សំយុត្តនិកាយ ខន្ធវារវគ្គ

បញ្ចមភាគ
ភាគទី៣៣

សូមក្រាបថ្វាយបង្គំ ចំពោះ​ព្រះមានព្រះភាគ ជាអរហន្តសម្មាសម្ពុទ្ធអង្គ​នោះ។

ខន្ធសំយុត្ត

មូលបណ្ណាសកៈ នកុលបិតវគ្គ

[១] ខ្ញុំ​បានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់​គង់នៅក្នុង​ភេសកឡាវ័ន ជាទីឲ្យនូវអភ័យដល់សត្វម្រឹគ ជិតក្រុង​សុំសុមារគិរៈ ក្នុងដែន​ភគ្គៈ។បេ។ គ្រានោះឯង គហបតី ឈ្មោះ នកុលបិតា (ជាបិតារបស់កុមារឈ្មោះ​នកុលៈ) ចូលទៅ​គាល់​ព្រះមានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំ​ព្រះមាន​ព្រះភាគ ហើយ​អង្គុយ​ក្នុង​ទីដ៏សមគួរ។ លុះ​នកុលបិតាគហបតី អង្គុយក្នុងទី​ដ៏សមគួរហើយ បានក្រាបបង្គំ​ទូល​ព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ ជរាហើយ មានវ័យចម្រើន​ហើយ ចាស់ហើយ មានវ័យ​កន្លងហើយ ចូល​ក្នុង​បច្ឆិមវ័យហើយ មានកាយ​រសាប់​រសល់ មានជម្ងឺ​រឿយៗ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ​មិនបានឃើញ​ព្រះមានព្រះភាគ និងពួក​​ភិក្ខុ​គួរដល់​ការ​ចម្រើននៃចិត្ត អស់កាលជានិច្ចទេ បពិត្រព្រះអង្គដ៏ចំរើន សូម​ព្រះមានព្រះភាគ ទូន្មាន​ខ្ញុំព្រះអង្គ បពិត្រព្រះអង្គដ៏ចំរើន សូម​ព្រះមានព្រះភាគ ប្រៀន​ប្រដៅ​ខ្ញុំ​ព្រះអង្គ ដើម្បីជា​ប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់ខ្ញុំព្រះអង្គ អស់កាល​ជា​យូរ​អង្វែង។ ព្រះអង្គ​ទ្រង់​ត្រាស់​ថា ម្នាលគហបតី ការណ៍នុ៎ះ យ៉ាងហ្នឹងហើយ ម្នាលគហបតី ការណ៍នុ៎ះ​យ៉ាងហ្នឹងហើយ ម្នាលគហបតី ព្រោះថា កាយនេះ តែង​រសាប់រសល់ (មិន​មាំមួន) ដូចជាស៊ុតសត្វ គ្រាន់តែមានសម្បកពាសព័ទ្ធជុំវិញ ម្នាលគហបតី អ្នកណា​ដែល​រក្សា​កាយនេះ សំគាល់ថាគ្មានរោគ សូម្បីមួយរំពេច អ្នកនោះឯង មិនមានអ្វី​ក្រៅ​ពីសេចក្តី​ល្ងង់ទេ ម្នាលគហបតី ព្រោះហេតុនោះ គួរអ្នកសិក្សាយ៉ាងនេះថា កាលបើ​អាត្មាអញ មានកាយរសាប់រសល់ ចិត្តនឹងមិនរសាប់រសល់ទេ ម្នាលគហបតី គួរអ្នក​សិក្សា យ៉ាងនេះចុះ។

[២] លំដាប់នោះ នកុលបិតាគហបតី ត្រេកអរ រីករាយ ចំពោះ​ភាសិតរបស់​ព្រះមានព្រះ​ភាគ ហើយក្រោកចាកអាសនៈ ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ធ្វើ​ប្រទក្សិណ ហើយ​ចូល​ទៅរក​ព្រះសារីបុត្តមានអាយុ លុះចូលទៅដល់ ក្រាបថ្វាយ​បង្គំ​ព្រះសារីបុត្តមាន​អាយុ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះនកុលបិតាគហបតី អង្គុយ​ក្នុងទីដ៏សមគួរហើយ ទើបព្រះសារីបុត្តមានអាយុ និយាយយ៉ាងនេះថា ម្នាល​គហបតី ឥន្ទ្រិយរបស់អ្នក​ស្រស់​បស់ សម្បុរមុខក៏ស្អាតផូរផង់ ទំនងជាបានស្តាប់​ធម្មីកថា ក្នុងទីចំពោះ​ព្រះភក្ត្រ របស់​ព្រះមានព្រះភាគ ក្នុងថ្ងៃនេះហើយទេដឹង។ បពិត្រ​លោកដ៏ចម្រើន ថ្វីក៏ខ្ញុំព្រះករុណា​មិន​បានស្តាប់ បពិត្រ​លោកដ៏ចម្រើន អម្បាញ់​មិញ ព្រះមានព្រះភាគ បានស្រោចស្រប់​ទឹកអម្រឹត គឺធម្មីកថា ដល់ខ្ញុំ​ព្រះករុណា។ ម្នាលគហបតី ចុះព្រះមានព្រះភាគ ស្រោច​ស្រប់ទឹកអម្រឹត គឺធម្មីកថា ដល់អ្នក ដូចម្តេចខ្លះ។ បពិត្រលោកដ៏ចម្រើន ក្នុងអម្បាញ់​មិញនេះ ខ្ញុំព្រះករុណា បាន​ចូលទៅ​គាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយ​បង្គំ​ព្រះមានព្រះភាគ ហើយ​អង្គុយ​ក្នុងទីដ៏សមគួរ។ បពិត្រលោកដ៏ចម្រើន លុះ​ខ្ញុំ​អង្គុយ​ក្នុងទីដ៏សមគួរហើយ ក៏ក្រាបបង្គំ​ទូល​ព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គ​ដ៏ចំរើន ខ្ញុំ​ព្រះអង្គ ជរាហើយ មានវ័យចម្រើនហើយ ចាស់ហើយ មានវ័យកន្លងហើយ ចូលមក​​ក្នុង​បច្ឆិមវ័យហើយ មានកាយ​រសាប់រសល់ មាន​ជម្ងឺរឿយៗ បពិត្រព្រះអង្គ​ដ៏ចំរើន ខ្ញុំ​ព្រះអង្គ មិនបានឃើញ​ព្រះមានព្រះភាគ និង​ពួក​ភិក្ខុគួរដល់ការចម្រើននៃចិត្ត អស់កាលជានិច្ចទេ បពិត្រព្រះអង្គដ៏ចំរើន សូម​ព្រះមានព្រះភាគ ទូន្មានខ្ញុំព្រះអង្គ បពិត្រ​ព្រះអង្គដ៏ចំរើន សូម​ព្រះមានព្រះភាគ ប្រៀន​ប្រដៅខ្ញុំព្រះអង្គ ដើម្បីប្រយោជន៍ ដើម្បី​សេចក្តីសុខ ដល់​ខ្ញុំព្រះអង្គ អស់​កាល​ជាយូរអង្វែង។ បពិត្រលោកដ៏ចំរើន កាលបើខ្ញុំ​ព្រះករុណា ក្រាបទូល​យ៉ាង​នេះ​ហើយ ព្រះមានព្រះភាគ ទ្រង់ត្រាស់ចំពោះ​ខ្ញុំករុណា យ៉ាងនេះថា ម្នាលគហបតី ការណ៍នុ៎ះ យ៉ាងហ្នឹងហើយ ម្នាលគហបតី ការណ៍នុ៎ះ យ៉ាងហ្នឹងហើយ ម្នាលគហបតី ព្រោះថាកាយនេះ តែង​រសាប់រសល់ (មិនមាំមួន) ដូចស៊ុតសត្វ មានសម្បកពាសព័ទ្ធ​ជុំវិញ ម្នាលគហបតី អ្នកណា ដែលរក្សាកាយនេះ សំគាល់​ថាគ្មានរោគ សូម្បី​មួយរំពេច អ្នកនោះឯង​មិនមានអ្វី​ក្រៅពីសេចក្តី​ល្ងង់ទេ ម្នាល​គហបតី ព្រោះ​ហេតុនោះ គួរអ្នកសិក្សា យ៉ាងនេះថា អាលបើអាត្មាអញ មានកាយ​រសាប់​រសល់ តែ​ចិត្ត​នឹង​មិនរសាប់រសល់ទេ ម្នាលគហបតី អ្នកគួរសិក្សា យ៉ាងនេះចុះ។ បពិត្រ​លោក​ដ៏ចម្រើន ព្រះមានព្រះភាគ ស្រោចស្រប់ទឹកអម្រឹត គឺធម្មីកថា ដល់ខ្ញុំ​ព្រះករុណា​ យ៉ាង​នេះឯង។

[៣] ម្នាលគហបតី ចុះអ្នកមិនអាចសួរបញ្ជាក់ ចំពោះ​ព្រះមានព្រះភាគ តទៅ​ទៀតថា បពិត្រព្រះអង្គដ៏ចំរើន បុគ្គល​មានកាយរសាប់រសល់ផង មានចិត្តរសាប់​រសល់​ផង ដោយ​ហេតុដូចម្តេចខ្លះ មួយទៀត បុគ្គល ​មានកាយរសាប់រសល់ តែមាន​ចិត្តមិនរសាប់រសល់​ ដូចម្តេចខ្លះទេឬ។ បពិត្រលោកដ៏ចំរើន យើងខ្ញុំ​មកពីចម្ងាយ ដើម្បីដឹងសេចក្តី​ នៃ​ភាសិតនុ៎ះ ក្នុង​សំណាក់​ព្រះសារីបុត្តមានអាយុ (ឯណេះវិញ) ខ្ញុំ​ព្រះករុណា សូមអង្វរ សូម​ព្រះសារីបុត្តមានអាយុ បំភ្លឺសេចក្តី នៃភាសិតនេះឲ្យទាន។ ម្នាលគហបតី បើដូច្នោះ ចូរអ្នកប្រុងស្តាប់ យកចិត្តទុកដាក់ ឲ្យប្រពៃចុះ អាត្មា នឹងសម្តែងជូន។ នកុលបិតា​គហបតី ទទួលពាក្យព្រះសារីបុត្តមានអាយុថា ព្រះករុណា លោកម្ចាស់។ ព្រះសារីបុត្ត​មាន​អាយុ សម្តែងយ៉ាងនេះថា

[៤] ម្នាល​គហបតី បុគ្គលមានកាយរសាប់រសល់ផង មានចិត្ត​រសាប់រសល់​ផង តើដូចម្តេច។ ម្នាល​គហបតី បុថុជ្ជនក្នុងលោកនេះ ជាអ្នកមិនចេះដឹង ជាអ្នក​មិនឃើញ​​ពួក​ព្រះអរិយៈ មិនឈ្លាស​វៃ ក្នុងធម៌ព្រះអរិយៈ មិនបានសិក្សាក្នុងធម៌​ព្រះ​អរិយៈ មិនបាន​ឃើញ​ពួកសប្បុររស មិនឈ្លាសវៃ​ក្នុងធម៌​សប្បុរស មិនបានសិក្សា​ក្នុងធម៌របស់​សប្បុរស រមែងពិចារណាឃើញច្បាស់ ​នូវរូប​ថាជាខ្លួន នូវ​ខ្លួន​ថាមាន​រូបខ្លះ នូវរូបថា​មានក្នុងខ្លួនខ្លះ នូវខ្លួនថាមានក្នុងរូបខ្លះ រមែងប្រកាន់ថា រូប គឺអញ រូប​របស់អាត្មាអញ។ កាលបើបុគ្គលនោះ មានចិត្ត​ប្រកាន់​ថា រូបគឺអញ រូបរបស់​អាត្មាអញ លុះដល់រូប​នោះ​ប្រែប្រួលទៅ ប្លែកទៅ សេចក្តីសោក សេចក្តី​ខ្សឹកខ្សួល ទុក្ខ ទោមនស្ស និងសេចក្តី​ចង្អៀតចង្អល់ចិត្ត រមែងកើតឡើងដល់បុគ្គល​នោះ ព្រោះតែ​​រូបប្រែប្រួល ប្លែកទៅ។ បុគ្គលនោះ ពិចារណាឃើញនូវវេទនា ថាជាខ្លួន នូវ​ខ្លួនថាមានវេទនាខ្លះ នូវវេទនា​ថា​មានក្នុងខ្លួនខ្លះ នូវខ្លួនថាមានក្នុងវេទនាខ្លះ មាន​សេចក្តីប្រកាន់​ថាវេទនាគឺអញ វេទនា​របស់​អាត្មាអញ។ កាលបុគ្គលនោះ មាន​សេចក្តី​ប្រកាន់ថា វេទនាគឺអញ វេទនារបស់​អាត្មាអញ ដូច្នេះ លុះ​ដល់វេទនា​នោះ ប្រែប្រួល​ទៅ ប្លែកទៅ សេចក្តីសោក សេចក្តី​ខ្សឹកខ្សួល ទុក្ខ ទោមនស្ស និងសេចក្តីចង្អៀត​ចង្អល់ចិត្ត តែងកើតឡើង​ ដល់បុគ្គលនោះ ព្រោះតែវេទនាប្រែប្រួលទៅ ប្លែកទៅ។ បុគ្គល​ពិចារណាឃើញ នូវសញ្ញាថា ជាខ្លួនខ្លះ នូវខ្លួនថាមានសញ្ញាខ្លះ នូវសញ្ញា​ថា​មានក្នុងខ្លួនខ្លះ នូវខ្លួន​ថាមាន​ក្នុងសញ្ញាខ្លះ ក៏​ប្រកាន់​ថា សញ្ញាគឺអញ សញ្ញា​របស់​អាត្មាអញ។ កាលបើបុគ្គល​នោះ មានសេចក្តី​ប្រកាន់​ថា សញ្ញា គឺអញ សញ្ញា​របស់​អាត្មាអញ លុះដល់សញ្ញា​នោះ ប្រែប្រួលទៅ ប្លែក​ទៅ សេចក្តីសោក សេចក្តីខ្សឹក​ខ្សួល ទុក្ខ ទោមនស្ស និងសេចក្តីចង្អៀតចង្អល់ចិត្ត តែង​កើតឡើង ដល់​បុគ្គលនោះ ព្រោះ​តែសញ្ញាប្រែប្រួលទៅ ប្លែកទៅ។ បុគ្គល​ពិចារណា​ឃើញ នូវសង្ខារទាំងឡាយ ថាជា​ខ្លួនខ្លះ នូវ​ខ្លួន​ថាមានសង្ខារខ្លះ នូវសង្ខារទាំងឡាយ ថាមានក្នុងខ្លួនខ្លះ នូវ​ខ្លួន​ថាមានក្នុង​សង្ខារទាំងឡាយខ្លះ តែងប្រកាន់​ថា សង្ខារទាំង​ឡាយ​គឺអញ សង្ខារទាំង​ឡាយរបស់អាត្មាអញ។ កាលបុគ្គលនោះ មានសេចក្តី​ប្រកាន់​ថា សង្ខារទាំងឡាយគឺ​អញ សង្ខារទាំងឡាយរបស់អាត្មាអញ លុះដល់សង្ខារ​ទាំងនោះ​ប្រែប្រួល​ទៅ ប្លែក​ទៅ សេចក្តីសោក សេចក្តីខ្សឹកខ្សួល ទុក្ខ ទោមនស្ស និងសេចក្តី​ចង្អៀត​ចង្អល់ចិត្ត តែង​កើតឡើង ដល់បុគ្គល​នោះ ព្រោះតែសង្ខារទាំងឡាយ ប្រែប្រួល​ទៅ ប្លែកទៅ។ បុគ្គល​ពិចារណាឃើញ នូវវិញ្ញាណ ថាជាខ្លួនខ្លះ នូវខ្លួនថា​មាន​វិញ្ញាណខ្លះ នូវវិញ្ញាណ ថាមាន​ក្នុងខ្លួនខ្លះ នូវខ្លួនថាមាន​ក្នុងវិញ្ញាណខ្លះ តែងប្រកាន់ថា វិញ្ញាណ​គឺអញ វិញ្ញាណ​របស់អាត្មាអញ។ កាលបុគ្គលនោះ មានសេចក្តីប្រកាន់ថា វិញ្ញាណ​គឺ​អញ វិញ្ញាណរបស់អាត្មាអញ លុះដល់វិញ្ញាណនោះ ប្រែប្រួលទៅ ប្លែកទៅ សេចក្តី​សោក សេចក្តីខ្សឹកខ្សួល ទុក្ខ ទោមនស្ស និងសេចក្តីចង្អៀតចង្អល់ចិត្ត តែងកើត​ឡើង​ដល់​បុគ្គលនោះ ព្រោះតែវិញ្ញាណប្រែប្រួលទៅ ប្លែកទៅ។ ម្នាល​គហបតី បុគ្គល​មានកាយ​រសាប់រសល់ផង មានចិត្តរសាប់រសល់ផង យ៉ាងនេះឯង។

[៥] ម្នាល​គហបតី ចុះបុគ្គលមានកាយរសាប់រសល់ តែចិត្តមិនរសាប់រសល់ តើដូច​ម្តេច។ ម្នាល​គហបតី អរិយសាវ័កក្នុងលោកនេះ ជា​អ្នកចេះដឹង បាន​ឃើញ​ពួក​ព្រះអរិយៈ ឈ្លាសវៃក្នុងធម៌ព្រះអរិយៈ បានសិក្សាថ្នឹកក្នុងធម៌ព្រះអរិយៈ ឃើញ​ពួក​សប្បុរស ឈ្លាសវៃក្នុងធម៌សប្បុរស បានសិក្សាថ្នឹក ក្នុងធម៌សប្បុរស រមែង​មិន​ពិចារណា​ឃើញ​ នូវរូប ថាជាខ្លួនខ្លះ មិនឃើញនូវខ្លួន ថាមានរូបខ្លះ មិនឃើញ​នូវ​រូប​ថាមានក្នុង​ខ្លួនខ្លះ មិនឃើញ​នូវខ្លួន ថាមានក្នុងរូបខ្លះ មិនប្រកាន់​ថា រូប គឺអញ រូប​របស់​អាត្មាអញទេ។ កាលបុគ្គលនោះ មិនប្រកាន់ថា រូបគឺអញ រូបរបស់​អាត្មាអញទេ លុះ​រូបនោះ ប្រែប្រួលទៅ ប្លែកទៅ សេចក្តីសោក សេចក្តីខ្សឹកខ្សួល ទុក្ខ ទោមនស្ស និង​សេចក្តី​ចង្អៀតចង្អល់ចិត្ត ក៏​មិនបានកើតឡើង ដល់បុគ្គល​នោះ ព្រោះតែ​រូប​ប្រែប្រួលទៅ ប្លែកទៅឡើយ។ មិន​ពិចារណាឃើញ នូវវេទនា ថាជាខ្លួនខ្លះ មិនឃើញ​នូវ​ខ្លួន ​ថាមាន​វេទនាខ្លះ មិនឃើញ​នូវវេទនា ថាមានក្នុងខ្លួនខ្លះ មិនឃើញ​នូវខ្លួន​ថាមាន​ក្នុងវេទនាខ្លះ មិនប្រកាន់​ថា វេទនាគឺអញ វេទនារបស់អាត្មាអញទេ។ កាល​បុគ្គល​នោះ មិនប្រកាន់ថា វេទនាគឺអញ វេទនារបស់អាត្មាអញទេ លុះវេទនានោះ ប្រែប្រួល​ទៅ ប្លែកទៅ សេចក្តី​សោក សេចក្តីខ្សឹកខ្សួល ទុក្ខ ទោមនស្ស និងសេចក្តី​ចង្អៀត​ចង្អល់​ចិត្ត មិនកើតឡើង ដល់បុគ្គល​នោះ ព្រោះតែវេទនា ប្រែប្រួលទៅ ប្លែកទៅឡើយ។ មិន​ពិចារណាឃើញ នូវ​សញ្ញា ថាជាខ្លួនខ្លះ មិនឃើញ​នូវខ្លួន ថាមានសញ្ញាខ្លះ មិនឃើញ​នូវ​សញ្ញា ថាមាន​ក្នុងខ្លួនខ្លះ មិនឃើញ​នូវ​ខ្លួន ថាមានក្នុងសញ្ញាខ្លះ មិនប្រកាន់​ថា​ សញ្ញា គឺអញ សញ្ញា​របស់​អាត្មាអញទេ។ កាលបុគ្គលនោះ មិនប្រកាន់ថា សញ្ញា គឺអញ សញ្ញា​របស់​អាត្មាអញ​ទេ លុះសញ្ញានោះ ប្រែប្រួលទៅ ប្លែកទៅ សេចក្តីសោក សេចក្តីខ្សឹកខ្សួល ទុក្ខ ទោមនស្ស និងសេចក្តីចង្អៀតចង្អល់ចិត្ត ក៏មិនកើតឡើង ដល់​បុគ្គលនោះ ព្រោះតែ​សញ្ញាប្រែប្រួលទៅ ប្លែកទៅឡើ់យ។ មិន​ពិចារណាឃើញ នូវ​សង្ខារ​ទាំងឡាយ ថាជាខ្លួនខ្លះ មិនឃើញ​នូវខ្លួន ថាមានសង្ខារខ្លះ មិនឃើញ​នូវ​សង្ខារទាំងឡាយ ថាមាន​ក្នុងខ្លួនខ្លះ មិនឃើញ​នូវ​ខ្លួន ថាមានក្នុងសង្ខារទាំងឡាយខ្លះ មិនប្រកាន់​ថា ​សង្ខារ​ទាំង​ឡាយ គឺអញ សង្ខារទាំងឡាយរបស់អាត្មាអញទេ។ កាលបុគ្គលនោះ មិនប្រកាន់ថា សង្ខារ​ទាំងឡាយ គឺអញ សង្ខារទាំងឡាយ របស់អាត្មាអញទេ លុះសង្ខារទាំងនោះ ប្រែប្រួល​ទៅ ប្លែកទៅ សេចក្តីសោក សេចក្តីខ្សឹកខ្សួល ទុក្ខ ទោមនស្ស និង​សេចក្តី​ចង្អៀតចង្អល់ចិត្ត មិនកើតឡើង ដល់​បុគ្គលនោះ ព្រោះតែសង្ខារទាំងឡាយ ប្រែប្រួល​ទៅ ប្លែកទៅឡើ់យ។ មិន​ពិចារណា​ឃើញនូវ​វិញ្ញាណ ថាជាខ្លួនខ្លះ មិនឃើញ​នូវខ្លួន​ថាមានវិញ្ញាណខ្លះ មិនឃើញ​នូវ​វិញ្ញាណ ថាមានក្នុងខ្លួនខ្លះ មិនឃើញ​នូវ​ខ្លួន ថាមាន​ក្នុងវិញ្ញាណខ្លះ មិនបានប្រកាន់​ថា វិញ្ញាណ គឺអញ វិញ្ញាណរបស់អាត្មាអញទេ។ កាល​បុគ្គលនោះ មិនប្រកាន់ថា វិញ្ញាណ គឺអញ វិញ្ញាណរបស់អាត្មាអញទេ លុះវិញ្ញាណនោះ ប្រែប្រួលទៅ ប្លែកទៅ សេចក្តីសោក សេចក្តីខ្សឹកខ្សួល ទុក្ខ ទោមនស្ស និងសេចក្តី​ចង្អៀតចង្អល់ចិត្ត ក៏មិនកើតឡើង ដល់​បុគ្គលនោះ ព្រោះតែវិញ្ញាណប្រែប្រួលទៅ ប្លែកទៅឡើ់យ។ ម្នាលគហបតី បុគ្គល​មាន​កាយ​រសាប់រសល់ តែចិត្ត​មិនបាន​រសាប់​រសល់ យ៉ាងនេះឯង។ លុះ​ព្រះសារីបុត្ត​មានអាយុ បាន​និយាយពាក្យនេះហើយ នកុលបិតា​គហបតី ជាអ្នកមាន​សេចក្តីត្រេកអរ បាន​ត្រេកអរ នឹងភាសិតរបស់​ព្រះសារីបុត្តមានអាយុ។

[៦] ខ្ញុំ​បានស្តាប់មក យ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅ​ក្នុងនិគមឈ្មោះ​ទេវទហៈ របស់​ពួកសក្យៈ ក្នុងដែន​សក្កៈ។ គ្រានោះឯង ពួក​ភិក្ខុច្រើន​រូប ដែលមានដំណើរ​ត្រូវទៅបច្ឆាភូម បានចូលទៅគាល់​ព្រះមានព្រះភាគ លុះចូលទៅដល់​ហើយ ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយ​អង្គុយក្នុងទីដ៏សម​គួរ។ លុះ​ពួក​ភិក្ខុទាំងនោះ អង្គុយក្នុងទីដ៏សមគួរហើយ បាន​ក្រាបបង្គំទូល​ព្រះមានព្រះភាគ យ៉ាងនេះ​ថា បពិត្រព្រះអង្គដ៏ចំរើន យើង​ខ្ញុំ​ប្រាថ្នានឹងទៅ​កាន់​ជនបទ ឈ្មោះបច្ឆាភូម នឹង​សម្រេចការនៅអាស្រ័យ ក្នុងបច្ឆាភូមជនបទ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាល​ភិក្ខុទាំងឡាយ អ្នកទាំងឡាយ បានលា​សារីបុត្ត​ហើយឬ។ បពិត្រព្រះអង្គដ៏ចំរើន យើងខ្ញុំ មិនបានលាព្រះសារីបុត្តមានអាយុទេ។ ម្នាលភិក្ខុទាំងឡាយ ចូរអ្នកទាំងឡាយ លា​សារីបុត្តផង ម្នាលភិក្ខុទាំងឡាយ (ព្រោះ) សារីបុត្ត ជាបណ្ឌិត ជាអ្នកអនុគ្រោះពួក​ភិក្ខុជាសព្រហ្មចារី។ ភិក្ខុទាំងនោះ ទទួល​ព្រះពុទ្ធដីកា​ព្រះមានព្រះភាគ ថា ព្រះករុណា ព្រះអង្គ។

[៧] សម័យនោះឯង ព្រះសារីបុត្តមានអាយុ អង្គុយនៅក្បែរគុម្ពរៃទឹកមួយ មិន​ឆ្ងាយ​អំពីព្រះមានព្រះភាគ។ គ្រានោះឯង ភិក្ខុទាំងនោះ ត្រេកអរ រីករាយនឹងភាសិត របស់​ព្រះមានព្រះភាគ ហើយក្រោកចាកអាសនៈ ក្រាបថ្វាយបង្គំ​ព្រះមានព្រះភាគ ធ្វើ​ប្រទក្សិណ ហើយចូលទៅរក​ព្រះសារីបុត្តមានអាយុ លុះចូលទៅដល់ហើយ ក៏​ធ្វើ​សេចក្តីរីករាយ ជាមួយនឹងព្រះសារីបុត្តមានអាយុ លុះបញ្ចប់​ពាក្យ ដែលគួររីករាយ និង​ពាក្យ ដែលគួរ​រឭកហើយ អង្គុយក្នុងទីដ៏សមគួរ។ លុះ​ភិក្ខុទាំងនោះ អង្គុយក្នុង​ទីដ៏សមគួរហើយ ក៏​និយាយ​នឹងព្រះសារីបុត្តមានអាយុ យ៉ាងនេះថា ម្នាល​អាវុសោ សារីបុត្ត យើងប្រាថ្នានឹងទៅកាន់បច្ឆាភូមជនបទ និងសម្រេច​ការនៅអាស្រ័យ ក្នុង​បច្ឆាភូមជនបទ។ ពួកលោកបានលាព្រះសាស្តាហើយឬ។ ម្នាលអាវុសោ គង់មាន​ពួកខត្តិយបណ្ឌិតខ្លះ ព្រាហ្មណបណ្ឌិតខ្លះ គហបតិបណ្ឌិត​ខ្លះ សមណបណ្ឌិតខ្លះ ជាអ្នកសួរប្រស្នាចំពោះ​ភិក្ខុ​ ដែលទៅ​ក្នុងដែន​ដទៃផ្សេងៗ ព្រោះថា ពួកមនុស្ស​ជាបណ្ឌិត ជាអ្នកពិចារណារកប្រយោជន៍ (តែងសួរថា) ​ព្រះសាស្តា របស់ពួក​លោក​មានអាយុនោះ តើមានលទ្ធិដូចម្តេច ប្រៀនប្រដៅ​ដូចម្តេច។ លោកមានអាយុទាំងឡាយ លោកបានស្តាប់ ដោយប្រពៃ រៀន​ដោយប្រពៃ យកចិត្តទុកដាក់​ ដោយប្រពៃ ចាំជាក់លាក់ ចាក់ធ្លុះដោយប្រពៃ ដោយ​ប្រាជ្ញា នូវធម៌​ទាំងឡាយដែរឬ ពួកលោក​មានអាយុ កាលនឹង​ដោះស្រាយ យ៉ាង​ណា ដែលឈ្មោះ​ថា​​ សម្តែងតាមធម៌ ដែល​ព្រះមានព្រះភាគ​ ត្រាស់ហើយផង កុំពោល​បង្កាច់​ព្រះមានព្រះភាគ ដោយពាក្យមិន​ពិត​ផង ព្យាករ នូវធម៌ដ៏សមគួរ​ដល់ធម៌ផង លំអាន​នៃ​ពាក្យបន្តិចបន្តួច ដែលប្រកបដោយ​ធម៌ មិនគប្បី​ដល់នូវ​ហេតុ ដែល​គួរតិះដៀល​ផង។ ម្នាលអាវុសោ ពួកយើងខ្ញុំ មកអំពីទីឆ្ងាយ បម្រុងឲ្យដឹង​សេចក្តី នៃភាសិតនេះ ក្នុង​សំណាក់​ព្រះសារីបុត្តមានអាយុ សូមអង្វរ សូម​ព្រះសារីបុត្តមានអាយុ បំភ្លឺ​សេចក្តី​នៃភាសិតនេះឲ្យទាន។

[៨] ម្នាលអាវុសោ បើដូច្នោះ ចូរលោកទាំងឡាយស្តាប់ ចូរយកចិត្តទុកដាក់​ឲ្យ​ប្រពៃចុះ ខ្ញុំនឹងសំដែង​ប្រាប់។ ភិក្ខុទាំងនោះ ក៏ទទួល​ពាក្យព្រះសារីបុត្ត​មានអាយុថា ករុណា អាវុសោ។ ព្រះសារីបុត្តមានអាយុ បាននិយាយ យ៉ាងនេះថា ម្នាលអាវុសោ គង់​មានពួកខត្តិយបណ្ឌិតខ្លះ ព្រាហ្មណបណ្ឌិតខ្លះ គហបតិបណ្ឌិតខ្លះ សមណ​បណ្ឌិតខ្លះ ជាអ្នកសួរប្រស្នា ចំពោះភិក្ខុ ដែលទៅក្នុងដែន​ដទៃផ្សេងៗ មិនខាន ម្នាលអាវុសោ ព្រោះពួកមនុស្សជាបណ្ឌិត ជាអ្នកពិចារណារកប្រយោជន៍ (តែង​សួរថា) ព្រះសាស្តា របស់លោកមានអាយុនោះ តើមានលទ្ធិដូចម្តេច ប្រដៅ​ធម៌អ្វី។ ម្នាលអាវុសោ ពួកលោក​ត្រូវគេសួរ យ៉ាងនេះហើយ ត្រូវដោះស្រាយ​ យ៉ាងនេះ​ថា ម្នាលអាវុសោ ព្រះសាស្តា​របស់យើង ជាអ្នកប្រដៅឧបាយ​កំចាត់​បង់ នូវ​ឆន្ទរាគ។ ម្នាលអាវុសោ កាលបើពួក​លោក ដោះស្រាយយ៉ាងនេះហើយ ពួកខត្តិយបណ្ឌិតក្តី ព្រាហ្មណបណ្ឌិតក្តី គហបតិ​បណ្ឌិតក្តី សមណបណ្ឌិតក្តី គង់នឹងសួរប្រស្នា តទៅទៀត ម្នាលអាវុសោ ព្រោះពួក​មនុស្សជាបណ្ឌិត ជាអ្នកពិចារណារកប្រយោជន៍ (សមជានឹង​សួរថា) ព្រះសាស្តា របស់​លោកមានអាយុ ប្រដៅឧបាយកំចាត់បង់ នូវ​ឆន្ទរាគ តើក្នុងវត្ថុអ្វី។ ម្នាលអាវុសោ ពួកលោកត្រូវគេសួរយ៉ាងនេះ គួរដោះស្រាយ យ៉ាងនេះថា ម្នាលអាវុសោ ព្រះសាស្តា ទ្រង់ប្រដៅឧបាយ ឲ្យកំចាត់បង់ នូវ​ឆន្ទរាគ [សេចក្តីត្រេកត្រអាលក្នុងរូប។] ក្នុងរូប។ ក្នុងវេទនា។ ក្នុងសញ្ញា។ ក្នុងសង្ខារ​ទាំងឡាយ។ ព្រះសាស្តា ទ្រង់ប្រដៅ​ឧបាយ កំចាត់បង់នូវ​ឆន្ទរាគ ​ក្នុងវិញ្ញាណ។ ម្នាលអាវុសោ កាលបើពួកលោក​ដោះស្រាយ យ៉ាងនេះហើយ ពួកខត្តិយបណ្ឌិតក្តី ព្រាហ្មណបណ្ឌិតក្តី គហបតិបណ្ឌិតក្តី សមណ​បណ្ឌិតក្តី សមជានឹងសួរប្រស្នា តទៅទៀត ម្នាលអាវុសោ ព្រោះពួកមនុស្សជាបណ្ឌិត តែងពិចារណារកប្រយោជន៍ (តែង​សួរថា) ព្រះសាស្តា របស់លោកមានអាយុ ទ្រង់​ឃើញទោស ដូចម្តេច បានជា​ប្រដៅឧបាយកំចាត់បង់ នូវ​ឆន្ទរាគក្នុងរូប។ ក្នុងវេទនា។ ក្នុង​សញ្ញា។ ក្នុងសង្ខារ​ទាំងឡាយ។ ព្រះសាស្តា ទ្រង់ប្រដៅឧបាយ កំចាត់បង់ នូវឆន្ទរាគ ក្នុងវិញ្ញាណ។ ម្នាលអាវុសោ ពួកលោក​ត្រូវគេសួរ យ៉ាងនេះហើយ គួរ​ដោះស្រាយ យ៉ាង​នេះថា ម្នាលអាវុសោ សេចក្តីសោក ខ្សឹកខ្សួល ទុក្ខ ទោមនស្ស និងសេចក្តីចង្អៀតចង្អល់ចិត្ត រមែង​កើតឡើង ដល់បុគ្គល​ ដែល​មិនទាន់ប្រាសចាករាគៈ មិនទាន់ប្រាសចាកឆន្ទៈ មិនទាន់ប្រាសចាកសេចក្តី​ស្រឡាញ់ មិនទាន់ប្រាសចាក​សេចក្តី​ស្រេកឃ្លាន មិនទាន់ប្រាសចាក​សេចក្តីក្តៅ​ក្រហាយ មិនទាន់ប្រាសចាកតណ្ហា ក្នុងរូប ព្រោះតែ​រូបនោះ ប្រែប្រួលទៅ ប្លែកទៅ។ ក្នុងវេទនា។ ក្នុងសញ្ញា។ មិនទាន់​ប្រាសចាករាគៈ ក្នុងសង្ខារទាំងឡាយ។បេ។ សេចក្តីសោក ខ្សឹកខ្សួល ទុក្ខ ទោមនស្ស និងសេចក្តី​ចង្អៀតចង្អល់ចិត្ត រមែង​កើតឡើង ដល់បុគ្គល​ ដែល​មិនទាន់​ប្រាសចាក​តណ្ហា ព្រោះតែសង្ខារ​ទាំងឡាយនោះ ប្រែប្រួលទៅ ប្លែកទៅ។ សេចក្តី​សោក ខ្សឹកខ្សួល ទុក្ខ ទោមនស្ស និងសេចក្តី​ចង្អៀត​ចង្អល់​ចិត្ត រមែង​កើតឡើង ដល់បុគ្គល ​ដែល​មិនទាន់​ប្រាសចាករាគៈ មិនទាន់​ប្រាស​ចាក​ឆន្ទៈ មិនទាន់ប្រាសចាកសេចក្តី​ស្រឡាញ់ មិនទាន់​ប្រាសចាកសេចក្តីស្រេកឃ្លាន មិនទាន់ប្រាសចាក​សេចក្តីក្តៅ​ក្រហាយ មិនទាន់ប្រាស​ចាកតណ្ហា ក្នុងវិញ្ញាណ ព្រោះតែវិញ្ញាណនោះ ប្រែប្រួលទៅ ប្លែកទៅ។ ម្នាលអាវុសោ ព្រះសាស្តា របស់យើង​ទាំងឡាយ ទ្រង់ឃើញ​ទោសនេះឯង បានជាទ្រង់ប្រដៅឧបាយ កំចាត់បង់ នូវឆន្ទរាគ​ក្នុងរូប។ ក្នុងវេទនា។ ក្នុងសញ្ញា។ ក្នុងសង្ខារទាំងឡាយ។ ព្រះសាស្តា ទ្រង់ប្រដៅ​ឧបាយ កំចាត់បង់ នូវឆន្ទរាគ ក្នុងវិញ្ញាណ។ ម្នាលអាវុសោ កាលបើពួកលោកដោះ​ស្រាយ យ៉ាងនេះហើយ ពួកខត្តិយបណ្ឌិតក្តី ព្រាហ្មណបណ្ឌិតក្តី គហបតិបណ្ឌិតក្តី សមណបណ្ឌិតក្តី សមជាសួរប្រស្នា ​តទៅទៀត ម្នាលអាវុសោ ព្រោះពួកមនុស្ស​ជាបណ្ឌិត តែងពិចារណារកប្រយោជន៍ (តែង​សួរថា) ព្រះសាស្តា របស់​លោក​មាន​អាយុ ទ្រង់ឃើញ​អានិសង្ស ដូចម្តេច បានជាប្រដៅ​ឧបាយកំចាត់បង់ នូវឆន្ទរាគ ក្នុងរូប។ ក្នុងវេទនា។ ក្នុងសញ្ញា។ ក្នុងសង្ខារទាំងឡាយ។ ព្រះសាស្តា ទ្រង់ប្រដៅ​ឧបាយកំចាត់បង់ នូវឆន្ទរាគ ក្នុងវិញ្ញាណ។ ម្នាលអាវុសោ ពួកលោក​ត្រូវគេ​សួរ​យ៉ាង​នេះហើយ គួរព្យាករ យ៉ាងនេះថា ម្នាលអាវុសោ សេចក្តីសោក ខ្សឹកខ្សួល ទុក្ខ ទោមនស្ស និងសេចក្តីចង្អៀតចង្អល់ចិត្ត រមែង​មិនកើតឡើង ដល់បុគ្គល ដែល​ប្រាសចាក​រាគៈ ប្រាសចាកឆន្ទៈ ប្រាសចាកសេចក្តីស្រឡាញ់ ប្រាសចាក​សេចក្តី​ស្រេក​ឃ្លាន ប្រាសចាកសេចក្តីក្តៅក្រហាយ ប្រាសចាកតណ្ហាក្នុងរូប ព្រោះតែរូប​នោះ ប្រែប្រួល​ទៅ ប្លែកទៅ។ ក្នុងវេទនា។ ក្នុងសញ្ញា។ សេចក្តីសោក ខ្សឹកខ្សួល ទុក្ខ ទោមនស្ស និងសេចក្តីចង្អៀតចង្អល់ចិត្ត រមែង​មិនកើតឡើង ដល់បុគ្គល ដែល​ប្រាសចាក​រាគៈ ប្រាសចាកឆន្ទៈ ប្រាសចាកសេចក្តីស្រឡាញ់ ប្រាសចាក​សេចក្តី​ស្រេកឃ្លាន ប្រាសចាកសេចក្តីក្តៅក្រហាយ ប្រាសចាកតណ្ហា ក្នុងសង្ខារទាំងឡាយ ព្រោះតែសង្ខារ​ទាំងឡាយ​នោះ ប្រែប្រួលទៅ ប្លែកទៅ។ សេចក្តី​សោក ខ្សឹកខ្សួល ទុក្ខ ទោមនស្ស និងសេចក្តីចង្អៀតចង្អល់ចិត្ត រមែង​មិនកើតឡើង ដល់បុគ្គល ដែល​ប្រាសចាករាគៈ ប្រាសចាកឆន្ទៈ ប្រាសចាកសេចក្តីស្រឡាញ់ ប្រាសចាក​សេចក្តី​ស្រេកឃ្លាន ប្រាសចាកសេចក្តីក្តៅក្រហាយ ប្រាសចាកតណ្ហា ក្នុងវិញ្ញាណ ព្រោះ​តែវិញ្ញាណ​នោះ ប្រែប្រួលទៅ ប្លែកទៅ។ ម្នាលអាវុសោ ព្រះសាស្តារបស់​យើង​ទាំងឡាយ ទ្រង់ឃើញ​អានិសង្សនេះឯង បានជាទ្រង់ប្រដៅ​ឧបាយ ​កំចាត់បង់ នូវ​ឆន្ទរាគ ក្នុងរូប។ ក្នុងវេទនា។ ក្នុងសញ្ញា។ ក្នុងសង្ខារទាំងឡាយ។ ព្រះសាស្តា ​ទ្រង់​ប្រដៅ​ឧបាយ កំចាត់បង់ នូវឆន្ទរាគ ក្នុងវិញ្ញាណ។

[៩] ម្នាលអាវុសោ មួយទៀត កាលបើបុគ្គលបាន នូវអកុសលធម៌ទាំង​ឡាយ​ហើយ ការនៅជាសុខ ឥតទុក្ខ មិនចង្អៀតចង្អល់ចិត្ត មិនក្តៅក្រហាយ ​ក្នុង​បច្ចុប្បន្ន នឹងមានផង លុះទំលាយ​រាងកាយស្លាប់ទៅ ត្រូវទៅកើតក្នុងឋាន​សុគតិ ជា​ប្រាកដផង សមជា​ព្រះមានព្រះភាគ មិនសរសើរការលះបង់ នូវ​អកុសលធម៌​នេះទេ។ ម្នាលអាវុសោ ព្រោះ​ហេតុតែបុគ្គលបាន នូវអកុសលធម៌ទាំងឡាយហើយ ការនៅជា​ទុក្ខ ប្រកបដោយ​សេចក្តី​លំបាក ប្រកបដោយសេចក្តីចង្អៀតចង្អល់ចិត្ត ប្រកបដោយ​សេចក្តីក្តៅក្រហាយ ក្នុង​បច្ចុប្បន្ន ក៏មានផង លុះទំលាយរាងកាយស្លាប់​ទៅ ត្រូវទៅកើតក្នុងទុគ្គតិ ជាប្រាកដ​ផង បានជាព្រះមានព្រះភាគ ទ្រង់សរសើរ​ការ​លះបង់ នូវអកុសលធម៌ទាំងឡាយ។

[១០] ម្នាលអាវុសោ មួយទៀត កាលបើបុគ្គល​បាន នូវអកុសលធម៌ទាំង​ឡាយ​ហើយ ការនៅជា​ទុក្ខ ប្រកបដោយសេចក្តីលំបាក ប្រកបដោយ​សេចក្តី​ចង្អៀត​ចង្អល់​ចិត្ត ប្រកប​ដោយសេចក្តីក្តៅក្រហាយ ក្នុងបច្ចុប្បន្ន នឹងមានផង លុះទំលាយ​រាង​កាយ​ស្លាប់​ទៅ ត្រូវទៅកើតក្នុងទុគ្គតិ ជាប្រាកដផង សមជាព្រះមានព្រះភាគ ទ្រង់មិន​សរសើរ នូវ​ការ​បំពេញកុសលធម៌ទាំងឡាយនេះទេ។ ម្នាលអាវុសោ ព្រោះហេតុ​តែ​បុគ្គលបាន នូវ​កុសលធម៌ទាំងឡាយហើយ ការនៅជាសុខ ឥតទុក្ខ មិនចង្អៀតចង្អល់ចិត្ត មិនក្តៅ​ក្រហាយ ក្នុងបច្ចុប្បន្ន ក៏មានផង លុះទំលាយរាង​កាយស្លាប់​ទៅ ត្រូវបានសុគតិ ជា​ប្រាកដ​ផង បានជាព្រះមានព្រះភាគ ទ្រង់សរសើរ​នូវការបំពេញកុសលធម៌ទាំងឡាយ។ ព្រះសារីបុត្ត​មានអាយុ សំដែង​ភាសិតនេះ​ចប់ហើយ។ ភិក្ខុទាំងនោះ ជាអ្នក​មាន​សេចក្តី​ត្រេកអរ បានត្រេកអរនឹងភាសិត របស់ព្រះសារីបុត្ត​មានអាយុ។

[១១] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមហាកច្ចានៈមានអាយុ គង់នៅ​លើភ្នំ​មានជ្រោះ (ម្ខាង) ទៀបក្រុង​ឈ្មោះ កុររឃរៈ ក្នុងអវន្តីជនបទ។ គ្រានោះ​ឯង គហបតី​ឈ្មោះ ហលិទ្ទិកានិ បានចូលទៅរកព្រះមហាកច្ចានៈមានអាយុ លុះចូលទៅដល់ ក្រាប​ថ្វាយ​បង្គំ​ព្រះមហាកច្ចានៈមានអាយុ ហើយអង្គុយក្នុង​ទីដ៏សមគួរ។ លុះ​ហលិទ្ទិកានិ​គហបតី អង្គុយក្នុងទីដ៏សមគួរហើយ ក៏​បាន​និយាយ​នឹងព្រះមហាកច្ចានៈមានអាយុ យ៉ាង​នេះថា បពិត្រ​លោកម្ចាស់​ដ៏ចម្រើន សុភាសិតនេះ ព្រះមានព្រះភាគ បាន​សំដែង​ទុក ក្នុងមាគណ្ឌិយប្បញ្ហា ដែលរាប់​បញ្ចូល​ក្នុងអដ្ឋកវគ្គថា

ព្រះតថាគតលះបង់​នូវផ្ទះ (បញ្ចក្ខន្ធ) ជាអ្នក​មិនមានការអន្ទោល​ទៅរក​កន្លែង​ស្នាក់ (អារម្មណ៍​ទាំង៦) ជាអ្នកប្រាជ្ញ មិនបានធ្វើ នូវ​សេចក្តីស្និទ្ធស្នាល ក្នុងស្រុក ជាអ្នក​ទំនេរ ចាកកាមទាំងឡាយ មិនមានប្រាថ្នាទៅក្នុងអនាគតកាល មិនគប្បី​ធ្វើ​នូវ​ពាក្យទាស់ទែង​ជាមួយនឹងជន។

បពិត្រ​លោកដ៏ចម្រើន សេចក្តីនៃធម៌ ដែល​ព្រះមានព្រះភាគ ត្រាស់ដោយ​សង្ខេបនេះ តើត្រូវយល់​ដោយពិស្តារ​ដូចម្តេច។

[១២] ម្នាលគហបតី រូបធាតុ ឈ្មោះថា ជាផ្ទះរបស់វិញ្ញាណ ឯកម្មវិញ្ញាណ ដែល​ជាប់ចំពាក់​ដោយតម្រេក ក្នុងរូបធាតុ ហៅថា ការអន្ទោលទៅរកផ្ទះ។ ម្នាល​គហបតី វេទនាធាតុ ឈ្មោះថា ជាផ្ទះរបស់វិញ្ញាណ ឯកម្មវិញ្ញាណ ដែល​ជាប់ចំពាក់​ដោយតម្រេក ក្នុងវេទនាធាតុ ហៅថា ការអន្ទោលទៅរកផ្ទះ។ ម្នាល​គហបតី សញ្ញាធាតុ ឈ្មោះថា ជាផ្ទះរបស់វិញ្ញាណ ឯកម្មវិញ្ញាណ ដែល​ជាប់ចំពាក់​ដោយតម្រេក ក្នុងសញ្ញាធាតុ ហៅថា ការអន្ទោលទៅរកផ្ទះ។ ម្នាល​គហបតី សង្ខារធាតុ ឈ្មោះថា ជាផ្ទះរបស់វិញ្ញាណ ឯកម្មវិញ្ញាណ ដែល​ជាប់ចំពាក់​ដោយតម្រេក ក្នុងសង្ខារធាតុ ហៅថា ការអន្ទោល​ទៅរកផ្ទះ។ ម្នាល​គហបតី បុគ្គលជាអ្នកអន្ទោល​ទៅរកផ្ទះ យ៉ាងនេះឯង។

[១៣] ម្នាល​គហបតី ចុះព្រះតថាគត មិនមានការអន្ទោល​ទៅរក​ផ្ទះ តើ​ដូចម្តេច។ ម្នាលគហបតី សេចក្តីប៉ុនប៉ង តម្រេក សេចក្តីរីករាយ សេចក្តីប្រាថ្នាណា ក្នុង​រូបធាតុ មួយទៀត ឧបាយ [ឧបាយពីរ គឺតណ្ហា១ ទិដ្ឋិ១។] និង ឧបាទាន [ឧបាទាន៤ មានកាមុបាទានជាដើម (អដ្ឋកថា)។] ណា ដែលជាទីឈរ ជាទីអង្គុយ ជាទី​ដេក របស់អកុសលចិត្ត ធម៌ទាំងនោះ ព្រះតថាគត បានលះបង់ហើយ បាន​គាស់​រំលើង​គល់អស់ហើយ បានធ្វើឲ្យសល់តែទីនៅ ដូចជាទីនៅនៃដើមត្នោត បានធ្វើ​ឲ្យ​លែង​មានបែបភាព ជាសភាព​មិនកើតតទៅ ព្រោះហេតុ​នោះ បានជាគេហៅថា ព្រះ​តថាគត មិនមានការអន្ទោលទៅរកផ្ទះ។ ម្នាលគហបតី ក្នុងវេទនាធាតុ។ ម្នាលគហបតី ក្នុង​សញ្ញាធាតុ។ ម្នាលគហបតី ក្នុងសង្ខារធាតុ។ ម្នាលគហបតី សេចក្តីប៉ុនប៉ង តម្រេក សេចក្តីរីករាយ សេចក្តីប្រាថ្នាណា ក្នុងវិញ្ញាណធាតុ មួយ​ទៀត ឧបាយ និងឧបាទានណា ដែលជាទីឈរ ជាទីអង្គុយ ជាទី​ដេក របស់​អកុសលចិត្ត ធម៌ទាំងនោះ ព្រះតថាគត បានលះបង់ចោលហើយ បាន​គាស់​រំលើង​គល់អស់ហើយ បានធ្វើឲ្យសល់តែទីនៅ ដូចជាទីនៅ នៃដើមត្នោត បានធ្វើ​ឲ្យ​លែង​មានបែបភាព ជាសភាព​មិនកើតតទៅ ព្រោះ​ហេតុ​នោះ បានជាគេហៅថា ព្រះ​តថាគត មិនមានការអន្ទោលទៅរកផ្ទះ។ ម្នាល​គហបតី ព្រះតថាគត មិនមាន​ការ​អន្ទោល​ទៅរកផ្ទះ យ៉ាងនេះឯង។

[១៤] ម្នាលគហបតី ចុះបុគ្គលដែលមានការអន្ទោលទៅរកកន្លែងស្នាក់ (​អារម្មណ៍​ទាំង៦) តើដូចម្តេច។ ម្នាលគហបតី បុគ្គលដែល​ហៅថា មានការអន្ទោល​ ទៅរក​កន្លែងស្នាក់ ព្រោះការផ្សាយទៅ និងការជាប់ចំពាក់ នៃកិលេស ដែល​កើត​ឡើង​ ក្នុង​កន្លែង​ស្នាក់ គឺរូបនិមិត្ត។ សទ្ទនិមិត្ត។បេ។ គន្ធនិមិត្ត… រសនិមិត្ត… ផោដ្ឋព្វនិមិត្ត… ម្នាលគហបតី បុគ្គល ដែលហៅថា មានការអន្ទោល ​ទៅរក​កន្លែង​ស្នាក់ ព្រោះការ​ផ្សាយទៅ និងការជាប់ចំពាក់ នៃកិលេស ដែលកើតឡើង ក្នុងកន្លែងស្នាក់ គឺ​ធម្មនិមិត្ត។ ម្នាលគហបតី បុគ្គលដែល​មានការអន្ទោល ទៅរកកន្លែង​ស្នាក់ យ៉ាង​នេះឯង។

[១៥] ម្នាលគហបតី ចុះព្រះតថាគត ដែល​មិនមានការអន្ទោលទៅរក​កន្លែង​ស្នាក់ តើដូចម្តេច។ ម្នាលគហបតី សេចក្តីផ្សាយទៅ និងការជាប់ចំពាក់ នៃកិលេស ដែល​កើតឡើង ក្នុងកន្លែងស្នាក់ គឺរូបនិមិត្ត ព្រះតថាគត បានលះបង់ចោលហើយ បាន​គាស់​រំលើងគល់អស់ហើយ បានធ្វើឲ្យសល់តែទីនៅ ដូចជាទីនៅ នៃដើមត្នោត បាន​ធ្វើឲ្យលែង​មានបែបភាព ជាសភាព​មិនកើតតទៅ ព្រោះហេតុនោះ បានជា​គេហៅថា ព្រះតថាគត មិនមានការអន្ទោលទៅរកកន្លែងស្នាក់ (អារម្មណ៍ទាំង៦)។ សទ្ទនិមិត្ត។បេ។ គន្ធនិមិត្ត… រសនិមិត្ត… ផោដ្ឋព្វនិមិត្ត… ម្នាលគហបតី សេចក្តីផ្សាយទៅ និងការជាប់ចំពាក់ នៃកិលេស ដែល​កើតឡើង ក្នុង​កន្លែងស្នាក់ គឺ​ធម្ម​និមិត្ត ព្រះតថាគត បានលះបង់ចោលហើយ បានគាស់រំលើងគល់អស់ហើយ បាន​ធ្វើឲ្យសល់តែទីនៅ ដូចជាទីនៅ នៃដើមត្នោត បានធ្វើ​ឲ្យលែងមាន​បែបភាព ជា​សភាពមិន​កើតតទៅ ព្រោះ​ហេតុនោះ បានជាគេហៅថា ព្រះតថាគត មិន​មានការ​អន្ទោល​ទៅរក​កន្លែង​ស្នាក់។ ម្នាលគហបតី ព្រះតថាគត មិន​មានការអន្ទោល​ទៅរក​កន្លែងស្នាក់ យ៉ាងនេះ​ឯង។

[១៦] ម្នាលគហបតី ភិក្ខុដែល​មានសេចក្តីស្និទ្ធស្នាលក្នុងស្រុក តើដូចម្តេច។ ម្នាល​គហបតី ភិក្ខុខ្លះ ក្នុងសាសនានេះ ជាអ្នកច្រឡូក​ច្រឡំ ដោយ​ពួក​គ្រហស្ថ មាន​សេចក្តី​រីករាយជាមួយគ្នា មានសេចក្តី​សោកជាមួយគ្នា កាលបើ​ពួក​គ្រហស្ថបាន​សេចក្តី​សុខ ក៏បានសេចក្តីសុខផង កាលបើពួកគ្រហស្ថបានសេចក្តីទុក្ខ ក៏បាន​សេចក្តី​ទុក្ខផង កាល​បើ​ពួកគ្រហស្ថទាំងនោះ មានកិច្ចការ ដែលត្រូវធ្វើកើតឡើង ជួយខ្វល់​ខ្វាយ ក្នុងកិច្ច​ទាំងនោះ ដោយខ្លួនឯង។ ម្នាលគហបតី ភិក្ខុមានសេចក្តីស្និទ្ធស្នាលក្នុង​ស្រុក យ៉ាងនេះ​ឯង។

[១៧] ម្នាលគហបតី ចុះភិក្ខុដែល​មិនស្និទ្ធស្នាលក្នុងស្រុក តើដូចម្តេច។ ម្នាលគហបតី ភិក្ខុ​ក្នុងសាសនានេះ មិនច្រឡូកច្រឡំ ដោយពួកគ្រហស្ថ មិនត្រេក​អរ​ជា​មួយគ្នា មិនមាន​សេចក្តីសោកជាមួយគ្នា កាលបើ​ពួក​គ្រហស្ថ បាន​សេចក្តីសុខ ក៏មិនបាន​សេចក្តីសុខជាមួយផង កាលបើពួកគ្រហស្ថ បានសេចក្តីទុក្ខ ក៏មិនបាន​សេចក្តី​ទុក្ខជា​មួយផង កាលបើពួកគ្រហស្ថ មានកិច្ចការ ដែលត្រូវធ្វើកើតឡើង ក៏មិនជួយខ្វល់​ខ្វាយ ក្នុងកិច្ចការទាំងនោះ ដោយខ្លួនឯង។ ម្នាលគហបតី ភិក្ខុដែលមិនស្និទ្ធស្នាលក្នុង​ស្រុក យ៉ាងនេះឯង។

[១៨] ម្នាលគហបតី ចុះភិក្ខុដែលមិនស្ងាត់ចាកកាម តើដូចម្តេច។ ម្នាល​គហបតី ភិក្ខុខ្លះ ក្នុងសាសនានេះ មិនទាន់ប្រាសចាកតម្រេក មិនទាន់​ប្រាសចាក​សេចក្តីប៉ុនប៉ង មិនទាន់​ប្រាសចាកសេចក្តីស្រឡាញ់ មិនទាន់​ប្រាសចាក​សេចក្តី​ស្រេកឃ្លាន មិនទាន់​ប្រាសចាក​សេចក្តីក្តៅក្រហាយ មិនទាន់ប្រាសចាក​សេចក្តី​ប្រាថ្នា​ ក្នុងកាមទាំងឡាយនៅឡើយ។ ម្នាល​គហបតី ភិក្ខុដែល​មិនស្ងាត់ចាកកាមទាំង​ឡាយ យ៉ាងនេះឯង។

[១៩] ម្នាល​គហបតី ចុះភិក្ខុដែលស្ងាត់ចាកកាម តើដូចម្តេច។ ម្នាល​គហបតី ភិក្ខុខ្លះ ក្នុង​សាសនានេះ ប្រាសចាក​តម្រេក ប្រាសចាកសេចក្តីប៉ុនប៉ង ប្រាសចាក​សេចក្តី​ស្រឡាញ់ ប្រាសចាកសេចក្តីស្រេកឃ្លាន ប្រាសចាកសេចក្តី​ក្តៅក្រហាយ ប្រាស​ចាក​សេចក្តីប្រាថ្នា ក្នុងកាមទាំងឡាយ។ ម្នាល​គហបតី ភិក្ខុដែល​ស្ងាត់ចាក​កាម​ទាំងឡាយ យ៉ាងនេះឯង។

[២០] ម្នាល​គហបតី ចុះភិក្ខុជាអ្នកប្រាថ្នាទៅក្នុងអនាគតកាល តើដូចម្តេច។ ម្នាល​គហបតី ភិក្ខុខ្លះ ក្នុងសាសនានេះ មានសេចក្តីប្រាថ្នា យ៉ាងនេះថា សូម​ឲ្យ​អាត្មាអញ មានរូបយ៉ាងនេះ ក្នុងកាលជាអនាគត សូមឲ្យមានវេទនាយ៉ាងនេះ ក្នុងកាលជាអនាគត សូមឲ្យ​មានសញ្ញាយ៉ាងនេះ ក្នុងកាលជាអនាគត សូមឲ្យ​មានសង្ខារយ៉ាងនេះ ក្នុងកាល​ជាអនាគត សូមឲ្យ​មានវិញ្ញាណ​យ៉ាងនេះ ក្នុងកាលជាអនាគត។ ម្នាលគហបតី ភិក្ខុជា​អ្នកប្រាថ្នាទៅក្នុងអនាគតកាល យ៉ាង​នេះឯង។

[២១] ម្នាលគហបតី ចុះភិក្ខុជាអ្នក​មិនប្រាថ្នាទៅក្នុងអនាគតកាល តើដូចម្តេច។ ម្នាល​គហបតី ភិក្ខុខ្លះ ក្នុងសាសនានេះ មិនមានសេចក្តីប្រាថ្នា យ៉ាងនេះ សូម​ឲ្យ​អាត្មាអញ មានរូបយ៉ាងនេះ ក្នុងកាលជាអនាគត សូមឲ្យ​មានវេទនាយ៉ាងនេះ ក្នុង​កាលជាអនាគត សូមឲ្យមានសញ្ញាយ៉ាងនេះ ក្នុង​កាលជាអនាគត សូម​ឲ្យ​មានសង្ខារ​យ៉ាងនេះ ក្នុង​កាល​ជាអនាគត សូម​ឲ្យ​មានវិញ្ញាណយ៉ាងនេះ ក្នុង​កាលជាអនាគត។ ម្នាលគហបតី ភិក្ខុជា​អ្នកមិនប្រាថ្នាទៅក្នុងអនាគតកាល យ៉ាងនេះឯង។

[២២] ម្នាលគហបតី ចុះភិក្ខុធ្វើនូវពាក្យទាស់ទែង​ ជាមួយនឹងជន តើដូចម្តេច។ ម្នាល​គហបតី ភិក្ខុខ្លះ ក្នុងសាសនានេះ និយាយពាក្យ មានសភាពយ៉ាងនេះថា អ្នក​មិនស្គាល់​ច្បាស់ នូវធម៌វិន័យនេះទេ ខ្ញុំទើបស្គាល់ច្បាស់ធម៌វិន័យនេះ អ្នកនឹង​ស្គាល់​ធម៌​វិន័យនេះ​ដូចម្តេចបាន អ្នកជាអ្នកប្រតិបត្តិខុស ខ្ញុំទើបប្រតិបត្តិត្រូវ ពាក្យដែល​គេ​គួរ​និយាយមុន អ្នកទៅជានិយាយក្រោយ ពាក្យដែល​គេគួរ​និយាយក្រោយ អ្នកទៅ​ជានិយាយមុន ពាក្យ​របស់​ខ្ញុំ ទើបមានប្រយោជន៍ ពាក្យរបស់​អ្នក មិនមាន​ប្រយោជន៍​ទេ វត្តដែល​អ្នកសន្សំ​មកយូរហើយ ដល់មកត្រូវ​សំដីខ្ញុំ ក៏វិបរិតទៅ ខ្ញុំលើកទោសអ្នក​ហើយ ចូរអ្នកទៅ​រកដោះទោស (ឲ្យរួចចុះ) ខ្ញុំសង្កត់សង្កិនអ្នកហើយ បើអ្នក​គ្រាន់បើ អ្នកដោះស្រាយ​មកចុះ។ ម្នាលគហបតី ភិក្ខុធ្វើនូវពាក្យទាស់ទែង​ជាមួយនឹងជន យ៉ាងនេះឯង។

[២៣] ចុះភិក្ខុមិនធ្វើនូវពាក្យទាស់ទែងជាមួយនឹងជន តើដូចម្តេច។ ម្នាលគហបតី ភិក្ខុក្នុងសាសនានេះ មិន​និយាយពាក្យ មានសភាព​យ៉ាងនេះថា អ្នក​មិនស្គាល់ច្បាស់​ នូវធម៌​វិន័យនេះទេ ខ្ញុំទើបស្គាល់​ច្បាស់ នូវធម៌​វិន័យនេះ អ្នកនឹង​ស្គាល់​ធម៌វិន័យនេះ ដូចម្តេចបាន អ្នកជាអ្នកប្រតិបត្តិខុស ខ្ញុំទើបប្រតិបត្តិត្រូវ ពាក្យ​ដែល​គេគួរ​និយាយមុន អ្នកទៅជានិយាយក្រោយ ពាក្យដែលគេគួរនិយាយក្រោយ អ្នកទៅជានិយាយមុន ពាក្យរបស់ខ្ញុំ ទើបមានប្រយោជន៍ ពាក្យអ្នក​មិនមាន​ប្រយោជន៍ទេ វត្តដែលអ្នកសន្សំមក​យូរហើយ ដល់មកត្រូវសំដីខ្ញុំ ក៏វិបរិត​ទៅ ខ្ញុំលើកទោសអ្នកហើយ ចូរអ្នក​ទៅរក​ដោះទោស (ឲ្យរួចចុះ) ខ្ញុំសង្កត់​សង្កិនអ្នក​ហើយ បើ​អ្នកគ្រាន់បើ អ្នកដោះស្រាយ​មកចុះ។ ម្នាលគហបតី ភិក្ខុមិនធ្វើនូវ​ពាក្យ​ទាស់ទែង​ជា​មួយនឹងជន យ៉ាងនេះឯង។

[២៤] ម្នាលគហបតី ភាសិតដែល​ព្រះមានព្រះភាគ បានត្រាស់ហើយក្នុង​មាគណ្ឌិយប្បញ្ហា ដែលរាប់ចូល​ក្នុងអដ្ឋកវគ្គថា ព្រះតថាគត លះបង់ផ្ទះ គឺបញ្ចក្ខន្ធ​ហើយ ជាអ្នក​មិនមានការអន្ទោល​ទៅរកកន្លែងស្នាក់ (គឺអារម្មណ៍​ ទាំង៦) ជាអ្នក​ប្រាជ្ញ មិនធ្វើសេចក្តីស្និទ្ធស្នាលក្នុងស្រុក ជាអ្នកទំនេរ ចាកកាមទាំងឡាយ មិនមាន​សេចក្តី​ប្រាថ្នា ​ទៅក្នុងអនាគតកាល មិនគប្បីធ្វើ នូវពាក្យទាស់ទែងជាមួយនឹងជន ដូច្នេះឯង។

ម្នាលគហបតី សេចក្តីនៃព្រះពុទ្ធដីកា ដែល​ព្រះមានព្រះភាគ ត្រាស់ហើយ ដោយ​សង្ខេបនេះឯង អ្នកត្រូវយល់​សេចក្តីដោយពិស្តារ យ៉ាងនេះចុះ។

[២៥] ខ្ញុំបានស្តាប់មក យ៉ាងនេះ។ សម័យមួយ ព្រះមហាកច្ចានៈ​មានអាយុ គង់នៅលើភ្នំ ដែលមានជ្រោះម្ខាង ទៀបក្រុង​ឈ្មោះ​កុររឃរៈ ក្នុងដែន​អវន្តី។ គ្រានោះ​ឯង គហបតីឈ្មោះ ហលិទ្ទិកានិ ចូលទៅរក​ព្រះមហាកច្ចានៈ​មានអាយុ លុះចូល​ទៅដល់ ថ្វាយបង្គំ​ព្រះមហាកច្ចានៈ​មានអាយុ ហើយ​អង្គុយក្នុងទីដ៏សមគួរ។ លុះហលិទ្ទិកានិ​គហបតី អង្គុយក្នុងទីដ៏សមគួរហើយ ទើប​និយាយនឹង​ព្រះមហាកច្ចានៈ​មានអាយុ យ៉ាង​នេះថា បពិត្រលោកដ៏ចម្រើន ពាក្យនេះ ព្រះមានព្រះភាគ បានត្រាស់ទុក ក្នុង​សក្កប្បញ្ហាថា ពួក​សមណព្រាហ្មណ៍​ណា មានចិត្ត​រួចស្រឡះហើយ ព្រោះអស់ទៅ នៃតណ្ហា ពួកសមណព្រាហ្មណ៍​ទាំង​នោះ ទើប​ពេញជាអ្នកមានកិច្ចការស្រេចហើយ ពេញជាអ្នកមានធម៌​ក្សេម ចាកយោគៈ ពេញ​ជាអ្នក​ប្រព្រឹត្តព្រហ្មចរិយៈ ពេញជាអ្នក​មានទីបំផុតដោយជុំវិញ ប្រសើរបំផុត ជាង​ទេវតា និងមនុស្សទាំងឡាយ។ បពិត្រ​លោក​ដ៏ចម្រើន សេចក្តីនៃ​ធម៌ ដែល​ព្រះមានព្រះភាគ ត្រាស់ហើយ ដោយសង្ខេបនេះឯង តើត្រូវយល់​សេចក្តីដោយ​ពិស្តារ ដូចម្តេច។

[២៦] ម្នាលគហបតី សេចក្តីប៉ុនប៉ង តម្រេក រីករាយ ប្រាថ្នា ឧបាយ និង​ឧបាទាន ដែលជាទីឈរ ជាទីអង្គុយ ជាទីដេក របស់​ចិត្តណា ក្នុងរូបធាតុ ចិត្តដែល​ហៅថា រួចស្រឡះហើយ ព្រោះអស់ទៅ ព្រោះគ្មាន​តម្រេក ព្រោះរលត់ ព្រោះលះបង់ ព្រោះ​ជម្រុះចោល នូវសេចក្តីប៉ុនប៉ង ជាដើមនោះ។ ម្នាលគហបតី ក្នុងវេទនាធាតុ។បេ។ ម្នាលគហបតី ក្នុងសញ្ញាធាតុ។ ម្នាលគហបតី ក្នុងសង្ខារធាតុ។ ម្នាលគហបតី សេចក្តីប៉ុនប៉ង តម្រេក រីករាយ ប្រាថ្នា ឧបាយ និងឧបាទាន ដែលជាទីឈរ ជាទីអង្គុយ ជាទីដេក របស់​ចិត្តណា ក្នុងវិញ្ញាណធាតុ ចិត្តដែល​ហៅថា រួចស្រឡះហើយ ព្រោះ​អស់ទៅ ព្រោះគ្មាន​តម្រេក ព្រោះរលត់ ព្រោះលះបង់ ព្រោះជម្រុះចោល នូវ​សេចក្តីប៉ុនប៉ង ជាដើមនោះ។ ម្នាលគហបតី ពាក្យដែល​ព្រះមានព្រះភាគ ទ្រង់ត្រាស់​ក្នុងសក្កប្បញ្ហាថា ពួក​សមណព្រាហ្មណ៍​ណា ដែល​មាន​ចិត្ត​រួចស្រឡះហើយ ព្រោះអស់​ទៅនៃតណ្ហា ពួកសមណព្រាហ្មណ៍​ទាំង​នោះ ទើប​ពេញជាអ្នកមានកិច្ចការស្រេចហើយ ពេញជាអ្នកមានសេចក្តី​ក្សេមក្សាន្ត ចាក​យោគៈ ពេញ​ជាអ្នក​ប្រព្រឹត្តព្រហ្មចរិយៈ ពេញ​ជា​អ្នកមានទីបំផុតដោយជុំវិញ ប្រសើរបំផុត ជាង​ទេវតា និងមនុស្សទាំងឡាយ ដូច្នេះឯង។ ម្នាលគហបតី សេចក្តី​នៃធម៌ ដែល​ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ ដោយសង្ខេប​នេះឯង អ្នកត្រូវ​យល់​សេចក្តី​ដោយពិស្តារ យ៉ាងនេះចុះ។

[២៧] ខ្ញុំបានស្តាប់មក យ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់​គង់​នៅក្នុង​វត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀប​ក្រុងសាវត្ថី។ ក្នុងទីនោះឯង ព្រះមានព្រះ​ភាគ ត្រាស់ហៅពួកភិក្ខុថា ម្នាលភិក្ខុទាំងឡាយ។ ភិក្ខុទាំងនោះ បានទទួល​ព្រះពុទ្ធដីកា របស់​ព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ។ ទើប​ព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាង​នេះថា ម្នាលភិក្ខុទាំងឡាយ ចូរអ្នក​ទាំងឡាយ​ ចម្រើននូវសមាធិ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមានចិត្តតំកល់មាំហើយ រមែង​ដឹង​ច្បាស់​ តាមសេចក្តីពិត។ ចុះដឹងច្បាស់នូវអ្វី តាមសេចក្តីពិត។ ដឹងច្បាស់នូវ​ការកើតឡើង និង​សេចក្តីវិនាសនៃរូប នូវការកើតឡើង និងសេចក្តីវិនាសនៃវេទនា នូវការកើតឡើង និងសេចក្តីវិនាសនៃសញ្ញា នូវការកើត​ឡើង និងសេចក្តីវិនាស នៃសង្ខារទាំងឡាយ នូវការកើតឡើង និងសេចក្តីវិនាស នៃ​វិញ្ញាណ។

[២៨] ម្នាលភិក្ខុទាំងឡាយ ចុះការកើតឡើងនៃរូប តើដូចម្តេច ការកើតឡើងនៃ​វេទនា តើដូចម្តេច ការកើតឡើងនៃសញ្ញា តើដូចម្តេច ការកើតឡើងនៃ​សង្ខារ​ទាំងឡាយ តើ​ដូច​ម្តេច ការកើតឡើងនៃវិញ្ញាណ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គល​ក្នុងលោក​នេះ តែងត្រេកអរ សរសើរ ក្រសោបក្រសាវយក។ ចុះ​បុគ្គលនោះ តែង​ត្រេកអរ សរសើរ ក្រសោបក្រសាវយកអ្វី។ បុគ្គលនោះ តែង​ត្រេកអរ សរសើរ ក្រសោបក្រសាវយកនូវរូប កាលបុគ្គលនោះ កំពុងត្រេកអរ សរសើរ ក្រសោបក្រសាវ​យកនូវរូប សេចក្តីត្រេកអរ តែង​កើតឡើង សេចក្តីត្រេកអរណា​ក្នុងរូប សេចក្តីត្រេកអរនោះ ហៅថា ឧបាទាន (សេចក្តីប្រកាន់) ភព​កើតឡើង ព្រោះ​សេចក្តីប្រកាន់នូវរូប​នោះ ជាបច្ច័យ ជាតិកើតឡើង ព្រោះភពជាបច្ច័យ ជរាមរណៈ សេចក្តីសោក ខ្សឹកខ្សួល ទុក្ខ ទោមនស្ស និង​សេចក្តីចង្អៀតចង្អល់ចិត្ត កើតឡើង ព្រោះ​ជាតិ​ ជាបច្ច័យដែរ។ សេចក្តីកើតឡើង នៃកងទុក្ខទាំងអស់នុ៎ះ យ៉ាងនេះឯង។ ត្រេកអរនឹងវេទនា។បេ។ ត្រេកអរនឹង​សញ្ញា។បេ។ ត្រេកអរនឹង​សង្ខារទាំងឡាយ។បេ។ ​ត្រេកអរ សរសើរ ក្រសោបក្រសាវយក នូវវិញ្ញាណ កាលបើបុគ្គលនោះ កំពុងត្រេកអរ សរសើរ ក្រសោបក្រសាវយក នូវ​វិញ្ញាណ សេចក្តីត្រេកអរ រមែង​កើតឡើង សេចក្តីត្រេកអរណា​ ក្នុងវិញ្ញាណ សេចក្តី​ត្រេកអរ​នោះ ហៅថា ឧបាទាន (សេចក្តីប្រកាន់) ភព​កើតឡើង ព្រោះ​សេចក្តីប្រកាន់ នូវវិញ្ញាណ​នោះ ជាបច្ច័យ ជាតិកើតឡើង ព្រោះភពជាបច្ច័យ។បេ។ សេចក្តីកើតឡើង នៃកង​ទុក្ខទាំងអស់នុ៎ះ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ នេះឈ្មោះថា ហេតុឲ្យ​កើតរូប នេះឈ្មោះថា ហេតុឲ្យកើតវេទនា នេះឈ្មោះថា ហេតុឲ្យកើតសញ្ញា នេះឈ្មោះ​ថា ហេតុឲ្យកើត​សង្ខារទាំងឡាយ នេះឈ្មោះថា ហេតុឲ្យកើត​វិញ្ញាណ។

[២៩] ម្នាលភិក្ខុទាំងឡាយ សេចក្តីវិនាសទៅវិញនៃរូប តើដូចម្តេច។ នៃវេទនា តើដូចម្តេច។ នៃសញ្ញា តើដូចម្តេច។ នៃសង្ខារទាំងឡាយ តើដូចម្តេច។ សេចក្តីវិនាស​នៃ​វិញ្ញាណ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គល​ក្នុងលោកនេះ មិនត្រេកអរ មិន​សរសើរ មិនក្រសោបក្រសាវយក។ ចុះ​បុគ្គលនោះ មិន​ត្រេកអរ មិនសរសើរ មិន​ក្រសោប​ក្រសាវយកអ្វី។ មិនត្រេកអរ មិនសរសើរ មិនក្រសោបក្រសាវយកនូវរូប កាលបុគ្គលនោះ មិនត្រេកអរ មិនសរសើរ មិនក្រសោបក្រសាវយកនូវរូប សេចក្តី​ត្រេកអរណា ក្នុងរូប សេចក្តីត្រេកអរនោះ ក៏រលត់បាត់បង់ ការរលត់ឧបាទាន ព្រោះ​រលត់​សេចក្តីត្រេកអរ របស់បុគ្គលនោះ ការរលត់ភព ព្រោះរលត់​ឧបាទាន។បេ។ ការរលត់ទៅ នៃកងទុក្ខទាំងអស់នុ៎ះ យ៉ាងនេះឯង។ បុគ្គលនោះ មិនត្រេកអរ មិន​សរសើរ មិនក្រសោបក្រសាវយក នូវវេទនា កាលបុគ្គលនោះ មិនត្រេកអរ មិនសរសើរ មិនក្រសោបក្រសាវ​យក នូវ​វេទនាទេ សេចក្តីត្រេកអរណា ក្នុងវេទនា សេចក្តីត្រេកអរ​នោះ ក៏រលត់ទៅ ការរលត់ឧបាទាន ព្រោះរលត់សេចក្តី​ត្រេកអរ របស់បុគ្គលនោះ ការរលត់ភព ព្រោះរលត់​ឧបាទាន ការរលត់ជាតិ ព្រោះ​រលត់​ភព។បេ។ ការរលត់ទៅ នៃកងទុក្ខទាំងអស់នុ៎ះ យ៉ាងនេះឯង។ មិនត្រេកអរ​នឹងសញ្ញា។បេ។ មិនត្រេកអរ មិនសរសើរ មិន​ក្រសោប​ក្រសាវយក នូវសង្ខារ​ទាំង​ឡាយ កាលបុគ្គលនោះ មិន​ត្រេកអរ មិនសរសើរ មិនក្រសោបក្រសាវយក នូវសង្ខារ​ទាំងឡាយទេ សេចក្តីត្រេកអរ​ណា ក្នុងសង្ខារ​ទាំងឡាយ សេចក្តីត្រេកអរនោះ រលត់ទៅ ការរលត់ឧបាទាន ព្រោះ​រលត់សេចក្តីត្រេកអរ របស់បុគ្គលនោះ ការរលត់​ភព ព្រោះរលត់​ឧបាទាន។បេ។ ការ​រលត់ទៅ នៃកងទុក្ខទាំងអស់នុ៎ះ យ៉ាងនេះឯង។ មិនត្រេកអរ មិនសរសើរ មិន​ក្រសោបក្រសាវយក នូវវិញ្ញាណ កាលបើ​បុគ្គលនោះ មិនត្រេកអរ មិនសរសើរ មិនក្រសោបក្រសាវយក នូវវិញ្ញាណទេ សេចក្តីត្រេកអរ​ណា ក្នុងវិញ្ញាណ សេចក្តី​ត្រេកអរនោះ រលត់ទៅ ការរលត់ឧបាទាន ព្រោះរលត់​សេចក្តី​ត្រេកអរ របស់បុគ្គល​នោះ។បេ។ ការរលត់ទៅ នៃកងទុក្ខទាំងអស់នុ៎ះ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ នេះឈ្មោះថា សេចក្តីវិនាសរូប នេះឈ្មោះថា សេចក្តីវិនាស​វេទនា នេះឈ្មោះថា សេចក្តីវិនាសសញ្ញា នេះឈ្មោះថា សេចក្តីវិនាសសង្ខារទាំង​ឡាយ នេះឈ្មោះថា សេចក្តីវិនាស​វិញ្ញាណ។

[៣០] ទៀបក្រុងសាវត្ថី។ ក្នុងទីនោះឯង។បេ។ ម្នាលភិក្ខុទាំងឡាយ ចូរ​អ្នក​ទាំងឡាយ ប្រកបព្យាយាម ក្នុងការស្ងប់ស្ងាត់កាយ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែល​ស្ងប់ស្ងាត់កាយ រមែងដឹងច្បាស់ តាមសេចក្តីពិត។ ចុះដឹងច្បាស់នូវអ្វី តាម​សេចក្តីពិត។ ដឹងច្បាស់នូវ​សេចក្តី​កើតឡើង និងសេចក្តីវិនាសនៃរូប នូវ​សេចក្តី​កើតឡើង និងសេចក្តីវិនាស​នៃ​វេទនា នូវ​សេចក្តី​កើតឡើង និងសេចក្តីវិនាសនៃ​សញ្ញា នូវ​សេចក្តី​កើតឡើង និងសេចក្តី​វិនាស នៃសង្ខារទាំងឡាយ នូវ​សេចក្តី​កើតឡើង និងសេចក្តីវិនាស នៃវិញ្ញាណ។ (សេចក្តី​ពិស្តារ ក្នុងសូត្រទី១ យ៉ាងណា បណ្ឌិតត្រូវ​ធ្វើ​ឲ្យ​ពិស្តារ យ៉ាងនោះចុះ។)

[៣១] ទៀបក្រុងសាវត្ថី។ ក្នុងទីនោះឯង។បេ។ ម្នាលភិក្ខុទាំងឡាយ តថាគត នឹង​សំដែង​ នូវសេចក្តីតក់ស្លុត ដែលកើតឡើង ព្រោះសេចក្តីប្រកាន់ផង នូវ​សេចក្តី​មិន​តក់ស្លុត ព្រោះ​សេចក្តីមិនប្រកាន់ផង ដល់អ្នកទាំងឡាយ ចូរ​អ្នកទាំងឡាយ ស្តាប់ធម៌​នោះចុះ ចូរធ្វើទុកក្នុងចិត្ត ឲ្យប្រពៃចុះ តថាគត​ នឹងសំដែងប្រាប់។ ភិក្ខុទាំងនោះ ទទួល​ព្រះពុទ្ធដីកា នៃ​ព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់​យ៉ាងនេះថា

[៣២] ម្នាលភិក្ខុទាំងឡាយ សេចក្តីតក់ស្លុត ព្រោះសេចក្តី​ប្រកាន់ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុថុជ្ជនក្នុងលោកនេះ ជាអ្នកមិនចេះដឹង ជា​អ្នកមិនឃើញ​ពួក​ព្រះអរិយៈ មិនឈ្លាសវៃ ក្នុងធម៌​ព្រះអរិយៈ មិនបានសិក្សា​ ក្នុងធម៌​ព្រះអរិយៈ មិនបាន​ឃើញ​ពួកសប្បុរស មិនឈ្លាសវៃ ​ក្នុងធម៌សប្បុរស មិនបានទូន្មានខ្លួន ក្នុងធម៌សប្បុរស រមែងពិចារណាឃើញច្បាស់ នូវរូប ថាជាខ្លួនខ្លះ ឃើញនូវ​ខ្លួន ថាមានរូបខ្លះ ឃើញ​នូវរូប ថាមានក្នុងខ្លួនខ្លះ ឃើញ​នូវខ្លួន ថាមានក្នុងរូបខ្លះ លុះដល់រូបនោះ នៃ​បុគ្គល​នោះ ប្រែប្រួលទៅ ប្លែកទៅ កម្មវិញ្ញាណ ដែលវិលតាមការប្រែប្រួលរបស់រូប រមែង​មាន​ដល់បុគ្គលនោះ ព្រោះតែ​រូបប្រែប្រួល​ទៅ ប្លែកទៅ សេចក្តីតក់ស្លុត និងការកើត​ឡើង នៃ​អកុសលធម៌ ដែល​កើតអំពី​ការវិលតាម នូវសេចក្តីប្រែប្រួលនៃរូប ក៏គ្រប​សង្កត់​កុសលចិត្ត របស់​បុគ្គលនោះ ព្រោះតែការគ្របសង្កត់​ចិត្ត ទើបបុគ្គលនោះ ​មាន​សេចក្តីតក់ស្លុតផង មានសេចក្តី​ទុក្ខផង មានសេចក្តី​អាឡោះអាល័យផង តែងតក់​ស្លុត ព្រោះប្រកាន់ផង។ ពិចារណា​ឃើញច្បាស់ នូវវេទនា ថាជាខ្លួនខ្លះ ឃើញនូវ​ខ្លួន ថាមានវេទនាខ្លះ ឃើញ​នូវវេទនា ថាមានក្នុងខ្លួនខ្លះ ឃើញ​នូវខ្លួន ថាមានក្នុងវេទនា​ខ្លះ លុះដល់វេទនានោះ របស់​បុគ្គល​នោះ ប្រែប្រួលទៅ ប្លែកទៅ កម្មវិញ្ញាណ ដែលវិល​ទៅតាម​ការប្រែប្រួលនៃវេទនា រមែង​មាន​ដល់បុគ្គលនោះ ព្រោះតែ​វេទនា​ប្រែប្រួល​​ទៅ ប្លែកទៅ សេចក្តីតក់ស្លុត និងការកើត​ឡើង នៃ​អកុសលធម៌ ដែល​កើតអំពីការវិលតាម នូវសេចក្តី​ប្រែប្រួលនៃវេទនា រមែងគ្រប​សង្កត់​កុសលចិត្ត របស់​បុគ្គលនោះ ព្រោះតែការ​គ្របសង្កត់​ចិត្ត បុគ្គលនោះ ​មាន​សេចក្តីតក់ស្លុតផង មាន​សេចក្តី​ទុក្ខផង មានសេចក្តី​អាឡោះអាល័យផង តែងតក់​ស្លុត ព្រោះប្រកាន់ផង។ ពិចារណាឃើញច្បាស់ នូវសញ្ញា ថាជាខ្លួន។បេ។ ពិចារណាឃើញច្បាស់ នូវសង្ខារ​ថាជាខ្លួន ឃើញនូវ​ខ្លួន ថាមាន​សង្ខារខ្លះ ឃើញ​នូវសង្ខារ ថាមានក្នុងខ្លួនខ្លះ ឃើញ​នូវខ្លួន ថាមានក្នុងសង្ខារខ្លះ លុះ​ដល់​សង្ខារនោះ របស់​បុគ្គល​នោះ ប្រែប្រួលទៅ ប្លែកទៅ កម្មវិញ្ញាណ ដែល​វិលតាមការប្រែប្រួលនៃសង្ខារ រមែង​មាន​ដល់បុគ្គលនោះ ព្រោះតែ​សង្ខារប្រែប្រួល​ទៅ ប្លែកទៅ សេចក្តីតក់ស្លុត និងការកើត​ឡើង នៃ​អកុសល​ធម៌ ដែល​កើតអំពីការវិលតាម នូវសេចក្តីប្រែប្រួលនៃសង្ខារ រមែងគ្រប​សង្កត់​ចិត្ត​បុគ្គលនោះ ព្រោះតែការគ្របសង្កត់​ចិត្ត ទើបបុគ្គលនោះ ​រមែងតក់ស្លុតផង ប្រកបដោយ​សេចក្តីទុក្ខផង មានសេចក្តី​អាល័យផង តែងតក់​ស្លុត ព្រោះប្រកាន់ផង។ ពិចារណាឃើញច្បាស់ នូវវិញ្ញាណ ថាជា​ខ្លួនខ្លះ ឃើញនូវ​ខ្លួន ថាមានវិញ្ញាណខ្លះ ឃើញ​នូវវិញ្ញាណ ថាមានក្នុងខ្លួនខ្លះ ឃើញ​នូវខ្លួន ថាមានក្នុងវិញ្ញាណខ្លះ លុះដល់​វិញ្ញាណនោះ របស់​បុគ្គល​នោះ ប្រែប្រួលទៅ ប្លែកទៅ កម្មវិញ្ញាណ ដែល​វិល​តាម​ការ​ប្រែប្រួលនៃវិញ្ញាណ រមែង​មាន​ដល់បុគ្គលនោះ ព្រោះតែវិញ្ញាណ ប្រែប្រួល​ទៅ ប្លែក​ទៅ សេចក្តីតក់ស្លុត និងការកើត​ឡើង នៃ​អកុសលធម៌ ដែល​កើតអំពីការវិលតាម នូវ​សេចក្តីប្រែប្រួល នៃវិញ្ញាណ រមែងគ្រប​សង្កត់​ចិត្ត របស់​បុគ្គលនោះ ព្រោះតែការគ្រប​សង្កត់​ ទើបបុគ្គលនោះ ​មាន​សេចក្តី​តក់ស្លុតផង មានសេចក្តីទុក្ខផង មានសេចក្តី​អាឡោះអាល័យផង តែងតក់​ស្លុត ព្រោះ​ប្រកាន់ផង។ ម្នាលភិក្ខុទាំងឡាយ សេចក្តី​តក់ស្លុត ព្រោះសេចក្តីប្រកាន់ យ៉ាងនេះឯង។

[៣៣] ម្នាលភិក្ខុទាំងឡាយ ចុះសេចក្តីមិនតក់ស្លុត ព្រោះការមិន​ប្រកាន់ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ អរិយសាវ័ក ក្នុងសាសនានេះ ជាអ្នកចេះដឹង ជា​អ្នកឃើញ​ពួក​ព្រះអរិយៈ ជាអ្នកឈ្លាសវៃ ក្នុងធម៌​ព្រះអរិយៈ បានសិក្សាខ្លួន ​ក្នុងធម៌​ព្រះអរិយៈ ជាអ្នក​ឃើញ​ពួកសប្បុរស ជាអ្នកឈ្លាសវៃ ​ក្នុងធម៌សប្បុរស បានទូន្មាន​ខ្លួន ក្នុងធម៌សប្បុរស មិនពិចារណាឃើញច្បាស់ នូវរូប ថាជាខ្លួនខ្លះ មិនឃើញនូវ​ខ្លួន ថាមានរូបខ្លះ មិនឃើញ​នូវរូប ថាមានក្នុងខ្លួនខ្លះ មិនឃើញ​នូវខ្លួន ថាមានក្នុងរូបខ្លះ លុះដល់រូប របស់​អរិយសាវ័កនោះ ប្រែប្រួលទៅ ប្លែកទៅ កម្មវិញ្ញាណ ដែលវិលតាម​ការ​ប្រែប្រួលនៃរូប រមែងមិន​មាន ​ដល់អរិយសាវ័កនោះ ព្រោះតែ​រូបប្រែប្រួល​ទៅ ប្លែកទៅទេ សេចក្តី​តក់ស្លុត និងការកើត​ឡើង នៃ​អកុសលធម៌ ដែល​កើតអំពីការវិលតាម នូវសេចក្តី​ប្រែប្រួល​នៃរូប ក៏មិនគ្រប​សង្កត់​ចិត្ត នៃអរិយសាវ័កនោះទេ ព្រោះតែការ​មិន​គ្របសង្កត់​ចិត្ត ទើបអរិយសាវ័កនោះ ​មិនមាន​សេចក្តីតក់ស្លុតផង មិនមាន​សេចក្តីទុក្ខផង មិនមាន​សេចក្តី​​អាឡោះអាល័យផង មិនតក់​ស្លុត ព្រោះមិន​ប្រកាន់​ផង។ មិនពិចារណា​ឃើញ​ច្បាស់ នូវវេទនា ថាជាខ្លួនខ្លះ មិនឃើញនូវ​ខ្លួន ថាមានវេទនាខ្លះ មិនឃើញ​នូវវេទនា ថាមានក្នុងខ្លួនខ្លះ មិនឃើញ​នូវខ្លួន ថាមានក្នុងវេទនា​ខ្លះ (លុះដល់) វេទនានោះ របស់អរិយសាវ័ក​នោះ ប្រែប្រួលទៅ ប្លែកទៅ កម្មវិញ្ញាណ ដែលវិលតាម​ការប្រែប្រួល​នៃវេទនា រមែង​មិនមាន​ដល់អរិសាវ័ក​នោះ ព្រោះតែ​វេទនា​ប្រែប្រួល​​ទៅ ប្លែកទៅទេ សេចក្តីតក់ស្លុត និងការកើត​ឡើង នៃ​អកុសលធម៌ ដែល​កើតអំពីការវិលតាម​សេចក្តី​ប្រែប្រួល នៃវេទនា ក៏មិនគ្រប​សង្កត់ចិត្ត នៃអរិយសាវ័កនោះបានឡើយ ព្រោះតែការ​មិនគ្រប​សង្កត់​ចិត្ត ទើបអរិយសាវ័កនោះ មិន​មាន​សេចក្តីតក់ស្លុតផង មិនមាន​សេចក្តី​ទុក្ខផង មិនមានសេចក្តី​អាឡោះអាល័យផង មិនតក់​ស្លុត ព្រោះមិនប្រកាន់ផង។ មិនពិចារណា​ឃើញច្បាស់ នូវសញ្ញា។បេ។ មិនពិចារណាឃើញច្បាស់ នូវសង្ខារ​ទាំងឡាយ ​ថាជាខ្លួនខ្លះ មិនឃើញនូវ​ខ្លួន ថាមានសង្ខារខ្លះ មិនឃើញ​នូវសង្ខារ ថាមានក្នុងខ្លួនខ្លះ មិនឃើញ​នូវខ្លួន ថាមានក្នុងសង្ខារខ្លះ លុះដល់សង្ខារនោះ របស់​អរិយសាវ័ក​នោះ ប្រែប្រួលទៅ ប្លែកទៅ កម្មវិញ្ញាណ ដែលវិលតាមការ​ប្រែប្រួល ​នៃ​សង្ខារ រមែងមិន​មាន​ដល់អរិយសាវ័កនោះ ព្រោះ​សង្ខារប្រែប្រួល​ទៅ ប្លែកទៅទេ សេចក្តីតក់ស្លុត និងការកើត​ឡើង នៃ​អកុសល​ធម៌ ដែល​កើតអំពីការវិលតាម សេចក្តីប្រែប្រួល នៃសង្ខារ ក៏មិនគ្រប​សង្កត់​ចិត្តអរិយសាវ័កនោះឡើយ ព្រោះតែការ​មិន​គ្រប​សង្កត់​ចិត្ត ទើបអរិយសាវ័កនោះ មិនមានសេចក្តីតក់ស្លុតផង មិនមាន​សេចក្តី​ទុក្ខផង មិនមានសេចក្តីអាឡោះអាល័យផង មិនតក់​ស្លុត ព្រោះមិនប្រកាន់ផង។ មិនពិចារណាឃើញច្បាស់ នូវវិញ្ញាណ ថាជាខ្លួនខ្លះ មិនឃើញនូវ​ខ្លួន ថាមានវិញ្ញាណខ្លះ មិនឃើញ​នូវវិញ្ញាណ ថាមានក្នុងខ្លួនខ្លះ មិនឃើញ​នូវខ្លួន ថាមានក្នុងវិញ្ញាណខ្លះ លុះដល់​វិញ្ញាណនោះ របស់អរិយសាវ័ក​​នោះ ប្រែប្រួលទៅ ប្លែកទៅ កម្មវិញ្ញាណ ដែល​វិល​តាម​ការ​ប្រែប្រួល នៃវិញ្ញាណ រមែង​មិនមាន​ដល់អរិយសាវ័កនោះ ព្រោះតែវិញ្ញាណ ប្រែប្រួល​ទៅ ប្លែក​ទៅទេ សេចក្តីតក់ស្លុត និងការកើត​ឡើង នៃ​អកុសលធម៌ ដែល​កើតអំពីការវិលតាម ​សេចក្តីប្រែប្រួល នៃវិញ្ញាណ ក៏មិនគ្រប​សង្កត់ចិត្ត នៃអរិយសាវ័ក​នោះឡើយ ព្រោះការមិនគ្រប​សង្កត់ចិត្ត​ ទើបអរិយសាវ័កនោះ ​មិនមាន​សេចក្តីតក់​ស្លុតផង មិនមានសេចក្តីទុក្ខផង មិនមានសេចក្តី​អាឡោះអាល័យផង មិនតក់​ស្លុត ព្រោះ​មិន​ប្រកាន់ផង។ ម្នាលភិក្ខុទាំងឡាយ ការមិន​តក់ស្លុត ព្រោះមិនប្រកាន់ យ៉ាងនេះឯង។

