សំយុត្តនិកាយ សឡាយតនវគ្គ

អដ្ឋមភាគ
ភាគទី៣៦

សូមក្រាបថ្វាយបង្គំ ព្រះមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធអង្គនោះ។

វេទនាសំយុត្ត

បឋមកសគាថវគ្គ

[១] ម្នាលភិក្ខុទាំងឡាយ វេទនានេះ មាន ៣ យ៉ាង។ វេទនា ៣ យ៉ាង តើដូចម្តេច។ គឺសុខវេទនា ១ ទុក្ខវេទនា ១ អទុក្ខមសុខវេទនា ១។  ម្នាលភិក្ខុទាំងឡាយ វេទនា មាន  ៣ យ៉ាងនេះឯង។

[២] ភិក្ខុជាសាវករបស់ព្រះពុទ្ធ​ មានចិត្តតម្កល់មាំ (​ ដោយឧបចារសមាធិ និង​អប្បនា​សមាធិ) ជាអ្នកដឹងខ្លួន មានស្មារតី តែងដឹងច្បាស់នូវវេទនាផង នូវហេតុជាទី​កើតឡើង នៃ​វេទនាទាំងឡាយផង។ មួយវិញទៀត វេទនាទាំងឡាយនុ៎ះ រលត់ទៅក្នុង​ព្រះនិព្វានឯណា ភិក្ខុតែងដឹងច្បាស់ នូវព្រះនិព្វាននោះផង នូវមគ្គ ជាដំណើរទៅកាន់​​ធម៌ ជាទីក្ស័យ (នៃអាសវៈទាំងឡាយ)​ ផង ភិក្ខុដែលជាអ្នកមិនមានសេចក្តីស្រេក​ឃ្លាន (មិនមានតណ្ហា)​ និពា្វនហើយ ព្រោះអស់ទៅ នៃវេទនាទាំងឡាយ។ ចប់ សូត្រ ទី១។

[៣] ម្នាលភិក្ខុទាំងឡាយ វេទនានេះ មាន ៣ យ៉ាង។ វេទនា ៣ យ៉ាង តើដូចម្តេច។ គឺសុខវេទនា ១ ទុក្ខវេទនា ១ អទុក្ខមសុខវេទនា ១។ ម្នាលភិក្ខុទាំងឡាយ​ វេទនា មាន ៣ យ៉ាងនេះឯង។

[៤] បើមានវេទនាណាមួយ ដែលអរិយសាវក បានសោយហើយ ទោះជាសុខក្តី ជាទុក្ខក្តី ព្រមទាំងមិនទុក្ខមិនសុខក្តី ទាំងខាងក្នុង ទាំងខាងក្រៅ។ អរិយសាវក បានដឹង​ថា ធម្មជាតនុ៎ះ ជាទុក្ខ មានសេចក្តីវិនាសទៅ ជាធម្មតា បែកធ្លាយទៅ ជាប្រក្រតី ច្រើនតែ​ពាល់​ត្រូវ ដោយប្រាជ្ញា ទើបនឿយណាយ ក្នុងវេទនាទាំងនោះ យ៉ាងនេះ។ ចប់ សូត្រ ទី២។

[៥] ម្នាលភិក្ខុទាំងឡាយ វេទនានេះ មាន ៣ យ៉ាង។ វេទនា ៣​ យ៉ាង តើដូចម្តេច។ គឺសុខវេទនា ១ ទុក្ខវេទនា ១ អទុក្ខមសុខវេទនា ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុត្រូវលះ​រាគានុស័យ (អនុស័យ គឺតម្រេក) ក្នុងសុខវេទនាចេញ ត្រូវលះបដិឃានុស័យ (អនុស័យ គឺសេចក្តីថ្នាំងថ្នាក់ចិត្ត) ក្នុងទុក្ខវេទនាចេញ ត្រូវលះអវិជ្ជានុស័យ (អនុស័យ​ គឺ​សេចក្តី​ល្ងង់) ក្នុងអទុក្ខមសុខវេទនាចេញ។​ ម្នាលភិក្ខុទាំងឡាយ រាគានុស័យ ​ក្នុង​សុខវេទនា ​ដែលភិក្ខុលះបង់បានហើយ បដិឃានុស័យ ​ក្នុងទុក្ខវេទនា ​ដែលភិក្ខុលះ​បង់​បានហើយ អវិជ្ជានុស័យ ក្នុងអទុក្ខមសុខវេទនា ដែលភិក្ខុលះបង់បានហើយ ក្នុងកាលឯណា។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនេះ ហៅថា អ្នកឃើញច្បាស់ នូវអនុស័យ ​​​ដែល​គ្មានរាគៈ ភិក្ខុនោះ បានកាត់បង់ នូវតណ្ហា គាស់រំលើង នូវសញ្ញោជនៈ បានធ្វើនូវទី​បំផុត ​នៃ​​ទុក្ខ ព្រោះត្រាស់ដឹង ដោយប្រពៃ​នូវមានះ។

[៦]  កាលភិក្ខុសោយនូវសុខវេទនា តែមិនបានដឹងច្បាស់ រាគានុស័យនោះ រមែង​មានដល់ភិក្ខុ ដែលមិនឃើញនូវឧបាយ​ ជាគ្រឿងរលាស់ចេញ។ កាលភិក្ខុសោយ​​នូវទុក្ខវេទនា តែមិនបានដឹងច្បាស់ បដិឃានុស័យ ក៏មានដល់ភិក្ខុ ដែលមិនឃើញ​នូវ​​ឧបាយ ជាគ្រឿងរលាស់ចេញដែរ។ សេចក្តីមិនទុក្ខមិនសុខ ជារបស់មាននៅ ដែល​ព្រះសម្មាសម្ពុទ្ធ មានបញ្ញា ដូចជាផែនដី ទ្រង់សំដែងហើយ បើភិក្ខុរីករាយ ចំពោះសេចក្តី​មិន​ទុក្ខមិនសុខនោះ មិនរួចចាកទុក្ខបានទេ។ មួយវិញទៀត ភិក្ខុមានព្យាយាម​ដុត​កម្ដៅ​កិលេស​ រមែងលះបង់ (នូវវេទនាទាំងនោះ) ដោយសម្បជញ្ញៈ (បញ្ញា) ក្នុងកាលឯណា ភិក្ខុនោះ ជាបណ្ឌិត តែងកំណត់ដឹង នូវវេទនាទាំងអស់បាន ក្នុងកាលនោះឯង។ ភិក្ខុនោះ​កំណត់ដឹង នូវវេទនាទាំងឡាយ​ ក្នុងបច្ចុប្បន្ននេះ ជាអ្នកមិនមានអាសវៈ តាំងនៅក្នុងធម៌​ជាអ្នកដល់នូវវេទនា​ លុះទម្លាយរាងកាយទៅ​ មិនគួររាប់ថា (ជាអ្នកមានភពទៀត​​ឡើយ)។ ចប់ សូត្រ ទី៣​។

[៧]  ម្នាលភិក្ខុទាំងឡាយ បុថុជ្ជនអ្នកមិនចេះដឹង តែងពោលនូវវាចាយ៉ាងនេះថា បាតាល មានក្នុងមហាសមុទ្រ។ ម្នាលភិក្ខុទាំងឡាយ ចំណែកបុថុជ្ជន​ អ្នកមិនចេះដឹង តែង​​ពោលនូវវាចានុ៎ះ ដែលមិនមាន មិនប្រាកដយ៉ាងនេះថា បាតាល មានក្នុង​មហា​សមុទ្រ​។ ម្នាលភិក្ខុទាំងឡាយ ពាក្យថា បាតាលនុ៎ះ ជាឈ្មោះ នៃទុក្ខវេទនាទាំងឡាយ ដែល​​ប្រព្រឹត្តទៅ ​ក្នុងសរីរៈ។ ម្នាលភិក្ខុទាំងឡាយ បុថុជ្ជន អ្នកមិនចេះដឹង កាលបើទុក្ខ​វេទនា ​ប្រព្រឹត្តទៅ ក្នុងសរីរៈពាល់ត្រូវ ទើបសោយសោក លំបាក ខ្សឹកខ្សួល គក់ទ្រូង កន្ទក់​កន្ទេញ ​ដល់នូវ​សេចក្តីវង្វេង ងេងងោង។ ម្នាលភិក្ខុទាំងឡាយ បុថុជ្ជន អ្នកមិន​ចេះ​ដឹង​នេះ ហៅថា​ មិនប្រាកដ ក្នុងបាតាលផង មិនបាននូវទីពឹងផង។ ម្នាលភិក្ខុ​ទាំងឡាយ ឯ​អរិយសាវ័ក អ្នកចេះដឹង កាលបើទុក្ខវេទនា ប្រព្រឹត្តទៅ ក្នុងសរីរៈពាល់ត្រូវ ក៏មិន​សោយ​​​សោក មិនលំបាក មិនខ្សឹកខ្សួល មិនគក់ទ្រូង កន្ទក់កន្ទេញ មិនដល់​នូវការ​វងេ្វង ​ងេងងោងទេ។ ម្នាលភិក្ខុទាំងឡាយ​ អរិយសាវក អ្នកចេះដឹងនេះ ហៅថា មានប្រាកដ ក្នុងបាតាលផង បាននូវទីពឹងផង។

[៨]  អ្នកឯណា មិនអត់សង្កត់នូវទុក្ខវេទនាដែលកើតឡើងទាំងនោះបានទេ កាល​ដែល​ទុក្ខវេទនាពាល់ត្រូវហើយ រមែងញាប់ញ័រ ព្រោះអាល័យជីវិត ប្រព្រឹត្តទៅ ក្នុង​សរីរៈ។ មួយវិញទៀត អ្នកដែលមានប្រាជ្ញាថយ មានកម្លាំងប្រាជ្ញាតិច អ្នកនោះ តែង​កន្ទក់កន្ទេញ ទ្រហោយំ មិនប្រាកដ ក្នុងបាតាលផង មិនបាននូវទីពឹងផង។ មួយវិញទៀត អ្នកឯណា បានអត់សង្កត់ នូវទុក្ខវេទនា ដែលកើតឡើងទាំងនោះ កាលដែលទុក្ខវេទនា​ពាល់​ត្រូវ​ហើយ មិនញាប់ញ័រ ព្រោះអាល័យជីវិត ប្រព្រឹត្តទៅ ក្នុងសរីរៈ ទើបប្រាកដ ក្នុង​បាតាលផង បានដល់នូវទីពឹងផង។​ ចប់ សូត្រ ទី៤។

[៩]  ម្នាលភិក្ខុទាំងឡាយ វេទនានេះ មាន ៣ យ៉ាង។ វេទនា ៣ យ៉ាង តើដូច​ម្តេច។ គឺសុខវេទនា ១ ទុក្ខវេទនា ១ អទុក្ខមសុខវេទនា ១។ ម្នាលភិក្ខុទាំងឡាយ សុខ​វេទនា ភិក្ខុគប្បីឃើញថា ជាទុក្ខ ទុក្ខវេទនា ភិក្ខុគប្បីឃើញ ថាជាកូនសរ អទុក្ខមសុខ​វេទនា ភិក្ខុ​គប្បីឃើញថា ជារបស់មិនទៀង។ ម្នាលភិក្ខុទាំងឡាយ សុខវេទនា ដែលភិក្ខុ​បាន​ឃើញថាជាទុក្ខ ទុក្ខវេទនា​ ដែលភិក្ខុបានឃើញ ថាជាកូនសរ អទុក្ខមសុខវេទនា ដែលភិក្ខុបានឃើញ ថាជារបស់មិនទៀង ក្នុងកាលឯណា។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនេះ ហៅថា ជាអ្នកឃើញដោយប្រពៃ បានកាត់នូវតណ្ហា គាស់រំលើង នូវសញ្ញោជនៈ បានធ្វើនូវទីបំផុត នៃទុក្ខ ព្រោះត្រាស់ដឹង ដោយប្រពៃនូវមានះ  ។

[១០]  អ្នកឯណា បានឃើញសុខវេទនា ថាជាទុក្ខវេទនាវិញ បានឃើញទុក្ខវេទនា ថាជាកូនសរ បានឃើញអទុក្ខមសុខវេទនានោះ ថាជាសភាវៈមិនទៀងទៅវិញ។ បើភិក្ខុ បានឃើញដោយប្រពៃ កំណត់ដឹង នូវវេទនាទាំងឡាយ ភិក្ខុនោះ លុះកំណត់ដឹង ​នូវ​វេទនាទាំងឡាយ ក្នុងបច្ចុប្បន្ននេះហើយ ជាអ្នកមិនមានអាសវៈ ឋិតនៅក្នុងធម៌ ជាអ្នក​ដល់​នូវវេទ លុះទំលាយរាងកាយទៅ មិនគួររាប់ថា  ​(ជាអ្នកមានភពទៀតឡើយ​)​​។ ចប់ សូត្រ ទី៥។

[១១]  ម្នាលភិក្ខុទាំងឡាយ បុថុជ្ជនអ្នកមិនចេះដឹង តែងសោយនូវសុខវេទនាផង សោយនូវទុក្ខវេទនាផង សោយនូវអទុក្ខមសុខវេទនាផង។ ម្នាលភិក្ខុទាំងឡាយ អរិយសាវក អ្នកចេះដឹង តែងសោយ នូវសុខវេទនាដែរ សោយនូវទុក្ខវេទនាដែរ សោយ នូវអទុក្ខមសុខវេទនាដែរ។ ម្នាលភិក្ខុទាំងឡាយ ចុះពួកជនទាំងពីរពួកនោះ មាន​សេចក្តី​ប្លែកគ្នា ដូចម្តេច មានអធិប្បាយ ដូចម្តេច។ ចុះអរិយសាវក អ្នកចេះដឹង ​​និង​បុថុជ្ជន ដែលជាអ្នកមិនចេះដឹង តើមានដំណើរផ្សេង​ ៗ គ្នា ដូចម្តេចខ្លះ។ បពិត្រព្រះអង្គដ៏ចំរើន ធម៌ទាំងឡាយ នៃយើងខ្ញុំព្រះអង្គ មានព្រះដ៏មានព្រះភាគ ជាប្រធាន។ បេ។ ម្នាលភិក្ខុ​ទាំងឡាយ បុថុជ្ជន អ្នកមិនចេះដឹង កាលបើទុក្ខវេទនាពាល់ត្រូវ តែងសោយ​សោក លំបាក ខ្សឹកខ្សួល គក់ទ្រូង កន្ទក់កន្ទេញ ដល់នូវការវង្វេង ងេងងោង បុថុជ្ជននោះ រមែងសោយ នូវវេទនាទាំងពីរ ប្រព្រឹត្តទៅក្នុងកាយ និងប្រព្រឹត្តទៅក្នុងចិត្ត។

[១២]  ម្នាលភិក្ខុទាំងឡាយ ដូចបុគ្គលចាក់បុរស ដែលមានដំ​បៅដោយសរ គប្បី ចាក់​ទម្លុះទៅតាមដំបៅនោះ ដោយសរ ជាគម្រប់ពីរ ម្នាលភិក្ខុទាំងឡាយ តាមដែលពិត បុរសនោះ តែងសោយនូវវេទនាពីរយ៉ាង ដែលប្រព្រឹត្តទៅ ក្នុងកាយផង   ប្រព្រឹត្តទៅក្នុង ចិត្តផង ព្រោះសរ មានឧបមាយ៉ាងណា។  ម្នាលភិក្ខុទាំងឡាយ បុថុជ្ជន អ្នកមិនចេះដឹង កាលបើទុក្ខវេទនាពាល់ត្រូវ រមែងសោយសោក លំបាក ខ្សឹកខ្សួល គក់ទ្រូង កន្ទក់​កន្ទេញ ដល់នូវការវង្វេង ងេងងោង បុថុជ្ជននោះ​ តែងសោយនូវវេទនាទាំងពីរ ដែល​ប្រព្រឹត្ត​ទៅ ក្នុងកាយផង ប្រព្រឹត្តទៅក្នុងចិត្តផង មានឧបមេយ្យ ដូច្នោះដែរ។ ឯបុថុជ្ជន​មាន​សេចក្តីចង្អៀតចង្អល់ ដោយទុក្ខវេទនានោះឯងហើយ សេចក្តីចង្អៀតចង្អល់ ជា​អនុស័យ​ឯណា ដោយទុក្ខវេទនា សេចក្តីចង្អៀតចង្អល់ ជាអនុស័យនោះ តែងធ្វើបុគ្គល​ ដែល​មាន​សេចក្តី​ចង្អៀតចង្អល់ ដោយទុក្ខវេទនានោះឯង​ ឲ្យត្រាំត្រែងនៅ បុគ្គលនោះ កាលបើ​ទុក្ខវេទនាពាល់ត្រូវ ទើបរីករាយ ចំពោះសេចក្តីសុខ ក្នុងកាម។ ដំណើរនោះ ព្រោះ​ហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះថា បុថុជ្ជន អ្នកមិនចេះដឹង ទុកជាវៀរចាក​កាមសុខ​ចេញហើយ ក៏មិនដឹងនូវឧបាយ ជាគ្រឿងរលាស់ចេញ នូវទុក្ខវេទនាបាន កាល​បើ​បុថុជ្ជន​នោះ រីករាយ ចំពោះកាមសុខ អនុស័យ​ គឺតម្រេក ដោយសុខវេទនាឯណា អនុស័យ គឺតម្រេកនោះ រមែងឲ្យបុថុជ្ជនត្រាំត្រែងនៅ បុថុជ្ជននោះ មិនដឹងច្បាស់នូវ​ហេតុ ដែលកើតឡើងផង នូវសេចក្តីវិនាសផង នូវអានិសង្សផង នូវទោសផង នូវ​ឧបាយ ជាគ្រឿងរលាស់ចេញផង នូវវេទនាទាំងនោះ តាមពិត។ កាលបុថុជ្ជននោះ មិនដឹងច្បាស់ នូវហេតុដែលកើតឡើងផង នូវសេចក្តីវិនាសផង នូវអានិសង្សផង នូវទោសផង នូវឧបាយ ជាគ្រឿងរលាស់ចេញផង នូវវេទនាទាំងនោះ តាមពិត អនុស័យ គឺអវិជ្ជា ដោយអទុក្ខមសុខវេទនាឯណា អនុស័យ គឺអវិជ្ជានោះ តែងឲ្យបុថុជ្ជនត្រាំត្រែងនៅ បុថុជ្ជននោះ រមែងសោយនូវសុខវេទនា ជាអ្នកប្រកបដោយកិលេស សោយនូវ​វេទនា​នោះផង សោយនូវទុក្ខវេទនា ជាអ្នកប្រកបដោយកិលេស សោយនូវវេទនានោះផង សោយនូវអទុក្ខមសុខវេទនា ជាអ្នកប្រកបដោយកិលេស សោយនូវវេទនានោះផង។ ម្នាលភិក្ខុទាំងឡាយ បុថុជ្ជន អ្នកមិនចេះដឹងនេះ ហៅថា អ្នកប្រកបព្រម ដោយជាតិ ជរា មរណៈ សោកៈ បរិទេវៈ ទុក្ខៈ ទោមនស្សៈ ឧបាយាសៈ តថាគត ពោលថា ជាអ្នក​ប្រកប​ដោយទុក្ខ  ។

[១៣]  ម្នាលភិក្ខុទាំងឡាយ ឯអរិយសាវកអ្នកចេះដឹង កាលបើទុក្ខវេទនា​ពាល់ត្រូវ រមែងមិនសោយសោក មិនលំបាក មិនខ្សឹកខ្សួល មិនគក់ទ្រូង កន្ទក់កន្ទេញ មិនដល់​នូវ​សេចក្តីវង្វេង ងេងងោង អរិយសាវកនោះ តែងសោយនូវវេទនា ដែលប្រព្រឹត្តទៅ ​ក្នុង​កាយតែម្យ៉ាង មិនសោយនូវវេទនា ដែលប្រព្រឹត្តទៅ ក្នុងចិត្តឡើយ។

[១៤] ម្នាលភិក្ខុទាំងឡាយ ដូចបុគ្គលចាក់បុរស ដែលមានដំបៅដោយសរ គប្បី​ចាក់​ទម្លុះ តាមដំបៅនោះ ដោយសរ ជាគម្រប់ពីរ។  ម្នាលភិក្ខុទាំងឡាយ តាមដែលពិត បុរសនោះ សោយនូវវេទនា ដោយសរតែម្យ៉ាងនេះ មានឧបមាយ៉ាងណា។ ម្នាល​​ភិក្ខុ​ទាំង​ឡាយ សេចក្តីឧបមេយ្យ ក៏ដូច្នោះដែរ អរិយសាវក អ្នកចេះដឹង កាលបើ​ទុក្ខវេទនា​ពាល់​ត្រូវ រមែងមិនសោយសោក មិនលំបាក មិនខ្សឹកខ្សួល មិនគក់ទ្រូង កន្ទក់កន្ទេញ មិនដល់នូវសេចក្តីវង្វេង ងេងងោង អរិយសាវកនោះ តែងសោយនូវ​វេទនា ដែលប្រព្រឹត្ត​ទៅ ក្នុងកាយតែម្យ៉ាង មិនសោយនូវវេទនា ដែលប្រព្រឹត្តទៅ ក្នុងចិត្តឡើយ ទាំងមិន​មាន​សេចក្តីចង្អៀតចង្អល់ ដោយទុក្ខវេទនានោះឯង អនុស័យ គឺសេចក្តី​ចង្អៀតចង្អល់ ដោយ​ទុក្ខ​វេទនាឯណា អនុស័យ គឺសេចក្តីចង្អៀតចង្អល់នោះ រមែងធ្វើ​អរិយសាវកនោះ ដែល​មានសេចក្តីចង្អៀតចង្អល់ ដោយទុក្ខវេទនា មិនឲ្យត្រាំត្រែងបាន អរិយសាវកនោះ កាល​បើ​ទុក្ខវេទនាពាល់ត្រូវហើយ ក៏មិនត្រេកអរនូវកាមសុខឡើយ។  ដំណើរនោះ ព្រោះ​ហេតុ​អ្វី។  ម្នាលភិក្ខុទាំងឡាយ ព្រោះថា អរិយសាវកនោះ ជាអ្នកចេះដឹង ទុកជាវៀរចាក​កាម​សុខ​ហើយ ក៏ស្គាល់ច្បាស់ នូវឧបាយជាគ្រឿង រលាស់ចេញ នូវទុក្ខវេទនាបាន កាលបើ​អរិយសាវកនោះ មិនត្រេកអរ នឹងកាមសុខ​ហើយ អនុស័យ គឺតម្រេក ដោយសុខវេទនា​ឯណា អនុស័យ គឺតម្រេកនោះ រមែង​ធ្វើមិនឲ្យ​អរិយ​សាវក​ត្រាំត្រែងនៅបាន អរិយសាវកនោះ រមែងដឹងច្បាស់នូវហេតុ ដែល​កើត​ឡើង​ផង នូវសេចក្តីវិនាសផង នូវអានិសង្សផង នូវទោសផង នូវឧបាយ ជា​គ្រឿងរលាស់​ចេញ​ផង នូវវេទនាទាំងនោះ តាមពិត។ កាលអរិយសាវកនោះ ដឹងច្បាស់ នូវហេតុជា​ទីកើតឡើងផង នូវសេចក្តីវិនាសផង នូវអានិសង្សផង នូវទោសផង នូវឧបាយ ជាគ្រឿង​រលាស់​ចេញផង នូវវេទនាទាំងនោះ តាមពិតហើយ អនុស័យ គឺអវិជ្ជា ដោយអទុក្ខមសុខ​វេទនាឯណា អនុស័យ គឺអវិជ្ជានោះ រមែងធ្វើមិនឲ្យអរិយសាវក ត្រាំត្រែងនៅបាន អរិយសាវកនោះ តែងសោយនូវសុខវេទនាដែរ តែមិនប្រកបដោយ​កិលេស សោយនូវ​វេទនា​នោះផង តែងសោយនូវទុក្ខវេទនាដែរ តែមិនប្រកបដោយ​កិលេស សោយនូវ​វេទនានោះផង រមែងសោយនូវអទុក្ខមសុខវេទនាដែរ តែមិន​ប្រកប​ដោយកិលេស ​សោយនូវ​វេទនា​នោះ​ផង។  ម្នាលភិក្ខុទាំងឡាយ អរិយសាវក ​អ្នកចេះ​ដឹងនេះហើយ  ដែលហៅថា ជាអ្នក​មិន​ប្រកប​ដោយជាតិ ជរា​ មរណៈ សោកៈ បរិទេវៈ ទុក្ខៈ ទោមនស្សៈ ឧបាយាសៈ តថាគត ពោលថា ជា​អ្នកមិនប្រកបដោយទុក្ខ។  ម្នាលភិក្ខុទាំងឡាយ នេះជាសេចក្តីប្លែកគ្នា នេះ​ជា​សេចក្តីអធិប្បាយ នេះជាដំណើរផ្សេង ៗ​ គ្នា របស់អរិយសាវក អ្នកចេះដឹង និងបុថុជ្ជន អ្នកមិនចេះដឹង។

[១៥] អរិយសាវកនោះ ប្រកបដោយបញ្ញា ជាពហុស្សូត រមែងមិនសោយវេទនា ជាសុខខ្លះ ជាទុក្ខខ្លះ មួយវិញទៀត អរិយសាវកនេះ ប្លែកចាកបុថុជ្ជន នេះជាសេចក្តី​វិសេស របស់អ្នកប្រាជ្ញ ជាអ្នកឈ្លាសវៃ។  ធម៌ទាំងឡាយ ដែលជាទីប្រាថ្នា រមែងមិន​ញាំញី​ចិត្ត របស់អរិយសាវក ដែលមានធម៌បានពិចារណាហើយ ជាពហុស្សូត ឃើញ​ច្បាស់​នូវលោកនេះ​ និងលោកខាងមុខបាន កាលបើអរិយសាវកនោះ មិនប្រាថ្នា​ធម៌​ទាំងឡាយ ក៏មិនកំចាត់បង់នូវចិត្តបាន។  អរិយសាវក អ្នកដល់នូវត្រើយនៃភព រមែង​ដឹងច្បាស់នូវសន្តិបទ ប្រាសចាកធូលី គឺកិលេស មិនមានសេចក្តីសោក ឈ្មោះថា​ដឹង​ដោយប្រពៃ ព្រោះសេចក្តីត្រេកអរក្តី​ មិនត្រេកអរក្តី នៃអរិយសាវកនោះ ព្រោះ​កំចាត់បង់ក្តី ព្រោះដល់នូវកិរិយាតាំងនៅមិនបានក្តី ក៏ពុំមែនឡើយ ។ ចប់ សូត្រ ទី៦។

[១៦] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងកូដាគារសាលា នាមហាវន ទៀបក្រុងវេសាលី។ គ្រានោះឯង ព្រះដ៏មានព្រះភាគ ចេញអំពីទីពួនសម្ងំ ក្នុងពេលល្ងាច ស្តេចទៅកាន់គិលានសាលា (រោងជំងឺ) លុះស្តេចទៅដល់ហើយ ក៏គង់លើអាសនៈ ដែល​គេ​ក្រាលថ្វាយ។  លុះព្រះដ៏មានព្រះភាគ ទ្រង់គង់ហើយ  ទ្រង់ត្រាស់នឹងភិក្ខុទាំង​ឡាយ​ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកមានសតិដឹងខ្លួន គប្បីរង់ចាំនូវកាលដ៏សមគួរ នេះ​ជា​អនុសាសនី គឺពាក្យប្រៀនប្រដៅ របស់តថាគត​ ចំពោះអ្នកទាំងឡាយ។

[១៧] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុអ្នកមានសតិ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកពិចារណា ឃើញកាយក្នុងកាយ ជាប្រក្រតី មានព្យាយាម​ដុតកម្ដៅកិលេស ជាអ្នកដឹងខ្លួន មានស្មារតី គប្បីកំចាត់បង់ នូវអភិជ្ឈា​និង​ទោមនស្ស ក្នុង​លោក​ចេញបាន។ ក្នុងវេទនាទាំងឡាយ។ បេ។ ក្នុងចិត្ត។ ពិចារណាឃើញ នូវធម៌ក្នុងធម៌ទាំងឡាយ ជាប្រក្រតី មានព្យាយាមដុតកំដៅកិលេស ជាអ្នក​ដឹង​ខ្លួន​ មាន​ស្មារតី គប្បីកំចាត់បង់ នូវអភិជ្ឈា និងទោមនស្ស ក្នុងលោកចេញបាន។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុជាអ្នកមានស្មារតី យ៉ាងនេះឯង។

[១៨] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុជាអ្នកដឹងខ្លួន តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកធ្វើនូវសេចក្តីដឹងខ្លួន ក្នុងកាលដើរទៅខាងមុខ និងថយ​ក្រោយ ធ្វើនូវសេចក្តីដឹងខ្លួន ក្នុងកាលក្រឡេកមើលទៅខាងមុខ ​និងកាលក្រឡេកមើល​ទៅ​ទិសផ្សេង ៗ ធ្វើនូវសេចក្តីដឹងខ្លួន ក្នុងការបត់អវយវៈចូល និងលាអវយវៈចេញ ធ្វើនូវសេចក្តីដឹងខ្លួន ក្នុងការប្រើប្រាស់សង្ឃាដី បាត្រ និងចីពរ ធ្វើនូវសេចក្តីដឹងខ្លួន ក្នុង​ការ​បរិភោគភោជន និងផឹកទឹក ទំពាស៊ីខាទនីយៈ ជញ្ជាប់ (នូវភេសជ្ជៈ មានសប្បិ ជា​ដើម) ធ្វើនូវសេចក្តីដឹងខ្លួន ក្នុងការបន្ទោបង់ នូវឧច្ចារៈបស្សាវៈ ធ្វើនូវសេចក្តីដឹងខ្លួន ក្នុង​ការដើរ ឈរ អង្គុយ ដេក ភ្ញាក់ឡើង និយាយ និងស្ងៀម។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកធ្វើនូវសេចក្តី​ដឹងខ្លួន យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមានស្មារតីដឹងខ្លួន គប្បីរង់ចាំនូវកាលដ៏សមគួរ នេះជាអនុសាសនី គឺពាក្យប្រៀន​ប្រដៅ របស់តថាគត ចំពោះអ្នកទាំងឡាយ។

[១៩] ម្នាលភិក្ខុទាំងឡាយ កាលបើភិក្ខុនោះ មានស្មារតី ជាអ្នកដឹងខ្លួន មិនមាន​សេចក្តី​ប្រមាទ មានព្យាយាមដុតកំដៅកិលេស មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន នៅ​គ្រប់​ឥរិយាបថ យ៉ាងនេះហើយ បើសុខវេទនាកើតឡើង ភិក្ខុនោះ ក៏ដឹងច្បាស់ យ៉ាងនេះថា សុខវេទនា កើតឡើងដល់អាត្មាអញ សុខវេទនានោះឯង អាស្រ័យនូវ (បច្ច័យ) មិនមែនមិនអាស្រ័យនូវ (បច្ច័យ) ទេ អាស្រ័យនូវ​ (បច្ច័យ) អ្វី អាស្រ័យនូវ​កាយ​នេះឯង ឯកាយនេះសោត ជារបស់មិនទៀង បច្ច័យតាក់តែងឡើង អាស្រ័យ (​បច្ច័យ​ ​) ទើបកើតឡើង សុខវេទនា ដែលកើតឡើង ព្រោះអាស្រ័យនូវកាយ ជារបស់មិនទៀង បច្ច័យ​តាក់តែងឡើង អាស្រ័យ (បច្ច័យ ​) ទើបកើតឡើង នឹង​មាន​សេចក្តី​ទៀងទាត់​មកអំពីណា។ ភិក្ខុនោះ ជាអ្នកពិចារណាឃើញ នូវសេចក្តីមិនទៀង ពិចារណាឃើញ នូវសេចក្តីសាបសូន្យទៅ ពិចារណាឃើញ នូវការប្រាសចាកតម្រេក ពិចារណា​ឃើញ នូវសេចក្តីរលត់ ពិចារណាឃើញ នូវការលះបង់ចោល ជាប្រក្រតី ក្នុងកាយផង ក្នុង​សុខវេទនាផង គ្រប់ឥរិយាបថ ទាំង ៤។ កាលភិក្ខុនោះ ពិចារណាឃើញ នូវសេចក្តី​មិនទៀង ពិចារណាឃើញ នូវសេចក្តីសាបសូន្យ។​ បេ។ ជាអ្នកពិចារណាឃើញ នូវការលះបង់​ចោល ជាប្រក្រតី ក្នុងកាយផង ក្នុងសុខវេទនាផង គ្រប់ឥរិយាបថ ទាំង ៤ រាគានុស័យក្នុងកាយក្តី ក្នុងសុខវេទនាក្តី ភិក្ខុនោះ ក៏លះបង់ចេញ។

[២០] ម្នាលភិក្ខុទាំងឡាយ កាលបើភិក្ខុនោះ មានស្មារតី ជាអ្នកដឹងខ្លួន មិនមាន​សេចក្តី​ប្រមាទ មានព្យាយាមដុតកំដៅកិលេស មនចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន គ្រប់​ឥរិយាបថ យ៉ាងនេះហើយ ទុក្ខវេទនាកើតឡើង ភិក្ខុនោះ ក៏ដឹងច្បាស់យ៉ាងនេះថា ទុក្ខវេទនានេះ កើតឡើងដល់អាត្មាអញ ទុក្ខវេទនានោះឯង អាស្រ័យនូវ (បច្ច័យ) មិន​មែន​មិនអាស្រ័យ (​បច្ច័យ) ទេ ចុះអាស្រ័យ (បច្ច័យ) អ្វី អាស្រ័យនូវកាយនេះឯង ឯកាយនេះសោត ជារបស់មិនទៀង បច្ច័យតាក់តែងឡើង អាស្រ័យ (បច្ច័យ) ទើបកើត​ឡើង បើដូច្នោះ ទុក្ខវេទនា ដែលកើតឡើង ព្រោះអាស្រ័យនូវកាយ ជារបស់មិនទៀង បច្ច័យតាក់តែងឡើង អាស្រ័យ (បច្ច័យ) ទើបកើតឡើង នឹងមានសេចក្តីទៀងទាត់​មក​អំពីណា។  ភិក្ខុនោះ ជាអ្នកពិចារណាឃើញ នូវសេចក្តីមិនទៀង ពិចារណាឃើញ នូវសេចក្តីសាបសូន្យ ពិចារណាឃើញ នូវការប្រាសចាកតម្រេក ពិចារណាឃើញ នូវ​សេចក្តីរលត់ ពិចារណាឃើញ​ នូវការលះបង់ចោល ជាប្រក្រតី ក្នុងកាយផង ក្នុង​ទុក្ខវេទនាផង គ្រប់ឥរិយាបថ ទាំង ៤។  កាលភិក្ខុនោះ ពិចារណាឃើញ នូវសេចក្តី​មិនទៀង។បេ។  ពិចារណាឃើញ នូវការលះបង់ចោល ជាប្រក្រតី ក្នុងកាយផង ក្នុងទុក្ខវេទនាផង  បដិឃានុស័យក្នុងកាយក្តី  ក្នុងទុក្ខវេទនាក្តី  ភិក្ខុនោះ ក៏លះបង់​ចេញបាន។

[២១]  ម្នាលភិក្ខុទាំងឡាយ កាលបើភិក្ខុនោះ ជាអ្នកមានស្មារតីដឹងខ្លួន មិនមាន​សេចក្តីប្រមាទ មានព្យាយាមដុតកំដៅកិលេស មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន គ្រប់​ឥរិយាបថ យ៉ាងនេះហើយ អទុក្ខមសុខវេទនា ក៏កើតឡើង ភិក្ខុនោះ រមែងដឹងច្បាស់ យ៉ាងនេះថា អទុក្ខមសុខវេទនានេះ កើតឡើងដល់អាត្មាអញ អទុក្ខមសុខវេទនានោះ អាស្រ័យ (បច្ច័យ) មិនមែនមិនអាស្រ័យ (បច្ច័យ) ទេ ចុះអាស្រ័យ (​បច្ច័យ) អ្វី អាស្រ័យនូវកាយនេះឯង ឯកាយនេះ ជារបស់មិនទៀង បច្ច័យតាក់តែងឡើង អាស្រ័យ​​​​​​  (បច្ច័យ) ទើបកើតឡើង អទុក្ខមសុខវេទនា ​ដែលកើតឡើង ព្រោះអាស្រ័យនូវកាយជា​របស់មិនទៀង បច្ច័យតាក់តែងឡើង អាស្រ័យ (​បច្ច័យ) ទើបកើតឡើង នឹងមានសេចក្តី​ទៀង​ទាត់មកអំពីណា។ ភិក្ខុនោះ ជាអ្នកពិចារណាឃើញ នូវសេចក្តីមិនទៀង ពិចារណាឃើញ នូវសេចក្តីសាបសូន្យ ពិចារណាឃើញ នូវការប្រាសចាកតម្រេក ពិចារណាឃើញ នូវសេចក្តីរលត់ ពិចារណាឃើញ នូវការលះបង់ចោល ជាប្រក្រតី ក្នុង​កាយផង ក្នុងអទុក្ខមសុខវេទនាផង គ្រប់ឥរិយាបថ ទាំង ៤។  កាលភិក្ខុនោះ ពិចារណាឃើញ នូវសេចក្តីមិនទៀង។  បេ។  ពិចារណាឃើញ នូវការលះ​បង់ចោល​ ជា​ប្រក្រតីក្នុងកាយផង ក្នុងអទុក្ខមសុខវេទនាផង អវិជ្ជានុស័យក្នុងកាយក្តី ក្នុង​អទុក្ខមសុខវេទនាក្តី ភិក្ខុនោះ ក៏លះបង់ចេញបាន។

[២២] ភិក្ខុនោះ សោយនូវសុខវេទនា រមែងដឹងច្បាស់ថា សុខវេទនានោះ មិន​ទៀង​ផង ដឹងច្បាស់ថា ជាធម្មជាតិ ដែលអរិយៈមិនបានប្រកាន់មាំផង ដឹងច្បាស់ថា ជា​ធម្មជាតិ ដែលអរិយៈ មិនត្រេកអរផង ទោះបីសោយទុក្ខវេទនា។បេ។ ទោះបីសោយ​អទុក្ខមសុខវេទនា រមែងដឹងច្បាស់ថា  អទុក្ខមសុខវេទនានោះ ជាធម្មជាតិមិនទៀង  ដឹងច្បាស់ថា ជាធម្មជាតិ ដែលអរិយៈ មិនបានប្រកាន់មាំ ដឹងច្បាស់ថា ជា​ធម្មជាតិ ដែលអរិយៈ មិនត្រេកអរ។ ភិក្ខុនោះ រមែងសោយសុខវេទនា តែជាអ្នកមិន​ប្រកប​ដោយ​កិលេស ទើបសោយនូវវេទនានោះផង រមែងសោយទុក្ខវេទនា តែជាអ្នក​មិន​ប្រកប​ដោយ​កិលេស តែងសោយនូវវេទនានោះផង រមែងសោយអទុក្ខមសុខវេទនា តែជា​អ្នក​មិន​ប្រកប​ដោយកិលេស ទើបសោយនូវវេទនានោះផង។ ភិក្ខុនោះ កាល​សោយ​នូវទុក្ខវេទនា មានកាយជាទីបំផុត (ស្ទើរនឹងស្លាប់ខ្លួន) រមែងដឹងច្បាស់ថា អាត្មា​អញ សោយ​នូវ​វេទនា មាន​កាយជាទីបំផុត កាលសោយនូវវេទនា មានជីវិតជាទីបំផុត (ស្ទើរនឹងអស់ជីវិត) រមែង​ដឹងច្បាស់ថា  អាត្មាអញ សោយនូវវេទនា មានជីវិតជាទីបំផុត រមែងដឹងច្បាស់ថា លុះបែកធ្លាយរាងកាយ បន្ទាប់អំពីការអស់ជីវិតទៅ ការសោយនូវវេទនាទាំងពួង ដែល​អាត្មាអញ មិនបានត្រេកអរហើយ ក្នុងលោកនេះ នឹងមានសេចក្តីត្រជាក់។

[​២៣] ម្នាលភិក្ខុទាំងឡាយ ដូចប្រទីបប្រេង គប្បីឆេះឡើង ព្រោះអាស្រ័យនូវ​ប្រេង និងប្រឆេះ ប្រទីបប្រេងនោះ មិនមានអាហារ គប្បីរលត់ទៅ ក៏ព្រោះអស់ទៅ​ នៃប្រេង និងប្រឆេះនោះឯង មានឧបមាយ៉ាងណា។ ម្នាលភិក្ខុទាំងឡាយ សេចក្តី​ឧបមេយ្យ ក៏ដូច្នោះដែរ ភិក្ខុ កាលបើសោយ នូវវេទនា មានកាយជាទីបំផុត ក៏ដឹងច្បាស់ថា អាត្មាអញ សោយនូវវេទនា មានកាយជាទីបំផុត កាលសោយនូវវេទនា​មានជីវិត ជាទីបំផុត រមែងដឹងច្បាស់ថា អាត្មាអញ សោយនូវទុក្ខវេទនា មានជីវិតជាទីបំផុត រមែងដឹងច្បាស់ថា លុះបែកធ្លាយរាងកាយ បន្ទាប់អំពីការអស់ជីវិតទៅ ការសោយនូវ​ទុក្ខវេទនាទាំងពួង ដែលអាត្មាអញ មិនបានត្រេកអរហើយ ក្នុងលោកនេះ នឹង​មាន​សេចក្តីត្រជាក់។ ចប់ សូត្រ ទី៧។

[២៤] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងកូដាគារសាលា នាមហាវន ទៀប​ក្រុងវេសាលី។ គ្រានោះឯង ព្រះដ៏មានព្រះភាគ ទ្រង់ចេញអំពីទីពួនសម្ងំ ក្នុងវេលា​សាយណ្ហសម័យ ហើយស្តេចចូលទៅកាន់គិលានសាលា លុះស្តេចទៅដល់ហើយ ទ្រង់​គង់​លើអាសនៈ ដែលគេក្រាលថ្វាយ។ លុះព្រះដ៏មានព្រះភាគ ទ្រង់គង់រួចហើយ​ ទ្រង់​ត្រាស់នឹងភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមានស្មារតី ជាអ្នកដឹងខ្លួន គប្បីរង់ចាំនូវ​កាលដ៏សមគួរ នេះជាអនុសាសនី គឺពាក្យប្រៀនប្រដៅ របស់តថាគត ចំពោះអ្នកទាំងឡាយ។

[២៥]  ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុជាអ្នកមានស្មារតី តើដូចម្តេច។ ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកពិចារណាឃើញ នូវកាយក្នុងកាយ ជាប្រក្រតី មាន​សេចក្តីព្យាយាម ដុតកំដៅកិលេស​ ជាអ្នកដឹងខ្លួន មានស្មារតី គប្បីកំចាត់បង់ នូវ​អភិជ្ឈា និងទោមនស្ស ក្នុងលោកចេញបាន។ ក្នុងវេទនាទាំងឡាយ។បេ។ ក្នុងចិត្ត​​។ ជា​អ្នកពិចារណាឃើញ នូវធម៌ក្នុងធម៌ទាំងឡាយ ជាប្រក្រតី មានព្យាយាម​ដុតកំដៅ​កិលេស  ជាអ្នកដឹងខ្លួន មានស្មារតី គប្បីកំចាត់បង់នូវអភិជ្ឈា​ និងទោមនស្ស ក្នុងលោក​ចេញបាន។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកមានស្មារតី យ៉ាងនេះឯង។

[២៦]  ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុជាអ្នកដឹងខ្លួន តើដូចម្តេច។​ ម្នាលភិក្ខុ​ទាំង​ឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកធ្វើសេចក្តីដឹងខ្លួន ក្នុងកាលដើរទៅខាងមុខ និងថយ​ក្រោយ។បេ។ ជាអ្នកធ្វើនូវសេចក្តីដឹងខ្លួន ក្នុងការនិយាយ និងស្ងៀម។ ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុជាអ្នកដឹងខ្លួន យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមានស្មារតី ជាអ្នកដឹងខ្លួន គប្បីរង់ចាំកាលដ៏សមគួរ នេះជាអនុសាសនី គឺពាក្យប្រៀនប្រដៅ របស់​តថាគត  ចំពោះអ្នកទាំងឡាយ ។

[២៧]  ម្នាលភិក្ខុទាំងឡាយ កាលបើភិក្ខុនោះមានស្មារតី ជាអ្នកដឹងខ្លួន មិនមាន​សេចក្តីប្រមាទ មានព្យាយាមដុតកំដៅកិលេស មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន គ្រប់​ឥរិយាបថ យ៉ាងនេះហើយ សុខវេទនា ក៏កើតឡើង ភិក្ខុនោះ រមែងដឹងច្បាស់យ៉ាងនេះថា សុខវេទនានេះ កើតឡើងដល់អាត្មាអញ សុខវេទនានោះឯង អាស្រ័យ (បច្ច័យ ​) មិន​មែន មិនអាស្រ័យ (បច្ច័យ) ទេ ចុះអាស្រ័យបច្ច័យអ្វី អាស្រ័យនូវផស្សៈនេះឯង ចំណែកផស្សៈនេះសោត ជារបស់មិនទៀង ដែលបច្ច័យតាក់តែងឡើង អាស្រ័យ ​បច្ច័យ ទើបកើតឡើង សុខវេទនានេះ កើតឡើងដល់អាត្មាអញ ព្រោះអាស្រ័យនូវផស្សៈ ដែល​ជា​របស់មិនទៀង ដែលបច្ច័យតាក់តែង អាស្រ័យបច្ច័យ ទើបកើតឡើង នឹង​មាន​សេចក្តី​ទៀងទាត់​មកអំពីណា។  ភិក្ខុនោះ ជាអ្នកពិចារណាឃើញ នូវសេចក្តីមិនទៀង ពិចារណាឃើញ នូវសេចក្តីសាបសូន្យ  ពិចារណាឃើញ នូវការមិនមានតម្រេក   ពិចារណាឃើញ នូវសេចក្តីរលត់ ពិចារណាឃើញ នូវការលះបង់ចោល ជាប្រក្រតី  ក្នុងផស្សៈផង  ក្នុងសុខវេទនាផង  គ្រប់ឥរិយាបថ ទាំង ៤។ កាលភិក្ខុនោះ ជាអ្នក​ពិចារណាឃើញ នូវសេចក្តីមិនទៀង ជាអ្នកពិចារណាឃើញ នូវសេចក្តីសាបសូន្យ នូវការមិនមានតម្រេក នូវសេចក្តីរលត់ និងការលះបង់ចោល ជាប្រក្រតី ក្នុងផស្សៈផង ក្នុង​សុខវេទនាផង គ្រប់ឥរិយាបថ ទាំង ៤ រាគានុស័យ ដែលមានក្នុងផស្សៈក្តី ក្នុងសុខ​វេទនាក្តី ភិក្ខុនោះ ក៏លះបង់ចេញបាន ។

[២៨]  ម្នាលភិក្ខុទាំងឡាយ កាលបើភិក្ខុនោះ មានស្មារតីយ៉ាងនេះ។​បេ។  ទុក្ខវេទនា ក៏កើតឡើង។​ បេ។  អទុក្ខមសុខវេទនា ក៏កើតឡើង ភិក្ខុនោះ រមែងដឹង​ច្បាស់​ យ៉ាងនេះថា អទុក្ខមសុខវេទនានេះ កើតឡើងដល់អាត្មាអញ  អទុក្ខមសុខវេទនា នោះ អាស្រ័យ (បច្ច័យ) មិនមែនមិនអាស្រ័យបច្ច័យទេ ចុះអាស្រ័យបច្ច័យអ្វី អាស្រ័យ​នូវ​ផស្សៈ​នេះឯង ចំណែកផស្សៈនេះសោត ជារបស់មិនទៀង ដែលបច្ច័យតាក់តែង អាស្រ័យ​បច្ច័យ ទើបកើតឡើង។​ បេ។ (សេចក្តីពិស្តារក្នុងសូត្រមុន យ៉ាងណា សូត្រនេះ បណ្ឌិត គប្បី​សំដែងឲ្យពិស្តារយ៉ាងនោះចុះ) រមែងដឹងច្បាស់ថា លុះទម្លាយរាងកាយ បន្ទាប់អំពីការអស់ជីវិតទៅ ការសោយនូវវេទនាទាំងពួង ដែល​អាត្មាអញ មិនបានត្រេកអរហើយ ក្នុងលោកនេះ  នឹងមានសេចក្តីត្រជាក់ ។

[២៩]  ម្នាលភិក្ខុទាំងឡាយ ដូចប្រទីបប្រេង គប្បីឆេះឡើង ព្រោះអាស្រ័យ​ប្រេង​និងប្រឆេះ ប្រទីបប្រេងនោះ មិនមានអាហារ គប្បីរលត់ទៅ ព្រោះអស់ទៅនៃប្រេង​ និង​ប្រឆេះនោះឯង មានឧបមា យ៉ាងណា។  ម្នាលភិក្ខុទាំងឡាយ សេចក្តីឧបមេយ្យ​ក៏ដូច្នោះដែរ ភិក្ខុកាលសោយនូវវេទនា មានកាយជាទីបំផុត រមែងដឹងច្បាស់ថា អាត្មាអញ សោយនូវវេទនា មានកាយជាទីបំផុត កាលសោយនូវវេទនា មានជីវិត​ជាទី​បំផុត រមែងដឹងច្បាស់ថា អាត្មាអញ សោយនូវវេទនា មានជីវិតជាទីបំផុត រមែងដឹង​ច្បាស់​ថា លុះទម្លាយរាងកាយ បន្ទាប់អំពីការអស់ជីវិតទៅ ការសោយនូវវេទនា​ទាំងពួង ដែលអត្មាអញ មិនបានត្រេកអរហើយ ក្នុងលោកនេះ   នឹងមានសេចក្តីត្រជាក់។   ចប់ សូត្រ ទី៨។

[៣០]  ម្នាលភិក្ខុទាំងឡាយ វេទនា ៣ យ៉ាងនេះ មិនទៀង ដែលបច្ច័យតាក់តែង ឡើង អាស្រ័យបច្ច័យ ទើបកើតឡើង មានការអស់ទៅជាធម្មតា មានការសាបសូន្យ​ទៅ​ ជាធម្មតា មានការប្រាសចាកតម្រេក ជាធម្មតា មានការរលត់ទៅ ជាធម្មតា។ វេទនា ៣ យ៉ាង តើដូចម្តេច។  គឺសុខវេទនា ១ ទុក្ខវេទនា ១ អទុក្ខមសុខវេទនា ១។  ម្នាលភិក្ខុ​ទាំងឡាយ វេទនា ៣ យ៉ាងនេះឯង ជារបស់មិនទៀង ដែលបច្ច័យតាក់តែងឡើង អាស្រ័យបច្ច័យ ទើបកើតឡើង មានការអស់ទៅ ជាធម្មតា មានការសាបសូន្យ​ទៅ​ជា​ធម្មតា មានការប្រាសចាកតម្រេក​ជាធម្មតា មានការរលត់ទៅជាធម្មតា។ ចប់ សូត្រ ទី៩។

[៣១]  ម្នាលភិក្ខុទាំងឡាយ វេទនានេះ​ មាន ៣ យ៉ាង ដែលកើតឡើង អំពីផស្សៈ មាន​ផស្សៈជាមូល មានផស្សៈជាហេតុ មានផស្សៈជាបច្ច័យ។ វេទនា ៣ យ៉ាង តើ​ដូច​ម្តេច។ គឺសុខវេទនា ១ ទុក្ខវេទនា ១ អទុក្ខមសុខវេទនា​ ១។  ម្នាលភិក្ខុទាំងឡាយ សុខវេទនា រមែងកើតឡើង ព្រោះអាស្រ័យផស្សៈ ដែលជាបច្ច័យ នៃសុខវេទនា សុខវេទនា ដែលកើតឡើង ព្រោះអាស្រ័យផស្សៈ ជាបច្ច័យនៃសុខវេទនា ដែល​កើត​អំពី​ផស្សៈ​នោះ ដែលបុគ្គលសោយហើយ សុខវេទនានោះ តែងរលត់ទៅ សុខវេទនានោះ តែង​ស្ងប់រម្ងាប់ ព្រោះការរលត់នៃផស្សៈ ដែលជាបច្ច័យ នៃសុខវេទនានោះឯង។   ម្នាល​ភិក្ខុទាំងឡាយ ទុក្ខវេទនា រមែងកើតឡើង ព្រោះអាស្រ័យផស្សៈ ជាបច្ច័យនៃទុក្ខវេទនា ទុក្ខវេទនា ដែលកើតឡើង ព្រោះអាស្រ័យផស្សៈជាបច្ច័យ នៃទុក្ខវេទនា ដែលកើតអំពី ផស្សៈនោះ ដែលបុគ្គលបានសោយហើយ ទុក្ខវេទនានោះ រមែងរលត់ទៅ ទុក្ខវេទនា នោះ រមែងស្ងប់រម្ងាប់ទៅ ព្រោះរលត់នៃផស្សៈ ជាបច្ច័យនៃទុក្ខវេទនានោះឯង។  ម្នាល​ភិក្ខុ​ទាំងឡាយ អទុក្ខមសុខវេទនា រមែងកើតឡើង ព្រោះអាស្រ័យផស្សៈ ជាបច្ច័យនៃ អទុក្ខមសុខវេទនា អទុក្ខមសុខវេទនា ដែលកើតឡើង ព្រោះអាស្រ័យផស្សៈជាបច្ច័យ នៃអទុក្ខមសុខវេទនា ដែលកើតអំពីផស្សៈនោះ ដែលបុគ្គលបានសោយហើយ អទុក្ខម​សុខ​វេទនានោះ រមែងរលត់ទៅ អទុក្ខមសុខវេទនានោះ រមែងស្ងប់រម្ងាប់ទៅ   ព្រោះ​ការ​រលត់នៃផស្សៈ ជាបច្ច័យនៃអទុក្ខមសុខវេទនានោះឯង ។

[៣២]  ម្នាលភិក្ខុទាំងឡាយ ដូចចំហាយដែលកើតឡើង ភ្លើងដែលឆេះឡើង ព្រោះការប្រជុំចុះ នៃឈើពីរកំណាត់  ដែលបុគ្គលរៀបចំហើយ ចំហាយឯណា ដែល​កើត​អំពី​ឈើនោះ ចំហាយនោះ ក៏រលត់ទៅ ចំហាយនោះ ក៏ស្ងប់រម្ងាប់ទៅ ព្រោះភាវៈផ្សេង ៗ គ្នា ព្រោះដាក់ដោយឡែកពីគ្នា នៃកំណាត់ឈើទាំងនោះ មានឧបមាយ៉ាងណា។  ម្នាល​ភិក្ខុ​ទាំងឡាយ សេចក្តីឧបមេយ្យ ក៏ដូច្នោះដែរ វេទនា ៣ យ៉ាងនេះ កើតអំពីផស្សៈ  មានផស្សៈជាមូល មានផស្សៈជាហេតុ មានផស្សៈជាបច្ច័យ វេទនាដែលកើតអំពី​ផស្សៈនោះ តែងកើតឡើង ព្រោះអាស្រ័យផស្សៈ ដែលកើតអំពីវេទនា ទាំង ៣ នោះ  វេទនា ដែលកើតអំពីផស្សៈនោះ តែងរលត់ទៅ ព្រោះរលត់នៃផស្សៈ ដែលកើតអំពីវេទនា ទាំង ៣ នោះដែរ។ ចប់ សូត្រ ទី១០។

ចប់ បឋមកសគាថវគ្គ ទី១។

ឧទ្ទាននៃបឋមកសគាថវគ្គនោះគឺ

និយាយអំពីពុទ្ធសាវក មានចិត្តតាំងមាំ ១  អំពីសុខវេទនា ១  អំពីការលះបង់​រាគានុស័យ ជាដើម ១  អំពីបាតាលមានក្នុងមហាសមុទ្រ ១  អំពីការឃើញសុខវេទនា ថា​ជា​ទុក្ខ ជាដើម ១ អំពីសុខវេទនា ជាដើម ប្រៀបដោយសរ ១  អំពីព្រះដ៏មានព្រះភាគ​ស្តេច​ចូលទៅកាន់គិលានសាលា មានពីរលើក ១ អំពីវេទនា ៣  ជារបស់មិនទៀង ជាដើម ១ អំពីវេទនា ៣ មានផស្សៈ ជាមូល ១។

រហោគតវគ្គ

[៣៣] គ្រានោះឯង ភិក្ខុមួយរូបចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូល​ទៅដល់ ក៏ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះភិក្ខុនោះ អង្គុយក្នុងទីដ៏​សម​គួរហើយ ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន កាលខ្ញុំព្រះអង្គ សម្ងំនៅក្នុងទីស្ងាត់ឯណោះ កើតសេចក្តីត្រិះរិះក្នុងចិត្ត យ៉ាងនេះថា វេទនា ៣ យ៉ាង គឺសុខវេទនា ១ ទុក្ខវេទនា ១ អទុក្ខមសុខវេទនា ១ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ហើយ វេទនា ៣ យ៉ាងនេះ ព្រះដ៏មានព្រះភាគ ទ្រង់សំដែងហើយ។  ក៏ពាក្យ​ដែល​ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា អារម្មណ៍ឯណា​នីមួយ ដែលបុគ្គលបាន​សោយ​ហើយ អារម្មណ៍នោះ ជាទុក្ខ ពាក្យនេះឯង ព្រះដ៏មានព្រះភាគ ទ្រង់សំដៅអ្វីហ្ន៎  ទើបទ្រង់សំដែងថា អារម្មណ៍ឯណានីមួយ ដែលបុគ្គលសោយហើយ អារម្មណ៍នោះ ក៏ជាទុក្ខ។  ព្រះអង្គត្រាស់ថា ម្នាលភិក្ខុ ប្រពៃហើយ ៗ ម្នាលភិក្ខុ វេទនា ៣ យ៉ាងនេះ គឺសុខវេទនា ១ ទុក្ខវេទនា ១ អទុក្ខមសុខវេទនា ១ តថាគត បានពោលហើយ វេទនា ៣ យ៉ាងនេះ តថាគតបានសំដែងហើយ។  ម្នាលភិក្ខុ ក៏ពាក្យនេះ តថាគត បានពោលទុកថា អារម្មណ៍ឯណានីមួយ ដែលបុគ្គលបានសោយហើយ អារម្មណ៍នោះ ក៏ជាទុក្ខ ម្នាលភិក្ខុ ឯពាក្យនេះ តថាគត សំដៅយកសេចក្តីមិនទៀង នៃសង្ខារនោះឯង ទើបសំដែងថា អារម្មណ៍ឯណានីមួយ ដែលបុគ្គលបានសោយហើយ អារម្មណ៍នោះ ក៏ជាទុក្ខ។  ម្នាលភិក្ខុ មួយវិញទៀត ពាក្យនេះ តថាគត សំដៅសេចក្តីអស់ទៅជាធម្មតា សេចក្តីសាបសូន្យទៅ ជាធម្មតា ការប្រាសចាកតម្រេកជាធម្មតា សេចក្តីរលត់ជាធម្មតា សេចក្តីប្រែប្រួលទៅជាធម្មតា នៃសង្ខារទាំងឡាយនោះឯង ទើបសំដែងថា អារម្មណ៍ឯណានីមួយ ដែលបុគ្គលបានសោយហើយ អារម្មណ៍នោះ ក៏ជាទុក្ខដូច្នេះ។

[៣៤]  ម្នាលភិក្ខុ តាមដោយពិត ឯការរលត់នៃសង្ខារទាំងឡាយជាលំដាប់ តថាគត បានពោលហើយថា វាចានៃបុគ្គល អ្នកចូលកាន់បឋមជ្ឈាន តែងរលត់ វិតក្ក និងវិចារ នៃបុគ្គលអ្នកចូលកាន់ទុតិយជ្ឈាន​ តែងរលត់ បីតិ នៃបុគ្គលអ្នកចូលកាន់​តតិយជ្ឈាន តែងរលត់ អស្សាសបស្សាសៈ នៃបុគ្គលអ្នកចូលកាន់ចតុត្ថជ្ឈាន តែងរលត់ រូបសញ្ញា នៃបុគ្គលអ្នកចូលកាន់អាកាសានញ្ចាយតនជ្ឈាន តែងរលត់ អាកាសានញ្ចាយតនសញ្ញា នៃបុគ្គលអ្នកចូលកាន់វិញ្ញាណញ្ចាយតនជ្ឈាន តែងរលត់ វិញ្ញាណញ្ចាយតនសញ្ញា នៃបុគ្គលអ្នកចូលកាន់អាកិញ្ចញ្ញាយតនជ្ឈាន តែងរលត់ អាកិញ្ចញ្ញាយតនសញ្ញា នៃបុគ្គលអ្នកចូលកាន់នេវសញ្ញានាសញ្ញាយតនជ្ឈាន តែងរលត់ សញ្ញា និងវេទនា នៃបុគ្គលអ្នកចូលកាន់សញ្ញាវេទយិតនិរោធ តែងរលត់។   រាគៈរបស់ភិក្ខុជាព្រះខីណាស្រព ក៏រលត់ ​​ ទោសៈក៏រលត់​   មោហៈក៏រលត់។

[៣៥]  ម្នាលភិក្ខុ ការរម្ងាប់នៃសង្ខារទាំងឡាយជាលំដាប់ តថាគត បានពោល​ហើយថា វាចានៃបុគ្គលអ្នកចូលកាន់បឋមជ្ឈាន ក៏រម្ងាប់ វិតក្ក ​និងវិចារនៃបុគ្គល អ្នកចូលកាន់ទុតិយជ្ឈាន ក៏រម្ងាប់។បេ​​។  សញ្ញា​និងវេទនា នៃបុគ្គលអ្នកចូលកាន់ សញ្ញាវេទយិតនិរោធ ក៏រម្ងាប់។  រាគៈរបស់ភិក្ខុ ជាព្រះខីណាស្រព ក៏រម្ងាប់   ទោសៈ ក៏រម្ងាប់   មោហៈក៏រម្ងាប់ ។

[៣៦]  ម្នាលភិក្ខុ សេចក្តីស្ងប់ទាំងឡាយនេះ មាន​ ៦ យ៉ាង​ គឺ វាចានៃបុគ្គល អ្នកចូលកាន់បឋមជ្ឈាន ក៏ស្ងប់ វិតក្ក និងវិចារ នៃបុគ្គលអ្នកចូលកាន់ទុតិយជ្ឈាន ក៏ស្ងប់ បីតិ នៃបុគ្គលអ្នកចូលកាន់តតិយជ្ឈាន ក៏ស្ងប់ អាស្សាសបស្សាសៈ នៃបុគ្គលអ្នកចូលកាន់ចតុត្ថជ្ឈាន ក៏ស្ងប់ សញ្ញា និងវេទនា នៃបុគ្គលអ្នកចូលកាន់ សញ្ញាវេទយិតនិរោធ​ ក៏ស្ងប់។  រាគៈនៃភិក្ខុ ជាព្រះខីណាស្រព ក៏ស្ងប់   ទោសៈក៏ស្ងប់   មោហៈក៏ស្ងប់។  ចប់ សូត្រ ទី១ ។

[៣៧]  ម្នាលភិក្ខុទាំងឡាយ ដូចខ្យល់ទាំងឡាយ មានចំណែកផ្សេង ៗ តែងបក់​ទៅ ក្នុងអាកាស គឺខ្យល់បក់ទៅទិសខាងកើតក្តី ខ្យល់បក់ទៅទិសខាងលិចក្តី ខ្យល់បក់ ទៅទិសខាងជើងក្តី ខ្យល់បក់ទៅទិសខាងត្បូងក្តី ខ្យល់ប្រកបដោយធូលី បក់ទៅក្តី ខ្យល់មិនមានធូលី បក់ទៅក្តី ខ្យល់ត្រជាក់បក់ទៅក្តី ខ្យល់ក្តៅបក់ទៅក្តី ខ្យល់តិច បក់ទៅក្តី ខ្យល់ខ្លាំងបក់ទៅក្តី មានឧបមាយ៉ាងណា។   ម្នាលភិក្ខុទាំងឡាយ សេចក្តី​ឧបមេយ្យ ក៏ដូច្នោះដែរ វេទនាទាំងឡាយ មានចំណែកផ្សេង ៗ រមែងកើតឡើង ក្នុងកាយ នេះ គឺសុខវេទនាក្តី ក៏កើតឡើង   ទុក្ខវេទនាក្តី   ក៏កើតឡើង  អទុក្ខមសុខវេទនាក្តី   ក៏កើតឡើង ។

[៣៨]  ដូចខ្យល់ទាំងឡាយច្រើនយ៉ាង មានចំណែកផ្សេង ៗ តែងបក់ទៅក្នុង អាកាស គឺបក់ទៅក្នុងទិសខាងកើតក្តី បក់ទៅក្នុងទិសខាងលិចក្តី  មួយវិញទៀត  បក់ ទៅក្នុងទិសខាងជើងក្តី បក់ទៅក្នុងទិសខាងត្បូងក្តី។  ខ្យល់ទាំងឡាយជាច្រើនយ៉ាង គឺ ខ្យល់មានធូលីក្តី មិនមានធូលីក្តី ត្រជាក់ក្តី ក្តៅក្តី ខ្លាំងក្តី តិចក្តី តែងបក់ទៅ។  សុខវេទនាក្តី ទុក្ខវេទនាក្តី អទុក្ខមសុខវេទនាក្តី ដែលប្រជុំកើតឡើង ក្នុងកាយនេះ ក៏ដូច្នោះដែរ។  ភិក្ខុមានព្យាយាម ដុតកំដៅកិលេសឲ្យក្តៅ ជាអ្នកដឹងខ្លួន តែងរលត់ទៅ​ក្នុងកាលណា ភិក្ខុជាបណ្ឌិតនោះ​ តែងកំណត់ដឹងច្បាស់ នូវវេទនាទាំងអស់ ក្នុងកាល​​នោះ។  ភិក្ខុនោះ កំណត់ដឹង នូវវេទនា ក្នុងបច្ចុប្បន្ន ហើយជាអ្នកមិនមានអាសវៈ តាំងនៅ​ក្នុងធម៌ ជាអ្នកដល់នូវវេទនា លុះទម្លាយរាងកាយទៅ មិនគួររាប់ថា (ជា​អ្នក​មានភព)។  ចប់ សូត្រ ទី២។

