សំយុត្តនិកាយ និទានវគ្គ

ចតុត្ថភាគ
ភាគទី៣២

សូមនមស្ការ ចំពោះព្រះមានព្រះភាគ ជាអរហន្តសម្មាសម្ពុទ្ធ អង្គនោះ។

ធាតុសំយុត្ត

នានត្តវគ្គ

[១] ព្រះមានព្រះភាគ ទ្រង់គង់នៅជិតក្រុងសាវត្ថី… ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែង នូវធាតុមានសភាពផ្សេងគ្នា ដល់អ្នក​ទាំងឡាយ អ្នកទាំងឡាយ ចូរស្តាប់​នូវធាតុមានសភាពផ្សេងគ្នានោះ ចូរធ្វើ​ទុកក្នុងចិត្តឲ្យល្អ តថាគត​នឹងសំដែង។ ភិក្ខុទាំងនោះ ទទួលព្រះពុទ្ធដីកា នៃព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ។

[២] ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ ចុះធាតុ​មានសភាព​ផ្សេងគ្នា ដូចម្តេច។ ចក្ខុធាតុ រូបធាតុ ចក្ខុវិញ្ញាណធាតុ សោតធាតុ សទ្ទធាតុ សោតវិញ្ញាណធាតុ ឃានធាតុ គន្ធធាតុ ឃានវិញ្ញាណធាតុ ជិវ្ហាធាតុ រសធាតុ ជិវ្ហា​វិញ្ញាណធាតុ កាយធាតុ ផោដ្ឋព្វធាតុ កាយវិញ្ញាណធាតុ មនោធាតុ ធម្មធាតុ មនោ​វិញ្ញាណធាតុ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ធាតុមានសភាពផ្សេងគ្នា។ ចប់សូត្រទី១។

[៣] ព្រះមានព្រះភាគ ទ្រង់គង់នៅជិតក្រុងសាវត្ថី… ក្នុងទីនោះឯង ព្រះមានព្រះភាគ… ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ផស្សៈ មានសភាពផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យធាតុ មានសភាពផ្សេងគ្នា។ ម្នាលភិក្ខុទាំងឡាយ ចុះធាតុ​មានសភាព​ផ្សេងគ្នា តើដូចម្តេច។ ចក្ខុធាតុ សោតធាតុ ឃានធាតុ ជិវ្ហាធាតុ កាយធាតុ មនោធាតុ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ធាតុមានសភាពផ្សេងគ្នា។

[៤] ម្នាលភិក្ខុទាំងឡាយ ចុះផស្សៈ មានសភាពផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យ​ធាតុ មានសភាពផ្សេងគ្នា តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ចក្ខុសម្ផ័ស្សកើតឡើង ព្រោះ​អាស្រ័យ​ចក្ខុធាតុ ព្រោះ​អាស្រ័យ​​សោតធាតុ… ព្រោះ​អាស្រ័យ​​ឃានធាតុ… ព្រោះ​អាស្រ័យ​​ជិវ្ហាធាតុ… ព្រោះ​អាស្រ័យ​​កាយធាតុ… មនោសម្ផ័ស្សកើតឡើង ព្រោះ​អាស្រ័យ​មនោធាតុ។ ម្នាលភិក្ខុទាំងឡាយ ផស្សៈ មាន​សភាព​ផ្សេងគ្នា កើតឡើង ព្រោះ​អាស្រ័យ​ធាតុ មាន​សភាព​ផ្សេងគ្នា យ៉ាងនេះឯង។ ចប់សូត្រទី២។​

[៥] ព្រះមានព្រះភាគ ​ទ្រង់គង់នៅជិតក្រុងសាវត្ថី… ក្នុងទីនោះឯង ព្រះមានព្រះភាគ… ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ផស្សៈ មានសភាពផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យធាតុ មានសភាពផ្សេងគ្នា មិនមែនធាតុមានសភាពផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យ​ផស្សៈ មានសភាព​ផ្សេងគ្នាទេ។ ម្នាលភិក្ខុទាំងឡាយ ចុះធាតុ​មានសភាព​ផ្សេងគ្នា តើដូចម្តេច។ ចក្ខុធាតុ។បេ។ មនោធាតុ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ធាតុមានសភាពផ្សេងគ្នា។

[៦] ម្នាលភិក្ខុទាំងឡាយ ចុះផស្សៈ មានសភាពផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យ​ធាតុមានសភាពផ្សេងគ្នា មិនមែនធាតុមានសភាព​ផ្សេងគ្នា កើតឡើង ព្រោះ​​អាស្រ័យ​ផស្សៈ មាន​សភាព​ផ្សេងគ្នា តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ចក្ខុសម្ផ័ស្សកើតឡើង ព្រោះអាស្រ័យ​ចក្ខុធាតុ មិនមែនចក្ខុធាតុកើតឡើង ព្រោះអាស្រ័យ​ចក្ខុសម្ផ័ស្សទេ។បេ។ មនោសម្ផ័ស្ស​កើត​ឡើង ព្រោះអាស្រ័យមនោធាតុ មិនមែនមនោធាតុ កើតឡើង ព្រោះអាស្រ័យ​មនោសម្ផ័ស្សទេ។ ម្នាលភិក្ខុទាំងឡាយ ផស្សៈ មានសភាព​ផ្សេងគ្នា កើតឡើង ព្រោះ​អាស្រ័យ​ធាតុ មានសភាពផ្សេងគ្នា មិនមែនធាតុមានសភាព​ផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យ​ផស្សៈ​មានសភាពផ្សេងគ្នា យ៉ាងនេះឯង។ ចប់សូត្រទី៣។

[៧] ​ព្រះមានព្រះភាគ ​ទ្រង់គង់នៅជិតក្រុងសាវត្ថី… ក្នុងទីនោះឯង ព្រះមានព្រះភាគ… ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ផស្សៈ មានសភាពផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យធាតុ មានសភាពផ្សេងគ្នា វេទនា មានសភាពផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យ​ផស្សៈ មានសភាព​ផ្សេងគ្នា។ ម្នាលភិក្ខុទាំងឡាយ ចុះធាតុ​មានសភាព​ផ្សេងគ្នា តើដូចម្តេច។ ចក្ខុធាតុ។បេ។ មនោធាតុ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ធាតុមានសភាពផ្សេងគ្នា។

[៨] ម្នាលភិក្ខុទាំងឡាយ ចុះផស្សៈ មានសភាពផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យ​ធាតុមានសភាពផ្សេងគ្នា វេទនា មានសភាព​ផ្សេងគ្នា កើតឡើង ព្រោះ​អាស្រ័យផស្សៈ មានសភាពផ្សេងគ្នា តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ចក្ខុសម្ផ័ស្សកើតឡើង ព្រោះអាស្រ័យ​ចក្ខុធាតុ វេទនា ដែលកើតអំពីចក្ខុសម្ផ័ស្ស ក៏កើតឡើង ព្រោះអាស្រ័យ​ចក្ខុសម្ផ័ស្ស។បេ។ មនោសម្ផ័ស្សកើតឡើង ព្រោះអាស្រ័យមនោធាតុ វេទនាដែលកើតអំពី​មនោសម្ផ័ស្ស ក៏កើតឡើង ព្រោះអាស្រ័យមនោសម្ផ័ស្ស។ ម្នាលភិក្ខុទាំងឡាយ ផស្សៈ មានសភាព​ផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យធាតុ មានសភាពផ្សេងគ្នា វេទនា មានសភាព​ផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យ​ផស្សៈមានសភាពផ្សេងគ្នា យ៉ាងនេះឯង។ ចប់សូត្រទី៤។

[៩] ព្រះមានព្រះភាគ ​ទ្រង់គង់នៅជិតក្រុងសាវត្ថី… ក្នុងទីនោះឯង ព្រះមាន​ព្រះភាគ… ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ផស្សៈ មានសភាពផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យធាតុ មានសភាពផ្សេងគ្នា វេទនាមានសភាពផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យ​ផស្សៈ មានសភាព​ផ្សេងគ្នា មិនមែនផស្សៈមានសភាព​ផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យវេទនាមានសភាព​ផ្សេងគ្នា មិនមែន​ធាតុមានសភាពផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យផស្សៈ មានសភាព​ផ្សេងគ្នាទេ។ ម្នាលភិក្ខុទាំងឡាយ ចុះធាតុ​មានសភាព​ផ្សេងគ្នា តើដូចម្តេច។ ចក្ខុធាតុ។បេ។ មនោធាតុ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ធាតុមានសភាពផ្សេងគ្នា។

[១០] ម្នាលភិក្ខុទាំងឡាយ ចុះផស្សៈ មានសភាពផ្សេងគ្នា កើតឡើង ព្រោះ​អាស្រ័យ​ធាតុ​មាន​សភាពផ្សេងគ្នា វេទនាមានសភាពផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យ​ផស្សៈ មាន​សភាព​​ផ្សេងគ្នា មិនមែនផស្សៈមានសភាព​ផ្សេងគ្នា កើតឡើង ព្រោះ​អាស្រ័យ​វេទនា​មាន​សភាព​​ផ្សេងគ្នា មិនមែន​ធាតុមានសភាពផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យផស្សៈ មាន​សភាព​​ផ្សេងគ្នា តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ចក្ខុសម្ផ័ស្សកើតឡើង ព្រោះ​អាស្រ័យ​​ចក្ខុធាតុ វេទនាដែលកើតអំពីចក្ខុសម្ផ័ស្ស ក៏កើតឡើង ព្រោះអាស្រ័យ​ចក្ខុសម្ផ័ស្ស មិន​មែន​ចក្ខុសម្ផ័ស្សកើតឡើង ព្រោះអាស្រ័យវេទនា ដែលកើត​អំពី​ចក្ខុសម្ផ័ស្ស មិនមែនចក្ខុ​ធាតុកើតឡើង ព្រោះអាស្រ័យចក្ខុសម្ផ័ស្សទេ។បេ។ មនោសម្ផ័ស្ស​កើតឡើង ព្រោះ​អាស្រ័យ​មនោធាតុ វេទនាដែល​កើតអំពីមនោសម្ផ័ស្ស ក៏កើតឡើង ព្រោះអាស្រ័យ​មនោសម្ផ័ស្ស មិនមែន​មនោសម្ផ័ស្សកើតឡើង ព្រោះអាស្រ័យវេទនា ដែលកើត​អំពី​មនោសម្ផ័ស្ស មិនមែនមនោធាតុកើតឡើង ព្រោះអាស្រ័យមនោសម្ផ័ស្សទេ។ ម្នាលភិក្ខុ​ទាំងឡាយ ផស្សៈ មានសភាព​ផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យធាតុ មានសភាព​ផ្សេងគ្នា វេទនាមានសភាពផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យ​ផស្សៈ មានសភាព​ផ្សេងគ្នា មិនមែនផស្សៈមានសភាព​ផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យវេទនាមានសភាព​ផ្សេងគ្នា មិនមែន​ធាតុមានសភាពផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យផស្សៈ មានសភាព​ផ្សេងគ្នា យ៉ាងនេះឯង។ ចប់សូត្រទី៥។

[១១] ព្រះមានព្រះភាគ ទ្រង់គង់នៅជិតក្រុងសាវត្ថី… ក្នុងទីនោះឯង ព្រះមានព្រះភាគ… ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគត នឹងសំដែង​នូវធាតុ​ មានសភាពផ្សេងគ្នា ដល់អ្នកទាំងឡាយ អ្នកទាំងឡាយ ចូរស្តាប់ នូវធាតុមានសភាព​ផ្សេងគ្នានោះ… ម្នាលភិក្ខុទាំងឡាយ ចុះធាតុមានសភាពផ្សេងគ្នា តើដូចម្តេច។ រូបធាតុ សទ្ទធាតុ គន្ធធាតុ រសធាតុ ផោដ្ឋព្វធាតុ ធម្មធាតុ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ធាតុ​មានសភាព​ផ្សេងគ្នា។ ចប់សូត្រទី៦។

[១២] ព្រះមានព្រះភាគ ទ្រង់គង់នៅជិតក្រុងសាវត្ថី… ក្នុងទីនោះឯង ព្រះមានព្រះភាគ… ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ សញ្ញា​ មានសភាពផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យ​ធាតុមានសភាព​ផ្សេងគ្នា សង្កប្បៈ (សេចក្តីត្រិះរិះ) មាន​សភាពផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យ​សញ្ញាមានសភាពផ្សេងគ្នា ឆន្ទៈ (សេចក្តី​ពេញចិត្ត) មានសភាព​ផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យ​សង្កប្បៈ មានសភាពផ្សេងគ្នា បរិឡាហៈ (សេចក្តី​ក្រហល់​ក្រហាយ) មានសភាព​ផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យ​ឆន្ទៈមានសភាពផ្សេងគ្នា បរិយេសនា (ការស្វែងរក) មានសភាព​ផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យបរិឡាហៈ មានសភាពផ្សេងគ្នា។ ម្នាលភិក្ខុទាំងឡាយ ចុះធាតុមាន​សភាព​ផ្សេងគ្នា តើដូចម្តេច។ រូបធាតុ។បេ។ ធម្មធាតុ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ធាតុ​មានសភាព​ផ្សេងគ្នា។

[១៣] ម្នាលភិក្ខុទាំងឡាយ ចុះសញ្ញាមានសភាព​ផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យ​ធាតុមានសភាពផ្សេងគ្នា សង្កប្បៈ មានសភាព​ផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យ​សញ្ញា​មានសភាពផ្សេងគ្នា ឆន្ទៈ មានសភាព​ផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យ​សង្កប្បៈ​មាន​សភាពផ្សេងគ្នា បរិឡាហៈ មានសភាព​ផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យ​ឆន្ទៈ មាន​សភាពផ្សេងគ្នា បរិយេសនា មានសភាព​ផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យ​បរិឡាហៈ​មានសភាពផ្សេងគ្នា តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ រូបសញ្ញា​កើតឡើង ព្រោះ​អាស្រ័យរូបធាតុ រូបសង្កប្បៈ (សេចក្តីត្រិះរិះក្នុងរូប) កើតឡើង ព្រោះអាស្រ័យរូបសញ្ញា រូបឆន្ទៈ (សេចក្តីពេញចិត្តក្នុងរូប) កើតឡើង ព្រោះអាស្រ័យរូប​សង្កប្បៈ រូបបរិឡាហៈ (សេចក្តី​ក្រហល់ក្រហាយក្នុងរូប) កើតឡើង ព្រោះអាស្រ័យរូបឆន្ទៈ រូបបរិយេសនា (ការស្វែងរករូប) កើតឡើង ព្រោះអាស្រ័យរូបបរិឡាហៈ។បេ។ ធម្មសញ្ញា​កើតឡើង ព្រោះ​អាស្រ័យធម្មធាតុ ធម្មសង្កប្បៈ (សេចក្តីត្រិះរិះក្នុងធម៌) កើតឡើង ព្រោះអាស្រ័យ​ធម្មសញ្ញា ធម្មច្ឆន្ទៈ (សេចក្តីពេញចិត្តក្នុងធម៌) កើតឡើង ព្រោះអាស្រ័យធម្មសង្កប្បៈ ធម្មបរិឡាហៈ (សេចក្តីក្រហល់ក្រហាយក្នុងធម៌) កើតឡើង ព្រោះអាស្រ័យធម្មច្ឆន្ទៈ ធម្មបរិយេសនា (ការស្វែងរកធម៌) កើតឡើង ព្រោះអាស្រ័យ​ធម្មបរិឡាហៈ។ ម្នាលភិក្ខុ​ទាំងឡាយ សញ្ញាមានសភាព​ផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យធាតុ​មានសភាព​ផ្សេងគ្នា សង្កប្បៈមានសភាព​ផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យសញ្ញាមាន​សភាពផ្សេង​គ្នា ឆន្ទៈ មានសភាព​ផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យសង្កប្បៈមានសភាពផ្សេងគ្នា បរិឡាហៈ មានសភាព​ផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យឆន្ទៈមានសភាពផ្សេងគ្នា បរិយេសនា មានសភាព​ផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យបរិឡាហៈមានសភាព​ផ្សេង​គ្នា យ៉ាងនេះឯង។ ចប់សូត្រទី៧។

[១៤] ព្រះមានព្រះភាគ ទ្រង់គង់នៅជិតក្រុងសាវត្ថី… ក្នុងទីនោះឯង ព្រះមានព្រះភាគ… ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ សញ្ញា​ មានសភាពផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យ​ធាតុមានសភាព​ផ្សេងគ្នា… កើតឡើង ព្រោះអាស្រ័យ​សញ្ញា​មានសភាព​ផ្សេងគ្នា។បេ។ បរិយេសនា មានសភាព​ផ្សេងគ្នា… មិនមែន​បរិឡាហៈ មានសភាពផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យបរិយេសនា មានសភាពផ្សេងគ្នា មិនមែន​ឆន្ទៈ មាន​សភាព​ផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យបរិឡាហៈមានសភាពផ្សេងគ្នា មិនមែនសង្កប្បៈ មានសភាព​ផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យ​ឆន្ទៈ មានសភាពផ្សេងគ្នា មិនមែនសញ្ញា មានសភាព​ផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យ​សង្កប្បៈ​មាន​សភាពផ្សេងគ្នា មិនមែន​ធាតុ មាន​សភាព​ផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យ​សញ្ញា មានសភាពផ្សេងគ្នាទេ។ ម្នាលភិក្ខុ​ទាំងឡាយ ចុះធាតុមានសភាព​ផ្សេងគ្នា តើដូចម្តេច។ រូបធាតុ។បេ។ ធម្មធាតុ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ធាតុ មានសភាពផ្សេងគ្នា។

[១៥] ម្នាលភិក្ខុទាំងឡាយ ចុះសញ្ញា​ មានសភាពផ្សេងគ្នា កើតឡើង ព្រោះ​អាស្រ័យ​ធាតុមានសភាព​ផ្សេងគ្នា… កើតឡើង ព្រោះអាស្រ័យ​សញ្ញា​មានសភាព​ផ្សេងគ្នា។បេ។ បរិយេសនា មានសភាព​ផ្សេងគ្នា… មិនមែន​បរិឡាហៈ មានសភាពផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យបរិយេសនា មានសភាពផ្សេងគ្នា មិនមែន​ឆន្ទៈ មាន​សភាព​ផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យបរិឡាហៈមានសភាពផ្សេងគ្នា មិនមែនសង្កប្បៈ មានសភាព​ផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យ​ឆន្ទៈ មានសភាពផ្សេងគ្នា មិនមែនសញ្ញា មានសភាព​ផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យ​សង្កប្បៈ​មាន​សភាពផ្សេងគ្នា មិនមែន​ធាតុ មាន​សភាព​​ផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យ​សញ្ញា មានសភាពផ្សេងគ្នា តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ រូបសញ្ញាកើតឡើង ព្រោះអាស្រ័យរូបធាតុ។បេ។ ធម្មសញ្ញា​កើតឡើង ព្រោះអាស្រ័យធម្មធាតុ… កើតឡើង ព្រោះអាស្រ័យធម្មសញ្ញា។បេ។ ធម្មបរិយេសនា… មិនមែន​ធម្មបរិឡាហៈ កើតឡើង ព្រោះអាស្រ័យធម្មបរិយេសនា មិនមែនធម្មច្ឆន្ទៈ​ កើតឡើង ព្រោះអាស្រ័យធម្មបរិឡាហៈ មិនមែនធម្មសង្កប្បៈ កើតឡើង ព្រោះអាស្រ័យធម្មច្ឆន្ទៈ មិនមែនធម្មសញ្ញា កើតឡើង ព្រោះអាស្រ័យធម្មសង្កប្បៈ មិនមែនធម្មធាតុ កើតឡើង ព្រោះអាស្រ័យ​ធម្មសញ្ញាទេ។ ម្នាលភិក្ខុទាំងឡាយ សញ្ញា​មានសភាព​ផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យ​ធាតុមានសភាព​ផ្សេងគ្នា… កើតឡើង ព្រោះអាស្រ័យ​សញ្ញា​មានសភាព​ផ្សេងគ្នា។បេ។ បរិយេសនា មានសភាព​ផ្សេងគ្នា… មិនមែនកើតឡើង ព្រោះអាស្រ័យបរិយេសនា មានសភាពផ្សេងគ្នា។បេ។ សញ្ញា មាន​សភាព​ផ្សេងគ្នា… មិនមែនធាតុ មានសភាព​ផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យសញ្ញា មានសភាពផ្សេងគ្នា យ៉ាងនេះឯង។ ចប់សូត្រទី៨។

[១៦] ព្រះមានព្រះភាគ ទ្រង់គង់នៅជិតក្រុងសាវត្ថី… ក្នុងទីនោះឯង ព្រះមាន​ព្រះភាគ… ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ សញ្ញា​ មានសភាពផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យ​ធាតុមានសភាព​ផ្សេងគ្នា សង្កប្បៈ មានសភាពផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យ​សញ្ញាមានសភាព​ផ្សេងគ្នា ផស្សៈមានសភាពផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យ​សង្កប្បៈ​មានសភាព​ផ្សេងគ្នា វេទនា មានសភាពផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យ​ផស្សៈ មាន​សភាព​ផ្សេងគ្នា ឆន្ទៈ មានសភាពផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យ​វេទនា មានសភាព​ផ្សេងគ្នា បរិឡាហៈ មានសភាពផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យ​ឆន្ទៈ មានសភាព​ផ្សេងគ្នា បរិយេសនា មានសភាពផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យបរិឡាហៈ មាន​សភាព​ផ្សេងគ្នា លាភ មានសភាពផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យ​បរិយេសនា មាន​សភាព​ផ្សេងគ្នា។ ម្នាលភិក្ខុទាំងឡាយ ចុះធាតុ មានសភាព​ផ្សេងគ្នា តើដូចម្តេច។ រូបធាតុ។បេ។ ធម្មធាតុ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ធាតុ មានសភាព​ផ្សេងគ្នា។

[១៧] ម្នាលភិក្ខុទាំងឡាយ ចុះសញ្ញា​ មានសភាពផ្សេងគ្នា កើតឡើង ព្រោះ​អាស្រ័យ​ធាតុមានសភាព​ផ្សេងគ្នា។បេ។ កើតឡើង ព្រោះអាស្រ័យ​បរិយេសនា ​មានសភាព​ផ្សេង​គ្នា។បេ។ លាភ មានសភាព​ផ្សេងគ្នា តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ រូបសញ្ញា​កើត​ឡើង ព្រោះអាស្រ័យរូបធាតុ រូបសង្កប្បៈកើតឡើង ព្រោះអាស្រ័យរូបសញ្ញា រូបសម្ផ័ស្ស​កើតឡើង ព្រោះអាស្រ័យរូបសង្កប្បៈ វេទនាដែលកើតអំពីរូបសម្ផ័ស្សកើតឡើង ព្រោះ​អាស្រ័យ​រូបសម្ផ័ស្ស រូបឆន្ទៈកើតឡើង ព្រោះអាស្រ័យវេទនា ដែលកើត​អំពីរូបសម្ផ័ស្ស រូបបរិឡាហៈកើតឡើង ព្រោះអាស្រ័យរូបច្ឆន្ទៈ រូបបរិយេសនាកើតឡើង ព្រោះអាស្រ័យ​រូបបរិឡាហៈ រូបលាភកើតឡើង ព្រោះអាស្រ័យរូបបរិយេសនា។បេ។ ធម្មសញ្ញា​កើត​ឡើង ព្រោះអាស្រ័យធម្មធាតុ ធម្មសង្កប្បៈកើតឡើង ព្រោះអាស្រ័យ​ធម្មសញ្ញា ធម្មសម្ផ័ស្ស​កើតឡើង ព្រោះអាស្រ័យធម្មសង្កប្បៈ វេទនាដែលកើតអំពី​ធម្មសម្ផ័ស្ស​កើតឡើង ព្រោះអាស្រ័យធម្មសម្ផ័ស្ស ធម្មច្ឆន្ទៈកើតឡើង ព្រោះអាស្រ័យ​វេទនា កើតអំពី​ធម្មសម្ផ័ស្ស ធម្មបរិឡាហៈកើតឡើង ព្រោះអាស្រ័យធម្មច្ឆន្ទៈ ធម្មបរិយេសនាកើតឡើង ព្រោះអាស្រ័យធម្មបរិឡាហៈ ធម្មលាភកើតឡើង ព្រោះអាស្រ័យធម្មបរិយេសនា។ ម្នាលភិក្ខុទាំងឡាយ សញ្ញាមានសភាពផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យ​ធាតុមាន​សភាព​ផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យសញ្ញា​មាន​សភាពផ្សេងគ្នា។បេ។ លាភមាន​សភាព​​ផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យបរិយេសនា មានសភាពផ្សេងគ្នា យ៉ាងនេះ​ឯង។ ចប់សូត្រទី៩។

[១៨] ព្រះមានព្រះភាគ ទ្រង់គង់នៅជិតក្រុងសាវត្ថី… ក្នុងទីនោះឯង ព្រះមាន​ព្រះភាគ… ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ សញ្ញា​ មានសភាពផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យ​ធាតុមានសភាព​ផ្សេងគ្នា សង្កប្បៈ មានសភាពផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យ​សញ្ញាមានសភាព​ផ្សេងគ្នា លាភមានសភាពផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យ​ផស្សៈ… វេទនា… ឆន្ទៈ… បរិឡាហៈ… បរិយេសនា មានសភាព​ផ្សេងគ្នា មិនមែនបរិយេសនា មានសភាពផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យលាភ មានសភាព​ផ្សេងគ្នា មិនមែន​បរិឡាហៈ មានសភាពផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យបរិយេសនា មានសភាព​ផ្សេង​គ្នា មិនមែនឆន្ទៈ មានសភាពផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យ​បរិឡាហៈ មានសភាព​ផ្សេងគ្នា វេទនា… ផស្សៈ… សង្កប្បៈ… សញ្ញាមានសភាពផ្សេងគ្នា… មិនមែនធាតុ មាន​សភាព​ផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យ​សញ្ញា មានសភាព​ផ្សេងគ្នាទេ។ ម្នាលភិក្ខុ​ទាំងឡាយ ចុះធាតុ មានសភាព​ផ្សេងគ្នា តើដូចម្តេច។ រូបធាតុ។បេ។ ធម្មធាតុ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ធាតុ មានសភាព​ផ្សេងគ្នា។

[១៩] ម្នាលភិក្ខុទាំងឡាយ ចុះសញ្ញា​ មានសភាពផ្សេងគ្នា កើតឡើង ព្រោះ​អាស្រ័យ​ធាតុមានសភាព​ផ្សេងគ្នា សង្កប្បៈមានសភាព​ផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យសញ្ញា មានសភាពផ្សេងគ្នា ផស្សៈ… វេទនា… ឆន្ទៈ… បរិឡាហៈ… បរិយេសនា… លាភ មាន​សភាព​ផ្សេងគ្នា មិនមែនបរិយេសនា មានសភាព​ផ្សេងគ្នាកើតឡើង ព្រោះអាស្រ័យ​លាភ​មានសភាពផ្សេងគ្នា បរិឡាហៈ… ឆន្ទៈ… វេទនា… ផស្សៈ… មានសភាពផ្សេងគ្នា មិន​មែន​សញ្ញាមានសភាពផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យសង្កប្បៈមានសភាពផ្សេងគ្នា មិន​មែន​ធាតុមានសភាពផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យសញ្ញាមានសភាពផ្សេងគ្នា តើ​ដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ រូបសញ្ញា កើតឡើង ព្រោះអាស្រ័យរូបធាតុ។បេ។ ធម្មសញ្ញាកើតឡើង ព្រោះអាស្រ័យធម្មធាតុ… កើតឡើង ព្រោះអាស្រ័យធម្មសញ្ញា។បេ។ ធម្មបរិយេសនា… ធម្មលាភ កើតឡើង ព្រោះអាស្រ័យធម្មបរិយេសនា មិនមែន​ធម្មបរិយេសនា កើតឡើង ព្រោះអាស្រ័យ​ធម្មលាភ មិនមែនធម្មបរិឡាហៈ កើតឡើង ព្រោះអាស្រ័យធម្មបរិយេសនា មិនមែន​ធម្មច្ឆន្ទៈ កើតឡើង ព្រោះអាស្រ័យធម្មបរិឡាហៈ មិនមែនវេទនា ដែល​កើតអំពី​ធម្មសម្ផ័ស្ស កើតឡើង ព្រោះអាស្រ័យ​ធម្មច្ឆន្ទៈ មិនមែន​ធម្មសម្ផ័ស្សកើតឡើង ព្រោះអាស្រ័យវេទនា កើតអំពីធម្មសម្ផ័ស្ស មិនមែនធម្មសង្កប្បៈ កើតឡើង ព្រោះអាស្រ័យធម្មសម្ផ័ស្ស មិនមែនធម្មសញ្ញា កើតឡើង ព្រោះអាស្រ័យ​ធម្មសង្កប្បៈ មិនមែនធម្មធាតុកើតឡើង ព្រោះអាស្រ័យធម្មសញ្ញាទេ។ ម្នាលភិក្ខុទាំង​ឡាយ សញ្ញាមានសភាពផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យធាតុមានសភាពផ្សេងគ្នា សង្កប្បៈ មាន​សភាពផ្សេងគ្នាកើតឡើង ព្រោះអាស្រ័យសញ្ញាមានសភាពផ្សេងគ្នា ផស្សៈ… វេទនា… ឆន្ទៈ… បរិឡាហៈ… បរិយេសនា… លាភ មានសភាពផ្សេងគ្នា… មិនមែន​បរិយេសនា មានសភាពផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យ​លាភមាន​សភាព​ផ្សេង​គ្នា មិន​មែន​បរិឡាហៈមានសភាពផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យ​បរិយេសនា​មាន​​សភាព​​ផ្សេងគ្នា មិនមែនឆន្ទៈមានសភាពផ្សេងគ្នាកើតឡើង ព្រោះ​អាស្រ័យ​បរិឡាហៈ​មាន​សភាព​ផ្សេងគ្នា មិនមែនវេទនាមានសភាពផ្សេងគ្នា កើតឡើង ព្រោះ​អាស្រ័យ​​ឆន្ទៈមាន​សភាពផ្សេងគ្នា មិនមែនផស្សៈមានសភាពផ្សេងគ្នា កើតឡើង ព្រោះ​អាស្រ័យ​វេទនា​មានសភាពផ្សេងគ្នា មិនមែនសង្កប្បៈមានសភាពផ្សេងគ្នា កើតឡើង ព្រោះ​អាស្រ័យ​ផស្សៈ​មានសភាពផ្សេងគ្នា មិនមែន​សញ្ញា​មានសភាពផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យ​សង្កប្បៈ មានសភាពផ្សេងគ្នា មិនមែន​ធាតុមានសភាព​ផ្សេងគ្នា កើតឡើង ព្រោះ​អាស្រ័យ​សញ្ញា​មានសភាពផ្សេងគ្នា យ៉ាងនេះឯង។ ចប់សូត្រទី១០។

ចប់ នានត្តវគ្គ ទី១។

ឧទ្ទាននៃនានត្តវគ្គនោះគឺ

សំដែងអំពីធាតុ១ អំពីសម្ផ័ស្ស១ អំពីធាតុមានសភាពផ្សេងគ្នា មិនអាស្រ័យ​នូវ​ផស្សៈ​មាន​សភាពផ្សេងគ្នា ជាដើម១ អំពីវេទនាមានសភាពផ្សេងគ្នា អាស្រ័យនូវ​ផស្សៈ​មានសភាព​ផ្សេងគ្នា មានពីរលើក នេះហៅថា បញ្ចកៈខាងក្នុង អំពីធាតុ១ អំពីសញ្ញា១ អំពី​បរិឡាហៈ​មានសភាពផ្សេងគ្នា មិនអាស្រ័យនូវបរិយេសនាមានសភាពផ្សេងគ្នា ជាដើម១ អំពី​ផស្សៈ​មានពីរលើក នេះហៅថា បញ្ចកៈខាងក្រៅ។

សត្តធាតុវគ្គ

[២០] ព្រះមានព្រះភាគ ទ្រង់គង់នៅជិតក្រុងសាវត្ថី… ក្នុងទីនោះឯង ព្រះមានព្រះភាគ… ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ធាតុទាំងឡាយនេះ មាន ៧ ប្រការ។ ធាតុទាំង ៧ ប្រការ តើដូចម្តេចខ្លះ។ អាភាធាតុ១ សុភាធាតុ១ អាកាសានញ្ចាយតនធាតុ១ វិញ្ញាណញ្ចាយតនធាតុ១ អាកិញ្ចញ្ញាយតនធាតុ១ នេវសញ្ញានាសញ្ញាយតនធាតុ១ សញ្ញាវេទយិតនិរោធធាតុ១។ ម្នាលភិក្ខុទាំងឡាយ នេះឯង ធាតុ៧ប្រការ។ កាល​ព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ ភិក្ខុមួយរូប ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះ​ថា បពិត្រព្រះអង្គដ៏ចំរើន ធាតុដែល​ហៅថា អាភាធាតុក្តី សុភាធាតុក្តី អាកាសា​នញ្ចាយតនធាតុក្តី វិញ្ញាណញ្ចាយតនធាតុក្តី អាកិញ្ចញ្ញាយតនធាតុក្តី នេវសញ្ញា​នាសញ្ញាយតនធាតុក្តី សញ្ញាវេទយិតនិរោធធាតុក្តី បពិត្រព្រះអង្គដ៏ចំរើន តើធាតុទាំងនេះ ប្រាកដឡើង ព្រោះអាស្រ័យអ្វី។

[២១] ព្រះមានព្រះភាគត្រាស់ថា ម្នាលភិក្ខុ ធាតុដែលហៅថា អាភាធាតុ (រស្មី ឬពន្លឺ)នេះ ប្រាកដឡើង ព្រោះអាស្រ័យងងឹត។ ម្នាលភិក្ខុ ធាតុដែលហៅថា សុភាធាតុនេះ ប្រាកដ​ឡើង ព្រោះអាស្រ័យអសុភ។ ម្នាលភិក្ខុ ធាតុដែលហៅថា អាកាសានញ្ចាយតន​ធាតុ​នេះ ប្រាកដឡើង ព្រោះអាស្រ័យរូប។ ម្នាលភិក្ខុ ធាតុដែលហៅថា វិញ្ញាណញ្ចាយតនធាតុនេះ ប្រាកដឡើង ព្រោះអាស្រ័យអាកាសានញ្ចាយតនៈ។ ម្នាលភិក្ខុ ធាតុដែលហៅថា អាកិញ្ចញ្ញា​យតនធាតុនេះ ប្រាកដឡើង ព្រោះអាស្រ័យវិញ្ញាណញ្ចាយតនៈ។ ម្នាលភិក្ខុ ធាតុ​ដែល​ហៅថា នេវសញ្ញានាសញ្ញាយតនធាតុនេះ ប្រាកដឡើង ព្រោះ​អាស្រ័យ​អាកិញ្ចញ្ញាយតនៈ។ ម្នាលភិក្ខុ ធាតុដែលហៅថា សញ្ញាវេទយិតនិរោធធាតុនេះ ប្រាកដ​ឡើង ព្រោះអាស្រ័យនិរោធ។ ភិក្ខុនោះក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន ធាតុដែល​ហៅថា អាភាធាតុក្តី សុភាធាតុក្តី អាកាសានញ្ចាយតនធាតុក្តី វិញ្ញាណញ្ចាយតនធាតុក្តី អាកិញ្ចញ្ញាយតនធាតុក្តី នេវសញ្ញានាសញ្ញាយតនធាតុក្តី សញ្ញាវេទយិតនិរោធធាតុក្តី បពិត្រព្រះអង្គដ៏ចំរើន ធាតុទាំងនេះ ឈ្មោះថា ជាសមាបត្តិអ្វី ដែល​បុគ្គល​គប្បីដល់។

[២២] ព្រះមានព្រះភាគត្រាស់ថា ម្នាលភិក្ខុ ធាតុដែលហៅថា អាភាធាតុក្តី សុភាធាតុក្តី អាកាសានញ្ចាយតនធាតុក្តី វិញ្ញាណញ្ចាយតនធាតុក្តី អាកិញ្ចញ្ញា​យតនធាតុក្តី ធាតុទាំង​នេះ ឈ្មោះថា សញ្ញាសមាបត្តិ ដែល​បុគ្គល​គប្បីដល់។ ម្នាលភិក្ខុ ធាតុដែលហៅថា នេវសញ្ញានាសញ្ញាយតនធាតុនេះ ឈ្មោះថា សង្ខារាវសេសសមាបត្តិ ដែល​បុគ្គល​គប្បី​ដល់។ ម្នាលភិក្ខុ ធាតុដែលហៅថា សញ្ញាវេទយិតនិរោធធាតុនេះ ឈ្មោះថា និរោធ​សមាបត្តិ ដែល​បុគ្គល​គប្បីដល់។ ចប់សូត្រទី១។

[២៣] ព្រះមានព្រះភាគ ទ្រង់គង់នៅជិតក្រុងសាវត្ថី… ក្នុងទីនោះឯង ព្រះមានព្រះភាគ… ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ កាមវិតក្កៈ (សេចក្តី​ត្រិះរិះ​ក្នុងកាម) ប្រកបដោយហេតុ ទើបកើតឡើងបាន មិនមែន​ជាមិនមានហេតុទេ ព្យាបាទ​វិតក្កៈ (សេចក្តីត្រិះរិះក្នុងការ​ព្យាបាទ) ប្រកបដោយហេតុ ទើបកើតឡើងបាន មិនមែន​ជា​មិនមានហេតុទេ វិហឹសា​វិតក្កៈ (សេចក្តីត្រិះរិះក្នុងការបៀតបៀន) ប្រកបដោយហេតុ ទើបកើតឡើងបាន មិនមែន​ជា​មិនមានហេតុទេ។

[២៤] ម្នាលភិក្ខុទាំងឡាយ ចុះកាមវិតក្កៈ ប្រកបដោយហេតុ ទើបកើតឡើង មិនមែន​ជាមិនមានហេតុ ព្យាបាទ​វិតក្កៈ ប្រកបដោយហេតុ ទើបកើតឡើង មិនមែន​ជា​មិនមាន​ហេតុ វិហឹសាវិតក្កៈ ប្រកបដោយហេតុ ទើបកើតឡើង មិនមែន​ជា​មិនមានហេតុទេ តើដូច​ម្តេច។ ម្នាលភិក្ខុទាំងឡាយ កាមសញ្ញា (សេចក្តីសំគាល់​ក្នុងកាម) កើតឡើង ព្រោះ​អាស្រ័យ​កាមធាតុ កាមសង្កប្បៈ (សេចក្តី​ត្រិះរិះ​ក្នុងកាម) កើតឡើង ព្រោះ​អាស្រ័យ​កាមសញ្ញា កាមច្ឆន្ទៈ (សេចក្តីប្រាថ្នា​ក្នុងកាម) កើតឡើង ព្រោះ​អាស្រ័យកាមសង្កប្បៈ កាមបរិឡាហៈ (សេចក្តីក្រហល់ក្រហាយ​ក្នុងកាម) កើតឡើង ព្រោះ​អាស្រ័យកាមច្ឆន្ទៈ កាមបរិយេសនា (ការស្វែងរកកាម) កើតឡើង ព្រោះ​អាស្រ័យកាមបរិឡាហៈ។ ម្នាលភិក្ខុ​ទាំងឡាយ បុថុជ្ជន អ្នក​មិនចេះដឹង កាលស្វែងរក​នូវ​កាមបរិយេសនា រមែងប្រតិបត្តិខុស ដោយឋានទាំង៣គឺ កាយ វាចា ចិត្ត។ ម្នាលភិក្ខុទាំងឡាយ ព្យាបាទសញ្ញា (សេចក្តី​សំគាល់​ក្នុងព្យាបាទ) កើតឡើង ព្រោះ​អាស្រ័យព្យាបាទធាតុ ព្យាបាទសង្កប្បៈ (សេចក្តី​ត្រិះរិះ​​ក្នុងការព្យាបាទ)… ព្យាបាទច្ឆន្ទៈ (សេចក្តីប្រាថ្នាក្នុងការព្យាបាទ)… ព្យាបាទ​បរិឡាហៈ (សេចក្តីក្រហល់ក្រហាយព្រោះការ​ព្យាបាទ)… ព្យាបាទបរិយេសនា (ការស្វែង​រក​ព្យាបាទ)។ ម្នាលភិក្ខុទាំងឡាយ បុថុជ្ជន អ្នក​មិនចេះដឹង កាលស្វែងរក​នូវ​ព្យាបាទ​បរិយេសនា រមែងប្រតិបត្តិខុស ដោយឋានទាំង៣គឺ កាយ វាចា ចិត្ត។ ម្នាលភិក្ខុទាំង​ឡាយ វិហឹសាសញ្ញា (សេចក្តីសំគាល់ក្នុងការបៀតបៀន) កើតឡើង ព្រោះ​អាស្រ័យ​វិហឹសាធាតុ វិហឹសាសង្កប្បៈ (សេចក្តី​ត្រិះរិះ​ក្នុងការបៀតបៀន)… វិហឹសាឆន្ទៈ (សេចក្តី​ប្រាថ្នា​ក្នុងការបៀតបៀន)… វិហឹសាបរិឡាហៈ (សេចក្តីក្រហល់ក្រហាយ​ព្រោះការ​បៀត​បៀន)… វិហឹសាបរិយេសនា (ការស្វែងរកនូវការបៀតបៀន)។ ម្នាលភិក្ខុទាំងឡាយ បុថុជ្ជន អ្នក​មិនចេះដឹង កាលស្វែងរក​នូវវិហឹសាបរិយេសនា រមែងប្រតិបត្តិខុស ដោយ​ឋាន​ទាំង៣គឺ កាយ វាចា ចិត្ត។

[២៥] ម្នាលភិក្ខុទាំងឡាយ ដូចជាបុរសដាក់គប់ស្មៅ ដែលភ្លើងកំពុងឆេះ ទៅក្នុង​ព្រៃស្មៅដ៏ស្ងួត បើបុរសនោះ មិនលត់ភ្លើងនោះ ឲ្យរលត់​ដោយដៃទាំងឡាយផង ដោយ​ជើងទាំងឡាយផង ឲ្យឆាប់ទេ ម្នាលភិក្ខុទាំងឡាយ ពួកសត្វដែលអាស្រ័យ​នៅដោយ​ស្មៅ និងឈើ មុខជាដល់នូវសេចក្តីមិនចំរើន និងការវិនាស ដោយប្រការដូច្នេះឯង មាន​ឧបមា​ដូចម្តេចមិញ ម្នាលភិក្ខុទាំងឡាយ សមណៈ ឬព្រាហ្មណ៍ណាមួយ មិនលះបង់ មិន​បន្ទោបង់ មិនធ្វើឲ្យវិនាស មិនឲ្យដល់នូវការ​មិនមាននូវអកុសលសញ្ញា ដែល​កើតឡើង​ មិនរាបសា យ៉ាងឆាប់ទេ សមណព្រាហ្មណ៍នោះ នៅជាទុក្ខ ប្រកបដោយសេចក្តី​ចង្អៀត​ចង្អល់ ប្រកបដោយសេចក្តីតានតឹង ប្រកបដោយសេចក្តីក្តៅក្រហាយក្នុងបច្ចុប្បន្ន លុះ​បែកធ្លាយរាងកាយ ខាងនាយអំពីមរណៈទៅ ទុគ្គតិរមែង​ប្រាកដ ក៏មានឧបមេយ្យ​ដូច្នោះឯង។

[២៦] ម្នាលភិក្ខុទាំងឡាយ នេក្ខម្មវិតក្កៈ (សេចក្តីត្រិះរិះក្នុងការចេញចាកកាម) ប្រកប​ដោយហេតុ ទើបកើតឡើង មិនមែន​ជាមិនមានហេតុទេ អព្យាបាទវិតក្កៈ (សេចក្តី​ត្រិះរិះក្នុងការមិនព្យាបាទ) ប្រកប​ដោយហេតុ ទើបកើតឡើង មិនមែន​ជាមិនមានហេតុទេ អវិហឹសាវិតក្កៈ (សេចក្តីត្រិះរិះក្នុងការមិនបៀតបៀន) ប្រកប​ដោយហេតុ ទើបកើតឡើង មិនមែន​ជាមិនមានហេតុទេ។

[២៧] ម្នាលភិក្ខុទាំងឡាយ ចុះនេក្ខម្មវិតក្កៈ ប្រកប​ដោយហេតុ ទើបកើតឡើង មិនមែន​ជាមិនមានហេតុទេ អព្យាបាទវិតក្កៈ ប្រកប​ដោយហេតុ ទើបកើតឡើង មិនមែន​ជាមិន​មាន​ហេតុទេ អវិហឹសាវិតក្កៈ ប្រកប​ដោយហេតុ ទើបកើតឡើង មិនមែន​ជាមិនមាន​ហេតុ​ទេ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ នេក្ខម្មសញ្ញា (សេចក្តីសំគាល់ក្នុង​ការចេញ​ចាក​កាម) កើតឡើង ព្រោះអាស្រ័យនេក្ខម្មធាតុ នេក្ខម្មសង្កប្បៈ (សេចក្តីត្រិះរិះក្នុង​ការចេញ​ចាក​កាម) កើតឡើង ព្រោះអាស្រ័យនេក្ខម្មសញ្ញា នេក្ខម្មច្ឆន្ទៈ (សេចក្តីប្រាថ្នា​ក្នុងការ​ចេញ​ចាកកាម) កើតឡើង ព្រោះអាស្រ័យនេក្ខម្មសង្កប្បៈ នេក្ខម្មបរិឡាហៈ (សេចក្តី​ក្រហល់​​ក្រហាយ ក្នុងការចេញ​ចាកកាម) កើតឡើង ព្រោះអាស្រ័យនេក្ខម្មច្ឆន្ទៈ នេក្ខម្មបរិយេសនា (ការស្វែងរកនូវការ​ចេញចាកកាម) កើតឡើង ព្រោះអាស្រ័យ​នេក្ខម្មបរិឡាហៈ។ ម្នាលភិក្ខុទាំងឡាយ អរិយ​សាវ័ក អ្នកចេះដឹង កាលស្វែងរក​នេក្ខម្មបរិយេសនា តែងប្រតិបត្តិត្រូវ ដោយឋានទាំង៣​យ៉ាង គឺកាយ វាចា ចិត្ត។ ម្នាលភិក្ខុទាំងឡាយ អព្យាបាទសញ្ញា កើតឡើង ព្រោះអាស្រ័យអព្យាបាទធាតុ។បេ។ អព្យាបាទសង្កប្បៈ (សេចក្តីត្រិះរិះក្នុងការ​មិនព្យាបាទ)… អព្យាបាទច្ឆន្ទៈ (សេចក្តីប្រាថ្នា​ក្នុងការ​មិន​ព្យាបាទ)… អព្យាបាទបរិឡាហៈ (សេចក្តីក្រហល់ក្រហាយ ក្នុង​ការ​មិន​ព្យាបាទ)… អព្យាបាទបរិយេសនា (ការស្វែងរកក្នុង​ការ​មិន​ព្យាបាទ)។ ម្នាលភិក្ខុទាំង​ឡាយ អរិយ​សាវ័ក អ្នកចេះដឹង កាលស្វែងរក​អព្យាបាទបរិយេសនា តែងប្រតិបត្តិត្រូវ ដោយឋាន​ទាំង៣​យ៉ាង គឺកាយ វាចា ចិត្ត។ ម្នាលភិក្ខុទាំងឡាយ អវិហឹសាសញ្ញា កើត​ឡើង ព្រោះអាស្រ័យអវិហឹសាធាតុ អវិហឹសាសង្កប្បៈ កើតឡើង ព្រោះអាស្រ័យ​អវិហឹសា​សញ្ញា អវិហឹសាឆន្ទៈ កើតឡើង ព្រោះអាស្រ័យអវិហឹសាសង្កប្បៈ អវិហឹសាបរិឡាហៈ កើតឡើង ព្រោះអាស្រ័យអវិហឹសាឆន្ទៈ អវិហឹសាបរិយេសនា កើតឡើង ព្រោះ​អាស្រ័យ​អវិហឹសាបរិឡាហៈ។ ម្នាលភិក្ខុទាំងឡាយ អរិយ​សាវ័ក អ្នកចេះដឹង កាលស្វែងរក​អវិហឹសាបរិយេសនា តែងប្រតិបត្តិត្រូវ ដោយឋានទាំង៣​ គឺកាយ វាចា ចិត្ត។

[២៨] ម្នាលភិក្ខុទាំងឡាយ ដូចជាបុរសដាក់គប់ស្មៅ ដែលភ្លើងកំពុងឆេះ ក្នុង​ព្រៃស្មៅ​ដ៏ស្ងួត គប្បីលត់​គប់ស្មៅនោះ ដោយដៃទាំងឡាយផង ដោយ​ជើងទាំងឡាយផង ជាឆាប់ ម្នាលភិក្ខុទាំងឡាយ ឯពួកសត្វ ដែលអាស្រ័យ​នៅដោយ​ស្មៅ និងឈើ ក៏មិន​ដល់​នូវ​សេចក្តី​មិនចំរើន និងការវិនាស ដោយប្រការដូច្នេះឯង មាន​ឧបមា​ដូចម្តេចមិញ ម្នាលភិក្ខុ​ទាំងឡាយ សមណព្រាហ្មណ៍ណាមួយ លះបង់ ​បន្ទោបង់ ធ្វើឲ្យវិនាស ធ្វើឲ្យដល់នូវការ​មិនមាន នូវអកុសលសញ្ញា ដែល​កើតឡើង​ មិនរាបសា យ៉ាងឆាប់ សមណ​ព្រាហ្មណ៍​នោះ រមែងនៅជាសុខ មិនមានសេចក្តី​ចង្អៀត​ចង្អល់ មិនមានសេចក្តីតានតឹង មិនមាន​សេចក្តី​ក្តៅក្រហាយ ក្នុងបច្ចុប្បន្ន លុះ​បែកធ្លាយ​រាង​កាយ ខាងនាយអំពីមរណៈទៅ សុគតិ​រមែង​ប្រាកដ ក៏មានឧបមេយ្យ​ ដូច្នោះឯង។ ចប់សូត្រទី២។

[២៩] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងមហាប្រាសាទដែលធ្វើ​ដោយ​ឥដ្ឋ ក្នុង​ស្រុករបស់ព្រះញាតិ (ទាំងពីរពួក)។ ក្នុងទីនោះឯង ព្រះមានព្រះភាគ ទ្រង់​ត្រាស់​នឹង​ភិក្ខុ​ទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ។ ភិក្ខុទាំងនោះ ទទួល​ព្រះពុទ្ធដីកា​ព្រះមាន​ព្រះភាគ​ថា ព្រះករុណា ព្រះអង្គ។ ព្រះមានព្រះភាគ ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ សញ្ញា ទិដ្ឋិ វិតក្កៈ កើតឡើង ព្រោះអាស្រ័យធាតុ។

[៣០] កាលបើព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ ព្រះកច្ចានៈមានអាយុ ក៏​ក្រាប​បង្គំទូល​ព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ទិដ្ឋិ គឺសេចក្តី​យល់​ឃើញណា ក្នុងបុគ្គលមិនមែនជាសម្មាសម្ពុទ្ធ ថាជាសម្មាសម្ពុទ្ធ បពិត្រព្រះអង្គដ៏ចំរើន ចុះ​ទិដ្ឋិនេះ ប្រាកដឡើង ព្រោះអាស្រ័យអ្វី។

[៣១] ម្នាលកច្ចានៈ ធាតុដែលធំនុ៎ះ គឺអវិជ្ជាធាតុ។ ម្នាលកច្ចានៈ សញ្ញាដ៏​ថោកទាប ទិដ្ឋិដ៏ថោកទាប វិតក្កៈថោកទាប ចេតនាដ៏ថោកទាប សេចក្តីប្រាថ្នាដ៏ថោកទាប សេចក្តី​តាំង​ចិត្តដ៏ថោកទាប បុគ្គលដ៏ថោកទាប វាចាដ៏ថោកទាប កើតឡើង ព្រោះអាស្រ័យ​ធាតុដ៏​ថោកទាប តថាគតពោលថា បុគ្គលនោះ តែងប្រាប់ សំដែង ត្រដាង តំកល់ទុក បើក វែកញែក ធ្វើឲ្យរាក់ នូវអំពើដ៏ថោកទាប កំណើតរបស់បុគ្គលនោះ ក៏ថោកទាបដែរ។ ម្នាល​កច្ចានៈ សញ្ញាជាកណ្តាល ទិដ្ឋិជាកណ្តាល វិតក្កៈជាកណ្តាល ចេតនាជាកណ្តាល សេចក្តីប្រាថ្នាជាកណ្តាល សេចក្តី​តាំង​ចិត្តជាកណ្តាល បុគ្គលជាកណ្តាល វាចាជា​កណ្តាល កើតឡើង ព្រោះអាស្រ័យ​ធាតុជាកណ្តាល តថាគតពោលថា បុគ្គលនោះ រមែងប្រាប់ សំដែង ត្រដាង តំកល់ទុក បើក វែកញែក ធ្វើឲ្យរាក់ នូវអំពើជាកណ្តាល កំណើតរបស់បុគ្គលនោះ ក៏ជាកណ្តាលដែរ។ ម្នាល​កច្ចានៈ សញ្ញាដ៏ឧត្តម ទិដ្ឋិដ៏ឧត្តម វិតក្កៈដ៏ឧត្តម ចេតនាដ៏ឧត្តម សេចក្តីប្រាថ្នាដ៏ឧត្តម សេចក្តី​តាំង​ចិត្តដ៏ឧត្តម បុគ្គលដ៏ឧត្តម វាចាដ៏ឧត្តម កើតឡើង ព្រោះអាស្រ័យ​ធាតុដ៏ឧត្តម តថាគតពោលថា បុគ្គលនោះ តែង​ប្រាប់ ត្រដាង តំកល់ទុក បើក វែកញែក ធ្វើឲ្យរាក់ នូវអំពើដ៏ឧត្តម កំណើតរបស់​បុគ្គល​នោះ ក៏ឧត្តមដែរ។ ចប់សូត្រទី៣។

[៣២] ព្រះមានព្រះភាគ ទ្រង់គង់នៅជិតក្រុងសាវត្ថី… ក្នុងទីនោះឯង ព្រះមានព្រះភាគ …. ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ សត្វទាំងឡាយ ត្រូវគ្នា សមគ្នា [ស្មើគ្នា ប្រហែលគ្នា ប្រជុំគ្នា ជួបគ្នា ចូលចិត្តនឹងគ្នា។] ដោយធាតុ គឺពួកជន​មានអធ្យាស្រ័យថោកទាប ត្រូវគ្នា សមគ្នា ជាមួយនឹង​ពួកជន​មានអធ្យាស្រ័យ​ថោកទាប ពួកជន​មានអធ្យាស្រ័យល្អ ត្រូវគ្នា សមគ្នា ជាមួយនឹង​ពួកជន​មានអធ្យាស្រ័យល្អ។ ម្នាលភិក្ខុទាំងឡាយ សូម្បីក្នុងអតីត​កាល សត្វទាំងឡាយ ត្រូវគ្នា សមគ្នា ដោយធាតុ គឺ​ពួកជន​មានអធ្យាស្រ័យថោកទាប ត្រូវ​គ្នា សមគ្នា ជាមួយនឹង​ពួកជន​មានអធ្យាស្រ័យ​ថោកទាប ពួកជន​មានអធ្យាស្រ័យល្អ ត្រូវគ្នា សមគ្នា ជាមួយនឹង​ពួកជន​មានអធ្យាស្រ័យ​ល្អ។ ម្នាលភិក្ខុទាំងឡាយ សូម្បីក្នុង​អនាគតកាល សត្វទាំងឡាយ នឹងត្រូវគ្នា នឹងសមគ្នា ដោយ​ធាតុ គឺពួកជន​មាន​អធ្យាស្រ័យ​ថោកទាប នឹងត្រូវគ្នា នឹងសមគ្នា ជាមួយនឹង​ពួកជន​មានអធ្យាស្រ័យ​ថោក​ទាប ពួកជន​មានអធ្យាស្រ័យល្អ នឹងត្រូវគ្នា នឹងសមគ្នា ជាមួយ​ពួកជន​មាន​អធ្យាស្រ័យ​ល្អ។ ម្នាលភិក្ខុទាំងឡាយ សូម្បីក្នុងបច្ចុប្បន្នកាលនេះ សត្វទាំង​ឡាយ ក៏ត្រូវគ្នា សមគ្នា ដោយធាតុ គឺ ពួកជន​មានអធ្យាស្រ័យថោកទាប ត្រូវគ្នា សមគ្នា ជាមួយនឹង​ពួកជន​មាន​អធ្យាស្រ័យ​ថោកទាប ពួកជន​មានអធ្យាស្រ័យល្អ ត្រូវគ្នា សមគ្នា ជាមួយនឹង​ពួកជន​មាន​អធ្យាស្រ័យល្អ។ ចប់សូត្រទី៤។

[៣៣] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់ក្បែរភ្នំគិជ្ឈកូដ ជិតក្រុងរាជគ្រឹះ។ ក្នុង​សម័យនោះឯង ព្រះសារីបុត្តមានអាយុ កំពុងចង្ក្រមក្នុងទីជិតព្រះមានព្រះភាគ ជា​មួយ​នឹងភិក្ខុទាំងឡាយច្រើនរូប ព្រះមហាមោគ្គល្លានមានអាយុ កំពុងចង្ក្រមក្នុងទីជិត​ព្រះមានព្រះភាគ ជាមួយនឹង​ភិក្ខុទាំងឡាយច្រើនរូប ព្រះមហាកស្សបមានអាយុ កំពុងចង្ក្រម ក្នុងទីជិត​ព្រះមានព្រះភាគ ជាមួយនឹង​ភិក្ខុទាំងឡាយច្រើនរូប ព្រះអនុរុទ្ធមានអាយុ កំពុងចង្ក្រម ក្នុងទីជិត​ព្រះមានព្រះភាគ ជាមួយនឹង​ភិក្ខុទាំងឡាយ​ច្រើនរូប ព្រះបុណ្ណមន្តានីបុត្តមានអាយុ កំពុងចង្ក្រម ក្នុងទីជិត​ព្រះមានព្រះភាគ ជាមួយនឹង​ភិក្ខុទាំងឡាយច្រើនរូប ព្រះឧបាលិមានអាយុ កំពុងចង្ក្រម ក្នុងទីជិត​ព្រះមានព្រះភាគ ជាមួយនឹង​ភិក្ខុទាំងឡាយច្រើនរូប ព្រះអានន្ទមានអាយុ កំពុងចង្ក្រម ក្នុងទីជិត​ព្រះមានព្រះភាគ ជាមួយនឹង​ភិក្ខុទាំងឡាយច្រើនរូប ទេវទត្ត កំពុងចង្ក្រម ក្នុងទីជិត​ព្រះមានព្រះភាគ ជាមួយនឹង​ភិក្ខុទាំងឡាយច្រើនរូបដែរ។

[៣៤] គ្រានោះឯង ព្រះមានព្រះភាគ ត្រាស់នឹងភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ឃើញសារីបុត្ត កំពុងចង្ក្រម ជាមួយនឹងពួក​ភិក្ខុ​ច្រើន​រូប​ ដែរឬ។ ភិក្ខុ​ទាំង​ឡាយ ក្រាបបង្គំទូលថា ព្រះករុណា ព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ​ទាំងអស់នុ៎ះ ជា​អ្នក​មានបញ្ញាច្រើន ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ឃើញមហាមោគ្គល្លាន កំពុង​ចង្ក្រម ជាមួយនឹងពួក​ភិក្ខុ​ច្រើន​រូប​ ដែរឬ។ ព្រះករុណា ព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ​ទាំងអស់នុ៎ះ ជាអ្នកមានឫទ្ធិច្រើន ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ឃើញ​មហាកស្សប កំពុងចង្ក្រម ជាមួយនឹងពួក​ភិក្ខុ​ច្រើន​រូប​ ដែរឬ។ ព្រះករុណា ព្រះអង្គ។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុ​ទាំងអស់នុ៎ះ ជាធុតវាទ (អ្នកពោលពាក្យ​កំចាត់បង់កិលេស) ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ឃើញអនុរុទ្ធ កំពុងចង្ក្រម ជាមួយនឹងពួក​ភិក្ខុ​ច្រើន​រូប​ ដែរឬ។ ព្រះករុណា ព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ​ទាំងអស់នុ៎ះ ជាអ្នកបានទិព្វចក្ខុ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ឃើញបុណ្ណមន្តានី​បុត្ត កំពុងចង្ក្រម ជាមួយនឹងពួក​ភិក្ខុ​ច្រើន​រូប​ ដែរឬ។ ព្រះករុណា ព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ​ទាំងអស់នុ៎ះ ជា​ធម្មកថិក ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ឃើញឧបាលិ កំពុងចង្ក្រម ជាមួយនឹងពួក​ភិក្ខុ​ច្រើន​រូប​ ដែរឬ។ ព្រះករុណា ព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ​ទាំងអស់នុ៎ះ ជា​វិនយធរ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ឃើញអានន្ទ កំពុងចង្ក្រម ជាមួយនឹងពួក​ភិក្ខុ​​ច្រើន​រូប​ ដែរឬ។ ព្រះករុណា ព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ​ទាំងអស់នុ៎ះ ជា​ពហុស្សូត ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ឃើញទេវទត្ត កំពុងចង្ក្រម ជាមួយនឹងពួក​ភិក្ខុ​ច្រើន​រូប​ ដែរឬ។ ព្រះករុណា ព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ​ទាំងអស់នុ៎ះ ជាអ្នក​មាន​សេចក្តីប្រាថ្នាលាមក។

[៣៥] ម្នាលភិក្ខុទាំងឡាយ សត្វទាំងឡាយ ត្រូវគ្នា សមគ្នា [ស្មើគ្នា ប្រហែលគ្នា។] ដោយ​ធាតុ គឺ​ពួកជន​មានអធ្យាស្រ័យថោកទាប ត្រូវគ្នា សមគ្នា ជាមួយនឹង​ពួកជន​មាន​អធ្យាស្រ័យ​​ថោកទាប ពួកជន​មានអធ្យាស្រ័យល្អ ត្រូវគ្នា សមគ្នា ជាមួយនឹង​ពួកជន​មាន​អធ្យាស្រ័យ​ល្អ ម្នាលភិក្ខុទាំងឡាយ សូម្បីក្នុងអតីតកាល សត្វទាំងឡាយ ត្រូវគ្នា សមគ្នា ដោយ​ធាតុ គឺពួកជន​មានអធ្យាស្រ័យថោកទាប ត្រូវគ្នា សមគ្នា ជាមួយនឹង​ពួកជន​មាន​អធ្យាស្រ័យ​ថោកទាប ពួកជន​មានអធ្យាស្រ័យល្អ ត្រូវគ្នា សមគ្នា ជាមួយនឹង​ពួកជន​មាន​អធ្យាស្រ័យល្អ។ ម្នាលភិក្ខុទាំងឡាយ សូម្បីក្នុងអនាគតកាល សត្វទាំងឡាយ នឹងត្រូវគ្នា នឹងសមគ្នា ដោយ​ធាតុ គឺពួកជន​មានអធ្យាស្រ័យថោកទាប នឹងត្រូវគ្នា នឹងសមគ្នា ជា​មួយ​នឹង​ពួកជន​មានអធ្យាស្រ័យ​ថោកទាប ពួកជន​មានអធ្យាស្រ័យល្អ នឹងត្រូវគ្នា នឹង​សមគ្នា ជាមួយនឹង​ពួកជន​មានអធ្យាស្រ័យល្អ។ ម្នាលភិក្ខុទាំងឡាយ សូម្បីក្នុង​បច្ចុប្បន្ន​កាល​នេះ សត្វទាំង​ឡាយ ត្រូវគ្នា សមគ្នា ដោយធាតុ គឺ ពួកជន​មាន​អធ្យាស្រ័យ​ថោកទាប ត្រូវគ្នា សមគ្នា ជាមួយនឹង​ពួកជន​មានអធ្យាស្រ័យ​ថោកទាប ពួកជន​មាន​អធ្យាស្រ័យ​ល្អ ត្រូវគ្នា សមគ្នា ជាមួយនឹង​ពួកជន​មានអធ្យាស្រ័យល្អ។ ចប់សូត្រទី៥។

[៣៦] ព្រះមានព្រះភាគ ទ្រង់គង់នៅជិតក្រុងសាវត្ថី… ក្នុងទីនោះឯង ព្រះមានព្រះភាគ …. ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ សត្វទាំងឡាយ ត្រូវគ្នា សមគ្នា ដោយធាតុ គឺពួកជន​មាន​អធ្យាស្រ័យថោកទាប ត្រូវគ្នា សមគ្នា ជាមួយនឹង​ពួកជន​មានអធ្យាស្រ័យ​ថោក​ទាប។ ម្នាលភិក្ខុទាំងឡាយ សូម្បីក្នុងអតីតកាល សត្វទាំងឡាយ ត្រូវគ្នា សមគ្នា ដោយ​ធាតុ គឺ​ពួកជន​មានអធ្យាស្រ័យថោកទាប ត្រូវគ្នា សមគ្នា ជាមួយនឹង​ពួកជន​មាន​អធ្យាស្រ័យ​​ថោកទាប។ ម្នាលភិក្ខុទាំងឡាយ សូម្បីក្នុងអនាគតកាល សត្វទាំងឡាយ នឹង​ត្រូវគ្នា នឹងសមគ្នា ដោយ​ធាតុ គឺពួកជន​មានអធ្យាស្រ័យថោកទាប នឹងត្រូវគ្នា នឹងសមគ្នា ជាមួយ​នឹង​ពួកជន​មានអធ្យាស្រ័យ​ថោកទាប។ ម្នាលភិក្ខុ​ទាំងឡាយ សូម្បីក្នុង​បច្ចុប្បន្ន​កាល​នេះ សត្វទាំង​ឡាយ តែងត្រូវគ្នា សមគ្នា ដោយធាតុ គឺ ពួកជន​មាន​អធ្យាស្រ័យ​ថោកទាប រមែងត្រូវគ្នា សមគ្នា ជាមួយនឹង​ពួកជន​មានអធ្យាស្រ័យ​ថោកទាប។

[៣៧] ម្នាលភិក្ខុទាំងឡាយ លាមក ត្រូវគ្នា សមគ្នា ដោយលាមក មូត្រ ត្រូវគ្នា សមគ្នា ដោយមូត្រ ទឹកមាត់ ត្រូវគ្នា សមគ្នា ដោយទឹកមាត់ ខ្ទុះ ត្រូវគ្នា សមគ្នា ដោយខ្ទុះ ឈាម ត្រូវគ្នា សមគ្នា ដោយឈាម យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ សត្វទាំង​ឡាយ ត្រូវគ្នា សមគ្នា ដោយធាតុ គឺ ពួកជន​មានអធ្យាស្រ័យថោកទាប តែងត្រូវគ្នា សមគ្នា ជាមួយនឹង​ពួកជន​មានអធ្យាស្រ័យ​ថោកទាប សូម្បីក្នុងអតីតកាល… សូម្បីក្នុងអនាគត​កាល… សូម្បី​ក្នុង​បច្ចុប្បន្នកាលនេះ សត្វទាំង​ឡាយ ត្រូវគ្នា សមគ្នា ដោយធាតុ គឺពួកជន​មាន​អធ្យាស្រ័យ​ថោកទាប តែងត្រូវគ្នា សមគ្នា ជាមួយនឹង​ពួកជន​មានអធ្យាស្រ័យ​ថោកទាប យ៉ាងនោះឯង។

[៣៨] ម្នាលភិក្ខុទាំងឡាយ សត្វទាំង​ឡាយ ត្រូវគ្នា សមគ្នា ដោយធាតុ គឺពួកជន​មាន​អធ្យាស្រ័យល្អ ត្រូវគ្នា សមគ្នា ជាមួយនឹង​ពួកជន​មានអធ្យាស្រ័យ​ល្អ។ ម្នាលភិក្ខុទាំង​ឡាយ សូម្បីក្នុងអតីតកាល សត្វទាំង​ឡាយ ត្រូវគ្នា សមគ្នា ដោយធាតុ គឺពួកជន​មាន​អធ្យាស្រ័យល្អ ត្រូវគ្នា សមគ្នា ជាមួយនឹង​ពួកជន​មានអធ្យាស្រ័យ​ល្អ។ ម្នាលភិក្ខុទាំង​ឡាយ សូម្បីក្នុងអនាគត​កាល សត្វទាំង​ឡាយ នឹងត្រូវគ្នា នឹងសមគ្នា ដោយធាតុ គឺពួកជន​មានអធ្យាស្រ័យល្អ នឹងត្រូវគ្នា នឹងសមគ្នា ជាមួយនឹង​ពួកជន​មានអធ្យាស្រ័យ​ល្អ។ ម្នាលភិក្ខុទាំងឡាយ សូម្បីក្នុងបច្ចុប្បន្នកាលនេះ សត្វទាំង​ឡាយ ត្រូវគ្នា សមគ្នា ដោយធាតុ គឺពួកជន​មានអធ្យាស្រ័យល្អ តែងត្រូវគ្នា សមគ្នា ជាមួយនឹង​ពួកជន​មាន​អធ្យាស្រ័យ​ល្អ។

[៣៩] ម្នាលភិក្ខុទាំងឡាយ ទឹកដោះស្រស់ ត្រូវគ្នា សមគ្នា ដោយទឹកដោះស្រស់ ប្រេង ត្រូវគ្នា សមគ្នា ដោយប្រេង ទឹកដោះរាវ ត្រូវគ្នា សមគ្នា ដោយទឹកដោះរាវ ទឹកឃ្មុំ ត្រូវគ្នា សមគ្នា ដោយទឹកឃ្មុំ ទឹកអំពៅ ត្រូវគ្នា សមគ្នា ដោយទឹកអំពៅ យ៉ាងណាមិញ ម្នាល​ភិក្ខុ​ទាំងឡាយ សត្វទាំង​ឡាយ ត្រូវគ្នា សមគ្នា ដោយធាតុ គឺពួកជន​មាន​អធ្យាស្រ័យល្អ ត្រូវគ្នា សមគ្នា ជាមួយនឹង​ពួកជន​មានអធ្យាស្រ័យល្អ សូម្បី​ក្នុងអតីតកាល… សូម្បីក្នុង​អនាគតកាល… សូម្បីក្នុងបច្ចុប្បន្នកាលនេះ សត្វទាំង​ឡាយ ត្រូវគ្នា សមគ្នា ដោយធាតុ គឺពួកជន​មានអធ្យាស្រ័យល្អ ត្រូវគ្នា សមគ្នា ជាមួយនឹង​ពួកជន​មានអធ្យាស្រ័យ​ល្អ ក៏​យ៉ាង​នោះឯង។

[៤០] ព្រះមានព្រះភាគ ទ្រង់ត្រាស់ពាក្យនេះហើយ ​លុះព្រះសុគត ជាសាស្តា ទ្រង់​ត្រាស់​ពាក្យនេះហើយ ក៏ទ្រង់ត្រាស់គាថានេះ តទៅទៀតថា

ព្រៃគឺកិលេសដុះឡើង ព្រោះការច្រឡូកច្រឡំ ព្រៃគឺកិលេសដាច់ទៅ ព្រោះការ​មិន​ច្រឡូក​ច្រឡំ បុគ្គលឡើងឈើទាប មុខជាលិចចុះក្នុងអន្លង់ធំ យ៉ាងណាមិញ បុគ្គល​អាស្រ័យ​នឹងជនខ្ជិលច្រអូស ទោះបីចិញ្ចឹមជីវិតដោយស្រួល ក៏រមែង​លិច​ចុះទៅ យ៉ាង​នោះ​ឯង ហេតុដូច្នោះ បុគ្គលគប្បីវៀរស្រឡះចាកបុគ្គលខ្ជិលច្រអូស មានសេចក្តី​ព្យាយាម​​ថោកទាបនោះចេញ គប្បីនៅជាមួយនឹងជនជាបណ្ឌិត អ្នក​ស្ងប់ស្ងាត់ អ្នក​ប្រសើរ អ្នកមានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន អ្នកមានឈាន អ្នក​ផ្តើមព្យាយាមជានិច្ច។ ចប់សូត្រទី៦។

