ។

[១៨៥] ទើបនវកម្មិកភារទ្វាជព្រាហ្មណ៍ ចូលទៅរកព្រះមានព្រះភាគ លុះចូលទៅដល់​ហើយ ក៏បានពោលនឹងព្រះមានព្រះភាគ ដោយគាថាថា

នែភិក្ខុ លោកធ្វើការងារដូចម្តេច បានជាលោកមកនៅក្នុងព្រៃសាលព្រឹក្ស ព្រះគោតមតែ​មួយ​អង្គ​ទេ ចុះបានសេចក្តីត្រេកអរណា ក្នុងព្រៃកើត។

[១៨៦] ព្រះអង្គត្រាស់ថា តថាគត មិនមានកិច្ចដែលត្រូវធ្វើក្នុងព្រៃទេ ព្រៃគឺកិលេសជា​សត្រូវ តថាគត បានដកឫសគល់អស់ហើយ តថាគតនោះ ជាបុគ្គលម្នាក់ឯង មិនមានព្រៃ គឺកិលេសទេ ទាំងសរ គឺកិលេស វិនាសអស់ហើយ តថាគត លះបង់នូវសេចក្តីអផ្សុក​ហើយ ទើបត្រេកអរ ក្នុងព្រៃបាន។

[១៨៧] កាលព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ នវកម្មិកភារទ្វាជព្រាហ្មណ៍ បានក្រាបទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះគោតមដ៏ចំរើន ច្បាស់ពេកណាស់ បពិត្រ​ព្រះគោតមដ៏ចំរើន ច្បាស់ពេកណាស់។បេ។ សូមព្រះគោតមដ៏ចំរើន ជ្រាបនូវខ្ញុំ​ព្រះអង្គ ថាជាឧបាសក ដល់នូវព្រះរតនត្រ័យ ជាទីពឹងស្មើដោយជីវិត តាំងពីថ្ងៃនេះ ជាដើម​រៀងទៅ។

កដ្ឋហារសូត្រ ទី៨

[១៨៨] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងដងព្រៃមួយ ក្នុងដែនកោសល។ សម័យនោះឯង មានពួកមាណពជាច្រើន ជាអ្នកនាំឧស ជាអន្តេវាសិក របស់​ព្រាហ្មណ៍​ភារទ្វាជគោត្តម្នាក់ នាំគ្នាចូលទៅកាន់ដងព្រៃនោះ លុះចូលទៅដល់ហើយ ក៏បានឃើញ​ព្រះមានព្រះភាគ ទ្រង់គង់ក្នុងដងព្រៃនោះ ផ្គត់ព្រះភ្នែន តាំងព្រះកាយត្រង់ តំកល់​ព្រះស្មារតី ឆ្ពោះត្រង់ទៅរកកម្មដ្ឋាន លុះឃើញហើយ ក៏ចូលទៅរកភារទ្វាជគោត្ត​ព្រាហ្មណ៍ លុះចូលទៅដល់ហើយ ក៏បានពោលនូវពាក្យនេះ នឹងភារទ្វាជគោត្តព្រាហ្មណ៍​ថា សូមជំរាបលោក សូមលោកដ៏ចំរើន គប្បីជ្រាប ដ្បិតព្រះសមណគោតម គង់ក្នុងដង​ព្រៃ​ឯណោះ ផ្គត់ព្រះភ្នែន តាំងព្រះកាយត្រង់ តំកល់ព្រះស្មារតី ឆ្ពោះត្រង់ទៅរកកម្មដ្ឋាន។

[១៨៩] គ្រានោះ ភារទ្វាជគោត្តព្រាហ្មណ៍ ចូលទៅកាន់ដងព្រៃនោះ ជាមួយនឹងមាណព​ទាំងអម្បាលនោះ លុះចូលទៅដល់ហើយ បានឃើញព្រះមានព្រះភាគ ទ្រង់គង់ក្នុង​ដងព្រៃ​នោះ ផ្គត់ព្រះភ្នែន តាំងព្រះកាយត្រង់ តំកល់ព្រះស្មារតី ឆ្ពោះត្រង់ទៅរកកម្មដ្ឋាន លុះឃើញ​ហើយ ក៏ចូលទៅរកព្រះមានព្រះភាគ លុះចូលទៅដល់ហើយ បានពោលនឹង​ព្រះមានព្រះភាគ ដោយគាថា ថា

បពិត្រភិក្ខុ អ្នកចូលមករកព្រៃស្ងាត់ ឥតមានមនុស្ស ជាព្រៃដ៏ជ្រៅគួរឲ្យខ្លាចច្រើន លោកមានកាយដ៏ល្អ ប្រកបដោយប្រយោជន៍ មិនបានញាប់ញ័រ ទើបចំរើនឈានដ៏ល្អ​ក្រៃពេក​បាន ក្នុងព្រៃណាគ្មានចំរៀង ឬក្នុងព្រៃណាគ្មានល្បែងប្រគំ ព្រះមុនីក៏អាស្រ័យនៅ ក្នុងព្រៃនោះតែម្នាក់ឯង ព្រះមុនីមានចិត្តត្រេកអរ នៅក្នុងព្រៃម្នាក់ឯង ដោយហេតុណា ហេតុនេះ ជាការអស្ចារ្យប្រាកដដល់ខ្ញុំ ខ្ញុំកំពុងប្រាថ្នានូវត្រីទិព្វ គឺព្រហ្មលោកដ៏ប្រសើរ សំគាល់លោកថាជាអ្នកទៅកើតជាមួយនឹងមហាព្រហ្ម ជាធំក្នុងលោកដែរ ព្រោះហេតុអ្វី លោកដ៏ចំរើនអាស្រ័យនៅក្នុងព្រៃដែលឥតមនុស្ស លោកធ្វើនូវតបៈក្នុងទីនេះ ដើម្បីដល់​នូវ​ព្រហ្មលោកឬ។

[១៩០] ព្រះអង្គត្រាស់ថា ធម្មជាតិណាមួយ គឺសេចក្តីប្រាថ្នាក្តី សេចក្តីត្រេកអរក្តី មាន​ប្រការផ្សេងៗ អាស្រ័យនៅក្នុងធាតុទាំងឡាយ គឺអារម្មណ៍មានសភាព មិនតែមួយ សព្វៗ​កាល មានការមិនដឹងជាមូល ប្រភពជាគ្រឿងញុំាងជនឲ្យជាប់ចំពាក់ ធម្មជាតិទាំងអស់​នោះ តថាគត បានធ្វើឲ្យវិនាស ព្រមទាំងឫសគល់អស់ហើយ តថាគតនោះ មិនប្រាថ្នា មិន​អាស្រ័យនូវតណ្ហា មិនចូលទៅរកតណ្ហា (និងអវិជ្ជាឡើយ) មានសេចក្តីឃើញដ៏បរិសុទ្ធ ក្នុង​ធម៌ទាំងពួង ហើយដល់នូវសម្ពោធិញ្ញាណ ដ៏ប្រសើរក្រៃលែង តថាគត គួរដល់​ព្រហ្មលោក ជាអ្នកក្លៀវក្លា តែងដុតបំផ្លាញនូវកិលេស (ដោយឈានទាំងពីរ)។

[១៩១] កាលព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ ភារទ្វាជគោត្តព្រាហ្មណ៍ បាន​ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះគោតមដ៏ចំរើន ច្បាស់ពេកណាស់ បពិត្រ​ព្រះគោតមដ៏ចំរើន ច្បាស់ពេកណាស់។បេ។ សូមព្រះគោតមដ៏ចំរើន ជ្រាបនូវ​ខ្ញុំព្រះអង្គ ថាជាឧបាសក ដល់នូវព្រះរតនត្រ័យ ជាទីពឹងស្មើដោយជីវិត តាំងពីថ្ងៃនេះ ជាដើម​រៀងទៅ។

មាតុបោសកសូត្រ ទី៩

[១៩២] សាវត្ថីនិទាន។ គ្រានោះ ព្រាហ្មណ៍ឈ្មោះមាតុបោសកៈ (អ្នកចិញ្ចឹមមាតា) ចូល​ទៅរកព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹង​ព្រះមានព្រះភាគ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររឭកហើយ ក៏អង្គុយ​ក្នុងទីសមគួរ។ លុះមាតុបោសកព្រាហ្មណ៍ អង្គុយក្នុងទីសមគួរហើយ បានក្រាបបង្គំទូល​ព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះគោតមដ៏ចំរើន ខ្ញុំព្រះអង្គ ស្វែងរកនូវភិក្ខារដោយធម៌ លុះស្វែងរកនូវភិក្ខាដោយធម៌ហើយ តែងចិញ្ចឹមនូវមាតាបិតា បពិត្រព្រះគោតមដ៏ចំរើន ខ្ញុំព្រះអង្គធ្វើយ៉ាងនេះ ឈ្មោះថាជាអ្នកធ្វើនូវកិច្ច (តបគុណ) បានដែរឬ។ ព្រះអង្គត្រាស់ថា អើព្រាហ្មណ៍ អ្នកធ្វើយ៉ាងនេះ ឈ្មោះថាជាអ្នកធ្វើនូវកិច្ច (តបគុណ) បានហើយ ម្នាល​ព្រាហ្មណ៍ បុគ្គលណាស្វែងរក នូវភិក្ខាដោយធម៌ លុះស្វែងរកនូវភិក្ខាដោយធម៌ហើយ ចិញ្ចឹមមាតាបិតា បុគ្គលនោះ តែងបានបុណ្យដ៏ច្រើន។

[១៩៣] ព្រះមានព្រះភាគ បានត្រាស់នូវពាក្យនេះ។បេ។

បុគ្គលណា ចិញ្ចឹមមាតាឬបិតាដោយធម៌ បណ្ឌិតទាំងឡាយ រមែងសរសើរបុគ្គលនោះ ក្នុងលោកនេះ ព្រោះការបំរើមាតាបិតាទាំងឡាយនោះ លុះបុគ្គលនោះ ទៅកាន់បរលោក​ហើយ រមែងរីករាយ ក្នុងឋានសួគ៌។

[១៩៤] កាលព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ មាតុបោសកព្រាហ្មណ៍ បានក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះគោតមដ៏ចំរើន ច្បាស់ពេកណាស់ បពិត្រព្រះគោតមដ៏ចំរើន ច្បាស់ពេកណាស់។បេ។ សូមព្រះគោតមដ៏ចំរើន ជ្រាបនូវខ្ញុំ​ព្រះអង្គ ថាជាឧបាសក ដល់នូវព្រះរតនត្រ័យ ជាទីពឹងស្មើដោយជីវិត តាំងពីថ្ងៃនេះ ជា​ដើម​រៀងទៅ។

ភិក្ខកសូត្រ ទី១០

[១៩៥] សាវត្ថីនិទាន។ គ្រានោះឯង ភិក្ខកព្រាហ្មណ៍ (ព្រាហ្មណ៍អ្នកសូម) បានចូលទៅ​គាល់​ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹង​ព្រះមានព្រះភាគ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររឭកហើយ ក៏អង្គុយ​ក្នុង​ទីសមគួរ។ លុះភិក្ខកព្រាហ្មណ៍ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលសួរ​ព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះគោតមដ៏ចំរើន ខ្ញុំព្រះអង្គ ជាអ្នកសូមគេ ឯព្រះអង្គ ក៏ជាអ្នកសូមគេដែរ យើងទាំងពីរនាក់ ផ្សេងគ្នាដូចម្តេច ក្នុងពាក្យថា អ្នកសូមនេះ។

[១៩៦] ព្រះអង្គត្រាស់ថា បុគ្គលណា សូមពួកជនដទៃ ដោយហេតុណា បុគ្គលនោះ មិនឈ្មោះថាភិក្ខុ (អ្នកសូម) ដោយហេតុនោះឡើយ បុគ្គលណា កាន់ធម៌មានពិស គឺ​អកុសលធម៌ បុគ្គលនោះ ក៏មិនឈ្មោះថាភិក្ខុដែរ ក្នុងលោកនេះ លុះតែបុគ្គលណា បាន​បណ្តែត​បង់នូវបុណ្យ និងបាបចេញ ហើយប្រព្រឹត្តមគ្គ ព្រហ្មចរិយៈ ក្នុងខន្ធាទិលោក ដោយ​បញ្ញា បុគ្គលនោះ ទើបតថាគតហៅថា ភិក្ខុពិត។

[១៩៧] កាលព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ ភិក្ខកព្រាហ្មណ៍ បានក្រាប​ទូល​ព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះគោតមដ៏ចំរើន ច្បាស់ពេកណាស់ បពិត្រ​ព្រះគោតម​ដ៏ចំរើន ច្បាស់ពេកណាស់។បេ។ សូមព្រះគោតមដ៏ចំរើន ជ្រាបនូវខ្ញុំព្រះអង្គ ថាជា​ឧបាសក ដល់នូវព្រះរតនត្រ័យ ជាទីពឹង ស្មើដោយជីវិត តាំងអំពីថ្ងៃនេះ ជាដើម​ទៅ។

សង្គរវសូត្រ ទី១១

[១៩៨] សាវត្ថីនិទាន។ សម័យនោះឯង សង្គរវព្រាហ្មណ៍ អាស្រ័យនៅក្នុងក្រុងសាវត្ថី មាន​សេចក្តី​សំគាល់ថា ទឹកជារបស់បរិសុទ្ធ រមែងប្រាថ្នាការបរិសុទ្ធិដោយទឹក ប្រកបការ​ព្យាយាម​ចុះទឹករឿយៗ ក្នុងវេលាល្ងាចព្រឹក។ គ្រានោះឯង ព្រះអានន្ទមានអាយុ ស្លៀកស្បង់​ប្រដាប់បាត្រចីវរ ក្នុងវេលាព្រឹក ហើយចូលទៅបិណ្ឌបាត ក្នុងក្រុងសាវត្ថី លុះត្រាច់​ទៅបិណ្ឌបាត ក្នុងក្រុងសាវត្ថីរួចហើយ ត្រឡប់មកពីបិណ្ឌបាតវិញ ក្នុងវេលា​ក្រោយ​ភត្ត ទើបចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ក៏ថ្វាយ​បង្គំព្រះមាន​ព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។

[១៩៩] លុះព្រះអានន្ទមានអាយុ អង្គុយក្នុងទីសមគួរហើយ បានក្រាបទូល​ព្រះមានព្រះ​ភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន សង្គរវព្រាហ្មណ៍ អាស្រ័យនៅក្នុងក្រុងសាវត្ថីនេះ មាន​សេចក្តីសំគាល់ថា ទឹកជារបស់បរិសុទ្ធ តែងប្រាថ្នាការបរិសុទ្ធិដោយទឹក ប្រកប​សេចក្តី​ព្យាយាម​ចុះទឹករឿយៗ ក្នុងវេលាល្ងាចព្រឹក បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមាន​ព្រះភាគ អាស្រ័យសេចក្តីអនុគ្រោះ ស្តេចចូលទៅកាន់លំនៅរបស់សង្គរវព្រាហ្មណ៍។ ព្រះមានព្រះភាគ ទ្រង់ទទួលដោយភាពស្ងៀម។ លំដាប់នោះឯង ព្រះមានព្រះភាគ ទ្រង់​ស្បង់​ប្រដាប់បាត្រ ចីវរក្នុងវេលាព្រឹក ហើយស្តេចចូលទៅកាន់លំនៅ របស់​សង្គរវ​ព្រាហ្មណ៍ លុះចូលទៅដល់ហើយ ក៏គង់លើអាសនៈ ដែលព្រាហ្មណ៍ក្រាលថ្វាយ។

[២០០] លំដាប់នោះឯង សង្គរវព្រាហ្មណ៍ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅ​ដល់​ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹងព្រះមានព្រះភាគ លុះបញ្ចប់ពាក្យដែលគួរ​រីករាយ និងពាក្យដែលគួររឭកហើយ ក៏អង្គុយក្នុងទីសមគួរ។ លុះសង្គរវព្រាហ្មណ៍ អង្គុយ​ក្នុង​ទីសមគួរហើយ ទើបព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះថា ម្នាលព្រាហ្មណ៍ បានឮថា អ្នកមានសេចក្តីសំគាល់ថា ទឹកជារបស់បរិសុទ្ធិ តែងប្រាថ្នាការបរិសុទ្ធិដោយទឹក ប្រកបសេចក្តីព្យាយាមចុះទឹករឿយៗ ក្នុងវេលាល្ងាចព្រឹក មែនឬ។ បពិត្រព្រះគោតម​ដ៏ចំរើន មែនហើយ។ ម្នាលព្រាហ្មណ៍ ចុះអ្នកឯងយល់ឃើញអំណាចប្រយោជន៍ដូចម្តេច បានជាសំគាល់ថា ទឹកជារបស់បរិសុទ្ធិ ប្រាថ្នាការបរិសុទ្ធិដោយទឹក ប្រកបសេចក្តី​ព្យាយាម​ចុះទឹករឿយៗ ក្នុងវេលាល្ងាចព្រឹក។ បពិត្រព្រះគោតមដ៏ចំរើន ក្នុងទីនេះ បាបកម្ម​ណា ដែលខ្ញុំព្រះអង្គបានធ្វើហើយ ក្នុងវេលាថ្ងៃ ខ្ញុំព្រះអង្គ បន្សាត់បង់នូវបាបកម្មនោះ ដោយការងូតទឹក ក្នុងវេលាល្ងាច បាបកម្មណា ដែលខ្ញុំព្រះអង្គបានធ្វើហើយ ក្នុងវេលា​យប់ ខ្ញុំព្រះអង្គ ក៏បន្សាត់បង់នូវបាបកម្មនោះ ដោយការងូតទឹក ក្នុងវេលាព្រឹក បពិត្រ​ព្រះគោតម​ដ៏ចំរើន ខ្ញុំព្រះអង្គ ឃើញច្បាស់ នូវអំណាចប្រយោជន៍នេះឯង បានជា​សំគាល់​ថា ទឹកជារបស់បរិសុទ្ធិ ប្រាថ្នាការបរិសុទ្ធិដោយទឹក ប្រកបសេចក្តីព្យាយាមចុះទឹករឿយៗ ក្នុងវេលាល្ងាចព្រឹក។

[២០១] ព្រះមានព្រះភាគត្រាស់ថា ម្នាលព្រាហ្មណ៍ ពួកបុគ្គលអ្នកដល់នូវវេទ បានងូត​ទឹកក្នុង​អន្លង់ទឹកណា មិនបានទទឹកខ្លួនសោះ ហើយស្រាប់តែឆ្លងដល់ត្រើយម្ខាង អន្លង់​ទឹកនោះ ក៏គឺធម៌ មានសីលជាកំពង់ មិនល្អក់ ដែលសប្បុរសទាំងឡាយ សរសើរ​ថាជា​របស់​សប្បុរសទាំងឡាយ។

[២០២] កាលព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ សង្គរវព្រាហ្មណ៍ ក៏ក្រាបបង្គំ​ទូល​ព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះគោតមដ៏ចំរើន ច្បាស់ពេកណាស់ បពិត្រ​ព្រះគោតម​ដ៏ចំរើន ច្បាស់ពេកណាស់។បេ។ សូមព្រះគោតមដ៏ចំរើន ជ្រាបនូវខ្ញុំព្រះអង្គ ថាជាឧបាសក ដល់នូវព្រះរតនត្រ័យ ជាទីពឹងស្មើដោយជីវិត តាំងពីថ្ងៃនេះតទៅ។

ខោមទុស្សសូត្រ ទី១២

[២០៣] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់ក្នុងនិគម​ឈ្មោះ ខោមទុស្សៈ របស់ពួកសក្យៈ ក្នុងដែនសក្កៈ។ គ្រានោះឯង ព្រះមានព្រះភាគ ទ្រង់​ស្បង់​ប្រដាប់បាត្រ ចីវរ ក្នុងវេលាព្រឹក ហើយចូលទៅកាន់ខោមទុស្សនិគម ដើម្បី​បិណ្ឌបាត។ សម័យនោះឯង ពួកព្រាហ្មណ៍ និងគហបតី អ្នកខោមទុស្សនិគម បានប្រជុំគ្នា​ក្នុង​រោង ដោយកិច្ចនីមួយ។ ចួនជាភ្លៀង ក៏ស្រក់ចុះមកមួយដំណក់ៗ។ លំដាប់នោះឯង ព្រះមានព្រះភាគ ទ្រង់យាងទៅជ្រកក្នុងរោងនោះ។ ពួកព្រាហ្មណ៍ និងគហបតី អ្នក​ខោមទុស្សនិគម បានឃើញព្រះមានព្រះភាគ យាងមកអំពីចម្ងាយ លុះឃើញហើយ ក៏ទូលសួរយ៉ាងនេះថា ពួកជនត្រងោលបែបណា ឈ្មោះថាអ្នកស្ងប់រម្ងាប់ ពួកជនបែបណា នឹងដឹងនូវសភាធម៌ [ធម៌ដែលត្រូវប្រតិបត្តិក្នុងទីប្រជុំ។]។

[២០៤] លំដាប់នោះឯង ព្រះមានព្រះភាគ ទ្រង់ត្រាស់ចំពោះពួកព្រាហ្មណ៍ និងគហបតី អ្នកខោមទុស្សនិគម ដោយគាថា ថា

ពួកសប្បុរសមិនមានក្នុងទីណា ទីនោះ មិនឈ្មោះថាទីប្រជុំឡើយ ជនទាំងឡាយណា មិន​ពោល​ធម៌ ជនទាំងនោះ មិនឈ្មោះថា សប្បុរស (អ្នកស្ងប់រម្ងាប់) ទេ លុះតែពួកជន លះបង់​រាគៈ ទោសៈ មោហៈ ទាំងពោលនូវធម៌ផង ទើបឈ្មោះថា សប្បុរស (ពួកជន​បែប​នេះ នឹងដឹងនូវសភាធម៌)។

[២០៥] កាលព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ ពួកព្រាហ្មណ៍ និងគហបតី អ្នកខោមទុស្សនិគម បានក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះគោតម​ដ៏ចំរើន ច្បាស់ពេកណាស់ បពិត្រព្រះគោតមដ៏ចំរើន ច្បាស់ពេកណាស់ បពិត្រ​ព្រះគោតម​ដ៏ចំរើន ធម៌ដែលព្រះគោតមដ៏ចំរើន ទ្រង់សំដែងដោយអនេកបរិយាយ ដូចជា មនុស្សផ្ងារ​វត្ថុដែល​ផ្កាប់ ឬបើកបង្ហាញវត្ថុដែលកំបាំង ឬក៏ប្រាប់ផ្លូវដល់អ្នកវង្វេងទិស ពុំនោះសោត ដូចជាមនុស្ស​កាន់ប្រទីបប្រេង ទ្រោលបំភ្លឺក្នុងទីងងឹត ដោយគិតថា ឲ្យពួកមនុស្ស​ដែល​មានភ្នែកភ្លឺ មើលឃើញរូបទាំងឡាយបាន យើងខ្ញុំទាំងឡាយនេះ សូមដល់ព្រះគោតម​ដ៏ចំរើន​ផង ព្រះធម៌ផង ព្រះភិក្ខុសង្ឃផង ជាទីពឹង សូមព្រះគោតមដ៏ចំរើន ជ្រាបនូវ​យើងខ្ញុំ​ទាំងឡាយ ថាជាឧបាសក ដល់នូវសរណគមន៍ ស្មើដោយជីវិត តាំងអំពីថ្ងៃនេះតទៅ។

ចប់ ឧបាសកវគ្គ ទី២។

ឧទ្ទាននៃឧបាសកវគ្គនោះគឺ

កសីសូត្រ ១ ឧទយសូត្រ ១ ទេវហិតសូត្រ ១ មហាសាលសូត្រ ១ មានត្ថទ្ធសូត្រ ១ បច្ចនិកសូត្រ ១ នវកម្មិកសូត្រ ១ កដ្ឋហារសូត្រ ១ មាតុបោសកសូត្រ ១ ភិក្ខកសូត្រ ១ សង្គរវសូត្រ ១ ខោមទុស្សសូត្រ ១ ត្រូវជា ១២។

ចប់ ព្រាហ្មណសំយុត្ត។

វង្គីសសំយុត្ត

និក្ខន្តសូត្រ ទី១

[២០៦] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះវង្គីសៈមានអាយុ នៅក្នុង​អគ្គាឡវចេតិយ ទៀបក្រុងអាឡវី ជាមួយនឹងឧបជ្ឈាយ៍ឈ្មោះ និគ្រោធកប្បៈ មានអាយុ។ ក៏សម័យនោះឯង ព្រះវង្គីសៈមានអាយុ ជាភិក្ខុថ្មី បួសមិនយូរប៉ុន្មាន នៅជាភិក្ខុតូចទាប ជាអ្នករក្សាវិហារ។

[២០៧] គ្រានោះឯង ពួកស្រីច្រើននាក់តាក់តែងខ្លួន ចូលទៅកាន់អារាម មៀងមើល​វិហារ។ គ្រានោះ ព្រះវង្គីសៈមានអាយុ បានឃើញ នូវស្រីទាំងនោះហើយ ក៏កើតសេចក្តី​អផ្សុក រាគៈក៏ញុំាងកុសលចិត្តឲ្យវិនាស។ ទើបព្រះវង្គីសៈមានអាយុ មានសេចក្តីត្រិះរិះថា អើហ្ន៎ អាត្មាអញ ពេញជាមិនមានលាភ អើហ្ន៎ លាភ មិនមានដល់អាត្មាអញឡើយ អើហ្ន៎ អត្តភាពជាមនុស្ស អាត្មាអញ បានដោយអាក្រក់ អើហ្ន៎ អត្តភាពជាមនុស្ស អាត្មាអញ មិនបានដោយល្អទេ ព្រោះសេចក្តីអផ្សុក កើតឡើងដល់អាត្មាអញ រាគៈក៏ញុំាងកុសល​ចិត្តឲ្យវិនាស ជនទាំងឡាយដទៃ គប្បីបន្ទោបង់សេចក្តីអផ្សុក របស់អាត្មាអញ ហើយធ្វើ​សេចក្តី​ត្រេកអរឲ្យកើតឡើង ដោយហេតុណា ហេតុនោះ អាត្មាអញ គប្បីបានជន​ទាំង​នោះ​អំពីទីណា បើដូច្នោះ មានតែអាត្មាអញ បន្ទោបង់នូវសេចក្តីអផ្សុករបស់ខ្លួន ដោយ​ខ្លួន​ឯងចុះ ហើយធ្វើសេចក្តីត្រេកអរ ឲ្យកើតឡើង។

[២០៨] លំដាប់នោះឯង ព្រះវង្គីសៈមានអាយុ ក៏បន្ទោបង់សេចក្តីអផ្សុករបស់ខ្លួន ដោយ​ខ្លួន​ឯង ហើយធ្វើសេចក្តីត្រេកអរ ឲ្យកើតឡើង រួចពោលគាថាទាំងឡាយនេះ ក្នុងពេល​នោះ​ថា

វិតក្កៈទាំងឡាយនេះ ជាសភាវៈឃ្នើសឃ្នង តែងស្ទុះមកអំពីមារ គ្របសង្កត់អាត្មាអញ ដែល​ចេញអំពីផ្ទះ ចូលមកកាន់ផ្នួស ពួកខ្មាន់ធ្នូ ជាបុត្តនៃជនអ្នកខ្ពង់ខ្ពស់ បានសិក្សា​ហើយ មានធ្នូដ៏មាំ គប្បីបាញ់បាចសាចដោយជុំវិញ ចំពោះសត្វទាំងពាន់ កុំឲ្យរត់ទៅរួច ទោះបីពួកស្ត្រីមកច្រើន ជាងសត្វទាំងនុ៎ះ ក៏នឹងមិនអាចធ្វើអាត្មាអញ ដែលឋិតនៅក្នុង​ធម៌របស់​ខ្លួន ឲ្យញាប់ញ័របានឡើយ ព្រោះថា ពាក្យនុ៎ះ អាត្មាអញ បានស្តាប់អំពីទី​ចំពោះ​ព្រះភក្ត្រ នៃព្រះពុទ្ធ ជាផៅពង្សនៃព្រះអាទិត្យហើយ ចិត្តរបស់អាត្មាអញ ត្រេកអរ ក្នុងផ្លូវ​ជាទី​ទៅកាន់ព្រះនិព្វាននោះហើយ ម្នាលមារ គឺកិលេស បើអ្នកចូលមករកអាត្មាអញ ដែល​កំពុង​នៅយ៉ាងនេះ ម្នាលមច្ចុ អ្នកឯងមិនឃើញផ្លូវរបស់យើង យ៉ាងណា យើងនឹងធ្វើ​យ៉ាង​នោះ។

អរតិសូត្រ ទី២

[២០៩] សម័យមួយ ព្រះវង្គីសៈមានអាយុ គង់នៅក្នុងអគ្គាឡវចេតិយ ទៀបក្រុងអាឡវី ជាមួយនឹងឧបជ្ឈាយ៍ ឈ្មោះនិគ្រោធកប្បៈមានអាយុ។ សម័យនោះឯង ព្រះនិគ្រោធកប្បៈ​មាន​អាយុ ត្រឡប់មកពីបិណ្ឌបាត ក្នុងវេលាក្រោយភត្ត ក៏ចូលទៅកាន់វិហារ ចេញ (អំពី​វិហារ​ទៅវិញ) ក្នុងវេលាល្ងាច ឬក្នុងកាលថ្ងៃស្អែកឡើង។

[២១០] សម័យនោះឯង សេចក្តីអផ្សុក កើតមានដល់ព្រះវង្គីសៈមានអាយុ ទាំងរាគៈ ក៏ញុំាងកុសលចិត្តឲ្យវិនាស។ ព្រះវង្គីសៈមានអាយុ មានសេចក្តីត្រិះរិះ យ៉ាងនេះថា អើហ្ន៎ អាត្មាអញ ពេញជាមិនមានលាភ អើហ្ន៎ លាភ មិនមានដល់អាត្មាអញឡើយ អើហ្ន៎ អត្តភាព​ជាមនុស្ស អាត្មាអញ បានដោយអាក្រក់ អើហ្ន៎ អត្តភាពជាមនុស្ស អាត្មាអញ មិនបានដោយល្អទេ ព្រោះថា សេចក្តីអផ្សុក កើតឡើងដល់អាត្មាអញ រាគៈក៏ញុំាង​កុសលចិត្ត​ឲ្យវិនាស ពួកជនដទៃ គប្បីបន្ទោបង់សេចក្តីអផ្សុក របស់អាត្មាអញ ហើយធ្វើ​សេចក្តី​ត្រេកអរ ឲ្យកើតឡើង ដោយហេតុណា ហេតុនោះ អាត្មាអញ គប្បីបានជនទាំង​នោះ​អំពីទីណា ក្នុងរាគៈនេះ បើដូច្នោះ មានតែអាត្មាអញ បន្ទោបង់ នូវសេចក្តីអផ្សុក​របស់​ខ្លួន ដោយខ្លួនឯង ហើយធ្វើសេចក្តីត្រេកអរ ឲ្យកើតឡើង។

[២១១] លំដាប់នោះឯង ព្រះវង្គីសៈមានអាយុ ក៏បន្ទោបង់សេចក្តីអផ្សុករបស់ខ្លួន ដោយ​ខ្លួន​ឯង ហើយធ្វើសេចក្តីត្រេកអរ ឲ្យកើតឡើង រួចពោលគាថាទាំងឡាយនេះ ក្នុងវេលា​នោះ​ថា

ភិក្ខុណាលះបង់ នូវសេចក្តីមិនត្រេកអរផង នូវសេចក្តីត្រេកអរផងនូវវិតក្កៈ ដែលអាស្រ័យ​នូវផ្ទះ គឺកាមគុណផង ដោយប្រការទាំងពួង ហើយមិនធ្វើនូវព្រៃធំ គឺកិលេស ក្នុង​អារម្មណ៍​ណាមួយឡើយ ភិក្ខុនោះឈ្មោះថា មិនមានព្រៃធំ គឺកិលេស ជាអ្នកប្រាសចាកតណ្ហា របស់អ្វី​មួយ ក្នុងលោកនេះ ដែលមានរូបឋិតលើផែនដីក្តី ដែលឋិតលើអាកាសក្តី ដែលឋិត​នៅ​ក្នុងរូងផែនដីក្តី [សំដៅយកពិភពនាគ។] របស់ទាំងអស់នោះ មិនទៀង រមែង​គ្រាំគ្រា​ទៅ ពួកជនដែលស្គាល់ច្បាស់ នូវអត្តភាព តែងមកប្រជុំយ៉ាងនេះ តែងជាប់ចំពាក់​ក្នុង​ឧបធិ​ទាំងឡាយ អ្នកឯងជាបុគ្គល មិនមានតណ្ហា ជាគ្រឿងញាប់ញ័រ ចូរបន្ទោបង់​នូវ​ចំណង់ ក្នុងរូបដែលឃើញហើយ ក្នុងសំឡេងដែលឮហើយ ក្នុងក្លិន និងរសដែល​ប៉ះពាល់​ហើយ ក្នុងផោដ្ឋព្វារម្មណ៍ ដែលពាល់ត្រូវហើយ អ្នកណាមិនជាប់នៅ ក្នុង​បញ្ចកាមគុណ​នេះ ពួកជនហៅអ្នកនោះ ថាជាអ្នកប្រាជ្ញ មួយទៀត វិតក្កៈទាំងឡាយ ដែលមិន​ប្រកប​ដោយ​ធម៌ អាស្រ័យនូវអារម្មណ៍៦ តាំងនៅក្នុងពួកបុថុជ្ជន បុគ្គលណា មិនទៅកាន់​កិលេសវដ្តៈ ក្នុងទីណាមួយ ទាំងមិនពោលពាក្យអាក្រក់ បុគ្គលនោះ ឈ្មោះថាភិក្ខុ ជាអ្នក​ប្រាជ្ញ មានចិត្តតាំងមាំ អស់កាលជាយូរអង្វែង ជាអ្នកមិនកុហក មានប្រាជ្ញា​ជាគ្រឿង​រក្សាខ្លួន ទាំងមិនមានសេចក្តីស្រឡាញ់ ឈ្មោះថាជាអ្នកប្រាជ្ញ បានត្រាស់ដឹងនូវព្រះនិព្វាន មួយ​ទៀត បុគ្គលនោះ បរិនិព្វានហើយ ព្រោះអាស្រ័យព្រះនិព្វាន តែងទន្ទឹង​នូវ​បរិនិព្វាន​កាល។