[៣៤] ទៀបក្រុងសាវត្ថី។ ក្នុងទីនោះឯង។បេ។ ម្នាលភិក្ខុទាំងឡាយ តថាគត នឹង​សំដែង នូវសេចក្តីតក់ស្លុត ព្រោះសេចក្តីប្រកាន់ផង សេចក្តីមិនតក់ស្លុត ព្រោះ​សេចក្តី​មិន​ប្រកាន់ផង ដល់អ្នកទាំងឡាយ ចូរអ្នកទាំងឡាយ ស្តាប់ធម៌នោះ​ចុះ។បេ។ ម្នាលភិក្ខុ​ទាំងឡាយ សេចក្តីតក់ស្លុត ព្រោះសេចក្តីប្រកាន់ តើដូចម្តេច។ ម្នាលភិក្ខុ​ទាំងឡាយ បុថុជ្ជនក្នុងលោកនេះ ជាអ្នក​មិនចេះដឹង រមែង​ពិចារណាឃើញ នូវរូប​ថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនរបស់អញ លុះដល់រូបនោះ របស់​បុគ្គល​នោះ ប្រែប្រួលទៅ ប្លែកទៅ សេចក្តីសោក ខ្សឹកខ្សួល ទុក្ខ ទោមនស្ស និងសេចក្តី​ចង្អៀត​ចង្អល់ចិត្ត រមែង​កើតឡើង ដល់​បុគ្គលនោះ ព្រោះតែរូបប្រែប្រួលទៅ ប្លែកទៅ។ នូវវេទនាថា នុ៎ះរបស់អញ។បេ។ នូវសញ្ញាថា នុ៎ះរបស់អញ។បេ។ នូវសង្ខារ​ទាំងឡាយថា នុ៎ះរបស់អញ។បេ។ ពិចារណា​ឃើញ នូវវិញ្ញាណថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនរបស់អញ លុះដល់វិញ្ញាណ​នោះ របស់​បុគ្គល​នោះ ប្រែប្រួលទៅ ប្លែកទៅ សេចក្តីសោក ខ្សឹកខ្សួល ទុក្ខ ទោមនស្ស និង​សេចក្តីចង្អៀតចង្អល់ចិត្ត រមែង​កើតឡើង ដល់បុគ្គល​នោះ ព្រោះតែ​វិញ្ញាណ​ប្រែ​ប្រួល​ទៅ ប្លែកទៅ។ ម្នាលភិក្ខុ​ទាំងឡាយ សេចក្តីតក់ស្លុត ព្រោះសេចក្តីប្រកាន់ យ៉ាង​នេះឯង។

[៣៥] ម្នាលភិក្ខុទាំងឡាយ ចុះការមិនតក់ស្លុត ព្រោះ​សេចក្តី​មិនប្រកាន់ តើ​ដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ អរិយសាវ័ក ក្នុងលោកនេះ ជាអ្នកចេះដឹង រមែង​ពិ​ចារណាឃើញ ​នូវរូប​ថា នុ៎ះមិនមែន​របស់អញ នុ៎ះមិនមែនជាអញ នុ៎ះ​មិនមែន​ជាខ្លួន​អញទេ លុះ​ដល់រូបនោះ របស់អរិយសាវ័កនោះ ប្រែប្រួល​ទៅ ប្លែកទៅ សេចក្តីសោក ខ្សឹកខ្សួល ទុក្ខ ទោមនស្ស និងសេចក្តីចង្អៀតចង្អល់ចិត្ត រមែងមិនកើតឡើង ដល់​អរិយសាវ័កនោះ ព្រោះតែរូបប្រែប្រួលទៅ ប្លែកទៅឡើយ។ នូវវេទនាថា នុ៎ះ​មិនមែន​របស់អញ។ នូវ​សញ្ញាថា នុ៎ះ​មិនមែន​របស់អញ។ នូវសង្ខារទាំងឡាយថា នុ៎ះ​មិនមែន​របស់អញ។ ​ពិ​ចារណាឃើញ ​នូវវិញ្ញាណ​ថា នុ៎ះមិនមែន​របស់អញ នុ៎ះមិនមែន​ជា​អញ នុ៎ះ​មិនមែន​ជាខ្លួន​របស់អញទេ លុះដល់វិញ្ញាណនោះ របស់អរិយសាវ័កនោះ ប្រែប្រួល​ទៅ ប្លែកទៅ សេចក្តីសោក ខ្សឹកខ្សួល ទុក្ខ ទោមនស្ស និងសេចក្តី​ចង្អៀត​ចង្អល់​ចិត្ត រមែងមិន​កើត​ឡើង ដល់​អរិយសាវ័កនោះ ព្រោះតែវិញ្ញាណប្រែប្រួលទៅ ប្លែកទៅឡើយ។ ម្នាលភិក្ខុ​ទាំង​ឡាយ សេចក្តី​មិនតក់ស្លុត ព្រោះការមិនប្រកាន់ យ៉ាងនេះឯង។

[៣៦] ទៀបក្រុងសាវត្ថី។ ក្នុងទីនោះឯង។បេ។ ម្នាលភិក្ខុទាំងឡាយ រូបជាអតីត អនាគត មិនទៀងទៅហើយ ចាំបាច់និយាយថ្វី ដល់រូបជាបច្ចុប្បន្ន។ ម្នាលភិក្ខុ​ទាំងឡាយ អរិយសាវ័ក ជាអ្នកចេះដឹង កាលបើឃើញយ៉ាងនេះ ជាអ្នក​ឥត​មានអាឡោះអាឡ័យ ក្នុងរូបជាអតីត មិនត្រេកអរ ចំពោះរូបជាអនាគត ជាអ្នក​ប្រតិបត្តិ ដើម្បីនឿយណាយ រំសាយ រំលត់រូបជាបច្ចុប្បន្ន។ វេទនាមិនទៀង។បេ។ សញ្ញា​មិនទៀង។បេ។ សង្ខារជា​អតីត អនាគត មិនទៀងទៅហើយ ចាំបាច់និយាយថ្វី ដល់សង្ខារជាបច្ចុប្បន្ន។ ម្នាលភិក្ខុ​ទាំង​ឡាយ អរិយសាវ័ក ជាអ្នកចេះដឹង កាលបើឃើញ​យ៉ាងនេះ ជាអ្នកមិន​អាឡោះ​អាល័យ ក្នុងសង្ខារជាអតីត មិនត្រេកអរ ចំពោះសង្ខារជាអនាគត ប្រតិបត្តិដើម្បី​នឿយណាយ រំសាយ រំលត់សង្ខារជាបច្ចុប្បន្ន។ វិញ្ញាណជាអតីត អនាគត មិនទៀង​ទៅហើយ ចាំបាច់និយាយថ្វី ដល់វិញ្ញាណជាបច្ចុប្បន្ន។ ម្នាលភិក្ខុទាំងឡាយ អរិយសាវ័ក ជាអ្នកចេះដឹង កាលបើឃើញ​យ៉ាងនេះ ជាអ្នកមិនអាឡោះអាល័យ ក្នុង​វិញ្ញាណ​​ជាអតីត មិនត្រេកអរ ចំពោះវិញ្ញាណជាអនាគត ជាអ្នកប្រតិបត្តិ ដើម្បីនឿយ​ណាយ រំសាយ រំលត់វិញ្ញាណជាបច្ចុប្បន្ន។

[៣៧] ទៀបក្រុងសាវត្ថី។ ក្នុងទីនោះឯង។បេ។ ម្នាលភិក្ខុទាំងឡាយ រូបជាអតីត និង​អនាគត ជាទុក្ខទៅហើយ ចាំបាច់​និយាយថ្វី ដល់រូប​ជាបច្ចុប្បន្ន។ ម្នាលភិក្ខុ​ទាំងឡាយ អរិយសាវ័ក ជាអ្នកចេះដឹង កាលបើឃើញយ៉ាងនេះ ជាអ្នក​មិន​អាឡោះអាឡ័យ ក្នុង​រូបជាអតីត មិនត្រេកអរ ចំពោះរូបជាអនាគត ជាអ្នក​ប្រតិបត្តិ ដើម្បីនឿយណាយ រំសាយ រំលត់រូបជាបច្ចុប្បន្ន។ វេទនាជាទុក្ខ។ សញ្ញាជាទុក្ខ។ សង្ខារ​ជាទុក្ខ។ វិញ្ញាណ​ជាអតីត និងអនាគត ជាទុក្ខទៅហើយ ចាំបាច់​និយាយថ្វី ដល់វិញ្ញាណ​ជាបច្ចុប្បន្ន។ ម្នាល​ភិក្ខុទាំងឡាយ អរិយសាវ័ក ជាអ្នកចេះដឹង កាលបើ​ឃើញ​យ៉ាងនេះ ជាអ្នក​មិន​អាឡោះអាឡ័យ ក្នុងវិញ្ញាណជាអតីត មិនត្រេកអរ ចំពោះ​វិញ្ញាណជាអនាគត ជាអ្នក​ប្រតិបត្តិ ដើម្បីនឿយណាយ រំសាយ រំលត់វិញ្ញាណជាបច្ចុប្បន្ន។

[៣៨] ទៀបក្រុងសាវត្ថី។ ក្នុងទីនោះឯង។បេ។ ម្នាលភិក្ខុទាំងឡាយ រូបជាអតីត និងអនាគត ជាអនត្តាទៅហើយ ចាំបាច់​និយាយថ្វី ដល់រូប​ជាបច្ចុប្បន្ន។ ម្នាលភិក្ខុទាំង​ឡាយ កាលបើអរិយសាវ័ក ជាអ្នកចេះដឹង ឃើញយ៉ាងនេះ ជាអ្នក​មិន​អាឡោះអាឡ័យ ក្នុងរូបជាអតីត មិនត្រេកអរ ចំពោះរូបជាអនាគត ជាអ្នក​ប្រតិបត្តិ ដើម្បីនឿយណាយ រំសាយ រំលត់រូបជាបច្ចុប្បន្ន។ វេទនាជាអនត្តា។ សញ្ញាជាអនត្តា។ សង្ខារ​ជាអនត្តា។ វិញ្ញាណ ជាអតីត និងអនាគត ជាអនត្តាទៅហើយ ចាំបាច់​និយាយថ្វី ដល់វិញ្ញាណ​ជាបច្ចុប្បន្ន។ ម្នាលភិក្ខុទាំងឡាយ អរិយសាវ័ក ជាអ្នកចេះដឹង កាលបើឃើញយ៉ាងនេះ ជាអ្នក​មិន​អាឡោះអាឡ័យ ក្នុងវិញ្ញាណជាអតីត មិនត្រេកអរ ចំពោះវិញ្ញាណជាអនាគត ជាអ្នក​ប្រតិបត្តិ ដើម្បីនឿយណាយ រំសាយ រំលត់វិញ្ញាណជាបច្ចុប្បន្ន។

ចប់ នកុលបិតវគ្គ ទី១។

ឧទ្ទាននៃ នកុលបិត វគ្គនោះគឺ

រឿងនកុលបិតាគហបតី១ រឿងក្នុងទេវទហនិគម១ រឿងហលិទ្ទិកានិគហបតី២​លើក រឿង​សមាធិ១ រឿងកាយវិវេក១ រឿងសេចក្តីតក់ស្លុត ព្រោះសេចក្តីប្រកាន់​២លើក រឿងខន្ធជាអតីត១ អនាគត១ បច្ចុប្បន្ន១ ហេតុនោះ បានជាចាត់ជា១វគ្គ។

អនិច្ចវគ្គ

[៣៩] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ ទៀបក្រុងសាវត្ថី។ ក្នុងទីនោះឯង។ ម្នាលភិក្ខុទាំង​ឡាយ រូបមិនទៀង វេទនាមិនទៀង សញ្ញាមិនទៀង សង្ខារមិនទៀង វិញ្ញាណមិនទៀង។ ម្នាលភិក្ខុទាំងឡាយ កាលបើអរិយសាវ័ក ជាអ្នកចេះដឹង ឃើញ​យ៉ាងនេះ រមែងនឿយ​ណាយ នឹងរូបផង នឿយណាយ នឹងវេទនាផង នឿយណាយ នឹងសញ្ញាផង នឿយណាយ នឹងសង្ខារផង នឿយណាយ នឹង​វិញ្ញាណ​ផង កាលបើនឿយណាយ ក៏រមែង​ស្អប់ខ្ពើម ព្រោះតែស្អប់ខ្ពើម ទើបចិត្ត​រួចស្រឡះ (ចាក​កិលេស)។ កាលបើ​ចិត្តរួចស្រឡះហើយ ញាណ ក៏កើតឡើងថា ចិត្តរួចស្រឡះ​ហើយ។ អរិយសាវ័កនោះ រមែង​ដឹងច្បាស់ថា ជាតិអស់ហើយ មគ្គ​ព្រហ្មចរិយៈ អាត្មាអញ​ បាននៅរួចហើយ សោឡសកិច្ច អាត្មាអញ បានធ្វើរួចហើយ មគ្គភាវនាចិត្តដទៃ ប្រព្រឹត្តទៅ ដើម្បី​សោឡសកិច្ចនេះទៀត មិនមានឡើយ។

[៤០] ទៀបក្រុងសាវត្ថី។ ក្នុងទីនោះឯង។ ម្នាលភិក្ខុទាំងឡាយ រូបជាទុក្ខ វេទនា​ជាទុក្ខ សញ្ញាជាទុក្ខ សង្ខារជាទុក្ខ វិញ្ញាណជាទុក្ខ។ កាលបើអរិយសាវ័ក ឃើញ​យ៉ាង​នេះ។បេ។ រមែងដឹងច្បាស់ថា មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះ​ទៀត មិនមានឡើយ។

[៤១] ទៀបក្រុងសាវត្ថី។ ក្នុងទីនោះឯង។ ម្នាលភិក្ខុទាំងឡាយ រូបជាអនត្តា វេទនា​ជាអនត្តា សញ្ញាជាអនត្តា សង្ខារជាអនត្តា វិញ្ញាណជាអនត្តា។ ម្នាលភិក្ខុ​ទាំងឡាយ កាលបើអរិយសាវ័ក ជាអ្នកចេះដឹង ឃើញ​យ៉ាងនេះ រមែងនឿយណាយ នឹងរូបផង នឿយណាយ នឹងវេទនាផង នឿយណាយនឹងសញ្ញាផង នឿយណាយ នឹងសង្ខារផង នឿយណាយ នឹង​វិញ្ញាណ​ផង កាលបើនឿយណាយ ក៏រមែង​ស្អប់ខ្ពើម ព្រោះតែ​ស្អប់ខ្ពើម ទើបចិត្ត​រួចស្រឡះ។ កាលបើចិត្តរួចស្រឡះហើយ ញាណ រមែងកើតឡើងថា ចិត្តរួចស្រឡះហើយ។ រមែងដឹងច្បាស់ថា ជាតិអស់ហើយ មគ្គ​ព្រហ្មចរិយៈ អាត្មាអញ​ បាននៅរួចហើយ សោឡសកិច្ច អាត្មាអញ បានធ្វើរួចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។

[៤២] ទៀបក្រុងសាវត្ថី។ ក្នុងទីនោះឯង។ ម្នាលភិក្ខុទាំងឡាយ រូបមិនទៀង របស់​ណាមិនទៀង របស់នោះជាទុក្ខ របស់ណាជាទុក្ខ របស់នោះ ជាអនត្តា របស់​ណា ជាអនត្តា របស់នោះ បណ្ឌិតត្រូវយល់​តាមសេចក្តីពិត ដោយ​ប្រាជ្ញាដ៏​ប្រពៃ យ៉ាងនេះថា នុ៎ះមិនមែនរបស់អញទេ នុ៎ះមិនមែន​ជាអញទេ នុ៎ះ​មិនមែន​ជាខ្លួន​អញ​ទេ។ វេទនាមិន​ទៀង របស់​ណាមិនទៀង របស់នោះ ជាទុក្ខ របស់ណាជាទុក្ខ របស់នោះ ជាអនត្តា របស់​ណាជាអនត្តា របស់នោះ បណ្ឌិតត្រូវយល់ ​តាមសេចក្តីពិត ដោយ​ប្រាជ្ញាដ៏​ប្រពៃ យ៉ាងនេះថា នុ៎ះមិនមែនរបស់អញទេ នុ៎ះមិនមែន​ជាអញទេ នុ៎ះ​មិនមែន​ជាខ្លួន​អញ​ទេ។ សញ្ញាមិនទៀង។បេ។ សង្ខារ​មិនទៀង។បេ។ វិញ្ញាណមិន​ទៀង របស់​ណាមិនទៀង របស់នោះជាទុក្ខ របស់ណាជាទុក្ខ របស់នោះ ជាអនត្តា របស់​ណាជាអនត្តា របស់នោះ បណ្ឌិតត្រូវយល់​តាមសេចក្តីពិត ដោយ​ប្រាជ្ញាដ៏​ប្រពៃ យ៉ាងនេះថា នុ៎ះមិនមែនរបស់​អញទេ នុ៎ះមិនមែន​ជាអញទេ នុ៎ះ​មិនមែន​ជាខ្លួន​អញ​ទេ។ កាលបើឃើញ​យ៉ាងនេះ។បេ។ ក៏ដឹងច្បាស់ថា មគ្គ​ភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។

[៤៣] ទៀបក្រុងសាវត្ថី។ ក្នុងទីនោះឯង។ ម្នាលភិក្ខុទាំងឡាយ រូបជាទុក្ខ របស់​ណាជាទុក្ខ របស់នោះ ជាអនត្តា របស់ណាជាអនត្តា របស់នោះ បណ្ឌិតត្រូវយល់​តាមសេចក្តីពិត ដោយ​ប្រាជ្ញាដ៏​ប្រពៃ យ៉ាងនេះថា នុ៎ះមិនមែនរបស់អញទេ នុ៎ះមិនមែន​ជាអញទេ នុ៎ះ​មិនមែន​ជាខ្លួន​អញ​ទេ។ វេទនាជាទុក្ខ។ សញ្ញា​ជាទុក្ខ។ សង្ខារ​ជាទុក្ខ។ វិញ្ញាណជាទុក្ខ របស់​ណាជាទុក្ខ របស់នោះ ជាអនត្តា របស់ណាជាអនត្តា របស់នោះ បណ្ឌិតត្រូវយល់ ​តាមសេចក្តីពិត ដោយ​ប្រាជ្ញាដ៏​ប្រពៃ យ៉ាងនេះថា នុ៎ះមិនមែនរបស់​អញទេ នុ៎ះមិនមែន​ជាអញទេ នុ៎ះ​មិនមែន​ជាខ្លួន​អញ​ទេ។ កាលបើឃើញ​យ៉ាងនេះ។បេ។ ក៏ដឹងច្បាស់ថា មគ្គ​ភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។

[៤៤] ទៀបក្រុងសាវត្ថី។ ក្នុងទីនោះឯង។ ម្នាលភិក្ខុទាំងឡាយ រូប​ជាអនត្តា (ឥត​ខ្លឹមសារ) រូបនោះ បណ្ឌិត ត្រូវយល់តាម​សេចក្តីពិត ដោយ​ប្រាជ្ញាដ៏ប្រពៃ​ យ៉ាង​នេះថា នុ៎ះ មិនមែន​របស់អញទេ នុ៎ះ​មិនមែន​ជាអញទេ នុ៎ះ​មិនមែន​ជាខ្លួនអញទេ​។បេ។ ម្នាល​ភិក្ខុទាំងឡាយ កាលបើឃើញ​យ៉ាងនេះ។បេ។ ក៏ដឹងច្បាស់ថា មគ្គភាវនា​កិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។

[៤៥] ទៀបក្រុងសាវត្ថី។ ក្នុងទីនោះឯង។ ម្នាលភិក្ខុទាំងឡាយ រូបមិនទៀង ហេតុណាក្តី បច្ច័យណាក្តី ដែលនាំរូបឲ្យកើតឡើង ហេតុប្បច្ច័យនោះ ក៏​មិនទៀង​ដែរ។ ម្នាលភិក្ខុទាំង​ឡាយ រូបដែលកើតអំពី​ហេតុប្បច្ច័យ មិនទៀង​ទៅហើយ តើនឹង​បានទៀង​ទាត់មក​ពីណា។ វេទនាមិនទៀង ហេតុណាក្តី បច្ច័យណាក្តី ដែលនាំឲ្យ​វេទនាកើតឡើង ហេតុប្បច្ច័យនោះ ក៏​មិនទៀង​ដែរ។ ម្នាលភិក្ខុទាំងឡាយ វេទនា ដែលកើតអំពី​ហេតុប្បច្ច័យ មិនទៀង​ទៅហើយ តើនឹង​បានទៀង​ទាត់​មកពីណា។ សញ្ញាមិនទៀង។ សង្ខារ​មិនទៀង ហេតុណាក្តី បច្ច័យណាក្តី ដែលនាំឲ្យ​សង្ខារ​កើតឡើង ហេតុប្បច្ច័យ​នោះ ក៏​មិនទៀង​ដែរ។ ម្នាលភិក្ខុទាំងឡាយ សង្ខារ ដែលកើតអំពី​​ហេតុប្បច្ច័យ មិនទៀង​ហើយ តើនឹង​បានទៀងទាត់មកពីណា។ វិញ្ញាណ​មិនទៀង ហេតុណាក្តី បច្ច័យណាក្តី ដែលនាំឲ្យវិញ្ញាណកើតឡើង ហេតុប្បច្ច័យនោះ ក៏​មិនទៀង​ដែរ។ ម្នាលភិក្ខុទាំងឡាយ វិញ្ញាណកើតអំពី​ហេតុប្បច្ច័យ មិនទៀង​ទៅហើយ តើនឹង​បានទៀងទាត់មកពីណា។ កាលបើឃើញ​យ៉ាងនេះ។បេ។ ក៏ដឹងច្បាស់ថា មគ្គភាវនា​កិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បី​សោឡសកិច្ច​នេះ​ទៀត មិនមានឡើយ។

[៤៦] ទៀបក្រុងសាវត្ថី។ ក្នុងទីនោះឯង។ ម្នាលភិក្ខុទាំងឡាយ រូបជាទុក្ខ ហេតុណាក្តី បច្ច័យណាក្តី ដែលនាំឲ្យរូបកើតឡើង ហេតុប្បច្ច័យនោះ ក៏​ជាទុក្ខ​ដែរ។ ម្នាលភិក្ខុទាំង​ឡាយ រូបដែលកើតអំពី​ហេតុប្បច្ច័យ ជាទុក្ខ តើនឹង​បានសុខ​មកពីណា។ វេទនាជាទុក្ខ។ សញ្ញាជាទុក្ខ។ សង្ខារជាទុក្ខ។ វិញ្ញាណជាទុក្ខ ហេតុណាក្តី បច្ច័យណាក្តី ដែលនាំ​ឲ្យវិញ្ញាណកើតឡើង ហេតុប្បច្ច័យនោះ ក៏​ជាទុក្ខ​ដែរ។ ម្នាលភិក្ខុទាំងឡាយ វិញ្ញាណ ដែលកើតអំពី​ហេតុប្បច្ច័យ ជាទុក្ខ តើនឹង​បានសុខ​មកពីណា។ កាលបើឃើញ​យ៉ាង​នេះ។បេ។ រមែងដឹងច្បាស់ថា មគ្គភាវនា​កិច្ចដទៃ ដែលប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ច​នេះ​ទៀត មិនមានឡើយ។

[៤៧] ទៀបក្រុងសាវត្ថី។ ក្នុងទីនោះឯង។ ម្នាលភិក្ខុទាំងឡាយ រូបជាអនត្តា ហេតុណាក្តី បច្ច័យណាក្តី ដែលនាំឲ្យរូបកើតឡើង ហេតុប្បច្ច័យនោះ ក៏​ជាអនត្តាដែរ។ ម្នាលភិក្ខុទាំង​ឡាយ រូបដែលកើតអំពី​ហេតុប្បច្ច័យ ជាអនត្តា តើនឹង​បានជាអត្តា (មានខ្លឹមសារ) មកពីណា។ វេទនាជាអនត្តា។ សញ្ញា​ជាអនត្តា។ សង្ខារ​ ជាអនត្តា។ វិញ្ញាណជាអនត្តា ហេតុណាក្តី បច្ច័យណាក្តី ដែលនាំឲ្យ​វិញ្ញាណ​កើតឡើង ហេតុប្បច្ច័យនោះ ក៏ជាអនត្តា​ដែរ។ ម្នាលភិក្ខុទាំងឡាយ វិញ្ញាណ ដែលកើតអំពី​ហេតុប្បច្ច័យ ជាអនត្តា តើនឹង​បានជាអត្តាមកពីណា។ កាលបើឃើញ​យ៉ាងនេះ។បេ។ ដឹងច្បាស់ថា មគ្គភាវនា​កិច្ចដទៃ ដែលប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ច​នេះ​ទៀត មិនមានឡើយ។

[៤៨] ទៀបក្រុងសាវត្ថី។ ក្នុងវត្ត។ គ្រានោះឯង ព្រះអានន្ទមានអាយុ បានចូលទៅ​គាល់​ព្រះមានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំ​ព្រះមានព្រះភាគ ហើយអង្គុយក្នុងទី​ដ៏​សម​គួរ។ លុះព្រះអានន្ទមានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ ទើបក្រាបបង្គំទូល​ព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ពាក្យដែលហៅថា សេចក្តីរលត់ៗ បពិត្រព្រះអង្គដ៏ចំរើន តើ​សេចក្តីរលត់ធម៌ណា បានជាហៅថា រលត់។ ម្នាលអានន្ទ រូបមិនទៀង ជារបស់ដែល​បច្ច័យតាក់តែងហើយ ដែលកើតឡើង ព្រោះអាស្រ័យ​ហេតុប្បច្ច័យ មានកិរិយា​អស់ទៅ សូន្យទៅ ប្រាសទៅ រលត់ទៅ ជាធម្មតា សេចក្តី​រលត់នៃរូបនោះ ហៅថា រលត់។ វេទនា មិនទៀង ជាធម្មជាតិដែល​បច្ច័យ​តាក់តែង​ហើយ ដែលកើតឡើង ព្រោះអាស្រ័យ​ហេតុប្បច្ច័យ មានកិរិយា​អស់ទៅ សូន្យទៅ ប្រាសទៅ រលត់ទៅ ជាធម្មតា សេចក្តីរលត់ នៃវេទនានោះ ហៅថា រលត់។ សញ្ញា មិនទៀង។ សង្ខារ​មិនទៀង ជាសភាវៈ ដែលបច្ច័យតាក់តែងហើយ ដែលកើតឡើង ព្រោះអាស្រ័យ​ហេតុប្បច្ច័យ មានកិរិយា​អស់ទៅ សូន្យទៅ ប្រាសទៅ រលត់ទៅ ជា​ធម្មតា សេចក្តីរលត់ នៃសង្ខារទាំងនោះ ហៅថា រលត់។ វិញ្ញាណ មិនទៀង ជាធម្មជាត ដែលបច្ច័យតាក់តែងហើយ ដែលកើតឡើង ព្រោះអាស្រ័យ​ហេតុប្បច្ច័យ មានកិរិយា​អស់ទៅ សូន្យទៅ ប្រាសទៅ រលត់ទៅ ជាធម្មតា សេចក្តីរលត់នៃវិញ្ញាណនោះ ហៅថា រលត់។ ម្នាលអានន្ទ សេចក្តីរលត់​នៃធម៌ទាំងនេះឯង ហៅថា រលត់។

ចប់ អនិច្ចវគ្គ ទី២។

ឧទ្ទាន ក្នុង​អនិច្ចវគ្គ នោះគឺ

ខន្ធមិនទៀង១ ជាទុក្ខ១ ជាអនត្តា១ និងខន្ធមិនទៀង ដទៃទៀត៣ និងខន្ធ៣ ទ្រង់ត្រាស់ដោយ​ហេតុផង ជាគំរប់១០ នឹងរឿង​ព្រះអានន្ទ។

ភារវគ្គ

[៤៩] ក្នុងក្រុងសាវត្ថី។ ក្នុងទីនោះឯង។ ម្នាលភិក្ខុទាំងឡាយ តថាគតនឹង​សំដែងនូវ​ភារៈ [ប្រែថា ធ្ងន់ គឺលំបាកនឹងរក្សា មាន ឲ្យដើរ អង្គុយ ដេក ផ្ងូត ប្រដាប់ ស៊ី ផឹក ជាដើម (អដ្ឋកថា)។] ផង នូវ​អ្នកដែលនាំភារៈផង នូវការប្រកាន់មាំ នូវភារៈផង នូវ​ការដាក់ចុះ នូវភារៈផង ដល់អ្នកទាំងឡាយ អ្នកទាំងឡាយ ចូរស្តាប់ នូវធម៌នោះចុះ។បេ។ ទើប​មានព្រះបន្ទូលសួរ ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ ចុះដូចម្តេច ឈ្មោះថា ភារៈ។ គប្បីឆ្លើយថា ឧបាទានក្ខន្ធ ទាំង៥។ ចុះ​ឧបាទានក្ខន្ធ​ទាំង៥ តើដូចម្តេចខ្លះ។ គឺ​រូបូបាទានក្ខន្ធ១ វេទនូបាទានក្ខន្ធ១ សញ្ញូបាទានក្ខន្ធ១ សង្ខារូបាទានក្ខន្ធ១ វិញ្ញាណូបាទានក្ខន្ធ១។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ភារៈ។

[៥០] ម្នាលភិក្ខុទាំងឡាយ ចុះដូចម្តេច ឈ្មោះថា អ្នកនាំនូវភារៈ។ គប្បីឆ្លើយ​ថា បុគ្គល។ គឺអ្នកមានអាយុនោះ មានឈ្មោះយ៉ាងនេះ មានគោត្រយ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ នេះឈ្មោះថា អ្នកនាំនូវភារៈ។

[៥១] ម្នាលភិក្ខុទាំងឡាយ ចុះដូចម្តេច ឈ្មោះថា ការប្រកាន់មាំ នូវភារៈ។ តណ្ហា ដែលនាំឲ្យកើតក្នុងភពថ្មី ប្រកបដោយ​តម្រេក ដោយអំណាច នៃ​សេចក្តី​ត្រេក​ត្រអាល មានកិរិយារីករាយ ក្នុងអារម្មណ៍​នោះៗ ជាប្រក្រតី។ តណ្ហានោះ ដូចម្តេចខ្លះ។ គឺ​កាមតណ្ហា១ ភវតណ្ហា១ វិភវតណ្ហា១។ ម្នាលភិក្ខុទាំងឡាយ នេះហៅ​ថា ការប្រកាន់​មាំនូវភារៈ។

[៥២] ម្នាលភិក្ខុទាំងឡាយ ចុះដូចម្តេច ឈ្មោះថា ការដាក់ចុះ​នូវភារៈ។ សេចក្តី​វិនាស​ និងសេចក្តីរលត់ មិនមាន​សេសសល់ កិរិយាលះបង់ កិរិយា​រលាស់ចោល កិរិយា​រួចស្រឡះ ការមិនមានអាល័យ ក្នុងតណ្ហានោះ ឯណា ម្នាលភិក្ខុទាំងឡាយ នេះ ហៅថា ការដាក់ចុះនូវភារៈ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់នូវ​ព្រះពុទ្ធដីកានេះ​ហើយ លុះ​ព្រះសុគត ត្រាស់​នូវព្រះពុទ្ធដីកានេះរួចហើយ បន្ទាប់​ពីនោះ​មក ព្រះសាស្តា ទ្រង់​ត្រាស់​នូវព្រះគាថានេះថា

[៥៣] បញ្ចក្ខន្ធ ជារបស់ធ្ងន់ដោយពិត បុគ្គល​អ្នកនាំនូវ​ភារៈ គឺបញ្ចក្ខន្ធក្តី ការ​ប្រកាន់​មាំនូវភារៈ គឺ​បញ្ចក្ខន្ធក្តី តែងនាំមកនូវទុក្ខក្នុងលោក ការដាក់ចុះ​នូវ​ភារៈ ជា​ហេតុ​នាំមកនូវសុខ លុះតែបុគ្គល​ដាក់ចុះនូវភារៈ ដ៏ធ្ងន់ គឺបញ្ចក្ខន្ធចេញ មិនកួច​កាន់​នូវភារៈដទៃទៀត បានដកឡើងនូវតណ្ហា ព្រមទាំងឫស ទើប​ជាអ្នក​មិនមាន​សេចក្តី​ប្រាថ្នា ហើយបរិនិព្វាន។

[៥៤] ក្នុងក្រុងសាវត្ថី។ ក្នុងទីនោះឯង។ ម្នាលភិក្ខុទាំងឡាយ តថាគតនឹង​សំដែង នូវធម៌ដែល​ត្រូវកំណត់ដឹងផង នូវកិរិយា​កំណត់​ដឹងផង អ្នកទាំងឡាយ ចូរ​ស្តាប់​នូវធម៌នោះចុះ។ ម្នាលភិក្ខុទាំងឡាយ ចុះដូចម្តេចហៅថា ធម៌ ដែល​ត្រូវកំណត់​ដឹង។ ម្នាលភិក្ខុទាំងឡាយ រូប ជាធម៌ ដែលត្រូវកំណត់ដឹង វេទនា ជាធម៌ដែលត្រូវកំណត់ដឹង សញ្ញា ជាធម៌ដែលត្រូវកំណត់ដឹង សង្ខារជាធម៌ ដែលត្រូវកំណត់ដឹង វិញ្ញាណ ជាធម៌ដែលត្រូវកំណត់ដឹង។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ធម៌ដែលត្រូវកំណត់ដឹង។

[៥៥] ម្នាលភិក្ខុទាំងឡាយ ចុះដូចម្តេច ហៅថា ការកំណត់ដឹង។ ម្នាលភិក្ខុទាំងឡាយ កិរិយាអស់រាគៈ កិរិយាអស់ទោសៈ កិរិយាអស់​មោហៈណា ម្នាលភិក្ខុទាំងឡាយ នេះហៅថា ការកំណត់ដឹង។

[៥៦] ក្នុងក្រុងសាវត្ថី។ ក្នុងទីនោះឯង។ ម្នាលភិក្ខុទាំងឡាយ បុគ្គល​កាលមិន​ដឹងច្បាស់ មិនកំណត់ដឹង មិននឿយណាយ មិនលះបង់នូវរូប មិនគួរ​ដើម្បី​អស់ទុក្ខ​បានទេ បុគ្គល​ កាលមិនដឹងច្បាស់ មិនកំណត់ដឹង មិននឿយណាយ មិនលះបង់​នូវ​វេទនា មិនគួរ​ដើម្បី​អស់ទុក្ខ​បានទេ បុគ្គល​ កាលមិនដឹងច្បាស់។បេ។ នូវសញ្ញា បុគ្គល​កាលមិនដឹងច្បាស់ មិនកំណត់ដឹង មិននឿយណាយ មិនលះបង់ ​នូវ​សង្ខារ មិនគួរ​ដើម្បី​អស់ទុក្ខ​បានទេ បុគ្គល ​កាលមិនដឹងច្បាស់ មិនកំណត់ដឹង មិននឿយណាយ មិនលះបង់ ​នូវវិញ្ញាណ មិនគួរ​ដើម្បី​អស់ទុក្ខ​បានទេ។

[៥៧] ម្នាលភិក្ខុទាំងឡាយ លុះតែបុគ្គលដឹងច្បាស់ កំណត់ដឹង នឿយណាយ លះបង់ នូវរូប ទើបគួរដើម្បីអស់ទុក្ខបាន។ បុគ្គល​ កាលដឹងច្បាស់នូវវេទនា។ នូវសញ្ញា។ នូវសង្ខារ។ លុះតែបុគ្គល​ដឹងច្បាស់ កំណត់ដឹង នឿយណាយ លះបង់​នូវ​វិញ្ញាណ ទើបគួរដើម្បីអស់ទុក្ខបាន។

[៥៨] ក្នុងក្រុងសាវត្ថី។ ក្នុងទីនោះឯង។ ម្នាលភិក្ខុទាំងឡាយ ឆន្ទរាគណា មាន​ក្នុងរូប អ្នកទាំងឡាយ ចូរលះបង់ ​នូវឆន្ទរាគនោះចេញ កាលបើយ៉ាងនេះ រូប​នោះឯង នឹង​ឈ្មោះថា អ្នកទាំងឡាយ បានលះបង់ រំលើងឫសគល់ ធ្វើ​មិនឲ្យ​មានទីកើត ដូច​ជាត្នោតកំបុតក ធ្វើឲ្យតាំងនៅមិនបាន មិនឲ្យកើតឡើងតទៅទៀត ជាធម្មតា។ ឆន្ទរាគ​ណា មានក្នុងវេទនា អ្នកទាំងឡាយ ចូរលះបង់​នូវ​ឆន្ទរាគនោះ​ចេញ កាលបើ​យ៉ាងនេះ វេទនានោះឯង នឹងឈ្មោះថា អ្នកទាំងឡាយ បានលះបង់ រំលើងឫសគល់ ធ្វើ​មិនឲ្យមានទីកើត ដូចជាត្នោតកំបុតក ធ្វើឲ្យតាំង​នៅមិនបាន មិនឲ្យ​កើតឡើង តទៅ​ទៀត ជាធម្មតា។ ឆន្ទរាគណា មានក្នុងសញ្ញា អ្នកទាំងឡាយ ចូរលះបង់ ​នូវឆន្ទរាគនោះ​ចេញ កាលបើយ៉ាងនេះ សញ្ញានោះឯង នឹងឈ្មោះថា អ្នកទាំងឡាយ បាន​លះបង់ រំលើងឫសគល់ ធ្វើមិនឲ្យមានទីកើត ដូចជាត្នោតកំបុតក ធ្វើឲ្យតាំង​នៅ​មិនបាន មិនឲ្យ​កើតឡើង តទៅ​ទៀត ជាធម្មតា។ ឆន្ទរាគណា មានក្នុងសង្ខារ អ្នក​ទាំង​ឡាយ ចូរលះបង់ ​នូវឆន្ទរាគនោះ​ចេញ កាលបើយ៉ាងនេះ សង្ខារទាំងនោះឯង នឹងឈ្មោះថា អ្នកទាំងឡាយ បាន​លះបង់ រំលើងឫសគល់ ធ្វើមិនឲ្យ​មាន​ទីកើត ​ដូចជាត្នោតកំបុតក ធ្វើឲ្យតាំង​នៅមិនបាន មិនឲ្យ​កើតឡើង តទៅ​ទៀត ជាធម្មតា។ ឆន្ទរាគណា មានក្នុងវិញ្ញាណ អ្នកទាំងឡាយ ចូរលះបង់​នូវឆន្ទរាគនោះ​ចេញ កាលបើយ៉ាងនេះ វិញ្ញាណនោះឯង នឹងឈ្មោះថា អ្នកទាំងឡាយ បាន​លះបង់ រំលើងឫសគល់ ធ្វើមិនឲ្យមានទីកើត ដូចជាត្នោតកំបុតក ធ្វើឲ្យតាំង​នៅមិនបាន មិនឲ្យ​កើតឡើងតទៅ​ទៀត ជាធម្មតា។

[៥៩] ក្នុងក្រុងសាវត្ថី។ ក្នុងទីនោះឯង។ ម្នាលភិក្ខុទាំងឡាយ កាលតថាគត​នៅ​ជាពោធិសត្វ មិនទាន់ត្រាស់ដឹង មុនអំពីសម្ពោធិញ្ញាណនៅឡើយ មានសេចក្តី​ត្រិះរិះ​ដូច្នេះថា អ្វីហ្ន៎ ជាអានិសង្ស អ្វីជាទោស អ្វីជាការរលាស់ចេញនៃរូប។ អ្វីជាអានិសង្ស អ្វីជាទោស អ្វីជាការរលាស់ចេញ នៃវេទនា។ អ្វីជាអានិសង្ស អ្វីជាទោស អ្វីជាការរលាស់ចេញ នៃសញ្ញា។ អ្វីជាអានិសង្ស អ្វីជាទោស អ្វីជាការរលាស់ចេញ នៃ​សង្ខារ។ អ្វីជាអានិសង្ស អ្វីជាទោស អ្វីជាការរលាស់ចេញ នៃវិញ្ញាណ។ ម្នាលភិក្ខុ​ទាំងឡាយ តថាគត មានសេចក្តីត្រិះរិះ ដូច្នេះថា សេចក្តីសុខ សោមនស្ស​ណា កើតឡើងព្រោះអាស្រ័យរូប នេះជាអានិសង្ស ​របស់រូប រូបណា មិនទៀង ជាទុក្ខ មានកិរិយាប្រែប្រួលជាធម្មតា នេះជាទោស​របស់រូប ការបន្ទោបង់ ​នូវឆន្ទរាគ ការលះបង់ ​នូវឆន្ទរាគណា ក្នុងរូប នេះជាការរលាស់ចេញ នូវរូប។ សេចក្តីសុខ សោមនស្ស​ណា កើតឡើងព្រោះអាស្រ័យវេទនា នេះជាអានិសង្ស ​របស់វេទនា វេទនាណា មិនទៀង ជាទុក្ខ មានកិរិយាប្រែប្រួលជាធម្មតា នេះជាទោស​របស់វេទនា ការបន្ទោបង់​ នូវឆន្ទរាគ ការលះបង់​ នូវឆន្ទរាគណា ក្នុងវេទនា នេះជាការរលាស់​ចេញ នូវវេទនា។ សេចក្តីសុខ សោមនស្ស​ណា កើតឡើងព្រោះអាស្រ័យសញ្ញា។ សេចក្តីសុខ សោមនស្សណា កើតឡើង​ព្រោះអាស្រ័យសង្ខារ នេះជាអានិសង្ស​របស់សង្ខារ សង្ខារណា មិនទៀង ជាទុក្ខ មានកិរិយាប្រែប្រួលជាធម្មតា នេះជាទោស​របស់សង្ខារ ការបន្ទោបង់​ នូវឆន្ទរាគ ការលះបង់ ​នូវឆន្ទរាគណា ក្នុងសង្ខារ នេះជាការរលាស់ចេញ នូវសង្ខារ។ សេចក្តីសុខ សោមនស្ស​ណា កើតឡើង​ព្រោះអាស្រ័យវិញ្ញាណ នេះជា​អានិសង្ស​ របស់វិញ្ញាណ វិញ្ញាណណា មិនទៀង ជាទុក្ខ មានកិរិយាប្រែប្រួលជាធម្មតា នេះជាទោស​ របស់វិញ្ញាណ ការបន្ទោបង់​នូវឆន្ទរាគ ការលះបង់​ នូវឆន្ទរាគណា ក្នុងវិញ្ញាណ នេះជាការរលាស់ចេញ នូវវិញ្ញាណ។

[៦០] ម្នាលភិក្ខុទាំងឡាយ តថាគត មិនទាន់ដឹងច្បាស់​តាមពិត នូវ​អានិសង្ស​ ថាជាអានិសង្សផង នូវ​ទោស ថាជាទោសផង នូវការរលាស់ចេញ ថាជាការ​រលាស់​ចេញផង របស់ឧបាទានក្ខន្ធ ទាំង៥នេះ អស់កាលត្រឹមណា ម្នាលភិក្ខុទាំងឡាយ តថាគត ក៏មិនទាន់ប្តេជ្ញាខ្លួន ថាជាអ្នកត្រាស់ដឹង​ នូវសម្មាសម្ពោធិញ្ញាណ ជាគុណ​ជាតដ៏ប្រសើរ ក្នុងលោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ក្នុងពពួក​សត្វ ព្រមទាំង​សមណព្រាហ្មណ៍ ព្រមទាំងមនុស្សជាសម្មតិទេព និងមនុស្សដ៏សេស អស់​កាលត្រឹមនោះដែរ។ ម្នាលភិក្ខុទាំងឡាយ លុះតថាគត បានដឹងច្បាស់តាមពិត នូវ​អានិសង្ស ថាជាអានិសង្សផង នូវ​ទោស ថាជាទោសផង នូវការរលាស់ចេញ ថាជាការ​រលាស់​ចេញផង របស់ឧបាទានក្ខន្ធ ទាំង៥នេះ ក្នុងកាលណា ម្នាលភិក្ខុទាំងឡាយ តថាគត ទើបប្តេជ្ញាខ្លួន ថាជាអ្នកត្រាស់ដឹង​ នូវសម្មា​សម្ពោធិញ្ញាណ ជាគុណ​ជាត ដ៏ប្រសើរក្នុងលោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ក្នុងពពួក​សត្វ ព្រមទាំង​សមណព្រាហ្មណ៍ ព្រមទាំងមនុស្ស​ជា​សម្មតិទេព និងមនុស្សដ៏សេស ក្នុង​កាលនោះឯង។ ការដឹងច្បាស់ ឃើញច្បាស់ ក៏​កើតឡើងហើយ ដល់តថាគត ដូច្នេះថា សេចក្តីរួចស្រឡះ (ចាក​អាសវៈ) របស់​តថាគត មិនកម្រើកបានឡើយ ជាតិនេះ ជាទីបំផុតត្រឹមនេះហើយ ឥឡូវនេះ ភពថ្មី គឺ​ការត្រឡប់កើតតទៅទៀត មិនមានឡើយ។

[៦១] ក្នុងក្រុងសាវត្ថី។ ក្នុងទីនោះឯង។ ម្នាលភិក្ខុទាំងឡាយ តថាគត បាន​ប្រព្រឹត្តស្វះស្វែងរក នូវអានិសង្សរបស់រូប អានិសង្សរបស់រូបណា តថាគត ក៏បាន​ជួប​ប្រទះ នូវអានិសង្សនោះហើយ អានិសង្សរបស់រូប ទាំងប៉ុន្មាន អានិសង្សនោះ តថាគត បានឃើញច្បាស់ ដោយបញ្ញាហើយ។ ម្នាលភិក្ខុទាំងឡាយ តថាគត បាន​ប្រព្រឹត្តស្វះស្វែងរក នូវទោសរបស់រូប ទោសរបស់រូបណា តថាគត ក៏បាន​ជួប​ប្រទះ នូវទោសនោះហើយ ទោសរបស់រូប ទាំងប៉ុន្មាន ទោសនោះ តថាគត បានឃើញច្បាស់ ដោយបញ្ញាហើយ។ ម្នាលភិក្ខុទាំងឡាយ តថាគត បាន​ប្រព្រឹត្ត​ស្វះស្វែងរក ការរលាស់ចេញនូវរូប ការរលាស់ចេញនូវរូបណា តថាគត ក៏បាន​ជួប​ប្រទះ នូវការរលាស់ចេញ នូវរូបនោះហើយ ការរលាស់ចេញនូវរូប ទាំងប៉ុន្មាន ការរលាស់ចេញ នូវរូបនោះ តថាគត បានឃើញច្បាស់ ដោយបញ្ញាហើយ។ ម្នាលភិក្ខុទាំងឡាយ តថាគត (បានប្រព្រឹត្តស្វះស្វែងរកអានិសង្ស) របស់​វេទនា។ ម្នាលភិក្ខុទាំងឡាយ តថាគត (បានប្រព្រឹត្តស្វះស្វែងរកអានិសង្ស) របស់សញ្ញា។ ម្នាលភិក្ខុទាំងឡាយ  តថាគត (បានប្រព្រឹត្តស្វះស្វែងរកអានិសង្ស)។ របស់​សង្ខារ។ ម្នាលភិក្ខុទាំងឡាយ តថាគត បានប្រព្រឹត្តស្វះស្វែង​រកអានិសង្ស របស់វិញ្ញាណ  អានិសង្សរបស់វិញ្ញាណណា តថាគត ក៏បានជួបប្រទះ នូវ​អានិសង្ស​របស់​វិញ្ញាណ​នោះហើយ អានិសង្ស ​របស់វិញ្ញាណ ទាំងប៉ុន្មាន អានិសង្ស​របស់វិញ្ញាណ​នោះ តថាគត បានឃើញច្បាស់ ដោយបញ្ញាហើយ។ ម្នាលភិក្ខុទាំងឡាយ តថាគត បានប្រព្រឹត្តស្វះស្វែងរកទោស របស់វិញ្ញាណ ទោស​របស់វិញ្ញាណណា តថាគត ក៏​បានជួបប្រទះ នូវទោស​របស់វិញ្ញាណនោះហើយ ទោសរបស់​វិញ្ញាណ​ទាំង​ប៉ុន្មាន ទោសរបស់​វិញ្ញាណនោះ តថាគត បានឃើញច្បាស់ ដោយបញ្ញាហើយ។ ម្នាលភិក្ខុ​ទាំងឡាយ តថាគត បានប្រព្រឹត្តស្វះស្វែង រក​ការរលាស់ចេញ នូវ​វិញ្ញាណ ការរលាស់ចេញ នូវ​វិញ្ញាណណា តថាគត ក៏បានជួបប្រទះ នូវការរលាស់ចេញ នូវ​វិញ្ញាណ​នោះហើយ ការរលាស់ចេញ នូវវិញ្ញាណ ទាំងប៉ុន្មាន ការរលាស់ចេញ នូវ​វិញ្ញាណនោះ តថាគត បានឃើញច្បាស់ ដោយបញ្ញាហើយ។ ម្នាលភិក្ខុទាំងឡាយ តថាគត មិនទាន់ដឹងច្បាស់តាមពិត នូវអានិសង្ស ថាជាអានិសង្សផង នូវទោស ថាជាទោសផង នូវការរលាស់ចេញ ថាជាការរលាស់ចេញផង របស់​ឧបាទានក្ខន្ធ​ ទាំង៥នេះ អស់កាលត្រឹមណា។បេ។ ក៏មិនបានប្តេជ្ញាខ្លួន។ ឯការដឹងច្បាស់ ឃើញច្បាស់ ក៏កើតឡើងហើយ ដល់តថាគត ដូច្នេះថា សេចក្តីរួចស្រឡះ (ចាក​អាសវៈ) របស់​តថាគត មិនកម្រើក​ទៀតឡើយ ជាតិនេះ ជាទីបំផុតត្រឹមនេះ​ហើយ ឥឡូវនេះ ភពថ្មី គឺការត្រឡប់កើតទៀត មិនមានឡើយ។

[៦២] ក្នុងក្រុងសាវត្ថី។ ក្នុងទីនោះឯង។ ម្នាលភិក្ខុទាំងឡាយ បើអានិសង្សរបស់​រូប មិនមានទេ សត្វទាំងឡាយ ក៏មិនត្រេកអរក្នុងរូបឡើយ។ ម្នាលភិក្ខុទាំងឡាយ អានិសង្សរបស់រូប មាន បានជាសត្វទាំងឡាយ ត្រេកអរក្នុងរូប។ ម្នាលភិក្ខុទាំងឡាយ បើ​ទោសរបស់រូប មិនមានទេ សត្វទាំងឡាយនេះ ក៏មិននឿយណាយ ក្នុងរូប​ឡើយ។ ម្នាលភិក្ខុទាំងឡាយ ទោសរបស់រូប មាន បានជាសត្វទាំងឡាយ តែងនឿយណាយ ក្នុងរូប។ ម្នាលភិក្ខុទាំងឡាយ បើការរលាស់ចេញ នូវរូប មិនមានទេ សត្វទាំងឡាយ ក៏​មិនរលាស់ចេញចាករូបឡើយ។ ម្នាលភិក្ខុទាំងឡាយ ការរលាស់ចេញនូវរូប មាន បាន​ជាសត្វទាំងឡាយ តែងរលាស់ចេញចាករូប។ ម្នាលភិក្ខុទាំងឡាយ បើ​អានិសង្ស​របស់វេទនា មិនមានទេ។បេ។ ម្នាលភិក្ខុទាំងឡាយ បើ (អានិសង្ស) របស់សញ្ញា មិន​មានទេ។ ម្នាលភិក្ខុទាំងឡាយ បើអានិសង្សរបស់សង្ខារ មិនមានទេ សត្វ​ទាំងឡាយ ក៏​មិនត្រេកអរ ក្នុងសង្ខារឡើយ។ ម្នាលភិក្ខុទាំងឡាយ អានិសង្សរបស់សង្ខារ​មាន បាន​ជាសត្វទាំងឡាយ ត្រេកអរ ក្នុងសង្ខារ។ ម្នាលភិក្ខុទាំងឡាយ បើទោសរបស់សង្ខារ​មិនមានទេ សត្វទាំងឡាយ ក៏មិននឿយណាយ ក្នុងសង្ខារឡើយ។ ម្នាលភិក្ខុទាំងឡាយ ទោសរបស់សង្ខារ មាន បានជាសត្វទាំងឡាយ តែងនឿយ​ណាយក្នុងសង្ខារ។ ម្នាលភិក្ខុទាំងឡាយ បើការរលាស់ចេញ នូវសង្ខារនេះ មិនមានទេ សត្វទាំងឡាយនេះ ក៏​មិនរលាស់ចេញ ចាកសង្ខារឡើយ។ ម្នាលភិក្ខុទាំងឡាយ ការ​រលាស់ចេញ នូវសង្ខារ មាន បានជាសត្វទាំងឡាយ តែង​រលាស់ចេញចាកសង្ខារ។ ម្នាលភិក្ខុទាំងឡាយ បើអានិសង្សរបស់វិញ្ញាណ​នេះ​មិនមានទេ សត្វទាំងឡាយ ក៏​មិន​ត្រេកអរ ក្នុងវិញ្ញាណឡើយ។ ម្នាលភិក្ខុទាំងឡាយ អានិសង្សរបស់វិញ្ញាណ មាន បាន​ជាសត្វទាំងឡាយ ត្រេកអរក្នុងវិញ្ញាណ។ ម្នាលភិក្ខុទាំងឡាយ បើទោសរបស់​វិញ្ញាណ ​មិនមានទេ សត្វទាំងឡាយក៏​មិននឿយណាយ ក្នុងវិញ្ញាណឡើយ។ ម្នាលភិក្ខុទាំងឡាយ ទោសរបស់វិញ្ញាណ មាន បានជាសត្វទាំងឡាយ តែង​នឿយ​ណាយ ​ក្នុងវិញ្ញាណ។ ម្នាលភិក្ខុទាំងឡាយ បើការរលាស់ចេញ នូវ​វិញ្ញាណ មិនមាន​ទេ សត្វទាំងឡាយ ក៏​មិនរលាស់ចេញ ចាកវិញ្ញាណឡើយ។ ម្នាលភិក្ខុទាំងឡាយ ការរលាស់ចេញ នូវវិញ្ញាណ មាន បានជាសត្វ​ទាំងឡាយ តែងរលាស់ចេញចាកវិញ្ញាណ។

[៦៣] ម្នាលភិក្ខុទាំងឡាយ សត្វទាំងឡាយ មិនបានដឹងច្បាស់តាមពិត នូវ​អានិសង្ស​ ថាជាអានិសង្សផង នូវទោសថា ជាទោសផង នូវ​ការរលាស់​ចេញថា ជា​ការរលាស់ចេញផង របស់​ឧបាទានក្ខន្ធ ទាំង៥នេះ អស់កាលត្រឹមណា ម្នាលភិក្ខុ​ទាំងឡាយ សត្វទាំងឡាយក្នុងលោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ក្នុងពពួកសត្វ ព្រមទាំងសមណព្រាហ្មណ៍ ព្រមទាំង​មនុស្ស ជាសម្មតិទេព និង​មនុស្សដ៏សេស រមែង​មិនរលាស់ចេញ មិនបានប្រាសចេញ មិនបានរួចស្រឡះ មានចិត្តមិនបានធ្វើឲ្យ​ប្រាសចាកដែន គឺកិលេស និងវដ្តៈ អស់​កាលត្រឹមណោះដែរ។ ម្នាលភិក្ខុទាំងឡាយ លុះតែសត្វទាំងឡាយ ដឹងច្បាស់តាមពិត នូវអានិសង្ស ថាជា​អានិសង្សផង នូវទោស​ ថាជាទោសផង នូវការរលាស់​ចេញថា ជា​ការរលាស់ចេញផង របស់​ឧបាទានក្ខន្ធ ទាំង៥នេះ ក្នុងកាលណា ម្នាលភិក្ខុ​ទាំងឡាយ សត្វ​ទាំងឡាយ ក្នុងលោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ក្នុងពពួក​សត្វ ព្រមទាំងសមណព្រាហ្មណ៍ ព្រមទាំងមនុស្ស​ ជាសម្មតិទេព និង​មនុស្ស​ដ៏សេស ទើប​បានរលាស់ចេញ ប្រាសចេញ រួចស្រឡះ មានចិត្ត​ធ្វើឲ្យ​ប្រាសចាកដែន គឺកិលេស និង​វដ្តៈ ក្នុងកាលនោះ។

[៦៤] ក្នុងក្រុងសាវត្ថី។ ក្នុងទីនោះឯង។ ម្នាលភិក្ខុទាំងឡាយ បុគ្គលណា ត្រេកអរ​នឹងរូប បុគ្គលនោះ ឈ្មោះថា ត្រេកអរនឹងទុក្ខ បុគ្គលណា ត្រេកអរនឹង​ទុក្ខ តថាគតហៅថា បុគ្គលនោះ មិនរួចស្រឡះ ចាកវដ្តទុក្ខបានឡើយ។ បុគ្គលណា ត្រេកអរ​នឹងវេទនា។ បុគ្គលណា ត្រេកអរនឹងសញ្ញា។ បុគ្គលណា ត្រេកអរនឹង​សង្ខារ​ទាំងឡាយ។ បុគ្គលណា ត្រេកអរនឹងវិញ្ញាណ បុគ្គលនោះ ឈ្មោះថា ត្រេកអរ​នឹង​ទុក្ខ បុគ្គលណា ត្រេកអរនឹងទុក្ខ តថាគតហៅថា បុគ្គលនោះ មិនរួច​ស្រឡះ​ចាក​វដ្តទុក្ខ​បាន​ឡើយ។

[៦៥] ម្នាលភិក្ខុទាំងឡាយ បុគ្គល​ណា មិនត្រេកអរនឹងរូប បុគ្គលនោះ ឈ្មោះ​ថា មិនត្រេកអរនឹងទុក្ខ បុគ្គលណា មិនត្រេកអរនឹងទុក្ខ តថាគតហៅថា បុគ្គលនោះ រួច​ស្រឡះចាកវដ្តទុក្ខបាន។ បុគ្គលណា មិនត្រេកអរនឹងវេទនា។ បុគ្គលណា មិនត្រេកអរនឹងសញ្ញា។ បុគ្គលណា មិនត្រេកអរនឹង​សង្ខារទាំងឡាយ។ បុគ្គល​ណា មិនត្រេកអរនឹងវិញ្ញាណ បុគ្គលនោះ ឈ្មោះ​ថា មិនត្រេកអរនឹងទុក្ខ បុគ្គលណា មិនត្រេកអរនឹងទុក្ខ តថាគតហៅថា បុគ្គលនោះ រួច​ស្រឡះចាកវដ្តទុក្ខបាន។

[៦៦] ក្នុងក្រុងសាវត្ថី។ ក្នុងទីនោះឯង។ ម្នាលភិក្ខុទាំងឡាយ ការកើតឡើង ការ​តាំងនៅ ការកើតចំពោះ ការកើតប្រាកដណានៃរូប នុ៎ះឯង ឈ្មោះថា ការកើតឡើង​នៃទុក្ខ ការតាំងនៅនៃរោគ ការកើតប្រាកដ នៃជរាមរណៈ។ ការកើតឡើងណា នៃ​វេទនា។ នៃសញ្ញា នៃសង្ខារទាំងឡាយ។ ការកើតឡើង ការតាំងនៅ ការកើតចំពោះ ការកើតប្រាកដណា នៃវិញ្ញាណ នុ៎ះឯង ឈ្មោះថា ការកើតឡើងនៃទុក្ខ ការតាំងនៅ​នៃ​រោគ ការកើតប្រាកដ នៃជរាមរណៈ។

[៦៧] ម្នាលភិក្ខុទាំងឡាយ សេចក្តីរលត់ សេចក្តីស្ងប់រម្ងាប់ សេចក្តីវិនាស ណានៃ​រូប នុ៎ះឯង ឈ្មោះថា សេចក្តីរលត់នៃទុក្ខ សេចក្តីស្ងប់រម្ងាប់នៃរោគ សេចក្តី​វិនាស​ នៃជរាមរណៈ។ សេចក្តីរលត់ណា នៃវេទនា។ នៃសញ្ញា។ នៃសង្ខារទាំងឡាយ។ សេចក្តីរលត់ សេចក្តីស្ងប់រម្ងាប់ សេចក្តីវិនាសណា នៃវិញ្ញាណ នុ៎ះឯង ឈ្មោះថា សេចក្តីរលត់នៃទុក្ខ សេចក្តីស្ងប់រម្ងាប់នៃរោគ សេចក្តី​វិនាស​នៃជរាមរណៈ។

[៦៨] ក្នុងក្រុងសាវត្ថី។ ក្នុងទីនោះឯង។ ម្នាលភិក្ខុទាំងឡាយ តថាគត នឹងសំដែង​ នូវទុក្ខផង នូវឫសគល់ នៃ​ទុក្ខផង ដល់អ្នកទាំងឡាយ ចូរអ្នក​ទាំងឡាយ ស្តាប់នូវធម៌នោះចុះ។ ម្នាលភិក្ខុទាំងឡាយ ចុះដូចម្តេចខ្លះ ហៅថា ទុក្ខ។ ម្នាលភិក្ខុទាំងឡាយ រូបជាទុក្ខ វេទនាជាទុក្ខ សញ្ញាជាទុក្ខ សង្ខារទាំងឡាយ ជាទុក្ខ វិញ្ញាណ ជាទុក្ខ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ទុក្ខ។

[៦៩] ម្នាលភិក្ខុទាំងឡាយ ចុះដូចម្តេច ហៅថា ឫសគល់នៃទុក្ខ។ តណ្ហាណា ដែលនាំឲ្យកើតក្នុងភពថ្មី ប្រកបដោយតម្រេក ដោយអំណាច នៃសេចក្តីត្រេក​ត្រអាល មានកិរិយារីករាយ ក្នុងអារម្មណ៍នោះៗ ជាប្រក្រតី។ ចុះតណ្ហានោះ ដូចម្តេចខ្លះ។ គឺ​កាមតណ្ហា ភវតណ្ហា វិភវតណ្ហា។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ឫសគល់​នៃទុក្ខ។

[៧០] ក្នុងក្រុងសាវត្ថី។ ក្នុងទីនោះឯង។ ម្នាលភិក្ខុទាំងឡាយ តថាគត នឹង​សំដែង នូវរបស់បែកធ្លាយផង នូវរបស់មិនបែកធ្លាយផង (ដល់​អ្នក​ទាំងឡាយ) ចូរ​អ្នក​ទាំងឡាយ ស្តាប់នូវធម៌នោះចុះ។ ម្នាលភិក្ខុទាំងឡាយ ចុះអ្វី ជារបស់បែកធ្លាយ អ្វីជា​របស់​មិនបែកធ្លាយ។ ម្នាលភិក្ខុទាំងឡាយ រូប ជារបស់បែកធ្លាយ សេចក្តីរលត់ សេចក្តី​ស្ងប់រម្ងាប់ សេចក្តីវិនាស ណា នៃរូបនោះ នេះ ជារបស់មិនបែកធ្លាយ។ វេទនា ជារបស់បែកធ្លាយ សេចក្តីរលត់ សេចក្តី​ស្ងប់រម្ងាប់ សេចក្តីវិនាស ណា នៃវេទនានោះ នេះ ជារបស់មិនបែកធ្លាយ។ សញ្ញា ជារបស់បែកធ្លាយ។ សង្ខារទាំងឡាយ ជារបស់​បែកធ្លាយ សេចក្តីរលត់ សេចក្តី​ស្ងប់រម្ងាប់ សេចក្តីវិនាស ណា នៃសង្ខារទាំងនោះ នេះ ជារបស់មិនបែកធ្លាយ។ វិញ្ញាណ ជារបស់បែកធ្លាយ សេចក្តីរលត់ សេចក្តី​ស្ងប់រម្ងាប់ សេចក្តីវិនាស ណា នៃវិញ្ញាណនោះ នេះ ជារបស់មិនបែកធ្លាយ។

ចប់ ភារវគ្គ ទី៣។

ឧទ្ទាន ក្នុងភារវគ្គនោះ គឺ

និយាយអំពីរបស់ធ្ងន់១ ការកំណត់ដឹង១ ភិក្ខុកាលដឹង១ លះបង់​ឆន្ទ​រាគ១ ជាគំរប់៤ អំពីអានិសង្ស៣លើក សេចក្តី​ត្រេកអរ១ ជាគំរប់៨ អំពីការកើត១ ឫស​គល់នៃ​ទុក្ខ១ របស់បែកធ្លាយ១ ជាគំរប់១១។

នតុម្ហាកវគ្គ

[៧១] ក្នុងក្រុងសាវត្ថី។ ក្នុងទីនោះឯង។ ម្នាលភិក្ខុទាំងឡាយ របស់ណា មិន​មែន​​របស់អ្នកទាំងឡាយទេ អ្នកទាំងឡាយ ចូរលះបង់របស់នេះចេញ របស់នោះ បើអ្នកទាំងឡាយ លះបង់ហើយ នឹងប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ។ ម្នាលភិក្ខុទាំងឡាយ ចុះរបស់ដូចម្តេច ដែលមិនមែន​របស់អ្នកទាំងឡាយ។ ម្នាល​ភិក្ខុទាំងឡាយ រូប មិនមែនរបស់អ្នកទាំងឡាយទេ អ្នកទាំងឡាយ ចូរលះបង់​នូវ​រូបនោះចេញ រូបនោះ បើអ្នកទាំងឡាយ លះបង់ហើយ នឹងប្រព្រឹត្តទៅ ដើម្បី​ប្រយោជន៍ ដើម្បីសេចក្តីសុខ។ វេទនា មិនមែនរបស់អ្នកទាំងឡាយទេ អ្នកទាំងឡាយ ចូរលះបង់​វេទនានោះចេញ វេទនានោះ បើអ្នកទាំងឡាយ លះបង់ហើយ នឹង​ប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ។ សញ្ញា មិនមែនរបស់​អ្នក​ទាំងឡាយទេ។ សង្ខារទាំងឡាយ មិនមែនរបស់​អ្នកទាំងឡាយទេ អ្នកទាំងឡាយ ចូរលះបង់​សង្ខារនោះចេញ សង្ខារទាំងនោះ បើអ្នកទាំងឡាយ លះបង់ហើយ នឹងប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ។ វិញ្ញាណ មិនមែនរបស់​អ្នក​ទាំងឡាយទេ អ្នកទាំងឡាយ ចូរលះបង់វិញ្ញាណនោះចេញ វិញ្ញាណនោះ បើអ្នកទាំងឡាយ លះបង់ហើយ នឹងប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ ដើម្បី  សេចក្តីសុខ។

[៧២] ម្នាលភិក្ខុទាំងឡាយ ដូចស្មៅ ឬឈើ​ មែកឈើ និងស្លឹកឈើណា ក្នុងវត្ត​ជេតពននេះ អ្នកផង​នាំយកចេញ ឬដុតចោល ឬក៏ធ្វើឲ្យសមគួរ​ដល់ហេតុ នូវស្មៅ ឬឈើ មែកឈើ និងស្លឹកឈើនោះ ចុះអ្នកទាំងឡាយ នឹងមានសេចក្តីត្រិះរិះ យ៉ាង​នេះថា អ្នកផងឈ្មោះថា នាំយកចេញ ឬដុតចោល ឬក៏ធ្វើឲ្យសមគួរ​ ដល់ហេតុ នូវ​យើងទាំងឡាយដែរឬទេ។ បពិត្រព្រះអង្គដ៏ចំរើន មិនដូច្នោះទេ។ ដំណើរ​នោះ ព្រោះ​ហេតុដូចម្តេច។ បពិត្រព្រះអង្គដ៏ចំរើន ព្រោះវត្ថុនោះ មិនមែនជាខ្លួនផង មិនមែនជា​របស់​អាស្រ័យនៅក្នុងខ្លួនផង នៃយើងទាំងឡាយទេ។ ម្នាលភិក្ខុទាំងឡាយ រូប​មិនមែនរបស់​អ្នកទាំងឡាយទេ អ្នកទាំងឡាយ ចូរលះបង់ នូវរូបនោះចេញ រូប​នោះ បើអ្នកទាំងឡាយ លះបង់ហើយ នឹងប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ។ វេទនា មិនមែនរបស់អ្នកទាំងឡាយទេ អ្នកទាំងឡាយ ចូរលះបង់ ​នូវវេទនានោះចេញ វេទនានោះ បើអ្នកទាំងឡាយ លះបង់ហើយ នឹងប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ។ សញ្ញា មិនមែនរបស់អ្នកទាំងឡាយទេ។ សង្ខារទាំងឡាយ មិនមែន​របស់អ្នកទាំងឡាយទេ។ វិញ្ញាណ មិនមែនរបស់​អ្នកទាំងឡាយទេ អ្នកទាំងឡាយ ចូរលះបង់ ​នូវវិញ្ញាណនោះចេញ វិញ្ញាណនោះ បើអ្នកទាំងឡាយ លះបង់ហើយ នឹងប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ ក៏​មានឧបមេយ្យ យ៉ាងនោះឯង។

[៧៣] ក្នុងក្រុងសាវត្ថី។ ក្នុងទីនោះឯង។ ម្នាលភិក្ខុទាំងឡាយ របស់ណា​មិនមែន​របស់​អ្នកទាំងឡាយទេ អ្នកទាំងឡាយ ចូរលះបង់​របស់​នោះចេញ របស់​នោះ បើ​អ្នកទាំងឡាយ លះបង់ហើយ នឹងប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ។ ម្នាលភិក្ខុទាំងឡាយ ចុះរបស់ដូចម្តេច ដែល​មិនមែនរបស់អ្នកទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ រូប មិនមែន​របស់​អ្នកទាំងឡាយទេ អ្នកទាំងឡាយ ចូរលះបង់​នូវរូប​នោះចេញ រូប​នោះ បើ​អ្នកទាំងឡាយ លះបង់ហើយ នឹងប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ។ វេទនា មិនមែន​របស់​អ្នកទាំងឡាយទេ។ សញ្ញា មិនមែនរបស់អ្នកទាំងឡាយទេ។ សង្ខារទាំងឡាយ មិនមែន​របស់​អ្នកទាំងឡាយទេ។ វិញ្ញាណ មិនមែនរបស់​អ្នកទាំងឡាយទេ អ្នកទាំងឡាយ ចូរលះបង់ ​នូវវិញ្ញាណ​នោះចេញ វិញ្ញាណ​នោះ បើ​អ្នកទាំងឡាយ លះបង់ហើយ នឹងប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ។ ម្នាលភិក្ខុទាំងឡាយ របស់ណា មិនមែន​របស់​អ្នកទាំងឡាយទេ អ្នកទាំងឡាយ ចូរលះបង់​របស់​នោះចេញ របស់​នោះ បើ​អ្នកទាំងឡាយ លះបង់ហើយ នឹងប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ។

[៧៤] ក្នុងក្រុងសាវត្ថី។ គ្រានោះឯង ភិក្ខុមួយរូប ចូលទៅគាល់​ព្រះមាន​ព្រះភាគ លុះចូលទៅដល់ ថ្វាយបង្គំ​ព្រះមានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះភិក្ខុនោះ អង្គុយក្នុងទីដ៏សមគួរហើយ ទើបក្រាប​បង្គំ​ទូលព្រះមានព្រះភាគ ដូច្នេះ​ថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ ស្តាប់ធម៌ណា របស់​ព្រះមានព្រះភាគហើយ គប្បី​ជាបុគ្គលម្នាក់ឯង ចៀសចេញចាកពួក មិនប្រមាទ មាន​ព្យាយាម ជាគ្រឿង​ដុតកំដៅ នូវកិលេស មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន សូម​ព្រះមានព្រះភាគ សំដែងធម៌នោះ ដោយសង្ខេប ដល់ខ្ញុំព្រះអង្គឲ្យទាន។ ព្រះអង្គ​ត្រាស់ថា ម្នាលភិក្ខុ បុគ្គលផ្តេកផ្តិតនឹងអនុស័យណា រមែង​ដល់នូវការរាប់ដោយ​អនុស័យនោះ បុគ្គល​មិនផ្តេកផ្តិតនឹងអនុស័យណា រមែងមិន​ដល់នូវការរាប់ដោយ​អនុស័យនោះ។ បពិត្រព្រះមានព្រះភាគ ខ្ញុំព្រះអង្គ យល់ហើយ បពិត្រ​ព្រះសុគត ខ្ញុំ​ព្រះអង្គ​យល់ហើយ។ ម្នាលភិក្ខុ ចុះពាក្យដែលតថាគតសំដែងសង្ខេប អ្នកយល់​សេចក្តីដោយ​ពិស្តារបាន តើដូចម្តេច។ បពិត្រព្រះអង្គដ៏ចំរើន បើបុគ្គលផ្តេកផ្តិត​នឹងរូប រមែង​ដល់នូវការរាប់ (ថាជាអ្នកត្រេកអរ អ្នកប្រទូស្ត អ្នកវង្វេង) ដោយ​ការផ្តេកផ្តិតនោះ។ បើបុគ្គលផ្តេកផ្តិតនឹងវេទនា។ បើបុគ្គលផ្តេកផ្តិតនឹងសញ្ញា។ បើ​បុគ្គលផ្តេកផ្តិត​នឹងសង្ខារ។ បើបុគ្គលផ្តេកផ្តិតនឹងវិញ្ញាណ រមែង​ដល់នូវការរាប់ ដោយ​ការផ្តេកផ្តិតនោះ។ បពិត្រព្រះអង្គដ៏ចំរើន បើបុគ្គលមិនផ្តេកផ្តិតនឹងរូប រមែង​មិនដល់​នូវការរាប់ (ថាជាអ្នកត្រេកអរ អ្នកប្រទូស្ត អ្នកវង្វេង) ដោយ​ការផ្តេកផ្តិត​នោះ។ បើបុគ្គលមិនផ្តេកផ្តិតនឹងវេទនា រមែងមិន​ដល់នូវការរាប់ ដោយ​ការផ្តេកផ្តិតនោះ។ បើបុគ្គល (មិនផ្តេកផ្តិត) នឹងសញ្ញា។ នឹងសង្ខារ។ បើ​បុគ្គលមិនផ្តេកផ្តិតនឹងវិញ្ញាណ រមែង​មិនដល់នូវការរាប់ ដោយ​ការផ្តេកផ្តិតនោះ។ បពិត្រព្រះអង្គដ៏ចំរើន ព្រះពុទ្ធដីកា ដែលព្រះមានព្រះភាគ សំដែង​សង្ខេបនេះ ខ្ញុំ​ព្រះអង្គយល់​សេចក្តីដោយពិស្តារបាន យ៉ាងនេះឯង។

[៧៥] ម្នាលភិក្ខុ ត្រូវហើយៗ ម្នាលភិក្ខុ ពាក្យដែលតថាគត សំដែង​សង្ខេប អ្នក​យល់​សេចក្តី ដោយពិស្តារបាន នេះជាការប្រពៃណាស់។ ម្នាលភិក្ខុ បើបុគ្គលផ្តេកផ្តិតនឹងរូប រមែងដល់នូវការរាប់ (ថាជាអ្នកត្រេកអរ អ្នកប្រទូស្ត អ្នកវង្វេង) ដោយ​ការផ្តេកផ្តិត​នោះ។ បើបុគ្គលផ្តេកផ្តិតនឹងវេទនា។ នឹងសញ្ញា។ នឹង​សង្ខារ។ បើបុគ្គលផ្តេកផ្តិតនឹងវិញ្ញាណ រមែង​ដល់នូវការរាប់ ដោយ​ការផ្តេក​ផ្តិតនោះ។ ម្នាលភិក្ខុ បើបុគ្គល មិនផ្តេកផ្តិតនឹងរូប មិន​ដល់នូវ​ការរាប់ដោយ​ការផ្តេកផ្តិតនោះ។ បើ​បុគ្គលមិនផ្តេកផ្តិតនឹងវេទនា។ នឹងសញ្ញា។ នឹងសង្ខារ។ បើបុគ្គល​មិនផ្តេកផ្តិតនឹងវិញ្ញាណ រមែង​មិនដល់នូវការរាប់ ដោយ​ការផ្តេកផ្តិតនោះ។ ម្នាលភិក្ខុ ពាក្យដែលតថាគតសំដែង​សង្ខេបនេះឯង បណ្ឌិត គប្បីយល់​សេចក្តី​ដោយពិស្តារ យ៉ាងនេះឯង។

[៧៦] គ្រានោះឯង ភិក្ខុនោះ ត្រេកអរ រីករាយ នឹងភាសិត របស់​ព្រះមាន​ព្រះភាគ​ហើយ ក្រោកចាកអាសនៈ ក្រាបថ្វាយបង្គំលា​ព្រះមានព្រះភាគ ធ្វើ​ប្រទក្សិណ រួចចៀសចេញទៅ។ លំដាប់នោះ ភិក្ខុនោះ ជាបុគ្គលតែម្នាក់ឯង ចៀសចេញ (ចាកពួក) ជាអ្នក​មិនប្រមាទ មានព្យាយាម ជាគ្រឿងដុតកំដៅ នូវ​កិលេស មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន កុលបុត្តទាំងឡាយ ចេញចាកផ្ទះ ចូលទៅ​កាន់ផ្នួស ដោយប្រពៃ ដើម្បីប្រយោជន៍​ ដល់គុណវិសេសណា មិនយូរ​ប៉ុន្មាន ក៏បានធ្វើឲ្យជាក់ច្បាស់ នូវគុណវិសេសដ៏ប្រសើរ ជាទីបំផុត នៃព្រហ្មចរិយធម៌​នោះ ដោយបញ្ញាដ៏ឧត្តម ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន ហើយសម្រាន្តនៅ ក៏បានដឹង​ច្បាស់ថា ជាតិអស់ហើយ មគ្គព្រហ្មចរិយធម៌ អាត្មាអញ បានប្រព្រឹត្ត​គ្រប់​គ្រាន់ហើយ សោឡសកិច្ច អាត្មាអញ បានធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។ បណ្តាព្រះអរហន្តទាំង​ឡាយ ភិក្ខុនោះ បានជាព្រះអរហន្តមួយអង្គដែរ។

[៧៧] ក្នុងក្រុងសាវត្ថី។ គ្រានោះ ភិក្ខុមួយរូប ចូលទៅគាល់​ព្រះមាន​ព្រះភាគ។បេ។ លុះភិក្ខុនោះ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាប​បង្គំទូល​ព្រះមាន​ព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ ស្តាប់ធម៌ណា របស់​ព្រះមានព្រះភាគហើយ គប្បីជាបុគ្គល​ម្នាក់ឯង ចៀសចេញ (ចាកពួក) ជាអ្នក​មិនប្រមាទ មានព្យាយាម ជាគ្រឿង​ដុតកំដៅកិលេស មានចិត្តបញ្ជូន​ទៅកាន់​ព្រះនិព្វាន សូម​ព្រះមានព្រះភាគ សំដែងធម៌នោះ ដោយសង្ខេប ដល់ខ្ញុំ​ព្រះអង្គ​ឲ្យទាន។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុ បុគ្គល​ផ្តេកផ្តិតនឹងអនុស័យណា រមែង​ស្លាប់​នឹង​អនុស័យនោះ បុគ្គល​ស្លាប់នឹងអនុស័យណា រមែងដល់នូវ​កិរិយារាប់ ដោយ​អនុស័យ​នោះ បុគ្គល​មិនផ្តេកផ្តិតនឹងអនុស័យណា រមែង​មិនស្លាប់​នឹង​អនុស័យនោះ បុគ្គល​មិនស្លាប់នឹងអនុស័យណា រមែងមិនដល់នូវ​កិរិយារាប់ ដោយ​អនុស័យ​នោះ។ បពិត្រ​ព្រះមានព្រះភាគ ខ្ញុំព្រះអង្គយល់ហើយ បពិត្រព្រះសុគត ខ្ញុំព្រះអង្គ យល់ហើយ។ ម្នាលភិក្ខុ ចុះពាក្យដែលតថាគត សំដែងដោយសង្ខេប អ្នកយល់សេចក្តី​ដោយ​ពិស្តារ​បាន តើដូចម្តេច។ បពិត្រព្រះអង្គដ៏ចំរើន បើបុគ្គល​ផ្តេកផ្តិតនឹងរូប រមែង​ស្លាប់​នឹង​រូបនោះ បុគ្គល​ស្លាប់នឹងរូបណា រមែងដល់នូវ​ការរាប់ (ថាជាអ្នកត្រេកអរ អ្នកប្រទូស្ត អ្នកវង្វេង) ដោយរូប​នោះ។ បើបុគ្គល​ផ្តេកផ្តិតនឹងវេទនា។ បើបុគ្គល​ផ្តេកផ្តិតនឹង​សញ្ញា។ បើបុគ្គលផ្តេកផ្តិតនឹងសង្ខារ។ បើបុគ្គលផ្តេកផ្តិតនឹងវិញ្ញាណ រមែង​ស្លាប់​នឹង​វិញ្ញាណនោះ បុគ្គល​ស្លាប់នឹងវិញ្ញាណណា រមែងដល់នូវ​ការរាប់ ដោយវិញ្ញាណ​នោះ។ បពិត្រព្រះអង្គដ៏ចំរើន បើបុគ្គលមិន​ផ្តេកផ្តិតនឹងរូប រមែង​មិនស្លាប់​នឹងរូប​នោះ​ បុគ្គលមិន​ស្លាប់នឹងរូបណា រមែងមិនដល់ នូវការរាប់ដោយរូប​នោះ។ បើ​បុគ្គល​មិនផ្តេក​ផ្តិតនឹងវេទនា។ បើបុគ្គល​មិនផ្តេកផ្តិតនឹងសញ្ញា។ បើបុគ្គល​មិនផ្តេកផ្តិត​នឹង​សង្ខារ។ បើបុគ្គលមិន​ផ្តេកផ្តិតនឹងវិញ្ញាណ រមែងមិន​ស្លាប់​នឹងវិញ្ញាណនោះ បុគ្គលមិន​​ស្លាប់នឹងវិញ្ញាណណា រមែងមិនដល់នូវការរាប់ ដោយវិញ្ញាណ​នោះ។ បពិត្រព្រះអង្គដ៏ចំរើន ព្រះពុទ្ធដីកា ដែល​ព្រះមានព្រះភាគ សំដែងដោយសង្ខេប​នេះ​ឯង ខ្ញុំព្រះអង្គ យល់សេចក្តី​ដោយពិស្តារបាន យ៉ាងនេះឯង។

[៧៨] ម្នាលភិក្ខុ ត្រូវហើយៗ ម្នាលភិក្ខុ ពាក្យដែល​តថាគត សំដែង​ដោយ​សង្ខេប អ្នកយល់សេចក្តី​ដោយពិស្តារបាន ជាការប្រពៃណាស់។ ម្នាលភិក្ខុ បើបុគ្គល​ផ្តេកផ្តិតនឹងរូប រមែង​ស្លាប់​នឹងរូបនោះ បុគ្គល​ស្លាប់នឹងរូបណា រមែងដល់នូវ​ការរាប់ដោយរូប​នោះ។ បើ​បុគ្គលផ្តេកផ្តិតនឹងវេទនា។ នឹងសញ្ញា។ នឹងសង្ខារ។ បើ​បុគ្គល​ផ្តេកផ្តិតនឹងវិញ្ញាណ រមែង​ស្លាប់​នឹងវិញ្ញាណនោះ បុគ្គល​ស្លាប់នឹងវិញ្ញាណ​ណា រមែងដល់នូវការរាប់ដោយវិញ្ញាណ​នោះ។ ម្នាលភិក្ខុ បើ​បុគ្គល​មិនផ្តេកផ្តិតនឹងរូប រមែងមិន​ស្លាប់​នឹងរូបនោះ បុគ្គលមិន​ស្លាប់នឹងរូបណា រមែងមិនដល់នូវការរាប់ដោយរូប​នោះ។ បើ​បុគ្គលមិន​ផ្តេកផ្តិតនឹងវេទនា។ បើបុគ្គល​មិនផ្តេកផ្តិតនឹងសញ្ញា។ បើបុគ្គល​មិនផ្តេកផ្តិតនឹងសង្ខារ។ បើបុគ្គល​មិនផ្តេកផ្តិត​នឹង​វិញ្ញាណ រមែងមិន​ស្លាប់​នឹងវិញ្ញាណនោះ បុគ្គលមិន​ស្លាប់នឹងវិញ្ញាណណា រមែង​មិន​ដល់នូវការរាប់ ដោយវិញ្ញាណ​នោះ។ ម្នាលភិក្ខុ ពាក្យដែលតថាគតសំដែង ដោយ​សង្ខេបនេះឯង បណ្ឌិតគួរយល់សេចក្តី ដោយពិស្តារយ៉ាងនេះ។បេ។ បណ្តា​ព្រះអរហន្តទាំងឡាយ ភិក្ខុនោះ បានជាព្រះអរហន្តមួយអង្គដែរ។

[៧៩] ក្នុងក្រុងសាវត្ថី។ គ្រានោះ ព្រះអានន្ទមានអាយុ ចេញចាកទីពួនសម្ងំ ក្នុង​សាយណ្ហសម័យ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយ​បង្គំ​ព្រះមានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះព្រះអានន្ទមានអាយុ អង្គុយក្នុងទីសមគួរហើយ ព្រះមានព្រះភាគ​ ទ្រង់ត្រាស់ដូច្នេះថា ម្នាលអានន្ទ បើ​គេសួរអ្នក យ៉ាងនេះថា នែអានន្ទមានអាយុ ធម៌ទាំងឡាយ ដូចម្តេចខ្លះ ដែលកើត​ប្រាកដ វិនាសទៅប្រាកដ កាលតាំងនៅ ហើយប្រែប្រួលទៅវិញ [សំដៅ​យកធម៌ គឺរូប វេទនា សញ្ញា វិញ្ញាណ របស់សត្វ កំពុងរស់នៅ ហើយចាស់គ្រាំគ្រា (អដ្ឋកថា)។] ក៏ប្រាកដ។ ម្នាលអានន្ទ កាលបើគេសួរយ៉ាងនេះ តើអ្នកគប្បីដោះស្រាយដូចម្តេច។ បពិត្រព្រះអង្គដ៏ចំរើន បើគេសួរខ្ញុំ​ព្រះអង្គ យ៉ាងនេះថា នែអានន្ទមានអាយុ ធម៌ទាំង​ឡាយ ​ដូចម្តេចខ្លះ ដែលកើតប្រាកដ វិនាសទៅប្រាកដ កាលតាំងនៅ ហើយ​ប្រែប្រួលទៅវិញ ក៏ប្រាកដ។ បពិត្រព្រះអង្គដ៏ចំរើន កាលបើគេសួរយ៉ាងនេះ ខ្ញុំព្រះអង្គ គប្បីដោះស្រាយ យ៉ាងនេះថា ម្នាលអាវុសោ រូប រមែងកើតប្រាកដ វិនាស​ទៅប្រាកដ កាលតាំងនៅហើយ ប្រែប្រួលទៅវិញ ក៏ប្រាកដ។ វេទនា។ សញ្ញា។ សង្ខារ។ វិញ្ញាណ រមែង​កើតប្រាកដ វិនាសទៅប្រាកដ កាលតាំងនៅ ហើយ​ប្រែប្រួលទៅវិញ ក៏ប្រាកដ។ ម្នាលអាវុសោ ធម៌​ទាំងនេះឯង រមែង​កើតប្រាកដ វិនាសទៅប្រាកដ កាលតាំងនៅ ហើយប្រែប្រួលទៅវិញ ក៏ប្រាកដ។ បពិត្រព្រះអង្គដ៏ចំរើន កាលបើគេសួរយ៉ាងនេះ ខ្ញុំព្រះអង្គ គប្បីដោះស្រាយ យ៉ាងនេះឯង។

[៨០] ម្នាលអានន្ទ ត្រូវហើយៗ ម្នាលអានន្ទ រូប ពិតជាកើតប្រាកដ វិនាស​ទៅ​ប្រាកដ កាលតាំងនៅ ហើយប្រែប្រួលទៅវិញ ក៏ប្រាកដ។ វេទនា។ សញ្ញា។ សង្ខារ។ វិញ្ញាណ ពិតជាកើតប្រាកដ វិនាស​ទៅប្រាកដ កាលតាំងនៅហើយ ប្រែប្រួល​ទៅវិញ ក៏​ប្រាកដ។ ម្នាលអានន្ទ ធម៌ទាំងឡាយនេះឯង រមែង​កើតប្រាកដ វិនាស​ទៅប្រាកដ កាលតាំងនៅហើយ ប្រែប្រួល​ទៅវិញ ក៏​ប្រាកដ។ ម្នាលអានន្ទ កាលបើគេសួរ​យ៉ាង​នេះ អ្នកគប្បីដោះស្រាយ ​យ៉ាងនេះចុះ។

[៨១] ក្នុងក្រុងសាវត្ថី។ លុះ​ព្រះអានន្ទមានអាយុ អង្គុយក្នុងទីសមគួរហើយ ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលអានន្ទ បើគេសួរយ៉ាងនេះថា នែ​អានន្ទ​មានអាយុ ធម៌ទាំងឡាយ ដូចម្តេចខ្លះ ដែល​កើតប្រាកដហើយ វិនាស​ទៅប្រាកដ​ហើយ កាលតាំងនៅហើយ ប្រែប្រួល​ទៅវិញ ក៏​ប្រាកដហើយ។ ធម៌​ទាំងឡាយ ដូច​ម្តេច​ខ្លះ នឹង​កើតប្រាកដ នឹងវិនាស​ទៅប្រាកដ កាលតាំងនៅហើយ ប្រែប្រួល​ទៅវិញ ក៏នឹង​ប្រាកដ។ ធម៌ទាំងឡាយ ដូចម្តេចខ្លះ កំពុងកើតប្រាកដ កំពុងវិនាស​ទៅ​ប្រាកដ កំពុង​តាំងនៅហើយ ប្រែប្រួលទៅវិញ ក៏ប្រាកដ។ ម្នាលអានន្ទ កាលបើ​គេសួរ​យ៉ាង​នេះ តើអ្នកគប្បីដោះស្រាយ​ដូចម្តេច។ បពិត្រព្រះអង្គដ៏ចំរើន បើ​គេសួរខ្ញុំព្រះអង្គ​យ៉ាង​នេះថា នែអានន្ទមានអាយុ ធម៌ទាំងឡាយ ដូចម្តេចខ្លះ ដែលកើតប្រាកដហើយ វិនាស​ទៅ​ប្រាកដហើយ កាល​តាំងនៅហើយ ប្រែប្រួលទៅវិញ ក៏ប្រាកដហើយ។ ធម៌ទាំងឡាយ ដូចម្តេចខ្លះ នឹងកើតប្រាកដ នឹងវិនាស​ទៅ​ប្រាកដ កាល​តាំងនៅហើយ ប្រែប្រួលទៅវិញ ក៏នឹងប្រាកដ។ ធម៌ទាំងឡាយ ដូចម្តេចខ្លះ កំពុងកើតប្រាកដ កំពុង​វិនាស​ទៅ​ប្រាកដ កំពុង​តាំងនៅហើយ ប្រែប្រួលទៅវិញ ក៏ប្រាកដ។ បពិត្រព្រះអង្គដ៏ចំរើន កាលបើ​គេសួរ​យ៉ាង​នេះ ខ្ញុំព្រះអង្គ គប្បីដោះស្រាយ​ យ៉ាងនេះ​ថា ម្នាលអាវុសោទាំងឡាយ រូបណា ដែល​កន្លងទៅហើយ រលត់ហើយ ប្រែប្រួល​ហើយ រូបនោះ ឈ្មោះថា កើតប្រាកដហើយ វិនាសទៅប្រាកដហើយ កាលតាំង​នៅហើយ ប្រែប្រួលទៅវិញ ក៏ប្រាកដហើយ។ វេទនាណា ដែល​កន្លងទៅហើយ រលត់ហើយ ប្រែប្រួល​ហើយ វេទនានោះ ឈ្មោះថា កើតប្រាកដហើយ វិនាសទៅប្រាកដហើយ កាលតាំង​នៅហើយ ប្រែប្រួលទៅវិញ ក៏ប្រាកដហើយ។ សញ្ញាណា។ សង្ខារណា ដែល​កន្លងទៅហើយ រលត់ហើយ ប្រែប្រួល​ហើយ សង្ខារ​ទាំងនោះ ឈ្មោះថា កើតប្រាកដហើយ វិនាសទៅប្រាកដហើយ កាលតាំង​នៅហើយ ប្រែប្រួលទៅវិញ ក៏ប្រាកដហើយ។ វិញ្ញាណណា ដែល​កន្លងទៅហើយ រលត់ហើយ ប្រែប្រួល​ហើយ វិញ្ញាណនោះ ឈ្មោះថា កើតប្រាកដហើយ វិនាសទៅប្រាកដហើយ កាលតាំង​នៅហើយ ប្រែប្រួលទៅវិញ ក៏ប្រាកដហើយ។ ម្នាលអាវុសោទាំងឡាយ ធម៌​ទាំងនេះឯង ដែលកើតប្រាកដហើយ វិនាសទៅប្រាកដហើយ កាលតាំងនៅហើយ ប្រែប្រួលទៅវិញ ក៏ប្រាកដហើយ។ ម្នាលអាវុសោទាំងឡាយ រូបណា ដែល​មិនទាន់​កើត មិនទាន់មានប្រាកដ រូបនោះ ឈ្មោះថា នឹងកើតប្រាកដ នឹងវិនាសទៅ​ប្រាកដ កាលតាំង​នៅហើយ ប្រែប្រួលទៅវិញ ក៏នឹងប្រាកដ។ វេទនាណា ដែលមិនទាន់​កើត មិនទាន់មានប្រាកដ វេទនានោះ ឈ្មោះថា នឹងកើតប្រាកដ នឹងវិនាសទៅ​ប្រាកដ កាលតាំង​នៅហើយ ប្រែប្រួលទៅវិញ ក៏នឹងប្រាកដ។ សញ្ញាណា។ សង្ខារណា ដែល​មិនទាន់​កើត មិនទាន់មានប្រាកដ សង្ខារទាំងនោះ ឈ្មោះថា នឹងកើតប្រាកដ នឹងវិនាសទៅ​ប្រាកដ កាលតាំង​នៅហើយ ប្រែប្រួលទៅវិញ ក៏នឹងប្រាកដ។ វិញ្ញាណណា ដែល​មិនទាន់​កើត មិនទាន់មានប្រាកដ វិញ្ញាណនោះ ឈ្មោះថា នឹងកើតប្រាកដ នឹងវិនាសទៅ​ប្រាកដ កាលតាំង​នៅហើយ ប្រែប្រួលទៅវិញ ក៏នឹងប្រាកដ។ ម្នាលអាវុសោទាំងឡាយ ធម៌ទាំងនេះឯង នឹងកើតប្រាកដ នឹងវិនាសទៅ​ប្រាកដ កាលតាំង​នៅហើយ ប្រែប្រួលទៅវិញ ក៏នឹងប្រាកដ។ ម្នាលអាវុសោទាំងឡាយ រូបណា ដែលកំពុង​កើត កំពុងមានប្រាកដ រូបនោះ ឈ្មោះ​ថា កំពុងកើតប្រាកដ កំពុងវិនាសទៅ​ប្រាកដ កំពុងតាំង​នៅហើយ ប្រែប្រួលទៅវិញ ប្រាកដ។ វេទនាណា ដែលកំពុង​កើត កំពុងមានប្រាកដ។បេ។ សញ្ញាណា។ សង្ខារណា ដែល​កំពុងកើត កំពុងមានប្រាកដ សង្ខារទាំងនោះ ឈ្មោះថា កំពុងកើតប្រាកដ កំពុងវិនាសទៅ​ប្រាកដ កំពុងតាំង​នៅហើយ ប្រែប្រួលទៅវិញ ប្រាកដ។ វិញ្ញាណណា ដែលកំពុង​កើត កំពុងមានប្រាកដ វិញ្ញាណនោះ ឈ្មោះថា កំពុងកើតប្រាកដ កំពុងវិនាសទៅ​ប្រាកដ កំពុងតាំង​នៅហើយ ប្រែប្រួលទៅវិញ ប្រាកដ។ ម្នាលអាវុសោទាំងឡាយ ធម៌ទាំងនេះឯង ដែល​កំពុង​កើតប្រាកដ កំពុង​វិនាសទៅប្រាកដ កំពុង​តាំងនៅហើយ ប្រែប្រួលទៅវិញប្រាកដ។ បពិត្រព្រះអង្គដ៏ចំរើន កាលបើគេសួរ យ៉ាងនេះ ខ្ញុំព្រះអង្គ គប្បីដោះស្រាយ​ យ៉ាងនេះឯង។