[៣៩]  ម្នាលភិក្ខុទាំងឡាយ ដូចខ្យល់ទាំងឡាយមានចំណែកផ្សេង ៗ បក់ទៅក្នុង អាកាស  គឺខ្យល់បក់ទៅទិសខាងកើតក្តី។បេ។  ខ្យល់ខ្លាំងបក់ទៅក្តី មានឧបមា យ៉ាងណា។  ម្នាលភិក្ខុទាំងឡាយ សេចក្តីឧបមេយ្យ ក៏ដូច្នោះដែរ វេទនា មានចំណែក ផ្សេង ៗ រមែងកើតឡើង ក្នុងកាយនេះ គឺសុខវេទនាក្តី ក៏កើតឡើង ទុក្ខវេទនាក្តី  ក៏កើតឡើង   អទុក្ខមសុខវេទនាក្តី   ក៏កើតឡើង។  ចប់ សូត្រ ទី៣ ។

[៤០]  ម្នាលភិក្ខុទាំងឡាយ ដូចផ្ទះសំណាក់នៃជនជាអាគន្តុកៈ ក្នុងផ្ទះសំណាក់​នោះ មានពួកជនមកអំពីទិសខាងកើត ចូលមកអាស្រ័យនៅក៏មាន មកអំពីទិសខាងលិច ចូល​មកអាស្រ័យនៅក៏មាន មកអំពីទិសខាងជើង ចូលមកអាស្រ័យនៅក៏មាន មកអំពីទិស​ខាងត្បូង ចូលមកអាស្រ័យនៅក៏មាន មានពួកក្សត្រិយ៍ ចូល​មកអាស្រ័យនៅក៏មាន មានពួកព្រាហ្មណ៍ ចូលមកអាស្រ័យនៅក៏មាន មានពួកវេស្សៈ ចូលមកអាស្រ័យនៅក៏​មាន មានពួកសុទ្ទៈចូលមកអាស្រ័យនៅក៏មាន មានឧបមា យ៉ាងណា។  ម្នាលភិក្ខុទាំងឡាយ សេចក្តីឧបមេយ្យ ក៏ដូច្នោះដែរ វេទនា មានចំណែកផ្សេង ៗ តែងកើតឡើង ក្នុងកាយនេះ គឺសុខវេទនាក្តី តែងកើតឡើង ទុក្ខវេទនាក្តី តែងកើតឡើង អទុក្ខមសុខវេទនាក្តី តែងកើតឡើង សុខវេទនា ប្រកបដោយអាមិសក្តី តែងកើតឡើង ទុក្ខវេទនា ប្រកបដោយអាមិសក្តី តែងកើតឡើង អទុក្ខមសុខវេទនា ប្រកបដោយអាមិសក្តី តែងកើតឡើង សុខវេទនា មិនប្រកបដោយអាមិសក្តី តែងកើតឡើង ទុក្ខវេទនា មិនប្រកបដោយអាមិសក្តី តែងកើតឡើង   អទុក្ខមសុខវេទនា មិនប្រកបដោយ​អាមិសក្តី  តែងកើតឡើង ។  ចប់ សូត្រ ទី៤។

[៤១]  គ្រានោះឯង ព្រះអានន្ទដ៏មានអាយុ ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះ ចូលទៅដល់ហើយ។ ​បេ។  លុះព្រះអានន្ទដ៏មានអាយុ អង្គុយនៅក្នុងទីដ៏សមគួរហើយ បានក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន វេទនា ដូចម្តេច ហេតុជាទីកើត នៃវេទនា ដូចម្តេច ការរលត់ទៅ នៃវេទនា ដូចម្តេច បដិបទា ជាហេតុឲ្យដល់​ នូវការរលត់ទៅ នៃវេទនា ដូចម្តេច អានិសង្ស នៃវេទនា ដូចម្តេច  ទោសនៃវេទនា ដូចម្តេច ការរលាស់ចេញ នូវវេទនា តើដូចម្តេច។  ម្នាលអានន្ទ វេទនានេះ មាន​ ៣ យ៉ាង គឺ សុខវេទនា ១ ទុក្ខវេទនា ១ អទុក្ខមសុខវេទនា ១។  ម្នាលអានន្ទ នេះហៅថា វេទនា។  ការកើតឡើង នៃវេទនា ព្រោះកើតឡើង នៃផស្សៈ ការរលត់ទៅ នៃវេទនា  ព្រោះរលត់ទៅ នៃផស្សៈ អដ្ឋង្គិកមគ្គ ដ៏ប្រសើរនេះឯង ជា​បដិបទា ជាហេតុឲ្យដល់ នូវការរលត់ទៅ នៃវេទនា។  អដ្ឋង្គិកមគ្គដ៏ប្រសើរ តើដូចម្តេច។  គឺសម្មាទិដ្ឋិ ១។ បេ។  សម្មាសមាធិ ១។ សេចក្តីសុខ និងសោមនស្ស កើតឡើង ព្រោះអាស្រ័យវេទនាឯណា នេះជាអានិសង្ស នៃវេទនា។ វេទនឯណា មិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួល ជាធម្មតា នេះជាទោស នៃវេទនា។  ការបន្ទោបង់ នូវឆន្ទរាគៈ ការលះបង់ នូវឆន្ទរាគៈ ក្នុងវេទនាឯណា នេះជាគ្រឿងរលាស់ចេញ នូវវេទនា។

[៤២]  ម្នាលអានន្ទ ការរលត់នៃសង្ខារទាំងឡាយ ជាលំដាប់ តថាគត បានពោល​ហើយថា វាចានៃបុគ្គលអ្នកចូលកាន់បឋមជ្ឈាន តែងរលត់។បេ។  សញ្ញា និងវេទនា នៃ​បុគ្គលអ្នកចូលកាន់សញ្ញាវេទយិតនិរោធ ក៏រលត់។  រាគៈរបស់ភិក្ខុជាព្រះខីណាស្រព ក៏រលត់   ទោសៈក៏រលត់   មោហៈក៏រលត់ ។

[៤៣]  ម្នាលអានន្ទ ចំណែកឯការរម្ងាប់នៃសង្ខារទាំងឡាយ ជាលំដាប់ តថាគត បានពោលហើយថា វាចានៃបុគ្គលអ្នកចូលកាន់បឋមជ្ឈាន ក៏រម្ងាប់។ បេ។  សញ្ញា និងវេទនា នៃបុគ្គលអ្នកចូលកាន់សញ្ញាវេទយិតនិរោធ ក៏រម្ងាប់។  រាគៈរបស់ភិក្ខុជា​ព្រះខីណាស្រព ក៏រម្ងាប់   ទោសៈក៏រម្ងាប់   មោហៈក៏រម្ងាប់  ។

[៤៤]  ម្នាលអានន្ទ  ក៏ឯការស្ងប់ នៃសង្ខារទាំងឡាយ ជាលំដាប់ តថាគត បានពោលហើយថា វាចានៃបុគ្គលអ្នកចូលកាន់បឋមជ្ឈាន ក៏ស្ងប់។ បេ។  រូបសញ្ញា នៃបុគ្គលអ្នកចូលកាន់អាកាសានញ្ចាយតនជ្ឈាន ក៏ស្ងប់ អាកាសានញ្ចាយតនសញ្ញា នៃបុគ្គលអ្នកចូលកាន់វិញ្ញាណញ្ចាយតនជ្ឈាន ក៏ស្ងប់ វិញ្ញាណញ្ចាយតនសញ្ញា នៃបុគ្គល អ្នកចូលកាន់អាកិញ្ចញ្ញាយតនជ្ឈាន ក៏ស្ងប់ អាកិញ្ចញ្ញាយតនសញ្ញា នៃបុគ្គលអ្នកចូលកាន់នេវសញ្ញានាសញ្ញាយតនជ្ឈាន ក៏ស្ងប់ សញ្ញា និង វេទនា នៃបុគ្គលអ្នកចូលកាន់សញ្ញាវេទយិតនិរោធ ក៏ស្ងប់។  រាគៈរបស់ភិក្ខុ ជាព្រះខីណាស្រព ក៏ស្ងប់  ទោសៈក៏ស្ងប់  មោហៈក៏ស្ងប់។  ចប់ សូត្រ ទី ៥។

[៤៥]  គ្រានោះឯង ព្រះអានន្ទដ៏មានអាយុ ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ។  លុះព្រះអានន្ទដ៏មានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ ទើបព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ ដូច្នេះថា ម្នាលអានន្ទ វេទនា ដូចម្តេច ហេតុជាទីកើតឡើង នៃវេទនា ដូចម្តេច សេចក្តីរលត់ទៅ នៃវេទនា ដូចម្តេច បដិបទា ជាហេតុឲ្យបានដល់ នូវសេចក្តីរលត់ទៅ នៃវេទនា ដូចម្តេច  អានិសង្សនៃវេទនា ដូចម្តេច ទោសនៃវេទនា ដូចម្តេច ការរលាស់ចេញ នៃវេទនា ដូចម្តេច។  បពិត្រព្រះអង្គដ៏ចំរើន ធម៌ទាំងឡាយ នៃ​យើង​ខ្ញុំ​ព្រះអង្គ មានព្រះដ៏មានព្រះភាគជាមូល មានព្រះដ៏មានព្រះភាគ ជាអ្នកណែនាំ មានព្រះដ៏មានព្រះភាគ ជាទីពឹង បពិត្រព្រះអង្គដ៏ចំរើន សូមព្រះដ៏មានព្រះភាគ បំភ្លឺនូវ​សេចក្តី​ នៃភាសិតនុ៎ះ ពួកភិក្ខុ បានស្តាប់នូវភាសិត របស់ព្រះដ៏មានព្រះភាគហើយ នឹងចាំទុក។  ម្នាលអានន្ទ បើដូច្នោះ អ្នកចូរស្តាប់ ចូរធ្វើទុកក្នុងចិត្តឲ្យល្អ តថាគត នឹងសំដែងឥឡូវនេះ។  ព្រះអានន្ទដ៏មាន​អាយុ ទទួលស្តាប់ព្រះពុទ្ធដីកា នៃ​ព្រះដ៏មាន​ព្រះភាគ​ថា ព្រះករុណា ព្រះអង្គ។  ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលអានន្ទ វេទនានេះ មាន ៣ យ៉ាង គឺសុខវេទនា ១ ទុក្ខវេទនា ១ អទុក្ខមសុខវេទនា ១។  ម្នាលអានន្ទ នេះហៅថា វេទនា។ បេ។  ព្រោះកើតឡើង នៃផស្សៈ។ បេ។  រាគៈរបស់ភិក្ខុ ជាព្រះខីណាស្រព ក៏ស្ងប់រម្ងាប់   ទោសៈក៏ស្ងប់រម្ងាប់   មោហៈក៏ស្ងប់រម្ងាប់ ។  ចប់ សូត្រទី ៦   ។

[៤៦]  គ្រានោះឯង ពួកភិក្ខុច្រើនរូប ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅ ដល់ហើយ បានថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ។  លុះភិក្ខុទាំង នោះ អង្គុយក្នុងទីដ៏សមគួរហើយ  បានក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រ​ព្រះអង្គដ៏ចំរើន   វេទនា ដូចម្តេច   ហេតុជាទីកើតឡើង នៃវេទនា ដូចម្តេច  ការរលត់ទៅ នៃវេទនា ដូចម្តេច បដិបទា ជាហេតុឲ្យដល់ នូវការរលត់ទៅ នៃវេទនា ដូចម្តេច អានិសង្ស នៃវេទនា ដូចម្តេច ទោសនៃវេទនា ដូចម្តេច ការរលាស់ចេញ នូវវេទនាដូចម្តេច។  ម្នាលភិក្ខុទាំងឡាយ វេទនានេះ មាន ៣ យ៉ាង គឺសុខវេទនា ១ ទុក្ខវេទនា ១ អទុក្ខមសុខវេទនា ១។  ម្នាលភិក្ខុទាំងឡាយ នេះហៅថា វេទនា។  ការកើតឡើងនៃវេទនា ព្រោះកើតឡើង នៃផស្សៈ  ការរលត់ទៅ នៃវេទនា ព្រោះរលត់ទៅ​ នៃផស្សៈ អដ្ឋង្គិកមគ្គ ដ៏ប្រសើរនេះឯង ជាបដិបទា ជាហេតុឲ្យដល់នូវការរលត់ទៅនៃវេទនា។  អដ្ឋង្គិកមគ្គនោះ គឺអ្វីខ្លះ។  គឺសម្មាទិដ្ឋិ ១។ បេ។  សម្មាសមាធិ ១។  សេចក្តីសុខ និងសោមនស្សកើតឡើង ព្រោះអាស្រ័យ​វេទនាឯណា នេះជាអានិសង្សនៃវេទនា។  វេទនាឯណា ដែលមិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា នេះជាទោសនៃវេទនា។  ការបន្ទោបង់នូវឆន្ទរាគ ការលះបង់ នូវឆន្ទរាគ  ក្នុងវេទនាឯណា នេះជាការរលាស់ចេញនូវវេទនា ។

[៤៧]  ម្នាលភិក្ខុទាំងឡាយ ការរលត់នៃសង្ខារទាំងឡាយ ជាលំដាប់ តថាគត បាន​ពោលហើយថា វាចានៃបុគ្គលអ្នកចូលកាន់បឋមជ្ឈាន ក៏រលត់។ បេ។  រាគៈរបស់ភិក្ខុ ជាព្រះខីណាស្រព ក៏រលត់   ទោសៈក៏រលត់   មោហៈក៏រលត់ ។

[៤៨]  ម្នាលភិក្ខុទាំងឡាយ សេចក្តីរម្ងាប់នៃសង្ខារទាំងឡាយ ជាលំដាប់ តថាគត បានពោលហើយថា វាចានៃបុគ្គលអ្នកចូលកាន់បឋមជ្ឈាន ក៏រម្ងាប់។ បេ។  រាគៈរបស់ ភិក្ខុ ជាព្រះខីណាស្រព ក៏រម្ងាប់   ទោសៈក៏រម្ងាប់   មោហៈក៏រម្ងាប់  ។

[៤៩]  ម្នាលភិក្ខុទាំងឡាយ ការស្ងប់នេះ មាន ៦ យ៉ាង គឺវាចានៃបុគ្គលអ្នកចូល​កាន់បឋមជ្ឈាន ក៏ស្ងប់ វិតក្ក និងវិចារ នៃបុគ្គលអ្នកចូលកាន់ទុតិយជ្ឈាន ក៏ស្ងប់ បីតិ នៃបុគ្គលអ្នកចូលកាន់តតិយជ្ឈាន ក៏ស្ងប់ អស្សាសបស្សាសៈ នៃបុគ្គលអ្នកចូលកាន់ ចតុត្ថជ្ឈាន ក៏ស្ងប់ សញ្ញា និងវេទនា នៃបុគ្គលអ្នកចូលកាន់សញ្ញាវេទយិតនិរោធក៏ស្ងប់។  រាគៈរបស់ភិក្ខុ ជាព្រះខីណាស្រព ក៏ស្ងប់ ទោសៈក៏ស្ងប់ មោហៈក៏ស្ងប់ ។   ចប់ សូត្រ ទី​ ៧  ។

[៥០]  គ្រានោះឯង  ពួកភិក្ខុច្រើនរូប ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូល​ទៅ​ដល់ហើយ។បេ។ លុះភិក្ខុទាំងនោះ អង្គុយក្នុងទីដ៏សមគួរហើយ ទើបព្រះដ៏មានព្រះភាគ ​ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ វេទនា តើដូចម្តេច ហេតុជាទីកើតឡើង នៃវេទនាដូចម្តេច សេចក្តីរលត់ទៅ នៃវេទនាដូចម្តេច បដិបទា ជាហេតុឲ្យដល់នូវការរលត់ទៅ នៃវេទនាដូចម្តេច អានិសង្សនៃវេទនាដូចម្តេច ទោសនៃវេទនាដូចម្តេច ការរលាស់ចេញ នូវវេទនាដូចម្តេច។  បពិត្រព្រះអង្គដ៏ចំរើន ធម៌ទាំងឡាយ នៃយើងខ្ញុំព្រះអង្គ មានព្រះដ៏មានព្រះភាគជាមូល។​ បេ។  ម្នាលភិក្ខុទាំងឡាយ  វេទនានេះ មាន ៣ យ៉ាង គឺ  សុខវេទនា ១  ទុក្ខវេទនា ១  អទុក្ខមសុខវេទនា ១។  ម្នាលភិក្ខុទាំងឡាយ នេះហៅថា វេទនា។  ព្រោះកើតឡើង នៃផស្សៈ  (បណ្ឌិតគប្បីសំដែងឲ្យពិស្តារ ដូចសូត្រមុន ៗ ផងចុះ)។  ចប់ សូត្រ ទី​៨។

[៥១]  គ្រានោះឯង ជាងឈើឈ្មោះ បញ្ចកង្គៈ ចូលទៅរកព្រះឧទាយិដ៏មានអាយុ លុះចូលទៅដល់ ថ្វាយបង្គំព្រះឧទាយិដ៏មានអាយុ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះ ជាង​ឈើឈ្មោះ បញ្ចកង្គៈ អង្គុយក្នុងទីដ៏សមគួរហើយ  បានពោលនឹងព្រះឧទាយិដ៏មាន អាយុ ដូច្នេះថា បពិត្រព្រះឧទាយិដ៏ចំរើន វេទនា ដែលព្រះដ៏មានព្រះភាគ ទ្រង់សំដែង ហើយ មានប៉ុន្មាន។  ម្នាលគហបតី វេទនា ដែលព្រះដ៏មានព្រះភាគ ទ្រង់សំដែងហើយ មាន ៣ យ៉ាង គឺសុខវេទនា ១ ទុក្ខវេទនា ១ អទុក្ខមសុខវេទនា ១ ម្នាលគហបតី វេទនា មាន ៣ យ៉ាងនេះឯង ដែលព្រះដ៏មានព្រះភាគ ទ្រង់សំដែងហើយ  ។

[៥២]  កាលព្រះឧទាយិ ពោលយ៉ាងនេះហើយ ជាងឈើឈ្មោះ បញ្ចកង្គៈ បាន​ពោល​ទៅនឹងព្រះឧទាយិដ៏មានអាយុ ដូច្នេះថា បពិត្រព្រះឧទាយិដ៏ចំរើន វេទនា ៣ យ៉ាង ព្រះដ៏មានព្រះភាគ មិនបានទ្រង់សំដែងទេ វេទនា ២ យ៉ាង ដែលព្រះដ៏មានព្រះភាគ ​ទ្រង់សំដែងហើយ គឺសុខវេទនា​ ១ ទុក្ខវេទនា ១ បពិត្រលោកដ៏ចំរើន ឯអទុក្ខមសុខវេទនា ព្រះដ៏មានព្រះភាគ ទ្រង់សំដែងហើយ ក្នុងសេចក្តីសុខ ដ៏ល្អិតឧត្តម ។ ព្រះឧទាយិដ៏មានអាយុ បានពោលនឹងជាងឈើ​ឈ្មោះបញ្ចកង្គៈ ជាគម្រប់ពីរដង ដូច្នេះថា ម្នាលគហបតី វេទនា ២​ យ៉ាង ព្រះដ៏មានព្រះភាគ មិនទ្រង់សំដែងទេ  វេទនា ៣ យ៉ាងទេតើ  ដែលព្រះដ៏មានព្រះភាគ ទ្រង់សំដែងហើយ គឺសុខវេទនា ១  ទុក្ខវេទនា ១  អទុក្ខមសុខវេទនា ១  វេទនាទាំង ៣ នេះឯង ដែលព្រះដ៏មានព្រះភាគ ទ្រង់សំដែងហើយ។  ជាងឈើ ឈ្មោះបញ្ចកង្គៈ បាននិយាយនឹងព្រះឧទាយិដ៏មានអាយុ ជាគម្រប់ពីរដងទៀត ដូច្នេះថា  បពិត្រព្រះឧទាយិដ៏ចំរើន វេទនា ៣ យ៉ាង ព្រះដ៏មានព្រះភាគ មិនទ្រង់សំដែងទេ វេទនា​តែ​ពីរយ៉ាង ដែលព្រះដ៏មានព្រះភាគ ទ្រង់សំដែងហើយ គឺសុខវេទនា ១ ទុក្ខវេទនា ១ បពិត្រលោកដ៏ចំរើន ឯអទុក្ខមសុខវេទនា ព្រះដ៏មានព្រះភាគ ទ្រង់សំដែងហើយ ក្នុងសេចក្តីសុខ ដ៏ល្អិតឧត្តម។  ព្រះឧទាយិដ៏មានអាយុ បានពោលនឹងជាងឈើឈ្មោះ បញ្ចកង្គៈ ជាគម្រប់ ៣ ដងទៀត ដូច្នេះថា ម្នាលគហបតី វេទនា ២ យ៉ាង ព្រះដ៏មានព្រះភាគ មិនទ្រង់សំដែងទេ វេទនា ៣ យ៉ាងទេតើ ដែលព្រះដ៏មាន​ព្រះភាគ ទ្រង់សំដែងហើយ គឺសុខវេទនា ១ ទុក្ខវេទនា ១ អទុក្ខមសុខវេទនា ១ វេទនា ៣ យ៉ាង​នេះ​ឯង ព្រះដ៏មានព្រះភាគ ទ្រង់សំដែងហើយ។  ជាងឈើឈ្មោះ បញ្ចកង្គៈ បាននិយាយនឹងព្រះឧទាយិដ៏មានអាយុ ជាគម្រប់ ៣ ដងទៀត ដូច្នេះថា បពិត្រព្រះឧទាយិដ៏ចំរើន វេទនា ៣ យ៉ាង ព្រះដ៏មានព្រះភាគ មិនទ្រង់សំដែងទេ វេទនាតែពីរយ៉ាង ដែលព្រះដ៏មានព្រះភាគ ទ្រង់សំដែងហើយ គឺសុខវេទនា ១ ទុក្ខវេទនា ១ បពិត្រលោកដ៏ចំរើន ឯអទុក្ខមសុខវេទនា ព្រះដ៏មានព្រះភាគ ទ្រង់សំដែងហើយ ក្នុងសេចក្តីសុខ ដ៏ល្អិតឧត្តម។  ព្រះឧទាយិដ៏មានអាយុ ក៏មិនអាចពន្យល់​ជាងឈើឈ្មោះ បញ្ចកង្គៈ ឲ្យយល់ព្រមបានឡើយ ចំណែកឯជាងឈើឈ្មោះ បញ្ចកង្គៈ    ក៏មិនអាច​ពន្យល់​ព្រះឧទាយិដ៏មានអាយុ ឲ្យយល់ព្រមបានដែរ។

[៥៣]  ព្រះអានន្ទដ៏មានអាយុ បានស្តាប់ពាក្យចរចា នៃព្រះឧទាយិដ៏​មាន​អាយុនេះ ជាមួយនឹងជាងឈើ ឈ្មោះបញ្ចកង្គៈ។  លំដាប់នោះឯង ព្រះអានន្ទដ៏មានអាយុ ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏អង្គុយក្នុងទីដ៏សមគួរ។  លុះព្រះអានន្ទដ៏មានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ ក៏ក្រាបបង្គំទូលពាក្យចរចា របស់ព្រះឧទាយិដ៏មានអាយុ ជាមួយនឹងជាងឈើឈ្មោះ បញ្ចកង្គៈ ត្រាតែសព្វគ្រប់ ចំពោះព្រះដ៏មានព្រះភាគ។  ម្នាលអានន្ទ ជាងឈើឈ្មោះ បញ្ចកង្គៈ មិនបានទទួលអនុមោទនា នូវបរិយាយដែលពិត របស់ឧទាយិភិក្ខុ។  ម្នាលអានន្ទ ឯឧទាយិភិក្ខុ ក៏មិនបានទទួល​អនុមោទនា នូវបរិយាយដែលពិត របស់ជាងឈើឈ្មោះ បញ្ចកង្គៈដែរ  ។

[៥៤]  ម្នាលអានន្ទ វេទនាទាំង ២ ក្តី ក៏តថាគតសំដែងហើយ ដោយបរិយាយ វេទនាទាំង ៣ ក្តី ក៏តថាគតសំដែងហើយ ដោយបរិយាយ វេទនាទាំង ៥ ក្តី ក៏តថាគត សំដែងហើយ ដោយបរិយាយ វេទនាទាំង ៦ ក្តី ក៏តថាគត សំដែងហើយ ដោយបរិយាយ វេទនាទាំង ១៨ ក្តី ក៏តថាគត សំដែងហើយ ដោយបរិយាយ វេទនាទាំង ៣៦ ក្តី ក៏តថាគតសំដែងហើយ ដោយបរិយាយ វេទនាទាំង ១០៨ ក្តី  ក៏តថាគត សំដែងហើយ ដោយបរិយាយ។  ម្នាលអានន្ទ ធម៌ដែលតថាគតសំដែងហើយ ដោយ​បរិយាយ យ៉ាងនេះ។  ម្នាលអានន្ទ កាលបើធម៌ ដែលតថាគត សំដែងដោយបរិយាយ យ៉ាងនេះហើយ ពួកជនឯណា មិនព្រមសំគាល់តាម មិនយល់ព្រម មិនព្រមអនុមោទនា នូវធម៌ដែលតថាគត សំដែងទុកហើយ ដោយល្អ ពោលទុកហើយ ដោយល្អ ដល់គ្នានឹងគ្នា។  ពួកជនទាំងនោះ ត្រូវនឹកសង្ឃឹមនូវហេតុនេះ គឺនឹងមាន​សេចក្តី​ប្រកួតប្រកាន់ មានជំលោះ ដល់នូវសេចក្តីទាស់ទែង ចាក់ដោតគ្នាទៅវិញទៅមក ដោយ​លំពែង គឺមាត់។  ម្នាលអានន្ទ ធម៌ដែលតថាគត សំដែងហើយ ដោយបរិយាយ យ៉ាងនេះឯង។  ម្នាល អានន្ទ​ កាលបើធម៌ ដែលតថាគតសំដែង ដោយបរិយាយ យ៉ាងនេះហើយ ពួកជនឯណា ព្រមសំគាល់តាម យល់ព្រម ព្រមអនុមោទនា ដល់គ្នានឹងគ្នា នូវធម៌ដែលតថាគត ​សំដែងទុកហើយ ដោយល្អ ពោលទុកហើយដោយល្អ។  ជនទាំងនោះ ត្រូវនឹកសង្ឃឹម នូវហេតុនេះ គឺ នឹងជាអ្នកមានសេចក្តីព្រមព្រៀងគ្នា រីករាយរកគ្នា មិនទាស់ទែង ដូចជាទឹក ដែលលាយ​ដោយទឹកដោះ ឃើញគ្នានឹងគ្នា ដោយចក្ខុជាទីស្រឡាញ់  ។

[៥៥]  ម្នាលអានន្ទ កាមគុណទាំងឡាយនេះ មាន ៥ យ៉ាង។  កាមគុណ ទាំង ៥ យ៉ាង តើដូចម្តេច។  គឺរូបទាំងឡាយ ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីពេញចិត្ត ជាទី​​​​ស្រឡាញ់ ប្រកបដោយកាម គួរជាទីតម្រេក ដែលគប្បីដឹងបានដោយចក្ខុ។ បេ។  ផោដ្ឋព្វៈទាំងឡាយ ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីពេញចិត្ត ជាទីស្រឡាញ់ ប្រកប​ដោយកាម គួរជាទីតម្រេក ដែលគប្បីដឹងបានដោយកាយ។  ម្នាលអានន្ទ កាមគុណ​ទាំងឡាយ មាន ៥ យ៉ាងនេះឯង។  ម្នាលអានន្ទ សេចក្តីសុខសោមនស្សឯណា​ ដែល​កើតឡើង ព្រោះអាស្រ័យកាមគុណទាំង ៥​ នេះ   សេចក្តីសុខសោមនស្សនេះ ​ហៅថា​កាមសុខ ។

[៥៦]  ម្នាលអានន្ទ ពួកជនឯណាគប្បីពោលយ៉ាងនេះថា ពួកសត្វតែងសោយនូវ សេចក្តីសុខសោមនស្ស ដ៏ល្អិតក្រៃលែងនុ៎ះ។  តថាគត មិនព្រមអនុញ្ញាតពាក្យនេះ ​ដល់​ជន​​​ទាំងនោះទេ។  ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលអានន្ទ ព្រោះថា សេចក្តីសុខដទៃ​ដែល​ល្អជាង​ និងថ្លៃថ្លាជាងសេចក្តីសុខនុ៎ះ   នៅមានដែរ  ។

[៥៧]  ម្នាលអានន្ទ សេចក្តីសុខដទៃ ដែលល្អជាង និងថ្លៃថ្លាជាងសេចក្តីសុខនោះ  តើដូចម្តេច។  ម្នាលអានន្ទ ភិក្ខុក្នុងសាសនានេះ   ស្ងាត់ចាកកាមទាំងឡាយ ស្ងាត់ចាក អកុសលធម៌ទាំងឡាយហើយ ចូលកាន់បឋមជ្ឈាន ប្រកបដោយវិតក្កវិចារៈ មានបីតិ និងសុខៈ ដែលកើតអំពីវិវេក សម្រេចសម្រាន្តនៅ។  ម្នាលអានន្ទ នេះឯង ជាសេចក្តីសុខ​ដទៃ ដែលល្អជាង និងថ្លៃថ្លាជាងសេចក្តីសុខនុ៎ះ។  ម្នាលអានន្ទ ពួកជនឯណា គប្បីពោល យ៉ាងនេះថា ពួកសត្វ រមែងសោយនូវសេចក្តីសុខសោមនស្ស ដ៏ល្អិត​ក្រៃលែង​នុ៎ះ។  តថាគត មិនព្រមអនុញ្ញាតពាក្យនេះ​ ដល់ជនទាំងនោះទេ។  ដំណើរនោះ ​ព្រោះ​ហេតុអ្វី។  ម្នាលអានន្ទ ព្រោះថា សេចក្តីសុខដទៃ ដែលល្អជាង និងថ្លៃថ្លាជាងសេចក្តី​សុខ​នុ៎ះ   នៅមានដែរ ។

[៥៨]  ម្នាលអានន្ទ សេចក្តីសុខដទៃ ដែលល្អជាង និងថ្លៃថ្លាជាងសេចក្តីសុខនុ៎ះ  តើដូចម្តេច។  ម្នាលអានន្ទ ភិក្ខុក្នុងសាសនានេះ បានរម្ងាប់នូវវិតក្កវិចារហើយ ចូលកាន់ ទុតិយជ្ឈាន ជាធម្មជាតិកើតមាន ក្នុងសន្តាននៃខ្លួន ប្រកបដោយសេចក្តីជ្រះថ្លា គឺសទ្ធា មានសភាព ជាចិត្តខ្ពស់ឯក មិនមានវិតក្ក មិនមានវិចារ មានតែបីតិ ​និងសុខកើតអំពី​សមាធិ គឺបឋមជ្ឈាន សម្រេចសម្រាន្តនៅ។  ម្នាលអានន្ទ នេះឯង ជាសេចក្តីសុខ​ដទៃ​ដែលល្អជាង និងថ្លៃថ្លាជាងសេចក្តីសុខនុ៎ះ។  ម្នាលអានន្ទ ពួកជនឯណា គប្បីពោល​យ៉ាងនេះថា ពួកសត្វ តែងសោយ នូវសេចក្តីសុខសោមនស្ស ដ៏ល្អិតក្រៃលែងនុ៎ះ។  តថាគត ​ក៏មិនព្រមអនុញ្ញាតពាក្យនេះ ដល់ពួកជនទាំងនោះទេ។ ដំណើរនោះ ព្រោះ​ហេតុអ្វី។ ម្នាលអានន្ទ ព្រោះថា សេចក្តីសុខដទៃ ដែលល្អជាង​ និងថ្លៃថ្លាជាងសេចក្តីសុខ​នុ៎ះ   នៅមានដែរ  ។

[៥៩]  ម្នាលអានន្ទ មួយវិញទៀត សេចក្តីសុខដទៃ ដែលល្អជាង ​និងថ្លៃថ្លា​ជាង​សេចក្តីសុខនុ៎ះ តើដូចម្តេច។  ម្នាលអានន្ទ ភិក្ខុក្នុងសាសនានេះ ព្រោះប្រាសចាក​បីតិផង ប្រកបដោយឧបេក្ខាផង មានស្មារតី ជាអ្នកដឹងខ្លួនផង តែងសោយនូវ​សេចក្តីសុខ ដោយនាមកាយផង ពួកព្រះអរិយៈ តែងសរសើរភិក្ខុនោះថា ​ជាអ្នកមាន​ឧបេក្ខា ជាអ្នកមានស្មារតី មានធម៌ជាគ្រឿងនៅជាសុខ ដូច្នេះ ហើយចូលកាន់​តតិយជ្ឈាន សម្រេចសម្រាន្តនៅ។  ម្នាលអានន្ទ នេះឯង ជាសេចក្តីសុខដទៃ ​ដែល​ល្អជាង​ និងថ្លៃថ្លាជាងសេចក្តីសុខនុ៎ះ។  ម្នាលអានន្ទ ពួកជនឯណា គប្បីពោលយ៉ាងនេះ​ថា ពួកសត្វ តែងសោយនៅសេចក្តីសុខសោមនស្ស ជារបស់ដ៏ល្អិតក្រៃលែងនុ៎ះ។  តថាគត​មិនព្រមអនុញ្ញាតពាក្យនេះ ដល់ជនទាំងនោះទេ។  ដំណើរនោះ ព្រោះហេតុអ្វី។  ម្នាលអានន្ទ ព្រោះថា សេចក្តីសុខដទៃ ដែលល្អជាង និងថ្លៃថ្លាជាងសេចក្តីសុខនុ៎ះ   នៅ មានដែរ  ។

[៦០]  ម្នាលអានន្ទ  ចុះសេចក្តីសុខដទៃ ដែលល្អជាង​ និងថ្លៃថ្លាជាង​សេចក្តីសុខនុ៎ះ ​តើដូចម្តេច។ ម្នាលអានន្ទ  ភិក្ខុក្នុងសាសនានេះ  ព្រោះលះបង់ នូវសេចក្តីសុខផង  ព្រោះលះបង់ នូវសេចក្តីទុក្ខផង  ព្រោះរំលត់ នូវសេចក្តីសោមនស្ស និងទោមនស្ស ក្នុងកាលមុនផង  ហើយចូលកាន់ចតុត្ថជ្ឈាន ជាធម្មជាតិមិនមានទុក្ខ  មិនមានសុខ មានស្មារតី បរិសុទ្ធដោយឧបេក្ខា សម្រេចសម្រាន្តនៅ។ ម្នាលអានន្ទ  នេះឯង ជា​សេចក្តីសុខដទៃ ដែលល្អជាង និងថ្លៃថ្លាជាងសេចក្តីសុខនុ៎ះ។

[៦១]  ម្នាលអានន្ទ  ពួកជនឯណា គប្បីពោល យ៉ាងនេះថា ពួកសត្វតែង​សោយ នូវសេចក្តីសុខសោមនស្ស ជារបស់ដ៏ល្អិតក្រៃលែងនុ៎ះ។ តថាគត មិនព្រម​អនុញ្ញាត​ពាក្យនេះ ដល់ជន​ទាំងនោះទេ។ ដំណើនោះ ព្រោះហេតុអ្វី។ ម្នាលអានន្ទ  ព្រោះថា សេចក្តីសុខដទៃ ដែលល្អជាង និងថ្លៃថ្លាជាងសេចក្តីសុខនុ៎ះ    នៅមានដែរ  ។

[៦២] ម្នាលអានន្ទ  សេចក្តីសុខដទៃដែលល្អជាង និងថ្លៃថ្លាជាងសេចក្តីសុខនុ៎ះ  តើដូច​ម្តេច។  ម្នាលអានន្ទ  ភិក្ខុក្នុងសាសនានេះ  ព្រោះកន្លងបង់ នូវរូបសញ្ញាទាំងឡាយ  ព្រោះមានបដិឃសញ្ញារលត់អស់ទៅ  ព្រោះលែងធ្វើទុកក្នុងចិត្ត នូវនានត្តសញ្ញា ​ដោយ​ប្រការទាំងពួង  ទើបចូលកាន់អាកាសានញ្ចាយតនជ្ឈាន  ដោយគិតថា  អាកាស​មិនមានទីបំផុត សម្រេច​សម្រាន្តនៅ។ ម្នាលអានន្ទ  នេះឯង ជាសេចក្តីសុខដទៃ ដែល ល្អជាង​ និងថ្លៃថ្លាជាងសចក្តីសុខនុ៎ះ។ ម្នាលអានន្ទ  ពួកជនឯណា គប្បីពោលយ៉ាងនេះ ថា  ពួកសត្វរមែងសោយ នូវសេចក្តីសុខសោមនស្ស ដ៏ល្អិតក្រៃលែងនុ៎ះ​។  តថាគតមិន ព្រម​អនុញ្ញាតពាក្យនេះ ដល់ជនទាំងនោះទេ។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលអានន្ទ  ព្រោះថា សេចក្តីសុខដទៃ ដែលល្អជាង និងថ្លៃថ្លាជាងសេចក្តីសុខនុ៎ះ    នៅមានដែរ   ។

[៦៣] ម្នាលអានន្ទ  សេចក្តីសុខដទៃដែលល្អជាង និងថ្លៃថ្លាជាងសេចក្តីសុខនុ៎ះ តើ ដូចម្តេច។ ម្នាលអានន្ទ  ភិក្ខុក្នុងសាសនានេះ  កន្លងបង់ នូវអាកាសានញ្ចាយតនជ្ឈាន​ដោយ​​ប្រការទាំងពួង  ហើយទើបចូលកាន់វិញ្ញាណញ្ចាយតនជ្ឈាន  ដោយគិតថា  វិញ្ញាណមិន​មានទីបំផុត សម្រេចសម្រាន្តនៅ។ ម្នាលអានន្ទ  នេះឯង ជាសេចក្តីសុខដទៃ ដែលល្អជាង​ និងថ្លៃថ្លាជាងសេចក្តីសុខនុ៎ះ។​ ម្នាលអានន្ទ  ពួកជនឯណា គប្បីពោល យ៉ាងនេះថា  ពួកសត្វ រមែងសោយនូវសេចក្តីសុខសោមនស្ស ដ៏ល្អិតក្រៃលែងនុ៎ះ។ តថាគត មិនព្រមអនុញ្ញាតពាក្យនេះ ​ដល់ជនទាំងនោះទេ។  ដំណើរនោះ ព្រោះហេតុអ្វី។  ម្នាលអានន្ទ  ព្រោះថា សេចក្តីសុខដទៃ ដែលល្អ​ជាង និងថ្លៃថ្លាជាងសេចក្តីសុខនុ៎ះ  នៅ មានដែរ ។

[៦៤]  ម្នាលអានន្ទ  ចុះសេចក្តីសុខដទៃដែលល្អជាង និងថ្លៃថ្លាជាងសេចក្តីសុខនុ៎ះ តើដូចម្តេច។ ម្នាលអានន្ទ  ភិក្ខុក្នុងសាសនានេះ បានកន្លងបង់ នូវវិញ្ញាណញ្ចាយតន​ជ្ឈាន ដោយប្រការទាំងពួង  ហើយចូលកាន់អាកិញ្ចញ្ញាយតនជ្ឈាន  ដោយគិតថា អ្វីតិចតួច​ មិនមាន សម្រេចសម្រាន្តនៅ។ ម្នាលអានន្ទ  នេះឯង ជាសេចក្តីសុខដទៃ ដែលល្អជាង និងថ្លៃថ្លាជាងសេចក្តីសុខនុ៎ះ។ ម្នាលអានន្ទ  ពួកជនឯណា គប្បីពោលយ៉ាងនេះថា  ពួកសត្វ រមែងសោយ នូវសេចក្តីសុខសោមនស្ស ដ៏ល្អិតក្រៃលែងនុ៎ះ។ តថាគតមិនព្រមអនុញ្ញាតពាក្យនេះ ដល់ជនទាំងនោះទេ។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលអានន្ទ  ព្រោះថាសេចក្តីសុខដទៃដែលល្អជាង និងថ្លៃថ្លាជាងសេចក្តីសុខនុ៎ះ   នៅមានដែរ  ។

[៦៥]  ម្នាលអានន្ទ  ចុះសេចក្តីសុខដទៃដែលល្អជាង និងថ្លៃថ្លាជាងសេចក្តីសុខ នុ៎ះ តើដូចម្តេច។  ម្នាលអានន្ទ  ភិក្ខុក្នុងសាសនានេះ បានកន្លងបង់ នូវអាកិញ្ចញ្ញា​យតនជ្ឈាន ដោយប្រការទាំងពួង ហើយចូលកាន់នេវសញ្ញានាសញ្ញាយតនជ្ឈាន សម្រេចសម្រាន្តនៅ។  ម្នាលអានន្ទ នេះឯង ជាសេចក្តីសុខដទៃ ដែលល្អជាង និងថ្លៃថ្លា ជាងសេចក្តីសុខនុ៎ះ។  ម្នាលអានន្ទ ពួកជនឯណា គប្បីពោលយ៉ាងនេះថា ពួកសត្វតែង សោយនូវសេចក្តីសុខសោមនស្ស ដ៏ល្អិតក្រៃលែងនុ៎ះ។  តថាគត មិនព្រមអនុញ្ញាត​ពាក្យ​នេះ​​ ដល់ជនទាំងនោះទេ។  ដំណើរនោះ ព្រោះហេតុអ្វី។​​  ម្នាលអានន្ទ ព្រោះថា​សេចក្តីសុខដទៃ ដែលល្អជាង និងថ្លៃថ្លាជាងសេចក្តីសុខនុ៎ះ   នៅមានដែរ​  ។

[៦៦]  ម្នាលអានន្ទ ចុះសេចក្តីសុខដទៃ ដែលល្អជាង និងថ្លៃថ្លាជាងសេចក្តីសុខនុ៎ះ តើដូចម្តេច។  ម្នាលអានន្ទ ភិក្ខុក្នុងសាសនានេះ បានកន្លងបង់ នូវនេវសញ្ញានាសញ្ញា​យតនជ្ឈាន ដោយប្រការទាំងពួង ហើយចូលកាន់សញ្ញាវេទយិតនិរោធ សម្រេចសម្រាន្ត នៅ។ ម្នាលអានន្ទ  នេះឯង ជាសេចក្តីសុខដទៃ ដែលល្អជាង និងថ្លៃថ្លាជាងសចក្តីសុខ​នុ៎ះ។  ពួកអន្យតិរ្ថិយបរិព្វាជក គប្បីពោលយ៉ាងនេះថា ព្រះសមណគោតម ទ្រង់ត្រាស់នូវ សញ្ញាវេទយិតនិរោធផង ទ្រង់បញ្ញត្ត នូវសញ្ញាវេទយិតនិរោធនោះ ក្នុងសេចក្តីសុខផង សេចក្តីសុខនោះ ដូចម្តេច សេចក្តីសុខនោះ មានប្រការដូចម្តេច ដោយហេតុឯណា ម្នាលអានន្ទ ហេតុនុ៎ះ ក៏រមែងមានដែរ។  ម្នាលអានន្ទ ពួកអន្យតិរ្ថិយបរិព្វាជក ​អ្នកមាន​វាទៈយ៉ាងនេះ អ្នកទាំងឡាយ គប្បីពោល យ៉ាងនេះវិញថា ម្នាលអាវុសោ ព្រះដ៏មាន​ព្រះភាគ ​មិនទ្រង់បញ្ញត្ត នូវសញ្ញាវេទយិតនិរោធ ក្នុងសេចក្តីសុខ ព្រោះសំដៅយកសុខ​វេទនា​តែម្យ៉ាងទេ ម្នាលអាវុសោ សេចក្តីសុខ ដែលបុគ្គលបានទទួល ក្នុងទីណា ៗ សេចក្តីសុខ មាននៅក្នុងទីណា ៗ ព្រះតថាគត ទ្រង់បញ្ញត្តនូវទីនោះ ៗ   ក្នុងសេចក្តីសុខ ដែរ ។  ចប់ សូត្រ ទី ៩  ។

[៦៧]  ម្នាលភិក្ខុទាំងឡាយ វេទនា ទាំង​ ២ ក្តី តថាគតសំដែងហើយ ដោយ​បរិយាយ វេទនាទាំង ៣ ក្តី តថាគតសំដែងហើយ ដោយបរិយាយ វេទនាទាំង ៥ ក្តី តថាគតសំដែងហើយ ដោយបរិយាយ វេទនាទាំង ៦ ក្តី តថាគតសំដែងហើយ ដោយ​បរិយាយ  វេទនាទាំង ១៨ ក្តី តថាគតសំដែងហើយ ដោយបរិយាយ វេទនាទាំង ៣៦ ក្តី តថាគតសំដែងហើយ ដោយបរិយាយ វេទនាទាំង ១០៨ ក្តី  តថាគតសំដែងហើយ ដោយ​បរិយាយ។  ម្នាលភិក្ខុទាំងឡាយ ធម៌ដែលតថាគតសំដែងហើយ ដោយបរិយាយ យ៉ាងនេះ ម្នាលភិក្ខុទាំងឡាយ កាលបើធម៌ ដែលតថាគតសំដែង ដោយបរិយាយយ៉ាង នេះហើយ ពួកជនឯណា មិនព្រមសំគាល់តាម  មិនយល់ព្រម  មិនព្រមអនុមោទនា  នូវធម៌ដែលតថាគតសំដែងហើយ ដោយល្អ ពោលទុកហើយដោយល្អ ដល់គ្នានឹងគ្នា។  ជនទាំងនោះ ត្រូវនឹកសង្ឃឹមហេតុនេះ គឺជាអ្នកមានសេចក្តីប្រកួតប្រកាន់ មានជំលោះ​ ដល់​នូវការទាស់ទែង ចាក់ដោតគ្នាទៅវិញទៅមក ដោយលំពែង គឺមាត់។  ម្នាលភិក្ខុ​ទាំងឡាយ ធម៌ដែលតថាគត សំដែងហើយ ដោយបរិយាយ យ៉ាងនេះឯង ម្នាលភិក្ខុ​ទាំងឡាយ កាលបើធម៌ ដែលតថាគត សំដែងដោយបរិយាយ យ៉ាងនេះហើយ ពួកជន​ឯណា នឹងព្រមសំគាល់តាម យល់ព្រម ព្រមអនុមោទនា នូវធម៌ ដែលតថាគតសំដែង​ទុកល្អហើយ  ពោលទុកល្អហើយ  ដល់គ្នានឹងគ្នា។   ជនទាំងនោះ ត្រូវនឹកសង្ឃឹម​ហេតុនេះ គឺជាអ្នកមានសេចក្តីព្រមព្រៀង ស្រុះស្រួល មិនទាស់ទែង ដូចជាទឹកដែល​លាយដោយទឹកដោះ   ឃើញនូវគ្នានឹងគ្នា្   ដោយចក្ខុជាទីស្រឡាញ់ ។

[៦៨]  ម្នាលភិក្ខុទាំងឡាយ កាមគុណទាំងឡាយនេះ មាន ៥ យ៉ាង។ បេ។  ពួកអន្យតិរ្ថិយបរិព្វាជក គប្បីពោលយ៉ាងនេះថា ព្រះសមណគោតម ទ្រង់ត្រាស់នូវសញ្ញាវេទយិតនិរោធ​ផង ទ្រង់បញ្ញត្ត នូវសញ្ញាវេទយិតនិរោធនោះ ក្នុងសេចក្តីសុខផង សេចក្តីសុខនោះ ដូចម្តេច សេចក្តីសុខនោះ មានប្រការដូចម្តេច ដោយហេតុឯណា ម្នាលភិក្ខុទាំងឡាយ ហេតុនុ៎ះ រមែងមានដែរ។  ម្នាលភិក្ខុទាំងឡាយ ពួកអន្យតិរ្ថិយបរិព្វាជក ជាអ្នកមានវាទៈ យ៉ាងនេះ អ្នកទាំងឡាយ គប្បីពោល យ៉ាងនេះវិញថា ម្នាលអាវុសោ ព្រះដ៏មានព្រះភាគ មិនទ្រង់បញ្ញត្ត​សញ្ញាវេទយិតនិរោធ ក្នុងសេចក្តីសុខ  ព្រោះសំដៅយកសុខវេទនាតែម្យ៉ាងទេ  ម្នាលអាវុសោ សេចក្តីសុខ ដែលបុគ្គល បានទទួលក្នុងទីណា ៗ សេចក្តីសុខ មាននៅក្នុងទីណា ៗ ព្រះតថាគត ទ្រង់បញ្ញត្តនូវទីនោះ ៗ   ក្នុងសេចក្តីសុខដែរ ។   ចប់ សូត្រ ទី​១០ ។

ចប់ រហោគតវគ្គ ទី ២

ឧទ្ទាននៃរហោគតវគ្គនោះគឺ

និយាយអំពីភិក្ខុសម្ងំនៅក្នុងទីស្ងាត់ ១ និយាយអំពីខ្យល់បក់ទៅក្នុងទិស មាន ២ លើក និយាយអំពីផ្ទះសំណាក់ ១ អំពីព្រះអានន្ទទូលសួរអំពីវេទនា មាន ២ លើក    អំពីភិក្ខុច្រើនរូប មាន  ២ លើក   អំពីជាងឈើ ឈ្មោះបញ្ចកង្គៈ​ ១   អំពីវេទនាមានពីរ ជា​ដើម ចំពោះភិក្ខុទាំងឡាយ ១។

អដ្ឋសតបរិយាយវគ្គ

[៦៩]  សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងវត្តវេឡុវន ជា​កលន្ទកនិវាប​ស្ថាន ទៀបក្រុងរាជគ្រឹះ។  គ្រានោះឯង មោឡិយសិវកបរិព្វាជក ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តី​រីករាយ ជាមួយនឹងព្រះដ៏មានព្រះភាគ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររព្ញក​ហើយ អង្គុយក្នុងទីដ៏សមគួរ។  លុះមោឡិយសិវកបរិព្វាជក អង្គុយក្នុងទីដ៏សមគួរហើយ ទើបក្រាបបង្គំ​ទូល​ព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះគោតមដ៏ចំរើន មានសមណព្រាហ្មណ៍​ពួកមួយ ជាអ្នកមានវាទៈ យ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា បុរសបុគ្គលនេះ តែងសោយនូវវេទនា​ណា​មួយ ​ជាសុខក្តី ទុក្ខក្តី មិនទុក្ខមិនសុខក្តី ការសោយវេទនាទាំងអស់នោះ មានកម្មដែលខ្លួនបានធ្វើហើយ ក្នុងកាលមុន ជាហេតុ។  ចុះ​ព្រះគោតមដ៏ចំរើន ទ្រង់ត្រាស់ដូចម្តេច ក្នុងហេតុនេះ​​។  ម្នាលសិវកៈ ការសោយអារម្មណ៍​ពួកខ្លះ ក្នុងលោកនេះ មានប្រមាត់ជាសមុដ្ឋានកើតឡើង ក៏មាន។  ការសោយអារម្មណ៍ពួកខ្លះ ក្នុងលោកនេះ មានប្រមាត់ជាសមុដ្ឋានកើតឡើង ក៏មាន យ៉ាង​ណា ម្នាលសិវកៈ ដំណើរនុ៎ះ បុគ្គល គប្បីដឹងច្បាស់ ដោយខ្លួនឯង យ៉ាងនោះចុះ។  ការសោយអារម្មណ៍ពួកខ្លះ ក្នុងលោកនេះ មានប្រមាត់ជាសមុដ្ឋានកើតឡើង ក៏មាន យ៉ាងណា ម្នាលសិវកៈ ដំណើរនុ៎ះ បុគ្គល សន្មតថាជារបស់ពិត នៃសត្វលោក ក៏យ៉ាង​នោះដែរ។  ម្នាលសិវកៈ បណ្តាសមណព្រាហ្មណ៍ទាំងនោះ ពួកសមណព្រាហ្មណ៍​ឯណា ជាអ្នកមានវាទៈ យ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា  បុរសបុគ្គលនេះ រមែងសោយនូវអារម្មណ៍​ឯណានីមួយ ជាសុខក្តី  ទុក្ខក្តី  មិនទុក្ខ មិនសុខក្តី  អារម្មណ៍ទាំងអស់នោះ សុទ្ធតែមានកម្ម ដែលខ្លួនធ្វើហើយ ក្នុងកាលមុនជា​ហេតុ។  ពួកសមណព្រាហ្មណ៍ រមែងស្ទុះទៅរកហេតុ ដែលខ្លួនបានដឹងច្បាស់ ដោយខ្លួន​ឯងផង រមែងស្ទុះទៅរកហេតុ ដែលខ្លួនសន្មតថា ជារបស់ពិតក្នុងលោកផង។  ព្រោះហេតុនោះ តថាគត ពោលថា ជាសេចក្តីខុស របស់ពួកសមណព្រាហ្មណ៍ទាំងនោះ។  ម្នាល​​សិវកៈ ការសោយអារម្មណ៍ មានស្លេស្ម៍ជាសមុដ្ឋានក៏មាន។ បេ។  ម្នាលសិវកៈ ការសោយអារម្មណ៍ មានខ្យល់ជាសមុដ្ឋានក៏មាន។ បេ។  ម្នាលសិវកៈ ការសោយ​អារម្មណ៍​មានការប្រជុំចុះ នៃរោគជាសមុដ្ឋានក៏មាន។ បេ។  ម្នាលសិវកៈ ការសោយ​អារម្មណ៍ កើតអំពីសេចក្តីប្រែប្រួល នៃរដូវក៏មាន។  ម្នាលសិវកៈ ការសោយអារម្មណ៍​កើត​អំពីការថែរក្សាឥរិយាបថមិនស្មើគ្នា ក៏មាន។  ម្នាលសិវកៈ ការសោយអារម្មណ៍កើត​អំពី​សេចក្តីព្យាយាម ក៏មាន។ បេ។  ម្នាលសិវកៈ ការសោយអារម្មណ៍​ពួកខ្លះ​ ក្នុង​លោក​នេះ​ កើតអំពីផលនៃកម្ម កើតឡើងក៏មាន។ ការសោយអារម្មណ៍ពួកខ្លះ ​ក្នុងលោកនេះ កើតមកអំពីផលនៃកម្ម កើតឡើងក៏មាន យ៉ាងណា ម្នាលសិវកៈ ដំណើរនុ៎ះ បុគ្គល គប្បីដឹងច្បាស់ ដោយខ្លួនឯង យ៉ាងនោះចុះ។  ការសោយអារម្មណ៍ពួក​ខ្លះ ក្នុងលោកនេះ​ កើតមកអំពីផលនៃកម្ម កើតឡើងក៏មាន យ៉ាងណា ម្នាលសិវកៈ  ដំណើរនុ៎ះ  បុគ្គល សន្មតថា ជារបស់ពិត នៃសត្វលោក ក៏យ៉ាងនោះដែរ។  ម្នាលសិវកៈ  បណ្តាសមណព្រាហ្មណ៍ទាំងនោះ  សមណព្រាហ្មណ៍ឯណា ជាអ្នកមានវាទៈ ​យ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា បុរសបុគ្គលនេះ រមែងសោយអារម្មណ៍ឯណានីមួយ ជាសុខក្តី ទុក្ខក្តី មិនទុក្ខមិនសុខក្តី  ការសោយអារម្មណ៍ទាំងអស់នោះ សុទ្ធតែ​មានកម្ម ដែល​ខ្លួន​បាន​ធ្វើ​ហើយ ក្នុងកាលមុនជាហេតុ។  ពួកសមណព្រាហ្មណ៍ តែងស្ទុះទៅរកហេតុ ដែលខ្លួនបានដឹងច្បាស់ ដោយខ្លួនឯងផង តែងស្ទុះទៅរកហេតុ ដែលខ្លួនសន្មតថា ជារបស់ពិត ក្នុងលោកផង ព្រោះហេតុនោះ តថាគត ពោលថា ជាសេចក្តីខុស របស់ពួកសមណព្រាហ្មណ៍ទាំងនោះ ដូច្នេះ។

[៧០]  កាលព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ មោឡិយសិវក​បរិព្វាជក បានក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះគោតមដ៏ចំរើន ច្បាស់ពេកណាស់ បពិត្រព្រះគោតមដ៏ចំរើន ច្បាស់ពេកណាស់ សូមព្រះគោតម​ដ៏ចំរើន ទ្រង់ចាំទុក នូវខ្ញុំព្រះអង្គ ថាជាឧបាសក អ្នកដល់នូវសរណគមន៍ ស្មើដោយជីវិត   តាំងអំពីថ្ងៃនេះ ជាដើមទៅ ។

[៧១]  ការសោយអារម្មណ៍មានប្រមាត់ជាសមុដ្ឋាន ១  ស្លេស្ម៍ ១  ខ្យល់ ​១  ការប្រជុំចុះនៃរោគ​ ១  រដូវប្រែប្រួល ១  រក្សាឥរិយាបថមិនស្មើគ្នា ១ កើតអំពីសេចក្តី​ព្យាយាម ១  ជាគម្រប់ ៨  និងផលនៃកម្ម  ។   ចប់ សូត្រ ទី ១ ។

[៧២]  ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងនូវធម្មបរិយាយ ដែលមាន​បរិយាយ ១០៨  ដល់អ្នកទាំងឡាយ អ្នកទាំងឡាយ ចូរស្តាប់នូវធម្មបរិយាយនោះចុះ។  ម្នាលភិក្ខុទាំងឡាយ  ចុះធម្មបរិយាយ មានបរិយាយ ១០៨ តើដូចម្តេច។  ម្នាលភិក្ខុ​ទាំងឡាយ វេទនាទាំង ២​ ក្តី តថាគត សំដែងហើយ ដោយបរិយាយ វេទនាទាំង ៣ ក្តី តថាគត សំដែងហើយ ដោយបរិយាយ វេទនាទាំង ៥ ក្តី តថាគត សំដែងហើយ ដោយ​បរិយាយ វេទនាទាំង ៦ ក្តី តថាគត សំដែងហើយ ដោយបរិយាយ  វេទនាទាំង ១៨ ក្តី តថាគត សំដែងហើយ ដោយបរិយាយ វេទនាទាំង ៣៦ ក្តី តថាគត សំដែងហើយ ដោយ​បរិយាយ វេទនាទាំង ១០៨ ក្តី  តថាគត សំដែងហើយ ដោយបរិយាយ។

[៧៣]  ម្នាលភិក្ខុទាំងឡាយ ចុះវេទនាទាំង ២ តើដូចម្តេច គឺ កាយិកវេទនា ១  ចេតសិកវេទនា ១។  ម្នាលភិក្ខុទាំងឡាយ   នេះហៅថា វេទនាមាន ២ ។

[៧៤]  ម្នាលភិក្ខុទាំងឡាយ ចុះវេទនាទាំង ៣ តើដូចម្តេច គឺ សុខវេទនា ១  ទុក្ខវេទនា ១  អទុក្ខមសុខវេទនា ១។   ម្នាលភិក្ខុទាំងឡាយ  នេះហៅថា វេទនាមាន ៣ ។

[៧៥]  ម្នាលភិក្ខុទាំងឡាយ ចុះវេទនាទាំង ៥ តើដូចម្តេច គឺ សុខិន្រ្ទិយវេទនា ១  ទុក្ខិន្រ្ទិយវេទនា ១  សោមនស្សិន្រ្ទិយវេទនា ១  ទោមនស្សិន្រ្ទិយវេទនា ១   ឧបេក្ខិន្រ្ទិយ វេទនា ១។  ម្នាលភិក្ខុទាំងឡាយ   នេះហៅថា  វេទនាមាន ៥ ។

[៧៦]  ម្នាលភិក្ខុទាំងឡាយ ចុះវេទនាទាំង ៦ តើដូចម្តេច  គឺចក្ខុសម្ផស្ស ជាវេទនា ១។ បេ។  មនោសម្ផស្ស ជាវេទនា ១។  ម្នាលភិក្ខុទាំងឡាយ  នេះហៅថា វេទនាមាន ៦ ។

[៧៧]  ម្នាលភិក្ខុទាំងឡាយ  ចុះវេទនាទាំង ១៨ តើដូចម្តេច  គឺសោមនស្សូបវិចារ វេទនា ៦ ទោមនស្សូបវិចារវេទនា ៦  ឧបេក្ខូបវិចារវេទនា ៦ ។  ​ម្នាលភិក្ខុទាំងឡាយ  នេះហៅថា វេទនាមាន ១៨   ។

[៧៨]  ម្នាលភិក្ខុទាំងឡាយ  ចុះវេទនាទាំង ៣៦ តើដូចម្តេច គឺ គេហសិតសោមនស្សវេទនា ៦  នេក្ខម្មសិតសោមនស្សវេទនា ៦  គេហសិតទោមនស្សវេទនា ៦  នេក្ខម្មសិតទោមនស្សវេទនា ៦ គេហសិតឧបេក្ខាវេទនា ៦  នេក្ខម្មសិតឧបេក្ខាវេទនា ៦ ។   ម្នាលភិក្ខុទាំងឡាយ  នេះហៅថា វេទនាមាន ៣៦ ។

[៧៩]  ម្នាលភិក្ខុទាំងឡាយ  វេទនា ១០៨ តើដូចម្តេច គឺ វេទនាជាអតីត ៣៦  វេទនាជាអនាគត ៣៦  វេទនាជាបច្ចុប្បន្ន ៣៦។  ម្នាលភិក្ខុទាំងឡាយ  នេះហៅថា  វេទនាមាន ១០៨។  ម្នាលភិក្ខុទាំងឡាយ នេះឯង ជាធម្មបរិយាយ  មានបរិយាយ ១០៨។  ចប់ សូត្រ ទី២។

[៨០]  គ្រានោះឯង  ភិក្ខុមួយរូបចូលទៅគាល់ព្រះដ៏មានព្រះភាគ។ បេ។  លុះភិក្ខុនោះ អង្គុយក្នុងទីដ៏សមគួរហើយ  បានក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា  បពិត្រព្រះអង្គដ៏ចំរើន វេទនាដូចម្តេច ហេតុជាទីកើតឡើង នៃវេទនាដូចម្តេច  បដិបទា ជាហេតុឲ្យដល់ នូវហេតុជាទីកើតឡើង នៃវេទនា ដូចម្តេច  ការរលត់ទៅ នៃវេទនាដូចម្តេច បដិបទា ជាហេតុឲ្យដល់នូវការរលត់ទៅ នៃវេទនាដូចម្តេច  អានិសង្ស នៃវេទនាដូចម្តេច  ទោសនៃវេទនា ដូចម្តេច  ការរលាស់ចេញ នូវវេទនាដូចម្តេច។  ម្នាលភិក្ខុទាំងឡាយ  វេទនាទាំងនេះ មាន ៣ យ៉ាង គឺសុខវេទនា ១  ទុក្ខវេទនា ១  អទុក្ខមសុខវេទនា ១។  ម្នាលភិក្ខុទាំងឡាយ  នេះហៅថា វេទនា។  ហេតុជាទីកើតឡើង នៃវេទនា ព្រោះកើតឡើងនៃផស្សៈ  តណ្ហា ជាបដិបទា ជាហេតុឲ្យ​ដល់ នូវការកើតឡើង នៃវេទនា ការរលត់ទៅ នៃវេទនា ព្រោះរលត់នៃផស្សៈ អដ្ឋង្គិកមគ្គ ដ៏ប្រសើរនេះឯង  ជាបដិបទា ជាហេតុឲ្យ​ដល់ ​នូវការ​រលត់ទៅ នៃវេទនា។  អដ្ឋង្គិកមគ្គ តើអ្វីខ្លះ។  គឺសម្មាទិដ្ឋិ ១។បេ។  សម្មាសមាធិ ១។ សេចក្តីសុខសោមនស្ស កើតឡើង  ព្រោះអាស្រ័យ នូវវេទនាឯណា នេះជាអានិសង្សនៃវេទនា។  វេទនាឯណាមិនទៀង​ ជាទុក្ខ មានសេចក្តីប្រែប្រួលទៅ ជាធម្មតា  នេះជាទោសនៃវេទនា។ ការបន្ទោបង់នូវឆន្ទរាគ  ការលះបង់ នូវឆន្ទរាគ ក្នុងវេទនាឯណា នេះជាការរលាស់ចេញ នូវវេទនា។ ចប់ សូត្រ ទី៣។