[៤១] ព្រះមានព្រះភាគ ទ្រង់គង់​នៅជិតក្រុងសាវត្ថី… ក្នុងទីនោះឯង ព្រះមានព្រះភាគ… ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ សត្វទាំង​ឡាយ ត្រូវគ្នា សមគ្នា ដោយធាតុ គឺពួក​ជន​មិនមានសទ្ធា ត្រូវគ្នា សមគ្នា ជាមួយនឹង​ពួកជន​មិន​មាន​សទ្ធា ពួកជនមិន​ខ្មាសបាប ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមិនខ្មាសបាប ពួកជនមិនខ្លាចបាប ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមិនខ្លាចបាប ពួកជនមិនចេះដឹង ត្រូវគ្នា សមគ្នា ជាមួយ​នឹងពួកជនមិនចេះដឹង ពួកជនខ្ជិលច្រអូស ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនខ្ជិលច្រអូស ពួកជនវង្វេងស្មារតី ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនវង្វេងស្មារតី ពួកជនមិនមានបញ្ញា ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមិនមានបញ្ញា។ (ពួកជន​មានសទ្ធា ត្រូវគ្នា សមគ្នា ជាមួយនឹង​ពួកជន​​មាន​សទ្ធា ពួកជនមានចិត្តខ្មាសបាប ត្រូវគ្នា សមគ្នា ជាមួយនឹង​ពួក​ជន​មាន​ចិត្តខ្មាសបាប ពួកជនមានសេចក្តីខ្លាចបាប ត្រូវគ្នា សមគ្នា ជាមួយ​នឹងពួកជន​មាន​សេចក្តីខ្លាចបាប ពួកជនអ្នកចេះដឹងច្រើន ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជន​អ្នកចេះ​ដឹងច្រើន ពួកជនប្រារព្ធព្យាយាម ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនប្រារព្ធព្យាយាម ពួកជនមានស្មារតីមាំមួន ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមានស្មារតីមាំមួន ពួកជន​មានបញ្ញា ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមានបញ្ញា)។ ម្នាលភិក្ខុទាំងឡាយ សូម្បីក្នុង​អតីតកាល សត្វទាំងឡាយ ត្រូវគ្នា សមគ្នា ដោយធាតុ គឺពួកជន​មិនមានសទ្ធា ត្រូវគ្នា សមគ្នា ជាមួយនឹង​ពួកជន​មិន​មាន​សទ្ធា ពួកជនមិនខ្មាសបាប ត្រូវគ្នា សមគ្នា ជាមួយ​នឹងពួកជនមិនខ្មាសបាប ពួកជនមិនខ្លាចបាប ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជន​មិនខ្លាច​បាប ពួកជនមិនចេះដឹង ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមិនចេះដឹង ពួកជនខ្ជិល​ច្រអូស ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនខ្ជិលច្រអូស ពួកជនភ្លេចស្មារតី ត្រូវគ្នា សមគ្នា ជាមួយ​នឹងពួកជនភ្លេចស្មារតី ពួកជនឥតបញ្ញា ត្រូវគ្នា សមគ្នា ជាមួយនឹង​ពួកជន​ឥតបញ្ញា។ ម្នាលភិក្ខុទាំងឡាយ សូម្បីក្នុងអនាគតកាល សត្វទាំងឡាយ នឹងត្រូវគ្នា នឹងសមគ្នា ដោយធាតុ គឺពួកជនមិនមានសទ្ធា នឹងត្រូវគ្នា នឹងសមគ្នា ជាមួយនឹង​ពួកជន​មិន​មាន​សទ្ធា ពួកជនមិនខ្មាសបាប នឹងត្រូវគ្នា នឹងសមគ្នា ជាមួយនឹងពួក​ជនមិន​ខ្មាសបាប ពួកជនមិនខ្លាចបាប ជាមួយនឹងពួកជនមិនខ្លាចបាប… ពួកជនមិនចេះដឹង ជា​មួយ​នឹងពួកជនមិនចេះដឹង… ពួកជនខ្ជិលច្រអូស ជាមួយនឹងពួកជនខ្ជិលច្រអូស… ពួក​ជន​វង្វេងស្មារតី ជាមួយនឹងពួកជនវង្វេងស្មារតី… ពួកជនឥតបញ្ញា នឹងត្រូវគ្នា នឹងសមគ្នា ជាមួយនឹងពួកជនឥតបញ្ញា។ ម្នាលភិក្ខុទាំងឡាយ សូម្បីក្នុងបច្ចុប្បន្នកាលនេះ សត្វ​ទាំង​ឡាយ ត្រូវគ្នា សមគ្នា ដោយធាតុ គឺពួកជន​មិនមានសទ្ធា ត្រូវគ្នា សមគ្នា ជាមួយនឹង​ពួក​ជន​មិន​​មាន​សទ្ធា ពួកជនមិនខ្មាសបាប ជាមួយនឹងពួកជនមិនខ្មាសបាប។បេ។ ពួកជន​មិនខ្លាចបាប ជាមួយនឹងពួកជនមិនខ្លាចបាប… ពួកជនមិនចេះដឹង ជាមួយនឹងពួកជន​មិន​ចេះដឹង ពួកជនខ្ជិលច្រអូស ជាមួយនឹងពួកជនខ្ជិលច្រអូស… ពួកជនវង្វេងស្មារតី ជាមួយ​នឹង​ពួកជនវង្វេងស្មារតី… ពួកជនឥតបញ្ញា ត្រូវគ្នា សមគ្នា ជាមួយនឹង​ពួកជន​ឥត​បញ្ញា។

[៤២] ម្នាលភិក្ខុទាំងឡាយ សត្វទាំង​ឡាយ ត្រូវគ្នា សមគ្នា ដោយធាតុ គឺពួកជន​មាន​សទ្ធា ត្រូវគ្នា សមគ្នា ជាមួយនឹង​ពួកជន​មាន​សទ្ធា ពួកជនមានចិត្តខ្មាសបាប ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមានចិត្តខ្មាសបាប ពួកជនមានសេចក្តីខ្លាចបាប ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមានសេចក្តីខ្លាចបាប ពួកជនអ្នកចេះដឹងច្រើន ត្រូវគ្នា សមគ្នា ជាមួយ​នឹង​ពួក​ជនអ្នកចេះដឹងច្រើន ពួកជនប្រារព្ធព្យាយាម ត្រូវគ្នា សមគ្នា ជាមួយនឹង​ពួកជន​ប្រារព្ធ​ព្យាយាម ពួកជនមានស្មារតីតម្កល់មាំ ត្រូវគ្នា សមគ្នា ជាមួយនឹង​ពួកជនមាន​ស្មារតី​តម្កល់​មាំ ពួកជនមានបញ្ញា ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមានបញ្ញា។ ម្នាល​ភិក្ខុ​ទាំង​ឡាយ សូម្បីក្នុងអតីតកាល។បេ។ ម្នាលភិក្ខុទាំងឡាយ សូម្បីក្នុងអនាគតកាល។បេ។ ម្នាលភិក្ខុទាំងឡាយ សូម្បីក្នុងបច្ចុប្បន្នកាលនេះ។បេ។ ត្រូវគ្នា សមគ្នា។ ចប់សូត្រទី៧។

[៤៣] ព្រះមានព្រះភាគ ទ្រង់គង់នៅជិតក្រុងសាវត្ថី… ក្នុងទីនោះឯង ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ សត្វទាំង​ឡាយ ត្រូវគ្នា សមគ្នា ដោយធាតុ គឺពួកជន​មិនមានសទ្ធា ត្រូវគ្នា សមគ្នា ជាមួយនឹង​ពួកជន​មិន​មាន​សទ្ធា ពួកជនមិនខ្មាសបាប ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមិនខ្មាសបាប ពួកជនមិនមានបញ្ញា ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមិនមានបញ្ញា។ ពួកជន​មានសទ្ធា ត្រូវគ្នា សមគ្នា ជាមួយនឹង​ពួកជន​​មាន​សទ្ធា ពួកជនមានចិត្តខ្មាសបាប ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមានចិត្តខ្មាសបាប ពួកជនមានបញ្ញា ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមានបញ្ញា។ ម្នាលភិក្ខុទាំងឡាយ សូម្បីក្នុងអតីតកាល សត្វទាំងឡាយ ត្រូវគ្នា សមគ្នា ដោយធាតុ។បេ។ ម្នាលភិក្ខុទាំង​ឡាយ សូម្បីក្នុងអនាគតកាល សត្វទាំងឡាយ នឹងត្រូវគ្នា នឹងសមគ្នា ដោយធាតុ។បេ។ ម្នាលភិក្ខុទាំងឡាយ សូម្បីក្នុងបច្ចុប្បន្នកាលនេះ សត្វទាំងឡាយ ត្រូវគ្នា សមគ្នា ដោយធាតុ គឺពួកជន​មិនមានសទ្ធា ត្រូវគ្នា សមគ្នា ជាមួយនឹង​ពួកជនមិន​​មាន​សទ្ធា ពួកជនមិនខ្មាសបាប ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមិនខ្មាសបាប ពួកជនឥតបញ្ញា ត្រូវគ្នា សមគ្នា ជាមួយនឹង​ពួកជន​ឥត​បញ្ញា ពួកជន​មានសទ្ធា ត្រូវគ្នា សមគ្នា ជាមួយនឹង​ពួកជន​​មាន​សទ្ធា ពួកជនមានចិត្តខ្មាសបាប ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជន​មានចិត្ត​ខ្មាសបាប ពួកជនមានបញ្ញា ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមានបញ្ញា។

[៤៤] ម្នាលភិក្ខុទាំងឡាយ សត្វទាំង​ឡាយ ត្រូវគ្នា សមគ្នាដោយធាតុ គឺពួកជន​មិនមានសទ្ធា ត្រូវគ្នា សមគ្នា ជាមួយនឹង​ពួកជន​មិន​មាន​សទ្ធា ពួកជនមិនខ្លាចបាប ត្រូវ​គ្នា សមគ្នា ជាមួយនឹងពួកជនមិនខ្លាចបាប ពួកជនមិនមានបញ្ញា ត្រូវគ្នា សមគ្នា ជាមួយ​នឹងពួកជនមិនមានបញ្ញា។ ពួកជន​មានសទ្ធា ត្រូវគ្នា សមគ្នា ជាមួយនឹង​ពួកជន​​មាន​សទ្ធា ពួកជនមានសេចក្តីខ្លាចបាប ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជន​មាន​សេចក្តី​ខ្លាច​បាប ពួក​ជន​មានបញ្ញា ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមានបញ្ញា។

[៤៥] ពួកជន​មិនមានសទ្ធា ត្រូវគ្នា សមគ្នា ជាមួយនឹង​ពួកជន​មិន​មាន​សទ្ធា ពួកជន​មិនចេះ​ដឹង ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមិនចេះដឹង ពួកជនឥតបញ្ញា ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនឥតបញ្ញា។ ពួកជនមានសទ្ធា ត្រូវគ្នា សមគ្នា ជាមួយនឹង​ពួកជន​មាន​សទ្ធា ពួកជនអ្នកចេះដឹងច្រើន ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនអ្នកចេះដឹងច្រើន ពួក​ជន​មានបញ្ញា ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមានបញ្ញា។

[៤៦] ពួកជន​មិនមានសទ្ធា ត្រូវគ្នា សមគ្នា ជាមួយនឹង​ពួកជនមិន​​មាន​សទ្ធា ពួកជន​ខ្ជិល​ច្រអូស ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនខ្ជិលច្រអូស ពួកជនឥតបញ្ញា ត្រូវគ្នា សមគ្នា ជាមួយនឹង​ពួកជន​ឥត​បញ្ញា។ ពួកជនមានសទ្ធា ត្រូវគ្នា សមគ្នា ជាមួយនឹង​ពួកជន​មាន​សទ្ធា ពួកជនប្រារព្ធព្យាយាម ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនប្រារព្ធ​ព្យាយាម ពួកជន​មាន​បញ្ញា ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមានបញ្ញា។

[៤៧] ពួកជនមិនមានសទ្ធា តែងត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមិនមានសទ្ធា ពួកជន​វង្វេងស្មារតី ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនវង្វេងស្មារតី ពួកជនឥតបញ្ញា ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនឥតបញ្ញា។ ពួកជនមានសទ្ធា ត្រូវគ្នា សមគ្នា ជាមួយនឹង​ពួកជន​មាន​សទ្ធា ពួកជនមានស្មារតីតម្កល់មាំ ត្រូវគ្នា សមគ្នា ជាមួយនឹង​ពួកជន​មាន​ស្មារតីតម្កល់មាំ ពួកជនមានបញ្ញា ត្រូវគ្នា សមគ្នា ជាមួយនឹង​ពួកជនមានបញ្ញា។ ចប់​សូត្រទី៨។

[៤៨] ព្រះមានព្រះភាគ ទ្រង់គង់នៅជិតក្រុងសាវត្ថី… ក្នុងទីនោះឯង ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ សត្វទាំង​ឡាយ ត្រូវគ្នា សមគ្នា ដោយធាតុ គឺពួកជន​មិនខ្មាសបាប ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមិនខ្មាសបាប ពួកជនមិនខ្លាចបាប ត្រូវ​គ្នា សមគ្នា ជាមួយនឹងពួកជនមិនខ្លាចបាប ពួកជនឥតបញ្ញា ត្រូវគ្នា សមគ្នា ជាមួយ​នឹង​ពួក​ជនឥតបញ្ញា។ ពួកជន​មានចិត្តខ្មាសបាប ត្រូវគ្នា សមគ្នា ជាមួយនឹង​ពួកជន​មាន​ចិត្ត​ខ្មាសបាប ពួកជនខ្លាចបាប ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជន​ខ្លាច​បាប ពួកជន​មានបញ្ញា ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមានបញ្ញា។

[៤៩] ពួកជនមិនខ្មាសបាប ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមិនខ្មាសបាប ពួកជន​មិន​ចេះដឹង ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមិនចេះដឹង ពួកជនឥតបញ្ញា ត្រូវគ្នា សមគ្នា ជាមួយ​នឹងពួកជនឥតបញ្ញា។ ពួកជនមានចិត្តខ្មាសបាប ត្រូវគ្នា សមគ្នា ជាមួយ​នឹងពួក​ជន​មានចិត្តខ្មាសបាប ពួកជនអ្នកចេះដឹងច្រើន ត្រូវគ្នា សមគ្នា ជាមួយនឹង​ពួកជន​អ្នក​ចេះ​ដឹងច្រើន ពួកជនមានបញ្ញា ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមានបញ្ញា។

[៥០] ពួកជនមិនខ្មាសបាប ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមិនខ្មាសបាប ពួកជនខ្ជិល​ច្រអូស ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនខ្ជិលច្រអូស ពួកជនឥតបញ្ញា ត្រូវគ្នា សមគ្នា ជាមួយនឹង​ពួកជន​ឥត​បញ្ញា។ ពួកជនមានចិត្តខ្មាសបាប ត្រូវគ្នា សមគ្នា ជាមួយនឹង​ពួកជនមានចិត្តខ្មាសបាប ពួកជនប្រារព្ធព្យាយាម ត្រូវគ្នា សមគ្នា ជាមួយនឹងពួក​ជន​ប្រារព្ធព្យាយាម ពួកជនមានបញ្ញា ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមានបញ្ញា។

[៥១] ពួកជនមិនខ្មាសបាប ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមិនខ្មាសបាប ពួកជនវង្វេង​ស្មារតី ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនវង្វេងស្មារតី ពួកជនឥតបញ្ញា ត្រូវគ្នា សមគ្នា ជាមួយ​នឹងពួកជនឥតបញ្ញា។ ពួកជនមានចិត្តខ្មាសបាប ត្រូវគ្នា សមគ្នា ជាមួយ​នឹង​ពួកជនមានចិត្តខ្មាសបាប ពួកជនមានស្មារតីតម្កល់មាំ ត្រូវគ្នា សមគ្នា ជាមួយ​នឹងពួក​ជនមានស្មារតីតម្កល់មាំ ពួកជនមានបញ្ញា ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមានបញ្ញា។ ចប់សូត្រទី៩។

[៥២] ព្រះមានព្រះភាគ ទ្រង់គង់នៅជិតក្រុងសាវត្ថី… ក្នុងទីនោះឯង ព្រះមានព្រះភាគ… ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ សត្វទាំង​ឡាយ ត្រូវគ្នា សមគ្នា ដោយធាតុ គឺពួក​ជនមិនខ្លាចបាប ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមិនខ្លាចបាប ពួកជនមិនចេះដឹង ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមិនចេះដឹង ពួកជនឥតបញ្ញា ត្រូវគ្នា សមគ្នា ជាមួយ​នឹងពួកជនឥតបញ្ញា។ ពួកជនខ្លាចបាប ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនខ្លាចបាប ពួកជន​អ្នកចេះដឹងច្រើន ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនអ្នកចេះដឹងច្រើន ពួកជនមាន​បញ្ញា ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមានបញ្ញា។

[៥៣] ពួកជនមិនខ្លាចបាប ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមិនខ្លាចបាប ពួកជនខ្ជិល​ច្រអូស ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនខ្ជិលច្រអូស ពួកជនឥតបញ្ញា ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនឥតបញ្ញា។ ពួកជនខ្លាចបាប ត្រូវគ្នា សមគ្នា ជាមួយនឹងពួក​ជន​ខ្លាចបាប ពួកជនប្រារព្ធព្យាយាម ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនប្រារព្ធព្យាយាម ពួកជន​មានបញ្ញា ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមានបញ្ញា។

[៥៤] ពួកជនមិនខ្លាចបាប ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមិនខ្លាចបាប ពួកជន​វង្វេងស្មារតី ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនវង្វេងស្មារតី ពួកជនឥតបញ្ញា ត្រូវគ្នា សមគ្នា ជាមួយនឹង​ពួកជន​ឥត​បញ្ញា។ ពួកជនខ្លាចបាប ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជន​ខ្លាចបាប ពួកជនមានស្មារតីតម្កល់មាំ ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមានស្មារតី​តម្កល់មាំ ពួកជនមានបញ្ញា ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមានបញ្ញា។ ចប់សូត្រ​ទី១០។

[៥៥] ព្រះមានព្រះភាគ ទ្រង់គង់នៅជិតក្រុងសាវត្ថី… ក្នុងទីនោះឯង ព្រះមានព្រះភាគ… ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ សត្វទាំង​ឡាយ ត្រូវគ្នា សមគ្នា ដោយធាតុ គឺពួកជន​មិនចេះដឹង ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមិនចេះដឹង ពួកជនខ្ជិលច្រអូស ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនខ្ជិលច្រអូស ពួកជនឥតបញ្ញា ត្រូវគ្នា សមគ្នា ជាមួយនឹង​ពួកជនឥតបញ្ញា។ ពួកជនអ្នកចេះដឹងច្រើន ត្រូវគ្នា សមគ្នា ជាមួយនឹង​ពួកជន​អ្នកចេះ​ដឹងច្រើន ពួកជនប្រារព្ធព្យាយាម ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនប្រារព្ធព្យាយាម ពួក​ជន​មានបញ្ញា ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមានបញ្ញា។

[៥៦] ពួកជនមិនចេះដឹង ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមិនចេះដឹង ពួកជនវង្វេង​ស្មារតី ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនវង្វេងស្មារតី ពួកជនឥតបញ្ញា ត្រូវគ្នា សមគ្នា ជាមួយ​នឹងពួកជនឥតបញ្ញា។ ពួកជនអ្នកចេះដឹងច្រើន ត្រូវគ្នា សមគ្នា ជាមួយ​នឹងពួក​ជនអ្នកចេះដឹងច្រើន ពួកជនមានស្មារតីតម្កល់មាំ ត្រូវគ្នា សមគ្នា ជាមួយនឹង​ពួក​ជនមាន​ស្មារតីតម្កល់មាំ ពួកជនមានបញ្ញា ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមានបញ្ញា។ ចប់សូត្រទី១១។

[៥៧] ព្រះមានព្រះភាគ ទ្រង់គង់នៅជិតក្រុងសាវត្ថី… ក្នុងទីនោះឯង ព្រះមានព្រះភាគ… ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ សត្វទាំង​ឡាយ ត្រូវគ្នា សមគ្នាដោយធាតុ គឺពួក​ជនខ្ជិលច្រអូស ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនខ្ជិលច្រអូស ពួកជនវង្វេងស្មារតី ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនវង្វេងស្មារតី ពួកជនឥតបញ្ញា ត្រូវគ្នា សមគ្នា ជាមួយនឹង​ពួកជនឥតបញ្ញា។ ពួកជនប្រារព្ធព្យាយាម ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជន​ប្រារព្ធ​ព្យាយាម ពួកជនមានស្មារតីតម្កល់មាំ ត្រូវគ្នា សមគ្នា ជាមួយនឹងពួក​ជនមាន​ស្មារតី​តម្កល់មាំ ពួកជនមានបញ្ញា ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមានបញ្ញា។ ចប់​សូត្រទី១២។

(អតីត អនាគត បច្ចុប្បន្ន បណ្ឌិតគប្បីធ្វើយ៉ាងនេះគ្រប់អន្លើ)។

ចប់ សត្តធាតុវគ្គ ទី២។

ឧទ្ទាននៃសត្តធាតុវគ្គនោះគឺ

សម្តែងអំពីធាតុ៧យ៉ាង អំពីវិតក្កៈប្រកបដោយហេតុ ទើបកើតឡើង អំពី​ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងមហាប្រាសាទធ្វើដោយឥដ្ឋ អំពីពួកសត្វមាន​អធ្យាស្រ័យ​ថោកទាប អំពី​ការ​ចង្ក្រម អំពីសូត្រទីប្រាំមួយ ព្រមទាំងគាថា សូត្រទីប្រាំពីរ អំពីជន៥ពួក មាន​ជន​មិន​មានសទ្ធាជាមូល អំពីជន៤ពួក មានជនមិនមានសេចក្តី​ខ្មាស​បាបជាមូល អំពីជន៣ពួក មានជនមិនមានសេចក្តីខ្លាចបាបជាមូល អំពីជន២ពួក ជា​អ្នក​មិនចេះដឹង អំពីជន១ពួក ជាអ្នកខ្ជិលច្រអូស រួបរួមបីប្រាំដង ត្រូវជា​១៥ពួក មានមកហើយ ក្នុងព្រះសូត្រនេះ។

ទសកម្មបថវគ្គ

[៥៨] ទ្រង់គង់នៅទៀបក្រុងសាវត្ថី… ក្នុងទីនោះឯង ព្រះមានព្រះភាគ… ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ សត្វទាំងឡាយត្រូវគ្នា សមគ្នា [ស្មើគ្នា ប្រហែលគ្នា ប្រជុំគ្នា ជួបគ្នា ចូលចិត្តនឹងគ្នា ត្រូវជើងគ្នា កាត់រកគ្នា។] ដោយធាតុជាប្រាកដ ពួកសត្វ​មិនមានសទ្ធា ត្រូវគ្នា សមគ្នា នឹងពួកសត្វ​មិនមានសទ្ធា ពួកសត្វ​មិនមានសេចក្តីខ្មាស​បាប ត្រូវគ្នា សមគ្នា នឹងពួកសត្វ​មិនមានសេចក្តីខ្មាសបាប ពួកសត្វ​មិនមានសេចក្តីខ្លាចបាប ត្រូវគ្នា សមគ្នា នឹងពួកសត្វ​មិនមានសេចក្តីខ្លាចបាប ពួកសត្វ​មិនបានតាំងចិត្តនឹង ត្រូវគ្នា សមគ្នា នឹងពួកសត្វ​មិនបានតាំងចិត្តនឹង ពួកសត្វគ្មានប្រាជ្ញា ត្រូវគ្នា សមគ្នា នឹងពួកសត្វ​គ្មាន​ប្រាជ្ញា។ ពួកសត្វ​មានសទ្ធា ត្រូវគ្នា សមគ្នា នឹងពួកសត្វ​មានសទ្ធា ពួកសត្វ​មានចិត្តខ្មាស​បាប ត្រូវគ្នា សមគ្នា នឹងពួកសត្វ​មានចិត្តខ្មាសបាប ពួកសត្វ​មានសេចក្តីខ្លាចបាប ត្រូវគ្នា សមគ្នា នឹងពួកសត្វ​មានសេចក្តីខ្លាចបាប ពួកសត្វ​មានចិត្តតាំងនឹង ត្រូវគ្នា សមគ្នា នឹងពួក​សត្វ​មានចិត្តតាំងនឹង ពួកសត្វមានប្រាជ្ញា ត្រូវគ្នា សមគ្នា នឹងពួកសត្វមានប្រាជ្ញា។ ចប់សូត្រទី១។

[៥៩] ទ្រង់គង់នៅទៀបក្រុងសាវត្ថី… ក្នុងទីនោះឯង ព្រះមានព្រះភាគ… ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ សត្វទាំងឡាយ ត្រូវគ្នា សមគ្នា ដោយធាតុជាប្រាកដ ពួកសត្វ​មិនមានសទ្ធា ត្រូវគ្នា សមគ្នា នឹងពួកសត្វ​មិនមានសទ្ធា ពួកសត្វ​មិនមានសេចក្តី​ខ្មាស​បាប ត្រូវគ្នា សមគ្នា នឹងពួកសត្វ​មិនមានសេចក្តីខ្មាសបាប ពួកសត្វ​មិនមាន​សេចក្តី​ខ្លាចបាប ត្រូវគ្នា សមគ្នា នឹងពួកសត្វ​មិនមានសេចក្តីខ្លាចបាប ពួកសត្វទ្រុស្តសីល​ ត្រូវគ្នា សមគ្នា នឹងពួកសត្វទ្រុស្តសីល ពួកសត្វគ្មានប្រាជ្ញា ត្រូវគ្នា សមគ្នា នឹងពួកសត្វ​គ្មាន​ប្រាជ្ញា។ ពួកសត្វ​មានសទ្ធា ត្រូវគ្នា សមគ្នា នឹងពួកសត្វ​មានសទ្ធា ពួកសត្វ​មាន​ចិត្តខ្មាស​បាប ត្រូវគ្នា សមគ្នា នឹងពួកសត្វ​មានចិត្តខ្មាសបាប ពួកសត្វ​មានសេចក្តីខ្លាចបាប ត្រូវគ្នា សមគ្នា នឹងពួកសត្វ​មានសេចក្តីខ្លាចបាប ពួកសត្វ​មានសីល ត្រូវគ្នា សមគ្នា នឹងពួកសត្វ​មានសីល ពួកសត្វមានប្រាជ្ញា ត្រូវគ្នា សមគ្នា នឹងពួកសត្វ​មានប្រាជ្ញា។ ចប់សូត្រទី២។

[៦០] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅ​ក្នុង​វត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ ក្នុងទីនោះឯង ព្រះមានព្រះភាគ ទ្រង់​ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ។ ភិក្ខុ​ទាំង​នោះ ក៏ទទួល​ព្រះពុទ្ធដីកា របស់​ព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន។

[៦១] ព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ សត្វទាំងឡាយ ត្រូវគ្នា សមគ្នា ដោយធាតុជាប្រាកដ ពួកសត្វអ្នកសម្លាប់សត្វ ត្រូវគ្នា សមគ្នា នឹង​ពួក​សត្វ​អ្នក​​សម្លាប់សត្វ ពួកសត្វអ្នកលួចទ្រព្យគេ ត្រូវគ្នា សមគ្នា នឹងពួកសត្វ​អ្នក​លួច​ទ្រព្យគេ ពួកសត្វ​ប្រព្រឹត្តខុសក្នុងកាមទាំងឡាយ ត្រូវគ្នា សមគ្នា នឹងពួកសត្វ​ប្រព្រឹត្តខុស​ក្នុង​កាម​ទាំងឡាយ ពួកសត្វនិយាយពាក្យកុហក ត្រូវគ្នា សមគ្នា នឹងពួកសត្វ​និយាយ​ពាក្យ​កុហក ពួកសត្វដែលប្រកបដោយហេតុជាទីតាំង​នៃសេចក្តីប្រមាទ គឺផឹកទឹកស្រវឹង គឺសុរា និង​មេរ័យ ត្រូវគ្នា សមគ្នា នឹងពួកសត្វដែលប្រកបដោយហេតុជាទីតាំង​នៃ​សេចក្តី​ប្រមាទ គឺផឹក​ទឹកស្រវឹង គឺសុរានិងមេរ័យ។

[៦២] ពួកសត្វវៀរចាកការសម្លាប់សត្វ ត្រូវគ្នា សមគ្នា នឹងពួកសត្វដែល​វៀរចាកការ​សម្លាប់សត្វ ពួកសត្វវៀរចាកការលួចទ្រព្យគេ ត្រូវគ្នា សមគ្នា នឹងពួកសត្វដែលវៀរចាក​ការ​លួច​ទ្រព្យគេ ពួកសត្វវៀរចាកការ​ប្រព្រឹត្តិខុស ក្នុងកាមទាំងឡាយ ត្រូវគ្នា សមគ្នា នឹងពួកសត្វដែលវៀរចាកការ​ប្រព្រឹត្តិខុស ​ក្នុង​កាមទាំងឡាយ ពួកសត្វវៀរចាកការ​និយាយ​កុហក ត្រូវគ្នា សមគ្នា នឹងពួកសត្វដែល​វៀរចាកការ​និយាយ​​កុហក ពួកសត្វ​វៀរចាកហេតុជាទីតាំង​ នៃសេចក្តីប្រមាទ គឺផឹកទឹកស្រវឹង គឺសុរា និងមេរ័យ ត្រូវគ្នា សមគ្នា នឹងពួកសត្វដែលវៀរចាកហេតុជាទីតាំង​ នៃ​សេចក្តី​ប្រមាទ គឺផឹកទឹកស្រវឹង គឺ​សុរា និងមេរ័យ។ ចប់សូត្រទី៣។

[៦៣] ទ្រង់គង់នៅទៀបក្រុងសាវត្ថី… ក្នុងទីនោះឯង ព្រះមានព្រះភាគ… ទ្រង់ត្រាស់​ថា ម្នាលភិក្ខុទាំងឡាយ សត្វទាំងឡាយ ត្រូវគ្នា សមគ្នា ដោយធាតុជាប្រាកដ ពួកសត្វ​អ្នកសម្លាប់សត្វ ត្រូវគ្នា សមគ្នា នឹងពួកសត្វអ្នក​សម្លាប់សត្វ ពួកសត្វអ្នកលួចទ្រព្យគេ ត្រូវគ្នា សមគ្នា នឹងពួកសត្វ​អ្នក​លួច​ទ្រព្យគេ ពួកសត្វ​ប្រព្រឹត្តខុស ក្នុងកាមទាំងឡាយ ត្រូវគ្នា សមគ្នា នឹងពួកសត្វ​ប្រព្រឹត្តខុស ​ក្នុង​កាមទាំងឡាយ ពួកសត្វនិយាយពាក្យកុហក ត្រូវគ្នា សមគ្នា នឹងពួកសត្វ​និយាយ​ពាក្យ​កុហក ពួកសត្វនិយាយពាក្យញុះញង់ ត្រូវគ្នា សមគ្នា នឹងពួកសត្វនិយាយពាក្យញុះញង់ ពួកសត្វនិយាយពាក្យទ្រគោះ ត្រូវគ្នា សមគ្នា នឹងពួកសត្វនិយាយពាក្យទ្រគោះ ពួកសត្វនិយាយពាក្យរោយរាយឥតប្រយោជន៍ ត្រូវគ្នា សមគ្នា នឹងពួកសត្វដែល​និយាយពាក្យ​រោយរាយឥតប្រយោជន៍។

[៦៤] ពួកសត្វវៀរចាកការសម្លាប់សត្វ… វៀរចាកការលួចទ្រព្យគេ… វៀរចាកការ​ប្រព្រឹត្តិ​ខុស ក្នុងកាមទាំងឡាយ… វៀរចាកការនិយាយពាក្យកុហក… ​វៀរចាកការ​និយាយពាក្យ​ញុះញង់ ត្រូវគ្នា សមគ្នា នឹងពួកសត្វដែលវៀរចាកការ​និយាយ​ពាក្យ​ញុះញង់ ពួកសត្វវៀរ​ចាកការនិយាយពាក្យទ្រគោះ ត្រូវគ្នា សមគ្នា នឹងពួកសត្វ​ដែលវៀរចាក​ការនិយាយ​ពាក្យ​ទ្រគោះ ពួកសត្វវៀរចាកការ​និយាយពាក្យ​រោយរាយ​ឥតប្រយោជន៍ ត្រូវគ្នា សមគ្នា នឹងពួកសត្វដែលវៀរចាកការ​និយាយពាក្យ​រោយរាយ​ឥតប្រយោជន៍។ ចប់សូត្រទី៤។

[៦៥] ទ្រង់គង់នៅទៀបក្រុងសាវត្ថី… ក្នុងទីនោះឯង ព្រះមានព្រះភាគ… ទ្រង់ត្រាស់​ថា ម្នាលភិក្ខុទាំងឡាយ សត្វទាំងឡាយ ត្រូវគ្នា សមគ្នា ដោយធាតុជាប្រាកដ ពួកសត្វ​អ្នកសម្លាប់សត្វ ត្រូវគ្នា សមគ្នា នឹងពួកសត្វអ្នក​សម្លាប់សត្វ ពួកសត្វអ្នកលួចទ្រព្យគេ… ប្រព្រឹត្តខុស ក្នុងកាមទាំងឡាយ… និយាយពាក្យកុហក… និយាយពាក្យញុះញង់… និយាយ​ពាក្យទ្រគោះ… និយាយពាក្យរោយរាយឥតប្រយោជន៍ ត្រូវគ្នា សមគ្នា នឹងពួក​សត្វ​និយាយពាក្យ​រោយរាយឥតប្រយោជន៍ ពួកសត្វមានសេចក្តីលោភច្រើន ត្រូវគ្នា សមគ្នា នឹងពួកសត្វមានសេចក្តីលោភច្រើន ពួកសត្វមានចិត្តព្យាបាទ ត្រូវគ្នា សមគ្នា នឹងពួក​សត្វ​មានចិត្តព្យាបាទ ពួកសត្វជាមិច្ឆាទិដ្ឋិ ត្រូវគ្នា សមគ្នា នឹងពួកសត្វ​ជាមិច្ឆាទិដ្ឋិ។

[៦៦] ពួកសត្វវៀរចាកការសម្លាប់សត្វ ត្រូវគ្នា សមគ្នា នឹងពួកសត្វវៀរចាកការ​សម្លាប់​សត្វ ពួកសត្វវៀរចាកការលួចទ្រព្យគេ… វៀរចាកការ​ប្រព្រឹត្តិខុស ក្នុងកាមទាំងឡាយ… វៀរ​ចាកការនិយាយពាក្យកុហក… ​វៀរចាកការ​និយាយពាក្យ​ញុះញង់… វៀរចាកការ​និយាយ​ពាក្យទ្រគោះ… ពួកសត្វវៀរចាក​ការនិយាយពាក្យ​រោយរាយ​​ឥត​ប្រយោជន៍ ត្រូវ​គ្នា សមគ្នា នឹងពួកសត្វវៀរចាកការនិយាយពាក្យរោយរាយ​ឥតប្រយោជន៍ ពួកសត្វមិន​មានសេចក្តីលោភច្រើន ត្រូវគ្នា សមគ្នា នឹងពួកសត្វមិនមានសេចក្តីលោភច្រើន ពួក​សត្វ​​មានចិត្តមិនព្យាបាទ ត្រូវគ្នា សមគ្នា នឹង​ពួកសត្វមានចិត្តមិនព្យាបាទ ពួកសត្វជា​សម្មាទិដ្ឋិ ត្រូវគ្នា សមគ្នា នឹងពួកសត្វ​ជា​សម្មាទិដ្ឋិ។ ចប់សូត្រទី៥។

[៦៧] ទ្រង់គង់នៅទៀបក្រុងសាវត្ថី… ក្នុងទីនោះឯង ព្រះមានព្រះភាគ… ទ្រង់ត្រាស់​ថា ម្នាលភិក្ខុទាំងឡាយ សត្វទាំងឡាយ ត្រូវគ្នា សមគ្នា ដោយធាតុជាប្រាកដ ពួកសត្វ​មានទិដ្ឋិខុស ត្រូវគ្នា សមគ្នា នឹងពួកសត្វដែលមានទិដ្ឋិខុស ពួកសត្វមានសេចក្តី​ត្រិះរិះ​ខុស… មានវាចាខុស… មានការងារខុស… មានការចិញ្ចឹមជីវិតខុស… មានព្យាយាមខុស… មានសតិខុស… មានសមាធិខុស ត្រូវគ្នា សមគ្នា នឹងពួកសត្វ​ដែលមានសមាធិខុស។

[៦៨] ពួកសត្វមានទិដ្ឋិត្រូវ ត្រូវគ្នា សមគ្នា នឹងពួកសត្វមានទិដ្ឋិត្រូវ ពួកសត្វមាន​សេចក្តី​ត្រិះរិះ​ត្រូវ… មានវាចាត្រូវ… មានការងារត្រូវ… មាន​ការចិញ្ចឹមជីវិតត្រូវ… មានព្យាយាម​ត្រូវ… មានសតិត្រូវ… ពួកសត្វមានសមាធិត្រូវ ត្រូវគ្នា សមគ្នា នឹងពួកសត្វមាន​សមាធិ​ត្រូវ។ ចប់សូត្រទី៦។

[៦៩] ទ្រង់គង់នៅទៀបក្រុងសាវត្ថី… ក្នុងទីនោះឯង ព្រះមានព្រះភាគ… ទ្រង់ត្រាស់​ថា ម្នាលភិក្ខុទាំងឡាយ សត្វទាំងឡាយ ត្រូវគ្នា សមគ្នា ដោយធាតុជាប្រាកដ ពួកសត្វ​មាន​ទិដ្ឋិខុស ត្រូវគ្នា សមគ្នា នឹងពួកសត្វមានទិដ្ឋិខុស ពួកសត្វមានសេចក្តី​ត្រិះរិះ​ខុស… មាន​វាចា​ខុស… មានការងារខុស… មានការចិញ្ចឹមជីវិតខុស… មានព្យាយាមខុស… មាន​សតិ​ខុស… ពួកសត្វមានសមាធិខុស ត្រូវគ្នា សមគ្នា នឹងពួកសត្វ​មានសមាធិខុស ពួកសត្វ​មាន​ញាណខុស ត្រូវគ្នា សមគ្នានឹងពួកសត្វមានញាណខុស ពួកសត្វ​មាន​វិមុត្តិខុស ត្រូវគ្នា សមគ្នានឹងពួកសត្វមានវិមុត្តិខុស។

[៧០] ពួកសត្វមានទិដ្ឋិត្រូវ ត្រូវគ្នា សមគ្នា នឹងពួកសត្វមានទិដ្ឋិត្រូវ ពួកសត្វមាន​សេចក្តី​ត្រិះរិះ​ត្រូវ… មានវាចាត្រូវ… មានការងារត្រូវ… មាន​ការចិញ្ចឹមជីវិតត្រូវ… មានព្យាយាម​ត្រូវ… មានសតិត្រូវ… មានសមាធិត្រូវ… ពួកសត្វ​មានញាណត្រូវ ត្រូវគ្នា សមគ្នា នឹងពួក​សត្វ​មានញាណត្រូវ ពួកសត្វ​មាន​វិមុត្តិត្រូវ ត្រូវគ្នា សមគ្នា នឹងពួកសត្វមានវិមុត្តិត្រូវ។ ចប់សូត្រទី៧។

(អតីត អនាគត និងបច្ចុប្បន្ន បណ្ឌិតគប្បីធ្វើសព្វអន្លើផងចុះ)។

ឧទ្ទាននៃសូត្រទាំង៧គឺ

ការមិនបានតាំងចិត្តឲ្យនឹង ការទ្រុស្តសីល សិក្ខាបទ៥ កម្មបថ៧ លោកបានពោល​ហើយ មួយអន្លើដោយកម្មបថ១០ សូត្រទី៦ និយាយពីមគ្គប្រកបដោយអង្គ៨ លោកបាន​ពោល​ហើយ មួយអន្លើដោយអង្គទាំង១០ ក្នុងសូត្រទី៧។

ចប់ ទសកម្មបថវគ្គ ទី៣។

ចតុទ្ធាតុវគ្គ

[៧១] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់​អនាថ​បិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ធាតុនេះមាន៤។ ធាតុ​៤ តើដូច​ម្តេច។ គឺបឋវីធាតុ១ អាបោធាតុ១ តេជោធាតុ១ វាយោធាតុ១។ ម្នាលភិក្ខុទាំងឡាយ ធាតុមាន៤ប្រការនេះឯង។ ចប់សូត្រទី១។

[៧២] ម្នាលភិក្ខុទាំងឡាយ ក្នុងកាលមុន អំពីកាលត្រាស់ដឹង តថាគតនៅជា​ពោធិសត្វ មិន​ទាន់បានត្រាស់ដឹងនៅឡើយ មានសេចក្តីត្រិះរិះយ៉ាងនេះថា បឋវីធាតុមាន​អានិសង្ស ដូចម្តេចហ្ន៎ មានទោសដូចម្តេច មានការរលាស់ចេញដូចម្តេច អាបោធាតុ មាន​អានិសង្សដូចម្តេច មានទោសដូចម្តេច មានការរលាស់ចេញដូចម្តេច តេជោធាតុ មាន​អានិសង្សដូចម្តេច មានទោសដូចម្តេច មានការរលាស់ចេញដូចម្តេច វាយោធាតុ មាន​អានិសង្សដូចម្តេច មានទោសដូចម្តេច មានការរលាស់ចេញដូចម្តេច។ ម្នាលភិក្ខុទាំង​ឡាយ តថាគតមានសេចក្តីត្រិះរិះ យ៉ាងនេះថា សេចក្តីសុខ និងសោមនស្សណា កើត​ឡើង ព្រោះអាស្រ័យបឋវីធាតុ នេះជា អានិសង្ស នៃបឋវីធាតុ បឋវីធាតុណា មិនទៀង ជាទុក្ខ មានសភាពប្រែប្រួល នេះជាទោសរបស់បឋវីធាតុ ការ​បន្ទោបង់នូវ​សេចក្តី​ត្រេក​ត្រអាល ការលះបង់នូវ​សេចក្តីត្រេកត្រអាលណា ក្នុងបឋវីធាតុ នេះ​ជាការរលាស់​ចោល​នូវបឋវីធាតុ។ សុខ និងសោមនស្សណា កើតឡើង ព្រោះអាស្រ័យអាបោធាតុ… ព្រោះ​អាស្រ័យតេជោធាតុ… ព្រោះអាស្រ័យវាយោធាតុ នេះជា អានិសង្ស នៃវាយោធាតុ វាយោធាតុណា មិនទៀង ជាទុក្ខ មានសភាពប្រែប្រួល នេះជាទោសរបស់វាយោធាតុ ការ​បន្ទោបង់នូវសេចក្តីត្រេកត្រអាល ការលះបង់នូវ​សេចក្តីត្រេកត្រអាលណា ក្នុងវាយោធាតុ នេះ​ជាការរលាស់ចោលនូវវាយោធាតុ។

[៧៣] ម្នាលភិក្ខុទាំងឡាយ តថាគតមិនបានដឹងច្បាស់តាមពិតនូវអានិសង្ស ថាជា​អានិសង្សផង នូវទោស ថាជាទោសផង នូវការរលាស់ចេញ ថាជាការរលាស់ចេញផង របស់ធាតុ​ទាំង៤នេះ ដរាបណា ម្នាលភិក្ខុទាំងឡាយ តថាគតមិនទាន់ប្តេជ្ញាថា ជាអ្នក​ត្រាស់ដឹងនូវអនុត្តរសម្មាសម្ពោធិញ្ញាណក្នុងលោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ក្នុងពពួកសត្វ ព្រមទាំងសមណព្រាហ្មណ៍ ក្នុងមនុស្សជាសម្មតិទេព និង​មនុស្សដ៏សេស ដរាបនោះទេ។ ម្នាលភិក្ខុទាំងឡាយ កាលណាបើតថាគត​ ដឹងច្បាស់​តាមពិតនូវអានិសង្ស ថាជា​អានិសង្សផង នូវទោស ថាជាទោសផង នូវការរលាស់ចេញ ថាជាការរលាស់ចេញផង របស់ធាតុ​ទាំង៤នេះ ម្នាលភិក្ខុទាំងឡាយ ទើបតថាគត ប្តេជ្ញាថា ជាអ្នក​ត្រាស់ដឹង នូវអនុត្តរសម្មាសម្ពោធិញ្ញាណក្នុងលោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ក្នុងពពួកសត្វ ព្រមទាំងសមណព្រាហ្មណ៍ ក្នុងមនុស្សជា​សម្មតិទេព និង​មនុស្សដ៏សេស ក្នុងកាលនោះ។ ញាណទស្សនៈរបស់​តថាគត ក៏កើត​ឡើងថា វិមុត្តិ គឺអរហត្តផលរបស់អាត្មាអញ មិនបានកក្រើក ជាតិនេះ ជា​ទីបំផុតហើយ ឥឡូវនេះ ភពថ្មីមិនមានឡើយ។ ចប់សូត្រទី២។

[៧៤] ទ្រង់គង់នៅទៀបក្រុងសាវត្ថី… ក្នុងទីនោះឯង ព្រះមានព្រះភាគ… ទ្រង់​ត្រាស់​ថា ម្នាលភិក្ខុទាំងឡាយ តថាគតបានប្រព្រឹត្តស្វែងរកនូវ​អានិសង្សនៃបឋវីធាតុ ក៏បាន​ដឹង​នូវ​អានិសង្សនៃបឋវីធាតុ អានិសង្សនៃបឋវីធាតុទាំងប៉ុន្មាន តថាគតឃើញច្បាស់ហើយ ដោយ​ប្រាជ្ញា។ ម្នាលភិក្ខុទាំងឡាយ តថាគតបានប្រព្រឹត្តស្វែងរក នូវ​ទោសនៃបឋវីធាតុ ក៏បាន​ដឹង​នូវទោសរបស់បឋវីធាតុ ទោសនៃបឋវីធាតុទាំងប៉ុន្មាន តថាគតឃើញច្បាស់​ហើយ ដោយ​ប្រាជ្ញា។ ម្នាលភិក្ខុទាំងឡាយ តថាគត បានប្រព្រឹត្តស្វែងរក នូវការរលាស់​ចេញបឋវីធាតុ ក៏បាន​ដឹង​នូវការរលាស់ចេញបឋវីធាតុ ការរលាស់ចេញ​បឋវីធាតុទាំង​ប៉ុន្មាន តថាគតឃើញច្បាស់ហើយ ដោយ​ប្រាជ្ញា។ ម្នាលភិក្ខុទាំងឡាយ តថាគត​បាន​ប្រព្រឹត្តស្វែងរក នូវ​អានិសង្សនៃអាបោធាតុ។បេ។ នៃតេជោធាតុ… នៃវាយោធាតុ ក៏បាន​ដឹង​នូវ​អានិសង្សនៃវាយោធាតុ អានិសង្សនៃវាយោធាតុទាំងប៉ុន្មាន តថាគតឃើញច្បាស់​ហើយ ដោយ​ប្រាជ្ញា។ ម្នាលភិក្ខុទាំងឡាយ តថាគតបានប្រព្រឹត្តស្វែងរក នូវ​ទោស​របស់​វាយោធាតុ ក៏បាន​ដឹង​នូវទោសរបស់វាយោធាតុ ទោសរបស់វាយោធាតុទាំងប៉ុន្មាន តថាគត​ឃើញច្បាស់ហើយ ដោយ​ប្រាជ្ញា។ ម្នាលភិក្ខុទាំងឡាយ តថាគត បានប្រព្រឹត្ត​ស្វែងរក នូវការរលាស់​ចេញវាយោ​ធាតុ ក៏បាន​ដឹង​នូវការរលាស់ចេញវាយោធាតុ ការ​រលាស់​ចេញវាយោ​ធាតុ​ទាំងប៉ុន្មាន តថាគតឃើញច្បាស់ហើយ ដោយប្រាជ្ញា។

[៧៥] ម្នាលភិក្ខុទាំងឡាយ តថាគតមិនបានដឹងច្បាស់តាមពិត នូវអានិសង្ស ថាជា​អានិសង្សផង នូវទោស ថាជាទោសផង នូវការរលាស់ចេញ ថាជាការរលាស់ចេញផង របស់ធាតុ​ទាំង៤នេះ ដរាបណា ម្នាលភិក្ខុទាំងឡាយ តថាគតមិនទាន់ប្តេជ្ញាថា ជាអ្នក​ត្រាស់ដឹង នូវអនុត្តរសម្មាសម្ពោធិញ្ញាណក្នុងលោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ក្នុងពពួកសត្វ ព្រមទាំងសមណព្រាហ្មណ៍ ក្នុងមនុស្សជាសម្មតិទេព និង​មនុស្សដ៏សេស ដរាបនោះទេ។ ម្នាលភិក្ខុទាំងឡាយ កាលណាបើតថាគត​ បាន​ដឹង​ច្បាស់​តាមពិត នូវអានិសង្ស ថាជា​អានិសង្សផង នូវទោស ថាជាទោសផង នូវការ​រលាស់ចេញ ថាជាការរលាស់ចេញផង របស់ធាតុ​ទាំង៤នេះ ម្នាលភិក្ខុទាំងឡាយ ទើប​តថាគត ប្តេជ្ញាថា ជាអ្នក​ត្រាស់ដឹង នូវអនុត្តរសម្មាសម្ពោធិញ្ញាណក្នុងលោក ព្រមទាំង​ទេវលោក មារលោក ព្រហ្មលោក ក្នុងពពួកសត្វ ព្រមទាំងសមណព្រាហ្មណ៍ ក្នុងមនុស្ស​ជា​សម្មតិទេព និង​មនុស្សដ៏សេស ក្នុងកាលនោះ។ ញាណទស្សនៈរបស់​តថាគត កើត​ឡើង​ថា វិមុត្តិ គឺអរហត្តផលរបស់អាត្មាអញ មិនកក្រើក ជាតិនេះ ជា​ទីបំផុត ឥឡូវ​នេះ ភពថ្មីមិនមានឡើយ។ ចប់សូត្រទី៣។

[៧៦] ទ្រង់គង់នៅទៀបក្រុងសាវត្ថី… ក្នុងទីនោះឯង ព្រះមានព្រះភាគ… ទ្រង់​ត្រាស់​ថា ម្នាលភិក្ខុទាំងឡាយ បើអានិសង្សរបស់បឋវីធាតុនេះមិនមានហើយ សត្វទាំងឡាយ ក៏​មិនគួរត្រេកអរនឹងបឋវីធាតុនេះឡើយ។ ម្នាលភិក្ខុទាំងឡាយ ព្រោះអានិសង្ស​របស់​បឋវីធាតុ​មាន បានជាពួកសត្វតែងត្រេកអរ ចំពោះបឋវីធាតុ។ ម្នាលភិក្ខុទាំងឡាយ បើទោស​របស់បឋវីធាតុនេះមិនមានហើយ ពួកសត្វ ក៏​មិនគួរនឿយណាយ ចាក​បឋវីធាតុ​នេះឡើយ។ ម្នាលភិក្ខុទាំងឡាយ ព្រោះទោស​របស់​បឋវីធាតុមាន បានជាពួកសត្វ​នឿយ​ណាយ ចាកបឋវីធាតុ។ ម្នាលភិក្ខុទាំងឡាយ បើការរលាស់ចេញបឋវីធាតុនេះ មិនមាន​ហើយ ពួកសត្វ ក៏​មិនគួររលាស់​ចេញ​បឋវីធាតុនោះឡើយ។ ម្នាលភិក្ខុទាំងឡាយ ព្រោះ​ការ​រលាស់ចេញ​បឋវីធាតុ មាន បានជាពួកសត្វរលាស់ចេញបឋវីធាតុ។ ម្នាលភិក្ខុទាំង​ឡាយ បើអានិសង្ស​នៃអាបោធាតុ​នេះ មិនមានហើយ… ម្នាលភិក្ខុទាំងឡាយ បើ​អានិសង្សនៃតេជោធាតុនេះ មិនមាន​ហើយ… ម្នាលភិក្ខុទាំងឡាយ បើអានិសង្សនៃ​វាយោធាតុនេះ មិនមានហើយ ពួកសត្វ ក៏​មិនគួរត្រេកអរ ចំពោះវាយោធាតុនេះឡើយ។ ម្នាលភិក្ខុទាំងឡាយ ព្រោះអានិសង្ស​នៃវាយោធាតុ​ មាន បានជាពួកសត្វ ត្រេកអរ ចំពោះ​វាយោធាតុ។ ម្នាលភិក្ខុទាំងឡាយ បើទោសនៃវាយោធាតុនេះ មិនមានហើយ សត្វទាំង​ឡាយ ក៏​មិនគួរនឿយណាយ ចាក​វាយោធាតុនេះឡើយ។ ម្នាលភិក្ខុទាំងឡាយ ព្រោះ​ទោស​​របស់​វាយោធាតុមាន បានជាសត្វទាំងឡាយ នឿយណាយ ចាកវាយោធាតុ។ ម្នាលភិក្ខុទាំងឡាយ បើការរលាស់ចេញវាយោធាតុនេះ មិនមានហើយ សត្វទាំងឡាយ ក៏​មិនគួររលាស់​ចេញ​នូវវាយោធាតុនេះឡើយ។ ម្នាលភិក្ខុទាំងឡាយ ព្រោះការរលាស់​ចេញ​​នូវវាយោធាតុ មាន បានជាសត្វទាំងឡាយ រលាស់ចេញនូវវាយោធាតុ។

[៧៧] ម្នាលភិក្ខុទាំងឡាយ សត្វទាំងឡាយនេះ មិនបានដឹងច្បាស់តាមពិត នូវអានិសង្ស ថាជា​អានិសង្សផង នូវទោស ថាជាទោសផង នូវការរលាស់ចេញ ថាជាការរលាស់​ចេញ​ផង របស់ធាតុ​ទាំង៤នេះ ដរាបណា ម្នាលភិក្ខុទាំងឡាយ ពួកសត្វនេះ មិនបាន​ប្រាស​ចេញ មិនបានបែរចេញ មិនបានងាកចេញ មានចិត្ត​មិនបានរមៀលចេញ ចាកលោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ចាកពពួកសត្វ ព្រមទាំងសមណព្រាហ្មណ៍ ចាកមនុស្សជាសម្មតិទេព និង​មនុស្សដ៏សេស ដរាបនោះទេ។ ម្នាលភិក្ខុទាំងឡាយ កាល​ណាបើសត្វទាំងឡាយនេះ​ បានដឹងច្បាស់តាមពិត នូវអានិសង្ស ថាជា​អានិសង្សផង នូវទោស ថាជាទោសផង នូវការរលាស់ចេញ ថាជាការរលាស់ចេញផង របស់ធាតុ​ទាំង៤នេះ ម្នាលភិក្ខុទាំងឡាយ ពួកសត្វនេះ រមែងប្រាសចេញ បែរចេញ មានចិត្ត​រមៀល​ចេញ​ចាកលោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ចាកពពួកសត្វ ព្រមទាំង​សមណ​ព្រាហ្មណ៍ ចាកមនុស្សជាសម្មតិទេព និង​មនុស្សដ៏សេស ក្នុងកាលនោះ។ ចប់សូត្រទី៤។

[៧៨] ទ្រង់គង់នៅទៀបក្រុងសាវត្ថី… ក្នុងទីនោះឯង ព្រះមានព្រះភាគ… ទ្រង់​ត្រាស់​ថា ម្នាលភិក្ខុទាំងឡាយ បើបឋវីធាតុនេះ មានតែសេចក្តីទុក្ខដោយដាច់ខាត ត្រូវសេចក្តី​ទុក្ខ​ធ្លាក់​តាម មានសេចក្តីទុក្ខចូលមកលុកលុយ ឯសេចក្តីសុខ មិនបានចូលមកលុកលុយ​ទេ ពួកសត្វមិនគប្បីត្រេកអរ ក្នុងបឋវីធាតុនេះឡើយ។ ម្នាលភិក្ខុទាំងឡាយ ព្រោះបឋវី​ធាតុត្រូវសេចក្តីសុខធ្លាក់តាម មានសេចក្តីសុខចូលមកលុកលុយ ឯសេចក្តីទុក្ខ មិនបាន​ចូលមកលុកលុយ មានខ្លះដែរ បានជាពួកសត្វ ត្រេកអរ ក្នុងបឋវីធាតុ។ ម្នាលភិក្ខុ​ទាំងឡាយ បើអាបោធាតុនេះ … ម្នាលភិក្ខុទាំងឡាយ បើតេជោធាតុនេះ… ម្នាលភិក្ខុទាំង​ឡាយ បើវាយោធាតុនេះ មានតែសេចក្តីទុក្ខដោយដាច់ខាត ត្រូវសេចក្តី​ទុក្ខធ្លាក់តាម មាន​សេចក្តីទុក្ខចូលមកលុកលុយ ឯសេចក្តីសុខ មិនបានមកលុកលុយ​ទេ ពួកសត្វ​មិន​គប្បីត្រេកអរ ក្នុងវាយោធាតុឡើយ។ ម្នាលភិក្ខុទាំងឡាយ ព្រោះវាយោ​ធាតុ​ ត្រូវសេចក្តី​សុខ​ធ្លាក់តាម មានសេចក្តីសុខចូលមកលុកលុយ ឯសេចក្តីទុក្ខ មិនបានចូល​មកលុក​លុយ មានខ្លះដែរ បានជាពួកសត្វ ត្រេកអរ ក្នុងវាយោធាតុ។

[៧៩] ម្នាលភិក្ខុទាំងឡាយ បើបឋវីធាតុនេះ មានតែសេចក្តីសុខដោយដាច់ខាត ត្រូវ​សេចក្តី​​សុខធ្លាក់តាម មានសេចក្តីសុខចូលមកលុកលុយ ឯសេចក្តីទុក្ខ មិនបានចូល​មក​លុក​លុយ​ទេ ពួកសត្វក៏មិននឿយណាយ ចាកបឋវីធាតុនេះឡើយ។ ម្នាលភិក្ខុទាំងឡាយ ព្រោះបឋវី​ធាតុជាទុក្ខ ត្រូវសេចក្តីទុក្ខធ្លាក់តាម មានសេចក្តីទុក្ខ​ចូលមកលុកលុយ ឯ​សេចក្តី​សុខ មិនបានចូលមកលុកលុយ មានខ្លះដែរ បានជាសត្វ​ទាំងឡាយ នឿយ​ណាយ ចាកបឋវីធាតុ។ ម្នាលភិក្ខុទាំងឡាយ បើអាបោធាតុនេះ ​…​​ ម្នាលភិក្ខុទាំងឡាយ បើតេជោធាតុនេះ… ម្នាលភិក្ខុទាំងឡាយ បើវាយោធាតុនេះ មានតែសេចក្តីសុខ​ដោយ​ដាច់​ខាត ត្រូវសេចក្តីសុខធ្លាក់តាម មានសេចក្តីសុខចូលមកលុកលុយ ឯសេចក្តីទុក្ខ មិនបានចូលមកលុកលុយ​ទេ សត្វទាំងឡាយ ក៏មិននឿយណាយ ចាកវាយោធាតុ​នេះ​ឡើយ។ ម្នាលភិក្ខុទាំងឡាយ ព្រោះវាយោ​ធាតុជាទុក្ខ​ ត្រូវសេចក្តីទុក្ខធ្លាក់តាម មាន​សេចក្តីទុក្ខចូលមកលុកលុយ ឯសេចក្តីសុខ មិនបានចូលមកលុកលុយ មានខ្លះដែរ បានជា​ពួកសត្វ នឿយណាយ ចាកវាយោធាតុ។ ចប់សូត្រទី៥។

[៨០] ទ្រង់គង់នៅទៀបក្រុងសាវត្ថី… ក្នុងទីនោះឯង ព្រះមានព្រះភាគ… ទ្រង់​ត្រាស់​ថា ម្នាលភិក្ខុទាំងឡាយ បុគ្គលណា ឱបអរនូវបឋវីធាតុ បុគ្គលនោះ ឈ្មោះថា​ឱបអរ​នូវ​សេចក្តីទុក្ខ។ បុគ្គលណា ឱបអរនូវសេចក្តីទុក្ខ តថាគត ពោលថា បុគ្គលនោះ មិនរួចចាក​សេចក្តីទុក្ខឡើយ។ បុគ្គលណា ឱបអរនូវអាបោធាតុ… បុគ្គលណា ឱបអរនូវតេជោធាតុ… បុគ្គលណា ឱបអរនូវវាយោធាតុ បុគ្គលនោះ ឈ្មោះថា ​ឱបអរ​នូវ​សេចក្តីទុក្ខ។ បុគ្គលណា ឱបអរនូវសេចក្តីទុក្ខ តថាគត ពោលថា បុគ្គលនោះ មិនរួចចាក​សេចក្តីទុក្ខឡើយ។

[៨១]  ម្នាលភិក្ខុទាំងឡាយ បុគ្គលណា មិនឱបអរនូវបឋវីធាតុ បុគ្គលនោះ ឈ្មោះថា​មិនឱបអរ​នូវ​សេចក្តីទុក្ខ។ បុគ្គលណា មិនឱបអរនូវសេចក្តីទុក្ខ តថាគត ពោលថា បុគ្គលនោះ រួចចាក​សេចក្តីទុក្ខ។ បុគ្គលណា មិនឱបអរនូវអាបោធាតុ… បុគ្គលណា មិនឱបអរនូវតេជោធាតុ… បុគ្គលណា មិនឱបអរនូវវាយោធាតុ បុគ្គលនោះ ឈ្មោះថា​មិនឱបអរ​នូវ​សេចក្តីទុក្ខ។ បុគ្គលណា មិនឱបអរនូវសេចក្តីទុក្ខ តថាគត ពោលថា បុគ្គលនោះ រួចចាក​សេចក្តីទុក្ខ។ ចប់សូត្រ ទី៦។

[៨២] ទ្រង់គង់​នៅទៀបក្រុងសាវត្ថី… ក្នុងទីនោះឯង ព្រះមានព្រះភាគ… ត្រង់​ត្រាស់​ថា ម្នាលភិក្ខុទាំងឡាយ ការកើតឡើង ការឋិតនៅ ការវិលមក ការមានប្រាកដ នៃ​បឋវី​ធាតុណា នុ៎ះឈ្មោះថា ការកើតឡើងនៃសេចក្តីទុក្ខ ឈ្មោះថា ការឋិតនៅនៃរោគ ឈ្មោះ​ថា ការមានប្រាកដ នៃជរា និងមរណៈ។ ការកើតឡើង ការឋិតនៅ ការវិលមក ការមានប្រាកដ នៃអាបោ​ធាតុ… នៃតេជោធាតុ… នៃវាយោធាតុណា នុ៎ះឈ្មោះថា ការកើតឡើងនៃសេចក្តីទុក្ខ ឈ្មោះថា ការឋិតនៅនៃរោគ ឈ្មោះ​ថា ការមានប្រាកដ នៃជរា និងមរណៈ។

[៨៣] ម្នាលភិក្ខុទាំងឡាយ ការរលត់ ការស្ងប់រម្ងាប់ ការអស់ នៃបឋវីធាតុណា នុ៎ះឈ្មោះថា ការរលត់នៃសេចក្តីទុក្ខ ការស្ងប់រម្ងាប់នៃរោគ ការអស់នៃ​ជរា និងមរណៈ។ សេចក្តីរលត់នៃអាបោធាតុណា… សេចក្តីរលត់នៃតេជោធាតុណា… សេចក្តីរលត់ សេចក្តី​ស្ងប់រម្ងាប់ ការអស់នៃវាយោធាតុណា នុ៎ះឈ្មោះថា ការរលត់នៃ​សេចក្តីទុក្ខ ការស្ងប់រម្ងាប់​នៃ​រោគ ការអស់នៃជរា និងមរណៈ។ ចប់សូត្រ ទី៧។

[៨៤] ទ្រង់គង់នៅទៀបក្រុងសាវត្ថី… ក្នុងទីនោះឯង ព្រះមានព្រះភាគ… ទ្រង់​ត្រាស់​ថា ម្នាលភិក្ខុទាំងឡាយ ធាតុនេះមាន៤ប្រការ ធាតុ៤ តើអ្វីខ្លះ គឺបឋវីធាតុ១ អាបោធាតុ១ តេជោធាតុ១ វាយោធាតុ១។ ម្នាលភិក្ខុទាំងឡាយ សមណៈ ឬព្រាហ្មណ៍ណានីមួយ មិន​ដឹងច្បាស់តាមពិត នូវអានិសង្សផង នូវទោសផង នូវការរលាស់ចេញផង នៃធាតុ​ទាំង​៤​នេះ ម្នាលភិក្ខុទាំងឡាយ សមណៈ ឬព្រាហ្មណ៍ទាំងនោះ តថាគតមិនសន្មត​ថាជា​សមណៈ ក្នុងពួកសមណៈ មិនសន្មត​ថាជា​ព្រាហ្មណ៍ ក្នុងពួកព្រាហ្មណ៍ទេ មួយទៀត អ្នកទាំងនោះ មិនបានធ្វើឲ្យជាក់ច្បាស់ មិនបានសម្រេច ដោយប្រាជ្ញាដ៏ឧត្តម ដោយ​ខ្លួន​ឯងក្នុងបច្ចុប្បន្ន នូវប្រយោជន៍​នៃសមណភាព ឬប្រយោជន៍​នៃព្រាហ្មណភាពទេ។

[៨៥] ម្នាលភិក្ខុទាំងឡាយ លុះតែពួកសមណៈ ឬព្រាហ្មណ៍ណានីមួយ ដឹងច្បាស់តាមពិត នូវអានិសង្សផង នូវទោសផង នូវការរលាស់ចេញផង នៃធាតុ​ទាំង​៤​នេះ ម្នាលភិក្ខុទាំងឡាយ សមណៈ ឬព្រាហ្មណ៍ទាំងនោះ ទើបតថាគតសន្មត​ថាជា​សមណៈ ក្នុងពួកសមណៈផង សន្មត​ថាជា​ព្រាហ្មណ៍ ក្នុងពួកព្រាហ្មណ៍ផង មួយទៀត អ្នកទាំងនោះ រមែងធ្វើឲ្យជាក់ច្បាស់ សម្រេចដោយប្រាជ្ញាដ៏ឧត្តម ដោយ​ខ្លួន​ឯង​ក្នុង​បច្ចុប្បន្ន នូវប្រយោជន៍​នៃសមណភាពផង នូវប្រយោជន៍​នៃព្រាហ្មណភាពទេ។ ចប់សូត្រ ទី៨។

[៨៦] ទ្រង់គង់នៅទៀបក្រុងសាវត្ថី… ក្នុងទីនោះឯង ព្រះមានព្រះភាគ… ទ្រង់​ត្រាស់​ថា ម្នាលភិក្ខុទាំងឡាយ ធាតុទាំងឡាយនេះ មាន៤ប្រការ ធាតុ៤តើអ្វីខ្លះ គឺបឋវីធាតុ១ អាបោធាតុ១ តេជោធាតុ១ វាយោធាតុ១។ ម្នាលភិក្ខុទាំងឡាយ សមណៈ ឬព្រាហ្មណ៍​ណានីមួយ ​ដឹងច្បាស់តាមពិត នូវសេចក្តីកើត នូវ​សេចក្តីអស់ទៅ នូវអានិសង្ស នូវ​ទោស និងការរលាស់ចេញ នៃធាតុ​ទាំង​៤​នេះ (បណ្ឌិតគប្បីឲ្យពិស្តារ) ដឹងច្បាស់… ធ្វើ​ឲ្យ​ជាក់ច្បាស់ បានសម្រេចដោយប្រាជ្ញាដ៏ឧត្តម ដោយខ្លួនឯង។ ចប់សូត្រទី៩។

[៨៧] ទ្រង់គង់នៅទៀបក្រុងសាវត្ថី… ក្នុងទីនោះឯង ព្រះមានព្រះភាគ… ទ្រង់​ត្រាស់​ថា ម្នាលភិក្ខុទាំងឡាយ សមណៈ ឬព្រាហ្មណ៍​ណានីមួយ មិន​ដឹងច្បាស់នូវបឋវីធាតុ មិនដឹងច្បាស់នូវសេចក្តីកើតឡើងនៃបឋវីធាតុ មិនដឹងច្បាស់នូវសេចក្តី​រលត់នៃ​បឋវីធាតុ មិនដឹងច្បាស់នូវបដិបទា ជាហេតុឲ្យដល់​នូវសេចក្តីរលត់នៃបឋវីធាតុ។ មិនដឹងច្បាស់​នូវ​អាបោធាតុ។បេ។ មិនដឹងច្បាស់​នូវតេជោធាតុ… មិនដឹងច្បាស់នូវ​វាយោធាតុ មិនដឹងច្បាស់​នូវសេចក្តី​កើតឡើងនៃវាយោធាតុ មិនដឹងច្បាស់​នូវសេចក្តីរលត់​នៃ​វាយោ​ធាតុ មិនដឹងច្បាស់​នូវបដិបទា ជាហេតុ​ឲ្យដល់​នូវសេចក្តីរលត់​នៃវាយោធាតុ ម្នាលភិក្ខុទាំងឡាយ សមណៈ ឬ​ព្រាហ្មណ៍ទាំងនុ៎ះ តថាគតមិនសន្មតថាជាសមណៈ ក្នុង​ពួកសមណៈ មិនសន្មតថាជាព្រាហ្មណ៍ ក្នុងពួកព្រាហ្មណ៍ទេ មួយទៀត អ្នកទាំងនោះ មិនបានធ្វើ​ឲ្យជាក់ច្បាស់ មិនបានសម្រេច​ដោយប្រាជ្ញាដ៏ឧត្តម ដោយខ្លួនឯង ក្នុង​បច្ចុប្បន្ន នូវប្រយោជន៍​នៃសមណភាព ឬប្រយោជន៍នៃ​ព្រាហ្មណភាពទេ។

[៨៨] ម្នាលភិក្ខុទាំងឡាយ ពួកសមណៈ ឬព្រាហ្មណ៍​ណានីមួយ ​ដឹងច្បាស់​នូវ​បឋវីធាតុ ដឹងច្បាស់នូវសេចក្តីកើតឡើងនៃបឋវីធាតុ ដឹងច្បាស់នូវសេចក្តី​រលត់នៃ​បឋវីធាតុ ដឹងច្បាស់នូវបដិបទា ជាហេតុឲ្យដល់​នូវសេចក្តីរលត់នៃបឋវីធាតុ។ ដឹងច្បាស់​នូវ​អាបោធាតុ។បេ។ ដឹងច្បាស់​នូវតេជោធាតុ… ដឹងច្បាស់នូវ​វាយោធាតុ ដឹងច្បាស់​នូវ​សេចក្តី​​កើតឡើងនៃវាយោធាតុ ដឹងច្បាស់​នូវសេចក្តីរលត់​នៃ​វាយោ​ធាតុ ដឹងច្បាស់​នូវ​បដិបទា ជាហេតុ​ឲ្យដល់​នូវសេចក្តីរលត់ ​នៃវាយោធាតុ ម្នាលភិក្ខុទាំងឡាយ សមណៈ ឬ​ព្រាហ្មណ៍ទាំងនោះ តថាគតសន្មតថាជាសមណៈ ក្នុង​ពួកសមណៈផង សន្មតថាជា​ព្រាហ្មណ៍ ក្នុងពួកព្រាហ្មណ៍ផង មួយទៀត អ្នកទាំងនោះ បានធ្វើ​ឲ្យជាក់ច្បាស់ បាន​សម្រេច​​ដោយប្រាជ្ញាដ៏ឧត្តម ដោយខ្លួនឯង ក្នុង​បច្ចុប្បន្ន នូវប្រយោជន៍​នៃសមណភាព​ផង នូវប្រយោជន៍នៃ​ព្រាហ្មណភាពផង។ ចប់សូត្រទី១០។

ចប់វគ្គទី៤។

ឧទ្ទាននៃ​ចតុទ្ធាតុវគ្គនោះគឺ

និយាយពីធាតុទាំងបួន១ ក្នុងកាលមុនអំពីកាលដែលព្រះអង្គបានត្រាស់១ ព្រះអង្គ​ប្រព្រឹត្តស្វែងរកនូវអានិសង្ស នៃបឋវីធាតុជាដើម១ ព្រះអង្គត្រាស់ថា បើអានិសង្ស​នៃ​បឋវីធាតុនេះ មិនមានហើយ១ សេចក្តីទុក្ខនៃបឋវីធាតុជាដើម១ សេចក្តីឱបអរនូវ​បឋវីធាតុ​ជាដើម១ សេចក្តី​កើតឡើងនៃ​បឋវីធាតុជាដើម១ សមណព្រាហ្មណ៍​បីលើក។

ចប់ ធាតុសំយុត្ត ទី២។

អនមតគ្គសំយុត្ត

តិណកដ្ឋវគ្គ

[៨៩] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្ត​ជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ ក្នុងទីនោះឯង។បេ។ ទ្រង់​ត្រាស់​យ៉ាង​នេះថា ម្នាលភិក្ខុទាំងឡាយ សង្សារនេះ មានទីបំផុត​គេមិនអាចដឹងបាន គឺទីបំផុត​ខាងដើម របស់សត្វទាំងឡាយ ដែលមានអវិជ្ជា​ជារនាំង មានតណ្ហាជាចំណង អន្ទោល​ទៅ ត្រាច់រង្គាត់ទៅ មិនប្រាកដឡើយ [ទីបំផុតខាងដើមនៃសង្សារ មិនប្រាកដទេ ប៉ុន្តែ​អដ្ឋកថា ប្រាប់ថា សូម្បីទីបំផុតខាងចុង ក៏មិនប្រាកដដែរ។]។

