សំយុត្តនិកាយ និទានវគ្គ

តតិយភាគ
ភាគទី៣១

សូមនមស្ការ ចំពោះព្រះមានព្រះភាគ ជាអរហន្តសម្មាសម្ពុទ្ធ អង្គនោះ។

អភិសមយសំយុត្ត

ពុទ្ធវគ្គ

[១] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុង​វត្តជេតពន របស់​អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ កាល​ព្រះមានព្រះភាគ គង់នៅក្នុងវត្តនោះ បាន​ត្រាស់​​ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ។ ភិក្ខុទាំងនោះ ទទួល​ព្រះពុទ្ធដីកា នៃ​ព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គ។ ទើប​ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាល​ភិក្ខុទាំងឡាយ តថាគត នឹងសំដែងនូវបដិច្ចសមុប្បាទធម៌ ដល់​អ្នកទាំងឡាយ ចូរអ្នក​ទាំងឡាយ ប្រុងស្តាប់ធម៌នោះ ចូរធ្វើទុក​ក្នុងចិត្តដោយប្រពៃចុះ តថាគត នឹង​សំដែង​ប្រាប់។ ភិក្ខុ​ទាំងនោះ ទទួល​ព្រះពុទ្ធដីកា នៃ​ព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ។

[២] ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ ចុះបដិច្ចសមុប្បាទធម៌ តើដូចម្តេច ម្នាលភិក្ខុទាំងឡាយ សង្ខារទាំងឡាយកើតមាន ព្រោះអវិជ្ជាជាបច្ច័យ វិញ្ញាណ​កើត​មាន ព្រោះសង្ខារជាបច្ច័យ នាមរូបកើត​មាន ព្រោះវិញ្ញាណជាបច្ច័យ អាយតនៈ៦កើត​មាន ព្រោះនាមរូបជាបច្ច័យ ផស្សៈកើត​មាន ព្រោះអាយតនៈ៦ជាបច្ច័យ វេទនាកើត​មាន ព្រោះផស្សៈជាបច្ច័យ តណ្ហា​កើត​មាន ព្រោះវេទនាជាបច្ច័យ ឧបាទានកើត​មាន ព្រោះ​តណ្ហា​ជាបច្ច័យ ភពកើត​មាន ព្រោះឧបាទានជាបច្ច័យ ជាតិកើត​មាន ព្រោះភពជាបច្ច័យ ជរាមរណៈ សេចក្តីសោកស្តាយ សេចក្តីខ្សឹកខ្សួល សេចក្តីលំបាកកាយ លំបាកចិត្ត និង​សេចក្តីចង្អៀតចង្អល់​ចិត្ត ក៏កើតមានព្រម ព្រោះជាតិជាបច្ច័យ។​ ការកើតឡើងព្រម នៃ​កង​ទុក្ខទាំងអស់នុ៎ះ រមែង​មាន​យ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា បដិច្ចសមុប្បាទ​ធម៌។

[៣] ការរលត់នៃសង្ខារ ព្រោះការវិនាស និងការរលត់ឥតសេសសល់នៃអវិជ្ជា ការរលត់​នៃវិញ្ញាណ ព្រោះការរលត់នៃសង្ខារ ការរលត់នៃនាមរូប ព្រោះការរលត់នៃវិញ្ញាណ ការ​រលត់នៃ​អាយតនៈ ៦ ព្រោះការរលត់នៃនាមរូប ការរលត់នៃផស្សៈ ព្រោះការរលត់​នៃ​អាយតនៈ ៦ ការរលត់នៃវេទនា ព្រោះការរលត់នៃផស្សៈ ការរលត់នៃតណ្ហា ព្រោះការ​រលត់​​នៃវេទនា ការរលត់នៃឧបាទាន ព្រោះការរលត់នៃតណ្ហា ការរលត់នៃភព ព្រោះការ​រលត់​នៃឧបាទាន ការរលត់នៃជាតិ ព្រោះការរលត់នៃភព ជរាមរណៈ សេចក្តីសោកស្តាយ សេចក្តីខ្សឹកខ្សួល សេចក្តីលំបាកកាយ លំបាកចិត្ត និងសេចក្តី​ចង្អៀតចង្អល់ចិត្ត ក៏រមែង​រលត់ទៅ ព្រោះ​ការរលត់​នៃជាតិ។ ការរលត់នៃកងទុក្ខទាំងអស់នុ៎ះ រមែង​មានយ៉ាងនេះ។ លុះព្រះមានព្រះភាគ ទ្រង់​ត្រាស់ដូច្នេះហើយ ពួកភិក្ខុទាំងនោះ ក៏មានចិត្តត្រេកអរ រីករាយ ចំពោះភាសិតរបស់​ព្រះមានព្រះភាគ។ ចប់សូត្រ ទី១។

[៤] ទ្រង់គង់នៅជិតក្រុងសាវត្ថី… ម្នាលភិក្ខុទាំងឡាយ តថាគត នឹងសំដែង នឹងញែក នូវ​បដិច្ចសមុប្បាទធម៌ ដល់អ្នកទាំងឡាយ ចូរអ្នកទាំងឡាយ ប្រុងស្តាប់ធម៌នោះ ចូរធ្វើទុក​ក្នុងចិត្ត​ដោយប្រពៃចុះ តថាគតនឹងសំដែងប្រាប់។ ភិក្ខុទាំងនោះ ទទួលតបព្រះពុទ្ធដីកា នៃ​ព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ។

[៥] ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ ចុះបដិច្ចសមុប្បាទធម៌ តើ​ដូចម្តេច ម្នាលភិក្ខុទាំងឡាយ សង្ខារទាំងឡាយកើតមាន ព្រោះអវិជ្ជាជាបច្ច័យ វិញ្ញាណ​កើតមាន ព្រោះសង្ខារជាបច្ច័យ នាមរូបកើតមាន ព្រោះវិញ្ញាណជាបច្ច័យ អាយតនៈ​៦​កើត​មាន ព្រោះនាមរូបជាបច្ច័យ ផស្សៈកើតមាន ព្រោះអាយតនៈ៦ជាបច្ច័យ វេទនាកើតមាន ព្រោះផស្សៈ​​ជាបច្ច័យ តណ្ហាកើតមាន ព្រោះវេទនាជាបច្ច័យ ឧបាទានកើតមាន ព្រោះ​តណ្ហា​ជាបច្ច័យ ភព​កើតមាន ព្រោះឧបាទានជាបច្ច័យ ជាតិកើតមាន ព្រោះភពជាបច្ច័យ ជរាមរណៈ សេចក្តីសោក​ស្តាយ សេចក្តីខ្សឹកខ្សួល សេចក្តីលំបាកកាយ លំបាកចិត្ត និង​សេចក្តីចង្អៀតចង្អល់ចិត្ត ក៏កើត​មានព្រម ព្រោះជាតិជាបច្ច័យ។ ការកើតឡើង​ព្រម​នៃ​កង​ទុក្ខទាំងអស់នុ៎ះ រមែងមានយ៉ាងនេះ។

[៦] ម្នាលភិក្ខុទាំងឡាយ ចុះជរា និងមរណៈ តើដូចម្តេច។ សេចក្តីគ្រាំគ្រា ភាពគ្រាំគ្រា ធ្មេញ​បាក់ សក់ស្កូវ ស្បែកជ្រួញជ្រីវ ដំណើរថយនៃអាយុ ដំណើរចាស់ទុំ​នៃឥន្ទ្រិយ​ទាំង​ឡាយ​ណា របស់សត្វទាំងឡាយនោះៗ ក្នុងសត្តនិកាយនោះៗ នេះហៅថា ជរា។ ម្នាល​ភិក្ខុ​ទាំងឡាយ ចុះមរណៈ តើដូចម្តេច ចុតិ ការឃ្លាត ការបែកធ្លាយ ការបាត់ទៅ សេចក្តី​ស្លាប់ ដំណើរងាប់ ការធ្វើ​មរណកាល ការបែកធ្លាយនៃខន្ធទាំងឡាយ ការដាក់ចុះនូវ​សាកសព ការដាច់នៃជីវិតិន្ទ្រិយ ណា របស់សត្វទាំងឡាយនោះៗ ចាកសត្តនិកាយនោះៗ នេះ ហៅថា មរណៈ។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ ជរានេះផង មរណៈនេះផង នេះ ហៅថា ជរា និងមរណៈ។

[៧] ម្នាលភិក្ខុទាំងឡាយ ចុះជាតិ តើដូចម្តេច។ កិរិយាកើតជាដំបូង កិរិយាកើត​ព្រម កិរិយា​ចុះចាប់ផ្ទៃ កិរិយាកើត កិរិយាវិលត្រឡប់មកកើត កិរិយាកើតប្រាកដនៃខន្ធ​ទាំងឡាយ កិរិយាបាននូវ​អាយតនៈណា របស់សត្វទាំងឡាយនោះៗ ក្នុងសត្តនិកាយ​នោះៗ ម្នាលភិក្ខុ​ទាំងឡាយ នេះហៅថា ជាតិ។

[៨] ម្នាលភិក្ខុទាំងឡាយ ចុះភព តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភព [លំនៅនៃ​កំណើត​សត្វ។] នេះ មាន៣គឺ កាមភព១ រូបភព១ អរូបភព១ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ភព។

[៩] ម្នាលភិក្ខុទាំងឡាយ ចុះឧបាទាន តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ឧបាទាន​នេះ មាន ៤គឺ កាមុបាទាន ១ ទិដ្ឋុបាទាន ១ សីលព្វតុបាទាន ១ អត្តវាទុបាទាន ១ ម្នាលភិក្ខុទាំង​ឡាយ នេះហៅថា ឧបាទាន។

[១០] ម្នាលភិក្ខុទាំងឡាយ ចុះតណ្ហា តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ពួកតណ្ហា​នេះ មាន ៦ គឺ រូបតណ្ហា ១ សទ្ទតណ្ហា ១ គន្ធតណ្ហា ១ រសតណ្ហា ១ ផោដ្ឋព្វតណ្ហា ១ ធម្មតណ្ហា ១ ម្នាលភិក្ខុទាំងឡាយ នេះហៅថា តណ្ហា។

[១១] ម្នាលភិក្ខុទាំងឡាយ ចុះវេទនា តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ពួកវេទនា​នេះ មាន៦គឺ វេទនាកើតអំពីចក្ខុសម្ផ័ស្ស១ វេទនាកើតអំពីសោតសម្ផ័ស្ស១ វេទនាកើតអំពី​ឃានសម្ផ័ស្ស១ វេទនាកើតអំពីជិវ្ហាសម្ផ័ស្ស១ វេទនាកើតអំពីកាយសម្ផ័ស្ស១ វេទនាកើត​អំពី​មនោសម្ផ័ស្ស១ ម្នាលភិក្ខុទាំងឡាយ នេះហៅថា វេទនា។

[១២] ម្នាលភិក្ខុទាំងឡាយ ចុះផស្សៈ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ពួកផស្សៈនេះ មាន៦គឺ ចក្ខុសម្ផ័ស្ស១ សោតសម្ផ័ស្ស១ ឃានសម្ផ័ស្ស១ ជិវ្ហាសម្ផ័ស្ស១ កាយសម្ផ័ស្ស១ មនោសម្ផ័ស្ស១ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ផស្សៈ។

[១៣] ម្នាលភិក្ខុទាំងឡាយ ចុះអាយតនៈ៦ តើដូចម្តេច។ ចក្ខ្វាយតនៈ១ សោតាយតនៈ១ ឃានាយតនៈ១ ជិវ្ហាយតនៈ១ កាយាយតនៈ១ មនាយតនៈ១ ម្នាលភិក្ខុទាំងឡាយ នេះ​ហៅ​ថា អាយតនៈ៦។

[១៤] ម្នាលភិក្ខុទាំងឡាយ ចុះនាមរូប តើដូចម្តេច។ វេទនា១ សញ្ញា១ ចេតនា១ ផស្សៈ១ មនសិការៈ១ នេះហៅថា នាម។ មហាភូតរូប៤ និងឧបាទាយរូប របស់​មហាភូតរូប​៤នេះ ហៅថា រូប។ ម្នាលភិក្ខុទាំងឡាយ នាមនេះផង រូបនេះផង នេះហៅថា នាមរូប ដោយ​ប្រការដូច្នេះ។

[១៥] ម្នាលភិក្ខុទាំងឡាយ ចុះវិញ្ញាណ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ពួក​វិញ្ញាណនេះ មាន ៦គឺ ចក្ខុវិញ្ញាណ១ សោតវិញ្ញាណ១ ឃានវិញ្ញាណ១ ជិវ្ហាវិញ្ញាណ១ កាយវិញ្ញាណ១ មនោវិញ្ញាណ១ ម្នាលភិក្ខុទាំងឡាយ នេះហៅថា វិញ្ញាណ។

[១៦] ម្នាលភិក្ខុទាំងឡាយ ចុះសង្ខារ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ សង្ខារនេះ មាន៣គឺ កាយសង្ខារ១ វចីសង្ខារ១ ចិត្តសង្ខារ១ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សង្ខារ។

[១៧] ម្នាលភិក្ខុទាំងឡាយ ចុះអវិជ្ជា តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ សេចក្តី​មិន​ដឹងក្នុង​ទុក្ខ១ សេចក្តីមិនដឹងក្នុងហេតុជាទីកើតទុក្ខ១ សេចក្តីមិនដឹងក្នុងទីរលត់ទុក្ខ១ សេចក្តី​​មិនដឹងក្នុងបដិបទា ជាដំណើរទៅកាន់​ទីរលត់ទុក្ខ១ ម្នាលភិក្ខុទាំងឡាយ នេះហៅថា អវិជ្ជា។ ម្នាលភិក្ខុទាំងឡាយ សង្ខារទាំងឡាយកើតមាន ព្រោះអវិជ្ជា​ជាបច្ច័យ វិញ្ញាណ​កើតមាន ព្រោះសង្ខារជាបច្ច័យ ដោយប្រការដូច្នេះឯង។បេ។ ការកើតឡើងព្រម នៃ​កងទុក្ខ​ទាំងអស់នុ៎ះ រមែង​មានយ៉ាងនេះ។

[១៨] ការរលត់នៃសង្ខារ ព្រោះការវិនាស និងការរលត់ឥតមានសេសសល់នៃ​អវិជ្ជា ការ​រលត់​នៃវិញ្ញាណ ព្រោះការរលត់នៃសង្ខារ។បេ។ ការរលត់នៃកងទុក្ខទាំងអស់​នុ៎ះ រមែង​មាន​យ៉ាងនេះ។ ចប់សូត្រទី២។

[១៩] ទ្រង់គង់នៅទៀបក្រុងសាវត្ថី… ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែង​នូវ​មិច្ឆាបដិបទា និងសម្មាបដិបទា ដល់អ្នកទាំងឡាយ ចូរអ្នកទាំងឡាយ ប្រុងស្តាប់​ធម៌នោះ ចូរធ្វើទុកក្នុងចិត្តដោយប្រពៃចុះ តថាគតនឹងសំដែងប្រាប់។ ភិក្ខុទាំងនោះ ទទួល​ព្រះពុទ្ធ​ដីកា នៃព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គ។

[២០] ទើបព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ ចុះមិច្ឆាបដិបទា តើដូចម្តេច ម្នាលភិក្ខុទាំងឡាយ សង្ខារទាំងឡាយកើតមាន ព្រោះ​អវិជ្ជាជាបច្ច័យ វិញ្ញាណ​កើតមាន ព្រោះសង្ខារជាបច្ច័យ។បេ។ ការកើតឡើងព្រមនៃកង​ទុក្ខទាំងអស់នុ៎ះ រមែង​មាន​យ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា មិច្ឆាបដិបទា។

[២១] ម្នាលភិក្ខុទាំងឡាយ ចុះសម្មាបដិបទា តើដូចម្តេច ការរលត់នៃសង្ខារ ព្រោះ​ការវិនាស និងការរលត់ឥតមានសេសសល់ នៃអវិជ្ជា ការរលត់នៃវិញ្ញាណ ព្រោះការ​រលត់​នៃសង្ខារ។បេ។ ការរលត់នៃកងទុក្ខទាំងអស់នុ៎ះ រមែងមានយ៉ាងនេះ។ ម្នាលភិក្ខុទាំង​ឡាយ នេះហៅថា សម្មាបដិបទា។ ចប់សូត្រទី៣។

[២២] ទ្រង់គង់នៅជិតក្រុងសាវត្ថី… ម្នាលភិក្ខុទាំងឡាយ ព្រះវិបស្សីមានព្រះភាគ ជា​អរហន្ត សម្មាសម្ពុទ្ធ កាលនៅជាពោធិសត្វ មិនទាន់បានត្រាស់ដឹងនៅឡើយ ក្នុងកាល​មុន អំពីការត្រាស់ដឹង ទ្រង់មានសេចក្តីត្រិះរិះ ដូច្នេះថា ឱហ្ន៎ សត្វលោកនេះ ដល់នូវ​សេចក្តី​លំបាកណាស់ តែងកើត ចាស់ ស្លាប់ ច្យុត និងចាប់បដិសន្ធិ ថែមទាំង​មិនដឹងច្បាស់ នូវការ​រលាស់​ចោលសេចក្តីទុក្ខ គឺជរា និងមរណៈនេះទៀតផង កាលណាទៅហ្ន៎ ទើបការរលាស់​ចោល​សេចក្តីទុក្ខ គឺជរា និងមរណៈនេះ នឹង​ប្រាកដឡើងបាន។

[២៣] ម្នាលភិក្ខុទាំងឡាយ គ្រានោះ ព្រះវិបស្សីពោធិសត្វ មានសេចក្តីត្រិះរិះ ដូច្នេះថា កាលអ្វីហ្ន៎កើតមាន ទើបជរា និងមរណៈកើតមាន ជរានិងមរណៈកើតមាន ព្រោះ​អ្វីជា​បច្ច័យ។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះ ព្រះវិបស្សីពោធិសត្វ បានត្រាស់ដឹង​ដោយ​ប្រាជ្ញា ព្រោះយោនិសោមនសិការៈថា កាលបើជាតិកើតមាន ជរានិងមរណៈ​ក៏​កើតមាន ជរា និងមរណៈកើតមាន ព្រោះជាតិជាបច្ច័យ។ ម្នាលភិក្ខុទាំងឡាយ គ្រានោះ ព្រះវិបស្សី​ពោធិសត្វ មានសេចក្តីត្រិះរិះ ដូច្នេះថា កាលអ្វីហ្ន៎កើតមាន ទើបជាតិកើតមាន ជាតិ​កើតមាន ព្រោះ​អ្វីជាបច្ច័យ។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះ ព្រះវិបស្សីពោធិសត្វ បាន​ត្រាស់ដឹង​ដោយប្រាជ្ញា ព្រោះយោនិសោមនសិការៈថា កាលបើភពកើតមាន ជាតិក៏​កើតមាន ជាតិកើតមាន ព្រោះភពជាបច្ច័យ។ ម្នាលភិក្ខុទាំងឡាយ គ្រានោះ ព្រះវិបស្សី​ពោធិសត្វ មានសេចក្តីត្រិះរិះ ដូច្នេះថា កាលអ្វីហ្ន៎កើតមាន ទើបភពកើតមាន ភពកើតមាន ព្រោះ​អ្វីជាបច្ច័យ។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះ ព្រះវិបស្សីពោធិសត្វ បានត្រាស់ដឹង​ដោយប្រាជ្ញា ព្រោះយោនិសោមនសិការៈថា កាលបើឧបាទានកើតមាន ភព​ក៏​កើតមាន ភពកើតមាន ព្រោះឧបាទានជាបច្ច័យ។ ម្នាលភិក្ខុទាំងឡាយ គ្រានោះ ព្រះវិបស្សី​ពោធិសត្វ មានសេចក្តីត្រិះរិះ ដូច្នេះថា កាលអ្វីហ្ន៎កើតមាន ទើបឧបាទាន​កើតមាន ឧបាទាន​កើតមាន ព្រោះ​អ្វីជាបច្ច័យ។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះ ព្រះវិបស្សី​ពោធិសត្វ បានត្រាស់ដឹង​ដោយប្រាជ្ញា ព្រោះយោនិសោមនសិការៈថា កាលបើតណ្ហា​កើត​មាន ឧបាទាន​ក៏​កើតមាន ឧបាទានកើតមាន ព្រោះតណ្ហាជាបច្ច័យ។ ម្នាលភិក្ខុទាំងឡាយ គ្រានោះ ព្រះវិបស្សីពោធិសត្វ មានសេចក្តីត្រិះរិះ ដូច្នេះថា កាល​អ្វី​ហ្ន៎​កើតមាន ទើបតណ្ហា​កើត​មាន តណ្ហាកើតមាន ព្រោះ​អ្វីជាបច្ច័យ។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះ ព្រះវិបស្សី​ពោធិសត្វ បានត្រាស់ដឹង​ដោយប្រាជ្ញា ព្រោះយោនិសោមនសិការៈ​ថា កាលបើវេទនា​កើត​មាន តណ្ហា​ក៏​កើតមាន តណ្ហាកើតមាន ព្រោះវេទនាជាបច្ច័យ។ ម្នាលភិក្ខុទាំងឡាយ គ្រានោះ ព្រះវិបស្សីពោធិសត្វ មានសេចក្តីត្រិះរិះ ដូច្នេះថា កាលអ្វីហ្ន៎កើតមាន ទើបវេទនា​កើត​មាន វេទនាកើតមាន ព្រោះ​អ្វីជាបច្ច័យ។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះ ព្រះវិបស្សី​ពោធិសត្វ បានត្រាស់ដឹង​ដោយប្រាជ្ញា ព្រោះយោនិសោមន​សិការៈ​ថា កាលបើផស្សៈ​កើត​មាន វេទនា​ក៏​កើតមាន វេទនាកើតមាន ព្រោះផស្សៈជាបច្ច័យ។ ម្នាលភិក្ខុទាំងឡាយ គ្រានោះ ព្រះវិបស្សីពោធិសត្វ មានសេចក្តីត្រិះរិះ ដូច្នេះថា កាលអ្វីហ្ន៎កើតមាន ទើបផស្សៈ​កើត​មាន ផស្សៈកើតមាន ព្រោះ​អ្វីជាបច្ច័យ។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះ ព្រះវិបស្សី​ពោធិសត្វ បានត្រាស់ដឹង​ដោយប្រាជ្ញា ព្រោះយោនិសោមនសិការៈថា កាលបើ​សឡាយតនៈ​កើតមាន ផស្សៈ​ក៏​កើតមាន ផស្សៈកើតមាន ព្រោះសឡាយតនៈជាបច្ច័យ។ ម្នាលភិក្ខុទាំងឡាយ គ្រានោះ ព្រះវិបស្សីពោធិសត្វ មានសេចក្តីត្រិះរិះ ដូច្នេះថា កាល​អ្វីហ្ន៎​កើតមាន ទើបសឡាយតនៈកើតមាន សឡាយតនៈកើតមាន ព្រោះ​អ្វីជាបច្ច័យ។ ម្នាល​ភិក្ខុ​ទាំងឡាយ លំដាប់នោះ ព្រះវិបស្សីពោធិសត្វ បានត្រាស់ដឹង​ដោយប្រាជ្ញា ព្រោះ​យោនិសោមនសិការៈ​ថា កាលបើនាមរូបកើតមាន សឡាយតនៈ​ក៏​កើតមាន សឡាយតនៈ​កើតមាន ព្រោះនាមរូបជាបច្ច័យ។ ម្នាលភិក្ខុទាំងឡាយ គ្រានោះ ព្រះវិបស្សី​ពោធិសត្វ មានសេចក្តីត្រិះរិះ ដូច្នេះថា កាលអ្វីហ្ន៎កើតមាន ទើបនាមរូបកើតមាន នាមរូប​កើតមាន ព្រោះ​អ្វីជាបច្ច័យ។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះ ព្រះវិបស្សីពោធិសត្វ បានត្រាស់ដឹង​ដោយប្រាជ្ញា ព្រោះយោនិសោមនសិការៈថា កាលបើវិញ្ញាណកើតមាន នាមរូប​ក៏​កើតមាន នាមរូបកើតមាន ព្រោះវិញ្ញាណជាបច្ច័យ។ ម្នាលភិក្ខុទាំងឡាយ គ្រានោះ ព្រះវិបស្សីពោធិសត្វ មានសេចក្តីត្រិះរិះ ដូច្នេះថា កាលអ្វីហ្ន៎កើតមាន ទើប​វិញ្ញាណ​កើតមាន វិញ្ញាណកើតមាន ព្រោះ​អ្វីជាបច្ច័យ។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះ ព្រះវិបស្សីពោធិសត្វ បានត្រាស់ដឹង​ដោយប្រាជ្ញា ព្រោះយោនិសោមនសិការៈថា កាលបើ​សង្ខារទំាងឡាយកើតមាន វិញ្ញាណ​ក៏​កើតមាន វិញ្ញាណកើតមាន ព្រោះសង្ខារជាបច្ច័យ។ ម្នាលភិក្ខុទាំងឡាយ គ្រានោះ ព្រះវិបស្សីពោធិសត្វ មានសេចក្តីត្រិះរិះ ដូច្នេះថា កាលអ្វី​ហ្ន៎កើតមាន ទើបសង្ខារទាំងឡាយកើតមាន សង្ខារទាំងឡាយកើតមាន ព្រោះ​អ្វីជា​បច្ច័យ។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះ ព្រះវិបស្សីពោធិសត្វ បានត្រាស់ដឹង​ដោយ​ប្រាជ្ញា ព្រោះយោនិសោមនសិការៈថា កាលបើអវិជ្ជាកើតមាន សង្ខារទាំងឡាយ ​ក៏​កើត​មាន សង្ខារទាំងឡាយកើតមាន ព្រោះអវិជ្ជាជាបច្ច័យ។ ព្រោះហេតុដូច្នេះ សង្ខារ​ទាំង​ឡាយ កើតមាន ព្រោះអវិជ្ជាជាបច្ច័យ វិញ្ញាណកើតមាន ព្រោះសង្ខារជាបច្ច័យ។បេ។ ការ​កើត​​ឡើងព្រមនៃកងទុក្ខទាំងអស់នុ៎ះ រមែងមានយ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ ព្រះវិបស្សី​​ពោធិសត្វ មានចក្ខុកើតហើយ មានញាណកើតហើយ មានបញ្ញាកើតហើយ មានវិជ្ជា​កើតហើយ មានពន្លឺកើតហើយ ក្នុងធម៌ទាំងឡាយ ដែលព្រះអង្គមិនធ្លាប់ស្តាប់ ក្នុងកាល​មុនថា ការកើតឡើងព្រម ការកើតឡើងព្រម ដូច្នេះ។

[២៤] ម្នាលភិក្ខុទាំងឡាយ គ្រានោះ ព្រះវិបស្សីពោធិសត្វ មានសេចក្តីត្រិះរិះ ដូច្នេះថា កាលអ្វីហ្ន៎មិនមាន ទើបជរា និងមរណៈមិនមាន ការរលត់នៃ​ជរា និងមរណៈ ព្រោះ​ការ​រលត់នៃអ្វី។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះ ព្រះវិបស្សីពោធិសត្វ បានត្រាស់ដឹង​ដោយប្រាជ្ញា ព្រោះយោនិសោមនសិការៈថា កាលបើជាតិមិនមាន ជរានិងមរណៈ​ក៏​មិន​មាន ការរលត់នៃជរានិងមរណៈ ព្រោះការរលត់នៃជាតិ។ ម្នាលភិក្ខុទាំងឡាយ គ្រានោះ ព្រះវិបស្សីពោធិសត្វ មានសេចក្តីត្រិះរិះ ដូច្នេះថា កាលអ្វីហ្ន៎មិនមាន ទើបជាតិមិនមាន ការរលត់នៃ​ជាតិ ព្រោះ​ការរលត់នៃអ្វី។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះ ព្រះវិបស្សី​ពោធិសត្វ បានត្រាស់ដឹង​ដោយប្រាជ្ញា ព្រោះយោនិសោមនសិការៈថា កាលបើភព​មិន​មាន ជាតិក៏មិនមាន ការរលត់នៃជាតិ ព្រោះការរលត់នៃភព។ ម្នាលភិក្ខុទាំងឡាយ គ្រានោះ ព្រះវិបស្សីពោធិសត្វ មានសេចក្តីត្រិះរិះ ដូច្នេះថា កាលអ្វីហ្ន៎មិនមាន ទើបភព​មិន​មាន ការរលត់នៃភព ព្រោះការរលត់នៃ​អ្វី។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះ ព្រះវិបស្សី​ពោធិសត្វ បានត្រាស់ដឹង​ដោយប្រាជ្ញា ព្រោះយោនិសោមនសិការៈថា កាលបើ​ឧបាទាន​មិនមាន ភព​ក៏មិនមាន ការរលត់នៃភព ព្រោះការរលត់នៃឧបាទាន។ ម្នាលភិក្ខុទាំងឡាយ គ្រានោះ ព្រះវិបស្សីពោធិសត្វ មានសេចក្តីត្រិះរិះ ដូច្នេះថា កាលអ្វីហ្ន៎មិនមាន ទើប​ឧបាទាន​មិនមាន ការរលត់នៃឧបាទាន ព្រោះ​ការរលត់នៃអ្វី។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះ ព្រះវិបស្សីពោធិសត្វ បានត្រាស់ដឹង​ដោយប្រាជ្ញា ព្រោះ​យោនិសោ​មនសិការៈ​ថា កាលបើតណ្ហាមិនមាន ឧបាទាន​ក៏មិនមាន ការរលត់នៃឧបាទាន ព្រោះការ​រលត់​នៃតណ្ហា។ ម្នាលភិក្ខុទាំងឡាយ គ្រានោះ ព្រះវិបស្សីពោធិសត្វ មានសេចក្តីត្រិះរិះ ដូច្នេះថា កាល​អ្វី​ហ្ន៎មិនមាន ទើបតណ្ហាមិនមាន ការរលត់នៃតណ្ហា ព្រោះ​ការរលត់នៃអ្វី។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះ ព្រះវិបស្សីពោធិសត្វ បានត្រាស់ដឹង​ដោយប្រាជ្ញា ព្រោះ​យោនិសោមនសិការៈ​ថា កាលបើវេទនាមិនមាន តណ្ហា​ក៏មិនមាន ការរលត់នៃតណ្ហា ព្រោះ​ការរលត់នៃវេទនា។ ម្នាលភិក្ខុទាំងឡាយ គ្រានោះ ព្រះវិបស្សីពោធិសត្វ មានសេចក្តី​ត្រិះរិះ ដូច្នេះថា កាលអ្វីហ្ន៎មិនមាន ទើបវេទនាមិនមាន ការរលត់នៃវេទនា ព្រោះ​ការរលត់​នៃអ្វី។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះ ព្រះវិបស្សីពោធិសត្វ បានត្រាស់ដឹង​ដោយប្រាជ្ញា ព្រោះយោនិសោមន​សិការៈ​ថា កាលបើផស្សៈមិនមាន វេទនា​ក៏មិនមាន ការរលត់នៃ​វេទនា ព្រោះការរលត់នៃផស្សៈ។ ម្នាលភិក្ខុទាំងឡាយ គ្រានោះ ព្រះវិបស្សីពោធិសត្វ មាន​សេចក្តីត្រិះរិះ ដូច្នេះថា កាលអ្វីហ្ន៎មិនមាន ទើបផស្សៈមិនមាន ការរលត់នៃផស្សៈ ព្រោះការ​រលត់នៃ​អ្វី។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះ ព្រះវិបស្សីពោធិសត្វ បានត្រាស់​ដឹង​​ដោយប្រាជ្ញា ព្រោះយោនិសោមនសិការៈថា កាលបើសឡាយតនៈមិនមាន ផស្សៈ​ក៏មិនមាន ការរលត់នៃផស្សៈ ព្រោះការរលត់នៃសឡាយតនៈ។ ម្នាលភិក្ខុទាំងឡាយ គ្រានោះ ព្រះវិបស្សីពោធិសត្វ មានសេចក្តីត្រិះរិះ ដូច្នេះថា កាលអ្វីហ្ន៎មិនមាន ទើប​សឡាយតនៈមិនមាន ការរលត់នៃសឡាយតនៈ ព្រោះ​ការរលត់នៃអ្វី។ ម្នាលភិក្ខុ​ទាំង​ឡាយ លំដាប់នោះ ព្រះវិបស្សីពោធិសត្វ បានត្រាស់ដឹង​ដោយប្រាជ្ញា ព្រោះ​យោនិសោមនសិការៈ​ថា កាលបើនាមរូបមិនមាន សឡាយតនៈ​ក៏មិនមាន ការរលត់នៃ​សឡាយតនៈ ព្រោះការរលត់នៃនាមរូប។ ម្នាលភិក្ខុទាំងឡាយ គ្រានោះ ព្រះវិបស្សី​ពោធិសត្វ មានសេចក្តីត្រិះរិះ ដូច្នេះថា កាលអ្វីហ្ន៎មិនមាន ទើបនាមរូបមិនមាន ការរលត់​នៃនាមរូប ព្រោះការរលត់នៃ​អ្វី។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះ ព្រះវិបស្សីពោធិសត្វ បានត្រាស់ដឹង​ដោយប្រាជ្ញា ព្រោះយោនិសោមនសិការៈថា កាលបើវិញ្ញាណមិនមាន នាមរូប​ក៏មិនមាន ការរលត់នៃនាមរូប ព្រោះការរលត់នៃវិញ្ញាណ។ ម្នាលភិក្ខុទាំងឡាយ គ្រានោះ ព្រះវិបស្សីពោធិសត្វ មានសេចក្តីត្រិះរិះ ដូច្នេះថា កាលអ្វីហ្ន៎មិនមាន ទើប​វិញ្ញាណ​មិនមាន ការរលត់នៃវិញ្ញាណ ព្រោះការរលត់នៃ​អ្វី។ ម្នាលភិក្ខុទាំងឡាយ លំដាប់​នោះ ព្រះវិបស្សីពោធិសត្វ បានត្រាស់ដឹង​ដោយប្រាជ្ញា ព្រោះយោនិសោមន​សិការៈថា កាលបើសង្ខារមិនមាន វិញ្ញាណ​ក៏មិនមាន ការរលត់នៃវិញ្ញាណ ព្រោះការរលត់នៃសង្ខារ។ ម្នាលភិក្ខុទាំងឡាយ គ្រានោះ ព្រះវិបស្សីពោធិសត្វ មានសេចក្តីត្រិះរិះ ដូច្នេះថា កាលអ្វី​ហ្ន៎មិនមាន ទើបសង្ខារទាំងឡាយមិនមាន ការរលត់នៃសង្ខារ ព្រោះការរលត់នៃ​អ្វី។ ម្នាល​ភិក្ខុ​ទាំងឡាយ លំដាប់នោះ ព្រះវិបស្សីពោធិសត្វ បានត្រាស់ដឹង​ដោយប្រាជ្ញា ព្រោះ​យោនិសោមនសិការៈថា កាលបើអវិជ្ជាមិនមាន សង្ខារទាំងឡាយ ​ក៏មិនមាន ការរលត់​នៃ​សង្ខារ ព្រោះការរលត់នៃអវិជ្ជា។ ព្រោះហេតុដូច្នេះ ការរលត់នៃសង្ខារ ព្រោះការរលត់​នៃ​អវិជ្ជា ការរលត់នៃវិញ្ញាណនេះ ព្រោះការរលត់នៃសង្ខារ។បេ។ ការរលត់នៃកងទុក្ខ​ទាំង​អស់​នុ៎ះ រមែងមានយ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ ព្រះវិបស្សី​ពោធិសត្វ មានចក្ខុកើត​ហើយ មានញាណកើតហើយ មានបញ្ញាកើតហើយ មានវិជ្ជា​កើតហើយ មានពន្លឺកើត​ហើយ ក្នុងធម៌ទាំងឡាយ ដែលព្រះអង្គមិនធ្លាប់ស្តាប់ ក្នុងកាល​មុនថា ការរលត់ ការរលត់​ដូច្នេះ។ ចប់សូត្រទី៤។

[២៥] សូម្បីការត្រាស់ដឹងរបស់​ព្រះពុទ្ធទាំង៧ព្រះអង្គ ក៏បណ្ឌិតគប្បីសំដែង​ឲ្យ​ពិស្តារតាម​ទំនង​យ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ ព្រះសិខីមានព្រះភាគ ជាអរហន្ត សម្មាសម្ពុទ្ធ… ម្នាលភិក្ខុ​ទាំងឡាយ ព្រះវេស្សភូមានព្រះភាគ ជាអរហន្ត សម្មាសម្ពុទ្ធ… ម្នាលភិក្ខុ​ទាំង​ឡាយ ព្រះកកុសន្ធៈមានព្រះភាគ ជាអរហន្ត សម្មាសម្ពុទ្ធ… ម្នាលភិក្ខុទាំងឡាយ ព្រះ​កោនាគមនៈ​មានព្រះភាគ ជាអរហន្ត សម្មាសម្ពុទ្ធ… ម្នាលភិក្ខុទាំងឡាយ ព្រះកស្សបៈ​មាន​ព្រះភាគ ជាអរហន្ត សម្មាសម្ពុទ្ធ…។

[២៦] ម្នាលភិក្ខុទាំងឡាយ កាលតថាគតនៅជាពោធិសត្វ មិនទាន់បានត្រាស់​ដឹង​នៅ​ឡើយ ក្នុងកាលមុន អំពីការត្រាស់ដឹង មានសេចក្តីត្រិះរិះដូច្នេះថា ឱហ្ន៎ សត្វលោក​នេះ ដល់​នូវសេចក្តីលំបាកណាស់ តែងកើត ចាស់ ស្លាប់ ច្យុត និងចាប់បដិសន្ធិ ថែម​ទាំង​មិន​ដឹងច្បាស់នូវការរលាស់ចោលសេចក្តីទុក្ខ គឺជរា និងមរណៈនេះទៀតផង កាលណា​ទៅហ្ន៎ ទើបការរលាស់ចោលសេចក្តីទុក្ខ គឺជរា និងមរណៈនេះ នឹងប្រាកដឡើងបាន។ ម្នាល​ភិក្ខុ​ទាំងឡាយ តថាគតនោះ មានសេចក្តីត្រិះរិះ ដូច្នេះថា កាលអ្វីហ្ន៎កើតមាន ទើបជរា និង​មរណៈ​កើតមាន ជរានិងមរណៈកើតមាន ព្រោះ​អ្វីជាបច្ច័យ។ ម្នាលភិក្ខុទាំងឡាយ តថាគត​នោះ ក៏បានត្រាស់ដឹង​ដោយប្រាជ្ញា ព្រោះយោនិសោមន​សិការៈ​ថា កាលបើ​ជាតិ​កើត​មាន ជរានិងមរណៈ​ក៏​កើតមាន ជរានិងមរណៈកើតមាន ព្រោះជាតិជាបច្ច័យ។ ម្នាល​ភិក្ខុ​ទាំងឡាយ តថាគតនោះ មានសេចក្តីត្រិះរិះ ដូច្នេះថា កាលអ្វីហ្ន៎កើតមាន ទើបជាតិ​កើត​មាន។បេ។ ភព… ឧបាទាន… តណ្ហា… វេទនា… ផស្សៈ… សឡាយតនៈ… នាមរូប… វិញ្ញាណ… ទើបសង្ខារទាំងឡាយកើតមាន សង្ខារទាំងឡាយកើតមាន ព្រោះ​អ្វីជាបច្ច័យ។ ម្នាលភិក្ខុទាំងឡាយ តថាគតនោះ ក៏បានត្រាស់ដឹង​ដោយប្រាជ្ញា ព្រោះ​យោនិសោ​មនសិការៈ​ថា កាលបើអវិជ្ជាកើតមាន សង្ខារទាំងឡាយ​ក៏​កើតមាន សង្ខារទាំងឡាយ​កើត​មាន ព្រោះអវិជ្ជាជាបច្ច័យ។ ព្រោះ​ហេតុ​ដូច្នេះ សង្ខារទាំងឡាយ កើតមាន ព្រោះអវិជ្ជា​ជា​បច្ច័យ វិញ្ញាណនេះកើតមាន ព្រោះសង្ខារជាបច្ច័យ។បេ។ ការកើត​ឡើងព្រមនៃ​កងទុក្ខ​ទាំង​អស់​នុ៎ះ រមែងមានយ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ តថាគត មានចក្ខុកើតហើយ មានញាណកើតហើយ មានបញ្ញាកើតហើយ មានវិជ្ជា​កើតហើយ មានពន្លឺកើតហើយ ក្នុង​ធម៌ទាំងឡាយ ដែលមិនធ្លាប់បានស្តាប់ ក្នុងកាល​មុនថា ការកើតឡើងព្រម ការកើត​ឡើង​ព្រម ដូច្នេះ។

[២៧] ម្នាលភិក្ខុទាំងឡាយ តថាគតនោះ មានសេចក្តីត្រិះរិះ ដូច្នេះថា កាលអ្វីហ្ន៎មិនមាន ទើបជរា និងមរណៈមិនមាន ការរលត់នៃ​ជរា និងមរណៈ ព្រោះ​ការរលត់នៃអ្វី។ ម្នាលភិក្ខុ​ទាំង​ឡាយ តថាគតនោះ ក៏បានត្រាស់ដឹង​ដោយប្រាជ្ញា ព្រោះយោនិសោមនសិការៈថា កាលបើជាតិមិនមាន ជរានិងមរណៈ ​ក៏​មិនមាន ការរលត់នៃជរានិងមរណៈ ព្រោះការ​រលត់​នៃជាតិ។ ម្នាលភិក្ខុទាំងឡាយ តថាគតនោះ មានសេចក្តីត្រិះរិះ ដូច្នេះថា កាលអ្វី​ហ្ន៎​មិន​មាន ទើបជាតិមិនមាន។បេ។ ភព… ឧបាទាន… តណ្ហា… វេទនា… ផស្សៈ… សឡាយតនៈ… នាមរូប…. វិញ្ញាណ…. ទើបសង្ខារទាំងឡាយមិនមាន ការរលត់នៃសង្ខារ ព្រោះ​ការ​រលត់នៃអ្វី។ ម្នាលភិក្ខុទាំងឡាយ តថាគតនោះ ក៏បានត្រាស់ដឹង​ដោយប្រាជ្ញា ព្រោះយោនិសោមនសិការៈថា កាលបើអវិជ្ជាមិនមាន សង្ខារទាំងឡាយ ក៏មិនមាន ការ​រលត់​នៃសង្ខារ ព្រោះការរលត់នៃអវិជ្ជា។ ព្រោះហេតុដូច្នេះ ការរលត់នៃសង្ខារ ព្រោះការ​រលត់​នៃអវិជ្ជា ការរលត់នៃវិញ្ញាណ ព្រោះការរលត់នៃសង្ខារ។បេ។ ការរលត់នៃ​កងទុក្ខ​ទាំងអស់​នុ៎ះ រមែងមានយ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ តថាគត មានចក្ខុកើតហើយ មាន​ញាណ​កើតហើយ មានបញ្ញាកើតហើយ មានវិជ្ជា​កើតហើយ មានពន្លឺកើតហើយ ក្នុង​ធម៌​ទាំងឡាយ ដែលមិនធ្លាប់បានស្តាប់ ក្នុងកាល​មុនថា ការរលត់ ការរលត់ ដូច្នេះ។ ចប់សូត្រ ទី១០។

ចប់ ពុទ្ធវគ្គ ១។

បញ្ជីនៃពុទ្ធវគ្គនោះ គឺ

ទេសនាវិភង្គ ១ បដិបទា ១ ព្រះវិបស្សី ១ ព្រះសិខី ១ ព្រះវេស្សភូ ១ ព្រះកកុសន្ធៈ ១ ព្រះកោនាគមនៈ ១ ព្រះកស្សបៈ ១ ព្រះមហាសក្យមុនីគោតម ១។

អាហារវគ្គ

[២៨] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្ត​ជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុទាំងឡាយ អាហារ​នេះមាន ៤ តែងប្រព្រឹត្តទៅ ​ដើម្បី​ការតាំងនៅ​បាន​ នៃពួកភូតសត្វផង ដើម្បី​អនុគ្រោះ ដល់ពួកសម្ភវេសីសត្វផង [សត្វកំពុងស្វែងរកនូវសម្ភព គឺកំណើត ហៅថា សម្ភវេសី ក្នុងកំណើតទាំង៤នោះ ពួកសត្វដែលជាអណ្ឌជៈកំណើត និងជលាម្ពុជៈ​កំណើត ដែលមិនទាន់ញាស់ចេញមក និងមិនទាន់កើតចេញមកនៅឡើយ ហៅថា សម្ភវេសី លុះញាស់ចេញ កើតចេញហើយ ហៅថា ភូត។ ចំណែក​សំសេទជៈ​កំណើត និង​ឱបបាតិកៈ​កំណើត ដែលកើត​ក្នុងខណៈចិត្តជាបឋម ហៅថា សម្ភវេសី តាំងអំពីខណៈ ជាគម្រប់​ពីរទៅ ហៅថាភូត ឬថាកើតដោយឥរិយាបថណា បើមិនទាន់​ផ្លាស់ឥរិយាបថ​នោះ​ទេ ហៅថាសម្ភវេសីដែរ លុះផ្លាស់ឥរិយាបថនោះទៅហើយ ហៅថា ភូតដែរ។ មួយ​វិញ​ទៀត សត្វដែល​កើតហើយ មិនកើតទៅទៀត ហៅថាភូត បានដល់​ព្រះខីណាស្រព សត្វដែលមិនទាន់លះបង់ភវសំយោជនៈបាន នៅស្វែងរកសម្ភពតទៅ​ទៀត ហៅថា​សម្ភវេសី​ដែរ បានដល់សេក្ខបុគ្គល និងបុថុជ្ជន (អដ្ឋកថា)។]។ អាហារ ទាំង៤ តើដូចម្តេច។ កវឡីការាហារ ដ៏​គ្រោតគ្រាតក្តី ល្អិតក្តី (ជាទី១) ផស្សាហារ ជាទី២ មនោសញ្ចេតនាហារ ជាទី៣ វិញ្ញាណាហារ ជាទី៤។ ម្នាលភិក្ខុទាំងឡាយ អាហារទាំង៤នេះឯង តែងប្រព្រឹត្តទៅ ដើម្បី​ការតាំងនៅបាន នៃពួកភូតសត្វផង ដើម្បីអនុគ្រោះ ដល់ពួក​សម្ភវេសីសត្វផង។

[២៩] ម្នាលភិក្ខុទាំងឡាយ ចុះអាហារទាំង៤នេះ មានអ្វីជាហេតុ មានអ្វីនាំឲ្យ​កើត មានអ្វី​ជា​កំណើត មានអ្វីជាប្រភព។ អាហារទាំង៤នេះ មានតណ្ហាជាហេតុ មានតណ្ហា​នាំឲ្យ​កើត មានតណ្ហាជាកំណើត មានតណ្ហាជាប្រភព។  ម្នាលភិក្ខុទាំងឡាយ ចុះតណ្ហា​នេះ មានអ្វី​ជា​ហេតុ មានអ្វីនាំឲ្យ​កើត មានអ្វីជាកំណើត មានអ្វីជាប្រភព។ តណ្ហា មាន​វេទនាជាហេតុ មានវេទនានាំឲ្យ​កើត មានវេទនាជាកំណើត មានវេទនាជាប្រភព។ ម្នាលភិក្ខុទាំងឡាយ ចុះវេទនា​នេះ មានអ្វីជាហេតុ មានអ្វីនាំឲ្យ​កើត មានអ្វីជាកំណើត មានអ្វីជាប្រភព។ វេទនា មានផស្សៈជាហេតុ មានផស្សៈនាំឲ្យ​កើត មានផស្សៈជាកំណើត មានផស្សៈជាប្រភព។ ម្នាលភិក្ខុទាំងឡាយ ចុះផស្សៈ​នេះ មានអ្វីជាហេតុ មានអ្វីនាំឲ្យ​កើត មានអ្វីជាកំណើត មានអ្វីជាប្រភព។ ផស្សៈ មានសឡាយតនៈជាហេតុ មានសឡាយតនៈនាំឲ្យ​កើត មាន​សឡាយតនៈជាកំណើត មានសឡាយតនៈជាប្រភព។ ម្នាលភិក្ខុទាំងឡាយ ចុះ​សឡាយតនៈ​​នេះ មានអ្វីជាហេតុ មានអ្វីនាំឲ្យ​កើត មានអ្វីជាកំណើត មានអ្វីជាប្រភព។ សឡាយតនៈ​នេះ មាននាមរូបជាហេតុ មាននាមរូបនាំឲ្យ​កើត មាននាមរូបជាកំណើត មាន​នាមរូបជាប្រភព។ ម្នាលភិក្ខុទាំងឡាយ ចុះនាមរូប​នេះ មានអ្វីជាហេតុ មានអ្វីនាំឲ្យ​កើត មានអ្វីជាកំណើត មានអ្វីជាប្រភព។ នាមរូប មានវិញ្ញាណជាហេតុ មានវិញ្ញាណនាំឲ្យ​កើត មានវិញ្ញាណ​ជាកំណើត មានវិញ្ញាណជាប្រភព។ ម្នាលភិក្ខុទាំងឡាយ ចុះវិញ្ញាណ​នេះ មានអ្វីជាហេតុ មានអ្វីនាំឲ្យ​កើត មានអ្វីជាកំណើត មានអ្វីជាប្រភព។ វិញ្ញាណ មានសង្ខារជាហេតុ មានសង្ខារនាំឲ្យ​កើត មានសង្ខារជាកំណើត មានសង្ខារជាប្រភព។ ម្នាលភិក្ខុទាំងឡាយ ចុះសង្ខារទាំងឡាយនេះ មានអ្វីជាហេតុ មានអ្វីនាំឲ្យ​កើត មានអ្វីជា​កំណើត មានអ្វីជាប្រភព។ សង្ខារទាំងឡាយ មានអវិជ្ជាជាហេតុ មានអវិជ្ជានាំឲ្យ​កើត មានអវិជ្ជាជាកំណើត មានអវិជ្ជាជាប្រភព។ ម្នាលភិក្ខុទាំងឡាយ ហេតុដូច្នេះ សង្ខារទាំង​ឡាយកើតមាន ព្រោះ​អវិជ្ជាជាបច្ច័យ វិញ្ញាណកើតមាន ព្រោះសង្ខារជាបច្ច័យ។បេ។ ការ​កើត​ឡើងព្រមនៃ​កងទុក្ខទាំងអស់នុ៎ះ រមែងមានយ៉ាងនេះ។

[៣០] ការរលត់នៃសង្ខារ ព្រោះការវិនាស និងការរលត់ឥតមានសេសសល់នៃ​អវិជ្ជា ការ​រលត់នៃវិញ្ញាណ ព្រោះការរលត់នៃសង្ខារ។បេ។ ការរលត់នៃកងទុក្ខ​ទាំងអស់នុ៎ះ រមែង​មាន​យ៉ាងនេះ។ ចប់សូត្រទី១។

[៣១] ព្រះមានព្រះភាគ ទ្រង់គង់នៅជិតក្រុងសាវត្ថី… ម្នាលភិក្ខុទាំងឡាយ អាហារនេះ មាន ៤ តែងប្រព្រឹត្តទៅ ដើម្បី​ការតាំងនៅ​បាន នៃភូតសត្វផង ដើម្បី​អនុគ្រោះ ដល់ពួក​សម្ភវេសីសត្វផង។ អាហារទាំង៤ តើដូចម្តេច។ កវឡីការាហារ ដ៏​គ្រោតគ្រាតក្តី ល្អិតក្តី (ជាទី១) ផស្សាហារ ជាទី២ មនោសញ្ចេតនាហារ ជាទី៣ វិញ្ញាណាហារ ជាទី៤។ ម្នាលភិក្ខុ​ទាំងឡាយ អាហារទាំង៤នេះឯង តែងប្រព្រឹត្តទៅ ដើម្បី​ការតាំងនៅបាន នៃពួកភូត​សត្វ​ផង ដើម្បីអនុគ្រោះ ដល់ពួក​សម្ភវេសីសត្វផង។

[៣២] កាលបើព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ ព្រះមោលិយផគ្គុន​មានអាយុ បានក្រាបបង្គំទូលសួរ នូវព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន នរណាហ្ន៎ តែង​ទំពាស៊ីនូវវិញ្ញាណាហារ។ ព្រះមានព្រះភាគ ត្រាស់តបថា ប្រស្នានេះ មិនត្រូវទេ ដូច្នេះ ហើយ​ទើបត្រាស់ថា តថាគតមិនពោលថា នរណាហ្ន៎ តែងទំពាស៊ីដូច្នេះឡើយ ប្រសិនបើ​តថាគតពោលថា នរណាហ្ន៎  តែងទំពាស៊ីដូច្នេះ ប្រស្នាថា បពិត្រព្រះអង្គដ៏ចំរើន នរណាហ្ន៎ តែងទំពាស៊ី ដូច្នេះនោះ ត្រូវគ្នានឹងពាក្យ​តថាគត​ហើយ តែថា តថាគតមិនពោល​យ៉ាង​នេះ​ទេ កាលបើយ៉ាង​នេះ បុគ្គលណាសួរ ចំពោះតថាគត ដែលមិនពោលសោះ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន វិញ្ញាណាហារ (ជាបច្ច័យ) នៃធម៌ដូចម្តេចហ្ន៎ ដូច្នេះ ប្រស្នានុ៎ះ របស់បុគ្គលនោះទើបត្រូវ ទាំងត្រូវព្យាករណ៍ចំពោះប្រស្នានោះថា វិញ្ញាណាហារ គឺ​បដិសន្ធិចិត្ត (ជាបច្ច័យ) នៃ​កិរិយាកើត ក្នុងភពថ្មីទៀត គឺនាមរូបតទៅ, កាលបើ​ការកើត​ក្នុង​ភពថ្មីទៀត គឺនាមរូប​នោះ កើតមានហើយ, សឡាយតនៈក៏កើតមាន ផស្សៈកើតមាន ព្រោះ​សឡាយតនៈ​ជាបច្ច័យ។

[៣៣] បពិត្រព្រះអង្គដ៏ចំរើន នរណាហ្ន៎ តែងពាល់ត្រូវ។ ព្រះមានព្រះភាគ ត្រាស់តបថា ប្រស្នា​នេះមិនត្រូវទេ ដូច្នេះហើយ ទើបត្រាស់ថា តថាគតមិនពោលថា នរណាហ្ន៎ តែង​ពាល់​ត្រូវដូច្នេះទេ ប្រសិនបើតថាគតពោលថា នរណាហ្ន៎  តែងពាល់ត្រូវ​ដូច្នេះ ប្រស្នាថា បពិត្រព្រះអង្គដ៏ចំរើន នរណាហ្ន៎ តែងពាល់ត្រូវ ដូច្នេះនោះ ត្រូវគ្នានឹងពាក្យ​តថាគតហើយ តែថា តថាគតមិនពោលយ៉ាងនេះទេ កាលបើយ៉ាង​នេះ បុគ្គលណាសួរ ចំពោះតថាគត ដែលមិនពោលសោះ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ផស្សៈកើតមាន ព្រោះអ្វីជា​បច្ច័យ​ហ្ន៎ ដូច្នេះ ប្រស្នានុ៎ះ របស់បុគ្គលនោះ ទើបត្រូវ ទាំងត្រូវព្យាករណ៍ ចំពោះប្រស្នា​នោះ​ថា ផស្សៈកើតមាន ព្រោះសឡាយតនៈជាបច្ច័យ វេទនាកើតមាន ព្រោះផស្សៈជាបច្ច័យ។

[៣៤] បពិត្រព្រះអង្គដ៏ចំរើន នរណាហ្ន៎ តែងទទួលយក។ ព្រះមានព្រះភាគ ត្រាស់តបថា ប្រស្នានេះមិនត្រូវទេ ដូច្នេះហើយ ទើបត្រាស់ថា តថាគតមិនពោលថា នរណាហ្ន៎ តែង​ទទួលយក ដូច្នេះទេ ប្រសិនបើតថាគតពោលថា នរណាហ្ន៎  តែងទទួលយក​​ ដូច្នេះ ប្រស្នា​ថា បពិត្រព្រះអង្គដ៏ចំរើន នរណាហ្ន៎ តែងទទួលយក ដូច្នេះនោះ ត្រូវគ្នានឹងពាក្យ​តថាគត​ហើយ តែថា តថាគតមិនពោលយ៉ាងនេះទេ កាលបើយ៉ាង​នេះ បុគ្គលណាសួរ ចំពោះ​តថាគត ដែលមិនពោលសោះ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន វេទនាកើតមាន ព្រោះអ្វី​ជា​បច្ច័យហ្ន៎ ដូច្នេះ ប្រស្នានុ៎ះ របស់បុគ្គលនោះ ទើបត្រូវ ទាំងត្រូវព្យាករណ៍ ចំពោះ​ប្រស្នា​នោះថា វេទនាកើតមាន ព្រោះផស្សៈជាបច្ច័យ តណ្ហាកើតមាន ព្រោះវេទនាជាបច្ច័យ។

[៣៥] បពិត្រព្រះអង្គដ៏ចំរើន នរណាហ្ន៎ តែងតក់ស្លុត។ ព្រះមានព្រះភាគ ត្រាស់ថា ប្រស្នា​នេះ​មិនត្រូវទេ ដូច្នេះហើយ ទើបត្រាស់ថា តថាគតមិនពោលថា នរណាហ្ន៎ តែងតក់ស្លុត ដូច្នេះទេ ប្រសិនបើតថាគតពោលថា នរណាហ្ន៎ តែងតក់ស្លុត ដូច្នេះ ប្រស្នាថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន នរណាហ្ន៎ តែងតក់ស្លុត ដូច្នេះនោះ ត្រូវគ្នា​នឹង​ពាក្យ​តថាគតហើយ តែថា តថាគត​មិនពោលយ៉ាងនេះទេ កាលបើយ៉ាង​នេះ បុគ្គលណាសួរ ចំពោះតថាគត ដែល​មិនពោលសោះ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន តណ្ហាកើតមាន ព្រោះអ្វីជាបច្ច័យហ្ន៎ ដូច្នេះ ប្រស្នានុ៎ះ របស់បុគ្គលនោះ ទើបត្រូវ ទាំងត្រូវព្យាករណ៍ ចំពោះប្រស្នានោះថា តណ្ហា​កើតមាន ព្រោះវេទនាជាបច្ច័យ ឧបាទានកើតមាន ព្រោះតណ្ហាជាបច្ច័យ។

[៣៦] បពិត្រព្រះអង្គដ៏ចំរើន នរណាហ្ន៎ តែងប្រកាន់មាំ។ ព្រះមានព្រះភាគ ត្រាស់ថា ប្រស្នា​នេះមិនត្រូវទេ ដូច្នេះហើយ ទើបត្រាស់ថា តថាគតមិនពោលថា នរណាហ្ន៎ តែង​ប្រកាន់មាំ ដូច្នេះទេ ប្រស្នាថា បពិត្រព្រះអង្គដ៏ចំរើន នរណាហ្ន៎ តែងប្រកាន់មាំ ដូច្នេះនោះ ត្រូវគ្នានឹងពាក្យ​តថាគតហើយ តែថា តថាគតមិនពោលយ៉ាងនេះទេ កាលបើយ៉ាង​នេះ បុគ្គលណាសួរ ចំពោះតថាគត ដែលមិនពោលសោះ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ឧបាទានកើតមាន ព្រោះអ្វីជាបច្ច័យហ្ន៎ ដូច្នេះ ប្រស្នានុ៎ះ របស់បុគ្គលនោះ ទើបត្រូវ ទាំងត្រូវ​ព្យាករណ៍ ចំពោះប្រស្នានោះថា ឧបាទានកើតមាន ព្រោះតណ្ហាជាបច្ច័យ ភពកើត​មាន ព្រោះឧបាទានជាបច្ច័យ។បេ។ ការកើតឡើងព្រមនៃកងទុក្ខទាំងអស់នុ៎ះ រមែង​មាន​យ៉ាងនេះ។

[៣៧] ម្នាលផគ្គុន ឯការរលត់នៃផស្សៈ ព្រោះការរលត់ ឥតមានសេសសល់​នៃ​ផស្សាយតនៈ ទាំង៦ ការរលត់នៃវេទនា ព្រោះការរលត់នៃផស្សៈ ការរលត់នៃតណ្ហា ព្រោះ​ការ​រលត់នៃវេទនា ការរលត់នៃឧបាទាន ព្រោះការរលត់នៃតណ្ហា ការរលត់នៃភព ព្រោះការរលត់នៃឧបាទាន ការរលត់នៃជាតិ ព្រោះការរលត់នៃភព ជរាមរណៈ សេចក្តី​សោក ខ្សឹកខ្សួល លំបាកកាយ លំបាកចិត្ត និងសេចក្តីចង្អៀតចង្អល់ចិត្ត ក៏រមែង​រលត់ទៅ ព្រោះការរលត់នៃជាតិ។ ការរលត់ទៅនៃកងទុក្ខទាំងអស់នុ៎ះ រមែងមានយ៉ាងនេះ។ ចប់សូត្រ ទី២។

[៣៨] ទ្រង់គង់នៅទៀបក្រុងសាវត្ថី… ម្នាលភិក្ខុទាំងឡាយ ពួកសមណព្រាហ្មណ៍ ណា​មួយ មិនដឹងច្បាស់នូវជរាមរណៈ មិនដឹងច្បាស់ នូវហេតុជាទីកើតនៃជរាមរណៈ មិន​ដឹងច្បាស់ នូវទីរលត់នៃជរាមរណៈ មិនដឹងច្បាស់នូវបដិបទា ជាដំណើរទៅកាន់ទីរលត់​នៃជរាមរណៈ។ នូវជាតិ។បេ។ នូវភព… នូវឧបាទាន… នូវតណ្ហា… នូវវេទនា… នូវផស្សៈ… នូវសឡាយតនៈ… នូវនាមរូប… នូវវិញ្ញាណ… មិន​ដឹង​ច្បាស់​នូវ​សង្ខារ​ទាំងឡាយ មិនដឹង​ច្បាស់​នូវហេតុជាទី​កើតនៃ​សង្ខារ មិន​ដឹង​ច្បាស់​នូវ​ទី​រលត់​នៃ​សង្ខារ មិន​​ដឹងច្បាស់នូវ​បដិបទា ជា​ដំណើរ​ទៅ​កាន់​ទី​រលត់​នៃ​សង្ខារ។ ម្នាលភិក្ខុទាំងឡាយ សមណព្រាហ្មណ៍​ទាំងនោះ តថាគត មិនរាប់ថាសមណៈក្នុងពួកសមណៈផង មិន​រាប់​ថា​ព្រាហ្មណ៍ ក្នុងពួក​ព្រាហ្មណ៍ផង ព្រោះសមណព្រាហ្មណ៍ មានអាយុទាំងនោះ មិន​ធ្វើ​ឲ្យ​ជាក់ច្បាស់ សម្រេច​នូវសាមញ្ញផល ឬព្រហ្មញ្ញផល ដោយ​បញ្ញា​ដ៏​ឧត្តម​របស់​ខ្លួន​ឯង ក្នុងបច្ចុប្បន្នឡើយ។

[៣៩] ម្នាលភិក្ខុទាំងឡាយ មួយទៀត ពួកសមណព្រាហ្មណ៍ណាមួយ ដឹងច្បាស់​នូវជរាមរណៈ ដឹងច្បាស់ នូវហេតុជាទីកើតនៃជរាមរណៈ ​ដឹងច្បាស់ នូវទីរលត់​នៃ​ជរា មរណៈ ដឹងច្បាស់នូវបដិបទា ជាដំណើរទៅកាន់ទីរលត់​នៃជរាមរណៈ។ នូវជាតិ។បេ។ នូវភព… នូវឧបាទាន… នូវតណ្ហា… នូវវេទនា… នូវផស្សៈ… នូវសឡាយតនៈ… នូវនាមរូប… នូវវិញ្ញាណ… ដឹងច្បាស់នូវសង្ខារទាំងឡាយ ដឹង​ច្បាស់ នូវហេតុជាទី​កើតនៃសង្ខារ ដឹងច្បាស់នូវទីរលត់នៃសង្ខារ ដឹងច្បាស់នូវ​បដិបទា ជាដំណើរ​ទៅ​កាន់​ទីរលត់​នៃ​សង្ខារ។ ម្នាលភិក្ខុទាំងឡាយ សមណព្រាហ្មណ៍​ទាំងនោះ ទើបតថាគត រាប់ថាសមណៈ​ក្នុង​ពួក​សមណៈផង រាប់ថាព្រាហ្មណ៍ ក្នុងពួក​ព្រាហ្មណ៍ផង ព្រោះ​ថា​សមណព្រាហ្មណ៍ មាន​អាយុ​ទាំងនោះ រមែងធ្វើឲ្យជាក់ច្បាស់ សម្រេច​នូវសាមញ្ញផល ឬព្រហ្មញ្ញផល ដោយ​បញ្ញា​ដ៏ឧត្តមរបស់ខ្លួនឯង ក្នុងបច្ចុប្បន្ន។ ចប់សូត្រទី៣។

[៤០] ទ្រង់គង់នៅទៀបក្រុងសាវត្ថី… ម្នាលភិក្ខុទាំងឡាយ ពួកសមណព្រាហ្មណ៍​ណាមួយ មិនដឹងច្បាស់នូវធម៌ទាំងនេះ មិនដឹងច្បាស់ នូវហេតុជាទីកើតនៃធម៌ទាំងនេះ មិនដឹង​ច្បាស់ នូវទីរលត់​នៃធម៌ទាំងនេះ មិនដឹងច្បាស់នូវបដិបទា ជាដំណើរទៅកាន់​ទីរលត់​នៃ​ធម៌​នេះ។ សមណព្រាហ្មណ៍ទាំងនោះ មិនដឹង​ច្បាស់ នូវធម៌អ្វី មិនដឹងច្បាស់​នូវហេតុ​ជាទី​កើត​នៃធម៌អ្វី មិនដឹងច្បាស់នូវទីរលត់នៃធម៌អ្វី មិនដឹងច្បាស់នូវ​បដិបទា ជាដំណើរ​ទៅ​កាន់​​ទីរលត់នៃធម៌អ្វី។ គឺមិនដឹងច្បាស់នូវ​ជរាមរណៈ មិនដឹងច្បាស់​នូវហេតុ​ជាទីកើត​នៃ​ជរា មរណៈ មិនដឹដងច្បាស់នូវទីរលត់នៃជរាមរណៈ មិនដឹងច្បាស់នូវ​បដិបទា ជា​ដំណើរ​ទៅ​កាន់ទីរលត់នៃ​ជរាមរណៈ។ នូវជាតិ។បេ។ នូវភព… នូវឧបាទាន… នូវ​តណ្ហា… នូវ​វេទនា… នូវផស្សៈ… នូវសឡាយតនៈ… នូវនាមរូប… នូវ​វិញ្ញាណ… មិនដឹង​ច្បាស់នូវ​សង្ខារ​ទាំង​ឡាយ មិនដឹងច្បាស់ នូវហេតុជាទីកើតនៃសង្ខារ មិនដឹងច្បាស់នូវ​ទីរលត់​នៃសង្ខារ មិន​ដឹង​ច្បាស់នូវ​បដិបទា ជាដំណើរទៅកាន់ទីរលត់នៃសង្ខារ។ សមណ​ព្រាហ្មណ៍​ទាំង​នោះ មិនដឹងច្បាស់នូវធម៌ទាំងនេះ មិនដឹងច្បាស់នូវ​ហេតុ ជាទីកើត​នៃធម៌​ទាំងនេះ មិន​ដឹង​ច្បាស់ នូវទីរលត់នៃធម៌ទាំងនេះ មិនដឹងច្បាស់ នូវបដិបទា ជាដំណើរ​ទៅ​កាន់​ទីរលត់នៃ​ធម៌​ទាំងនេះឡើយ។ ម្នាលភិក្ខុទាំងឡាយ សមណព្រាហ្មណ៍នោះ តថាគត មិនរាប់​ថា​សមណៈ ក្នុងពួកសមណៈផង មិនរាប់ថាព្រាហ្មណ៍ ក្នុងពួក​ព្រាហ្មណ៍ផង ព្រោះ​ថា សមណ​ព្រាហ្មណ៍ មានអាយុ​ទាំងនោះ រមែងមិនធ្វើឲ្យជាក់ច្បាស់ មិនសម្រេច​នូវ​សាមញ្ញផល ឬព្រហ្មញ្ញផល ដោយបញ្ញា ដ៏ឧត្តមរបស់ខ្លួនឯង ក្នុងបច្ចុប្បន្នឡើយ។

[៤១] ម្នាលភិក្ខុទាំងឡាយ ចំណែកខាងពួកសមណព្រាហ្មណ៍ណាមួយ ដឹងច្បាស់​នូវ​ធម៌​ទាំងនេះ ដឹងច្បាស់ នូវហេតុជាទីកើតនៃធម៌ទាំងនេះ ​ដឹងច្បាស់ នូវទីរលត់​នៃធម៌​ទាំងនេះ ដឹងច្បាស់នូវបដិបទា ជាដំណើរទៅកាន់ទីរលត់​នៃធម៌ទាំងនេះ។ សមណព្រាហ្មណ៍​ទាំង​នោះ ដឹងច្បាស់នូវធម៌អ្វី ដឹងច្បាស់នូវហេតុ ជាទីកើត​នៃធម៌អ្វី ដឹងច្បាស់នូវទី​រលត់នៃ​ធម៌​អ្វី ដឹងច្បាស់នូវ​បដិបទា ជាដំណើរទៅកាន់ទីរលត់នៃធម៌អ្វី។ គឺ ដឹងច្បាស់​នូវជរា មរណៈ ដឹង​​ច្បាស់ នូវហេតុជាទីកើតនៃជរាមរណៈ ​ដឹងច្បាស់ នូវទីរលត់​នៃ​ជរាមរណៈ ដឹងច្បាស់​នូវ​បដិបទា ជាដំណើរទៅកាន់ទីរលត់​នៃជរាមរណៈ។ នូវជាតិ។បេ។ នូវភព… នូវ​ឧបាទាន… នូវតណ្ហា… នូវវេទនា… នូវផស្សៈ… នូវសឡាយតនៈ… នូវនាមរូប… នូវ​វិញ្ញាណ… ដឹងច្បាស់នូវសង្ខារទាំងឡាយ ដឹង​ច្បាស់ នូវហេតុជាទី​កើតនៃសង្ខារ ដឹងច្បាស់​នូវទី​​រលត់​នៃសង្ខារ ដឹងច្បាស់នូវ​បដិបទា ជាដំណើរទៅកាន់ទីរលត់នៃសង្ខារ។ សមណ​ព្រាហ្មណ៍​​ទាំងនោះ ដឹងច្បាស់​នូវធម៌ទាំងនេះ ដឹងច្បាស់ នូវ​ហេតុ​ជា​ទី​កើត​នៃ​ធម៌ទាំងនេះ ​ដឹង​​ច្បាស់ នូវទីរលត់​នៃ​ធម៌​ទាំងនេះ ដឹងច្បាស់នូវបដិបទា ជា​ដំណើរ​ទៅ​កាន់​ទី​រលត់​​នៃ​ធម៌​​​ទាំងនេះ។ ម្នាលភិក្ខុទាំងឡាយ សមណព្រាហ្មណ៍ទាំងនោះ ទើបតថាគត រាប់ថា​ជា​សមណៈ ក្នុងពួកសមណៈផង រាប់ថាជាព្រាហ្មណ៍ ក្នុងពួក​ព្រាហ្មណ៍ផង ព្រោះថា​សមណ​ព្រាហ្មណ៍ មានអាយុទាំងនោះ រមែងធ្វើឲ្យជាក់ច្បាស់ សម្រេច​នូវសាមញ្ញផលផង នូវ​ព្រហ្មញ្ញផល​ផង ដោយប្រាជ្ញាដ៏ឧត្តមរបស់ខ្លួនឯង ក្នុងបច្ចុប្បន្ន។ ចប់សូត្រទី៤។

[៤២] ទ្រង់គង់នៅទៀបក្រុងសាវត្ថី… គ្រានោះ ព្រះកច្ចានគោត្រមានអាយុ ចូល​ទៅ​គាល់​ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំ​ព្រះមានព្រះភាគ រួចអង្គុយ​ក្នុង​ទី​សមគួរ។ លុះព្រះកច្ចានគោត្រមានអាយុ អង្គុយក្នុងទីសមគួរហើយ ក៏​ទូលសួរ​ព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ព្រះអង្គតែងត្រាស់ថា សម្មាទិដ្ឋិ សម្មាទិដ្ឋិ ដូច្នេះ បពិត្រព្រះអង្គដ៏ចំរើន ចុះសម្មាទិដ្ឋិ តើកើតមាន ដោយហេតុ​ប៉ុន្មានយ៉ាង។

[៤៣] ម្នាលកច្ចានៈ សត្វលោកនេះ ច្រើនតែអាស្រ័យនូវចំណែក​ពីរយ៉ាងគឺ អត្ថិភាព (សស្សតទិដ្ឋិ) ១ នត្ថិភាព (ឧច្ឆេទទិដ្ឋិ) ១។ ម្នាលកច្ចានៈ នត្ថិភាពក្នុងលោក រមែង​មិនមាន ដល់បុគ្គលដែលឃើញនូវហេតុជាទី​កើតនៃលោក ដោយប្រាជ្ញាដ៏ប្រពៃតាម​ពិតឡើយ។ ម្នាលកច្ចានៈ អត្ថិភាពក្នុងលោក រមែង​មិនមាន ដល់បុគ្គល​ដែល​ឃើញ​នូវ​ទីរលត់នៃលោក ដោយប្រាជ្ញាដ៏ប្រពៃតាម​ពិតឡើយ។ ម្នាលកច្ចានៈ សត្វលោកនេះ ច្រើន​តែជាប់​ចំពាក់​ដោយ​ឧបាយ ឧបាទាន និងសេចក្តីប្រកាន់មាំ ចំណែក​ខាងអរិយសាវ័កនេះ រមែងមិន​ចូល​ទៅដល់ មិនប្រកៀកប្រកាន់ មិនអធិដ្ឋាន នូវឧបាយ និងឧបាទាន នូវការតាំង​ទុកនៃចិត្ត នូវសេចក្តីប្រកាន់មាំ និងអនុសយក្កិលេសនោះៗថា ខ្លួនរបស់​អាត្មាអញ ដូច្នេះឡើយ។ ឧបាទានក្ខន្ធទុក្ខ កាលកើត ក៏កើតឡើង  ឧបាទានក្ខន្ធទុក្ខ កាលរលត់ ក៏រលត់ទៅ ព្រោះ​ហេតុនោះ ទើបអរិយសាវ័កមិនសង្ស័យ មិនងឿងឆ្ងល់​ឡើយ។ ញាណរបស់​អរិយសាវ័ក​នោះ រមែងមានក្នុងឧបាទានក្ខន្ធទុក្ខនុ៎ះ ដោយមិន​បាច់ជឿពាក្យបុគ្គលដទៃឡើយ។ ម្នាល​កច្ចានៈ សម្មាទិដ្ឋិ កើតមានដោយហេតុប៉ុណ្ណេះ​ឯង។

[៤៤] ម្នាលកច្ចានៈ ទីបំផុតទី១នេះ ថា វត្ថុទាំងពួងមាន ទីបំផុតទី២នេះ ថា វត្ថុ​ទាំងពួង​មិនមាន។ ម្នាលកច្ចានៈ តថាគត មិនអាស្រ័យនូវទីបំផុតទាំងពីរនុ៎ះទេ តែង​សំដែងនូវ​ធម៌​ដោយ​បទកណ្តាលថា សង្ខារទាំងឡាយកើតមាន ព្រោះអវិជ្ជាជាបច្ច័យ វិញ្ញាណកើតមាន ព្រោះសង្ខារជាបច្ច័យ។បេ។ ការកើតឡើងព្រមនៃកងទុក្ខទាំងអស់​នុ៎ះ រមែងមានយ៉ាង​នេះ។ ឯការរលត់នៃសង្ខារ ព្រោះការវិនាស និងការរលត់ឥតមានសេស​សល់នៃអវិជ្ជា ការ​រលត់​នៃវិញ្ញាណ ព្រោះការរលត់នៃសង្ខារ។បេ។ ការរលត់នៃកងទុក្ខ​ទាំងអស់នុ៎ះ រមែង​មាន​យ៉ាងនេះ។ ចប់សូត្រ ទី៥។

[៤៥] ទ្រង់គង់នៅទៀបក្រុងសាវត្ថី… គ្រានោះ ភិក្ខុ១រូប ចូលទៅគាល់​ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំ​ព្រះមានព្រះភាគ រួចអង្គុយក្នុងទីសមគួរ។ លុះ​ភិក្ខុនោះ អង្គុយក្នុងទីសមគួរហើយ ក៏ទូល​សួរ​ព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គ​ដ៏ចំរើន ព្រះអង្គតែងត្រាស់ថា ធម្មកថិក ធម្មកថិក (អ្នកសំដែងធម៌ អ្នកសំដែងធម៌) បពិត្រ​ព្រះអង្គដ៏ចំរើន ចុះភិក្ខុ​ជាធម្មកថិក មានដោយហេតុប៉ុន្មានយ៉ាង។

[៤៦] ព្រះអង្គត្រាស់ថា បើភិក្ខុសំដែងធម៌ ដើម្បីការនឿយណាយ ដើម្បី​ការវិនាស ដើម្បី​ការរលត់​នៃជរាមរណៈ ទើបគួរហៅថា ភិក្ខុជាធម្មកថិកបាន។ បើភិក្ខុប្រតិបត្តិ ដើម្បី​ការ​នឿយ​ណាយ ដើម្បីការវិនាស ដើម្បីការរលត់ នៃជរាមរណៈ ទើបគួរហៅថា ភិក្ខុ​អ្នក​ប្រតិបត្តិនូវធម៌សមគួរដល់ធម៌។ បើភិក្ខុមានចិត្តរួចស្រឡះហើយ ព្រោះការនឿយណាយ ព្រោះ​ការវិនាស ព្រោះការរលត់ នៃជរាមរណៈ ព្រោះការមិនប្រកាន់មាំ ទើបគួរហៅថា ភិក្ខុអ្នកដល់​នូវព្រះនិព្វានក្នុងបច្ចុប្បន្ន។ បើភិក្ខុសំដែងធម៌ ដើម្បីការរលត់នៃជាតិ។បេ។ បើភិក្ខុសំដែងធម៌ ដើម្បីការរលត់នៃភព… បើភិក្ខុសំដែងធម៌ ដើម្បីការរលត់នៃឧបាទាន… បើភិក្ខុសំដែងធម៌ ដើម្បីការរលត់នៃតណ្ហា… បើភិក្ខុសំដែងធម៌ ដើម្បីការរលត់នៃវេទនា… បើភិក្ខុសំដែងធម៌ ដើម្បីការរលត់នៃផស្សៈ… បើភិក្ខុសំដែងធម៌ ដើម្បីការរលត់នៃ​សឡាយតនៈ… បើភិក្ខុសំដែងធម៌ ដើម្បីការរលត់នៃនាមរូប… បើភិក្ខុសំដែងធម៌ ដើម្បីការ​រលត់​នៃវិញ្ញាណ… បើភិក្ខុសំដែងធម៌ ដើម្បីការរលត់នៃសង្ខារ… បើ​ភិក្ខុ​សំដែង​ធម៌ ដើម្បី​ការ​នឿយណាយ ដើម្បីការវិនាស ដើម្បី​ការរលត់ នៃអវិជ្ជា ទើបគួរហៅថា ភិក្ខុធម្មកថិក។ បើភិក្ខុប្រតិបត្តិ ដើម្បី​ការនឿយណាយ ដើម្បីការវិនាស ដើម្បីការរលត់ នៃអវិជ្ជា ទើបគួរ​ហៅថា ភិក្ខុ​អ្នក​ប្រតិបត្តិនូវធម៌ សមគួរដល់ធម៌។ បើ​ភិក្ខុ​មាន​ចិត្ត​រួច​ស្រឡះ​ហើយ ព្រោះ​ការ​នឿយណាយ ព្រោះការវិនាស ព្រោះការរលត់ នៃអវិជ្ជា ព្រោះ​ការ​មិន​ប្រកាន់មាំ ទើប​គួរ​ហៅថា ភិក្ខុអ្នកដល់​នូវព្រះនិព្វានក្នុងបច្ចុប្បន្ន។ ចប់សូត្រទី៦។

[៤៧] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់ក្នុងវត្ត​វេឡុវ័ន ជាកលន្ទកនិវាបស្ថាន ជិតក្រុងរាជគ្រឹះ។ គ្រានោះឯង ព្រះមានព្រះភាគ ទ្រង់ស្បង់ ប្រដាប់​បាត្រ និងចីវរ ក្នុងវេលាបុព្វណ្ហសម័យ ហើយស្តេចចូលទៅ​ក្នុងក្រុង​រាជគ្រឹះ ដើម្បី​បិណ្ឌបាត។ អចេលកស្សប បានឃើញព្រះមានព្រះភាគ យាងមក​អំពី​ចម្ងាយលឹមៗ លុះ​ឃើញ​ហើយ ក៏ដើរចូលទៅរកព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ធ្វើ​សេចក្តី​រីករាយ ជាមួយនឹងព្រះមានព្រះភាគ លុះបញ្ចប់​ពាក្យដែលគួររីករាយ និងពាក្យដែលគួរ​រឭក​ហើយ ក៏ឋិតនៅក្នុងទីសមគួរ។

[៤៨] លុះអចេលកស្សប ឋិតនៅក្នុងទីសមគួរហើយ ទើបក្រាបបង្គំទូល​សួរ​ព្រះមាន​ព្រះភាគ​ដូច្នេះថា យើងខ្ញុំនឹងសួរនូវហេតុនីមួយ ចំពោះ​ព្រះគោតមដ៏ចម្រើន បើ​ព្រះគោតម​ដ៏ចម្រើន បើកឱកាសដើម្បីការដោះស្រាយប្រស្នារបស់យើងខ្ញុំ។ ព្រះមានព្រះភាគ ត្រាស់​តបថា កុំអាលសិន កស្សប កាលនេះ ជាកាលមិនគួរដល់​ប្រស្នាទេ ព្រោះយើង​កំពុងចូល​មក​កាន់ចន្លោះផ្ទះ។ អចេលកស្សប ក្រាបបង្គំសួរ​ព្រះមានព្រះភាគ ជាគម្រប់ពីរដងថា យើងខ្ញុំ​នឹងសួរនូវហេតុនីមួយ ចំពោះព្រះគោតម​ដ៏ចម្រើន បើព្រះគោតមដ៏ចម្រើន បើក​ឱកាស​ដើម្បីការដោះស្រាយ នូវប្រស្នារបស់យើងខ្ញុំ។ កុំអាលសិន កស្សប កាលនេះ ជា​កាល​មិនគួរ ដល់​ប្រស្នាទេ ព្រោះយើងកំពុងចូលមកកាន់ចន្លោះផ្ទះ។ អចេលកស្សប ក្រាប​បង្គំ​សួរ​ ជាគម្រប់បីដង។បេ។ ព្រោះយើងកំពុងចូលមកកាន់ចន្លោះផ្ទះ។