បេសលាតិមញ្ញនាសូត្រ ទី៣

[២១២] សម័យមួយ ព្រះវង្គីសៈមានអាយុ នៅក្នុងអគ្គាឡវចេតិយ ទៀបក្រុងអាឡវី ជាមួយនឹងឧបជ្ឈាយ៍ ឈ្មោះនិគ្រោធកប្បៈ ដ៏មានអាយុ។ ក៏សម័យនោះឯង ព្រះវង្គីសៈ​មានអាយុ មើលងាយនូវពួកភិក្ខុដទៃ ដែលមានសីលជាទីស្រឡាញ់ ដោយសេចក្តី​ឈ្លាសវៃ​របស់ខ្លួន។ លំដាប់នោះ ព្រះវង្គីសៈមានអាយុ មានសេចក្តីត្រិះរិះ យ៉ាងនេះថា អើហ្ន៎ អាត្មាអញ ពេញជាមិនមានលាភ អើហ្ន៎ លាភ មិនមានដល់អាត្មាអញឡើយ អើហ្ន៎ អត្តភាព​ជាមនុស្ស អាត្មាអញ បានដោយអាក្រក់ អើហ្ន៎ អត្តភាពជាមនុស្ស អាត្មាអញ មិនបានដោយល្អទេ ព្រោះអាត្មាអញ មើលងាយពួកភិក្ខុដទៃ ដែលមានសីល​ជាទី​ស្រឡាញ់ ដោយសេចក្តីឈ្លាសវៃរបស់ខ្លួន។

[២១៣] លំដាប់នោះ ព្រះវង្គីសៈមានអាយុ ក៏ធ្វើសេចក្តីក្តៅក្រហាយរបស់ខ្លួន ឲ្យកើត​ឡើង​ដោយខ្លួនឯង ហើយពោលនូវគាថាទាំងឡាយនេះ ក្នុងវេលានោះថា

ម្នាលអ្នកជាសាវ័កព្រះគោតម អ្នកចូរលះបង់ នូវចិត្តមានះចេញ ចូរលះបង់​នូវ​គន្លងនៃ​មានះ ក្នុងកាយនេះចេញ បុគ្គលដែលមានសេចក្តីក្តៅក្រហាយ អស់កាលជាយូរអង្វែង គួរតែលះបង់ នូវគន្លងនៃមានះ ក្នុងកាយនេះ កុំឲ្យសេសសល់ ពពួកសត្វ ដែលប្រឡាក់​ដោយ​សេចក្តីលុបគុណ ដែលត្រូវមានះបៀតបៀនហើយ រមែងធ្លាក់ទៅក្នុងនរក ពួកជន ដែលត្រូវមានះបៀតបៀនហើយ តែងទៅកើតក្នុងនរក សោកសៅ អស់រាត្រីជាយូរអង្វែង ភិក្ខុដែលឈ្នះកិលេសដោយមគ្គ ប្រតិបត្តិដោយប្រពៃ រមែងមិនសោកសៅក្នុងកាល​ណា​ម្តង​ឡើយ រមែងបាននូវសេចក្តីសរសើរ និងសេចក្តីសុខ អ្នកប្រាជ្ញទាំងឡាយហៅភិក្ខុនោះ ដែលមានសភាពដូច្នោះ ថា ជាអ្នកឃើញធម៌ ហេតុដូច្នោះ ភិក្ខុក្នុងសាសនានេះ ជាអ្នក​មិន​រឹងត្អឹង មានព្យាយាម លះបង់នូវនីវរណៈទាំងឡាយ ជាអ្នកបរិសុទ្ធ លះបង់មានះ មិនឲ្យ​សេសសល់ ហើយធ្វើនូវទីបំផុត នៃកិលេសដោយវិជ្ជា ជាអ្នកស្ងប់រម្ងាប់។

អានន្ទសូត្រ ទី៤

[២១៤] សម័យមួយ ព្រះអានន្ទមានអាយុ គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង ព្រះអានន្ទមានអាយុ ស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងវេលាព្រឹកព្រហាម ចូលទៅបិណ្ឌបាតក្នុងក្រុងសាវត្ថី មានព្រះវង្គីសៈមានអាយុ ជា​បច្ឆាសមណៈ។ សម័យនោះ សេចក្តីអផ្សុក ក៏កើតឡើង ដល់ព្រះវង្គីសៈមានអាយុ ទាំង​រាគៈ ក៏ធ្វើកុសលចិត្តឲ្យវិនាស។

[២១៥] ទើបព្រះវង្គីសៈមានអាយុ បានពោលនឹងព្រះអានន្ទមានអាយុ ដោយគាថាថា

បពិត្រលោក ជាគោតមគោត្រ ខ្ញុំក្តៅដោយកាមរាគៈ ចិត្តរបស់ខ្ញុំ ក្តៅក្រហាយណាស់ សូម​លោក​មេត្តាសំដែងធម៌ ជាគ្រឿងរំលត់រាគៈ ដោយសេចក្តីអនុគ្រោះឲ្យទាន។

[២១៦] ព្រះអានន្ទពោលថា ចិត្តរបស់លោកក្តៅក្រហាយ ព្រោះសេចក្តីប្រែប្រួលនៃសញ្ញា លោកចូរវៀរនូវនិមិត្តល្អ ដែលប្រកបដោយរាគៈចេញ ហើយពិចារណាសង្ខារទាំងឡាយ ថាជារបស់ដទៃ ថាជាទុក្ខ កុំពិចារណាថា ជារបស់ខ្លួនឡើយ ចូរធ្វើរាគៈដ៏ធំ ឲ្យរលត់​បាត់​ទៅ កុំមានសេចក្តីក្តៅក្រហាយរឿយៗឡើយ លោកចូរចំរើននូវចិត្ត ឲ្យមានអារម្មណ៍​តែ​មួយ ឲ្យតាំងនៅដោយប្រពៃ ដោយអសុភារម្មណ៍ កាយគតាសតិ ចូរមានដល់លោក លោក​ចូរ​ជាអ្នកមានសេចក្តីនឿយណាយច្រើន ចូរចំរើននូវអនិមិត្ត គឺវិបស្សនា ដកនូវ​មានានុស័យចេញ ហើយជាអ្នកមានចិត្តស្ងប់រម្ងាប់ប្រព្រឹត្តទៅ ដោយការយល់ច្បាស់​នូវ​មានះនោះ។

សុភាសិតសូត្រ ទី៥

[២១៧] សាវត្ថីនិទាន។ ក្នុងទីនោះឯង ព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុ​ទាំងឡាយ​មកថា ម្នាលភិក្ខុទាំងឡាយ។ ភិក្ខុទាំងនោះ ទទួលព្រះបន្ទូលព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ។ ព្រះមានព្រះភាគ ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ វាចាប្រកប​ដោយ​អង្គ ៤ ឈ្មោះថាសុភាសិត មិនមែនទុព្ភាសិតទេ ជាវាចាមិនមានទោសផង ដែលអ្នក​ប្រាជ្ញ​មិនតិះដៀលផង។ វាចាដែលប្រកបដោយអង្គ៤ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ រមែងពោលពាក្យសុភាសិត មិនពោលពាក្យទុព្ភាសិត១ ពោល​ពាក្យ​ជាធម៌ មិនពោលពាក្យមិនជាធម៌១ ពោលពាក្យជាទីស្រឡាញ់ មិនពោលពាក្យមិន​ជាទី​ស្រឡាញ់ ១ ពោលពាក្យពិត មិនពោលពាក្យកុហក១។ ម្នាលភិក្ខុទាំងឡាយ វាចាប្រកប​ដោយអង្គ ៤ នេះឯង ឈ្មោះថា សុភាសិត មិនមែនទុព្ភាសិតទេ ជាវាចាមិនមានទោសផង ដែលអ្នកប្រាជ្ញមិនតិះដៀលផង។

[២១៨] ព្រះមានព្រះភាគ ទ្រង់ត្រាស់ភាសិតនេះហើយ លុះព្រះសុគត ជាសាស្តា ទ្រង់​ត្រាស់ភាសិតនេះហើយ ក៏ទ្រង់ត្រាស់គាថានេះតទៅទៀតថា

ពួកសប្បុរស ពោលសុភាសិត ជាពាក្យខ្ពង់ខ្ពស់ (ទី១) ពោលពាក្យជាធម៌ មិនពោល​ពាក្យ​មិនជាធម៌ នោះជាទី២ ពោលពាក្យជាទីស្រឡាញ់ មិនពោលពាក្យមិនជាទីស្រឡាញ់ នោះ​ជាទី ៣ ពោលពាក្យពិត មិនពោលពាក្យកុហក នោះជាទី ៤។

លំដាប់នោះឯង ព្រះវង្គីសៈមានអាយុ ក្រោកចាកអាសនៈ ហើយធ្វើឧត្តរាសង្គៈ ឆៀងស្មា​ម្ខាង ប្រណម្យអញ្ជលី ឆ្ពោះទៅរកព្រះមានព្រះភាគ ហើយពោលពាក្យនេះ នឹង​ព្រះមានព្រះភាគ​ថា បពិត្រព្រះមានព្រះភាគ ខ្ញុំព្រះអង្គ សូមសំដែងធម៌ បពិត្រព្រះសុគត ខ្ញុំព្រះអង្គ សូមសំដែងធម៌។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលវង្គីសៈ អ្នកចូរសំដែង​ធម៌ចុះ។

[២១៩] លំដាប់នោះឯង ព្រះវង្គីសៈមានអាយុ បានពោលសរសើរព្រះមានព្រះភាគ ដោយ​គាថា​ទាំងឡាយ ដ៏សមគួរ ក្នុងទីចំពោះព្រះភក្រ្តថា

បុគ្គលមិនធ្វើខ្លួនឲ្យក្តៅ ដោយវាចាណា គប្បីពោលវាចានោះឯង មួយទៀត បុគ្គលមិន​គប្បីបៀតបៀនពួកជនដទៃ (ដោយវាចាណា) វាចានោះឯង ឈ្មោះថា សុភាសិត វាចាណា ដែលគេត្រេកអរ បុគ្គលគប្បីពោល នូវវាចានោះ ជាវាចាជាទីស្រឡាញ់ បុគ្គលពោល​នូវ​វាចាណា មិនកាន់យកវាចាដ៏អាក្រក់ ពោលនូវវាចាជាទីស្រឡាញ់ ដល់ជន​ទាំងឡាយ​ដទៃ (បុគ្គលគប្បីពោលនូវវាចានោះ) ពាក្យពិត ឈ្មោះថា ជាពាក្យមិនស្លាប់ ធម៌នេះ​ជា​ប្រពៃណី ពួកសប្បុរស តាំងនៅហើយក្នុងសច្ចៈ ដែលជាអត្ថផង ជាធម៌ផង ព្រះពុទ្ធទ្រង់​ពោល​វាចាណា ដ៏ក្សេមក្សាន្ត ដើម្បីដល់នូវព្រះនិព្វាន និងធ្វើនូវទីបំផុតទុក្ខបាន វាចានោះ​ឯង ជាវាចាដ៏ខ្ពង់ខ្ពស់ ជាងវាចាទាំងឡាយ។

សារីបុត្តសូត្រ ទី៦

[២២០] សម័យមួយ ព្រះសារីបុត្តមានអាយុ នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ ក៏សម័យនោះ ព្រះសារីបុត្តមានអាយុ បានពន្យល់ពួកភិក្ខុ ឲ្យឃើញ​ច្បាស់ ឲ្យកាន់យកតាម ឲ្យអាចហាន ឲ្យរីករាយ ដោយធម្មីកថា ជាវាចាបរិបូណ៌​ដោយ​អក្ខរៈ និងបទច្បាស់លាស់ ជាវាចាឥតទោស អាចញុំាងបុគ្គល ឲ្យដឹងច្បាស់នូវ​សេចក្តី​បាន។ ភិក្ខុទាំងនោះ ក៏ធ្វើឲ្យជាប្រយោជន៍ ធ្វើទុកក្នុងចិត្ត ប្រមូលនូវចិត្តទាំងអស់ ផ្ទៀង​ត្រចៀក​ស្តាប់ធម៌។

[២២១] លំដាប់នោះឯង ព្រះវង្គីសៈមានអាយុ មានសេចក្តីត្រិះរិះ ដូច្នេះថា ព្រះសារីបុត្ត​មានអាយុ​នេះឯង បានពន្យល់ពួកភិក្ខុ ឲ្យឃើញច្បាស់ ដោយធម្មីកថា។បេ។ ជាវាចាអាច​ញុំាង​បុគ្គល ឲ្យដឹងច្បាស់នូវសេចក្តីបាន ចំណែកភិក្ខុទាំងនោះ ក៏ធ្វើឲ្យជាប្រយោជន៍។បេ។ ស្តាប់ធម៌ បើដូច្នោះ មានតែអាត្មាអញ ពោលសរសើរព្រះសារីបុត្តមានអាយុ ដោយ​គាថា​ទាំងឡាយ ដ៏សមគួរ ក្នុងទីចំពោះមុខ។ ទើបព្រះវង្គីសៈមានអាយុ ក្រោក​ចាក​អាសនៈ ធ្វើឧត្តរាសង្គៈ ឆៀងស្មាម្ខាង ប្រណម្យអញ្ជលី ឆ្ពោះទៅរកព្រះសារីបុត្តមានអាយុ ហើយ​ពោលពាក្យនេះ នឹងព្រះសារីបុត្តមានអាយុថា បពិត្រព្រះសារីបុត្តមានអាយុ ខ្ញុំសូម​សំដែងធម៌ បពិត្រព្រះសារីបុត្តមានអាយុ ខ្ញុំសូមសំដែងធម៌។ ព្រះសារីបុត្តតបថា អើ​អាវុសោវង្គីសៈ ចូរលោកសំដែងធម៌ចុះ។

[២២២] លំដាប់នោះឯង ព្រះវង្គីសៈមានអាយុ ពោលសរសើរព្រះសារីបុត្តមានអាយុ ដោយ​គាថាទាំងឡាយ ដ៏សមគួរ ក្នុងទីចំពោះមុខថា

ព្រះសារីបុត្តជាអ្នកប្រាជ្ញ មានបញ្ញាជ្រាលជ្រៅ ជាអ្នកឈ្លាសក្នុងមគ្គ និងមិនមែនមគ្គ មាន​បញ្ញាច្រើន តែងសំដែងធម៌ដល់ភិក្ខុទាំងឡាយ សំដែងដោយសង្ខេបខ្លះ សំដែងដោយ​ពិស្តារ​ខ្លះ មានសំឡេងគឹកកង ដូចជាសត្វសាលិកា បញ្ចេញនូវប្រាជ្ញាដ៏វិសេស ពួកភិក្ខុនាំ​គ្នា​ស្តាប់នូវវាចាដ៏ពីរោះរបស់លោក ដែលកំពុងសំដែងធម៌នោះ ភិក្ខុទាំងឡាយ មាន​ចិត្តអណ្តែតឡើង មានចិត្តរីករាយដោយសំឡេង ដែលគួរត្រេកអរ គួរស្តាប់ ជាសំឡេង​ដ៏​ពីរោះ ហើយផ្ទៀងត្រចៀកស្តាប់។

បវារណាសូត្រ ទី៧

[២២៣] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងប្រាសាទនៃមិគារមាតា ឈ្មោះ​បុព្វារាម ទៀបក្រុងសាវត្ថី ជាមួយនឹងភិក្ខុសង្ឃច្រើន គឺភិក្ខុប្រមាណ៥០០រូប សុទ្ធតែជា​ព្រះអរហន្ត។ ក៏ក្នុងសម័យនោះឯង ព្រះមានព្រះភាគ មានព្រះភិក្ខុសង្ឃ គាល់ត្រៀបត្រា គង់ក្នុង​ទីវាល ក្នុងថ្ងៃបណ្ណរសីបវារណា ជាថ្ងៃឧបោសថនោះ។ គ្រានោះឯង ព្រះមានព្រះ​ភាគ ទ្រង់ឆ្មៀងព្រះនេត្រ ទតឃើញភិក្ខុសង្ឃដែលនៅស្ងៀមហើយ ត្រាស់ហៅភិក្ខុ​ទាំងឡាយ​មកថា ម្នាលភិក្ខុទាំងឡាយ ណ្ហើយចុះ ឥឡូវនេះ តថាគតបវារណា ដល់អ្នក​ទាំងឡាយ អ្នកទាំងឡាយ មិនតិះដៀលនូវកម្មតិចតួច ដែលប្រព្រឹត្តទៅក្នុងកាយទ្វារ ឬ​វចីទ្វារ របស់តថាគតទេឬ។

[២២៤] កាលព្រះមានព្រះភាគ ត្រាស់យ៉ាងនេះហើយ ព្រះសារីបុត្តមានអាយុ ក៏ក្រោក​ចាក​អាសនៈ ធ្វើឧត្តរាសង្គៈ ឆៀងស្មាម្ខាង ប្រណម្យអញ្ជលី ឆ្ពោះទៅរកព្រះមានព្រះភាគ ក្រាបទូល​ព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន យើងខ្ញុំព្រះអង្គ មិនបាន​តិះដៀល​នូវកម្មតិចតួច ដែលប្រព្រឹត្តទៅក្នុងកាយទ្វារ ឬវចីទ្វារ របស់ព្រះមានព្រះភាគទេ បពិត្រ​ព្រះអង្គដ៏ចំរើន ព្រោះថា ព្រះមានព្រះភាគ ជាអ្នកបង្កើតផ្លូវដែលមិនទាន់កើត ឲ្យស្គាល់​ផ្លូវដែលមិនទាន់ស្គាល់ ប្រាប់ផ្លូវដែលមិនទាន់ប្រាប់ ទ្រង់ដឹងនូវផ្លូវ ជ្រាបច្បាស់​នូវផ្លូវ ឈ្លាសវៃក្នុងផ្លូវ បពិត្រព្រះអង្គដ៏ចំរើន ពួកសាវ័កក្នុងកាលឥឡូវនេះ តែងដើរទៅ​តាម​ផ្លូវ ដើរតាមក្រោយ បពិត្រព្រះអង្គដ៏ចំរើន ចំណែកខ្ញុំព្រះអង្គ សូមបវារណា​ចំពោះ​ព្រះមានព្រះភាគ ព្រះមានព្រះភាគ មិនទ្រង់តិះដៀល នូវកម្មតិចតួច ដែលប្រព្រឹត្តទៅ ក្នុង​កាយទ្វារ ឬវចីទ្វារ របស់ខ្ញុំព្រះអង្គទេឬ។ ម្នាលសារីបុត្ត តថាគត មិនបានតិះដៀល នូវ​កម្មតិចតួច ដែលប្រព្រឹត្តទៅក្នុងកាយទ្វារ ឬវចីទ្វារ របស់អ្នកទេ ម្នាលសារីបុត្ត អ្នកជា​បណ្ឌិត ម្នាលសារីបុត្ត អ្នកមានប្រាជ្ញាច្រើន ម្នាលសារីបុត្ត អ្នកមានប្រាជ្ញាក្រាស់ ម្នាល​សារីបុត្ត អ្នកមានប្រាជ្ញា ជាហេតុឲ្យកើតសេចក្តីរីករាយ ម្នាលសារីបុត្ត អ្នកមាន​ប្រាជ្ញា​រហ័ស ម្នាលសារីបុត្ត អ្នកមានប្រាជ្ញាមុត ម្នាលសារីបុត្ត អ្នកមានប្រាជ្ញា​ជាគ្រឿង​ទំលាយ​បង់នូវ​កិលេស ម្នាលសារីបុត្ត ប្រៀបដូចបុត្តច្បង របស់ស្តេចចក្រពត្តិ រមែងញុំាង​ចក្រដែល​បិតា​ឲ្យប្រព្រឹត្តទៅហើយ ឲ្យប្រព្រឹត្តទៅបានដោយល្អ យ៉ាងណា ម្នាលសារីបុត្ត អ្នកក៏​ញុំាងអនុត្តរធម្មចក្រ ដែលតថាគត ឲ្យប្រព្រឹត្តទៅហើយ ឲ្យប្រព្រឹត្តទៅបានដោយល្អ យ៉ាង​នោះដែរ។ បពិត្រព្រះអង្គដ៏ចំរើន បើព្រះមានព្រះភាគ មិនទ្រង់តិះដៀល នូវកម្មតិចតួច ដែលប្រព្រឹត្តទៅក្នុងកាយទ្វារ ឬវចីទ្វារ របស់ខ្ញុំព្រះអង្គទេ បពិត្រព្រះអង្គដ៏ចំរើន ចុះ​ព្រះមានព្រះភាគ មិនតិះដៀល នូវកម្មតិចតួច ដែលប្រព្រឹត្តទៅក្នុងកាយទ្វារ ឬវចីទ្វារ របស់ពួកភិក្ខុ៥០០នេះដែរឬ។ ម្នាលសារីបុត្ត តថាគត មិនតិះដៀល នូវកម្មតិចតួច ដែល​ប្រព្រឹត្តទៅក្នុងកាយទ្វារ ឬវចីទ្វារ របស់ពួកភិក្ខុ៥០០នេះទេ ម្នាលសារីបុត្ត ព្រោះថា បណ្តា​ភិក្ខុទាំង៥០០នេះ ភិក្ខុ៦០រូប ជាតេវិជ្ជបុគ្គល (បុគ្គលបានវិជ្ជា៣) ភិក្ខុ៦០រូប ជា ឆឡភិញ្ញ​បុគ្គល (បុគ្គលបានអភិញ្ញា៦) ភិក្ខុ៦០រូប ជាឧភតោភាគវិមុត្តបុគ្គល (បុគ្គលរួចចាកកិលេស ដោយ​ធម៌ពីរ គឺរូបសមាបត្តិ និងអរូបសមាបត្តិ) ឯភិក្ខុទាំងឡាយក្រៅពីនេះ ជាបញ្ញាវិមុត្ត​បុគ្គល (បុគ្គលរួចចាកកិលេស ដោយប្រាជ្ញា)។ ទើបព្រះវង្គីសៈមានអាយុ ក្រោកចាក​អាសនៈ ធ្វើឧត្តរាសង្គៈ ឆៀងស្មាម្ខាង ប្រណម្យអញ្ជលី ឆ្ពោះទៅរកព្រះមានព្រះភាគ ក្រាប​ទូល​ព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះមានព្រះភាគ ខ្ញុំព្រះអង្គ សូមសំដែងធម៌ បពិត្រ​ព្រះសុគត ខ្ញុំព្រះអង្គ សូមសំដែងធម៌។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលវង្គីសៈ ចូរអ្នក​សំដែងធម៌ចុះ។

[២២៥] លំដាប់នោះឯង ព្រះវង្គីសៈមានអាយុ ពោលសរសើរព្រះមានព្រះភាគ ដោយ​គាថា​ទាំងឡាយ ដ៏សមគួរ ក្នុងទីចំពោះព្រះភក្រ្តថា

ថ្ងៃនេះជាថ្ងៃ១៥ ភិក្ខុទាំងឡាយ៥០០រូប ជាអ្នកកាត់បង់នូវកិលេស គឺសញ្ញោជនៈ និង​ពន្ធនៈ ជាអ្នកមិនមានទុក្ខ មានភពថ្មីអស់ហើយ ជាអ្នកស្វែងរកនូវគុណ មានសីលគុណ​ជាដើម មកប្រជុំគ្នា ដើម្បីធ្វើខ្លួនឲ្យបរិសុទ្ធ ប្រៀបដូចស្តេចចក្រពត្តិ ដែលពួក​អាមាត្យ​ចោម​រោម ទ្រង់ស្តេចត្រួតត្រាជុំវិញផែនដីនេះ ដែលមានសាគរជាទីបំផុត យ៉ាងណា ពួកសាវ័ក ដែលបានត្រៃវិជ្ជា ញុំាងមច្ចុឲ្យវិនាស ចូលទៅអង្គុយជិតព្រះទសពល ទ្រង់ឈ្នះសង្គ្រាម គឺកិលេស ទ្រង់ដឹកនាំពួកសត្វ រកបុគ្គលជាងគ្មាន យ៉ាងនោះដែរ សាវ័កទាំងអស់ ជាបុត្ត របស់ព្រះមានព្រះភាគ បុគ្គលជ្រោកជ្រាក មិនមានក្នុងពួកសាវ័កនេះឡើយ ខ្ញុំព្រះអង្គ សូមថ្វាយបង្គំព្រះទសពល ជាផៅពង្សនៃព្រះអាទិត្យ ជាអ្នកដកនូវសរ គឺតណ្ហាបាន។

បរោសហស្សសូត្រ ទី៨

[២២៦] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិក​សេដ្ឋី ទៀបក្រុងសាវត្ថី ជាមួយនឹងភិក្ខុសង្ឃច្រើន គឺភិក្ខុចំនួន១២៥០រូប។ ក៏ក្នុងសម័យ​នោះ​ឯង ព្រះមានព្រះភាគ ទ្រង់ពន្យល់ពួកភិក្ខុ ឲ្យឃើញច្បាស់ ឲ្យកាន់យកតាម ឲ្យអាច​ហ៊ាន ឲ្យរីករាយ ដោយធម្មីកថា ដែលជាប់ទាក់ទងដោយព្រះនិព្វាន។ ភិក្ខុទាំងនោះ ក៏ធ្វើ​ឲ្យ​ជា​ប្រយោជន៍ ធ្វើទុកក្នុងចិត្ត ប្រមូលមកនូវចិត្តទាំងអស់ ផ្ទៀងត្រចៀកស្តាប់ធម៌។

[២២៧] លំដាប់នោះឯង ព្រះវង្គីសៈមានអាយុ មានសេចក្តីត្រិះរិះ យ៉ាងនេះថា ព្រះមានព្រះភាគ ទ្រង់ពន្យល់ពួកភិក្ខុឲ្យឃើញច្បាស់ ឲ្យកាន់យកតាម ឲ្យអាចហាន ឲ្យរីករាយដោយធម្មីកថា ដែលជាប់ទាក់ទងដោយព្រះនិព្វាន។ ភិក្ខុទាំងនោះ ក៏ធ្វើឲ្យជា​ប្រយោជន៍ ធ្វើទុកក្នុងចិត្ត ប្រមូលមកនូវចិត្តទាំងអស់ ផ្ទៀងត្រចៀកស្តាប់ធម៌ បើដូច្នោះ មានតែអាត្មាអញ ពោលសរសើរព្រះមានព្រះភាគ ដោយគាថាទាំងឡាយ ដ៏សមគួរ ក្នុងទី​ចំពោះព្រះភក្ត្រ។ លំដាប់នោះឯង ព្រះវង្គីសៈមានអាយុ ក្រោកចាកអាសនៈ ធ្វើឧត្តរាសង្គៈ ឆៀងស្មាម្ខាង ប្រណម្យអញ្ជលី ឆ្ពោះទៅរកព្រះមានព្រះភាគ ក្រាបទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះមានព្រះភាគ ខ្ញុំព្រះអង្គ សូមសំដែងធម៌ បពិត្រព្រះសុគត ខ្ញុំព្រះអង្គ សូមសំដែងធម៌។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលវង្គីសៈ ចូរអ្នកសំដែងធម៌ចុះ។

[២២៨] លំដាប់នោះឯង ព្រះវង្គីសៈមានអាយុ បានពោលសរសើរព្រះមានព្រះភាគ ដោយគាថាទាំងឡាយ ដ៏សមគួរ ក្នុងទីចំពោះព្រះភក្រ្តថា

ភិក្ខុច្រើនជាងពាន់ ចូលទៅគាល់ព្រះសុគត កំពុងសំដែងធម៌ ដែលជាប់ទាក់ទងដោយ​ព្រះនិព្វាន ជាធម៌ប្រាសចាកធូលី គឺកិលេស ឥតមានភ័យអំពីទីណាមួយឡើយ ពួកភិក្ខុ​ទាំង​នោះ ស្តាប់ធម៌ដែលប្រាសចាកមន្ទិល ដែលព្រះសម្មាសម្ពុទ្ធ ទ្រង់សំដែងហើយ ព្រះសម្ពុទ្ធ ដែលភិក្ខុសង្ឃគាល់ត្រៀបត្រា ល្អណាស់ហ្ន៎ បណ្តាឥសីទាំងឡាយ ព្រះមានព្រះភាគ ទ្រង់ព្រះនាមថានាគជាទី ៧ នៃពួកឥសី (រាប់តាំងអំពីព្រះពុទ្ធវិបស្សី​មក) តែងបង្អុរភ្លៀង ចំពោះសាវ័កទាំងឡាយ បីដូចភ្លៀងធំធ្លាក់ចុះ បពិត្រព្រះអង្គ​មាន​ព្យាយាម​ធំ វង្គីសៈ ជាសាវ័ករបស់ព្រះអង្គ ចេញមកអំពីទីសម្រាក ក្នុងវេលាថ្ងៃ ព្រោះចង់​ឃើញ​ព្រះសាស្តា សូមថ្វាយបង្គំព្រះបាទារបស់ព្រះអង្គ។

ព្រះអង្គត្រាស់ថា ម្នាលវង្គីសៈ គាថាទាំងឡាយនេះ អ្នកធ្លាប់បានត្រិះរិះពីកាលមុនឬ ឬ​ទើប​នឹងប្រាកដដល់អ្នក មួយរំពេចនេះទេ។ បពិត្រព្រះអង្គដ៏ចំរើន គាថាទាំងនេះ ខ្ញុំ​ព្រះអង្គ​មិនដែលបានត្រិះរិះ ពីកាលមុនមកទេ ស្រាប់តែប្រាកដដល់ខ្ញុំព្រះអង្គ មួយ​រំពេច​នេះឯង។ ម្នាលវង្គីសៈ បើដូច្នោះ គាថាទាំងឡាយ ដែលអ្នកមិនធ្លាប់បានត្រិះរិះ ក្នុង​កាល​មុនមកនោះ ចូរអ្នកសំដែងឲ្យក្រៃលែងតទៅទៀត។

[២២៩] ព្រះវង្គីសៈមានអាយុ ទទួលព្រះបន្ទូលនៃព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គ ហើយពោលសរសើរព្រះមានព្រះភាគ ដោយគាថាទាំងឡាយ ដែលមិនធ្លាប់ត្រិះរិះក្នុង​កាល​មុន ឲ្យក្រៃលែងតទៅថា

ព្រះមានព្រះភាគ ទ្រង់គ្របសង្កត់នូវផ្លូវខុសជាច្រើន របស់មារ ទ្រង់ត្រាច់ទៅបំបាក់គោល គឺកិលេសបាន លោកទាំងឡាយ ចូរមើលព្រះអង្គកំពុងស្រាយ នូវចំណងដែលមិន​អាស្រ័យ​កិលេស ទ្រង់ចែកធម៌ជាចំណែកៗ ព្រះអង្គសំដែងប្រាប់ផ្លូវច្រើនបែប ដើម្បីរើខ្លួន​ចាកអន្លង់ (ទាំង៤) កាលបើព្រះអង្គសំដែងប្រាប់ នូវព្រះនិព្វាននោះហើយ ពួកជនដែលជា​អ្នក​ឃើញធម៌ ក៏តាំងនៅឥតមានរសេមរសាម ព្រះអង្គជាអ្នកធ្វើនូវពន្លឺ ត្រាស់ដឹងនូវធម៌ បានឃើញច្បាស់ នូវព្រះនិព្វាន ជាទីកន្លងបង់នូវហេតុ នៃទិដ្ឋិទាំងអស់ លុះព្រះអង្គ​ត្រាស់ដឹង ធ្វើឲ្យជាក់ច្បាស់ហើយ សំដែងនូវធម៌ដ៏ឧត្តម ដល់ជនទាំងឡាយ​ដែលមាន​សទ្ធា កាលបើធម៌ ដែលព្រះអង្គសំដែង ដោយល្អយ៉ាងនេះហើយ ជនទាំងឡាយ​អ្នកដឹង​ច្បាស់ នឹងមានសេចក្តីប្រមាទ ដូចម្តេចបាន ព្រោះហេតុនោះឯង បុគ្គលក្នុងសាសនា របស់​ព្រះមានព្រះភាគនោះ គប្បីជាអ្នកមិនប្រមាទ គប្បីសិក្សារឿយៗ នូវការថ្វាយបង្គំ​គ្រប់​កាលចុះ។

កោណ្ឌញ្ញសូត្រ ទី៩

[២៣០] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់ក្នុងវត្តវេឡុវ័ន ជាកលន្ទកនិវាបស្ថាន ទៀបក្រុងរាជគ្រឹះ។ គ្រានោះ ព្រះអញ្ញាកោណ្ឌញ្ញមានអាយុ យូរណាស់ហើយ ទើបនឹង​ចូល​ទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ឱនសិរ្សៈ ទៀបព្រះបាទា នៃព្រះមានព្រះភាគ ជញ្ជក់បាទាព្រះមានព្រះភាគដោយមាត់ ច្របាច់ដោយបាតដៃ ហើយ​ប្រកាស​នាមថា បពិត្រព្រះមានព្រះភាគ ខ្ញុំព្រះអង្គឈ្មោះ កោណ្ឌញ្ញ បពិត្រព្រះសុគត ខ្ញុំព្រះអង្គឈ្មោះកោណ្ឌញ្ញ។

[២៣១] លំដាប់នោះឯង ព្រះវង្គីសៈមានអាយុ មានសេចក្តីត្រិះរិះយ៉ាងនេះថា ព្រះកោណ្ឌញ្ញ​មានអាយុនេះ យូរណាស់ហើយ ទើបតែនឹងចូលទៅគាល់ព្រះមានព្រះភាគ លុះ​ចូល​ទៅដល់ហើយ ក៏ឱនសិរ្សៈ ទៀបបាទា នៃព្រះមានព្រះភាគ ជញ្ជក់បាទា នៃ​ព្រះមានព្រះភាគដោយមាត់ ច្របាច់ដោយបាតដៃ ហើយប្រកាសនាមថា បពិត្រ​ព្រះមានព្រះភាគ ខ្ញុំព្រះអង្គឈ្មោះ កោណ្ឌញ្ញ បពិត្រព្រះសុគត ខ្ញុំព្រះអង្គឈ្មោះកោណ្ឌញ្ញ ដូច្នេះ បើដូច្នោះ មានតែអាត្មាអញ ពោលសរសើរព្រះអញ្ញាកោណ្ឌញ្ញមានអាយុ ដោយ​គាថា​ទាំងឡាយ ដ៏សមគួរ ក្នុងទីចំពោះព្រះភក្ត្រ នៃព្រះមានព្រះភាគ។ ទើបព្រះវង្គីសៈ​មាន​អាយុ ក្រោកចាកអាសនៈ ធ្វើឧត្តរាសង្គៈ ឆៀងស្មាម្ខាង ហើយប្រណម្យអញ្ជលី ឆ្ពោះ​ទៅរកព្រះមានព្រះភាគ ក្រាបទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះមានព្រះភាគ ខ្ញុំព្រះអង្គ សូមសំដែងធម៌ បពិត្រព្រះសុគត ខ្ញុំព្រះអង្គ សូមសំដែងធម៌។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលវង្គីសៈ ចូរអ្នកសំដែងធម៌ចុះ។