[៩០] ម្នាលភិក្ខុទាំងឡាយ ដូចបុរសកាត់ស្មៅ កំណាត់ឈើ មែកឈើ ស្លឹកឈើ ក្នុង​ជម្ពូទ្វីបនេះ ហើយប្រមូល​ទុកក្នុងទីជាមួយគ្នា លុះប្រមូលទុកក្នុងទីជាមួយគ្នារួចហើយ ក៏​ធ្វើ​ខ្នាច់ប្រវែង​បួនធ្នាប់ៗ ហើយតំកល់ទុកថា នេះទុកជាមាតារបស់អញ នេះទុក​ជាមាតានៃ​មាតារបស់អញ។ ម្នាលភិក្ខុទាំងឡាយ មាតាទាំងឡាយ របស់មាតានៃបុរស​នោះ មិនអស់ឡើយ ឯស្មៅ កំណាត់ឈើ មែកឈើ និងស្លឹកឈើ ក្នុងជម្ពូទ្វីបនេះ គប្បី​ដល់​នូវការអស់ទៅ ផុតទៅ សេចក្តីនោះ ព្រោះហេតុអ្វី ម្នាលភិក្ខុទាំងឡាយ ព្រោះសង្សារ​នេះ មានទីបំផុតគេមិនអាចដឹងបាន គឺទីបំផុតខាងដើម របស់សត្វទាំងឡាយ ដែល​មាន​អវិជ្ជា​ជារនាំង មានតណ្ហាជាចំណង អន្ទោលទៅ ត្រាច់រង្គាត់ទៅ មិនប្រាកដឡើយ ម្នាលភិក្ខុទាំងឡាយ សេចក្តីទុក្ខ សេចក្តីព្រួយ សេចក្តីវិនាស ដែលសត្វទាំងនោះបាន​ទទួល​ហើយ អស់កាល​ជាអង្វែង យ៉ាងនេះឯង ព្រៃខ្មោចក៏ចម្រើនឡើង។ ម្នាលភិក្ខុទាំងឡាយ ហេតុនេះ អ្នកទាំងឡាយ គួរនឿយណាយ គួរធុញទ្រាន់ គួរជិនឆ្អន់ ក្នុង​សង្ខារទាំងពួង។ ចប់សូត្រទី១។

[៩១] ទ្រង់គង់​នៅទៀបក្រុងសាវត្ថី… ក្នុងទីនោះឯង ព្រះមានព្រះភាគ… ទ្រង់​ត្រាស់​ថា ម្នាលភិក្ខុទាំងឡាយ សង្សារនេះ មានទីបំផុតគេមិនអាចដឹងបាន គឺទីបំផុតខាងដើម របស់​សត្វទាំងឡាយ ដែលមានអវិជ្ជាជារនាំង មានតណ្ហាជាចំណង អន្ទោលទៅ ត្រាច់​រង្គាត់ទៅ មិនប្រាកដឡើយ។

[៩២] ម្នាលភិក្ខុទាំងឡាយ ដូចបុរសយកមហាប្រឹថពីនេះ មកសូនជាគុលិកាឲ្យប៉ុនៗ​គ្រាប់ក្របៅ ហើយតំកល់ទុកថា នេះជាបិតារបស់អញ នេះជាបិតានៃបិតារបស់អញ។ ម្នាលភិក្ខុទាំងឡាយ បិតាទាំងឡាយ របស់បិតានៃ​បុរសនោះ មិនអស់ឡើយ ឯមហាប្រឹថ​ពីនេះ គប្បីដល់នូវការអស់ទៅ ផុតទៅ សេចក្តីនោះ ព្រោះហេតុអ្វី ម្នាលភិក្ខុទាំងឡាយ ព្រោះសង្សារនេះ មានទីបំផុត​គេមិនអាច​ដឹងបាន គឺទីបំផុតខាងដើម របស់​សត្វ​ទាំងឡាយ ដែលមានអវិជ្ជាជារនាំង មានតណ្ហាជាចំណង អន្ទោលទៅ ត្រាច់​រង្គាត់ទៅ មិនប្រាកដឡើយ ម្នាលភិក្ខុទាំងឡាយ សេចក្តីទុក្ខ សេចក្តីព្រួយ សេចក្តីវិនាស ដែលសត្វ​ទាំងនោះបានទទួលហើយ អស់កាលជាអង្វែងយ៉ាងនេះឯង ព្រៃខ្មោចក៏ចម្រើនឡើង។ ម្នាលភិក្ខុទាំងឡាយ ហេតុនេះ អ្នកទាំងឡាយ គួរនឿយណាយ គួរធុញទ្រាន់ គួរជិនឆ្អន់ ក្នុងសង្ខារទាំងពួង។ ចប់សូត្រទី២។

[៩៣] ទ្រង់គង់​នៅក្នុងក្រុងសាវត្ថី… ក្នុងទីនោះឯង ព្រះមានព្រះភាគ… ទ្រង់​ត្រាស់​ថា ម្នាលភិក្ខុទាំងឡាយ សង្សារនេះ មានទីបំផុតគេមិនអាចដឹងបាន។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ សំគាល់​សេចក្តីនោះថាដូចម្តេច គឺត្រង់ដែល​អ្នក​ទាំងឡាយ អន្ទោលទៅ ត្រាច់​រង្គាត់ទៅ កន្ទក់កន្ទេញ ទួញ យំ ព្រោះជួបប្រទះនឹង​របស់​ដែល​មិនគាប់ចិត្ត ព្រាត់ប្រាសចាករបស់​ដែលគាប់ចិត្ត ដោយកាលអង្វែងនេះ ទឹកភ្នែក​ដែល​ហូរស្រក់ ហើយនិងទឹកក្នុងមហាសមុទ្រទាំង៤ តើបណ្តាទឹកទាំងពីរនោះ ទឹកណា​ច្រើនជាង។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គទាំងឡាយ យល់ច្បាស់នូវ​ធម៌ តាមដែល​ព្រះមានព្រះភាគ សំដែងហើយ បពិត្រព្រះអង្គដ៏ចំរើន កាលដែលខ្ញុំព្រះអង្គ​ទាំង​ឡាយ អន្ទោលទៅ ត្រាច់​រង្គាត់ទៅ កន្ទក់កន្ទេញ ទួញ យំ ព្រោះជួបប្រទះនឹង​របស់​ដែល​មិនគាប់ចិត្ត ប្រាសចាករបស់​ដែលគាប់ចិត្ត ដោយកាលជាអង្វែងនេះ ទឹកភ្នែក​ហូរស្រក់​ទៅហើយ ច្រើនអនេក ឯទឹកក្នុងមហាសមុទ្រទាំង៤ មិនច្រើនជាងឡើយ។

[៩៤] ម្នាលភិក្ខុទាំងឡាយ ត្រូវហើយ ត្រូវហើយ ម្នាលភិក្ខុទាំងឡាយ អ្នកទាំង​ឡាយ យល់ច្បាស់នូវធម៌ តាមដែល​តថាគតសំដែងហើយ យ៉ាងនេះ ប្រពៃហើយ ម្នាលភិក្ខុទាំងឡាយ កាលដែលអ្នកទាំងឡាយ អន្ទោលទៅ ត្រាច់​រង្គាត់ទៅ កន្ទក់កន្ទេញ ទួញ យំ ព្រោះជួបប្រទះនឹង​របស់​ដែល​មិនគាប់ចិត្ត ព្រាត់ប្រាសចាករបស់​ដែលគាប់ចិត្ត ដោយកាលអង្វែងនេះ ទឹកភ្នែក​ហូរស្រក់ទៅហើយ ច្រើនអនេក ឯទឹកក្នុងមហាសមុទ្រ​ទាំង៤ មិនច្រើនជាងមែន។ ម្នាលភិក្ខុទាំងឡាយ សេចក្តីស្លាប់របស់មាតា អ្នកទាំងឡាយ​បានទទួលរង អស់កាល​អង្វែង កាលដែលអ្នកទាំងឡាយ ទទួលរងនូវសេចក្តី​ស្លាប់​របស់​មាតា កន្ទក់កន្ទេញ ទួញ យំ ព្រោះជួបប្រទះនឹង​របស់​ដែល​មិនគាប់ចិត្ត ព្រាត់ប្រាស​ចាក​របស់​ដែលគាប់ចិត្ត ទឹកភ្នែក​ហូរស្រក់ទៅ ច្រើនអនេក ឯទឹកក្នុងមហាសមុទ្រទាំង៤ មិនច្រើនជាងឡើយ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីស្លាប់របស់បិតា អ្នកទាំងឡាយ​បាន​ទទួលរង អស់កាល​អង្វែង… សេចក្តីស្លាប់​របស់បងប្អូន​ប្រុស អ្នកទាំងឡាយ​បាន​ទទួល​រង… សេចក្តីស្លាប់​របស់បងប្អូនស្រី អ្នកទាំងឡាយបានទទួលរង… សេចក្តីស្លាប់​របស់កូន​ប្រុស អ្នកទាំងឡាយបានទទួលរង… សេចក្តីស្លាប់​របស់កូនស្រី អ្នកទាំងឡាយបាន​ទទួល​រង… សេចក្តីវិនាសនៃញាតិ អ្នកទាំងឡាយបានទទួលរង… សេចក្តីវិនាសភោគៈ អ្នកទាំងឡាយបានទទួលរង…  ម្នាលភិក្ខុទាំងឡាយ សេចក្តីវិនាស​ព្រោះរោគ អ្នកទាំង​ឡាយ​បានទទួល​រង អស់​កាល​ជា​អង្វែង កាលដែលអ្នកទាំងឡាយ ទទួលរងនូវ​សេចក្តី​វិនាស​ព្រោះរោគ កន្ទក់កន្ទេញ ទួញយំ ព្រោះជួបប្រទះនឹង​របស់​ដែល​មិនគាប់ចិត្ត ព្រាត់​ប្រាស​​ចាក​របស់​ដែលគាប់ចិត្ត ទឹកភ្នែក​ហូរស្រក់ទៅ ច្រើនអនេក ឯទឹកក្នុង​មហាសមុទ្រ​ទាំង៤ មិនច្រើនជាងឡើយ សេចក្តី​នោះ ព្រោះហេតុអ្វី ម្នាលភិក្ខុទាំងឡាយ ព្រោះសង្សារ​នេះ មានទីបំផុតគេមិនអាច​ដឹងបាន។បេ។ ម្នាលភិក្ខុទាំងឡាយ ហេតុនេះ អ្នកទាំងឡាយ គួរនឿយណាយ គួរធុញ​ទ្រាន់ គួរជិនឆ្អន់ ក្នុងសង្ខារទាំងពួង ដោយពិត។ ចប់សូត្រទី៣។

[៩៥] ទ្រង់គង់​នៅទៀបក្រុងសាវត្ថី… ក្នុងទីនោះឯង ព្រះមានព្រះភាគ… ទ្រង់​ត្រាស់​ថា ម្នាលភិក្ខុទាំងឡាយ សង្សារនេះ មានទីបំផុតគេមិនអាចដឹងបាន។បេ។ ម្នាលភិក្ខុទាំង​ឡាយ អ្នកទាំងឡាយ សំគាល់​សេចក្តីនោះ ថាដូចម្តេច គឺត្រង់ដែល​អ្នក​ទាំងឡាយ អន្ទោល​ទៅ ត្រាច់​រង្គាត់ទៅ ដោយ​កាលជាអង្វែង​នេះ បានផឹកនូវទឹកដោះ​នៃ​មាតា និង​ទឹក​ក្នុង​មហាសមុទ្រទាំង៤ តើបណ្តាទឹក​ទាំងពីរនោះ ទឹកណាច្រើនជាង។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ខ្ញុំព្រះអង្គទាំងឡាយ យល់ច្បាស់នូវធម៌ តាមដែល​ព្រះមានព្រះភាគ សំដែង​ហើយ បពិត្រព្រះអង្គដ៏ចំរើន កាលដែលខ្ញុំព្រះអង្គ​ទាំងឡាយ អន្ទោលទៅ ត្រាច់រង្គាត់ទៅ ដោយ​កាលជាអង្វែងនេះ បានផឹកទឹកដោះ​មាតា​ច្រើនអនេក ឯទឹកក្នុងមហាសមុទ្រ​ទាំង ៤ មិនច្រើនជាងឡើយ។

[៩៦] ម្នាលភិក្ខុទាំងឡាយ ត្រូវហើយ ត្រូវហើយ ម្នាលភិក្ខុទាំងឡាយ  អ្នកទាំងឡាយ យល់ច្បាស់នូវធម៌ តាមដែល​តថាគត សំដែងហើយ យ៉ាងនេះ ប្រពៃ​ហើយ ម្នាលភិក្ខុ​ទាំងឡាយ កាលដែលអ្នក​ទាំងឡាយ អន្ទោលទៅ ត្រាច់រង្គាត់ទៅ ដោយកាល​ជាអង្វែង​នេះ បានផឹកទឹកដោះ​របស់មាតា​ ច្រើនអនេកពិត ឯទឹកក្នុងមហាសមុទ្រទាំង៤ មិនច្រើន​ជាងមែន សេចក្តីនោះ ព្រោះហេតុអ្វី ម្នាលភិក្ខុទាំងឡាយ ព្រោះសង្សារនេះ មានទីបំផុត​គេមិនអាចដឹងបាន។បេ។ អ្នកទាំងឡាយ គួរជិនឆ្អន់។ ចប់សូត្រទី៤។

[៩៧] ទ្រង់គង់​នៅទៀបក្រុងសាវត្ថី… គ្រានោះឯង មានភិក្ខុមួយរូប ចូលទៅគាល់​ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ។បេ។ លុះ​ភិក្ខុនោះអង្គុយ ក្នុងទីដ៏សមគួរ​ហើយ ក្រាបបង្គំ​ទូលសួរ​ព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចម្រើន កប្ប​មាន​កាលវែងប៉ុន្មាន។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ កប្បមានកាលវែង​ណាស់ កប្ប​នោះ មិន​ងាយនឹងរាប់ថា ប៉ុណ្ណេះឆ្នាំ ឬថាប៉ុណ្ណេះរយឆ្នាំ ថាប៉ុណ្ណេះពាន់ឆ្នាំ ឬថា​ប៉ុណ្ណេះ​សែន​ឆ្នាំ បានឡើយ។ បពិត្រព្រះអង្គដ៏ចំរើន ចុះព្រះអង្គអាចធ្វើ​ពាក្យឧបមាបានឬទេ។

[៩៨] ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលភិក្ខុ អាចធ្វើបាន ហើយទ្រង់ត្រាស់​ តទៅ​ទៀតថា ម្នាលភិក្ខុ ដូចភ្នំថ្មសុទ្ធដ៏ធំ បណ្តោយមួយយោជន៍ ទទឹងមួយយោជន៍ កំពស់​ក៏មួយ​យោជន៍ មិនធ្លុះ មិនមានប្រហោង ជាភ្នំតាន់ កន្លងមួយរយឆ្នាំៗទៅ មាន​បុរស​យក​សំពត់​កាសិក មកបោសភ្នំនោះម្តងៗ ម្នាលភិក្ខុ ភ្នំថ្មសុទ្ធដ៏ធំនោះ គប្បី​ដល់​នូវ​ការអស់ទៅ រេច​ទៅ ដោយសេចក្តីព្យាយាម​នេះឆាប់ជាង ឯកប្ប​មិនទាន់អស់​ទៅឡើយ ម្នាលភិក្ខុ កប្ប​​មានកាលវែង យ៉ាងនេះឯង។ ម្នាលភិក្ខុ បណ្តាកប្បដែល​មានកាលវែង យ៉ាងនេះ សូម្បី​កប្បមួយក៏រាប់មិនបាន កប្បមួយ​រយក៏រាប់មិនបាន កប្បមួយពាន់ក៏រាប់​មិនបាន កប្បមួយសែន​ក៏រាប់​មិនបាន សេចក្តីនោះ ព្រោះហេតុអ្វី ម្នាលភិក្ខុ ព្រោះសង្សារ​នេះ មានទីបំផុត​គេមិនអាចដឹងបាន។បេ។ ម្នាលភិក្ខុ ហេតុនេះ អ្នកទាំងឡាយ គួរនឿយ​ណាយ គួរធុញទ្រាន់ គួរជិនឆ្អន់ ក្នុងសង្ខារទាំងពួង។ ចប់សូត្រ ទី៥។

[៩៩] ទ្រង់គង់​នៅជិតក្រុងសាវត្ថី… គ្រានោះឯង ភិក្ខុមួយរូប ចូលទៅគាល់​ព្រះមានព្រះ​ភាគ។បេ។ លុះ​ភិក្ខុនោះអង្គុយ ក្នុងទីដ៏សមគួរ​ហើយ បានក្រាបបង្គំ​ទូលសួរ​ព្រះមានព្រះ​ភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន កប្ប​មានកាលវែងប៉ុន្មាន។ ម្នាលភិក្ខុ កប្បមាន​កាលវែង​ណាស់ កប្ប​នោះ មិនងាយនឹងរាប់ថា ប៉ុណ្ណេះឆ្នាំ។បេ។ ឬថា​ប៉ុណ្ណេះ​សែនឆ្នាំ បានឡើយ។ បពិត្រព្រះអង្គដ៏ចំរើន ចុះព្រះអង្គអាចធ្វើ​ពាក្យ​ឧបមាបានឬទេ។

[១០០] ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលភិក្ខុ អាចធ្វើបាន ហើយទ្រង់ត្រាស់​ តទៅទៀតថា ម្នាលភិក្ខុ ដូចនគរដែលព័ទ្ធដោយកំពែង បណ្តោយមួយយោជន៍ ទទឹងមួយ​យោជន៍ កំពស់​មួយយោជន៍ ពេញដោយគ្រាប់ស្ពៃ ជានគរ​គេបិទភ្ជាប់ ដោយដុំដីស្អិត កន្លងមួយរយឆ្នាំៗទៅ មាន​បុរសទៅរើសយកគ្រាប់ស្ពៃ​មួយគ្រាប់ៗ អំពីនគរ​នោះ ម្នាល​ភិក្ខុ គំនរគ្រាប់ស្ពៃ​ដ៏ធំនោះ គប្បីដល់​នូវការ​អស់ទៅ រលីងទៅ ដោយសេចក្តី​ព្យាយាម​នេះឆាប់ជាង ឯកប្ប​មិនទាន់អស់​ទៅឡើយ ម្នាលភិក្ខុ កប្ប​មានកាលវែង យ៉ាងនេះឯង។ ម្នាលភិក្ខុ បណ្តាកប្បដែល​មានកាលវែង យ៉ាងនេះ សូម្បីកប្បមួយក៏រាប់មិនបាន កប្ប​មួយ​​រយក៏រាប់មិនបាន កប្បមួយពាន់ក៏រាប់​មិនបាន កប្បមួយសែន​ក៏រាប់​មិនបាន សេចក្តី​នោះ ព្រោះហេតុអ្វី ម្នាលភិក្ខុ ព្រោះសង្សារ​នេះ មានទីបំផុត​គេមិនអាចដឹងបាន។បេ។ គួរជិនឆ្អន់។ ចប់សូត្រ ទី៦។

[១០១] ទ្រង់គង់​នៅទៀបក្រុងសាវត្ថី… គ្រានោះឯង ភិក្ខុច្រើនរូប ចូលទៅគាល់​ព្រះមានព្រះភាគ។បេ។ លុះ​ភិក្ខុទាំងនោះអង្គុយ ក្នុងទីសមគួរ​ហើយ បានក្រាបបង្គំ​ទូល​សួរ​​ព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន កប្បដែលកន្លង​រំលង​ទៅហើយ មានចំនួនច្រើនប៉ុន្មាន។  ម្នាលភិក្ខុទាំងឡាយ កប្បដែល​កន្លងរំលង​ទៅហើយ មានចំនួន​ច្រើនណាស់ កប្បទាំង​នោះ មិនងាយនឹងរាប់ថា ប៉ុណ្ណេះកប្ប ឬថា​ប៉ុណ្ណេះរយកប្ប ថា​ប៉ុណ្ណេះ​ពាន់កប្ប ឬថា ប៉ុណ្ណេះ​សែនកប្ប បានឡើយ។ បពិត្រព្រះអង្គដ៏ចំរើន ចុះព្រះអង្គ​អាចធ្វើ​ពាក្យ​ឧបមាបានឬទេ។

[១០២] ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ អាចធ្វើបាន ហើយទ្រង់​ត្រាស់​ តទៅទៀតថា ម្នាលភិក្ខុទាំងឡាយ ប្រសិនបើសាវ័ក៤រូប ក្នុង​សាសនានេះ មាន​អាយុ​មួយរយឆ្នាំ រស់នៅមួយរយឆ្នាំ បើសាវ័កទាំងនោះ រឭក​បាន​មួយសែនកប្ប ម្នាក់ៗ រាល់ៗថ្ងៃ។ ម្នាលភិក្ខុទាំងឡាយ សាវ័កទាំងនោះ ក៏មិនអាច​នឹង​រឭក​កប្ប​ឲ្យអស់បាន​ឡើយ។ គ្រានោះឯង សាវ័កទាំង៤របស់តថាគត មានអាយុមួយរយឆ្នាំ រស់នៅមួយ​រយឆ្នាំ កន្លងទៅមួយរយឆ្នាំ ម្នាក់ៗ នឹងធ្វើមរណកាលទៅ។ ម្នាលភិក្ខុទាំងឡាយ កប្ប​ដែល​​កន្លងរំលងទៅ មានចំនួនច្រើនយ៉ាងនេះឯង កប្បទាំងនោះ មិនងាយ​នឹងរាប់ថា ប៉ុណ្ណេះកប្ប ឬថាប៉ុណ្ណេះរយកប្ប ថាប៉ុណ្ណេះពាន់​កប្ប ឬថាប៉ុណ្ណេះសែនកប្បបានឡើយ សេចក្តីនោះ ព្រោះហេតុអ្វី ម្នាលភិក្ខុទាំងឡាយ ព្រោះសង្សារនេះ មានទីបំផុត​គេមិនអាច​ដឹងបាន។បេ។ គួរជិនឆ្អន់។ ចប់សូត្រ ទី៧។

[១០៣] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តវេឡុវ័ន ជាកលន្ទកនិវាបស្ថាន ទៀបក្រុងរាជគ្រឹះ។ គ្រានោះឯង ព្រាហ្មណ៍ម្នាក់ បានចូលទៅគាល់​ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹង​ព្រះមានព្រះភាគ លុះបញ្ចប់ពាក្យ​ដែលគួររីករាយ និងពាក្យដែលគួររឭក​ហើយ ទើប​អង្គុយក្នុងទីដ៏សមគួរ។ លុះព្រាហ្មណ៍​នោះ​អង្គុយក្នុងទីដ៏សមគួរហើយ ក្រាបបង្គំទូលសួរ​ព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រ​ព្រះគោតមដ៏ចំរើន កប្បដែលកន្លងរំលងទៅ មាន​ចំនួន​ច្រើនប៉ុន្មាន។ ម្នាលព្រាហ្មណ៍ កប្បដែលកន្លងរំលងទៅ មានចំនួនច្រើនណាស់​ កប្បទាំងនោះ មិនងាយ​នឹងរាប់ថា ប៉ុណ្ណេះកប្ប ឬថាប៉ុណ្ណេះរយកប្ប ថាប៉ុណ្ណេះពាន់​កប្ប ឬថាប៉ុណ្ណេះសែនកប្បបាន​ឡើយ។ បពិត្រព្រះគោតមដ៏ចំរើន ចុះ​ព្រះអង្គអាច​ធ្វើ​ពាក្យ​ឧបមាបានឬទេ។

[១០៤] ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលព្រាហ្មណ៍ អាចធ្វើបាន ហើយ​ទ្រង់ត្រាស់​តទៅទៀតថា ម្នាលព្រាហ្មណ៍ ដូចជាចាប់ដើម​តាំងពីស្ទឹង​គង្គានេះកើត​មានមក តែងហូរ​ទៅ​កាន់​មហាសមុទ្រក្នុងចន្លោះណា គ្រាប់ខ្សាច់ណាដែល​មានក្នុង​ចន្លោះនុ៎ះ គ្រាប់ខ្សាច់​នោះ មិនងាយនឹងរាប់ថា ប៉ុណ្ណេះគ្រាប់ខ្សាច់ ឬថាប៉ុណ្ណេះរយគ្រាប់ខ្សាច់ ថាប៉ុណ្ណេះ​ពាន់​គ្រាប់ខ្សាច់ ឬថាប៉ុណ្ណេះសែនគ្រាប់ខ្សាច់។ ម្នាលព្រាហ្មណ៍ កប្បដែលកន្លងរំលង​ទៅ​ហើយ ច្រើនជាង​គ្រាប់ខ្សាច់​នោះឯង កប្បនោះ មិន​ងាយនឹងរាប់ថា ប៉ុណ្ណេះកប្ប ឬថា​ប៉ុណ្ណេះ​រយកប្ប ថាប៉ុណ្ណេះពាន់​កប្ប ឬថាប៉ុណ្ណេះសែនកប្ប សេចក្តីនោះ ព្រោះហេតុអ្វី ម្នាលព្រាហ្មណ៍ ព្រោះសង្សារនេះ មានទីបំផុត​គេមិនអាចដឹងបាន គឺទីបំផុតខាងដើម របស់សត្វទាំងឡាយ ដែល​មាន​អវិជ្ជាជារនាំង មានតណ្ហាជាចំណង អន្ទោលទៅ ត្រាច់​រង្គាត់​ទៅ មិនប្រាកដឡើយ ម្នាលព្រាហ្មណ៍ សេចក្តីទុក្ខ សេចក្តីព្រួយ សេចក្តីវិនាស សត្វទាំងនោះ ទទួលរង​ហើយ អស់កាលជាអង្វែងយ៉ាងនេះ ព្រៃខ្មោចក៏ចម្រើនឡើង។ ម្នាល​ព្រាហ្មណ៍ ហេតុនេះ អ្នក​ទាំងឡាយ គួរនឿយណាយ គួរធុញទ្រាន់ គួរជិនឆ្អន់ ក្នុង​សង្ខារទាំងពួង។

[១០៥] កាលបើព្រះមានព្រះភាគ ទ្រង់ត្រាស់​យ៉ាងនេះហើយ ព្រាហ្មណ៍នោះ ក្រាបបង្គំ​ទូល​ព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះគោតមដ៏ចំរើន ច្បាស់ពេក​ណាស់ បពិត្រ​ព្រះគោតម​ដ៏ចំរើន ច្បាស់ពេកណាស់។បេ។ សូម​ព្រះគោតមដ៏ចម្រើន ចាំទុក​នូវខ្ញុំ​ព្រះអង្គ ​ថាជាឧបាសក ដល់នូវសរណៈស្មើដោយជីវិត ចាប់ដើម​តាំងពីថ្ងៃ​នេះតទៅ។ ចប់សូត្រ ទី៨។

[១០៦] ទ្រង់គង់​នៅទៀបក្រុងសាវត្ថី… ក្នុងទីនោះឯង ព្រះមានព្រះភាគ… ទ្រង់​ត្រាស់​ថា ម្នាលភិក្ខុទាំងឡាយ សង្សារនេះ មានទីបំផុត គេមិនអាចដឹងបាន គឺទីបំផុត​ខាងដើម របស់សត្វទាំងឡាយ ដែលមានអវិជ្ជាជារនាំង មានតណ្ហាជាគ្រឿង​ប្រកបផ្សំ អន្ទោលទៅ ត្រាច់រង្គាត់ទៅ មិនប្រាកដឡើយ។បេ។

[១០៧] ម្នាលភិក្ខុទាំងឡាយ ដូចជាដំបងដែលគេចោលទៅឰដ៏អាកាស​ខាងលើ ចួន​កាលក៏ធ្លាក់ចុះខាងគល់មកមុន ចួនកាលក៏ធ្លាក់ចុះត្រង់កណ្តាលមកមុន ចួន​កាលក៏ធ្លាក់​ចុះ​ខាងចុងមកមុន ម្នាលភិក្ខុទាំងឡាយ សត្វទាំងឡាយដែលមានអវិជ្ចាជា​រនាំង មាន​តណ្ហា​ជាគ្រឿង​ប្រកបផ្សំ អន្ទោលទៅ ត្រាច់រង្គាត់ទៅ ចួន​កាលក៏ចេញអំពីលោកនេះ ទៅ​កាន់លោកខាងមុខ ចួនកាលក៏ចេញអំពីលោកខាងមុខ មកកាន់​លោកនេះវិញ យ៉ាង​នោះ​ឯង សេចក្តីនោះ ព្រោះហេតុអ្វី ម្នាលភិក្ខុទាំងឡាយ ព្រោះ​សង្សារនេះ មានទីបំផុត គេមិនអាចដឹងបាន។បេ។ គួរជិនឆ្អន់។ ចប់សូត្រទី៩។

[១០៨] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅលើភ្នំគិជ្ឈកូដ ទៀបក្រុង​រាជគ្រឹះ។ ក្នុងទីនោះឯង ព្រះមានព្រះភាគ ត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ។ ភិក្ខុ​ទាំងនោះទទួលព្រះពុទ្ធដីកា​ព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន។

[១០៩] ព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ សង្សារ​នេះ មានទីបំផុត គេមិនអាចដឹងបាន។បេ។ ម្នាលភិក្ខុទាំងឡាយ កាលដែលបុគ្គលម្នាក់ អន្ទោលទៅ ត្រាច់រង្គាត់ទៅ អស់មួយកប្ប រាងឆ្អឹង ពំនូកឆ្អឹង គំនរឆ្អឹងយ៉ាងធំ ប្រហែល​គ្នា នឹង​ភ្នំវេបុល្លៈនេះឯង ប្រសិនបើមានបុគ្គល អ្នកជញ្ជូនយកឆ្អឹងដែលគេគរទុក ក៏មិនគប្បី​អស់ទៅឡើយ សេចក្តីនោះ ព្រោះហេតុអ្វី ម្នាលភិក្ខុទាំងឡាយ ព្រោះ​សង្សារនេះ មានទីបំផុត គេមិនអាចដឹងបាន។បេ។ គួរជិនឆ្អន់។

[១១០] ព្រះមានព្រះភាគ ទ្រង់ត្រាស់សូត្រនេះរួចហើយ លុះព្រះសុគត ជាសាស្តា​ត្រាស់សូត្រនេះហើយ ទើបទ្រង់​ត្រាស់ពាក្យនេះ តទៅទៀតថា

គំនរនៃឆ្អឹងរបស់បុគ្គលម្នាក់ ចំនួនមួយកប្ប គំនរនោះប្រហែលគ្នានឹងភ្នំ ព្រះពុទ្ធ​ជាមហេសី បានត្រាស់ហើយដូច្នេះ ភ្នំវេបុល្លៈនេះ លោកពោលហើយថា ធំលើស​លុប​ជាង​ភ្នំគិជ្ឈកូដ [ភ្នំវេបុល្លៈនេះ ឋិតនៅខាងជើងនៃភ្នំគិជ្ឈកូដ។ អដ្ឋកថា។] ទៀបក្រុង​គិរិព្វជៈ (រាជគ្រឹះ) របស់អ្នកមគធៈទាំងឡាយ មួយទៀត បុគ្គល​ណាឃើញ​នូវអរិយសច្ច ដោយប្រាជ្ញាដ៏ប្រពៃ គឺទុក្ខ១ តណ្ហាដែលញុំាង​ទុក្ខ​ឲ្យ​កើតឡើង១ ព្រះនិព្វាន ជាគ្រឿង​ប្រព្រឹត្តកន្លងនូវទុក្ខ១ អដ្ឋង្គិកមគ្គដ៏ប្រសើរ ជាសភាវៈឲ្យដល់នូវសេចក្តី​ស្ងប់រម្ងាប់​នៃ​ទុក្ខ១ បុគ្គលនោះ អន្ទោលទៅ កំណត់ត្រឹម៧ជាតិ ជាយ៉ាងយូរ រមែងធ្វើនូវទីបំផុតនៃ​សេចក្តី​ទុក្ខ ព្រោះអស់ទៅនៃសំយោជនៈទាំងពួង។ ចប់សូត្រទី១០។​

ចប់ តិណកដ្ឋវគ្គ ទី១។

ឧទ្ទាននៃតិណកដ្ឋវគ្គនោះ គឺ

ទ្រង់សំដែង​ប្រៀបដូចស្មៅ និងកំណាត់ឈើជាដើម១ ផែនដី១ ទឹកភ្នែក១ ទឹកដោះ១ ភ្នំ១ គ្រាប់ស្ពៃ១ សាវ័ក១ ស្ទឹងគង្គា១ ដំបង១ បុគ្គល១។

ទុគ្គតវគ្គ

[១១១] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅទៀបក្រុងសាវត្ថី។បេ។ ក្នុងទីនោះ​ឯង ព្រះមានព្រះភាគ… ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ សង្សារនេះ មានទីបំផុត គេមិនអាចដឹងបាន គឺទីបំផុតខាងដើម របស់សត្វទាំងឡាយ ដែលមាន​អវិជ្ជាជារនាំង មានតណ្ហាជាចំណង អន្ទោលទៅ ត្រាច់រង្គាត់ទៅ មិនប្រាកដឡើយ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីឃើញបុគ្គលកំសត់ណា មានរូបរាងអាក្រក់ អ្នក​ទាំងឡាយ នឹងដល់នូវ​សេចក្តីចូលចិត្ត ក្នុងបុគ្គលកំសត់នុ៎ះថា រូបបែបនេះ យើងទាំង​ឡាយ ធ្លាប់ភប់ប្រសព្វហើយ អស់កាលជាអង្វែង ដូច្នេះដែរ សេចក្តីនោះ ព្រោះហេតុអ្វី ម្នាលភិក្ខុទាំងឡាយ ព្រោះ​សង្សារនេះ មានទីបំផុត គេមិនអាចដឹងបាន។បេ។ គួរជិនឆ្អន់។ ចប់សូត្រទី១។

[១១២] ទ្រង់គង់នៅទៀបក្រុងសាវត្ថី… ក្នុងទីនោះ​ឯង ព្រះមានព្រះភាគ… ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ សង្សារនេះ មានទីបំផុត គេមិនអាចដឹងបាន… ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីឃើញបុគ្គលណា ដែលដល់​នូវសេចក្តីសុខ ដល់នូវ​សេចក្តីសប្បាយ អ្នកទាំងឡាយ នឹងដល់នូវសេចក្តី​ចូលចិត្តក្នុងបុគ្គល​នុ៎ះថា រូបបែបនេះ យើងទាំងឡាយ ធ្លាប់ភប់ប្រសព្វហើយ អស់កាលជាអង្វែង ដូច្នេះដែរ សេចក្តីនោះ ព្រោះហេតុអ្វី ម្នាលភិក្ខុទាំងឡាយ ព្រោះ​សង្សារនេះ មានទីបំផុត គេមិនអាចដឹងបាន គឺទីបំផុតខាងដើម មិនប្រាកដឡើយ។បេ។ គួរជិនឆ្អន់។ ចប់សូត្រទី២។

[១១៣] ទ្រង់គង់នៅក្នុងវត្តវេឡុវ័ន ទៀបក្រុងរាជគ្រឹះ… គ្រានោះ​ឯង បាវេយ្យកភិក្ខុ [ភិក្ខុនៅក្នុងប្រទេសបាវា។] ប្រមាណ​៣០រូប ជាអ្នកប្រព្រឹត្តអារញ្ញិកធុតង្គទាំងអស់ ជា​អ្នក​ប្រព្រឹត្តបិណ្ឌបាតិកធុតង្គទាំងអស់ ជាអ្នកប្រព្រឹត្តបង្សុកូលិកធុតង្គទាំងអស់ ជាអ្នកប្រព្រឹត្ត​តេចីវរិកធុតង្គទាំងអស់ តែនៅមានសំយោជនធម៌ទាំងអស់គ្នា នាំគ្នាចូល​ទៅគាល់​ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំ​ព្រះមានព្រះភាគ ហើយ​អង្គុយក្នុងទីសមគួរ។

[១១៤] គ្រានោះឯង ព្រះមានព្រះភាគ ទ្រង់ព្រះតំរិះយ៉ាងនេះថា បាវេយ្យកភិក្ខុ​ប្រមាណ​៣០រូបនេះ សុទ្ធតែជាអ្នកប្រព្រឹត្តអារញ្ញិកធុតង្គ សុទ្ធតែជាអ្នកប្រព្រឹត្តបិណ្ឌបាតិកធុតង្គ សុទ្ធតែជាអ្នកប្រព្រឹត្តបង្សុកូលិកធុតង្គ សុទ្ធតែជាអ្នកប្រព្រឹត្តតេចីវរិកធុតង្គ តែនៅមាន​សំយោជនធម៌ទាំងអស់គ្នា បើដូច្នោះ​ គួរ​តែតថាគតសំដែងធម៌ដល់ភិក្ខុទាំងនេះ ដើម្បី​ធ្វើចិត្ត​ភិក្ខុទាំងនោះ ឲ្យរួចចាកអាសវៈ ដោយ​មិនប្រកាន់ លើអាសនៈនេះឯង។ ទើប​ព្រះមានព្រះភាគ ទ្រង់ត្រាស់នឹងភិក្ខុ​ទាំង​ឡាយថា ម្នាលភិក្ខុទាំងឡាយ។ ភិក្ខុទាំងនោះ ក៏ទទួលព្រះពុទ្ធដីកា​ព្រះមានព្រះភាគ​ថា បពិត្រព្រះអង្គដ៏ចំរើន។

[១១៥] ព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ សង្សារនេះ មានទីបំផុត គេមិនអាចដឹងបាន គឺទីបំផុតខាងដើម របស់សត្វទាំងឡាយ ដែលមាន​អវិជ្ជាជារនាំង មានតណ្ហាជាចំណង អន្ទោលទៅ ត្រាច់រង្គាត់ទៅ មិនប្រាកដឡើយ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ សំគាល់សេចក្តីនោះ ថាដូចម្តេច ម្នាលភិក្ខុទាំង​ឡាយ ត្រង់​ដែល​អ្នកទាំងឡាយ អន្ទោលទៅ ត្រាច់រង្គាត់ទៅ ត្រូវគេកាត់ក្បាល ដោយ​កាលជាអង្វែងនេះ ឈាមដែល​ហូរស្រក់ និងទឹកក្នុងមហាសមុទ្រទាំង៤ តើបណ្តាទឹក​ទាំង​ពីរនោះ ទឹកណាច្រើនជាង។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គទាំងឡាយ យល់ច្បាស់​នូវ​ធម៌ តាមដែល​ព្រះមានព្រះភាគ សំដែងហើយ បពិត្រព្រះអង្គដ៏ចំរើន កាលដែល​ខ្ញុំព្រះអង្គ​ទាំងឡាយ អន្ទោលទៅ ត្រាច់រង្គាត់ទៅ ត្រូវគេកាត់ក្បាល​ដោយ​កាល​ជាអង្វែង​នេះ ឈាមដែល​ហូរស្រក់ទៅច្រើនអនេក ឯទឹកក្នុងមហាសមុទ្រទាំង៤ មិន​ច្រើនជាង​ឡើយ។

[១១៦] ម្នាលភិក្ខុទាំងឡាយ ត្រូវហើយ ត្រូវហើយ ម្នាលភិក្ខុទាំងឡាយ អ្នកទាំង​ឡាយយល់ច្បាស់នូវធម៌ តាមដែល​តថាគត សំដែងហើយយ៉ាងនេះ ប្រពៃហើយ ម្នាលភិក្ខុទាំងឡាយ កាលដែល​អ្នកទាំងឡាយ អន្ទោលទៅ ត្រាច់រង្គាត់ទៅ ត្រូវគេកាត់​ក្បាល​ដោយ​កាល​ជាអង្វែងនេះ ឈាមដែល​ហូរស្រក់ទៅច្រើនអនេក ឯទឹកក្នុង​មហា​សមុទ្រ​ទាំង៤ មិន​ច្រើនជាងមែន។ ម្នាលភិក្ខុទាំងឡាយ កាលអ្នកទាំង​ឡាយកើតជាគោ មានសភាពជាគោ ត្រូវគេកាត់ក្បាល​អស់​កាល​ជាអង្វែង ឈាមដែល​ហូរស្រក់ទៅ​ច្រើន​អនេក ឯទឹកក្នុងមហាសមុទ្រទាំង៤ មិន​ច្រើនជាងឡើយ។ ម្នាលភិក្ខុទាំងឡាយ កាល​ដែល​អ្នកទាំងឡាយ កើតជាក្របី មានសភាពជាក្របី ត្រូវគេកាត់ក្បាល​អស់​កាល​ជា​អង្វែង ឈាមដែល​ហូរស្រក់ទៅច្រើនអនេក។ ម្នាលភិក្ខុទាំងឡាយ កាលដែលអ្នក​ទាំងឡាយ កើតជាចៀម មានសភាពជាចៀម អស់​កាល​ជាអង្វែង។បេ។ កើតជាពពែ មានសភាពជាពពែ។បេ។ កើតជាម្រឹគ មានសភាព​ជាម្រឹគ។បេ។ កើតជាជ្រូក មាន​សភាព​ជាជ្រូក។បេ។ កើតជាមាន់ មានសភាព​ជាមាន់។បេ។ ម្នាលភិក្ខុទាំងឡាយ កាល​ដែលអ្នកទាំងឡាយ ត្រូវគេប្រចាប់ថាជាចោរ បៀតបៀន​អ្នកស្រុក ហើយគេកាត់ក្បាល​ អស់​កាល​ជាអង្វែង ឈាមដែល​ហូរ​ស្រក់​ទៅ​ច្រើន​អនេក។ ម្នាលភិក្ខុទាំងឡាយ កាល​ដែលអ្នកទាំងឡាយ ត្រូវគេប្រចាប់ថាជាចោរ ចាំស្ទាក់ក្បែរផ្លូវ អស់កាលជាអង្វែង។បេ។ កាលដែលអ្នកទាំងឡាយ ត្រូវគេប្រចាប់ថាជាចោរលួចប្រពន្ធគេ ហើយគេកាត់ក្បាល​ ឈាមដែលហូរ​ស្រក់ទៅ​ច្រើន​អនេក ឯទឹកក្នុងមហាសមុទ្រទាំង៤ មិនមែន​ច្រើនជាង​ឡើយ សេចក្តីនោះ ព្រោះហេតុអ្វី ម្នាលភិក្ខុទាំងឡាយ ព្រោះ​សង្សារនេះ មានទីបំផុត គេមិន​អាច​ដឹងបាន។បេ។ គួរជិនឆ្អន់។

[១១៧] លុះព្រះមានព្រះភាគ ទ្រង់ត្រាស់​សូត្រនេះចប់ហើយ ពួកភិក្ខុនោះ ជាអ្នក​មាន​សេចក្តីត្រេកអរ បានត្រេកអរចំពោះ​ភាសិតរបស់​ព្រះមានព្រះភាគ។ កាលដែល​ព្រះមាន​ព្រះ​ភាគ ទ្រង់ត្រាស់វេយ្យាករណ៍នេះ ចិត្តរបស់បាវេយ្យកភិក្ខុប្រមាណ៣០​រូប ក៏រួច​ស្រឡះ​ចាកអាសវៈ ដោយការមិនប្រកាន់។ ចប់សូត្រទី៣។

[១១៨] ទ្រង់គង់នៅទៀបក្រុងសាវត្ថី… ក្នុងទីនោះឯង ព្រះមានព្រះភាគ… ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ​សង្សារនេះ មានទីបំផុត គេមិនអាចដឹងបាន។បេ។ ម្នាលភិក្ខុទាំង​ឡាយ សត្វណាមិនធ្លាប់កើតជាមាតា សត្វនោះ គេមិនងាយរកបាន ដោយ​កាលជា​អង្វែង​នេះទេ សេចក្តីនោះ ព្រោះហេតុអ្វី ម្នាលភិក្ខុទាំងឡាយ ព្រោះ​សង្សារនេះ មានទី​បំផុត គេមិនអាចដឹងបាន។បេ។ គួរជិនឆ្អន់។ ចប់សូត្រទី៤។

(ពាក្យបំប្រួញសេចក្តីទាំងអស់យ៉ាងនេះ)។

[១១៩] ទ្រង់គង់នៅទៀបក្រុងសាវត្ថី… ក្នុងទីនោះឯង ព្រះមានព្រះភាគ… ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ​សង្សារនេះ មានទីបំផុត គេមិនអាចដឹងបាន។បេ។ ម្នាលភិក្ខុទាំង​ឡាយ សត្វណាមិនធ្លាប់កើតជាបិតា សត្វនោះ គេមិនងាយរកបាន។បេ។ ចប់សូត្រទី៥។

[១២០] ទ្រង់គង់នៅទៀបក្រុងសាវត្ថី… ក្នុងទីនោះឯង ព្រះមានព្រះភាគ… ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ​សង្សារនេះ មានទីបំផុត គេមិនអាចដឹងបាន។បេ។ ម្នាលភិក្ខុទាំង​ឡាយ សត្វណា មិនធ្លាប់កើតជាបងប្អូនប្រុស សត្វនោះ គេមិនងាយរកបាន​ទេ។បេ។ ចប់សូត្រទី៦។

[១២១] ទ្រង់គង់នៅទៀបក្រុងសាវត្ថី… ក្នុងទីនោះឯង ព្រះមានព្រះភាគ… ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ​សង្សារនេះ មានទីបំផុត គេមិនអាចដឹងបាន។បេ។ ម្នាលភិក្ខុទាំង​ឡាយ សត្វណា មិនធ្លាប់កើតជាបងប្អូនស្រី សត្វនោះ គេមិនងាយរកបាន​ទេ។បេ។ ចប់សូត្រទី៧។

[១២២] ទ្រង់គង់នៅទៀបក្រុងសាវត្ថី… ក្នុងទីនោះឯង ព្រះមានព្រះភាគ… ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ​សង្សារនេះ មានទីបំផុត គេមិនអាចដឹងបាន។បេ។ ម្នាលភិក្ខុទាំង​ឡាយ សត្វណា មិនធ្លាប់កើតជាកូនប្រុស សត្វនោះ គេមិនងាយរកបាន​ទេ។បេ។ ចប់​សូត្រទី៨។

[១២៣] ទ្រង់គង់នៅទៀបក្រុងសាវត្ថី… ក្នុងទីនោះឯង ព្រះមានព្រះភាគ… ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ​សង្សារនេះ មានទីបំផុត គេមិនអាចដឹងបាន គឺទីបំផុត​ខាងដើម របស់​សត្វទាំងឡាយ ដែលមានអវិជ្ជាជារនាំង មានតណ្ហាជាចំណង អន្ទោល​ទៅ ត្រាច់​រង្គាត់ទៅ មិនប្រាកដឡើយ។ ម្នាលភិក្ខុទាំងឡាយ សត្វណា មិនធ្លាប់កើតជាកូនស្រី សត្វ​នោះ គេមិនងាយរកបាន ដោយ​កាលជាអង្វែងនេះទេ សេចក្តីនោះ ព្រោះហេតុអ្វី ម្នាលភិក្ខុ​ទាំងឡាយ ព្រោះ​សង្សារនេះ មានទីបំផុត គេមិនអាចដឹងបាន គឺទីបំផុត​ខាងដើម របស់សត្វទាំងឡាយ ដែលមានអវិជ្ជាជារនាំង មានតណ្ហាជាចំណង អន្ទោល​ទៅ ត្រាច់រង្គាត់ទៅ មិនប្រាកដឡើយ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីទុក្ខ សេចក្តីព្រួយ សេចក្តីវិនាស ដែលអ្នកទាំងឡាយ បាន​ទទួលរងហើយ អស់កាលជាអង្វែងយ៉ាងនេះ ព្រៃខ្មោចក៏ចំរើន​ឡើង។ ម្នាលភិក្ខុទាំងឡាយ ហេតុនេះ អ្នកទាំងឡាយ គួរនឿយណាយ គួរធុញទ្រាន់ គួរជិនឆ្អន់ ក្នុងសង្ខារទាំងពួង។ ចប់សូត្រទី៩។

[១២៤] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅនាភ្នំគិជ្ឈកូដ ទៀបក្រុងរាជគ្រឹះ។ ក្នុងទីនោះឯង ព្រះមានព្រះភាគ ត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ។ ភិក្ខុ​ទាំងនោះ ទទួលព្រះពុទ្ធដីកា របស់ព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន។

[១២៥] ព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ សង្សារនេះ មានទីបំផុត គេមិនអាចដឹងបាន គឺទីបំផុត​ខាងដើម របស់សត្វទាំងឡាយ ដែលមាន​អវិជ្ជាជារនាំង មានតណ្ហាជាចំណង អន្ទោល​ទៅ ត្រាច់រង្គាត់ទៅ មិនប្រាកដឡើយ។ ម្នាលភិក្ខុទាំងឡាយ ភ្នំវេបុល្លនេះ មានឈ្មោះថា បាចីនវំសៈ ដូច្នេះ កើតឡើងហើយ ក្នុង​អតីតកាល។ ម្នាលភិក្ខុទាំងឡាយ មនុស្សទាំងឡាយ មានឈ្មោះថា តិវរៈដូច្នេះ កើត​ឡើង​ហើយ ក្នុងសម័យនោះដែរ។ ម្នាលភិក្ខុទាំងឡាយ ពួកមនុស្សតិវរៈ មានអាយុ​ប្រមាណ​បួនហ្មឺនឆ្នាំ។ ម្នាលភិក្ខុទាំងឡាយ ពួកមនុស្សតិវរៈ ឡើងភ្នំបាចីនវំសៈ អស់៤ថ្ងៃ ចុះមក​វិញ អស់៤ថ្ងៃ។ ម្នាលភិក្ខុទាំងឡាយ ព្រះមានព្រះភាគ ព្រះនាមកកុសន្ធៈ អរហន្តសម្មា​សម្ពុទ្ធ បានកើតឡើងក្នុងលោក ក្នុងសម័យនោះដែរ។ ម្នាលភិក្ខុទាំងឡាយ ព្រះមានព្រះភាគ ព្រះនាមកកុសន្ធៈ អរហន្តសម្មាសម្ពុទ្ធ មានគូសាវ័ក​ឈ្មោះ​វិធូរៈ និង​សញ្ជីវៈ ជាគូដ៏ប្រសើរ ជាគូដ៏ថ្លៃថ្លា។ ម្នាលភិក្ខុទាំងឡាយ ចូរអ្នកទាំងឡាយ មើលចុះ ឈ្មោះ​នោះរបស់ភ្នំនេះ ក៏អន្តរធានបាត់ទៅ មនុស្សទាំងនោះ ក៏ធ្វើមរណកាលទៅ ទាំង​ព្រះមានព្រះភាគអង្គនោះ ក៏បរិនិព្វានទៅហើយ។ ម្នាលភិក្ខុទាំងឡាយ សង្ខារទាំងឡាយ មិនទៀង​យ៉ាងនេះ ម្នាលភិក្ខុទាំងឡាយ សង្ខារទាំងឡាយ មិនឋិតថេរយ៉ាងនេះ ម្នាល​ភិក្ខុទាំង​ឡាយ សង្ខារទាំងឡាយ មិនស្រួលយ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ ហេតុ​នេះ អ្នកទាំងឡាយ គួរនឿយណាយ គួរធុញទ្រាន់ គួរជិនឆ្អន់ ក្នុងសង្ខារទាំងពួង។

[១២៦] ម្នាលភិក្ខុទាំងឡាយ ភ្នំវេបុល្លនេះ មានឈ្មោះថាវង្កត ដូច្នេះ  កើតឡើង ក្នុង​អតីតកាល។ ម្នាលភិក្ខុទាំងឡាយ ពួកមនុស្សមានឈ្មោះថា រោហិតស្សៈ ដូច្នេះ កើត​ឡើង ក្នុងសម័យនោះដែរ។ ម្នាលភិក្ខុទាំងឡាយ ពួកមនុស្សរោហិតស្សៈ មានអាយុ​ប្រមាណ​​បីហ្មឺនឆ្នាំ។ ម្នាលភិក្ខុទាំងឡាយ ពួកមនុស្សរោហិតស្សៈ ឡើងភ្នំវង្កត អស់៣ថ្ងៃ ចុះមក​វិញ ក៏អស់៣ថ្ងៃ។ ម្នាលភិក្ខុទាំងឡាយ ព្រះមានព្រះភាគ ព្រះនាមកោនាគមនៈ អរហន្តសម្មា​សម្ពុទ្ធ បានកើតឡើងក្នុងលោក ក្នុងសម័យនោះដែរ។ ម្នាលភិក្ខុទាំងឡាយ ព្រះមានព្រះភាគ ព្រះនាមកោនាគមនៈ អរហន្តសម្មាសម្ពុទ្ធ មានគូសាវ័ក​ឈ្មោះ​ភិយ្យោសៈ និងឧត្តរៈ ជាគូដ៏ប្រសើរ ជាគូដ៏ថ្លៃថ្លា។ ម្នាលភិក្ខុទាំងឡាយ ចូរអ្នកទាំងឡាយ មើលចុះ ឈ្មោះ​នោះរបស់ភ្នំនេះ ក៏អន្តរធានបាត់ទៅ មនុស្សទាំងនោះ ក៏ធ្វើមរណកាល​ទៅ ទាំង​ព្រះមានព្រះភាគអង្គនោះ ក៏បរិនិព្វានទៅហើយ។ ម្នាលភិក្ខុទាំងឡាយ សង្ខារ​ទាំងឡាយ មិនទៀង​យ៉ាងនេះ។បេ។ គួរជិនឆ្អន់។

[១២៧] ម្នាលភិក្ខុទាំងឡាយ ភ្នំវេបុល្លនេះ មានឈ្មោះថា សុបស្សៈ ដូច្នេះ កើតឡើង ក្នុង​អតីតកាល។ ម្នាលភិក្ខុទាំងឡាយ ពួកមនុស្ស មានឈ្មោះថា សុប្បិយៈដូច្នេះ កើត​ឡើង ក្នុងសម័យនោះដែរ។ ម្នាលភិក្ខុទាំងឡាយ ពួកមនុស្សសុប្បិយៈ មានអាយុ​ប្រមាណ​២ហ្មឺនឆ្នាំ។ ម្នាលភិក្ខុទាំងឡាយ ពួកមនុស្សសុប្បិយៈ ឡើងភ្នំសុបស្សៈ អស់២ថ្ងៃ ចុះមក​វិញ អស់២ថ្ងៃ។ ម្នាលភិក្ខុទាំងឡាយ ព្រះមានព្រះភាគ ព្រះនាមកស្សប អរហន្តសម្មា​សម្ពុទ្ធ កើតឡើងក្នុងលោក ក្នុងសម័យនោះដែរ។ ម្នាលភិក្ខុទាំងឡាយ ព្រះមានព្រះភាគ ព្រះនាមកស្សប អរហន្តសម្មាសម្ពុទ្ធអង្គនោះ មានគូសាវ័ក​ឈ្មោះ​តិស្សៈ និងភារទ្វាជៈ ជាគូដ៏ប្រសើរ ជាគូដ៏ថ្លៃថ្លា។ ម្នាលភិក្ខុទាំងឡាយ ចូរអ្នកទាំងឡាយ មើលចុះ ឈ្មោះ​នោះរបស់ភ្នំនេះ ក៏អន្តរធានបាត់ទៅ មនុស្សទាំងនោះ ក៏ធ្វើមរណកាលទៅ ទាំង​ព្រះមានព្រះភាគ​អង្គនោះ ក៏បរិនិព្វានទៅដែរ។ ម្នាលភិក្ខុទាំងឡាយ សង្ខារទាំងឡាយ មិនទៀង​យ៉ាងនេះ ម្នាលភិក្ខុទាំងឡាយ សង្ខារទាំងឡាយ មិនឋិតថេរយ៉ាងនេះ។បេ។ គួរជិនឆ្អន់។

[១២៨] ម្នាលភិក្ខុទាំងឡាយ ក្នុងកាលឥឡូវនេះ ភ្នំវេបុល្លនេះ មានឈ្មោះថា វេបុល្ល ដូច្នេះ កើតឡើងហើយ។ ម្នាលភិក្ខុទាំងឡាយ ពួកមនុស្សនេះ មានឈ្មោះថា មាគធកៈ ដូច្នេះ កើត​ឡើង​ហើយ ក្នុងកាលឥឡូវនេះឯង។ ម្នាលភិក្ខុទាំងឡាយ ពួកមនុស្សឈ្មោះ​មាគធកៈ មានប្រមាណនៃអាយុតិចតួចស្តួចស្តើងឆាប់រហ័ស មនុស្សណា រស់នៅ​យ៉ាង​យូរ មនុស្សនោះ រស់នៅត្រឹម​១០០ឆ្នាំ ឬតិចជាង​ក៏មាន ច្រើនជាងក៏មាន។ ម្នាលភិក្ខុ​ទាំងឡាយ ពួកមនុស្សឈ្មោះមាគធកៈ ឡើងភ្នំវេបុល្លមួយរំពេច ចុះ​មកវិញ​ក៏មួយរំពេច។ ម្នាលភិក្ខុទាំងឡាយ ក្នុងកាលឥឡូវនេះ ព្រះអរហន្តសម្មា​សម្ពុទ្ធ គឺ​តថាគត​នេះ បានកើត​ឡើងក្នុងលោក។ ម្នាលភិក្ខុទាំងឡាយ តថាគត មានគូសាវ័ក​ឈ្មោះ​សារីបុត្ត និង​មោគ្គល្លាន ជាគូដ៏ប្រសើរ ជាគូដ៏ថ្លៃថ្លា។ ម្នាលភិក្ខុទាំងឡាយ មុខជានឹងមាន​កាលដែល​ឈ្មោះ​នេះ របស់ភ្នំនេះ ត្រូវអន្តរធានបាត់ទៅ មនុស្សទាំងនេះ ក៏នឹងធ្វើមរណកាលទៅ ឯតថាគត ក៏គង់នឹងបរិនិព្វានទៅ។ ម្នាលភិក្ខុទាំងឡាយ សង្ខារទាំងឡាយ មិនទៀង​យ៉ាង​នេះ ម្នាលភិក្ខុទាំងឡាយ សង្ខារទាំងឡាយ មិនឋិតថេរយ៉ាងនេះ ម្នាលភិក្ខុទាំងឡាយ សង្ខារទាំងឡាយ មិនស្រួលយ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ ហេតុ​នេះ អ្នកទាំងឡាយ គួរនឿយណាយ គួរធុញទ្រាន់ គួរជិនឆ្អន់ ក្នុងសង្ខារទាំងពួង។

[១២៩] ព្រះមានព្រះភាគ ទ្រង់ត្រាស់សូត្រនេះហើយ លុះព្រះសុគត ជាសាស្តា ទ្រង់​ត្រាស់​សូត្រនេះហើយ ទើបទ្រង់​ត្រាស់ពាក្យនេះតទៅទៀតថា

ភ្នំបាចីនវំសៈរបស់ពួកមនុស្សតិវរៈ ភ្នំវង្កតរបស់ពួកមនុស្សរោហិតស្សៈ ភ្នំសុបស្សៈ របស់​ពួកមនុស្សសុប្បិយៈ ភ្នំវេបុល្ល របស់ពួកមនុស្ស​មាគធៈ សង្ខារទាំងឡាយ មិនទៀង​មែន​ពិត មានកិរិយា​កើតឡើង និងវិនាស​ទៅជាធម្មតា លុះកើតឡើងហើយរលត់ទៅ​វិញ ការរម្ងាប់​​នូវសង្ខារទាំងឡាយនោះ នាំមកនូវសេចក្តីសុខ។ ចប់សូត្រទី១០។

ចប់ ទុគ្គតវគ្គ ទី២។

ឧទ្ទាននៃទុគ្គតវគ្គនោះ គឺ

និយាយពីបុគ្គលកំសត់១ បុគ្គល​ដល់នូវសេចក្តី​សុខ១ ភិក្ខុ៣០រូប១ បុគ្គលធ្លាប់​កើត​ជាមាតា១ ជាបិតា១ ជាបងប្អូនប្រុស១ ជាបងប្អូនស្រី១ ជាកូនប្រុស១ ជាកូនស្រី១ ភ្នំ​ឈ្មោះវេបុល្ល១។

ចប់ អនមតគ្គសំយុត្ត ទី៣។

កស្សបសំយុត្ត

[១៣០] ព្រះមានព្រះភាគ គង់នៅទៀបក្រុងសាវត្ថី… ក្នុងទីនោះឯង ព្រះមានព្រះភាគ… ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ កស្សបភិក្ខុនេះ ជាអ្នកសន្តោស ដោយ​ចីវរតាមមាន​តាមបានផង ជាអ្នកពោលសរសើរគុណនៃ​ការសន្តោស ដោយ​ចីវរ តាមមានតាមបាន​ផង មិនដល់នូវអនេសនៈ ដែលជាធម៌​មិនសមគួរ ព្រោះហេតុ​ចីវរផង មិន​តក់ស្លុត​ព្រោះ​មិនបានចីវរផង មិនត្រេកអរ មិនវង្វេង មិនជ្រុលជ្រប់ ព្រោះបានចីវរ​ផង ជាអ្នកឃើញ​ទោស ក្នុងការដល់នូវអនេសនៈ និងការប្រើប្រាស់ ដោយសេចក្តី​ចំពាក់ចិត្ត​ ជាប្រក្រតី ជាអ្នកមានបញ្ញាសម្រាប់​រើខ្លួន ប្រើប្រាស់ (នូវចីវរ)។ ម្នាលភិក្ខុទាំងឡាយ កស្សបភិក្ខុនេះ ជាអ្នកសន្តោស ដោយបិណ្ឌបាត តាមមានតាមបានផង ជាអ្នក​ពោលសរសើរគុណ នៃ​សេចក្តីសន្តោស ដោយ​បិណ្ឌបាត តាមមានតាមបានផង មិនដល់នូវអនេសនៈ ដែល​ជា​ធម៌​មិនសមគួរ ព្រោះហេតុបិណ្ឌបាតផង មិន​តក់ស្លុត ព្រោះមិនបានបិណ្ឌបាតផង មិន​ត្រេកអរ មិនវង្វេង មិនជ្រុលជ្រប់ ព្រោះបានបិណ្ឌបាត​ផង ជាអ្នកឃើញទោស ជាប្រក្រតី មានបញ្ញាសម្រាប់​រើខ្លួន បរិភោគ (នូវបិណ្ឌបាត)។ ម្នាលភិក្ខុទាំងឡាយ កស្សបភិក្ខុនេះ ជាអ្នកសន្តោស ដោយសេនាសនៈ តាមមានតាមបានផង ជាអ្នកពោលសរសើរគុណ នៃសេចក្តីសន្តោស ដោយសេនាសនៈ តាមមានតាមបានផង មិនដល់នូវអនេសនៈ ដែលជាធម៌​មិនសមគួរ ព្រោះហេតុ​នៃ​សេនាសនៈផង មិន​តក់ស្លុត ព្រោះមិនបាន​សេនាសនៈ​ផង មិនត្រេកអរ មិនវង្វេង មិនជ្រុលជ្រប់ ព្រោះបានសេនាសនៈ​ផង ជាអ្នក​ឃើញទោស ជាប្រក្រតី មានបញ្ញាសម្រាប់​រើខ្លួន ប្រើប្រាស់ (នូវសេនាសនៈ)។ ម្នាលភិក្ខុ​ទាំង​ឡាយ កស្សបភិក្ខុនេះ ជាអ្នកសន្តោស ដោយគិលានប្បច្ចយភេសជ្ជបរិក្ខារ តាមមាន​តាម​បានផង ជាអ្នកពោលសរសើរគុណ នៃ​សេចក្តីសន្តោស ដោយគិលានប្បច្ចយ​ភេសជ្ជ​បរិក្ខារ តាមមានតាមបានផង មិនដល់នូវអនេសនៈ ដែលជាធម៌​មិនសមគួរ ព្រោះ​ហេតុ​នៃ​គិលានប្បច្ចយភេសជ្ជបរិក្ខារផង មិន​តក់ស្លុត ព្រោះមិនបានគិលានប្បច្ចយ​ភេសជ្ជ​បរិក្ខារ​​ផង មិនត្រេកអរ មិនវង្វេង មិនជ្រុលជ្រប់ ព្រោះបាន​គិលានប្បច្ចយ​ភេសជ្ជបរិក្ខារ​​ផង ជាអ្នកឃើញទោស ជាប្រក្រតី មានបញ្ញាសម្រាប់​រើខ្លួន បរិភោគ (នូវ​គិលានប្បច្ចយ​ភេសជ្ជបរិក្ខារ)។

[១៣១] ម្នាលភិក្ខុទាំងឡាយ ហេតុដូច្នោះ​ ភិក្ខុក្នុងសាសនានេះ គប្បីសិក្សា​យ៉ាងនេះថា ពួកយើងនឹង​ជាអ្នកសន្តោស ដោយចីវរ តាមមានតាមបានផង ជាអ្នកពោលសរសើរ​គុណ នៃសេចក្តីសន្តោស ដោយ​ចីវរ តាមមានតាមបានផង មិនដល់នូវអនេសនៈ ដែល​ជា​ធម៌​មិនសមគួរ ព្រោះហេតុ​នៃចីវរផង មិន​តក់ស្លុត ព្រោះមិនបានចីវរផង មិនត្រេកអរ មិនវង្វេង មិនជ្រុលជ្រប់ ព្រោះបានចីវរ​ផង ជាអ្នកឃើញទោស ជាប្រក្រតី មានបញ្ញា​សម្រាប់​​រើខ្លួន និងបរិភោគ (នូវចីវរ)។

(ពាក្យទាំងអស់ បណ្ឌិតត្រូវធ្វើយ៉ាងនេះចុះ)

យើងទាំងឡាយ នឹងជាអ្នកសន្តោស ដោយបិណ្ឌបាត តាមមានតាមបានផង។បេ។ យើង​ទាំងឡាយ នឹងជាអ្នកសន្តោស ដោយសេនាសនៈ តាមមានតាមបានផង។បេ។ យើង​ទាំង​ឡាយ នឹងជាអ្នកសន្តោស ដោយគិលានប្បច្ចយភេសជ្ជបរិក្ខារ តាមមានតាម​បាន​ផង ជាអ្នកពោលសរសើរគុណ នៃ​សេចក្តីសន្តោស ដោយ​គិលានប្បច្ចយភេសជ្ជ​បរិក្ខារ តាមមានតាមបានផង មិនដល់នូវអនេសនៈ ដែលជាធម៌​មិនសមគួរ ព្រោះហេតុ​នៃ​គិលានប្បច្ចយភេសជ្ជ​បរិក្ខារផង ជាអ្នកមិន​តក់ស្លុត ព្រោះមិនបាន​គិលានប្បច្ចយភេសជ្ជ​​បរិក្ខារផង មិនត្រេកអរ មិនវង្វេង មិនជ្រុលជ្រប់ ព្រោះបានគិលានប្បច្ចយភេសជ្ជ​បរិក្ខារ​ផង ជាអ្នកឃើញទោស ជាប្រក្រតី មានបញ្ញាសម្រាប់​រើខ្លួន បរិភោគ (នូវ​គិលានប្បច្ចយ​ភេសជ្ជ​បរិក្ខារ) ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ត្រូវសិក្សាយ៉ាង​នេះចុះ។ ម្នាលភិក្ខុ​ទាំង​ឡាយ តថាគត នឹងទូន្មាននូវអ្នកទាំងឡាយ តាមបែបកស្សបភិក្ខុ ឬថាតាម​បែបភិក្ខុ​ណា ដែលប្រហែលនឹងកស្សបភិក្ខុ អ្នកទាំងឡាយ ដែលតថាគតទូន្មាន​ហើយ ក៏ត្រូវ​ប្រតិបត្តិតាមបែបនោះចុះ។ ចប់សូត្រទី១។

[១៣២] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមហាកស្សប​មានអាយុ និង​ព្រះសារីបុត្តមានអាយុ នៅក្នុងឥសិបតនមិគទាយវ័ន ទៀបក្រុងពារាណសី។ គ្រានោះ​ឯង ព្រះសារីបុត្តមានអាយុ ចេញអំពីទីស្ងាត់ក្នុងវេលាថ្ងៃរសៀល ហើយចូលទៅរក​ព្រះមហា​កស្សប​​មានអាយុ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹង​ព្រះមហាកស្សប​​មានអាយុ លុះបញ្ចប់ពាក្យដែលគួរ​រីករាយ និងពាក្យដែល​គួរ​រឭកហើយ ក៏អង្គុយ​ក្នុងទី​ដ៏សមគួរ។

[១៣៣] លុះព្រះសារីបុត្តមានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ បានពោលពាក្យ​នេះ នឹងព្រះមហាកស្សប​មានអាយុថា ម្នាលកស្សបមានអាយុ ព្រះមានព្រះភាគ បានត្រាស់​ព្រះពុទ្ធដីកានេះថា បុគ្គល ដែលមិនមាន​សេចក្តីព្យាយាមដុតកំដៅកិលេស មិនមាន​សេចក្តី​ខ្លាចបាប មិនគួរដើម្បីត្រាស់ដឹង មិនគួរដើម្បី​ព្រះនិព្វាន មិនគួរដើម្បី​បាននូវ​ធម៌ដ៏​ក្សេមចាកយោគៈដ៏ប្រសើរឡើយ លុះតែបុគ្គល​មានសេចក្តីព្យាយាម មាន​សេចក្តី​ខ្លាច​បាប ទើបគួរដើម្បី​ត្រាស់ដឹង គួរដើម្បី​ព្រះនិព្វាន គួរបាននូវធម៌ដ៏ក្សេមចាក​យោគៈ​ដ៏ប្រសើរ ម្នាលអាវុសោ បុគ្គល ដែលមិនមាន​សេចក្តីព្យាយាមដុតកំដៅកិលេស មិនមាន​សេចក្តី​ខ្លាចបាប មិនគួរដើម្បីត្រាស់ដឹង មិនគួរដើម្បី​ព្រះនិព្វាន មិនគួរដើម្បី​បាននូវ​ធម៌ដ៏​ក្សេម ចាកយោគៈ ដ៏ប្រសើរទេ តើដូចម្តេចហ្ន៎ ម្នាលអាវុសោ ចំណែក​បុគ្គល ​ជាអ្នក​មាន​សេចក្តីព្យាយាមដុតកំដៅកិលេស ជាអ្នកមាន​សេចក្តីខ្លាចបាប គួរដើម្បី​ត្រាស់​ដឹង គួរ​ដើម្បី​ព្រះនិព្វាន គួរដើម្បីបាន នូវធម៌ដ៏ក្សេម ចាក​យោគៈ ដ៏ប្រសើរ តើដូចម្តេចខ្លះ។

[១៣៤] ម្នាលអាវុសោ ភិក្ខុក្នុងសាសនានេះ មិនធ្វើ​សេចក្តីព្យាយាម ដុតកំដៅកិលេស ដោយគិតថា ពួកអកុសលធម៌ ដ៏លាមក ដែលមិនទាន់កើតឡើង​ ដល់​អាត្មាអញ កាលបើ​កើតឡើង គប្បីប្រព្រឹត្តទៅ ដើម្បី​មិនជាប្រយោជន៍ ដូច្នេះឡើយ មិនធ្វើ​សេចក្តីព្យាយាម ដុតកំដៅកិលេស ដោយគិតថា ពួកអកុសលធម៌ ដ៏លាមក ដែលកើតឡើង​ ដល់​អាត្មាអញ កាលបើអាត្មាអញ មិនបានលះបង់ទេ គប្បីប្រព្រឹត្តទៅ ដើម្បី​មិនជាប្រយោជន៍ ដូច្នេះឡើយ មិនធ្វើ​សេចក្តីព្យាយាម ដុតកំដៅកិលេស ដោយគិតថា ពួកកុសលធម៌ ដែលមិនទាន់កើតឡើង​ ដល់​អាត្មាអញ កាលបើមិនកើត​ឡើង គប្បីប្រព្រឹត្តទៅ ដើម្បី​មិនជាប្រយោជន៍ ដូច្នេះឡើយ មិនធ្វើ​សេចក្តីព្យាយាម ដុតកំដៅកិលេស ដោយគិតថា ពួកកុសលធម៌ ដែលកើតឡើង​ ដល់​អាត្មាអញហើយ កាលបើរលត់ទៅវិញ គប្បីប្រព្រឹត្ត​ទៅ ដើម្បី​មិនជាប្រយោជន៍ ដូច្នេះឡើយ។ ម្នាលអាវុសោ បុគ្គល​ជាអ្នកមិនមាន​សេចក្តី​ព្យាយាម​ដុតកំដៅកិលេស យ៉ាងនេះឯង។

[១៣៥] ម្នាលអាវុសោ ចុះបុគ្គលមិនមានសេចក្តីខ្លាចបាប តើដូចម្តេច។ ម្នាលអាវុសោ ភិក្ខុក្នុងសាសនានេះ មិនខ្លាចបាប ដោយគិតថា ពួកអកុសលធម៌ ដ៏លាមក មិនទាន់​កើតឡើង​ ដល់​អាត្មាអញ កាលបើកើតឡើង គប្បីប្រព្រឹត្តទៅ ដើម្បី​មិនជា​ប្រយោជន៍ មិន​ខ្លាច​បាប ដោយគិតថា ពួកអកុសលធម៌ ដ៏លាមក កើតឡើង​ ដល់​អាត្មាអញហើយ កាលបើអាត្មាអញ មិនបានលះបង់ចេញទេ គប្បីប្រព្រឹត្តទៅ ដើម្បី​មិនជាប្រយោជន៍ មិន​ខ្លាចបាប ដោយគិតថា ពួកកុសលធម៌ ដែលមិនទាន់កើតឡើង​ ដល់​អាត្មាអញ កាល​បើ​មិន​ទាន់កើត​ឡើងទេ គប្បីប្រព្រឹត្តទៅ ដើម្បី​មិនជាប្រយោជន៍ មិនខ្លាចបាប ដោយគិតថា ពួក​កុសលធម៌ ដែលកើតឡើង​ ដល់​អាត្មាអញហើយ កាលបើរលត់ទៅវិញ គប្បីប្រព្រឹត្ត​ទៅ ដើម្បី​មិនជាប្រយោជន៍។ ម្នាលអាវុសោ បុគ្គល​មិនមានសេចក្តីខ្លាចបាប យ៉ាងនេះ​ឯង។ ម្នាលអាវុសោ បុគ្គល ជាអ្នក​មិនមាន​សេចក្តី​ព្យាយាម ដុតកំដៅកិលេស មិនមាន​សេចក្តី​ខ្លាចបាប មិនគួរដើម្បីត្រាស់ដឹង មិនគួរដើម្បី​ព្រះនិព្វាន មិនគួរដើម្បីបាន​នូវធម៌ ដ៏ក្សេម​ចាកយោគៈ ដ៏ប្រសើរ យ៉ាងនេះឯង។