[៨១]  ម្នាលភិក្ខុទាំងឡាយ  កាលពីដើមដែលតថាគតនៅជាពោធិសត្វ មិនទាន់​បាន​ត្រាស់សម្ពោធិញ្ញាណនៅឡើយ  មានសេចក្តីត្រិះរិះ ដូច្នេះថា  វេទនាដូចម្តេច  ហេតុជា​ទីកើតឡើង នៃវេទនា ដូចម្តេច បដិបទា ជាហេតុឲ្យដល់ នូវការកើតឡើង នៃវេទនា ​ដូចម្តេច  ការរលត់ទៅ នៃវេទនា ដូចម្តេច  បដិបទា ជាហេតុឲ្យដល់ នូវការរលត់ទៅ នៃ​វេទនាដូចម្តេច   អានិសង្ស នៃវេទនាដូចម្តេច  ទោសនៃវេទនា ដូចម្តេច  ការរលាស់ចេញ ​នូវវេទនាដូចម្តេច។  ម្នាលភិក្ខុទាំងឡាយ  តថាគតនោះ មានសេចក្តីត្រិះរិះ ដូច្នេះទៀតថា  វេទនាទាំងឡាយនេះ មាន ៣ យ៉ាង​ គឺសុខវេទនា ១  ទុក្ខវេទនា ១  អទុក្ខមសុខវេទនា ១។   នេះហៅថា វេទនា ។  ការកើតឡើង នៃវេទនា  ព្រោះការកើតឡើង នៃផស្សៈ  តណ្ហាជា​បដិបទា ជាហេតុឲ្យដល់ នូវការកើតឡើង នៃវេទនា។បេ។ ការបន្ទោបង់ នូវឆន្ទរាគ  ការលះបង់ នូវឆន្ទរាគ ក្នុងវេទនាឯណា  នេះជាការរលាស់ចេញ នូវវេទនា។  ចប់ សូត្រ ទី៤។

[៨២]  ម្នាលភិក្ខុទាំងឡាយ  ចក្ខុកើតឡើង  ញាណកើតឡើង  បញ្ញាកើតឡើង  វិជ្ជាកើតឡើង  ពន្លឺកើតឡើងហើយ ដល់តថាគត  ក្នុងធម៌ទាំងឡាយ ដែលតថាគត​មិនធ្លាប់​បានឮពីកាលមុនថា នេះជាវេទនា ដូច្នេះឡើយ។ ម្នាលភិក្ខុទាំងឡាយ ចក្ខុ កើត​ឡើង ញាណកើតឡើង បញ្ញាកើតឡើង វិជ្ជាកើតឡើង  ពន្លឺកើតឡើងហើយ ដល់​តថាគត​ ក្នុងធម៌ទាំងឡាយ ដែលតថាគត មិនធ្លាប់បានឮកាលពីមុនថា  នេះជាហេតុកើត​ឡើង ​នៃវេទនា ដូច្នេះឡើយ។  ម្នាលភិក្ខុទាំងឡាយ  ចក្ខុកើតឡើង។បេ។  ពន្លឺកើត​ឡើងហើយ ដល់តថាគត ក្នុងធម៌ទាំងឡាយ ដែលតថាគត មិនធ្លាប់​បានឮពីកាលមុនថា  នេះជាបដិបទា ជាហេតុឲ្យដល់នូវការកើតឡើង នៃវេទនា ដូច្នេះឡើយ។   ម្នាលភិក្ខុទាំងឡាយ  ចក្ខុកើតឡើង។ បេ។  ពន្លឺកើតឡើងហើយ ដល់តថាគត  ក្នុងធម៌ទាំងឡាយ ដែលតថាគត មិនធ្លាប់បានឮពីកាលមុនថា  នេះឯង ជាការរលត់ទៅ នៃវេទនា ដូច្នេះឡើយ។  ម្នាលភិក្ខុទាំងឡាយ ចក្ខុកើតឡើង។ បេ។  ពន្លឺកើត​ឡើងហើយ ដល់តថាគត ក្នុងធម៌​ទាំងឡាយ ដែលតថាគត មិនធ្លាប់បានឮ​ពីកាលមុនថា  នេះជាបដិបទា ជាហេតុឲ្យដល់​នូវ​ការរលត់ទៅ នៃវេទនា ដូច្នេះឡើយ។ ម្នាលភិក្ខុទាំងឡាយ  ក្នុងធម៌ទាំងឡាយ ដែលតថាគត មិនធ្លាប់បានឮពីកាលមុនថា  នេះជាអានិសង្ស នៃវេទនា។ បេ។  ម្នាលភិក្ខុទាំងឡាយ  ក្នុងធម៌ទាំងឡាយ ដែលតថាគត មិនធ្លាប់បាន​ឮពីកាលមុនថា នេះជាទោស នៃវេទនា។ បេ។  ម្នាលភិក្ខុទាំងឡាយ  ចក្ខុកើតឡើង  ញាណកើតឡើង  បញ្ញាកើតឡើង  វិជ្ជាកើតឡើង  ពន្លឺកើតឡើងហើយ ដល់តថាគត  ក្នុងធម៌ទាំងឡាយ ដែលតថាគត ​មិន​ធ្លាប់បានឮពីកាលមុន ថា  នេះជាការរលាស់ចេញ នូវវេទនា។  ចប់ សូត្រ ទី៥។

[៨៣]  គ្រានោះឯង  ពួកភិក្ខុច្រើនរូប ចូលទៅគាល់ព្រះដ៏មានព្រះភាគ។ បេ។  លុះភិក្ខុទាំងនោះ អង្គុយក្នុងទីសមគួរហើយ  បានក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា  បពិត្រព្រះអង្គដ៏ចំរើន  វេទនា តើដូចម្តេច  ហេតុជាទីកើតឡើង នៃវេទនា តើដូចម្តេច  បដិបទា ជាហេតុឲ្យដល់នូវការកើតឡើង នៃវេទនា តើដូចម្តេច។បេ។  អានិសង្ស នៃ​វេទនា ​តើដូចម្តេច ទោសនៃវេទនា តើដូចម្តេច  ការរលាស់ចេញ នូវវេទនា តើដូចម្តេច។  ម្នាលភិក្ខុទាំងឡាយ វេទនាទាំងឡាយនេះ មាន ៣ យ៉ាង គឺសុខវេទនា ១  ទុក្ខវេទនា ១  អទុក្ខមសុខវេទនា ១។  ម្នាលភិក្ខុទាំងឡាយ  នេះហៅថា វេទនា ។ ​ការកើតឡើង នៃ​វេទនា ព្រោះកើតឡើង នៃផស្សៈ តណ្ហាជា​បដិបទា ជាហេតុ​ឲ្យដល់​នូវការកើតឡើង នៃ​វេទនា ព្រោះរលត់នៃផស្សៈ។បេ។ ការបន្ទោបង់ នូវឆន្ទរាគ  ការលះបង់ នូវឆន្ទរាគ ​ក្នុងវេទនាឯណា នេះជាសេចក្តីរលាស់ចេញ នូវវេទនា។   ចប់ សូត្រ ទី៦។

[៨៤]  ម្នាលភិក្ខុទាំងឡាយ  វេទនាទាំងឡាយនេះ មាន ៣ យ៉ាង។  វេទនា ៣ យ៉ាង តើដូចម្តេច។  គឺសុខវេទនា ១  ទុក្ខវេទនា ១  អទុក្ខមសុខវេទនា ១។  ម្នាល​ភិក្ខុទាំងឡាយ  ក៏ពួកសមណៈ ឬព្រាហ្មណ៍ឯណានីមួយ  មិនដឹងច្បាស់ នូវហេតុជាទី​កើត​ឡើងផង  នូវការរលត់ផង នូវអានិសង្សផង  នូវទោសផង នូវការរលាស់ចេញផង  នូវវេទនា ទាំង ៣ នេះ  តាមពិត។  ម្នាលភិក្ខុទាំងឡាយ  ពួកសមណព្រាហ្មណ៍ទាំងនុ៎ះ  មិនសន្មតថា ជាសមណៈ ក្នុងពួកសមណៈ  ឬសន្មតថាជាព្រាហ្មណ៍ ក្នុងពួកព្រាហ្មណ៍​ទេ  មួយវិញទៀត  លោកដ៏មានអាយុទាំងនោះ មិនទាន់បាន​ធ្វើឲ្យជាក់ច្បាស់ សម្រេច​ដោយ​​ប្រាជ្ញា ​ដ៏​ឧត្តម ​ដោយខ្លួនឯង នូវសាមញ្ញគុណក្តី នូវព្រហ្មញ្ញគុណក្តី  ក្នុងបច្ចុប្បន្ន  សម្រេច​សម្រាន្តនៅ។  ម្នាលភិក្ខុទាំងឡាយ  ប៉ុន្តែពួកសមណៈ ​ឬព្រាហ្មណ៍ឯណា​នីមួយ  បានដឹងច្បាស់ នូវហេតុជាទីកើតឡើងផង  នូវការរលត់ផង  នូវអានិសង្សផង  នូវទោសផង  នូវការរលាស់ចេញផង  នូវវេទនា ទាំង ៣ នេះ  តាមពិត។  ម្នាលភិក្ខុ​ទាំងឡាយ  សមណព្រាហ្មណ៍ទាំងនោះ  ទើបសន្មតថា ជាសមណៈ ក្នុងពួកសមណៈ​ផង  សន្មតថា ជាព្រាហ្មណ៍ ក្នុងពួកព្រាហ្មណ៍ផង។ មួយវិញទៀត  លោកដ៏មានអាយុទាំង​នោះ​បានធ្វើឲ្យជាក់ច្បាស់ សម្រេចដោយប្រាជ្ញា ដ៏ឧត្តម ដោយ​ខ្លួនឯង នូវសាមញ្ញគុណក្តី  នូវព្រហ្មញ្ញគុណក្តី  ក្នុងបច្ចុប្បន្ន  សម្រេចសម្រាន្តនៅ។  ចប់ សូត្រ ទី៧ ។

[៨៥]  ម្នាលភិក្ខុទាំងឡាយ  វេទនានេះ មាន ៣ យ៉ាង។  វេទនា ៣ យ៉ាង តើ​ដូចម្តេច។  គឺសុខវេទនា ១  ទុក្ខវេទនា ១  អទុក្ខមសុខវេទនា ១។  ម្នាលភិក្ខុទាំងឡាយ  ពួកសមណៈ ឬព្រាហ្មណ៍ឯណានីមួយ  មិនដឹងច្បាស់ នូវហេតុជាទីកើតឡើងផង  នូវការរលត់ទៅផង  នូវអានិសង្សផង  នូវទោសផង  នូវការរលាស់ចេញផង  នូវវេទនា ទាំង ៣ នេះ  តាមពិត។បេ។  រមែងដឹងច្បាស់។ បេ។  ធ្វើឲ្យជាក់ច្បាស់ សម្រេចដោយប្រាជ្ញា​ដ៏ឧត្តម ដោយខ្លួនឯង  សម្រេចសម្រាន្តនៅ។   ចប់ សូត្រ ទី​ ៨ ។

[៨៦]  ម្នាលភិក្ខុទាំងឡាយ  ពួកសមណៈ ឬព្រាហ្មណ៍ឯណានីមួយ  មិនដឹង​ច្បាស់ នូវវេទនា  មិនដឹងច្បាស់ នូវហេតុជាទីកើតឡើង នៃវេទនា  មិនដឹងច្បាស់ នូវការ​រលត់​នៃវេទនា  មិនដឹងច្បាស់ នូវបដិបទា ជាហេតុឲ្យដល់នូវការរលត់ នៃវេទនា។ បេ។ ដឹងច្បាស់។ បេ។  ធ្វើឲ្យជាក់ច្បាស់ សម្រេចដោយប្រាជ្ញាដ៏ឧត្តម ដោយខ្លួនឯង  សម្រេច​សម្រាន្តនៅ។ ចប់ សូត្រ ទី៩។

[៨៧]  ម្នាលភិក្ខុទាំងឡាយ  វេទនានេះ មាន ៣ យ៉ាង។  វេទនា ៣ យ៉ាង តើ​ដូច​ម្តេច។  គឺសុខវេទនា ១  ទុក្ខវេទនា ១  អទុក្ខមសុខវេទនា ១។  ម្នាលភិក្ខុទាំងឡាយ  វេទនា មាន ៣ យ៉ាងនេះឯង ។   ចប់ សូត្រ ទី​ ១០ ។

[៨៨]  ម្នាលភិក្ខុទាំងឡាយ  បីតិប្រកបដោយអាមិសក៏មាន  បីតិមិនប្រកប​ដោយអាមិសក៏មាន ម្នាលភិក្ខុទាំងឡាយ បីតិប្រាសចាកអាមិស ដ៏លើសជាងបីតិ​ ដែល​មិន​ប្រកបដោយអាមិសទៅទៀត ក៏មាន  សេចក្តីសុខ ប្រកបដោយអាមិសក៏មាន  សេចក្តីសុខមិនប្រកបដោយអាមិសក៏មាន  សេចក្តីសុខប្រាសចាកអាមិស ដ៏លើសជាង​សេចក្តីសុខ ដែលមិនប្រកបដោយអាមិសក៏មាន  ឧបេក្ខាប្រកបដោយអាមិស ក៏មាន  ឧបេក្ខាមិនប្រកបដោយអាមិស ក៏មាន  ឧបេក្ខាប្រាសចាកអាមិស ដ៏លើសជាងឧបេក្ខា​ ដែល​មិនប្រកបដោយអាមិសក៏មាន  វិមោក្ខប្រកបដោយអាមិស ក៏មាន  វិមោក្ខមិន​ប្រកបដោយអាមិសក៏មាន  វិមោក្ខប្រាសចាកអាមិស ដ៏លើសជាងវិមោក្ខ ដែលមិន​ប្រកបដោយអាមិសក៏មាន ។

[៨៩]  ម្នាលភិក្ខុទាំងឡាយ  ចុះបីតិប្រកបដោយអាមិស តើដូចម្តេច។  ម្នាលភិក្ខុ​ទាំងឡាយ  គឺកាមគុណ ទាំង ៥ នេះឯង។  កាមគុណ ទាំង ៥ យ៉ាង តើដូចម្តេច។  គឺរូប​ទាំងឡាយ ដែលគប្បីដឹងច្បាស់ ដោយចក្ខុ ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីពេញចិត្ត ជាទី​ស្រឡាញ់ ប្រកបដោយកាម គួរដល់តម្រេក។បេ។  ផោដ្ឋព្វៈទាំងឡាយ ដែល​គប្បី​ដឹង​ច្បាស់ ដោយកាយ  ជាទីប្រាថ្នា ជាទីត្រេកអរ  ជាទីពេញចិត្ត  ជាទីស្រឡាញ់  ប្រកបដោយកាម  គួរដល់តម្រេក។  ម្នាលភិក្ខុទាំងឡាយ  កាមគុណមាន ៥ យ៉ាង​នេះឯង។  ម្នាលភិក្ខុទាំងឡាយ  បីតិឯណា ដែលកើតឡើង ព្រោះអាស្រ័យកាមគុណ ​ទាំង ៥ នេះ ម្នាលភិក្ខុទាំងឡាយ  នេះហៅថា បីតិប្រកបដោយអាមិស។

[៩០]  ម្នាលភិក្ខុទាំងឡាយ  ចុះបីតិ មិនប្រកបដោយអាមិស តើដូចម្តេច។  ម្នាល​ភិក្ខុទាំងឡាយ  ភិក្ខុក្នុងសាសនានេះ  ស្ងាត់ចាកកាមទាំងឡាយ  ស្ងាត់ចាកអកុសលធម៌​ទាំងឡាយ ហើយចូលកាន់បឋមជ្ឈាន ប្រកបដោយវិតក្ក និងវិចារ  មានបីតិ និងសុខ​ដែល​កើតអំពីវិវេក សម្រេចសម្តាននៅ លុះរម្ងាប់បង់ នូវវិតក្ក និងវិចារអស់ហើយ  បាន​ចូលកាន់ទុតិយជ្ឈាន  ជាធម្មជាតកើតមាន ក្នុងសន្តានចិត្ត  ប្រកបដោយសេចក្តីជ្រះថ្លា គឺសទ្ធា  មានសភាព ជាចិត្តខ្ពស់ឯក  មិនមានវិតក្ក និងវិចារ  មានតែបីតិ និងសុខ ដែល​កើត​អំពីសមាធិ គឺបឋមជ្ឈាន  សម្រេចសម្រាន្តនៅ។  ម្នាលភិក្ខុទាំងឡាយ  នេះហៅ​ថា បីតិ មិនប្រកបដោយអាមិស។

[៩១]  ម្នាលភិក្ខុទាំងឡាយ  ចុះបីតិប្រាសចាកអាមិស ដ៏លើសជាងបីតិ​ ដែល​មិនប្រកបដោយអាមិស  តើដូចម្តេច។  ម្នាលភិក្ខុទាំងឡាយ  បីតិឯណា ដែល​កើត​ឡើង ដល់ខីណាសវភិក្ខុ  ជាអ្នកពិចារណាឃើញ នូវចិត្តដែលផុតស្រឡះ ចាករាគៈហើយ  ជា​អ្នក​ពិចារណាឃើញនូវចិត្ត ដែលផុតស្រឡះ ចាកទោសៈហើយ  ជាអ្នកពិចារណា​ឃើញ​នូវចិត្ត ដែលផុតស្រឡះ ចាកមោហៈហើយ  ម្នាលភិក្ខុទាំងឡាយ  នេះហៅថា  បីតិ ប្រាសចាកអាមិស ដ៏លើសជាងបីតិ ដែលមិនប្រកបដោយអាមិស ។

[៩២]  ម្នាលភិក្ខុទាំងឡាយ  ចុះសេចក្តីសុខប្រកបដោយអាមិស  តើដូចម្តេច។  ម្នាលភិក្ខុទាំងឡាយ  គឺកាមគុណ ទាំង ៥ នេះឯង។  កាមគុណទាំង ៥ តើដូចម្តេច។  គឺរូបទាំងឡាយ ដែលគប្បីដឹងច្បាស់ ដោយចក្ខុ ជាទីប្រាថ្នា  ជាទីត្រេកអរ  ជាទីពេញចិត្ត  ជាទីស្រឡាញ់  ប្រកបដោយកាម  គួរដល់តម្រេក។ បេ។  ផោដ្ឋព្វៈទាំងឡាយ ដែល គប្បីដឹងច្បាស់ដោយកាយ  ជាទីប្រាថ្នា  ជាទីត្រេកអរ  ជាទីពេញចិត្ត  ជាទីស្រឡាញ់  ប្រកបដោយកាម  គួរដល់តម្រេក។  ម្នាលភិក្ខុទាំងឡាយ កាមគុណមាន ៥ យ៉ាងនេះឯង។  ម្នាលភិក្ខុទាំងឡាយ  សេចក្តីសុខសោមនស្សឯណា ដែលកើតឡើង ព្រោះអាស្រ័យកាមគុណ ទាំង ៥ នេះ ម្នាលភិក្ខុទាំងឡាយ  នេះហៅថា  សុខប្រកប​ដោយអាមិស ។

[៩៣]  ម្នាលភិក្ខុទាំងឡាយ  ចុះសេចក្តីសុខមិនប្រកបដោយអាមិស  តើដូចម្តេច។  ម្នាលភិក្ខុទាំងឡាយ  ភិក្ខុក្នុងសាសនានេះ  ស្ងាត់ចាកកាមទាំងឡាយ  ស្ងាត់ចាក អកុសល​ធម៌ទាំងឡាយ  ហើយចូលកាន់បឋមជ្ឈាន ​ប្រកបដោយវិតក្ក  ប្រកបដោយ វិចារ  មានតែបីតិ និងសុខ  ដែលកើតអំពីវិវេក  សម្រេចសម្រាន្តនៅ។ បេ។  ព្រោះ​ប្រាសចាកបីតិផង ប្រកបដោយឧបេក្ខាផង  មានស្មារតី  មានសេចក្តីដឹងខ្លួនផង  សោយ សេចក្តីសុខ ដោយនាមកាយផង  ព្រះអរិយៈទាំងឡាយ តែងសរសើរ នូវបុគ្គលដែលបាន នូវតតិយជ្ឈាននោះថា បុគ្គលនេះ ប្រកបដោយឧបេក្ខា  មានស្មារតី  មានគុណធម៌ ជា​គ្រឿងនៅសប្បាយ  ព្រោះតតិយជ្ឈានឯណា  បានចូលកាន់តតិយជ្ឈាននោះ  សម្រេច សម្រាន្តនៅ។  ម្នាលភិក្ខុទាំងឡាយ  នេះហៅថា  សុខមិនប្រកបដោយអាមិស។

[៩៤]  ម្នាលភិក្ខុទាំងឡាយ  ចុះសុខប្រាសចាកអាមិស ដ៏លើសជាងសុខ ដែលមិនប្រកបដោយអាមិស  តើដូចម្តេច។  ម្នាលភិក្ខុទាំងឡាយ  សេចក្តីសុខ សោមនស្សឯណា ដែលកើតឡើង ដល់ខីណាសវភិក្ខុ  ជាអ្នកពិចារណាឃើញនូវចិត្ត ដែលផុតស្រឡះ ចាករាគៈហើយ ជាអ្នកពិចារណាឃើញនូវចិត្ត ដែលផុតស្រឡះ ចាក​ទោសៈហើយ  ជាអ្នកពិចារណាឃើញនូវចិត្ត ដែលផុតស្រឡះចាកមោហៈហើយ  ម្នាល​ភិក្ខុទាំងឡាយ  នេះហៅថា  សេចក្តីសុខប្រាសចាកអាមិសដ៏លើសជាងសេចក្តីសុខ ដែលមិនប្រកបដោយអាមិស។

[៩៥]  ម្នាលភិក្ខុទាំងឡាយ ​ចុះឧបេក្ខាប្រកបដោយអាមិស តើដូចម្តេច។  ម្នាលភិក្ខុទាំងឡាយ គឺកាមគុណ ទាំង ៥ នេះឯង។  កាមគុណ ៥ តើដូចម្តេច។  គឺរូប​ទាំងឡាយ ដែលគប្បីដឹងច្បាស់ ដោយចក្ខុជាទីប្រាថ្នា  ជាទីត្រេកអរ  ជាទីពេញចិត្ត  ជាទីស្រឡាញ់  ប្រកបដោយកាម  គួរដល់តម្រេក។ បេ។  ផោដ្ឋព្វៈទាំងឡាយ ដែល គប្បីដឹងច្បាស់ដោយកាយ  ជាទីប្រាថ្នា  ជាទីត្រេកអរ  ជាទីពេញចិត្ត  ជាទីស្រឡាញ់  ប្រកបដោយកាម  គួរដល់តម្រេក។ ម្នាលភិក្ខុទាំងឡាយ  កាមគុណ មាន ៥ យ៉ាង​នេះ​ឯង។  ម្នាលភិក្ខុទាំងឡាយ  ឧបេក្ខាឯណា ដែលកើតឡើង ព្រោះអាស្រ័យ នូវកាមគុណ ទាំង ៥ នេះ  ម្នាលភិក្ខុទាំងឡាយ  នេះហៅថា  ឧបេក្ខាប្រកបដោយអាមិស។

[៩៦]  ម្នាលភិក្ខុទាំងឡាយ ​ចុះឧបេក្ខាមិនប្រកបដោយអាមិស តើដូចម្តេច។  ម្នាលភិក្ខុទាំងឡាយ  ភិក្ខុក្នុងសាសនានេះ ​ព្រោះលះបង់ នូវសេចក្តីសុខផង  ព្រោះ​លះបង់ នូវសេចក្តីទុក្ខផង  ព្រោះរលត់ទៅ នៃសោមនស្ស និងទោមនស្ស ក្នុងកាលមុនផង  បានចូលកាន់ចតុត្ថជ្ឈាន  ជាធម្មជាតិមិនទុក្ខមិនសុខ  មានសតិដ៏បរិសុទ្ធ ដោយឧបេក្ខា  សម្រេចសម្រាន្តនៅ។ ​ម្នាលភិក្ខុទាំងឡាយ  នេះហៅថា ឧបេក្ខាមិនប្រកបដោយអាមិស ។

[៩៧]  ម្នាលភិក្ខុទាំងឡាយ ​ចុះឧបេក្ខាប្រាសចាកអាមិស ដ៏លើសជាងឧបេក្ខា ដែលមិនប្រកបដោយអាមិស តើដូចម្តេច។  ម្នាលភិក្ខុទាំងឡាយ  ឧបេក្ខាឯណា ដែល​កើតឡើងដល់ខីណាសវភិក្ខុ  ជាអ្នកពិចារណាឃើញនូវចិត្ត ដែលផុតស្រឡះចាក រាគៈហើយ  ជាអ្នកពិចារណាឃើញនូវចិត្ត ដែលផុតស្រឡះ ចាកទោសៈហើយ  ជាអ្នក​ពិចារណាឃើញនូវចិត្ត ដែលផុតស្រឡះចាកមោហៈហើយ  ម្នាលភិក្ខុទាំងឡាយ  នេះ ហៅថា ឧបេក្ខាប្រាសចាកអាមិស ដ៏លើសជាងឧបេក្ខា ដែលមិនប្រកបដោយអាមិស ។

[៩៨]  ម្នាលភិក្ខុទាំងឡាយ  ចុះវិមោក្ខប្រកបដោយអាមិស  តើដូចម្តេច។  វិមោក្ខប្រកបដោយរូប  ឈ្មោះថា វិមោក្ខប្រកបដោយអាមិស  វិមោក្ខប្រកបដោយអរូប  ឈ្មោះថា វិមោក្ខមិនប្រកបដោយអាមិស ។

[៩៩]  ម្នាលភិក្ខុទាំងឡាយ  វិមោក្ខប្រាសចាកអាមិស ដ៏លើសជាងវិមោក្ខ ដែលមិនប្រកបដោយអាមិស  តើដូចម្តេច។  ម្នាលភិក្ខុទាំងឡាយ  វិមោក្ខឯណា ដែល​កើតឡើងដល់ខីណាសវភិក្ខុ  ជាអ្នកពិចារណាឃើញនូវចិត្ត ដែលផុតស្រឡះចាករាគៈ  ជាអ្នកពិចារណាឃើញនូវចិត្ត ដែលផុតស្រឡះ ចាកទោសៈ  ជាអ្នកពិចារណាឃើញនូវ ចិត្ត ដែលផុតស្រឡះចាកមោហៈ  ម្នាលភិក្ខុទាំងឡាយ  នេះហៅថា  វិមោក្ខប្រាសចាក​អាមិស ដ៏លើសជាងវិមោក្ខ ដែលមិនប្រកបដោយអាមិស ។ ចប់ សូត្រ ទី១១។

ចប់  អដ្ឋសតបរិយាយវគ្គទី ៣។

ឧទ្ទាននៃអដ្ឋសតបរិយាយវគ្គនោះគឺ

ពោលអំពីសិវកបរិព្វាជក ១ អំពីព្រះអង្គ ទ្រង់សំដែង​ធម្មបរិយាយ មាន​មួយ​រយប្រាំបី ១  អំពីភិក្ខុមួយរូប ទូលសួរព្រះអង្គ ១ អំពីកាលមុន ដែលព្រះអង្គ​ត្រាស់ដឹង ១ អំពីញាណកើតឡើង ដល់ព្រះអង្គ១ អំពីសម្ពហុលភិក្ខុ ១​អំពីសមណ​ព្រាហ្មណ៍ មាន ៣ លើក អំពីវេទនាសុទ្ធ ១​ អំពីបីតិ ប្រកប​ដោយ​អាមិស និងប្រាសចាក​អាមិស ១។

ចប់ វេទនាសំយុត្ត។

មាតុគ្គាមសំយុត្ត

បេយ្យាលវគ្គ

[១០០] ម្នាលភិក្ខុទាំងឡាយ  មាតុគ្រាមប្រកបដោយអង្គ ៥  មិនជាទីពេញចិត្ត របស់បុរសដោយពិត។  អង្គ ៥ គឺអ្វីខ្លះ។  គឺមាតុគ្រាមមិនបានរូប​ ១  មិនមានភោគៈ ១  មិនមានសីលាចារ ១  ជាអ្នកខ្ជិលច្រអូស ១  មិនមានកូនជាទីញុំាងវង្សត្រកូល នៃបុរស​នោះ ឲ្យតម្កល់នៅ ១។  ម្នាលភិក្ខុទាំងឡាយ  មាតុគ្រាម ប្រកបដោយអង្គ ៥ នេះឯង  មិនជាទីពេញចិត្ត របស់បុរសដោយពិត ។

[១០១]  ម្នាលភិក្ខុទាំងឡាយ  មាតុគ្រាម ប្រកបដោយអង្គ ៥ ជាទីពេញចិត្ត របស់បុរស ដោយពិត។  អង្គ ៥ គឺអ្វីខ្លះ។  គឺមាតុគ្រាមបានរូប ១  មានភោគៈ ១  ជាអ្នកមានសីលាចារ ១  ជាអ្នកវាងវៃ មិនខ្ជិលច្រអូស ១  មានកូនជាទីញុំាងវង្សត្រកូល របស់បុរសនោះ ឲ្យតម្កល់នៅ១។  ម្នាលភិក្ខុទាំងឡាយ  មាតុគ្រាម ប្រកបដោយអង្គ ៥ នេះឯង  ជាទីពេញចិត្ត របស់បុរស ដោយពិត ។   ចប់ សូត្រ ទី ១ ។

[១០២]  ម្នាលភិក្ខុទាំងឡាយ  បុរសប្រកបដោយអង្គ ៥ មិនជាទីពេញចិត្ត របស់​មាតុគ្រាម ដោយពិត។  អង្គ ៥ គឺអ្វីខ្លះ។ ​ គឺបុរសមិនបានរូប ១  មិនមានភោគៈ​ ១  មិនមានសីលាចារ ១  ខ្ជិលច្រអូស ១  មិនមានកូនជាទីញុំាងវង្សត្រកូល នៃបុរសនោះ ឲ្យតម្កល់នៅ ១។  ម្នាលភិក្ខុទាំងឡាយ  បុរសប្រកបដោយអង្គ ៥ នេះឯង  មិនជាទី​ពេញចិត្ត របស់មាតុគ្រាម ដោយពិត ។

[១០៣]  ម្នាលភិក្ខុទាំងឡាយ  បុរសប្រកបដោយអង្គ ៥ ជាទីពេញចិត្ត របស់​មាតុគ្រាមដោយពិត។  អង្គ ៥ គឺអ្វីខ្លះ។ ​ គឺបុរសបានរូប ១  មានភោគៈ​ ១  មានសីលាចារ ១  ជាអ្នកវាងវៃ មិនខ្ជិលច្រអូស ១  មានកូនជាទីញុំាងវង្សត្រកូល នៃបុរសនោះ ឲ្យតម្កល់នៅ ១។  ម្នាលភិក្ខុទាំងឡាយ  បុរសប្រកបដោយអង្គ ៥ នេះឯង  ជាទីពេញ​ចិត្ត របស់មាតុគ្រាម ដោយពិត​។   ចប់ សូត្រ ទី ២  ។

[១០៤]  ម្នាលភិក្ខុទាំងឡាយ  សេចក្តីទុក្ខដោយឡែក របស់មាតុគ្រាមនេះ មាន ៥ យ៉ាង ដែលមាតុគ្រាម តែងទទួលរងផ្សេង អំពីបុរស។  ទុក្ខ ៥ យ៉ាង គឺអ្វីខ្លះ។  ម្នាលភិក្ខុទាំងឡាយ  មាតុគ្រាម ក្នុងលោកនេះ  នៅក្មេង ទៅកាន់ត្រកូលប្តី  ប្រាសចាក​ញាតិទាំងឡាយ។  ម្នាលភិក្ខុទាំងឡាយ  នេះហៅថា ទុក្ខដោយឡែក ទី ​១  របស់​មាតុគ្រាម  ដែលមាតុគ្រាម ទទួលរងផ្សេង អំពីបុរសទាំងឡាយ។

[១០៥]  ម្នាលភិក្ខុទាំងឡាយ  មួយទៀត  មាតុគ្រាមមានរដូវ។  ម្នាលភិក្ខុ​ទាំងឡាយ  នេះហៅថា សេចក្តីទុក្ខដោយឡែក ទី ​២ របស់មាតុគ្រាម ដែលមាតុគ្រាម ទទួលរងផ្សេង អំពីបុរសទាំងឡាយ ។

[១០៦]  ម្នាលភិក្ខុទាំងឡាយ  មួយទៀត  មាតុគ្រាម មានគភ៌។  ម្នាលភិក្ខុ​ទាំងឡាយ  នេះហៅថា សេចក្តីទុក្ខដោយឡែក ទី​៣ របស់មាតុគ្រាម ដែលមាតុគ្រាម ទទួលរងផ្សេង អំពីបុរសទាំងឡាយ។

[១០៧]  ម្នាលភិក្ខុទាំងឡាយ  មួយទៀត  មាតុគ្រាម សម្រាលកូន។  ម្នាលភិក្ខុ​ទាំងឡាយ  នេះហៅថា សេចក្តីទុក្ខដោយឡែក ទី​ ៤ របស់មាតុគ្រាម ដែលមាតុគ្រាម ទទួលរងផ្សេង អំពីបុរសទាំងឡាយ។

[១០៨]  ម្នាលភិក្ខុទាំងឡាយ  មួយវិញទៀត  មាតុគ្រាម ចូលទៅបម្រើបុរស។  ម្នាលភិក្ខុទាំងឡាយ  នេះឯងហៅថា សេចក្តីទុក្ខដោយឡែក ទី​ ៥ របស់មាតុគ្រាម ដែលមាតុគ្រាម ទទួលរងផ្សេង អំពីបុរសទាំងឡាយ ។  ម្នាលភិក្ខុទាំងឡាយ  នេះឯង​ហៅថា សេចក្តីទុក្ខដោយឡែក ៥ យ៉ាង របស់មាតុគ្រាម  ដែលមាតុគ្រាម ទទួលរងផ្សេង អំពីបុរសទាំងឡាយ។ ចប់ សូត្រ ទី៣។

[១០៩]  ម្នាលភិក្ខុទាំងឡាយ  មាតុគ្រាម ប្រកបដោយធម៌ ៣ យ៉ាង  លុះបែក​ធ្លាយរាងកាយស្លាប់ទៅ  ច្រើនតែទៅកើតក្នុងតិរច្ឆាន  ប្រេត  អសុរកាយ ​នរក។  ធម៌ ៣ យ៉ាង គឺអ្វីខ្លះ។  ម្នាលភិក្ខុទាំងឡាយ  គឺមាតុគ្រាម ក្នុងលោកនេះ  មានចិត្តត្រូវមន្ទិល គឺសេចក្តីកំណាញ់ គ្របសង្កត់ ក្នុងបុព្វណ្ហសម័យ គ្រប់គ្រងផ្ទះ ១  មានចិត្តត្រូវសេចក្តី​ច្រណែន គ្របសង្កត់ ក្នុងមជ្ឈន្តិកសម័យ [អដ្ឋកថា ថា មាតុគ្រាម តែដល់វេលាថ្ងៃត្រង់​ហើយ ច្រើន​មានសេចក្តីក្រោធ គ្របសង្កត់ ហើយរករឿងឈ្លោះទាស់ទែងនឹងគេ បើរក​រឿង​ឈ្លោះ ក្នុងផ្ទះខ្លួន​មិនបានទេ ក៏ដើរទៅ​រករឿង​ឈ្លោះនឹង​អ្នកផ្ទះជិតខាង ពុំនោះសោត គយគន់​រកហេតុ ដែលប្តីឈរ ឬអង្គុយ​មិនត្រូវទំនង (នាំឲ្យកើតចិត្ត​ប្រច័ណ្ឌក្តី)។] គ្រប់គ្រងផ្ទះ ១  មានចិត្តត្រូវកាមរាគ គ្របសង្កត់ ក្នុងសាយណ្ហសម័យ គ្រប់គ្រងផ្ទះ  ១។  ម្នាលភិក្ខុទាំងឡាយ  មាតុគ្រាម ប្រកបដោយ ធម៌ ៣ យ៉ាងនេះឯង  លុះបែកធ្លាយរាងកាយស្លាប់ទៅ  ច្រើនតែទៅកើត ក្នុងតិរច្ឆាន  ប្រេត  អសុរកាយ    នរក។    ចប់ សូត្រ ទី ៤។

[១១០]  គ្រានោះ  ព្រះអនុរុទ្ធដ៏មានអាយុ ចូលទៅគាល់ព្រះដ៏មានព្រះភាគ ។បេ។ លុះព្រះអនុរុទ្ធដ៏មានអាយុ អង្គុយក្នុងទីសមគួរហើយ  ក៏ក្រាបបង្គំទូលសួរព្រះដ៏មាន​ព្រះ​ភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ បានឃើញដោយទិព្វចក្ខុ ដ៏បរិសុទ្ធ កន្លងបង់ចក្ខុ របស់មនុស្សធម្មតា នូវមាតុគ្រាម ក្នុងលោកនេះ  កាលបែកធ្លាយរាងកាយ ស្លាប់ទៅ  ទៅកើតក្នុងតិរច្ឆាន  ប្រេត  អសុរកាយ  នរក។  បពិត្រព្រះអង្គដ៏ចំរើន  មាតុគ្រាម ប្រកបដោយធម៌ ប៉ុន្មានយ៉ាង លុះបែកធ្លាយរាងកាយស្លាប់ទៅ  ក៏ទៅកើត ក្នុងតិរច្ឆាន  ប្រេត  អសុរកាយ  នរក។

[១១១]  ម្នាលអនុរុទ្ធ  មាតុគ្រាម ប្រកបដោយធម៌ ៥ យ៉ាង  លុះបែកធ្លាយរាង​កាយស្លាប់ទៅ  តែងទៅកើត ក្នុងតិរច្ឆាន  ប្រេត  អសុរកាយ  នរក។  ធម៌ ៥ យ៉ាង គឺអ្វីខ្លះ។  គឺ  (មាតុគ្រាម) មិនមានសទ្ធា ១  មិនមានសេចក្តីខ្មាសបាប ១  មិនមាន​សេចក្តី​ខ្លាចបាប ១  ច្រើនក្រោធ ១  មិនមានបញ្ញា ១។  ម្នាលអនុរុទ្ធ  មាតុគ្រាម ប្រកបដោយធម៌ ៥ យ៉ាងនេះឯង  លុះបែកធ្លាយរាងកាយស្លាប់ទៅ  តែងទៅកើត ក្នុងតិរច្ឆាន  ប្រេត អសុរកាយ  នរក។   ចប់ សូត្រ ទី​ ៥។

[១១២]  ម្នាលអនុរុទ្ធ ​មាតុគ្រាម ប្រកបដោយធម៌ ៥ យ៉ាង លុះបែកធ្លាយ​រាងកាយ​ស្លាប់ទៅ តែងទៅកើត ក្នុងតិរច្ឆាន ប្រេត អសុរកាយ នរក។ ប្រកបដោយ ធម៌ ៥ យ៉ាង គឺអ្វីខ្លះ។ គឺ (មាតុគ្រាម) មិនមានសទ្ធា ១ មិនមានសេចក្តីខ្មាសបាប​ ១ មិនមានសេចក្តី​ខ្លាចបាប ១ មានគំនុំគុំគួន ១ មិនមានបញ្ញា ១។​ ម្នាលអនុរុទ្ធ មាតុគ្រាម ប្រកបដោយធម៌ ៥ យ៉ាងនេះឯង លុះបែកធ្លាយរាងកាយស្លាប់ទៅ តែងទៅកើត ក្នុងតិរច្ឆាន ប្រេត អសុរកាយ នរក។ ចប់ សូត្រ ទី ៦។

[១១៣] ម្នាលអនុរុទ្ធ មាតុគ្រាម ប្រកបដោយធម៌ ៥ យ៉ាង លុះបែកធ្លាយ រាងកាយស្លាប់ទៅ តែងទៅកើត ក្នុងតិរច្ឆាន  ប្រេត អសុរកាយ នរក។ ប្រកបដោយធម៌ ៥ យ៉ាង គឺអ្វីខ្លះ។  គឺ (មាតុគ្រាម) មិនមានសទ្ធា ១ មិនមានសេចក្តីខ្មាសបាប ១ មិនមាន​សេចក្តីខ្លាចបាប ១ មានសេចក្តីច្រណែន ១ មិនមានបញ្ញា ១។ ម្នាលអនុរុទ្ធ មាតុគ្រាម ប្រកបដោយធម៌ ៥ យ៉ាងនេះឯង លុះបែកធ្លាយរាងកាយស្លាប់ទៅ តែងទៅ​កើត ក្នុងតិរច្ឆាន ប្រេត អសុរកាយ នរក។ ចប់ សូត្រ ទី ៧។

[១១៤] ម្នាលអនុរុទ្ធ មាតុគ្រាម ប្រកបដោយធម៌ ៥ យ៉ាង លុះបែកធ្លាយ​រាងកាយស្លាប់ទៅ តែងទៅកើត ក្នុងតិរច្ឆាន  ប្រេត អសុរកាយ នរក។  ប្រកបដោយធម៌ ៥ យ៉ាង គឺអ្វីខ្លះ។ គឺ (មាតុគ្រាម)  មិនមានសទ្ធា ១ មិនមានសេចក្តីខ្មាសបាប ១ មិនមាន​សេចក្តីខ្លាចបាប ១ មានសេចក្តីកំណាញ់ ១ មិនមានបញ្ញា ១។ ម្នាលអនុរុទ្ធ មាតុគ្រាម ប្រកបដោយធម៌ ៥ យ៉ាងនេះឯង លុះបែកធ្លាយរាងកាយ។បេ។ តែងទៅកើត ក្នុងតិរច្ឆាន ប្រេត អសុរកាយ នរក។ ចប់ សូត្រ ទី ៨។

[១១៥] ម្នាលអនុរុទ្ធ មាតុគ្រាម ប្រកបដោយធម៌ ៥យ៉ាង។ បេ។ តែងទៅ​កើត​ក្នុងតិរច្ឆាន ប្រេត អសុរកាយ នរក។ ប្រកបដោយធម៌ ៥ យ៉ាង គឺអ្វីខ្លះ។ គឺ           (មាតុគ្រាម) មិនមានសទ្ធា ១ មិនមានសេចក្តីខ្មាសបាប ១  មិនមានសេចក្តីខ្លាចបាប ១  ប្រព្រឹត្តក្បត់ចិត្តប្តី ១  មិនមានបញ្ញា ១។ ម្នាលអនុរុទ្ធ មាតុគ្រាម ប្រកបដោយធម៌ ៥ យ៉ាងនេះឯង។បេ។ តែងទៅកើត។ ចប់ សូត្រ ទី៩។

[១១៦] ម្នាលអនុរុទ្ធ មាតុគ្រាម ប្រកបដោយធម៌ ៥ យ៉ាង លុះបែកធ្លាយ​រាងកាយ។បេ។ តែងទៅកើតក្នុងនរក។ ប្រកបដោយធម៌ ៥ យ៉ាង គឺអ្វីខ្លះ។ គឺ (មាតុគ្រាម)​ មិនមានសទ្ធា ១ មិនមានសេចក្តីខ្មាសបាប ១ មិនមានសេចក្តីខ្លាចបាប ១ ទ្រុស្តសីល ១ មិនមានបញ្ញា ១។ ម្នាលអនុរុទ្ធ មាតុគ្រាម ប្រកបដោយធម៌ ៥ យ៉ាងនេះឯង លុះបែកធ្លាយរាងកាយ។បេ។ តែងទៅកើតក្នុងនរក។ ចប់ សូត្រ ទី ១០។

[១១៧] ម្នាលអនុរុទ្ធ មាតុគ្រាម ប្រកបដោយធម៌ ៥ យ៉ាង។បេ។ តែងទៅកើត​ក្នុងនរក។ មាតុគ្រាម ប្រកបដោយធម៌ ៥ យ៉ាង គឺអ្វីខ្លះ។ គឺ (មាតុគ្រាម) មិនមានសទ្ធា ១ មិនមានសេចក្តីខ្មាសបាប ១ មិនមានសេចក្តីខ្លាចបាប ១ មិនបានចេះដឹង ១ មិនមានបញ្ញា ១។ ម្នាលអនុរុទ្ធ មាតុគ្រាម ប្រកបដោយធម៌ ៥ យ៉ាងនេះឯង។បេ។ តែងទៅកើតក្នុងនរក។ ចប់ សូត្រ ទី ១១។

[១១៨] ម្នាលអនុរុទ្ធ មាតុគ្រាម ប្រកបដោយធម៌ ៥ យ៉ាង។បេ។ តែងទៅ​កើតក្នុងនរក។ ប្រកបដោយធម៌ ៥យ៉ាង គឺអ្វីខ្លះ។ គឺ (មាតុគ្រាម) មិនមានសទ្ធា ១ មិនមានសេចក្តីខ្មាសបាប១ មិនមានសេចក្តីខ្លាចបាប ១ ជាអ្នកខ្ជិលច្រអូស ១ មិនមាន​បញ្ញា ១។ ម្នាលអនុរុទ្ធ មាតុគ្រាម​ ប្រកបដោយធម៌ ៥ យ៉ាងនេះឯង លុះបែកធ្លាយ​រាងកាយ។ បេ។ តែងទៅកើត ក្នុងតិរច្ឆាន ប្រេត អសុរកាយ នរក។ ចប់ សូត្រ ទី ១២។

[១១៩] ម្នាលអនុរុទ្ធ មាតុគ្រាម ប្រកបដោយធម៌ ៥ យ៉ាង លុះបែកធ្លាយរាង​កាយ។ បេ។ តែងទៅកើតក្នុងនរក។ ធម៌៥យ៉ាង គឺអ្វីខ្លះ។ គឺ (មាតុគ្រាម ​) មិនមានសទ្ធា ១ មិនមានសេចក្តីខ្មាសបាប ១ មិនមានសេចក្តីខ្លាចបាប ១ ភ្លេចស្មារតី ១ មិនមានបញ្ញា ១។​ ម្នាលអនុរុទ្ធ មាតុគ្រាម ប្រកបដោយធម៌ ៥ យ៉ាងនេះឯង លុះបែកធ្លាយរាងកាយ។បេ។ តែងទៅកើតក្នុង​នរក។​ ចប់ សូត្រ ទី ១៣។​

[១២០] ម្នាលអនុរុទ្ធ មាតុគ្រាម ប្រកបដោយធម៌ ៥ យ៉ាង លុះបែកធ្លាយ​រាងកាយ។ បេ។ តែងទៅកើតក្នុងនរក។ ធម៌ ៥ យ៉ាង គឺអ្វីខ្លះ។ គឺ (​មាតុគ្រាម​ ​) ប្រព្រឹត្តបាណាតិបាត ១ ប្រព្រឹត្តអទិន្នាទាន ១ ប្រព្រឹត្តកាមេសុមិច្ឆាចារ ១ ប្រព្រឹត្ត​មុសាវាទៈ ១ ប្រព្រឹត្តសុរាមេរយមជ្ជប្បមាទដ្ឋាន ១។ ម្នាលអនុរុទ្ធ មាតុគ្រាម ប្រកប​ដោយធម៌ ៥ យ៉ាងនេះឯង លុះបែកធ្លាយរាងកាយ​ស្លាប់ទៅ តែងទៅកើត ក្នុងតិរច្ឆាន ប្រេត អសុរកាយ នរក។ ចប់ សូត្រ ទី ១៤។

[១២១]  គ្រានោះឯង ព្រះអនុរុទ្ធដ៏មានអាយុ ចូលទៅគាល់ព្រះដ៏មានព្រះភាគ។ បេ។  លុះព្រះអនុរុទ្ធដ៏មានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ ក៏ក្រាបបង្គំទូល​ព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន  ខ្ញុំព្រះអង្គ បានឃើញដោយ​ទិព្វចក្ខុ ដ៏បរិសុទ្ធ  កន្លងបង់ចក្ខុ របស់មនុស្សធម្មតា នូវមាតុគ្រាម ក្នុងលោកនេះ  កាលបែកធ្លាយ​រាងកាយស្លាប់ទៅ  ទៅកើតក្នុងសុគតិសួគ៌ ទេវលោក។  បពិត្រព្រះអង្គដ៏ចំរើន  មាតុគ្រាម ប្រកបដោយធម៌ ប៉ុន្មានយ៉ាង  លុះបែកធ្លាយរាងកាយស្លាប់ទៅ  តែងទៅកើត ក្នុងសុគតិសួគ៌ ទេវលោក។  ម្នាលអុរុទ្ធ  មាតុគ្រាម ប្រកបដោយធម៌ ៥ យ៉ាង  លុះបែកធ្លាយរាងកាយស្លាប់ទៅ  តែងទៅកើត ក្នុងសុគតិសួគ៌ ទេវលោក។  ធម៌ ៥ យ៉ាង គឺអ្វីខ្លះ។  គឺ (មាតុគ្រាម) មានសទ្ធា ១  មានសេចក្តីខ្មាសបាប១  មានសេចក្តីខ្លាចបាប ១  មិនក្រោធ ១  មានបញ្ញា ១។  ម្នាលអនុរុទ្ធ  មាតុគ្រាម ប្រកបដោយធម៌ ៥ យ៉ាងនេះឯង  លុះបែកធ្លាយរាងកាយស្លាប់ទៅ  តែងទៅកើត ក្នុងសុគតិសួគ៌ ទេវលោក។

[១២២]  ម្នាលអនុរុទ្ធ  មាតុគ្រាមប្រកបដោយធម៌ ៥ យ៉ាង  លុះបែកធ្លាយ​រាងកាយស្លាប់ទៅ  តែងទៅកើត ក្នុងសុគតិសួគ៌ ទេវលោក។  ធម៌ ៥ យ៉ាង គឺអ្វីខ្លះ។  គឺ (មាតុគ្រាម) មានសទ្ធា ១  មានសេចក្តីខ្មាសបាប ១  មានសេចក្តីខ្លាចបាប ១  មិនចងគំនុំ ១  មានបញ្ញា ១។  ម្នាលអនុរុទ្ធ  មាតុគ្រាម ប្រកបដោយធម៌ ៥ យ៉ាងនេះឯង  លុះបែកធ្លាយរាងកាយស្លាប់ទៅ  តែងទៅកើត ក្នុងសុគតិសួគ៌ ទេវលោក។

[១២៣]  ម្នាលអនុរុទ្ធ  មាតុគ្រាម ប្រកបដោយធម៌ ៥ យ៉ាង  លុះបែកធ្លាយរាង​កាយស្លាប់ទៅ  តែងទៅកើត ក្នុងសុគតិសួគ៌ ទេវលោក។  ធម៌ ៥ យ៉ាង គឺអ្វីខ្លះ។  គឺ  (មាតុគ្រាម) មានសទ្ធា ១  មានសេចក្តីខ្មាសបាប ១  មានសេចក្តីខ្លាចបាប ១  មិនមាន​សេចក្តីច្រណែន ១  មានបញ្ញា ១។ បេ។

[១២៤]  (មាតុគ្រាម) មិនមានសេចក្តីកំណាញ់ ១  មានបញ្ញា ១។បេ។  មិនប្រព្រឹត្តក្បត់ចិត្តប្តី ១  មានបញ្ញា ១។ បេ។  មានសីល ១  មានបញ្ញា ១។ បេ។  ជា អ្នកចេះដឹងច្រើន ១  មានបញ្ញា ១។ បេ។  ប្រារព្ធសេចក្តីព្យាយាម ១  មានបញ្ញា ១។ បេ។  មានស្មារតីដំកល់ខ្ជាប់ ១ មានបញ្ញា ១។ ម្នាលអនុរុទ្ធ  មាតុគ្រាម ប្រកបដោយធម៌ ៥ យ៉ាងនេះឯង  លុះបែកធ្លាយរាងកាយស្លាប់ទៅ  តែងទៅកើត ក្នុងសុគតិសួគ៌ ទេវលោក។  (សូត្រទាំង ៨ នេះ ជាសេចក្តីសង្ខេប)​។បេ។

[១២៥]  ម្នាលអនុរុទ្ធ  មាតុគ្រាម ប្រកបដោយធម៌ ៥ យ៉ាង  លុះបែកធ្លាយ​រាងកាយស្លាប់ទៅ  តែងទៅកើត ក្នុងសុគតិ សួគ៌ទេវលោក។  ធម៌ ៥ យ៉ាង គឺអ្វីខ្លះ។  គឺ (មាតុគ្រាម) ជាអ្នកវៀរចាកបាណាតិបាត ១  វៀរចាកអទិន្នាទាន ១  វៀរចាក​កាមេសុមិច្ឆាចារ១  វៀរចាកមុសាវាទៈ ១ ​វៀរចាកសុរាមេរយមជ្ជប្បមាទដ្ឋាន ១។  ម្នាលអនុរុទ្ធ  មាតុគ្រាម ប្រកបដោយធម៌ ៥ យ៉ាងនេះឯង  លុះបែកធ្លាយរាងកាយ ស្លាប់ទៅ  តែងទៅកើត ក្នុងសុគតិ សួគ៌ទេវលោក។

ចប់  បេយ្យាលវគ្គ ទី ១។

ឧទ្ទាននៃបេយ្យាលវគ្គនោះគឺ

និយាយអំពីមាតុគ្រាមជាទីពេញចិត្ត និងមិនជាទីពេញចិត្ត របស់បុរស ២ លើក  អំពីអាវេណិកទុក្ខ ១ ​អំពីមាតុគ្រាមប្រកបដោយធម៌ ៣ យ៉ាង ១  អំពីព្រះអនុរុទ្ធ ១  អំពីមាតុគ្រាមក្រោធ ១  ចងគំនុំ ១  ច្រណែន ១  កំណាញ់ ១។អំពីមាតុគ្រាម ប្រព្រឹត្ត​ក្បត់​ចិត្តប្តី ១  ទ្រុស្តសីល ១  ជាអ្នកមិនចេះដឹង ១ មានសេចក្តីខ្ជិលច្រអូស ១ ភ្លេចស្មារតី ១ វេរា ៥ យ៉ាង ១ ដែលព្រះដ៏មានព្រះភាគ ទ្រង់សំដែងហើយ ក្នុងកណ្ហបក្ខ (ចំណែក​ខ្មៅ) ចំពោះព្រះអនុរុទ្ធ។ អំពីមាតុគ្រាមមិនក្រោធ ១ មិនមានការចងគំនុំ ១ មិនមាន​សេចក្តី​ច្រណែន ១ មិនមានសេចក្តីកំណាញ់ ១ មិនប្រព្រឹត្តក្បត់ចិត្តប្តី ១  មានសីល ១  ជាអ្នកចេះដឹងច្រើន ១មានសេចក្តីព្យាយាម ១  មានសតិ ១  មានសីលប្រាំ ១  ដែល​ព្រះដ៏មានព្រះភាគ ទ្រង់សំដែងហើយ ក្នុងសុក្កបក្ខ(ចំណែកស) ចំពោះព្រះ​អនុរុទ្ធ។

មាតុគ្គាមពលវគ្គ

[១២៦]  ម្នាលភិក្ខុទាំងឡាយ  កម្លាំងរបស់មាតុគ្រាមនេះ មាន ៥យ៉ាង។  កម្លាំង ៥ យ៉ាង  គឺអ្វីខ្លះ។  គឺកម្លាំងរូប ១  កម្លាំងភោគៈ ១  កម្លាំងញាតិ ១  កម្លាំងកូន ១  កម្លាំង​សីល ១។  ម្នាលភិក្ខុទាំងឡាយ  កម្លាំងរបស់មាតុគ្រាម​ ៥ យ៉ាងនេះឯង។  ម្នាលភិក្ខុ​ទាំងឡាយ  មាតុគ្រាម ប្រកបដោយកម្លាំង ទាំង ៥ យ៉ាងនេះឯង  ជាអ្នកក្លាហាន នៅគ្រប់​គ្រងផ្ទះ។ ចប់ សូត្រ ទី ១ ។

[១២៧]  ម្នាលភិក្ខុទាំងឡាយ  កម្លាំងរបស់មាតុគ្រាមនេះ មាន ៥យ៉ាង។  កម្លាំង ៥ យ៉ាង  គឺអ្វីខ្លះ។  គឺកម្លាំងរូប ១  កម្លាំងភោគៈ ១  កម្លាំងញាតិ ១  កម្លាំងកូន ១  កម្លាំង​សីល ១។  ម្នាលភិក្ខុទាំងឡាយ  កម្លាំងរបស់មាតុគ្រាម​ ៥ យ៉ាងនេះឯង។  ម្នាលភិក្ខុទាំងឡាយ  មាតុគ្រាម ប្រកបដោយកម្លាំង ទាំង ៥ យ៉ាងនេះឯង  តែងបង្គ្របប្តី នៅ​គ្រប់គ្រងផ្ទះ។  ចប់ សូត្រ ទី ២ ។

[១២៨]  ម្នាលភិក្ខុទាំងឡាយ  កម្លាំងរបស់មាតុគ្រាមនេះ មាន ៥យ៉ាង។  កម្លាំង ៥ យ៉ាង  គឺអ្វីខ្លះ។  គឺកម្លាំងរូប ១  កម្លាំងភោគៈ ១  កម្លាំងញាតិ ១  កម្លាំងកូន ១  កម្លាំងសីល ១។  ម្នាលភិក្ខុទាំងឡាយ  កម្លាំងរបស់មាតុគ្រាម​ ៥ យ៉ាងនេះឯង។  ម្នាលភិក្ខុទាំងឡាយ  មាតុគ្រាម ប្រកបដោយកម្លាំងទាំង ៥ យ៉ាងនេះឯង  តែងគ្រប​សង្កត់ប្តី។  ម្នាលភិក្ខុទាំងឡាយ  បុរសប្រកបដោយកម្លាំងតែមួយប៉ុណ្ណោះ  រមែងគ្រប​សង្កត់មាតុគ្រាមបាន។  កម្លាំងមួយ គឺអ្វី។  គឺកម្លាំងឥស្សរិយៈ  គ្របសង្កត់មាតុគ្រាមបាន  មិនបាច់ពឹងកម្លាំងរូប  មិនបាច់ពឹងកម្លាំងភោគៈ  មិនបាច់ពឹងកម្លាំងញាតិ  មិនបាច់ពឹងកម្លាំងកូន  មិនបាច់ពឹងកម្លាំងសីលឡើយ ។   ចប់ សូត្រ ទី​ ៣ ។

[១២៩]  ម្នាលភិក្ខុទាំងឡាយ  កម្លាំងរបស់មាតុគ្រាមនេះ មាន ៥យ៉ាង។  កម្លាំង ៥ យ៉ាង  គឺអ្វីខ្លះ។  គឺកម្លាំងរូប ១  កម្លាំងភោគៈ ១  កម្លាំងញាតិ ១  កម្លាំងកូន ១  កម្លាំងសីល ១។

[១៣០]  ម្នាលភិក្ខុទាំងឡាយ  (បើ) មាតុគ្រាម ប្រកបដោយកម្លាំងរូបតែម្យ៉ាង ប៉ុណ្ណោះ  មិនប្រកបដោយកម្លាំងភោគៈទេ  កាលបើយ៉ាងនេះ  មាតុគ្រាមនោះ ឈ្មោះថា មិនបរិបូណ៌ ដោយអង្គនោះឡើយ។  ម្នាលភិក្ខុទាំងឡាយ  លុះតែមាតុគ្រាម ប្រកបដោយកម្លាំងរូបផង  កម្លាំងភោគៈផង  កាលបើយ៉ាងនេះ  ទើបមាតុគ្រាមនោះ ឈ្មោះថា បរិបូណ៌ដោយអង្គនោះបាន។  ម្នាលភិក្ខុទាំងឡាយ  មាតុគ្រាម ប្រកបដោយកម្លាំងរូបផង  កម្លាំងភោគៈផង  ពិតមែនហើយ  ប៉ុន្តែមិនប្រកប​ដោយកម្លាំងញាតិ  កាលបើយ៉ាងនេះ  មាតុគ្រាមនោះឈ្មោះថា មិនទាន់ពេញលេញ ដោយអង្គនោះឡើយ។  ម្នាលភិក្ខុទាំងឡាយ  លុះតែមាតុគ្រាម ប្រកបដោយ​កម្លាំងរូបផង  ដោយកម្លាំងភោគៈផង  ដោយកម្លាំងញាតិផង  កាលបើយ៉ាងនេះ  ទើបមាតុគ្រាមនោះ ឈ្មោះថា ពេញលេញ ដោយអង្គនោះបាន។  ម្នាលភិក្ខុទាំងឡាយ  មាតុគ្រាម ប្រកបដោយកម្លាំងរូបផង  កម្លាំងភោគៈផង កម្លាំងញាតិផង  ពិតមែនហើយ  ប៉ុន្តែមិនប្រកបដោយកម្លាំងកូន  កាលបើយ៉ាងនេះ  មាតុគ្រាមនោះ ឈ្មោះថា មិនពេញលេញ ដោយអង្គនោះឡើយ។  ម្នាលភិក្ខុទាំងឡាយ  លុះតែមាតុគ្រាម ប្រកបដោយដោយកម្លាំងរូបផង  កម្លាំងភោគៈផង កម្លាំងញាតិផង  កម្លាំងកូនផង  កាលបើយ៉ាងនេះ  ទើបមាតុគ្រាមនោះ ឈ្មោះថា ពេញលេញដោយអង្គនោះបាន។  ម្នាលភិក្ខុទាំងឡាយ    មាតុគ្រាម ប្រកបដោយដោយកម្លាំងរូបផង  កម្លាំងភោគៈផង កម្លាំងញាតិផង  កម្លាំងកូនផង  ពិតមែនហើយ  ប៉ុន្តែ មិនប្រកបដោយកម្លាំងសីល  កាលបើយ៉ាងនេះ  មាតុគ្រាមនោះ ឈ្មោះថា មិនពេញ លេញដោយអង្គនោះឡើយ។  ម្នាលភិក្ខុទាំងឡាយ  លុះតែមាតុគ្រាម ប្រកបដោយកម្លាំងរូបផង  កម្លាំងភោគៈផង កម្លាំងញាតិផង  កម្លាំងកូនផង  កម្លាំងសីលផង  កាលបើយ៉ាងនេះ  ទើបមាតុគ្រាមនោះ ឈ្មោះថា ពេញលេញ ដោយអង្គនោះបាន។  ម្នាលភិក្ខុទាំងឡាយ  កម្លាំងរបស់មាតុគ្រាម មាន ៥ យ៉ាងនេះឯង។  ចប់ សូត្រ ទី​ ៤។

[១៣១]  ម្នាលភិក្ខុទាំងឡាយ  កម្លាំងរបស់មាតុគ្រាមនេះ មាន ៥ យ៉ាង។  កម្លាំង ៥ យ៉ាង គឺអ្វីខ្លះ។  គឺកម្លាំងរូប ១  កម្លាំងភោគៈ ១  កម្លាំងញាតិ ១  កម្លាំងកូន ១  កម្លាំងសីល ១។

[១៣២]  ម្នាលភិក្ខុទាំងឡាយ    មាតុគ្រាម ប្រកបដោយកម្លាំងរូប ពិតមែន ហើយ  ប៉ុន្តែមិនប្រកបដោយកម្លាំងសីល  ញាតិទាំងឡាយ រមែងឲ្យមាតុគ្រាមនោះ វិនាសចេញ  មិនឲ្យនៅក្នុងត្រកូលឡើយ។ ​ម្នាលភិក្ខុទាំងឡាយ  មាតុគ្រាម ប្រកបដោយកម្លាំងរូបផង  កម្លាំងភោគៈផង  ពិតមែនហើយ  ប៉ុន្តែមិនប្រកបដោយកម្លាំងសីល  ញាតិទាំងឡាយ រមែងឲ្យមាតុគ្រាមនោះ វិនាសចេញ  មិនឲ្យនៅក្នុងត្រកូលឡើយ។  ម្នាលភិក្ខុទាំងឡាយ  មាតុគ្រាម ប្រកបដោយកម្លាំងរូបផង  កម្លាំងភោគៈផង កម្លាំងញាតិផង  ពិតមែនហើយ  ប៉ុន្តែមិនប្រកបដោយកម្លាំងសីល  ញាតិទាំងឡាយ រមែងឲ្យមាតុគ្រាមនោះ វិនាសចេញ  មិនឲ្យនៅក្នុងត្រកូលឡើយ។  ម្នាលភិក្ខុទាំងឡាយ  មាតុគ្រាម ប្រកបដោយកម្លាំងរូបផង  កម្លាំងភោគៈផង កម្លាំងញាតិផង  កម្លាំងកូនផង  ពិតមែនហើយ  ប៉ុន្តែមិនប្រកបដោយ​កម្លាំងសីល  ញាតិទាំងឡាយ រមែងឲ្យមាតុគ្រាមនោះ វិនាសចេញ មិនឲ្យនៅ​ក្នុង​ត្រកូល​ឡើយ។ ម្នាលភិក្ខុទាំងឡាយ  លុះតែមាតុគ្រាម ប្រកបដោយកម្លាំងរូបផង  កម្លាំង​ភោគៈ​ផង  កម្លាំងញាតិផង  កម្លាំងកូនផង  កម្លាំង សីលផង  ទើបញាតិទាំងឡាយ  ឲ្យ​មាតុគ្រាម​នោះ នៅក្នុងត្រកូលបាន  មិនឲ្យវិនាស ឡើយ។  ម្នាលភិក្ខុទាំងឡាយ  មាតុគ្រាម ប្រកបដោយកម្លាំងសីល  ប៉ុន្តែមិនប្រកប ដោយកម្លាំងរូប  ពួកញាតិ រមែង​ឲ្យមាតុគ្រាមនោះ នៅក្នុងត្រកូល  មិនឲ្យវិនាសឡើយ។  ម្នាលភិក្ខុទាំងឡាយ  មាតុគ្រាម ប្រកបដោយកម្លាំងសីល  ប៉ុន្តែមិនប្រកប​ដោយ​កម្លាំងភោគៈ  ពួកញាតិ ក៏រមែងឲ្យ​មាតុគ្រាម​នោះ នៅក្នុងត្រកូល មិនឲ្យវិនាសឡើយ។  ម្នាលភិក្ខុទាំងឡាយ  មាតុគ្រាម ប្រកប​ដោយកម្លាំងសីល  ប៉ុន្តែមិនប្រកប​ដោយកម្លាំងញាតិ  ពួកញាតិ ក៏រមែងឲ្យ​មាតុគ្រាម​នោះ នៅក្នុងត្រកូល  មិនឲ្យវិនាស​ឡើយ។  ម្នាលភិក្ខុទាំងឡាយ  មាតុគ្រាម ប្រកបដោយកម្លាំងសីល  ប៉ុន្តែមិនប្រកប​ដោយកម្លាំងកូន  ពួកញាតិ ក៏រមែងឲ្យ​មាតុគ្រាមនោះ នៅក្នុងត្រកូល  មិនឲ្យវិនាស​ឡើយ។  ម្នាលភិក្ខុទាំងឡាយ  កម្លាំង​របស់​មាតុគ្រាម មាន ៥ យ៉ាងនេះឯង។  ចប់ សូត្រ ទី​ ៥ ។