[២៣២] លំដាប់នោះឯង ព្រះវង្គីសៈមានអាយុ បានពោលសរសើរព្រះអញ្ញាកោណ្ឌញ្ញ​មាន​អាយុ ដោយគាថាទាំងឡាយ ដ៏សមគួរ ក្នុងទីចំពោះព្រះភក្រ្ត នៃព្រះមានព្រះភាគថា

ព្រះថេរៈឈ្មោះកោណ្ឌញ្ញនោះ ជាពុទ្ធានុពុទ្ធ គឺជាអ្នកត្រាស់ដឹងតាមព្រះពុទ្ធ មានព្យាយាម​ដ៏​ក្លៀវក្លា បាននូវសុខវិហារធម៌ និងវិវេកធម៌រឿយៗ កិច្ចណា ដែលសាវ័កជាអ្នកធ្វើតាម​នូវ​ពាក្យប្រដៅរបស់ព្រះសាស្តា លោកក៏សម្រេចកិច្ចទាំងអស់នោះ ព្រះកោណ្ឌញ្ញនោះ ជាអ្នក​មិនប្រមាទ សិក្សាក្នុងត្រៃសិក្ខា បានសម្រេចហើយ ព្រះកោណ្ឌញ្ញ (នេះ) មាន​អានុភាព​ច្រើន បាននូវវិជ្ជា៣ ឈ្លាសវៃក្នុងការកំណត់ដឹងចិត្ត របស់សត្វដទៃ ជា​ពុទ្ធទាយាទ (អ្នកទទួលមត៌ករបស់ព្រះពុទ្ធ) តែងថ្វាយបង្គំព្រះបាទា របស់ព្រះសាស្តា។

មោគ្គល្លានសូត្រ ទី១០

[២៣៣] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់ក្នុងកាឡសិលា ខាងភ្នំឥសិគិលិ ទៀប​នគររាជគ្រឹះ ជាមួយនឹងភិក្ខុសង្ឃច្រើន គឺភិក្ខុប្រមាណ៥០០រូប សុទ្ធតែជាព្រះអរហន្ត។ បាន​ឮថា ព្រះមហាមោគ្គល្លានមានអាយុ ពិចារណាមើលចិត្ត ដែលរួចស្រឡះ មិនមាន​ឧបធិក្កិលេស របស់ភិក្ខុទាំងនោះ ដោយចិត្តរបស់ខ្លួន។

[២៣៤] លំដាប់នោះឯង ព្រះវង្គីសៈមានអាយុ មានសេចក្តីត្រិះរិះ ដូច្នេះថា ព្រះមានព្រះភាគ​​អង្គនេះ ទ្រង់គង់ក្នុងកាឡសិលា ខាងភ្នំឥសិគិលិ ទៀបក្រុងរាជគ្រឹះ ជាមួយនឹងភិក្ខុសង្ឃច្រើន គឺភិក្ខុប្រមាណ ៥០០រូប សុទ្ធតែជាព្រះអរហន្ត បានឮថា ព្រះមហាមោគ្គល្លានមានអាយុ ពិចារណាមើលចិត្ត ដែលផុតស្រឡះ មិនមាន​ឧបធិក្កិលេស របស់ភិក្ខុទាំងនោះ ដោយចិត្តរបស់ខ្លួន បើដូច្នោះ គួរតែអាត្មាអញ ពោល​សរសើរព្រះមហាមោគ្គល្លានមានអាយុ ដោយគាថាទាំងឡាយ ដ៏សមគួរ ក្នុងទីចំពោះ​ព្រះភក្ត្រព្រះមានព្រះភាគ។ ទើបព្រះវង្គីសៈមានអាយុ ក្រោកចាកអាសនៈ ធ្វើឧត្តរាសង្គៈ ឆៀងស្មាម្ខាង ប្រណម្យអញ្ជលី ឆ្ពោះត្រង់ទៅរកព្រះមានព្រះភាគ ក្រាបទូល​ព្រះមាន​ព្រះភាគ ដូច្នេះថា បពិត្រព្រះមានព្រះភាគ ខ្ញុំព្រះអង្គ សូមសំដែងធម៌ បពិត្រព្រះសុគត ខ្ញុំព្រះអង្គ សូមសំដែងធម៌។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលវង្គីសៈ ចូរអ្នក​សំដែង​ធម៌ចុះ។

[២៣៥] លំដាប់នោះ ព្រះវង្គីសៈមានអាយុ បានពោលសរសើរព្រះមហាមោគ្គល្លាន​មាន​អាយុ ដោយគាថាទាំងឡាយ ដ៏សមគួរ ក្នុងទីចំពោះព្រះភក្រ្ត នៃព្រះមានព្រះភាគថា

ពួកសាវ័កជាអ្នកមានត្រៃវិជ្ជា លះបង់នូវមច្ចុ នាំគ្នាចូលទៅអង្គុយជិតព្រះពុទ្ធជាអ្នកប្រាជ្ញ ទ្រង់ដល់នូវត្រើយនៃសេចក្តីទុក្ខ ទ្រង់គង់នៅក្បែរខាងភ្នំ ព្រះមោគ្គល្លានជាអ្នកមានឫទ្ធិ​ច្រើន កំពុងពិចារណាមើលចិត្ត របស់សាវ័កទាំងនោះ ដែលជាចិត្តផុតស្រឡះ មិនមាន​ឧបធិកិ្កលេស ក៏កំណត់ដឹងនូវសាវ័កទាំងនោះ ដោយចិត្តរបស់ខ្លួន សាវ័កទាំងឡាយ តែង​ចូល​ទៅអង្គុយជិតព្រះគោតមជាអ្នកប្រាជ្ញ ដែលប្រកបដោយគុណទាំងអស់យ៉ាងនេះ ទ្រង់​ដល់នូវត្រើយ នៃសេចក្តីទុក្ខ ទាំងប្រកបដោយគុណច្រើនប្រការ។

គគ្គរាសូត្រ ទី១១

[២៣៦] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់ជិតឆ្នេរស្រះបោក្ខរណី ឈ្មោះគគ្គរា ទៀប​នគរចម្បា ជាមួយនឹងភិក្ខុសង្ឃច្រើន គឺភិក្ខុប្រមាណ៥០០រូបផង ឧបាសក ៧០០នាក់ផង ទេវតាជាច្រើនពាន់ផង។ បានឮថា ព្រះមានព្រះភាគ រុងរឿងលើសជនទាំងនោះ ដោយ​សម្បុរព្រះសរីរៈផង ដោយយសបរិវារផង។

[២៣៧] លំដាប់នោះឯង ព្រះវង្គីសៈមានអាយុ មានសេចក្តីត្រិះរិះ យ៉ាងនេះថា ព្រះមានព្រះភាគ​អង្គនេះ គង់នៅជិតឆ្នេរស្រះបោក្ខរណី ឈ្មោះ គគ្គរា ទៀបនគរចម្បា ជាមួយ​នឹងភិក្ខុសង្ឃច្រើន គឺភិក្ខុប្រមាណ ៥០០រូបផង ឧបាសក ៧០០នាក់ផង ទេវតាជា​ច្រើនពាន់ផង បានឮថា ព្រះមានព្រះភាគ រុងរឿងលើសជនទាំងនោះ ដោយសម្បុរ​ព្រះសរីរៈ​ផង ដោយយសបរិវារផង បើដូច្នោះ គួរតែអាត្មាអញ ពោលសរសើរ​ព្រះមានព្រះភាគ ដោយគាថា ដ៏សមគួរ ក្នុងទីចំពោះព្រះភក្ត្រ។ ទើបព្រះវង្គីសៈមានអាយុ ក្រោកចាក​អាសនៈ ធ្វើឧត្តរាសង្គៈ ឆៀងស្មាម្ខាង ប្រណម្យអញ្ជលី ឆ្ពោះទៅរក​ព្រះមានព្រះភាគ ក្រាបទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះមានព្រះភាគ ខ្ញុំព្រះអង្គ សូម​សំដែងធម៌ បពិត្រព្រះសុគត ខ្ញុំព្រះអង្គ សូមសំដែងធម៌។ ព្រះមានព្រះភាគ ទ្រង់​ត្រាស់ថា ម្នាលវង្គីសៈ ចូរអ្នកសំដែងធម៌ចុះ។

[២៣៨] លំដាប់នោះឯង ព្រះវង្គីសៈមានអាយុ បានពោលសរសើរព្រះមានព្រះភាគ ដោយ​គាថា​ដ៏សមគួរ ក្នុងទីចំពោះព្រះភក្រ្តថា

ព្រះចន្ទ្ររុងរឿងឰដ៏អាកាស ដែលឥតភ្លៀង យ៉ាងណា ព្រះអាទិត្យ ដែលប្រាសចាកមន្ទិល រមែងរុងរឿងយ៉ាងណា បពិត្រព្រះអង្គជាអង្គីរស (ទ្រង់មានរស្មីផ្សាយចេញពីព្រះអង្គ) ព្រះអង្គ​ជាអ្នកប្រាជ្ញធំ តែងរុងរឿង (ដោយសម្បុរព្រះសរីរៈ) និងយសបរិវារ គ្របសត្វ​លោក​ទាំងអស់ យ៉ាងនោះៗដែរ។

វង្គីសសូត្រ ទី១២

[២៣៩] សម័យមួយ ព្រះវង្គីសៈមានអាយុ នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ ក៏សម័យនោះឯង ព្រះវង្គីសៈមានអាយុ ទើបតែនឹងបានសម្រេច​ព្រះអរហត្ត​ថ្មីៗ សោយវិមុត្តិសុខ ហើយពោលគាថាទាំងនេះ ក្នុងពេលនោះថា

ក្នុងកាលមុន យើងជាអ្នកស្រវឹងដោយកាព្យឃ្លោង ចេញពីស្រុកមួយ ត្រាច់ទៅស្រុកមួយ ចេញពីបុរីមួយ ត្រាច់ទៅបុរីមួយ ក៏ស្រាប់តែយើងបានឃើញព្រះសម្ពុទ្ធ សទ្ធារបស់យើង ក៏កើតឡើង ព្រះអង្គទ្រង់សំដែងធម៌ គឺខន្ធ អាយតនៈ និងធាតុ ដល់យើង យើងបាន​ស្តាប់ធម៌ របស់ព្រះអង្គហើយ ក៏ចូលមកកាន់ផ្នួស អើហ្ន៎ ព្រះមុនី បានដល់នូវការ​ត្រាស់ដឹង ដើម្បីប្រយោជន៍ ដល់ភិក្ខុ និងភិក្ខុនីជាច្រើន ដែលដល់នូវផ្លូវ ទាំងឃើញផ្លូវ គឺ​អរិយមគ្គ ដំណើរដែលអាត្មាអញ បានមកកាន់សំណាក់ព្រះពុទ្ធនេះ ជាដំណើរល្អ វិជ្ជា៣ អាត្មាអញ បានដល់ហើយ សាសនារបស់ព្រះពុទ្ធ អាត្មាអញ បានធ្វើហើយ អាត្មាអញ ដឹងនូវបុព្វេនិវាស ចក្ខុជាទិព្វ អាត្មាអញ បានជម្រះស្អាតហើយ អាត្មាអញបានវិជ្ជា៣ សម្រេច​នូវឥទ្ធិវិធញ្ញាណ ឈ្លាសវៃក្នុងការកំណត់ចិត្ត (នៃជនដទៃ ដោយចិត្តរបស់ខ្លួន) បាន។

ចប់ វង្គីសសំយុត្ត។

ឧទ្ទាននៃវង្គីសសំយុត្តនោះគឺ

និក្ខន្តសូត្រ ១ អរតិសូត្រ ១ បេសលាតិមញ្ញនាសូត្រ ១ អានន្ទសូត្រ ១ សុភាសិតសូត្រ ១ សារីបុត្តសូត្រ ១ បវារណាសូត្រ ១ បរោសហស្សសូត្រ ១ កោណ្ឌញ្ញសូត្រ ១ មោគ្គល្លានសូត្រ ១ គគ្គរាសូត្រ ១ វង្គីសសូត្រ ១ ត្រូវជា ១២។

វនសំយុត្ត

វិវេកសូត្រ ទី១

[២៤០] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ភិក្ខុមួយរូប នៅក្នុងដងព្រៃមួយ ក្នុងដែន​កោសល។ ក៏ក្នុងសម័យនោះ ភិក្ខុនោះ ទៅកាន់ទីសម្រាក ក្នុងវេលាថ្ងៃ ហើយត្រិះរិះ​នូវ​អកុសលវិតក្កទាំងឡាយ ដ៏លាមក ដែលអាស្រ័យនឹងបញ្ចកាមគុណ។

[២៤១] ក្នុងកាលនោះ មានទេវតាដែលអាស្រ័យនៅក្នុងដងព្រៃនោះ ជាអ្នកមានសេចក្តី​អនុគ្រោះ ប្រាថ្នានូវប្រយោជន៍ ដល់ភិក្ខុនោះ ប្រាថ្នាដើម្បីធ្វើភិក្ខុនោះឲ្យសង្វេគ ក៏ចូលទៅ​រក​ភិក្ខុនោះ លុះចូលទៅដល់ហើយ បានពោលនឹងភិក្ខុនោះ ដោយគាថាទាំងឡាយថា

លោកប្រាថ្នាសេចក្តីស្ងាត់ បានជាចូលមកកាន់ព្រៃ តែចិត្តរបស់លោក នៅតែត្រាច់ទៅក្នុង​អារម្មណ៍ខាងក្រៅ លោកចូរជាជននាំចេញ នូវឆន្ទរាគក្នុងជន (ដទៃ) តអំពីនោះ លោក​នឹងបានសេចក្តីសុខ ប្រាសចាករាគៈមិនខាន លោកចូរលះបង់សេចក្តីមិនត្រេកអរចេញ លោក​ចូរជាអ្នកមានស្មារតី ខ្ញុំសូមរំឭកលោក ដែលជាអ្នកមានស្មារតី ព្រោះថា ធុលី គឺកិលេស ដែលបណ្ឌិតហៅថា បាតាល [ប្រែថា ពិភពនាគ ក៏បាន ថា សមុទ្រ ក៏បាន ថា ភ្លើងក្នុងទន្លេ ក៏បាន ខ្មែរយើងពីដើម ធ្លាប់នាំគ្នានិយាយថា បាដាល (បាលីលិបិក្រម)។] (នេះ) លំបាកនឹងឆ្លងណាស់ ធុលី គឺកាម កុំនាំលោកទៅឡើយ ដូចសត្វស្លាប ដែល​ប្រឡាក់ខ្លួនដោយអាចម៍ដី ប្រឹងទទះជម្រុះធុលី ដែលប្រឡាក់ខ្លួន ឲ្យធ្លាក់ចេញ យ៉ាងណា ភិក្ខុអ្នកមានព្យាយាម មានស្មារតី តែងធ្វើធុលី គឺកិលេស ដែលប្រឡាក់ខ្លួន ឲ្យធ្លាក់ចេញ យ៉ាងនោះឯង។

ក្នុងកាលនោះ ភិក្ខុនោះក៏បានដល់នូវសេចក្តីសង្វេគ ដោយសារទេវតានោះធ្វើឲ្យ​សង្វេគ។

ឧបដ្ឋានសូត្រ ទី២

[២៤២] សម័យមួយ មានភិក្ខុមួយរូប នៅក្នុងដងព្រៃមួយ នាដែនកោសល។ ក៏ក្នុងកាល​នោះ ភិក្ខុនោះ ចូលទៅកាន់ទីសម្រាក ក្នុងវេលាថ្ងៃ ហើយដេកលក់។

[២៤៣] គ្រានោះ ទេវតាដែលអាស្រ័យនៅក្នុងដងព្រៃនោះ ជាអ្នកមានសេចក្តីអនុគ្រោះ ប្រាថ្នានូវប្រយោជន៍ ដល់ភិក្ខុនោះ ចង់ធ្វើភិក្ខុនោះឲ្យសង្វេគ ក៏ចូលទៅរកភិក្ខុនោះ លុះ​ចូល​ទៅដល់ហើយ បានពោលនឹងភិក្ខុនោះ ដោយគាថាទាំងឡាយថា

បពិត្រភិក្ខុ លោកចូរក្រោកឡើង លោកសិងធ្វើអ្វី លោកមានប្រយោជន៍អ្វី ដោយការសិង ព្រោះថា ការលក់របស់លោក ដែលមានកិលេសក្តៅរោលរាល មុតដោយសរ គឺតណ្ហា មានសេចក្តីលំបាក លោកចេញចាកផ្ទះ ហើយចូលមកកាន់ផ្នួស ក្នុងពុទ្ធសាសនា ដោយ​សទ្ធាណា លោកចូរចំរើននូវសទ្ធានោះចុះ ចូរកុំលុះក្នុងអំណាចនៃការលក់នេះឡើយ។

[២៤៤] ភិក្ខុនោះតបថា បុគ្គលមានប្រាជ្ញាទន់ ជ្រប់ចុះក្នុងកាមទាំងឡាយណា កាមទាំង​ឡាយ​នោះ មិនទៀង មិនឋិតថេរឡើយ (ការដេកលក់ក្នុងវេលាថ្ងៃ) ដូចម្តេច នឹងដុតកំដៅ​អ្នកបួស ដែលផុតចាកចំណងទាំងឡាយ មិនអាស្រ័យតណ្ហា និងទិដ្ឋិបាន (ការដេកលក់​ក្នុង​វេលាថ្ងៃ) ដូចម្តេច នឹងដុតកំដៅអ្នកបួស ដែលប្រកបដោយប្រាជ្ញា ដ៏បរិសុទ្ធិក្រៃលែង​នោះ​បាន ព្រោះលោកនាំបង់ នូវឆន្ទរាគ ទាំងប្រព្រឹត្តកន្លងផុតអវិជ្ជាហើយ (ការដេកលក់​ក្នុងវេលាថ្ងៃ) ដូចម្តេច នឹងដុតកំដៅអ្នកបួស ដែលមិនមានសេចក្តីសោក មិនមានសេចក្តី​ចង្អៀត​ចង្អល់បាន ព្រោះលោកទំលាយអវិជ្ជា ដោយវិជ្ជាហើយ ទាំងអាសវៈ ក៏អស់ហើយ (ការដេកលក់​ក្នុងវេលាថ្ងៃ) ដូចម្តេច នឹងដុតកំដៅអ្នកបួស ដែលប្រារព្ធព្យាយាម មានចិត្ត​បញ្ជូន​ទៅកាន់ព្រះនិព្វាន ទាំងមានសេចក្តីប្រឹងប្រែង​ដ៏មាំ​អស់កាលជានិច្ច ដែល​ជា​អ្នក​ប្រាថ្នា​នូវព្រះនិព្វាន។

កស្សបគោត្តសូត្រ ទី៣

[២៤៥] សម័យមួយ ព្រះកស្សបគោត្រមានអាយុ នៅក្នុងដងព្រៃមួយ នាដែនកោសល។ ក៏ក្នុងសម័យនោះ ព្រះកស្សបគោត្រ មានអាយុ ចូលទៅកាន់ទីសម្រាក ក្នុងវេលាថ្ងៃ ហើយ​ប្រដៅព្រានម្រឹគម្នាក់។

[២៤៦] លំដាប់នោះឯង មានទេវតាដែលនៅអាស្រ័យក្នុងដងព្រៃនោះ ជាអ្នកមាន​សេចក្តី​អនុគ្រោះ ប្រាថ្នានូវប្រយោជន៍ ដល់ព្រះកស្សបគោត្រមានអាយុ ចង់ឲ្យព្រះកស្សបគោត្រ​មាន​អាយុ​នោះសង្វេគ ក៏ចូលទៅរកព្រះកស្សបគោត្រមានអាយុ លុះចូលទៅដល់ហើយ បានពោលនឹងព្រះកស្សបគោត្រមានអាយុ ដោយគាថាទាំងឡាយថា

បពិត្រភិក្ខុ លោកបំភ្លឺនូវឱវាទចំពោះព្រានម្រឹគ ដែលអាប់ប្រាជ្ញា ឥតចិត្ត ជាអ្នកត្រាច់​ទៅ​ក្នុង​ទីភ្នំ ដែលលំបាកដើរ ក្នុងកាលខុស (នេះ) ហាក់ដូចជាជនល្ងង់ បំភ្លឺនូវឱវាទ​ចំពោះ​ខ្ញុំដែរ បុគ្គលពាល បើស្តាប់ (ធម៌) ក៏មិនដឹងសេចក្តី បើពិនិត្យមើល ក៏មិនឃើញ ទាំងមិន​ភ្ញាក់ខ្លួន​នឹងសេចក្តីក្នុងធម៌ ដែលលោកម្ចាស់សំដែងប្រាប់ បពិត្រព្រះកស្សប ទោះបីលោក​នឹង​ទ្រោលបំភ្លឺប្រទីប គ្រប់ម្រាមដៃទាំង១០ បុគ្គលពាល ក៏មិនឃើញរូបទាំងឡាយបានទេ ព្រោះថា បញ្ញាចក្ខុរបស់បុគ្គលពាលនោះ គ្មានឡើយ។

គ្រានោះឯង ព្រះកស្សបគោត្រមានអាយុ ក៏ដល់នូវសេចក្តីសង្វេគ ដោយសារទេវតានោះ​ធ្វើឲ្យ​សង្វេគ។

សម្ពហុលសូត្រ ទី៤

[២៤៧] សម័យមួយ ពួកភិក្ខុច្រើនរូប នៅក្នុងដងព្រៃមួយ ក្នុងដែនកោសល។ កាលដែល​ភិក្ខុ​ទាំងនោះ នៅចាំវស្សារួចហើយ លុះកន្លងទៅ៣ខែ ក៏នាំគ្នាចៀសចេញទៅកាន់ចារិក។

[២៤៨] គ្រានោះឯង ទេវតាដែលអាស្រ័យនៅក្នុងដងព្រៃនោះ កាលបើមិនឃើញភិក្ខុ​ទាំង​នោះ ក៏យំសោក ពោលគាថា ក្នុងវេលានោះថា

ទីដែលគួរត្រេកអរប្រាកដ ហាក់ដូចជាទីមិនគួរត្រេកអរទៅវិញ ពួកភិក្ខុជាសាវ័ករបស់​ព្រះគោតម​ទាំង​នោះ លោកមានសំដីដ៏វិចិត្ត ជាពហូសូត បានឃើញអាសនៈ​ស្ងាត់ដ៏ច្រើន​ហើយ នាំគ្នាចេញទៅទីណាវិញអស់។

[២៤៩] កាលទេវតានោះ ពោលយ៉ាងនេះហើយ មានទេវតាមួយអង្គទៀត បានប្រាប់​ទេវតា​នោះ ដោយគាថា ថា

ភិក្ខុទាំងឡាយខ្លះ ទៅកាន់ដែនមគធៈ ខ្លះទៅកាន់ដែនកោសល ខ្លះឆ្ពោះមុខទៅកាន់​ដែនវជ្ជី ត្រាច់ទៅជាពួក មិនកំណត់ទីលំនៅ បីដូចជាពានរ។

អានន្ទសូត្រ ទី៥

[២៥០] សម័យមួយ ព្រះអានន្ទមានអាយុ គង់នៅក្នុងដងព្រៃមួយ ក្នុងដែនកោសល។ ក៏សម័យនោះឯង ព្រះអានន្ទមានអាយុ ច្រើននិយាយពន្យល់ពួកគ្រហស្ថហួសវេលា។

[២៥១] គ្រានោះឯង ទេវតាដែលអាស្រ័យនៅក្នុងដងព្រៃនោះ មានសេចក្តីអនុគ្រោះ ប្រាថ្នា​នូវប្រយោជន៍ ដល់ព្រះអានន្ទមានអាយុ ប្រាថ្នានឹងធ្វើព្រះអានន្ទមានអាយុ ឲ្យ​សង្វេគ ក៏ចូលទៅរកព្រះអានន្ទមានអាយុ លុះចូលទៅដល់ហើយ ទើបពោលគាថា នឹង​ព្រះអានន្ទមានអាយុថា

បពិត្រលោកជាសាវ័ក របស់ព្រះគោតម ចូរលោកចូលទៅកាន់ម្លប់ឈើ និងព្រៃស្បាត ដាក់​ព្រះនិព្វានក្នុងហឫទ័យ ហើយចំរើនឈានចុះ កុំមានសេចក្តីប្រមាទឡើយ ពាក្យ​ប៉ប៉ាច់ប៉ពូរ (ជាមួយនឹងគ្រហស្ថ) នឹងធ្វើអ្វីដល់លោកបាន។

គ្រានោះឯង ព្រះអានន្ទមានអាយុ ក៏បានដល់នូវសេចក្តីសង្វេគ ដោយសារទេវតានោះ ធ្វើឲ្យ​សង្វេគ។

អនុរុទ្ធសូត្រ ទី៦

[២៥២] សម័យមួយ ព្រះអនុរុទ្ធមានអាយុ គង់នៅនាដងព្រៃមួយ ក្នុងដែនកោសល។

[២៥៣] គ្រានោះឯង ទេវតាមួយអង្គ ឈ្មោះជាលិនី ជាពួកទេវតានៅឋានតាវត្តិង្ស ជា​ប្រពន្ធ​ពីដើម របស់ព្រះអនុរុទ្ធមានអាយុ បានចូលទៅរកព្រះអនុរុទ្ធមានអាយុ លុះចូលទៅ​ដល់​ហើយ ទើបពោលគាថា នឹងព្រះអនុរុទ្ធមានអាយុថា

កាលពីដើម លោកប្រព្រឹត្តព្រហ្មចរិយធម៌ ក្នុងទីណា ចូរលោកតាំងចិត្ត ឲ្យនឹងក្នុងទីនោះ លោក​មានពួកទេវតាចោមរោមជាបរិវារ តែងល្អក្នុងឋានទេវតា ឈ្មោះតាវត្តិង្ស ជាទី​សម្រេច​នៃសេចក្តីប្រាថ្នាគ្រប់យ៉ាង។

[២៥៤] ព្រះអនុរុទ្ធតបថា ទេវកញ្ញាដែលទុគ៌ត តាំងនៅក្នុងសក្កាយទិដ្ឋិ ទោះបីពួក​សត្វជា​ទុគ៌តនោះ ក៏ពួកទេវកញ្ញាប្រាថ្នាដែរ។

[២៥៥] ទេវតាតបថា ពួកជនណាមិនឃើញឱទ្យាន ឈ្មោះនន្ទនៈ ជាអាវាសរបស់​ពួក​ទេវតា មានប្រមាណ ៣ [មានប្រមាណ ៣ គឺ ជាតិ ១ សត្ត ១ អវិនាស ១។] ដ៏មានយស ពួកជននោះ ឈ្មោះថា មិនស្គាល់សេចក្តីសុខសប្បាយ។

[២៥៦] ព្រះអនុរុទ្ធតបថា ម្នាលទេវតាពាល នាងឯងមិនដឹងពាក្យរបស់ព្រះអរហន្ត​ទាំង​ឡាយ​ថា សង្ខារទាំងពួងមិនទៀង មានការកើតឡើង និងការវិនាសទៅវិញជាធម្មតា លុះ​កើត​ឡើងហើយ រលត់ទៅវិញ លុះតែរម្ងាប់នូវសង្ខារទាំងនោះបាន ទើបនាំមកនូវ​សេចក្តី​សុខ ម្នាលនាង ជាលិនី ការនៅរបស់យើង ក្នុងពួកទេវតាទៀត ក្នុងកាលឥឡូវនេះ មិន​មាន​ទេ ជាតិសង្សារអស់ហើយ ឥឡូវភពថ្មីមិនមានទេ។

នាគទត្តសូត្រ ទី៧

[២៥៧] សម័យមួយ ព្រះនាគទត្តមានអាយុ នៅក្នុងដងព្រៃមួយ ក្នុងដែនកោសល។ ក៏​សម័យ​នោះឯង ព្រះនាគទត្តមានអាយុ ចូលទៅកាន់ស្រុកក្នុងវេលាព្រឹកពេក ត្រឡប់​មកវិញ​ក្នុងវេលាថ្ងៃពេក។

[២៥៨] គ្រានោះឯង ទេវតាដែលអាស្រ័យនៅក្នុងដងព្រៃនោះ ជាអ្នកអនុគ្រោះ ប្រាថ្នា​នូវ​ប្រយោជន៍ ដល់ព្រះនាគទត្តមានអាយុ ចង់ធ្វើព្រះនាគទត្តមានអាយុ ឲ្យសង្វេគ ក៏ចូល​ទៅរក​ព្រះនាគទត្តមានអាយុ លុះចូលទៅដល់ហើយ ទើបពោលគាថា នឹង​ព្រះនាគទត្ត​មាន​អាយុថា

បពិត្រព្រះនាគទត្ត លោកចូលទៅ (កាន់ស្រុក) ក្នុងវេលាព្រឹក ត្រឡប់មកវិញ ក្នុងវេលាថ្ងៃ ត្រាច់ទៅហួសវេលា នៅច្រឡូកច្រឡំ ដោយពួកគ្រហស្ថ រួមសុខរួមទុក្ខជាមួយគ្នា ខ្ញុំខ្លាច​ព្រះនាគទត្ត ប្រែទៅជាអ្នកឃ្នើសឃ្នងក្រៃពេក ជាប់ចំពាក់ក្នុងត្រកូលទាំងឡាយ លោកកុំ​លុះ​អំណាច​នៃស្តេចមច្ចុ ដែលឈ្មោះថា អន្តកៈ ដ៏មានកំឡាំងឡើយ។

លំដាប់នោះឯង ព្រះនាគទត្តមានអាយុ លុះទេវតានោះ ធ្វើឲ្យសង្វេគហើយ ក៏ដល់នូវ​សេចក្តី​សង្វេគ។

កុលឃរណីសូត្រ ទី៨

[២៥៩] សម័យមួយ ភិក្ខុមួយរូប នៅក្នុងដងព្រៃមួយ ក្នុងដែនកោសល។ ក៏សម័យនោះឯង ភិក្ខុនោះ ចូលទៅក្នុងត្រកូលមួយ ហួសវេលា។

[២៦០] គ្រានោះឯង ទេវតាដែលនៅក្នុងដងព្រៃនោះ ជាអ្នកអនុគ្រោះ ប្រាថ្នានូវប្រយោជន៍​ដល់ភិក្ខុនោះ ចង់ធ្វើឲ្យភិក្ខុនោះសង្វេគ ក៏និម្មិតជាភេទស្រីមេផ្ទះ ក្នុងត្រកូលនោះ ហើយ​ចូល​ទៅ​រក​ភិក្ខុនោះ លុះចូលទៅដល់ហើយ ទើបពោលគាថានឹងភិក្ខុនោះថា

ជនទាំងឡាយ មកប្រជុំនិយាយគ្នាទៀបឆ្នេរស្ទឹងទាំងឡាយផង ក្នុងរោងសម្រាប់​សម្រាក​ផង ក្នុងរោងសម្រាប់ប្រជុំគ្នា និយាយផង នាផ្លូវច្រកផង ហើយនិយាយចំពោះខ្ញុំផង ចំពោះ​លោកផង តើព្រោះហេតុអ្វី។

[២៦១] ភិក្ខុតបថា ព្រោះថាជនទាំងឡាយ មានសទ្ធាជាបដិលោម ក្នុងលោកនេះច្រើនគ្នា អ្នកដែលមានតបៈនោះ គួរតែអត់ទ្រាំ មិនគួរអៀនខ្មាសឡើយ ដ្បិតសត្វមិនមែនសៅហ្មង ដោយពាក្យដែលពួកជនដទៃនិយាយនោះទេ បុគ្គលណា តក់ស្លុតនឹងសំឡេង ដូចជា​សត្វឈ្លូស​ក្នុងព្រៃ អ្នកប្រាជ្ញហៅបុគ្គលនោះ ថាជាអ្នកមានចិត្តស្រាល កិច្ចវត្តមិនសម្រេច​ដល់បុគ្គលនោះទេ។

វជ្ជីបុត្តសូត្រ ទី៩

[២៦២] សម័យមួយ វជ្ជីបុត្តកភិក្ខុមួយរូប នៅក្នុងដងព្រៃមួយ ជិតក្រុងវេសាលី។ ក៏សម័យ​នោះឯង វជ្ជីបុត្តកភិក្ខុ មានការដើរលេង អស់ពេញមួយរាត្រី ក្នុងក្រុងវេសាលី។

[២៦៣] គ្រានោះឯង ភិក្ខុនោះបានឮសំឡេងគឹកកង នៃការវាយ និងការប្រគំតន្ត្រី ក៏ខ្សឹក​ខ្សួល ពោលគាថានេះ ក្នុងវេលានោះថា

យើងមកនៅក្នុងព្រៃតែម្នាក់ឯង ដូចជាកំណាត់ឈើដែលគេចោលក្នុងព្រៃ ក្នុងរាត្រីប្រាកដ​ដូច្នេះ មិនមានអ្នកណាអន់ជាងយើងទៅទៀតទេ។

[២៦៤] គ្រានោះឯង ទេវតាដែលអាស្រ័យនៅ នាដងព្រៃនោះ ជាអ្នកអនុគ្រោះ ប្រាថ្នានូវ​ប្រយោជន៍ដល់ភិក្ខុនោះ ចង់ធ្វើភិក្ខុនោះឲ្យសង្វេគ ក៏ចូលទៅរកភិក្ខុនោះ លុះចូលទៅ​ដល់​ហើយ ទើបពោលគាថានឹងភិក្ខុនោះថា

លោកនៅក្នុងព្រៃតែម្នាក់ឯង ដូចជាកំណាត់ឈើ ដែលគេចោលនៅក្នុងព្រៃមែន តែមាន​ជន​ច្រើនគ្នាស្រឡាញ់លោកនោះ ដូចពពួកសត្វក្នុងឋាននរក ស្រឡាញ់ពួកទេវតា ក្នុង​ឋានសួគ៌។