[១៣៦] ម្នាលអាវុសោ ចុះបុគ្គល ជាអ្នកមានសេចក្តីព្យាយាម ដុតកំដៅកិលេស តើដូច​ម្តេច។ ម្នាលអាវុសោ ភិក្ខុក្នុងសាសនានេះ ធ្វើនូវ​សេចក្តីព្យាយាម ដុតកំដៅកិលេស ដោយ​គិតថា ពួកអកុសលធម៌ ដ៏លាមក មិនទាន់កើតឡើង​ ដល់​អាត្មាអញ កាលបើ​កើត​ឡើង គប្បីប្រព្រឹត្តទៅ ដើម្បី​មិនជាប្រយោជន៍ ធ្វើ​សេចក្តីព្យាយាម ដុតកំដៅកិលេស ដោយ​គិត​ថា ពួកអកុសលធម៌ ដ៏លាមក កើតឡើង​ ដល់​អាត្មាអញហើយ កាលបើអាត្មា​អញ មិនបានលះបង់ចេញទេ គប្បីប្រព្រឹត្តទៅ ដើម្បី​មិនជាប្រយោជន៍ ធ្វើ​សេចក្តី​ព្យាយាម ដុតកំដៅកិលេស ដោយគិតថា ពួកកុសលធម៌ ដែលមិនទាន់កើតឡើង​ ដល់​អាត្មាអញ កាលបើមិនទាន់កើត​ឡើង គប្បីប្រព្រឹត្តទៅ ដើម្បី​មិនជាប្រយោជន៍ ធ្វើ​សេចក្តី​ព្យាយាម ដុតកំដៅកិលេស ដោយគិតថា ពួកកុសលធម៌ ដែលកើតឡើង​ ដល់​អាត្មាអញ​ហើយ កាលបើរលត់ទៅវិញ គប្បីប្រព្រឹត្តទៅ ដើម្បី​មិនជាប្រយោជន៍។ ម្នាលអាវុសោ បុគ្គល​​ជាអ្នកមានសេចក្តីព្យាយាមដុតកំដៅកិលេស យ៉ាងនេះឯង។

[១៣៧] ម្នាលអាវុសោ ចុះបុគ្គលជាអ្នកមានសេចក្តីខ្លាចបាប តើដូចម្តេច។ ម្នាលអាវុសោ ភិក្ខុក្នុងសាសនានេះ រមែងខ្លាចបាប ដោយគិតថា ពួកអកុសលធម៌ ដ៏លាមក ដែល​មិន​ទាន់កើតឡើង​ ដល់​អាត្មាអញ កាលបើកើតឡើង គប្បីប្រព្រឹត្តទៅ ដើម្បី​មិនជា​ប្រយោជន៍ រមែងខ្លាចបាប ដោយគិតថា ពួកអកុសលធម៌ ដែលកើតឡើង​ ដល់​អាត្មាអញហើយ កាល​បើអាត្មាអញ មិនបានលះបង់ចេញទេ គប្បីប្រព្រឹត្តទៅ ដើម្បី​មិនជាប្រយោជន៍ រមែងខ្លាចបាប ដោយគិតថា ពួកកុសលធម៌ ដែលមិនទាន់កើតឡើង​ ដល់​អាត្មាអញ កាលបើមិនទាន់កើត​ឡើង គប្បីប្រព្រឹត្តទៅ ដើម្បី​មិនជាប្រយោជន៍ រមែងខ្លាចបាប ដោយគិតថា ពួកកុសលធម៌ ដែលកើតឡើង​ ដល់​អាត្មាអញហើយ កាលបើរលត់ទៅវិញ គប្បីប្រព្រឹត្តទៅ ដើម្បី​មិនជាប្រយោជន៍។ ម្នាលអាវុសោ បុគ្គល​ជាអ្នក​មានសេចក្តី​ខ្លាច​បាប យ៉ាងនេះឯង។ ម្នាលអាវុសោ បុគ្គល ជាអ្នកមាន​សេចក្តី​ព្យាយាម ដុតកំដៅកិលេស ជាអ្នក​មានសេចក្តីខ្លាចបាប ទើបគួរដើម្បីត្រាស់ដឹង គួរដើម្បី​ព្រះនិព្វាន គួរដើម្បីបាន​នូវធម៌ ដ៏ក្សេមចាកយោគៈ ដ៏ប្រសើរ យ៉ាងនេះឯង។ ចប់សូត្រ ទី២។

[១៣៨] ព្រះមានព្រះភាគ គង់នៅទៀបក្រុងសាវត្ថី… ក្នុងទីនោះឯង ព្រះមានព្រះភាគ… ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ មានឧបមា​ដូចជា​ព្រះចន្ទ [ភិក្ខុប្រព្រឹត្ត​ខ្លួន​ដូចជាព្រះចន្ទ ហើយចូលទៅកាន់ត្រកូលនោះ គឺ​មិនរើសមុខថា ក្សត្រិយ៍ ឬព្រាហ្មណ៍​ជាដើម ដូចព្រះចន្ទដែលផ្សាយរស្មីមិនរើសមុខសត្វណាមួយ​ឡើយ។] ចូរដកកាយ ដកចិត្ត​ចេញ ធ្វើដូចជាអាគន្តុកភិក្ខុ មិនឃ្នើសឃ្នង ក្នុងត្រកូល​ទាំង​ឡាយ ហើយចូល​ទៅកាន់ត្រកូលចុះ។ ម្នាលភិក្ខុទាំងឡាយ បុរសក្រឡេកមើល​នូវ​រណ្តៅ​ចាស់ក្តី នូវទីដែល​មិនរាបស្មើក្នុងភ្នំក្តី នូវទីដែលឆ្លងបានដោយលំបាកក្នុងស្ទឹងក្តី តែង​ដក​កាយ ដកចិត្ត​ចេញ យ៉ាងណា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ មានឧបមាដូចជា​ព្រះចន្ទ ចូរដក​កាយ ដកចិត្តចេញ ធ្វើដូចជាអាគន្តុកភិក្ខុ មិនឃ្នើសឃ្នង ក្នុងត្រកូល​ទាំង​ឡាយ ហើយ​ចូល​ទៅកាន់ត្រកូលចុះ យ៉ាងនោះឯង។ ម្នាលភិក្ខុទាំងឡាយ កស្សបមាន​​ឧបមាដូច​ព្រះចន្ទ តែងដកកាយ ដកចិត្តចេញ ធ្វើដូចជាអាគន្តុកភិក្ខុ មិនឃ្នើសឃ្នង ក្នុងត្រកូល​ទាំង​ឡាយ ហើយចូលទៅកាន់ត្រកូល។

[១៣៩]  ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយសំគាល់​ហេតុនោះដូចម្តេច ភិក្ខុមាន​សភាព​ដូចម្តេច ដែលគួរចូលទៅកាន់ត្រកូលទាំងឡាយបាន។ បពិត្រព្រះអង្គដ៏ចំរើន ធម៌​ទាំងឡាយរបស់ពួកខ្ញុំព្រះអង្គ សឹងមាន​ព្រះមានព្រះភាគ​ជាឫស មានព្រះមានព្រះភាគ ជា​អ្នកណែនាំ មានព្រះមានព្រះភាគ ជាទីពឹងអាស្រ័យ បពិត្រព្រះអង្គដ៏ចំរើន សូម​ព្រះមានព្រះភាគ ទ្រង់ព្រះមេត្តាប្រោស បំភ្លឺសេចក្តីនៃភាសិតនុ៎ះ ឲ្យទាន ពួកភិក្ខុបាន​ស្តាប់​ព្រះមានព្រះភាគហើយ នឹងបានចងចាំទុក។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់លើក​ព្រះហស្តទៅក្នុងអាកាស ហើយធ្វើឲ្យញ័រ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បាតដៃ​នេះ មិនជាប់ មិនចំពាក់ មិនស្អិត លើអាកាស យ៉ាងណា ម្នាលភិក្ខុទាំងឡាយ ភិក្ខុណាមួយ ចូល​ទៅកាន់ត្រកូលទាំងឡាយហើយ មានចិត្ត​មិនជាប់ មិនចំពាក់ មិនស្អិតក្នុងត្រកូល​ទាំង​ឡាយ ដោយគិតថា ពួកជនដែលប្រាថ្នាលាភ ចូរឲ្យបាន​នូវលាភចុះ ពួកជនប្រាថ្នា​បុណ្យ ចូរធ្វើបុណ្យចុះ យ៉ាងនោះឯង បុគ្គលជាអ្នកពេញចិត្ត មានចិត្តល្អ ដោយលាភ​របស់​ខ្លួន យ៉ាងណា បុគ្គល​ជាអ្នកពេញចិត្ត មានចិត្តល្អ ដោយលាភរបស់​ពួកជនដទៃ យ៉ាងនោះឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុបែបនេះ ទើបគួរចូលទៅកាន់ត្រកូលទាំង​ឡាយបាន។ ម្នាលភិក្ខុទាំងឡាយ កាលកស្សបភិក្ខុ ចូលទៅកាន់ត្រកូលទាំង​ឡាយ មានចិត្ត​មិនជាប់ មិនចំពាក់ មិនស្អិត ក្នុងត្រកូល​ទាំង​ឡាយ ដោយគិតថា ពួកជន​ប្រាថ្នាលាភ ចូរបាន​លាភចុះ ពួកជនប្រាថ្នា​បុណ្យ ចូរធ្វើនូវបុណ្យចុះ ជន​ជាអ្នកពេញចិត្ត មានចិត្តល្អ ដោយលាភ​របស់​ខ្លួន យ៉ាងណា បុគ្គល​ជាអ្នកពេញចិត្ត មានចិត្តល្អ ដោយលាភរបស់​ពួកបុគ្គលដទៃ យ៉ាងនោះដែរ។

[១៤០] ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយសំគាល់​ហេតុនោះដូចម្តេច ធម្មទេសនា របស់ភិក្ខុបែបណា ដែល​មិនបរិសុទ្ធ ធម្មទេសនា របស់ភិក្ខុបែបណា ដែលបរិសុទ្ធ។ បពិត្រព្រះអង្គដ៏ចំរើន ធម៌​ទាំងឡាយ របស់ពួកខ្ញុំព្រះអង្គ សឹងមាន​ព្រះមានព្រះភាគ​ជាឫស មានព្រះមានព្រះភាគ ជា​អ្នកណែនាំ មានព្រះមានព្រះភាគ ជាទីពឹងអាស្រ័យ បពិត្រព្រះអង្គដ៏ចំរើន សូម​ព្រះមានព្រះភាគ ទ្រង់ព្រះមេត្តាប្រោស សំដែង​សេចក្តី នៃភាសិតនុ៎ះ ឲ្យទាន ពួកភិក្ខុបាន​ស្តាប់​ព្រះមានព្រះភាគហើយ នឹងបានចងចាំទុក។ ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ អ្នកទាំងឡាយ ចូរប្រុងស្តាប់ ចូរធ្វើទុកក្នុងចិត្ត ឲ្យ​ប្រពៃចុះ តថាគតនឹងសំដែង។ ភិក្ខុទាំងនោះ ទទួលព្រះបន្ទូល​ព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ភាសិតនេះថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុណានីមួយ តាំងចិត្តយ៉ាងនេះថា អើហ្ន៎ ពួកជន គប្បីស្តាប់ធម៌របស់អាត្មាអញ លុះស្តាប់រួចហើយ ជ្រះ​ថ្លាចំពោះធម៌ លុះជ្រះថ្លាពិតហើយ គប្បីធ្វើនូវ​អាការជ្រះថ្លា ចំពោះ​អាត្មាអញទៀត ហើយ​ក៏សំដែងធម៌ ដល់​ពួកជនដទៃ។ ម្នាលភិក្ខុទាំងឡាយ ធម្មទេសនារបស់​ភិក្ខុបែបនេះ ឈ្មោះថា មិនបរិសុទ្ធទេ។ ម្នាលភិក្ខុទាំងឡាយ លុះតែភិក្ខុណា តាំងចិត្តយ៉ាងនេះថា ព្រះធម៌ ដែលព្រះមានព្រះភាគ ទ្រង់សំដែង​ហើយ ដោយប្រពៃ ជាធម៌ ដែល​អ្នកប្រាជ្ញ​ គប្បីឃើញ​ច្បាស់ ដោយខ្លួនឯង ជាធម៌ឲ្យផល មិនរង់ចាំកាល ជាធម៌មានអាការ​ដូចជា​ហៅបុគ្គលដទៃ ឲ្យចូល​មកមើលបាន ជាធម៌គួរបង្អោនចូលមកទុកក្នុងខ្លួន ជាធម៌ដែល​អ្នក​ប្រាជ្ញទាំងឡាយ គប្បីដឹងចំពោះខ្លួន អើហ្ន៎ ពួកជនដទៃ គប្បីស្តាប់ធម៌របស់អាត្មាអញ លុះស្តាប់រួចហើយ គប្បីដឹងច្បាស់នូវធម៌ លុះដឹងច្បាស់នូវធម៌ហើយ គប្បីប្រតិបត្តិ​តាមបែប​នោះ ហើយ​ក៏សំដែងធម៌ ដល់​ពួកជនដទៃ ភិក្ខុសំដែងធម៌ ដល់ពួកជនដទៃ ព្រោះអាស្រ័យ​នូវភាព​នៃធម៌​ជាធម៌ល្អ សំដែងធម៌ ដល់ពួកជនដទៃ ព្រោះអាស្រ័យ​សេចក្តីករុណា សំដែងធម៌ ដល់ពួកជនដទៃ ព្រោះអាស្រ័យ​សេចក្តីអាណិត សំដែងធម៌ ដល់ពួកជនដទៃ ព្រោះអាស្រ័យសេចក្តី​អនុគ្រោះ ដូចសំដែង​មកនេះឯង។ ម្នាលភិក្ខុទាំងឡាយ ធម្មទេសនារបស់ភិក្ខុបែបនេះ​ ទើបឈ្មោះថា បរិសុទ្ធ។

[១៤១] ម្នាលភិក្ខុទាំងឡាយ កស្សបភិក្ខុតាំងចិត្តយ៉ាងនេះថា ព្រះធម៌ ដែល​ព្រះមានព្រះភាគ ទ្រង់សំដែង​ហើយ ដោយប្រពៃ ជាធម៌ ដែល​អ្នកប្រាជ្ញ​ គប្បីឃើញ​ច្បាស់ ដោយខ្លួនឯង ជាធម៌ឲ្យផល មិនរង់ចាំកាល ជាធម៌មានអាការ​ដូចជា​ហៅបុគ្គល​ដទៃ ឲ្យចូល​មកមើលបាន ជាធម៌គួរបង្អោនចូលមកទុកក្នុងខ្លួន ជាធម៌ដែល​អ្នក​ប្រាជ្ញ​ទាំងឡាយ គប្បីដឹងចំពោះខ្លួន អើហ្ន៎ ពួកជនដទៃ គប្បីស្តាប់ធម៌របស់អាត្មាអញ លុះស្តាប់រួចហើយ គប្បីដឹងច្បាស់នូវធម៌ លុះដឹងច្បាស់ហើយ គប្បីប្រតិបត្តិ​តាមបែប​នោះ ហើយ​ក៏សំដែងធម៌ ដល់​ពួកជនដទៃ កស្សបភិក្ខុ រមែងសំដែងធម៌ ដល់ពួកជនដទៃ ព្រោះអាស្រ័យ​នូវភាព​នៃធម៌​ជាធម៌ល្អ សំដែងធម៌ ដល់ពួកជនដទៃ ព្រោះអាស្រ័យ​សេចក្តីករុណា សំដែងធម៌ ដល់ពួកជនដទៃ ព្រោះអាស្រ័យ​សេចក្តីអាណិត សំដែងធម៌ ដល់ពួកជនដទៃ ព្រោះអាស្រ័យ​សេចក្តីអនុគ្រោះ ដូចសំដែង​មកនេះឯង។ ម្នាលភិក្ខុទាំងឡាយ តថាគត នឹងទូន្មានអ្នកទាំងឡាយ តាមបែប​កស្សបភិក្ខុ ឬក៏តាម​បែប​ភិក្ខុណា ដែលប្រហែលនឹង​កស្សបភិក្ខុ អ្នកទាំងឡាយ ដែលតថាគត ទូន្មានហើយ គប្បី​ប្រតិបត្តិតាមបែបនោះចុះ។ ចប់សូត្រ ទី៣។

[១៤២] ព្រះមានព្រះភាគ គង់នៅទៀបក្រុងសាវត្ថី… ម្នាលភិក្ខុទាំងឡាយ អ្នក​ទាំង​ឡាយ សំគាល់ហេតុនោះដូចម្តេច ភិក្ខុបែបណា គួរជាអ្នកចូលទៅកាន់ត្រកូលបាន ភិក្ខុ​បែបណា មិនគួរជាអ្នកចូលទៅកាន់​ត្រកូលបាន។ បពិត្រព្រះអង្គដ៏ចំរើន ធម៌ទាំង​ឡាយ របស់ពួកខ្ញុំព្រះអង្គ សឹងមានព្រះមានព្រះភាគ​ជាឫស។បេ។

[១៤៣] ព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុណាមួយ ចូលទៅកាន់​ត្រកូល​ដោយគិតថា ពួកជន​ចូរឲ្យ​តែអាត្មាអញ កុំមិនឲ្យ​ដល់​អាត្មាអញឡើយ ចូរឲ្យ​តែវត្ថុ​ច្រើនដល់អាត្មាអញ កុំឲ្យនូវវត្ថុតិចឡើយ ចូរឲ្យ​តែវត្ថុ​ដ៏ថ្លៃ​ថ្លា ដល់អាត្មាអញ កុំឲ្យនូវវត្ថុសៅហ្មងឡើយ ចូរឲ្យ​ដល់អាត្មាអញ ជាប្រញាប់ កុំឲ្យយឺតយូរ​ឡើយ ចូរឲ្យដល់​អាត្មាអញ ដោយការគោរព កុំឲ្យដោយសេចក្តី​មិនគោរពឡើយ។ ម្នាលភិក្ខុទាំងឡាយ កាលបើភិក្ខុនោះតាំងចិត្ត​យ៉ាងនេះហើយ ចូលទៅកាន់ត្រកូល ឯពួក​ជនក៏មិនបាន​ឲ្យឡើយ ភិក្ខុក៏ឃ្នើសចិត្ត ព្រោះការមិនឲ្យនោះ ភិក្ខុនោះ ក៏ទទួល​ទុក្ខទោមនស្ស ព្រោះមានការមិនឲ្យនោះជាហេតុ។ ពួកជនឲ្យវត្ថុតិច មិនឲ្យវត្ថុច្រើន។បេ។ ឲ្យវត្ថុសៅហ្មង មិនឲ្យវត្ថុថ្លៃថ្លា ឲ្យយឺតយូរ មិនឲ្យប្រញាប់ប្រញាល់ ភិក្ខុក៏ឃ្នើសចិត្ត ព្រោះ​ការឲ្យតិចជាដើមនោះ ភិក្ខុនោះ ក៏ទទួលទុក្ខទោមនស្ស ព្រោះមានការឲ្យតិចជាដើម​នោះជាហេតុ។ ពួកជនឲ្យដោយសេចក្តីមិនគោរព មិនឲ្យ​ដោយសេចក្តីគោរព ភិក្ខុក៏ឃ្នើស​ចិត្ត ដោយការមិនគោរពនោះ ភិក្ខុនោះ ក៏ទទួល​ទុក្ខទោមនស្ស ព្រោះការមិនឲ្យ​ដោយ​សេចក្តីគោរពនោះជាហេតុ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុបែបនេះឯង មិនគួរ​ដើម្បី​ជាអ្នកចូល​ទៅកាន់ត្រកូលទេ។

[១៤៤] ម្នាលភិក្ខុទាំងឡាយ ភិក្ខុណា ចូលទៅកាន់ត្រកូល តាំងចិត្ត​យ៉ាងនេះថា អាត្មាអញ គប្បីបានវត្ថុនោះអំពីណា ក្នុងពួកត្រកូល​នៃបុគ្គលដទៃ ពួកជនដទៃ ចូរ​ឲ្យ​ដល់​អាត្មាអញ កុំខានឲ្យឡើយ ចូរឲ្យ​តែវត្ថុដ៏​ច្រើនមួយយ៉ាងដល់អាត្មាអញ កុំឲ្យវត្ថុតិចឡើយ ចូរឲ្យ​តែវត្ថុ​ដ៏ថ្លៃ​ថ្លា ដល់អាត្មាអញ កុំឲ្យវត្ថុសៅហ្មងឡើយ ចូរឲ្យ​ដល់អាត្មាអញ ជាប្រញាប់ កុំឲ្យយឺតយូរ​ឡើយ ចូរឲ្យដល់​អាត្មាអញ ដោយសេចក្តីគោរព កុំឲ្យដោយសេចក្តី​មិនគោរពឡើយ។ ម្នាលភិក្ខុទាំងឡាយ ថាបើភិក្ខុនោះចូល​ទៅកាន់​ត្រកូល តាំងចិត្ត​យ៉ាងនេះហើយ (បើ) ពួក​ជនគេមិនឲ្យ ភិក្ខុក៏មិនឃ្នើសចិត្ត ព្រោះការមិនឲ្យនោះ ភិក្ខុនោះ ក៏មិនទទួល​ទុក្ខទោមនស្ស ព្រោះគេមិនឲ្យនោះជាហេតុ​ឡើយ។ ពួកជនឲ្យវត្ថុតិច មិនឲ្យវត្ថុច្រើន ភិក្ខុក៏មិនឃ្នើស​ចិត្ត ព្រោះការឲ្យ​តិចនោះឡើយ ភិក្ខុនោះ ក៏មិនទទួល​ទុក្ខទោមនស្ស ព្រោះការឲ្យតិច មិនឲ្យច្រើននោះជាហេតុឡើយ។ ពួក​ជនឲ្យវត្ថុសៅហ្មង មិនឲ្យវត្ថុថ្លៃថ្លា… ពួកជនឲ្យយឺតយូរ មិនឲ្យប្រញាប់ប្រញាល់ ភិក្ខុ​ក៏មិនឃ្នើសចិត្ត ព្រោះការមិនឲ្យ​ប្រញាប់នោះ ភិក្ខុនោះ ក៏មិនទទួលទុក្ខទោមនស្ស ព្រោះ​ការឲ្យយឺតយូរ មិនឲ្យប្រញាប់ប្រញាល់នោះជាហេតុឡើយ។ ពួកជនឲ្យ​ដោយ​សេចក្តី​មិន​គោរព មិនឲ្យ​ដោយសេចក្តីគោរព ភិក្ខុក៏មិនឃ្នើស​ចិត្ត ព្រោះការ​ឲ្យដោយ​សេចក្តីមិនគោរពនោះ ភិក្ខុនោះ មិនទទួល​ទុក្ខទោមនស្ស ព្រោះគេឲ្យមិនគោរព មិនឲ្យដោយ​សេចក្តីគោរពនោះជាហេតុឡើយ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុយ៉ាង​នេះឯង ទើបគួរ​ដើម្បីចូល​ទៅកាន់ត្រកូលបាន។

[១៤៥] ម្នាលភិក្ខុទាំងឡាយ កស្សបចូលទៅកាន់ត្រកូលតាំងចិត្តយ៉ាងនេះថា អាត្មាអញ គប្បីបាននូវវត្ថុនោះអំពីណា ក្នុងពួកត្រកូល​នៃបុគ្គលដទៃ ពួកជនដទៃ ចូរ​ឲ្យ​ដល់​អាត្មាអញ កុំខានឲ្យឡើយ ចូរឲ្យ​តែវត្ថុ​ច្រើនដល់អាត្មាអញ កុំឲ្យវត្ថុតិចឡើយ។បេ។ បើពួក​ជនមិនឲ្យ កស្សបក៏មិនឃ្នើសចិត្ត ព្រោះគេមិនឲ្យនោះឡើយ កស្សបនោះ ក៏មិនទទួល​ទុក្ខទោមនស្ស ព្រោះគេមិនឲ្យនោះជាហេតុ​ឡើយ។ ពួកជនឲ្យវត្ថុតិច មិនឲ្យវត្ថុច្រើន កស្សបក៏មិនឃ្នើស​ចិត្ត ព្រោះគេមិនឲ្យវត្ថុច្រើននោះឡើយ កស្សបនោះ ក៏មិនទទួល​ទុក្ខទោមនស្ស ព្រោះគេឲ្យតិច មិនឲ្យច្រើននោះជាហេតុឡើយ។ ពួក​ជន​ឲ្យ​វត្ថុសៅហ្មង មិនឲ្យវត្ថុថ្លៃថ្លា កស្សប ក៏មិនឃ្នើសចិត្ត ព្រោះគេមិនឲ្យវត្ថុថ្លៃថ្លានោះឡើយ កស្សបនោះ មិនទទួលទុក្ខទោមនស្ស ព្រោះគេ​ឲ្យវត្ថុ​សៅហ្មង មិនឲ្យ​វត្ថុថ្លៃថ្លានោះ​ជាហេតុឡើយ។ ពួកជនឲ្យយឺតយូរ មិនឲ្យ​ប្រញាប់ប្រញាល់ កស្សបក៏មិនឃ្នើសចិត្ត ព្រោះ​គេមិនឲ្យ ដោយប្រញាប់ប្រញាល់នោះឡើយ កស្សបនោះ មិនទទួលទុក្ខទោមនស្ស ព្រោះគេឲ្យយឺតយូរ មិនឲ្យប្រញាប់ប្រញាល់នោះជាហេតុឡើយ។ ពួកជនឲ្យ​ដោយ​សេចក្តី​មិន​គោរព មិនឲ្យ​ដោយសេចក្តីគោរព កស្សបក៏មិនឃ្នើស​ចិត្ត ព្រោះគេ​ឲ្យដោយ​សេចក្តីមិនគោរពនោះ កស្សបនោះ មិនទទួល​ទុក្ខទោមនស្ស ព្រោះគេឲ្យមិនគោរព មិនឲ្យដោយ​សេចក្តីគោរពនោះជាហេតុឡើយ។ ម្នាលភិក្ខុទាំងឡាយ តថាគត នឹង​ទូន្មានអ្នកទាំងឡាយ តាមបែប​កស្សប ឬក៏តាមបែប​ភិក្ខុណា ដែល​ប្រហែលនឹង​កស្សប អ្នកទាំងឡាយ ដែលតថាគតទូន្មានហើយ គប្បី​ប្រតិបត្តិតាម បែបនោះចុះ។ ចប់សូត្រទី៤។

[១៤៦] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុង​វត្តវេឡុវ័ន ទៀបក្រុងរាជគ្រឹះ។បេ។ គ្រានោះឯង ព្រះមហាកស្សប មានអាយុ ចូលទៅ​គាល់​ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំ​ព្រះមានព្រះភាគ រួច​អង្គុយក្នុងទីដ៏សមគួរ

[១៤៧] លុះព្រះមហាកស្សបមានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ ព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះថា ម្នាលកស្សប ឥឡូវនេះ អ្នកក៏កាន់តែចាស់​ហើយ ទាំងសំពត់​សំបកធ្មៃនេះរបស់អ្នកក៏ធ្ងន់ ជាសំពត់​បង្សុកូល ដែល​តថាគតឈប់​ស្លៀក​ដណ្តប់ ម្នាលកស្សប ហេតុដូច្នោះ អ្នកចូរស្លៀកដណ្តប់​គហបតិចីវរ ចូរបរិភោគ​និមន្តនភត្ត ចូរនៅជិតតថាគតចុះ។ បពិត្រព្រះអង្គដ៏ចំរើន យូរអង្វែងមកហើយ ខ្ញុំព្រះអង្គ ជាអ្នកប្រព្រឹត្តនៅក្នុងព្រៃផង ជាអ្នកពោលសរសើរគុណ នៃ​ការនៅក្នុងព្រៃផង ជា​អ្នក​ប្រព្រឹត្ត​បិណ្ឌបាតផង ជាអ្នកពោលសរសើរគុណ នៃការ​ប្រព្រឹត្តិបិណ្ឌបាតផង ជាអ្នក​ស្លៀក​ដណ្តប់សំពត់បង្សុកូលផង ជាអ្នកពោលសរសើរគុណ នៃការស្លៀកដណ្តប់​សំពត់​បង្សុកូលផង ជាអ្នក​ទ្រទ្រង់​ចីវរបីផង ជាអ្នកពោលសរសើរគុណ នៃ​ការទ្រទ្រង់​ចីវរបីផង ជា​អ្នកប្រាថ្នាតិចផង ជាអ្នកពោលសរសើរគុណ នៃ​សេចក្តីប្រាថ្នាតិចផង ជាអ្នកសន្តោស​ផង ជាអ្នកពោលសរសើរគុណ នៃ​សេចក្តីសន្តោសផង ជាអ្នកស្ងប់ស្ងាត់ផង ជាអ្នកពោល​សរសើរគុណ នៃ​ការស្ងប់ស្ងាត់ផង ជាអ្នកមិនច្រឡូកច្រឡំ (ដោយពួក) ផង ជាអ្នកពោល​សរសើរ​គុណ នៃ​ការមិនច្រឡូកច្រឡំផង ជាអ្នកប្រារព្ធសេចក្តីព្យាយាមផង ជាអ្នកពោល​សរសើរគុណ នៃ​សេចក្តី​ប្រារព្ធព្យាយាមផង។

[១៤៨] ម្នាលកស្សប ចុះអ្នកឃើញអំណាច​ប្រយោជន៍​ដូចម្តេច បានជាអ្នកប្រព្រឹត្ត​នៅក្នុងព្រៃ ទាំងពោលសរសើរ​គុណ នៃ​ការនៅក្នុងព្រៃ អស់រាត្រីយូរអង្វែងម្ល៉េះ។

(បេយ្យាលៈ យ៉ាងនេះ)

ជាអ្នកប្រព្រឹត្តបិណ្ឌបាតផង… ជាអ្នកស្លៀកដណ្តប់សំពត់បង្សុកូលផង… ជាអ្នក​ទ្រទ្រង់ចីវរ​បីផង… ជាអ្នកប្រាថ្នាតិចផង… ជាអ្នកសន្តោសផង… ជាអ្នកស្ងប់ស្ងាត់ផង… ជា​អ្នកមិនច្រឡូកច្រឡំផង… ជាអ្នកប្រារព្ធសេចក្តីព្យាយាមផង ពោលសរសើរ​គុណ នៃ​ការ​ប្រារព្ធសេចក្តីព្យាយាមផង។

[១៤៩] បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គ ឃើញអំណាចប្រយោជន៍ទាំងពីរ ជាយូរ​អង្វែងមកហើយ ជាអ្នកប្រព្រឹត្តនៅក្នុងព្រៃផង ពោលសរសើរ​គុណ នៃ​ការនៅក្នុង​ព្រៃផង។បេ។ ជាអ្នកប្រព្រឹត្តបិណ្ឌបាតផង… ជាអ្នកទ្រទ្រង់សំពត់​បង្សុកូល​ផង… ជាអ្នក​ទ្រទ្រង់ចីវរ​បីផង… ជាអ្នកប្រាថ្នាតិចផង… ជាអ្នកសន្តោសផង… ជាអ្នក​ស្ងប់​ស្ងាត់​ផង… ជា​អ្នកមិនច្រឡូកច្រឡំផង… ជាអ្នកប្រារព្ធសេចក្តីព្យាយាមផង ពោលសរសើរ​គុណ នៃ​ការ​ប្រារព្ធ​សេចក្តីព្យាយាមផង គឺឃើញនូវធម៌ ជាគ្រឿងនៅជាសុខស្រួល ក្នុង​បច្ចុប្បន្ន​របស់ខ្លួន១ ជាអ្នកអនុគ្រោះប្រជុំជនខាងក្រោយ១ ដោយគិតថា ធ្វើដូចម្តេចហ្ន៎ ប្រជុំជន​ខាងក្រោយ នឹងយកតម្រាប់​ផងបាន បានឮថា ព្រះពុទ្ធ និងសាវ័កជាអនុពុទ្ធ យូរ​អង្វែង​មកហើយ ជាអ្នកប្រព្រឹត្ត​នៅក្នុងព្រៃផង ជាអ្នកពោលសរសើរគុណ នៃ​ការ​នៅ​ក្នុង​ព្រៃផង ជាធម្មតា។បេ។ ជាអ្នកប្រព្រឹត្តបិណ្ឌបាតផង… ជាអ្នក​ស្លៀកដណ្តប់​សំពត់​បង្សុកូល​ផង… ជាអ្នក​ទ្រទ្រង់ចីវរ​បីផង… ជាអ្នកប្រាថ្នាតិចផង… ជាអ្នកសន្តោសផង… ជាអ្នកស្ងប់​ស្ងាត់​ផង… ជា​អ្នកមិនច្រឡូកច្រឡំផង… ជាអ្នកប្រារព្ធសេចក្តីព្យាយាមផង ពោលសរសើរ​គុណ នៃ​ការ​ប្រារព្ធសេចក្តីព្យាយាមផង ជនទាំងនោះ មុខជាប្រតិបត្តិ​ដោយ​ប្រការដូច្នោះ សេចក្តីប្រតិបត្តិនោះ នឹងបានជាប្រយោជន៍ នឹងមាន​សេចក្តី​សុខ ដល់ជនទាំងនោះ អស់កាលយូរអង្វែង បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គឃើញ​អំណាច​ប្រយោជន៍​ទាំងពីរ​នេះ យូរអង្វែងមកហើយ បានជាអ្នកប្រព្រឹត្ត​នៅក្នុងព្រៃផង ពោលសរសើរ​គុណ នៃការ​នៅ​ក្នុងព្រៃផង ជាអ្នកប្រព្រឹត្តបិណ្ឌបាតផង… ជាអ្នកស្លៀកដណ្តប់សំពត់បង្សុកូលផង… ជាអ្នក​ទ្រទ្រង់ចីវរ​បីផង… ជាអ្នកប្រាថ្នាតិចផង… ជាអ្នកសន្តោសផង… ជាអ្នកស្ងប់ស្ងាត់​ផង… ជា​អ្នកមិន​ច្រឡូក​ច្រឡំផង… ជាអ្នកប្រារព្ធសេចក្តីព្យាយាមផង ពោលសរសើរ​គុណ នៃ​ការ​ប្រារព្ធសេចក្តី​ព្យាយាមផង។

[១៥០] ម្នាលកស្សប ប្រពៃហើយៗ ម្នាលកស្សប ឮថា អ្នកប្រតិបត្តិ ដើម្បីប្រយោជន៍​ដល់ជនច្រើន ដើម្បីសុខ​ដល់ជនច្រើន ដើម្បីអនុគ្រោះ ដល់សត្វលោក ដើម្បីសេចក្តី​ចម្រើន ដើម្បីប្រយោជន៍ ដើម្បី​សេចក្តីសុខ ដល់ពួកទេវតា និងមនុស្ស ម្នាលកស្សប ហេតុ​ដូច្នោះ អ្នកចូរទ្រទ្រង់​សំពត់​សម្បកធ្មៃ ជាសំពត់បង្សុកូល ដែលតថាគត​ឈប់ស្លៀក​ដណ្តប់ចុះ ចូរប្រព្រឹត្តបិណ្ឌបាតចុះ ចូរនៅក្នុងព្រៃចុះ។ ចប់សូត្រទី៥។

[១៥១] ទ្រង់គង់នៅក្នុងវត្តវេឡុវ័ន ទៀបក្រុងរាជគ្រឹះ… គ្រានោះឯង ព្រះមហាកស្សប​មានអាយុ ចូលទៅគាល់​ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយ​បង្គំ​ព្រះមានព្រះភាគ រួចអង្គុយក្នុងទីសមគួរ។ លុះព្រះមហាកស្សបមានអាយុ អង្គុយក្នុងទី​ដ៏សមគួរ​ហើយ ទើបព្រះមានព្រះភាគ ទ្រង់ត្រាស់​ថា ម្នាលកស្សប អ្នកចូរ​ទូន្មាន​ភិក្ខុទាំងឡាយ ម្នាលកស្សប អ្នកចូរធ្វើធម្មីកថា ដល់ភិក្ខុទាំងឡាយចុះ ម្នាលកស្សប តថាគត ឬអ្នក ត្រូវទូន្មានពួកភិក្ខុ តថាគត ឬអ្នក ត្រូវធ្វើធម្មីកថា ដល់ពួកភិក្ខុ។

[១៥២] បពិត្រព្រះមានព្រះភាគ ឥឡូវនេះ ពួកភិក្ខុ សុទ្ធតែជាអ្នកប្រដៅក្រ ប្រកប​ដោយ​ធម៌ ដែល​ធ្វើឲ្យ​ជាអ្នកប្រដៅក្រ ជាអ្នកមិនអត់សង្កត់ មិនកាន់យកពាក្យប្រដៅ ដោយ​ចំណែក​ស្តាំឡើយ។ បពិត្រព្រះអង្គដ៏ចម្រើន ក្នុងទីឯណោះ ខ្ញុំព្រះអង្គ បានឃើញ​ភិក្ខុឈ្មោះភណ្ឌៈ ជាសទ្ធិវិហារិករបស់អានន្ទ១ ភិក្ខុឈ្មោះអាភិជ្ជិកៈ ជាសទ្ធិវិហារិក របស់​អនុរុទ្ធ១ កំពុងតែនិយាយជជែក​គ្នាដោយពុទ្ធវចនៈថា ម្នាលភិក្ខុ អ្នកចូរមក អ្នកណា​នឹងពោល​ពុទ្ធវចនៈបានច្រើនជាង អ្នកណានឹងពោលពុទ្ធវចនៈពីរោះជាង អ្នកណានឹង​ពោល​ពុទ្ធវចនៈបានយូរជាង។

[១៥៣] គ្រានោះឯង ព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុមួយរូបមកថា ម្នាល​ភិក្ខុ អ្នកចូរមក អ្នកចូរទៅហៅភណ្ឌភិក្ខុ ជាសទ្ធិវិហារិករបស់​អានន្ទ១ អាភិជ្ជិកភិក្ខុ ជា​សទ្ធិវិហារិក របស់​អនុរុទ្ធ១ តាមពាក្យតថាគតថា ព្រះសាស្តាត្រាស់ហៅ​លោកមានអាយុ​ទាំងឡាយ។ ភិក្ខុនោះ ទទួល​ព្រះបន្ទូល​ព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ ហើយ​ក៏ចូល​ទៅរកភិក្ខុទាំងនោះ លុះចូលទៅដល់ហើយ បានពោលនឹងភិក្ខុទាំងនោះ ដូច្នេះថា ព្រះសាស្តា ទ្រង់ត្រាស់ហៅ​លោកមានអាយុ​ទាំងឡាយ។ ភិក្ខុទាំងនោះ ក៏ទទួលពាក្យ​ភិក្ខុ​នោះថា អើលោកមានអាយុ ហើយក៏ចូល​ទៅគាល់​ព្រះមានព្រះភាគ លុះចូលទៅដល់​ហើយ ក៏ថ្វាយបង្គំ​ព្រះមានព្រះភាគ រួចអង្គុយក្នុងទីដ៏សមគួរ។

[១៥៤] លុះភិក្ខុទាំងនោះ អង្គុយក្នុងទីដ៏សមគួរហើយ ព្រះមានព្រះភាគ ទ្រង់​ត្រាស់​យ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ បានឮថា អ្នកទាំងឡាយ និយាយជជែកគ្នា ដោយ​ពុទ្ធវចនៈ​ថា ម្នាលភិក្ខុ អ្នកចូរមក អ្នកណានឹងពោល​ពុទ្ធវចនៈបានច្រើនជាង អ្នកណានឹង​ពោល​ពុទ្ធវចនៈពីរោះជាង អ្នកណានឹងពោលពុទ្ធវចនៈបានយូរជាង ពិតមែន​ឬ។ សូម​ទ្រង់​​ព្រះមេត្តាប្រោស ពិតមែន។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ដឹង​ធម៌ដែលតថាគត សំដែង​ហើយយ៉ាងនេះឬហ្ន៎ ម្នាលភិក្ខុទាំងឡាយ បានជាអ្នក​ទាំងឡាយ ហ៊ាននិយាយ​ជជែកគ្នា ដោយ​ពុទ្ធវចនៈយ៉ាងនេះ​ថា ម្នាលភិក្ខុ អ្នកចូរមក អ្នកណានឹងពោល​ពុទ្ធវចនៈបានច្រើនជាង អ្នកណានឹងពោលពុទ្ធវចនៈពីរោះជាង អ្នក​ណា​នឹងពោលពុទ្ធវចនៈ​បាន​យូរជាង។ សូមទ្រង់ព្រះមេត្តាប្រោស មិនបានដឹង​ ដូច្នោះ​ទេ។ ម្នាលភិក្ខុទាំងឡាយ បានឮថា បើអ្នកទាំងឡាយ មិនដឹងធម៌ដែល​តថាគត​សំដែងយ៉ាងនេះទេ ចុះអ្នកទាំងឡាយ​ជាមោឃបុរសដឹងដូចម្តេច ឃើញដូចម្តេច បានជា​មកបួស​ក្នុងធម្មវិន័យដែលតថាគត សំដែងទុកដោយប្រពៃយ៉ាងនេះ ហើយនិយាយ​ជជែកគ្នា ដោយ​ពុទ្ធវចនៈ​ថា ម្នាលភិក្ខុ អ្នកចូរមក អ្នកណានឹងពោល​ពុទ្ធវចនៈ​បាន​ច្រើន​ជាង អ្នកណានឹងពោលពុទ្ធវចនៈពីរោះជាង អ្នកណានឹងពោលពុទ្ធវចនៈបានយូរជាង។

[១៥៥] គ្រានោះឯង ភិក្ខុទាំងនោះ ក៏ក្រាបចុះដោយសិរ្សៈ ទៀបបាទាព្រះមានព្រះភាគ ក្រាបបង្គំទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ទោសខុសគ្រប​សង្កត់ ​នូវខ្ញុំ​ព្រះអង្គទាំងឡាយ តាមដោយខ្ញុំ​ព្រះអង្គ​ទាំងឡាយ ជាមនុស្សពាល ជា​មនុស្ស​វង្វេង ជាមនុស្សមិនឈ្លាស ព្រោះថា ខ្ញុំព្រះអង្គ​ទាំងឡាយ បានបួសក្នុងធម្មវិន័យ ដែល​ព្រះមានព្រះភាគ សំដែង​ទុកដោយ​ប្រពៃ​យ៉ាង​នេះ ហើយនិយាយជជែកគ្នា ដោយ​ពុទ្ធវចនៈ​ថា ម្នាលភិក្ខុ អ្នកចូរមក អ្នកណានឹងពោល​ពុទ្ធវចនៈបានច្រើនជាង អ្នកណា​នឹងពោល​ពុទ្ធវចនៈពីរោះជាង អ្នកណានឹងពោលពុទ្ធវចនៈបានយូរជាង បពិត្រព្រះអង្គដ៏​ចំរើន សូម​ព្រះមានបុណ្យអត់​ទោស តាមទោស ដល់យើងខ្ញុំ​ព្រះអង្គ ដើម្បីនឹងបាន​សង្រួម​តទៅ។

[១៥៦] ម្នាលភិក្ខុទាំងឡាយ បើយ៉ាងហ្នឹងហើយ ទោសខុសក៏គ្របសង្កត់នូវអ្នក​ទាំងឡាយ តាមដែលអ្នក​ទាំងឡាយ ជាមនុស្សពាល ជាមនុស្សវង្វេង ជាមនុស្ស​មិន​ឈ្លាស ព្រោះថា អ្នក​ទាំងឡាយ បានបួសក្នុងធម្មវិន័យ ដែល​តថាគត ពោល​​ទុក​ប្រពៃ​យ៉ាង​នេះ ហើយនិយាយជជែកគ្នា ដោយ​ពុទ្ធវចនៈ​ថា ម្នាលភិក្ខុ អ្នកចូរមក អ្នកណានឹង​ពោល​ពុទ្ធវចនៈបានច្រើនជាង អ្នកណានឹងពោល​ពុទ្ធវចនៈ​ពីរោះជាង អ្នកណានឹងពោល​ពុទ្ធវចនៈបានយូរជាង  ម្នាលភិក្ខុទាំងឡាយ កាលណា​បើអ្នកទាំងឡាយ ឃើញទោស តាមទោសហើយ ធ្វើឲ្យសមតាមធម៌ គឺសំដែង​អាបត្តិ​ចេញ ទើបតថាគតអត់ទោសនោះ ដល់អ្នកទាំងឡាយ ម្នាលភិក្ខុទាំងឡាយ បុគ្គលណាឃើញ​ទោស តាមទោស (របស់ខ្លួន) ហើយធ្វើឲ្យសមតាមធម៌ គឺសំដែង​អាបត្តិចេញផង ដល់នូវការ​សង្រួម​តទៅផង នេះជា​សេចក្តី​​ចម្រើនរបស់​បុគ្គលនោះ ក្នុងវិន័យរបស់ព្រះអរិយ​បុគ្គល​បាន។ ចប់សូត្រទី៦។

[១៥៧] ព្រះមានព្រះភាគ ទ្រង់គង់ក្នុងវត្តវេឡុវ័ន ទៀបក្រុងរាជគ្រឹះ… គ្រានោះឯង ព្រះមហាកស្សបមានអាយុ ចូលទៅគាល់​ព្រះមានព្រះភាគ… លុះព្រះមហាកស្សប​មាន​អាយុ អង្គុយក្នុងទីដ៏សមគួរហើយ ទើបព្រះមានព្រះភាគ ទ្រង់​ត្រាស់យ៉ាងនេះថា ម្នាល​កស្សប អ្នកចូរទូន្មាន​ពួកភិក្ខុ ម្នាលកស្សប អ្នកចូរធ្វើធម្មីកថា ចំពោះ​ពួកភិក្ខុ ម្នាលកស្សប តថាគត ឬអ្នក គប្បីទូន្មានពួកភិក្ខុ តថាគត ឬអ្នក គប្បី​ធ្វើ​ធម្មីកថា ចំពោះពួកភិក្ខុ។

[១៥៨] បពិត្រ​ព្រះមានព្រះភាគដ៏ចម្រើន ឥឡូវនេះ ពួកភិក្ខុសុទ្ធតែជាអ្នកប្រដៅក្រ ជា​អ្នកប្រកបដោយធម៌ ដែលធ្វើ​ឲ្យទៅជា​អ្នកប្រដៅក្រ ជាអ្នកមិនអត់សង្កត់ មិនកាន់​យក​ពាក្យប្រដៅ​ដោយចំណែកស្តាំឡើយ។ បពិត្រព្រះអង្គដ៏ចំរើន បុគ្គលណាមួយមិនមាន​សទ្ធា ក្នុងកុសលធម៌ មិនមានហិរិ ក្នុងកុសលធម៌ មិនមានឱត្តប្បៈ ក្នុងកុសលធម៌ មិន​មាន​វីរិយៈ ក្នុងកុសលធម៌ មិនមានបញ្ញាក្នុងកុសលធម៌ វេលាយប់ ឬថ្ងៃរបស់បុគ្គល​នោះមកដល់​ហើយ ក៏មានតែសេចក្តីសាបសូន្យប្រាកដក្នុងកុសលធម៌ ឥតមាន​សេចក្តី​ចម្រើនឡើយ។ បពិត្រព្រះអង្គដ៏ចំរើន យប់ ឬថ្ងៃរបស់ព្រះចន្ទ ក្នុង​កាឡបក្ខតែង​មកដល់ (ព្រះចន្ទក្នុងកាឡបក្ខនោះ) ក៏ចេះតែសាបសូន្យចាកទ្រង់ទ្រាយ សូន្យចាកមណ្ឌល សូន្យ​ចាក​ពន្លឺ សូន្យ​ចាកកំពស់ និងទំហំ យ៉ាងណា បពិត្រព្រះអង្គដ៏ចំរើន បុគ្គលណាមួយ មិន​មានសទ្ធា ក្នុងកុសលធម៌ មិនមានហិរិ… មិនមានឱត្តប្បៈ… មិន​មាន​វីរិយៈ… មិនមាន​បញ្ញា​ក្នុងកុសលធម៌ វេលាយប់ ឬថ្ងៃរបស់បុគ្គល​នោះមកដល់​ហើយ ក៏មានតែ​សេចក្តី​សាបសូន្យ​ប្រាកដក្នុងកុសលធម៌ ឥតមាន​សេចក្តី​ចម្រើនឡើយ យ៉ាងនោះឯង។ បពិត្រ​ព្រះអង្គដ៏ចំរើន ត្រង់ពាក្យថា បុរសបុគ្គល​មិនមានសទ្ធា នេះជាសេចក្តី​សាបសូន្យ​១ បពិត្រព្រះអង្គដ៏ចំរើន ត្រង់ពាក្យថា បុរសបុគ្គល​មិនមានហិរិ នុ៎ះជាសេចក្តី​សាបសូន្យ​១ បពិត្រព្រះអង្គដ៏ចំរើន ត្រង់ពាក្យថា បុរសបុគ្គល​មិនមានឱត្តប្បៈ នុ៎ះជាសេចក្តី​សាបសូន្យ​១ បពិត្រព្រះអង្គដ៏ចំរើន ត្រង់ពាក្យថា បុរសបុគ្គលខ្ជិលច្រអូស នុ៎ះជាសេចក្តី​សាបសូន្យ​១ បពិត្រព្រះអង្គដ៏ចំរើន ត្រង់ពាក្យថា បុរសបុគ្គល​មិនមានបញ្ញា នុ៎ះជាសេចក្តី​សាបសូន្យ​១ បពិត្រព្រះអង្គដ៏ចំរើន ត្រង់ពាក្យថា បុរសបុគ្គល​មានសេចក្តីក្រោធ នុ៎ះជាសេចក្តី​សាប​សូន្យ​១ បពិត្រព្រះអង្គដ៏ចំរើន ត្រង់ពាក្យថា បុរសបុគ្គល​មានការចងគំនុំ នុ៎ះជាសេចក្តី​សាបសូន្យ​១ បពិត្រព្រះអង្គដ៏ចំរើន ត្រង់ពាក្យថា មិនមានពួក​ភិក្ខុជាអ្នក​ទូន្មាន នុ៎ះជា​សេចក្តីសាបសូន្យ១។

[១៥៩] បពិត្រព្រះអង្គដ៏ចំរើន បុគ្គលណាមួយមាន​សទ្ធា ក្នុងកុសលធម៌ មានហិរិ ក្នុងកុសលធម៌ មានឱត្តប្បៈ ក្នុងកុសលធម៌ ​មាន​វីរិយៈ ក្នុងកុសលធម៌ មាន​បញ្ញា​ក្នុង​កុសលធម៌ យប់ ឬថ្ងៃរបស់បុគ្គល​នោះមកដល់​ហើយ ក៏មានតែ​សេចក្តី​ចម្រើន​ប្រាកដ​ក្នុងកុសលធម៌ មិនសាបសូន្យឡើយ។ បពិត្រព្រះអង្គដ៏ចំរើន យប់ ឬថ្ងៃរបស់ព្រះចន្ទ ក្នុង​ជុណ្ហបក្ខ គឺខាងខ្នើត​មកដល់ (ព្រះចន្ទនោះ) តែងចំរើន ដោយទ្រង់ទ្រាយ ចម្រើន​ដោយ​មណ្ឌល ចម្រើនដោយ​ពន្លឺ ចម្រើនដោយកំពស់ និងទំហំ យ៉ាងណា បពិត្រព្រះអង្គ​ដ៏ចំរើន បុគ្គលណាមួយ ​មានសទ្ធា ក្នុងកុសលធម៌ មានហិរិ… មានឱត្តប្បៈ… ​មាន​វីរិយៈ… មាន​បញ្ញា​ក្នុងកុសលធម៌ យប់ ឬថ្ងៃនៃបុគ្គល​នោះមកដល់ សេចក្តីចម្រើន ក៏ប្រាកដ​ក្នុងកុសលធម៌ទាំងឡាយ មិនសាបសូន្យឡើយ យ៉ាងនោះឯង។ បពិត្រព្រះអង្គដ៏ចំរើន ត្រង់ពាក្យថា បុរសបុគ្គលមានសទ្ធា នុ៎ះជាសេចក្តីមិន​សាបសូន្យ​១ បពិត្រព្រះអង្គដ៏ចំរើន ត្រង់ពាក្យថា បុរសបុគ្គលមានហិរិ នុ៎ះជាសេចក្តី​មិនសាបសូន្យ​១ បពិត្រព្រះអង្គដ៏ចំរើន ត្រង់ពាក្យថា បុរសបុគ្គលមានឱត្តប្បៈ នុ៎ះជាសេចក្តីមិន​សាបសូន្យ​១ បពិត្រព្រះអង្គ​ដ៏​ចំរើន ត្រង់ពាក្យថា បុរសបុគ្គលមានវីរិយៈប្រារព្ធហើយ នុ៎ះជាសេចក្តី​មិនសាបសូន្យ​១ បពិត្រព្រះអង្គដ៏ចំរើន ត្រង់ពាក្យថា បុរសបុគ្គលមានបញ្ញា នុ៎ះជាសេចក្តី​មិនសាបសូន្យ​១ បពិត្រព្រះអង្គដ៏ចំរើន ត្រង់ពាក្យថា បុរសបុគ្គលមិន​មានសេចក្តីក្រោធ នុ៎ះជាសេចក្តីមិន​សាបសូន្យ​១ បពិត្រព្រះអង្គដ៏ចំរើន ត្រង់ពាក្យថា បុរសបុគ្គល​មិនមានការចងគំនុំ នុ៎ះជា​សេចក្តី​មិនសាបសូន្យ​១ បពិត្រព្រះអង្គដ៏ចំរើន ត្រង់ពាក្យថា មានពួក​ភិក្ខុជាអ្នក​ទូន្មាន នុ៎ះជាសេចក្តីមិនសាបសូន្យ១។

[១៦០] ម្នាលកស្សប ត្រូវណាស់ហើយៗ បុគ្គលណាមួយ មិនមានសទ្ធា ក្នុងកុសលធម៌ មិនមានហិរិ… មិនមានឱត្តប្បៈ… មិន​មាន​វីរិយៈ… មិនមានបញ្ញា ក្នុងកុសលធម៌​ទាំង​ឡាយ យប់ ឬថ្ងៃនៃបុគ្គល​នោះមកដល់​ សេចក្តីសាបសូន្យ ក៏ប្រាកដក្នុងកុសលធម៌​ទាំង​ឡាយ មិនមាន​សេចក្តី​ចម្រើនឡើយ។ ម្នាលកស្សប យប់ ឬថ្ងៃនៃ​ព្រះចន្ទ ក្នុងចំណែក​រនោច​មកដល់ (ព្រះចន្ទនោះ) តែងសាបសូន្យចាកទ្រង់ទ្រាយ សាបសូន្យចាកមណ្ឌល សាបសូន្យ​ចាក​ពន្លឺ សាបសូន្យ​ចាកកំពស់ និងទំហំ យ៉ាងណា ម្នាល​កស្សប បុគ្គលណា​មួយ មិន​មានសទ្ធា ក្នុងកុសលធម៌ទាំងឡាយ មិនមានហិរិ… មិនមានឱត្តប្បៈ… មិន​មាន​វីរិយៈ… មិនមាន​បញ្ញា ​ក្នុងកុសលធម៌ទាំងឡាយ យប់ ឬថ្ងៃនៃបុគ្គល​នោះមកដល់​ ​សេចក្តី​សាបសូន្យ ក៏​ប្រាកដក្នុងកុសលធម៌ទាំងឡាយ មិនមាន​សេចក្តី​ចម្រើនឡើយ យ៉ាងនោះ​ឯង។ ម្នាលកស្សប ត្រង់ពាក្យថា បុរសបុគ្គល​មិនមានសទ្ធា នុ៎ះជាសេចក្តី​សាបសូន្យ​១។បេ។ ​មិនមានហិរិ។បេ។ ​មិនមានឱត្តប្បៈ។បេ។ ជាអ្នកខ្ជិលច្រអូស។បេ។ ​មិនមានបញ្ញា។បេ។ ​មានសេចក្តីក្រោធ។បេ។ ម្នាលកស្សប ត្រង់ពាក្យថា បុរសបុគ្គលជាអ្នក​មានការ​ចង​គំនុំ នុ៎ះជាសេចក្តី​សាបសូន្យ​១ ម្នាលកស្សប ត្រង់ពាក្យថា មិនមានពួក​ភិក្ខុជាអ្នក​ទូន្មាន នុ៎ះជាសេចក្តីសាបសូន្យ១។

[១៦១] ម្នាលកស្សប បុគ្គលណាមួយ មានសទ្ធា ក្នុងកុសលធម៌ទាំងឡាយ មានហិរិ… មានឱត្តប្បៈ… ​មាន​វីរិយៈ… មានបញ្ញា ក្នុងកុសលធម៌ទាំងឡាយ យប់ ឬថ្ងៃនៃបុគ្គល​នោះ​មកដល់​ សេចក្តីចម្រើន ក៏ប្រាកដក្នុងកុសលធម៌ទាំងឡាយ មិនមាន​សេចក្តីសាប​សូន្យ​ឡើយ។ ម្នាលកស្សប យប់ ឬថ្ងៃនៃ​ព្រះចន្ទ ក្នុងចំណែក​ខ្នើត​មកដល់ (ព្រះចន្ទនោះ) តែងចម្រើនដោយទ្រង់ទ្រាយ ចម្រើនដោយមណ្ឌល ចម្រើនដោយ​ពន្លឺ ចម្រើនដោយ​កំពស់ និងទំហំ យ៉ាងណា ម្នាល​កស្សប បុគ្គលណាមួយ ​មានសទ្ធា ក្នុងកុសលធម៌​ទាំងឡាយ មានហិរិ… មានឱត្តប្បៈ… ​មាន​វីរិយៈ… មាន​បញ្ញា ​ក្នុងកុសលធម៌ទាំងឡាយ យប់ ឬថ្ងៃនៃបុគ្គល​នោះមកដល់​ ​សេចក្តីចម្រើន ក៏​ប្រាកដក្នុងកុសលធម៌ទាំងឡាយ មិនមាន​សេចក្តីសាបសូន្យឡើយ យ៉ាងនោះឯង។ ម្នាលកស្សប ត្រង់ពាក្យថា បុរស​បុគ្គលមានសទ្ធា នុ៎ះជាសេចក្តី​មិនសាបសូន្យ​១ ​មានហិរិ។បេ។ មានឱត្តប្បៈ។បេ។ មាន​ព្យាយាមប្រារព្ធហើយ។បេ។ មានបញ្ញា។បេ។ ​មិនមានសេចក្តីក្រោធ។បេ។ ម្នាលកស្សប ត្រង់​ពាក្យថា បុរសបុគ្គលជាអ្នកមិន​មានការចងគំនុំ នុ៎ះជាសេចក្តី​មិនសាបសូន្យ​១ ម្នាល​កស្សប ត្រង់ពាក្យថា មានពួក​ភិក្ខុ​ជា​អ្នក​​ទូន្មាន នុ៎ះជាសេចក្តីមិនសាបសូន្យ១។ ចប់សូត្រទី៧។

[១៦២] ព្រះមានព្រះភាគ ទ្រង់គង់នៅវត្តវេឡុវ័ន ជាកលន្ទកនិវាបស្ថាន ទៀបក្រុង​រាជគ្រឹះ។ គ្រានោះ ព្រះមហាកស្សបមានអាយុ ចូលទៅគាល់​ព្រះមានព្រះភាគ លុះចូល​ទៅដល់​ហើយ ទើបថ្វាយបង្គំ​ព្រះមានព្រះភាគ រួចអង្គុយ​ក្នុងទីដ៏សមគួរ។ លុះ​ព្រះមហាកស្សបមានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ ទើប​ព្រះមានព្រះភាគ ទ្រង់​ត្រាស់​​យ៉ាងនេះថា ម្នាលកស្សប អ្នកចូរទូន្មានពួកភិក្ខុ ម្នាលកស្សប អ្នកចូរធ្វើធម្មីកថា​ចំពោះ​​ពួក​ភិក្ខុចុះ ម្នាលកស្សប តថាគត ឬអ្នក គប្បីទូន្មានពួកភិក្ខុ តថាគត ឬអ្នក គប្បី​ធ្វើធម្មីកថា ដល់​ពួក​ភិក្ខុ។ បពិត្រ​ព្រះមានព្រះភាគដ៏ចម្រើន ឥឡូវនេះ ពួក​ភិក្ខុជា​អ្នក​ប្រដៅ​ក្រ ប្រកប​ដោយ​ធម៌ ដែល​ធ្វើឲ្យ​ជាអ្នកប្រដៅក្រ ជាអ្នកមិនអត់សង្កត់ មិនកាន់យក​ពាក្យប្រដៅ ដោយ​ចំណែក​ស្តាំឡើយ។

[១៦៣] ម្នាលកស្សប ហេតុដូច្នោះហើយ បានជាក្នុងកាលពីមុន មានពួកភិក្ខុជាថេរៈ ជាអ្នកប្រព្រឹត្តនៅក្នុងព្រៃផង ពោលសរសើរគុណ នៃការនៅក្នុងព្រៃផង ជាអ្នក​ប្រព្រឹត្ត​បិណ្ឌបាតផង ពោលសរសើរគុណ នៃការប្រព្រឹត្តិបិណ្ឌបាតផង ជាអ្នក​ស្លៀកដណ្តប់​សំពត់​បង្សុកូលផង ពោលសរសើរគុណ នៃ​ការស្លៀកដណ្តប់​សំពត់បង្សុកូលផង ជាអ្នក​ទ្រទ្រង់ចីវរបីផង ពោលសរសើរគុណ នៃ​ការទ្រទ្រង់​ចីវរបីផង ជាអ្នក​ប្រាថ្នា​តិចផង ពោល​សរសើរគុណ នៃ​សេចក្តី​ប្រាថ្នាតិចផង ជាអ្នកមានសេចក្តី​សន្តោសផង ពោលសរសើរ​គុណ នៃ​សេចក្តីសន្តោសផង ជាអ្នកស្ងប់ស្ងាត់ផង ពោលសរសើរគុណ នៃ​ការស្ងប់​ស្ងាត់ផង ជាអ្នកមិនច្រឡូកច្រឡំផង ពោលសរសើរគុណ នៃ​ការមិនច្រឡូកច្រឡំ​ផង ជាអ្នកប្រារព្ធសេចក្តីព្យាយាមផង ពោលសរសើរគុណ នៃ​ការប្រារព្ធសេចក្តី​ព្យាយាម​ផង។ បណ្តាភិក្ខុទាំងនោះ ភិក្ខុណា ជាអ្នកប្រព្រឹត្តនៅក្នុងព្រៃផង ពោលសរសើរគុណ នៃ​ការនៅក្នុងព្រៃផង ជាអ្នកប្រព្រឹត្តបិណ្ឌបាតផង ពោលសរសើរគុណ នៃ​ការប្រព្រឹត្តិ​បិណ្ឌបាតផង ជាអ្នក​ស្លៀកដណ្តប់​សំពត់​បង្សុកូលផង ពោលសរសើរគុណនៃ​ការស្លៀក​ដណ្តប់​សំពត់បង្សុកូលផង ជាអ្នកទ្រទ្រង់ចីវរបីផង ពោលសរសើរគុណ នៃ​ការទ្រទ្រង់​ចីវរបីផង ជាអ្នក​ប្រាថ្នា​តិចផង ពោលសរសើរគុណ នៃ​សេចក្តី​ប្រាថ្នាតិចផង ជាអ្នកមាន​សេចក្តី​​សន្តោសផង ពោលសរសើរគុណ នៃ​សេចក្តីសន្តោសផង ជាអ្នកស្ងប់ស្ងាត់ផង ពោលសរសើរគុណ នៃ​ការស្ងប់ស្ងាត់ផង ជាអ្នកមិនច្រឡូកច្រឡំផង ពោលសរសើរ​គុណ នៃ​ការមិនច្រឡូកច្រឡំ​ផង ជាអ្នកប្រារព្ធសេចក្តីព្យាយាមផង ពោលសរសើរគុណ នៃ​ការប្រារព្ធសេចក្តី​ព្យាយាម​ផង ពួកភិក្ខុជាថេរៈ តែង​និមន្តភិក្ខុនោះ ដោយ​អាសនៈថា ម្នាលភិក្ខុ អ្នកចូរមក ភិក្ខុនេះឈ្មោះអ្វី ភិក្ខុនេះជាអ្នកចម្រើន ភិក្ខុនេះ ប្រាថ្នានូវសិក្ខា ម្នាលភិក្ខុ អ្នកចូរមក អង្គុយលើអាសនៈ​នេះចុះ។ ម្នាលកស្សប បណ្តាភិក្ខុទាំងនោះ ពួកភិក្ខុថ្មី មានសេចក្តីត្រិះរិះយ៉ាងនេះថា បានឮថា ភិក្ខុណាជា​អ្នក​ប្រព្រឹត្តនៅក្នុងព្រៃផង ពោលសរសើរគុណ នៃ​ការនៅក្នុងព្រៃផង ជាអ្នកប្រព្រឹត្ត​បិណ្ឌបាត​ផង… ជាអ្នក​ស្លៀក​ដណ្តប់​សំពត់​បង្សុកូលផង… ជាអ្នកទ្រទ្រង់ចីវរបីផង… ជាអ្នក​ប្រាថ្នា​តិចផង… ជាអ្នក​មាន​សេចក្តី​សន្តោសផង… ជាអ្នកស្ងប់ស្ងាត់… ជាអ្នកមិនច្រឡូកច្រឡំផង… ជាអ្នកប្រារព្ធ​សេចក្តី​ព្យាយាមផង ពោលសរសើរគុណ នៃ​ការប្រារព្ធសេចក្តី​ព្យាយាម​ផង ពួកភិក្ខុ​ជាថេរៈ តែង​និមន្តភិក្ខុនោះ ដោយ​អាសនៈថា ម្នាលភិក្ខុ អ្នកចូរមក ភិក្ខុនេះ ឈ្មោះអ្វី ភិក្ខុនេះជាអ្នកចម្រើន ភិក្ខុនេះ ជាអ្នកប្រាថ្នា​សិក្ខា ម្នាលភិក្ខុ អ្នកចូរ​មកអង្គុយ​លើ​អាសនៈនេះចុះ ដូច្នេះហើយ ភិក្ខុទាំងនោះ រមែងប្រតិបត្តិ​តាម​បែប​នោះ សេចក្តី​ប្រតិបត្តិ​នោះ របស់ភិក្ខុទាំងនោះ រមែង​ប្រព្រឹត្ត​ទៅដើម្បី​ជាប្រយោជន៍ និងសេចក្តីសុខ អស់រាត្រី​យូរ​អង្វែង។

[១៦៤] ម្នាលកស្សប ក៏ក្នុងកាលឥឡូវនេះ ពួកភិក្ខុជាថេរៈ មិនប្រព្រឹត្តនៅក្នុងព្រៃផង មិនពោលសរសើរគុណ នៃការនៅក្នុងព្រៃផង មិនជាអ្នក​ប្រព្រឹត្ត​បិណ្ឌបាតផង មិនពោល​សរសើរគុណ នៃការប្រព្រឹត្តិបិណ្ឌបាតផង មិនជាអ្នក​ស្លៀកដណ្តប់​សំពត់​បង្សុកូលផង មិនពោលសរសើរគុណ នៃ​ការស្លៀកដណ្តប់​សំពត់បង្សុកូលផង មិនជា​អ្នកទ្រទ្រង់​ចីវរបីផង មិនពោលសរសើរគុណ នៃ​ការទ្រទ្រង់​ចីវរបីផង មិនជាអ្នក​​មានសេចក្តីប្រាថ្នា​តិចផង មិនពោលសរសើរគុណ នៃ​សេចក្តី​ប្រាថ្នាតិចផង មិន​ជាអ្នក​មាន​សេចក្តី​សន្តោស​ផង មិនពោលសរសើរគុណ នៃ​សេចក្តីសន្តោសផង មិនជាអ្នកស្ងប់ស្ងាត់ផង មិនពោល​សរសើរគុណ នៃ​សេចក្តីស្ងប់ស្ងាត់ផង មិនជាអ្នកច្រឡូកច្រឡំផង មិនពោលសរសើរ​គុណ នៃ​ការមិនច្រឡូកច្រឡំ​ផង ជាអ្នកមិនប្រារព្ធសេចក្តីព្យាយាមផង មិនពោល​សរសើរ​គុណ នៃ​ការប្រារព្ធសេចក្តី​ព្យាយាម​ផង។ បណ្តាភិក្ខុទាំងនោះ ភិក្ខុណា ជាអ្នក​ល្បីល្បាញ មានយស តែង​បានចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយ​ភេសជ្ជបរិក្ខារ​ទាំងឡាយ ទើប​ពួក​ភិក្ខុ​ជាថេរៈ និមន្តភិក្ខុនោះ ដោយ​អាសនៈថា ម្នាលភិក្ខុ អ្នកចូរមក ភិក្ខុនេះ ឈ្មោះអ្វី ភិក្ខុនេះជាអ្នកចម្រើនហ្ន៎ ភិក្ខុនេះ ជាអ្នកស្រឡាញ់​សព្រហ្មចារី ម្នាលភិក្ខុ អ្នកចូរ​មក​អង្គុយ​លើអាសនៈនេះចុះ។ ម្នាលកស្សប បណ្តាភិក្ខុទាំងនោះ ពួកភិក្ខុថ្មី មានសេចក្តីត្រិះរិះយ៉ាងនេះថា ឮថា ភិក្ខុណាជា​អ្នកល្បីល្បាញ មានយស តែង​បាន​នូវ​ចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារទាំងឡាយ ទើប​ពួក​ភិក្ខុ​ជា​ថេរៈ និមន្តភិក្ខុនោះដោយ​អាសនៈថា ម្នាលភិក្ខុ អ្នកចូរមក ភិក្ខុនេះ ឈ្មោះអ្វី ភិក្ខុនេះជាអ្នក​ចម្រើន ភិក្ខុនេះ ជាអ្នកស្រឡាញ់​សព្រហ្មចារី ម្នាលភិក្ខុ អ្នកចូរ​មក​អង្គុយ​លើអាសនៈ​នេះចុះ ដូច្នេះហើយ ភិក្ខុទាំងនោះ រមែង​ប្រតិបត្តិតាមបែបនោះ ការប្រតិបត្តិនោះ របស់​ភិក្ខុនោះ រមែងប្រព្រឹត្តទៅ ដើម្បី​មិនជាប្រយោជន៍ ដើម្បី​សេចក្តី​ទុក្ខ អស់រាត្រីយូរអង្វែង។ ម្នាលកស្សប រឿង​នោះ មានទំនងគួរឲ្យអ្នកផង និយាយ​បានថា ព្រហ្មចារីបុគ្គល ត្រូវឧបទ្រព របស់ព្រហ្មចារីបុគ្គលបៀតបៀនហើយ ព្រហ្មចារីបុគ្គល ត្រូវសេចក្តីប្រាថ្នា​លើសលុប របស់ព្រហ្មចារីបុគ្គលរួបរឹតហើយ។ ម្នាល​កស្សប ឥឡូវនេះ ពាក្យនោះ មានទំនង​គួរឲ្យ​អ្នកផងនិយាយបានថា ព្រហ្មចារីបុគ្គល ត្រូវឧបទ្រព របស់ព្រហ្មចារី​បុគ្គល​បៀតបៀនហើយ ព្រហ្មចារីបុគ្គល ត្រូវសេចក្តី​ប្រាថ្នា​លើសលុប របស់ព្រហ្មចារី​បុគ្គល​រួបរឹតហើយ។ ចប់សូត្រទី៨។

[១៦៥] ព្រះមានព្រះភាគ ទ្រង់គង់នៅជិតក្រុងសាវត្ថី… ម្នាលភិក្ខុទាំងឡាយ តថាគត​ប្រាថ្នា ដរាបណា ក៏ស្ងប់ស្ងាត់ចាកកាមទាំងឡាយ ស្ងប់ស្ងាត់ចាកអកុសលធម៌​ទាំង​ឡាយ ចូលកាន់​បឋមជ្ឈាន ប្រកបដោយវិតក្កៈ វិចារៈ មានបីតិនិងសុខៈ ដែល​កើត​អំពី​សេចក្តីស្ងាត់នោះ ដរាបនោះ។ ម្នាលភិក្ខុទាំងឡាយ ចំណែក​កស្សបប្រាថ្នាដរាបណា ស្ងប់ស្ងាត់​ចាកកាមទាំងឡាយ ស្ងប់ស្ងាត់​ចាកអកុសលធម៌​ទាំងឡាយ ចូលកាន់​បឋមជ្ឈាន ប្រកបដោយវិតក្កៈ វិចារៈ មានបីតិនិងសុខៈ ដែល​កើតអំពី​សេចក្តីស្ងាត់នោះ ដរាប​នោះ​ដែរ។