[៤៩] លុះព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ អចេលកស្សប ក៏​ក្រាបបង្គំ​ទូល​ព្រះមានព្រះភាគ ដូច្នេះថា យើងខ្ញុំមិនមានបំណង ដើម្បីសួរព្រះគោតមដ៏ចម្រើន​ច្រើន​រឿងទេ។ ម្នាលកស្សប អ្នកប្រាថ្នានឹងសួរនូវ​ហេតុណា ចូរសួរចុះ។ បពិត្រព្រះគោតម​ដ៏​ចំរើន សេចក្តីទុក្ខ គឺបុគ្គលធ្វើដោយខ្លួនឯង ឬអ្វី។ ព្រះមានព្រះភាគ ត្រាស់ថា កុំពោល​យ៉ាង​នេះឡើយ កស្សប។ បពិត្រព្រះគោតមដ៏ចំរើន បើដូច្នោះ សេចក្តីទុក្ខ គឺបុគ្គលដទៃ​ធ្វើឲ្យ​ឬ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា  កុំពោលយ៉ាងនេះឡើយ កស្សប។ បពិត្រ​ព្រះគោតម​ដ៏ចំរើន សេចក្តីទុក្ខ គឺបុគ្គលធ្វើដោយខ្លួនឯងផង បុគ្គលដទៃធ្វើឲ្យផង ឬអ្វី។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា កុំពោលយ៉ាងនេះឡើយ កស្សប។ បពិត្រព្រះគោតម​ដ៏​ចំរើន បើដូច្នោះ សេចក្តីទុក្ខ មិនមែនជាអំពើរបស់ខ្លួនឯង មិនមែនជាអំពើរបស់អ្នកដទៃទេ គឺកើតឡើងដោយឥត​ហេតុ ឬអ្វី។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា កុំពោលយ៉ាងនេះ​ឡើយ កស្សប។ បពិត្រព្រះគោតមដ៏ចំរើន សេចក្តីទុក្ខ មិនមានទេឬ។ ម្នាលកស្សប សេចក្តីទុក្ខ មិនមែន​ជាមិនមានទេ ម្នាលកស្សប សេចក្តីទុក្ខ មានដោយពិត។ បើដូច្នោះ មានតែ​ព្រះគោតមដ៏ចំរើន មិនស្គាល់ មិនឃើញសេចក្តីទុក្ខទេឬ។ ម្នាលកស្សប តថាគត មិនមែនជាមិនស្គាល់ មិនឃើញសេចក្តីទុក្ខទេ ម្នាលកស្សប តថាគត ស្គាល់​សេចក្តីទុក្ខ ដោយពិត ម្នាលកស្សប តថាគត ឃើញសេចក្តីទុក្ខដោយពិត។ ចុះកាលដែលខ្ញុំសួរថា បពិត្រ​ព្រះគោតមដ៏ចំរើន សេចក្តីទុក្ខ គឺបុគ្គលធ្វើដោយខ្លួនឯង ឬអ្វី។ ព្រះអង្គ ត្រាស់ថា កុំពោលយ៉ាងនេះឡើយ កស្សប កាលដែលខ្ញុំសួរថា បពិត្រព្រះគោតមដ៏ចំរើន បើដូច្នោះ សេចក្តីទុក្ខ គឺបុគ្គលដទៃធ្វើឲ្យឬ ព្រះអង្គ ត្រាស់ថា  កុំពោលយ៉ាងនេះឡើយ កស្សប កាលដែលខ្ញុំសួរថា បពិត្រព្រះគោតមដ៏ចំរើន សេចក្តីទុក្ខ គឺបុគ្គលធ្វើដោយខ្លួនឯងផង បុគ្គលដទៃធ្វើឲ្យផងឬ ព្រះអង្គ ត្រាស់ថា កុំពោលយ៉ាងនេះឡើយ កស្សប កាលដែលខ្ញុំ​សួរថា បពិត្រព្រះគោតមដ៏ចំរើន បើដូច្នោះ សេចក្តីទុក្ខ មិនមែនជាអំពើរបស់ខ្លួនឯង មិន​មែនជាអំពើរបស់បុគ្គលដទៃ គឺកើតឡើងដោយឥត​ហេតុឬ ព្រះអង្គត្រាស់ថា កុំពោល​យ៉ាង​នេះឡើយ កស្សប កាលដែលខ្ញុំសួរថា បពិត្រព្រះគោតមដ៏ចំរើន សេចក្តីទុក្ខ មិន​មាន​ទេឬ ព្រះអង្គត្រាស់ថា ម្នាលកស្សប សេចក្តីទុក្ខ មិនមែន​ជាមិនមានទេ ម្នាលកស្សប សេចក្តីទុក្ខ មានដោយពិត កាលដែលខ្ញុំសួរថា បើដូច្នោះ មានតែ​ព្រះគោតមដ៏ចំរើន មិន​ស្គាល់ មិនឃើញសេចក្តីទុក្ខឬ ព្រះអង្គត្រាស់ថា ម្នាលកស្សប តថាគត មិនមែន​ជាមិន​ស្គាល់ មិនឃើញសេចក្តីទុក្ខទេ ម្នាលកស្សប តថាគត ស្គាល់​សេចក្តីទុក្ខ ដោយពិត ម្នាល​កស្សប តថាគត ឃើញសេចក្តីទុក្ខដោយពិត បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ ប្រាប់សេចក្តីទុក្ខ ដល់ខ្ញុំផង បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ សំដែង​សេចក្តី​ទុក្ខ​ដល់ខ្ញុំផង។

[៥០] ម្នាលកស្សប កាលបើមានសេចក្តីយល់ឃើញខាងដើមថា គេធ្វើ គេក៏​ទទួលផល ដូច្នេះ លទ្ធិថា សេចក្តីទុក្ខ គឺបុគ្គលធ្វើដោយខ្លួនឯង ក៏នឹងមាន បុគ្គល​កាលពោល​យ៉ាង​នេះ ឈ្មោះថា ប្រកាន់នូវសស្សតទិដ្ឋិនុ៎ះ។ ម្នាលកស្សប កាលបើ​មានសេចក្តីយល់ឃើញ​ខាង​ដើមថា អ្នកដទៃធ្វើ អ្នកឯទៀត​ទទួលផល ដូច្នេះ បុគ្គលដែល​ត្រូវវេទនាគ្របសង្កត់ ក៏នឹងមានលទ្ធិថា សេចក្តីទុក្ខ គឺបុគ្គលដទៃធ្វើ បុគ្គល​កាលពោល​យ៉ាងនេះ ឈ្មោះថា ប្រកាន់​នូវឧច្ឆេទទិដ្ឋិនុ៎ះ។ ម្នាលកស្សប តថាគត មិនប្រកាន់​នូវទីបំផុតទាំងពីរនុ៎ះឡើយ តែងសំដែងធម៌ដោយបទកណ្តាលថា សង្ខារទាំងឡាយកើត​មាន ព្រោះអវិជ្ជាជាបច្ច័យ វិញ្ញាណកើតមាន ព្រោះសង្ខារជាបច្ច័យ។បេ។ ការកើតឡើង​ព្រមនៃកងទុក្ខទាំងអស់នុ៎ះ រមែងមានយ៉ាងនេះ។ ការរលត់នៃសង្ខារ ព្រោះ​ការវិនាស និងការរលត់ឥតសេសសល់ នៃអវិជ្ជា ការរលត់នៃវិញ្ញាណ ព្រោះការរលត់នៃសង្ខារ។បេ។ ការរលត់នៃកងទុក្ខ​ទាំងអស់​នុ៎ះ រមែង​មានយ៉ាងនេះ។

[៥១] លុះព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ អចេលកស្សប ក៏ក្រាបបង្គំ​ទូល​ព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ភ្លឺច្បាស់ណាស់ បពិត្រព្រះអង្គដ៏ចំរើន ភ្លឺច្បាស់​ណាស់ បពិត្រព្រះអង្គដ៏ចំរើន ប្រៀបដូចបុគ្គល​ផ្ងារឡើង នូវ​វត្ថុដែលផ្កាប់។បេ។ ដោយ​គិតថា ពួកបុគ្គលមានភ្នែកភ្លឺ នឹងឃើញរូបបាន យ៉ាងណាមិញ ធម៌ដែល​ព្រះមានព្រះភាគ ទ្រង់សំដែងហើយ ដោយអនេកបរិយាយ ក៏​យ៉ាងនោះឯង បពិត្រ​ព្រះអង្គ​ដ៏ចំរើន ខ្ញុំព្រះអង្គនេះ សូមដល់​នូវ​ព្រះមានព្រះភាគផង ព្រះធម៌ផង ព្រះភិក្ខុសង្ឃ​ផង ជាទីរឭក បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំ​ព្រះអង្គ សូមបាន​នូវបព្វជ្ជា សូមបាននូវ​ឧបសម្បទា ក្នុងសំណាក់​នៃព្រះមានព្រះភាគ។ ព្រះមានព្រះភាគ​ត្រាស់ថា ម្នាលកស្សប បុគ្គលណា​ធ្លាប់ជា​អន្យតិរ្ថិយ ប្រាថ្នានូវបព្វជ្ជា ប្រាថ្នានូវឧបសម្បទា ក្នុងធម្មវិន័យនេះ បុគ្គលនោះ តែងនៅបរិវាស អស់៤ខែសិន លុះ​បុគ្គលនោះបាននៅបរិវាសកន្លង៤ខែហើយ ពួកភិក្ខុ​ដែល​មានចិត្តប្រោសប្រាណ កាលបើ​ប្រាថ្នា ទើបបំបួស ទើបឲ្យឧបសម្បទា ដើម្បី​ភិក្ខុ​ភាពបាន ម្យ៉ាងទៀត តថាគត បានដឹង​ច្បាស់នូវ​ការផ្សេង នៃបុគ្គលដែលគួរ​នៅបរិវាស និង​មិនគួរនៅបរិវាស។ អចេលកស្សប​ទូល​ថា បពិត្រព្រះអង្គដ៏ចំរើន បើបុគ្គលទាំងឡាយ ធ្លាប់ជាអន្យតិរ្ថិយ ប្រាថ្នានូវបព្វជ្ជា ប្រាថ្នានូវឧបសម្បទា ក្នុងធម្មវិន័យនេះ តែងនៅ​បរិវាស​អស់ ៤ខែសិន លុះបុគ្គល​នោះ បាននៅបរិវាសកន្លង៤ខែហើយ ពួកភិក្ខុដែលមានចិត្ត​ប្រោស​ប្រាណ កាលបើប្រាថ្នា ទើប​បំបួស ទើបឲ្យឧបសម្បទា ដើម្បីភិក្ខុភាពបាន ឯខ្ញុំ​ព្រះអង្គ​នឹងហ៊ាននៅបរិវាសអស់​ ៤ឆ្នាំ លុះខ្ញុំព្រះអង្គបាននៅបរិវាសកន្លង ៤ឆ្នាំហើយ សូម​ពួក​​ភិក្ខុដែល​មានចិត្តប្រោសប្រាណ​បំបួស ឲ្យឧបសម្បទា ដើម្បីភិក្ខុភាពឲ្យទាន។

[៥២] អចេលកស្សប ក៏បានបព្វជ្ជា បានឧបសម្បទា ក្នុងសំណាក់នៃ​ព្រះមានព្រះភាគ។ លុះ​កស្សបមានអាយុ បានឧបសម្បទាហើយ មិនយូរប៉ុន្មាន ក៏ចៀស​ចេញទៅតែម្នាក់ឯង ជា​អ្នក​មិនប្រមាទ មានព្យាយាម ជាគ្រឿង​កំដៅនូវកិលេស មាន​ចិត្តស្លុង (ទៅកាន់​ព្រះនិព្វាន) កុលបុត្តទាំងឡាយ ចេញចាកផ្ទះ ចូលទៅ​កាន់ផ្នួសដោយប្រពៃ ដើម្បី​ប្រយោជន៍ ដល់អនុត្តរធម៌ណា មិនយូរប៉ុន្មាន លោកក៏បាន​ធ្វើឲ្យជាក់ច្បាស់ សម្រេច​នូវ​អនុត្តរធម៌ ដែល​ជាទីបំផុតនៃព្រហ្មចរិយធម៌នោះ ដោយប្រាជ្ញា​ ដ៏ឧត្តមដោយខ្លួនឯង ក្នុង​បច្ចុប្បន្ន ហើយក៏បានដឹងច្បាស់ថា ជាតិ (របស់​អាត្មាអញ) អស់ហើយ មគ្គព្រហ្មចរិយៈ អាត្មាអញ បាននៅរួចហើយ សោឡសកិច្ច អាត្មាអញ បានធ្វើស្រេចហើយ មគ្គភាវនាកិច្ច​ដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះ​ទៀត មិនមានឡើយ។ បណ្តាព្រះអរហន្ត​ទាំង​ឡាយ ព្រះកស្សបមានអាយុ ក៏រាប់ថាជា​ព្រះអរហន្តមួយអង្គដែរ។ ចប់សូត្រទី៧។

[៥៣] ទ្រង់គង់នៅទៀបក្រុងសាវត្ថី… គ្រានោះ បរិព្វាជក ឈ្មោះតិម្ពរុក្ខ ចូល​ទៅរក​ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹងព្រះមានព្រះភាគ លុះបញ្ចប់ពាក្យដែល​គួររីករាយ និងពាក្យដែលគួរ​រឭកហើយ ក៏អង្គុយក្នុងទីសមគួរ។

[៥៤] លុះតិម្ពរុក្ខ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំសួរព្រះមានព្រះភាគ ដូច្នេះថា បពិត្រ​ព្រះគោតមដ៏ចំរើន សេចក្តីសុខ និងទុក្ខ គឺបុគ្គលធ្វើដោយខ្លួនឯង ឬអ្វី។ ព្រះមាន​ព្រះភាគ ទ្រង់ត្រាស់តបថា កុំពោលយ៉ាងនេះឡើយ តិម្ពរុក្ខ។ បពិត្រ​ព្រះគោតម​ដ៏ចំរើន បើ​ដូច្នោះ សេចក្តីសុខ និងទុក្ខ គឺបុគ្គលដទៃធ្វើឲ្យឬ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា កុំពោលយ៉ាងនេះឡើយ តិម្ពរុក្ខ។ បពិត្រព្រះគោតមដ៏ចំរើន សេចក្តីសុខ និងទុក្ខ គឺបុគ្គល​ធ្វើដោយខ្លួនឯងផង បុគ្គលដទៃធ្វើឲ្យផង ឬអ្វី។ ព្រះមានព្រះភាគ ត្រាស់​ថា កុំពោល​យ៉ាងនេះឡើយ តិម្ពរុក្ខ។ បពិត្រព្រះគោតមដ៏ចំរើន បើដូច្នោះ សេចក្តីសុខ និងទុក្ខ មិនមែនជាអំពើរបស់ខ្លួនឯង មិនមែនជាអំពើរបស់បុគ្គលដទៃ គឺកើតឡើង​ដោយ​ឥត​​ហេតុ​ទេ ឬអ្វី។ ព្រះមានព្រះភាគ ត្រាស់ថា កុំពោលយ៉ាងនេះឡើយ តិម្ពរុក្ខ។ បពិត្រ​ព្រះគោតម​ដ៏​ចំរើន សេចក្តីសុខ និងទុក្ខ មិនមានទេឬ។ ម្នាលតិម្ពរុក្ខ សេចក្តីសុខ និងទុក្ខ មិនមែន​ជាមិនមានទេ ម្នាលតិម្ពរុក្ខ សេចក្តីសុខ និងទុក្ខ មានដោយពិត។ បើដូច្នោះ មានតែ​ព្រះគោតមដ៏ចំរើន មិនស្គាល់ មិនឃើញសេចក្តីសុខ និងទុក្ខទេ។ ម្នាលតិម្ពរុក្ខ តថាគត មិនមែនមិនស្គាល់ មិនឃើញសេចក្តីសុខ និងទុក្ខទេ ម្នាលតិម្ពរុក្ខ តថាគត ស្គាល់​សេចក្តី​សុខ និងទុក្ខ ដោយពិត ម្នាលតិម្ពរុក្ខ តថាគត ឃើញសេចក្តី​សុខ និងទុក្ខ ដោយពិត។ ចុះ​កាល​ដែលខ្ញុំសួរថា បពិត្រព្រះគោតមដ៏ចំរើន សេចក្តីសុខ និងទុក្ខ គឺបុគ្គលធ្វើ​ដោយ​ខ្លួនឯង ឬអ្វី ព្រះអង្គត្រាស់ថា កុំពោលយ៉ាងនេះឡើយ តិម្ពរុក្ខ កាលដែលខ្ញុំសួរថា បពិត្រ​ព្រះគោតម​ដ៏ចំរើន បើដូច្នោះ សេចក្តីសុខ និងទុក្ខ គឺបុគ្គលដទៃធ្វើឲ្យឬ ព្រះអង្គត្រាស់ថា  កុំពោលយ៉ាងនេះឡើយ តិម្ពរុក្ខ កាល​ដែលខ្ញុំសួរថា បពិត្រព្រះគោតមដ៏ចំរើន សេចក្តីសុខ និងទុក្ខ គឺបុគ្គលធ្វើដោយខ្លួនឯងផង បុគ្គលដទៃធ្វើឲ្យផងឬអ្វី ព្រះអង្គត្រាស់ថា កុំពោល​យ៉ាងនេះឡើយ តិម្ពរុក្ខ កាលដែលខ្ញុំ​សួរថា បពិត្រព្រះគោតមដ៏ចំរើន បើដូច្នោះ សេចក្តី​សុខ និងទុក្ខ មិនមែនជា​អំពើ​របស់​ខ្លួនឯង មិនមែនជាអំពើរបស់បុគ្គលដទៃ គឺកើតឡើង​ដោយ​ឥត​ហេតុទេឬអ្វី ព្រះអង្គត្រាស់​ថា កុំពោលយ៉ាងនេះឡើយ តិម្ពរុក្ខ កាលដែល​ខ្ញុំសួរថា បពិត្រព្រះគោតមដ៏ចំរើន សេចក្តីសុខ និងទុក្ខ មិនមានទេឬ ព្រះអង្គត្រាស់ថា ម្នាលតិម្ពរុក្ខ សេចក្តីសុខ និងទុក្ខ មិនមែន​ជាមិនមានទេ ម្នាលតិម្ពរុក្ខ សេចក្តីសុខ និងទុក្ខ មានដោយពិត កាលដែលខ្ញុំសួរថា បើដូច្នោះ មានតែ​ព្រះគោតមដ៏ចំរើន មិនស្គាល់ មិន​ឃើញសេចក្តីសុខ និងទុក្ខទេ ព្រះអង្គត្រាស់ថា ម្នាលតិម្ពរុក្ខ តថាគត មិនមែនជា​មិនស្គាល់ មិនឃើញសេចក្តីសុខ និងទុក្ខទេ ម្នាលតិម្ពរុក្ខ តថាគត ស្គាល់​សេចក្តីសុខ និងទុក្ខ ដោយពិត ម្នាលតិម្ពរុក្ខ តថាគត ឃើញសេចក្តីសុខ និងទុក្ខដោយពិត សូមព្រះគោតម​ដ៏​ចំរើន ប្រាប់សេចក្តីសុខ និងទុក្ខ ដល់ខ្ញុំព្រះអង្គផង សូម​ព្រះគោតម​ដ៏ចំរើន សំដែង​សេចក្តី​សុខ និងទុក្ខដល់ខ្ញុំព្រះអង្គផង។

[៥៥] ម្នាលតិម្ពរុក្ខ កាលបើមានសេចក្តីយល់ឃើញខាងដើមថា វេទនានោះ ក៏គឺអ្នក​នោះ​ទទួល ដូច្នេះ លទ្ធិថា សេចក្តីសុខ និងទុក្ខ គឺបុគ្គលធ្វើដោយខ្លួនឯង ក៏នឹងមាន ឯតថាគត មិនពោល​យ៉ាងនេះទេ។ ម្នាលតិម្ពរុក្ខ កាលបើ​មានសេចក្តីយល់ឃើញ​ខាងដើមថា វេទនា​ដទៃ អ្នកដទៃទទួល ដូច្នេះ បុគ្គលដែល​ត្រូវវេទនាគ្របសង្កត់ ក៏នឹងមាន លទ្ធិថា សេចក្តី​សុខ និងទុក្ខ គឺអ្នកដទៃធ្វើឲ្យ ឯតថាគត មិនពោល​យ៉ាងនេះទេ។ ម្នាលតិម្ពរុក្ខ តថាគត មិនប្រកាន់​នូវទីបំផុតទាំងពីរនុ៎ះឡើយ តែងសំដែងធម៌ ដោយបទកណ្តាលថា សង្ខារទាំង​ឡាយ​កើត​មាន ព្រោះអវិជ្ជាជាបច្ច័យ វិញ្ញាណកើតមាន ព្រោះសង្ខារជាបច្ច័យ។បេ។ ការ​កើត​ឡើង​ព្រម នៃកងទុក្ខទាំងអស់នុ៎ះ រមែងមានយ៉ាងនេះ។ ការរលត់នៃសង្ខារ ព្រោះ​ការវិនាស និងការរលត់ ឥតសេសសល់ នៃអវិជ្ជា ការរលត់នៃវិញ្ញាណ ព្រោះការរលត់​នៃ​សង្ខារ។បេ។ ការរលត់នៃកងទុក្ខ​ទាំងអស់នុ៎ះ រមែង​មានយ៉ាងនេះ។

[៥៦] លុះព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ តិម្ពរុក្ខបរិព្វាជក ក៏ក្រាបបង្គំ​ទូល​ព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះគោតមដ៏ចំរើន ភ្លឺច្បាស់ណាស់ បពិត្រព្រះគោតម​ដ៏​ចំរើន ភ្លឺច្បាស់ណាស់។បេ។ បពិត្រព្រះគោតមដ៏ចំរើន ខ្ញុំព្រះអង្គនេះ សូមដល់​នូវ​ព្រះគោតម​ដ៏ចម្រើនផង ព្រះធម៌ផង ព្រះភិក្ខុសង្ឃផង ជាទីរឭក សូម​ព្រះគោតមដ៏ចម្រើន ចាំទុកនូវ​ខ្ញុំព្រះអង្គ ថាជាឧបាសក ដល់នូវសរណគមន៍ ស្មើដោយជីវិត តាំង​អំពីថ្ងៃ​នេះ​រៀងទៅ។ ចប់សូត្រទី៨។

[៥៧] ទ្រង់គង់នៅទៀបក្រុងសាវត្ថី… ម្នាលភិក្ខុទាំងឡាយ បុគ្គលពាល ដែល​មាន​អវិជ្ជា​ជាគ្រឿងរារាំង ដែលប្រកបដោយតណ្ហា រមែង​មានកាយ គឺបដិសន្ធិនេះ កើតឡើង​យ៉ាង​នេះឯង [អដ្ឋកថាចារ្យ លោកពន្យល់ថា កាយកើតឡើងដោយសារអវិជ្ជា និង​តណ្ហា។] ដ្បិត ផស្សៈ រមែងកើតឡើង ព្រោះអាស្រ័យនូវធម៌ជាគូៗនឹងគ្នានុ៎ះ យ៉ាង​នេះ គឺ​កាយ​នេះ​ផង [បានខាងកាយ មានវិញ្ញាណរបស់ខ្លួនឯង។] នាមរូបខាងក្រៅផង [បានខាង​កាយ​មាន​វិញ្ញាណរបស់អ្នកដទៃ។] បុគ្គលពាលដែល​ផស្សាយតនៈ [សំដៅយក​អាយតនៈ ៦ ទាំងខាងក្នុង ទាំងខាងក្រៅ។]ទាំង៦ ឬក៏បណ្តាផស្សាយតនៈទាំងនោះ ណាមួយ ពាល់​ត្រូវហើយ រមែងទទួលនូវសុខ និងទុក្ខ។ ម្នាលភិក្ខុទាំងឡាយ បុគ្គល​ជាបណ្ឌិត ដែល​មាន​អវិជ្ជា ជាគ្រឿងរារាំង ដែលប្រកបដោយតណ្ហា រមែង​មានកាយនេះ កើតឡើង​យ៉ាងនេះ​ឯង ដ្បិតផស្សៈរមែងកើតឡើង ព្រោះអាស្រ័យនូវធម៌ជាគូៗនឹងគ្នានុ៎ះ យ៉ាងនេះ គឺកាយ​នេះផង នាមរូបខាងក្រៅផង បុគ្គលជាបណ្ឌិត ដែលផស្សាយតនៈទាំង​៦ ឬក៏ បណ្តា​ផស្សាយតនៈទាំងនុ៎ះ ណាមួយ ពាល់ត្រូវហើយ រមែងទទួលនូវ​សុខ និងទុក្ខ។

[៥៨] ម្នាលភិក្ខុទាំងឡាយ ក្នុងដំណើរនោះ បណ្ឌិត និងពាល តើមានសេចក្តីវិសេស​ដូច​ម្តេច មានសេចក្តីអធិប្បាយដូចម្តេច មានសេចក្តីផ្សេង​គ្នាដូចម្តេច។ ភិក្ខុទាំងនោះ ក្រាប​បង្គំ​ទូលតបថា បពិត្រព្រះអង្គដ៏ចំរើន ធម៌ទាំងឡាយ (នេះ) មាន​ព្រះមានព្រះភាគ​ជា​ឫសគល់ មាន​ព្រះមានព្រះភាគ ជាអ្នកណែនាំ មាន​ព្រះមានព្រះភាគជាទីពឹង របស់​យើង​ខ្ញុំ បពិត្រព្រះអង្គដ៏ចំរើន យើងខ្ញុំសូមអង្វរ សូម​ព្រះមានព្រះភាគ បំភ្លឺនូវសេចក្តីនៃ​ភាសិត​នុ៎ះ ដល់ខ្ញុំព្រះអង្គឲ្យទាន ភិក្ខុទាំងឡាយ បាន​ស្តាប់​ព្រះមានព្រះភាគហើយ នឹងចងចាំ​ទុក។ ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ ចូរអ្នក​ទាំងឡាយប្រុងចាំស្តាប់ ចូរធ្វើទុកក្នុងចិត្ត​ដោយ​ប្រពៃចុះ តថាគត នឹងសំដែង​ប្រាប់។ ភិក្ខុទាំងនោះទទួល​ព្រះពុទ្ធដីកា​ព្រះមាន​ព្រះភាគ​ថា ព្រះករុណា ព្រះអង្គ។

[៥៩] ព្រះមានព្រះភាគទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ បុគ្គលពាល ដែល​អវិជ្ជាណាបិទបាំងទុកផង ដែលតណ្ហាណាប្រកបទុកផង ទើបកាយនេះកើតឡើង បុគ្គល​ពាលមិនបានលះបង់អវិជ្ជានោះផង មិនទាន់អស់តណ្ហានោះផង ដំណើរនោះ តើព្រោះ​ហេតុដូចម្តេច ម្នាលភិក្ខុទាំងឡាយ ព្រោះថា បុគ្គលពាល មិនបានប្រព្រឹត្តមគ្គព្រហ្ម​ចរិយៈ ដើម្បីការអស់នៃទុក្ខ ដោយប្រពៃទេ ព្រោះហេតុនោះ បុគ្គលពាល លុះបែកធ្លាយរាងកាយ​ទៅហើយ ក៏ចូល​ទៅចាប់បដិសន្ធិកាយ (ផ្សេងទៀត) កាលបុគ្គលពាលនោះ ចូលទៅចាប់​បដិសន្ធិកាយ (ផ្សេងទៀត) រមែងមិនរួចស្រឡះ ចាកជាតិ ជរា មរណៈ សេចក្តីសោក សេចក្តីខ្សឹកខ្សួល សេចក្តីលំបាកកាយ លំបាកចិត្ត សេចក្តីចង្អៀតចង្អល់ចិត្ត តថាគត​ពោលថា បុគ្គលពាលនោះ មិនរួចស្រឡះចាកវដ្តទុក្ខឡើយ។ ម្នាលភិក្ខុទាំងឡាយ បុគ្គល​ជាបណ្ឌិត ដែល​អវិជ្ជាណាបិទបាំងទុកផង ដែលតណ្ហាណាប្រកបទុកផង ទើបកាយ​នេះ​កើតឡើង តែបុគ្គលជាបណ្ឌិត បានលះបង់អវិជ្ជានោះចេញផង ធ្វើឲ្យអស់តណ្ហានោះផង ដំណើរនោះ ព្រោះ​ហេតុដូចម្តេច ម្នាលភិក្ខុទាំងឡាយ ព្រោះបណ្ឌិត បាន​ប្រព្រឹត្ត​មគ្គ​ព្រហ្ម​ចរិយៈ ដើម្បីការអស់នៃទុក្ខ ដោយប្រពៃ ព្រោះហេតុនោះ បណ្ឌិត លុះបែកធ្លាយ​រាងកាយ​ទៅហើយ មិនចូល​ទៅចាប់បដិសន្ធិកាយទៀតឡើយ កាលបណ្ឌិតនោះ មិនបានចូលទៅ​ចាប់​បដិសន្ធិកាយទៀត រមែងរួចស្រឡះ ចាកជាតិ ជរា មរណៈ សេចក្តីសោក សេចក្តី​ខ្សឹកខ្សួល សេចក្តីលំបាកកាយ សេចក្តីលំបាកចិត្ត សេចក្តីចង្អៀតចង្អល់ចិត្ត តថាគត​ពោល​ថា បណ្ឌិតនោះ រមែងរួច​ស្រឡះ ចាកវដ្តទុក្ខបាន។ ម្នាលភិក្ខុទាំងឡាយ ការប្រព្រឹត្ត​មគ្គព្រហ្មចរិយៈណា នេះឯង ជាសេចក្តី​វិសេស នេះឯង ជាសេចក្តីអធិប្បាយ នេះឯងជា​សេចក្តី​ផ្សេងគ្នា នៃបណ្ឌិត និងពាល។ ចប់សូត្រទី៩។

[៦០] ទ្រង់គង់នៅទៀបក្រុងសាវត្ថី… ម្នាលភិក្ខុទាំងឡាយ តថាគតនឹង​សំដែង​នូវ​បដិច្ចសមុប្បាទធម៌ផង [ការកើតឡើងនៃហេតុ ព្រោះអាស្រ័យគ្នា ក្នុងទីនេះ សំដៅយក​បច្ច័យ មានអវិជ្ជាជាដើម។] នូវបដិច្ចសមុប្បន្នធម៌ [សភាវធម៌ ដែល​កើតឡើង​ហើយ ព្រោះ​អាស្រ័យ​បច្ច័យ។] ផង ដល់អ្នកទាំងឡាយ ចូរអ្នក​ទាំងឡាយ ប្រុងស្តាប់នូវ​សេចក្តីនោះ ចូរយកចិត្តទុកដាក់ ដោយប្រពៃចុះ តថាគត នឹងសំដែងប្រាប់។ ភិក្ខុទាំងនោះ ទទួល​ព្រះពុទ្ធដីកាព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ។

[៦១] ព្រះមានព្រះភាគទ្រង់ត្រាស់ ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ ចុះបដិច្ចសមុប្បាទធម៌ តើដូចម្តេច ម្នាលភិក្ខុទាំងឡាយ ជរា មរណៈកើតមាន ព្រោះជាតិ​ជាបច្ច័យ ព្រះតថាគត កើតឡើងក្តី ព្រះតថាគត មិនទាន់​កើតឡើងក្តី ធាតុ [សភាពនៃ​ធម៌ ដែលជាតួបច្ច័យ ហៅថា ធាតុ។] នោះ ធម្មដ្ឋិតិ [ធម៌កើតឡើងអំពីបច្ច័យ អាស្រ័យគ្នា ហើយឋិតនៅ ហៅថា ធម្មដ្ឋិតិ។] នោះ ធម្មនិយាម [បច្ច័យដែលកំណត់នូវធម៌ ហៅថា ធម្មនិយាម។] នោះ ឥទប្បច្ច័យ [បច្ច័យនៃធម៌ មានជរាមរណៈ ជាដើមនេះ ហៅថា ឥទប្បច្ច័យ។] នោះ តែង​ឋិតនៅជាធម្មតា តថាគត ត្រាស់ដឹង យល់ច្បាស់នូវបច្ច័យនោះ លុះត្រាស់ដឹង យល់​ច្បាស់ហើយ ទើបប្រាប់​សំដែង ពន្យល់ តែងតាំង បើកបង្ហាញ ចែករលែក ធ្វើឲ្យរាក់ ហើយប្រាប់ថែមថា អ្នកទាំងឡាយ ចូរមើលចុះ។ ម្នាលភិក្ខុទាំងឡាយ ជរាមរណៈ​កើត​មាន ព្រោះជាតិជាបច្ច័យ។បេ។ ម្នាលភិក្ខុទាំងឡាយ ជាតិ​កើតមាន ព្រោះភពជាបច្ច័យ… ម្នាលភិក្ខុទាំងឡាយ ភពកើត​មាន ព្រោះឧបាទានជាបច្ច័យ… ម្នាលភិក្ខុទាំងឡាយ ឧបាទាន​​កើតមាន ព្រោះតណ្ហា​ជាបច្ច័យ… ម្នាលភិក្ខុទាំងឡាយ តណ្ហាកើតមាន ព្រោះ​វេទនា​ជាបច្ច័យ… ម្នាលភិក្ខុទាំងឡាយ វេទនាកើតមាន ព្រោះផស្សៈជាបច្ច័យ… ម្នាលភិក្ខុ​ទាំងឡាយ ផស្សៈ​កើតមាន ព្រោះសឡាយតនៈជាបច្ច័យ… ម្នាលភិក្ខុទាំងឡាយ សឡាយតនៈ​​កើតមាន ព្រោះនាមរូបជាបច្ច័យ… ម្នាលភិក្ខុទាំងឡាយ នាមរូបកើតមាន ព្រោះ​វិញ្ញាណជាបច្ច័យ… ម្នាលភិក្ខុទាំងឡាយ វិញ្ញាណកើតមាន ព្រោះសង្ខារជាបច្ច័យ… ម្នាលភិក្ខុទាំងឡាយ សង្ខារទាំងឡាយកើតមាន ព្រោះអវិជ្ជាជាបច្ច័យ ព្រះតថាគត​កើត​ឡើងក្តី ព្រះតថាគត​មិន​ទាន់កើតឡើងក្តី ធាតុនោះ ធម្មដ្ឋិតិនោះ ធម្មនិយាមនោះ ឥទប្បច្ច័យ​នោះ តែង​ឋិត​នៅជាធម្មតា តថាគត ត្រាស់ដឹង យល់ច្បាស់ នូវបច្ច័យនោះ លុះត្រាស់ដឹង យល់ច្បាស់ហើយ ទើបប្រាប់​ សំដែង ពន្យល់ តែងតាំង បើកបង្ហាញ ចែករំលែក ធ្វើឲ្យរាក់ ហើយប្រាប់ថែមថា អ្នកទាំងឡាយ ចូរមើលចុះ។ ម្នាលភិក្ខុ​ទាំង​ឡាយ សង្ខារទាំងឡាយ កើតមាន ព្រោះអវិជ្ជាជាបច្ច័យ។ ម្នាលភិក្ខុទាំងឡាយ ធម្មជាត​ណា ជារបស់ពិត ទៀតទាត់ មិនប្រែប្រួល មានសភាវៈនេះជាបច្ច័យ ក្នុងធម៌នោះ ម្នាលភិក្ខុ​ទាំង​ឡាយ នេះហៅថា បដិច្ចសមុប្បាទធម៌ ដោយប្រការដូច្នេះឯង។

[៦២] ម្នាលភិក្ខុទាំងឡាយ ចុះបដិច្ចសមុប្បន្នធម៌ទាំងឡាយ តើដូចម្តេច ម្នាលភិក្ខុទាំង​ឡាយ ជរាមរណៈ មិនទៀង ជាធម្មជាតដែលបច្ច័យប្រជុំតាក់តែង កើត​ព្រោះ​អាស្រ័យ​បច្ច័យ ជាធម្មជាតតែងអស់ជាធម្មតា សូន្យជាធម្មតា វិនាសជាធម្មតា រលត់​ជាធម្មតា។ ម្នាលភិក្ខុ​ទាំងឡាយ ជាតិ មិនទៀង ជាធម្មជាតិដែលបច្ច័យប្រជុំតាក់តែង កើត​ព្រោះ​អាស្រ័យ​បច្ច័យ ជាធម្មជាតិតែងអស់ជាធម្មតា សូន្យជាធម្មតា វិនាសជាធម្មតា រលត់​ជាធម្មតា។ ម្នាលភិក្ខុទាំងឡាយ ភព មិនទៀង ជាសភាវៈដែលបច្ច័យប្រជុំតាក់តែង កើត​ព្រោះ​អាស្រ័យបច្ច័យ ជាសភាវៈតែងអស់ជាធម្មតា សូន្យជាធម្មតា វិនាសជាធម្មតា រលត់​ជាធម្មតា។ ម្នាលភិក្ខុទាំងឡាយ ឧបាទាន។បេ។ ម្នាលភិក្ខុទាំងឡាយ តណ្ហា… ម្នាលភិក្ខុ​ទាំងឡាយ វេទនា… ម្នាលភិក្ខុទាំងឡាយ ផស្សៈ… ម្នាលភិក្ខុទាំងឡាយ សឡាយតនៈ… ម្នាលភិក្ខុទាំងឡាយ នាមរូប… ម្នាលភិក្ខុទាំងឡាយ វិញ្ញាណ… ម្នាលភិក្ខុទាំងឡាយ សង្ខារទាំងឡាយ… ម្នាលភិក្ខុទាំងឡាយ អវិជ្ជា មិនទៀង ជាធម្មជាតិដែល​បច្ច័យប្រជុំ​តាក់តែង កើត​ព្រោះអាស្រ័យបច្ច័យ ជាធម្មជាតិ​តែងអស់ជាធម្មតា សូន្យជាធម្មតា វិនាស​ជា​ធម្មតា រលត់​ជាធម្មតា។ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងនេះហៅថា បដិច្ចសមុប្បន្នធម៌។

[៦៣] ម្នាលភិក្ខុទាំងឡាយ កាលណា អរិយសាវ័កបានឃើញ នូវ​បដិច្ចសមុប្បាទធម៌​នេះ​ផង នូវបដិច្ចសមុប្បន្នធម៌នេះផង ដោយប្រពៃ ដោយប្រាជ្ញា ដ៏​ឧត្តម តាមពិត អរិយសាវ័ក​នោះ នឹងពិចារណារកទីបំផុតខាងដើម គឺខន្ធក្នុងអតីតកាលថា អាត្មាអញ បានកើតហើយ​ក្នុង​អតីតកាល​ដែរឬហ្ន៎ អាត្មាអញ មិនបានកើតក្នុងអតីតកាលទេឬហ្ន៎ អាត្មាអញបានកើត​ហើយ​ក្នុងអតីតកាល ដូចម្តេចហ្ន៎ អាត្មាអញ បានកើតហើយក្នុងអតីតកាល ដោយប្រការ​ដូចម្តេច​ហ្ន៎ អាត្មាអញកើតជាអ្វី ហើយបានកើតជាអ្វី ក្នុងអតីតកាលហ្ន៎ ដូច្នេះក្តី ពិចារណា​រកនូវ​ទីបំផុតខាងចុង គឺខន្ធ​ក្នុងអនាគតកាលថា អាត្មាអញ នឹងកើតក្នុង​អនាគត​កាល​ដែរឬហ្ន៎ អាត្មាអញ នឹងមិនកើតក្នុងអនាគតកាលទេឬហ្ន៎ អាត្មាអញ នឹងកើតក្នុង​អនាគត​កាល ដូចម្តេចហ្ន៎ អាត្មាអញ នឹងកើតក្នុងអនាគតកាល ដោយប្រការដូចម្តេចហ្ន៎ អាត្មាអញ នឹងកើតជាអ្វី ហើយកើតជាអ្វី ទៅក្នុងអនាគតកាលហ្ន៎ ដូច្នេះក្តី នឹងមានសេចក្តីងឿងឆ្ងល់ ចំពោះ​ខន្ធ​ខាងក្នុង (ខន្ធរបស់ខ្លួន) ក្នុងបច្ចុប្បន្នកាលឥឡូវនេះថា អាត្មាអញ មានដែរឬហ្ន៎ អាត្មាអញ មិនមានទេឬហ្ន៎ អាត្មាអញ មានដូចម្តេចហ្ន៎ អាត្មាអញ មានដោយប្រការ​ដូច​ម្តេច​ទៅហ្ន៎ សត្វនេះមកពីណាហ្ន៎ សត្វនោះនឹងទៅកើតក្នុងទីណាហ្ន៎ ដូច្នេះក្តី ហេតុនេះ រមែង​មិនមាន​ឡើយ ដំណើរនោះ តើព្រោះហេតុដូចម្តេច ម្នាលភិក្ខុទាំងឡាយ ព្រោះថា ព្រះអរិយសាវ័កបានឃើញ នូវបដិច្ចសមុប្បាទធម៌នេះផង នូវបដិច្ចសមុប្បន្នធម៌នេះផង ដោយ​ប្រពៃ ដោយប្រាជ្ញាដ៏ឧត្តមតាមពិត។ ចប់សូត្រទី១០។

ចប់ អាហារវគ្គ ទី២។

បញ្ជីនៃអាហារវគ្គនោះ គឺ

និយាយអំពីអាហារ ១ អំពីមោលិយផគ្គុន ១ អំពីសមណៈ និងព្រាហ្មណ៍ ២លើក អំពីកច្ចានគោត្រ ១ អំពីធម្មកថិក ១ អំពីអចេលកស្សប ១ អំពីតិម្ពរុក្ខបរិព្វាជក ១ អំពី​ពាល និងបណ្ឌិត ១ អំពីបច្ច័យ ១ ត្រូវជា ១០។

ទសពលវគ្គ

[៦៤] ព្រះមានព្រះភាគ ទ្រង់គង់នៅជិតក្រុងសាវត្ថី… ម្នាលភិក្ខុទាំងឡាយ ព្រះតថាគត​ប្រកប​ដោយកម្លាំង ១០ផង ប្រកបដោយវេសារជ្ជធម៌ [សេចក្តីក្លៀវក្លា។] ៤ផង រមែង​ប្តេជ្ញា​នូវឋានៈដ៏ប្រសើរ បន្លឺនូវសីហនាទ ក្នុងពួកបរិស័ទ ញុំាងព្រហ្មចក្រឲ្យប្រព្រឹត្ត​ទៅ​ថា រូប​ដូច្នេះ ហេតុជាទីកើតឡើងនៃរូបដូច្នេះ សេចក្តីរលត់នៃរូបដូច្នេះ វេទនាដូច្នេះ ហេតុជា​ទី​កើត​ឡើងនៃវេទនា ដូច្នេះ សេចក្តីរលត់នៃវេទនាដូច្នេះ សញ្ញាដូច្នេះ ហេតុជាទី​កើតឡើង​នៃសញ្ញាដូច្នេះ សេចក្តីរលត់នៃសញ្ញាដូច្នេះ សង្ខារទាំងឡាយដូច្នេះ ហេតុជាទី​កើតឡើង នៃសង្ខារទាំងឡាយដូច្នេះ សេចក្តីរលត់នៃសង្ខារទាំងឡាយដូច្នេះ វិញ្ញាណដូច្នេះ ហេតុជា​ទីកើតឡើងនៃវិញ្ញាណដូច្នេះ សេចក្តីរលត់នៃវិញ្ញាណដូច្នេះ កាលបើធម្មជាតនេះមាន ធម្មជាត​នេះក៏មានដែរ ព្រោះការកើតឡើងនៃធម្មជាតនេះ ទើប​ធម្មជាតនេះកើតឡើងដែរ កាលបើធម្មជាតនេះមិនមាន ធម្មជាតនេះក៏មិនមានដែរ ព្រោះការរលត់ទៅនៃធម្មជាតនេះ ទើបធម្មជាតនេះរលត់ទៅដែរ គឺថា សង្ខារទាំងឡាយ​កើតមាន ព្រោះអវិជ្ជាជាបច្ច័យ វិញ្ញាណ​កើតមាន ព្រោះសង្ឃារជាបច្ច័យ។បេ។ ការកើត​ឡើងព្រម នៃកងទុក្ខទាំងអស់នុ៎ះ រមែងមានយ៉ាងនេះ។ ការរលត់នៃសង្ខារ ព្រោះការវិនាស និងការរលត់មិនសេសសល់ នៃអវិជ្ជា ការរលត់នៃវិញ្ញាណ ព្រោះ​ការរលត់នៃសង្ខារ។បេ។ ការរលត់នៃកងទុក្ខ​ទាំងអស់​នុ៎ះ រមែងមានយ៉ាងនេះ។ ចប់ សូត្រទី១។

[៦៥] ទ្រង់គង់នៅជិតក្រុងសាវត្ថី… ម្នាលភិក្ខុទាំងឡាយ ព្រះតថាគត ប្រកប​ដោយ​កម្លាំង ១០ផង ប្រកបដោយវេសារជ្ជធម៌៤ផង រមែងប្តេជ្ញានូវឋានៈប្រសើរ បន្លឺនូវសីហនាទ ក្នុងពួកបរិស័ទ ញុំាងព្រហ្មចក្រឲ្យប្រព្រឹត្តទៅថា រូបដូច្នេះ ហេតុជាទីកើតឡើងនៃរូប ដូច្នេះ សេចក្តីរលត់នៃរូបដូច្នេះ វេទនាដូច្នេះ ហេតុជាទីកើតឡើងនៃវេទនា ដូច្នេះ សេចក្តីរលត់​នៃវេទនា ដូច្នេះ សញ្ញាដូច្នេះ ហេតុជាទីកើតឡើងនៃសញ្ញា ដូច្នេះ សេចក្តីរលត់នៃ​សញ្ញា​ដូច្នេះ សង្ខារទាំងឡាយដូច្នេះ ហេតុជាទីកើតឡើងនៃសង្ខារទាំង​ឡាយ ដូច្នេះ សេចក្តី​រលត់​នៃ​សង្ខារទាំងឡាយដូច្នេះ វិញ្ញាណដូច្នេះ ហេតុជាទីកើតឡើងនៃវិញ្ញាណ ដូច្នេះ សេចក្តីរលត់នៃវិញ្ញាណដូច្នេះ កាលបើធម្មជាត​នេះមាន ធម្មជាតនេះក៏មានដែរ ព្រោះការ​កើត​ឡើងនៃធម្មជាតនេះ ទើបធម្មជាតនេះ​កើតឡើងដែរ កាលបើធម្មជាតនេះមិនមាន ធម្មជាត​នេះក៏មិនមានដែរ ព្រោះការរលត់​នៃធម្មជាតនេះ ទើបធម្មជាតនេះរលត់ដែរ គឺថា សង្ខារទាំងឡាយកើតមាន ព្រោះ​អវិជ្ជា​ជាបច្ច័យ វិញ្ញាណកើតមាន ព្រោះ​សង្ខារជាបច្ច័យ។បេ។ ការកើតឡើងព្រម នៃកងទុក្ខ​ទាំងអស់នុ៎ះ រមែង​មានយ៉ាងនេះ។ ការរលត់នៃសង្ខារ ព្រោះការវិនាស និងការរលត់​មិនសេសសល់នៃអវិជ្ជា ការរលត់នៃវិញ្ញា ព្រោះការរលត់​នៃ​សង្ខារ។បេ។ ការរលត់​នៃ​កងទុក្ខទាំងអស់នុ៎ះ រមែងមានយ៉ាងនេះ។

[៦៦] ម្នាលភិក្ខុទាំងឡាយ ធម៌ដែលតថាគតសំដែងហើយ ដោយប្រពៃ តថាគត បានបើក បានប្រកាស ឲ្យងាយ ដូចជាបុរសគ្មានកំណាត់សំពត់ បិទបាំងកាយ យ៉ាងនេះ។ ម្នាលភិក្ខុ​ទាំងឡាយ កាលបើធម៌ ដែល​តថាគតសំដែងហើយដោយប្រពៃ តថាគត បានបើក បាន​ប្រកាស ឲ្យងាយ ដូចជាបុរសគ្មានកំណាត់សំពត់ បិទបាំងកាយ យ៉ាងនេះ កុលបុត្ត ដែល​បួសហើយព្រោះសទ្ធា គួរតែប្រារព្ធ នូវសេចក្តីព្យាយាម (ប្រកបដោយអង្គ​៤) ថា ស្បែក១ សរសៃ១ ឆ្អឹង១ ចូរសល់នៅចុះ ឯសាច់ឈាមក្នុងសរីរៈ ចូររីងស្ងួតទៅចុះ គុណជាតណា ដែលបុគ្គលគប្បីដល់ដោយកម្លាំងរបស់បុរស ដោយសេចក្តីព្យាយាម របស់​បុរស ដោយ​សេចក្តីប្រឹងប្រែង របស់បុរស បើមិនទាន់ដល់នូវគុណជាត​នោះទេ នឹង​មិនបញ្ឈប់ នូវ​សេចក្តី​ព្យាយាម របស់បុរសឡើយ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្ជិល​ច្រអូស រមែង​ច្រឡូក​ច្រឡំ​ដោយអកុសលធម៌ដ៏លាមក នៅជាទុក្ខ ថែមទាំងញុំាងប្រយោជន៍នៃខ្លួន ដ៏ធំ ឲ្យ​សាបសូន្យ​ទៅ។ ម្នាលភិក្ខុទាំងឡាយ ចំណែក​បុគ្គល ដែលមានព្យាយាមតឹងរឹង រមែង​ស្ងប់ស្ងាត់ ចាកអកុសលធម៌ដ៏លាមក នៅជាសុខ ថែមទាំងញុំាងប្រយោជន៍នៃខ្លួនដ៏ធំ ឲ្យ​បរិបូណ៌។ ម្នាលភិក្ខុទាំងឡាយ ការដល់នូវគុណ​វិសេសដ៏ខ្ពង់ខ្ពស់ [សំដៅយក​ព្រះអរហត្ត​ផល។] ដោយឥន្ទ្រិយដ៏ថោកទាប [សំដៅយក​ឥន្ទ្រិយទាំង៥ មានសទ្ធាជាដើម។] រមែង​មិនមានទេ ការដល់នូវគុណវិសេសដ៏ខ្ពង់ខ្ពស់ ដោយ​ឥន្ទ្រិយដ៏ខ្ពង់ខ្ពស់ ទើបមាន។ ម្នាល​ភិក្ខុទាំងឡាយ ព្រហ្មចរិយៈនេះ ជាធម្មជាតជ្រះថ្លា គួរក្រេបផឹក ព្រោះព្រះសាស្តា មាននៅ​ចំពោះមុខ។

[៦៧] ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ អ្នកទាំងឡាយ ចូរប្រារព្ធនូវសេចក្តី​ព្យាយាម ដើម្បីការដល់នូវគុណធម៌ ដែលមិនទាន់បានដល់ ដើម្បីការត្រាស់ដឹងនូវ​គុណធម៌ ដែល​មិនទាន់បានត្រាស់ដឹង ដើម្បីការធ្វើឲ្យជាក់ច្បាស់ នូវគុណធម៌ ដែលមិនទាន់​បានធ្វើ​ឲ្យ​ជាក់​ច្បាស់ ក្នុងសាសនានេះ ដោយគិតយ៉ាងនេះថា បព្វជ្ជារបស់​យើងទាំងឡាយនេះ មិន​មែន​វៀច មិនមែនឥតផលទេ រមែង​ប្រកបដោយ​ផល ប្រកដ​ដោយ​សេចក្តីចម្រើន ព្រោះ​ថា យើងទាំងឡាយ បរិភោគនូវចីវរ បិណ្ឌបាត សេនាសនៈ និង​គិលានប្បច្ចយ​ភេសជ្ជ​បរិក្ខារ របស់ជនទាំងឡាយណា ការបូជាទាំងនោះ ចំពោះ​យើងទាំងឡាយ របស់​ជន​ទាំង​នោះ នឹងមានផលច្រើន មានអានិសង្សច្រើន ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ អ្នកទាំងឡាយ គប្បីសិក្សាយ៉ាងនេះចុះ។ ម្នាលភិក្ខុទាំងឡាយ បុគ្គល កាលឃើញ​ច្បាស់​នូវ​ប្រយោជន៍របស់ខ្លួន គួរតែញុំាង​កិច្ច​ទាំងពួង ឲ្យបរិបូណ៌ដោយសេចក្តីមិនប្រមាទ។ ម្នាលភិក្ខុទាំងឡាយ បុគ្គល កាលឃើញច្បាស់ នូវប្រយោជន៍របស់បុគ្គលដទៃ គួរតែញុំាង​កិច្ច​ទាំង​ពួង ឲ្យបរិបូណ៌ ដោយសេចក្តីមិនប្រមាទ។ ម្នាលភិក្ខុទាំងឡាយ បុគ្គល កាល​ឃើញ​ច្បាស់នូវប្រយោជន៍​ទាំងពីរ គួរតែញុំាង​កិច្ច​ទាំងពួង ឲ្យបរិបូណ៌ ដោយសេចក្តី​មិន​ប្រមាទ។ ចប់សូត្រទី២។

[៦៨] ទ្រង់គង់នៅជិតក្រុងសាវត្ថី … ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា កិរិយា​អស់​ទៅ​នៃអាសវៈ ចំពោះតែបុគ្គល ដែលដឹងច្បាស់ ឃើញច្បាស់ មិនពោលចំពោះ​បុគ្គល ដែល​មិន​ដឹងច្បាស់ មិនឃើញច្បាស់ទេ។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលកាលដឹងអ្វី កាល​ឃើញ​អ្វី ទើបមានការអស់ទៅនៃអាសវៈ។ បុគ្គលដឹង ឃើញថា រូប ដូច្នេះ ហេតុជាទី​កើតឡើងនៃរូបដូច្នេះ សេចក្តីរលត់នៃរូបដូច្នេះ។បេ។ វេទនាដូច្នេះ។បេ។ សញ្ញាដូច្នេះ។បេ។ សង្ខារទាំងឡាយដូច្នេះ។បេ។ វិញ្ញាណដូច្នេះ ហេតុជាទី​កើតឡើងនៃវិញ្ញាណដូច្នេះ សេចក្តីរលត់នៃវិញ្ញាណដូច្នេះ។បេ។  ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលដឹងយ៉ាងនេះ កាល​ឃើញ​យ៉ាងនេះឯង ទើបមានការអស់ទៅនៃ​អាសវៈ។

[៦៩] ម្នាលភិក្ខុទាំងឡាយ កាលធម៌ [បានដល់អរហត្តផល។] ជាគ្រឿងអស់ទៅនៃអាសវៈ កើតឡើងហើយ ខយញ្ញាណ [សេចក្តីដឹងក្នុងធម៌ ជាគ្រឿង​អស់ទៅនៃអាសវៈ បានដល់​បដិវេកញ្ញាណ។] ណា កើតឡើងដែរ តថាគតពោលថា ខយញ្ញាណ​នោះ ប្រកប​ដោយ​ហេតុ មិនពោលថា មិនមានហេតុទេ។ ម្នាលភិក្ខុទាំងឡាយ ចុះហេតុនៃ​ខយញ្ញាណ តើដូច​ម្តេច។ គប្បីឆ្លើយថា វិមុត្តិ គឺអរហត្តផល ជាហេតុ។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា វិមុត្តិ ប្រកបដោយហេតុ មិនពោលថា មិនមាន​ហេតុទេ។ ម្នាលភិក្ខុទាំងឡាយ ចុះហេតុ​នៃ​វិមុត្តិ តើដូចម្តេច។ គប្បីឆ្លើយថា វិរាគៈ គឺមគ្គ ជាហេតុ។ ម្នាលភិក្ខុទាំងឡាយ តថាគត​ពោល​ថា វិរាគៈ ប្រកបដោយហេតុ មិនពោលថា មិនមានហេតុទេ។ ម្នាលភិក្ខុទាំងឡាយ ចុះហេតុ​នៃវិរាគៈ តើដូចម្តេច។ គប្បីឆ្លើយថា និព្វិទាញាណ គឺពលវវិបស្សនា [បានដល់​ញាណទាំង ៤ គឺភយតូបដ្ឋានញ្ញាណ១ អាទីនវានុបស្សនាញាណ១ មុញ្ចិតុកាម្យតាញាណ ១ សង្ខារូបេក្ខាញាណ ១។] ជាហេតុ។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា និព្វិទា​ញាណ ប្រកបដោយហេតុ មិនពោលថា មិនមានហេតុទេ។ ម្នាលភិក្ខុទាំងឡាយ ចុះ​ហេតុនៃ​និព្វិទាញាណ តើដូចម្តេច។ គប្បីឆ្លើយថា យថាភូតញ្ញាណទស្សនៈ គឺ​តរុណ​វិបស្សនា [បានដល់ញាណទាំង ៤ គឺសង្ខារបរិច្ឆេទញ្ញាណ ១ កង្ខាវិតរណញ្ញាណ ១ សម្មសនញ្ញាណ ១ មគ្គាមគ្គញ្ញាណ ១ (អដ្ឋកថា)។] ជាហេតុ។ ម្នាលភិក្ខុទាំងឡាយ តថាគត​ពោលថា យថាភូតញ្ញាណទស្សនៈ ប្រកបដោយហេតុ មិនពោលថា មិន​មាន​ហេតុទេ។ ម្នាលភិក្ខុទាំងឡាយ ចុះហេតុនៃយថាភូតញ្ញាណទស្សនៈ តើដូចម្តេច។ គប្បី​ឆ្លើយ​ថា សមាធិ ជាហេតុ។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា សមាធិ​ប្រកប​ដោយ​ហេតុ មិនពោលថា មិនមាន​ហេតុទេ។ ម្នាលភិក្ខុទាំងឡាយ ចុះហេតុនៃសមាធិ តើដូច​ម្តេច។ គប្បីឆ្លើយថា សុខៈ ជាហេតុ។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា សុខៈ ប្រកប​ដោយហេតុ មិនពោលថា មិនមាន​ហេតុទេ។ ម្នាលភិក្ខុទាំងឡាយ ចុះហេតុនៃសុខៈ តើដូច​ម្តេច។ គប្បីឆ្លើយថា បស្សទ្ធិ ជាហេតុ។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា បស្សទ្ធិ ប្រកប​ដោយហេតុ មិនពោលថា មិនមាន​ហេតុទេ។ ម្នាលភិក្ខុទាំងឡាយ ចុះហេតុនៃ​បស្សទ្ធិ តើដូចម្តេច។ គប្បីឆ្លើយថា បីតិ ជាហេតុ។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា បីតិ ប្រកបដោយហេតុ មិនពោលថា មិនមាន​ហេតុទេ។ ម្នាលភិក្ខុទាំងឡាយ ចុះហេតុនៃ​បីតិ តើដូចម្តេច។ គប្បីឆ្លើយថា បាមុជ្ជៈ ជាហេតុ។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា បាមុជ្ជៈ ប្រកបដោយហេតុ មិនពោលថា មិនមាន​ហេតុទេ។ ម្នាលភិក្ខុទាំងឡាយ ចុះហេតុ​នៃ​បាមុជ្ជៈ តើដូចម្តេច។ គប្បីឆ្លើយថា សទ្ធា ជាហេតុ។ ម្នាលភិក្ខុទាំងឡាយ តថាគត​ពោល​ថា សទ្ធា ប្រកបដោយហេតុ មិនពោលថា មិនមាន​ហេតុទេ។ ម្នាលភិក្ខុទាំងឡាយ ចុះ​ហេតុនៃ​សទ្ធា តើដូចម្តេច។ គប្បីឆ្លើយថា ទុក្ខ ជាហេតុ។ ម្នាលភិក្ខុទាំងឡាយ តថាគត​ពោលថា ទុក្ខ ប្រកបដោយហេតុ មិនពោលថា មិនមាន​ហេតុទេ។ ម្នាលភិក្ខុទាំងឡាយ ចុះហេតុនៃទុក្ខ តើដូចម្តេច។ គប្បីឆ្លើយថា ជាតិ ជាហេតុ។ ម្នាលភិក្ខុទាំងឡាយ តថាគត​ពោលថា ជាតិ ប្រកបដោយហេតុ មិនពោលថា មិនមាន​ហេតុទេ។ ម្នាលភិក្ខុទាំងឡាយ ចុះហេតុនៃជាតិ តើដូចម្តេច។ គប្បីឆ្លើយថា ភព ជាហេតុ។ ម្នាលភិក្ខុទាំងឡាយ តថាគត​ពោលថា ភព ប្រកបដោយហេតុ មិនពោលថា មិនមាន​ហេតុទេ។ ម្នាលភិក្ខុទាំងឡាយ ចុះហេតុនៃភព តើដូចម្តេច។ គប្បីឆ្លើយថា ឧបាទាន ជាហេតុ។ ម្នាលភិក្ខុទាំងឡាយ តថាគត​ពោលថា ឧបាទាន ប្រកបដោយហេតុ មិនពោលថា មិនមាន​ហេតុទេ។ ម្នាលភិក្ខុ​ទាំង​ឡាយ ចុះហេតុនៃឧបាទាន តើដូចម្តេច។ គប្បីឆ្លើយថា តណ្ហា ជាហេតុ។ ម្នាលភិក្ខុ​ទាំងឡាយ តថាគតពោលថា តណ្ហា ប្រកបដោយហេតុ មិនពោលថា មិនមាន​ហេតុទេ។ ម្នាលភិក្ខុទាំងឡាយ ចុះហេតុនៃតណ្ហា តើដូចម្តេច។ គប្បីឆ្លើយថា វេទនា ជាហេតុ។បេ។ គប្បីឆ្លើយថា ផស្សៈ ជាហេតុ… គប្បីឆ្លើយថា សឡាយតនៈ ជាហេតុ… គប្បីឆ្លើយថា នាមរូប ជាហេតុ… គប្បីឆ្លើយថា វិញ្ញាណ ជាហេតុ… គប្បីឆ្លើយថា សង្ខារទាំងឡាយ ជាហេតុ។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា សង្ខារទាំងឡាយ ប្រកបដោយហេតុ មិនពោលថា មិនមាន​ហេតុទេ។ ម្នាលភិក្ខុទាំងឡាយ ចុះហេតុនៃសង្ខារទាំងឡាយ តើដូច​ម្តេច។ គប្បីឆ្លើយថា អវិជ្ជា ជាហេតុ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីរួបរួមដូច្នេះ សង្ខារ​ទាំង​ឡាយ មាន​អវិជ្ជាជាហេតុ វិញ្ញាណ មានសង្ខារជាហេតុ នាមរូប មានវិញ្ញាណជាហេតុ សឡាយតនៈ មាននាមរូបជាហេតុ ផស្សៈ មានសឡាយតនៈជាហេតុ វេទនា មានផស្សៈ​ជា​ហេតុ តណ្ហា មាន​វេទនាជាហេតុ ឧបាទាន មានតណ្ហាជាហេតុ ភព មាន​ឧបាទាន​ជា​ហេតុ ជាតិ មានភពជាហេតុ ទុក្ខ មានជាតិជាហេតុ សទ្ធា មានទុក្ខជាហេតុ បាមុជ្ជៈ មាន​សទ្ធា​ជាហេតុ បីតិ មានបាមុជ្ជៈជាហេតុ បស្សទ្ធិ មានបីតិជាហេតុ សុខៈ មានបស្សទ្ធិ​ជា​ហេតុ សមាធិ មានសុខៈជាហេតុ យថាភូតញ្ញាណទស្សនៈ មានសមាធិជាហេតុ និព្វិទា​ញាណ មានយថាភូតញ្ញាណទស្សនៈជាហេតុ វិរាគៈ មាននិព្វិទាញាណជាហេតុ វិមុត្តិ មានវិរាគៈ​ជាហេតុ ខយញ្ញាណ មានវិមុត្តិជាហេតុ។

[៧០] ម្នាលភិក្ខុទាំងឡាយ ដូចទឹកភ្លៀងមានគ្រាប់ដ៏ថ្លោស បង្អុរចុះលើភ្នំ កាលទឹក​នោះ ហូរទៅកាន់ទីទាប រមែងញុំាងជ្រោះភ្នំ ក្រហែង និងប្រឡាយទឹកឲ្យពេញ កាលបើជ្រោះភ្នំ ក្រហែង និងប្រឡាយទឹកពេញហើយ រមែងញុំាងត្រពាំងតូចឲ្យពេញ កាលបើត្រពាំងតូច​ពេញ​ហើយ រមែងញុំាងបឹងឲ្យពេញ កាលបើបឹងពេញហើយ រមែងញុំាងស្ទឹងឲ្យពេញ កាល​បើស្ទឹងពេញហើយ រមែងញុំាងទន្លេឲ្យពេញ កាលបើទន្លេពេញហើយ រមែងញុំាង​មហាសមុទ្រ​ឲ្យពេញ យ៉ាងណាមិញ  ម្នាលភិក្ខុទាំងឡាយ សង្ខារទាំងឡាយ មានអវិជ្ជា​ជា​ហេតុ វិញ្ញាណ មានសង្ខារជាហេតុ នាមរូប មានវិញ្ញាណជាហេតុ សឡាយតនៈ មាន​នាមរូប​ជាហេតុ ផស្សៈ មានសឡាយតនៈ​ជាហេតុ វេទនា មានផស្សៈជាហេតុ តណ្ហា​មាន​វេទនាជាហេតុ ឧបាទាន មានតណ្ហាជាហេតុ ភព មានឧបាទានជាហេតុ ជាតិមាន​ភពជា​ហេតុ ទុក្ខ មានជាតិជាហេតុ សទ្ធាមានទុក្ខជាហេតុ បាមុជ្ជៈ មានសទ្ធាជាហេតុ បីតិ មាន​បាមុជ្ជៈ​​ជាហេតុ បស្សទ្ធិ មានបីតិជាហេតុ សុខៈ មានបស្សទ្ធិជាហេតុ សមាធិ មានសុខៈ​ជា​ហេតុ យថាភូតញ្ញាណទស្សនៈ មានសមាធិជាហេតុ និព្វិទាញាណ មាន​យថាភូតញ្ញាណ​ទស្សនៈ​​ជាហេតុ វិរាគៈ មាននិព្វិទាញាណជាហេតុ វិមុត្តិ មានវិរាគៈជាហេតុ ខយញ្ញាណ មាន​វិមុត្តិជាហេតុ។ ចប់សូត្រទី៣។

[៧១] ទ្រង់គង់នៅក្នុងវត្តវេឡុវ័ន ជិតក្រុងរាជគ្រឹះ… គ្រានោះ ព្រះសារីបុត្តមានអាយុ ស្លៀក​ស្បង់​​ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ចូល​ទៅ​កាន់ក្រុងរាជគ្រឹះ ដើម្បី​បិណ្ឌបាត។ លំដាប់​​នោះ ព្រះសារីបុត្តមានអាយុ​មានសេចក្តីត្រិះរិះ​ដូច្នេះថា ការ​ត្រាច់​​ទៅ​​ដើម្បី​​បិណ្ឌបាត ក្នុង​ក្រុងរាជគ្រឹះ នៅព្រឹក​ពេកណាស់ បើដូច្នោះ គួរតែ​អាត្មាអញ ចូល​ទៅ​​កាន់​​អារាម​​​នៃ​ពួកអន្យតិរ្ថិយបរិព្វាជក [អ្នកបួសមានលទ្ធិដទៃ។] សិន។ លំដាប់នោះ ព្រះ​សារីបុត្ត​មានអាយុ ចូលទៅកាន់អារាម នៃពួកអន្យតិរ្ថិយ​បរិព្វាជក លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹងអន្យតិរ្ថិយបរិព្វាជក​ទាំងនោះ លុះបញ្ចប់ពាក្យដែលគួរ​រីករាយ និងពាក្យដែលគួររឭកហើយ ក៏គង់ក្នុងទី​សមគួរ។

[៧២] លុះព្រះសារីបុត្តមានអាយុ គង់ក្នុងទីសមគួរហើយ អន្យតិរ្ថិយបរិព្វាជក​ទាំងនោះ ក៏ពោលពាក្យដូច្នេះថា ម្នាលសារីបុត្តមានអាយុ មានសមណព្រាហ្មណ៍​ពួកមួយ ជាកម្មវាទ បញ្ញត្តថា ទុក្ខ គឺបុគ្គលធ្វើដោយខ្លួនឯង។ ម្នាលសារីបុត្តមានអាយុ មានសមណព្រាហ្មណ៍​ពួក​មួយ ជាកម្មវាទ បញ្ញត្តថា ទុក្ខ គឺបុគ្គលដទៃធ្វើឲ្យ។ ម្នាលសារីបុត្តមានអាយុ មាន​សមណ​ព្រាហ្មណ៍ពួកមួយ ជាកម្មវាទ បញ្ញត្តថា ទុក្ខ គឺបុគ្គលធ្វើដោយខ្លួនឯងផង បុគ្គល​ដទៃធ្វើឲ្យផង។ ម្នាលសារីបុត្តមានអាយុ មានសមណព្រាហ្មណ៍ពួកមួយ ជាកម្មវាទ បញ្ញត្ត​ថា ទុក្ខ មិនមែនជាអំពើរបស់ខ្លួន មិនមែន​ជាអំពើរបស់បុគ្គលដទៃ គឺកើតឡើង​ដោយមិន​អាស្រ័យ​ហេតុ។ ម្នាលសារីបុត្តមានអាយុ បណ្ហាហេតុទាំង៤នេះ ព្រះសមណគោតម បាន​ពោល​ដូចម្តេច បានប្រាប់ដូចម្តេច ចុះកាលយើងទាំងឡាយ ព្យាករដូចម្តេច ទើបឈ្មោះថា ជាអ្នកពោល​តាមពាក្យដែលព្រះសមណគោតមពោលហើយផង ឈ្មោះថា មិនពោល​បង្កាច់​​ព្រះសមណគោតម ដោយពាក្យមិនពិតផង ឈ្មោះថា ព្យាករ​នូវធម៌ដ៏​សមគួរ​ដល់​ធម៌​ផង ទាំងលំអានពាក្យបន្តិចបន្តួច ដែលប្រកបដោយធម៌ហើយ ក៏មិនមកកាន់ឋានៈ ដែល​បណ្ឌិតគួរតិះដៀលផង។

[៧៣] ព្រះសារីបុត្តពោលថា ម្នាលអាវុសោ សេចក្តីទុក្ខ ព្រះមានព្រះភាគ បាន​ពោល​ហើយ​ថា កើតឡើងព្រោះអាស្រ័យហេតុ តើអាស្រ័យហេតុដូចម្តេច គឺ​អាស្រ័យ​ផស្សៈ កាល​បើ​បុគ្គលពោលដូច្នេះ ឈ្មោះថា ពោលតាមពាក្យដែលព្រះមានព្រះភាគ បានពោល​ហើយ​ផង មិនពោលបង្កាច់ព្រះមានព្រះភាគ ដោយពាក្យមិនពិតផង ព្យាករ​នូវធម៌ដ៏​សមគួរ​ដល់ធម៌ផង ទាំងលំអានពាក្យបន្តិចបន្តួច ដែលប្រកបដោយធម៌​ហើយ ក៏​មិនមក​កាន់ឋានៈ ដែលបណ្ឌិតគួរតិះដៀលផង។ ម្នាលអាវុសោ បណ្តាវាទៈទាំង៤​នោះ ពួក​សមណ​ព្រាហ្មណ៍ណា ជាកម្មវាទ បញ្ញត្តថា ទុក្ខ គឺបុគ្គលធ្វើដោយខ្លួនឯង តែសេចក្តី​ទុក្ខ​នោះ កើតឡើង ព្រោះផស្សៈជាបច្ច័យ។ ពួកសមណព្រាហ្មណ៍ណា។បេ។ ពួក​សមណ​ព្រាហ្មណ៍​ណា។បេ។ ពួកសមណព្រាហ្មណ៍ណា ជាកម្មវាទ បញ្ញត្តថា ទុក្ខ មិនមែន​ជាអំពើ​របស់ខ្លួន មិនមែនជាអំពើរបស់បុគ្គលដទៃ គឺកើតឡើងដោយមិន​អាស្រ័យហេតុ តែ​សេចក្តី​ទុក្ខនោះកើតឡើង ព្រោះផស្សៈជាបច្ច័យ។ ម្នាលអាវុសោ បណ្តា​វាទៈទាំង៤នោះ ពួក​​សមណព្រាហ្មណ៍ណា ជាកម្មវាទ បញ្ញត្តថា ទុក្ខ គឺបុគ្គល​ធ្វើដោយ​ខ្លួនឯង សមណ​ព្រាហ្មណ៍​ទាំងនោះឯង ទទួលទុក្ខក្រៅអំពីផស្សៈ ពាក្យដូច្នេះនេះ មិន​សមហេតុឡើយ។ ពួកសមណ​ព្រាហ្មណ៍ណា ជាកម្មវាទ បញ្ញត្តថា ទុក្ខ គឺបុគ្គល​ដទៃធ្វើឲ្យ សមណព្រាហ្មណ៍​ទាំង​នោះឯង ទទួលទុក្ខក្រៅអំពីផស្សៈ ពាក្យដូច្នេះនេះ មិន​សមហេតុឡើយ។ ពួក​សមណ​ព្រាហ្មណ៍ណា ជាកម្មវាទ បញ្ញត្តថា ទុក្ខ គឺបុគ្គល​ធ្វើដោយ​ខ្លួនឯងផង បុគ្គល​ដទៃធ្វើឲ្យផង សមណព្រាហ្មណ៍ទាំងនោះឯង ទទួលទុក្ខ​ក្រៅអំពីផស្សៈ ពាក្យដូច្នេះនេះ មិន​សមហេតុឡើយ។ ពួកសមណព្រាហ្មណ៍ណា ជាកម្មវាទ បញ្ញត្តថា ទុក្ខ មិនមែន​ជាអំពើ​របស់ខ្លួន មិនមែនជាអំពើរបស់​បុគ្គលដទៃ គឺកើតឡើងដោយមិនអាស្រ័យហេតុ សមណព្រាហ្មណ៍ទាំងនោះឯង ទទួលទុក្ខក្រៅអំពីផស្សៈ ពាក្យដូច្នេះនេះ មិន​សមហេតុ​ឡើយ។

[៧៤] ព្រះអានន្ទមានអាយុ បានឮនូវការចរចា ដោយពាក្យនេះ របស់ព្រះសារីបុត្ត​មាន​អាយុ ជាមួយនឹងអន្យតិរ្ថិយបរិព្វាជកទាំងនោះហើយ។ ទើបព្រះអានន្ទមានអាយុ ត្រាច់ទៅ​បិណ្ឌបាត ក្នុងក្រុងរាជគ្រឹះ លុះត្រឡប់មកអំពីបិណ្ឌបាត ក្នុងបច្ឆាភត្តកាល ចូល​ទៅគាល់​ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំ​ព្រះមានព្រះភាគ រួច​គង់ក្នុង​ទី​សមគួរ។ លុះព្រះអានន្ទមានអាយុ គង់ក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលនូវ​ការចរចា ដោយ​ពាក្យទាំងអស់នោះ របស់ព្រះសារីបុត្ត​មានអាយុ ជាមួយនឹងអន្យតិរ្ថិយ​បរិព្វាជក​ទាំង​នោះ ចំពោះព្រះមានព្រះភាគ។

[៧៥] ព្រះមានព្រះភាគត្រាស់ថា ម្នាលអានន្ទ ប្រពៃហើយ ប្រពៃហើយ តាមដែល​សារីបុត្ត​ព្យាករ​ហើយនោះ ឈ្មោះថា ព្យាករដោយប្រពៃ។ ម្នាលអានន្ទ សេចក្តីទុក្ខ ដែល​តថាគត​បានពោលហើយថា កើតឡើងព្រោះអាស្រ័យហេតុ តើអាស្រ័យហេតុដូចម្តេច គឺ​អាស្រ័យ​ផស្សៈ កាលបើបុគ្គលពោលដូច្នេះ ឈ្មោះថា ពោលតាមពាក្យដែលតថាគត​ពោល​ហើយ​ផង មិនពោលបង្កាច់តថាគត ដោយពាក្យមិនពិតផង ព្យាករនូវធម៌ដ៏​សមគួរ​ដល់ធម៌ផង ទាំង​លំអានពាក្យបន្តិចបន្តួច ដែលប្រកបដោយធម៌ហើយ ក៏​មិនមកកាន់​ឋានៈ ដែល​បណ្ឌិត​គួរតិះដៀលផង។ ម្នាលអានន្ទ បណ្តាវាទៈទាំង៤នោះ ពួក​សមណ​ព្រាហ្មណ៍ណា ជាកម្មវាទ បញ្ញត្តថា ទុក្ខ គឺបុគ្គលធ្វើដោយខ្លួនឯង តែទុក្ខនោះកើតឡើង ព្រោះផស្សៈ​ជា​បច្ច័យ។ ពួកសមណព្រាហ្មណ៍ណា។បេ។ ពួកសមណព្រាហ្មណ៍​ណា។បេ។ ពួកសមណ​ព្រាហ្មណ៍​ណា  ជាកម្មវាទ បញ្ញត្តថា ទុក្ខ មិនមែនជាអំពើរបស់ខ្លួន មិនមែនជាអំពើ​របស់​បុគ្គល​ដទៃ គឺ​កើតឡើង​ដោយ​មិនអាស្រ័យហេតុ តែទុក្ខនោះកើតឡើង ព្រោះផស្សៈជា​បច្ច័យ។ ម្នាលអានន្ទ បណ្តាវាទៈទាំង៤នោះ ពួកសមណព្រាហ្មណ៍ណា ជាកម្មវាទ បញ្ញត្តថា ទុក្ខ គឺបុគ្គលធ្វើដោយខ្លួនឯង សមណព្រាហ្មណ៍ទាំងនោះឯង ទទួលទុក្ខក្រៅ​អំពី​ផស្សៈ ពាក្យដូច្នេះនេះ មិនសមហេតុឡើយ។ ពួកសមណព្រាហ្មណ៍​ណា។បេ។ ពួក​សមណព្រាហ្មណ៍ណា។បេ។ ពួកសមណព្រាហ្មណ៍​ណា ជាកម្មវាទ បញ្ញត្តថា ទុក្ខ មិន​មែនជា​អំពើរបស់ខ្លួន មិនមែនជាអំពើរបស់បុគ្គលដទៃ គឺ​កើតឡើង​ដោយ​មិនអាស្រ័យ​ហេតុ សមណព្រាហ្មណ៍ទាំងនោះឯង ទទួលទុក្ខក្រៅអំពីផស្សៈ ពាក្យដូច្នេះនេះ មិនសម​ហេតុ​ឡើយ។

[៧៦] ម្នាលអានន្ទ សម័យមួយ តថាគតនៅក្នុងវត្តវេឡុវ័ន កលន្ទកនិវាបស្ថាន ជិត​ក្រុង​រាជគ្រឹះ​នោះឯង។ ម្នាលអានន្ទ គ្រានោះ តថាគតស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុង​បុព្វណ្ហសម័យ ចូលទៅកាន់ក្រុងរាជគ្រឹះ ដើម្បីបិណ្ឌបាត។ ម្នាលអានន្ទ តថាគតនោះ មានសេចក្តីត្រិះរិះ ដូច្នេះថា ការត្រាច់ទៅដើម្បីបិណ្ឌបាត ក្នុងក្រុងរាជគ្រឹះនៅព្រឹកពេក​ណាស់ បើដូច្នោះ គួរតែអាត្មាអញ ចូលទៅកាន់អារាមនៃពួកអន្យតិរ្ថិយបរិព្វាជកសិន។ ម្នាល​អានន្ទ លំដាប់នោះ តថាគតចូលទៅកាន់អារាម នៃពួកអន្យតិរ្ថិយបរិព្វាជក លុះ​ចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹងអន្យតិរ្ថិយបរិព្វាជកទាំងនោះ លុះ​បញ្ចប់​ពាក្យដែលគួររីករាយ និងពាក្យគួរ​រឭកហើយ ក៏អង្គុយក្នុងទីសមគួរ។ ម្នាល​អានន្ទ លុះតថាគតអង្គុយក្នុងទីសមគួរហើយ អន្យតិរ្ថិយបរិព្វាជកទាំងនោះ ក៏ពោលពាក្យ​ដូច្នេះ​ថា បពិត្រព្រះគោតមមានអាយុ មានសមណព្រាហ្មណ៍ពួកមួយ ជាកម្មវាទ បញ្ញត្តថា ទុក្ខ គឺបុគ្គលធ្វើដោយខ្លួនឯង បពិត្រ​ព្រះគោតមមានអាយុ មានសមណព្រាហ្មណ៍ពួកមួយ ជាកម្មវាទ បញ្ញត្តថា ទុក្ខ គឺបុគ្គលដទៃធ្វើឲ្យ បពិត្រ​ព្រះគោតមមានអាយុ មាន​សមណ​ព្រាហ្មណ៍ពួកមួយ ជាកម្មវាទ បញ្ញត្តថា ទុក្ខ គឺបុគ្គលធ្វើដោយខ្លួនឯងផង បុគ្គលដទៃ​ធ្វើឲ្យផង បពិត្រ​ព្រះគោតមមានអាយុ មានសមណព្រាហ្មណ៍ពួកមួយ ជាកម្មវាទ បញ្ញត្ត​ថា ទុក្ខ មិនមែន​ជាអំពើរបស់ខ្លួន មិនមែនជា​អំពើរបស់បុគ្គលដទៃ គឺកើតឡើង​ដោយមិន​អាស្រ័យ​ហេតុ។ ចុះព្រះគោតមមានអាយុ ពោលដូចម្តេច ប្រាប់ដូចម្តេច ដល់យើង​ទាំង​ឡាយ ក្នុងហេតុ​ទាំង៤នេះ យើងទាំងឡាយ កាលព្យាករដូចម្តេច ទើបឈ្មោះថា ពោល​តាម​ពាក្យ​ដែល​ព្រះគោតមមានអាយុពោលហើយផង ឈ្មោះថា មិនពោលបង្កាច់​ព្រះគោតម​​មានអាយុ ដោយពាក្យមិនពិតផង ឈ្មោះថា ព្យាករនូវធម៌ ដ៏សមគួរ​ដល់​ធម៌ផង ទាំងលំអាន​ពាក្យ​បន្តិចបន្តួច ដែលប្រកបដោយធម៌ហើយ ក៏មិនមកកាន់ឋានៈ ដែល​បណ្ឌិតគួរតិះដៀល​ផង។ ម្នាលអានន្ទ កាលបើអន្យតិរ្ថិយបរិព្វាជកទាំងនោះ ពោល​យ៉ាង​នេះហើយ តថាគត ក៏ពោលតបទៅនឹងអន្យតិរ្ថិយបរិព្វាជកទាំងនោះ ដូច្នេះថា ម្នាល​អាវុសោ​ទាំងឡាយ សេចក្តីទុក្ខ ដែលតថាគតបានពោលហើយថា កើតឡើង​ព្រោះ​អាស្រ័យ​ហេតុ តើ​អាស្រ័យ​ហេតុដូចម្តេច គឺអាស្រ័យផស្សៈ កាលបើបុគ្គលពោលដូច្នេះ ទើបឈ្មោះ​ថា ពោលតាម​ពាក្យដែលតថាគត បានពោលហើយផង មិនពោលបង្កាច់​តថាគត​ដោយពាក្យ​មិនពិតផង ព្យាករនូវធម៌ដ៏សមគួរដល់ធម៌ផង ទាំងលំអានពាក្យ​បន្តិច​បន្តួច ដែល​ប្រកបដោយធម៌ហើយ ក៏មិនមកកាន់ឋានៈ ដែលបណ្ឌិតគួរតិះដៀលផង។ ម្នាលអាវុសោ​ទាំងឡាយ បណ្តាវាទៈទាំង៤​នោះ ពួកសមណព្រាហ្មណ៍ណា ជាកម្មវាទ បញ្ញត្តថា ទុក្ខ គឺបុគ្គលធ្វើដោយខ្លួនឯង តែទុក្ខនោះ កើតឡើង ព្រោះផស្សៈជាបច្ច័យ។ ពួក​សមណព្រាហ្មណ៍ណា។បេ។ ពួក​សមណព្រាហ្មណ៍ណា។បេ។ ពួកសមណព្រាហ្មណ៍​ណា ជាកម្មវាទ បញ្ញត្តថា ទុក្ខ មិនមែន​ជាអំពើរបស់ខ្លួន មិនមែនជាអំពើរបស់បុគ្គលដទៃ គឺកើតឡើងដោយមិន​អាស្រ័យហេតុ តែទុក្ខនោះកើតឡើង ព្រោះផស្សៈជាបច្ច័យ។ ម្នាល​អាវុសោទាំងឡាយ បណ្តា​វាទៈទាំង៤នោះ ពួក​សមណព្រាហ្មណ៍ណា ជាកម្មវាទ បញ្ញត្ត​ថា ទុក្ខ គឺបុគ្គល​ធ្វើដោយ​ខ្លួនឯង ពួកសមណព្រាហ្មណ៍ទាំងនោះឯង ទទួលទុក្ខក្រៅអំពី​ផស្សៈ ពាក្យដូច្នេះនេះ មិន​សមហេតុឡើយ។ ពួកសមណព្រាហ្មណ៍ណា។បេ។ ពួក​សមណ​ព្រាហ្មណ៍ណា។បេ។ ពួកសមណព្រាហ្មណ៍ណា ជាកម្មវាទ បញ្ញត្តថា ទុក្ខ មិន​មែន​ជាអំពើរបស់ខ្លួន មិនមែនជាអំពើរបស់​បុគ្គលដទៃ គឺកើតឡើងដោយមិនអាស្រ័យ​ហេតុ សមណព្រាហ្មណ៍ទាំងនោះឯង ទទួលទុក្ខក្រៅអំពីផស្សៈ ពាក្យដូច្នេះនេះ មិន​សម​ហេតុ​ឡើយ។