លំដាប់នោះឯង ភិក្ខុនោះ លុះទេវតានោះ ធ្វើឲ្យសង្វេគហើយ ក៏ដល់នូវសេចក្តីសង្វេគ។

សជ្ឈាយសូត្រ ទី១០

[២៦៥] សម័យមួយ ភិក្ខុមួយរូបនៅក្នុងដងព្រៃមួយ ក្នុងដែនកោសល។ ក៏សម័យនោះ កាលមុន ភិក្ខុនោះជាអ្នកស្វាធ្យាយច្រើនហួសពេលវេលា។ ដល់សម័យក្រោយមក ភិក្ខុ​នោះ ក៏មានសេចក្តីខ្វល់ខ្វាយតិច ជាអ្នកនៅស្ងៀម ញុំាងកាលឲ្យប្រព្រឹត្តកន្លងទៅ (ដោយ​ផលសមាបត្តិសុខ)។

[២៦៦] គ្រានោះឯង ទេវតាដែលអាស្រ័យនៅ នាដងព្រៃនោះ មិនបានស្តាប់ធម៌​របស់​ភិក្ខុនោះ ក៏ចូលទៅរកភិក្ខុនោះ លុះចូលទៅដល់ហើយ ទើបពោលគាថានឹងភិក្ខុនោះថា

បពិត្រភិក្ខុ ព្រោះហេតុអ្វី បានជាលោកនៅរួបរួមជាមួយនឹងពួកភិក្ខុ ហើយលែងស្វាធ្យាយ​នូវ​ធម្មបទ បុគ្គលអ្នកស្តាប់ធម៌ រមែងបាននូវសេចក្តីជ្រះថ្លា ឯអ្នកដែលសំដែងធម៌ រមែង​បាន​នូវសេចក្តីសរសើរ ក្នុងបច្ចុប្បន្ន។

[២៦៧] (ភិក្ខុនោះតបថា) ពីមុនមានសេចក្តីពេញចិត្ត ក្នុងធម្មបទពិតមែន តែឥឡូវនេះ យើងបានដល់វិរាគធម៌ហើយ កាលណាបើយើងបានដល់វិរាគធម៌ហើយ សប្បុរសទាំង​ឡាយ បានដឹងហើយ ក៏សរសើរនូវការលះបង់អារម្មណ៍ណាមួយ គឺរូបដែលឃើញហើយ ឬសំឡេងដែលឮហើយ ក្លិន រស ផោដ្ឋព្វៈ ដែលពាល់ត្រូវហើយ។

អយោនិសោមនសិការសូត្រ ទី១១

[២៦៨] សម័យមួយ ភិក្ខុមួយរូប នៅក្នុងដងព្រៃមួយ ក្នុងដែនកោសល។ ក៏សម័យនោះឯង ភិក្ខុនោះទៅនៅក្នុងទីសម្រាក ក្នុងវេលាថ្ងៃ ត្រិះរិះវិតក្កៈទាំងឡាយ ជាអកុសលដ៏លាមក គឺកាមវិតក្កៈ ព្យាបាទវិតក្កៈ វិហឹសាវិតក្កៈ។

[២៦៩] គ្រានោះឯង ទេវតាដែលអាស្រ័យនៅ ក្នុងដងព្រៃនោះ ជាអ្នកអនុគ្រោះ ប្រាថ្នានូវ​ប្រយោជន៍ដល់ភិក្ខុនោះ ចង់ធ្វើភិក្ខុនោះឲ្យសង្វេគ ក៏ចូលទៅរកភិក្ខុនោះ លុះចូលទៅ​ដល់​ហើយ ទើបពោលគាថានឹងភិក្ខុនោះថា

លោក ដែលវិតក្កៈទាំងឡាយទំពាស៊ីបាន ព្រោះមិនយកចិត្តទុកដាក់ដោយឧបាយប្រាជ្ញា ចូរលោកលះបង់ឧបាយមិនមែនជាប្រាជ្ញាចេញ ហើយចូរត្រិះរិះដោយឧបាយប្រាជ្ញាវិញ ប្រារព្ធនូវព្រះសាស្តា ព្រះធម៌ និងព្រះសង្ឃ ជាអ្នកប្រព្រឹត្តសីល រមែងបាននូវបាមោជ្ជៈ បីតិ សុខៈ ឥតសង្ស័យ បើលោកមានបាមោជ្ជៈច្រើនជាងនេះទៅទៀត នឹងធ្វើនូវទីបំផុតទុក្ខ​បាន។

គ្រានោះឯង ភិក្ខុនោះ លុះទេវតានោះធ្វើឲ្យសង្វេគហើយ ក៏ដល់នូវសេចក្តីសង្វេគ។

មជ្ឈន្តិកសូត្រ ទី១២

[២៧០] សម័យមួយ ភិក្ខុមួយរូប នៅក្នុងដងព្រៃមួយ ក្នុងដែនកោសល។

[២៧១] គ្រានោះឯង ទេវតាដែលអាស្រ័យ ក្នុងដងព្រៃនោះ បានចូលទៅរកភិក្ខុនោះ លុះ​ចូលទៅដល់ហើយ ទើបពោលគានេះ ក្នុងសំណាក់ភិក្ខុនោះថា

កាលវេលាថ្ងៃត្រង់ ពួកបក្សីទំនៅស្ងប់ស្ងៀម ព្រៃធំក៏ហាក់ដូចជាបញ្ចេញសំឡេងខ្លាំង ភ័យ​នោះ ក៏ប្រាកដដល់ខ្ញុំ។ (ភិក្ខុនោះតបថា) កាលវេលាថ្ងៃត្រង់ ពួកបក្សីទំនៅស្ងប់ស្ងៀម ព្រៃធំក៏ហាក់ដូចជាបញ្ចេញសំឡេង សេចក្តីត្រេកអរនោះ ប្រាកដដល់អាត្មា។

បាកតិន្ទ្រិយសូត្រ ទី១៣

[២៧២] សម័យមួយ ភិក្ខុច្រើនរូប មានចិត្តរវើរវាយ មានមានះ ដូចជាបបុសដុះឡើងហើយ មានចិត្តឃ្លេងឃ្លោង មានមាត់រឹង មានវាចារោយរាយ មានស្មារតីភ្លេចភ្លាំង មិនមាន​សម្បជញ្ញៈ មានចិត្តតាំងនៅមិននឹង មានចិត្តវិលទៅរកខុស តែមានឥន្ទ្រិយជាប្រក្រតី អាស្រ័យ​នៅក្នុងដងព្រៃមួយ ក្នុងដែនកោសល។

[២៧៣] គ្រានោះឯង ទេវតាដែលឋិតនៅនាដងព្រៃនោះ ជាអ្នកអនុគ្រោះ ប្រាថ្នានូវ​ប្រយោជន៍ ដល់ភិក្ខុទាំងនោះ ចង់ធ្វើពួកភិក្ខុនោះឲ្យសង្វេគ ទើបចូលទៅរកភិក្ខុទាំងនោះ លុះចូលទៅដល់ហើយ ក៏ពោលគាថាទាំងឡាយ នឹងពួកភិក្ខុនោះថា

ពួកភិក្ខុជាសាវ័ក របស់ព្រះគោតម កាលពីមុន រស់នៅដោយស្រួល មិនប្រាថ្នាក្នុង​ការ​ស្វែងរក នូវចង្ហាន់បិណ្ឌបាត មិនប្រាថ្នានូវទីដេក ទីអង្គុយឡើយ ភិក្ខុទាំងនោះ លុះដឹងនូវ​អនិច្ចតាធម៌ ក្នុងលោកហើយ ក៏ធ្វើនូវទីបំផុតទុក្ខបាន ឯពួកភិក្ខុ (ក្នុងឥឡូវនេះ) ធ្វើខ្លួនឲ្យ​គេចិញ្ចឹម​បានដោយលំបាក ជ្រុលជ្រប់ក្នុងផ្ទះនៃបុគ្គលដទៃ ស៊ីដេក ស៊ីដេក ដូចជាមនុស្ស​អ្នក​ធំក្នុងស្រុក ខ្ញុំសូមធ្វើអញ្ជលី ចំពោះសង្ឃ ខ្ញុំនិយាយចំពោះតែភិក្ខុមួយពួក ក្នុងទីនេះ ពួកភិក្ខុណា ជាអ្នកប្រមាទ ពួកភិក្ខុនោះ គេបោះបង់ចោល ឥតមានទីពឹងដូចជាពួកប្រេត ខ្ញុំពោល​សំដៅតែពួកភិក្ខុនោះ ពួកភិក្ខុណា ជាអ្នកមិនប្រមាទ ខ្ញុំសូមនមស្ការ ចំពោះពួក​ភិក្ខុនោះ។

គ្រានោះឯង ពួកភិក្ខុនោះ លុះទេវតានោះ ធ្វើឲ្យសង្វេគហើយ ក៏ដល់នូវសេចក្តីសង្វេគ។

បទុមបុប្ផសូត្រ ទី១៤

[២៧៤] សម័យមួយ ភិក្ខុមួយរូប នៅក្នុងដងព្រៃមួយ ក្នុងដែនកោសល។ ក៏សម័យនោះ​ឯង ភិក្ខុនោះត្រឡប់មកពីបិណ្ឌបាត (ធ្វើភត្តកិច្ចស្រេច) ក្នុងវេលាក្រោយភត្ត ក៏ចុះកាន់​ស្រះបោក្ខរណី ហើយហិតផ្កាឈូក។

[២៧៥] គ្រានោះឯង ទេវតាដែលនៅអាស្រ័យ ក្នុងដងព្រៃនោះ ជាអ្នកអនុគ្រោះ ប្រាថ្នានូវ​ប្រយោជន៍ដល់ភិក្ខុនោះ ចង់ធ្វើភិក្ខុនោះឲ្យសង្វេគ ទើបចូលទៅរកភិក្ខុនោះ លុះចូលទៅ​ដល់​ហើយ ក៏ពោលគាថានឹងភិក្ខុនោះថា

លោកហិតផ្កា ដែលកើតក្នុងទឹកនុ៎ះ ដែលគេមិនបានឲ្យ បពិត្រលោកអ្នកនិរទុក្ខ ការហិត​នុ៎ះ ជាអង្គមួយនៃការលួច លោកឈ្មោះថាជាអ្នកលួចក្លិន។

[២៧៦] ភិក្ខុនោះ តបថា អាត្មាមិនបាននាំទៅ មិនបានកាច់ទេ គ្រាន់តែហិតផ្កា ដែលកើត​ក្នុងទឹក អំពីចម្ងាយទេតើ ចុះហេតុដូចម្តេច បានជាអ្នកនិយាយថា អាត្មាលួចក្លិន ចុះបុរស​ដែលមានអំពើផ្តេសផ្តាស ជីកគាស់ក្រអៅឈូក កាច់ផ្កាឈូកយ៉ាងនេះ ហេតុអ្វី ក៏អ្នក​មិនថាឲ្យបុរសនុ៎ះផង [ក្នុងអដ្ឋកថា ថា កាលដែលទេវតាកំពុងស្តីឲ្យភិក្ខុនោះ មានតាបស​ម្នាក់ ចុះជីកគាស់ក្រអៅឈូក កាច់ផ្កាឈូក]។

[២៧៧] ទេវតាតបថា បុរសដែលល្មោភផ្តេសផ្តាស ជាអ្នកប្រឡាក់ (ដោយ​រាគាទិក្កិលេស) ហួសកំណត់ ពាក្យរបស់ខ្ញុំមិនមាន ក្នុងបុរសនោះទេ ខ្ញុំគួរនិយាយតែនឹងលោកម្នាក់ហ្នឹង (ព្រោះ) សត្វដែលឥតមានទីទួល ពោលគឺកិលេស ជាអ្នកស្វែងរកសេចក្តីស្អាត អស់កាល​ជានិច្ច សូម្បីមានបាបប៉ុនចុងសក់ ក៏ប្រាកដដូចជាប៉ុនមេឃ។

[២៧៨] ភិក្ខុនោះតបថា ម្នាលទេវតា អ្នកស្គាល់អាត្មាមែន អ្នកអនុគ្រោះអាត្មាមែន ម្នាល​ទេវតា កាលណាបើអ្នកឃើញអាត្មាធ្វើដូច្នេះ អ្នកគប្បីនិយាយឲ្យអាត្មាទៀតចុះ។

[២៧៩] ទេវតាតបថា ខ្ញុំមិនបានចិញ្ចឹមលោកទេ មិនមែនគ្រាន់បើជាងលោកទេ លោក​គប្បី​ទៅកាន់សុគតិ ដោយកម្មណា បពិត្រភិក្ខុ លោកត្រូវដឹងកម្មនោះខ្លួនលោកចុះ។

គ្រានោះឯង ភិក្ខុនោះ លុះទេវតានោះ ធ្វើឲ្យសង្វេគហើយ ក៏ដល់នូវសេចក្តីសង្វេគ។

ចប់ វនសំយុត្ត ។

ឧទ្ទាននៃវនសំយុត្តនោះ ដូច្នេះគឺ

វិវេកសូត្រ ១ ឧបដ្ឋានសូត្រ ១ កស្សបគោត្តសូត្រ ១ សម្ពហុលសូត្រ ១ អានន្ទសូត្រ ១ អនុរុទ្ធសូត្រ ១ នាគទត្តសូត្រ ១ កុលឃរណីសូត្រ ១ វជ្ជីបុត្តសូត្រ ក្នុងក្រុងវេសាលី ១ សជ្ឈាយសូត្រ ១ អយោនិសោមនសិការសូត្រ ១ មជ្ឈន្តិកកាលសូត្រ ១ បាកតិន្ទ្រិយសូត្រ ១ ជា១៤ នឹងបទុមបុប្ផសូត្រ។

យក្ខសំយុត្ត

ឥន្ទកសូត្រ ទី១

[២៨០] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងលំនៅ របស់យក្សឈ្មោះឥន្ទកៈ នាភ្នំឥន្ទកូដ ជិតក្រុងរាជគ្រឹះ។

[២៨១] លំដាប់នោះឯង ឥន្ទកយក្ស បានចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់​ហើយ ក៏ពោលគាថា នឹងព្រះមានព្រះភាគថា

ព្រះពុទ្ធទាំងឡាយ មិនពោលនូវរូបថាជីវិតទេ ចុះសត្វនេះ បានសរីរៈនេះ ដោយហេតុដូច​ម្តេច ឆ្អឹងនិងដុំសាច់ ថ្លើម របស់សត្វនោះ បានមកពីណា ចុះសត្វនេះ ឋិតនៅក្នុងគភ៌ដូច​ម្តេច។

[២៨២] ព្រះអង្គត្រាស់ថា កលលរូប កើតជាដំបូង តពីកលលរូបមក កើតជាអម្ពុទរូប តពីអម្ពុទរូបមក កើតជា បេសិរូប តពីបេសិរូបមក កើតជា ឃនរូប តពីឃនរូបមក កើតជា សាខារូប តមកទៀត ទើបកើត សក់ រោម ក្រចក ឯមាតារបស់សត្វនោះ បរិភោគភោជន​ណា ទោះបាយក្តី ទឹកក្តី សត្វនោះ ដែលឋិតនៅក្នុងផ្ទៃនៃមាតានោះ ក៏ញុំាងអត្តភាព ឲ្យ​ប្រព្រឹត្តទៅ ដោយភោជននោះ។

សក្កសូត្រ ទី២

[២៨៣] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅលើភ្នំគិជ្ឈកូដ ទៀបក្រុងរាជគ្រឹះ។

[២៨៤] គ្រានោះឯង យក្សឈ្មោះសក្កៈ បានចូលទៅរកព្រះមានព្រះភាគ លុះចូលទៅដល់​ហើយ ទើបពោលគាថានឹងព្រះមានព្រះភាគថា

បុគ្គលប្រៀនប្រដៅបុគ្គលដទៃ ដោយពាក្យណា ពាក្យនោះមិនប្រពៃ ដល់លោកជា​សមណៈ ដែលជាអ្នកលះបង់ នូវគន្ថធម៌គ្រប់យ៉ាង មានចិត្តផុតស្រឡះហើយ (ចាក​អាសវៈ) ជាអ្នកស្ងប់រម្ងាប់ទេ។

[២៨៥] ព្រះអង្គត្រាស់ថា ម្នាលសក្កៈ ការនៅជាមួយគ្នាកើត ដោយហេតុណាមួយ បុគ្គលអ្នកមានប្រាជ្ញា មិនគួរនឹងអនុគ្រោះនូវហេតុនោះ ត្រឹមតែចិត្តទេ បើបុគ្គលមានចិត្ត​ជ្រះថ្លា ប្រៀនប្រដៅបុគ្គលដទៃ ដោយពាក្យណា ទុកជាបុគ្គលដទៃនោះ មិនប្រកបខ្លួន​តាម​ពាក្យនោះ ការប្រៀនប្រដៅនោះ ក៏ឈ្មោះថាការអនុគ្រោះ ឈ្មោះថា ការអាណិតដែរ។

សូចិលោមសូត្រ ទី៣

[២៨៦] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅលើគ្រែឈ្មោះ ដង្កិត ជាលំនៅនៃ​យក្ស​ឈ្មោះ សូចិលោមៈ ជិតស្រុកគយា។ ក៏សម័យនោះឯង យក្សឈ្មោះ ខរៈ និងយក្សឈ្មោះ សូចិលោមៈ ដើរក្នុងទីមិនឆ្ងាយ អំពីព្រះមានព្រះភាគ។ ទើបខរយក្សនិយាយ​នឹង​សូចិលោមយក្ស​យ៉ាងនេះថា នុ៎ះជាសមណៈធំ។ សូចិលោមយក្ស តបវិញថា នុ៎ះមិនមែន​ជា​សមណៈធំទេ នុ៎ះជាសមណៈតូចទេតើ ខ្ញុំស្គាល់ជាប្រាកដថា នោះជាសមណៈធំ ឬសមណៈ​តូច។

[២៨៧] គ្រានោះឯង សូចិលោមយក្ស បានចូលទៅរកព្រះមានព្រះភាគ លុះចូលទៅ​ដល់​ហើយ ទើបបង្អោនកាយទៅរកព្រះមានព្រះភាគ។ លំដាប់នោះ ព្រះមានព្រះភាគ ងាក​ព្រះកាយ​ចេញ។ គ្រានោះឯង សូចិលោមយក្ស បានក្រាបបង្គំទូលព្រះមានព្រះភាគ យ៉ាងនេះ​ថា បពិត្រសមណៈ លោកខ្លាចខ្ញុំឬ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលអាវុសោ តថាគត មិនខ្លាចអ្នកឯងទេ តែសម្ផ័ស្សរបស់អ្នកឯង អាក្រក់ណាស់។ បពិត្រសមណៈ ខ្ញុំនឹង​សួរ​ប្រស្នា ចំពោះលោក បពិត្រសមណៈ បើលោកមិនដោះស្រាយប្រាប់ខ្ញុំទេ ខ្ញុំនឹង​បន្សាត់ចិត្តលោក គឺធ្វើចិត្តឲ្យខូច ឬវះហឫទ័យរបស់លោក ពុំនោះសោតទេ ខ្ញុំនឹងចាប់​ជើង​លោក បោះទៅត្រើយម្ខាងទន្លេគង្គា។ ព្រះអង្គត្រាស់ថា ម្នាលអាវុសោ បុគ្គលណា បន្សាត់​បង់នូវចិត្ត របស់តថាគតបាន ឬវះហឫទ័យ របស់តថាគត ពុំនោះសោត ចាប់​ជើងតថាគតគ្រវែងទៅត្រើយទន្លេគង្គាខាងនាយបាន បុគ្គលនោះ តថាគត មិនដែល​ឃើញ​មានទេ ក្នុងលោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ក្នុងពួកសត្វ ព្រមទាំង​សមណព្រាហ្មណ៍ ទាំងមនុស្សជាសម្មតិទេព និងមនុស្សដ៏សេស ម្នាលអាវុសោ មួយទៀត បើអ្នកឯងចង់សួរ ក៏សួរចុះ។

[២៨៨] សូចិលោមយក្ស ទូលសួរថា រាគៈ និងទោសៈ មានអ្វីជាហេតុ សេចក្តីអផ្សុក សេចក្តី​ត្រេកអរ និងសេចក្តីព្រឺព្រួចរោម កើតអំពីទីណា មនោវិតក្កៈ តាំងឡើងអំពីទីណា ហើយលែងចោលនូវចិត្តទៅវិញ ដូចកូនក្មេងចាប់ក្អែកបោះចោល។

[២៨៩] ព្រះអង្គត្រាស់ថា រាគៈ និងទោសៈ មានអត្តភាពនេះជាហេតុ សេចក្តីអផ្សុក សេចក្តី​ត្រេកអរ និងសេចក្តីព្រឺព្រួចរោម ក៏កើតអំពីអត្តភាពនេះ មនោវិតក្កៈ ក៏តាំងឡើងអំពី​អត្តភាព​នេះដែរ ហើយលែងចោលនូវចិត្តទៅវិញ ដូចកូនក្មេងចាប់ក្អែកបោះចោល វិតក្កៈ​ដ៏លាមក កើតអំពីសេចក្តីស្រឡាញ់ កើតព្រមក្នុងខ្លួន ដូចជាពួរជ្រៃ កើតអំពីដើមជ្រៃ បាបវិតក្កៈដ៏ច្រើន រមែងធ្វើពួកសត្វឲ្យជាប់នៅក្នុងកាមទាំងឡាយ ដូចវល្លិ៍ដែលរួបរឹត​ដើមឈើ​ក្នុងព្រៃ ពួកបុគ្គលណា ដឹងច្បាស់នូវអត្តភាពនោះថា មានរបស់ណាជាហេតុ ពួកបុគ្គល​នោះ ក៏បន្ទោបង់នូវអត្តភាពនោះបាន ម្នាលយក្ស អ្នកចូរស្តាប់ចុះ ពួកបុគ្គល​នោះ រមែងឆ្លងនូវអន្លង់នេះ ដែលឆ្លងបានដោយកម្រ ដែលគេមិនដែលឆ្លង ដើម្បីមិនកើត​ក្នុង​ភពថ្មីតទៅទៀត។

មណិភទ្ទសូត្រ ទី៤

[២៩០] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងលំនៅរបស់យក្សឈ្មោះ មណិភទ្ទ ទៀបចេតិយឈ្មោះ មណិមាឡកៈ ក្នុងដែនមគធៈ។

[២៩១] គ្រានោះឯង មណិភទ្ទយក្ស បានចូលទៅរកព្រះមានព្រះភាគ លុះចូលទៅដល់​ហើយ ទើបពោលគាថានេះ ក្នុងសំណាក់ព្រះមានព្រះភាគថា

សេចក្តីចំរើន របស់បុគ្គលអ្នកមានស្មារតី រមែងមានគ្រប់កាល អ្នកមានស្មារតី រមែងដល់នូវ​សេចក្តី​សុខ គុណដ៏ប្រសើរ របស់បុគ្គលអ្នកមានស្មារតី រមែងមានជានិច្ច អ្នកមានស្មារតី រមែងរួចចាកពៀរ។

[២៩២] ព្រះអង្គត្រាស់ថា សេចក្តីចំរើន របស់បុគ្គលអ្នកមានស្មារតី រមែងមានសព្វកាល អ្នកមានស្មារតី តែងដល់នូវសេចក្តីសុខ គុណដ៏ប្រសើរ របស់បុគ្គលអ្នកមានស្មារតី រមែង​មាន​ជានិច្ច តែអ្នកមានស្មារតី មិនរួចចាកពៀរទេ។ លុះតែបុគ្គលណា មានចិត្តត្រេកអរ ក្នុងការមិនបៀតបៀន អស់ថ្ងៃនិងយប់ទាំងអស់ មានចំណែកមេត្តាចិត្ត ចំពោះពួកសត្វ​ទាំងពួង បុគ្គលនោះ ទើបមិនមានពៀរ ដោយហេតុនីមួយឡើយ។

សានុសូត្រ ទី៥

[២៩៣] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិក​សេដ្ឋី ទៀបក្រុងសាវត្ថី។ សម័យនោះឯង យក្សបានចាប់សានុសាមណេរ ជាបុត្តរបស់​ឧបាសិកា​ម្នាក់។

[២៩៤] គ្រានោះឯង ឧបាសិកានោះ ខ្សឹកខ្សួល បានពោលគាថាទាំងនេះ ក្នុងវេលានោះថា

ខ្ញុំបានឮព្រះអរហន្តទាំងឡាយថា បុគ្គលទាំងឡាយណា រក្សាឧបោសថប្រកបដោយអង្គ ៨ ក្នុងថ្ងៃទី ១៤ ថ្ងៃទី ១៥ និងថ្ងៃទី ៨ នៃបក្ស ទាំងបារិហារិកបក្ខផង [បារិហារិកបក្ខនេះ សំដៅយកថ្ងៃបដិជាគរឧបោសថ គឺថ្ងៃខាងដើម និងថ្ងៃខាងចុង នៃបកតិឧបោសថ (ថ្ងៃអមបកតិឧបោសថ)។] ឈ្មោះថាប្រព្រឹត្តព្រហ្មចរិយៈ ពួកយក្ស មិនយាយីបុគ្គល​នោះ​ឡើយ ឥឡូវថ្ងៃនេះ ខ្ញុំឯងឃើញពួកយក្ស យាយីសានុសាមណេរ។

[២៩៥] យក្សតបថា នាងបានឮពាក្យព្រះអរហន្តទាំងឡាយ ដោយប្រពៃថា បុគ្គលទាំង​ឡាយ​ណា រក្សាឧបោសថ ប្រកបដោយអង្គ៨ ក្នុងថ្ងៃទី១៤ ថ្ងៃទី១៥ និងថ្ងៃទី៨នៃបក្ស ទាំងបារិហារិកបក្ខផង ឈ្មោះថា ប្រព្រឹត្តព្រហ្មចរិយៈ ពួកយក្ស មិនយាយីបុគ្គល​ទាំង​នោះទេ នាងគប្បីនិយាយប្រាប់សានុសាមណេរ ដែលភ្ញាក់ឡើងថា នេះជាពាក្យរបស់​ពួក​យក្ស (ប្រាប់) ថា លោកកុំធ្វើអំពើអាក្រក់ ក្នុងទីចំពោះមុខ ឬទីកំបាំងមុខឡើយ បើលោក​នឹងធ្វើ ឬកំពុងធ្វើ នូវអំពើលាមក លោកទុកជាហោះរត់ទៅ ក៏មិនរួចអំពីសេចក្តីទុក្ខដែរ។

[២៩៦] សានុសាមណេរភ្ញាក់ឡើង និយាយថា ញោម ពួកជនតែងយំរកបុគ្គល ដែលស្លាប់​បាត់ទៅ​ហើយ ឬបុគ្គលដែលរស់នៅ តែគេមិនឃើញញោម ញោមឃើញអាត្មានៅ​រស់នៅ​ឡើយ ញោម ហេតុអ្វីក៏ញោមយំរកអាត្មា។

[២៩៧] ឧបាសិកាតបថា លោកកូន ជនទាំងឡាយតែងយំរកបុគ្គល ដែលស្លាប់បាត់​ទៅ​ហើយ ឬបុគ្គលដែលរស់នៅ តែគេមិនឃើញ ម្យ៉ាងទៀតបុគ្គលណា លះបង់កាម​ទាំង​ឡាយ​ហើយ បែរជាត្រឡប់មករកកាម ក្នុងលោកនេះវិញ លោកកូន សូម្បីតែបុគ្គលនោះ ក៏ពួកជនយំរកដែរ ព្រោះថា បុគ្គលនោះរស់នៅមែន តែទុកដូចជាមនុស្សស្លាប់ហើយ លោកកូន ខ្ញុំបានស្រង់លោក អំពីផែះក្តៅ គឺឃរាវាសហើយ លោកចង់ធ្លាក់​ទៅក្នុង​ផែះក្តៅវិញ លោកកូន ខ្ញុំបានស្រង់លោកអំពីរណ្តៅហើយ លោកចង់ធ្លាក់ទៅក្នុង​រណ្តៅ​វិញ លោកចូរស្ទុះចេញទៅ សេចក្តីចំរើន ចូរមានដល់លោក ខ្ញុំនឹងប្រាប់ដល់អ្នកណាកើត លោក (ចេញអំពីឃរាវាសទៅបួសហើយ) ដូចជាគ្រឿងភណ្ឌៈ ដែលគេនាំចេញអំពីផ្ទះ​ភ្លើងឆេះ ហើយចង់ឆេះ (ក្នុងឃរាវាស) វិញ។

បិយង្ករសូត្រ ទី៦

[២៩៨] សម័យមួយ ព្រះអនុរុទ្ធមានអាយុ នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ សម័យនោះឯង ព្រះអនុរុទ្ធមានអាយុ ក្រោកឡើងក្នុងបច្ចូសម័យ​នៃ​រាត្រី ហើយសំដែងធម្មបទ។

[២៩៩] គ្រានោះឯង យក្ខិនីឈ្មោះ បិយង្ករមាតា លួងកូនតូច យ៉ាងនេះថា

ម្នាលបិយង្ករៈ ឯងកុំមាត់កឡើយ ដ្បិតភិក្ខុកំពុងសំដែងធម្មបទ ប្រសិនបើយើងដឹងច្បាស់ នូវធម្មបទហើយ ប្រតិបត្តិតាមដើម្បីជាប្រយោជន៍ ប្រយោជន៍នឹងមានដល់យើង។

[៣០០] កូនតបថា យើងនឹងសង្រួម ក្នុងសត្វទាំងឡាយ យើងកុំពោល នូវពាក្យ​សម្បជានមុសាវាទ យើងគួរសិក្សានូវមារយាទ របស់ខ្លួនឲ្យល្អ ទើបយើងរួចអំពី​កំណើត​បិសាច​បាន។

បុនព្វសុសូត្រ ទី៧

[៣០១] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិក​សេដ្ឋី ទៀបក្រុងសាវត្ថី។ សម័យនោះឯង ព្រះមានព្រះភាគ ទ្រង់ពន្យល់ណែនាំពួក​ភិក្ខុឲ្យ​ឃើញច្បាស់ ឲ្យកាន់យក ឲ្យអាចហាន ឲ្យរីករាយ ដោយធម្មីកថា ប្រកបដោយ​ព្រះនិព្វាន។ ពួកភិក្ខុនោះ ក៏ធ្វើឲ្យជាប្រយោជន៍ ធ្វើទុកក្នុងចិត្ត ប្រមូលមកនូវចិត្តទាំងពួង ផ្ទៀង​សោតប្រសាទប្រុងស្តាប់ធម៌។

[៣០២] គ្រានោះឯង យក្ខិនីឈ្មោះ បុនព្វសុមាតា លួងកូនតូច យ៉ាងនេះថា

ម្នាលនាងឧត្តរា ចូរឯងស្ងៀមទៅ ម្នាលបុនព្វសុ ចូរឯងស្ងៀមទៅ អញនឹងស្តាប់ធម៌ របស់​ព្រះសាស្តាជាព្រះពុទ្ធ ដ៏ប្រសើរសិន ព្រះមានព្រះភាគ បានសំដែងនូវព្រះនិព្វាន ថាជា​គ្រឿង​រួចចាកគន្ថធម៌ទាំងពួង ម្យ៉ាងទៀត សេចក្តីប្រាថ្នាក្នុងធម៌នោះ របស់អញ​ខ្លាំង​ហួស​ប្រមាណ កូនរបស់ខ្លួន ក៏ជាទីស្រឡាញ់ក្នុងលោក ប្តីរបស់ខ្លួន ក៏ជាទីស្រឡាញ់ក្នុងលោក តែសេចក្តីប្រាថ្នាធម៌នោះ របស់អញ ជាទីស្រឡាញ់ក្រៃលែងជាងនោះទៅទៀត កូនក្តី ប្តីក្តី ដែលជាទីស្រឡាញ់ មិនមែនដោះអញឲ្យរួចចាកទុក្ខបានទេ មានតែការស្តាប់ធម៌ ទើប​ដោះ​សត្វទាំងឡាយ ឲ្យរួចចាកទុក្ខបាន កាលបើសត្វលោក ត្រូវសេចក្តីទុក្ខគ្របសង្កត់ ប្រកប​ដោយជរា និងមរណៈហើយ ព្រះមានព្រះភាគ ទ្រង់ត្រាស់ដឹងហើយនូវធម៌ណា អញចង់ស្តាប់ធម៌នោះ ដើម្បីរួចចាកជរា និងមរណៈ ម្នាលបុនព្វសុ ចូរឯងស្ងៀមទៅ។

[៣០៣] បុនព្វសុកុមារ តបថា បពិត្រអ្នកម្តាយ ខ្ញុំមិននិយាយទេ ទាំងនាងឧត្តរានេះ ក៏​ស្ងៀម​ដែរ សូមអ្នកម្តាយស្តាប់ធម៌ចុះ ការស្តាប់ព្រះសទ្ធម្ម នាំមកនូវសេចក្តីសុខ បពិត្រ​អ្នកម្តាយ យើងដើរទាំងទុក្ខ ព្រោះមិនបានដឹងព្រះសទ្ធម្ម ព្រះពុទ្ធនុ៎ះ ជាអ្នកធ្វើ​នូវពន្លឺ​ដល់​ទេវតា និងមនុស្សទាំងឡាយដែលវង្វេង មានព្រះសរីរៈជាទីបំផុត ព្រះអង្គមានបញ្ញាចក្ខុ ទ្រង់កំពុងសំដែងធម៌។

[៣០៤] (បុនព្វសុមាតាពោលថា) ប្រពៃណាស់ហ្ន៎ កូនកើតហើយ ដេកនៅនាទ្រូង ដែលជាបណ្ឌិត កូនរបស់អញ ស្រឡាញ់ធម៌ដ៏បរិសុទ្ធ របស់ព្រះពុទ្ធដ៏ប្រសើរ ម្នាល​បុនព្វសុ ចូរឯងបានសុខស្រួល អញបានខ្ពង់ខ្ពស់ (ក្នុងសាសនា) តាំងពីថ្ងៃនេះហើយ ទាំងនាង​ឧត្តរា ក៏ចូរស្តាប់អរិយសច្ចទាំងឡាយ ដែលអញ និងឯង ឃើញហើយចុះ។