[១៦៦] ម្នាលភិក្ខុទាំងឡាយ តថាគតប្រាថ្នាដរាបណា ក៏បានរម្ងាប់​នូវ​វិតក្កៈ និង​វិចារៈអស់​ហើយ ក៏ចូលកាន់ទុតិយជ្ឈាន ជាធម្មជាតកើតមាន ក្នុងសន្តាននៃខ្លួន ប្រកប​ដោយ​សេចក្តីជ្រះថ្លា គឺសទ្ធា មានសភាពជាចិត្ត​ខ្ពស់ឯក មិនមានវិតក្កៈ មិនមានវិចារៈ​ទេ មានតែបីតិ និងសុខៈ ដែល​កើតអំពី​សមាធិ គឺបឋមជ្ឈានប៉ុណ្ណោះ ដរាបនោះ។ ម្នាលភិក្ខុ​ទាំងឡាយ ចំណែក​ខាងកស្សបប្រាថ្នា ដរាបណា ក៏បាន​រម្ងាប់​នូវ​វិតក្កៈ និង​វិចារៈ​អស់​ហើយ។បេ។ ចូល​ទុតិយជ្ឈាន ដរាបនោះដែរ។

[១៦៧] ម្នាលភិក្ខុទាំងឡាយ តថាគតប្រាថ្នា ដរាបណា ក៏នឿយណាយ​ចាកបីតិផង ប្រកបដោយឧបេក្ខាផង មានសតិ និងសម្បជញ្ញៈផង ទទួលនូវ​សេចក្តីសុខ ដោយ​នាមកាយផង ព្រះអរិយៈទាំងឡាយ តែង​សរសើរនូវបុគ្គល ​ដែលប្រកបដោយ​តតិយជ្ឈាន​​នោះ​ថា ជាអ្នកបានឧបេក្ខា មានសតិ មានធម៌ជាគ្រឿង​នៅជាសុខ ដូច្នេះ ព្រោះ​តតិយជ្ឈានណា ក៏ចូលតតិយជ្ឈាននោះ ដរាបនោះ។ ម្នាលភិក្ខុទាំងឡាយ ចំណែក​ខាង​កស្សបប្រាថ្នា ដរាបណា ក៏នឿយណាយ ​ចាកបីតិផង ប្រកបដោយឧបេក្ខាផង មានសតិ និងសម្បជញ្ញៈផង ទទួលនូវ​សេចក្តីសុខ ដោយ​នាមកាយផង ព្រះអរិយៈ​ទាំងឡាយ តែង​សរសើរបុគ្គល ​ដែលប្រកបដោយ​តតិយជ្ឈាន​នោះថា ជាអ្នកមានឧបេក្ខា មានស្មារតី មានធម៌ជាគ្រឿង​នៅជាសុខ ដូច្នេះ ព្រោះ​តតិយជ្ឈានណា ក៏ចូល​តតិយជ្ឈាននោះ ដរាបនោះដែរ។

[១៦៨] ម្នាលភិក្ខុទាំងឡាយ តថាគតប្រាថ្នា ដរាបណា ក៏លះបង់​នូវសេចក្តី​សុខផង លះបង់នូវ​សេចក្តីទុក្ខផង មានសោមនស្ស និងទោមនស្សអស់ទៅ​ ក្នុងកាលមុន ក៏ចូល​ចតុត្ថជ្ឈាន ដែល​មិនជាទុក្ខ មិនជាសុខ មានសតិដ៏បរិសុទ្ធ ដោយឧបេក្ខា ដរាបនោះ។ ម្នាលភិក្ខុទាំងឡាយ ចំណែក​ខាងកស្សបប្រាថ្នា ដរាបណា ក៏លះបង់​នូវសេចក្តី​សុខផង។បេ។ ចូល​ចតុត្ថជ្ឈាន ដរាបនោះដែរ។

[១៦៩] ម្នាលភិក្ខុទាំងឡាយ តថាគតប្រាថ្នា ដរាបណា ក៏ប្រព្រឹត្តកន្លង នូវ​រូបសញ្ញា ដោយប្រការ​ទាំងពួង ដល់នូវ​ការអស់ទៅ ​នៃបដិឃសញ្ញា លែងធ្វើ​ទុកក្នុងចិត្ត នូវ​នានត្តសញ្ញា ហើយចូល​អាកាសានញ្ចាយតនជ្ឈាន ដោយធ្វើទុកក្នុងចិត្តថា អាកាស​មិន​មាន​ទីបំផុត ដូច្នេះ ដរាបនោះ។ ម្នាលភិក្ខុទាំងឡាយ ចំណែក​ខាងកស្សបប្រាថ្នា ដរាប​ណា ក៏ប្រព្រឹត្តកន្លង នូវរូប​សញ្ញាដោយប្រការទាំងពួង។បេ។ ហើយចូល​អាកាសា​នញ្ចាយតនជ្ឈាន ដរាបនោះដែរ។

[១៧០] ម្នាលភិក្ខុទាំងឡាយ តថាគតប្រាថ្នា ដរាបណា ក៏ប្រព្រឹត្តកន្លងនូវ​អាកាសា​នញ្ចាយតនៈ ដោយប្រការ​ទាំងពួង ហើយចូលវិញ្ញាណញ្ចាយតនជ្ឈាន ដោយធ្វើទុក​ក្នុង​ចិត្តថា វិញ្ញាណ​មិន​មាន​ទីបំផុត ដូច្នេះ ដរាបនោះ។ ម្នាលភិក្ខុទាំងឡាយ ចំណែក​ខាង​កស្សប​ប្រាថ្នា ដរាបណា ក៏ប្រព្រឹត្តកន្លង នូវអាកាសានញ្ចាយតនៈ ដោយប្រការទាំងពួង ហើយចូល​វិញ្ញាណញ្ចាយតនជ្ឈាន ដោយធ្វើទុកក្នុងចិត្តថា វិញ្ញាណ​មិនមានទីបំផុត ដូច្នេះ ដរាបនោះដែរ។

[១៧១] ម្នាលភិក្ខុទាំងឡាយ តថាគតប្រាថ្នា ដរាបណា ក៏ប្រព្រឹត្តកន្លងនូវ​វិញ្ញាណញ្ចា​យតនៈ ដោយប្រការ​ទាំងពួង ហើយចូលអាកិញ្ចញ្ញាយតនជ្ឈាន ដោយធ្វើទុកក្នុងចិត្តថា អ្វីបន្តិចបន្តួច​មិនមាន ដូច្នេះ ដរាបនោះ។ ម្នាលភិក្ខុទាំងឡាយ ចំណែក​ខាងកស្សបប្រាថ្នា ដរាបណា។បេ។ ក៏ចូលអាកិញ្ចញ្ញាយតនជ្ឈាន ដរាបនោះដែរ។

[១៧២] ម្នាលភិក្ខុទាំងឡាយ តថាគតប្រាថ្នា ដរាបណា ក៏ប្រព្រឹត្តកន្លងនូវ​អាកិញ្ចញ្ញា​យតនៈ ដោយប្រការ​ទាំងពួង ហើយចូលនេវសញ្ញានាសញ្ញាយតនជ្ឈាន ដរាបនោះ។ ម្នាលភិក្ខុទាំងឡាយ ចំណែក​ខាងកស្សបប្រាថ្នា ដរាបណា។បេ។ ក៏ចូលនេវសញ្ញា​នាសញ្ញា​យតនជ្ឈាន ដរាបនោះដែរ។

[១៧៣] ម្នាលភិក្ខុទាំងឡាយ តថាគតប្រាថ្នា ដរាបណា ក៏ប្រព្រឹត្តកន្លងនូវ​នេវសញ្ញា​នាសញ្ញាយតនៈ ដោយប្រការ​ទាំងពួង ហើយចូលសញ្ញាវេទយិតនិរោធ (សេចក្តី​រលត់នៃ​សញ្ញា និងវេទនា) ដរាបនោះ។ ម្នាលភិក្ខុទាំងឡាយ ចំណែក​ខាងកស្សប។បេ។ ក៏ចូល​សញ្ញាវេទយិតនិរោធ ដរាបនោះដែរ។

[១៧៤] ម្នាលភិក្ខុទាំងឡាយ តថាគតប្រាថ្នា ដរាបណា ក៏បាននូវ​ឥទ្ធិវិធៈជា​ច្រើនបែប គឺតថាគត មានកាយតែមួយ ធ្វើឲ្យ​ជាកាយមានចំណែក​ច្រើនក៏បាន ឬ​កាយមានចំណែក​ច្រើន ធ្វើឲ្យ​ជាកាយមួយក៏បាន នៅក្នុងទីកំបាំង ដើរចេញ​ទៅ​ទីវាលក៏បាន នៅខាងក្នុង ដើរចេញទៅខាងក្រៅ គឺក្រៅជញ្ជាំង ក្រៅកំពែង ក្រៅភ្នំ ក៏បាន មិនជាប់​ជំពាក់​ដូចជាដើរទៅក្នុងអាកាស ធ្វើនូវ​ការមុជងើប​ក្នុងផែនដី ដូចជា​មុជងើប​ក្នុងទឹក ដើរទៅ​លើទឹកមិនធ្លាយធ្លុះ ដូចជា​ដើរទៅ​លើផែនដី ទៅទាំងភ្នែន​ក្នុង​អាកាស ដូច​ជាសត្វស្លាប​ហើរទៅក្នុងអាកាស ស្ទាបអង្អែល​ព្រះចន្ទព្រះអាទិត្យ ដែល​មានឥទ្ធិឫទ្ធិ​ច្រើន​យ៉ាងនេះ មានអានុភាពច្រើនយ៉ាងនេះ ដោយដៃក៏បាន ធ្វើអំណាច​ឲ្យប្រព្រឹត្តដោយ​កាយ​រហូត​ដល់ព្រហ្មលោកនាយ ដរាបនោះ។ ម្នាលភិក្ខុទាំងឡាយ ចំណែក​កស្សប ប្រាថ្នា ដរាប​ណា ក៏បាននូវ​ឥទ្ធិវិធៈជា​ច្រើនបែប។បេ។ ធ្វើអំណាច​ឲ្យប្រព្រឹត្តដោយ​កាយ​រហូត​ដល់​ព្រហ្មលោកនាយ ដរាបនោះដែរ។

[១៧៥] ម្នាលភិក្ខុទាំងឡាយ តថាគតប្រាថ្នា ដរាបណា ក៏ស្តាប់សំឡេង​ឮដោយ​សោតធាតុ​ជាទិព្វ។បេ។ ទោះឆ្ងាយក្តី ជិតក្តី ម្នាលភិក្ខុទាំងឡាយ ចំណែកកស្សប… ទោះជិតក្តី។

[១៧៦] ម្នាលភិក្ខុទាំងឡាយ តថាគតប្រាថ្នា ដរាបណា ក៏កំណត់ដឹង​នូវចិត្ត​ពួក​សត្វ​ដទៃ ពួកបុគ្គលដទៃ ដោយចិត្តរបស់តថាគត ចិត្តប្រកបដោយរាគៈក្តី ក៏ដឹងច្បាស់ថា ចិត្ត​ប្រកបដោយរាគៈ ចិត្តប្រាសចាករាគៈក្តី ក៏ដឹងច្បាស់ថា ចិត្តប្រាសចាករាគៈ ចិត្តប្រកប​ដោយទោសៈក្តី។បេ។ ចិត្តប្រាសចាកទោសៈក្តី… ចិត្តប្រកបដោយមោហៈក្តី… ចិត្តប្រាស​ចាក​មោហៈក្តី… ចិត្តរួញរាក្តី… ចិត្តអណ្តែតអណ្តូងក្តី… ចិត្តដល់នូវភាវៈ​ជាធំក្តី… ចិត្ត​មិន​ដល់នូវភាវៈជាធំក្តី… ចិត្តជាសឧត្តរៈក្តី… ចិត្តជាអនុត្តរៈក្តី… ចិត្តតាំងមាំក្តី… ចិត្ត​មិន​តាំងមាំក្តី… ចិត្តផុតស្រឡះក្តី… ចិត្ត​មិនទាន់​ផុតស្រឡះក្តី ក៏ដឹងច្បាស់ថា ចិត្ត​មិន​ទាន់​ផុត​ស្រឡះ ដរាបនោះ។ ម្នាលភិក្ខុទាំងឡាយ ចំណែកខាងកស្សបប្រាថ្នា ដរាបណា ក៏កំណត់​ដឹងចិត្ត​ពួក​សត្វ​ដទៃ ពួកបុគ្គលដទៃ ដោយចិត្តរបស់ខ្លួន ចិត្តប្រកបដោយរាគៈក្តី ក៏ដឹងច្បាស់ថា ចិត្ត​ប្រកបដោយរាគៈ។បេ។ ចិត្ត​មិនទាន់​ផុតស្រឡះក្តី ក៏ដឹងច្បាស់ថា ចិត្ត​មិនទាន់ផុតស្រឡះ ដរាបនោះដែរ។

[១៧៧] ម្នាលភិក្ខុទាំងឡាយ តថាគតប្រាថ្នា ដរាបណា ក៏រឭកឃើញនូវ​បុព្វេ​និវាស​ច្រើនប្រការ គឺរឭក​បាន១ជាតិខ្លះ ២ជាតិខ្លះ ៣ជាតិខ្លះ ៤ជាតិខ្លះ ៥ជាតិខ្លះ ១០ជាតិខ្លះ ២០ជាតិខ្លះ ៣០ជាតិខ្លះ ៤០ជាតិខ្លះ ៥០ជាតិខ្លះ ១រយជាតិខ្លះ ១ពាន់ជាតិខ្លះ ១សែន​ជាតិខ្លះ ច្រើនសំវដ្តកប្បខ្លះ ច្រើនវិវដ្តកប្បខ្លះ ច្រើនសំវដ្តវិវដ្តកប្បខ្លះថា អាត្មាអញ កើត​ក្នុងទីឯណោះ មាននាមយ៉ាងនេះ មានគោត្រយ៉ាងនេះ មានវណ្ណៈ​យ៉ាងនេះ មានអាហារ​យ៉ាងនេះ បានទទួលសុខទុក្ខយ៉ាងនេះ មានអាយុកំណត់ត្រឹមប៉ុណ្ណេះ លុះអាត្មាអញ​នោះ ច្យុតអំពីទីនោះហើយ ទៅកើតក្នុងទីឯណោះទៀត ដែលកើត​ក្នុងទីឯណោះ អាត្មាអញ មាននាមយ៉ាងនេះ មានគោត្រយ៉ាងនេះ មានវណ្ណៈ​យ៉ាងនេះ មាន​អាហារ​យ៉ាងនេះ បានទទួលសុខទុក្ខយ៉ាងនេះ មានអាយុ​កំណត់​ត្រឹមប៉ុណ្ណេះ អាត្មាអញ ច្យុត​ចាកទីនោះ បានមកកើត​ក្នុងទីនេះ ដូច្នេះ តថាគត រមែង​រឭក​ឃើញនូវ​បុព្វេនិវាស​ច្រើន​ប្រការ ព្រមទាំង​អាការៈ ព្រមទាំងឧទ្ទេស ដោយប្រការដូច្នេះឯង ដរាបនោះ។ ម្នាលភិក្ខុទាំងឡាយ ចំណែកខាងកស្សបប្រាថ្នា ដរាបណា ក៏រឭក​ឃើញ​នូវបុព្វេនិវាស​ច្រើន​ប្រការ គឺរឭកបាន​១ជាតិខ្លះ។បេ។ រឭកឃើញ​នូវបុព្វេនិវាសច្រើនប្រការ ព្រមទាំង​អាការៈ ព្រមទាំងឧទ្ទេស ដោយប្រការ​ដូច្នេះឯង ដរាបនោះដែរ។

[១៧៨] ម្នាលភិក្ខុទាំងឡាយ តថាគតប្រាថ្នា ដរាបណា ក៏មានទិព្វចក្ខុដ៏បរិសុទ្ធ កន្លង​នូវ​ចក្ខុរបស់មនុស្សធម្មតា បានឃើញពួកសត្វដែលច្យុត កើត ថោកទាប ឧត្តម មាន​សម្បុរល្អ មានសម្បុរអាក្រក់ មានគតិល្អ មានគតិអាក្រក់ ដឹងច្បាស់​នូវពពួកសត្វ​ដែល​អន្ទោល​ទៅតាមកម្មថា អើហ្ន៎ ពួកសត្វទាំងនេះ ប្រកបដោយ​កាយទុច្ចរិត ប្រកបដោយ​វចីទុច្ចរិត ប្រកបដោយមនោទុច្ចរិត ជាអ្នកតិះដៀល​ពួកព្រះអរិយៈ ជាមិច្ឆាទិដ្ឋិ កាន់អំពើ​ជា​មិច្ឆាទិដ្ឋិ សត្វទាំងនោះ លុះបែកធ្លាយរាងកាយ បន្ទាប់អំពីមរណៈទៅ ក៏ទៅកើត​ក្នុង​អបាយ ទុគ្គតិ វិនិបាត នរក អើហ្ន៎ ចំណែកពួកសត្វទាំងនេះ ប្រកបដោយ​កាយសុចរិត ប្រកបដោយ​វចីសុចរិត ប្រកបដោយមនោសុចរិត ជាអ្នកមិនតិះដៀល​ពួកព្រះអរិយៈ ជាសម្មាទិដ្ឋិ កាន់អំពើ​ជាសម្មាទិដ្ឋិ ពួកសត្វទាំងនោះ លុះបែកធ្លាយរាងកាយ បន្ទាប់អំពីមរណៈទៅ ក៏ទៅកើត​ក្នុងសុគតិសួគ៌ទេវលោក តថាគត មានទិព្វចក្ខុដ៏បរិសុទ្ធ កន្លងនូវ​ចក្ខុរបស់មនុស្សធម្មតា បានឃើញនូវពួកសត្វដែលច្យុត កើត ថោកទាប ឧត្តម មាន​វណ្ណៈល្អ មានវណ្ណៈអាក្រក់ មានគតិល្អ មានគតិអាក្រក់ ដឹងច្បាស់​នូវពួកសត្វ​ដែល​អន្ទោល​ទៅតាមកម្មថា ដោយប្រការដូច្នេះឯង ដរាបនោះ។ ម្នាលភិក្ខុទាំងឡាយ ចំណែក​ខាង​កស្សបប្រាថ្នា ដរាបណា ក៏មានទិព្វចក្ខុដ៏បរិសុទ្ធ កន្លងនូវចក្ខុរបស់មនុស្សធម្មតា បាន​ឃើញ​ពួកសត្វដែលច្យុត។បេ។ ដឹងច្បាស់នូវពួកសត្វដែល​អន្ទោល​ទៅតាមកម្ម ដរាបនោះដែរ។

[១៧៩] ម្នាលភិក្ខុទាំងឡាយ តថាគតបានធ្វើឲ្យជាក់ច្បាស់ សម្រេច នូវ​ចេតោវិមុត្តិ បញ្ញាវិមុត្តិ ដែល​មិនមានអាសវៈ ព្រោះ​អស់ទៅនៃអាសវៈ ដោយ​បញ្ញាដ៏​ឧត្តម​ដោយ​ខ្លួនឯង ក្នុងបច្ចុប្បន្ន។ ម្នាលភិក្ខុទាំងឡាយ ចំណែកកស្សបសោត ក៏ធ្វើឲ្យជាក់ច្បាស់ សម្រេចនូវ​ចេតោវិមុត្តិ បញ្ញាវិមុត្តិ ដែល​មិនមានអាសវៈ ព្រោះអស់អាសវៈ ដោយបញ្ញា​ដ៏ឧត្តម ដោយខ្លួនឯង ក្នុងបច្ចុប្បន្នដែរ។ ចប់សូត្រ ទី៩។

[១៨០] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមហាកស្សបមានអាយុ គង់នៅ​ក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង ព្រះអានន្ទមានអាយុ ស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងពេលព្រឹកព្រហាម ហើយចូល​ទៅរក​ព្រះមហាកស្សបមានអាយុ លុះចូលទៅដល់ហើយ បានពោលពាក្យនេះ នឹង​ព្រះមហាកស្សបមានអាយុថា បពិត្រព្រះកស្សបដ៏ចម្រើន មកយើងនឹងចូលទៅកាន់​លំនៅ​របស់​ភិក្ខុនីមួយរូប។ ព្រះមហាកស្សបតបថា ម្នាលអាវុសោអានន្ទ ចូរអ្នកទៅចុះ អ្នក​មានកិច្ចច្រើន មានការដែលត្រូវធ្វើច្រើន។ ព្រះអានន្ទមានអាយុ បានពោលពាក្យ​នេះ នឹង​ព្រះមហាកស្សបមានអាយុ ជាគំរប់​២ដងថា បពិត្រព្រះកស្សបដ៏ចម្រើន មក យើង​នឹង​ចូលទៅកាន់លំនៅ របស់ភិក្ខុនីមួយរូប។ ម្នាលអាវុសោអានន្ទ ចូរអ្នកទៅចុះ អ្នកមានកិច្ច​ច្រើន មានការដែលត្រូវធ្វើច្រើន។ ព្រះអានន្ទមានអាយុ បានពោលពាក្យ​នេះ នឹង​ព្រះមហាកស្សបមានអាយុ ជាគំរប់​៣ដងថា បពិត្រព្រះកស្សបដ៏ចម្រើន មក យើង​នឹង​ចូលទៅកាន់លំនៅ របស់ភិក្ខុនីមួយរូប។

[១៨១] គ្រានោះឯង ព្រះមហាកស្សបមានអាយុ ស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុង​ពេលព្រឹកព្រហាម មានព្រះអានន្ទមានអាយុ ជាបច្ឆាសមណៈ ក៏ចូលទៅ​កាន់លំនៅ​ភិក្ខុនីមួយរូប លុះចូលទៅដល់ហើយ ក៏គង់លើអាសនៈ ដែលគេក្រាលទុក។ វេលានោះ​ឯង ភិក្ខុនីច្រើនរូប នាំគ្នាចូលទៅរក​ព្រះមហាកស្សបមានអាយុ លុះចូលទៅដល់ហើយ ទើប​ថ្វាយបង្គំ​ព្រះមហាកស្សបមានអាយុ ហើយអង្គុយនៅក្នុងទីដ៏សមគួរ។ លុះភិក្ខុនីទាំង​នោះ អង្គុយក្នុងទីដ៏សមគួរហើយ ទើប​ព្រះមហាកស្សបមានអាយុ ពន្យល់​ឲ្យឃើញ​ច្បាស់ ឲ្យកាន់យក ឲ្យអាចហ៊ាន ឲ្យរីករាយ ដោយធម្មីកថា។ លុះព្រះមហាកស្សបមានអាយុ បាន​ញុំាង​ភិក្ខុនីនោះ ឲ្យឃើញច្បាស់ ឲ្យកាន់យក ឲ្យអាចហាន ឲ្យរីករាយ ដោយធម្មីកថា​ហើយ ក្រោកចាកអាសនៈ ចៀសចេញទៅ។

[១៨២] គ្រានោះឯង ថុល្លតិស្សាភិក្ខុនី មិនពេញចិត្ត ក៏បញ្ចេញនូវវាចា​មិនពេញ​ចិត្ត​ថា ដូចម្តេចក៏​ព្រះមហាកស្សបជាម្ចាស់ សំគាល់នូវធម៌ ដែលខ្លួនគប្បី​ពោល ក្នុងទី​ចំពោះ​មុខ​ព្រះអានន្ទជាម្ចាស់ ជាអ្នកប្រាជ្ញអាចសម្រេច​កិច្ចដោយបញ្ញាបាន ឈ្មួញម្ជុល គប្បី​សំគាល់នូវម្ជុលដែលខ្លួនត្រូវលក់ ក្នុងសំណាក់នៃជាងម្ជុលដ៏ល្អិតល្អ យ៉ាងណា ព្រះមហាកស្សបជាម្ចាស់ ក៏សំគាល់នូវធម៌ ដែលខ្លួនគប្បី​ពោល ក្នុងទី​ចំពោះ​មុខ​នៃព្រះអានន្ទជាម្ចាស់ ជាអ្នកប្រាជ្ញអាចសម្រេច​កិច្ចដោយបញ្ញាបាន យ៉ាងនោះដែរ។ ព្រះមហាកស្សបមានអាយុ បានឮវាចារបស់ថុល្លតិស្សាភិក្ខុនី ពោល​យ៉ាងនេះហើយ។ ទើប​ព្រះមហាកស្សបមានអាយុ បានពោលពាក្យនេះ នឹងព្រះអានន្ទមានអាយុថា ម្នាលអាវុសោអានន្ទ ខ្ញុំទុកដូចជាឈ្មួញម្ជុល លោកទុកដូចជាជាងម្ជុល ឬថាខ្ញុំ​ទុក​ដូច​ជា​ជាងម្ជុល លោកទុកដូចជាឈ្មួញម្ជុលវិញ។ បពិត្រ​ព្រះកស្សបដ៏ចម្រើន សូមលោកអត់​ទោសចុះ (ដ្បិត) មាតុគ្រាមជាអ្នកល្ងង់។

[១៨៣] ម្នាលអាវុសោអានន្ទ លោកចូរបង្អង់សិន កុំឲ្យសង្ឃត្រិះរិះចំពោះ​លោក​តទៅទៀតឡើយ ម្នាលអាវុសោអានន្ទ លោកសំគាល់នូវហេតុនោះដូចម្តេច លោក​ក្រែង​ព្រះមានព្រះភាគ បានសរសើរក្នុងកណ្តាលជំនុំភិក្ខុសង្ឃ ចំពោះព្រះភក្ត្រថា ម្នាលភិក្ខុទាំងឡាយ តថាគត ប្រាថ្នាដរាបណា ក៏ស្ងប់ស្ងាត់ចាកកាមទាំងឡាយ ស្ងប់ស្ងាត់​ចាកអកុសលធម៌ទាំងឡាយ ចូលកាន់បឋមជ្ឈាន ប្រកបដោយវិតក្កៈ វិចារៈ មានបីតិ​ និង​សុខៈ ដ៏កើតអំពីសេចក្តីស្ងប់ស្ងាត់នោះ ដរាបនោះ ម្នាលភិក្ខុទាំងឡាយ ចំណែកអានន្ទ​ប្រាថ្នា ដរាបណា ក៏ស្ងប់ស្ងាត់ចាកកាមទាំងឡាយ ស្ងប់ស្ងាត់ចាកអកុសលធម៌ទាំងឡាយ ចូលកាន់បឋមជ្ឈាន ប្រកបដោយ​វិតក្កៈ វិចារៈ មានបីតិ និងសុខៈ ដ៏កើតអំពីសេចក្តី​ស្ងាត់​នោះ ដរាបនោះដែរ ដូច្នេះឬ។ បពិត្រលោកដ៏ចម្រើន សេចក្តីនុ៎ះ មិនដូច្នោះទេ។ ម្នាលអាវុសោ ឯខ្ញុំ ព្រះមានព្រះភាគ ទ្រង់សរសើរក្នុងកណ្តាលជំនុំសង្ឃ ចំពោះ​ព្រះភក្ត្រ​ថា ម្នាលភិក្ខុទាំងឡាយ តថាគត ប្រាថ្នា ដរាបណា ក៏ស្ងប់ស្ងាត់ចាកកាមទាំងឡាយ ស្ងប់ស្ងាត់​ចាកអកុសលធម៌ទាំងឡាយ ចូលកាន់បឋមជ្ឈាន ប្រកបដោយវិតក្កៈ វិចារៈ មានបីតិ​ និង​សុខៈ ដ៏កើតអំពីសេចក្តីស្ងាត់នោះ ដរាបនោះ ម្នាលភិក្ខុទាំងឡាយ ចំណែកខាងកស្សប ​ប្រាថ្នា ដរាបណា ក៏ស្ងប់ស្ងាត់ចាកកាមទាំងឡាយ ស្ងប់ស្ងាត់​ចាក​អកុសលធម៌ទាំងឡាយ។បេ។ ចូលកាន់បឋមជ្ឈាន ដរាបនោះដែរ។

(បេយ្យាលនៃអនុបុព្វវិហារសមាបត្តិ៩ និងអភិញ្ញា៥ យ៉ាងនេះ។)

[១៨៤] ម្នាលអាវុសោអានន្ទ លោកសំគាល់​ហេតុនោះដូចម្តេច លោក ក្រែង​ព្រះមានព្រះភាគ បានសរសើរ ក្នុងកណ្តាល​ជំនុំ​ភិក្ខុសង្ឃចំពោះ​ព្រះភក្ត្រថា ម្នាលភិក្ខុទាំងឡាយ តថាគត បានធ្វើ​ឲ្យជាក់ច្បាស់ សម្រេចនូវ​ចេតោវិមុត្តិ និង​បញ្ញាវិមុត្តិ ដែល​មិនមានអាសវៈ ព្រោះអស់ទៅនៃអាសវៈទាំងឡាយ ដោយបញ្ញាដ៏ឧត្តម​ដោយ​ខ្លួនឯង ក្នុងបច្ចុប្បន្ន ម្នាលភិក្ខុទាំងឡាយ ចំណែកអានន្ទ បានធ្វើ​ឲ្យជាក់ច្បាស់ សម្រេច​នូវ​​ចេតោវិមុត្តិ និង​បញ្ញាវិមុត្តិ ដែល​មិនមានអាសវៈ ព្រោះអស់ទៅនៃអាសវៈទាំងឡាយ ដោយបញ្ញាដ៏ឧត្តម​ដោយ​ខ្លួនឯង ក្នុងបច្ចុប្បន្ន ដូច្នេះឬ។ បពិត្រ​លោកដ៏ចម្រើន សេចក្តីនុ៎ះ មិនដូច្នោះទេ។ ម្នាលអាវុសោ ឯខ្លួនខ្ញុំ ព្រះមានព្រះភាគ ទ្រង់សរសើរក្នុង​កណ្តាល​ជំនុំភិក្ខុសង្ឃ ក្នុងទីចំពោះព្រះភក្ត្រថា ម្នាលភិក្ខុទាំងឡាយ តថាគត ធ្វើឲ្យជាក់​ច្បាស់ សម្រេចនូវ​​ចេតោវិមុត្តិ និង​បញ្ញាវិមុត្តិ ដែល​មិនមានអាសវៈ ព្រោះអស់ទៅ​នៃ​អាសវៈទាំងឡាយ ដោយបញ្ញាដ៏ឧត្តម ​ដោយ​ខ្លួនឯង ក្នុងបច្ចុប្បន្ន ម្នាលភិក្ខុទាំងឡាយ ចំណែកខាងកស្សប ក៏បានធ្វើ​ឲ្យជាក់ច្បាស់ សម្រេច​នូវ​ចេតោវិមុត្តិ និង​បញ្ញាវិមុត្តិ ដែល​មិនមានអាសវៈ ព្រោះអស់ទៅនៃអាសវៈទាំងឡាយ ដោយបញ្ញាដ៏ឧត្តម ​ដោយ​ខ្លួនឯង ក្នុងបច្ចុប្បន្ន។

[១៨៥] ម្នាលអាវុសោ អ្នកណាសំគាល់នូវ​ខ្លួនខ្ញុំថា គួរបិទបាំងដោយ​អភិញ្ញាទាំង​៦​បាន អ្នកនោះដូចជាសំគាល់នូវដំរីមានកំពស់​៧ហត្ថ ឬ៧ហត្ថកន្លះ ថាគួរបិទ​បាំង​ដោយ​ស្លឹកត្នោតបាន។ ចំណែក​ថុល្លតិស្សាភិក្ខុនី ក៏ឃ្លាតចាកព្រហ្មចរិយធម៌ហើយ។ ចប់សូត្រ​ទី១០។

[១៨៦] សម័យមួយ ព្រះមហាកស្សបមានអាយុ នៅក្នុងវត្តវេឡុវ័ន ជាកលន្ទកនិវាប​ស្ថាន ជិតក្រុងរាជគ្រឹះ។ ក៏សម័យនោះឯង ព្រះអានន្ទមានអាយុ ត្រាច់ទៅកាន់ផ្លូវ​ក្នុង​ទក្ខិណាគិរិជនបទ ជាមួយនឹងភិក្ខុសង្ឃ​ច្រើនរូប។ សម័យនោះ ពួកសទ្ធិវិហារិកភិក្ខុ​៣០រូប របស់ព្រះអានន្ទមានអាយុ ច្រើនតែក្មេងៗ តែងលះបង់​នូវសិក្ខា ត្រឡប់​ទៅកាន់ភេទ​ថោកទាប។

[១៨៧] គ្រានោះឯង ព្រះអានន្ទមានអាយុ ត្រាច់ទៅកាន់ផ្លូវ​ក្នុង​ទក្ខិណាគិរិជនបទ គួរតាម​អធ្យាស្រ័យ ហើយក៏ចូល​ទៅរក​ព្រះមហាកស្សបមានអាយុ ដែលគង់នៅ​ក្នុង​វត្ត​វេឡុវ័ន ជាកលន្ទកនិវាបស្ថាន ជិតក្រុងរាជគ្រឹះ​ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំ​​ព្រះមហាកស្សបមានអាយុ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះព្រះអានន្ទមានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ ​ព្រះមហាកស្សបមានអាយុ មានថេរវាចាដូច្នេះថា ម្នាលអាវុសោអានន្ទ ព្រះមានព្រះភាគ ទ្រង់បញ្ញត្តតិកភោជន [ភោជន​ដែល​គេ​និមន្ត​ដោយ​ពាក្យ​មិនគួរ ហើយភិក្ខុ៣រូប ទទួលនិមន្តទៅឆាន់​ក្នុងទីនោះ ជាមួយគ្នា មិន​ត្រូវ​អាបត្តិឡើយ។ អដ្ឋកថា។] ក្នុងត្រកូលទាំងឡាយ ព្រោះ​អាស្រ័យ​នូវអំណាច​ប្រយោជន៍ប៉ុន្មានយ៉ាង។

[១៨៨]​ បពិត្រព្រះកស្សបដ៏ចម្រើន ព្រះមានព្រះភាគ ទ្រង់បញ្ញត្តតិកភោជន ក្នុងត្រកូល​ទាំងឡាយ ព្រោះអាស្រ័យ​អំណាចប្រយោជន៍​៣យ៉ាង គឺ ដើម្បីសង្កត់សង្កិន នូវ​បុគ្គល​ទាំងឡាយ ដែលជាអ្នក​ទ្រុស្តសីល១ ដើម្បី​នៅសប្បាយ​នៃ​ភិក្ខុទាំងឡាយ ដែល​មានសីលជាទីស្រឡាញ់១ ដើម្បីអនុគ្រោះដល់ត្រកូល កុំឲ្យបុគ្គល​ដែលប្រាថ្នាលាមក ស្វែង​រកនូវពួក​មកបំបែកសង្ឃ១ បពិត្រ​ព្រះកស្សបដ៏ចម្រើន ព្រះមានព្រះភាគ ទ្រង់​បញ្ញត្តតិកភោជន ក្នុងត្រកូល​ទាំងឡាយ ព្រោះអាស្រ័យអំណាច​ប្រយោជន៍ទាំង៣​នេះឯង។

[១៨៩] ម្នាលអាវុសោអានន្ទ លោកត្រាច់ទៅកាន់ផ្លូវ​ជាមួយពួកភិក្ខុថ្មីទាំងនេះ ជា​អ្នក​មាន​ទ្វារ​មិនបានគ្រប់គ្រង ក្នុងឥន្ទ្រិយទាំងឡាយ មិនដឹងប្រមាណ​ក្នុងភោជន មិន​ប្រកប​រឿយៗ ក្នុងការភ្ញាក់​រឭក ដូចជាត្រាច់ទៅបៀតបៀន​សំទូងគេ ដូចជាត្រាច់ទៅសម្លាប់​ត្រកូល​គេ ម្នាលអាវុសោអានន្ទ បរិស័ទរបស់អ្នក​បាក់បែកអស់ហើយ ម្នាលអាវុសោអានន្ទ បរិស័ទទាំងនោះ ច្រើនតែបួសថ្មី រមែងបាក់បែកទៅ ព្រះអានន្ទនេះ នៅក្មេងមិនដឹង​ប្រមាណឡើយ។ បពិត្រ​ព្រះកស្សបដ៏ចម្រើន អើហ្ន៎ ក្បាលរបស់ខ្ញុំ មានសក់ស្កូវ​អស់​ហើយ តែខ្ញុំ​នៅមិនរួចចាកកុមារកវាទ (ពាក្យតិះដៀល​ថាក្មេង) របស់ព្រះកស្សបមាន​អាយុ ក្នុងថ្ងៃនេះឯង។ ម្នាលអាវុសោអានន្ទ ព្រោះតែ​លោកត្រាច់ទៅកាន់ផ្លូវ​ ជាមួយ​​ពួក​ភិក្ខុថ្មីទាំងនេះ ជា​អ្នកមានទ្វារ​មិនគ្រប់គ្រង ក្នុងឥន្ទ្រិយទាំងឡាយ មិនដឹងប្រមាណក្នុង​ភោជន មិនប្រកបរឿយៗ នូវការភ្ញាក់រឭក ដូចជាត្រាច់ទៅ បៀតបៀនសំទូងគេ ដូចជា​ត្រាច់ទៅសម្លាប់ត្រកូលគេដូច្នោះ ម្នាលអាវុសោអានន្ទ បានជាឥឡូវ​នេះ ពួកបរិស័ទ​របស់​អ្នកបាក់បែកអស់ ម្នាលអាវុសោអានន្ទ បរិស័ទទាំងនោះ ច្រើនតែបួសថ្មី រមែងបាក់​បែក​ទៅ ព្រះអានន្ទនេះ នៅក្មេងមិនដឹងប្រមាណឡើយ។

[១៩០] ថុល្លនន្ទាភិក្ខុនី បានឮដំណឹងថា ព្រះមហាកស្សបជាម្ចាស់ បន្ទោស​ព្រះអានន្ទ​ជាម្ចាស់ ដែលជាអ្នកប្រាជ្ញអាចសម្រេចកិច្ចដោយបញ្ញាបាន ដោយកុមារកវាទ​ហើយ។ ទើបថុល្លនន្ទាភិក្ខុនី មិនពេញចិត្ត ក៏បញ្ចេញនូវវាចាមិនពេញចិត្តថា ព្រះមហាកស្សបជាម្ចាស់ ធ្លាប់ជាអន្យតិរ្ថិយទេដឹង បានជាសំគាល់​នូវ​ព្រះអានន្ទ​ជាម្ចាស់ ដែលជាអ្នកប្រាជ្ញអាច​សម្រេចកិច្ច​ដោយបញ្ញាបានថា គួរបន្ទោសដោយកុមារកវាទ​ដូច្នេះ។ ព្រះមហាកស្សបមានអាយុ បានឮវាចាដែលថុល្លនន្ទាភិក្ខុនីពោលនេះហើយ។

[១៩១] គ្រានោះឯង ព្រះមហាកស្សបមានអាយុ បានពោលពាក្យនេះ នឹង​ព្រះអានន្ទមានអាយុថា ម្នាលអាវុសោអានន្ទ ខ្ញុំសូមរំឭកលោក ថុល្លនន្ទាភិក្ខុនី មិនបាន​ពិចារណា ហើយពោលវាចាដោយរហ័ស ម្នាលអាវុសោ តាំងពីកាលដែលខ្ញុំកោរសក់ និង​ពុកមាត់ ស្លៀកដណ្តប់សំពត់​កាសាយៈ ចេញចាកផ្ទះ​ចូលមកកាន់ផ្នួស មិនដែល​ឧទ្ទិស​ចំពោះគ្រូដទៃ ក្រៅអំពីព្រះមានព្រះភាគ ជាអរហន្តសម្មាសម្ពុទ្ធ អង្គនោះសោះ។ ម្នាលអាវុសោ កាលមុនដែលខ្ញុំនៅជាគ្រហស្ថ ក៏មានសេចក្តី​ត្រិះរិះយ៉ាងនេះថា ឃរាវាស​ ជា​ទីចង្អៀត ជាផ្លូវនៃធូលី គឺកិលេស ឯបព្វជ្ជាទើបជាឱកាសទំនេរ ព្រោះបុគ្គល​ដែលនៅ​គ្រប់គ្រងផ្ទះ មិនងាយនឹងប្រព្រឹត្តព្រហ្មចរិយៈ ឲ្យពេញដោយ​ចំណែក​មួយ ឲ្យបរិសុទ្ធ ដោយ​ចំណែកមួយ ដូចជាស័ង្ខដែលគេខាត់បានឡើយ បើដូច្នោះ មានតែអាត្មាអញកោរ​សក់ ពុកមាត់ ស្លៀកដណ្តប់​សំពត់កាសាយៈ ចេញចាកផ្ទះ ចូលមកកាន់ផ្នួស។ ម្នាលអាវុសោ សម័យតមក ខ្លួនខ្ញុំ​ក៏ធ្វើសង្ឃាដិ ដោយសំពត់ចាស់ ហើយកោរ​សក់ និងពុកមាត់ ស្លៀកដណ្តប់​សំពត់កាសាយៈ ចេញចាកផ្ទះ ចូលមកកាន់ផ្នួស ឧទ្ទិស​ចំពោះ​ព្រះអរហន្ត ក្នុងលោក លុះខ្ញុំបួសយ៉ាងនេះហើយ ក៏ដើរ​ទៅកាន់ផ្លូវ​ដាច់ស្រយាល បាន​ឃើញ​ព្រះមានព្រះភាគ គង់នៅ ក្នុងពហុបុត្តចេតិយ ជាចន្លោះ​នគររាជគ្រឹះ និង​ចន្លោះ​ស្រុកនាឡន្ទា លុះឃើញហើយ ខ្ញុំក៏មានសេចក្តី​ត្រិះរិះយ៉ាងនេះថា អើហ្ន៎ ប្រសិនបើ​អាត្មា​អញចួបនឹងបុគ្គល​ដែលជាគ្រូ ក៏សូមឲ្យចួបតែនឹងព្រះមានព្រះភាគ អើហ្ន៎ ប្រសិនបើ​អាត្មា​អញ​ បានចួបនឹងបុគ្គល ​ដែលមានគតិល្អ ក៏សូមឲ្យចួបតែនឹងព្រះមានព្រះភាគ អើហ្ន៎ ប្រសិនបើ​អាត្មា​អញ បានចួបនឹងបុគ្គល​ដែលត្រាស់ដឹងធម៌ ក៏សូមឲ្យ​ចួបតែនឹងព្រះមានព្រះភាគ។ ម្នាលអាវុសោ ខ្លួនខ្ញុំក៏ក្រាបទៀប​បាទាព្រះមានព្រះភាគ ក្នុង​ទីនោះឯង ដោយសិរ្សៈ ក្រាបទូល​ព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ព្រះមានព្រះភាគ ជាគ្រូរបស់ខ្ញុំ ខ្ញុំ​ជាសាវ័ករបស់ព្រះអង្គ បពិត្រព្រះអង្គដ៏ចំរើន ព្រះមានព្រះភាគ ជាគ្រូរបស់ខ្ញុំ ខ្ញុំជាសាវ័ករបស់ព្រះអង្គ។

[១៩២] ម្នាលអាវុសោ កាលបើខ្ញុំក្រាបទូលយ៉ាងនេះហើយ ព្រះមានព្រះភាគ ទ្រង់​ត្រាស់​នឹងខ្ញុំដូច្នេះថា ម្នាលកស្សប បុគ្គលណាមិនដឹង ហើយពោលថា អាត្មាអញដឹង​ មិនឃើញ ហើយពោលថា អាត្មាអញឃើញ ចំពោះសាវ័កដែលផ្ចង់​ចិត្ត​ទាំងពួង យ៉ាង​នេះហើយ ក្បាលបុគ្គល​នោះឯង នឹងបែកពុំខាន។ ម្នាលកស្សប តថាគតដឹង ទើប​ពោល​ថាដឹង តថាគតឃើញ ទើបពោលថាឃើញ។ ម្នាលកស្សប ហេតុដូច្នោះ ក្នុងសាសនា​នេះ អ្នក​គប្បី​សិក្សាយ៉ាងនេះថា ហិរិ និងឱត្តប្បៈដ៏ក្លៀវក្លា អាត្មាអញបានតំកល់ទុក ក្នុងភិក្ខុ​ចាស់ទាំងឡាយ ក្នុងភិក្ខុថ្មីទាំងឡាយ ក្នុងភិក្ខុកណ្តាលទាំងឡាយ ម្នាលកស្សប អ្នកគួរ​សិក្សាយ៉ាងនេះឯង។ ម្នាលកស្សប ហេតុដូច្នោះ ក្នុងសាសនានេះ អ្នកគប្បី​សិក្សាយ៉ាង​នេះថា អាត្មាអញ នឹងស្តាប់ នូវធម៌​ដែល​ប្រកបដោយ​កុសលណានីមួយ ហើយធ្វើនូវ​ធម៌ទាំងអស់​នោះ ឲ្យជាប្រយោជន៍ ធ្វើទុកក្នុងចិត្ត ផ្ចង់ចិត្តទាំងពួង ផ្ទៀង​ត្រចៀកចាំ​ស្តាប់​ធម៌ ម្នាលកស្សប អ្នកគប្បីសិក្សាយ៉ាងនេះចុះ។ ម្នាលកស្សប ហេតុដូច្នោះ ក្នុងសាសនានេះ អ្នកគប្បី​សិក្សា យ៉ាង​នេះថា កាយគតាសតិ របស់អាត្មាអញ ​ប្រកបដោយសេចក្តីសុខ មិនទាន់សាបសូន្យនៅឡើយ ម្នាលកស្សប អ្នកគប្បីសិក្សាយ៉ាងនេះឯង។ ម្នាលអាវុសោ គ្រានោះ ព្រះមានព្រះភាគ ទូន្មានខ្ញុំដោយ​ឱវាទ​នេះហើយ ក៏ទ្រង់ក្រោកអំពីអាសនៈ ចៀសចេញទៅ។ ម្នាលអាវុសោ ខ្ញុំនៅ​ប្រកប​ដោយ​បំណុល បរិភោគនូវដុំបាយ របស់អ្នកនៅក្នុងដែនអស់៧ថ្ងៃគត់ លុះដល់ថ្ងៃទី​៨ ក៏បានអរហត្តផល។ ម្នាលអាវុសោ គ្រានោះ ព្រះមានព្រះភាគ ក៏ស្តេច​ចុះចាកផ្លូវ ចូល​ទៅរក​ម្លប់ឈើមួយ។ ម្នាលអាវុសោ គ្រានោះឯង ខ្ញុំក៏ក្រាលនូវ​សង្ឃាដិ៤ជាន់ ដែលធ្វើ​ដោយ​សំពត់ចាស់ ហើយក្រាបទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន សូម​ព្រះមានព្រះភាគ គង់លើ​សង្ឃាដិនេះ ដើម្បីប្រយោជន៍ និង​សេចក្តីសុខ ដល់ខ្ញុំ​ព្រះអង្គ អស់​កាលជាយូរអង្វែង។ ម្នាលអាវុសោ ព្រះមានព្រះភាគ ក៏គង់​លើអាសនៈ​ដែល​ខ្ញុំ​ក្រាលថ្វាយហើយ។ ម្នាលអាវុសោ លុះព្រះមានព្រះភាគ គង់រួចហើយ ក៏មាន​ព្រះពុទ្ធ​ដីកានឹងខ្ញុំ យ៉ាងនេះថា ម្នាលកស្សប សង្ឃាដិដែលធ្វើដោយសំពត់ចាស់របស់អ្នកនេះ មាន​សាច់ទន់ល្អណាស់។ បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ ទទួលនូវសង្ឃាដិ ដែលធ្វើដោយសំពត់ចាស់ ដើម្បីអនុគ្រោះ​ដល់ខ្ញុំ​ព្រះអង្គឲ្យទាន។ ម្នាលកស្សប អ្នកនឹង​ស្លៀក​ដណ្តប់​សំពត់​សម្បកធ្មៃ ជារបស់បង្សុកូលរបស់តថាគត ដែលតថាគត​លែង​ប្រើ​ប្រាស់ឬទេ។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គនឹងប្រើប្រាស់​សំពត់សម្បកធ្មៃ ជារបស់​បង្សុកូល របស់ព្រះមានព្រះភាគ ដែលទ្រង់លែងប្រើប្រាស់បាន។

[១៩៣] ម្នាលអាវុសោ ខ្ញុំក៏បានថ្វាយសង្ឃាដិដែលធ្វើដោយសំពត់ចាស់ ចំពោះ​ព្រះមានព្រះភាគដែរ ខ្លួនខ្ញុំក៏ប្រើប្រាស់នូវសំពត់សម្បកធ្មៃ ជារបស់បង្សុកូល​របស់​ព្រះមានព្រះភាគ ដែលទ្រង់​លែងប្រើប្រាស់វិញ។ ម្នាលអាវុសោ បុគ្គលគប្បីពោល​ដោយ​ប្រពៃនូវពាក្យណាថា បុត្តរបស់​ព្រះមានព្រះភាគ កើតចេញពីទ្រូង កើតអំពីព្រះឱស្ឋ កើត​អំពីធម៌ ព្រះធម៌បានតាក់តែងមក ជាអ្នកមានធម៌ជាមត៌ក បុត្តនោះបានទទួល​សំពត់​សម្បក​ធ្មៃជារបស់បង្សុកូល ដែល​ព្រះមានព្រះភាគ ទ្រង់លែងប្រើប្រាស់ បុគ្គល​ពោល​ពាក្យនោះថា បុត្តរបស់ព្រះមានព្រះភាគ កើតចេញពីទ្រូង កើតអំពីព្រះឱស្ឋ កើត​អំពីធម៌ ព្រះធម៌បានតាក់តែងមក មានធម៌ជាមត៌ក បុត្តនោះបានទទួល​សំពត់​សម្បក​ធ្មៃ ជារបស់​បង្សុកូល ដែល​ព្រះមានព្រះភាគ ទ្រង់លែងប្រើប្រាស់ ដូច្នេះ គឺពោល​ចំពោះខ្លួនខ្ញុំ។

[១៩៤] ម្នាលអាវុសោ ខ្ញុំប្រាថ្នាដរាបណា ក៏ស្ងប់ស្ងាត់ចាកកាមទាំងឡាយ ស្ងប់ស្ងាត់ចាកអកុសលធម៌ទាំងឡាយ ចូលកាន់បឋមជ្ឈាន ប្រកបដោយ​វិតក្កៈ និង​វិចារៈ មានបីតិ និងសុខៈ កើតអំពី​សេចក្តី​ស្ងាត់នោះ ដរាបនោះ។ ម្នាលអាវុសោ ខ្ញុំប្រាថ្នា ដរាបណា។បេ។

(បេយ្យាលៈនៃអនុបុព្វវិហារសមាបត្តិ៩ និងអភិញ្ញា៥យ៉ាងនេះ)។

[១៩៥] ម្នាលអាវុសោ ខ្ញុំបានធ្វើ​ឲ្យជាក់ច្បាស់ សម្រេចនូវចេតោវិមុត្តិ បញ្ញាវិមុត្តិ ដែល​មិនមានអាសវៈ ព្រោះអស់ទៅនៃអាសវៈទាំងឡាយ ដោយបញ្ញាដ៏ឧត្តម​ដោយ​ខ្លួនឯង ក្នុងបច្ចុប្បន្ន។ ម្នាលអាវុសោ អ្នកណា សំគាល់នូវខ្លួនខ្ញុំថា គួរបិទបាំង​ដោយ​អភិញ្ញាទាំង៦បាន អ្នកនោះ ដូចជាសំគាល់​នូវដំរី​មានកំពស់​៧ហត្ថ ឬ៧ហត្ថកន្លះ​ថា គួរបិទបាំង​ដោយស្លឹកត្នោតបាន។ ឯថុល្លនន្ទាភិក្ខុនី ឃ្លាតចាកព្រហ្មចរិយៈហើយ។ ចប់សូត្រទី១១។

[១៩៦] សម័យមួយ ព្រះមហាកស្សបមានអាយុ និងព្រះសារីបុត្តមានអាយុ គង់​នៅក្នុងឥសិបតនមិគទាយវ័ន ទៀបក្រុងពារាណសី។ គ្រានោះឯង ព្រះសារីបុត្តមានអាយុ ចេញ​អំពីទីសម្ងំ ក្នុងវេលាថ្ងៃរសៀល ហើយចូលទៅរកព្រះមហាកស្សបមានអាយុ លុះចូលទៅដល់ហើយ ក៏ធ្វើ​សេចក្តីរីករាយ ជាមួយនឹង​ព្រះមហាកស្សបមានអាយុ លុះ​បញ្ចប់​ពាក្យ​ដែលគួររីករាយ និងពាក្យដែលគួររឭកហើយ ក៏គង់ក្នុងទីដ៏សមគួរ។

[១៩៧] លុះព្រះសារីបុត្តមានអាយុ គង់ក្នុងទីដ៏សមគួរហើយ បានពោលពាក្យ​នេះ នឹងព្រះមហាកស្សបមានអាយុថា ម្នាលអាវុសោ កស្សប សត្វស្លាប់ហើយកើតវិញឬទេ។ ម្នាលអាវុសោ ពាក្យថា សត្វស្លាប់ហើយកើតវិញ នេះ ព្រះមានព្រះភាគ មិនបាន​ព្យាករ​ទេ។ ម្នាលអាវុសោ បើដូច្នោះ មានតែសត្វស្លាប់ហើយមិនកើតទៀតឬ។ ម្នាលអាវុសោ ពាក្យថា សត្វស្លាប់ហើយមិនកើតទៀត នេះ ក៏ព្រះមានព្រះភាគ មិនដែលព្យាករ​ដែរ។ ម្នាលអាវុសោ ចុះសត្វស្លាប់​ហើយកើត​ទៀតក៏មាន មិនកើត​ទៀតក៏មានឬ។ ម្នាលអាវុសោ ពាក្យថា សត្វស្លាប់ហើយកើតទៀតក៏មាន មិនកើតទៀតក៏មាន នេះ ព្រះមានព្រះភាគ មិនដែលព្យាករទេ។ ម្នាលអាវុសោ បើដូច្នោះ សត្វស្លាប់ហើយកើតទៀតក៏មិនមែន មិន​កើតទៀតក៏មិនមែនឬ។ ម្នាលអាវុសោ ពាក្យថា សត្វស្លាប់ហើយកើតទៀតក៏មិនមែន មិនកើតទៀតក៏មិនមែន នេះ ព្រះមានព្រះភាគ មិនដែលព្យាករទេ។ ម្នាលអាវុសោ ចុះហេតុដូចម្តេច បានជាព្រះមានព្រះភាគ មិនដែលព្យាករពាក្យនេះ។ ម្នាលអាវុសោ ព្រោះ​ពាក្យនេះ មិនប្រកបដោយប្រយោជន៍ មិនជាខាង​ដើមនៃព្រហ្មចរិយៈ មិន​ប្រព្រឹត្ត​ទៅ​ដើម្បី​សេចក្តីនឿយណាយ មិនប្រព្រឹត្តទៅដើម្បី​ប្រាសចាកតម្រេក មិនប្រព្រឹត្ត​ទៅ​ដើម្បី​សេចក្តីរំលត់ មិនប្រព្រឹត្តទៅ ដើម្បី​ស្ងប់រម្ងាប់ មិនប្រព្រឹត្តទៅដើម្បី​សេចក្តី​ដឹង​ច្បាស់ មិនប្រព្រឹត្តទៅ ដើម្បី​សេចក្តីត្រាស់ដឹង មិនប្រព្រឹត្តទៅដើម្បី​ព្រះនិព្វាន ព្រោះហេតុនោះ ​បានជាព្រះមានព្រះភាគ មិនដែលព្យាករពាក្យនោះ។

[១៩៨] ម្នាលអាវុសោ ចុះព្រះមានព្រះភាគ ទ្រង់ព្យាករដូចម្តេចវិញ។ ម្នាលអាវុសោ ព្រះមានព្រះភាគ ទ្រង់ព្យាករថា នេះជាទុក្ខ ព្រះមានព្រះភាគ ទ្រង់ព្យាករថា នេះជា​ហេតុ​នាំឲ្យកើតទុក្ខ ព្រះមានព្រះភាគ ទ្រង់ព្យាករថា នេះជាសេចក្តីរំលត់ទុក្ខ ព្រះមានព្រះភាគ ទ្រង់ព្យាករថា នេះជាផ្លូវ​ប្រតិបត្តិជាដំណើរ​ទៅកាន់​សេចក្តីរំលត់ទុក្ខ។ ម្នាលអាវុសោ ចុះ​ហេតុដូចម្តេច បានជាព្រះមានព្រះភាគ ទ្រង់ព្យាករពាក្យនេះ។ ម្នាលអាវុសោ ព្រោះ​ថា ពាក្យនេះ ប្រកបដោយប្រយោជន៍ ជាខាងដើមនៃ​ព្រហ្មចរិយៈ ​ប្រព្រឹត្ត​ទៅ​ដើម្បី​សេចក្តីនឿយណាយ ដើម្បី​ប្រាសចាកតម្រេក ​ដើម្បី​សេចក្តីរំលត់ ដើម្បី​ស្ងប់រម្ងាប់ ដើម្បី​សេចក្តី​ដឹង​ច្បាស់ ដើម្បី​សេចក្តីត្រាស់ដឹង ដើម្បី​ព្រះនិព្វាន ព្រោះហេតុនោះ ​បានជា​ព្រះមានព្រះភាគ ទ្រង់ព្យាករពាក្យនោះ។ ចប់សូត្រទី១២។

[១៩៩] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅវត្តជេតពន របស់​អនាថ​បិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ គ្រានោះឯង ព្រះមហាកស្សបមានអាយុ ចូលទៅគាល់​ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំ​ព្រះមានព្រះភាគ រួច​អង្គុយក្នុងទីដ៏សមគួរ។ លុះ​ព្រះមហាកស្សបមានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ ក៏​ក្រាបទូលសួរ​ព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ចុះហេតុដូចម្តេច បច្ច័យ​ដូចម្តេច បានជាក្នុងកាលពីដើម មានសិក្ខាបទ​តិច តែមានភិក្ខុបានសម្រេច​ព្រះអរហត្តច្រើន បពិត្រព្រះអង្គដ៏ចំរើន ហេតុដូចម្តេច បច្ច័យ​ដូចម្តេច បានជាឥឡូវនេះ មានសិក្ខាបទច្រើន តែមានភិក្ខុបានសម្រេច​ព្រះអរហត្តតិច។

[២០០] ម្នាលកស្សប ហេតុនុ៎ះ តែងមានយ៉ាងនេះឯង កាលបើពួកសត្វ​សាបសូន្យ​ទៅ ព្រះសទ្ធម្មក៏អន្តរធានទៅដែរ បានជាមានសិក្ខាបទច្រើន មានពួកភិក្ខុបានសម្រេច​ព្រះអរហត្តតិច ម្នាលកស្សប សទ្ធម្មប្បដិរូប គឺធម៌ដែល​ស្រដៀងគ្នានឹង​ព្រះសទ្ធម្ម មិនបាន​កើតឡើង ក្នុងលោក ដរាបណា ការអន្តរធាននៃព្រះសទ្ធម្ម ក៏មិនមាន ដរាបនោះ ម្នាលកស្សប សទ្ធម្មប្បដិរូប ​កើតឡើងក្នុងលោក កាលណា ការអន្តរធាននៃព្រះសទ្ធម្ម ក៏មានកាលនោះ។ ម្នាលកស្សប ជាតរូបប្បដិរូប គឺរបស់​ដែលស្រដៀង​នឹងមាស មិនទាន់​កើតឡើងក្នុងលោក ដរាបណា ការអន្តរធាននៃមាស ក៏មិនមាន ដរាបនោះ ម្នាលកស្សប ជាតរូបប្បដិរូប គឺរបស់ដែលស្រដៀង​នឹងមាស ​កើតឡើងក្នុងលោក កាលណា ការអន្តរធាននៃមាស ក៏មានក្នុងកាលនោះ យ៉ាងណាមិញ។ ម្នាលកស្សប សទ្ធម្មប្បដិរូប មិន​កើតឡើងក្នុងលោក ដរាបណា ការអន្តរធាននៃព្រះសទ្ធម្ម ក៏មិនមាន ដរាបនោះ ម្នាលកស្សប សទ្ធម្មប្បដិរូប ​កើតឡើងក្នុងលោក កាលណា ការអន្តរធាននៃព្រះសទ្ធម្ម ក៏មានក្នុងកាលនោះ យ៉ាងនោះឯង។

[២០១] ម្នាលកស្សប បឋវីធាតុ ធ្វើ​ព្រះសទ្ធម្មឲ្យអន្តរធានទៅក៏ទេ អាបោធាតុ ធ្វើ​ព្រះសទ្ធម្មឲ្យអន្តរធានទៅក៏ទេ តេជោធាតុ ធ្វើ​ព្រះសទ្ធម្មឲ្យអន្តរធានទៅក៏ទេ វាយោ​ធាតុ ធ្វើ​ព្រះសទ្ធម្មឲ្យអន្តរធានទៅក៏ទេ មានតែពួកមោឃបុរស ដែលកើតឡើងក្នុងលោក​នេះ ទើបធ្វើ​ព្រះសទ្ធម្មនេះ ឲ្យអន្តរធានទៅបាន ម្នាលកស្សប ដូចទូក​លិចចុះដោយការផ្ទុករបស់​យ៉ាងណា។ ម្នាលកស្សប ការអន្តរធាននៃព្រះសទ្ធម្ម មិនមែនយ៉ាងនោះទេ។

[២០២] ម្នាលកស្សប ធម៌៥ប្រការនេះថយចុះ តែងប្រព្រឹត្តទៅដើម្បី​វិនាស ដើម្បី​សាបសូន្យ​នៃព្រះសទ្ធម្ម។ ធម៌​៥ប្រការ តើដូចម្តេចខ្លះ។ ម្នាលកស្សប ពួកភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកា ក្នុងសាសនានេះ ជាអ្នក​មិនគោរព មិនកោតក្រែង ចំពោះ​ព្រះសាស្តា១ ជាអ្នក​មិនគោរព មិនកោតក្រែង ចំពោះ​ព្រះធម៌១ ជាអ្នក​មិនគោរព មិនកោតក្រែង ចំពោះ​ព្រះសង្ឃ១ ជាអ្នក​មិនគោរព មិនកោតក្រែង ចំពោះ​សិក្ខា១ ជាអ្នក​មិនគោរព មិនកោតក្រែង ចំពោះ​សមាធិ១។ ម្នាលកស្សប ធម៌ទាំង​៥ប្រការនេះឯង ថយ​ចុះ តែងប្រព្រឹត្តទៅដើម្បីវិនាស ដើម្បីសាបសូន្យ នៃព្រះសទ្ធម្ម។

[២០៣] ម្នាលកស្សប ធម៌ទាំង៥ប្រការនេះ តែងប្រព្រឹត្តទៅដើម្បីតាំងនៅ ដើម្បីមិន​វិនាស មិន​សាបសូន្យ​នៃព្រះសទ្ធម្ម។ ធម៌​ទាំង៥ប្រការ តើដូចម្តេចខ្លះ។ ម្នាលកស្សប ពួកភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកា ក្នុងសាសនានេះ ជាអ្នក​គោរព កោតក្រែង ចំពោះ​ព្រះសាស្តា១ ជាអ្នកគោរព កោតក្រែង ចំពោះ​ព្រះធម៌១ ជាអ្នកគោរព កោតក្រែង ចំពោះ​ព្រះសង្ឃ១ ជាអ្នកគោរព កោតក្រែង ចំពោះ​សិក្ខា១ ជាអ្នកគោរព កោតក្រែង ចំពោះ​សមាធិ១។ ម្នាលកស្សប ធម៌ទាំង​៥ប្រការនេះឯង តែងប្រព្រឹត្តទៅ ដើម្បីតាំងនៅ ដើម្បីមិនវិនាស មិនសាបសូន្យ នៃព្រះសទ្ធម្ម។ ចប់សូត្រទី១៣។

ចប់ កស្សបសំយុត្ត ទី៤។

ឧទ្ទាននៃកស្សបសំយុត្តនោះគឺ

ពោល​អំពីបុគ្គលសន្តោស បុគ្គល​មិនខ្លាចបាប បុគ្គល​មានឧបមាដូចជាព្រះចន្ទ បុគ្គល​ចូល​ទៅកាន់ត្រកូល បុគ្គលចាស់ ឱវាទបី ឈាន និងអភិញ្ញា លំនៅភិក្ខុនី ចីវរ សត្វ​ស្លាប់ហើយកើតទៀត ឬមិនកើតទៀត សទ្ធម្មប្បដិរូប។

លាភសក្ការសំយុត្ត

សុទ្ធកវគ្គ

[២០៤] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុង​វត្ត​ជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ ព្រះមានព្រះភាគ ត្រាស់នឹង​ភិក្ខុ​ទាំងឡាយ ក្នុងទីនោះថា ម្នាលភិក្ខុទាំងឡាយ។ ភិក្ខុទាំងនោះ ទទួលព្រះពុទ្ធដីកា​ព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ។

[២០៥] ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និង​សេចក្តី​សរសើរ ជារបស់អាក្រក់ នាំឲ្យក្តៅផ្សា គ្រោតគ្រាត ធ្វើនូវ​សេចក្តីអន្តរាយ ដល់​ការ​ត្រាស់ដឹងនូវ​ព្រះនិព្វាន ជាទីក្សេមចាកយោគៈ ដែល​រកគុណ​ជាតដទៃក្រៃលែង​ជាង​គ្មាន ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ អ្នកទាំងឡាយ​គប្បីសិក្សា​ក្នុងសាសនានេះ យ៉ាងនេះថា យើង​ទាំងឡាយ នឹងលះបង់​នូវលាភសក្ការៈ និងសេចក្តី​សរសើរ​ដែល​កើតឡើងហើយ ទាំងលាភសក្ការៈ និង​សេចក្តីសរសើរដែល​កើតឡើងហើយ ក៏កុំ​ឲ្យ​គ្រប​សង្កត់​ចិត្តយើងបានឡើយ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីសិក្សាយ៉ាងនេះ​ចុះ។ ចប់សូត្រទី១។

[២០៦] ព្រះមានព្រះភាគ ទ្រង់គង់នៅជិត​ក្រុងសាវត្ថី… ព្រះអង្គត្រាស់ថា ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និង​សេចក្តីសរសើរ ជារបស់អាក្រក់ នាំឲ្យ​ក្តៅផ្សា គ្រោតគ្រាត ធ្វើនូវ​សេចក្តីអន្តរាយ ដល់ការត្រាស់ដឹងនូវព្រះនិព្វាន ជាទីក្សេមចាក​យោគៈ ដែល​រកគុណជាតដទៃក្រៃលែង​ជាងគ្មាន។

[២០៧] ម្នាលភិក្ខុទាំងឡាយ ដូចព្រានសន្ទូច បោះនូវ​សន្ទូច ដែលបិទដោយនុយ ទៅ​ក្នុងអន្លង់ទឹកដ៏ជ្រៅ ត្រីណាមួយសំឡឹងឃើញនុយ ក៏លេបសន្ទូចនោះ ម្នាលភិក្ខុទាំងឡាយ ត្រីនោះឯង លុះបានលេបសន្ទូច​របស់​​ព្រានសន្ទូច ​យ៉ាងនេះហើយ ក៏​ដល់​នូវសេចក្តីទុក្ខ ដល់នូវ​សេចក្តីវិនាស ត្រូវតាមអំពើដោយបំណង​របស់ព្រាន​សន្ទូច។

[២០៨] ម្នាលភិក្ខុទាំងឡាយ ពាក្យថា ព្រានសន្ទូច នុ៎ះ ជាឈ្មោះនៃ​មារចិត្តបាប។ ម្នាលភិក្ខុទាំងឡាយ ពាក្យថា សន្ទូច នុ៎ះ ជាឈ្មោះនៃលាភសក្ការៈ និង​សេចក្តីសរសើរ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុណានីមួយ ត្រេកអរ ត្រូវការនូវលាភសក្ការៈ និង​សេចក្តីសរសើរ ដែលកើត​ឡើងហើយ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនេះ តថាគតហៅថា អ្នកលេបសន្ទូចរបស់​មារ រមែងដល់​នូវសេចក្តីទុក្ខ ដល់នូវ​សេចក្តីវិនាស ត្រូវតាម​អំពើ​ដោយ​បំណង​របស់​មារ​ចិត្តបាប។ ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និង​សេចក្តីសរសើរ ជារបស់​អាក្រក់ នាំ​ឲ្យ​ក្តៅផ្សា គ្រោតគ្រាត ធ្វើនូវសេចក្តីអន្តរាយ ​ដល់​ការត្រាស់ដឹងព្រះនិព្វាន ជាទីក្សេមចាក​យោគៈ ដែលរកគុណជាតដទៃក្រៃលែង​ជាងគ្មាន យ៉ាងនោះឯង។

[២០៩] ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ អ្នកទាំងឡាយ គប្បីសិក្សាក្នុង​សាសនានេះ យ៉ាងនេះថា យើងទាំងឡាយ នឹងលះបង់​នូវលាភសក្ការៈ និង​សេចក្តីសរសើរ ដែល​កើតឡើង​ហើយ ទាំងលាភសក្ការៈ និង​សេចក្តីសរសើរ ដែល​កើត​ឡើងហើយ ក៏កុំឲ្យ​គ្របសង្កត់​ចិត្តយើងបានឡើយ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីសិក្សាយ៉ាងនេះចុះ។ ចប់សូត្រទី២។

[២១០] ព្រះមានព្រះភាគ ទ្រង់គង់នៅជិតក្រុងសាវត្ថី… ព្រះអង្គត្រាស់ថា ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និង​សេចក្តីសរសើរ ជារបស់​អាក្រក់។បេ។ ធ្វើ​នូវ​សេចក្តី​អន្តរាយដល់​ការត្រាស់ដឹង។

[២១១] ម្នាលភិក្ខុទាំងឡាយ រឿង​ធ្លាប់មានមកហើយថា មានត្រកូល​នៃសត្វ​អណ្តើក​ធំ អាស្រ័យនៅជាយូរអង្វែង​មកហើយ ក្នុងអន្លង់ទឹកមួយ។ ម្នាលភិក្ខុទាំងឡាយ គ្រានោះ អណ្តើកមួយ ចូលទៅរកអណ្តើក​មួយទៀត ហើយក៏ពោល​ទៅនឹង​អណ្តើកមួយ (នោះ) ដូច្នេះថា នែបងអណ្តើក បងឯង​កុំទៅកាន់​ប្រទេសនុ៎ះឡើយ។ ម្នាលភិក្ខុទាំងឡាយ អណ្តើកនោះ បាន​ទៅកាន់ប្រទេសនោះ ព្រានក៏ចាប់​អណ្តើកនោះដោយមូល [ជាឈ្មោះ​គ្រឿងប្រហារសត្វមួយយ៉ាង ផ្លែវាធ្វើដោយដែកស្រួច បញ្ចូល​ដងទៅក្នុងមៀន សម្រាប់​កាន់ពួយ មានខ្សែ១វែងចងផ្លែ កាលបើចាក់សត្វទៅហើយ ដងនោះរបូតចេញអំពី​ផ្លែ​ទៅ នៅជាប់តែខ្សែទៅជាមួយនឹងផ្លែ (អដ្ឋកថា)។]។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះ អណ្តើក​នោះចូលទៅរកអណ្តើក (ដែលឃាត់) នោះ។ ម្នាលភិក្ខុទាំងឡាយ អណ្តើកនោះ បាន​ឃើញ​អណ្តើកនោះមកអំពីចម្ងាយ លុះឃើញហើយ ក៏ពោល​ទៅនឹង​អណ្តើកនោះ ដូច្នេះ​ថា នែបងអណ្តើក បងឯង​មិនបានទៅកាន់​ប្រទេសនោះទេឬ។ អណ្តើកនោះឆ្លើយ​ថា នែបង​អណ្តើក ខ្ញុំបានទៅកាន់ប្រទេស​នោះហើយ។ នែបងអណ្តើក បងឯងមិនត្រូវ​គេ​បៀតបៀន មិនត្រូវ​គេប្រហារទេឬ។ នែបងអណ្តើក ខ្ញុំ​មិនត្រូវគេបៀតបៀន មិនត្រូវ​គេ​ប្រហារទេ គ្រាន់តែ​មានខ្សែនេះ ជាប់តាមអំពីក្រោយខ្នងខ្ញុំប៉ុណ្ណោះ។ នែបងអណ្តើក អើ​នោះហើយ ហៅថា ត្រូវគេបៀតបៀន អើនោះហើយ ហៅថា ត្រូវគេប្រហារ នែបង​អណ្តើក មាតាបិតាក្តី ជីដូនជីតាក្តី របស់​បងឯង ដល់នូវសេចក្តី​ទុក្ខ ដល់នូវ​សេចក្តី​វិនាស ដោយខ្សែនុ៎ះឯង នែបងអណ្តើក ឥឡូវនេះ បងឯង​ចូរទៅចុះ ឥឡូវនេះ បងឯង​មិនមែន​ដូចយើងទេ។