[៧៧] ព្រះអានន្ទក្រាបទូលថា បពិត្រព្រះអង្គដ៏ចំរើន អស្ចារ្យណាស់ បពិត្រព្រះអង្គដ៏ចំរើន ចំឡែកពេកណាស់ ព្រោះថា សេចក្តីទាំងពួង ព្រះមានព្រះភាគ ទ្រង់ពោលតែដោយ​បទ​មួយ បពិត្រព្រះអង្គដ៏ចំរើន ឯសេចក្តីនុ៎ះ ប្រសិនបើ​ព្រះអង្គ ពោលដោយពិស្តារវិញ ប្រហែល​ជាជ្រាលជ្រៅ ទាំង​មានឱភាសជ្រាលជ្រៅណាស់។ ម្នាលអានន្ទ បើដូច្នោះ ចូរ​អ្នក​បំភ្លឺនូវសេចក្តីនោះ ក្នុងវាទៈទាំង៤នេះមកមើល។

[៧៨] បពិត្រព្រះអង្គដ៏ចំរើន ប្រសិនបើជនទាំងឡាយ សួរខ្ញុំព្រះអង្គយ៉ាងនេះថា ម្នាល​អានន្ទ​មានអាយុ ជរា និងមរណៈ មានអ្វីជាហេតុ មានអ្វីនាំឲ្យកើត មានអ្វីជា​កំណើត មាន​អ្វី​ជា​ប្រភព។ បពិត្រព្រះអង្គដ៏ចំរើន កាលបើគេសួយ៉ាងនេះហើយ ខ្ញុំព្រះអង្គ គប្បី​ដោះស្រាយយ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ជរា និងមរណៈ មានជាតិជាហេតុ មាន​ជាតិ​នាំឲ្យ​កើត មានជាតិជាកំណើត មានជាតិជាប្រភព។ បពិត្រព្រះអង្គដ៏ចំរើន កាលបើ​គេ​សួយ៉ាងនេះ ខ្ញុំព្រះអង្គ គប្បីដោះស្រាយយ៉ាងនេះឯង។ បពិត្រព្រះអង្គដ៏ចំរើន ប្រសិន​បើ​ជនទាំងឡាយ សួរខ្ញុំព្រះអង្គយ៉ាងនេះថា ម្នាលអានន្ទ​មានអាយុ ចុះជាតិ មានអ្វីជាហេតុ មានអ្វីនាំ​ឲ្យកើត មានអ្វីជា​កំណើត មានអ្វីជាប្រភព។ បពិត្រព្រះអង្គដ៏ចំរើន កាលបើគេ​សួយ៉ាង​នេះហើយ ខ្ញុំព្រះអង្គ គប្បីដោះស្រាយ​យ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ជាតិ មានភព​ជាហេតុ មានភព​នាំឲ្យ​កើត មានភពជាកំណើត មានភពជាប្រភព។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន កាលបើគេសួយ៉ាងនេះ ខ្ញុំព្រះអង្គ គប្បីដោះស្រាយយ៉ាងនេះឯង។ បពិត្រ​ព្រះអង្គដ៏ចំរើន ប្រសិនបើជនទាំងឡាយ សួរខ្ញុំព្រះអង្គយ៉ាងនេះថា ម្នាលអានន្ទមានអាយុ ចុះភព មានអ្វីជាហេតុ មានអ្វីនាំឲ្យកើត មានអ្វីជា​កំណើត មានអ្វីជាប្រភព។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន កាលបើគេសួយ៉ាងនេះហើយ ខ្ញុំព្រះអង្គ គប្បីដោះស្រាយយ៉ាងនេះថា ម្នាលអាវុសោ​ទាំងឡាយ ភព មានឧបាទានជាហេតុ មានឧបាទាន​នាំឲ្យ​កើត មាន​ឧបាទាន​ជា​កំណើត មានឧបាទានជាប្រភព។ បពិត្រព្រះអង្គដ៏ចំរើន កាលបើគេសួរ​យ៉ាង​នេះ ខ្ញុំព្រះអង្គ គប្បីដោះស្រាយយ៉ាងនេះឯង។ បពិត្រព្រះអង្គដ៏ចំរើន ប្រសិនបើជន​ទាំង​ឡាយ សួរខ្ញុំព្រះអង្គយ៉ាងនេះថា ម្នាលអានន្ទមានអាយុ ចុះឧបាទាន។បេ។ ម្នាលអានន្ទ​មាន​អាយុ ចុះតណ្ហា។បេ។ ម្នាលអានន្ទមានអាយុ ចុះវេទនា។បេ។ បពិត្រព្រះអង្គដ៏ចំរើន ប្រសិនបើជនទាំងឡាយ សួរខ្ញុំព្រះអង្គយ៉ាងនេះថា ម្នាលអានន្ទមានអាយុ ចុះផស្សៈ មានអ្វីជាហេតុ មានអ្វីនាំឲ្យកើត មានអ្វីជា​កំណើត មានអ្វីជាប្រភព។ បពិត្រព្រះអង្គ​ដ៏​ចំរើន កាលបើគេសួយ៉ាងនេះហើយ ខ្ញុំព្រះអង្គ គប្បីដោះស្រាយយ៉ាងនេះថា ម្នាល​អាវុសោ​ទាំងឡាយ ផស្សៈ មានសឡាយតនៈជាហេតុ មានសឡាយតនៈ​នាំឲ្យ​កើត មាន​សឡាយតនៈជាកំណើត មានសឡាយតនៈជាប្រភព ម្នាលអាវុសោទាំងឡាយ ការ​រលត់​នៃ​ផស្សៈ ព្រោះការវិនាស និងការរលត់មិនសេសសល់ នៃផស្សាយតនៈទាំង​៦ ការរលត់​នៃ​វេទនា ព្រោះការរលត់នៃផស្សៈ ការរលត់នៃតណ្ហា ព្រោះការរលត់នៃវេទនា ការរលត់​នៃ​ឧបាទាន ព្រោះការរលត់នៃតណ្ហា ការរលត់នៃភព ព្រោះការរលត់​នៃឧបាទាន ការ​រលត់​នៃជាតិ ព្រោះការរលត់នៃភព ជរា និងមរណៈ សេចក្តីសោក សេចក្តីខ្សឹកខ្សួល សេចក្តី​លំបាកកាយ សេចក្តីលំបាកចិត្ត និងសេចក្តីចង្អៀតចង្អល់ចិត្តទាំងឡាយ ក៏តែង​រលត់​​ទៅ ព្រោះការរលត់​នៃជាតិ។ ការរលត់នៃ​កងទុក្ខទាំងអស់នុ៎ះ រមែងមានយ៉ាងនេះ។ បពិត្រ​ព្រះអង្គដ៏ចំរើន កាលបើ​គេសួរយ៉ាងនេះ ខ្ញុំព្រះអង្គ គប្បីដោះស្រាយយ៉ាងនេះឯង។ ចប់ សូត្រទី៤។

[៧៩] ទ្រង់គង់ជិតក្រុងសាវត្ថី… គ្រានោះ ព្រះភូមិជៈមានអាយុ ចេញអំពីទីស្ងាត់ ក្នុង​សាយណ្ហសម័យ ចូលទៅរកព្រះសារីបុត្តមានអាយុ លុះចូលទៅដល់ហើយ ក៏ធ្វើ​សេចក្តី​រីករាយ ជាមួយនឹងព្រះសារីបុត្តមានអាយុ លុះបញ្ចប់ពាក្យដែលគួររីករាយ និង​ពាក្យដែល​គួររឭក​ហើយ ក៏អង្គុយក្នុងទីសមគួរ។ លុះព្រះភូមិជៈមានអាយុ អង្គុយក្នុងទីសមគួរហើយ ក៏ពោលនឹងព្រះសារីបុត្តមានអាយុ ដូច្នេះថា ម្នាលសារីបុត្តមាន​អាយុ មានសមណ​ព្រាហ្មណ៍​ពួកមួយ ជាកម្មវាទ បញ្ញត្តថា សុខ និងទុក្ខ គឺបុគ្គលធ្វើដោយខ្លួនឯង ម្នាល​សារីបុត្ត​មានអាយុ មានសមណព្រាហ្មណ៍ពួកមួយទៀត ជាកម្មវាទ បញ្ញត្តថា សុខ និងទុក្ខ គឺបុគ្គល​ដទៃធ្វើឲ្យ។ ម្នាលសារីបុត្តមានអាយុ មានសមណព្រាហ្មណ៍ពួកមួយ ជាកម្មវាទ បញ្ញត្តថា សុខ និងទុក្ខ គឺបុគ្គលធ្វើដោយខ្លួនឯងផង បុគ្គលដទៃធ្វើឲ្យផង ម្នាលសារីបុត្ត​មានអាយុ មានសមណព្រាហ្មណ៍ពួកមួយទៀត ជាកម្មវាទ បញ្ញត្តថា សុខ និងទុក្ខ មិន​មែន​ជាអំពើរបស់ខ្លួន មិនមែន​ជាអំពើរបស់បុគ្គលដទៃ គឺកើតឡើងដោយ​មិនអាស្រ័យ​ហេតុ។ ម្នាលសារីបុត្តមានអាយុ ព្រះមានព្រះភាគ ទ្រង់ពោលដូចម្តេច ទ្រង់​ប្រាប់ដូចម្តេច ដល់យើង​ទាំងឡាយ ក្នុងហេតុទាំង៤នេះ ចុះកាលយើងទាំងឡាយ​ព្យាករដូចម្តេច ទើប​ឈ្មោះ​ថា ពោល​តាមពាក្យ ដែលព្រះមានព្រះភាគពោលហើយផង ឈ្មោះថា មិនពោល​បង្កាច់​ព្រះមានព្រះភាគ ដោយពាក្យមិនពិតផង ឈ្មោះថា ព្យាករនូវធម៌ ដ៏សមគួរដល់​ធម៌​ផង ទាំងលំអានពាក្យបន្តិចបន្តួច ដែលប្រកបដោយ​ធម៌ហើយ ក៏មិនមកកាន់ឋានៈ ដែល​បណ្ឌិតគប្បីតិះដៀលផង។

[៨០] ព្រះសារីបុត្តតបថា ម្នាលអាវុសោ សុខ និងទុក្ខ ព្រះមានព្រះភាគ បាន​ពោលហើយ​ថា កើតឡើងព្រោះអាស្រ័យហេតុ តើអាស្រ័យហេតុដូចម្តេច គឺ​អាស្រ័យ​ផស្សៈ កាលបើ​បុគ្គលពោលដូច្នេះ ឈ្មោះថា ពោលតាមពាក្យ ដែលព្រះមានព្រះភាគ ពោលហើយផង មិនពោលបង្កាច់ព្រះមានព្រះភាគ ដោយពាក្យមិនពិតផង ព្យាករ​នូវធម៌ ដ៏សមគួរដល់ធម៌​ផង ទាំងលំអានពាក្យបន្តិចបន្តួច ដែលប្រកបដោយធម៌​ហើយ ក៏​មិនមក​កាន់ឋានៈ ដែល​បណ្ឌិត​គប្បីតិះដៀលផង។ ម្នាលអាវុសោ បណ្តាវាទៈទាំង៤​នោះ ពួកសមណព្រាហ្មណ៍​ណា ជាកម្មវាទ បញ្ញត្តថា សុខនិងទុក្ខ គឺបុគ្គលធ្វើដោយខ្លួនឯង តែសុខ និង​ទុក្ខនោះឯង កើតឡើង ព្រោះផស្សៈជាបច្ច័យ។ ពួកសមណព្រាហ្មណ៍ណា។បេ។ ពួក​សមណ​ព្រាហ្មណ៍​ណា។បេ។ ពួកសមណព្រាហ្មណ៍ណា ជាកម្មវាទ បញ្ញត្តថា សុខ និងទុក្ខ មិន​មែន​ជា​អំពើរបស់ខ្លួន មិនមែនជាអំពើរបស់បុគ្គលដទៃ គឺកើតឡើងដោយមិន​អាស្រ័យ​ហេតុ តែសុខ និងទុក្ខនោះឯង កើតឡើង ព្រោះផស្សៈជាបច្ច័យ។ ម្នាលអាវុសោ បណ្តា​វាទៈទាំង ៤នោះ ពួក​សមណព្រាហ្មណ៍ណា ជាកម្មវាទ បញ្ញត្តថា សុខ និងទុក្ខ គឺបុគ្គល​ធ្វើដោយ​ខ្លួនឯង សមណព្រាហ្មណ៍ទាំងនោះឯង ទទួលសុខ និងទុក្ខ ក្រៅអំពីផស្សៈ ពាក្យដូច្នេះនេះ មិន​សមហេតុឡើយ។ ពួកសមណព្រាហ្មណ៍ណា។បេ។ ពួកសមណ​ព្រាហ្មណ៍​ណា។បេ។ ពួកសមណព្រាហ្មណ៍ណា ជាកម្មវាទ បញ្ញត្តថា សុខ និងទុក្ខ មិនមែនជាអំពើរបស់ខ្លួន មិនមែនជាអំពើរបស់​បុគ្គលដទៃ គឺកើតឡើង ដោយមិន​អាស្រ័យ​ហេតុ សមណព្រាហ្មណ៍ទាំងនោះឯង ទទួលសុខ និងទុក្ខ ក្រៅអំពីផស្សៈ ពាក្យ​ដូច្នេះ​នេះ មិន​សមហេតុឡើយ។

[៨១] ព្រះអានន្ទមានអាយុ បានស្តាប់ការចរចានេះ របស់ព្រះសារីបុត្ត​មានអាយុ ជាមួយ​នឹង​​ព្រះភូមិជៈមានអាយុហើយ។ ទើបព្រះអានន្ទមានអាយុ ចូល​ទៅគាល់ព្រះមាន​ព្រះ​ភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំ​ព្រះមានព្រះភាគ រួច​អង្គុយក្នុង​ទីសម​គួរ។ លុះព្រះអានន្ទមានអាយុ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបទូល​ការចរចា ទាំងអស់​នោះ របស់ព្រះសារីបុត្ត​មានអាយុ ជាមួយនឹងព្រះភូមិជៈមានអាយុ ចំពោះ​ព្រះមានព្រះភាគ។

[៨២] ព្រះមានព្រះភាគត្រាស់ថា ម្នាលអានន្ទ ប្រពៃហើយ ប្រពៃហើយ ត្រង់ពាក្យ​ដែល​សារីបុត្តព្យាករ ឈ្មោះថា ព្យាករដោយប្រពៃ។ ម្នាលអានន្ទ សុខ និងទុក្ខ ​តថាគត បាន​ពោល​ហើយថា កើតឡើងព្រោះអាស្រ័យហេតុ តើអាស្រ័យហេតុដូចម្តេច គឺ​អាស្រ័យ​ផស្សៈ កាលបើបុគ្គលពោលដូច្នេះ ឈ្មោះថា ពោលតាមពាក្យ ដែលតថាគត​ពោល​ហើយ​ផង មិនពោលបង្កាច់តថាគត ដោយពាក្យមិនពិតផង ព្យាករនូវធម៌ ដ៏​សមគួរ​ដល់ធម៌ផង ទាំងលំអានពាក្យបន្តិចបន្តួច ដែលប្រកបដោយធម៌ហើយ ក៏​មិនមកកាន់​ឋានៈ ដែល​បណ្ឌិត​គប្បីតិះដៀលផង។ ម្នាលអានន្ទ បណ្តាវាទៈទាំង៤នោះ ពួក​សមណ​ព្រាហ្មណ៍ណា ជា​កម្មវាទ បញ្ញត្តថា សុខ និងទុក្ខ គឺបុគ្គលធ្វើដោយខ្លួនឯង តែសុខ និងទុក្ខនោះឯង កើតឡើង ព្រោះផស្សៈជាបច្ច័យ។ ពួកសមណព្រាហ្មណ៍​ណា។បេ។ ពួកសមណ​ព្រាហ្មណ៍​​ណា។បេ។ ពួកសមណព្រាហ្មណ៍ណា  ជាកម្មវាទ បញ្ញត្តថា សុខ និងទុក្ខ មិនមែន​ជាអំពើរបស់ខ្លួន មិនមែនជាអំពើរបស់បុគ្គលដទៃ គឺ​កើតឡើង​ ដោយ​មិន​អាស្រ័យ​ហេតុ តែសុខ និងទុក្ខនោះឯង កើតឡើង ព្រោះផស្សៈជា​បច្ច័យ។ ម្នាលអានន្ទ បណ្តាវាទៈទាំង៤នោះ ពួកសមណព្រាហ្មណ៍ណា ជាកម្មវាទ បញ្ញត្តថា សុខ និងទុក្ខ គឺបុគ្គល​ធ្វើដោយខ្លួនឯង សមណព្រាហ្មណ៍ទាំងនោះ ទទួលសុខ និងទុក្ខ ក្រៅអំពីផស្សៈ ពាក្យ​ដូច្នេះនេះ មិនសមហេតុឡើយ។ ពួកសមណព្រាហ្មណ៍​ណា។បេ។ ពួកសមណ​ព្រាហ្មណ៍​ណា។បេ។ ពួកសមណព្រាហ្មណ៍​ណា ជាកម្មវាទ បញ្ញត្តថា សុខ និងទុក្ខ មិនមែន​ជាអំពើរបស់ខ្លួន មិនមែនជាអំពើរបស់បុគ្គលដទៃ គឺ​កើតឡើង ​ដោយ​មិន​អាស្រ័យ​ហេតុ សមណព្រាហ្មណ៍ទាំងនោះឯង ទទួលសុខ និងទុក្ខក្រៅអំពីផស្សៈ ពាក្យ​ដូច្នេះ​នេះ មិនសមហេតុឡើយ។

[៨៣] ម្នាលអានន្ទ កាលបើកាយមាន សុខ និងទុក្ខខាងក្នុង រមែងកើតឡើង ព្រោះ​កាយសញ្ចេតនា [ចេតនាដែលកើតឡើងក្នុងកាយទ្វារ។] ជាហេតុ ម្នាលអានន្ទ កាល​បើ​វាចា​មាន សុខ និងទុក្ខខាងក្នុង រមែងកើត​ឡើង ព្រោះវចីសញ្ចេតនាជាហេតុ ម្នាលអានន្ទ កាល​បើ​មនោមាន សុខ និងទុក្ខ​ខាងក្នុង រមែងកើតឡើង ព្រោះមនោសញ្ចេតនាជាហេតុ ក៏​មាន។ ម្នាលអានន្ទ សុខ និងទុក្ខ ខាងក្នុង កើតឡើងជាប់ដោយបច្ច័យ គឺកាយសង្ខារ [កាយកម្ម។]ណា បុគ្គលតែងធ្វើ​កាយ​សង្ខារនោះដោយខ្លួនឯង ព្រោះអវិជ្ជាជាបច្ច័យក៏​មាន។ ម្នាលអានន្ទ សុខ និងទុក្ខខាងក្នុង កើតឡើងជាប់ដោយបច្ច័យ គឺកាយសង្ខារណា បុគ្គល​ទាំងឡាយដទៃ តែងធ្វើកាយសង្ខារ​នោះក៏មាន។ ម្នាលអានន្ទ សុខ និងទុក្ខ ខាងក្នុង កើត​​ឡើងជាប់ដោយបច្ច័យ គឺកាយសង្ខារណា បុគ្គលកាលដឹងច្បាស់ តែងធ្វើ​កាយ​សង្ខារ​នោះ ក៏មាន។ ម្នាលអានន្ទ សុខ និងទុក្ខខាងក្នុង កើតឡើងជាប់ដោយបច្ច័យ គឺ​កាយ​សង្ខារ​ណា បុគ្គលមិនដឹងច្បាស់ តែងធ្វើកាយសង្ខារ​នោះ ក៏មាន។ ម្នាលអានន្ទ សុខ និង​ទុក្ខ​ខាងក្នុង កើតឡើង​ជាប់ដោយ​បច្ច័យ គឺវចីសង្ខារណា បុគ្គលតែងធ្វើ​វចី​សង្ខារនោះ​ដោយ​ខ្លួនឯង ក៏មាន។ ម្នាលអានន្ទ សុខ និងទុក្ខខាងក្នុង កើតឡើងជាប់ដោយបច្ច័យ គឺ​វចីសង្ខារ​ណា បុគ្គលទាំងឡាយដទៃ តែងធ្វើវចីសង្ខារ​នោះក៏មាន។ ម្នាលអានន្ទ បុគ្គល​ដឹង​ច្បាស់។បេ។ ម្នាលអានន្ទ សុខ និងទុក្ខខាងក្នុង កើតឡើងជាប់ដោយបច្ច័យ គឺ​វចីសង្ខារ​ណា បុគ្គលមិនដឹងច្បាស់ តែងធ្វើវចីសង្ខារ​នោះ ក៏មាន។ ម្នាលអានន្ទ សុខ និង​ទុក្ខ ខាងក្នុង កើតឡើង​ជាប់ដោយ​បច្ច័យ គឺមនោសង្ខារណា បុគ្គលតែងធ្វើមនោ​សង្ខារ​នោះ​ដោយខ្លួនឯង ក៏មាន។ ម្នាលអានន្ទ សុខ និងទុក្ខខាងក្នុង កើតឡើងជាប់ដោយបច្ច័យ គឺ​មនោសង្ខារណា បុគ្គលទាំងឡាយដទៃ តែងធ្វើមនោសង្ខារ​នោះក៏មាន។ ម្នាលអានន្ទ បុគ្គល​ដឹងច្បាស់។បេ។ ម្នាលអានន្ទ សុខ និងទុក្ខខាងក្នុង កើតឡើងជាប់ដោយបច្ច័យ គឺ​មនោសង្ខារណា បុគ្គលមិនដឹងច្បាស់ តែងធ្វើមនោសង្ខារ​នោះ ក៏មាន។ ម្នាលអានន្ទ អវិជ្ជា​ធ្លាក់​ចុះរឿយៗ ក្នុងធម៌ទាំងនេះឯង។

[៨៤] ម្នាលអានន្ទ សុខ និងទុក្ខខាងក្នុង កើតឡើងជាប់ដោយបច្ច័យ គឺកាយណា កាយ​នោះ មិនមាន ព្រោះការវិនាស និងការរលត់មិនសេសសល់នៃអវិជ្ជា។ សុខ និងទុក្ខ ខាង​ក្នុង កើតឡើងជាប់ដោយបច្ច័យ គឺវាចាណា វាចានោះ មិនមាន។ សុខ និងទុក្ខខាងក្នុង កើត​ឡើង​ជាប់ដោយបច្ច័យ គឺចិត្តណា ចិត្តនោះ មិនមាន ខេត្តក្តី មិនមាន។ វត្ថុក្តី មិន​មាន។ អាយតនៈក្តី មិនមាន។ សុខ និងទុក្ខ ខាងក្នុង កើតឡើង​ជាប់ដោយ​បច្ច័យ គឺ​អធិករណៈ [ហេតុ។] ណា អធិករណ៍នោះក្តី មិនមាន។ ចប់សូត្រទី៥។

[៨៥] ទ្រង់គង់នៅជិតក្រុងសាវត្ថី… គ្រានោះ ព្រះឧបវាណៈមានអាយុ ចូលទៅគាល់​ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំ​ព្រះមានព្រះភាគ រួចអង្គុយ​ក្នុង​ទី​សមគួរ។

[៨៦] លុះព្រះឧបវាណៈមានអាយុ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូល​​ព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន មានសមណព្រាហ្មណ៍ពួកមួយ បញ្ញត្ត​ថា ទុក្ខ គឺបុគ្គលធ្វើដោយខ្លួនឯង បពិត្រព្រះអង្គដ៏ចំរើន មានសមណព្រាហ្មណ៍​ពួកមួយ​ទៀត បញ្ញត្តថា ទុក្ខ គឺបុគ្គលដទៃធ្វើឲ្យ។ បពិត្រព្រះអង្គដ៏ចំរើន មានសមណព្រាហ្មណ៍​ពួក​មួយ​ទៀត បញ្ញត្តថា ទុក្ខ គឺបុគ្គលធ្វើដោយខ្លួនឯងផង បុគ្គលដទៃធ្វើឲ្យផង បពិត្រ​ព្រះអង្គ​ដ៏​ចំរើន មានសមណព្រាហ្មណ៍ពួកមួយទៀត បញ្ញត្តថា ទុក្ខ មិនមែនជាអំពើរបស់ខ្លួន មិន​មែន​ជា​អំពើរបស់បុគ្គលដទៃ គឺកើតឡើង​ដោយមិនអាស្រ័យហេតុ។ បពិត្រព្រះអង្គដ៏ចំរើន ព្រះមានព្រះភាគ ទ្រង់ពោលដូចម្តេច ទ្រង់ប្រាប់ដូចម្តេច ដល់យើងទាំងឡាយ ក្នុងហេតុ​ទាំង ៤នេះ កាលយើងទាំងឡាយ ព្យាករដូចម្តេច ទើបឈ្មោះថា ពោលតាមពាក្យដែល​ព្រះមានព្រះភាគ ទ្រង់ពោលហើយ​ផង ឈ្មោះថា មិនពោលបង្កាច់ព្រះមានព្រះភាគ ដោយ​ពាក្យមិនពិតផង ឈ្មោះថា ព្យាករនូវធម៌ ដ៏សមគួរដល់ធម៌ផង ទាំង​លំអាន​ពាក្យ​បន្តិច​បន្តួច ដែល​ប្រកបដោយ​ធម៌​ហើយ ក៏មិនមកកាន់ឋានៈ ដែល​បណ្ឌិត​គប្បី​តិះដៀល​ផង។

[៨៧] ម្នាលឧបវាណៈ សេចក្តីទុក្ខ តថាគតបានពោលហើយថា កើតឡើងព្រោះ​អាស្រ័យ​ហេតុ តើអាស្រ័យហេតុដូចម្តេច គឺអាស្រ័យផស្សៈ កាលបើបុគ្គលពោលដូច្នេះ ឈ្មោះថា ពោល​តាមពាក្យ ដែលតថាគត ពោលហើយ​ផង មិនពោលបង្កាច់តថាគត ដោយ​ពាក្យមិន​ពិត​ផង ព្យាករនូវធម៌ ដ៏សមគួរដល់ធម៌ផង ទាំងលំអានពាក្យបន្តិចបន្តួច ដែល​ប្រកប​ដោយ​​ធម៌​ហើយ ក៏មិនមកកាន់ឋានៈ ដែលបណ្ឌិតគប្បីតិះដៀលផង។ ម្នាលឧបវាណៈ បណ្តា​សមណព្រាហ្មណ៍ទាំង៤ពួកនោះ ពួកសមណព្រាហ្មណ៍ណា បញ្ញត្តថា ទុក្ខ គឺ​បុគ្គល​ធ្វើដោយខ្លួនឯង តែទុក្ខនោះឯង កើតឡើង​ព្រោះផស្សៈជាបច្ច័យ។ ពួក​សមណ​ព្រាហ្មណ៍​ណា។បេ។ ពួកសមណព្រាហ្មណ៍ណា។បេ។ ​ពួកសមណព្រាហ្មណ៍ណា បញ្ញត្តថា ទុក្ខ មិនមែនជាអំពើរបស់ខ្លួន មិនមែន​ជាអំពើរបស់​បុគ្គលដទៃ គឺកើតឡើង​ដោយ​មិនអាស្រ័យហេតុ តែទុក្ខនោះឯង កើតឡើង ព្រោះផស្សជាបច្ច័យ។ ម្នាល​ឧបវាណៈ បណ្តាសមណព្រាហ្មណ៍ទាំង៤ពួកនោះ ពួកសមណព្រាហ្មណ៍ណា បញ្ញត្តថា ទុក្ខ គឺបុគ្គលធ្វើដោយខ្លួនឯង សមណព្រាហ្មណ៍ទាំងនោះឯង ទទួលទុក្ខក្រៅអំពីផស្សៈ ពាក្យ​ដូច្នេះនេះ មិនសមហេតុឡើយ។ ពួកសមណព្រាហ្មណ៍ណា។បេ។ ពួកសមណ​ព្រាហ្មណ៍​ណា។បេ។ ពួកសមណព្រាហ្មណ៍ណា បញ្ញត្តថា ទុក្ខ មិនមែនជាអំពើរបស់ខ្លួន មិន​មែន​ជាអំពើរបស់​បុគ្គលដទៃ គឺកើតឡើងដោយមិនអាស្រ័យហេតុ សមណព្រាហ្មណ៍​ទាំង​នោះ​ឯង ទទួលទុក្ខក្រៅអំពីផស្សៈ ពាក្យដូច្នេះនេះ មិនសមហេតុឡើយ។ ចប់សូត្រ ទី៦។

[៨៨] ទ្រង់គង់ជិតក្រុងសាវត្ថី…. ម្នាលភិក្ខុទាំងឡាយ សង្ខារកើតមាន ព្រោះ​អវិជ្ជា​ជាបច្ច័យ វិញ្ញាណកើតមាន ព្រោះសង្ខារជាបច្ច័យ។បេ។ ការកើតឡើងព្រមនៃ​កងទុក្ខ​ទាំងអស់នុ៎ះ រមែងមានយ៉ាងនេះ។

[៨៩] ម្នាលភិក្ខុទាំងឡាយ ជរា និងមរណៈ តើដូចម្តេច។ សេចក្តីគ្រាំគ្រា ភាព​គ្រាំគ្រា ធ្មេញបាក់ សក់ស្កូវ ស្បែកជ្រួញជ្រីវ ដំណើរថយអាយុ ដំណើរ​ចាស់ទុំនៃ​ឥន្ទ្រិយ​ទាំងឡាយណា របស់​សត្វទាំងឡាយនោះៗ ក្នុងសត្តនិកាយនោះៗ នេះហៅថា ជរា។ ចុតិ ការឃ្លាត ការបែកធ្លាយ ការបាត់បង់ សេចក្តីស្លាប់ ដំណើរងាប់ ការធ្វើនូវមរណកាល ការបែកធ្លាយនៃខន្ធទាំងឡាយ ការដាក់ចុះនូវសាកសព ការដាច់នៃជីវិតិន្ទ្រិយណា របស់​សត្វទាំងឡាយនោះៗ ចាកសត្តនិកាយនោះៗ នេះហៅថា មរណៈ។ ម្នាលភិក្ខុទាំងឡាយ ជរានេះផង មរណៈនេះផង នេះហៅថា ជរា និងមរណៈ ដូច្នេះឯង។ ការកើតឡើងនៃ​ជរា និងមរណៈ ព្រោះការកើតឡើងនៃជាតិ ការរលត់នៃជរានិងមរណៈ ព្រោះការរលត់នៃ​ជាតិ មគ្គដ៏ប្រសើរ ប្រកបដោយអង្គ៨នេះឯង ជាបដិបទា ដែលជាដំណើរ​ទៅកាន់​ទីរលត់​នៃជរា និងមរណៈ គឺប្រាជ្ញាយល់ត្រូវ១ សេចក្តីត្រិះរិះត្រូវ១ ការនិយាយត្រូវ១ ការងារត្រូវ១ ការចិញ្ចឹមជីវិតត្រូវ១ សេចក្តីព្យាយាមត្រូវ១ សេចក្តីរឭកត្រូវ១ ការតម្កល់​ចិត្តត្រូវ១។ ម្នាលភិក្ខុទាំងឡាយ ចុះជាតិ តើដូចម្តេច។បេ។ ម្នាលភិក្ខុទាំងឡាយ ភព តើដូចម្តេច…. ម្នាលភិក្ខុទាំងឡាយ ឧបាទាន តើដូចម្តេច…. ម្នាលភិក្ខុទាំងឡាយ តណ្ហា តើដូចម្តេច…. ម្នាលភិក្ខុទាំងឡាយ វេទនា តើដូចម្តេច…. ម្នាលភិក្ខុទាំងឡាយ ផស្សៈ តើដូចម្តេច…. ម្នាលភិក្ខុទាំងឡាយ សឡាយតនៈ តើដូចម្តេច…. ម្នាលភិក្ខុទាំងឡាយ នាមរូប តើដូចម្តេច…. ម្នាលភិក្ខុទាំងឡាយ វិញ្ញាណ តើដូចម្តេច…. ម្នាលភិក្ខុទាំងឡាយ សង្ខារទាំងឡាយ​ តើដូចម្តេច ម្នាលភិក្ខុទាំងឡាយ សង្ខារទាំងឡាយនេះ មាន៣គឺ កាយសង្ខារ១ វចីសង្ខារ១ ចិត្តសង្ខារ១ ម្នាលភិក្ខុទាំងឡាយ នេះតថាគតហៅថា សង្ខារ។ ការកើតឡើងនៃសង្ខារ ព្រោះការកើតឡើងនៃអវិជ្ជា ការរលត់នៃសង្ខារ ព្រោះការរលត់នៃ​អវិជ្ជា មគ្គដ៏ប្រសើរ ប្រកបដោយអង្គ៨នេះឯង ជាបដិបទា ដែលជាដំណើរ​ទៅកាន់​ទីរលត់​នៃសង្ខារ គឺប្រាជ្ញាយល់ឃើញត្រូវ១។បេ។ ការតម្កល់​ចិត្តត្រូវ១។

[៩០] ម្នាលភិក្ខុទាំងឡាយ កាលណាបើអរិយសាវ័កដឹងច្បាស់ នូវបច្ច័យយ៉ាង​នេះ ដឹង​ច្បាស់​នូវការកើតឡើង នៃបច្ច័យយ៉ាងនេះ ដឹងច្បាស់នូវទីរលត់នៃបច្ច័យ យ៉ាងនេះ ដឹង​ច្បាស់​នូវបដិបទា ជាដំណើរទៅកាន់ទីរលត់ នៃបច្ច័យ យ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ អរិយសាវ័កនេះ ហៅថា បរិបូណ៌ដោយទិដ្ឋិក៏បាន ថាបរិបូណ៌​ដោយ​ទស្សនៈក៏បាន ថា មក​កាន់​ព្រះសទ្ធម្មនេះក៏បាន ថាឃើញនូវ​ព្រះសទ្ធម្មនេះក៏បាន ថាប្រកប​ដោយ​សេក្ខញ្ញាណ​ក៏​​បាន ថាប្រកបដោយសេក្ខវិជ្ជាក៏បាន ថាដល់​ព្រមនូវ​ធម្មស្រោត​ក៏បាន ថាជាអរិយៈអ្នក​មាន​​និព្វេធិកប្បញ្ញាក៏បាន ថាឋិតអែបនែបនូវទ្វារនៃអមតៈ គឺព្រះនិព្វានក៏បាន។ ចប់សូត្រ ទី៧។

[៩១] ទ្រង់គង់នៅជិតក្រុងសាវត្ថី…. ក្នុងទីនោះឯង។បេ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ​ក្នុង​សាសនា​នេះ ដឹងច្បាស់នូវ​ជរា និងមរណៈ ដឹងច្បាស់នូវការកើតឡើង នៃជរា និងមរណៈ ដឹង​ច្បាស់នូវទីរលត់នៃជរា និងមរណៈ ដឹងច្បាស់នូវបដិបទា ជាដំណើរទៅកាន់ទីរលត់ នៃ​ជរា និងមរណៈ ដឹងច្បាស់នូវជាតិ។បេ។ ដឹងច្បាស់នូវភព… ដឹងច្បាស់នូវឧបាទាន… ដឹង​ច្បាស់​នូវតណ្ហា… ដឹងច្បាស់នូវវេទនា… ដឹងច្បាស់នូវផស្សៈ… ដឹងច្បាស់នូវ​សឡាយតនៈ​… ដឹងច្បាស់នូវនាមរូប … ដឹងច្បាស់នូវវិញ្ញាណ… ដឹងច្បាស់នូវ​សង្ខារ​ទាំង​ឡាយ … ដឹងច្បាស់នូវការកើតឡើង នៃសង្ខារ ដឹងច្បាស់នូវទីរលត់នៃសង្ខារ ដឹងច្បាស់នូវ​បដិបទា ជាដំណើរទៅកាន់ទីរលត់ នៃសង្ខារ។

[៩២] ម្នាលភិក្ខុទាំងឡាយ ជរា និងមរណៈ តើដូចម្តេច។ សេចក្តីគ្រាំគ្រា ភាព​គ្រាំគ្រា ធ្មេញ​បាក់ សក់ស្កូវ ស្បែកជ្រួញជ្រីវ ដំណើរថយអាយុ ដំណើរ​ចាស់ទុំ​ឥន្ទ្រិយ​ទាំងឡាយណា របស់​​សត្វទាំងឡាយនោះៗ ក្នុងសត្តនិកាយនោះៗ នេះហៅថា ជរា។ ចុតិ ការឃ្លាត ការ​បែក​ធ្លាយ ការបាត់បង់ សេចក្តីស្លាប់ ដំណើរងាប់ ការធ្វើនូវមរណកាល ការបែកធ្លាយ​នៃ​ខន្ធ​ទាំងឡាយ ការដាក់ចុះនូវសាកសព ការដាច់នៃជីវិតិន្ទ្រិយណា របស់​សត្វទាំងឡាយ​នោះៗ ចាកសត្តនិកាយនោះៗ នេះហៅថា មរណៈ។ ម្នាលភិក្ខុទាំងឡាយ ជរានេះផង មរណៈ​នេះផង នេះហៅថា ជរា និងមរណៈ ដូច្នេះឯង។ ការកើតឡើងនៃ​ជរា និងមរណៈ ព្រោះ​ការកើតឡើងនៃជាតិ ការរលត់នៃជរានិងមរណៈ ព្រោះការរលត់នៃ​ជាតិ មគ្គដ៏​ប្រសើរ ប្រកបដោយអង្គ៨នេះឯង ជាបដិបទា ដែលជាដំណើរ​ទៅកាន់​ទីរលត់​នៃជរា និង​មរណៈ គឺប្រាជ្ញាយល់ឃើញត្រូវ១។បេ។ ការតម្កល់​ចិត្តត្រូវ១។ ម្នាលភិក្ខុទាំងឡាយ ជាតិ តើដូចម្តេច។បេ។ ម្នាលភិក្ខុទាំងឡាយ ភព តើដូចម្តេច…. ម្នាលភិក្ខុទាំងឡាយ ឧបាទាន តើដូចម្តេច…. ម្នាលភិក្ខុទាំងឡាយ តណ្ហា តើដូចម្តេច…. វេទនា…. ផស្សៈ…. សឡាយតនៈ​…. នាមរូប…. វិញ្ញាណ…. ម្នាលភិក្ខុទាំងឡាយ សង្ខារទាំងឡាយ​ តើដូចម្តេច ម្នាលភិក្ខុទាំង​ឡាយ សង្ខារទាំងឡាយនេះ មាន៣គឺ កាយសង្ខារ១ វចីសង្ខារ១ ចិត្តសង្ខារ១ ម្នាលភិក្ខុ​ទាំង​ឡាយ នេះហៅថា សង្ខារ។ ការកើតឡើងនៃសង្ខារ ព្រោះការកើតឡើងនៃអវិជ្ជា ការ​រលត់​នៃសង្ខារ ព្រោះការរលត់នៃ​អវិជ្ជា មគ្គដ៏ប្រសើរ ប្រកបដោយអង្គ ទាំង៨នេះឯង ជា​បដិបទា ដែលជាដំណើរ​ទៅកាន់​ទីរលត់​នៃសង្ខារ គឺប្រាជ្ញាយល់ឃើញត្រូវ១។បេ។ ការ​តម្កល់​​ចិត្តត្រូវ១។

[៩៣] ម្នាលភិក្ខុទាំងឡាយ កាលណាបើភិក្ខុដឹងច្បាស់ នូវជរា និងមរណៈយ៉ាង​នេះ ដឹង​ច្បាស់​នូវការកើតឡើង នៃជរា និងមរណៈយ៉ាងនេះ ដឹងច្បាស់នូវទីរលត់នៃជរា និង​មរណៈ យ៉ាងនេះ ដឹងច្បាស់នូវបដិបទា ជាដំណើរទៅ​កាន់​ទីរលត់ នៃជរា និងមរណៈ យ៉ាង​នេះ។ ដឹងច្បាស់នូវជាតិយ៉ាងនេះ។បេ។ ដឹងច្បាស់នូវភព… ឧបាទាន… តណ្ហា… វេទនា… ផស្សៈ… សឡាយតនៈ… នាមរូប… វិញ្ញាណ… នូវសង្ខារទាំងឡាយយ៉ាងនេះ ដឹង​ច្បាស់​នូវការកើតឡើង​នៃសង្ខារ យ៉ាងនេះ ដឹងច្បាស់នូវទីរលត់នៃសង្ខារ យ៉ាងនេះ ដឹង​ច្បាស់​នូវ​បដិបទា ជាដំណើរទៅ​កាន់​ទីរលត់ នៃសង្ខារ យ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនេះ ហៅថា បរិបូណ៌ដោយទិដ្ឋិក៏បាន ថាបរិបូណ៌​ដោយ​ទស្សនៈក៏បាន ថា មកកាន់​ព្រះសទ្ធម្ម​នេះក៏បាន ថា ឃើញនូវ​ព្រះសទ្ធម្មនេះក៏បាន ថា ប្រកប​ដោយ​សេក្ខញ្ញាណ​ក៏​បាន ថា ប្រកបដោយ​សេក្ខវិជ្ជា​ក៏បាន ថា ដល់​ព្រមនូវ​ធម្មស្រោត​ក៏បាន ថា ជាអរិយៈ អ្នក​មាន​និព្វេធិកប្បញ្ញាក៏បាន ថា ឋិតអែបនែប នូវទ្វារនៃអមតៈ គឺព្រះនិព្វានក៏បាន។ ចប់ សូត្រទី៨។

[៩៤] ទ្រង់គង់នៅជិតក្រុងសាវត្ថី.. ក្នុងទីនោះឯង។បេ។ ម្នាលភិក្ខុទាំងឡាយ ពួក​សមណៈ ឬព្រាហ្មណ៍ណាមួយ មិនកំណត់ដឹងនូវ​ជរា និងមរណៈ មិនកំណត់ដឹងនូវការកើតឡើង នៃ​ជរា និងមរណៈ មិនកំណត់ដឹងនូវទីរលត់នៃជរា និងមរណៈ មិនកំណត់ដឹងនូវបដិបទា ជា​ដំណើរ​ទៅកាន់ទីរលត់ នៃជរានិងមរណៈ។ មិនកំណត់ដឹងនូវជាតិ។បេ។ មិនកំណត់​ដឹង​នូវ​ភព… ឧបាទាន… តណ្ហា… វេទនា… ផស្សៈ… សឡាយតនៈ… នាមរូប… វិញ្ញាណ… នូវ​សង្ខារ​ទាំងឡាយ មិនកំណត់ដឹងនូវ​ការកើតឡើង នៃសង្ខារ មិនកំណត់ដឹង​នូវទីរលត់​នៃ​សង្ខារ មិនកំណត់ដឹងនូវបដិបទា ជាដំណើរទៅកាន់ទីរលត់ នៃសង្ខារ។ ម្នាលភិក្ខុ​ទាំង​ឡាយ សមណៈ ឬព្រាហ្មណ៍​​ទាំងនុ៎ះ តថាគត មិនបានសន្មតថាជាសមណៈ ក្នុងពួក​សមណៈ​ផង មិនបានសន្មតថាជាព្រាហ្មណ៍ ក្នុងពួកព្រាហ្មណ៍ផង មិនតែប៉ុណ្ណោះ សមណ​ព្រាហ្មណ៍​មានអាយុទាំងនុ៎ះឯង រមែងមិនបានធ្វើឲ្យជាក់ច្បាស់ មិនសម្រេច នូវ​សាមញ្ញផល ឬព្រហ្មញ្ញផល ដោយប្រាជ្ញាដ៏ឧត្តម ដោយខ្លួនឯង ក្នុងបច្ចុប្បន្នទេ។

[៩៥] ម្នាលភិក្ខុទាំងឡាយ ពួកសមណៈ ឬព្រាហ្មណ៍ណាមួយ កំណត់ដឹងនូវ​ជរា និង​មរណៈ កំណត់ដឹងនូវការកើតឡើង នៃជរា និងមរណៈ កំណត់ដឹងនូវទីរលត់នៃជរា និង​មរណៈ កំណត់ដឹងនូវបដិបទា ជាដំណើរទៅកាន់ទីរលត់ នៃជរានិងមរណៈ។ កំណត់ដឹង​នូវ​ជាតិ។បេ។ កំណត់ដឹងនូវភព… ឧបាទាន… តណ្ហា… វេទនា… ផស្សៈ… សឡាយតនៈ… នាមរូប … វិញ្ញាណ… នូវសង្ខារទាំងឡាយ កំណត់ដឹងនូវ​ការកើតឡើង នៃសង្ខារ កំណត់​ដឹង​នូវទីរលត់នៃសង្ខារ កំណត់ដឹងនូវបដិបទា ជាដំណើរទៅកាន់​ទីរលត់ នៃសង្ខារ។ ម្នាលភិក្ខុទាំងឡាយ សមណៈ ឬព្រាហ្មណ៍​​ទាំងនោះ តថាគត បានសន្មតថាជាសមណៈ ក្នុង​ពួកសមណៈផង សន្មតថាជាព្រាហ្មណ៍ ក្នុងពួកព្រាហ្មណ៍​ផង មិនតែប៉ុណ្ណោះ សមណ​ព្រាហ្មណ៍​មានអាយុទាំងនោះឯង រមែងបានធ្វើឲ្យជាក់ច្បាស់ សម្រេច នូវសាមញ្ញផលផង នូវ​ព្រហ្មញ្ញផលផង ដោយបញ្ញាដ៏ឧត្តម ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន។ ចប់សូត្រ ទី៩។

[៩៦] ទ្រង់គង់នៅជិតក្រុងសាវត្ថី.. ក្នុងទីនោះឯង។បេ។ ម្នាលភិក្ខុទាំងឡាយ ពួកសមណៈ ឬព្រាហ្មណ៍ណាមួយ មិនដឹងច្បាស់នូវ​ជរា និងមរណៈ មិនដឹងច្បាស់នូវការកើតឡើង នៃ​ជរា និងមរណៈ មិនដឹងច្បាស់នូវទីរលត់នៃជរា និងមរណៈ មិនដឹងច្បាស់នូវបដិបទា ជា​ដំណើរ​ទៅកាន់ទីរលត់ នៃជរានិងមរណៈ សមណព្រាហ្មណ៍ទាំងនោះឯង នឹងប្រព្រឹត្ត​កន្លង នូវជរានិងមរណៈបាន ពាក្យដូច្នេះនេះ មិនសមហេតុឡើយ។ មិនដឹងច្បាស់​នូវ​ជាតិ។បេ។ មិនដឹងច្បាស់នូវភព… ឧបាទាន… តណ្ហា… វេទនា… ផស្សៈ… សឡាយតនៈ… នាមរូប… វិញ្ញាណ… នូវសង្ខារទាំងឡាយ មិនដឹងច្បាស់នូវ​ការកើតឡើងនៃសង្ខារ មិនដឹង​ច្បាស់នូវទីរលត់នៃសង្ខារ មិនដឹងច្បាស់នូវបដិបទា ជាដំណើរទៅកាន់ទីរលត់ នៃសង្ខារ សមណព្រាហ្មណ៍ទាំង​នោះឯង នឹងប្រព្រឹត្តកន្លង នូវសង្ខារទាំងឡាយបាន ពាក្យដូច្នេះ​នេះ មិនសមហេតុឡើយ។

[៩៧] ម្នាលភិក្ខុទាំងឡាយ ពួកសមណៈ ឬព្រាហ្មណ៍ណាមួយ ដឹងច្បាស់នូវ​ជរា និង​មរណៈ ដឹងច្បាស់នូវការកើតឡើងនៃជរា និងមរណៈ ដឹងច្បាស់នូវទីរលត់នៃជរា និង​មរណៈ ដឹងច្បាស់នូវបដិបទា ជាដំណើរទៅកាន់ទីរលត់ នៃជរានិងមរណៈ សមណ​ព្រាហ្មណ៍​ទាំងនោះឯង នឹងប្រព្រឹត្តកន្លងនូវជរា និងមរណៈបាន ពាក្យដូច្នេះនេះ ទើបសម​ហេតុ។ ដឹងច្បាស់នូវជាតិ។បេ។ ដឹងច្បាស់នូវភព… ឧបាទាន… តណ្ហា… វេទនា… ផស្សៈ… សឡាយតនៈ… នាមរូប … វិញ្ញាណ… នូវសង្ខារទាំងឡាយ ដឹងច្បាស់នូវ​ការកើតឡើង នៃ​សង្ខារ ដឹងច្បាស់នូវទីរលត់នៃសង្ខារ ដឹងច្បាស់នូវបដិបទា ជាដំណើរ​ទៅកាន់​ទីរលត់ នៃ​សង្ខារ សមណព្រាហ្មណ៍ទាំងនោះឯង នឹងប្រព្រឹត្តកន្លងនូវសង្ខារទាំង​ឡាយបាន ពាក្យ​ដូច្នេះ​នេះ ទើបសមហេតុ។។ ចប់សូត្រ ទី១០។

ចប់ ទសពលវគ្គ ទី៣។

ឧទ្ទាននៃទសពលវគ្គនោះគឺ

និយាយអំពីព្រះតថាគតជាទសពល ២លើក និយាយអំពី​ហេតុនៃខយញ្ញាណ​ជាដើម ១ និយាយ​អំពីពួកអន្យតិរ្ថិយបរិព្វាជក សួរប្រស្នានឹងព្រះសារីបុត្ត ១ និយាយអំពី​ព្រះភូមិជភិក្ខុ សួរប្រស្នានឹងព្រះសារីបុត្ត ១ និយាយអំពី​ព្រះឧបវាណៈមានអាយុ សួរប្រស្នានឹង​ព្រះមានព្រះភាគ ១ និយាយអំពីបច្ច័យ គឺអវិជ្ជាជាដើម ១ និយាយអំពី​ភិក្ខុដឹងច្បាស់ នូវជរាមរណៈជាដើម ១ និយាយអំពីសមណព្រាហ្មណ៍ ២លើក។

កឡារខត្តិយវគ្គ

[៩៨] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់ជិតក្រុងសាវត្ថី.. ក្នុងទីនោះឯង ព្រះមានព្រះ​ភាគ ទ្រង់ត្រាស់នឹងព្រះសារីបុត្តមានអាយុថា ម្នាលសារីបុត្ត អជិតមាណព បានពោល​ហើយ (ក្នុងអជិតបញ្ហា បារាយនវគ្គ) នូវពាក្យនេះថា

ពួកបុគ្គលណា មានធម៌ពិចារណា [អសេក្ខបុគ្គល។] ហើយក្តី ពួកបុគ្គលណា ជាសេក្ខៈ​ដ៏​ច្រើន​ក្តី ក្នុងសាសនានេះ បពិត្រព្រះអង្គអ្នកនិទ៌ុក្ខ ព្រះអង្គជាអ្នកមានបញ្ញា ខ្ញុំព្រះអង្គ សួរ​នូវ​​ការ​ប្រព្រឹត្តិរបស់បុគ្គលទាំងនោះ សូមទ្រង់សំដែងឲ្យទាន

ម្នាលសារីបុត្ត ភាសិតសង្ខេបនេះ អ្នកគប្បីយល់ឃើញសេចក្តីដោយពិស្តារ ដោយ​ប្រការ​ដូចម្តេចហ្ន៎។

[៩៩] កាលបើព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ ព្រះសារីបុត្តមានអាយុ ក៏នៅ​ស្ងៀម។ ព្រះមានព្រះភាគ ទ្រង់ត្រាស់នឹងព្រះសារីបុត្តមានអាយុ ជាគម្រប់​២ដង។បេ។ ព្រះសារីបុត្តមានអាយុ ក៏នៅស្ងៀម ជាគម្រប់ ២ដង។ ព្រះមានព្រះភាគ ទ្រង់​ត្រាស់នឹង​ព្រះសារីបុត្តមានអាយុ ជាគម្រប់ ៣ដងថា ម្នាលសារីបុត្ត អជិតមាណព បាន​ពោលហើយ (ក្នុងអជិតបញ្ហា បារាយនវគ្គ) នូវពាក្យនេះថា

ពួកបុគ្គលណា មាន​ធម៌ពិចារណា​ហើយក្តី ពួកបុគ្គលណា ជាសេក្ខៈដ៏ច្រើនក្តី ក្នុងសាសនា​នេះ បពិត្រព្រះអង្គអ្នកនិទ៌ុក្ខ ព្រះអង្គជាអ្នកមានបញ្ញា ខ្ញុំព្រះអង្គ សួរនូវ​ការប្រព្រឹត្តិ​របស់​បុគ្គល​ទាំងនោះ សូមទ្រង់សំដែងឲ្យទាន

ម្នាលសារីបុត្ត ភាសិតសង្ខេបនេះ អ្នកគប្បីយល់ឃើញសេចក្តីដោយពិស្តារ ដោយ​ប្រការ​ដូចម្តេចហ្ន៎។ កាល​ព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ ព្រះសារីបុត្តមានអាយុ ក៏​នៅ​ស្ងៀម ជាគម្រប់៣ដង។

[១០០] ម្នាលសារីបុត្ត អ្នកឃើញថា នេះជាភូត (ខន្ធបញ្ចកៈ) ដូច្នេះដែរឬ។ បពិត្រ​ព្រះអង្គដ៏​ចំរើន បុគ្គលឃើញដោយបញ្ញាដ៏ប្រពៃតាមពិតថា នេះជាភូត លុះ​ឃើញដោយបញ្ញា​ដ៏​ប្រពៃ​តាមពិតថា នេះជាភូត ដូច្នេះហើយ ក៏ប្រតិបត្តិ ដើម្បីការ​នឿយណាយ ដើម្បីការ​ធុញ​ទ្រាន់ ដើម្បីការរលត់នៃភូត ឃើញដោយ​បញ្ញាដ៏​ប្រពៃ​តាមពិតថា អាហារនៃភូតនោះ រមែង​​កើតមានព្រម លុះឃើញដោយបញ្ញាដ៏​ប្រពៃ​តាមពិតថា អាហារនៃភូតនោះ កើតមាន​ព្រម ដូច្នេះហើយ ក៏ប្រតិបត្តិ ដើម្បីការ​នឿយណាយ ដើម្បីការធុញទ្រាន់ ដើម្បីការរលត់​នៃ​កំណើត​អាហារ ឃើញដោយ​បញ្ញាដ៏​ប្រពៃ​តាមពិតថា ធម្មជាតណា ជាភូត ធម្មជាតនោះ មាន​កិរិយា រលត់​ទៅជាធម្មតា ព្រោះការរលត់នៃអាហារនោះ លុះឃើញដោយបញ្ញាដ៏​ប្រពៃ​​តាមពិតថា ធម្មជាតណា ជាភូត ធម្មជាតនោះ មានកិរិយា រលត់​ទៅជាធម្មតា ព្រោះ​ការ​រលត់នៃអាហារនោះហើយ ក៏ប្រតិបត្តិ ដើម្បីការ​នឿយណាយ ដើម្បីការធុញទ្រាន់ ដើម្បី​ការរលត់នៃភូត ដែលមានកិរិយារលត់ទៅជាធម្មតា។ បពិត្រព្រះអង្គដ៏ចំរើន សេក្ខ​បុគ្គល យ៉ាងនេះឯង។

[១០១] បពិត្រព្រះអង្គដ៏ចំរើន បុគ្គលដែលឈ្មោះថា មានធម៌ពិចារណាហើយ តើដូច​ម្តេច។ បពិត្រព្រះអង្គដ៏ចំរើន បុគ្គលឃើញដោយបញ្ញាដ៏ប្រពៃតាមពិតថា នេះជាភូត លុះ​ឃើញ​ដោយបញ្ញាដ៏ប្រពៃតាមពិតថា នេះជាភូត ដូច្នេះហើយ ក៏មានចិត្តរួចស្រឡះ ព្រោះ​ការ​នឿយណាយ ព្រោះការធុញទ្រាន់ ព្រោះការរលត់ ព្រោះការមិនប្រកាន់មាំ នូវភូត ឃើញ​ដោយ​បញ្ញាដ៏​ប្រពៃ​តាមពិតថា អាហារនៃភូតនោះ រមែងកើតមានព្រម លុះឃើញ​ដោយ​បញ្ញាដ៏​ប្រពៃ​តាមពិតថា អាហារនៃភូតនោះ រមែង​កើតមានព្រម ដូច្នេះហើយ ក៏មាន​ចិត្តរួចស្រឡះ ព្រោះការ​នឿយណាយ ព្រោះការធុញទ្រាន់ ព្រោះការរលត់ ព្រោះ​ការ​មិន​ប្រកាន់មាំ នូវកំណើត​នៃអាហារ ឃើញដោយ​បញ្ញា ដ៏​ប្រពៃ​តាមពិតថា ធម្មជាតណា ជា​ភូត ធម្មជាតនោះ មានកិរិយារលត់​ទៅជាធម្មតា ព្រោះការរលត់នៃអាហារនោះ លុះឃើញ​ដោយ​បញ្ញាដ៏​ប្រពៃ​តាមពិតថា ធម្មជាតណា ជាភូត ធម្មជាតនោះ មានកិរិយារលត់​ទៅជា​ធម្មតា ព្រោះការរលត់នៃអាហារនោះ ដូច្នេះហើយ ក៏មានចិត្តរួចស្រឡះ ព្រោះការ​នឿយ​ណាយ ព្រោះការធុញទ្រាន់ ព្រោះការរលត់ ព្រោះការមិនប្រកាន់មាំ នូវភូត ដែលមាន​កិរិយា​​រលត់ទៅជាធម្មតា។ បពិត្រព្រះអង្គដ៏ចំរើន បុគ្គលដែលមានធម៌ពិចារណាហើយ យ៉ាង​​នេះ​ឯង។ បពិត្រព្រះអង្គដ៏ចំរើន ពាក្យដែលអជិតមាណព បានពោលហើយ (ក្នុង​អជិតបញ្ហា បារាយនវគ្គ) ថា

ពួកបុគ្គលណា មានធម៌ពិចារណាហើយក្តី ពួកបុគ្គលណា ជាសេក្ខៈដ៏ច្រើនក្តី ក្នុង​សាសនា​នេះ បពិត្រព្រះអង្គអ្នកនិទ៌ុក្ខ ព្រះអង្គជាអ្នកមានបញ្ញា ខ្ញុំព្រះអង្គ សួរនូវការប្រព្រឹត្តិ របស់​បុគ្គល​ទាំងនោះ សូមទ្រង់សំដែងឲ្យទាន

សឹងមានការបកស្រាយ ដោយប្រការដូច្នេះឯង

បពិត្រព្រះអង្គដ៏ចំរើន ភាសិតសង្ខេបនេះ ខ្ញុំព្រះអង្គ យល់សេចក្តី ដោយពិស្តារ យ៉ាងនេះ។

[១០២] ម្នាលសារីបុត្ត ត្រូវហើយ ត្រូវហើយ ម្នាលសារីបុត្ត បុគ្គល ឃើញដោយ​បញ្ញា​ដ៏​ប្រពៃ​តាមពិតថា នេះជាភូត លុះ​ឃើញដោយបញ្ញា ដ៏ប្រពៃតាមពិតថា នេះជា​ភូត ដូច្នេះ​ហើយ ក៏ប្រតិបត្តិ ដើម្បីការ​នឿយណាយ ដើម្បីការធុញទ្រាន់ ដើម្បីការរលត់ នៃភូត ឃើញ​ដោយ​បញ្ញា ដ៏​ប្រពៃ​តាមពិតថា អាហារនៃភូតនោះ រមែងកើតមានព្រម លុះឃើញ​ដោយ​បញ្ញា ដ៏​ប្រពៃ​តាមពិតថា អាហារនៃភូតនោះ រមែង​កើតមានព្រម ដូច្នេះហើយ ក៏​ប្រតិបត្តិ ដើម្បីការ​នឿយណាយ ដើម្បីការធុញទ្រាន់ ដើម្បីការរលត់ នៃ​កំណើត​អាហារ ឃើញ​ដោយ​បញ្ញា ដ៏​ប្រពៃ​តាមពិតថា ធម្មជាតណា ជាភូត ធម្មជាតនោះ មានកិរិយារលត់​ទៅ​ជា​ធម្មតា ព្រោះការរលត់នៃអាហារនោះ លុះឃើញដោយបញ្ញា ដ៏​ប្រពៃ​តាមពិតថា ធម្មជាត​ណា ជាភូត ធម្មជាតនោះ មានកិរិយារលត់​ទៅជាធម្មតា ព្រោះការរលត់នៃ​អាហារ​នោះ ដូច្នេះហើយ ក៏ប្រតិបត្តិ ដើម្បីការ​នឿយណាយ ដើម្បីការធុញទ្រាន់ ដើម្បីការរលត់ នៃ​ភូត ដែលមានកិរិយា​រលត់ទៅជាធម្មតា។ ម្នាលសារីបុត្ត សេក្ខបុគ្គល យ៉ាងនេះឯង។

[១០៣] ម្នាលសារីបុត្ត បុគ្គលដែលឈ្មោះថា មានធម៌ពិចារណាហើយ តើដូចម្តេច។ ម្នាល​សារីបុត្ត បុគ្គល ឃើញដោយបញ្ញា ដ៏ប្រពៃតាមពិតថា នេះជាភូត លុះ​ឃើញដោយបញ្ញា ដ៏​ប្រពៃ​តាមពិតថា នេះជាភូត ដូច្នេះហើយ ក៏មានចិត្តរួចស្រឡះ ព្រោះការ​នឿយណាយ ព្រោះ​ការធុញទ្រាន់ ព្រោះការរលត់ ព្រោះការមិនប្រកាន់មាំ នូវភូត ឃើញដោយ​បញ្ញា ដ៏​ប្រពៃ​​តាមពិតថា អាហារនៃភូតនោះ រមែងកើតមានព្រម លុះឃើញដោយបញ្ញា ដ៏​ប្រពៃ​តាម​ពិតថា អាហារនៃភូតនោះ រមែង​កើតមានព្រម ដូច្នេះហើយ ក៏មានចិត្តរួចស្រឡះ ព្រោះ​ការ​នឿយណាយ ព្រោះការធុញទ្រាន់ ព្រោះការរលត់ ព្រោះការមិនប្រកាន់មាំ នូវ​កំណើត​​នៃអាហារ ឃើញដោយ​បញ្ញា ដ៏​ប្រពៃ​តាមពិតថា ធម្មជាតណា ជាភូត ធម្មជាត​នោះ មានកិរិយារលត់​ទៅជាធម្មតា ព្រោះការរលត់នៃអាហារនោះ លុះឃើញដោយបញ្ញា ដ៏​​ប្រពៃ​តាមពិតថា ធម្មជាតណា ជាភូត ធម្មជាតនោះ មានកិរិយារលត់​ទៅជាធម្មតា ព្រោះ​ការ​រលត់នៃអាហារនោះហើយ ក៏មានចិត្តរួចស្រឡះ ព្រោះការ​នឿយណាយ ព្រោះការ​ធុញ​ទ្រាន់ ព្រោះការរលត់ ព្រោះការមិនប្រកាន់មាំ នូវភូត ដែលមានកិរិយា​រលត់ទៅ​ជា​ធម្មតា។ ម្នាលសារីបុត្ត បុគ្គលដែល​ឈ្មោះថា មានធម៌ពិចារណាហើយ យ៉ាង​នេះឯង។ ម្នាល​សារីបុត្ត ពាក្យដែលអជិតមាណព បានពោលហើយ (ក្នុង​អជិតបញ្ហា បារាយនវគ្គ) ថា

ពួកបុគ្គលណា មានធម៌ពិចារណាហើយក្តី ពួកបុគ្គលណា ជាសេក្ខៈដ៏ច្រើនក្តី ក្នុង​សាសនា​នេះ បពិត្រព្រះអង្គអ្នកនិទ៌ុក្ខ ព្រះអង្គជាអ្នកមានបញ្ញា ខ្ញុំព្រះអង្គ សួរនូវការប្រព្រឹត្តិ របស់​បុគ្គលទាំងនោះ សូមទ្រង់សំដែងឲ្យទាន

សឹង​មានការបកស្រាយ ដោយប្រការដូច្នេះឯង

ម្នាល​សារីបុត្ត ភាសិតសង្ខេបនេះ អ្នកគប្បីយល់ឃើញសេចក្តី ដោយពិស្តារ យ៉ាងនេះ។ ចប់សូត្រទី១។

[១០៤] ទ្រង់គង់នៅជិតក្រុងសាវត្ថី… គ្រានោះ ភិក្ខុឈ្មោះកឡារខត្តិយៈ ចូលទៅ​រក​ព្រះសារីបុត្ត​មានអាយុ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹង​ព្រះសារីបុត្ត​​មានអាយុ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួរ​រឭក​ហើយ ក៏​អង្គុយ​ក្នុងទីសមគួរ។ លុះកឡារខត្តិយភិក្ខុ អង្គុយក្នុងទីសមគួរហើយ ក៏​ពោល​នឹង​ព្រះសារីបុត្ត​មានអាយុ ដូច្នេះថា ម្នាលសារីបុត្តមានអាយុ ភិក្ខុឈ្មោះមោលិយផគ្គុន បាន​លា​សិក្ខា ត្រឡប់ទៅកាន់ហីនភេទហើយ ព្រះមោលិយផគ្គុនមានអាយុនោះ មិនបាននូវ​ទី​ពឹង ក្នុងធម្មវិន័យដោយពិតទេ បើដូច្នោះ មានតែ​ព្រះសារីបុត្តមានអាយុ បានដល់នូវ​ទីពឹង​ក្នុង​ធម្មវិន័យនេះហើយ។ ព្រះសារីបុត្ត​ពោលថា ម្នាលអាវុសោ ខ្ញុំមិនសង្ស័យទេ។ ព្រះ​កឡារខត្តិយៈ​ពោលថា ម្នាល​អាវុសោ ចុះ​បដិសន្ធិក្នុងខាងមុខទៀត។ ម្នាលអាវុសោ ខ្ញុំមិន​ងឿង​ឆ្ងល់ទេ។

[១០៥] គ្រានោះ កឡារខត្តិយភិក្ខុ ក្រោកអំពីអាសនៈ ចូលទៅគាល់​ព្រះមានព្រះភាគ លុះ​ចូល​ទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំ​ព្រះមានព្រះភាគ រួចអង្គុយក្នុងទីសមគួរ។ លុះ​កឡារខត្តិយ​ភិក្ខុ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបទូល​ព្រះមានព្រះភាគ ដូច្នេះថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន ព្រះសារីបុត្តមានអាយុ ពោលអួត​ព្រះអរហត្តផលថា ខ្ញុំដឹងច្បាស់ថា ជាតិ (របស់​អាត្មាអញ) អស់ហើយ មគ្គព្រហ្មចរិយៈ អាត្មាអញបាននៅរួចហើយ សោឡសកិច្ច អាត្មាអញ បានធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅដើម្បី​សោឡសកិច្ច​នេះ​ទៀត មិនមានឡើយ។ លំដាប់​នោះ ព្រះមានព្រះភាគ ត្រាស់ហៅភិក្ខុមួយរូបមកថា ម្នាល​ភិក្ខុ អ្នកចូរមក ចូរហៅសារីបុត្ត​ តាម​ពាក្យតថាគតមកថា បពិត្រព្រះសារីបុត្តមានអាយុ ព្រះសាស្តា​ត្រាស់ទៅលោកម្ចាស់។ ភិក្ខុនោះ ទទួលព្រះពុទ្ធដីកាព្រះមានព្រះភាគ ដោយ​ពាក្យថា ព្រះករុណា ព្រះអង្គ ហើយ​ក៏ចូលទៅរក​ ព្រះសារីបុត្តមានអាយុ លុះចូលទៅ​ដល់​ហើយ ក៏ពោលនឹង​ព្រះសារីបុត្តមានអាយុ ដូច្នេះថា បពិត្រព្រះសារីបុត្តមានអាយុ ព្រះ​សាស្តា​ត្រាស់ហៅ​លោកម្ចាស់។ ព្រះសារីបុត្តមានអាយុ ទទួលពាក្យភិក្ខុនោះថា អើ​អាវុសោ ហើយក៏ចូល​ទៅគាល់​ព្រះមានព្រះភាគ លុះចូលទៅដល់ ក៏ថ្វាយបង្គំ​ព្រះមានព្រះ​ភាគ រួចអង្គុយ​ក្នុងទី​សមគួរ។

[១០៦] លុះព្រះសារីបុត្តមានអាយុ អង្គុយក្នុងទីសមគួរហើយ ព្រះមានព្រះភាគ ត្រាស់សួរ​ដូច្នេះថា ម្នាលសារីបុត្ត ឮថា អ្នកពោលអួតអរហត្តផលថា ខ្ញុំដឹងច្បាស់ថា ជាតិ (របស់​អាត្មាអញ) អស់ហើយ មគ្គព្រហ្មចរិយៈ អាត្មាអញបាននៅរួចហើយ សោឡសកិច្ច អាត្មា​អញ បានធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ច​នេះ​ទៀត មិន​មាន​ឡើយ ដូច្នេះពិតឬ។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ មិនបានពោល​សេចក្តី ដោយ​បទ​ទាំងនេះ ដោយព្យញ្ជនៈ​ទាំងនេះទេ។ ម្នាលសារីបុត្ត កុលបុត្តពោលអួត​អរហត្តផល សូម្បី​​ដោយបរិយាយណាមួយ ត្រូវតែឃើញនូវពាក្យពោលអួត ថាជាពាក្យពោល​អួត ដោយ​ពិត។ បពិត្រព្រះអង្គដ៏ចំរើន ក្រែងខ្ញុំព្រះអង្គ ទើបនឹង​ក្រាបទូល​យ៉ាងនេះថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន ខ្ញុំព្រះអង្គ មិនបានពោលសេចក្តី ដោយបទទាំងនុ៎ះ ដោយព្យញ្ជនៈ​ទាំង​នុ៎ះ​ទេ ដូច្នេះឬ។ ម្នាលសារីបុត្ត ប្រសិនបើជន​ទាំងឡាយ សួរអ្នកយ៉ាងនេះថា នែសារីបុត្ត​មាន​អាយុ ចុះលោកបានដឹងដូចម្តេច បានឃើញ​ដូចម្តេច បានជាពោលអួតអរហត្តផលថា ខ្ញុំ​ដឹង​ច្បាស់ថា ជាតិ (របស់​អាត្មា​អញ) អស់ហើយ មគ្គព្រហ្មចរិយៈ អាត្មាអញបាន​នៅ​រួច​ហើយ សោឡសកិច្ច អាត្មាអញ បានធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បី​សោឡសកិច្ច​នេះទៀត មិនមានឡើយ ម្នាលសារីបុត្ត កាលបើគេសួរយ៉ាងនេះ អ្នកគប្បី​ដោះ​ស្រាយដូចម្តេច។ បពិត្រព្រះអង្គដ៏ចំរើន ប្រសិនបើជនទាំងឡាយ សួរខ្ញុំព្រះអង្គ​យ៉ាង​នេះ​ថា នែសារីបុត្ត​មានអាយុ ចុះលោកដឹងដូចម្តេច ឃើញដូចម្តេច បានជាពោល​អួត​អរហត្តផល​ថា ខ្ញុំដឹង​ច្បាស់ថា ជាតិ (របស់អាត្មាអញ) អស់ហើយ មគ្គព្រហ្មចរិយៈ អាត្មាអញ​បាននៅរួចហើយ សោឡសកិច្ច អាត្មាអញ បានធ្វើស្រេចហើយ មគ្គភាវនាកិច្ច​ដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។ បពិត្រព្រះអង្គដ៏ចំរើន កាល​បើ​គេសួរយ៉ាងនេះហើយ ខ្ញុំព្រះអង្គ គប្បីដោះស្រាយយ៉ាងនេះថា ម្នាលអាវុសោ​ទាំង​ឡាយ ជាតិ មានធម៌ណាជាហេតុ កាលបើបច្ច័យនៃជាតិអស់ហើយ ព្រោះការអស់ទៅ​នៃ​ហេតុ​នោះ យើងក៏ដឹងច្បាស់ថា ផល គឺជាតិអស់ហើយ ទើបប្តេជ្ញា​ថា ជាតិ (របស់​អាត្មាអញ) អស់ហើយ មគ្គព្រហ្មចរិយៈ អាត្មាអញបាននៅរួចហើយ សោឡសកិច្ច អាត្មាអញ បានធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះ​ទៀត មិនមានឡើយ បពិត្រព្រះអង្គដ៏ចំរើន កាលបើគេសួរ​យ៉ាងនេះ ខ្ញុំព្រះអង្គ គប្បីដោះ​ស្រាយ យ៉ាងនេះឯង។

[១០៧] ម្នាលសារីបុត្ត ប្រសិនបើជនទាំងឡាយ សួរអ្នកយ៉ាងនេះថា នែសារីបុត្ត​មានអាយុ ចុះជាតិ មានអ្វីជាហេតុ មានអ្វីនាំឲ្យកើត មានអ្វីជាកំណើត មានអ្វីជាប្រភព ម្នាលសារីបុត្ត កាលបើគេសួរយ៉ាងនេះ អ្នកគប្បីដោះស្រាយ ដូចម្តេច។ បពិត្រព្រះអង្គដ៏ចំរើន ប្រសិន​បើជន​ទាំងឡាយ សួរខ្ញុំព្រះអង្គ យ៉ាងនេះថា នែសារីបុត្ត​មានអាយុ ចុះជាតិ មានអ្វីជាហេតុ មានអ្វីនាំឲ្យកើត មានអ្វីជាកំណើត មានអ្វីជាប្រភព បពិត្រព្រះអង្គដ៏ចំរើន កាលបើគេសួរ​យ៉ាង​នេះ ខ្ញុំព្រះអង្គ គប្បីដោះស្រាយយ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ជាតិ មានភព​ជា​ហេតុ មានភពនាំឲ្យកើត មានភពជាកំណើត មានភពជាប្រភព បពិត្រព្រះអង្គដ៏ចំរើន កាលបើគេសួរយ៉ាងនេះ ខ្ញុំព្រះអង្គ គប្បីដោះស្រាយ យ៉ាងនេះឯង។

[១០៨] ម្នាលសារីបុត្ត ប្រសិនបើជនទាំងឡាយ សួរអ្នកយ៉ាងនេះថា នែសារីបុត្ត​មានអាយុ ចុះភព មានអ្វីជាហេតុ មានអ្វីនាំឲ្យកើត មានអ្វីជាកំណើត មានអ្វីជាប្រភព ម្នាលសារីបុត្ត កាលបើគេសួរយ៉ាងនេះ អ្នកគប្បីដោះស្រាយ ដូចម្តេច។ បពិត្រ​ព្រះអង្គដ៏ចំរើន ប្រសិន​បើ​ជន​ទាំងឡាយ សួរខ្ញុំព្រះអង្គ យ៉ាងនេះថា នែសារីបុត្ត​មានអាយុ ចុះភព មានអ្វីជាហេតុ មានអ្វីនាំឲ្យកើត មានអ្វីជាកំណើត មានអ្វីជាប្រភព បពិត្រព្រះអង្គដ៏ចំរើន កាលបើគេ​សួរ​យ៉ាងនេះ ខ្ញុំព្រះអង្គ គប្បីដោះស្រាយយ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ភព មាន​ឧបាទាន​ជាហេតុ មានឧបាទាននាំឲ្យកើត មានឧបាទានជាកំណើត មានឧបាទាន​ជា​ប្រភព បពិត្រព្រះអង្គដ៏ចំរើន កាលបើគេសួរយ៉ាងនេះ ខ្ញុំព្រះអង្គ គប្បីដោះស្រាយ យ៉ាង​នេះ​ឯង។

[១០៩] ម្នាលសារីបុត្ត ប្រសិនបើជនទាំងឡាយ សួរអ្នកយ៉ាងនេះថា នែសារីបុត្ត​មានអាយុ ចុះឧបាទាន មានអ្វីជាហេតុ។បេ។ មានអ្វីជាប្រភព ម្នាលសារីបុត្ត កាលបើគេសួរ​យ៉ាងនេះ អ្នកគប្បីដោះស្រាយ ដូចម្តេច។ បពិត្រព្រះអង្គដ៏ចំរើន ប្រសិនបើជនទាំងឡាយ សួរខ្ញុំ​ព្រះអង្គ យ៉ាងនេះថា នែសារីបុត្ត​មានអាយុ ចុះឧបាទាន មានអ្វីជាហេតុ។បេ។ មានអ្វីជា​ប្រភព បពិត្រព្រះអង្គដ៏ចំរើន កាលបើគេសួរយ៉ាងនេះ ខ្ញុំព្រះអង្គ គប្បីដោះស្រាយ​យ៉ាង​នេះថា ម្នាលអាវុសោទាំងឡាយ ឧបាទាន មានតណ្ហាជាហេតុ។បេ។ មានតណ្ហាជាប្រភព បពិត្រព្រះអង្គដ៏ចំរើន កាលបើគេសួរយ៉ាងនេះ ខ្ញុំព្រះអង្គ គប្បីដោះស្រាយ យ៉ាងនេះឯង។

[១១០] ម្នាលសារីបុត្ត ប្រសិនបើជនទាំងឡាយ សួរអ្នកយ៉ាងនេះថា នែសារីបុត្ត​មានអាយុ ចុះតណ្ហា មានអ្វីជាហេតុ មានអ្វីនាំឲ្យកើត មានអ្វីជាកំណើត មានអ្វីជាប្រភព ម្នាល​សារីបុត្ត កាលបើគេសួរ​យ៉ាងនេះ អ្នកគប្បីដោះស្រាយ ដូចម្តេច។ បពិត្រព្រះអង្គ​ដ៏ចំរើន ប្រសិន​បើជនទាំងឡាយ សួរខ្ញុំព្រះអង្គ យ៉ាងនេះថា នែសារីបុត្ត​មានអាយុ ចុះតណ្ហា មាន​អ្វី​​ជា​ហេតុ មានអ្វីនាំឲ្យកើត មានអ្វីជាកំណើត មានអ្វីជាប្រភព បពិត្រព្រះអង្គដ៏ចំរើន កាល​បើ​គេសួរយ៉ាងនេះ ខ្ញុំព្រះអង្គ គប្បីដោះស្រាយយ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ តណ្ហា មានវេទនាជាហេតុ មានវេទនានាំឲ្យកើត មានវេទនា​ជាកំណើត មានវេទនាជា​ប្រភព បពិត្រព្រះអង្គដ៏ចំរើន កាលបើគេសួរយ៉ាងនេះ ខ្ញុំព្រះអង្គ គប្បីដោះស្រាយ យ៉ាង​នេះ​ឯង។

[១១១] ម្នាលសារីបុត្ត ប្រសិនបើជនទាំងឡាយ សួរអ្នកយ៉ាងនេះថា នែសារីបុត្ត​មានអាយុ ចុះវេទនា មានអ្វីជាហេតុ។បេ។ មានអ្វីជាប្រភព ម្នាលសារីបុត្ត កាលបើគេសួរ​យ៉ាងនេះ អ្នក​គប្បីដោះស្រាយ ដូចម្តេច។ បពិត្រព្រះអង្គ​ដ៏ចំរើន ប្រសិនបើជនទាំងឡាយ សួរខ្ញុំ​ព្រះអង្គ យ៉ាងនេះថា នែសារីបុត្ត​មានអាយុ ចុះវេទនា មានអ្វីជាហេតុ។បេ។ មានអ្វីជា​ប្រភព បពិត្រព្រះអង្គដ៏ចំរើន កាលបើគេសួរយ៉ាងនេះ ខ្ញុំព្រះអង្គ គប្បីដោះស្រាយ​យ៉ាង​នេះ​ថា ម្នាលអាវុសោទាំងឡាយ វេទនា មានផស្សៈជាហេតុ។បេ។ មានផស្សៈជាប្រភព បពិត្រព្រះអង្គដ៏ចំរើន កាលបើគេសួរយ៉ាងនេះ ខ្ញុំព្រះអង្គ គប្បីដោះស្រាយ យ៉ាងនេះឯង។

[១១២] ម្នាលសារីបុត្ត ប្រសិនបើជនទាំងឡាយ សួរអ្នកយ៉ាងនេះថា នែសារីបុត្ត​មានអាយុ លោក​បានដឹងដូចម្តេច ឃើញដូចម្តេច បានជាសេចក្តីត្រេកអរ ក្នុងវេទនា​ទាំងឡាយ មិន​តាំង​ឡើងបាន ម្នាលសារីបុត្ត កាលបើគេសួរ​យ៉ាងនេះ អ្នកគប្បីដោះ​ស្រាយ ដូចម្តេច។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ប្រសិនបើជនទាំងឡាយ សួរខ្ញុំព្រះអង្គ យ៉ាងនេះថា នែសារីបុត្ត​មាន​អាយុ លោកបានដឹងដូចម្តេច ឃើញដូចម្តេច បានជា​សេចក្តី​ត្រេកអរក្នុងវេទនាទាំងឡាយ មិន​តាំងឡើងបាន បពិត្រព្រះអង្គដ៏ចំរើន កាលបើគេសួរ​យ៉ាងនេះ ខ្ញុំព្រះអង្គ គប្បីដោះ​ស្រាយ​យ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ វេទនានេះ មាន៣ វេទនាទាំង៣ តើដូចម្តេច គឺ​សុខវេទនា១ ទុក្ខវេទនា១ អទុក្ខមសុខវេទនា១ ម្នាលអាវុសោទាំងឡាយ វេទនា​ទាំង ៣ នេះ​ឯង មិនទៀង ធម្មជាតណាមិនទៀង ធម្មជាត​នោះ យើងដឹងច្បាស់ថាជាទុក្ខ បានជា​សេចក្តី​ត្រេកអរ ក្នុងវេទនាទាំងឡាយ​មិនតាំង​ឡើងបាន បពិត្រព្រះអង្គដ៏ចំរើន កាលបើគេ​សួរ​យ៉ាងនេះ ខ្ញុំព្រះអង្គ គប្បីដោះស្រាយ យ៉ាងនេះឯង។