[៨២] ម្នាលអានន្ទ ត្រូវហើយៗ ម្នាលអានន្ទ រូបណា កន្លងទៅហើយ រលត់​ហើយ ប្រែប្រួលហើយ រូបនោះ ឈ្មោះថា កើតប្រាកដហើយ វិនាស​​ប្រាកដហើយ កាល​តាំងនៅហើយ ប្រែប្រួលទៅវិញ ក៏ប្រាកដហើយ។ វេទនាណា។ សញ្ញាណណា។ សង្ខារណា។ វិញ្ញាណណា កន្លងទៅហើយ រលត់ហើយ ប្រែប្រួល​ហើយ វិញ្ញាណនោះ ឈ្មោះថា កើតប្រាកដហើយ វិនាស​ទៅ​ប្រាកដហើយ កាល​តាំងនៅហើយ ប្រែប្រួលទៅវិញ ក៏ប្រាកដហើយ។ ម្នាលអានន្ទ ធម៌ទាំងនេះឯង ដែលកើតប្រាកដហើយ វិនាស​ទៅ​ប្រាកដហើយ កាល​តាំងនៅហើយ ប្រែប្រួលទៅវិញ ក៏ប្រាកដហើយ។ ម្នាលអានន្ទ រូបណា ដែល​មិនទាន់​កើត មិនទាន់មានប្រាកដទេ រូបនោះ ឈ្មោះថា នឹងកើតប្រាកដ នឹងវិនាសប្រាកដ កាលតាំង​នៅហើយ ប្រែប្រួលទៅវិញ ក៏នឹងប្រាកដ។ វេទនាណា។ សញ្ញាណា។ សង្ខារណា។ វិញ្ញាណណា ដែលមិនទាន់​កើត មិនទាន់មានប្រាកដទេ វិញ្ញាណនោះ ឈ្មោះថា នឹងកើតប្រាកដ នឹងវិនាស​ប្រាកដ កាលតាំង​នៅហើយ ប្រែប្រួលទៅវិញ ក៏នឹងប្រាកដ។ ម្នាលអានន្ទ ធម៌ទាំងនេះឯង ដែលនឹងកើតប្រាកដ នឹងវិនាស​ប្រាកដ កាលតាំង​នៅហើយ ប្រែប្រួលទៅវិញ ក៏នឹងប្រាកដ។ ម្នាលអាន្ទ រូបណា ដែលកំពុង​កើត កំពុងមានប្រាកដ រូបនោះ ឈ្មោះ​ថា កំពុងកើតប្រាកដ កំពុងវិនាស​ប្រាកដ កាលតាំង​នៅហើយ ប្រែប្រួលទៅវិញ ក៏ប្រាកដ។ វេទនាណា ដែលកំពុង​កើត កំពុងមានប្រាកដ។បេ។ សញ្ញាណា។ សង្ខារណា វិញ្ញាណណា ដែល​កំពុងកើត កំពុងមានប្រាកដ វិញ្ញាណនោះ ឈ្មោះថា កំពុងកើតប្រាកដ កំពុងវិនាស​ប្រាកដ កាលតាំង​នៅហើយ ប្រែប្រួលទៅវិញ ក៏ប្រាកដ។ ម្នាលអានន្ទ ធម៌ទាំងនេះឯង ដែល​កំពុង​កើតប្រាកដ កំពុង​វិនាសប្រាកដ កាល​តាំងនៅហើយ ប្រែប្រួលទៅវិញ ក៏​ប្រាកដ។ ម្នាលអានន្ទ កាលបើគេសួរ យ៉ាងនេះ អ្នកគប្បីដោះស្រាយ​ យ៉ាងនេះចុះ។

[៨៣] ក្នុងក្រុងសាវត្ថី។ ក្នុងទីនោះឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកប្រតិបត្តិ​ធម៌ ដ៏សមគួរដល់ធម៌ រមែង​មានអនុធម៌នេះ គឺ ជាអ្នកច្រើនដោយសេចក្តីនឿយ​ណាយក្នុងរូប ច្រើនដោយសេចក្តីនឿយណាយ ក្នុងវេទនា ច្រើនដោយសេចក្តីនឿយណាយ ក្នុងសញ្ញា ច្រើនដោយសេចក្តីនឿយណាយ ក្នុងសង្ខារ ច្រើនដោយសេចក្តីនឿយណាយ ក្នុងវិញ្ញាណ។ កាលបើភិក្ខុនោះ ច្រើនដោយសេចក្តីនឿយណាយ ក្នុងរូប។ ក្នុងវេទនា។ ក្នុងសញ្ញា។ ក្នុងសង្ខារ។ កាលបើ​ភិក្ខុនោះ ច្រើនដោយសេចក្តីនឿយណាយ ក្នុងវិញ្ញាណ ក៏រមែងកំណត់ដឹង​នូវរូប។ នូវវេទនា។ នូវសញ្ញា។ នូវសង្ខារ។ រមែងកំណត់ដឹងនូវវិញ្ញាណ។ កាលបើ​ភិក្ខុនោះ កំណត់ដឹងនូវរូប។ នូវវេទនា។ នូវសញ្ញា។ នូវសង្ខារ។ កាលបើភិក្ខុនោះ កំណត់ដឹងនូវវិញ្ញាណ រមែងរួចស្រឡះចាករូប រួចស្រឡះចាកវេទនា រួចស្រឡះ ចាក​សញ្ញា រួចស្រឡះចាកសង្ខារ រួចស្រឡះ​ចាកវិញ្ញាណ រួចស្រឡះចាកជាតិ ជរា មរណៈ សេចក្តីសោក សេចក្តីខ្សឹកខ្សួល សេចក្តីទុក្ខ ទោមនស្ស និង​សេចក្តី​ចង្អៀតចង្អល់ចិត្ត តថាគត ពោលថា បុគ្គលនោះ រួចស្រឡះចាកវដ្តទុក្ខ។

[៨៤] ក្នុងក្រុងសាវត្ថី។ ក្នុងទីនោះឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកប្រតិបត្តិ​ធម៌ ដ៏សមគួរដល់ធម៌ រមែង​មានអនុធម៌នេះ គឺជាអ្នកពិចារណាឃើញថា​មិនទៀង ក្នុងរូប។ ក្នុងវេទនា។ ក្នុងសញ្ញា។ ក្នុងសង្ខារ។ ជាអ្នកពិចារណាឃើញថា​មិនទៀង ក្នុង​វិញ្ញាណ។ កាលបើភិក្ខុនោះ ពិចារណាឃើញថា​មិនទៀង ក្នុងរូប។ ក្នុងវេទនា។ ក្នុងសញ្ញា។ ក្នុងសង្ខារ។ កាលបើភិក្ខុនោះ ពិចារណាឃើញថា​មិនទៀង ក្នុង​វិញ្ញាណ ក៏រមែង​កំណត់ដឹងនូវរូប។ នូវវេទនា។ នូវសញ្ញា។ នូវសង្ខារ។ រមែង​កំណត់​ដឹង​នូវ​វិញ្ញាណ។ កាលបើភិក្ខុនោះ កំណត់ដឹងនូវរូប។ នូវវេទនា។ នូវសញ្ញា។ នូវសង្ខារ។ កាលបើ​ភិក្ខុនោះ កំណត់ដឹងនូវវិញ្ញាណ រមែងរួចស្រឡះ​ចាករូប រួចស្រឡះចាក​វេទនា រួចស្រឡះចាកសញ្ញា រួចស្រឡះចាកសង្ខារ រួចស្រឡះចាកវិញ្ញាណ រួចស្រឡះចាកជាតិ ជរា មរណៈ សេចក្តីសោក សេចក្តីខ្សឹកខ្សួល សេចក្តីទុក្ខ ទោមនស្ស និងសេចក្តីចង្អៀតចង្អល់ចិត្ត តថាគតពោលថា បុគ្គលនោះ រួចស្រឡះចាកវដ្តទុក្ខ។

[៨៥] ក្នុងក្រុងសាវត្ថី។ ក្នុងទីនោះឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកប្រព្រឹត្ត​ធម៌ ដ៏សមគួរដល់ធម៌ រមែងមានអនុធម៌នេះ គឺជាអ្នកពិចារណាឃើញថាជាទុក្ខក្នុង​រូប។ ក្នុងវេទនា។ ក្នុងសញ្ញា។ ក្នុងសង្ខារ។ ជាអ្នកពិចារណាឃើញថា​ជាទុក្ខ ក្នុង​វិញ្ញាណ។ កាលបើភិក្ខុនោះ ពិចារណាឃើញថា​ជាទុក្ខ ក្នុងរូប។ ក្នុងវេទនា។ ក្នុងសញ្ញា។ ក្នុងសង្ខារ។ ពិចារណាឃើញថា​ជាទុក្ខ ក្នុង​វិញ្ញាណ រមែង​កំណត់ដឹងច្បាស់នូវរូប។ នូវវេទនា។ នូវសញ្ញា។ នូវសង្ខារ។ រមែង​កំណត់​ដឹង​ច្បាស់​នូវ​វិញ្ញាណ។ កាលបើភិក្ខុនោះ កំណត់ដឹងច្បាស់នូវរូប។ នូវវេទនា។ នូវសញ្ញា។ នូវសង្ខារ។ កំណត់ដឹងច្បាស់នូវវិញ្ញាណ រមែងរួចស្រឡះ​ចាករូប រួចស្រឡះចាក​វេទនា រួចស្រឡះចាកសញ្ញា រួចស្រឡះចាកសង្ខារ រួចស្រឡះចាកវិញ្ញាណ រួចស្រឡះចាកជាតិ ជរា មរណៈ សេចក្តីសោក សេចក្តីខ្សឹកខ្សួល សេចក្តីទុក្ខ ទោមនស្ស និងសេចក្តីចង្អៀតចង្អល់ចិត្ត តថាគតពោលថា បុគ្គលនោះ រួចស្រឡះចាកវដ្តទុក្ខ។

[៨៦] ក្នុងក្រុងសាវត្ថី។ ក្នុងទីនោះឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកប្រតិបត្តិ​ធម៌ ដ៏សមគួរដល់ធម៌ រមែងមានអនុធម៌នេះ គឺជាអ្នកពិចារណាឃើញថាមិនមែន​ជារបស់ខ្លួន ក្នុង​រូប។ ក្នុងវេទនា។ ក្នុងសញ្ញា។ ក្នុងសង្ខារ។ ជាអ្នកពិចារណាឃើញថា​មិនមែនជារបស់ខ្លួន ក្នុង​វិញ្ញាណ។ កាលបើភិក្ខុនោះ ពិចារណាឃើញថា​មិនមែន​ជារបស់ខ្លួន ក្នុងរូប។ ក្នុងវេទនា។ ក្នុងសញ្ញា។ ក្នុងសង្ខារ។ កាលបើភិក្ខុនោះ ពិចារណាឃើញថាមិនមែនជារបស់ខ្លួន ក្នុង​វិញ្ញាណ រមែង​កំណត់ដឹងច្បាស់នូវរូប។ នូវវេទនា។ នូវសញ្ញា។ នូវសង្ខារ។ ​កំណត់​ដឹង​ច្បាស់​នូវ​វិញ្ញាណ។ កាលបើ​ភិក្ខុនោះ កំណត់ដឹងច្បាស់នូវរូប។ នូវវេទនា។ នូវសញ្ញា។ នូវសង្ខារ។ កាលបើភិក្ខុនោះ កំណត់ដឹងច្បាស់នូវវិញ្ញាណ រមែងរួចស្រឡះ​ចាករូប រួចស្រឡះចាក​វេទនា រួចស្រឡះចាកសញ្ញា រួចស្រឡះចាកសង្ខារ រួចស្រឡះចាកវិញ្ញាណ រួចស្រឡះចាកជាតិ ជរា មរណៈ សេចក្តីសោក សេចក្តីខ្សឹកខ្សួល សេចក្តីទុក្ខ ទោមនស្ស និងសេចក្តីចង្អៀតចង្អល់ចិត្ត តថាគតពោលថា បុគ្គលនោះ រួចស្រឡះចាកវដ្តទុក្ខ។

ចប់ នតុម្ហាកវគ្គ ទី៤។

ឧទ្ទានក្នុងនតុម្ហាកវគ្គនោះគឺ

និយាយអំពីធម៌ ដែលព្រះមានព្រះភាគ ទ្រង់សំដែងថា មិនមែនជារបស់អ្នក​ទាំងឡាយទេ មានពីរលើក អំពីអញ្ញតរភិក្ខុ ចូលទៅគាល់​ព្រះមានព្រះភាគ សូម​ឲ្យ​ព្រះអង្គសំដែងធម៌ដោយសង្ខេប មានពីរលើក អំពីព្រះមានព្រះភាគត្រាស់​សួរធម៌​ ចំពោះព្រះអានន្ទ មានពីរលើក អំពីព្រះមានព្រះភាគ​សំដែងអនុធម៌ ប្រមាណពីរៗ មានពីរលើក។

អត្តទីបវគ្គ

[៨៧] ក្នុងក្រុងសាវត្ថី។ ក្នុងទីនោះឯង។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរ​យកខ្លួនជាទីពឹង យកខ្លួនជាទីរឭក កុំយករបស់ដទៃជាទីពឹងទីរឭកឡើយ ចូរ​យកធម៌ជាទីពឹង យកធម៌ជាទីរឭក កុំយក​របស់ដទៃ ជាទីពឹង ទីរឭកឡើយ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលបើយកខ្លួនជាទីពឹង យកខ្លួនជាទីរឭក មិនយករបស់ដទៃជាទីពឹងទីរឭក ​យកធម៌ជាទីពឹង យកធម៌ជាទីរឭក មិនយក​របស់ដទៃ ជាទីពឹង ទីរឭកហើយ គប្បីពិចារណារកហេតុ ដោយយោបល់ថា សេចក្តីសោក សេចក្តីខ្សឹកខ្សួល សេចក្តីទុក្ខ ទោមនស្ស និងសេចក្តីចង្អៀតចង្អល់ចិត្ត កើតមកអំពីអ្វី មានមកអំពីអ្វី។ ម្នាលភិក្ខុទាំងឡាយ ចុះ​សេចក្តីសោក សេចក្តីខ្សឹកខ្សួល សេចក្តីទុក្ខ ទោមនស្ស និងសេចក្តីចង្អៀតចង្អល់ចិត្ត តើកើតមកអំពីអ្វី មានមកអំពីអ្វី។ ម្នាលភិក្ខុទាំងឡាយ បុថុជ្ជនក្នុងលោកនេះ ជាអ្នក​មិនចេះដឹង មិនបានឃើញពួកព្រះអរិយៈ មិនឈ្លាសវៃ ក្នុងអរិយធម៌ មិនសិក្សាក្នុង​អរិយធម៌ មិនបានឃើញពួកសប្បុរស មិនឈ្លាសវៃ ក្នុងសប្បុរិសធម៌ មិនសិក្សា​ក្នុង​សប្បុរិសធម៌ រមែង​ពិចារណាឃើញនូវរូប ថាជាខ្លួនខ្លះ ឃើញនូវ​ខ្លួនថាមានរូបខ្លះ ឃើញនូវរូបថាមានក្នុងខ្លួនខ្លះ ឃើញនូវខ្លួន ថាមានក្នុងរូបខ្លះ លុះរូបនោះ​ របស់​បុគ្គល​នោះ ប្រែប្រួលវិបត្តិផ្សេងៗទៅ សេចក្តីសោក សេចក្តីខ្សឹកខ្សួល សេចក្តីទុក្ខ ទោមនស្ស សេចក្តីចង្អៀតចង្អល់ចិត្ត ក៏កើតឡើងដល់បុគ្គលនោះ ព្រោះរូប​ប្រែប្រួល វិបត្តិទៅផ្សេងៗ។ បុគ្គលនោះ ពិចារណាឃើញនូវវេទនា ថាជាខ្លួនខ្លះ ឃើញនូវ​ខ្លួនថាមានវេទនាខ្លះ ឃើញនូវវេទនាថាមានក្នុងខ្លួនខ្លះ ឃើញនូវខ្លួន ថាមានក្នុងវេទនាខ្លះ លុះវេទនានោះ​ របស់​បុគ្គល​នោះ ប្រែប្រួលវិបត្តិផ្សេងៗទៅ សេចក្តីសោក សេចក្តីខ្សឹកខ្សួល សេចក្តីទុក្ខ ទោមនស្ស សេចក្តីចង្អៀតចង្អល់ចិត្ត ក៏កើតឡើងដល់បុគ្គលនោះ ព្រោះវេទនា​ប្រែប្រួល វិបត្តិទៅផ្សេងៗ។ ឃើញ​នូវ​សញ្ញា។ ពិចារណាឃើញនូវសង្ខារថាជាខ្លួន។បេ។ ពិចារណាឃើញនូវវិញ្ញាណ​ ថាជាខ្លួនខ្លះ ឃើញនូវ​ខ្លួនថាមានវិញ្ញាណខ្លះ ឃើញនូវវិញ្ញាណថាមានក្នុងខ្លួនខ្លះ ឃើញនូវខ្លួន ថាមានក្នុងវិញ្ញាណខ្លះ លុះវិញ្ញាណនោះ​ របស់​បុគ្គល​នោះ ប្រែប្រួលវិបត្តិផ្សេងៗទៅ សេចក្តីសោក សេចក្តីខ្សឹកខ្សួល សេចក្តីទុក្ខ ទោមនស្ស សេចក្តីចង្អៀតចង្អល់ចិត្ត ក៏កើតឡើងដល់បុគ្គលនោះ ព្រោះវិញ្ញាណ​ប្រែប្រួល វិបត្តិទៅផ្សេងៗ។

[៨៨] ម្នាលភិក្ខុទាំងឡាយ កាលបើភិក្ខុដឹងច្បាស់ នូវសេចក្តី​មិនទៀង សេចក្តី​ប្រែប្រួល សេចក្តីវិនាស និងសេចក្តីរលត់នៃរូប ហើយឃើញច្បាស់​តាមពិត ដោយ​ប្រាជ្ញាដ៏ប្រពៃ នូវរូបនុ៎ះយ៉ាងនេះថា រូបក្នុងកាលមុនក្តី ក្នុងកាលឥឡូវនេះក្តី រូប​ទាំងអស់ មិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា ភិក្ខុនោះ ក៏លះបង់​សេចក្តី​សោក សេចក្តីខ្សឹកខ្សួល សេចក្តីទុក្ខ ទោមនស្ស និងសេចក្តីចង្អៀតចង្អល់​ចិត្ត​ចេញ​បាន កាលបើភិក្ខុនោះ លះបង់នូវសេចក្តីសោកជាដើមទាំងនោះចេញហើយ រមែង​មិនតក់ស្លុត កាលបើមិនតក់ស្លុតហើយ រមែង​នៅជាសុខ ភិក្ខុអ្នកមានធម៌ ជាគ្រឿង​នៅជាសុខ ហៅថា អ្នករំលត់កិលេសដោយអង្គ នៃវិបស្សនានោះៗ។ ម្នាលភិក្ខុទាំងឡាយ កាលបើភិក្ខុដឹងច្បាស់ នូវសេចក្តី​មិនទៀង សេចក្តី​ប្រែប្រួល សេចក្តីវិនាស និងសេចក្តីរលត់ នៃវេទនា ហើយឃើញច្បាស់​តាមពិត ដោយ​ប្រាជ្ញាដ៏ប្រពៃ នូវវេទនានុ៎ះ យ៉ាងនេះថា វេទនាក្នុងកាលមុនក្តី ក្នុងកាលឥឡូវនេះក្តី វេទនា​ទាំងអស់ មិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា ភិក្ខុនោះ ក៏លះបង់​សេចក្តី​សោក សេចក្តីខ្សឹកខ្សួល សេចក្តីទុក្ខ ទោមនស្ស និងសេចក្តីចង្អៀតចង្អល់​ចិត្ត​ចេញ​បាន កាលបើភិក្ខុនោះ លះបង់នូវសេចក្តីសោក ជាដើមទាំងនោះចេញហើយ រមែង​មិនតក់ស្លុត កាលបើមិនតក់ស្លុតហើយ រមែង​នៅជាសុខ ភិក្ខុអ្នកមានធម៌ ជាគ្រឿង​នៅជាសុខ ហៅថា អ្នករំលត់កិលេសដោយអង្គ នៃវិបស្សនានោះៗ។ (កាល​បើភិក្ខុដឹងច្បាស់ នូវសេចក្តីមិនទៀង) នៃសញ្ញា។ ម្នាលភិក្ខុទាំងឡាយ កាលបើ​ភិក្ខុ​ដឹងច្បាស់ នូវសេចក្តីមិនទៀង សេចក្តី​ប្រែប្រួល សេចក្តីវិនាស និងសេចក្តីរលត់នៃ​សង្ខារហើយ បានឃើញច្បាស់​តាមពិត ដោយ​ប្រាជ្ញាដ៏ប្រពៃ នូវសង្ខារ​នុ៎ះ យ៉ាងនេះថា សង្ខារក្នុងកាលមុនក្តី សង្ខារក្នុងកាលឥឡូវនេះក្តី សង្ខារ​ទាំងអស់ មិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា ភិក្ខុនោះ ក៏លះបង់​សេចក្តី​សោក សេចក្តីខ្សឹកខ្សួល សេចក្តីទុក្ខ ទោមនស្ស និងសេចក្តីចង្អៀតចង្អល់​ចិត្ត​ចេញ​បាន កាលបើភិក្ខុនោះ លះបង់សេចក្តីសោក ជាដើម ទាំងនោះចេញហើយ រមែង​មិនតក់ស្លុត កាលបើមិនតក់ស្លុតហើយ រមែង​នៅជាសុខ ភិក្ខុអ្នកមានធម៌ ជាគ្រឿង​នៅជាសុខ ហៅថា អ្នករំលត់កិលេសដោយអង្គ នៃវិបស្សនានោះៗ។ ម្នាលភិក្ខុទាំងឡាយ កាលបើភិក្ខុដឹងច្បាស់ នូវសេចក្តី​មិនទៀង សេចក្តី​ប្រែប្រួល សេចក្តីវិនាស និងសេចក្តីរលត់ នៃវិញ្ញាណហើយ បានឃើញច្បាស់​តាមពិត ដោយ​ប្រាជ្ញាដ៏ប្រពៃ នូវវិញ្ញាណនុ៎ះ យ៉ាងនេះថា វិញ្ញាណក្នុងកាលមុនក្តី ក្នុងកាលឥឡូវនេះក្តី វិញ្ញាណ​ទាំងអស់ មិនទៀង ជាទុក្ខ មានសេចក្តី​ប្រែប្រួលជា​ធម្មតា ភិក្ខុនោះ ក៏លះបង់​សេចក្តី​សោក សេចក្តីខ្សឹកខ្សួល សេចក្តីទុក្ខ ទោមនស្ស និងសេចក្តីចង្អៀតចង្អល់​ចិត្ត​ចេញ​បាន កាលបើភិក្ខុនោះ លះបង់សេចក្តី​សោក ជាដើមទាំងនោះចេញហើយ រមែង​មិនតក់ស្លុត កាលបើមិនតក់ស្លុតហើយ រមែង​នៅជាសុខ ភិក្ខុអ្នកមានធម៌ ជាគ្រឿង​នៅជាសុខ ហៅថា អ្នករំលត់កិលេស ដោយអង្គ​នៃវិបស្សនានោះៗ។

[៨៩] ក្នុងក្រុងសាវត្ថី។ ក្នុងទីនោះឯង។ ម្នាលភិក្ខុទាំងឡាយ តថាគតនឹង​សំដែង នូវបដិបទា ជាដំណើរកើតឡើង នៃសក្កាយផង នូវបដិបទា ជាដំណើរ​រលត់​នៃ​សក្កាយផង ដល់អ្នកទាំងឡាយ ៗ ចូរស្តាប់នូវធម៌នោះចុះ។ ម្នាលភិក្ខុទាំងឡាយ ចុះបដិបទា ជាដំណើរ​កើតឡើង នៃសក្កាយ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុថុជ្ជន ​ក្នុងលោកនេះ ជាអ្នកមិនចេះដឹង មិនបានឃើញពួកព្រះអរិយៈ មិនឈ្លាស​វៃ​ក្នុងអរិយធម៌ មិនបានសិក្សាក្នុងអរិយធម៌ មិនបានឃើញពួកសប្បុរស មិនឈ្លាសវៃ​ក្នុង​សប្បុរិសធម៌ មិនបានសិក្សា ក្នុងសប្បុរិសធម៌ រមែងពិចារណាឃើញ នូវ​រូប ថា ជាខ្លួនខ្លះ ឃើញនូវខ្លួន ថាមានរូបខ្លះ ឃើញនូវរូប ថាមានក្នុងខ្លួនខ្លះ ឃើញនូវ​ខ្លួន ថាមានក្នុងរូបខ្លះ ឃើញនូវវេទនា ថាជាខ្លួន។បេ។ ឃើញនូវសញ្ញា។ ឃើញនូវសង្ខារ។ ពិចារណាឃើញ នូវវិញ្ញាណ ថាជាខ្លួនខ្លះ ឃើញនូវខ្លួន ថាមានវិញ្ញាណខ្លះ ឃើញនូវវិញ្ញាណ ថាមានក្នុងខ្លួនខ្លះ ឃើញនូវ​ខ្លួន ថាមានក្នុងវិញ្ញាណខ្លះ។ ម្នាលភិក្ខុ​ទាំងឡាយ នេះហៅថា បដិបទា ជាដំណើរកើតឡើង នៃសក្កាយ។ ម្នាលភិក្ខុ​ទាំងឡាយ នេះឯងហៅថា ការយល់ឃើញ ជាដំណើរនាំឲ្យកើតឡើង​នៃទុក្ខ នេះជាសេចក្តីអធិប្បាយ ក្នុងធម៌នុ៎ះ ដោយប្រការដូច្នេះឯង។

[៩០] ម្នាលភិក្ខុទាំងឡាយ ចុះបដិបទា ជាដំណើររលត់នៃសក្កាយ តើដូច​ម្តេច។ ម្នាលភិក្ខុទាំងឡាយ អរិយសាវ័ក​ ក្នុងលោកនេះ ជាអ្នកចេះដឹង បានឃើញពួកព្រះអរិយៈ ឈ្លាស​វៃ​ក្នុងអរិយធម៌ បានសិក្សា​ដោយល្អ ក្នុងអរិយធម៌ បានឃើញពួកសប្បុរស ឈ្លាសវៃ ​ក្នុង​សប្បុរិសធម៌ បានសិក្សាដោយល្អ ក្នុងសប្បុរិស​ធម៌ រមែងមិនពិចារណាឃើញនូវ​រូប ថាជាខ្លួនខ្លះ មិនឃើញនូវខ្លួន ថាមានរូបខ្លះ មិនឃើញនូវរូប ថាមានក្នុងខ្លួនខ្លះ មិនឃើញនូវ​ខ្លួន ថាមានក្នុងរូបខ្លះ មិនឃើញនូវវេទនា ថាជាខ្លួន។ មិនឃើញនូវសញ្ញា។ មិនឃើញនូវសង្ខារ។ មិនពិចារណាឃើញ នូវវិញ្ញាណ ថាជាខ្លួនខ្លះ មិនឃើញនូវខ្លួន ថាមានវិញ្ញាណខ្លះ មិនឃើញនូវវិញ្ញាណ ថាមានក្នុងខ្លួនខ្លះ មិនឃើញនូវ​ខ្លួន ថាមានក្នុងវិញ្ញាណខ្លះ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា បដិបទា ជាដំណើររលត់ នៃសក្កាយ។ ម្នាលភិក្ខុទាំងឡាយ នេះឯងហៅថា ការយល់ឃើញ ជាដំណើរនាំឲ្យរលត់​នៃទុក្ខ នេះជាសេចក្តីអធិប្បាយ ក្នុងធម៌នុ៎ះ ដោយប្រការដូច្នេះឯង។

[៩១] ក្នុងក្រុងសាវត្ថី។ ក្នុងទីនោះឯង។ ម្នាលភិក្ខុទាំងឡាយ រូបមិនទៀង របស់​ណាមិនទៀង របស់នោះជាទុក្ខ របស់ណាជាទុក្ខ របស់នោះ មិនមែនជារបស់ខ្លួន​ទេ របស់ណា មិនមែនជារបស់ខ្លួន របស់នោះ គួរយល់ឃើញតាមពិត ដោយប្រាជ្ញា​ដ៏​ប្រពៃ ដូច្នេះថា នុ៎ះមិនមែនជារបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួន​របស់អញ។ កាលបើយល់ឃើញតាមពិត ដោយប្រាជ្ញាដ៏ប្រពៃ នូវរបស់នុ៎ះ យ៉ាង​នេះហើយ ចិត្តក៏រមែងនឿយណាយ រមែងរួចស្រឡះចាកអាសវៈ​ទាំងឡាយ ព្រោះមិន​ប្រកាន់មាំ។ វេទនា មិនទៀង។ សញ្ញា។ សង្ខារ។ វិញ្ញាណ មិនទៀង របស់​ណាមិនទៀង របស់នោះជាទុក្ខ របស់ណាជាទុក្ខ របស់នោះ មិនមែនជារបស់ខ្លួន​ទេ របស់ណា មិនមែនជារបស់ខ្លួន របស់នោះ គួរយល់ឃើញតាមពិត ដោយប្រាជ្ញា​ដ៏​ប្រពៃ ដូច្នេះថា នុ៎ះមិនមែនជារបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួន​របស់អញ។ កាលបើយល់ឃើញតាមពិត ដោយប្រាជ្ញាដ៏ប្រពៃ នូវរបស់នុ៎ះ យ៉ាង​នេះហើយ ចិត្តក៏រមែងនឿយណាយ រមែងរួចស្រឡះចាកអាសវៈ​ទាំងឡាយ ព្រោះមិន​ប្រកាន់មាំ។

[៩២] ម្នាលភិក្ខុទាំងឡាយ បើចិត្តរបស់ភិក្ខុ បាននឿយណាយ ក្នុងរូបធាតុ បានរួចស្រឡះចាកអាសវៈទាំងឡាយ ព្រោះមិនប្រកាន់មាំហើយ។ ក្នុងវេទនាធាតុ។ ក្នុងសញ្ញាធាតុ។ ក្នុងសង្ខារធាតុ។ ម្នាលភិក្ខុទាំងឡាយ បើចិត្តរបស់ភិក្ខុ បាននឿយណាយ ក្នុងវិញ្ញាណធាតុ បានរួចស្រឡះ ចាកអាសវៈទាំងឡាយ ព្រោះមិនប្រកាន់មាំហើយ។ ព្រោះហេតុតែរួចស្រឡះចាកអាសវៈ ចិត្តក៏តាំងនៅនឹង ព្រោះហេតុតែតាំងនៅនឹង ចិត្តក៏រីករាយ ព្រោះហេតុតែរីករាយ បុគ្គលរមែងមិន​តក់ស្លុត បុគ្គលដែលមិនតក់ស្លុត រមែងរំលត់កិលេសចំពោះខ្លួនឯង។ បុគ្គល​នោះ រមែង​ដឹងច្បាស់ថា ជាតិអស់ហើយ មគ្គព្រហ្មចរិយធម៌ អាត្មាអញ បានប្រព្រឹត្តគ្រប់​គ្រាន់ហើយ សោឡសកិច្ច អាត្មាអញ បានធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្ត​ទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។

[៩៣] ក្នុងក្រុងសាវត្ថី។ ក្នុងទីនោះឯង។ ម្នាលភិក្ខុទាំងឡាយ រូបមិនទៀង របស់​ណាមិនទៀង របស់នោះជាទុក្ខ របស់ណាជាទុក្ខ របស់នោះមិនមែនជារបស់ខ្លួន​ទេ របស់ណា មិនមែនជារបស់ខ្លួន របស់នោះ គួរយល់ឃើញតាមពិត ដោយប្រាជ្ញា​ដ៏​ប្រពៃ ដូច្នេះថា នុ៎ះមិនមែនជារបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួន​របស់អញ។ វេទនាមិនទៀង។ សញ្ញាមិនទៀង។ សង្ខារមិនទៀង។ វិញ្ញាណមិនទៀង របស់​ណាមិនទៀង របស់នោះជាទុក្ខ របស់ណាជាទុក្ខ របស់នោះមិនមែនជារបស់ខ្លួន​ របស់ណា មិនមែនជារបស់ខ្លួន របស់នោះ គួរយល់ឃើញតាមពិត ដោយប្រាជ្ញា​ដ៏​ប្រពៃ ដូច្នេះថា នុ៎ះមិនមែនជារបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួន​របស់អញទេ។ កាលបើយល់ឃើញតាមពិត ដោយប្រាជ្ញាដ៏ប្រពៃ នូវរបស់នុ៎ះ យ៉ាង​នេះហើយ បុព្វន្តានុទិដ្ឋិ [ប្រែថា ការយល់ឃើញនូវខន្ធ ក្នុងអតីតកាល ទិដ្ឋិនេះ មាន​១៨។] រមែងមិនមាន កាលបើបុព្វន្តានុទិដ្ឋិមិនមានហើយ អបរន្តានុទិដ្ឋិ [ប្រែថា ការយល់ឃើញនូវ​ខន្ធ ក្នុងអនាគតកាល ទិដ្ឋិនេះ មាន៤៤។ ទិដ្ឋិ ទាំង២យ៉ាងនេះ ចូរ​មើលក្នុងព្រហ្មជាលសូត្រ ទីឃនិកាយ សីលក្ខន្ធវគ្គ។] ក៏មិនមាន កាលបើ​អបរន្តានុទិដ្ឋិ​មិនមានហើយ ការស្ទាប​អង្អែល ​ដោយ​កំឡាំង​ទិដ្ឋិ ក៏មិនមាន។ កាលបើការស្ទាបអង្អែល​ ដោយកំឡាំងទិដ្ឋិ មិនមាន​ហើយ ចិត្តក៏រមែងនឿយណាយ ក្នុងរូប ក្នុងវេទនា ក្នុងសញ្ញា ក្នុងសង្ខារ ក្នុងវិញ្ញាណ រមែង​រួចស្រឡះចាកអាសវៈទាំង​ឡាយ ព្រោះមិនប្រកាន់មាំ។ ព្រោះហេតុតែរួចស្រឡះ ចាកអាសវៈ ចិត្តក៏តាំងនៅ​នឹង ព្រោះហេតុតែតាំងនៅនឹង ចិត្តក៏រីករាយ ព្រោះហេតុតែរីករាយ បុគ្គលរមែងមិន​តក់​ស្លុត បុគ្គលដែល​មិនតក់ស្លុត រមែង​រំលត់កិលេស ​ចំពោះខ្លួនឯង។ បុគ្គលនោះ រមែង​ដឹងច្បាស់ថា ជាតិអស់ហើយ មគ្គព្រហ្មចរិយធម៌ អាត្មាអញ បានប្រព្រឹត្ត​គ្រប់គ្រាន់​ហើយ សោឡសកិច្ច អាត្មាអញ បានធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្ត​ទៅដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។

[៩៤] ក្នុងក្រុងសាវត្ថី។ ក្នុងទីនោះឯង។ ម្នាលភិក្ខុទាំងឡាយ ពួកសមណៈ ឬ​ព្រាហ្មណ៍ណាមួយ កាលយល់ឃើញ តែងយល់ឃើញ នូវខ្លួន​ជាច្រើនប្រការ សមណៈ ឬព្រាហ្មណ៍ទាំងអស់នោះ រមែងយល់ឃើញ នូវឧបាទានក្ខន្ធ ទាំង៥ ឬ​បណ្តាឧបាទានក្ខន្ធ ទាំង៥នុ៎ះ ឧបាទានក្ខន្ធណាមួយ។ ចុះឧបាទានក្ខន្ធ ទាំង​៥ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុថុជ្ជន ក្នុងលោកនេះ ជាអ្នកមិនចេះដឹង មិន​បានឃើញពួក​ព្រះអរិយៈ។បេ។ មិនបានសិក្សា ក្នុងសប្បុរិសធម៌ រមែង​ពិចារណាឃើញ នូវរូប ថាជាខ្លួនខ្លះ ឃើញនូវខ្លួន ថាមានរូបខ្លះ ឃើញនូវរូប​ ថាមាន​ក្នុងខ្លួនខ្លះ ឃើញនូវខ្លួន ថាមានក្នុងរូបខ្លះ។ នូវវេទនា។ នូវសញ្ញា។ នូវសង្ខារ។ ពិចារណាឃើញ នូវវិញ្ញាណ ថាជាខ្លួនខ្លះ ឃើញនូវខ្លួន ថាមានវិញ្ញាណខ្លះ ឃើញនូវ​វិញ្ញាណ ថាមានក្នុងខ្លួនខ្លះ ឃើញនូវខ្លួន ថាមានវិញ្ញាណខ្លះ។ យ៉ាងនេះឯង ហៅថា ការយល់ឃើញ (ដោយទិដ្ឋិ) មួយទៀត បុគ្គលនោះ រមែងបាននូវ​សេចក្តី​ប្រកាន់ថា អាត្មាអញ មាន [អដ្ឋកថាពន្យល់ថា ប្រកាន់​ដោយបបញ្ចធម៌ ៣យ៉ាង គឺ តណ្ហា មានះ ទិដ្ឋិ។]។ ម្នាលភិក្ខុទាំងឡាយ កាលបើបុគ្គលនោះ បាននូវសេចក្តី​ប្រកាន់​ថា អាត្មាអញ មាន ដូច្នេះហើយ បន្ទាប់អំពីនោះមក ឥន្ទ្រិយ ទាំង៥ គឺ ចក្ខុន្ទ្រិយ១ សោតិន្ទ្រិយ១ ឃានិន្ទ្រិយ១ ជិវ្ហិន្ទ្រិយ១ កាយិន្ទ្រិយ១ រមែង​កើតឡើងបាន។ ម្នាលភិក្ខុទាំងឡាយ ចិត្តក៏មាន ធម្មារម្មណ៍ក៏មាន អវិជ្ជាធាតុ ក៏មាន។ ម្នាលភិក្ខុទាំងឡាយ បុគ្គលជាបុថុជ្ជន មិនចេះដឹង កាលបើវេទនា ដែល​កើតអំពី​អវិជ្ជា​សម្ផ័ស្ស ពាល់ត្រូវហើយ តែងយល់ឃើញថា អាត្មាអញ មានដូច្នេះខ្លះ យល់ឃើញថា នេះ​អាត្មាអញ ដូច្នេះខ្លះ យល់ឃើញថា អាត្មាអញនឹងមាន ដូច្នេះខ្លះ យល់ឃើញថា អាត្មាអញ នឹងមិនមាន ដូច្នេះខ្លះ យល់ឃើញថា អាត្មាអញនឹងមានរូបដូច្នេះខ្លះ យល់​ឃើញថា អាត្មាអញ នឹងមិនមានរូប ដូច្នេះខ្លះ យល់ឃើញថា អាត្មាអញ នឹងមាន​សញ្ញា ដូច្នេះខ្លះ យល់ឃើញថា អាត្មាអញ នឹងមិនមានសញ្ញា ដូច្នេះខ្លះ យល់ឃើញថា អាត្មាអញ នឹងមានសញ្ញា ក៏មិនមែន មិនមានសញ្ញា ក៏មិនមែន ដូច្នេះខ្លះ។ ម្នាលភិក្ខុទាំងឡាយ ក៏ឥន្ទ្រិយ ទាំង៥ តែងឋិតនៅ ក្នុងបុគ្គលនោះៗឯង ទុកជា​ឥន្ទ្រិយទាំងនោះ ឋិតនៅដោយប្រការដូច្នេះ ចំណែកអរិយសាវ័កអ្នកចេះដឹង រមែង​លះបង់អវិជ្ជាចេញបាន វិជ្ជាក៏កើតឡើង ព្រោះវិនាសអវិជ្ជា ព្រោះកើតឡើងនៃ​វិជ្ជា អរិយសាវ័កនោះ ក៏មិនបានយល់ឃើញថា អាត្មាអញ មាន ដូច្នេះផង មិនយល់ឃើញថា នេះអាត្មាអញ ដូច្នេះផង មិនយល់ឃើញថា អាត្មាអញនឹងមាន ដូច្នេះផង មិនយល់ឃើញថា អាត្មាអញ នឹងមិនមាន ដូច្នេះផង មិនយល់ឃើញថា អាត្មាអញ នឹងមានរូប ដូច្នេះផង មិនយល់ឃើញថា អាត្មាអញ នឹងមិនមានរូប ដូច្នេះផង មិនយល់ឃើញថា អាត្មាអញ នឹងមានសញ្ញា ដូច្នេះផង មិនយល់ឃើញថា អាត្មាអញ នឹងមិនមានសញ្ញា ដូច្នេះផង មិនយល់ឃើញថា អាត្មាអញ នឹង​មានសញ្ញា ក៏មិនមែន មិនមានសញ្ញា ក៏មិនមែន ដូច្នេះផង។

[៩៥] ក្នុងក្រុងសាវត្ថី។ ក្នុងទីនោះឯង។ ម្នាលភិក្ខុទាំងឡាយ តថាគត នឹង​សំដែង​នូវខន្ធ ទាំង៥ផង នូវឧបាទានក្ខន្ធ ទាំង៥ផង ចូរអ្នកទាំងឡាយ ប្រុងស្តាប់​នូវ​ធម៌​នោះចុះ។ ម្នាលភិក្ខុទាំងឡាយ ខន្ធទាំង៥ តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ រូបណាមួយ ជាអតីត អនាគត បច្ចុប្បន្ន ជាខាងក្នុងក្តី ខាងក្រៅក្តី គ្រោតគ្រាតក្តី ល្អិត​ក្តី ថោកទាបក្តី ឧត្តមក្តី ឋិតនៅក្នុងទីឆ្ងាយក្តី ក្នុងទីជិតក្តី។ នេះហៅថា រូបក្ខន្ធ។ វេទនាណាមួយ។ សញ្ញាណាមួយ។ សង្ខារណាមួយ ជាអតីត អនាគត បច្ចុប្បន្ន ជាខាងក្នុងក្តី ខាងក្រៅក្តី គ្រោតគ្រាតក្តី ល្អិត​ក្តី ថោកទាបក្តី ឧត្តមក្តី ឋិតនៅក្នុង​ទីឆ្ងាយក្តី ក្នុងទីជិតក្តី។ នេះហៅថា សង្ខារក្ខន្ធ ។ វិញ្ញាណណាមួយ ជាអតីត អនាគត បច្ចុប្បន្ន ជាខាងក្នុងក្តី ខាងក្រៅក្តី គ្រោតគ្រាតក្តី ល្អិត​ក្តី ថោកទាបក្តី ឧត្តមក្តី ឋិតនៅក្នុងទីឆ្ងាយក្តី ក្នុងទីជិតក្តី។ នេះហៅថា វិញ្ញាណក្ខន្ធ ។ ម្នាលភិក្ខុទាំងឡាយ នេះ​ឯងហៅថា ខន្ធ៥ ។

[៩៦] ម្នាលភិក្ខុទាំងឡាយ ចុះឧបាទានក្ខន្ធទាំង៥ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ រូបណាមួយ ជាអតីត អនាគត បច្ចុប្បន្ន ជាខាងក្នុងក្តី ខាងក្រៅក្តី គ្រោតគ្រាតក្តី ល្អិត​ក្តី ថោកទាបក្តី ឧត្តមក្តី ឋិតនៅក្នុងទីឆ្ងាយក្តី ក្នុងទីជិតក្តី ប្រកប​ដោយ​អាសវៈ ជាបច្ច័យ នៃឧបាទាន។ នេះហៅថា រូបូបាទានក្ខន្ធ ។ វេទនាណាមួយ។បេ។ ឋិតនៅក្នុងទីឆ្ងាយក្តី ក្នុងទីជិតក្តី ប្រកបដោយ​អាសវៈ ជាបច្ច័យ នៃឧបាទាន។ នេះហៅថា វេទនូបាទានក្ខន្ធ ។ សញ្ញាណាមួយ។បេ។ ឋិតនៅក្នុងទីឆ្ងាយ​ក្តី ក្នុងទីជិតក្តី ប្រកប​ដោយ​អាសវៈ ជាបច្ច័យនៃឧបាទាន។ នេះហៅថា សញ្ញូបាទានក្ខន្ធ ។ សង្ខារណាមួយ។បេ។ ប្រកបដោយ​អាសវៈ ជាបច្ច័យ នៃឧបាទាន។ នេះហៅថា សង្ខារូបាទានក្ខន្ធ ។ វិញ្ញាណណាមួយ ជាអតីត អនាគត បច្ចុប្បន្ន។បេ។ ឋិតនៅក្នុងទីឆ្ងាយក្តី ក្នុងទីជិតក្តី ប្រកប​ដោយ​អាសវៈ ជាបច្ច័យ នៃឧបាទាន។ នេះហៅថា វិញ្ញាណូបាទានក្ខន្ធ ។ ម្នាលភិក្ខុទាំងឡាយ នេះឯងហៅថា ឧបាទានក្ខន្ធ៥ ។

[៩៧] ខ្ញុំបានស្តាប់មក យ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់​នៅក្នុងវត្តវេឡុវ័ន ជាកលន្ទកនិវាបស្ថាន ជិតក្រុងរាជគ្រឹះ។ គ្រានោះ គហបតិបុត្ត ឈ្មោះសោណៈ ចូលទៅគាល់​ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ។បេ។ លុះ​គហបតិបុត្ត ឈ្មោះសោណៈ អង្គុយក្នុងទីសមគួរហើយ ព្រះមានព្រះភាគ ទ្រង់​ត្រាស់ដូច្នេះថា ម្នាលសោណៈ ពួកសមណៈ ឬព្រាហ្មណ៍ណាមួយ មានរូប​មិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា តែយល់ឃើញថា អាត្មាអញ ប្រសើរជាងគេក្តី យល់ឃើញថា អាត្មាអញ ស្មើនឹងគេក្តី យល់ឃើញថា អាត្មាអញ ថោកទាបជាងគេក្តី (ឯការយល់ឃើញបែបនេះ) មិនមែនមកអំពី​ហេតុអ្វីដទៃឡើយ គឺមកអំពី​ការ​មិនឃើញ​នូវសេចក្តីពិត។ សមណៈ ឬព្រាហ្មណ៍​ណាមួយ មានវេទនាមិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា តែយល់ឃើញថា អាត្មាអញ ប្រសើរជាងគេក្តី យល់ឃើញថា អាត្មាអញ ស្មើនឹងគេក្តី យល់ឃើញថា អាត្មាអញ ថោកទាបជាងគេក្តី (ឯការយល់ឃើញបែបនេះ) មិនមែនមកអំពីហេតុអ្វីដទៃឡើយ គឺមកអំពីការមិន​ឃើញនូវសេចក្តីពិត។ មានសញ្ញាមិនទៀង។ មានសង្ខារមិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា តែយល់ឃើញថា អាត្មាអញ ប្រសើរជាងគេក្តី យល់ឃើញថា អាត្មាអញ ស្មើនឹងគេក្តី យល់ឃើញថា អាត្មាអញ ថោកទាបជាងគេក្តី (ឯការយល់ឃើញបែបនេះ) មិនមែនមកអំពីហេតុអ្វីដទៃឡើយ គឺមកអំពីការមិន​ឃើញនូវសេចក្តីពិត។ មានវិញ្ញាណមិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា តែយល់ឃើញថា អាត្មាអញ ប្រសើរជាងគេក្តី យល់ឃើញថា អាត្មាអញ ស្មើនឹងគេក្តី យល់ឃើញថា អាត្មាអញ ថោកទាបជាងគេក្តី (ឯការយល់ឃើញបែបនេះ) មិនមែនមកអំពីហេតុអ្វីដទៃឡើយ គឺមកអំពីការមិន​ឃើញនូវសេចក្តីពិត។

[៩៨] ម្នាលសោណៈ ពួកសមណៈ ឬព្រាហ្មណ៍ណានីមួយ មានរូបមិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា មិនយល់ឃើញថា អាត្មាអញ ប្រសើរជាងគេក្តី មិនយល់ឃើញថា អាត្មាអញ ស្មើនឹងគេក្តី​ មិនយល់ឃើញថា អាត្មាអញ​ ថោកទាប​ជាងគេក្តី (ឯការមិនយល់ឃើញបែបនេះ) មិនមែនមកអំពីហេតុអ្វីដទៃឡើយ គឺ​មកអំពីការឃើញ នូវសេចក្តីពិត។ មានវេទនាមិនទៀង។ មានសញ្ញាមិនទៀង។ មាន​សង្ខារមិនទៀង។ មានវិញ្ញាណមិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួល​ជាធម្មតា មិនយល់ឃើញថា អាត្មាអញ ប្រសើរជាងគេក្តី មិនយល់ឃើញថា អាត្មាអញ សើ្មនឹងគេក្តី មិនយល់ឃើញថា អាត្មាអញ ថោកទាបជាងគេក្តី (ឯការមិនយល់ឃើញ​បែបនេះ) មិនមែន​មកអំពី​ហេតុអ្វីដទៃឡើយ គឺមកអំពីការឃើញនូវសេចក្តីពិត។

[៩៩] ម្នាលសោណៈ អ្នកយល់សេចក្តីនោះ ថាដូចម្តេច រូបទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។ ចុះរបស់ណា មិនទៀង របស់នោះ ជាទុក្ខ ឬជាសុខ។ ជាទុក្ខ​ ព្រះអង្គ។ ចុះរបស់ណា មិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា គួរនឹង​យល់ឃើញ នូវ​របស់នោះថា នុ៎ះរបស់អញ​ នុ៎ះជាអញ នុ៎ះជាខ្លួនរបស់អញ ដូច្នេះឬ។ មិនគួរយល់ឃើញ យ៉ាងនោះទេ ព្រះអង្គ។ វេទនា ទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។ សញ្ញា។ សង្ខារទាំងឡាយ។ វិញ្ញាណទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។ ចុះរបស់ណា មិនទៀង របស់នោះ ជាទុក្ខ ឬជាសុខ។ ជាទុក្ខ​ ព្រះអង្គ។ ចុះរបស់ណា មិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា គួរនឹង​យល់ឃើញនូវ​របស់នោះថា នុ៎ះរបស់អញ​ នុ៎ះជាអញ នុ៎ះជាខ្លួនរបស់អញ ដូច្នេះឬ។ មិនគួរនឹងយល់ឃើញ យ៉ាងនោះទេ ព្រះអង្គ។

[១០០] ម្នាលសោណៈ ព្រោះហេតុនោះ រូបណានីមួយ ជាអតីត អនាគត បច្ចុប្បន្ន ជាខាងក្នុងក្តី ខាងក្រៅក្តី គ្រោតគ្រាតក្តី ល្អិតក្តី ថោកទាបក្តី ឧត្តមក្តី ឋិត​នៅក្នុងទីឆ្ងាយក្តី ក្នុងទីជិតក្តី រូបទាំងអស់នោះ គ្រាន់តែជារូប (ប៉ុណ្ណោះឯង) បុគ្គល​គួរ​យល់ឃើញនូវរូបនោះ ដោយប្រាជ្ញាដ៏ប្រពៃ តាមពិតយ៉ាងនេះថា នុ៎ះ មិនមែន​របស់​អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនរបស់អញ។ វេទនាណាមួយ។ សញ្ញា​ណាមួយ។ សង្ខារទាំងឡាយណាមួយ។ វិញ្ញាណណាមួយ ជាអតីត អនាគត បច្ចុប្បន្ន ជាខាងក្នុងក្តី ខាងក្រៅក្តី គ្រោតគ្រាតក្តី ល្អិតក្តី ថោកទាបក្តី ឧត្តមក្តី ឋិត​នៅក្នុងទី​ឆ្ងាយ​ក្តី ក្នុងទីជិតក្តី វិញ្ញាណទាំងអស់នោះ គ្រាន់តែជាវិញ្ញាណ (ប៉ុណ្ណោះឯង) ​គួរ​យល់ឃើញ នូវវិញ្ញាណនុ៎ះ ដោយប្រាជ្ញាដ៏ប្រពៃ តាមពិតយ៉ាងនេះថា នុ៎ះ មិនមែន​របស់​អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនរបស់អញ។ ម្នាលសោណៈ អរិយសាវ័ក ជាអ្នកចេះដឹង កាលបើឃើញយ៉ាងនេះ រមែង​នឿយណាយ ក្នុងរូបផង នឿយណាយក្នុងវេទនាផង នឿយណាយ ក្នុងសញ្ញាផង នឿយណាយ ក្នុងសង្ខារ​ទាំងឡាយផង នឿយណាយ ក្នុងវិញ្ញាណផង កាលបើនឿយណាយ (យ៉ាងនេះហើយ) រមែង​ប្រាសចាកតម្រេក ព្រោះប្រាសចាកតម្រេក ចិត្តក៏ផុតស្រឡះ (ចាកអាសវៈ) កាលបើចិត្តផុតស្រឡះហើយ ការដឹង ក៏កើតឡើងថា អាត្មាអញ រួច​ស្រឡះ​ហើយ។ អរិយសាវ័កនោះ រមែងដឹងច្បាស់ថា ជាតិអស់ហើយ មគ្គព្រហ្ម​ចរិយធម៌ អាត្មាអញ បានប្រព្រឹត្ត​គ្រប់គ្រាន់ហើយ សោឡសកិច្ច អាត្មាអញ បានធ្វើ​ស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។

[១០១] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់​នៅ​ក្នុងវត្តវេឡុវ័ន ជាកលន្ទកនិវាបស្ថាន ជិតក្រុងរាជគ្រឹះ។ គ្រានោះឯង សោណគហបតិ​បុត្ត ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ក៏ក្រាបថ្វាយបង្គំ​ព្រះមានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះសោណគហបតិបុត្ត អង្គុយក្នុងទីសមគួរហើយ ទើប​ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលសោណៈ ពួកសមណៈ ឬព្រាហ្មណ៍ណានីមួយ មិនស្គាល់រូប មិនស្គាល់ហេតុ ជាទីកើតឡើង នៃរូប មិនស្គាល់ទីរលត់រូប មិនស្គាល់​សេចក្តីប្រតិបត្តិ ​ជាដំណើរ​ទៅ​កាន់ទីរលត់រូប។ មិនស្គាល់វេទនា មិនស្គាល់ហេតុ ជាទីកើតឡើង នៃវេទនា មិនស្គាល់ទីរលត់ នៃវេទនា មិនស្គាល់​សេចក្តីប្រតិបត្តិ​ ជាដំណើរ​​ទៅ​កាន់ទីរលត់ នៃវេទនា។ មិនស្គាល់សញ្ញា។បេ។ មិនស្គាល់សង្ខារ មិនស្គាល់ហេតុ ជាទីកើតឡើង នៃសង្ខារ មិនស្គាល់ទីរលត់ នៃសង្ខារ មិនស្គាល់​សេចក្តីប្រតិបត្តិ​ជាដំណើរ​ទៅ​កាន់ទីរលត់នៃសង្ខារ។ មិនស្គាល់វិញ្ញាណ មិនស្គាល់ហេតុ ជាទីកើតឡើងនៃវិញ្ញាណ មិនស្គាល់ទីរលត់នៃវិញ្ញាណ មិនស្គាល់​សេចក្តីប្រតិបត្តិ​ជាដំណើរ​ទៅ​កាន់ទីរលត់នៃវិញ្ញាណ។ ម្នាលសោណៈ សមណៈឬព្រាហ្មណ៍ទាំង​នុ៎ះ មិន​រាប់ថាជាសមណៈ ក្នុងពួកសមណៈផង មិនរាប់ថាជាព្រាហ្មណ៍ ក្នុង​ពួក​ព្រាហ្មណ៍​ផង មិនតែប៉ុណ្ណោះ សមណៈ ឬព្រាហ្មណ៍មានអាយុទាំងនោះឯង រមែង​មិនបានធ្វើឲ្យជាក់ច្បាស់ សម្រេចនូវសាមញ្ញផល ឬព្រហ្មញ្ញផល ដោយ​ប្រាជ្ញាដ៏​ឧត្តមរបស់ខ្លួនឯង ក្នុងបច្ចុប្បន្ននេះបានឡើយ។

[១០២] ម្នាលសោណៈ លុះតែពួកសមណៈ ឬព្រាហ្មណ៍ណានីមួយ ស្គាល់​រូប ស្គាល់ហេតុ ជាទីកើតឡើងនៃរូប ស្គាល់ទីរលត់នៃរូប ស្គាល់​សេចក្តីប្រតិបត្តិ​ជាដំណើរ​ទៅ​កាន់ទីរលត់នៃរូប។ ស្គាល់វេទនា។បេ។ ស្គាល់សញ្ញា។ ស្គាល់សង្ខារទាំងឡាយ។ ស្គាល់វិញ្ញាណ ស្គាល់ហេតុ ជាទីកើតឡើង នៃវិញ្ញាណ ស្គាល់សេចក្តីរលត់ នៃវិញ្ញាណ ស្គាល់​សេចក្តីប្រតិបត្តិ ​ជាដំណើរ​ទៅ​កាន់ទីរលត់នៃវិញ្ញាណ។ ម្នាលសោណៈ សមណៈ ឬព្រាហ្មណ៍ទាំងនោះឯង ទើបរាប់ថាជាសមណៈ ក្នុងពួកសមណៈ​ផង រាប់ថាជាព្រាហ្មណ៍​ ក្នុងពួកព្រាហ្មណ៍ផង មិនតែប៉ុណ្ណោះ សមណៈ ឬព្រាហ្មណ៍មាន​អាយុទាំងនោះ រមែង​បានធ្វើឲ្យជាក់ច្បាស់ សម្រេចនូវសាមញ្ញផលផង នូវ​ព្រហ្មញ្ញផល​ផង ដោយប្រាជ្ញាដ៏ឧត្តម ​របស់ខ្លួនឯង ក្នុងបច្ចុប្បន្ននេះ។

[១០៣] ក្នុងក្រុងសាវត្ថី។ ក្នុងទីនោះឯង។បេ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់​ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុឃើញរូប ដែលមិនទៀងពិត ថា មិនទៀង ភិក្ខុ​នោះ​ឈ្មោះថា មានសេចក្តី​យល់ឃើញត្រូវ កាលបើភិក្ខុយល់ឃើញត្រូវហើយ​ រមែង​នឿយណាយ។ ការអស់ទៅនៃតម្រេក ព្រោះអស់ទៅ នៃសេចក្តីរីករាយ ការអស់​ទៅនៃ​សេចក្តីរីករាយ ព្រោះការអស់ទៅ នៃតម្រេក ចិត្តដែលរួចស្រឡះ​ហើយ ព្រោះ​អស់ទៅ នៃសេចក្តីរីករាយ និងតម្រេក ហៅថា រួចស្រឡះ​ដោយប្រពៃ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុឃើញវេទនា ដែលមិនទៀងពិត ថា មិនទៀង ភិក្ខុ​នោះ​ឈ្មោះថា មានសេចក្តី​យល់ឃើញត្រូវ កាលបើភិក្ខុយល់ឃើញត្រូវហើយ​ រមែង​នឿយណាយ។ ការអស់ទៅនៃតម្រេក ព្រោះអស់ទៅ នៃសេចក្តីរីករាយ ការអស់​ទៅនៃ​សេចក្តីរីករាយ ព្រោះអស់ទៅ នៃតម្រេក ចិត្តដែលរួចស្រឡះ​ហើយ ព្រោះ​ការអស់ទៅ នៃសេចក្តីរីករាយ និងតម្រេក ហៅថា រួចស្រឡះ​ដោយប្រពៃ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុឃើញសញ្ញា ដែលមិនទៀងពិត ថា មិនទៀង។បេ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុឃើញសង្ខារ ដែលមិនទៀងពិត ថា មិនទៀង ភិក្ខុ​នោះ​ឈ្មោះថា មានសេចក្តី​យល់ឃើញត្រូវ កាលបើភិក្ខុយល់ឃើញត្រូវហើយ​ រមែង​នឿយណាយ។ ការអស់ទៅ នៃតម្រេក ព្រោះអស់ទៅ នៃសេចក្តីរីករាយ ការអស់​ទៅនៃ​សេចក្តីរីករាយ ព្រោះអស់ទៅ នៃតម្រេក ចិត្តដែលរួចស្រឡះ​ហើយ ព្រោះ​ការអស់ទៅ នៃសេចក្តីរីករាយ និងតម្រេក ហៅថា រួចស្រឡះ​ដោយប្រពៃ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុឃើញវិញ្ញាណ ដែលមិនទៀងពិត ថា មិនទៀង ភិក្ខុ​នោះ​ឈ្មោះថា មានសេចក្តី​យល់ឃើញត្រូវ កាលបើភិក្ខុយល់ឃើញត្រូវហើយ​ រមែង​នឿយណាយ។ ការអស់ទៅ នៃតម្រេក ព្រោះអស់ទៅ នៃសេចក្តីរីករាយ ការអស់​ទៅ នៃ​សេចក្តីរីករាយ ព្រោះអស់ទៅ នៃតម្រេក ចិត្តដែលរួចស្រឡះ​ហើយ ព្រោះ​ការអស់ទៅ នៃសេចក្តីរីករាយ និងតម្រេក ហៅថា រួចស្រឡះ​ដោយប្រពៃ។

[១០៤] ក្នុងក្រុងសាវត្ថី។ ក្នុងទីនោះឯង។បេ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់​ដូច្នេះ​ថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរធ្វើទុកក្នុងចិត្ត ចំពោះរូប​ ដោយ​ឧបាយ​ផង ចូរពិចារណា​តាមពិត នូវ​រូប ថាមានសេចក្តីមិនទៀងផង។ ម្នាលភិក្ខុទាំងឡាយ កាលបើភិក្ខុ​ធ្វើទុកក្នុងចិត្ត ចំពោះរូប​ ដោយ​ឧបាយ​ផង ពិចារណា​ឃើញតាមពិត នូវ​រូប ថាមានសេចក្តីមិនទៀងផងហើយ រមែង​នឿយណាយ​ក្នុងរូប។ ការអស់ទៅនៃតម្រេក ព្រោះអស់ទៅ នៃសេចក្តីរីករាយ ការអស់​ទៅនៃ​សេចក្តីរីករាយ ព្រោះអស់ទៅ នៃតម្រេក ចិត្តដែលរួចស្រឡះ​ហើយ ព្រោះ​អស់ទៅ នៃសេចក្តីរីករាយ និងតម្រេក ហៅថា រួចស្រឡះ​ដោយប្រពៃ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរធ្វើទុកក្នុងចិត្ត ចំពោះវេទនា​ ដោយ​ឧបាយ​ផង ចូរពិចារណា​តាមពិត នូវវេទនា ថាមានសេចក្តីមិនទៀងផង។ ម្នាលភិក្ខុទាំងឡាយ កាលបើភិក្ខុ​ធ្វើទុកក្នុងចិត្ត ចំពោះវេទនា​ ដោយ​ឧបាយ ពិចារណា​តាមពិត នូវវេទនា ថាមានសេចក្តីមិនទៀងហើយ រមែង​នឿយណាយ ​ក្នុងវេទនា។ ការអស់ទៅ នៃតម្រេក ព្រោះការអស់ទៅ នៃសេចក្តីរីករាយ ការអស់​ទៅនៃ​សេចក្តីរីករាយ ព្រោះការ​អស់ទៅ​ នៃតម្រេក ចិត្តដែលរួចស្រឡះ​ហើយ ព្រោះការ​អស់ទៅ នៃសេចក្តីរីករាយ និងតម្រេក ហៅថា រួចស្រឡះ​ដោយប្រពៃ។ ម្នាលភិក្ខុទាំងឡាយ (អ្នកទាំងឡាយ ចូរធ្វើទុកក្នុង​ចិត្ត) ចំពោះសញ្ញា។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរធ្វើទុកក្នុងចិត្ត ចំពោះ​សង្ខារ​ ដោយ​ឧបាយ​ផង ចូរពិចារណា​តាមពិត នូវសង្ខារ ថាមានសេចក្តី​មិន​ទៀង​ផង។ ម្នាលភិក្ខុទាំងឡាយ កាលបើភិក្ខុ​ធ្វើទុកក្នុងចិត្ត ចំពោះសង្ខារ​ ដោយ​ឧបាយ ពិចារណា​តាមពិត នូវសង្ខារ ថាមានសេចក្តីមិនទៀង​ហើយ រមែង​នឿយណាយ ​ក្នុងសង្ខារ។ ការអស់ទៅនៃតម្រេក ព្រោះការអស់ទៅ នៃសេចក្តីរីករាយ ការអស់​ទៅ នៃ​សេចក្តីរីករាយ ព្រោះការអស់ទៅនៃតម្រេក ចិត្តដែលរួចស្រឡះ​ហើយ ព្រោះ​ការអស់ទៅ នៃសេចក្តីរីករាយ និងតម្រេក ហៅថា រួចស្រឡះ​ដោយប្រពៃ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរធ្វើទុកក្នុងចិត្ត ចំពោះវិញ្ញាណ​ ដោយ​ឧបាយ​ផង ចូរពិចារណា​តាមពិត នូវវិញ្ញាណ ថាមានសេចក្តីមិនទៀងផង។ ម្នាលភិក្ខុទាំងឡាយ កាលបើភិក្ខុ​ធ្វើទុកក្នុងចិត្ត ចំពោះវិញ្ញាណ​ ដោយ​ឧបាយ ពិចារណា​តាមពិត នូវវិញ្ញាណ ថាមានសេចក្តីមិនទៀងហើយ រមែង​នឿយណាយ​ក្នុងវិញ្ញាណ។ ការអស់ទៅនៃតម្រេក ព្រោះការអស់ទៅ នៃសេចក្តីរីករាយ ការអស់​ទៅនៃ​សេចក្តីរីករាយ ព្រោះការអស់ទៅនៃតម្រេក ចិត្តដែលរួចស្រឡះ​ហើយ ព្រោះ​ការ​អស់ទៅនៃសេចក្តីរីករាយ និងតម្រេក ហៅថា រួចស្រឡះ​ដោយប្រពៃ។

ចប់ អត្តទីបវគ្គ ទី៥។

ឧទ្ទាននៃអត្តទីបវគ្គនោះគឺ

និយាយអំពីការយកខ្លួនជាទីពឹង អំពីបដិបទា អំពីសេចក្តី​មិនទៀង​មាន​ពីរលើក អំពីការពិចារណាឃើញ អំពីខន្ធ អំពី​សោណគហបតិបុត្ត​មានពីរលើក អំពីការអស់ទៅ នៃសេចក្តីរីករាយមានពីរលើក។

ចប់ មូលបណ្ណាសកៈ។

ឧទ្ទាននៃមូលបណ្ណាសកវគ្គនោះគឺ

នកុលបិតវគ្គ១ អនិច្ចវគ្គ១ ភារវគ្គ១ នតុម្ហាកវគ្គ១ អត្តទីបវគ្គ១ ដែល​លោក​ចាត់​ថាជាបឋមបណ្ណាសកៈ។

ឧបាយវគ្គ

[១០៥] ក្នុងក្រុងសាវត្ថី។ ក្នុងទីនោះឯង។បេ។ ព្រះមានព្រះភាគ បានត្រាស់​ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ សភាវៈដែល​ប្រកាន់មាំ (នូវខន្ធ​៥ ដោយអំណាច​តណ្ហា មានះ ទិដ្ឋិ) រមែងមិនរួចផុតស្រឡះឡើយ សភាវៈ​ដែល​មិនបានប្រកាន់​មាំ (​នូវ​ខន្ធ​៥ ដោយអំណាច​តណ្ហា មានះ ទិដ្ឋិ) ទើបរួច​ផុតស្រឡះ​បាន។ ម្នាលភិក្ខុទាំងឡាយ វិញ្ញាណ​មានរូបជាហេតុ កាលនឹងឋិតនៅ ក៏ឋិតនៅបាន រូបារម្មណ៍ មានរូបជាទី​តាំង មាន​កិរិយាចូលទៅជិត សេពនូវ​សេចក្តីរីករាយ ដល់នូវ​សេចក្តីចម្រើន ដុះដាល ធំ​ទូលាយឡើង។បេ។ ម្នាលភិក្ខុទាំងឡាយ វិញ្ញាណ មានសង្ខារជាហេតុ កាលឋិត​នៅ ក៏​ឋិត​នៅបាន សង្ខារារម្មណ៍ មានសង្ខារ​ជាទីតាំង មានកិរិយា​ចូល​ទៅជិត ​សេពនូវ​សេចក្តីរីករាយ ដល់នូវ​សេចក្តីចម្រើន ដុះដាល ធំទូលាយឡើង។ ម្នាលភិក្ខុទាំងឡាយ បុគ្គលណា និយាយយ៉ាងនេះថា អាត្មាអញ បើទុកជាវៀរចាករូប វៀរចាកវេទនា វៀរ​ចាកសញ្ញា វៀរចាកសង្ខារទាំងឡាយហើយ ក៏គង់តែដឹង នូវ​ដំណើរមក ឬដំណើរ​ទៅ ការឃ្លាត ឬការកើត ការចម្រើន ឬការដុះដាលធំទូលាយ របស់វិញ្ញាណបាន ពាក្យ​នេះ​មិនសមហេតុឡើយ។ ម្នាលភិក្ខុទាំងឡាយ បើ​សេចក្តីត្រេកអរក្នុងរូបធាតុ ភិក្ខុ​បាន​លះបង់ហើយ។ ម្នាលភិក្ខុទាំងឡាយ បើសេចក្តីត្រេកអរ ក្នុងវេទនាធាតុ ភិក្ខុ​បានលះបង់ហើយ។ ម្នាលភិក្ខុទាំងឡាយ បើសេចក្តីត្រេកអរ​ ក្នុងសញ្ញាធាតុ ភិក្ខុ​បាន​លះបង់ហើយ។ ម្នាលភិក្ខុទាំងឡាយ បើសេចក្តីត្រេកអរ ក្នុងសង្ខារធាតុ ភិក្ខុ​បាន លះបង់ហើយ។ ម្នាលភិក្ខុទាំងឡាយ បើសេចក្តីត្រេកអរ ​ក្នុងវិញ្ញាណធាតុ ភិក្ខុ​បាន​លះបង់ហើយ ព្រោះបានលះបង់ នូវ​សេចក្តីត្រេកអរ អារម្មណ៍​ក៏ដាច់ចេញ ការ ទីពឹងរបស់វិញ្ញាណ ក៏​មិនមាន វិញ្ញាណនោះ បើ​មិនមានទីពឹងហើយ ក៏​មិនដុះ​ដាលឡើងបានឡើយ សឹង​ផុតស្រឡះ ព្រោះ​មិនបានតាក់តែង ​នូវបដិសន្ធិទៀត ព្រោះ​ផុតស្រឡះ​ហើយ ក៏រមែង​តម្កល់នៅ ព្រោះតម្កល់នៅហើយ ក៏រមែង​ត្រេកអរ ព្រោះ​ត្រេកអរហើយ ក៏រមែង​មិនតក់ស្លុត កាលបើ​មិនតក់ស្លុតហើយ រមែង​បរិនិព្វាន​ដោយ​ខ្លួនឯង។ ភិក្ខុនោះ ដឹងច្បាស់ថា ជាតិ​អស់ហើយ មគ្គព្រហ្មចរិយៈ អាត្មាអញ​ក៏បាន​​នៅ​រួចហើយ សោឡសកិច្ច អាត្មាអញ បានធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្ត​ទៅ​ ដើម្បី​សោឡសកិច្ច​នេះទៀត មិនមានឡើយ។

[១០៦] ក្នុងក្រុងសាវត្ថី។ ក្នុងទីនោះឯង។ ម្នាលភិក្ខុទាំងឡាយ ពូជទាំងឡាយ នេះ មាន​៥ប្រការ។ ពូជ៥ប្រការ តើអ្វីខ្លះ។ គឺពូជកើត​ពីមើម១ ពូជ​កើត​ពីដើម១ ពូជកើតពីថ្នាំង១ ពូជកើត​ពីត្រួយ១ និងពូជ​កើតពីគ្រាប់១ ជាគម្រប់​៥។ ម្នាល ភិក្ខុទាំងឡាយ ចុះបើពូជ​ ទាំង៥ប្រការនេះ មិនបាក់ មិនស្អុយ មិនវិនាស​ ដោយ​ខ្យល់ និងកំដៅថ្ងៃ គួរកាន់យកនូវខ្លឹម នៅជាសុខ តែដីក៏គ្មាន ទឹកក៏គ្មាន។ ម្នាលភិក្ខុ ទាំងឡាយ (កាលបើដូច្នេះ) ពូជ ទាំង៥ប្រការនេះ តើគួរនឹង​ដល់ នូវ​សេចក្តី​ចម្រើន ដុះដាល ធំទូលាយឡើងបាន ដែរឬ។ មិនបានទេ  ព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ ចុះបើពូជ​ ទាំង៥ប្រការនេះ មិនបាក់។បេ។ នៅជាសុខ ទាំង​ដី​ក៏មាន ទឹកក៏មាន។ ម្នាលភិក្ខុទាំងឡាយ (កាលបើដូច្នេះ) ពូជ​ ទាំង៥​នេះ តើ​គួរ​នឹងដល់ ​នូវសេចក្តី​ចម្រើន ដុះដាល ធំទូលាយឡើងបានដែរឬ។ ព្រះករុណា ព្រះអង្គ។

[១០៧] ម្នាលភិក្ខុទាំងឡាយ បឋវីធាតុ យ៉ាងណា វិញ្ញាណដ្ឋិតិ (ទីតម្កល់នៅ​នៃ​វិញ្ញាណ) ទាំង៤ អ្នកទាំងឡាយ ក៏គប្បីឃើញ យ៉ាងនោះដែរ។ ម្នាលភិក្ខុទាំងឡាយ អាបោធាតុយ៉ាងណា សេចក្តី​រីករាយ និង​សេចក្តី​ត្រេកអរ អ្នកទាំងឡាយ ក៏គប្បី​ឃើញ យ៉ាងនោះដែរ។ ម្នាលភិក្ខុទាំងឡាយ ពូជ​ ទាំង៥ប្រការ យ៉ាងណា វិញ្ញាណ​ដែល​ប្រកប​ដោយអាហារ អ្នកទាំងឡាយ ក៏គប្បីឃើញ យ៉ាងនោះដែរ។ ម្នាលភិក្ខុ ទាំងឡាយ វិញ្ញាណ មានរូបជាហេតុ កាលដែលឋិតនៅ ក៏ឋិតនៅបាន រូបារម្មណ៍ មានរូបជាទីតាំង មានកិរិយា​ចូលទៅជិត ​សេពនូវ​សេចក្តីរីករាយ ដល់​នូវ​សេចក្តីចម្រើន ដុះដាល ធំទូលាយឡើងបាន។ ម្នាលភិក្ខុទាំងឡាយ វិញ្ញាណ​ មាន វេទនា​ជាហេតុ កាលឋិតនៅ ក៏ឋិតនៅបាន។បេ។ មាន​កិរិយាចូលទៅជិត សេព​នូវ​សេចក្តីរីករាយ ដល់នូវសេចក្តីចម្រើន ដុះដាល ធំទូលាយឡើងបាន។ មាន​សញ្ញា ជាហេតុ។បេ។ ម្នាលភិក្ខុទាំងឡាយ វិញ្ញាណ មានសង្ខារជាហេតុ កាលឋិត​នៅ ក៏​ឋិតនៅ​បាន សង្ខារារម្មណ៍ មានសង្ខារ​ជាទីតាំង មានកិរិយាចូល​ទៅជិត ​សេពនូវ​សេចក្តីរីករាយ ដល់នូវ​សេចក្តីចម្រើន ដុះដាល ធំទូលាយឡើងបាន។ ម្នាលភិក្ខុ ទាំងឡាយ បុគ្គលណា និយាយយ៉ាងនេះថា អាត្មាអញ ទោះបីវៀរចាករូប វៀរចាកវេទនា វៀរចាកសញ្ញា វៀរចាកសង្ខារទាំងឡាយ ក៏គង់តែដឹង ​នូវ​ដំណើរ​មក ឬ​ដំណើរ​ទៅ ការឃ្លាត ឬការកើត ការចម្រើន ឬការដុះដាលធំទូលាយ នៃវិញ្ញាណ​បាន​ ពាក្យនេះ មិនសមហេតុឡើយ។ ម្នាលភិក្ខុទាំងឡាយ បើសេចក្តី​ត្រេកអរ ក្នុង​រូប​ធាតុ ភិក្ខុបានលះបង់ហើយ ព្រោះលះបង់ នូវ​សេចក្តី​ត្រេកអរហើយ អារម្មណ៍​ ក៏ដាច់​ចេញ ការទីពឹងរបស់វិញ្ញាណ ​ក៏​មិនមាន។ បើសេចក្តី​ត្រេកអរ ក្នុងវេទនាធាតុ។ ក្នុង​សញ្ញាធាតុ។ ក្នុងសង្ខារធាតុ។ ម្នាលភិក្ខុទាំងឡាយ បើសេចក្តី​ត្រេកអរ ក្នុងវិញ្ញាណ​ធាតុ ភិក្ខុបានលះបង់ហើយ ព្រោះលះបង់ នូវសេចក្តី​ត្រេកអរហើយ អារម្មណ៍ ​ក៏ដាច់​ចេញ ការទីពឹង​របស់វិញ្ញាណ ក៏មិនមាន។ វិញ្ញាណនោះ បើឥតមានទីពឹង​ហើយ ក៏​មិនដុះដាលឡើងបានឡើយ សឹងផុតស្រឡះ ព្រោះមិនតាក់តែង នូវបដិសន្ធិទៀត ព្រោះផុតស្រឡះហើយ ក៏រមែង​តម្កល់នៅ ព្រោះតម្កល់នៅហើយ ក៏រមែង​ត្រេកអរ ព្រោះ​ត្រេកអរហើយ ក៏រមែងមិនតក់ស្លុត កាលបើមិនតក់ស្លុតហើយ ទើប​បរិនិព្វាន​ដោយ​ខ្លួនឯង។ ភិក្ខុ​នោះ ក៏ដឹងច្បាស់ថា ជាតិអស់ហើយ។បេ។ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។

[១០៨] ក្នុងក្រុងសាវត្ថី។ ក្នុងទីនោះឯង។ ព្រះមានព្រះភាគ ទ្រង់​បន្លឺ​នូវ​ឧទាន​ថា ភិក្ខុ កាលចុះចិត្តស៊ប់​ យ៉ាងនេះថា បើអាត្មាអញ នឹងមិនមានទេ (បរិក្ខារ) របស់​អាត្មា​អញ ក៏​នឹងមិនមាន (បើការកសាង ​នូវកម្មទុក​ទៅក្នុងអនាគត) នឹង​មិនមានទេ (បដិសន្ធិ) របស់​អាត្មាអញ (ក្នុងអនាគត) ក៏នឹង​មិនមាន ដូច្នេះហើយ ទើប​គួរ​កាត់នូវ​សញ្ញោជនៈ ដែលជាចំណែកខាងក្រោមបាន។

[១០៩] កាលព្រះមានព្រះភាគ ទ្រង់ត្រាស់​យ៉ាងនេះហើយ មានភិក្ខុមួយរូប ក្រាប​ទូលសួរ​ព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ចុះភិក្ខុ ​កាលចុះ​ចិត្ត​ស៊ប់​ យ៉ាងនេះថា បើអាត្មាអញ នឹង​មិនមានទេ (បរិក្ខារ) របស់អាត្មាអញ ក៏នឹង​មិនមាន (បើការកសាង​ នូវកម្មទុកទៅក្នុង​អនាគត) នឹងមិនមានទេ (បដិសន្ធិ) របស់​អាត្មាអញ (​ក្នុងអនាគត) ក៏នឹងមិនមានដែរ ដូច្នេះហើយ ទើបគួរកាត់នូវ​សញ្ញោជនៈ ជាចំណែក​ខាង​ក្រោមបាន តើដូចម្តេច។ ម្នាលភិក្ខុ ភិក្ខុក្នុងសាសនានេះ មិនបានចេះដឹង នៅជា​បុថុជ្ជន មិនបានឃើញ​ព្រះអរិយៈ​ទាំងឡាយ។បេ។ មិនបាន​ទូន្មាន​ខ្លួន ​ក្នុង​សប្បុរិស​ធម៌ហើយ ក៏រមែងពិចារណាឃើញរូប ថាជាខ្លួនខ្លះ ឃើញ​ខ្លួន​ថាមានរូបខ្លះ ឃើញរូប ​ថា​មានក្នុងខ្លួនខ្លះ ឃើញខ្លួន ​ថាមានក្នុងរូបខ្លះ។ នូវវេទនា។ នូវសញ្ញា។ នូវសង្ខារ​ទាំងឡាយ។ ឃើញនូវវិញ្ញាណ ថាជាខ្លួនខ្លះ ឃើញនូវ​ខ្លួន ថាមានវិញ្ញាណខ្លះ ឃើញ​វិញ្ញាណ ថាមានក្នុងខ្លួនខ្លះ ឃើញនូវ​ខ្លួន ថាមានក្នុងវិញ្ញាណខ្លះ។ ភិក្ខុនោះ មិនដឹង​ច្បាស់តាមពិត នូវរូបមិនទៀង ថារូបមិនទៀង មិនដឹងច្បាស់​តាមពិត នូវវេទនា​មិន​ទៀង ថាវេទនាមិនទៀង មិនដឹងច្បាស់តាមពិត នូវសញ្ញាមិនទៀង ថា​សញ្ញា​មិនទៀង មិនដឹងច្បាស់តាមពិត នូវសង្ខារទាំងឡាយមិនទៀង ថា សង្ខារទាំងឡាយ​មិនទៀង មិនដឹងច្បាស់​តាមពិត នូវវិញ្ញាណមិនទៀង ថាវិញ្ញាណមិនទៀង។ មិនដឹង​ច្បាស់​តាមពិត នូវរូបជាទុក្ខ ថារូបជាទុក្ខ។ នូវវេទនាជាទុក្ខ។ នូវសញ្ញាជាទុក្ខ។ នូវ​សង្ខារ​ទាំងឡាយជាទុក្ខ។ មិនដឹងច្បាស់​តាមពិត នូវ​វិញ្ញាណជាទុក្ខ ថាវិញ្ញាណ​ជាទុក្ខ។ មិនដឹងច្បាស់​តាមពិត នូវរូបជាអនត្តា ថារូបជាអនត្តា។ នូវវេទនាជាអនត្តា។ នូវសញ្ញាជាអនត្តា។ នូវ​សង្ខារ​ទាំងឡាយជាអនត្តា។ មិនដឹងច្បាស់​តាមពិត នូវ​វិញ្ញាណជាអនត្តា ថាវិញ្ញាណ​ជាអនត្តា។ មិនដឹងច្បាស់​តាមពិត នូវរូបដែល​មានបច្ច័យ​ប្រជុំតាក់តែង ថារូប​មានបច្ច័យ​ប្រជុំតាក់តែង។ នូវវេទនា ដែល​មានបច្ច័យ​ប្រជុំតាក់តែង។ នូវសញ្ញា ដែល​មានបច្ច័យ​ប្រជុំតាក់តែង។ នូវ​សង្ខារទាំងឡាយ ដែល​មានបច្ច័យ​ប្រជុំតាក់តែង។ មិនដឹងច្បាស់តាមពិត នូវវិញ្ញាណ ដែលមានបច្ច័យ​ប្រជុំ​តាក់តែង ថាវិញ្ញាណមានបច្ច័យ​ប្រជុំតាក់តែង។ មិនដឹងច្បាស់តាមពិត ថារូបនឹងមាន។ ថាវេទនានឹងមាន។ ថាសញ្ញានឹងមាន។ ថាសង្ខារទាំងឡាយនឹងមាន។ មិនដឹងច្បាស់តាមពិត ថាវិញ្ញាណនឹងមាន ដូច្នេះឡើយ។

[១១០] ម្នាលភិក្ខុ អរិយសាវ័ក ជាអ្នកចេះដឹង បានឃើញ​នូវ​ព្រះអរិយៈ​ទាំង​ឡាយ អ្នកឈ្លាសវៃ ក្នុងអរិយធម៌ បានទូន្មាន​ខ្លួន​ ក្នុងអរិយធម៌ ឃើញ​នូវសប្បុរស​ទាំងឡាយ អ្នកឈ្លាសវៃ ក្នុងសប្បុរិសធម៌ បានទូន្មានខ្លួន ​ក្នុងសប្បុរិសធម៌ ក៏រមែង​មិន​ពិចារណាឃើញរូប ​ថាជាខ្លួនខ្លះ។បេ។ មិនឃើញ​វេទនា។ មិនឃើញ​សញ្ញា។ មិន​ឃើញ​សង្ខារទាំងឡាយ។ មិនឃើញ​វិញ្ញាណ ថាជាខ្លួនខ្លះ។ ភិក្ខុនោះ ដឹងច្បាស់ តាមពិត នូវរូបមិនទៀង ថារូបមិនទៀង។ នូវវេទនាមិនទៀង។ នូវ​សញ្ញា​មិនទៀង។ នូវសង្ខារទាំងឡាយមិនទៀង។ ដឹងច្បាស់​តាមពិត នូវវិញ្ញាណ​មិនទៀង ថា​វិញ្ញាណមិនទៀង។ នូវរូបជាទុក្ខ។បេ។ នូវ​វិញ្ញាណជាទុក្ខ។ នូវរូបជាអនត្តា។បេ។ នូវ​វិញ្ញាណ​ជាអនត្តា។ នូវរូបដែលមានបច្ច័យ​ប្រជុំតាក់តែង។បេ។ ដឹងច្បាស់តាមពិត​ នូវ​វិញ្ញាណ ​ដែល​មានបច្ច័យ​ប្រជុំតាក់តែង ថាវិញ្ញាណ​មានបច្ច័យ​ប្រជុំតាក់តែង។ ដឹង​ច្បាស់​តាមពិត ថារូបនឹងមាន។ វេទនា។ សញ្ញា។ សង្ខារទាំងឡាយ។ ដឹងច្បាស់​តាមពិត ថាវិញ្ញាណ​នឹងមាន។ ភិក្ខុនោះ ទើបឈ្មោះថា ប្រាសចាករូប ប្រាសចាក​វេទនា ប្រាសចាកសញ្ញា ប្រាសចាកសង្ខារទាំងឡាយ ប្រាសចាកវិញ្ញាណ។ ភិក្ខុ កាល ចុះ​ចិត្តស៊ប់ យ៉ាងនេះថា បើអាត្មាអញ នឹង​មិនមាន (គ្រឿង​បរិក្ខារ) របស់​អាត្មាអញ ក៏នឹងមិនមាន (បើការកសាងនូវកម្មទុក ក្នុងអនាគត) នឹង​មិនមាន​ (បដិសន្ធិ) របស់អាត្មាអញ (ក្នុងអនាគត) ក៏នឹង​មិនមានដែរ ដូច្នេះហើយ ទើប​គួរ​កាត់​នូវសញ្ញោជនៈ ជាចំណែក​ខាងក្រោមបាន យ៉ាងនេះឯង។

[១១១] បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុកាលចុះចិត្តស៊ប់ យ៉ាងនេះហើយ ទើប​គួរ​កាត់នូវ​សញ្ញោជនៈ ជាចំណែក​ខាងក្រោមបាន។ បពិត្រព្រះអង្គដ៏ចំរើន ចុះភិក្ខុ​កាល​ដឹងដូចម្តេច កាលឃើញ​ដូចម្តេច ទើប​អស់អាសវៈ ក្នុងលំដាប់បាន។ ម្នាលភិក្ខុ ភិក្ខុ​ក្នុងសាសនានេះ ជាអ្នកមិនចេះដឹង ជាបុថុជ្ជន។បេ។ តែងដល់នូវសេចក្តីតក់ស្លុត ​ក្នុង​ហេតុដែល​មិនគួរតក់ស្លុត។ ម្នាលភិក្ខុ ព្រោះថា ភិក្ខុជាបុថុជ្ជន ជា​អ្នក​មិនចេះ​ដឹង តែង​មានសេចក្តីតក់ស្លុត​នុ៎ះថា បើអាត្មាអញ នឹងមិនមាន (បរិក្ខារ) របស់​អាត្មាអញ ក៏​នឹងមិន​មាន។ (បើការកសាងនូវកម្មទុក ក្នុងអនាគត) នឹងមិនមាន (បដិសន្ធិ) របស់​អាត្មា​អញ (ក្នុងអនាគត) ក៏នឹងមិនមាន។ ម្នាលភិក្ខុ ឯអរិយសាវ័ក​ ជាអ្នកចេះ​ដឹង។បេ។ តែង​មិនដល់ នូវសេចក្តី​តក់ស្លុតក្នុងហេតុ ដែលមិនគួរតក់ស្លុតឡើយ។ ម្នាលភិក្ខុ ព្រោះថា អរិយសាវ័ក ជាអ្នកចេះដឹង តែង​មិនមានសេចក្តី​តក់ស្លុត​នុ៎ះថា បើអាត្មាអញ នឹង​មិនមាន (បរិក្ខារ) របស់អាត្មាអញ ក៏នឹងមិនមាន (ការកសាងនូវ​កម្មទុក ​ក្នុង​អនាគត) ក៏នឹងមិនមាន (បដិសន្ធិ) របស់អាត្មាអញ (ក្នុងអនាគត) ក៏នឹងមិនមាន ដូច្នេះឡើយ។ ម្នាលភិក្ខុ វិញ្ញាណ​ មានរូបជាហេតុ កាលដែលឋិតនៅ ក៏ឋិតនៅបាន រូបារម្មណ៍​ មាន​រូប​ជាទីតាំង មានកិរិយា​ចូលទៅជិត សេពនូវ​សេចក្តី​រីករាយ គួរដល់​សេចក្តីចម្រើន ដុះ​ដាល ធំទូលាយឡើងបាន។ ម្នាលភិក្ខុ វិញ្ញាណ មាន​វេទនាជាហេតុ។ ម្នាល​ភិក្ខុ វិញ្ញាណ មានសញ្ញាជាហេតុ។ ម្នាលភិក្ខុ វិញ្ញាណ​មានសង្ខារ​ជាហេតុ កាលដែល​ឋិត​នៅ ក៏ឋិតនៅបាន សង្ខារារម្មណ៍ មានសង្ខារ​ជាទីតាំង មានកិរិយាចូលទៅជិត ​សេព​នូវ​សេចក្តីរីករាយ គួរដល់សេចក្តីចម្រើន ដុះដាល ធំទូលាយឡើងបាន។ ម្នាលភិក្ខុ បុគ្គល​នោះ និយាយយ៉ាងនេះថា អាត្មាអញ ទោះបីវៀរចាករូប វៀរចាកវេទនា វៀរ​ចាកសញ្ញា វៀរចាកសង្ខារ​ទាំងឡាយ​​ហើយ ក៏គង់ដឹងដំណើរ​មក ឬដំណើរ​ទៅ ការ​ឃ្លាត​ ឬការកើតឡើង ឬសេចក្តីចម្រើន ដុះដាល ធំទូលាយឡើង របស់វិញ្ញាណ​បាន ពាក្យដូច្នេះនេះ មិនសមហេតុឡើយ។ ម្នាលភិក្ខុ បើសេចក្តីត្រេកអរ ក្នុងរូបធាតុ​ ភិក្ខុ​បាន​លះបង់ហើយ ព្រោះតែ​លះបង់ នូវ​សេចក្តី​ត្រេកអរ អារម្មណ៍ ក៏ដាច់ចេញ ការ​ទីពឹង​នៃវិញ្ញាណ ក៏មិនមាន។ ម្នាលភិក្ខុ បើសេចក្តីត្រេកអរ ក្នុងវេទនាធាតុ ភិក្ខុ​បាន​លះបង់ហើយ។ ម្នាលភិក្ខុ បើសេចក្តីត្រេកអរ ក្នុងសញ្ញាធាតុ ភិក្ខុបានលះបង់​ហើយ។ ម្នាលភិក្ខុ បើសេចក្តីត្រេកអរ ក្នុងសង្ខារ​ធាតុ ភិក្ខុបានលះបង់ហើយ។ ម្នាលភិក្ខុ បើ​សេចក្តី​ត្រេកអរ ក្នុងវិញ្ញាណធាតុ ភិក្ខុបានលះបង់ហើយ ព្រោះតែ​បានលះបង់នូវ​សេចក្តី​ត្រេកអរ អារម្មណ៍ ​ក៏ដាច់ចេញ ការទីពឹង នៃវិញ្ញាណ ក៏មិនមាន។ វិញ្ញាណ​ដែល​មិនមានទីពឹង​ហើយនោះ ក៏មិនដុះដាល សឹងផុតស្រឡះ ព្រោះ​មិនតាក់តែង ​នូវ​បដិសន្ធិតទៅទៀត ព្រោះតែផុតស្រឡះ ក៏តំកល់នៅនឹង ព្រោះតកល់​នៅនឹង​ហើយ ក៏​ត្រេកអរ ព្រោះតែត្រេកអរ ក៏មិនតក់ស្លុត កាលបើមិនតក់ស្លុត ទើប​បរិនិព្វាន​ចំពោះ​ខ្លួនឯង។ ដឹងច្បាស់​ថា ជាតិអស់ហើយ។បេ។ មគ្គភាវនាកិច្ចដទៃ ​ប្រព្រឹត្តទៅ ដើម្បី​សោឡសកិច្ចនេះទៀត មិនមានឡើយ។ ម្នាលភិក្ខុ អរិយសាវ័ក កាលដឹង​យ៉ាងនេះ កាល​ឃើញ​យ៉ាងនេះ ទើបអស់អាសវៈ​ ក្នុងលំដាប់បាន។