[២១២] ម្នាលភិក្ខុទាំងឡាយ  ពាក្យថា ព្រាន នុ៎ះ ជាឈ្មោះនៃ​មារចិត្តបាប។ ម្នាលភិក្ខុទាំងឡាយ ពាក្យថា មូល នុ៎ះ ជាឈ្មោះនៃលាភសក្ការៈ និង​សេចក្តីសរសើរ។ ម្នាលភិក្ខុទាំងឡាយ ពាក្យថា ខ្សែ នុ៎ះ ជាឈ្មោះនៃនន្ទរាគ (តម្រេកដោយសេចក្តី​ត្រេកត្រអាល)។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុណានីមួយ ត្រេកអរ ត្រូវការនូវលាភសក្ការៈ និង​សេចក្តីសរសើរ ដែលកើត​ឡើងហើយ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនេះ តថាគតហៅថា អ្នកដល់​នូវ​សេចក្តីទុក្ខ ដល់នូវ​សេចក្តីវិនាស ត្រូវតាម​អំពើ​ដោយ​បំណង​របស់​មារ​ចិត្តបាប។ ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និង​សេចក្តីសរសើរ ជារបស់​អាក្រក់ យ៉ាង​នេះឯង។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីសិក្សាយ៉ាងនេះចុះ។ ចប់​សូត្រទី៣។

[២១៣] ព្រះមានព្រះភាគ ទ្រង់គង់នៅជិតក្រុងសាវត្ថី… ព្រះអង្គត្រាស់ថា ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និង​សេចក្តីសរសើរ ជារបស់អាក្រក់។បេ។ ធ្វើ​នូវ​សេចក្តី​អន្តរាយដល់ការត្រាស់ដឹង។

[២១៤] ម្នាលភិក្ខុទាំងឡាយ ដូចមេចៀមមានរោមវែង ចូលទៅកាន់​ព្រៃស្បាត ដែល​មានបន្លា មេចៀមនោះ ក៏ជាប់​នៅក្នុងទីនោះៗ ទាក់នៅក្នុងទីនោះៗ ចំពាក់​នៅក្នុងទី​នោះៗ ដល់នូវសេចក្តីទុក្ខ និងសេចក្តីវិនាសក្នុងទីនោះៗ យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ ភិក្ខុពួកខ្លះ ក្នុងសាសនានេះ ត្រូវលាភសក្ការៈ និង​សេចក្តីសរសើរ គ្របសង្កត់ រួបរឹតចិត្ត ក៏ស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងវេលាបុព្វណ្ហសម័យ ហើយចូល​ទៅកាន់ស្រុកក្តី និគមក្តី ដើម្បីបិណ្ឌបាត ភិក្ខុនោះ រមែងជាប់​នៅក្នុងទីនោះៗ រមែង​ទាក់នៅក្នុងទីនោះៗ រមែងចំពាក់​នៅក្នុងទី​នោះៗ រមែងដល់នូវសេចក្តីទុក្ខ និងសេចក្តីវិនាសក្នុងទីនោះៗ យ៉ាងនោះឯង។ ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និង​សេចក្តីសរសើរ ជារបស់អាក្រក់ យ៉ាងនេះឯង។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីសិក្សាយ៉ាងនេះចុះ។ ចប់សូត្រទី៤។

[២១៥] ព្រះមានព្រះភាគ ទ្រង់គង់នៅជិតក្រុងសាវត្ថី… ព្រះអង្គត្រាស់ថា ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និង​សេចក្តីសរសើរ ជារបស់អាក្រក់។បេ។ ធ្វើ​នូវ​សេចក្តី​អន្តរាយដល់ការត្រាស់ដឹង។

[២១៦] ម្នាលភិក្ខុទាំងឡាយ ដូចសត្វកំពោង [ឈ្មោះសត្វតូចៗមួយយ៉ាង ស្រដៀង​គ្នានឹងកញ្ចែ មានស្លាបពីរជាន់ ច្រើនត្បុលលញ់លាមក។] ទំពាស៊ីនូវលាមក ខាងក្នុង​ខ្លួន​ពេញដោយលាមក បរិបូណ៌​ដោយលាមក មានគំនរនៃលាមកធំពីខាងមុខ សត្វកំពោង​នោះ ក៏មើលងាយសត្វកំពោងដទៃ ដោយហេតុនោះថា អាត្មាអញ ទំពាស៊ីលាមក ខាងក្នុង​ខ្លួន​ពេញដោយលាមក បរិបូណ៌​ដោយលាមក នេះជាគំនរនៃលាមក​ដ៏ធំពីខាងមុខអាត្មាអញ យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុពួកខ្លះ ក្នុងសាសនានេះ ត្រូវលាភសក្ការៈ និង​សេចក្តីសរសើរ គ្របសង្កត់ រួបរឹតចិត្ត ក៏ស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងវេលាបុព្វណ្ហសម័យ ហើយចូល​ទៅកាន់ស្រុកក្តី និគមក្តី ដើម្បីបិណ្ឌបាត ភិក្ខុនោះ ក៏បរិភោគភត្ត​ក្នុងទីនោះ ដរាបដល់ឆ្អែតផង មានគេនិមន្តដើម្បី​ឆាន់​ក្នុងថ្ងៃស្អែកផង ចង្ហាន់បិណ្ឌបាត ក៏មានពោរពេញ ភិក្ខុនោះទៅកាន់អារាមវិញ ពោល​អួតកណ្តាល​ពពួកនៃ​ភិក្ខុថា ខ្ញុំបានបរិភោគភត្ត​ ដរាបដល់ឆ្អែតផង មានគេនិមន្តដើម្បី​ឆាន់​ក្នុងថ្ងៃស្អែកផង នេះជាចង្ហាន់បិណ្ឌបាត ដ៏ពោរពេញ របស់ខ្ញុំ​ផង ខ្ញុំជាបុគ្គលបាននូវចីវរ បិណ្ឌបាត សេនាសនៈ និងគ្រឿងបរិក្ខារ គឺថ្នាំជាបច្ច័យដល់​អ្នក​ជម្ងឺផង ពួកភិក្ខុដទៃទាំងអម្បាលនេះ មានបុណ្យតិច ស័ក្តិតូច មិនបាននូវចីវរ បិណ្ឌបាត សេនាសនៈ និងគ្រឿងបរិក្ខារ គឺថ្នាំជាបច្ច័យដល់​អ្នក​ជម្ងឺទេ។ ភិក្ខុនោះ ត្រូវលាភសក្ការៈ និង​សេចក្តីសរសើរនោះ គ្របសង្កត់ រួបរឹតចិត្ត តែងមើលងាយនូវពួកភិក្ខុឯទៀត ដែល​មានសីលជាទីស្រឡាញ់ យ៉ាងនោះឯង។ ម្នាលភិក្ខុទាំងឡាយ អំពើនោះឯង ជាអំពើ​ប្រព្រឹត្ត​ទៅ ដើម្បី​មិនជាប្រយោជន៍ ដើម្បីសេចក្តីទុក្ខ អស់កាលដ៏វែង ដល់មោឃបុរស​នោះ។ ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និង​សេចក្តីសរសើរ ជារបស់អាក្រក់ យ៉ាងនេះ​ឯង។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីសិក្សាយ៉ាងនេះចុះ។ ចប់សូត្រទី៥។

[២១៧] ព្រះមានព្រះភាគ ទ្រង់គង់នៅជិតក្រុងសាវត្ថី… ព្រះអង្គត្រាស់ថា ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និង​សេចក្តីសរសើរ ជារបស់អាក្រក់។បេ។ ធ្វើ​នូវ​សេចក្តី​អន្តរាយដល់ការត្រាស់ដឹង។

[២១៨] ម្នាលភិក្ខុទាំងឡាយ កាំរន្ទះធ្លាក់ចំលើបុគ្គលណា។ លាភសក្ការៈ និង​សេចក្តីសរសើរ តែងដល់​ដោយលំដាប់ ចំពោះ​សេក្ខបុគ្គល ដែល​មិនទាន់​បានសម្រេច​ព្រះ​អរហត្តផល។  ម្នាលភិក្ខុទាំងឡាយ ពាក្យថា កាំរន្ទះ នុ៎ះ ជាឈ្មោះនៃ​លាភសក្ការៈ និង​សេចក្តីសរសើរ។ ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និង​សេចក្តីសរសើរ ជារបស់​អាក្រក់ យ៉ាងនេះឯង។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីសិក្សា​យ៉ាងនេះចុះ។ ចប់សូត្រទី៦។

[២១៩] ព្រះមានព្រះភាគ ទ្រង់គង់នៅជិតក្រុងសាវត្ថី… ព្រះអង្គត្រាស់ថា ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និង​សេចក្តីសរសើរ ជារបស់អាក្រក់។បេ។ ធ្វើ​នូវ​សេចក្តី​អន្តរាយដល់ការត្រាស់ដឹង។

[២២០] ម្នាលភិក្ខុទាំងឡាយ បុគ្គលចាក់នូវ​បុគ្គលណាដោយសរ។ លាភសក្ការៈ និង​សេចក្តីសរសើរ រមែងដល់​ដោយលំដាប់ ចំពោះ​សេក្ខបុគ្គល ដែល​មិនទាន់​បានសម្រេច​​អរហត្តផល។  ម្នាលភិក្ខុទាំងឡាយ ពាក្យថា សរ នុ៎ះ ជាឈ្មោះនៃ​លាភសក្ការៈ និង​សេចក្តីសរសើរ។ ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និង​សេចក្តីសរសើរ ជារបស់​អាក្រក់ យ៉ាងនេះឯង។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីសិក្សា​យ៉ាងនេះចុះ។ ចប់សូត្រទី៧។

[២២១] ព្រះមានព្រះភាគ ទ្រង់គង់នៅជិតក្រុងសាវត្ថី… ព្រះអង្គត្រាស់ថា ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និង​សេចក្តីសរសើរ ជារបស់អាក្រក់។បេ។ ធ្វើ​នូវ​សេចក្តី​អន្តរាយដល់ការត្រាស់ដឹង។

[២២២] ម្នាលភិក្ខុទាំងឡាយ កាលសត្វចចកចាស់ នៅក្នុងវេលាបច្ចូសសម័យនៃ​រាត្រី អ្នកទាំងឡាយ បានឃើញដែរឬទេ។ ភិក្ខុទាំងឡាយ ទូលថា ព្រះករុណា ព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ សត្វចចកចាស់នោះ កើតរោគអង្គែរ [រោគនេះច្រើនកើត​ក្នុង​រដូវ​ត្រជាក់ កាលបើកើតឡើងហើយ រមែងជ្រុះរោមអស់ ហើយមានកមពងខ្ទុះដាស​ពាសពេញ​សរីរៈ (អដ្ឋកថា)។] រមែងទៅកាន់ទីគោក ក៏មិនស្រួល ទៅនៅក្រោមម្លប់ឈើ ក៏​មិនស្រួល ទៅនៅក្នុងទីវាល ក៏មិនស្រួល ទុកជាដើរ​ទៅក្នុងទីណាៗ ឈរនៅ​ក្នុងទីណាៗ អង្គុយនៅក្នុងទីណាៗ ដេកនៅក្នុងទីណាៗ ក៏រមែង​ដល់នូវសេចក្តី​ទុក្ខ និង​សេចក្តីវិនាស​ក្នុង​ទីនោះៗ (យ៉ាងណាមិញ)។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុពួកខ្លះ ក្នុងសាសនានេះ ត្រូវ​លាភសក្ការៈ និងសេចក្តីសរសើរគ្របសង្កត់ រួបរឹតចិត្ត ទៅកាន់ផ្ទះស្ងាត់ ក៏មិនស្រួល ទៅនៅ​ក្រោមម្លប់ឈើ ក៏មិនស្រួល ទៅនៅក្នុងទីវាល ក៏មិនស្រួល ទុកជាដើរ​ទៅ​ក្នុងទី​ណាៗ ឈរនៅក្នុងទីណាៗ អង្គុយនៅក្នុងទីណាៗ ដេកនៅក្នុងទីណាៗ ក៏រមែងដល់​នូវ​សេចក្តីទុក្ខ និងសេចក្តីវិនាស ក្នុងទីនោះៗ យ៉ាងនោះឯង។ ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និង​សេចក្តីសរសើរ ជារបស់​អាក្រក់ យ៉ាងនេះឯង។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីសិក្សា​យ៉ាងនេះចុះ។ ចប់សូត្រទី៨។

[២២៣] ព្រះមានព្រះភាគ ទ្រង់គង់នៅជិតក្រុងសាវត្ថី… ព្រះអង្គត្រាស់ថា ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និង​សេចក្តីសរសើរ ជារបស់អាក្រក់។បេ។ ធ្វើ​នូវ​សេចក្តី​អន្តរាយដល់ការត្រាស់ដឹង។

[២២៤] ម្នាលភិក្ខុទាំងឡាយ វេរម្ភវាត (ខ្យល់ព្យុះ) បក់ទៅលើអាកាស សត្វស្លាប​ណា ហើរទៅលើអាកាសនោះ វេរម្ភវាត ក៏បក់ផាត់សត្វស្លាបនោះ សត្វស្លាបនោះ លុះត្រូវ​វេរម្ភវាត ផាត់ឡើងហើយ ជើងក៏រសាត់ទៅដោយឡែក ស្លាបក៏រសាត់ទៅដោយឡែក ក្បាល​ក៏រសាត់ទៅដោយឡែក ដងខ្លួនក៏រសាត់ទៅដោយឡែក (យ៉ាងណាមិញ)។ ម្នាល​ភិក្ខុទាំងឡាយ ភិក្ខុខ្លះ ក្នុងសាសនានេះ ត្រូវ​លាភសក្ការៈ និងសេចក្តីសរសើរគ្របសង្កត់ រួបរឹតចិត្ត ក៏ស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងវេលាបុព្វណ្ហសម័យ ហើយចូល​ទៅកាន់​ស្រុកក្តី និគមក្តី ដើម្បីបិណ្ឌបាត ដោយមិនបានរក្សាកាយ មិនបានរក្សាវាចា មិនបានរក្សាចិត្ត មិនបានប្រុងប្រៀបស្មារតី មិនបានសង្រួម​ឥន្ទ្រិយ ភិក្ខុនោះ ក៏ឃើញ​មាតុគ្រាមក្នុងទីនោះ ស្លៀកសំពត់មិនស្រួលក្តី ដណ្តប់សំពត់​មិនស្រួលក្តី ភិក្ខុនោះ លុះ​បានឃើញមាតុគ្រាម ដែលស្លៀកសំពត់មិនស្រួលក្តី ដណ្តប់សំពត់​មិនស្រួលក្តី រាគៈ ក៏​កំចាត់ចិត្ត ភិក្ខុនោះ លុះត្រូវរាគៈ​គ្របសង្កត់​ចិត្តហើយ ក៏ពោល​លាសិក្ខា ត្រឡប់ទៅ​កាន់​ហីនភេទវិញ ពួកភិក្ខុឯទៀត ក៏យកចីវរ ពួកភិក្ខុឯទៀត យកបាត្រ ពួកភិក្ខុឯទៀតយក​និសីទនៈ ពួកភិក្ខុឯទៀតយកបំពង់ម្ជុល របស់ភិក្ខុនោះ ដូចគ្នានឹងសត្វស្លាប ដែលត្រូវ​វេរម្ភវាតបក់ផាត់ ក៏យ៉ាងនោះឯង។ ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និង​សេចក្តីសរសើរ ជារបស់​អាក្រក់ យ៉ាងនេះឯង។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីសិក្សា​យ៉ាងនេះចុះ។ ចប់សូត្រទី៩។

[២២៥] ព្រះមានព្រះភាគ ទ្រង់គង់នៅជិតក្រុងសាវត្ថី… ព្រះអង្គត្រាស់ថា ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និង​សេចក្តីសរសើរ ជារបស់អាក្រក់។បេ។ ធ្វើ​នូវ​សេចក្តី​អន្តរាយដល់ការត្រាស់ដឹង។

[២២៦] ម្នាលភិក្ខុទាំងឡាយ ក្នុងលោកនេះ តថាគត ឃើញ​បុគ្គលពួកខ្លះ ត្រូវគ្រឿង​សក្ការៈគ្របសង្កត់ រួបរឹតចិត្ត លុះបែកធ្លាយរាងកាយ ខាងមុខអំពីមរណៈ តែងទៅកើត​ក្នុង​កំណើតតិរច្ឆាន ប្រេត អសុរកាយ នរក។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ក្នុងលោកនេះ តថាគត ឃើញ​បុគ្គលពួកខ្លះ ត្រូវអ​សក្ការៈ [មិនមានគ្រឿង​សក្ការបូជា។] គ្របសង្កត់ រួបរឹតចិត្ត លុះបែកធ្លាយរាងកាយ ខាងមុខអំពីមរណៈ តែងទៅកើត​ក្នុង​កំណើតតិរច្ឆាន ប្រេត អសុរកាយ នរក។ ម្នាលភិក្ខុទាំងឡាយ ក្នុងលោកនេះ តថាគត ឃើញ​បុគ្គលពួកខ្លះ ត្រូវគ្រឿង​សក្ការៈផង អសក្ការៈផង ទាំងពីរនោះ គ្របសង្កត់ រួបរឹតចិត្ត លុះបែកធ្លាយរាងកាយ ខាងមុខអំពីមរណៈ តែងទៅកើត​ក្នុង​កំណើតតិរច្ឆាន ប្រេត អសុរកាយ នរក។ ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និង​សេចក្តីសរសើរ ជារបស់​អាក្រក់ យ៉ាងនេះឯង។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីសិក្សា​យ៉ាងនេះចុះ។

[២២៧] ព្រះមានព្រះភាគ បានត្រាស់សម្តែងសូត្រនេះ លុះព្រះសុគត ជាសាស្តា បានសម្តែង​សូត្រនេះចប់ហើយ ក៏ទ្រង់​ពោលនូវ​គាថាព័ន្ធ ដូច្នេះ តទៅទៀតថា

សមាធិ របស់បុគ្គលណា ដែលមានប្រក្រតីនៅដោយផលសមាធិ ប្រមាណ​មិនបាន រមែងមិនញាប់ញ័រដោយសក្ការៈផង ដោយ​អសក្ការៈផង ដោយសក្ការៈ និងអសក្ការៈ​ទាំង​ពីរផង អ្នកប្រាជ្ញទាំងឡាយ រមែងពោលនូវ​បុគ្គលនោះ ដែលជាអ្នកពិនិត្យ មានព្យាយាម​ជាប់តគ្នា ជាអ្នកឃើញច្បាស់ ដោយទិដ្ឋិដ៏សុខុម ត្រេកអរចំពោះ​ព្រះនិព្វាន ជាទីក្ស័យ​នៃ​ឧបាទាន ថាជាសប្បុរស។ ចប់សូត្រទី១០។

ចប់ សុទ្ធកវគ្គ ទី១០។

ឧទ្ទាននៃសុទ្ធកវគ្គនោះគឺ

និយាយអំពីលាភសក្ការៈ និងសេចក្តី​សរសើរ​សុទ្ធ១ និយាយអំពីលាភ​សក្ការៈ និង​សេចក្តី​សរសើរ​ប្រៀបដោយផ្លែសន្ទូច១ ប្រៀបដោយមូលចាក់​សត្វអណ្តើក១ ប្រៀប​ដោយ​មេចៀមមានរោមវែង (ប្រៀបដោយសត្វ​កំពោងបានដុំលាមក១) ប្រៀប​ដោយកាំ​រន្ទះ១ ប្រៀប​ដោយសរ១ ប្រៀប​ដោយសត្វ​ចចកចាស់១ ប្រៀប​ដោយ​វេរម្ភវាត១ និយាយ​អំពីបុគ្គល​មានចិត្តត្រូវសក្ការៈជាដើម គ្របសង្កត់១។

បាតិវគ្គ

[២២៨] ព្រះមានព្រះភាគ ទ្រង់គង់នៅជិតក្រុងសាវត្ថី… ព្រះអង្គត្រាស់ថា ម្នាលភិក្ខុទាំង​ឡាយ លាភសក្ការៈ និងសេចក្តីសរសើរ ជារបស់អាក្រក់។បេ។ ធ្វើនូវ​​សេចក្តី​អន្តរាយ​ដល់​ការ​ត្រាស់ដឹង។

[២២៩] ម្នាលភិក្ខុទាំងឡាយ ក្នុងលោកនេះ តថាគតកំណត់ដឹងច្បាស់ នូវចិត្ត​បុគ្គល​ពួកខ្លះ ដោយចិត្តរបស់តថាគត យ៉ាងនេះថា អ្នកនេះមិនពោលសម្បជានមុសា (និយាយ​កុហកទាំងដឹងខ្លួន) ព្រោះហេតុ​នៃភាជន៍មាស ដ៏ពេញ​ដោយលំអិតនៃប្រាក់ទេ លុះ​សម័យ​​ខាងក្រោយមក តថាគត ឃើញបុគ្គលនោះ ត្រូវលាភសក្ការៈ និង​សេចក្តី​សរសើរ​គ្របសង្កត់ រួបរឹតចិត្ត ក៏ពោលនូវ​សម្បជានមុសា។ ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និង​សេចក្តីសរសើរ ជារបស់អាក្រក់យ៉ាងនេះឯង។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នក​ទាំង​ឡាយ​គប្បីសិក្សាយ៉ាងនេះចុះ។ ចប់សូត្រទី១។

[២៣០] ព្រះមានព្រះភាគ ទ្រង់គង់នៅជិតក្រុងសាវត្ថី… ព្រះអង្គត្រាស់ថា ម្នាលភិក្ខុទាំង​ឡាយ លាភសក្ការៈ និងសេចក្តីសរសើរ ជារបស់អាក្រក់។បេ។ ធ្វើនូវ​សេចក្តី​អន្តរាយ​ដល់​ការ​ត្រាស់ដឹង។

[២៣១] ម្នាលភិក្ខុទាំងឡាយ ក្នុងលោកនេះ តថាគតកំណត់ដឹងច្បាស់ នូវចិត្ត​បុគ្គល​ពួកខ្លះ ដោយចិត្តរបស់តថាគត យ៉ាងនេះថា អ្នកនេះ មិនពោលសម្បជានមុសា ព្រោះ​ហេតុ​​នៃភាជន៍ប្រាក់ ដ៏ពេញ​ដោយលំអិតនៃមាសទេ លុះសម័យ​ខាងក្រោយមក តថាគត ឃើញបុគ្គលនោះ ត្រូវលាភសក្ការៈ និងសេចក្តីសរសើរគ្របសង្កត់ រួបរឹតចិត្ត ក៏ពោលនូវ​សម្បជានមុសា។ ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និងសេចក្តីសរសើរ ជារបស់​អាក្រក់​យ៉ាង​នេះឯង។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នក​ទាំងឡាយ គប្បីសិក្សាយ៉ាងនេះចុះ។ ចប់សូត្រទី២។

[២៣២] ព្រះមានព្រះភាគ ទ្រង់គង់នៅជិតក្រុងសាវត្ថី… ព្រះអង្គត្រាស់ថា ម្នាល​ភិក្ខុ​ទាំងឡាយ ក្នុងលោកនេះ តថាគតកំណត់ដឹងច្បាស់ នូវចិត្ត​បុគ្គល​ពួកខ្លះ ដោយ​ចិត្ត​របស់​តថាគត យ៉ាងនេះថា អ្នកនេះ មិនពោលសម្បជានមុសា ព្រោះ​ហេតុ​​នៃដុំមាស១… ព្រោះ​ហេតុនៃដុំមាស១០០… ព្រោះហេតុនៃដុំមាស​សិង្គិ១… ព្រោះហេតុ​នៃដុំមាស​សិង្គិ១០០… ព្រោះហេតុនៃផែនដី ដ៏ពេញដោយមាស… ព្រោះហេតុតែអាមិសៈបន្តិចបន្តួច… ព្រោះ​ហេតុ​តែជីវិត… ព្រោះហេតុនៃស្រីមានលំអក្នុងជនបទ លុះសម័យខាងក្រោយមក តថាគត ឃើញបុគ្គលនោះ ត្រូវលាភសក្ការៈ និងសេចក្តីសរសើរគ្របសង្កត់ រួបរឹតចិត្ត ក៏ពោល​នូវ​សម្បជានមុសា។ ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និងសេចក្តីសរសើរ ជារបស់​អាក្រក់ ​យ៉ាង​នេះឯង។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នក​ទាំងឡាយ គប្បី​សិក្សា​យ៉ាងនេះចុះ។ ចប់សូត្រទី១០។

ចប់ បាតិវគ្គ ទី២។

ឧទ្ទាននៃបាតិវគ្គនោះគឺ

និយាយអំពីភាជនៈពីរលើក និយាយអំពីមាស​ពីរលើក និយាយអំពីមាសសិង្គិ​ពីរលើក និយាយអំពីផែនដី១ និយាយអំពីអាមិសបន្តិចបន្តួច១ និយាយអំពីជីវិត១ និយាយអំពី​ស្រីមាន​លំអរក្នុងជនបទ១ ជា១០។

មាតុគ្គាមវគ្គ

[២៣៣] ព្រះមានព្រះភាគ ទ្រង់គង់នៅជិតក្រុងសាវត្ថី… ក្នុងទីនោះឯង ព្រះមានព្រះភាគ​… ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និងសេចក្តីសរសើរ ជារបស់អាក្រក់។បេ។ ធ្វើនូវសេចក្តីអន្តរាយដល់ការត្រាស់ដឹង។

[២៣៤] ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និងសេចក្តីសរសើរ រមែង​គ្របសង្កត់​ចិត្ត នៃ​បុគ្គលណាបាន ឯមាតុគ្រាមម្នាក់ មិនអាចគ្របសង្កត់ចិត្ត នៃបុគ្គលនោះ សូម្បីតែម្នាក់​បានទេ។បេ។ ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និងសេចក្តីសរសើរ ជារបស់អាក្រក់ យ៉ាង​នេះឯង។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសិក្សា យ៉ាងនេះចុះ។ ចប់​សូត្រទី១។

[២៣៥] ព្រះមានព្រះភាគ ទ្រង់គង់នៅជិតក្រុងសាវត្ថី… ព្រះអង្គត្រាស់ថា ម្នាលភិក្ខុទាំង​ឡាយ លាភសក្ការៈ និងសេចក្តីសរសើរ ជារបស់អាក្រក់។បេ។ ធ្វើនូវសេចក្តី​អន្តរាយ ដល់ការត្រាស់ដឹង។

[២៣៦] ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និងសេចក្តីសរសើរ ​គ្របសង្កត់​ចិត្ត នៃ​បុគ្គលណាបាន ឯស្រីមានលំអក្នុងជនបទម្នាក់ មិនអាចគ្របសង្កត់ចិត្ត នៃបុគ្គលនោះ សូម្បីតែម្នាក់​បានទេ។បេ។ ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និងសេចក្តីសរសើរ ជារបស់អាក្រក់ យ៉ាង​នេះឯង។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីសិក្សា យ៉ាងនេះចុះ។ ចប់​សូត្រទី២។

[២៣៧] ព្រះមានព្រះភាគ ទ្រង់គង់នៅជិតក្រុងសាវត្ថី… ព្រះអង្គត្រាស់ថា ម្នាលភិក្ខុទាំង​ឡាយ លាភសក្ការៈ និងសេចក្តីសរសើរ ជារបស់អាក្រក់។បេ។ ធ្វើនូវសេចក្តីអន្តរាយ ដល់ការត្រាស់ដឹង។

[២៣៨] ម្នាលភិក្ខុទាំងឡាយ ប្រសិនបើឧបាសិកា មានសទ្ធា កាលនិយាយ​អង្វរ​ដោយប្រពៃ ក៏​និយាយអង្វរ ចំពោះកូន​ប្រុសតូចម្នាក់ ដែល​ជាទីស្រឡាញ់ ជាទីពេញចិត្ត យ៉ាងនេះថា នែកូន ចូរបាមានគុណសម្បត្តិ ប្រាកដដូចចិត្តគហបតី និងហត្ថកឧបាសក អ្នក​ស្រុក​អាឡវីចុះ។ ម្នាលភិក្ខុទាំងឡាយ បណ្តា​ពួកឧបាសក ជាសាវ័ករបស់តថាគត មាន​តែចិត្តគហបតី១ ហត្ថកឧបាសកអ្នកស្រុកអាឡវី១ នុ៎ះជាជញ្ជីង នុ៎ះជាខ្នាត។ (ឧបាសិកា គប្បីនិយាយអង្វរថា) នែកូន បើឯងចេញចាកផ្ទះ ហើយ​ចូលទៅ​កាន់ផ្នួស នែកូន ចូរបាមានគុណសម្បត្តិប្រាកដ ដូចជា​ព្រះសារីបុត្ត និងព្រះមោគ្គល្លានចុះ។ ម្នាលភិក្ខុទាំងឡាយ បណ្តាពួកភិក្ខុជាសាវ័ករបស់តថាគត មានតែ​សារីបុត្ត និង​មោគ្គល្លាន​​នុ៎ះ ជាជញ្ជីង នុ៎ះជាខ្នាត។ (ឧបាសិកា គប្បីនិយាយអង្វរថា) នែកូន លាភសក្ការៈ និង​សេចក្តី​សរសើរ កុំបីដិតដល់កូនឯង ដែលនៅជាសេក្ខបុគ្គល មិនទាន់បានសម្រេច​ព្រះអរហត្តផលនៅឡើយ។ ម្នាលភិក្ខុទាំងឡាយ បើលាភសក្ការៈ និងសេចក្តីសរសើរ មកដិតដល់ភិក្ខុនោះ ដែលនៅជាសេក្ខបុគ្គល មិនទាន់បានសម្រេច​ព្រះអរហត្តផល​ លាភ​សក្ការៈ និងសេចក្តីសរសើរនោះ នាំឲ្យកើតសេចក្តីអន្តរាយ ដល់ភិក្ខុនោះ។ ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និងសេចក្តីសរសើរ ជារបស់អាក្រក់ យ៉ាង​នេះឯង។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសិក្សា យ៉ាងនេះចុះ។ ចប់​សូត្រទី៣។

[២៣៩] ព្រះមានព្រះភាគ ទ្រង់គង់នៅជិតក្រុងសាវត្ថី… ម្នាលភិក្ខុទាំងឡាយ លាភ​សក្ការៈ និងសេចក្តីសរសើរ ជារបស់អាក្រក់។បេ។ ធ្វើនូវសេចក្តីអន្តរាយ ដល់​ការ​ត្រាស់​ដឹង។

[២៤០] ម្នាលភិក្ខុទាំងឡាយ ឧបាសិកា មានសទ្ធា កាលបើនិយាយ​អង្វរ​ដោយប្រពៃ ក៏​និយាយអង្វរ ចំពោះកូន​ស្រីម្នាក់ ដែល​ជាទីស្រឡាញ់ ជាទីពេញចិត្ត យ៉ាងនេះថា នែ​នាង ចូរនាងមានគុណសម្បត្តិ ប្រាកដដូចជាឧបាសិកាឈ្មោះ ខុជ្ជុត្តរា និងឧបាសិកា ឈ្មោះ វេឡុកណ្ឌកិយានន្ទមាតា។ ម្នាលភិក្ខុទាំងឡាយ បណ្តា​ពួកឧបាសិកា ជា​សាវិកា​របស់​តថាគត មាន​តែនាងខុជ្ជុត្តរាឧបាសិកា១ នាងវេឡុកណ្ឌកិយានន្ទមាតា១ នុ៎ះជា​ជញ្ជីង នុ៎ះជាខ្នាត។ (ប្រសិនបើឧបាសិកា និយាយអង្វរថា) នែនាង បើឯង​ចេញ​ចាក​ផ្ទះ ហើយ​ចូលទៅ​កាន់ផ្នួស នែនាង ចូរនាងមានគុណសម្បត្តិ ប្រាកដដូចជា​នាង​ខេមាភិក្ខុនី និងនាងឧប្បលវណ្ណាភិក្ខុនីចុះ។ ម្នាលភិក្ខុទាំងឡាយ បណ្តាពួកភិក្ខុនី ជាសាវិការបស់​តថាគត មានតែនាងខេមាភិក្ខុនី១ ឧប្បលវណ្ណាភិក្ខុនី១ នុ៎ះ ជាជញ្ជីង នុ៎ះ ជា​ខ្នាត។ (ប្រសិនបើឧបាសិកា និយាយអង្វរថា) នែនាង លាភសក្ការៈ និង​សេចក្តី​សរសើរ កុំបីមកដិតដល់នាងឯង ដែលនៅជាសេក្ខបុគ្គល មិនទាន់បានសម្រេច​ព្រះអរហត្តផល​នៅ​ឡើយ។ ម្នាលភិក្ខុទាំងឡាយ បើលាភសក្ការៈ និងសេចក្តីសរសើរ មកដិតដល់ភិក្ខុនី​នោះ ដែលនៅជាសេក្ខបុគ្គល មិនទាន់បានសម្រេច​ព្រះអរហត្តផលនៅឡើយ​ លាភ​សក្ការៈ និងសេចក្តីសរសើរនោះ នាំឲ្យកើតសេចក្តីអន្តរាយ ដល់ភិក្ខុនីនោះ។ ម្នាល​ភិក្ខុ​ទាំងឡាយ លាភសក្ការៈ និងសេចក្តីសរសើរ ជារបស់អាក្រក់ យ៉ាង​នេះឯង។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសិក្សា យ៉ាងនេះចុះ។ ចប់​សូត្រទី៤។

[២៤១] ព្រះមានព្រះភាគ ទ្រង់គង់នៅជិតក្រុងសាវត្ថី… ម្នាលភិក្ខុទាំងឡាយ ពួកសមណៈ ឬព្រាហ្មណ៍ណានីមួយ មិនដឹងច្បាស់តាមពិត នូវអានិសង្សផង នូវទោសផង នៃលាភ​សក្ការៈ និងសេចក្តីសរសើរ នូវឧបាយជាគ្រឿង​រលាស់ចោល នូវ​លាភ​សក្ការៈ និង​សេចក្តី​សរសើរផង (គប្បីធ្វើយ៉ាងនេះចុះ) ដឹងច្បាស់ ធ្វើឲ្យជាក់ច្បាស់ សម្រេច​ដោយ​ប្រាជ្ញាដ៏ឧត្តម ដោយខ្លួនឯង។ ចប់សូត្រទី៥។

[២៤២] ព្រះមានព្រះភាគ ទ្រង់គង់នៅជិតក្រុងសាវត្ថី… ម្នាលភិក្ខុទាំងឡាយ ពួក​សមណៈ ឬព្រាហ្មណ៍ណានីមួយ មិនដឹងច្បាស់តាមពិត នូវហេតុជាទីកើតឡើង​ផង នូវ​សេចក្តី​វិនាសផង នូវអានិសង្សផង នូវទោសផង នៃលាភសក្ការៈ និងសេចក្តីសរសើរ នូវ​ឧបាយ​ជាគ្រឿង​​រលាស់ចោល នូវ​លាភ​សក្ការៈ និងសេចក្តីសរសើរផង (គប្បីធ្វើយ៉ាងនេះចុះ)។

[២៤៣] ម្នាលភិក្ខុទាំងឡាយ ពួកសមណៈ ឬព្រាហ្មណ៍ណានីមួយ ដឹងច្បាស់​តាមពិត នូវ ហេតុជាទីកើតឡើង​ផង នូវ​សេចក្តីវិនាសផង នូវអានិសង្សផង នូវទោសផង នៃលាភ​សក្ការៈ និងសេចក្តីសរសើរ នូវ​ឧបាយជាគ្រឿង​រលាស់ចោល នូវ​លាភ​សក្ការៈ និង​សេចក្តី​សរសើរផង (គប្បីធ្វើយ៉ាងនេះចុះ)។ ចប់សូត្រទី៦។

[២៤៤] ព្រះមានព្រះភាគ ទ្រង់គង់នៅជិតក្រុងសាវត្ថី… ម្នាលភិក្ខុទាំងឡាយ ពួក​សមណៈ ឬព្រាហ្មណ៍ណានីមួយ មិនដឹងច្បាស់ នូវលាភសក្ការៈ និងសេចក្តី​សរសើរ មិនដឹងច្បាស់​ នូវហេតុជាទីកើតឡើង​ នៃលាភសក្ការៈ និងសេចក្តីសរសើរ មិនដឹងច្បាស់​នូវ​ការរលត់​នៃលាភសក្ការៈ និងសេចក្តីសរសើរ មិនដឹងច្បាស់នូវបដិបទា ជាដំណើរ​ទៅ​កាន់​ហេតុជា​ទីរលត់ នៃលាភសក្ការៈ និងសេចក្តីសរសើរ (គប្បីធ្វើយ៉ាងនេះចុះ) ដឹង​ច្បាស់ ធ្វើឲ្យជាក់​ច្បាស់ សម្រេចដោយបញ្ញាដ៏ឧត្តម ដោយខ្លួនឯង។ ចប់សូត្រទី៧។

[២៤៥] ព្រះមានព្រះភាគ ទ្រង់គង់នៅជិតក្រុងសាវត្ថី… ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និងសេចក្តីសរសើរ ជារបស់អាក្រក់។ ម្នាលភិក្ខុទាំងឡាយ លាភ​សក្ការៈ និងសេចក្តី​សរសើរ តែងកាត់​នូវស្បែកក្រៅ លុះកាត់ស្បែក​ក្រៅហើយ តែងកាត់​ស្បែក​ក្នុង លុះ​កាត់​ស្បែកក្នុងហើយ តែងកាត់សាច់ លុះកាត់សាច់ហើយ តែង​កាត់សរសៃ លុះ​កាត់​សរសៃ​ហើយ តែង​កាត់ឆ្អឹង លុះកាត់ឆ្អឹងហើយ តែងចាក់ចុច ដល់ខួរ​ក្នុងឆ្អឹង។ ម្នាលភិក្ខុ​ទាំងឡាយ លាភសក្ការៈ និងសេចក្តីសរសើរ ជារបស់អាក្រក់ យ៉ាងនេះឯង។បេ។ ម្នាលភិក្ខុ​ទាំងឡាយ អ្នកទាំងឡាយ គប្បីសិក្សាយ៉ាងនេះចុះ។ ចប់សូត្រទី៨។

[២៤៦] ព្រះមានព្រះភាគ ទ្រង់គង់នៅជិតក្រុងសាវត្ថី… ក្នុងទីនោះឯង ព្រះមាន​ព្រះភាគ… ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និងសេចក្តីសរសើរ ជារបស់អាក្រក់។ ម្នាលភិក្ខុទាំងឡាយ លាភ​សក្ការៈ និងសេចក្តីសរសើរ តែងកាត់​ស្បែកក្រៅ លុះកាត់​ស្បែក​​ក្រៅហើយ តែងកាត់​ស្បែក​ក្នុង លុះ​កាត់ស្បែកក្នុងហើយ តែងកាត់នូវសាច់ លុះ​កាត់សាច់ហើយ តែង​កាត់នូវសរសៃ លុះ​កាត់​សរសៃហើយ តែង​កាត់ឆ្អឹង លុះ​កាត់​ឆ្អឹង​ហើយ តែងចាក់ចុច ដល់ខួរ​ក្នុងឆ្អឹង។

[២៤៧] ម្នាលភិក្ខុទាំងឡាយ ដូចបុរស​មានកម្លាំង រុំស្មងហើយពួតដោយ​ខ្សែ​រោម​កន្ទុយសត្វដ៏មាំ ខ្សែនោះ គប្បី​កាត់ស្បែកក្រៅ លុះកាត់ស្បែក​ក្រៅហើយ គប្បីកាត់នូវ​ស្បែក​​ក្នុង លុះ​កាត់ស្បែកក្នុងហើយ គប្បីកាត់សាច់ លុះកាត់សាច់ហើយ គប្បី​កាត់សរសៃ លុះ​កាត់​សរសៃហើយ គប្បី​កាត់ឆ្អឹង លុះកាត់ឆ្អឹងហើយ គប្បីចាក់ចុច ដល់ខួរ​ក្នុង​ឆ្អឹង យ៉ាង​ណាមិញ។ ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និងសេចក្តីសរសើរ តែងកាត់​​ស្បែកក្រៅ លុះកាត់ស្បែក​ក្រៅហើយ តែងកាត់​ស្បែក​ក្នុង លុះ​កាត់ស្បែក​ក្នុងហើយ តែងកាត់សាច់ លុះកាត់សាច់ហើយ តែង​កាត់សរសៃ លុះ​កាត់​សរសៃហើយ តែង​កាត់ឆ្អឹង លុះកាត់ឆ្អឹងហើយ តែងចាក់ចុច ដល់ខួរ​ក្នុងឆ្អឹង ក៏យ៉ាងនោះឯង។ ម្នាល​ភិក្ខុទាំងឡាយ លាភសក្ការៈ និងសេចក្តីសរសើរ ជារបស់អាក្រក់ យ៉ាងនេះឯង។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីសិក្សាយ៉ាងនេះចុះ។ ចប់សូត្រទី៩។

[២៤៨] ព្រះមានព្រះភាគ ទ្រង់គង់នៅជិតក្រុងសាវត្ថី… ក្នុងទីនោះឯង ព្រះមានព្រះភាគ… ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ សូម្បី​ភិក្ខុណា ជាអរហន្ត​ខីណាស្រព តថាគត ពោល​ថា លាភសក្ការៈ និងសេចក្តីសរសើរ ប្រព្រឹត្តទៅ​ដើម្បី​សេចក្តី​អន្តរាយដល់ភិក្ខុនោះដែរ។ កាល​បើ​ព្រះមានព្រះភាគ ទ្រង់ត្រាស់​យ៉ាងនេះហើយ ព្រះ​អានន្ទមានអាយុ ក៏ក្រាបបង្គំ​ទូលសួរ​ព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ចុះលាភ​សក្ការៈ និងសេចក្តី​សរសើរ ប្រព្រឹត្តទៅដើម្បី​សេចក្តីអន្តរាយ ដល់​ភិក្ខុជា​ព្រះខីណាស្រព តើដូចម្តេច។

[២៤៩] ព្រះអង្គត្រាស់ថា ម្នាលអានន្ទ ចេតោវិមុត្តិណា មិនបានកម្រើក តថាគត មិន​ពោលថា លាភសក្ការៈ និងសេចក្តី​សរសើរ ប្រព្រឹត្តទៅដើម្បី​សេចក្តីអន្តរាយ ដល់​ចេតោវិមុត្តិនោះទេ។ ម្នាលអានន្ទ ប៉ុន្តែ ភិក្ខុ​ដែលមិនប្រមាទ ជាអ្នកដុត​កម្តៅកិលេស មាន​ចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន បានសម្រេច​ធម៌ជា​គ្រឿង​នៅជាសុខ ក្នុងបច្ចុប្បន្ន (សុខ​ក្នុង​ផលសមាបត្តិ) ណា តថាគត ពោលថា លាភសក្ការៈ និងសេចក្តី​សរសើររបស់​ភិក្ខុនោះ ប្រព្រឹត្តទៅដើម្បី​សេចក្តីអន្តរាយ ដល់ធម៌ ជាគ្រឿង​នៅជាសុខ ក្នុងបច្ចុប្បន្នទាំងនោះ។ ម្នាល​អានន្ទ លាភសក្ការៈ និងសេចក្តី​សរសើរ ជារបស់អាក្រក់ នាំឲ្យ​ក្តៅផ្សា គ្រោតគ្រាត ធ្វើ​នូវសេចក្តី​អន្តរាយ ដល់​ការត្រាស់ដឹង នូវព្រះនិព្វាន ជាទីក្សេមចាកយោគៈ រកគុណ​ជាត​ដទៃក្រៃលែងជាងគ្មាន ក៏យ៉ាងនេះឯង។ ម្នាលអានន្ទ ព្រោះហេតុ​នោះ ក្នុង​សាសនា​នេះ អ្នកទាំងឡាយ គប្បីសិក្សាយ៉ាងនេះថា យើងទាំងឡាយ នឹងលះបង់នូវ​លាភ​សក្ការៈ និងសេចក្តី​សរសើរ ដែល​កើតឡើងហើយ ទាំងលាភសក្ការៈ និងសេចក្តី​សរសើរ ដែល​កើតឡើងហើយ ក៏កុំឲ្យគ្របសង្កត់ចិត្តយើងបានឡើយ។ ម្នាលអានន្ទ អ្នក​ទាំងឡាយ គប្បី​សិក្សាយ៉ាងនេះចុះ។ ចប់សូត្រទី១០។

ចប់ មាតុគ្គាមវគ្គ ទី៣។

ឧទ្ទាននៃមាតុគ្គាមវគ្គនោះ គឺ

និយាយអំពីមាតុគ្រាម១ និយាយអំពីស្រី មានលំអក្នុងជនបទ១ និយាយអំពី​កូន​ប្រុស១ និយាយអំពីកូនស្រីម្នាក់១ និយាយអំពីសមណព្រាហ្មណ៍ មាន​៣លើក និយាយអំពី​ស្បែកក្រៅ១ និយាយអំពីខ្សែ១ និយាយអំពីភិក្ខុ១។

ភេទវគ្គ

[២៥០] ព្រះមានព្រះភាគ ទ្រង់គង់នៅជិតក្រុងសាវត្ថី… ក្នុងទីនោះឯង ព្រះមានព្រះភាគ… ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និងសេចក្តី​សរសើរ ជារបស់អាក្រក់។បេ។ ម្នាលភិក្ខុទាំងឡាយ ទេវទត្ត ត្រូវលាភសក្ការៈ និងសេចក្តី​សរសើរ គ្របសង្កត់ រួបរឹតចិត្ត ទើបបំបែកសង្ឃ។ ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និងសេចក្តី​សរសើរ ជារបស់អាក្រក់ យ៉ាងនេះឯង។បេ។ អ្នកទាំងឡាយ គប្បីសិក្សាយ៉ាងនេះចុះ។ ចប់សូត្រទី១។

[២៥១] ព្រះមានព្រះភាគ ទ្រង់គង់នៅជិតក្រុងសាវត្ថី… ក្នុងទីនោះឯង ព្រះមាន​ព្រះភាគ… ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និងសេចក្តី​សរសើរ ជា​របស់​អាក្រក់។បេ។ ម្នាលភិក្ខុទាំងឡាយ ទេវទត្ត ត្រូវលាភសក្ការៈ និងសេចក្តី​សរសើរ គ្រប​សង្កត់ រួបរឹតចិត្ត ទើបកុសលមូល ដល់នូវ​កិរិយារបើកឡើង។ ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និងសេចក្តី​សរសើរ ជារបស់អាក្រក់ យ៉ាងនេះឯង។បេ។ អ្នកទាំងឡាយ គប្បីសិក្សា​យ៉ាង​នេះចុះ។ ចប់សូត្រទី២។

[២៥២] ព្រះមានព្រះភាគ ទ្រង់គង់នៅជិតក្រុងសាវត្ថី… ក្នុងទីនោះឯង ព្រះមាន​ព្រះភាគ… ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និងសេចក្តី​សរសើរ ជារបស់អាក្រក់។បេ។ ម្នាលភិក្ខុទាំងឡាយ ទេវទត្ត ត្រូវលាភសក្ការៈ និងសេចក្តី​សរសើរ គ្របសង្កត់ រួបរឹតចិត្ត ទើបកុសលធម៌ ដល់នូវ​កិរិយារបើកឡើង។ ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និងសេចក្តី​សរសើរ ជារបស់អាក្រក់ យ៉ាងនេះឯង។បេ។ អ្នកទាំងឡាយ គប្បីសិក្សាយ៉ាង​នេះចុះ។ ចប់សូត្រទី៣។

[២៥៣] ព្រះមានព្រះភាគ ទ្រង់គង់នៅជិតក្រុងសាវត្ថី… ក្នុងទីនោះឯង ព្រះមាន​ព្រះភាគ… ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និងសេចក្តី​សរសើរ ជា​របស់​អាក្រក់។បេ។ ម្នាលភិក្ខុទាំងឡាយ ទេវទត្ត ត្រូវលាភសក្ការៈ និងសេចក្តី​សរសើរ គ្រប​សង្កត់ រួបរឹតចិត្ត ទើបសុក្កធម៌ (ធម៌ស) ដល់នូវ​កិរិយារបើកឡើង។ ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និងសេចក្តី​សរសើរ ជារបស់អាក្រក់ យ៉ាងនេះឯង។បេ។ អ្នកទាំងឡាយ គប្បីសិក្សាយ៉ាងនេះចុះ។ ចប់សូត្រទី៤។

[២៥៤] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅ​នាភ្នំគិជ្ឈកូដ ជិតក្រុង​រាជគ្រឹះ។ កាល​ដែលទេវទត្តចៀសចេញទៅ មិនយូរប៉ុន្មាន ព្រះមានព្រះភាគ ក៏ប្រារព្ធចំពោះ​ទេវទត្ត ហើយត្រាស់នឹងភិក្ខុទាំងឡាយ ក្នុងទីនោះថា ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និង​សេចក្តី​សរសើរ កើតឡើងដល់ទេវទត្ត ដើម្បីសម្លាប់ខ្លួន លាភសក្ការៈ និងសេចក្តី​សរសើរ កើតឡើងដល់ទេវទត្ត ដើម្បីសេចក្តី​វិនាស។

[២៥៥] ម្នាលភិក្ខុទាំងឡាយ ដូចដើមចេក បញ្ចេញផ្លែមកដើម្បីសម្លាប់ខ្លួន បញ្ចេញ​ផ្លែមកដើម្បី​សេចក្តីវិនាស យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និង​សេចក្តី​​សរសើរ កើតឡើងដល់ទេវទត្ត ដើម្បីសម្លាប់ខ្លួន លាភសក្ការៈ និងសេចក្តី​សរសើរ កើត​ឡើង​ដល់ទេវទត្ត ដើម្បីសេចក្តី​វិនាស ក៏យ៉ាងនោះឯង។

[២៥៦] ម្នាលភិក្ខុទាំងឡាយ ដូចដើមឫស្សី បញ្ចេញផ្លែមកដើម្បីសម្លាប់ខ្លួន បញ្ចេញ​ផ្លែមកដើម្បី​សេចក្តីវិនាស យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និង​សេចក្តី​សរសើរ កើតឡើងដល់ទេវទត្ត ដើម្បីសម្លាប់ខ្លួន លាភសក្ការៈ និងសេចក្តី​សរសើរ កើត​ឡើង​ដល់ទេវទត្ត ដើម្បីសេចក្តី​វិនាស ក៏យ៉ាងនោះឯង។

[២៥៧] ម្នាលភិក្ខុទាំងឡាយ ដូចដើមបបុះ បញ្ចេញផ្លែមកដើម្បីសម្លាប់ខ្លួន បញ្ចេញ​ផ្លែមកដើម្បី​សេចក្តីវិនាស យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និង​សេចក្តី​​សរសើរ កើតឡើងដល់ទេវទត្ត ដើម្បីសម្លាប់ខ្លួន លាភសក្ការៈ និងសេចក្តី​សរសើរ កើត​ឡើង​​ដល់ទេវទត្ត ដើម្បីសេចក្តី​វិនាស ក៏យ៉ាងនោះឯង។

[២៥៨] ម្នាលភិក្ខុទាំងឡាយ ដូចមេសេះអស្សតរ មានគភ៌ដើម្បីសម្លាប់ខ្លួន មានគភ៌ ដើម្បី​សេចក្តីវិនាស យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និងសេចក្តី​សរសើរ កើតឡើងដល់ទេវទត្ត ដើម្បីសម្លាប់ខ្លួន លាភសក្ការៈ និងសេចក្តី​សរសើរ កើត​ឡើង​ដល់ទេវទត្ត ដើម្បីសេចក្តី​វិនាស ក៏យ៉ាងនោះឯង។ ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និងសេចក្តី​សរសើរ ជារបស់អាក្រក់ យ៉ាងនេះឯង។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នក​ទាំង​ឡាយ គប្បីសិក្សា យ៉ាងនេះចុះ។

[២៥៩] ព្រះមានព្រះភាគ ទ្រង់ត្រាស់ព្រះសូត្រនេះចប់ហើយ លុះព្រះសុគត ជា​សាស្តា ទ្រង់ត្រាស់ព្រះសូត្រនេះរួចហើយ ទើបទ្រង់ត្រាស់​នូវគាថាព័ន្ធន៍ ជាលំដាប់​តទៅ​ទៀតថា

ផ្លែចេក តែងសម្លាប់ដើមចេក ផ្លែឫស្សី តែងសម្លាប់ដើមឫស្សី ផ្លែបបុះ តែងសម្លាប់​ដើម​បបុះ ឯសក្ការៈតែងសម្លាប់បុរសអាក្រក់ ដូចជាគភ៌សម្លាប់​មេសេះអស្សតរ។ ចប់​សូត្រ​ទី៥។

[២៦០] ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តវេឡុវ័ន ជាកលន្ទកនិវាបស្ថាន ជិតក្រុង​រាជគ្រឹះ។ សម័យនោះឯង អជាតសត្តុកុមារ តែង​ទៅកាន់ទីបម្រើនៃ​ទេវទត្ត ទាំងល្ងាច ទាំង​ព្រឹក ដោយព្រះរាជរថចំនួន​៥០០ផង ទ្រង់ឲ្យ​នាំចង្ហាន់​ចំនួន​៥០០ថាស ទៅ​ប្រគេន​ផង។ លំដាប់នោះ ពួកភិក្ខុច្រើនរូប នាំគ្នាចូលទៅគាល់​ព្រះមានព្រះភាគ លុះចូលទៅ​ដល់​ហើយ ក៏ក្រាបថ្វាយបង្គំ​ព្រះមានព្រះភាគ រួចអង្គុយក្នុងទីសមគួរ។ លុះ​ភិក្ខុទាំង​នោះ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គ​ដ៏ចំរើន អជាតសត្តុកុមារ តែង​ទៅកាន់ទីបម្រើនៃ​ទេវទត្ត ទាំងល្ងាច ទាំង​ព្រឹក ដោយ​ព្រះរាជរថចំនួន​៥០០ផង ទ្រង់ឲ្យ​នាំចង្ហាន់​ចំនួន​៥០០ថាស ទៅ​ប្រគេន​ផង។

[២៦១] ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយកុំស្រឡាញ់លាភសក្ការៈ និងសេចក្តី​សរសើរ របស់ទេវទត្តឡើយ។ ម្នាលភិក្ខុទាំងឡាយ អជាតសត្តុកុមារ នឹង​ទៅកាន់​ទី​បម្រើនៃ​ទេវទត្ត ទាំងល្ងាច ទាំង​ព្រឹក ដោយព្រះរាជរថចំនួន​៥០០ផង ទ្រង់ឲ្យ​នាំចង្ហាន់​ចំនួន​៥០០ថាស ទៅ​ប្រគេន​ផង អស់​កំណត់​កាលត្រឹមណា។  ម្នាលភិក្ខុទាំងឡាយ ទេវទត្ត ត្រូវនឹកសង្ឃឹមតែសេចក្តី​សាបសូន្យមួយយ៉ាងប៉ុណ្ណោះ ឯសេចក្តីចម្រើន ក្នុង​កុសលធម៌​ទាំងឡាយ មិនត្រូវនឹកសង្ឃឹមឡើយ អស់កាលមានកំណត់ត្រឹមនោះ។

[២៦២] ម្នាលភិក្ខុទាំងឡាយ ដូចជនទាំងឡាយ ច្របាច់ប្រមាត់ដាក់ច្រមុះ​នៃឆ្កែ​កាច ម្នាលភិក្ខុទាំងឡាយ កាលបើយ៉ាងនេះហើយ ឆ្កែនោះរឹងរឹតតែកាច ដោយក្រៃលែង​ឡើង យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ អជាតសត្តុកុមារ នឹង​ទៅកាន់ទីបម្រើនៃ​ទេវទត្ត ទាំង​ល្ងាច ទាំង​ព្រឹក ដោយព្រះរាជរថចំនួន​៥០០ផង ទ្រង់ឲ្យ​នាំចង្ហាន់​ចំនួន​៥០០ថាស ទៅ​ប្រគេន​ផង អស់កាលមានកំណត់​ត្រឹមណា ម្នាលភិក្ខុទាំងឡាយ ទេវទត្ត ត្រូវនឹក​សង្ឃឹមតែសេចក្តី​សាបសូន្យមួយយ៉ាងប៉ុណ្ណោះ ឯសេចក្តីចម្រើន ក្នុង​កុសលធម៌​ទាំង​ឡាយ មិនត្រូវនឹកសង្ឃឹមឡើយ អស់កាលមានកំណត់ត្រឹមនោះ ក៏​យ៉ាងនោះ​ឯង។ ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និងសេចក្តីសរសើរ ជារបស់អាក្រក់ យ៉ាងនេះឯង។បេ។ អ្នកទាំងឡាយ គប្បីសិក្សាយ៉ាងនេះចុះ។ ចប់សូត្រទី៦។

[២៦៣] ព្រះមានព្រះភាគ ទ្រង់គង់នៅជិតក្រុងសាវត្ថី… ម្នាលភិក្ខុទាំងឡាយ លាភ​សក្ការៈ និងសេចក្តីសរសើរ ជារបស់​អាក្រក់ ក្តៅផ្សា គ្រោតគ្រាត ធ្វើនូវ​សេចក្តី​អន្តរាយ ដល់ការត្រាស់ដឹង នូវព្រះនិព្វាន ជាទីក្សេមចាកយោគៈ ដែលរកគុណជាត​ដទៃ ក្រៃលែង​ជាងគ្មាន។

[២៦៤] ម្នាលភិក្ខុទាំងឡាយ ក្នុងលោកនេះ តថាគតកំណត់ដឹងច្បាស់ នូវចិត្ត​បុគ្គល​ពួកខ្លះ ដោយចិត្តរបស់​តថាគត យ៉ាងនេះថា អ្នកនេះ មិនពោល​សម្បជានមុសា ព្រោះ​ហេតុ​តែមាតាទេ លុះសម័យខាងក្រោយមក តថាគតឃើញបុគ្គល​នោះ ត្រូវ​លាភសក្ការៈ និងសេចក្តីសរសើរគ្របសង្កត់ រួបរឹតចិត្ត ក៏ពោល​សម្បជានមុសា។ ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និងសេចក្តីសរសើរ ជារបស់អាក្រក់ ក្តៅផ្សា គ្រោតគ្រាត ធ្វើនូវ​សេចក្តី​អន្តរាយ ដល់ការត្រាស់ដឹង នូវព្រះនិព្វាន ជាទីក្សេមចាកយោគៈ ដែលរកគុណជាត​ដទៃ ក្រៃលែងជាងគ្មាន យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ ក្នុង​សាសនា​នេះ អ្នកទាំងឡាយ គប្បីសិក្សាយ៉ាងនេះថា យើងទាំងឡាយ នឹងលះបង់នូវ​លាភសក្ការៈ និង​សេចក្តីសរសើរ ដែលកើតឡើងហើយ ទាំង​លាភសក្ការៈ និងសេចក្តីសរសើរ ដែល​កើត​ឡើងហើយ ក៏កុំឲ្យគ្របសង្កត់ចិត្តយើងបានឡើយ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំង​ឡាយ គប្បីសិក្សាយ៉ាងនេះចុះ។ ចប់សូត្រទី៧។

[២៦៥] ព្រះមានព្រះភាគ ទ្រង់គង់នៅជិតក្រុងសាវត្ថី… ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និងសេចក្តីសរសើរ ជារបស់​អាក្រក់ ក្តៅផ្សា គ្រោតគ្រាត ធ្វើនូវ​សេចក្តី​អន្តរាយ ដល់ការ​ត្រាស់ដឹង នូវព្រះនិព្វាន ជាទីក្សេមចាកយោគៈ ដែលរកគុណជាត​ដទៃ ក្រៃលែង​ជាង​គ្មាន។

[២៦៦] ម្នាលភិក្ខុទាំងឡាយ ក្នុងលោកនេះ តថាគតកំណត់ដឹងច្បាស់ នូវចិត្ត​បុគ្គល​ពួកខ្លះ ដោយចិត្តរបស់​តថាគត យ៉ាងនេះថា អ្នកនេះ មិនពោល​សម្បជានមុសា ព្រោះ​ហេតុ​តែបិតាទេ (បណ្ឌិតគប្បីឲ្យពិស្តារផងចុះ) ព្រោះហេតុតែបងប្អូនប្រុសទេ… ​ព្រោះ​ហេតុ​តែបងប្អូនស្រីទេ… ព្រោះហេតុតែកូនប្រុសទេ… ព្រោះហេតុ​តែកូនស្រីទេ… ព្រោះ​ហេតុតែប្រពន្ធទេ លុះសម័យខាងក្រោយមក តថាគតឃើញបុគ្គល​នោះ ត្រូវ​លាភ​សក្ការៈ និងសេចក្តីសរសើរគ្របសង្កត់ រួបរឹតចិត្ត ក៏ពោល​នូវសម្បជានមុសា។ ម្នាលភិក្ខុ​ទាំង​ឡាយ លាភសក្ការៈ និងសេចក្តីសរសើរ ជារបស់អាក្រក់ ក្តៅផ្សា គ្រោតគ្រាត ធ្វើនូវ​សេចក្តី​អន្តរាយ ដល់ការត្រាស់ដឹង នូវព្រះនិព្វាន ជាទីក្សេមចាកយោគៈ រកគុណជាត​ដទៃ ក្រៃលែងជាងគ្មាន ក៏យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ ក្នុង​សាសនា​នេះ អ្នកទាំងឡាយ គប្បីសិក្សាយ៉ាងនេះថា យើងទាំងឡាយ នឹងលះបង់នូវ​លាភសក្ការៈ និង​សេចក្តីសរសើរ ដែលកើតឡើងហើយ ទាំង​លាភសក្ការៈ និងសេចក្តី​សរសើរ ដែល​កើត​ឡើងហើយ ក៏កុំឲ្យគ្របសង្កត់ចិត្តយើងបានឡើយ។ ម្នាលភិក្ខុទាំង​ឡាយ អ្នកទាំងឡាយ គប្បីសិក្សាយ៉ាងនេះចុះ។ ចប់សូត្រទី១៣។

ចប់ ភេទវគ្គ ទី៤។

ឧទ្ទាននៃភេទវគ្គនោះគឺ

និយាយអំពីទេវទត្តបំបែកសង្ឃ១ កុសលមូល១ ធម៌មាន២លើក កាលទេវទត្ត​ចៀស​ចេញទៅ១ អជាតសត្តុកុមារ ទៅកាន់​ទីបម្រើ​នៃទេវទត្ត ដោយព្រះរាជរថ​១ មាតា១ បិតា១ បងប្អូនប្រុស១ បងប្អូនស្រី១ កូនប្រុស១ កូនស្រី១ ប្រពន្ធ១។

ចប់ លាភសក្ការសំយុត្ត ទី៥។

រាហុលសំយុត្ត

អប្បមាទវគ្គ

[២៦៧] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុង​វត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ គ្រានោះ ព្រះរាហុលមានអាយុ ចូល​ទៅគាល់​ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំ​ព្រះមាន​ព្រះ​ភាគ ហើយ​អង្គុយក្នុងទីសមគួរ។ លុះ​ព្រះរាហុលមានអាយុ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ ទ្រង់សំដែង​ធម៌ដោយសង្ខេប ដល់ខ្ញុំ​ព្រះអង្គ ព្រោះថា បើខ្ញុំ​ព្រះអង្គ បានស្តាប់ធម៌របស់​ព្រះមានព្រះភាគហើយ នឹងចៀសចេញ​ទៅតែ​ម្នាក់ឯង មិនប្រមាទ មានព្យាយាម ជាគ្រឿង​ដុតនូវកិលេស មានចិត្តស្លុង (ទៅ​កាន់​ព្រះ​និព្វាន)។

[២៦៨] ព្រះអង្គត្រាស់សួរថា ម្នាលរាហុល អ្នកសំគាល់សេចក្តីនោះ ដូចម្តេច ចក្ខុ​ទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។ ចុះរបស់ណា ដែលមិនទៀង របស់នោះ​ជា​ទុក្ខ ឬជាសុខ។ ជាទុក្ខ ព្រះអង្គ។ ចុះរបស់ណា ដែល​មិនទៀង ជាទុក្ខ មានកិរិយា​ប្រែប្រួល​ជា​ធម្មតា គួរនឹងយល់ឃើញនូវរបស់​នោះថា នុ៎ះ ជារបស់អាត្មាអញ នុ៎ះ ជាអាត្មាអញ នុ៎ះ ជា​ខ្លួន​របស់អាត្មាអញ ដែរឬ។ ហេតុនុ៎ះ មិនគួរទេ ព្រះអង្គ។

(បេយ្យាលៈយ៉ាងនេះ)

ព្រះអង្គត្រាស់សួរថា ត្រចៀកទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ… ច្រមុះ​ទៀង ឬ​មិនទៀង។ មិនទៀងទេ ព្រះអង្គ… អណ្តាត​ទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ… កាយទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ… ចិត្តទៀង ឬមិនទៀង។ មិនទៀង​ទេ ព្រះ​អង្គ។ ចុះរបស់ណា មិនទៀង របស់នោះ​ជា​ទុក្ខ ឬជាសុខ។ ជាទុក្ខ ព្រះអង្គ។ ចុះរបស់ណា ​មិនទៀង ជាទុក្ខ មានកិរិយា​ប្រែប្រួល​ជា​ធម្មតា គួរនឹងយល់ឃើញនូវរបស់​នោះថា នុ៎ះ ជារបស់អាត្មាអញ នុ៎ះ ជាអាត្មាអញ នុ៎ះ ជា​ខ្លួន​របស់អាត្មាអញ ដែរឬ។ ហេតុនុ៎ះ មិនគួរទេ ព្រះអង្គ។

[២៦៩] ម្នាលរាហុល អរិយសាវ័កអ្នកចេះដឹង កាលបើឃើញយ៉ាងនេះ ក៏​រមែង​នឿយណាយចំពោះ​ភ្នែកផង នឿយណាយចំពោះត្រចៀកផង នឿយណាយចំពោះ​ច្រមុះ​ផង នឿយណាយចំពោះអណ្តាត​ផង នឿយណាយចំពោះកាយផង នឿយណាយ​ចំពោះចិត្តផង កាលបើនឿយណាយហើយ ក៏ធុញទ្រាន់ ព្រោះ​ការ​ធុញ​ទ្រាន់ ទើបចិត្តរួច​ស្រឡះ។ កាលបើចិត្តរួចស្រឡះហើយ សេចក្តីដឹង​ក៏កើតមានថា ចិត្ត​អាត្មាអញរួច​ស្រឡះ​ហើយ។ អរិយសាវ័កនោះ រមែងដឹងច្បាស់ថា ជាតិ​អស់ហើយ មគ្គព្រហ្មចរិយៈ អាត្មាអញ បានប្រព្រឹត្ត​រួចហើយ សោឡសកិច្ច​ អាត្មាអញ បាន​ធ្វើ​ស្រេចហើយ មគ្គភាវនា​កិច្ចដទៃ ប្រព្រឹត្តទៅដើម្បី​សោឡសកិច្ចនេះទៀត មិនមាន​ឡើយ។ ចប់សូត្រទី១។

(ព្រះសូត្រទាំង១០ បណ្ឌិតគប្បីធ្វើ​តាមបេយ្យាលៈនេះចុះ)

[២៧០] ព្រះមានព្រះភាគ ទ្រង់គង់នៅជិតក្រុងសាវត្ថី… ទ្រង់ត្រាស់សួរថា ម្នាល​រាហុល អ្នកសំគាល់​សេចក្តីនោះដូចម្តេច រូបទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ… សំឡេង​។បេ។ ក្លិន… រស… ផ្សព្វ… ធម៌ទាំងឡាយ ​ទៀង ឬ​មិនទៀង។ មិនទៀងទេ ព្រះអង្គ…។

[២៧១] ម្នាលរាហុល អរិយសាវ័កអ្នកចេះដឹង កាលបើឃើញយ៉ាងនេះ ក៏​រមែង​នឿយណាយ​ចំពោះ​រូបផង នឿយណាយចំពោះសំឡេងផង នឿយណាយចំពោះ​ក្លិន​ផង នឿយណាយចំពោះរស​ផង នឿយណាយចំពោះផ្សព្វផង នឿយណាយ​ចំពោះធម៌​ទាំង​ឡាយផង កាលបើនឿយណាយហើយ ក៏ធុញទ្រាន់។បេ។ ចប់សូត្រទី២។

[២៧២] ព្រះមានព្រះភាគ ទ្រង់គង់នៅជិតក្រុងសាវត្ថី… ទ្រង់ត្រាស់សួរថា ម្នាល​រាហុល អ្នកសំគាល់​សេចក្តីនោះ ដូចម្តេច ចក្ខុវិញ្ញាណ (សេចក្តី​ដឹងតាមផ្លូវភ្នែក) ទៀង ឬមិន​ទៀង។ មិនទៀងទេ ព្រះអង្គ… សោតវិញ្ញាណ។បេ។ ឃានវិញ្ញាណ… ជិវ្ហាវិញ្ញាណ… មនោវិញ្ញាណ ​ទៀង ឬ​មិនទៀង។ មិនទៀងទេ ព្រះអង្គ…។

[២៧៣] ម្នាលរាហុល អរិយសាវ័កអ្នកចេះដឹង កាលបើឃើញយ៉ាងនេះ ក៏​រមែង​នឿយ​ណាយ​ចំពោះ​ចក្ខុវិញ្ញាណផង នឿយណាយចំពោះសោតវិញ្ញាណផង នឿយណាយ​ចំពោះ​​​ឃានវិញ្ញាណផង នឿយណាយចំពោះជិវ្ហាវិញ្ញាណ​ផង នឿយណាយចំពោះ​កាយ​វិញ្ញាណផង នឿយណាយចំពោះមនោវិញ្ញាណផង កាលបើនឿយណាយហើយ ក៏ធុញ​ទ្រាន់។បេ។ ចប់សូត្រទី៣។

[២៧៤] ព្រះមានព្រះភាគ ទ្រង់គង់នៅជិតក្រុងសាវត្ថី… ទ្រង់ត្រាស់សួរថា ម្នាល​រាហុល អ្នកសំគាល់​សេចក្តីនោះ ដូចម្តេច ចក្ខុសម្ផ័ស្ស (រូបារម្មណ៍ដែលប៉ះពាល់​ដោយ​ចក្ខុ) ទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ… សោតសម្ផ័ស្ស​។បេ។ ឃានសម្ផ័ស្ស… ជិវ្ហាសម្ផ័ស្ស… កាយសម្ផ័ស្ស… មនោសម្ផ័ស្ស ​ទៀង ឬ​មិនទៀង។ មិនទៀងទេ ព្រះអង្គ…។

[២៧៥] ម្នាលរាហុល អរិយសាវ័កអ្នកចេះដឹង កាលបើឃើញយ៉ាងនេះ ក៏​រមែង​នឿយណាយចំពោះ​ចក្ខុសម្ផ័ស្សផង នឿយណាយចំពោះសោតសម្ផ័ស្សផង នឿយ​ណាយ​​ចំពោះ​ឃានសម្ផ័ស្ស​ផង នឿយណាយចំពោះជិវ្ហាសម្ផ័ស្ស​ផង នឿយណាយ​ចំពោះ​​កាយសម្ផ័ស្សផង នឿយណាយចំពោះមនោសម្ផ័ស្សផង កាលបើនឿយណាយ​ហើយ ក៏ធុញទ្រាន់។បេ។ ចប់សូត្រទី៤។

[២៧៦] ព្រះមានព្រះភាគ ទ្រង់គង់នៅជិតក្រុងសាវត្ថី… ទ្រង់ត្រាស់សួរថា ម្នាល​រាហុល អ្នកសំគាល់​សេចក្តីនោះ ដូចម្តេច ចក្ខុសម្ផស្ស ជាវេទនា (វេទនាកើត​អំពី​ចក្ខុ​សម្ផ័ស្ស) ទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ… សោតសម្ផស្ស ជាវេទនា​។បេ។ ឃានសម្ផស្ស ជាវេទនា… ជិវ្ហាសម្ផស្ស ជាវេទនា… កាយសម្ផស្ស ជាវេទនា… មនោសម្ផស្ស ជាវេទនា ​ទៀង ឬ​មិនទៀង។ មិនទៀងទេ ព្រះអង្គ…។

[២៧៧] ម្នាលរាហុល អរិយសាវ័កអ្នកចេះដឹង កាលបើឃើញយ៉ាងនេះ ​រមែង​នឿយណាយចំពោះ​ចក្ខុសម្ផស្ស ជាវេទនាផង នឿយណាយចំពោះសោតសម្ផស្ស ជាវេទនាផង នឿយណាយ​ចំពោះ​ឃានសម្ផស្ស​ ជាវេទនាផង នឿយណាយចំពោះ​ជិវ្ហាសម្ផស្ស ជាវេទនា​ផង នឿយណាយចំពោះកាយសម្ផស្ស ជា​វេទនាផង នឿយណាយ​ចំពោះ​មនោសម្ផស្ស ជាវេទនាផង។បេ។ ចប់សូត្រទី៥។