សុទត្តសូត្រ ទី៨

[៣០៥] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងសីតវ័ន ទៀបក្រុងរាជគ្រឹះ។ សម័យ​នោះឯង អនាថបិណ្ឌិកគហបតី បានទៅដល់ក្រុងរាជគ្រឹះ ដោយកិច្ចការនីមួយ [កិច្ចការ​នីមួយ​ក្នុងទីនេះ សំដៅយកការជួញ។ អដ្ឋកថា។]។ អនាថបិណ្ឌិកគហបតី បានឮដំណឹង​ថា ព្រះពុទ្ធកើតឡើងហើយក្នុងលោក ក៏មានប្រាថ្នា ដើម្បីចូលទៅជួបនឹង​ព្រះមាន​ព្រះភាគ ក្នុងខណៈនោះឯង។ គ្រានោះឯង អនាថបិណ្ឌិកគហបតី មានសេចក្តីត្រិះរិះ យ៉ាង​នេះថា ថ្ងៃនេះជាកាលមិនគួរ ដើម្បីចូលទៅជួបព្រះមានព្រះភាគទេ ចាំដល់ថ្ងៃស្អែក អាត្មាអញ នឹងចូលទៅជួបព្រះមានព្រះភាគ ដោយកាលគួរ ពុំខាន។ កាលបើសតិតាំងនៅ​ក្នុង​ពុទ្ធគុណហើយ គាត់ដេកក្នុងមួយរាត្រី ក្រោកឡើង៣ដង ដោយស្មានថាភ្លឺហើយ។ គ្រានោះឯង អនាថបិណ្ឌិកគហបតី ក៏ចូលទៅរកសីវថិកទ្វារ (ទ្វារស្មសាន)។ ពួកអមនុស្ស ក៏បើកទ្វារឲ្យ។

[៣០៦] គ្រានោះ កាលអនាថបិណ្ឌិកគហបតី កំពុងចេញទៅអំពីនគរ ពន្លឺក៏បាត់ទៅ ងងឹត​ក៏កើតប្រាកដឡើង សេចក្តីភ័យ តក់ស្លុត និងការព្រឺរោម ក៏កើតឡើង។ គាត់ចង់ត្រឡប់​មកអំពីទីនោះវិញ។ គ្រានោះឯង យក្សឈ្មោះ សិវកៈ បំបាំងខ្លួនមិនឲ្យឃើញ ធ្វើសំឡេង​ឲ្យ​ឮឡើងថា ដំរីមួយសែន សេះមួយសែន រថទឹមដោយមេសេះអស្សតរមួយសែន នាង​កញ្ញាពាក់កុណ្ឌល ជាវិការៈនៃកែវមណីមួយសែននាក់ ក៏មិនដល់ថ្លៃមួយចំណិត នៃ​ជំហាន​មួយ ដែលគេចែកឲ្យជាចំណែកដប់ប្រាំមួយៗដងឡើយ ម្នាលគហបតី ចូរអ្នក​ឈាន​ទៅមុខចុះ ម្នាលគហបតី ចូរអ្នកឈានទៅមុខចុះ ការឈានទៅមុខ របស់​អ្នក​ប្រសើរ​ជាង ឯការត្រឡប់ថយក្រោយវិញ មិនប្រសើរទេ។

គ្រានោះឯង ងងឹតបាត់ទៅ ពន្លឺក៏កើតប្រាកដឡើង ដល់អនាថបិណ្ឌិកគហបតី ទាំង​សេចក្តី​ភ័យ ការតក់ស្លុត និងការព្រឺរោម ក៏ស្ងប់រម្ងាប់ទៅ។

[៣០៧] ពន្លឺបាត់ទៅ ងងឹតក៏កើតប្រាកដឡើង ដល់អនាថបិណ្ឌិកគហបតី ទាំងសេចក្តី​ភ័យ ការតក់ស្លុត និងការព្រឺរោម ក៏កើតឡើង អស់វារៈពីរដងទៀត។ ឯអនាថបិណ្ឌិក​គហបតី ក៏ចង់ត្រឡប់ពីទីនោះមកវិញទៀត។ សិវកយក្សបំបាំងខ្លួនមិនឲ្យឃើញ ក៏ធ្វើ​សំឡេង​ឲ្យឮឡើង អស់វារៈពីរដងទៀតថា

ដំរីមួយសែន សេះមួយសែន។បេ។ ក៏មិនដល់ថ្លៃមួយចំណិត នៃជំហានមួយ ដែលគេ​ចែក​ឲ្យ ជាចំណែកដប់ប្រាំមួយៗដងឡើយ ម្នាលគហបតី ចូរអ្នកឈានទៅមុខចុះ ម្នាល​គហបតី ចូរអ្នកឈានទៅមុខចុះ ការឈានទៅមុខ របស់អ្នកប្រសើរជាង ឯការត្រឡប់​ថយ​ក្រោយវិញ មិនប្រសើរទេ។

គ្រានោះឯង ងងឹតបាត់ទៅ ពន្លឺក៏កើតប្រាកដឡើង ដល់អនាថបិណ្ឌិកគហបតី ទាំងភ័យ ការតក់ស្លុត និងការព្រឺរោម ក៏ស្ងប់រម្ងាប់ទៅ។

[៣០៨] ពន្លឺបាត់ទៅ ងងឹតក៏កើតប្រាកដឡើង ដល់អនាថបិណ្ឌិកគហបតី ទាំង​សេចក្តី​ភ័យ ការតក់ស្លុត និងការព្រឺរោម ក៏កើតឡើង អស់វារៈបីដងទៀត។ ឯអនាថបិណ្ឌិកសេដ្ឋី ក៏ចង់ត្រឡប់អំពីទីនោះមកវិញ។ សិវកយក្ស បំបាំងខ្លួនមិនឲ្យឃើញ ធ្វើសំឡេងឲ្យឮឡើង អស់វារៈបីដងទៀតថា

ដំរីមួយសែន សេះមួយសែន។បេ។ មិនដល់ថ្លៃមួយចំណិត នៃជំហានមួយ ដែលគេចែក​ឲ្យ ជាចំណែកដប់ប្រាំមួយៗដងឡើយ ម្នាលគហបតី ចូរអ្នកឈានទៅមុខចុះ ម្នាល​គហបតី ចូរអ្នកឈានទៅមុខចុះ ការឈានទៅមុខ របស់អ្នកប្រសើរជាង ឯការត្រឡប់​ថយ​ក្រោយវិញ មិនប្រសើរទេ។

គ្រានោះឯង ងងឹតបាត់ទៅ ពន្លឺក៏កើតប្រាកដឡើង ដល់អនាថបិណ្ឌិកគហបតី ទាំង​សេចក្តីភ័យ ការតក់ស្លុត និងការព្រឺរោម ក៏ស្ងប់រម្ងាប់ទៅ។

[៣០៩] គ្រានោះឯង អនាថបិណ្ឌិកគហបតី ចូលទៅឯសីតវ័ន។ ក៏សម័យនោះឯង ព្រះមានព្រះភាគ ទ្រង់តើនឡើង ក្នុងបច្ចូសសម័យនៃរាត្រី ទៅចង្ក្រមក្នុងទីវាលស្រឡះ។ ព្រះមានព្រះភាគ បានទតឃើញអនាថបិណ្ឌិកគហបតី កំពុងមកអំពីចម្ងាយ លុះទត​ឃើញ​ហើយ ទ្រង់ចុះអំពីទីចង្ក្រម មកគង់លើអាសនៈ ដែលគេក្រាលថ្វាយ។ លុះ​ព្រះមានព្រះភាគ ទ្រង់គង់ហើយ ក៏ត្រាស់ហៅអនាថបិណ្ឌិកគហបតី យ៉ាងនេះថា ម្នាល​សុទត្ត ចូរអ្នកមកអាយ។ ទើបអនាថបិណ្ឌិកគហបតី ឱនក្បាលទៀបបាទា នៃ​ព្រះមានព្រះភាគ ក្នុងទីនោះ ដោយគិតថា ព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅអញចំឈ្មោះ ក៏ក្រាបបង្គំទូលសួរព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ព្រះមានព្រះភាគ គង់នៅជាសុខទេឬ។

[៣១០] ព្រះអង្គត្រាស់ថា បុគ្គលជាអ្នកបន្សាត់បង់បាប រំលត់កិលេស រមែងដេក​ជាសុខ​សព្វកាល បុគ្គលណាមានសេចក្តីត្រជាក់ត្រជំ ឥតមានឧបធិក្កិលេស កាត់បង់តណ្ហា​ទាំងអស់ បន្ទោបង់សេចក្តីក្រវល់ក្រវាយ ក្នុងហ្ឫទ័យ មិនបានប្រឡាក់ ក្នុងកាមទាំងឡាយ បុគ្គល​នោះ រមែងដល់នូវសេចក្តីរម្ងាប់កិលេសដោយចិត្ត មានចិត្តស្ងប់រម្ងាប់ ដេកនៅជា​សុខ។

បឋមសុក្កាសូត្រ ទី៩

[៣១១] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តវេឡុវ័ន ជាកលន្ទកនិវាបស្ថាន ទៀបក្រុងរាជគ្រឹះ។ ក៏សម័យនោះឯង ភិក្ខុនីឈ្មោះ សុក្កា មានបរិស័ទច្រើនចោមរោម កំពុងសំដែងធម៌។

[៣១២] គ្រានោះឯង យក្សមានសេចក្តីជ្រះថ្លាក្រៃពេក ចំពោះសុក្កាភិក្ខុនី ក៏ចេញពីច្រក​មួយ ចូលទៅកាន់ច្រកមួយ ចេញពីផ្លូវត្រឡែងកែងមួយ ចូលទៅកាន់ផ្លូវត្រឡែងកែងមួយ ក្នុងក្រុងរាជគ្រឹះ ហើយពោលគាថាទាំងនេះ ក្នុងវេលានោះថា

ពួកមនុស្សក្នុងក្រុងរាជគ្រឹះ ធ្វើអ្វីដល់អញ ពួកជនណា មិនចូលទៅជិតសុក្កាភិក្ខុនី ដែល​កំពុងសំដែងនូវឧបាយ ជាគ្រឿងដល់ព្រះនិព្វាន ឈ្មោះអមតៈ (ជនទាំងនោះ) ដូចជា​បុគ្គល​ផឹក​ទឹកឃ្មុំ​ហើយដេក ពួកបុគ្គលមានប្រាជ្ញា ហាក់ដូចជា​ក្រេបផឹកនូវអមតនិព្វាន​នោះ ដែលជាធម៌មិនគួរបោះបង់ចោល មានឱជារសមិនបានលាយឡំ ដូចជាអ្នកដំណើរ​ផឹកទឹក ដែលហូរធ្លាក់មកពីចន្លោះពពក។

ទុតិយសុក្កាសូត្រ ទី១០

[៣១៣] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តវេឡុវ័ន ជាកលន្ទកនិវាបស្ថាន ទៀប​ក្រុងរាជគ្រឹះ។ ក៏សម័យនោះឯង មានឧបាសិកាម្នាក់ ប្រគេនភោជន ដល់​សុក្កាភិក្ខុនី។

[៣១៤] គ្រានោះឯង យក្សមានសេចក្តីជ្រះថ្លាក្រៃពេក ចំពោះសុក្កាភិក្ខុនី ក៏ដើរចេញពី​ច្រក​មួយ ចូលទៅកាន់ច្រកមួយ ចេញពីផ្លូវត្រឡែងកែងមួយ ចូលទៅកាន់ផ្លូវត្រឡែងកែង​មួយ ក្នុងក្រុងរាជគ្រឹះ ហើយពោលគាថានេះ ក្នុងវេលានោះថា

ឧបាសកណា បានប្រគេនភោជន ដល់សុក្កាភិក្ខុនី ដែលមានចិត្តផុតស្រឡះ ចាកគន្ថធម៌​ទាំង​អស់ ឧបាសកនេះ ឈ្មោះថា អ្នកប្រកបដោយប្រាជ្ញាពិត ហើយបានប្រទះនូវ​បុណ្យ​ច្រើន។

ចីរាសូត្រ ទី១១

[៣១៥] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តវេឡុវ័ន ជាកលន្ទកនិវាបស្ថាន ទៀបក្រុងរាជគ្រឹះ។ ក៏សម័យនោះឯង មានឧបាសិកាម្នាក់ បានប្រគេនចីវរ ដល់ភិក្ខុនី​ឈ្មោះ ចីរា។

[៣១៦] គ្រានោះឯង យក្សមានសេចក្តីជ្រះថ្លាក្រៃពេក ចំពោះចីរាភិក្ខុនី ក៏ដើរចេញពីច្រក​មួយ ចូលទៅកាន់ច្រកមួយ ចេញពីផ្លូវត្រឡែងកែងមួយ ចូលទៅកាន់ផ្លូវត្រឡែងកែងមួយ ក្នុងក្រុងរាជគ្រឹះ ហើយពោលគាថានេះ ក្នុងវេលានោះថា

ឧបាសកណា បានប្រគេនចីវរ ដល់ចីរាភិក្ខុនី ដែលមានចិត្តរួចស្រឡះ ចាកគន្ថធម៌​ទាំង​អស់ ឧបាសកនេះ ឈ្មោះថា អ្នកមានប្រាជ្ញាពិត ហើយបានប្រទះនូវបុណ្យច្រើន។

អាឡវកសូត្រ ទី១២

[៣១៧] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់ក្នុងលំនៅ របស់យក្សឈ្មោះ អាឡវកៈ ក្នុងដែនអាឡវី។ គ្រានោះឯង អាឡវកយក្ស ចូលទៅរក​ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ទើបពោលនឹងព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រសមណៈ ចូរលោកចេញទៅ។ ព្រះមានព្រះភាគ ទទួលថា ម្នាលអាវុសោ ប្រពៃ​ហើយ ដូច្នេះ ក៏ស្តេចចេញទៅ។ អាឡវកយក្ស ពោលថា ម្នាលសមណៈ ចូរលោក​មក​វិញ។ ព្រះមានព្រះភាគ ទទួលថា ម្នាលអាវុសោ ប្រពៃហើយ ដូច្នេះ ក៏ស្តេចចូលមកវិញ។ អាឡវកយក្ស បានពោលនឹងព្រះមានព្រះភាគ យ៉ាងនេះ អស់វារៈពីរដងថា ម្នាល​សមណៈ ចូរលោកចេញទៅ។ ព្រះមានព្រះភាគ ក៏ទទួលថា ម្នាលអាវុសោ ប្រពៃហើយ ដូច្នេះ ក៏ចេញទៅ។ អាឡវកយក្ស ពោលថា ម្នាលសមណៈ ចូរលោកចូលមកវិញ។ ព្រះមានព្រះភាគទទួលថា ម្នាលអាវុសោ ប្រពៃហើយ ដូច្នេះ ក៏ចូលមកវិញ។ អាឡវក​យក្ស បានពោលនឹងព្រះមានព្រះភាគ យ៉ាងនេះ ជាគំរប់បីដងថា ម្នាលសមណៈ ចូរ​លោកចេញទៅវិញ។ ព្រះមានព្រះភាគ ទទួលថា ម្នាលអាវុសោ ប្រពៃហើយ ដូច្នេះ ក៏ស្តេចចេញទៅ។ អាឡវកយក្ស ពោលថា ម្នាលសមណៈ ចូរលោកចូលមកវិញ។ ព្រះមានព្រះភាគ ទទួលថា ម្នាលអាវុសោ ប្រពៃហើយ ដូច្នេះ ក៏ទ្រង់ចូលមកវិញ។

[៣១៨] អាឡវកយក្ស បានពោលនឹងព្រះមានព្រះភាគ អស់វារៈ៤ដងទៀតថា ម្នាល​សមណៈ ចូរលោកចេញទៅវិញ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលអាវុសោ តថាគតនឹង​មិន​ចេញ​ទៅទេ កិច្ចណា អ្នកឯងត្រូវធ្វើ ចូរអ្នកឯង ធ្វើកិច្ចនោះចុះ។ ម្នាលសមណៈ ខ្ញុំនឹងសួរ​ប្រស្នា ចំពោះលោក បើលោកមិនដោះប្រស្នាខ្ញុំទេ ខ្ញុំនឹងបន្សាត់ចិត្តលោក ឬវះហឫទ័យ​របស់​លោក ពុំនោះសោត ខ្ញុំនឹងចាប់ជើងលោកបោះទៅ ក្នុងត្រើយខាងនាយ នៃ​ទន្លេគង្គា។ ព្រះមានព្រះភាគ ត្រាស់ថា ម្នាលអាវុសោ បុគ្គលណា បន្សាត់ចិត្តតថាគត ឬវះហឫទ័យ ឬក៏ចាប់ជើងគ្រវែងទៅ ក្នុងត្រើយខាងនាយ នៃទន្លេគង្គា តថាគត មិនដែលឃើញបុគ្គលនោះសោះ ក្នុងលោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក និងពពួកសត្វ ព្រមទាំងសមណព្រាហ្មណ៍ ព្រមទាំងមនុស្សជាសម្មតិទេព និងមនុស្សដ៏​សេស ម្នាលអាវុសោ បើដូច្នោះ ចូរអ្នកឯងសួរប្រស្នា ដែលអ្នកឯងប៉ុនប៉ងសួរចុះ។

[៣១៩] អាឡវកយក្ស សួរថា អ្វីហ្ន៎ ជាទ្រព្យប្រសើរ របស់បុរសក្នុងលោកនេះ អ្វីហ្ន៎ ដែលបុគ្គលសន្សំដោយប្រពៃហើយ នាំសេចក្តីសុខមកឲ្យ របស់អ្វី ដែលមានរសឆ្ងាញ់ វិសេសជាងរសទាំងឡាយ ពួកអ្នកប្រាជ្ញពោលថា បុគ្គលដែលរស់នៅ ដូចម្តេច ឈ្មោះថា រស់នៅប្រសើរ។

[៣២០] ព្រះអង្គត្រាស់ថា សទ្ធាជាទ្រព្យប្រសើរ របស់បុរសក្នុងលោកនេះ សុចរិតធម៌ ដែលបុគ្គលសន្សំដោយប្រពៃ តែងនាំសេចក្តីសុខមកឲ្យ ពាក្យពិត ជារសឆ្ងាញ់ វិសេស​ជាងរសទាំងឡាយ ពួកអ្នកប្រាជ្ញពោលថា បុគ្គលដែលរស់នៅ ដោយប្រាជ្ញា ឈ្មោះថា រស់នៅប្រសើរ។

[៣២១] អា. បុគ្គលឆ្លងអន្លង់បាន ដោយអ្វីហ្ន៎ ឆ្លងសមុទ្របាន ដោយអ្វី បុគ្គលកន្លង​សេចក្តី​ទុក្ខបាន ដោយអ្វី បរិសុទ្ធបាន ដោយអ្វី។

[៣២២] ព. បុគ្គលឆ្លងអន្លង់បាន ដោយសទ្ធា ឆ្លងសមុទ្របាន ដោយសេចក្តីមិនប្រមាទ កន្លងសេចក្តីទុក្ខបាន ដោយសេចក្តីព្យាយាម បរិសុទ្ធបាន ដោយប្រាជ្ញា។

[៣២៣] អា. បុគ្គលបានប្រាជ្ញាដោយអ្វី បានទ្រព្យដោយអ្វី ដល់នូវសេចក្តីសរសើរដោយអ្វី ចងពួកមិត្របាន ដោយអ្វី បុគ្គលលះលោកនេះ ទៅកាន់លោកខាងមុខ មិនសោកសៅ ក្នុងលោកខាងមុខ ដោយអ្វី។

[៣២៤] ព. បុគ្គលជឿធម៌របស់ព្រះអរហន្តទាំងឡាយ រមែងប្រព្រឹត្តទៅ ដើម្បីដល់​ព្រះនិព្វាន បុគ្គលមានប្រាជ្ញា មិនប្រមាទ កាលស្តាប់ដោយប្រពៃ រមែងបាននូវប្រាជ្ញា បុគ្គល​មានការងារសមតាមកាល មានធុរៈ (មិនទំលាក់ចោល) ជាអ្នកតស៊ូ រមែង​បាននូវទ្រព្យ បុគ្គលដល់នូវសេចក្តីសរសើរ ដោយសច្ចៈ បុគ្គលអ្នកឲ្យ រមែងចង​ពួកមិត្របាន បុគ្គលដែលមានសទ្ធា គ្រប់គ្រងផ្ទះ ត្រូវមានធម៌ ៤ប្រការនេះ គឺ សច្ចៈ (ពាក្យពិត) ១ ទមៈ (ការទូន្មាន) ១ ថិតិ (សេចក្តីអត់ធន់) ១ ចាគៈ (ការបរិច្ចាគ) ១ រមែងមិនសោកសៅ ក្នុងលោកខាងមុខ ដោយពិត បើដូច្នោះ ចូរអ្នកសួរ​ពួក​សមណ​ព្រាហ្មណ៍​ឯទៀត ឲ្យច្រើនគ្នាចុះ ក្រែងមានធម៌ណាក្នុងលោកនេះ វិសេសជាងសច្ចៈ ទមៈ ចាគៈ ខន្តិ ទៅទៀត។

[៣២៥] អា. ក្នុងវេលានេះ ខ្ញុំនឹងសួរពួកសមណព្រាហ្មណ៍ច្រើនគ្នា ដូចម្តេចបាន (ព្រោះ) ខ្ញុំទើបតែនឹងដឹងប្រយោជន៍ ក្នុងបរលោកក្នុងថ្ងៃនេះ ដោយសារព្រះពុទ្ធស្តេចមកគង់ ក្នុង​ដែន​អាឡវី ជាប្រយោជន៍ដល់ខ្ញុំ ខ្ញុំទើបតែនឹងដឹងក្នុងថ្ងៃនេះថា ទានដែលគេឲ្យ ចំពោះ​បុគ្គលណា មានផលច្រើន ខ្ញុំនឹងចេញពីស្រុកមួយ ទៅស្រុកមួយ ចេញពីបុរីមួយ ទៅបុរី​មួយ នមស្ការនូវព្រះសម្ពុទ្ធផង ព្រះធម៌ដ៏ប្រសើរផង។

ចប់ យក្ខសំយុត្ត។

ឧទ្ទាននៃ យក្ខសំយុត្ត នោះគឺ

សូត្រមាន ១២ គឺ ឥន្ទកសូត្រ ១ សក្កសូត្រ ១ សូចិលោមសូត្រ ១ មណិភទ្ទសូត្រ ១ សានុសូត្រ ១ បិយង្ករសូត្រ ១ បុនព្វសុសូត្រ ១ សុទត្តសូត្រ ១ សុក្កាសូត្រ ២ ចីរាសូត្រ ១ អាឡវកសូត្រ ១។

សក្កសំយុត្ត

សុវីរសូត្រ ទី១

[៣២៦] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុង​វត្ត​ជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ ក្នុងទីនោះឯង ព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ។ ពួកភិក្ខុនោះ ទទួលស្តាប់​ព្រះពុទ្ធដីកា​ព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន។

[៣២៧] ព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ កាលពីព្រេង​នាយ​មក មានពួកអសុរ ច្បាំងតគ្នានឹងពួកទេវតា។ ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង សក្កទេវរាជ ជាធំជាងពួកទេវតា បានហៅទេវបុត្តឈ្មោះ សុវីរៈ មកថា ម្នាលបាសុវីរៈ ពួក​អសុរ​ទាំងនុ៎ះ ច្បាំងតគ្នានឹងពួកទេវតា ម្នាលបាសុវីរៈ ចូរអ្នកទៅតតាំងនឹងពួកអសុរនុ៎ះ។ ម្នាលភិក្ខុទាំងឡាយ សុវីរទេវបុត្ត ទទួលទេវបញ្ជា របស់សក្កទេវរាជ ជាធំជាងទេវតា​ទាំងឡាយថា ព្រះករុណាថ្លៃវិសេស យ៉ាងនេះហើយ ក៏ធ្វើពួកអសុរ ឲ្យដល់នូវសេចក្តី​ប្រមាទ។ ម្នាលភិក្ខុទាំងឡាយ សក្កទេវរាជ ជាធំជាងពួកទេវតា បានហៅសុវីរទេវបុត្តមក អស់វារៈ២ដងទៀតថា ម្នាលបាសុវីរៈ ពួកអសុរទាំងនុ៎ះ ច្បាំងតគ្នានឹងពួកទេវតា ម្នាល​បាសុវីរៈ ចូរអ្នកទៅតតាំងនឹងពួកអសុរចុះ។ ម្នាលភិក្ខុទាំងឡាយ សុវីរទេវបុត្ត ទទួល​ទេវបញ្ជា របស់សក្កទេវរាជ ជាធំជាងពួកទេវតាថា ព្រះករុណាថ្លៃវិសេស យ៉ាងនេះហើយ ក៏ធ្វើពួកអសុរ ឲ្យដល់នូវសេចក្តីប្រមាទ អស់វារៈ២ដង។ ម្នាលភិក្ខុទាំងឡាយ សក្កទេវរាជ ជាធំជាងពួកទេវតា បានហៅសុវីរទេវបុត្តមក អស់វារៈ៣ដងទៀតថា ម្នាលបាសុវីរៈ ពួកអសុរ​ទាំងនុ៎ះ ច្បាំងតគ្នានឹងពួកទេវតា ម្នាលបាសុវីរៈ ចូរអ្នកទៅ​តតាំងនឹង​ពួក​អសុរ​ចុះ។ ម្នាលភិក្ខុទាំងឡាយ សុវីរទេវបុត្ត ទទួលទេវបញ្ជា របស់សក្កទេវរាជ ជាធំជាងពួក​ទេវតាថា ព្រះករុណាថ្លៃវិសេស យ៉ាងនេះហើយ ក៏ធ្វើពួកអសុរ ឲ្យដល់នូវសេចក្តីប្រមាទ អស់វារៈ៣ដងទៀត។

[៣២៨] ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង សក្កទេវរាជ ជាធំជាងពួកទេវតា បានពោល​គាថា នឹងសុវីរទេវបុត្តថា

បុគ្គល កាលមិនតស៊ូ មិនព្យាយាមទេ តែងបានសេចក្តីសុខ ក្នុងទីណា ម្នាលសុវីរៈ ចូរអ្នក​ទៅ​ក្នុងទីនោះចុះ ចូរអ្នកធ្វើអញឲ្យដល់ក្នុងទីនោះផង។

[៣២៩] សុវីរទេវបុត្ត ទូលថា បុគ្គលខ្ជិលច្រអូស ជាអ្នកមិនតស៊ូ មិនធ្វើកិច្ចការដែលត្រូវធ្វើ តែជាអ្នកសម្រេច នូវសេចក្តីប្រាថ្នាគ្រប់ចំពូក បពិត្រសក្កទេវរាជ សូមព្រះអង្គទ្រង់បង្ហាញ នូវកន្លែងដ៏ប្រសើរនោះ ដល់ខ្ញុំព្រះអង្គ។

[៣៣០] សក្កទេវរាជត្រាស់ថា បុគ្គលខ្ជិលច្រអូស ជាអ្នកមិនតស៊ូ ដល់នូវសេចក្តីសុខ ដោយចំណែកមួយក្នុងទីណា ម្នាលសុវីរៈ ចូរអ្នកទៅក្នុងទីនោះចុះ ចូរអ្នកធ្វើអញ​ឲ្យដល់​ក្នុង​ទីនោះផង។

[៣៣១] សុវីរទេវបុត្ត ទូលថា បពិត្រសក្កទេវរាជ ដ៏ប្រសើរជាងទេវតា យើងបានសេចក្តី​សុខ​ណា ដោយមិនបាច់ធ្វើការងារ បពិត្រសក្កទេវរាជ សូមទ្រង់បង្ហាញសេចក្តីសុខ​ដ៏​ប្រសើរ ដែលមិនមានសោកសៅ មិនមានសេចក្តីចង្អៀតចង្អល់ចិត្តនោះ ដល់ខ្ញុំព្រះអង្គ​ផង។

[៣៣២] សក្កទេវរាជ តបថា ប្រសិនបើបុគ្គលណាមួយ មិនរស់នៅក្នុងកន្លែងណាមួយ ដោយឥតមានការងារ ផ្លូវនោះឯងហើយ ជាផ្លូវព្រះនិព្វាន ម្នាលសុវីរៈ ចូរអ្នកទៅក្នុងទី​នោះ​ចុះ ចូរអ្នកធ្វើអញឲ្យដល់ក្នុងទីនោះផង។

[៣៣៣] ម្នាលភិក្ខុទាំងឡាយ អម្បាលដូចយ៉ាងសក្កទេវរាជ ជាធំជាងពួកទេវតា កំពុង​សោយ​ផលបុណ្យរបស់ខ្លួន សោយរាជ្យជាឥស្សរាធិបតី ជាងពួកទេវតា នៅឋានតាវត្តិង្ស ម្តេចគង់សរសើរសេចក្តីប្រឹងប្រែង និងការព្យាយាមដែរ។ ម្នាលភិក្ខុទាំងឡាយ ចូរអ្នកទាំង​ឡាយ​ធ្វើការណ៍នុ៎ះ ឲ្យល្អក្នុងធម្មវិន័យចុះ ព្រោះថា អ្នកទាំងឡាយ បានបួសក្នុងធម៌វិន័យ ដែលតថាគត សំដែងហើយ ដោយប្រពៃយ៉ាងនេះ គួរណាស់តែរវៀសរវៃ ប្រឹងប្រែង ព្យាយាម ដើម្បីដល់នូវមគ្គផល ដែលខ្លួនមិនទាន់ដល់ ដើម្បីបាននូវមគ្គផល ដែលខ្លួន​មិនទាន់​បាន ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវធម៌ ដែលខ្លួនមិនទាន់ធ្វើឲ្យជាក់ច្បាស់ កុំបីអាក់​ខាន​ឡើយ។

សុសិមសូត្រ ទី២

[៣៣៤] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិក​សេដ្ឋី ទៀបក្រុងសាវត្ថី។ ក្នុងទីនោះឯង ព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយ​ថា ម្នាលភិក្ខុទាំងឡាយ។ ពួកភិក្ខុនោះ ទទួលព្រះពុទ្ធដីកា របស់ព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គ។

[៣៣៥] ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ពីព្រេងនាយមក មានពួក​អសុរ ច្បាំងតនឹងពួកទេវតា។ ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង សក្កទេវរាជ ជាធំជាងពួក​ទេវតា បានហៅសុសិមទេវបុត្តមកថា ម្នាលបាសុសិមៈ ពួកអសុរទាំងនុ៎ះ ច្បាំងនឹងពួក​ទេវតា ម្នាលបាសុសិមៈ ចូរអ្នកទៅតតាំងនឹងពួកអសុរចុះ។ ម្នាលភិក្ខុទាំងឡាយ សុសិម​ទេវបុត្ត ទទួលទេវបញ្ជា របស់សក្កទេវរាជ ជាធំជាងពួកទេវតាថា ព្រះករុណាថ្លៃវិសេស យ៉ាង​នេះហើយ ក៏ធ្វើពួកអសុរ ឲ្យដល់នូវសេចក្តីប្រមាទ។ ម្នាលភិក្ខុទាំងឡាយ សក្កទេវរាជ ជាធំជាងពួកទេវតា ត្រាស់ហៅសុសិមទេវបុត្ត អស់វារៈ ២ ដងទៀត។បេ។ ធ្វើពួក​អសុរឲ្យដល់នូវសេចក្តីប្រមាទ អស់វារៈ ២ ដងទៀត។ ម្នាលភិក្ខុទាំងឡាយ សក្កទេវរាជ ជាធំជាងពួកទេវតា ត្រាស់ហៅសុសិមទេវបុត្តមក អស់វារៈ ៣ ដងថា ម្នាល​បាសុសិមៈ ពួកអសុរទាំងនុ៎ះ ច្បាំងនឹងពួកទេវតា ម្នាលបាសុសិមៈ ចូរអ្នកទៅតតាំង នឹងពួកអសុរចុះ។ ម្នាលភិក្ខុទាំងឡាយ សុសិមទេវបុត្ត ទទួលទេវបញ្ជា របស់សក្កទេវរាជ ជាធំជាងពួកទេវតាថា ព្រះករុណាថ្លៃវិសេស យ៉ាងនេះហើយ ក៏ធ្វើពួកអសុរ ឲ្យដល់នូវ​សេចក្តីប្រមាទ អស់វារៈ ៣ ដងទៀត។

[៣៣៦] ម្នាលភិក្ខុទាំងឡាយ ទើបសក្កទេវរាជ ជាធំជាងពួកទេវតា បានពោលគាថា នឹង​សុសិមទេវបុត្តថា

បុគ្គល កាលមិនតស៊ូ មិនព្យាយាមទេ បានសេចក្តីសុខក្នុងទីណា ម្នាលសុសិមៈ ចូរអ្នក​ទៅ​ក្នុង​ទីនោះចុះ ចូរអ្នកធ្វើអញឲ្យដល់ក្នុងទីនោះផង។

[៣៣៧] សុសិមទេវបុត្តទូលថា បុគ្គលខ្ជិលច្រអូស ជាអ្នកមិនតស៊ូ មិនធ្វើកិច្ចការដែល​ត្រូវ​ធ្វើ តែជាអ្នកសម្រេចនូវសេចក្តីប្រាថ្នាគ្រប់ចំពូក បពិត្រសក្កៈ សូមព្រះអង្គទ្រង់បង្ហាញ នូវ​កន្លែង​ដ៏ប្រសើរនោះ ដល់ខ្ញុំព្រះអង្គ។

[៣៣៨] សក្កទេវរាជ តបថា បុគ្គលខ្ជិលច្រអូស ជាអ្នកមិនតស៊ូ ដល់នូវសេចក្តីសុខ ដោយ​ចំណែក​មួយ ក្នុងទីណា ម្នាលសុសិមៈ ចូរអ្នកទៅក្នុងទីនោះចុះ ចូរអ្នកធ្វើអញឲ្យដល់ ក្នុង​ទីនោះ​ផង។

[៣៣៩] សុសិមទេវបុត្តទូលថា បពិត្រសក្កទេវរាជ ដ៏ប្រសើរជាងទេវតា យើងបានសេចក្តី​សុខ​ណា ដោយមិនបាច់ធ្វើការងារ បពិត្រសក្កទេវរាជ សូមទ្រង់បង្ហាញ​សេចក្តីសុខ​ដ៏​ប្រសើរ ដែលមិនមានសេចក្តីសោកសៅ មិនមានសេចក្តីតឹងចិត្តនោះ ដល់ខ្ញុំព្រះអង្គផង។

[៣៤០] សក្កទេវរាជ តបថា ប្រសិនបើអ្នកណាមួយ មិនរស់នៅក្នុងទីណាមួយ ដោយមិន​ធ្វើ​ការងារទេ ផ្លូវនោះឯងហើយ ជាផ្លូវព្រះនិព្វាន ម្នាលសុសិមៈ ចូរអ្នកទៅក្នុងទីនោះចុះ ចូរអ្នកធ្វើអញឲ្យដល់ ក្នុងទីនោះផង។