[១១៣] ម្នាលសារីបុត្ត ត្រូវហើយ ត្រូវហើយ ម្នាលសារីបុត្ត នេះឯង ជាបរិយាយ ប្រព្រឹត្ត​ទៅ ដើម្បីការដោះស្រាយនូវសេចក្តីនេះ ដោយសង្ខេបថា ការទទួលអារម្មណ៍​ណាមួយ ការ​ទទួល​​អារម្មណ៍នោះ ជាទុក្ខ ម្នាលសារីបុត្ត ចុះប្រសិនបើជនទាំងឡាយ សួរ​យ៉ាង​នេះ​ថា នែសារីបុត្តមានអាយុ ព្រោះវិមោក្ខដូចម្តេច លោកទើប​ពោលអួត​អរហត្តផលថា យើង​ដឹង​ច្បាស់ថា ជាតិ (របស់អាត្មាអញ) អស់ហើយ មគ្គព្រហ្មចរិយៈ អាត្មាអញ​បាន​នៅរួច​ហើយ សោឡសកិច្ច អាត្មាអញ បានធ្វើស្រេចហើយ មគ្គភាវនាកិច្ច​ដទៃ ប្រព្រឹត្តទៅ ដើម្បី​សោឡសកិច្ច​នេះទៀត មិនមានឡើយ ម្នាលសារីបុត្ត កាលបើគេសួរយ៉ាងនេះ អ្នកគប្បី​ដោះស្រាយដូចម្តេច។ បពិត្រព្រះអង្គដ៏ចំរើន ប្រសិនបើជនទាំងឡាយ សួរខ្ញុំព្រះអង្គ​យ៉ាង​នេះ​ថា នែសារីបុត្តមានអាយុ ព្រោះវិមោក្ខដូចម្តេច លោកទើបពោលអួតអរហត្តផលថា ខ្ញុំ​ដឹង​ច្បាស់ថា ជាតិ (របស់អាត្មាអញ) អស់ហើយ មគ្គព្រហ្មចរិយៈ អាត្មាអញ​បាននៅ​រួច​ហើយ សោឡសកិច្ច អាត្មាអញ បានធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បី​សោឡសកិច្ច​នេះ​ទៀត មិនមានឡើយ បពិត្រព្រះអង្គដ៏ចំរើន កាលបើគេសួរ​យ៉ាងនេះ ខ្ញុំ​ព្រះអង្គ គប្បីដោះស្រាយ យ៉ាងនេះថា  ម្នាលអាវុសោទាំងឡាយ ព្រោះតែ​អជ្ឈត្តវិមោក្ខ [សំដៅ​​យកព្រះអរហត្ត ដែលបុគ្គលបានសម្រេច ដោយការកំណត់នូវសង្ខារខាងក្នុង។] ទើប​​អាសវៈទាំងឡាយ មិនជាប់តាមយើង ដែលមានសតិយ៉ាងណា យើងក៏មាន​សតិ​យ៉ាង​​នោះ ព្រោះការអស់ទៅនៃឧបាទានទាំងពួង មួយទៀត យើងមិនបាន​មើលងាយ​នូវ​ខ្លួន​ឡើយ បពិត្រព្រះអង្គដ៏ចំរើន កាលបើគេសួរយ៉ាងនេះ ខ្ញុំព្រះអង្គគប្បីដោះស្រាយ យ៉ាង​​នេះឯង។

[១១៤] ម្នាលសារីបុត្ត ត្រូវហើយ ត្រូវហើយ ម្នាលសារីបុត្ត នេះឯង ជាបរិយាយ ប្រព្រឹត្តទៅ ដើម្បីការដោះស្រាយសេចក្តីនេះ ដោយសង្ខេបថា អាសវៈ​ទាំងឡាយណា ដែល​ព្រះពុទ្ធ ជាសមណៈ បានពោលហើយ យើងមិនសង្ស័យក្នុងអាសវៈទាំងនោះទេ អាសវៈទាំងនោះ យើងបានលះហើយ ព្រោះហេតុនោះ យើង​មិនងឿងឆ្ងល់ឡើយ។ ព្រះមានព្រះភាគ បាន​ត្រាស់​នូវពាក្យនេះហើយ លុះព្រះសុគត ត្រាស់នូវពាក្យនេះ​រួច​ហើយ ក៏ទ្រង់ក្រោកអំពី​អាសនៈ ស្តេចចូលទៅកាន់វិហារ។

[១១៥] កាលដែលព្រះមានព្រះភាគ ស្តេចចេញទៅមិនយូរប៉ុន្មាន  ព្រះសារីបុត្តមានអាយុ ក៏ហៅភិក្ខុទាំងឡាយក្នុងទីនោះថា ម្នាលអាវុសោទាំងឡាយ ព្រះមានព្រះភាគ បានសួរ​ប្រស្នា ទី១ នឹងខ្ញុំ ជាប្រស្នាដែលខ្ញុំមិនធ្លាប់ដឹងពីមុនមកទេ សេចក្តីយឺតយូរ ក្នុងការដោះ​ស្រាយ ក៏កើតមានដល់ខ្ញុំ ម្នាលអាវុសោទាំងឡាយ កាល​ដែល​ព្រះមានព្រះភាគ បាន​អនុមោទនា​ប្រស្នាជាដំបូងរបស់ខ្ញុំហើយ ម្នាលអាវុសោ​ទាំងឡាយ ខ្ញុំមានសេចក្តីត្រិះរិះ​ដូច្នេះ​ថា ប្រសិនបើ​ព្រះមានព្រះភាគ សួរសេចក្តី​នុ៎ះ ដោយបទដទៃៗ ដោយបរិយាយ​ដទៃៗ ចំពោះអាត្មាអញ អស់មួយថ្ងៃ អាត្មាអញ អាច​នឹងដោះស្រាយសេចក្តីនុ៎ះ ដោយបទ​ដទៃៗ ដោយបរិយាយដទៃៗ ថ្វាយ​ព្រះមានព្រះភាគ អស់មួយថ្ងៃ ប្រសិនបើ​ព្រះមានព្រះ​ភាគ សួរសេចក្តីនុ៎ះ ដោយ​បទដទៃៗ ដោយបរិយាយដទៃៗ ចំពោះអាត្មាអញ អស់មួយ​យប់ អាត្មាអញ អាច​នឹងដោះស្រាយសេចក្តីនុ៎ះ ដោយបទដទៃៗ ដោយបរិយាយដទៃៗ ថ្វាយ​​ព្រះមានព្រះភាគ អស់មួយយប់ ប្រសិនបើព្រះមានព្រះភាគ សួរសេចក្តីនុ៎ះ ដោយ​បទ​ដទៃៗ ដោយបរិយាយដទៃៗ ចំពោះអាត្មាអញ អស់មួយយប់មួយថ្ងៃ អាត្មាអញ​ អាច​នឹង​ដោះស្រាយសេចក្តីនុ៎ះ ដោយបទដទៃៗ ដោយបរិយាយដទៃៗ ថ្វាយ​ព្រះមានព្រះភាគ អស់​មួយយប់មួយថ្ងៃ ប្រសិនបើព្រះមានព្រះភាគ សួរសេចក្តីនុ៎ះ ចំពោះ​អាត្មាអញ អស់ ២យប់ ២ថ្ងៃ។បេ។ អាត្មាអញ អាច​នឹងដោះស្រាយសេចក្តីនុ៎ះ ថ្វាយ​ព្រះមានព្រះភាគ អស់ ២យប់ ២ថ្ងៃ។បេ។ ប្រសិនបើព្រះមានព្រះភាគ សួរសេចក្តីនុ៎ះ ចំពោះ​អាត្មាអញ អស់ ៣យប់ ៣ថ្ងៃ… អាត្មាអញ​ អាច​នឹងដោះស្រាយសេចក្តីនុ៎ះ ថ្វាយ​ព្រះមានព្រះភាគ អស់ ៣យប់ ៣ថ្ងៃ… ប្រសិនបើព្រះមានព្រះភាគ សួរសេចក្តីនុ៎ះ ចំពោះអាត្មាអញ អស់៤យប់ ៤ថ្ងៃ… អាត្មាអញ អាច​នឹងដោះស្រាយសេចក្តីនុ៎ះ ថ្វាយ​ព្រះមានព្រះភាគ អស់ ៤យប់ ៤ថ្ងៃ… ប្រសិនបើព្រះមានព្រះភាគ សួរសេចក្តីនុ៎ះ ចំពោះអាត្មាអញ អស់៥យប់៥ថ្ងៃ… អាត្មាអញ អាច​នឹងដោះស្រាយសេចក្តីនុ៎ះ ថ្វាយ​ព្រះមានព្រះភាគ អស់៥យប់ ៥ថ្ងៃ… ប្រសិន​បើព្រះមានព្រះភាគ សួរសេចក្តីនុ៎ះ ចំពោះអាត្មាអញ អស់៦យប់៦ថ្ងៃ… អាត្មាអញ អាច​​នឹងដោះស្រាយសេចក្តីនុ៎ះ ថ្វាយ​ព្រះមានព្រះភាគ អស់៦យប់៦ថ្ងៃ… ប្រសិន​បើ​ព្រះមានព្រះភាគ សួរសេចក្តីនុ៎ះ ដោយ​បទដទៃៗ ដោយបរិយាយដទៃៗ ចំពោះអាត្មាអញ អស់ ៧យប់ ៧ថ្ងៃ អាត្មាអញ អាច​នឹងដោះស្រាយសេចក្តីនុ៎ះ ដោយបទដទៃៗ ដោយ​បរិយាយ​ដទៃៗ ថ្វាយ​ព្រះមានព្រះភាគ អស់៧យប់៧ថ្ងៃ។

[១១៦] គ្រានោះ កឡារខត្តិយភិក្ខុ ក្រោកអំពីអាសនៈ ចូលទៅគាល់​ព្រះមានព្រះភាគ លុះ​ចូល​ទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំ​ព្រះមានព្រះភាគ រួច​អង្គុយក្នុងទីសមគួរ។ លុះ​កឡារខត្តិយ​ភិក្ខុ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបទូល​ព្រះមានព្រះភាគ ដូច្នេះថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន ព្រះសារីបុត្តមានអាយុ បន្លឺសីហនាទថា ម្នាលអាវុសោទាំងឡាយ ព្រះមាន​ព្រះភាគ បានសួរប្រស្នាទី១នឹងខ្ញុំ ជាប្រស្នាដែលខ្ញុំមិនធ្លាប់ដឹងមកពីកាលមុនទេ សេចក្តី​យឺត​យូរ ក្នុងការដោះស្រាយ ក៏កើតមានដល់ខ្ញុំ ម្នាលអាវុសោទាំងឡាយ កាល​ណាបើ​ព្រះមានព្រះភាគ បានអនុមោទនាប្រស្នាជាដំបូង របស់ខ្ញុំហើយ ម្នាលអាវុសោ​ទាំងឡាយ ខ្ញុំមានសេចក្តី​ត្រិះរិះ ដូច្នេះថា ប្រសិនបើ​ព្រះមានព្រះភាគ សួរសេចក្តី​នុ៎ះ ដោយបទដទៃៗ ដោយបរិយាយដទៃៗ ចំពោះអាត្មាអញ អស់១ថ្ងៃ អាត្មាអញ អាច​នឹងដោះ​ស្រាយ​សេចក្តី​នុ៎ះ ដោយបទដទៃៗ ដោយបរិយាយដទៃៗ ថ្វាយ​ព្រះមានព្រះភាគ អស់១ថ្ងៃ ប្រសិនបើ​អស់ ១យប់។បេ។ ប្រសិនបើព្រះមានព្រះភាគ សួរសេចក្តីនុ៎ះ ចំពោះអាត្មាអញ អស់ ១យប់ ១ថ្ងៃ… ប្រសិនបើព្រះមានព្រះភាគ សួរសេចក្តីនុ៎ះ ចំពោះ​អាត្មាអញ អស់ ២យប់ ២ថ្ងៃ… ៣យប់ ៣ថ្ងៃ… ៤យប់ ៤ថ្ងៃ… ៥យប់៥ថ្ងៃ… ៦យប់៦ថ្ងៃ… ប្រសិន​បើ​ព្រះមាន​ព្រះ​ភាគ សួរសេចក្តីនុ៎ះ ដោយ​បទដទៃៗ ដោយបរិយាយដទៃៗ ចំពោះអាត្មាអញ អស់ ៧យប់ ៧ថ្ងៃ អាត្មាអញ អាច​នឹងដោះស្រាយសេចក្តីនុ៎ះ ដោយបទដទៃៗ ដោយបរិយាយដទៃៗ ថ្វាយ​​ព្រះមានព្រះភាគ អស់៧យប់៧ថ្ងៃ។

[១១៧] ម្នាលភិក្ខុ ធម្មធាតុ [សំដៅយកសាវកបារមីញាណ។] គឺ​សារីបុត្តត្រាស់ដឹង​ហើយ​ដោយ​ប្រពៃពិត ព្រោះតែត្រាស់ដឹង​ធម្មធាតុដោយប្រពៃ បាន​ជាបើ​តថាគតសួរសេចក្តីនុ៎ះ ដោយ​បទដទៃៗ ដោយបរិយាយដទៃៗ ចំពោះសារីបុត្ត អស់១ថ្ងៃ សារីបុត្ត គប្បីដោះ​ស្រាយ​សេចក្តីនុ៎ះ ដោយបទដទៃៗ ដោយបរិយាយដទៃៗ ប្រាប់តថាគត អស់១ថ្ងៃបាន ប្រសិន​បើតថាគត សួរសេចក្តីនុ៎ះ ដោយបទដទៃៗ ដោយ​បរិយាយ​ដទៃៗ ចំពោះសារីបុត្ត អស់ ១យប់ សារីបុត្តក៏គប្បីដោះស្រាយ​សេចក្តីនុ៎ះ ប្រាប់តថាគតអស់១យប់បាន។បេ។ ប្រសិន​បើតថាគត សួរសេចក្តីនុ៎ះ ចំពោះសារីបុត្ត អស់១យប់១ថ្ងៃ… សារីបុត្ត ក៏គប្បី​ដោះ​ស្រាយ​សេចក្តីនុ៎ះ ប្រាប់តថាគត អស់១យប់១ថ្ងៃ… ប្រសិនបើតថាគត សួរសេចក្តីនុ៎ះ ចំពោះ​សារីបុត្ត អស់២យប់២ថ្ងៃ… សារីបុត្ត ក៏គប្បីដោះស្រាយសេចក្តីនុ៎ះ ប្រាប់តថាគត អស់ ២យប់ ២ថ្ងៃ… ប្រសិនបើតថាគត សួរសេចក្តីនុ៎ះ ចំពោះសារីបុត្ត អស់៣យប់៣ថ្ងៃ… សារីបុត្ត ក៏គប្បីដោះស្រាយសេចក្តីនុ៎ះ ប្រាប់តថាគត អស់៣យប់៣ថ្ងៃ… ប្រសិនបើ​តថាគត សួរសេចក្តីនុ៎ះ ចំពោះសារីបុត្ត អស់៤យប់៤ថ្ងៃ… សារីបុត្ត ក៏គប្បីដោះ​ស្រាយ​សេចក្តី​នុ៎ះ ប្រាប់តថាគត អស់៤យប់៤ថ្ងៃ… ប្រសិនបើតថាគត សួរសេចក្តីនុ៎ះ ចំពោះ​សារីបុត្ត អស់ ៥យប់ ៥ថ្ងៃ… សារីបុត្ត ក៏គប្បីដោះ​ស្រាយ​សេចក្តីនុ៎ះ ប្រាប់តថាគត អស់ ៥យប់ ៥ថ្ងៃ… ប្រសិនបើតថាគត សួរសេចក្តីនុ៎ះ ចំពោះសារីបុត្ត អស់៦យប់៦ថ្ងៃ… សារីបុត្ត ក៏គប្បី​ដោះស្រាយសេចក្តីនុ៎ះ ប្រាប់តថាគត អស់៦យប់៦ថ្ងៃ… ប្រសិនបើតថាគត សួរ​សេចក្តីនុ៎ះ ដោយបទដទៃៗ ដោយបរិយាយ​ដទៃៗ ចំពោះសារីបុត្ត អស់៧យប់៧ថ្ងៃ សារីបុត្ត ក៏គប្បីដោះស្រាយសេចក្តីនុ៎ះ ដោយបទ​ដទៃៗ ដោយបរិយាយដទៃៗ ប្រាប់​តថាគត អស់ ៧យប់ ៧ថ្ងៃបាន។ ចប់សូត្រទី២។

[១១៨] ទ្រង់គង់ជិតក្រុងសាវត្ថី… ម្នាលភិក្ខុទាំងឡាយ តថាគត នឹងសំដែងនូវ​ញាណវត្ថុ ៤៤ប្រការ ដល់អ្នកទាំងឡាយ អ្នកទាំងឡាយ ចូរយកចិត្តទុកដាក់ ប្រុងស្តាប់​ពាក្យនោះ ឲ្យ​ប្រពៃ​ចុះ តថាគត នឹងពោលឲ្យស្តាប់។ ភិក្ខុទាំងនោះ ទទួលព្រះពុទ្ធដីកា នៃ​ព្រះមានព្រះ​ភាគ​ថា ព្រះករុណាព្រះអង្គ។

[១១៩] ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ ចុះញាណវត្ថុ​ទាំង៤៤ តើដូចម្តេចខ្លះ គឺសេចក្តីដឹងក្នុងជរា និងមរណៈ១ សេចក្តីដឹងក្នុងហេតុ ជាទី​កើត​ឡើងនៃ​ជរា និងមរណៈ១ សេចក្តីដឹងក្នុងទីរលត់នៃជរា និងមរណៈ១ សេចក្តីដឹងក្នុងបដិបទា ជា​ដំណើរ​ទៅកាន់ទីរលត់នៃជរា និងមរណៈ១ សេចក្តីដឹងក្នុងជាតិ១ សេចក្តីដឹងក្នុងហេតុជា​ទីកើត​ឡើងនៃជាតិ១ សេចក្តីដឹងក្នុងទីរលត់​នៃជាតិ១ សេចក្តីដឹងក្នុងបដិបទា ជាដំណើរ​ទៅ​កាន់ទីរលត់នៃជាតិ១ សេចក្តីដឹងក្នុងភព១ សេចក្តីដឹងក្នុងហេតុជាទីកើតឡើងនៃភព១ សេចក្តីដឹងក្នុងទីរលត់​នៃភព១ សេចក្តីដឹងក្នុងបដិបទា ជាដំណើរទៅកាន់ទីរលត់នៃភព១ សេចក្តីដឹងក្នុងឧបាទាន១ សេចក្តីដឹងក្នុងហេតុជាទីកើតឡើងនៃឧបាទាន១ សេចក្តីដឹង​ក្នុង​ទីរលត់​នៃឧបាទាន១ សេចក្តីដឹងក្នុងបដិបទា ជាដំណើរទៅកាន់ទីរលត់នៃឧបាទាន១ សេចក្តីដឹងក្នុងតណ្ហា១ សេចក្តីដឹងក្នុងហេតុជាទីកើតឡើងនៃតណ្ហា១ សេចក្តីដឹងក្នុង​ទី​រលត់​​នៃតណ្ហា១ សេចក្តីដឹងក្នុងបដិបទា ជាដំណើរទៅកាន់ទីរលត់នៃតណ្ហា១ សេចក្តីដឹង​ក្នុង​វេទនា១ សេចក្តីដឹងក្នុងហេតុជាទីកើតឡើងនៃវេទនា១ សេចក្តីដឹងក្នុងទីរលត់​នៃ​វេទនា១ សេចក្តីដឹងក្នុងបដិបទា ជាដំណើរទៅកាន់ទីរលត់នៃវេទនា១ សេចក្តីដឹង​ក្នុង​ផស្សៈ១….  សេចក្តីដឹងក្នុងសឡាយតនៈ១… សេចក្តីដឹងក្នុងនាមរូប១… សេចក្តីដឹងក្នុង​វិញ្ញាណ១… សេចក្តីដឹងក្នុងសង្ខារទាំងឡាយ១… សេចក្តីដឹងក្នុងហេតុជាទីកើត​ឡើងនៃ​សង្ខារ១ សេចក្តីដឹងក្នុងទីរលត់​នៃសង្ខារ១ សេចក្តីដឹងក្នុងបដិបទា ជាដំណើរទៅកាន់ទី​រលត់​នៃ​សង្ខារ១ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ញាណវត្ថុ ៤៤ប្រការ ។

[១២០] ម្នាលភិក្ខុទាំងឡាយ ជរា និងមរណៈ តើដូចម្តេច។ សេចក្តីគ្រាំគ្រា ភាព​គ្រាំគ្រា ធ្មេញ​បាក់ សក់ស្កូវ ស្បែកជ្រួញជ្រីវ ដំណើរថយអាយុ ដំណើរ​ចាស់ទុំនៃ​ឥន្ទ្រិយ​ទាំងឡាយ​ណា របស់​សត្វទាំងឡាយនោះៗ ក្នុងសត្តនិកាយនោះៗ នេះហៅថា ជរា។ ចុតិ ការឃ្លាត ការ​បែកធ្លាយ ការបាត់បង់ សេចក្តីស្លាប់ ដំណើរងាប់ ការធ្វើនូវមរណកាល ការបែក​ធ្លាយ​នៃ​ខន្ធទាំងឡាយ ការដាក់ចុះនូវសាកសព ការដាច់នៃជីវិតិន្ទ្រិយណា របស់​សត្វទាំង​ឡាយ​នោះៗ ចាកសត្តនិកាយនោះៗ នេះហៅថា មរណៈ។ ម្នាលភិក្ខុទាំងឡាយ ជរា​នេះ​ផង មរណៈនេះផង នេះហៅថា ជរា និងមរណៈ ដោយប្រការដូច្នេះឯង។ ការកើតឡើងនៃ​ជរា និងមរណៈ ព្រោះការកើតឡើងនៃជាតិ ការរលត់នៃជរានិងមរណៈ ព្រោះការរលត់នៃ​ជាតិ មគ្គដ៏ប្រសើរ ប្រកបដោយអង្គ ៨ប្រការនេះឯង ជាបដិបទា ដែលជាដំណើរ​​ទៅកាន់​ទី​រលត់​​នៃជរា និងមរណៈ គឺប្រាជ្ញាយល់ឃើញត្រូវ១។បេ។ ការតម្កល់​ចិត្តត្រូវ១។

[១២១] ម្នាលភិក្ខុទាំងឡាយ កាលណាបើអរិយសាវ័កដឹងច្បាស់ នូវ​ជរា និងមរណៈយ៉ាង​នេះ ដឹងច្បាស់នូវហេតុជាទីកើតឡើង នៃជរា និងមរណៈយ៉ាងនេះ ដឹងច្បាស់​នូវទីរលត់​នៃ​ជរា និងមរណៈ យ៉ាងនេះ ដឹងច្បាស់នូវបដិបទា ជាដំណើរទៅ​កាន់​ទីរលត់ នៃជរា និង​មរណៈ យ៉ាងនេះ នេះជាធម្មញ្ញាណ របស់អរិយសាវ័កនោះ។ អរិយសាវ័កនោះ តែងនាំ​ទៅ​នូវ​ន័យ ក្នុងអតីតកាល និងអនាគតកាល ដោយធម៌នេះ [សំដៅយកចតុសច្ចធម៌ ឬ​មគ្គញ្ញាណ​ធម៌។] ដែលខ្លួនបានឃើញហើយ ដឹងច្បាស់ហើយ ជាធម៌​ឲ្យផលមិនខុស​កាល ជាធម៌ដែលខ្លួនបានដល់ហើយ បានជ្រួតជ្រាបហើយ ដោយបញ្ញាថា ពួកសមណៈ ឬ​ព្រាហ្មណ៍​ណាមួយ ក្នុងអតីតកាល ដឹងច្បាស់ នូវជរា និងមរណៈ ដឹងច្បាស់​នូវ​ហេតុ​ជា​ទី​កើតឡើង នៃជរានិងមរណៈ ដឹងច្បាស់​នូវទីរលត់​នៃជរានិងមរណៈ ដឹងច្បាស់នូវបដិបទា ជាដំណើរទៅ​កាន់​ទីរលត់ នៃជរានិងមរណៈ សមណព្រាហ្មណ៍ទាំងអស់នោះ បានដឹង​ច្បាស់​យ៉ាងនេះឯង ដូចជាអាត្មាអញ ក្នុងកាលឥឡូវនេះ។ ពួកសមណៈ ឬព្រាហ្មណ៍​ណា​មួយ​ក្នុងអនាគតកាល នឹងដឹងច្បាស់ នូវជរា និងមរណៈ នឹងដឹងច្បាស់នូវ​ហេតុ​ជា​ទី​កើត​ឡើង នៃជរានិងមរណៈ នឹងដឹងច្បាស់​នូវទីរលត់​នៃជរានិងមរណៈ នឹងដឹងច្បាស់នូវ​បដិបទា ដែលជាដំណើរទៅ​កាន់​ទីរលត់ នៃជរា និងមរណៈ សមណព្រាហ្មណ៍​ទាំងអស់​នោះ នឹងដឹងច្បាស់យ៉ាងនេះឯង ដូចជាអាត្មាអញ ​ក្នុងកាលឥឡូវនេះ។ នេះជា អន្វយ​ញ្ញាណ [សេចក្តីដឹងក្នុងធម៌ ដែល​ប្រព្រឹត្តទៅតាមញាណ បានដល់បច្ចវេក្ខណញ្ញាណ។] របស់​អរិយសាវ័កនោះ។

[១២២] ម្នាលភិក្ខុទាំងឡាយ កាលណាបើអរិយសាវ័ក មានញាណទាំង ២នេះ គឺ ធម្មញ្ញាណ ១ អន្វយញ្ញាណ ១ បរិសុទ្ធ ផូរផង់ហើយ។ ម្នាលភិក្ខុទាំងឡាយ អរិយសាវ័ក​នេះ ហៅថា បរិបូណ៌ដោយទិដ្ឋិក៏បាន ថាបរិបូណ៌ដោយទស្សនៈក៏បាន ថាមកកាន់​ព្រះ​សទ្ធម្ម​នេះក៏បាន ថាឃើញ​ព្រះសទ្ធម្មនេះក៏បាន ថាប្រកបដោយសេក្ខញ្ញាណក៏​បាន ថា​ប្រកប​ដោយសេក្ខវិជ្ជាក៏បាន ថាដល់ព្រម នូវធម្មស្រោតក៏បាន ថាជាអរិយៈ អ្នក​មាន​និព្វេធិកប្បញ្ញាក៏បាន ថាឋិតអែបនឹងទ្វារនៃអមតនិព្វានក៏បាន។

[១២៣] ម្នាលភិក្ខុទាំងឡាយ ជាតិ តើដូចម្តេច។បេ។ ម្នាលភិក្ខុទាំងឡាយ ភព តើដូច​ម្តេច… ម្នាលភិក្ខុទាំងឡាយ ឧបាទាន តើដូចម្តេច… ម្នាលភិក្ខុទាំងឡាយ តណ្ហា តើដូច​ម្តេច… ម្នាលភិក្ខុទាំងឡាយ វេទនា តើដូចម្តេច… ម្នាលភិក្ខុទាំងឡាយ ផស្សៈ តើដូចម្តេច… ម្នាលភិក្ខុ​ទាំងឡាយ សឡាយតនៈ តើដូចម្តេច… ម្នាលភិក្ខុទាំងឡាយ នាមរូប តើដូច​ម្តេច… ម្នាលភិក្ខុទាំងឡាយ វិញ្ញាណ តើដូចម្តេច… ម្នាលភិក្ខុទាំងឡាយ សង្ខារទាំងឡាយ តើដូច​ម្តេច ម្នាលភិក្ខុទាំងឡាយ សង្ខារនេះ មាន៣គឺ កាយសង្ខារ១ វចីសង្ខារ១ ចិត្តសង្ខារ​១ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សង្ខារទាំងឡាយ។ ការកើត​ឡើងនៃសង្ខារ ព្រោះការ​កើត​ឡើង​នៃអវិជ្ជា ការរលត់នៃសង្ខារ ព្រោះការរលត់នៃ​អវិជ្ជា មគ្គដ៏ប្រសើរ ប្រកបដោយ​អង្គ​ទាំង ៨ប្រការនេះឯង ជាបដិបទា ដែលជាដំណើរទៅកាន់​ទីរលត់នៃសង្ខារ គឺប្រាជ្ញា​យល់​ឃើញត្រូវ១។បេ។ ការតម្កល់ចិត្តត្រូវ១។

[១២៤] ម្នាលភិក្ខុទាំងឡាយ កាលណាបើអរិយសាវ័កដឹងច្បាស់ នូវសង្ខារ​ទាំងឡាយ​យ៉ាង​នេះ ដឹងច្បាស់នូវហេតុជាទីកើតឡើង នៃសង្ខារយ៉ាងនេះ ដឹងច្បាស់នូវទីរលត់នៃ​សង្ខារ យ៉ាងនេះ ដឹងច្បាស់នូវបដិបទា ជាដំណើរទៅ​កាន់​ទីរលត់ នៃសង្ខារ យ៉ាងនេះ នេះ​ជា​ធម្មញ្ញាណ របស់អរិយសាវ័កនោះ។ អរិយសាវ័កនោះ តែងនាំទៅនូវន័យ ក្នុង​អតីតកាល និងអនាគតកាល ដោយធម៌នេះ ដែលខ្លួន​បានឃើញហើយ ដឹងច្បាស់ហើយ ជាធម៌​​ឲ្យផលមិនខុសកាល ជាធម៌ដែល​ខ្លួនបាន​ដល់ហើយ បានជ្រួតជ្រាបហើយ ដោយ​បញ្ញាថា ពួកសមណព្រាហ្មណ៍ណាមួយ ក្នុងអតីតកាល បានដឹងច្បាស់ នូវសង្ខារទាំង​ឡាយ ដឹងច្បាស់នូវហេតុជាទីកើតឡើង នៃសង្ខារ ដឹងច្បាស់​នូវទីរលត់​នៃសង្ខារ ដឹង​ច្បាស់​នូវបដិបទា ជាដំណើរទៅ​កាន់​ទីរលត់ នៃសង្ខារ សមណព្រាហ្មណ៍ទាំងអស់នោះ បាន​ដឹងច្បាស់យ៉ាងនេះឯង ដូចជាអាត្មាអញ ក្នុងកាលឥឡូវនេះដែរ។ ពួកសមណៈ ឬ​ព្រាហ្មណ៍​ណាមួយ ក្នុងអនាគតកាល នឹងដឹងច្បាស់ នូវសង្ខារទាំងឡាយ នឹងដឹងច្បាស់ នូវហេតុ​ជាទីកើតឡើង នៃសង្ខារ នឹងដឹងច្បាស់ ​នូវទីរលត់​នៃសង្ខារ នឹងដឹងច្បាស់ នូវ​បដិបទា ជាដំណើរទៅ​កាន់​ទីរលត់ នៃសង្ខារ សមណព្រាហ្មណ៍ទាំងអស់នោះ នឹងដឹង​ច្បាស់​យ៉ាងនេះឯង ដូចជាអាត្មាអញ ក្នុងកាលឥឡូវនេះដែរ។ នេះជាអន្វយញ្ញាណ របស់​អរិយសាវ័ក​នោះ។

[១២៥] ម្នាលភិក្ខុទាំងឡាយ កាលណាបើអរិយសាវ័ក មានញាណទាំង២នេះ គឺ​ធម្មញ្ញាណ​១ អន្វយញ្ញាណ១ បរិសុទ្ធ ផូរផង់ហើយ។ ម្នាលភិក្ខុទាំងឡាយ អរិយសាវ័ក​នេះ ហៅថា បរិបូណ៌ដោយទិដ្ឋិក៏បាន ថាបរិបូណ៌ដោយទស្សនៈក៏បាន ថាមកកាន់​ព្រះសទ្ធម្ម​នេះ​ក៏បាន ថាឃើញ​ព្រះសទ្ធម្មនេះក៏បាន ថាប្រកបដោយសេក្ខញ្ញាណក៏​បាន ថាប្រកប​ដោយ​សេក្ខវិជ្ជាក៏បាន ថាដល់ព្រមនូវធម្មស្រោតក៏បាន ថាជាអរិយៈអ្នក​មាន​និព្វេធិកប្បញ្ញា​ក៏បាន ថាឋិតអែបនឹងទ្វារ នៃអមតនិព្វានក៏បាន។ ចប់សូត្រទី៣។

[១២៦] ទ្រង់គង់នៅជិតក្រុងសាវត្ថី… ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែង​ញាណវត្ថុ​៧៧ ប្រការ ដល់អ្នកទាំងឡាយ អ្នកទាំងឡាយ ចូរយកចិត្តទុកដាក់ ប្រុងចាំស្តាប់ពាក្យ​នោះ ឲ្យប្រពៃចុះ តថាគតនឹងពោលឲ្យស្តាប់។ ភិក្ខុទាំងនោះ ទទួល​ព្រះពុទ្ធដីកា នៃព្រះ​មាន​ព្រះ​ភាគ​ថា ព្រះករុណា ព្រះអង្គ។

[១២៧] ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ ញាណ​វត្ថុ​ ទាំង​៧៧​ប្រការ តើដូចម្តេច គឺសេចក្តីដឹងថា ជរា និងមរណៈកើតមាន ព្រោះជាតិជាបច្ច័យ១ សេចក្តី​ដឹង​ថា កាលបើជាតិមិនមាន ជរា និងមរណៈក៏មិនមាន១ សេចក្តីដឹងថា ជរា និងមរណៈ ជា​អតីតកាលកើតមាន ព្រោះជាតិជាបច្ច័យ១ សេចក្តដឹងថា កាលបើជាតិ​មិន​មាន ជរា និង​មរណៈ​ក៏មិនមាន១ សេចក្តីដឹងថា ជរា និងមរណៈ ជាអនាគតកាលកើតមាន ព្រោះ​ជាតិ​ជា​បច្ច័យ១ សេចក្តដឹងថា កាលបើជាតិមិនមាន ជរា និងមរណៈក៏មិនមាន១ សេចក្តីដឹងថា ធម្មដ្ឋិតិញ្ញាណ (បច្ចយាការញ្ញាណ) ណា គប្បី​មាន ធម្មដ្ឋិតិញ្ញាណនោះ មានកិរិយា​អស់​ទៅ​​ជា​ធម្មតា មានកិរិយាសូន្យទៅជាធម្មតា មានកិរិយា​វិនាសទៅជាធម្មតា មាន​កិរិយា​រលត់​ទៅ​ជាធម្មតា១។ សេចក្តីដឹងថា ជាតិកើត​មាន ព្រោះភពជាបច្ច័យ១។បេ។ សេចក្តី​ដឹង​ថា ភពកើតមាន ព្រោះឧបាទានជាបច្ច័យ១… សេចក្តីដឹងថា ឧបាទានកើតមាន ព្រោះ​តណ្ហា​ជាបច្ច័យ១… សេចក្តីដឹងថា តណ្ហាកើតមាន ព្រោះវេទនាជាបច្ច័យ១… សេចក្តី​ដឹង​ថា វេទនាកើតមាន ព្រោះផស្សៈជាបច្ច័យ១… សេចក្តីដឹងថា ផស្សៈកើតមាន ព្រោះ​សឡាយតនៈ​ជាបច្ច័យ១… សេចក្តីដឹងថា សឡាយតនៈកើតមាន ព្រោះនាមរូប​ជា​បច្ច័យ១… សេចក្តីដឹងថា នាមរូបកើតមាន ព្រោះវិញ្ញាណជាបច្ច័យ១… សេចក្តីដឹងថា វិញ្ញាណ​កើតមាន ព្រោះសង្ខារជាបច្ច័យ១… សេចក្តីដឹងថា សង្ខារទាំងឡាយ​កើតមាន ព្រោះ​អវិជ្ជា​ជាបច្ច័យ១… សេចក្តីដឹងថា កាលបើអវិជ្ជាមិនមានហើយ សង្ខារទាំងឡាយ ក៏​មិន​មាន១ សេចក្តីដឹងថា សង្ខារទាំងឡាយ ជាអតីតកាលកើតមាន ព្រោះអវិជ្ជាជាបច្ច័យ១ សេចក្តីដឹងថា កាលបើអវិជ្ជាមិនមាន សង្ខារទាំងឡាយ ក៏មិនមាន១ សេចក្តីដឹងថា សង្ខារ​ទាំងឡាយ ជាអនាគតកាលកើតមាន ព្រោះអវិជ្ជាជាបច្ច័យ១ សេចក្តីដឹងថា កាលបើ​អវិជ្ជា​មិនមាន សង្ខារទាំងឡាយ ក៏មិនមាន១ សេចក្តីដឹងថា ធម្មដ្ឋិតិញ្ញាណណា គប្បីមាន ធម្មដ្ឋិតិញ្ញាណ​​នោះ មានកិរិយាអស់ទៅជាធម្មតា មានកិរិយាសូន្យទៅជាធម្មតា មាន​កិរិយា​វិនាសទៅជាធម្មតា មានកិរិយារលត់ទៅជាធម្មតា១។ ម្នាលភិក្ខុទាំងឡាយ នេះ​ហៅ​ថា ញាណវត្ថុ៧៧ប្រការ។ ចប់សូត្រទី៤។

[១២៨] ទ្រង់គង់នៅជិតក្រុងសាវត្ថី… ម្នាលភិក្ខុទាំងឡាយ សង្ខារទាំងឡាយ​កើត​មាន ព្រោះ​អវិជ្ជាជាបច្ច័យ វិញ្ញាណ​កើតមាន ព្រោះសង្ខារ​ជាបច្ច័យ។បេ។ ការកើតឡើង​ព្រមនៃ​កងទុក្ខ​​ទាំងអស់នុ៎ះ រមែងមានយ៉ាងនេះ។

[១២៩] កាលបើព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ ភិក្ខុ១រូប ក៏ក្រាបទូល​ព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ជរា និងមរណៈ តើ​ដូចម្តេចហ្ន៎ មួយទៀត ជរា និងមរណៈនេះឯង ជារបស់អ្នកណា។ ព្រះមានព្រះភាគ​ត្រាស់ថា ប្រស្នានេះ​មិន​ត្រូវ​ទេ ហើយទ្រង់ត្រាស់តទៅទៀតថា ម្នាលភិក្ខុ បុគ្គលណា ពោលថា ជរា និងមរណៈ ​ដូច​ម្តេច មួយទៀត ជរានិងមរណៈនេះឯង ជារបស់អ្នកណា ដូច្នេះក្តី ម្នាលភិក្ខុ បុគ្គលណា​ពោល​ថា ជរា និងមរណៈ ដទៃ មួយទៀត ជរានិងមរណៈ​នេះឯង ជារបស់បុគ្គលដទៃ ដូច្នេះ​ក្តី ពាក្យទាំង២នេះ មានអត្ថដូចគ្នា ផ្សេង​តែព្យញ្ជនៈ។ ម្នាលភិក្ខុ កាលបើមាន​សេចក្តី​ឃើញ​ថា ជីវិតនោះ ក៏គឺសរីរៈនោះ ដូច្នេះក្តី ការប្រព្រឹត្តិ​ព្រហ្មចរិយៈ រមែងមិនមាន ម្នាល​ភិក្ខុ កាលបើមានសេចក្តីឃើញថា ជីវិតដទៃ សរីរៈដទៃ ដូច្នេះក្តី ការប្រព្រឹត្តិ​ព្រហ្មចរិយៈ ក៏​រមែង​មិនមាន។ ម្នាលភិក្ខុ ព្រះតថាគត មិនប្រកាន់​នូវអន្តធម៌ គឺធម៌ដ៏លាមក ទាំង​២នោះ​ឡើយ តែងសំដែង​ធម៌ ដោយបទកណ្តាលថា ជរា និងមរណៈកើតមាន ព្រោះ​ជាតិជា​បច្ច័យ។

[១៣០] បពិត្រព្រះអង្គដ៏ចំរើន ជាតិ តើដូចម្តេចហ្ន៎ មួយទៀត ជាតិនេះឯង ជារបស់អ្នក​ណា។ ព្រះមានព្រះភាគ ត្រាស់ថា ប្រស្នានេះមិនត្រូវទេ ហើយទ្រង់​ត្រាស់​តទៅ​ទៀតថា ម្នាល​ភិក្ខុ បុគ្គលណា ពោលថា ជាតិ ​ដូចម្តេច មួយទៀត ជាតិនេះឯង ជារបស់អ្នកណា ដូច្នេះ​ក្តី ម្នាលភិក្ខុ បុគ្គលណាពោលថា ជាតិ ដទៃ មួយទៀត ជាតិនេះឯង ជារបស់​បុគ្គល​ដទៃ ដូច្នេះក្តី ពាក្យទាំង២នេះឯង មានអត្ថដូចគ្នា ផ្សេង​តែព្យញ្ជនៈ។ ម្នាលភិក្ខុ កាលបើ​មាន​សេចក្តីឃើញថា ជីវិតនោះ ក៏គឺសរីរៈនោះ ដូច្នេះក្តី ការប្រព្រឹត្តិ​ព្រហ្មចរិយៈ រមែង​មិន​មាន ម្នាលភិក្ខុ កាលបើមានសេចក្តីឃើញថា ជីវិតដទៃ សរីរៈដទៃ ដូច្នេះក្តី ការប្រព្រឹត្តិ​ព្រហ្មចរិយៈ ក៏រមែងមិនមាន។ ម្នាលភិក្ខុ ព្រះតថាគត មិនបានប្រកាន់​នូវអន្តធម៌ ទាំង២​នោះ​ឡើយ តែងសំដែង​ធម៌ ដោយបទកណ្តាលថា ជាតិកើតមាន ព្រោះភពជាបច្ច័យ។

[១៣១] បពិត្រព្រះអង្គដ៏ចំរើន ភព តើដូចម្តេចហ្ន៎ មួយទៀត ភពនេះឯង ជារបស់​អ្នក​ណា។ ព្រះមានព្រះភាគ ត្រាស់ថា ប្រស្នានេះមិនត្រូវទេ ហើយទ្រង់​ត្រាស់​តទៅ​ទៀតថា ម្នាល​ភិក្ខុ បុគ្គលណា ពោលថា ភព ​ដូចម្តេច មួយទៀត ភពនេះឯង ជារបស់អ្នកណា ដូច្នេះ​ក្តី ម្នាលភិក្ខុ បុគ្គលណាពោលថា ភព ដទៃ មួយទៀត ភពនេះឯង ជារបស់​បុគ្គល​ដទៃ ដូច្នេះក្តី ពាក្យទាំង២នេះឯង មានអត្ថដូចគ្នា ផ្សេង​តែព្យញ្ជនៈ។ ម្នាលភិក្ខុ កាលបើ​មាន​សេចក្តីឃើញថា ជីវិតនោះ ក៏គឺសរីរៈនោះ ដូច្នេះក្តី ការប្រព្រឹត្តិ​ព្រហ្មចរិយៈ រមែង​មិនមាន ម្នាលភិក្ខុ កាលបើមានសេចក្តីឃើញថា ជីវិតដទៃ សរីរៈដទៃ ដូច្នេះក្តី ការប្រព្រឹត្តិ​ព្រហ្មចរិយៈ ក៏រមែងមិនមាន។ ម្នាលភិក្ខុ ព្រះតថាគត មិនប៉ះពាល់​នូវ​អន្តធម៌ ទាំង២​នោះ​ឡើយ តែងសំដែង​ធម៌ ដោយបទកណ្តាលថា ភពកើតមាន ព្រោះឧបាទានជាបច្ច័យ។។បេ។ ថា ឧបាទានកើតមាន ព្រោះតណ្ហាជាបច្ច័យ… ថា តណ្ហាកើតមាន ព្រោះវេទនា​ជា​បច្ច័យ.. ថា​វេទនាកើតមាន ព្រោះផស្សៈជាបច្ច័យ.. ថាផស្សៈកើតមាន ព្រោះ​សឡាយតនៈ​ជាបច្ច័យ… ថា សឡាយតនៈកើតមាន ព្រោះនាមរូប​ជាបច្ច័យ… ថា នាមរូបកើតមាន ព្រោះ​វិញ្ញាណ​ជាបច្ច័យ… ថា វិញ្ញាណកើតមាន ព្រោះ​សង្ខារជាបច្ច័យ។

[១៣២] បពិត្រព្រះអង្គដ៏ចំរើន សង្ខារទាំងឡាយ តើដូចម្តេច មួយទៀត សង្ខារ​ទាំងនេះឯង ជា​របស់អ្នកណា។ ព្រះមានព្រះភាគ ត្រាស់ថា ប្រស្នានេះមិនត្រូវទេ ហើយទ្រង់​ត្រាស់​តទៅ​​ទៀតថា ម្នាលភិក្ខុ បុគ្គលណា ពោលថា សង្ខារទាំងឡាយ ​ដូចម្តេច មួយទៀត សង្ខារ​ទាំង​នេះឯង ជារបស់អ្នកណា ដូច្នេះក្តី ម្នាលភិក្ខុ បុគ្គលណាពោលថា សង្ខារទាំងឡាយ ដទៃ មួយទៀត សង្ខារទាំងនេះឯង ជារបស់បុគ្គលដទៃ ដូច្នេះក្តី ពាក្យទាំង២នេះ មាន​អត្ថ​ដូច​គ្នា ផ្សេង​តែព្យញ្ជនៈ។ ម្នាលភិក្ខុ កាលបើមាន​សេចក្តី​ឃើញថា ជីវិតនោះ ក៏គឺសរីរៈ​នោះ ដូច្នេះក្តី ការប្រព្រឹត្តិ​ព្រហ្មចរិយៈ រមែងមិនមាន ម្នាលភិក្ខុ កាលបើមាន​សេចក្តី​ឃើញ​ថា ជីវិតដទៃ សរីរៈដទៃ ដូច្នេះក្តី ការប្រព្រឹត្តិ​ព្រហ្មចរិយៈ ក៏រមែងមិនមាន។ ម្នាលភិក្ខុ ព្រះ​តថាគត មិនប៉ះពាល់​នូវអន្តធម៌ ទាំង២នោះឡើយ តែងសំដែង​ធម៌ ដោយបទកណ្តាលថា សង្ខារ​ទាំងឡាយ កើតមាន ព្រោះអវិជ្ជាជាបច្ច័យ។

[១៣៣] ម្នាលភិក្ខុ សេចក្តីចម្រូងចម្រាស សេចក្តីប្រកាន់ទទឹងទទែង សេចក្តី​ប្រកាន់​ឆ្វេង​ណា​នីមួយៗ របស់បុគ្គលនោះ ថា ជរា និងមរណៈ ដូចម្តេច មួយទៀត ជរា និង​មរណៈ​នេះឯង ជារបស់អ្នកណា ដូច្នេះក្តី ថា ជរា និងមរណៈ ដទៃ មួយទៀត ជរា និងមរណៈ​នេះ​ឯង ជារបស់បុគ្គលដទៃ ដូច្នេះក្តី ថា ជីវិតនោះ ក៏គឺសរីរៈនោះ ដូច្នេះក្តី ថា ជីវិតដទៃ សរីរៈ​ដទៃ ដូច្នេះក្តី ធម្មជាតទាំងអស់នោះ បុគ្គលនោះ បានលះបង់ហើយ បានគាស់រំលើង​ឫស​គល់​អស់ហើយ បានធ្វើឲ្យនៅសល់តែទីនៅ ដូចជាទីនៅនៃដើម​ត្នោត ជាធម្មជាត ដល់នូវ​ការ​មិនមានបែបភាព មានសភាពមិនកើតឡើងតទៅ ព្រោះ​ការវិនាស និងការរលត់​មិន​សេសសល់​នៃអវិជ្ជា។

[១៣៤] ម្នាលភិក្ខុ សេចក្តីចម្រូងចម្រាស សេចក្តីប្រកាន់ទទឹងទទែង សេចក្តី​ប្រកាន់ឆ្វេង​ណា​នីមួយៗ របស់បុគ្គលនោះ ថា ជាតិ ដូចម្តេច មួយទៀត ជាតិនេះឯង ជារបស់អ្នកណា ដូច្នេះ​ក្តី ថា ជាតិ ដទៃ មួយទៀត ជាតិនេះឯង ជារបស់បុគ្គលដទៃ ដូច្នេះក្តី ថា ជីវិតនោះ ក៏​គឺ​សរីរៈ​នោះ ដូច្នេះក្តី ថា ជីវិតដទៃ សរីរៈដទៃ ដូច្នេះក្តី ធម្មជាត​ទាំងអស់នោះ បុគ្គលនោះ បាន​លះបង់ហើយ បានគាស់រំលើងឫសគល់អស់ហើយ បានធ្វើឲ្យនៅសល់តែទីនៅ ដូច​ជា​ទីនៅនៃដើម​ត្នោត ជាធម្មជាត ដល់នូវការ​មិន​មាន​បែបភាព មានសភាពមិនកើតឡើង​ត​ទៅ ព្រោះ​ការវិនាស និងការរលត់​មិន​សេសសល់​នៃអវិជ្ជា។

[១៣៥] ម្នាលភិក្ខុ សេចក្តីចម្រូងចម្រាស សេចក្តីប្រកាន់ទទឹងទទែង សេចក្តី​ប្រកាន់ឆ្វេង​ណា​នីមួយៗ របស់បុគ្គលនោះ ថា ភព ដូចម្តេច។បេ។ ឧបាទាន ដូចម្តេច… តណ្ហា ដូច​ម្តេច… វេទនា ដូចម្តេច… ផស្សៈ ដូចម្តេច… សឡាយតនៈ ដូចម្តេច… នាមរូប ដូចម្តេច… វិញ្ញាណ ដូចម្តេច… ព្រោះ​ការវិនាស និងការរលត់​មិន​សេសសល់​នៃអវិជ្ជា។

[១៣៦] ម្នាលភិក្ខុ សេចក្តីចម្រូងចម្រាស សេចក្តីប្រកាន់ទទឹងទទែង សេចក្តី​ប្រកាន់ឆ្វេង​ណា​នីមួយៗ របស់បុគ្គលនោះ ថា សង្ខារទាំងឡាយ ដូចម្តេច មួយទៀត សង្ខារ​ទាំង​នេះ​ឯង ជារបស់អ្នកណា ដូច្នេះក្តី ថា សង្ខារទាំងឡាយ ដទៃ មួយទៀត សង្ខារទាំងនេះឯង ជា​របស់​បុគ្គលដទៃ ដូច្នេះក្តី ថា ជីវិតនោះ ក៏គឺសរីរៈនោះ ដូច្នេះក្តី ថា ជីវិតដទៃ សរីរៈដទៃ ដូច្នេះ​ក្តី ធម្មជាត​ទាំងអស់នោះ បុគ្គលនោះ បានលះបង់ហើយ បានគាស់រំលើងឫសគល់​អស់​ហើយ បានធ្វើឲ្យនៅសល់តែទីនៅ ដូចជាទីនៅនៃដើម​ត្នោត ជាធម្មជាត ដល់នូវការ​មិន​​មាន​​បែបភាព មានសភាពមិនកើតឡើងតទៅ ព្រោះ​ការវិនាស និងការរលត់​មិន​សេស​សល់​​នៃអវិជ្ជា។ ចប់សូត្រទី៥។

[១៣៧] ទ្រង់គង់នៅជិតក្រុងសាវត្ថី… ក្នុងទីនោះឯង។បេ។ ម្នាលភិក្ខុទាំងឡាយ សង្ខារ​ទាំងឡាយ​កើតមាន ព្រោះអវិជ្ជាជាបច្ច័យ វិញ្ញាណកើតមាន ព្រោះសង្ខារជាបច្ច័យ។បេ។ ការកើតឡើងព្រម នៃកងទុក្ខទាំងអស់នុ៎ះ រមែងមានយ៉ាង​នេះ។

[១៣៨] ម្នាលភិក្ខុទាំងឡាយ បុគ្គលណាពោលថា ជរា និងមរណៈ ដូចម្តេច មួយទៀត ជរា និង​មរណៈនេះ ជារបស់អ្នកណា ដូច្នេះក្តី  ម្នាលភិក្ខុទាំងឡាយ បុគ្គលណា​ពោលថា ជរា និងមរណៈ ដទៃ មួយទៀត ជរានិងមរណៈ​នេះ ជារបស់បុគ្គលដទៃ ដូច្នេះ​ក្តី ពាក្យទាំង ២​នេះ មានអត្ថដូចគ្នា ផ្សេង​តែព្យញ្ជនៈ។  ម្នាលភិក្ខុទាំងឡាយ កាលបើមាន​សេចក្តី​ឃើញថា ជីវិត​នោះ ក៏គឺសរីរៈនោះ ដូច្នេះក្តី ការប្រព្រឹត្តិ​ព្រហ្មចរិយៈ រមែងមិនមាន ម្នាលភិក្ខុ​ទាំង​ឡាយ កាលបើមានសេចក្តីឃើញថា ជីវិតដទៃ សរីរៈដទៃ ដូច្នេះក្តី ការប្រព្រឹត្តិ​​ព្រហ្មចរិយៈ ក៏​រមែង​មិនមាន។  ម្នាលភិក្ខុទាំងឡាយ ព្រះតថាគត មិនប៉ះពាល់ នូវអន្តធម៌ ទាំង២នោះ​ឡើយ តែងសំដែង​ធម៌ ដោយបទកណ្តាលថា ជរា និងមរណៈកើតមាន ព្រោះជាតិជា​បច្ច័យ។បេ។ ជាតិ ដូចម្តេច… ភព ដូចម្តេច… ឧបាទាន ដូចម្តេច…. តណ្ហា ដូចម្តេច… វេទនា ដូចម្តេច… ផស្សៈ ដូចម្តេច… សឡាយតនៈ ដូចម្តេច… នាមរូប ដូចម្តេច… វិញ្ញាណ​ដូចម្តេច…។

[១៣៩] ម្នាលភិក្ខុទាំងឡាយ បុគ្គលណា ពោលថា សង្ខារទាំងឡាយ ​ដូចម្តេច មួយទៀត សង្ខារ​ទាំងនេះ ជារបស់អ្នកណា ដូច្នេះក្តី  ម្នាលភិក្ខុទាំងឡាយ បុគ្គលណាពោលថា សង្ខារ​ទាំង​ឡាយ​ដទៃ មួយទៀត សង្ខារទាំងនេះ ជារបស់​បុគ្គលដទៃ ដូច្នេះក្តី ពាក្យទាំង២នេះ មាន​អត្ថដូចគ្នា ផ្សេង​តែព្យញ្ជនៈ។  ម្នាលភិក្ខុទាំងឡាយ កាលបើមាន​សេចក្តី​ឃើញថា ជីវិត​នោះ ក៏គឺសរីរៈនោះ ដូច្នេះក្តី ការប្រព្រឹត្តិ​ព្រហ្មចរិយៈ រមែងមិនមាន ម្នាលភិក្ខុទាំង​ឡាយ កាលបើមានសេចក្តីឃើញថា ជីវិតដទៃ សរីរៈដទៃ ដូច្នេះក្តី ការប្រព្រឹត្តិ​ព្រហ្មចរិយៈ ក៏​រមែងមិនមាន។  ម្នាលភិក្ខុទាំងឡាយ ព្រះតថាគត មិនប៉ះពាល់​នូវអន្តធម៌ ទាំង២នោះ​ឡើយ តែងសំដែង​ធម៌ ដោយបទកណ្តាលថា សង្ខារទាំងឡាយ កើតមាន ព្រោះ​អវិជ្ជាជា​បច្ច័យ។បេ។

[១៤០] ម្នាលភិក្ខុទាំងឡាយ សេចក្តីចម្រូងចម្រាស សេចក្តីប្រកាន់ទទឹងទទែង សេចក្តី​ប្រកាន់​ឆ្វេងណានីមួយៗ របស់បុគ្គលនោះ ថា ជរា និងមរណៈ ដូចម្តេច មួយទៀត ជរា និង​មរណៈនេះ ជារបស់អ្នកណា ដូច្នេះក្តី ថា ជរា និងមរណៈ ដទៃ មួយទៀត ជរា និង​មរណៈ​នេះ ជារបស់បុគ្គលដទៃ ដូច្នេះក្តី ថា ជីវិតនោះ ក៏គឺសរីរៈនោះ ដូច្នេះក្តី ថា ជីវិតដទៃ សរីរៈ​ដទៃ ដូច្នេះក្តី ធម្មជាតទាំងអស់នោះ បុគ្គលនោះ បានលះបង់ហើយ បានគាស់រំលើងឫស​គល់​អស់ហើយ បានធ្វើឲ្យនៅសល់តែទីនៅ ដូចជាទីនៅនៃដើម​ត្នោត ជាធម្មជាត ដល់នូវ​ការ​មិនមានបែបភាព មានសភាពមិនកើតឡើងតទៅ ព្រោះ​ការវិនាស និងការរលត់មិន​សេសសល់​នៃអវិជ្ជា។

[១៤១]  ម្នាលភិក្ខុទាំងឡាយ សេចក្តីចម្រូងចម្រាស សេចក្តីប្រកាន់ទទឹងទទែង សេចក្តី​ប្រកាន់​ឆ្វេង​ណានីមួយៗ របស់បុគ្គលនោះ ថា ជាតិ ដូចម្តេច។បេ។ ភព ដូចម្តេច… ឧបាទាន ដូចម្តេច… តណ្ហា ដូចម្តេច… វេទនា ដូចម្តេច… ផស្សៈ ដូចម្តេច… សឡាយតនៈ ដូចម្តេច… នាមរូប ដូចម្តេច… វិញ្ញាណ ដូចម្តេច… ព្រោះ​ការវិនាស និងការរលត់​មិន​សេសសល់​នៃអវិជ្ជា។

[១៤២]  ម្នាលភិក្ខុទាំងឡាយ សេចក្តីចម្រូងចម្រាស សេចក្តីប្រកាន់ទទឹងទទែង សេចក្តី​ប្រកាន់​ឆ្វេង​ណានីមួយៗ របស់បុគ្គលនោះ ថា សង្ខារទាំងឡាយ ដូចម្តេច មួយទៀត សង្ខារ​ទាំងនេះ ជារបស់អ្នកណា ដូច្នេះក្តី ថា សង្ខារទាំងឡាយ ដទៃ មួយទៀត សង្ខារ​ទាំងនេះ ជារបស់បុគ្គលដទៃ ដូច្នេះក្តី ថា ជីវិតនោះ ក៏គឺសរីរៈនោះ ដូច្នេះក្តី ថា ជីវិតដទៃ សរីរៈ​ដទៃ ដូច្នេះក្តី ធម្មជាត​ទាំងអស់នោះ បុគ្គលនោះ បានលះបង់ហើយ បានគាស់​រំលើង​ឫសគល់អស់ហើយ បានធ្វើឲ្យនៅសល់តែទីនៅ ដូចជាទីនៅនៃដើម​ត្នោត ជា​ធម្មជាត ដល់នូវការ​មិន​មាន​បែបភាព មានសភាពមិនកើតឡើងតទៅ ព្រោះ​ការវិនាស និង​ការ​រលត់​មិន​សេសសល់​នៃអវិជ្ជា។ ចប់សូត្រទី៦។

[១៤៣] ទ្រង់គង់នៅជិតក្រុងសាវត្ថី… ម្នាលភិក្ខុទាំងឡាយ កាយនេះ មិនមែន​ជារបស់​អ្នក​ទាំង​ឡាយ ទាំងមិនមែន​ជារបស់បុគ្គលទាំងឡាយដទៃទេ។ ម្នាលភិក្ខុទាំងឡាយ បុរាណ​កម្ម​នេះ បុគ្គលគប្បីឃើញថា មានបច្ច័យតាក់តែង មាន​ចេតនាជាមូល ជាហេតុនៃវេទនា។

[១៤៤] ម្នាលភិក្ខុទាំងឡាយ បណ្តាបុគ្គលទាំងនោះ អរិយសាវ័ក អ្នកចេះដឹង រមែង​ធ្វើទុក​ក្នុង​ចិត្ត ដោយឧបាយប្រាជ្ញា ឲ្យប្រពៃ នូវបដិច្ចសមុប្បាទថា កាលបើធម្មជាតនេះ​មាន ធម្មជាត​នេះ ក៏មានដែរ ព្រោះតែធម្មជាតនេះកើតឡើង បានជាធម្មជាតនេះ កើត​ឡើងដែរ កាល​បើ​ធម្មជាតនេះមិនមាន ធម្មជាតនេះ ក៏មិនមានដែរ ព្រោះតែធម្មជាត​នេះ​រលត់ទៅ បាន​ជាធម្មជាតនេះរលត់ទៅដែរ គឺថា សង្ខារទាំងឡាយ កើតមាន ព្រោះអវិជ្ជា​ជាបច្ច័យ វិញ្ញាណ​កើតមាន ព្រោះ​សង្ខារជាបច្ច័យ។បេ។ ការកើតឡើងព្រម នៃកងទុក្ខ​ទាំងអស់នុ៎ះ រមែង​មាន​យ៉ាងនេះ។ ការរលត់នៃសង្ខារ ព្រោះការវិនាស និងការរលត់​មិន​សេសសល់​នៃ​អវិជ្ជា ការរលត់នៃវិញ្ញាណ ព្រោះការរលត់នៃសង្ខារ។បេ។ ការរលត់​នៃកងទុក្ខទាំងអស់នុ៎ះ រមែង​មានយ៉ាងនេះ។ ចប់សូត្រទី៧។

[១៤៥] ទ្រង់គង់នៅជិតក្រុងសាវត្ថី… ម្នាលភិក្ខុទាំងឡាយ បុគ្គលញុំាងចេតនាណា ឲ្យ​ត្រិះរិះ​គិត [សំដៅយកកុសលចេតនា និងអកុសលចេតនា ដែលប្រព្រឹត្តទៅក្នុងភូមិ​៣។]​ក្តី ញុំាង​កប្បៈណា ឲ្យសម្រេច [សំដៅយកតណ្ហាកប្បៈ និងទិដ្ឋិកប្បៈ ដែលមានក្នុង​លោភ​សហគត​ចិត្ត​ទាំង៨។] ក្តី ញុំាងអនុស័យណា ឲ្យដេកនៅរឿយៗក្តី ធម្មជាត មានចេតនា​ជា​ដើម​នេះ ជាអារម្មណ៍ [អារម្មណ៍ គឺបច្ច័យ។] ប្រព្រឹត្តទៅ ដើម្បីការតាំងនៅនៃវិញ្ញាណ [វិញ្ញាណ គឺកម្មវិញ្ញាណ។ (អដ្ឋកថា)] កាលបើអារម្មណ៍មាន ការតាំងនៅនៃវិញ្ញាណ ក៏​មាន​ដែរ កាលបើវិញ្ញាណនោះ តាំងនៅហើយ លូតលាស់​ឡើងហើយ ការកើត គឺភពថ្មី រមែង​មានតទៅ កាលបើការកើត គឺភពថ្មី មានតទៅទៀត ជាតិ ជរា មរណៈ សេចក្តីសោក សេចក្តី​ខ្សឹកខ្សួល សេចក្តីលំបាកកាយ សេចក្តីលំបាក​ចិត្ត និងសេចក្តីចង្អៀតចង្អល់​ចិត្ត​ទាំង​ឡាយ ក៏កើតមានព្រមតទៅ ការកើតឡើងព្រម នៃកង​ទុក្ខទាំងអស់នុ៎ះ រមែង​មាន​យ៉ាង​នេះ។ ម្នាលភិក្ខុទាំងឡាយ បើបុគ្គល​មិនញុំាងចេតនា ឲ្យត្រិះរិះគិតក្តី មិនញុំាងកប្បៈ​ឲ្យ​សម្រេចក្តី គ្រាន់តែញុំាងអនុស័យ ឲ្យដេកនៅរឿយៗ អនុស័យនេះ ជាអារម្មណ៍ ប្រព្រឹត្ត​ទៅ ដើម្បីការតាំងនៅនៃវិញ្ញាណ កាលបើ​អារម្មណ៍មានហើយ ការតាំងនៅនៃវិញ្ញាណ ក៏​មាន​ដែរ កាលបើវិញ្ញាណនោះ តាំងនៅហើយ លូតលាស់​ឡើងហើយ ការកើត គឺភពថ្មី ក៏​រមែង​មានតទៅ កាលបើការកើត គឺភពថ្មី មានតទៅទៀត ជាតិ ជរា មរណៈ សេចក្តីសោក សេចក្តី​​ខ្សឹកខ្សួល សេចក្តីលំបាកកាយ សេចក្តីលំបាក​ចិត្ត និងសេចក្តីចង្អៀតចង្អល់ចិត្ត​ទាំង​ឡាយ ក៏កើតមានព្រមតទៅ ការកើតឡើងព្រម នៃកង​ទុក្ខទាំងអស់នុ៎ះ រមែង​មាន​យ៉ាង​នេះ។

[១៤៦] ម្នាលភិក្ខុទាំងឡាយ កាលណាបើបុគ្គល​មិនញុំាងចេតនា ឲ្យត្រិះរិះគិតផង មិន​ញុំាង​កប្បៈឲ្យសម្រេចផង មិនញុំាងអនុស័យ ឲ្យដេកនៅរឿយៗផង អារម្មណ៍នេះ មិន​ប្រព្រឹត្ត​ទៅ ដើម្បីការតាំងនៅនៃវិញ្ញាណឡើយ កាលបើ​អារម្មណ៍មិនមាន ការតាំងនៅ​នៃ​វិញ្ញាណ ក៏មិនមានដែរ កាលបើវិញ្ញាណនោះ មិនតាំងនៅហើយ មិនលូតលាស់​ឡើង​ហើយ ការកើត គឺភពថ្មី រមែងមិនមានតទៅ កាលបើការកើត គឺភពថ្មី មិនមានតទៅទៀត ជាតិ ជរា មរណៈ សេចក្តីសោក សេចក្តី​ខ្សឹកខ្សួល សេចក្តីលំបាក​កាយ សេចក្តីលំបាក​ចិត្ត និង​សេចក្តីចង្អៀតចង្អល់ចិត្តទាំងឡាយ ក៏រលត់ទៅ សេចក្តីរលត់​នៃកង​ទុក្ខទាំងអស់នុ៎ះ រមែង​​មានយ៉ាងនេះ។ ចប់ សូត្រទី៨។

[១៤៧] ទ្រង់គង់នៅជិតក្រុងសាវត្ថី… ម្នាលភិក្ខុទាំងឡាយ បុគ្គលញុំាងចេតនាណា ឲ្យ​ត្រិះរិះ​គិត​ក្តី ញុំាងកប្បៈណា ឲ្យសម្រេចក្តី ញុំាងអនុស័យណា ឲ្យដេកនៅរឿយៗក្តី ធម្មជាត មានចេតនាជាដើមនេះ ជាអារម្មណ៍ ប្រព្រឹត្តទៅ ដើម្បីការតាំងនៅនៃវិញ្ញាណ កាលបើ​អារម្មណ៍មាន ការតាំងនៅនៃវិញ្ញាណ ក៏មានដែរ កាលបើវិញ្ញាណនោះ តាំងនៅ​ហើយ លូតលាស់​ឡើងហើយ អវក្កន្តិ គឺបដិសន្ធិនៃនាមរូប ក៏មាន សឡាយតនៈកើតមាន ព្រោះ​នាមរូបជាបច្ច័យ ផស្សៈកើតមាន ព្រោះសឡាយតនៈ​ជាបច្ច័យ វេទនាកើតមាន ព្រោះ​ផស្សៈជាបច្ច័យ… តណ្ហា… ឧបាទាន… ភព… ជាតិ… ជរា និងមរណៈ សេចក្តីសោក សេចក្តី​ខ្សឹកខ្សួល សេចក្តីលំបាកកាយ សេចក្តីលំបាក​ចិត្ត និង​សេចក្តី​ចង្អៀត​ចង្អល់​​ចិត្ត​ទាំង​ឡាយ ក៏កើតមានព្រម ការកើតឡើងព្រម នៃកង​ទុក្ខទាំងអស់នុ៎ះ រមែង​មានយ៉ាង​នេះ។ ម្នាលភិក្ខុទាំងឡាយ បើបុគ្គល​មិនញុំាងចេតនា ឲ្យត្រិះរិះគិតផង មិនញុំាងកប្បៈ​ឲ្យ​សម្រេច​ផង គ្រាន់តែញុំាងអនុស័យ ឲ្យដេកនៅរឿយៗ អនុស័យនេះ ជាអារម្មណ៍ ប្រព្រឹត្ត​ទៅ ដើម្បីការតាំងនៅនៃវិញ្ញាណ កាលបើ​អារម្មណ៍មាន ការតាំង​នៅ​នៃ​វិញ្ញាណ ក៏មានដែរ កាល​បើវិញ្ញាណនោះ តាំងនៅហើយ លូតលាស់​ឡើងហើយ អវក្កន្តិ គឺបដិសន្ធិនៃនាមរូប ក៏មាន សឡាយតនៈកើតមាន ព្រោះនាមរូបជាបច្ច័យ។បេ។ ការ​កើត​ឡើង​ព្រម​នៃកង​ទុក្ខ​ទាំង​អស់នុ៎ះ រមែង​មានយ៉ាងនេះ។

[១៤៨] ម្នាលភិក្ខុទាំងឡាយ កាលណាបើបុគ្គល​មិនញុំាងចេតនា ឲ្យត្រិះរិះគិតផង មិន​ញុំាង​កប្បៈឲ្យសម្រេចផង មិនញុំាងអនុស័យ ឲ្យដេកនៅរឿយៗផង ធម្មជាត មាន​ចេតនា​ជា​ដើមនោះ ជាអារម្មណ៍ មិនប្រព្រឹត្តទៅ ដើម្បីការតាំងនៅនៃវិញ្ញាណឡើយ កាលបើ​អារម្មណ៍​មិនមាន ការតាំងនៅនៃវិញ្ញាណ ក៏មិនមានដែរ កាលបើវិញ្ញាណនោះ មិនតាំង​នៅ​ហើយ មិនលូតលាស់​ឡើងហើយ អវក្កន្តិ គឺបដិសន្ធិនៃនាមរូប ក៏មិនមាន ការរលត់នៃ​សឡាយតនៈ ព្រោះការរលត់នៃនាមរូប។បេ។ ការរលត់នៃ​កងទុក្ខ​ទាំងអស់នុ៎ះ រមែង​មាន​យ៉ាង​នេះ។ ចប់សូត្រទី៩។

[១៤៩] ទ្រង់គង់នៅជិតក្រុងសាវត្ថី … ម្នាលភិក្ខុទាំងឡាយ បុគ្គលញុំាងចេតនាណា ឲ្យ​ត្រិះរិះ​គិត​ក្តី ញុំាងកប្បៈណា ឲ្យសម្រេចក្តី ញុំាងអនុស័យណា ឲ្យដេកនៅរឿយៗក្តី ធម្មជាត មានចេតនាជាដើមនេះ ជាអារម្មណ៍ ប្រព្រឹត្តទៅ ដើម្បីការតាំងនៅនៃវិញ្ញាណ កាលបើអារម្មណ៍មាន ការតាំងនៅនៃវិញ្ញាណ ក៏មានដែរ កាលបើវិញ្ញាណនោះ តាំងនៅ​ហើយ លូតលាស់​ឡើងហើយ នតិ [ប្រែថា ធម្មជាតឱនទៅក្នុងអារម្មណ៍ មានរូបជាដើម។] គឺតណ្ហា ក៏មាន កាលបើនតិ គឺតណ្ហា មាន អាគតិគតិ [ប្រែថា គតិកើតមានក្នុងអាគតិ។ អាគតិ សំដៅយកកម្ម ឬកម្មនិមិត្ត ឬក៏គតិនិមិត្ត ដែលប្រាកដឡើង គតិ គឺដំណើរនៃ​វិញ្ញាណ ដោយអំណាចនៃបដិសន្ធិ។] ក៏មានដែរ កាលបើអាគតិគតិមាន ចុតិ និងបដិសន្ធិ ក៏មានដែរ កាលបើចុតិ និងបដិសន្ធិ មាន ជាតិ ជរា មរណៈ សេចក្តីសោក សេចក្តីខ្សឹកខ្សួល សេចក្តីលំបាកកាយ សេចក្តីលំបាក​ចិត្ត និងសេចក្តីចង្អៀតចង្អល់​ចិត្ត​ទាំងឡាយ ក៏កើតព្រមតទៅ ការកើតឡើងព្រម នៃកង​ទុក្ខទាំងអស់នុ៎ះ រមែង​មានយ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ បើបុគ្គល​ មិនញុំាងចេតនា ឲ្យត្រិះរិះគិតផង មិនញុំាងកប្បៈឲ្យសម្រេចផង គ្រាន់តែញុំាងអនុស័យ ឲ្យដេកនៅរឿយៗ អនុស័យនេះ ជាអារម្មណ៍ ប្រព្រឹត្តទៅ ដើម្បីការតាំងនៅនៃវិញ្ញាណ កាលបើ​អារម្មណ៍មាន ការតាំងនៅនៃវិញ្ញាណ ក៏មានដែរ កាលបើវិញ្ញាណនោះ តាំងនៅហើយ លូតលាស់​ឡើងហើយ នតិ គឺតណ្ហា ក៏មានដែរ កាលបើនតិ គឺតណ្ហា មាន អាគតិគតិ [កម្មក្តី កម្ម​និមិត្តក្តី គតិនិមិត្តក្តី ដែលមកតាំងនៅចំពោះហើយ ហៅថា អាគតិ, ដំណើរនៃវិញ្ញាណ ដោយអំណាចនៃបដិសន្ធិ ហៅថា គតិ (អដ្ឋកថា)។] ក៏មានដែរ កាលបើអាគតិគតិមាន ចុតិ និងបដិសន្ធិ ក៏មានដែរ កាលបើចុតិ និងបដិសន្ធិ មាន ជាតិ ជរា មរណៈ សេចក្តីសោក សេចក្តីខ្សឹកខ្សួល សេចក្តីលំបាកកាយ សេចក្តីលំបាក​ចិត្ត និងសេចក្តីចង្អៀតចង្អល់​ចិត្ត​ទាំងឡាយ ក៏កើតព្រមតទៅ ការកើតឡើងព្រម នៃកង​ទុក្ខទាំងអស់នុ៎ះ រមែង​មានយ៉ាងនេះ។

[១៥០] ម្នាលភិក្ខុទាំងឡាយ កាលណាបើបុគ្គល ​មិនញុំាងចេតនា ឲ្យត្រិះរិះគិតផង មិនញុំាងកប្បៈឲ្យសម្រេចផង មិនញុំាងអនុស័យ ឲ្យដេកនៅរឿយៗផង ធម្មជាត មានចេតនា ជាដើមនេះ ជាអារម្មណ៍ មិនប្រព្រឹត្តទៅ ដើម្បីការតាំងនៅ នៃវិញ្ញាណឡើយ កាលបើ​អារម្មណ៍មិនមាន ការតាំងនៅនៃវិញ្ញាណ ក៏មិនមានដែរ កាលបើវិញ្ញាណនោះ មិនតាំងនៅហើយ មិនលូតលាស់​ឡើងហើយ នតិ គឺតណ្ហា ក៏មិនមានដែរ កាលបើ​នតិ គឺតណ្ហា មិនមាន អាគតិគតិ ក៏មិនមានដែរ កាលបើអាគតិគតិមិនមាន ចុតិ និងបដិសន្ធិ ក៏មិនមានដែរ កាលបើចុតិ និងបដិសន្ធិ មិនមាន ជាតិ ជរា មរណៈ សេចក្តីសោក សេចក្តីខ្សឹកខ្សួល សេចក្តីលំបាកកាយ សេចក្តីលំបាក​ចិត្ត និងសេចក្តីចង្អៀតចង្អល់​ចិត្ត​ ក៏រលត់ទៅ ការរលត់នៃ​កងទុក្ខ​ទាំងអស់នុ៎ះ រមែង​មានយ៉ាងនេះ។ ចប់សូត្រទី១០។

ចប់ កឡារខត្តិយវគ្គ ទី៤។

ឧទ្ទាននៃកឡារខត្តិយវគ្គនោះគឺ

និយាយអំពីបុគ្គលឃើញថាធម្មជាតនេះជាភូត ១ និយាយអំពីកឡារខត្តិយភិក្ខុ ១ និយាយ​អំពី​ញាណវត្ថុ មាន២លើក និយាយអំពីបច្ច័យ គឺអវិជ្ជា មាន២លើក និយាយអំពី​កាយនេះ មិនមែនជារបស់អ្នកទាំងឡាយ ១ និយាយអំពីចេតនា មាន៣លើក។

គហបតិវគ្គ

[១៥១] ទ្រង់គង់នៅជិតក្រុងសាវត្ថី… គ្រានោះឯង អនាថបិណ្ឌិកគហបតី បានចូល​ទៅ​គាល់​​ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំ​ព្រះមានព្រះភាគ រួច​អង្គុយ​ក្នុងទីសមគួរ។ លុះ​អនាថបិណ្ឌិកគហបតី អង្គុយក្នុងទីសមគួរហើយ ទើប​ព្រះមាន​ព្រះ​ភាគ ទ្រង់ត្រាស់យ៉ាងនេះថា ម្នាលគហបតី កាលណាបើភ័យ ឬពៀរទាំង៥​ប្រការ អរិយ​សាវ័កបានរម្ងាប់ហើយ អរិយសាវ័កនោះ ឈ្មោះថា ប្រកបដោយអង្គនៃ​សោតាបត្តិ ៤​ប្រការ​ផង បានឃើញច្បាស់ ចាក់ធ្លុះនូវញេយ្យធម៌ ដ៏ប្រសើរដោយ​ប្រាជ្ញា​ផង អរិយ​សាវ័ក​នោះ បើចង់ព្យាករ ក៏គប្បីព្យាករខ្លួន ដោយ​ខ្លួនឯង​ថា អាត្មាអញ អស់នរកហើយ អស់​កំណើត​​តិរច្ឆានហើយ អស់ប្រេតវិស័យហើយ អស់​អបាយទុគ្គតិវិនិបាតហើយ ជាអ្នក​បាន​ដល់​នូវសោតៈហើយ មានសភាព​មិនបានធ្លាក់ចុះ ជាបុគ្គលទៀង មានការត្រាស់ដឹង ប្រព្រឹត្ត​ទៅ​ខាងមុខ ដូច្នេះក៏បាន។

[១៥២] ចុះភ័យ ឬពៀរទាំង៥ គឺអរិយសាវ័ករម្ងាប់ហើយ តើដូចម្តេច។ ម្នាល​គហបតី បុគ្គល​អ្នកសម្លាប់សត្វ តែងចួប​ប្រសព្វនូវភ័យ ឬពៀរណា ក្នុងបច្ចុប្បន្នផង ចួប​ប្រសព្វ​នូវ​ភ័យ ឬពៀរណា ក្នុងបរលោកផង ទទួលនូវទុក្ខ និងទោមនស្ស ប្រព្រឹត្តទៅក្នុង​ចិត្តផង ព្រោះ​តែបាណាតិបាតជាបច្ច័យ ភ័យ ឬពៀរនោះ អរិយសាវ័ក អ្នកវៀរស្រឡះ​ចាក​បាណាតិបាត បានរម្ងាប់ហើយ យ៉ាងនេះ។ ម្នាលគហបតី បុគ្គលអ្នកកាន់យកទ្រព្យ ដែល​គេ​​​មិនបានឲ្យ តែងចួបប្រសព្វនូវភ័យ ឬពៀរណា ក្នុងបច្ចុប្បន្នផង ចួបប្រសព្វ នូវភ័យ ឬ​ពៀរ​ណា ក្នុងបរលោកផង ទទួលនូវទុក្ខ និងទោមនស្ស ប្រព្រឹត្តទៅក្នុង​ចិត្តផង ព្រោះ​តែ​អទិន្នាទាន​ជាបច្ច័យ ភ័យ ឬពៀរនោះ អរិយសាវ័ក អ្នកវៀរស្រឡះ​ចាក​អទិន្នាទាន បាន​រម្ងាប់​ហើយ យ៉ាងនេះ។ ម្នាលគហបតី បុគ្គលអ្នកប្រព្រឹត្តកាមេសុមិច្ឆាចារ តែងចួប​ប្រសព្វ​នូវ​ភ័យ ឬពៀរណា ក្នុងបច្ចុប្បន្នផង ចួបប្រសព្វ នូវភ័យ ឬពៀរណា ក្នុងបរលោកផង ទទួល​នូវទុក្ខ និងទោមនស្ស ប្រព្រឹត្តទៅក្នុង​ចិត្តផង ព្រោះតែកាមេសុមិច្ឆាចារ ជាបច្ច័យ ភ័យ ឬពៀរនោះ អរិយសាវ័ក អ្នកវៀរស្រឡះ​ចាក​កាមេសុមិច្ឆាចារ បានរម្ងាប់ហើយ យ៉ាង​នេះ។ ម្នាលគហបតី បុគ្គលអ្នកពោលនូវ​ពាក្យកុហក តែងចួបប្រសព្វនូវភ័យ ឬពៀរណា ក្នុង​បច្ចុប្បន្នផង ចួបប្រសព្វ នូវភ័យ ឬពៀរណា ក្នុងបរលោកផង ទទួលនូវទុក្ខ និង​ទោមនស្ស ប្រព្រឹត្តទៅក្នុង​ចិត្តផង ព្រោះតែមុសាវាទ ជាបច្ច័យ ភ័យ ឬពៀរនោះ អរិយ​សាវ័ក អ្នកវៀរស្រឡះ​ចាក​មុសាវាទ បានរម្ងាប់ហើយ យ៉ាងនេះ។ ម្នាលគហបតី បុគ្គល​អ្នក​ផឹកនូវ​ទឹកស្រវឹង គឺសុរា និងមេរ័យ ដែលជាទីតាំងនៃ​សេចក្តីប្រមាទ តែងចួបប្រសព្វ​នូវ​ភ័យ ឬពៀរណា ក្នុងបច្ចុប្បន្នផង ចួបប្រសព្វ នូវភ័យ ឬពៀរណា ក្នុងបរលោកផង ទទួល​នូវ​ទុក្ខ និងទោមនស្ស ប្រព្រឹត្ត​ទៅក្នុង​ចិត្តផង ព្រោះតែហេតុជាទីតាំង នៃសេចក្តីប្រមាទ គឺ​ផឹក​ទឹកស្រវឹង គឺសុរា និងមេរ័យ ជាបច្ច័យ ភ័យ ឬពៀរនោះ អរិយសាវ័ក អ្នកវៀរស្រឡះ​ចាក​ហេតុជាទីតាំង នៃ​សេចក្តីប្រមាទ គឺផឹកទឹកស្រវឹង គឺសុរា និងមេរ័យ បានរម្ងាប់ហើយ យ៉ាង​នេះ។ នេះ ភ័យ ឬពៀរទាំង៥ ដែលពួកអរិយសាវ័ក បានរម្ងាប់អស់ហើយ។