[១១២] ក្នុងក្រុងសាវត្ថី។ ក្នុងទីនោះឯង។ ម្នាលភិក្ខុទាំងឡាយ ឧបាទានក្ខន្ធ​នេះ មាន៥ប្រការ។ ឧបាទានក្ខន្ធ ៥ តើដូចម្តេច។ គឺរូបូបាទានក្ខន្ធ១ វេទនូបាទានក្ខន្ធ១ សញ្ញូបាទានក្ខន្ធ១ សង្ខារូបាទានក្ខន្ធ១ វិញ្ញាណូបាទានក្ខន្ធ១។ ម្នាលភិក្ខុ​​ទាំង​ឡាយ តថាគត​ មិនទាន់​ដឹងច្បាស់​តាមពិត នូវ​ឧបាទានក្ខន្ធ [ក្នុងខន្ធទាំងនេះ ខន្ធមួយៗ មានបរិវដ្តៈបួនៗ (អដ្ឋកថា)។] ទាំង៥នេះ ដែល​មានបរិវដ្តៈ​បួនៗ ត្រឹមណា ម្នាលភិក្ខុទាំងឡាយ តថាគត មិនទាន់​ប្តេជ្ញាខ្លួន ថាជា​អ្នក​ត្រាស់ដឹង នូវសម្មាសម្ពោធិញ្ញាណ ដ៏ប្រសើរ ក្នុងលោក ព្រម​ទាំងទេវលោក មារលោក ព្រហ្មលោក ក្នុងពួក​សត្វ ព្រមទាំង​សមណព្រាហ្មណ៍ ព្រមទាំង​មនុស្សជាសម្មតិទេព និង​មនុស្ស​ដ៏សេស ត្រឹមនោះដែរ។ ម្នាលភិក្ខុទាំងឡាយ កាលណា តថាគត បានដឹង​ច្បាស់តាមពិត នូវឧបាទានក្ខន្ធ ទាំង៥នេះ ដែល​មានបរិវដ្តៈ​បួនៗហើយ ម្នាលភិក្ខុទាំងឡាយ កាលនោះ ទើបតថាគត ប្តេជ្ញាខ្លួន ថាជាអ្នកត្រាស់ដឹង នូវ​សម្មាសម្ពោធិញ្ញាណ ដ៏ប្រសើរ ក្នុងលោក ព្រមទាំងទេវលោក។បេ។ ព្រមទាំងមនុស្ស​ជាសម្មតិទេព និងមនុស្សដ៏សេសបាន។ ឧបាទានក្ខន្ធ ដែល​មានបរិវដ្តៈ​បួនៗ ដូច​ម្តេច។ គឺតថាគត ដឹងច្បាស់នូវរូប ដឹងច្បាស់​នូវការកើតឡើងនៃរូប ដឹងច្បាស់​ នូវការ​រលត់នៃរូប ដឹងច្បាស់​នូវសេចក្តីប្រតិបត្តិ ទៅកាន់​ទីរលត់នៃរូប។ ដឹង​ច្បាស់​នូវ​វេទនា។ នូវសញ្ញា។ នូវសង្ខារទាំងឡាយ។ តថាគត ដឹងច្បាស់នូវ​វិញ្ញាណ ដឹងច្បាស់​ នូវ​ការកើតឡើង នៃវិញ្ញាណ ដឹងច្បាស់ នូវការរលត់ នៃវិញ្ញាណ ដឹងច្បាស់ នូវ​សេចក្តី​ប្រតិបត្តិ ទៅកាន់ទីរលត់ នៃវិញ្ញាណ។

[១១៣] ម្នាលភិក្ខុទាំងឡាយ ចុះរូប តើដូចម្តេច។ មហាភូតរូប ៤ និង​ឧបាទាយ​រូប (២៤ដែលអាស្រ័យ) នឹងមហាភូតរូប៤។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា រូប។ ការកើតឡើង​នៃរូប ព្រោះកើតឡើង នៃអាហារ ការរលត់ទៅនៃរូប ព្រោះរលត់​ទៅ ​នៃ​អាហារ មគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរនេះឯង ជាផ្លូវ​ប្រតិបត្តិ ទៅកាន់​សេចក្តីរលត់​នៃ​រូប។ មគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរនោះ តើអ្វីខ្លះ។ គឺសម្មាទិដ្ឋិ១។បេ។ សម្មា​សមាធិ១។ ម្នាលភិក្ខុទាំងឡាយ សេចក្តីពិតថា ពួកសមណៈ ឬព្រាហ្មណ៍​ណានីមួយ បាន​ដឹងច្បាស់ ​នូវរូបយ៉ាងនេះ ដឹងច្បាស់ នូវ​ការកើតឡើងនៃរូប យ៉ាងនេះ ដឹង​ច្បាស់​នូវ​សេចក្តី​រលត់ នៃរូប​យ៉ាងនេះ ដឹងច្បាស់ នូវសេចក្តីប្រតិបត្តិ​ ទៅកាន់សេចក្តីរលត់​នៃ​រូប យ៉ាងនេះ ហើយប្រតិបត្តិ ដើម្បីនឿយណាយ ដើម្បីប្រាសចាកតម្រេក ដើម្បី​សេចក្តីរលត់​នៃរូប សមណៈ ឬព្រាហ្មណ៍​ទាំងនោះ ឈ្មោះថា បានប្រតិបត្តិ​ដោយល្អ សមណៈ ឬព្រាហ្មណ៍​ណា បានប្រតិបត្តិល្អ សមណៈ ឬព្រាហ្មណ៍​ទាំងនោះ ឈ្មោះ​ថា តាំងនៅក្នុងធម្មវិន័យនេះ។ ម្នាលភិក្ខុទាំងឡាយ ចំណែក​ពួកសមណៈ ឬ​ព្រាហ្មណ៍ណានីមួយ បានដឹងច្បាស់ នូវរូប​យ៉ាងនេះ ដឹងច្បាស់នូវការកើតឡើង នៃរូប​យ៉ាងនេះ ដឹងច្បាស់ ​នូវ​សេចក្តីរលត់​នៃរូប យ៉ាងនេះ ដឹងច្បាស់នូវសេចក្តី​ប្រតិបត្តិ​ទៅ​កាន់សេចក្តី​រលត់ នៃ​រូបយ៉ាងនេះហើយ ក៏ផុតស្រឡះ ព្រោះនឿយណាយ​ ព្រោះប្រាស​ចាកតម្រេក ព្រោះរលត់ ព្រោះមិនបាន​ប្រកាន់យក​នូវរូប សមណៈ ​ឬព្រាហ្មណ៍ទាំងនោះ ឈ្មោះថា ផុតស្រឡះ​ដោយល្អ សមណៈ ឬព្រាហ្មណ៍ណា ផុត​ស្រឡះដោយល្អហើយ សមណៈ ឬព្រាហ្មណ៍ទាំងនោះ ឈ្មោះថា មានកិច្ច​បានធ្វើ​ហើយ សមណៈ ឬព្រាហ្មណ៍​ទាំងឡាយណា មានកិច្ច​បានធ្វើហើយ វដ្តៈរបស់​សមណៈ និងព្រាហ្មណ៍​ទាំងនោះ ក៏មិនមាន​ជាប្រាកដ។

[១១៤] ម្នាលភិក្ខុទាំងឡាយ ចុះ​វេទនា តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ពួក​វេទនានេះ មាន៦យ៉ាង គឺ ចក្ខុសម្ផស្ស ជាវេទនា១ សោតសម្ផស្ស ជាវេទនា១ ឃានសម្ផស្ស ជាវេទនា១ ជិវ្ហាសម្ផស្ស ជាវេទនា១ កាយសម្ផស្ស ជាវេទនា១ មនោសម្ផស្ស ជាវេទនា១។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា វេទនា។ ការកើតឡើង​នៃ​វេទនា ព្រោះកើតឡើងនៃផស្សៈ ការរលត់នៃវេទនា ព្រោះរលត់នៃផស្សៈ មគ្គ​ប្រកប​ដោយអង្គ៨ ដ៏ប្រសើរ​នេះឯង ជាសេចក្តីប្រតិបត្តិ ដើម្បីដល់នូវ​ការរលត់ នៃវេទនា។ មគ្គប្រកបដោយអង្គ ៨ តើដូចម្តេចខ្លះ។ គឺសម្មាទិដ្ឋិ១។បេ។ សម្មា​សមាធិ១។ ម្នាលភិក្ខុទាំងឡាយ សេចក្តីពិតថា ពួកសមណៈ ឬព្រាហ្មណ៍​ណានីមួយ បាន​ដឹងច្បាស់​ នូវវេទនាយ៉ាងនេះ បានដឹងច្បាស់ នូវ​ការកើតឡើង នៃវេទនា យ៉ាងនេះ បានដឹង​ច្បាស់ ​នូវការ​រលត់ នៃវេទនា ​យ៉ាងនេះ បានដឹងច្បាស់ នូវសេចក្តីប្រតិបត្តិ​ទៅកាន់​ទីរលត់ ​នៃ​វេទនា យ៉ាងនេះ ហើយប្រតិបត្តិ ដើម្បីសេចក្តីនឿយណាយ ដើម្បីប្រាសចាកតម្រេក ដើម្បី​សេចក្តីរលត់​នៃវេទនា ពួកសមណៈ ឬព្រាហ្មណ៍​នោះ ឈ្មោះថា ប្រតិបត្តិ​ល្អ ពួកសមណៈ ឬព្រាហ្មណ៍​ណា បានប្រតិបត្តិល្អ ពួកសមណៈ ឬព្រាហ្មណ៍​ទាំងនោះ ឈ្មោះ​ថា ឋិតនៅក្នុងធម្មវិន័យនេះ។ ម្នាលភិក្ខុទាំងឡាយ ​ពួកសមណៈ ឬ​ព្រាហ្មណ៍​ណា​នីមួយ បានដឹងច្បាស់ នូវវេទនា​យ៉ាងនេះ បានដឹងច្បាស់ នូវការកើតឡើង នៃវេទនា​យ៉ាងនេះ បានដឹងច្បាស់ ​នូវការរលត់​នៃវេទនា យ៉ាងនេះ បានដឹងច្បាស់ នូវសេចក្តី​​ប្រតិបត្តិ​ ទៅ​កាន់ទី​រលត់ នៃវេទនា យ៉ាងនេះហើយ។បេ។ វដ្តៈរបស់ពួក​សមណៈ និងព្រាហ្មណ៍​នោះ ក៏មិនមាន​ជាប្រាកដ។

[១១៥] ម្នាលភិក្ខុទាំងឡាយ ចុះសញ្ញា តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ពួកសញ្ញានេះ មាន៦យ៉ាង គឺ រូបសញ្ញា១ សទ្ទសញ្ញា១ គន្ធសញ្ញា១ រសសញ្ញា១ ផោដ្ឋព្វសញ្ញា១ ធម្មសញ្ញា១។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សញ្ញា។ ការកើតឡើង​នៃសញ្ញា ព្រោះកើតឡើងនៃផស្សៈ ការរលត់នៃសញ្ញា ព្រោះរលត់នៃផស្សៈ មគ្គ​ប្រកប​ដោយអង្គ ៨ ដ៏ប្រសើរ​នេះឯង ជាសេចក្តីប្រតិបត្តិ ដើម្បីដល់នូវ​ការរលត់ នៃសញ្ញា។ មគ្គប្រកបដោយអង្គ ៨ តើដូចម្តេចខ្លះ។ គឺ​សម្មាទិដ្ឋិ១។បេ។ សម្មា​សមាធិ១។ ម្នាលភិក្ខុទាំងឡាយ សេចក្តីពិតថា ពួកសមណៈ ឬព្រាហ្មណ៍​ណានីមួយ បាន​ដឹងច្បាស់​ នូវសញ្ញាយ៉ាងនេះ។បេ។ វដ្តៈរបស់​សមណៈ និងព្រាហ្មណ៍​ទាំងនោះ ក៏មិនមាន​ជាប្រាកដ។

[១១៦] ម្នាលភិក្ខុទាំងឡាយ ចុះសង្ខារទាំងឡាយ តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ពួកចេតនានេះ មាន៦ប្រការ គឺ រូបសញ្ចេតនា១ សទ្ទសញ្ចេតនា១ គន្ធសញ្ចេតនា១ រសសញ្ចេតនា១ ផោដ្ឋព្វសញ្ចេតនា១ ធម្មសញ្ចេតនា១។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សង្ខារ។ ការកើតឡើង ​នៃសង្ខារ ព្រោះកើតឡើង នៃផស្សៈ ការរលត់ទៅ នៃសង្ខារ ព្រោះរលត់ទៅនៃផស្សៈ មគ្គ​ប្រកប​ដោយអង្គ ៨ ដ៏ប្រសើរ​នេះឯង ជាសេចក្តីប្រតិបត្តិ ដើម្បីដល់នូវ​ការរលត់ នៃសង្ខារ។ មគ្គប្រកបដោយអង្គ ៨ តើអ្វីខ្លះ។ គឺសម្មាទិដ្ឋិ១។បេ។ សម្មា​សមាធិ១។ ម្នាលភិក្ខុ​ទាំងឡាយ សេចក្តីពិតថា ពួកសមណៈ ឬព្រាហ្មណ៍​ណានីមួយ បាន​ដឹងច្បាស់​ នូវសង្ខារទាំងឡាយយ៉ាងនេះ បានដឹងច្បាស់ នូវ​ការកើតឡើង នៃសង្ខារ​យ៉ាងនេះ បានដឹង​ច្បាស់ ​នូវការ​រលត់ នៃសង្ខារ​យ៉ាងនេះ បានដឹងច្បាស់ ​នូវ​សេចក្តី​ប្រតិបត្តិ​​ទៅកាន់ទីរលត់ ​នៃសង្ខារ យ៉ាងនេះ ហើយប្រតិបត្តិ ដើម្បីសេចក្តី​នឿយ​ណាយ ដើម្បីប្រាសចាកតម្រេក ដើម្បី​សេចក្តីរលត់​ នៃសង្ខារ ពួកសមណៈ ឬព្រាហ្មណ៍​នោះ ឈ្មោះថា បានប្រតិបត្តិ​ល្អ ពួកសមណៈ ឬព្រាហ្មណ៍​ណា ប្រតិបត្តិល្អ ពួកសមណៈ ឬព្រាហ្មណ៍​នោះ ឈ្មោះ​ថា ឋិតនៅក្នុងធម្មវិន័យនេះ។ ម្នាលភិក្ខុទាំងឡាយ ​ពួកសមណៈ ឬ​ព្រាហ្មណ៍ណានីមួយ បានដឹងច្បាស់ នូវសង្ខារ​ទាំង​ឡាយ​យ៉ាងនេះ បានដឹងច្បាស់ នូវការកើតឡើង នៃសង្ខារ​យ៉ាងនេះ បាន​ដឹងច្បាស់​នូវ​ទីរលត់​នៃសង្ខារ យ៉ាងនេះ បានដឹងច្បាស់ នូវសេចក្តី​ប្រតិបត្តិ​ ទៅ​កាន់ទី​រលត់នៃសង្ខារ យ៉ាងនេះហើយ ផុតស្រឡះ ព្រោះនឿយណាយ​ ព្រោះប្រាស​ចាកតម្រេក ព្រោះរលត់ ព្រោះមិន​ប្រកាន់យក​ នូវសង្ខារទាំងឡាយ ពួកសមណៈ​ឬព្រាហ្មណ៍ទាំងនោះ ឈ្មោះថា ផុតស្រឡះ​ដោយល្អ ពួកសមណៈ ឬព្រាហ្មណ៍ណា ផុត​ស្រឡះល្អ ពួកសមណៈ ឬព្រាហ្មណ៍នោះ ឈ្មោះថា មានកិច្ច​បានធ្វើ​ហើយ ពួកសមណៈ ឬព្រាហ្មណ៍​ណា មានកិច្ច​បានធ្វើហើយ វដ្តៈរបស់​សមណៈ និងព្រាហ្មណ៍​ទាំងនោះ ក៏មិនមាន​ជាប្រាកដ។

[១១៧] ម្នាលភិក្ខុទាំងឡាយ ចុះ​វិញ្ញាណ តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ពួក​វិញ្ញាណនេះ មាន៦យ៉ាងគឺ ចក្ខុវិញ្ញាណ១ សោតវិញ្ញាណ១ ឃានវិញ្ញាណ១ ជីវ្ហាវិញ្ញាណ១ កាយវិញ្ញាណ១ មនោវិញ្ញាណ១។ ម្នាលភិក្ខុទាំងឡាយ នេះហៅ​ថា វិញ្ញាណ។ ការកើតឡើង នៃវិញ្ញាណ ព្រោះកើតឡើង នៃនាមនិងរូប ការរលត់​ទៅ ​នៃ​វិញ្ញាណ ព្រោះរលត់​ទៅ នៃនាមនិងរូប មគ្គប្រកបដោយអង្គ​ ៨ ដ៏ប្រសើរនេះឯង ជា​សេចក្តី​ប្រតិបត្តិ ទៅកាន់​ទីរលត់ ​នៃវិញ្ញាណ។ មគ្គប្រកបដោយអង្គ​ ៨ តើអ្វីខ្លះ។ គឺ​សម្មាទិដ្ឋិ១។បេ។ សម្មាសមាធិ១។ ម្នាលភិក្ខុទាំងឡាយ សេចក្តីពិតថា ពួកសមណៈ​ឬព្រាហ្មណ៍ណានីមួយ បានដឹងច្បាស់ នូវវិញ្ញាណយ៉ាងនេះ បានដឹងច្បាស់​ នូវ​ការ​កើតឡើង នៃវិញ្ញាណយ៉ាងនេះ បានដឹងច្បាស់ នូវការរលត់​ នៃ​វិញ្ញាណ​យ៉ាងនេះ បានដឹងច្បាស់​ នូវ​សេចក្តី​ប្រតិបត្តិ ទៅកាន់ទីរលត់នៃ​វិញ្ញាណយ៉ាងនេះ ហើយប្រតិបត្តិ ​ដើម្បីសេចក្តីនឿយណាយ ដើម្បីប្រាសចាកតម្រេក ដើម្បីរលត់នៃវិញ្ញាណ សមណៈ​ឬ​ព្រាហ្មណ៍​ទាំងនោះ ឈ្មោះថា បានប្រតិបត្តិដោយល្អ ពួកសមណៈ ឬព្រាហ្មណ៍​ណា បានប្រតិបតិ្តល្អ សមណៈ ឬព្រាហ្មណ៍​ទាំងនោះ ឈ្មោះថា ឋិតនៅក្នុងធម្មវិន័យនេះ។ ម្នាលភិក្ខុទាំងឡាយ ពួក​សមណៈ ឬព្រាហ្មណ៍​ណានីមួយ បានដឹងច្បាស់ ​នូវ​វិញ្ញាណ​យ៉ាងនេះ បានដឹងច្បាស់ ​នូវការកើតឡើងនៃវិញ្ញាណ​យ៉ាងនេះ បានដឹងច្បាស់​នូវ​ការ​រលត់ នៃវិញ្ញាណយ៉ាងនេះ បានដឹងច្បាស់ ​នូវ​សេចក្តី​ប្រតិបត្តិ ទៅកាន់ទីរលត់នៃ​វិញ្ញាណ​យ៉ាងនេះ ហើយផុតស្រឡះ ព្រោះនឿយណាយ ព្រោះប្រាសចាក​តម្រេក ព្រោះរលត់ ព្រោះមិនប្រកាន់យក នូវវិញ្ញាណ សមណៈ ឬព្រាហ្មណ៍​ទាំង​នោះ ឈ្មោះ​ថា បានផុតស្រឡះដោយល្អ​ ពួកសមណៈ ឬព្រាហ្មណ៍​ណា បានផុតស្រឡះល្អ សមណៈ ឬព្រាហ្មណ៍ទាំងនោះ ឈ្មោះថា មានកិច្ចបានធ្វើហើយ ពួកសមណៈ ឬ​ព្រាហ្មណ៍​ណា មានកិច្ចបានធ្វើហើយ វដ្តៈរបស់សមណៈ និងព្រាហ្មណ៍​ទាំងនោះ ក៏​មិនមានជាប្រាកដ។

[១១៨] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់​គង់​នៅក្នុង​វត្តជេតពន របស់​អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ ក្នុងទីនោះឯង ព្រះមានព្រះភាគ ត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ។ ភិក្ខុទាំងនោះ ទទួល​ព្រះពុទ្ធដីកា នៃ​ព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ។ ព្រះមានព្រះភាគ ត្រាស់យ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកឈ្លាសវៃ ក្នុងហេតុ៧ប្រការ ជា​អ្នក​ពិចារណា នូវលក្ខណៈ​៣ប្រការ តថាគត ពោលថា ជាបុរសឧត្តម មានកិច្ច​បាន​ធ្វើ​អស់​ហើយ មានព្រហ្មចរិយធម៌នៅរួច​ហើយ ក្នុងធម្មវិន័យនេះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកឈ្លាសវៃ ក្នុងហេតុ៧ប្រការ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុង​សាសនានេះ ដឹងច្បាស់​នូវរូប ដឹងច្បាស់ នូវការកើតឡើងនៃរូប ដឹងច្បាស់ នូវការ​រលត់​នៃរូប ដឹងច្បាស់ ​នូវសេចក្តី​ប្រតិបត្តិ ទៅកាន់​ទីរលត់នៃរូប។ ដឹងច្បាស់ នូវ​អានិសង្សរបស់​រូប ដឹងច្បាស់ នូវទោសរបស់រូប ដឹងច្បាស់ នូវ​ការរលាស់ចេញ​នូវ​រូប។ ដឹងច្បាស់ នូវវេទនា។ នូវសញ្ញា។ នូវសង្ខារទាំងឡាយ។ ដឹងច្បាស់​ នូវវិញ្ញាណ​ ដឹង​ច្បាស់នូវការកើតឡើង នៃវិញ្ញាណ ដឹងច្បាស់​ នូវ​ការរលត់​នៃវិញ្ញាណ ដឹងច្បាស់​នូវ​សេចក្តីប្រតិបត្តិ ទៅកាន់​ទីរលត់នៃវិញ្ញាណ។ ដឹងច្បាស់ នូវអានិសង្ស​របស់​វិញ្ញាណ ដឹងច្បាស់ នូវទោសរបស់វិញ្ញាណ ដឹងច្បាស់ នូវការរលាស់​ចេញនូវវិញ្ញាណ។

[១១៩] ម្នាលភិក្ខុទាំងឡាយ ចុះរូប តើដូចម្តេច។ មហាភូតរូប ៤ និង​ឧបាទាយរូប (២៤) ដែល​អាស្រ័យនឹងមហាភូតរូប៤។ ម្នាលភិក្ខុទាំងឡាយ នេះ​ហៅថា រូប។ ការកើតឡើងនៃរូប ព្រោះការកើតឡើងនៃអាហារ ការរលត់​ទៅ​នៃរូប ព្រោះការរលត់​ទៅនៃ​អាហារ មគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរនេះឯង ជា​សេចក្តី​ប្រតិបត្តិ ទៅកាន់​ទីរលត់នៃរូប។ មគ្គប្រកប​ដោយអង្គ ៨ តើដូចម្តេចខ្លះ។ គឺសម្មាទិដ្ឋិ១។បេ។ សម្មាសមាធិ១។ សេចក្តី​សុខ និងសោមនស្សណា កើត​ឡើង​ព្រោះអាស្រ័យនូវរូប នេះឈ្មោះថា អានិសង្សរបស់រូប រូបណាមិនទៀង ជាទុក្ខ​ មាន​សេចក្តីប្រែប្រួលជាធម្មតា នេះឈ្មោះថា ទោសរបស់​រូប ការបន្ទោបង់ ​នូវឆន្ទរាគ ការ​លះបង់ នូវឆន្ទរាគ ណា នេះឈ្មោះថា ការរលាស់ចេញនូវរូប។ ម្នាលភិក្ខុទាំងឡាយ សេចក្តីពិតថា ពួកសមណៈ ឬព្រាហ្មណ៍ណានីមួយ បានដឹងច្បាស់ នូវរូប​យ៉ាងនេះ បានដឹងច្បាស់ ​នូវការកើតឡើងនៃរូប យ៉ាងនេះ បានដឹងច្បាស់ ​នូវការរលត់នៃ​រូប​យ៉ាងនេះ បានដឹងច្បាស់ នូវ​សេចក្តីប្រតិបត្តិ ទៅកាន់ទីរលត់ នៃ​រូបយ៉ាងនេះ បាន​ដឹង​ច្បាស់​នូវអានិសង្ស របស់រូបយ៉ាងនេះ បានដឹងច្បាស់ នូវទោស​របស់​រូបយ៉ាងនេះ បានដឹងច្បាស់​ នូវការរលាស់​ចេញ នូវ​រូបយ៉ាងនេះ ហើយប្រតិបត្តិ ដើម្បី​សេចក្តី​នឿយ​ណាយ ដើម្បីការប្រាសចាកតម្រេក ដើម្បីសេចក្តី​រលត់នៃរូប ពួកសមណៈ ឬ​ព្រាហ្មណ៍នោះ ឈ្មោះថា បានប្រតិបត្តិដោយល្អ ពួកសមណៈ ឬព្រាហ្មណ៍ណា ប្រតិបត្តិល្អ ពួកសមណៈ ឬព្រាហ្មណ៍នោះ ឈ្មោះថា ឋិតនៅក្នុងធម្មវិន័យនេះ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីពិតថា ពួកសមណៈ ឬព្រាហ្មណ៍​ណានីមួយ បានដឹងច្បាស់​ នូវរូបយ៉ាងនេះ បានដឹងច្បាស់ នូវ​ការកើតឡើង ​នៃរូប​យ៉ាងនេះ បានដឹងច្បាស់ ​នូវការរលត់នៃរូបយ៉ាងនេះ បានដឹងច្បាស់ ​នូវសេចក្តី​ប្រតិបត្តិទៅ​កាន់​ទីរលត់នៃរូប​យ៉ាងនេះ បានដឹងច្បាស់ ​នូវអានិសង្សរបស់រូបយ៉ាងនេះ បានដឹងច្បាស់​នូវទោស របស់រូបយ៉ាងនេះ បានដឹងច្បាស់ ​នូវការរលាស់ចេញ នូវ​រូបយ៉ាងនេះ​ហើយ ក៏ផុតស្រឡះ ព្រោះនឿយណាយ ប្រាសចាកតម្រេក ព្រោះរលត់ ព្រោះ​មិន​ប្រកាន់​យក​នូវរូប ពួកសមណៈ ឬព្រាហ្មណ៍ទាំងនោះ ឈ្មោះថា បានផុត​ស្រឡះដោយល្អ ពួកសមណៈ ឬព្រាហ្មណ៍ណា បានផុតស្រឡះ​ដោយល្អ ពួកសមណៈ​ ឬព្រាហ្មណ៍​នោះ ឈ្មោះថា ជាអ្នកមានកិច្ចបានធ្វើហើយ ពួកសមណៈ ឬព្រាហ្មណ៍​ណា មាន​កិច្ច​បានធ្វើហើយ វដ្តៈ របស់​សមណៈ និងព្រាហ្មណ៍ទាំងនោះ ក៏មិនមានជាប្រាកដ។

[១២០] ម្នាលភិក្ខុទាំងឡាយ ចុះវេទនាតើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ពួកវេទនានោះ មាន៦យ៉ាងគឺ ចក្ខុសម្ផស្សជាវេទនា១។បេ។ មនោសម្ផស្សជាវេទនា១។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា វេទនា។ ការកើតឡើង​នៃ​វេទនា ព្រោះការកើតឡើង​នៃផស្សៈ ការរលត់នៃវេទនា ព្រោះការរលត់នៃផស្សៈ មគ្គ​ប្រកបដោយអង្គ ៨ ដ៏ប្រសើរនេះឯង ជាផ្លូវ​ទៅកាន់ទីរលត់ នៃវេទនា។ មគ្គប្រកបដោយ​អង្គ ៨ តើអ្វីខ្លះ។ គឺសម្មាទិដ្ឋិ១។បេ។ សម្មាសមាធិ១។ សេចក្តី​សុខ​ និង​សោមនស្សណា កើតឡើង ព្រោះអាស្រ័យនូវវេទនា នេះឈ្មោះថា អានិសង្ស​របស់​វេទនា វេទនាណា មិនទៀង ជាទុក្ខ មានសភាពប្រែប្រួលទៅ​ជាធម្មតា នេះឈ្មោះថា ទោស​របស់វេទនា ការបន្ទោបង់ នូវឆន្ទរាគ ការលះបង់ នូវឆន្ទរាគ របស់វេទនា​ណា នេះឈ្មោះថា ការរលាស់ចេញ នូវវេទនា។ ម្នាលភិក្ខុទាំងឡាយ សេចក្តីពិតថា ពួក​សមណៈ ឬព្រាហ្មណ៍ណានីមួយ បានដឹងច្បាស់​នូវវេទនាយ៉ាងនេះ បានដឹងច្បាស់ ​នូវការកើតឡើង នៃវេទនាយ៉ាងនេះ បានដឹងច្បាស់​ នូវការរលត់​ នៃវេទនាយ៉ាងនេះ បានដឹងច្បាស់​នូវ​សេចក្តីប្រតិបត្តិ ទៅកាន់ទីរលត់ នៃ​វេទនាយ៉ាងនេះ បានដឹងច្បាស់​ នូវ​អានិសង្សរបស់វេទនាយ៉ាងនេះ បានដឹងច្បាស់​ នូវ​ទោសរបស់​វេទនា យ៉ាងនេះ បានដឹងច្បាស់ ​នូវការរលាស់ចេញ​នូវ​វេទនាយ៉ាងនេះ ហើយប្រតិបត្តិ ដើម្បី​សេចក្តី​នឿយណាយ ដើម្បី​ការប្រាសចាក​តម្រេក ដើម្បី​សេចក្តីរលត់នៃវេទនា ពួក​សមណៈ ឬព្រាហ្មណ៍ទាំងនោះ ឈ្មោះថា បានប្រតិបត្តិដោយល្អ ពួកសមណៈ ឬព្រាហ្មណ៍​ណា បានប្រតិបត្តិដោយល្អ ពួកសមណៈ ឬព្រាហ្មណ៍ទាំងនោះ ឈ្មោះថា ឋិត​នៅ​ក្នុង​ធម្មវិន័យនេះ។ ម្នាលភិក្ខុទាំងឡាយ ក៏ឯពួកសមណៈ ឬព្រាហ្មណ៍ណានីមួយ បានដឹងច្បាស់​នូវវេទនាយ៉ាងនេះ។បេ។ វដ្តៈរបស់សមណៈ និងព្រាហ្មណ៍​ទាំង​នោះ ក៏មិនមានជាប្រាកដ។

[១២១] ម្នាលភិក្ខុទាំងឡាយ ចុះសញ្ញា តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ពួកសញ្ញានេះ មាន​៦យ៉ាងគឺ រូបសញ្ញា១ សទ្ទសញ្ញា១ គន្ធសញ្ញា១ រសសញ្ញា១ ផោដ្ឋព្វសញ្ញា១ ធម្មសញ្ញា១។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សញ្ញា។ ការកើត​ឡើង​នៃសញ្ញា ព្រោះ​ការកើតឡើងនៃផស្សៈ ការរលត់នៃសញ្ញា ព្រោះ​ការរលត់​នៃ​ផស្សៈ មគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរនេះឯង ជាសេចក្តីប្រតិបត្តិ ទៅកាន់​ទី​រលត់​នៃសញ្ញា។ មគ្គប្រកបដោយអង្គ ៨ តើអ្វីខ្លះ។ គឺសម្មាទិដ្ឋិ១។បេ។ សម្មាសមាធិ១។បេ។ វដ្តៈរបស់សមណៈ និងព្រាហ្មណ៍​ទាំងនោះ ក៏មិនមានជាប្រាកដ។

[១២២] ម្នាលភិក្ខុទាំងឡាយ ចុះសង្ខារទាំងឡាយ តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ពួកចេតនានេះ មាន៦ប្រការ គឺរូបសញ្ចេតនា១។បេ។ ធម្មសញ្ចេតនា១។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សង្ខារ។ ការកើត​ឡើង​ នៃសង្ខារ ព្រោះ​ការកើតឡើង នៃផស្សៈ ការរលត់នៃសង្ខារ ព្រោះ​ការរលត់​នៃ​ផស្សៈ មគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរនេះឯង ជាសេចក្តីប្រតិបត្តិ ទៅកាន់​ទី​រលត់​នៃសង្ខារ។ មគ្គប្រកបដោយអង្គ ៨ តើដូចម្តេចខ្លះ។ គឺសម្មាទិដ្ឋិ១។បេ។ សម្មាសមាធិ១។បេ។ សេចក្តី​សុខ និងសោមនស្សណា កើតឡើង ព្រោះអាស្រ័យសង្ខារទាំងឡាយ នេះ​ឈ្មោះ​ថា អានិសង្សរបស់សង្ខារទាំងឡាយ សង្ខារទាំងឡាយណា មិន​ទៀង ជាទុក្ខ មាន​សភាពប្រែប្រួលជាធម្មតា នេះឈ្មោះថា ទោសរបស់សង្ខារទាំងឡាយ ការបន្ទោ​បង់ នូវឆន្ទរាគ ការលះបង់ នូវឆន្ទរាគ ក្នុងសង្ខារទាំងឡាយណា នេះឈ្មោះថា ការរលាស់​ចេញ នូវសង្ខារទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីពិតថា ពួក​សមណៈ ឬព្រាហ្មណ៍ណានីមួយ បានដឹងច្បាស់ នូវសង្ខារទាំងឡាយយ៉ាងនេះ បាន​ដឹងច្បាស់ នូវការកើតឡើង នៃសង្ខារយ៉ាងនេះ បានដឹងច្បាស់ នូវការរលត់ នៃ​សង្ខារ​យ៉ាងនេះ បានដឹងច្បាស់ នូវសេចក្តី​ប្រតិបត្តិ ទៅកាន់ទីរលត់ នៃសង្ខារទាំងឡាយ​យ៉ាងនេះ។បេ។ ហើយប្រតិបត្តិ ដើម្បីសេចក្តីនឿយណាយ ដើម្បីការប្រាសចាក​តម្រេក ដើម្បីសេចក្តីរលត់ នៃសង្ខារទាំងឡាយ ពួកសមណៈ ឬព្រាហ្មណ៍នោះ ឈ្មោះ​ថា បានប្រតិបត្តិដោយល្អ ពួកសមណៈ ឬព្រាហ្មណ៍​ណា បានប្រតិបត្តិល្អ ពួកសមណៈ ឬព្រាហ្មណ៍នោះ ឈ្មោះថា ឋិតនៅក្នុងធម្មវិន័យនេះ។បេ។ វដ្តៈ របស់​ពួក​សមណៈ និងព្រាហ្មណ៍ទាំងនោះ ក៏មិនមានជាប្រាកដ។

[១២៣] ម្នាលភិក្ខុទាំងឡាយ វិញ្ញាណ តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ពួកវិញ្ញាណនេះ មាន៦យ៉ាង គឺ​ចក្ខុវិញ្ញាណ១ សោតវិញ្ញាណ១ ឃានវិញ្ញាណ១ ជិវ្ហា​វិញ្ញាណ១ កាយវិញ្ញាណ១ មនោវិញ្ញាណ១។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា វិញ្ញាណ។ ការកើត​ឡើង ​នៃវិញ្ញាណ ព្រោះ​ការកើតឡើង នៃនាមនិងរូប ការរលត់នៃ​វិញ្ញាណ ព្រោះ​ការរលត់ ​នៃនាមនិងរូប មគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរនេះឯង ជាសេចក្តីប្រតិបត្តិ ទៅកាន់​ទី​រលត់​ នៃវិញ្ញាណ។ មគ្គប្រកបដោយអង្គ ៨ តើអ្វីខ្លះ។ គឺសម្មាទិដ្ឋិ១។បេ។ សម្មាសមាធិ១។បេ។ សេចក្តី​សុខ និងសោមនស្សណា កើតឡើង ព្រោះអាស្រ័យវិញ្ញាណ នេះឈ្មោះ​ថា អានិសង្សរបស់វិញ្ញាណ វិញ្ញាណណាមិន​ទៀង ជាទុក្ខ មាន​សភាពប្រែប្រួលជាធម្មតា នេះឈ្មោះថា ទោសរបស់វិញ្ញាណ ការបន្ទោ​បង់ នូវឆន្ទរាគ ការលះបង់ នូវឆន្ទរាគ ក្នុងវិញ្ញាណណា នេះឈ្មោះថា ការរលាស់​ចេញ នូវវិញ្ញាណ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីពិតថា ពួក​សមណៈ ឬព្រាហ្មណ៍ណានីមួយ បានដឹងច្បាស់ នូវវិញ្ញាណយ៉ាងនេះ បាន​ដឹងច្បាស់ នូវការកើតឡើង នៃវិញ្ញាណយ៉ាងនេះ បានដឹងច្បាស់ នូវការរលត់នៃ​វិញ្ញាណ​យ៉ាងនេះ បានដឹងច្បាស់ នូវសេចក្តី​ប្រតិបត្តិ ទៅកាន់ទីរលត់នៃវិញ្ញាណ​យ៉ាងនេះ បាន​ដឹងច្បាស់ នូវអានិសង្ស​របស់វិញ្ញាណយ៉ាងនេះ បានដឹងច្បាស់ ​នូវទោស​របស់​វិញ្ញាណយ៉ាងនេះ បានដឹងច្បាស់ ​នូវការរលាស់ចេញ នូវវិញ្ញាណយ៉ាងនេះ ហើយ​ប្រតិបត្តិដើម្បី​សេចក្តី​នឿយណាយ ដើម្បីការប្រាសចាក​តម្រេក ដើម្បីសេចក្តី​រលត់នៃវិញ្ញាណ សមណៈ ឬព្រាហ្មណ៍ទាំងនោះ ឈ្មោះ​ថា បានប្រតិបត្តិល្អ ពួកសមណៈ ឬព្រាហ្មណ៍​ណា បានប្រតិបត្តិល្អ ពួកសមណៈ ឬព្រាហ្មណ៍នោះ ឈ្មោះថា ឋិតនៅក្នុងធម្មវិន័យនេះ។ ម្នាលភិក្ខុទាំងឡាយ ក៏ពួក​សមណៈ ឬ​ព្រាហ្មណ៍​ណានីមួយ បានដឹងច្បាស់ នូវវិញ្ញាណយ៉ាងនេះ បាន​ដឹងច្បាស់ នូវការកើតឡើង នៃវិញ្ញាណយ៉ាងនេះ បានដឹងច្បាស់ នូវការរលត់នៃ​វិញ្ញាណ​យ៉ាងនេះ បានដឹងច្បាស់ នូវសេចក្តី​ប្រតិបត្តិ ទៅកាន់ទីរលត់នៃវិញ្ញាណ​យ៉ាងនេះ បាន​ដឹងច្បាស់ នូវអានិសង្ស ​របស់វិញ្ញាណយ៉ាងនេះ បានដឹងច្បាស់ ​នូវទោស​របស់​វិញ្ញាណយ៉ាងនេះ បានដឹងច្បាស់ ​នូវការរលាស់ចេញ នូវវិញ្ញាណយ៉ាងនេះ ហើយក៏​ផុតស្រឡះ ព្រោះសេចក្តីនឿយណាយ ព្រោះប្រាសចាកតម្រេក ព្រោះរលត់ ព្រោះ​មិនប្រកាន់យក​ នូវ​វិញ្ញាណ ពួកសមណៈ ឬព្រាហ្មណ៍នោះ ឈ្មោះថា ផុតស្រឡះ​ដោយ​ល្អ ពួកសមណៈ ឬព្រាហ្មណ៍ណា បានផុតស្រឡះល្អ ពួកសមណៈ ឬព្រាហ្មណ៍នោះ ឈ្មោះថា ជាអ្នកមានកិច្ចបានធ្វើហើយ ពួកសមណៈ ឬព្រាហ្មណ៍​ណា មានកិច្ចបានធ្វើហើយ វដ្តៈ របស់​​សមណៈ និងព្រាហ្មណ៍ទាំងនោះ ក៏មិនមានជាប្រាកដ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកឈ្លាសវៃ ក្នុងហេតុ​៧​ប្រការ យ៉ាង​នេះឯង។

[១២៤] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុជាអ្នកពិចារណា នូវ​លក្ខណៈ​៣ប្រការ តើ​ដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ពិចារណាតាមធាតុ ពិចារណា​តាមអាយតនៈ ពិចារណាតាមបដិច្ចសមុប្បាទ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ​ជាអ្នកពិចារណា នូវលក្ខណៈ​៣ប្រការ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ​ជា​អ្នកឈ្លាស ក្នុងហេតុ​៧ប្រការ ជាអ្នកពិចារណា នូវលក្ខណៈ​៣ប្រការ តថាគត ហៅ​ថា ជាឧត្តម​បុរស មានកិច្ចបានធ្វើហើយ មានព្រហ្មចរិយធម៌​នៅរួចហើយ ក្នុងធម្មវិន័យ​នេះ។

[១២៥] ក្នុងក្រុងសាវត្ថី។ ក្នុងទីនោះឯង។ ម្នាលភិក្ខុទាំងឡាយ ព្រះតថាគត ជា​អរហន្តសម្មាសម្ពុទ្ធ ផុតស្រឡះ​ហើយ ព្រោះនឿយណាយ ព្រោះ​ប្រាសចាកតម្រេក ព្រោះរលត់ ព្រោះមិនប្រកាន់​យកនូវរូប បានជា​ហៅថា សម្មាសម្ពុទ្ធ។ ម្នាលភិក្ខុ​ទាំងឡាយ ចំណែក​ខាងភិក្ខុជាបញ្ញាវិមុត្ត ផុតស្រឡះហើយ ព្រោះនឿយ​ណាយ ព្រោះប្រាសចាកតម្រេក ព្រោះរលត់ ព្រោះ​មិនប្រកាន់​យកនូវរូប ហៅថា បញ្ញាវិមុត្ត ។ ម្នាលភិក្ខុទាំងឡាយ ព្រះតថាគត ជាអរហន្ត សម្មាសម្ពុទ្ធ ផុតស្រឡះ​ហើយ ព្រោះនឿយណាយ ព្រោះប្រាសចាកតម្រេក ព្រោះរលត់ ព្រោះ​មិនប្រកាន់​យក​នូវវេទនា បានជាហៅថា សម្មាសម្ពុទ្ធ។ ម្នាលភិក្ខុទាំងឡាយ ចំណែក​ខាង​ភិក្ខុ​ជា​បញ្ញាវិមុត្ត ព្រោះនឿយណាយ ចាកវេទនា។បេ។ ហៅថា បញ្ញាវិមុត្ត។ ម្នាលភិក្ខុទាំងឡាយ ព្រះតថាគត ជាអរហន្ត សម្មាសម្ពុទ្ធ ផុតស្រឡះហើយ ព្រោះ​នឿយ​ណាយ ព្រោះប្រាសចាកតម្រេក ព្រោះរលត់ ព្រោះមិនប្រកាន់​យក នូវសញ្ញា។ នូវ​សង្ខារទាំងឡាយ។ នូវវិញ្ញាណ បានជាហៅថា សម្មាសម្ពុទ្ធ។ ម្នាលភិក្ខុទាំងឡាយ ចំណែកខាង​ភិក្ខុ ជាបញ្ញាវិមុត្ត ផុតស្រឡះហើយ ព្រោះ​នឿយ​ណាយ ព្រោះប្រាសចាកតម្រេក ព្រោះរលត់ ព្រោះមិនប្រកាន់​យក នូវវិញ្ញាណ ហៅថា បញ្ញាវិមុត្ត។

[១២៦] ម្នាលភិក្ខុទាំងឡាយ បណ្តា​ភិក្ខុទាំងនោះ ព្រះតថាគត ជា​អរហន្ត​សម្មាសម្ពុទ្ធ មានគុណវិសេសដូចម្តេច មានព្យាយាម​លើស​លុបដូចម្តេច មានហេតុ​ផ្សេងគ្នាដូចម្តេច អំពីភិក្ខុជាបញ្ញាវិមុត្ត។ បពិត្រព្រះអង្គដ៏ចំរើន ធម៌​ទាំងឡាយរបស់​យើងខ្ញុំ មានព្រះមានព្រះភាគ​ជាប្រធាន មានព្រះមានព្រះភាគ ​ជាអ្នកណែនាំ មាន​ព្រះមានព្រះភាគ​ ជាទីពឹង បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ ទ្រង់ព្រះមេត្តា​​ប្រោស បំភ្លឺសេចក្តី នៃ​ភាសិត​នេះឲ្យទាន ភិក្ខុទាំងឡាយ បានស្តាប់​ព្រះមានព្រះភាគ​ហើយ នឹងចាំទុក។ ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ អ្នកទាំងឡាយ​ ចូរ​ស្តាប់​ ចូរធ្វើទុកក្នុងចិត្តឲ្យល្អចុះ តថាគតនឹង​សំដែង។ ភិក្ខុទាំងនោះ ទទួលស្តាប់​ព្រះពុទ្ធដីកា នៃព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ។ ព្រះមានព្រះភាគ ទ្រង់​ត្រាស់​យ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ ព្រះតថាគត ជាអរហន្ត សម្មាសម្ពុទ្ធ ជាអ្នក​ញុំាងមគ្គ ដែលមិនទាន់កើត ឲ្យកើតឡើង ពន្យល់មគ្គ ​ដែល​មិនទាន់ដឹងច្បាស់ ឲ្យ​ដឹងច្បាស់ បង្ហាញមគ្គ ដែលមិនទាន់បង្ហាញ​ ទ្រង់ដឹងមគ្គ ទ្រង់ជ្រាបមគ្គ ឈ្លាសវៃ​ក្នុង​មគ្គ (និងមិនមែនមគ្គ)។ ម្នាលភិក្ខុទាំងឡាយ ក្នុងកាលឥឡូវនេះ មានពួកសាវ័ក​អ្នកដើរ​តាមមគ្គ បានប្រកបតាមជាខាងក្រោយហើយ។ ម្នាលភិក្ខុទាំងឡាយ តថាគត ជា​អរហន្ត សម្មាសម្ពុទ្ធ មានគុណវិសេសនេះឯង មានព្យាយាម​លើសលុបនេះឯង មាន​ហេតុផ្សេងគ្នានេះឯង អំពីភិក្ខុជាបញ្ញាវិមុត្ត។

[១២៧] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងឥសិបតនមិគទាយវ័ន ទៀបក្រុងពារាណសី។ ក្នុងទីនោះ ព្រះមានព្រះភាគ ត្រាស់ហៅពួក​បញ្ចវគ្គិយ​ភិក្ខុ។បេ។ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ រូប​មិនមែនជារបស់​ខ្លួនទេ។ ម្នាលភិក្ខុទាំងឡាយ បើរូបនេះ ជារបស់ខ្លួន រូបនេះ នឹង​មិនប្រព្រឹត្តទៅ ដើម្បី​អាពាធ​ឡើយ បុគ្គល គប្បីបាន (នូវអំណាច) ក្នុងរូបថា រូបរបស់​អាត្មាអញ ចូរជា​យ៉ាង​នេះចុះ រូបរបស់អាត្មាអញ កុំទៅជាយ៉ាងនេះឡើយ។ ម្នាលភិក្ខុទាំងឡាយ រូបមិនមែន​ជារបស់ខ្លួន ព្រោះហេតុណា ព្រោះហេតុនោះ បានជារូបចេះតែ​ប្រព្រឹត្ត​ទៅ ដើម្បីអាពាធ បុគ្គល មិនបាន (នូវអំណាច) ក្នុងរូបថា រូបរបស់អាត្មាអញ ចូរជា​យ៉ាងនេះចុះ រូបរបស់អាត្មាអញ កុំទៅជាយ៉ាងនេះឡើយ។ ម្នាលភិក្ខុទាំងឡាយ វេទនា មិនមែនជារបស់ខ្លួនទេ។ ម្នាលភិក្ខុទាំងឡាយ​ បើវេទនានេះ ជារបស់ខ្លួន វេទនា​នេះ នឹងមិនប្រព្រឹត្តទៅ ដើម្បី​អាពាធឡើយ បុគ្គល​គប្បីបាន (នូវអំណាច) ក្នុងវេទនា​ថា វេទនារបស់អាត្មាអញ ចូរជាយ៉ាងនេះចុះ វេទនារបស់អាត្មាអញ កុំទៅជា​យ៉ាង​នេះឡើយ។ ម្នាលភិក្ខុទាំងឡាយ វេទនា មិនមែនជារបស់ខ្លួន ព្រោះ​ហេតុ​ណា ព្រោះហេតុនោះ បានជាវេទនា ចេះតែប្រព្រឹត្តទៅ ដើម្បីអាពាធ បុគ្គល មិនបាន (នូវអំណាច) ក្នុងវេទនាថា វេទនារបស់អាត្មាអញ ចូរជាយ៉ាងនេះចុះ វេទនា​របស់​អាត្មាអញ កុំទៅជាយ៉ាងនេះឡើយ។ ម្នាលភិក្ខុទាំងឡាយ សញ្ញា មិនមែនជារបស់ខ្លួនទេ។ ម្នាលភិក្ខុទាំងឡាយ សង្ខារទាំងឡាយ មិនមែនជារបស់ខ្លួនទេ។ ម្នាលភិក្ខុទាំងឡាយ បើ​សង្ខារនេះ ជារបស់ខ្លួន សង្ខារនេះ នឹងមិនប្រព្រឹត្តទៅ ដើម្បី​អាពាធឡើយ បុគ្គល​គប្បីបាន (នូវអំណាច) ក្នុងសង្ខារ​ទាំងឡាយថា សង្ខារទាំងឡាយ របស់​អាត្មាអញ ចូរ​ជា​យ៉ាងនេះចុះ សង្ខារ​ទាំងឡាយ របស់​អាត្មាអញ កុំទៅជាយ៉ាងនេះឡើយ។ ម្នាលភិក្ខុទាំងឡាយ  សង្ខារទាំងឡាយ មិនមែនជារបស់ខ្លួន ព្រោះហេតុណា ព្រោះ​ហេតុនោះ បានជាសង្ខារទាំងឡាយ ចេះតែប្រព្រឹត្តទៅ ដើម្បីអាពាធ បុគ្គលមិនបាន (នូវអំណាច) ក្នុងសង្ខារទាំងឡាយថា សង្ខារទាំងឡាយ​ របស់អាត្មាអញ ចូរជាយ៉ាង​នេះចុះ សង្ខារទាំងឡាយ របស់អាត្មាអញ កុំទៅជាយ៉ាងនេះឡើយ។ ម្នាលភិក្ខុទាំងឡាយ វិញ្ញាណ មិនមែនជារបស់ខ្លួនទេ។ ម្នាលភិក្ខុទាំងឡាយ បើ​វិញ្ញាណ​នេះ ជារបស់ខ្លួន វិញ្ញាណនេះ នឹង​មិនប្រព្រឹត្តទៅ ដើម្បីអាពាធឡើយ បុគ្គល​គប្បីបាន (នូវអំណាច) ក្នុងវិញ្ញាណថា វិញ្ញាណរបស់អាត្មាអញ ចូរជា​យ៉ាងនេះចុះ វិញ្ញាណរបស់អាត្មាអញ កុំទៅជាយ៉ាងនេះឡើយ។ ម្នាលភិក្ខុទាំងឡាយ វិញ្ញាណ​ មិន​មែនជារបស់ខ្លួន ព្រោះហេតុណា ព្រោះហេតុនោះ បានជាវិញ្ញាណ ចេះតែប្រព្រឹត្ត​ទៅ ដើម្បីអាពាធ បុគ្គល​មិនបាន (នូវអំណាច) ក្នុងវិញ្ញាណថា វិញ្ញាណរបស់​អាត្មា​អញ ចូរជាយ៉ាង​នេះចុះ វិញ្ញាណរបស់អាត្មាអញ កុំទៅជាយ៉ាងនេះឡើយ។

[១២៨] ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ សំគាល់​ហេតុនោះ ដូចម្តេច រូប​ទៀង​ ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។ ចុះរូបណាមិនទៀង រូបនោះជាទុក្ខ ឬជា​សុខ។ ជាទុក្ខ ព្រះអង្គ។ ចុះរូបណាមិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួល​ជា​ធម្មតា អ្នកទាំងឡាយ គួរយល់ឃើញ​នូវរូប​នោះថា នុ៎ះរបស់អាត្មាអញ នុ៎ះជាអញ នុ៎ះ​ជា​ខ្លួនរបស់អាត្មាអញដែរឬ។ មិនគួរ​យល់ឃើញ​យ៉ាងនុ៎ះទេ ព្រះអង្គ។ វេទនា។ សញ្ញា។ សង្ខារទាំងឡាយ។ វិញ្ញាណ ទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។ ចុះ​វិញ្ញាណ​ណា មិនទៀង វិញ្ញាណនោះ ជាទុក្ខ ឬជាសុខ។ ជាទុក្ខ ព្រះអង្គ។ ចុះវិញ្ញាណណា ដែល​មិនទៀងជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា អ្នកទាំងឡាយ គួរ​​យល់ឃើញ នូវវិញ្ញាណនោះថា នុ៎ះរបស់អាត្មាអញ នុ៎ះជាអញ នុ៎ះជាខ្លួនរបស់អាត្មាអញ​ដែរ​ឬ។ មិន​គួរយល់ឃើញ​យ៉ាងនុ៎ះទេ ព្រះអង្គ។

[១២៩] ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ រូបណានីមួយ ជាអតីត អនាគត បច្ចុប្បន្ន ជាខាងក្នុងក្តី ខាងក្រៅក្តី គ្រោតគ្រាតក្តី ល្អិតក្តី ថោកទាបក្តី ឧត្តមក្តី ឬ​រូប​ណា ដែលមានក្នុងទីឆ្ងាយក្តី មានក្នុងទីជិតក្តី រូបទាំងអស់នោះ គ្រាន់តែជារូប​ប៉ុណ្ណោះ បុគ្គលគួរឃើញនូវរូបនុ៎ះ​ ដោយបញ្ញាដ៏ប្រពៃ​តាមពិត យ៉ាងនេះថា នុ៎ះ​មិនមែន​របស់អាត្មាអញ នុ៎ះ​មិនមែនជាអញ នុ៎ះ​មិនមែនជាខ្លួន​របស់អាត្មាអញ​ឡើយ។ វេទនាណានីមួយ ជាអតីត អនាគត បច្ចុប្បន្ន។បេ។ ឬវេទនាណាមួយ ដែល​មានក្នុងទីឆ្ងាយក្តី មានក្នុងទីជិតក្តី វេទនាទាំងអស់នោះ គ្រាន់តែជាវេទនា​ប៉ុណ្ណោះ បុគ្គលគួរឃើញ នូវវេទនានុ៎ះ​ ដោយបញ្ញា ដ៏ប្រពៃតាមពិត យ៉ាងនេះថា នុ៎ះ​មិនមែន​របស់​អាត្មាអញ នុ៎ះ​មិនមែនជាអញ នុ៎ះមិនមែនជាខ្លួន​របស់​អាត្មាអញឡើយ។ សញ្ញា​ណានីមួយ។ សង្ខារទាំងឡាយណានីមួយ ជាអតីត អនាគត បច្ចុប្បន្ន។បេ។ ដែល​មាន​ក្នុងទីឆ្ងាយក្តី មានក្នុងទីជិតក្តី សង្ខារទាំងអស់នោះ គ្រាន់តែ​ជាសង្ខារប៉ុណ្ណោះ បុគ្គល​គប្បីឃើញ នូវ​សង្ខារនុ៎ះ ដោយបញ្ញាដ៏ប្រពៃតាមពិត យ៉ាងនេះថា នុ៎ះ​មិនមែន​របស់អាត្មាអញ នុ៎ះ​មិនមែន​ជាអញ នុ៎ះមិនមែនជាខ្លួនរបស់អាត្មាអញឡើយ។ វិញ្ញាណ​ណានីមួយ ជាអតីត អនាគត បច្ចុប្បន្ន ជាខាងក្នុងក្តី ខាងក្រៅក្តី គ្រោតគ្រាត​ក្តី ល្អិតក្តី ថោកទាបក្តី ឧត្តមក្តី ដែលមានក្នុងទីឆ្ងាយក្តី មានក្នុងទីជិតក្តី វិញ្ញាណ​ទាំង​អស់នោះ គ្រាន់តែជាវិញ្ញាណប៉ុណ្ណោះ បុគ្គល​គួរឃើញនូវវិញ្ញាណនុ៎ះ ដោយ​បញ្ញាដ៏​ប្រពៃតាមពិត យ៉ាងនេះថា នុ៎ះ​មិនមែនរបស់អាត្មាអញ នុ៎ះ​មិនមែនជាអញ នុ៎ះ​មិនមែន​ជាខ្លួនរបស់​អាត្មាអញឡើយ។

[១៣០] ម្នាលភិក្ខុទាំងឡាយ អរិយសាវ័ក​ជាអ្នកចេះដឹង កាលបើបានឃើញ​យ៉ាងនេះ រមែងនឿយណាយ ក្នុងរូបផង នឿយណាយ ក្នុងវេទនាផង នឿយណាយ ក្នុងសញ្ញាផង នឿយណាយ ក្នុងសង្ខារ​ទាំងឡាយផង នឿយណាយ ក្នុង​វិញ្ញាណផង កាលបើនឿយណាយ រមែង​ប្រាសចាកតម្រេក តែងផុតស្រឡះ ព្រោះ​ប្រាសចាកតម្រេក។ កាលបើចិត្តផុតស្រឡះហើយ ប្រាជ្ញា ក៏កើតឡើងថា ចិត្ត​ផុត​ស្រឡះហើយ។ ព្រះអរិយសាវ័កនោះ ដឹងច្បាស់ថា ជាតិអស់ហើយ ព្រហ្មចរិយ​ធម៌ អាត្មាអញ បាននៅរួចហើយ សោឡសកិច្ច​ អាត្មាអញ បានធ្វើរួចហើយ មគ្គភាវនា​កិច្ច​ដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។ លុះ​ព្រះមានព្រះភាគ ទ្រង់ត្រាស់ភាសិតនេះហើយ។ ពួកបញ្ចវគ្គិយ​ភិក្ខុ ក៏ពេញចិត្ត ត្រេកអរចំពោះ​ភាសិត នៃ​ព្រះមានព្រះភាគ។ កាលដែលព្រះមានព្រះភាគ ទ្រង់ត្រាស់វេយ្យាករណ៍​នេះហើយ ចិត្តរបស់​បញ្ចវគ្គិយភិក្ខុ ក៏ផុតស្រឡះ​ចាកអាសវៈទាំងឡាយ ព្រោះ​មិន​ប្រកាន់។

[១៣១] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងកូដាគារសាលា នាមហាវ័ន ទៀបក្រុងវេសាលី។ គ្រានោះឯង ស្តេចលិច្ឆវីឈ្មោះ មហលិ ចូលទៅគាល់​ព្រះមានព្រះភាគ។បេ។ លុះមហលិលិច្ឆវី គង់ក្នុងទីសមគួរហើយ ទើបក្រាបទូល​ព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន គ្រូឈ្មោះបូរណកស្សបបាន​ពោល​ពាក្យយ៉ាងនេះថា ហេតុ ឬបច្ច័យ ដែលនាំឲ្យសត្វទាំងឡាយសៅហ្មង មិន​មាន​ឡើយ សត្វទាំងឡាយ មិនមានហេតុ មិនមានបច្ច័យ នាំឲ្យសៅហ្មងទេ ទាំងហេតុ​ ឬ​បច្ច័យ ដែលនាំឲ្យសត្វទាំងឡាយបរិសុទ្ធ ក៏មិនមាន សត្វទាំងឡាយ មិនមានហេតុ មិន​មានបច្ច័យ នាំឲ្យបរិសុទ្ធឡើយ ចុះក្នុងរឿងនេះ ព្រះមានព្រះភាគ ទ្រង់​ត្រាស់​ដូចម្តេច។ ម្នាលមហលិ ហេតុ ឬបច្ច័យ ដែល​នាំឲ្យសត្វ​ទាំងឡាយ​សៅហ្មង តែងមាន សត្វទាំងឡាយ សុទ្ធតែមានហេតុ មានបច្ច័យនាំឲ្យសៅហ្មង ម្នាលមហលិ ហេតុ ឬ​បច្ច័យ ដែលនាំសត្វទាំងឡាយ ឲ្យបរិសុទ្ធមាន សត្វទាំងឡាយ មានហេតុ មានបច្ច័យ​នាំ​ឲ្យបរិសុទ្ធស្អាតបាន។ បពិត្រព្រះអង្គដ៏ចំរើន ចុះហេតុដូចម្តេច បច្ច័យដូចម្តេច ដែលនាំឲ្យសត្វទាំងឡាយ សៅហ្មង ចុះសត្វទាំងឡាយ មានហេតុ មានបច្ច័យ​នាំឲ្យសៅ​ហ្មង ដោយប្រការដូចម្តេច។ ម្នាលមហលិ រូបនេះ មានទុក្ខតែម្យ៉ាង មាន​ទុក្ខជាប់តាម មានទុក្ខគ្របសង្កត់ មិនទាន់មានសេចក្តីសុខ មកគ្របដណ្តប់​នៅ​ឡើយ ជា​រូប ដែលពួកសត្វមិនគួរត្រេកអរទេ។ ម្នាលមហលិ តែរូប​នេះជាសុខ មានសុខជាប់​តាម មានសុខគ្របដណ្តប់ មិនទាន់មានទុក្ខគ្របសង្កត់នៅឡើយ ព្រោះហេតុណា ព្រោះ​ហេតុនោះ ពួកសត្វ រមែង​ត្រេកអរ ក្នុងរូប ព្រោះតែមានសេចក្តីត្រេកអរ បានជា​ជាប់ចំពាក់ ព្រោះមានការជាប់ចំពាក់ បានជាសៅហ្មង។ ម្នាលមហលិ នេះឯងជា​ហេតុ នេះឯងជាបច្ច័យ ដែលនាំឲ្យសត្វទាំងឡាយសៅហ្មង។ សត្វទាំងឡាយ មានហេតុ មានបច្ច័យនាំឲ្យសៅហ្មង យ៉ាងនេះឯង។ ម្នាលមហលិ វេទនា នេះ មាន​មានទុក្ខតែម្យ៉ាង មាន​ទុក្ខជាប់តាម មានទុក្ខគ្របសង្កត់ មិនទាន់មានសុខ គ្របដណ្តប់​នៅ​ឡើយ ជាវេទនា ដែលសត្វទាំងឡាយ មិនគួរត្រេកអរទេ។ ម្នាលមហលិ តែវេទនា​នេះជាសុខ មានសុខជាប់​តាម មានសុខគ្របដណ្តប់ មិនទាន់មាន​ទុក្ខ​មកគ្របសង្កត់​នៅឡើយ ព្រោះហេតុណា ព្រោះ​ហេតុនោះ សត្វទាំងឡាយ រមែង​ត្រេកអរ ក្នុងវេទនា ព្រោះមានសេចក្តីត្រេកអរ បានជា​ជាប់ចំពាក់ ព្រោះមានការជាប់ចំពាក់ បានជាសៅហ្មង។ ម្នាលមហលិ នេះឯងជា​ហេតុ នេះឯងជាបច្ច័យ ដែលនាំឲ្យ​សត្វទាំងឡាយសៅហ្មង។ សត្វទាំងឡាយ មានហេតុ មានបច្ច័យនាំឲ្យសៅហ្មង យ៉ាងនេះឯង។ ម្នាលមហលិ សញ្ញា នេះ។ ម្នាលមហលិ សង្ខារទាំងឡាយនេះ មានទុក្ខតែម្យ៉ាង មាន​ទុក្ខជាប់តាម មានទុក្ខគ្របសង្កត់ មិន​ទាន់មានសេចក្តីសុខ មកគ្របដណ្តប់​នៅ​ឡើយ ជា​សង្ខារ​ដែលសត្វ​ទាំងឡាយ មិនគួរត្រេកអរទេ។ ម្នាលមហលិ តែសង្ខារទាំងឡាយ​នេះ ជាសុខ មានសុខជាប់​តាម មានសុខគ្របដណ្តប់ មិនទាន់មានទុក្ខមកគ្របសង្កត់នៅឡើយ ព្រោះហេតុណា ព្រោះ​ហេតុនោះ សត្វទាំងឡាយ តែង​ត្រេកអរ ក្នុងសង្ខារទាំងឡាយ ព្រោះតែមាន​សេចក្តី​ត្រេកអរ បានជា​ជាប់ចំពាក់ ព្រោះមានការជាប់ចំពាក់ បានជាសៅហ្មង។ ម្នាលមហលិ នេះឯងជា​ហេតុ នេះឯងជាបច្ច័យ ដែលនាំឲ្យសត្វទាំងឡាយសៅហ្មង។ សត្វទាំងឡាយ មានហេតុ មានបច្ច័យនាំឲ្យសៅហ្មង យ៉ាងនេះឯង។ ម្នាលមហលិ វិញ្ញាណ នេះ មានទុក្ខតែម្យ៉ាង មាន​ទុក្ខជាប់តាម មានទុក្ខគ្របសង្កត់ មិនទាន់​មានសេចក្តីសុខ មកគ្របដណ្តប់​នៅ​ឡើយ ជា​វិញ្ញាណ ដែលសត្វ​ទាំងឡាយ មិនគួរត្រេកអរទេ។ ម្នាលមហលិ តែវិញ្ញាណ​នេះ ជាសុខ មានសុខជាប់​តាម មានសុខគ្របដណ្តប់ មិនទាន់មានទុក្ខមកគ្របសង្កត់នៅឡើយ ព្រោះហេតុណា ព្រោះ​ហេតុនោះ សត្វទាំងឡាយ រមែង​ត្រេកអរ ក្នុងវិញ្ញាណ ព្រោះតែមាន​សេចក្តីត្រេកអរ បានជា​ជាប់ចំពាក់ ព្រោះមានការជាប់ចំពាក់ បានជាសៅហ្មង។ ម្នាលមហលិ នេះឯងជា​ហេតុ នេះឯងជាបច្ច័យ ដែលនាំឲ្យសត្វទាំងឡាយសៅហ្មង។ សត្វទាំងឡាយ មានហេតុ មានបច្ច័យ នាំឲ្យសៅហ្មង យ៉ាងនេះឯង។

[១៣២] បពិត្រព្រះអង្គដ៏ចំរើន ចុះហេតុដូចម្តេច បច្ច័យដូចម្តេច ដែលនាំ​ឲ្យ​សត្វ​ទាំងឡាយបរិសុទ្ធ ចុះសត្វទាំងឡាយ មានហេតុ មានបច្ច័យនាំឲ្យបរិសុទ្ធ ដោយ​ប្រការដូចម្តេច។ ម្នាលមហលិ រូបនេះ មានសេចក្តីសុខតែម្យ៉ាង មានសុខជាប់តាម មាន​សុខគ្របដណ្តប់ មិនទាន់មានទុក្ខមកគ្របសង្កត់នៅឡើយ ជារូបដែល​សត្វ​ទាំងឡាយ មិនគួរនឿយណាទេ។ ម្នាលមហលិ តែរូបនេះជាទុក្ខ មានទុក្ខជាប់តាម មានទុក្ខគ្របសង្កត់ មិនទាន់​មានសុខមកគ្របដណ្តប់​នៅឡើយ ព្រោះហេតុណា ព្រោះ​ហេតុនោះ សត្វទាំងឡាយ រមែងនឿយណាយ ក្នុងរូប កាលបើនឿយណាយ​ហើយ ក៏ប្រាសចាកតម្រេក ព្រោះប្រាសចាកតម្រេក ទើបបរិសុទ្ធ។ ម្នាលមហលិ នេះជា​ហេតុ នេះជាបច្ច័យ ដែលនាំឲ្យសត្វទាំងឡាយ បរិសុទ្ធ។ សត្វទាំងឡាយ មានហេតុ មានបច្ច័យ នាំឲ្យបរិសុទ្ធ យ៉ាងនេះឯង។ ម្នាលមហលិ វេទនានេះ មានសេចក្តីសុខតែម្យ៉ាង។បេ។ បពិត្រមហលិ សញ្ញានេះ។ ម្នាលមហលិ សង្ខារទាំង​ឡាយនេះ មានសេចក្តីសុខតែម្យ៉ាង។ ម្នាលមហលិ វិញ្ញាណនេះ មាន​សេចក្តី​សុខតែ​ម្យ៉ាង មានសុខជាប់តាម មាន​សុខគ្របដណ្តប់ មិនទាន់មានទុក្ខ​មកគ្របសង្កត់​នៅឡើយ ជាវិញ្ញាណ ដែល​សត្វ​ទាំងឡាយ មិនគួរនឿយណាយ។ ម្នាលមហលិ តែវិញ្ញាណនេះ ជាទុក្ខ មានទុក្ខជាប់តាម មានទុក្ខគ្របសង្កត់ មិនទាន់​មានសុខមកគ្របដណ្តប់​នៅឡើយ ព្រោះហេតុណា ព្រោះ​ហេតុនោះ សត្វទាំងឡាយ ទើបនឿយណាយ ក្នុងវិញ្ញាណ កាលបើនឿយណាយហើយ ក៏ប្រាសចាកតម្រេក ព្រោះប្រាសចាកតម្រេក ទើបបរិសុទ្ធ។ ម្នាលមហលិ នេះជា​ហេតុ នេះជាបច្ច័យ ដែលនាំឲ្យសត្វទាំងឡាយ បរិសុទ្ធ។ ពួកសត្វ មានហេតុ មានបច្ច័យ នាំឲ្យបរិសុទ្ធ យ៉ាងនេះឯង។

[១៣៣] ក្នុងក្រុងសាវត្ថី។ ក្នុងទីនោះឯង។ ម្នាលភិក្ខុទាំងឡាយ រូបក្តៅ វេទនា​ក្តៅ សញ្ញាក្តៅ សង្ខារក្តៅ វិញ្ញាណក្តៅ។ ម្នាលភិក្ខុទាំងឡាយ កាលបើអរិយសាវ័ក ជា​អ្នកចេះដឹង ឃើញយ៉ាងនេះ រមែងនឿយណាយ ក្នុងរូបផង ក្នុងវេទនាផង។ ក្នុងសញ្ញា​ផង។ ក្នុងសង្ខារទាំងឡាយផង។ នឿយណាយ ក្នុងវិញ្ញាណផង កាលបើ​នឿយណាយ ក៏ប្រាសចាកតម្រេក។បេ។ រមែងដឹងច្បាស់ថា មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បី​សោឡសកិច្ចនេះទៀត មិនមានឡើយ។

[១៣៤] ក្នុងក្រុងសាវត្ថី។ ក្នុងទីនោះឯង។ ម្នាលភិក្ខុទាំងឡាយ សភាវៈ​ ទាំង​៣យ៉ាងនេះ គឺ គន្លងពាក្យ១ គន្លងឈ្មោះ១ គន្លងបញ្ញត្តិ១ ពួកសមណព្រាហ្មណ៍ ជាអ្នកប្រាជ្ញ មិន​ដែលលះបង់​ មិនធ្លាប់លះបង់ មិនទំលាក់ចោល មិនដែល​ទំលាក់ចោល ទាំង​មិន​បាន​ខាំងឃាត់ឡើយ។ សភាវៈ​ ទាំង៣យ៉ាង តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ រូបណា ដែល​កន្លងទៅ រលត់ទៅ ប្រែប្រួលទៅហើយ ការពិចារណានូវរូបនោះ ថាកើតមាន​រួច​ហើយ ឈ្មោះរបស់រូបនោះ ថាកើតមានរួចហើយ បញ្ញត្តិរបស់រូបនោះ ថាកើត​មានរួច​ហើយ តែការពិចារណានូវរូបនោះ ថាគ្មានក្នុងបច្ចុប្បន្ននេះទេ ការពិចារណានូវរូប​នោះ ថាគ្មាន​ទៅក្នុងអនាគតទេ។ វេទនាណា ដែលកន្លងទៅ រលត់ទៅ ប្រែប្រួល​ទៅ​ហើយ ការពិចារណានូវវេទនានោះ ថាកើតមានរួចហើយ ឈ្មោះរបស់​វេទនានោះ ថាកើតមានរួចហើយ បញ្ញត្តិរបស់វេទនានោះ ថាកើតមានរួចហើយ តែការពិចារណា នូវ​វេទនានោះ ថាគ្មានក្នុងបច្ចុប្បន្ននេះទេ ការពិចារណានូវវេទនានោះ ថាគ្មានទៅ​ក្នុងអនាគតទេ។ សញ្ញាណា។បេ។ សង្ខារទាំងឡាយណា ដែលកន្លងទៅ រលត់​ទៅ​ប្រែប្រួលទៅហើយ ការពិចារណានូវសង្ខារទាំងឡាយនោះ ថាកើតមានរួចហើយ ឈ្មោះ​របស់​សង្ខារទាំងឡាយនោះ ថាកើតមានរួចហើយ បញ្ញត្តិរបស់​សង្ខារទាំង​ឡាយ​នោះ ថាកើត​មានរួចហើយ តែការពិចារណា នូវ​សង្ខារទាំងឡាយនោះ ថាគ្មាន​ក្នុងបច្ចុប្បន្ននេះទេ ការពិចារណានូវសង្ខារទាំងឡាយនោះ ថា​គ្មាន​ទៅ​ក្នុង​អនាគតទេ។ វិញ្ញាណណា ដែលកន្លងទៅ រលត់ទៅ ប្រែប្រួលទៅហើយ ការ​ពិចារណានូវវិញ្ញាណនោះ ថាកើតមានរួចហើយ ឈ្មោះរបស់វិញ្ញាណនោះ ថា​កើត​មានរួចហើយ បញ្ញត្តិរបស់វិញ្ញាណនោះ ថាកើតមានរួចហើយ តែការពិចារណា​នូវ​វិញ្ញាណនោះ ថាគ្មាន​ក្នុងបច្ចុប្បន្នទេ ការពិចារណានូវ​វិញ្ញាណនោះ ថាគ្មាន​ទៅក្នុង​អនាគតទេ។

[១៣៥] ម្នាលភិក្ខុទាំងឡាយ រូបណា មិនទាន់កើតហើយ មិនទាន់​កើត​ប្រាកដ​ហើយ ការពិចារណានូវរូបនោះ ថានឹងកើត​មានទៅ​ក្នុងអនាគត ឈ្មោះរបស់​រូប​នោះ ថានឹងកើតមានទៅក្នុងអនាគត បញ្ញត្តិរបស់រូបនោះ ថានឹងកើតមានទៅក្នុង​អនាគត តែ​ការពិចារណានូវរូបនោះ ថាគ្មានក្នុងបច្ចុប្បន្ននេះទេ ការពិចារណានូវរូបនោះ ថា​គ្មានពីអតីតកាលមកទេ។ វេទនាណា មិនទាន់កើតហើយ មិនទាន់កើតប្រាកដ​ហើយ ការពិចារណានូវវេទនានោះ ថានឹងកើតមានទៅក្នុងអនាគត ឈ្មោះរបស់​វេទនានោះ ថា​នឹងកើតមាន​ទៅក្នុងអនាគត បញ្ញត្តិរបស់វេទនានោះ ថានឹងកើតមាន​ទៅក្នុង​អនាគត តែការពិចារណានូវវេទនានោះ ថាគ្មានក្នុងបច្ចុប្បន្ននេះទេ ការពិចារណានូវ​វេទនានោះ ថាគ្មានពីអតីតកាលមកទេ។ សញ្ញាណា។ សង្ខារទាំងឡាយណា មិនទាន់​កើតហើយ មិនទាន់កើតប្រាកដហើយ ការពិចារណានូវសង្ខារទាំងឡាយនោះ ថា​នឹង​កើតមានទៅក្នុងអនាគត បញ្ញត្តិរបស់សង្ខារទាំងឡាយនោះ ថានឹងកើតមានទៅក្នុង​អនាគត ឈ្មោះរបស់សង្ខារទាំងឡាយនោះ ថានឹងកើតមានទៅក្នុងអនាគត តែ​ការពិចារណានូវសង្ខារទាំងឡាយនោះ ថាគ្មានក្នុងបច្ចុប្បន្ននេះទេ ការពិចារណា​នូវ​សង្ខារទាំងឡាយនោះ ថាគ្មានពីអតីតកាលមកទេ។ វិញ្ញាណណា មិនទាន់​កើត​ហើយ មិនទាន់កើតប្រាកដហើយ ការពិចារណានូវវិញ្ញាណនោះ ថានឹងកើតមានទៅក្នុងអនាគត ឈ្មោះរបស់វិញ្ញាណនោះ ថានឹងកើតមានទៅ ក្នុង​អនាគត បញ្ញត្តិរបស់វិញ្ញាណនោះ ថានឹងកើតមានទៅក្នុងអនាគត តែការពិចារណា នូវ​វិញ្ញាណនោះ ថាគ្មានក្នុងបច្ចុប្បន្ននេះទេ ការពិចារណានូវវិញ្ញាណនោះ ថាគ្មាន​ពី​អតីតកាលមកទេ។

[១៣៦] ម្នាលភិក្ខុទាំងឡាយ រូបណា ដែលកើតហើយ ​កើត​ប្រាកដ​ហើយ ការពិចារណានូវរូបនោះ ថា​មាន​ក្នុងបច្ចុប្បន្ន ឈ្មោះរបស់​រូប​នោះ ថាមានក្នុង​បច្ចុប្បន្ន បញ្ញត្តិរបស់រូបនោះ ថាមានក្នុងបច្ចុប្បន្ន តែ​ការពិចារណានូវរូបនោះ ថាគ្មានពីអតីតកាលមកទេ ការពិចារណា នូវរូបនោះ ថា​ឥតមានទៅក្នុងអនាគតទេ។ វេទនាណា ដែល​កើតហើយ កើតប្រាកដហើយ។បេ។ បញ្ញត្តិរបស់វេទនានោះ ថាគ្មាន​ក្នុងបច្ចុប្បន្ន តែការពិចារណា នូវវេទនានោះ ថាគ្មានពីអតីតកាលមកទេ ការពិចារណា នូវ​វេទនានោះ ថាឥតមានទៅក្នុងអនាគតទេ។ សញ្ញាណា។ សង្ខារទាំងឡាយណា ដែល​កើតហើយ កើតប្រាកដហើយ ការពិចារណា នូវសង្ខារទាំងឡាយនោះ ថាមានក្នុងបច្ចុប្បន្ន ឈ្មោះរបស់សង្ខារទាំងឡាយនោះ ថាមានក្នុងបច្ចុប្បន្ន បញ្ញត្តិរបស់​សង្ខារទាំងឡាយនោះ ថាមានក្នុងបច្ចុប្បន្ន តែ​ការពិចារណា នូវសង្ខារទាំងឡាយនោះ ថាគ្មានពីអតីតកាលមកទេ ការពិចារណា ​នូវ​សង្ខារទាំងឡាយនោះ ថាឥតមានទៅក្នុងអនាគតទេ។ វិញ្ញាណណា ដែល​កើត​ហើយ កើតប្រាកដហើយ ការពិចារណា នូវវិញ្ញាណនោះ ថាមានក្នុងបច្ចុប្បន្ន ឈ្មោះរបស់វិញ្ញាណនោះ ថាមានក្នុងបច្ចុប្បន្ន បញ្ញត្តិរបស់វិញ្ញាណនោះ ថាមានក្នុងបច្ចុប្បន្ន តែការពិចារណា នូវ​វិញ្ញាណនោះ ថាគ្មានពីអតីតកាលមកទេ ការពិចារណា នូវវិញ្ញាណនោះ ថាឥតមានទៅក្នុងអនាគតទេ។ ម្នាលភិក្ខុទាំងឡាយ សភាវៈ៣យ៉ាងនេះឯង គឺ គន្លងពាក្យ១ គន្លងឈ្មោះ១ គន្លងបញ្ញត្តិ១ ពួកសមណ​ព្រាហ្មណ៍ ជាអ្នកប្រាជ្ញ មិនដែលលះបង់​ មិនធ្លាប់​លះបង់ មិនទម្លាក់​ចោល មិន​ដែល​ទម្លាក់ចោល មិនធ្លាប់ខាំងឃាត់ឡើយ។

[១៣៧] ម្នាលភិក្ខុទាំងឡាយ ពួកជនណា អ្នកនៅក្នុងឧក្កលជនបទ ជាអ្នក​ពោល​នូវ​ភ្លៀង ជាអហេតុកវាទ ជាអកិរិយវាទ ជានត្ថិកវាទ ជនទាំងនោះ បានសំគាល់​នូវសភាវៈ​ទាំង៣ នេះគឺ គន្លងពាក្យ១ គន្លងឈ្មោះ១ គន្លងបញ្ញត្តិ១ ថាជា​របស់​មិនគួរតិះដៀល មិនគួរហាមឃាត់ឡើយ។ សេចក្តីនោះ ព្រោះហេតុអ្វី។ ព្រោះ​ខ្លាច​សេចក្តី​និន្ទា ការលើកទោស និងសេចក្តី​ប្រណាំង​ប្រជែង។

ចប់ ឧបាយវគ្គ ទី១។

ឧទ្ទាននៃឧបាយវគ្គនោះ គឺ

និយាយអំពីឧបាយ១ ពូជ១ ឧបាទាន១ បរិវដ្តៈ១ ហេតុ៧ប្រការ១ ព្រះអរហន្ត​សម្មាសម្ពុទ្ធ១ បញ្ចវគ្គិយភិក្ខុ១ មហលិលិច្ឆវិរាជ១ រូបដែល​ភ្លើងឆេះរុងរឿងជាដើម១ សភាវៈ៣យ៉ាង មានគន្លង​ពាក្យជាដើម១។

អរហន្តវគ្គ

[១៣៨] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់​នៅ​ក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង ភិក្ខុមួយ​រូបចូលទៅ​គាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំ​ព្រះមាន​ព្រះភាគ រួចអង្គុយ​ក្នុងទីដ៏សមគួរ។ លុះភិក្ខុនោះ អង្គុយក្នុងទី​សមគួរ​ហើយ ទើបក្រាប​ទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន សូម​ព្រះមានព្រះភាគ ទ្រង់​ព្រះមេត្តាប្រោសសំដែងធម៌ ដោយសង្ខេប ដល់ខ្ញុំ​ព្រះអង្គ ខ្ញុំ​ព្រះអង្គ បានស្តាប់​ធម៌របស់​ព្រះមានព្រះភាគ នឹងចៀសចេញទៅតែម្នាក់ឯង មិនប្រមាទ មានតែសេចក្តីព្យាយាម មានចិត្តបញ្ជូន​ទៅកាន់ព្រះនិព្វាន។ ព្រះមាន​ព្រះភាគ ត្រាស់ថា ម្នាលភិក្ខុ បុគ្គលដែល​ប្រកាន់យក ដោយអំណាច​តណ្ហា​ មានះ និងទិដ្ឋិ ឈ្មោះថា ជាប់ (ក្នុងអន្ទាក់) របស់មារ (បើ) មិនបានប្រកាន់យកទេ ឈ្មោះ​ថា រួចផុតស្រឡះអំពី (អន្ទាក់) របស់មារមានចិត្តបាប។ បពិត្រព្រះមានព្រះភាគ ខ្ញុំព្រះអង្គ​យល់ហើយ បពិត្រព្រះសុគត ខ្ញុំព្រះអង្គ យល់ហើយ។ ម្នាលភិក្ខុ អ្នកយល់​នូវអត្ថនៃភាសិត ដែលតថាគតសំដែង​សង្ខេប ដោយពិស្តារបាន តើយ៉ាងណា។ បពិត្រព្រះអង្គដ៏ចំរើន បុគ្គលប្រកាន់យកនូវរូប ឈ្មោះថា ជាប់ (អន្ទាក់) របស់មារ (បើ) មិនប្រកាន់យកទេ ឈ្មោះថា រួចផុតស្រឡះអំពី (អន្ទាក់) របស់មារ មានចិត្តបាប។ បុគ្គលប្រកាន់យកនូវ វេទនា ឈ្មោះថា ជាប់ (អន្ទាក់) របស់មារ (បើ) មិនប្រកាន់យកទេ ឈ្មោះថា រួចផុតស្រឡះអំពី (អន្ទាក់) របស់មារមានចិត្តបាប។ នូវសញ្ញា។ នូវសង្ខារទាំងឡាយ។ បុគ្គលប្រកាន់យកនូវវិញ្ញាណ ឈ្មោះថា ជាប់ (អន្ទាក់) របស់មារ (បើ) មិនប្រកាន់យកទេ ឈ្មោះថា រួចផុតស្រឡះអំពី (អន្ទាក់) របស់មារចិត្តបាប។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គយល់នូវអត្ថ នៃភាសិតសង្ខេប ដែលព្រះមានព្រះភាគ សំដែងដោយពិស្តារបាន យ៉ាងនេះឯង។ ម្នាលភិក្ខុ ប្រពៃហើយៗ ម្នាលភិក្ខុ ត្រូវពិតណាស់ហើយ ត្រង់ដែល​អ្នកបានយល់​ច្បាស់ នូវអត្ថ នៃភាសិត ដែលតថាគត សំដែងសង្ខេប ដោយពិស្តារបាន។ ម្នាលភិក្ខុ បុគ្គលប្រកាន់យកនូវរូប ឈ្មោះថា ជាប់ (អន្ទាក់) របស់មារ (បើ) មិនប្រកាន់យកទេ ឈ្មោះថា រួចផុតស្រឡះអំពី (អន្ទាក់) របស់មារមានចិត្តបាប។ នូវវេទនា។ នូវ​សញ្ញា។ នូវសង្ខារទាំងឡាយ។ បុគ្គលប្រកាន់យកនូវវិញ្ញាណ ឈ្មោះថា ជាប់ (អន្ទាក់) របស់មារ (បើ) មិនប្រកាន់យកទេ ឈ្មោះថា រួចផុតស្រឡះអំពី (អន្ទាក់) របស់មារ​មានចិត្តបាប។ ម្នាលភិក្ខុ អត្ថនៃភាសិតនេះ ដែលតថាគត សំដែងដោយសង្ខេប អ្នកគប្បី​យល់ឃើញដោយពិស្តារ យ៉ាងនេះឯង។

[១៣៩] គ្រានោះឯង ភិក្ខុនោះ ត្រេកអររីករាយ ចំពោះ​ភាសិតរបស់​ព្រះមានព្រះភាគហើយ ក្រោកអំពីអាសនៈ ថ្វាយបង្គំ​ព្រះមានព្រះភាគ ធ្វើ​ប្រទក្សិណ​ ចៀសចេញទៅ។ វេលាដែល​ភិក្ខុនោះចៀសចេញទៅតែម្នាក់ឯង មិនមានសេចក្តី​ប្រមាទ មាន​តែសេចក្តី​ព្យាយាម ដុតកំដៅកិលេស មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន ពួក​កុលបុត្តចេញចាកផ្ទះ ចូលទៅកាន់​ផ្នួសដោយប្រពៃ ដើម្បីប្រយោជន៍​ដល់​អនុត្តរធម៌​​ណា មិនយូរប៉ុន្មាន ក៏បានធ្វើឲ្យជាក់ច្បាស់ បានសម្រេច​ដោយបញ្ញា​ដ៏ឧត្តម ដោយ​ខ្លួនឯង ក្នុងបច្ចុប្បន្ន នូវអនុត្តរធម៌នោះ ដែល​ជាទីបំផុត នៃ​ព្រហ្មចរិយៈ សម្រាន្ត​នៅ​ ដោយ​ឥរិយាបថ ទាំង៤។ ភិក្ខុនោះ បានដឹងច្បាស់ថា ជាតិអស់ហើយ ព្រហ្មចរិយធម៌ អាត្មាអញ បាននៅរួចហើយ សោឡសកិច្ច អាត្មាអញ បានធ្វើហើយ មគ្គភាវនាកិច្ច​ដទៃ​ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។ បណ្តាព្រះអរហន្ត​ទាំងឡាយ ភិក្ខុនោះ ក៏បានជាព្រះអរហន្តមួយអង្គដែរ។

[១៤០] ក្នុងក្រុងសាវត្ថី។ ក្នុងវត្ត។ លុះភិក្ខុនោះ អង្គុយក្នុងទីដ៏​សមគួរ​ហើយ ទើប​ក្រាបទូល​ព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន សូម​ព្រះមាន​ព្រះភាគ សំដែងធម៌​ដោយសង្ខេប ដល់ខ្ញុំព្រះអង្គ។បេ។ ខ្ញុំព្រះអង្គ នឹងមាន​សេចក្តី​ព្យាយាម ដុតកំដៅកិលេស មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន សម្រាន្តនៅ​ដោយ​ឥរិយាបថ ទាំង៤។ ម្នាលភិក្ខុ បុគ្គលកាលសំគាល់ ឈ្មោះថា ជាប់ (អន្ទាក់) របស់​មារ (បើ) មិនសំគាល់ទេ ឈ្មោះ​ថា រួចផុតស្រឡះ អំពី (អន្ទាក់) របស់​មារ​មានចិត្តបាប។ បពិត្រព្រះមានព្រះភាគ ខ្ញុំព្រះអង្គយល់ហើយ បពិត្រព្រះសុគត ខ្ញុំព្រះអង្គ យល់ហើយ។ ម្នាលភិក្ខុ អ្នកយល់​នូវអត្ថ នៃភាសិត ដែលតថាគតសំដែង​សង្ខេប ដោយពិស្តារបាន តើយ៉ាងណា។ បពិត្រព្រះអង្គដ៏ចំរើន បុគ្គលកាលសំគាល់​នូវរូប ឈ្មោះថា ជាប់ (អន្ទាក់) របស់មារ (បើ) មិនសំគាល់ទេ ឈ្មោះថា រួចផុតស្រឡះ ​អំពី (អន្ទាក់) របស់មារ មានចិត្តបាប។ នូវវេទនា។ នូវសញ្ញា។ នូវសង្ខារទាំង​ឡាយ។ បុគ្គលកាលសំគាល់ នូវវិញ្ញាណ ឈ្មោះថា ជាប់ (អន្ទាក់) របស់មារ (បើ) មិនសំគាល់​ទេ ឈ្មោះថា រួចផុតស្រឡះ អំពី (អន្ទាក់) របស់មារមានចិត្តបាប។ បពិត្រព្រះអង្គ​ដ៏ចំរើន ខ្ញុំព្រះអង្គ យល់នូវអត្ថ នៃភាសិតនេះ ដែលព្រះមានព្រះភាគ ទ្រង់សំដែង​សង្ខេប ដោយពិស្តារបាន យ៉ាងនេះ។ ម្នាលភិក្ខុ ពីរោះហើយៗ ម្នាលភិក្ខុ ត្រូវមែន​ហើយ ត្រង់ដែល​អ្នកយល់នូវអត្ថ នៃភាសិត ដែលតថាគត សំដែងសង្ខេប ដោយ​ពិស្តារបាន។ ម្នាលភិក្ខុ បុគ្គល កាលសំគាល់នូវរូប ឈ្មោះថា ជាប់ (អន្ទាក់) របស់មារ (បើ) មិនសំគាល់ទេ ឈ្មោះថា រួចផុតស្រឡះ អំពី (អន្ទាក់) របស់មារ​មាន​ចិត្តបាប។ នូវវេទនា។ នូវ​សញ្ញា។ នូវសង្ខារទាំងឡាយ។ បុគ្គលកាលសំគាល់ នូវវិញ្ញាណ ឈ្មោះថា ជាប់ (អន្ទាក់) របស់មារ (បើ) មិនសំគាល់ទេ ឈ្មោះថា រួចផុតស្រឡះអំពី (អន្ទាក់) របស់មារ​មានចិត្តបាប។ ម្នាលភិក្ខុ អត្ថនៃភាសិតនេះ​ឯង ដែលតថាគត សំដែងដោយសង្ខេប អ្នកគប្បី​យល់ឃើញ ដោយពិស្តារ យ៉ាងនេះឯង។​បេ។ បណ្តាព្រះអរហន្ត​ទាំងឡាយ ភិក្ខុនោះ ក៏បានជាព្រះអរហន្តមួយអង្គដែរ។

[១៤១] ទៀបក្រុងសាវត្ថី។ ក្នុងទីនោះឯង។ លុះភិក្ខុនោះ អង្គុយក្នុងទីដ៏សមគួរ​ហើយ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន សូម​ព្រះមានព្រះភាគ ទ្រង់សំដែងធម៌ ដោយសង្ខេប ដល់ខ្ញុំព្រះអង្គ។បេ។ ខ្ញុំព្រះអង្គ នឹង​មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន សម្រាន្តនៅដោយ​ឥរិយាបថ ទាំង៤។ ភិក្ខុកាល​ត្រេកអរ ឈ្មោះថា ជាប់ (អន្ទាក់) មារ កាលភិក្ខុមិនត្រេកអរ ឈ្មោះ​ថា រួចចាក (អន្ទាក់) មារមានចិត្តបាប។ បពិត្រព្រះមានព្រះភាគ ខ្ញុំព្រះអង្គ យល់ហើយ បពិត្រព្រះសុគត ខ្ញុំព្រះអង្គ យល់ហើយ។ ម្នាលភិក្ខុ ចុះភាសិត ដែល​តថាគត​ សំដែង​ដោយ​សង្ខេប តើអ្នកយល់សេចក្តី ដោយពិស្តារ ដូចម្តេចទៅ។ បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុ កាលត្រេកអរនូវរូប ឈ្មោះថា ជាប់ (អន្ទាក់) មារ កាលបើមិនត្រេកអរទេ ឈ្មោះថា រួចចាក (អន្ទាក់) មារ មានចិត្តបាប។ នូវវេទនា។ នូវសញ្ញា។ នូវសង្ខារ​ទាំងឡាយ។ កាលបើភិក្ខុត្រេកអរ នូវវិញ្ញាណ ឈ្មោះថា ជាប់ (អន្ទាក់) មារ កាលបើមិនត្រេកអរទេ ឈ្មោះថា រួចចាក (អន្ទាក់) មារមានចិត្តបាប។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ភាសិតនេះ ដែលព្រះមានព្រះភាគ ទ្រង់សំដែងហើយ ដោយសង្ខេប ខ្ញុំព្រះអង្គ យល់សេចក្តី ដោយពិស្តារ យ៉ាងនេះឯង។ ម្នាលភិក្ខុ ប្រពៃហើយៗ ម្នាលភិក្ខុ ត្រូវណាស់ហើយ ត្រង់ភាសិត ដែលតថាគត​សំដែង ដោយសង្ខេប អ្នកយល់សេចក្តី ដោយពិស្តារបាន។ ម្នាលភិក្ខុ កាលបើភិក្ខុត្រេកអរនូវរូប ឈ្មោះថា ជាប់ (អន្ទាក់) មារ កាលបើមិនត្រេកអរទេ ឈ្មោះថា រួចចាក (អន្ទាក់) មារមានចិត្តបាប។ នូវវេទនា។ នូវ​សញ្ញា។ នូវសង្ខារទាំងឡាយ។ កាលបើភិក្ខុត្រេកអរ នូវវិញ្ញាណ ឈ្មោះថា ជាប់ (អន្ទាក់) មារ កាលបើមិនត្រេកអរទេ ឈ្មោះថា រួចចាក (អន្ទាក់) មារ​មានចិត្តបាប។ ម្នាលភិក្ខុ ភាសិតនេះ ដែលតថាគត សំដែងហើយ ដោយសង្ខេប អ្នកត្រូវ​យល់​ឃើញ​សេចក្តី​ដោយពិស្តារ យ៉ាងនេះឯង។បេ។ បណ្តាព្រះអរហន្ត​ទាំងឡាយ ភិក្ខុនោះ ជាព្រះអរហន្តមួយអង្គដែរ។