[៣៤១] ម្នាលភិក្ខុទាំងឡាយ អម្បាលយ៉ាងសក្កទេវរាជ ជាធំជាងពួកទេវតានោះ កំពុង​សោយផលបុណ្យរបស់ខ្លួន សោយរាជ្យជាឥស្សរាធិបតី ជាងទេវតាទាំងឡាយ នៅ​ឋានតាវត្តិង្ស ម្តេចគង់សរសើរសេចក្តីប្រឹងប្រែង និងការព្យាយាមដែរ។ ម្នាលភិក្ខុទាំង​ឡាយ ចូរអ្នកទាំងឡាយ ធ្វើការណ៍នុ៎ះឲ្យល្អ ក្នុងសាសនានេះចុះ ព្រោះថា អ្នកទាំងឡាយ បានបួសក្នុងធម៌វិន័យ ដែលតថាគត សំដែងហើយ ដោយប្រពៃយ៉ាងនេះ គួររវៀសរវៃ ប្រឹងប្រែង ព្យាយាម ដើម្បីដល់នូវមគ្គផល ដែលខ្លួនមិនទាន់ដល់ ដើម្បីត្រាស់ដឹងនូវធម៌ ដែលខ្លួនមិនទាន់ត្រាស់ដឹង ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវព្រះនិព្វាន ដែលខ្លួនមិន​ទាន់ធ្វើ​ឲ្យ​ជាក់ច្បាស់ កុំបីអាក់ខានឡើយ។

ធជគ្គសូត្រ ទី៣

[៣៤២] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិក​សេដ្ឋី ជិតក្រុងសាវត្ថី។ ព្រះមានព្រះភាគ ត្រាស់ហៅភិក្ខុទាំងឡាយ ក្នុងទីនោះថា ម្នាល​ភិក្ខុ​ទាំងឡាយ។ ពួកភិក្ខុទាំងនោះ ទទួលព្រះបន្ទូលព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ។

[៣៤៣] ព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ រឿងធ្លាប់មាន​មក​ថា សង្គ្រាមទេវតា និងអសុរ បានផ្គុំគ្នា (ប្រទល់គ្នា) ហើយ។ ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង ទេវរាជ ឈ្មោះសក្កៈ ជាធំជាងទេវតាទាំងឡាយ បានហៅពួកទេវតា ក្នុង​ឋាន​តាវត្តិង្សមកថា ម្នាលគ្នាយើង កាលបើពួកទេវតា ចូលកាន់សង្គ្រាមហើយ សេចក្តីខ្លាច សេចក្តីរន្ធត់ ឬសេចក្តីព្រឺរោម កើតឡើង ពួកអ្នកគប្បីក្រឡេកមើលចុងទង់ជ័យរបស់ខ្ញុំ ក្នុងសម័យនោះចុះ។ ព្រោះថា កាលបើអ្នកទាំងឡាយ ក្រឡេកមើលចុងទង់ជ័យរបស់ខ្ញុំ សេចក្តីខ្លាច សេចក្តីរន្ធត់ ឬសេចក្តីព្រឺរោម ណា នឹងកើតឡើង សេចក្តីខ្លាចជាដើមនោះ មុខជានឹងស្ងប់រម្ងាប់ទៅវិញ។ បើពួកអ្នកមិនក្រឡេកមើលចុងទង់ជ័យរបស់ខ្ញុំទេ ក៏ត្រូវតែ​ក្រឡេក​មើលចុងទង់ជ័យ នៃទេវរាជឈ្មោះបជាបតិចុះ។ ព្រោះថា កាលបើពួកអ្នក​ក្រឡេក​មើលចុងទង់ជ័យ នៃទេវរាជឈ្មោះ បជាបតិ សេចក្តីខ្លាច សេចក្តីរន្ធត់ ឬ​សេចក្តី​ព្រឺរោម​ណា នឹងកើតឡើង សេចក្តីខ្លាចជាដើមនោះ នឹងស្ងប់រម្ងាប់ទៅវិញបាន។ បើអ្នក​ទាំង​ឡាយ មិនក្រឡេកមើលចុងទង់ជ័យ នៃទេវរាជឈ្មោះ បជាបតិទេ ក៏ត្រូវ​ក្រឡេក​មើលចុងទង់ជ័យ នៃទេវរាជឈ្មោះ វរុណៈ ។ ព្រោះថា កាលបើពួកអ្នក ក្រឡេក​មើល​ចុង​ទង់ជ័យ នៃទេវរាជ ឈ្មោះវរុណៈ សេចក្តីខ្លាច សេចក្តីរន្ធត់ ឬសេចក្តីព្រឺរោម ណា នឹង​កើតឡើង សេចក្តីខ្លាចជាដើមនោះ នឹងស្ងប់រម្ងាប់ទៅវិញ។ បើពួកអ្នកមិនក្រឡេក​មើល​ចុង​​ទង់ជ័យ នៃទេវរាជ ឈ្មោះវរុណៈទេ ត្រូវតែក្រឡេកមើលចុងទង់ជ័យ នៃទេវរាជឈ្មោះ ឦសានៈ ។ ព្រោះថា កាលបើពួកអ្នក ក្រឡេកមើលចុងទង់ជ័យ នៃទេវរាជ ឈ្មោះ ឦសាន សេចក្តីខ្លាច សេចក្តីរន្ធត់ ឬសេចក្តីព្រឺរោម ណា នឹងកើតឡើង សេចក្តី​ខ្លាច​ជាដើមនោះ នឹងស្ងប់រម្ងាប់ទៅវិញ។ ម្នាលភិក្ខុទាំងឡាយ កាលបើពួកទេវតា ក្រឡេក​មើលចុងទង់ជ័យនោះ នៃទេវរាជ ឈ្មោះសក្កៈ ជាធំជាងទេវតាទាំងឡាយក្តី ក្រឡេក​មើលចុងទង់ជ័យ នៃទេវរាជ ឈ្មោះបជាបតិក្តី ក្រឡេកមើលចុងទង់ជ័យ នៃទេវរាជ ឈ្មោះ​វរុណៈក្តី ក្រឡេកមើលចុងទង់ជ័យ នៃទេវរាជ ឈ្មោះឦសានៈក្តី សេចក្តីខ្លាច សេចក្តីរន្ធត់ ឬសេចក្តីព្រឺរោម ណា នឹងកើតឡើង សេចក្តីខ្លាចជាដើមនោះ ក៏នឹងស្ងប់រម្ងាប់ ចួនកាន មិនស្ងប់រម្ងាប់ក៏មានខ្លះ សេចក្តីនោះ ព្រោះហេតុអ្វី ម្នាលភិក្ខុទាំងឡាយ ព្រោះថា សក្កទេវានមិន្ទ មិនទាន់ប្រាសចាករាគៈ មិនទាន់ប្រាសចាកទោសៈ មិនទាន់ប្រាស​ចាក​មោហៈ ជាអ្នកនៅខ្លាច នៅរន្ធត់ នៅតក់ស្លុត រត់ចេញនៅឡើយ។

[៣៤៤] ម្នាលភិក្ខុទាំងឡាយ ចំណែកតថាគត ពោលយ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ បើពួកអ្នកនៅក្នុងព្រៃ ឬនៅទៀបគល់ឈើ ឬនៅក្នុងផ្ទះស្ងាត់ សេចក្តីខ្លាចក្តី សេចក្តីរន្ធត់ក្តី ឬសេចក្តីព្រឺរោមក្តី កើតឡើង ពួកអ្នកគប្បីរឭករឿយៗ នូវតថាគត ក្នុងសម័យនោះថា ព្រះមានព្រះភាគអង្គនោះ ជាព្រះអរហន្ត សម្មាសម្ពុទ្ធ បរិបូណ៌ដោយវិជ្ជា និងចរណៈ ជាព្រះសុគត ទ្រង់ជ្រាបច្បាស់នូវលោក ព្រះអង្គប្រសើរបំផុត ជាសារថីទូន្មាននូវបុរស ជាសាស្តានៃទេវតា និងមនុស្ស ជាព្រះពុទ្ធ ទ្រង់ចែកនូវធម៌។ ម្នាលភិក្ខុទាំងឡាយ ព្រោះថា បើពួកអ្នករលឹករឿយៗ នូវតថាគត សេចក្តីខ្លាចក្តី សេចក្តីរន្ធត់ក្តី សេចក្តីព្រឺរោមក្តី ណា នឹងកើតឡើង សេចក្តីខ្លាចជាដើមនោះ មុខជាស្ងប់រម្ងាប់ទៅ។ បើពួកអ្នកមិន​រឭក​រឿយៗ នូវតថាគតទេ គប្បីរឭករឿយៗ នូវព្រះធម៌ថា ធម៌ដែលព្រះមានព្រះភាគ ទ្រង់​ត្រាស់​សំដែងហើយដោយល្អ ជាធម៌ដែលព្រះអរិយបុគ្គល គប្បីឃើញច្បាស់ដោយខ្លួនឯង ជាធម៌ឲ្យផល មិនរង់ចាំកាល ជាធម៌ដែលព្រះអរិយបុគ្គល គួរហៅបុគ្គលដទៃ ឲ្យចូល​មកមើលបាន ជាធម៌ដែលព្រះអរិយបុគ្គល គួរបង្អោនចូលមកទុកក្នុងចិត្តបាន ជាធម៌ដែល​វិញ្ញូជនទាំងឡាយ គប្បីដឹងច្បាស់ក្នុងចិត្តនៃខ្លួន។ ម្នាលភិក្ខុទាំងឡាយ ព្រោះថា កាល​បើអ្នកទាំងឡាយ រឭករឿយៗ នូវធម៌ សេចក្តីខ្លាច សេចក្តីរន្ធត់ ឬសេចក្តីព្រឺរោម ណា នឹងកើតឡើង សេចក្តីខ្លាចជាដើមនោះ មុខជានឹងស្ងប់រម្ងាប់ទៅបាន។ បើអ្នក​ទាំងឡាយ មិន​រឭកនូវធម៌ទេ គប្បីរឭកនូវសង្ឃថា ព្រះសង្ឃសាវ័កនៃព្រះមានព្រះភាគ លោក​ប្រតិបត្តិ​ហើយដោយប្រពៃ ព្រះសង្ឃសាវ័កនៃព្រះមានព្រះភាគ លោកប្រតិបត្តិហើយ​ដោយ​ត្រង់ ព្រះសង្ឃសាវ័កនៃព្រះមានព្រះភាគ លោកប្រតិបត្តិហើយ ដើម្បីព្រះនិព្វាន ព្រះសង្ឃសាវ័កនៃព្រះមានព្រះភាគ លោកប្រតិបត្តិហើយ ដោយត្រឹមត្រូវ ព្រះសង្ឃ​សាវ័ក​នៃ​ព្រះមានព្រះភាគ រាប់ជាគូនៃបុរស មាន៤គូ រាប់រៀងជាបុរសបុគ្គល មាន៨ ព្រះសង្ឃ​សាវ័ក​នៃព្រះមានព្រះភាគនុ៎ះ លោកគួរទទួលនូវគ្រឿងបូជា គួរទទួលនូវអាគន្តុកទាន គួរទទួល​ទក្ខិណាទាន គួរដល់អញ្ជលិកម្ម ជាបុញ្ញក្ខេត្តប្រសើរបំផុត របស់សត្វលោក។ ម្នាលភិក្ខុទាំងឡាយ ព្រោះថា បើអ្នកទាំងឡាយ រឭកនូវសង្ឃ សេចក្តីខ្លាច សេចក្តីរន្ធត់ ឬសេចក្តីព្រឺរោម ណា នឹងកើតឡើង សេចក្តីខ្លាច ជាដើមនោះ មុខជានឹងស្ងប់​រម្ងាប់​ទៅ​បាន សេចក្តីនោះ ព្រោះហេតុអ្វី ម្នាលភិក្ខុទាំងឡាយ ព្រោះថា តថាគត ជាអរហន្ត សម្មាសម្ពុទ្ធ ប្រាសចាករាគៈ ប្រាសចាកទោសៈ ប្រាសចាកមោហៈ មិនខ្លាច មិនរន្ធត់ មិនតក់ស្លុត មិនរត់ចេញទេ។

[៣៤៥] ព្រះមានព្រះភាគ បានត្រាស់ព្រះពុទ្ធដីកានេះ លុះព្រះសុគត ត្រាស់នូវ​ព្រះពុទ្ធដីកា​នេះហើយ លំដាប់នោះ ព្រះសាស្តា ទ្រង់ត្រាស់ព្រះពុទ្ធដីកានេះ តទៅទៀតថា

ម្នាលភិក្ខុទាំងឡាយ កាលបើអ្នករាល់គ្នា នៅក្នុងព្រៃ ឬទៀបគល់ឈើ ឬក្នុងផ្ទះស្ងាត់ គប្បីរឭករឿយៗ នូវព្រះសម្ពុទ្ធ ភ័យនឹងមិនមានដល់ពួកអ្នកទេ បើអ្នកទាំងឡាយ មិនបាន​រលឹកនូវព្រះពុទ្ធ ដែលជាធំបំផុតក្នុងលោក ជានរៈអង់អាចទេ គប្បីរឭកធម៌ ជាធម៌ស្រោច​ស្រង់សត្វ ដែលតថាគតសំដែងល្អហើយ បើអ្នកទាំងឡាយ មិនបានរឭកធម៌ ជាធម៌​ស្រោច​ស្រង់សត្វ ដែលតថាគត សំដែងល្អហើយទេ គប្បីរឭកសង្ឃ ជាបុញ្ញក្ខេត្ត​ប្រសើរ​បំផុត (របស់សត្វលោកចុះ)។ ម្នាលភិក្ខុទាំងឡាយ កាលបើអ្នករាល់គ្នា រឭកព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃយ៉ាងនេះ ភ័យក្តី សេចក្តីរន្ធត់ក្តី សេចក្តីព្រឺរោមក្តី នឹងមិនមានឡើយ។

វេបចិត្តិសូត្រ ទី៤

[៣៤៦] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិក​សេដ្ឋី ជិតក្រុងសាវត្ថី។បេ។

[៣៤៧] ព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ រឿងធ្លាប់មាន​មក​ថា សង្គ្រាមទេវតា និង អសុរ បានប្រទល់គ្នាហើយ។ ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង អសុរិន្ទ ឈ្មោះ វេបចិត្តិ បានហៅពួកអសុរមកថា ម្នាលពួកអ្នកនិទ៌ុក្ខ កាលបើសង្គ្រាម​ពួក​ទេវតា និងអសុរចួបប្រទះគ្នាហើយ ពួកអសុរឈ្នះ ពួកទេវតាចាញ់ ពួកអ្នកត្រូវចង​សក្ក​ទេវានមិន្ទ​នោះ ដោយចំណងទាំងឡាយ មានចំណងក ជាគំរប់ប្រាំ ហើយនាំ​មកកាន់​អសុរបូរី ក្នុងសំណាក់របស់ខ្ញុំ។ ម្នាលភិក្ខុទាំងឡាយ ឯសក្កទេវានមិន្ទ ក៏បានហៅពួក​ទេវតា ក្នុងឋានតាវត្តិង្ស មកថា ម្នាលពួកអ្នកនិទ៌ុក្ខ កាលបើ សង្គ្រាមទេវតា និងអសុរ ចួប​ប្រទះគ្នាហើយ បើពួកទេវតាឈ្នះ ពួកអសុរចាញ់ ពួកអ្នកត្រូវចង វេបចិត្តិអសុរិន្ទ នោះ ដោយចំណងទាំងឡាយ មានចំណងក ជាគំរប់ប្រាំ ហើយនាំមកកាន់សុធម្មសភា ក្នុង​សំណាក់​របស់យើង។ ម្នាលភិក្ខុទាំងឡាយ ក៏ក្នុងសង្គ្រាមនោះ ពួកទេវតាឈ្នះ ពួក​អសុរ​ចាញ់។ ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង ពួកទេវតាក្នុងឋានតាវត្តិង្ស ចងវេបចិត្តិអសុរិន្ទ ដោយ​ចំណងទាំងឡាយ មានចំណងក ជាគំរប់ប្រាំ ហើយនាំមកកាន់សុធម្មសភា ក្នុង​សំណាក់​សក្កទេវានមិន្ទ។

[៣៤៨] ម្នាលភិក្ខុទាំងឡាយ ក្នុងកាលនោះ បានឮថា វេបចិត្តិអសុរិន្ទ ដែលត្រូវពួក​ទេវតា​ចង​ដោយចំណង មានចំណងក ជាគំរប់ប្រាំ ក៏ស្រែកជេរផ្តាសាសក្កទេវានមិន្ទ ដែលស្តេច​ចូល​មក​កាន់សុធម្មសភា ទាំងស្តេចចេញមកវិញ ដោយវាចា ជាអសប្បុរស ដ៏អាក្រក់។

[៣៤៩] ម្នាលភិក្ខុទាំងឡាយ លំដាប់នោះឯង មាតលិសង្គាហកទេវបុត្ត បាននិយាយនឹង​សក្កទេវានមិន្ទ ដោយគាថាថា

បពិត្រមឃវសក្កទេវរាជ ព្រះអង្គឮវាចាអាក្រក់ របស់វេបចិត្តិអសុរិន្ទ ក្នុងទីចំពោះ​ព្រះភក្ត្រ​ហើយ ទ្រង់អត់ធ្មត់បាន តើព្រោះទ្រង់ខ្លាច ឬព្រោះទ្រង់មានកំឡាំងខ្សោយ។

[៣៥០] សក្កទេវរាជត្រាស់ថា ខ្ញុំឮវាចារបស់វេបចិត្តិអសុរិន្ទហើយ អត់ធ្មត់បាន មិនមែន​ព្រោះ​ខ្លាច មិនមែនព្រោះមានកំឡាំងខ្សោយទេ តាមពិត អ្នកយល់ការណ៍ច្បាស់ ប្រហែល​យ៉ាងខ្ញុំ ដូចម្តេចនឹងតបត ជាមួយបុគ្គលពាល។

[៣៥១] មា. បើព្រះអង្គមិនឃាត់ហាមបុគ្គលពាលទេ ពួកពាល នឹងរឹងរឹតតែឈ្លានពាន​ឡើង ហេតុនោះ អ្នកប្រាជ្ញត្រូវហាមប្រាមបុគ្គលពាល ដោយអាជ្ញាដ៏ខ្លាំង។

[៣៥២] ស. អ្នកណាប្រកបដោយសតិ ដឹងថាអ្នកដទៃកំពុងក្រោធ ហើយទ្រាំអត់បាន ខ្ញុំ​សំគាល់​នូវអ្នកនុ៎ះឯងថា ជាអ្នកឃាត់ហាមបុគ្គលពាល។

[៣៥៣] មា. បពិត្រវាសវៈ ខ្ញុំយល់ឃើញថា ការអត់ធន់នេះឯង ជាទោសវិញទេ (ព្រោះថា) បុគ្គលពាល រមែងសំគាល់អ្នកអត់ធន់នោះថា អ្នកនេះអត់ធន់ ព្រោះខ្លាចអញ ហេតុនោះ បានជាអ្នកឥតប្រាជ្ញា រមែងសង្កត់សង្កិនគេ ដូចជាគោ ព្រួតសង្កត់សង្កិនគោចាញ់ ដែល​បោលទៅ។

[៣៥៤] ស. បុគ្គលពាលចង់សំគាល់ក្តី មិនសំគាល់ក្តី ថា អ្នកនេះអត់ធន់បាន ព្រោះខ្លាច​អញ ក៏តាមការណ៍ចុះ តែថា ប្រយោជន៍ទាំងឡាយ មានប្រយោជន៍ខ្លួនជាសំខាន់ ប្រយោជន៍​អ្វី ឲ្យក្រៃលែងជាខន្តី មិនមានទេ អ្នកណាមានកំឡាំង ជាអ្នកស្ងប់ ហើយ​អត់ឱន ចំពោះបុគ្គលមានកំឡាំងខ្សោយ បណ្ឌិតទាំងឡាយ សរសើរបុគ្គលនោះថា មាន​សេចក្តីអត់ទ្រាំ ដ៏ក្រៃលែង ព្រោះថា បុគ្គលមានកំឡាំងថយ តែងអត់ឱនជានិច្ច កំឡាំង​របស់​ជនណា ជាកំឡាំងពាល បណ្ឌិតទាំងឡាយ ហៅកំឡាំងជននោះថា មិនមែន​ជា​កំឡាំងទេ បុគ្គលជាអ្នកតិះដៀលជនមានកំឡាំង ជាអ្នកគ្រប់គ្រង់ធម៌ មិនមានទេ អ្នកណា​ខឹងតបនឹងបុគ្គលអ្នកខឹង សេចក្តីអាក្រក់ រមែងមានដល់អ្នកនោះឯង ព្រោះសេចក្តី​ខឹង​តបនោះ បុគ្គលអ្នកមិនខឹងតបនឹងបុគ្គលអ្នកខឹង ឈ្មោះថា ឈ្នះនូវសង្គ្រាម ដែលឈ្នះ​បាន​ដោយកម្រ បុគ្គលណាមានស្មារតី ដឹងថាបុគ្គលដទៃខឹង ហើយទ្រាំអត់បាន (បុគ្គល​នោះ) ឈ្មោះថា ប្រព្រឹត្តនូវប្រយោជន៍ ដល់ជនទាំងពីរខាង គឺខ្លួនឯង១ អ្នកដទៃ១ កាល​ជនទាំងពីរខាង គឺខ្លួនឯង និងអ្នកដទៃ កំពុងសះជានឹងគ្នា ពួកជនណាសំគាល់ថា គេល្ងង់ (ពួក​ជននោះ) ឈ្មោះថា មិនយល់ធម៌ច្បាស់ទេ។

[៣៥៥] ម្នាលភិក្ខុទាំងឡាយ អម្បាលយ៉ាងសក្កទេវានមិន្ទនោះ ទ្រង់សោយផលបុណ្យ​របស់​ខ្លួន សោយរាជ្យ ជាឥស្សរាធិបតី លើទេវតាទាំងឡាយ ក្នុងឋានតាវត្តិង្ស ម្តេចគង់​សរសើរ​គុណ សេចក្តីអត់ទ្រាំ និងសេចក្តីស្លូត។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ត្រូវញុំាង​ហេតុនោះ ឲ្យល្អក្នុងសាសនានេះចុះ ព្រោះថា អ្នកទាំងឡាយ បួសក្នុងធម្មវិន័យ ដែលតថាគតសំដែងហើយ ដោយប្រពៃយ៉ាងនេះ គួរតែជាអ្នកអត់ធន់ផង ស្លូតបូតផង។

សុភាសិតជយសូត្រ ទី៥

[៣៥៦] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិក​សេដ្ឋី ជិតក្រុងសាវត្ថី។ ក្នុងទីនោះឯង។បេ។

[៣៥៧] ព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ រឿងធ្លាប់មានមក​ថា សង្គ្រាមទេវតា និងអសុរ បានប្រទល់គ្នាហើយ។ ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង វេបចិត្តិអសុរិន្ទបាននិយាយនឹងសក្កទេវានមិន្ទយ៉ាងនេះថា នែទេវានមិន្ទ ជ័យជំនះចូរ​មាន​ដោយ​សុភាសិតចុះ។ សក្កទេវរាជតបថា ម្នាលវេបចិត្តិ ជ័យជំនះ ចូរមានដោយ​សុភាសិត​ចុះ។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះឯង ពួកទេវតា និងពួកអសុរ បានតាំងពួកបរិស័ទ (ជាសាក្សី) ថា ពួកបរិស័ទទាំងនេះ នឹងដឹងច្បាស់ នូវសុភាសិត ឬទុព្ភាសិតរបស់យើង។ ម្នាលភិក្ខុទាំងឡាយ ក្នុងកាលនោះ វេបចិត្តិអសុរិន្ទ បាននិយាយនឹងសក្កទេវានមិន្ទ យ៉ាង​នេះថា នែទេវានមិន្ទ ចូរអ្នកពោលគាថាចុះ។ ម្នាលភិក្ខុទាំងឡាយ កាលវេបចិត្តិអសុរិន្ទ និយាយ​យ៉ាងនេះហើយ សក្កទេវានមិន្ទ បាននិយាយនឹងវេបចិត្តិអសុរិន្ទ យ៉ាងនេះថា នែ​វេបចិត្តិ ពួកអ្នកជាទេវតា កើតមុនក្នុងឋាននេះ នែវេបចិត្តិ ចូរអ្នកពោលគាថាមុនចុះ។

[៣៥៨] ម្នាលភិក្ខុទាំងឡាយ កាលបើសក្កទេវានមិន្ទ និយាយយ៉ាងនេះហើយ វេបចិត្តិ​អសុរិន្ទ បានពោលគាថានេះថា

បើបុគ្គលមិនឃាត់ហាមជនពាលទេ ពួកជនពាល នឹងរឹងរឹតតែឈ្លានពានឡើង ហេតុនោះ អ្នកប្រាជ្ញត្រូវឃាត់ហាមជនពាល ដោយអាជ្ញាដ៏ខ្លាំង។ ម្នាលភិក្ខុទាំងឡាយ ពួកអសុរ សប្បាយ​រីករាយនឹងគាថា ដែលវេបចិត្តិអសុរិន្ទ បានពោលហើយ តែពួកទេវតា​នៅ​ស្ងៀម។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះឯង វេបចិត្តិអសុរិន្ទ បានពោលនឹង​សក្ក​ទេវានមិន្ទ យ៉ាងនេះថា នែទេវានមិន្ទ អ្នកឯងចូរពោលគាថាចុះ។

[៣៥៩] ម្នាលភិក្ខុទាំងឡាយ កាលបើវេបចិត្តិអសុរិន្ទ និយាយយ៉ាងនេះហើយ សក្ក​ទេវានមិន្ទ បានពោលគាថានេះថា

អ្នកណាមានស្មារតី ដឹងថា អ្នកដទៃក្រោធ ហើយទ្រាំអត់បាន ខ្ញុំសំគាល់អ្នកនុ៎ះឯង ថាជា​អ្នក​ឃាត់ហាមបុគ្គលពាល។

ម្នាលភិក្ខុទាំងឡាយ ពួកទេវតា សប្បាយរីករាយនឹងគាថា ដែលសក្កទេវានមិន្ទពោល​ហើយ តែពួកអសុរនៅស្ងៀម។ ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង សក្កទេវានមិន្ទបាន​ពោល នឹងវេបចិត្តិអសុរិន្ទ យ៉ាងនេះថា ម្នាលវេបចិត្តិ អ្នកចូរពោលគាថាចុះ។

[៣៦០] ម្នាលភិក្ខុទាំងឡាយ កាលបើសក្កទេវានមិន្ទ និយាយយ៉ាងនេះហើយ វេបចិត្តិ​អសុរិន្ទ បានពោលគាថានេះថា

នែវាសវៈ ខ្ញុំយល់ឃើញថា សេចក្តីអត់ធន់នុ៎ះឯង ជាទោសវិញទេ ដ្បិតបុគ្គលពាល តែង​សំគាល់​អ្នកអត់ធន់នោះថា

អ្នកនេះអត់ធន់ ព្រោះតែខ្លាចអញ ហេតុនោះ បានជាបុគ្គលឥតប្រាជ្ញា រឹងរឹតតែសង្កត់​សង្កិន​គេ ដូចជាគោព្រួតសង្កត់សង្កិនគោដែលចាញ់ បោលទៅ។

ម្នាលភិក្ខុទាំងឡាយ ពួកអសុរសប្បាយរីករាយ នឹងគាថា ដែលវេបចិត្តិអសុរិន្ទពោល​ហើយ តែពួកទេវតានៅស្ងៀម។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះឯង វេបចិត្តិអសុរិន្ទ​បាន​ពោលនឹងសក្កទេវានមិន្ទ យ៉ាងនេះថា នែទេវានមិន្ទ អ្នកចូរពោលគាថាចុះ។

[៣៦១] ម្នាលភិក្ខុទាំងឡាយ កាលបើវេបចិត្តិអសុរិន្ទ និយាយយ៉ាងនេះហើយ សក្ក​ទេវានមិន្ទ បានពោលគាថាទាំងឡាយនេះថា

បុគ្គលពាលចង់សំគាល់ក្តី មិនសំគាល់ក្តីថា អ្នកនេះអត់ធន់ព្រោះតែខ្លាចអញ ក៏តាម​ការណ៍​​ចុះ តែថាប្រយោជន៍ទាំងឡាយ មានប្រយោជន៍ខ្លួនជាសំខាន់ ប្រយោជន៍អ្វី​ឲ្យ​ក្រៃលែងជាងខន្តិ មិនមានទេ ជនណាមានកំឡាំង ជាអ្នកស្ងប់ ហើយអត់ឱន ចំពោះ​បុគ្គលមានកំឡាំងខ្សោយ បណ្ឌិតទាំងឡាយ សរសើរជននោះ ថាជាអ្នកមាន​សេចក្តី​អត់​ទ្រាំ​ដ៏ក្រៃលែង ព្រោះថា បុគ្គលមានកំឡាំងថយ តែងអត់សង្កត់ជានិច្ច កំឡាំង​របស់​ជនណា ជាកំឡាំងពាល បណ្ឌិតទាំងឡាយ ពោលសំដៅកំឡាំងជននោះថា មិនមែន​ជា​កំឡាំងទេ ជនអ្នកតិះដៀល ចំពោះបុគ្គលអ្នកមានកំឡាំង ជាអ្នកមានធម៌គ្រប់គ្រង មិន​មាន​ទេ អ្នកណាខឹងតបនឹងបុគ្គលអ្នកខឹង សេចក្តីអាក្រក់ រមែងមានដល់អ្នកនោះឯង ព្រោះសេចក្តីខឹងតបនោះ ឯបុគ្គលអ្នកមិនខឹងតបនឹងបុគ្គលអ្នកខឹង ឈ្មោះថា ឈ្នះ​សង្គ្រាម ដែលឈ្នះបានដោយកម្រ បុគ្គលណាមានស្មារតី ដឹងថា បុគ្គលដទៃខឹង ហើយ​ទ្រាំអត់បាន (បុគ្គលនោះ) ឈ្មោះថា ប្រព្រឹត្តនូវប្រយោជន៍ ដល់ជនទាំងពីរខាង គឺខ្លួនឯង ១ អ្នកដទៃ ១ កាលជនទាំងពីរខាង គឺខ្លួនឯង និងអ្នកដទៃ កំពុងសះជានឹងគ្នា ពួក​ជន​ណា​សំគាល់​ថាគេល្ងង់ (ពួកជននោះ) ឈ្មោះថា មិនយល់ធម៌ច្បាស់ទេ។

ម្នាលភិក្ខុទាំងឡាយ កាលបើសក្កទេវានមិន្ទ ពោលគាថាទាំងឡាយហើយ ពួកទេវតា​ក៏​អនុមោទនា តែពួកអសុរនៅស្ងៀម។

[៣៦២] ម្នាលភិក្ខុទាំងឡាយ លំដាប់នោះឯង ពួកបរិស័ទរបស់ទេវតា និងអសុរ បាន​និយាយគ្នា យ៉ាងនេះថា គាថាទាំងឡាយ ដែលវេបចិត្តិអសុរិន្ទពោលហើយ គាថា​ទាំង​នោះ សុទ្ធតែប្រកបដោយការធ្លាក់ចុះក្នុងអាជ្ញា ប្រកបដោយការធ្លាក់ចុះក្នុងសស្ត្រា ឯ​សេចក្តី​ប្រកួតប្រកាន់ ក៏ព្រោះហេតុនេះ សេចក្តីទាស់ទែង ក៏ព្រោះហេតុនេះ ការឈ្លោះ ក៏ព្រោះហេតុនេះ ចំណែកគាថាទាំងឡាយ ដែលសក្កទេវានមិន្ទ ពោលហើយនោះឯង ជាគាថាមិនធ្លាក់ក្នុងអាជ្ញា មិនធ្លាក់ចុះក្នុងសស្ត្រា ឯការមិនប្រកួតប្រកាន់ ក៏ព្រោះហេតុ​នេះ ការមិនទាស់ទែង ក៏ព្រោះហេតុនេះ ការមិនឈ្លោះ ក៏ព្រោះហេតុនេះ សក្កទេវានមិន្ទ មានជ័យជំនះ ដោយសុភាសិត។ ម្នាលភិក្ខុទាំងឡាយ សក្កទេវានមិន្ទ មានជ័យជំនះ ដោយ​សារសុភាសិត ដូច្នេះឯង។

កុលាវកសូត្រ ទី៦

[៣៦៣] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ រឿងធ្លាប់មានមកថា សង្គ្រាមនៃទេវតា និង​អសុរ បានប្រទល់គ្នាហើយ។ ម្នាលភិក្ខុទាំងឡាយ ក៏ក្នុងសង្គ្រាមនោះឯង ពួកអសុរ​មាន​ជ័យជំនះ ពួកទេវតាបរាជ័យ។ ម្នាលភិក្ខុទាំងឡាយ ពួកទេវតាចាញ់ហើយរត់ ឈមមុខ​ទៅ​ទិសខាងជើង ពួកអសុរក៏ដេញតាមពួកទេវតានោះៗ។

[៣៦៤] ម្នាលភិក្ខុទាំងឡាយ គ្រានោះ សក្កទេវានមិន្ទ បាននិយាយនឹង​មាតលិសង្គាហក​ទេវបុត្ត ដោយគាថា ថា

ម្នាលមាតលិ សម្បុក (នៃពួកគ្រុឌ) នៅលើដើមរកា អ្នកចូរបំបែរមុខចន្ទោលរថចេញ ពួក​យើង​ស៊ូ​លះ​ជីវិត ចំពោះពួកអសុរដោយពិតចុះ កុំឲ្យតែពួកគ្រុឌទាំងនេះ ខ្ចាត់ខ្ចាយ​ពី​សម្បុក​ឡើយ។

ម្នាលភិក្ខុទាំងឡាយ មាតលិសង្គាហកទេវបុត្ត បានទទួលព្រះបន្ទូលសក្កទេវានមិន្ទថា បពិត្រព្រះអង្គដ៏ចំរើន យ៉ាងនេះហើយ ក៏ញាក់ត្រឡប់រថអាជានេយ្យ ដែលទឹម​ដោយ​សេះមួយពាន់។

[៣៦៥] ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង ពួកអសុរ ត្រិះរិះយ៉ាងនេះថា ឥឡូវនេះ សក្កទេវានមិន្ទ បត់រថអាជានេយ្យ ដែលទឹមដោយសេះមួយពាន់មកវិញហើយ ពួកទេវតា​នឹង​តតាំងដោយពួកអសុរ ក្នុងលើកទី២ទៀត។ ពួកអសុរក៏ភិតភ័យ រត់ទៅកាន់​អសុរបូរី​វិញ។ ម្នាលភិក្ខុទាំងឡាយ សក្កទេវានមិន្ទ បានជ័យជំនះនេះដោយធម៌ ដូច្នេះឯង។