[១៣៣]  ម្នាលភិក្ខុទាំងឡាយ  កម្លាំងរបស់មាតុគ្រាមនេះ មាន ៥ យ៉ាង។  កម្លាំង ៥ យ៉ាង គឺអ្វីខ្លះ។  គឺកម្លាំងរូប ១  កម្លាំងភោគៈ ១  កម្លាំងញាតិ ១  កម្លាំងកូន ១  កម្លាំងសីល ១។

[១៣៤]  ម្នាលភិក្ខុទាំងឡាយ  មាតុគ្រាម ដែលបែកធ្លាយរាងកាយស្លាប់ទៅ  ទៅកើតក្នុងសុគតិសួគ៌ ទេវលោកបាន មិនមែនព្រោះហេតុតែកម្លាំងរូប  ព្រោះហេតុ​តែកម្លាំងភោគៈ  ព្រោះហេតុតែកម្លាំងញាតិ  ព្រោះហេតុតែកម្លាំងកូនទេ។  ម្នាលភិក្ខុទាំងឡាយ  មាតុគ្រាម ដែលបែកធ្លាយរាងកាយស្លាប់ទៅ  ទៅកើតក្នុងសុគតិសួគ៌ ទេវលោកបាន  ព្រោះហេតុតែកម្លាំងសីលប៉ុណ្ណោះ។ ម្នាលភិក្ខុទាំងឡាយ  កម្លាំងរបស់មាតុគ្រាម មាន ៥ យ៉ាងនេះឯង។ ចប់ សូត្រ ទី៦។

[១៣៥]  ម្នាលភិក្ខុទាំងឡាយ  ស្ថាន ៥ យ៉ាងនេះ  មាតុគ្រាម ដែលឥតធ្វើបុណ្យ តែងបានដោយកម្រ។  ស្ថាន ៥ យ៉ាង​ គឺអ្វីខ្លះ។  គឺមាតុគ្រាម តាំងចិត្តថា  អាត្មាអញ គប្បីកើតក្នុងត្រកូល ដ៏សមគួរ ម្នាលភិក្ខុទាំងឡាយ នេះជាស្ថាន ទី ១ ដែលមាតុគ្រាម ឥតធ្វើបុណ្យ តែងបានដោយកម្រ។  មាតុគ្រាមតាំងចិត្តថា  លុះអាត្មាអញ កើតក្នុង​ត្រកូល ដ៏សមគួរហើយ  សូមទៅកាន់ត្រកូល ដ៏សមគួរ  ម្នាលភិក្ខុទាំងឡាយ  នេះឯងជា​ស្ថាន ទី ២  ដែលមាតុគ្រាមឥតធ្វើបុណ្យ តែងបានដោយកម្រ។  មាតុគ្រាមតាំងចិត្តថា លុះអាត្មាអញ កើតក្នុងត្រកូល ដ៏សមគួរ  ទៅកាន់ត្រកូល ដ៏សមគួរហើយ  សូមកុំឲ្យ​មានស្រីរួមប្តី នៅគ្រប់គ្រងផ្ទះឡើយ ម្នាលភិក្ខុទាំងឡាយ  នេះឯង ជាស្ថាន ទី ៣  ដែល​មាតុគ្រាមឥតធ្វើបុណ្យ តែងបានដោយកម្រ។  មាតុគ្រាមតាំងចិត្តថា  លុះអាត្មាអញ កើតក្នុងត្រកូលដ៏សមគួរ  ទៅកាន់ត្រកូល ដ៏សមគួរ  មិនមានស្រីរួមប្តី នៅគ្រប់គ្រងផ្ទះ ហើយ សូមឲ្យមានកូន។   ម្នាលភិក្ខុទាំងឡាយ  នេះឯង ជាស្ថាន ទី ៤ ដែលមាតុគ្រាម ឥតធ្វើបុណ្យ តែងបានដោយកម្រ។  មាតុគ្រាមតាំងចិត្តថា  លុះអាត្មាអញ កើតក្នុង​ត្រកូល ដ៏សមគួរ  ទៅកាន់ត្រកូល ដ៏សមគួរ  មិនមានស្រីរួមប្តីនៅគ្រប់គ្រងផ្ទះ  ជាស្រ្តី​មានកូនហើយ  សូមឲ្យគ្របសង្កត់ប្តីបាន  ម្នាលភិក្ខុទាំងឡាយ  នេះឯង ជាស្ថាន ទី ៥ ដែលមាតុគ្រាមឥតធ្វើបុណ្យ តែងបានដោយកម្រ។  ភិក្ខុទាំងឡាយ  ស្ថាន ៥ យ៉ាងនេះ ឯង  ដែលមាតុគ្រាម ឥតធ្វើបុណ្យ តែងបានដោយកម្រ។  ចប់ សូត្រ ទី ៧។

[១៣៦]  ម្នាលភិក្ខុទាំងឡាយ  ស្ថាន ៥ យ៉ាងនេះ ដែលមាតុគ្រាមធ្វើបុណ្យ តែងបាន​ដោយងាយ។  ស្ថាន ៥ យ៉ាង គឺអ្វីខ្លះ។  គឺមាតុគ្រាមតាំងចិត្តថា  សូមឲ្យ​អាត្មាអញ កើតក្នុងត្រកូល ដ៏សមគួរ  ម្នាលភិក្ខុទាំងឡាយ  នេះឯង ជាស្ថាន ទី ១  ដែល​មាតុគ្រាមធ្វើបុណ្យ តែងបានដោយងាយ។  មាតុគ្រាមតាំងចិត្តថា  លុះអាត្មាអញ កើតក្នុងត្រកូល ដ៏សមគួរហើយ  សូមឲ្យទៅកាន់ត្រកូល ដ៏សមគួរ  ម្នាលភិក្ខុទាំងឡាយ  នេះឯង ជាស្ថាន ទី ២  ដែលមាតុគ្រាមធ្វើបុណ្យ តែងបានដោយងាយ។  មាតុគ្រាមតាំង ចិត្តថា  លុះអាត្មាអញ កើតក្នុងត្រកូល ដ៏សមគួរ  ទៅកាន់ត្រកូល ដ៏សមគួរហើយ ​សូម​កុំឲ្យមានស្រីរួមប្តី នៅគ្រប់គ្រងផ្ទះឡើយ ម្នាលភិក្ខុទាំងឡាយ  នេះឯង ជាស្ថាន ទី ៣ ដែលមាតុគ្រាមធ្វើបុណ្យ តែងបានដោយងាយ។  មាតុគ្រាមតាំងចិត្តថា  លុះអាត្មាអញ កើតក្នុងត្រកូល ដ៏សមគួរ  ទៅកាន់ត្រកូល ដ៏សមគួរ ​មិនមានស្រីរួមប្តី នៅ​គ្រប់គ្រងផ្ទះហើយ  សូមឲ្យមានកូន  ម្នាលភិក្ខុទាំងឡាយ  នេះឯង ជាស្ថាន ទី ៤ ដែល​មាតុគ្រាមធ្វើបុណ្យ តែងបានដោយងាយ។  មាតុគ្រាមតាំងចិត្តថា  លុះអាត្មាអញ កើតក្នុងត្រកូល ដ៏សមគួរ  ទៅកាន់ត្រកូល ដ៏សមគួរ ​មិនមានស្រីរួមប្តី នៅគ្រប់គ្រងផ្ទះ  ជាស្រ្តីមានកូនហើយ  សូមឲ្យគ្របសង្កត់ប្តីបាន  ម្នាលភិក្ខុទាំងឡាយ  នេះឯង ជាស្ថាន ទី ៥  ដែលមាតុគ្រាមធ្វើបុណ្យ តែងបានដោយងាយ។  ម្នាលភិក្ខុទាំងឡាយ  ស្ថាន ៥ យ៉ាងនេះឯង  ដែលមាតុគ្រាមធ្វើបុណ្យ តែងបានដោយងាយ។  ចប់ សូត្រ ទី​៨ ។

[១៣៧]  ម្នាលភិក្ខុទាំងឡាយ  មាតុគ្រាម ប្រកបដោយធម៌ ៥ យ៉ាង  ជាអ្នក​ក្លៀវក្លា នៅគ្រប់គ្រងផ្ទះបាន។  ធម៌ ៥ យ៉ាង គឺអ្វីខ្លះ។  គឺមាតុគ្រាម ជាអ្នកវៀរ​ចាកបាណាតិបាត ១  វៀរចាកអទិន្នាទាន ១  វៀរចាកកាមេសុមិច្ឆាចារ ១  វៀរចាក​មុសាវាទៈ ១  វៀរចាកសុរាមេរយមជ្ជប្បមាទដ្ឋាន ១។  ម្នាលភិក្ខុទាំងឡាយ  មាតុគ្រាម ប្រកបដោយធម៌ ៥ យ៉ាងនេះឯង  ទើបជាអ្នកក្លៀវក្លា នៅគ្រប់គ្រងផ្ទះបាន។  ចប់ សូត្រ ទី​  ៩ ។

[១៣៨]  ម្នាលភិក្ខុទាំងឡាយ  អរិយសាវិកា កាលបើចំរើន ដោយសេចក្តីចំរើន ៥ យ៉ាងហើយ  តែងចំរើនដោយសេចក្តីចំរើន ដ៏ប្រសើរ  ឈ្មោះថា ជាអ្នក​កាន់យក នូវទ្រព្យមានខ្លឹម  កាន់យកនូវទ្រព្យ ដ៏ប្រសើរ របស់កាយបាន។  សេចក្តីចំរើន ៥ យ៉ាង គឺអ្វីខ្លះ។  គឺចំរើនដោយសទ្ធា ១  ចំរើនដោយសីល ១  ចំរើនដោយសុតៈ ១  ចំរើនដោយចាគៈ ១  ចំរើនដោយបញ្ញា ១។  ម្នាលភិក្ខុទាំងឡាយ   អរិយសាវិកា  កាលបើចំរើនដោយសេចក្តីចំរើនទាំង ៥ យ៉ាងនេះហើយ  តែងចំរើនដោយសេចក្តី ចំរើនដ៏ប្រសើរ  ឈ្មោះថា ជាអ្នកកាន់យកនូវទ្រព្យមានខ្លឹម  កាន់យកនូវទ្រព្យ ដ៏ប្រសើរ  របស់កាយបាន ។

អរិយសាវិកា រមែងចំរើនដោយសទ្ធាផង  ដោយសីលផង ដោយបញ្ញាផង  និងចំរើនដោយហេតុទាំងពីរ គឺ​ ចាគៈផង សុតៈផង  ឧបាសិកា មានសីលបែបនោះ  រមែង​កាន់យកនូវទ្រព្យ មានខ្លឹមរបស់ខ្លួន ក្នុងលោកនេះដោយពិត។  ចប់ សូត្រ ទី​១០ ។

ចប់  មាតុគ្គាមពលវគ្គ ទី ២។

ឧទ្ទាននៃមាតុគ្គាមពលវគ្គនោះគឺ

និយាយអំពីមាតុគ្រាម ប្រកបដោយកម្លាំងប្រាំ ជាអ្នកក្លៀវក្លា ១  អំពី​មាតុគ្រាម​បង្រ្គបប្តី ១  អំពីមាតុគ្រាមគ្របសង្កត់ប្តី ១ អំពីមាតុគ្រាមប្រកបដោយអង្គ ១ អំពី​ពួកញាតិ ឲ្យមាតុគ្រាម​វិនាស ជាគម្រប់ប្រាំ ១ អំពីហេតុ ១ អំពីស្ថាន ២ លើក អំពីមាតុគ្រាមក្លៀវក្លា ១ អំពីអរិយសាវិកាចំរើន ដោយសេចក្តីចំរើន ១ រួមត្រូវជា ១០ ។

ចប់ មាតុគ្គាមសំយុត្ត។

ជម្ពុខាទកសំយុត្ត

[១៣៩] សម័យមួយ  ព្រះសារីបុត្តដ៏មានអាយុ គង់នៅក្នុងនាលគ្រាម  នាដែន​មគធៈ។  គ្រានោះឯង  បរិព្វាជកឈ្មោះ ជម្ពុខាទកៈ   បានចូលទៅរកព្រះសារីបុត្តដ៏មាន​អាយុ  លុះចូលទៅដល់ហើយ  ក៏ពោលសំណេះសំណាល ជាមួយនឹង​ព្រះសារីបុត្ត ដ៏មានអាយុ  លុះបញ្ចប់ពាក្យ ដែលគួររីករាយ និងពាក្យដែលគួររឭកហើយ  ក៏អង្គុយ​ក្នុងទីសមគួរ។  លុះជម្ពុខាទកបរិព្វាជក អង្គុយក្នុងទីសមគួរហើយ  ក៏និយាយនឹងព្រះ​សារីបុត្ត​ដ៏មានអាយុ ដូច្នេះថា  ម្នាលអាវុសោ សារីបុត្ត  គេតែងនិយាយ​ថា និព្វាន  និព្វាន  ម្នាលអាវុសោ  ដូចម្តេចហ្ន៎ ហៅថានិព្វាន។  ព្រះសារីបុត្តតបថា  ម្នាលអាវុសោ  សភាវៈ ដែលជាទីអស់ទៅ នៃរាគៈ  អស់ទៅនៃទោសៈ  អស់ទៅនៃមោហៈ  នេះហៅថា  និព្វាន។  ម្នាលអាវុសោ  ចុះមគ្គ និងបដិបទា ដែលប្រព្រឹត្តទៅ ដើម្បីធ្វើឲ្យ​ជាក់ច្បាស់ នូវព្រះនិព្វាន​នុ៎ះ មានដែរឬ។  ម្នាលអាវុសោ  មគ្គ និងបដិបទា ដែលប្រព្រឹត្តទៅ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវព្រះនិព្វាននុ៎ះ មានដែរ។  ម្នាលអាវុសោ  អ្វីជាមគ្គ  អ្វីជាបដិបទា ដែលប្រព្រឹត្តទៅ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវព្រះនិព្វាននុ៎ះ។  ម្នាលអាវុសោ  មគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរនេះហើយ  ដែលប្រព្រឹត្តទៅ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវព្រះនិព្វាននុ៎ះ។  មគ្គប្រកបដោយអង្គ ៨ តើដូចម្តេច។  គឺសមាទិដ្ឋិ ១  សម្មាសង្កប្បៈ ១  សម្មាវាចា ១  សម្មាកម្មន្តៈ ១  សម្មាអាជីវៈ ១  សម្មាវាយាមៈ ១  សម្មាសតិ ១  សម្មាសមាធិ ១។  ម្នាល​អាវុសោ  នេះហៅថា មគ្គ នេះហៅថា បដិបទា ដែលប្រព្រឹត្តទៅ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវព្រះនិព្វាននុ៎ះ។  ម្នាលអាវុសោ  មគ្គដ៏ចំរើន  បដិបទាដ៏ចំរើន  ដែលប្រព្រឹត្តទៅ ដើម្បីធ្វើ​ឲ្យជាក់ច្បាស់ នូវព្រះនិព្វាននុ៎ះបាន  ម្នាលអាវុសោសារីបុត្ត  បើដូច្នោះ  បុគ្គល គួរ (ដំកល់ចិត្ត) ក្នុងអប្បមាទធម៌ ។

[១៤០]  ម្នាលអាវុសោសារីបុត្ត  គេតែងនិយាយថា  អរហត្ត  អរហត្ត  ម្នាល​អាវុសោ ដូចម្តេចហ្ន៎ ហៅថា អរហត្ត។  ម្នាលអាវុសោ សភាវៈ ដែលជាទីអស់ទៅ នៃរាគៈ  អស់ទៅនៃទោសៈ  អស់ទៅនៃមោហៈ  នេះហៅថា អរហត្ត។  ម្នាលអាវុសោ  ចុះមគ្គ និងបដិបទា ដែលប្រព្រឹត្តទៅ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវអរហត្តនុ៎ះ មានដែរឬ។  ម្នាល​អាវុសោ  មគ្គ និងបដិបទា ដែលប្រព្រឹត្តទៅ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវអរហត្តនុ៎ះ មានដែរ។  ម្នាលអាវុសោ  អ្វីជាមគ្គ  អ្វីជាបដិបទា  ដែលប្រព្រឹត្តទៅ ដើម្បីធ្វើឲ្យជាក់​ច្បាស់ នូវអរហត្តនុ៎ះ។  ម្នាលអាវុសោ  មគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរនេះហើយ  ដែលប្រព្រឹត្តទៅ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវអរហត្តនុ៎ះ។  មគ្គប្រកបដោយអង្គ ៨ តើដូចម្តេច។  គឺសម្មាទិដ្ឋិ ១។ បេ។  សមាសម្មាធិ ១។  ម្នាលអាវុសោ  នេះហៅថា មគ្គ  នេះ ហៅថាបដិបទា  ដែលប្រព្រឹត្តទៅ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវអរហត្តនុ៎ះ។  ម្នាលអាវុសោ  មគ្គដ៏ចំរើន  បដិបទាដ៏ចំរើន  ដែលប្រព្រឹត្តទៅ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវអរហត្តនុ៎ះបាន  ម្នាលអាវុសោសារីបុត្ត  បើដូច្នោះ  បុគ្គលគួរ (ដំកល់ចិត្ត) ក្នុង​អប្បមាទធម៌ ។

[១៤១]  ម្នាលអាវុសោសារីបុត្ត  ពួកបុគ្គលដូចម្តេចហ្ន៎ ឈ្មោះថា ជាធម្មវាទី ក្នុងលោក  បុគ្គលដូចម្តេច ឈ្មោះថា ជាអ្នកប្រតិបត្តិល្អក្នុងលោក  បុគ្គលដូចម្តេច ជាអ្នក​មាន​ដំណើរល្អក្នុងលោក។ ម្នាលអាវុសោ  ពួកបុគ្គលឯណា សំដែងធម៌ ដើម្បី​លះបង់​នូវរាគៈ  សំដែងធម៌ ដើម្បីលះបង់នូវទោសៈ  សំដែងធម៌ ដើម្បីលះបង់នូវមោហៈ បុគ្គល​ទាំងនោះ ឈ្មោះថា ជាធម្មវាទីក្នុងលោក។  ម្នាលអាវុសោ  បុគ្គលទាំងឡាយឯណា ជាអ្នកប្រតិបត្តិ ដើម្បីលះបង់នូវរាគៈ  ប្រតិបត្តិ ដើម្បីលះបង់នូវទោសៈ ​ ប្រតិបត្តិ ដើម្បីលះបង់ នូវមោហៈ  បុគ្គលទាំងនោះ ឈ្មោះថា ជាអ្នកប្រតិបត្តិល្អក្នុងលោក។  ម្នាល​អាវុសោ  បុគ្គលទាំងឡាយឯណា លះបង់នូវរាគៈចោលហើយ  បានផ្តាច់ផ្តិលឫសគល់ អស់ហើយ  បានធ្វើឲ្យនៅសល់តែទីនៅ ដូចជាទីនៅនៃដើមត្នោត  ធ្វើឲ្យសាបសូន្យទៅ  មានសភាពមិនកើតឡើងតទៅទៀតឡើយ  លះបង់នូវទោសៈចោលហើយ  បាន​ផ្តាច់ផ្តិល​ឫសគល់អស់ហើយ  បានធ្វើឲ្យនៅសល់តែទីនៅ ដូចជាទីនៅ នៃដើមត្នោត  ធ្វើឲ្យសាបសូន្យទៅ មានសភាពមិនកើតឡើងតទៅទៀតឡើយ លះបង់នូវមោហៈ ចោលហើយ  បានផ្តាច់ផ្តិលឫសគល់អស់ហើយ  បានធ្វើឲ្យនៅសល់តែទីនៅ ដូចជា ទីនៅ នៃដើមត្នោត  ធ្វើឲ្យសាបសូន្យទៅ  មានសភាពមិនកើតឡើងតទៅទៀតឡើយ  បុគ្គលទាំងនោះ ឈ្មោះថា ជាអ្នកមានដំណើរល្អក្នុងលោក។  ម្នាលអាវុសោ  មគ្គ និង បដិបទា ដែលប្រព្រឹត្តទៅ ដើម្បីលះបង់នូវរាគៈ ទោសៈ មោហៈនុ៎ះ មានដែរឬ។  ម្នាលអាវុសោ  មគ្គ និងបដិបទា ដែលប្រព្រឹត្តទៅ ដើម្បីលះបង់នូវរាគៈ ទោសៈ មោហៈនុ៎ះ មានដែរ។    ម្នាលអាវុសោ  អ្វីជាមគ្គ  អ្វីជាបដិបទា ដែលប្រព្រឹត្តទៅ ដើម្បីលះបង់ នូវរាគៈ ទោសៈ មោហៈនុ៎ះ។   ម្នាលអាវុសោ  មគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរនេះឯងហើយ ដែលប្រព្រឹត្តទៅ ដើម្បីលះបង់នូវរាគៈ ទោសៈ មោហៈនុ៎ះ។  មគ្គប្រកបដោយអង្គ ៨ តើដូចម្តេច។  គឺសម្មាទិដ្ឋិ ១។បេ​។  សម្មាសមាធិ ១។  ម្នាលអាវុសោ  នេះហៅថាមគ្គ  នេះហៅថាបដិបទា  ដែលប្រព្រឹត្តទៅ ដើម្បីលះបង់ នូវរាគៈ ទោសៈ មោហៈនុ៎ះ។  ម្នាលអាវុសោ  មគ្គដ៏ចំរើន  បដិបទាដ៏ចំរើន  ដែលប្រព្រឹត្តទៅ ដើម្បីលះបង់នូវរាគៈ ទោសៈ មោហៈនុ៎ះបាន  ម្នាលអាវុសោសារីបុត្ត  បើដូច្នោះ  បុគ្គល  គួរ (ដំកល់ចិត្ត)  ក្នុងអប្បមាទធម៌។

[១៤២]  ម្នាលអាវុសោសារីបុត្ត  បុគ្គលប្រព្រឹត្តព្រហ្មចរិយធម៌ ក្នុងសំណាក់ ព្រះសមណ​គោតម  តើដើម្បីប្រយោជន៍អ្វី។  ម្នាលអាវុសោ  បុគ្គលប្រព្រឹត្ត ព្រហ្មចរិយធម៌ ក្នុងសំណាក់ព្រះដ៏មានព្រះភាគ  ដើម្បីកំណត់ដឹង នូវសេចក្តីទុក្ខ។  ម្នាល​អាវុសោ មគ្គ និងបដិបទា ដែលប្រព្រឹត្តទៅ ដើម្បីកំណត់ដឹង នូវសេចក្តីទុក្ខនុ៎ះ មានដែរ​ឬ។  ម្នាលអាវុសោ  មគ្គ និងបដិបទា ដែលប្រព្រឹត្តទៅ ដើម្បីកំណត់ដឹង នូវសេចក្តីទុក្ខ នុ៎ះ មានដែរ។  ម្នាលអាវុសោ  អ្វីជាមគ្គ  អ្វីជាបិបទា ដែលប្រព្រឹត្តទៅ ដើម្បីកំណត់ដឹង នូវសេចក្តីទុក្ខនុ៎ះ។  ម្នាលអាវុសោ  មគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរនេះឯងហើយ ដែលប្រព្រឹត្តទៅ ដើម្បីកំណត់ដឹង នូវសេចក្តីទុក្ខនុ៎ះ។  មគ្គប្រកបដោយអង្គ ៨ តើដូច​ម្តេច។  គឺសម្មាទិដ្ឋិ ១។បេ។  សម្មាសមាធិ ១។  ម្នាលអាវុសោ  នេះហៅថាមគ្គ  នេះហៅថាបដិបទា  ដែលប្រព្រឹត្តទៅ ដើម្បីកំណត់ដឹង នូវសេចក្តីទុក្ខនុ៎ះ។  ម្នាល​អាវុសោ  មគ្គដ៏ចំរើន  បដិបទាដ៏ចំរើន  ដែលប្រព្រឹត្តទៅ ដើម្បីកំណត់ដឹង នូវសេចក្តី​ទុក្ខនុ៎ះ  ម្នាលអាវុសោសារីបុត្ត  បើដូច្នោះ  បុគ្គលគួរ (ដំកល់ចិត្ត) ក្នុងអប្បមាទធម៌ ។

[១៤៣]  ម្នាលអាវុសោសារីបុត្ត  គេតែងនិយាយថា  ភិក្ខុដល់នូវការដកដង្ហើម ចេញ ដល់នូវការដកដង្ហើមចេញ  ម្នាលអាវុសោសារីបុត្ត  ភិក្ខុដល់នូវការដកដង្ហើម​ចេញ ដោយហេតុយ៉ាងណា។  ម្នាលអាវុសោ  កាលភិក្ខុដឹងច្បាស់ នូវការកើតឡើងផង  នូវសេចក្តីវិនាសផង  នូវអានិសង្សផង  នូវទោសផង  នូវការរលាស់ចេញផង  នៃផស្សាយតនៈ ទាំង ៦ ​តាមសេចក្តីពិត  ម្នាលអាវុសោ  ភិក្ខុជាអ្នកដល់ នូវការដកដង្ហើមចេញ ដោយហេតុយ៉ាងនេះឯង។  ម្នាលអាវុសោ  មគ្គ និងបដិបទា ដែលប្រព្រឹត្តទៅ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវការដកដង្ហើមចេញនុ៎ះ មានដែរឬ។  ម្នាលអាវុសោ  មគ្គ និងបដិបទា ដែលប្រព្រឹត្តទៅ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវការដកដង្ហើមចេញនុ៎ះ មានដែរ។  ម្នាលអាវុសោ  អ្វីជាមគ្គ  អ្វីជាបដិបទា ដែលប្រព្រឹត្តទៅ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវការដកដង្ហើមចេញនុ៎ះ។  ម្នាលអាវុសោ មគ្គប្រកបដោយអង្គ ៨ ដ៏ ប្រសើរនេះឯងហើយ ដែលប្រព្រឹត្តទៅ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវការដកដង្ហើមចេញនុ៎ះ។  មគ្គប្រកបដោយ អង្គ ៨ តើដូចម្តេច។  គឺសម្មាទិដ្ឋិ ១។បេ។  សម្មាសមាធិ ១។  ម្នាលអាវុសោ  នេះហៅថាមគ្គ  នេះហៅថាបដិបទា  ដែលប្រព្រឹត្តទៅ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវការដកដង្ហើមចេញនុ៎ះ។  ម្នាលអាវុសោ  មគ្គដ៏ចំរើន  បដិបទា​ដ៏ចំរើន  ដែលប្រព្រឹត្តទៅ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវការដកដង្ហើមចេញនុ៎ះ  ម្នាលអាវុសោ​សារីបុត្ត  បើដូច្នោះ បុគ្គលគួរ (ដំកល់ចិត្ត) ក្នុងអប្បមាទធម៌ ។

[១៤៤]  ម្នាលអាវុសោសារីបុត្ត  គេតែងនិយាយថា  ភិក្ខុដល់នូវការដកដង្ហើម​ចេញ​ដ៏ឧត្តម  ដល់នូវការដកដង្ហើមចេញដ៏ឧត្តម  ម្នាលអាវុសោ  ភិក្ខុជាអ្នកដល់ នូវ​ការដកដង្ហើមចេញដ៏ឧត្តម ដោយហេតុយ៉ាងណា។  ម្នាលអាវុសោ  កាលណាភិក្ខុដឹង​ច្បាស់ នូវការកើតឡើងផង នូវការវិនាសផង នូវអនិសង្សផង នូវទោសផង នូវការ​រលាស់​ចេញ​ផង  នៃផស្សាយតនៈ ទាំង ៦ តាមសេចក្តីពិត  ជាអ្នកផុតស្រឡះ ព្រោះមិនប្រកាន់  ម្នាលអាវុសោ  ភិក្ខុជាអ្នកដល់ នូវការដកដង្ហើមចេញដ៏ឧត្តម ដោយហេតុយ៉ាង នេះឯង។  ម្នាលអាវុសោ  មគ្គ និងបដិបទា ដែលប្រព្រឹត្តទៅ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវការដកដង្ហើមចេញ ដ៏ឧត្តមនុ៎ះ មានដែរឬ។  ម្នាលអាវុសោ មគ្គ និងបដិបទា ដែល​ប្រព្រឹត្តទៅ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវការដកដង្ហើមចេញដ៏ឧត្តមនុ៎ះ មានដែរ។  ម្នាល​អាវុសោ  អ្វីជាមគ្គ  អ្វីជាបដិបទា ដែលប្រព្រឹត្តទៅ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវការដក​ដង្ហើមចេញដ៏ឧត្តមនុ៎ះ។  ម្នាលអាវុសោ  មគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរនេះឯងហើយ ដែលប្រព្រឹត្តទៅ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវការដកដង្ហើមចេញដ៏ឧត្តមនុ៎ះ។  មគ្គ ប្រកប​ដោយអង្គ ៨ តើដូចម្តេច។  គឺសម្មាទិដ្ឋិ ១។បេ។  សម្មាសមាធិ ១។  ម្នាលអាវុសោ  នេះហៅថាមគ្គ នេះហៅថាបដិបទា ដែលប្រព្រឹត្តទៅ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវការដក​ដង្ហើមចេញដ៏ឧត្តមនុ៎ះ។  ម្នាលអាវុសោ  មគ្គដ៏ចំរើន  បដិបទាដ៏ចំរើន  ដែលប្រព្រឹត្តទៅ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវការដកដង្ហើមចេញដ៏ឧត្តមនុ៎ះ  ម្នាលអាវុសោសារីបុត្ត  បើ​ដូច្នោះ  បុគ្គលគួរ (ដំកល់ចិត្ត) ក្នុងអប្បមាទធម៌។

[១៤៥]  ម្នាលអាវុសោសារីបុត្ត គេតែងនិយាយថា  វេទនា ៗ  ម្នាលអាវុសោ  វេទនា តើដូចម្តេច។  ម្នាលអាវុសោ  វេទនានេះ មាន ៣ ប្រការ។  វេទនា ៣ ប្រការ គឺអ្វីខ្លះ។  គឺសុខវេទនា ១  ទុក្ខវេទនា ១  អទុក្ខមសុខវេទនា ១។  ម្នាលអាវុសោ  វេទនា មាន ៣ ប្រការនេះឯង។  ម្នាលអាវុសោ  មគ្គ និងបដិបទា ដែលប្រព្រឹត្តទៅ ដើម្បី​កំណត់ដឹង នូវវេទនា ទាំង ៣ នុ៎ះ មានដែរឬ។  ម្នាលអាវុសោ  មគ្គ និងបដិបទា ដែល​ប្រព្រឹត្តទៅ ដើម្បីកំណត់ដឹង នូវវេទនា ទាំង ៣ ប្រការនុ៎ះ មានដែរ។  ម្នាលអាវុសោ  អ្វីជាមគ្គ  អ្វីជាបដិបទា ដែលប្រព្រឹត្តទៅ ដើម្បីកំណត់ដឹង នូវវេទនា ទាំង ៣ ប្រការនុ៎ះ។  ម្នាលអាវុសោ  មគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរនេះឯងហើយ ដែលប្រព្រឹត្តទៅ ដើម្បី​កំណត់ដឹង នូវវេទនា ទាំង ៣ ប្រការនុ៎ះ។  មគ្គ ប្រកបដោយអង្គ ៨ តើដូចម្តេច។  គឺ សម្មាទិដ្ឋិ ១។ បេ។  សម្មាសមាធិ ១។  ម្នាលអាវុសោ  នេះហៅថាមគ្គ  នេះហៅ​ថាបដិបទា  ដែលប្រព្រឹត្តទៅ ដើម្បីកំណត់ដឹង នូវវេទនា ទាំង ៣ ប្រការនុ៎ះ។  ម្នាលអាវុសោ  មគ្គ​ដ៏ចំរើន  បដិបទាដ៏ចំរើន  ដែលប្រព្រឹត្តទៅ ដើម្បីកំណត់ដឹង នូវវេទនា ទាំង ៣ ប្រការនុ៎ះ  ម្នាលអាវុសោសារីបុត្ត  បើដូច្នោះ បុគ្គលគួរ (ដំកល់ចិត្ត) ក្នុង អប្បមាទធម៌​​ ។

[១៤៦]  ម្នាលអាវុសោសារីបុត្ត  គេតែងនិយាយថា  អាសវៈ ៗ  ម្នាលអាវុសោ  អាសវៈ តើដូចម្តេច។  ម្នាលអាវុសោ  អាសវៈទាំងនេះ មាន ៣ ប្រការ គឺ កាមាសវៈ ១  ភវាសវៈ ១  អវិជ្ជាសវៈ ១។  ម្នាលអាវុសោ  អាសវៈ មាន ៣ ប្រការនេះឯង។  ម្នាលអាវុសោ  មគ្គ និងបដិបទា ដែលប្រព្រឹត្តទៅ ដើម្បីលះបង់ នូវអាសវៈទាំងនុ៎ះ មានដែរ ឬ។  ម្នាលអាវុសោ  មគ្គ និងបដិបទា ដែលប្រព្រឹត្តទៅ ដើម្បីលះបង់ នូវអាសវៈទាំងនុ៎ះ មានដែរ។  ម្នាលអាវុសោ  អ្វីជាមគ្គ  អ្វីជាបដិបទា ដែលប្រព្រឹត្តទៅ ដើម្បីលះបង់ នូវអាសវៈទាំងនុ៎ះ។  ម្នាលអាវុសោ  មគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរនេះ​ឯងហើយ ដែលប្រព្រឹត្តទៅ ដើម្បីលះបង់ នូវអាសវៈទាំងនុ៎ះ។  មគ្គប្រកបដោយអង្គ ៨ តើដូចម្តេច។  គឺសម្មាទិដ្ឋិ ១។ បេ។  សម្មាសមាធិ ១។  ម្នាលអាវុសោ  នេះហៅថាមគ្គ  នេះហៅថា បដិបទា ដែលប្រព្រឹត្តទៅ ដើម្បីលះបង់ នូវអាសវៈទាំងនុ៎ះ។  ម្នាលអាវុសោ  មគ្គដ៏ចំរើន  បដិបទាដ៏ចំរើន ដែលប្រព្រឹត្តទៅ ដើម្បីលះបង់នូវអាសវៈទាំងនុ៎ះ  ម្នាល​អាវុសោសារីបុត្ត  បើដូច្នោះ បុគ្គលគួរ (ដំកល់ចិត្ត) ក្នុងអប្បមាទធម៌​​។

[១៤៧]  ម្នាលអាវុសោសារីបុត្ត  គេតែងនិយាយថា  អវិជ្ជា ៗ  ម្នាលអាវុសោ  អវិជ្ជា តើដូចម្តេច។  ម្នាលអាវុសោ  ការមិនដឹង ក្នុងទុក្ខឯណា  ការមិនដឹង ក្នុងហេតុ ជាដែនកើត នៃទុក្ខឯណា  ការមិនដឹង ក្នុងហេតុជាទីរលត់ទុក្ខឯណា  ការមិនដឹងក្នុង បដិបទា ជាដំណើរទៅកាន់ទីរលត់ទុក្ខឯណា  ម្នាលអាវុសោ  នេះហៅថា អវិជ្ជា។  ម្នាល​អាវុសោ  មគ្គ និងបដិបទា ដែលប្រព្រឹត្តទៅ ដើម្បីលះបង់ នូវអវិជ្ជានុ៎ះ មានដែរឬ ។  ម្នាលអាវុសោ  មគ្គ និងបដិបទា ដែលប្រព្រឹត្តទៅ ដើម្បីលះបង់ នូវអវិជ្ជានុ៎ះ មានដែរ។  ម្នាលអាវុសោ  អ្វីជាមគ្គ  អ្វីជាបដិបទា ដែលប្រព្រឹត្តទៅ ដើម្បីលះបង់ នូវអវិជ្ជានុ៎ះ។  ម្នាលអាវុសោ  មគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរនេះឯងហើយ ដែលប្រព្រឹត្តទៅ ដើម្បី​លះបង់នូវអវិជ្ជានុ៎ះ។  មគ្គប្រកបដោយអង្គ ៨ តើដូចម្តេច។  គឺសម្មាទិដ្ឋិ ១។ បេ។  សម្មាសមាធិ ១។  ម្នាលអាវុសោ  នេះហៅថាមគ្គ  នេះហៅថា បដិបទា ដែលប្រព្រឹត្តទៅ ដើម្បីលះបង់នូវអវិជ្ជានុ៎ះ។  ម្នាលអាវុសោ  មគ្គដ៏ចំរើន  បដិបទាដ៏ចំរើន ដែល​ប្រព្រឹត្តទៅ ដើម្បីលះបង់ នូវអវិជ្ជានុ៎ះ  ម្នាលអាវុសោសារីបុត្ត បើដូច្នោះ បុគ្គលគួរ (ដំកល់ចិត្ត) ក្នុងអប្បមាទធម៌ ។

[១៤៨]  ម្នាលអាវុសោសារីបុត្ត  គេតែងនិយាយថា  តណ្ហា ៗ  ម្នាលអាវុសោ  តណ្ហា តើដូចម្តេច។  ម្នាលអាវុសោ  តណ្ហានេះ មាន ៣ ប្រការ គឺ កាមតណ្ហា ១  ភវតណ្ហា​ ១  វិភវតណ្ហា ១។  ម្នាលអាវុសោ  តណ្ហា មាន ៣ ប្រការនេះឯង។  ម្នាល​អាវុសោ  មគ្គ និងបដិបទា ដែលប្រព្រឹត្តទៅ ដើម្បីលះបង់ នូវតណ្ហាទាំងនុ៎ះ មានដែរឬ។  ម្នាលអាវុសោ  មគ្គ និងបដិបទា ដែលប្រព្រឹត្តទៅ ដើម្បីលះបង់ នូវតណ្ហាទាំងនុ៎ះ មាន​ដែរ។  ម្នាលអាវុសោ អ្វីជាមគ្គ  អ្វីជាបដិបទា ដែលប្រព្រឹត្តទៅ ដើម្បីលះបង់ នូវតណ្ហាទាំងនុ៎ះ។  ម្នាលអាវុសោ  មគ្គប្រកបដោយអង្គ​ ៨ ដ៏ប្រសើរនេះឯងហើយ ដែលប្រព្រឹត្តទៅ ដើម្បីលះបង់ នូវតណ្ហាទាំងនុ៎ះ។  មគ្គប្រកបដោយអង្គ ៨ តើដូចម្តេច។  គឺសម្មាទិដ្ឋិ ១។បេ។  សម្មាសមាធិ១។  ម្នាលអាវុសោ  នេះហៅថាមគ្គ  នេះហៅថា បដិបទា ដែលប្រព្រឹត្តទៅ ដើម្បីលះបង់ នូវតណ្ហាទាំងនុ៎ះ។  ម្នាលអាវុសោ  មគ្គដ៏ចំរើន  បដិបទាដ៏ចំរើន  ដែលប្រព្រឹត្តទៅ ដើម្បីលះបង់ នូវតណ្ហាទាំងនុ៎ះ ម្នាលអាវុសោសារីបុត្ត បើដូច្នោះ  បុគ្គលគួរ (ដំកល់ចិត្ត) ក្នុងអប្បមាទធម៌ ។

[១៤៩]  ម្នាលអាវុសោសារីបុត្ត  គេតែងនិយាយថា  ឱឃៈ ៗ ម្នាលអាវុសោ  ឱឃៈ  តើដូចម្តេច។  ម្នាលអាវុសោ  ឱឃៈនេះ មាន ៤ ប្រការ គឺ កាមោឃៈ១  ភវោឃៈ ១  ទិដ្ឋោឃៈ ១  អវិជ្ជោឃៈ ១។  ម្នាលអាវុសោ  ឱឃៈ មាន ៤ ប្រការនេះឯង។  ម្នាល​អាវុសោ  មគ្គ  និងបដិបទា ដែលប្រព្រឹត្តទៅ ដើម្បីលះបង់ នូវឱឃៈទាំងនុ៎ះ  មានដែរឬ។ ម្នាលអាវុសោ  មគ្គ និងបដិបទា ដែលប្រព្រឹត្តទៅ ដើម្បីលះបង់ នូវឱឃៈទាំងនុ៎ះ  មានដែរ។  ម្នាលអាវុសោ អ្វីជាមគ្គ អ្វីជាបដិបទា ដែលប្រព្រឹត្តទៅ ដើម្បីលះបង់ នូវឱឃៈទាំងនុ៎ះ។  ម្នាលអាវុសោ  មគ្គប្រកបដោយអង្គ ​៨ ដ៏ប្រសើរនេះឯងហើយ ដែលប្រព្រឹត្តទៅ ដើម្បីលះបង់ នូវឱឃៈទាំងនុ៎ះ។  មគ្គប្រកបដោយអង្គ ៨ តើដូចម្តេច។  គឺសម្មាទិដ្ឋិ ១។បេ។  សម្មាសមាធិ ១។  ម្នាលអាវុសោ  នេះហៅថាមគ្គ  នេះហៅថាបដិបទា ដែលប្រព្រឹត្តទៅ ដើម្បីលះបង់ នូវឱឃៈទាំងនុ៎ះ។  ម្នាលអាវុសោ  មគ្គដ៏ចំរើន  បដិបទាដ៏ចំរើន  ដែលប្រព្រឹត្តទៅ ដើម្បីលះបង់ នូវឱឃៈទាំងនុ៎ះ  ម្នាលអាវុសោសារីបុត្ត  បើដូច្នោះ  បុគ្គលគួរ     (ដំកល់ចិត្ត) ក្នុងអប្បមាទធម៌ ។

[១៥០]  ម្នាលអាវុសោសារីបុត្ត  គេតែងនិយាយថា  ឧបាទាន ៗ  ម្នាលអាវុសោ សារីបុត្ត  ឧបាទាន តើដូចម្តេច។  ម្នាលអាវុសោ  ឧបាទាននេះ មាន ៤ យ៉ាង                 គឺ កាមុបាទាន ១  ទិដ្ឋុបាទាន ១  សីលព្វតុបាទាន ១  អត្តវាទុបាទាន ១។  ម្នាលអាវុសោ  ឧបាទាន មាន ៤ នេះឯង។  ម្នាលអាវុសោ  មគ្គ និងបដិបទា ដែលប្រព្រឹត្តទៅ ដើម្បី​លះបង់ នូវឧបាទានទាំងនុ៎ះ មានដែរឬ។ ម្នាលអាវុសោ  មគ្គ និងបដិបទា ដែលប្រព្រឹត្តទៅ ដើម្បីលះបង់ នូវឧបាទានទាំងនុ៎ះ មានដែរ។  ម្នាលអាវុសោ ចុះអ្វីជាមគ្គ  អ្វីជាបដិបទា ដែលប្រព្រឹត្តទៅ ដើម្បីលះបង់ នូវឧបាទានទាំងនុ៎ះ។  ម្នាលអាវុសោ  មគ្គ ប្រកប​ដោយអង្គ​ ៨ ដ៏ប្រសើរនេះឯង ដែលប្រព្រឹត្តទៅ ដើម្បីលះបង់ នូវឧបាទាន​ទាំងនុ៎ះ។  មគ្គប្រកបដោយអង្គ ៨ តើដូចម្តេច។  គឺសម្មាទិដ្ឋិ ១។ បេ។  សម្មាសមាធិ ១។  ម្នាលអាវុសោ  នេះហៅថាមគ្គ  នេះហៅថាបដិបទា ដែលប្រព្រឹត្តទៅ ដើម្បីលះបង់ នូវឧបាទានទាំងនុ៎ះ។  ម្នាលអាវុសោ  មគ្គដ៏ចំរើន  បដិបទាដ៏ចំរើន  ដែលប្រព្រឹត្តទៅ ដើម្បីលះបង់ឧបាទានទាំងនុ៎ះ  ម្នាលអាវុសោសារីបុត្ត  បើដូច្នោះ បុគ្គលគួរ (ដំកល់ចិត្ត) ក្នុងអប្បមាទធម៌។

[១៥១]  ម្នាលអាវុសោសារីបុត្ត  គេតែងនិយាយថា  ភព ៗ  ម្នាលអាវុសោ សារីបុត្ត  ភព តើដូចម្តេច។   ម្នាលអាវុសោ  ភពនេះ មាន ៣ ប្រការ គឺ កាមភព១  រូបភព ១  អរូបភព ១។  ម្នាលអាវុសោ  ភព មាន ៣ ប្រការនេះឯង។  ម្នាលអាវុសោ  មគ្គ និងបដិបទា ដែលប្រព្រឹត្តទៅ ដើម្បីកំណត់ដឹង នូវភពទាំងនុ៎ះ មានដែរឬ។ ម្នាលអាវុសោ មគ្គ និងបដិបទា ដែលប្រព្រឹត្តទៅ ដើម្បីកំណត់ដឹង នូវភពទាំងនុ៎ះ មានដែរ។  ម្នាលអាវុសោ ចុះអ្វីជាមគ្គ  អ្វីជាបដិបទា ដែលប្រព្រឹត្តទៅ ដើម្បីកំណត់ដឹង នូវភពទាំង​នុ៎ះ។  ម្នាលអាវុសោ  មគ្គប្រកបដោយអង្គ​ ៨ ដ៏ប្រសើរនេះឯង ដែលប្រព្រឹត្តទៅ ដើម្បី​កំណត់ដឹង នូវភពទាំងនុ៎ះ។  មគ្គប្រកបដោយអង្គ ៨ តើដូចម្តេច។  គឺសម្មាទិដ្ឋិ ១។បេ។  សម្មាសមាធិ ១។  ម្នាលអាវុសោ  នេះហៅថាមគ្គ  នេះហៅថាបដិបទា ដែលប្រព្រឹត្តទៅ ដើម្បីកំណត់ដឹង នូវភពទាំងនុ៎ះ។  ម្នាលអាវុសោ  មគ្គដ៏ចំរើន  បដិបទា ដ៏ចំរើន  ដែលប្រព្រឹត្តទៅ ដើម្បីកំណត់ដឹង នូវភពទាំងនុ៎ះ  ម្នាលអាវុសោសារីបុត្ត  បើដូច្នោះ  បុគ្គលគួរ (ដំកល់ចិត្ត) ក្នុងអប្បមាទធម៌ ។

[១៥២]  ម្នាលអាវុសោសារីបុត្ត  គេតែងនិយាយថា  ទុក្ខ ៗ  ម្នាលអាវុសោ ទុក្ខ តើដូចម្តេច។  ម្នាលអាវុសោ  សេចក្តីទុក្ខនេះ មាន ៣ ប្រការ គឺ ទុក្ខទុក្ខតា ១  សង្ខារទុក្ខតា ១  វិបរិណាមទុក្ខតា ១។  ម្នាលអាវុសោ  សេចក្តីទុក្ខ មាន ៣ ប្រការ នេះឯង។   ម្នាលអាវុសោ  មគ្គ និងបដិបទា ដែលប្រព្រឹត្តទៅ ដើម្បីកំណត់ដឹង នូវសេចក្តី​ទុក្ខទាំងនុ៎ះ មានដែរឬ។ ម្នាលអាវុសោ  មគ្គ និងបដិបទា ដែលប្រព្រឹត្តទៅ ដើម្បីកំណត់​ដឹង នូវសេចក្តីទុក្ខទាំងនុ៎ះ មានដែរ។  ម្នាលអាវុសោ ចុះអ្វីជាមគ្គ  អ្វីជាបដិបទា ដែល​ប្រព្រឹត្តទៅ ដើម្បីកំណត់ដឹង នូវសេចក្តីទុក្ខទាំងនុ៎ះ។  ម្នាលអាវុសោ  មគ្គប្រកបដោយ​អង្គ​ ៨ ដ៏ប្រសើរនេះឯង ដែលប្រព្រឹត្តទៅ ដើម្បីកំណត់ដឹង នូវសេចក្តីទុក្ខទាំងនុ៎ះ។  មគ្គ ប្រកប​ដោយអង្គ ៨ តើដូចម្តេច។  គឺសម្មាទិដ្ឋិ ១។ បេ។  សម្មាសមាធិ ១។  ម្នាលអាវុសោ  នេះហៅថាមគ្គ  នេះហៅថាបដិបទា ដែលប្រព្រឹត្តទៅ ដើម្បីកំណត់ដឹង នូវ​សេចក្តីទុក្ខទាំងនុ៎ះ។  ម្នាលអាវុសោ  មគ្គដ៏ចំរើន  បដិបទាដ៏ចំរើន  ដែលប្រព្រឹត្តទៅ ដើម្បីកំណត់ដឹង នូវសេចក្តីទុក្ខទាំងនុ៎ះ  ម្នាលអាវុសោសារីបុត្ត    បើដូច្នោះ   បុគ្គលគួរ      (ដំកល់ចិត្ត) ក្នុងអប្បមាទធម៌ ។

[១៥៣]  ម្នាលអាវុសោសារីបុត្ត  គេតែងនិយាយថា  សក្កាយ ៗ  ម្នាលអាវុសោ  សក្កាយ តើដូចម្តេច។  ម្នាលអាវុសោ  ឧបាទានក្ខន្ធ ទាំង ៥ នេះ  ព្រះដ៏មានព្រះភាគ ត្រាស់ថា​សក្កាយ។  ឧបាទានក្ខន្ធ ទាំង ៥ តើដូចម្តេច។  គឺ រូបូបាទានក្ខន្ធ ១  វេទនូបាទានក្ខន្ធ ១  សញ្ញូបាទានក្ខន្ធ ១  សង្ខារូបាទានក្ខន្ធ ១  វិញ្ញាណូបាទានក្ខន្ធ ១  ម្នាលអាវុសោ  ឧបាទានក្ខន្ធ ទាំង ៥ នេះឯង  ដែលព្រះដ៏មានព្រះភាគ ត្រាស់ថា      សក្កាយ។  ម្នាលអាវុសោ  មគ្គ និងបដិបទា ដែលប្រព្រឹត្តទៅ ដើម្បីកំណត់ដឹង នូវ​សក្កាយនុ៎ះ មានដែរឬ។ ម្នាលអាវុសោ  មគ្គ និងបដិបទា ដែលប្រព្រឹត្តទៅ ដើម្បីកំណត់​ដឹង នូវសក្កាយនុ៎ះ មានដែរ។  ម្នាលអាវុសោ ចុះអ្វីជាមគ្គ  អ្វីជាបដិបទា ដែលប្រព្រឹត្ត​ទៅ ដើម្បីកំណត់ដឹង នូវសក្កាយនុ៎ះ។  ម្នាលអាវុសោ  មគ្គប្រកបដោយអង្គ​ ៨ ដ៏ប្រសើរ នេះឯង ដែលប្រព្រឹត្តទៅ ដើម្បីកំណត់ដឹង នូវសក្កាយនុ៎ះ។  មគ្គប្រកបដោយអង្គ ៨ តើដូចម្តេច។  គឺសម្មាទិដ្ឋិ ១។ បេ។  សម្មាសមាធិ ១។  ម្នាលអាវុសោ  នេះហៅថាមគ្គ  នេះហៅថាបដិបទា ដែលប្រព្រឹត្តទៅ ដើម្បីកំណត់ដឹង នូវសក្កាយនុ៎ះ។  ម្នាលអាវុសោ  មគ្គដ៏ចំរើន  បដិបទាដ៏ចំរើន  ដែលប្រព្រឹត្តទៅ ដើម្បីកំណត់ដឹង នូវសក្កាយនុ៎ះ  ម្នាលអាវុសោសារីបុត្ត    បើដូច្នោះ   បុគ្គលគួរ (ដំកល់ចិត្ត) ក្នុងអប្បមាទធម៌ ។

[១៥៤]  ម្នាលអាវុសោសារីបុត្ត  អ្វីហ្ន៎ ដែលបុគ្គលធ្វើបានដោយកម្រ ក្នុង​ធម្មវិន័យ​នេះ។  ម្នាលអាវុសោ  បព្វជ្ជា ដែលបុគ្គលធ្វើបានដោយកម្រ ក្នុងធម្មវិន័យនេះ។  ម្នាលអាវុសោ  ចុះអ្វី ដែលបព្វជិត ធ្វើបានដោយកម្រ។  ម្នាលអាវុសោ  សេចក្តីត្រេកអរ (មិនអផ្សុក ក្នុងបព្វជ្ជានេះឯង) ដែលបព្វជិត ធ្វើបានដោយកម្រ។  ម្នាលអាវុសោ សារីបុត្ត ចុះអ្វី ដែលបព្វជិត មានសេចក្តីត្រេកអរ ធ្វើបានដោយកម្រ។  ម្នាលអាវុសោ  សេចក្តីប្រតិបត្តិ នូវធម៌តាមធម៌ (នេះឯង) ដែលបព្វជិត ធ្វើបានដោយកម្រ។​  ម្នាលអាវុសោ  ភិក្ខុបានប្រតិបត្តិ នូវធម៌តាមធម៌  តើយូរប៉ុន្មានទៅ ទើបសម្រេចជា​ព្រះ​អរហន្ត​បាន។  ម្នាលអាវុសោ  មិនជាយូរប៉ុន្មានទេ។

ចប់  ជម្ពុខាទកសំយុត្ត ។

ឧទ្ទាននៃជម្ពុខាទកសំយុត្តនោះគឺ

និយាយអំពីព្រះនិព្វាន ១  អំពីព្រះអរហត្ត ១  អំពីធម្មវាទីបុគ្គល ១  អំពី​ការប្រព្រឹត្តិ​ព្រហ្មចរិយៈ ដើម្បីប្រយោជន៍អ្វី ១  អំពីការដកដង្ហើមចេញ ១ អំពី​ការដក​ដង្ហើម​ចេញដ៏ឧត្តម ១  អំពីវេទនា ១  អំពីអាសវៈ ១  អំពីអវិជ្ជា ១  អំពីតណ្ហា ១  អំពី​ឱឃៈ ១  អំពីឧបាទាន ១  អំពីភព ១  អំពីទុក្ខ១អំពីសក្កាយ ១ អំពីសេចក្តី​ត្រេកអរ ដែល​បព្វជិតធ្វើបានដោយកម្រ ក្នុងធម្មវិន័យនេះ ១។

សាមណ្ឌកសំយុត្ត

[១៥៥]  សម័យមួយ ព្រះសារីបុត្តដ៏មានអាយុ គង់នៅទៀបឆ្នេរទន្លេគង្គា  ទៀប​ស្រុកឧគ្គចេលា  ក្នុងដែនវជ្ជី។  គ្រានោះឯង  បរិព្វាជក ឈ្មោះ សាមណ្ឌក ចូលទៅ​រក​ព្រះសារីបុត្តដ៏មានអាយុ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹង​ព្រះសារីបុត្ត​ដ៏មានអាយុ លុះបញ្ចប់ពាក្យ ដែលគួររីករាយ និងពាក្យដែលគួររឭកហើយ ក៏អង្គុយក្នុងទីដ៏សមគួរ។ លុះសាមណ្ឌកបរិព្វាជក អង្គុយក្នុងទីដ៏សមគួរហើយ ក៏​និយាយ​នឹងព្រះសារីបុត្តដ៏មានអាយុ ដូច្នេះ​ថា ម្នាលអាវុសោសារីបុត្ត គេតែងនិយាយថា និព្វាន ៗ ម្នាលអាវុសោ និព្វាន តើដូចម្តេច។ ម្នាលអាវុសោ សភាវៈ ដែលជាទីអស់ទៅនៃរាគៈ  អស់ទៅនៃទោសៈ  អស់ទៅនៃមោហៈ  នេះហៅថា និព្វាន។ ម្នាលអាវុសោ  មគ្គ និងបដិបទា សម្រាប់ធ្វើអោយជាក់ច្បាស់ នូវព្រះនិព្វាននុ៎ះ​ មានដែរឬ។ ម្នាលអាវុសោ មគ្គ និងបដិបទា សម្រាប់ធ្វើអោយជាក់ច្បាស់ នូវព្រះនិព្វានុ៎ះ មាន​ដែរ។ ម្នាលអាវុសោ អ្វីជាមគ្គ  អ្វីជាបដិបទា  សម្រាប់ធ្វើអោយជាក់ច្បាស់ នូវព្រះនិព្វាននុ៎ះ។ ម្នាល​អាវុសោ មគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរនេះឯង  សម្រាប់ធ្វើអោយជាក់ច្បាស់ នូវ​ព្រះនិព្វាន​នុ៎ះ។ មគ្គប្រកបដោយអង្គ ៨  តើដូចម្តេច។ គឺសម្មាទិដ្ឋិ ១។ បេ។ សម្មាសមាធិ ១។ ម្នាលអាវុសោ នេះជាមគ្គ  នេះជាបដិបទា សម្រាប់ធ្វើឲ្យជាក់ច្បាស់ នូវព្រះនិព្វាននុ៎ះ។ ម្នាលអាវុសោ  មគ្គដ៏ចំរើន  បដិបទាដ៏ចំរើន  សម្រាប់ធ្វើឲ្យជាក់ច្បាស់ នូវព្រះនិព្វាននុ៎ះ  ម្នាលអាវុសោសារីបុត្ត  បើ​ដូច្នោះ  បុគ្គលគួរ (ដំកល់ចិត្ត)  ក្នុងអប្បមាទធម៌។បេ។​

[១៥៦]  ម្នាលអាវុសោសារីបុត្ត  អ្វីហ្ន៎ ដែលបុគ្គលធ្វើបានដោយកម្រ ក្នុង​ធម្មវិន័យនេះ។ ម្នាលអាវុសោ  បព្វជ្ជា ដែលបុគ្គលធ្វើបានដោយកម្រ ក្នុងធម្មវិន័យនេះ។  ម្នាលអាវុសោ  ចុះអ្វី ដែលបព្វជិត ធ្វើបានដោយកម្រ។ ម្នាលអាវុសោ  សេចក្តី​ត្រេកអរ ដែលបព្វជិត ធ្វើបានដោយកម្រ។ ម្នាលអាវុសោ​ ចុះអ្វី ដែលបព្វជិត មាន​សេចក្តីត្រេកអរ ធ្វើបាន​ដោយកម្រ។ ម្នាលអាវុសោ  សេចក្តីប្រតិបត្តិ នូវធម៌តាមធម៌  ដែលបព្វជិតមាន​សេចក្តី​ត្រេកអរ ធ្វើបាន​ដោយកម្រ។ ម្នាលអាវុសោ  ចុះភិក្ខុអ្នកប្រតិបត្តិ នូវធម៌តាមធម៌  តើយូរប៉ុន្មានទៅ ទើប​សម្រេចជាព្រះអរហន្តបាន។ ម្នាលអាវុសោ  មិនជាយូរប៉ុន្មានទេ។

ចប់ សាមណ្ឌកសំយុត្ត ។

ឧទ្ទានដូចគ្នានឹងសូត្រមុន។

មោគ្គល្លានសំយុត្ត

[១៥៧]  សម័យមួយ  ព្រះមហាមោគ្គល្លានដ៏មានអាយុ គង់នៅក្នុងវត្តជេតពន របស់​អនាថបណ្ឌិតសេដ្ឋី ជិតក្រុងសាវត្ថី។  ក្នុងទីនោះឯង ព្រះមហាមោគ្គល្លានដ៏មាន​អាយុ ហៅភិក្ខុទាំងឡាយ មកថា ម្នាលអាវុសោភិក្ខុទាំងឡាយ។ ភិក្ខុទាំងនោះ ក៏ទទួល​ស្តាប់ព្រះមហាមោគ្គល្លានដ៏មានអាយុថា អាវុសោ។ ព្រះមហាមោគ្គល្លានដ៏មានអាយុ បានពោលទៅនឹងភិក្ខុទាំងនោះ ​ដូច្នេះថា​ ម្នាលអាវុសោទាំងឡាយ  កាលខ្ញុំសម្ងំនៅក្នុង​ទីស្ងាត់ ក្នុងទីឯណោះ  មានសេចក្តីបរិវិតក្ក កើតឡើង ដោយចិត្ត យ៉ាងនេះថា គេតែង​និយាយថា បឋមជ្ឈាន ៗ បឋមជ្ឈាន  តើដូចម្តេច។ ម្នាលអាវុសោទាំងឡាយ  ខ្ញុំមានសេចក្តីត្រិះរិះ ដូច្នេះថា ភិក្ខុក្នុងសាសនានេះ  ស្ងាត់​ចាកកាមទាំងឡាយ ស្ងាត់ចាក​អកុសលធម៌ទាំងឡាយ  ក៏ដល់នូវបឋមជ្ឈាន  ប្រកបដោយវិតក្ក និងវិចារ  មានបីតិ និងសុខ ដែលកើតអំពីសេចក្តីស្ងប់ស្ងាត់  ហើយសម្រេចសម្រាន្តនៅ ដោយឥរិយាបថ ទាំង ៤  នេះហៅថា ​បឋមជ្ឈាន។ ម្នាលអាវុសោទាំងឡាយ  ខ្ញុំស្ងាត់ចាកកាមទាំងឡាយ  ស្ងាត់ចាកអកុសល​ធម៌ទាំងឡាយ  ក៏ដល់នូវបឋមជ្ឈាន  ប្រកបដោយវិតក្ក និងវិចារ  មានបីតិ និងសុខ ដែលកើតអំពីសេចក្តីស្ងប់ស្ងាត់  ហើយសម្រេចសម្រាន្តនៅ ដោយ​ឥរិយាបថ ទាំង ៤។ ម្នាលអាវុសោទាំង​ឡាយ  កាលខ្ញុំនៅដោយវិហារធម៌នេះ សញ្ញា និងមនសិការ ដែលប្រកបដោយកាម ក៏ផុសផុលឡើង។ ម្នាលអាវុសោទាំងឡាយ  គ្រានោះឯង ព្រះដ៏មានព្រះភាគ ទ្រង់ចូលទៅរកខ្ញុំ ដោយប្ញទ្ធិ ហើយទ្រង់ត្រាស់ ដូច្នេះថា  ម្នាលមោគ្គល្លាន ៗ  ព្រាហ្មណ៍ អ្នកកុំធ្វេសប្រហែស នឹងបឋមជ្ឈានឡើយ  អ្នកចូរ​ដំកល់ចិត្ត ក្នុងបឋមជ្ឈាន  ចូរធ្វើចិត្ត ឲ្យមានអារម្មណ៍តែមួយ ក្នុងបឋមជ្ឈាន  ចូរដំកល់​ចិត្ត​ឲ្យនឹង ក្នុងបឋមជ្ឈាន។ ម្នាលអាវុសោទាំងឡាយ ក្នុងសម័យដទៃទៀត  ខ្ញុំស្ងាត់ចាក​កាម​ទាំងឡាយ ស្ងាត់ចាកអកុសលធម៌ទាំងឡាយ  ក៏ដល់នូវបឋមជ្ឈាន  ប្រកបដោយ​វិតក្ក និងវិចារ  មានបីតិ និងសុខ ដែលកើតអំពីសេចក្តីស្ងប់ស្ងាត់ ហើយ​សម្រេចសម្រាន្តនៅ ដោយឥរិយាបថ ទាំង ៤។ ម្នាលអាវុសោទាំងឡាយ  ប្រសិនបើ​អ្នកផង គេនិយាយចំពោះសាវកឯណាថា​ សាវក ដែលព្រះសាស្តាអនុះគ្រោះហើយ សម្រេច​នូវអភិញ្ញាធំ។ អ្នកផងគួរនិយាយចំពោះសាវកនោះ គឺខ្ញុំថា  សាវក ដែលព្រះសាស្តា អនុគ្រោះហើយ  សម្រេចនូវអភិញ្ញាធំ​។