[១៤២] ទៀបក្រុងសាវត្ថី។ ក្នុងវត្ត។ លុះភិក្ខុនោះ អង្គុយក្នុងទីដ៏សមគួរហើយ ក៏​ក្រាបបង្គំ​ទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន សូមទ្រង់​ព្រះ​មេត្តាប្រោស សូមព្រះមានព្រះភាគ ត្រាស់សំដែង​ធម៌ដោយសង្ខេប ដល់ខ្ញុំព្រះអង្គ​។បេ។ គប្បីសម្រាន្តនៅ។ ម្នាលភិក្ខុ របស់ណាមិនទៀង អ្នកត្រូវលះបង់សេចក្តី​ប៉ុនប៉ង ក្នុង​របស់នោះចេញ។ បពិត្រព្រះមានព្រះភាគ ខ្ញុំព្រះអង្គយល់ហើយ បពិត្រ​ព្រះសុគត ខ្ញុំព្រះអង្គយល់ហើយ។ ម្នាលភិក្ខុ ចុះធម៌ដែលតថាគត សំដែង​ហើយ​ដោយ​សេចក្តីសង្ខេប តើអ្នកយល់សេចក្តី​ដោយពិស្តារ ដូចម្តេចទៅ។ បពិត្រព្រះអង្គដ៏ចំរើន រូបមិនទៀង ខ្ញុំព្រះអង្គ ត្រូវលះបង់សេចក្តីប៉ុនប៉ង​ក្នុងរូប​នោះចេញ។ វេទនា។ សញ្ញា។ សង្ខារទាំងឡាយ។ វិញ្ញាណមិនទៀង ខ្ញុំព្រះអង្គ ត្រូវលះបង់សេចក្តីប៉ុនប៉ង​ក្នុងវិញ្ញាណ​នោះចេញ។ បពិត្រព្រះអង្គដ៏ចំរើន ភាសិត​ដែល​ព្រះមានព្រះភាគ ត្រាស់ហើយ ដោយសង្ខេបនេះ ខ្ញុំព្រះអង្គយល់សេចក្តី​​ដោយ​ពិស្តារយ៉ាងនេះឯង។ ម្នាលភិក្ខុ ប្រពៃហើយៗ ម្នាលភិក្ខុ ប្រពៃណាស់ហើយ ត្រង់​ភាសិត​ដែលតថាគតសំដែង​ហើយដោយសង្ខេប អ្នកយល់សេចក្តី​ដោយពិស្តារ​បាន។ ម្នាលភិក្ខុ រូបមិនទៀង អ្នកត្រូវលះបង់សេចក្តីប៉ុនប៉ង​ក្នុងរូប​នោះចេញ។ វេទនា។ សញ្ញា។ សង្ខារទាំងឡាយ។ វិញ្ញាណមិនទៀង អ្នកត្រូវលះបង់សេចក្តីប៉ុនប៉ង​ក្នុង​វិញ្ញាណ​នោះចេញ។ ម្នាលភិក្ខុ ភាសិតនេះ ដែល​តថាគត សំដែងហើយ ដោយ​សង្ខេប អ្នកត្រូវយល់ឃើញសេចក្តីដោយពិស្តារ យ៉ាងនេះឯង។បេ។ បណ្តា​ព្រះអរហន្តទាំងឡាយ ភិក្ខុនោះ ក៏ជាព្រះអរហន្តមួយអង្គដែរ។

[១៤៣] ទៀបក្រុងសាវត្ថី។ លុះភិក្ខុនោះ អង្គុយក្នុងទីដ៏សមគួរហើយ ក៏ក្រាប​ទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន សូមទ្រង់​ព្រះមេត្តាប្រោស សូម​ព្រះមានព្រះភាគ ទ្រង់សំដែង​ធម៌ដោយសង្ខេប ដល់ខ្ញុំព្រះអង្គ។បេ។ គប្បី​សម្រាន្តនៅ។ ម្នាលភិក្ខុ របស់ណាជាទុក្ខ អ្នកត្រូវលះបង់នូវសេចក្តីប៉ុនប៉ង​ក្នុងរបស់​នោះចេញ។ បពិត្រព្រះមានព្រះភាគ ខ្ញុំព្រះអង្គយល់ហើយ បពិត្រ​ព្រះសុគត ខ្ញុំព្រះអង្គយល់ហើយ។ ម្នាលភិក្ខុ ចុះភាសិតដែលតថាគត សំដែង​​ដោយ​សង្ខេប តើអ្នកយល់សេចក្តី​ដោយពិស្តារ ដូចម្តេច។ បពិត្រព្រះអង្គដ៏ចំរើន រូបហ្នឹងឯងជាទុក្ខ ខ្ញុំព្រះអង្គ ត្រូវលះបង់សេចក្តីប៉ុនប៉ង​ក្នុងរូប​នោះចេញ។ វេទនា។ សញ្ញា។ សង្ខារទាំងឡាយ។ វិញ្ញាណជាទុក្ខ ខ្ញុំព្រះអង្គ ត្រូវលះបង់សេចក្តីប៉ុនប៉ង​ក្នុងវិញ្ញាណ​នោះចេញ។ បពិត្រព្រះអង្គដ៏ចំរើន ភាសិតនេះ ​ដែល​ព្រះមានព្រះភាគ សំដែងហើយ ដោយសង្ខេប ខ្ញុំព្រះអង្គយល់សេចក្តី​​ដោយ​ពិស្តារ យ៉ាងនេះឯង។ ម្នាលភិក្ខុ ប្រពៃហើយៗ ម្នាលភិក្ខុ ប្រពៃណាស់ហើយ ត្រង់​ភាសិត​ ដែលតថាគតសំដែង​ហើយដោយសង្ខេប អ្នកយល់សេចក្តី​ដោយពិស្តារ​បាន។ ម្នាលភិក្ខុ រូបហ្នឹងឯង ជាទុក្ខ អ្នកត្រូវលះបង់សេចក្តីប៉ុនប៉ង​ក្នុងរូប​នោះចេញ។ វេទនា។ សញ្ញា។ សង្ខារទាំងឡាយ។ វិញ្ញាណជាទុក្ខ អ្នកត្រូវលះបង់សេចក្តីប៉ុនប៉ង​ ក្នុង​វិញ្ញាណ​នោះចេញ។ ម្នាលភិក្ខុ ភាសិតនេះ ​តថាគត សំដែងហើយ ដោយ​សង្ខេប អ្នកត្រូវយល់ឃើញសេចក្តីដោយពិស្តារ យ៉ាងនេះឯង។បេ។ បណ្តា​ព្រះអរហន្តទាំងឡាយ ភិក្ខុនោះ ក៏ជាព្រះអរហន្តមួយអង្គដែរ។

[១៤៤] ទៀបក្រុងសាវត្ថី។ ក្នុងវត្ត។ លុះភិក្ខុនោះ អង្គុយក្នុងទីដ៏សមគួរហើយ ទើបក្រាប​ទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន សូមទ្រង់​ព្រះមេត្តាប្រោស សូម​ព្រះមានព្រះភាគ ទ្រង់សំដែង​ធម៌ដោយសង្ខេប ដល់ខ្ញុំព្រះអង្គ។បេ។ គប្បី​សម្រាន្តនៅ។ ម្នាលភិក្ខុ សភាវៈណា ជាអនត្តា អ្នកត្រូវលះបង់សេចក្តីប៉ុនប៉ង​ក្នុងសភាវៈ​នោះចេញ។ បពិត្រព្រះមានព្រះភាគ ខ្ញុំព្រះអង្គយល់ហើយ បពិត្រ​ព្រះសុគត ខ្ញុំព្រះអង្គយល់ហើយ។ ម្នាលភិក្ខុ ចុះភាសិតដែលតថាគត សំដែង​ហើយ​ដោយ​សង្ខេប អ្នកយល់សេចក្តី​ដោយពិស្តារ ដូចម្តេចទៅ។ បពិត្រព្រះអង្គដ៏ចំរើន រូបហ្នឹងឯង ជាអនត្តា ខ្ញុំព្រះអង្គ ត្រូវលះបង់សេចក្តីប៉ុនប៉ង​ក្នុងរូប​នោះចេញ។ វេទនា។ សញ្ញា។ សង្ខារទាំងឡាយ។ វិញ្ញាណជាអនត្តា ខ្ញុំព្រះអង្គ ត្រូវលះបង់សេចក្តីប៉ុនប៉ង​ក្នុងវិញ្ញាណ​នោះចេញ។ បពិត្រព្រះអង្គដ៏ចំរើន ភាសិតនេះ ​ដែល​ព្រះមានព្រះភាគ សំដែងហើយ ដោយសង្ខេប ខ្ញុំព្រះអង្គយល់សេចក្តី​​ដោយ​ពិស្តារយ៉ាងនេះឯង។ ម្នាលភិក្ខុ ប្រពៃមែនហើយៗ ម្នាលភិក្ខុ ប្រពៃណាស់ហើយ ត្រង់​ភាសិត​ដែលតថាគតសំដែង​ហើយដោយសង្ខេប អ្នកយល់សេចក្តី​ដោយពិស្តារ​បាន។ ម្នាលភិក្ខុ រូបហ្នឹងឯង ជា​អនត្តា អ្នកត្រូវលះបង់សេចក្តីប៉ុនប៉ង​ក្នុងរូប​នោះចេញ។ វេទនា។ សញ្ញា។ សង្ខារទាំងឡាយ។ វិញ្ញាណជាអនត្តា អ្នកត្រូវលះបង់សេចក្តីប៉ុនប៉ង​ក្នុង​វិញ្ញាណ​នោះចេញ។ ម្នាលភិក្ខុ ភាសិតនេះ ដែល​តថាគត សំដែងហើយ ដោយ​សង្ខេប អ្នកត្រូវយល់ឃើញសេចក្តីដោយពិស្តារ យ៉ាងនេះឯង។បេ។ បណ្តា​ព្រះអរហន្តទាំងឡាយ ភិក្ខុនោះ ជាព្រះអរហន្តមួយអង្គដែរ។

[១៤៥] ទៀបក្រុងសាវត្ថី។ ក្នុងទីនោះឯង។ លុះភិក្ខុនោះ អង្គុយក្នុងទីដ៏សមគួរហើយ ក៏ក្រាប​បង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន សូមទ្រង់​ព្រះមេត្តាប្រោស សូម​ព្រះមានព្រះភាគ ទ្រង់សំដែង​ធម៌ដោយសង្ខេប ដល់ខ្ញុំព្រះអង្គ។បេ។ គប្បី​សម្រាន្តនៅ។ ម្នាលភិក្ខុ របស់ណា មិនគួរ​ជារបស់ខ្លួន អ្នកត្រូវលះបង់សេចក្តីប៉ុនប៉ង​ក្នុងរបស់​នោះចេញ។ បពិត្រ​ព្រះមានព្រះភាគ ខ្ញុំព្រះអង្គយល់ហើយ បពិត្រ​ព្រះសុគត ខ្ញុំព្រះអង្គយល់ហើយ។ ម្នាលភិក្ខុ ចុះភាសិតដែលតថាគត សំដែង​ហើយ ​ដោយសង្ខេប អ្នកយល់សេចក្តី​ដោយពិស្តារ ដូចម្តេចទៅ។ បពិត្រព្រះអង្គដ៏ចំរើន រូបហ្នឹងឯង មិនគួរជា​របស់ខ្លួន​ទេ ខ្ញុំព្រះអង្គ ត្រូវលះបង់សេចក្តីប៉ុនប៉ង​​ ក្នុងរូប​នោះចេញ។ វេទនា។ សញ្ញា។ សង្ខារទាំងឡាយ។ វិញ្ញាណមិនគួរ​ជារបស់ខ្លួនទេ ខ្ញុំព្រះអង្គ ត្រូវលះបង់សេចក្តី​ប៉ុនប៉ង ​ក្នុងវិញ្ញាណ​នោះចេញ។ បពិត្រព្រះអង្គដ៏ចំរើន ភាសិត​នេះ ដែលព្រះមានព្រះភាគ សំដែងហើយ ដោយសង្ខេប ខ្ញុំព្រះអង្គយល់សេចក្តី​​ដោយ​ពិស្តារ យ៉ាងនេះឯង។ ម្នាលភិក្ខុ ប្រពៃមែនហើយៗ ម្នាលភិក្ខុ ប្រពៃណាស់ហើយ ត្រង់​ភាសិត ​ដែលតថាគតសំដែង​ហើយ ដោយសង្ខេប អ្នកយល់សេចក្តី​ដោយពិស្តារ​បាន។ ម្នាលភិក្ខុ រូបហ្នឹងឯង មិនគួរជារបស់ខ្លួនទេ អ្នកត្រូវលះបង់សេចក្តីប៉ុនប៉ង​ក្នុងរូប​នោះចេញ។ វេទនា។ សញ្ញា។ សង្ខារទាំងឡាយ។ វិញ្ញាណមិនគួរជារបស់​ខ្លួន​ទេ អ្នកត្រូវលះបង់សេចក្តីប៉ុនប៉ង​ក្នុង​វិញ្ញាណ​នោះចេញ។ ម្នាលភិក្ខុ ភាសិតនេះ ដែល​តថាគត សំដែងហើយ ដោយ​សង្ខេប អ្នកត្រូវយល់ឃើញសេចក្តីដោយពិស្តារ យ៉ាងនេះឯង។បេ។ បណ្តា​ព្រះអរហន្តទាំងឡាយ ភិក្ខុនោះ ជាព្រះអរហន្តមួយអង្គដែរ។

[១៤៦] ទៀបក្រុងសាវត្ថី។ ក្នុងទីនោះឯង។ លុះភិក្ខុនោះ អង្គុយក្នុងទី​ដ៏សម​គួរ​ហើយ ក៏ក្រាប​ទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន សូមទ្រង់​ព្រះមេត្តាប្រោស សូម​ព្រះមានព្រះភាគ ទ្រង់សំដែង​ធម៌ ដោយសង្ខេប ដល់ខ្ញុំ​ព្រះអង្គ ខ្ញុំព្រះអង្គ ស្តាប់ធម៌របស់ព្រះមានព្រះភាគ​ហើយ។បេ។ គប្បី​សម្រាន្តនៅ។ ម្នាលភិក្ខុ របស់ណាតាំងនៅដោយអាការដែល​បុគ្គលគប្បីត្រេកអរ អ្នកត្រូវលះបង់​សេចក្តីប៉ុនប៉ង ​ក្នុងរបស់​នោះចេញ។ បពិត្រ​ព្រះមានព្រះភាគ ខ្ញុំព្រះអង្គយល់ហើយ បពិត្រ​ព្រះសុគត ខ្ញុំព្រះអង្គយល់ហើយ។ ម្នាលភិក្ខុ ចុះភាសិតដែលតថាគត សំដែង​ហើយ ​ដោយសង្ខេប តើអ្នកយល់សេចក្តី​ដោយពិស្តារ ដូចម្តេចទៅ។ បពិត្រព្រះអង្គដ៏ចំរើន រូបហ្នឹងឯង តាំងនៅដោយអាការ ដែលបុគ្គលគប្បី​ត្រេកអរ ខ្ញុំព្រះអង្គ ត្រូវលះបង់សេចក្តីប៉ុនប៉ង​​ ក្នុងរូប​នោះចេញ។ វេទនា។ សញ្ញា។ សង្ខារទាំងឡាយ។ វិញ្ញាណតាំងនៅដោយអាការដែល​បុគ្គលគប្បី​ត្រេកអរ ខ្ញុំព្រះអង្គ ត្រូវលះបង់សេចក្តី​ប៉ុនប៉ង ​ក្នុងវិញ្ញាណ​នោះចេញ។ បពិត្រព្រះអង្គដ៏ចំរើន ភាសិត​នេះ ដែលព្រះមានព្រះភាគ សំដែងហើយ ដោយសង្ខេប ខ្ញុំព្រះអង្គយល់សេចក្តី​​ដោយ​ពិស្តារ យ៉ាងនេះឯង។ ម្នាលភិក្ខុ ប្រពៃមែនហើយៗ ម្នាលភិក្ខុ ប្រពៃណាស់ហើយ ត្រង់​ភាសិត ​ដែលតថាគតសំដែង​ហើយ ដោយសង្ខេប អ្នកយល់សេចក្តី​ដោយពិស្តារ​បាន។ ម្នាលភិក្ខុ រូបហ្នឹងឯង តាំងនៅដោយអាការ ដែល​បុគ្គលគប្បី​ត្រេកអរ អ្នកត្រូវលះបង់សេចក្តីប៉ុនប៉ង ​ក្នុងរូប​នោះចេញ។ វេទនា។ សញ្ញា។ សង្ខារទាំងឡាយ។ វិញ្ញាណតាំងនៅដោយអាការដែលបុគ្គល​គប្បីត្រេកអរ អ្នកត្រូវលះបង់សេចក្តីប៉ុនប៉ង ​ក្នុង​វិញ្ញាណ​នោះចេញ។ ម្នាលភិក្ខុ ភាសិតនេះ ដែល​តថាគត សំដែងហើយ ដោយ​សង្ខេប អ្នកត្រូវយល់ឃើញសេចក្តីដោយពិស្តារ យ៉ាងនេះឯង។បេ។ បណ្តា​ព្រះអរហន្តទាំងឡាយ ភិក្ខុនោះ ជាព្រះអរហន្តមួយអង្គដែរ។

[១៤៧] ទៀបក្រុងសាវត្ថី។ ក្នុងទីនោះឯង។ ព្រះរាធៈមានអាយុ បានចូលទៅ​គាល់​ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ទើបក្រាបទូល​ព្រះមានព្រះភាគ យ៉ាង​នេះថា បពិត្រព្រះអង្គដ៏ចំរើន កាលបុគ្គលដឹងដូចម្តេច ឃើញដូចម្តេច អហង្ការមានានុស័យ និងមមង្ការមានានុស័យ ចំពោះកាយ ដែលប្រកបដោយ​វិញ្ញាណ​នេះផង ចំពោះនិមិត្តទាំងពួង​ជាខាងក្រៅផង មិនមាន។ ម្នាលរាធៈ រូបណា​នីមួយ ជាអតីត អនាគត បច្ចុប្បន្ន ជាខាងក្នុងក្តី ខាងក្រៅក្តី គ្រោតគ្រាតក្តី ល្អិតក្តី ថោកទាបក្តី ឧត្តមក្តី រូបណា ឋិតនៅក្នុងទីឆ្ងាយក្តី ទីជិតក្តី បុគ្គលតែងពិចារណា​ឃើញ​ នូវ​រូបទាំងអស់នុ៎ះតាមពិត ដោយប្រាជ្ញាដ៏ប្រពៃ យ៉ាងនេះថា នុ៎ះ​មិនមែន​របស់​អញ នុ៎ះមិនមែនអញ នុ៎ះមិនមែនជាខ្លួនរបស់​អញទេ។ វេទនាណានីមួយ។ សញ្ញា​ណានីមួយ។ សង្ខារទាំងឡាយណានីមួយ។ វិញ្ញាណណានីមួយ ជាអតីត អនាគត បច្ចុប្បន្ន។បេ។ វិញ្ញាណណា ឋិតនៅក្នុងទីឆ្ងាយក្តី ក្នុងទីជិតក្តី បុគ្គលតែងពិចារណា​ឃើញ​វិញ្ញាណទាំងអស់នុ៎ះតាមពិត ដោយប្រាជ្ញាដ៏ប្រពៃ យ៉ាងនេះថា នុ៎ះ​មិនមែន​របស់​អញ នុ៎ះមិនមែនអញ នុ៎ះមិនមែនជាខ្លួនរបស់​អញទេ។ ម្នាលរាធៈ កាលបុគ្គល​ដឹងយ៉ាងនេះ ឃើញយ៉ាងនេះ អហង្ការមានានុស័យ និងមមង្ការមានានុស័យ ចំពោះ​កាយដែលប្រកបដោយវិញ្ញាណនេះផង ចំពោះនិមិត្តទាំងពួង​ជាខាងក្រៅផង មិនមាន។បេ។ បណ្តា​ព្រះអរហន្តទាំងឡាយ ព្រះរាធៈមានអាយុ ជាព្រះអរហន្ត​មួយអង្គដែរ។

[១៤៨] ទៀបក្រុងសាវត្ថី។ ក្នុងទីនោះឯង។ ព្រះសុរាធៈមានអាយុ បាន​ក្រាបទូល​​ព្រះមានព្រះភាគ យ៉ាង​នេះថា បពិត្រព្រះអង្គដ៏ចំរើន ចុះកាល​បុគ្គល​ដឹង​ដូច​ម្តេច ឃើញដូចម្តេច ចិត្តដែលប្រាសចាក​សេចក្តីប្រកាន់អហង្ការ មមង្ការ ចំពោះកាយ ប្រកបដោយ​វិញ្ញាណ​នេះផង ចំពោះនិមិត្តទាំងពួង ​ជាខាងក្រៅផង ទើបជាចិត្តកន្លងបង់ ស្ងប់រម្ងាប់ រួចស្រឡះ​ចាកវិធី (នេះបាន)។ ម្នាលសុរាធៈ រូបណា​នីមួយ ជាអតីត អនាគត បច្ចុប្បន្ន។បេ។ រូបណា ឋិតនៅក្នុងទីឆ្ងាយក្តី ទីជិតក្តី បុគ្គលឃើញ​​រូបទាំងអស់នុ៎ះ តាមពិត ដោយប្រាជ្ញាដ៏ប្រពៃ យ៉ាងនេះថា នុ៎ះ​មិនមែន​របស់​អញ នុ៎ះមិនមែនអញ នុ៎ះមិនមែនជាខ្លួនរបស់​អញទេ ដូច្នេះហើយ រមែង​រួច​ស្រឡះ ព្រោះការមិនប្រកាន់។ វេទនាណានីមួយ។ សញ្ញា​ណានីមួយ។ សង្ខារទាំងឡាយណានីមួយ។ វិញ្ញាណណានីមួយ ជាអតីត អនាគត បច្ចុប្បន្ន។បេ។ វិញ្ញាណណា ឋិតនៅក្នុងទីឆ្ងាយក្តី ទីជិតក្តី បុគ្គល​ឃើញ​វិញ្ញាណទាំងអស់នុ៎ះ តាមពិត ដោយប្រាជ្ញាដ៏ប្រពៃ យ៉ាងនេះថា នុ៎ះ​មិនមែន​របស់​អញ នុ៎ះមិនមែនអញ នុ៎ះមិនមែនជាខ្លួនរបស់​អញទេ ដូច្នេះហើយ រមែង​រួចស្រឡះ ព្រោះការ​មិនប្រកាន់។ ម្នាលសុរាធៈ កាលបុគ្គល​ដឹងយ៉ាងនេះ ឃើញយ៉ាងនេះឯង ក្នុងចិត្តដែលប្រាសចាក​សេចក្តី​ប្រកាន់អហង្ការ មមង្ការ ចំពោះ​កាយ ប្រកបដោយវិញ្ញាណនេះផង ចំពោះនិមិត្តទាំងពួង ​ជាខាងក្រៅផង ទើបជាចិត្តកន្លងបង់ ស្ងប់រម្ងាប់ រួច​ស្រឡះ​ចាកវិធី (នេះបាន)។ បេ។ បណ្តា​ព្រះអរហន្តទាំងឡាយ ព្រះសុរាធៈមានអាយុ ជាព្រះអរហន្ត​មួយអង្គដែរ។

ចប់ អរហន្តវគ្គ ទី២។

ឧទ្ទានក្នុងអរហន្តវគ្គនោះ គឺ

និយាយអំពី​ភិក្ខុប្រកាន់១ ភិក្ខុសំគាល់១ ភិក្ខុត្រេកអរ១ ខន្ធមិនទៀង១ ជាទុក្ខ១ ជាអនត្តា១ មិនគួរជារបស់ខ្លួន១ តាំងនៅដោយអាការ ដែលបុគ្គល​ត្រេកអរ១ ព្រះ​រាធៈ១ ព្រះសុរាធៈ១ (ទាំងអស់) នោះ ត្រូវជា១០។

ខជ្ជនីយវគ្គ

[១៤៩]​ ទៀបក្រុងសាវត្ថី។ ក្នុងទីនោះឯង។ ម្នាលភិក្ខុទាំងឡាយ បុថុជ្ជន អ្នក​មិនចេះដឹង រមែងមិនដឹងច្បាស់តាមសេចក្តីពិត នូវអានិសង្ស នូវទោស និងការរលាស់​ចោលនៃរូប។ នៃវេទនា។ នៃសញ្ញា។ នៃសង្ខារទាំងឡាយ។ រមែង​មិន​ដឹងច្បាស់ តាមសេចក្តីពិត នូវអានិសង្ស នូវទោស និងការរលាស់ចោល នៃវិញ្ញាណ។ ម្នាលភិក្ខុទាំងឡាយ ឯអរិយសាវ័ក អ្នកចេះដឹង រមែងដឹងច្បាស់តាមសេចក្តីពិត នូវអានិសង្ស នូវទោស និងការរលាស់​ចោលនៃរូប។ នៃវេទនា។ នៃសញ្ញា។ នៃសង្ខារទាំងឡាយ។ ​ដឹងច្បាស់ តាមសេចក្តីពិត នូវអានិសង្ស នូវទោស និងការរលាស់ចោល នៃវិញ្ញាណ។

[១៥០] ទៀបក្រុងសាវត្ថី។ ក្នុងទីនោះឯង។ ម្នាលភិក្ខុទាំងឡាយ បុថុជ្ជន អ្នក​មិនចេះដឹង រមែងមិនដឹងច្បាស់តាមសេចក្តីពិត នូវការកើត នូវសេចក្តីវិនាស នូវអានិសង្ស នូវទោស និងការរលាស់​ចោលនៃរូប។ នៃវេទនា។ នៃសញ្ញា។ នៃសង្ខារទាំងឡាយ។ ​មិន​ដឹងច្បាស់ តាមសេចក្តីពិត នូវការកើត នូវសេចក្តីវិនាស នូវអានិសង្ស នូវទោស និងការរលាស់ចោល នៃវិញ្ញាណ។ ម្នាលភិក្ខុទាំងឡាយ អរិយសាវ័ក អ្នកចេះដឹង រមែងដឹងច្បាស់តាមសេចក្តីពិត នូវការកើត នូវ​សេចក្តីវិនាស នូវអានិសង្ស នូវទោស និងការរលាស់​ចោលនៃរូប។ នៃវេទនា។ នៃសញ្ញា។ នៃសង្ខារទាំងឡាយ។ ​​ដឹងច្បាស់ តាមសេចក្តីពិត នូវ​ការកើត នូវសេចក្តីវិនាស នូវអានិសង្ស នូវទោស និងការរលាស់ចោល នៃវិញ្ញាណ។

[១៥១] ទៀបក្រុងសាវត្ថី។ ក្នុងទីនោះឯង។ ម្នាលភិក្ខុទាំងឡាយ អរិយសាវ័ក អ្នកចេះដឹង រមែងដឹងច្បាស់តាមសេចក្តីពិត នូវការកើត នូវសេចក្តីវិនាស នូវអានិសង្ស នូវទោស និងការរលាស់​ចោលនៃរូប។ នៃវេទនា។ នៃសញ្ញា។ នៃសង្ខារទាំងឡាយ។ ​ដឹងច្បាស់ តាមសេចក្តីពិត នូវការកើត នូវសេចក្តីវិនាស នូវអានិសង្ស នូវទោស និងការរលាស់ចោល នៃវិញ្ញាណ។

[១៥២] ទៀបក្រុងសាវត្ថី។ ក្នុងទីនោះឯង។ ម្នាលភិក្ខុទាំងឡាយ រូប​មិនទៀង របស់ណាមិនទៀង របស់នោះជាទុក្ខ របស់ណាជាទុក្ខ របស់នោះ ជាអនត្តា របស់​ណាជាអនត្តា របស់នោះ បណ្ឌិតត្រូវឃើញតាម​សេចក្តីពិត ដោយប្រាជ្ញាដ៏​ប្រពៃ​ យ៉ាង​នេះថា នុ៎ះ​មិនមែនរបស់អញទេ នុ៎ះ​មិនមែនជាអញទេ នុ៎ះ​មិនមែនជាខ្លួន​អញទេ។ វេទនា។ សញ្ញា។ សង្ខារទាំងឡាយ។ វិញ្ញាណមិនទៀងទេ របស់ណា​មិនទៀង របស់នោះជាទុក្ខ របស់ណាជាទុក្ខ របស់នោះ ជាអនត្តា របស់​ណាជាអនត្តា របស់នោះ បណ្ឌិតត្រូវឃើញតាម​សេចក្តីពិត ដោយប្រាជ្ញាដ៏​ប្រពៃ​ យ៉ាង​នេះថា នុ៎ះ​មិនមែនរបស់អញទេ នុ៎ះ​មិនមែនជាអញទេ នុ៎ះ​មិនមែនជាខ្លួន​អញទេ។ ម្នាលភិក្ខុទាំងឡាយ អរិយសាវ័ក អ្នកចេះដឹង កាលបើឃើញយ៉ាងនេះ រមែងនឿយណាយ ក្នុងរូបផង ក្នុងវេទនាផង។ ក្នុងសញ្ញាផង។ ក្នុងសង្ខារទាំងឡាយ​ផង។ រមែងនឿយណាយក្នុងវិញ្ញាណផង កាលបើនឿយណាហើយ រមែង​ប្រាសចាក​តម្រេក ព្រោះតែប្រាសចាកតម្រេក ទើបចិត្តរួចស្រឡះ។ កាលបើចិត្តរួចស្រឡះ​ហើយ ញាណក៏កើតឡើងថា អាត្មាអញ រួចស្រឡះហើយ។ ដឹងច្បាស់ថា ជាតិអស់ហើយ មគ្គព្រហ្មចរិយៈ អាត្មាអញ បាននៅរួចហើយ សោឡសកិច្ច អាត្មាអញ បានធ្វើ​ស្រេច​ហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។ ម្នាលភិក្ខុទាំងឡាយ លំនៅរបស់សត្វទាំងប៉ុន្មាន ភពដ៏ប្រសើរទាំងប៉ុន្មាន មានតែ​ពួក​អរហន្តទេ ដែលជាបុគ្គលខ្ពង់ខ្ពស់ ប្រសើរបំផុត ក្នុងលោក។ ព្រះមានព្រះភាគ ត្រាស់​សូត្រនេះចប់ហើយ លុះព្រះសុគត ជាសាស្តា ត្រាស់សូត្រនេះចប់ហើយ ទើប​ត្រាស់​គាថានេះ តទៅទៀតថា

[១៥៣] ពួកអរហន្តមានសេចក្តីសុខណាស់ ពួកអរហន្តទាំងនោះ មិន​មាន​តណ្ហាទេ អស្មិមានះ លោកផ្តាច់​បង់ហើយ បណ្តាញ គឺមោហៈ លោកទម្លាយ​ចោល​ហើយ។ លោកមិនដល់ នូវការញាប់ញ័រ ដោយតណ្ហា និងទិដ្ឋិទេ ចិត្តរបស់​អរហន្ត​ទាំង​នោះ មិនល្អក់ទេ អរហន្តទាំងនោះ ជាអ្នកប្រសើរ មិនមានអាសវៈ មិនជាប់​នៅ​ក្នុង​លោក។ លោកមាន​ព្រះសទ្ធម្ម ទាំង៧ [ព្រះសទ្ធម្មទាំង៧នោះ បានដល់ សទ្ធា ហិរិ ឱត្តប្បៈ ពាហុសច្ចៈ វីរិយៈ ឧបដ្ឋិតស្សតិ និងបញ្ញា។ អដ្ឋកថា។] ជាអារម្មណ៍ ព្រោះ​កំណត់ដឹង ​នូវខន្ធទាំង៥ ពួកសប្បុរស តែងសរសើរ​ចំពោះពួក​អរហន្ត​ជាបុត្រ​ ជា​ឱរស របស់ព្រះពុទ្ធ។ ពួកអរហន្ត​បរិបូណ៌​ដោយកែវ គឺ ពោជ្ឈង្គទាំង​៧ប្រការ បាន​សិក្សាចំពោះសិក្ខា ទាំង៣ មានព្យាយាមច្រើន បានលះបង់នូវភ័យ និង​សេចក្តី​ខ្លាច ដ៏ពន្លឹក ហើយប្រព្រឹត្តនៅ។ ពួកអរហន្ត ជាមហានាគ ប្រកបដោយអង្គជាអសេក្ខៈ​ទាំង​១០ មានចិត្តនឹងធឹង (ដោយ​ឧបចារ និងអប្បនាទាំងឡាយ) អរហន្តទាំងនុ៎ះ ប្រសើរបំផុតក្នុងលោក អរហន្តទាំងនោះ មិនមានតណ្ហាទេ។ ញាណរបស់​អសេក្ខ​បុគ្គល កើតឡើងហើយ នេះជាទីបំផុត នៃ​អត្តភាព ផលណា របស់មគ្គព្រហ្ម​ចារ្យ លោកបានចាក់ធ្លុះ ក្នុងផលនោះហើយ។ ពួកអរហន្ត មិនញាប់ញ័រ ចំពោះ​មានះ​ផ្សេងៗ អរហន្តទាំងនោះ មានចិត្តផុតស្រឡះ​ ចាកភពថ្មីទៀត បានសម្រេច​អរហត្ត បានឈ្នះ (នូវកិលេស​ មានរាគៈ ជាដើម) ក្នុងលោកហើយ រមែងមិនញាប់ញ័រ​ ចំពោះ​មានះផ្សេងៗ។ អរហន្តទាំងនោះ មិនមានសេចក្តីត្រេកអរ ចំពោះទេវលោក មនុស្សលោក និងអបាយលោកឡើយ អរហន្តទាំងនោះ បានចាក់ធ្លុះ នូវ​អរិយសច្ច​ទាំង៤ ជាបុគ្គលប្រសើរបំផុតក្នុងលោក ហើយបន្លឺនូវសីហនាទ។

[១៥៤] ទៀបក្រុងសាវត្ថី។ ក្នុងទីនោះឯង។ ម្នាលភិក្ខុទាំងឡាយ រូបមិនទៀងទេ របស់ណាមិនទៀង របស់នោះ ជាទុក្ខ របស់ណាជាទុក្ខ របស់នោះ ជាអនត្តា របស់ណា​ជាអនត្តា របស់នោះ បណ្ឌិតត្រូវឃើញតាមសេចក្តីពិត ដោយប្រាជ្ញា​ដ៏ប្រពៃ យ៉ាងនេះថា នុ៎ះមិនមែនរបស់អញទេ នុ៎ះមិនមែនជាអញទេ នុ៎ះ​មិនមែន​ជា​ខ្លួនអញទេ។បេ។ ម្នាលភិក្ខុទាំងឡាយ អរិយសាវ័ក​អ្នកចេះដឹង កាលបើឃើញយ៉ាង​នេះហើយ រមែងនឿយណាយ ក្នុងរូបផង ក្នុងវេទនាផង។ ក្នុងសញ្ញាផង។ ក្នុងសង្ខារ​ទាំងឡាយផង។ រមែងនឿយណាយ ​ក្នុងវិញ្ញាណផង កាលបើនឿយណាយ រមែង​ប្រាសចាកតម្រេក ព្រោះតែប្រាសចាកតម្រេក ទើបចិត្ត​រួចស្រឡះបាន។ កាលបើចិត្ត​រួចស្រឡះហើយ ញាណក៏កើត​ឡើងថា អាត្មាអញ រួចស្រឡះហើយ។ ដឹងច្បាស់​ថា ជាតិអស់ហើយ មគ្គព្រហ្មចារ្យ អាត្មាអញ នៅរួចហើយ សោឡសកិច្ច អាត្មាអញ បាន​ធ្វើ​ស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមាន​ឡើយ។ ម្នាលភិក្ខុទាំងឡាយ លំនៅ​របស់ពួកសត្វទាំងប៉ុន្មាន ភពដ៏ប្រសើរទាំង​ប៉ុន្មាន មានតែអរហន្ត ជាបុគ្គលខ្ពង់ខ្ពស់ ប្រសើរបំផុត ក្នុងលោកនេះ។

[១៥៥] ទៀបក្រុងសាវត្ថី។ ក្នុងទីនោះឯង។ ម្នាលភិក្ខុទាំងឡាយ សត្វសីហៈ ជា​ស្តេចម្រឹគ ចេញអំពីលំនៅ ក្នុងសម័យ​ថ្ងៃរសៀល លុះចេញអំពីលំនៅហើយ រមែង​មឹត​ពត់ (កាយ) លុះមឹតពត់ហើយ ទើបក្រឡេកមើលទិស ទាំង៤ជុំវិញ លុះក្រឡេក​មើលទិស​ ទាំង៤ជុំវិញហើយ ក៏បន្លឺនូវសីហនាទ អស់វារៈ​៣ដង លុះបន្លឺនូវសីហនាទ ៣ដងហើយ ទើបត្រាច់ចរទៅរកចំណី។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វតិរច្ឆាន​ណានីមួយ ឮសំឡេង​សត្វសីហៈ ជាមិគរាជ កំពុងបន្លឺ (នូវសីហនាទ) ហើយ ច្រើនតែ​ដល់នូវសេចក្តីភិតភ័យ តក់ស្លុត ញ័រចំប្រប់ ពួកសត្វនៅរូង រមែងចូលទៅរូងវិញ ពួក​សត្វទឹក ចូលទៅក្នុងទឹកវិញ ពួកសត្វព្រៃ ចូលទៅរកព្រៃវិញ ពួកបក្សី ក៏ហើរ​ទៅ​រក​អាកាសវិញ។ ម្នាលភិក្ខុទាំងឡាយ ពួក​ដំរី​ណា ជារបស់ព្រះរាជា ដែល​គេចង​ដោយ​ចំណង គឺព្រ័ត្រដ៏មាំ ក្នុងស្រុកនិគម និងរាជធានី ដំរីទាំងនោះ ក៏រមែង​ផ្តាច់​ទម្លាយ​ចំណងទាំងនោះ ភិតភ័យលេចមូត្រ និងករីសហើយ បោលទៅផ្តេសផ្តាស។ ម្នាលភិក្ខុទាំងឡាយ សត្វសីហៈ ជាមិគរាជ មានឫទ្ធិច្រើន យ៉ាងនេះ មាន​ស័ក្តិធំយ៉ាង​នេះ មានអានុភាពច្រើន​យ៉ាងនេះ ជាង​សត្វតិរច្ឆានទាំងឡាយ។

[១៥៦] ម្នាលភិក្ខុទាំងឡាយ កាលណា ព្រះតថាគត ជាព្រះអរហន្ត​សម្មាសម្ពុទ្ធ ទ្រង់បរិបូណ៌ ​ដោយ​វិជ្ជា​ និងចរណៈ ជាព្រះសុគត ជ្រាបច្បាស់​នូវ​ត្រៃ​លោក ទ្រង់​ប្រសើរបំផុត ជាសារថីទូន្មាន នូវ​បុរស ជាសាស្តាចារ្យ នៃពួកទេវតា និង​មនុស្ស ត្រាស់ដឹង នូវ​ចតុរារិយសច្ច លែងត្រឡប់​មកកាន់ភពថ្មីទៀត ទ្រង់​កើត​ឡើង​ក្នុង​លោក ព្រះអង្គ តែង​សម្តែងថា រូបដូច្នេះ ការកើតនៃ​រូប ដូច្នេះ សេចក្តី​វិនាស នៃ​រូបដូច្នេះ វេទនា ដូច្នេះ។ សញ្ញាដូច្នេះ។ សង្ខារទាំងឡាយ ដូច្នេះ។ វិញ្ញាណ​ដូច្នេះ ការ​កើត​នៃវិញ្ញាណ ដូច្នេះ សេចក្តី​វិនាស ​នៃវិញ្ញាណ ដូច្នេះ។ ម្នាលភិក្ខុទាំងឡាយ ពួក​ទេវតាណា​ ដែល​មានអាយុវែង មានពណ៌​សម្បុរច្រើន ដោយសេចក្តី​សុខ ឋិត​នៅ​លើ​វិមានដ៏ខ្ពស់ អស់​កាលយូរ ពួកទេវតានោះ បានស្តាប់ធម៌​ទេសនា របស់​ព្រះតថាគត​ហើយ ច្រើន​តែដល់ ​នូវសេចក្តីភិតភ័យ តក់ស្លុត ញ័រចំប្រប់ ដោយ​គិតថា អើ​ហ្ន៎ យើងទាំងឡាយ មិនទៀង​ទេតើ ប៉ុន្តែយើងសំគាល់​ថាទៀង អើហ្ន៎ យើងទាំងឡាយ មិន​ឋិតថេរទេតើ ប៉ុន្តែ​យើងសំគាល់​ថាឋិតថេរ អើហ្ន៎ យើងទាំងឡាយ មិនកំណត់​ទេតើ ប៉ុន្តែ​យើងសំគាល់​ថាកំណត់ អើហ្ន៎ យើងទាំងឡាយ ​មិនទៀង មិនឋិតថេរ មិន​កំណត់​ទេ ប៉ុន្តែយើងរាប់អាន​ព្រោះ​សក្កាយ។ ម្នាលភិក្ខុទាំងឡាយ ព្រះតថាគត មាន​ឫទ្ធិច្រើន យ៉ាងនេះ មានស័ក្តិធំយ៉ាងនេះ មានអានុភាពច្រើន យ៉ាងនេះ ជាងមនុស្ស​លោក ព្រមទាំងទេវលោក ក៏យ៉ាង​នោះដែរ។ ព្រះមានព្រះភាគ បានត្រាស់​ភាសិត​នេះចប់​ហើយ លុះព្រះសុគត ជាសាស្តា ត្រាស់ភាសិត នេះចប់ហើយ ទើប​ត្រាស់​គាថានេះ តទៅទៀតថា

[១៥៧] កាលណា ព្រះពុទ្ធបានត្រាស់​ដឹងឡើង សំដែងធម្មចក្រហើយ ព្រះអង្គ​ជាគ្រូ របស់​មនុស្សលោក ព្រមទាំង​ទេវលោក ឥត​មានបុគ្គល​ប្រៀបផ្ទឹមបាន។ (ទ្រង់​សំដែង) នូវ​ការរំលត់ នៃសក្កាយផង នូវ​ហេតុកើត នៃសក្កាយផង នូវមគ្គដ៏ប្រសើរ ប្រកបដោយអង្គ​៨ ជាផ្លូវ​សម្រាប់ទៅកាន់ទីរំលត់ទុក្ខផង។ ពួកទេវតាណា មាន​អាយុ​វែង មានពណ៌សម្បុរ មានយស ជាអ្នកខ្លាច ជាអ្នកដល់នូវសេចក្តី​តក់ស្លុត ដូចជា​ហ្វូង​ម្រឹគខ្លាចសីហៈ។ សត្វទាំងឡាយ មិនទាន់លះបង់ នូវសក្កាយ បានស្តាប់ពាក្យរបស់​ព្រះ​អរហន្តសម្មាសម្ពុទ្ធ មានចិត្តផុតស្រឡះ ប្រកបដោយ​តាទិគុណថា អើហ្ន៎ យើង​ទាំងឡាយ មិនទៀងទេ ដូច្នេះ។

[១៥៨] ទៀបក្រុងសាវត្ថី។ ក្នុងទីនោះឯង។ ម្នាលភិក្ខុទាំងឡាយ កាលបើពួក​សមណៈ ឬព្រាហ្មណ៍​ណាមួយ រឭកឃើញ រមែងរឭកឃើញ នូវបុព្វេនិវាស មាន​ប្រការ​ផ្សេងៗ ពួកសមណព្រាហ្មណ៍​ទាំងអស់នោះ រមែងរឭកឃើញ​ នូវ​ឧបាទានក្ខន្ធ​ទាំង​៥ ឬបណ្តាឧបាទានក្ខន្ធទាំង៥នុ៎ះ រឭកឃើញនូវ​ឧបាទានក្ខន្ធណាមួយ។ ឧបាទានក្ខន្ធ ទាំង៥ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ កាលបើ​សមណព្រាហ្មណ៍​ រឭកឃើញ រមែងរឭកឃើញនូវរូប ដូច្នេះថា អាត្មាអញ មានរូបយ៉ាងនេះ ក្នុងកាលជាអតីត។ ម្នាលភិក្ខុទាំងឡាយ កាលបើ​សមណព្រាហ្មណ៍​ រឭកឃើញ រមែងឃើញនូវវេទនា ដូច្នេះថា អាត្មាអញ មានវេទនាយ៉ាងនេះ ក្នុងកាលជាអតីត។ អាត្មាអញ មានសញ្ញាយ៉ាងនេះ ក្នុងកាលជាអតីត។ អាត្មាអញ មានសង្ខារយ៉ាងនេះ ក្នុងកាលជាអតីត។ ម្នាលភិក្ខុទាំងឡាយ កាលបើ​សមណព្រាហ្មណ៍​ រឭកឃើញ រមែងរឭកឃើញនូវវិញ្ញាណ ដូច្នេះថា អាត្មាអញ មានវិញ្ញាណយ៉ាងនេះ ក្នុងកាលជាអតីត។

[១៥៩] ម្នាលភិក្ខុទាំងឡាយ ចុះអ្នកទាំងឡាយ ហៅថារូប តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ របស់ណាវិនាស របស់នោះ ហៅថារូប។ ចុះវិនាស​ដោយអ្វី។ វិនាស​ដោយ​ត្រជាក់ក៏មាន វិនាសដោយក្តៅក៏មាន វិនាសដោយ​គំលានក៏មាន វិនាស​ដោយ​សម្រេកក៏មាន វិនាសដោយសម្ផ័ស្ស នៃរបោមមូសខ្យល់ កំដៅថ្ងៃ ពស់តូច ពស់​ធំក៏មាន។ ម្នាលភិក្ខុទាំងឡាយ របស់ណាវិនាស របស់នោះ ហៅថារូប។ ម្នាលភិក្ខុទាំងឡាយ ចុះអ្នកទាំងឡាយ ហៅថា វេទនា តើដូចម្តេច។ ម្នាលភិក្ខុ​ទាំងឡាយ ធម្មជាតិណា រងនូវអារម្មណ៍ ធម្មជាតិនោះ ហៅថាវេទនា។ ចុះធម្មជាតិ​នោះ រងអ្វីខ្លះ។ រងនូវសុខក៏មាន រងនូវទុក្ខក៏មាន រងនូវអទុក្ខមសុខក៏មាន។ ម្នាលភិក្ខុទាំងឡាយ ធម្មជាតិណា រងនូវ​អារម្មណ៍ ធម្មជាតិនោះ ហៅថាវេទនា។ ម្នាលភិក្ខុទាំងឡាយ ចុះអ្នកទាំងឡាយ ហៅថា សញ្ញា តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ធម្មជាតិណា ចំណាំ (នូវអារម្មណ៍) ធម្មជាតិនោះ ហៅថា សញ្ញា។ ចុះចំណាំនូវអ្វី។ ចំណាំពណ៌ខៀវក៏មាន ចំណាំពណ៌​លឿង​ក៏មាន ចំណាំ​ពណ៌ក្រហមក៏មាន ចំណាំពណ៌​សក៏មាន។ ម្នាលភិក្ខុទាំងឡាយ ធម្មជាតិណា ចំណាំ​ (នូវអារម្មណ៍) ធម្មជាតិនោះ ហៅថា សញ្ញា។ ម្នាលភិក្ខុទាំងឡាយ ចុះអ្នកទាំងឡាយ​ហៅថា សង្ខារទាំងឡាយ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ សភាវៈទាំងឡាយណា តាក់​តែង​នូវសង្ខតធម៌ សភាវៈ​ទាំងឡាយនោះ ហៅថា សង្ខារ។ សភាវៈ​ទាំងឡាយ​ តាក់តែងនូវសង្ខតធម៌ តើដូចម្តេច។ តាក់តែងនូវ​សង្ខតធម៌ ​គឺរូប តាមសភាពវិនាស តាក់តែងនូវ​សង្ខតធម៌ ​គឺវេទនា តាមសភាពរងនូវ​អារម្មណ៍ តាក់តែងនូវ​សង្ខតធម៌​ គឺសញ្ញា តាមសភាពចំណាំនូវអារម្មណ៍ តាក់តែងនូវ​សង្ខតធម៌ ​គឺសង្ខារទាំងឡាយ តាមសភាពតាក់តែង តាក់តែងនូវ​សង្ខតធម៌ ​គឺវិញ្ញាណ តាមសភាពដឹងច្បាស់។ ម្នាលភិក្ខុទាំងឡាយ សភាវៈទាំងឡាយណា តាក់តែងនូវ​សង្ខតធម៌ សភាវៈ​ទាំង​ឡាយ​នោះ ហៅថា សង្ខារ។ ម្នាលភិក្ខុទាំងឡាយ ចុះអ្នកទាំងឡាយ ហៅថា វិញ្ញាណ តើ​ដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ធម្មជាតណា ដឹងច្បាស់ (នូវរស) ធម្មជាតនោះ ហៅថា​ វិញ្ញាណ។ ចុះដឹងច្បាស់​នូវអ្វី។ ដឹងច្បាស់នូវរសជូរក៏មាន ដឹងច្បាស់នូវរសល្វីងក៏មាន ដឹងច្បាស់នូវរសហឹរក៏មាន ដឹងច្បាស់នូវរសផ្អែមក៏មាន ដឹងច្បាស់នូវរសខារក៏មាន ដឹងច្បាស់នូវរបស់មិនខារក៏មាន ដឹងច្បាស់នូវរស​ប្រៃក៏មាន ដឹងច្បាស់នូវរសសាបក៏​មាន។ ម្នាលភិក្ខុទាំងឡាយ ធម្មជាតណា ដឹងច្បាស់ (នូវរស) ធម្មជាតនោះ ហៅថា វិញ្ញាណ។

[១៦០] ម្នាលភិក្ខុទាំងឡាយ ក្នុងសេចក្តីនោះ អរិយសាវ័កអ្នកចេះដឹង រមែង​ពិចារណាឃើញ ដូច្នេះថា អាត្មាអញ ទំពាស៊ី​ដោយសាររូប ក្នុងកាលឥឡូវនេះ បើដូច្នោះ មានតែ​អាត្មាអញ បានទំពាស៊ីដោយសាររូប ក្នុងអតីតកាល យ៉ាងនេះហើយ ដូចជាអាត្មាអញ ទំពាស៊ី​ដោយសាររូបជាបច្ចុប្បន្ន ក្នុងកាលឥឡូវ​នេះដែរ បើអាត្មាអញ ត្រេកអរនឹងរូបជាអនាគតហើយ អាត្មាអញ គង់នឹងទំពាស៊ី​ដោយ​សាររូប ក្នុងអនាគតកាល យ៉ាងនេះ ដូចជាអាត្មាអញ ទំពាស៊ីដោយសាររូប​ជាបច្ចុប្បន្ន ក្នុងកាលឥឡូវ​នេះដែរ។ អរិយសាវ័កនោះ កាល​បើពិចារណាឃើញ​ដូច្នេះ​ហើយ មិនអាឡោះអាល័យ ក្នុងរូបជាអតីត មិនត្រេកអរនឹងរូបជាអនាគត ជាអ្នកប្រតិបត្តិ​ ដើម្បី​នឿយណាយ ប្រាសចាកតម្រេក ដើម្បីរំលត់​រូបជាបច្ចុប្បន្ន។ អាត្មាអញ ទំពាស៊ីដោយសារវេទនា ក្នុងកាលឥឡូវនេះ បើដូច្នោះ មានតែ​អាត្មាអញ បានទំពាស៊ី ដោយសារវេទនា ជាអតីតកាល យ៉ាងនេះហើយ ដូចជាអាត្មាអញ ទំពាស៊ី​ ដោយសារវេទនាជាបច្ចុប្បន្ន ក្នុងកាលឥឡូវ​នេះដែរ បើអាត្មា​អញ ត្រេកអរនឹងវេទនា ជាអនាគតហើយ អាត្មាអញ គង់នឹងទំពាស៊ី​ ដោយ​សារវេទនា ជាអនាគតកាល យ៉ាងនេះទៀត ដូចជាអាត្មាអញ ទំពាស៊ីដោយសារវេទនា​ជាបច្ចុប្បន្ន ក្នុងកាលឥឡូវ​នេះដែរ។ អរិយសាវ័កនោះ កាល​បើពិចារណាឃើញ​ដូច្នេះ​ហើយ មិនអាឡោះអាល័យ ក្នុងវេទនាជាអតីត មិនត្រេកអរនឹងវេទនាជាអនាគត ជាអ្នកប្រតិបត្តិ ​ដើម្បី​នឿយណាយ ប្រាសចាកតម្រេក ដើម្បីរំលត់វេទនា ជាបច្ចុប្បន្ន អាត្មាអញ ទំពាស៊ីដោយសារសញ្ញា ក្នុងកាលឥឡូវនេះ។ អាត្មាអញ ទំពាស៊ីដោយ​សារ​សង្ខារ ក្នុងកាល​ឥឡូវនេះ បើដូច្នោះ មានតែ​អាត្មាអញ បានទំពាស៊ីដោយ​សារសង្ខារ ក្នុងកាលជាអតីត យ៉ាងនេះហើយ ដូចជាអាត្មាអញ ទំពាស៊ី​ដោយសារសង្ខារ ជាបច្ចុប្បន្ន ក្នុងកាលឥឡូវ​នេះដែរ បើអាត្មាអញ ត្រេកអរនឹងសង្ខារ ជាអនាគតកាល អាត្មាអញ គង់នឹងទំពាស៊ី​ដោយ​សារសង្ខារ ក្នុងកាលជា​អនាគត យ៉ាងនេះទៀត ដូចជាអាត្មាអញ ទំពាស៊ីដោយសារសង្ខារ​ ជាបច្ចុប្បន្ន ក្នុងកាលឥឡូវ​នេះដែរ។ កាលបើអរិយសាវ័កនោះ ​ពិចារណាឃើញ ​ដូច្នេះ​ហើយ រមែង​មិនអាឡោះអាល័យ ក្នុងសង្ខារទាំងឡាយជាអតីត មិនត្រេកអរនឹងសង្ខារទាំងឡាយ​ជាអនាគត ហើយប្រតិបត្តិ ​ដើម្បី​នឿយណាយ ប្រាសចាកតម្រេក ដើម្បីរំលត់​សង្ខារ​ទាំង​ឡាយ ជាបច្ចុប្បន្ន។ អាត្មាអញ ទំពាស៊ីដោយសារវិញ្ញាណ ក្នុងកាលឥឡូវនេះ បើដូច្នោះ មានតែ​អាត្មាអញ បានទំពាស៊ីដោយសារវិញ្ញាណ ក្នុងអតីតកាល យ៉ាងនេះហើយ ដូចជាអាត្មាអញ ទំពាស៊ី​ដោយសារវិញ្ញាណ ជាបច្ចុប្បន្ន ក្នុងកាលឥឡូវ​នេះដែរ បើអាត្មាអញ ត្រេកអរនឹងវិញ្ញាណ ជាអនាគត អាត្មាអញ គង់នឹងទំពាស៊ី​ដោយ​សារវិញ្ញាណ ក្នុងកាលជាអនាគត យ៉ាងនេះទៀត ដូចជាអាត្មាអញ ទំពាស៊ីដោយសារវិញ្ញាណ ​ជាបច្ចុប្បន្ន ក្នុងកាលឥឡូវ​នេះដែរ។ កាលបើអរិយសាវ័កនោះ ពិចារណាឃើញ​ដូច្នេះ​ហើយ តែងមិនអាឡោះអាល័យ ក្នុងវិញ្ញាណជាអតីតឡើយ មិនត្រេកអរនឹងវិញ្ញាណ ជាអនាគត ហើយប្រតិបត្តិ​ ដើម្បី​នឿយណាយ ប្រាសចាកតម្រេក ដើម្បីរំលត់នូវវិញ្ញាណ ជាបច្ចុប្បន្ន។

[១៦១] ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ សំគាល់​សេចក្តីនោះ ថាដូចម្តេច រូប​ទៀង ឬមិនទៀង។ បពិត្រព្រះអង្គដ៏ចំរើន មិនទៀងទេ។ ចុះរបស់ណា​ដែល​មិនទៀង របស់នោះ ជាទុក្ខ ឬជាសុខ។ បពិត្រព្រះអង្គដ៏ចំរើន របស់នោះជាទុក្ខ។ ចុះរបស់ណាមិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា តើគួរយល់ឃើញនូវ​របស់នោះថា នុ៎ះជារបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនអញដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន មិនគួរនឹងយល់ឃើញយ៉ាងនុ៎ះទេ។ វេទនា។ សញ្ញា។ សង្ខារ​ទាំងឡាយ។ វិញ្ញាណទៀង ឬមិនទៀង។ បពិត្រព្រះអង្គដ៏ចំរើន មិនទៀងទេ។ ចុះរបស់ណា​​មិនទៀង របស់នោះ ជាទុក្ខ ឬជាសុខ។ បពិត្រព្រះអង្គដ៏ចំរើន របស់នោះជាទុក្ខ។ ចុះរបស់ណា មិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា តើគួរយល់ឃើញ នូវ​របស់នោះថា នុ៎ះជារបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនអញដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន មិនគួរនឹងយល់ឃើញយ៉ាងនោះទេ។

[១៦២] ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ ក្នុងលោកនេះ រូបណានីមួយ ជាអតីត អនាគត បច្ចុប្បន្ន ជាខាងក្នុងក្តី ខាងក្រៅក្តី គ្រោតគ្រាតក្តី ល្អិតក្តី ថោកទាប​ក្តី ឧត្តមក្តី ឬរូបណា ឋិតនៅក្នុងទីឆ្ងាយក្តី ទីជិតក្តី រូបទាំងនុ៎ះ អ្នកត្រូវយល់ឃើញ តាម​សេចក្តីពិត ដោយប្រាជ្ញាដ៏ប្រពៃយ៉ាងនេះថា នុ៎ះ​មិនមែនរបស់​អញទេ នុ៎ះ​មិនមែនជា​អញទេ នុ៎ះ​មិនមែនជាខ្លួន​អញទេ។ វេទនាណានីមួយ។ សញ្ញាណា​នីមួយ។ សង្ខារទាំងឡាយណានីមួយ។ វិញ្ញាណណានីមួយ ជាអតីត អនាគត បច្ចុប្បន្ន។បេ។ ឬវិញ្ញាណណា ឋិតនៅក្នុងទីឆ្ងាយក្តី ទីជិតក្តី វិញ្ញាណទាំងអស់នុ៎ះ ត្រូវអ្នកយល់ឃើញ តាម​សេចក្តីពិត ដោយប្រាជ្ញាដ៏ប្រពៃយ៉ាងនេះថា នុ៎ះ​មិនមែនរបស់​អញទេ នុ៎ះ​មិនមែនជា​អញទេ នុ៎ះ​មិនមែនជាខ្លួន​អញទេ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា អរិយសាវ័ក ញុំាងវដ្តៈ​ឲ្យវិនាស មិនសន្សំ (វដ្តៈ) លះបង់ មិនប្រកាន់ បាចសាចចោល មិនប្រមូល រំលត់ មិនបង្កាត់​ឲ្យឆេះ។

[១៦៣] ចុះអរិយសាវ័ក ធ្វើឲ្យវិនាស​ មិនសន្សំ​នូវអ្វី។ អរិយសាវ័ក ធ្វើ​ឲ្យ​វិនាស មិនសន្សំនូវរូប។ នូវវេទនា។ នូវសញ្ញា។ នូវសង្ខារទាំងឡាយ។ ធ្វើឲ្យវិនាស មិនសន្សំ​នូវ​វិញ្ញាណ។ ចុះអរិយសាវ័ក លះបង់មិនប្រកាន់នូវអ្វី។ អរិយសាវ័ក លះបង់ មិនប្រកាន់​នូវរូប។ នូវវេទនា។ នូវសញ្ញា។ នូវសង្ខារទាំងឡាយ។ អរិយសាវ័ក លះបង់ មិនប្រកាន់នូវវិញ្ញាណ។ ចុះអរិយសាវ័ក បាចសាចចោល មិនប្រមូលនូវអ្វី។ អរិយ​សាវ័ក បាចសាចចោល មិនប្រមូលនូវរូប។ ចុះអរិយសាវ័ក រំលត់ចោល មិនបង្កាត់​នូវ​អ្វី។ អរិយសាវ័ក រំលត់ចោល មិនបង្កាត់ឲ្យឆេះនូវរូប។ នូវវេទនា។ នូវសញ្ញា។ នូវសង្ខារទាំងឡាយ។ អរិយសាវ័ក រំលត់ចោល មិនបង្កាត់​ឲ្យឆេះនូវវិញ្ញាណ។ ម្នាលភិក្ខុទាំងឡាយ កាលបើអរិយសាវ័ក​អ្នកចេះដឹង បានឃើញ​យ៉ាងនេះ រមែង​នឿយ​ណាយ ក្នុងរូបផង។ ក្នុងវេទនាផង។ ក្នុងសញ្ញាផង។ ក្នុងសង្ខារទាំងឡាយ​ផង។ នឿយណាក្នុងវិញ្ញាណផង កាលបើនឿយណាយ រមែង​ប្រាសចាកតម្រេក ព្រោះ​តែ​ប្រាសចាកតម្រេក ចិត្តរមែងរួចស្រឡះបាន។ កាលបើចិត្តផុតស្រឡះ​ហើយ ញាណក៏កើតឡើងថា ចិត្តរបស់​អាត្មាអញ រួច​ស្រឡះហើយ។ អរិយសាវ័ក រមែង​ដឹង​ច្បាស់ថា ជាតិអស់ហើយ មគ្គព្រហ្មចរិយៈ អាត្មាអញ នៅរួចហើយ សោឡសកិច្ច អាត្មាអញ បានធ្វើរួចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ច​នេះ​ទៀត មិនមានឡើយ។ ម្នាលភិក្ខុទាំងឡាយ នេះតថាគតពោលថា ភិក្ខុមិនសន្សំ មិន​ធ្វើឲ្យ​វិនាសទេ តែឈ្មោះ​ថា អ្នកធ្វើឲ្យ​វិនាស ភិក្ខុ​មិនលះបង់ មិនប្រកាន់ទេ តែ​ឈ្មោះថា អ្នកលះបង់ ភិក្ខុមិនបាចសាចចោល មិនប្រមូលទេ តែឈ្មោះថា អ្នកបាច​សាចចោល ភិក្ខុ​មិនរំលត់​ចោល មិនបង្កាត់ទេ តែឈ្មោះថា អ្នករំលត់​ចោល។

[១៦៤] ចុះភិក្ខុមិនសន្សំ មិនធ្វើ​ឲ្យវិនាសនូវអ្វី ដែលឈ្មោះថា អ្នកធ្វើ​ឲ្យ​វិនាស។ ភិក្ខុ​មិនសន្សំ មិនធ្វើ​ឲ្យវិនាស​នូវរូប ឈ្មោះ​ថា អ្នកធ្វើឲ្យវិនាស។ ភិក្ខុមិនសន្សំ មិនធ្វើ​ឲ្យ​វិនាស នូវវេទនា។ នូវសញ្ញា។ នូវសង្ខារទាំងឡាយ។ នូវវិញ្ញាណ ឈ្មោះ​ថា អ្នក​ធ្វើ​ឲ្យ​វិនាស។ ភិក្ខុ​មិនលះបង់ មិនប្រកាន់នូវអ្វី ដែលឈ្មោះថា អ្នកលះបង់។ ភិក្ខុ​មិនលះ​បង់ មិនប្រកាន់នូវរូប ឈ្មោះថា អ្នកលះបង់។ ភិក្ខុ​មិនលះបង់​ មិនប្រកាន់​នូវវេទនា។ នូវ​សញ្ញា។ នូវសង្ខារទាំងឡាយ។ នូវវិញ្ញាណ ឈ្មោះ​ថា អ្នកលះបង់។ ចុះភិក្ខុមិន​បាច​សាចចោល មិនប្រមូលនូវអ្វី ដែលឈ្មោះ​ថា អ្នកបាចសាច។ ភិក្ខុមិនបាចសាចចោល មិនប្រមូល​នូវរូប ឈ្មោះថា អ្នកបាចសាច។ ភិក្ខុ​មិនបាចសាចចោល មិនប្រមូល​នូវ​វេទនា។ នូវសញ្ញា។ នូវសង្ខារទាំងឡាយ។ នូវវិញ្ញាណ ឈ្មោះថា អ្នកបាចសាច​ចោល។ ចុះភិក្ខុមិនរំលត់ មិនបង្កាត់នូវអ្វី ដែលឈ្មោះថា អ្នករំលត់ចោល។ ភិក្ខុ​មិនរំលត់ មិនបង្កាត់នូវរូប ឈ្មោះថា អ្នករំលត់ចោល។ ភិក្ខុ​មិនរំលត់​មិនបង្កាត់​នូវ​វេទនា។ នូវសញ្ញា។ នូវសង្ខារទាំងឡាយ។ នូវវិញ្ញាណ ឈ្មោះថា អ្នករំលត់ចោល។ ម្នាលភិក្ខុទាំងឡាយ ទេវតាទាំងឡាយ ព្រមទាំង​ឥន្ទ្រ ព្រមទាំងព្រហ្ម​ ព្រមទាំង​បជាបតិទេវរាជ តែងនមស្ការភិក្ខុ ដែល​មានចិត្តរួចស្រឡះ យ៉ាងនេះ អំពីចម្ងាយថា

បពិត្រ​បុរសអាជានេយ្យ យើងខ្ញុំ សូមក្រាបថ្វាយបង្គំ​លោក​ បពិត្រ​បុរសដ៏​ឧត្តម យើងខ្ញុំ សូមក្រាបថ្វាយបង្គំលោក លោកដុតបង់ (កិលេស) ព្រោះអាស្រ័យ​ធម៌​ណា ពួកយើងមិនដឹង (ធម៌នោះ) របស់លោកទេ។

[១៦៥] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងនិគ្រោធារាម ទៀប​ក្រុង​កបិលព័ស្តុ ក្នុងដែនសក្កៈ។ គ្រានោះឯង ព្រះមានព្រះភាគ ទ្រង់បណ្តេញ​ភិក្ខុសង្ឃ ព្រោះ​តែ​ហេតុណាមួយ ហើយប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ទ្រង់​ចូល​ទៅ​កាន់ក្រុងកបិលព័ស្តុ ដើម្បីបិណ្ឌបាត លុះត្រាច់ទៅ ដើម្បី​បិណ្ឌបាត ក្នុងក្រុង​កបិលព័ស្តុ ត្រឡប់​អំពីបិណ្ឌបាត (បានធ្វើភត្តកិច្ចស្រេចហើយ) ជាខាង​ក្រោយ​នៃភត្ត ស្តេចចូលសំដៅ​ទៅរក​មហាវ័ន ដើម្បី​សម្រាក​ក្នុងវេលាថ្ងៃ លុះចូល​ទៅ​កាន់​មហាវ័នហើយ ក៏គង់​សម្រាក​ក្នុងវេលាថ្ងៃ ទៀប​គល់ព្នៅ។ លំដាប់​នោះ ព្រះមានព្រះភាគ គង់នៅ​ក្នុងទីស្ងាត់ ពួនសម្ងំនៅក្នុងផលសមាបត្តិ ក៏មានសេចក្តី​ត្រិះរិះ កើតឡើងក្នុងព្រះទ័យ យ៉ាងនេះថា ភិក្ខុសង្ឃ​ ដែលតថាគត​ បានបណ្តេញ​ចោល​ហើយ ក្នុងទីនេះ មានពួកភិក្ខុថ្មី ដែលបួស​មិនទាន់យូរប៉ុន្មាន ទើបនឹងមកកាន់​ធម្មវិន័យនេះ កាលបើពួកភិក្ខុនោះ មិនឃើញតថាគត មុខជានឹងមានចិត្តរាយមាយ មានចិត្តប្រែប្រួលផ្សេងៗ ដូចជាកូនគោតូច កាលបើមិនឃើញមេវា មុខជានឹង​មាន​ចិត្ត​រាយមាយ មានចិត្តប្រែប្រួលទៅផ្សេងៗ យ៉ាងណាមិញ ក្នុងទីនេះ មានពួក​ភិក្ខុ​ថ្មី ដែលបួសមិនទាន់យូរប៉ុន្មាន ទើបនឹង​មកកាន់ធម្មវិន័យនេះ កាលបើភិក្ខុទាំងនោះ មិនឃើញតថាគត មុខជា​នឹងមានចិត្តរាយមាយ មានចិត្តប្រែប្រួល​ទៅផ្សេងៗ ក៏យ៉ាង​នោះដែរ មួយទៀត ដូចពូជថ្មី កាលបើមិនមានទឹក រមែងរាត់រាយ ខ្ចាត់ខ្ចាយ​ទៅផ្សេងៗ យ៉ាងណាមិញ ក្នុងទីនេះ មានពួកភិក្ខុថ្មី ដែលបួស​មិនទាន់​យូរ​ប៉ុន្មាន ទើបនឹងមកកាន់ធម្មវិន័យនេះ កាលបើពួកភិក្ខុទាំងនោះ មិនបាន​ឃើញ​តថាគត រមែង​មានចិត្ត​រាយមាយ ប្រែប្រួលទៅផ្សេងៗ ក៏យ៉ាងនោះដែរ បើដូច្នោះ គួរ​តថាគត អនុគ្រោះភិក្ខុសង្ឃ ក្នុងកាល​ឥឡូវ​នេះ តាមទំនងដែលតថាគត អនុគ្រោះ​ភិក្ខុសង្ឃ ក្នុងកាលមុនមកហើយ។

[១៦៦] គ្រានោះឯង សហម្បតិព្រហ្ម ដឹងនូវ​សេចក្តីត្រិះរិះ ក្នុង​ព្រះទ័យ​តាម​ព្រះទ័យ របស់​ព្រះមានព្រះភាគហើយ ក៏បាត់អំពីព្រហ្មលោក មក​ប្រាកដ​ក្នុង​ទីចំពោះ​​ព្រះភក្ត្រ នៃព្រះមានព្រះភាគ ដូចជាបុរស មានកម្លាំង លាដៃដែល​ខ្លួន​បត់ ឬបត់ដៃ​ ដែលខ្លួន​លា ដូច្នោះឯង។ លំដាប់នោះឯង សហម្បតិព្រហ្ម ធ្វើសំពត់​ឧត្តរាសង្គៈ ឆៀងស្មាម្ខាង ប្រណម្យអញ្ជលី ចំពោះ​ព្រះមានព្រះភាគ ក្រាប​ទូល​ព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រ​ព្រះមានព្រះភាគ ដំណើរនុ៎ះយ៉ាង​នេះមែន​ហើយ បពិត្រព្រះសុគត ដំណើរនុ៎ះ យ៉ាងនេះមែនហើយ បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុសង្ឃ ​ដែលព្រះមានព្រះភាគ បណ្តេញចោលហើយ (ព្រោះ) ក្នុងទីនេះ មានពួក​ភិក្ខុថ្មី ដែលបួស​មិនទាន់យូរប៉ុន្មាន ទើបនឹង​មកកាន់ធម្មវិន័យនេះ កាលបើពួក​ភិក្ខុនោះ មិនឃើញ​ព្រះមានព្រះភាគ រមែង​មាន​ចិត្តរាយមាយ មានចិត្ត​ប្រែប្រួល​ទៅផ្សេងៗ ដូចជាកូនគោតូច កាលបើ​មិនឃើញ​មេវា រមែង​មានចិត្តរាយមាយ ប្រែប្រួលទៅផ្សេងៗ យ៉ាងណាមិញ ក្នុងទីនេះ មានពួកភិក្ខុថ្មី ដែលបួស​មិនទាន់​យូរ​ប៉ុន្មាន ទើបនឹងមកកាន់ធម្មវិន័យនេះ កាលបើពួក​ភិក្ខុទាំងនោះ មិនបានឃើញ​ព្រះមានព្រះភាគ មុខជានឹងមានចិត្តរាយមាយ មានចិត្ត​ប្រែប្រួល​ទៅផ្សេងៗ យ៉ាង​នោះដែរ មួយទៀត ដូចពូជថ្មី កាលមិនបានទឹក មុខជារាត់រាយ ខ្ចាត់ខ្ចាយទៅ​ផ្សេងៗ យ៉ាងណា ក្នុងទីនេះ មានពួក​ភិក្ខុថ្មី ដែលបួសមិនទាន់យូរ​ប៉ុន្មាន ទើបនឹងមកកាន់​ធម្មវិន័យនេះ កាលបើពួកភិក្ខុទាំងនោះ មិនបានឃើញ​ព្រះមានព្រះភាគ មុខជា​មាន​ចិត្តរាយមាយ ប្រែប្រួលទៅផ្សេងៗ ក៏យ៉ាងនោះដែរ បពិត្រព្រះអង្គដ៏ចំរើន សូម​ព្រះមានព្រះភាគ រីករាយ នឹងភិក្ខុសង្ឃ បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ រួសរាយនឹងភិក្ខុសង្ឃ ព្រះមានព្រះភាគ អនុគ្រោះភិក្ខុសង្ឃ​ក្នុងកាលមុន យ៉ាងណា សូម​ព្រះមានព្រះភាគ អនុគ្រោះភិក្ខុសង្ឃ ក្នុងកាលឥឡូវនេះ យ៉ាងនោះ ឲ្យ​ទាន។ ព្រះមានព្រះភាគ ទ្រង់ទទួលនិមន្ត ដោយតុណ្ហីភាព។ គ្រានោះ សហម្បតិព្រហ្ម ដឹង​ច្បាស់ ​នូវការទទួល​និមន្ត របស់​ព្រះមានព្រះភាគហើយ ក៏ថ្វាយបង្គំ​ព្រះមានព្រះភាគ ធ្វើប្រទក្សិណហើយ ក៏បាត់ក្នុងទីនោះទៅ។

[១៦៧] គ្រានោះ ព្រះមានព្រះភាគ ទ្រង់ចេញអំពី​ទីសម្ងំ ក្នុង​សាយណ្ហ​សម័យ ចូលទៅឯនិគ្រោធារាម លុះចូលទៅដល់ហើយ ក៏គង់​លើអាសនៈ ដែលគេ​ក្រាលថ្វាយ។ លុះព្រះមានព្រះភាគ គង់ហើយ ក៏តាក់តែង​នូវឥទ្ធាភិសង្ខារ​មានសភាព​ដូច្នោះ ទើបពួកភិក្ខុទាំងនោះភិតភ័យ ចូល​មករក​ព្រះមានព្រះភាគ មួយ​រូបម្តង ពីររូបម្តង លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយ​បង្គំ​ព្រះមានព្រះភាគ ហើយ​អង្គុយក្នុងទីដ៏សមគួរ។ លុះ​ភិក្ខុទាំងនោះ អង្គុយ​ក្នុងទីដ៏សមគួរហើយ ទើប​ព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ ការត្រាច់ទៅរក​ដុំបាយ ដើម្បីចិញ្ចឹមជីវិតនេះ ជាការ​ថោកទាបបំផុត ជាងការ​ចិញ្ចឹម​ជីវិតទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ ការត្រាច់ទៅរកដុំបាយ (ដើម្បី​ចិញ្ចឹម​ជីវិត) នេះ គេតែងផ្តាសា ក្នុងលោកថា លោកជាអ្នកមានបាត្រក្នុងដៃ​ត្រាច់ទៅ (បិណ្ឌបាត)។ ម្នាលភិក្ខុ​ទាំងឡាយ ពួកកុលបុត្ត ដែលប្រកបដោយ​កម្លាំងប្រយោជន៍ អាស្រ័យនូវកម្លាំង​ប្រយោជន៍ ជាអ្នកដែលស្តេចមិនរឹបជាន់ ចោរ​មិនរឹបជាន់ មិន​ចំពាក់​បំណុល មិនប្រកបដោយភ័យ មិនលុះ​ក្នុងការចិញ្ចឹមជីវិត រមែងចូល​ចិត្ត​នឹង​ការ​ត្រាច់ទៅ ដើម្បីដុំបាយនោះឯង ដោយគិតថា ពួកយើងជាអ្នកធ្លាក់ចុះ (ក្នុង​អំណាច) នៃជាតិ ជរា មរណៈ សេចក្តីសោក សេចក្តីខ្សឹកខ្សួល ទុក្ខ ទោមនស្ស ឧបាយាស ធ្លាក់ចុះ​ក្នុងសេចក្តីទុក្ខ ត្រូវទុក្ខបៀតបៀន ដូចម្តេចហ្ន៎ នឹងធ្វើ​ឲ្យដល់​ទី​បំផុត នៃ​កងទុក្ខទាំង​អស់នេះ ឲ្យប្រាកដបាន។ ម្នាលភិក្ខុទាំងឡាយ កុលបុត្តនេះ ដែល​បួសយ៉ាងនេះ​ហើយ ក៏កុលបុត្តនោះ ជាអ្នកច្រើនដោយអភិជ្ឈា មានតម្រេក​ដ៏​ក្លៀវក្លា ក្នុងកាមទាំង​ឡាយ មានចិត្តព្យាបាទ មានសេចក្តីត្រិះរិះ ​ក្នុងចិត្តដ៏អាក្រក់ ភ្លេច​ស្មារតី មិនមាន​សម្បជញ្ញៈ មានចិត្តមិននឹងធឹង មានចិត្តរវើរវាយ មានឥន្ទ្រិយ​នៅជាប្រក្រតី។ ម្នាលភិក្ខុទាំងឡាយ ដូចអង្កត់ឧស ដែលគេដុតខ្មោចស្រស់ ភ្លើង​ឆេះ​ទាំងសងខាង ត្រង់កណ្តាល​ប្រឡាក់​ដោយគូថ (អាចម៍) មិនផ្សាយទៅ ដើម្បី​ជា​ឧស​ក្នុង​ស្រុក មិនផ្សាយទៅ ដើម្បី​ជាឧសក្នុងព្រៃឡើយ មានឧបមាយ៉ាងណាមិញ ម្នាលភិក្ខុ​ទាំងឡាយ តថាគត ហៅបុគ្គលនេះ ថាជាអ្នកសាបសូន្យ​ចាកភោគៈ​ របស់​គ្រហស្ថផង មិនបំពេញប្រយោជន៍ ​របស់សមណៈផង មានឧបមេយ្យ ដូច​យ៉ាង​អង្កត់​ឧស ដូច្នោះឯង។

[១៦៨] ម្នាលភិក្ខុទាំងឡាយ អកុសលវិតក្កៈនេះ មាន៣យ៉ាង គឺ កាមវិតក្កៈ១ ព្យាបាទវិតក្កៈ១ វិហឹសាវិតក្កៈ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គល​មានចិត្តតាំងស៊ប់ ក្នុង​សតិប្បដ្ឋាន ទាំង៤ ឬចម្រើននូវ​ អនិមិត្តសមាធិ អកុសលវិតក្កៈ ទាំង៣យ៉ាងនេះ រមែង​រលត់ទៅ ឥតមានសេសសល់ឡើយ។ ម្នាលភិក្ខុទាំងឡាយ អនិមិត្តសមាធិនេះ បុគ្គល​គួរចម្រើន​ឲ្យច្រើនក្រៃលែង។ ម្នាលភិក្ខុទាំងឡាយ (ព្រោះថា) អនិមិត្តសមាធិ ដែល​បុគ្គលចម្រើនហើយ ធ្វើ​ឲ្យច្រើនហើយ រមែង​មានផលច្រើន មានអានិសង្ស​ច្រើន។

[១៦៩] ម្នាលភិក្ខុទាំងឡាយ ទិដ្ឋិនេះ មានពីរប្រការ គឺភវទិដ្ឋិ១ វិភវទិដ្ឋិ១។ ម្នាលភិក្ខុទាំងឡាយ ក្នុងទិដ្ឋិ​ទាំងពីរនោះ អរិយសាវ័កអ្នកចេះដឹង រមែងពិចារណា​ដូច្នេះ​ថា កាលបើអាត្មាអញ ប្រកាន់របស់ណា ដែលមិនមានទោស របស់នោះ គង់​មានតិចតួច​ខ្លះក្នុងលោក ដែរឬ។ អរិយសាវ័កនោះ រមែងដឹងយ៉ាងនេះថា កាលបើ​អាត្មាអញ ប្រកាន់របស់​ណា ដែលមិនមានទោស របស់នោះ រមែង​មិនមានតិចតួច​ក្នុងលោកទេ។ អរិយសាវ័កនោះ ដឹងច្បាស់យ៉ាងនេះថា កាលបើអាត្មាអញ នឹងប្រកាន់រូប កាលបើប្រកាន់ នឹងប្រកាន់វេទនា កាលបើប្រកាន់ នឹងប្រកាន់សញ្ញា កាលបើប្រកាន់ នឹងប្រកាន់សង្ខារទាំងឡាយ កាលបើប្រកាន់ នឹងប្រកាន់វិញ្ញាណ ភព​របស់​អាត្មាអញនោះ នឹងកើតមាន ព្រោះឧបាទាន​ជាបច្ច័យ ជាតិកើតមាន ព្រោះ​ភពជាបច្ច័យ ជរា មរណៈ សេចក្តីសោក ខ្សឹកខ្សួល ទុក្ខ ទោមនស្ស និងសេចក្តី​ចង្អៀត​ចង្អល់ចិត្ត កើតមាន ព្រោះជាតិជាបច្ច័យ ហេតុដែល​ឲ្យកើត​កងទុក្ខទាំង​អស់​នុ៎ះ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ សំគាល់នូវ​សេចក្តីនោះ ដូចម្តេច រូបទៀង ឬមិនទៀង។ បពិត្រព្រះអង្គដ៏ចំរើន មិនទៀងទេ។ ចុះរបស់​ណា​មិនទៀង របស់នោះ ជាទុក្ខ ឬជាសុខ។ បពិត្រព្រះអង្គដ៏ចំរើន របស់នោះជាទុក្ខ។ ចុះ​របស់ណា មិនទៀង ជាទុក្ខ​ មានសេចក្តីប្រែប្រួលជាធម្មតា គួរយល់ឃើញ​របស់​នោះ​ថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនរបស់អាត្មាអញ ដូច្នេះដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន មិនគួរយល់ឃើញដូច្នោះទេ។ វេទនា។ សញ្ញា។ សង្ខារទាំង​ឡាយ។ វិញ្ញាណទៀង ឬ។បេ។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ ក្នុងសាសនា​នេះ។បេ។ កាលបើឃើញយ៉ាងនេះ។បេ។ ដឹងច្បាស់​ថា មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្ត​ទៅ​ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។

[១៧០] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងឃោសិតារាម ទៀប​ក្រុង​កោសម្ពី។ គ្រានោះឯង ព្រះមានព្រះភាគ ទ្រង់ស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុង​បុព្វណ្ហសម័យ ទ្រង់ចូលទៅកាន់​ក្រុងកោសម្ពី ដើម្បីបិណ្ឌបាត លុះត្រាច់ទៅ​បិណ្ឌបាត​ ក្នុងក្រុងកោសម្ពីហើយ ត្រឡប់មកពីបិណ្ឌបាត (ធ្វើភត្តកិច្ចស្រេចហើយ) ក្នុង​ពេលជាខាងក្រោយភត្ត ទ្រង់រៀបចំ​ទុកដាក់​សេនាសនៈ ដោយព្រះអង្គឯង ប្រដាប់​បាត្រ និងចីវរ មិនបានប្រាប់ពួក​ឧបដ្ឋាក មិនបានលាភិក្ខុសង្ឃ តែមួយ​ព្រះអង្គ​ឯង ឥតមានបុគ្គលជាគម្រប់ពីរ ចៀសចេញទៅកាន់ចារិក។

[១៧១] គ្រានោះឯង ភិក្ខុមួយរូប កាលព្រះមានព្រះភាគ​ ចៀសចេញទៅ​មិនយូរប៉ុន្មាន ក៏ចូលទៅរក​ព្រះអានន្ទមានអាយុ លុះចូលទៅដល់ហើយ និយាយ​នឹង​ព្រះអានន្ទមានអាយុ យ៉ាងនេះថា ម្នាលអាវុសោអានន្ទ ចូរអ្នកមកអាយ ព្រះមានព្រះភាគ រៀបចំទុកដាក់សេនាសនៈ ដោយព្រះអង្គឯង ប្រដាប់បាត្រ និងចីវរ មិនបានប្រាប់ពួក​ឧបដ្ឋាក មិនបានលាភិក្ខុសង្ឃ តែមួយព្រះអង្គឯង ឥតមាន​បុគ្គល​ជាគម្រប់ពីរ ស្តេច​ទៅកាន់ចារិកហើយ។ ម្នាលអាវុសោ ព្រះមានព្រះភាគ រៀបចំ​ទុកដាក់សេនាសនៈ ដោយព្រះអង្គឯង ប្រដាប់បាត្រ និងចីវរ មិនបានប្រាប់​ពួក​ឧបដ្ឋាក មិនបានលាភិក្ខុសង្ឃ តែមួយព្រះអង្គ ឥតមានបុគ្គលជាគម្រប់ពីរ ស្តេចទៅ​កាន់ចារិក ក្នុងសម័យណា ព្រះមានព្រះភាគ ចង់នៅតែមួយព្រះអង្គឯង ក្នុងសម័យ​នោះ ព្រះមានព្រះភាគ មិនឲ្យបុគ្គលណាមួយ ទៅតាមព្រះអង្គ ក្នុងសម័យនោះ។

[១៧២] គ្រានោះឯង ព្រះមានព្រះភាគ ទ្រង់ស្តេច​ទៅកាន់​ចារិក​តាមលំដាប់ បានដល់ទៅក្រុងបាលិលេយ្យកៈ។ ក្នុងទីនោះឯង បានឮថា ព្រះមានព្រះភាគ ទ្រង់​គង់​នៅក្បែ​រគល់សាលព្រឹក្ស ដ៏ប្រសើរ ជិតក្រុង បាលិលេយ្យកៈ។ គ្រានោះឯង ពួកភិក្ខុ​ មានប្រមាណច្រើនរូប បានចូលទៅរក​ព្រះអានន្ទមានអាយុ លុះចូលទៅ​ដល់ហើយ ក៏រាក់ទាក់ ទៅរកព្រះអានន្ទមានអាយុ លុះ​បញ្ចប់​ពាក្យគួរ​រាក់ទាក់ និងពាក្យគួររឭកហើយ ទើបអង្គុយក្នុងទីសមគួរ។ លុះភិក្ខុទាំងនោះ អង្គុយ​ក្នុងទីសមគួរហើយ ក៏និយាយនឹង​ព្រះអានន្ទមានអាយុ យ៉ាងនេះថា ម្នាល​អាវុសោ​អានន្ទ ពួកយើង​ខានស្តាប់ធម្មីកថា ក្នុងទីចំពោះ​ព្រះភក្រ្តព្រះមានព្រះភាគ​យូរហើយ ម្នាលអាវុសោអានន្ទ ឥឡូវនេះ យើងចង់ស្តាប់ធម្មីកថា ក្នុងទីចំពោះ​ព្រះភក្ត្រ​ព្រះមានព្រះភាគ។ ទើប​ព្រះអានន្ទមានអាយុ ចូលទៅគាល់​ព្រះមានព្រះភាគ ទៀប​គល់​សាលព្រឹក្សដ៏ប្រសើរ ជិតក្រុង​បាលិលេយ្យកៈ ជាមួយនឹង​ភិក្ខុទាំងនោះ លុះចូលទៅដល់ហើយ ទើបក្រាបថ្វាយបង្គំ​ព្រះមានព្រះភាគ រួចអង្គុយក្នុង​ទីដ៏សមគួរ។ លុះពួកភិក្ខុនោះ អង្គុយក្នុងទីដ៏សមគួរហើយ ទើប​ព្រះមានព្រះភាគ ទ្រង់ពន្យល់ ណែនាំ (ភិក្ខុទាំងនោះ) ឲ្យកាន់យក ឲ្យអាចហាន ឲ្យ​រីករាយ ដោយធម្មីកថា។

[១៧៣] សម័យនោះឯង ភិក្ខុមួយរូប មានសេចក្តីត្រិះរិះ​កើតឡើងក្នុងចិត្ត យ៉ាង​នេះថា កាលបុគ្គលដឹងដូចម្តេចហ្ន៎ ឃើញដូចម្តេចហ្ន៎ ទើបអស់ទៅ នៃ​អាសវៈ​ទាំងឡាយ ជាលំដាប់។ គ្រានោះឯង ព្រះមានព្រះភាគ ជ្រាបច្បាស់ នូវ​បរិវិតក្កៈ​ក្នុង​ចិត្ត តាមចិត្តរបស់​ភិក្ខុនោះហើយ ទើបត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុ​ទាំងឡាយ ធម៌ តថាគតសម្តែងហើយដោយការពិចារណា សតិប្បដ្ឋាន​៤ តថាគត​សម្តែងហើយ​ដោយការពិចារណា សម្មប្បធាន៤ តថាគត​សម្តែងហើយ ដោយការពិចារណា ឥទ្ធិបាទ៤ តថាគតសម្តែងហើយដោយការពិចារណា ឥន្ទ្រិយ៥ តថាគតសម្តែងហើយ ដោយការពិចារណា ពលៈ៥ តថាគតសម្តែងហើយ ដោយការពិចារណា ពោជ្ឈង្គ៧ តថាគតសម្តែងហើយដោយការពិចារណា មគ្គប្រកបដោយអង្គ៨ដ៏ប្រសើរ តថាគតសម្តែងហើយដោយការពិចារណា។ ម្នាលភិក្ខុទាំងឡាយ ធម៌ដែល​តថាគតសម្តែងហើយ ដោយការពិចារណា យ៉ាងនេះ ម្នាលភិក្ខុទាំងឡាយ ធម៌ដែល​តថាគតសម្តែងហើយ ដោយការពិចារណា យ៉ាងនេះ។ ម្យ៉ាងទៀត ភិក្ខុខ្លះ ក្នុងសាសនា​នេះ មានសេចក្តីត្រិះរិះកើតឡើង ដោយចិត្ត យ៉ាងនេះថា កាលបុគ្គល​ដឹងដូចម្តេច ឃើញដូចម្តេច ទើបអស់​ទៅនៃ​អាសវៈទាំងឡាយ​​ជាលំដាប់។

[១៧៤] ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលដឹងដូចម្តេច ឃើញដូចម្តេច ទើបអស់​ទៅ នៃអាសវៈទាំងឡាយជាលំដាប់។ ម្នាលភិក្ខុទាំងឡាយ ក្នុងលោកនេះ បុថុជ្ជនអ្នក​មិនចេះដឹង មិនបានឃើញពួកព្រះអរិយៈ មិនឈ្លាសវៃ​ ក្នុងធម៌​ព្រះអរិយៈ មិនបាន​ហាត់​ក្នុងធម៌​ព្រះអរិយៈ មិនបានឃើញពួកសប្បុរស។បេ។ មិនបាន​ហាត់ក្នុង​ធម៌របស់​សប្បុរស រមែងពិចារណាឃើញរូប ថាជាខ្លួន។ ម្នាលភិក្ខុទាំងឡាយ ការពិចារណា​ឃើញ​នោះ ឈ្មោះថាសង្ខារ។ ចុះសង្ខារ​នោះ មានអ្វីជាហេតុ មានអ្វីនាំឲ្យកើត មានអ្វី​ជាកំណើត មានអ្វីជាដែនកើត។ ម្នាលភិក្ខុទាំងឡាយ តណ្ហាកើតឡើងដល់​បុថុជ្ជន​អ្នក​មិនចេះដឹង ដែលត្រូវវេទនាកើតអំពី​សម្ផ័ស្ស នៃអវិជ្ជាប៉ះពាល់ សង្ខារ​នោះ​កើតអំពីតណ្ហានោះ។ ម្នាលភិក្ខុទាំងឡាយ សង្ខារនោះ ក៏មិនទៀង មានបច្ច័យ​តាក់​តែង​កើតឡើងហើយ ព្រោះអាស្រ័យហេតុ តណ្ហា​នោះសោត ក៏មិនទៀង មាន​បច្ច័យ​តាក់តែង​កើតឡើងហើយ ព្រោះអាស្រ័យហេតុ វេទនានោះ ក៏ (មិនទៀង) ដូចពោល​មកយ៉ាងនេះ។ ផស្សៈនោះ ក៏ដូច្នោះដែរ។ អវិជ្ជានោះ ក៏មិនទៀង មានបច្ច័យ​តាក់​តែងកើត​ឡើងហើយ ព្រោះអាស្រ័យហេតុ។ ម្នាលភិក្ខុទាំងឡាយ កាលបុគ្គល​ដឹងយ៉ាង​នេះ ឃើញយ៉ាងនេះ រមែង​អស់​ទៅនៃអាសវៈ​ទាំងឡាយ ជាលំដាប់។

[១៧៥] បុគ្គល​មិនពិចារណាឃើញ នូវ​រូបថាជាខ្លួនទេ តែ​ពិចារណា​ឃើញ​ខ្លួន​ថាមានរូប។ ម្នាលភិក្ខុទាំងឡាយ ការពិចារណា​ឃើញនោះ ឈ្មោះថា សង្ខារ។ ចុះ​សង្ខារនោះ តើមានអ្វីជាហេតុ មានអ្វី​នាំឲ្យកើត មានអ្វីជាកំណើត មានអ្វី​ជា​ដែន​កើត។ ម្នាលភិក្ខុទាំងឡាយ តណ្ហាកើតឡើង ដល់​បុថុជ្ជនជាអ្នកមិនចេះដឹង ដែល​ត្រូវ​វេទនា​កើតអំពីសម្ផ័ស្ស នៃអវិជ្ជាប៉ះពាល់ សង្ខារនោះ​ កើតមកអំពីតណ្ហានោះ។ ម្នាលភិក្ខុទាំងឡាយ សង្ខារនោះ ក៏មិនទៀង មានបច្ច័យតាក់តែង​កើតឡើងហើយ ព្រោះ​អាស្រ័យហេតុ តណ្ហានោះ ក៏មិនទៀង ដោយប្រការដូច្នេះ។ វេទនា ក៏ដូច្នោះ​ដែរ។ ផស្សៈ ក៏ដូច្នោះដែរ។ អវិជ្ជានោះ ក៏មិនទៀង មានបច្ច័យតាក់តែង​កើតឡើងហើយ ព្រោះអាស្រ័យហេតុ។ ម្នាលភិក្ខុទាំងឡាយ កាលបុគ្គលដឹងយ៉ាង​នេះ ឃើញយ៉ាងនេះ រមែង​អស់អាសវៈទាំងឡាយជាលំដាប់។