[១៥៣] អរិយសាវ័ក ប្រកបដោយអង្គនៃសោតាបត្តិ ៤ប្រការ គឺអ្វីខ្លះ។ ម្នាល​គហបតី អរិយ​សាវ័ក​ក្នុងសាសនានេះ ប្រកបដោយ​សេចក្តីជ្រះថ្លា មិនកម្រើក​ក្នុង​ព្រះពុទ្ធថា ព្រះមានព្រះ​ភាគ​អង្គនោះ ជាព្រះអរហន្ត ព្រះអង្គត្រាស់ដឹងនូវញេយ្យ​ធម៌ ដោយព្រះអង្គឯង ដោយ​ប្រពៃ ព្រះអង្គ បរិបូណ៌​ដោយវិជ្ជា និងចរណៈ ជាព្រះសុគត ព្រះអង្គជ្រាបច្បាស់នូវ​ត្រៃ​លោក ព្រះអង្គប្រសើរដោយសីលាទិគុណ រកបុគ្គល​ណាមួយ​ស្មើគ្មាន ព្រះអង្គអ្នកប្រដៅ​បុរស​បុគ្គលដូចនាយសារថី ជាសាស្តាចារ្យ នៃទេវតា និង​មនុស្សទាំងឡាយ ព្រះអង្គ​ត្រាស់​​ដឹងនូវចតុរារិយសច្ច ព្រះអង្គលែង​វិលត្រឡប់​មកកាន់​ភពថ្មីទៀត១ អរិយសាវ័ក ប្រកប​ដោយសេចក្តីជ្រះថ្លា មិនកម្រើកក្នុងព្រះធម៌ថា ព្រះ​បរិយត្តិធម៌ ជាធម៌ គឺ​ព្រះមានព្រះភាគ ទ្រង់ត្រាស់សំដែងហើយ ដោយប្រពៃ ព្រះនព្វលោកុត្តរធម៌ ជាធម៌ គឺបុគ្គល​គប្បីឃើញច្បាស់ ដោយខ្លួនឯង ជាធម៌ ឲ្យផល​មិនរង់​ចាំកាល ជាធម៌គួរ​ដល់​ឯហិបស្សវិធី ជាធម៌​គួរបង្អោនចូលមកទុកក្នុងខ្លួន ជាធម៌ ដែលពួកវិញ្ញូជន គប្បីដឹងច្បាស់ ដោយ​ខ្លួនឯង១ អរិយសាវ័ក ប្រកបដោយសេចក្តី​ជ្រះថ្លា មិនកម្រើកក្នុងព្រះសង្ឃថា ព្រះសង្ឃ​ជាសាវ័ក នៃព្រះមានព្រះភាគ លោកប្រតិបត្តិ ដោយ​ប្រពៃ ព្រះសង្ឃជាសាវ័ក នៃ​ព្រះមានព្រះភាគ លោកប្រតិបត្តិដោយត្រង់ ព្រះសង្ឃជាសាវ័ក នៃព្រះមានព្រះភាគ លោក​ប្រតិបត្តិដើម្បីការដឹង ព្រះសង្ឃជាសាវ័ក នៃព្រះមានព្រះភាគ លោកប្រតិបត្តិដ៏​សម​គួរ ដល់សាមីចិកម្ម បើរាប់ជាគូនៃបុរស មាន៤គូ បើរាប់រៀងជាបុរសបុគ្គល មាន៨ នេះ ជា​សង្ឃ​ជាសាវ័ក នៃព្រះមានព្រះភាគ លោកគួរទទួល នូវចតុប្បច្ច័យ គួរទទួលនូវ​អាគន្តុក​ទាន ដែល​គេនាំមកបូជា គួរទទួល​នូវ​ទក្ខិណាទាន គួរដល់អញ្ជលីកម្ម ជាបុញ្ញក្ខេត្តដ៏​ប្រសើរ របស់សត្វលោក១ អរិយសាវ័ក ប្រកបដោយអរិយកន្តសីល គឺសីល៥ ដែលជា​ទី​ពេញ​ចិត្ត របស់អរិយៈ មិនដាច់ មិនធ្លុះ មិនពព្រុះ មិនពពាល ជាសីលមិនខ្ញុំតណ្ហា ជាសីល ដែល​ពួកអ្នកប្រាជ្ញ គប្បីសរសើរ ដែល​មិនបានប៉ះពាល់ដោយតណ្ហា ដែលប្រព្រឹត្តទៅ ដើម្បី​សមាធិ១ អរិយសាវ័ក ប្រកប​ដោយអង្គនៃសោតាបត្តិ ទាំង៤ប្រការនេះឯង។

[១៥៤] ចុះញាយធម៌ដ៏ប្រសើរ ដែលអរិយសាវ័កនោះ បានឃើញដោយប្រពៃ បាន​ចាក់​ធ្លុះ​ដោយ​ប្រពៃ ដោយប្រាជ្ញា តើដូចម្តេច។ ម្នាលគហបតី អរិយសាវ័ក ក្នុងសាសនានេះ ធ្វើ​ទុក​ក្នុងចិត្ត នូវ​បដិច្ចសមុប្បាទធម៌ ដោយឧបាយប្រាជ្ញាឲ្យប្រពៃថា កាលបើរបស់នេះមាន របស់​នេះ​ក៏មាន របស់នេះកើតឡើង ព្រោះកើតរបស់នេះ កាលបើ​របស់នេះមិនមាន របស់​នេះ​​ក៏មិនមាន របស់នេះរលត់ទៅ ព្រោះរលត់របស់នេះ សង្ខារទាំង​ឡាយកើតឡើង ព្រោះ​អវិជ្ជា​ជាបច្ច័យ វិញ្ញាណកើតឡើង ព្រោះសង្ខារ​ជាបច្ច័យ។បេ។ ការកើត​ឡើង​ព្រម​នៃកង​ទុក្ខ​ទាំងអស់នុ៎ះ រមែងមានយ៉ាងនេះ ការរលត់​នៃ​សង្ខារ ព្រោះការវិនាស និងការ​រលត់​មិន​សេសសល់​នៃអវិជ្ជា ការរលត់នៃវិញ្ញាណ ព្រោះការរលត់នៃសង្ខារ។បេ។ ការ​រលត់នៃ​កង​ទុក្ខ​ទាំងអស់នុ៎ះ រមែងមានយ៉ាងនេះ។ ញាយធម៌ ដ៏ប្រសើរនេះហើយ ដែល​អរិយសាវ័ក​នោះ ឃើញដោយប្រពៃ ចាក់ធ្លុះដោយប្រពៃ ដោយប្រាជ្ញា។

[១៥៥] ម្នាលគហបតី កាលណាបើភ័យ ឬពៀរទាំង៥ប្រការនេះ គឺអរិយសាវ័ករម្ងាប់​ហើយ អរិយសាវ័កនោះ ឈ្មោះថា បានប្រកបដោយអង្គ នៃសោតាបត្តិ ៤ប្រការ​នេះផង ទាំង​ញាយធម៌​ដ៏ប្រសើរនេះ ក៏អរិយសាវ័ក បានឃើញដោយប្រពៃ ចាក់ធ្លុះដោយប្រពៃ ដោយ​ប្រាជ្ញា​ផង អរិយសាវ័កនោះ បើចង់ព្យាករ ក៏គប្បីព្យាករខ្លួន ដោយខ្លួនឯងថា អាត្មាអញ អស់​នរកហើយ អស់កំណើតតិរច្ឆានហើយ អស់ប្រេតវិស័យហើយ អស់​អបាយ ទុគ្គតិ វិនិបាត​ហើយ ជាអ្នកបានដល់នូវ​សោតៈ មានសភាពមិនបានធ្លាក់ចុះ ជាបុគ្គលទៀង មាន​ការ​ត្រាស់ដឹង ប្រព្រឹត្តទៅខាងមុខ ដូច្នេះក៏បាន។ ចប់សូត្រទី១។

[១៥៦] ទ្រង់គង់នៅទៀបក្រុងសាវត្ថី… ម្នាលភិក្ខុទាំងឡាយ កាលណាបើ ភ័យ ឬពៀរទាំង​៥​ប្រការ គឺអរិយសាវ័ក បានរម្ងាប់ហើយ អរិយសាវ័កនោះ ក៏បានប្រកប​ដោយអង្គនៃ​សោតាបត្តិ ៤ប្រការផង ទាំងញាយធម៌ដ៏ប្រសើរ ក៏អរិយសាវ័កនោះ បានឃើញ​ដោយ​ប្រពៃ ចាក់ធ្លុះដោយប្រពៃ ដោយប្រាជ្ញាផង អរិយសាវ័កនោះ បើចង់​ព្យាករ ក៏គប្បី​ព្យាករ​ខ្លួន ដោយខ្លួនឯងថា អាត្មាអញ អស់នរកហើយ។បេ។ មានសភាព​មិនបានធ្លាក់ចុះ ជា​បុគ្គល​ទៀង មានការត្រាស់ដឹង ប្រព្រឹត្តទៅខាងមុខ ដូច្នេះ ក៏បាន។

(ត្រង់ពាក្យថា ភិក្ខវេ បណ្ឌិតត្រូវធ្វើឲ្យពិស្តារ គ្រប់អន្លើផងចុះ)។

[១៥៧] ភ័យ ឬពៀរទាំង៥ប្រការ គឺអរិយសាវ័ករម្ងាប់ហើយ តើដូចម្តេច។ ម្នាលភិក្ខុទាំង​ឡាយ បុគ្គលអ្នកសម្លាប់សត្វ។បេ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលអ្នកកាន់យក​ទ្រព្យ ដែល​គេ​មិន​បានឲ្យ។បេ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលអ្នកប្រព្រឹត្តខុស ក្នុងកាមទាំង​ឡាយ។បេ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលអ្នកពោលពាក្យកុហក។បេ។ ម្នាលភិក្ខុទាំងឡាយ បុគ្គល​អ្នក​ផឹកទឹកស្រវឹង គឺសុរា និងមេរ័យ ជាហេតុនៃសេចក្តីប្រមាទ។បេ។ នេះ ភ័យ ឬពៀរ​ទាំង​៥ប្រការ ដែលអរិយសាវ័កបានរម្ងាប់ហើយ។

[១៥៨] ចុះអរិយសាវ័ក ដែលប្រកបដោយអង្គនៃសោតាបត្តិ៤ប្រការ តើដូចម្តេច។ ម្នាល​ភិក្ខុ​ទាំង​ឡាយ អរិយសាវ័កក្នុងសាសនានេះ (ប្រកបដោយសេចក្តីជ្រះថ្លា មិនកម្រើក) ក្នុង​ព្រះពុទ្ធ។បេ។ ក្នុងព្រះធម៌។បេ។ ក្នុងព្រះសង្ឃ។បេ។ ប្រកបដោយ​អរិយកន្តសីល។បេ។ អរិយ​សាវ័ក ប្រកបដោយអង្គនៃសោតាបត្តិ៤ប្រការនេះឯង។

[១៥៩] ចុះញាយធម៌ដ៏ប្រសើរ គឺអរិយសាវ័កនោះ ឃើញដោយប្រពៃ ចាក់ធ្លុះ​ដោយប្រពៃ ដោយប្រាជ្ញា តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ អរិយសាវ័ក ក្នុងសាសនានេះ ធ្វើទុក​ក្នុង​ចិត្ត នូវបដិច្ចសមុប្បាទធម៌ ដោយឧបាយប្រាជ្ញា ឲ្យប្រពៃ។បេ។ នេះ ជាញាយធម៌ដ៏ប្រសើរ គឺ​អរិយសាវ័ក ឃើញដោយប្រពៃ ចាក់ធ្លុះដោយប្រពៃ ដោយប្រាជ្ញា។

[១៦០] ម្នាលភិក្ខុទាំងឡាយ កាលណាបើភ័យ ឬពៀរ ៥ប្រការនេះ គឺអរិយសាវ័ក បាន​រម្ងាប់​ហើយ អរិយសាវ័កនោះ ក៏បានប្រកបដោយអង្គ នៃសោតាបត្តិ៤ប្រការនេះឯង ទាំង​ញាយធម៌​ដ៏ប្រសើរនេះ ក៏អរិយសាវ័កឃើញដោយប្រពៃ ចាក់ធ្លុះដោយប្រពៃ ដោយ​ប្រាជ្ញា​ផង។ អរិយសាវ័កនោះ បើចង់ព្យាករ ក៏គប្បីព្យាករខ្លួន ដោយខ្លួនឯងថា អាត្មាអញ អស់​នរក​ហើយ អស់កំណើតតិរច្ឆានហើយ អស់ប្រេតវិស័យហើយ អស់អបាយ​ទុគ្គតិវិនិបាត​ហើយ ជាអ្នកដល់នូវសោតៈហើយ មានសភាពមិនធ្លាក់ចុះ ជាបុគ្គលទៀង មានការ​ត្រាស់​ដឹង ប្រព្រឹត្តទៅខាងមុខ ដូច្នេះក៏បាន។ ចប់សូត្រទី២។

[១៦១] ទ្រង់គង់នៅទៀបក្រុងសាវត្ថី… ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែង នូវហេតុ​ដែល​នាំឲ្យកើតទុក្ខផង នូវសេចក្តីរលត់នៃទុក្ខផង អ្នកទាំងឡាយ ចូរស្តាប់ធម៌​នោះ ចូរធ្វើ​ទុក​ក្នុងចិត្ត ឲ្យប្រពៃចុះ តថាគតនឹងសំដែង។ ភិក្ខុទាំងនោះ ក៏ទទួល​ស្តាប់ព្រះពុទ្ធដីកា នៃ​ព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ។

[១៦២] ព្រះមានព្រះភាគទ្រង់ត្រាស់យ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ ចុះហេតុ​ដែលនាំឲ្យ​កើត​ទុក្ខ តើដូចម្តេច ចក្ខុវិញ្ញាណកើតឡើង ព្រោះអាស្រ័យចក្ខុ និងរូប ការចួប​ជុំរបស់​ទាំង ៣ គឺចក្ខុ១ រូប១ ចក្ខុវិញ្ញាណ១ ហៅថា ផស្សៈ វេទនាកើតឡើង ព្រោះផស្សៈជា​បច្ច័យ តណ្ហា​កើតឡើង ព្រោះវេទនាជាបច្ច័យ ម្នាលភិក្ខុទាំងឡាយ នេះឯង ហៅថា ហេតុនាំ​ឲ្យ​កើត​ទុក្ខ។ ព្រោះអាស្រ័យត្រចៀក និងសំឡេង… ព្រោះអាស្រ័យច្រមុះ និងក្លិន… ព្រោះ​អាស្រ័យ​អណ្តាត និងរស … ព្រោះអាស្រ័យកាយ និងផោដ្ឋព្វៈ… មនោវិញ្ញាណកើត​ឡើង​បាន ក៏ព្រោះអាស្រ័យចិត្ត និងធម្មារម្មណ៍ ការចួប​ជុំរបស់ទាំង៣ គឺចិត្ត    ១ ធម្មារម្មណ៍១ មនោវិញ្ញាណ១ ហៅថា ផស្សៈ វេទនាកើតឡើង ព្រោះផស្សៈជា​បច្ច័យ តណ្ហាកើតឡើង ព្រោះ​វេទនាជាបច្ច័យ ម្នាលភិក្ខុទាំងឡាយ នេះឯង ហៅថា ហេតុនាំឲ្យកើតទុក្ខ។

[១៦៣] ម្នាលភិក្ខុទាំងឡាយ ចុះសេចក្តីរលត់នៃទុក្ខ តើដូចម្តេច។ ចក្ខុវិញ្ញាណ​កើតឡើង ព្រោះ​អាស្រ័យចក្ខុ និងរូប ការចួប​ជុំរបស់ទាំង៣ ហៅថា ផស្សៈ វេទនា​កើតឡើង ព្រោះ​ផស្សៈ​ជា​បច្ច័យ តណ្ហាកើតឡើង ព្រោះវេទនាជាបច្ច័យ ការរលត់នៃ​ឧបាទាន ព្រោះការ​វិនាស និងការរលត់មិនសេសសល់ នៃតណ្ហានោះឯង ការរលត់នៃ​ភព ព្រោះការរលត់​នៃ​ឧបាទាន ការរលត់នៃជាតិ ព្រោះការរលត់នៃភព ជរា មរណៈ សេចក្តីសោក សេចក្តី​ខ្សឹកខ្សួល ទុក្ខ ទោមនស្ស និងសេចក្តីចង្អៀតចង្អល់ ក៏រមែង​រលត់ ព្រោះការរលត់នៃជាតិ ការ​រលត់នៃ​កងទុក្ខទាំងអស់នុ៎ះ រមែងមានយ៉ាងនេះ ម្នាលភិក្ខុទាំងឡាយ នេះឯង ហៅថា សេចក្តី​រលត់នៃទុក្ខ។ ព្រោះអាស្រ័យត្រចៀក និងសំឡេង… ព្រោះអាស្រ័យច្រមុះ និង​ក្លិន… ព្រោះអាស្រ័យអណ្តាត និងរស… ព្រោះអាស្រ័យកាយ និងផោដ្ឋព្វៈ… មនោវិញ្ញាណ​កើត​ឡើង ព្រោះអាស្រ័យចិត្ត និងធម្មារម្មណ៍ ការចួប​ជុំរបស់ទាំង៣ ហៅថា ផស្សៈ វេទនា​កើត​ឡើង ព្រោះផស្សៈជា​បច្ច័យ តណ្ហាកើតឡើង ព្រោះវេទនាជាបច្ច័យ ការរលត់នៃ​ឧបាទាន ព្រោះការវិនាស និងការរលត់មិនសេសសល់ នៃតណ្ហានោះឯង ការរលត់នៃ​ភព ព្រោះ​ការរលត់​​នៃ​ឧបាទាន ការរលត់នៃជាតិ ព្រោះការរលត់នៃភព ជរា មរណៈ សេចក្តី​សោក សេចក្តី​ខ្សឹកខ្សួល ទុក្ខ ទោមនស្ស និងសេចក្តីចង្អៀតចង្អល់ ក៏រមែង​រលត់ ព្រោះ​ការ​រលត់​នៃជាតិ ការរលត់នៃ​កងទុក្ខទាំងអស់នុ៎ះ រមែងមានយ៉ាងនេះ ម្នាលភិក្ខុទាំងឡាយ នេះ​ឯង ហៅថា សេចក្តីរលត់នៃទុក្ខ។ ចប់សូត្រទី៣។

[១៦៤] ទ្រង់គង់នៅទៀបក្រុងសាវត្ថី… ម្នាលភិក្ខុទាំងឡាយ តថាគត នឹងសំដែង​ហេតុ ដែល​នាំឲ្យកើតសង្ខារលោក និងសេចក្តីរលត់នៃសង្ខារលោក អ្នកទាំងឡាយ ចូរស្តាប់ធម៌​នោះចុះ… ម្នាលភិក្ខុទាំងឡាយ ចុះហេតុ​ដែលនាំឲ្យកើតសង្ខារលោក តើដូចម្តេច ចក្ខុ​វិញ្ញាណ​កើតឡើង ព្រោះអាស្រ័យចក្ខុ និងរូប ការចួប​ជុំរបស់ទាំង៣ ហៅថា ផស្សៈ វេទនា​កើត​ឡើង ព្រោះផស្សៈជា​បច្ច័យ តណ្ហាកើតឡើង ព្រោះ​វេទនា​ជាបច្ច័យ ឧបាទាន​កើត​ឡើង ព្រោះតណ្ហាជាបច្ច័យ ភពកើតឡើង ព្រោះឧបាទាន ជាបច្ច័យ ជាតិកើតឡើង ព្រោះ​ភព​ជាបច្ច័យ ជរាមរណៈ សេចក្តីសោក សេចក្តីខ្សឹកខ្សួល ទុក្ខ ទោមនស្ស និង​សេចក្តី​ចង្អៀត​ចង្អល់ចិត្ត ក៏កើតឡើងព្រម ព្រោះជាតិជាបច្ច័យ ម្នាលភិក្ខុទាំងឡាយ នេះឯង ហៅថា ហេតុនាំឲ្យកើតសង្ខារលោក។ ព្រោះអាស្រ័យ​ត្រចៀក និងសំឡេង… ព្រោះ​អាស្រ័យ​ច្រមុះ និងក្លិន… ព្រោះអាស្រ័យអណ្តាត និងរស … ព្រោះអាស្រ័យកាយ និង​ផោដ្ឋព្វៈ… មនោវិញ្ញាណកើតឡើង ព្រោះអាស្រ័យចិត្ត និងធម្មារម្មណ៍ ការចួប​ជុំរបស់​ទាំង ៣ ហៅថា ផស្សៈ វេទនាកើតឡើង ព្រោះផស្សៈជា​បច្ច័យ។បេ។ ជរាមរណៈ សេចក្តីសោក សេចក្តី​ខ្សឹកខ្សួល ទុក្ខ ទោមនស្ស និងសេចក្តី​ចង្អៀតចង្អល់​ចិត្ត ក៏កើតឡើងព្រម ព្រោះ​ជាតិ​ជាបច្ច័យ ម្នាលភិក្ខុទាំងឡាយ នេះឯង ហៅថា ហេតុនាំឲ្យកើតសង្ខារលោក។

[១៦៥] ម្នាលភិក្ខុទាំងឡាយ ចុះសេចក្តីរលត់នៃសង្ខារលោក តើដូចម្តេច។ ចក្ខុវិញ្ញាណ​កើតឡើង ព្រោះអាស្រ័យចក្ខុ និងរូប ការចួប​ជុំរបស់ទាំង៣ ហៅថា ផស្សៈ វេទនា​កើតឡើង ព្រោះផស្សៈជា​បច្ច័យ តណ្ហាកើតឡើង ព្រោះវេទនាជាបច្ច័យ ការរលត់នៃ​ឧបាទាន ព្រោះការវិនាស និងការរលត់មិនសេសសល់ នៃតណ្ហានោះឯង ការរលត់នៃ​ភព ព្រោះការរលត់នៃឧបាទាន។បេ។ ការរលត់នៃ​កងទុក្ខទាំងអស់នុ៎ះ រមែងមានយ៉ាងនេះ ម្នាលភិក្ខុទាំងឡាយ នេះឯង ហៅថា សេចក្តីរលត់នៃសង្ខារលោក។ ព្រោះអាស្រ័យ​ត្រចៀក និងសំឡេង… ព្រោះអាស្រ័យច្រមុះ និងក្លិន… ព្រោះអាស្រ័យ​អណ្តាត និងរស… ព្រោះ​អាស្រ័យកាយ និងផោដ្ឋព្វៈ… មនោវិញ្ញាណកើតឡើង ព្រោះអាស្រ័យចិត្ត និង​ធម្មារម្មណ៍ ការចួប​ជុំរបស់ទាំង៣ ហៅថា ផស្សៈ វេទនា​កើតឡើង ព្រោះផស្សៈជា​បច្ច័យ តណ្ហា​កើតឡើង ព្រោះវេទនាជាបច្ច័យ ការរលត់នៃ​ឧបាទាន ព្រោះ​ការវិនាស និងការ​រលត់​មិនសេសសល់ នៃតណ្ហានោះឯង ការរលត់នៃ​ភព ព្រោះការរលត់​នៃ​ឧបាទាន។បេ។ ការរលត់នៃ​កងទុក្ខទាំងអស់នុ៎ះ រមែងមានយ៉ាងនេះ ម្នាលភិក្ខុទាំងឡាយ នេះឯង ហៅថា ការរលត់នៃសង្ខារលោក។ ចប់សូត្រទី៤។

[១៦៦] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុង​ប្រាសាទ ឈ្មោះ គិញ្ជកាវសថៈ គឺមហាប្រាសាទ ដែលកដោយឥដ្ឋ ជារបស់ពួក​ព្រះ​ញាតិ។ គ្រានោះឯង ព្រះមានព្រះភាគ គង់នៅក្នុងទីស្ងាត់ សម្ងំ​នៅ​មួយព្រះអង្គឯង ទ្រង់​សំដែង​​ធម្មបរិយាយនេះថា ចក្ខុវិញ្ញាណ​កើតឡើង ព្រោះ​អាស្រ័យចក្ខុ និងរូប ការចួប​ជុំ​របស់​ទាំង៣ នេះហៅថា ផស្សៈ វេទនា​កើតឡើង ព្រោះផស្សៈជា​បច្ច័យ តណ្ហាកើតឡើង ព្រោះ​វេទនាជាបច្ច័យ ឧបាទានកើតឡើង ព្រោះតណ្ហាជាបច្ច័យ។បេ។ ហេតុដែល​នាំឲ្យ​កើត​ឡើង​នៃកងទុក្ខទាំងអស់នុ៎ះ តែង​មានយ៉ាងនេះ។ ព្រោះអាស្រ័យត្រចៀក និង​សំឡេង… ព្រោះអាស្រ័យច្រមុះ និងក្លិន… ព្រោះអាស្រ័យ​អណ្តាត និងរស… ព្រោះ​អាស្រ័យ​កាយ និងផោដ្ឋព្វៈ… មនោវិញ្ញាណ​កើតឡើង ព្រោះអាស្រ័យចិត្ត និងធម្មារម្មណ៍ ការ​ចួប​ជុំរបស់ទាំង៣ ហៅថា ផស្សៈ វេទនា​កើតឡើង ព្រោះផស្សៈជា​បច្ច័យ តណ្ហា​កើត​ឡើង ព្រោះវេទនាជាបច្ច័យ ឧបាទាន​កើតឡើង ព្រោះតណ្ហាជាបច្ច័យ។បេ។ ការកើត​ឡើង​ព្រម នៃកងទុក្ខទាំងអស់នុ៎ះ តែង​មានយ៉ាងនេះ។

[១៦៧] ចក្ខុវិញ្ញាណ​កើតឡើង ព្រោះអាស្រ័យចក្ខុ និងរូប ការចួប​ជុំរបស់ទាំង៣ ហៅថា ផស្សៈ វេទនា​កើតឡើង ព្រោះផស្សៈជា​បច្ច័យ តណ្ហាកើតឡើង ព្រោះ​វេទនា​ជា​បច្ច័យ ការ​រលត់​នៃ​ឧបាទាន ព្រោះការវិនាស និងការរលត់មិនសេសសល់ នៃ​តណ្ហា​នោះឯង ការរលត់​នៃ​ភព ព្រោះការរលត់នៃឧបាទាន។បេ។ ការរលត់នៃ​កងទុក្ខ​ទាំង​អស់​នុ៎ះ តែង​មាន​យ៉ាងនេះ។ ព្រោះអាស្រ័យត្រចៀក និងសំឡេង។បេ។ មនោ​វិញ្ញាណ​កើតឡើង ព្រោះ​អាស្រ័យ​ចិត្ត និងធម្មារម្មណ៍ ការចួប​ជុំរបស់ទាំង៣ ហៅថា ផស្សៈ វេទនា​កើតឡើង ព្រោះ​ផស្សៈ​ជា​បច្ច័យ តណ្ហាកើតឡើង ព្រោះវេទនាជាបច្ច័យ ការរលត់នៃ​ឧបាទាន ព្រោះ​ការ​វិនាស និងការរលត់មិនសេសសល់ នៃតណ្ហានោះឯង ការរលត់នៃ​ភព ព្រោះការរលត់​នៃ​ឧបាទាន។បេ។ ការរលត់នៃ​កងទុក្ខទាំងអស់នុ៎ះ តែងមានយ៉ាងនេះ។

[១៦៨] សម័យនោះឯង ភិក្ខុមួយរូប ឈរអែបចាំស្តាប់ព្រះបន្ទូលព្រះមានព្រះភាគ។ ព្រះមានព្រះភាគ បានទតឃើញភិក្ខុនោះ ដែលកំពុងឈរអែបចាំស្តាប់ លុះទតឃើញ​ហើយ ទើបទ្រង់ត្រាស់នឹងភិក្ខុនោះ យ៉ាងនេះថា ម្នាលភិក្ខុ អ្នកឮធម្មបរិយាយនេះ ឬមិន​ឮ​ទេ។ ភិក្ខុនោះក្រាបបង្គំទូលថា ឮ ព្រះអង្គ។ ម្នាលភិក្ខុ អ្នកចូររៀនធម្មបរិយាយ​នេះចុះ ម្នាល​ភិក្ខុ អ្នកចូរទន្ទេញធម្មបរិយាយនេះចុះ ម្នាលភិក្ខុ អ្នកចូរទ្រទ្រង់​ធម្មបរិយាយ​នេះចុះ ម្នាល​ភិក្ខុ ឯធម្មបរិយាយនេះ ប្រកបដោយប្រយោជន៍ ជាអាទិព្រហ្មចរិយៈ។ ចប់សូត្រ ទី៥។

[១៦៩] ទ្រង់គង់នៅទៀបក្រុងសាវត្ថី…. គ្រានោះឯង មានព្រាហ្មណ៍ម្នាក់ បានចូល​ទៅ​គាល់​ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏និយាយសំណេះសំណាល ជាមួយ​នឹង​ព្រះមានព្រះភាគ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររឭកហើយ ទើប​អង្គុយ​ក្នុងទីសមគួរ។

[១៧០] លុះព្រាហ្មណ៍នោះ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូល​សួរ​ព្រះមានព្រះ​ភាគ យ៉ាងនេះថា បពិត្រព្រះគោតមដ៏ចម្រើន បុគ្គលនោះ ធ្វើកម្ម បុគ្គល​នោះ​ទទួល​ផលកម្ម​ឬ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលព្រាហ្មណ៍ ពាក្យថា បុគ្គលនោះ ធ្វើកម្ម បុគ្គល​នោះ​​ទទួលផលកម្ម នេះ ជាផ្លូវលាមកទីមួយ។ បពិត្រព្រះគោតមដ៏ចម្រើន ចុះបុគ្គលដទៃ ធ្វើ​កម្ម បុគ្គលដទៃ​ ទទួលផលកម្មឬ។ ម្នាលព្រាហ្មណ៍ ពាក្យថា បុគ្គលដទៃ ធ្វើកម្ម បុគ្គល​ដទៃ​​ទទួលផលកម្ម នេះ ជាផ្លូវលាមកទីពីរ ម្នាលព្រាហ្មណ៍ តថាគត មិនបាន​ប៉ះពាល់​ផ្លូវ​លាមក​ទាំងពីរខាងនេះទេ សំដែងធម៌តាមផ្លូវកណ្តាល សង្ខារទាំង​ឡាយ កើតឡើង ព្រោះ​អវិជ្ជា​ជាបច្ច័យ វិញ្ញាណកើតឡើង ព្រោះសង្ខារជាបច្ច័យ។បេ។ ការ​កើតឡើងព្រម នៃកង​ទុក្ខ​ទាំងអស់នុ៎ះ តែងមានយ៉ាងនេះ។ ការរលត់នៃសង្ខារ ព្រោះ​ការវិនាស និងការ​រលត់​មិន​សេសសល់ នៃអវិជ្ជា ការរលត់នៃវិញ្ញាណ ព្រោះការរលត់​នៃ​សង្ខារ។បេ។ ការរលត់នៃ​កង​ទុក្ខ​ទាំងអស់នុ៎ះ តែងមានយ៉ាងនេះ។

[១៧១] កាលបើព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ ព្រាហ្មណ៍នោះ បានក្រាប​បង្គំ​ទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះគោតមដ៏ចម្រើន ពីរោះ​ណាស់ បពិត្រ​ព្រះគោតម​ដ៏ចម្រើន ពីរោះណាស់។បេ។ សូមព្រះគោតមដ៏ចម្រើន ចាំទុក​នូវខ្ញុំព្រះអង្គ ថា​ជា​ឧបាសក អ្នកដល់នូវសរណៈ ស្មើដោយជីវិត ចាប់ដើមតាំងអំពីថ្ងៃ​នេះតទៅ។ ចប់សូត្រ ទី៦។

[១៧២] ទ្រង់គង់នៅទៀបក្រុងសាវត្ថី… គ្រានោះឯង ព្រាហ្មណ៍ឈ្មោះ ជាណុស្សោណិ ចូល​ទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ។បេ។ ជាមួយ​នឹង​ព្រះមានព្រះ​ភាគ។

[១៧៣] លុះ ជាណុស្សោណិព្រាហ្មណ៍ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូល​សួរ​ព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះគោតមដ៏ចម្រើន របស់ទាំងអស់ មានឬហ្ន៎។ ព្រះអង្គ​តបថា ម្នាលព្រាហ្មណ៍ ពាក្យថា របស់ទាំងអស់មាន នេះ ជាផ្លូវលាមកទីមួយ។ បពិត្រ​ព្រះគោតមដ៏ចម្រើន ចុះរបស់ទាំងអស់ មិនមានទេឬ។ ម្នាលព្រាហ្មណ៍ ពាក្យថា របស់​ទាំងអស់ មិនមាន នេះ ជាផ្លូវលាមកទីពីរ ម្នាលព្រាហ្មណ៍ តថាគត មិនបាន​ប៉ះពាល់​ធម៌​លាមក ២ប្រការនុ៎ះទេ សំដែងធម៌តាមផ្លូវកណ្តាលថា សង្ខារទាំង​ឡាយ កើតឡើង ព្រោះ​អវិជ្ជាជាបច្ច័យ វិញ្ញាណកើតឡើង ព្រោះសង្ខារជាបច្ច័យ។បេ។ ការ​កើតឡើងព្រម នៃកង​ទុក្ខទាំងអស់នុ៎ះ តែងមានយ៉ាងនេះ។ ការរលត់នៃសង្ខារ ព្រោះ​ការវិនាស និងការ​រលត់​មិនសេសសល់ នៃអវិជ្ជា ការរលត់នៃវិញ្ញាណ ព្រោះការរលត់​នៃ​សង្ខារ។បេ។ ការ​រលត់​នៃ​កងទុក្ខទាំងអស់នុ៎ះ តែងមានយ៉ាងនេះ។

[១៧៤] កាលបើព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ ជាណុស្សោណិព្រាហ្មណ៍ ក៏​ក្រាបបង្គំទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះគោតមដ៏ចម្រើន ពីរោះណាស់។បេ។ អ្នកដល់នូវសរណៈ ស្មើដោយជីវិត។ ចប់​សូត្រទី៧។

[១៧៥] ទ្រង់គង់នៅទៀបក្រុងសាវត្ថី… គ្រានោះឯង ព្រាហ្មណ៍ឈ្មោះ លោកាយតិកៈ បាន​ចូល​ទៅគាល់ព្រះមានព្រះភាគ។បេ។

[១៧៦] លុះ​លោកាយតិកព្រាហ្មណ៍ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូល​សួរ​ព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះគោតមដ៏ចម្រើន របស់ទាំងអស់ មានឬហ្ន៎។ ព្រះអង្គ​តបថា ម្នាលព្រាហ្មណ៍ ពាក្យថា របស់ទាំងអស់ មាន នេះ ជាលោកាយតៈជា​ច្បង។ បពិត្រ​ព្រះគោតមដ៏ចម្រើន របស់ទាំងអស់ មិនមានទេឬ។ ម្នាលព្រាហ្មណ៍ ពាក្យថា របស់​ទាំងអស់ មិនមាន នេះ ជាលោកាយតៈទីពីរ។ បពិត្រព្រះគោតមដ៏ចម្រើន របស់ទាំងអស់ មាន​សភាពតែមួយឬ។ ម្នាលព្រាហ្មណ៍ ពាក្យថា របស់ទាំងអស់ មានសភាពតែមួយ នេះ​ជា​លោកាយតៈទីបី។ បពិត្រព្រះគោតមដ៏ចម្រើន របស់ទាំងអស់ មានសភាពផ្សេងគ្នាឬ។ ម្នាល​ព្រាហ្មណ៍ ពាក្យថា របស់ទាំងអស់ មានសភាពផ្សេងគ្នា នេះជាលោកាយតៈទីបួន ម្នាល​ព្រាហ្មណ៍ តថាគត មិនបាន​ប៉ះពាល់​ផ្លូវលាមកទាំង២នេះទេ សំដែងធម៌តាមផ្លូវ​កណ្តាល​ថា សង្ខារទាំង​ឡាយ កើតឡើង ព្រោះអវិជ្ជាជាបច្ច័យ វិញ្ញាណកើតឡើង ព្រោះ​សង្ខារ​ជាបច្ច័យ។បេ។ ការ​កើតឡើងព្រម នៃកងទុក្ខទាំងអស់នុ៎ះ តែងមានយ៉ាងនេះ។ ការ​រលត់​នៃសង្ខារ ព្រោះ​ការវិនាស និង​ការរលត់​មិនសេសសល់ នៃអវិជ្ជា ការរលត់​នៃ​វិញ្ញាណ ព្រោះការរលត់​នៃ​សង្ខារ។បេ។ ការរលត់នៃ​កងទុក្ខទាំងអស់នុ៎ះ តែងមានយ៉ាង​នេះ។

[១៧៧] កាលបើព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ លោកាយតិកព្រាហ្មណ៍ បាន​ក្រាបបង្គំទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះគោតមដ៏ចម្រើន ពីរោះណាស់ បពិត្រ​ព្រះគោតមដ៏ចម្រើន ពីរោះណាស់។បេ។ អ្នកដល់នូវសរណៈ ស្មើដោយជីវិត ចាប់​ដើម​អំពីថ្ងៃនេះតទៅ។ ចប់​សូត្រទី៨។

[១៧៨] ទ្រង់គង់នៅទៀបក្រុងសាវត្ថី… ក្នុងទីនោះឯង… ម្នាលភិក្ខុទាំងឡាយ អរិយ​សាវ័ក​អ្នកចេះដឹង មិនមានសេចក្តីត្រិះរិះ យ៉ាងនេះថា កាលបើរបស់អ្វី មាន ទើបរបស់​អ្វីមានហ្ន៎ របស់​អ្វីកើតឡើង ព្រោះការកើតឡើង នៃរបស់អ្វីហ្ន៎ កាលបើរបស់អ្វីមាន ទើប​សង្ខារ​ទាំង​ឡាយ​មាន កាលបើរបស់អ្វីមាន ទើបវិញ្ញាណមាន កាលបើរបស់អ្វីមាន ទើប​នាមរូបមាន កាល​បើរបស់អ្វីមាន ទើបសឡាយតនៈមាន កាលបើរបស់អ្វីមាន ទើបផស្សៈ​មាន កាល​បើ​របស់អ្វីមាន ទើបវេទនាមាន កាលបើរបស់អ្វី​មាន ទើបតណ្ហាមាន កាលបើ​របស់អ្វីមាន ទើប​ឧបាទានមាន កាលបើរបស់អ្វីមាន ទើបភពមាន កាលបើរបស់អ្វីមាន ទើបជាតិមាន កាល​បើរបស់អ្វីមាន ទើបជរាមរណៈមាន ដូច្នេះឡើយ។

[១៧៩] ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង អរិយសាវ័កជាអ្នកចេះដឹង មានញាណ​ក្នុង​ធម៌​នោះ ព្រោះបច្ច័យដែលកើតតៗគ្នាថា កាលបើរបស់នេះ មាន របស់នេះក៏​មាន របស់​នេះ​កើត​ឡើង ព្រោះការកើត នៃរបស់នេះ កាលបើអវិជ្ជាមាន ​សង្ខារទាំងឡាយក៏​មាន កាល​បើ​សង្ខារទាំងឡាយមាន វិញ្ញាណក៏មាន កាលបើវិញ្ញាណមាន ​នាមរូបក៏មាន កាលបើ​នាមរូប​មាន សឡាយតនៈក៏មាន កាលបើសឡាយតនៈមាន ផស្សៈក៏​មាន កាលបើ​ផស្សៈ​មាន វេទនាក៏មាន កាលបើវេទនា​មាន តណ្ហាក៏មាន កាលបើតណ្ហាមាន ឧបាទានក៏មាន កាល​បើ​ឧបាទានមាន ភពក៏មាន។បេ។ កាលបើជាតិមាន ជរាមរណៈក៏មាន។ អរិយ​សាវ័ក​នោះ តែងដឹងច្បាស់យ៉ាងនេះថា លោកនេះ កើតឡើង​ព្រមយ៉ាងនេះ។

[១៨០]  ម្នាលភិក្ខុទាំងឡាយ អរិយ​សាវ័កអ្នកចេះដឹង មិនមានសេចក្តីត្រិះរិះ យ៉ាងនេះថា កាល​បើរបស់អ្វី មិនមាន របស់​អ្វីក៏មិនមាន របស់អ្វីរលត់ ព្រោះការរលត់ នៃរបស់អ្វី កាល​បើ​របស់អ្វីមិនមាន ​សង្ខារទាំងឡាយក៏មិនមាន កាលបើរបស់អ្វីមិនមាន វិញ្ញាណក៏មិន​មាន កាលបើរបស់អ្វីមិនមាន ​នាមរូបក៏មិនមាន កាលបើរបស់អ្វីមិនមាន សឡាយតនៈ​ក៏​មិន​មាន កាលបើរបស់អ្វីមិនមាន ផស្សៈក៏មិន​មាន កាលបើរបស់អ្វីមិនមាន វេទនាក៏មិន​មាន កាលបើរបស់អ្វីមិន​មាន តណ្ហាក៏មិនមាន កាលបើ​របស់អ្វីមិនមាន ឧបាទានក៏មិន​មាន កាលបើរបស់អ្វីមិនមាន ភពក៏មិនមាន កាលបើរបស់អ្វីមិនមាន ជាតិក៏មិនមាន កាល​បើ​របស់អ្វីមិនមាន ជរាមរណៈក៏មិនមាន ដូច្នេះឡើយ។

[១៨១] ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង អរិយសាវ័កជាអ្នកចេះដឹង មានញាណ​ក្នុងធម៌​នោះ ព្រោះបច្ច័យដែលកើតតៗគ្នាថា កាលបើរបស់នេះ មិនមាន របស់នេះក៏មិន​មាន របស់​នេះរលត់ ព្រោះការរលត់ នៃរបស់នេះ កាលបើវិញ្ញាណមិនមាន ​ នាមរូប​ក៏មិនមាន កាល​បើនាមរូបមិនមាន សឡាយតនៈក៏មិនមាន។បេ។ ឧបាទានក៏មិនមាន… ភពក៏​មិន​មាន.. ជាតិក៏មិនមាន កាលបើជាតិមិនមាន ជរាមរណៈក៏មិនមាន។ អរិយសាវ័ក​នោះ រមែង​ដឹងច្បាស់ យ៉ាងនេះថា លោកនេះ តែងរលត់យ៉ាងនេះ។

[១៨២] ម្នាលភិក្ខុទាំងឡាយ អរិយសាវ័ក ដឹងច្បាស់តាមពិត នូវហេតុដែលនាំ​ឲ្យ​កើតឡើង និងសេចក្តីរលត់នៃលោកយ៉ាងនេះ ម្នាលភិក្ខុទាំងឡាយ អរិយសាវ័កនេះ តថាគត ហៅថា អ្នកបរិបូណ៌ដោយទិដ្ឋិ ដូច្នេះខ្លះ។បេ។ ថាអ្នកឋិតអែបនឹងទ្វារនៃអមត​និព្វាន ដូច្នេះខ្លះ ក្នុង​កាល​នោះ។ ចប់សូត្រទី៩។

[១៨៣] ទ្រង់គង់នៅទៀបក្រុងសាវត្ថី… ក្នុងទីនោះឯង… ម្នាលភិក្ខុទាំងឡាយ អរិយ​សាវ័ក​ជា​អ្នកចេះដឹង មិនមានសេចក្តីត្រិះរិះ យ៉ាងនេះថា កាលបើរបស់អ្វី មាន ទើបរបស់​អ្វីមាន​ហ្ន៎ របស់អ្វីមាន ព្រោះការកើតឡើង នៃរបស់អ្វី កាលបើរបស់អ្វីមាន ទើប​សង្ខារទាំងឡាយ​មាន កាលបើរបស់អ្វីមាន ទើបវិញ្ញាណមាន កាលបើរបស់អ្វីមាន ទើប​នាមរូបមាន កាល​បើ​របស់អ្វីមាន ទើបសឡាយតនៈមាន កាលបើរបស់អ្វីមាន ទើបផស្សៈ​មាន កាលបើ​របស់​អ្វីមាន ទើបវេទនាមាន កាលបើរបស់អ្វី​មាន ទើបតណ្ហាមាន កាលបើ​របស់អ្វីមាន ទើប​ឧបាទានមាន កាលបើរបស់អ្វីមាន ទើបភពមាន កាលបើរបស់អ្វីមាន ទើបជាតិមាន កាល​បើរបស់អ្វីមាន ទើបជរាមរណៈមាន។

[១៨៤] ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង អរិយសាវ័កជាអ្នកចេះដឹង មានញាណ​ក្នុងធម៌​នោះ ព្រោះបច្ច័យដែលកើតតៗគ្នាថា កាលបើរបស់នេះ មាន របស់នេះក៏​មាន របស់​នេះ​កើត​ឡើង ព្រោះការកើតឡើង នៃរបស់នេះ គឺកាលបើអវិជ្ជាមាន ​សង្ខារទាំងឡាយក៏​មាន កាល​បើសង្ខារទាំងឡាយមាន វិញ្ញាណក៏មាន កាលបើវិញ្ញាណមាន ​នាមរូបក៏មាន កាល​បើ​នាមរូបមាន សឡាយតនៈក៏មាន កាលបើសឡាយតនៈមាន ផស្សៈក៏​មាន កាលបើ​ផស្សៈ​មាន វេទនាក៏មាន កាលបើវេទនា​មាន តណ្ហាក៏មាន កាលបើតណ្ហាមាន ឧបាទាន​ក៏មាន កាលបើឧបាទានមាន ភពក៏មាន កាលបើភពមាន ជាតិក៏មាន កាលបើជាតិមាន ជរា មរណៈក៏មាន។ អរិយសាវ័កនោះ តែងដឹងច្បាស់យ៉ាងនេះថា លោកនេះ រមែងកើត​ឡើង​​ព្រម យ៉ាងនេះ។

[១៨៥] ម្នាលភិក្ខុទាំងឡាយ អរិយ​សាវ័កជាអ្នកចេះដឹង មិនមានសេចក្តីត្រិះរិះ យ៉ាងនេះ​ថា កាលបើមិនមានរបស់អ្វី ទើបមិនមានរបស់​អ្វីហ្ន៎ របស់អ្វីរលត់ទៅ ព្រោះការរលត់ទៅ នៃរបស់អ្វី កាលបើរបស់អ្វីមិនមាន ទើប​សង្ខារទាំងឡាយមិនមាន កាលបើរបស់អ្វីមិន​មាន ទើបវិញ្ញាណមិនមាន កាលបើរបស់អ្វីមិនមាន ទើប​នាមរូបមិនមាន កាលបើរបស់អ្វី​មិន​មាន ទើបសឡាយតនៈមិនមាន កាលបើរបស់អ្វី​មិនមាន ទើបផស្សៈមិន​មាន កាលបើ​របស់​អ្វីមិនមាន ទើបវេទនាមិនមាន កាលបើរបស់អ្វីមិន​មាន ទើបតណ្ហាមិនមាន។បេ។ ឧបាទាន… ភព… ជាតិ… កាលបើរបស់អ្វីមិនមាន ទើបជរាមរណៈមិនមាន ដូច្នេះឡើយ។

[១៨៦] ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង អរិយសាវ័កជាអ្នកចេះដឹង មានញាណ​ក្នុងធម៌​នោះ ព្រោះបច្ច័យដែលកើតតៗគ្នាថា កាលបើរបស់នេះ មិនមាន របស់នេះក៏មិន​មាន របស់​នេះរលត់ទៅ ព្រោះការរលត់ នៃរបស់នេះ គឺកាលបើអវិជ្ជាមិនមាន សង្ខារទាំងឡាយ ក៏មិនមាន កាលបើសង្ខារទាំងឡាយមិនមាន វិញ្ញាណក៏មិនមាន កាលបើ​វិញ្ញាណមិនមាន នាមរូប​ក៏មិនមាន កាលបើនាមរូបមិនមាន សឡាយតនៈក៏មិនមាន។បេ។ កាលបើជាតិ​មិន​មាន ជរាមរណៈក៏មិនមាន។ អរិយសាវ័ក​នោះ រមែងដឹងច្បាស់ យ៉ាងនេះថា លោកនេះ តែង​រលត់យ៉ាងនេះ។

[១៨៧] ម្នាលភិក្ខុទាំងឡាយ អរិយសាវ័ក ដឹងច្បាស់តាមពិត នូវហេតុដែលនាំ​ឲ្យ​កើត​សង្ខារ​លោក និងសេចក្តីរលត់នៃសង្ខារលោកយ៉ាងនេះ ក្នុងកាលណា ម្នាលភិក្ខុទាំង​ឡាយ អរិយសាវ័កនេះ ហៅថា ជាអ្នកបរិបូណ៌ដោយទិដ្ឋិ ដូច្នេះខ្លះ ថាអ្នកបរិបូណ៌​ដោយ​ទស្សនៈ ដូច្នេះខ្លះ ថាជាអ្នកមកកាន់ព្រះសទ្ធម្ម ដូច្នេះខ្លះ ថាជា​អ្នកឃើញ​ព្រះសទ្ធម្ម ដូច្នេះ​ខ្លះ ថាជាអ្នកប្រកបដោយញាណ ជាសេក្ខៈ ដូច្នេះខ្លះ ថាជា​អ្នកប្រកបដោយវិជ្ជាសេក្ខៈ ដូច្នេះ​​ខ្លះ ថាជាអ្នកសម្រេចធម្មស្រោត ដូច្នេះខ្លះ ថាជា​អរិយៈ​អ្នកមាននិព្វេធិកប្បញ្ញា (ប្រាជ្ញា​ទម្លាយបង់នូវកិលេស) ដូច្នេះខ្លះ ថាឋិតអែបនឹងទ្វារ នៃ​អមតនិព្វាន ដូច្នេះខ្លះ ក្នុង​កាល​នោះ។ ចប់សូត្រទី១០។

ចប់ គហបតិវគ្គ ទី៥។

បញ្ជីរឿងនៃគហបតិវគ្គនោះ គឺ

បញ្ចវេរភយសូត្រ លោកពោលអស់២លើក ទ្រង់សំដែងហេតុដែល​ឲ្យ​កើតទុក្ខ ហេតុដែល​ឲ្យ​កើតលោក ព្រះអង្គគង់ក្នុងស្រុកជារបស់​ព្រះញាតិ រឿង​អញ្ញតរព្រាហ្មណ៍ រឿង​ជាណុស្សោណិព្រាហ្មណ៍ រឿងលោកាយតិកព្រាហ្មណ៍ ត្រូវជា៨ លោកពោលថា អរិយសាវ័ក ២លើក វគ្គពោលតាមរឿងនោះ។

ទុក្ខវគ្គ

[១៨៨] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុង​វត្ត​ជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្នុងសាវត្ថី។ ក្នុងទីនោះឯង ព្រះមានព្រះភាគ ត្រាស់​ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ។ ពួកភិក្ខុទាំងនោះ ទទួលស្តាប់​ព្រះពុទ្ធដីកា របស់​ព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ។ ព្រះមានព្រះភាគ ត្រាស់​សួរ​យ៉ាង​នេះថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុ កាលនឹងពិចារណា គួរពិចារណា ដើម្បី​កិរិយា​អស់​ទៅ​នៃសេចក្តីទុក្ខ ដោយប្រពៃ គ្រប់ប្រការ ដោយហេតុដូចម្តេចហ្ន៎។ ភិក្ខុទាំងនោះ ក្រាប​បង្គំ​ទូលថា បពិត្រព្រះអង្គដ៏ចំរើន ធម៌ទាំងឡាយរបស់ពួកយើងខ្ញុំ មាន​ព្រះមានព្រះភាគ ជា​ឫសគល់ មានព្រះមានព្រះភាគ ជាអ្នកដឹកនាំ មាន​ព្រះមានព្រះភាគ ជាទីពឹង បពិត្រ​ព្រះអង្គ​ដ៏ចំរើន សូមទ្រង់មេត្តាប្រោស សូម​ព្រះមានព្រះភាគ បំភ្លឺសេចក្តី​នៃភាសិតនុ៎ះ ពួក​ភិក្ខុ​បានស្តាប់ព្រះពុទ្ធដីកា នៃ​ព្រះមានព្រះភាគហើយ នឹងបានចាំទុក។ ម្នាលភិក្ខុទាំង​ឡាយ បើដូច្នោះ ចូរអ្នកទាំងឡាយ ស្តាប់ធម៌នោះចុះ ចូរធ្វើទុកក្នុងចិត្តឲ្យ​ប្រពៃចុះ តថាគត​នឹង​សំដែង។ ភិក្ខុទាំងនោះ ក៏ទទួលស្តាប់ព្រះពុទ្ធដីកា នៃ​ព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ។

[១៨៩] ព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុ​ក្នុង​សាសនា​នេះ កាលនឹងពិចារណា ក៏ពិចារណាថា ជរាមរណៈណា ជាទុក្ខ មានប្រការ​ច្រើន មាន​ប្រការ​ផ្សេងៗ កើតឡើងក្នុងលោក សេចក្តីទុក្ខនេះឯង មានអ្វីជាហេតុ មាន​អ្វី​នាំឲ្យកើត មាន​អ្វីជាកំណើត មានអ្វីជាប្រភព កាលបើអ្វីមាន ទើបជរាមរណៈមាន កាល​បើអ្វីមិនមាន ទើប​​ជរាមរណៈមិនមាន។ កាលភិក្ខុនោះ ពិចារណា ក៏ដឹងច្បាស់​យ៉ាងនេះ​ថា ជរាមរណៈ​ណា ជាទុក្ខ មានប្រការច្រើន មានប្រការផ្សេងៗ កើតឡើងក្នុងលោក សេចក្តីទុក្ខនេះឯង មាន​ជាតិជាហេតុ មានជាតិ​នាំឲ្យកើត មានជាតិជាកំណើត មានជាតិជាប្រភព កាល​បើ​ជាតិ​មាន ជរាមរណៈក៏មាន កាល​បើជាតិមិនមាន​ជរាមរណៈក៏មិនមាន។ ភិក្ខុនោះ ក៏ដឹង​ច្បាស់​​នូវជរាមរណៈផង ដឹងច្បាស់នូវហេតុ ជាទីកើតនៃជរាមរណៈផង ដឹងច្បាស់​នូវទី​រលត់​នៃជរាមរណៈផង ដឹងច្បាស់នូវ​បដិបទា​ដ៏សមគួរ ជាដំណើរទៅកាន់ទីរលត់ នៃ​ជរា មរណៈ​ផង ហើយប្រតិបត្តិតាមលំអាននោះ ជា​អ្នកប្រព្រឹត្តធម៌ តាមសមគួរផង។ ម្នាលភិក្ខុ​ទាំង​ឡាយ ភិក្ខុនេះ ហៅថា ជាអ្នកប្រតិបត្តិ ដើម្បីកិរិយាអស់ទៅនៃទុក្ខ ដើម្បីការរំលត់​នូវ​ជរា​មរណៈ ដោយប្រពៃ ដោយប្រការទាំង​ពួង។

[១៩០] បើភិក្ខុពិចារណាតទៅទៀត រមែងពិចារណាថា ចុះជាតិនេះ មានអ្វីជាហេតុ មាន​អ្វី​នាំ​ឲ្យកើត មានអ្វីជាកំណើត មានអ្វីជាប្រភព កាលបើអ្វីមាន ទើបជាតិមាន កាល​បើអ្វី​មិន​មាន ទើប​ជាតិមិនមាន។ កាលភិក្ខុនោះ ពិចារណា ក៏ដឹងច្បាស់​យ៉ាងនេះ​ថា ជាតិ មានភព​ជា​ហេតុ មានភព​នាំឲ្យកើត មានភពជាកំណើត មានភពជាប្រភព កាលបើភពមាន ជាតិក៏​មាន កាល​បើភពមិនមាន ជាតិក៏មិនមាន។ ភិក្ខុនោះ រមែងដឹងច្បាស់នូវជាតិផង ដឹងច្បាស់​នូវ​ហេតុ ជាទីកើតនៃជាតិផង ដឹងច្បាស់​នូវទីរលត់ នៃជាតិផង ដឹងច្បាស់នូវ​បដិបទា​ដ៏​សមគួរ ជាដំណើរទៅកាន់ទីរលត់ នៃជាតិផង ហើយប្រតិបត្តិតាមលំអាននោះ ជា​អ្នក​ប្រព្រឹត្ត​ធម៌ តាមសមគួរផង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនេះ ហៅថា ជាអ្នកប្រតិបត្តិ ដើម្បី​កិរិយាអស់ទៅនៃទុក្ខ ដោយប្រពៃ ដើម្បីរំលត់ជាតិ ដោយសព្វគ្រប់។

[១៩១] បើភិក្ខុពិចារណាតទៅទៀត រមែងពិចារណាថា ចុះភពនេះ មានអ្វីជាហេតុ​។បេ។ ចុះ​ឧបាទាននេះ មានអ្វីជាហេតុ… ចុះតណ្ហានេះ មានអ្វីជាហេតុ… ចុះវេទនា មានអ្វី​ជា​ហេតុ… ចុះផស្សៈនេះ មានអ្វីជាហេតុ… ចុះសឡាយតនៈនេះ មានអ្វីជាហេតុ… ចុះ​នាមរូប​នេះ មានអ្វីជាហេតុ… វិញ្ញាណនេះ មានអ្វីជាហេតុ… សង្ខារទាំងឡាយនេះ មានអ្វីជាហេតុ មាន​អ្វី​​នាំឲ្យកើត មានអ្វីជាកំណើត មានអ្វីជាប្រភព កាលបើអ្វីមាន ទើបសង្ខារទាំងឡាយ​មាន កាល​​បើអ្វីមិនមាន ទើបសង្ខារទាំងឡាយមិនមាន។ កាល​ភិក្ខុ​នោះ ពិចារណា ក៏ដឹង​ច្បាស់​​យ៉ាងនេះ​ថា សង្ខារទាំងឡាយ មានអវិជ្ជាជាហេតុ មាន​អវិជ្ជា​​នាំ​ឲ្យកើត មាន​​អវិជ្ជា​ជា​​កំណើត មានអវិជ្ជាជាប្រភព កាលបើអវិជ្ជាមាន សង្ខារ​ទាំង​ឡាយ​ក៏មាន កាល​បើ​អវិជ្ជា​មិន​​មាន សង្ខារ​ទាំង​ឡាយ​ក៏​មិន​មាន។ ភិក្ខុនោះ រមែង​ដឹង​ច្បាស់​នូវ​សង្ខារ​ទាំង​ឡាយ​ផង ដឹង​ច្បាស់នូវហេតុ ជាទីកើតនៃសង្ខារផង ដឹងច្បាស់​នូវទីរលត់ នៃសង្ខារផង ដឹងច្បាស់នូវ​បដិបទា​​ដ៏សមគួរ ជាដំណើរទៅ​កាន់​ទី​រលត់ នៃសង្ខារផង ហើយប្រតិបត្តិតាមលំអាននោះ ជា​អ្នក​ប្រព្រឹត្តធម៌ តាមសមគួរផង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនេះ ហៅថា ជាអ្នកប្រតិបត្តិ ដើម្បី​កិរិយាអស់ទៅនៃសេចក្តីទុក្ខ ដោយប្រពៃ ដើម្បីការរលត់នៃសង្ខារ ដោយប្រការទាំង​ពួង។ ម្នាលភិក្ខុទាំងឡាយ បើបុរសបុគ្គល លុះក្នុងអំណាចអវិជ្ជាហើយ រមែង​តាក់តែង​សង្ខារ​ជាបុណ្យ [សំដៅ​យក​កាមាវចរ​កុសល​ចេតនា​ ៨ និងរូបាវចរកុសលចេតនា៥ រួមជា ១៣។] វិញ្ញាណ ក៏ចូលទៅកៀកនឹងបុណ្យ បើតាក់តែងសង្ខារជាបាប [បានដល់អកុសល​ចេតនា ២។] វិញ្ញាណ ក៏​ចូល​ទៅ​កៀក​នឹង​បាប បើតាក់តែង​សង្ខារជាអនេជៈ [បានដល់​អរូបាវចរកុសលចេតនា ៤។] វិញ្ញាណ​ក៏​ចូល​ទៅកៀកនឹងអនេជៈ។

[១៩២] ម្នាលភិក្ខុទាំងឡាយ កាលដែលភិក្ខុលះបង់អវិជ្ជាចោលហើយ វិជ្ជាក៏​កើតឡើង។ ព្រោះ​តែការបាត់ទៅនៃអវិជ្ជា ព្រោះតែការកើតឡើងនៃវិជ្ជា បានជាភិក្ខុ​នោះ លែងតាក់​តែង​បុញ្ញាភិសង្ខារ លែងតាក់តែងអបុញ្ញាភិសង្ខារ លែង​តាក់តែង​អនេជាភិសង្ខារ កាលបើ​លែង​តាក់តែង លែងសន្សំហើយ ក៏លែងប្រកាន់អ្វីតិចតួច ក្នុងលោកសោះឡើយ កាលបើ​លែង​ប្រកាន់ហើយ ក៏ឥតតក់ស្លុត កាលបើឥតតក់ស្លុត​ហើយ រមែងរលត់កិលេស ដោយ​ចំពោះ​​ខ្លួនឯង ទើបដឹងច្បាស់ថា ជាតិ (របស់អាត្មាអញ) អស់ហើយ ព្រហ្មចរិយៈ អាត្មាអញ បាននៅរួចហើយ សោឡសកិច្ច អាត្មាអញ បានធ្វើ​ស្រេចហើយ មគ្គភាវនាកិច្ច​ដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។ បើភិក្ខុនោះ ទទួលវេទនា​ជា​សុខ ក៏ដឹងច្បាស់ថា វេទនានោះ មិនទៀង ដឹងច្បាស់ថា លោក​មិនប្រកាន់ហើយ ដឹង​ច្បាស់​ថា លោកមិនត្រេកអរហើយ។ បើភិក្ខុនោះ ទទួលវេទនាជាទុក្ខ ក៏ដឹងច្បាស់ថា វេទនា​នោះ មិនទៀង ដឹងច្បាស់ថា លោក​មិនប្រកាន់ហើយ ដឹងច្បាស់ថា លោកមិន​ត្រេកអរ​ហើយ។ បើភិក្ខុនោះ ទទួលវេទនា មិនមែនជាទុក្ខ មិនមែនជាសុខ ក៏ដឹងច្បាស់ថា វេទនា​នោះ មិនទៀង ដឹងច្បាស់ថា លោក​មិនប្រកាន់ហើយ ដឹងច្បាស់ថា លោកមិន​ត្រេកអរ​ហើយ។ បើភិក្ខុនោះ ទទួលសុខវេទនា លុះប្រាសចេញហើយ ក៏នៅតែទទួល​សុខ​វេទនា​នោះ បើភិក្ខុនោះ ទទួលទុក្ខវេទនា លុះប្រាសចេញហើយ ក៏នៅតែទទួល​ទុក្ខវេទនា​នោះ បើភិក្ខុនោះ ទទួលអទុក្ខមសុខវេទនា លុះប្រាសចេញហើយ ក៏នៅតែទទួល​អទុក្ខមសុខ​វេទនា​នោះ។ កាលភិក្ខុនោះ ទទួលវេទនា មានកាយជាទីបំផុត ក៏ដឹងច្បាស់ថា អាត្មាអញ ទទួល​វេទនា មានកាយជាទីបំផុត។ កាលភិក្ខុនោះ ទទួលវេទនា មានជីវិត​ជាទី​បំផុត ក៏ដឹងច្បាស់ថា អាត្មាអញ ទទួល​វេទនា មានជីវិតជាទីបំផុត។ ភិក្ខុនោះ លុះបែក​ធ្លាយ​រាងកាយ ខាង​លើអំពីកិរិយាអស់ជីវិតទៅ ក៏ដឹងច្បាស់ថា វេទនាទាំងពួង ក្នុងលោក​នេះ អាត្មាអញ មិនត្រេកអរទេ នឹងជាវេទនាដ៏​ត្រជាក់ នឹងនៅសល់តែសរីរៈប៉ុណ្ណោះ។

[១៩៣] ម្នាលភិក្ខុទាំងឡាយ ដូចជាបុរស រើយកឆ្នាំងក្តៅ អំពីកន្លែងដុតឆ្នាំង ហើយ​ដាក់​លើ​ផែនដីដ៏ស្មើ ចំហាយណា ដែលនៅក្នុងទីនោះ ចំហាយនោះ ក៏ស្ងប់​រម្ងាប់​នៅក្នុងទី​នោះ​ឯង នៅសល់តែ​អំបែង យ៉ាងណា ម្នាលភិក្ខុទាំងឡាយ ដូចជា​ភិក្ខុទទួល​វេទនា មានកាយ​ជា​ទីបំផុត ក៏ដឹងច្បាស់ថា អាត្មាអញ ទទួល​វេទនា មានកាយជាទីបំផុត យ៉ាងនោះឯង។ កាលភិក្ខុ​ទទួលវេទនា មានជីវិតជាទីបំផុត ក៏ដឹងច្បាស់ថា អាត្មាអញ ទទួល​វេទនា មាន​ជីវិត​ជាទីបំផុត។ លុះភិក្ខុនោះ បែកធ្លាយរាងកាយ ខាង​លើ​អំពីកិរិយាអស់ជីវិតទៅ ក៏​ដឹងច្បាស់​ថា វេទនាទាំងពួង ក្នុងលោកនេះ អាត្មាអញ មិនត្រេកអរទេ នឹងជាវេទនាដ៏​ត្រជាក់ នឹងនៅសល់តែសរីរៈប៉ុណ្ណោះ។

[១៩៤] ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ សំគាល់សេចក្តីនោះ ដូចម្តេច ភិក្ខុជា​ខីណាស្រព គួរតាក់តែងបុញ្ញាភិសង្ខារ តាក់តែងអបុញ្ញាភិសង្ខារ ​តាក់តែង​អនេជាភិសង្ខារ​ដែរ​ឬទេ។ ពួកភិក្ខុក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន ហេតុនុ៎ះ មិនមានទេ។ កាលបើ​សង្ខារ​ទាំងឡាយ មិនមាន ព្រោះការរលត់នៃសង្ខារ​ ដោយ​ប្រការទាំងពួង តើវិញ្ញាណ​នៅ​ប្រាកដ​ដែរឬទេ។ បពិត្រព្រះអង្គដ៏ចំរើន ហេតុនុ៎ះ មិនប្រាកដទេ។ កាលបើ​វិញ្ញាណ​មិន​មាន ព្រោះការរលត់នៃវិញ្ញាណ​ ដោយ​ប្រការទាំងពួង តើនាមរូបនៅប្រាកដដែរឬទេ។ បពិត្រ​​ព្រះអង្គ​ដ៏ចំរើន ហេតុនុ៎ះ មិនប្រាកដទេ។ កាលបើនាមរូបមិនមាន ព្រោះការ​រលត់​នៃ​នាមរូប​ ដោយ​ប្រការទាំងពួង តើសឡាយតនៈនៅប្រាកដដែរឬទេ។ បពិត្រព្រះអង្គដ៏ចំរើន ហេតុ​នុ៎ះ មិនប្រាកដទេ។ កាលបើសឡាយតនៈមិនមាន ព្រោះការរលត់នៃសឡាយតនៈ​ ដោយ​​ប្រការទាំងពួង តើផស្សៈនៅប្រាកដដែរឬទេ។ បពិត្រព្រះអង្គដ៏ចំរើន ហេតុនុ៎ះ មិន​ប្រាកដ​ទេ។ កាលបើផស្សៈមិនមាន ព្រោះការរលត់នៃផស្សៈ​ ដោយ​ប្រការទាំងពួង តើ​វេទនា នៅប្រាកដដែរឬទេ។ បពិត្រព្រះអង្គដ៏ចំរើន ហេតុនុ៎ះ មិនប្រាកដទេ។ កាលបើ​វេទនា​មិនមាន ព្រោះការរលត់នៃវេទនា​ ដោយ​ប្រការទាំងពួង តើតណ្ហា នៅប្រាកដ​ដែរ​ឬ​ទេ។ បពិត្រព្រះអង្គដ៏ចំរើន ហេតុនុ៎ះ មិនប្រាកដទេ។ កាលបើតណ្ហាមិនមាន ព្រោះ​ការ​រលត់​នៃតណ្ហា​ ដោយ​ប្រការទាំងពួង តើឧបាទាន នៅប្រាកដដែរឬទេ។ បពិត្រ​ព្រះអង្គ​ដ៏​ចំរើន ហេតុនុ៎ះ មិនប្រាកដទេ។ កាលបើឧបាទាន មិនមាន ព្រោះការរលត់នៃឧបាទាន​ ដោយ​​ប្រការទាំងពួង តើភព នៅប្រាកដដែរឬទេ។ បពិត្រព្រះអង្គដ៏ចំរើន ហេតុនុ៎ះ មិន​ប្រាកដ​ទេ។ កាលបើភពមិនមាន ព្រោះការរលត់នៃភព​ ដោយ​ប្រការទាំងពួង តើជាតិ​នៅ​ប្រាកដ​ដែរ​ឬទេ។ បពិត្រព្រះអង្គដ៏ចំរើន ហេតុនុ៎ះ មិនប្រាកដទេ។ កាលបើជាតិមិនមាន ព្រោះ​ការ​រលត់នៃជាតិ​ ដោយ​ប្រការទាំងពួង តើជរាមរណៈ នៅប្រាកដដែរឬទេ។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ហេតុនុ៎ះ មិនប្រាកដទេ។

[១៩៥] ព្រះអង្គត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ត្រូវហើយ ត្រូវហើយ អ្នកទាំងឡាយ ចូរ​សំគាល់ ចូរជឿសេចក្តីនុ៎ះ យ៉ាងនេះចុះ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ កុំងឿង​ឆ្ងល់ កុំ​សង្ស័យក្នុងដំណើរនុ៎ះឡើយ នេះឯង ជាទីបំផុតនៃសេចក្តីទុក្ខ។ ចប់សូត្រទី១។

[១៩៦] ទ្រង់គង់នៅទៀបក្រុងសាវត្ថី… ក្នុងទីនោះឯង ព្រះមានព្រះភាគ… ម្នាលភិក្ខុទាំង​ឡាយ កាលភិក្ខុពិចារណាឃើញ នូវសេចក្តីត្រេកអរ ក្នុងឧបាទានីយធម៌​ទាំងឡាយ (ធម៌​ដែល​​ប្រព្រឹត្តទៅក្នុងភូមិ៣ ជាបច្ច័យនៃឧបាទានទាំង៤) តណ្ហា រមែង​ចម្រើន​ឡើង ឧបាទាន​កើតឡើង ព្រោះតណ្ហាជាបច្ច័យ ភពកើតឡើង ព្រោះឧបាទានជាបច្ច័យ ជាតិ​កើត​ឡើង ព្រោះភពជាបច្ច័យ ជរាមរណៈ សេចក្តីសោក សេចក្តីខ្សឹកខ្សួល សេចក្តីទុក្ខ ទោមនស្ស និងសេចក្តីចង្អៀតចង្អល់ចិត្ត ក៏កើតឡើងព្រម ព្រោះជាតិជាបច្ច័យ ការកើត​ឡើង​ព្រម នៃកងទុក្ខទាំងអស់នុ៎ះ តែងមានយ៉ាងនេះ។

[១៩៧] ម្នាលភិក្ខុទាំងឡាយ គំនរភ្លើងធំ របស់អ្នករកឧស១០នាក់ក្តី អ្នករកឧស២០នាក់ក្តី អ្នករកឧស៣០នាក់ក្តី អ្នករកឧស៤០នាក់ក្តី ឆេះឡើង (បើ) មានបុរស​យកស្មៅស្ងួត គោម័យ​ស្ងួត និងឈើស្ងួត ទៅដាក់លើគំនរភ្លើងនោះសព្វកាល ម្នាលភិក្ខុទាំងឡាយ កាល​បើយ៉ាងនេះ គំនរភ្លើងធំ ដែលមានស្មៅស្ងួត ជាដើមនោះ ជាអាហារ មានស្មៅស្ងួត ជាដើមនោះ ជាគ្រឿងឆេះ មុខជាឆេះអស់កាលយូរអង្វែង យ៉ាងណាមិញ ម្នាលភិក្ខុទាំង​ឡាយ កាលភិក្ខុពិចារណាឃើញ នូវសេចក្តីត្រេកអរ ក្នុង​ឧបាទានីយធម៌ទាំងឡាយហើយ តណ្ហា​រមែង​ចម្រើនឡើង ឧបាទានកើតឡើង ព្រោះ​តណ្ហាជាបច្ច័យ។បេ។ ក៏យ៉ាងនោះឯង ការកើត​ឡើងព្រមនៃ​កងទុក្ខទាំងអស់នុ៎ះ តែង​មានយ៉ាងនេះ។

[១៩៨] ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុពិចារណាឃើញទោស ក្នុងឧបាទានីយធម៌​ទាំង​ឡាយ​ហើយ តណ្ហាក៏រលត់ទៅ ការរលត់នៃឧបាទាន ព្រោះការរលត់នៃតណ្ហា ការរលត់​នៃ​ភព ព្រោះការរលត់នៃឧបាទាន ការរលត់នៃជាតិ ព្រោះការរលត់នៃភព ជរាមរណៈ សេចក្តី​សោក សេចក្តីខ្សឹកខ្សួល ទុក្ខ ទោមនស្ស និងសេចក្តីចង្អៀតចង្អល់ចិត្ត ក៏រលត់ទៅ ព្រោះ​ការ​រលត់នៃជាតិ ការរលត់នៃកងទុក្ខទាំងអស់នុ៎ះ តែងមានយ៉ាងនេះ។

[១៩៩] ម្នាលភិក្ខុទាំងឡាយ គំនរភ្លើងធំ របស់អ្នករកឧស១០នាក់ក្តី អ្នករក​ឧស​២០នាក់ក្តី អ្នករកឧស៣០នាក់ក្តី អ្នករកឧស៤០នាក់ក្តី គប្បីឆេះ (តែបើ) បុរសមិន​យក​ស្មៅស្ងួត មិន​យក​គោម័យស្ងួត មិនយកកំណាត់ឈើស្ងួត ទៅដាក់ក្នុង​គំនរភ្លើងនោះ គ្រប់កាលទេ (គំនរ​ភ្លើងនោះ ក៏មិនអាចឆេះបាន) ម្នាលភិក្ខុទាំងឡាយ កាលបើដូច្នេះ គំនរភ្លើងធំនោះ មិនមាន​អាហារ គប្បីរលត់ទៅ ព្រោះការអស់គ្រឿងឆេះមុនផង ព្រោះការ​មិនបាន​បន្ថែម​វត្ថុ​ដទៃផង យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុ​ពិចារណាឃើញទោស ក្នុង​ឧបាទានីយធម៌ទាំងឡាយហើយ តណ្ហារមែង​រលត់ទៅ ការរលត់នៃឧបាទាន ព្រោះការ​រលត់​នៃ​តណ្ហា។បេ។ ក៏យ៉ាងនោះឯង ការរលត់នៃ​កងទុក្ខ​ទាំងអស់នុ៎ះ តែង​មាន​យ៉ាង​នេះ។ ចប់សូត្រទី២។

[២០០] ទ្រង់គង់នៅទៀបក្រុងសាវត្ថី… ក្នុងទីនោះឯង ព្រះមានព្រះភាគ… ម្នាល​ភិក្ខុ​ទាំងឡាយ កាលភិក្ខុពិចារណាឃើញ នូវសេចក្តីត្រេកអរ ក្នុងសញ្ញោជនីយធម៌​ទាំង​ឡាយ (ធម៌ជាគ្រឿងប្រកបព្រម) ហើយ តណ្ហា រមែង​ចម្រើន ឧបាទានកើតឡើង ព្រោះតណ្ហា​ជាបច្ច័យ ភពកើតឡើង ព្រោះឧបាទានជាបច្ច័យ ជាតិកើតឡើង ព្រោះភព​ជាបច្ច័យ ជរាមរណៈ សេចក្តីសោក សេចក្តីខ្សឹកខ្សួល ទុក្ខ ទោមនស្ស និងសេចក្តីចង្អៀត​ចង្អល់​ចិត្ត ក៏កើតឡើងព្រម ព្រោះជាតិជាបច្ច័យ ការកើតឡើងព្រម នៃកងទុក្ខទាំង​អស់​នុ៎ះ តែង​មាន​យ៉ាងនេះ។

[២០១] ម្នាលភិក្ខុទាំងឡាយ ប្រទីបប្រេង ឆេះបាន ព្រោះអាស្រ័យប្រេងផង ព្រោះ​អាស្រ័យ​ប្រឆេះផង (បើ) បុរសចាក់ប្រេង វេញប្រឆេះ ដាក់ក្នុងប្រទីបប្រេងនោះគ្រប់កាល ម្នាលភិក្ខុទាំងឡាយ កាលបើដូច្នេះ ប្រទីបប្រេង ដែលមានប្រេង និងប្រឆេះនោះជាអាហារ មានប្រេង និងប្រឆេះនោះជាគ្រឿងឆេះ គប្បីឆេះឡើង អស់កាលយូរអង្វែង យ៉ាង​ណា​មិញ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុពិចារណាឃើញ នូវសេចក្តីត្រេកអរ ក្នុង​សញ្ញោជនីយធម៌​ទាំងឡាយហើយ តណ្ហារមែង​ចម្រើនឡើង ឧបាទានចម្រើនឡើង ព្រោះ​តណ្ហា​ជាបច្ច័យ ភពចម្រើនឡើង ព្រោះឧបាទាន ជាបច្ច័យ ជាតិកើតឡើង ព្រោះភព​ជា​បច្ច័យ ជរាមរណៈ សេចក្តីសោក សេចក្តីខ្សឹកខ្សួល ទុក្ខ ទោមនស្ស និងសេចក្តី​ចង្អៀត​ចង្អល់​ចិត្ត ក៏កើតឡើងព្រម ព្រោះជាតិជាបច្ច័យ ក៏យ៉ាង​នោះឯង ការកើតឡើងព្រម នៃ​កង​ទុក្ខទាំងអស់នុ៎ះ តែង​មានយ៉ាងនេះ។

[២០២] ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុពិចារណាឃើញទោស ក្នុងសញ្ញោជនីយធម៌​ទាំង​ឡាយ​ហើយ តណ្ហារមែងរលត់ទៅ ការរលត់នៃឧបាទាន ព្រោះការរលត់នៃតណ្ហា ការ​រលត់​នៃភព ព្រោះការរលត់នៃឧបាទាន ការរលត់នៃជាតិ ព្រោះការរលត់នៃភព ជរា មរណៈ សេចក្តីសោក សេចក្តីខ្សឹកខ្សួល ទុក្ខ ទោមនស្ស និងសេចក្តីចង្អៀតចង្អល់ចិត្ត ក៏​រលត់​ទៅ ព្រោះការរលត់នៃជាតិ ការរលត់នៃកងទុក្ខទាំងអស់នុ៎ះ តែងមានយ៉ាងនេះ។

[២០៣] ម្នាលភិក្ខុទាំងឡាយ ប្រទីបប្រេង ឆេះឡើងបាន ព្រោះអាស្រ័យប្រេងផង ព្រោះអាស្រ័យប្រឆេះផង (តែបើ) បុរសមិនចាក់ប្រេង មិនវេញប្រឆេះ ដាក់ក្នុងប្រទីប​ប្រេងនោះគ្រប់កាលទេ (ប្រទីបប្រេងនោះ ក៏មិនអាចឆេះឡើងបាន) ម្នាលភិក្ខុទាំងឡាយ កាលបើដូច្នេះ ប្រទីបដែលមិនមានអាហារនោះ គប្បីរលត់ទៅ ព្រោះការអស់​គ្រឿងឆេះ​មុន​ផង ព្រោះការ​មិន​បន្ថែមវត្ថុឯទៀតផង យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុ​ពិចារណាឃើញទោស ក្នុងសញ្ញោជនីយធម៌ទាំងឡាយហើយ តណ្ហាក៏​រលត់ទៅ ការ​រលត់​នៃឧបាទាន ព្រោះការរលត់នៃ​តណ្ហា។បេ។ ក៏យ៉ាងនោះឯង ការរលត់នៃ​កងទុក្ខ​ទាំងអស់នុ៎ះ តែង​មានយ៉ាងនេះ។ ចប់សូត្រទី៣។

[២០៤] ទ្រង់គង់នៅទៀបក្រុងសាវត្ថី… ក្នុងទីនោះ ព្រះមានព្រះភាគ… ម្នាល​ភិក្ខុ​ទាំងឡាយ ប្រទីបប្រេង ឆេះឡើងបាន ព្រោះអាស្រ័យប្រេងផង ព្រោះ​អាស្រ័យប្រឆេះផង (បើ) បុរសចាក់ប្រេង វេញប្រឆេះ ដាក់ក្នុងប្រទីបប្រេងនោះគ្រប់កាលហើយ ម្នាលភិក្ខុ​ទាំង​ឡាយ កាលបើដូច្នេះ ប្រទីបប្រេង ដែលមានប្រេង និងប្រឆេះនោះជាអាហារផង មាន​ប្រេង និងប្រឆេះនោះជាគ្រឿងឆេះផង មុខជាឆេះអស់កាលយូរអង្វែង យ៉ាងណា​មិញ ម្នាល​ភិក្ខុទាំងឡាយ កាលភិក្ខុពិចារណាឃើញ នូវសេចក្តីត្រេកអរ ក្នុងសញ្ញោជនីយ​ធម៌​ទាំង​ឡាយហើយ តណ្ហារមែង​ចម្រើនឡើង ឧបាទានចម្រើនឡើង ព្រោះ​តណ្ហា​ជា​បច្ច័យ។បេ។ ក៏យ៉ាង​នោះឯង ការកើតឡើងព្រម នៃកងទុក្ខទាំងអស់នុ៎ះ តែង​មានយ៉ាងនេះ។

[២០៥] ម្នាលភិក្ខុទាំងឡាយ ប្រទីបប្រេង ឆេះបាន ព្រោះអាស្រ័យប្រេងផង ព្រោះ​អាស្រ័យប្រឆេះផង (តែបើ) បុរសមិនបានចាក់ប្រេង មិនវេញប្រឆេះ ដាក់ក្នុងប្រទីប​ប្រេង​នោះគ្រប់កាលទេ (ប្រទីបប្រេងនោះ មិនអាចឆេះបាន) ម្នាលភិក្ខុទាំងឡាយ កាល​បើ​ដូច្នេះ ប្រទីបប្រេង ដែលមិនមានអាហារនោះ ក៏រលត់ទៅ ព្រោះការអស់​គ្រឿង​ឆេះ​​ពីមុន​ផង ព្រោះការ​មិន​បន្ថែមរបស់ឯទៀតផង យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ កាលបើ​ភិក្ខុ​ពិចារណា​ឃើញទោស ក្នុងសញ្ញោជនីយធម៌ទាំងឡាយហើយ តណ្ហាក៏​រលត់ទៅ ការ​រលត់​នៃឧបាទាន ព្រោះការរលត់នៃ​តណ្ហា។បេ។ ក៏យ៉ាងនោះឯង ការរលត់ទៅ នៃ​កងទុក្ខ​ទាំង​អស់នុ៎ះ តែង​មានយ៉ាងនេះ។ ចប់សូត្រទី៤។

[២០៦] ទ្រង់គង់នៅទៀបក្រុងសាវត្ថី… ក្នុងទីនោះ ព្រះមានព្រះភាគ… ម្នាល​ភិក្ខុ​ទាំងឡាយ កាល​ភិក្ខុពិចារណាឃើញ នូវសេចក្តីត្រេកអរ ក្នុងឧបាទានីយធម៌​ទាំង​ឡាយ តណ្ហា រមែង​ចម្រើន​ឡើង ឧបាទានចម្រើនឡើង ព្រោះតណ្ហា​ជាបច្ច័យ ភពចម្រើនឡើង ព្រោះ​ឧបាទាន​ជាបច្ច័យ។បេ។ ការកើតឡើងព្រម នៃកងទុក្ខទាំង​អស់​នុ៎ះ តែងមានយ៉ាង​នេះ។