[១៥៨]  គេតែងនិយាយថា  ទុតិយជ្ឈាន ៗ  ទុតិយជ្ឈាន តើដូចម្តេច។  ម្នាល​អាវុសោ​ទាំងឡាយ  ខ្ញុំមានសេចក្តីត្រិះរិះ ដូច្នេះថា  ភិក្ខុក្នុងសាសនានេះ  ព្រោះរម្ងាប់​នូវវិតក្ក និងវិចារអស់ហើយ  ក៏ដល់នូវទុតិយជ្ឈាន ជាធម្មជាតកើតមាន ក្នុងសន្តាននៃ​ខ្លួន  ប្រកបដោយសេចក្តីជ្រះថ្លា គឺសទ្ធា  មានសភាពជាចិត្តខ្ពស់ឯក  មិនមានវិតក្ក  មិនមាន​វិចារ  មានតែបីតិ និងសុខ កើតអំពីសមាធិ  ហើយសម្រេចសម្រាន្តនៅ ដោយ​ឥរិយាបថ ទាំង ៤ នេះហៅថា ទុតិយជ្ឈាន។  ម្នាលអាវុសោទាំងឡាយ  ខ្ញុំ ព្រោះរម្ងាប់នូវវិតក្ក និងវិចារអស់ហើយ  ក៏ដល់នូវទុតិយជ្ឈាន ជាធម្មជាតកើតមាន ក្នុងសន្តាននៃខ្លួន  ប្រកបដោយសេចក្តីជ្រះថ្លា គឺសទ្ធា  មានសភាពជាចិត្តខ្ពស់ឯក  មិនមានវិតក្ក  មិនមានវិចារ  មានតែបីតិ និងសុខ កើតអំពីសមាធិ  ហើយសម្រេចសម្រាន្តនៅ ដោយឥរិយាបថ ទាំង ៤ ។  ម្នាលអាវុសោទាំងឡាយ  កាលខ្ញុំនៅដោយវិហារធម៌នេះ  សញ្ញា និងមនសិការ ដែលប្រកបដោយវិតក្ក ក៏ផុសផុលឡើង។  ម្នាលអាវុសោទាំង​ឡាយ  គ្រានោះឯង  ព្រះដ៏មានព្រះភាគ ទ្រង់ចូលទៅរកខ្ញុំដោយឫទ្ធិ  ក៏ទ្រង់ត្រាស់ ដូច្នេះថា  ម្នាលមោគ្គល្លាន ៗ  ព្រាហ្មណ៍  អ្នកកុំធ្វេសប្រហែស នឹងទុតិយជ្ឈាន  អ្នក​ចូរដំកល់ចិត្ត ក្នុងទុតិយជ្ឈាន ចូរធ្វើចិត្ត ឲ្យមានអារម្មណ៍តែមួយ ក្នុងទុតិយជ្ឈាន  ចូរ​ដំកល់ចិត្ត ក្នុងទុតិយជ្ឈាន។  ម្នាលអាវុសោទាំងឡាយ  ក្នុងសម័យដទៃទៀត  ខ្ញុំព្រោះរម្ងាប់នូវវិតក្ក និងវិចារអស់ហើយ  បានដល់នូវទុតិយជ្ឈាន ជាធម្មជាតកើតមាន ក្នុងសន្តាននៃខ្លួន  ប្រកបដោយសេចក្តីជ្រះថ្លា គឺសទ្ធា  មានសភាពជាចិត្តខ្ពស់ឯក  មិនមានវិតក្ក  មិនមានវិចារ  មានតែបីតិ និងសុខ កើតអំពីសមាធិ  ហើយសម្រេចសម្រាន្តនៅ ដោយឥរិយាបថ ទាំង ៤។  ម្នាលអាវុសោទាំងឡាយ  អ្នកផងគេនិយាយចំពោះសាវក ឯណាថា  សាវក ដែលព្រះសាស្តា អនុគ្រោះហើយ សម្រេចនូវអភិញ្ញាធំ។  អ្នកផងគួរ និយាយចំពោះសាវកនោះ គឺខ្ញុំថា ​សាវក ដែលព្រះសាស្តា អនុគ្រោះហើយ សម្រេចនូវ​អភិញ្ញាធំ។

[១៥៩]  គេតែងនិយាយថា  តតិយជ្ឈាន ៗ ​តតិយជ្ឈាន តើដូចម្តេច។  ម្នាល​អាវុសោទាំងឡាយ  ខ្ញុំមានសេចក្តីត្រិះរិះ ដូច្នេះថា  ភិក្ខុក្នុងសាសនានេះ  ព្រោះ​នឿយណាយ ចាកបីតិផង  ជាអ្នកប្រកបដោយឧបេក្ខាផង  មានសតិ និងសម្បជញ្ញៈផង ​សោយសុខដោយនាមកាយផង  ព្រះអរិយៈទាំងឡាយ តែងសរសើរនូវបុគ្គល ដែលបាន​នូវតតិយជ្ឈាននោះថា  ប្រកបដោយឧបេក្ខា  មានស្មារតី  ជាអ្នកមានធម៌ជាគ្រឿងនៅ ជាសុខ ដូច្នេះ  ព្រោះតតិយជ្ឈានឯណា  ក៏ដល់នូវតតិយជ្ឈាននោះ  ហើយសម្រេច​សម្រាននៅ ដោយឥរិយាបថ ទាំង ៤  នេះហៅថា តតិយជ្ឈាន។  ម្នាលអាវុសោ​ទាំងឡាយ  ខ្ញុំព្រោះនឿយណាយ ចាកបីតិផង  ជាអ្នកប្រកបដោយឧបេក្ខាផង មានសតិ និងសម្បជញ្ញៈផង  សោយសុខ ដោយនាមកាយផង  ព្រះអរិយៈទាំងឡាយ តែងសរសើរ នូវបុគ្គលដែលបាន នូវតតិយជ្ឈាននោះថា  ប្រកបដោយឧបេក្ខា  មានស្មារតី  ជាអ្នកមាន​ធម៌ ជាគ្រឿងនៅជាសុខ ដូច្នេះ  ព្រោះតតិយជ្ឈានឯណា  ក៏ដល់នូវតតិយជ្ឈាននោះ  ហើយសម្រេចសម្រាន្តនៅ ដោយឥរិយាបថ ទាំង ៤។  ម្នាលអាវុសោទាំងឡាយ  កាលខ្ញុំនៅ​ដោយវិហារធម៌នេះ  សញ្ញា និងមនសិការ ដែលប្រកបដោយបីតិ ក៏ផុសផុល​ឡើង។  ម្នាលអាវុសោទាំងឡាយ  គ្រានោះឯង  ព្រះដ៏មានព្រះភាគ ទ្រង់ចូលមករកខ្ញុំ ដោយឫទ្ធិ  ហើយទ្រង់ត្រាស់ ដូច្នេះថា  ម្នាលមោគ្គល្លាន ៗ  ព្រាហ្មណ៍  អ្នកកុំធ្វេស​ប្រហែស នឹងតតិយជ្ឈានឡើយ ចូរដំកល់ចិត្តក្នុងតតិយជ្ឈាន  ចូរធ្វើចិត្តឲ្យមាន​អារម្មណ៍តែមួយក្នុងតតិយជ្ឈាន  ចូរដំកល់ចិត្តក្នុងតតិយជ្ឈាន ។  ម្នាលអាវុសោ​ទាំងឡាយ  សម័យខាងក្រោយមក  ខ្ញុំព្រោះនឿយណាយ ចាកបីតិផង  ជាអ្នកប្រកប​ដោយ​ឧបេក្ខាផង មានសតិ និងសម្បជញ្ញៈផង  សោយសុខ ដោយនាមកាយផង  ព្រះអរិយៈទាំងឡាយ តែងសរសើរនូវបុគ្គល ដែលបាននូវតតិយជ្ឈាននោះថា  ប្រកប​ដោយឧបបេក្ខា មានស្មារតី ជាអ្នកមានធម៌ ជាគ្រឿងនៅជាសុខ ដូច្នេះ ព្រោះតតិយជ្ឈាន ឯណា ​ក៏ដល់នូវតតិយជ្ឈាននោះ  ហើយសម្រេចសម្រាន្តនៅ ដោយឥរិយាបថ ទាំង     ៤។  ម្នាលអាវុសោទាំងឡាយ  អ្នកផងគេនិយាយចំពោះសាវកឯណា។បេ។ សម្រេចនូវអភិញ្ញាធំ ។

[១៦០]  គេតែងនិយាយថា  ចតុត្ថជ្ឈាន ៗ ​ចតុត្ថជ្ឈាន តើដូចម្តេច។  ម្នាល​អាវុសោ​ទាំងឡាយ  ខ្ញុំមានសេចក្តីត្រិះរិះ ដូច្នេះថា  ភិក្ខុក្នុងសាសនានេះ  ព្រោះលះបង់ នូវ​សុខផង  លះបង់នូវទុក្ខផង  មានសោមនស្ស និងទោមនស្សអស់ទៅ ក្នុងកាលមុនផង  ក៏ដល់នូវចតុត្ថជ្ឈាន ជាធម្មជាតមានអារម្មណ៍មិនមែនជាទុក្ខ  មិនមែនជាសុខ  មាន​សតិ ដ៏បរិសុទ្ធ ដោយឧបេក្ខា  ហើយសម្រេចសម្រាន្តនៅ ដោយឥរិយាបថ ទាំង ៤  នេះ ហៅថា ចតុត្ថជ្ឈាន។  ម្នាលអាវុសោទាំងឡាយ ខ្ញុំព្រោះលះបង់ នូវសុខផង  លះបង់នូវ ទុក្ខផង  មានសោមនស្ស និងទោមនស្សអស់ទៅ ក្នុងកាលមុនផង  ក៏ដល់នូវចតុត្ថជ្ឈាន ជាធម្មជាតមានអារម្មណ៍មិនមែនជាទុក្ខ  មិនមែនជាសុខ  មានសតិ ដ៏បរិសុទ្ធ ដោយ​ឧបេក្ខា  ហើយសម្រេចសម្រាន្តនៅ ដោយឥរិយាបថ ទាំង ៤។  ម្នាលអាវុសោទាំងឡាយ  កាលខ្ញុំនៅដោយវិហារធម៌នេះ  សញ្ញា និងមនសិការ ប្រកបដោយសេចក្តីសុខ ក៏ផុសផុលឡើង។  ម្នាលអាវុសោទាំងឡាយ  គ្រានោះឯង  ព្រះដ៏មានព្រះភាគ ទ្រង់​ចូលមករកខ្ញុំដោយឫទ្ធិ  ហើយទ្រង់ត្រាស់ ដូច្នេះថា  ម្នាលមោគ្គល្លាន ៗ ព្រាហ្មណ៍  អ្នក​កុំធ្វេសប្រហែស នឹងចតុត្ថជ្ឈានឡើយ ចូរដំកល់ចិត្តក្នុងចតុត្ថជ្ឈាន ចូរធ្វើចិត្តឲ្យមាន​អារម្មណ៍តែមួយ ក្នុងចតុត្ថជ្ឈាន  ចូរដំកល់ចិត្ត ក្នុងចតុត្ថជ្ឈាន។  ម្នាលអាវុសោទាំង ឡាយ  សម័យខាងក្រោយមក  ខ្ញុំព្រោះលះបង់ នូវសុខផង  ព្រោះលះបង់ នូវទុក្ខផង  មានសោមនស្ស និងទោមនស្សអស់ទៅ ក្នុងកាលមុនផង  ក៏ដល់នូវចតុត្ថជ្ឈាន ជាធម្មជាតមានអារម្មណ៍មិនមែនជាទុក្ខ មិនមែនជាសុខ  មានសតិដ៏បរិសុទ្ធ ដោយ​ឧបេក្ខា  ហើយសម្រេចសម្រាន្តនៅ ដោយឥរិយាបថ ទាំង ៤។  ម្នាលអាវុសោទាំងឡាយ  អ្នកផងគេនិយាយចំពោះសាវកឯណា។ បេ។    សម្រេចនូវអភិញ្ញាធំ។

[១៦១]  គេតែងនិយាយថា  អាកាសានញ្ចាយតនៈ ៗ  អាកាសានញ្ចាយតនៈ តើដូចម្តេច។  ម្នាលអាវុសោទាំងឡាយ  ខ្ញុំមានសេចក្តីត្រិះរិះ ដូច្នេះថា  ភិក្ខុក្នុងសាសនា​នេះ  ព្រោះកន្លង នូវរូបសញ្ញា ដោយប្រការទាំងពួង  ព្រោះអស់ទៅ នៃបដិឃសញ្ញា ​លែងធ្វើទុកក្នុងចិត្ត នូវនានត្តសញ្ញា  ក៏ដល់នូវអាកាសានញ្ចាយតនៈ  ដោយធ្វើទុកក្នុង​ចិត្តថា  អាកាស មិនមានទីបំផុត ដូច្នេះ ​ហើយសម្រេចសម្រាន្តនៅ ដោយឥរិយាបថ ទាំង ៤ នេះ ហៅថា អាកាសានញ្ចាយតនៈ។  ម្នាលអាវុសោទាំងឡាយ  ខ្ញុំព្រោះកន្លង នូវរូបសញ្ញា ដោយប្រការទាំងពួង  ព្រោះអស់ទៅ នៃបដិឃសញ្ញា ​លែងធ្វើទុកក្នុងចិត្ត នូវនានត្តសញ្ញា  ក៏ដល់នូវអាកាសានញ្ចាយតនៈ ដោយធ្វើទុកក្នុងចិត្តថា  អាកាស មិនមានទីបំផុត ដូច្នេះ ហើយសម្រេចសម្រាន្តនៅ ដោយឥរិយាបថ ទាំង ៤។  ម្នាលអាវុសោទាំងឡាយ  កាលខ្ញុំនៅដោយវិហារធម៌នេះ សញ្ញា និងមនសិការ ប្រកបដោយរូប ក៏ផុសផុលឡើង។  ម្នាលអាវុសោទាំងឡាយ  គ្រានោះឯង  ព្រះដ៏មាន​ព្រះភាគ ទ្រង់ចូលមករកខ្ញុំដោយឫទ្ធិ  ទ្រង់ត្រាស់ ដូច្នេះថា ម្នាលមោគ្គល្លាន ៗ  ព្រាហ្មណ៍  អ្នកកុំធ្វេសប្រហែស នឹងអាកាសានញ្ចាយតនជ្ឈានឡើយ ចូរដំកល់ចិត្ត ក្នុង​អាកាសានញ្ចាយតនជ្ឈាន ​ចូរធ្វើចិត្ត ឲ្យមានអារម្មណ៍តែមួយ ក្នុងអាកាសានញ្ចា​យតន​ជ្ឈាន  ចូរដំកល់ចិត្ត ក្នុងអាកាសានញ្ចាយតនជ្ឈាន។  ម្នាលអាវុសោទាំងឡាយ  សម័យខាងក្រោយមក  ខ្ញុំព្រោះកន្លង នូវរូបសញ្ញា ដោយប្រការទាំងពួង  ព្រោះអស់ទៅ នៃបដិឃសញ្ញា  លែងធ្វើទុកក្នុងចិត្ត នូវនានត្តសញ្ញា  ក៏ដល់នូវអាកាសានញ្ចាយតន​ជ្ឈាន ​ ដោយធ្វើទុកក្នុងចិត្តថា  អាកាស មិនមានទីបំផុត ដូច្នេះ  ហើយសម្រេចសម្រាន្តនៅ ដោយឥរិយាបថ ទាំង ៤។  ម្នាលអាវុសោទាំងឡាយ  អ្នកផងគេនិយាយចំពោះសាវកឯណា។ បេ។ សម្រេចនូវអភិញ្ញាធំ។

[១៦២]  គេតែងនិយាយថា  វិញ្ញាណញ្ចាយតនៈ ៗ  វិញ្ញាណញ្ចាយតនៈ  តើដូចម្តេច។  ម្នាលអាវុសោទាំងឡាយ  ខ្ញុំមានសេចក្តីត្រិះរិះ ដូច្នេះថា  ភិក្ខុក្នុងសាសនា​នេះ  ព្រោះកន្លង នូវអាកាសានញ្ចាយតនជ្ឈាន ដោយប្រការទាំងពួង  ក៏ដល់នូវវិញ្ញាណញ្ចាយតនជ្ឈាន  ដោយធ្វើទុកក្នុងចិត្តថា  វិញ្ញាណ មិនមានទីបំផុត ដូច្នេះ  ហើយសម្រេចសម្រាន្តនៅ ដោយឥរិយាបថ ទាំង ៤  នេះហៅថា វិញ្ញាណញ្ចាយតនៈ ។  ម្នាលអាវុសោទាំងឡាយ  ខ្ញុំព្រោះកន្លង នូវអាកាសានញ្ចាយតន​ជ្ឈាន ដោយប្រការទាំងពួង ក៏ដល់នូវវិញ្ញាណញ្ចាយតនជ្ឈាន ​ដោយធ្វើទុកក្នុងចិត្តថា វិញ្ញាណ មិនមានទីបំផុត ដូច្នេះ ហើយសម្រេចសម្រាន្តនៅ ដោយឥរិយាបថ ទាំង ៤។  ម្នាលអាវុសោទាំងឡាយ  ​កាលខ្ញុំនៅ ដោយវិហារធម៌នេះ  សញ្ញា និងមនសិការ ដែលប្រកប​ដោយអាកាសានញ្ចាយតនជ្ឈាន ក៏ផុសផុលឡើង។  ម្នាលអាវុសោ​ទាំង​ឡាយ  គ្រានោះឯង  ព្រះដ៏មានព្រះភាគ ទ្រង់ចូលមករកខ្ញុំដោយឫទ្ធិ  ទ្រង់ត្រាស់ ដូច្នេះថា ម្នាលមោគ្គល្លាន ៗ  ព្រាហ្មណ៍  អ្នកកុំធ្វេសប្រហែស នឹងវិញ្ញាណញ្ចាយតន​ជ្ឈាន​ឡើយ ចូរដំកល់ចិត្ត ក្នុងវិញ្ញាណញ្ចាយតនជ្ឈាន ​ចូរធ្វើចិត្ត ឲ្យមាន​អារម្មណ៍តែ​មួយ ក្នុងវិញ្ញាណញ្ចាយតនជ្ឈាន ចូរដំកល់ចិត្ត ក្នុងវិញ្ញាណញ្ចាយតនជ្ឈាន។  ម្នាលអាវុសោទាំងឡាយ សម័យខាងក្រោយមក ខ្ញុំព្រោះកន្លង នូវអាកាសានញ្ចា​យតនជ្ឈាន ដោយប្រការទាំងពួង ​ក៏ដល់នូវវិញ្ញាណញ្ចាយតនជ្ឈាន  ដោយធ្វើទុកក្នុង​ចិត្តថា  វិញ្ញាណ មិនមានទីបំផុត ដូច្នេះ  ហើយសម្រេចសម្រាន្តនៅ ដោយឥរិយាបថ ទាំង  ៤។ ម្នាលអាវុសោទាំងឡាយ  អ្នកផងគេនិយាយចំពោះសាវកឯណា។ បេ។  សម្រេចនូវអភិញ្ញាធំ។

[១៦៣]  គេតែងនិយាយថា  អាកិញ្ចញ្ញាយតនៈ ៗ  អាកិញ្ចញ្ញាយតនៈ ​តើដូចម្តេច។  ម្នាលអាវុសោទាំងឡាយ  ខ្ញុំមានសេចក្តីត្រិះរិះ ដូច្នេះថា  ភិក្ខុក្នុងសាសនានេះ ព្រោះកន្លង នូវវិញ្ញាណញ្ចាយតនជ្ឈាន ដោយប្រការទាំងពួង  ក៏ដល់នូវអាកិញ្ចញ្ញាយតន​ជ្ឈាន  ដោយធ្វើទុកក្នុងចិត្តថា អ្វីបន្តិចបន្តួច មិនមានដូច្នេះ ហើយសម្រេចសម្រាន្តនៅ ដោយឥរិយាបថ ទាំង ៤ នេះហៅថា  អាកិញ្ចញ្ញាយតនជ្ឈាន។  ម្នាលអាវុសោទាំងឡាយ  ខ្ញុំព្រោះកន្លង នូវវិញ្ញាណញ្ចាយតនជ្ឈាន ដោយប្រការទាំងពួង  ក៏ដល់នូវអាកិញ្ចញ្ញាយតនជ្ឈាន ដោយធ្វើទុកក្នុងចិត្តថា អ្វីបន្តិចបន្តួច មិនមានដូច្នេះ ហើយសម្រេចសម្រាន្តនៅ ដោយឥរិយាបថ ទាំង ៤។ ​ ម្នាលអាវុសោទាំងឡាយ  កាលខ្ញុំនៅដោយវិហារធម៌នេះ សញ្ញា និង មនសិការ ប្រកបដោយវិញ្ញាណញ្ចាយតនៈ ក៏ផុសផុលឡើង។ ​  ម្នាលអាវុសោ​ទាំងឡាយ  គ្រានោះឯង  ព្រះដ៏មានព្រះភាគ ទ្រង់ចូលមករកខ្ញុំដោយឫទ្ធិ  ទ្រង់ត្រាស់ ដូច្នេះថា ម្នាលមោគ្គល្លាន ៗ  ព្រាហ្មណ៍  អ្នកកុំធ្វេសប្រហែស នឹង​អាកិញ្ចញ្ញាយតនជ្ឈានឡើយ ចូរដំកល់ចិត្ត ក្នុងអាកិញ្ចញ្ញាយតនជ្ឈាន ​ចូរធ្វើចិត្ត ឲ្យមានអារម្មណ៍តែមួយ ក្នុងអាកិញ្ចញ្ញាយតនជ្ឈាន  ចូរដំកល់ចិត្ត ក្នុងអាកិញ្ចញ្ញាយតន​ជ្ឈាន។  ម្នាលអាវុសោទាំងឡាយ សម័យខាងក្រោយមក ខ្ញុំព្រោះកន្លង នូវវិញ្ញាណញ្ចាយតនជ្ឈាន ដោយប្រការទាំងពួង ​ក៏ដល់នូវអាកិញ្ចញ្ញាយតនជ្ឈាន  ដោយធ្វើទុកក្នុងចិត្តថា  អ្វីបន្តិចបន្តួច មិនមាន ដូច្នេះ  ហើយសម្រេចសម្រាន្តនៅ ដោយឥរិយាបថ ទាំង  ៤។  ម្នាលអាវុសោទាំងឡាយ  អ្នកផងគេ​និយាយចំពោះ​សាវកឯណា។ បេ។  សម្រេចនូវអភិញ្ញាធំ។

[១៦៤]  គេតែងនិយាយថា  នេវសញ្ញានាសញ្ញាយតនៈ ៗ  នេវសញ្ញានាសញ្ញា​យតនៈ  តើដូចម្តេច។  ម្នាលអាវុសោទាំងឡាយ  ខ្ញុំមានសេចក្តីត្រិះរិះ ដូច្នេះថា  ភិក្ខុក្នុង​សាសនានេះ  ព្រោះកន្លង នូវអាកិញ្ចញ្ញាយតនជ្ឈាន ដោយប្រការទាំងពួង ​ក៏ដល់នូវនេវសញ្ញានាសញ្ញាយតនជ្ឈាន ហើយសម្រេចសម្រាន្តនៅ ដោយឥរិយាបថ ទាំង ៤  នេះហៅថា នេវសញ្ញានាសញ្ញាយតនជ្ឈាន។ ម្នាលអាវុសោទាំងឡាយ  ខ្ញុំព្រោះកន្លង នូវអាកិញ្ចញ្ញាយតនជ្ឈាន ដោយប្រការទាំងពួង ក៏ដល់នូវ​នេវសញ្ញា​នាសញ្ញាយតនជ្ឈាន  ហើយសម្រេចសម្រាន្តនៅ ដោយឥរិយាបថ ទាំង ៤។  ម្នាលអាវុសោទាំងឡាយ  កាលខ្ញុំនៅដោយវិហារធម៌នេះ  សញ្ញា និងមនសិការ ដែលប្រកបដោយអាកិញ្ចញ្ញាយតនជ្ឈាន ក៏ផុសផុលឡើង។  ម្នាលអាវុសោទាំងឡាយ  គ្រានោះឯង  ព្រះដ៏មានព្រះភាគ​ ទ្រង់ចូលមករកខ្ញុំដោយឫទ្ធិ  ក៏ទ្រង់ត្រាស់ ដូច្នេះថា  ម្នាលមោគ្គល្លាន ៗ ព្រាហ្មណ៍  អ្នកកុំធ្វេសប្រហែស នឹងនេវសញ្ញានាសញ្ញាយតនជ្ឈាន​ឡើយ ​ចូរដំកល់ចិត្តក្នុង នេវសញ្ញានាសញ្ញាយតនជ្ឈាន ចូរធ្វើចិត្ត ឲ្យមានអារម្មណ៍​តែមួយ ក្នុងនេវសញ្ញានាសញ្ញាយតនជ្ឈាន  ចូរដំកល់ចិត្ត ក្នុងនេវសញ្ញា​នាសញ្ញាយតន​ជ្ឈាន។ ​ម្នាលអាវុសោទាំងឡាយ  សម័យខាងក្រោយមក  ខ្ញុំព្រោះកន្លង នូវអាកិញ្ចញ្ញាយតនជ្ឈាន ដោយប្រការទាំងពួង  ក៏ដល់នូវនេវសញ្ញានាសញ្ញាយតនជ្ឈាន  ហើយសម្រេចសម្រាន្តនៅ ដោយឥរិយាបថ ទាំង ៤។  ម្នាលអាវុសោទាំងឡាយ  អ្នកផងគេនិយាយចំពោះសាវកឯណា។ បេ។  សម្រេចនូវអភិញ្ញាធំ   ។

[១៦៥]  គេតែងនិយាយថា  ចេតោសមាធិមិនមាននិមិត្ត ៗ  ចេតោសមាធិ     មិនមាននិមិត្ត  តើដូចម្តេច។  ម្នាលអាវុសោទាំងឡាយ  ខ្ញុំមានសេចក្តីត្រិះរិះ ដូច្នេះថា  ភិក្ខុក្នុងសាសនានេះ  ព្រោះមិនបានធ្វើទុកក្នុងចិត្ត នូវនិមិត្តទាំងពួង  ក៏ដល់នូវចេតោ​សមាធិមិនមាននិមិត្ត  ហើយសម្រេចសម្រាន្តនៅ ដោយឥរិយាបថ ទាំង ៤  នេះហៅថា ចេតោសមាធិមិនមាននិមិត្ត។  ម្នាលអាវុសោទាំងឡាយ  ខ្ញុំព្រោះមិនធ្វើទុកក្នុង​ចិត្ត នូវនិមិត្តទាំងពួង ក៏ដល់នូវចេតោសមាធិមិនមាននិមិត្ត  ហើយសម្រេចសម្រាន្តនៅ ដោយឥរិយាបថ ទាំង ៤។  ម្នាលអាវុសោទាំងឡាយ  កាលខ្ញុំនៅដោយវិហារធម៌នេះ  អនិមិត្តានុសារិវិញ្ញាណ ក៏កើតឡើង។  ម្នាលអាវុសោទាំងឡាយ  គ្រានោះឯង  ព្រះដ៏មានព្រះភាគ ទ្រង់ចូលមករកខ្ញុំដោយឫទ្ធិ  ក៏ទ្រង់ត្រាស់ ដូច្នេះថា  ម្នាលមោគ្គល្លាន ៗ ព្រាហ្មណ៍  អ្នកកុំធ្វេសប្រហែស នឹងចេតោសមាធិមិនមាននិមិត្តឡើយ  ចូរដំកល់ចិត្ត ក្នុងចេតោសមាធិមិនមាននិមិត្ត  ចូរធ្វើចិត្ត ឲ្យអារម្មណ៍មានតែមួយ ក្នុងចេតោសមាធិ មិនមាននិមិត្ត  ចូរដំកល់ចិត្ត ក្នុងចេតោសមាធិមិនមាននិមិត្ត។  ម្នាលអាវុសោទាំងឡាយ  សម័យខាងក្រោយមក  ខ្ញុំព្រោះមិនធ្វើទុកក្នុងចិត្ត នូវនិមិត្តទាំងពួង  ក៏ដល់នូវ​ចេតោសមាធិមិនមាននិមិត្ត ហើយសម្រេចសម្រាន្តនៅ ដោយឥរិយាបថ ទាំង ៤។  ម្នាលអាវុសោទាំងឡាយ ​អ្នកផងគេនិយាយចំពោះសាវកឯណាថា សាវក ដែលព្រះសាស្តា អនុគ្រោះហើយ  សម្រេចអភិញ្ញាធំ។  អ្នកផងគួរនិយាយ​ចំពោះសាវកនោះ  គឺខ្ញុំថា  សាវក ដែលព្រះសាស្តា ទ្រង់អនុគ្រោះហើយ  សម្រេច​អភិញ្ញាធំ។

[១៦៦]  គ្រានោះឯង  ព្រះមហាមោគ្គល្លានដ៏មានអាយុ  បាត់អំពីវត្តជេតពន  ស្រាប់តែប្រាកដ ក្នុងតាវត្តិង្សទេវលោក  ដូចបុរសមានកម្លាំង លានូវដៃ ដែលបត់  ឬបត់ នូវដៃដែលលា។  គ្រានោះឯង  សក្កទេវានមិន្ទ ព្រមទាំងទេវតា ៥០០ អង្គ ចូលទៅរក​ព្រះមហាមោគ្គល្លានដ៏មានអាយុ លុះចូលទៅដល់ ​ក៏ថ្វាយបង្គំព្រះមហាមោគ្គល្លានដ៏​មានអាយុ  ហើយឋិតនៅក្នុងទីដ៏សមគួរ។  លុះសក្កទេវានមិន្ទ ឋិតនៅក្នុងទីដ៏សម​គួរហើយ ទើបព្រះមហាមោគ្គល្លានដ៏មានអាយុ និយាយដូច្នេះថា បពិត្រទេវានមិន្ទ  ការ​ដល់នូវព្រះពុទ្ធ ជាទីពឹង ប្រពៃណាស់។ បពិត្រទេវានមិន្ទ  សត្វពួកខ្លះ ក្នុងលោកនេះ  ព្រោះហេតុតែដល់នូវព្រះពុទ្ធជាទីពឹងហើយ  លុះបែកធ្លាយរាងកាយស្លាប់ទៅ  តែងកើតក្នុងសុគតិសួគ៌ ទេវលោក យ៉ាងនេះឯង។   បពិត្រទេវានមិន្ទ  ការដល់នូវ​ព្រះធម៌ជាទីពឹង ប្រពៃណាស់។ បពិត្រទេវានមិន្ទ  សត្វពួកខ្លះ ក្នុងលោកនេះ  ព្រោះហេតុតែដល់នូវព្រះធម៌ជាទីពឹងហើយ  លុះបែកធ្លាយរាងកាយស្លាប់ទៅ  តែងកើតក្នុងសុគតិសួគ៌ ទេវលោក យ៉ាងនេះឯង។  បពិត្រទេវានមិន្ទ  ការដល់នូវព្រះសង្ឃ ជាទីពឹងប្រពៃណាស់។ បពិត្រទេវានមិន្ទ  សត្វពួកខ្លះ ក្នុងលោកនេះ  ព្រោះហេតុតែដល់នូវព្រះសង្ឃ ជាទីពឹងហើយ លុះបែកធ្លាយ​រាងកាយស្លាប់ទៅ តែងកើតក្នុងសុគតិសួគ៌ ទេវលោក   យ៉ាងនេះឯង។  បពិត្រព្រះមោគ្គល្លាន អ្នកនិរទុក្ខ  ការដល់នូវព្រះពុទ្ធជាទីពឹង ប្រពៃណាស់។  បពិត្រព្រះមោគ្គល្លាន អ្នកនិរទុក្ខ សត្វពួកខ្លះ ក្នុងលោកនេះ  ព្រោះហេតុតែ​ដល់នូវព្រះពុទ្ធជាទីពឹងហើយ  លុះបែកធ្លាយរាងកាយស្លាប់ទៅ  តែងកើតក្នុងសុគតិ សួគ៌ ទេវលោកយ៉ាងនេះឯង។  បពិត្រព្រះមោគ្គល្លានអ្នកនិរទុក្ខ ការដល់នូវព្រះធម៌ ជា​ទីពឹង ប្រពៃណាស់។  បពិត្រព្រះមោគ្គល្លានអ្នកនិរទុក្ខ សត្វពួកខ្លះ ក្នុងលោកនេះ  ព្រោះ​ហេតុ​តែដល់នូវព្រះធម៌ ជាទីពឹងហើយ  លុះបែកធ្លាយរាងកាយស្លាប់ទៅ តែងកើតក្នុង​សុគតិសួគ៌ ទេវលោកយ៉ាងនេះឯង។  បពិត្រព្រះមោគ្គល្លាន អ្នកនិរទុក្ខ ការដល់នូវ​ព្រះសង្ឃ ជាទីពឹង ប្រពៃណាស់។ បេ។ ​ តែងកើតក្នុងសុគតិសួគ៌ ទេវលោក  យ៉ាងនេះ ឯង។

[១៦៧]  គ្រានោះឯង ​សក្កទេវានមិន្ទ ព្រមទាំងទេវតា ៦០០ អង្គ។ បេ។  គ្រានោះឯង ​សក្កទេវានមិន្ទ ព្រមទាំងទេវតា ៧០០ អង្គ។ បេ។  គ្រានោះឯង សក្កទេវានមិន្ទ ព្រមទាំងទេវតា ៨០០ អង្គ។ បេ។

[១៦៨]  គ្រានោះឯង ​សក្កទេវានមិន្ទ ព្រមទាំងទេវតា ៨០.០០០ អង្គ  ចូលទៅ​រក​ព្រះមហាមោគ្គល្លានដ៏មានអាយុ  លុះចូលទៅដល់  ក៏ថ្វាយបង្គំព្រះមហាមោគ្គល្លាន ដ៏មានអាយុ ហើយឋិតនៅក្នុងទីដ៏សមគួរ។  លុះ​សក្កទេវានមិន្ទ ឋិតនៅក្នុងទីដ៏សមគួរ​ហើយ  ទើបព្រះមហាមោគ្គល្លានដ៏មានអាយុ បាននិយាយ ដូច្នេះថា  បពិត្រទេវានមិន្ទ  ការដល់នូវព្រះពុទ្ធ ជាទីពឹង ប្រពៃណាស់។  បពិត្រទេវានមិន្ទ សត្វពួកខ្លះ ក្នុងលោកនេះ  ព្រោះហេតុតែដល់នូវព្រះពុទ្ធជាទីពឹងហើយ  លុះបែកធ្លាយរាងកាយស្លាប់ទៅ  តែងកើត​ក្នុងសុគតិសួគ៌ ទេវលោក យ៉ាងនេះឯង។ បពិត្រទេវានមិន្ទ  ការដល់នូវព្រះធម៌ ជាទីពឹង ប្រពៃណាស់។  បពិត្រទេវានមិន្ទ  សត្វពួកខ្លះ ក្នុងលោកនេះ  ព្រោះហេតុតែដល់នូវ​ព្រះធម៌ ជាទីពឹងហើយ  លុះបែកធ្លាយរាងកាយស្លាប់ទៅ  តែងកើតក្នុងសុគតិសួគ៌ ទេវលោកយ៉ាងនេះឯង។  បពិត្រទេវានមិន្ទ  ការដល់នូវព្រះសង្ឃ ជាទីពឹង ប្រពៃ​ណាស់។  បពិត្រទេវានមិន្ទ សត្វពួកខ្លះ ក្នុងលោកនេះ  ព្រោះហេតុតែដល់នូវព្រះសង្ឃ ជាទីពឹងហើយ  លុះបែកធ្លាយរាងកាយស្លាប់ទៅ  តែងកើតក្នុងសុគតិសួគ៌ ទេវលោក យ៉ាងនេះឯង។  បពិត្រព្រះមោគ្គល្លាន អ្នកនិរទុក្ខ  ការដល់នូវព្រះពុទ្ធ ជាទីពឹង ប្រពៃ​ណាស់។  បពិត្រព្រះមោគ្គល្លាន អ្នកនិរទុក្ខ  សត្វពួកខ្លះ ក្នុងលោកនេះ  ព្រោះហេតុតែ​ដល់នូវព្រះពុទ្ធ ជាទីពឹងហើយ  លុះបែកធ្លាយរាងកាយស្លាប់ទៅ  តែងកើតក្នុងសុគតិ សួគ៌ ទេវលោកយ៉ាងនេះឯង។  បពិត្រព្រះមោគ្គល្លាន អ្នកនិរទុក្ខ  ការដល់នូវព្រះធម៌ ជាទីពឹង ប្រពៃណាស់។ បេ។  បពិត្រព្រះមោគ្គល្លាន អ្នកនិរទុក្ខ ការដល់នូវព្រះសង្ឃ ជាទីពឹង ប្រពៃណាស់។ បពិត្រព្រះមោគ្គល្លាន អ្នកនិរទុក្ខ សត្វពួកខ្លះ ក្នុងលោកនេះ  ព្រោះហេតុតែដល់នូវព្រះសង្ឃ ជាទីពឹងហើយ លុះបែកធ្លាយរាងកាយស្លាប់ទៅ  តែង កើតក្នុងសុគតិសួគ៌ ទេវលោក យ៉ាងនេះឯង។

[១៦៩]  គ្រានោះឯង សក្កទេវានមិន្ទ ព្រមទាំងទេវតា ៥០០ អង្គ  ចូលទៅ​រក​ព្រះមហាមោគ្គល្លាន​ដ៏មានអាយុ  លុះចូលទៅដល់ ក៏ថ្វាយបង្គំព្រះមហាមោគ្គល្លាន ដ៏មានអាយុ ហើយឋិតនៅក្នុងទីដ៏សមគួរ។ លុះ​សក្កទេវានមិន្ទ ឋិតនៅក្នុងទីដ៏សមគួរ​ហើយ  ទើបព្រះមហាមោគ្គល្លានដ៏មានអាយុ បាននិយាយ ដូច្នេះថា  បពិត្រទេវានមិន្ទ  ការប្រកបព្រម ដោយសេចក្តីជ្រះថ្លាមិនកម្រើក ក្នុងព្រះពុទ្ធថា  ព្រះដ៏មានព្រះភាគ អង្គ​នោះ  ជាអរហន្ត សម្មាសម្ពុទ្ធ  បរិបូរណ៌ដោយវិជ្ជា​ និងចរណៈ  ជាព្រះសុគត ជ្រាបច្បាស់ នូវត្រៃលោក  ជាបុគ្គលប្រសើរបំផុត  ព្រះអង្គជាសារថី ទូន្មាននូវបុរស  ជា​សាស្តា នៃទេវតា និងមនុស្សទាំងឡាយ  ជាព្រះពុទ្ធ លែងវិលមកកាន់ភពថ្មីទៀត  ជាការប្រពៃណាស់។  បពិត្រទេវានមិន្ទ  សត្វពួកខ្លះ ក្នុងលោកនេះ  ព្រោះហេតុតែប្រកបព្រម ដោយសេចក្តីជ្រះថ្លាមិនកម្រើក ក្នុងព្រះពុទ្ធហើយ  លុះបែក​ធ្លាយរាង​កាយស្លាប់ទៅ តែងកើតក្នុងសុគតិសួគ៌ ទេវលោក យ៉ាងនេះឯង។  បពិត្រ​ទេវានមិន្ទ ការប្រកបព្រម ដោយសេចក្តីជ្រះថ្លាមិនកម្រើក ក្នុងព្រះធម៌ថា  ធម៌ដែលព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ហើយ ដោយប្រពៃ  ជាធម៌​គឺព្រះអរិយបុគ្គល ឃើញច្បាស់ខ្លួនឯង  ជាធម៌ឲ្យផលមិនរង់ចាំកាល ជាធម៌ ដែលព្រះអរិយបុគ្គល បាន​សម្រេចមគ្គ​ផលហើយ ក៏គួរនឹងហៅបុគ្គលដទៃ ឲ្យចូលមកមើលបាន  ជាធម៌ ដែលព្រះអរិយបុគ្គល គប្បីបង្អោនចូលមកទុកក្នុងខ្លួន  ជាធម៌ ដែលវិញ្ញូជន គប្បីដឹងច្បាស់ ដោយខ្លួនឯង  ជាការប្រពៃណាស់។  បពិត្រទេវានមិន្ទ  សត្វ​ពួកខ្លះ ក្នុងលោកនេះ  ព្រោះហេតុតែប្រកបព្រម ដោយសេចក្តីជ្រះថ្លាមិនកម្រើក ក្នុង​ព្រះធម៌ហើយ  លុះបែកធ្លាយរាងកាយស្លាប់ទៅ  តែងកើតក្នុងសុគតិសួគ៌ ទេវលោក យ៉ាងនេះឯង។  បពិត្រទេវានមិន្ទ ការប្រកបព្រម ដោយសេចក្តីជ្រះថ្លាមិនកម្រើក ក្នុង​ព្រះសង្ឃថា  ព្រះសង្ឃ ជាសាវក នៃព្រះដ៏មានព្រះភាគ លោកប្រតិបត្តិល្អ ព្រះសង្ឃ ជា​សាវក នៃព្រះដ៏មានព្រះភាគ លោកប្រតិបត្តិត្រង់ ព្រះសង្ឃ ជាសាវក នៃព្រះដ៏មានព្រះភាគ លោកប្រតិបត្តិ ដើម្បី​ត្រាស់ដឹង  ព្រះសង្ឃ ជាសាវក នៃព្រះដ៏មាន​ព្រះភាគ លោកប្រតិបត្តិ គួរដល់សាមីចិកម្ម  បើរាប់ជាគូ នៃបុរស មាន ៤ គូ  រាប់រៀងជា​បុរសបុគ្គល មាន ៨  ព្រះសង្ឃនោះ ជាសង្ឃសាវក នៃព្រះដ៏មានព្រះភាគ លោកគួរទទួល នូវចតុប្បបច្ច័យ  ដែលបុគ្គលដទៃ បង្អោនចូលមកបូជា លោកគួរ​ទទួល នូវទាន ដែលបុគ្គលដទៃចាត់ចែងដើម្បីភ្ញៀវ ហើយបង្អោនចូលមកបូជា  លោកគួរទទួលនូវទាន ដែលបុគ្គលជឿ នូវកម្ម និងផលនៃកម្ម ហើយបូជា  លោកគួរដល់អញ្ជលិកម្ម ដែលសត្វលោកគប្បីធ្វើ លោកជា​បុញ្ញក្ខេត្ត ដ៏ប្រសើរ របស់សត្វ​លោក ជាការប្រពៃណាស់។​ បពិត្រទេវានមិន្ទ សត្វពួកខ្លះ ក្នុងលោកនេះ  ព្រោះហេតុតែប្រកបព្រម ដោយសេចក្តីជ្រះថ្លាមិនកម្រើក ក្នុងព្រះសង្ឃហើយ ​លុះបែកធ្លាយរាងកាយស្លាប់ទៅ  តែងកើតក្នុងសុគតិសួគ៌ ទេវលោកយ៉ាងនេះឯង។ បពិត្រទេវាមិន្ទ  ការប្រកបព្រម ដោយសីលជាទីត្រេកអរ នៃព្រះអរិយៈ ជា​សីលមិនដាច់  មិនធ្លុះ  មិនពព្រុស  មិនពពាល  ជាសីលអ្នកជា  ជាសីលដែលវិញ្ញូជនសរសើរ  ជាអបរាមដ្ឋសីល  ជាសីលប្រព្រឹត្តទៅ ដើម្បីសមាធិ  ជាការប្រពៃណាស់។ បពិត្រ​ទេវានមិន្ទ  សត្វពួកខ្លះ ក្នុងលោកនេះ  ព្រោះហេតុតែប្រកបព្រម ដោយសីល ជាទីត្រេកអរ នៃព្រះអរិយៈហើយ លុះបែកធ្លាយរាងកាយស្លាប់ទៅ​ តែងកើតក្នុងសុគតិសួគ៌ ទេវលោក យ៉ាងនេះឯង។  បពិត្រព្រះមោគ្គល្លាន អ្នកនិរទុក្ខ  ការប្រកបព្រម ដោយសេចក្តីជ្រះថ្លា មិនកម្រើកក្នុងព្រះពុទ្ធថា  ព្រះដ៏មានព្រះភាគ អង្គនោះ។ បេ។ ជាសាស្តានៃទេវតា និងមនុស្សទាំងឡាយ​​  ជាព្រះពុទ្ធ លែងវិលមកកាន់​ភពថ្មីទៀត  ជាការប្រពៃពិត។ បពិត្រព្រះមោគ្គល្លាន អ្នកនិរទុក្ខ  សត្វពួកខ្លះ ក្នុងលោកនេះ  ព្រោះហេតុតែប្រកបព្រម ដោយ​សេចក្តីជ្រះថ្លា មិនកម្រើក ក្នុងព្រះពុទ្ធហើយ  លុះបែកធ្លាយរាងកាយស្លាប់ទៅ  តែងកើតក្នុងសុគតិសួគ៌ ទេវលោក យ៉ាងនេះឯង។ បពិត្រព្រះមោគ្គល្លានអ្នកនិរទុក្ខ  ការប្រកបព្រម ដោយ​សេចក្តីជ្រះថ្លា មិនកម្រើក ក្នុងព្រះធម៌ថា  ធម៌ដែលព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់​ល្អហើយ។ បេ។ ជាធម៌ដែលវិញ្ញូជនគប្បីដឹងច្បាស់ ជាការប្រពៃពិត។ បពិត្រព្រះមោគ្គល្លាន អ្នកនិរទុក្ខ សត្វពួកខ្លះ ក្នុងលោកនេះ  ព្រោះហេតុតែប្រកបព្រម ដោយ​សេចក្តីជ្រះថ្លាមិនកម្រើក ក្នុងព្រះធម៌ហើយ លុះបែកធ្លាយរាងកាយស្លាប់ទៅ តែងកើត​ក្នុងសុគតិសួគ៌ ទេវលោក យ៉ាងនេះឯង។ បពិត្រព្រះមោគ្គល្លាន អ្នកនិរទុក្ខ  ការប្រកប​ព្រម ដោយ​សេចក្តីជ្រះថ្លា មិនកម្រើក ក្នុងព្រះសង្ឃថា  ព្រះសង្ឃជាសាវកនៃព្រះដ៏មានព្រះភាគ លោកប្រតិបត្តិល្អ។​ បេ។ លោកជាបុញ្ញក្ខេត្តដ៏ប្រសើររបស់សត្វលោក  ជាការប្រពៃពិត។  បពិត្រព្រះមោគ្គល្លាន អ្នកនិរទុក្ខ  សត្វពួកខ្លះ ក្នុងលោកនេះ ព្រោះហេតុតែប្រកប​​ព្រម ដោយសេចក្តីជ្រះថ្លាមិនកម្រើក ក្នុងព្រះសង្ឃហើយ  លុះបែកធ្លាយរាងកាយ ស្លាប់ទៅ តែងកើតក្នុងសុគតិសួគ៌ ទេវលោក យ៉ាងនេះឯង។ បពិត្រព្រះមោគ្គល្លាន អ្នកនិរទុក្ខ ការ​ប្រកបព្រម ដោយសីលជាទីត្រេកអរ នៃព្រះអរិយៈ  ជាសីលមិនដាច់។ បេ។  ប្រព្រឹត្តទៅ ដើម្បីសមាធិ  ជាការប្រពៃពិត។​ បពិត្រព្រះមោគ្គល្លានអ្នកនិរទុក្ខ  សត្វពួកខ្លះ ក្នុងលោកនេះ  ព្រោះហេតុតែប្រកបព្រម ដោយសីល ជាទីត្រេកអរ នៃព្រះអរិយៈហើយ  លុះបែកធ្លាយរាងកាយស្លាប់ទៅ តែងកើតក្នុងសុគតិសួគ៌ ទេវលោកយ៉ាងនេះឯង។

[១៧០]  គ្រានោះឯង សក្កទេវានមិន្ទ ព្រមទាំងទេវតា ៦០០ អង្គ។ បេ។  គ្រានោះឯង  សក្កទេវានមិន្ទ ព្រមទាំងទេវតា ៧០០ អង្គ។ បេ។  គ្រានោះឯង  សក្កទេវានមិន្ទ ព្រមទាំងទេវតា ៨០០ អង្គ។ បេ។

[១៧១]  គ្រានោះឯង  សក្កទេវានមិន្ទ ព្រមទាំងទេវតា ៨០.០០០ អង្គ  ចូលទៅរក​ព្រះមហាមោគ្គល្លានដ៏មានអាយុ  លុះចូលទៅដល់ ក៏ថ្វាយបង្គំព្រះមហា​មោគ្គល្លាន​ដ៏មានអាយុ  ហើយឋិតក្នុងទីដ៏សមគួរ។  លុះសក្កទេវានមិន្ទ ឋិតក្នុងទីដ៏សមគួរហើយ  ទើបព្រះមហាមោគ្គល្លានដ៏មានអាយុ បាននិយាយ ដូច្នេះថា  បពិត្រទេវានមិន្ទ  ការប្រកបព្រម ដោយសេចក្តីជ្រះថ្លាមិនកម្រើក ក្នុងព្រះពុទ្ធថា  ព្រះដ៏មានព្រះភាគ អង្គនោះ។ បេ។  ជាសាស្តានៃទេវតា និងមនុស្សទាំងឡាយ  ជាព្រះពុទ្ធ លែង​វិលមក​កាន់​ភពថ្មីទៀត ជាការប្រពៃណាស់។ បពិត្រទេវានមិន្ទ សត្វពួកខ្លះ ក្នុងលោកនេះ  ព្រោះហេតុតែប្រកបព្រម ដោយសេចក្តីជ្រះថ្លា មិនកម្រើក ក្នុងព្រះពុទ្ធហើយ  លុះបែកធ្លាយរាងកាយស្លាប់ទៅ  តែងកើតក្នុងសុគតិសួគ៌ ទេវលោក យ៉ាងនេះឯង។  បពិត្រទេវានមិន្ទ ការប្រកបព្រម ដោយសេចក្តីជ្រះថ្លាមិនកម្រើក ក្នុងព្រះធម៌ថា ធម៌ ដែលព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ល្អហើយ។ បេ។  ជាធម៌ដែលវិញ្ញូជន គប្បីដឹងច្បាស់  ជាការប្រពៃពិត។  បពិត្រទេវានមិន្ទ  សត្វពួកខ្លះ ក្នុងលោកនេះ  ព្រោះហេតុ​តែប្រកបព្រម ដោយសេចក្តីជ្រះថ្លា មិនកម្រើក ក្នុងព្រះធម៌ហើយ លុះបែកធ្លាយរាងកាយ ស្លាប់ទៅ តែងកើតក្នុងសុគតិសួគ៌ ទេវលោកយ៉ាងនេះឯង។  បពិត្រទេវានមិន្ទ  ការប្រកបព្រម ដោយសេចក្តីជ្រះថ្លាមិនកម្រើក ក្នុងព្រះសង្ឃថា  ព្រះសង្ឃជាសាវកនៃព្រះដ៏មានព្រះភាគ លោកប្រតិបត្តិល្អហើយ។ បេ។  ជាបុញ្ញក្ខេត្តដ៏ប្រសើររបស់សត្វលោក  ជាការប្រពៃណាស់។  បពិត្រទេវានមិន្ទ  សត្វពួកខ្លះ ក្នុងលោកនេះ  ព្រោះហេតុតែប្រកបព្រម ដោយសេចក្តីជ្រះថ្លាមិនកម្រើក ក្នុងព្រះសង្ឃហើយ  លុះបែកធ្លាយរាងកាយស្លាប់ទៅ  តែងកើតក្នុងសុគតិសួគ៌ ទេវលោកយ៉ាងនេះឯង។  បពិត្រទេវានមិន្ទ ​ការប្រកប​ដោយសីល ជាទីត្រេកអរ នៃព្រះអរិយៈ  ជាសីលមិនដាច់។ បេ។  ប្រព្រឹត្តទៅ ដើម្បីសមាធិ  ជាការប្រពៃណាស់។  បពិត្រទេវានមិន្ទ  សត្វពួកខ្លះ ក្នុងលោកនេះ  ព្រោះហេតុតែប្រកបដោយសីល ជាទីត្រេកអរនៃព្រះអរិយៈហើយ  លុះបែកធ្លាយរាងកាយ ស្លាប់ទៅ  តែងកើតក្នុងសុគតិសួគ៌ ទេវលោកយ៉ាងនេះឯង។  បពិត្រព្រះមោគ្គល្លាន អ្នកនិរទុក្ខ ការប្រកបព្រមដោយសេចក្តីជ្រះថ្លាមិនកម្រើក ក្នុងព្រះពុទ្ធថា ព្រះដ៏មានព្រះភាគ អង្គនោះ។ បេ។  ជាសាស្តានៃទេវតា និងមនុស្សទាំងឡាយ  ជាព្រះពុទ្ធលែង​វិល​មកកាន់​ភពថ្មីទៀត  ជាការប្រពៃពិត។  បពិត្រព្រះមោគ្គល្លាន អ្នកនិរទុក្ខ  សត្វពួក​ខ្លះ ក្នុងលោកនេះ  ព្រោះហេតុតែប្រកបព្រម ដោយសេចក្តីជ្រះថ្លាមិនកម្រើក ក្នុងព្រះពុទ្ធ​ហើយ  លុះបែកធ្លាយរាងកាយស្លាប់ទៅ  តែងកើតក្នុងសុគតិសួគ៌ ទេវលោក យ៉ាងនេះ ឯង។  បពិត្រព្រះមោគ្គល្លាន អ្នកនិរទុក្ខ  ការប្រកបព្រម ដោយសេចក្តីជ្រះថ្លាមិនកម្រើក ក្នុងព្រះធម៌ថា  ធម៌ដែលព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ល្អហើយ។ បេ។  ជាធម៌ដែល​វិញ្ញូជន គប្បីដឹងច្បាស់ដោយខ្លួនឯង  ជាការប្រពៃពិត។  បពិត្រព្រះមោគ្គល្លាន អ្នក​និរទុក្ខ  សត្វពួកខ្លះ ក្នុងលោកនេះ  ព្រោះហេតុតែប្រកបព្រម ដោយសេចក្តីជ្រះថ្លាមិន​កម្រើក ក្នុងព្រះធម៌ហើយ  លុះបែកធ្លាយរាងកាយស្លាប់ទៅ  តែងកើតក្នុងសុគតិសួគ៌ ទេវលោកយ៉ាងនេះឯង។ ​ បពិត្រព្រះមោគ្គល្លាន អ្នកនិរទុក្ខ  ការប្រកបព្រម ដោយ​សេចក្តីជ្រះថ្លាមិនកម្រើក  ក្នុងព្រះសង្ឃថា  ព្រះសង្ឃជាសាវក នៃព្រះដ៏មានព្រះភាគ លោកប្រតិបត្តិល្អហើយ។ បេ។  ជាបុញ្ញក្ខេត្តដ៏ប្រសើរ របស់សត្វលោក  ជាការប្រពៃ ពិត។  បពិត្រព្រះមោគ្គល្លាន អ្នកនិរទុក្ខ  សត្វពួកខ្លះ ក្នុងលោកនេះ  ព្រោះហេតុតែប្រកបព្រម ដោយសេចក្តីជ្រះថ្លាមិនកម្រើក ក្នុងព្រះសង្ឃហើយ  លុះបែកធ្លាយរាងកាយស្លាប់ទៅ  តែងកើតក្នុងសុគតិសួគ៌ ទេវលោកយ៉ាងនេះឯង។  បពិត្រព្រះមោគ្គល្លាន អ្នកនិរទុក្ខ ​ ការប្រកបព្រម ដោយសីល ជាទីត្រេកអរ នៃព្រះអរិយៈ  ជាសីលមិនដាច់។ បេ។  ប្រព្រឹត្តទៅ ដើម្បីសមាធិ  ជាការប្រពៃពិត។  បពិត្រព្រះមោគ្គល្លាន អ្នកនិរទុក្ខ  សត្វពួកខ្លះ ក្នុងលោកនេះ  ព្រោះហេតុតែប្រកបព្រម ដោយសីល  ជាទីត្រេកអរនៃព្រះអរិយៈ ហើយ ​ លុះបែកធ្លាយរាងកាយស្លាប់ទៅ  តែងកើតក្នុងសុគតិសួគ៌ ទេវលោក យ៉ាងនេះឯង។

[១៧២]  គ្រានោះឯង  សក្កទេវានមិន្ទ ព្រមទាំងទេវតា ៥០០ អង្គ  ចូលទៅរក​ព្រះមហាមោគ្គល្លានដ៏មានអាយុ  លុះចូលទៅដល់​។បេ។  លុះសក្កទេវានិមិន្ទ ឋិត​ក្នុងទីដ៏សមគួរហើយ  ទើបព្រះមហាមោគ្គល្លានដ៏មានអាយុ បាននិយាយដូច្នេះថា  បពិត្រទេវានិមិន្ទ ការដល់នូវព្រះពុទ្ធជាទីពឹង ប្រពៃណាស់។  បពិត្រទេវានិមិន្ទ ​សត្វពួកខ្លះ ក្នុងលោកនេះ  ព្រោះហេតុតែដល់នូវព្រះពុទ្ធ ជាទីពឹងហើយ  លុះបែកធ្លាយរាងកាយ ស្លាប់ទៅ  តែងកើតក្នុងសុគតិសួគ៌ ទេវលោកយ៉ាងនេះឯង  សត្វទាំងនោះ រមែងបាននូវរបស់ជាទិព្វដទៃ  ដោយឋានៈទាំង ១០ យ៉ាង គឺ អាយុជាទិព្វ ១  ពណ៌សម្បុរជាទិព្វ ១  សេចក្តីសុខជាទិព្វ ១  យសជាទិព្វ ១  អធិបតីជាទិព្វ ១  រូបជាទិព្វ ១  សំឡេងជាទិព្វ ១  ក្លិនជាទិព្វ ១  រសជាទិព្វ ១  ផោដ្ឋព្វៈជាទិព្វ ១។  បពិត្រទេវានមិន្ទ  ការដល់នូវព្រះធម៌ ជាទីពឹង ប្រពៃណាស់។  បពិត្រទេវានិមិន្ទ ​សត្វពួកខ្លះ ក្នុងលោកនេះ ព្រោះហេតុតែដល់នូវព្រះធម៌ជាទីពឹងហើយ  លុះបែកធ្លាយរាងកាយស្លាប់ទៅ  តែងកើតក្នុងសុគតិ សួគ៌ទេវលោកយ៉ាងនេះឯង  សត្វទាំងនោះ រមែងបាននូវរបស់ជាទិព្វដទៃ  ដោយឋានៈ ទាំង ១០ យ៉ាង គឺ អាយុជាទិព្វ ១  ពណ៌សម្បុរជាទិព្វ ១  សេចក្តីសុខជាទិព្វ ១  យសជាទិព្វ ១  អធិបតីជាទិព្វ ១  រូបជាទិព្វ ១  សំឡេងជាទិព្វ ១  ក្លិនជាទិព្វ ១  រសជាទិព្វ ១  ផោដ្ឋព្វៈជាទិព្វ ១។  បពិត្រទេវានមិន្ទ  ការដល់នូវព្រះសង្ឃ ជាទីពឹង ប្រពៃណាស់។  បពិត្រទេវានិមិន្ទ ​សត្វពួកខ្លះ ក្នុងលោកនេះ ព្រោះហេតុតែដល់នូវព្រះសង្ឃ ជាទីពឹងហើយ  លុះបែកធ្លាយ​រាងកាយ ស្លាប់ទៅ  តែងកើតក្នុងសុគតិសួគ៌ ទេវលោក  សត្វទាំងនោះ រមែងបាននូវរបស់ជាទិព្វដទៃ ដោយឋានៈ ទាំង ១០ យ៉ាង គឺ អាយុជាទិព្វ ១  ពណ៌សម្បុរជាទិព្វ ១  សេចក្តីសុខជាទិព្វ ១  យសជាទិព្វ ១  អធិបតីជាទិព្វ ១  រូបជាទិព្វ ១  សំឡេងជាទិព្វ ១  ក្លិនជាទិព្វ ១  រសជាទិព្វ ១  ផោដ្ឋព្វៈជាទិព្វ ១។  បពិត្រព្រះមោគ្គល្លាន អ្នកនិរទុក្ខ  ការដល់នូវព្រះពុទ្ធ ជាទីពឹង ប្រពៃណាស់។  បពិត្រព្រះមោគ្គល្លាន អ្នកនិរទុក្ខ ​ សត្វពួកខ្លះ ក្នុងលោកនេះ ព្រោះហេតុតែដល់នូវព្រះពុទ្ធ ជាទីពឹងហើយ  លុះបែកធ្លាយរាងកាយ ស្លាប់ទៅ  តែងកើតក្នុងសុគតិសួគ៌ ទេវលោកយ៉ាងនេះឯង  សត្វទាំងនោះ រមែងបាននូវ​របស់​ជាទិព្វដទៃ  ដោយឋានៈ ទាំង ១០ យ៉ាង គឺ អាយុជាទិព្វ ១។ បេ។  ផោដ្ឋព្វៈជាទិព្វ   ១។  បពិត្រព្រះមោគ្គល្លាន អ្នកនិរទុក្ខ ​ការដល់នូវព្រះធម៌ ជាទីពឹង ប្រពៃណាស់។ បេ។  បពិត្រព្រះមោគ្គល្លាន អ្នកនិរទុក្ខ ការដល់នូវព្រះសង្ឃ ជាទីពឹង ប្រពៃណាស់។   បពិត្រ​ព្រះមោគ្គល្លាន អ្នកនិរទុក្ខ  សត្វពួកខ្លះ ក្នុងលោកនេះ ព្រោះហេតុតែដល់ នូវព្រះសង្ឃ ជាទីពឹងហើយ  លុះបែកធ្លាយរាងកាយ ស្លាប់ទៅ  តែងកើតក្នុងសុគតិសួគ៌ ទេវលោក យ៉ាងនេះឯង  សត្វទាំងនោះ រមែងបាននូវរបស់ជាទិព្វដទៃ  ដោយឋានៈ ទាំង ១០ យ៉ាង គឺអាយុជាទិព្វ ១  ពណ៌សម្បុរជាទិព្វ ១  សេចក្តីសុខជាទិព្វ ១  យសជាទិព្វ ១  អធិបតីជាទិព្វ ១  រូបជាទិព្វ ១  សំឡេងជាទិព្វ ១  ក្លិនជាទិព្វ ១  រសជាទិព្វ ១  ផោដ្ឋព្វៈជាទិព្វ ១។

[១៧៣]  គ្រានោះឯង សក្កទេវានមិន្ទ ព្រមទាំងទេវតា ៦០០អង្គ។ បេ។  គ្រានោះឯង  សក្កទេវានមិន្ទ ព្រមទាំងទេវតា ៧០០អង្គ។ បេ។  គ្រានោះឯង  សក្កទេវានមិន្ទ ព្រមទាំងទេវតា ៨០០អង្គ។ បេ។

[១៧៤]  គ្រានោះឯង  សក្កទេវានមិន្ទ ព្រមទាំងទេវតា ៨០.០០០ អង្គ  ចូលទៅរក​ព្រះមហាមោគ្គល្លានដ៏មានអាយុ  លុះចូលទៅដល់ ក៏ថ្វាយបង្គំព្រះមហា​មោគ្គល្លានដ៏មានអាយុ ហើយឋិតនៅក្នុងទីដ៏សមគួរ។  លុះសក្កទេវានិមិន្ទ ឋិតក្នុងទី​ដ៏សម​គួរហើយ  ទើបព្រះមហាមោគ្គល្លានដ៏មានអាយុ បាននិយាយ ដូច្នេះថា  បពិត្រ​ទេវានិមិន្ទ ការដល់នូវព្រះពុទ្ធជាទីពឹង ប្រពៃណាស់។  បពិត្រទេវានិមិន្ទ ​សត្វពួកខ្លះ ក្នុងលោកនេះ  ព្រោះហេតុតែដល់នូវព្រះពុទ្ធ ជាទីពឹងហើយ  លុះបែកធ្លាយរាងកាយ ស្លាប់ទៅ  តែងកើតក្នុងសុគតិសួគ៌ ទេវលោកយ៉ាងនេះឯង  សត្វទាំងនោះ រមែងបាននូវ​របស់ជាទិព្វដទៃ  ដោយឋានៈ ទាំង ១០ យ៉ាង គឺអាយុជាទិព្វ ១។ បេ។ ផោដ្ឋព្វៈជាទិព្វ ១។  បពិត្រទេវានមិន្ទ  ការដល់នូវព្រះធម៌ ជាទីពឹង ប្រពៃណាស់។ បេ។ បពិត្រទេវានមិន្ទ  ការដល់នូវព្រះសង្ឃ ជាទីពឹង ប្រពៃណាស់។ បពិត្រទេវានមិន្ទ ​សត្វពួកខ្លះ ក្នុងលោកនេះ ព្រោះហេតុតែដល់នូវសង្ឃ ជាទីពឹងហើយ  លុះបែកធ្លាយរាងកាយស្លាប់ទៅ  តែងកើតក្នុងសុគតិសួគ៌ ទេវលោកយ៉ាងនេះឯង  សត្វទាំងនោះ រមែងបាននូវរបស់ជាទិព្វដទៃ  ដោយឋានៈ ទាំង ១០ យ៉ាង គឺ អាយុជាទិព្វ ១  ពណ៌សម្បុរជាទិព្វ ១  សេចក្តីសុខជាទិព្វ ១  យសជាទិព្វ ១  អធិបតីជាទិព្វ ១  រូបជាទិព្វ ១  សំឡេងជាទិព្វ ១  ក្លិនជាទិព្វ ១  រសជាទិព្វ ១  ផោដ្ឋព្វៈជាទិព្វ ១។ ​ បពិត្រព្រះមហាមោគ្គល្លាន អ្នកនិរទុក្ខ  ការដល់នូវព្រះពុទ្ធ ជាទីពឹង ប្រពៃណាស់។ បេ។  បពិត្រព្រះមហាមោគ្គល្លាន អ្នកនិរទុក្ខ  ការដល់នូវព្រះធម៌ ជាទីពឹងប្រពៃណាស់។ បេ។  បពិត្រព្រះមហាមោគ្គល្លាន អ្នកនិរទុក្ខ  ការដល់ នូវព្រះសង្ឃ ជាទីពឹង ប្រពៃណាស់។  បពិត្រព្រះមោគ្គល្លាន អ្នកនិរទុក្ខ  ​សត្វពួកខ្លះ ក្នុងលោកនេះ ព្រោះហេតុតែដល់ នូវសង្ឃ ជាទីពឹងហើយ  លុះបែកធ្លាយរាងកាយស្លាប់ទៅ  តែងកើតក្នុងសុគតិសួគ៌ ទេវលោកយ៉ាងនេះឯង  សត្វទាំងនោះ រមែងបាននូវរបស់ជាទិព្វដទៃ  ដោយឋានៈ ទាំង ១០ យ៉ាង គឺអាយុជាទិព្វ ១  ពណ៌សម្បុរជាទិព្វ ១  សេចក្តីសុខជាទិព្វ ១  យសជាទិព្វ ១  អធិបតីជាទិព្វ ១  រូបជាទិព្វ ១  សំឡេងជាទិព្វ ១  ក្លិនជាទិព្វ ១  រសជាទិព្វ ១  ផោដ្ឋព្វៈជាទិព្វ ១។