[១៧៦] បុគ្គល​មិនពិចារណា​ឃើញ នូវរូប​ថាជាខ្លួន មិនពិចារណា ឃើញខ្លួន​ថា​មានរូបទេ ប៉ុន្តែពិចារណាឃើញ​រូប ថាមានក្នុងខ្លួន។ ម្នាលភិក្ខុទាំងឡាយ ការពិចារណាឃើញនោះ ឈ្មោះថា សង្ខារ។ ចុះសង្ខារ​នោះ មានអ្វីជាហេតុ មានអ្វី​នាំឲ្យកើត មានអ្វីជាកំណើត មានអ្វីជាដែនកើត។ ម្នាលភិក្ខុទាំងឡាយ តណ្ហា​កើត​ឡើង ដល់បុថុជ្ជនជាអ្នកមិនចេះដឹង ដែលត្រូវវេទនា កើតអំពីសម្ផ័ស្ស នៃអវិជ្ជាប៉ះ​ពាល់ សង្ខារនោះ កើតអំពីតណ្ហានោះ។ ម្នាលភិក្ខុទាំងឡាយ សង្ខារ​នោះ​ មិនទៀង​ទេ មានបច្ច័យតាក់តែងកើតឡើងហើយ ព្រោះអាស្រ័យហេតុ តណ្ហានោះ ក៏​ដូច្នោះដែរ។ វេទនានោះ ក៏ដូច្នោះដែរ។ ផស្សៈនោះ ក៏ដូច្នោះដែរ។ អវិជ្ជានោះមិនទៀង មានបច្ច័យ​តាក់តែង​កើតឡើងហើយ ព្រោះអាស្រ័យហេតុ។ ម្នាលភិក្ខុទាំងឡាយ កាលបុគ្គល​ដឹង​យ៉ាងនេះ ឃើញយ៉ាងនេះ រមែង​អស់អាសវៈទាំងឡាយ ជាលំដាប់។

[១៧៧] បុគ្គល​មិនពិចារណាឃើញ នូវរូបថាជាខ្លួន មិនពិចារណាឃើញ​នូវខ្លួន​ថាមានរូប មិនពិចារណាឃើញនូវ​រូប ថាមានក្នុងខ្លួនទេ ប៉ុន្តែ​ពិចារណាឃើញ​ខ្លួន ​ថាមានក្នុងរូប។ ម្នាលភិក្ខុទាំងឡាយ ការពិចារណាឃើញនោះ ឈ្មោះថា សង្ខារ។ ចុះសង្ខារនោះ តើមានអ្វីជាហេតុ មានអ្វីនាំឲ្យកើត មានអ្វីជាកំណើត មានអ្វី​ជាដែន​កើត។ ម្នាលភិក្ខុទាំងឡាយ តណ្ហាកើតឡើង ដល់បុថុជ្ជនជាអ្នកមិនចេះដឹង ដែល​ត្រូវ​វេទនាកើតអំពីសម្ផ័ស្ស នៃអវិជ្ជាប៉ះពាល់ សង្ខារ​នោះ កើតអំពីតណ្ហានោះ។ ម្នាលភិក្ខុទាំងឡាយ សង្ខារនោះមិនទៀង មានបច្ច័យតាក់តែង​កើតឡើងហើយ ព្រោះ​អាស្រ័យហេតុ តណ្ហានោះ ក៏ដូច្នោះដែរ។ វេទនា ក៏ដូច្នោះដែរ។ ផស្សៈ ក៏ដូច្នោះដែរ។ អវិជ្ជានោះ មិនទៀងទេ មានបច្ច័យតាក់តែង​កើតឡើង​ហើយ ព្រោះ​អាស្រ័យហេតុ។ ម្នាលភិក្ខុទាំងឡាយ កាលបើបុគ្គល​ដឹងយ៉ាងនេះ ឃើញ​យ៉ាងនេះ រមែង​អស់អាសវៈ​ទាំងឡាយជាលំដាប់។

[១៧៨] ម្នាលភិក្ខុទាំងឡាយ បុគ្គលមិនពិចារណាឃើញរូបថាជាខ្លួន មិន​ពិចារណាឃើញខ្លួន ថាមានរូប មិនពិចារណាឃើញរូប ថាមានក្នុងខ្លួន មិន​ពិចារណាឃើញខ្លួន ថាមាន​ក្នុងរូបទេ ប៉ុន្តែ​ពិចារណាឃើញវេទនា ថាជាខ្លួន។ ពិចារណាឃើញខ្លួន ថាមានវេទនា។ ពិចារណាឃើញវេទនា ថាមានក្នុងខ្លួន។ ពិចារណាឃើញខ្លួន ថាមានក្នុងវេទនា។ ពិចារណាឃើញសញ្ញា ថាជាខ្លួន។ ពិចារណាឃើញសង្ខារទាំងឡាយ ថាជាខ្លួន។ ពិចារណាឃើញខ្លួន ថាមាន​សង្ខារ។ ពិចារណាឃើញសង្ខារទាំងឡាយ ថាមានក្នុងខ្លួន។ ពិចារណាឃើញខ្លួន ថាមាន​ក្នុង​សង្ខារទាំងឡាយ។ ពិចារណាឃើញវិញ្ញាណ ថាជាខ្លួន។ ពិចារណាឃើញខ្លួន ថាមាន​វិញ្ញាណ។ ពិចារណាឃើញវិញ្ញាណ ថាមានក្នុងខ្លួន។ ពិចារណាឃើញ​ខ្លួន ថាមាន​ក្នុងវិញ្ញាណ។ ម្នាលភិក្ខុទាំងឡាយ ការពិចារណាឃើញនោះ ឈ្មោះថា សង្ខារ។ ចុះសង្ខារនោះ មានអ្វីជាហេតុ។បេ។ មានអ្វីជាដែនកើត។ ម្នាលភិក្ខុទាំងឡាយ តណ្ហាកើតឡើងដល់បុថុជ្ជន​ជាអ្នកមិនចេះដឹង ដែលត្រូវ​វេទនា​កើតអំពីសម្ផ័ស្ស នៃអវិជ្ជាប៉ះពាល់ សង្ខារនោះ កើតអំពីតណ្ហានោះ។ ម្នាលភិក្ខុទាំងឡាយ សង្ខារនោះ មិនទៀងទេ មានបច្ច័យតាក់តែង​កើតឡើងហើយ ព្រោះ​អាស្រ័យហេតុ ដូចពោលមកនេះ។ តណ្ហា​នោះក៏ដែរ។ វេទនានោះក៏ដែរ។ ផស្សៈ​នោះក៏ដែរ។ អវិជ្ជានោះ មិនទៀងទេ មានបច្ច័យតាក់តែង​កើតឡើងហើយ ព្រោះ​អាស្រ័យហេតុ។ ម្នាលភិក្ខុទាំងឡាយ កាលបុគ្គល​ដឹងយ៉ាងនេះ ឃើញយ៉ាងនេះ រមែងអស់​អាសវៈទាំងឡាយ ជាលំដាប់។

[១៧៩] ម្នាលភិក្ខុទាំងឡាយ បុគ្គល​មិនពិចារណាឃើញរូបថា ជាខ្លួន។ មិន​ពិចារណាឃើញវេទនា។ មិនពិចារណាឃើញសញ្ញា។ មិនពិចារណាឃើញ​សង្ខារ​ទាំងឡាយ។ មិនពិចារណាឃើញវិញ្ញាណ ថាជាខ្លួន តែមានសេចក្តីយល់យ៉ាងនេះ​ថា នោះជាខ្លួន នោះជាលោក អាត្មាអញនោះ នឹងទៅខាងមុខ ក៏ទៀង ឋិតថេរ ពិត​ប្រាកដ មិនប្រែប្រួលជាធម្មតា។ ម្នាលភិក្ខុទាំងឡាយ សស្សតទិដ្ឋិនោះ ឈ្មោះថា សង្ខារ។ ចុះសង្ខារនោះ មានអ្វីជាហេតុ។បេ។ ម្នាលភិក្ខុទាំងឡាយ កាលបុគ្គលដឹង​យ៉ាង​នេះ ឃើញ​យ៉ាងនេះ រមែង​អស់អាសវៈទាំងឡាយ ជាលំដាប់។

[១៨០] បុគ្គលមិនពិចារណាឃើញរូប ​ថាជាខ្លួន។ មិនពិចារណាឃើញ​វេទនា។ មិនពិចារណាឃើញសញ្ញា។ មិនពិចារណាឃើញសង្ខារទាំងឡាយ។ មិន​ពិចារណាឃើញវិញ្ញាណ ថាជាខ្លួន ទាំងមិនមានសេចក្តីយល់ឃើញ​ យ៉ាងនេះថា នោះ​ជាខ្លួន នោះជាលោក អាត្មាអញនោះ លុះទៅខាងមុខ ក៏ទៀង ឋិតថេរ ពិត​ប្រាកដ មិនបានប្រែប្រួលជាធម្មតាឡើយ តែមានសេចក្តី​យល់ឃើញ​ យ៉ាងនេះថា បើ​អាត្មាអញ នឹងមិនកើត បរិក្ខាររបស់អាត្មាអញ ក៏នឹង​មិនកើត បើអាត្មាអញនឹង​មិនកើត​ទៀតទេ បរិក្ខាររបស់អាត្មាអញ ក៏នឹង​មិនកើតទៀតដែរ។ ម្នាលភិក្ខុ​ទាំងឡាយ ឧច្ឆេទទិដ្ឋិនោះ ឈ្មោះថា សង្ខារ។ ចុះសង្ខារនោះ តើមានអ្វីជាហេតុ មានអ្វីនាំ​ឲ្យ​កើត មានអ្វីជាកំណើត មានអ្វីជាដែនកើត។ ម្នាលភិក្ខុទាំងឡាយ តណ្ហាកើតឡើងដល់​បុថុជ្ជន ជាអ្នកមិនចេះដឹង ដែលត្រូវវេទនា​កើតអំពីសម្ផ័ស្ស នៃអវិជ្ជា​ប៉ះពាល់ សង្ខារ​នោះ កើតអំពីតណ្ហានោះ។ ម្នាលភិក្ខុទាំងឡាយ សង្ខារនោះ ក៏មិនទៀង ដោយប្រការ​ដូច្នេះ។បេ។ ម្នាលភិក្ខុទាំងឡាយ កាលបុគ្គល​ដឹងយ៉ាងនេះ ឃើញយ៉ាងនេះ រមែង​អស់អាសវៈទាំងឡាយជាលំដាប់។

[១៨១] បុគ្គលមិនពិចារណាឃើញរូប ថាជាខ្លួន។ មិនពិចារណាឃើញ​វេទនា។ មិនពិចារណាឃើញសញ្ញា។ មិនពិចារណាឃើញសង្ខារទាំងឡាយ។ មិនពិចារណា​ឃើញវិញ្ញាណ ថាជាខ្លួន។បេ។ មិនពិចារណាឃើញខ្លួន ​ថាមានក្នុង​វិញ្ញាណ ទាំងមិនមានសេចក្តីយល់ឃើញ យ៉ាងនេះថា នោះជាខ្លួន នោះជាលោក អាត្មាអញ នោះ លុះទៅខាងមុខ ក៏ទៀងទាត់ ឋិតថេរ ពិតប្រាកដ មិនមានការប្រែ​ប្រួល​ជាធម្មតាឡើយ ទាំង​មិនមានសេចក្តី​យល់ឃើញ​ យ៉ាងនេះថា បើអាត្មាអញ នឹង​មិនកើត បរិក្ខាររបស់អាត្មាអញ ក៏នឹង​មិនកើតដែរ បើអាត្មាអញ នឹងមិនកើតទៀត​ទេ បរិក្ខាររបស់​អាត្មាអញ ក៏នឹងមិនកើតដែរ តែជាអ្នកមានសេចក្តីសង្ស័យ​ងឿងឆ្ងល់ មិន​ដល់​នូវសេចក្តី​ចូលចិត្ត ​ក្នុងព្រះសទ្ធម្ម។ ម្នាលភិក្ខុទាំងឡាយ សេចក្តី​សង្ស័យ ងឿង​ឆ្ងល់ មិនដល់នូវសេចក្តីចូលចិត្ត ក្នុងព្រះសទ្ធម្មនោះ ឈ្មោះថា សង្ខារ។ ចុះសង្ខារនោះ មានអ្វីជាហេតុ មានអ្វីនាំឲ្យកើត មានអ្វីជាកំណើត មានអ្វី​ជាដែនកើត។ ម្នាលភិក្ខុទាំងឡាយ តណ្ហា​ កើតឡើង​ដល់បុថុជ្ជនជាអ្នក​មិនចេះដឹង ដែលត្រូវ​វេទនា កើតអំពើសម្ផ័ស្សនៃអវិជ្ជាប៉ះពាល់ សង្ខារនោះ កើតមក​អំពីតណ្ហាននោះ។ ម្នាលភិក្ខុទាំងឡាយ សង្ខារនោះ មិនទៀងទេ មានបច្ច័យ​តាក់តែងកើតឡើង ព្រោះ​អាស្រ័យហេតុផង តណ្ហានោះ មិនទៀង មានបច្ច័យតាក់​តែងកើតឡើង ព្រោះ​អាស្រ័យ​ហេតុផង វេទនានោះ មិនទៀង មានបច្ច័យតាក់តែង​កើតឡើង ព្រោះ​អាស្រ័យហេតុផង ផស្សៈនោះ ក៏មិនទៀង មានបច្ច័យ​តាក់តែងកើតឡើង ព្រោះ​អាស្រ័យ​ហេតុផង អវិជ្ជានោះ ក៏​មិនទៀង មានបច្ច័យតាក់តែង​កើតឡើង ព្រោះ​អាស្រ័យ​ហេតុផង ដោយប្រការដូច្នេះ។ ម្នាលភិក្ខុ​ទាំងឡាយ កាលបុគ្គល​ដឹងយ៉ាង​នេះ ឃើញយ៉ាងនេះ រមែង​អស់អាសវៈ​ទាំងឡាយជាលំដាប់។

[១៨២] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់​នៅក្នុងប្រាសាទ របស់នាង​វិសាខា ជាមិគារមាតា នាបុព្វារាម ជិតក្រុង​សាវត្ថី មួយអន្លើ ដោយ​ភិក្ខុសង្ឃច្រើន​រូប។ សម័យនោះឯង ព្រះមានព្រះភាគ មានភិក្ខុសង្ឃចោមរោម ទ្រង់គង់ក្នុងទីវាល នារាត្រី​មានព្រះចន្ទពេញវង់ ក្នុងថ្ងៃពេញបូណ៌មី ជាឧបោសថ ទី១៥។

[១៨៣] គ្រានោះ ភិក្ខុមួយរូប ក្រោកចាកអាសនៈ ធ្វើចីពរឆៀងស្មាម្ខាង ប្រណម្យអញ្ជលី ចំពោះព្រះមានព្រះភាគ ក្រាបបង្កំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន បើព្រះមានព្រះភាគ ទ្រង់ធ្វើឱកាសបម្រុង​នឹងដោះស្រាយប្រ​ស្នា របស់ខ្ញុំព្រះអង្គ ខ្ញុំព្រះអង្គ សូមទូលសួរហេតុនីមួយ ចំពោះ​ព្រះមានព្រះភាគ។ ព្រះមានព្រះភាគ ត្រាស់ថា ម្នាលភិក្ខុ បើដូច្នោះ អ្នកប្រាថ្នា​នឹង​សួរប្រស្នាណា ចូរ​អ្នក​អង្គុយលើអាសនៈ ជារបស់ខ្លួន ហើយសួរប្រស្នានោះចុះ។ ភិក្ខុនោះ ទទួល​ស្តាប់​ព្រះ​ពុទ្ធដីកា របស់ព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ ហើយអង្គុយ​លើអាសនៈ ជា​របស់ខ្លួន ក្រាបបង្គំទូល​ព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ឧបាទានក្ខន្ធនេះ មាន៥ឬហ្ន៎។ ឧបាទានក្ខន្ធ ៥ ដូចម្តេចខ្លះ។ គឺឧបាទានក្ខន្ធ គឺរូប១ ឧបាទានក្ខន្ធ គឺវេទនា១ ឧបាទានក្ខន្ធ គឺសញ្ញា១ ឧបាទានក្ខន្ធ គឺសង្ខារ១ ឧបាទានក្ខន្ធ គឺវិញ្ញាណ១។ ព្រះមានព្រះភាគ ត្រាស់ថា ម្នាលភិក្ខុ នេះឯង​ជា​ឧបាទានក្ខន្ធ៥។ ឧបាទានក្ខន្ធ៥ ដូចម្តេចខ្លះ។ គឺឧបាទានក្ខន្ធ គឺរូប១។បេ។ ឧបាទានក្ខន្ធ គឺវិញ្ញាណ១។

[១៨៤] ភិក្ខុនោះ ត្រេកអរ អនុមោទនាចំពោះភាសិតរបស់ព្រះមានព្រះភាគ​ថា ប្រពៃហើយ ព្រះអង្គ រួចក្រាបបង្គំ​ទូល​សួរ​ប្រស្នានឹងព្រះមានព្រះភាគ តទៅទៀត​ថា បពិត្រព្រះអង្គដ៏ចំរើន ចុះឧបាទានក្ខន្ធ៥នេះ មានអ្វីជាឫស។ ព្រះមានព្រះភាគត្រាស់​ថា ម្នាលភិក្ខុ ឧបាទានក្ខន្ធ៥នេះឯង មានឆន្ទៈជាឫស។បេ។ បពិត្រព្រះអង្គដ៏ចំរើន ឧបាទាននោះឬហ្ន៎ ជាឧបាទានក្ខន្ធ ទាំង៥នោះ ឬថា ឧបាទានផ្សេងអំពីឧបាទានក្ខន្ធ​ទាំង៥។ ម្នាលភិក្ខុ ឧបាទាននោះ ជាឧបាទានក្ខន្ធទាំង៥នោះឯង ក៏ទេ ឧបាទានផ្សេង​អំពី​ឧបាទានក្ខន្ធទាំង​៥ ក៏ទេដែរ ឯសេចក្តីត្រេកត្រអាល ក្នុងឧបាទានក្ខន្ធ​ ទាំង​៥​នោះ​ទេតើ ជាឧបាទាន។

[១៨៥] ភិក្ខុនោះក្រាបបង្គំ​ទូលថា ប្រពៃហើយ ព្រះអង្គ។បេ។ រួចក្រាបទូលសួរ​ប្រស្នាតទៅទៀតថា បពិត្រព្រះអង្គដ៏ចំរើន ចុះសេចក្តីត្រេកត្រអាល ក្នុងឧបាទានក្ខន្ធ​ទាំង​៥ ផ្សេងទៀត មានដែរឬ។ ព្រះមានព្រះភាគ ត្រាស់ថា ម្នាលភិក្ខុ ​មាន រួចត្រាស់ថា ម្នាលភិក្ខុ បុគ្គល​ពួកខ្លះ ​ក្នុងលោកនេះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា ក្នុង​អនាគតកាល សូមឲ្យ​អញមានរូបយ៉ាងនេះ ក្នុងអនាគតកាល សូម​ឲ្យអញ មានវេទនា​យ៉ាងនេះ ក្នុងអនាគតកាល សូម​ឲ្យអញមានសញ្ញាយ៉ាងនេះ ក្នុងអនាគតកាល សូម​ឲ្យ​អញមានសង្ខារ យ៉ាងនេះ ក្នុងអនាគតកាល សូមឲ្យអញ​មានវិញ្ញាណ​យ៉ាងនេះ។ ម្នាលភិក្ខុ សេចក្តីត្រេកត្រអាល  ក្នុងឧបាទានក្ខន្ធទាំង៥ ផ្សេងទៀត មាន​យ៉ាងនេះឯង។

[១៨៦] ភិក្ខុនោះក្រាបបង្គំទូលថា ប្រពៃហើយព្រះអង្គ។បេ។ រួច​ក្រាបទូល​សួរ​ប្រស្នា តទៅទៀតថា បពិត្រព្រះអង្គដ៏ចំរើន ដោយហេតុ​ដូចម្តេច បានជាខន្ធ​ទាំងឡាយ មានឈ្មោះថា ខន្ធ។ ព្រះមានព្រះភាគ ត្រាស់ថា ម្នាលភិក្ខុ រូបណានីមួយ ជាអតីត អនាគត បច្ចុប្បន្ន ជាខាងក្នុងក្តី ខាងក្រៅក្តី គ្រោតគ្រាតក្តី ល្អិតក្តី ថោក​ទាបក្តី ឧត្តមក្តី ដែលមានក្នុងទីឆ្ងាយ ឬក្នុងទីជិត។ នេះហៅថា រូបក្ខន្ធ។ វេទនាណា នីមួយ។ សញ្ញាណានីមួយ។ សង្ខារទាំងឡាយ ណានីមួយ។ វិញ្ញាណ​ណានីមួយ ជា​អតីត អនាគត បច្ចុប្បន្ន ជាខាងក្នុងក្តី ខាងក្រៅក្តី គ្រោតគ្រាតក្តី ល្អិតក្តី ថោក​ទាបក្តី ឧត្តមក្តី ដែលមានក្នុងទីឆ្ងាយ ឬក្នុងទីជិត។ នេះហៅថា វិញ្ញាណក្ខន្ធ។ ម្នាលភិក្ខុ ដោយ​ហេតុប៉ុណ្ណេះឯង បានជាខន្ធទាំងឡាយ មានឈ្មោះថា ខន្ធ។

[១៨៧] ភិក្ខុនោះក្រាបបង្គំទូលថា ប្រពៃហើយព្រះអង្គ។បេ។ រួចក្រាបទូល​សួរ​ប្រស្នា តទៅទៀតថា បពិត្រព្រះអង្គដ៏ចំរើន ចុះអ្វីជាហេតុ អ្វីជាបច្ច័យ នៃ​ការបញ្ញត្តិ​រូបក្ខន្ធ។ អ្វីជាហេតុ អ្វីជាបច្ច័យ នៃការបញ្ញត្តិវេទនាខន្ធ។ អ្វីជាហេតុ អ្វីជា​បច្ច័យ នៃការបញ្ញត្តិ សញ្ញាខន្ធ។ អ្វីជាហេតុ អ្វីជាបច្ច័យ នៃការបញ្ញត្តិសង្ខារក្ខន្ធ។ អ្វី​ជាហេតុ អ្វីជាបច្ច័យ នៃការបញ្ញត្តិវិញ្ញាណក្ខន្ធ។ ម្នាលភិក្ខុ មហាភូតទាំង៤ ជាហេតុ មហាភូតទាំង៤ ជាបច្ច័យ នៃការបញ្ញត្តិរូបក្ខន្ធ។ ផស្សជាហេតុ ផស្សៈជាបច្ច័យ នៃ​ការ​បញ្ញត្តិវេទនាខន្ធ។ ផស្សៈជាហេតុ ផស្សៈជាបច្ច័យ នៃ​ការ​បញ្ញត្តិសញ្ញាខន្ធ។ ផស្សៈជាហេតុ ផស្សៈជាបច្ច័យ នៃ​ការ​បញ្ញត្តិសង្ខារខន្ធ។ នាមរូប ជាហេតុ នាមរូបជាបច្ច័យ នៃ​ការ​បញ្ញត្តិវិញ្ញាណក្ខន្ធ។

[១៨៨] ភិក្ខុនោះ ក្រាបបង្គំទូលថា ប្រពៃហើយ ព្រះអង្គ។បេ។ រួចក្រាបទូល​សួរ​ប្រស្នា តទៅទៀតថា បពិត្រព្រះអង្គដ៏ចំរើន ចុះអ្វីជាសក្កាយទិដ្ឋិ។ ព្រះមានព្រះភាគ ត្រាស់ថា ម្នាលភិក្ខុ បុថុជ្ជនក្នុងលោកនេះ ជាអ្នកមិនចេះដឹង មិនធ្លាប់​ឃើញ​ពួក​ព្រះអរិយៈ មិនឈ្លាសវៃ ក្នុងធម៌របស់ព្រះអរិយៈ មិនបាន​ហ្វឹកហ្វឺន ក្នុង​ធម៌របស់​ព្រះអរិយៈ មិន​ធ្លាប់ឃើញ​ពួកសប្បុរស មិនឈ្លាសវៃ ក្នុងធម៌របស់សប្បុរស មិន​បាន​ហ្វឹកហ្វឺន ក្នុងធម៌របស់សប្បុរស រមែង​ពិចារណាឃើញ​រូប ថាជាខ្លួនខ្លះ ឃើញ​ខ្លួន​ថា​មានរូបខ្លះ ឃើញរូប ​ថាមានក្នុងខ្លួនខ្លះ ឃើញខ្លួន​ថាមានក្នុងរូបខ្លះ។ ឃើញវេទនា។ ឃើញសញ្ញា។ ឃើញសង្ខារទាំងឡាយ។ រមែង​ពិចារណាឃើញវិញ្ញាណ ថាជាខ្លួនខ្លះ ឃើញខ្លួន ថាមានវិញ្ញាណខ្លះ ឃើញវិញ្ញាណ ថាមានក្នុងខ្លួនខ្លះ ឃើញខ្លួន​ថាមាន​ក្នុង​វិញ្ញាណខ្លះ។ ម្នាលភិក្ខុ យ៉ាងនេះឯង ឈ្មោះថា សក្កាយទិដ្ឋិ។

[១៨៩] ភិក្ខុនោះក្រាបបង្គំទូលថា ប្រពៃហើយ ព្រះអង្គ។ បេ។ រួចក្រាប​ទូលសួរ​ប្រស្នា តទៅទៀតថា បពិត្រព្រះអង្គដ៏ចំរើន ចុះដូចម្តេច ដែល​មិនមែនជាសក្កាយ​ទិដ្ឋិ។ ម្នាលភិក្ខុ អរិយសាវ័ក ក្នុងសាសនានេះ ជាអ្នកចេះដឹង ធ្លាប់បានឃើញពួក​ព្រះអរិយៈ ឈ្លាសវៃ ក្នុងធម៌​របស់​ព្រះអរិយៈ បានហ្វឹកហ្វឺន ក្នុងធម៌​របស់​ព្រះអរិយៈ ជា​អ្នក​បាន​ឃើញពួកសប្បុរស ឈ្លាសវៃ ក្នុងធម៌​របស់សប្បុរស បានហ្វឹកហ្វឺន ក្នុងធម៌​របស់​សប្បុរស មិនពិចារណាឃើញរូប ថាជាខ្លួនខ្លះ មិនឃើញ​ខ្លួន​ ថាមានរូបខ្លះ មិនឃើញរូប ថាមានក្នុងខ្លួនខ្លះ មិនឃើញខ្លួនថាមានក្នុងរូបខ្លះ មិនឃើញវេទនា។ មិនឃើញសញ្ញា។ មិនឃើញសង្ខារទាំងឡាយ។ មិនពិចារណាឃើញ វិញ្ញាណ​ថាជាខ្លួនខ្លះ មិនឃើញខ្លួន​ ថាមានវិញ្ញាណខ្លះ មិនឃើញវិញ្ញាណ ថាមានក្នុងខ្លួនខ្លះ មិនឃើញខ្លួន ថាមានក្នុងវិញ្ញាណខ្លះ។ ម្នាលភិក្ខុ យ៉ាងនេះ មិនមែនឈ្មោះ​ថា​សក្កាយទិដ្ឋិទេ។

[១៩០] ភិក្ខុនោះ ក្រាបបង្គំទូលថា ប្រពៃហើយ ព្រះអង្គ។បេ។ រួច​ក្រាបទូល​សួរ​ថា បពិត្រព្រះអង្គដ៏ចំរើន ចុះអ្វី ជាអានិសង្ស អ្វីជាទោស អ្វីជាការរលាស់ចេញ នៃរូប។ អ្វីជាអានិសង្ស របស់​វេទនា។ អ្វីជាអានិសង្សរបស់សញ្ញា។ អ្វីជា​អានិសង្ស​របស់​សង្ខារ​ទាំងឡាយ។ អ្វីជាអានិសង្ស អ្វីជាទោស អ្វីជាការរលាស់ចេញ នៃវិញ្ញាណ។ ម្នាលភិក្ខុ សេចក្តីសុខ និងសោមនស្សណា កើតឡើងព្រោះអាស្រ័យរូប នេះជាអានិសង្សរបស់​រូប រូបណា ដែល​មិនទៀងជាទុក្ខ មានសភាពប្រែប្រួល នេះជាទោសរបស់​រូប ការ​បន្ទោបង់ នូវសេចក្តីត្រេកត្រអាល ការលះបង់នូវសេចក្តី​ត្រេកត្រអាល ក្នុងរូប​ណា នេះជាការរលាស់ចេញនូវរូប។ សេចក្តីសុខ និងសោមនស្សណា កើតឡើង ​ព្រោះ​អាស្រ័យ​វេទនា។ ព្រះអាស្រ័យសញ្ញា។ ព្រោះអាស្រ័យសង្ខារទាំងឡាយ។ សេចក្តី​សុខ និងសោមនស្សណា កើតឡើង ព្រោះអាស្រ័យវិញ្ញាណ នេះជាអានិសង្ស របស់​វិញ្ញាណ វិញ្ញាណណា ដែល​មិនទៀង ជាទុក្ខ មានសភាពប្រែប្រួល នេះជាទោស​របស់​វិញ្ញាណ ការបន្ទោបង់ នូវសេចក្តីត្រេកត្រអាល ការលះបង់ នូវ​សេចក្តី​ត្រេក​ត្រអាល ក្នុងវិញ្ញាណណា នេះ ជាការរលាស់​ចេញ នូវវិញ្ញាណ។

[១៩១] ភិក្ខុនោះ ត្រេកអរ អនុមោទនា ចំពោះ​ភាសិត​ព្រះមានព្រះភាគថា ប្រពៃ​ហើយ ព្រះអង្គ រួចក្រាបទូលសួរប្រស្នា នឹង​ព្រះមានព្រះភាគ តទៅទៀតថា បពិត្រព្រះអង្គដ៏ចំរើន ចុះបុគ្គល កាលដឹងដូចម្តេច ឃើញដូចម្តេច ទើបអនុស័យ​ គឺ​សេចក្តីប្រកាន់អហង្ការមមង្ការមិនមាន ក្នុងកាយ ដែលប្រកបដោយវិញ្ញាណ​នេះ និង​ក្នុងនិមិត្តទាំងពួង​ជាខាងក្រៅ។ ព្រះមានព្រះភាគ ត្រាស់ថា ម្នាលភិក្ខុ រូបណានីមួយ ជា​អតីត អនាគត បច្ចុប្បន្ន ជាខាងក្នុងក្តី ខាងក្រៅក្តី គ្រោតគ្រាតក្តី ល្អិតក្តី ថោកទាប​ក្តី ឧត្តមក្តី ដែល​មានក្នុង​ទីឆ្ងាយ​ ឬក្នុងទីជិត បុគ្គល​ឃើញរូប​ទាំងអស់នុ៎ះ​ ដោយ​ប្រាជ្ញា​ដ៏ប្រពៃ តាមសេចក្តី​ពិតយ៉ាងនេះថា នុ៎ះមិនមែន​របស់អញ នុ៎ះមិនមែន​ជាអញ នុ៎ះ​មិនមែន​ជាខ្លួនរបស់អញឡើយ។ វេទនាណានីមួយ។ សញ្ញាណានីមួយ។ សង្ខារ​ទាំងឡាយណានីមួយ។ វិញ្ញាណណានីមួយ ជាអតីត អនាគត បច្ចុប្បន្ន ជាខាងក្នុងក្តី ខាងក្រៅក្តី គ្រោតគ្រាតក្តី ល្អិតក្តី ថោកទាប​ក្តី ឧត្តមក្តី ដែល​មានក្នុង​ទីឆ្ងាយ​ ឬក្នុងទីជិត បុគ្គល​ឃើញនូវវិញ្ញាណ​ទាំងអស់នុ៎ះ​ ដោយ​ប្រាជ្ញា​ដ៏ប្រពៃ តាមសេចក្តី​ពិត យ៉ាងនេះថា នុ៎ះមិនមែន​របស់អញ នុ៎ះមិនមែន​ជាអញ នុ៎ះមិនមែន​ជាខ្លួន​របស់​អញ​ឡើយ។ ម្នាលភិក្ខុ កាលបុគ្គល​ដឹងយ៉ាងនេះ ឃើញយ៉ាងនេះ ទើប​អនុស័យ​ គឺ​សេចក្តីប្រកាន់អហង្ការ មមង្ការ មិនមានក្នុងកាយ ដែលប្រកបដោយ​វិញ្ញាណនេះ និង​ក្នុងនិមិត្តទាំងពួងជាខាងក្រៅ។

[១៩២] សម័យនោះឯង ភិក្ខុមួយរូប មានគំនិតត្រិះរិះ​កើតឡើង យ៉ាងនេះថា ឱហ្ន៎ រូបជាអនត្តា។ វេទនា។ សញ្ញា។ សង្ខារទាំងឡាយ។ វិញ្ញាណ ​ជាអនត្តា កម្ម​ទាំង​ឡាយ ដែល​អនត្តាធ្វើហើយ គង់នឹង​បាននូវអត្តា ព្រោះកម្ម។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ជ្រាបគំនិត​ត្រិះរិះក្នុងចិត្ត របស់ភិក្ខុនោះហើយ ទ្រង់​ត្រាស់​នឹង​ភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ ហេតុនុ៎ះ រមែង​មានជាប្រាកដ ត្រង់ដែល មោឃបុរសពួកខ្លះ ក្នុងលោកនេះ ជាអ្នកប្រកបដោយអវិជ្ជា មានចិត្តលុះក្នុង​អំណាច​តណ្ហា មុខជាសំគាល់​នូវសាសនានៃព្រះសាស្តា ដែល​ខ្លួន​ត្រូវកាន់ថា ឱហ្ន៎ រូប​ជាអនត្តា។ វេទនា។ សញ្ញា។ សង្ខារទាំងឡាយ។ វិញ្ញាណជាអនត្តា កម្មទាំងឡាយ ដែល​អនត្តាធ្វើហើយ គង់នឹងបាននូវអត្តា ព្រោះកម្ម។ ម្នាលភិក្ខុទាំងឡាយ ការបុច្ឆា​តបពាក្យសួរ តថាគតបានពន្យល់ហើយ ម្នាលភិក្ខុទាំងឡាយ ចុះអ្នកទាំងឡាយ យល់​សេចក្តីនោះ ក្នុងធម៌ទាំងនោះ ក្នុងទីនោះៗ ថាដូចម្តេច ម្នាលភិក្ខុទាំងឡាយ រូបទៀង​ ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។ វេទនា។ សញ្ញា។ សង្ខារទាំងឡាយ។ វិញ្ញាណ ទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។ ចុះរបស់ណា​ មិនទៀង របស់​នោះ​ជា​ទុក្ខ ឬជាសុខ។ បពិត្រព្រះអង្គដ៏ចំរើន របស់នោះជាទុក្ខ។ ចុះរបស់ណា​មិនទៀង ជា​ទុក្ខ មានសេចក្តីប្រែប្រួល​ជាធម្មតា គួរ​នឹងយល់ឃើញ នូវរបស់នោះថា នុ៎ះ​ជា​របស់​អញ នុ៎ះជាអញ នុ៎ះជាខ្លួនអញដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន មិនគួរ​នឹងយល់ឃើញ​យ៉ាងនុ៎ះទេ។ ព្រោះហេតុនោះ អរិយសាវ័កក្នុងសាសនានេះ។បេ។ កាលយល់ឃើញ​យ៉ាងនេះ។បេ។ ក៏ដឹងច្បាស់ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បី​សោឡសកិច្ច​នេះទៀត មិនមានឡើយ។

និយាយអំពីខន្ធ ២លើក អំពីឧបាទាននោះឯង ដែលជារបស់គួរ​ត្រេកអរ១ អំពី​ឈ្មោះ​របស់ខន្ធ១ អំពីហេតុ១ អំពីសក្កាយទិដ្ឋិ ដែល​ព្រះមានព្រះភាគ ទ្រង់​សំដែង ​២​លើក អំពីអានិសង្ស១ អំពីវិញ្ញាណ១ អំពីភិក្ខុ​សួរប្រស្នា១ ទាំង១០នេះ ព្រះមានព្រះភាគ ពោលហើយ។

ចប់ ខជ្ជនីយវគ្គ ទី៣។

ឧទ្ទានក្នុងខជ្ជនីយវគ្គនោះគឺ

និយាយអំពីអានិសង្ស១ អំពីការកើតនៃរូប មាន២លើក អំពី​ការយល់ឃើញ​របស់​ព្រះអរហន្ត និងសមណព្រាហ្មណ៍ ដទៃទៀត មាន២លើក អំពី​ព្រះសម្មាសម្ពុទ្ធ​ប្រៀបដូចស្តេចសីហៈ១ អំពីការទំពាស៊ីដោយសាររូប ជាដើម១ អំពី​ព្រះសម្មាសម្ពុទ្ធ​ទ្រង់ស្តេច​ទៅបិណ្ឌបាត ក្នុងក្រុងកបិលព័ស្តុ១ អំពីព្រះសម្មាសម្ពុទ្ធទ្រង់គង់ ក្នុង​នគរ​បាលិលេយ្យ១ អំពី​ព្រះសម្មាសម្ពុទ្ធ ទ្រង់គង់​ក្នុងទីវាល នារាត្រីពេញបូណ៌មី១។

ថេរវគ្គ

[១៩៣] ​ទ្រង់​គង់​នៅជិត​ក្រុង​សាវត្ថី។ ក្នុង​វត្ត។ ក្នុងទី​នោះ ព្រះ​អានន្ទមាន​អាយុ ហៅ​ភិក្ខុ​ទាំង​ឡាយ​ថា អាវុសោ​ភិក្ខុ​ទាំង​ឡាយ ។ ភិក្ខុ​អម្បាល​នោះ ទទួល​ថេរវាចា​ របស់​ព្រះ​អានន្ទ​មាន​អាយុ​ថា អាវុសោ។ ព្រះ​អានន្ទ​មាន​អាយុ ​និយាយ​ដូច្នេះ​ថា អាវុសោ​ទាំង​ឡាយ ព្រះ​បុណ្ណមន្តានីបុត្តមាន​អាយុ លោក​មាន​ឧបការៈ​ច្រើន​ ដល់​យើង​ទាំង​ឡាយ ដែល​ជា​ភិក្ខុ​ថ្មី​ច្រើន​រូប លោក​តែង​ទូន្មាន​យើង​ទាំង​ឡាយ ដោយ​ឱវាទ​នេះ​ថា ម្នាល​អាវុសោ​អានន្ទ សេចក្តី​ប្រកាន់​ថា អញ រមែង​មាន ព្រោះ​អាស្រ័យ​ហេតុ មិន​មាន ព្រោះ​មិន​អាស្រ័យ​ហេតុ។ ចុះ​សេចក្តី​ប្រកាន់​ ថា​អញ រមែង​មាន​ ព្រោះ​អាស្រ័យ​ហេតុ​អ្វី​ មិន​មាន​ ព្រោះ​មិន​អាស្រ័យ​ហេតុ​អ្វី។ សេចក្តី​ប្រកាន់​ថា​ អញ រមែង​មាន ព្រោះ​អាស្រ័យ​រូប មិន​មាន​ ព្រោះ​មិន​អាស្រ័យ​រូប។ វេទនា។ សញ្ញា។ សង្ខារទាំង​ឡាយ។ សេចក្តី​​ប្រកាន់​ថា​អញ រមែង​មាន ព្រោះ​អាស្រ័យ​វិញ្ញាណ មិនមាន​ ព្រោះ​មិន​អាស្រ័យ​វិញ្ញាណ។ ម្នាល​អាវុសោ​អានន្ទ ស្ត្រី​ ឬ​បុរស កំពុង​ពេញ​កំឡោះ ពេញ​ក្រមុំ មាន​ជាតិ​ជា​អ្នក​ចូល​ចិត្តនឹង​ការ​ស្អិត​ស្អាង​ កាល​ពិនិត្យ​មើល​និមិត្ត​មុខ​របស់​ខ្លួន​ ក្នុង​កញ្ចក់ ​ដ៏​បរិសុទ្ធ​ស្អាត ​ឬ​ក្នុង​ភាជនៈ​ទឹក​ដ៏​ថ្លា ក៏​ឃើញ​ ព្រោះ​អាស្រ័យ​កញ្ចក់ ឬ​ភាជនៈ​ទឹក មិន​ឃើញ​ ព្រោះ​មិន​អាស្រ័យ​កញ្ចក់ ​ឬ​ភាជនៈ​ទឹក ដូច​ម្តេច​មិញ។ ម្នាល​អាវុសោ​អានន្ទ​ សេចក្តី​ប្រកាន់ ថា​អញ រមែង​មាន​ ព្រោះ​អាស្រ័យ​រូប មិន​មាន ​ព្រោះ​មិន​អាស្រ័យ​រូប។ វេទនា។ សញ្ញា។ សង្ខារ​ទាំង​ឡាយ។ សេចក្តី​ប្រកាន់​ ថា​អញ រមែង​មាន ព្រោះ​អាស្រ័យ​វិញ្ញាណ មិន​មាន​ ព្រោះ​មិន​អាស្រ័យ​វិញ្ញាណ ក៏​ដូច្នោះ​ដែរ។ ម្នាល​អាវុសោ​អានន្ទ អ្នក​យល់​សេចក្តី​នោះ ​ដូច​ម្តេច រូប​ទៀង ​ឬ​មិន​ទៀង។ ម្នាល​អាវុសោ មិន​ទៀង​ទេ។ វេទនា ។ សញ្ញា ។ សង្ខារ​ទាំង​ឡាយ ។ វិញ្ញាណ​ ទៀង ​ឬ​មិន​ទៀង ។ ម្នាល​អាវុសោ មិន​ទៀង​ទេ ។ ព្រោះ​ហេតុ​នោះ​ អរិយសាវ័ក​ក្នុង​សាសនា​នេះ។បេ។ ការ​យល់ឃើញ​យ៉ាង​នេះ​។បេ។ ក៏​ដឹង​ច្បាស់​ថា មគ្គភាវនាកិច្ច​ដទៃ ប្រព្រឹត្ត​ទៅ​ដើម្បី​សោឡសកិច្ច​នេះ​ទៀត មិន​មាន​ឡើយ។ ម្នាល​អាវុសោ ព្រះ​បុណ្ណមន្តានីបុត្ត មាន​អាយុ​ លោក​មាន​ឧបការៈ​ច្រើន ដល់​យើង​ទាំង​ឡាយ ដែល​ជា​ភិក្ខុ​ថ្មី​​ច្រើន​រូប លោក​តែង​ទូន្មាន​យើង​ ដោយ​ឱវាទ​នេះ មួយ​ទៀត ធម៌​ដែល​យើង​បាន​សម្រេច​ហើយ ក៏​ព្រោះ​តែ​ស្តាប់​ធម៌​ទេសនា របស់​ព្រះ​បុណ្ណមន្តានីបុត្ត​មាន​អាយុ​នេះ​ឯង ។

[១៩៤] ទ្រង់គង់នៅជិតក្រុងសាវត្ថី។ ក្នុងវត្ត។ ក៏សម័យនោះឯង ព្រះតិស្សៈ​មានអាយុ ជាបុត្ត នៃព្រះបិតុច្ឆា របស់ព្រះមានព្រះភាគ បាននិយាយ​ប្រាប់​ភិក្ខុ​ទាំង​ឡាយជាច្រើនរូប យ៉ាងនេះថា ម្នាលអាវុសោ កាយរបស់ខ្ញុំ ដូចជាសត្វ ​ដែលធ្វើ​នូវ​រស​ផ្អែម (មានឃ្មុំជាដើម) ទិសទាំងឡាយ មិនប្រាកដដល់ខ្ញុំ ធម៌ទាំងឡាយ មិនភ្លឺដល់​ខ្ញុំ ដ្បិតថីនមិទ្ធៈ គ្របសង្កត់ចិត្តរបស់ខ្ញុំ ខ្ញុំមិនត្រេកអរនឹង​ប្រព្រឹត្ត​ព្រហ្មចរិយៈផង ខ្ញុំ​មាន​សេចក្តីសង្ស័យ​ ក្នុងធម៌ទាំងឡាយផង។

[១៩៥] លំដាប់នោះ ភិក្ខុ​ទាំងឡាយច្រើនរូប ចូល​ទៅគាល់​ព្រះមានព្រះភាគ លុះ​ចូលទៅដល់ ថ្វាយបង្គំ​ព្រះមានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះភិក្ខុ​អម្បាលនោះ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ព្រះតិស្សៈមានអាយុ ជាបុត្តនៃព្រះបិតុច្ឆា របស់​ព្រះមាន​ព្រះភាគ និយាយប្រាប់ភិក្ខុទាំងឡាយច្រើនរូប យ៉ាងនេះថា ម្នាលអាវុសោ កាយ​របស់ខ្ញុំ ដូចសត្វដែលធ្វើ នូវរសផ្អែម ទិសទាំងឡាយ មិនប្រាកដដល់ខ្ញុំ ធម៌ទាំង​ឡាយ មិនភ្លឺដល់ខ្ញុំ ដ្បិតថីនមិទ្ធៈគ្របសង្កត់ចិត្តរបស់ខ្ញុំ ខ្ញុំ​មិនត្រេកអរនឹង​ប្រព្រឹត្ត​ព្រហ្មចរិយៈផង ខ្ញុំមានសេចក្តីសង្ស័យ ក្នុងធម៌ទាំងឡាយផង។ លំដាប់នោះ ព្រះមានព្រះភាគ ត្រាស់ហៅភិក្ខុមួយរូប មកថា ម្នាលភិក្ខុ អ្នកចូរចូលមកអាយ អ្នកចូរ​ហៅ​តិស្សភិក្ខុ តាមពាក្យតថាគតថា ម្នាលអាវុសោតិស្សៈ ព្រះសាស្តា ត្រាស់ហៅ​លោក។ ភិក្ខុនោះ ទទួល​ព្រះពុទ្ធដីកា របស់ព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ ហើយចូលទៅរកព្រះតិស្សៈមានអាយុ លុះចូលទៅដល់ ក៏ប្រាប់​ព្រះតិស្សៈមានអាយុ ដូច្នេះថា ម្នាលអាវុសោតិស្សៈ ព្រះសាស្តា​ទ្រង់ត្រាស់​ហៅលោក។ ព្រះតិស្សៈ​មានអាយុ ទទួលស្តាប់ពាក្យ របស់​ភិក្ខុនោះថា ករុណា អាវុសោ ហើយចូលទៅគាល់​ព្រះមានព្រះភាគ លុះចូលទៅដល់ ថ្វាយបង្គំ​ព្រះមានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះព្រះតិស្សៈមានអាយុ អង្គុយក្នុងទីសមគួរហើយ ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលតិស្សៈ ឮថា អ្នកនិយាយ​នឹង​ភិក្ខុ​ទាំងឡាយ​ច្រើនរូប យ៉ាងនេះថា ម្នាលអាវុសោ កាយរបស់ខ្ញុំ ដូចជាសត្វ ដែលធ្វើនូវរសផ្អែម។បេ។ ខ្ញុំមានសេចក្តីសង្ស័យ ក្នុងធម៌ទាំងឡាយផង ដូច្នេះ ពិតឬ។ ព្រះតិស្សៈមានអាយុ ក្រាបបង្គំ​ទូលថា យ៉ាងនុ៎ះមែន ព្រះអង្គ។ ម្នាលតិស្សៈ អ្នក​សំគាល់​សេចក្តីនោះ ដូចម្តេច កាលបើបុគ្គល ​មានតម្រេកមិនទាន់​ទៅប្រាស មាន​សេចក្តី​ពេញចិត្តមិនទាន់ទៅប្រាស មានសេចក្តីស្រឡាញ់​មិនទាន់​ទៅប្រាស មាន​សេចក្តី​ស្រេកឃ្លានមិនទាន់ទៅប្រាស មានសេចក្តី​ក្រហល់ក្រហាយមិនទាន់​ទៅប្រាស មានតណ្ហា​មិនទាន់ទៅប្រាសចាករូបទេ សេចក្តីសោក ខ្សឹកខ្សួល ទុក្ខ ទោមនស្ស ការ​តានតឹង ក្នុងចិត្តទាំងឡាយ តែងកើតឡើង ព្រោះសេចក្តីប្រែប្រួល​ទៅជាយ៉ាង​ដទៃ នៃ​រូបនោះឬ។ ព្រះករុណា ព្រះអង្គ។ ម្នាលតិស្សៈ ប្រពៃហើយ ប្រពៃហើយ ម្នាលតិស្សៈ កាល​បើបុគ្គលមានតម្រេក​មិនទាន់ទៅប្រាសចាករូប យ៉ាងណា ដំណើរនុ៎ះ ​រមែង​មាន យ៉ាងនុ៎ះឯង។ កាលបើបុគ្គល​មានតម្រេក​មិនទាន់ទៅប្រាសចាកវេទនា។ ចាក​សញ្ញា។ ចាកសង្ខារទាំងឡាយ។បេ។ សេចក្តីសោក ខ្សឹកខ្សួល ទុក្ខ ទោមនស្ស ការ​តានតឹង​ក្នុង​ចិត្តទាំងឡាយ តែង​កើតឡើង ព្រោះសេចក្តី​ប្រែប្រួលទៅជាយ៉ាងដទៃ នៃសង្ខារ​ទាំង​នោះឬ។ ព្រះករុណា ព្រះអង្គ។ ម្នាលតិស្សៈ ប្រពៃហើយ ប្រពៃហើយ ម្នាលតិស្សៈ កាល​បើបុគ្គល​មានតម្រេកមិនទាន់ទៅប្រាស ចាកសង្ខារទាំងឡាយ យ៉ាងណា ដំណើរនុ៎ះ រមែង​មាន យ៉ាងនុ៎ះឯង។ កាលបើបុគ្គល មានតម្រេក​មិនទាន់ទៅប្រាស មាន​សេចក្តីពេញចិត្តមិនទាន់ទៅប្រាស មានសេចក្តីស្រឡាញ់មិនទាន់ទៅប្រាស មាន​សេចក្តីស្រេកឃ្លាន​មិនទាន់ទៅប្រាស មានសេចក្តី​ក្រហល់ក្រហាយ​មិនទាន់ទៅប្រាស មានតណ្ហាមិនទាន់ទៅប្រាស ចាកវិញ្ញាណ សេចក្តីសោក​ ខ្សឹកខ្សួល ទុក្ខ ទោមនស្ស សេចក្តីតានតឹង ក្នុងចិត្តទាំងឡាយ តែងកើតឡើង ព្រោះសេចក្តីប្រែប្រួលទៅជាយ៉ាង​ដទៃ នៃវិញ្ញាណនោះឬ។ ព្រះករុណា ព្រះអង្គ។ ម្នាលតិស្សៈ ប្រពៃហើយ ប្រពៃ​ហើយ ម្នាលតិស្សៈ កាលបើបុគ្គលមានតម្រេក​មិនទាន់ទៅប្រាស ចាកវិញ្ញាណ យ៉ាង​ណា ដំណើរនុ៎ះ រមែង​មានយ៉ាងនុ៎ះឯង។

[១៩៦] ម្នាលតិស្សៈ អ្នកសំគាល់​សេចក្តី​នោះ ដូចម្តេច កាលបើបុគ្គល មាន​តម្រេក​ទៅប្រាសហើយ មានសេចក្តីពេញចិត្តទៅប្រាសហើយ មានសេចក្តីស្រឡាញ់​ទៅប្រាសហើយ មានសេចក្តី​ស្រេកឃ្លានទៅប្រាសហើយ មានសេចក្តី​ក្រហល់ក្រហាយ​​ទៅប្រាសហើយ មានតណ្ហាទៅប្រាសហើយ ចាករូប តើ​សេចក្តី​សោក ខ្សឹកខ្សួល ទុក្ខ ទោមនស្ស សេចក្តីតានតឹង ​ក្នុងចិត្តទាំងឡាយកើតឡើង ព្រោះ​សេចក្តីប្រែប្រួលទៅជាយ៉ាងដទៃ នៃរូបនោះដែរឬ។ មិនដូច្នោះទេ ព្រះអង្គ។ ម្នាល​តិស្សៈ ប្រពៃហើយ ប្រពៃហើយ ម្នាលតិស្សៈ កាល​បើបុគ្គល​មានតម្រេក​​ទៅប្រាសហើយ ចាករូប យ៉ាងណា ដំណើរនុ៎ះ រមែងមាន យ៉ាងនុ៎ះឯង។ កាលបើ​បុគ្គល មានតម្រេកទៅប្រាសហើយ មានសេចក្តី​ពេញចិត្ត​ទៅប្រាសហើយ មាន​សេចក្តី​ស្រឡាញ់ទៅប្រាសហើយ មានសេចក្តីស្រេកឃ្លានទៅប្រាសហើយ មាន​សេចក្តី​ក្រហល់ក្រហាយទៅប្រាសហើយ មានតណ្ហា​ទៅប្រាសហើយ ចាកវេទនា។ ចាកសញ្ញា។ ចាកសង្ខារទាំងឡាយ។ ចាកវិញ្ញាណ សេចក្តីសោក ខ្សឹកខ្សួល ទុក្ខ ទោមនស្ស សេចក្តីតានតឹងក្នុងចិត្ត តែងកើតឡើង ព្រោះសេចក្តីប្រែប្រួល​ទៅជា​យ៉ាង​ដទៃ នៃវិញ្ញាណនោះដែរឬ។ មិនដូច្នោះទេ ព្រះអង្គ។ ម្នាលតិស្សៈ ប្រពៃហើយ ប្រពៃ​ហើយ ម្នាលតិស្សៈ កាលបើបុគ្គល មានតម្រេកទៅប្រាសហើយ ចាកវិញ្ញាណ​យ៉ាង​ណា ដំណើរនុ៎ះ រមែងមានយ៉ាងនុ៎ះឯង។ ម្នាលតិស្សៈ អ្នកសំគាល់​សេចក្តីនោះ​ដូចម្តេច រូបទៀង​ ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។បេ។ វេទនា។ សញ្ញា។ សង្ខារ​ទាំង​ឡាយ។ វិញ្ញាណទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។បេ។ ព្រោះហេតុ​នោះ អរិយសាវ័ក ក្នុងសាសនានេះ។បេ។ យល់ឃើញយ៉ាងនេះ។បេ។ ក៏ដឹងច្បាស់ថា មគ្គ​ភាវនាកិច្ចដទៃ ប្រព្រឹត្ត​ទៅ ដើម្បី​សោឡសកិច្ចនេះទៀត មិនមានឡើយ។

[១៩៧] ព្រះមានព្រះភាគត្រាស់ថា ម្នាលតិស្សៈ ដូចជាបុរសពីរនាក់ បុរសម្នាក់​ជាអ្នកមិនស្ទាត់ក្នុងផ្លូវ បុរសម្នាក់​ ជាអ្នកស្ទាត់​ក្នុងផ្លូវ បុរស ដែលមិនស្ទាត់​ក្នុងផ្លូវ​នោះ សួរ​ផ្លូវ​ឯណោះ នឹងបុរសដែល​ស្ទាត់ក្នុងផ្លូវនោះ បុរស​ដែលស្ទាត់​ក្នុងផ្លូវ​ប្រាប់​យ៉ាង​នេះថា ម្នាលបុរសដ៏ចម្រើន នេះផ្លូវ ចូរអ្នកទៅតាមផ្លូវនោះបន្តិចចុះ លុះអ្នកទៅ​តាម​ផ្លូវនោះបន្តិចទៅ នឹងឃើញ​ផ្លូវបែកជាពីរ បណ្តាផ្លូវទាំងពីរនោះ ចូរអ្នកលះបង់ផ្លូវ​ខាងឆ្វេង កាន់យកផ្លូវខាងស្តាំ ចូរអ្នកទៅតាមផ្លូវខាងស្តាំនោះបន្តិចទៀត លុះអ្នកទៅ​តាមផ្លូវខាងស្តាំនោះបន្តិចទៅ នឹងបានឃើញដងព្រៃ​ស្រោង ចូរអ្នកទៅតាមដងព្រៃ​ស្រោងនោះ បន្តិចទៀត លុះអ្នកទៅតាម​ដងព្រៃស្រោងនោះ បន្តិចទៅ នឹងបានឃើញ​​ល្បាប់ទំនាបធំ ចូរអ្នកទៅតាម​ល្បាប់ទំនាបធំនោះ បន្តិចទៀត លុះអ្នក​ទៅតាមល្បាប់ទំនាប​ធំនោះបន្តិចទៅ នឹងបានឃើញអូរ និងជ្រោះ ចូរ​អ្នកទៅ​តាម​អូរ​ និង​ជ្រោះនោះបន្តិចទៀត លុះអ្នកទៅតាមអូរ និងជ្រោះនោះបន្តិចទៅ នឹង​បានឃើញ​ភូមិភាគ ដ៏រាបស្មើ គួរជាទីត្រេកអរ។ ម្នាលតិស្សៈ តថាគត ធ្វើសេចក្តីឧបមានេះ ដើម្បី​ឲ្យ​អ្នកយល់សេចក្តី នេះឯង ជាសេចក្តីអធិប្បាយ ​ក្នុងដំណើរនុ៎ះ។ ម្នាលតិស្សៈ ពាក្យថា បុរសមិនស្ទាត់ក្នុងផ្លូវ នុ៎ះ ជាឈ្មោះ របស់បុថុជ្ជន។ ម្នាលតិស្សៈ ពាក្យថា បុរស​ស្ទាត់​ក្នុងផ្លូវនុ៎ះ ជាឈ្មោះរបស់ព្រះតថាគត អរហន្តសម្មាសម្ពុទ្ធ។ ម្នាលតិស្សៈ ពាក្យថា ផ្លូវបែក​ជាពីរនុ៎ះ ជាឈ្មោះ របស់វិចិកិច្ឆា។ ម្នាលតិស្សៈ ពាក្យថា ផ្លូវ​ខាងឆ្វេង​នុ៎ះ ជាឈ្មោះរបស់ផ្លូវខុស ប្រកបដោយអង្គ៨។ អង្គ៨ តើដូចម្តេច។ គឺមិច្ឆាទិដ្ឋិ។បេ។ មិច្ឆាសមាធិ។ ម្នាលតិស្សៈ ពាក្យថា ផ្លូវខាងស្តាំនុ៎ះ ជាឈ្មោះរបស់ផ្លូវ ប្រកប​ដោយ​អង្គ៨។ អង្គ៨ តើដូចម្តេច។ គឺសម្មាទិដ្ឋិ។បេ។ សម្មាសមាធិ។ ម្នាលតិស្សៈ ពាក្យថា ដង​ព្រៃស្រោងនុ៎ះ ជាឈ្មោះរបស់អវិជ្ជា។ ម្នាលតិស្សៈ ពាក្យថា ល្បាប់ទំនាបធំនុ៎ះ ជា​ឈ្មោះ​របស់កាមទាំងឡាយ។ ម្នាលតិស្សៈ ពាក្យថា អូរ​ និងជ្រោះនុ៎ះ ជាឈ្មោះរបស់​សេចក្តីក្រោធ និងសេចក្តីតានតឹងក្នុងចិត្ត។ ម្នាលតិស្សៈ ពាក្យថា ភូមិភាគ ដ៏​រាបស្មើ គួរជាទីត្រេកអរនុ៎ះ ជាឈ្មោះរបស់ព្រះនិព្វាន។ ម្នាលតិស្សៈ ចូរអ្នកត្រេកអរចុះ ម្នាលតិស្សៈ ចូរអ្នកត្រេកអរចុះថា អាត្មាអញ ត្រេកអរដោយឱវាទ អាត្មាអញ ត្រេក​អរ ដោយសេចក្តី​អនុគ្រោះ អាត្មាអញ ត្រេកអរ ដោយពាក្យប្រៀនប្រដៅ។ ព្រះមានព្រះភាគ បានត្រាស់​ព្រះសូត្រនេះចប់ហើយ។ ព្រះតិស្សៈមានអាយុ មាន​ចិត្ត​ត្រេកអររីករាយ នឹងភាសិតរបស់ព្រះមានព្រះភាគ។

[១៩៨] សម័យមួយ ព្រះសារីបុត្តមានអាយុ គង់នៅក្នុងវត្តជេតពន របស់​អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ ក៏សម័យនោះឯង ភិក្ខុឈ្មោះ យមកៈ កើត​ទិដ្ឋិ​អាក្រក់ មានសភាពយ៉ាងនេះថា អញយល់ច្បាស់នូវធម៌ ដែល​ព្រះមានព្រះភាគ​សំដែងហើយថា ភិក្ខុជាខីណាស្រព តែទម្លាយកាយហើយ ខាងមុខអំពីសេចក្តី​ស្លាប់ទៅ រមែង​ដាច់សូន្យទៅ មិនកើតទៀតទេ។ ភិក្ខុទាំងឡាយច្រើនរូប បាន​ឮថា យមកភិក្ខុ កើត​ទិដ្ឋិ​អាក្រក់ មានសភាពយ៉ាងនេះថា អញយល់ច្បាស់នូវធម៌ ដែល​ព្រះមានព្រះភាគ​សំដែងហើយថា ភិក្ខុជាខីណាស្រព តែទម្លាយកាយហើយ ខាងមុខអំពីសេចក្តី​ស្លាប់ទៅ រមែង​ដាច់សូន្យទៅ មិនកើតទៀតទេ។ លំដាប់​នោះ ភិក្ខុ​អម្បាលនោះ ចូលទៅរកយមកភិក្ខុមានអាយុ លុះចូលទៅដល់ហើយ ក៏រាក់ទាក់​ជាមួយនឹងយមកភិក្ខុមានអាយុ លុះបញ្ចប់ពាក្យគួររីករាយ និងពាក្យដែលគួរ​រឭក​ហើយ ក៏អង្គុយក្នុងទីសមគួរ។ លុះភិក្ខុអម្បាលនោះ អង្គុយក្នុងទីសមគួរហើយ ទើប​ពោល​នឹងយមកភិក្ខុមានអាយុ ដូច្នេះថា ម្នាលអាវុសោយមកៈ ឮថា លោកកើត​​ទិដ្ឋិ​អាក្រក់ មានសភាពយ៉ាងនេះថា អញយល់ច្បាស់នូវធម៌ ដែល​ព្រះមានព្រះភាគ​សំដែងហើយថា ភិក្ខុជាខីណាស្រព តែទម្លាយកាយហើយ ខាងមុខអំពីសេចក្តី​ស្លាប់ទៅ រមែង​ដាច់សូន្យទៅ មិនកើតទៀត ដូច្នេះពិតឬ។ យមកភិក្ខុមានអាយុ ឆ្លើយ​ថា ម្នាលអាវុសោ យ៉ាងហ្នឹងមែនហើយ ខ្ញុំយល់ច្បាស់នូវ​ធម៌ដែល​ព្រះមានព្រះភាគ សំដែងហើយថា ភិក្ខុជាខីណាស្រព តែទម្លាយ​កាយហើយ ខាងមុខអំពី​សេចក្តីស្លាប់​ទៅ រមែងដាច់សូន្យ មិនកើតទៀតទេ។ ម្នាលអាវុសោយមកៈ លោកកុំពោលយ៉ាង​នេះ​ឡើយ លោកកុំពោលបង្កាច់​ព្រះមានព្រះភាគឡើយ ការពោលបង្កាច់​ព្រះមានព្រះភាគ មិនល្អទេ ព្រោះព្រះមានព្រះភាគ មិនមែន​ត្រាស់យ៉ាងនេះថា ភិក្ខុ​ជាខីណាស្រព តែទម្លាយកាយហើយ ខាងមុខអំពីសេចក្តីស្លាប់ទៅ រមែង​ដាច់​សូន្យ មិនកើតទៀត យ៉ាងនេះទេ។ កាលភិក្ខុអម្បាលនោះ ពោល (ហាមឃាត់) យ៉ាងនេះ​ហើយ យមកភិក្ខុមានអាយុ ក៏នៅតែកួចកាន់ ស្ទាបអង្អែល​ទិដ្ឋិអាក្រក់​នោះ ដូច្នោះ​ដដែល ហើយពោលថា ខ្ញុំយល់ច្បាស់ នូវធម៌​ដែល​ព្រះមានព្រះភាគ សំដែង​ហើយ​ថា ភិក្ខុ​ជាខីណាស្រព តែទម្លាយកាយហើយ ខាងមុខអំពីសេចក្តីស្លាប់ទៅ រមែង​ដាច់​សូន្យបាត់ទៅ មិនកើតទៀតទេ។ កាលបើភិក្ខុអម្បាលនោះ មិនអាច​រំដោះ​យមកភិក្ខុ​មាន​អាយុ ចាកទិដ្ឋិអាក្រក់នេះបានទេ។ ទើបភិក្ខុអម្បាលនោះ ក្រោកចាកអាសនៈ ចូលទៅរក​ព្រះសារីបុត្តមានអាយុ លុះចូលទៅដល់ហើយ  ក៏ពោលនឹងព្រះសារីបុត្ត​មានអាយុ ដូច្នេះថា ម្នាលអាវុសោ សារីបុត្ត យមកភិក្ខុ កើតទិដ្ឋិអាក្រក់ មានសភាព​យ៉ាងនេះថា អញ​យល់ច្បាស់ នូវធម៌ដែលព្រះមានព្រះភាគ សំដែងហើយថា ភិក្ខុ​ជាខីណាស្រព តែទម្លាយកាយហើយ ខាងមុខអំពីសេចក្តីស្លាប់ទៅ រមែង​ដាច់​សូន្យទៅ មិនកើតទៀត​ទេ សូមព្រះសារីបុត្តមានអាយុ និមន្តចូលទៅរកយមកភិក្ខុ ដើម្បីធ្វើនូវ​សេចក្តីអនុគ្រោះ។ ព្រះសារីបុត្តមានអាយុ ក៏ទទួលដោយតុណ្ហីភាព។

[១៩៩] លំដាប់នោះ ព្រះសារីបុត្តមានអាយុ ចេញអំពីទីសម្ងំ ក្នុង​សាយណ្ហ​សម័យ ហើយចូលទៅរកយមកភិក្ខុមានអាយុ លុះចូលទៅដល់ ក៏ពោលពាក្យ​រាក់​ទាក់ ជាមួយនឹង​យមកភិក្ខុមានអាយុ។បេ។ លុះព្រះសារីបុត្តមានអាយុ គង់​ក្នុងទី​សមគួរហើយ ក៏ពោលនឹង​យមកភិក្ខុមានអាយុ ដូច្នេះថា ម្នាលអាវុសោយមកៈ ឮថា លោកកើតទិដ្ឋិអាក្រក់ មានសភាពយ៉ាងនេះថា អញយល់ច្បាស់ នូវ​ធម៌​ដែល​ព្រះមានព្រះភាគ សំដែងហើយថា ភិក្ខុ​ជាខីណាស្រព តែទម្លាយកាយហើយ ខាងមុខអំពីសេចក្តីស្លាប់ទៅ រមែង​ដាច់​សូន្យទៅ មិនកើតទៀត ដូច្នេះ មែនឬ។ យមកភិក្ខុមានអាយុ ឆ្លើយថា យ៉ាងហ្នឹងមែនហើយ ម្នាលអាវុសោ ខ្ញុំយល់ច្បាស់​ នូវ​ធម៌​ដែលព្រះមានព្រះភាគ សំដែងហើយថា ភិក្ខុ​ជាខីណាស្រព តែទម្លាយកាយហើយ ខាងមុខអំពីសេចក្តីស្លាប់ទៅ រមែង​ដាច់​សូន្យទៅ មិនកើតទៀតទេ។ ម្នាលអាវុសោយមកៈ លោកសំគាល់​សេចក្តីនោះ ដូចម្តេច រូប​ទៀង ឬ​មិនទៀង។ មិនទៀងទេ អាវុសោ។ វេទនា។ សញ្ញា។ សង្ខារទាំងឡាយ។ វិញ្ញាណ ទៀង ​ឬមិនទៀង។ មិនទៀងទេ អាវុសោ។ ព្រោះហេតុនោះ អរិយសាវ័កក្នុង​សាសនា​នេះ។បេ។ ឃើញយ៉ាងនេះ។បេ។ ក៏ដឹងច្បាស់ថា មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បី​សោឡសកិច្ចនេះទៀត មិនមានឡើយ។

[២០០] ម្នាលអាវុសោយមកៈ លោកសំគាល់សេចក្តីនោះ ដូចម្តេច លោក​ពិចារណា​ឃើញ​រូប ថាជាសត្វឬ។ មិនដូច្នោះទេ អាវុសោ។ ព្រះសារីបុត្ត​សួរថា លោក​ពិចារណា​ឃើញវេទនា ថាជាសត្វឬ។ មិនដូច្នោះទេ អាវុសោ។ សញ្ញា។ សង្ខារទាំងឡាយ។ លោក​ពិចារណា​ឃើញវិញ្ញាណ ថាជាសត្វឬ។ មិនដូច្នោះទេ អាវុសោ។

[២០១] ម្នាលអាវុសោយមកៈ លោកសំគាល់​សេចក្តីនោះ ដូចម្តេច លោក​ពិចារណា​ឃើញថា សត្វមានក្នុង​រូបឬ។ មិនដូច្នោះទេ អាវុសោ។ លោក​ពិចារណា​ឃើញថា សត្វផ្សេងពី​រូបឬ។ មិនដូច្នោះទេ អាវុសោ។ ក្នុងវេទនា។បេ។ ផ្សេងពីវេទនា។បេ។ ក្នុងសញ្ញា។ ផ្សេងពីសញ្ញា។ ក្នុងសង្ខារទាំងឡាយ។ ផ្សេងពីសង្ខារ​ទាំងឡាយ។ លោក​ពិចារណា​ឃើញថា សត្វមានក្នុងវិញ្ញាណឬ។ មិនដូច្នោះទេ អាវុសោ។ លោក​ពិចារណា​ឃើញថា សត្វផ្សេងពីវិញ្ញាណឬ។ មិនដូច្នោះទេ អាវុសោ។

[២០២] ម្នាលអាវុសោយមកៈ លោកសំគាល់សេចក្តីនោះ ដូចម្តេច លោកពិចារណាឃើញរូប។ វេទនា។ សញ្ញា។ សង្ខារទាំងឡាយ។ វិញ្ញាណ ថាជាសត្វឬ។ មិនដូច្នោះទេ អាវុសោ។

[២០៣] ម្នាលអាវុសោយមកៈ លោកសំគាល់សេចក្តីនោះ ដូចម្តេច លោកពិចារណាឃើញសត្វនេះថា មិនមានរូប មិនមានវេទនា មិនមានសញ្ញា មិនមានសង្ខារ មិនមានវិញ្ញាណឬ។ មិនដូច្នោះទេ អាវុសោ។ ម្នាលអាវុសោយមកៈ ក្នុង​ស្ថាននេះ កាលបើលោកកំណត់សត្វ ថាទៀង ថាពិត ក្នុងបច្ចុប្បន្នហើយ ការព្យាករណ៍ របស់លោកនោះ គួរហើយឬ ថាអញយល់ច្បាស់នូវធម៌ ដែល​ព្រះមានព្រះភាគ សម្តែងហើយថា ភិក្ខុ​ជាខីណាស្រព តែទម្លាយកាយហើយ ខាងមុខអំពីសេចក្តីស្លាប់ទៅ រមែង​ដាច់​សូន្យបាត់ទៅ មិនកើតទៀត។ ម្នាលអាវុសោ​សារីបុត្ត កាលពីដើម ខ្ញុំមិនដឹងថា ទិដ្ឋិរបស់ខ្ញុំនោះ ជាទិដ្ឋិអាក្រក់ ឥឡូវនេះ ខ្ញុំ​លះបង់​ទិដ្ឋិអាក្រក់នោះហើយ ព្រោះបានស្តាប់ធម្មទេសនា របស់​ព្រះសារីបុត្តមានអាយុនេះ មួយទៀត ខ្ញុំក៏បានសម្រេចធម៌វិសេសហើយ។

[២០៤] ម្នាលអាវុសោយមកៈ បើជនទាំងឡាយសួរលោកយ៉ាងនេះថា ម្នាល​អាវុសោយមកៈ ភិក្ខុណា ជាអរហន្តខីណាស្រព ភិក្ខុនោះ ទម្លាយកាយហើយ ខាងមុខ​អំពីសេចក្តីស្លាប់ទៅ នឹងកើតទៀតឬ ម្នាលអាវុសោយមកៈ កាលបើគេសួរ​យ៉ាងនេះ លោក​គប្បី​ព្យាករ (ឆ្លើយ) ដូចម្តេចទៅ។ ម្នាលអាវុសោ បើគេសួរខ្ញុំ យ៉ាងនេះថា ម្នាលអាវុសោយមកៈ ភិក្ខុណា ជាអរហន្ត ខីណាស្រព ភិក្ខុនោះ លុះ​ទម្លាយកាយហើយ ខាងមុខ​អំពីសេចក្តីស្លាប់ទៅ នឹងកើតទៀតឬ ម្នាលអាវុសោ កាលបើគេសួរយ៉ាងនេះ ខ្ញុំ​គប្បី​ព្យាករយ៉ាងនេះថា ម្នាលអាវុសោ រូប​មិនទៀងទេ រូប​ណាមិនទៀង រូបនោះជាទុក្ខ រូបណាជាទុក្ខ រូបនោះ​ រលត់ទៅ ដល់នូវសេចក្តី​វិនាស​ទៅ។ វេទនា។ សញ្ញា។ សង្ខារទាំងឡាយ។ វិញ្ញាណមិនទៀងទេ វិញ្ញាណណា មិនទៀង វិញ្ញាណនោះជាទុក្ខ វិញ្ញាណណាជាទុក្ខ វិញ្ញាណនោះ​ រលត់​ទៅ ដល់នូវ​សេចក្តីវិនាស​ទៅ ម្នាលអាវុសោ កាលបើគេសួរយ៉ាងនេះ ខ្ញុំគប្បី​ព្យាករយ៉ាង​នេះឯង។

[២០៥] ម្នាលអាវុសោយមកៈ ប្រពៃហើយ ប្រពៃហើយ ម្នាលអាវុសោយមកៈ បើ​ដូច្នោះ ខ្ញុំនឹងធ្វើ​សេចក្តី​ឧបមាឲ្យលោកស្តាប់ ដើម្បីឲ្យដឹងសេចក្តីនោះ ច្បាស់លាស់​ឡើង​ទៀត។ ម្នាលអាវុសោយមកៈ ដូចជាគហបតី ឬគហបតិបុត្ត ជាអ្នកស្តុកស្តម្ភ មាន​ទ្រព្យច្រើន មានភោគៈច្រើន គហបតី ឬគហបតិបុត្តនោះ ក៏​ប្រកបដោយ​ការ​រក្សា​មាំមួន ទោះបីបុរសណាមួយ ចង់ឲ្យ​គហបតី ឬគហបតិបុត្តនោះវិនាស ចង់ឲ្យ​ខូច​ប្រយោជន៍ មិនចង់ឲ្យក្សេមក្សាន្តចាកយោគៈ ចង់សម្លាប់​គហបតី ឬគហបតិបុត្តនោះ បុរសនោះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា គហបតី ឬគហបតិបុត្តនេះឯង ជាអ្នក​ស្តុក​ស្តម្ភ មានទ្រព្យច្រើន មានភោគៈច្រើន គហបតី ឬគហបតិបុត្តនោះ ក៏ប្រកបដោយ​ការ​រក្សាមាំមួន អញមិនងាយនឹងកំហែង​សម្លាប់​គហបតី ឬគហបតិបុត្តនេះបានទេ បើ​ដូច្នោះ មានតែអញចូលទៅ​លួងលោមហើយ សឹមសម្លាប់។ បុរសនោះ ក៏ចូល​ទៅ​រកគហបតី ឬគហបតិបុត្តនោះ ហើយនិយាយ យ៉ាងនេះថា សូមមេត្តាប្រោស ខ្ញុំ​បាទ​សូមបម្រើលោក។ គហបតី ឬគហបតិបុត្តនោះ ក៏ឲ្យបុរសនោះបម្រើ លុះបុរសនោះ ចូល​ទៅបម្រើ ក៏ក្រោកឡើងមុន ដេកក្រោយ ទទួលធ្វើការអ្វីៗ ប្រព្រឹត្តជាទីគាប់ចិត្ត ពោល​ពាក្យជាទីស្រឡាញ់ នៃ​គហបតី ឬគហបតិបុត្តនោះ​ លុះគហបតី ឬគហបតិបុត្តនោះ ជឿបុរសនោះថាជាមិត្តផង ជឿបុរសនោះ ថាជាបុគ្គល​មាន​ចិត្ត​ល្អ​ផង ហើយក៏ដល់នូវសេចក្តី​ស្និទ្ធស្នាល នឹងបុរសនោះ។ ម្នាលអាវុសោ កាលណាបើ​បុរស​នោះ គិតយ៉ាងនេះថា គហបតី ឬគហបតិបុត្តនេះ អញបានស្និទ្ធស្នាលល្អហើយ លុះវេលាខាងក្រោយដឹងថា គហបតី ឬគហបតិបុត្តនោះ នៅក្នុងទីស្ងាត់ ក៏​សម្លាប់​ដោយ​សស្ត្រាដ៏មុត។ ម្នាលអាវុសោយមកៈ លោក​សំគាល់​សេចក្តី​នោះ ដូចម្តេច កាល​ដែលបុរសនោះ ចូលទៅរកគហបតី ឬគហបតិបុត្តឯណោះ ហើយនិយាយ ​យ៉ាង​នេះថា សូមមេត្តាប្រោស ខ្ញុំបាទសូមបម្រើលោក គហបតី ឬគហបតិបុត្ត ដែល​ត្រូវ​គេ​សម្លាប់នោះឯង មិនស្គាល់​បុរសអ្នកសម្លាប់ថា ជាអ្នកសម្លាប់ខ្លួនទេឬ។ កាលដែល​បុរស​នោះ ចូលទៅបម្រើ ក៏ក្រោកឡើងមុន ដេកក្រោយ ទទួលធ្វើការអ្វីៗ ប្រព្រឹត្ត​ជាទី​ពេញចិត្ត ពោលពាក្យជាទីស្រឡាញ់ គហបតី ឬគហបតិបុត្ត ដែលត្រូវគេ​សម្លាប់​នោះឯង មិនស្គាល់បុរសអ្នកសម្លាប់ថា ជាអ្នកសម្លាប់ខ្លួនទេ។ កាលដែលបុរស​នោះ​ដឹង​ថា គហបតី ឬគហបតិបុត្តនោះ នៅក្នុងទីស្ងាត់ហើយ ក៏សម្លាប់ដោយសស្ត្រាដ៏​មុត តើគហបតី ឬគហបតិបុត្ត ដែលត្រូវគេសម្លាប់នោះឯង មិនស្គាល់បុរសអ្នក​សម្លាប់ ថាជាអ្នកសម្លាប់ខ្លួនទេឬ។ យ៉ាងហ្នឹងឯង អាវុសោ។

[២០៦] ព្រះសារីបុត្តពោលថា ម្នាលអាវុសោ បុថុជ្ជនអ្នកមិនចេះដឹង មិន​ធ្លាប់​ឃើញពួកព្រះអរិយៈ មិនឈ្លាសវៃក្នុងអរិយធម៌ មិនហ្វឹកហ្វឺនក្នុងអរិយធម៌ មិន​ឃើញ​ពួកសប្បុរស មិនឈ្លាសវៃ ក្នុងសប្បុរិសធម៌ មិនហ្វឹកហ្វឺនក្នុងសប្បុរិសធម៌ រមែង​ឃើញ​រូប ​ថាជាខ្លួនខ្លះ ឃើញខ្លួន ថាមានរូបខ្លះ ឃើញរូប​ ថាមានក្នុងខ្លួនខ្លះ ឃើញខ្លួន​ ថា​មានក្នុងរូបខ្លះ។ ឃើញវេទនា។ សញ្ញា។ សង្ខារទាំងឡាយ។ វិញ្ញាណ ថាជាខ្លួន។បេ។ ឃើញខ្លួន ថាមានក្នុងវិញ្ញាណខ្លះ។ បុថុជ្ជននោះ រមែងមិនដឹង​ច្បាស់​តាម​សេចក្តីពិត នូវរូបមិនទៀង ថារូបមិនទៀង រមែង​មិនដឹងច្បាស់តាមសេចក្តីពិត នូវវេទនាមិនទៀង ថាវេទនាមិនទៀង រមែង​មិនដឹងច្បាស់តាមសេចក្តីពិត នូវសញ្ញា​មិនទៀង ថាសញ្ញាមិនទៀង រមែង​មិនដឹងច្បាស់តាមសេចក្តីពិត នូវសង្ខារទាំងឡាយ​មិនទៀង ថាសង្ខារទាំងឡាយ មិនទៀងឡើយ រមែង​មិនដឹងច្បាស់តាមសេចក្តីពិត នូវវិញ្ញាណមិនទៀង ថាវិញ្ញាណមិនទៀងឡើយ។ រមែង​មិនដឹងច្បាស់តាមសេចក្តីពិត នូវរូប​ជាទុក្ខ ថារូបជាទុក្ខឡើយ។ នូវវេទនាជាទុក្ខ។ នូវសញ្ញាជាទុក្ខ។ នូវសង្ខារ​ទាំងឡាយជាទុក្ខ។ រមែង​មិនដឹងច្បាស់តាមសេចក្តីពិត នូវវិញ្ញាណជាទុក្ខ ថា​វិញ្ញាណ​ជាទុក្ខឡើយ។ រមែង​មិនដឹងច្បាស់តាមសេចក្តីពិត នូវរូប​មិនមែនខ្លួន ថារូប​មិនមែន​ខ្លួនឡើយ។ នូវវេទនាមិនមែនខ្លួន។ នូវសញ្ញាមិនមែនខ្លួន។ នូវសង្ខារទាំងឡាយ​មិន​មែនខ្លួន។ រមែង​មិនដឹងច្បាស់តាមសេចក្តីពិត នូវវិញ្ញាណមិនមែនខ្លួន ថាវិញ្ញាណ​មិន​មែនខ្លួនឡើយ។ រមែង​មិនដឹងច្បាស់តាមសេចក្តីពិត នូវរូប​មានបច្ច័យតាក់តែង ថា​រូប​មានបច្ច័យតាក់តែងឡើយ។ នូវវេទនា​មានបច្ច័យតាក់តែង។ នូវ​សញ្ញាមានបច្ច័យ​តាក់​តែង។ នូវសង្ខារទាំងឡាយ មានបច្ច័យតាក់តែង។ រមែង​មិនដឹងច្បាស់​តាមសេចក្តី​ពិត នូវវិញ្ញាណ​មានបច្ច័យតាក់តែង ថាវិញ្ញាណ​មាន​បច្ច័យ​តាក់តែង​ឡើយ។ រមែង​មិនដឹងច្បាស់តាមសេចក្តីពិត នូវរូបជា​អ្នកសម្លាប់ ថារូប​ជា​អ្នក​សម្លាប់ឡើយ។ នូវវេទនាជាអ្នកសម្លាប់។ នូវសញ្ញាជាអ្នកសម្លាប់។ នូវសង្ខារ​ទាំង​ឡាយជាអ្នក​សម្លាប់។ រមែង​មិនដឹងច្បាស់តាមសេចក្តីពិត នូវវិញ្ញាណ​ជាអ្នក​សម្លាប់​ ថាវិញ្ញាណជាអ្នកសម្លាប់ឡើយ។ បុថុជ្ជននោះ រមែងចូលទៅប្រកាន់ខ្ជាប់ តាំងចិត្តស៊ប់ នូវរូបថាជាខ្លួនរបស់អញ។ រមែងចូលទៅប្រកាន់ខ្ជាប់ តាំងចិត្តស៊ប់ នូវ​វេទនា។ នូវសញ្ញា។ នូវសង្ខារទាំងឡាយ។ នូវវិញ្ញាណ ​ថាជាខ្លួនរបស់អញ។ ឧបាទានក្ខន្ធ ទាំង៥នេះ ដែលបុថុជ្ជននោះ ចូលទៅប្រកាន់ខ្ជាប់ហើយ រមែង​ប្រព្រឹត្ត​ទៅ ដើម្បី​មិនជាប្រយោជន៍ ដើម្បីទុក្ខ អស់កាលជាអង្វែង។

[២០៧] ព្រះសារីបុត្តពោលថា ម្នាលអាវុសោ ឯអរិយសាវ័ក ជាអ្នកចេះដឹង បាន​ឃើញ​ពួកព្រះអរិយៈ ឈ្លាសវៃ ក្នុងអរិយធម៌ ហ្វឹកហ្វឺនក្នុងអរិយធម៌។បេ។ ជា​អ្នកហឹ្វកហ្វឺនក្នុងសប្បុរិសធម៌ រមែង​មិនឃើញរូប​ថាជាខ្លួន មិនឃើញ​ខ្លួន​ថាមានរូបខ្លះ មិនឃើញ​រូបថាមានក្នុងខ្លួនខ្លះ មិនឃើញ​ខ្លួន ថាមានក្នុងរូបខ្លះ។ មិន​ឃើញវេទនា។ មិនឃើញ​សញ្ញា។ មិនឃើញសង្ខារទាំងឡាយ។ មិនឃើញ​វិញ្ញាណ ​ថា​ជាខ្លួន មិនឃើញ​ខ្លួន ថាមានវិញ្ញាណខ្លះ មិនឃើញ​វិញ្ញាណ​ថាមានក្នុងខ្លួនខ្លះ មិន​ឃើញ​ខ្លួន ថាមានក្នុងវិញ្ញាណខ្លះ។ អរិយសាវ័កនោះ ដឹងច្បាស់​តាមសេចក្តីពិត នូវ​រូប​មិនទៀងថា រូបមិនទៀងមែន។ នូវវេទនា​មិនទៀង។ នូវសញ្ញាមិនទៀង។ នូវ​សង្ខារ​ទាំងឡាយមិនទៀង។ ដឹងច្បាស់តាមសេចក្តី​ពិត នូវវិញ្ញាណ​មិនទៀង ថា វិញ្ញាណ​មិនទៀង​មែន។ ដឹងច្បាស់តាមសេចក្តីពិត នូវរូប​ជាទុក្ខថា រូបជាទុក្ខមែន។ ដឹងច្បាស់​តាម​សេចក្តីពិត នូវវេទនាជាទុក្ខ។ នូវសញ្ញាជាទុក្ខ។ នូវសង្ខារទាំងឡាយ​ជាទុក្ខ។ នូវ​វិញ្ញាណជាទុក្ខ ថាវិញ្ញាណជាទុក្ខមែន។ ដឹងច្បាស់​តាមសេចក្តីពិត នូវ​រូប​មិនមែន​ខ្លួន​ថា រូបមិនមែនខ្លួនមែន។ ដឹងច្បាស់តាមសេចក្តីពិតនូវវេទនា​មិនមែនខ្លួន។ នូវសញ្ញា​មិនមែនខ្លួន។ នូវសង្ខារទាំងឡាយមិនមែនខ្លួន។ នូវវិញ្ញាណមិនមែនខ្លួនថា វិញ្ញាណ​មិន​មែនខ្លួនមែន។ ដឹងច្បាស់​តាមសេចក្តីពិត នូវរូបមានបច្ច័យតាក់តែងថា រូបមាន​បច្ច័យតាក់តែងមែន។ ដឹងច្បាស់តាមសេចក្តីពិត នូវវេទនា មានបច្ច័យតាក់តែង​។ នូវសញ្ញា មានបច្ច័យតាក់តែង។ នូវសង្ខារទាំងឡាយ​មានបច្ច័យតាក់តែង។ នូវវិញ្ញាណ​មានបច្ច័យ​តាក់តែងថា វិញ្ញាណមានបច្ច័យ​តាក់តែង​មែន។ ដឹងច្បាស់​តាម​សេចក្តីពិត នូវរូបជាអ្នកសម្លាប់ថា រូបជាអ្នក​សម្លាប់​មែន។ ដឹងច្បាស់តាមសេចក្តី​ពិត នូវវេទនាជាអ្នកសម្លាប់។ នូវសញ្ញា​ជាអ្នក​សម្លាប់។ នូវសង្ខារទាំងឡាយជាអ្នក​សម្លាប់ថា សង្ខារទាំងឡាយជាអ្នកសម្លាប់មែន។ ដឹងច្បាស់តាមសេចក្តីពិត នូវវិញ្ញាណ​ជាអ្នកសម្លាប់ថា វិញ្ញាណ​ជាអ្នកសម្លាប់មែន។ អរិយសាវ័កនោះ ក៏​មិន​ចូលទៅជិត មិនប្រកាន់ខ្ជាប់ មិនតាំងចិត្តស៊ប់ នូវរូប ថាជាខ្លួនរបស់អញ។ មិនចូល​ទៅ​ជិត មិនប្រកាន់ខ្ជាប់ មិនតាំងចិត្តស៊ប់ នូវវេទនា។ នូវសញ្ញា។ នូវសង្ខារទាំងឡាយ។ នូវ​វិញ្ញាណ ថាជាខ្លួនរបស់អញ។ ឧបាទានក្ខន្ធ ទាំង៥នេះ ដែល​អរិយសាវ័កនោះ មិន​ចូលទៅជិត មិនប្រកាន់ខ្ជាប់ រមែងប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ អស់​កាលជាអង្វែង។ យមកភិក្ខុតបថា ម្នាលអាវុសោ សារីបុត្ត សេចក្តីនុ៎ះ យ៉ាងហ្នឹង​មែន​ហើយ បណ្តាលោកមានអាយុ​ទាំងឡាយណា លោកមានអាយុទាំងឡាយនោះ ប្រាកដ​ដូចជាលោកម្ចាស់ ឈ្មោះថា ជាសព្រហ្មចារី ជាអ្នកអនុគ្រោះ ចង់ឲ្យ​បានប្រយោជន៍ ជាអ្នកឲ្យឱវាទ ជាអ្នកប្រៀន​ប្រដៅមែន ឯចិត្តរបស់ខ្ញុំ រួចចាកអាសវៈ មិនប្រកាន់មាំហើយ ព្រោះបានស្តាប់​ធម្មទេសនានេះ របស់ព្រះសារីបុត្តមានអាយុ។

[២០៨] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងកូដាគារសាលា នាមហាវ័ន ជិតក្រុងវេសាលី។ សម័យនោះឯង ព្រះអនុរាធមានអាយុ នៅក្នុងអរញ្ញកុដិ ក្នុងទីជិតព្រះមានព្រះភាគ។ គ្រានោះ ពួក​បរិព្វាជក ជាអន្យតិរ្ថិយ​ច្រើន​រូប ចូលទៅរក​ព្រះអនុរាធមានអាយុ លុះចូលទៅដល់ ក៏ធ្វើ​សេចក្តី​រីករាយ ជាមួយនឹងព្រះអនុរាធមានអាយុ លុះបញ្ចប់​ពាក្យគួររីករាយ និងពាក្យ​គួរ​រឭក​ហើយ ក៏អង្គុយ​ក្នុងទីសមគួរ។ លុះបរិព្វាជក ជាអន្យតិរ្ថិយ​អម្បាលនោះ អង្គុយ​ក្នុង​ទីសម​គួរហើយ ក៏និយាយនឹង​ព្រះអនុរាធមានអាយុ ដូច្នេះថា ម្នាលអាវុសោ អនុរាធ ព្រះតថាគតណា ជាបុរសឧត្តម ជាបុរសដ៏ខ្ពង់ខ្ពស់ ដល់​នូវ​តំណែងដ៏ខ្ពង់ខ្ពស់ ព្រះតថាគតនោះ កាលនឹង​បញ្ញត្តនូវសត្វនោះ តែង​បញ្ញត្តក្នុង​ស្ថាន​៤នេះថា សត្វស្លាប់ទៅកើតទៀតក៏មាន សត្វស្លាប់ទៅមិនកើតទៀតក៏មាន សត្វ​ស្លាប់ទៅ កើតទៀតខ្លះ មិនកើតទៀតខ្លះក៏មាន សត្វស្លាប់​ទៅ កើតទៀត​ក៏​មិនមែន មិន​កើតទៀត​ក៏មិនមែនក៏មាន។ កាលបើពួកបរិព្វាជក ជាអន្យតិរ្ថិយ ពោល​យ៉ាងនេះ​ហើយ ព្រះអនុរាធមានអាយុ ក៏និយាយ​នឹងពួកបរិព្វាជក ជាអន្យតិរ្ថិយទាំងនោះ​ ដូច្នេះ​ថា ម្នាលអាវុសោ ព្រះតថាគតណា ជាបុរសដ៏ឧត្តម ជាបុរស​ដ៏ខ្ពង់ខ្ពស់ ដល់​នូវ​តំណែងដ៏ខ្ពង់ខ្ពស់ ព្រះតថាគតនោះ កាលនឹងបញ្ញត្តនូវសត្វនោះ តែង​បញ្ញត្ត​ក្រៅ​អំពី​ស្ថាន៤នេះថា សត្វស្លាប់ទៅ កើតទៀតក៏មាន សត្វស្លាប់ទៅ មិនកើតទៀតក៏មាន សត្វ​ស្លាប់ទៅ កើតទៀតខ្លះ មិនកើតទៀតខ្លះក៏មាន សត្វស្លាប់​ទៅ កើតទៀត​ក៏​មិនមែន មិន​កើតទៀត​ក៏មិនមែនក៏មាន។ កាលព្រះអនុរាធ និយាយយ៉ាងនេះហើយ បរិព្វាជក ជាអន្យតិរ្ថិយទាំងនោះ និយាយនឹង​ព្រះអនុរាធមានអាយុ យ៉ាងនេះថា ភិក្ខុ​នេះជាភិក្ខុ​ថ្មី បួសមិនទាន់បានយូរ ពុំនោះសោត លោកជាថេរៈដែរ តែល្ងង់មិន​ឈ្លាសវៃ។ លំដាប់​នោះ ពួកបរិព្វាជក ជាអន្យតិរ្ថិយ ក៏តិះដៀល​ព្រះអនុរាធមានអាយុ ដោយ​ពាក្យ​ថា នៅថ្មីផង ដោយពាក្យ​ថា ល្ងង់ផង ហើយក្រោកអំពីអាសនៈ ចៀសចេញទៅ។