[២៧៨] ព្រះមានព្រះភាគ ទ្រង់គង់នៅជិតក្រុងសាវត្ថី… ទ្រង់ត្រាស់សួរថា ម្នាល​រាហុល អ្នកសំគាល់​សេចក្តីនោះ ដូចម្តេច រូបសញ្ញា (សេចក្តីសំគាល់​ក្នុងរូប) ទៀង ឬ​មិន​ទៀង។ មិនទៀងទេ ព្រះអង្គ… សទ្ទសញ្ញា… គន្ធសញ្ញា… រសសញ្ញា… ផោដ្ឋព្វសញ្ញា… ធម្មសញ្ញា ​ទៀង ឬ​មិនទៀង។ មិនទៀងទេ ព្រះអង្គ…។

[២៧៩] ម្នាលរាហុល អរិយសាវ័កអ្នកចេះដឹង កាលបើឃើញយ៉ាងនេះ ក៏​រមែង​នឿយណាយចំពោះ​រូបសញ្ញាផង នឿយណាយចំពោះសទ្ទសញ្ញាផង នឿយណាយ​ចំពោះ​គន្ធសញ្ញា​ផង នឿយណាយចំពោះរសសញ្ញា​ផង នឿយណាយ​ចំពោះផោដ្ឋព្វ​សញ្ញា​ផង នឿយណាយចំពោះធម្មសញ្ញាផង។បេ។ ចប់សូត្រទី៦។

[២៨០] ព្រះមានព្រះភាគ ទ្រង់គង់នៅជិតក្រុងសាវត្ថី… ទ្រង់ត្រាស់សួរថា ម្នាល​រាហុល អ្នកសំគាល់​សេចក្តីនោះ ដូចម្តេច រូបសញ្ចេតនា (សេចក្តីគិតក្នុងរូប) ទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ… សទ្ទសញ្ចេតនា… គន្ធសញ្ចេតនា… រសសញ្ចេតនា… ផោដ្ឋព្វសញ្ចេតនា… ធម្មសញ្ចេតនា ទៀង ឬ​មិនទៀង។ មិនទៀងទេ ព្រះអង្គ…។

[២៨១] ម្នាលរាហុល អរិយសាវ័កអ្នកចេះដឹង កាលបើឃើញយ៉ាងនេះ ក៏​រមែង​នឿយណាយចំពោះ​រូបសញ្ចេតនាផង នឿយណាយចំពោះសទ្ទសញ្ចេតនាផង នឿយ​ណាយ​​ចំពោះ​គន្ធសញ្ចេតនា​ផង នឿយណាយចំពោះរសសញ្ចេតនា​ផង នឿយណាយ​ចំពោះផោដ្ឋព្វ​សញ្ចេតនា​ផង នឿយណាយចំពោះធម្មសញ្ចេតនាផង។បេ។ ចប់សូត្រ​ទី៧។

[២៨២] ព្រះមានព្រះភាគ ទ្រង់គង់នៅជិតក្រុងសាវត្ថី… ទ្រង់ត្រាស់សួរថា ម្នាល​រាហុល អ្នកសំគាល់​សេចក្តីនោះ ដូចម្តេច រូបតណ្ហា (សេចក្តីប្រាថ្នាក្នុងរូប) ទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ… សទ្ទតណ្ហា… គន្ធតណ្ហា… រសតណ្ហា… ផោដ្ឋព្វតណ្ហា… ធម្មតណ្ហា ទៀង ឬ​មិនទៀង។ មិនទៀងទេ ព្រះអង្គ…។

[២៨៣] ម្នាលរាហុល អរិយសាវ័កអ្នកចេះដឹង កាលបើឃើញយ៉ាងនេះ ក៏​រមែង​នឿយណាយចំពោះ​រូបតណ្ហាផង នឿយណាយចំពោះសទ្ទតណ្ហាផង នឿយណាយ​ចំពោះ​គន្ធតណ្ហា​ផង នឿយណាយចំពោះរសតណ្ហា​ផង នឿយណាយ​ចំពោះផោដ្ឋព្វ​តណ្ហា​ផង នឿយណាយចំពោះធម្មតណ្ហាផង។បេ។ ចប់សូត្រទី៨។

[២៨៤] ព្រះមានព្រះភាគ ទ្រង់គង់នៅជិតក្រុងសាវត្ថី… ទ្រង់ត្រាស់សួរថា ម្នាល​រាហុល អ្នកសំគាល់​សេចក្តីនោះ ដូចម្តេច បឋវីធាតុ ទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ… អាបោធាតុ… តេជោធាតុ… វាយោធាតុ… អាកាសធាតុ… វិញ្ញាណធាតុ ទៀង ឬ​មិនទៀង។ មិនទៀងទេ ព្រះអង្គ…។

[២៨៥] ម្នាលរាហុល អរិយសាវ័កអ្នកចេះដឹង កាលបើឃើញយ៉ាងនេះ ក៏​រមែង​នឿយណាយចំពោះ​បឋវីធាតុផង នឿយណាយចំពោះអាបោធាតុផង នឿយណាយ​ចំពោះ​តេជោធាតុ​ផង នឿយណាយចំពោះវាយោធាតុផង នឿយណាយ​ចំពោះ​អាកាសធាតុ​ផង នឿយណាយចំពោះវិញ្ញាណធាតុផង។បេ។ ចប់សូត្រទី៩។

[២៨៦] ព្រះមានព្រះភាគ ទ្រង់គង់នៅជិតក្រុងសាវត្ថី… ទ្រង់ត្រាស់សួរថា ម្នាល​រាហុល អ្នកសំគាល់​សេចក្តីនោះ ដូចម្តេច រូប ទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ… វេទនា… សញ្ញា… សង្ខារ… វិញ្ញាណ ទៀង ឬ​មិនទៀង។ មិនទៀងទេ ព្រះអង្គ។ ចុះរបស់​ណាមិនទៀង របស់​នោះជាទុក្ខ ឬជាសុខ។ ជាទុក្ខ ព្រះអង្គ។ ចុះរបស់ណា មិនទៀង ជា​ទុក្ខ មានសេចក្តី​ប្រែប្រួលជាធម្មតា គួរ​នឹងយល់ឃើញនូវរបស់​នោះថា នុ៎ះ​ជារបស់​អាត្មាអញ នុ៎ះជាអាត្មាអញ នុ៎ះ​ជាខ្លួនរបស់​អាត្មាអញដែរឬ។ ហេតុនុ៎ះ មិនគួរទេ ព្រះអង្គ។

[២៨៧] ម្នាលរាហុល អរិយសាវ័កអ្នកចេះដឹង កាលបើឃើញយ៉ាងនេះ ក៏​រមែង​នឿយណាយចំពោះ​រូបផង នឿយណាយចំពោះវេទនាផង នឿយណាយ​ចំពោះ​សញ្ញា​ផង នឿយណាយចំពោះសង្ខារទាំងឡាយផង នឿយណាយ​ចំពោះវិញ្ញាណ​ផង កាល​បើ​នឿយណាយហើយ ក៏ធុញទ្រាន់ ព្រោះការធុញទ្រាន់ ទើបចិត្ត​រួចស្រឡះ។ កាលបើ​ចិត្ត​រួច​ស្រឡះហើយ សេចក្តី​ដឹងក៏កើតមានថា ចិត្តអាត្មាអញ រួចស្រឡះហើយ។ អរិយ​សាវ័ក​នោះ រមែង​ដឹងច្បាស់ថា ជាតិអស់ហើយ មគ្គព្រហ្មចរិយៈ អាត្មាអញ បានប្រព្រឹត្ត​រួច​ហើយ សោឡសកិច្ច អាត្មាអញ បានធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បី​សោឡសកិច្ចនេះទៀត មិនមានឡើយ។ ចប់សូត្រទី១០។

ចប់ អប្បមាទវគ្គ ទី១។

ឧទ្ទាននៃអប្បមាទវគ្គនោះ គឺ

ព្រះមានព្រះភាគ ទ្រង់សម្តែង​អំពីចក្ខុ១ រូប១ វិញ្ញាណ១ សម្ផ័ស្ស១ វេទនា១ សញ្ញា១ ចេតនា១ តណ្ហា១ ធាតុ១ ខន្ធ១ ជា១០។

អនុសយវគ្គ

[២៨៨] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុង​វត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង ព្រះរាហុល​មាន​អាយុ ចូលទៅគាល់​ព្រះមានព្រះភាគ លុះចូលទៅដល់ ថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ។

[២៨៩] លុះព្រះរាហុលមានអាយុ អង្គុយក្នុងទីសមគួរហើយ ទើប​ព្រះមានព្រះភាគ មាន​ព្រះពុទ្ធដីកាយ៉ាងនេះថា ម្នាលរាហុល អ្នកសំគាល់​ហេតុនោះ ដូចម្តេច ភ្នែកទៀង ឬ​មិនទៀង។ ព្រះរាហុលក្រាបបង្គំទូលថា មិនទៀងទេ ព្រះអង្គ។ ចុះរបស់ណា មិនទៀង របស់​នោះ ជាទុក្ខ ឬជាសុខ។ ជាទុក្ខ ព្រះអង្គ។ ចុះរបស់ណា មិនទៀង ជាទុក្ខ មាន​សេចក្តី​ប្រែប្រួលជាធម្មតា គួរនឹង​យល់ឃើញ​របស់នោះថា នុ៎ះរបស់អញ នុ៎ះ ជាអញ នុ៎ះ ជា​ខ្លួន​របស់អញ ដែរឬទេ។ មិនគួរនឹងយល់ឃើញ​យ៉ាងនុ៎ះទេ ព្រះអង្គ។ ត្រចៀក… ច្រមុះ… អណ្តាត… កាយ… ចិត្ត ទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។ ចុះរបស់ណា មិនទៀង របស់នោះ​ជា​ទុក្ខ ឬជាសុខ។ ជាទុក្ខ ព្រះអង្គ។ ចុះរបស់ណា ​មិនទៀង ជាទុក្ខ មានសេចក្តី​ប្រែប្រួល​​ជា​ធម្មតា គួរនឹងយល់ឃើញរបស់​នោះថា នុ៎ះ របស់អញ នុ៎ះ ជាអញ នុ៎ះ ជា​ខ្លួន​របស់អញ ដែរឬទេ។ មិនគួរនឹងយល់ឃើញយ៉ាងនុ៎ះទេ ព្រះអង្គ។

[២៩០] ម្នាលរាហុល អរិយសាវ័កអ្នកចេះដឹង កាលឃើញយ៉ាងនេះ ក៏​រមែង​នឿយ​ណាយក្នុងភ្នែកផង នឿយណាយក្នុងត្រចៀកផង នឿយណាយក្នុងច្រមុះ​ផង នឿយ​ណាយក្នុងអណ្តាតផង នឿយណាយ​ក្នុងកាយ​ផង ​នឿយណាយក្នុងចិត្តផង កាលបើ​នឿយណាយ ក៏ធុញទ្រាន់ ព្រោះការធុញទ្រាន់ ទើបចិត្ត​រួចស្រឡះ។ កាលបើ​ចិត្ត​រួច​ស្រឡះ ញាណក៏កើតឡើងថា ចិត្តរួចស្រឡះហើយ។ អរិយ​សាវ័ក​នោះ ក៏ដឹងច្បាស់ថា ជាតិអស់ហើយ ព្រហ្មចរិយធម៌ អាត្មាអញ បាននៅ​រួច​ហើយ សោឡសកិច្ច អាត្មាអញ បានធ្វើស្រេចហើយ កិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បី​សោឡសកិច្ចនេះទៀត មិនមានឡើយ។ ចប់សូត្រទី១។

(សូត្រទាំង១០ បណ្ឌិតគប្បីធ្វើតាមបេយ្យាលៈនុ៎ះចុះ)

[២៩១] ម្នាលរាហុល អ្នកសំគាល់​ហេតុនោះ ដូចម្តេច រូបទៀង ឬ​មិនទៀង។ មិនទៀងទេ ព្រះអង្គ… សំឡេង… ក្លិន… រស… ផ្សព្វ… ធម្មារម្មណ៍…។

[២៩២] ចក្ខុវិញ្ញាណ… សោតវិញ្ញាណ… ឃានវិញ្ញាណ… ជិវ្ហាវិញ្ញាណ… កាយវិញ្ញាណ… មនោវិញ្ញាណ…។

[២៩៣] ចក្ខុសម្ផ័ស្ស… សោតសម្ផ័ស្ស… ឃានសម្ផ័ស្ស… ជិវ្ហាសម្ផ័ស្ស… កាយ​សម្ផ័ស្ស… មនោសម្ផ័ស្ស…។

[២៩៤] វេទនាដែលកើត​អំពីចក្ខុសម្ផ័ស្ស… វេទនាដែល​កើតអំពី​សោត​សម្ផ័ស្ស… វេទនាដែលកើត​អំពី​ឃានសម្ផ័ស្ស… វេទនា ដែល​កើតអំពីជិវ្ហាសម្ផ័ស្ស… វេទនាដែល​កើតអំពីកាយសម្ផ័ស្ស… វេទនាដែល​កើតអំពីមនោសម្ផ័ស្ស…។

[២៩៥] សេចក្តីសំគាល់​ក្នុងរូប… សេចក្តីសំគាល់​ក្នុងសំឡេង… សេចក្តីសំគាល់​ក្នុងក្លិន… សេចក្តីសំគាល់​ក្នុងរស… សេចក្តីសំគាល់​ក្នុងផ្សព្វ… សេចក្តីសំគាល់​ក្នុង​ធម្មារម្មណ៍…។

[២៩៦] សេចក្តីគិតក្នុងរូប… សេចក្តីគិតក្នុងសំឡេង … សេចក្តីគិតក្នុងក្លិន… សេចក្តីគិតក្នុងរស… សេចក្តីគិតក្នុងផ្សព្វ… សេចក្តីគិតក្នុងធម្មារម្មណ៍…។

[២៩៧] រូបតណ្ហា… សទ្ទតណ្ហា… គន្ធតណ្ហា… រសតណ្ហា… ផោដ្ឋព្វតណ្ហា… ធម្ម​តណ្ហា…។

[២៩៨] បឋវីធាតុ… អាបោធាតុ… តេជោធាតុ… វាយោធាតុ… អាកាសធាតុ… វិញ្ញាណធាតុ…។

[២៩៩] រូប… វេទនា… សញ្ញា… សង្ខារ… វិញ្ញាណ ទៀង ឬមិនទៀង។ មិនទៀង​ទេ ព្រះអង្គ។បេ។ ម្នាលរាហុល កាលបើអរិយសាវ័ក ឃើញយ៉ាងនេះ។បេ។ ក៏​ដឹង​ច្បាស់​ថា កិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បី​សោឡសកិច្ចនេះទៀត មិនមានឡើយ។ ចប់សូត្រទី១០។

[៣០០] ព្រះសាស្តា ទ្រង់​គង់នៅជិតក្រុងសាវត្ថី… គ្រានោះឯង ព្រះរាហុល​មាន​អាយុ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ថ្វាយបង្គំ​ព្រះមានព្រះភាគ ហើយ​អង្គុយក្នុងទីដ៏សមគួរ។ លុះព្រះរាហុលមានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ ក៏បាន​ពោល​ពាក្យនេះ នឹងព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន កាលបុគ្គល​ដឹងដូច​ម្តេច ឃើញដូចម្តេច បានជាមិនមានអហង្ការ មមង្ការ និងមានានុស័យ ក្នុងកាយ ប្រកបដោយ​វិញ្ញាណនេះផង ក្នុងនិមិត្តទាំងពួង​ខាងក្រៅផង។

[៣០១] ម្នាលរាហុល រូបណានីមួយ ជាអតីត អនាគត បច្ចុប្បន្ន ខាងក្នុងក្តី ខាងក្រៅ​ក្តី គ្រោតគ្រាតក្តី ល្អិតក្តី ថោកទាបក្តី ឧត្តមក្តី រូបណា មានក្នុងទីឆ្ងាយក្តី មានក្នុង​ទីជិតក្តី រូប​ទាំងអស់នោះ ឈ្មោះថា ជារូប បុគ្គលរមែង​ឃើញរូបនុ៎ះ ដោយបញ្ញាដ៏ប្រពៃ​តាម​ពិត យ៉ាងនេះថា នុ៎ះ​មិនមែនរបស់អញ នុ៎ះ​មិនមែនជាអញ នុ៎ះ​មិនមែនជា​ខ្លួនរបស់អញ។ វេទនា​ណានីមួយ… សញ្ញាណានីមួយ… សង្ខារទាំងឡាយណានីមួយ… វិញ្ញាណ​ណានីមួយ… ជាអតីត អនាគត បច្ចុប្បន្ន ខាងក្នុងក្តី ខាងក្រៅ​ក្តី គ្រោតគ្រាតក្តី ល្អិតក្តី ថោកទាបក្តី ឧត្តមក្តី វិញ្ញាណណា ដែលមានក្នុងទីឆ្ងាយក្តី ក្នុង​ទីជិតក្តី វិញ្ញាណ​ទាំង​អស់នោះ ឈ្មោះថា ជាវិញ្ញាណ បុគ្គលរមែង​ឃើញវិញ្ញាណនុ៎ះ ដោយបញ្ញាដ៏ប្រពៃ​តាម​ពិត យ៉ាងនេះថា នុ៎ះ​មិនមែនរបស់អញ នុ៎ះ​មិនមែនជាអញ នុ៎ះ​មិនមែនជា​ខ្លួន​របស់​អញ។ ម្នាលរាហុល កាលអរិយសាវ័កដឹងយ៉ាងនេះ ឃើញ​យ៉ាងនេះ បានជា​មិនមាន​អហង្ការ មមង្ការ និងមានានុស័យ ក្នុងកាយប្រកប​ដោយវិញ្ញាណនេះផង ក្នុងនិមិត្ត​ទាំងពួង​ខាងក្រៅផង។ ចប់សូត្រទី១១។

[៣០២] ព្រះសាស្តា ទ្រង់គង់នៅជិតក្រុងសាវត្ថី… គ្រានោះឯង ព្រះរាហុលមាន​អាយុ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ថ្វាយបង្គំ​ព្រះមានព្រះភាគ ហើយ​អង្គុយក្នុងទីដ៏សមគួរ។ លុះព្រះរាហុល​មានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ បាន​ពោលពាក្យនេះ នឹងព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន កាលបុគ្គលដឹង​ដូចម្តេច ឃើញ​ដូចម្តេច បានជាមានចិត្ត​ប្រាសចាកអហង្ការ មមង្ការ និងមានះក្នុងកាយ​ប្រកប​ដោយ​វិញ្ញាណនេះផង ក្នុងនិមិត្តទាំងពួងខាងក្រៅផង ជាចិត្ត​ប្រព្រឹត្តកន្លងក្នុង​ចំណែក​នៃមានះ ទាំងស្ងប់រម្ងាប់​រួចផុតចាកកិលេស។

[៣០៣] ម្នាលរាហុល រូបណានីមួយ ជាអតីត អនាគត បច្ចុប្បន្ន ខាងក្នុងក្តី ខាងក្រៅ​ក្តី គ្រោតគ្រាតក្តី ល្អិតក្តី ថោកទាបក្តី ឧត្តមក្តី រូបណា ដែលមានក្នុងទីឆ្ងាយក្តី មានក្នុង​​ទីជិតក្តី រូប​ទាំង​អស់នោះ ឈ្មោះថា ជារូប អរិយសាវ័ក ​ឃើញនូវរូបនុ៎ះ ដោយ​បញ្ញា​ដ៏ប្រពៃ​តាម​ពិត យ៉ាងនេះថា នុ៎ះ​មិនមែនរបស់អញ នុ៎ះ​មិនមែនជាអញ នុ៎ះ​មិនមែនជា​ខ្លួន​របស់​អញ ដូច្នេះហើយ ទើបបាន​រួចស្រឡះ ចាកកិលេស ព្រោះ​មិនមាន​សេចក្តីប្រកាន់។

(បណ្ឌិតគប្បីធ្វើខន្ធទាំង៥ ឲ្យដូចគ្នា)

វេទនាណានីមួយ… សញ្ញាណានីមួយ… សង្ខារ​ទាំងឡាយណានីមួយ… វិញ្ញាណ​ណានី​មួយ ជាអតីត អនាគត បច្ចុប្បន្ន ជាខាងក្នុងក្តី ខាងក្រៅ​ក្តី គ្រោតគ្រាតក្តី ល្អិតក្តី ថោកទាបក្តី ឧត្តមក្តី វិញ្ញាណណា ដែលមានក្នុងទីឆ្ងាយក្តី ក្នុង​ទីជិតក្តី វិញ្ញាណ​ទាំង​អស់​នោះ ឈ្មោះថា ជាវិញ្ញាណ អរិយសាវ័ក ​ឃើញនូវវិញ្ញាណនុ៎ះ ដោយបញ្ញាដ៏ប្រពៃ​តាម​ពិត យ៉ាងនេះថា នុ៎ះ​មិនមែនរបស់អញ នុ៎ះ​មិនមែនជាអញ នុ៎ះ​មិនមែនជា​ខ្លួន​របស់​អញ ដូច្នេះហើយ ទើប​បានរួចស្រឡះ ចាកកិលេស ព្រោះ​មិនមានសេចក្តីប្រកាន់។ ម្នាល​រាហុល កាលអរិយសាវ័កដឹងយ៉ាងនេះ ឃើញ​យ៉ាងនេះ បានជា​មានចិត្ត​ប្រាសចាក​អហង្ការ មមង្ការ និងមានានុស័យ ក្នុងកាយដែលប្រកប​ដោយវិញ្ញាណនេះផង ក្នុងនិមិត្ត​ទាំងពួង​ខាងក្រៅផង ជាចិត្តប្រព្រឹត្តកន្លងក្នុងចំណែកនៃមានះ ទាំងស្ងប់រម្ងាប់រួចផុត​ចាក​កិលេស។។ ចប់សូត្រទី១២។

ចប់ អនុសយវគ្គ ទី២។

ឧទ្ទាននៃអនុសយវគ្គនោះ គឺ

ចក្ខុ១ រូប១ វិញ្ញាណ១ សម្ផ័ស្ស១ វេទនា១ សញ្ញា១ ចេតនា១ តណ្ហា១ ធាតុ១ ខន្ធ១ ត្រូវជា​១០ អនុស័យ១ ចិត្តដែលប្រាសចាកអហង្ការជាដើម១ ជាវគ្គដែល​ព្រះមានព្រះភាគ​នោះ ទ្រង់ត្រាស់សំដែង។

ចប់ រាហុលសំយុត្ត ទី៦។

លក្ខណសំយុត្ត

អដ្ឋិសង្ខលិកវគ្គ

[៣០៤] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុង​វត្ត​វេឡុវ័ន ជាកលន្ទកនិវាបស្ថាន ជិតក្រុងរាជគ្រឹះ។ ក៏ក្នុងសម័យ​នោះឯង ព្រះលក្ខណៈ​មានអាយុ និងព្រះមហាមោគ្គល្លានមានអាយុ គង់នៅនាភ្នំគិជ្ឈកូដ។

[៣០៥] គ្រានោះឯង ព្រះមហាមោគ្គល្លានមានអាយុ ស្លៀកស្បង់ ប្រដាប់​បាត្រចីវរ ក្នុងបុព្វណ្ហសម័យ ហើយចូលទៅរក​ព្រះលក្ខណៈ​មានអាយុ លុះចូលទៅដល់ហើយ បានពោលពាក្យ​នេះ នឹងព្រះលក្ខណៈ​មានអាយុថា ម្នាលអាវុសោលក្ខណៈ អ្នកចូរ​មក យើងនឹងចូលទៅក្រុងរាជគ្រឹះ ដើម្បីបិណ្ឌបាត។ ព្រះលក្ខណៈ​មានអាយុ ទទួលពាក្យ​ព្រះមហាមោគ្គល្លានមានអាយុថា អើអាវុសោ។ គ្រានោះឯង ព្រះមហាមោគ្គល្លាន​មាន​អាយុ កាលនិមន្ត​ចុះអំពីភ្នំគិជ្ឈកូដ ក៏ធ្វើនូវ​ការញញឹម​ឲ្យប្រាកដ ក្នុងប្រទេសមួយ។ គ្រានោះឯង ព្រះលក្ខណៈ​មានអាយុ បានសួរ​ព្រះមហាមោគ្គល្លានមានអាយុ ដូច្នេះថា ម្នាលអាវុសោមោគ្គល្លាន ហេតុដូចម្តេច បច្ច័យ​ដូចម្តេច បានជាលោក​ធ្វើនូវការញញឹម​ឲ្យប្រាកដ។ ម្នាលអាវុសោ​លក្ខណៈ កាលនេះ ជាកាលមិនគួរ ដើម្បីសួរប្រស្នានុ៎ះទេ អ្នកចូរសួរប្រស្នានុ៎ះ នឹងខ្ញុំ ក្នុងសំណាក់​ព្រះមានព្រះភាគចុះ។

[៣០៦] គ្រានោះឯង ព្រះលក្ខណៈ​មានអាយុ និងព្រះមហាមោគ្គល្លានមានអាយុ ចូលទៅ​បិណ្ឌបាតក្នុងក្រុងរាជគ្រឹះ ត្រឡប់មកអំពីបិណ្ឌបាតវិញ ក្នុងវេលាក្រោយ​ភត្ត ក៏ចូលទៅ​គាល់​​ព្រះមានព្រះភាគ លុះចូលទៅដល់ ក៏ថ្វាយបង្គំ​ព្រះមានព្រះភាគ ហើយអង្គុយ​នៅក្នុងទីដ៏សមគួរ។ លុះព្រះលក្ខណៈ​មានអាយុ អង្គុយក្នុងទីដ៏សមគួរ​ហើយ បានសួរ​ព្រះមហាមោគ្គល្លានមានអាយុ ដូច្នេះថា ក្នុងទីឯណោះ មហាមោគ្គល្លានមានអាយុ កាល​ចុះ​មកអំពីភ្នំគិជ្ឈកូដ បានធ្វើនូវការ​ញញឹម​ ឲ្យ​ប្រាកដ ក្នុងប្រទេសមួយ ម្នាល​អាវុសោ​មោគ្គល្លាន ហេតុដូចម្តេច បច្ច័យដូចម្តេច បានជា​លោក​ធ្វើ​នូវការញញឹម​ឲ្យប្រាកដ។

[៣០៧] ព្រះមហាមោគ្គល្លានតបថា ម្នាលអាវុសោ ក្នុងទីឯណោះ កាលដែលខ្ញុំ ចុះមក​អំពីភ្នំគិជ្ឈកូដ បានឃើញ​អដ្ឋិសង្ខលិក គឺរាងឆ្អឹង កំពុងអណ្តែតទៅ​ក្នុងអាកាស ពួកត្មាត ក្អែក រអាត ដេញតាមឆាប ចោមចឹកចោះ ភើចជញ្ជែងនូវ​រាងឆ្អឹងនោះ រាងឆ្អឹង​នោះ ក៏ចេះ​តែស្រែកថ្ងូរ ម្នាលអាវុសោ ទើបខ្ញុំ​នោះមានសេចក្តី​បរិវិតក្កៈថា យីអើ អស្ចារ្យណាស់ យីអើ មិនធ្លាប់កើតមានសោះឡើយ យីអើ សត្វបែបនេះ នឹងត្រឡប់​ទៅជា​មាន​ខ្លះដែរ យក្ខបែបនេះ នឹងត្រឡប់​ទៅជាមានខ្លះដែរ កិរិយា​បានអត្តភាព​បែបនេះ នឹងត្រឡប់​ទៅជាមានខ្លះដែរតើ។

[៣០៨] គ្រានោះឯង ព្រះមានព្រះភាគ ត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ ពួកសាវ័កមានចក្ខុកើតពិតហើយ ម្នាលភិក្ខុទាំងឡាយ ពួកសាវ័ក មាន​ញាណ​កើត​ពិតហើយ ដ្បិតសាវ័កដឹង​ ឬឃើញសត្វបែបនេះ ឬថានឹងធ្វើ​សត្វបែប​នេះ ឲ្យជាសាក្សី (ដល់​​តថាគតបាន)។ ម្នាលភិក្ខុទាំងឡាយ សត្វនោះ តថាគត ធ្លាប់​ឃើញ​មកអំពីមុនដែរ ប៉ុន្តែតថាគត មិនទាន់សំដែង បើតថាគតសំដែងអំពីរឿង​សត្វនុ៎ះទៅ ជន​ទាំង​ឡាយដទៃ មិនជឿពាក្យតថាគតទេ ជនទាំងឡាយណា មិនជឿពាក្យតថាគត សេចក្តី​មិនជឿនោះ របស់ជនទាំងនោះ នឹងនាំឲ្យ​ខានបានប្រយោជន៍ នាំឲ្យ​បានតែ​សេចក្តី​ទុក្ខ អស់កាល​ជាយូរអង្វែង។ ម្នាលភិក្ខុទាំងឡាយ សត្វនោះ (ពីដើម) ជាគោឃាតកៈ គឺ​អ្នក​សម្លាប់គោ ក្នុងក្រុងរាជគ្រឹះនេះឯង ដោយវិបាករបស់កម្មនោះ គោឃាតកបុរសនោះ ក៏ទៅឆេះ​ក្នុងនរក​អស់ឆ្នាំដ៏ច្រើន អស់រយឆ្នាំដ៏ច្រើន អស់ពាន់ឆ្នាំដ៏ច្រើន អស់សែនឆ្នាំ​ដ៏​ច្រើន ដោយសេសសល់វិបាកនៃកម្មនោះឯង ទើបបានត្រឡប់​មកទទួលផល គឺត្រឡប់​បាន​អត្តភាពបែបនេះឯង។ ចប់សូត្រទី១។

(នេះឯងជាបេយ្យាលៈ នៃសូត្រទាំងអស់)

[៣០៩]  ម្នាលអាវុសោ ក្នុងទីឯណោះ កាលដែលខ្ញុំ ចុះមកអំពីភ្នំគិជ្ឈកូដ បាន​ឃើញ​ មំសបេសិ គឺចម្រៀកសាច់ កំពុងអណ្តែតទៅ​លើអាកាស ពួកត្មាត ក្អែក រអាត ដេញ​តាមឆាប ចោមចឹកចោះ ភើចជញ្ជែងនូវចម្រៀកសាច់នោះ ចម្រៀកសាច់​នោះ ក៏ចេះ​តែ​ស្រែកថ្ងូរ។ ម្នាលភិក្ខុទាំងឡាយ សត្វនុ៎ះ ជាគោឃាតកៈ គឺអ្នកសម្លាប់គោ (ពីដើម) ក្នុង​ក្រុងរាជគ្រឹះនេះឯង។ ចប់សូត្រទី២។

[៣១០] ម្នាលអាវុសោ ក្នុងទីឯណោះ កាលដែលខ្ញុំ ចុះមកអំពីភ្នំគិជ្ឈកូដ បានឃើញ​មំសបិណ្ឌៈ គឺដុំសាច់ កំពុងអណ្តែតទៅ​លើអាកាស ពួកត្មាត ក្អែក រអាត ដេញតាមឆាប ចោមចឹកចោះ ភើចជញ្ជែងនូវ​ដុំសាច់នោះ ដុំសាច់​នោះ ក៏ចេះតែស្រែកថ្ងូរ។ ម្នាលភិក្ខុ​ទាំង​ឡាយ សត្វនុ៎ះជាព្រានបក្សី (អំពីដើម) ក្នុងក្រុងរាជគ្រឹះនេះឯង។ ចប់សូត្រទី៣។

[៣១១] ម្នាលអាវុសោ ក្នុងទីឯណោះ កាលដែលខ្ញុំចុះមកអំពីភ្នំគិជ្ឈកូដ បានឃើញ​និច្ឆវិបុរស គឺបុរសមិនមានស្បែកក្រៅ កំពុងអណ្តែតទៅ​លើអាកាស ពួកត្មាត ក្អែក រអាត ដេញតាមឆាប ចោមចឹកចោះ ភើចជញ្ជែងនូវនិច្ឆវិបុរសនោះ និច្ឆវិបុរស​នោះ ក៏ចេះតែ​ស្រែក​ថ្ងូរ។ ម្នាលភិក្ខុទាំងឡាយ សត្វនុ៎ះជាអ្នកសម្លាប់ចៀម (ពីដើម) ក្នុងក្រុង​រាជគ្រឹះ​នេះឯង។ ចប់សូត្រទី៤។

[៣១២] ម្នាលអាវុសោ ក្នុងទីឯណោះ កាលដែលខ្ញុំចុះមកអំពីភ្នំគិជ្ឈកូដ បានឃើញ​អសិលោមបុរស គឺបុរសមានរោមដូចដាវ កំពុងអណ្តែតទៅ​លើអាកាស ដាវទាំងនោះ របស់​បុរសនោះ អណ្តែត​ធ្លាក់ៗ មកត្រូវកាយរបស់បុរសនោះឯង បុរសនោះ ក៏ចេះតែ​ស្រែកថ្ងូរ។ ម្នាលភិក្ខុទាំងឡាយ សត្វនុ៎ះ ជាអ្នកសម្លាប់ជ្រូក (ពីដើម) ក្នុងក្រុង​រាជគ្រឹះ​នេះឯង។ ចប់សូត្រទី៥។

[៣១៣] ម្នាលអាវុសោ ក្នុងទីឯណោះ កាលដែលខ្ញុំចុះមកអំពីភ្នំគិជ្ឈកូដ បានឃើញ​សត្តិលោមបុរស គឺបុរស​មានរោមដូចលំពែង កំពុងអណ្តែតទៅ​លើអាកាស លំពែង​ទាំងនោះ របស់បុរសនោះ អណ្តែតធ្លាក់ៗ មកត្រូវកាយរបស់​បុរសនោះឯង បុរសនោះ ក៏ចេះតែស្រែកថ្ងូរ។ ម្នាលភិក្ខុទាំងឡាយ សត្វនុ៎ះជាព្រានម្រឹគ (ពីដើម) ក្នុងក្រុងរាជគ្រឹះ​នេះឯង។ ចប់សូត្រទី៦។

[៣១៤] ម្នាលអាវុសោ ក្នុងទីឯណោះ កាលដែលខ្ញុំចុះមកអំពីភ្នំគិជ្ឈកូដ បានឃើញ​ឧសុលោមបុរស គឺបុរស​មានរោមដូចព្រួញ កំពុងអណ្តែតទៅ​លើអាកាស ព្រួញ​ទាំងនោះ របស់បុរសនោះ អណ្តែតធ្លាក់ៗ មកត្រូវកាយរបស់​បុរសនោះឯង បុរសនោះ ក៏ចេះ​តែ​ស្រែក​ថ្ងូរ។ ម្នាលភិក្ខុទាំងឡាយ សត្វនុ៎ះ ជាពេជ្ឈឃាត (ពីដើម) ក្នុងក្រុង​រាជគ្រឹះ​នេះឯង។ ចប់សូត្រទី៧។

[៣១៥] ម្នាលអាវុសោ ក្នុងទីឯណោះ កាលដែលខ្ញុំចុះមកអំពីភ្នំគិជ្ឈកូដ បានឃើញ​សូចិលោមបុរស គឺបុរស​មានរោមដូចដែកស្រួច កំពុងអណ្តែត​លើអាកាស ដែកស្រួច​ទាំង​នោះ របស់បុរសនោះ អណ្តែតធ្លាក់ៗ មកត្រូវកាយរបស់​បុរសនោះវិញ បុរសនោះ ក៏ចេះ​តែ​ស្រែកថ្ងូរ។ ម្នាលភិក្ខុទាំងឡាយ សត្វនុ៎ះ ជាអ្នកបរគោ (ពីដើម) ក្នុង​ក្រុងរាជគ្រឹះ​នេះ​ឯង។ ចប់សូត្រទី៨។

[៣១៦] ម្នាលអាវុសោ ក្នុងទីឯណោះ កាលដែលខ្ញុំចុះមកអំពីភ្នំគិជ្ឈកូដ បានឃើញ​សូចិលោមបុរស គឺបុរស​មានរោមដូចដែកស្រួច កំពុងអណ្តែតទៅ​លើអាកាស ដែកស្រួច​ទាំងនោះ របស់បុរសនោះ ក៏ដោត​ចូលទៅក្នុងក្បាល ធ្លាយចេញមកតាមមាត់ ដោតចូល​ទៅក្នុងមាត់ ធ្លាយចេញមកតាមទ្រូង ដោតចូល​ទៅក្នុងទ្រូង ធ្លាយចេញមក​តាម​ពោះ ដោតចូលទៅក្នុងពោះ ធ្លាយចេញមកតាមភ្លៅ ដោត​ចូលទៅ​ក្នុងភ្លៅ ធ្លាយចេញមក​តាមស្មង ដោតចូល​ទៅក្នុងស្មង ធ្លាយចេញមក​តាមបាតជើង បុរសនោះ ក៏ចេះតែ​ស្រែក​ថ្ងូរ។ ម្នាលភិក្ខុទាំងឡាយ សត្វនុ៎ះ ជាអ្នកចាក់ដោត ញុះញង់គេ (ពីដើម) ក្នុង​ក្រុង​រាជគ្រឹះ​នេះឯង។ ចប់សូត្រទី៩។

[៣១៧] ម្នាលអាវុសោ ក្នុងទីឯណោះ កាលដែលខ្ញុំចុះមកអំពីភ្នំគិជ្ឈកូដ បានឃើញ​កុម្ភណ្ឌបុរស គឺបុរស​មានអណ្ឌៈប៉ុនក្អម [ពងល្វា] កំពុងអណ្តែត​លើអាកាស កាល​បុរស​នោះដើរទៅ លុះតែលើកអណ្ឌៈទាំងនោះ​ដាក់ត្រង់ក (លី) ទើបដើរទៅបាន កាលអង្គុយ ក៏​អង្គុយ​សង្កត់​លើអណ្ឌៈទាំងនោះឯង ពួកត្មាត ក្អែក រអាត ដេញតាមឆាប ចោម​ចឹក​ចោះ ភើចជញ្ជែងនូវបុរសនោះ បុរសនោះ ក៏ចេះតែស្រែកថ្ងូរ។ ម្នាលភិក្ខុទាំងឡាយ សត្វនុ៎ះ ជាអ្នកកាន់​អំពើវៀចក្នុងស្រុក [ជាអាមាត្យអ្នកវិនិច្ឆ័យ​ក្តី​ដោយ​ទុច្ចរិត។] (ពីដើម) ក្នុងក្រុង​រាជគ្រឹះនេះឯង។ ចប់សូត្រទី១០។

ចប់ អដ្ឋិសង្ខលិកវគ្គ ទី១។

ឧទ្ទាននៃ អដ្ឋិសង្ខលិកវគ្គ នោះគឺ

អដ្ឋិសង្ខលិកប្រេត មំសបេសិប្រេត (ពីដើម) ជាអ្នកសម្លាប់គោទាំងពីរនាក់ មំសបិណ្ឌប្រេត (ពីដើម) ជាព្រានបក្សី និច្ឆវីប្រេត (ពីដើម) ជាអ្នកសម្លាប់ចៀម អសិលោមប្រេត (ពីដើម) ជាអ្នកសម្លាប់ជ្រូក សត្តិលោមប្រេត (ពីដើម) ជាព្រាន​ម្រឹគ ឧសុលោមប្រេត (ពីដើម) ជាពេជ្ឈឃាត សុចិលោមប្រេត (ពីដើម) ជានាយសារថី អ្នក​ណា​ញុះញង់គេ (ពីដើម) អ្នកនោះជាសូចិលោមប្រេតពិត កុម្ភណ្ឌប្រេត មាន​អណ្ឌៈ​ធ្ងន់ (ពីដើម) ជាអ្នកកាន់អំពើវៀចក្នុងស្រុក។

បារទារិកវគ្គ

[៣១៨] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុង​វត្តវេឡុវ័ន ជាកលន្ទកនិវាបស្ថាន ទៀបក្រុងរាជគ្រឹះ។ ម្នាលអាវុសោ ក្នុងទីឯណោះ កាលដែលខ្ញុំ ចុះមកអំពីភ្នំគិជ្ឈកូដ បានឃើញបុរសម្នាក់ កំពុង​មុជក្បាល​ចុះទៅក្នុង​រណ្តៅ​លាមក។ ម្នាលភិក្ខុទាំងឡាយ សត្វនោះ ជាអ្នកប្រព្រឹត្តបរទារិកកម្ម គឺលួច​ប្រពន្ធ​អ្នកដទៃ (ពីដើម) ក្នុងក្រុងរាជគ្រឹះនេះឯង។ ចប់សូត្រទី១។

(បេយ្យាលៈ បណ្ឌិតគប្បីធ្វើយ៉ាងនេះ)

[៣១៩] ម្នាលអាវុសោ ក្នុងទីឯណោះ កាលដែលខ្ញុំចុះមកអំពីភ្នំគិជ្ឈកូដ បាន​ឃើញបុរសម្នាក់ កំពុង​មុជ​ចុះក្នុង​រណ្តៅ​លាមក ចាប់លាមកដោយដៃទាំងសងខាងស៊ី។ ម្នាលភិក្ខុទាំងឡាយ សត្វនុ៎ះ ពីដើម ជាព្រាហ្មណ៍ ក្នុងក្រុងរាជគ្រឹះ​នេះឯង។ ព្រាហ្មណ៍​នោះ កាលក្នុងសាសនាព្រះកស្សបសម្មាសម្ពុទ្ធ បាននិមន្ត​ភិក្ខុសង្ឃ ដោយភត្តាហារ ក៏​ដាក់​លាមកពេញក្នុងស្នូក រួចហើយ ប្រើគេឲ្យ​ប្រាប់ភត្តកាល ហើយពោលដូច្នេះថា សូមលោក​ម្ចាស់​ទាំងឡាយ និមន្តឆាន់ដរាបដល់ឆ្អែតផង សូមនិមន្ត​យកទៅផង។​ ចប់សូត្រទី២។

[៣២០] ម្នាលអាវុសោ ក្នុងទីឯណោះ កាលដែលខ្ញុំ ចុះមកអំពីភ្នំគិជ្ឈកូដ បានឃើញ​ស្រីនិច្ឆវី គឺស្រីមិនមានស្បែកក្រៅ កំពុងអណ្តែតទៅ​លើអាកាស ពួកត្មាត ក្អែក រអាត ដេញតាមឆាប ចោមចឹកចោះ ភើចជញ្ជែងនូវស្រីនោះ ស្រី​នោះ ក៏ចេះតែស្រែកថ្ងូរ។ ម្នាលភិក្ខុទាំងឡាយ ស្រីនុ៎ះ (ពីដើម) ជាស្រីប្រព្រឹត្ត​កន្លងចិត្តប្តី ក្នុងក្រុងរាជគ្រឹះនេះឯង។ ចប់សូត្រទី៣។

[៣២១] ម្នាលអាវុសោ ក្នុងទីឯណោះ កាលដែលខ្ញុំចុះមកអំពីភ្នំគិជ្ឈកូដ បានឃើញ​ស្រីមង្គុឡី [ស្រីមានរូបអាក្រក់ បុរសគប្បីខ្ពើម។] មានក្លិនស្អុយ កំពុងអណ្តែតទៅ​លើ​អាកាស ពួកត្មាត ក្អែក រអាត ដេញតាមឆាប ចោមចឹកចោះ ភើចជញ្ជែង នូវស្រីនោះ ស្រី​នោះ ក៏ចេះតែ​ស្រែក​ថ្ងូរ។ ម្នាលភិក្ខុទាំងឡាយ ស្រីនុ៎ះ (ពីដើម) ជាស្រីមេមត់ ក្នុងក្រុង​រាជគ្រឹះ​នេះឯង។ ចប់សូត្រទី៤។

[៣២២] ម្នាលអាវុសោ ក្នុងទីឯណោះ កាលដែលខ្ញុំចុះមកអំពីភ្នំគិជ្ឈកូដ បានឃើញ​ស្រីមានកាយឆេះរោលរាលដោយភ្លើង មានកាយសើមជោកជាំ មានកាយដេរដាស​ដោយ​រងើកភ្លើង កំពុងតែអណ្តែតទៅ​លើអាកាស ស្រីនោះ ក៏ចេះតែស្រែកថ្ងូរ។ ម្នាលភិក្ខុទាំងឡាយ ស្រីនុ៎ះ (ពីដើម) ជាអគ្គមហេសីនៃស្តេចក្នុងដែនកលិង្គ ស្រីនោះ ជាអ្នក​មាន​សេចក្តីឫស្សាគ្របសង្កត់ បានចាក់រងើកភ្លើងមួយអំបែង លើស្រី [ស្រីរួមប្តី] ជាមហេសីចុង។ ចប់សូត្រទី៥។

[៣២៣] ម្នាលអាវុសោ ក្នុងទីឯណោះ កាលដែលខ្ញុំចុះមកអំពីភ្នំគិជ្ឈកូដ បានឃើញ​អសីសកពន្ធប្រេត កំពុងអណ្តែតទៅ​លើអាកាស ប្រេតនោះ មានភ្នែក និងមុខ នៅត្រង់​ទ្រូង ពួកត្មាត ក្អែក រអាត ដេញតាមឆាប ចោមចឹកចោះ ភើចជញ្ជែង នូវប្រេតនោះ ប្រេតនោះ ក៏ចេះតែស្រែកថ្ងូរ។ ម្នាលភិក្ខុទាំងឡាយ សត្វនុ៎ះ (ពីដើម) ឈ្មោះ ហារិកៈ ជាអ្នកពិឃាតចោរ ក្នុងក្រុងរាជគ្រឹះនេះឯង។ ចប់សូត្រទី៦។

[៣២៤] ម្នាលអាវុសោ ក្នុងទីឯណោះ កាលដែលខ្ញុំចុះមកអំពីភ្នំគិជ្ឈកូដ បានឃើញ​ភិក្ខុ កំពុងអណ្តែតទៅ​លើអាកាស សង្ឃាដីរបស់ភិក្ខុនោះក្តី មានភ្លើងឆេះសន្ធោសន្ធៅ បាត្រ​ក្តី ក៏មានភ្លើងឆេះសន្ធោសន្ធៅ វត្ថពន្ធចង្កេះក្តី ក៏មានភ្លើងឆេះសន្ធោសន្ធៅ រាង​កាយ​ក្តី ក៏មានភ្លើងឆេះសន្ធោសន្ធៅ ភិក្ខុនោះ ក៏ចេះ​តែ​ស្រែក​ថ្ងូរ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនុ៎ះ (ពីដើម) ជាភិក្ខុលាមក ក្នុងសាសនាព្រះកស្សបសម្មាសម្ពុទ្ធ។ ចប់សូត្រទី៧។

[៣២៥] ខ្ញុំបានឃើញភិក្ខុនី កំពុងអណ្តែតទៅ​លើអាកាស សង្ឃាដីរបស់​ភិក្ខុនី​នោះ​ក្តី មានភ្លើងឆេះ។បេ។ ជាភិក្ខុនីលាមក។ ចប់សូត្រទី៨។

[៣២៦] ខ្ញុំបានឃើញសិក្ខមានា កំពុងអណ្តែតទៅ​លើអាកាស សង្ឃាដីរបស់​សិក្ខមានា​​នោះ​ក្តី មានភ្លើងឆេះ។បេ។ ជាសិក្ខមានាលាមក។ ចប់សូត្រទី៩។

[៣២៧] ខ្ញុំបានឃើញសាមណេរ កំពុងអណ្តែតទៅ​លើអាកាស សង្ឃាដីរបស់​សាមណេរនោះ​ក្តី មានភ្លើងឆេះ។បេ។ ជាសាមណេរលាមក។ ចប់សូត្រទី១០។

[៣២៨] ម្នាលអាវុសោ ក្នុងទីឯណោះ កាលដែលខ្ញុំចុះមកអំពីភ្នំគិជ្ឈកូដ បានឃើញ​សាមណេរី កំពុងអណ្តែតទៅ​លើអាកាស សង្ឃាដីរបស់សាមណេរីនោះក្តី មានភ្លើង​ឆេះ​សន្ធោ​សន្ធៅ បាត្រ​ក្តី ក៏មានភ្លើងឆេះសន្ធោសន្ធៅ វត្ថពន្ធចង្កេះក្តី ក៏មាន​ភ្លើង​ឆេះ​សន្ធោ​សន្ធៅ រាង​កាយ​ក្តី ក៏មានភ្លើងឆេះសន្ធោសន្ធៅ សាមណេរីនោះ ក៏ចេះ​តែ​ស្រែក​ថ្ងូរ។ ម្នាលអាវុសោ ខ្ញុំមានសេចក្តីត្រិះរិះ ដូច្នេះថា ឱអស្ចារ្យ​ណាស់ហ្ន៎ ឱប្លែកណាស់ហ្ន៎ យីអើ សត្វបែបនេះ នឹងមានខ្លះដែរ យក្សបែបនេះ នឹងមានខ្លះដែរ ការត្រឡប់បានអត្តភាព​បែប​នេះ នឹងមានខ្លះដែរតើ។

[៣២៩] គ្រានោះ ព្រះមានព្រះភាគ ត្រាស់នឹង​ភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ ពួកសាវ័ក មានចក្ខុ​កើតពិតហើយ ម្នាលភិក្ខុទាំងឡាយ ពួកសាវ័ក មានញាណកើត​ពិត​ហើយ ដ្បិត​ថាសាវ័ក នឹងដឹង ឬនឹងឃើញ​នូវសាមណេរីបែបនេះ នឹងធ្វើ​ជាសាក្សី (ដល់​តថាគតបាន)។ ម្នាលភិក្ខុទាំងឡាយ សាមណេរីនោះ តថាគត ធ្លាប់បាន​ឃើញមកពីមុន​ដែរ។ តែថា តថាគត មិនទាន់បានព្យាករ បើតថាគតព្យាករហេតុនោះទៅ ជនទាំងឡាយ​ដទៃមិនជឿតថាគត ពួកជនណាមិនជឿតថាគត ហេតុដែលមិនជឿនោះ នឹងប្រព្រឹត្ត​ទៅ​ ដើម្បី​មិនជាប្រយោជន៍ ដើម្បីសេចក្តីទុក្ខ​ ដល់ជនទាំងនោះ អស់កាលដ៏យូរ។ ម្នាលភិក្ខុទាំងឡាយ សាមណេរីនោះ (ពីដើម) ជាសាមណេរីលាមក ក្នុងសាសនា​ព្រះកស្សប​សម្មាសម្ពុទ្ធ ដោយវិបាកនៃកម្មនោះ សាមណេរីនោះ ក៏ឆេះ​នៅក្នុងនរក អស់ឆ្នាំ​ទាំងឡាយដ៏ច្រើន អស់រយឆ្នាំដ៏ច្រើន អស់ពាន់ឆ្នាំដ៏ច្រើន អស់សែនឆ្នាំ​​ដ៏​ច្រើន ដោយសេសសល់វិបាកនៃកម្មនោះឯង ទើបត្រឡប់​បាននូវអត្តភាព​បែបនេះ។ ចប់សូត្រទី១១។

ចប់ បារទារិកវគ្គ ទី២។

ឧទ្ទាននៃ បារទារិកវគ្គ នោះគឺ

ប្រេតដែលមុជ​ក្នុងរណ្តៅ ប្រេតនោះ (ពីដើម) ជាអ្នកប្រព្រឹត្ត​បរទារិកកម្ម ប្រេត​ដែល​ទំពាស៊ីលាមក ប្រេតនោះ (ពីដើម) ធ្លាប់ជាព្រាហ្មណ៍អាក្រក់ ស្រីជានិច្ឆវីប្រេត (ពីដើម) ជាអ្នកប្រព្រឹត្តកន្លងចិត្តប្តី ស្រីជា​មង្គុឡីប្រេត (ពីដើម) ជាស្រីមេមត់ ស្រីជាឱកិលិនីប្រេត (ពីដើម) ធ្វើ (ប្រទូស្ត) នឹងស្រីរួមប្តី សីសច្ឆិន្នប្រេត (ពីដើម) ជាអ្នកសម្លាប់ចោរ ភិក្ខុ ភិក្ខុនី សិក្ខមានា សាមណេរ សាមណេរី (ពីដើម) បួសក្នុង​សាសនាព្រះកស្សបសម្មាសម្ពុទ្ធ បានធ្វើនូវកម្មដ៏លាមក។

ចប់លក្ខណសំយុត្ត ទី៧

ឱបម្មសំយុត្ត

[៣៣០] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុង​វត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ ក្នុងទីនោះឯង ព្រះមានព្រះ​ភាគ… ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បង្កង់ណានីមួយ នៃផ្ទះមានកំពូល បង្កង់ទាំង​អស់​នោះ ងាកទៅរកកំពូល ប្រជុំ​ទៅរកកំពូល ប្រឈមទៅរកកំពូល បង្កង់ទាំង​អស់​នោះ ដល់នូវការប្រឈមទៅ យ៉ាងណា ម្នាលភិក្ខុទាំងឡាយ អកុសលធម៌ទាំងឡាយណា​នីមួយ អកុសលធម៌ទាំងអស់នោះ មានអវិជ្ជា​ជាមូល មានអវិជ្ជា​ជាទីប្រជុំ ប្រឈមទៅរក​អវិជ្ជា អកុសលធម៌ទាំងអស់នោះ ដល់នូវការប្រឈម​ទៅ យ៉ាងនោះឯង។ ម្នាលភិក្ខុទាំងឡាយ ហេតុនោះ ក្នុងសាសនានេះ អ្នកទាំងឡាយ គប្បីសិក្សាយ៉ាងនេះថា យើង​ទាំងឡាយ ជាអ្នកមិនប្រមាទ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីសិក្សា​យ៉ាងនេះចុះ។ ចប់សូត្រទី១។

[៣៣១] ព្រះមានព្រះភាគ ទ្រង់គង់​នៅជិតក្រុងសាវត្ថី… គ្រានោះឯង ព្រះមានព្រះភាគ ទ្រង់​ចូក​នូវអាចម៍ដីបន្តិច ដោយចុងព្រះនខា ហើយត្រាស់ហៅ​ភិក្ខុ​ទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ សំគាល់ហេតុនោះដូចម្តេច អាចម៍​ដី​បន្តិច ដែលតថាគតចូកឡើង ដោយចុងក្រចក និងមហាប្រឹថពី តើបណ្តាវត្ថុទាំងពីរនោះ វត្ថុណាច្រើនជាង។ ពួកភិក្ខុក្រាបទូលថា បពិត្រព្រះអង្គដ៏ចំរើន មហាប្រឹថពីនេះ ច្រើន​ក្រៃលែង អាចម៍ដីបន្តិច ដែលព្រះអង្គចូកឡើង ដោយចុងព្រះនខានេះ មានប្រមាណតិច​ពេកណាស់ អាចម៍ដីបន្តិច ដែលព្រះមានព្រះភាគចូកឡើង ដោយចុងព្រះនខា នឹងយក​ទៅប្រៀបធៀប​នឹងមហាប្រឹថពី ក៏មិនដល់នូវកិរិយា​រាប់ផង មិនដល់នូវការប្រៀបធៀប​ផង មិនដល់នូវ​ភាគនៃចំណិតផង។

[៣៣២] ម្នាលភិក្ខុទាំងឡាយ សេចក្តីនេះ​មានឧបមេយ្យដូចពួកសត្វ ដែល​ត្រឡប់​បានមកកើតក្នុងពួកមនុស្ស មានប្រមាណតិច ដ្បិតថាពួកសត្វក្រៅអំពីពួកសត្វ​ ដែល​ត្រឡប់​បានមកកើតជាមនុស្សនុ៎ះ មានចំនួនច្រើនណាស់។ ម្នាលភិក្ខុទាំងឡាយ ហេតុ​ដូច្នោះ ក្នុងសាសនានេះ អ្នកទាំងឡាយ គប្បីសិក្សា យ៉ាងនេះថា យើងទាំងឡាយ ជាអ្នក​មិនប្រមាទ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីសិក្សាយ៉ាងនេះចុះ។ ចប់សូត្រទី២។

[៣៣៣] ព្រះមានព្រះភាគ ទ្រង់គង់​នៅទៀបក្រុងសាវត្ថី… គ្រានោះឯង ព្រះមានព្រះភាគ​… ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ត្រកូលទាំងឡាយណាមួយ ដែល​មានស្រីច្រើន មានប្រុសតិច ត្រកូលទាំងនោះ ពួកចោរអ្នកលួចទ្រព្យដោយឆ្នាំង [ពួកចោរ​ដែល​អុជ​ប្រទីបក្នុងឆ្នាំង ហើយចូលទៅក្នុងផ្ទះ ប្រាថ្នាដើម្បីនឹង​បំភ្លឺមើល​ទ្រព្យ​របស់ (អដ្ឋកថា)។] រមែងបៀតបៀនបានដោយងាយ យ៉ាងណា ម្នាលភិក្ខុទាំងឡាយ មេត្តាចេតោវិមុត្តិ ដែលភិក្ខុណាមួយមិនបានចម្រើន មិនបានធ្វើឲ្យច្រើនហើយ ពួក​អមនុស្ស តែងបៀត​បៀន​ភិក្ខុនោះបានដោយងាយ យ៉ាងនោះឯង។

[៣៣៤] ម្នាលភិក្ខុទាំងឡាយ ត្រកូលទាំងឡាយណាមួយ ដែល​មានស្រីតិច មានប្រុស​ច្រើន ត្រកូលទាំងនោះ ពួកចោរអ្នកលួចទ្រព្យដោយឆ្នាំង រមែងបៀតបៀនបាន​ដោយ​កម្រ យ៉ាងណា ម្នាលភិក្ខុទាំងឡាយ មេត្តាចេតោវិមុត្តិ ដែលភិក្ខុណាមួយ បានចម្រើន បានធ្វើឲ្យច្រើនហើយ ពួក​អមនុស្ស បៀតបៀន​ភិក្ខុនោះ​បានដោយកម្រ យ៉ាងនោះឯង។ ម្នាលភិក្ខុទាំងឡាយ ហេតុដូច្នោះ ក្នុង​សាសនានេះ អ្នកទាំងឡាយ គប្បីសិក្សា យ៉ាង​នេះថា មេត្តាចេតោវិមុត្តិ យើងទាំងឡាយ នឹងចម្រើន ធ្វើឲ្យច្រើន ធ្វើឲ្យដូចជាយាន ធ្វើឲ្យ​ជាទីនៅ តម្កល់ទុករឿយៗ សន្សំទុក ប្រារព្ធដោយ​ប្រពៃ ម្នាលភិក្ខុទាំងឡាយ អ្នកទាំង​ឡាយ គប្បីសិក្សាយ៉ាងនេះចុះ។ ចប់សូត្រទី៣។

[៣៣៥] ព្រះមានព្រះភាគ ទ្រង់គង់នៅទៀបក្រុងសាវត្ថី… ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំង​ឡាយ បុគ្គលណា ឲ្យទានអស់១០០ខ្ទះ ក្នុងបុព្វណ្ហសម័យក្តី បុគ្គលណា ឲ្យទានអស់​១០០ខ្ទះ ក្នុងមជ្ឈន្តិកសម័យក្តី បុគ្គលណា ឲ្យទានអស់១០០ខ្ទះ ក្នុងសាយណ្ហសម័យក្តី មួយទៀត បុគ្គលណា ចម្រើនមេត្តចិត្ត ដោយហោចទៅ សូម្បី​អស់​​កាល​ត្រឹម​តែ​ការ​រឹតទឹក​ដោះគោ​ប៉ុណ្ណោះ ក្នុងបុព្វណ្ហសម័យក្តី បុគ្គលណា ចម្រើនមេត្តចិត្ត ដោយហោចទៅ សូម្បី​អស់​កាលត្រឹមតែការរឹតទឹកដោះគោប៉ុណ្ណោះ ក្នុងមជ្ឈន្តិកសម័យក្តី បុគ្គលណា ចម្រើនមេត្តចិត្ត ដោយហោចទៅ សូម្បី​អស់​កាលត្រឹមតែការរឹតទឹកដោះគោប៉ុណ្ណោះ ក្នុងសាយណ្ហសម័យក្តី ការចម្រើន​មេត្តចិត្ត​នេះ ឈ្មោះថា មានផលច្រើនលើស​លុបជាង​ទាននោះទៅទៀត។ ម្នាលភិក្ខុទាំងឡាយ ហេតុដូច្នោះ ក្នុងសាសនានេះ អ្នកទាំងឡាយ គប្បីសិក្សាយ៉ាងនេះថា មេត្តាចេតោវិមុត្តិ យើង​ទាំងឡាយ នឹងចម្រើន ធ្វើឲ្យច្រើន ធ្វើឲ្យដូចជាយាន ធ្វើឲ្យ​ជាទីនៅ តម្កល់ទុក​រឿយៗ សន្សំទុក ប្រារព្ធដោយ​ប្រពៃ ម្នាលភិក្ខុទាំង​ឡាយ អ្នកទាំងឡាយ គប្បី​សិក្សា​យ៉ាងនេះចុះ។ ចប់សូត្រទី៤។

[៣៣៦] ព្រះមានព្រះភាគ ទ្រង់គង់នៅទៀបក្រុងសាវត្ថី… ទ្រង់ត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ ដូចលំពែងមានផ្លែដ៏មុត ស្រាប់តែមានបុរសមកដល់ គិតថា អាត្មាអញ នឹង​យកបាតដៃ ឬក្តាប់ដៃទះតប់ ធ្វើលំពែងដែល​មានផ្លែដ៏មុតនេះឲ្យខ្មូរ។ ម្នាលភិក្ខុទាំង​ឡាយ អ្នកទាំងឡាយ សំគាល់ហេតុនោះដូចម្តេច បុរសនោះ គួរដើម្បី​យក​បាតដៃ ឬក្តាប់ដៃទះតប់លំពែង ដែល​មានផ្លែដ៏មុតឯណោះ ធ្វើឲ្យខ្មូរបានដែរឬ។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ហេតុនុ៎ះ មិនបានទេ។ សេចក្តីនោះ ព្រោះហេតុអ្វី។ បពិត្រព្រះអង្គដ៏ចំរើន ព្រោះថា លំពែង​មានផ្លែដ៏មុតឯណោះ បុគ្គល​មិនងាយនឹង​យក​បាតដៃ ឬក្តាប់ដៃទះតប់ ធ្វើឲ្យខ្មូរ​បានឡើយ ឯបុរសនោះ គប្បីបាន​តែចំណែក​នៃ​សេចក្តីលំបាក និងសេចក្តី​ចង្អៀតចង្អល់ ប៉ុណ្ណោះឯង។

[៣៣៧] ម្នាលភិក្ខុទាំងឡាយ សេចក្តីនេះ មានឧបមេយ្យដូចមេត្តាចេតោវិមុត្តិ ដែលភិក្ខុ​ណាមួយ បានចម្រើន បានធ្វើឲ្យច្រើន បានធ្វើឲ្យដូចជាយាន បានធ្វើឲ្យ​ជាទីនៅ បានតម្កល់ទុក​រឿយៗ បានសន្សំទុក បានប្រារព្ធល្អហើយ។ បើអមនុស្ស ស្មានចិត្ត​ភិក្ខុ​នោះ​ថា គួរធ្វើ​ឲ្យអណ្តែតអណ្តូង។ អមនុស្សនោះឯង មុខជាបានតែចំណែក​ នៃសេចក្តី​លំបាក និង​សេចក្តីចង្អៀតចង្អល់ពុំខាន។ ម្នាលភិក្ខុទាំងឡាយ ហេតុដូច្នោះ ក្នុងសាសនា​នេះ អ្នកទាំងឡាយ គប្បីសិក្សា យ៉ាងនេះថា មេត្តាចេតោវិមុត្តិ យើង​ទាំងឡាយ នឹងចម្រើន ធ្វើឲ្យច្រើន ធ្វើឲ្យដូចជាយាន ធ្វើឲ្យ​ជាទីនៅ តម្កល់ទុក​រឿយៗ សន្សំទុក ប្រារព្ធ​ល្អ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បី​សិក្សា​យ៉ាងនេះចុះ។ ចប់សូត្រទី៥។

[៣៣៨] ព្រះមានព្រះភាគ ទ្រង់គង់នៅជិតក្រុងសាវត្ថី… ទ្រង់ត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ ដូចជាខ្មាន់ធ្នូ៤នាក់ មានកម្លាំងមាំមួន បានសិក្សាដោយប្រពៃ មានសិល្បៈ​ស្ទាត់​ក្នុងដៃ បានសម្តែង​សិល្បៈ​រួចហើយ ឈរនៅ​ក្នុងទិសទាំង៤។ គ្រានោះ មាន​បុរស​ម្នាក់ ដើរមកដល់ គិតថា កាលបើខ្មាន់ធ្នូទាំង៤នាក់នេះ ដែលមានកម្លាំងមាំមួន បានសិក្សា​ដោយប្រពៃ មានសិល្បៈ​ស្ទាត់​ក្នុងដៃ បានសម្តែង​សិល្បៈ​រួចហើយ បាន​បាញ់សរទៅក្នុងទិសទាំង៤ មិនទាន់ធ្លាក់​ដល់ផែនដីនៅឡើយ អាត្មាអញ នឹងចាប់​នាំយកសរទាំងនោះមកឲ្យបាន។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ សំគាល់ហេតុនោះ​ដូចម្តេច បុរសដែល​មានសំទុះ (នោះ) គេគួរនឹងនិយាយថា ជាអ្នកប្រកបដោយសំទុះ​លឿនក្រៃលែងបានឬទេ។ បពិត្រព្រះអង្គដ៏ចម្រើន សូម្បីតែខ្មាន់ធ្នូម្នាក់ ដែល​មានកម្លាំង​មាំមួន បានសិក្សាដោយប្រពៃ មានសិល្បៈ​ស្ទាត់​ក្នុងដៃ បានសំដែង​សិល្បៈ​រួចហើយ​បាញ់សរ​ទៅ មិនទាន់ធ្លាក់ដល់ផែនដីនៅឡើយ បុរសដែលមានសំទុះនោះ ក៏ចាប់នាំ​យក (សរនោះ) មកបាន គេគួរនឹងនិយាយថា ជាអ្នកប្រកបដោយ​សំទុះលឿន​ដ៏ក្រៃលែង​បានណាស់​ទៅ​ហើយ នឹងចាំបាច់ពោលទៅថ្វី ដល់ខ្មាន់ធ្នូ៤នាក់ ដែលមានកម្លាំងមាំមួន បានសិក្សា​ដោយ​ប្រពៃ មានសិល្បៈ​ស្ទាត់​ក្នុងដៃ បានសំដែង​សិល្បៈ​រួចហើយ។

[៣៣៩] ម្នាលភិក្ខុទាំងឡាយ សំទុះនៃបុរសនោះយ៉ាងណាក្តី សំទុះនៃ​ព្រះចន្ទ្រ និង​ព្រះអាទិត្យ ដែលលឿនជាងសំទុះ​បុរសនោះ យ៉ាងណាក្តី។ ម្នាលភិក្ខុទាំងឡាយ សំទុះនៃបុរសនោះយ៉ាងណាក្តី សំទុះនៃ​ព្រះចន្ទ្រ និង​ព្រះអាទិត្យ យ៉ាងណាក្តី សំទុះនៃ​ទេវតាទាំងឡាយ ដែល​ស្ទុះទៅពីមុខ​ព្រះចន្ទ្រ និង​ព្រះអាទិត្យនោះ លឿនជាង​សំទុះ​នៃព្រះចន្ទ្រ និង​ព្រះអាទិត្យនោះទៅទៀត យ៉ាងណាក្តី។ ម្នាលភិក្ខុទាំងឡាយ សំទុះនៃ​បុរសនោះ យ៉ាងណាក្តី សំទុះនៃ​ព្រះចន្ទ្រ និង​ព្រះអាទិត្យ​ទាំងឡាយ យ៉ាងណាក្តី សំទុះ​នៃ​ទេវតាទាំងឡាយ ដែលស្ទុះទៅអំពីខាងមុខ​​ព្រះចន្ទ្រ និង​ព្រះអាទិត្យ យ៉ាងណាក្តី អាយុសង្ខារទាំងឡាយ រមែងអស់ទៅឆាប់រហ័ស ជាង​សំទុះ​ទាំង​នោះទៅទៀត។ ម្នាលភិក្ខុទាំង​ឡាយ ហេតុដូច្នោះ ក្នុងសាសនានេះ អ្នកទាំងឡាយ គប្បីសិក្សា យ៉ាងនេះថា យើង​ទាំងឡាយ ជាអ្នកមិនប្រមាទ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បី​សិក្សា​យ៉ាងនេះចុះ។ ចប់សូត្រទី៦។

[៣៤០] ព្រះមានព្រះភាគ ទ្រង់គង់នៅទៀបក្រុងសាវត្ថី… ទ្រង់ត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ ពីព្រេងនាយមក មានសំភោរមួយ ឈ្មោះ អានកៈ [សំភោរមង្គល សម្រាប់​វាយ​ហៅមហាជន មកប្រជុំក្នុងថ្ងៃ​មានមហោស្រព (អដ្ឋកថា)។] របស់​ពួកក្សត្រ​នាម ​ទសារហៈ ។ កាលបើរាងសំភោរ ឈ្មោះ អានកៈនោះប្រេះឆាហើយ ពួកក្សត្រទសារហៈ ក៏ពាសនូវ​រាងស្រោបដទៃ ភ្ជាប់អបទុក។ ម្នាលភិក្ខុទាំងឡាយ មានសម័យដែលត្រូវ​តួ​រាងចាស់របស់សំភោរ ឈ្មោះ អានកៈខូចបាត់ទៅ សល់នៅ​តែរាងស្រោប។ ម្នាលភិក្ខុ​ទាំងឡាយ សេចក្តីនេះមានឧបមេយ្យ ដូចក្នុងកាលជាអនាគត ព្រះសូត្រ​ទាំង​ឡាយណា ដែលតថាគតសំដែងហើយ ជាព្រះសូត្រដ៏ជ្រៅ មានអត្ថដ៏ជ្រៅ ជាលោកុត្តរៈ ប្រកប​ដោយ​សភាពដ៏សូន្យ ព្រះសូត្រទាំងនោះ កាលបើបុគ្គលពោល ពួកមហាជននឹង​មិន​ស្តាប់ មិនដាក់ចុះនូវសោតៈ មិនយកចិត្តទុកដាក់ដើម្បីដឹង ទាំងមិនសំគាល់ធម៌ទាំង​នោះ ថា គួររៀន ឬគួរទន្ទេញឡើយ។ បើព្រះសូត្រទាំងឡាយណា ដែល​អ្នកប្រាជ្ញជាកវី បាន​ធ្វើ​ជាពាក្យកាព្យឃ្លោង មានអក្សរដ៏វិចិត្ត មានព្យញ្ជនៈដ៏វិចិត្តជាខាងក្រៅ ជាសាវកភាសិត ព្រះសូត្រទាំងនោះ កាលបុគ្គលពោល ទើបមហាជននឹង​​ស្តាប់ នឹងដាក់ចុះនូវសោតៈ នឹងយកចិត្តទុកដាក់ដើម្បីដឹង នឹងសំគាល់នូវធម៌ទាំង​នោះ ថា គួររៀន គួរទន្ទេញ។

[៣៤១] ម្នាលភិក្ខុទាំងឡាយ ការវិនាសទៅនៃ​ព្រះសូត្រ ដែលតថាគត សំដែងហើយ​ទាំងនោះ ជាព្រះសូត្រដ៏ជ្រៅ មានអត្ថដ៏ជ្រៅ ជាលោកុត្តរៈ ប្រកបដោយ​សភាពដ៏សូន្យ យ៉ាងនេះ​ឯង។ ម្នាលភិក្ខុទាំងឡាយ ហេតុដូច្នោះ ក្នុងសាសនានេះ អ្នកទាំងឡាយ គប្បីសិក្សា យ៉ាងនេះថា ព្រះសូត្រទាំងឡាយណា ដែលព្រះតថាគត សម្តែងហើយ ជាព្រះសូត្រដ៏ជ្រៅ មានអត្ថដ៏ជ្រៅ ជាលោកុត្តរៈ ប្រកបដោយ​សភាព​ដ៏​សូន្យ ព្រះសូត្រ​ទាំងនេះ កាលបុគ្គលពោល យើងនឹងប្រុងស្តាប់ ដាក់ចុះនូវសោតៈ យកចិត្តទុក​ដាក់​ដើម្បីដឹង នឹងសំគាល់​នូវធម៌ទាំងនោះថា គួររៀន គួរទន្ទេញ ដូច្នេះ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បី​សិក្សា​យ៉ាងនេះចុះ។ ចប់សូត្រទី៧។

[៣៤២] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងកូដាគារសាលា នាមហាវ័ន ទៀបក្រុងវេសាលី។ ក្នុងទីនោះ ព្រះមានព្រះភាគ ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុ​ទាំងឡាយ។ ភិក្ខុទាំងនោះ ទទួលព្រះពុទ្ធដីកា នៃព្រះមានព្រះភាគថា ព្រះ​ករុណា ព្រះអង្គ។