[១៧៥]  គ្រានោះឯង  សក្កទេវានមិន្ទ ព្រមទាំងទេវតា ៥០០អង្គ  ចូលទៅរក  ព្រះមហាមោគ្គល្លានដ៏មានអាយុ  លុះចូលទៅដល់  ក៏ថ្វាយបង្គំព្រះមហាមោគ្គល្លាន ដ៏មានអាយុ ហើយឋិតនៅក្នុងទីដ៏សមគួរ។  លុះសក្កទេវានមិន្ទ ឋិតក្នុងទីដ៏សមគួរហើយ  ទើបព្រះមហាមោគ្គល្លានដ៏មានអាយុ បាននិយាយដូច្នេះថា  បពិត្រទេវានមិន្ទ  ការប្រកបព្រម ដោយសេចក្តីជ្រះថ្លា មិនកម្រើក ក្នុងព្រះពុទ្ធថា  ព្រះដ៏មានព្រះភាគ អង្គ​នោះ។ បេ។  ជាសាស្តានៃទេវតា និងមនុស្សទាំងឡាយ  ជាព្រះពុទ្ធ លែងវិលមកកាន់​ភពថ្មីទៀត  ជាការប្រពៃណាស់។ ​ បពិត្រទេវានិមិន្ទ ​សត្វពួកខ្លះ ក្នុងលោកនេះ  ព្រោះ​ហេតុតែប្រកបព្រម ដោយសេចក្តីជ្រះថ្លាមិនកម្រើក ក្នុងព្រះពុទ្ធហើយ  លុះបែកធ្លាយ រាងកាយស្លាប់ទៅ  តែងកើតក្នុងសុគតិសួគ៌ ទេវលោកយ៉ាងនេះឯង  សត្វទាំងនោះ រមែងបាននូវរបស់ជាទិព្វដទៃ  ដោយឋានៈ ទាំង ១០ យ៉ាង គឺអាយុជាទិព្វ ១។ បេ។ ផោដ្ឋព្វៈជាទិព្វ ១។  បពិត្រទេវានមិន្ទ  ការប្រកបព្រម ដោយសេចក្តីជ្រះថ្លាមិនកម្រើក ក្នុងព្រះធម៌  ជាការប្រពៃណាស់។ បេ។ ​ បពិត្រទេវានមិន្ទ  ការប្រកបព្រម ដោយ​សេចក្តី​ជ្រះថ្លា​មិនកម្រើក ក្នុងព្រះសង្ឃ ​ជាការប្រពៃណាស់។ បេ។ ​បពិត្រទេវានមិន្ទ  ការប្រកបព្រម ដោយសីល ជាទីត្រេកអរ នៃព្រះអរិយៈ  ជាសីលមិនដាច់។ បេ។  ជា សីលប្រព្រឹត្តទៅ ដើម្បីសមាធិ ​ជាការប្រពៃណាស់។  បពិត្រទេវានមិន្ទ  សត្វពួកខ្លះ ក្នុង លោកនេះ  ព្រោះហេតុតែប្រកបព្រម ដោយសីល ជាទីត្រេកអរ នៃព្រះអរិយៈហើយ  លុះបែកធ្លាយរាងកាយស្លាប់ទៅ តែងកើតក្នុងសុគតិសួគ៌ ទេវលោកយ៉ាងនេះឯង សត្វទាំងនោះ រមែងបាននូវរបស់ជាទិព្វដទៃ  ដោយឋានៈ ទាំង ១០ យ៉ាង គឺអាយុជាទិព្វ ១។ បេ។  ផោដ្ឋព្វជាទិព្វ ១។  បពិត្រព្រះមោគ្គល្លាន ​អ្នកនិរទុក្ខ​  ការប្រកបព្រម ដោយសេចក្តីជ្រះថ្លាមិនកម្រើក ក្នុងព្រះពុទ្ធថា  ព្រះដ៏មានព្រះភាគ អង្គនោះ។ បេ។  ជាសាស្តា នៃទេវតា និងមនុស្សទាំងឡាយ  ជាព្រះពុទ្ធ លែងវិលមកកាន់ភពថ្មីទៀត ជាការប្រពៃពិត។  បពិត្រព្រះមោគ្គល្លាន អ្នកនិរទុក្ខ  សត្វពួកខ្លះ ក្នុងលោកនេះ   ព្រោះហេតុតែប្រកបព្រម ដោយសេចក្តីជ្រះថ្លាមិនកម្រើក ក្នុងព្រះពុទ្ធហើយ ​លុះបែកធ្លាយរាងកាយ ស្លាប់ទៅ  តែងកើតក្នុងសុគតិសួគ៌ ទេវលោកយ៉ាងនេះឯង  សត្វទាំងនោះ រមែងបាននូវរបស់ជាទិព្វដទៃ ដោយឋានៈ ទាំង ១០ យ៉ាង គឺអាយុជាទិព្វ ១។បេ។ ផោដ្ឋព្វជាទិព្វ ១។ បពិត្រព្រះមោគ្គ​ល្លាន អ្នកនិរទុក្ខ  ការប្រកបព្រម ដោយសេចក្តីជ្រះថ្លាមិនកម្រើក ក្នុងព្រះធម៌ ថា ព្រះធម៌ដែលព្រះដ៏​មានព្រះភាគ ទ្រង់ត្រាស់ល្អហើយ។ បេ។ ជាធម៌ដែលវិញ្ញូជន គប្បីដឹងច្បាស់ដោយខ្លួនឯង  ជាការប្រពៃពិត។ បពិត្រព្រះមោគ្គល្លាន អ្នកនិរទុក្ខ  សត្វពួកខ្លះ ក្នុងលោកនេះ  ព្រោះហេតុតែ​ប្រកបព្រម ដោយសេចក្តីជ្រះថ្លាមិនកម្រើក ក្នុងព្រះធម៌ហើយ  លុះបែកធ្លាយរាងកាយស្លាប់​ទៅ តែងកើតក្នុងសុគតិសួគ៌ ទេវលោកយ៉ាងនេះឯង  សត្វទាំងនោះ រមែងបាននូវរបស់ជាទិព្វដទៃ  ដោយឋានៈ ទាំង ១០ យ៉ាង គឺ​​អាយុជាទិព្វ ១។បេ។  ផោដ្ឋព្វៈជាទិព្វ ១។បេ។  បពិត្រព្រះមោគ្គល្លាន អ្នកនិរទុក្ខ  ការ​ប្រកបព្រម ដោយសេចក្តីជ្រះថ្លាមិនកម្រើក ក្នុងព្រះសង្ឃថា  ព្រះសង្ឃជាសាវកនៃព្រះដ៏​មានព្រះភាគ លោកប្រតិបត្តិល្អហើយ។ បេ។  ជាបុញ្ញក្ខេត្តដ៏ប្រសើរ របស់សត្វលោក  ជាការប្រពៃពិត។  បពិត្រព្រះមោគ្គល្លាន អ្នកនិរទុក្ខ  សត្វពួកខ្លះ ក្នុងលោកនេះ  ព្រោះ​ហេតុតែប្រកបព្រម ដោយសេចក្តីជ្រះថ្លាមិនកម្រើក ក្នុងព្រះសង្ឃ​ហើយ​ លុះបែកធ្លាយ រាងកាយស្លាប់ទៅ ​តែងកើតក្នុងសុគតិសួគ៌ ទេវលោកយ៉ាងនេះឯង សត្វទាំងនោះ រមែងបាននូវរបស់ជាទិព្វដទៃ​ ដោយឋានៈ ទាំង ១០ យ៉ាង គឺអាយុជាទិព្វ ១។ បេ។ ផោដ្ឋព្វៈជាទិព្វ ១។ បពិត្រព្រះមោគ្គល្លាន អ្នកនិរទុក្ខ  ការប្រកបព្រម ដោយសីល ជាទីត្រេកអរ នៃព្រះអរិយៈ  ជាសីលមិនដាច់។ បេ។  ជាសីលប្រព្រឹត្តទៅ ដើម្បីសមាធិ  ជាការប្រពៃពិត។ បពិត្រព្រះមោគ្គល្លាន អ្នកនិរទុក្ខ  សត្វពួកខ្លះ ក្នុងលោកនេះ  ព្រោះហេតុតែប្រកបព្រម ដោយ​សីល  ជាទីត្រេកអរ នៃព្រះអរិយៈហើយ  លុះបែកធ្លាយ រាងកាយស្លាប់ទៅ  តែងកើតក្នុងសុគតិសួគ៌ ទេវលោកយ៉ាងនេះឯង  សត្វទាំងនោះ រមែងបាននូវរបស់ជាទិព្វដទៃ ដោយឋានៈ ទាំង ១០ យ៉ាង គឺអាយុជាទិព្វ ១។ បេ។  ផោដ្ឋព្វៈ ជាទិព្វ ១​។

[១៧៦]  គ្រានោះឯង  សក្កទេវានមិន្ទ ព្រមទាំងទេវតា ៦០០ អង្គ។ បេ។  គ្រានោះ ឯង សក្កទេវាមិន្ទ ព្រមទាំទេវតា ៧០០ អង្គ។ បេ។  គ្រានោះឯង  សក្កទេវាមិន្ទ ព្រម ទាំងទេវតា ៨០០ អង្គ។ បេ។​

[១៧៧]  គ្រានោះឯង  សក្កទេវានមិន្ទ ព្រមទាំងទេវតា ៨០.០០០ អង្គ  ចូលទៅរក ព្រះមហាមោគ្គល្លានដ៏មានអាយុ    លុះចូលទៅដល់ ​  ក៏ថ្វាយបង្គំព្រះមហាមោគ្គល្លានដ៏ ​មាន​​អាយុ ហើយឋិតក្នុងទីដ៏សមគួរ។ លុះសក្កទេវាមិន្ទ ក្នុងទីដ៏សមគួរហើយ  ទើប ព្រះមហាមោគ្គល្លានដ៏មានអាយុ បាននិយាយដូច្នេះថា  បពិត្រទេវានមិន្ទ  ការប្រកបព្រម ដោយសេចក្តីជ្រះថ្លាមិនកម្រើក ក្នុងព្រះពុទ្ធថា  ព្រះដ៏មានព្រះភាគអង្គនោះ  ព្រះអង្គជា អរហន្តសម្មាសម្ពុទ្ធ  បរិបូណ៌ដោយវិជ្ជា និងចរណៈ ​ជាព្រះសុគត ជ្រាបច្បាស់នូវ ត្រៃលោក  ជាបុគ្គលប្រសើរ  ជាសារថីទូន្មាននូវបុរស  ជាសាស្តានៃទេវតា និងមនុស្ស ទាំងឡាយ ជាព្រះពុទ្ធលែងវិលមកកាន់ភពថ្មី​ទៀត ជាការប្រពៃណាស់។ បពិត្រ ទេវានមិន្ទ  សត្វពួកខ្លះក្នុងលោកនេះ ព្រោះហេតុតែប្រកបព្រមដោយសេចក្តីជ្រះថ្លាមិន កម្រើក ក្នុងព្រះពុទ្ធហើយ  លុះបែកធ្លាយរាង​កាយស្លាប់ទៅ  តែងកើតក្នុងសុគតិសួគ៌ ទេវលោកយ៉ាងនេះឯង​​ សត្វទាំងនោះ រមែងបាននូវរបស់ជាទិព្វដទៃ  ដោយឋានៈទាំង ១០ យ៉ាង គឺអាយុជាទិព្វ ១  ពណ៌សម្បុរជាទិព្វ ១  សេចក្តីសុខជាទិព្វ ១  យសជាទិព្វ ១  អធិបតីជាទិព្វ ១  រូបជាទិព្វ ១  សំឡេងជាទិព្វ ១  ក្លិនជាទិព្វ ១ រសជាទិព្វ ១ ផោដ្ឋព្វៈជាទិព្វ ១។  បពិត្រទេវានមិន្ទ  ការប្រកបព្រមដោយសេចក្តីជ្រះថ្លាមិនកម្រើក ក្នុងព្រះធម៌ថា  ព្រះធម៌ដែលព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ល្អហើយ  ជាធម៌ដែលព្រះអរិយបុគ្គលឃើញច្បាស់ដោយខ្លួនឯង  ជាធម៌ឲ្យផលមិនរង់ចាំកាល  ជាធម៌ដែល ព្រះអរិយបុគ្គលបានសម្រេចមគ្គផលហើយ គួរនឹងហៅបុគ្គលដទៃឲ្យចូលមកមើលបាន  ជាធម៌ដែលព្រះអរិយបុគ្គលគប្បីបង្អោនចូលមកទុកក្នុងខ្លួន  ជាធម៌ដែលវិញ្ញូជនគប្បី ដឹងច្បាស់ដោយខ្លួនឯង  ជាការប្រពៃណាស់។  បពិត្រទេវានមិន្ទ  សត្វពួកខ្លះក្នុងលោក នេះ ព្រោះហេតុតែប្រកបព្រមដោយសេចក្តីជ្រះថ្លាមិនកម្រើក ក្នុងព្រះធម៌ហើយ លុះ បែកធ្លាយរាងកាយស្លាប់ទៅ តែងកើតក្នុងសុគតិសួគ៌ទេវលោកយ៉ាងនេះឯង សត្វទាំង នោះ រមែងបាននូវរបស់ជាទិព្វដទៃ  ដោយឋានៈទាំង ១០ យ៉ាង គឺអាយុជាទិព្វ ១។ បេ។  ផោដ្ឋព្វៈជាទិព្វ ១។  បពិត្រទេវានមិន្ទ ការប្រកបព្រម ដោយសេចក្តីជ្រះថ្លាមិនកម្រើក ក្នុងព្រះសង្ឃថា ព្រះសង្ឃ ជាសាវក នៃព្រះដ៏មានព្រះភាគ លោកប្រតិបត្តិល្អហើយ  ព្រះសង្ឃជាសាវក នៃព្រះដ៏មានព្រះភាគ លោកប្រតិបត្តិដោយត្រង់  ព្រះសង្ឃជាសាវក នៃព្រះដ៏មានព្រះភាគ លោកប្រតិបត្តិ ដើម្បីត្រាស់ដឹង  ព្រះសង្ឃជាសាវក នៃព្រះដ៏មាន​ព្រះភាគ លោកប្រតិបត្តិគួរដល់សាមីចិកម្ម  បើរាប់ជាគូ នៃបុរស មាន​ ៤ គូ រាប់រៀងជា បុរសបុគ្គល មាន ៨  ព្រះសង្ឃទាំងនោះ ជាសង្ឃសាវក នៃព្រះដ៏មានព្រះភាគ លោកគួរ ទទួលនូវចតុប្បច្ច័យ ដែលបុគ្គលដទៃបង្អោនចូលមកបូជា  លោកគួរទទួលនូវទាន ដែល បុគ្គលចាត់ចែងដើម្បីភ្ញៀវ  ហើយបង្អោនចូលមកបូជា  លោកគួរទទួលនូវទានដែល បុគ្គលជឿនូវកម្ម និងផលនៃកម្ម ហើយបូជា  លោកគួរដល់អញ្ជលិកម្ម ដែលសត្វលោក គប្បីធ្វើ  លោកជាបុញ្ញក្ខេត្ត ដ៏ប្រសើរ របស់សត្វលោក  ជាការប្រពៃណាស់។  បពិត្រ ទេវានមិន្ទ  សត្វពួកខ្លះ ក្នុងលោកនេះ  ព្រោះហេតុតែប្រកបព្រម ដោយេសចក្តីជ្រះថ្លា​មិនកម្រើក ក្នុងព្រះសង្ឃហើយ  លុះបែកធ្លាយរាងកាយស្លាប់ទៅ តែងកើតក្នុងសុគតិ​សួគ៌ ទេវលោកយ៉ាងនេះឯង សត្វទាំងនោះ រមែងបាននូវរបស់ជាទិព្វដទៃ  ដោយឋានៈ ទាំង ១០ យ៉ាង គឺ អាយុជាទិព្វ ១។ បេ។  ផោដ្ឋព្វៈជាទិព្វ ១។  បពិត្រទេវានមិន្ទ  ការប្រកប ព្រម ដោយសីលជាទីត្រេកអរ នៃព្រះអរិយៈ ជាសីលមិនដាច់ មិនធ្លុះ មិនពព្រុស មិន ពពាល ជាសីលអ្នកជា ជាសីល ដែលវិញ្ញូជនសរសើរ ជាអបរាមដ្ឋសីល ជាសីល ប្រព្រឹត្តទៅ ដើម្បីសមាធិ ជាការប្រពៃណាស់។  បពិត្រទេវានមិន្ទ  សត្វពួកខ្លះ ក្នុងលោក នេះ  ព្រោះហេតុតែប្រកបព្រម ដោយសីល ជាទីត្រេកអរ នៃព្រះអរិយៈហើយ  លុះបែក ធ្លាយរាងកាយស្លាប់ទៅ  តែងកើតក្នុងសុគតិសួគ៌ ទេវលោកយ៉ាងនេះឯង  សត្វទាំងនោះ រមែងបាននូវរបស់ជាទិព្វដទៃ  ដោយឋានៈ ទាំង ១០ យ៉ាង គឺ អាយុជាទិព្វ ១ ពណ៌ សម្បុរជាទិព្វ ១ សេចក្តីសុខជាទិព្វ ១  យសជាទិព្វ ១  អធិបតីជាទិព្វ ១  រូបជាទិព្វ ១  សំឡេងជាទិព្វ ១  ក្លិនជាទិព្វ ១  រសជាទិព្វ ១  ផោដ្ឋព្វៈជាទិព្វ ១។  បពិត្រព្រះមោគ្គល្លាន អ្នកនិរទុក្ខ ការប្រកបព្រម ដោយសេចក្តីជ្រះថ្លាមិនកម្រើក ក្នុងព្រះពុទ្ធថា  ព្រះដ៏មាន​ព្រះភាគ អង្គនោះ។ បេ។  ជាសាស្តានៃទេវតា និងមនុស្សទាំងឡាយ  ជាព្រះពុទ្ធលែង វិលមកកាន់ភពថ្មីទៀត ជាការប្រពៃពិត។ បពិត្រព្រះមោគ្គល្លាន អ្នកនិរទុក្ខ  សត្វពួក​ខ្លះ ក្នុងលោកនេះ  ព្រោះហេតុតែប្រកបព្រម ដោយសេចក្តីជ្រះថ្លាមិនកម្រើក ក្នុងព្រះពុទ្ធ ហើយ លុះបែកធ្លាយរាងកាយស្លាប់ទៅ តែងកើតក្នុងសុគតិសួគ៌ ទេវលោកយ៉ាងនេះឯង  សត្វទាំងនោះ រមែងបាននូវរបស់ជាទិព្វដទៃ  ដោយឋានៈ ទាំង ១០ យ៉ាង គឺ អាយុ ជាទិព្វ ១។ បេ។  ផោដ្ឋព្វៈជាទិព្វ ១។  បពិត្រព្រះមោគ្គល្លាន អ្នកនិរទុក្ខ  ការប្រកប ព្រមដោយសេចក្តីជ្រះថ្លាមិនកម្រើក ក្នុងព្រះធម៌ថា ធម៌ដែលព្រះដ៏មានព្រះភាគ ទ្រង់ ត្រាស់ល្អហើយ។ បេ។  ជាធម៌ដែលវិញ្ញូជន គប្បីដឹងច្បាស់ដោយខ្លួនឯង  ប្រពៃពិត។  បពិត្រព្រះមោគ្គល្លាន អ្នកនិរទុក្ខ  សត្វពួកខ្លះ ក្នុងលោកនេះ  ព្រោះហេតុតែប្រកបព្រម ដោយសេចក្តីជ្រះថ្លាមិនកម្រើក ក្នុងព្រះធម៌ហើយ លុះបែកធ្លាយរាងកាយស្លាប់ទៅ  តែងកើតក្នុងសុគតិសួគ៌ទេវលោកយ៉ាងនេះឯង  សត្វទាំងនោះ រមែងបាននូវរបស់ជាទិព្វ ដទៃ  ដោយឋានៈ ទាំង ១០ យ៉ាង គឺអាយុជាទិព្វ ១។ បេ។  ផោដ្ឋព្វៈជាទិព្វ ១។  បពិត្រ ព្រះមោគ្គល្លាន អ្នកនិរទុក្ខ  ការប្រកបព្រមដោយសេចក្តីជ្រះថ្លាមិនកម្រើក ក្នុងព្រះសង្ឃ ថា ​ព្រះសង្ឃជាសាវកនៃព្រះដ៏មានព្រះភាគ លោកប្រតិបត្តិល្អហើយ។ បេ។  លោកជា បុញ្ញក្ខេត្តដ៏ប្រសើររបស់សត្វលោក ប្រពៃពិត។ បពិត្រព្រះមោគ្គល្លាន អ្នកនិរទុក្ខ  សត្វពួកខ្លះ ក្នុងលោកនេះ  ព្រោះហេតុតែប្រកបព្រម ដោយសេចក្តីជ្រះថ្លាមិនកម្រើក ក្នុងព្រះសង្ឃហើយ  លុះបែកធ្លាយរាងកាយស្លាប់ទៅ  តែងកើតក្នុងសុគតិសួគ៌ ទេវលោក យ៉ាងនេះឯង  សត្វទាំងនោះ រមែងបាននូវរបស់ជាទិព្វដទៃ  ដោយឋានៈ ទាំង ១០ យ៉ាង  គឺ  អាយុជាទិព្វ ១។ បេ។  ផោដ្ឋព្វៈជាទិព្វ ១។  បពិត្រព្រះមោគ្គល្លាន អ្នកនិរទុក្ខ  ការប្រកបព្រម ដោយសីល ជាទីត្រេកអរ នៃព្រះអរិយៈ  ជាសីលមិនដាច់។ បេ។  ជាសីល ប្រព្រឹត្តទៅ ដើម្បីសមាធិ ប្រពៃពិត ​។ ​ ​ បពិត្រព្រះមោគ្គល្លាន អ្នកនិរទុក្ខ ​សត្វពួកខ្លះ  ក្នុងលោកនេះ  ព្រោះហេតុតែប្រកបព្រមដោយសីល ជាទីត្រេកអរ នៃព្រះអរិយៈហើយ ​លុះបែកធ្លាយរាងកាយស្លាប់ទៅ  តែងកើតក្នុងសុគតិសួគ៌ ទេវលោកយ៉ាងនេះឯង  សត្វទាំងនោះ រមែងបាននូវរបស់ជាទិព្វដទៃ  ដោយឋានៈ ទាំង ១០ យ៉ាង គឺអាយុជាទិព្វ ១  ពណ៌សម្បុរជាទិព្វ ១   សេចក្តីសុខជាទិព្វ ១  យសជាទិព្វ ១  អធិបតីជាទិព្វ ១  រូបជាទិព្វ ១  សំឡេងជាទិព្វ ១  ក្លិនជាទិព្វ ១  រសជាទិព្វ ១  ផោដ្ឋព្វៈជាទិព្វ ១។

[១៧៨]  គ្រានោះឯង  ចន្ទនទេវបុត្ត។ បេ។  គ្រានោះឯង  សុយាមទេវបុត្ត។  គ្រានោះឯង  សន្តុសិតទេវបុត្ត។  គ្រានោះឯង ​សុនិមិត្តទេវបុត្ត។  គ្រានោះឯង  វសវត្តិទេវបុត្ត។  (បេយ្យាលទាំង ៥ នេះ  បណ្ឌិតត្រូវសំដែងឲ្យពិស្តារ ដូចជារឿង សក្កទេវានមិន្ទផងចុះ) ។

ចប់  មោគ្គល្លានសំយុត្ត ។

ឧទ្ទាននៃមោគ្គល្លានសំយុត្តនោះគឺ

និយាយអំពីឈានដែលប្រកបដោយវិតក្ក ១  អំពីឈានដែលមិនមានវិតក្ក ១  អំពី​ការសោយសេចក្តីសុខដោយកាយ ១ អំពីកិរិយានៅព្រងើយកន្តើយ ១  អំពី​អាកាសា​នញ្ចា​យតនជ្ឈាន ១អំពីវិញ្ញាណញ្ចាយតនជ្ឈាន ១  អំពី​អាកិញ្ចញ្ញាយតន​ជ្ឈាន ១ អំពី​នេវសញ្ញា​នាសញ្ញាយតនជ្ឈាន ១ អំពីចេតោសមាធិមិនមាននិមិត្ត ១ អំពី​សក្កទេវាន​មិន្ទ ១  អំពីចន្ទនទេវបុត្ត (​ជាដើម)  ១រួបរួមជា ១១។

ចិត្តគហបតិបុច្ឆាសំយុត្ត

[១៧៩] សម័យមួយ  ភិក្ខុជាថេរៈច្រើនរូប គង់នៅក្នុងវត្តអម្ពាដកវន  នាដងព្រៃ មច្ឆិកា។ ​ សម័យនោះឯង  កាលដែលភិក្ខុ ជាថេរៈច្រើនរូប ត្រឡប់មកអំពីបិណ្ឌបាត ​ក្នុងកាលជាខាងក្រោយនៃភត្ត បានអង្គុយប្រជុំគ្នា ក្នុងរោងសម្រាប់អង្គុយ ក៏មានអន្តរា កថា នេះកើតឡើងថា  ម្នាលអាវុសោទាំងឡាយ  ធម៌ទាំងនេះ គឺសញ្ញោជនៈក្តី  សញ្ញោជនិយធម៌ក្តី [ធម៌ជាហេតុនៃសញ្ញោជនៈ។] មានអត្ថផ្សេងគ្នា  មានព្យញ្ជនៈ​ផ្សេង​គ្នា  ឬមានអត្ថដូចគ្នា [រូបសេចក្តី។] ផ្សេងគ្នាតែព្យញ្ជនៈ [ជាឈ្មោះ ឬតួអក្សរ។]។  បណ្តា​ភិក្ខុ​ទាំងនោះ  ភិក្ខុជាថេរៈពួកខ្លះ  ដោះស្រាយយ៉ាងនេះថា  ម្នាលអាវុសោទាំងឡាយ  ធម៌ទាំងនេះ គឺសញ្ញោជនៈក្តី  សញ្ញោជនិយធម៌ក្តី  មានអត្ថផ្សេងគ្នាផង  មានព្យញ្ជនៈ​ផ្សេងគ្នាផង។  ភិក្ខុជាថេរៈពួកខ្លះ  ដោះស្រាយយ៉ាងនេះថា  ម្នាលអាវុសោទាំងឡាយ  ធម៌ទាំងនេះ គឺសញ្ញោជនៈក្តី  សញ្ញោជនិយធម៌ក្តី  មានអត្ថដូចគ្នា ផ្សេងគ្នាតែព្យញ្ជនៈ។

[១៨០]  សម័យនោះឯង  ចិត្តគហបតី បានទៅដល់ស្រុកមិគបថកៈ ដោយកិច្ចនី​មួយ។ ចិត្តគហបតី បានឮដំណឹងថា កាលភិក្ខុ ជាថេរៈច្រើនរូប ត្រឡប់មកអំពីបិណ្ឌបាត  ក្នុងកាលជាខាងក្រោយនៃភត្ត  បានអង្គុយប្រជុំគ្នា ក្នុងរោងសម្រាប់អង្គុយ  ក៏មាន​អន្តរាកថា​នេះ កើតឡើងថា  ម្នាលអាវុសោទាំងឡាយ  ធម៌ទាំងនេះ គឺសញ្ញោជនៈក្តី  សញ្ញោជនិយធម៌ក្តី  មានអត្ថផ្សេងគ្នា  មានព្យញ្ជនៈផ្សេងគ្នា  ឬមានអត្ថដូចគ្នា  ផ្សេងគ្នា​តែ​ព្យញ្ជនៈ។  បណ្តាភិក្ខុទាំងនោះ  ភិក្ខុជាថេរៈពួកខ្លះ  ដោះស្រាយយ៉ាងនេះថា  ម្នាល​អាវុសោទាំងឡាយ  ធម៌ទាំងនេះ គឺ​សញ្ញោជនៈក្តី  សញ្ញោជនិយធម៌ក្តី  មានអត្ថផ្សេងគ្នា​ផង  មានព្យញ្ជនៈផ្សេងគ្នាផង។  ភិក្ខុជាថេរៈពួកខ្លះ  ដោះស្រាយយ៉ាងនេះថា  ម្នាល​អាវុសោទាំងឡាយ  ធម៌ទាំងនេះ គឺសញ្ញោជនៈក្តី  សញ្ញោជនិយធម៌ក្តី  មានអត្ថដូចគ្នា  ផ្សេងគ្នាតែព្យញ្ជនៈ។

[១៨១]  គ្រានោះ ចិត្តគហបតី ចូលទៅរកពួកភិក្ខុជាថេរៈ  លុះចូលទៅដល់  ក៏​ក្រាប​ថ្វាយបង្គំពួកភិក្ខុជាថេរៈ ​ហើយអង្គុយក្នុងទីដ៏សមគួរ។ ​លុះចិត្តគហបតី អង្គុយ​ក្នុងទីដ៏សមគួរហើយ  ក៏ទូលសួរទៅនឹងពួកភិក្ខុជាថេរៈ ដូច្នេះថា  បពិត្រលោកដ៏ចំរើន  ខ្ញុំបានឮដំណឹង ដូច្នេះថា  កាលដែលភិក្ខុជាថេរៈច្រើនរូប ត្រឡប់មកអំពីបិណ្ឌបាត  ក្នុង​កាលជាខាងក្រោយនៃភត្ត  បានអង្គុយប្រជុំគ្នា ក្នុងរោងសម្រាប់អង្គុយ  ក៏មានអន្តរាកថា​នេះ កើតឡើងថា  ម្នាលអាវុសោទាំងឡាយ  ធម៌ទាំងនេះ គឺសញ្ញោជនៈក្តី  សញ្ញោ​ជនិយ​ធម៌ក្តី  មានអត្ថផ្សេងគ្នា  មានព្យញ្ជនៈផ្សេងគ្នា  ឬមានអត្ថដូចគ្នា  ផ្សេងគ្នាតែព្យញ្ជនៈ។  ភិក្ខុជាថេរៈពួកខ្លះ  ដោះស្រាយយ៉ាងនេះថា  ម្នាលអាវុសោទាំងឡាយ  ធម៌ទាំងនេះ គឺសញ្ញោជនៈក្តី  សញ្ញោជនិយធម៌ក្តី  មានអត្ថផ្សេងគ្នាផង  មានព្យញ្ជនៈផ្សេងគ្នាផង។  ភិក្ខុជាថេរៈពួកខ្លះ  ដោះស្រាយយ៉ាងនេះថា  ម្នាលអាវុសោទាំងឡាយ  ធម៌ទាំងនេះ គឺសញ្ញោជនៈក្តី  សញ្ញោជនិយធម៌ក្តី  មានអត្ថដូចគ្នា  ផ្សេងគ្នាតែព្យញ្ជនៈ។  អើ គហបតី។ ​ បពិត្រលោកដ៏ចំរើន  ធម៌ទាំងនេះ គឺសញ្ញោជនៈក្តី  សញ្ញោជនិយធម៌ក្តី  មានអត្ថផ្សេងគ្នាផង  មានព្យញ្ជនៈផ្សេងគ្នាផង។  បពិត្រលោកដ៏ចំរើន  បើដូច្នោះ  ខ្ញុំព្រះករុណា នឹងធ្វើនូវសេចក្តីឧបមា។  ព្រោះថា វិញ្ញូបុរសពួកខ្លះ  ក្នុងលោកនេះ  តែង​ដឹងច្បាស់ នូវអត្ថនៃភាសិត ដោយសេចក្តីឧបមា។

[១៨២]  បពិត្រលោកដ៏ចំរើន  ដូចគោខ្មៅ និងគោស ដែលគេទឹមដោយខ្សែទាម ឬខ្សែបរតែមួយ។  បុគ្គលណា គប្បីពោលយ៉ាងនេះថា  គោខ្មៅ ជាសញ្ញោជនៈ [ជាគ្រឿង​ទឹម។] របស់គោស  គោស ជាសញ្ញោជនៈ របស់គោខ្មៅ។  បុគ្គលនោះ ឈ្មោះថា និយាយត្រូវដែរឬ។  ពាក្យនោះ មិនមែនត្រូវទេ គហបតី។  ម្នាលគហបតី  គោខ្មៅ មិនមែនជាសញ្ញោជនៈ របស់គោសទេ  គោស ក៏មិនមែនជាសញ្ញោជនៈ របស់គោខ្មៅដែរ  គោទាំងនោះ គេទឹមដោយខ្សែទាម ឬខ្សែបរតែមួយឯណា ខ្សែទាម ឬខ្សែបរនោះ ជា​សញ្ញោជនៈ ក្នុងការទឹមនោះ  យ៉ាងណាមិញ។  បពិត្រលោកដ៏ចំរើន  ភ្នែក មិនមែនជា​សញ្ញោជនៈ របស់រូបទេ  រូប មិនមែនជាសញ្ញោជនៈ របស់ភ្នែកទេ  សេចក្តីត្រេកត្រអាល ឯណា កើតឡើង  ព្រោះអាស្រ័យនូវភ្នែក និងរូបទាំងពីរនោះ ក្នុងចក្ខុសម្ផស្សនោះ  សេចក្តីត្រេកត្រអាលនោះ  ជាសញ្ញោជនៈ ក្នុងចក្ខុសម្ផស្សនោះ។  ត្រចៀក មិនមែនជា​សញ្ញោជនៈ របស់សំឡេងទេ។  ច្រមុះ មិនមែនជាសញ្ញោជនៈ របស់ក្លិនទេ។  អណ្តាត មិនមែនជាសញ្ញោជនៈ របស់រសទេ។  កាយ មិនមែនជាសញ្ញោជនៈ របស់ផោដ្ឋព្វៈទេ                                    ផោដ្ឋព្វៈ មិនមែនជាសញ្ញោជនៈ របស់កាយទេ  សេចក្តីត្រេកត្រអាលឯណា កើតឡើង ព្រោះអាស្រ័យនូវកាយ និងផោដ្ឋព្វៈទាំងពីរនោះ  ក្នុងកាយសម្ផស្សនោះ  សេចក្តី​ត្រេកត្រអាលនោះ  ជាសញ្ញោជនៈ ក្នុងកាយសម្ផស្សនោះ។  ចិត្ត មិនមែនជាសញ្ញោជនៈ របស់ធម្មារម្មណ៍ទេ  ធម្មារម្មណ៍ មិនមែនជាសញ្ញោជនៈ របស់ចិត្តទេ  សេចក្តីត្រេក​ត្រអាលឯណា កើតឡើង ព្រោះអាស្រ័យនូវចិត្ត និងធម្មារម្មណ៍ទាំងពីរនោះ ក្នុង​មនោ​សម្ផស្សនោះ  សេចក្តីត្រេកត្រអាលនោះ  ជាសញ្ញោជនៈ ក្នុងមនោសម្ផស្សនោះ  ក៏យ៉ាង​នោះឯង។  ម្នាលគហបតី  អ្នកហៅពេញជាមានលាភ  ម្នាលគហបតី  អត្តភាព ជាមនុស្ស  ពេញហៅថា អ្នកបានដោយល្អ  ព្រោះថា អ្នកមានបញ្ញាចក្ខុ លុះក្នុងពុទ្ធវចនៈ ដ៏ជ្រៅ។  ចប់ សូត្រ ទី១។

[១៨៣] សម័យមួយ ភិក្ខុជាថេរៈច្រើនរូប គង់នៅក្នុងវត្តអម្ពាដកវន នាដង​ព្រៃ​មច្ឆិកា។  គ្រានោះ ចិត្តគហបតី ចូលទៅរកពួកភិក្ខុជាថេរៈ លុះចូលទៅដល់ហើយ  ក៏ក្រាបថ្វាយបង្គំពួកភិក្ខុជាថេរៈ  ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះចិត្តគហបតី អង្គុយក្នុងទីដ៏សមគួរហើយ ក៏និមន្តពួកភិក្ខុជាថេរៈ ដូច្នេះថា  បពិត្រលោកដ៏ចំរើន  សូមព្រះថេរៈទាំងឡាយ ទទួលភត្ត របស់ខ្ញុំព្រះករុណា  ដើម្បីឆាន់ក្នុងថ្ងៃស្អែក។  ពួកភិក្ខុជាថេរៈ ក៏ទទួលនិមន្ត ដោយតុណ្ហីភាព។  គ្រានោះ  ចិត្តគហបតី ដឹងច្បាស់ថា  ពួកភិក្ខុជាថេរៈ ទទួលនិមន្តហើយ  ក៏ក្រោកចាកអាសនៈ  ថ្វាយបង្គំពួកភិក្ខុជាថេរៈ ធ្វើប្រទក្សិណរួចហើយ ក៏ចៀសចេញទៅ ។

[១៨៤]  លុះកន្លងរាត្រីនោះទៅហើយ  ទើបពួកភិក្ខុជាថេរៈ  ក៏ស្លៀកស្បង់ ប្រដាប់​ដោយបាត្រ និងចីវរ ក្នុងវេលាបុព្វណ្ហសម័យ  ចូលទៅកាន់ផ្ទះ នៃចិត្តគហបតី  លុះចូល​ទៅ​ដល់ហើយ  ក៏អង្គុយលើអាសនៈ ដែលគេក្រាលទុក។  គ្រានោះ  ចិត្តគហបតី ចូល​ទៅរកពួកភិក្ខុជាថេរៈ  លុះចូលទៅដល់  ក៏ថ្វាយបង្គំពួកភិក្ខុជាថេរៈ  ហើយអង្គុយក្នុង​ទី​ដ៏សមគួរ។  លុះចិត្តគហបតី អង្គុយក្នុងទីដ៏សមគួរហើយ  ក៏ទូលសួរទៅនឹងព្រះថេរៈ ដ៏មានអាយុ ដូច្នេះថា  បពិត្រព្រះថេរៈដ៏ចំរើន  គេតែងនិយាយថា  សេចក្តីផ្សេងគ្នា នៃ​ធាតុ  សេចក្តីផ្សេងគ្នា នៃធាតុ ដូច្នេះ  បពិត្រលោកដ៏ចំរើន  ចុះសេចក្តីផ្សេងគ្នានៃធាតុ  ដែលព្រះដ៏មានព្រះភាគ ពោលហើយ  ដោយហេតុដូចម្តេចហ្ន៎ ។

[១៨៥]  កាលបើចិត្តគហបតី ពោលយ៉ាងនេះ  ព្រះថេរៈដ៏មានអាយុក៏ស្ងៀម។  ចិត្តគហបតី ពោលសួរទៅនឹងព្រះថេរៈ ដ៏មានអាយុ ជាគម្រប់ ២ ដង ដូច្នេះថា  បពិត្រ​ព្រះថេរៈដ៏ចំរើន  គេតែងនិយាយថា  សេចក្តីផ្សេងគ្នានៃធាតុ  សេចក្តីផ្សេងគ្នានៃធាតុ ដូច្នេះ  បពិត្រលោកដ៏ចំរើន  ចុះសេចក្តីផ្សេងគ្នានៃធាតុ  ដែលព្រះដ៏មានព្រះភាគ ទ្រង់​ពោលហើយ  ដោយហេតុដូចម្តេចហ្ន៎ ។  ព្រះថេរៈដ៏មានអាយុ ក៏ស្ងៀម ជាគម្រប់ ២ ដងទៀត។  ចិត្តគហបតី ពោលសួរទៅនឹងព្រះថេរៈដ៏មានអាយុ ជាគម្រប់ ៣ ដង ដូច្នេះ​ថា  បពិត្រព្រះថេរៈដ៏ចំរើន  គេតែងនិយាយថា  សេចក្តីផ្សេងគ្នានៃធាតុ  សេចក្តីផ្សេង​គ្នានៃធាតុ ដូច្នេះ  បពិត្រលោកដ៏ចំរើន  ចុះសេចក្តីផ្សេងគ្នានៃធាតុ  ដែលព្រះដ៏មាន​ព្រះភាគ ពោលហើយ  មានប៉ុន្មានហ្ន៎ ។  ព្រះថេរៈដ៏មានអាយុ ក៏ស្ងៀម ជាគម្រប់ ៣ ដងទៀត។

[១៨៦] ​សម័យនោះឯង ព្រះឥសិទត្តដ៏មានអាយុ  ជាភិក្ខុថ្មីបង្អស់ ក្នុងភិក្ខុសង្ឃ​នោះ។  គ្រានោះ  ព្រះឥសិទត្តដ៏មានអាយុ ពោលទៅនឹងព្រះថេរៈ ដ៏មានអាយុ ដូច្នេះថា  បពិត្រព្រះថេរៈដ៏ចំរើន  ខ្ញុំព្រះករុណា សូមដោះស្រាយ នូវប្រស្នានុ៎ះ  ដល់ចិត្តគហបតី។ ព្រះថេរៈពោលថា ម្នាលឥសិទត្ត អ្នកចូរដោះស្រាយ នូវប្រស្នានុ៎ះ  ដល់ចិត្តគហបតីចុះ។​ ព្រះឥសិទត្តពោលថា  ម្នាលគហបតី  អ្នកសួរយ៉ាងនេះថា  បពិត្រព្រះថេរៈដ៏ចំរើន  គេតែងនិយាយថា  សេចក្តីផ្សេងគ្នានៃធាតុ  សេចក្តីផ្សេងគ្នានៃធាតុ ដូច្នេះ  បពិត្រលោក​ដ៏ចំរើន  ចុះសេចក្តីផ្សេងគ្នានៃធាតុ  ដែលព្រះដ៏មានព្រះភាគ ទ្រង់ពោលហើយ  ដោយ​ហេតុដូចម្តេចហ្ន៎ ដូច្នេះមែនឬ។  ករុណា លោកម្ចាស់។  ម្នាលគហបតី  សេចក្តីផ្សេងគ្នា នៃធាតុនេះ  ព្រះដ៏មានព្រះភាគ ទ្រង់ពោលហើយថា។  គឺចក្ខុធាតុ  រូបធាតុ  ចក្ខុវិញ្ញាណ​ធាតុ។ បេ។  មនោធាតុ  ធម្មធាតុ  មនោវិញ្ញាណធាតុ។  ម្នាលគហបតី  សេចក្តីផ្សេងគ្នា នៃធាតុ ដែលព្រះដ៏មានព្រះភាគ ទ្រង់ពោលហើយ  ដោយហេតុប៉ុណ្ណេះឯង។

[១៨៧]  គ្រានោះ  ចិត្តគហបតី ត្រេកអរអនុមោទនា នឹងភាសិត របស់ព្រះឥសិទត្ត ដ៏មានអាយុហើយ  ក៏ញុំាងពួកភិក្ខុជាថេរៈ ឲ្យឆាន់ឆ្អែតស្កប់ស្កល់  ដោយខាទនីយភោជ​នីយាហារ ដ៏ឧត្តម ដោយដៃនៃខ្លួន។  លុះពួកភិក្ខុជាថេរៈឆាន់រួច  លែងលូកព្រះហស្ត ទៅក្នុងបាត្រទៀតហើយ ក៏ក្រោកចាកអាសនៈ ហើយចៀសចេញទៅ។  លំដាប់នោះ  ព្រះថេរៈដ៏មានអាយុ ពោលទៅនឹងព្រះឥសិទត្តដ៏មានអាយុ ដូច្នេះថា  ម្នាលអាវុសោ ឥសិទត្ត  ប្រស្នានុ៎ះ ប្រាកដដល់លោក ដោយប្រពៃហើយ  ប្រស្នានុ៎ះ មិនប្រាកដដល់ខ្ញុំទេ  ម្នាលអាវុសោឥសិទត្ត  បើដូច្នោះ  កាលណាបើមានប្រស្នា មានសភាពដូច្នេះ  មកដល់​ដោយប្រការដទៃ  លោកគប្បីទទួលសំដែងប្រស្នានោះ ។   ចប់សូត្រទី ២  ។

[១៨៨]  សម័យមួយ ​ភិក្ខុជាថេរៈច្រើនរូប គង់នៅក្នុងវត្តអម្ពាដកវន  នាដង​ព្រៃមច្ឆិកា។  គ្រានោះ ​ចិត្តគហបតី ​ចូលទៅរកពួកភិក្ខុជាថេរៈ  លុះចូលទៅដល់ហើយ  ក៏ថ្វាយបង្គំពួកភិក្ខុជាថេរៈ  រួចអង្គុយក្នុងទីដ៏សមគួរ។ លុះចិត្តគហបតី អង្គុយក្នុងទីដ៏​សមគួរហើយ ក៏និមន្តពួកភិក្ខុជាថេរៈ ដូច្នេះថា បពិត្រលោកដ៏ចំរើន សូមព្រះថេរៈ​ទាំងឡាយ ទទួលនូវភត្ត របស់ខ្ញុំព្រះករុណា ដើម្បីឆាន់ក្នុងថ្ងៃស្អែក។ ពួកភិក្ខុជាថេរៈ ក៏ទទួលនិមន្ត ដោយតណ្ហីភាព។ លុះចិត្តគហបតី ដឹងច្បាស់ថា ពួកភិក្ខុជាថេរៈ ទទួល​និមន្តហើយ ក៏ក្រោកចាកអាសនៈ ​ថ្វាយបង្គំពួកភិក្ខុជាថេរៈ ធ្វើប្រទក្សិណ ហើយចេញ​ទៅ។

[១៨៩]  លុះរាត្រីនោះកន្លងទៅហើយ  ទើបពួកភិក្ខុជាថេរៈ ស្លៀកស្បង់ ប្រដាប់​បាត្រ និងចីវរ ក្នុងវេលាបុព្វណ្ហសម័យ  ចូលទៅកាន់ផ្ទះ របស់ចិត្តគហបតី  លុះចូលទៅ​ដល់ហើយ  ក៏អង្គុយលើអាសនៈ ដែលគេក្រាលទុក។  គ្រានោះ  ចិត្តគហបតី ចូលទៅ​រកពួកភិក្ខុជាថេរៈ  លុះចូលទៅដល់ហើយ  ក៏ថ្វាយបង្គំពួកភិក្ខុជាថេរៈ  ហើយអង្គុយក្នុង​ទីដ៏សមគួរ។  លុះចិត្តគហបតី អង្គុយក្នុងទីដ៏សមគួរហើយ  ក៏សួរទៅព្រះថេរៈដ៏មាន​អាយុ ដូច្នេះថា  បពិត្តព្រះថេរៈដ៏ចំរើន  ទិដ្ឋិទាំងឡាយឯណា មានច្រើនប្រការ  តែងកើត​ឡើងក្នុងលោកថា  លោកទៀង ដូច្នេះក្តី  លោកមិនទៀង ដូច្នេះក្តី  លោកមានទីបំផុត ដូច្នេះក្តី  លោកមិនមានទីបំផុត ដូច្នេះក្តី  ជីវិតនោះ គឺសរីរៈនោះ ដូច្នេះក្តី  ជីវិតដទៃ សរីរៈដទៃ ដូច្នេះក្តី ​សត្វកើតទៀត ខាងមុខបន្ទាប់អំពីសេចក្តីស្លាប់ ដូច្នេះក្តី  សត្វមិន​កើតទៀត​ខាងមុខ បន្ទាប់អំពីសេចក្តីស្លាប់ ដូច្នេះក្តី សត្វកើតទៀតខ្លះ មិនកើតទៀតខ្លះ ខាងមុខបន្ទាប់អំពីសេចក្តីស្លាប់ ដូច្នេះក្តី សត្វកើតទៀត ក៏មិនមែន មិនកើតទៀត ក៏មិនមែន ខាងមុខបន្ទាប់អំពីសេចក្តីស្លាប់ ដូច្នេះក្តី។  (ទិដ្ឋិ ទាំង ៦២ បានពោល ក្នុងព្រហ្មជាលសូត្រ រួចហើយ)  បពិត្រលោកដ៏ចំរើន  កាលបើអ្វីមាន  ទើបទិដ្ឋិទាំងនេះ ក៏មានដែរ  កាលបើអ្វីមិនមាន  ទិដ្ឋិទាំងនេះ ក៏មិនមានដែរ។

[១៩០]  លុះចិត្តគហបតី សួរយ៉ាងនេះហើយ  ព្រះថេរៈដ៏មានអាយុក៏ស្ងៀម។  ចិត្តគហបតី សួរជាគម្រប់ ២ ដងទៀត។ បេ។ ​​ ចិត្តគហបតី សួរទៅព្រះថេរៈដ៏មាន​អាយុ ជាគម្រប់ ៣ ដង ដូច្នេះថា បពិត្រព្រះថេរៈដ៏ចំរើន  ទិដ្ឋិទាំងឡាយឯណា មាន​ច្រើនប្រការ  តែងកើតឡើងក្នុងលោកថា  លោកទៀងដូច្នេះក្តី  លោកមិនទៀងដូច្នេះក្តី  លោកមានទីបំផុត ដូច្នេះក្តី  លោកមិនមានទីបំផុត ដូច្នេះក្តី  ជីវិតនោះ គឺសរីរៈនោះ ដូច្នេះក្តី  ជីវិតដទៃ សរីរៈដទៃដូច្នេះក្តី ​សត្វកើតទៀត ខាងមុខបន្ទាប់អំពីសេចក្តីស្លាប់ ដូច្នេះក្តី  សត្វមិនកើតទៀត ខាងមុខបន្ទាប់អំពីសេចក្តីស្លាប់ ដូច្នេះក្តី  សត្វកើតទៀតខ្លះ មិនកើតទៀតខ្លះ ខាងមុខបន្ទាប់អំពីសេចក្តីស្លាប់ ដូច្នេះក្តី  សត្វកើតទៀត ក៏មិនមែន មិនកើតទៀត ក៏មិនមែនខាងមុខបន្ទាប់អំពីសេចក្តីស្លាប់ដូច្នេះក្តី។  (ទិដ្ឋិទាំង ៦២ បានពោលក្នុងព្រហ្មជាលសូត្ររួចហើយ)  បពិត្រព្រះថេរៈដ៏ចំរើន  កាលបើអ្វីមាន  ទើបទិដ្ឋិទាំងនេះ ក៏មានដែរ  កាលបើអ្វីមិនមាន  ទិដ្ឋិទាំងនេះ ក៏មិនមានដែរ។  ព្រះថេរៈដ៏មានអាយុស្ងៀម ជាគម្រប់ ៣ ដង។

[១៩១]  សម័យនោះឯង ​ព្រះឥសិទត្តដ៏មានអាយុ  ជាភិក្ខុថ្មីជាងគេ ក្នុងភិក្ខុសង្ឃ​នោះ។  គ្រានោះ  ព្រះឥសិទត្តដ៏មានអាយុ ពោលទៅនឹងព្រះថេរៈ ដ៏មានអាយុ ដូច្នេះថា  បពិត្រព្រះថេរៈដ៏ចំរើន  ខ្ញុំព្រះករុណា សូមដោះស្រាយប្រស្នានុ៎ះ  ដល់ចិត្តគហបតី។  ម្នាលអាវុសោ ឥសិទត្ត  ចូរលោកដោះស្រាយប្រស្នានុ៎ះ  ដល់ចិត្តគហបតីចុះ។ (ព្រះឥសិទត្ត សួរទៅចិត្តគហបតី) ថា  ម្នាលគហបតី  អ្នកសួរយ៉ាងនេះថា  បពិត្រព្រះថេរៈ ដ៏ចំរើន ទិដ្ឋិទាំងឡាយឯណា មានច្រើនប្រការ តែងកើតឡើង​ក្នុងលោកថា  លោកទៀង ដូច្នេះក្តី  លោកមិនទៀងដូច្នេះក្តី  លោកមានទីបំផុតដូច្នេះក្តី  លោកមិនមានទីបំផុត ដូច្នេះក្តី។ បេ។  បពិត្រព្រះថេរៈដ៏ចំរើន  កាលបើអ្វីមាន ទើបទិដ្ឋិទាំងនេះ ក៏មានដែរ  កាលបើអ្វីមិនមាន ទិដ្ឋិទាំងនេះ ក៏មិនមានដែរ  ដូច្នេះឬ។  ករុណា លោកម្ចាស់។  ម្នាលគហបតី ទិដ្ឋិទាំងឡាយឯណា មានច្រើនប្រការ រមែងកើតឡើង ក្នុងលោកថា លោកទៀង ដូច្នេះក្តី  លោកមិនទៀងដូច្នេះក្តី  លោកមានទីបំផុតដូច្នេះក្តី  លោកមិនមានទីបំផុត ដូច្នេះក្តី  ជីវិតនោះ គឺសរីរៈនោះ ដូច្នេះក្តី  ជីវិតដទៃសរីរៈដទៃដូច្នេះក្តី ​ សត្វកើតទៀត ខាងមុខបន្ទាប់អំពីសេចក្តីស្លាប់ ដូច្នេះក្តី  សត្វមិនកើតទៀតខាងមុខបន្ទាប់អំពីសេចក្តីស្លាប់ ដូច្នេះក្តី  សត្វកើតទៀតខ្លះ មិនកើតទៀតខ្លះ ខាងមុខបន្ទាប់អំពីសេចក្តីស្លាប់ ដូច្នេះក្តី  សត្វកើតទៀត ក៏មិនមែន មិនកើតទៀត ក៏មិនមែន ខាងមុខបន្ទាប់អំពីសេចក្តីស្លាប់ដូច្នេះ  ក្តី។  (ទិដ្ឋិទាំង ៦២ បានពោលក្នុងព្រហ្មជាលសូត្ររួចហើយ)។  ម្នាលគហបតី  កាលបើសក្កាយទិដ្ឋិមាន  ទិដ្ឋិទាំងនេះ ក៏មានដែរ  កាលបើសក្កាយទិដ្ឋិមិនមាន  ទិដ្ឋិទាំងនេះ ក៏មិនមានដែរ។

[១៩២]  បពិត្រព្រះករុណាដ៏ចំរើន  សក្កាយទិដ្ឋិកើតមាន តើដោយប្រការ ដូចម្តេច។  ម្នាលគហបតី  បុថុជ្ជន ក្នុងលោកនេះ  ជាអ្នកមិនចេះដឹង  មិនបានឃើញ​ព្រះអរិយៈ  មិនឈ្លាសវៃ ក្នុងអរិយធម៌  មិនបានសិក្សា ក្នុងអរិយធម៌  មិនបានឃើញ​ពួកសប្បុរស  មិនឈ្លាសវៃ ក្នុងសប្បុរិសធម៌  មិនបានសិក្សា ក្នុងសប្បុរិសធម៌  រមែង​ពិចារណាឃើញ នូវរូប ថាជាខ្លួន  នូវខ្លួន ថាមានរូបខ្លះ  នូវរូបក្នុងខ្លួនខ្លះ  នូវខ្លួន​ក្នុងរូបខ្លះ។  ឃើញនូវវេទនា ថាជាខ្លួន។ បេ។ នូវសញ្ញា។  នូវសង្ខារទាំងឡាយ។  ឃើញនូវវិញ្ញាណ ថាជាខ្លួន  នូវខ្លួន ថាមានវិញ្ញាណខ្លះ  នូវវិញ្ញាណក្នុងខ្លួនខ្លះ  នូវខ្លួនក្នុងវិញ្ញាណខ្លះ។  ម្នាលគហបតី  សក្កាយទិដ្ឋិ កើតមាន ដោយប្រការយ៉ាងនេះឯង។

[១៩៣] បពិត្រព្រះករុណាដ៏ចំរើន  សក្កាយទិដ្ឋិ មិនកើតមាន ដោយប្រការ ដូចម្តេច។  ម្នាលគហបតី  អរិយសាវក ក្នុងលោកនេះ  ជាអ្នកចេះដឹង  បានឃើញ​ព្រះអរិយៈ ​ ឈ្លាសវៃ ក្នុងអរិយធម៌  បានសិក្សាដោយល្អ ក្នុងអរិយធម៌  បានឃើញពួក​សប្បុរស  ឈ្លាសវៃ ក្នុងសប្បុរិសធម៌  បានសិក្សាដោយល្អ ក្នុងសប្បុរិសធម៌  រមែង​មិនឃើញ នូវរូបថាជាខ្លួន  មិនឃើញនូវខ្លួន ថាមានរូបខ្លះ  មិនឃើញនូវរូបក្នុងខ្លួនខ្លះ  មិនឃើញនូវខ្លួនក្នុងរូបខ្លះ។ មិនឃើញនូវវេទនា។  មិនឃើញនូវសញ្ញា។  មិនឃើញនូវ​សង្ខារទាំងឡាយ។  មិនឃើញនូវវិញ្ញាណថាជាខ្លួន  មិនឃើញនូវខ្លួនថាមានវិញ្ញាណខ្លះ  មិនឃើញនូវវិញ្ញាណក្នុងខ្លួនខ្លះ  មិនឃើញនូវខ្លួនក្នុងវិញ្ញាណខ្លះ។  ម្នាលគហបតី  សក្កាយទិដ្ឋិ មិនកើតមាន ដោយប្រការយ៉ាងនេះឯង។  បពិត្រព្រះករុណាដ៏ចំរើន  ព្រះឥសិទត្តជាម្ចាស់ និមន្តមកអំពីទីណា។  ម្នាលគហបតី  អាត្មាមកអំពីដែនអវន្តិ។ ​ បពិត្រព្រះករុណាដ៏ចំរើន  ឯកុលបុត្តឈ្មោះ ឥសិទត្ត ក្នុងដែនអវន្តិ  ជាសំឡាញ់ ដែល​យើង​មិនដែលបានឃើញ  ឥឡូវបួសហើយ ​ឯលោកនោះ លោកម្ចាស់ដែលឃើញ​ហើយ ដែរឬ។ ​អើ គហបតី។ ​បពិត្រព្រះករុណាដ៏ចំរើន  ចុះព្រះឥសិទត្តដ៏មានអាយុនោះ  ឥឡូវនេះ គង់នៅក្នុងទីឯណាហ្ន៎។

[១៩៤]  លុះចិត្តគហបតី សួរយ៉ាងនេះហើយ  ព្រះឥសិទត្តដ៏មានអាយុ នៅ​ស្ងៀម។  បពិត្រព្រះករុណាដ៏ចំរើន  លោកម្ចាស់ ជាឥសិទត្តរបស់យើងឬ។ ​អើ គហបតី។ បពិត្រព្រះករុណាដ៏ចំរើន សូមព្រះឥសិទត្តជាម្ចាស់ ត្រេកអរ នឹងវត្ត​អម្ពាដកវន ជាទីសប្បាយ  នាដងព្រៃមច្ឆិកាចុះ  ខ្ញុំព្រះករុណា នឹងធ្វើនូវសេចក្តីខ្វល់ខ្វាយ ដោយចីវរ បិណ្ឌបាត សេនាសេនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារ ដល់ព្រះឥសិទត្ត ជាម្ចាស់។  ម្នាលគហបតី  អ្នកពោលពាក្យល្អហើយ។

[១៩៥]  គ្រានោះ  ចិត្តគហបតី ត្រេកអរអនុមោទនានឹងភាសិត របស់ព្រះឥសិទត្ត ដ៏មានអាយុហើយ  ក៏ញុំាងពួកភិក្ខុជាថេរៈ ឲ្យឆាន់ឆ្អែតស្កប់ស្កល់ ដោយខាទនីយ​ភោជនីយាហារ ដ៏ឧត្តម ដោយដៃខ្លួនឯង។ លំដាប់នោះ ពួកភិក្ខុជាថេរៈ លុះឆាន់រួច លែង​លូកដៃ ទៅក្នុងបាត្រហើយ ក៏ក្រោកចាកអាសនៈចេញទៅ។ គ្រានោះ  ព្រះថេរៈ​ដ៏មានអាយុ ពោលទៅនឹងព្រះឥសិទត្ត ដ៏មានអាយុ ដូច្នេះថា  ម្នាលអាវុសោ ឥសិទត្ត  ប្រស្នានុ៎ះ ប្រាកដដល់លោកប្រពៃហើយ  ប្រស្នានុ៎ះ មិនប្រាកដ ដល់យើងឡើយ  ម្នាលអាវុសោឥសិទត្ត  បើដូច្នោះ  កាលណាបើមានប្រស្នា មានសភាពដូច្នេះ មានមកដោយប្រការដទៃ  លោកគប្បីទទួលសំដែងប្រស្នានោះ។  គ្រានោះ  ព្រះឥសិទត្ត ដ៏មានអាយុ រៀបចំទុកដាក់សេនាសនៈហើយ  ក៏កាន់យកបាត្រ និងចីវរ ចេញទៅ​អំពីដងព្រៃមច្ឆិកា ព្រោះថា លោកចេញទៅអំពីដងព្រៃមច្ឆិកា  ចេញទៅតែម្តង  មិនបានត្រឡប់មកទៀតឡើយ។  ចប់ សូត្រទី ៣។

[១៩៦]  សម័យមួយ  ភិក្ខុជាថេរៈច្រើនរូប គង់នៅវត្តអម្ពាដកវន  នាដងព្រៃ មច្ឆិកា។  គ្រានោះ  ចិត្តគហបតី ចូលទៅរកពួកភិក្ខុជាថេរៈ  លុះចូលទៅដល់ហើយ  ក៏ក្រាបថ្វាយបង្គំពួកភិក្ខុជាថេរៈ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះចិត្តគហបតី អង្គុយក្នុងទីដ៏សមគួរហើយ  ក៏និមន្តពួកភិក្ខុជាថេរៈ ដូច្នេះថា  បពិត្រលោកដ៏ចំរើន  សូមព្រះថេរៈទាំងឡាយ  ទទួលភត្ត ព្ធដ៏ក្រោលគោ របស់ខ្ញុំព្រះករុណា  ដើម្បីឆាន់​ក្នុងថ្ងៃស្អែក។  ពួកភិក្ខុជាថេរៈ ក៏ទទួលនិមន្ត ដោយតុណ្ហីភាព។  លំដាប់នោះ  ចិត្តគហបតី ដឹងច្បាស់ថា ពួកភិក្ខុជាថេរៈទទួលនិមន្តហើយ  ក៏ក្រោកចាកអាសនៈ ថ្វាយបង្គំពួកភិក្ខុជាថេរៈ  ធ្វើប្រទក្សិណហើយចេញទៅ ។

[១៩៧]  លុះរាត្រីនោះកន្លងទៅហើយ  ទើបពួកភិក្ខុជាថេរៈ ស្លៀកស្បង់ ប្រដាប់​បាត្រ និងចីវរ  ក្នុងវេលាបុព្វណ្ហសម័យ  ចូលទៅកាន់ក្រោលគោ របស់ចិត្តគហបតី  លុះចូលទៅដល់ហើយ  ក៏អង្គុយលើអាសនៈ ដែលគេក្រាលទុក។ គ្រានោះ ចិត្តគហបតី ញុំាងពួកភិក្ខុជាថេរៈ ឲ្យឆាន់ឆ្អែតស្កប់ស្កល់ ដោយសប្បិបាយាស (បាយាសលាយទឹក​ដោះរាវ) ​ដ៏ឧត្តម ដោយដៃខ្លួនឯង។  ពួកភិក្ខុជាថេរៈ លុះឆាន់រួច លែងលូកដៃទៅក្នុង​បាត្រទៀតហើយ  ក៏ក្រោកចាកអាសនៈ ហើយចេញទៅ។  ចិត្តគហបតី ពោលថា  សូម​ព្រះករុណាទាំងឡាយ ឲ្យទាននូវភត្ត ដែលសល់ ហើយក៏ដើរតាមក្រោយ ៗ ពួកភិក្ខុជា​ថេរៈ។ សម័យនោះឯង  សេចក្តីក្តៅ [ខាងក្រោមក្តៅដោយដីខ្សាច់ ខាងលើក្តៅដោយ​កំដៅ​​ព្រះអាទិត្យ។] ខ្លាំង ក៏កើតមាន។ ភិក្ខុជាថេរៈទាំងនោះ  ទើបតែនឹងឆាន់ភោជនរួច  ខំប្រឹងដើរទៅ  មានកាយលំបាកពេកណាស់។

[១៩៨]  សម័យនោះឯង  ព្រះមហកៈដ៏មានអាយុ  ជាភិក្ខុថ្មីជាងគេ ក្នុងភិក្ខុសង្ឃ នោះ។  គ្រានោះ  ព្រះមហកៈដ៏មានអាយុ ពោលទៅនឹងព្រះថេរៈដ៏មានអាយុ ដូច្នេះថា  បពិត្រលោកដ៏ចំរើន  ប្រសិនបើមានខ្យល់ត្រជាក់បក់មក  ទាំងមេឃក៏ស្រទំ  ទាំងភ្លៀង ក៏ធ្លាក់ចុះមកមួយគ្រាប់ ៗ ជាការប្រពៃណាស់។ ព្រះថេរៈពោលថា ម្នាលអាវុសោ មហកៈ ប្រសិនបើមានខ្យល់ត្រជាក់បក់មក ទាំងមេឃក៏ស្រទំ ទាំងភ្លៀង​ ក៏ធ្លាក់ចុះមក មួយគ្រាប់ ៗ ជាការប្រពៃពិត។  ទើបព្រះមហកៈដ៏មានអាយុ តាក់តែងនូវឥទ្ធាភិសង្ខារ មាន​សភាព​ដូច្នោះ គឺឲ្យមានខ្យល់ត្រជាក់បក់មក ទាំងមេឃក៏ស្រទំ ទាំងភ្លៀងក៏ធ្លាក់ចុះមកមួយគ្រាប់ ៗ។