[២០៩] កាលដែលបរិព្វាជក ជាអន្យតិរ្ថិយទាំងនោះ ចៀស​ចេញ​ទៅ មិនយូរ​ប៉ុន្មាន ព្រះអនុរាធមានអាយុ ក៏មានសេចក្តីត្រិះរិះ ដូច្នេះថា ប្រសិន​បើ​បរិព្វាជក ជាអន្យតិរ្ថិយទាំងនោះ សួរអាត្មាអញ តទៅទៀត អាត្មាអញ នឹង​ព្យាករ​ ដល់​បរិព្វាជក ជាអន្យតិរ្ថិយ​ទាំងនោះ ដូចម្តេច ទើបឈ្មោះថា ពោល​តាមពាក្យ ដែល​ព្រះមានព្រះភាគ ពោលហើយផង មិនពោលបង្កាច់​ព្រះមានព្រះភាគ ដោយ​ពាក្យ​មិនពិតផង ឈ្មោះ​ថា ព្យាករនូវធម៌​ តាមធម៌ផង ពាក្យពោលនីមួយ ដែលប្រកបដោយ​ធម៌ មិនមកកាន់ស្ថាន ដែលបណ្ឌិត​គប្បីតិះដៀលផង។ គ្រានោះ ព្រះអនុរាធមាន​អាយុ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ។បេ។ លុះ​ព្រះអនុរាធ​មានអាយុ គង់ក្នុងទីដ៏សមគួរហើយ បានក្រាបបង្គំទូល​ព្រះមាន​ព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ក្នុងទីឯណោះ ខ្ញុំព្រះអង្គ​សម្រាកនៅ​ក្នុងអរញ្ញកុដិ ជិត​ព្រះមានព្រះភាគ បពិត្រព្រះអង្គដ៏ចំរើន គ្រានោះ ពួកបរិព្វាជក ជាអន្យតិរ្ថិយច្រើន​រូប ចូលមករកខ្ញុំព្រះអង្គ។បេ។ បាននិយាយនឹងខ្ញុំព្រះអង្គ ដូច្នេះថា ម្នាលអាវុសោ​អនុរាធ ព្រះតថាគតណា ជាបុរសដ៏ឧត្តម ជាបុរសដ៏ខ្ពង់ខ្ពស់ ដល់នូវ​តំណែង​ដ៏ខ្ពង់ខ្ពស់ ព្រះ​តថាគតនោះ កាលនឹងបញ្ញត្តសត្វនោះ តែងបញ្ញត្តក្នុងស្ថាន ទាំង៤នេះថា សត្វស្លាប់​ទៅ កើតទៀតក៏មាន សត្វស្លាប់ទៅ មិនកើតទៀតក៏មាន សត្វស្លាប់ទៅ កើតទៀតខ្លះ មិនកើតទៀតខ្លះក៏មាន សត្វស្លាប់ទៅ កើតទៀតក៏មិនមែន មិនកើតទៀតក៏មិនមែន​ក៏មាន។ បពិត្រព្រះអង្គដ៏ចំរើន កាលបើគេនិយាយ យ៉ាងនេះហើយ ខ្ញុំព្រះអង្គ ​ក៏​និយាយ​ទៅនឹង​បរិព្វាជក ជាអន្យតិរ្ថិយទាំងនោះ ដូច្នេះថា ម្នាលអាវុសោ ព្រះតថាគត​ណា ជាបុរសដ៏ឧត្តម ជាបុរសដ៏ខ្ពង់ខ្ពស់ ដល់នូវ​តំណែង​ដ៏ខ្ពង់ខ្ពស់ ព្រះ​តថាគតនោះ កាលនឹង​បញ្ញត្តនូវសត្វនោះ តែងបញ្ញត្ត ក្រៅអំពីស្ថាន ៤ នេះថា សត្វស្លាប់​ទៅ កើតទៀតក៏មាន។បេ។ សត្វស្លាប់ទៅ កើតទៀតក៏មិនមែន មិនកើតទៀតក៏មិនមែន​ក៏មាន។ បពិត្រព្រះអង្គដ៏ចំរើន កាលបើខ្ញុំព្រះអង្គនិយាយ យ៉ាងនេះហើយ ទើប​បរិព្វាជក ជាអន្យតិរ្ថិយទាំងនោះ ​​និយាយមកនឹងខ្ញុំ​ព្រះអង្គ​វិញ ដូច្នេះថា ភិក្ខុនេះ ប្រហែលជាភិក្ខុថ្មី បួសមិនទាន់បានយូរ ពុំនោះសោត លោកជាថេរៈ​ដែរ តែ​ល្ងង់​មិនឈ្លាសវៃ។ បពិត្រព្រះអង្គដ៏ចំរើន គ្រានោះ បរិព្វាជក ជាអន្យតិរ្ថិយទាំងនោះ តិះ​ដៀលខ្ញុំព្រះអង្គ ដោយពាក្យថា នៅថ្មីផង ដោយពាក្យថា ល្ងង់ផង ហើយក្រោក​ចាក​អាសនៈ ចៀសចេញទៅ។ បពិត្រព្រះអង្គដ៏ចំរើន កាលដែលបរិព្វាជក ជាអន្យតិរ្ថិយ​ទាំងនោះ ចៀសចេញទៅមិនយូរប៉ុន្មាន ខ្ញុំព្រះអង្គ ក៏មានសេចក្តីត្រិះរិះ ដូច្នេះថា បើ​បរិព្វាជក ជាអន្យតិរ្ថិយទាំងនោះ សួរអាត្មាអញ តទៅទៀត អាត្មាអញ នឹងព្យាករ​ដល់​បរិព្វាជក ជាអន្យតិរ្ថិយទាំងនោះ ដូចម្តេច ទើបឈ្មោះថា ពោលតាមពាក្យ ដែល​ព្រះមានព្រះភាគ ពោលហើយផង មិនឈ្មោះថា ពោលបង្កាច់ព្រះមានព្រះភាគ ដោយពាក្យមិនពិតផង ឈ្មោះថា ព្យាករនូវធម៌​តាមធម៌ផង ពាក្យពោលនីមួយ ដែល​ប្រកបដោយធម៌ មិនមកកាន់ស្ថាន ដែលបណ្ឌិតគប្បីតិះដៀលផង។

[២១០] ព្រះអង្គត្រាស់ថា ម្នាលអនុរាធ អ្នកសំគាល់​សេចក្តី​នោះ ដូចម្តេច រូប​ទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។ ចុះរបស់​ណាមិនទៀង របស់នោះ ជាទុក្ខ ឬ​ជាសុខ។ ជាទុក្ខ ព្រះអង្គ។ ចុះរបស់ណា ដែល​មិនទៀង ជាទុក្ខ មានសេចក្តី​ប្រែប្រួល​ជា​ធម្មតា គួរយល់ឃើញនូវរបស់នោះថា នុ៎ះជារបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួន​អញ ដូច្នេះដែរឬ។ មិនគួរ​យល់ឃើញ​យ៉ាងនោះទេ ព្រះអង្គ។ វេទនា។ សញ្ញា។ សង្ខារ​ទាំងឡាយ។ វិញ្ញាណទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។បេ។ ព្រោះហេតុ​នោះ ក្នុងសាសនានេះ។បេ។ អរិយសាវ័ក កាលឃើញយ៉ាងនេះ។បេ។ រមែង​ដឹងច្បាស់ថា មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។

[២១១] ម្នាលអនុរាធ អ្នកសំគាល់សេចក្តីនោះដូចម្តេច អ្នកពិចារណាឃើញ​នូវ​រូប ថាជាសត្វឬ។ មិនដូច្នោះទេ ព្រះអង្គ។ អ្នកពិចារណាឃើញ​នូវវេទនា។ នូវ​សញ្ញា។ នូវសង្ខារទាំងឡាយ។ នូវវិញ្ញាណ ថាជាសត្វឬ។ មិនដូច្នោះទេ ព្រះអង្គ។

[២១២] ម្នាលអនុរាធ  អ្នកសំគាល់សេចក្តីនោះដូចម្តេច អ្នកពិចារណាឃើញ​ថា សត្វមានក្នុង​រូបឬ។ មិនដូច្នោះទេ ព្រះអង្គ។ អ្នកពិចារណាឃើញ​ថា សត្វផ្សេង​អំពីរូបឬ។ មិនដូច្នោះទេ ព្រះអង្គ។ ក្នុងវេទនា។បេ។ ផ្សេងអំពីវេទនា។បេ។ ក្នុង​សញ្ញា។ ផ្សេងអំពីសញ្ញា។ ក្នុងសង្ខារទាំងឡាយ។ ផ្សេងអំពីសង្ខារទាំងឡាយ។ ក្នុង​វិញ្ញាណ។ អ្នកពិចារណាឃើញថា សត្វផ្សេងអំពីវិញ្ញាណឬ។ មិនដូច្នោះទេ ព្រះអង្គ។

[២១៣] ម្នាលអនុរាធ អ្នកសំគាល់សេចក្តីនោះដូចម្តេច អ្នកពិចារណាឃើញ​​រូប។ វេទនា។ សញ្ញា។ សង្ខារទាំងឡាយ។ អ្នកពិចារណាឃើញវិញ្ញាណ ថាជាសត្វឬ។ មិនដូច្នោះទេ ព្រះអង្គ។

[២១៤] ម្នាលអនុរាធ អ្នកសំគាល់សេចក្តីនោះដូចម្តេច អ្នកពិចារណាឃើញថា សត្វនេះ មិនមានរូប មិនមានវេទនា មិនមានសញ្ញា មិនមានសង្ខារ មិនមានវិញ្ញាណឬ។ មិនដូច្នោះទេ ព្រះអង្គ។ ម្នាលអនុរាធ ក៏ក្នុងរឿងនេះ កាលបើអ្នក​កំណត់ថា ជារបស់ទៀង ជារបស់ពិត ក្នុងបច្ចុប្បន្នហើយ ការ​ព្យាករណ៍​របស់​អ្នកនោះ គួរហើយឬ ថា ម្នាលអាវុសោ ព្រះតថាគតណា ជាបុរសដ៏ឧត្តម ជាបុរស​ដ៏​ខ្ពង់ខ្ពស់ ដល់នូវតំណែង​ដ៏ខ្ពង់ខ្ពស់ ព្រះតថាគតនោះ កាលនឹង​បញ្ញត្តនូវសត្វនោះ តែង​បញ្ញត្ត​ ក្រៅពីស្ថាន ៤នេះថា សត្វស្លាប់ទៅ កើតទៀតក៏មាន សត្វស្លាប់ទៅ ​មិន​កើត​ទៀតក៏មាន សត្វស្លាប់ទៅ កើតទៀតខ្លះ មិនកើតទៀតខ្លះក៏មាន សត្វស្លាប់ទៅ កើត​ទៀតក៏មិនមែន មិនកើតទៀត ក៏មិនមែនក៏មាន។ មិនគួរទេ ព្រះអង្គ។ ម្នាលអនុរាធ ប្រពៃហើយ ប្រពៃហើយ ម្នាលអនុរាធ ក្នុងកាលមុនក្តី ក្នុងកាលឥឡូវនេះក្តី តថាគត​ បញ្ញត្តនូវទុក្ខ និងសេចក្តី​រលត់ទុក្ខ។

[២១៥] សម័យ​មួយ ព្រះមានព្រះភាគ ទ្រង់​គង់​នៅ​ក្នុងវត្តវេឡុវ័ន ជា​កលន្ទកនិវាបស្ថាន ជិតក្រុងរាជគ្រឹះ។ សម័យ​នោះ​ឯង ព្រះវក្កលិមាន​អាយុ មាន​អាពាធ ដល់​នូវ​សេក្តី​ទុក្ខ មាន​ជម្ងឺ​ជា​ទម្ងន់ នៅ​ក្នុង​សាលា​របស់​ស្មូន​ឆ្នាំង ។ ព្រះវក្កលិ មាន​អាយុ​ ក៏​ហៅ​ពួក​ភិក្ខុ​ជា​ឧបដ្ឋាក​មក​ថា ម្នាល​អាវុសោ​ទាំង​ឡាយ ចូរ​អ្នក​ទាំងឡាយ​​មក ចូរ​អ្នក​ទាំងឡាយ ​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ លុះ​ចូល​ទៅដល់​​ហើយ​ ចូរ​ថ្វាយបង្គំ​ព្រះបាទា ​របស់​ព្រះមានព្រះភាគ ​ដោយ​ត្បូង តាម​ពាក្យ​របស់​ខ្ញុំ​ថា បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន ភិក្ខុ​ឈ្មោះវក្កលិ មាន​អាពាធ ​ដល់​នូវ​សេចក្តី​ទុក្ខ មាន​ជម្ងឺ​ជា​ទម្ងន់​ លោក​ថ្វាយ​បង្គំព្រះបាទាព្រះមានព្រះភាគ ​ដោយ​ត្បូង ហើយ​អ្នក​ទាំងឡាយ ចូរ​ពោល​យ៉ាង​នេះ​ទៀត​ថា បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន សូម​ព្រះមានព្រះភាគ ​ស្តេច​ទៅ​រក​ភិក្ខុ​ឈ្មោះវក្កលិ ដោយ​សេចក្តី​អនុគ្រោះ។ ភិក្ខុ​អម្បាល​នោះ​ ទទួល​ពាក្យ​របស់​ព្រះវក្កលិមាន​អាយុ​ថា ករុណា អាវុសោ ហើយ​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ លុះ​​ចូល​ទៅ​ដល់​ហើយ ។បេ។ ក៏​ក្រាបបង្គំ​ទូល​ព្រះមានព្រះភាគ ​ដូច្នេះ​ថា បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន ភិក្ខុ​ឈ្មោះ វក្កលិ មាន​អាពាធ ដល់​នូវ​សេចក្តី​ទុក្ខ​ មាន​ជម្ងឺ​ជា​ទម្ងន់ លោក​ថ្វាយ​បង្គំ​ព្រះបាទា​ព្រះមានព្រះភាគ ​ដោយ​ត្បូង មួយ​ទៀត លោក​ពោល​យ៉ាង​នេះ​ថា បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន សូម​ព្រះមានព្រះភាគ​ ស្តេច​ទៅ​រក​ព្រះវក្កលិ ដោយ​សេចក្តី​អនុគ្រោះ។ ព្រះ​មាន​ព្រះភាគ​ ទ្រង់​ទទួល ដោយ​តុណ្ហីភាព ។

[២១៦] លំដាប់​នោះ ព្រះមានព្រះភាគ​ទ្រង់​ស្បង់​ប្រដាប់​បាត្រ និងចីវរ​ហើយ ទ្រង់​ស្តេច​ទៅ​រក​ព្រះវក្កលិមាន​អាយុ។ ព្រះវក្កលិ មាន​អាយុ បាន​ឃើញ​ព្រះមានព្រះភាគ កំពុង​ស្តេច​មក​អំពី​ចម្ងាយ លុះ​ឃើញ​ហើយ ក៏​សម្តែង​កិរិយា​តតេះតតះ​លើ​គ្រែ។ ទើប​ព្រះមានព្រះភាគ​ ត្រាស់​នឹង​ព្រះវក្កលិ មាន​អាយុ​ ដូច្នេះ​ថា​ ម្នាលវក្កលិ ណ្ហើយ​ចុះ អ្នក​កុំ​តតេះតតះ​លើ​គ្រែ​ឡើយ តថាគត​ នឹង​អង្គុយ​លើ​អាសនៈ​ដែល​គេ​ក្រាល​បំរុងហើយនេះ។ ​ព្រះមានព្រះភាគ​ ក៏គង់លើ​អាសនៈ ដែល​គេក្រាល​ហើយ។ លុះព្រះមានព្រះភាគគង់​ហើយ​ ទើប​ត្រាស់​នឹង​ព្រះវក្កលិ មាន​អាយុ​ ដូច្នេះ​ថា ម្នាលវក្កលិ អ្នក​ល្មម​អត់ធន់​បាន​ខ្លះ​ឬ អ្នក​ល្មម​ប្រព្រឹត្ត​ទៅ​បាន​ខ្លះ​ឬ ទុក្ខ​វេទនា​ធូរ​ថយ​ មិន​ចម្រើន​ឡើង​ សេចក្តី​ធូរថយ ​រមែង​ប្រាកដ ​មិន​ចម្រើន​ឡើង​ទេ​ឬ។ បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន ខ្ញុំ​ព្រះ​អង្គ ​អត់ធន់​មិន​បាន​ទេ ខ្ញុំ​ព្រះ​អង្គ​ ប្រព្រឹត្ត​ទៅ​មិន​បាន​ទេ ទុក្ខវេទនា​ជា​ទម្ងន់ ​ចម្រើន​ឡើង​ដល់​ខ្ញុំ​ព្រះ​អង្គ​ មិន​ធូរថយ​ទេ សេចក្តី​ចម្រើន​ប្រាកដ​ឡើង មិន​ធូរថយ​ទេ។ ម្នាលវក្កលិ អ្នក​ឥត​មាន​សេចក្តី​រង្កៀស​បន្តិច​បន្តួច​ទេ​ឬ អ្នក​ឥត​មាន​សេចក្តី​ក្តៅក្រហាយ​អ្វី​ទេ​ឬ។ សូម​ទ្រង់​ព្រះ​មេត្តា​ប្រោស ខ្ញុំ​ព្រះអង្គ​ មាន​សេចក្តី​រង្កៀស​ជា​ច្រើន ខ្ញុំ​ព្រះអង្គ ​មាន​សេចក្តី​ក្តៅ​ក្រហាយ​ជា​ច្រើន។ ម្នាលវក្កលិ ខ្លួន​អ្នក​មិន​តិះដៀល​អ្នក​ឯង ដោយ​សីល​ទេ​ឬ។ បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន ខ្លួន​ខ្ញុំ​មិន​តិះដៀល​ខ្ញុំ​ព្រះអង្គ​ដោយ​សីល​ទេ។ ម្នាលវក្កលិ បើ​ខ្លួន​អ្នក​មិន​តិះដៀល​អ្នក​ឯង ​ដោយ​សីល​ទេ ចុះ​អ្នកឯង​រង្កៀស​ ដូច​ម្តេច ក្តៅក្រហាយ ​ដូច​ម្តេច។ បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន ខ្ញុំ​ព្រះអង្គ ​ចង់​ចូល​ទៅ​ចួប​ព្រះ​មាន​ព្រះ​ភាគ តាំង​ពី​យូរយារ​ហើយ ប៉ុន្តែ​ខ្ញុំ​ព្រះអង្គ​មិន​មាន​កម្លាំង​កាយ​ ល្មម​ចូល​ទៅ​ចួប​ព្រះមានព្រះភាគ​បាន​សោះ​ឡើយ។ កុំ​ឡើយ វក្កលិ ប្រយោជន៍​អ្វី ​ដោយ​កាយ​សម្អុយ ដែល​អ្នក​ឃើញ​ហើយ​នេះ។ ម្នាលវក្កលិ បុគ្គល​ណា​មួយ​ ឃើញ​ធម៌ បុគ្គល​នោះ​ ឈ្មោះ​ថា ​ឃើញ​តថាគត បុគ្គល​ណា ​ឃើញ​តថាគត បុគ្គល​នោះ ​ឈ្មោះ​ថា ​ឃើញ​ធម៌។ ម្នាលវក្កលិ ព្រោះ​ថា កាល​បើ​បុគ្គល​ឃើញ​ធម៌​ ឈ្មោះ​ថា ​ឃើញ​តថាគត កាល​បើ​បុគ្គល​ឃើញ​តថាគត ឈ្មោះ​ថា ​ឃើញ​ធម៌។ ម្នាល​វក្កលិ អ្នក​សំគាល់​សេចក្តី​នោះ ដូច​ម្តេច រូប​ទៀង ឬ មិន​ទៀង។ បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន មិន​ទៀងទេ។ ចុះ​របស់​ណា​មិន​ទៀង របស់​នោះ​ ជា​ទុក្ខ ​ឬ​ជា​សុខ។ បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន ជា​ទុក្ខ។ ចុះ​របស់​ណា​មិន​ទៀង ជា​ទុក្ខ មាន​សេចក្តី​ប្រែប្រួល​ជា​ធម្មតា របស់​នោះ ​គួរ​ដើម្បី​យល់​ឃើញថា នុ៎ះ​របស់​អញ នុ៎ះ​ជា​អញ នុ៎ះ​ជា​ខ្លួន​អញ​ដែរឬ។ បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន មិន​គួរ​ដើម្បី​យល់​ឃើញ​យ៉ាង​នោះ​ទេ។ វេទនា ។ សញ្ញា ។ សង្ខារ​ទាំង​ឡាយ ។ វិញ្ញាណ ​ទៀង ឬ មិន​ទៀង ។ បពិត្រព្រះអង្គ​ដ៏​ចម្រើន មិន​ទៀង​ទេ ។បេ។ នុ៎ះ​ជា​ខ្លួន​អញ​ដែរ​ឬ ។ បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន មិន​គួរ​ដើម្បី​យល់​ឃើញ​យ៉ាង​នោះ​ទេ ។ ព្រោះ​ហេតុ​នោះ អរិយសាវ័ក​ក្នុង​សាសនា​នេះ ។បេ។ យល់​ឃើញ​យ៉ាង​នេះ ។បេ។ ក៏​ដឹង​ច្បាស់​ថា ​មគ្គភាវនាកិច្ច​ដទៃ ប្រព្រឹត្ត​ទៅ​ដើម្បី​សោឡសកិច្ច​​នេះ​ទៀត មិន​មាន​ឡើយ។ លុះ​ព្រះមានព្រះភាគ ទ្រង់​ទូន្មាន​ព្រះវក្កលិ មាន​អាយុ ដោយ​ព្រះ​ឱវាទ​នេះ​ហើយ​ ក៏​ក្រោក​ចាក​អាសនៈ ​ស្តេច​ចេញ​ទៅ​កាន់​ភ្នំ គិជ្ឈកូដ ។

[២១៧] កាលព្រះមានព្រះភាគ ទ្រង់ស្តេចចេញទៅ មិនយូរប៉ុន្មាន ព្រះវក្កលិ ក៏​ហៅពួកភិក្ខុជាឧបដ្ឋាកមកថា ម្នាលអាវុសោទាំងឡាយ ចូរអ្នកទាំងឡាយ មកអាយ ចូរ​អ្នកទាំងឡាយ លើកខ្ញុំឡើងកាន់គ្រែ ហើយនាំទៅឯវត្ត​កាឡសិលា ក្បែរភ្នំ​ឥសិគិលិ ព្រោះបុគ្គលដូចជាខ្ញុំ មិនសមបើនឹងធ្វើកាលកិរិយា ក្នុងចន្លោះផ្ទះឡើយ។ ភិក្ខុទាំងនោះ ទទួលពាក្យរបស់ព្រះវក្កលិមានអាយុ ដូច្នេះថា ករុណា អាវុសោ ហើយ​លើក​ព្រះវក្កលិមានអាយុឡើងកាន់គ្រែ សែងនាំទៅឯវត្ត​កាឡសិលា ក្បែរភ្នំ​ឥសិគិលិ។ គ្រានោះឯង ព្រះមានព្រះភាគ ទ្រង់គង់លើភ្នំគិជ្ឈកូដ អស់រាត្រីនោះ​ និង​ថ្ងៃនោះ។ កាលរាត្រី (បឋមយាម) កន្លងហើយ ទេវតា២អង្គ មានរស្មីដ៏រុងរឿង ញុំាងភ្នំ​គិជ្ឈកូដ​ទាំងមូលឲ្យភ្លឺ ហើយចូលទៅគាល់​ព្រះមានព្រះភាគ។បេ។ ឋិតនៅក្នុងទីដ៏សមគួរ។ លុះ​ទេវតាមួយអង្គ ឋិតនៅក្នុងទីដ៏សមគួរហើយ ក៏ក្រាបបង្គំទូល​ព្រះមានព្រះភាគ ដូច្នេះ​ថា បពិត្រព្រះអង្គដ៏ចំរើន វក្កលិភិក្ខុ កំពុងត្រិះរិះ ​ដើម្បី​មគ្គវិមោក្ខ។ ទេវតាមួយអង្គ​ទៀត ក្រាបបង្គំ​ទូល​ព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន វក្កលិភិក្ខុ​នោះ ជាអ្នកចង់រួចស្រឡះ ​ចាកកិលេស មុខជានឹងរួចដោយពិត។ ទេវតាទាំងនោះ បាន​ពោល​ពាក្យនេះ លុះពោលពាក្យ​នេះហើយ ក៏អភិវាទព្រះមានព្រះភាគ ធ្វើ​ប្រទក្សិណ ហើយបាត់ទៅ ក្នុងទីនោះឯង។

[២១៨] លុះរាត្រីនោះ កន្លងទៅហើយ ព្រះមានព្រះភាគ ត្រាស់ហៅភិក្ខុ​ទាំង​ឡាយថា ម្នាលភិក្ខុទាំងឡាយ ចូរអ្នកទាំងឡាយ មកអាយ ចូរអ្នកទាំងឡាយ ចូល​ទៅ​រក​វក្កលិភិក្ខុ លុះចូលទៅដល់ហើយ ត្រូវប្រាប់វក្កលិភិក្ខុ យ៉ាងនេះថា ម្នាលអាវុសោ​វក្កលិ ចូរអ្នកស្តាប់ព្រះពុទ្ធដីកា របស់​ព្រះមានព្រះភាគ និងពាក្យ​របស់ទេវតា​ទាំង​ពីរ​អង្គ ម្នាលអាវុសោ ដ្បិតយប់មិញនេះ កាលដែលរាត្រី (បឋមយាម) កន្លងហើយ ទេវតាពីរអង្គ មានរស្មីដ៏រុងរឿង ញុំាងភ្នំគិជ្ឈកូដ​ទាំងមូលឲ្យភ្លឺ ចូលមកគាល់​ព្រះមានព្រះភាគ លុះចូលមកដល់ហើយ ក៏ថ្វាយបង្គំ​ព្រះមានព្រះភាគ ហើយ​ឋិតនៅ​ក្នុងទីដ៏សមគួរ ម្នាលអាវុសោ លុះទេវតាមួយអង្គ ឋិតនៅក្នុងទីដ៏សមគួរ​ហើយ ក៏ក្រាប​បង្គំ​ទូល​ព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន វក្កលិភិក្ខុ កំពុង​ត្រិះរិះ​ ដើម្បីវិមោក្ខ។ ទេវតាមួយអង្គទៀត ក្រាបបង្គំ​ទូល​ព្រះមានព្រះភាគ ដូច្នេះ​ថា បពិត្រព្រះអង្គដ៏ចំរើន វក្កលិភិក្ខុនោះ ជាអ្នកចង់រួចស្រឡះ ចាកកិលេស មុខជានឹង​រួច​ដោយពិត។ ម្នាលអាវុសោ វក្កលិ ទាំងព្រះមានព្រះភាគ ក៏បានត្រាស់នឹង​អ្នក យ៉ាងនេះ​ថា ម្នាលវក្កលិ អ្នកកុំខ្លាចឡើយ ម្នាលវក្កលិ អ្នកកុំខ្លាចឡើយ មរណៈ​របស់អ្នក មុខ​ជាមិនអាក្រក់ទេ កាលកិរិយា ក៏មុខជាមិនអាក្រក់ទេ ដូច្នេះដែរ។ ភិក្ខុទាំងនោះ ទទួល​ស្តាប់​ព្រះពុទ្ធដីកា របស់ព្រះមានព្រះភាគ​ថា ព្រះករុណា ព្រះអង្គ ហើយចូល​ទៅ​រក​ព្រះវក្កលិមានអាយុ លុះចូលទៅដល់ហើយ ក៏និយាយនឹង​ព្រះវក្កលិមានអាយុ​ ដូច្នេះ​ថា ម្នាលអាវុសោ វក្កលិ អ្នកចូរស្តាប់ព្រះពុទ្ធដីកា របស់ព្រះមានព្រះភាគ និង​ពាក្យ​របស់ទេវតាទាំងពីរអង្គ។

[២១៩] លំដាប់នោះ ព្រះវក្កលិមានអាយុ ហៅភិក្ខុទាំងឡាយជាឧបដ្ឋាក​ថា ម្នាលអាវុសោទាំងឡាយ ចូរអ្នកទាំងឡាយ មកអាយ ចូរអ្នកទាំងឡាយ ដាក់ខ្ញុំ​ចុះ​អំពីគ្រែ ព្រោះបុគ្គល​ដូចជាខ្ញុំ មិនសមបើនឹងអង្គុយលើអាសនៈខ្ពស់ ស្តាប់​ពាក្យ​ប្រៀន​ប្រដៅ​របស់​ព្រះមានព្រះភាគ អង្គនោះទេ។ ភិក្ខុទាំងនោះ ទទួលស្តាប់ពាក្យរបស់​ព្រះ​វក្កលិមានអាយុថា ករុណា អាវុសោ ហើយដាក់​ព្រះវក្កលិមានអាយុ ចុះ​អំពីគ្រែ រួច​ពោលថា ម្នាលអាវុសោ យប់មិញនេះ កាលដែល​រាត្រី (បឋមយាម) កន្លងហើយ ទេវតាពីរអង្គ។បេ។ បានឋិតនៅ​ក្នុងទីសមគួរ ម្នាលអាវុសោ លុះទេវតាមួយអង្គ ឋិតនៅក្នុងទីសមគួរ​ហើយ ក្រាប​បង្គំ​ទូល​ព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គ​ដ៏ចំរើន វក្កលិភិក្ខុ កំពុង​ត្រិះរិះ ​ដើម្បីមគ្គវិមោក្ខ។ ទេវតាមួយអង្គទៀត ក្រាបបង្គំ​ទូល​ព្រះមានព្រះភាគ ដូច្នេះ​ថា បពិត្រព្រះអង្គដ៏ចំរើន វក្កលិភិក្ខុនោះ ជាអ្នកចង់រួច​ស្រឡះ ចាកកិលេស មុខជានឹង​រួច​ដោយពិត។ ម្នាលអាវុសោវក្កលិ ទាំងព្រះមានព្រះភាគ ត្រាស់នឹងអ្នក យ៉ាងនេះ​ថា ម្នាលវក្កលិ អ្នកកុំខ្លាចឡើយ ម្នាលវក្កលិ អ្នកកុំខ្លាចឡើយ មរណៈរបស់អ្នក មុខ​ជាមិនអាក្រក់ទេ កាលកិរិយា របស់អ្នក ក៏មុខជាមិនអាក្រក់ទេ ដូច្នេះដែរ។ ព្រះវក្កលិពោលថា ម្នាលអាវុសោ​ទាំង​ឡាយ បើដូច្នោះ ចូរអ្នកទាំងឡាយ ថ្វាយបង្គំ​ព្រះបាទា របស់​ព្រះមានព្រះភាគ ដោយ​ត្បូង តាមពាក្យរបស់ខ្ញុំថា បពិត្រព្រះអង្គដ៏ចំរើន វក្កលិភិក្ខុ មានអាពាធ ដល់នូវ​សេចក្តី​ទុក្ខ មានជម្ងឺជាទម្ងន់ លោកថ្វាយបង្គំ​ព្រះបាទា របស់​ព្រះមានព្រះភាគ ដោយ​ត្បូង មួយទៀត លោកពោលយ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គមិន​ងឿង​ឆ្ងល់ទេ ត្រង់ពាក្យថា រូបមិនទៀង ខ្ញុំព្រះអង្គមិនសង្ស័យទេ ត្រង់ពាក្យថា រូបណា​មិនទៀង រូបនោះជាទុក្ខ ខ្ញុំព្រះអង្គមិនសង្ស័យទេ ត្រង់ពាក្យថា រូបណា​មិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា ខ្ញុំព្រះអង្គ មិនមានសេចក្តីពេញចិត្ត ឬសេចក្តី​ត្រេក​ត្រអាល សេចក្តីស្រឡាញ់​ ក្នុងរូបនោះឡើយ។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំ​ព្រះអង្គ មិនងឿងឆ្ងល់ទេ ត្រង់ពាក្យថា វេទនាមិនទៀង ខ្ញុំព្រះអង្គមិនសង្ស័យទេ ត្រង់ពាក្យថា វេទនាណា​មិនទៀង វេទនានោះជាទុក្ខ ខ្ញុំព្រះអង្គមិនសង្ស័យទេ ត្រង់ពាក្យថា វេទនាណា​មិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា ខ្ញុំព្រះអង្គ មិនមាន​សេចក្តី​ពេញចិត្ត ឬសេចក្តី​ត្រេក​ត្រអាល សេចក្តីស្រឡាញ់​ ក្នុងវេទនានោះឡើយ។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំ​ព្រះអង្គ មិនងឿងឆ្ងល់ទេ ត្រង់ពាក្យថា សញ្ញាមិនទៀង ខ្ញុំព្រះអង្គមិនសង្ស័យទេ ត្រង់ពាក្យថា សញ្ញាណា​មិនទៀង សញ្ញានោះជាទុក្ខ ខ្ញុំព្រះអង្គមិនសង្ស័យទេ ត្រង់ពាក្យថា សញ្ញាណា​មិនទៀង ជាទុក្ខ មានសេចក្តី​ប្រែប្រួល​ជាធម្មតា ខ្ញុំព្រះអង្គ មិនមានសេចក្តីពេញចិត្ត ឬសេចក្តី​ត្រេក​ត្រអាល សេចក្តីស្រឡាញ់​ ក្នុងសញ្ញានោះឡើយ។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំ​ព្រះអង្គ មិនងឿងឆ្ងល់ទេ ត្រង់ពាក្យថា ពួកសង្ខារមិនទៀង ខ្ញុំព្រះអង្គមិនសង្ស័យទេ ត្រង់ពាក្យថា សង្ខារណា​មិនទៀង សង្ខារនោះជាទុក្ខ ខ្ញុំព្រះអង្គមិនសង្ស័យទេ ត្រង់ពាក្យថា សង្ខារណា​មិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា ខ្ញុំព្រះអង្គ មិនមានសេចក្តីពេញចិត្ត ឬសេចក្តី​ត្រេក​ត្រអាល សេចក្តីស្រឡាញ់​ ក្នុងសង្ខារទាំងនោះឡើយ។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំ​ព្រះអង្គ មិនងឿងឆ្ងល់ទេ ត្រង់ពាក្យថា វិញ្ញាណមិនទៀង ខ្ញុំព្រះអង្គមិនសង្ស័យទេ ត្រង់ពាក្យថា វិញ្ញាណណា​មិនទៀង វិញ្ញាណនោះជាទុក្ខ ខ្ញុំព្រះអង្គមិនសង្ស័យទេ ត្រង់ពាក្យថា វិញ្ញាណណា​មិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា ខ្ញុំព្រះអង្គ មិនមានសេចក្តីពេញចិត្ត ឬសេចក្តី​ត្រេក​ត្រអាល សេចក្តីស្រឡាញ់​ ក្នុងវិញ្ញាណនោះឡើយ។ ភិក្ខុអម្បាលនោះ​ ទទួល​ស្តាប់ពាក្យរបស់​ព្រះវក្កលិមានអាយុថា ករុណា អាវុសោ ហើយក៏ចៀស​ចេញទៅ។ កាលភិក្ខុទាំងឡាយចៀសចេញទៅ មិនយូរប៉ុន្មាន ព្រះវក្កលិមានអាយុ ក៏ទាញ​យក​កាំបិតមក។

[២២០] លំដាប់នោះ ភិក្ខុទាំងអម្បាលនោះ បានចូលទៅគាល់​ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏អង្គុយក្នុងទីដ៏សមគួរ។ លុះភិក្ខុ​ទាំងនោះ អង្គុយក្នុងទីដ៏សមគួរហើយ ក្រាបបង្គំ​ទូល​ព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន វក្កលិភិក្ខុ មានអាពាធ ដល់នូវសេចក្តីទុក្ខ មានជម្ងឺជាទម្ងន់ លោកថ្វាយបង្គំ​ព្រះបាទា របស់​ព្រះមានព្រះភាគ ដោយ​ត្បូង មួយទៀត លោកពោលយ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គមិន​ងឿង​ឆ្ងល់ទេ ត្រង់ពាក្យថា រូបមិនទៀង ខ្ញុំព្រះអង្គមិនសង្ស័យទេ ត្រង់ពាក្យថា រូបណា​មិនទៀង រូបនោះជាទុក្ខ ខ្ញុំព្រះអង្គមិនសង្ស័យទេ ត្រង់ពាក្យថា រូបណា​មិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា ខ្ញុំព្រះអង្គ មិនមានសេចក្តីពេញចិត្ត ឬសេចក្តី​ត្រេក​ត្រអាល សេចក្តីស្រឡាញ់​ ក្នុងរូបនោះឡើយ។ វេទនា។ សញ្ញា។ សង្ខារទាំងឡាយ។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំ​ព្រះអង្គ មិនងឿងឆ្ងល់ទេ ត្រង់ពាក្យថា វិញ្ញាណមិនទៀង ខ្ញុំព្រះអង្គមិនសង្ស័យទេ ត្រង់ពាក្យថា វិញ្ញាណណា​មិនទៀង វិញ្ញាណនោះជាទុក្ខ ខ្ញុំព្រះអង្គមិនសង្ស័យទេ ត្រង់ពាក្យថា វិញ្ញាណណា​មិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា ខ្ញុំព្រះអង្គ មិនមានសេចក្តីពេញចិត្ត ឬសេចក្តី​ត្រេក​ត្រអាល សេចក្តីស្រឡាញ់​ ក្នុងវិញ្ញាណនោះឡើយ។

[២២១] គ្រានោះឯង ព្រះមានព្រះភាគ ទ្រង់ត្រាស់នឹងភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ មក យើងនឹងទៅកាន់វត្តកាឡសិលា ក្បែរភ្នំឥសិគិលិ ត្រង់​ទី​ដែល​វក្កលិកុលបុត្តទាញយកកាំបិតមក។ ភិក្ខុទាំងនោះ ទទួល​ព្រះពុទ្ធដីកា របស់​ព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ។ ទើប​ព្រះមានព្រះភាគ ទ្រង់ស្តេច​សំដៅ​ទៅ​កាន់វត្តកាឡសិលា ក្បែរភ្នំឥសិគិលិ មួយអន្លើ​ដោយពួកភិក្ខុជាច្រើនរូប។ ព្រះមានព្រះភាគ បានឃើញ​ព្រះវក្កលិមានអាយុអំពីចម្ងាយ កំពុងដេក​ងាកកលើគ្រែ។ សម័យនោះឯង ផ្សែងអ័ព្ទ ក៏ផ្សាយទៅកាន់ទិសខាងកើត ទៅកាន់​ទិស​ខាងលិច ទៅកាន់ទិសខាងជើង ទៅកាន់ទិសខាងត្បូង ទៅកាន់ទិសខាងលើ ទៅកាន់​ទិសខាងក្រោម ទៅកាន់ទិសតូច។ លំដាប់នោះ ព្រះមានព្រះភាគ ក៏ទ្រង់​ត្រាស់​នឹង​ភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ឃើញផ្សែង​អ័ព្ទ ផ្សាយ​ទៅកាន់ទិសខាងកើត។បេ។ ទៅកាន់ទិសតូច យ៉ាងនេះដែរឬ។ ព្រះ​ករុណា ព្រះអង្គ។ ព្រះមានព្រះភាគត្រាស់ថា ម្នាលភិក្ខុទាំងឡាយ នុ៎ះឯង ជាមារមានចិត្ត​បាប ស្វែងរកវិញ្ញាណរបស់វក្កលិកុលបុត្តថា វិញ្ញាណ​របស់​វក្កលិកុលបុត្ត ប្រតិស្ឋានក្នុង​ទីណាអេ៎ះ។ ម្នាលភិក្ខុទាំងឡាយ ឯវក្កលិកុលបុត្ត មានវិញ្ញាណ ពុំបានប្រតិស្ឋាន​នៅ (ក្នុងទីណា) ទេ បរិនិព្វានហើយ។

[២២២] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់​នៅក្នុងវត្តវេឡុវ័ន ជាកលន្ទក​និវាបស្ថាន ជិតក្រុងរាជគ្រឹះ។ សម័យនោះឯង ព្រះអស្សជិមានអាយុ នៅក្នុងអារាម របស់​សេដ្ឋី​ឈ្មោះ​កស្សប មានអាពាធ ដល់នូវសេចក្តីទុក្ខ មានជម្ងឺជាទម្ងន់។ គ្រានោះ ព្រះអស្សជិមានអាយុ បានហៅភិក្ខុទាំងឡាយ ជាឧបដ្ឋាកមកថា ម្នាលអាវុសោទាំង​ឡាយ ចូរអ្នកទាំងឡាយ មកអាយ ចូរអ្នកទាំងឡាយ ទៅគាល់​ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ចូរថ្វាយបង្គំ​ព្រះបាទា របស់​ព្រះមានព្រះភាគ ដោយត្បូង តាម​ពាក្យរបស់ខ្ញុំថា បពិត្រព្រះអង្គដ៏ចំរើន អស្សជិភិក្ខុ មានអាពាធ ដល់នូវសេចក្តីទុក្ខ មានជម្ងឺជាទម្ងន់ លោក​ថ្វាយបង្គំ​ព្រះបាទា របស់​ព្រះមានព្រះភាគ ដោយត្បូង មួយទៀត ចូរអ្នកទាំងឡាយ ពោលយ៉ាងនេះទៀតថា បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ ធ្វើនូវសេចក្តីអនុគ្រោះ ចូលទៅរក​អស្សជិភិក្ខុ ភិក្ខុទាំងនោះ ទទួលស្តាប់ពាក្យ របស់​ព្រះអស្សជិមានអាយុថា ករុណា អាវុសោ ហើយចូលទៅគាល់​ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំ​ព្រះមានព្រះភាគ រួចអង្គុយក្នុងទីដ៏សមគួរ។ លុះភិក្ខុទាំងនោះ អង្គុយក្នុងទីដ៏សមគួរ​ហើយ ក៏ក្រាបបង្គំទូល​ព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន អស្សជិភិក្ខុ មានអាពាធ ដល់នូវសេចក្តីទុក្ខ មានជម្ងឺជាទម្ងន់ លោកថ្វាយបង្គំ​ព្រះបាទា របស់​ព្រះមានព្រះភាគ ដោយត្បូង មួយទៀត លោកពោលយ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន សូម​ព្រះមានព្រះភាគ ធ្វើនូវសេចក្តី​អនុគ្រោះ ចូលទៅ​រក​អស្សជិភិក្ខុ។ ព្រះមានព្រះភាគ ទ្រង់ទទួលដោយតុណ្ហីភាព។

[២២៣] គ្រានោះឯង ព្រះមានព្រះភាគ ទ្រង់ស្តេចចេញអំពី​ទីសម្ងំ ក្នុងសាយណ្ហសម័យ ហើយស្តេចទៅរកព្រះអស្សជិមានអាយុ។ ព្រះអស្សជិមានអាយុ ក៏បានឃើញ​ព្រះមានព្រះភាគ កំពុងតែស្តេច​មក​ពីចម្ងាយ លុះ​ឃើញហើយ ក៏សំដែង​កិរិយា​តតេះតតះលើគ្រែ។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់​ត្រាស់នឹងព្រះអស្សជិមានអាយុ ដូច្នេះថា ណ្ហើយ អស្សជិ អ្នកកុំសំដែង​កិរិយា​តតេះតតះ​លើគ្រែឡើយ នេះ​អាសនៈទាំងឡាយ ដែលគេតែងតាំងបម្រុង​ទុក មាន​ស្រាប់​ហើយ តថាគត នឹងអង្គុយ​លើអាសនៈ​នោះ។ ព្រះមានព្រះភាគ គង់​លើ​អាសនៈ ​ដែលគេតែងតាំងបម្រុងទុក។ លុះព្រះមានព្រះភាគ គង់ស្រេចហើយ ទ្រង់​ត្រាស់​សួរ​ព្រះអស្សជិមានអាយុ ដូច្នេះថា ម្នាលអស្សជិ អ្នកល្មមអត់ធន់​បានខ្លះឬ អ្នក​ល្មម​ប្រព្រឹត្ត​ទៅបានខ្លះឬ។បេ។ សេចក្តីធូរថយ ប្រាកដ មិនចម្រើន​ឡើងទេឬ។ ព្រះអស្សជិ ក្រាបបង្គំ​ទូលថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ អត់ធន់មិនបានទេ ខ្ញុំ​ព្រះអង្គ ប្រព្រឹត្ត​ទៅមិនបានទេ។បេ។ សេចក្តីចម្រើន​ប្រាកដឡើង មិនធូរថយទេ។ ម្នាល​អស្សជិ អ្នក​មិនមានសេចក្តី​រង្កៀសបន្តិចបន្តួច​ទេឬ អ្នកមិនមានសេចក្តី​ក្តៅក្រហាយ​អ្វីទេឬ។ ព្រះករុណា ព្រះអង្គ ខ្ញុំព្រះអង្គ មានសេចក្តី​រង្កៀសជាច្រើន មានសេចក្តី​ក្តៅក្រហាយជាច្រើន។ ម្នាលអស្សជិ ចុះខ្លួនមិនតិះដៀល​អ្នកឯង ដោយ​សីលទេឬ។ បពិត្រព្រះអង្គដ៏ចំរើន ខ្លួន (របស់​ខ្ញុំព្រះអង្គ) មិនតិះដៀល​ខ្ញុំព្រះអង្គ ដោយ​សីលទេ។ ម្នាលអស្សជិ បើខ្លួន​មិនតិះដៀល​អ្នកឯង ដោយសីលទេ ចុះអ្នក​ឯង​មានសេចក្តីរង្កៀស​ដូចម្តេច មានសេចក្តីក្តៅក្រហាយដូចម្តេច។ បពិត្រព្រះអង្គដ៏ចំរើន ក្នុងកាលមុន ខ្ញុំព្រះអង្គរម្ងាប់​នូវសេចក្តីលំបាក ក្នុងកាយសង្ខារ (អស្សាសប្បស្សាសៈ) ក៏ខ្ញុំព្រះអង្គ នៅតែមិនបានសមាធិ បពិត្រព្រះអង្គដ៏ចំរើន កាល​ដែលខ្ញុំព្រះអង្គ មិនបានសមាធិនោះហើយ ក៏មានសេចក្តីត្រិះរិះ យ៉ាង​នេះថា អញ​មិន​សាបសូន្យ (ចាកសាសនា) ទេ។ ម្នាលអស្សជិ ពួកសមណព្រាហ្មណ៍ណា ក៏ដោយ ដែល​មាន​សមាធិជាខ្លឹម មានសមាធិជាសាមញ្ញផល កាលបើសមណព្រាហ្មណ៍​ទាំង​នោះ មិនបានសមាធិនោះហើយ ក៏រមែងមានសេចក្តីត្រិះរិះ យ៉ាងនេះថា យើងមិន​សាបសូន្យ (ចាកសាសនា)ទេ។ ម្នាលអស្សជិ អ្នកយល់សេចក្តីនោះ ដូចម្តេច រូបទៀង ឬ​មិនទៀង។ មិនទៀងទេ ព្រះអង្គ។បេ។ វិញ្ញាណទៀង ឬមិនទៀង។ មិនទៀង​ទេ​ ព្រះអង្គ។បេ។ ព្រោះហេតុនោះ អរិយសាវ័ក ក្នុងសាសនានេះ។បេ។ ពិចារណាឃើញ​យ៉ាង​នេះ។បេ។ ដឹងច្បាស់ថា មគ្គភាវនាកិច្ចដទៃ​ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ច​នេះទៀត មិនមានឡើយ។ បើអរិយសាវ័កនោះ ទទួលសុខវេទនា ក៏ដឹងច្បាស់ថា សុខ​វេទនានោះ មិនទៀង ដឹងច្បាស់ថា មិនគួរជ្រប់ ដឹងច្បាស់ថា មិនគួរត្រេកអរ បើរង​ទុក្ខ​វេទនា ក៏ដឹងច្បាស់ថា ទុក្ខវេទនានោះ មិនទៀង ដឹងច្បាស់ថា មិនគួរជ្រប់ ដឹងច្បាស់ថា មិនគួរត្រេកអរ បើរង​អទុក្ខមសុខ​វេទនា ក៏ដឹងច្បាស់ថា អទុក្ខមសុខវេទនានោះ មិនទៀង។បេ។ ដឹងច្បាស់ថា មិនគួរត្រេកអរ។ បើអរិយ​សាវ័ក​នោះរងសុខវេទនា ក៏មិនប្រកបសុខវេទនានោះហើយរងទេ បើរងទុក្ខវេទនា ក៏មិនប្រកបទុក្ខវេទនានោះហើយរងទេ បើរងអទុក្ខមសុខវេទនា ក៏មិនប្រកបអទុក្ខមសុខវេទនា​នោះហើយរងទេ រមែងដឹងច្បាស់ថា អទុក្ខមសុខវេទនា​នោះមិនទៀង។បេ។ ដឹងច្បាស់ថា មិនគួរត្រេកអរ។ បើអរិយសាវ័កនោះ កំពុង​រងកាយ​បរិយន្តិកវេទនា (វេទនាដែលប្រព្រឹត្តទៅ ក្នុងទីបំផុតកាយ) ក៏ដឹងច្បាស់ថា អាត្មាអញ កំពុងរងនូវកាយបរិយន្តិកវេទនា បើកំពុងរងនូវ​ជីវិតបរិយន្តិកវេទនា (​វេទនា ដែលប្រព្រឹត្តទៅ ក្នុងទីបំផុតនៃជីវិត) ក៏ដឹងច្បាស់ថា អាត្មាអញ កំពុង​រង​នូវ​ជីវិត​បរិយន្តិកវេទនា លុះទម្លាយ​រាងកាយ ខាងលើអំពីទីបំផុត នៃជីវិតទៅ ក៏ដឹងច្បាស់ថា អារម្មណ៍​ទាំងពួង ដែលបុគ្គលរង ក្នុងលោកនេះ មិនជាអារម្មណ៍ត្រជាក់ គួរ​ត្រេកអរ​ទេ។

[២២៤] ម្នាលអស្សជិ ដូចប្រទីបប្រេង លុះតែអាស្រ័យប្រេងផង អាស្រ័យ​ប្រឆេះ​ផង ទើបឆេះឡើងបាន បើប្រទីប​មិនមានអាហារ ព្រោះអស់ប្រេង និងប្រឆេះ​នោះឯង ក៏រលត់ទៅ ដូចម្តេចមិញ។ ម្នាលអស្សជិ កាលភិក្ខុ​រងនូវកាយ​បរិយន្តិកវេទនា ក៏ដឹងច្បាស់ថា អាត្មាអញ រងនូវកាយបរិយន្តិកវេទនា កាលរងនូវ​ជីវិតបរិយន្តិកវេទនា ក៏ដឹងច្បាស់ថា អាត្មាអញ ​រង​នូវ​ជីវិត​បរិយន្តិកវេទនា លុះទម្លាយ​រាងកាយ ខាងលើអំពីទីបំផុតជីវិតទៅ ក៏ដឹងច្បាស់ថា អារម្មណ៍​ទាំងពួង ដែលបុគ្គលរងក្នុងលោកនេះ មិនជាអារម្មណ៍ត្រជាក់ គួរ​ត្រេកអរ​ទេ។

[២២៥] សម័យមួយ ភិក្ខុទាំងឡាយ ជាថេរៈច្រើនរូប នៅក្នុងឃោសិតារាម ជិត​ក្រុង​កោសម្ពី។ សម័យនោះឯង ព្រះខេមកៈមានអាយុ នៅក្នុងពទរិការាម មានអា​ពាធ ដល់នូវសេចក្តីទុក្ខ មានជម្ងឺជាទម្ងន់។ គ្រានោះ ភិក្ខុទាំងឡាយជាថេរៈ ចេញអំពី​ទីសម្ងំ ក្នុងសាយណ្ហសម័យ ហើយហៅព្រះទាសកៈមានអាយុមកថា អាវុសោ ទាសកៈ ចូរលោកមកអាយ ចូរលោកទៅរកខេមកភិក្ខុ លុះចូលទៅដល់ហើយ ចូរ​ប្រាប់​ខេមកភិក្ខុ យ៉ាងនេះថា អាវុសោខេមកៈ ព្រះថេរៈទាំងឡាយ សួរលោក​យ៉ាង​នេះថា អាវុសោ អ្នកល្មមអត់ធន់បានខ្លះឬ អ្នកល្មម​ប្រព្រឹត្ត​ទៅបានខ្លះឬ ទុក្ខវេទនា​ធូរ​ថយ មិនចម្រើនឡើង ការធូរថយប្រាកដ មិនចម្រើន​ឡើងទេឬ។ ព្រះទាសកៈមានអាយុ ទទួលស្តាប់ពាក្យ របស់ភិក្ខុទាំងឡាយ ជាថេរៈថា ករុណា អាវុសោ ហើយចូលទៅរក​ព្រះខេមកៈមានអាយុ លុះចូលទៅដល់ហើយ ក៏ពោលនឹង​ព្រះខេមកៈមានអាយុ ដូច្នេះថា អាវុសោខេមកៈ ព្រះថេរៈទាំងឡាយ សួរលោក​យ៉ាង​នេះថា អាវុសោ អ្នកល្មមអត់ធន់បានខ្លះឬ អ្នកល្មម​ប្រព្រឹត្ត​ទៅបានខ្លះឬ ទុក្ខវេទនា​ធូរ​ថយ មិនចម្រើនឡើង ការធូរថយប្រាកដ មិនចម្រើន​ឡើងទេឬ។ ព្រះខេមកៈ​ពោលថា អាវុសោ ខ្ញុំអត់ធន់មិនបានទេ ខ្ញុំប្រព្រឹត្តទៅមិនបានទេ ទុក្ខវេទនារបស់ខ្ញុំ ចម្រើនឡើង​ខ្លាំងណាស់ មិនធូរថយទេ សេចក្តីចម្រើន​ប្រាកដឡើង មិនធូរថយទេ។

[២២៦] លំដាប់នោះ ព្រះទាសកៈ​មានអាយុ ចូលមករកភិក្ខុទាំងឡាយ ជាថេរៈ​វិញ លុះចូលមកដល់ហើយ ក៏ពោលនឹងភិក្ខុទាំងឡាយ ជាថេរៈ ដូច្នេះថា ម្នាលអាវុសោទាំងឡាយ ខេមកភិក្ខុ​ ពោលយ៉ាងនេះថា អាវុសោ ខ្ញុំអត់ធន់មិនបានទេ ខ្ញុំប្រព្រឹត្តទៅមិនបានទេ ទុក្ខវេទនារបស់ខ្ញុំ ចម្រើនឡើង​ខ្លាំងណាស់ មិនធូរថយទេ សេចក្តីចម្រើន​ប្រាកដឡើង មិនធូរថយទេ។ ភិក្ខុទាំងឡាយ ជាថេរៈ ពោលថា អាវុសោ​ទាសកៈ ចូរលោកមកអាយ ចូរលោក​ចូលទៅរក​ខេមកភិក្ខុ លុះចូលទៅដល់ហើយ ចូរពោលនឹង​ខេមកភិក្ខុ យ៉ាងនេះថា អាវុសោខេមកៈ ព្រះថេរៈ​ទាំងឡាយ ប្រាប់​លោកយ៉ាងនេះថា អាវុសោ ឧបាទានក្ខន្ធ ទាំង​៥នេះ ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ។ ឧបាទានក្ខន្ធ ទាំង៥ តើដូចម្តេចខ្លះ។ គឺ រូបូបាទានក្ខន្ធ១ វេទនូបាទានក្ខន្ធ១ សញ្ញូបាទានក្ខន្ធ១ សង្ខារូបាទានក្ខន្ធ១ វិញ្ញាណូបាទានក្ខន្ធ១។ ក្នុងឧបាទានក្ខន្ធ ទាំង៥នេះ ព្រះខេមកៈ​មានអាយុ យល់ឃើញ​របស់អ្វីបន្តិចបន្តួច​ ថាជាខ្លួន ឬថាជាបរិក្ខាររបស់ខ្លួនដែរឬ។ ព្រះទាសកៈ​មានអាយុ ទទួលស្តាប់ពាក្យរបស់​ភិក្ខុទាំងឡាយជាថេរៈថា ករុណា អាវុសោ ហើយក៏ចូល​ទៅរក​ព្រះខេមកៈមានអាយុ។បេ។ អាវុសោខេមកៈ ព្រះថេរៈទាំងឡាយ ប្រាប់​លោកយ៉ាងនេះថា អាវុសោ ឧបាទានក្ខន្ធ ទាំង​៥នេះ ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ។ ឧបាទានក្ខន្ធ ទាំង៥ តើដូចម្តេចខ្លះ។ គឺរូបូបាទានក្ខន្ធ១។បេ។ វិញ្ញាណូបាទានក្ខន្ធ១។ ក្នុងឧបាទានក្ខន្ធ ទាំង៥នេះ ព្រះខេមកៈ​មានអាយុ យល់ឃើញ​របស់អ្វីបន្តិចបន្តួច ​ថាជាខ្លួន ឬថាជាបរិក្ខារ របស់ខ្លួនដែរឬ។ ព្រះខេមកៈ​ពោលថា អាវុសោ ឧបាទានក្ខន្ធ ទាំង​៥នេះ ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ។ ឧបាទានក្ខន្ធ ទាំង៥ តើដូចម្តេចខ្លះ។ គឺរូបូបាទានក្ខន្ធ១។បេ។ វិញ្ញាណូបាទានក្ខន្ធ១។ អាវុសោ ក្នុងឧបាទានក្ខន្ធ ទាំង៥នេះ ខ្ញុំ​មិនយល់ឃើញ​របស់អ្វីបន្តិចបន្តួច ​ថាជាខ្លួន ឬថាជាបរិក្ខារ របស់ខ្លួនឡើយ។

[២២៧] លំដាប់នោះ ព្រះទាសកៈ​មានអាយុ ចូលទៅរក​ភិក្ខុទាំងឡាយ ជាថេរៈ លុះចូលទៅដល់ហើយ ពោល​នឹង​ភិក្ខុទាំងឡាយ ជាថេរៈ ដូច្នេះថា ម្នាលអាវុសោទាំងឡាយ ខេមកភិក្ខុ ពោលយ៉ាងនេះថា ឧបាទានក្ខន្ធ ទាំង​៥នេះ ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ។ ឧបាទានក្ខន្ធ ទាំង៥ តើដូចម្តេចខ្លះ។ គឺ រូបូបាទានក្ខន្ធ១។បេ។ វិញ្ញាណូបាទានក្ខន្ធ១។ អាវុសោ ក្នុងឧបាទានក្ខន្ធ ទាំង៥នេះ ខ្ញុំមិនយល់ឃើញ​របស់អ្វីបន្តិចបន្តួច ​ថាជាខ្លួន ឬថាជាបរិក្ខារ របស់ខ្លួនឡើយ។ ព្រះថេរៈទាំងឡាយ ពោលថា អាវុសោទាសកៈ ចូរលោក​មកអាយ ចូរលោកចូល​ទៅរក​ខេមកភិក្ខុ លុះចូលទៅដល់ហើយ ចូរពោល​នឹងខេមកភិក្ខុ យ៉ាងនេះថា អាវុសោ​ខេមកៈ ព្រះថេរៈ​ទាំងឡាយ ប្រាប់លោកយ៉ាងនេះថា អាវុសោ ឧបាទានក្ខន្ធ ទាំង​៥នេះ ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ។ ឧបាទានក្ខន្ធទាំង៥ តើដូចម្តេចខ្លះ។ គឺរូបូបាទានក្ខន្ធ១។បេ។ វិញ្ញាណូបាទានក្ខន្ធ១។ បានឮថា ក្នុង​ឧបាទានក្ខន្ធ ទាំង៥​នេះ បើព្រះខេមកៈ​មានអាយុ មិនយល់ឃើញ​របស់អ្វីបន្តិចបន្តួច ​ថាជាខ្លួន ឬថាជាបរិក្ខារ របស់ខ្លួនទេ មានតែព្រះខេមកៈ​មានអាយុ ជាព្រះអរហន្ត ខីណាស្រពហើយ។ ព្រះទាសកៈ​មានអាយុ ទទួលស្តាប់ពាក្យរបស់ភិក្ខុទាំងឡាយ ជា​ថេរៈថា ករុណា អាវុសោ ហើយចូល​ទៅរក​ព្រះខេមកៈមានអាយុ។បេ។ អាវុសោ​ខេមកៈ ព្រះថេរៈ​ទាំងឡាយ ប្រាប់លោកយ៉ាងនេះថា អាវុសោ ឧបាទានក្ខន្ធទាំង​៥នេះ ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ។ ឧបាទានក្ខន្ធទាំង៥ តើដូចម្តេចខ្លះ។ គឺរូបូបាទានក្ខន្ធ១។បេ។ វិញ្ញាណូបាទានក្ខន្ធ១។ បានឮថា ក្នុង​ឧបាទានក្ខន្ធ ទាំង៥នេះ បើព្រះខេមកៈ​មានអាយុ មិនយល់ឃើញ​របស់អ្វីបន្តិចបន្តួច​ ថាជាខ្លួន ឬថាជាបរិក្ខាររបស់ខ្លួនទេ មានតែ​ព្រះខេមកៈ​មានអាយុ ជាព្រះអរហន្ត ខីណាស្រពហើយ។ ​ព្រះខេមកៈឆ្លើយថា អាវុសោ ឧបាទានក្ខន្ធទាំង​៥នេះ ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ។ ឧបាទានក្ខន្ធ ទាំង៥ តើដូចម្តេចខ្លះ។ គឺរូបូបាទានក្ខន្ធ១។បេ។ វិញ្ញាណូបាទានក្ខន្ធ១។ អាវុសោ ក្នុងឧបាទានក្ខន្ធ ទាំង៥នេះ​ឯង ខ្ញុំមិនយល់ឃើញ​របស់អ្វីបន្តិចបន្តួច​ ថាជាខ្លួន ឬថាជាបរិក្ខារ របស់ខ្លួនទេ ទាំងខ្ញុំ ក៏មិនមែនជាអរហន្ត ខីណាស្រពដែរ អាវុសោ ខ្ញុំគ្រាន់តែប្រកាន់ថា អញមាន​ក្នុង​ឧបាទានក្ខន្ធ ទាំង៥ ប៉ុណ្ណោះ តែខ្ញុំ​មិនយល់ឃើញថា ឧបាទានក្ខន្ធ​ ទាំង​៥នេះ ជាអញឡើយ។

[២២៨] លំដាប់នោះ ព្រះទាសកៈ​មានអាយុ ចូល​ទៅរកភិក្ខុ​ទាំងឡាយ ជាថេរៈ លុះចូលទៅដល់ហើយ ក៏ពោលនឹង​ភិក្ខុទាំងឡាយ ជាថេរៈ​ដូច្នេះថា ម្នាលអាវុសោ​ទាំងឡាយ ខេមកភិក្ខុ​ ពោលយ៉ាងនេះថា អាវុសោ ឧបាទានក្ខន្ធ ទាំង​៥នេះ ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ។ ឧបាទានក្ខន្ធ ទាំង៥ តើដូចម្តេចខ្លះ។ គឺរូបូបាទានក្ខន្ធ១។បេ។ វិញ្ញាណូបាទានក្ខន្ធ១។ អាវុសោ ក្នុង​ឧបាទានក្ខន្ធទាំង​៥ នេះ​ឯង ខ្ញុំ​មិនយល់ឃើញ​របស់អ្វីបន្តិចបន្តួច ថាជារបស់​ខ្លួន ឬថា​ជាបរិក្ខារ របស់​ខ្លួនទេ ទាំង​ខ្ញុំ ក៏​មិនមែន​ជា​អរហន្ត ខីណាស្រពដែរ អាវុសោ ខ្ញុំគ្រាន់តែ​ប្រកាន់ថា អញ​មាន​ក្នុង​ឧបាទានក្ខន្ធ ទាំង​៥ប៉ុណ្ណោះ តែខ្ញុំ​មិនយល់ឃើញថា​ ឧបាទានក្ខន្ធទាំង​៥ នេះជាអញ​ឡើយ។ ព្រះថេរៈទាំងឡាយពោលថា អាវុសោទាសកៈ ចូរ​លោក​មក​អាយ ចូរ​លោក​ទៅរកខេមកភិក្ខុ លុះចូលទៅដល់ហើយ ចូរពោលនឹងខេមកភិក្ខុ យ៉ាងនេះថា អាវុសោខេមកៈ ព្រះថេរៈ​ទាំងឡាយ សួរលោកយ៉ាងនេះថា អាវុសោខេមកៈ ដែល​លោក​ហៅថា អញនុ៎ះ តើលោកហៅអ្វី ​ថាជាអញ។ លោកហៅរូប​ ថាជាអញឬ។ ឬ​លោក​ហៅរបស់ដទៃ​អំពីរូប ថាជាអញ។ លោកហៅវេទនា។ សញ្ញា។ សង្ខារទាំងឡាយ។ លោកហៅវិញ្ញាណ ថាជាអញឬ។បេ។ ឬលោក​ហៅរបស់​ដទៃ​អំពីវិញ្ញាណ ថាជាអញ។ អាវុសោខេមកៈ ដែលលោក​ហៅថា ជាអញនុ៎ះ តើលោក​ហៅ​អ្វីថាជាអញ។ ព្រះទាសកៈមានអាយុ ទទួលស្តាប់ពាក្យរបស់​ភិក្ខុទាំងឡាយ ជា​ថេរៈថា ករុណា អាវុសោ ហើយចូលទៅរក​ព្រះខេមកៈ​មានអាយុ លុះចូលទៅដល់ហើយ ក៏ពោល​នឹង​ព្រះខេមកៈ​មានអាយុ ដូច្នេះថា អាវុសោ​ខេមកៈ ព្រះថេរៈទាំងឡាយ សួរលោកយ៉ាងនេះថា អាវុសោខេមកៈ ដែល​លោកហៅថា អញនុ៎ះ តើលោកហៅអ្វី​ ថាជាអញ។ លោក​ហៅរូប​ថា ជាអញឬ។ ឬ​លោក​ហៅរបស់ដទៃ​អំពីរូប​ថាជាអញ។ លោកហៅវេទនា។ សញ្ញា។ សង្ខារទាំងឡាយ។ លោកហៅវិញ្ញាណ ថាជាអញឬ។ ឬលោកហៅ​របស់ដទៃ​អំពី​វិញ្ញាណ ​ថាជាអញ។ អាវុសោខេមកៈ ដែលលោកហៅថាជាអញនុ៎ះ តើលោក​ហៅ​អ្វី​ថាជាអញ។ ព្រះខេមកៈ​ពោលថា កុំឡើយ អាវុសោទាសកៈ ប្រយោជន៍អ្វី ដោយ​ការ​ត្រឡប់ទៅ ត្រឡប់មកនេះ អាវុសោ ចូរ​លោកហុចឈើច្រត់មក ខ្ញុំឯង​នឹង​ចូល​ទៅរក​ភិក្ខុ​ទាំងឡាយ​ជាថេរៈ។

[២២៩] លំដាប់នោះ ព្រះខេមកៈមានអាយុ ច្រត់ឈើច្រត់ ដើរចូល​ទៅរក​ភិក្ខុ​ទាំងឡាយជាថេរៈ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ​ជាមួយនឹង​ភិក្ខុ​ទាំង​ឡាយជាថេរៈ លុះបញ្ចប់​ពាក្យ ដែល​គួរ​រីករាយ និងពាក្យ​ដែលគួរ​រឭកហើយ ក៏​អង្គុយក្នុងទីសមគួរ។ លុះព្រះខេមកៈមានអាយុ អង្គុយក្នុងទីសមគួរហើយ ភិក្ខុ​ទាំង​ឡាយ ជាថេរៈ ក៏សួរដូច្នេះថា អាវុសោខេមកៈ ដែលលោក​ហៅថា អញនុ៎ះ តើលោក​ហៅអ្វី ថាជាអញ។ លោកហៅរូបថា ជាអញឬ។ ឬលោកហៅរបស់ដទៃ អំពី​រូប​ថា​ជាអញ។ លោកហៅវេទនា។ សញ្ញា។ សង្ខារទាំងឡាយ។ លោកហៅវិញ្ញាណ​ ថាជា​អញឬ។ ឬលោកហៅរបស់ដទៃ​អំពីវិញ្ញាណ ​ថាជាអញ។ អាវុសោខេមកៈ ដែល​លោក​ហៅថា អញនុ៎ះ តើលោកហៅអ្វី ថាជាអញ។ ព្រះខេមកៈឆ្លើយថា អាវុសោ ខ្ញុំ​មិនហៅ​រូប ​ថាជាអញទេ សូម្បីរបស់​ដទៃអំពីរូប ក៏ខ្ញុំ​មិនហៅថា ជាអញដែរ។ ខ្ញុំមិនហៅ​វេទនា។ មិនហៅសញ្ញា។ មិនហៅសង្ខារទាំងឡាយ។ មិនហៅវិញ្ញាណ​ថាជាអញទេ សូម្បី​របស់ដទៃ​អំពីវិញ្ញាណ​ ក៏ខ្ញុំមិនហៅថា ជាអញដែរ អាវុសោ ខ្ញុំគ្រាន់តែ​ប្រកាន់​ថា អញ​មានក្នុងឧបាទានក្ខន្ធ ​ទាំង៥ប៉ុណ្ណោះ តែខ្ញុំមិនយល់​ឃើញថា ឧបាទានក្ខន្ធ ទាំង​៥​នេះ ជាអញទេ។ អាវុសោ ដូចជាក្លិននៃផ្កាព្រលិត ផ្កាឈូកក្រហម ឬផ្កាឈូកស បុគ្គល​ណា និយាយយ៉ាងនេះថា ក្លិនរបស់ត្របកក្តី ក្លិនរបស់ពណ៌ក្តី ក្លិន​របស់កេសរ​ក្តី បុគ្គល​នោះ កាលបើនិយាយ (យ៉ាង​នេះ) ឈ្មោះថា និយាយត្រូវ​ដែរឬ។ យ៉ាង​នុ៎ះ​មិនត្រូវទេ អាវុសោ។ អាវុសោ ចុះកាលបើបុគ្គល​នឹងព្យាករឲ្យត្រូវ តើគប្បី​ព្យាករ​ដូច​ម្តេច​វិញ។ អាវុសោ កាលបើ​បុគ្គលនឹងព្យាករឲ្យត្រូវ គប្បីព្យាករថា ក្លិន​របស់ផ្កា។ អើអាវុសោ យ៉ាងនោះមែន ឯខ្ញុំ​មិនហៅរូប ថាជាអញទេ សូម្បី​របស់ដទៃអំពីរូប ក៏ខ្ញុំ​មិនហៅថា ជាអញដែរ។ ខ្ញុំ​មិនហៅវេទនា។ មិនហៅសញ្ញា។ មិនហៅសង្ខារ​ទាំង​ឡាយ។ មិនហៅវិញ្ញាណថាជាអញទេ សូម្បី​របស់ដទៃ​អំពីវិញ្ញាណ ក៏ខ្ញុំ​មិនហៅថា ជា​អញដែរ អាវុសោ ខ្ញុំគ្រាន់តែប្រកាន់ថា អញមានក្នុងឧបាទានក្ខន្ធ ទាំង៥ប៉ុណ្ណោះ តែខ្ញុំមិនយល់ឃើញថា ឧបាទានក្ខន្ធ ទាំង៥នេះ ជាអញទេ។ អាវុសោ ពួក​ ឱរម្ភាគិយ​សំយោជនៈ (សំយោជនៈ​ជាចំណែក​ខាងក្រោម) ៥ប្រការ ដែល​អរិយសាវ័ក​លះបង់​បាន ក៏មែនពិតហើយ តែថា​មានះ (សេចក្តីប្រកាន់) ថាជាអញ ឆន្ទៈ (សេចក្តី​គាប់​ចិត្ត) ថាជាអញ អនុស័យ (កិលេសដែលដេកត្រាំក្នុងចិត្ត) ថាជាអញ យ៉ាងល្អិត នៅ​ក្នុង​ឧបាទានក្ខន្ធទាំង៥ លោក​មិនទាន់គាស់រំលើងបាននៅឡើយ។ លុះសម័យ​ខាង​ក្រោយមក លោកពិចារណាឃើញ នូវសេចក្តីកើត និងសេចក្តីរលត់ ក្នុង​ឧបាទានក្ខន្ធ​ទាំង៥ថា ដូច្នេះជារូប ដូច្នេះជាហេតុ​ឲ្យកើតរូប ដូច្នេះជាសេចក្តី​រលត់រូប។ ដូច្នេះ​ជា​វេទនា។ ដូច្នេះជាសញ្ញា។ ដូច្នេះ​ជា​សង្ខារទាំងឡាយ។ ដូច្នេះជាវិញ្ញាណ ដូច្នេះ​ជា​ហេតុ​ឲ្យ​កើតវិញ្ញាណ ដូច្នេះជាសេចក្តី​រលត់នៃវិញ្ញាណ។ កាល​លោកពិចារណា​ឃើញ នូវសេចក្តី​កើត សេចក្តីរលត់ ក្នុងឧបាទានក្ខន្ធ ទាំង៥នេះហើយ មានះ ថាជាអញ ឆន្ទៈថាជាអញ អនុស័យថាជាអញ ជាកិលេសយ៉ាងល្អិត ដែល​លោក​គាស់រំលើង មិនទាន់​បាននៅឡើយ ក៏ដល់នូវកិរិយា​គាស់រំលើង​ឡើងបាន។ អាវុសោ ដូចសំពត់ដ៏សៅហ្មង ប្រឡាក់ក្អែល ពួកជនជាម្ចាស់ យកសំពត់​នោះ ទៅប្រគល់​ឲ្យ​ជាងជ្រលក់ ជាងជ្រលក់ ​ក៏ច្របាច់ ច្របល់សំពត់នោះ ក្នុងទឹកប្រៃក្តី ក្នុង​ទឹកក្បុងក្តី ក្នុង​ទឹកគោម័យក្តី ហើយយក​ទៅគក់ក្នុងទឹកដ៏ថ្លា សំពត់​នោះ ត្រឡប់ជា​សំពត់ស្អាត ផូរផង់ ក៏មែន​ពិតហើយ តែថាសំពត់នោះ គង់មានក្លិន​ទឹកប្រៃ ក្លិនទឹកក្បុង ក្លិន​ទឹក​គោម័យ ដែលជ្រួតជ្រាបមិនទាន់បាត់នៅឡើយ លុះតែជាងជ្រលក់ ឲ្យសំពត់​នោះ ដល់​ពួកជន​ជាម្ចាស់ ពួកជនជាម្ចាស់​ ក៏ដាក់សំពត់នោះ ក្នុងទូដែលអប់ដោយក្លិន ឯ​ក្លិន​ទឹកប្រៃក្តី ក្លិនទឹកក្បុងក្តី ក្លិនទឹកគោម័យក្តី ដែលជ្រួតជ្រាបនៅ ក៏ហើរបាត់​អស់​ទៅ យ៉ាងណាមិញ។ អាវុសោ ពួកឱរម្ភាគិយសំយោជនៈ ៥ប្រការ ដែលអរិយសាវ័ក​លះបង់បាន ក៏មែនពិតហើយ តែថា មានះថាជាអញ ឆន្ទៈថាជាអញ អនុស័យ​ថាជា​អញ ជាកិលេសយ៉ាងល្អិត នៅក្នុង​ឧបាទានក្ខន្ធ ទាំង៥ ក៏លោកគាស់រំលើង​មិនទាន់​បាននៅឡើយ លុះសម័យខាងក្រោយមក លោកពិចារណាឃើញ ​នូវសេចក្តី​កើត និង​សេចក្តីរលត់ ក្នុងឧបាទានក្ខន្ធ​ ទាំង៥ថា ដូច្នេះជារូប ដូច្នេះជាហេតុ​ឲ្យកើតរូប ដូច្នេះ ជា​សេចក្តី​រលត់រូប។ ដូច្នេះជាវេទនា។ ដូច្នេះជាសញ្ញា។ ដូច្នេះជាសង្ខារ​ទាំងឡាយ។ ដូច្នេះជាវិញ្ញាណ ដូច្នេះជាហេតុ​ឲ្យកើតវិញ្ញាណ ដូច្នេះជាសេចក្តី​រលត់វិញ្ញាណ។ កាលបើលោកពិចារណាឃើញ នូវ​សេចក្តីកើត និងសេចក្តី​រលត់ ក្នុងឧបាទានក្ខន្ធ ទាំង​៥ហើយ មានះ​ថាជាអញ ឆន្ទៈថាជាអញ អនុស័យថាជាអញ ជាកិលេស​យ៉ាង​ល្អិត ក្នុង​ឧបាទានក្ខន្ធ ទាំង៥ ដែលលោក​គាស់រំលើង​មិនទាន់បាននៅឡើយ ក៏ដល់​នូវ​កិរិយា​គាស់រំលើង​ឡើងបានយ៉ាងនោះឯង។

[២៣០] លុះព្រះខេមកៈពោលយ៉ាងនេះហើយ ភិក្ខុទាំងឡាយជាថេរៈ ក៏​ពោល​នឹងព្រះខេមកៈមានអាយុ ដូច្នេះថា យើងទាំងឡាយ មិនសួរព្រះខេមកៈ​មានអាយុ ព្រោះប្រាថ្នា​នឹងបៀតបៀនទេ បានជាសួរ (ដោយ​យល់ឃើញថា) ព្រះខេមកៈមានអាយុ អាចនឹងប្រាប់ សំដែង បញ្ញត្ត តែងតាំង​ បើក ចែក ធ្វើ​ឲ្យរាក់ នូវ​សាសនា របស់​ព្រះមានព្រះភាគ ​អង្គនោះ ដោយពិស្តារបាន ដូចជាសាសនា​របស់​ព្រះមានព្រះភាគ អង្គនោះ ដែល​ព្រះខេមកៈមានអាយុ បានប្រាប់ បានសំដែង បាន​បញ្ញត្ត បានតែងតាំង បានបើក បានចែក បានធ្វើឲ្យរាក់ហើយ ដោយសេចក្តី​ពិស្តារ​នេះឯង។ ព្រះខេមកៈមានអាយុ បានពោលភាសិត​នេះចប់ហើយ។ ភិក្ខុទាំងឡាយ​ ជា​ថេរៈ មានចិត្តត្រេកអររីករាយ នឹងភាសិតរបស់​ព្រះខេមកៈមានអាយុក្រៃលែង។ ក៏​កាលដែលព្រះខេមកៈមានអាយុ កំពុងពោលវេយ្យាករណ៍នេះ ចិត្ត​របស់​ភិក្ខុ​ទាំងឡាយ ជាថេរៈ ប្រមាណ​៦០រូប ព្រមទាំង​ព្រះខេមកៈមានអាយុ ក៏រួចផុតស្រឡះ ចាក​អាសវៈទាំងឡាយ។

[២៣១] សម័យមួយ ភិក្ខុទាំងឡាយ ជាថេរៈច្រើ់នរូប នៅក្នុងឥសិបតន​មិគទាយវ័ន ជិតក្រុងពារាណសី។ គ្រានោះឯង ព្រះឆន្នៈមានអាយុ ចេញអំពី​ទីសម្ងំ ក្នុងសាយណ្ហសម័យ ហើយកាន់កូនសោដើរចេញពីវិហារមួយ ចូលទៅកាន់វិហារ​មួយ និយាយ​នឹងភិក្ខុទាំងឡាយជាថេរៈ​ ដូច្នេះថា សូមព្រះថេរៈទាំងឡាយ មានអាយុ ទូន្មានខ្ញុំ​ករុណា សូមព្រះថេរៈ​ទាំងឡាយ មានអាយុ ប្រៀនប្រដៅខ្ញុំករុណា សូម​ព្រះថេរៈទាំងឡាយ មានអាយុ ធ្វើធម្មីកថា ដល់ខ្ញុំករុណា សមគួរ​តាមធម៌ ដែលខ្ញុំ​ករុណាល្មមយល់បាន។

[២៣២] កាលដែលព្រះឆន្នៈនិយាយយ៉ាងនេះហើយ ភិក្ខុទាំងឡាយជាថេរៈ និយាយនឹងព្រះឆន្នៈមានអាយុ ដូច្នេះថា អាវុសោឆន្នៈ រូប មិនទៀង វេទនាមិនទៀង សញ្ញាមិនទៀង សង្ខារទាំងឡាយ មិនទៀង វិញ្ញាណមិនទៀង។ រូបជាអនត្តា។ វេទនា។ សញ្ញា។ សង្ខារទាំងឡាយ។ វិញ្ញាណជាអនត្តា សង្ខារទាំងឡាយ ទាំងពួង មិនទៀង ធម៌ទាំងឡាយទាំងពួង ជាអនត្តា។ លំដាប់នោះ ព្រះឆន្នៈមានអាយុ មាន​សេចក្តីត្រិះរិះ ដូច្នេះថា អាត្មាអញ ក៏មានសេចក្តីត្រិះរិះ យ៉ាង​នេះដែរថា រូប​មិនទៀង។ វេទនា។ សញ្ញា។ សង្ខារទាំងឡាយ។ វិញ្ញាណមិនទៀង។ រូបជាអនត្តា។ វេទនា។ សញ្ញា។ សង្ខារទាំងឡាយ។ វិញ្ញាណជាអនត្តា សង្ខារទាំងឡាយទាំងពួង មិនទៀង ធម៌ទាំងឡាយទាំងពួង ជាអនត្តាដែរ ប៉ុន្តែចិត្ត​របស់អញ មិនស្ទុះ មិន​ជ្រះថ្លា មិនតម្កល់ខ្ជាប់ មិនបង្អោន​ទៅរកព្រះនិព្វាន ដែលមាន​អាការរម្ងាប់ នូវសង្ខារទាំងពួង ជា​ទីរលាស់​ចេញ នូវ​ឧបធិទាំងពួង ជាទីអស់ទៅ នៃតណ្ហា ជាទីប្រាសចាកតម្រក ជាទី​រលត់ទេ ទើបសេចក្តីតក់ស្លុត សេចក្តីប្រកាន់មាំ ក៏កើតឡើង ចិត្តរបស់​អញ ក៏ត្រឡប់​គិតថា អ្វីហ្ន៎ ជាខ្លួនរបស់​អញអេះ។ មួយទៀត កាលបើអញ មិនទាន់ឃើញ​ចតុស្សច្ច​ធម៌នុ៎ះ ហើយនរណាឡើយ នឹងសំដែង​ធម៌ដល់អញ សមគួរតាមធម៌ដែល​អញល្មម​យល់បាន។

[២៣៣] លំដាប់នោះ ព្រះឆន្នៈមានអាយុ មានសេចក្តីត្រិះរិះ ដូច្នេះថា ព្រះអានន្ទមានអាយុនេះ នៅក្នុងឃោសិតារាម ជិតក្រុងកោសម្ពី ជាអ្នកដែល​ព្រះសាស្តា ទ្រង់សរសើរផង ជាអ្នកដែល​ពួកវិញ្ញូជន ជាសព្រហ្មចារី លើកតំកើងផង មានតែ​ព្រះអានន្ទមានអាយុ ទើបអាចសំដែង​ធម៌ដល់អញ សមគួរតាមធម៌ ដែល​អញ​ល្មម​យល់បាន ទាំងអញ ក៏មានសេចក្តីស្និទ្ធស្នាល​ នឹង​ព្រះអានន្ទមានអាយុ​ជាដរាប​មក បើដូច្នោះ គួរតែអញ ចូលទៅរក​ព្រះអានន្ទមានអាយុចុះ។ ទើប​ព្រះឆន្នៈមានអាយុ រៀបចំទុកដាក់​សេនាសនៈ រួចស្រេចហើយ កាន់យកបាត្រ និង​ចីវរ ចូលទៅរកព្រះអានន្ទមានអាយុ ឯឃោសិតារាម ជិតក្រុងកោសម្ពី លុះចូលទៅដល់ហើយ ធ្វើកិរិយារីករាយ ជាមួយនឹងព្រះអានន្ទមានអាយុ លុះ​បញ្ចប់​ពាក្យ ដែលគួរ​រីករាយ និងពាក្យដែលគួរ​រឭកហើយ ក៏អង្គុយក្នុងទីដ៏សមគួរ។ លុះ​ព្រះឆន្នៈមានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ ក៏ពោលនឹងព្រះអានន្ទមានអាយុ ដូច្នេះថា អាវុសោអានន្ទ សម័យមួយ ខ្ញុំនៅក្នុងឥសិបតន​មិគទាយវ័ន ជិតក្រុង​ពារាណសី អាវុសោ គ្រានោះ ខ្ញុំចេញចាកទីសម្ងំ ក្នុងសាយណ្ហសម័យ ហើយកាន់​កូនសោ​ដើរចេញពីវិហារមួយ ចូលទៅកាន់វិហារ​មួយ និយាយ​នឹងភិក្ខុទាំងឡាយ​ជា​ថេរៈ​ ដូច្នេះថា សូមព្រះថេរៈទាំងឡាយ មានអាយុ ទូន្មានខ្ញុំ​ករុណា សូមព្រះថេរៈ​ទាំងឡាយ មានអាយុ ប្រៀនប្រដៅខ្ញុំករុណា សូម​ព្រះថេរៈទាំងឡាយ មានអាយុ ធ្វើធម្មីកថា ដល់ខ្ញុំករុណា ឲ្យសមគួរ​តាមធម៌ ដែលខ្ញុំ​ករុណាល្មមយល់បាន។ អាវុសោ កាល​ខ្ញុំនិយាយ យ៉ាងនេះហើយ ភិក្ខុទាំងឡាយជាថេរៈ និយាយនឹងខ្ញុំករុណា ដូច្នេះ​ថា អាវុសោឆន្នៈ រូប មិនទៀង។ វេទនា។ សញ្ញា។ សង្ខារទាំងឡាយ។ វិញ្ញាណ មិនទៀង។ រូបជាអនត្តា។បេ។ វិញ្ញាណជាអនត្តា សង្ខារទាំងឡាយ ទាំងពួង មិនទៀង ធម៌ទាំងឡាយទាំងពួង ជាអនត្តា។ អាវុសោ ខ្ញុំនោះ មាន​សេចក្តីត្រិះរិះ ដូច្នេះថា អាត្មាអញ ក៏មានសេចក្តីត្រិះរិះ យ៉ាង​នេះថា រូប​មិនទៀង។បេ។ វិញ្ញាណមិនទៀង។ រូបជាអនត្តា។ វេទនា។ សញ្ញា។ សង្ខារទាំងឡាយ។ វិញ្ញាណជាអនត្តា សង្ខារទាំងឡាយទាំងពួង មិនទៀង ធម៌ទាំងឡាយទាំងពួង ជាអនត្តាដែរ ប៉ុន្តែចិត្ត​របស់​ខ្ញុំ មិនស្ទុះ មិន​ជ្រះថ្លា មិនតម្កល់ខ្ជាប់ មិនបង្អោន​ទៅក្នុងព្រះនិព្វាន ដែលមាន​អាការរម្ងាប់ នូវសង្ខារទាំងពួង ជា​ទីរលាស់​ចេញ នូវ​ឧបធិទាំងពួង ជាទីអស់ទៅ​នៃតណ្ហា ជាទីប្រាសចាកតម្រក ជាទី​រលត់ទេ ទើបសេចក្តីតក់ស្លុត សេចក្តីប្រកាន់មាំ ក៏កើតឡើង ចិត្តរបស់ខ្ញុំ ក៏ត្រឡប់​គិតថា អ្វីហ្ន៎ ជាខ្លួនរបស់​អញអេះ។ មួយទៀត កាលបើខ្ញុំ មិនទាន់ឃើញ​ចតុស្សច្ច​ធម៌ទេ នរណាឡើយ នឹងសំដែង​ធម៌ដល់ខ្ញុំ សមគួរដល់ធម៌ ដែល​ខ្ញុំល្មម​យល់បាន។ អាវុសោ ខ្ញុំក៏មានសេចក្តីត្រិះរិះ ដូច្នេះថា ព្រះអានន្ទមានអាយុអង្គនេះ នៅក្នុងឃោសិតារាម ជិតក្រុងកោសម្ពី ជាអ្នកដែល​ព្រះសាស្តា ទ្រង់សរសើរផង ជាអ្នកដែល​ពួកវិញ្ញូជន ជាសព្រហ្មចារី លើកតំកើងផង មានតែ​ព្រះអានន្ទមានអាយុ អាចនឹងសំដែង​ធម៌ដល់អញ សមគួរតាមធម៌ ដែល​អញ​ល្មម​យល់បាន ទាំងអញ ក៏មានសេចក្តីស្និទ្ធស្នាល​ នឹង​ព្រះអានន្ទមានអាយុ ជា​ដរាប​មក បើដូច្នោះ គួរតែអាត្មាអញ ចូលទៅរក​ព្រះអានន្ទមានអាយុចុះ។ សូម​ព្រះអានន្ទ​មានអាយុ ទូន្មានខ្ញុំ​ករុណា សូមព្រះអានន្ទមានអាយុ ប្រៀនប្រដៅខ្ញុំករុណា សូមព្រះអានន្ទមានអាយុ ធ្វើធម្មីកថា ដល់ខ្ញុំករុណា សមគួរ​តាមធម៌ ដែលខ្ញុំ​ករុណាល្មមយល់បាន។

[២៣៤] ព្រះអានន្ទពោលថា ខ្ញុំរីករាយត្រេកអរ នឹង​ព្រះឆន្នៈ​មានអាយុ ដោយ​ហេតុ​ដែល​ព្រះឆន្នៈ​មានអាយុ ធ្វើសេចក្តី​នោះ ឲ្យជាក់ច្បាស់ ទម្លាយសេចក្តីរឹងត្អឹង អាវុសោឆន្នៈ ចូរលោកផ្ទៀង​សោតប្រសាទចុះ លោកជាបុគ្គល​គួរយល់​ធម៌​បានហើយ។ ​ព្រះឆន្នៈ​មានអាយុ ក៏កើតបីតិ និងបាមោជ្ជ ដ៏ក្រៃលែង ដោយហេតុ​គ្រាន់តែ​ឮ​ថាខ្លួនជាបុគ្គល​គួរយល់​ធម៌បានហើយប៉ុណ្ណោះ។ ព្រះអានន្ទមានអាយុ ពោលថា អាវុសោឆន្នៈ សូត្រនេះ ខ្ញុំបានស្តាប់​មក ខ្ញុំបាន​ទទួលមក ក្នុងទីចំពោះ​ព្រះភក្ត្រ នៃព្រះមានព្រះភាគ កាលដែលទ្រង់ទូន្មានភិក្ខុជា​កច្ចានគោត្រថា ម្នាល​កច្ចានៈ សត្វលោកនេះ ច្រើនតែអាស្រ័យ​នូវ ទិដ្ឋិ២ប្រការ គឺ​ការប្រកាន់​ថា មាន (សស្សតទិដ្ឋិ)១ ការប្រកាន់ថា មិនមាន (ឧច្ឆេទទិដ្ឋិ)១។ ម្នាលកច្ចានៈ កាលបើគេ​ពិចារណា​ឃើញ តាមសេចក្តីពិត ដោយប្រាជ្ញាដ៏ប្រពៃ នូវហេតុដែលឲ្យ​កើតលោក ការប្រកាន់​ថា មិនមាន ណា ក្នុងលោក គេមិនមានការប្រកាន់ថា មិនមាននោះទេ។ ម្នាល​កច្ចានៈ កាលបើគេ​ពិចារណា​ឃើញ តាមសេចក្តីពិត ដោយប្រាជ្ញាដ៏ប្រពៃ នូវសេចក្តីរលត់របស់លោក ការប្រកាន់​ថា មាន ណា ក្នុងលោក គេមិនមាន​ការប្រកាន់ថា មាន នោះទេ។ ម្នាល​កច្ចានៈ សត្វលោកនេះ ច្រើនតែជាប់​ចំពាក់ដោយឧបាយ (តណ្ហាទិដ្ឋិ) ឧបាទាន និង​អភិនិវេសៈ គឺតណ្ហាទិដ្ឋិ ចំណែក​អរិយ​សាវ័កនេះ រមែង​មិនផ្តេកផ្តួល មិនប្រកាន់ មិនតាំងចិត្តខ្ជាប់ នូវឧបាយ​ និងឧបាទាននោះ ដែលជា​អធិដ្ឋាន (ទី​ឈរ) ជាអភិនិវេសៈ (ទីអង្គុយ) និង​ជា​អនុស័យ (ទីដេក) នៃចិត្ត ថាខ្លួនរបស់អញឡើយ។ អរិយសាវ័កនោះ មិនសង្ស័យ មិនងឿងឆ្ងល់ថា ទុក្ខក្នុងឧបាទានក្ខន្ធ ទាំង៥ កាលកើតឡើង រមែងកើតឡើងពិត ទុក្ខ​កាល​រលត់ទៅ រមែងរលត់ទៅពិត។ ព្រះអរិយសាវ័កនោះ មានសេចក្តី​យល់ចំពោះខ្លួន ក្នុងឧបាទានក្ខន្ធទុក្ខនុ៎ះ មិនបាច់មានបុគ្គលដទៃ ជាបច្ច័យ។ ម្នាល​កច្ចានៈ សម្មាទិដ្ឋិ រមែងកើតមាន ដោយហេតុមានប្រមាណប៉ុណ្ណេះឯង។ ម្នាល​កច្ចានៈ សេចក្តីយល់ថា អ្វីទាំងអស់ មាន នេះជាសេចក្តីយល់ដ៏លាមកទី១ គឺសស្សតទិដ្ឋិ សេចក្តីយល់ថា អ្វីទាំងអស់មិនមាន នេះជាសេចក្តី​យល់ដ៏លាមកទី២ គឺ​ឧច្ឆេទទិដ្ឋិ។ ម្នាលកច្ចានៈ តថាគត សំដែងធម៌ ប្រាប់អ្នកតាមផ្លូវកណ្តាល មិនច្រឡូក​ច្រឡំ ក្នុងសេចក្តីយល់ដ៏លាមកទាំង២នេះឡើយថា សង្ខារទាំងឡាយ កើតមាន ព្រោះអវិជ្ជាជាបច្ច័យ វិញ្ញាណកើតមាន ព្រោះសង្ខារទាំងឡាយ ជាបច្ច័យ។បេ។ ហេតុជាដែនកើត នៃកងទុក្ខទាំងអស់នេះ រមែងកើត​មាន ដោយ​ប្រការដូច្នេះ។ មួយទៀត សេចក្តីរលត់នូវ​សង្ខារ ព្រោះវិនាស​ និងរលត់​មិនសេសសល់ នៃអវិជ្ជា។បេ។ សេចក្តីរលត់ នៃកងទុក្ខទាំងអស់នេះ រមែងកើតមាន ដោយ​ប្រការដូច្នេះ។ ព្រះឆន្នៈពោលថា អាវុសោអានន្ទ សេចក្តីនុ៎ះ យ៉ាងហ្នឹង​មែន​ហើយ បណ្តាលោកមានអាយុទាំងឡាយណា លោកមានអាយុទាំងនោះ ប្រាកដ​ដូច​លោកម្ចាស់ ឈ្មោះថា ជាសព្រហ្មចារី ជាអ្នកអនុគ្រោះ អ្នកចង់ឲ្យប្រយោជន៍ អ្នក​ឲ្យ​ឱវាទ អ្នកប្រៀនប្រដៅមែន ចំណែកខ្ញុំ​ ទើបនឹង​យល់ធម៌ច្បាស់ ព្រោះបានស្តាប់ធម៌​ទេសនា របស់​ព្រះអានន្ទមានអាយុនេះឯង។