[៣៤៣] ព្រះមានព្រះភាគ បានត្រាស់ពាក្យ​នេះថា ម្នាលភិក្ខុទាំងឡាយ ឥឡូវ ពួក​ស្តេចលិច្ឆវី មានអង្កត់ឧសជាខ្នើយ គឺថា យកអង្កត់ឧស ពកឈើគគីរ ធ្វើជាខ្នើយរង​ព្រះសីរ និងព្រះបាទ ជាអ្នកមិនប្រមាទ មានសេចក្តីព្យាយាម ក្នុងការចូលទៅជិត (អាចារ្យ) ព្រះបាទអជាតសត្តុវេទេហិបុត្ត ជាឥស្សរៈ ក្នុងដែនមគធៈ ក៏មិនបាននូវចន្លោះ មិនបាននូវអារម្មណ៍ នៃស្តេចលិច្ឆវីទាំងនោះឡើយ។ ម្នាលភិក្ខុទាំងឡាយ ក្នុងកាលជា​អនាគតទៅ ពួកស្តេចលិច្ឆវី ជាសុខុមាលជាតិ មានផ្ទៃព្រះហស្ត និងព្រះបាទដ៏ទន់ ក្សត្រ​ទាំងនោះ នឹងសម្រេច​សេយ្យាលើក្រឡាបន្ទំដ៏ទន់ មានខ្នើយដ៏ក្រាស់ ដរាបដល់ថ្ងៃ​រះ ព្រះបាទអជាតសត្តុវេទេហិបុត្ត ជាឥស្សរៈក្នុងដែនមគធៈ ក៏បាននូវចន្លោះ បាននូវ​អារម្មណ៍ នៃស្តេចលិច្ឆវីទាំងនោះ។

[៣៤៤] ម្នាលភិក្ខុទាំងឡាយ ឥឡូវនេះ ភិក្ខុទាំងឡាយ មានអង្កត់ឧសជាខ្នើយ ជា​អ្នក​មិនប្រមាទ មានកិរិយាញុំាងកិលេសឲ្យក្តៅ ក្នុងការធ្វើសេចក្តីព្យាយាម មារចិត្តបាប ក៏មិនបាននូវចន្លោះ មិនបាននូវអារម្មណ៍ នៃភិក្ខុទាំងនោះឡើយ។ ម្នាលភិក្ខុទាំងឡាយ ក្នុងកាលជា​អនាគតទៅ ភិក្ខុទាំងឡាយ ជាសុខុមាលជាតិ មានផ្ទៃដៃ និងជើងដ៏ទន់ ភិក្ខុ​ទាំងនោះ សម្រេចនូវការដេកលើដំណេកដ៏ទន់ មានខ្នើយដ៏ក្រាស់ ដរាបដល់ថ្ងៃ​រះ ឯមារចិត្តបាប ក៏បាននូវចន្លោះ បាននូវ​អារម្មណ៍ នៃភិក្ខុទាំងនោះ។ ម្នាលភិក្ខុទាំងឡាយ ហេតុដូច្នោះ ក្នុងសាសនានេះ អ្នកទាំងឡាយ គប្បីសិក្សា យ៉ាងនេះថា យើងទាំងឡាយ មានអង្កត់ឧសជាខ្នើយ ជាអ្នកមិនប្រមាទ មានកិរិយាញុំាង​កិលេសឲ្យក្តៅ ក្នុងការធ្វើ​សេចក្តី​ព្យាយាម ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បី​សិក្សា​យ៉ាងនេះចុះ។ ចប់សូត្រទី៨។

[៣៤៥] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុង​វត្ត​ជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ ក៏ក្នុងសម័យនោះឯង មានភិក្ខុ​បួសថ្មីមួយរូប ចូលទៅរកត្រកូលហួសវេលា។ ភិក្ខុ​ទាំងឡាយ និយាយនឹងភិក្ខុ​នោះ យ៉ាង​នេះថា លោកមានអាយុ កុំចូលទៅរកត្រកូលហួសវេលាឡើយ។ ភិក្ខុនោះ កាលបើពួក​ភិក្ខុ​និយាយប្រាប់ ក៏បែរជាពោលយ៉ាងនេះថា អម្បាលយ៉ាងពួក​ភិក្ខុជាថេរៈទាំងនេះ ម្តេច​គង់​សំគាល់នូវត្រកូល ថាគួរចូលទៅរកបាន នឹងបាច់និយាយ​ថ្វីត្រឹម​ខ្ញុំករុណា។ គ្រានោះ​ឯង ភិក្ខុច្រើនរូប ចូលទៅគាល់​ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំ​ព្រះមានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះភិក្ខុទាំងនោះ អង្គុយក្នុងទីដ៏សមគួរ​ហើយ បានក្រាបទូល​ព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ក្នុងទី​ឯណោះ មានភិក្ខុបួសថ្មីមួយរូប ចូលទៅរកត្រកូលហួសវេលា ពួកភិក្ខុបាននិយាយនឹងភិក្ខុ​នោះ យ៉ាង​នេះថា លោកដ៏មានអាយុ កុំចូលទៅរកត្រកូលហួសវេលាឡើយ ភិក្ខុនោះ កាល​បើពួក​ភិក្ខុ​និយាយប្រាប់ ក៏បែរជានិយាយយ៉ាងនេះថា អម្បាលយ៉ាងពួក​ភិក្ខុ​ជាថេរៈ​ទាំង​នេះ ម្តេច​គង់​សំគាល់នូវត្រកូល ថាគួរចូលទៅរកបាន នឹងបាច់ពោលទៅ​ថ្វីត្រឹម​ខ្ញុំករុណា។

[៣៤៦] ព្រះអង្គត្រាស់ថា ម្នាលភិក្ខុទាំងឡាយ កាលពីព្រេងនាយមក មានស្រះធំ​មួយ ក្នុងព្រៃរំលោង ដំរីទាំងឡាយ តែងអាស្រ័យនៅនឹងស្រះធំនោះ។ ដំរីទាំង​នោះ ចុះទៅ​កាន់ស្រះនោះ ដកយកក្រអៅឈូក និងមើមឈូក ដោយប្រមោយ ហើយរលាស់​ឲ្យ​ស្អាតល្អ លាងឲ្យជ្រះភក់ ហើយទើបបរិភោគ ឯសរីរៈនោះ របស់ដំរីទាំងនោះ ក៏​មាន​សម្បុរ​ល្អផង មានកម្លាំងផង ដំរីទាំងនោះ ក៏​មិនដល់នូវ​មរណៈ ឬមិនដល់នូវ​ទុក្ខស្ទើរ​នឹងមរណៈ ព្រោះអាហារនោះជាហេតុឡើយ។ ម្នាលភិក្ខុទាំងឡាយ មានពួកកូនដំរីក្មេង សិក្សា​តាម​ដំរីធំៗទាំងនោះឯង ក៏នាំគ្នា​ចុះទៅកាន់ស្រះនោះ ដកយកក្រអៅឈូក និង​មើមឈូក ដោយប្រមោយ មិនបានរលាស់​ឲ្យស្អាតល្អ មិនបានលាងនូវក្រអៅ និងមើម ដែល​មានភក់ចេញ ក៏បរិភោគទៅ សរីរៈនោះ របស់កូនដំរីក្មេងទាំងនោះ ក៏មិន​មាន​សម្បុរ​ល្អ​ មិនមានកម្លាំង កូនដំរីក្មេងទាំងនោះ ក៏ដល់នូវ​មរណៈ ឬដល់នូវ​ទុក្ខស្ទើរ​នឹងមរណៈ ព្រោះ​អាហារនោះជាហេតុ។

[៣៤៧] ម្នាលភិក្ខុទាំងឡាយ សេចក្តីនេះ មានឧបមេយ្យ ដូចពួក​ភិក្ខុជាថេរៈ ក្នុង​សាសនានេះ ស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ចូលទៅកាន់​ស្រុក ឬ​និគម ដើម្បីបិណ្ឌបាត ថេរៈទាំងនោះ​ សម្តែងធម៌ ក្នុងស្រុកនិគមនោះៗ មានពួក​គ្រហស្ថ​គេ​ជ្រះថ្លា ធ្វើនូវ​អាការជ្រះថ្លា ចំពោះថេរៈទាំងនោះ​ ថេរៈទាំងនោះ ក៏មិនបានជាប់​ចំពាក់ មិនបានវង្វេង មិនបានជ្រុលជ្រប់ នឹងលាភនោះឡើយ ជាអ្នកឃើញទោស មានបញ្ញា​សម្រាប់រើខ្លួន ទើបបរិភោគ សរីរៈនោះ របស់ថេរៈទាំងនោះ ក៏មាន​សម្បុរ​ល្អផង មាន​កម្លាំងផង ថេរៈទាំងនោះ ក៏​មិនដល់នូវ​មរណៈ ឬមិនដល់នូវ​ទុក្ខស្ទើរ​នឹងមរណៈ ព្រោះ​លាភនោះជាហេតុឡើយ។ ម្នាលភិក្ខុទាំងឡាយ ចំណែកពួកភិក្ខុ ដែលសិក្សា​តាមពួក​ភិក្ខុជាថេរៈនោះឯង ក៏​ស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ចូលទៅកាន់​ស្រុក ឬ​និគម ដើម្បីបិណ្ឌបាត ភិក្ខុទាំងនោះ​ ក៏សម្តែងធម៌ ក្នុងស្រុក ​ឬ​និគមនោះៗ ពួក​គ្រហស្ថ ក៏មានសេចក្តី​ជ្រះថ្លា ធ្វើ​អាការជ្រះថ្លា ចំពោះភិក្ខុទាំងនោះ​ ភិក្ខុទាំងនោះ ក៏ជាប់​ចំពាក់ វង្វេង ជ្រុលជ្រប់ នឹងលាភនោះ ជាអ្នកមិនឃើញទោស មិនមានបញ្ញា​សម្រាប់​រើខ្លួន ហើយបរិភោគឡើយ សរីរៈនោះ របស់ភិក្ខុទាំងនោះ ក៏មិន​មាន​សម្បុរ​ល្អផង មិនមាន​​កម្លាំងផង ភិក្ខុទាំងនោះ តែងដល់នូវ​មរណៈ ឬដល់នូវ​ទុក្ខស្ទើរ​នឹងមរណៈ ព្រោះលាភនោះជាហេតុ។ ម្នាលភិក្ខុទាំងឡាយ ហេតុដូច្នោះ ក្នុងសាសនានេះ អ្នកទាំង​ឡាយ គប្បីសិក្សាយ៉ាងនេះថា យើង​ទាំងឡាយ ជាអ្នកមិនជាប់ចំពាក់ មិន​វង្វេង មិនជ្រុលជ្រប់ (នឹងលាភ) ឡើយ ត្រូវជាអ្នកឃើញទោស ទាំង​មានបញ្ញា​ សម្រាប់​រើខ្លួន​ហើយទើបបរិភោគ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បី​សិក្សា​យ៉ាងនេះចុះ។ ចប់សូត្រទី៩។

[៣៤៨] ព្រះមានព្រះភាគ ទ្រង់គង់នៅជិតក្រុងសាវត្ថី… ក៏ក្នុង​សម័យនោះឯង មានភិក្ខុ​មួយ​រូប ត្រាច់ទៅក្នុងត្រកូលហួសវេលា។ ពួកភិក្ខុ បាននិយាយនឹងភិក្ខុ​នោះ យ៉ាង​នេះថា លោកមានអាយុ កុំត្រាច់ទៅក្នុងត្រកូលហួសវេលាឡើយ។ ភិក្ខុនោះ កាលបើពួក​ភិក្ខុ​និយាយប្រាប់ ក៏មិនត្រេកអរ។ គ្រានោះឯង ពួកភិក្ខុច្រើនរូប ចូលទៅគាល់​ព្រះមាន​ព្រះភាគ លុះចូលទៅដល់ ថ្វាយបង្គំ​ព្រះមានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះ​ភិក្ខុទាំងនោះ អង្គុយក្នុងទីដ៏សមគួរ​ហើយ បានក្រាបទូល​ព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ក្នុងទី​ឯណោះ ភិក្ខុមួយរូប ត្រាច់​ទៅក្នុងត្រកូលហួសវេលា ពួក​ភិក្ខុ​បាននិយាយនឹងភិក្ខុ​នោះ យ៉ាង​នេះថា លោកមានអាយុ កុំត្រាច់​ទៅក្នុង​ត្រកូល​ហួស​វេលា​ឡើយ ដូច្នេះ ភិក្ខុនោះ កាល​បើពួក​ភិក្ខុ​និយាយប្រាប់ ក៏មិនត្រេកអរ។

[៣៤៩] ព្រះអង្គត្រាស់ថា ម្នាលភិក្ខុទាំងឡាយ កាលពីព្រេងនាយមក មានឆ្មា​មួយ ឈរនៅក្បែរគំនរសម្រាម មានអាចម៍គោ ត្រង់ទី-តនៃផ្ទះ ឃ្លាំចាំមើលកូនកណ្តុរ ហើយ​គិតថា កូនកណ្តុរនេះ នឹងចេញទៅរកចំណីក្នុងទីណា អាត្មាអញ នឹងចាប់វា ទំពាស៊ី ក្នុង​ទីនោះឯង។ ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង កូនកណ្តុរ ក៏ចេញ​ទៅរកចំណី។ ឆ្មា​ក៏​ចាប់​កណ្តុរនោះខាំសាច់លេប (ទាំងរស់) យ៉ាងរហ័ស។ កូនកណ្តុរនោះ ក៏ខាំស៊ីនូវ​ពោះវៀន​ធំ​ផង ខាំស៊ីនូវពោះវៀន​តូចផង របស់ឆ្មានោះ។ ឆ្មានោះ ក៏ដល់នូវមរណៈ ឬដល់​នូវ​ទុក្ខ ស្ទើរ​នឹងមរណៈ ព្រោះអាហារនោះជាហេតុ។

[៣៥០] ម្នាលភិក្ខុទាំងឡាយ សេចក្តីនេះ មានឧបមេយ្យ ដូច​ភិក្ខុពួកខ្លះ ក្នុង​សាសនានេះ ស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ចូលទៅកាន់​ស្រុក ឬ​និគម ដើម្បីបិណ្ឌបាត មានកាយមិនបានរក្សា មានវាចាមិនបានរក្សា មានចិត្ត​មិនបាន​រក្សា មានសតិ​មិនបាន​តម្កល់មាំ មានឥន្ទ្រិយ​មិនបានសង្រួម បានឃើញ​មាតុគ្រាម ក្នុងស្រុក ឬនិគមនោះ ស្លៀកសំពត់មិនស្រួល ដណ្តប់សំពត់មិនស្រួល លុះឃើញ​មាតុគ្រាម ស្លៀកសំពត់មិនស្រួល ដណ្តប់សំពត់មិនស្រួលហើយ រាគៈ ក៏​កំចាត់​ចិត្ត​របស់ភិក្ខុនោះ លុះភិក្ខុនោះ មានចិត្តដែល​រាគៈ​កំចាត់ហើយ ក៏ដល់នូវ​មរណៈ ឬដល់នូវ​ទុក្ខស្ទើរ​នឹង​មរណៈ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុណា ពោលលាសិក្ខា ត្រឡប់ទៅកាន់​ភេទ​ថោកទាប ភិក្ខុនោះ ឈ្មោះថា ដល់នូវ​មរណៈនោះ ក្នុងវិន័យរបស់​ព្រះអរិយៈ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ​ត្រូវអាបត្តិ ជាគ្រឿងសៅហ្មងណានីមួយ បានចេញចាកអាបត្តិ តាម​សភាព​ដ៏សមគួរ នេះឈ្មោះថា ដល់នូវ​ទុក្ខស្ទើរនឹងមរណៈ។ ម្នាលភិក្ខុទាំងឡាយ ហេតុដូច្នោះ ក្នុង​សាសនា​នេះ អ្នកទាំងឡាយ គប្បីសិក្សា យ៉ាងនេះថា យើង​ទាំងឡាយ ត្រូវ​ជាអ្នក​រក្សាកាយ រក្សាវាចា រក្សាចិត្ត តម្កល់សតិឲ្យមាំ សង្រួមឥន្ទ្រិយ សិមចូល​ទៅកាន់​ស្រុក ឬនិគម ដើម្បីបិណ្ឌបាត ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បី​សិក្សា​យ៉ាងនេះចុះ។ ចប់សូត្រទី១០។

[៣៥១] ព្រះមានព្រះភាគ ទ្រង់គង់នៅជិតក្រុងសាវត្ថី… ម្នាលភិក្ខុទាំងឡាយ អ្នក​ទាំងឡាយ បានឮរឿង​នៃសត្វចចក កាលដែលនៅក្នុងបច្ចូសសម័យនៃរាត្រីដែរឬ។ ព្រះករុណា ព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ ចចកចាស់នោះឯង កើតរោគអង្គែរ។ ចចក​ចាស់នោះ ប្រាថ្នានឹងដើរទៅក្នុងទីណាៗ ក៏ដើរ​ទៅក្នុងទីនោះៗបាន ប្រាថ្នានឹង​ឈរ​ក្នុង​ទីណាៗ ក៏ឈរក្នុងទីនោះៗបាន ប្រាថ្នានឹងអង្គុយ​ក្នុង​ទីណាៗ ក៏អង្គុយក្នុងទីនោះៗបាន ប្រាថ្នានឹងដេកក្នុង​ទីណាៗ ក៏ដេកក្នុងទីនោះៗបាន។ ឯខ្យល់ដ៏ត្រជាក់ ក៏ចេះតែបក់​មក​ត្រូវចចក​ចាស់នោះ។

[៣៥២] ម្នាលភិក្ខុទាំងឡាយ ប្រពៃណាស់ ត្រង់ដែលភិក្ខុពួកខ្លះ ក្នុងសាសនានេះ បាន​ប្តេជ្ញាខ្លួនជាសក្យបុត្រ ហើយត្រឡប់​មកទទួល នូវការបានអត្តភាព​បែបនេះឯង ម្នាលភិក្ខុ​ទាំងឡាយ ហេតុដូច្នោះ ក្នុងសាសនានេះ អ្នកទាំងឡាយ គប្បីសិក្សា យ៉ាងនេះ​ថា យើង​ទាំងឡាយ ជាអ្នកមិនប្រមាទ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បី​សិក្សា​យ៉ាងនេះ​ចុះ។ ចប់សូត្រទី១១។

[៣៥៣] ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងក្រុងសាវត្ថី… ម្នាលភិក្ខុទាំងឡាយ អ្នក​ទាំងឡាយ បានឮរឿង​នៃសត្វចចក កាលដែលនៅក្នុងបច្ចូសសម័យនៃរាត្រីដែរឬ។ ព្រះករុណា ព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ ចចកចាស់ ចួនកាលក៏មាន​កតញ្ញុកតវេទិតា​ធម៌​ខ្លះដែរ ឯបុគ្គលពួកខ្លះ ក្នុងសាសនានេះ ដែល​​ប្តេជ្ញាខ្លួនជាសក្យបុត្រ បែរជាមិន​មាន​កតញ្ញុកតវេទិតាធម៌ខ្លះទៅវិញក៏មាន។ ម្នាលភិក្ខុទាំងឡាយ ហេតុដូច្នោះ ក្នុង​សាសនា​នេះ អ្នកទាំងឡាយ គប្បីសិក្សា យ៉ាងនេះ​ថា យើង​ទាំងឡាយ ជាអ្នកមានសេចក្តី​កតញ្ញូ កតវេទី ឧបការៈ សូម្បីមាន​ប្រមាណតិច ដែលគេធ្វើចំពោះ​យើង​ទាំងឡាយ នឹងមិន​វិនាស​​បាត់បង់​ឡើយ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បី​សិក្សា​យ៉ាងនេះចុះ។ ចប់សូត្រទី១២។

ចប់ ឱបម្មសំយុត្តទី៨។

ឧទ្ទាននៃឱបម្មសំយុត្តនោះ គឺ

និយាយអំពី​កំពូលផ្ទះ១ ចុង​នៃក្រចក១ ត្រកូល១ ខ្ទះ១ លំពែង១ ខ្មាន់ធ្នូ១ រាងសំភោរ១ អង្កត់ឧស១ ដំរី១ ឆ្មា១ សត្វចចកពីរលើក។

ភិក្ខុសំយុត្ត

[៣៥៤] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុង​វត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ ក្នុងទីនោះឯង ព្រះមហាមោគ្គល្លាន​​មានអាយុ ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុមានអាយុទាំងឡាយ។ ភិក្ខុទាំងឡាយ ទទួលពាក្យ​ព្រះមហាមោគ្គល្លាន ​មានអាយុថា ករុណា លោកមានអាយុ។

[៣៥៥] ព្រះមហាមោគ្គល្លាន​មានអាយុ បានពោលពាក្យដូច្នេះថា ម្នាលអាវុសោ ក្នុងទីឯណោះ ខ្ញុំនៅក្នុងទីដ៏ស្ងាត់ សម្ងំនៅតែម្នាក់ឯង ក៏​មានបរិវិតក្កៈក្នុងចិត្តកើតឡើង យ៉ាងនេះថា ពាក្យដែល​គេពោលថា សភាពស្ងៀមដ៏ប្រសើរ សភាពស្ងៀមដ៏ប្រសើរ ដូច្នេះ តើសភាពស្ងៀម​ដ៏ប្រសើរ ដូចម្តេចទៅ។ ម្នាលអាវុសោ ខ្ញុំនោះមានសេចក្តីត្រិះរិះ​ យ៉ាង​នេះថា ភិក្ខុក្នុងសាសនានេះ រម្ងាប់វិតក្កៈ វិចារៈហើយ ដល់នូវ​ទុតិយជ្ឈាន ដែលមានក្នុង​ខ្លួន ប្រកបដោយសេចក្តីជ្រះថ្លា មានសភាពនៃចិត្តខ្ពស់ឯក មិនមានវិតក្កៈ មិន​មាន​វិចារៈ មានតែបីតិ និងសុខៈ ដែលកើត​មកអំពីសមាធិ នេះលោកពោលថា សភាពស្ងៀម​ដ៏​ប្រសើរ។ ម្នាលអាវុសោ ខ្ញុំនោះ ក៏រម្ងាប់វិតក្កៈ វិចារៈ ចូលកាន់​ទុតិយជ្ឈាន ដែលមានក្នុង​ខ្លួន ជាទីជ្រះថ្លា មានសភាពនៃចិត្តខ្ពស់ឯក មិនមានវិតក្កៈ មិន​មាន​វិចារៈ មានតែបីតិ និងសុខៈ ដែលកើត​មកអំពីសមាធិ។ ម្នាលអាវុសោ កាលខ្ញុំនោះ កំពុងសម្រេចសម្រាន្ត​នៅ ដោយវិហារធម៌នេះ ក៏មានសញ្ញា និងមនសិការៈ ដែលមានវិតក្កៈ​ជាអារម្មណ៍ តាំង​ឡើងទៀត។ ម្នាលអាវុសោ គ្រានោះឯង ព្រះមានព្រះភាគ ស្តេចចូលទៅរកខ្ញុំ ដោយ​ឫទ្ធិ ហើយបានត្រាស់ដូច្នេះថា ម្នាលមោគ្គល្លាន ម្នាលមោគ្គល្លាន ម្នាលព្រាហ្មណ៍ អ្នកកុំ​ប្រមាទ នូវសភាពស្ងៀម​ដ៏​ប្រសើរឡើយ ចូរតម្កល់ចិត្ត ក្នុងសភាពស្ងៀម​ដ៏ប្រសើរ ចូរធ្វើចិត្តឲ្យជាធម្មជាតខ្ពស់ឯក ក្នុងសភាពស្ងៀម​ដ៏​ប្រសើរ ចូរតម្កល់ចិត្ត​ស្មើ ក្នុង​សភាព​ស្ងៀមដ៏ប្រសើរចុះ។ ម្នាលអាវុសោ សម័យក្រោយមក ខ្ញុំនោះ ក៏រម្ងាប់វិតក្កៈ វិចារៈរួច​ហើយ ចូលកាន់​ទុតិយជ្ឈាន ដែលមានក្នុង​ខ្លួន ជាទីជ្រះថ្លា មានសភាពនៃចិត្តខ្ពស់ឯក មិនមានវិតក្កៈ មិន​មាន​វិចារៈ មានតែបីតិ និងសុខៈ ដែលកើត​មកអំពីសមាធិ។ ម្នាលអាវុសោ បុគ្គល កាលពោលដោយប្រពៃ គប្បីពោល​នូវបុគ្គល​ណាថា ព្រះសាស្តា ទ្រង់​អនុគ្រោះសាវ័ក ដែលដល់​នូវអភិញ្ញាធំ គឺអភិញ្ញា៦។ បុគ្គល កាលពោលដោយប្រពៃ គប្បីពោល​នូវបុគ្គលនោះថា ព្រះសាស្តា ​អនុគ្រោះសាវ័ក ដែលបានអភិញ្ញាធំ គឺអភិញ្ញា៦ ដូច្នេះ គឺពោល​ចំពោះខ្ញុំ​ហ្នឹងឯង។ ចប់សូត្រទី១។

[៣៥៦] សាវត្ថីនិទាន។ ក្នុងទីនោះឯង ព្រះសារីបុត្តមានអាយុ ហៅភិក្ខុ​ទាំងឡាយ​មក​ថា ម្នាលភិក្ខុមានអាយុទាំងឡាយ។ ភិក្ខុទាំងនោះ ទទួលពាក្យ​ព្រះសារីបុត្ត​មានអាយុ​ថា ករុណា អាវុសោ។

[៣៥៧] ព្រះសារីបុត្ត​មានអាយុ បានពោលពាក្យដូច្នេះថា ម្នាលអាវុសោ ក្នុងទី​ឯណោះ ខ្ញុំបាននៅក្នុងទីដ៏ស្ងាត់ សម្ងំនៅ ក៏​មានបរិវិតក្កៈ កើតឡើងក្នុងចិត្ត យ៉ាងនេះថា សេចក្តីសោក ខ្សឹកខ្សួល លំបាកកាយ លំបាកចិត្ត ការចង្អៀតចង្អល់ចិត្ត គប្បីកើត​ឡើង ដល់​អាត្មាអញ ព្រោះការប្រែប្រួល និងការផ្លាស់ប្តូរ នៃសត្វនិងសង្ខារណា សត្វនិង​សង្ខារ​នោះ មានតិចតួចក្នុងលោកខ្លះដែរឬ។ ម្នាលអាវុសោ ខ្ញុំនោះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា សេចក្តីសោក ខ្សឹកខ្សួល លំបាកកាយ លំបាកចិត្ត ការចង្អៀតចង្អល់ចិត្ត មិន​គប្បីកើត​ឡើង ដល់​អាត្មាអញ ព្រោះការប្រែប្រួល និងការផ្លាស់ប្តូរ នៃសត្វនិងសង្ខារណា សត្វនិង​សង្ខារ​នោះ មិនមានតិចតួចក្នុងលោកសោះឡើយ។

[៣៥៨] កាលព្រះសារីបុត្តពោលយ៉ាងនេះហើយ ព្រះអានន្ទមានអាយុ ក៏​បាន​និយាយនឹង​ព្រះសារីបុត្តមានអាយុ យ៉ាងនេះថា ម្នាលសារីបុត្ត​មានអាយុ សេចក្តីសោក ខ្សឹកខ្សួល លំបាកកាយ លំបាកចិត្ត ការចង្អៀតចង្អល់ចិត្ត មិនកើតដល់លោក ព្រោះការប្រែប្រួល និងការផ្លាស់ប្តូរនៃព្រះសាស្តាដែរឬ។ ម្នាលអាវុសោ សេចក្តីសោក ខ្សឹកខ្សួល លំបាកកាយ លំបាកចិត្ត ការចង្អៀតចង្អល់ចិត្ត មិនកើត​ឡើងដល់ខ្ញុំ ព្រោះការប្រែប្រួល និងការផ្លាស់ប្តូរ នៃព្រះសាស្តាទេ តែថា ខ្ញុំមាន​សេចក្តីត្រិះរិះ​ យ៉ាងនេះថា អើហ្ន៎ ព្រះសាស្តា មានស័ក្តិធំ មានឫទ្ធិច្រើន មានអានុភាពច្រើន បាត់​បង់​ទៅ​ហើយ ប្រសិនបើជាព្រះមានព្រះភាគ ព្រះអង្គគប្បីគង់នៅអស់​កាលជាអង្វែងទៅ ការ​គង់នៅរបស់​ព្រះអង្គនោះ ប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ដល់​ជនច្រើន ដើម្បីសេចក្តី​សុខ ដល់ជនច្រើន ដើម្បីអនុគ្រោះដល់សត្វលោក ដើម្បីសេចក្តី​ចម្រើន ដើម្បីគុណ ដើម្បី​សេចក្តីសុខ ដល់ទេវតា និងមនុស្សទាំងឡាយ។ ព្រោះថា អហង្ការ (ទិដ្ឋិ) មមង្ការ (តណ្ហា) និង​មានានុស័យ ព្រះសារីបុត្តមានអាយុ បានដកចេញស្រឡះ អស់កាលយូរហើយ ហេតុដូច្នោះ ទើបសេចក្តីសោក ខ្សឹកខ្សួល លំបាកកាយ លំបាកចិត្ត ការចង្អៀតចង្អល់ចិត្ត មិនកើត​ឡើង ដល់ព្រះសារីបុត្តមានអាយុ ព្រោះការប្រែប្រួល ការផ្លាស់ប្តូរ នៃព្រះសាស្តាឡើយ។ ចប់សូត្រទី២។

[៣៥៩] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុង​វត្ត​ជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ ក៏ក្នុងសម័យនោះឯង ព្រះសារីបុត្តមានអាយុ និងព្រះមហាមោគ្គល្លានមានអាយុ គង់នៅក្នុងវិហារជាមួយគ្នា [ក្នុង​ល្វែងជាមួយគ្នា (អដ្ឋកថា)។] ក្នុងវត្តវេឡុវ័ន ជាកលន្ទកនិវាបស្ថាន ទៀបក្រុង​រាជគ្រឹះ។ គ្រានោះឯង ព្រះសារីបុត្តមានអាយុ ចេញ​អំពីទីសម្ងំ ក្នុងសាយណ្ហសម័យ ហើយ​ចូលទៅរក​ព្រះមហាមោគ្គល្លានមានអាយុ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តី​រីករាយ ជាមួយនឹងព្រះមហាមោគ្គល្លានមានអាយុ លុះបញ្ចប់​ពាក្យដែលគួរ​រីករាយ និង​ពាក្យដែលគួររឭកហើយ ក៏អង្គុយក្នុងទីដ៏សមគួរ។

[៣៦០] លុះព្រះសារីបុត្តមានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ ក៏បានពោល​នឹង​ព្រះមហាមោគ្គល្លានមានអាយុ ដូច្នេះថា ម្នាលអាវុសោមោគ្គល្លាន ឥន្ទ្រិយ​ទាំងឡាយ របស់​លោក ថ្លាម្ល៉េះ សម្បុរមុខ ក៏បរិសុទ្ធ ផូរផង់ ថ្ងៃនេះ មហាមោគ្គល្លានមានអាយុ នៅ​ដោយធម៌ ជាគ្រឿងនៅល្អិតពេកណាស់។ ព្រះមហាមោគ្គល្លាន តបថា ម្នាលអាវុសោ ថ្ងៃនេះ ខ្ញុំនៅដោយធម៌ ជាគ្រឿង​នៅគ្រោតគ្រាតពេកណាស់ តែថា ធម្មីកថា របស់ខ្ញុំមាន។ ចុះធម្មីកថា របស់ព្រះមហាមោគ្គល្លានមានអាយុ មានជាមួយ​នឹង​បុគ្គលណា។ ម្នាលអាវុសោ ធម្មីកថារបស់ខ្ញុំ មានជាមួយនឹងព្រះមានព្រះភាគ។ ម្នាលអាវុសោ ឥឡូវនេះ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់​អនាថបិណ្ឌិក​សេដ្ឋី ទៀបក្រុងសាវត្ថី ឆ្ងាយពេកណាស់ តើព្រះមហាមោគ្គល្លានមានអាយុ ចូលទៅគាល់​ព្រះមានព្រះភាគ ដោយឫទ្ធិឬ ៗក៏ព្រះមានព្រះភាគ ស្តេចចូលមករក​ព្រះមហាមោគ្គល្លានមានអាយុ ដោយឫទ្ធិវិញ។ ម្នាលអាវុសោ ខ្ញុំ​មិនបាន​ចូលទៅគាល់​ព្រះមានព្រះភាគ ដោយឫទ្ធិទេ ចំណែក​ព្រះមានព្រះភាគ ក៏ពុំបានមករកខ្ញុំ​ដោយ​ឫទ្ធិ​ដែរ តែថា ព្រះមានព្រះភាគ ព្រះអង្គមានទិព្វចក្ខុ និងទិព្វសោតធាតុ ដ៏បរិសុទ្ធ កំណត់ត្រឹម​ណា ទិព្វចក្ខុ និងទិព្វសោតធាតុរបស់ខ្ញុំ ក៏បរិសុទ្ធ កំណត់ត្រឹម​ណោះដែរ ខ្ញុំ​មាន​ទិព្វចក្ខុ និងទិព្វសោតធាតុ ដ៏បរិសុទ្ធ កំណត់ត្រឹមណា ទិព្វចក្ខុ និងទិព្វសោតធាតុ របស់​ព្រះមានព្រះភាគ ក៏បរិសុទ្ធ កំណត់ត្រឹមណោះដែរ។ ចុះធម្មីកថា របស់​ព្រះមហាមោគ្គល្លានមានអាយុ មានជាមួយនឹង​ព្រះមានព្រះភាគ ដោយ​ប្រការ​ដូចម្តេច​ទៅ។

[៣៦១] ម្នាលអាវុសោ ក្នុងទីឯណោះ ខ្ញុំបានក្រាប​បង្គំទូល​សួរ​ព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចម្រើន ពាក្យដែលពោលថា (ភិក្ខុ) មានព្យាយាម​ប្រារព្ធ​ហើយ មានព្យាយាម​ប្រារព្ធហើយ បពិត្រព្រះអង្គដ៏ចម្រើន ភិក្ខុមានព្យាយាម​ប្រារព្ធ​ហើយ តើដោយហេតុដូចម្តេច។ ម្នាលអាវុសោ កាលខ្ញុំ​ក្រាបបង្គំ​ទូលសួរយ៉ាងនេះហើយ ព្រះមានព្រះភាគ បានត្រាស់នឹង​ខ្ញុំ ដូច្នេះថា ម្នាលមោគ្គល្លាន ភិក្ខុក្នុងសាសនានេះ មាន​ព្យាយាម​ប្រារព្ធ ដោយតាំងចិត្តថា ស្បែកក្តី សរសៃក្តី ឆ្អឹងក្តី ចូរសល់នៅចុះ ឯសាច់ និង​ឈាមក្នុងសរីរៈ ចង់រីងស្ងួតទៅ ក៏តាមការណ៍ចុះ (បើអាត្មាអញ) មិនទាន់ដល់គុណជាត ដែល​គេគប្បីដល់ ដោយកម្លាំងនៃបុរស ដោយព្យាយាមនៃបុរស ដោយការប្រឹងប្រែង​នៃ​បុរសទេ ក៏មិនបញ្ឈប់សេចក្តីព្យាយាម​ឡើយ ម្នាលមោគ្គល្លាន យ៉ាងនេះឯង ឈ្មោះថា ភិក្ខុមានសេចក្តីព្យាយាមប្រារព្ធហើយ។ ម្នាលអាវុសោ ធម្មីកថា របស់ខ្ញុំ មានជាមួយនឹង​ព្រះមានព្រះភាគ យ៉ាងនេះឯង។

[៣៦២] ម្នាលអាវុសោ ដុំថ្មតូច លើកយកទៅដាក់ផ្ទឹម ក្នុងទីជិត​នៃ​ស្តេច​ភ្នំ​ហិមពាន្ត យ៉ាងណា ខ្លួនយើង​ លើកយកទៅផ្ទឹម​ក្នុងទីជិត នៃព្រះមហាមោគ្គល្លានមានអាយុ ក៏​យ៉ាង​នោះដែរ ព្រោះថា ព្រះមហាមោគ្គល្លាន មានអាយុ មានឫទ្ធិច្រើន មានអានុភាពច្រើន ប្រាថ្នាឋិតនៅអស់មួយអាយុកប្បក៏បាន។

[៣៦៣] ម្នាលអាវុសោ ដុំអំបិលតូច គេបង់ទៅក្នុងឆ្នាំងអំបិលដ៏ធំ យ៉ាងណា ខ្លួនយើង​ លើកយកទៅផ្ទឹម​នឹងព្រះសារីបុត្តមានអាយុ ក៏​យ៉ាង​នោះដែរ ដ្បិតថា ព្រះសារីបុត្តមានអាយុ ព្រះមានព្រះភាគ ទ្រង់ស្ងើច ទ្រង់ពណ៌នាគុណ ទ្រង់​សរសើរ ដោយអនេកបរិយាយថា

ព្រះសារីបុត្ត (ប្រកប) ដោយបញ្ញា ដោយសីល ដោយការរម្ងាប់ ជាភិក្ខុដល់​នូវ​ត្រើយ ជាបុគ្គលប្រសើរមែនពិត។

មហានាគទាំងគូនោះ ស្មោះសរ រីករាយ នឹងសុភាសិត​ដែលលោក​ពោល​ល្អ ដល់​គ្នានិងគ្នា ដោយប្រការដូច្នេះ។ ចប់សូត្រទី៣។

[៣៦៤] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុង​វត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ ក្នុងសម័យនោះឯង ភិក្ខុថ្មី​មួយ​រូប ត្រឡប់មកពីបិណ្ឌបាត ក្នុងវេលាខាងក្រោយភត្ត ក៏ចូលទៅកាន់វិហារ ជាអ្នក​មិនមាន​សេចក្តីខ្វល់ខ្វាយ មានសភាពតោះតើយ មិនជួយធ្វើនូវការខ្វល់ខ្វាយ ដល់​ភិក្ខុ​ទាំង​ឡាយ ក្នុងសម័យដែលធ្វើចីវរឡើយ។ គ្រានោះឯង ពួកភិក្ខុច្រើនរូប ចូលទៅគាល់​ព្រះមានព្រះភាគ លុះចូលទៅដល់ ថ្វាយបង្គំ​ព្រះមានព្រះភាគ ហើយអង្គុយក្នុងទីសម​គួរ។

[៣៦៥] លុះភិក្ខុទាំងនោះ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលព្រះមាន​ព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ក្នុងទីឯណោះ ភិក្ខុថ្មី​មួយ​រូប ត្រឡប់​មក​ពី​បិណ្ឌបាត ក្នុងវេលាខាងក្រោយភត្ត ក៏ចូលទៅកាន់វិហារ ជាអ្នក​មិនមាន​សេចក្តីខ្វល់ខ្វាយ មានសភាពតោះតើយ មិនជួយធ្វើការខ្វល់ខ្វាយ ដល់​ភិក្ខុ​ទាំង​ឡាយ ក្នុងសម័យ​ដែល​ធ្វើ​ចីវរ​ឡើយ។ គ្រានោះឯង ព្រះមានព្រះភាគ ត្រាស់ហៅភិក្ខុមួយរូបទៀតថា ម្នាលភិក្ខុ អ្នកចូរមក អ្នកចូរទៅហៅភិក្ខុនោះ តាមពាក្យ​តថាគតថា ម្នាលអាវុសោ ព្រះសាស្តា​ត្រាស់​ហៅអ្នក។ ភិក្ខុនោះ ទទួលព្រះពុទ្ធដីកាព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ ហើយ​ចូលទៅរកភិក្ខុនោះ លុះចូលទៅដល់ហើយ បាននិយាយ​ប្រាប់ភិក្ខុនោះ ដូច្នេះថា ម្នាលអាវុសោ ព្រះសាស្តាត្រាស់ហៅអ្នក។ ភិក្ខុនោះ ទទួល​ពាក្យភិក្ខុនោះថា ករុណា អាវុសោ ហើយចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់​ ថ្វាយបង្គំ​ព្រះមានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះភិក្ខុនោះ អង្គុយក្នុងទីសមគួរហើយ ទើប​ព្រះមានព្រះភាគ ត្រាស់សួរដូច្នេះថា ម្នាលភិក្ខុ ឮថា អ្នកត្រឡប់មកពីបិណ្ឌបាត ក្នុងវេលាខាងក្រោយភត្ត ក៏ចូលទៅកាន់វិហារ ជាអ្នក​មិនមាន​សេចក្តីខ្វល់ខ្វាយ មាន​សភាពតោះតើយ មិនជួយធ្វើនូវការខ្វល់ខ្វាយ ដល់​ភិក្ខុ​ទាំង​ឡាយ ក្នុងសម័យ​ដែល​ធ្វើចីវរ ពិតឬ។ បពិត្រព្រះអង្គដ៏ចម្រើន ព្រោះខ្ញុំព្រះអង្គ កំពុង​ជាប់ធ្វើ​កិច្ចរបស់​ខ្ញុំព្រះអង្គដែរ។

[៣៦៦] គ្រានោះឯង ព្រះមានព្រះភាគ ជ្រាបនូវបរិវិតក្ក ក្នុងចិត្ត​របស់ភិក្ខុនោះ ដោយ​ព្រះហឫទ័យព្រះអង្គ ហើយត្រាស់ហៅពួកភិក្ខុ​មកថា ម្នាលភិក្ខុទាំងឡាយ អ្នក​ទាំងឡាយ កុំពោល​ទោសភិក្ខុនុ៎ះឡើយ ម្នាលភិក្ខុទាំងឡាយ ដ្បិត​ភិក្ខុនោះ ជាអ្នក​បាន​ដូច​សេចក្តីប្រាថ្នា បានដោយ​មិនលំបាក បានដោយមិនខុសកាលវេលា នូវឈានទាំង៤ អាស្រ័យ​នឹងចិត្តដ៏ឧត្តម ជាគ្រឿង​នៅជាសុខក្នុងបច្ចុប្បន្ន កុលបុត្តទាំងឡាយ ចេញចាក​ផ្ទះ ចូល​មកកាន់ផ្នួសដោយប្រពៃ ដើម្បីប្រយោជន៍ ដល់​អនុត្តរធម៌ណា ក៏បាន​ធ្វើ​ឲ្យ​ជាក់​ច្បាស់ បានសម្រេចដោយប្រាជ្ញាដ៏ឧត្តម ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន នូវអនុត្តរធម៌នោះ ជាទី​បំផុតនៃព្រហ្មចរិយៈ។

[៣៦៧] ព្រះមានព្រះភាគ បានត្រាស់ព្រះពុទ្ធដីកានេះ លុះព្រះសុគត ជាសាស្តា ត្រាស់​ព្រះពុទ្ធដីកានេះរួចហើយ ទើបទ្រង់ត្រាស់ព្រះពុទ្ធដីកានេះ តទៅទៀតថា

បុគ្គលប្រារព្ធព្យាយាមដ៏ធូរថយ មិនបានដល់ព្រះនិព្វាននេះ ដែលជាទីញុំាង​សត្វ ឲ្យរួចចាកគន្ថៈ គឺកិលេសទាំងពួងទេ បុគ្គល​មានកម្លាំង​ព្យាយាមតិច ក៏​មិនបានដល់​ព្រះនិព្វាននេះ ដែលជាទីញុំាង​សត្វឲ្យរួច​ចាកគន្ថៈ គឺកិលេសទាំងពួងដែរ ឯភិក្ខុនេះ ជា​ភិក្ខុកម្លោះ ភិក្ខុនេះ ជាបុរសដ៏ឧត្តម ទ្រទ្រង់នូវអត្តភាពជាទីបំផុត បានឈ្នះនូវ​មារ ព្រម​ទាំង​ពាហនៈ។ ចប់សូត្រទី៤។

[៣៦៨] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុង​​វត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង ព្រះសុជាតមាន​អាយុ ចូលទៅគាល់​ព្រះមានព្រះភាគ។

[៣៦៩] ព្រះមានព្រះភាគ បានទតឃើញ នូវ​ព្រះសុជាត​មានអាយុ កំពុង​មក​អំពី​ចម្ងាយ លុះទតឃើញហើយ ទ្រង់​ត្រាស់ហៅភិក្ខុ​ទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ កុលបុត្រនេះ ល្អដោយហេតុពីរយ៉ាងគឺ កុលបុត្ត​មានរូបល្អ គួរឲ្យពិតពិល​រមិល​មើល ជា​ទីជ្រះថ្លា ប្រកបដោយ​សម្បុរល្អ​ក្រៃលែង១ ពួកកុលបុត្ត​ចេញចាកផ្ទះ ចូលមកកាន់​ផ្នួស ដោយ​ប្រពៃ ដើម្បីប្រយោជន៍ដល់​អនុត្តរធម៌ណា ក៏បានធ្វើ​ឲ្យជាក់ច្បាស់ បានសម្រេច​ដោយ​ប្រាជ្ញាដ៏ឧត្តម ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន នូវអនុត្តរធម៌នោះ ដែលជាទីបំផុត​នៃ​ព្រហ្មចរិយៈ១។

[៣៧០] ព្រះមានព្រះភាគ បានត្រាស់​ព្រះពុទ្ធដីកានេះ។បេ។ ព្រះសាស្តា​ត្រាស់ថា

ភិក្ខុនេះមានចិត្តត្រង់ ប្រាសចាកកិលេសហើយ មិនប្រកប (ដោយ​កិលេស) មាន​ទុក្ខរលត់ហើយ ព្រោះ​មិនបានប្រកាន់​ ទើបឈ្មោះថាល្អពិត ទ្រទ្រង់​នូវអត្តភាព​ជាទីបំផុត បានឈ្នះនូវមារ ព្រមទាំង​ពាហនៈហើយ។ ចប់សូត្រទី៥។

[៣៧១] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុង​វត្តជេតពន របស់​អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង ព្រះលកុណ្តកភទ្ទិយៈ មានអាយុ ចូលទៅគាល់​ព្រះមានព្រះភាគ។

[៣៧២] ព្រះមានព្រះភាគ ទ្រង់ទតឃើញ​ ព្រះលកុណ្តកភទ្ទិយៈ មានអាយុ កំពុង​មក​អំពីចម្ងាយ លុះទតឃើញហើយ ទ្រង់ត្រាស់​ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ឃើញភិក្ខុដែល​កំពុង​មកនុ៎ះ មានសម្បុរ​អាក្រក់ លំបាកមើល តូចទាប មានរូបគួរឲ្យ​ភិក្ខុទាំងឡាយមើលងាយ ដែរឬ។ ព្រះករុណា ព្រះ​អង្គ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនុ៎ះ​មានឫទ្ធិច្រើន មានអានុភាពច្រើន សមាបត្តិណា ដែល​ភិក្ខុនោះ​មិនធ្លាប់ចូល សមាបត្តិនោះ បុគ្គលដទៃ​មិនបានដោយ​ងាយឡើយ មួយទៀត ពួក​កុលបុត្ត​ចេញចាកផ្ទះ ចូល​មកកាន់ផ្នួសដោយប្រពៃ ដើម្បី​ប្រយោជន៍​ដល់អនុត្តរ​ធម៌​ណា ភិក្ខុនោះក៏បានត្រាស់ដឹង ធ្វើ​ឲ្យជាក់ច្បាស់ បានសម្រេច​ដោយខ្លួនឯង ក្នុង​បច្ចុប្បន្ន នូវ​អនុត្តរធម៌នោះ ដែល​ជាទីបំផុតនៃព្រហ្មចរិយៈ។

[៣៧៣] ព្រះមានព្រះភាគ បានត្រាស់​ព្រះពុទ្ធដីកានេះ។បេ។ ព្រះសាស្តា ត្រាស់ថា

ពួកហង្ស ក្រៀល ក្ងោក ដំរី ម្រឹគក្តាន់ សត្វទាំងអស់នោះ រមែង​ខ្លាចរាជសីហ៍ តែ​នឹង​យក​រាងកាយទៅប្រៀបធៀបគ្នា មិនបានឡើយ មានឧបមាយ៉ាងណា មានឧបមេយ្យ​ដូច​យ៉ាងបណ្តាមនុស្សទាំងឡាយ ទោះបីមនុស្ស​កម្លោះ ប៉ុន្តែ​មានប្រាជ្ញា គេរមែង​បានជាធំ ក្នុងពួកមនុស្សនោះ ឯមនុស្ស​ពាល​មានតែសរីរៈ មិនបានជាធំ ក្នុងពួកមនុស្សទេ។ ចប់​សូត្រទី៦។

[៣៧៤] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុង​កូដាគារសាលា នាមហាវ័ន ទៀបក្រុង​វេសាលី។ ក៏ក្នុងសម័យនោះឯង ព្រះវិសាខៈ​មាន​អាយុ ជាបុត្តនៃ​អ្នកស្រុក​បញ្ចាល បានញុំាងពួកភិក្ខុក្នុង​ឧបដ្ឋានសាលា ឲ្យឃើញច្បាស់ ឲ្យ​កាន់យកតាម ឲ្យអាចហាន ឲ្យរីករាយ ដោយធម្មីកថា ដោយសំដីអ្នក​បុរីដ៏ល្អ ជាសំដី​ឥតមានទោស ជាសំដីញុំាង​ជនដទៃឲ្យ​ដឹងច្បាស់ នូវប្រយោជន៍ រាប់ចូល​ក្នុងសច្ចៈ មិន​អាស្រ័យ​នូវវដ្តៈឡើយ។

[៣៧៥] គ្រានោះឯង ព្រះមានព្រះភាគ ចេញ​អំពីផលសមាបត្តិ ក្នុងសាយណ្ហ​សម័យ ស្តេចចូលទៅឯឧបដ្ឋានសាលា លុះចូលទៅដល់ហើយ ក៏គង់​លើអាសនៈដែល​គេក្រាលថ្វាយ។ លុះព្រះមានព្រះភាគ ទ្រង់គង់ហើយ ត្រាស់ហៅភិក្ខុ​ទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ អ្នកណាហ្ន៎ អាចញុំាងពួកភិក្ខុក្នុង​ឧបដ្ឋានសាលា ឲ្យឃើញច្បាស់ ឲ្យ​កាន់យកតាម ឲ្យអាចហាន ឲ្យរីករាយ ដោយធម្មីកថា ដោយសំដីអ្នក​បុរីដ៏ល្អ ជាសំដី​ឥតមានទោស ជាសំដីញុំាង​ជនដទៃឲ្យ​ដឹងច្បាស់ នូវប្រយោជន៍ រាប់ចូល​ក្នុងសច្ចៈ មិន​អាស្រ័យ​នូវវដ្តៈបាន។ បពិត្រព្រះអង្គដ៏ចម្រើន វិសាខបញ្ចាលបុត្តមានអាយុ អាច​ញុំាង​ពួក​ភិក្ខុក្នុង​ឧបដ្ឋានសាលា ឲ្យឃើញច្បាស់ ឲ្យ​កាន់យកតាម ឲ្យអាចហាន ឲ្យរីករាយ ដោយធម្មីកថា ដោយសំដីអ្នក​បុរីដ៏ល្អ ជាសំដី​ឥតមានទោស ជាសំដីញុំាង​ជនដទៃឲ្យ​ដឹងច្បាស់ នូវប្រយោជន៍ រាប់ចូល​ក្នុងសច្ចៈ មិន​អាស្រ័យ​នូវវដ្តៈ។ គ្រានោះឯង ព្រះមានព្រះភាគ ត្រាស់នឹងវិសាខបញ្ចាលបុត្តមានអាយុថា ប្រពៃហើយ ប្រពៃហើយ វិសាខៈ ម្នាលវិសាខៈ អ្នក​អាច​ញុំាងពួកភិក្ខុ ឲ្យឃើញច្បាស់ ដោយធម្មីកថា។បេ។ ជា​សំដីញុំាង​ជនដទៃ ឲ្យ​ដឹងច្បាស់ នូវប្រយោជន៍ រាប់ចូល​ក្នុងសច្ចៈ មិន​អាស្រ័យ​នូវវដ្តៈ ជាការប្រពៃណាស់ហើយ។

[៣៧៦] ព្រះមានព្រះភាគ បានត្រាស់ព្រះពុទ្ធដីកា​នេះ លុះ​ព្រះសុគតជាសាស្តា បាន​ត្រាស់ព្រះពុទ្ធដីកា​នេះហើយ ទើបទ្រង់​ត្រាស់ព្រះពុទ្ធដីកា​នេះ តទៅទៀតថា

បណ្ឌិតនៅជាមួយនឹងពួកពាល កាលបើមិនទាន់​និយាយ ពួកជនក៏​មិនស្គាល់ លុះ​តែបណ្ឌិតនោះ ពោល ឬសម្តែងនូវឧបាយនៃព្រះនិព្វាន ទើបពួកជនស្គាល់បាន បុគ្គល គប្បីពោលបំភ្លឺ លើកតម្កើងនូវធម៌ ជាទង់ជ័យនៃឥសីទាំងឡាយ ពួកឥសី​មានសុភាសិត​ជា​ទង់ជ័យ ដ្បិត​ព្រះធម៌ជាទង់ជ័យនៃពួកឥសី។ ចប់សូត្រទី៧។

[៣៧៧] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុង​វត្ត​ជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង ព្រះនន្ទមានអាយុ ជាបុត្រនៃព្រះមាតុច្ឆា (កូន​ម្តាយមីង) នៃ​ព្រះមានព្រះភាគ គ្រង​ចីវរ​ទាំងឡាយ ដែល​ដំទាំងសងខាង បន្តក់ភ្នែកហើយ កាន់យកបាត្រ​ដ៏រលោង ចូលទៅ​គាល់​ព្រះមានព្រះភាគ លុះចូលទៅដល់ ថ្វាយបង្គំ​ព្រះមានព្រះភាគ ហើយអង្គុយក្នុងទីដ៏​សមគួរ។

[៣៧៨] លុះព្រះនន្ទមានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ ទើប​ព្រះមានព្រះភាគ ត្រាស់​ព្រះពុទ្ធដីកា​នេះថា ម្នាលនន្ទ ការណ៍ដែលអ្នក​គ្រងចីវរទាំងឡាយ ដែលដំ​ទាំង​សងខាង បន្តក់ភ្នែក រួចប្រើប្រាស់បាត្រ​ដ៏រលោងយ៉ាងនេះ មិនសមគួរដល់ខ្លួនអ្នក ដែល​ជា​កុលបុត្តចេញចាកផ្ទះ មកកាន់ផ្នួសដោយសទ្ធាឡើយ ម្នាលនន្ទ លុះតែអ្នកប្រព្រឹត្ត​អារញ្ញិកធុតង្គ បិណ្ឌបាតិកធុតង្គ បង្សុកូលិកធុតង្គ ជាអ្នក​មិនប្រាថ្នាក្នុងកាមទាំងឡាយ យ៉ាង​នេះ ទើបសមគួរដល់ខ្លួនអ្នក ដែលជាកុលបុត្ត ចេញចាកផ្ទះមកកាន់ផ្នួស​ដោយ​សទ្ធា។

[៣៧៩] ព្រះមានព្រះភាគ បានត្រាស់​ព្រះពុទ្ធដីកានេះ។បេ។ ព្រះសាស្តាត្រាស់ថា

អង្កាល់ទៅ ទើបតថាគតឃើញនន្ទ ថាជា​អ្នកប្រព្រឹត្ត​អារញ្ញិកធុតង្គ បង្សុកូលិកធុតង្គ ញុំាងអត្តភាព​ឲ្យប្រព្រឹត្តទៅ ដោយ​ភោជនដ៏​លាយច្រឡំ ជាអ្នក​មិនប្រាថ្នាក្នុងកាម​ទាំង​ឡាយ។

[៣៨០] សម័យខាងក្រោយមក ទើបព្រះនន្ទមានអាយុ ជាអ្នកប្រព្រឹត្ត​អារញ្ញិកធុតង្គ បិណ្ឌបាតិកធុតង្គ បង្សុកូលិកធុតង្គ មិនប្រាថ្នាក្នុងកាមទាំងឡាយ។ ចប់សូត្រទី៨។

[៣៨១] ព្រះមានព្រះភាគ ទ្រង់គង់​នៅក្នុងវត្តជេតពន របស់​អនាថបិណ្ឌិកសេដ្ឋី ទៀប​ក្រុងសាវត្ថី។ គ្រានោះឯង ព្រះតិស្សៈមានអាយុ ជាបុត្តនៃ​ព្រះបិតុច្ឆា (កូន​ម្តាយមីង​ខាងបិតា) នៃព្រះមានព្រះភាគ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ថ្វាយបង្គំ​ព្រះមានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ ក៏កើតទុក្ខទោមនស្ស យំសម្រក់​ទឹក​ភ្នែកបណ្តើរ។

[៣៨២] គ្រានោះឯង ព្រះមានព្រះភាគ បានត្រាស់សួរព្រះតិស្សៈ​មានអាយុ ដូច្នេះ​ថា ម្នាលតិស្សៈ ហេតុអ្វីបានជាអ្នក​អង្គុយក្នុងទីដ៏សមគួរ កើតទុក្ខទោមនស្ស យំសម្រក់​ទឹក​ភ្នែកដូច្នេះ។ ព្រះតិស្សៈ ក្រាបទូលថា បពិត្រព្រះអង្គដ៏ចំរើន ដ្បិតភិក្ខុទាំងឡាយ ជុំវិញ​ខ្ញុំព្រះអង្គ បានចាក់​ដោតដោយជន្លួញ គឺសំដី។ ម្នាលតិស្សៈ តាមពិត អ្នកឯង ជាអ្នកស្តី​ថា​ឲ្យគេ គួរជាអ្នកចេះអត់ទ្រាំនឹងសំដីគេវិញ ម្នាលតិស្សៈ បើអ្នកឯង​ជាអ្នកស្តីថាឲ្យគេ តែ​មិនចេះ​អត់ទ្រាំនឹង​សំដីគេវិញ ដោយហេតុណា ហេតុនោះ មិនសមគួរដល់​ខ្លួនអ្នក ដែល​ជា​កុលបុត្តចេញចាកផ្ទះ ចូលមកកាន់ផ្នួសដោយសទ្ធាឡើយ ម្នាលតិស្សៈ លុះតែអ្នកឯងជាអ្នកស្តីថាឲ្យគេ តែជាអ្នកចេះអត់ទ្រាំនឹងសំដីគេវិញ ដោយហេតុណា ហេតុនោះ ទើបសមគួរដល់ខ្លួនអ្នក ដែលជាកុលបុត្ត ចេញចាកផ្ទះ មកកាន់ផ្នួស​ដោយ​សទ្ធា។

[៣៨៣] ព្រះមានព្រះភាគ បានត្រាស់​ព្រះពុទ្ធដីកានេះ លុះព្រះសុគត ជាសាស្តា ត្រាស់​ព្រះពុទ្ធដីកានេះហើយ ទើបទ្រង់​ត្រាស់ព្រះពុទ្ធដីកានេះ តទៅទៀតថា

ម្នាលតិស្សៈ អ្នកក្រោធថ្វី អ្នកកុំក្រោធ សេចក្តី​មិនក្រោធ ជាធម៌ដ៏ប្រសើរ របស់​អ្នក​ហើយ ម្នាលតិស្សៈ ដ្បិតថា បុគ្គល ប្រព្រឹត្ត​ព្រហ្មចរិយៈ ដើម្បីតែកំចាត់បង់​នូវក្រោធ នូវ​សេចក្តី​ប្រកាន់ និងសេចក្តី​រំលុបគុណគេ។ ចប់សូត្រទី៩។

[៣៨៤] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់​នៅក្នុងវត្តវេឡុវ័ន ជា​កលន្ទកនិវាបស្ថាន ទៀបក្រុងរាជគ្រឹះ។ ក៏ក្នុងសម័យ​នោះឯង មានភិក្ខុមួយរូប បាន​នាម​ជាថេរៈ គង់នៅតែម្នាក់ឯងផង ពោល​សរសើរចំពោះ​កិរិយានៅតែម្នាក់​ឯងផង។ ភិក្ខុនោះ ចូលទៅកាន់ស្រុក ដើម្បីបិណ្ឌបាតតែម្នាក់ឯង ត្រឡប់មកវិញតែម្នាក់ឯង អង្គុយ​ក្នុង​ទីស្ងាត់​តែម្នាក់ឯង អធិដ្ឋានចង្ក្រមតែម្នាក់ឯង។ គ្រានោះឯង ភិក្ខុច្រើនរូប ចូលទៅគាល់​ព្រះមានព្រះភាគ លុះចូលទៅដល់ ថ្វាយបង្គំ​ព្រះមានព្រះភាគ ហើយ​អង្គុយក្នុងទីដ៏សមគួរ។ លុះភិក្ខុទាំងនោះ អង្គុយក្នុងទីដ៏សមគួរហើយ បាន​ក្រាបទូល​ព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ក្នុងទីឯណោះ ភិក្ខុមួយរូប បាន​នាម​ជាថេរៈ នៅតែម្នាក់ឯងផង ពោល​សរសើរ ចំពោះ​កិរិយានៅតែម្នាក់​ឯងផង។

[៣៨៥] គ្រានោះឯង ព្រះមានព្រះភាគ ត្រាស់ហៅភិក្ខុមួយ​រូបទៀត មកបង្គាប់ថា ម្នាលភិក្ខុ អ្នកចូរមក អ្នកចូរ​ទៅហៅភិក្ខុជាថេរៈ តាមពាក្យ​តថាគតថា ម្នាលអាវុសោ ព្រះសាស្តា ត្រាស់ហៅអ្នកជាថេរៈ។ ភិក្ខុនោះ ទទួល​ព្រះពុទ្ធដីកា​ព្រះមានព្រះភាគថា ព្រះ​ករុណា ព្រះអង្គ ហើយចូលទៅរក​ព្រះថេរៈ​មានអាយុ លុះចូលទៅដល់ហើយ បានពោល​ពាក្យនេះ នឹង​ព្រះថេរៈ​មានអាយុថា ម្នាលអាវុសោ ព្រះសាស្តា​ត្រាស់ហៅអ្នកជាថេរៈ។ ព្រះ​ថេរៈ​មានអាយុ ទទួលពាក្យភិក្ខុ​នោះថា អើ អាវុសោ ហើយចូលទៅគាល់​ព្រះមានព្រះភាគ លុះចូលទៅដល់ ថ្វាយបង្គំ​ព្រះមានព្រះភាគ ហើយ​អង្គុយក្នុងទីដ៏សមគួរ។

[៣៨៦] លុះព្រះថេរៈ​មានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ ទើប​ព្រះមានព្រះភាគ ទ្រង់​ត្រាស់សួរ ដូច្នេះថា ម្នាលថេរៈ ឮថា អ្នកនៅតែម្នាក់ឯងផង ពោលសរសើរ​ចំពោះ​កិរិយានៅតែម្នាក់ឯងផង ពិតឬ។ ព្រះករុណា ព្រះអង្គ។ ម្នាលថេរៈ ចុះអ្នក​នៅតែម្នាក់​ឯង​ផង ពោលសរសើរ ចំពោះកិរិយា​នៅតែម្នាក់ឯងផង ដោយប្រការដូចម្តេច។ បពិត្រព្រះអង្គដ៏ចំរើន ក្នុងទីនេះ ខ្ញុំព្រះអង្គ តែម្នាក់ឯង ចូលទៅកាន់ស្រុក ដើម្បី​បិណ្ឌបាត​ ត្រឡប់មកវិញតែម្នាក់ឯង អង្គុយ​ក្នុង​ទីស្ងាត់​តែម្នាក់ឯង អធិដ្ឋាន​ចង្ក្រម​តែ​ម្នាក់​ឯង បពិត្រព្រះអង្គដ៏ចម្រើន យ៉ាងនេះឯង ខ្ញុំព្រះអង្គ ឈ្មោះថា នៅតែម្នាក់ឯងផង ពោល​សរសើរ​ចំពោះ​កិរិយានៅតែម្នាក់ឯងផង។

[៣៨៧] ម្នាលថេរៈ កិរិយានៅតែម្នាក់ឯងនុ៎ះ មានហើយ តថាគត មិនពោល​ថា មិនមានទេ ម្នាលថេរៈ ប៉ុន្តែ កិរិយានៅតែម្នាក់ឯង របស់អ្នកនោះ ឈ្មោះថា បរិបូណ៌​ដោយ​ពិស្តារក្រៃពេក ដោយប្រការ​ណា អ្នកចូរស្តាប់នូវប្រការនោះ ចូរធ្វើទុកក្នុងចិត្ត​ឲ្យ​ប្រពៃចុះ តថាគត នឹងសម្តែង។ ព្រះករុណា ព្រះអង្គ។បេ។

[៣៨៨] ម្នាលថេរៈ ចុះកិរិយានៅតែម្នាក់ឯង ឈ្មោះថា បរិបូណ៌​ដោយ​ពិស្តារក្រៃ​ពេក ដោយប្រការដូចម្តេច ម្នាលថេរៈ ក្នុងសាសនានេះ របស់ណាជាអតីត របស់នោះ គេ​លះបង់ហើយ របស់ណា ជា​អនាគត របស់នោះ ក៏គេលះចោល​ហើយ ឆន្ទរាគ ក្នុង​ការ​បាន​ចំពោះនូវអត្តភាព ជាបច្ចុប្បន្ន គេកំចាត់បង់ចេញល្អហើយ ម្នាលថេរៈ យ៉ាង​នេះ​ឯង ឈ្មោះថា កិរិយានៅម្នាក់ឯង បរិបូណ៌​ដោយ​ពិស្តារក្រៃពេក។

[៣៨៩] ព្រះមានព្រះភាគ បានត្រាស់ព្រះពុទ្ធដីកានេះ លុះព្រះសុគត ជាសាស្តា ត្រាស់​ព្រះពុទ្ធដីកានេះហើយ ទើបទ្រង់​ត្រាស់ព្រះពុទ្ធដីកានេះ តទៅទៀតថា

ជនណា អ្នកគ្របសង្កត់ធម៌ទាំងអស់ ដឹងនូវធម៌​ទាំងអស់ មានប្រាជ្ញាល្អ មិនជាប់​ចំពាក់​ក្នុងពួកធម៌ទាំងអស់ លះបង់​នូវធម៌ទាំងអស់ មានចិត្តចុះស៊ប់​ក្នុង​ព្រះនិព្វាន ជាទី​អស់ទៅនៃតណ្ហា ទើបតថាគត ហៅជននោះថា អ្នកនៅតែម្នាក់ឯង។ ចប់សូត្រទី១០។

[៣៩០] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុង​វត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង ព្រះមហាកប្បិន​មានអាយុ ចូលទៅគាល់​ព្រះមានព្រះភាគ។

[៣៩១] ព្រះមានព្រះភាគ បានទតឃើញ​ព្រះមហាកប្បិនមានអាយុ កំពុងមក​អំពី​ចម្ងាយ លុះទតឃើញហើយ ក៏ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ អ្នក​ទាំងឡាយ ឃើញភិក្ខុនោះ កំពុងដើរមក មានសម្បុរស រាងតូចស្តើង មានច្រមុះ​កោង ឬ​ទេ។ ព្រះករុណា ព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះឯង មានឫទ្ធិច្រើន មានអានុភាព​ច្រើន សមាបត្តិណា ដែលភិក្ខុនោះ​មិនធ្លាប់​ចូល សមាបត្តិនោះ បុគ្គលដទៃ មិនបានដោយងាយឡើយ មួយទៀត ពួកកុលបុត្ត ចេញចាកផ្ទះ ចូលមកកាន់ផ្នួស​ដោយ​ប្រពៃ ដើម្បីប្រយោជន៍ ​ដល់​អនុត្តរធម៌ណា ភិក្ខុនោះ ក៏បានត្រាស់ដឹង ធ្វើឲ្យជាក់ច្បាស់ បាន​ដល់​ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន នូវអនុត្តរធម៌នោះ ជាទីបំផុតនៃព្រហ្មចរិយៈ។

[៣៩២] ព្រះមានព្រះភាគ បានត្រាស់​ព្រះពុទ្ធដីកានេះ លុះព្រះសុគត ជាសាស្តា ត្រាស់​​ព្រះពុទ្ធដីកានេះហើយ ទើបទ្រង់​ត្រាស់ព្រះពុទ្ធដីកានេះ តទៅទៀតថា

ពួកជនណា ដែលចាំនូវគោត្របាន បណ្តាពួកជននោះ ក្សត្រប្រសើរវិសេស​ក្នុង​ពពួកសត្វ បុគ្គលណា បរិបូណ៌​ដោយវិជ្ជា និងចរណៈ បុគ្គលនោះ ប្រសើរវិសេស​ក្នុង​ទេវតា និងមនុស្ស ព្រះអាទិត្យ​រុងរឿង​ក្នុងវេលាថ្ងៃ ព្រះចន្ទភ្លឺស្វាង​ក្នុងវេលារាត្រី ក្សត្រ​ទ្រង់​គ្រឿង ទើបរុងរឿង​ ខីណាសវព្រាហ្មណ៍ មានឈាន ទើបរុងរឿង ចំណែកខាង​ព្រះពុទ្ធ រុងរឿង​ដោយតេជះ ទាំងថ្ងៃទាំងយប់។ ចប់សូត្រទី១១។

[៣៩៣] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុង​វត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង ភិក្ខុពីររូប ជា​សំឡាញ់​នឹងគ្នា ជាសទ្ធិវិហារិក របស់​ព្រះមហាកប្បិនមានអាយុ ចូលទៅគាល់​ព្រះមានព្រះភាគ។

[៣៩៤] ព្រះមានព្រះភាគ​ បានទតឃើញភិក្ខុ​ទាំងនោះ កំពុង​មកអំពីចម្ងាយ លុះ​ទតឃើញហើយ ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ឃើញ​ភិក្ខុទាំងពីររូបនុ៎ះ ជាសំឡាញ់នឹងគ្នា កំពុង​ដើរមក ជាសទ្ធិវិហារិករបស់​​មហាកប្បិនឬទេ។ ព្រះករុណា ព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុទាំងនុ៎ះឯង មានឫទ្ធិច្រើន មានអានុភាព​ច្រើន សមាបត្តិណា ដែលភិក្ខុទាំងនោះ​មិនធ្លាប់​ចូល សមាបត្តិនោះ បុគ្គលដទៃ មិនបានដោយងាយឡើយ មួយទៀត ពួកកុលបុត្ត ដែល​ចេញ​ចាក​ផ្ទះ ចូលមកកាន់ផ្នួស​ដោយ​ប្រពៃ ដើម្បីប្រយោជន៍​ ដល់​អនុត្តរធម៌ណា ភិក្ខុទាំង​នោះ ក៏បានត្រាស់ដឹង បានធ្វើឲ្យជាក់ច្បាស់ បានសម្រេច​​ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន នូវអនុត្តរធម៌នោះ ដែលជាទីបំផុតនៃព្រហ្មចរិយៈ។

[៣៩៥] ព្រះមានព្រះភាគ បានត្រាស់​ព្រះពុទ្ធដីកានេះ លុះព្រះសុគត ជាសាស្តា ត្រាស់​​ព្រះពុទ្ធដីកានេះហើយ ទើបទ្រង់​ត្រាស់ព្រះពុទ្ធដីកានេះ តទៅទៀតថា

ភិក្ខុទាំងនេះ ជាសំឡាញ់នឹងគ្នា ជាអ្នក​មានលទ្ធិត្រូវគ្នា ជាយូរហើយ ទាំង​ព្រះសទ្ធម្ម របស់​ភិក្ខុទាំងនោះ ក៏ត្រូវគ្នាក្នុងធម៌ ដែល​ព្រះពុទ្ធ​សម្តែងហើយ (ភិក្ខុ​ទាំងនោះ) កប្បិន​ភិក្ខុ បានទូន្មានហើយ ក្នុងធម៌ដែល​ព្រះអរិយៈសម្តែង​ហើយ ភិក្ខុទាំងនោះ ទ្រទ្រង់​នូវអត្តភាព​ជា​ទីបំផុត បានឈ្នះមារ ព្រមទាំង​ពាហនៈ។ ចប់សូត្រទី១២។

ចប់ ភិក្ខុសំយុត្ត ទី៩។

ឧទ្ទាននៃភិក្ខុសំយុត្ត​នោះ គឺ

ពោលអំពី​ព្រះកោលិតៈ (មោគ្គល្លាន)១ ឧបតិស្សៈ (សារីបុត្ត)១ សេចក្តីប្រៀបដូច​ជាឆ្នាំង១ ភិក្ខុបួសថ្មី១ សុជាតត្ថេរ១ លកុណ្ឌកភទ្ទិយត្ថេរ១ វិសាខត្ថេរ១ នន្ទត្ថេរ១ តិស្សត្ថេរ១ ភិក្ខុនាមជាថេរៈ១ កប្បិនត្ថេរ១ ភិក្ខុពីររូបជាសំឡាញ់នឹងគ្នា១ រួមជា​១២។

សំយុត្តនៃ​និទានវគ្គ។

ឧទ្ទាននៃសំយុត្តនោះ គឺ

អភិសមយសំយុត្ត១ ធាតុសំយុត្ត១ អនមតគ្គសំយុត្ត១ កស្សបសំយុត្ត១ សក្ការ​សំយុត្ត១ រាហុលសំយុត្ត១ លក្ខណសំយុត្ត១ ឱបម្មសំយុត្ត១ ភិក្ខុសំយុត្ត១ និទានវគ្គ​ទី២ លោកសម្តែង​ដោយសំយុត្តនោះ (រួមជា១០)។

ចប់ និទានវគ្គសំយុត្ត។

ចប់ ភាគ៣២។

សូមអនុមោទនា !!!

Oben-pfeil