នទុព្ភិយសូត្រ ទី៧

[៣៦៦] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ រឿងធ្លាប់មានមកហើយថា សក្កទេវានមិន្ទ ទៅរកទីស្ងាត់ ពួនសម្ងំ ហើយកើតសេចក្តីត្រិះរិះ ក្នុងចិត្តយ៉ាងនេះថា បុគ្គលណាជា​សត្រូវ​នឹងអាត្មាអញ អាត្មាអញ មិនត្រូវប្រទូស្តដល់សត្រូវនោះទេ។ ម្នាលភិក្ខុទាំងឡាយ គ្រានោះ​ឯង វេបចិត្តិអសុរិន្ទ ដឹងនូវការត្រិះរិះ ក្នុងចិត្តរបស់ សក្កទេវានមិន្ទ ដោយចិត្ត​ហើយ ក៏ចូលទៅរកសក្កទេវានមិន្ទ។

[៣៦៧] ម្នាលភិក្ខុទាំងឡាយ សក្កទេវានមិន្ទបានឃើញវេបចិត្តិអសុរិន្ទ កំពុងតែដើរមកអំពី​ចម្ងាយ លុះឃើញហើយ ក៏និយាយនឹងវេបចិត្តិអសុរិន្ទ យ៉ាងនេះថា ម្នាលវេបចិត្តិ អ្នក​ចូរឈប់ អ្នកឯងត្រូវយើងចាប់។ វេបចិត្តិអសុរិន្ទពោលថា បពិត្រលោកអ្នកនិទ៌ុក្ខ ចិត្តណា​របស់​លោក មានក្នុងកាលមុន បពិត្រលោកអ្នកនិទ៌ុក្ខ លោកលះបង់ នូវចិត្តនោះហើយឬ។ សក្កទេវរាជត្រាស់ថា ម្នាលវេបចិត្តិ អ្នកឯងចូរស្បថ ដើម្បីកុំឲ្យប្រទូស្តដល់​យើងទៀត​ឡើយ។

[៣៦៨] បាបណា របស់អ្នកពោលនូវពាក្យមុសាវាទ បាបណា របស់អ្នកតិះដៀល​ព្រះអរិយៈ បាបណា របស់អ្នកទ្រុស្តមិត្ត បាបណា របស់បុគ្គលអកតញ្ញូ បពិត្រ សុជម្បតិ អ្នកណា ប្រទូស្តដល់លោក បាបនោះៗ ចូរបានទៅអ្នកនោះវិញចុះ។

វិរោចនអសុរិន្ទសូត្រ ទី៨

[៣៦៩] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិក​សេដ្ឋី ជិតក្រុងសាវត្ថី។ សម័យនោះឯង ព្រះមានព្រះភាគ ទ្រង់គង់សម្រាកក្នុងវេលាថ្ងៃ ទ្រង់សម្ងំ (ក្នុងសមាបត្តិ)។ គ្រានោះឯង សក្កទេវានមិន្ទ និងវិរោចនអសុរិន្ទ បានចូលទៅ​គាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ឈរផ្អែកនឹងសន្លឹកទ្វារម្ខាងម្នាក់។

[៣៧០] លំដាប់នោះឯង វិរោចនអសុរិន្ទ បានពោលគាថានេះ ក្នុងសំណាក់​ព្រះមានព្រះភាគ​ថា

បុគ្គលជាបុរស (កូនប្រុស) ត្រូវតែខំប្រឹងឲ្យទាល់តែសម្រេចប្រយោជន៍ ព្រោះថា បុគ្គល​ជាបុរសឈ្មោះថាជាប្រយោជន៍សម្រេចល្អហើយ នេះជាពាក្យរបស់វិរោចនអសុរិន្ទ។

[៣៧១] ព្រះមានព្រះភាគត្រាស់ថា បុគ្គលជាបុរស ត្រូវតែខំប្រឹងឲ្យទាល់តែសម្រេច​ប្រយោជន៍ ប្រយោជន៍ទាំងឡាយ (របស់បុរស) ឈ្មោះថា សម្រេចល្អហើយ ប៉ុន្តែ ប្រយោជន៍​អ្វី ឲ្យក្រៃលែងជាជាងខន្តិ មិនមានទេ។

[៣៧២] វិរោចនអសុរិន្ទ តបថា ពួកសត្វទាំងអស់ មានប្រយោជន៍សម្រេចហើយ តាម​សមគួរដល់ការងារនោះៗ គ្រឿងបរិភោគ របស់ពួកសត្វទាំងអស់ មានការផ្សំ ត្រូវទុក​ជា​សំខាន់បំផុត ប្រយោជន៍ទាំងឡាយ (របស់បុរស) ឈ្មោះថា សម្រេចល្អហើយ នេះជា​ពាក្យរបស់វិរោចនអសុរិន្ទ។

[៣៧៣] ព្រះមានព្រះភាគត្រាស់ថា ពួកសត្វទាំងអស់ មានប្រយោជន៍សម្រេចហើយ តាម​សមគួរដល់ការងារនោះៗ គ្រឿងបរិភោគរបស់សព្វសត្វ មានការផ្សំ ត្រូវទុកជាសំខាន់​បំផុត ប្រយោជន៍ទាំងឡាយ (របស់បុរស) ឈ្មោះថា សម្រេចល្អហើយ ប៉ុន្តែប្រយោជន៍អ្វី ឲ្យក្រៃលែងជាងខន្តិ មិនមានទេ។

អារញ្ញកសូត្រ ទី៩

[៣៧៤] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ រឿងធ្លាប់មានមកថា ពួកឥសីច្រើនរូប ជាអ្នក​មានសីល មានគុណធម៌ល្អ នៅអាស្រ័យក្នុងកុដិ ដែលប្រក់ដោយស្លឹកឈើ ក្នុងដងព្រៃ។ ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង សក្កទេវានមិន្ទ និងវេបចិត្តិអសុរិន្ទ ចូលទៅរក​ពួកឥសី​អ្នកមានសីល មានគុណធម៌ដ៏ល្អទាំងនោះ។

[៣៧៥] ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង វេបចិត្តិអសុរិន្ទ ពាក់ស្បែកឃើងដ៏ក្រាស់ [ស្បែកជើងដ៏ក្រាស់តាំងពី៤ជាន់ឡើងទៅ។] សៀតនូវព្រះខ័ន បាំងឆត្រដើរចូលទៅកាន់​អាស្រមតាមទ្វារដ៏ប្រសើរ ដើរក្បែរពួកឥសីអ្នកមានសីល មានគុណធម៌ដ៏ល្អទាំងនោះ ចម្ងាយ​ប្រមាណមួយព្យាម។ ម្នាលភិក្ខុទាំងឡាយ ចំណែកខាងសក្កទេវានមិន្ទ ដោះ​ស្បែកជើង​ដ៏ក្រាស់ ប្រទានព្រះខ័ន ដល់ពួកទេវតាឯទៀត តែមិនដំឡោះឆត្រ ស្តេចចូល​ទៅ​កាន់អាស្រមតាមទ្វារខាង បានឈរធ្វើអញ្ជលិ នមស្ការពួកឥសី អ្នកមានសីល មាន​គុណធម៌ដ៏ល្អទាំងនោះ ពីខាងក្រោមខ្យល់។

[៣៧៦] ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង ពួកឥសីអ្នកមានសីល មានគុណធម៌ដ៏​ល្អទាំង​នោះ បានពោលនឹងសក្កទេវានមិន្ទ ដោយគាថា ថា

ក្លិនរបស់ពួកឥសី អ្នកប្រព្រឹត្តនូវវត្តដ៏យូរ រមែងឃ្លាតចេញអំពីកាយ ផ្សាយទៅតាមខ្យល់ បពិត្រ សហស្សនេត្រ សូមព្រះអង្គ ចៀសចេញពីទីនេះទៅ បពិត្រទេវរាជ ព្រោះក្លិន​របស់​ពួកឥសី មិនស្អាតទេ។

[៣៧៧] ក្លិនរបស់ពួកឥសី អ្នកប្រព្រឹត្តវត្ត អស់កាលដ៏យូរ រមែងធុំចេញអំពីកាយ ផ្សាយ​ទៅ​តាមខ្យល់ (ក៏ពិតមែន) បពិត្រលោកដ៏ចំរើន តែថា យើងខ្ញុំប្រាថ្នាតែក្លិននុ៎ះ ដូចជា​បុគ្គល​ត្រូវការកម្រងផ្កា ជាផ្កាដ៏វិចិត្រ​ដាក់លើក្បាល ពួកទេវតា​មិនសំគាល់ក្នុង​ការខ្ពើម​រអើម ក្នុងក្លិននេះទេ។

សមុទ្ទកសូត្រ ទី១០

[៣៧៨] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់ក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិត​ក្រុងសាវត្ថី។ ក្នុងទីនោះឯង។បេ។

[៣៧៩] ព្រះមានព្រះភាគ បានត្រាស់យ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ រឿងធ្លាប់​មាន​មកថា ពួកឥសីច្រើនរូប ជាអ្នកមានសីល មានគុណធម៌ដ៏ល្អ នៅអាស្រ័យក្នុងកុដិប្រក់ស្លឹក ទៀបឆ្នេរសមុទ្រ។ ម្នាលភិក្ខុទាំងឡាយ ក៏សម័យនោះឯង សង្គ្រាមទេវតា និងអសុរ ប្រទល់គ្នាហើយ។ ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង ពួកឥសីអ្នកមានសីល មានគុណធម៌​ដ៏ល្អទាំងនោះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា ពួកទេវតា ប្រកបដោយធម៌ ពួកអសុរ មិន​ប្រកបដោយធម៌ទេ ភ័យអំពីពួកអសុរនោះ សមជានឹងមានដល់ពួកយើង ជាប្រាកដ បើដូច្នោះ មានតែពួកយើង ត្រូវចូលទៅរក សម្ពរអសុរិន្ទ ហើយសូមនូវអភយទាន។

[៣៨០] ម្នាលភិក្ខុទាំងឡាយ លំដាប់នោះឯង ពួកឥសីអ្នកមានសីល មានគុណធម៌​ដ៏ល្អ​ទាំងនោះ ក៏បាត់អំពីកុដិប្រក់ដោយស្លឹក ទៀបឆ្នេរនៃសមុទ្រ ទៅប្រាកដក្នុងទីចំពោះមុខ សម្ពរអសុរិន្ទ ដូចជាបុរសមានកំឡាំង លានូវដៃដែលបត់ ឬបត់នូវដៃ ដែលលា ដូច្នោះ​ឯង។ ម្នាលភិក្ខុទាំងឡាយ ទើបពួកឥសីអ្នកមានសីល មានគុណធម៌ដ៏ល្អទាំងនោះ បាន​និយាយ​នឹងសម្ពរអសុរិន្ទ ដោយគាថា ថា

លោកអាចឲ្យភ័យក៏បាន ឲ្យអភ័យក៏បាន បានជាពួកឥសីមកសូមអភយទាន អំពី​សំណាក់​សម្ពរអសុរិន្ទ។

[៣៨១] សម្ពរអសុរិន្ទ តបថា អភ័យ មិនមានដល់ពួកឥសី អ្នកកាចអាក្រក់ ជាអ្នក​សេពគប់​នឹងសក្កទេវរាជ កាលបើពួកឥសី សូមអភ័យ ខ្ញុំត្រឡប់ឲ្យភ័យដល់ពួកលោកវិញ។

[៣៨២] ពួកឥសីតបថា កាលបើយើងសូមអភ័យ អ្នកបែរជាឲ្យភ័យដល់យើងវិញ យើង​ទទួលយកអភ័យតែម្យ៉ាងអំពីអ្នក ភ័យចូរមានដល់អ្នកចុះ គេបានពូជបែបណា គេបាន​ផល​បែបនោះដែរ អ្នកធ្វើល្អ រមែងបានផលល្អ អ្នកធ្វើអាក្រក់ រមែងបានផលអាក្រក់ ម្នាល​អ្នក ពូជដែលអ្នកព្រោះហើយ អ្នកនឹងទទួលផលមិនខានឡើយ។

ម្នាលភិក្ខុទាំងឡាយ លំដាប់នោះឯង ពួកឥសីអ្នកមានសីល មានគុណធម៌ដ៏ល្អទាំងនោះ បានផ្តាសាសម្ពរអសុរិន្ទហើយ ក៏បាត់អំពីទីចំពោះមុខសម្ពរអសុរិន្ទ មកប្រាកដក្នុង​កុដិប្រក់​ដោយស្លឹក ទៀបឆ្នេរសមុទ្រវិញ ដូចជាបុរស មានកំឡាំង លាដៃដែលបត់ ឬបត់ដៃ​ដែល​លា ដូច្នោះឯង។

[៣៨៣] ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង សម្ពរអសុរិន្ទ ត្រូវពួកឥសីអ្នកមានសីល មាន​គុណធម៌ដ៏ល្អទាំងនោះ បានផ្តាសាហើយ ក៏តែងតែភ្ញាក់ក្នុងរាត្រី អស់វារៈ៣ដង។

ចប់ សុវីរវគ្គ ទី១។

ឧទ្ទាននៃសុវីរវគ្គនោះគឺ

សុវីរសូត្រ ១ សុសិមសូត្រ ១ ធជគ្គសូត្រ ១ វេបចិត្តិសូត្រ ១ សុភាសិតជយសូត្រ ១ កុលាវកសូត្រ ១ នទុព្ភិយសូត្រ ១ វិរោចនអសុរិន្ទសូត្រ ១ ពួកឥសីក្នុងអរញ្ញកសូត្រ ១ ពួកឥសីក្នុងសមុទ្ទកសូត្រ ១។

ទេវវគ្គ

បឋមទេវសូត្រ ទី១

[៣៨៤] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិក​សេដ្ឋី ជិតក្រុងសាវត្ថី។ ក្នុងទីនោះឯង។បេ។

[៣៨៥] ព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ សក្កទេវានមិន្ទ កាលកើតជាមនុស្សក្នុងជាតិមុន បានសមាទានរក្សា វត្តបទ ទាំង៧ប្រការបរិបូណ៌ ព្រោះ​តែ​បានសមាទាន វត្តបទទាំង៧ប្រការ នោះ បានជាសក្កទេវរាជ បានដល់នូវ​ភាពនៃខ្លួន​ជាសក្កៈ។ វត្តបទ ទាំង ៧ប្រការ តើដូចម្តេចខ្លះ។ គឺសក្កទេវរាជ បានសមាទានថា អាត្មាអញ ត្រូវជាអ្នកចិញ្ចឹមមាតាបិតា អស់មួយជីវិត ១ ត្រូវគោរពបុគ្គលជាច្បងក្នុងត្រកូល អស់មួយជីវិត ១ ត្រូវមានវាចាល្អិតទន់ អស់មួយជីវិត ១ មិនត្រូវមានវាចាញុះញង់ អស់មួយ​ជីវិត ១ ត្រូវមានចិត្តប្រាសចាកសេចក្តីកំណាញ់ជាមន្ទិល មានទានបរិច្ចាគហើយ មានដៃ​លាង (ចាំស្មូម) ហើយ ត្រេកអរក្នុងការលះបង់ ជាអ្នកគួរគេសូមបាន ត្រេកអរក្នុង​ការ​ឲ្យ និងការចែករំលែក នៅគ្រប់គ្រងផ្ទះអស់មួយជីវិត ១ ត្រូវមានសំដីទៀងទាត់ អស់​មួយ​​ជីវិត ១ មិនត្រូវមានសេចក្តីក្រោធ បើទុកជាសេចក្តីក្រោធកើតឡើង ដល់អាត្មាអញ អាត្មាអញ​​ត្រូវតែប្រញាប់បន្ទោបង់ នូវសេចក្តីក្រោធនោះចេញ អស់មួយជីវិត ១។ ម្នាល​ភិក្ខុទាំងឡាយ សក្កទេវានមិន្ទ កាលកើតជាមនុស្ស ក្នុងជាតិមុន បានសមាទានវត្តបទ ទាំង ៧ប្រការនេះឯង បរិបូណ៌ ព្រោះតែសមាទានវត្តបទទាំង ៧ប្រការនេះ ទើប​សក្កទេវរាជ បានដល់នូវភាពនៃខ្លួនជាសក្កៈ។

[៣៨៦] ព្រះមានព្រះភាគ បានត្រាស់សូត្រនេះហើយ លុះព្រះសុគត ជាសាស្តា ទ្រង់​ត្រាស់​សូត្រនេះរួចហើយ ទើបត្រាស់គាថាពន្ធនេះ តទៅទៀតថា

ពួកទេវតានៅឋានតាវត្តិង្ស បានហៅជនអ្នកចិញ្ចឹមមាតាបិតា អ្នកកោតក្រែងបុគ្គលជាច្បង ក្នុងត្រកូល មានវាចាល្អិតទន់ និយាយតែពាក្យផ្អែមល្ហែម លះបង់ពាក្យញុះញង់ ប្រកប​ក្នុង​ការលះបង់សេចក្តីកំណាញ់ មានសំដីទៀងទាត់ ជាជនគ្របសង្កត់សេចក្តីក្រោធនោះឯង ថាជា សប្បុរស ។

ទុតិយទេវសូត្រ ទី២

[៣៨៧] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិក​សេដ្ឋី ជិតក្រុងសាវត្ថី។ ក្នុងទីនោះឯង ព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយ។បេ។

[៣៨៨] ព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ សក្កទេវានមិន្ទ កាលកើតជាមនុស្ស ក្នុងជាតិមុន ជាមាណពឈ្មោះ មឃៈ ហេតុនោះ បានជាគេហៅថា មឃវៈ។ ម្នាលភិក្ខុទាំងឡាយ សក្កទេវានមិន្ទ កាលកើតជាមនុស្ស ក្នុងជាតិមុន បានឲ្យ​ទាន​មុនគេ ហេតុនោះ បានជាគេហៅថា បុរិន្ទទៈ។ ម្នាលភិក្ខុទាំងឡាយ សក្កទេវានមិន្ទ កាលកើតជាមនុស្ស ក្នុងជាតិមុន បានឲ្យទានដោយគោរព ហេតុនោះ បានជាគេហៅថា សក្កៈ។ ម្នាលភិក្ខុទាំងឡាយ សក្កទេវានមិន្ទ កាលកើតជាមនុស្ស ក្នុងជាតិមុន បានឲ្យទី​សម្រាប់​សំណាក់ ព្រោះហេតុនោះ បានជាគេហៅថា វាសវៈ។ ម្នាលភិក្ខុទាំងឡាយ សក្កទេវានមិន្ទ គិតឃើញហេតុ សូម្បីទាំងពាន់ ដោយមួយរំពេចបាន ហេតុនោះ បានជា​គេហៅថា សហស្សក្ខៈ។ ម្នាលភិក្ខុទាំងឡាយ អសុរកញ្ញា ឈ្មោះនាង សុជា ជា​មហេសីរបស់សក្កទេវានមិន្ទ ហេតុនោះ បានជាគេហៅថា សុជម្បតិ។ ម្នាលភិក្ខុ​ទាំងឡាយ សក្កទេវានមិន្ទ បានសោយរាជ្យ ជាឥស្សរាធិបតី លើពួកទេវតាជាន់តាវត្តិង្ស ហេតុ​នោះ បានជាគេហៅថា ទេវានមិន្ទ។

[៣៨៩] ម្នាលភិក្ខុទាំងឡាយ សក្កទេវានមិន្ទ កាលកើតជាមនុស្ស ក្នុងជាតិមុន បាន​សមាទានវត្តបទទាំង៧ប្រការបរិបូណ៌ ព្រោះហេតុតែបានសមាទានវត្តបទ ទាំង ៧ប្រការ​នោះ បានជាសក្កទេវរាជ បានដល់ថាសក្កៈ។ វត្តបទទាំង៧ប្រការ តើដូចម្តេចខ្លះ។ (សក្កទេវរាជ បានសមាទាន) ថា អាត្មាអញ ត្រូវចិញ្ចឹមមាតាបិតា អស់មួយជីវិត១ ត្រូវ​គោរព​បុគ្គលជាច្បងក្នុងត្រកូល អស់មួយជីវិត១ ត្រូវមានពាក្យល្អិតទន់ អស់មួយជីវិត១ ត្រូវមានវាចាមិនញុះញង់ អស់មួយជីវិត១ ត្រូវមានចិត្តប្រាសចាកសេចក្តី​កំណាញ់​ជា​មន្ទិល ជាអ្នកចែករំលែកនូវទាន ជាអ្នកលាងដៃដើម្បីឲ្យទាន ជាអ្នកត្រេកអរ ក្នុងការ​លះបង់ ជាអ្នកគួរគេសូមទានបាន ត្រេកអរក្នុងការឲ្យ និងការចែករំលែក ហើយនៅ​គ្រប់គ្រង​ផ្ទះ អស់មួយជីវិត១ ត្រូវមានវាចាទៀងទាត់ អស់មួយជីវិត១ មិនត្រូវមាន​សេចក្តី​ក្រោធ បើទុកជាសេចក្តីក្រោធ កើតឡើង ដល់អាត្មាអញ ត្រូវតែអាត្មាអញ​បន្ទោបង់​សេចក្តី​ក្រោធ​នោះមួយរំពេច អស់មួយជីវិត១។ ម្នាលភិក្ខុទាំងឡាយ សក្កទេវានមិន្ទ កាលកើតជា​មនុស្ស ក្នុងជាតិមុន បានសមាទានវត្តបទ ទាំង៧ប្រការនេះបរិបូណ៌ ព្រោះហេតុតែ​បាន​សមាទាន​វត្តបទ ទាំង៧ប្រការនោះ ទើបសក្កទេវរាជ បានដល់នូវភាពនៃខ្លួនជាសក្កៈ។

[៣៩០] ព្រះមានព្រះភាគ បានត្រាស់ពាក្យនេះហើយ។បេ។ ពួកទេវតានៅឋានតាវត្តិង្ស បានហៅបុគ្គលអ្នកចិញ្ចឹមមាតាបិតា អ្នកកោតក្រែង ចំពោះបុគ្គលជាច្បង ក្នុងត្រកូល មានវាចាល្អិតទន់ និយាយពាក្យផ្អែមល្ហែម លះបង់ពាក្យញុះញង់ ប្រកបតែក្នុងការ​កំចាត់​បង់​សេចក្តីកំណាញ់ មានសំដីទៀង ជាជនគ្របសង្កត់សេចក្តីក្រោធនោះឯង ថាជា សប្បុរស ។

តតិយទេវសូត្រ ទី៣

[៣៩១] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុង​កូដាគារ​សាលា ក្នុងមហាវ័ន ទៀបក្រុងវេសាលី។ លំដាប់នោះឯង ស្តេចលិច្ឆវី ព្រះនាម មហលី បានចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំ​ព្រះមាន​ព្រះភាគ ហើយគង់ក្នុងទីសមគួរ។ លុះស្តេចលិច្ឆវីព្រះនាម មហលី គង់ក្នុងទីសមគួរហើយ ទើបក្រាបទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ទ្រង់បានឃើញ​សក្កទេវានមិន្ទដែរឬ។ បពិត្រមហលី តថាគត បានឃើញសក្កទេវានមិន្ទដែរ។ បពិត្រ​ព្រះអង្គដ៏ចំរើន ក្រែងសក្កទេវានមិន្ទ គ្រាន់តែជារូបប្រៀប របស់សក្កៈទេដឹង បពិត្រព្រះអង្គ​ដ៏ចំរើន ព្រោះថា សក្កទេវានមិន្ទ គេមិនងាយនឹងឃើញទេ។

[៣៩២] ព្រះមានព្រះភាគត្រាស់ថា បពិត្រមហលី តថាគត ស្គាល់ច្បាស់នូវសក្កទេវរាជ ផង នូវធម៌ធ្វើសត្វឲ្យបានជាសក្កៈផង មួយទៀត សក្កទេវរាជ បានដល់នូវភាវៈ​នៃខ្លួន​ជា​សក្កៈ ព្រោះតែសមាទានធម៌ណា តថាគត ក៏ដឹងច្បាស់ធម៌នោះផង។ បពិត្រមហលី សក្កទេវានមិន្ទ កាលកើតជាមនុស្ស ក្នុងជាតិមុន ជាមាណពឈ្មោះ មឃៈ ហេតុនោះ បានជាគេហៅថា មឃវៈ ។ បពិត្រមហលី សក្កទេវានមិន្ទ កាលកើតជាមនុស្ស ក្នុងជាតិ​មុន បានឲ្យទានមុនគេ ហេតុនោះ បានជាគេហៅថា បុរិន្ទទៈ ។ បពិត្រមហលី សក្ក​ទេវានមិន្ទ កាលកើតជាមនុស្ស ក្នុងជាតិមុន បានឲ្យទានដោយគោរព ហេតុនោះ បានជា​គេហៅថា សក្កៈ ។ បពិត្រមហលី សក្កទេវានមិន្ទ កាលកើតជាមនុស្ស ក្នុងជាតិមុន បានឲ្យទី​សម្រាប់សំណាក់ ហេតុនោះ បានជាគេហៅថា វាសវៈ ។ បពិត្រមហលី សក្កទេវានមិន្ទ គិតឃើញហេតុ សូម្បីទាំងពាន់ ដោយមួយរំពេចបាន ហេតុនោះ បាន​ជាគេហៅថា សហស្សក្ខៈ ។ បពិត្រមហលី អសុរកញ្ញា ឈ្មោះនាង សុជា ជា​មហេសី​នៃ​សក្កទេវានមិន្ទ ហេតុនោះ បានជាគេហៅថា សុជម្បតិ ។ បពិត្រមហលី សក្កទេវានមិន្ទ សោយរាជ្យ ជាឥស្សរាធិបតី លើពួកទេវតាជាន់តាវត្តិង្ស ហេតុនោះ បានជាគេហៅថា ទេវានមិន្ទ។

[៣៩៣] បពិត្រមហលី សក្កទេវានមិន្ទ កាលកើតជាមនុស្ស ក្នុងជាតិមុន បានសមាទាន​វត្តបទ ទាំង៧ប្រការ ដ៏បរិបូណ៌ ព្រោះហេតុតែសមាទាន វត្តបទ ទាំង៧ប្រការនោះ បានជា​សក្កទេវរាជ បានដល់នូវភាវៈនៃខ្លួនជាសក្កៈ។ វត្តបទ ទាំង៧ប្រការនោះ តើដូចម្តេច។ (សក្កទេវរាជ បានសមាទាន) ថា អាត្មាអញ ត្រូវចិញ្ចឹមមាតាបិតា អស់មួយជីវិត១ ត្រូវកោត​ក្រែង​បុគ្គលជាច្បងក្នុងត្រកូល អស់មួយជីវិត១ ត្រូវមានវាចាល្អិតទន់ អស់មួយជីវិត១ មិនត្រូវមានវាចាញុះញង់ អស់មួយជីវិត១ ត្រូវមានចិត្តប្រាសចាកសេចក្តីកំណាញ់​ជា​មន្ទិល ជាអ្នកមានការបរិច្ចាគរួសរាន់ មានដៃលាងហើយ ដើម្បីនឹងឲ្យនូវទាន ត្រេកអរក្នុង​ការ​លះបង់ ជាអ្នកគួរគេសូមទានបាន ត្រេកអរក្នុងការឲ្យ និងការចែករំលែកទាន ហើយ​នៅ​គ្រប់គ្រងផ្ទះ អស់មួយជីវិត១ ត្រូវមានវាចាទៀងទាត់ អស់មួយជីវិត១ មិនត្រូវមាន​សេចក្តីក្រោធ បើទុកជាសេចក្តីក្រោធកើតឡើង ដល់អាត្មាអញ អាត្មាអញ ត្រូវបន្ទោបង់ នូវ​សេចក្តីក្រោធនោះមួយរំពេច អស់មួយជីវិត១។ បពិត្រមហលី សក្កទេវានមិន្ទ កាល​កើត​ជាមនុស្ស ក្នុងជាតិមុន បានសមាទានវត្តបទ ទាំង៧ប្រការនេះបរិបូណ៌ ព្រោះហេតុ​តែ​សមាទានវត្តបទ ទាំង៧ប្រការនេះ ទើបសក្កទេវរាជ បានដល់នូវភាពនៃខ្លួនជាសក្កៈ។

[៣៩៤] ព្រះមានព្រះភាគ បានត្រាស់យ៉ាងនេះថា។បេ។ ពួកទេវតា នៅឋានតាវត្តិង្ស បានហៅជនអ្នកចិញ្ចឹមមាតាបិតា គោរពកោតក្រែងបុគ្គលជាច្បង ក្នុងត្រកូល មានវាចា​ល្អិតទន់ និយាយសំដីផ្អែមល្ហែម លះបង់ពាក្យញុះញង់ ប្រកបតែក្នុងការកំចាត់បង់​សេចក្តី​កំណាញ់ មានវាចាទៀងទាត់ ជាជនគ្របសង្កត់សេចក្តីក្រោធនោះឯង ថាជាសប្បុរស។

ទឡិទ្ទសូត្រ ទី៤

[៣៩៥] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តវេឡុវ័ន ជាកលន្ទកនិវាបស្ថាន ជិតក្រុងរាជគ្រឹះ។ ក្នុងទីនោះឯង ព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅពួកភិក្ខុថា ម្នាលភិក្ខុ​ទាំង​ឡាយ។ ភិក្ខុទាំងនោះ ទទួលព្រះពុទ្ធដីកា នៃព្រះមានព្រះភាគថា ព្រះករុណា​ព្រះអង្គ។

[៣៩៦] ព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ កាលពីព្រេងនាយ មានបុរសម្នាក់ នៅក្នុងក្រុងរាជគ្រឹះនេះឯង ជាមនុស្សកំសត់ មនុស្សកំព្រា ជាមនុស្ស​ថោកទាប។ បុរសនោះបានសមាទានសទ្ធា សមាទានសីលៈ សមាទានសុតៈ សមាទាន​ចាគៈ សមាទានបញ្ញា ក្នុងធម៌វិន័យ ដែលព្រះតថាគតបានសំដែងហើយ។ លុះបុរសនោះ​សមាទានសទ្ធា សមាទានសីលៈ សមាទានសុតៈ សមាទានចាគៈ សមាទានបញ្ញា ក្នុង​ធម៌វិន័យ ដែលព្រះតថាគតសំដែងហើយ បែកធ្លាយរាងកាយស្លាប់ទៅ បានទៅកើតក្នុង​សុគតិ សួគ៌ ទេវលោក ជាមួយនឹងពួកទេវតាជាន់តាវត្តិង្ស។ ទេវបុត្រនោះ មានសម្បុរ និង​យសរុងរឿង លើសជាងពួកទេវតាដទៃ។

[៣៩៧] ម្នាលភិក្ខុទាំងឡាយ បានឮមកក្នុងរឿងនោះថា ពួកទេវតាជាន់តាវត្តិង្ស ពោល​ទោស តិះដៀល បន្តុះបង្អាប់ថា អស្ចារ្យណាស់ហ្ន៎ ចំឡែកណាស់ហ្ន៎ ព្រោះថា ទេវបុត្តនេះ កាលកើតជាមនុស្ស ក្នុងជាតិមុន ជាមនុស្សកំសត់ ជាមនុស្សកំព្រា ជាមនុស្សថោកទាប​សោះ បុរសនោះ លុះបែកធ្លាយរាងកាយស្លាប់ទៅ បានមកកើតក្នុងសុគតិ សួគ៌ ទេវលោក ជាមួយនឹងពួកទេវតាជាន់តាវត្តិង្ស ទេវបុត្តនោះ មានសម្បុរ និងយសរុងរឿង លើសទេវតា​ដទៃ។ ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង សក្កទេវានមិន្ទ បានហៅពួកទេវតា​ជាន់​តាវត្តិង្ស​មកថា ម្នាលពួកអ្នកនិទ៌ុក្ខ អ្នកទាំងឡាយ កុំពោលទោសទេវបុត្តនុ៎ះឡើយ ម្នាលពួក​អ្នក​និទ៌ុក្ខ ទេវបុត្តនុ៎ះ កាលកើតជាមនុស្ស បានសមាទានសទ្ធា សមាទានសីលៈ សមាទាន​សុតៈ សមាទានចាគៈ សមាទានបញ្ញា ក្នុងធម៌វិន័យ ដែលព្រះតថាគតសំដែងហើយ លុះ​ទេវបុត្តនោះ បានសមាទានសទ្ធា សមាទានសីលៈ សមាទានសុតៈ សមាទានចាគៈ សមាទានបញ្ញា ក្នុងធម៌វិន័យ ដែលព្រះតថាគតសំដែងហើយ បែកធ្លាយរាងកាយ​ស្លាប់​ទៅ បានមកកើតក្នុងសុគតិ សួគ៌ ទេវលោក ជាមួយនឹងពួកទេវតាជាន់តាវត្តិង្ស បានជា​ទេវបុត្ត​នោះ មានសម្បុរ និងយសរុងរឿង ជាងពួកទេវតាឯទៀត។

[៣៩៨] ម្នាលភិក្ខុទាំងឡាយ កាលដែលសក្កទេវានមិន្ទ ពន្យល់ពួកទេវតាជាន់តាវត្តិង្ស​ហើយ បានពោលគាថាទាំងឡាយនេះ ក្នុងវេលានោះថា

សទ្ធារបស់បុគ្គលណា មិនកម្រើក បានតំកល់ដោយប្រពៃ ក្នុងព្រះតថាគត ទាំងសីល​របស់​បុគ្គលណា​ដ៏ល្អ ជាទីត្រេកអរនៃព្រះអរិយៈ ដែលលោកសរសើរហើយ សេចក្តីជ្រះថ្លា​របស់​បុគ្គលណាមានក្នុងសង្ឃ ទាំងទស្សនៈ ក៏ត្រឹមត្រូវ ពួកបណ្ឌិតហៅបុគ្គលនោះថា មិនមែនជាមនុស្សក្រខ្សត់ខ្សោយទេ ជីវិតរបស់អ្នកនោះ មិនមែនជាមោឃៈទេ ព្រោះ​ហេតុនោះ បណ្ឌិតកាលបើនឹកនូវពាក្យប្រៀនប្រដៅ របស់ព្រះពុទ្ធ គួរប្រកបរឿយៗ នូវ​សទ្ធាផង សីលផង សេចក្តីជ្រះថ្លាផង ការឃើញនូវធម៌ផង។