[១៩៩]  គ្រានោះ ចិត្តគហបតីមានសេចក្តីត្រិះរិះ ដូច្នេះថា ភិក្ខុឯណា ថ្មីជាងគេ​បង្អស់ ក្នុងភិក្ខុសង្ឃនេះ អានុភាពនៃឫទ្ធិមានសភាពដូច្នេះ នេះជារបស់ភិក្ខុនោះ។  លំដាប់នោះ ព្រះមហកៈដ៏មានអាយុ បានទៅដល់អារាមហើយ  ក៏ពោលទៅនឹងព្រះថេរៈ ដ៏មានអាយុ ដូច្នេះថា  បពិត្រព្រះថេរៈដ៏ចំរើន  ប៉ុណ្ណេះល្មមហើយឬនៅ  ព្រះថេរៈក៏​ពោលថា ម្នាលអាវុសោមហកៈ ប៉ុណ្ណេះល្មមហើយ ម្នាលអាវុសោមហកៈ ធ្វើប៉ុណ្ណេះចុះ ម្នាល​អាវុសោមហកៈ បូជាប៉ុណ្ណេះហើយ។ គ្រានោះ ពួកភិក្ខុជាថេរៈ ក៏បានទៅ​ដល់​វត្តរៀងខ្លួន ឯព្រះមហកៈដ៏មានអាយុ ក៏បានទៅដល់វត្តរបស់ខ្លួនដែរ។  លំដាប់នោះ  ចិត្តគហបតី ចូលទៅរកព្រះមហកៈដ៏មានអាយុ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំ​ព្រះមហកៈដ៏មានអាយុ ហើយអង្គុយក្នុងទីដ៏សមគួរ លុះចិត្តគហបតី អង្គុយក្នុងទីដ៏សម​គួរហើយ ក៏ពោលទៅនឹងព្រះមហកៈដ៏មានអាយុ ដូច្នេះថា បពិត្រលោកដ៏ចំរើន  សូម​ព្រះមហកៈជាម្ចាស់ សំដែងនូវឥទ្ធិបាដិហារ្យ ជាធម៌របស់មនុស្ស ដ៏លើសលុប ដល់ខ្ញុំ​ព្រះករុណា ឲ្យទាន។ ម្នាលគហបតី ​បើដូច្នោះ ចូរអ្នកក្រាលសំពត់ឧត្តរាសង្គៈ គ្របលើ​បាច់ស្មៅ ឰដ៏របៀង។ ​ចិត្តគហបតី ទទួលពាក្យរបស់ព្រះមហកៈដ៏មានអាយុថា  ព្រះ​ករុណា លោកម្ចាស់ ហើយក៏ក្រាលសំពត់ឧត្តរាសង្គៈ គ្របលើបាច់ស្មៅ ឰដ៏របៀង។  លំដាប់នោះ ព្រះមហកៈដ៏មានអាយុ ចូលទៅកាន់វិហារ  ចាក់គន្លឹះទ្វារហើយ ក៏តាក់តែង នូវឥទ្ធាភិសង្ខារ មានសភាពដូច្នោះ បណ្តាលឲ្យមានអណ្តាតភ្លើង ចេញទៅតាមប្រហោង កូនសោរផង  តាមចន្លោះទ្វារផង  ឆេះនូវស្មៅទាំងឡាយ  តែមិនឆេះសំពត់ឧត្តរាសង្គៈ​ឡើយ។  គ្រានោះ ចិត្តគហបតី បោកសំពត់ឧត្តរាសង្គៈ ទៅជាតក់ស្លុតព្រឺរោម  ឈរនៅ​ក្នុងទីដ៏សមគួរ។ លំដាប់នោះ ព្រះមហកៈដ៏មានអាយុ ចេញអំពីវិហារហើយ  ពោលទៅ​នឹងចិត្តគហបតី ដូច្នេះថា ម្នាលគហបតី ប៉ុណ្ណេះល្មមហើយឬនៅ។  បពិត្រព្រះមហកៈ ដ៏ចំរើន ប៉ុណ្ណេះល្មមហើយ បពិត្រព្រះមហកៈដ៏ចំរើន ធ្វើប៉ុណ្ណេះចុះ  បពិត្រព្រះមហកៈ​ដ៏ចំរើន  បូជាប៉ុណ្ណេះហើយ  បពិត្រលោកដ៏ចំរើន  សូមព្រះមហកៈជាម្ចាស់ ត្រេកអរ ចំពោះវត្តអម្ពាដកវន ជាទីសប្បាយ នាដងព្រៃមច្ឆិកាចុះ  ខ្ញុំព្រះករុណា នឹងធ្វើនូវសេចក្តី​ខ្វល់ខ្វាយ ដោយចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារ ដល់ ព្រះមហកៈជាម្ចាស់។  ម្នាលគហបតី  អ្នកពោលពាក្យប្រពៃហើយ  លំដាប់នោះ  ព្រះមហកៈដ៏មានអាយុ រៀបចំទុកដាក់សេនាសនៈហើយ ក៏កាន់យកបាត្រ និងចីវរ ចេញទៅអំពីដងព្រៃមច្ឆិកា ព្រោះថា ចេញទៅអំពីដងព្រៃមច្ឆិកា ចេញទៅតែម្តង  មិនបានត្រឡប់មកវិញឡើយ។  ចប់ សូត្រ ទី ៤ ។

[២០០] សម័យមួយ  ព្រះកាមភូដ៏មានអាយុ គង់នៅក្នុងវត្តអម្ពាដកវន  នាដង​ព្រៃមច្ឆិកា។ គ្រានោះ ​ចិត្តគហបតី ចូលទៅរកព្រះកាមភូដ៏មានអាយុ លុះចូលទៅ​ដល់​ហើយ ក៏ក្រាបថ្វាយបង្គំព្រះកាមភូដ៏មានអាយុ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះ​ចិត្ត​គហបតី អង្គុយក្នុងទីដ៏សមគួរហើយ ព្រះកាមភូដ៏មានអាយុ ក៏ពោលទៅ ដូច្នេះថា  ម្នាលគហបតី  នេះព្រះដ៏មានព្រះភាគ ទ្រង់ពោលថា

រថមានអវយវៈឥតទោស  មានគ្រៀងពាសមានពណ៌ស  មានកាំតែមួយ  តែងប្រព្រឹត្តទៅ  អ្នកចូរមើលនូវរថនោះដែលមិនមានទុក្ខ  មិនដល់នូវសេចក្តីទុក្ខ  មានខ្សែដាច់ហើយមិនមានចំណង ។

[២០១] ម្នាលគហបតី ភាសិតសង្ខេបនេះ ត្រូវយល់សេចក្តីដោយពិស្តារ ដូច​ម្តេចទៅ។ បពិត្រព្រះករុណាដ៏ចំរើន  នេះប្រាកដជាពាក្យ ដែលព្រះដ៏មានព្រះភាគ ទ្រង់ពោលហើយឬ។ ​  អើ គហបតី។   បពិត្រព្រះករុណាដ៏ចំរើន  បើដូច្នោះ  សូម​ព្រះករុណា រង់ចាំមួយរំពេចសិន ទំរាំខ្ញុំព្រះករុណា ពិចារណា នូវអត្ថនៃភាសិតនេះ។  លំដាប់នោះ ​ចិត្តគហបតីស្ងៀមតែមួយរំពេច  ហើយក៏ពោលតប ទៅនឹងព្រះកាមភូ​ដ៏មានអាយុ ដូច្នេះថា បពិត្រព្រះករុណាដ៏ចំរើន ពាក្យថា អវយវៈឥតទោសនេះ ជាឈ្មោះ របស់សីល។  បពិត្រព្រះករុណាដ៏ចំរើន  ពាក្យថា  មានគ្រឿងពាស​មាន​ពណ៌​សនេះ  ជាឈ្មោះនៃវិមុត្តិ។ បពិត្រព្រះករុណាដ៏ចំរើន  ពាក្យថា មានកាំតែមួយនេះ  ជាឈ្មោះ នៃសតិ។ បពិត្រព្រះករុណាដ៏ចំរើន ពាក្យថា តែងប្រព្រឹត្តទៅនេះ ជាឈ្មោះ​នៃការឈានទៅមុខ និងថយក្រោយ។ បពិត្រព្រះករុណាដ៏ចំរើន ពាក្យថា រថនេះ  ជាឈ្មោះ នៃកាយនេះ ដែលប្រកបដោយមហាភូតរូប ៤ កើតព្រមអំពីមាតា និងបិតា  មានសេចក្តីចំរើនដោយជាតិបាយ និងនំ ជាសភាវៈមិនទៀង  មានការដុសខាត់ បំបាត់ក្លិន​អាក្រក់ និងគក់ច្របាច់ បែកធ្លាយខ្ចាត់ខ្ចាយទៅជាធម្មតា។ បពិត្រ​ព្រះករុណាដ៏ចំរើន  រាគៈ ជាទុក្ខ ទោសៈជាទុក្ខ មោហៈជាទុក្ខ ឯសភាវៈមានរាគៈ ជាដើមនោះ ភិក្ខុជាព្រះខីណាស្រព បានលះបង់ហើយ បានគាស់រំលើងឫសគល់ហើយ  បានធ្វើឲ្យនៅសល់តែទីនៅ ដូចជាទីនៅនៃដើមត្នោត បានធ្វើឲ្យលែងមានបែបភាព ជាសភាវៈមិនកើតឡើងតទៅ ព្រោះហេតុនោះ ភិក្ខុជាព្រះខីណាស្រព ទើបហៅថា មិនមានទុក្ខ។ បពិត្រព្រះករុណាដ៏ចំរើន ពាក្យថា មិនដល់នូវសេចក្តីទុក្ខនេះ ជាឈ្មោះ នៃព្រះអរហន្ត។  បពិត្រព្រះករុណាដ៏ចំរើន ពាក្យថា ខ្សែនេះ ជាឈ្មោះនៃតណ្ហា ឯតណ្ហានោះឯង  ភិក្ខុជាព្រះខីណាស្រព បានលះបង់ហើយ បានគាស់រំលើង​ឫសគល់​អស់ហើយ  បានធ្វើឲ្យនៅសល់តែទីនៅ ដូចជាទីនៅនៃដើមត្នោត បានធ្វើឲ្យលែង​មានបែបភាព ជាសភាវៈមិនកើតឡើងតទៅ ព្រោះហេតុនោះ ភិក្ខុជាព្រះខីណាស្រព ទើបហៅថា មានខ្សែដាច់ហើយ។ បពិត្រព្រះករុណាដ៏ចំរើន រាគៈជាចំណង ទោសៈជា​ចំណង ​មោហៈ ជាចំណង រាគៈជាដើមនោះ ភិក្ខុជាព្រះខីណាស្រព បានលះបង់ហើយ បានគាស់រំលើងឫសគល់ហើយ បានធ្វើឲ្យនៅសល់តែទីនៅ ដូចជាទីនៅនៃដើមត្នោត បានធ្វើឲ្យលែងមានបែបភាព ជាសភាវៈមិនកើតឡើងតទៅ ព្រោះហេតុនោះ ភិក្ខុជា​ព្រះខីណាស្រព ទើបហៅថា មិនមានចំណង។ បពិត្រព្រះករុណាដ៏ចំរើន  ពាក្យដែល​ព្រះដ៏មានព្រះភាគ បានពោលហើយដូច្នេះថា

រថមានអវយវៈឥតទោស  មានគ្រឿងពាសមានពណ៌ស  មានកាំតែមួយ  តែងប្រព្រឹត្តទៅ  អ្នកចូរមើលនូវរថដែលមិនមានទុក្ខ  មិនដល់នូវសេចក្តីទុក្ខ មានខ្សែដាច់ហើយ  មិនមានចំណង ។

បពិត្រព្រះករុណាដ៏ចំរើន  ពាក្យនេះ  ព្រះដ៏មានព្រះភាគ ទ្រង់ពោល​ដោយសង្ខេប  ខ្ញុំអាចដឹងដោយសេចក្តីពិស្តារបាន យ៉ាងនេះឯង។ ម្នាលគហបតី អ្នកពេញហៅថា ជាមានលាភ ម្នាលគហបតី អត្តភាពជាមនុស្ស ពេញហៅថា អ្នកបានដោយប្រពៃ  ព្រោះថា អ្នកមានបញ្ញាចក្ខុ លុះទៅក្នុងពុទ្ធវចនៈ ដ៏ជ្រាលជ្រៅ។   ចប់សូត្រទី ៥ ។

[២០២] សម័យមួយ  ព្រះកាមភូដ៏មានអាយុ គង់នៅក្នុងវត្តអម្ពាដកវន  នាដង​ព្រៃមច្ឆិកា។ គ្រានោះ ចិត្តគហបតី ចូលទៅរកព្រះកាមភូដ៏មានអាយុ លុះចូលទៅដល់  ក៏ថ្វាយបង្គំព្រះកាមភូដ៏មានអាយុ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះចិត្តគហបតី អង្គុយ​ក្នុងទីដ៏សមគួរហើយ ក៏ពោលទៅនឹងព្រះកាមភូដ៏មានអាយុ ដូច្នេះថា បពិត្រព្រះករុណា ដ៏ចំរើន សង្ខារមានប៉ុន្មានទៅហ្ន៎។ ម្នាលគហបតី សង្ខារមាន ៣ គឺកាយសង្ខារ ១  វចីសង្ខារ ១ ចិត្តសង្ខារ ១។

[២០៣] ចិត្តគហបតី ត្រេកអរអនុមោទនានឹងភាសិត របស់ព្រះកាមភូដ៏មាន​អាយុថា ប្រពៃហើយលោកម្ចាស់  ហើយក៏សួរនូវប្រស្នា នឹងព្រះកាមភូដ៏មានអាយុ ត​ទៅទៀតថា បពិត្រព្រះករុណាដ៏ចំរើន ចុះកាយសង្ខារ តើដូចម្តេច វចីសង្ខារ ដូចម្តេច  ចិត្តសង្ខារ ដូចម្តេច។ ម្នាលគហបតី ខ្យល់ដង្ហើមចេញចូល ហៅថា កាយសង្ខារ សេចក្តី​ត្រិះរិះ និងសេចក្តីពិចារណា ហៅថា វចីសង្ខារ សញ្ញា និងវេទនា ហៅថា ចិត្តសង្ខារ។

[២០៤]  ចិត្តគហបតីពោលថា  ប្រពៃហើយលោកម្ចាស់ ហើយក៏សួរប្រស្នា តទៅទៀតថា  បពិត្រព្រះករុណាដ៏ចំរើន  ចុះព្រោះហេតុអ្វី បានជាខ្យល់ដង្ហើមចេញ ចូល ហៅថា កាយសង្ខារ ព្រោះហេតុអ្វី បានជាសេចក្តីត្រិះរិះ និងសេចក្តីពិចារណា  ហៅថា វចីសង្ខារ  ព្រោះហេតុអ្វី បានជាសញ្ញា និងវេទនា ហៅថាចិត្តសង្ខារ។  ម្នាលគហបតី ខ្យល់ដង្ហើមចេញចូល ប្រព្រឹត្តទៅក្នុងកាយ ធម៌ទាំងនុ៎ះ ជាប់ចំពោះ ដោយ​កាយ  ព្រោះហេតុនោះ បានជាខ្យល់ដង្ហើមចេញចូល ហៅថាកាយសង្ខារ។  ម្នាល​គហបតី បុគ្គលត្រិះរិះ ពិចារណាជាមុនហើយ ទើបបញ្ចេញ នូវវាចាជាខាងក្រោយ  ព្រោះហេតុនោះ បានជាសេចក្តីត្រិះរិះ និងសេចក្តីពិចារណា ហៅថាវចីសង្ខារ។ សញ្ញា និង វេទនា ប្រព្រឹត្តទៅក្នុងចិត្ត  ធម៌ទាំងនុ៎ះឯង ជាប់ចំពោះដោយចិត្ត ព្រោះហេតុនោះ បានជា សញ្ញា និងវេទនា  ហៅថាចិត្តសង្ខារ។

[២០៥]  ចិត្តគហបតីពោលថា ប្រពៃហើយ។ បេ។ ក៏សួរនូវប្រស្នាថា  បពិត្រ​ព្រះករុណាដ៏ចំរើន ចុះការចូលសញ្ញាវេទយិតនិរោធ [សេចក្តីរលត់ នៃសញ្ញា និងវេទនា។] ដោយប្រការដូចម្តេច។  ម្នាលគហបតី ភិក្ខុដែលចូលសញ្ញាវេទយិតនិរោធ មិនមានសេចក្តីត្រិះរិះ យ៉ាងនេះថា អាត្មាអញ ចូលនូវសញ្ញាវេទយិតនិរោធក្តី ថាអាត្មាអញ កំពុងចូលនូវសញ្ញាវេទយិតនិរោធក្តី  ថាអាត្មាអញ បានចូលហើយ នូវសញ្ញាវេទយិតនិរោធក្តី។ ព្រោះថា ចិត្តឯណា តែង​បង្អោនទៅ ដើម្បីជាបុគ្គលមានសភាព [បង្អោនទៅដើម្បី​មិនឲ្យ​មានចិត្ត គឺមិនឲ្យមានសញ្ញា និងវេទនានោះឯង។] ដូច្នោះ  ចិត្តនោះឯង  ភិក្ខុនោះ បានចំរើនហើយក្នុងកាលមុន។

[២០៦]  ចិត្តគហបតីពោលថា  ប្រពៃហើយ។បេ។  ក៏សួរនូវប្រស្នាថា  បពិត្រ​ព្រះករុណាដ៏ចំរើន ចុះភិក្ខុ ដែលចូលកាន់សញ្ញាវេទយិតនិរោធ ធម៌ណារលត់មុន  កាយសង្ខាររលត់មុន ឬវចីសង្ខារ ឬក៏ចិត្តសង្ខារ។ ម្នាលគហបតី  ភិក្ខុដែលចូលកាន់​សញ្ញាវេទយិតនិរោធ វចីសង្ខាររលត់មុន  តអំពីនោះទៅ កាយសង្ខារ  តអំពីនោះទៅ ចិត្ត​សង្ខារ។

[២០៧] ចិត្តគហបតីពោលថា ប្រពៃហើយ។ បេ​។  ក៏សួរនូវប្រស្នាថា បពិត្រព្រះ​ករុណា​ដ៏ចំរើន ភិក្ខុដែលស្លាប់ហើយ ធ្វើមរណកាលហើយ និងភិក្ខុ ដែលចូលកាន់​សញ្ញាវេទយិតនិរោធ ភិក្ខុទាំងពីរពួកនេះ មានការផ្សេងគ្នា ដូចម្តេច។  ម្នាលគហបតី  ភិក្ខុឯណា ដែលស្លាប់ហើយ  ធ្វើមរណកាលហើយ  កាយសង្ខារ របស់ភិក្ខុនោះរលត់​ហើយ រម្ងាប់ហើយ វចីសង្ខារ ក៏រលត់ហើយ រម្ងាប់ហើយ ចិត្តសង្ខារ ក៏រលត់ហើយ  រម្ងាប់ហើយ អាយុក៏អស់ហើយ ភ្លើងធាតុ ក៏រម្ងាប់ហើយ ឥន្រ្ទិយ ក៏បែកធ្លាយរាត់រាយ​ហើយ។  ម្នាលគហបតី ភិក្ខុឯណា ដែលបានចូលកាន់សញ្ញាវេទយិតនិរោធហើយ ​ឯ​កាយសង្ខារ របស់ភិក្ខុនោះ រលត់ហើយ រម្ងាប់ហើយ វចីសង្ខារ ក៏រលត់ហើយ រម្ងាប់​ហើយ ចិត្តសង្ខារ ក៏រលត់ហើយ  រម្ងាប់ហើយ តែអាយុមិនអស់ ភ្លើងធាតុមិនទាន់រម្ងាប់  ឥន្រ្ទីយនៅស្រស់បស់នៅឡើយ។ ម្នាលគហបតី ភិក្ខុដែលស្លាប់ហើយ ធ្វើមរណកាល​ហើយ  និងភិក្ខុដែលចូលកាន់សញ្ញាវេទយិតនិរោធហើយ នេះឯង ជាការផ្សេងគ្នា នៃភិក្ខុ​ទាំងនោះ ។

[២០៨] ចិត្តគហបតីពោលថា ប្រពៃហើយ។បេ​។  ក៏សួរនូវប្រស្នាតទៅទៀតថា បពិត្រព្រះករុណាដ៏ចំរើន ចុះការចេញចាកសញ្ញាវេទយិតនិរោធសមាបត្តិ ដោយ​ប្រការដូចម្តេច។ ម្នាលគហបតី ភិក្ខុដែលចាកចេញសញ្ញាវេទយិតនិរោធសមាបត្តិ  មិនមានសេចក្តីត្រិះរិះ យ៉ាងនេះថា អាត្មាអញ នឹងចេញចាក​សញ្ញាវេទយិត​និរោធ​សមាបត្តិក្តី ថាអាត្មាអញ កំពុងចេញចាក​សញ្ញាវេទយិតនិរោធសមាបត្តិក្តី ថាអាត្មាអញ បាន​ចេញហើយ ចាកសញ្ញាវេទយិត​និរោធ​សមាបត្តិក្តី។ ព្រោះថា ចិត្តឯណា បង្អោនទៅ  ដើម្បីជាបុគ្គលមានសភាពដូច្នោះ ចិត្តនោះឯង ភិក្ខុនោះ បានចំរើនហើយ ក្នុងកាលមុន។

[២០៩] ចិត្តគហបតីពោលថា ប្រពៃហើយ  លោកម្ចាស់។បេ​។  ក៏សួរនូវប្រស្នា​តទៅទៀតថា  បពិត្រព្រះករុណាដ៏ចំរើន  ចុះភិក្ខុ ដែលចេញចាកសញ្ញាវេទយិតនិរោធ សមាបត្តិ ធម៌ណាកើតមុន កាយសង្ខារកើតមុន ឬវចីសង្ខារ ឬក៏ចិត្តសង្ខារ។  ម្នាល​គហបតី ភិក្ខុដែលចេញចាកសញ្ញាវេទយិតនិរោធសមាបត្តិ ចិត្តសង្ខារកើតមុន  តអំពី​នោះទៅ កាយសង្ខារ  តអំពីនោះទៅ វចីសង្ខារ។

[២១០] ចិត្តគហបតីពោលថា ប្រពៃហើយ។បេ។  ក៏សួរនូវប្រស្នាតទៅទៀតថា បពិត្រព្រះករុណាដ៏ចំរើន ផស្សៈប៉ុន្មាន  ដែលពាល់ត្រូវភិក្ខុ ដែលចេញចាកសញ្ញា​វេទយិតនិរោធសមាបត្តិរួចហើយ។ ម្នាលគហបតី ផស្សៈ ៣ គឺ សុញ្ញផស្សៈ ១  អនិមិត្តផស្សៈ ១ អប្បណិហិតផស្សៈ ១ តែងពាល់ត្រូវភិក្ខុ ដែលចេញចាកសញ្ញាវេទយិត​និរោធសមាបត្តិរួចហើយ។

[២១១] ចិត្តគហបតីពោលថា ប្រពៃហើយ។ បេ។  ក៏សួរនូវប្រស្នាតទៅទៀតថា  បពិត្រព្រះករុណាដ៏ចំរើន ភិក្ខុដែលចេញចាកសញ្ញាវេទយិតនិរោធសមាបត្តិរួចហើយ  មានចិត្តបង្អោនទៅរកអ្វី ទេរទៅរកអ្វី ជ្រេទៅរកអ្វី។ ម្នាលគហបតី  ភិក្ខុដែលចេញចាក​សញ្ញាវេទយិតនិរោធសមាបត្តិរួចហើយ មានចិត្តបង្អោនទៅរកវិវេក ទេរទៅរកវិវេក  ជ្រេទៅរកវិវេក។

[២១២]  ចិត្តគហបតី ត្រេកអរអនុមោទនានឹងភាសិត របស់ព្រះកាមភូដ៏មាន​អាយុថា ប្រពៃហើយ លោកម្ចាស់  ហើយក៏សួរនូវប្រស្នាតទៅទៀត នឹងព្រះកាមភូដ៏មាន​អាយុថា បពិត្តព្រះករុណាដ៏ចំរើន ចុះធម៌ប៉ុន្មាន ដែលមានឧបការៈច្រើន ដល់​សញ្ញា​វេទយិតនិរោធសមាបត្តិ។ ម្នាលគហបតី ពាក្យឯណា ដែលគេត្រូវសួរមុន  ពាក្យ​នោះ អ្នកសួរក្រោយវិញ  ណ្ហើយចុះ អាត្មា នឹងដោះស្រាយដល់អ្នក។ ម្នាលគហបតី   ធម៌ ២ យ៉ាង គឺសមថ និងវិបស្សនា មានឧបការៈច្រើន ដល់សញ្ញាវេទយិតនិរោធសមាបត្តិ។  ចប់ សូត្រ ទី​ ៦។

[២១៣] សម័យមួយ ព្រះគោទត្តដ៏មានអាយុ គង់នៅក្នុងវត្តអម្ពាដកវន  នាដង​ព្រៃ​មច្ឆិកា។ គ្រានោះ ចិត្តគហបតី ចូលទៅរកព្រះគោទត្តដ៏មានអាយុ  លុះចូលទៅដល់​ហើយ ក៏ថ្វាយបង្គំព្រះគោទត្តដ៏មានអាយុ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះចិត្តគហបតី អង្គុយក្នុងទីដ៏សមគួរហើយ ​ព្រះគោទត្តដ៏មានអាយុ ក៏ពោលដូច្នេះថា ម្នាលគហបតី  អប្បមាណាចេតោវិមុត្តិឯណាក្តី  អាកិញ្ចញ្ញាចេតោវិមុត្តិឯណាក្តី  សុញ្ញតាចេតោវិមុត្តិ​ឯណាក្តី អនិមិត្តាចេតោវិមុត្តិឯណាក្តី ធម៌ទាំងអម្បាលនេះ មានអត្ថផ្សេងគ្នា មាន​ព្យញ្ជនៈ​ផ្សេងគ្នា ឬមានអត្ថដូចគ្នា ផ្សេងគ្នាតែព្យញ្ជនៈ។  បពិត្រព្រះករុណា ដ៏ចំរើន ធម៌ទាំងអម្បាលនេះ មានអត្ថផ្សេងគ្នាផង មានព្យញ្ជនៈផ្សេងគ្នាផង ព្រោះ​អាស្រ័យ នូវបរិយាយឯណា បរិយាយនោះ រមែងមាន បពិត្រព្រះករុណាដ៏ចំរើន ធម៌​ទាំងអម្បាលនេះ មានអត្ថដូចគ្នា ផ្សេងគ្នាតែព្យញ្ជនៈ  ព្រោះអាស្រ័យ នូវបរិយាយឯណា  បរិយាយនោះ ក៏មានដែរ។

[២១៤] បពិត្រព្រះករុណាដ៏ចំរើន មួយទៀត ធម៌ទាំងអម្បាលនេះ  មានអត្ថ​ផ្សេងគ្នាផង មានព្យញ្ជនៈផ្សេងគ្នាផង ព្រោះអាស្រ័យ នូវបរិយាយឯណា បរិយាយនោះ តើដូចម្តេច។ បពិត្រព្រះករុណាដ៏ចំរើន ភិក្ខុក្នុងសាសនានេះ មានចិត្តប្រកបដោយមេត្តា ផ្សាយទៅកាន់ទិសទី ១។ ផ្សាយទៅកាន់ទិសទី ២ ក៏ដូចគ្នា។ កាន់ទិសទី ៣ ក៏ដូចគ្នា។ កាន់ទិសទី ៤ ក៏ដូចគ្នា។ ផ្សាយទៅកាន់ទិសខាងលើ ទិសខាងក្រោម  និងទិសទទឹង ក៏ដូចគ្នា មានចិត្តប្រកបដោយមេត្តា ជាចិត្តទូលាយ ដល់នូវភាវៈជាធំ  មិនមានប្រមាណ មិនមានពៀរ មិនមានព្យាបាទ ផ្សាយទៅកាន់សត្វលោកទាំងពួង  ដោយអាការទាំងពួង ក្នុងទីទាំងពួង ប្រព្រឹត្តនៅ គ្រប់ឥរិយាបថ។ មានចិត្តប្រកបដោយករុណា។ មានចិត្តប្រកបដោយមុទិតា។ មានចិត្តប្រកបដោយឧបេក្ខា ផ្សាយទៅកាន់ ទិសទី ១។ ផ្សាយទៅកាន់ទិសទី ២ ក៏ដូចគ្នា។ កាន់ទិសទី ៣ ក៏ដូចគ្នា។ កាន់ទិសទី ៤ ក៏ដូចគ្នា។ ផ្សាយទៅកាន់ទិសខាងលើ ទិសខាងក្រោម និងទិសទទឹង ក៏ដូចគ្នា មាន​ចិត្តប្រកប​ដោយឧបេក្ខា ជាចិត្តទូលាយ ដល់នូវភាវៈជាធំ មិនមានប្រមាណ មិនមានពៀរ  មិនមានព្យាបាទ ផ្សាយទៅកាន់សត្វលោកទាំងពួង  ដោយអាការទាំងពួង ក្នុងទីទាំងពួង  ប្រព្រឹត្តនៅ គ្រប់ឥរិយាបថ។ បពិត្រព្រះករុណាដ៏ចំរើន នេះហៅថា អប្បមាណាចេតោវិមុត្តិ។

[២១៥]  បពិត្តព្រះករុណាដ៏ចំរើន ចុះអាកិញ្ចញ្ញាចេតោវិមុត្តិ តើដូចម្តេច។  បពិត្រព្រះករុណាដ៏ចំរើន ភិក្ខុក្នុងសាសនានេះ ប្រព្រឹត្តកន្លង នូវវិញ្ញាណញ្ចាយតន សមាបត្តិ ដោយប្រការទាំងពួង បានដល់នូវអាកិញ្ចញ្ញាយតនសមាបត្តិ ដោយធ្វើទុក​ក្នុង​ចិត្តថា អ្វីតិចតួចមិនមាន ប្រព្រឹត្តនៅ គ្រប់ឥរិយាបថ។ បពិត្រព្រះករុណាដ៏ចំរើន នេះហៅថា អាកិញ្ចញ្ញាចេតោវិមុត្តិ។

[២១៦] បពិត្រព្រះករុណាដ៏ចំរើន ចុះសុញ្ញតាចេតោវិមុត្តិ តើដូចម្តេច។  បពិត្រព្រះករុណាដ៏ចំរើន ភិក្ខុក្នុងសាសនានេះ នៅក្នុងព្រៃក្តី នៅក្រោមម្លប់ឈើក្តី  នៅក្នុងផ្ទះស្ងាត់ក្តី ពិចារណា ដូច្នេះថា ធម្មជាតនេះ សូន្យចាកខ្លួន ឬចាកវត្ថុជារបស់ខ្លួន។  បពិត្រព្រះករុណាដ៏ចំរើន ​នេះហៅថា ​សុញ្ញតាចេតោវិមុត្តិ។

[២១៧] បពិត្រព្រះករុណាដ៏ចំរើន ចុះអនិមិត្តាចេតោវិមុត្តិ តើដូចម្តេច។  បពិត្រ​ព្រះករុណាដ៏ចំរើន ភិក្ខុក្នុងសាសនានេះ បានដល់នូវចេតោសមាធិមិនមាននិមិត្ត  ព្រោះ​មិនបាន​ធ្វើទុកក្នុងចិត្ត នូវនិមិត្តទាំងពួង ប្រព្រឹត្តនៅ គ្រប់ឥរិយាបថ។  បពិត្រព្រះករុណា ដ៏ចំរើន នេះហៅថា អនិមិត្តាចេតោវិមុត្តិ។ បពិត្រព្រះករុណាដ៏ចំរើន ធម៌ទាំងអម្បាលនេះ មានអត្ថផ្សេងគ្នាផង មានព្យញ្ជនៈផ្សេងគ្នាផង  ព្រោះអាស្រ័យនូវបរិយាយឯណា គឺបរិយាយនេះឯង។

[២១៨] បពិត្រព្រះករុណាដ៏ចំរើន ធម៌ទាំងអម្បាលនេះ មានអត្ថដូចគ្នា  ផ្សេងគ្នា​តែព្យញ្ជនៈ ព្រោះអាស្រ័យ នូវបរិយាយឯណា បរិយាយនោះ តើដូចម្តេច។  បពិត្រព្រះករុណាដ៏ចំរើន រាគៈជាគ្រឿងធ្វើនូវប្រមាណ ទោសៈជាគ្រឿងធ្វើនូវប្រមាណ មោហៈជាគ្រឿងធ្វើនូវប្រមាណ ​ឯសភាវៈមានរាគៈ ជាដើមនោះ ភិក្ខុជា​ព្រះខីណាស្រព បានលះបង់ហើយ បានគាស់រំលើងឫសគល់ហើយ បានធ្វើឲ្យនៅសល់តែទីនៅ ដូចជាទីនៅ នៃដើមត្នោត បានធ្វើឲ្យលែងមានបែបភាព ជាសភាវៈមិនកើតឡើងតទៅ។ បពិត្រព្រះករុណាដ៏ចំរើន អប្បមាណាចេតោវិមុត្តិទាំងឡាយ មានកំណត់ត្រឹមណា  អកុប្បាចេតោវិមុត្តិ ប្រាកដជាប្រសើរជាងអប្បមាណាចេតោវិមុត្តិនោះ។ ព្រោះអកុប្បាចេតោវិមុត្តិនោះ សូន្យចាករាគៈ សូន្យចាកទោសៈ សូន្យចាកមោហៈ។ បពិត្រព្រះករុណាដ៏ចំរើន  រាគៈជាកង្វល់ ទោសៈជាកង្វល់ មោហៈជាកង្វល់  រាគៈជាដើមនោះ ភិក្ខុជាព្រះខីណាស្រព បានលះបង់ហើយ ​បានគាស់រំលើងឫសគល់​ហើយ ​បានធ្វើឲ្យនៅសល់តែទីនៅ ដូចជាទីនៅនៃដើមត្នោត បានធ្វើឲ្យលែងមាន​បែបភាព ជាសភាវៈមិនកើតឡើងតទៅ។ បពិត្រព្រះករុណាដ៏ចំរើន អាកិញ្ចញ្ញា​ចេតោវិមុត្តិទាំងឡាយ មានកំណត់ត្រឹមណា អកុប្បាចេតោវិមុត្តិ ប្រាកដជាប្រសើរជាង អាកិញ្ចញ្ញាចេតោវិមុត្តិទាំងនោះ។ ព្រោះអកុប្បាចេតោវិមុត្តិនោះ សូន្យចាករាគៈ សូន្យ ចាកទោសៈ  សូន្យចាកមោហៈ។  បពិត្រព្រះករុណាដ៏ចំរើន  រាគៈជាគ្រឿងធ្វើនូវនិមិត្ត  ទោសៈជាគ្រឿងធ្វើនូវនិមិត្ត មោហៈជាគ្រឿងធ្វើនូវនិមិត្ត រាគៈជាដើមនោះ ភិក្ខុជាព្រះខីណាស្រព បានលះបង់ហើយ បានគាស់រំលើងឫសគល់ហើយ បានធ្វើឲ្យនៅសល់តែទីនៅ ដូចជាទីនៅនៃដើមត្នោត បានធ្វើឲ្យលែងមានបែបភាព ជាសភាវៈមិនកើតឡើងតទៅ។ បពិត្រព្រះករុណាដ៏​ចំរើន  អនិមិត្តាចេតោវិមុត្តិទាំងឡាយ មានកំណត់ត្រឹមណា អកុប្បាចេត្តោវិមុត្តិ ប្រាកដជាប្រសើរជាង​អនិមិត្តាចេតោវិមុត្តិទាំងនោះ។  ព្រោះថា  អកុប្បាចេតោវិមុត្តិនោះ  សូន្យចាករាគៈ  សូន្យចាកទោសៈ  សូន្យចាកមោហៈ។  បពិត្រព្រះករុណាដ៏ចំរើន  ធម៌ទាំងអម្បាលនេះ  មានអត្ថដូចគ្នា  ផ្សេងគ្នាតែព្យញ្ជនៈ  ព្រោះអាស្រ័យនូវបរិយាយឯណា គឺបរិយាយនេះឯង។ ម្នាលគហបតី  អ្នកពេញហៅថាមានលាភ  ម្នាលគហបតី  អត្តភាពជាមនុស្ស  ពេញហៅថា អ្នកបានដោយប្រពៃហើយ  ព្រោះអ្នកមានបញ្ញាចក្ខុ លុះទៅក្នុងពុទ្ធវចនៈ ដ៏ជ្រាលជ្រៅ។ ​ចប់ សូត្រ ទី​ ៧។

[២១៩] សម័យនោះឯង និគ្គណ្ឋនាដបុត្ត បានទៅដល់ដងព្រៃមច្ឆិកា ជាមួយ​នឹងនិគ្រន្ថ ជាបរិស័ទដ៏ច្រើន។  ចិត្តគហបតី ឮដំណឹងថា  និគ្គណ្ឋនាដបុត្ត មកដល់​ដងព្រៃមច្ឆិកា ជាមួយនឹងនិគ្រន្ថ ជាបរិស័ទដ៏ច្រើន។  គ្រានោះ  ចិត្តគហបតី ព្រមទាំងពួក​ឧបាសកជាច្រើន  ចូលទៅរកនិគ្គណ្ឋនាដបុត្ត  លុះចូលទៅដល់ហើយ  ក៏ធ្វើនូវសេចក្តី​រីករាយ ជាមួយនឹងនិគ្គណ្ឋនាដបុត្ត លុះបញ្ចប់ពាក្យ ដែលគួររីករាយ គួររឭកហើយ  ក៏​អង្គុយក្នុងទីដ៏សមគួរ។ លុះចិត្តគហបតី អង្គុយក្នុងទីដ៏សមគួរហើយ  និគ្គណ្ឋនាដបុត្ត ក៏សួរទៅ ដូច្នេះថា ​ម្នាលគហបតី អ្នកជឿពាក្យសមណគោតមថា  សមាធិមិនមានវិតក្កៈ មិនមានវិចារៈក៏មាន  សេចក្តីរលត់នៃវិតក្កៈ និងវិចារៈក៏មានឬ។  បពិត្រលោកដ៏ចំរើន  ខ្ញុំមិនប្រព្រឹត្តទៅ ដោយសេចក្តីជឿពាក្យ របស់ព្រះដ៏មានព្រះភាគ ក្នុងហេតុនេះថា សមាធិ មិនមានវិតក្កៈ មិនមានវិចារៈក៏មាន សេចក្តីរលត់នៃវិតក្កៈ និងវិចារៈក៏មាន  ដូច្នេះទេ។

[២២០] កាលបើចិត្តគហបតី ពោលយ៉ាងនេះ  និគ្គណ្ឋនាដបុត្ត ក៏ក្រឡេកមើល​បរិស័ទរបស់ខ្លួន ហើយពោលទៅ ដូច្នេះថា អ្នកដ៏ចំរើនទាំងឡាយ ចូរមើលនូវគហបតី​នេះចុះ ចិត្តគហបតីនេះ ពេញជាមនុស្សមានចិត្តត្រង់ ចិត្តគហបតីនេះ ពេញជាមនុស្ស​មិនអែបអប ចិត្តគហបតីនេះ ពេញជាមនុស្សមិនមានកិច្ចកល ​បុគ្គលឯណា គប្បី​សម្គាល់ នូវវិតក្កៈ និងវិចារៈ ថាជាធម្មជាតគួររំលត់បាន បុគ្គលនោះ គប្បីសម្គាល់នូវខ្យល់ ថាជារបស់គួរបៀតបៀនបាន ដោយអណ្តាតភ្លើង បុគ្គលឯណា គប្បីសម្គាល់ នូវវិតក្កៈ និងវិចារៈ ថាជាធម្មជាតគួររំលត់បាន បុគ្គលនោះ គប្បីសម្គាល់ នូវខ្សែនៃគង្គា ថាជារបស់​គួរឃាត់ ដោយក្តាប់ដៃនៃខ្លួនបានដែរ។ ​បពិត្រលោកដ៏ចំរើន ចុះលោកសម្គាល់ នូវ​សេចក្តីនោះ ដូចម្តេច ញាណក្តី សទ្ធាក្តី (បណ្តាធម្មជាតទាំង ២ នេះ) ធម្មជាតណា ឧត្តមជាង។ ម្នាលគហបតី  ញាណឧត្តមជាងសទ្ធា។  បពិត្រលោកដ៏ចំរើន ​ខ្ញុំប្រាថ្នា​ស្ងាត់ចាកកាម  ស្ងាត់ចាកអកុសលទាំងឡាយ  បានដល់នូវបឋមជ្ឈាន  ប្រកបដោយ​វិតក្កៈ  ប្រកបដោយវិចារៈ  មានបីតិ និងសុខ ដ៏កើតអំពីសេចក្តីស្ងាត់  ប្រព្រឹត្តនៅ គ្រប់​ឥរិយាបថ កំណត់ត្រឹមណា។  បពិត្រលោកដ៏ចំរើន  ខ្ញុំប្រាថ្នារម្ងាប់ នូវវិតក្កៈវិចារៈ។បេ។ ដល់​នូវទុតិយជ្ឈាន ប្រព្រឹត្តនៅ គ្រប់ឥរិយាបថ កំណត់ត្រឹមណា។ បពិត្រលោកដ៏ចំរើន  ខ្ញុំប្រាថ្នានឿយណាយ ចាកបីតិ។ បេ។  ដល់នូវតតិយជ្ឈាន  ប្រព្រឹត្តនៅ គ្រប់ឥរិយាបថ កំណត់ត្រឹមណា។ បពិត្រលោកដ៏ចំរើន  ខ្ញុំប្រាថ្នាលះបង់នូវសុខ។ បេ។ បានដល់នូវ ចតុត្ថជ្ឈាន ប្រព្រឹត្តនៅ គ្រប់ឥរិយាបថ កំណត់ត្រឹមណា។ បពិត្រលោកដ៏ចំរើន កាល​បើខ្ញុំដឹងយ៉ាងនេះ ឃើញយ៉ាងនេះ នឹងមិនប្រព្រឹត្តទៅ ដោយសេចក្តីជឿពាក្យ របស់​សមណៈ ឬព្រាហ្មណ៍ណាមួយថា  សមាធិមិនមានវិតក្កៈ មិនមានវិចារៈក៏មាន  សេចក្តី​រលត់ នៃវិតក្កៈ និងវិចារៈក៏មាន ដូច្នេះទេ។

[២២១]  កាលបើចិត្តគហបតីពោលយ៉ាងនេះ  និគ្គណ្ឋនាដបុត្ត ក៏ក្រឡេកមើល​ទៅបរិស័ទរបស់ខ្លួន ហើយពោលដូច្នេះថា អ្នកដ៏ចំរើនទាំងឡាយ ចូរមើលនូវគហបតី​នេះចុះ ឯចិត្តគហបតីនេះ ពេញជាមនុស្សមានចិត្តមិនត្រង់ ចិត្តគហបតីនេះ ពេញជា​មនុស្សអែបអប ចិត្តគហបតីនេះ ពេញជាមនុស្សមានកិច្ចកល។  បពិត្រលោកដ៏ចំរើន  យើងដឹងច្បាស់ពាក្យ ដែលលោកពោលហើយ ក្នុងកាលអម្បាញ់មិញនេះ  យ៉ាងនេះថា  អ្នកដ៏ចំរើនទាំងឡាយ  ចូរមើលនូវគហបតីនេះចុះ  ចិត្តគហបតីនេះ  ពេញជាមនុស្ស​មានចិត្តត្រង់  ចិត្តគហបតីនេះ  ពេញជាមនុស្សមិនអែបអប  ចិត្តគហបតីនេះ  ពេញជា​មនុស្សមិនមានកិច្ចកល។  បពិត្រលោកដ៏ចំរើន  ឥឡូវនេះ យើងបានដឹងច្បាស់ ពាក្យ​ដែលលោកម្ចាស់ពោលហើយ យ៉ាងនេះវិញថា អ្នកដ៏ចំរើនទាំងឡាយ ចូរមើលនូវ​គហបតីនេះចុះ ចិត្តគហបតីនេះ ពេញជាមនុស្សមានចិត្តមិនត្រង់ ចិត្តគហបតីនេះ  ពេញជាមនុស្សអែបអប  ចិត្តគហបតីនេះ  ពេញជាមនុស្សមានកិច្ចកល។  បពិត្រ​លោកដ៏ចំរើន  បើពាក្យមុនរបស់លោកជាពាក្យពិត  ពាក្យក្រោយរបស់លោក ជាពាក្យខុសវិញ។  បពិត្រលោកដ៏ចំរើន  បើពាក្យក្រោយ របស់លោកជាពាក្យពិត   ពាក្យមុនរបស់លោក ជាពាក្យខុសវិញ។ បពិត្រលោកដ៏ចំរើន ប្រស្នាទាំង ១០ ប្រកប​ដោយធម៌នេះឯង នឹងមកដល់លោក។  កាលណា​បើលោកអាចដឹង នូវសេចក្តី នៃប្រស្នា​ទាំងនោះ។  លោកគប្បីត្រាស់ដឹង នូវប្រស្នាជាដំបូង ជាមួយនឹងនិគ្រន្ថជាបរិស័ទ  ប្រស្នា ១ [ផ្លូវរបស់​ប្រស្នាតែ១ គឺការស្វែងរក​ប្រស្នាតែ១។] ឧទ្ទេស ១ [ការសួរនូវប្រស្នាតែ១ ដូច​ពាក្យសួរថា អ្វីដែលមានតែ១ ឬសួរថា ១ មិនដែល​មាន២ គឺអ្វី។។] វេយ្យាករណ៍​ ១ [ការដោះស្រាយ​ នូវប្រស្នាតែ១ ដូចពាក្យថា សត្វទាំងពួង រស់នៅដោយអាហារ។] ប្រស្នា ២  ឧទ្ទេស ២  វេយ្យាករណ៍ ២  ប្រស្នា ៣  ឧទ្ទេស ៣  វេយ្យាករណ៍ ៣  ប្រស្នា ៤  ឧទ្ទេស ៤  វេយ្យាករណ៍ ៤  ប្រស្នា ៥  ឧទ្ទេស ៥  វេយ្យាករណ៍​ ៥  ប្រស្នា ៦  ឧទ្ទេស ៦  វេយ្យាករណ៍ ៦  ប្រស្នា ៧  ឧទ្ទេស ៧  វេយ្យាករណ៍ ៧  ប្រស្នា ៨  ឧទ្ទេស ៨  វេយ្យាករណ៍ ៨  ប្រស្នា ៩  ឧទ្ទេស ៩  វេយ្យាករណ៍ ៩  ប្រស្នា ១០  ឧទ្ទេស ១០  វេយ្យាករណ៍ ១០។  លំដាប់នោះ ចិត្តគហបតី សួរប្រស្នា ទាំង ១០ ដែលប្រកប​ដោយ​ធម៌នេះ  ចំពោះនិគ្គណ្ឋនាដបុត្តរួចហើយ  ក៏ក្រោកចាកអាសនៈ ចេញទៅ។  ចប់ សូត្រ ទី៨ ។

[២២២] សម័យនោះឯង អចេលកស្សប ជាសំឡាញ់ កាលនៅជាគ្រហស្ថពីដើម  របស់ចិត្តគហបតី បានមកដល់ដងព្រៃមច្ឆិកា។ ​ចិត្តគហបតី បានឮដំណឹងថា  អចេលកស្សប ជាសំឡាញ់កាលនៅជាគ្រហស្ថពីដើម របស់យើង បានមកដល់​ដងព្រៃមច្ឆិកាហើយ។ លំដាប់នោះ ចិត្តគហបតី ក៏ចូលទៅរកអចេលកស្សប លុះចូលទៅ​ដល់ហើយ  ក៏ធ្វើនូវសេចក្តីរីករាយ ជាមួយនឹងអចេលកស្សប លុះបញ្ចប់ពាក្យ ដែលគួររីករាយ  គួររឭកហើយ  ក៏អង្គុយក្នុងទីដ៏សមគួរ។  លុះចិត្តគហបតី អង្គុយក្នុងទីដ៏សមគួរហើយ  ក៏សួរទៅអចេលកស្សប ដូច្នេះថា  បពិត្រកស្សបដ៏ចំរើន  លោកបួសអស់កាលយូរ ប៉ុន្មានហើយ។ ​ម្នាលគហបតី យើងបួសបាន ៣០ វស្សាហើយ។  បពិត្រ​លោកដ៏ចំរើន  ចុះឧត្តរិមនុស្សធម៌នីមួយ ដ៏វិសេស ដោយញាណទស្សនៈ  អាចធ្វើនូវភាព ជាព្រះអរិយៈ ជាគ្រឿងនៅសប្បាយ  លោកបានត្រាស់ដឹងហើយ  ដោយអំណាច​វស្សា ទាំង ៣០ នេះ ដែរឬ។  ម្នាលគហបតី  វៀរលែងតែការអាក្រាត និងកោរត្រងោល  និងបោសធូលី ដោយអម្បោសកន្ទុយក្ងោកចេញ ឧត្តរិមនុស្សធម៌នីមួយ ដ៏វិសេស ដោយញាណទស្សនៈ​ អាចធ្វើនូវភាពជាព្រះអរិយៈ ជាគ្រឿងនៅសប្បាយ យើងមិនបានត្រាស់ដឹង ដោយអំណាចវស្សា ទាំង ៣០ នេះឡើយ។

[២២៣]  កាលបើអចេលកស្សបពោលយ៉ាងនេះ  ចិត្តគហបតី ក៏ពោលទៅនឹង​អចេលកស្សប ដូច្នេះថា អើហ្ន៎ អស្ចារ្យណាស់ អើហ្ន៎ ចំឡែកពេកណាស់ ដោយ​សភាពនៃធម៌ ដែលលោកពោល ដោយប្រពៃថា វៀរលែងតែការអាក្រាត និងកោរ​ត្រងោល និងការបោសធូលី ដោយអម្បោសកន្ទុយក្ងោកចេញ ឧត្តរិមនុស្សធម៌នីមួយ ដ៏វិសេស ដោយញាណទស្សនៈ​ អាចធ្វើនូវភាពជាព្រះអរិយៈ ជាគ្រឿងនៅសប្បាយ  យើងមិនបានត្រាស់ដឹង ដោយអំណាចវស្សា ទាំង ៣០ នេះឡើយ។  ម្នាលគហបតី  ចុះ​អ្នកបានចូលមក ជាឧបាសក អស់កាលយូរប៉ុន្មានហើយ។ បពិត្រលោកដ៏ចំរើន  យើង​បានចូលមកជាឧបាសក ៣០ ឆ្នាំមកហើយ។  ម្នាលគហបតី  ចុះឧត្តរិមនុស្សធម៌នីមួយ ដ៏វិសេស ដោយញាណទស្សនៈ អាចធ្វើនូវភាពជាព្រះអរិយៈ ជាគ្រឿងនៅសប្បាយ អ្នក​បានត្រាស់ដឹងហើយ ដោយអំណាចឆ្នាំ ទាំង ៣០ នេះដែរឬ។  បពិត្រលោកដ៏ចំរើន  ឧត្តរិមនុស្សធម៌ គង់មានដល់គ្រហស្ថខ្លះដែរ  បពិត្រលោកដ៏ចំរើន  ព្រោះថាខ្ញុំប្រាថ្នា​ស្ងាត់ចាកកាម  ស្ងាត់ចាកអកុសលធម៌ទាំងឡាយ  ក៏បានដល់នូវបឋមជ្ឈាន  ប្រកប​ដោយវិតក្កៈ  ប្រកបដោយវិចារៈ  មានបីតិ និងសុខ កើតអំពីសេចក្តីស្ងាត់  ប្រព្រឹត្តនៅ គ្រប់ឥរិយាបថ កំណត់ត្រឹមណា។  បពិត្រលោកដ៏ចំរើន  ខ្ញុំប្រាថ្នារម្ងាប់នូវវិតក្កៈ និងវិចារៈ  បានដល់នូវទុតិយជ្ឈាន  ប្រព្រឹត្តនៅ គ្រប់ឥរិយាបថ កំណត់ត្រឹមណា។  បពិត្រលោកដ៏ចំរើន  ខ្ញុំប្រាថ្នានឿយណាយ ចាកបីតិ។ បេ។ បានដល់នូវតតិយជ្ឈាន ប្រព្រឹត្តនៅ គ្រប់ឥរិយាបថ កំណត់ត្រឹមណា។  បពិត្រលោកដ៏ចំរើន  ខ្ញុំប្រាថ្នាលះបង់សុខ។ បេ។  បានដល់នូវចតុត្ថជ្ឈាន  ប្រព្រឹត្តនៅ គ្រប់ឥរិយាបថ កំណត់ត្រឹមណា។  បពិត្រលោកដ៏ចំរើន  ប្រសិនបើខ្ញុំព្យាករមុនព្រះដ៏មានព្រះភាគ។  ព្រះដ៏មានព្រះភាគ ព្យាករនូវខ្ញុំ យ៉ាងនេះថា  ចិត្តគហបតី ប្រកបដោយសញ្ញោជនៈ​ឯណា  ហើយគប្បីមកកាន់លោកនេះវិញ  សញ្ញោជនៈនោះ មិនមានឡើយ ដូច្នេះ  ដោយហេតុឯណា  ហេតុនោះ មិនជាអស្ចារ្យឡើយ។

[២២៤]  កាលបើចិត្តគហបតីពោលយ៉ាងនេះ  អចេលកស្សប ក៏ពោលទៅនឹង​ចិត្តគហបតី ដូច្នេះថា អើហ្ន៎ អស្ចារ្យពេកណាស់ អើហ្ន៎ ចំឡែកពេកណាស់  ដោយ​សភាព នៃធម៌ ដែលគហបតី ពោលដោយប្រពៃ  ព្រោះថា គ្រហស្ថស្លៀកស  ក៏គង់បាន​ត្រាស់ដឹង នូវឧត្តរិមនុស្សធម៌ ដ៏វិសេស ដោយញាណទស្សនៈ  អាចធ្វើនូវភាពជា​ព្រះអរិយៈ ជាគ្រឿងនៅសប្បាយ  មានសភាព ដូច្នេះដែរ  ម្នាលគហបតី ​យើងគប្បីបាននូវបព្វជ្ជា  បាននូវឧបសម្បទា ក្នុងធម៌វិន័យនេះ។  លំដាប់នោះ  ចិត្តគហបតី នាំយកអចេលកស្សប ចូលទៅរកពួកភិក្ខុជាថេរៈ  លុះចូលទៅដល់ហើយ  ក៏ពោលទៅនឹងពួកភិក្ខុជាថេរៈ ដូច្នេះថា  បពិត្រព្រះករុណាដ៏ចំរើន  អចេលកស្សបនេះ ជាសំឡាញ់ កាលនៅជាគ្រហស្ថពីដើម របស់យើង  សូមព្រះថេរៈទាំងឡាយ  ឲ្យអចេលកស្សបនេះ បានបព្វជ្ជា បានឧបសម្បទាផង ខ្ញុំព្រះករុណា នឹងធ្វើនូវសេចក្តីខ្វល់ខ្វាយ ដោយចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារ  ដល់អចេលកស្សបនេះ។  អចេលកស្សប ក៏បាននូវបព្វជ្ជា  បាននូវឧបសម្បទា ក្នុងធម៌វិន័យនេះ។ ព្រះកស្សបដ៏មានអាយុ លុះបាន​ឧបសម្បទាហើយ មិនយូរប៉ុន្មាន ក៏ចៀសចេញទៅ តែម្នាក់ឯង មិនប្រមាទ  មានព្យាយាម ជាគ្រឿងដុតកំដៅនូវកិលេស  មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន  កុលបុត្តទាំងឡាយ ចេញចាកផ្ទះ  ចូលកាន់ផ្នួសដោយប្រពៃ  ដើម្បីប្រយោជន៍ ដល់អនុត្តរធម៌ឯណា  មិនយូរប៉ុន្មាន  ក៏បានធ្វើឲ្យជាក់ច្បាស់  សម្រេចដោយ​ប្រាជ្ញាដ៏ឧត្តម  ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន  នូវអនុត្តរធម៌នោះ ជាទីបំផុត នៃព្រហ្មចរិយ  ហើយបានដឹងច្បាស់ថា  ជាតិអស់ហើយ  មគ្គព្រហ្មចរិយ អាត្មាអញ បានប្រព្រឹត្តគ្រប់គ្រាន់ហើយ  សោឡសកិច្ច អាត្មាអញ បានធ្វើស្រេចហើយ  មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។  បណ្តាព្រះអរហន្តទាំងឡាយ  ព្រះកស្សបដ៏មានអាយុ  ក៏ជាព្រះអរហន្តមួយដែរ។  ចប់ សូត្រ ទី ៩។

[២២៥]  សម័យនោះឯង  ចិត្តគហបតីមានអាពាធ  ដល់នូវសេចក្តីទុក្ខឈឺធ្ងន់។  គ្រានោះ ពួកទេវតាច្រើន គឺ អារាមទេវតា [ទេវតា ដែលអាស្រ័យនៅឰដ៏សួនឈើមានផ្កា សួរឈើមានផ្លែ។] វនទេវតា [ទេវតា ដែលអាស្រ័យនៅឰដ៏​ដងព្រៃ។] រុក្ខទេវតា [ទេវតា ដែល​អាស្រ័យឰដ៏ដើមឈើធំ។] និងពួកទេវតា ដែលនៅអាស្រ័យឰដ៏ស្មៅ និងដើមឈើ​សម្រាប់​ធ្វើថ្នាំ មកសមាគមប្រជុំគ្នាហើយ ក៏ពោលទៅនឹងចិត្តគហបតី ដូច្នេះថា ម្នាលគហបតី អ្នកចូរតាំងសេចក្តីប្រាថ្នាថា អាត្មាអញ គប្បីបានជាស្តេចចក្រពត្តិ ក្នុងកាលជាអនាគតចុះ។ កាលបើពួកទេវតា ពោលយ៉ាងនេះ ចិត្តគហបតី ក៏ពោលតប ទៅនឹងពួកអារាមទេវតា វនទេវតា រុក្ខទេវតា និងពួកទេវតា ដែលនៅអាស្រ័យឰដ៏ស្មៅ និងដើមឈើសម្រាប់ធ្វើថ្នាំ (ទាំងនោះ) ដូច្នេះថា  របស់នោះ មិនទៀងទេ  របស់នោះមិ នឋិតឋេរទេ  បុគ្គលត្រូវតែលះបង់របស់នោះទៅ (កាន់បរលោក)។

[២២៦]  កាលបើចិត្តគហបតីពោលយ៉ាងនេះ  ពួកមិត្តអាមាត្យ និងញាតិសា​លោហិត របស់ចិត្តគហបតី ក៏ពោលទៅនឹងចិត្តគហបតី ដូច្នេះថា នែអយ្យបុត្ត អ្នក​ចូរប្រុងស្មារតី កុំរវើរវាយឡើយ។ ចិត្តគហបតីពោលថា ចុះខ្ញុំពោលដូចម្តេច បានជា​អ្នកទាំងឡាយ ពោលមកនឹងខ្ញុំ យ៉ាងនេះថា នែអយ្យបុត្ត អ្នកចូរប្រុងស្មារតី កុំរវើរវាយ​ឡើយ។ នែអយ្យបុត្ត អ្នកពោលយ៉ាងនេះថា របស់នោះ មិនទៀងទេ  របស់នោះ មិនឋិត​ឋេរទេ  បុគ្គល ត្រូវតែលះបង់របស់នោះ ទៅ (កាន់បរលោក)។  ដូច្នោះមែនហើយ  ព្រោះពួកអារាមទេវតា វនទេវតា រុក្ខទេវតា និងពួកទេវតា ដែលនៅអាស្រ័យឰដ៏ស្មៅ និងដើមឈើសម្រាប់ធ្វើថ្នាំ ពោលប្រាប់ខ្ញុំ យ៉ាងនេះថា ម្នាលគហបតី  អ្នកចូរតាំងសេចក្តី​ប្រាថ្នាថា អាត្មាអញ គប្បីបានជាស្តេចចក្រពត្តិ ក្នុងកាលជាអនាគតចុះ។  ខ្ញុំក៏ពោលតប ទៅនឹងពួកទេវតាទាំងនោះ យ៉ាងនេះថា របស់នោះ មិនទៀងទេ របស់នោះ មិនឋិតឋេរទេ បុគ្គល ត្រូវតែលះបង់របស់នោះ ទៅ (​ កាន់បរលោក)។ ​នែអយ្យបុត្ត ចុះពួកអារាមទេវតា វនទេវតា រុក្ខទេវតា និងពួកទេវតា ដែលនៅអាស្រ័យឰដ៏ស្មៅ និងដើមឈើសម្រាប់ធ្វើថ្នាំទាំងនោះ ឃើញនូវអំណាចប្រយោជន៍ ដូចម្តេច បានជាពោល យ៉ាងនេះថា ​ម្នាលគហបតី អ្នកចូរតាំងសេចក្តីប្រាថ្នាថា អាត្មាអញ គប្បីបាន​ជាស្តេច​ចក្រពត្តិ  ក្នុងកាលជាអនាគតចុះ ដូច្នេះ។ ពួកអារាមទេវតា វនទេវតា រុក្ខទេវតា និងពួកទេវតា ដែលអាស្រ័យនៅឰដ៏ស្មៅ  និងដើមឈើសម្រាប់ធ្វើថ្នាំទាំងនោះ  មានសេចក្តីត្រិរិះ យ៉ាងនេះថា  ចិត្តគហបតីនេះ មានសីល មានធម៌ល្អ ​បើគាត់នឹងតាំងសេចក្តីប្រាថ្នាថា អាត្មាអញ គប្បីបានជាស្តេចចក្រពត្តិ ក្នុងកាលជាអនាគត (ក៏បាន)។ ឯសេចក្តីប្រាថ្នាក្នុងចិត្តនេះ  របស់ចិត្តគហបតី ដែលមានសីលនោះ នឹងសម្រេចព្រោះសីលបរិសុទ្ធ បុគ្គលប្រកបដោយធម៌ និងថែមឲ្យនូវកម្លាំង ដ៏ប្រកបដោយធម៌។ ពួកអារាមទេវតា វនទេវតា  រុក្ខទេវតា និងពួកទេវតា ដែលអាស្រ័យនៅឰដ៏ស្មៅ និងដើមឈើសម្រាប់ធ្វើថ្នាំទាំងនោះ ឃើញនូវអំណាចប្រយោជន៍នេះឯង បានជាពោល យ៉ាងនេះថា ​ម្នាលគហបតី  អ្នកចូរតាំង​សេចក្តីប្រាថ្នាថា  អាត្មាអញ គប្បីបានជាស្តេចចក្រពត្តិ  ក្នុងកាលជាអនាគត​ចុះ។ ខ្ញុំក៏ពោលតប ទៅនឹងទេវតាទាំងនោះ យ៉ាងនេះថា របស់នោះ មិនទៀងទេ របស់​នោះមិនឋិតឋេរទេ  បុគ្គល ត្រូវតែលះបង់របស់នោះ ទៅ (កាន់បរលោក)។  នែអយ្យបុត្ត  បើដូច្នោះ ចូរអ្នកទូន្មានយើងទាំងឡាយផង។

[២២៧]  ព្រោះហេតុនោះ  អ្នកទាំងឡាយ គប្បីសិក្សាយ៉ាងនេះថា  យើងទាំង​ឡាយ នឹងប្រកបដោយសេចក្តីជ្រះថ្លា មិនកម្រើក ក្នុងព្រះពុទ្ធថា ព្រះដ៏មានព្រះភាគ អង្គនោះ ជាអរហន្ត សម្មាសម្ពុទ្ធ បរិបូណ៌ ដោយវិជ្ជា និងចរណៈ ទ្រង់មានដំណើរល្អ ស្តេចទៅកាន់ព្រះនិព្វាន ទ្រង់ជ្រាបច្បាស់ នូវត្រៃលោក ទ្រង់ប្រសើរដោយសីលាទិគុណ ជាអ្នកទូន្មាន នូវបុរសដែលគួរទូន្មាន ជាសាស្តាចារ្យ នៃទេវតា និងមនុស្សទាំងឡាយ ទ្រង់ត្រាស់ដឹង នូវចតុរារិយសច្ច  ទ្រង់ខ្ជាក់ចោលនូវត្រៃភព។  យើងទាំងឡាយ នឹងប្រកបដោយ​សេចក្តី ជ្រះថ្លាមិនកម្រើក ក្នុងព្រះធម៌ថា ព្រះបរិយត្តិធម៌ ដែលព្រះ​ដ៏មានព្រះភាគ ទ្រង់សំដែងហើយ ដោយប្រពៃ ព្រះ (នព្វលោកុត្តរធម៌)  ជាធម៌ ដែល​ព្រះអរិយបុគ្គលឃើញច្បាស់ ដោយខ្លួនឯង  ជាធម៌ ឲ្យនូវផលមិនរង់ចាំកាល  ជាធម៌គួរនឹងហៅ​បុគ្គលដទៃ ឲ្យចូលមកមើលបាន  ជាធម៌ ដែលព្រះអរិយបុគ្គល គប្បីបង្អោន​ចូលមកទុកក្នុងខ្លួន  ជាធម៌ ដែលអ្នកប្រាជ្ញទាំងឡាយ គប្បីដឹងច្បាស់ ក្នុងចិត្តនៃខ្លួន។ យើងទាំងឡាយ នឹងប្រកបដោយសេចក្តីជ្រះថ្លា មិនកម្រើក ក្នុងព្រះសង្ឃ​ថា ព្រះសង្ឃសាវក នៃព្រះដ៏មានព្រះភាគ លោកប្រតិបត្តិប្រពៃ ព្រះសង្ឃសាវក នៃព្រះដ៏មានព្រះភាគ លោកប្រតិបត្តិត្រង់ ព្រះសង្ឃសាវក នៃព្រះដ៏មាន​ព្រះភាគ លោកប្រតិបត្តិដើម្បីព្រះនិព្វាន ព្រះសង្ឃសាវក នៃព្រះដ៏មានព្រះភាគ លោកប្រតិបត្តិ ដ៏សមគួរ ព្រះសង្ឃឯណា បើរាប់ជាគូ នៃបុរស មាន ៤  បើរាប់រៀងជាបុរសបុគ្គល មាន ៨ ព្រះសង្ឃនុ៎ះ ជាសង្ឃសាវក នៃព្រះដ៏មានព្រះភាគ  លោកគួរទទួល នូវចតុប្បច្ច័យ ដែលគេនាំមកបូជា គួរទទួល នូវអគន្តុកទាន គួរទទួលនូវទាន ដែលបុគ្គលជឿ នូវកម្ម និងផលនៃកម្ម ហើយនាំមកបូជា គួរដល់អញ្ជលិកម្ម ជាស្រែបុណ្យ នៃសត្វលោក រកស្រែដទៃក្រៃលែងជាងគ្មាន។ មួយទៀត ទេយ្យធម៌ឯណាបន្តិចបន្តួច ក្នុងត្រកូល ទេយ្យធម៌ទាំងអស់នោះ បុគ្គលអ្នកមានសីល មានធម៌ល្អ មិនមានចែកមុខឡើយ។ អ្នកទាំងឡាយ គប្បីសិក្សា យ៉ាងនេះចុះ។ លំដាប់នោះ ចិត្តគហបតី  លុះញុំាងមិត្តអាមាត្យ និងញាតិសាលោហិត ឲ្យទទួលប្រតិបត្តិ ក្នុងព្រះពុទ្ធ ព្រះធម៌  ព្រះសង្ឃ  និងការបរិច្ចាគ រួចហើយ ក៏ធ្វើមរណកាលទៅ។