[២០៧] ម្នាលភិក្ខុទាំងឡាយ ដូចជាឈើធំ ឫសទាំងអស់ របស់ឈើធំនោះ ដែល​ដុះ​ចាក់​ទៅក្រោម ដុះចាក់ទៅទទឹង រមែងនាំឱជារសទៅចុងខាងលើ កាលបើដូច្នេះ ម្នាលភិក្ខុទាំង​ឡាយ ឈើធំនោះ ដែលមានឫសនោះជាអាហារផង មានឫសនោះជា​គ្រឿង​បំប៉នផង មុខ​ជា​ឋិតនៅ អស់កាលយូរអង្វែង យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុ​ពិចារណា​ឃើញ នូវសេចក្តីត្រេកអរ ក្នុងឧបាទានីយធម៌ទាំងឡាយហើយ តណ្ហារមែង​ចម្រើនឡើង ឧបាទាន​ចម្រើនឡើង ព្រោះ​តណ្ហាជាបច្ច័យ ភពចម្រើនឡើង ព្រោះឧបាទាន ជាបច្ច័យ។បេ។ ក៏យ៉ាង​នោះឯង ការកើតឡើងព្រម នៃកងទុក្ខ​ទាំង​អស់​នុ៎ះ តែង​មានយ៉ាងនេះ។

[២០៨] ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុពិចារណាឃើញទោស ក្នុងឧបាទានីយធម៌​ទាំង​ឡាយ​ហើយ តណ្ហារមែងរលត់ទៅ ការរលត់នៃឧបាទាន ព្រោះការរលត់នៃតណ្ហា ការ​រលត់​នៃភព ព្រោះការរលត់នៃឧបាទាន។បេ។ ការរលត់នៃកងទុក្ខទាំងអស់នុ៎ះ តែងមាន​យ៉ាង​នេះ។

[២០៩] ម្នាលភិក្ខុទាំងឡាយ ដូចជាឈើធំមួយដើម កាលនោះ បុរសម្នាក់ កាន់ចប និង​កញ្ជើដើរមក កាត់ឈើធំនោះ ត្រង់ឫស លុះកាត់រួចហើយ ទើបគាស់រំលើង លុះគាស់​រំលើង​រួចហើយ ក៏រើឫស ដោយហោចទៅ សូម្បីនៅសល់ប៉ុន​ទងស្បូវភ្លាំង ក៏មិនមាន។ បុរស​នោះ កាត់ឈើនោះ ឲ្យមានកំណាត់តូច កំណាត់ធំ លុះកាត់ឲ្យជាកំណាត់តូច កំណាត់​ធំហើយ ទើបពុះ លុះពុះរួចហើយ ក៏ធ្វើឲ្យជាបន្ទះតូចៗ លុះធ្វើឲ្យជាបន្ទះ​តូចៗ​ហើយ ក៏យកទៅហាលខ្យល់ និងកំដៅថ្ងៃ លុះហាលខ្យល់ និងកំដៅថ្ងៃហើយ ទើប​យក​ភ្លើងដុត លុះយកភ្លើងដុតរួចហើយ ទើបធ្វើឲ្យជាកម្ទេចធ្យូង ធ្វើឲ្យជាកម្ទេចធ្យូងហើយ ក៏​បាច​ទៅតាមខ្យល់ធំ ឬក៏បណ្តែតទៅក្នុងស្ទឹង ដែលមានខ្សែ​ទឹកហូរខ្មាញ់ ម្នាលភិក្ខុ​ទាំង​ឡាយ ក៏កាលបើដូច្នេះ ឈើធំនោះ ឈ្មោះថា គេបានផ្តាច់ផ្តិលឫសគល់ចោលហើយ បាន​ធ្វើ​ឲ្យលែងមានទីកន្លែងដុះទៀត ជាឈើដល់​នូវភាព​មិនមានតទៅ មិនមានការកើតឡើង​តទៅ​ទៀតជាធម្មតា យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុ​ពិចារណាឃើញទោស ក្នុង​ឧបាទានីយធម៌​ទាំងឡាយ​ហើយ តណ្ហារមែង​រលត់ទៅ ការរលត់នៃឧបាទាន ព្រោះ​ការ​រលត់នៃ​តណ្ហា ការរលត់​នៃ​ភព ព្រោះការរលត់នៃឧបាទាន។បេ។ ក៏យ៉ាងនោះឯង ការ​រលត់​ទៅ នៃ​កងទុក្ខ​ទាំងអស់នុ៎ះ តែង​មានយ៉ាងនេះ។ ចប់សូត្រទី៥។

[២១០] ទ្រង់គង់នៅទៀបក្រុងសាវត្ថី… ក្នុងទីនោះឯង ព្រះមានព្រះភាគ… ម្នាល​ភិក្ខុ​ទាំង​ឡាយ ដូចជាដើមឈើធំ ឫសរបស់ឈើធំនោះទាំងអស់ ដែល​ដុះចាក់ទៅ​ខាងក្រោម ដុះ​ចាក់​ទៅទទឹង រមែងនាំឱជារសទៅចុងខាងលើ ម្នាលភិក្ខុទាំងឡាយ ក៏កាលបើដូច្នេះ ឈើធំនោះ ដែលមានឫសនោះជាអាហារផង មានឫសនោះជាកម្លាំង​មាំផង មុខជាឋិត​នៅ អស់កាលយូរអង្វែង យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុ​ពិចារណា​ឃើញ​សេចក្តី​ត្រេកអរ ក្នុងឧបាទានីយធម៌ទាំងឡាយហើយ តណ្ហារមែង​ចម្រើន​ឡើង ឧបាទាន​ចម្រើន​ឡើង ព្រោះ​តណ្ហាជាបច្ច័យ។បេ។ ក៏យ៉ាង​នោះដែរ ការកើតឡើងព្រម នៃកងទុក្ខ​ទាំង​​អស់​នុ៎ះ តែង​មានយ៉ាងនេះ។

[២១១] ម្នាលភិក្ខុទាំងឡាយ ដូចជាឈើធំមួយដើម កាលនោះ បុរសម្នាក់ កាន់យក​ចប និងកញ្ជើដើរមក កាត់ឈើធំនោះ ត្រង់ឫស លុះកាត់ឫសហើយ ក៏គាស់រំលើង លុះគាស់​រំលើងហើយ ក៏រើឫស។បេ។ ឬក៏បណ្តែតទៅក្នុងស្ទឹង ដែលមានខ្សែ​ទឹកហូរខ្មាញ់ ម្នាលភិក្ខុ​ទាំង​ឡាយ កាលបើដូច្នេះ ឈើធំនោះ ឈ្មោះថា គេបានផ្តាច់ផ្តិល​ឫសគល់​ចោល​ហើយ បាន​ធ្វើឲ្យលែងមានទីកន្លែងដុះទៀត ជាឈើដល់​នូវភាព​មិនមានតទៅ មិនមាន​ការកើត​ឡើង​តទៅទៀតជាធម្មតា យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុ​ពិចារណា​ឃើញ​ទោស ក្នុងឧបាទានីយធម៌​ទាំងឡាយ​ហើយ តណ្ហារមែង​រលត់ទៅ ការរលត់នៃឧបាទាន ព្រោះ​ការរលត់នៃ​តណ្ហា។បេ។ ក៏យ៉ាងនោះឯង ការរលត់នៃ​កងទុក្ខ​ទាំងអស់នុ៎ះ តែង​មាន​យ៉ាងនេះ។ ចប់សូត្រទី៦។

[២១២] ទ្រង់គង់នៅទៀបក្រុងសាវត្ថី… ក្នុងទីនោះឯង ព្រះមានព្រះភាគ… ម្នាល​ភិក្ខុ​ទាំង​ឡាយ កាលភិក្ខុពិចារណាឃើញ នូវសេចក្តីត្រេកអរ ក្នុងសញ្ញោជនីយធម៌​ទាំង​ឡាយ​ហើយ តណ្ហា រមែង​ចម្រើនឡើង ឧបាទានចម្រើនឡើង ព្រោះតណ្ហា​ជាបច្ច័យ។បេ។ ការ​កើត​ឡើង នៃកងទុក្ខទាំង​អស់​នុ៎ះ តែងមានយ៉ាង​នេះ។

[២១៣] ម្នាលភិក្ខុទាំងឡាយ ដូចជាដើមឈើខ្ចី បុរសផ្សាំឫសរបស់​ឈើខ្ចីគ្រប់កាល ចាក់​ដី​គ្រប់កាល ស្រោចទឹកគ្រប់កាល ម្នាលភិក្ខុទាំងឡាយ កាលបើដូច្នេះ ឈើខ្ចីនោះ ដែល​មាន​​របស់ទាំងនោះ ជាអាហារ មានរបស់ទាំងនោះ ជាកម្លាំង ក៏ដល់នូវសេចក្តីចម្រើន ដុះ​ដាល​ធំទូលាយឡើង យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុពិចារណាឃើញ នូវ​សេចក្តី​ត្រេកអរ ក្នុងសញ្ញោជនីយធម៌ទាំងឡាយហើយ តណ្ហារមែង​ចម្រើនឡើង ឧបាទាន​ចម្រើនឡើង ព្រោះ​តណ្ហាជាបច្ច័យ។បេ។ ក៏យ៉ាង​នោះឯង ការកើតឡើង នៃ​កង​ទុក្ខ​​ទាំង​អស់​នុ៎ះ តែង​មានដោយប្រការដូច្នេះឯង។

[២១៤] ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុពិចារណាឃើញទោស ក្នុងសញ្ញោជនីយធម៌​ទាំង​ឡាយ​ហើយ តណ្ហារមែងរលត់ទៅ ការរលត់នៃឧបាទាន ព្រោះការរលត់នៃតណ្ហា។បេ។ ការ​រលត់នៃកងទុក្ខទាំងអស់នុ៎ះ តែងមានយ៉ាងនេះ។

[២១៥] ម្នាលភិក្ខុទាំងឡាយ ដូចជាដើមឈើខ្ចី កាលនោះ បុរសកាន់យកចប និង​កញ្ជើ​ដើរ​មក កាត់ឈើខ្ចីត្រង់ឫស។បេ។ បណ្តែតទៅក្នុងស្ទឹង ដែលមានខ្សែ​ទឹកហូរខ្មាញ់ ម្នាល​ភិក្ខុ​ទាំង​ឡាយ កាលបើដូច្នេះ ឈើខ្ចីនោះ ឈ្មោះថា គេបានផ្តាច់ផ្តិល​ឫសគល់ចោល​ហើយ បាន​ធ្វើឲ្យលែងមានទីកន្លែងដុះទៀតហើយ ជាឈើដល់​នូវភាព​មិនមានតទៅ មិនមានការ​កើត​ឡើងតទៅទៀតជាធម្មតា យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុ​ពិចារណា​ឃើញ​ទោស ក្នុងសញ្ញោជនីយធម៌​ទាំងឡាយ​ហើយ តណ្ហារមែង​រលត់ទៅ ការរលត់នៃ​ឧបាទាន ព្រោះការរលត់នៃ​តណ្ហា។បេ។ ក៏យ៉ាងនោះឯង ការរលត់នៃ​កងទុក្ខ​ទាំងអស់នុ៎ះ តែង​​មានយ៉ាងនេះ។ ចប់សូត្រទី៧។

[២១៦] ទ្រង់គង់នៅទៀបក្រុងសាវត្ថី… ក្នុងទីនោះឯង ព្រះមានព្រះភាគ… ម្នាល​ភិក្ខុ​ទាំង​ឡាយ កាលភិក្ខុពិចារណាឃើញ នូវសេចក្តីត្រេកអរ ក្នុងសញ្ញោជនីយធម៌​ទាំង​ឡាយ​ហើយ ការចាប់កំណើតនៃនាមរូបក៏មាន សឡាយតនៈកើតមាន ព្រោះនាមរូប​ជាបច្ច័យ។បេ។ ការកើតឡើងព្រម នៃកងទុក្ខទាំង​អស់​នុ៎ះ តែងមានយ៉ាង​នេះ។

[២១៧] ម្នាលភិក្ខុទាំងឡាយ ដូចជាដើមឈើធំ ឫសទាំងអស់ របស់ឈើធំនោះ ដែល​ដុះ​ចាក់​ទៅខាងក្រោម ដុះចាក់ទៅទទឹង តែងនាំឱជារសទៅចុងខាងលើ ម្នាលភិក្ខុទាំងឡាយ កាល​បើដូច្នេះ ដើមឈើធំនោះ ដែលមានឫសនោះជាអាហារ មានឫសនោះជាកម្លាំង ក៏ឋិត​នៅ អស់កាលយូរអង្វែង យ៉ាងណាមិញ ម្នាលភិក្ខុ​ទាំងឡាយ កាលភិក្ខុ​ពិចារណា​ឃើញ នូវសេចក្តីត្រេកអរ ក្នុងសញ្ញោជនីយធម៌ទាំងឡាយហើយ ការចាប់កំណើតនៃ​នាមរូប ក៏មាន សឡាយតនៈកើតមាន ព្រោះនាមរូបជាបច្ច័យ។បេ។ ក៏យ៉ាង​នោះឯង ការ​កើត​ឡើងព្រម នៃកងទុក្ខ​ទាំង​អស់​នុ៎ះ តែង​មានយ៉ាងនេះ។

[២១៨] ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុពិចារណាឃើញទោស ក្នុងសញ្ញោជនីយ​ធម៌​​ទាំង​ឡាយ​ហើយ ការចាប់កំណើតឡើង នៃនាមរូប ក៏មិនមាន សឡាយតនៈរលត់ ព្រោះ​ការ​រលត់​នៃនាមរូប។បេ។ ការរលត់នៃកងទុក្ខទាំងអស់នុ៎ះ តែងមានយ៉ាងនេះ។

[២១៩] ម្នាលភិក្ខុទាំងឡាយ ដូចជាដើមឈើធំ កាលនោះ បុរសកាន់យកចប និងកញ្ជើ​ដើរ​មក កាត់ឈើធំនោះ ត្រង់ឫស។បេ។ ជាឈើដល់នូវភាព​មិនមានតទៅ យ៉ាងណាមិញ ម្នាលភិក្ខុ​ទាំងឡាយ កាលភិក្ខុ​ពិចារណាឃើញទោស ក្នុងសញ្ញោជនីយធម៌​​ទាំងឡាយ​ហើយ ការចាប់កំណើតនៃនាមរូបក៏មិនមាន ការរលត់​នៃ​សឡាយតនៈ ព្រោះការរលត់​នៃ​នាមរូប។បេ។ ក៏យ៉ាងនោះឯង ការរលត់នៃ​កងទុក្ខ​ទាំងអស់នុ៎ះ តែង​មានយ៉ាងនេះ។ ចប់សូត្រទី៨។

[២២០] ទ្រង់គង់នៅទៀបក្រុងសាវត្ថី… ក្នុងទីនោះឯង ព្រះមានព្រះភាគ… ម្នាល​ភិក្ខុ​ទាំង​ឡាយ កាលភិក្ខុពិចារណាឃើញ នូវសេចក្តីត្រេកអរ ក្នុងសញ្ញោជនីយធម៌​ទាំង​ឡាយ​ហើយ ការចាប់កំណើតឡើង នៃវិញ្ញាណ រមែងមាន នាមរូបកើតមាន ព្រោះ​វិញ្ញាណ​ជា​បច្ច័យ។បេ។ ការកើតឡើងព្រម នៃកងទុក្ខទាំង​អស់​នុ៎ះ តែងមានយ៉ាង​នេះ។

[២២១] ម្នាលភិក្ខុទាំងឡាយ ដូចជាដើមឈើធំ ឫសទាំងអស់ របស់ឈើធំនោះ។បេ។ យ៉ាង​ណាមិញ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុពិចារណាឃើញ នូវសេចក្តីត្រេកអរ ក្នុង​សញ្ញោជនីយធម៌​ទាំង​ឡាយហើយ ការចាប់កំណើតនៃវិញ្ញាណ រមែងមាន នាមរូប​កើតមាន ព្រោះ​វិញ្ញាណជាបច្ច័យ។បេ។ ក៏យ៉ាង​នោះឯង ការកើតឡើងព្រម នៃកងទុក្ខ​ទាំង​​អស់​នុ៎ះ តែង​មានយ៉ាងនេះ។

[២២២] ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុពិចារណាឃើញទោស ក្នុងសញ្ញោជនីយធម៌​ទាំង​ឡាយ​ហើយ ការចាប់កំណើតនៃវិញ្ញាណក៏មិនមាន ការរលត់នៃនាមរូប ព្រោះការរលត់នៃ​វិញ្ញាណ។បេ។ ការរលត់នៃកងទុក្ខទាំងអស់នុ៎ះ តែងមានយ៉ាងនេះ។

[២២៣] ម្នាលភិក្ខុទាំងឡាយ ដូចជាដើមឈើធំ កាលនោះ បុរសកាន់យកចប និងកញ្ជើ​ដើរ​មក កាត់ឈើធំនោះ ត្រង់ឫស។បេ។ ជាឈើដល់​នូវភាព​មិនមានតទៅ យ៉ាងណាមិញ ម្នាល​ភិក្ខុទាំងឡាយ កាលភិក្ខុ​ពិចារណាឃើញទោស ក្នុងសញ្ញោជនីយធម៌​ទាំង​ឡាយ​ហើយ ការចាប់កំណើតនៃវិញ្ញាណ រមែងមិនមាន ការរលត់នៃនាមរូប ព្រោះ​ការរលត់នៃ​វិញ្ញាណ។បេ។ ក៏យ៉ាងនោះឯង ការរលត់នៃ​កងទុក្ខ​ទាំងអស់នុ៎ះ តែង​មានយ៉ាងនេះ។ ចប់សូត្រទី៩។

[២២៤] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងនិគម ឈ្មោះកម្មាសទម្មៈ របស់​អ្នក​ដែន​កុរុ ក្នុងដែនកុរុ។ គ្រានោះឯង ព្រះអានន្ទមានអាយុ ចូល​ទៅគាល់​ព្រះមានព្រះភាគ លុះ​ចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះមានព្រះភាគ រួច​អង្គុយក្នុងទីសមគួរ។ លុះ​ព្រះអានន្ទមានអាយុ អង្គុយក្នុងទីសមគួរហើយ ទើប​ក្រាបបង្គំទូល​ព្រះមានព្រះភាគ យ៉ាង​នេះថា បពិត្រព្រះអង្គដ៏ចំរើន អស្ចារ្យណាស់ បពិត្រព្រះអង្គដ៏ចំរើន ចំឡែកណាស់ បពិត្រ​ព្រះអង្គ​ដ៏ចំរើន បដិច្ចសមុប្បាទធម៌នេះ មាន​ជម្រៅពេកផង មានឱភាសដ៏ជ្រៅផង ក៏​ប៉ុន្តែ​ហាក់ដូចជារាក់ៗ ប្រាកដដល់ខ្ញុំព្រះអង្គ។

[២២៥] ម្នាលអានន្ទ មិនមែនយ៉ាងនេះទេ ម្នាលអានន្ទ មិនមែនយ៉ាងនេះទេ ម្នាលអានន្ទ បដិច្ចសមុប្បាទធម៌នេះ មានជម្រៅផង មានឱភាសដ៏ជ្រៅផង ម្នាលអានន្ទ ពពួកសត្វនេះ ជាប់​ចំពាក់វឹកវរ ចាក់ស្រែះស្មុកស្មាញ ដូចជាស្មៅយាប្លង និងស្មៅដំណេក​ទន្សាយ រមែង​មិន​កន្លងអបាយ ទុគ្គតិ វិនិបាត និងសង្សារ ព្រោះតែការមិនស្គាល់ ការ​មិនត្រាស់ដឹង ការ​មិន​ចាក់ធ្លុះ នូវបដិច្ចសមុប្បាទធម៌នុ៎ះ។

[២២៦] ម្នាលអានន្ទ កាលភិក្ខុពិចារណាឃើញ នូវសេចក្តីត្រេកអរ ក្នុង​ឧបាទានីយធម៌​ទាំង​ឡាយ​ហើយ តណ្ហារមែងចម្រើនឡើង ឧបាទានចម្រើនឡើង ព្រោះ​តណ្ហាជាបច្ច័យ ភព​ចម្រើន​ឡើង ព្រោះឧបាទានជាបច្ច័យ ជាតិចម្រើនឡើង ព្រោះភព​ជាបច្ច័យ ជរាមរណៈ សេចក្តី​សោក សេចក្តីខ្សឹកខ្សួល ទុក្ខ ទោមនស្ស និងសេចក្តីចង្អៀតចង្អល់ចិត្ត ក៏កើត​ឡើង​ព្រម ព្រោះជាតិជាបច្ច័យ ការកើតឡើងព្រម នៃកងទុក្ខទាំងអស់នុ៎ះ តែងមានយ៉ាងនេះ។

[២២៧] ម្នាលអានន្ទ ដូចជាដើមឈើធំ ឫសទាំងអស់របស់ឈើធំនោះ ដែលដុះចាក់​ទៅ​ក្រោម ដុះចាក់ទៅខាងទទឹង រមែង​នាំឱជារស ទៅចុងខាងលើ ម្នាលអានន្ទ កាលបើ​ដូច្នោះ ឈើធំនោះ ឈ្មោះថា មានឫសនោះជាអាហារ មានឫស​នោះជាកម្លាំង មុខជា​ឋិតថេរ​នៅអស់កាលយូរ យ៉ាងណាមិញ ម្នាលអានន្ទ កាលភិក្ខុ ពិចារណាឃើញ នូវ​សេចក្តី​ត្រេកអរ ក្នុងឧបាទានីយធម៌​ទាំង​ឡាយហើយ តណ្ហា រមែង​ចម្រើនឡើង ឧបាទាន​ចម្រើន​ឡើង ព្រោះតណ្ហាជាបច្ច័យ ភពចម្រើនឡើង ព្រោះ​ឧបាទានជាបច្ច័យ។បេ។ ការ​កើតឡើងព្រម នៃកងទុក្ខ​ទាំង​អស់​នុ៎ះ តែង​មានយ៉ាងនេះ។

[២២៨] ម្នាលអានន្ទ កាលភិក្ខុពិចារណាឃើញទោស ក្នុងឧបាទានីយធម៌​ទាំង​ឡាយ តណ្ហា​រមែង​រលត់ទៅ ការរលត់នៃឧបាទាន ព្រោះការរលត់នៃតណ្ហា ការ​រលត់នៃភព ព្រោះ​ការរលត់នៃឧបាទាន។បេ។ ការរលត់នៃកងទុក្ខទាំងអស់នុ៎ះ តែងមានយ៉ាងនេះ។

[២២៩] ម្នាលអានន្ទ ដូចជាដើមឈើធំ កាលនោះ បុរសកាន់ចប និងកញ្ជើដើរមក កាត់​ឈើ​នោះ ត្រង់ឫស លុះកាត់ឫសរួចហើយ ក៏គាស់រំលើង លុះគាស់រំលើងហើយ ក៏រើ​ឫស​ចេញ ដោយហោចទៅ សូម្បីនៅសល់តែប៉ុន​ទងស្បូវភ្លាំង ក៏មិនមាន។ បុរស​នោះ កាត់​ឈើ​នោះ ឲ្យជា​កំណាត់តូច កំណាត់ធំ លុះកាត់ឲ្យជាកំណាត់តូច កំណាត់ធំហើយ ក៏ពុះ លុះ​ពុះហើយ ធ្វើឲ្យជាបន្ទះតូចៗ លុះធ្វើឲ្យជាបន្ទះតូចៗហើយ ហាលខ្យល់ និងកំដៅថ្ងៃ លុះ​ហាលខ្យល់ និងកំដៅថ្ងៃហើយ យកភ្លើងដុត លុះយកភ្លើងដុតហើយ ធ្វើឲ្យជា​កម្ទេច​ធ្យូង លុះធ្វើឲ្យជាកម្ទេចធ្យូងហើយ បាចទៅលើខ្យល់ធំ ឬបណ្តែត​ទៅក្នុង​ស្ទឹង ដែល​មាន​ខ្សែ​ទឹកហូរខ្មាញ់ ម្នាលអានន្ទ កាលបើដូច្នេះ ឈើធំនោះ ឈ្មោះថា គេ​បាន​ផ្តាច់ផ្តិល​ឫសគល់​អស់ហើយ បានធ្វើឲ្យលែង​មានទីកន្លែង​ដុះទៀតហើយ ជាឈើ​ដល់នូវ​ភាព​មិន​មាន​តទៅ មិនមានការកើតឡើងតទៅទៀតជាធម្មតា ម្នាលអានន្ទ កាលភិក្ខុ​ពិចារណា​ឃើញ​ទោស ក្នុងឧបាទានីយធម៌​ទាំង​ឡាយហើយ តណ្ហារមែងរលត់​ទៅ ការរលត់នៃ​ឧបាទាន ព្រោះ​ការរលត់នៃតណ្ហា ការរលត់នៃភព ព្រោះការរលត់នៃ​ឧបាទាន ការរលត់​នៃ​ជាតិ ព្រោះការរលត់នៃភព ជរាមរណៈ សេចក្តីសោក សេចក្តីខ្សឹកខ្សួល ទុក្ខ ទោមនស្ស និង​សេចក្តី​ចង្អៀតចង្អល់ចិត្ត ក៏រលត់ទៅ ព្រោះការរលត់នៃជាតិ ការរលត់នៃ​កងទុក្ខ​ទាំង​អស់នុ៎ះ តែង​មានយ៉ាងនេះ។ ចប់សូត្រទី១០។

ចប់ ទុក្ខវគ្គ ទី៦។

ឧទ្ទាន នៃទុក្ខវគ្គនោះគឺ

និយាយពីភិក្ខុពិចារណាសេចក្តីទុក្ខ ១ និយាយពីភិក្ខុឃើញទោស និងសេចក្តី​ត្រេកអរ ក្នុង​ឧបាទានីយធម៌ ២លើក និយាយពីសញ្ញោជនីយធម៌ ២លើក ពោលប្រៀប​ពី​ដើមឈើ​ធំ ២លើក សេចក្តីប្រៀបដោយដើមឈើខ្ចី ជាគម្រប់ ៧ និយាយពីការចាប់​កំណើតនៃ​នាមរូប ១ និយាយ​ពីវិញ្ញាណ បើរាប់តាមនិទាន មាន១៣។

មហាវគ្គ

[២៣០] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុង​វត្ត​ជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង ព្រះមានព្រះភាគ …. ម្នាល​ភិក្ខុ​ទាំងឡាយ បុថុជ្ជនអ្នកមិនចេះដឹង គប្បីនឿយណាយផង ធុញទ្រាន់ផង ផុត​ស្រឡះ​ផង ក្នុងកាយ ដែលកើតអំពីមហាភូតទាំង៤នេះ ដំណើរនោះ ព្រោះហេតុអ្វី ម្នាល​ភិក្ខុ​ទាំងឡាយ ព្រោះថា សេចក្តីចម្រើនក្តី សេចក្តីវិនាសក្តី ដំណើរ​កើតឡើងក្តី ដំណើរ​បែកធ្លាយក្តី នៃកាយដែលកើតអំពីមហាភូតទាំង៤នេះ តែងប្រាកដ ហេតុនោះ បានជា​បុថុជ្ជន​អ្នកមិនចេះដឹង គប្បីនឿយណាយផង ធុញទ្រាន់ផង ផុតស្រឡះផង ក្នុងកាយ ដែល​កើតអំពីមហាភូតទាំង៤នោះ។ ម្នាលភិក្ខុទាំងឡាយ ចំណែកខាងធម្មជាតណា ដែល​ហៅ​ថាចិត្តខ្លះ ហៅថាមនោខ្លះ ហៅថាវិញ្ញាណខ្លះ បុថុជ្ជនអ្នកមិនចេះដឹង មិនអាច​នឿយ​ណាយ មិនអាចធុញទ្រាន់ មិនអាចផុតស្រឡះ ក្នុងធម្មជាតនោះបានឡើយ ដំណើរនោះ ព្រោះ​ហេតុអ្វី ម្នាលភិក្ខុទាំងឡាយ ព្រោះថា ធម្មជាតនុ៎ះ បុថុជ្ជនអ្នកមិនចេះដឹង ធ្លាប់​ចូល​ចិត្ត រាប់អាន ប្រកាន់មកហើយ អស់កាលជា​អង្វែងថា នុ៎ះ ជារបស់អញ នុ៎ះជាអញ នុ៎ះជា​ខ្លួន​របស់អញ ដូច្នេះ ហេតុនោះ បានជាបុថុជ្ជនអ្នកមិនចេះដឹង មិនអាចនឿយណាយ មិន​អាច​ធុញទ្រាន់ មិនអាចផុតស្រឡះ ក្នុងធម្មជាតនោះបានឡើយ។

[២៣១] ម្នាលភិក្ខុទាំងឡាយ បុថុជ្ជនអ្នកមិនចេះដឹង រមែង​ប្រកាន់កាយ ដែលកើត​អំពី​មហាភូត​ទាំង៤នេះ ថាប្រសើរ ដោយថាជាខ្លួន តែមិនប្រកាន់​នូវចិត្តឡើយ ដំណើរនោះ ព្រោះ​ហេតុអ្វី ម្នាលភិក្ខុទាំងឡាយ ព្រោះថា កាយដែល​កើតអំពី​មហាភូត​ទាំង៤នេះ កាល​បើ​ឋិតនៅបានមួយឆ្នាំខ្លះ ឋិតនៅបានពីរឆ្នាំខ្លះ ឋិតនៅបានបីឆ្នាំខ្លះ ឋិតនៅបានបួនឆ្នាំខ្លះ ឋិត​នៅបានប្រាំឆ្នាំខ្លះ ឋិតនៅបាន១០ឆ្នាំខ្លះ ឋិតនៅបាន២០ឆ្នាំខ្លះ ឋិតនៅបាន៣០ឆ្នាំខ្លះ ឋិត​នៅបាន៤០ឆ្នាំខ្លះ ឋិតនៅបាន៥០ឆ្នាំខ្លះ ឋិតនៅបាន១០០​ឆ្នាំខ្លះ ឋិតនៅជាង ១០០ឆ្នាំ​ខ្លះ តែងប្រាកដ។ ម្នាលភិក្ខុទាំងឡាយ ចំណែក​ឯធម្មជាត ដែលហៅថាចិត្តខ្លះ មនោខ្លះ វិញ្ញាណ​ខ្លះនោះ តែងកើតឡើងផ្សេង រលត់ទៅផ្សេង ទាំងយប់ ទាំងថ្ងៃ។

[២៣២] ម្នាលភិក្ខុទាំងឡាយ ដូចស្វា ត្រាច់ទៅក្នុងព្រៃតូច ព្រៃធំ តែងចាប់មែក​ឈើ លែង​មែក​ដែលចាប់នោះហើយ ចាប់មែកដទៃ លែងមែកដទៃ​នោះហើយ ចាប់មែក​ដទៃទៀត លែង​មែកដទៃទៀតនោះហើយ ចាប់មែកដទៃតទៅទៀត យ៉ាងណាមិញ ម្នាលភិក្ខុទាំង​ឡាយ ធម្មជាត ដែលហៅថា ចិត្តខ្លះ មនោខ្លះ វិញ្ញាណខ្លះនោះ តែងកើត​ឡើងផ្សេង រលត់​ទៅ​វិញផ្សេង ទាំងយប់ទាំងថ្ងៃ ក៏យ៉ាងនោះឯង។

[២៣៣] ម្នាលភិក្ខុទាំងឡាយ ត្រង់សេចក្តីនោះ អរិយសាវ័កអ្នកចេះដឹង តែង​ធ្វើ​ទុកក្នុងចិត្ត នូវ​​បដិច្ចសមុប្បាទធម៌ ដោយឧបាយនៃ​ប្រាជ្ញាឲ្យប្រពៃថា កាលបើវត្ថុនេះ​មាន ទើបវត្ថុ​នេះ​មាន ព្រោះតែវត្ថុនេះកើតឡើង បានជាវត្ថុនេះ​កើតឡើងដែរ កាលបើវត្ថុនេះ​មិនមាន វត្ថុ​នេះ​ក៏​មិនមានដែរ ព្រោះតែវត្ថុនេះ​រលត់ បានជាវត្ថុនេះ​រលត់ដែរ គឺថា សង្ខារ​ទាំង​ឡាយ​កើត​មាន ព្រោះអវិជ្ជា​ជាបច្ច័យ វិញ្ញាណកើតមាន ព្រោះសង្ខារ​ជាបច្ច័យ។បេ។ ការកើត​ឡើង​ព្រម​នៃកងទុក្ខទាំងអស់នុ៎ះ តែងមានយ៉ាងនេះ។ ឯការរលត់នៃសង្ខារ ព្រោះ​ការ​វិនាស និងការ​រលត់មិនសេសសល់នៃអវិជ្ជា ការរលត់នៃវិញ្ញាណ ព្រោះការ​រលត់នៃ​សង្ខារ។បេ។ ការរលត់នៃកងទុក្ខទាំងអស់នុ៎ះ តែងមានយ៉ាងនេះ។

[២៣៤] ម្នាលភិក្ខុទាំងឡាយ អរិយសាវ័កអ្នកចេះដឹង កាលបើឃើញយ៉ាងនេះ តែង​នឿយ​ណាយក្នុងរូបផង នឿយណាយក្នុងវេទនាផង នឿយណាយក្នុងសញ្ញាផង នឿយណាយ​ក្នុង​សង្ខារទាំងឡាយផង នឿយណាយក្នុងវិញ្ញាណផង កាលបើ​នឿយណាយ ក៏តែងធុញ​ទ្រាន់ ព្រោះតែការធុញទ្រាន់ ចិត្តក៏ផុតស្រឡះបាន។ កាលបើ​ចិត្ត​ផុតស្រឡះហើយ សេចក្តី​ដឹងថា ចិត្តផុតស្រឡះហើយ ដូច្នេះ ក៏កើតមាន។ អរិយសាវ័ក​នោះ តែងដឹង​ច្បាស់​ថា ជាតិ (របស់​អាត្មាអញ) អស់ហើយ មគ្គព្រហ្មចរិយៈ អាត្មាអញ បាននៅរួចហើយ សោឡសកិច្ច អាត្មាអញ បានធ្វើស្រេចហើយ មគ្គភាវនាកិច្ច​ដទៃ ប្រព្រឹត្តទៅ ដើម្បី​សោឡសកិច្ច​នេះទៀត មិនមានឡើយ។ ចប់សូត្រទី១។

[២៣៥] ទ្រង់គង់នៅទៀបក្រុងសាវត្ថី…. ក្នុងទីនោះឯង ព្រះមានព្រះភាគ… ម្នាលភិក្ខុទាំង​ឡាយ បុថុជ្ជនអ្នកមិនចេះដឹង គប្បីនឿយណាយផង ធុញទ្រាន់ផង ផុតស្រឡះផង ក្នុង​កាយ​ដែលកើតអំពីមហាភូតទាំង៤នេះ ដំណើរនេះ ព្រោះហេតុអ្វី ម្នាលភិក្ខុទាំងឡាយ ព្រោះ​ថា សេចក្តីចម្រើនក្តី សេចក្តីវិនាសក្តី ដំណើរកើតក្តី ដំណើរ​បែកធ្លាយក្តី របស់កាយ​ដែល​កើតអំពីមហាភូតទាំង៤នេះ តែងប្រាកដ ហេតុនោះ បានជាបុថុជ្ជនអ្នកមិនចេះដឹង គប្បី​នឿយណាយផង ធុញទ្រាន់ផង ផុតស្រឡះផង ក្នុងកាយនោះ។ ម្នាលភិក្ខុទាំងឡាយ ចំណែក​ខាង​ធម្មជាតណា ដែលហៅថា ចិត្តខ្លះ មនោខ្លះ វិញ្ញាណខ្លះ បុថុជ្ជន​អ្នក​មិន​ចេះ​ដឹង មិនអាចនឿយណាយ មិនអាចធុញទ្រាន់ មិនអាចផុតស្រឡះ ក្នុងធម្មជាតនោះឡើយ ដំណើរ​នោះ ព្រោះហេតុអ្វី ម្នាលភិក្ខុទាំងឡាយ ព្រោះថា ធម្មជាតនុ៎ះ បុថុជ្ជនអ្នកមិន​ចេះ​ដឹង ធ្លាប់ចូលចិត្ត រាប់អាន ប្រកាន់មកហើយ អស់កាលជាអង្វែងថា នុ៎ះជារបស់អញ នុ៎ះជា​អញ នុ៎ះជាខ្លួនរបស់អញ ដូច្នេះ ហេតុនោះ បានជាបុថុជ្ជនអ្នកមិនចេះដឹង មិនអាច​នឿយ​ណាយ មិនអាចធុញទ្រាន់ មិនអាចផុតស្រឡះ ក្នុងធម្មជាតនោះឡើយ។

[២៣៦] ម្នាលភិក្ខុទាំងឡាយ បុថុជ្ជនអ្នកមិនចេះដឹង តែងប្រកាន់កាយ ដែល​កើតអំពី​មហាភូតទាំង៤នេះ ថាប្រសើរ ដោយថាជាខ្លួន តែមិនប្រកាន់​នូវចិត្តឡើយ ដំណើរ​នោះ ព្រោះ​ហេតុអ្វី ម្នាលភិក្ខុទាំងឡាយ ព្រោះថា កាយដែលកើតអំពីមហាភូត​ទាំង៤នេះ កាល​បើ​ឋិតនៅបាន១ឆ្នាំខ្លះ ឋិតនៅបាន២ឆ្នាំខ្លះ ឋិតនៅបាន៣ឆ្នាំខ្លះ ឋិតនៅបាន៤ឆ្នាំខ្លះ ឋិត​នៅបាន៥ឆ្នាំខ្លះ ឋិតនៅបាន១០ឆ្នាំខ្លះ ឋិតនៅបាន២០ឆ្នាំខ្លះ ឋិតនៅបាន៣០ឆ្នាំខ្លះ ឋិត​នៅ​បាន៤០ឆ្នាំខ្លះ ឋិតនៅបាន៥០ឆ្នាំខ្លះ ឋិតនៅបាន១០០ឆ្នាំខ្លះ ឋិតនៅច្រើនជាង ១០០​ឆ្នាំ​ខ្លះ តែងប្រាកដ។ ម្នាលភិក្ខុទាំងឡាយ ចំណែកឯធម្មជាតណា ដែលហៅថា ចិត្តខ្លះ មនោ​ខ្លះ វិញ្ញាណខ្លះ ធម្មជាតនោះ តែងកើតឡើងផ្សេង រលត់ទៅវិញផ្សេង ទាំងយប់​ទាំង​ថ្ងៃ។

[២៣៧] ម្នាលភិក្ខុទាំងឡាយ ត្រង់សេចក្តីនោះ អរិយសាវ័កអ្នកចេះដឹង តែង​ធ្វើ​ទុកក្នុងចិត្ត នូវ​​បដិច្ចសមុប្បាទធម៌ ដោយ​ឧបាយប្រាជ្ញាឲ្យប្រពៃថា កាលបើវត្ថុនេះ​មាន ទើបវត្ថុនេះ​មាន ព្រោះតែវត្ថុនេះកើតឡើង បានជាវត្ថុនេះ​កើតឡើងដែរ កាលបើវត្ថុនេះ​មិនមាន វត្ថុ​នេះ​ក៏​មិនមានដែរ ព្រោះតែវត្ថុនេះ​រលត់ បានជាវត្ថុនេះ​រលត់ដែរ។ ម្នាលភិក្ខុទាំងឡាយ សុខវេទនា រមែងកើតឡើង ព្រោះអាស្រ័យផស្សៈ ដែលជាបច្ច័យនៃ​សុខវេទនា វេទនា​ណា ដែល​កើតអំពីផស្សៈនោះ គឺសុខវេទនាដែលកើតឡើង ព្រោះ​អាស្រ័យ​ផស្សៈ ដែល​ជា​បច្ច័យ​នៃសុខវេទនា វេទនានោះ ក៏រលត់ទៅ ស្ងប់រម្ងាប់ទៅ ព្រោះ​ការរលត់នៃផស្សៈ ដែលជាបច្ច័យនៃសុខវេទនានោះឯង។ ម្នាលភិក្ខុទាំងឡាយ ទុក្ខវេទនា រមែងកើតឡើង​ព្រោះអាស្រ័យផស្សៈ ជាបច្ច័យនៃ​ទុក្ខវេទនា វេទនាណា ដែល​កើតអំពីផស្សៈនោះ គឺ​ទុក្ខវេទនាដែលកើតឡើង ព្រោះ​អាស្រ័យ​ផស្សៈ ដែលជាបច្ច័យ នៃទុក្ខវេទនា វេទនានោះ ក៏​រលត់ទៅ ស្ងប់រម្ងាប់ទៅ ព្រោះ​ការរលត់នៃផស្សៈ ដែលជាបច្ច័យនៃទុក្ខវេទនានោះឯង។ ម្នាល​ភិក្ខុទាំងឡាយ វេទនាដែល​មិនជាទុក្ខ មិនជាសុខ រមែងកើតឡើង ព្រោះ​អាស្រ័យផស្សៈ ដែលជាបច្ច័យនៃ​វេទនាមិនជាទុក្ខមិន​ជាសុខ វេទនាណា ដែល​កើតអំពី​ផស្សៈ​នោះ គឺវេទនាមិនជាទុក្ខ​មិនជាសុខ ដែលកើតឡើង ព្រោះ​អាស្រ័យ​ផស្សៈ ដែលជា​បច្ច័យ​នៃវេទនាមិនជាទុក្ខមិនជាសុខ វេទនានោះ ក៏រលត់ទៅ ស្ងប់រម្ងាប់ទៅ ព្រោះ​ការ​រលត់​នៃផស្សៈ ដែលជាបច្ច័យ​នៃវេទនា​មិនជាទុក្ខមិនជាសុខនោះឯង។

[២៣៨] ម្នាលភិក្ខុទាំងឡាយ ដូចជាចំហាយក្តៅ កើតឡើង ភ្លើងក៏កើតឡើង ព្រោះ​តែការ​ប្រជុំ​ខ្ទប់គ្នា នៃឈើពីរកំណាត់ កាលបើឈើទាំងពីរកំណាត់នោះឯង ញែក​ឃ្លាត​ចេញ​ពីគ្នា​ហើយ ចំហាយក្តៅ ដែលកើតអំពី​កំណាត់ឈើនោះ ក៏រលត់ទៅ ស្ងប់រម្ងាប់​ទៅ យ៉ាងណា​មិញ ម្នាលភិក្ខុទាំងឡាយ សុខវេទនា តែងកើតឡើង ព្រោះអាស្រ័យផស្សៈ ដែលជា​បច្ច័យ​នៃ​​សុខវេទនា វេទនាណា ដែល​កើតអំពីផស្សៈនោះ គឺសុខវេទនា ដែល​កើត​ឡើង ព្រោះ​អាស្រ័យ​ផស្សៈ ដែលជាបច្ច័យ នៃសុខវេទនា វេទនានោះ ក៏រលត់ទៅ ស្ងប់​រម្ងាប់ទៅ ព្រោះ​ការរលត់នៃផស្សៈ ដែលជាបច្ច័យនៃសុខវេទនានោះឯង ទុក្ខវេទនា តែងកើតឡើង ​ព្រោះ​អាស្រ័យផស្សៈ ដែលជាបច្ច័យ នៃ​ទុក្ខវេទនា វេទនាណា ដែល​កើត​អំពីផស្សៈនោះ គឺ​ទុក្ខ​វេទនា ដែលកើតឡើង ព្រោះ​អាស្រ័យ​ផស្សៈ ជាបច្ច័យ នៃទុក្ខវេទនា វេទនានោះ ក៏រលត់​ទៅ ស្ងប់រម្ងាប់ទៅ ព្រោះ​ការរលត់នៃផស្សៈ ដែលជាបច្ច័យ នៃទុក្ខវេទនា​នោះឯង វេទនា​មិន​ជា​ទុក្ខ មិនជាសុខ កើតឡើង ព្រោះអាស្រ័យផស្សៈ ដែលជាបច្ច័យ នៃ​វេទនា​មិន​ជា​ទុក្ខ​មិន​​ជាសុខ វេទនាណា ដែល​កើតអំពីផស្សៈនោះ គឺវេទនាមិនជាទុក្ខ​មិនជាសុខ ដែលកើត​ឡើង ព្រោះ​អាស្រ័យ​ផស្សៈ ដែលជាបច្ច័យ នៃវេទនាមិនជាទុក្ខមិនជាសុខ វេទនានោះ ក៏​រលត់​ទៅ ស្ងប់រម្ងាប់ទៅ ព្រោះ​ការរលត់នៃផស្សៈ ដែលជាបច្ច័យ​នៃវេទនា​មិនជាទុក្ខមិន​ជា​សុខ​នោះឯង ក៏យ៉ាង​នោះឯង។

[២៣៩] ម្នាលភិក្ខុទាំងឡាយ អរិយសាវ័កអ្នកចេះដឹង កាលបើឃើញយ៉ាងនេះ តែង​នឿយ​ណាយ​ក្នុងផស្សៈផង នឿយណាយក្នុងវេទនាផង នឿយណាក្នុងសញ្ញាផង នឿយណាយ​ក្នុង​សង្ខារទាំងឡាយផង នឿយណាយក្នុងវិញ្ញាណផង កាលបើនឿយ​ណាយ ក៏តែងធុញ​ទ្រាន់ ព្រោះតែការធុញទ្រាន់ ចិត្តក៏ផុតស្រឡះបាន។ កាលបើចិត្ត​ផុតស្រឡះហើយ សេចក្តី​ដឹងថា ចិត្តផុតស្រឡះហើយ ដូច្នេះ ក៏កើតមាន។ អរិយសាវ័ក​នោះ តែងដឹង​ច្បាស់​ថា ជាតិ (របស់អាត្មាអញ) អស់ហើយ ព្រហ្មចរិយៈ អាត្មាអញ បាននៅ​រួចហើយ សោឡសកិច្ច អាត្មាអញ បានធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បី​សោឡសកិច្ច​នេះទៀត មិនមានឡើយ។ ចប់សូត្រទី២។

[២៤០] ទ្រង់គង់នៅទៀបក្រុងសាវត្ថី…. ក្នុងទីនោះឯង ព្រះមានព្រះភាគ… ម្នាលភិក្ខុទាំង​ឡាយ អាហារ៤នេះ ប្រព្រឹត្តទៅ ដើម្បីការតាំងនៅបាន នៃពួកភូតសត្វផង ដើម្បី​អនុគ្រោះ ដល់​​ពួក​សម្ភវេសីសត្វផង។ អាហារ៤ តើដូចម្តេច។ កវឡីការាហារ ដ៏​គ្រោតគ្រាតក្តី ល្អិតក្តី (ជាទីមួយ) ផស្សាហារ ជាទីពីរ មនោសញ្ចេតនាហារ ជាទីបី វិញ្ញាណាហារ ជាទីបួន។ ម្នាលភិក្ខុទាំងឡាយ អាហារទាំង៤នេះឯង ប្រព្រឹត្តទៅ ដើម្បី​ការតាំងនៅបាន​នៃពួកភូត​សត្វ​ផង ដើម្បីអនុគ្រោះ ដល់ពួក​សម្ភវេសីសត្វផង។

[២៤១] ម្នាលភិក្ខុទាំងឡាយ កវឡីការាហារ តើត្រូវយល់ដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ដូចជាភរិយាស្វាមី ពីរនាក់ គប្បីនាំយកស្បៀងតិចតួច ដើរទៅ​កាន់ផ្លូវ​លំបាក ស្វាមី​ភរិយា​នោះ មានកូនប្រុសតែមួយ ជាទីស្រឡាញ់ពេញចិត្ត។ ម្នាលភិក្ខុទាំងឡាយ គ្រាកាលដែល​ភរិយា​ស្វាមី ទាំងពីរនាក់ កំពុងដើរទៅកាន់ផ្លូវលំបាក​នោះ ស្បៀងបន្តិចបន្តួចនោះ អស់​រលីង​ទៅ ផ្លូវលំបាកនោះ នៅសល់ឆ្លងមិនទាន់ផុត។ ម្នាលភិក្ខុទាំងឡាយ ទើបភរិយា​ស្វាមី​ទាំងពីរនាក់នោះ ប្រឹក្សាគ្នាយ៉ាងនេះថា ស្បៀង​អាហារ​បន្តិចបន្តួចរបស់យើងនោះ អស់​រលីងទៅហើយ ផ្លូវលំបាកនៅសល់ ឆ្លងមិនទាន់​ផុតឡើយ បើដូច្នោះ​ យើងត្រូវ​សម្លាប់​កូនប្រុសតែមួយ ជាទីស្រឡាញ់ពេញចិត្តនេះ ធ្វើជា​ងៀតផង ជាផ្អកផង កាលបើ​យើង​ទាំងពីរនាក់ ស៊ីសាច់កូននោះហើយ នឹងឆ្លង​ផ្លូវ​លំបាក ដែលនៅសល់នោះផុតបាន បើ​មិន​ដូច្នោះ យើងទាំងអស់គ្នា មុខជានឹងស្លាប់​ទាំងបីនាក់។ ម្នាលភិក្ខុទាំងឡាយ គ្រានោះ ភរិយាស្វាមីទាំងពីរនាក់នោះ សម្លាប់កូនប្រុស​តែមួយ ជាទីស្រឡាញ់​ពេញចិត្ត​នុ៎ះ ធ្វើជា​ងៀតផង ជាផ្អកផង កាលបើភរិយាស្វាមី ទាំងពីរនាក់ ស៊ីសាច់កូនហើយ ទើ់ប​ដើរ​ឆ្លង​ផ្លូវ​លំបាក ដែលនៅសល់នោះ ឲ្យផុតបាន ភរិយាស្វាមីនោះ ស៊ីសាច់កូនផង រឹត​ទ្រូង​ផងថា ហៃកូនប្រុសតែមួយ អ្នកឯងនៅឯណា ហៃកូនប្រុសតែមួយ អ្នកឯងនៅ​ឯ​ណា។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ សំគាល់​ដំណើរនោះ ថាដូចម្តេច ភរិយាស្វាមី​នោះ លេបអាហារដើម្បីការលេង លេបអាហារ​ដើម្បី​ការស្រវឹង លេបអាហារ ដើម្បីការ​ប្រដាប់​តាក់តែង លេបអាហារ ដើម្បីការស្អិតស្អាង ដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន ដំណើរ​នុ៎ះ មិនមែនដូច្នោះទេ។ ម្នាលភិក្ខុទាំងឡាយ ភរិយាស្វាមីនោះ ក្រែងលេបអាហារ គ្រាន់តែ​ដើម្បី​នឹងឆ្លងផ្លូវលំបាក ឲ្យផុតតែប៉ុណ្ណោះ​ទេឬ។ ព្រះករុណា ព្រះអង្គ។ ម្នាលភិក្ខុ​ទាំង​ឡាយ តថាគតពោលថា ត្រូវអ្នករាល់គ្នា យល់​កវឡីការាហារ ក៏យ៉ាងនោះដែរ។ ម្នាលភិក្ខុ​ទាំង​ឡាយ កាលបើកំណត់ដឹងកវឡីការាហារ​ហើយ ក៏ឈ្មោះថា បានកំណត់ដឹងរាគៈ ដែល​ប្រព្រឹត្ត​ទៅក្នុងកាមគុណទាំង៥ដែរ កាលបើ​កំណត់ដឹងរាគៈ ដែល​ប្រព្រឹត្តទៅ​ក្នុង​កាមគុណ​ទាំង៥ហើយ អរិយសាវ័ក ដែល​ប្រកបដោយសំយោជនៈណាហើយ ត្រូវត្រឡប់​មក​កាន់លោកនេះម្តងទៀត សំយោជនៈ​នោះ មិនមានទេ។

[២៤២] ម្នាលភិក្ខុទាំងឡាយ ផស្សាហារ តើត្រូវយល់ដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ដូច​ជា​មេគោ ដែលមិនមានស្បែក បើឈរផ្អែកនឹងជញ្ជាំង ក៏ត្រូវពួក​សត្វ ដែលអាស្រ័យ​នៅ​នឹង​ជញ្ជាំងនោះខាំ បើឈរផ្អែកនឹងដើមឈើ ក៏ត្រូវពួកសត្វ ដែល​អាស្រ័យ​នៅនឹង​ដើម​ឈើ​នោះ​ខាំ បើឈរត្រាំនៅក្នុងទឹក ក៏ត្រូវពួកសត្វ ដែលអាស្រ័យនៅក្នុង​ទឹកនោះ​ចឹក​ប្របិច បើឈរកណ្តាលវាល ក៏ត្រូវពួកសត្វ ដែលអាស្រ័យនៅនឹងអាកាស​នោះ​ខាំ ម្នាល​ភិក្ខុ​ទាំងឡាយ មេគោដែល​មិនមានស្បែកនោះ ឈរនៅក្នុងទីណាៗ ក៏គង់តែពួកសត្វ ដែល​អាស្រ័យនៅក្នុងទីនោះៗខាំស៊ី យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ តថាគត​ពោល​ថា ត្រូវអ្នករាល់គ្នា យល់ផស្សាហារ ក៏យ៉ាងនោះឯង។ ម្នាលភិក្ខុទាំងឡាយ កាលបើ​កំណត់​ដឹងផស្សាហារហើយ ក៏ឈ្មោះថា បានកំណត់ដឹង នូវ​វេទនាទាំងបីដែរ  កាល​បើ​កំណត់ដឹងនូវវេទនាទាំងបីហើយ តថាគតពោលថា កិច្ចណាមួយ ដែល​អរិយ​សាវ័ក​ត្រូវធ្វើ​តទៅ​ទៀត មិនមានឡើយ។

[២៤៣] ម្នាលភិក្ខុទាំងឡាយ មនោសញ្ចេតនាហារ តើត្រូវយល់ដូចម្តេច។ ម្នាលភិក្ខុទាំង​ឡាយ ដូចជារណ្តៅរងើកភ្លើង មានជម្រៅជាងមួយជួរបុរស ពេញដោយ​រងើកភ្លើង ឥត​មាន​អណ្តាត ឥតមានផ្សែង ចួនជាមានបុរសអ្នកប្រាថ្នាចង់រស់នៅ មិន​ប្រាថ្នាចង់ស្លាប់ ស្រឡាញ់​សុខ ខ្ពើមទុក្ខ ដើរមក ស្រាប់តែបុរសពីរនាក់ មានកម្លាំង​ ចាប់បុរសនោះ ត្រង់​ដើម​ដៃ​ម្ខាងម្នាក់ ទាញទម្លាក់ទៅក្នុងរណ្តៅរងើកភ្លើងនោះ។ ម្នាលភិក្ខុទាំងឡាយ កាល​បើ​ដូច្នោះ បុរសនោះ សមជាមាន​ចេតនាគិតចង់ឲ្យឃ្លាត មាន​ប្រាថ្នាចង់ឲ្យឆ្ងាយ មានបំណង​ចង់ឲ្យ​ឃ្វាង អំពីរណ្តៅរងើកភ្លើងនោះ ដំណើរនោះ ព្រោះ​ហេតុអ្វី ម្នាលភិក្ខុទាំងឡាយ ព្រោះថា បុរសនោះ បានដឹងជាក់លាក់ថា បើអាត្មាអញ នឹងធ្លាក់ទៅក្នុង​រណ្តៅរងើក​ភ្លើង​នេះ អាត្មាអញ មុខជានឹងដល់នូវសេចក្តីស្លាប់ ឬដល់នូវ​សេចក្តីទុក្ខ ស្ទើរនឹងស្លាប់ ព្រោះ​តែ​ការ​ធ្លាក់ទៅក្នុងរណ្តៅរងើកភ្លើងនោះជាហេតុ ដូចម្តេច​មិញ ម្នាលភិក្ខុទាំងឡាយ តថាគត​ពោលថា ត្រូវអ្នករាល់គ្នា យល់មនោសញ្ចេតនាហារ ក៏ដូច្នោះដែរ។ ម្នាលភិក្ខុទាំង​ឡាយ កាលបើកំណត់ដឹងនូវមនោសញ្ចេតនាហារហើយ ក៏ឈ្មោះថា បានកំណត់ដឹង នូវ​តណ្ហា​ទាំងបីដែរ កាលបើកំណត់ដឹង នូវតណ្ហាទាំងបី​ហើយ តថាគតពោលថា កិច្ចណា​មួយ ដែលអរិយសាវ័កត្រូវធ្វើតទៅទៀត មិនមានឡើយ។

[២៤៤] ម្នាលភិក្ខុទាំងឡាយ ចុះវិញ្ញាណាហារ តើត្រូវយល់ដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ដូចជាពួករាជបុរស ចាប់បានចោរ ដែលប្រព្រឹត្តអំពើអាក្រក់ យក​មកថ្វាយដល់ព្រះរាជាថា បពិត្រព្រះសម្មតិទេព បុគ្គលនេះ ជាចោររបស់ព្រះអង្គ ជាអ្នក​ប្រព្រឹត្តអំពើអាក្រក់ សូមទ្រង់​ដាក់​អាជ្ញាដល់ចោរនេះ តាមព្រះរាជបំណង ព្រះរាជា​មាន​ព្រះបន្ទូល​ ចំពោះបុរសនោះ យ៉ាង​នេះថា ម្នាលអ្នកដ៏ចម្រើន ចូរអ្នកទាំងឡាយ ទៅប្រហារ​បុរសនេះ ១០០លំពែង ក្នុង​វេលា​ព្រឹក រាជបុរស ក៏ប្រហារបុរសនោះ ១០០លំពែង ក្នុងវេលាព្រឹក លុះដល់​សម័យ​ថ្ងៃ​ត្រង់ ព្រះរាជាត្រាស់សួរ យ៉ាងនេះថា ម្នាលអ្នកដ៏ចម្រើន បុរសនោះដូចម្តេចទៅ រាជបុរស​ក្រាប​ទូលថា បពិត្រព្រះសម្មតិទេព បុរសនោះ នៅរស់ដដែលទេ ព្រះរាជា​មាន​ព្រះបន្ទូល​ ចំពោះ​បុរសនោះ យ៉ាងនេះថា ម្នាលអ្នកដ៏ចម្រើន ចូរអ្នកទាំងឡាយ ទៅប្រហារ​បុរសនោះ ១០០​លំពែង ក្នុងសម័យ​ថ្ងៃត្រង់ រាជបុរស ក៏ប្រហារបុរសនោះ ១០០លំពែង ក្នុងសម័យ​ថ្ងៃ​ត្រង់ លុះដល់សម័យថ្ងៃរសៀល ព្រះរាជាទ្រង់ត្រាស់សួរ យ៉ាងនេះថា ម្នាលអ្នកដ៏ចម្រើន បុរស​នោះដូចម្តេចទៅ រាជបុរសក្រាបទូលថា បពិត្រព្រះសម្មតិទេព បុរសនោះ នៅរស់​ដដែល​ទេ ព្រះរាជា​ ទ្រង់មាន​ព្រះបន្ទូល​ ចំពោះបុរសនោះ យ៉ាងនេះថា ម្នាលអ្នកដ៏ចម្រើន ចូរ​អ្នក​ទាំងឡាយ ទៅប្រហារ​បុរសនោះ ១០០លំពែង ក្នុងសម័យ​ថ្ងៃរសៀល រាជបុរស ក៏ប្រហារ​បុរសនោះ ១០០លំពែង ក្នុងសម័យថ្ងៃរសៀល។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំង​ឡាយ សំគាល់សេចក្តីនោះ ដូចម្តេច កាលបើបុរសនោះ ត្រូវគេប្រហារ ៣០០លំពែង ក្នុង​មួយ​ថ្ងៃ នឹងរងទុក្ខទោមនស្ស ព្រោះហេតុតែគេប្រហារ​នោះដែរឬ ម្នាលភិក្ខុទាំងឡាយ កាល​បើ​បុរសនោះ ត្រូវប្រហារត្រឹម១លំពែងប៉ុណ្ណោះ ក៏រងទុក្ខទោមនស្ស ព្រោះតែគេ​ប្រហារ ១លំពែង​នោះទៅហើយ ចំណង់បើត្រូវគេប្រហារ ដល់៣០០លំពែងនោះ មិនបាច់​និយាយ​ទេ យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ តថាគតពោល​ថា ត្រូវអ្នករាល់គ្នា យល់​វិញ្ញាណាហារ ក៏យ៉ាងនោះដែរ។  ម្នាលភិក្ខុទាំងឡាយ កាលបើកំណត់ដឹង​វិញ្ញាណាហារ​ហើយ ក៏ឈ្មោះថា បានកំណត់​ដឹង​នូវ​នាម និងរូបដែរ កាលបើកំណត់នឹងនូវនាម និងរូប​ហើយ តថាគតពោលថា កិច្ចណាមួយ ដែលអរិយសាវ័កត្រូវធ្វើតទៅទៀត មិនមាន​ឡើយ។ ចប់សូត្រទី៣។

[២៤៥] ទ្រង់គង់នៅទៀបក្រុងសាវត្ថី… ក្នុងទីនោះឯង ព្រះមានព្រះភាគ… ម្នាលភិក្ខុទាំង​ឡាយ អាហារនេះ មាន៤ ប្រព្រឹត្តទៅ ដើម្បីការតាំងនៅបាន នៃពួក​ភូត​សត្វផង ដើម្បី​អនុគ្រោះ ដល់ពួកសម្ភវេសីសត្វផង។ អាហារ៤ តើដូចម្តេចខ្លះ។ គឺកវឡីការាហារ ដ៏​គ្រោត​គ្រាត​ក្តី ល្អិតក្តី (ជាទីមួយ) ផស្សាហារ ជាទីពីរ មនោសញ្ចេតនាហារ ជាទីបី វិញ្ញាណាហារ ជាទីបួន។ ម្នាលភិក្ខុទាំងឡាយ អាហារ៤នេះ​ឯង ប្រព្រឹត្តទៅ ដើម្បីការតាំង​នៅ​បាននៃពួកភូតសត្វផង ដើម្បីអនុគ្រោះដល់ពួក​សម្ភវេសីសត្វផង។

[២៤៦] ម្នាលភិក្ខុទាំងឡាយ បើតម្រេក សេចក្តីរីករាយ ចំណង់ មានក្នុង​កវឡីការាហារ​ហើយ វិញ្ញាណក៏លូតលាស់ តាំងនៅស៊ប់ក្នុងកវឡីការាហារ​នោះដែរ វិញ្ញាណលូតលាស់ តាំង​នៅ​ស៊ប់ក្នុងទីណា នាមរូបក៏ឈានចុះក្នុងទីនោះ នាមរូបឈានចុះក្នុងទីណា សង្ខារ​ទាំង​ឡាយ ក៏ចម្រើនក្នុងទីនោះ សង្ខារទាំងឡាយ ចម្រើនក្នុងទីណា ការចាប់កំណើត​ក្នុង​ភពថ្មី​តទៅទៀត ក៏មានក្នុងទីនោះ ការចាប់​កំណើត​ក្នុងភពថ្មីតទៅទៀត មានក្នុងទីណា ជាតិ ជរា មរណៈ តទៅទៀត ក៏មានក្នុង​ទីនោះ ជាតិ ជរា មរណៈ តទៅទៀត មានក្នុង​ទីណា ម្នាលភិក្ខុទាំងឡាយ តថាគតពោល​ថា ទីនោះ ប្រកបដោយសោក ប្រកបដោយ​ធុលី គឺរាគាទិក្កិលេស ប្រកបដោយសេចក្តី​ចង្អៀតចង្អល់។ ម្នាលភិក្ខុទាំងឡាយ បើក្នុង​ផស្សាហារ… ម្នាលភិក្ខុទាំងឡាយ បើក្នុង​មនោសញ្ចេតនាហារ… ម្នាលភិក្ខុទាំងឡាយ បើ​តម្រេក សេចក្តីរីករាយ ចំណង់ មានក្នុង​វិញ្ញាណាហារ វិញ្ញាណក៏លូតលាស់ តាំងនៅស៊ប់​ក្នុង​វិញ្ញាណាហារនោះ វិញ្ញាណលូតលាស់ តាំងនៅស៊ប់ ក្នុងទីណា នាមរូបក៏ឈាន​ចុះ​ក្នុង​ទី​នោះ នាមរូប​ឈានចុះក្នុងទីណា សង្ខារទាំងឡាយ ក៏ចម្រើនឡើងក្នុងទីនោះ សង្ខារទាំង​ឡាយ ចម្រើនឡើង​ក្នុងទីណា ការចាប់កំណើតក្នុងភពថ្មីតទៅទៀត ក៏មានក្នុងទីនោះ ការ​ចាប់​​កំណើត​ក្នុងភពថ្មីតទៅទៀត មានក្នុងទីណា ជាតិ ជរា មរណៈ តទៅទៀត ក៏មានក្នុង​ទី​នោះ ជាតិ ជរា មរណៈ តទៅទៀត មានក្នុង​ទីណា ម្នាលភិក្ខុទាំងឡាយ តថាគតពោល​ថា ទីនោះ ប្រកបដោយសោក ប្រកបដោយធុលី គឺរាគាទិក្កិលេស ប្រកបដោយសេចក្តី​ចង្អៀត​ចង្អល់ចិត្ត។

[២៤៧] ម្នាលភិក្ខុទាំងឡាយ ដូចជាជាងជ្រលក់ ឬជាងគំនូរ កាលបើមានទឹក​ជ្រលក់ក្តី ល័ក្តក្តី រមៀតក្តី ត្រុំក្តី ស្បែងក្តី ក៏គូររូបស្ត្រី ឬរូបបុរស ឲ្យមានអវយវៈតូចធំ​សព្វគ្រប់ នា​ក្រដាស ឬផែនក្តារ នាជញ្ជាំង ឬផ្ទាំងសំពត់ ដូចម្តេចមិញ ម្នាលភិក្ខុទាំងឡាយ បើតម្រេក សេចក្តី​រីករាយ ចំណង់ មានក្នុងកវឡីការាហារនោះ វិញ្ញាណក៏លូតលាស់ តាំងនៅស៊ប់​ក្នុង​កវឡីការាហារនោះ វិញ្ញាណលូតលាស់ តាំងនៅស៊ប់​ក្នុងទីណា នាមរូបក៏ឈានចុះ​ក្នុង​ទី​នោះ នាមរូបឈានចុះក្នុងទីណា សង្ខារទាំងឡាយ ក៏ចម្រើនឡើងក្នុងទីនោះ សង្ខារ​ទាំង​ឡាយ ចម្រើនឡើងក្នុងទីណា ការចាប់កំណើតក្នុងភពថ្មីតទៅទៀត ក៏មានក្នុងទីនោះ ការ​ចាប់​​កំណើត​ក្នុងភពថ្មី​តទៅទៀត មានក្នុងទីណា ជាតិ ជរា មរណៈ តទៅទៀត ក៏មានក្នុង​ទីនោះ ជាតិ ជរា មរណៈ តទៅទៀត មានក្នុង​ទីណា ម្នាលភិក្ខុទាំងឡាយ តថាគតពោល​ថា ទីនោះ ប្រកបដោយសោក ប្រកបដោយធុលី គឺរាគាទិក្កិលេស ប្រកបដោយសេចក្តី​ចង្អៀត​​ចង្អល់ចិត្ត។ ម្នាលភិក្ខុទាំងឡាយ បើក្នុងផស្សាហារ… ម្នាលភិក្ខុទាំងឡាយ បើក្នុង​មនោសញ្ចេតនាហារ… ម្នាលភិក្ខុទាំងឡាយ បើតម្រេក សេចក្តីរីករាយ ចំណង់ មានក្នុង​វិញ្ញាណាហារ វិញ្ញាណក៏លូតលាស់ តាំងនៅស៊ប់ក្នុងវិញ្ញាណាហារនោះ វិញ្ញាណលូត​លាស់ តាំងនៅស៊ប់ ក្នុងទីណា នាមរូបក៏ឈានចុះក្នុងទីនោះ នាមរូបឈានចុះក្នុងទីណា សង្ខារ​ទាំងឡាយ ក៏ចម្រើនឡើងក្នុងទីនោះ សង្ខារទាំងឡាយ ចម្រើនឡើងក្នុងទីណា ការ​ចាប់​កំណើតក្នុងភពថ្មីតទៅទៀត ក៏មានក្នុងទីនោះ ការចាប់​កំណើត​ក្នុងភពថ្មីតទៅទៀត មាន​ក្នុងទីណា ជាតិ ជរា មរណៈ តទៅទៀត ក៏មានក្នុង​ទីនោះ ជាតិ ជរា មរណៈ តទៅ​ទៀត មានក្នុង​ទីណា ម្នាលភិក្ខុទាំងឡាយ តថាគតពោល​ថា ទីនោះ ប្រកបដោយសោក ប្រកប​ដោយធុលី គឺរាគាទិក្កិលេស ប្រកបដោយសេចក្តី​ចង្អៀតចង្អល់ចិត្ត ក៏ដូច្នោះដែរ។

[២៤៨] ម្នាលភិក្ខុទាំងឡាយ បើតម្រេក សេចក្តីរីករាយ ចំណង់ មិនមានក្នុង​កវឡីការាហារ​ទេ វិញ្ញាណក៏មិនលូតលាស់ មិនតាំងនៅស៊ប់ ក្នុងកវឡីការាហារនោះ​ដែរ វិញ្ញាណមិន​លូត​លាស់ មិនតាំងនៅស៊ប់​ក្នុងទីណា នាមរូបក៏មិនឈានចុះក្នុងទីនោះ នាមរូបមិនឈាន​ចុះ​ក្នុងទីណា សង្ខារទាំងឡាយ ក៏មិនចម្រើនឡើងក្នុងទីនោះ សង្ខារទាំងឡាយ មិន​ចម្រើន​ឡើងក្នុងទីណា ការចាប់កំណើតក្នុងភពថ្មីតទៅទៀត ក៏មិនមានក្នុងទីនោះ ការ​ចាប់​​កំណើត​ក្នុងភពថ្មី​តទៅទៀត មិនមានក្នុងទីណា ជាតិ ជរា មរណៈ តទៅទៀត ក៏មិនមានក្នុង​ទីនោះ ជាតិ ជរា មរណៈ តទៅទៀត មិនមានក្នុង​ទីណា ម្នាលភិក្ខុទាំងឡាយ តថាគត​ពោល​ថា ទីនោះ មិនមានសោក មិនមានធុលី គឺរាគាទិក្កិលេស មិនមានសេចក្តី​ចង្អៀត​​ចង្អល់ចិត្តទេ។ ម្នាលភិក្ខុទាំងឡាយ បើក្នុង​ផស្សាហារ… ម្នាលភិក្ខុទាំងឡាយ បើក្នុង​​មនោសញ្ចេតនាហារ… ម្នាលភិក្ខុទាំងឡាយ បើតម្រេក សេចក្តីរីករាយ ចំណង់ មិន​មាន​ក្នុង​វិញ្ញាណាហារទេ វិញ្ញាណក៏មិនលូតលាស់ មិនតាំងនៅស៊ប់ ក្នុងវិញ្ញាណាហារ​នោះ​ដែរ វិញ្ញាណមិនលូតលាស់ មិនតាំងនៅស៊ប់ ក្នុងទីណា នាមរូបក៏មិនឈានចុះក្នុង​ទី​នោះ នាមរូបមិនឈានចុះក្នុងទីណា សង្ខារ​ទាំងឡាយ ក៏មិនចម្រើនឡើងក្នុងទីនោះ សង្ខារ​ទាំងឡាយ មិនចម្រើនឡើងក្នុងទីណា ការចាប់កំណើតក្នុងភពថ្មីតទៅទៀត ក៏មិន​មាន​ក្នុងទីនោះ ការចាប់​កំណើត​ក្នុងភពថ្មី​តទៅទៀត មិនមានក្នុងទីណា ជាតិ ជរា មរណៈ តទៅ​ទៀត ក៏មិនមានក្នុង​ទីនោះ ជាតិ ជរា មរណៈ តទៅទៀត មិនមានក្នុង​ទីណា ម្នាល​ភិក្ខុ​ទាំងឡាយ តថាគតពោល​ថា ទីនោះ មិនមានសោក មិនមានធុលី គឺរាគាទិក្កិលេស មិន​មានសេចក្តី​ចង្អៀតចង្អល់ចិត្តឡើយ។

[២៤៩] ម្នាលភិក្ខុទាំងឡាយ ដូចជាផ្ទះមានកំពូល ឬសាលាមានកំពូល ក្នុងទិសខាងជើង ឬក្នុងទិសខាងត្បូង មានបង្អួចខាងកើត កាលបើព្រះអាទិត្យរះ​ឡើង រស្មី​របស់​ព្រះអាទិត្យ​នោះ ក៏ចូលតាមបង្អួច តើទៅតាំងនៅក្នុងទីណា។ បពិត្រព្រះអង្គដ៏ចំរើន តាំងនៅត្រង់​ជញ្ជាំង​ទិសខាងលិច។ ម្នាលភិក្ខុទាំងឡាយ បើជញ្ជាំង​ទិសខាងលិច​មិនមាន​ទេ តើរស្មី​របស់​ព្រះអាទិត្យនោះ តាំងនៅក្នុងទីណា។ បពិត្រព្រះអង្គដ៏ចំរើន តាំងនៅលើផែន​ដី។ ម្នាល​ភិក្ខុទាំងឡាយ បើផែនដីមិនមានទេ តើរស្មីរបស់ព្រះអាទិត្យ​នោះ តាំងនៅក្នុងទី​ណា។ បពិត្រព្រះអង្គដ៏ចំរើន លើទឹក។ ម្នាលភិក្ខុទាំងឡាយ បើទឹកមិនមានទេ តើរស្មី​របស់​ព្រះអាទិត្យ​នោះ តាំងនៅក្នុងទីណា។ បពិត្រព្រះអង្គដ៏ចំរើន មិនតាំងនៅទេ។ ម្នាលភិក្ខុ​ទាំង​ឡាយ ការនេះ ក៏យ៉ាងនោះដែរ បើតម្រេក សេចក្តីរីករាយ ចំណង់ មិនមាន​ក្នុង​កវឡីការាហារទេ… ម្នាលភិក្ខុទាំងឡាយ ក្នុងផស្សាហារទេ… ម្នាលភិក្ខុទាំងឡាយ ក្នុង​មនោសញ្ចេតនាហារទេ… ម្នាលភិក្ខុទាំងឡាយ បើតម្រេក សេចក្តីរីករាយ ចំណង់ មិនមាន​ក្នុង​​វិញ្ញាណាហារ​ទេ វិញ្ញាណក៏មិនលូតលាស់ មិនតាំងនៅស៊ប់ ក្នុង​វិញ្ញាណាហារ​នោះ​ដែរ វិញ្ញាណ​មិនលូត​លាស់ មិនតាំងនៅស៊ប់​ក្នុងទីណា នាមរូប​ក៏​មិន​ឈាន​ចុះ​ក្នុង​ទី​នោះ នាមរូប​មិន​ឈានចុះក្នុងទីណា សង្ខារទាំងឡាយ ក៏មិនចម្រើនឡើងក្នុងទីនោះ សង្ខារ​ទាំង​ឡាយ មិនចម្រើនឡើងក្នុងទីណា ការ​ចាប់​កំណើត ក្នុងភពថ្មីតទៅទៀត ក៏មិនមាន​ក្នុងទី​នោះ ការចាប់​កំណើត ​ក្នុងភពថ្មីតទៅទៀត មិនមានក្នុងទីណា ជាតិ ជរា មរណៈ តទៅ​ទៀត ក៏មិនមានក្នុង​ទីនោះ ជាតិ ជរា មរណៈ តទៅទៀត មិនមានក្នុង​ទីណា ម្នាលភិក្ខុទាំង​ឡាយ តថាគតពោល​ថា ទីនោះ មិនមានសោក មិនមានធុលី គឺ​រាគាទិក្កិលេស មិនមាន​សេចក្តី​​ចង្អៀតចង្អល់ចិត្តឡើយ។ ចប់សូត្រទី៤។

[២៥០] ទ្រង់គង់នៅទៀបក្រុងសាវត្ថី… ក្នុងទីនោះ ព្រះមានព្រះភាគ… ម្នាលភិក្ខុ​ទាំង​ឡាយ ក្នុង​កាល​មុន អំពីការត្រាស់ដឹង កាលតថាគតនៅជាពោធិសត្វ មិន​​ទាន់​បាន​ត្រាស់​ដឹង​​នៅ​​ឡើយ មាន​សេចក្តី​ត្រិះរិះយ៉ាងនេះថា ឱហ្ន៎ សត្វលោកនេះ ដល់​នូវសេចក្តី​លំបាកណាស់ តែង​កើត ចាស់ ស្លាប់ ច្យុត និងចាប់បដិសន្ធិ ថែមទាំង​មិនដឹង​ច្បាស់ នូវការរលាស់​ចោល​សេចក្តី​ទុក្ខ គឺជរាមរណៈនេះទៀតផង កាលណាទៅហ្ន៎ ទើប​ការរលាស់ចោលនូវ​សេចក្តី​ទុក្ខ គឺជរា មរណៈនេះ នឹងប្រាកដឡើងបាន។

[២៥១] ម្នាលភិក្ខុទាំងឡាយ តថាគតនោះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា កាលបើ​មាន​អ្វី​ហ្ន៎ ទើបមានជរាមរណៈ ជរាមរណៈ មានព្រោះអ្វីជាបច្ច័យ។ ម្នាលភិក្ខុទាំងឡាយ តថាគត​នោះ ក៏បានត្រាស់ដឹង ដោយបញ្ញា ព្រោះយោនិសោមនសិការៈថា កាលបើមានជាតិ ទើប​មាន​ជរាមរណៈ ជរា និងមរណៈ​មាន ព្រោះជាតិជាបច្ច័យ។ ម្នាលភិក្ខុទាំងឡាយ តថាគត​នោះ ក៏មានសេចក្តីត្រិះរិះ យ៉ាងនេះ (តទៅទៀត)ថា កាលបើ​មានអ្វីហ្ន៎ ទើបមានជាតិ។បេ។ ទើបមានភព… ទើប​មានឧបាទាន… ទើបមានតណ្ហា… ទើបមានវេទនា… ទើបមាន​ផស្សៈ… ទើបមាន​សឡាយតនៈ.. ទើបមាននាមរូប នាមរូបមាន ព្រោះអ្វីជាបច្ច័យ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ តថាគតនោះ ក៏បានត្រាស់ដឹង ដោយបញ្ញា ព្រោះយោនិសោមនសិការៈថា កាល​បើមានវិញ្ញាណ ទើបមាននាមរូប នាមរូប​មាន ព្រោះវិញ្ញាណជាបច្ច័យ។ ម្នាលភិក្ខុ​ទាំង​ឡាយ តថាគតនោះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា កាលបើ​មានអ្វីហ្ន៎ ទើបមាន​វិញ្ញាណ វិញ្ញាណមាន ព្រោះអ្វីជាបច្ច័យ។ ម្នាលភិក្ខុទាំងឡាយ តថាគតនោះ ក៏បានត្រាស់​ដឹង ដោយបញ្ញា ព្រោះយោនិសោមនសិការៈថា កាលបើមាននាមរូប ទើបមានវិញ្ញាណ វិញ្ញាណ​​មាន ព្រោះនាមរូបជាបច្ច័យ។ ម្នាលភិក្ខុទាំងឡាយ តថាគតនោះ មានសេចក្តី​ត្រិះរិះ យ៉ាងនេះថា វិញ្ញាណនេះ តែងត្រឡប់មកអំពីនាមរូប មិនមែនទៅកាន់ទីដទៃទេ សត្វ​លោកកើតក្តី ចាស់ក្តី ស្លាប់ក្តី ច្យុតក្តី ចាប់បដិសន្ធិក្តី ដោយ​ហេតុមានប្រមាណប៉ុណ្ណេះ គឺថា ព្រោះនាមរូបជាបច្ច័យ ទើបមានវិញ្ញាណ ព្រោះវិញ្ញាណជាបច្ច័យ ទើបមាននាមរូប ព្រោះ​នាមរូបជាបច្ច័យ ទើបមានអាយតនៈ៦ ព្រោះអាយតនៈ៦ជាបច្ច័យ ទើប​មាន​ផស្សៈ។បេ។ ការកើតឡើងព្រម នៃកងទុក្ខទាំងអស់​នុ៎ះ តែងមានយ៉ាងនេះ។ ម្នាលភិក្ខុ​ទាំង​ឡាយ តថាគត មានចក្ខុកើតឡើងហើយ មានញាណ​កើតឡើងហើយ មានបញ្ញា​កើត​ឡើង​ហើយ មានវិជ្ជាកើតឡើងហើយ មាន​ពន្លឺកើតឡើងហើយ ក្នុងធម៌ទាំងឡាយ ដែល​តថាគត​មិនធ្លាប់បានស្តាប់មក ក្នុងកាលមុន​ថា ហេតុជាទីកើតទុក្ខ ហេតុជាទីកើតទុក្ខ។

[២៥២] ម្នាលភិក្ខុទាំងឡាយ តថាគតនោះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា កាលបើ​មិន​មានអ្វីហ្ន៎ ទើបមិនមានជរាមរណៈ ព្រោះតែអ្វីរលត់ ទើបជរាមរណៈ រលត់។ ម្នាលភិក្ខុ​ទាំង​ឡាយ តថាគតនោះ ក៏បានត្រាស់ដឹង ដោយបញ្ញា ព្រោះយោនិសោមនសិការៈ​ថា កាល​បើ​មិនមានជាតិ ទើបមិនមានជរាមរណៈ ព្រោះតែជាតិរលត់ ទើបជរាមរណៈរលត់។ ម្នាល​ភិក្ខុ​ទាំងឡាយ តថាគតនោះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា កាលបើមិន​មានអ្វីហ្ន៎ ទើប​មិន​មានជាតិ។បេ។ ទើបមិនមានភព… ​មិនមានឧបាទាន… មិនមានតណ្ហា… មិនមាន​វេទនា… មិនមានផស្សៈ… មិនមាន​អាយតនៈ៦.. មិនមាននាមរូប ព្រោះតែអ្វីរលត់ ទើប​នាមរូប​រលត់។ ម្នាលភិក្ខុទាំងឡាយ តថាគតនោះ បានត្រាស់ដឹង ដោយបញ្ញា ព្រោះ​យោនិសោមនសិការៈថា កាលបើមិនមានវិញ្ញាណ ទើបមិនមាននាមរូប ព្រោះ​តែ​វិញ្ញាណ​រលត់ ទើបនាមរូបរលត់។ ម្នាលភិក្ខុទាំងឡាយ តថាគតនោះ មានសេចក្តីត្រិះរិះ យ៉ាងនេះ​ថា កាលបើ​មិនមានអ្វីហ្ន៎ ទើបមិនមានវិញ្ញាណ ព្រោះតែអ្វីរលត់ ទើបវិញ្ញាណរលត់។ ម្នាល​ភិក្ខុ​ទាំងឡាយ តថាគតនោះ បានត្រាស់ដឹង ដោយបញ្ញា ព្រោះយោនិសោមនសិការៈថា កាលបើមិនមាននាមរូប ទើបមិនមានវិញ្ញាណ ព្រោះតែនាមរូបរលត់ ទើបវិញ្ញាណ​រលត់។ ម្នាល​ភិក្ខុទាំងឡាយ តថាគតនោះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា ផ្លូវប្រព្រឹត្តទៅ ដើម្បី​ការ​ត្រាស់​ដឹងនេះ តថាគត បានត្រាស់ដឹងហើយ គឺថា ព្រោះតែនាមរូបរលត់ ទើប​វិញ្ញាណ​រលត់ ព្រោះតែវិញ្ញាណរលត់ ទើបនាមរូបរលត់ ព្រោះតែនាមរូបរលត់ ទើបអាយតនៈ ៦​រលត់ ព្រោះតែអាយតនៈ៦រលត់ ទើបផស្សៈរលត់។បេ។ ការរលត់នៃកងទុក្ខទាំងអស់​នុ៎ះ រមែង​មានយ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ តថាគត មានចក្ខុកើតឡើងហើយ មានញាណ​កើត​ឡើងហើយ មានបញ្ញាកើតឡើងហើយ មានវិជ្ជាកើតឡើងហើយ មាន​ពន្លឺកើត​ឡើង​ហើយ ក្នុងធម៌ទាំងឡាយ ដែលតថាគតមិនធ្លាប់បានស្តាប់មក អំពីមុន​ថា ហេតុជា​គ្រឿង​រលត់ ហេតុជាគ្រឿងរលត់ ដូច្នេះ។