រាមណេយ្យកសូត្រ ទី៥

[៣៩៩] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌក​សេដ្ឋី ជិតក្រុងសាវត្ថី។ គ្រានោះឯង សក្កទេវានមិន្ទ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះមានព្រះភាគ ហើយឋិតនៅក្នុងទីសមគួរ។ លុះ​សក្កទេវានមិន្ទ ឋិតនៅក្នុងទីសមគួរហើយ បានក្រាបទូលសួរព្រះមានព្រះភាគ យ៉ាងនេះ​ថា បពិត្រព្រះអង្គដ៏ចំរើន ទីដែលគួរត្រេកអរ តើដូចម្តេច។

[៤០០] ព្រះមានព្រះភាគត្រាស់ថា អារាមដែលគេគោរព ព្រៃដែលគេគោរព ស្រះ​បោក្ខរណី​ដែលគេតាក់តែងល្អហើយ នៅមិនទាន់ដល់មួយចំណិត នៃទីដែលមនុស្សគួរ​ត្រេកអរ ជាចំណិតគេចែកជាចំណែកដប់ប្រាំមួយៗដង ដែលជាទីពួកព្រះអរហន្តគង់នៅ ទោះជាស្រុក ឬជាព្រៃ ជាទីទំនាប ឬជាទីទួល ទីនោះជាភូមិគួរត្រេកអរ។

យជមានសូត្រ ទី៦

[៤០១] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅលើភ្នំគិជ្ឈកូដ ទៀបក្រុងរាជគ្រឹះ។ គ្រានោះ​ឯង សក្កទេវានមិន្ទ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ក៏ថ្វាយបង្គំ ហើយឋិតនៅក្នុងទីសមគួរ។

[៤០២] លុះសក្កទេវានមិន្ទ ឋិតនៅក្នុងទីសមគួរហើយ បានក្រាបទូលព្រះមានព្រះភាគ ដោយគាថា ថា

ទាន គឺពួកមនុស្សអ្នកបូជា ជាសត្វប្រាថ្នាបុណ្យ កាលនឹងធ្វើបុណ្យ ដែលឲ្យផលក្នុង​បច្ចុប្បន្ន តើឲ្យដល់បុគ្គលណា ទើបជាទានមានផលច្រើន។

[៤០៣] ព្រះមានព្រះភាគត្រាស់ថា បុគ្គល៤ពួក ប្រតិបត្តិ (ដើម្បីផល) បុគ្គល៤ពួក ឋិត​នៅក្នុងផល បុគ្គលនុ៎ះ គឺសង្ឃជាអ្នកត្រឹមត្រង់ ប្រកបដោយបញ្ញា និងសីល ឯទាន គឺពួកមនុស្សអ្នកបូជា ជាសត្វប្រាថ្នាបុណ្យ កាលនឹងធ្វើបុណ្យ ដែលឲ្យផល ក្នុងបច្ចុប្បន្ន បានឲ្យដល់សង្ឃនោះ ទើបជាទានមានផលច្រើន។

វន្ទនសូត្រ ទី៧

[៤០៤] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌក​សេដ្ឋី ជិតក្រុងសាវត្ថី។ សម័យនោះឯង ព្រះមានព្រះភាគ ទ្រង់គង់សម្រាកក្នុងវេលាថ្ងៃ សម្ងំនៅក្នុងឈានសមាបត្តិ។ គ្រានោះឯង សក្កទេវានមិន្ទ និងសហម្បតិព្រហ្ម បានចូល​ទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ បានឋិតអែបនឹងសន្ទះទ្វារម្ខាងម្នាក់។

[៤០៥] គ្រានោះឯង សក្កទេវានមិន្ទ បានពោលគាថានេះ​ក្នុងសំណាក់នៃ​ព្រះមានព្រះភាគ​​ថា

បពិត្រព្រះអង្គជាវីរបុរស ជាអ្នកឈ្នះសង្គ្រាម សូមព្រះអង្គក្រោកឡើង បពិត្រព្រះអង្គអ្នក​ដាក់​ភារៈ​ចុះហើយ មិនចំពាក់បំណុល គឺកិលេស សូមព្រះអង្គស្តេចទៅក្នុងលោក ព្រោះ​ហ្ឫទ័យរបស់ព្រះអង្គ រួចស្រឡះហើយ ដូចជាព្រះចន្ទ្រក្នុងរាត្រីទី១៥កើត។

[៤០៦] ព្រះអង្គត្រាស់ថា នែទេវានមិន្ទ ព្រះតថាគតទាំងឡាយ គេមិនគួរថ្វាយបង្គំ យ៉ាង​នេះទេ។ នែទេវានមិន្ទ ព្រះតថាគតទាំងឡាយ គេគួរថ្វាយបង្គំ យ៉ាងនេះថា

បពិត្រព្រះអង្គជាវីរបុរស ជាអ្នកឈ្នះសង្គ្រាម សូមព្រះអង្គក្រោកឡើង បពិត្រព្រះអង្គ​អ្នក​ដឹកនាំពួកសត្វ ទ្រង់គ្មានបំណុល គឺកិលេស សូមព្រះអង្គស្តេចទៅក្នុងលោក សូម​ព្រះមានព្រះភាគ សំដែងធម៌ ពួកបុគ្គលអ្នកត្រាស់ដឹង គង់នឹងមាន។

បឋមសក្កនមស្សនសូត្រ ទី៨

[៤០៧] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ កាលពីព្រេងនាយ សក្កទេវានមិន្ទ បានហៅ​មាតលិសង្គាហកៈ​មកប្រាប់ថា ម្នាលមាតលិសំឡាញ់ អ្នកចូរទឹមរថអាជានេយ្យ ដែលទឹម​សេះមួយពាន់ យើងនឹងទៅកាន់ឧយ្យានភូមិ ដើម្បីមើលនូវភូមិដ៏សប្បាយ។ ម្នាលភិក្ខុ​ទាំង​ឡាយ មាតលិសង្គាហកទេវបុត្ត ទទួលស្តាប់ពាក្យសក្កទេវានមិន្ទថា សូមទ្រង់​ព្រះមេត្តា​ប្រោស ហើយទឹមរថអាជានេយ្យ ដែលទឹមសេះមួយពាន់ ក្រាបទូលដល់សក្កទេវានមិន្ទថា បពិត្រព្រះអង្គអ្នកនិទ៌ុក្ខ រថអាជានេយ្យ ដែលទឹមសេះមួយពាន់ ខ្ញុំព្រះអង្គបានទឹមបម្រុង​ព្រះអង្គ​ហើយ សូមទ្រង់សំគាល់នូវកាលគួរនឹងស្តេចទៅ ក្នុងកាលឥឡូវនេះចុះ។ ម្នាល​ភិក្ខុ​ទាំងឡាយ លំដាប់នោះឯង សក្កទេវានមិន្ទ ស្តេចចុះចាកវេជយន្តប្រាសាទ ធ្វើអញ្ជលី​នមស្ការ​គ្រប់ទិស។

[៤០៨] ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង មាតលិសង្គាហកទេវបុត្ត បានក្រាបទូល​សួរសក្ក​ទេវានមិន្ទ ដោយគាថាថា

ពួកអ្នកមានវិជ្ជា ៣ផង ពួកក្សត្រិយ៍ទាំងអស់ ដែលគង់នៅលើផែនដីផង ពួកមហារាជ​ទាំង​បួនផង ពួកទេវតាមានយសក្នុងឋានតាវត្តិង្សផង តែងថ្វាយបង្គំព្រះអង្គ បពិត្រសក្កទេវរាជ កាល​បើយ៉ាងនេះ ព្រះអង្គនឹងថ្វាយបង្គំអ្នកណា អ្នកនោះជាបុគ្គលគួរគេបូជា តើជាអ្នក​ណា។

[៤០៩] សក្កទេវរាជ ត្រាស់ថា ពួកអ្នកមានវិជ្ជា៣ផង ពួកក្សត្រិយ៍ទាំងអស់ ដែលគង់​នៅ​លើផែនដីផង ពួកមហារាជទាំងបួនផង ពួកទេវតាមានយស ក្នុងឋានតាវត្តិង្សផង តែង​ថ្វាយ​បង្គំខ្ញុំពិតមែន ឯខ្ញុំថ្វាយបង្គំដោយប្រពៃ ចំពោះពួកបព្វជិត ដែលបរិបូណ៌ដោយសីល មានចិត្តតំកល់មាំ អស់រាត្រីដ៏យូរអង្វែង មានព្រហ្មចារ្យជាទីប្រព្រឹត្តទៅក្នុងខាងមុខ ពួក​គ្រហស្ថណា ជាអ្នកធ្វើបុណ្យ ជាឧបាសកមានសីល ចិញ្ចឹមកូនប្រពន្ធដោយធម៌ ម្នាល​មាតលិ ខ្ញុំក៏ថ្វាយបង្គំចំពោះពួកគ្រហស្ថនោះដែរ។

[៤១០] មាតលិទូលថា បពិត្រសក្កទេវរាជ ព្រះអង្គថ្វាយបង្គំពួកបុគ្គលណា ពួកបុគ្គលនោះ​ប្រសើរ​បំផុត ក្នុងលោកដោយពិត បពិត្រវាសវៈ ព្រះអង្គថ្វាយបង្គំពួកបុគ្គលណា ខ្ញុំព្រះអង្គ​ក៏ថ្វាយ​បង្គំពួកបុគ្គលនោះដែរ។

[៤១១] លុះមឃវទេវរាជ ព្រះនាមសុជម្បតិ ជាប្រធានរបស់ទេវតា បានពោលពាក្យនេះ​ហើយ ក៏ថ្វាយបង្គំគ្រប់ទិស រួចឡើងគង់លើរថទៅ។

ទុតិយសក្កនមស្សនសូត្រ ទី៩

[៤១២] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ កាលពីព្រេងនាយ សក្កទេវានមិន្ទ បានហៅ​មាតលិសង្គាហក​ទេវបុត្ត មកប្រាប់ថា ម្នាលមាតលិសំឡាញ់ ចូរអ្នកទឹមរថអាជានេយ្យ ដែល​ទឹមសេះមួយពាន់ យើងនឹងទៅកាន់ឧយ្យានភូមិ ដើម្បីមើលទីដ៏សប្បាយ។ ម្នាលភិក្ខុ​ទាំង​ឡាយ មាតលិសង្គាហកទេវបុត្ត ទទួលស្តាប់សក្កទេវានមិន្ទថា ព្រះករុណាថ្លៃវិសេស សូមព្រះអង្គមានសេចក្តីចំរើន ហើយទឹមរថអាជានេយ្យ ដែលទឹមសេះមួយពាន់ ហើយ​ក្រាប​ទូលដល់សក្កទេវានមិន្ទថា បពិត្រព្រះអង្គអ្នកនិទ៌ុក្ខ រថអាជានេយ្យ ដែលទឹមសេះ​មួយ​ពាន់ ខ្ញុំព្រះអង្គបានទឹមបម្រុងព្រះអង្គហើយ សូមព្រះអង្គ សំគាល់​នូវកាលគួរ​នឹង​ស្តេច​ទៅ ឥឡូវនេះចុះ។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះឯង សក្កទេវានមិន្ទ កាល​យាង​ចុះ​ចាកវេជយន្តប្រាសាទ ក៏ធ្វើអញ្ជលី នមស្ការព្រះមានព្រះភាគ។

[៤១៣] ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង មាតលិសង្គាហកទេវបុត្ត បានពោលនឹង​សក្កទេវានមិន្ទ ដោយគាថាថា

បពិត្រវាសវៈ សេចក្តីពិតថា ពួកទេវតានិងមនុស្ស តែងនមស្ការចំពោះព្រះអង្គ បពិត្រ​សក្កទេវរាជ កាលបើយ៉ាងនេះ ទ្រង់នឹងនមស្ការចំពោះអ្នកណា អ្នកនោះជាបុគ្គល​គួរគេ​បូជា តើជាអ្នកណា។

[៤១៤] សក្កទេវរាជ ត្រាស់ថា ម្នាលមាតលិ ក្នុងលោកនេះ ព្រះសាស្តាអង្គណា ជា​សម្មាសម្ពុទ្ធ ខ្ញុំនមស្ការចំពោះព្រះសាស្តាអង្គនោះ ដែលមានព្រះនាមមិនថោកទាប ក្នុង​លោក​នេះ ព្រមទាំងទេវលោក ពួកបុគ្គលណាកំចាត់បង់រាគៈ ទោសៈ និងអវិជ្ជា អស់​អាសវៈ​ហើយ ជាព្រះអរហន្ត ម្នាលមាតលិ ខ្ញុំនមស្ការចំពោះពួកបុគ្គលនោះ ពួកបុគ្គល​ណា បន្ទោបង់រាគៈ និងទោសៈ កន្លងបង់នូវអវិជ្ជា ជាសេក្ខបុគ្គល ជាអ្នកត្រេកអរ ក្នុង​កិរិយា​កំចាត់បង់នូវវដ្តៈ ជាអ្នកមិនប្រមាទ សិក្សារឿយៗ (ក្នុងអរិយវិន័យ) ម្នាលមាតលិ ខ្ញុំនមស្ការ ចំពោះពួកបុគ្គលនោះ។

[៤១៥] មាតលិតបថា បពិត្រសក្កទេវរាជ សេចក្តីពិតថា ទ្រង់នមស្ការចំពោះពួកបុគ្គលណា ពួកបុគ្គលនោះ ប្រសើរបំផុត ក្នុងលោក បពិត្រវាសវៈ ទ្រង់នមស្ការ ចំពោះបុគ្គលណា ខ្ញុំព្រះអង្គក៏នមស្ការ ចំពោះបុគ្គលនោះដែរ។

[៤១៦] លុះមឃវទេវរាជ ព្រះនាមសុជម្បតិ ជាប្រធានរបស់ទេវតា ពោលគាថានេះហើយ ក៏នមស្ការចំពោះព្រះមានព្រះភាគ ហើយទ្រង់ឡើងគង់លើរថទៅ។

តតិយសក្កនមស្សនសូត្រ ទី១០

[៤១៧] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ កាលពីព្រេងនាយ សក្កទេវានមិន្ទ ត្រាស់ហៅ​មាតលិសង្គាហកទេវបុត្ត មកប្រាប់ថា ម្នាលមាតលិសំឡាញ់ ចូរអ្នកទឹមរថអាជានេយ្យ ដែលទឹមសេះមួយពាន់ យើងនឹងទៅកាន់ឧយ្យានភូមិ ដើម្បីមើលនូវទីដ៏សប្បាយ។ ម្នាល​ភិក្ខុ​ទាំងឡាយ មាតលិសង្គាហកទេវបុត្ត ទទួលស្តាប់សក្កទេវានមិន្ទថា ព្រះករុណា​ថ្លៃវិសេស សូមព្រះអង្គមានសេចក្តីចំរើន ហើយទឹមរថអាជានេយ្យ ដែលទឹមសេះមួយពាន់ រួចក្រាប​ទូលសក្កទេវានមិន្ទថា បពិត្រព្រះអង្គអ្នកនិទ៌ុក្ខ រថអាជានេយ្យ ដែលទឹមសេះមួយ​ពាន់ ខ្ញុំព្រះអង្គទឹមបម្រុងចាំព្រះអង្គរួចហើយ សូមទ្រង់សំគាល់នូវកាលគួរនឹងស្តេចទៅ ក្នុងកាលឥឡូវនេះចុះ។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះឯង សក្កទេវានមិន្ទ ស្តេចចុះអំពី​វេជយន្តប្រាសាទ ធ្វើអញ្ជលី នមស្ការ ចំពោះព្រះភិក្ខុសង្ឃ។

[៤១៨] ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង មាតលិសង្គាហកទេវបុត្ត បានពោលនឹង​សក្កទេវានមិន្ទ ដោយគាថាថា

សេចក្តីពិតថា ពួកជនទាំងនោះ ដេកនៅក្នុងរាងកាយមាតាដ៏ស្អុយ គួរតែថ្វាយបង្គំចំពោះ​ព្រះអង្គវិញ ព្រោះពួកជនទាំងនុ៎ះ មុជចុះក្នុងសាកសពគឺផ្ទៃមាតា ពេញដោយការឃ្លាន និងការស្រេក បពិត្រវាសវៈ ព្រះអង្គស្រឡាញ់សេចក្តីប្រព្រឹត្តិ របស់ពួកអ្នកបួសនោះ ដូច​ម្តេច សូមទ្រង់ប្រាប់សេចក្តីប្រព្រឹត្តិរបស់ពួកអ្នកបួស យើងខ្ញុំនឹងស្តាប់ពាក្យនោះរបស់​ព្រះអង្គ។

[៤១៩] សក្កទេវរាជ មានព្រះបន្ទូលថា ម្នាលមាតលិ ខ្ញុំស្រឡាញ់ត្រង់សេចក្តីប្រព្រឹត្តិ របស់ពួកអ្នកបួសនោះ ព្រោះពួកអ្នកបួសនោះ វៀរចាកកាមណា មិនអាល័យកាម​នោះ​សោះ អ្នកបួសទាំងនោះ មិនទុកស្រូវក្នុងជង្រុក មិនទុកស្រូវក្នុងក្អម មិនទុកស្រូវក្នុង​កញ្ច្រែង ស្វែងរកតែអាហារដែលអ្នកដទៃសម្រេចហើយ ញុំាងអត្តភាពឲ្យប្រព្រឹត្តទៅ ដោយ​អាហារ​នោះ ជាអ្នកមានវត្តល្អ និយាយតែពាក្យជាសុភាសិត ជាអ្នកស្ងប់ស្ងៀម ប្រព្រឹត្តធម៌ស្មើ ម្នាលមាតលិ អម្បាលដូចជាពួកទេវតា នៅឈ្លោះគ្នានឹងពួកអសុរ ពួកសត្វ​ជាច្រើន ក៏នៅឈ្លោះគ្នាដែរ កាលបើពួកសត្វកំពុងឈ្លោះគ្នា ពួកអ្នកបួសនោះ មិនឈ្លោះ​គ្នាសោះ ជាអ្នករំលត់ក្នុងពួកសត្វ ដែលមានអាជ្ញាដល់ខ្លួន កាលពួកសត្វប្រកបដោយ​សេចក្តី​ប្រកាន់ លោកមិនមានសេចក្តីប្រកាន់ទេ ម្នាលមាតលិ ខ្ញុំថ្វាយបង្គំចំពោះ​ពួក​អ្នក​បួសនោះ។

[៤២០] បពិត្រសក្កទេវរាជ ទ្រង់ថ្វាយបង្គំ ចំពោះពួកបុគ្គលណា ពួកបុគ្គលនោះ ប្រសើរ​បំផុត ក្នុងលោកពិតហើយ បពិត្រវាសវៈ ទ្រង់ថ្វាយបង្គំ ចំពោះពួកបុគ្គលណា ខ្ញុំព្រះអង្គ ក៏ថ្វាយបង្គំ ចំពោះពួកបុគ្គលនោះដែរ។

[៤២១] លុះមឃវទេវរាជ ព្រះនាមសុជម្បតិ ជាប្រធានរបស់ពួកទេវតា ពោលពាក្យនេះ​ហើយ ក៏នមស្ការ ចំពោះព្រះភិក្ខុសង្ឃ ហើយឡើងគង់លើរថទៅ។

ចប់ ទេវវគ្គ ទី២។

ឧទ្ទាននៃទេវវគ្គនោះ គឺ

ទេវសូត្រ ៣ ព្រះមានព្រះភាគ សំដែងដោយវត្តបទ ទឡិទ្ទសូត្រ ១ រាមណេយ្យកសូត្រ ១ យជមានសូត្រ ១ វន្ទនសូត្រ ១ សក្កនមស្សនសូត្រ ៣។

សក្កបញ្ចកៈ

ឃត្វាសូត្រ ទី១

[៤២២] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌក​សេដ្ឋី ជិតក្រុងសាវត្ថី។ គ្រានោះឯង សក្កទេវានមិន្ទ ចូលទៅគាល់ព្រះមានព្រះភាគ លុះ​ចូល​ទៅដល់ ក៏ថ្វាយបង្គំព្រះមានព្រះភាគ ហើយឋិតក្នុងទីសមគួរ។

[៤២៣] លុះសក្កទេវានមិន្ទ ឋិតក្នុងទីដ៏សមគួរហើយ ទើបក្រាបទូលព្រះមានព្រះភាគ ដោយ​គាថាថា

បុគ្គលសម្លាប់អ្វី ទើបដេកជាសុខ សម្លាប់អ្វី ទើបមិនសោកសៅ បពិត្រព្រះគោតម ព្រះអង្គ​គាប់ព្រះហឫទ័យ ចំពោះការសម្លាប់ធម៌អ្វី ដែលជាធម៌ឯក។

[៤២៤] ព្រះមានព្រះភាគត្រាស់ថា បុគ្គលសម្លាប់សេចក្តីក្រោធបាន ទើបដេកជាសុខ សម្លាប់​សេចក្តីក្រោធបាន ទើបមិនសោកសៅ ម្នាលវាសវៈ ពួកព្រះអរិយៈ តែង​សរសើរ​ការសម្លាប់សេចក្តីក្រោធ ដែលមានគល់ជាពិស មានចុងដ៏ផ្អែម ព្រោះថា បុគ្គល​សម្លាប់​សេចក្តីក្រោធនោះបាន ទើបមិនសោកសៅឡើយ។

ទុព្វណ្ណិយសូត្រ ទី២

[៤២៥] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ កាលពីព្រេងនាយ មានយក្ស១ សម្បុរអាក្រក់ ខ្លួនតឿ ពោះកំប៉ោង បានអង្គុយលើអាសនៈរបស់សក្កទេវានមិន្ទ។ ម្នាលភិក្ខុទាំងឡាយ មានសេចក្តីដំណាលក្នុងរឿងនោះថា ពួកទេវតាក្នុងឋានតាវត្តិង្ស ពោលទោស តិះដៀល បន្តុះបង្អាប់ថា អស្ចារ្យណាស់ហ្ន៎ ចំឡែកណាស់ហ្ន៎ យក្សមានសម្បុរអាក្រក់ ខ្លួនតឿ ពោះ​កំប៉ោងនេះ ហ៊ានអង្គុយលើអាសនៈ របស់សក្កទេវានមិន្ទ។ ម្នាលភិក្ខុទាំងឡាយ ទោះបី​ពួកទេវតាក្នុងឋានតាវត្តិង្ស ពោលទោស តិះដៀល បន្តុះបង្អាប់ ដោយហេតុណាៗ យក្សនោះ ក៏រឹតតែមានរូបល្អផង គួរជាទីពិតពិលរមិលមើលក្រៃពេកផង រឹតតែឲ្យជ្រះថ្លា​ផង ដោយហេតុនោះៗ។

[៤២៦] ម្នាលភិក្ខុទាំងឡាយ លំដាប់នោះ ពួកទេវតាក្នុងឋានតាវត្តិង្ស ចូលទៅគាល់​សក្កទេវានមិន្ទ លុះចូលទៅដល់ហើយ បានក្រាបទូលសក្កទេវានមិន្ទ យ៉ាងនេះថា បពិត្រ​ព្រះអង្គអ្នកនិទ៌ុក្ខ ឥឡូវនេះ មានយក្ស១ សម្បុរអាក្រក់ ខ្លួនតឿ ពោះកំប៉ោង អង្គុយលើ​អាសនៈ​របស់ព្រះអង្គ។ បពិត្រព្រះអង្គអ្នកនិទ៌ុក្ខ ក្នុងរឿងនោះ ឮថា ពួកទេវតាក្នុង​ឋាន​តាវត្តិង្ស ពោលទោស តិះដៀល បន្តុះបង្អាប់ថា អស្ចារ្យណាស់ហ្ន៎ ចំឡែកណាស់ហ្ន៎ យក្សមានសម្បុរអាក្រក់ ខ្លួនតឿ ពោះកំប៉ោងនេះ ហ៊ានអង្គុយលើអាសនៈ​របស់​សក្ក​ទេវានមិន្ទ បពិត្រព្រះអង្គអ្នកនិទ៌ុក្ខ ទោះបីពួកទេវតាឋានតាវត្តិង្ស ពោលទោស តិះដៀល បន្តុះបង្អាប់ យ៉ាងណាៗ ក៏យក្សនោះ រឹតតែមានរូបល្អឡើងផង គួរជាទីពិត​ពិល​រមិល​មើល​ក្រៃពេកផង រឹតតែគួរឲ្យជ្រះថ្លាផង បពិត្រព្រះអង្គអ្នកនិទ៌ុក្ខ យក្សនោះ ពិតជា​ឈ្មោះ កោធភក្ស (មានសេចក្តីក្រោធជាអាហារ) ហើយ។

[៤២៧] ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង សក្កទេវានមិន្ទ ចូលទៅរកកោធភក្ខយក្ស លុះ​ចូលទៅដល់ហើយ ធ្វើសំពត់ឆៀងស្មាម្ខាង លុតព្រះជានុមណ្ឌលខាងស្តាំលើប្រឹថពី ប្រណម្យ​អញ្ជលី ចំពោះកោធភក្ខយក្សនោះ ហើយបញ្ចេញព្រះនាមឲ្យឮបីដងថា នែអ្នក​និទ៌ុក្ខ ខ្ញុំជាសក្កទេវានមិន្ទ… នែអ្នកនិទ៌ុក្ខ ខ្ញុំជាសក្កទេវានមិន្ទ។ ម្នាលភិក្ខុទាំងឡាយ សក្កទេវានមិន្ទ បញ្ចេញព្រះនាម ដោយហេតុណាៗ យក្សនោះ ក៏ត្រឡប់​ជាមាន​សម្បុររឹត​តែអាក្រក់ផង រឹតតែមានខ្លួនតឿ ពោះកំប៉ោងផង ដោយហេតុនោះៗ លុះមាន​សម្បុររឹត​តែអាក្រក់ និងមានខ្លួនរឹតតែតឿ ពោះកំប៉ោងហើយ ក៏បាត់ក្នុងទីនោះទៅ។

[៤២៨] ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង សក្កទេវានមិន្ទ គង់លើអាសនៈរបស់ខ្លួន ពន្យល់​ពួកទេវតាឋានតាវត្តិង្ស ហើយបានពោលគាថាទាំងឡាយនេះ ក្នុងវេលានោះថា

ខ្ញុំមិនឲ្យទោសបៀតបៀនបានទេ ទាំងមិនឲ្យធម៌ជាគ្រឿងនាំត្រឡប់ចិត្ត គឺសេចក្តីក្រោធ​ចូល​មកបាន ដោយងាយទេ ខ្ញុំមិនក្រោធមកយូរហើយ សេចក្តីក្រោធ មិនដក់នៅក្នុង​ខ្លួនខ្ញុំ​ទេ បើខ្ញុំខឹង ខ្ញុំមិននិយាយពាក្យអាក្រក់ផង មិនសំដែងធម៌ទាំងឡាយផង ខ្ញុំសំឡឹងឃើញ​ប្រយោជន៍​ខ្លួន បានជាខ្ញុំសង្កត់សង្កិនខ្លួនខ្ញុំ។

មាយាសូត្រ ទី៣

[៤២៩] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ កាលពីព្រេងនាយ វេបចិត្តិអសុរិន្ទ មាន​អាពាធ​ជាទម្ងន់ ដល់នូវទុក្ខវេទនា។ ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង សក្កទេវានមិន្ទ ចូលទៅសួរជម្ងឺវេបចិត្តិអសុរិន្ទ។ ម្នាលភិក្ខុទាំងឡាយ វេបចិត្តិអសុរិន្ទ បានឃើញ​សក្កទេវានមិន្ទ កំពុងមកអំពីចម្ងាយ លុះឃើញហើយ ក៏និយាយនឹងសក្កទេវានមិន្ទ យ៉ាងនេះ បពិត្រទេវានមិន្ទ សូមទ្រង់រក្សាខ្ញុំផង។ សក្កទេវានមិន្ទ តបថា ម្នាលវេបចិត្តិ អ្នកចូរប្រាប់កលល្បិចដល់ខ្ញុំ។ វេបចិត្តិអសុរិន្ទតបថា បពិត្រអ្នកនិទ៌ុក្ខ ខ្ញុំមិនទាន់ប្រាប់ទេ ចាំខ្ញុំសាកសួរពួកអសុរសិន។ ម្នាលភិក្ខុទាំងឡាយ វេបចិត្តិអសុរិន្ទ សាកសួរពួកអសុរថា ម្នាលពួកអ្នកនិទ៌ុក្ខ ខ្លួនខ្ញុំនឹងប្រាប់កលល្បិច ដល់សក្កទេវានមិន្ទទៅឬ។ ពួកអសុរតបថា បពិត្រអ្នកនិទ៌ុក្ខ ព្រះអង្គកុំប្រាប់កលល្បិច ដល់សក្កទេវានមិន្ទឡើយ។

[៤៣០] ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង វេបចិត្តិអសុរិន្ទ បានពោលនឹងសក្កទេវានមិន្ទ ដោយគាថា ថា

បពិត្រមឃវសក្កទេវរាជ ព្រះនាមសុជម្បតិ បុគ្គលមានកលល្បិច តែងទៅកើតក្នុងនរក​ដ៏​ពន្លឹក ដូចជាសម្ពរអសុរិន្ទ ប្រកបដោយកលល្បិច ក៏ឆេះក្នុងនរកអស់មួយរយឆ្នាំគត់។

អច្ចយសូត្រ ទី៤

[៤៣១] សម័យមួយ ព្រះមានព្រះភាគ គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ សម័យនោះឯង ភិក្ខុពីររូបទាស់ទែងគ្នា។ បណ្តាភិក្ខុពីររូបនោះ ភិក្ខុមួយ​រូប​និយាយរំលោភហួស។ គ្រានោះឯង ភិក្ខុនោះសំដែងទោស តាមសមគួរដល់ទោស ក្នុងសំណាក់ភិក្ខុនោះ។ តែភិក្ខុនោះក៏មិនទទួល។

[៤៣២] គ្រានោះឯង ពួកភិក្ខុជាច្រើនរូប ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះពួកភិក្ខុទាំងនោះ អង្គុយក្នុងទី​សមគួរ​ហើយ ទើបក្រាបទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុពីរ​រូប​ក្នុងសាសនានេះ កើតទាស់ទែងគ្នា បណ្តាភិក្ខុទាំងពីររូបនោះ ភិក្ខុមួយរូបនិយាយ​រំលោភ​ហួស បពិត្រព្រះអង្គដ៏ចំរើន គ្រានោះឯង ភិក្ខុនោះសំដែងទោស តាមសមគួរដល់​ទោស ក្នុងសំណាក់ភិក្ខុនោះ តែភិក្ខុនោះមិនទទួល។

[៤៣៣] ព្រះមានព្រះភាគត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បុគ្គលពាលនេះ មានពីរពួក។ គឺបុគ្គលដែលមិនឃើញទោសតាមទោស១ បុគ្គលដែលគេកាលសំដែងទោស មិនទទួល​តាម​ធម៌១។ ម្នាលភិក្ខុទាំងឡាយ នេះឯង បុគ្គលពាលពីរពួក។ ម្នាលភិក្ខុទាំងឡាយ បុគ្គលជាបណ្ឌិតនេះ ក៏មានពីរពួក។ គឺបុគ្គលដែលឃើញទោស តាមទោស១ បុគ្គល​ដែល​កាលគេ​សំដែងទោស ទទួលតាមធម៌១។ ម្នាលភិក្ខុទាំងឡាយ នេះឯង បណ្ឌិត​មាន​ពីរពួក។

[៤៣៤] ម្នាលភិក្ខុទាំងឡាយ កាលពីព្រេងនាយ សក្កទេវានមិន្ទ ពន្យល់ពួកទេវតា​នៅឋាន​តាវត្តិង្ស ក្នុងរោងប្រជុំឈ្មោះសុធម្មា បានពោលគាថានេះ ក្នុងវេលានោះថា

សេចក្តីក្រោធចូរមក ក្នុងអំណាចរបស់អ្នកទាំងឡាយ សេចក្តីប្រែប្រួល របស់អ្នកទាំង​ឡាយ កុំកើតក្នុងមិត្តធម៌ ពួកអ្នកកុំតិះដៀលបុគ្គល ដែលមិនគួរតិះដៀល ទាំងកុំនិយាយ​ពាក្យ​ស៊កសៀតឡើយ ព្រោះសេចក្តីក្រោធ ដូចជាភ្នំសង្កត់សង្កិនជនអាក្រក់។

អក្កោធសូត្រ ទី៥

[៤៣៥] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ ក្នុងទីនោះឯង ព្រះមានព្រះភាគ។បេ។

[៤៣៦] ព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ កាលពីព្រេងនាយ សក្កទេវានមិន្ទ ពន្យល់ពួកទេវតាឋានតាវត្តិង្ស ក្នុងរោងប្រជុំឈ្មោះសុធម្មា បានពោល​គាថា​នេះ ក្នុងវេលានោះថា

សេចក្តីក្រោធកុំគ្របសង្កត់អ្នកឡើយ មួយទៀត អ្នកកុំខឹងនឹងពួកបុគ្គលដែលកំពុង​ខឹង​ឡើយ សេចក្តីមិនខឹងក្តី សេចក្តីមិនបៀតបៀនក្តី រមែងមាននៅក្នុងពួក​ព្រះអរិយៈសព្វ​កាល ប៉ុន្តែសេចក្តីក្រោធដូចជាភ្នំ តែងញាំញីនូវជនអាក្រក់។

ចប់ សក្កបញ្ចកៈ។

ឧទ្ទានក្នុងសក្កបញ្ចកៈនោះ គឺ

សក្កបញ្ចកៈនេះ ដែលព្រះពុទ្ធជាបុគ្គលប្រសើរសំដែងហើយ ដោយឃត្វាសូត្រ ១ ទុព្វណ្ណិយសូត្រ ១ មាយាសូត្រ ១ អច្ចយសូត្រ ១ អកោធសូត្រ ១។

ចប់ សក្កយំយុត្ត។

ក្នុងសគាថវគ្គមានសំយុត្ត១១គឺ

ទេវតាសំយុត្ត ១ ទេវបុត្តសំយុត្ត ១ រាជៈ គឺកោសលសំយុត្ត ១ មារសំយុត្ត ១ ភិក្ខុនីសំយុត្ត ១ ព្រហ្មសំយុត្ត ១ ព្រាហ្មណសំយុត្ត ១ វង្គីសសំយុត្ត ១ វនសំយុត្ត ១ យក្ខសំយុត្ត ១ វាសវៈ គឺសក្កសំយុត្ត ១។

ចប់ សគាថវគ្គ។

ចប់ ភាគ៣០។

សូមអនុមោទនា !!!

Oben-pfeil