[២៣៥] ជិតក្រុងសាវត្ថី។ គ្រានោះ ព្រះរាហុលមានអាយុ ចូលទៅគាល់​ព្រះមានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយ​ក្នុងទីដ៏សមគួរ។ លុះព្រះរាហុល មានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ បាន​ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន កាលបុគ្គល​ដឹង​ដូចម្តេច ឃើញដូចម្តេច ទើប​មិនមានអនុស័យ គឺសេចក្តីប្រកាន់អហង្ការមមង្ការ ក្នុង​កាយដែលប្រកបដោយវិញ្ញាណនេះផង ក្នុងនិមិត្តគ្រប់ចំពូក​ជាខាងក្រៅ​ផង។ ព្រះមានព្រះភាគ ត្រាស់ថា ម្នាលរាហុល រូបណាមួយ ជាអតីត អនាគត បច្ចុប្បន្ន ខាងក្នុងក្តី ខាងក្រៅក្តី គ្រោតគ្រាតក្តី ល្អិតក្តី ថោកទាបក្តី ឧត្តមក្តី ឬរូបណា មានក្នុង​ទីឆ្ងាយ ក្នុងទីជិត បុគ្គល​ឃើញនូវ​រូបទាំង​អស់នុ៎ះ ដោយប្រាជ្ញាដ៏ប្រពៃ​ តាមសេចក្តី​ពិត យ៉ាងនេះថា នុ៎ះមិនមែនរបស់អញ នុ៎ះមិនមែនជាអញ នុ៎ះ​មិនមែនជាខ្លួន​របស់​អញឡើយ។ វេទនាណានីមួយ។ សញ្ញាណានីមួយ។ សង្ខារទាំងឡាយណានីមួយ។ វិញ្ញាណណានីមួយ ជាអតីត អនាគត បច្ចុប្បន្ន ខាងក្នុងក្តី ខាងក្រៅក្តី។បេ។ បុគ្គល​ឃើញនូវវិញ្ញាណទាំង​អស់នុ៎ះ ដោយប្រាជ្ញាដ៏ប្រពៃ​ តាមសេចក្តី​ពិត យ៉ាងនេះថា នុ៎ះមិនមែនរបស់អញ នុ៎ះមិនមែនជាអញ នុ៎ះ​មិនមែនជាខ្លួន​របស់​អញឡើយ។ ម្នាល​រាហុល កាលបុគ្គលដឹង​យ៉ាងនេះ ឃើញយ៉ាងនេះ ទើប​មិនមានអនុស័យ គឺ​សេចក្តី​ប្រកាន់អហង្ការមមង្ការ ក្នុងកាយដែលប្រកបដោយ​វិញ្ញាណនេះផង ក្នុងនិមិត្ត​គ្រប់ចំពូកជាខាងក្រៅផង។

[២៣៦] ជិតក្រុងសាវត្ថី។ ក្នុងវត្ត។ លុះព្រះរាហុលមានអាយុ អង្គុយក្នុង​ទីដ៏​សមគួរហើយ ក៏ក្រាបបង្គំទូល​ព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន កាលបុគ្គល​ដឹងដូចម្តេច ឃើញ​ដូចម្តេច ទើបមាន​ចិត្ត​ប្រាស​ចាក​សេចក្តី​ប្រកាន់​អហង្ការមមង្ការ ក្នុងកាយដែលប្រកបដោយវិញ្ញាណ​នេះផង ក្នុង​និមិត្តគ្រប់ចំពូក​ជាខាងក្រៅផង ហើយកន្លងផុត ស្ងប់រម្ងាប់ រួចស្រឡះ​ដោយចំណែក។ ព្រះមានព្រះភាគ ត្រាស់ថា ម្នាលរាហុល រូបណានីមួយ ជាអតីត អនាគត បច្ចុប្បន្ន ខាងក្នុងក្តី ខាងក្រៅក្តី គ្រោតគ្រាតក្តី។បេ។ ឬរូបណា មានក្នុងទីឆ្ងាយ ក្នុងទីជិត បុគ្គលឃើញនូវរូបទាំងអស់នុ៎ះ ដោយប្រាជ្ញាដ៏ប្រពៃ តាម​សេចក្តីពិត យ៉ាងនេះថា នុ៎ះ​មិនមែនរបស់អញ នុ៎ះ​មិនមែនជាអញ នុ៎ះ​មិនមែនជា​ខ្លួន​របស់អញឡើយ ទើបជាអ្នកផុតស្រឡះ ​ចាកសេចក្តី​ប្រកាន់មាំ។ វេទនាណានីមួយ។ សញ្ញាណានីមួយ។ សង្ខារទាំងឡាយណានីមួយ។ វិញ្ញាណណានីមួយ ជាអតីត អនាគត បច្ចុប្បន្ន ជាខាងក្នុងក្តី ខាងក្រៅក្តី គ្រោតគ្រាតក្តី ល្អិតក្តី ថោកទាបក្តី ឧត្តម​ក្តី ឬវិញ្ញាណណា ដែលមានក្នុងទីឆ្ងាយ ក្នុងទីជិត បុគ្គលឃើញនូវវិញ្ញាណទាំងអស់នុ៎ះ ដោយប្រាជ្ញាដ៏ប្រពៃ តាម​សេចក្តីពិត យ៉ាងនេះថា នុ៎ះ​មិនមែនរបស់អញ នុ៎ះ​មិនមែនជាអញ នុ៎ះ​មិនមែនជា​ខ្លួន​របស់អញឡើយ ទើបផុតស្រឡះ​ ចាកសេចក្តី​ប្រកាន់មាំ។ ម្នាលរាហុល បុគ្គលដឹងយ៉ាងនេះ ឃើញយ៉ាងនេះ ទើបមានចិត្តប្រាស​ចាក​សេចក្តីប្រកាន់អហង្ការមមង្ការ ក្នុងកាយដែល​ប្រកបដោយវិញ្ញាណ​នេះផង ក្នុង​និមិត្តគ្រប់ចំពូកជាខាងក្រៅផង ហើយកន្លងផុត ស្ងប់រម្ងាប់ រួចស្រឡះ​ដោយចំណែក។

ចប់ ថេរវគ្គ ទី៤។

ឧទ្ទានក្នុងថេរវគ្គនោះ គឺ

និយាយអំពីព្រះអានន្ទ១ ព្រះតិស្សៈ១ ព្រះយមកៈ១ ព្រះអនុរាធ១ ព្រះវក្កលិ១ ព្រះអស្សជិ១ ព្រះខេមកៈ១ ព្រះឆន្នៈ១ និងព្រះរាហុល២រឿងទៀត លោក​ហៅថា ថេរវគ្គ។

បុប្ផវគ្គ

[២៣៧] ជិតក្រុងសាវត្ថី។ ក្នុងទីនោះឯង។បេ។ ម្នាលភិក្ខុទាំងឡាយ ដូចជាស្ទឹង​ជាប់​មកអំពីកំពូលភ្នំ មានប្រក្រតីនាំសំណាត់ហូរចុះមក ហូរទៅកាន់ទីឆ្ងាយ មានខ្សែ​ទឹករហ័ស ប្រសិនបើមានត្រែង​ដុះនៅឰដ៏ឆ្នេរទាំងពីរ នៃស្ទឹង​នោះ ត្រែងនោះ នឹងសំយុងចុះ​ទៅរកស្ទឹងនោះ ប្រសិនបើមានស្បូវដុះនៅ ស្បូវទាំងនោះ នឹងសំយុង​ចុះ​​ទៅរកស្ទឹងនោះ ប្រសិនបើមានស្មៅដំណេកទន្សាយដុះនៅ ស្មៅដំណេកទន្សាយ​ទាំង​នោះ នឹងសំយុងចុះ​ទៅរកស្ទឹងនោះ ប្រសិនបើមានស្បូវរណ្តាសដុះនៅ ស្បូវ​រណ្តាសទាំងនោះ នឹងសំយុងចុះ​ទៅរកស្ទឹងនោះ ប្រសិនបើមានឈើដុះនៅ ឈើ​ទាំងនោះ នឹងសំយុងចុះ​ទៅរកស្ទឹងនោះ កាលបើមានបុរស អណ្តែត​ទៅតាមខ្សែ​ទឹក​ស្ទឹងនោះ ទុកជា​ចាប់កាន់ត្រែងក្តី ត្រែងនោះក៏ដេកទៅ បុរសនោះ នឹងដល់​នូវ​សេចក្តី​មិនចម្រើន​ និងសេចក្តីវិនាស ព្រោះដំណើរនោះជាហេតុ។ ទុកជា​ចាប់កាន់ស្បូវក្តី។ ទុក​ជាចាប់កាន់ស្មៅដំណេកទន្សាយក្តី។ ទុកជាចាប់កាន់​ស្បូវរណ្តាសក្តី។ ទុកជា​ចាប់​កាន់​ដើមឈើក្តី ឈើទាំងនោះ ក៏ដេកទៅ បុរសនោះ នឹងដល់​នូវសេចក្តី​មិនចម្រើន និង​សេចក្តីវិនាស ព្រោះដំណើរនោះជាហេតុ យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ បុថុជ្ជន ដែល​មិនចេះដឹង មិនបានឃើញពួកព្រះអរិយៈ មិនឈ្លាសវៃ ក្នុង​អរិយធម៌ មិន​សិក្សា ក្នុងអរិយធម៌ មិនបានឃើញ​ពួកសប្បុរស មិនឈ្លាសវៃ ក្នុងសប្បុរិសធម៌ មិនបាន​សិក្សា ក្នុងសប្បុរិសធម៌ រមែងពិចារណាឃើញ នូវ​រូបថាជាខ្លួន ឃើញនូវ​ខ្លួន ថាមានរូបខ្លះ ឃើញនូវរូប ថាមានក្នុងខ្លួនខ្លះ ឃើញនូវខ្លួន ថាមានក្នុងរូបខ្លះ រូបនោះ របស់​បុថុជ្ជននោះ រមែងរលុបរលាយទៅ បុថុជ្ជននោះ ក៏ដល់នូវសេចក្តី​មិនចម្រើន និង​សេចក្តីវិនាស ព្រោះដំណើរនោះជាហេតុ។ វេទនា។ សញ្ញា។ សង្ខារទាំងឡាយ។ ឃើញ​នូវវិញ្ញាណ ថាជាខ្លួន ឃើញនូវ​ខ្លួន ថាមានវិញ្ញាណខ្លះ ឃើញនូវវិញ្ញាណ ថាមានក្នុងខ្លួនខ្លះ ឃើញនូវខ្លួន ថាមានក្នុងវិញ្ញាណខ្លះ វិញ្ញាណនោះ របស់​បុថុជ្ជននោះ រមែងរលុបរលាយទៅ បុថុជ្ជននោះ ក៏ដល់នូវសេចក្តី​មិនចម្រើន និង​សេចក្តីវិនាស ព្រោះដំណើរនោះជាហេតុ ក៏យ៉ាងនោះឯង។

[២៣៨] ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ សំគាល់នូវសេចក្តី​នោះ ដូចម្តេច រូប​ទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។ វេទនា។ សញ្ញា។ សង្ខារទាំងឡាយ។ វិញ្ញាណ ទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ ព្រោះ​ហេតុ​នោះ ក្នុងសាសនានេះ។បេ។ កាលបើភិក្ខុឃើញយ៉ាងនេះ។បេ។ រមែង​ដឹងច្បាស់ថា មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បី​សោឡសកិច្ច​នេះទៀត មិនមានឡើយ។

[២៣៩] ជិតក្រុងសាវត្ថី។ ក្នុងទីនោះឯង។បេ។ ម្នាលភិក្ខុទាំងឡាយ តថាគត មិនដែលពោលទាស់នឹងសត្វលោកទេ។ ម្នាលភិក្ខុទាំងឡាយ តែសត្វលោកតែង​ពោល​ទាស់នឹងតថាគត។ ម្នាលភិក្ខុទាំងឡាយ បុគ្គលជាធម្មវាទី រមែងមិនពោល​ទាស់​នឹង​បុគ្គលនីមួយក្នុងលោក។ ម្នាលភិក្ខុទាំងឡាយ របស់ណា ដែល​បណ្ឌិតសន្មត​ហើយថា មិនមានក្នុងលោក តថាគត ក៏ពោលនូវ​របស់នោះថា មិនមានដែរ។ ម្នាលភិក្ខុទាំងឡាយ របស់ណា ដែល​បណ្ឌិតសន្មត​ហើយថា មានក្នុងលោក តថាគត ក៏ពោលនូវ​របស់នោះថា មានដែរ។ ម្នាលភិក្ខុទាំងឡាយ តថាគត ពោលនូវ​របស់ណា ថា​មិនមាន ចុះរបស់នោះ ដូចម្តេច ដែល​បណ្ឌិតសន្មត​ហើយថា មិនមានក្នុងលោក។ ម្នាលភិក្ខុទាំងឡាយ រូបដែល​ទៀងទាត់ ឋិតថេរ មិនប្រែប្រួលជាធម្មតា ដែល​បណ្ឌិត​សន្មត​ថា មិនមានក្នុងលោក តថាគត ក៏ពោលនូវ​រូបនោះថា មិនមានដែរ។ វេទនា។ សញ្ញា។ សង្ខារទាំងឡាយ។ វិញ្ញាណដែលទៀងទាត់ ឋិតថេរ មិនប្រែប្រួលជាធម្មតា ដែល​បណ្ឌិត​សន្មត​ថា មិនមានក្នុងលោក តថាគត ក៏ពោលនូវ​វិញ្ញាណនោះថា មិនមានដែរ។ ម្នាលភិក្ខុទាំងឡាយ តថាគត ពោលនូវរបស់ណា ថាមិនមាន របស់នោះ​ឯង ក៏បណ្ឌិត​សន្មតថា មិនមានក្នុងលោកដែរ។ ម្នាលភិក្ខុទាំងឡាយ តថាគត ពោលនូវ​របស់ណា ថាមាន ចុះរបស់នោះ ដូចម្តេច ដែល​បណ្ឌិត​សន្មត​ថាមានក្នុងលោក។ ម្នាលភិក្ខុទាំងឡាយ រូបមិនទៀង ជាទុក្ខ ប្រែប្រួលជាធម្មតា ដែល​បណ្ឌិត​សន្មតថា មានក្នុងលោក តថាគត ក៏ពោលនូវ​រូបនោះថា មានដែរ។ វេទនា។ សញ្ញា។ សង្ខារទាំងឡាយ។ វិញ្ញាណ មិនទៀង ជាទុក្ខ ប្រែប្រួលជាធម្មតា ដែល​បណ្ឌិត​សន្មតថា មានក្នុងលោក តថាគត ក៏ពោលនូវ​វិញ្ញាណនោះ ថាមានដែរ។ ម្នាលភិក្ខុទាំងឡាយ តថាគត ពោលនូវ​របស់ណា ថាមាន របស់នេះឯង ក៏​បណ្ឌិត​សន្មត​ថា មានក្នុងលោកដែរ។

[២៤០] ម្នាលភិក្ខុទាំងឡាយ លោកធម៌ [សំដៅយកខន្ធបញ្ចកៈ។] រមែង​មាន​ក្នុងលោក ព្រះតថាគត បាន​ចាក់ធ្លុះ ត្រាស់ដឹង នូវលោកធម៌នោះ លុះចាក់ ធ្លុះត្រាស់ដឹងហើយ ក៏រមែងប្រាប់​ សំដែង បញ្ញត្ត តែងតាំង បើក វែកញែក ធ្វើឲ្យរាក់។ ម្នាលភិក្ខុទាំងឡាយ ចុះធម្មជាតដូចម្តេច ជាលោកធម៌ក្នុងលោក ដែល​ព្រះតថាគត ចាក់ធ្លុះ ត្រាស់ដឹង​ នូវធម្មជាតនោះ លុះចាក់ធ្លុះ ត្រាស់ដឹងហើយ ក៏រមែងប្រាប់ សំដែង បញ្ញត្ត តែងតាំង វែកញែក ធ្វើឲ្យរាក់។ ម្នាលភិក្ខុទាំងឡាយ រូប ជា​លោកធម៌​ក្នុងលោក ព្រះតថាគត បានចាក់ធ្លុះ នូវរូបនោះ។បេ។ ធ្វើ​ឲ្យរាក់។ ម្នាលភិក្ខុ​ទាំងឡាយ កាលបើរូប ដែល​ព្រះតថាគត ប្រាប់ សំដែង បញ្ញត្ត តែងតាំង បើក វែក​ញែក ធ្វើឲ្យរាក់ យ៉ាងនេះ បុគ្គលណា នៅតែ​មិនដឹង មិនយល់ទៀត ម្នាលភិក្ខុ​ទាំងឡាយ តថាគតនឹង​ធ្វើដូចម្តេច នូវបុគ្គលដែលល្ងង់ ជាបុថុជ្ជន ខ្វាក់ មិនមានចក្ខុ មិនដឹង មិនយល់នោះ។ ម្នាលភិក្ខុទាំងឡាយ វេទនា។ ម្នាលភិក្ខុទាំងឡាយ សញ្ញា។ ម្នាលភិក្ខុទាំងឡាយ សង្ខារទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ វិញ្ញាណ​ ជា​លោកធម៌​ក្នុងលោក ព្រះតថាគត ចាក់ធ្លុះ​ ត្រាស់ដឹង​នូវវិញ្ញាណនោះ លុះចាក់ ធ្លុះត្រាស់​ដឹងហើយ ក៏រមែងប្រាប់ សំដែង បញ្ញត្ត តែងតាំង បើក វែកញែក ធ្វើឲ្យរាក់។ ម្នាលភិក្ខុទាំងឡាយ កាលបើវិញ្ញាណ ដែល​ព្រះតថាគត ប្រាប់ សំដែង បញ្ញត្ត តែងតាំង បើក វែកញែក ធ្វើឲ្យរាក់ យ៉ាងនេះ បុគ្គលណា នៅតែ​មិនដឹង មិនយល់​ទៀត ម្នាលភិក្ខុទាំងឡាយ តថាគត នឹងធ្វើដូចម្តេចកើត នូវ​បុគ្គលនោះ ដែលល្ងង់ ជាបុថុជ្ជន ខ្វាក់ មិនមានចក្ខុ មិនដឹង មិនយល់នោះ។

[២៤១]  ម្នាលភិក្ខុទាំងឡាយ ដូចជាព្រលឹតក្តី ឈូកក្រហមក្តី ឈូកសក្តី ដែល​ដុះក្នុងទឹក ចម្រើនឡើង​ក្នុងទឹក លូតផុតអំពីទឹក មិនទទឹកដោយទឹក យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ ព្រះតថាគត ដែលកើតក្នុងលោក ចម្រើនក្នុងលោក រមែង​គ្រប​សង្កត់​នូវលោក មិនជាប់ចំពាក់​ដោយលោក ក៏យ៉ាងនោះឯង។

[២៤២] សម័យ​មួយ ព្រះ​មាន​ព្រះ​ភាគ​ ទ្រង់​គង់​ទៀប​ឆ្នេរ​នៃ​ស្ទឹង​គង្គា ជិត​ក្រុង​អយុធ្យា។ ក្នុង​ទី​នោះ ព្រះ​មាន​ព្រះ​ភាគ ​ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយ​មក​ថា ម្នាល​ភិក្ខុ​ទាំង​ឡាយ ដូច​ជា​ស្ទឹង​គង្គា​នេះ ​បន្សាត់​ទៅ នូវ​ដុំ​នៃ​ពពុះ​ទឹក​ដ៏​ធំ បុរស​មាន​ភ្នែក​ក្រឡេក​មើល​ឃើញ​ដុំ ​នៃ​ពពុះ​ទឹក​នោះ ហើយ​ពិចារណា ដោយ​ឧបាយ កាល​បើ​បុរស​នោះ ​ក្រឡេក​មើល​ឃើញ ពិចារណា​ដោយ​ឧបាយ ដុំ​នៃ​ពពុះ​ទឹក​នោះ ​ក៏​ប្រាកដ​ជា​របស់​សោះសូន្យ ប្រាកដ​ជា​របស់​ទទេ ប្រាដក​ជា​របស់​មិន​មាន​ខ្លឹម ម្នាល​ភិក្ខុ​ទាំង​ឡាយ ខ្លឹម​នឹង​មាន​ក្នុង​ដុំ​ នៃ​ពពុះ​ទឹក ដូច​ម្តេច​បាន ​យ៉ាង​ណា​មិញ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ រូប​ណា​នីមួយ​ ជា​អតីត​ អនាគត បច្ចុប្បន្ន ។បេ។ រូបណា ក្នុង​ទី​ឆ្ងាយ​ក្តី ក្នុង​ទីជិត​ក្តី ភិក្ខុ​ក្រឡេក​មើល​ឃើញ​រូប​នោះ ពិចារណា​ដោយ​ឧបាយ កាល​បើ​ភិក្ខុ​នោះ​ក្រឡេក​មើល​ឃើញ ពិចារណា​ដោយ​ឧបាយ រូប​នោះ ​ក៏​ប្រាកដ​ជា​របស់​សោះ​សូន្យ ប្រាក​ដជា​របស់​ទទេ ប្រាកដ​ជា​របស់​មិន​មាន​ខ្លឹម​ ម្នាល​ភិក្ខុ​ទាំងឡាយ ខ្លឹម​នឹង​មាន​ក្នុង​រូប​ដូច​ម្តេច​បាន​ ក៏​យ៉ាង​នោះ​ឯង។​

[២៤៣] ម្នាលភិក្ខុទាំងឡាយ ដូចជាភ្លៀង​មានតំណក់​ដ៏ថ្លោស បង្អោរចុះមក ក្នុង​សរទសម័យ ឯក្រពេញទឹក តែង​កើតឡើង ក្នុងទឹកផង បែកធ្លាយ​ទៅក្នុង​ទឹកផង បុរសមានភ្នែក ក្រឡេកមើលឃើញក្រពេញទឹកនោះ ពិចារណា​ដោយ​ឧបាយ កាលបើបុរស​នោះ ក្រឡេក​មើល​ឃើញ ពិចារណាដោយឧបាយ ក្រពេញទឹក​នោះ ​ក៏​ប្រាកដ​ជា​របស់​សោះ​សូន្យ ប្រាក​ដជា​របស់​ទទេ ប្រាកដ​ជា​របស់​មិន​មាន​ខ្លឹម​ ម្នាល​ភិក្ខុ​ទាំងឡាយ ខ្លឹម​នឹង​មាន​ក្នុងក្រពេញទឹក ​ដូច​ម្តេច​បាន​ យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ វេទនា​ណា​នីមួយ​ ជា​អតីត​ អនាគត បច្ចុប្បន្ន ។បេ។ វេទនាណា ក្នុង​ទី​ឆ្ងាយ​ក្តី ក្នុង​ទីជិត​ក្តី ភិក្ខុ​តែងក្រឡេក​មើល​ឃើញវេទនា​នោះ ពិចារណា​ដោយ​ឧបាយ កាល​បើ​ភិក្ខុ​នោះ ​ក្រឡេក​មើល​ឃើញ ពិចារណា​ដោយ​ឧបាយ វេទនា​នោះ ​ក៏​ប្រាកដ​ជា​របស់​សោះ​សូន្យ ប្រាក​ដជា​របស់​ទទេ ប្រាកដ​ជា​របស់​មិន​មាន​ខ្លឹម​ ម្នាល​ភិក្ខុ​ទាំងឡាយ ខ្លឹម​នឹង​មាន​ក្នុងវេទនា ​ដូច​ម្តេច​បាន​ ក៏​យ៉ាង​នោះ​ឯង។

[២៤៤] ម្នាលភិក្ខុទាំងឡាយ ព្រេញថ្ងៃ រមែង​ញាប់ញ័រ​ក្នុងវេលាថ្ងៃត្រង់ ក្នុងខែជាខាងចុង​ នៃគិម្ហរដូវ បុរសមានភ្នែក ក្រឡេកមើលឃើញព្រេញថ្ងៃនោះ ពិចារណា​ដោយ​ឧបាយ កាលបើបុរស​នោះ ក្រឡេក​មើល​ឃើញ ពិចារណា​ដោយឧបាយ ព្រេញថ្ងៃ​នោះ ​ក៏​ប្រាកដ​ជា​របស់​សោះ​សូន្យ។បេ។ ម្នាល​ភិក្ខុ​ទាំងឡាយ ខ្លឹម​នឹង​មាន​ក្នុងព្រេញថ្ងៃ ​ដូច​ម្តេច​បាន​ យ៉ាងណាមិញ។ ម្នាលភិក្ខុ​ទាំងឡាយ សញ្ញា​ណា​នីមួយ​ ក៏​យ៉ាង​នោះ​ឯង។បេ។

[២៤៥] ម្នាលភិក្ខុទាំងឡាយ ដូចជាបុរសត្រូវការដោយខ្លឹមឈើ ស្វែង​រក​ខ្លឹមឈើ ត្រាច់​ទៅកាន់ទីស្វែងរកខ្លឹមឈើ បានកាន់យកដឹងដ៏មុត ចូល​ទៅកាន់​ព្រៃ បុរសនោះ ឃើញដើម​ចេកធំ ត្រង់ នៅខ្ចី មិនទាន់មានត្រយូង ក្នុងព្រៃនោះ ក៏​កាត់​ដើម​ចេកនោះ ត្រង់គល់ លុះកាត់គល់ហើយ ក៏កាត់ចុង លុះ​កាត់ចុងហើយ ក៏បក​ស្រទប កាលបើបុរសនោះបកស្រទប ក៏មិនបានសូម្បី​តែស្រាយ ​ក្នុងដើមចេកនោះទេ នឹងបាន​នូវខ្លឹមពីណា បុរសមានភ្នែក ក្រឡេកមើលឃើញដើមចេកនោះ ពិចារណា​ដោយ​ឧបាយ កាលបើបុរស​នោះ ក្រឡេក​មើល​ឃើញ ពិចារណាដោយឧបាយ ដើមចេកនោះ ​ក៏​ប្រាកដ​ជា​របស់​សោះ​សូន្យ ប្រាក​ដជា​របស់​ទទេ ប្រាកដ​ជា​របស់​មិន​មាន​ខ្លឹម​ ម្នាល​ភិក្ខុ​ទាំងឡាយ ខ្លឹម​នឹង​មាន​ក្នុងដើមចេក ​ដូច​ម្តេច​បាន​ យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ សង្ខារ​ណា​នីមួយ​ ជា​អតីត​ អនាគត បច្ចុប្បន្ន ។បេ។ សង្ខារណា ក្នុង​ទី​ឆ្ងាយ​ក្តី ក្នុង​ទីជិត​ក្តី ភិក្ខុក្រឡេក​មើល​ឃើញសង្ខារ​នោះ ពិចារណា​ដោយ​ឧបាយ កាល​បើ​ភិក្ខុ​នោះ ​ក្រឡេក​មើល​ឃើញ ពិចារណា​ដោយ​ឧបាយ សង្ខារ​នោះ ​ប្រាកដ​ជា​របស់​សោះ​សូន្យ ប្រាក​ដជា​របស់​ទទេ ប្រាកដ​ជា​របស់​មិន​មាន​ខ្លឹម​ ម្នាល​ភិក្ខុ​ទាំងឡាយ ខ្លឹម​នឹង​មាន​ក្នុងសង្ខារ ​ដូច​ម្តេច​បាន​ ក៏​យ៉ាង​នោះ​ឯង។

[២៤៦] ម្នាលភិក្ខុទាំងឡាយ ដូចជាបុគ្គលអ្នកធ្វើ​កិច្ចកលក្តី កូនសិស្ស​របស់​បុគ្គលអ្នកធ្វើកិច្ចកល់ក្តី បញ្ចេញនូវកិច្ចកល ក្នុងផ្លូវធំបែកជា៤ ឯបុរសមានភ្នែក ក្រឡេកមើលឃើញនូវកិច្ចកលនោះ ពិចារណា​ដោយ​ឧបាយ កាលបើបុរស​នោះ ក្រឡេក​មើល​ឃើញ ពិចារណាដោយឧបាយ កិច្ចកល​នោះ ​ក៏​ប្រាកដ​ជា​របស់​សោះ​សូន្យ ប្រាក​ដជា​របស់​ទទេ ប្រាកដ​ជា​របស់​មិន​មាន​ខ្លឹម​ ម្នាល​ភិក្ខុ​ទាំងឡាយ ខ្លឹម​នឹង​មាន​ក្នុងកិច្ចកល ​ដូច​ម្តេច​បាន​ យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ វិញ្ញាណ​ណា​នីមួយ​ ជា​អតីត​ អនាគត បច្ចុប្បន្ន ។បេ។ វិញ្ញាណណា ក្នុង​ទី​ឆ្ងាយ​ក្តី ក្នុង​ទីជិត​ក្តី ភិក្ខុ​ក្រឡេក​មើល​ឃើញវិញ្ញាណ​នោះ ពិចារណា​ដោយ​ឧបាយ កាល​បើ​ភិក្ខុ​នោះ ​ក្រឡេក​មើល​ឃើញ ពិចារណា​ដោយ​ឧបាយ វិញ្ញាណ​នោះ ​ក៏​ប្រាកដ​ជា​របស់​សោះ​សូន្យ ប្រាក​ដជា​របស់​ទទេ ប្រាកដ​ជា​របស់​មិន​មាន​ខ្លឹម​ ម្នាល​ភិក្ខុ​ទាំងឡាយ ខ្លឹម​នឹង​មាន​ក្នុងវិញ្ញាណ ​ដូច​ម្តេច​បាន​ ក៏​យ៉ាង​នោះ​ឯង។ ម្នាលភិក្ខុទាំងឡាយ កាលបើអរិយសាវ័ក អ្នកចេះដឹង ឃើញយ៉ាងនេះហើយ រមែងនឿយណាយក្នុងរូប​ផង ក្នុងវេទនាផង។ ក្នុងសញ្ញាផង។ ក្នុងសង្ខារផង។ រមែងនឿយណាយក្នុង​វិញ្ញាណ​ផង កាលបើនឿយណាយហើយ រមែងប្រាសចាកតម្រេក ចិត្តក៏ផុតស្រឡះ ព្រោះ​ប្រាស​ចាកតម្រេក។ កាលបើចិត្តផុតស្រឡះហើយ សេចក្តីដឹងថា ចិត្តផុតស្រឡះ​ក៏​កើតមាន។បេ។ ដឹងច្បាស់ថា មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ច​នេះ​ទៀត មិនមានឡើយ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់សូត្រនេះហើយ លុះព្រះសុគត ជា​សាស្តា ទ្រង់ត្រាស់សូត្រនេះហើយ ទ្រង់ត្រាស់​គាថានេះតទៅទៀតថា

[២៤៧] ព្រះពុទ្ធមានផៅពង្ស​ដូចជាព្រះអាទិត្យ សំដែងហើយថា រូបដូច​ជា​ដុំ​នៃពពុះទឹក វេទនាដូច​ជាក្រពេញទឹក សញ្ញាដូចជាព្រេញថ្ងៃ សង្ខារ​ដូចជាដើមចេក វិញ្ញាណ ដូចជាកិច្ចកល។ បុគ្គល​ក្រឡេកមើលដោយប្រការណាៗ រមែងពិចារណា ដោយ​ឧបាយ ដោយប្រការនោះៗ បុគ្គលណា ឃើញ​នូវខន្ធបញ្ចកៈនោះ ដោយ​ឧបាយ ខន្ធបញ្ចកៈនោះ ជារបស់​សោះសូន្យទទេ តែងប្រាកដ (ដល់បុគ្គលនោះ)។ ការលះបង់ នូវធម៌ទាំង៣ ដែលព្រះមានព្រះភាគ មានបញ្ញាដូចជាផែនដី ទ្រង់​ប្រារព្ធ​នូវកាយនេះ ហើយសំដែង អ្នកទាំងឡាយ ចូរឃើញ​នូវរូប ដែល​គេចោលហើយ។ អាយុ​ក្តី ភ្លើងធាតុក្តី វិញ្ញាណក្តី តែងលះបង់នូវកាយនេះ ដែលជាចំណី នៃសត្វ​ដទៃ មិនមានចេតនា ក្នុងកាលណាហើយ កាយដែលគេចោលហើយ រមែង​ដេកលើ​ផែនដី ក្នុងកាលនោះ។ ធម៌ជាតំណ [ធម៌ជាបវេណី។] នេះ ប្រាកដដូច្នេះឯង កិច្ចកលនេះ ជាគ្រឿង​ប្រឡោម ​នូវជនពាល ខន្ធនេះ អ្នកប្រាជ្ញ​ពោលហើយ ថា ជាពេជ្ឈឃាដមួយ ឯខ្លឹម ​រមែង​មិនមាន ក្នុងខន្ធនេះឡើយ។ ភិក្ខុមានព្យាយាមតឹងតែង មានសេចក្តី​ដឹងខ្លួន មានសតិដ៏មាំ គប្បីពិចារណា នូវខន្ធយ៉ាងនេះ ទាំងយប់ ទាំងថ្ងៃ។ គប្បី​លះបង់ នូវ​សំយោគទាំងពួង គប្បី​ធ្វើនូវ​ទីពឹងសម្រាប់​ខ្លួន កាលបើប្រាថ្នានូវ​ព្រះនិព្វាន​ ដែល​មិនមានចុតិ គប្បីប្រព្រឹត្ត​រួសរាន់ ដូចជាបុគ្គល​មានភ្លើង​ឆេះក្បាល។

[២៤៨] ជិតក្រុងសាវត្ថី។ គ្រានោះ ភិក្ខុមួយរូប។បេ។ លុះភិក្ខុនោះ អង្គុយក្នុង​ទីដ៏​សមគួរហើយ ក៏ក្រាបបង្គំ​ទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន រូបណា ដែលទៀងទាត់ ឋិតថេរ មិនប្រែប្រួលជាធម្មតា ឋិតនៅ​នឹងដដែល ស្មើដោយ​សស្សតិវត្ថុ រូបនោះ បន្តិចបន្តួច មានដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន វេទនាណា ដែល​ទៀងទាត់ ឋិតថេរ មិនប្រែប្រួលជាធម្មតា ឋិតនៅ​នឹងដដែល ស្មើដោយសស្សតិវត្ថុ វេទនា​នោះ បន្តិចបន្តួច មានដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន សញ្ញាណា។បេ។ សញ្ញានោះ បន្តិចបន្តួច មានដែរ។ បពិត្រព្រះអង្គដ៏ចំរើន សង្ខារណា ដែលទៀងទាត់ ឋិតថេរ មិនប្រែប្រួលជាធម្មតា ឋិតនៅ​នឹងដដែល ស្មើដោយសស្សតិវត្ថុ សង្ខារនោះ បន្តិចបន្តួច មានដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន វិញ្ញាណណា ដែលទៀងទាត់ ឋិតថេរ មិនប្រែប្រួលជាធម្មតា ឋិតនៅ​នឹងដដែល ស្មើដោយសស្សតិវត្ថុ វិញ្ញាណនោះ បន្តិចបន្តួច មានដែរឬ។ ម្នាលភិក្ខុ រូបណា ដែលទៀងទាត់ ឋិតថេរ មិនប្រែប្រួល​ជាធម្មតា ឋិតនៅ​នឹងដដែល ស្មើដោយសស្សតិវត្ថុ រូបនោះ បន្តិចបន្តួច មិនមានទេ។ ម្នាលភិក្ខុ វេទនានោះ បន្តិច​បន្តួច​ មិនមានទេ។ សញ្ញានោះ បន្តិចបន្តួច។ សង្ខារនោះ បន្តិចបន្តួច។ វិញ្ញាណណា ដែល​ទៀងទាត់ ឋិតថេរ មិនប្រែប្រួលជាធម្មតា ឋិតនៅ​នឹងដដែល ស្មើដោយ​សស្សតិវត្ថុ វិញ្ញាណនោះ បន្តិចបន្តួច (មិនមានទេ)។

[២៤៩] គ្រានោះ ព្រះមានព្រះភាគ យកព្រះហស្ត​ទៅចាប់ដុំអាចម៍គោ​បន្តិច​ហើយ ទ្រង់មានព្រះពុទ្ធដីកា នឹង​ភិក្ខុនោះ ដូច្នេះថា ម្នាលភិក្ខុ (ការបាននូវ​អត្តភាពណា) ដែលទៀតទាត់ ឋិតថេរ មិនប្រែប្រួល ជាធម្មតា ឋិតនៅ​នឹងដដែល ស្មើដោយសស្សតិវត្ថុ ការបាននូវ​អត្តភាព (នោះ) សូម្បីប៉ុន​អាចម៍គោ​នេះ មិនមាន​ទេ។ ម្នាលភិក្ខុ ប្រសិនបើ ការបាននូវអត្តភាពប៉ុណ្ណេះ ជារបស់ទៀងទាត់ ឋិតថេរ មិនប្រែប្រួលជាធម្មតា នឹងមានហើយ ការអប់រំព្រហ្មចរិយៈនេះ មិនប្រាកដ ដើម្បី​អស់ទៅនៃទុក្ខ ដោយប្រពៃឡើយ។ ម្នាលភិក្ខុ ព្រោះការបាននូវអត្តភាព​ប៉ុណ្ណេះ ជារបស់ទៀងទាត់ ឋិតថេរ មិនប្រែប្រួលជាធម្មតា មិនមានទេ បានជាការអប់រំ​ព្រហ្មចរិយៈ ប្រាកដដើម្បី​អស់ទៅនៃទុក្ខ ដោយប្រពៃបាន។

[២៥០] ម្នាលភិក្ខុ កាលពីព្រេងនាយ តថាគត ជាខត្តិយរាជ បានមុទ្ធាភិសេក​ហើយ។ ម្នាលភិក្ខុ កាលដែលតថាគត ជាខត្តិយរាជ បានមុទ្ធាភិសេកហើយនោះ មាន​នគរ ៨៤.០០០ (ប្រាំបីម៉ឺនបួនពាន់) មានកុសាវតីរាជធានី ជាប្រធាន។ ម្នាលភិក្ខុ កាល​ដែល​តថាគត​ ជាខត្តិយរាជ បានមុទ្ធាភិសេក​ហើយនោះ មានប្រាសាទ​ ៨៤.០០០ មាន​ធម្មប្រាសាទជាប្រធាន។ ម្នាលភិក្ខុ កាលដែលតថាគត ជា​ខត្តិយរាជ បានមុទ្ធាភិសេក​ហើយនោះ មានផ្ទះកំពូល ៨៤.០០០ មានផ្ទះកំពូលឈ្មោះ មហាព្យូហៈ ជាប្រធាន។ ម្នាលភិក្ខុ កាលដែលតថាគត ជាខត្តិយរាជ បានមុទ្ធាភិសេក​ហើយនោះ មានបល្ល័ង្ក ៨៤.០០០ ធ្វើអំពីភ្លុក ធ្វើអំពីឈើខ្លឹម ធ្វើអំពីមាស ធ្វើអំពីប្រាក់ ក្រាលដោយព្រំមាន​រោមវែងជាង​៤ធ្នាប់ ក្រាលដោយកម្រាល​មានពណ៌ស ធ្វើដោយរោមសត្វ ក្រាល​ដោយ​កម្រាលធ្វើ​អំពីរោមសត្វជាផ្កាចង្កោម មានកម្រាលដ៏ប្រសើរ ធ្វើអំពី​ស្បែក​ឈ្លូស មានខ្នើយពណ៌ក្រហម​ទាំងពីរខាង គឺខ្នើយ​ក្បាល និងខ្នើយជើង ព្រមទាំង​ពិតាន មានពណ៌ក្រហម។ ម្នាលភិក្ខុ កាលដែលតថាគត ជា​ខត្តិយរាជ បានមុទ្ធាភិសេក​ហើយ​នោះ មានដំរី ៨៤.០០០ មានគ្រឿងប្រដាប់ធ្វើ​អំពីមាស មានទង់​ធ្វើអំពីមាស ស្រោបដោយ​បណ្តាញមាស មានស្តេច​ដំរីឈ្មោះ​ ឧបោសថ ជា​ប្រធាន។ ម្នាលភិក្ខុ កាលដែលតថាគត ជាខត្តិយរាជ បានមុទ្ធាភិសេក​ហើយនោះ មាន​សេះ ៨៤.០០០ មានគ្រឿងប្រដាប់​ធ្វើអំពីមាស មានទង់ធ្វើអំពីមាស ស្រោប​ដោយ​បណ្តាញមាស មានស្តេច​សេះឈ្មោះ  វលាហក ជាប្រធាន។ ម្នាលភិក្ខុ កាលដែលតថាគត ជាខត្តិយរាជ បានមុទ្ធាភិសេក​ហើយនោះ មានរថ ៨៤.០០០ មាន​គ្រឿង​ប្រដាប់​ធ្វើអំពីមាស មានទង់ធ្វើអំពីមាស បិទបាំងដោយ​បណ្តាញមាស មាន​វេជយន្តរថ​ ជាប្រធាន។ ម្នាលភិក្ខុ កាលដែល​តថាគត ជាខត្តិយរាជ បានមុទ្ធាភិសេក​ហើយនោះ មានមណី ៨៤.០០០ មាន​មណីរ័តន៍ ជាប្រធាន។ ម្នាលភិក្ខុ កាលដែលតថាគត ជាខត្តិយរាជ បានមុទ្ធាភិសេក​ហើយនោះ មានស្ត្រី​ ៨៤.០០០ មាននាងភទ្ទាទេវី ជាប្រធាន។ ម្នាលភិក្ខុ កាលដែលតថាគត។បេ។ មានក្សត្រ​ ៨៤.០០០ ជាចំណុះ មានបរិនាយករ័តន៍ ជាប្រធាន។ ម្នាលភិក្ខុ កាលដែល​តថាគត។បេ។ មានមេគោ ៨៤.០០០ សម្រាប់រឺត​បង្ហូរយកទឹកដោះ មានភាជនៈ​ប្រាក់​ សម្រាប់ត្រង។ ម្នាលភិក្ខុ កាលដែល​តថាគត។បេ។ មានសំពត់​ ៨៤.០០០កោដិ គឺសំពត់​សម្បកឈើ មានសាច់ដ៏ល្អិត សំពត់​សូត្រ មានសាច់ដ៏ល្អិត សំពត់កម្ពល មានសាច់​ដ៏ល្អិត សំពត់អម្បោះ មានសាច់ដ៏ល្អិត។ ម្នាលភិក្ខុ កាលដែលតថាគត។បេ។ មានសម្រាប់​ ៨៤.០០០ ជាភត្តាភិហារ ដែលរាជបុរស​នាំមកថ្វាយ រាល់ពេលល្ងាចព្រឹក។

[២៥១] ម្នាលភិក្ខុ បណ្តានគរទាំង​ ៨៤.០០០ នោះ មានតែនគរ១ ដែលតថាគត ​តែងនៅអាស្រ័យ ក្នុងសម័យនោះ គឺ កុសាវតីរាជធានី។ ម្នាលភិក្ខុ បណ្តាប្រាសាទទាំង​ ៨៤.០០០នោះ មានតែប្រាសាទ១ ដែលតថាគត​តែងនៅអាស្រ័យ ក្នុងសម័យនោះ គឺ ធម្មប្រាសាទ។ ម្នាលភិក្ខុ បណ្តាផ្ទះកំពូលទាំង​៨៤.០០០នោះ មានតែផ្ទះកំពូល១ ដែលតថាគត ​តែងនៅអាស្រ័យ ក្នុងសម័យនោះ គឺ ផ្ទះកំពូលឈ្មោះ មហាព្យូហៈ។ ម្នាលភិក្ខុ បណ្តាបល្ល័ង្កទាំង ​៨៤.០០០នោះ មានតែបល្ល័ង្ក១ ដែលតថាគត​ តែងប្រើប្រាស់ ក្នុងសម័យនោះ គឺ បល្ល័ង្កធ្វើអំពីភ្លុក ឬបល្ល័ង្កធ្វើអំពី​ខ្លឹមឈើ បល្ល័ង្ក​ធ្វើ​អំពីមាស ឬបល្ល័ង្កធ្វើអំពីប្រាក់។ ម្នាលភិក្ខុ បណ្តាដំរីទាំង ​៨៤.០០០នោះ មានតែដំរី១ ដែលតថាគត ​តែងជិះ ក្នុងសម័យនោះ គឺ ស្តេចដំរី​ឈ្មោះ ឧបោសថ។ ម្នាលភិក្ខុ បណ្តាសេះទាំង ​៨៤.០០០នោះ មានតែសេះ១ ដែលតថាគត ​តែងជិះ ក្នុងសម័យនោះ គឺ ស្តេចសេះឈ្មោះ វលាហកៈ ។ ម្នាលភិក្ខុ បណ្តារថទាំង​ ៨៤.០០០នោះ មានតែរថ១ ដែលតថាគត ​តែងជិះ ក្នុងសម័យនោះ គឺ វេជយន្តរថ។ ម្នាលភិក្ខុ បណ្តាស្ត្រីទាំង ​៨៤.០០០នោះ មានតែស្ត្រី១ ដែលជាអ្នកបម្រើផ្ទាល់តថាគត ក្នុងសម័យនោះ គឺ ស្ត្រី​ជា​ខត្តិយា ឬស្ត្រីជាវេលាមិកា [គឺស្ត្រីមានបិតាជាក្សត្រិយ៍ មាតាជាព្រាហ្មណ៍ ឬបិតា​ជាព្រាហ្មណ៍ មាតាជាក្សត្រិយ៍ (អដ្ឋកថា)។] ។ ម្នាលភិក្ខុ បណ្តាសំពត់ទាំង ​៨៤.០០០កោដិនោះ មានតែសំពត់១គូ ដែលតថាគត ​តែងស្លៀកដណ្តប់ ក្នុងសម័យនោះ គឺ សំពត់សម្បក​ឈើ មានសាច់ដ៏ល្អិត ឬសំពត់សូត្រ មានសាច់ដ៏ល្អិត សំពត់កម្ពល មានសាច់ដ៏​ល្អិត ឬសំពត់​អម្បោះ មានសាច់ដ៏ល្អិត។ ម្នាលភិក្ខុ បណ្តាសម្រាប់ទាំង​ ៨៤.០០០នោះ មានតែសម្រាប់១ ដែលតថាគត ​តែងបរិភោគ គឺបាយ ដែលគេចំអិនដោយអង្ករ​១នាឡិ ជាកំណត់ ទាំងសម្ល និងម្ហូបក្រៀម ដ៏សមគួរដល់​បាយនោះ។ ម្នាលភិក្ខុ សង្ខារ​ទាំងអស់នោះ សុទ្ធតែកន្លងហើយ រលត់ហើយ មានសេចក្តីប្រែប្រួល​ទៅហើយ ដោយប្រការ​ដូច្នេះ ម្នាលភិក្ខុ សង្ខារមិនទៀង យ៉ាងនេះឯង ម្នាលភិក្ខុ សង្ខារមិនឋិតថេរ យ៉ាងនេះឯង ម្នាល​ភិក្ខុ សង្ខារទាំងពួង មិនមានគ្រឿង​ទំនុកបម្រុង យ៉ាងនេះឯង។ ម្នាលភិក្ខុ ហេតុ​នេះ គួរដើម្បីនឿយណាយ គួរដើម្បី​ធុញទ្រាន់ គួរដើម្បីជិនឆ្អន់ ក្នុងសង្ខារទាំងពួង។

[២៥២] ជិតក្រុងសាវត្ថី។ ក្នុងវត្ត។ លុះភិក្ខុនោះ អង្គុយក្នុងទីដ៏សមគួរហើយ ក៏​ក្រាបបង្គំ​ទូល​ព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន រូបណា ដែលទៀង​ទាត់ ឋិតថេរ មិនប្រែប្រួលជាធម្មតា ឋិតនៅ​នឹងដដែល ស្មើដោយសស្សតិវត្ថុ រូបនោះ បន្តិចបន្តួច មានដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន វេទនាណា ដែលទៀងទាត់ ឋិតថេរ មិនប្រែប្រួលជាធម្មតា ឋិតនៅ​នឹងដដែល ស្មើដោយសស្សតិវត្ថុ វេទនានោះ បន្តិចបន្តួច មានដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន សញ្ញានោះ បន្តិចបន្តួច មានដែរ​ឬ។បេ។ សង្ខារណា ដែលទៀងទាត់ ឋិតថេរ មិនប្រែប្រួលជាធម្មតា ឋិតនៅ​នឹង​ដដែល ស្មើដោយសស្សតិវត្ថុ សង្ខារនោះ បន្តិចបន្តួច មានដែរឬ។ បពិត្រព្រះអង្គ​ដ៏ចំរើន វិញ្ញាណណា ដែលទៀងទាត់ ឋិតថេរ មិនប្រែប្រួលទៅជាធម្មតា ឋិតនៅ​នឹងដដែល ស្មើដោយសស្សតិវត្ថុ វិញ្ញាណនោះ បន្តិចបន្តួច មានដែរឬ។ ម្នាលភិក្ខុ រូបណា ដែលទៀងទាត់ ឋិតថេរ មិនប្រែប្រួលជាធម្មតា ឋិតនៅ​នឹងដដែល ស្មើដោយសស្សតិវត្ថុ រូបនោះ បន្តិចបន្តួច មិនមានទេ។ ម្នាលភិក្ខុ វេទនានោះ បន្តិច​បន្តួច​ មិនមានទេ។ សញ្ញានោះ បន្តិចបន្តួច។ សង្ខារនោះ បន្តិចបន្តួច។ វិញ្ញាណណា ដែល​ទៀងទាត់ ឋិតថេរ មិនប្រែប្រួលជាធម្មតា ឋិតនៅ​នឹងដដែល ស្មើដោយ​សស្សតិវត្ថុ វិញ្ញាណនោះ បន្តិចបន្តួច មិនមានទេ។

[២៥៣] គ្រានោះ ព្រះមានព្រះភាគ ទ្រង់​ចូកអាចម៍ដីបន្តិច ដោយចុងព្រះនខា  ហើយទ្រង់​មានព្រះពុទ្ធដីកានឹង​ភិក្ខុនោះ ដូច្នេះថា ម្នាលភិក្ខុ រូបណា ដែលទៀងទាត់​ ឋិតថេរ មិនប្រែប្រួល ជាធម្មតា ឋិត​នៅនឹងដដែល ស្មើដោយសស្សតិវត្ថុ រូបនោះ សូម្បី​ប៉ុនអាចម៍ដីនេះ មិនមានទេ។ ម្នាលភិក្ខុ ប្រសិនបើរូបប៉ុណ្ណេះ ជារបស់​ទៀងទាត់ ឋិតថេរ មិនប្រែប្រួលជាធម្មតានឹងមានហើយ ការអប់រំព្រហ្មចរិយៈនេះ មិនប្រាកដ​ដើម្បី​អស់ទៅនៃទុក្ខ ដោយ​ប្រពៃឡើយ។ ម្នាលភិក្ខុ ព្រោះរូបប៉ុណ្ណេះជា​របស់​ទៀងទាត់ ឋិតថេរ មិនប្រែប្រួលទៅជាធម្មតា មិនមាន បានជាការអប់រំព្រហ្មចរិយៈ ប្រាកដ​ដើម្បី​អស់ទៅនៃទុក្ខ ដោយ​ប្រពៃបាន។ ម្នាលភិក្ខុ វេទនាណា ដែលទៀងទាត់ ឋិតថេរ មិនប្រែប្រួលជាធម្មតា ឋិតនៅនឹងដដែល ស្មើដោយសស្សតិវត្ថុ វេទនានោះ សូម្បី​ប៉ុន​អាចម៍ដីនេះ មិនមានទេ។ ម្នាលភិក្ខុ ប្រសិនបើវេទនាប៉ុណ្ណេះ ជារបស់​ទៀងទាត់ ឋិតថេរ មិនប្រែប្រួលទៅជាធម្មតា នឹងមានហើយ ការអប់រំព្រហ្មចរិយៈនេះ មិនប្រាកដ​ដើម្បី​អស់ទៅនៃទុក្ខ ដោយ​ប្រពៃឡើយ។ ម្នាលភិក្ខុ ព្រោះវេទនាប៉ុណ្ណេះ ជា​របស់​​ទៀងទាត់ ឋិតថេរ មិនប្រែប្រួលទៅជាធម្មតា មិនមាន បានជាការ​អប់រំ​ព្រហ្មចរិយៈ ប្រាកដ​ដើម្បី​អស់ទៅនៃទុក្ខ ដោយ​ប្រពៃបាន។ ម្នាលភិក្ខុ សញ្ញានោះ សូម្បី​ប៉ុន​អាចម៍ដីនេះ។បេ។ ម្នាលភិក្ខុ សង្ខារណា ដែលទៀងទាត់ ឋិតថេរ មិនប្រែប្រួលជាធម្មតា ឋិតនៅនឹងដដែល ស្មើដោយសស្សតិវត្ថុ សង្ខារនោះ សូម្បី​ប៉ុន​អាចម៍ដីនេះ មិនមានឡើយ។ ម្នាលភិក្ខុ ប្រសិនបើសង្ខារប៉ុណ្ណេះ ជារបស់​ទៀងទាត់ ឋិតថេរ មិនប្រែប្រួលជាធម្មតានឹងមានហើយ ការអប់រំព្រហ្មចរិយៈនេះ មិនប្រាកដ​ដើម្បី​អស់ទៅនៃទុក្ខ ដោយ​ប្រពៃឡើយ។ ម្នាលភិក្ខុ ព្រោះសង្ខារប៉ុណ្ណេះជា​របស់​ទៀងទាត់ ឋិតថេរ មិនប្រែប្រួលជាធម្មតា មិនមាន បានជាការអប់រំព្រហ្មចរិយៈ តែងប្រាកដ​ដើម្បី​អស់ទៅនៃទុក្ខ ដោយ​ប្រពៃបាន។ ម្នាលភិក្ខុ វិញ្ញាណណា ដែលទៀងទាត់ ឋិតថេរ មិនប្រែប្រួលជាធម្មតា ឋិតនៅនឹងដដែល ស្មើដោយ​សស្សតិវត្ថុ វិញ្ញាណនោះ សូម្បី​ប៉ុន​អាចម៍ដីនេះ មិនមានឡើយ។ ម្នាលភិក្ខុ ប្រសិនបើ​វិញ្ញាណប៉ុណ្ណេះ ជារបស់​ទៀងទាត់ ឋិតថេរ មិនប្រែប្រួលទៅ ជាធម្មតា នឹងមាន​ហើយ ការអប់រំព្រហ្មចរិយៈនេះ មិនប្រាកដ​ដើម្បី​អស់ទៅនៃទុក្ខ ដោយ​ប្រពៃបាន​ឡើយ។ ម្នាលភិក្ខុ ព្រោះវិញ្ញាណប៉ុណ្ណេះ ជា​របស់​ទៀងទាត់ ឋិតថេរ មិន​ប្រែប្រួល​ ជាធម្មតា មិនមាន បានជាការអប់រំព្រហ្មចរិយៈ តែងប្រាកដ​ដើម្បី​អស់ទៅ​នៃទុក្ខ ដោយ​ប្រពៃបាន។

[២៥៤] ម្នាលភិក្ខុ អ្នកសំគាល់​សេចក្តីនោះដូចម្តេច រូបទៀង ឬមិនទៀង។ មិន​ទៀងទេ ព្រះអង្គ។ វេទនា។ សញ្ញា។ សង្ខារ។ វិញ្ញាណទៀង ឬមិនទៀង។ មិនទៀង​ទេ ព្រះអង្គ។បេ។ ព្រោះហេតុនោះ ក្នុងសាសនានេះ។បេ។ កាលបើអរិយសាវ័កឃើញ​យ៉ាងនេះ។បេ។ រមែង​ដឹងច្បាស់ថា មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្ត​ទៅ ដើម្បីសោឡសកិច្ច​នេះទៀត មិនមានឡើយ។

[២៥៥] ជិតក្រុងសាវត្ថី។ ក្នុងវត្ត។ លុះភិក្ខុនោះ អង្គុយ​ក្នុងទីដ៏សមគួរហើយ ក៏​ក្រាបបង្គំ​ទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន រូបណា ដែល​ទៀង​ទាត់ ឋិតថេរ មិនប្រែប្រួលជាធម្មតា ឋិតនៅនឹងដដែល ស្មើដោយសស្សតិវត្ថុ រូបនោះ បន្តិច​បន្តួច មានដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន វេទនាបន្តិចបន្តួច​មានដែរឬ។ សញ្ញា​បន្តិចបន្តួច។ សង្ខារ​បន្តិចបន្តួច។ វិញ្ញាណណា ដែល​ទៀងទាត់ ឋិតថេរ មិនប្រែប្រួល​ជាធម្មតា ឋិតនៅនឹងដដែល ស្មើដោយសស្សតិវត្ថុ វិញ្ញាណនោះ បន្តិចបន្តួច មាន​ដែរឬ។ ម្នាលភិក្ខុ រូបណា ដែល​ទៀងទាត់ ឋិតថេរ មិនប្រែប្រួលជាធម្មតា ឋិតនៅនឹង​ដដែល ស្មើដោយសស្សតិវត្ថុ រូបនោះ បន្តិចបន្តួច​មិនមានទេ។ ម្នាលភិក្ខុ វេទនាបន្តិចបន្តួច មិនមានទេ។ សញ្ញាបន្តិចបន្តួច។ សង្ខារបន្តិចបន្តួច។ វិញ្ញាណណា ដែល​ទៀង​ទាត់ ឋិតថេរ មិនប្រែប្រួលជាធម្មតា ឋិតនៅនឹងដដែល ស្មើដោយ​សស្សតិវត្ថុ វិញ្ញាណ​នោះ បន្តិចបន្តួច (មិនមានទេ)។

[២៥៦] ជិតក្រុងសាវត្ថី។ ក្នុងវត្ត។ ម្នាលភិក្ខុទាំងឡាយ សង្សារនេះ មានទីបំផុត​គេ​មិនអាច​ដឹងបាន គឺទីបំផុត​ខាងដើម របស់សត្វទាំងឡាយ ដែល​មានអវិជ្ជា ជាគ្រឿង​​បិទបាំង មានតណ្ហា ​ជាចំណង អន្ទោលទៅ ត្រាច់រង្គាត់ទៅ មិនប្រាកដ​ឡើយ។ ម្នាលភិក្ខុទាំងឡាយ មានសម័យ ដែល​ត្រូវ​មហាសមុទ្ររីងស្ងួត មិន​មាន​សល់នៅ។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វ ​ដែលមានអវិជ្ជា​ ជាគ្រឿង​បិទបាំង មាន​តណ្ហា ​ជាចំណង អន្ទោលទៅ ត្រាច់រង្គាត់ទៅ តថាគត មិនពោលថា ធ្វើនូវទីបំផុត​នៃ​ទុក្ខ​បាន​ឡើយ។ ម្នាលភិក្ខុទាំងឡាយ មានសម័យ ​ដែលស្តេចភ្នំឈ្មោះ សិនេរុ ត្រូវភ្លើងឆេះ​វិនាស​ទៅ មិនមានសល់នៅ។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វ ដែលមានអវិជ្ជា ជាគ្រឿង​បិទបាំង មានតណ្ហា ជាចំណង អន្ទោលទៅ ត្រាច់រង្គាត់ទៅ តថាគត មិនពោលថា ធ្វើនូវទីបំផុត ​នៃ​ទុក្ខ​បាន​ឡើយ។ ម្នាលភិក្ខុទាំងឡាយ មានសម័យ ​ដែលមហាប្រឹថពី ត្រូវភ្លើងឆេះ​វិនាស​ទៅ មិនមានសល់នៅ។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វ ដែលមានអវិជ្ជា ជាគ្រឿង​បិទបាំង មានតណ្ហា ជាចំណង អន្ទោលទៅ ត្រាច់រង្គាត់ទៅ តថាគត មិនពោលថា ធ្វើនូវទីបំផុត​នៃ​ទុក្ខ​បាន​ឡើយ។

[២៥៧] ម្នាលភិក្ខុទាំងឡាយ ដូចជាឆ្កែដែលគេចង ដោយដងដោយ ចងភ្ជាប់​នឹងបង្គោល​ ឬសសរដ៏មាំ រមែង​ស្ទុះក្រឡឹង ដើរក្រឡឹងបង្គោល ឬសសរនោះឯង យ៉ាង​ណាមិញ។ ម្នាលភិក្ខុទាំងឡាយ បុថុជ្ជន ជាអ្នកមិនចេះដឹង មិនឃើញ​ពួក​ព្រះអរិយៈ។បេ។ មិនបានសិក្សា ក្នុងសប្បុរិសធម៌ រមែងពិចារណាឃើញនូវរូប ថាជា​ខ្លួន។បេ។ ពិចារណាឃើញនូវ​វេទនា ថាជាខ្លួន។ នូវសញ្ញា។ ពិចារណា ឃើញ​នូវ​សង្ខារ​ថាជាខ្លួន។ ពិចារណាឃើញ នូវវិញ្ញាណ ថាជាខ្លួន ឃើញនូវខ្លួន ថាមានវិញ្ញាណ​ខ្លះ ឃើញនូវ​វិញ្ញាណ ថាមានក្នុងខ្លួនខ្លះ ឃើញ​នូវខ្លួន​ ថាមាន​ក្នុងវិញ្ញាណខ្លះ។ បុថុជ្ជននោះ រមែង​ស្ទុះ​ក្រឡឹង ដើរក្រឡឹងនូវរូបដដែលៗ។ នូវ​វេទនាដដែលៗ។ នូវសញ្ញាដដែលៗ។ នូវសង្ខារ​ដដែលៗ។  រមែង​ស្ទុះក្រឡឹង ដើរក្រឡឹង នូវវិញ្ញាណដដែលៗ។ កាលដែលបុថុជ្ជននោះ ស្ទុះក្រឡឹង ដើរក្រឡឹងនូវរូប។ នូវវេទនា។ នូវសញ្ញា។ នូវសង្ខារ។ ស្ទុះក្រឡឹង ដើរក្រឡឹង នូវវិញ្ញាណ តថាគត ពោល​ថា មិនរួចចាករូប មិនរួចចាកវេទនា មិនរួចចាកសញ្ញា មិនរួចចាកសង្ខារ មិន​រួចចាកវិញ្ញាណ មិនរួចចាកជាតិ ជរា មរណៈ សេចក្តីសោក សេចក្តីខ្សឹកខ្សួល សេចក្តី​លំបាកកាយ លំបាកចិត្ត និងសេចក្តីចង្អៀត​ចង្អល់​ចិត្តទាំងឡាយ មិនរួចចាក​ទុក្ខ​ឡើយ។ ម្នាលភិក្ខុទាំងឡាយ ចំណែកខាង​អរិយសាវ័ក ជាអ្នកចេះដឹង ឃើញពួក​ព្រះអរិយៈ។បេ។ បានសិក្សាដោយប្រពៃ ក្នុងសប្បុរិសធម៌ រមែងមិនពិចារណាឃើញនូវរូប ថាជា​ខ្លួន។ មិនឃើញនូវវេទនា។ មិនឃើញ​នូវ​សញ្ញា។ មិនឃើញនូវសង្ខារ។ មិនឃើញនូវវិញ្ញាណ ថាជាខ្លួន នូវខ្លួន ថាមាន​វិញ្ញាណ​ខ្លះ នូវ​វិញ្ញាណ ថាមានក្នុងខ្លួនខ្លះ ​នូវខ្លួន​ ថាមាន​ក្នុងវិញ្ញាណខ្លះ។ អរិយសាវ័កនោះ រមែង​មិនស្ទុះក្រឡឹង មិនដើរក្រឡឹងនូវរូប។ នូវវេទនា។ នូវសញ្ញា។ នូវសង្ខារ។ មិនស្ទុះក្រឡឹង មិនដើរក្រឡឹងនូវវិញ្ញាណ។ កាលដែលអរិយសាវ័ក​នោះ មិនស្ទុះក្រឡឹង មិនដើរក្រឡឹងនូវរូប។ នូវវេទនា។ នូវសញ្ញា។ នូវសង្ខារ។ មិនស្ទុះ​ក្រឡឹង មិនដើរក្រឡឹងនូវវិញ្ញាណ តថាគត ពោលថា រួចចាករូប រួចចាកវេទនា រួចចាកសញ្ញា រួចចាកសង្ខារ រួចចាកវិញ្ញាណ រួចចាកជាតិ ជរា មរណៈ សេចក្តី​សោក សេចក្តីខ្សឹកខ្សួល សេចក្តីលំបាកកាយ លំបាកចិត្ត និងសេចក្តីចង្អៀតចង្អល់ចិត្ត​ទាំង​ឡាយ រួចចាកទុក្ខបាន។

[២៥៨] ជិតក្រុងសាវត្ថី។ ក្នុងវត្ត។ ម្នាលភិក្ខុទាំងឡាយ សង្សារនេះ មានទីបំផុត​គេមិនអាចដឹងបាន គឺទីបំផុត​ខាងដើម របស់សត្វទាំងឡាយ ដែល​មានអវិជ្ជាជាគ្រឿង​បិទបាំង មានតណ្ហាជាចំណង អន្ទោលទៅ ត្រាច់រង្គាត់ទៅ មិនប្រាកដឡើយ។ ម្នាលភិក្ខុទាំងឡាយ ដូចជាឆ្កែ ​ដែលគេចង​ដោយដងដោយ ចង​ភ្ជាប់​នឹងបង្គោល ឬសសរដ៏មាំ ប្រសិនបើឆ្កែនោះដើរទៅ រមែង​ដើរជិត​បង្គោល ឬសសរនោះដដែល ប្រសិនបើឈរ រមែងឈរជិត​បង្គោល ឬសសរនោះដដែល ប្រសិនបើអង្គុយ រមែងអង្គុយជិត​បង្គោល ឬសសរនោះដដែល ប្រសិនបើដេក រមែងដេកជិត​បង្គោល ឬសសរនោះដដែល យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ បុថុជ្ជន អ្នកមិនចេះដឹង រមែង​ពិចារណាឃើញនូវ​រូបថា នុ៎ះជារបស់អាត្មាអញ នុ៎ះ​ជា​អាត្មាអញ នុ៎ះ​ជាខ្លួនរបស់អាត្មាអញ។ នូវវេទនា។ នូវសញ្ញា។ នូវសង្ខារ។ ពិចារណា​ឃើញ​នូវ​វិញ្ញាណថា នុ៎ះជារបស់អាត្មាអញ នុ៎ះ​ជា​អាត្មាអញ នុ៎ះ​ជាខ្លួន​របស់​អាត្មាអញ។ ប្រសិនបើបុគ្គលនោះ ដើរទៅ រមែងដើរទៅជិត​ឧបាទានក្ខន្ធ​ទាំង៥នេះដដែល ប្រសិនបើឈរ រមែងឈរជិត​ឧបាទានក្ខន្ធ ​ទាំង៥នេះដដែល ប្រសិនបើអង្គុយ រមែងអង្គុយជិត​ឧបាទានក្ខន្ធ​ ទាំង៥នេះដដែល ប្រសិនបើដេក រមែងដេកជិត​ឧបាទានក្ខន្ធ ​ទាំង៥នេះដដែល ក៏យ៉ាងនោះឯង។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ បុគ្គល​ក្នុងលោកនេះ គួរពិចារណា នូវចិត្ត​របស់ខ្លួន ​ឲ្យរឿយៗថា ចិត្ត​នេះ​សៅហ្មង ដោយរាគៈ ទោសៈ មោហៈ អស់កាលជាអង្វែង។

[២៥៩] ម្នាលភិក្ខុទាំងឡាយ ពួកសត្វដែលមានធម៌ជាគ្រឿង​សៅហ្មងនៃចិត្ត រមែង​ជ្រោកជ្រាក ពួកសត្វដែលមានធម៌ ជាគ្រឿងផូរផង់នៃចិត្ត រមែងបរិសុទ្ធ។ ម្នាលភិក្ខុទាំងឡាយ រូបគំនូរ អ្នកទាំងឡាយ បានឃើញហើយឬ។ ព្រះករុណា ព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ រូបគំនូរនោះ គេរចនាដោយការវិចិត្រ​ជាប្រាកដ។ ម្នាលភិក្ខុទាំងឡាយ ចិត្តនេះឯង វិចិត្រដោយវិសេសជាងរូបគំនូរ​ដែលគេរចនា។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ បុគ្គល​ក្នុងលោកនេះ គប្បី​ពិចារណានូវចិត្ត​របស់​ខ្លួនឲ្យរឿយៗថា ចិត្តនេះសៅហ្មងហើយ ដោយរាគៈ ទោសៈ មោហៈ អស់​កាល​ជាអង្វែង។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វដែលមានធម៌ជាគ្រឿង​សៅហ្មងនៃចិត្ត រមែង​ជ្រោកជ្រាក ពួកសត្វដែលមានធម៌ជាគ្រឿងផូរផង់នៃចិត្ត រមែងបរិសុទ្ធ។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វតិរច្ឆាននេះ ដ៏វិចិត្រយ៉ាងណា ចិត្តណាដែលវិចិត្រ​យ៉ាង​នោះ ម្នាលភិក្ខុទាំងឡាយ តថាគត មិនដែលឃើញ សូម្បីនូវពួកធម៌មួយ ដទៃ​អំពី​ចិត្ត​នោះឡើយ។ ម្នាលភិក្ខុទាំងឡាយ សត្វតិរច្ឆានទាំងនោះឯង តែងគិតដោយចិត្តដូច​គ្នា។ ម្នាលភិក្ខុទាំងឡាយ ចិត្តនេះឯង វិចិត្រដោយវិសេសជាងពួកសត្វតិរច្ឆាននោះ។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ បុគ្គល​ក្នុងលោកនេះ គប្បី​ពិចារណានូវចិត្ត​របស់​ខ្លួនឲ្យរឿយៗថា ចិត្តនេះសៅហ្មងដោយរាគៈ ទោសៈ មោហៈ អស់​កាល​ជាអង្វែង។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វដែលមានធម៌ជាគ្រឿង​សៅហ្មងនៃចិត្ត រមែង​ជ្រោកជ្រាក ពួកសត្វដែលមានធម៌ជាគ្រឿងផូរផង់នៃចិត្ត រមែងបរិសុទ្ធ។ ម្នាលភិក្ខុទាំងឡាយ ដូចជាជាងជ្រលក់ក្តី ជាងគំនូរក្តី កាលបើទឹកជ្រលក់ក្តី ទឹកល័ក្តក្តី ទឹក​រមៀតក្តី ទឹកមានពណ៌ខៀវក្តី ពណ៌ហង្សបាទក្តី ផែនក្តារដែលគេខាត់​ល្អហើយក្តី ជញ្ជាំងក្តី ផ្ទាំង​សំពត់ក្តី មានហើយ គប្បីតាក់តែងនូវ​រូបស្ត្រី ឬរូបបុរស មានអវយវៈតូច និងអវយវៈធំសព្វគ្រប់បាន យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ  បុថុជ្ជនជាអ្នកមិនចេះដឹង កាលបើចង់ឲ្យរូបកើត រមែង​ញុំាងរូប​ឲ្យកើតឡើងបាន។ ញុំាងវេទនា។ ញុំាងសញ្ញា។ ញុំាងសង្ខារ។ កាលបើចង់​ឲ្យវិញ្ញាណកើត រមែង​ញុំាង​វិញ្ញាណ​ឲ្យកើតឡើងបាន ក៏យ៉ាងនោះឯង។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ សំគាល់​សេចក្តីនោះ ដូចម្តេច រូបទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។ វេទនា។ សញ្ញា។ សង្ខារ។ វិញ្ញាណ ទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ ក្នុងសាសនានេះ។បេ។ អរិយសាវ័ក កាលបើឃើញ​យ៉ាងនេះ។បេ។ រមែងដឹងច្បាស់ថា មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បី​សោឡសកិច្ចនេះទៀត មិនមានឡើយ។

[២៦០] ជិតក្រុងសាវត្ថី។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលនូវកិរិយាអស់ទៅ​នៃ​អាសវៈ ចំពោះបុគ្គលដែលដឹងច្បាស់ ឃើញច្បាស់ មិនពោលចំពោះ​បុគ្គល​ដែល​មិនដឹងច្បាស់ មិនឃើញច្បាស់​ឡើយ។ ម្នាលភិក្ខុទាំងឡាយ ការអស់ទៅនៃអាសវៈ រមែង​មានដល់បុគ្គល ​ដែលដឹងអ្វី ឃើញអ្វី។ (ដល់​បុគ្គលដឹងឃើញ) ថារូប ដូច្នេះ ហេតុ​ឲ្យ​កើតឡើងនៃរូប ដូច្នេះ សេចក្តីអស់ទៅនៃរូប ដូច្នេះ។ វេទនា ដូច្នេះ។ សញ្ញា ដូច្នេះ។ សង្ខារដូច្នេះ។ វិញ្ញាណដូច្នេះ ហេតុ​ឲ្យ​កើតឡើងនៃវិញ្ញាណ ដូច្នេះ សេចក្តីអស់ទៅ នៃវិញ្ញាណ ដូច្នេះ។ ម្នាលភិក្ខុទាំងឡាយ ការអស់ទៅ នៃអាសវៈ រមែង​មាន ដល់បុគ្គលដែលដឹងយ៉ាងនេះ ឃើញយ៉ាងនេះឯង។

[២៦១] ម្នាលភិក្ខុទាំងឡាយ ភិក្ខុ​កាលមិនប្រកបរឿយៗ នូវភាវនានុយោគ ទុក​ជាមានសេចក្តីប្រាថ្នា កើតឡើងយ៉ាងនេះថា ឱហ្ន៎ ចិត្តរបស់អាត្មាអញ គប្បីរួចស្រឡះ​ចាកអាសវៈទាំងឡាយ ព្រោះមិនបានប្រកាន់មាំក៏ដោយ ចិត្តរបស់ភិក្ខុនោះ ក៏នៅតែ​មិន​រួចស្រឡះ ចាកអាសវៈទាំងឡាយ ព្រោះមិនបានប្រកាន់មាំឡើយ។ សេចក្តីនោះ ព្រោះ​ហេតុដូចម្តេច។ គប្បីឆ្លើយថា ព្រោះភិក្ខុនោះ មិនបានចម្រើន។ មិនបាន​ចម្រើន​អ្វី។ មិនបានចម្រើនសតិប្បដ្ឋានទាំង៤ មិនបានចម្រើន​សម្មប្បធានទាំង៤ មិនបានចម្រើន​ឥទ្ធិបាទទាំង៤ មិនបានចម្រើនឥន្ទ្រិយ​ទាំង៥ មិនបានចម្រើនពលៈ​ទាំង៥ មិនបានចម្រើន​ពោជ្ឈង្គទាំង៧ មិនបានចម្រើនអរិយមគ្គប្រកបដោយអង្គ៨។ ម្នាលភិក្ខុទាំងឡាយ ដូចជាមេមាន់ មានស៊ុត៨ក្តី ១០ក្តី ១២ក្តី ឯស៊ុតទាំងនោះ បើ​មេមាន់​មិនបានក្រាបដោយប្រពៃ មិនបានឲ្យចំហាយដោយប្រពៃ មិនបានអប់​កំដៅ​ដោយប្រពៃទេ មេមាន់នោះ ទុកជាមានសេចក្តីប្រាថ្នាកើតឡើង យ៉ាងនេះថា ឱហ្ន៎ កូន​មាន់របស់អាត្មាអញ គប្បីទម្លាយនូវសម្បកស៊ុត ដោយចុងក្រចកជើង ឬដោយចុង​ចំពុះ ហើយញាស់មកដោយ​សួស្តី ដូច្នេះក៏ដោយ កូនមាន់ទាំងនោះ ក៏មិនគួរ​ ដើម្បី​ទម្លាយនូវសម្បកស៊ុត ដោយចុងក្រចកជើង ឬដោយចុងចំពុះ ហើយញាស់​មក ដោយ​សួស្តីបានឡើយ។ សេចក្តីនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុ​ទាំងឡាយ ព្រោះថា មេមាន់ ដែលមានស៊ុត៨ក្តី ១០ក្តី ១២ក្តី ឯស៊ុតទាំងនោះ ​មេមាន់​មិនបាន​ក្រាបដោយប្រពៃ មិនបានឲ្យចំហាយដោយប្រពៃ មិនបានអប់​កំដៅ​ដោយប្រពៃ យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ ឯភិក្ខុដែល​មិនបានប្រកបរឿយៗ នូវ​ភាវនានុយោគ ទុកជាមានសេចក្តីប្រាថ្នាកើតឡើង យ៉ាងនេះថា ឱហ្ន៎ ចិត្ត​របស់​អាត្មាអញ គប្បីរួចស្រឡះ ចាកអាសវៈទាំងឡាយ ព្រោះ​មិនបានប្រកាន់មាំ ដូច្នេះ ក៏ដោយ ចិត្តរបស់ភិក្ខុនោះ ក៏នៅតែមិនរួចស្រឡះ ចាកអាសវៈទាំងឡាយ ព្រោះ​មិនបាន​ប្រកាន់មាំឡើយ។ សេចក្តីនោះ ព្រោះហេតុអ្វី។ គប្បីឆ្លើយថា ព្រោះភិក្ខុនោះ មិនបានចម្រើន។ មិនបាន​ចម្រើន​អ្វី។ មិនបានចម្រើនសតិប្បដ្ឋានទាំង៤ មិនបានចម្រើន​សម្មប្បធានទាំង៤ មិនបានចម្រើន​ឥទ្ធិបាទទាំង៤ មិនបានចម្រើន​ឥន្ទ្រិយ​ទាំង៥ មិនបានចម្រើនពលៈ​ទាំង៥ មិនបានចម្រើន​ពោជ្ឈង្គទាំង៧ មិនបាន​ចម្រើន​អរិយមគ្គប្រកបដោយអង្គ៨ ក៏យ៉ាងនោះឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ​ដែល​ប្រកបរឿយៗ នូវ​ភាវនានុយោគ ទុកជាមិនមានសេចក្តីប្រាថ្នាកើតឡើង យ៉ាងនេះថា ឱហ្ន៎ ចិត្ត​របស់​អាត្មាអញ គប្បីរួចស្រឡះ ចាកអាសវៈទាំងឡាយ ព្រោះ​មិនបាន​ប្រកាន់មាំ ដូច្នេះ ក៏ដោយ ចិត្តរបស់ភិក្ខុនោះ រមែងរួចស្រឡះ ចាកអាសវៈ​ទាំងឡាយ ព្រោះ​មិនបាន​ប្រកាន់មាំដោយពិត។ សេចក្តីនោះ ព្រោះហេតុអ្វី។ គប្បីឆ្លើយថា ព្រោះភិក្ខុនោះ បានចម្រើន។ បាន​ចម្រើន​អ្វី។ បានចម្រើនសតិប្បដ្ឋានទាំង៤ បានចម្រើន​សម្មប្បធានទាំង៤ បានចម្រើន​ឥទ្ធិបាទទាំង៤ បានចម្រើន​ឥន្ទ្រិយ​ទាំង៥ បានចម្រើនពលៈ​ទាំង៥ បានចម្រើន​ពោជ្ឈង្គទាំង៧ បាន​ចម្រើន​អរិយមគ្គ ប្រកប​ដោយអង្គ៨ ។ ម្នាលភិក្ខុទាំងឡាយ ដូចជាមេមាន់ មានស៊ុត៨ក្តី ១០ក្តី ១២ក្តី ឯស៊ុតទាំងនោះ ​មេមាន់​ ក៏បាន​ក្រាបដោយប្រពៃ បានឲ្យចំហាយ ដោយប្រពៃ បានអប់​កំដៅ ​ដោយប្រពៃ ទុកជាមេមាន់នោះ មិនមានសេចក្តីប្រាថ្នាកើតឡើង យ៉ាងនេះថា ឱហ្ន៎ កូន​មាន់របស់អាត្មាអញ គប្បីទម្លាយ នូវសម្បកស៊ុត ដោយចុង​ក្រចកជើង ឬដោយចុង​ចំពុះ ហើយញាស់ចេញមក ដោយ​សួស្តី ដូច្នេះក៏ដោយ កូនមាន់ទាំងនោះ ក៏គួរ​ដើម្បី​ទម្លាយ នូវសម្បកស៊ុត ដោយចុងក្រចកជើង ឬដោយចុងចំពុះ ហើយញាស់​ចេញមកដោយ​សួស្តីបានដោយពិត។ សេចក្តីនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះថា មេមាន់ ដែលមានស៊ុត ៨ក្តី ១០ក្តី ១២ក្តី ឯស៊ុតទាំងនោះ ​មេមាន់បាន​ក្រាបដោយប្រពៃ បានឲ្យចំហាយដោយប្រពៃ បានអប់​កំដៅ​ដោយប្រពៃ យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ ឯភិក្ខុអ្នកប្រកបរឿយៗ នូវ​ភាវនានុយោគ ទុកជាមិនមានសេចក្តីប្រាថ្នាកើតឡើង យ៉ាងនេះថា ឱហ្ន៎ ចិត្ត​របស់​អាត្មាអញ គប្បីរួចស្រឡះ ចាកអាសវៈទាំងឡាយ ព្រោះ​មិនបានប្រកាន់មាំ ដូច្នេះ ក៏ដោយ ចិត្តរបស់ភិក្ខុនោះ រមែងរួចស្រឡះ ចាកអាសវៈ​ទាំងឡាយ ព្រោះ​មិនបាន​ប្រកាន់មាំ បានដោយពិត។ សេចក្តីនោះ ព្រោះហេតុអ្វី។ គប្បីឆ្លើយថា ព្រោះភិក្ខុនោះ បានចម្រើន។ បាន​ចម្រើន​អ្វី។ បានចម្រើន​សតិប្បដ្ឋានទាំង៤ បានចម្រើន​សម្មប្បធានទាំង៤ បានចម្រើន​ឥទ្ធិបាទទាំង៤ បានចម្រើន​ឥន្ទ្រិយ​ទាំង៥ បានចម្រើនពលៈ​ទាំង៥ បានចម្រើន​ពោជ្ឈង្គទាំង៧ បាន​ចម្រើន​អរិយមគ្គ​ ប្រកបដោយអង្គ៨។

[២៦២] ម្នាលភិក្ខុទាំងឡាយ ដូចជាជាងឈើ ឬកូនសិស្សរបស់ជាងឈើ រមែង​យកម្រាមដៃ និងមេដៃ​ ចាប់កាន់ត្រង់មៀនកាំបិត ជាប្រាកដ ប៉ុន្តែ ជាងឈើនោះ ក៏​​មិនមានសេចក្តីដឹង យ៉ាងនេះថា ក្នុងថ្ងៃនេះ មៀនកាំបិតរបស់​អាត្មាអញ សឹក​អស់​ទៅ​ប៉ុណ្ណេះ ម្សិល​មិញ​ សឹកអស់ប៉ុណ្ណេះ ម្សិលម្ង៉ៃ សឹកអស់ប៉ុណ្ណេះ ដូច្នេះឡើយ ជាងឈើ​នោះ ​គ្រាន់តែមានសេចក្តីដឹងថា អស់ទៅៗ តែប៉ុណ្ណេះ ដោយពិត យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ​ដែលប្រកបរឿយៗ នូវភាវនានុយោគ ក៏​មិនមាន​សេចក្តី​ដឹង​ យ៉ាងនេះថា ក្នុងថ្ងៃនេះ អាសវៈ របស់អាត្មាអញ អស់ទៅប៉ុណ្ណេះ ម្សិលមិញ អស់​ទៅ​ប៉ុណ្ណេះ ម្សិលម្ង៉ៃ អស់ទៅប៉ុណ្ណេះ ដូច្នេះដែរ ភិក្ខុនោះ គ្រាន់តែ​មានសេចក្តី​ដឹងថា​ អស់​ទៅៗ ប៉ុណ្ណោះ ក៏យ៉ាង​នោះឯង។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ដូចជា​ទូកនៅ​ក្នុង​សមុទ្រ ដែលគេចង ដោយចំណង​ផ្តៅ ត្រាំ​នៅក្នុងទឹក អស់៦ខែ ទើបគេស្រង់ឡើង​ ដាក់លើគោក ក្នុងហេមន្តរដូវ ឯចំណង​ផ្តៅទាំងនោះ ត្រូវខ្សល់​ និងកំដៅ​ថ្ងៃគ្រប​សង្កត់​ មេឃបង្អុរទឹកភ្លៀង​គ្របសង្កត់ ក៏រមាសពុកផុយទៅ ដោយមិនយូរ យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ​ដែលប្រកបរឿយៗ នូវភាវនានុយោគ រមែង​មានសញ្ញោជនៈស្ងប់រម្ងាប់ទៅ ពុកផុយទៅ ដោយមិនលំបាក ក៏យ៉ាងនោះឯង។

[២៦៣] ជិតក្រុងសាវត្ថី។ ម្នាលភិក្ខុទាំងឡាយ អនិច្ចសញ្ញា ដែល​បុគ្គល​បាន​ចម្រើនហើយ បានធ្វើ​ឲ្យច្រើនហើយ រមែង​គ្របសង្កត់ ​នូវកាមរាគ [សេចក្តីត្រេក​អរ ក្នុងកាមភព។] ទាំងអស់ គ្រប​សង្កត់​នូវរូបរាគ [សេចក្តីត្រេកអរ ក្នុងរូបភព។] ទាំងអស់ គ្របសង្កត់នូវភវរាគ [សេចក្តីត្រេកអរក្នុងភព។] ទាំងអស់ គ្របសង្កត់នូវអវិជ្ជា​ទាំង​អស់ ដកឡើង​នូវអស្មិមានះ​ទាំងអស់។ ម្នាលភិក្ខុទាំងឡាយ ដូចជា​បុរស​អ្នកភ្ជួរ កាល​ភ្ជួរដោយនង្គ័លធំ ក្នុងសរទសម័យ តែងភ្ជួរ​ទម្លាយ នូវបណ្តាញ នៃ​ឫសទាំងពួង យ៉ាង​ណាមិញ។ ម្នាលភិក្ខុទាំងឡាយ ឯអនិច្ចសញ្ញា ដែល​បុគ្គល​បាន​ចម្រើនហើយ បានធ្វើ​ឲ្យច្រើនហើយ រមែង​គ្របសង្កត់ ​នូវកាមរាគទាំងអស់ គ្រប​សង្កត់​នូវរូបរាគ​ទាំងអស់ គ្របសង្កត់ នូវភវរាគទាំងអស់ គ្របសង្កត់នូវអវិជ្ជា​ទាំង​អស់ ដកឡើង​នូវអស្មិមានះ​ទាំងអស់បាន ក៏យ៉ាងនោះឯង។

[២៦៤] ម្នាលភិក្ខុទាំងឡាយ មួយទៀត ដូចជាបុរស​អ្នកច្រូតស្មៅដំណេក​ទន្សាយ បានច្រូតស្មៅដំណេកទន្សាយ ចាប់ចុងហើយរលាស់​គ្រវាត់បោក យ៉ាង​ណាមិញ។ ម្នាលភិក្ខុទាំងឡាយ អនិច្ចសញ្ញា ដែល​បុគ្គល​បាន​ចម្រើនហើយ ក៏យ៉ាង​នោះឯង។បេ។

[២៦៥] ម្នាលភិក្ខុទាំងឡាយ មួយទៀត ដូចជាចង្កោមស្វាយ ដែល​បុគ្គល​កាត់ទងហើយ បណ្តាផ្លែស្វាយ​ទាំងនោះ ផ្លែស្វាយទាំងឡាយណា ដែលជាប់​នៅ​នឹង​ទង ផ្លែស្វាយ​ទាំងអស់នោះ រមែងទៅតាម​ចង្កោម​ស្វាយនោះ យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ អនិច្ចសញ្ញា ដែលបុគ្គល​បានចម្រើនហើយ បានធ្វើ​ឲ្យច្រើនហើយ។បេ។ ក៏យ៉ាងនោះឯង។

[២៦៦] ម្នាលភិក្ខុទាំងឡាយ មួយទៀត ដូចជាឈើបង្កង់ណានីមួយ របស់​ផ្ទះ​មានកំពូល ឯបង្កង់ទាំងអស់នោះ បាញ់ទៅរកកំពូល ងាកទៅរកកំពូល ប្រជុំ​ចុះ​ក្នុង​កំពូល ឯកំពូលប្រាកដជាប្រសើរជាងបង្កង់ទាំងនោះ យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ អនិច្ចសញ្ញា ដែល​បុគ្គល​បាន​ចម្រើនហើយ។បេ។ ក៏​យ៉ាង​នោះឯង។

[២៦៧] ម្នាលភិក្ខុទាំងឡាយ មួយទៀត ដូចជាវត្ថុ​មានក្លិនពីឫសណានីមួយ ស្មៅស្គា ប្រាកដជាប្រសើរ ជាងវត្ថុ​មានក្លិនពីឫសទាំងនោះ យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ អនិច្ចសញ្ញា ដែលបុគ្គល​បានចម្រើនហើយ។បេ។ ក៏យ៉ាងនោះឯង។

[២៦៨] ម្នាលភិក្ខុទាំងឡាយ មួយទៀត ដូចជាវត្ថុ​មានក្លិនពីខ្លឹមណានីមួយ ចន្ទន៍ក្រហម ប្រាកដជាប្រសើរ ជាងវត្ថុ​មានក្លិនពីខ្លឹមទាំងនោះ យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ អនិច្ចសញ្ញា ដែលបុគ្គល​បានចម្រើនហើយ។បេ។ ក៏យ៉ាងនោះឯង។

[២៦៩] ម្នាលភិក្ខុទាំងឡាយ មួយទៀត ដូចជាវត្ថុ​មានក្លិនពីផ្កាណានីមួយ ម្លិះលា ប្រាកដជាប្រសើរ ជាងវត្ថុ​មានក្លិនពីផ្កាទាំងនោះ យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ ឯអនិច្ចសញ្ញា ដែលបុគ្គល​បានចម្រើនហើយ។បេ។ ក៏យ៉ាងនោះឯង។

[២៧០] ម្នាលភិក្ខុទាំងឡាយ មួយទៀត ដូចជាពួកស្តេចខ្សោយ​អំណាច​ណានីមួយ ស្តេចទាំងអស់នោះ ជាចំណុះ​ស្តេច​ចក្រពត្តិ ឯស្តេច​ចក្រពត្តិ ប្រាកដជាប្រសើរ ជាងស្តេចទាំងនោះ យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ អនិច្ចសញ្ញា ដែលបុគ្គល​បានចម្រើនហើយ។បេ។ ក៏យ៉ាងនោះឯង។

[២៧១] ម្នាលភិក្ខុទាំងឡាយ មួយទៀត ដូចជាពន្លឺនៃ​ពួកផ្កាយណានីមួយ ពន្លឺទាំងអស់នោះ រមែង​មិនដល់នូវចំណែក​ដែលបុគ្គល​ចែកជាដប់ប្រាំមួយ ៗ លើកនៃ​ពន្លឺព្រះចន្ទ្រ ពន្លឺព្រះចន្ទ្រ ប្រាកដជាប្រសើរជាងពន្លឺទាំងនោះ យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ អនិច្ចសញ្ញា ដែលបុគ្គល​បានចម្រើនហើយ។បេ។ ក៏យ៉ាងនោះឯង។

[២៧២] ម្នាលភិក្ខុទាំងឡាយ មួយទៀត ដូចជាព្រះអាទិត្យ កាលបើ​មេឃ​ដ៏ស្អាត ប្រាសចាកពពកហើយ ក្នុងសរទសម័យ ក៏ស្ទុះឡើង​ទៅកាន់​អាកាស កំចាត់​បង់នូវងងឹត ដែលតាំងនៅក្នុងអាកាសទាំងពួងហើយ ក៏រមែង​ភ្លឺផង ក្តៅផង រុងរឿង​ផង យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ អនិច្ចសញ្ញា ដែលបុគ្គល​បានចម្រើនហើយ បានធ្វើ​ឲ្យច្រើនហើយ រមែង​គ្របសង្កត់​នូវកាមរាគទាំងអស់ គ្រប​សង្កត់​នូវរូបរាគទាំងអស់ គ្របសង្កត់នូវភវរាគទាំងអស់ គ្របសង្កត់នូវអវិជ្ជា​ទាំង​អស់ ដកឡើង​នូវអស្មិមានះ​ទាំងអស់បាន ក៏យ៉ាងនោះឯង។

[២៧៣] ម្នាលភិក្ខុទាំងឡាយ ចុះអនិច្ចសញ្ញា ដែលបុគ្គលបានចម្រើន​ហើយ ដូចម្តេច ដែលបុគ្គល​បានធ្វើឲ្យច្រើនហើយ ដូចម្តេច ទើបគ្របសង្កត់នូវកាមរាគ​ទាំង​អស់។បេ។ ដកឡើងនូវអស្មិមានះទាំងអស់បាន។ បានចម្រើនថា រូបដូច្នេះ ហេតុ​ឲ្យកើត​ឡើងនៃរូប ដូច្នេះ សេចក្តីអស់ទៅនៃ​រូបដូច្នេះ។ វេទនាដូច្នេះ។ សញ្ញា​ដូច្នេះ។ សង្ខារ​ដូច្នេះ។ វិញ្ញាណដូច្នេះ ហេតុឲ្យកើត​ឡើងនៃវិញ្ញាណ ដូច្នេះ សេចក្តីអស់ទៅនៃ​វិញ្ញាណដូច្នេះ។ ម្នាលភិក្ខុទាំងឡាយ អនិច្ចសញ្ញា ដែលបុគ្គលបានធ្វើឲ្យច្រើន​ហើយ យ៉ាងនេះឯង រមែងគ្របសង្កត់ នូវកាមរាគ​ទាំង​អស់ គ្រប់សង្កត់ នូវរូបរាគទាំងអស់ គ្របសង្កត់ នូវភវរាគទាំងអស់ គ្របសង្កត់ នូវអវិជ្ជាទាំងអស់ ដកឡើងនូវអស្មិមានះ​ទាំងអស់បាន។

ចប់ បុប្ផវគ្គ ទី៥។

ឧទ្ទាននៃបុប្ផវគ្គនោះ គឺ

និយាយ​អំពីស្ទឹង១ ផ្កាជលជាតិ១ ពពុះទឹក១ អាចម៍គោ១ ចុងព្រះនខា១ សមុទ្រ១ ដងដោយសម្រាប់​ចងឆ្កែពីរលើក ទូក១ សញ្ញា១ ត្រូវជា១០។

ចប់ មជ្ឈិមបណ្ណាសកៈ។

ឧទ្ទាននៃវគ្គ របស់មជ្ឈិមបណ្ណាសកៈនោះគឺ

ឧបាយវគ្គ១ អរហន្តវគ្គ១ ខជ្ជនីយវគ្គ១ ថេរវគ្គ១ បុប្ផវគ្គ១ លោកឲ្យឈ្មោះថា ទុតិយបណ្ណាសកៈ។

ចប់ ភាគ៣៣។

សូមអនុមោទនា !!!

Oben-pfeil