[២៥៣] ម្នាលភិក្ខុទាំងឡាយ ដូចជាបុរស កាលដើរទៅក្នុងព្រៃតូច ព្រៃធំ ឃើញ​ផ្លូវ​ចាស់ ធ្លាចាស់ ដែលពួកមនុស្សជាន់មុនតែងដើរទៅ។ បុរសនោះ ដើរទៅតាមផ្លូវនោះ កាលដើរ​ទៅ​តាមផ្លូវនោះ ក៏ប្រទះឃើញក្រុងបុរាណ រាជធានីបុរាណ ដែលពួក​មនុស្ស​ជាន់មុន បាន​នៅ​អាស្រ័យហើយ ជាកន្លែង​បរិបូណ៌​ដោយសួរច្បារ បរិបូណ៌​ដោយព្រៃ បរិបូណ៌​ដោយ​ស្រះ មានកំពែង ជាទីគួរឲ្យត្រេកអរ។ ម្នាលភិក្ខុទាំងឡាយ កាលបើដូច្នោះ បុរសនោះ ក៏​ក្រាប​​ទូល​ដល់ព្រះរាជា ឬរាជមហាមាត្យថា សូមទ្រង់​មេត្តាប្រោស សូម​ទ្រង់​ជ្រាប ខ្ញុំ​ព្រះអង្គ ត្រាច់ទៅក្នុងព្រៃតូច ព្រៃធំ បានឃើញ​ផ្លូវ​ចាស់ ធ្លាចាស់ ដែលពួកមនុស្ស​ជាន់មុន ធ្លាប់​ដើរទៅរឿយៗ ខ្ញុំព្រះអង្គ បានដើរតាមផ្លូវនោះ កាលខ្ញុំព្រះអង្គដើរទៅ​តាមផ្លូវនោះ បាន​ឃើញក្រុងបុរាណ រាជធានីបុរាណ ដែល​មនុស្ស​ទាំងឡាយជាន់ដើម ធ្លាប់​នៅ​អាស្រ័យ ជាកន្លែង​បរិបូណ៌​ដោយសួរច្បារ បរិបូណ៌​ដោយព្រៃ បរិបូណ៌​ដោយស្រះ មាន​កំពែង ជាទីគួរឲ្យត្រេកអរ បពិត្រព្រះអង្គ សូម​ព្រះអង្គទ្រង់សាង​ទីក្រុង​នោះឡើង។ ម្នាល​ភិក្ខុ​ទាំងឡាយ លំដាប់នោះឯង ព្រះរាជា ឬរាជមហាមាត្យនោះ ក៏​កសាងក្រុងនោះ លុះ​សម័យ​តមក ក្រុងនោះ ក៏ស្តុកស្តម្ភ សម្បូរ មានរបស់​ជាប្រយោជន៍​ដល់​ជនច្រើន កុះករ​ដោយ​មនុស្ស ជានគរមានសេចក្តី​ចម្រើនទូលំទូលាយ។  ម្នាលភិក្ខុទាំងឡាយ ដំណើរ​នេះ​ក៏​ដូច្នោះ​ដែរ តថាគត បានឃើញផ្លូវចាស់ ធ្លាចាស់ ដែល​ព្រះសម្មាសម្ពុទ្ធ​ទាំងឡាយ​ជាន់​ដើម តែងត្រាច់ទៅ។ ម្នាលភិក្ខុទាំងឡាយ ផ្លូវចាស់ ធ្លាចាស់ ដែល​ព្រះសម្មាសម្ពុទ្ធ​ទាំង​ឡាយ​ជាន់ដើម តែងត្រាច់ទៅនោះ តើដូចម្តេច។ ផ្លូវប្រ​កបដោយអង្គ៨ ដ៏ប្រសើរនេះឯង គឺ​សេចក្តីយល់ឃើញត្រូវ១។បេ។ ការតម្កល់ចិត្តត្រូវ១។ ម្នាលភិក្ខុទាំងឡាយ នេះឯង ជា​ផ្លូវ​ចាស់ ធ្លាចាស់ ដែល​ព្រះសម្មាសម្ពុទ្ធ​ទាំងឡាយ​ជាន់​ដើម តែងត្រាច់ទៅ តថាគតនោះ បាន​ដើរទៅ តាមផ្លូវនោះ កាលដើរទៅតាម​ផ្លូវនោះ ក៏​បានដឹងច្បាស់ នូវជរា និងមរណៈ ដឹងច្បាស់​នូវហេតុ ជាទីកើតនៃជរា និងមរណៈ ដឹងច្បាស់នូវ​ទីរលត់​នៃជរា និងមរណៈ ដឹងច្បាស់​នូវ​បដិបទា ជាដំណើរ​ទៅកាន់​ទីរលត់​ នៃជរា និងមរណៈ តថាគត បានដើរ​ទៅ​តាម​ផ្លូវនោះ កាលដើរទៅតាមផ្លូវនោះ ក៏បាន​ស្គាល់ច្បាស់នូវជាតិ។បេ។ បានស្គាល់ច្បាស់​នូវ​ភព… បានស្គាល់ច្បាស់នូវឧបាទាន… បានស្គាល់ច្បាស់នូវតណ្ហា… បានស្គាល់ច្បាស់​នូវ​វេទនា…. បានស្គាល់ច្បាស់នូវផស្សៈ… បានស្គាល់ច្បាស់នូវសឡាយតនៈ… បាន​ស្គាល់​ច្បាស់​​នូវ​នាមរូប… បានស្គាល់ច្បាស់នូវ​វិញ្ញាណ តថាគត បានដើរទៅតាមផ្លូវនោះ កាល​ដើរ​ទៅតាម​ផ្លូវនោះ ក៏​បានដឹងច្បាស់ នូវសង្ខារទាំងឡាយ បានដឹងច្បាស់នូវហេតុ ជាទី​កើត​នៃសង្ខារ បានដឹងច្បាស់នូវ​ទីរលត់​នៃសង្ខារ បានដឹងច្បាស់នូវ​បដិបទា ជាដំណើរ​ទៅកាន់​ទីរលត់​ នៃសង្ខារ លុះតថាគត បានដឹងច្បាស់ នូវធម៌នោះហើយ ក៏បាន​ប្រាប់​ដល់​ពួក​ភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកា។ ម្នាលភិក្ខុទាំងឡាយ ព្រហ្មចរិយៈនោះឯង ស្តុកស្តម្ភ សម្បូរ ទូលាយ សម្រាប់ជន​ច្រើនគ្នា​ចេះដឹង ជាព្រហ្មចរិយៈក្រាស់ក្រែល ដែលព្រះពុទ្ធ​ទាំង​ឡាយ ប្រកាសដោយប្រពៃ ដល់​ពួកទេវតា និងមនុស្ស ជាកំណត់។ ចប់សូត្រទី៥។

[២៥៤] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុង​កម្មាសទម្មនិគម របស់ពួកអ្នកកុរុ ក្នុងដែនកុរុ។ ក្នុងទីនោះឯង ព្រះមានព្រះភាគ ទ្រង់​ត្រាស់​ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ។ ភិក្ខុទាំងនោះ ទទួលព្រះពុទ្ធដីកា​ព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន។ ព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះថា ម្នាលភិក្ខុ​ទាំងឡាយ អ្នកទាំងឡាយ ពិចារណា​នូវធម៌ ជាគ្រឿង​ពិចារណាខាងក្នុង ដែរឬ​ទេ។ កាលព្រះមានព្រះភាគ ត្រាស់យ៉ាងនេះ ភិក្ខុមួយរូប បានក្រាបទូល​ព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ តែងពិចារណា នូវ​ធម៌ជាគ្រឿង​ពិចារណា​ខាង​ក្នុងដែរ។ ម្នាលភិក្ខុ អ្នកពិចារណានូវធម៌ ជាគ្រឿងពិចារណា​ខាងក្នុង តើដូចម្តេចខ្លះ។ ភិក្ខុនោះ ក៏បានដោះស្រាយភ្លាម តែភិក្ខុនោះដោះស្រាយយ៉ាង​ណា ភិក្ខុនោះ ក៏មិនញុំាង​ព្រះហឫទ័យ របស់ព្រះមានព្រះភាគ ឲ្យត្រេកអរយ៉ាងនោះ​បានឡើយ។

[២៥៥] កាលបើភិក្ខុនោះ ក្រាបទូលយ៉ាងនេះហើយ ព្រះអានន្ទ​មានអាយុ បាន​ក្រាបទូល​ព្រះមានព្រះភាគ យ៉ាងនេះថា ព្រះមានព្រះភាគ គួរសំដែង​នូវធម៌ ជាគ្រឿង​ពិចារណា​ខាង​ក្នុង​ណា បពិត្រព្រះមានព្រះភាគ កាលនេះ ជាកាលគួរដល់​ការសំដែង​ នូវ​ធម៌ជាគ្រឿង​ពិចារណា ខាងក្នុងនុ៎ះហើយ បពិត្រព្រះសុគត កាលនេះ ជាកាល​គួរ​ដល់ការ​សំដែងនូវ​ធម៌ ជា​គ្រឿង​ពិចារណាខាងក្នុងនុ៎ះហើយ ភិក្ខុទាំងឡាយ បានស្តាប់​ព្រះមានព្រះភាគហើយ នឹង​ចងចាំទុក។ ព្រះមានព្រះភាគ ត្រាស់ថា ម្នាលអានន្ទ បើ​ដូច្នេះ ចូរអ្នកទាំងឡាយ ស្តាប់​ចុះ ចូរធ្វើទុកក្នុងចិត្តឲ្យប្រពៃចុះ តថាគតនឹងសំដែង​ប្រាប់។ ភិក្ខុទាំងនោះ ទទួល​ព្រះពុទ្ធ​ដីកា​នៃព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ។

[២៥៦] ព្រះមានព្រះភាគ បានត្រាស់យ៉ាងនោះថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុ​ក្នុង​សាសនា​នេះ កាលពិចារណាធម៌ ជាគ្រឿងពិចារណាខាងក្នុង រមែង​ពិចារណាថា ទុក្ខ គឺជរា និង​មរណៈ​នេះ មានប្រការច្រើន មានប្រការផ្សេងៗ តែងកើតឡើងក្នុងលោក ទុក្ខនេះ មានអ្​វីជា​ហេតុ មានអ្វីជាទីកើត មានអ្វីជាកំណើត មានអ្វីជាប្រភពហ្ន៎ កាលបើ​មានអ្វី ទើបមាន​ជរា និងមរណៈ កាលបើគ្មានអ្វី ទើបគ្មានជរា និងមរណៈ។ កាលភិក្ខុនោះ ពិចារណា ក៏​រមែង​​ដឹងយ៉ាងនេះថា ទុក្ខ គឺជរា និងមរណៈនេះ មានប្រការ​ច្រើន មានប្រការផ្សេងៗ តែង​កើត​ឡើងក្នុងលោក ទុក្ខនេះឯង មានឧបធិជាហេតុ [សំដៅយកឧបធិ គឺខន្ធ៥។] មាន​ឧបធិ​ជាទីកើត មានឧបធិជាកំណើត មានឧបធិជាប្រភព កាលបើមានឧបធិ ទើបមានជរា និង​មរណៈ កាលបើឧបធិមិនមាន ជរា និងមរណៈក៏​មិនមាន។ ភិក្ខុនោះ រមែង​ដឹងច្បាស់​នូវជរា និងមរណៈផង ដឹងច្បាស់នូវហេតុជាទីកើត​នៃ​ជរា និងមរណៈផង ដឹងច្បាស់​នូវទី​រលត់​​ជរា និងមរណៈផង ដឹងច្បាស់នូវបដិបទា ជាដំណើរ​ទៅដ៏សមគួរ​ដល់ការរលត់ នៃ​ជរា និងមរណៈនោះផង ជាអ្នកប្រតិបត្តិយ៉ាង​នោះ ប្រព្រឹត្តធម៌សមគួរតាមធម៌ផង។ ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុនេះ តថាគត​ពោលថា ជា​អ្នកប្រតិបត្តិ ដើម្បីការអស់នៃទុក្ខដោយប្រពៃ ដើម្បី​ការ​រលត់នៃជរាមរណៈ ដោយ​ប្រការទាំងពួង។

[២៥៧] ប្រការមួយទៀត កាលភិក្ខុនឹងពិចារណាធម៌ ជាគ្រឿងពិចារណាខាងក្នុង​តទៅ​ទៀត ក៏រមែងពិចារណាថា ឧបធិនេះសោត មានអ្វីជាហេតុ មានអ្វីជាទីកើត មានអ្វីជា​កំណើត មានអ្វីជាប្រភព កាលបើ​មានអ្វី ទើបមានឧបធិ កាលបើគ្មានអ្វី ទើបគ្មានឧបធិ។ កាល​ភិក្ខុនោះ ពិចារណា ក៏រមែង​ដឹងយ៉ាងនេះថា ឧបធិ មានតណ្ហាជាហេតុ មាន​តណ្ហា​ជាទីកើត មានតណ្ហាជាកំណើត មានតណ្ហាជាប្រភព កាលបើ​មានតណ្ហា ទើបមានឧបធិ កាល​បើគ្មានតណ្ហា ទើបគ្មានឧបធិ។ ភិក្ខុនោះ ក៏រមែង​ដឹងច្បាស់ នូវឧបធិផង ដឹងច្បាស់​នូវ​ទីកើតនៃ​ឧបធិផង ដឹងច្បាស់នូវទីរលត់នៃឧបធិផង ដឹងច្បាស់នូវបដិបទា ជាដំណើរ​ដ៏​សមគួរ ​ដល់ការរលត់ឧបធិនោះផង ជាអ្នកប្រតិបត្តិយ៉ាងនោះ ប្រព្រឹត្តធម៌សមគួរ​តាម​ធម៌​ផង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនេះ តថាគត​ពោលថា ជា​អ្នកប្រតិបត្តិ ដើម្បីការអស់នៃ​ទុក្ខ​ដោយ​ប្រពៃ ដើម្បីការរលត់​នៃឧបធិ ដោយ​ប្រការទាំងពួង។

[២៥៨] ប្រការមួយទៀត កាលភិក្ខុពិចារណានូវធម៌ ជាគ្រឿងពិចារណាខាងក្នុង​រមែង​ពិចារណាថា តណ្ហានេះ កាលដែលកើតឡើង តើកើតឡើង​ក្នុងទីណា កាលដែល​តាំងនៅ តើ​តាំង​នៅក្នុងទីណា។ កាលភិក្ខុនោះ ពិចារណាទៅ ក៏រមែង​ដឹងយ៉ាង​នេះថា អារម្មណ៍​ណា​ក្នុងលោក ដែលជាសភាពគួរស្រឡាញ់ ជាសភាព​គួរត្រេកអរ តណ្ហានុ៎ះ កាល​ដែល​កើត​ឡើង តែងកើតឡើងក្នុងអារម្មណ៍នុ៎ះ កាលដែល​តាំងនៅ តែង​តាំងនៅ​ក្នុង​អារម្មណ៍​នុ៎ះ។ តើអារម្មណ៍អ្វីហ្ន៎ ដែលជាសភាពគួរស្រឡាញ់ ជាសភាព​គួរត្រេកអរ ក្នុងលោក។ ចក្ខុ​ជា​សភាពគួរស្រឡាញ់ ជាសភាពគួរត្រេកអរ ក្នុងលោក។បេ។ សោតៈ ជា​សភាព​គួរ​ស្រឡាញ់ ជាសភាពគួរត្រេកអរ ក្នុងលោក… ឃានៈ ជាសភាព​គួរ​ស្រឡាញ់ ជាសភាព​គួរ​ត្រេកអរ ក្នុងលោក… ជិវ្ហា ជាសភាពគួរស្រឡាញ់ ជាសភាពគួរ​ត្រេកអរ ក្នុងលោក… កាយ ជា​សភាពគួរស្រឡាញ់ ជាសភាពគួរត្រេកអរ ក្នុងលោក… ចិត្ត ជា​សភាព​គួរ​ស្រឡាញ់ ជា​សភាពគួរត្រេកអរ ក្នុងលោក តណ្ហានុ៎ះ កាលដែល​កើតឡើង ក៏​កើត​ឡើង​ក្នុង​អារម្មណ៍នុ៎ះ កាល​ដែល​តាំងនៅ ក៏តាំងនៅក្នុងអារម្មណ៍នុ៎ះ។

[២៥៩] ម្នាលភិក្ខុទាំងឡាយ ពួកសមណៈ ឬព្រាហ្មណ៍ណានីមួយ ក្នុងកាលដែល​កន្លងទៅហើយ បានឃើញនូវអារម្មណ៍ ដែលជាសភាពគួរស្រឡាញ់ ជាសភាព​គួរត្រេកអរ ក្នុងលោក ថាទៀង បានឃើញថាជាសុខ បានឃើញថាជារបស់ខ្លួន បានឃើញ​ថាជារបស់គ្មានរោគ បានឃើញ​ថាជារបស់​ក្សេមក្សាន្ត សមណៈ ឬព្រាហ្មណ៍​ទាំងអម្បាលនោះ ឈ្មោះថា ញុំាងតណ្ហាឲ្យចម្រើនឡើង។ ពួកសមណៈ ឬព្រាហ្មណ៍ណា ញុំាងតណ្ហាឲ្យចម្រើនឡើង ពួកសមណៈ​ ឬព្រាហ្មណ៍នោះ ឈ្មោះថា ញុំាងឧបធិឲ្យ​ចម្រើនឡើង ពួក​សមណៈ ឬព្រាហ្មណ៍ណា ញុំាងឧបធិឲ្យចម្រើនឡើង ពួក​សមណៈ ឬព្រាហ្មណ៍នោះ ឈ្មោះថា ញុំាងទុក្ខឲ្យចម្រើនឡើង ពួក​សមណៈ ឬព្រាហ្មណ៍ណា ញុំាង​ទុក្ខឲ្យចម្រើនឡើង តថាគតពោលថា ពួក​សមណៈ ឬព្រាហ្មណ៍នោះ ឈ្មោះថា មិនរួចចាកជាតិ ជរា មរណៈ សេចក្តីសោក សេចក្តីខ្សឹកខ្សួល សេចក្តីលំបាកកាយ សេចក្តី​លំបាកចិត្ត និងសេចក្តីចង្អៀតចង្អល់ចិត្ត មិនរួចចាកទុក្ខឡើយ។ ម្នាលភិក្ខុទាំងឡាយ ពួក​សមណៈ ឬព្រាហ្មណ៍ណានីមួយ ក្នុងកាលជាអនាគត នឹងឃើញនូវ​អារម្មណ៍​ ដែល​ជា​សភាពគួរស្រឡាញ់ ជាសភាពគួរត្រេកអរ ក្នុងលោកនេះ ថាទៀង នឹងឃើញថាជាសុខ នឹងឃើញថាជារបស់ខ្លួន នឹងឃើញថាជារបស់គ្មានរោគ នឹងឃើញថា ជារបស់ក្សេមក្សាន្ត ពួក​សមណៈ ឬព្រាហ្មណ៍នោះ ឈ្មោះថា នឹងញុំាងតណ្ហាឲ្យចម្រើនឡើង។ ពួក​សមណៈ ឬព្រាហ្មណ៍ណា នឹងញុំាងតណ្ហាឲ្យចម្រើនឡើង ពួក​សមណៈ ឬព្រាហ្មណ៍នោះ ឈ្មោះថា នឹងញុំាងឧបធិឲ្យចម្រើនឡើង ពួក​សមណៈ ឬព្រាហ្មណ៍ណា នឹងញុំាង​ឧបធិ​ឲ្យ​ចម្រើនឡើង ពួក​សមណៈ ឬព្រាហ្មណ៍នោះ ឈ្មោះថា នឹងញុំាងទុក្ខឲ្យចម្រើនឡើង ពួក​សមណៈ ឬព្រាហ្មណ៍ណា នឹងញុំាងទុក្ខឲ្យចម្រើនឡើង តថាគតពោលថា ពួក​សមណៈ ឬព្រាហ្មណ៍នោះ ឈ្មោះថា នឹងមិនរួចចាកជាតិ ជរា មរណៈ សេចក្តីសោក សេចក្តីខ្សឹកខ្សួល សេចក្តីលំបាកកាយ សេចក្តីលំបាកចិត្ត សេចក្តីចង្អៀតចង្អល់ចិត្ត នឹង​មិនរួចចាកទុក្ខឡើយ។ ម្នាលភិក្ខុទាំងឡាយ ពួក​សមណៈ ឬព្រាហ្មណ៍ណានីមួយ ក្នុង​កាលឥឡូវនេះ ឃើញនូវអារម្មណ៍ ដែល​ជា​សភាព​គួរ​ស្រឡាញ់ ជាសភាពគួរត្រេកអរ ក្នុងលោក ថាទៀង ឃើញថាជាសុខ ឃើញថាជារបស់ខ្លួន ឃើញថាជារបស់គ្មានរោគ ឃើញថា ជារបស់ក្សេមក្សាន្ត ពួក​សមណៈ ឬព្រាហ្មណ៍នោះ ឈ្មោះថា ញុំាងតណ្ហាឲ្យ​ចម្រើន​ឡើង។ ពួក​សមណៈ ឬព្រាហ្មណ៍ណា ញុំាងតណ្ហាឲ្យចម្រើនឡើង ពួក​សមណៈ ឬព្រាហ្មណ៍នោះ ឈ្មោះថា ញុំាងឧបធិឲ្យចម្រើនឡើង ពួក​សមណៈ ឬព្រាហ្មណ៍ណា ញុំាង​ឧបធិ​ឲ្យ​ចម្រើនឡើង ពួក​សមណៈ ឬព្រាហ្មណ៍នោះ ឈ្មោះថា ញុំាងទុក្ខឲ្យចម្រើន​ឡើង ពួក​សមណៈ ឬព្រាហ្មណ៍ណា ញុំាងទុក្ខឲ្យចម្រើនឡើង តថាគតពោលថា ពួក​សមណៈ ឬព្រាហ្មណ៍នោះ ឈ្មោះថា មិនរួចចាកជាតិ ជរា មរណៈ សេចក្តីសោក សេចក្តីខ្សឹកខ្សួល សេចក្តីលំបាកកាយ សេចក្តីលំបាកចិត្ត សេចក្តីចង្អៀតចង្អល់ចិត្ត ​មិនរួចចាកទុក្ខឡើយ។

[២៦០] ម្នាលភិក្ខុទាំងឡាយ ដូចជាផ្តិលដែលពេញដោយសុរា បរិបូណ៌​ដោយពណ៌ បរិបូណ៌​ដោយក្លិន បរិបូណ៌​ដោយរស។ តែផ្តិលនោះ គេលាយ​ដោយថ្នាំ​ពិស។ ចួនជាមានបុរសក្តៅក្រហាយដោយកំដៅថ្ងៃ ត្រូវកំដៅថ្ងៃ​បៀតបៀនហើយ មានកាយ​លំបាក ក្រហល់ក្រហាយ ស្រេកឃ្លាន មកដល់។ មនុស្សទាំងឡាយ និយាយ​នឹងបុរសនោះឯង យ៉ាងនេះថា នែបុរសដ៏ចម្រើន ផ្តិលពេញដោយ​សុរានេះ បរិបូណ៌​ដោយពណ៌ បរិបូណ៌​ដោយក្លិន បរិបូណ៌​ដោយរស តែផ្តិលនោះ គេលាយ​ដោយថ្នាំ​ពិស បើអ្នកប្រាថ្នា ចូរអ្នកផឹកចុះ ព្រោះថា កាលបើអ្នកផឹកទៅហើយ ទឹកនោះនឹងគាប់ចិត្ត​អ្នក ដោយពណ៌ផង ​ដោយក្លិនផង ដោយរសផង ប៉ុន្តែបើអ្នកផឹកទៅហើយ អ្នកនឹងដល់នូវ​សេចក្តីស្លាប់ ឬនឹងដល់នូវ​សេចក្តីទុក្ខស្ទើរស្លាប់ ព្រោះតែការផឹក​នោះជាហេតុ។ បុរសនោះ មិនបានពិចារណាផ្តិលដ៏ពេញដោយសុរានោះហើយ ក៏ផឹកដោយរួសរាន់ មិនលះបង់ចោល។ បុរសនោះ គប្បីដល់នូវសេចក្តីស្លាប់ ឬដល់នូវទុក្ខស្ទើរស្លាប់ ព្រោះតែ​ការផឹកនោះជាហេតុ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីឧបមេយ្យក៏ដូច្នោះដែរ ពួកសមណៈ ឬព្រាហ្មណ៍ណាមួយ ក្នុងកាលដែលកន្លងទៅហើយ បានឃើញនូវអារម្មណ៍ណា ជាសភាពគួរស្រឡាញ់ ជាសភាពគួរត្រេកអរ ក្នុងលោក។បេ។ ក្នុងកាលជាអនាគត។បេ។ ពួកសមណៈ ឬព្រាហ្មណ៍ ក្នុងកាលឥឡូវនេះ ឃើញនូវ​អារម្មណ៍ ដែលជា​សភាព​គួរ​ស្រឡាញ់ ជាសភាពគួរត្រេកអរ ក្នុងលោក ថាទៀង ឃើញថាជាសុខ ឃើញថា​ជា​របស់​ខ្លួន ឃើញថាជារបស់គ្មានរោគ ឃើញថាជារបស់ក្សេមក្សាន្ត ពួកសមណៈ ឬព្រាហ្មណ៍​ទាំង​នោះ ឈ្មោះថា ញុំាងតណ្ហាឲ្យចម្រើនឡើង។ ពួកសមណៈ ឬព្រាហ្មណ៍ណា ញុំាង​តណ្ហា​ឲ្យចម្រើនឡើង ពួកសមណៈ ឬព្រាហ្មណ៍នោះ ឈ្មោះថា ញុំាង​ឧបធិឲ្យចម្រើន​ឡើង ពួកសមណៈ ឬព្រាហ្មណ៍ណា ញុំាងឧបធិឲ្យចម្រើនឡើង ពួកសមណៈ ឬព្រាហ្មណ៍​នោះ ឈ្មោះថា ញុំាងទុក្ខឲ្យចម្រើនឡើង ពួកសមណៈ ឬព្រាហ្មណ៍ណា ញុំាងទុក្ខ​ឲ្យ​ចម្រើន​ឡើង តថាគតពោលថា ពួកសមណៈ ឬព្រាហ្មណ៍​នោះ មិនរួចចាកជាតិ ជរា មរណៈ សេចក្តីសោក សេចក្តីខ្សឹកខ្សួល សេចក្តីលំបាកកាយ សេចក្តីលំបាកចិត្ត សេចក្តី​ចង្អៀត​ចង្អល់ចិត្ត មិនរួចចាកទុក្ខឡើយ។

[២៦១] ម្នាលភិក្ខុទាំងឡាយ ចំណែកពួកសមណៈ ឬព្រាហ្មណ៍ណាមួយ ក្នុង​កាល​ដែល​កន្លងទៅ បានឃើញនូវអារម្មណ៍ ដែលជាសភាពគួរស្រឡាញ់ ជាសភាព​គួរ​ត្រេកអរ ក្នុង​លោក ថាមិនទៀង បានឃើញថាជាទុក្ខ បានឃើញ​ថាមិនមែន​ជារបស់ខ្លួន បានឃើញ​ថា​ជា​របស់​មានរោគ បានឃើញថាគួរខ្លាច ពួកសមណៈ ឬព្រាហ្មណ៍​នោះ លះ​តណ្ហាបាន។ ពួក​សមណៈ ឬព្រាហ្មណ៍ណា លះតណ្ហាបានហើយ ពួកសមណៈ ឬព្រាហ្មណ៍នោះ លះ​ឧបធិបាន ពួកសមណៈ ឬព្រាហ្មណ៍ណា លះឧបធិបានហើយ ពួកសមណៈ ឬព្រាហ្មណ៍​នោះ លះទុក្ខបាន ពួកសមណៈ ឬព្រាហ្មណ៍ណា លះទុក្ខ​បានហើយ តថាគតពោលថា ពួក​សមណៈ ឬព្រាហ្មណ៍នោះ បានរួចចាកជាតិ ជរា មរណៈ សេចក្តីសោក សេចក្តី​ខ្សឹក​ខ្សួល សេចក្តីលំបាកកាយ សេចក្តីលំបាកចិត្ត សេចក្តី​ចង្អៀតចង្អល់ចិត្ត រួចចាកទុក្ខ​ហើយ។ ម្នាលភិក្ខុទាំងឡាយ ពួកសមណៈ ឬព្រាហ្មណ៍​ណាមួយ ក្នុងកាលជាអនាគត នឹង​ឃើញ​អារម្មណ៍ ដែលជាសភាពគួរស្រឡាញ់ ជាសភាពគួរត្រេកអរ ក្នុងលោក ថាមិនទៀង នឹង​ឃើញថាជាទុក្ខ នឹងឃើញ​ថា​មិនមែន​របស់ខ្លួន នឹងឃើញថាមានរោគ នឹងឃើញ​ថា​គួរ​ខ្លាច ពួកសមណៈ ឬព្រាហ្មណ៍នោះ នឹងលះតណ្ហាបាន។ ពួកសមណៈ ឬព្រាហ្មណ៍ណា នឹង​លះតណ្ហាបាន។បេ។ តថាគតពោលថា ពួកសមណៈ ឬព្រាហ្មណ៍នោះ នឹង​រួចចាក​ទុក្ខ​បាន។ ម្នាលភិក្ខុទាំងឡាយ ពួកសមណៈ ឬព្រាហ្មណ៍ណាមួយ ក្នុងកាលឥឡូវនេះ ឃើញ​អារម្មណ៍ ដែលជាសភាព​គួរស្រឡាញ់ ជាសភាពគួរត្រេកអរ ក្នុងលោក ថា​មិនទៀង ឃើញ​ថាជាទុក្ខ ឃើញ​ថា​មិនមែនជា​របស់ខ្លួន ឃើញថាជារបស់មានរោគ ឃើញថា​គួរ​ខ្លាច ពួកសមណៈ ឬព្រាហ្មណ៍នោះ រមែងលះតណ្ហាបាន។ ពួកសមណៈ ឬព្រាហ្មណ៍ណា លះ​តណ្ហាបាន ពួកសមណៈ ឬព្រាហ្មណ៍នោះ រមែងលះឧបធិបាន ពួកសមណៈ ឬ​ព្រាហ្មណ៍​ណា លះឧបធិបាន ពួកសមណៈ ឬព្រាហ្មណ៍នោះ រមែង​លះ​ទុក្ខបាន ពួក​សមណៈ ឬព្រាហ្មណ៍ណា លះទុក្ខបាន តថាគតពោលថា ពួកសមណៈ ឬព្រាហ្មណ៍នោះ រមែង​រួចចាកជាតិ ជរា មរណៈ សេចក្តីសោក សេចក្តីខ្សឹកខ្សួល សេចក្តីលំបាកកាយ សេចក្តី​លំបាកចិត្ត សេចក្តីចង្អៀតចង្អល់ចិត្ត រមែងរួចចាកទុក្ខបាន។

[២៦២] ម្នាលភិក្ខុទាំងឡាយ ដូចជាផ្តិលដែលពេញដោយសុរា បរិបូណ៌​ដោយ​ពណ៌ បរិបូណ៌​​ដោយក្លិន បរិបូណ៌​ដោយរស។ តែផ្តិលនោះឯង គេលាយ​ដោយថ្នាំ​ពិស។ ចួនជាមានបុរសក្តៅក្រហាយដោយកំដៅថ្ងៃ ត្រូវកំដៅថ្ងៃ​បៀតបៀនហើយ មានកាយ​លំបាក ក្រហល់ក្រហាយ ស្រេកឃ្លាន មកដល់។ មនុស្សទាំងឡាយ និយាយ​នឹងបុរស​នោះ យ៉ាងនេះថា ម្នាលបុរសដ៏ចម្រើន ផ្តិលពេញដោយ​សុរានេះ បរិបូណ៌​ដោយពណ៌ បរិបូណ៌​ដោយក្លិន បរិបូណ៌​ដោយរស (សមគួរ) ដល់អ្នក តែផ្តិលនោះ គេលាយ​ដោយថ្នាំ​ពិស បើអ្នកចង់ ក៏ចូរផឹកចុះ ព្រោះថា កាលបើអ្នកផឹកហើយ ទឹកនោះនឹងគាប់ចិត្ត​អ្នក ដោយពណ៌ផង ​ដោយក្លិនផង ដោយរសផង តែបើអ្នកផឹកទៅហើយ មុខជានឹងដល់នូវ​សេចក្តីស្លាប់ ឬនឹងដល់នូវទុក្ខស្ទើរស្លាប់ ព្រោះតែការផឹក​នោះជាហេតុ។ ម្នាលភិក្ខុទាំង​ឡាយ កាលនោះ បុរសនោះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា សុរាដែល​អាត្មាអញ​ស្រេក​ហើយ​នេះ អាចបន្ទោបង់ដោយទឹកត្រជាក់ក៏បាន បន្ទោបង់​ដោយទធិថ្លាក៏បាន បន្ទោបង់​ដោយ​ទឹកសតូវ ដែល​លាយដោយអំបិលក៏បាន បន្ទោបង់​ដោយថ្នាំត្រាំឈ្មោះថា​លោណសោចិរកៈ [ថ្នាំដែលគេត្រាំដោយស្រូវគ្រប់យ៉ាង និងទំពាំង​ជាដើម។] ក៏បាន អាត្មាអញ មិនត្រូវផឹកសុរា ដែលប្រព្រឹត្តទៅ ដើម្បីមិនមែនជាគុណ ដើម្បី​ទុក្ខអស់កាល​ដ៏​យូរ ដល់អាត្មាអញនោះទេ។ បុរសនោះ ក៏គប្បីពិចារណានូវផ្តិល ដែល​ពេញដោយ​សុរា​នោះ​ហើយ ក៏មិនបានផឹក លះបង់ចោលចេញ។ បុរសនោះ ក៏​មិនដល់នូវសេចក្តីស្លាប់ ឬដល់នូវទុក្ខស្ទើរស្លាប់ ព្រោះតែការផឹកនោះជាហេតុទេ។ ម្នាលភិក្ខុទាំងឡាយ សេចក្តី​នេះ មានឧបមេយ្យ ដូចពួកសមណៈ ឬព្រាហ្មណ៍ណានីមួយ ក្នុងកាលកន្លងទៅហើយ បានឃើញអារម្មណ៍ ដែលជាសភាពគួរស្រឡាញ់ ជាសភាព​គួរ​ត្រេកអរ ក្នុងលោក ថាមិន​ទៀង បានឃើញថាជាទុក្ខ បានឃើញថាមិនមែនជារបស់​ខ្លួន បានឃើញ​ថាជារបស់​មាន​រោគ បានឃើញ​ថាគួរខ្លាច ពួកសមណៈ ឬព្រាហ្មណ៍នោះ បានលះតណ្ហាហើយ។ ពួក​សមណៈ ឬព្រាហ្មណ៍ណា លះតណ្ហាបានហើយ ពួកសមណៈ ឬព្រាហ្មណ៍នោះ លះឧបធិ​បាន ពួកសមណៈ ឬព្រាហ្មណ៍ណា លះឧបធិបានហើយ ពួកសមណៈ ឬព្រាហ្មណ៍នោះ លះ​ទុក្ខ​បាន ពួកសមណៈ ឬព្រាហ្មណ៍ណា លះទុក្ខបានហើយ តថាគតពោលថា ពួក​សមណៈ ឬព្រាហ្មណ៍​នោះ រួចចាកជាតិ ជរា មរណៈ សេចក្តីសោក សេចក្តីខ្សឹកខ្សួល សេចក្តី​លំបាកកាយ សេចក្តី​លំបាកចិត្ត និង​សេចក្តីចង្អៀតចង្អល់ចិត្ត រួចចាកទុក្ខបាន​ហើយ។ ម្នាលភិក្ខុទាំងឡាយ ពួកសមណៈ ឬព្រាហ្មណ៍ណានីមួយ ក្នុងកាលជាអនាគត។បេ។ ពួកសមណៈ ឬព្រាហ្មណ៍ ក្នុងកាលឥឡូវនេះ ឃើញ​អារម្មណ៍ ដែលជាសភាពគួរ​ស្រឡាញ់ ជាសភាព​គួរត្រេកអរ ក្នុងលោក ថាមិនទៀង ឃើញថាជាទុក្ខ ឃើញថាមិន​មែន​ខ្លួន ឃើញថាមានរោគ ឃើញថាគួរខ្លាច ពួកសមណៈ ឬព្រាហ្មណ៍នោះ រមែងលះតណ្ហា​បាន។ ពួកសមណៈ ឬព្រាហ្មណ៍ណា លះតណ្ហាបាន ពួកសមណៈ ឬព្រាហ្មណ៍នោះ រមែង​លះ​​ឧបធិបាន ពួកសមណៈ ឬព្រាហ្មណ៍ណា លះឧបធិបាន ពួកសមណៈ ឬ​ព្រាហ្មណ៍​នោះ រមែងលះទុក្ខបាន ពួកសមណៈ ឬព្រាហ្មណ៍ណា លះទុក្ខបាន តថាគត​ពោលថា ពួកសមណៈ ឬព្រាហ្មណ៍​នោះ រមែងរួចចាកជាតិ ជរា មរណៈ សេចក្តីសោក សេចក្តី​ខ្សឹកខ្សួល សេចក្តីលំបាកកាយ សេចក្តីលំបាកចិត្ត សេចក្តីចង្អៀតចង្អល់ចិត្ត រមែង​រួច​ចាកទុក្ខបាន។ ចប់សូត្រទី៦។

[២៦៣] សម័យមួយ ព្រះសារីបុត្តមានអាយុ និងព្រះមហាកោដ្ឋិតៈ​មានអាយុ គង់​នៅក្នុងឥសិបតនមិគទាយវ័ន ទៀបក្រុងពារាណសី។ គ្រានោះ ព្រះមហាកោដ្ឋិតៈ​មានអាយុ ចេញអំពីទីសម្ងំក្នុងសម័យថ្ងៃរសៀល ក៏ចូល​ទៅរកព្រះសារីបុត្តមានអាយុ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹង​ព្រះសារីបុត្តមានអាយុ លុះ​បញ្ចប់​ពាក្យដែលគួររីករាយ និងពាក្យដែលគួរ​រឭកហើយ ក៏អង្គុយក្នុងទីសមគួរ។

[២៦៤] លុះព្រះមហាកោដ្ឋិតៈ​មានអាយុ អង្គុយក្នុងទីសមគួរហើយ បានសួរ​​ព្រះសារីបុត្ត​មាន​អាយុ យ៉ាងនេះថា ម្នាលអាវុសោសារីបុត្ត ជរា និងមរណៈ គឺបុគ្គល​ធ្វើ​ខ្លួនឯង ឬជរា និង​មរណៈ គឺបុគ្គលដទៃធ្វើឲ្យ ជរា និងមរណៈ គឺបុគ្គលធ្វើខ្លួនឯងផង បុគ្គល​ដទៃធ្វើឲ្យផង ឬ​ជរា និងមរណៈ មិនមែនជាអំពីរបស់ខ្លួនឯង មិនមែនជាអំពើ​របស់​អ្នកដទៃទេ គឺកើត​ឡើង​​ដោយមិនអាស្រ័យហេតុ។ ម្នាលអាវុសោកោដ្ឋិតៈ ជរា និងមរណៈ មិនមែនបុគ្គល​ធ្វើ​ខ្លួន​​ឯងទេ ជរា និងមរណៈ មិនមែនបុគ្គលដទៃធ្វើឲ្យទេ ជរា និងមរណៈ មិនមែន​បុគ្គល​ធ្វើ​ខ្លួន​ឯងផង មិនមែនបុគ្គល​ដទៃធ្វើឲ្យផងទេ ជរា និងមរណៈ មិនមែនជា​អំពីរបស់ខ្លួនឯង មិនមែនជាអំពើ​របស់​អ្នកដទៃទេ គឺកើតឡើងដោយមិនអាស្រ័យហេតុ ក៏​មិនមែនដែរ ប៉ុន្តែ​ជរា និងមរណៈកើតឡើង ព្រោះជាតិជាបច្ច័យ។ ម្នាល​អាវុសោសារីបុត្ត ជាតិ គឺបុគ្គល​ធ្វើ​ខ្លួន​ឯង ឬជាតិ គឺបុគ្គលដទៃធ្វើឲ្យ ឬថាជាតិ គឺបុគ្គលធ្វើខ្លួនឯងផង បុគ្គល​ដទៃធ្វើឲ្យផង មិន​មែនជាអំពីរបស់ខ្លួនឯង មិនមែនជាអំពើ​របស់​អ្នកដទៃទេ គឺកើតឡើងដោយមិន​អាស្រ័យ​ហេតុ។ ម្នាលអាវុសោកោដ្ឋិតៈ ជាតិ មិនមែនបុគ្គលធ្វើ​ខ្លួន​ឯងទេ ជាតិ មិនមែន​បុគ្គល​ដទៃ​ធ្វើឲ្យទេ ជាតិ មិនមែនបុគ្គលធ្វើខ្លួនឯងផង មិនមែនបុគ្គលដទៃធ្វើឲ្យផងទេ ជាតិ មិនមែន​ជាអំពើរបស់ខ្លួនឯង មិនមែនជាអំពើរបស់បុគ្គល​ដទៃទេ គឺកើតឡើងដោយ​មិន​អាស្រ័យ​ហេតុ ក៏មិនមែនដែរ ប៉ុន្តែជាតិកើតឡើង ព្រោះភពជាបច្ច័យ។ ម្នាលអាវុសោ សារីបុត្ត ភព គឺបុគ្គល​ធ្វើ​ខ្លួនឯង ឬ។បេ។ ឧបាទាន គឺបុគ្គលធ្វើខ្លួនឯង… តណ្ហា គឺបុគ្គល​ធ្វើ​ខ្លួន​ឯង… វេទនា គឺបុគ្គល​ធ្វើខ្លួនឯង… ផស្សៈ គឺបុគ្គលធ្វើ​ខ្លួនឯង… សឡាយតនៈ គឺបុគ្គល​ធ្វើ​ខ្លួន​ឯង… នាមរូប គឺបុគ្គលធ្វើខ្លួនឯង នាមរូប គឺបុគ្គលដទៃធ្វើឲ្យ នាមរូប គឺបុគ្គលធ្វើខ្លួន​ឯង​​ផង បុគ្គល​ដទៃធ្វើឲ្យផង ឬមួយនាមរូប មិនមែនជាអំពីរបស់ខ្លួនឯង មិនមែនជាអំពើ​របស់​​បុគ្គលដទៃទេ គឺកើតឡើងដោយមិនអាស្រ័យហេតុ។ ម្នាលកោដ្ឋិតៈ នាមរូប គឺ​បុគ្គល​ធ្វើ​ខ្លួន​ឯងក៏ទេ នាមរូប គឺបុគ្គល​ដទៃធ្វើឲ្យក៏ទេ នាមរូប មិនមែនបុគ្គលធ្វើខ្លួនឯងផង មិន​មែន​បុគ្គលដទៃធ្វើឲ្យផងក៏ទេ នាមរូប មិនមែន​ជាអំពើរបស់ខ្លួនឯង មិនមែនជា​អំពើ​របស់​បុគ្គល​​ដទៃទេ គឺកើតឡើងដោយមិនអាស្រ័យ​ហេតុ ក៏ទេដែរ ប៉ុន្តែនាមរូប​កើតឡើង ព្រោះ​វិញ្ញាណ​ជាបច្ច័យ។ ម្នាលអាវុសោសារីបុត្ត វិញ្ញាណ គឺបុគ្គល​ធ្វើ​ខ្លួនឯង ឬវិញ្ញាណ គឺបុគ្គល​ដទៃ​ធ្វើឲ្យ វិញ្ញាណ គឺបុគ្គលធ្វើខ្លួនឯងផង បុគ្គល​ដទៃធ្វើឲ្យផង ឬមួយ​វិញ្ញាណ មិនមែនជា​អំពី​របស់ខ្លួនឯង មិនមែនជាអំពើ​របស់​អ្នកដទៃទេ គឺកើតឡើងដោយមិនអាស្រ័យហេតុ។ ម្នាល​អាវុសោកោដ្ឋិតៈ វិញ្ញាណ គឺបុគ្គលធ្វើខ្លួន​ឯងក៏ទេ វិញ្ញាណ គឺបុគ្គលដទៃធ្វើឲ្យក៏ទេ វិញ្ញាណ គឺបុគ្គលធ្វើខ្លួនឯងផង បុគ្គលដទៃធ្វើឲ្យផងក៏ទេ វិញ្ញាណ មិនមែន​ជាអំពើ​របស់​ខ្លួន​ឯង មិនមែនជាអំពើ​របស់បុគ្គល​ដទៃទេ គឺកើតឡើងដោយមិនអាស្រ័យ​ហេតុ ក៏ទេដែរ ប៉ុន្តែ​វិញ្ញាណកើតឡើង ព្រោះនាមរូបជាបច្ច័យ។

[២៦៥] ឥឡូវនេះឯង យើងយល់ភាសិតរបស់ព្រះសារីបុត្តមានអាយុ យ៉ាងនេះថា  ម្នាលអាវុសោ កោដ្ឋិតៈ នាមរូប គឺបុគ្គលធ្វើខ្លួនឯងក៏ទេ នាមរូប គឺបុគ្គលដទៃធ្វើឲ្យ ក៏ទេ នាមរូប គឺបុគ្គលធ្វើខ្លួន​ឯង​ផង បុគ្គល​ដទៃធ្វើឲ្យផង ក៏ទេ នាមរូប មិនមែនជាអំពើ​របស់​ខ្លួនឯង មិនមែនជាអំពើ​របស់​បុគ្គលដទៃទេ គឺកើតឡើងដោយមិនអាស្រ័យហេតុ ក៏ទេដែរ ប៉ុន្តែនាមរូបកើតឡើង ព្រោះវិញ្ញាណជាបច្ច័យ។ ទើបតែអម្បាញ់មិញនេះឯង យើង​យល់​ភាសិតរបស់​ព្រះសារីបុត្តមានអាយុ យ៉ាងនេះថា ម្នាលអាវុសោកោដ្ឋិតៈ វិញ្ញាណ គឺបុគ្គល​ដទៃធ្វើ​ខ្លួនឯងក៏ទេ វិញ្ញាណ គឺបុគ្គល​ដទៃធ្វើឲ្យក៏ទេ វិញ្ញាណ គឺបុគ្គលធ្វើខ្លួនឯងផង បុគ្គលដទៃធ្វើឲ្យផងក៏ទេ វិញ្ញាណ មិនមែន​ជាអំពើរបស់ខ្លួនឯង មិនមែនជា​អំពើរបស់​បុគ្គល​ដទៃទេ គឺកើតឡើងដោយមិនអាស្រ័យ​ហេតុ ក៏ទេដែរ ប៉ុន្តែវិញ្ញាណ​កើតឡើង ព្រោះនាមរូបជាបច្ច័យ។ ម្នាលអាវុសោសារីបុត្ត តើយើងត្រូវយល់ សេចក្តីនៃភាសិតនេះ ដូចម្តេចបាន។

[២៦៦] ម្នាលអាវុសោ បើដូច្នោះ ខ្ញុំនឹងធ្វើសេចក្តីឧបមា ប្រាប់លោក ព្រោះបុរស​ទាំងឡាយ ដែល​មានប្រាជ្ញាពួកខ្លះ ក្នុងលោកនេះ តែងយល់សេចក្តីនៃភាសិត ដោយ​ឧបមាបាន។ ម្នាលអាវុសោ ដូចជាបាច់បបុះពីរបាច់ អាស្រ័យគ្នានឹងគ្នា ឋិតនៅបាន យ៉ាងណាមិញ ម្នាលអាវុសោ សេចក្តីនេះ មានឧបមេយ្យដូចវិញ្ញាណកើតមាន ព្រោះ​នាមរូបជាបច្ច័យ នាមរូបកើតមាន ព្រោះវិញ្ញាណជាបច្ច័យ សឡាយតនៈកើតមាន ព្រោះ​នាមរូបជាបច្ច័យ ផស្សៈកើតមាន ព្រោះសឡាយតនៈជាបច្ច័យ។បេ។ ការកើតព្រមនៃ​កងទុក្ខទាំងអស់នុ៎ះ រមែងមានយ៉ាងនេះ។ ម្នាលអាវុសោ បើបាច់បបុះទាំងអម្បាលនោះ បុគ្គលទាញយកបាច់បបុះមួយ (បាច់បបុះដែលសល់នៅ) មួយបាច់ មុខជារលំទៅ បើ​បុគ្គល​ទាញយកបាច់បបុះម្ខាងចេញ បាច់បបុះម្ខាងក៏រលំទៅ ដូចម្តេចមិញ។ ម្នាលអាវុសោ សេចក្តីនេះ ក៏មានឧបមេយ្យដូច្នោះដែរ ព្រោះតែនាមរូបរលត់ ទើប​វិញ្ញាណរលត់ ព្រោះតែវិញ្ញាណរលត់ ទើបនាមរូបរលត់ ព្រោះតែនាមរូបរលត់ ទើប​សឡាយតនៈរលត់ ព្រោះតែសឡាយតនៈរលត់ ទើបផស្សៈរលត់។បេ។ ការរលត់នៃ​កងទុក្ខទាំងអស់នុ៎ះ រមែងមានយ៉ាងនេះ។

[២៦៧] ម្នាលអាវុសោសារីបុត្ត អស្ចារ្យណាស់ ម្នាលអាវុសោសារីបុត្ត ចំឡែក​ណាស់ ព្រះសារីបុត្តមានអាយុ និយាយនេះ ត្រូវហើយ មួយទៀត យើងសូមអនុមោទនា​សុភាសិត របស់ព្រះសារីបុត្តមានអាយុនេះ ដោយវត្ថុ៣៦នេះ ម្នាលអាវុសោ បើភិក្ខុសំដែង​ធម៌ ដើម្បីការនឿយណាយ ដើម្បីការវិនាស ដើម្បីការរលត់នៃ​ជរា និងមរណៈ ទើបគួរហៅថា ភិក្ខុជាធម្មកថិក។ ម្នាលអាវុសោ បើភិក្ខុជាអ្នកប្រតិបត្តិ ដើម្បីការនឿយណាយ ដើម្បី​ការ​វិនាស ដើម្បីការរលត់នៃ​ជរា និងមរណៈ ទើបគួរហៅថា ភិក្ខុជាអ្នកប្រតិបត្តិនូវធម៌ ដ៏សម​គួរ​ដល់ធម៌។ ម្នាលអាវុសោ បើភិក្ខុជាអ្នកមានចិត្តរួច​ស្រឡះហើយ ព្រោះការនឿយណាយ ព្រោះ​ការវិនាស ព្រោះការរលត់ ព្រោះការ​មិនប្រកាន់ស្អិត នូវ​ជរា និងមរណៈ ទើបគួរ​ហៅថា ភិក្ខុជាអ្នក​ដល់នូវ​ព្រះនិព្វាន ក្នុងបច្ចុប្បន្ន។ បើជាតិ។បេ។ បើភព… បើឧបាទាន… បើ​តណ្ហា… បើវេទនា… បើផស្សៈ… បើសឡាយតនៈ… បើនាមរូប … បើវិញ្ញាណ… បើ​សង្ខារ​ទាំងឡាយ… ម្នាលអាវុសោ បើភិក្ខុអ្នកសំដែងធម៌ ដើម្បីការនឿយណាយ ដើម្បីការវិនាស ដើម្បី​ការរលត់នៃអវិជ្ជា ទើបគួរហៅថា ភិក្ខុជាធម្មកថិក។ ម្នាលអាវុសោ បើភិក្ខុ​ជាអ្នក​ប្រតិបត្តិ ដើម្បីការនឿយណាយ ដើម្បីការវិនាស ដើម្បីការរលត់នៃអវិជ្ជា ទើបគួរហៅថា ភិក្ខុ​ជា​អ្នកប្រតិបត្តិនូវធម៌ ដ៏សមគួរដល់ធម៌។ ម្នាលអាវុសោ បើ​ភិក្ខុ​ជា​អ្នក​មាន​ចិត្ត​​រួច​ស្រឡះ​ហើយ ព្រោះការនឿយណាយ ព្រោះការវិនាស ព្រោះការរលត់ ព្រោះ​ការមិន​ប្រកាន់​ស្អិត នូវអវិជ្ជា ទើបគួរហៅថា ភិក្ខុជាអ្នកដល់នូវព្រះនិព្វានក្នុងបច្ចុប្បន្ន។ ចប់សូត្រ ទី៧។

[២៦៨] សម័យមួយ ព្រះមុសិលៈមានអាយុ ព្រះបវិដ្ឋៈមានអាយុ ព្រះនារទៈ​មានអាយុ និងព្រះអានន្ទមានអាយុ នៅក្នុងឃោសិតារាម ទៀបក្រុងកោសម្ពី។

[២៦៩] លំដាប់នោះ ព្រះបវិដ្ឋៈមានអាយុ បានសួរព្រះមុសិលៈមានអាយុ យ៉ាង​នេះថា ម្នាលអាវុសោមុសិលៈ វៀរចាកសេចក្តីជឿ (តាមគេ) វៀរចាកសេចក្តីចូលចិត្ត (ខ្លួន​ឯង) វៀរចាកសេចក្តីឮតៗគ្នាមក វៀរចាកសេចក្តីត្រិះរិះដោយអាការៈ វៀរចាក​សេចក្តី​ពេញចិត្ត តាមការយល់ឃើញ និងការពិនិត្យ តើមុសិលៈមានអាយុ មានញាណកើត​ឡើង ចំពោះខ្លួនឯងថា ជរា និងមរណៈកើតឡើង ព្រោះជាតិជាបច្ច័យ ដូច្នេះឬទេ។ ម្នាលអាវុសោបវិដ្ឋៈ វៀរចាកសេចក្តីជឿ វៀរចាកសេចក្តីចូលចិត្ត វៀរចាកសេចក្តី​ឮតៗគ្នាមក វៀរចាកសេចក្តីត្រិះរិះដោយអាការៈ វៀរចាក​សេចក្តី​ពេញចិត្ត តាម​ការ​យល់ឃើញ និងការពិនិត្យ ខ្ញុំក៏ដឹងហេតុនុ៎ះ ខ្ញុំក៏ឃើញហេតុនុ៎ះថា ជរា និងមរណៈ​កើត​មាន ព្រោះជាតិជាបច្ច័យ។ ម្នាលអាវុសោមុសិលៈ វៀរចាកសេចក្តីជឿ វៀរចាក​សេចក្តី​ចូលចិត្ត វៀរចាកសេចក្តីឮតៗគ្នាមក វៀរចាកសេចក្តីត្រិះរិះដោយអាការៈ វៀរចាក​សេចក្តី​ពេញចិត្ត តាមការយល់ឃើញ និងការពិនិត្យ តើមុសិលៈមានអាយុ មានញាណកើត​ឡើង ចំពោះខ្លួនឯងថា ជាតិកើតមាន ព្រោះភពជាបច្ច័យ ដូច្នេះឬទេ។បេ។ ថាភព កើតមាន ព្រោះឧបាទានជាបច្ច័យ… ឧបាទានកើតមាន ព្រោះតណ្ហាជាបច្ច័យ… តណ្ហា​កើតមាន ព្រោះវេទនាជាបច្ច័យ… វេទនាកើតមាន ព្រោះផស្សៈជាបច្ច័យ… ផស្សៈកើត​មាន ព្រោះសឡាយតនៈជាបច្ច័យ… សឡាយតនៈកើតមាន ព្រោះនាមរូបជាបច្ច័យ… នាមរូបកើតមាន ព្រោះវិញ្ញាណជាបច្ច័យ… វិញ្ញាណកើតមាន ព្រោះសង្ខារជាបច្ច័យ… សង្ខារទាំងឡាយកើតមាន ព្រោះអវិជ្ជាជាបច្ច័យ ដូច្នេះឬទេ។ ម្នាលអាវុសោបវិដ្ឋៈ វៀរចាកសេចក្តីជឿ វៀរចាកសេចក្តីចូលចិត្ត វៀរចាកសេចក្តីឮតៗគ្នាមក វៀរចាក​សេចក្តី​ត្រិះរិះដោយអាការៈ វៀរចាកសេចក្តីពេញចិត្ត តាមការយល់ឃើញ និងការពិនិត្យ ខ្ញុំ​ក៏ដឹង​ហេតុនុ៎ះ ខ្ញុំក៏ឃើញហេតុនុ៎ះថា សង្ខារទាំងឡាយកើតមាន ព្រោះអវិជ្ជាជាបច្ច័យ។

[២៧០] ម្នាលអាវុសោមុសិលៈ វៀរចាកសេចក្តីជឿ វៀរចាកសេចក្តីចូលចិត្ត វៀរចាកការឮតៗគ្នាមក វៀរចាក​សេចក្តី​ត្រិះរិះដោយអាការៈ វៀរចាកសេចក្តី​ពេញ​ចិត្ត តាមការយល់ឃើញ និងការពិនិត្យ តើមុសិលៈមានអាយុ មានញាណកើតឡើង ចំពោះ​ខ្លួនឯងថា ជាតិរលត់ ទើបជរា និងមរណៈរលត់ ដូច្នេះឬទេ។ ម្នាលអាវុសោបវិដ្ឋៈ វៀរចាកសេចក្តីជឿ វៀរចាកសេចក្តីចូលចិត្ត វៀរចាកការឮតៗគ្នាមក វៀរចាក​សេចក្តី​ត្រិះរិះដោយអាការៈ វៀរចាកសេចក្តីពេញចិត្ត តាមការយល់ឃើញ និងការពិនិត្យ ខ្ញុំ​ក៏ដឹង​ហេតុនុ៎ះ ខ្ញុំក៏ឃើញហេតុនុ៎ះថា ព្រោះតែជាតិរលត់ ទើបជរា និងមរណៈរលត់។ ម្នាល​អាវុសោមុសិលៈ វៀរចាកសេចក្តីជឿ វៀរចាកសេចក្តីចូលចិត្ត វៀរចាកការឮត​ៗគ្នាមក វៀរចាក​សេចក្តី​ត្រិះរិះដោយអាការៈ វៀរចាកសេចក្តីពេញចិត្ត តាមការយល់​ឃើញ និងការពិនិត្យ តើមុសិលៈមានអាយុ មានញាណកើតឡើង ចំពោះ​ខ្លួនឯង​ថា ព្រោះ​តែភពរលត់ ទើប​ជាតិរលត់ ដូច្នេះឬទេ។បេ។ ថា ព្រោះតែឧបាទានរលត់ ទើបភពរលត់… ព្រោះតែតណ្ហារលត់ ទើបឧបាទានរលត់… ព្រោះតែវេទនារលត់ ទើបតណ្ហារលត់… ព្រោះតែផស្សៈរលត់ ទើបវេទនារលត់ ព្រោះតែសឡាយតនៈរលត់ ទើបផស្សៈរលត់… ព្រោះតែនាមរូបរលត់ ទើបសឡាយតនៈរលត់… ព្រោះតែវិញ្ញាណរលត់ ទើបនាមរូប​រលត់… ព្រោះតែសង្ខាររលត់ ទើបវិញ្ញាណរលត់… ព្រោះតែអវិជ្ជារលត់ ទើបសង្ខាររលត់ ដូច្នេះ​ឬទេ។ ម្នាលអាវុសោបវិដ្ឋៈ វៀរចាក​សេចក្តីជឿ វៀរចាកសេចក្តីចូលចិត្ត វៀរចាក​សេចក្តី​ឮតៗគ្នាមក វៀរចាក​សេចក្តី​ត្រិះរិះដោយអាការៈ វៀរចាកសេចក្តីពេញចិត្ត តាមការ​យល់​ឃើញ និងការពិនិត្យ ខ្ញុំ​ក៏ដឹង​ហេតុនុ៎ះ ខ្ញុំក៏ឃើញហេតុនុ៎ះថា ព្រោះតែអវិជ្ជារលត់ ទើប​សង្ខាររលត់។

[២៧១] ម្នាលអាវុសោមុសិលៈ វៀរចាកសេចក្តីជឿ វៀរចាកសេចក្តីចូលចិត្ត វៀរចាកការឮតៗគ្នាមក វៀរចាក​សេចក្តី​ត្រិះរិះដោយអាការៈ វៀរចាកសេចក្តីពេញចិត្ត តាមការយល់ឃើញ និងការពិនិត្យ តើមុសិលៈមានអាយុ មានញាណកើតឡើង ចំពោះខ្លួនឯងថា សេចក្តីរលត់នៃភព ជាព្រះនិព្វាន ដូច្នេះឬទេ។ ម្នាល​អាវុសោបវិដ្ឋៈ វៀរចាកសេចក្តីជឿ វៀរចាកសេចក្តីចូលចិត្ត វៀរចាកការឮត​ៗគ្នាមក វៀរចាក​សេចក្តី​ត្រិះរិះដោយអាការៈ វៀរចាកសេចក្តីពេញចិត្ត តាមការយល់​ឃើញ និងការពិនិត្យ ខ្ញុំ​ក៏ដឹងហេតុនុ៎ះ ខ្ញុំក៏ឃើញហេតុនុ៎ះថា សេចក្តីរលត់នៃភព ជាព្រះនិព្វាន។ បើដូច្នោះ មានតែ ព្រះមុសិលៈមានអាយុ ជាព្រះអរហន្តខីណាស្រព។ កាលបើព្រះបវិដ្ឋៈ និយាយ​យ៉ាងនេះហើយ ព្រះមុសិលៈមានអាយុ ក៏នៅស្ងៀម។

[២៧២] លំដាប់នោះ ព្រះនារទៈមានអាយុ បាននិយាយនឹងព្រះបវិដ្ឋៈមានអាយុ យ៉ាងនេះថា ម្នាលអាវុសោបវិដ្ឋៈ ខ្ញុំសូមឱកាស ខ្ញុំគួរតែបានដើម្បីដោះស្រាយប្រស្នានុ៎ះ កាលបើដូច្នេះ លោកចូរសួរប្រស្នានោះមកចុះ ខ្ញុំនឹងព្យាករប្រស្នានុ៎ះដល់លោក។ បើ​ព្រះនារទៈមានអាយុបាន (ឱកាសដើម្បីដោះ) នូវប្រស្នានុ៎ះ ខ្ញុំសូមសួរប្រស្នានុ៎ះ ចំពោះ​ព្រះនារទៈមានអាយុ សូមព្រះនារទៈមានអាយុ ព្យាករប្រស្នានុ៎ះ ដល់ខ្ញុំ ម្នាលអាវុសោនារទៈ វៀរចាកសេចក្តីជឿ វៀរចាកសេចក្តីចូលចិត្ត វៀរចាកការឮត​ៗគ្នាមក វៀរចាក​សេចក្តី​ត្រិះរិះដោយអាការៈ វៀរចាកសេចក្តីពេញចិត្ត តាមការយល់​ឃើញ និងការពិនិត្យ តើនារទៈមានអាយុ មានញាណកើតឡើងចំពោះខ្លួនឯងថា ជរា និងមរណៈកើតមាន ព្រោះជាតិជាបច្ច័យ ដូច្នេះឬទេ។ ម្នាលអាវុសោបវិដ្ឋៈ វៀរចាកសេចក្តីជឿ វៀរចាកសេចក្តីចូលចិត្ត វៀរចាកការឮត​ៗគ្នាមក វៀរចាក​សេចក្តី​ត្រិះរិះដោយអាការៈ វៀរចាកសេចក្តីពេញចិត្ត តាមការយល់​ឃើញ និងការពិនិត្យ ខ្ញុំ​ក៏ដឹងហេតុនុ៎ះ ខ្ញុំក៏ឃើញហេតុនុ៎ះថា ជរា និងមរណៈកើតមាន ព្រោះជាតិជាបច្ច័យ។ ម្នាលអាវុសោនារទៈ វៀរចាកសេចក្តីជឿ វៀរចាកសេចក្តីចូលចិត្ត វៀរចាកសេចក្តីឮត​ៗគ្នាមក វៀរចាក​សេចក្តី​ត្រិះរិះដោយអាការៈ វៀរចាកសេចក្តីពេញចិត្ត តាមការយល់​ឃើញ និង​ការពិនិត្យ តើនារទៈមានអាយុ មានណាញកើតឡើង ចំពោះខ្លួនឯងថា ជាតិកើតមាន ព្រោះភពជាបច្ច័យ ដូច្នេះឬទេ។បេ។ ថាសង្ខារទាំងឡាយកើតមាន ព្រោះអវិជ្ជា​ជាបច្ច័យ ដូច្នេះឬទេ។ ម្នាលអាវុសោបវិដ្ឋៈ វៀរចាកសេចក្តីជឿ វៀរចាកសេចក្តីចូលចិត្ត វៀរចាកសេចក្តីឮត​ៗគ្នាមក វៀរចាក​សេចក្តី​ត្រិះរិះដោយអាការៈ វៀរចាកសេចក្តីពេញចិត្ត តាមការយល់​ឃើញ និងការពិនិត្យ ខ្ញុំ​ក៏ដឹងហេតុនុ៎ះ ខ្ញុំក៏ឃើញហេតុនុ៎ះថា សង្ខារទាំងឡាយកើតមាន ព្រោះអវិជ្ជាជាបច្ច័យ។

[២៧៣] ម្នាលអាវុសោនារទៈ វៀរចាកសេចក្តីជឿ វៀរចាកសេចក្តីចូលចិត្ត វៀរចាក​សេចក្តី​ឮត​ៗ​គ្នាមក វៀរចាក​សេចក្តី​ត្រិះរិះដោយអាការៈ វៀរចាកសេចក្តី​ពេញចិត្ត តាមការយល់​ឃើញ និងការពិនិត្យ តើនារទៈមានអាយុ មានញាណ​កើតឡើង ចំពោះខ្លួនឯងថា ព្រោះ​តែ​ជាតិរលត់ ទើបជរា និងមរណៈរលត់ ដូច្នេះឬទេ។បេ។ ថាព្រោះតែអវិជ្ជារលត់ ទើប​សង្ខារ​រលត់ ដូច្នេះឬទេ។ ម្នាលអាវុសោបវិដ្ឋៈ វៀរចាកសេចក្តី​ជឿ វៀរចាកសេចក្តីចូលចិត្ត វៀរចាក​សេចក្តីឮត​ៗគ្នាមក វៀរចាក​សេចក្តី​ត្រិះរិះ​ដោយ​អាការៈ វៀរចាកសេចក្តីពេញចិត្ត តាមការ​យល់​ឃើញ និងការពិនិត្យ ខ្ញុំ​ក៏ដឹងហេតុនុ៎ះ ខ្ញុំក៏​ឃើញ​ហេតុ​នុ៎ះថា ព្រោះតែ​អវិជ្ជារលត់ ទើបសង្ខាររលត់។

[២៧៤] ម្នាលអាវុសោនារទៈ វៀរចាកសេចក្តីជឿ វៀរចាកសេចក្តីចូលចិត្ត វៀរ​ចាក​សេចក្តី​ឮត​ៗ​គ្នាមក វៀរចាក​សេចក្តី​ត្រិះរិះដោយអាការៈ វៀរចាកសេចក្តីពេញចិត្ត តាមការយល់​ឃើញ និង​ការពិនិត្យ តើនារទៈមានអាយុ មានញាណកើតឡើង ចំពោះខ្លួនឯងថា សេចក្តី​រលត់នៃភព ជាព្រះនិព្វាន ដូច្នេះឬទេ។ ម្នាលអាវុសោបវិដ្ឋៈ វៀរចាកសេចក្តីជឿ វៀរចាក​សេចក្តី​ចូលចិត្ត វៀរចាកសេចក្តីឮត​ៗគ្នាមក វៀរចាក​សេចក្តី​ត្រិះរិះដោយអាការៈ វៀរចាក​សេចក្តី​ពេញចិត្ត តាមការយល់​ឃើញ និងការពិនិត្យ ខ្ញុំ​ក៏ដឹងហេតុនុ៎ះ ខ្ញុំក៏ឃើញ​ហេតុនុ៎ះ​ថា សេចក្តីរលត់នៃភព ជាព្រះនិព្វាន។ បើដូច្នោះ មានតែព្រះនារទៈមានអាយុ ជា​ព្រះអរហន្ត​ខីណាស្រព។ ម្នាលអាវុសោ ខ្ញុំយល់ឃើញ​ដោយប្រាជ្ញាដ៏ប្រពៃ តាមសេចក្តី​ពិត​ថា សេចក្តីរលត់ភព ជាព្រះនិព្វាន ដូច្នេះពិតមែន តែខ្ញុំមិនមែនជា​ព្រះអរហន្ត​ខីណាស្រព​ទេ ម្នាលអាវុសោ ដូចអណ្តូងទឹកក្នុងផ្លូវលំបាក ខ្សែក៏មិនមានក្នុងទីនោះ យោង​សម្រាប់ដងក៏មិនមានក្នុងទីនោះ ស្រាប់តែបុរស ដែល​ក្តៅក្រហាយ ព្រោះត្រូវ​កំដៅ​ថ្ងៃ ត្រូវកំដៅថ្ងៃបៀតបៀនហើយ លំបាក ក្រហល់ក្រហាយ ស្រេកឃ្លាន ដើរមកដល់ បុរស​នោះ ក្រឡេកមើលឃើញ​អណ្តូងទឹកនោះ បុរសនោះ ដឹងថា ទឹកមានពិត តែថានឹង​ប៉ះពាល់​ដោយកាយមិនបាន ដូចម្តេចមិញ ម្នាលអាវុសោ ខ្ញុំឃើញ​ដោយបញ្ញា ដ៏ប្រពៃ​តាម​ពិតថា សេចក្តីរលត់ភព ជាព្រះនិព្វាន តែខ្ញុំមិនមែន​ជាព្រះអរហន្តខីណាស្រព ក៏​ដូច្នោះ​ដែរ។

[២៧៥] កាលព្រះនារទៈនិយាយយ៉ាងនេះហើយ ព្រះអានន្ទមានអាយុ បាន​និយាយនឹងព្រះបវិដ្ឋៈមានអាយុ យ៉ាងនេះថា ម្នាលអាវុសោបវិដ្ឋៈ លោកតែង​និយាយ​យ៉ាងនេះ ចុះលោកនិយាយនឹងព្រះនារទៈមានអាយុ ដូចម្តេច។ ម្នាលអាវុសោអានន្ទ ខ្ញុំ​តែង​និយាយយ៉ាងនេះ តែខ្ញុំមិនបាននិយាយពាក្យអ្វី នឹងព្រះនារទៈមានអាយុ ក្រៅអំពី​ការល្អ ក្រៅអំពីការកុសលទេ។ ចប់សូត្រទី៨។

[២៧៦] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុង​វត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។

[២៧៧] ក្នុងទីនោះឯង ព្រះមានព្រះភាគ …. ម្នាលភិក្ខុទាំងឡាយ កាលមហា​សមុទ្រ​ជោរ​ឡើង ទន្លេក៏ជោរ កាលទន្លេជោរឡើង ស្ទឹងក៏ជោរ កាលស្ទឹងជោរឡើង ព្រែក​ធំក៏ជោរ កាល​ព្រែក​ធំជោរឡើង ព្រែកតូចក៏ជោរ មានឧបមាយ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ មាន​ឧបមេយ្យដូចអវិជ្ជា កាលចម្រើនឡើង ក៏ញុំាង​សង្ខារទាំងឡាយ ឲ្យចម្រើន កាល​សង្ខារ​ទាំងឡាយចម្រើនឡើង ក៏ញុំាង​វិញ្ញាណឲ្យចម្រើន កាលវិញ្ញាណ​ចម្រើនឡើង ក៏​ញុំាង​​នាមរូបឲ្យចម្រើន កាលនាមរូប​ចម្រើនឡើង ក៏ញុំាង​អាយតនៈ៦​ឲ្យ​ចម្រើន កាល​អាយតនៈ ៦ចម្រើនឡើង ក៏ញុំាង​ផស្សៈឲ្យចម្រើន កាលផស្សៈ​ចម្រើនឡើង ក៏ញុំាង​វេទនា​ឲ្យចម្រើន កាលវេទនាចម្រើនឡើង ក៏ញុំាងតណ្ហាឲ្យចម្រើន កាល​តណ្ហា​ចម្រើន​ឡើង ក៏ញុំាង​ឧបាទានឲ្យចម្រើន កាលឧបាទានចម្រើនឡើង ក៏ញុំាង​ភពឲ្យចម្រើន កាល​ភព​ចម្រើនឡើង ក៏ញុំាង​ជាតិឲ្យចម្រើន កាលជាតិចម្រើនឡើង ក៏ញុំាង​ជរាមរណៈ​ឲ្យ​ចម្រើន ដូច្នោះឯង។

[២៧៨] ម្នាលភិក្ខុទាំងឡាយ កាលបើមហាសមុទ្រនាចទៅវិញ ទន្លេក៏នាច កាលទន្លេនាច ស្ទឹងក៏នាច កាលស្ទឹងនាច ព្រែ​កធំក៏នាច កាលព្រែកធំនាច ព្រែកតូចក៏នាច មានឧបមាយ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ មានឧបមេយ្យដូចអវិជ្ជា កាលខ្សោយ​កម្លាំង ក៏ញុំាង​សង្ខារទាំងឡាយ ឲ្យខ្សោយ កាលសង្ខារទាំងឡាយខ្សោយ ក៏ញុំាង​វិញ្ញាណឲ្យខ្សោយ កាលវិញ្ញាណខ្សោយ ក៏ញុំាង​នាមរូបឲ្យខ្សោយ កាលនាមរូប​ខ្សោយ ក៏ញុំាង​អាយតនៈ៦​ឲ្យខ្សោយ កាលអាយតនៈ៦ខ្សោយ ក៏ញុំាង​ផស្សៈឲ្យខ្សោយ កាលផស្សៈ​ខ្សោយ ក៏ញុំាង​វេទនាឲ្យខ្សោយ កាលវេទនាខ្សោយ ក៏ញុំាងតណ្ហាឲ្យខ្សោយ កាលតណ្ហាខ្សោយ ក៏ញុំាង​ឧបាទានឲ្យខ្សោយ កាលឧបាទានខ្សោយ ក៏ញុំាង​ភពឲ្យខ្សោយ កាលភពខ្សោយ ក៏ញុំាង​ជាតិឲ្យខ្សោយ កាលជាតិខ្សោយ ក៏ញុំាង​ជរាមរណៈឲ្យខ្សោយ ដូច្នោះឯង។ ចប់សូត្រទី៩។

[២៧៩] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុង​វត្តវេឡុវ័ន ជាកលន្ទកនិវាបស្ថាន ទៀបក្រុងរាជគ្រឹះ។ សម័យនោះឯង ព្រះមានព្រះភាគ មាន​មនុស្ស និងទេវតាធ្វើសក្ការៈ គោរព រាប់អាន បូជា កោតក្រែង ព្រះអង្គ​បាននូវចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារទាំងឡាយ ទាំងភិក្ខុសង្ឃ ក៏​មាន​មនុស្ស និងទេវតា ធ្វើសក្ការៈ គោរព រាប់អាន បូជា កោតក្រែង ជាអ្នកបាននូវចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារទាំងឡាយដែរ។ ចំណែកខាងពួក​បរិព្វាជក ជាអន្យតិរ្ថិយ គេមិនធ្វើសក្ការៈ មិនគោរព មិនរាប់អាន មិនបូជា មិនកោតក្រែង ជាអ្នកមិនបាននូវចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារទាំងឡាយ​ឡើយ។

[២៨០] សម័យនោះឯង បរិព្វាជកឈ្មោះសុសិមៈ នៅអាស្រ័យក្នុងក្រុងរាជគ្រឹះ ជាមួយនឹង​បរិព្វាជកបរិស័ទជាច្រើន។ គ្រានោះ ពួកបរិស័ទ របស់សុសិមបរិព្វាជក បាន​និយាយពាក្យនេះ និងសុសិមបរិព្វាជកថា ម្នាលអាវុសោសុសិមៈ អ្នកចូរមកអាយ ចូរ​ប្រព្រឹត្តព្រហ្មចរិយធម៌ ក្នុង(សំណាក់) ព្រះសមណគោតម ចូរអ្នករៀនធម៌ ហើយបង្ហាញ​យើងទាំងឡាយផង យើងទាំងឡាយនឹងរៀនធម៌នោះ ហើយសំដែង​ប្រាប់គ្រហស្ថទាំង​ឡាយ កាលបើយ៉ាងនេះ ពួកយើងមុខជានឹងមានគេធ្វើសក្ការៈ គោរព រាប់អាន បូជា កោតក្រែង ជាអ្នកបាននូវចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារទាំង​ឡាយ មិនខាន។ សុសិមបរិព្វាជក ទទួលពាក្យបរិស័ទរបស់ខ្លួនថា អើអាវុសោ ហើយក៏​ចូល​ទៅរក​ព្រះអានន្ទមានអាយុ លុះចូលទៅដល់ហើយ ក៏ពោលពាក្យរាក់ទាក់ ជាមួយ​នឹង​ព្រះអានន្ទមានអាយុ លុះបញ្ចប់ពាក្យគួររីករាយ និង​ពាក្យគួររឭកហើយ ក៏​អង្គុយក្នុងទីសមគួរ។ លុះសុសិមបរិព្វាជក អង្គុយក្នុងទីសមគួរហើយ ទើបនិយាយ​ស្នើរ​សេចក្តីនុ៎ះ នឹងព្រះអានន្ទមានអាយុថា បពិត្រព្រះអានន្ទមានអាយុ ខ្ញុំប្រាថ្នា ដើម្បី​ប្រព្រឹត្ត​ព្រហ្មចរិយៈ ក្នុងធម៌វិន័យនេះ។

[២៨១] គ្រានោះឯង ព្រះអានន្ទមានអាយុ នាំសុសិមបរិព្វាជក ចូលទៅគាល់​ព្រះមានព្រះភាគ លុះចូលទៅដល់ ថ្វាយបង្គំ​ព្រះមានព្រះភាគ ហើយអង្គុយក្នុងទីសម​គួរ។ លុះព្រះអានន្ទមានអាយុ អង្គុយក្នុងទីសមគួរហើយ ក៏បានក្រាបទូលសេចក្តីនុ៎ះ ចំពោះ​ព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន សុសិមបរិព្វាជកនេះ បាន​និយាយ​យ៉ាងនេះថា បពិត្រអានន្ទមានអាយុ ខ្ញុំប្រាថ្នាដើម្បី​ប្រព្រឹត្តព្រហ្មចរិយៈ ក្នុងធម៌វិន័យ​នេះ។ ព្រះអង្គត្រាស់ថា ម្នាលអានន្ទ បើដូច្នោះ ចូរអ្នក​នាំគ្នាបំបួស​សុសិមៈចុះ។ សុសិមបរិព្វាជក ក៏បានបព្វជ្ជា បានឧបសម្បទា ក្នុងសំណាក់​ព្រះមានព្រះភាគ។

[២៨២] សម័យនោះឯង ឮថា ពួកភិក្ខុច្រើនរូប បាននាំគ្នាក្រាបទូល​នូវ​អរហត្តផល ក្នុង​សំណាក់​​ព្រះមានព្រះភាគថា ពួកខ្ញុំព្រះអង្គ ដឹងច្បាស់ថា ជាតិ (របស់អាត្មាអញ) អស់​ហើយ មគ្គព្រហ្មចរិយៈ អាត្មាអញ បាននៅរួចហើយ សោឡសកិច្ច អាត្មាអញ បាន​ធ្វើ​ស្រេច​ហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។ សុសិមភិក្ខុ​មានអាយុ បានឮថា ពួកភិក្ខុច្រើនរូប នាំគ្នាក្រាបទូលអរហត្តផល ក្នុង​សំណាក់​ព្រះមានព្រះភាគថា ពួកខ្ញុំព្រះអង្គ ដឹងច្បាស់ថា ជាតិ (របស់អាត្មាអញ) អស់​ហើយ មគ្គ​ព្រហ្មចរិយៈ អាត្មាអញ បាននៅរួចហើយ សោឡសកិច្ច អាត្មាអញ បាន​ធ្វើ​ស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។ គ្រានោះឯង សុសិមភិក្ខុមានអាយុ ក៏ចូលទៅរកភិក្ខុទាំងនោះ លុះចូលទៅដល់ហើយ ក៏ពោលពាក្យ​រាក់​ទាក់ ជាមួយនឹងភិក្ខុទាំងនោះ លុះបញ្ចប់ពាក្យគួររីករាយ និងពាក្យ​គួរ​រឭកហើយ ក៏អង្គុយ​ក្នុង​ទីសមគួរ។ លុះសុសិមភិក្ខុមានអាយុ អង្គុយក្នុងទីសមគួរហើយ ទើប​ពោលពាក្យនេះ នឹង​ភិក្ខុទាំងនោះថា បានឮថា លោកមានអាយុទាំងឡាយ នាំគ្នា​ក្រាបទូលអរហត្តផល ក្នុង​សំណាក់​ព្រះមានព្រះភាគថា ពួកខ្ញុំព្រះអង្គ ដឹងច្បាស់ថា ជាតិ (របស់អាត្មាអញ) អស់​ហើយ មគ្គព្រហ្មចរិយៈ អាត្មាអញ បាននៅរួចហើយ សោឡសកិច្ច អាត្មាអញ បាន​ធ្វើ​ស្រេច​ហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ច​នេះទៀត មិនមានឡើយ (ដូច្នេះ) ពិតមែនឬ។ ពួកភិក្ខុទាំងនោះ តបថា ពិតមែន អាវុសោ។

[២៨៣] សុសិមភិក្ខុសួរថា បពិត្រលោក​មានអាយុទាំងឡាយ ចុះលោកទាំងឡាយ កាលដឹងយ៉ាងនេះ ឃើញយ៉ាងនេះ តើបាននូវការតាក់តែង ឬសំដែង​ឫទ្ធិច្រើនប្រការ គឺ​កាយតែមួយ ធ្វើឲ្យទៅជាកាយច្រើនក៏បាន កាយច្រើន ធ្វើឲ្យ​ទៅជាកាយ​តែមួយវិញក៏​បាន ដើរទៅក្នុងទីណាក៏បាន ឥតមានទើសទាល់ គឺនៅក្នុងទីកំបាំង ដើរទៅក្នុងទីវាល​ក៏បាន នៅខាងក្នុង ដើរចេញទៅខាងក្រៅក៏បាន នៅខាងក្នុងជញ្ជាំង ដើរចេញ​ទៅខាង​ក្រៅជញ្ជាំង (ដោយ​ឥតទ្វារ ឥតផ្លូវ) ក៏បាន នៅខាងក្នុងកំពែង ដើរចេញទៅខាងក្រៅ​កំពែង​ក៏បាន នៅខាងក្នុងភ្នំ ដើរចេញទៅខាងក្រៅភ្នំវិញ ឥតមានទើសទាល់ ដូចជា​គេដើរទៅ ក្នុងអាកាសក៏បាន មុជងើបក្នុងផែនដី ដូចជាគេមុជងើបក្នុងទឹកក៏បាន ដើរលើ​ទឹកឥតមានបែកធ្លាយ ដូចជាគេដើរលើផែនដីក៏បាន អង្គុយពែនភ្នែនលើអាកាស ដូចជា​សកុណជាតិទាំងឡាយ ដែលមានស្លាប​ហើរទៅក្នុងអាកាសក៏បាន យកដៃស្ទាប​អង្អែល (មណ្ឌល) ព្រះចន្ទ្រ ព្រះអាទិត្យទាំងនេះ ដែលមានឫទ្ធិធំ មានអានុភាពធំយ៉ាងនេះក៏បាន ឬញុំាងអំណាច​កាយ ឲ្យផ្សព្វផ្សាយទៅ រហូតដល់​ព្រហ្មលោកក៏បាន ដូច្នេះបានឬទេ។ មិនដូច្នោះទេ អាវុសោ។

[២៨៤] បពិត្រលោក​មានអាយុទាំងឡាយ ចុះកាលបើលោក​ទាំងឡាយ ដឹងយ៉ាង​នេះ ឃើញយ៉ាងនេះ តើមានត្រចៀកដូចជាទិព្វដ៏បរិសុទ្ធ កន្លងហួសត្រចៀកជារបស់​មនុស្សធម្មតា រមែងឮសំឡេងពីរប្រការ គឺសំឡេង​ទិព្វ និងសំឡេងមនុស្ស ដែលនៅ​ក្នុងទី​ឆ្ងាយ ឬនៅក្នុងទីជិតដែរឬទេ។ មិនដូច្នោះ អាវុសោ។

[២៨៥] បពិត្រលោកមានអាយុទាំងឡាយ ចុះកាល​បើលោកទាំងឡាយ ដឹងយ៉ាង​នេះ ឃើញយ៉ាងនេះ តើអាច​កំណត់ដឹងចិត្តរបស់សត្វដទៃ របស់បុគ្គលដទៃ ដោយចិត្ត​របស់​ខ្លួនបាន គឺចិត្តប្រកបដោយរាគៈក្តី ក៏ដឹងច្បាស់ថា ចិត្តប្រកបដោយរាគៈ ចិត្ត​ដែល​ប្រាសចាករាគៈក្តី ក៏ដឹងច្បាស់ថា ចិត្តប្រាសចាករាគៈ ចិត្តដែលប្រកបដោយទោសៈក្តី ក៏ដឹងច្បាស់ថា ចិត្តប្រកបដោយទោសៈ ចិត្ត​ដែល​ប្រាសចាកទោសៈក្តី ក៏ដឹងច្បាស់ថា ចិត្តប្រាសចាកទោសៈ ចិត្តដែលប្រកបដោយមោហៈក្តី ក៏ដឹងច្បាស់ថា ចិត្តប្រកប​ដោយ​មោហៈ ចិត្ត​ដែល​ប្រាសចាកមោហៈក្តី ក៏ដឹងច្បាស់ថា ចិត្តប្រាសចាកមោហៈ ចិត្តដែល​រួញ​ថយ​ក្តី ក៏ដឹងច្បាស់ថា ចិត្តរួញថយ ចិត្តដែលរាយមាយ​ក្តី ក៏ដឹងច្បាស់ថា ចិត្តរាយមាយ ចិត្ត​ដែល​ជាមហគ្គតៈ គឺរូបាវចរ និងអរូបាវចរក្តី ក៏ដឹងច្បាស់ថា ចិត្តជាមហគ្គតៈ ចិត្ត​ដែល​មិន​មែនជាមហគ្គតៈ​ក្តី ក៏ដឹងច្បាស់ថា ចិត្តមិនមែនជាមហគ្គតៈ ចិត្តជាសឧត្តរៈ គឺ​កាមាវចរចិត្ត​ក្តី ក៏ដឹងច្បាស់ថា ចិត្តជាសឧត្តរៈ ចិត្តដែលជាអនុត្តរៈ គឺរូបាវចរ និង​អរូបាវចរក្តី ក៏ដឹងច្បាស់ថា ចិត្តជា​អនុត្តរៈ ចិត្តដែលតាំងនៅខ្ជាប់ខ្ជួនក្តី ក៏ដឹងច្បាស់ថា ចិត្ត​តាំង​នៅ​ខ្ជាប់ខ្ជួន ចិត្តដែល​មិនតាំងនៅខ្ជាប់ខ្ជួនក្តី ក៏ដឹងច្បាស់ថា ចិត្តមិនតាំងនៅខ្ជាប់ខ្ជួន ចិត្ត​ដែលរួចស្រឡះ ចាក​កិលេសហើយក្តី ក៏ដឹងច្បាស់ថា ចិត្តរួចស្រឡះហើយ ចិត្តដែល​មិន​ទាន់រួចស្រឡះ​ក្តី ក៏ដឹងច្បាស់ថា ចិត្តមិនទាន់រួចស្រឡះ ដែរឬទេ។ មិនដូច្នោះទេ អាវុសោ។

[២៨៦] បពិត្រលោកមានអាយុទាំងឡាយ ចុះកាលបើលោកទាំងឡាយ ដឹង​យ៉ាង​នេះ ឃើញយ៉ាងនេះ តើរឭកឃើញនូវបុព្វេនិវាស គឺខន្ធ ដែលធ្លាប់​អាស្រ័យនៅក្នុងកាល​មុន ជាច្រើនប្រការ គឺរឭកឃើញបាន ១ជាតិ ២ជាតិ ៣ជាតិ ៤ជាតិ ៥ជាតិ ១០ជាតិ ២០ជាតិ ៣០ជាតិ ៤០ជាតិ ៥០ជាតិ ១០០ជាតិ ១ពាន់ជាតិ ១សែនជាតិ ក៏បាន រឭកឃើញសំវដ្តកប្បជាច្រើនក៏បាន វិវដ្តកប្បជាច្រើនក៏បាន សំវដ្តវិវដ្តកប្បជាច្រើនក៏​បាន ថាអាត្មាអញ បានកើតក្នុងភពឯណោះ មានឈ្មោះយ៉ាងនេះ មានគោត្រយ៉ាងនេះ មាន​សម្បុរយ៉ាងនេះ មានអាហារយ៉ាងនេះ បានទទួលសុខ និងទុក្ខយ៉ាងនេះ មានកំណត់​អាយុត្រឹមប៉ុណ្ណេះ លុះអាត្មាអញ ច្យុតចាកអត្តភាព​នោះហើយ ក៏បានទៅកើតក្នុងភព​ឯណោះ ដែលទៅកើតក្នុងភពនោះ មានឈ្មោះយ៉ាងនេះ មានគោត្រយ៉ាងនេះ មាន​សម្បុរយ៉ាងនេះ មានអាហារយ៉ាងនេះ បានទទួលសុខ និងទុក្ខយ៉ាងនេះ មានកំណត់​អាយុត្រឹមប៉ុណ្ណេះ លុះអាត្មាអញនោះ ច្យុតចាកអត្តភាព​នោះហើយ ក៏បានមកកើត​ក្នុង​ភពនេះ លោកទាំងឡាយ រឭកឃើញនូវ​បុព្វេនិវាសជាច្រើនប្រការ ព្រមទាំងអាការៈ គឺរូប និងអាហារជាដើម ព្រមទាំងឧទ្ទេស គឺឈ្មោះ និងគោត្រកូល ដោយប្រការដូច្នេះ បានដែរឬ​ទេ។ មិនដូច្នោះទេ អាវុសោ។

[២៨៧] បពិត្រលោកមានអាយុទាំងឡាយ ចុះកាលបើលោកទាំងឡាយ ដឹង​យ៉ាង​នេះ ឃើញយ៉ាងនេះ តើមានចក្ខុដូចជាទិព្វ ដ៏បរិសុទ្ធ កន្លងបង់នូវចក្ខុជារបស់មនុស្ស​ធម្មតា រមែងឃើញនូវពួកសត្វដែលច្យុត ដែលកើត ជាសត្វថោកទាប ខ្ពង់ខ្ពស់ មាន​សម្បុរ​ល្អ មានសម្បុរអាក្រក់ មានគតិល្អ មានគតិអាក្រក់ ដឹងច្បាស់នូវពួកសត្វ ដែលប្រព្រឹត្តទៅ​តាមកម្មរបស់ខ្លួនថា អើហ្ន៎ សត្វទាំងអម្បាលនេះ ប្រកបដោយកាយទុច្ចរិត ប្រកបដោយ​វចីទុច្ចរិត ប្រកបដោយ​មនោទុច្ចរិត ជាអ្នកតិះដៀលព្រះអរិយបុគ្គល មានសេចក្តីយល់​ខុស ប្រកាន់នូវអំពើតាមសេចក្តីយល់ខុស សត្វទាំងអម្បាលនោះ លុះរំលាងកាយ ស្លាប់ទៅ ក៏ទៅកើតក្នុងកំណើតតិរច្ឆាន ប្រេត អសុរកាយ នរក មួយទៀត អើហ្ន៎ សត្វទាំងអម្បាលនេះ ប្រកបដោយកាយសុចរិត ប្រកបដោយ​វចីសុចរិត ប្រកបដោយ​មនោសុចរិត ជាអ្នកមិនតិះដៀលព្រះអរិយបុគ្គល មានសេចក្តីយល់ត្រូវ ប្រកាន់នូវ​អំពើតាមសេចក្តីយល់ត្រូវ សត្វទាំងអម្បាលនោះ លុះរំលាងកាយ ស្លាប់ទៅ ក៏ទៅកើតក្នុងសុគតិសួគ៌ ទេវលោក ចុះលោកទាំងឡាយ មានចក្ខុដូចជាទិព្វ ដ៏បរិសុទ្ធ កន្លងបង់នូវចក្ខុជារបស់មនុស្ស​ធម្មតា រមែងឃើញនូវពួកសត្វដែលច្យុត ដែលកើត ជាសត្វថោកទាប ខ្ពង់ខ្ពស់ មាន​សម្បុរ​ល្អ មានសម្បុរអាក្រក់ មានគតិល្អ មានគតិអាក្រក់ ដឹងច្បាស់នូវពួកសត្វ ដែលប្រព្រឹត្តទៅ​តាមកម្មរបស់ខ្លួន ដោយប្រការដូច្នេះ ដែរឬទេ។ មិនដូច្នោះទេ អាវុសោ។

[២៨៨] បពិត្រលោកមានអាយុទាំងឡាយ ចុះកាលបើលោកទាំងឡាយ ដឹង​យ៉ាងនេះ ឃើញយ៉ាងនេះ តើកន្លងនូវរូបជ្ឈានហើយ បាននូវអារុប្បវិមោក្ខ ដែលជាធម៌​ស្ងប់រម្ងាប់ ដោយនាមកាយ ហើយសម្រាន្តនៅ ដែរឬទេ។ មិនដូច្នោះទេ អាវុសោ។

[២៨៩] សុសិមភិក្ខុសួរថា ម្នាលលោកមានអាយុទាំងឡាយ ឥឡូវនេះ ការដោះ​ស្រាយនេះក្តី ការមិនបានលុះនូវធម៌ទាំងនេះក្តី ក្នុងដំណើរនុ៎ះ ម្នាលអាវុសោ ចុះហេតុនេះ តើដូចម្តេច។ ពួកភិក្ខុទាំងនោះ តបថា ម្នាលអាវុសោសុសិមៈ យើងទាំង​ឡាយ ជាបញ្ញាវិមុត្តបុគ្គល គឺជាអ្នករួចស្រឡះ ចាកកិលេសដោយសារបញ្ញាទេតើ។ សុសិមភិក្ខុ​ឆ្លើយ​ថា ខ្ញុំមិនទាន់យល់សេចក្តី នៃពាក្យដែលលោកមានអាយុទាំងឡាយ សំដែង​សង្ខេប​ហើយ​នេះ ដោយពិស្តារបានទេ ខ្ញុំសូមអង្វរ សូមលោកមានអាយុ​ទាំងឡាយ សំដែង​ប្រាប់​ខ្ញុំ យ៉ាងណា ឲ្យខាងតែខ្ញុំយល់សេចក្តី នៃពាក្យដែលលោក​មានអាយុទាំងឡាយ សំដែង​សង្ខេប​ហើយនេះ ដោយពិស្តារបាន។ ពួកភិក្ខុទាំងនោះ តបថា ម្នាលអាវុសោសុសិមៈ លោកយល់ក្តី មិនយល់ក្តី យើងទាំងឡាយ ជាក់ជា​បញ្ញាវិមុត្តបុគ្គលដោយពិត។

[២៩០] គ្រានោះឯង សុសិមភិក្ខុមានអាយុ ក្រោកអំពីអាសនៈ ចូល​ទៅគាល់​ព្រះមានព្រះភាគ លុះចូលទៅដល់ ថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះសុសិមភិក្ខុ​មានអាយុ អង្គុយក្នុងទីសមគួរហើយ ទើប​ក្រាបបង្គំទូល​ នូវពាក្យទាំងអស់​នោះ ដែលខ្លួន​ចរចាទាំងប៉ុន្មាន ជាមួយនឹង​ពួកភិក្ខុទាំង​នោះ ចំពោះ​ព្រះមានព្រះភាគ។ ព្រះមានព្រះភាគ​ត្រាស់ថា ម្នាលសុសិមៈ ធម្មដ្ឋិតិញ្ញាណ គឺវិបស្សនាញាណ តែងកើត​ឡើង​មុន ការដឹងក្នុងព្រះនិព្វាន គឺមគ្គញ្ញាណ តែងកើត​ឡើងក្រោយ។ បពិត្រព្រះអង្គ​ដ៏​ចំរើន ខ្ញុំព្រះអង្គ មិនអាចយល់សេចក្តី នៃព្រះពុទ្ធដីកា ដែល​ព្រះអង្គសំដែងសង្ខេបនេះ ដោយ​​ពិស្តារបានទេ សូមទ្រង់ព្រះមេត្តាប្រោស សូម​ព្រះមានព្រះភាគ សំដែង​ប្រាប់ខ្ញុំ​ព្រះអង្គ យ៉ាងណា ឲ្យ​ខាងតែខ្ញុំព្រះអង្គយល់សេចក្តី នៃ​ព្រះពុទ្ធដីកា ដែលព្រះអង្គសំដែង​សង្ខេប​នេះ ដោយពិស្តារបានឲ្យទាន។

[២៩១] ម្នាលសុសិមៈ អ្នកយល់ក្តី អ្នកមិនយល់ក្តី ចំណែក​ធម្មដ្ឋិតិញ្ញាណ តែងកើតឡើងមុន ការដឹងក្នុងព្រះនិព្វាន តែងកើត​ឡើងក្រោយដោយពិត ម្នាលសុសិមៈ អ្នកសំគាល់សេចក្តីនោះ ដូចម្តេច រូបទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។ ចុះរបស់ណា ដែលមិនទៀង របស់នោះជាទុក្ខ ឬជាសុខ។ ជាទុក្ខ ព្រះអង្គ។ ចុះរបស់ណា ដែល​មិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា គួរនឹងយល់ឃើញ នូវរបស់នោះថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនរបស់អញ ដូច្នេះឬទេ។ មិនគួរនឹងយល់ឃើញយ៉ាង​នោះទេ ព្រះអង្គ។ វេទនា ទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។ ចុះរបស់ណា ដែលមិនទៀង របស់នោះជាទុក្ខ ឬជាសុខ។ ជាទុក្ខ ព្រះអង្គ។ ចុះរបស់ណា ដែល​មិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា គួរនឹងយល់ឃើញរបស់នោះថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនរបស់អញ ដូច្នេះឬទេ។ មិនគួរនឹងយល់ឃើញយ៉ាង​នោះទេ ព្រះអង្គ។ សញ្ញា ទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។បេ។ សង្ខារទាំងឡាយ ទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។ ចុះរបស់ណា មិនទៀង របស់នោះជាទុក្ខ ឬជាសុខ។ ជាទុក្ខ ព្រះអង្គ។ ចុះរបស់ណា ដែល​មិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួល​ជាធម្មតា គួរនឹងយល់ឃើញរបស់នោះថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនរបស់អញ ដូច្នេះឬទេ។ មិនគួរនឹងយល់ឃើញយ៉ាង​នោះទេ ព្រះអង្គ។ វិញ្ញាណ ទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។ ចុះរបស់ណា មិនទៀង របស់នោះជាទុក្ខ ឬជាសុខ។ ជាទុក្ខ ព្រះអង្គ។ ចុះរបស់ណា ដែល​មិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា គួរនឹងយល់ឃើញរបស់នោះថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនរបស់អញ ដូច្នេះឬទេ។ មិនគួរនឹងយល់ឃើញយ៉ាង​នោះទេ ព្រះអង្គ។

[២៩២] ម្នាលសុសិមៈ ព្រោះហេតុនោះ រូបណាមួយ ដែលជាអតីត អនាគត បច្ចុប្បន្ន ខាងក្នុងក្តី ខាងក្រៅក្តី គ្រោតគ្រាតក្តី ល្អិតក្តី ថោកទាបក្តី ឧត្តមក្តី រូបណា ដែលមាន​ក្នុងទីឆ្ងាយក្តី ក្នុងទីជិតក្តី រូបទាំងអស់នោះ គ្រាន់តែជារូប (ប៉ុណ្ណោះឯង) បុគ្គល​គួរឃើញរូបនុ៎ះ ដោយបញ្ញាដ៏ប្រពៃ តាមពិត យ៉ាងនេះថា នុ៎ះ មិនមែនរបស់អញ នុ៎ះ​មិនមែនជាអញ នុ៎ះមិនមែនជាខ្លួនរបស់អញឡើយ។ វេទនាណាមួយ ដែលជាអតីត អនាគត បច្ចុប្បន្ន ខាងក្នុងក្តី ខាងក្រៅក្តី គ្រោតគ្រាតក្តី ល្អិតក្តី ថោកទាបក្តី ឧត្តមក្តី វេទនាណា ដែលមាន​ក្នុងទីឆ្ងាយក្តី ក្នុងទីជិតក្តី វេទនាទាំងអស់នោះ គ្រាន់តែជាវេទនា (ប៉ុណ្ណោះឯង) បុគ្គល​គួរឃើញវេទនានុ៎ះ ដោយបញ្ញាដ៏ប្រពៃ តាមពិត យ៉ាងនេះថា នុ៎ះ មិនមែនរបស់អញ នុ៎ះ​មិនមែនជាអញ នុ៎ះមិនមែនជាខ្លួនរបស់អញឡើយ។ សញ្ញាណណាមួយ។បេ។ សង្ខារទាំងឡាយណាមួយ ដែលជាអតីត អនាគត បច្ចុប្បន្ន ខាងក្នុងក្តី ខាងក្រៅក្តី គ្រោតគ្រាតក្តី ល្អិតក្តី ថោកទាបក្តី ឧត្តមក្តី សង្ខារទាំងឡាយណា ដែលមាន​ក្នុងទីឆ្ងាយក្តី មានក្នុងទីជិតក្តី សង្ខារទាំងអស់នោះ គ្រាន់តែជាសង្ខារ (ប៉ុណ្ណោះឯង) បុគ្គល​គួរឃើញសង្ខារនុ៎ះ ដោយបញ្ញាដ៏ប្រពៃ តាមពិត យ៉ាងនេះថា នុ៎ះ មិនមែនរបស់អញ នុ៎ះ​មិនមែនជាអញ នុ៎ះមិនមែនជាខ្លួនរបស់អញឡើយ។ វិញ្ញាណណា​មួយ ដែលជាអតីត អនាគត បច្ចុប្បន្ន ខាងក្នុងក្តី ខាងក្រៅក្តី គ្រោតគ្រាតក្តី ល្អិតក្តី ថោកទាបក្តី ឧត្តមក្តី វិញ្ញាណណា ដែលមាន​ក្នុងទីឆ្ងាយក្តី ក្នុងទីជិតក្តី វិញ្ញាណទាំងអស់​នោះ គ្រាន់តែជាវិញ្ញាណ (ប៉ុណ្ណោះឯង) បុគ្គល​គួរឃើញវិញ្ញាណនុ៎ះ ដោយបញ្ញាដ៏ប្រពៃ តាមពិត យ៉ាងនេះថា នុ៎ះ មិនមែនរបស់អញ នុ៎ះ​មិនមែនជាអញ នុ៎ះមិនមែនជាខ្លួនរបស់អញឡើយ។

[២៩៣] ម្នាលសុសិមៈ អរិយសាវ័កជាអ្នកចេះដឹង កាលបើយល់ឃើញ​យ៉ាងនេះ ក៏នឿយណាយក្នុងរូបផង នឿយណាយក្នុងវេទនាផង នឿយណាយក្នុងសញ្ញាផង នឿយណាយក្នុងសង្ខារទាំងឡាយផង នឿយណាយក្នុងវិញ្ញាណផង កាលបើ​នឿយ​ណាយ (យ៉ាងនេះហើយ) ក៏ប្រាសចាកតម្រេក ចិត្តក៏ផុតស្រឡះ (ចាក​អាសវៈ) ព្រោះ​ប្រាស​ចាកតម្រេក។ កាលចិត្តផុតស្រឡះ (ចាកអាសវៈ) ហើយ ញាណ (របស់​អរិយ​សាវ័ក​នោះ) កើតឡើងប្រាកដថា ចិត្តផុតស្រឡះហើយ។ អរិយសាវ័កនោះ រមែង​ដឹងច្បាស់ថា ជាតិ (របស់​អាត្មាអញ) អស់ហើយ មគ្គព្រហ្មចរិយៈ អាត្មាអញ បាននៅរួចហើយ សោឡសកិច្ច អាត្មាអញ បានធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បី​សោឡសកិច្ច​នេះ​ទៀត មិនមានឡើយ។

[២៩៤] ម្នាលសុសិមៈ អ្នកយល់ឃើញថា ជរាមរណៈកើតមាន ព្រោះជាតិ ជាបច្ច័យ​ដែរឬ។ ព្រះករុណា ព្រះអង្គ។ ម្នាលសុសិមៈ អ្នកយល់ឃើញថា ជាតិកើតមាន ព្រោះភព ជាបច្ច័យ​ដែរឬ។ ព្រះករុណា ព្រះអង្គ។ ម្នាលសុសិមៈ អ្នកយល់ឃើញថា ភពកើតមាន ព្រោះឧបាទាន ជាបច្ច័យ​ដែរឬ។ ព្រះករុណា ព្រះអង្គ។ ម្នាលសុសិមៈ អ្នកយល់ឃើញថា ឧបាទានកើតមាន ព្រោះតណ្ហា ជាបច្ច័យ​ដែរឬ។ ព្រះករុណា ព្រះអង្គ។ តណ្ហាកើតមាន ព្រោះវេទនាជាបច្ច័យ… វេទនាកើតមាន ព្រោះផស្សៈជាបច្ច័យ… ផស្សៈកើតមាន ព្រោះអាយតនៈ៦ ជាបច្ច័យ… អាយតនៈ៦ កើតមាន ព្រោះនាមរូប ជាបច្ច័យ… នាមរូបកើតមាន ព្រោះវិញ្ញាណជាបច្ច័យ… វិញ្ញាណ​កើតមាន ព្រោះសង្ខារជាបច្ច័យ… ម្នាលសុសិមៈ អ្នកយល់ឃើញថា សង្ខារទាំង​ឡាយកើតមាន ព្រោះអវិជ្ជា ជាបច្ច័យ​ដែរឬ។ ព្រះករុណា ព្រះអង្គ។

[២៩៥] ម្នាលសុសិមៈ អ្នកយល់ឃើញថា ការរលត់នៃជរាមរណៈ ព្រោះការរលត់នៃជាតិ ​ដែរឬ។ ព្រះករុណា ព្រះអង្គ។ ម្នាលសុសិមៈ អ្នកយល់ឃើញថា ការរលត់នៃជាតិ ព្រោះការរលត់នៃភព ​ដែរឬ។ ព្រះករុណា ព្រះអង្គ។ ការរលត់នៃ​ភព ព្រោះ​ការរលត់​នៃ​ឧបាទាន… ការរលត់នៃឧបាទាន ព្រោះការរលត់នៃតណ្ហា… ការរលត់នៃតណ្ហា… ព្រោះ​ការ​រលត់​នៃវេទនា… ការរលត់នៃវេទនា ព្រោះការរលត់នៃផស្សៈ… ការរលត់នៃផស្សៈ ព្រោះការរលត់នៃអាយតនៈ៦… ការរលត់នៃអាយតនៈ៦ ព្រោះការរលត់នៃនាមរូប… ការ​រលត់នៃនាមរូប ព្រោះការរលត់នៃវិញ្ញាណ… ការរលត់នៃវិញ្ញាណ​ ព្រោះការរលត់នៃ​សង្ខារ… ម្នាលសុសិមៈ អ្នកយល់ឃើញថា ការរលត់នៃសង្ខារ ព្រោះការរលត់នៃអវិជ្ជា ដែរឬ។ ព្រះករុណា ព្រះអង្គ។

[២៩៦] ម្នាលសុសិមៈ ចុះកាលបើអ្នកដឹងយ៉ាងនេះ ឃើញយ៉ាងនេះ តើបាន​នូវការតាក់តែង ឬសំដែង​ឫទ្ធិច្រើនប្រការ គឺកាយតែមួយ ធ្វើឲ្យទៅជាកាយច្រើនក៏បាន កាយច្រើន ធ្វើឲ្យ​ទៅជាកាយ​តែមួយវិញក៏​បាន ដើរទៅទីណា ឥតទើសទាល់ គឺនៅក្នុងទីកំបាំង ដើរទៅក្នុងទីវាល​ក៏បាន នៅខាងក្នុង ដើរចេញទៅខាងក្រៅក៏បាន នៅខាងក្នុងជញ្ជាំង ដើរចេញ​ទៅខាង​ក្រៅជញ្ជាំង (ដោយ​ឥតទ្វារ ឬផ្លូវ) ក៏បាន នៅខាងក្នុងកំពែង ដើរចេញទៅខាងក្រៅ​កំពែង​ក៏បាន នៅខាងក្នុងភ្នំ ដើរចេញទៅ​ខាងក្រៅភ្នំ ឥតទើសទាល់ ដូចជា​គេដើរទៅ ក្នុងអាកាសទទេក៏បាន មុជងើបក្នុងផែនដី ដូចជាគេមុជងើបក្នុងទឹកក៏បាន ដើរលើ​ទឹកឥតបែកធ្លាយ ដូចជាគេដើរលើផែនដីក៏បាន ពែនភ្នែនទៅក្នុងអាកាស ដូចជា​សកុណជាតិ ដែលមានស្លាប​ ហើរទៅក្នុង​អាកាស​ក៏បាន យកដៃទៅស្ទាប​អង្អែល (មណ្ឌល) ព្រះចន្ទ្រ ព្រះអាទិត្យទាំងនេះ ដែលមានឫទ្ធិ​ច្រើន មានអានុភាពច្រើនយ៉ាងនេះក៏បាន ញុំាងអំណាច​កាយ ឲ្យផ្សព្វផ្សាយទៅ រហូតដល់​ព្រហ្មលោកនាយក៏បាន ដែឬទេ។ មិនដូច្នោះទេ ព្រះអង្គ។

[២៩៧] ម្នាលសុសិមៈ ចុះកាលបើអ្នកដឹងយ៉ាង​នេះ ឃើញយ៉ាងនេះ តើមានត្រចៀក​ ដូចជាទិព្វដ៏បរិសុទ្ធ កន្លងហួសត្រចៀក ជារបស់​មនុស្សធម្មតា រមែងឮសំឡេងពីរប្រការ គឺសំឡេង​ទិព្វ និងសំឡេងមនុស្ស ដែលនៅ​ក្នុងទី​ឆ្ងាយ ឬនៅក្នុងទីជិត ដែរឬទេ។ មិនដូច្នោះ ព្រះអង្គ។

[២៩៨] ម្នាលសុសិមៈ ចុះកាល​បើអ្នកដឹងយ៉ាង​នេះ ឃើញយ៉ាងនេះ តើអាច​កំណត់ដឹងចិត្ត របស់សត្វដទៃ របស់បុគ្គលដទៃ ដោយចិត្ត​របស់​ខ្លួនបាន គឺចិត្តប្រកប​ដោយរាគៈក្តី ក៏ដឹងច្បាស់ថា ចិត្តប្រកបដោយរាគៈ។បេ។ ចិត្ត​មិនទាន់ផុតស្រឡះ​ក្តី ក៏ដឹងច្បាស់ថា ចិត្តមិនទាន់ផុតស្រឡះ ដែរឬទេ។ មិនដូច្នោះទេ ព្រះអង្គ។

[២៩៩] ម្នាលសុសិមៈ ចុះកាលបើអ្នកដឹង​យ៉ាង​នេះ ឃើញយ៉ាងនេះ តើរឭកឃើញ​ បុព្វេនិវាស បានជាច្រើនប្រការ គឺរឭកឃើញបាន ១ជាតិ។បេ។ អ្នករឭកឃើញ​បុព្វេនិវាស បានជាច្រើនប្រការ ព្រមទាំងអាការៈ ព្រមទាំងឧទ្ទេស ដោយប្រការដូច្នេះ ដែរឬទេ។ មិនដូច្នោះទេ ព្រះអង្គ។

[៣០០] ម្នាលសុសិមៈ ចុះកាលបើអ្នកដឹង​យ៉ាង​នេះ ឃើញយ៉ាងនេះ តើមានចក្ខុ ដូចជាទិព្វ ដ៏បរិសុទ្ធ កន្លងហួសចក្ខុរបស់មនុស្ស​ធម្មតា ឃើញពួកសត្វកាលច្យុត។បេ។ ដឹងច្បាស់ នូវពួកសត្វ ដែលប្រព្រឹត្តទៅ​តាមកម្មរបស់ខ្លួន ដែរឬទេ។ មិនដូច្នោះទេ ព្រះអង្គ។

[៣០១] ម្នាលសុសិមៈ ចុះកាលបើអ្នកដឹង​យ៉ាងនេះ ឃើញយ៉ាងនេះ តើកន្លងនូវ​រូបជ្ឈាន ហើយបាននូវអារុប្បវិមោក្ខ ដែលជាធម៌​ស្ងប់រម្ងាប់ ដោយនាមកាយ ហើយសម្រាន្ត​នៅ ដែរឬទេ។ មិនដូច្នោះទេ ព្រះអង្គ។

[៣០២] ម្នាលសុសិមៈ ឥឡូវនេះ ការដោះ​ស្រាយនេះក្តី ការមិនបាន​លុះធម៌​ទាំងនេះក្តី ក្នុងដំណើរនុ៎ះ ម្នាលសុសិមៈ ចុះហេតុនេះ តើដូចម្តេច។ គ្រានោះឯង ព្រះសុសិមៈ​មាន​អាយុ ក្រាបចុះទៀបព្រះបាទា នៃព្រះមានព្រះភាគ ដោយសិរ្សៈ ពោល​ខមាទោស នឹង​ព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន កំហុស​គ្របសង្កត់​ហើយ នូវ​ខ្ញុំព្រះអង្គ តាម​ដោយ​ខ្ញុំព្រះអង្គ ជាមនុស្សល្ងង់ខ្លៅ ជាមនុស្សវង្វេង ជាមនុស្ស​មិនឈ្លាស ខ្ញុំព្រះអង្គណា ជា​អ្នក​លួចធម៌ បួសក្នុងធម៌វិន័យ ដែល​ព្រះអង្គសំដែង​ហើយ ដោយប្រពៃ យ៉ាងនេះ បពិត្រ​ព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ អត់នូវកំហុស តាមទោស របស់​ខ្ញុំព្រះអង្គ​នោះ ដើម្បីការសង្រួមតទៅ។

[៣០៣] អើសុសិមៈ កំហុស​គ្របសង្កត់អ្នក តាមដោយអ្នក ជាមនុស្សល្ងង់ខ្លៅ ជាមនុស្សវង្វេង ជាមនុស្ស​មិនឈ្លាសមែន អ្នកឯងដែលជាអ្នកលួចធម៌ បួសក្នុងធម៌វិន័យ ដែលតថាគតសំដែង​ហើយ ដោយប្រពៃ យ៉ាងនេះ ម្នាលសុសិមៈ ដូចពួករាជបុរស ចាប់​បានចោរ ដែល​ប្រព្រឹត្តអាក្រក់ នាំមកថ្វាយព្រះរាជាថា បពិត្រ​ព្រះសម្មតិទេព នេះជាចោរ ប្រព្រឹត្តអាក្រក់នឹងព្រះអង្គ ព្រះអង្គ ទ្រង់​សព្វព្រះហឫទ័យដាក់អាជ្ញាណា ដល់ចោរនេះ សូម​ព្រះអង្គដាក់អាជ្ញានោះចុះ ទើបព្រះរាជា មានព្រះបន្ទូល នឹងរាជបុរស​នោះ យ៉ាងនេះថា នែប្រស្តែងទាំងឡាយ បើដូច្នោះ អ្នកទាំងឡាយ ចូរនាំគ្នាចងបុរសនេះ ឲ្យ​មានដើមដៃទៅខាងក្រោយ (ចងស្លាបសេក) ឲ្យខ្ជាប់ ដោយខ្សែដ៏មាំ កោរក្បាល​ឲ្យរលីង​ចេញ​​ហើយ (ត្រូវទួង) ស្គរជ័យ ដែលមានសំឡេងឮខ្លាំង នាំបណ្តើរ​ជុំវិញសព្វច្រក សព្វផ្លូវ​ត្រឡែងកែង នាំចេញទៅតាមទ្វារខាងត្បូងហើយ ចូរកាត់ក្បាល ត្រង់កន្លែងសម្រាប់​ពិឃាត ជាខាងត្បូងនៃព្រះនគរចុះ ឯពួករាជបុរស នាំគ្នាចាប់ចងបុរស​នោះ ឲ្យមានដើមដៃ​ទៅ​ខាងក្រោយឲ្យខ្ជាប់ ដោយខ្សែដ៏មាំ កោរក្បាលឲ្យរលីងចេញ​(ទួង) ស្គរជ័យ ដែលមាន​សំឡេងឮខ្លាំង នាំបណ្តើរ​ជុំវិញសព្វច្រក សព្វផ្លូវត្រឡែងកែង រួចនាំចេញទៅ​តាមទ្វារ​ខាង​ត្បូង កាត់ក្បាល នៅខាងត្បូង នៃព្រះនគរ ម្នាលសុសិមៈ អ្នកសំគាល់សេចក្តីនោះ ថាដូច​ម្តេច បុរសនោះ គប្បីទទួលទុក្ខ ទោមនស្ស ព្រោះដំណើរ​នោះជាហេតុ ដែរឬទេ។ ព្រះករុណា ព្រះអង្គ។

[៣០៤] ម្នាលសុសិមៈ បុរសនោះ ទទួលទុក្ខទោមនស្ស ព្រោះដំណើរនោះ ជាហេតុណា បព្វជ្ជាណា របស់បុគ្គលអ្នកលួចធម៌ ក្នុងធម៌វិន័យ ដែលតថាគត សំដែង​ហើយ ដោយប្រពៃ យ៉ាងនេះ បព្វជ្ជានេះ មានទុក្ខវិបាកខ្លាំងផង មានវិបាកខ្លោចផ្សាខ្លាំង​ផង ជាងហេតុនោះទៅទៀត មិនតែប៉ុណ្ណោះ បព្វជ្ជានេះ រមែង​ប្រព្រឹត្តទៅ ក្នុងវិនិបាត​កំណើត។ ម្នាលសុសិមៈ កាលណាបើអ្នកឃើញទោស តាមទោសហើយ សំដែង​ទោស ឲ្យ​សមគួរតាមធម៌ តថាគត ទទួលអត់ទោស ដល់អ្នកនោះបាន ម្នាលសុសិមៈ នេះឯង ជាសេចក្តីចម្រើន ក្នុងវិន័យរបស់អរិយៈ នៃបុគ្គលដែលឃើញទោស តាមទោស ហើយ​សំដែង​​ទោសតាមធម៌ ដល់នូវសេចក្តីសង្រួមតទៅ ដោយពិត។ ចប់សូត្រទី១០។

ចប់ មហាវគ្គ ទី៧។

បញ្ជីរឿង នៃមហាវគ្គនោះគឺ

និយាយអំពីបុគ្គល ២ពួក គឺបុគ្គល​អ្នកមិនចេះដឹង និងបុគ្គលអ្នកចេះដឹង ដែល​ព្រះមានព្រះភាគ ត្រាស់ហើយ ១ អំពីបរិភោគដូចបរិភោគសាច់កូន ១ អំពីធម៌ មានរាគៈ​ជាដើម ដែល​មាន និងមិនមានក្នុងអាហារ ១ អំពីអដ្ឋង្គិកមគ្គ ដូចផ្លូវ​ទៅកាន់​បុរាណនគរ ១ អំពីការពិចារណា នូវបដិច្ចសមុប្បាទ ១ អំពីនាមរូប ដូចបាច់បបុះ ១ អំពីធម្មកថិក នៅក្នុង​ក្រុងកោសម្ពី ១ អំពីបដិច្ចសមុប្បាទចម្រើនឡើង និងថយកម្លាំង​ ដូចមហាសមុទ្រជោរនាច ១ អំពីសុសិមបរិព្វាជក ១ ត្រូវជា ១០។

សមណព្រាហ្មណវគ្គ

[៣០៥] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់ក្នុងវត្ត​ជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។

[៣០៦] ក្នុងទីនោះឯង ព្រះមានព្រះភាគ… ម្នាលភិក្ខុទាំងឡាយ ពួកសមណៈ ឬព្រាហ្មណ៍ណាមួយ មិនដឹងច្បាស់ នូវជរា និងមរណៈ មិនដឹងច្បាស់ នូវហេតុឲ្យ​កើត​ជរា និងមរណៈ មិនដឹងច្បាស់នូវ​សេចក្តីរលត់ជរា និងមរណៈ មិនដឹងច្បាស់នូវបដិបទា ជាដំណើរ​ទៅកាន់​សេចក្តីរលត់ជរា និងមរណៈ ម្នាលភិក្ខុទាំងឡាយ សមណៈ ឬព្រាហ្មណ៍ទាំងនោះ មិនរាប់ថាជាសមណៈ ក្នុងពួកសមណៈផង មិនរាប់ថា ជាព្រាហ្មណ៍ ក្នុងពួកព្រាហ្មណ៍ផង មិនតែប៉ុណ្ណោះ សមណព្រាហ្មណ៍មានអាយុទាំង​នោះ រមែងមិនធ្វើ​ឲ្យ​ជាក់ច្បាស់សម្រេច នូវសាមញ្ញផល ឬព្រហ្មញ្ញផល ដោយប្រាជ្ញាដ៏​ឧត្តមរបស់ខ្លួនឯង ក្នុងបច្ចុប្បន្នឡើយ។

[៣០៧] ម្នាលភិក្ខុទាំងឡាយ លុះតែពួកសមណៈ ឬព្រាហ្មណ៍ណាមួយ ដឹងច្បាស់ នូវជរា និងមរណៈ។បេ។ ម្នាលភិក្ខុទាំងឡាយ សមណៈ ឬព្រាហ្មណ៍ទាំងអម្បាលនោះឯង ទើបរាប់ថាជាសមណៈ ក្នុងពួកសមណៈផង រាប់ថាជាព្រាហ្មណ៍ ក្នុងពួកព្រាហ្មណ៍ផង មិនតែប៉ុណ្ណោះ ពួកសមណព្រាហ្មណ៍មានអាយុទាំង​នោះ រមែងធ្វើឲ្យជាក់ច្បាស់ សម្រេច នូវសាមញ្ញផលផង នូវព្រហ្មញ្ញផលផង ដោយប្រាជ្ញាដ៏​ឧត្តម របស់ខ្លួនឯង ក្នុងបច្ចុប្បន្ន។ ចប់សូត្រ ទី១។

[៣០៨] ខ្ញុំបានស្តាប់មកយ៉ាងនេះ។បេ។ មិនដឹងច្បាស់នូវជាតិ។បេ។ មិនដឹងច្បាស់​នូវភព… មិនដឹងច្បាស់នូវឧបាទាន… មិនដឹងច្បាស់នូវតណ្ហា… មិនដឹងច្បាស់នូវវេទនា… មិនដឹងច្បាស់នូវផស្សៈ… មិនដឹងច្បាស់នូវអាយតនៈ៦… មិនដឹងច្បាស់នូវនាមរូប… មិនដឹងច្បាស់នូវវិញ្ញាណ… មិនដឹងច្បាស់នូវសង្ខារទាំងឡាយ មិនដឹងច្បាស់នូវហេតុឲ្យ​កើតសង្ខារ មិនដឹងច្បាស់នូវ​សេចក្តីរលត់សង្ខារ មិនដឹងច្បាស់នូវបដិបទា ជាដំណើរ​ទៅកាន់​សេចក្តីរលត់សង្ខារ។បេ។ ធ្វើឲ្យជាក់ច្បាស់ សម្រេច ដោយប្រាជ្ញាដ៏​ឧត្តមរបស់ខ្លួនឯង។ ចប់សូត្រទី១១។

ចប់ សមណព្រាហ្មណវគ្គ ទី៨។

បញ្ជីរឿងនៃ សមណព្រាហ្មណវគ្គ នោះគឺ

ការចែកនូវសច្ចៈ ៤ មានបច្ច័យ ១១ ព្រះមានព្រះភាគ ត្រាស់ហើយ សមណព្រាហ្មណវគ្គ មាននិទាន​ជាគម្រប់៨។

បញ្ជីនៃវគ្គ គឺ

ពុទ្ធវគ្គ ១ អាហារវគ្គ ១ ទសពលវគ្គ ១ កឡារខត្តិយវគ្គ ១ គហបតិវគ្គ ១ ជាគម្រប់ ​៥ ទុក្ខវគ្គ ១ មហាវគ្គ ១ សមណព្រាហ្មណវគ្គ ១ ត្រូវជាគម្រប់ ៨។

អន្តរបេយ្យាលៈ

[៣០៩] ព្រះមានព្រះភាគ ទ្រង់គង់នៅទៀបក្រុងសាវត្ថី… ក្នុងទីនោះឯង ព្រះមានព្រះភាគ… ម្នាលភិក្ខុទាំងឡាយ បុគ្គល កាលមិនទាន់ដឹង មិនទាន់ឃើញ នូវ​ជរា និង​មរណៈតាមពិតទេ គប្បីស្វែងរកសាស្តា ដើម្បីការដឹងក្នុងជរា និងមរណៈតាមពិត បុគ្គល​​កាលមិនទាន់ដឹង មិនទាន់ឃើញនូវហេតុ ដែលនាំឲ្យកើតជរា និង​មរណៈ​តាម​ពិត​ទេ គប្បីស្វែងរកសាស្តា ដើម្បីការដឹងក្នុងហេតុ ដែលនាំឲ្យកើត​ជរា និងមរណៈតាមពិត បុគ្គល​​កាលមិនទាន់ដឹង មិនទាន់ឃើញនូវសេចក្តីរលត់ជរា និងមរណៈតាមពិតទេ គប្បី​ស្វែង​រកសាស្តា ដើម្បីការដឹងក្នុងសេចក្តីរលត់​ជរា និងមរណៈតាមពិត បុគ្គល​កាល​មិន​ទាន់​ដឹង មិនទាន់ឃើញនូវបដិបទា ជាដំណើរ​ទៅកាន់សេចក្តីរលត់ជរា និងមរណៈ​តាម​ពិត​ទេ គប្បីស្វែងរកសាស្តា ដើម្បីការដឹងក្នុងបដិបទា ជាដំណើរទៅកាន់សេចក្តីរលត់ជរា និង​មរណៈតាមពិត។

(ការបំប្រួញនៃបទទាំងអស់ យ៉ាងនេះឯង)។

ម្នាលភិក្ខុទាំងឡាយ បុគ្គល​កាលមិនទាន់ដឹង មិនទាន់ឃើញនូវជាតិតាមពិតទេ… ម្នាល​ភិក្ខុ​ទាំង​ឡាយ បុគ្គល​កាលមិនទាន់ដឹង មិនទាន់ឃើញនូវភពតាមពិតទេ… ម្នាលភិក្ខុ​ទាំង​ឡាយ បុគ្គល​កាលមិនទាន់ដឹង មិនទាន់ឃើញនូវឧបាទានតាមពិតទេ… ម្នាលភិក្ខុទាំង​ឡាយ បុគ្គល​កាលមិនទាន់ដឹង មិនទាន់ឃើញនូវតណ្ហាតាមពិតទេ… ម្នាលភិក្ខុទាំងឡាយ បុគ្គល​​កាលមិនទាន់ដឹង មិនទាន់ឃើញនូវវេទនាតាមពិតទេ… ម្នាលភិក្ខុទាំងឡាយ បុគ្គល​កាលមិនទាន់ដឹង មិនទាន់ឃើញនូវផស្សៈតាមពិតទេ… ម្នាលភិក្ខុទាំងឡាយ បុគ្គល​កាល​មិន​ទាន់ដឹង មិនទាន់ឃើញនូវអាយតនៈ៦តាមពិតទេ… ម្នាលភិក្ខុទាំងឡាយ បុគ្គល​កាល​មិន​ទាន់ដឹង មិនទាន់ឃើញនូវនាមរូបតាមពិតទេ… ម្នាលភិក្ខុទាំងឡាយ បុគ្គល​កាល​មិន​ទាន់​ដឹង មិនទាន់ឃើញនូវវិញ្ញាណតាមពិតទេ… ម្នាលភិក្ខុទាំងឡាយ បុគ្គល​កាលមិនទាន់​ដឹង មិនទាន់ឃើញនូវសង្ខារទាំងឡាយតាមពិត​ទេ… គប្បីស្វែងរកសាស្តា ដើម្បីការដឹង​ក្នុង​សង្ខារទាំងឡាយតាមពិត បុគ្គល​កាលមិនទាន់ដឹង មិនទាន់ឃើញនូវហេតុ ដែលនាំឲ្យ​កើត​សង្ខារតាមពិតទេ គប្បីស្វែងរកសាស្តា ដើម្បីការដឹងក្នុងហេតុ ដែលនាំឲ្យកើត​សង្ខារ​តាម​ពិត បុគ្គល​កាលមិនទាន់ដឹង មិនទាន់ឃើញនូវសេចក្តីរលត់សង្ខារតាមពិតទេ គប្បី​ស្វែង​រកសាស្តា ដើម្បីការដឹងក្នុងសេចក្តីរលត់សង្ខារតាមពិត បុគ្គល​កាលមិនទាន់ដឹង មិន​ទាន់​ឃើញនូវបដិបទា ជាដំណើរទៅកាន់សេចក្តីរលត់សង្ខារតាមពិតទេ គប្បីស្វែង​រក​សាស្តា ដើម្បីការដឹងក្នុងបដិបទា ជាដំណើរទៅកាន់សេចក្តីរលត់សង្ខារតាមពិត។

(គប្បីធ្វើបច្ច័យនៃបទទាំងអស់ ឲ្យប្រកបដោយសច្ចៈ៤ សូត្រទី១)។

[៣១០] ម្នាលភិក្ខុទាំងឡាយ បុគ្គល​កាលមិនទាន់ដឹង មិនទាន់ឃើញ នូវជរា និងមរណៈ​តាម​ពិតទេ គប្បីធ្វើការសិក្សា ដើម្បីការដឹងក្នុងជរា និងមរណៈតាមពិត។

(ត្រូវធ្វើនូវការបំប្រួញបច្ច័យ ឲ្យប្រកបដោយសច្ចៈ៤ យ៉ាងនេះ)

គប្បីធ្វើការប្រកបព្យាយាម… គប្បីធ្វើសេចក្តីពេញចិត្ត ក្នុងកុសល… គប្បីធ្វើសេចក្តី​ប្រឹង​ប្រែង​ដ៏មាំ.. គប្បីធ្វើសេចក្តីព្យាយាមមិនរួញរា.. គប្បីធ្វើសេចក្តីព្យាយាមដុតកំដៅ​កិលេស.. គប្បីធ្វើសេចក្តីព្យាយាមខ្នះខ្នែង… គប្បីធ្វើសេចក្តីព្យាយាមរឿយៗ… គប្បី​ធ្វើ​សេចក្តី​រឭក… គប្បីធ្វើសេចក្តីដឹងខ្លួន… គប្បីធ្វើសេចក្តីមិនប្រមាទ។

ចប់ អន្តរបេយ្យាល ទី៩។

បញ្ជីរឿងនៃ អន្តរបេយ្យាលៈ នោះគឺ

ការស្វែងរកសាស្តា ១ ការសិក្សា ១ ការប្រកបព្យាយាម ១ សេចក្តីពេញចិត្តក្នុង​កុសល ១ សេចក្តីប្រឹងប្រែងដ៏មាំ ១ ជាទី៥ សេចក្តីព្យាយាមមិនរួញរា ១ សេចក្តីព្យាយាម​ដុតកំដៅ​កិលេស ១ សេចក្តីខ្នះខ្នែង ១ សេចក្តីព្យាយាមរឿយៗ ១ សេចក្តីរឭក ១ សេចក្តីដឹងខ្លួន ១ សេចក្តីមិនប្រមាទ ១ ត្រូវ១២។

ចប់ សូត្រជាអន្តរបេយ្យាលៈ។

សូត្រក្រៅពីនេះ មាន១២ផង មាន១៣២ផង បេយ្យាលៈណា មានក្នុងចន្លោះ បេយ្យាលៈ​នោះ ព្រះអង្គសំដែង​ហើយ ដោយសច្ចៈ៤។

ចប់ បញ្ជីរឿង ក្នុងអន្តរបេយ្យាលៈ។

អភិសមយវគ្គ

[៣១១] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុង​វត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង ព្រះមានព្រះភាគ ទ្រង់ចាប់លើកអាចម៍ដីបន្តិច ដោយចុងព្រះនខៈ រួចទ្រង់ត្រាស់សួរបញ្ជាក់ភិក្ខុទាំងឡាយ​ថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ សំគាល់ហេតុនោះដូចម្តេច អាចម៍ដីបន្តិច ដែលតថាគត ចាប់លើកដោយចុងក្រចកនេះ និង​មហាប្រឹថពីនេះ តើណាច្រើនជាង។ ពួក​ភិក្ខុក្រាបទូលថា បពិត្រព្រះអង្គដ៏ចំរើន មហាប្រឹថពីច្រើនជាង អាចម៍ដីបន្តិច ដែល​ព្រះអង្គចាប់លើក ​ដោយចុងព្រះនខៈនុ៎ះ មានប្រមាណតិចណាស់ អាចម៍ដីបន្តិច ដែល​ព្រះអង្គ​ចាប់លើក ដោយចុងព្រះនខៈ យកទៅប្រៀប​ធៀបនឹង​មហាប្រឹថពី មិនដល់​នូវ​ចំណែកមួយ ក្នុងមួយរយចំណែក មិនដល់​នូវ​ចំណែកមួយ ក្នុងមួយពាន់ចំណែក មិនដល់​នូវ​ចំណែកមួយ ក្នុងមួយសែនចំណែកឡើយ។

[៣១២] ម្នាលភិក្ខុទាំងឡាយ សេចក្តីនេះ មានឧបមេយ្យដូច បុគ្គលជាអរិយសាវ័ក ជាអ្នកបរិបូណ៌ដោយទិដ្ឋិ ត្រាស់ដឹងនូវអរិយសច្ច រមែងមានសេចក្តីទុក្ខ ដែលអស់ទៅ រីងស្ងួតទៅ ច្រើនជាង ឯសេចក្តីទុក្ខដែល​សល់នៅ សំដៅយកត្រឹម ៧អត្តភាព មានប្រមាណតិចណាស់ មិនដល់​នូវ​ចំណែកមួយ ក្នុងមួយរយចំណែក មិនដល់​នូវ​ចំណែកមួយ ក្នុងមួយពាន់ចំណែក មិនដល់​នូវ​ចំណែកមួយ ក្នុងមួយសែនចំណែក ដោយ​ការប្រៀបធៀបនឹងកងទុក្ខអំពីមុន ដែលអស់ទៅ សាបសូន្យទៅឡើយ។ ម្នាលភិក្ខុទាំង​ឡាយ ការត្រាស់ដឹងធម៌ មានប្រយោជន៍ច្រើនយ៉ាងនេះ ការបានធម្មចក្ខុ មានប្រយោជន៍​ច្រើន​យ៉ាងនេះ។ ចប់សូត្រទី១។

[៣១៣] ទ្រង់គង់នៅទៀបក្រុងសាវត្ថី… ក្នុងទីនោះឯង ព្រះមានព្រះភាគ… ម្នាលភិក្ខុ​ទាំង​ឡាយ ដូចជាស្រះបោក្ខរណី មានបណ្តោយ ៥០យោជន៍ ទទឹង ​៥០យោជន៍ ជម្រៅ ៥០​យោជន៍ ពេញដោយទឹកស្មើមាត់ច្រាំង ល្មមក្អែក​ឱនផឹកបាន មានបុរសម្នាក់ ទៅដួស​ទឹក​អំពី​ស្រះនោះ ដោយចុងស្បូវ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ សំគាល់​ហេតុនោះ ដូចម្តេច ទឹកដែលបុរសដួសដោយចុងស្បូវ និងទឹកក្នុងស្រះបោក្ខរណី តើ​ណាច្រើនជាង។ បពិត្រព្រះអង្គដ៏ចំរើន ទឹកក្នុងស្រះបោក្ខរណីនេះច្រើនជាង ទឹកដែលបុរស​ដួសឡើង ដោយចុងស្បូវ មានប្រមាណតិចណាស់ ទឹកដែលបុរសដួស​ឡើង ដោយចុងស្បូវ យកទៅ​ប្រៀបធៀបនឹងទឹកក្នុងស្រះបោក្ខរណី មិនដល់​នូវ​ចំណែកមួយ ក្នុងមួយរយចំណែក មិន​ដល់​​នូវ​ចំណែកមួយ ក្នុងមួយពាន់ចំណែក មិនដល់​នូវ​ចំណែកមួយ ក្នុងមួយសែន​ចំណែក​ឡើយ។

[៣១៤] ម្នាលភិក្ខុទាំងឡាយ សេចក្តីនេះ មានឧបមេយ្យដូច បុគ្គលជាអរិយសាវ័ក ជាអ្នក​បរិបូណ៌​ដោយទិដ្ឋិ ត្រាស់ដឹងនូវអរិយសច្ច រមែងមានទុក្ខដែលអស់ទៅ សាបសូន្យទៅ ច្រើន​ជាង ឯទុក្ខដែល​សល់នៅ សំដៅយកត្រឹម ៧អត្តភាព មានប្រមាណ​តិចណាស់ មិន​ដល់​​នូវ​​ចំណែកមួយ ក្នុងមួយរយចំណែក មិនដល់​នូវ​ចំណែកមួយ ក្នុងមួយពាន់ចំណែក មិនដល់​នូវ​ចំណែកមួយ ក្នុងមួយសែនចំណែក ដោយ​ការប្រៀបធៀបនឹងកងទុក្ខ ដែល​អស់​ទៅ សាបសូន្យទៅឡើយ។ ម្នាលភិក្ខុទាំងឡាយ ការត្រាស់ដឹងធម៌ មានប្រយោជន៍​ច្រើន​យ៉ាងនេះ ការបានធម្មចក្ខុ មាន​ប្រយោជន៍​ច្រើន​យ៉ាងនេះ។ ចប់សូត្រទី២។

[៣១៥] ទ្រង់គង់នៅទៀបក្រុងសាវត្ថី… ក្នុងទីនោះឯង ព្រះមានព្រះភាគ… ម្នាលភិក្ខុទាំងឡាយ ដូចទន្លេទាំងនេះ គឺទន្លេគង្គា យមុនា អចិរវតី សរភូ មហី តែងហូរមក​ប្រសព្វ រលាយចូលស្មើគ្នា ក្នុងទីណា បុរសម្នាក់ ទៅដួសយកតំណក់ទឹក ពីរបីតំណក់ អំពីទីនោះ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ សំគាល់​ហេតុនោះ ដូចម្តេច តំណក់ទឹកពីរបីតំណក់ ដែលបុរសនោះដួស និងទឹកដែលហូរ​មកប្រសព្វ រលាយចូលគ្នា តើ​ណា​ច្រើនជាង។ បពិត្រព្រះអង្គដ៏ចំរើន ទឹកដែលហូរមកប្រសព្វ រលាយចូលគ្នានុ៎ះឯង ច្រើនជាង តំណក់ទឹកពីរបីតំណក់ ដែលបុរស​ដួសនុ៎ះ មានប្រមាណតិចណាស់ តំណក់​ទឹកពីរបីតំណក់ ដែលបុរសដួសនោះ យកទៅប្រៀបធៀប​នឹងទឹក ដែលហូរ​មកប្រសព្វ រលាយចូលគ្នា មិនដល់​នូវ​ចំណែកមួយ ក្នុងមួយរយចំណែក មិនដល់​នូវ​ចំណែកមួយ ក្នុងមួយពាន់ចំណែក មិនដល់​នូវ​ចំណែកមួយ ក្នុងមួយសែនចំណែក​ឡើយ។

[៣១៦] ម្នាលភិក្ខុទាំងឡាយ សេចក្តីនេះ មានឧបមេយ្យដូច។បេ។ ការបាននូវ​ធម្មចក្ខុ មានប្រយោជន៍ច្រើនយ៉ាងនេះ។ ចប់សូត្រទី៣។

[៣១៧] ទ្រង់គង់នៅទៀបក្រុងសាវត្ថី… ក្នុងទីនោះឯង ព្រះមានព្រះភាគ… ម្នាលភិក្ខុទាំងឡាយ ដូចទន្លេទាំងនេះ គឺទន្លេគង្គា យមុនា អចិរវតី សរភូ មហី តែងហូរមក​ប្រសព្វ រលាយចូលស្មើគ្នា ក្នុងទីណា ទឹកនោះគប្បីអស់ទៅ រីងស្ងួតទៅ ក្នុងទីនោះ វៀរលែងតែតំណក់ទឹក ពីរបីតំណក់។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ សំគាល់​ហេតុនោះ ដូចម្តេច ទឹកដែលហូរ​មកប្រសព្វ រលាយចូលគ្នា ដែលអស់ទៅ រីងស្ងួតទៅ និងតំណក់ទឹកពីរបីតំណក់ ដែលសល់នៅ តើ​ណា​ច្រើនជាង។ បពិត្រព្រះអង្គដ៏ចំរើន ទឹកហូរមកប្រសព្វ រលាយចូលគ្នា ដែលអស់ទៅ រីងស្ងួតទៅ ច្រើនជាង តំណក់​ទឹក​ពីរបី​តំណក់ ដែលសល់នៅ មានប្រមាណតិចណាស់ តំណក់ទឹកពីរបីតំណក់ ដែលសល់នៅ យក​ទៅប្រៀបធៀប​នឹងទឹក ដែលហូរ​មកប្រសព្វ រលាយចូលគ្នា ដែលអស់ទៅ រីងស្ងួតទៅ មិនដល់​នូវ​ចំណែកមួយ ក្នុងមួយរយចំណែក មិនដល់​នូវ​ចំណែកមួយ ក្នុងមួយពាន់​ចំណែក មិនដល់​នូវ​ចំណែកមួយ ក្នុងមួយសែនចំណែកឡើយ។

[៣១៨] ម្នាលភិក្ខុទាំងឡាយ សេចក្តីនេះ មានឧបមេយ្យដូច។បេ។ ការបាន​ធម្មចក្ខុ មានប្រយោជន៍ច្រើនយ៉ាងនេះ។ ចប់សូត្រទី៤។

[៣១៩] ទ្រង់គង់នៅទៀបក្រុងសាវត្ថី… ក្នុងទីនោះឯង ព្រះមានព្រះភាគ… ម្នាលភិក្ខុទាំងឡាយ ដូចបុរសលើកយកដុំដី ៧ដុំ ប៉ុនផ្លែពទ្រា អំពីមហាប្រឹថពី។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ សំគាល់​ហេតុនោះ ដូចម្តេច ដុំដី៧ដុំ ប៉ុនផ្លែពទ្រា ដែលគេ​លើកយកមក និងមហាប្រឹថពី តើណាច្រើនជាង។ បពិត្រព្រះអង្គដ៏ចំរើន មហាប្រឹថពី ច្រើនជាង ឯដុំដី៧ដុំ ប៉ុនផ្លែពទ្រា ដែលគេលើកយកមកនោះ មាន​ប្រមាណ​តិចណាស់ ដុំដី៧ដុំ ប៉ុនផ្លែពទ្រា ដែលគេចាប់លើកឡើង យកមកប្រៀបធៀបនឹងមហា​ប្រឹថពី មិនដល់​នូវ​ចំណែកមួយ ក្នុងមួយរយចំណែក មិនដល់​នូវ​ចំណែកមួយ ក្នុង​មួយ​ពាន់ចំណែក មិនដល់​នូវ​ចំណែកមួយ ក្នុងមួយសែនចំណែកឡើយ។

[៣២០] ម្នាលភិក្ខុទាំងឡាយ សេចក្តីនេះ មានឧបមេយ្យដូច។បេ។ ការបាន​នូវ​ធម្មចក្ខុ មានប្រយោជន៍ច្រើនយ៉ាងនេះ។ ចប់សូត្រទី៥។

[៣២១] ទ្រង់គង់នៅទៀបក្រុងសាវត្ថី… ក្នុងទីនោះឯង ព្រះមានព្រះភាគ… ម្នាលភិក្ខុទាំងឡាយ ដូចមហាប្រឹថពី គប្បីអស់ទៅ វិនាសទៅ វៀរលែងតែដុំដី ៧ដុំ ប៉ុនផ្លែពទ្រា។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ សំគាល់​ហេតុនោះ ដូចម្តេច មហាប្រឹថពី ដែលអស់ទៅ វិនាសទៅ និងដុំដី៧ដុំ ប៉ុនផ្លែពទ្រា ដែលសល់នៅ តើណាច្រើនជាង។ បពិត្រព្រះអង្គដ៏ចំរើន មហាប្រឹថពី ដែលអស់ទៅ វិនាសទៅ ច្រើនជាង ឯដុំដី៧ដុំ ប៉ុនផ្លែពទ្រា ដែលសល់នៅ មាន​ប្រមាណ​តិចណាស់ ដុំដី៧ដុំ ប៉ុនផ្លែពទ្រា ដែលសល់នៅ យកទៅប្រៀបធៀបនឹងមហា​ប្រឹថពី ដែលអស់ទៅ វិនាសទៅ មិនដល់​នូវ​ចំណែកមួយ ក្នុងមួយរយចំណែក មិនដល់​នូវ​ចំណែកមួយ ក្នុង​មួយ​ពាន់ចំណែក មិនដល់​នូវ​ចំណែកមួយ ក្នុងមួយសែនចំណែកឡើយ។

[៣២២] ម្នាលភិក្ខុទាំងឡាយ សេចក្តីនេះ មានឧបមេយ្យដូច។បេ។ ការបាន​ធម្មចក្ខុ មានប្រយោជន៍ច្រើនយ៉ាងនេះ។ ចប់សូត្រទី៦។

[៣២៣] ទ្រង់គង់នៅទៀបក្រុងសាវត្ថី… ក្នុងទីនោះឯង ព្រះមានព្រះភាគ… ម្នាលភិក្ខុទាំង​ឡាយ ដូចបុរសដួសយកតំណក់ទឹក ពីរបីតំណក់ ពីមហាសមុទ្រ។ ម្នាលភិក្ខុទាំងឡាយ អ្នក​ទាំង​ឡាយ សំគាល់​ហេតុនោះ ថាដូចម្តេច តំណក់ទឹក​ពីរបីតំណក់ ដែលបុរស​ដួស​ឡើង និង​ទឹកក្នុងមហាសមុទ្រ តើណាច្រើនជាង។ បពិត្រព្រះអង្គដ៏ចំរើន ទឹកក្នុង​មហា​សមុទ្រ ច្រើនជាង ឯតំណក់ទឹកពីរបីតំណក់ ដែល​បុរសដួសឡើង មាន​ប្រមាណ​តិច​ណាស់ តំណក់ទឹកពីរបីតំណក់ ដែលបុរស​ដួសឡើង យកទៅប្រៀបធៀប​នឹងទឹកក្នុង​មហា​សមុទ្រ មិនដល់​នូវ​ចំណែកមួយ ក្នុងមួយរយចំណែក មិនដល់​​នូវ​ចំណែកមួយ ក្នុង​មួយ​​ពាន់ចំណែក មិនដល់​នូវ​ចំណែកមួយ ក្នុងមួយសែន​ចំណែក​ឡើយ។

[៣២៤] ម្នាលភិក្ខុទាំងឡាយ សេចក្តីនេះ មានឧបមេយ្យដូច។បេ។ ការបាន​​ធម្មចក្ខុ មាន​ប្រយោជន៍ច្រើន យ៉ាងនេះ។ ចប់សូត្រទី៧។

[៣២៥] ទ្រង់គង់នៅទៀបក្រុងសាវត្ថី… ក្នុងទីនោះឯង ព្រះមានព្រះភាគ… ម្នាលភិក្ខុទាំង​ឡាយ ដូចមហាសមុទ្រ គប្បីអស់ទៅ រីងស្ងួតទៅ លើកលែង​តែតំណក់​ទឹក​ពីរបីតំណក់។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ សំគាល់​ហេតុនោះ ថាដូចម្តេច ទឹកដែល​អស់ទៅ រីង​ស្ងួត​ទៅ អំពីមហាសមុទ្រ និងដំណក់ទឹកពីរបីតំណក់ ដែល​សល់នៅ តើណាច្រើនជាង។ បពិត្រ​ព្រះអង្គដ៏ចំរើន ទឹកក្នុងមហាសមុទ្រ ដែល​អស់ទៅ រីងស្ងួតទៅ ច្រើនជាង ឯតំណក់​ទឹក​ពីរបីតំណក់ ដែលសល់នៅ មាន​ប្រមាណ​តិចណាស់ តំណក់ទឹកពីរបីតំណក់ ដែល​សល់​នៅ យកទៅប្រៀបធៀបនឹងទឹកក្នុងមហា​សមុទ្រ ដែលអស់ទៅ រីងស្ងួតទៅ មិនដល់​នូវ​​ចំណែកមួយ ក្នុងមួយរយចំណែក មិនដល់​នូវ​ចំណែកមួយ ក្នុង​មួយ​ពាន់ចំណែក មិន​ដល់​​នូវ​ចំណែកមួយ ក្នុងមួយសែន​ចំណែកឡើយ។

[៣២៦] ម្នាលភិក្ខុទាំងឡាយ សេចក្តីនេះ មានឧបមេយ្យដូច។បេ។ ការបាន​ធម្មចក្ខុ មាន​ប្រយោជន៍ច្រើន យ៉ាងនេះ។ ចប់សូត្រទី៨។

[៣២៧] ទ្រង់គង់នៅទៀបក្រុងសាវត្ថី… ក្នុងទីនោះឯង ព្រះមានព្រះភាគ… ម្នាលភិក្ខុទាំង​ឡាយ ដូចបុរសរើសយកថ្ម និងក្រួស៧ដុំ ប៉ុនគ្រាប់ស្ពៃ អំពី​ស្តេច​ភ្នំ​ហិមពាន្ត។ ម្នាលភិក្ខុ​ទាំង​ឡាយ អ្នកទាំងឡាយ សំគាល់​ហេតុនោះ ថាដូចម្តេច ថ្មនិងក្រួស៧ដុំ ប៉ុនគ្រាប់ស្ពៃ ដែល​បុរសរើសយកមក និងស្តេច​ភ្នំហិមពាន្ត តើណាច្រើនជាង។ បពិត្រព្រះអង្គដ៏ចំរើន ស្តេច​​ភ្នំហិមពាន្ត ច្រើនជាង ឯថ្មនិងក្រួស ៧ដុំ ប៉ុនគ្រាប់ស្ពៃ ដែលបុរសរើសយកមក មាន​ប្រមាណ​​តិចណាស់ ថ្មនិងក្រួស ៧ដុំ ប៉ុនគ្រាប់ស្ពៃ ដែលបុរសរើសយកមក ទៅប្រៀប​ធៀប​នឹងស្តេចភ្នំហិមពាន្ត មិនដល់​នូវ​ចំណែកមួយ ក្នុងមួយរយចំណែក មិនដល់​នូវ​ចំណែក​មួយ ក្នុង​មួយ​ពាន់ចំណែក មិនដល់​នូវ​ចំណែកមួយ ក្នុងមួយសែនចំណែក​ឡើយ។

[៣២៨] ម្នាលភិក្ខុទាំងឡាយ សេចក្តីនេះ មានឧបមេយ្យដូច។បេ។ ការបាន​ធម្មចក្ខុ មាន​ប្រយោជន៍ច្រើន យ៉ាងនេះ។ ចប់សូត្រទី៩។

[៣២៩] ទ្រង់គង់នៅទៀបក្រុងសាវត្ថី… ក្នុងទីនោះឯង ព្រះមានព្រះភាគ… ម្នាលភិក្ខុទាំង​ឡាយ ដូចស្តេចភ្នំហិមពាន្ត ដល់នូវការអស់ទៅ វិនាសទៅ លើកលែងតែថ្ម ឬក្រួស៧ដុំ ប៉ុនគ្រាប់ស្ពៃ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ សំគាល់​ហេតុនោះ ថាដូចម្តេច ស្តេច​ភ្នំហិមពាន្ត ដែលអស់ទៅ វិនាសទៅ និងថ្ម ឬក្រួស ៧ដុំ ប៉ុនគ្រាប់ស្ពៃ ដែលសល់នៅ តើ​ណា​ច្រើនជាង។ បពិត្រព្រះអង្គដ៏ចំរើន ស្តេចភ្នំហិមពាន្ត ដែលអស់ទៅ វិនាសទៅ ច្រើន​ជាង ឯថ្ម ឬក្រួស៧ដុំ ប៉ុនគ្រាប់ស្ពៃ ដែលសល់នៅ មាន​ប្រមាណ​តិចណាស់ ថ្ម ឬក្រួស៧ដុំ ប៉ុន​គ្រាប់ស្ពៃ ដែលសល់នៅ យកទៅប្រៀបធៀបនឹង​ស្តេចភ្នំ​ហិមពាន្ត ដែលអស់ទៅ វិនាស​ទៅ មិនដល់​នូវ​ចំណែកមួយ ក្នុងមួយរយចំណែក មិនដល់​នូវ​ចំណែកមួយ ក្នុង​មួយ​ពាន់ចំណែក មិនដល់​នូវ​ចំណែកមួយ ក្នុងមួយសែន​ចំណែកឡើយ។

[៣៣០] ម្នាលភិក្ខុទាំងឡាយ សេចក្តីនេះ មានឧបមេយ្យដូចបុគ្គល ជាអរិយសាវ័ក ជាអ្នកបរិបូណ៌ដោយទិដ្ឋិ ត្រាស់ដឹងនូវអរិយសច្ច រមែង​មានទុក្ខ ដែលអស់ទៅ រីងស្ងួត​ទៅច្រើនជាង ឯទុក្ខ​ដែលសល់នៅ សំដៅយកត្រឹម​៧អត្តភាព មានប្រមាណតិចណាស់ មិនដល់នូវ​ចំណែកមួយ ក្នុងមួយរយចំណែក មិនដល់​នូវ​ចំណែកមួយ ក្នុង​មួយ​ពាន់​ចំណែក មិនដល់​នូវ​ចំណែកមួយ ក្នុងមួយសែន​ចំណែកឡើយ។ ម្នាលភិក្ខុទាំងឡាយ ការ​ត្រាស់​ដឹងធម៌ មានប្រយោជន៍​ច្រើន យ៉ាងនេះ ការបាន​​ធម្មចក្ខុ មានប្រយោជន៍​ច្រើន យ៉ាងនេះ។ ចប់សូត្រទី១០។

[៣៣១] ទ្រង់គង់នៅទៀបក្រុងសាវត្ថី… ក្នុងទីនោះឯង ព្រះមានព្រះភាគ… ម្នាលភិក្ខុទាំង​ឡាយ ដូចបុរសរើសយកថ្ម ឬក្រួស៧ដុំ ប៉ុនគ្រាប់សណ្តែកបាយ អំពី​ស្តេចភ្នំសិនេរុ។ ម្នាល​ភិក្ខុ​ទាំងឡាយ អ្នកទាំងឡាយ សំគាល់​ហេតុនោះ ថាដូចម្តេច ថ្ម ឬក្រួស ប៉ុនគ្រាប់​សណ្តែក​បាយ ដែលបុរសរើសមក និងស្តេចភ្នំសិនេរុ តើណាច្រើនជាង។ បពិត្រព្រះអង្គដ៏​ចំរើន ស្តេចភ្នំសិនេរុ ច្រើនជាង ឯថ្ម ឬក្រួស៧ដុំ ប៉ុនគ្រាប់សណ្តែក​បាយ ដែលបុរស​រើស​មក មាន​ប្រមាណ​តិចណាស់ ថ្ម ឬក្រួស៧ដុំ ប៉ុនគ្រាប់សណ្តែកបាយ ដែលបុរស​រើសមក យក​ទៅ​ប្រៀបធៀបនឹង​ស្តេចភ្នំសិនេរុ មិនដល់​នូវ​ចំណែកមួយ ក្នុងមួយរយចំណែក មិន​ដល់​​នូវ​ចំណែកមួយ ក្នុង​មួយ​ពាន់ចំណែក មិនដល់​នូវ​ចំណែកមួយ ក្នុងមួយសែន​ចំណែក​ឡើយ។

[៣៣២] ម្នាលភិក្ខុទាំងឡាយ សេចក្តីនេះ មានឧបមេយ្យដូចការត្រាស់ដឹង របស់​សមណ​ព្រាហ្មណ៍​បរិព្វាជក ជាអន្យតិរ្ថិយ ប្រៀបធៀបនឹងការត្រាស់ដឹង របស់​បុគ្គល​ជា​អរិយ​សាវ័ក ជាអ្នកបរិបូណ៌ដោយទិដ្ឋិ មិនដល់នូវ​ចំណែកមួយ ក្នុងមួយរយចំណែក មិនដល់​នូវ​ចំណែក​មួយ ក្នុង​មួយ​ពាន់ចំណែក មិនដល់​នូវ​ចំណែកមួយ ក្នុងមួយសែន​ចំណែក​ឡើយ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលបរិបូណ៌ដោយទិដ្ឋិ មានការត្រាស់ដឹងច្រើន យ៉ាងនេះ មាន​អភិញ្ញាច្រើន យ៉ាងនេះ។ ចប់សូត្រទី១១។

ចប់ អភិសមយវគ្គ ទី១០។

បញ្ជីរឿងនៃ អភិសមយវគ្គ នោះគឺ

សំដែងអំពីការប្រៀបធៀប ដូចលើកអាចម៍ដីឡើង ដោយចុងក្រចក ដូចទឹក​ក្នុង​ស្រះ​បោក្ខរណី ដូចទឹក​ដែលហូរ​ប្រសព្វ រលាយចូលគ្នា ២លើក ឧបមាដូចផែនដី ​២លើក ដូច​សមុទ្រ ២លើក ដូចភ្នំ ៣លើក។

ចប់ អភិសមយសំយុត្ត ទី១។

ចប់ ភាគ៣១។

មាតិកា

សុត្តន្តបិដក សំយុត្តនិកាយ និទានវគ្គ

តតិយភាគ

អភិសមយសំយុត្ត

ពុទ្ធវគ្គ

បដិច្ចសមុប្បាទ

ជាតិ

វិញ្ញាណ

សម្មាបដិបទា

ហេតុឲ្យកើតកងទុក្ខ

កិរិយារលត់កងទុក្ខ

អាហារវគ្គ

កិរិយារលត់ទុក្ខ

ការសាកសួររកអាហារ

កិរិយាមិនដឹងច្បាស់នូវជរានិងមរណៈជាដើម

ការសាកសួររកសម្មាទិដ្ឋិ

ការសាកសួររកធម្មកថិក

អចេលកស្សបចូលទៅរកព្រះមានព្រះភាគ

ការសាកសួររកសេចក្តីទុក្ខ

ការព្យាករណ៍នូវសេចក្តីទុក្ខ

ការបាននូវឧបសម្បទា

ការសាកសួររកសេចក្តីទុក្ខ

ការព្យាករណ៍នូវសេចក្តីទុក្ខ

សេចក្តីផ្សេងគ្នានៃពាល និងបណ្ឌិត

បដិច្ចសមុប្បាទ

ភាពនៃធម៌ដែលព្រះអរិយៈបានឃើញច្បាស់

ទសពលវគ្គ

ភាពនៃសេចក្តីសុខ និងទុក្ខ

ភាពនៃសេចក្តីព្យាយាម

ខយញ្ញាណ

ឧបមាដោយទឹកប្រព្រឹត្តទៅក្នុងទីទាប

ពាក្យនៃបរិព្វាជក

ព្រះអានន្ទចូលទៅគាល់ព្រះមានព្រះភាគ

ព្រះពុទ្ធដីកានៃព្រះមានព្រះភាគ

ពាក្យនៃព្រះអានន្ទ

ទ្រង់ពោលនូវបដិច្ចសមុប្បន្នធម៌

កិរិយាធ្វើនូវកាយ វចី មនោ សង្ខារ

ព្រះឧបវាណ ចូលទៅគាល់ព្រះមានព្រះភាគ

ទ្រង់ពោលនូវបដិច្ចសមុប្បន្នធម៌

កិរិយាដឹងច្បាស់នូវជរា និងមរណៈ ជាដើម

កិរិយាមិនកំណត់ដឹងនូវជរា និងមរណៈ ជាដើម

កិរិយាមិនដឹងច្បាស់នូវជរា និងមរណៈ ជាដើម

កឡារខត្តិយវគ្គ

ពោលអំពីបុគ្គលមានធម៌ពិចារណាហើយ

កឡារខត្តិយភិក្ខុ ចូលទៅគាល់ព្រះមានព្រះភាគ

ទ្រង់សួរបញ្ជាក់ព្រះសារីបុត្ត

ភព មានឧបាទានជាហេតុ ជាដើម

វេទនា មានផស្សៈជាហេតុ ជាដើម

ទ្រង់ប្រទានសាធុការៈ

ព្រះសារីបុត្តហៅភិក្ខុទាំងឡាយ

កឡារខត្តិយភិក្ខុ ក្រាបទូលព្រះមានព្រះភាគ

ពោលអំពីញាណវត្ថុ

ពោលអំពីជរា និងមរណៈ

ឈ្មោះអរិយសាវ័ក

សេចក្តីដឹងក្នុងអតីតកាល ជាដើម

ពោលអំពីញាណវត្ថុ

ការសាកសួររកជរា និងមរណៈ

ការសាកសួររកភព ជាដើម

ការសាកសួររកសង្ខារ

ការរលត់នៃអវិជ្ជា

ការកើតឡើងនៃកងទុក្ខ

ឧទ្ទាន

គហបតិវគ្គ

ភ័យប្រាំប្រការ

អង្គនៃសោតាបត្តិ

ការព្យាករណ៍ខ្លួន

ការរលត់ទៅនៃទុក្ខ

ហេតុនាំឲ្យកើតសង្ខារលោក

ហេតុនាំឲ្យកើតកងទុក្ខ

ធម្មបរិយាយជាខាងដើមនៃព្រហ្មចរិយៈ

ជាណុស្សោណិព្រាហ្មណ៍ ចូលទៅគាល់ព្រះមានព្រះភាគ

ហេតុនាំឲ្យកើតកងទុក្ខ

ហេតុនាំឲ្យកើតសង្ខារលោក

ភាពនៃព្រះអរិយសាវ័កបរិបូណ៌ដោយទិដ្ឋិ

ទុក្ខវគ្គ

ការពិចារណារកកិរិយាអស់ទៅនៃសេចក្តីទុក្ខ

ការលះបង់អវិជ្ជា

ទ្រង់សាកសួររកការតាក់តែងបុញ្ញាភិសង្ខារ ជាដើម

ការកើតឡើងនៃកងទុក្ខ

ឧបមាដោយគំនរភ្លើង

ការរលត់ទៅនៃកងទុក្ខ

ឧបមាដោយប្រទីបប្រេង

ឧបមាដោយឈើធំ

ឧបមាដោយឈើខ្ចី

ហេតុនាំឲ្យកើតកងទុក្ខ

ជម្រៅរបស់បដិច្ចសមុប្បាទ

ឧបមាដោយឈើធំ

ឧទ្ទាន

មហាវគ្គ

ភាពនៃមហាភូតទាំងបួន

សេចក្តីនឿយណាយក្នុងកាយ

ពោលអំពីការកំណត់ទុកក្នុងចិត្តនូវបដិច្ចសមុប្បាទធម៌

ការកើតឡើងនៃសុខវេទនា ជាដើម

ពោលអំពី កវឡីការាហារ

ពោលអំពី ផស្សាហារ

ពោលអំពី វិញ្ញាណាហារ

អាហារបួនយ៉ាង

ឧបមាដោយជាងជ្រលក់ ឬជាងគំនូរ

កវឡីការាហារ

ឧបមាដោយផ្ទះមានកំពូល ឬសាលា

សេចក្តីត្រិះរិះរបស់ព្រះមានព្រះភាគ

ការរលត់នៃកងទុក្ខ

ឧបមាដោយផ្លូវធ្លាចាស់

និយាយអំពីការពិចារណាបច្ច័យខាងក្នុង

ការញុំាងតណ្ហាជាដើម ឲ្យចម្រើន

ឧបមាដោយផ្តិលពេញដោយសុរា

ការលះតណ្ហា ជាដើម

ឧបមាដោយផ្តិលពេញដោយសុរា

ព្រះមហាកោដ្ឋិតៈ ចូលទៅរកព្រះសារីបុត្ត

ការសួររកជាតិ ជាដើម

ឧបមាដោយបាច់បបុះ

ព្រះមុសិលត្ថេរ ជាដើម

ការសួររកជរា និងមរណៈ ជាដើម

ការសួររកជាតិ ជាដើម

ឧបមាដោយបុរសដែលក្តៅក្រហាយ

ឧបមាដោយមហាសមុទ្រ

សុសិមបរិព្វាជក ចូលទៅរកព្រះអានន្ទ

ពាក្យសួររបស់សុសិមភិក្ខុ

ការសួររកចេតោបរិយញ្ញាណ

ការសួររកទិព្វចក្ខុញ្ញាណ

សុសិមភិក្ខុ ចូលទៅគាល់ព្រះមានព្រះភាគ

ការសួររករូបមិនទៀង ជាដើម

ការនឿយណាយក្នុងរូប ជាដើម

ការសួររកឥទ្ធិវិធី

ការសួររកទិព្វចក្ខុ

សេចក្តីឧបមាដោយការចាប់ចោរ

ឧទ្ទាន

សមណព្រាហ្មណវគ្គ

សេចក្តីមិនដឹងនូវជរា និងមរណៈ ជាដើម

អន្តរបេយ្យាលៈ

កិរិយាធ្វើនូវការសិក្សា ជាដើម

អភិសមយវគ្គ

ឧបមាដោយស្រះបោក្ខរណី

ឧបមាដោយស្ទឹងធំ

ភាពនៃការបានធម្មចក្ខុមានប្រយោជន៍ច្រើន

ឧបមាដោយស្តេចភ្នំសិនេរុ

ឧទ្ទាន

សូមអនុមោទនា !!!

Oben-pfeil