ចប់ ចិត្តគហបតិបុប្ផាសំយុត្ត ។

ឧទ្ទាននៃចិត្តគហបតិបុប្ផាសំយុត្តិនោះគឺ

និយាយអំពីសញ្ញោជនៈ ១   ព្រះឥសិទត្ត ២ លើក ព្រះមហកៈ ១ ព្រះ​​កាមភូ ១  ព្រះគោទត្ត ១ និគ្គណ្ឋនាដបុត្ត ១ អចេលកស្សប ១ ចិត្តគហបតិឈឺ ១។

គាមណិសំយុត្ត

[២២៨]  គ្រានោះ  គាមណី [អ្នកធំក្នុងស្រុក។] ឈ្មោះ ចណ្ឌ [ជាមនុស្សកាច។] ចូលទៅរកព្រះដ៏មានព្រះភាគ  លុះចូលទៅដល់  ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។  លុះចណ្ឌគាមណី អង្គុយក្នុងទីសមគួរហើយ  ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា  បពិត្រព្រះអង្គដ៏ចំរើន ​ហេតុដូចម្តេច  បច្ច័យដូចម្តេច  ដែលនាំឲ្យគេរាប់បុគ្គលពួកមួយ ក្នុងលោកនេះថា  ជាអ្នកកាច អ្នកកាច បពិត្រព្រះអង្គដ៏ចំរើន ចុះហេតុដូចម្តេច បច្ច័យដូចម្តេច ដែលនាំ​ឲ្យគេរាប់បុគ្គលពួកមួយ ក្នុងលោកនេះថា ជាអ្នកស្លូត អ្នកស្លូត។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលគាមណី ​បុគ្គលពួកមួយ ក្នុងលោកនេះ មិនទាន់លះបង់រាគៈ ព្រោះតែមិនទាន់លះបង់រាគៈ បានជាពួកជនដទៃ រមែងធ្វើបុគ្គលនោះ​ ឲ្យក្រោធបាន កាលបើ​ពួក​ជនដទៃ ធ្វើ​ឲ្យ​ក្រោធ​ហើយ ក៏រមែងធ្វើសេចក្តីក្រោធ ឲ្យប្រាកដឡើង បុគ្គលនោះ ទើបរាប់ថា ជាអ្នកកាច។ បុគ្គល​ដែលមិនទាន់លះបង់ទោសៈ ព្រោះតែមិនទាន់លះបង់ទោសៈ បានជាពួកជនដទៃ រមែងធ្វើឲ្យក្រោធបាន កាលបើពួកជនដទៃ ធ្វើឲ្យក្រោធហើយ ក៏រមែងធ្វើសេចក្តីក្រោធ ឲ្យ​ប្រាកដឡើង បុគ្គលនោះ ទើបរាប់ថា ជាអ្នកកាច។  បុគ្គលដែលមិនទាន់​លះបង់មោហៈ ព្រោះតែមិនទាន់លះបង់មោហៈ បានជាពួកជនដទៃ រមែងធ្វើ​ឲ្យ​ក្រោធបាន កាលបើពួកជនដទៃ ធ្វើឲ្យក្រោធហើយ ក៏រមែងធ្វើសេចក្តី​ក្រោធ ឲ្យប្រាកដឡើង បុគ្គលនោះ ទើបរាប់ថា ជាអ្នកកាច។ ម្នាលគាមណី ហេតុនេះឯង បច្ច័យនេះឯង ដែលនាំឲ្យរាប់បុគ្គលពួកមួយ ក្នុងលោកនេះ ថាជាអ្នកកាច អ្នកកាច។

[២២៩]  ម្នាលគាមណី  បុគ្គលពួកមួយទៀតក្នុងលោកនេះ  ជាអ្នកលះបង់រាគៈ​ហើយ ព្រោះតែលះបង់រាគៈ បានជាពួកជនដទៃ ធ្វើឲ្យក្រោធមិនបាន  ទោះបី​ពួកជនដទៃ ធ្វើឲ្យក្រោធ ក៏មិនធ្វើសេចក្តីក្រោធឲ្យប្រាកដ បុគ្គលនោះ ទើបរាប់ថា ជាអ្នកស្លូត។  បុគ្គលដែលបានលះបង់ទោសៈ ព្រោះតែលះបង់ទោសៈ  បានជាពួកជនដទៃ ធ្វើឲ្យក្រោធមិនបាន ទោះបីពួកជនដទៃ ធ្វើឲ្យក្រោធ​ក៏មិនធ្វើសេចក្តីក្រោធឲ្យប្រាកដ បុគ្គលនោះ ទើបរាប់ថា ជាអ្នកស្លូត។ បុគ្គលដែលបាន​លះបង់មោហៈ ព្រោះតែលះបង់មោហៈ បានជាពួកជនដទៃ ធ្វើឲ្យក្រោធមិនបាន ទោះបីពួកជនដទៃ ធ្វើឲ្យក្រោធ ក៏មិនធ្វើសេចក្តីក្រោធ ឲ្យប្រាកដ បុគ្គលនោះ ទើបរាប់ថា ជាអ្នកស្លូត ម្នាលគាមណី ហេតុនេះឯង បច្ច័យនេះឯង  ដែលនាំឲ្យគេរាប់​បុគ្គលពួកមួយ ក្នុងលោកនេះ ថាជាអ្នកស្លូត អ្នកស្លូត។

[២៣០]  កាលបើព្រះដ៏មានព្រះភាគ ទ្រង់សំដែងយ៉ាងនេះហើយ ចណ្ឌគាមណី ក៏ពោលសរសើរព្រះដ៏មានព្រះភាគ ដូច្នេះថា ច្បាស់ណាស់ព្រះអង្គ ច្បាស់ណាស់​ព្រះអង្គ បពិត្រព្រះអង្គដ៏ចំរើន ដូចគេផ្ងារ របស់ដែលផ្កាប់ ឬបើករបស់ដែលកំបាំង  ឬក៏ប្រាប់ផ្លូវ ដល់អ្នកវង្វេង ពុំនោះ ដូចគេទ្រោលប្រទីប ក្នុងទីងងឹត ឲ្យអ្នកមានចក្ខុមើល​ឃើញរូបបាន យ៉ាងណាមិញ។ ធម៌ ដែលព្រះអង្គប្រកាសហើយ ដោយអនេកបរិយាយ  ក៏យ៉ាងនោះដែរ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គនេះ សូមដល់នូវព្រះដ៏មានបុណ្យផង  នូវព្រះធម៌ផង នូវព្រះភិក្ខុសង្ឃផង ជាទីពឹងទីរឭក បពិត្រព្រះអង្គដ៏ចំរើន សូមព្រះអង្គ ចាំទុកនូវខ្ញុំព្រះអង្គ ថាជាឧបាសក អ្នកដល់នូវសរណគមន៍ស្មើដោយជីវិត ចាប់ដើមពី​ថ្ងៃនេះតទៅ។ ​ចប់ សូត្រ ទី​១។

[២៣១] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងវត្តវេឡុវន ជា​កលន្ទកនិវាបស្ថាន ទៀបក្រុងរាជគ្រឹះ។ គ្រានោះ នដគាមណី [អ្នកធំក្នុងស្រុក ជាអ្នក​លេងរបាំ។] ឈ្មោះ តាលបុត្ត ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ​ក៏ថ្វាយ​បង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះតាលបុត្តនដគាមណី អង្គុយ​ក្នុង​ទីសមគួរហើយ ក៏បានក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន ខ្ញុំព្រះអង្គ បានឮពាក្យរបស់ពួកអ្នកលេងរបាំ ជាអាចារ្យប្រធានលើអាចារ្យ ក្នុងកាលមុន និយាយថា អ្នកលេងរបាំឯណា ធ្វើអ្នកផង ឲ្យស្រស់ស្រាយ ឲ្យត្រេកអរ ដោយពាក្យពិត ឬពាក្យឡេះឡោះ ក្នុងកណ្តាលរឿណរង្គ ក្នុងកណ្តាលមហោស្រព អ្នកលេងរបាំនោះ លុះបែកធ្លាយរាងកាយស្លាប់ទៅ រមែងទៅកើតជាមួយនឹងពួកបហាសទេវតា។ ក្នុងរឿងនេះ តើព្រះដ៏មានព្រះភាគ ត្រាស់ដូចម្តេច។ ព្រះអង្គត្រាស់ថា ណ្ហើយគាមណី រឿងនុ៎ះ លើកទុកចុះ អ្នកកុំសួររឿងនុ៎ះនឹងតថាគតឡើយ។

[២៣២]  តាលបុត្តនដគាមណី ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ អស់វារៈ ២ ដង ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ បានឮពាក្យរបស់ពួកអ្នកលេងរបាំ អាចារ្យ ប្រធានលើអាចារ្យ ក្នុងកាលមុននិយាយថា អ្នកលេងរបាំឯណា ធ្វើអ្នកផង ឲ្យស្រស់​ស្រាយ ឲ្យត្រេកអរ ដោយពាក្យពិត ឬពាក្យឡេះឡោះ ក្នុងកណ្តាលរឿណរង្គ ក្នុង​កណ្តាលមហោស្រព អ្នកលេង​របាំនោះ លុះបែកធ្លាយរាងកាយស្លាប់ទៅ រមែងទៅ​កើតជាមួយនឹងពួកបហាសទេវតា។  ក្នុងរឿងនេះ តើព្រះអង្គត្រាស់ដូចម្តេច។  ណ្ហើយ គាមណី រឿងនុ៎ះលើកទុកចុះ អ្នកកុំសួររឿងនុ៎ះនឹងតថាគតឡើយ។  តាលបុត្តនដគាមណី  ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ អស់វារៈ ៣ ដង ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន  ខ្ញុំ​ព្រះអង្គ បានឮពាក្យរបស់ពួកអ្នកលេងរបាំ ជាអាចារ្យប្រធានលើអាចារ្យ ក្នុងកាល​មុន និយាយថា អ្នកលេងរបាំឯណា ធ្វើអ្នកផងឲ្យស្រស់ស្រាយ ឲ្យត្រេកអរ  ដោយពាក្យពិត ឬពាក្យឡេះឡោះ ក្នុងកណ្តាលរឿណរង្គ ក្នុងកណ្តាលមហោស្រព  អ្នកលេង​របាំនោះ លុះបែកធ្លាយរាងកាយស្លាប់ទៅ រមែងទៅកើតជាមួយនឹងពួកបហាសទេវតា។  ក្នុងរឿងនេះ តើព្រះអង្គត្រាស់ដូចម្តេច។

[២៣៣]  ម្នាលគាមណី  តថាគតមិនបានដោះស្រាយនឹងអ្នកជាប្រាកដ ព្រោះ​តថាគត បានឃាត់អ្នកហើយថា ណ្ហើយគាមណី ​រឿងនុ៎ះលើកទុកចុះ អ្នកកុំសួររឿងនោះ នឹងតថាគតឡើយ។ ប៉ុន្តែបើអ្នកចេះតែសួរ តថាគត នឹងសំដែងឲ្យស្តាប់។ ម្នាលគាមណី កាលពីមុន ដែលពួកសត្វមិនទាន់ប្រាសចាករាគៈ ជាសត្វជាប់ចំណង គឺរាគៈ  បណ្តាអ្នក​លេង​របាំទាំងនោះ អ្នកលេងរបាំ តែងប្រមូលយកធម៌ ដែលជាបច្ច័យឲ្យកើតរាគៈ  ដើម្បីឲ្យរឹងរឹតតែប្រកបដោយរាគៈ ក្នុងកណ្តាលរឿណរង្គ  ក្នុងកណ្តាលមហោស្រព​។ ​ម្នាលគាមណី កាលពីមុន ដែលពួកសត្វមិនទាន់ប្រាសចាកទោសៈ  ជាសត្វជាប់ចំណង គឺទោសៈ បណ្តាអ្នកលេងរបាំទាំងនោះ អ្នកលេងរបាំ តែងប្រមូលយកធម៌ ដែលជាបច្ច័យ ឲ្យកើតទោសៈ ដើម្បីឲ្យរឹងរឹតតែប្រកបដោយទោសៈ ក្នុងកណ្តាលរឿណរង្គ ក្នុង​កណ្តាល​មហោស្រព ​។ ​ម្នាលគាមណី កាលពីមុន ដែលពួកសត្វមិនទាន់ប្រាសចាកមោហៈ  ជាសត្វជាប់ចំណង គឺមោហៈ បណ្តាអ្នកលេងរបាំទាំងនោះ  អ្នកលេងរបាំ តែង​ប្រមូល​យកធម៌ ដែលជាបច្ច័យឲ្យកើតមោហៈ ដើម្បីឲ្យរឹងរឹតតែប្រកបដោយមោហៈ  ក្នុង​កណ្តាល​រឿណរង្គ  ក្នុងកណ្តាលមហោស្រព។  អ្នកលេងរបាំនោះ ជាអ្នកស្រវឹង  ជាអ្នកប្រមាទ ដោយខ្លួនឯង ឋិតនៅក្នុងសេចក្តីប្រមាទ លុះបែកធ្លាយរាងកាយស្លាប់ទៅ  តែងទៅកើតឯបហាសនរក។  បើគេមានសេចក្តីយល់ យ៉ាងនេះថា  អ្នកលេងរបាំ ឯណា ធ្វើអ្នកផងឲ្យស្រស់ស្រាយ  ឲ្យត្រេកអរ ដោយពាក្យពិត  ឬពាក្យឡេះឡោះ  ក្នុងកណ្តាល​រឿណរង្គ ក្នុងកណ្តាលមហោស្រព អ្នកលេងរបាំនោះ  លុះបែកធ្លាយរាងកាយស្លាប់ទៅ  តែងទៅកើតជាមួយនឹងបហាសទេវតា ដូច្នេះ។  សេចក្តីយល់នោះ របស់បុគ្គលនោះ ឈ្មោះថា មិច្ឆាទិដ្ឋិ។ ម្នាលគាមណី មួយទៀត បុរសបុគ្គល ជាមិច្ឆាទិដ្ឋិ  តថាគតពោលថា មានគតិតែ ២ យ៉ាង គឺ នរក ឬតិរច្ឆានណាមួយមិនខាន។

[២៣៤]  កាលព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ  តាលបុត្ត​នដគាមណី  ក៏យំសម្រក់ទឹកភ្នែក។  ព្រះអង្គត្រាស់ថា ​ម្នាលគាមណី  តថាគតមិនបានថា​ឲ្យអ្នកឯង យ៉ាងនោះទេ  ណ្ហើយគាមណី  រឿងនុ៎ះលើកទុកចុះ  អ្នកឯងកុំសួររឿងនុ៎ះនឹង​តថាគតឡើយ។  បពិត្រព្រះអង្គដ៏ចំរើន  ខ្ញុំព្រះអង្គ មិនយំពីព្រោះរឿង ដែល​ទ្រង់​ត្រាស់​នឹង​ខ្ញុំព្រះអង្គ យ៉ាងនោះទេ។  បពិត្រព្រះអង្គដ៏ចំរើន  ដ្បិតពួកអ្នកលេងរបាំ ជាអាចារ្យ​ប្រធានលើអាចារ្យជាន់មុន បោកបញ្ឆោត កុហកខ្ញុំព្រះអង្គ អស់កាលជា​យូរអង្វែង​ហើយ​ថា  អ្នកលេងរបាំឯណា ធ្វើអ្នកផងឲ្យស្រស់ស្រាយ  ឲ្យត្រេកអរ ដោយពាក្យពិត ឬពាក្យ​ឡេះឡោះ  ក្នុងកណ្តាលរឿណរង្គ  ក្នុងកណ្តាលមហោស្រព  បុគ្គលនោះ លុះបែកធ្លាយ​រាងកាយស្លាប់ទៅ  រមែងទៅកើតជាមួយនឹងបហាសទេវតា។  តាលបុត្តនដគាមណី  ពោលសរសើរព្រះដ៏មានព្រះភាគថា  ច្បាស់ណាស់ព្រះអង្គ  ច្បាស់ណាស់ព្រះអង្គ  បពិត្រព្រះអង្គដ៏ចំរើន  ដូចគេផ្ងាររបស់ដែលផ្កាប់  ឬបើករបស់ដែលកំបាំង  ឬប្រាប់ផ្លូវ ដល់មនុស្សវង្វេង  ពុំនោះ ដូចគេទ្រោលប្រទីបប្រេង ក្នុងទីងងឹត ឲ្យអ្នកមានភ្នែក មើល​ឃើញរូបបាន  យ៉ាងណាមិញ។  ធម៌ដែលព្រះដ៏មានព្រះភាគ ប្រកាសហើយ ដោយ​អនេកបរិយាយ ក៏យ៉ាងនោះដែរ។  បពិត្រព្រះអង្គដ៏ចំរើន  ខ្ញុំព្រះអង្គនេះ សូមដល់នូវ​ព្រះដ៏មានបុណ្យផង  ព្រះធម៌ផង  ព្រះភិក្ខុសង្ឃផង ជាទីពឹង ទីរឭក  បពិត្រព្រះអង្គដ៏​ចំរើន  ខ្ញុំព្រះអង្គ គួរបានបព្វជ្ជា  គួរបានឧបសម្បទា  ក្នុងសំណាក់ព្រះដ៏មានបុណ្យ។  តាលបុត្តនដគាមណី  ក៏បានបព្វជ្ជា  បានឧបសម្បទា ក្នុងសំណាក់ព្រះដ៏មានបុណ្យ។  លុះព្រះតាលបុត្តដ៏មានអាយុ  បានឧបសម្បទាមិនយូរប៉ុន្មាន  ជាបុគ្គលម្នាក់ឯង ចេញចាកពួក មិនប្រមាទ មានព្យាយាមជាគ្រឿងដុតកំដៅកិលេស មានចិត្ត​បញ្ជូន​ទៅ​កាន់ព្រះនិព្វាន។បេ​។  បណ្តាព្រះអរហន្តទាំងឡាយ  ព្រះតាលបុត្តដ៏មានអាយុ  ក៏ជា​ព្រះអរហន្តមួយអង្គដែរ។  ចប់ សូត្រ ទី២។

[២៣៥]  គ្រានោះ  យោធាជីវគាមណី [អ្នកធំក្នុងស្រុក ជាអ្នកចិញ្ចឹមជីវិត​ដោយ​ចម្បាំង (មេទាហាន)។] ចូលទៅគាល់ព្រះដ៏មានព្រះភាគ  លុះចូលទៅដល់។ បេ។  លុះយោធាជីវគាមណី អង្គុយក្នុងទីដ៏សមគួរហើយ  ក៏ក្រាបបង្គំ​ទូលព្រះដ៏មានព្រះភាគ ដូច្នេះថា  បពិត្រព្រះអង្គដ៏ចំរើន  ខ្ញុំព្រះអង្គ បានឮពាក្យរបស់ពួកយោធាជីវៈ ជាអាចារ្យប្រធានលើអាចា្យជាន់មុន និយាយថា ​យោធាជីវៈឯណា ប្រឹង​ប្រែងព្យាយាម ក្នុងសង្រ្គាម  ពួកជនដទៃ សំឡាប់បំផ្លាញ នូវយោធាជីវៈនោះ ដែលកំពុង​ប្រឹងប្រែង​ព្យាយាម  យោធាជីវៈនោះ លុះបែកធ្លាយរាងកាយស្លាប់ទៅ  តែងទៅកើតជា​មួយនឹងពួក​សរជិតទេវតា។ ក្នុងរឿងនេះ  តើព្រះអង្គត្រាស់ដូចម្តេច។ ណ្ហើយគាមណី  រឿងនុ៎ះលើកទុកចុះ  អ្នកកុំសួររឿងនុ៎ះនឹងតថាគតឡើយ។  អស់វារៈ​ ២ ដង។បេ​។  យោធាជីវគាមណី ក្រាបបង្គំទូលចំពោះព្រះដ៏មានបុណ្យ  អស់វារៈ ៣ ដង ដូច្នេះថា  បពិត្រព្រះអង្គដ៏ចំរើន  ខ្ញុំព្រះអង្គ បានឮពាក្យរបស់ពួកយោធាជីវៈ ជាអាចារ្យប្រធាន លើអាចា្យជាន់មុន និយាយថា ​យោធាជីវៈឯណា ប្រឹងប្រែងព្យាយាម ក្នុងសង្រ្គាម ពួក​ជនដទៃ សំឡាប់បំផ្លាញ នូវយោធាជីវៈនោះ  ដែលកំពុងប្រឹងប្រែងព្យាយាម  យោធាជីវៈ​នោះ លុះទម្លាយរាងកាយស្លាប់ទៅ  តែងទៅកើតជាមួយនឹងពួកសរជិតទេវតា។  ក្នុងរឿងនេះ  តើព្រះអង្គត្រាស់ដូចម្តេច។  (ម្នាលគាមណី  តថាគត មិនបាន​ដោះស្រាយ​នឹងអ្នកជាប្រាកដ)  ព្រោះតថាគត បានឃាត់អ្នកហើយថា  ណ្ហើយ គាមណី រឿងនុ៎ះលើកទុកចុះ  អ្នកកុំសួររឿងនុ៎ះនឹងតថាគតឡើយ។ ​ប៉ុន្តែបើអ្នកចេះតែសួរ  តថាគតនឹងសំដែងឲ្យអ្នកស្តាប់។  ម្នាលគាមណី  យោធាជីវៈឯណា ប្រឹងប្រែងព្យាយាមក្នុងសង្រ្គាម  ចិត្តរបស់យោធាជីវៈនោះ  កាលពីមុន តែងកាន់អំពើអាក្រក់  ដំកល់ទុកអាក្រក់ថា ចូរឲ្យពួកសត្វទាំងនេះស្លាប់ទៅ  ហិនហោចទៅ  សាបសូន្យទៅ  វិនាសទៅ  ឬថា កុំឲ្យមានឡើយ ដូច្នេះ។  ពួកជនដទៃ ក៏សំឡាប់បំផ្លាញយោធាជីវៈនោះ  ដែលកំពុងប្រឹងប្រែង ព្យាយាម  លុះយោធាជីវៈនោះ ទម្លាយរាងកាយស្លាប់ទៅ  តែងទៅកើតក្នុងសរជិតនរក។ បើគេមានសេចក្តីយល់ យ៉ាងនេះថា យោធាជីវៈឯណា  ប្រឹងប្រែងព្យាយាម ក្នុងសង្រ្គាម  ពួកជនដទៃសំឡាប់បំផ្លាញយោធាជីវៈនោះ  ដែលកំពុងប្រឹងប្រែងព្យាយាម ក្នុងសង្រ្គាម  លុះយោធាជីវៈនោះ ទម្លាយរាងកាយស្លាប់ទៅ  តែងទៅកើតជាមួយនឹង​សរជិតទេវតា ដូច្នេះ។  សេចក្តីយល់នោះ របស់បុរសបុគ្គលនោះ ជាមិច្ឆាទិដ្ឋិ។  ម្នាលគាមណី  មួយទៀត  បុរសបុគ្គល ជាមិច្ឆាទិដ្ឋិ  តថាគតពោលថា មានគតិតែ ២ យ៉ាង គឺ  នរក ឬតិរច្ឆានណាមួយមិនខាន ។

[២៣៦]  កាលព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ  យោធាជីវគាមណី  ក៏យំសម្រក់ទឹកភ្នែក។ ​ព្រះអង្គត្រាស់ថា  ម្នាលគាមណី  តថាគតមិនបានថា ឲ្យអ្នកឯងយ៉ាងនោះទេ ​ណ្ហើយគាមណី  រឿងនុ៎ះលើកទុកចុះ  អ្នកកុំសួររឿងនុ៎ះនឹងតថាគតឡើយ​។  បពិត្រព្រះអង្គដ៏ចំរើន  ខ្ញុំព្រះអង្គមិនយំ​ពីព្រោះរឿង ដែលទ្រង់ត្រាស់ នឹងខ្ញុំព្រះអង្គ យ៉ាងនោះទេ។  បពិត្រព្រះអង្គដ៏ចំរើន  ដ្បិតពួកយោធាជីវៈ ជាអាចារ្យ ប្រធានលើអាចារ្យជាន់មុន  បោកបញ្ឆោតកុហក ខ្ញុំព្រះអង្គ អស់កាលជាយូរអង្វែងហើយថា ​យោធាជីវៈឯណា ប្រឹងប្រែងព្យាយាម ក្នុងសង្រ្គាម ពួកជនដទៃសំឡាប់បំផ្លាញ យោធាជីវៈនោះ  ដែលកំពុងប្រឹងប្រែងព្យាយាម  លុះយោធាជីវៈនោះ ទម្លាយរាងកាយ ស្លាប់ទៅ  រមែងទៅកើតជាមួយ​នឹងពួកសរជិតទេវតា។  យោធាជីវៈគាមណី  ពោលសរសើរព្រះដ៏មានព្រះភាគថា  ភ្លឺច្បាស់ណាស់ព្រះអង្គ  ភ្លឺច្បាស់ណាស់ព្រះអង្គ។ បេ។  ដល់នូវសរណគមន៍ ស្មើដោយជីវិត  តាំងអំពីថ្ងៃនេះជាដើមទៅ។ ចប់ សូត្រ ទី៣។

[២៣៧]  គ្រានោះ  ហត្ថារោហគាមណី [អ្នកធំក្នុងស្រុក ជាអ្នកកាន់កាប់ការខាង​ដំរី (មេពលដំរី)។] ចូលទៅគាល់ព្រះដ៏មានព្រះភាគ  លុះចូលទៅដល់ហើយ។ បេ។  ដល់នូវសរណគមន៍ ស្មើដោយជីវិត  តាំងអំពីថ្ងៃនេះ ជាដើមទៅ។  ចប់ សូត្រ ទី​ ៤ ។

[២៣៨]  គ្រានោះ  អស្សារោហគាមណី  ចូលទៅគាល់ព្រះដ៏មានព្រះភាគ ​លុះ​ចូលទៅដល់ ក៏អង្គុយក្នុងទីដ៏សមគួរ។  លុះអស្សារោហគាមណី អង្គុយក្នុងទីដ៏សមគួរ​ហើយ  ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា ​បពិត្រព្រះអង្គដ៏ចំរើន  ខ្ញុំព្រះអង្គ បានឮពាក្យរបស់ពួកអស្សារោហៈ ជាអាចារ្យប្រធានលើអាចារ្យជាន់មុន  និយាយថា  អស្សារោហៈឯណា ប្រឹងប្រែងព្យាយាមក្នុងសង្រ្គាម  ពួកជនដទៃសំឡាប់បំផ្លាញ នូវ​អស្សារោហៈនោះ  ដែលកំពុងប្រឹងប្រែងព្យាយាម  លុះអស្សារោហៈនោះ ទម្លាយរាង​កាយស្លាប់ទៅ  តែងទៅកើតជាមួយនឹងពួកសរជិតទេវតា។  ក្នុងរឿងនេះ  តើព្រះអង្គ ត្រាស់ដូចម្តេច។  ណ្ហើយគាមណី  រឿងនុ៎ះលើកទុកចុះ  អ្នកកុំសួររឿងនុ៎ះ នឹងតថាគត​ឡើយ។  អស់វារៈ ២ ដង។ បេ។  អស្សារោហគាមណី  ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ អស់វារៈ ៣ ដង ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ បានឮពាក្យ របស់ពួកអស្សារោហៈ ជាអាចារ្យ ប្រធានលើអាចារ្យជាន់មុន  និយាយដូច្នេះថា  អស្សារោហៈឯណា ប្រឹងប្រែងព្យាយាមក្នុងសង្រ្គាម  ពួកជនដទៃសំឡាប់បំផ្លាញ នូវ​អស្សារោហៈនោះ  ដែលកំពុងប្រឹងប្រែងព្យាយាម  លុះអស្សារោហៈនោះ ទម្លាយរាង​កាយស្លាប់ទៅ  តែងទៅកើតជាមួយនឹងពួកសរជិតទេវតា។  ក្នុងរឿងនេះ  តើព្រះអង្គ ត្រាស់ដូចម្តេច។ ​ម្នាលគាមណី  តថាគត មិនបានដោះស្រាយនឹងអ្នក ជាប្រាកដ  ព្រោះ តថាគត ឃាត់អ្នកហើយថា  ណ្ហើយគាមណី  រឿងនុ៎ះលើកទុកចុះ  អ្នកកុំសួររឿងនុ៎ះនឹង​តថាគតឡើយ។  ប៉ុន្តែបើអ្នកចេះតែសួរ  តថាគត នឹងសំដែងឲ្យអ្នកស្តាប់។  ម្នាល​គាមណី អស្សារោហៈឯណា ប្រឹងប្រែងព្យាយាម ក្នុងសង្រ្គាម ​ចិត្តរបស់អស្សារោហៈ​នោះ  កាលមុនតែងកាន់អំពើអាក្រក់  ដំកល់ទុកអាក្រក់ថា ចូរឲ្យពួកសត្វនេះស្លាប់ទៅ  ហិនហោចទៅ  សាបសូន្យទៅ  វិនាសទៅ  ឬថា កុំឲ្យមានឡើយ ដូច្នេះ។  ពួកជនដទៃ សំឡាប់បំផ្លាញ នូវអស្សារោហៈនោះ  ដែលកំពុងប្រឹងប្រែងព្យាយាម  លុះអស្សារោហៈ​នោះ ទម្លាយរាងកាយស្លាប់ទៅ  រមែងទៅកើតក្នុងសរជិតនរក។  បើគេមានសេចក្តី​យល់ យ៉ាងនេះថា  អស្សារោហៈឯណា ប្រឹងប្រែងព្យាយាម ក្នុងសង្រ្គាម  ពួកជនដទៃ សំឡាប់បំផ្លាញ នូវអស្សារោហៈនោះ  ដែលកំពុងប្រឹងប្រែងព្យាយាម ​លុះអស្សារោហៈ​នោះ ទម្លាយរាងកាយស្លាប់ទៅ  តែងទៅកើតជាមួយនឹងពួកសរជិតទេវតា ដូច្នេះ។  សេចក្តីយល់នោះ របស់បុរសបុគ្គលនោះ ជាមិច្ឆាទិដ្ឋិ។  ម្នាលគាមណី មួយទៀត ​បុរស​បុគ្គល ជាមិច្ឆាទិដ្ឋិ  តថាគតពោលថា មានគតិតែ ២ យ៉ាង គឺនរក ឬតិរច្ឆានណាមួយ មិនខាន។

[២៣៩]  កាលព្រះដ៏មានព្រះភាគ ត្រាស់យ៉ាងនេះហើយ  អស្សារោហគាមណី ក៏យំសម្រក់ទឹកភ្នែក។  ព្រះអង្គត្រាស់ថា  ម្នាលគាមណី  តថាគត មិនបានថាឲ្យអ្នកឯង យ៉ាងនោះទេ  ណ្ហើយគាមណី រឿងនុ៎ះលើកទុកចុះ​​  អ្នកកុំសួររឿងនុ៎ះនឹងតថាគត​ឡើយ។  បពិត្រព្រះអង្គដ៏ចំរើន  ខ្ញុំព្រះអង្គ មិនយំពីព្រោះតែរឿង ដែលទ្រង់ត្រាស់នឹងខ្ញុំ​ព្រះអង្គយ៉ាងនោះទេ។  បពិត្រព្រះអង្គដ៏ចំរើន ដ្បិតពួកអស្សារោហៈ ជាអាចារ្យប្រធាន លើអាចារ្យជាន់មុន  បោកបញ្ឆោត កុហកខ្ញុំព្រះអង្គ អស់កាលជាយូរអង្វែងហើយថា  អស្សារោហៈឯណា ប្រឹងប្រែងព្យាយាម ក្នុងសង្រ្គាម  ពួកជនដទៃ សំឡាប់​បំផ្លាញ នូវអស្សារោហៈនោះ  ដែលកំពុងប្រឹងប្រែងព្យាយាម លុះអស្សារោហៈនោះ ទម្លាយរាង​កាយស្លាប់ទៅ  រមែងទៅកើតជាមួយនឹងពួកសរជិតទេវតា។ អស្សារោហគាមណី ពោលសរសើរព្រះដ៏មានព្រះភាគថា  ភ្លឺច្បាស់ណាស់ ព្រះអង្គ។ បេ។  ដល់នូវសរណគមន៍ ស្មើដោយជីវិត តាំងអំពីថ្ងៃនេះ ជាដើមទៅ។ ​ចប់ សូត្រ ទី ៥។

[២៤០]  សម័យមួយ  ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងបាវារិកម្ពវន  ជិតក្រុង​នាឡន្ទា។  គ្រានោះ  គាមណីឈ្មោះ អសិពន្ធកបុត្ត  ចូលទៅគាល់ព្រះដ៏មានព្រះភាគ  លុះ​ចូលទៅដល់  ក៏ថ្វាយបង្គំព្រះដ៏មានព្រះភាគ  ហើយអង្គុយក្នុងទីដ៏សមគួរ។  លុះ​អសិពន្ធកបុត្តគាមណី អង្គុយក្នុងទីដ៏សមគួរហើយ  ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា  បពិត្រព្រះអង្គដ៏ចំរើន  ពួកព្រាហ្មណ៍ អ្នកនៅក្នុងស្រុកបច្ឆាភូមិ  ជាអ្នកមាន​កំសៀវទឹក  ជាងអ្នកស្រង់យកសារាយ មកប្រដាប់កាយ  ជាអ្នកចុះត្រាំទឹក  ជាអ្នក​បំរើភ្លើង ពួកព្រាហ្មណ៍ទាំងនោះ ឈ្មោះថា ធ្វើមនុស្សដែលស្លាប់ហើយ  ធ្វើមរណកាល​ហើយ ឲ្យក្រោកឡើង  ឲ្យដឹងខ្លួន  ឲ្យឡើងកាន់ឋានសួគ៌បាន។  បពិត្រព្រះអង្គដ៏ចំរើន  ចុះព្រះដ៏មានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ  តើអាចធ្វើសត្វលោកទាំងអស់ ដែលបែក​ធ្លាយ​រាងកាយស្លាប់ទៅ  ឲ្យទៅកើតឯសុគតិសួគ៌ទេវលោក បានដែរឬ។  ម្នាលគាមណី  បើដូច្នោះ  តថាគតនឹងសួរអ្នក ក្នុងដំណើរនេះវិញ។  អ្នកគាប់ចិត្តយ៉ាងណា  គប្បីដោះស្រាយប្រស្នា​នោះ យ៉ាងនោះចុះ។  ម្នាលគាមណី   អ្នកយល់សេចក្តីនោះ ដូចម្តេច។  បុរសក្នុងលោកនេះ  ជាអ្នកសំឡាប់សត្វ  លួចទ្រព្យគេ  ប្រព្រឹត្តខុសក្នុង​កាមទាំងឡាយ  និយាយកុហក  និយាយញុះញង់  និយាយទ្រគោះ  និយាយឥត​ប្រយោជន៍  សំឡឹងរំពៃចំពោះទ្រព្យគេ  មានចិត្តគុំគួន  មានគំនិតយល់ខុស ពួកមហាជន ក៏មកជួបជុំ ព្រមព្រៀងគ្នា  អង្វរ  សរសើរ  សំពះ  តាមឈូឆរ នូវបុរសនោះថា  បើ​បុរសនេះ បែកធ្លាយរាងកាយស្លាប់ទៅ  សូមឲ្យបានទៅកើតឯសុគតិសួគ៌ទេវលោក។  ម្នាលគាមណី  តើអ្នកយល់សេចក្តីនោះ ដូចម្តេច  បុរសនោះ លុះបែកធ្លាយរាងកាយ ស្លាប់ទៅ គួរទៅកើតឯសុគតិសួគ៌ទេវលោក  ព្រោះហេតុតែពួកមហាជនអង្វរ  សរសើរ​​  សំពះ  តាមឈូឆរ  បានដែរឬ។  មិនមែនដូច្នោះទេ  ព្រះអង្គ។

[២៤១]  ម្នាលគាមណី  ដូចបុរសបោះដុំថ្មធំ ទៅក្នុងអន្លង់ទឹកដ៏ជ្រៅ  មានពួក​មហាជន មកជួបជុំ ព្រមព្រៀងគ្នា  អង្វរ  សរសើរ  សំពះ  តាមឈូរឆរ  នូវថ្មធំនោះថា  នែដុំថ្មអើយ ចូរអ្នកឯងងើបឡើង នែដុំថ្ម ចូរឯងអណ្តែតឡើង  នែដុំថ្ម  ចូរឯងឡើងមក​លើគោក។ ​ម្នាលគាមណី  អ្នកយល់សេចក្តីនោះ ដូចម្តេច  ដុំថ្មនោះ គួរងើបឡើង  អណ្តែតឡើង  ឬឡើងមកលើគោក ព្រោះហេតុតែពួកមហាជនអង្វរ សរសើរ  សំពះ តាមឈូឆរ  បានដែរឬ។  មិនមែនដូច្នោះទេ  ព្រះអង្គ។  ម្នាលគាមណី  រឿងនេះឯង ក៏ដូច្នេះដែរ  បុរសឯណា ជាអ្នកសំឡាប់សត្វ  លួចទ្រព្យគេ  ប្រព្រឹត្តខុសក្នុងកាមទាំង​ឡាយ ​និយាយកុហក និយាយញុះញង់ និយាយទ្រគោះ និយាយឥតប្រយោជន៍  សំឡឹងរំពៃចំពោះទ្រព្យគេ  មានចិត្តគុំគួន  មានគំនិតយល់ខុស  ទោះបីពួកមហាជន មក​ជួបជុំ ព្រមព្រៀងគ្នា អង្វរ ​សរសើរ សំពះ  តាមឈូឆរ នូវបុរសនោះថា  បើបុរសនេះ  បែកធ្លាយរាងកាយស្លាប់ទៅ  សូមឲ្យបានទៅកើតឯសុគតិសួគ៌ ទេវលោក យ៉ាងណាក៏​ដោយ។ លុះបុរសនោះ បែកធ្លាយរាងកាយស្លាប់ទៅ ក៏ទៀងតែទៅកើតឯអបាយ  ទុគ្គតិ  វិនិបាត  នរក  ដោយពិត។

[២៤២]  ម្នាលគាមណី  អ្នកយល់សេចក្តីនោះ ដូចម្តេច  បុរសក្នុងលោកនេះ  ជាអ្នកវៀរចាកបាណាតិបាត វៀរចាកអទិន្នាទាន វៀរចាកកាមេសុមិច្ឆាចារ វៀចាក​មុសាវាទ វៀរចាកបិសុណាវាចា ​វៀរចាកផរុសវាចា វៀរចាកសម្ផប្បលាបៈ  មិនមាន​អភិជ្ឈា  មិនមានចិត្តព្យាបាទ  ជាសម្មាទិដ្ឋិ  ពួកមហាជន មកជួបជុំ ព្រមព្រៀងគ្នា  អង្វរ  សរសើរ  សំពះ ​តាមឈូឆរ  នូវបុរសនោះថា  បើបុរសនេះ បែកធ្លាយរាងកាយស្លាប់ទៅ  សូមឲ្យទៅកើតឯអបាយ ទុគ្គតិ វិនិបាត នរក។ ម្នាលគាមណី  អ្នកយល់សេចក្តី​នោះ ដូចម្តេច  បុរសនោះ លុះបែកធ្លាយរាងកាយស្លាប់ទៅ  គួរទៅកើតឯអបាយ  ទុគ្គតិ  វិនិបាត  នរក  ព្រោះហេតុតែមហាជន  អង្វរ  សរសើរ  សំពះ ​តាមឈូឆរ  បានដែរឬ។ ​មិនមែនដូច្នោះទេ ព្រះអង្គ។

[២៤៣]  ម្នាលគាមណី  បុរសកាន់យកក្អមទឹកដោះរាវ ឬក្អមប្រេង ចុះទៅកាន់​អន្លង់ទឹកដ៏ជ្រៅ ហើយវាយបំបែក  ក្រួស ឬអម្បែងដែលនៅក្នុងក្អមនោះ ក៏លិចចុះទៅ​ខាងក្រោម  ចំណែកខាងទឹកដោះរាវ ឬប្រេង ដែលនៅក្នុងក្អមនោះ ក៏អណ្តែតឡើងលើ  ពួកមហាជន មកចួបជុំ ព្រមព្រៀងគ្នា  អង្វរ  សរសើរ  សំពះ  តាមឈូឆរ  នូវទឹកដោះរាវ និងប្រេងនោះថា  វ៉ឺយទឹកដោះរាវ ឬប្រេង ចូរឯងលិចទៅ ទឹកដោះរាវ ឬប្រេង  ចូរឯងលិចបាត់ទៅ  ទឹកដោះរាវ ឬប្រេង  ចូរឯងចុះទៅខាងក្រោមទៅ។  ម្នាលគាមណី  អ្នកយល់សេចក្តីនោះ ដូចម្តេច  ទឹកដោះរាវ ឬប្រេងនោះ  លិចទៅ  លិចបាត់ទៅ  ឬចុះទៅក្រោម  ព្រោះហេតុតែពួកមហាជនអង្វរ  សរសើរ  សំពះ  តាមឈូឆរ  បានដែរឬ។  មិនមែនដូច្នោះទេ ព្រះអង្គ។  ម្នាលគាមណី ​រឿងនេះឯង ក៏ដូច្នោះដែរ  បុរសឯណា វៀរចាកបាណាតិបាត  វៀរចាកអទិន្នាទាន  វៀរចាកកាមេសុមិច្ឆាចារ  វៀរចាកមុសាវាទ  វៀរចាកបិសុណាវាចា  វៀចាកផរុសវាចា  វៀរចាកសម្ផប្បលាបៈ  មិនមានអភិជ្ឈា  មិនមានចិត្តព្យាបាទ  ជាសម្មាទិដ្ឋិ  ទោះបីពួកមហាជន មកចួបជុំ ព្រម​ព្រៀង​គ្នា  អង្វរ  សរសើរ  សំពះ  តាមឈូឆរ  នូវបុរសនោះថា  បើបុរសនេះ បែកធ្លាយ​រាងកាយស្លាប់ទៅ  សូមឲ្យទៅកើតឯអបាយ  ទុគ្គតិ វិនិបាត ​នរក ​យ៉ាងណាក៏ដោយ។  លុះបុរសនោះ បែកធ្លាយរាងកាយស្លាប់ទៅ  ក៏ទៀងតែទៅកើតឯសុគតិសួគ៌ ទេវលោក  ដោយពិត។

[២៤៤]  កាលព្រះដ៏មានព្រះភាគត្រាស់យ៉ាងនេះហើយ  អសិពន្ធកបុត្តគាមណី ក៏សរសើរព្រះដ៏មានព្រះភាគ ដូច្នេះថា ភ្លឺច្បាស់ណាស់ ព្រះអង្គ។ ​បេ។ ​ ​ដល់នូវ​សរណគមន៍ ស្មើដោយជីវិត  ចាប់ដើមពីថ្ងៃនេះតទៅ។   ចប់ សូត្រ ទី៦។

[២៤៥] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងបាវារិកម្ពវន  ជិតក្រុង​នាឡន្ទា។ ​ គ្រានោះ  អសិពន្ធកបុត្តគាមណី ចូលទៅគាល់ព្រះដ៏មានព្រះភាគ  លុះចូល​ទៅដល់  ក៏ថ្វាយបង្គំព្រះដ៏មានព្រះភាគ  ហើយអង្គុយក្នុងទីដ៏សមគួរ។  លុះអសិពន្ធក​បុត្តគាមណី អង្គុយក្នុងទីដ៏សមគួរហើយ  ក៏ក្រាបបង្គំទូលសួរព្រះដ៏មានព្រះភាគ ដូច្នេះ​ថា  បពិត្រព្រះអង្គដ៏ចំរើន  ព្រះដ៏មានព្រះភាគ ព្រះអង្គជាអ្នកអនុគ្រោះ ដើម្បីប្រយោជន៍ ដល់សត្វទាំងពួង មែនឬ។ ព្រះដ៏មានព្រះភាគត្រាស់ថា យ៉ាងហ្នឹងហើយ គាមណី  ព្រះតថាគត ជាអ្នកអនុគ្រោះ ដើម្បីប្រយោជន៍ ដល់សត្វទាំងពួងមែន។  បពិត្រព្រះអង្គដ៏​ចំរើន  ចុះដូចម្តេច បានជាចួនកាលព្រះដ៏មានព្រះភាគ សំដែងធម៌ ដល់ជនពួកខ្លះ ដោយ​អើពើ  សំដែងធម៌ដល់ជនពួកខ្លះ ដោយមិនអើពើ។ ម្នាលគាមណី  បើដូច្នោះ មានតែតថាគត នឹងត្រឡប់សួរអ្នក ក្នុងដំណើរនេះវិញ  អ្នកគាប់ចិត្តយ៉ាងណា  គប្បីដោះប្រស្នានោះ យ៉ាងនោះចុះ។  ម្នាលគាមណី  អ្នកយល់សេចក្តីនោះ ដូចម្តេច  គហបតី អ្នកភ្ជួររាស់ ក្នុងលោកនេះ  មានស្រែ ៣ គឺស្រែ ១ យ៉ាងល្អ  ស្រែ ១ យ៉ាងកណ្តាល  ស្រែ ១ យ៉ាងអន់  ជាដីទួល ដីប្រៃ​ ដីអាក្រក់។  ម្នាលគាមណី  អ្នកយល់សេចក្តីនោះ ដូចម្តេច  គហបតី អ្នកភ្ជួររាស់ឯណោះ មានបំណងនឹងដាក់ពូជ ក្នុងស្រែទាំងនោះ  តើគេគួរដាក់ក្នុងស្រែណាមុន  ដាក់ស្រែល្អឯណោះឬ  ឬស្រែយ៉ាងកណ្តាលឯណោះ ឬក៏ ស្រែយ៉ាងអន់  ជាដីទួល  ដីប្រៃ  ដីអាក្រក់ឯណោះ។  បពិត្រព្រះអង្គដ៏ចំរើន  គហបតី អ្នកភ្ជួររាស់ឯណោះ មានបំណងនឹងដាក់ពូជ​ ស្រែណាល្អ  ក៏ដាក់ក្នុងស្រែនោះ  លុះដាក់ក្នុងស្រែនោះហើយ  ទើបដាក់ក្នុង​ស្រែ​យ៉ាងកណ្តាល  លុះដាក់ក្នុងស្រែនោះហើយ  ទើបដាក់ក្នុងស្រែយ៉ាងអន់ ជាដីទួល ដីប្រៃ  ដីអាក្រក់ ក៏មាន មិនដាក់ក៏មាន។ ​ដំណើរនោះ  តើព្រោះហេតុអ្វី។  ព្រោះថា ដោយហោចទៅ  គ្រាន់បានជាចំណីគោដែរ។

[២៤៦]  ម្នាលគាមណី  ស្រែដែលល្អឯណោះ  ដូចជាពួកភិក្ខុ ភិក្ខុនី (ជាសាវក) របស់តថាគត  តថាគត សំដែងធម៌ មានពីរោះបទដើម  ពីរោះបទកណ្តាល  ពីរោះបទចុង  ដល់ពួកភិក្ខុ ភិក្ខុនីទាំងនោះ ​តថាគត ប្រកាសព្រហ្មចរិយធម៌ ប្រកបដោយអត្ថ  ដោយព្យញ្ជនៈ បរិបូណ៌  បរិសុទ្ធទាំងអស់។  ដំណើរនោះ  តើព្រោះហេតុអ្វី។  ម្នាលគាមណី  ព្រោះថា ភិក្ខុ ភិក្ខុនីទាំងនុ៎ះ មានតថាគតជាទីពឹង  មានតថាគតជាទីជ្រកកោន  មានតថាគតជាទីពំនាក់ មានតថាគតជាទីរឭក។  ម្នាលគាមណី  ស្រែយ៉ាងកណ្តាល ឯណោះ ដូចជាពួកឧបាសក ឧបាសិកា (ជាសាវក) របស់តថាគត  តថាគតសំដែងធម៌ មានពីរោះបទដើម  ពីរោះបទកណ្តាល  ពីរោះបទ​ចុង  ដល់ឧបាសក  ឧបាសិកាទាំងនោះ  តថាគត ក៏ប្រកាស​ព្រហ្មចរិយធម៌ ដ៏ប្រកបដោយអត្ថ  ដោយព្យញ្ជនៈ  បរិបូណ៌  បរិសុទ្ធទាំងអស់។  ដំណើរនោះ  តើព្រោះ​ហេតុអ្វី។  ម្នាលគាមណី  ព្រោះថា ឧបាសក ឧបាសិកាទាំងនុ៎ះ  មានតថាគតជាទីពឹង  មានតថាគតជាទីជ្រកកោន  មានតថាគតជាទីពំនាក់  មានតថាគតជាទីរឭក។ ម្នាលគាមណី  ស្រែយ៉ាងអន់  ជាដីទួល  ដីប្រៃ  ដីអាក្រក់ឯណោះ  ដូចជាពួកសមណព្រាហ្មណ៍បរិព្វាជក ជាអន្យតិរ្ថិយ (ដែលចូលមកជាសាវក) របស់​តថាគត តថាគតសំដែងធម៌ មានពីរោះបទដើម  ពីរោះបទកណ្តាល  ពីរោះបទចុង  ដល់សមណព្រាហ្មណ៍បរិព្វាជកទាំងនោះ  តថាគត ក៏ប្រកាសព្រហ្មចរិយ​ធម៌ ដ៏ប្រកបដោយអត្ថ  ដោយព្យញ្ជនៈ  បរិបូណ៌  បរិសុទ្ធទាំងអស់។

[២៤៧]  ដំណើរនោះ  តើព្រោះហេតុអ្វី។  ព្រោះថា (តថាគតគិតថា) ធ្វើម្តេចហ្ន៎  ទើបពួកសត្វ ដឹងច្បាស់នូវធម៌ សូម្បីតែមួយបទ  ការដឹងច្បាស់នោះ រមែងប្រព្រឹត្តទៅ ដើម្បីជាប្រយោជន៍  ដើម្បីសេចក្តីសុខ អស់កាលជាអង្វែង  ដល់ពួកសត្វទាំងនោះ។  ម្នាលគាមណី ដូចបុរសមានពាងទឹក ៣ គឺពាងទឹកដែលមិនធ្លុះ  ទឹកមិនជ្រាប  មិនរីង ១  ពាងទឹកដែលមិនធ្លុះ តែទឹកជ្រាប រីង ១ ពាងទឹកដែលធ្លុះ ទឹកជ្រាប រីង ១។  ម្នាល​គាមណី  អ្នកយល់សេចក្តីនោះ ដូចម្តេច  បុរសឯណោះ មានបំណងនឹងដាក់ទឹកក្នុងពាង​ទាំងនោះ  តើគេគួរដាក់ក្នុងពាងទឹកណាមុន ដាក់ពាងទឹកដែលមិនធ្លុះ  ទឹកមិនជ្រាប  មិនរីងឬ ឬដាក់ពាងទឹកដែលមិនធ្លុះ តែទឹកជ្រាប រីង ឬក៏ដាក់ពាងទឹកដែលធ្លុះ ទាំងជ្រាប រីង។ ​បពិត្រព្រះអង្គដ៏ចំរើន ​បុរសឯណោះ មានបំណងនឹងដាក់ទឹក  ពាងទឹកឯណា ដែលមិនធ្លុះ  ទឹកមិនជ្រាប  មិនរីង  ក៏ដាក់ក្នុងពាងនោះ លុះដាក់ក្នុងពាងនោះហើយ  ទើបដាក់ពាងទឹកដែលមិនធ្លុះ តែជ្រាប រីងនោះ លុះដាក់ក្នុងពាងទឹកនោះហើយ  ទើបដាក់ពាងទឹក ដែលធ្លុះ  ទឹកជ្រាប រីងនោះ ក៏មាន  មិនដាក់ក៏មាន។  ដំណើរនោះ  តើព្រោះហេតុអ្វី។  ព្រោះថា ដោយហោចទៅ  គ្រាន់បានលាងរបស់ដែរ។

[២៤៨]  ម្នាលគាមណី  ពាងទឹកដែលមិនធ្លុះ  មិនជ្រាប  មិនរីង  ដូចពួកភិក្ខុ ភិក្ខុនី (ជាសាវក) របស់តថាគត  តថាគត សំដែងធម៌ មានពីរោះបទដើម  ពីរោះបទកណ្តាល  ពីរោះបទចុង  ដល់ភិក្ខុ ភិក្ខុនីទាំងនោះ  តថាគត ក៏ប្រកាសនូវព្រហ្មចរិយធម៌ ដ៏ប្រកបដោយអត្ថ ដោយព្យញ្ជនៈ បរិបូណ៌ បរិសុទ្ធទាំងអស់។ ​ដំណើរនោះ  តើព្រោះ​ហេតុអ្វី។  ម្នាលគាមណី  ព្រោះថាភិក្ខុ  ភិក្ខុនីទាំងនុ៎ះ  មានតថាគតជាទីពឹង  មាន​តថាគតជាទីជ្រកកោន  មានតថាគតជាទីពំនាក់  មានតថាគតជាទីរឭក។  ម្នាល​គាមណី  ពាងទឹកដែលមិនធ្លុះ  តែទឹកជ្រាប រីង  ដូចពួកឧបាសក  ឧបាសិកា (ជាសាវក)  របស់តថាគត  តថាគតសំដែងធម៌ មានពីរោះបទដើម  ពីរោះបទកណ្តាល  ពីរោះបទ​ចុង ដល់ឧបាសក ឧបាសិកាទាំងនោះ តថាគត ក៏ប្រកាសព្រហ្មចរិយធម៌ ប្រកប​ដោយអត្ថ  ដោយព្យញ្ជនៈ  បរិបូណ៌  បរិសុទ្ធទាំងអស់។ ​ដំណើរនោះ  តើព្រោះហេតុអ្វី។  ម្នាលគាមណី  ព្រោះថាឧបាសក ឧបាសិកាទាំងនុ៎ះ  មានតថាគតជាទីពឹង មានតថាគត ជាទីជ្រកកោន មានតថាគតជាទីពំនាក់ មានតថាគតជាទីរឭក។ ម្នាលគាមណី  ពាងទឹកដែលធ្លុះ  ទាំងជ្រាប រីង  ដូចពួកសមណព្រាហ្មណ៍បរិព្វាជក ជាអន្យតិរ្ថិយ (ដែលចូលមកជាសាវក) របស់តថាគត  តថាគត សំដែងធម៌ មានពីរោះបទដើម  ពីរោះបទកណ្តាល ពីរោះបទចុង ដល់សមណព្រាហ្មណ៍ទាំងនោះ  តថាគត ក៏ប្រកាសព្រហ្មចរិយធម៌ ដ៏ប្រកបដោយអត្ថ  ដោយព្យញ្ជនៈ  បរិបូណ៌  បរិសុទ្ធទាំងអស់។  ដំណើរនោះ  តើព្រោះហេតុអ្វី។  ព្រោះថា (តថាគតគិតថា) នឹងធ្វើម្តេចហ្ន៎  ទើបពួកសត្វដឹងច្បាស់នូវ ធម៌ សូម្បីតែមួយបទ  ការដឹងច្បាស់នោះ  រមែងប្រព្រឹត្តទៅ ដើម្បីជាប្រយោជន៍  ដើម្បីសេចក្តីសុខ អស់កាលជាអង្វែង  ដល់សមណព្រាហ្មណ៍បរិព្វាជកទាំងនោះ។

[២៤៩] លុះព្រះដ៏មានព្រះភាគត្រាស់យ៉ាងនេះហើយ  អសិពន្ធកបុត្តគាមណី ក៏​សរសើរ ព្រះដ៏មានព្រះភាគ ដូច្នេះថា ភ្លឺច្បាស់ណាស់ ព្រះអង្គ។ បេ។  សូមព្រះអង្គ ចាំ​ទុកនូវខ្ញុំព្រះអង្គ ថាជាឧបាសក ដល់នូវសរណគមន៍ ស្មើដោយជីវិត តាំងពីថ្ងៃនេះ ជាដើមទៅ ​។ ចប់ សូត្រ ទី៧។

[២៥០] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងបាវារិកម្ពវន ជិតក្រុង​នាឡន្ទា។ គ្រានោះ គាមណីឈ្មោះ អសិពន្ធកបុត្ត ជាសាវករបស់និគ្រន្ថ  ចូលទៅ​គាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ។បេ។ លុះអសិពន្ធកបុត្តគាមណី អង្គុយក្នុងទីដ៏សមគួរហើយ ព្រះដ៏មានព្រះភាគ ក៏ត្រាស់សួរ ដូច្នេះថា ម្នាលគាមណី និគ្គណ្ឋនាដបុត្ត រមែងសំដែងធម៌ដូចម្តេច ដល់ពួកសាវក។ បពិត្រព្រះអង្គដ៏ចំរើន  និគ្គណ្ឋនាដបុត្ត រមែងសំដែងធម៌ ដល់ពួកសាវក យ៉ាងនេះថា  បុគ្គលឯណាមួយសម្លាប់ សត្វ  បុគ្គលទាំងអស់នោះ តែងទៅកើតក្នុង អបាយ  ទៅកើតក្នុងនរក  បុគ្គលឯណាមួយ កាន់យកទ្រព្យ ដែលគេមិនឲ្យ បុគ្គលទាំងអស់នោះ តែងទៅកើតក្នុងអបាយ  ទៅកើតក្នុង​នរក បុគ្គលឯណាមួយ ប្រព្រឹត្តខុស ក្នុងកាមទាំងឡាយ បុគ្គលទាំងអស់នោះ តែងទៅ​កើតក្នុងអបាយ  ទៅកើតក្នុងនរក  បុគ្គលឯណាមួយ និយាយកុហក  បុគ្គលទាំងអស់​នោះ តែងទៅកើតក្នុងអបាយ    ទៅកើតក្នុងនរក  កម្មឯណាៗ ច្រើនជាង​ កម្មនោះៗ តែងនាំបុគ្គលទៅ។ បពិត្រព្រះអង្គដ៏ចំរើន  និគ្គណ្ឋនាដបុត្ត តែងសំដែងធម៌ដល់ពួក​សាវកយ៉ាងនេះឯង ។

[២៥១]  ម្នាលគាមណី  កម្មឯណា ៗ ដែលច្រើនជាង  កម្មនោះ ៗ តែងនាំ​បុគ្គលទៅ។ កាលបើយ៉ាងនេះ មិនមានបុគ្គលណាម្នាក់ ទៅកើតក្នុងអបាយ  ទៅកើត​ក្នុងនរកទេ បើតាមពាក្យរបស់និគ្គណ្ឋនាដបុត្ត​។ ម្នាលគាមណី អ្នកសំគាល់សេចក្តីនោះ ដូចម្តេច បុរសឯណា ជាអ្នកសំឡាប់សត្វ ក្នុងវេលាយប់ ឬវេលាថ្ងៃ  ដោយប្រកាន់​សម័យគួរ និងមិនគួរ ចុះសម័យ ដែលបុរសនោះ សំឡាប់សត្វ និងសម័យដែលមិន​សំឡាប់សត្វ តើសម័យណាច្រើនជាង។ បពិត្រព្រះអង្គដ៏ចំរើន បុរសឯណា ជាអ្នក​សំឡាប់សត្វ ក្នុងវេលាយប់ ឬវេលាថ្ងៃ ដោយប្រកាន់សម័យគួរ និងមិនគួរ  ឯសម័យ ដែលបុរសនោះ សំឡាប់សត្វ តិចជាង។ សម័យដែលបុរសមិនសំឡាប់សត្វនោះ  ច្រើន​ជាង​ដោយពិត។ ម្នាលគាមណី កម្មឯណា ៗ ច្រើនជាង  កម្មនោះៗ តែងនាំបុគ្គលទៅ។  កាលបើយ៉ាងនេះ  មិនមានបុគ្គលណាម្នាក់ ទៅកើតក្នុងអបាយ ទៅកើតក្នុងនរកទេ  បើ​តាមពាក្យរបស់និគ្គណ្ឋនាដបុត្ត។

[២៥២] ម្នាលគាមណី អ្នកសំគាល់សេចក្តីនោះ ដូចម្តេច  បុរសឯណា ជាអ្នក​កាន់យកទ្រព្យ ដែលគេមិនឲ្យ ក្នុងវេលាយប់ ឬវេលាថ្ងៃ ដោយប្រកាន់សម័យគួរ និង​មិនគួរ  ចុះសម័យ ដែលបុរសនោះ កាន់យកទ្រព្យ ដែលគេមិនឲ្យ និងសម័យ ដែល​មិនបានកាន់ទ្រព្យ ដែលគេមិនឲ្យ​ តើសម័យណាច្រើនជាង។ បពិត្រព្រះអង្គដ៏ចំរើន  បុរសឯណា ជាអ្នកកាន់យកទ្រព្យ ដែលគេមិនឲ្យ ក្នុងវេលាយប់ ឬវេលាថ្ងៃ ដោយប្រកាន់សម័យគួរ និងមិនគួរ ឯសម័យដែលបុរសនោះ កាន់យកទ្រព្យ ដែលគេមិនឲ្យ តិចជាង។  សម័យដែលបុរសនោះ មិនកាន់យកទ្រព្យ ដែលគេមិនឲ្យ ច្រើនជាង ដោយពិត។ ម្នាលគាមណី កម្មឯណា ៗ ច្រើនជាង  កម្មនោះ ៗ តែងនាំបុគ្គលទៅ។  កាលបើយ៉ាងនេះ  មិនមានបុគ្គលណាម្នាក់ ទៅកើតក្នុងអបាយ ទៅកើតក្នុងនរកទេ បើតាមពាក្យរបស់និគ្គណ្ឋនាដបុត្ត ។

[២៥៣]  ម្នាលគាមណី អ្នកសំគាល់សេចក្តីនោះ ដូចម្តេច បុរសឯណា ជាអ្នកប្រព្រឹត្តខុស ក្នុងកាមទាំងឡាយ ក្នុងវេលាយប់ ឬវេលាថ្ងៃ  ដោយប្រកាន់សម័យគួរ និងមិនគួរ  ចុះសម័យដែលបុរសនោះ ប្រព្រឹត្តខុស ក្នុងកាមទាំងឡាយ និងសម័យ​ដែល​មិន​ប្រព្រឹត្ត​ខុស ក្នុងកាមទាំងឡាយ តើសម័យណា ច្រើនជាង។ បពិត្រព្រះអង្គដ៏ចំរើន  បុរសឯណា ជាអ្នកប្រព្រឹត្តខុស ក្នុងកាមទាំងឡាយ  ក្នុងវេលាយប់ ឬវេលាថ្ងៃ  ដោយប្រកាន់សម័យគួរ និងមិនគួរ  ឯសម័យដែលបុរសនោះ ប្រព្រឹត្តខុស ក្នុងកាមទាំងឡាយ តិចជាង។ សម័យដែលបុរសនោះ មិនប្រព្រឹត្តខុស ក្នុងកាម​ទាំងឡាយ ច្រើនជាង ដោយពិត។ ម្នាលគាមណី កម្មឯណា ៗ ច្រើនជាង  កម្ម នោះ ៗ តែងនាំបុគ្គលទៅ។ កាលបើយ៉ាងនេះ មិនមានបុគ្គលណាម្នាក់ ទៅកើតក្នុងអបាយ  ទៅកើតក្នុងនរកទេ  បើតាមពាក្យរបស់និគ្គណ្ឋនាដបុត្ត។

[២៥៤] ម្នាលគាមណី អ្នកសំគាល់សេចក្តីនោះ ដូចម្តេច  បុរសឯណា ជាអ្នក​និយាយ​កុហក ក្នុងវេលាយប់ ឬវេលាថ្ងៃ ដោយប្រកាន់សម័យគួរ និងមិនគួរ ចុះសម័យ​ដែលបុរសនោះ និយាយកុហក និងមិននិយាយកុហក តើសម័យណាច្រើនជាង។  បពិត្រ​ព្រះអង្គដ៏ចំរើន បុរសឯណា ជាអ្នកនិយាយកុហក ក្នុងវេលាយប់ ឬវេលាថ្ងៃ  ដោយ​ប្រកាន់​សម័យគួរ និងមិន​គួរ ឯសម័យដែលបុរសនោះ និយាយកុហក តិចជាង។ សម័យ​ដែលបុរសនោះ មិននិយាយកុហក ច្រើនជាង ដោយពិត។ ម្នាលគាមណី កម្ម ឯណា ៗ ច្រើនជាង កម្មនោះ ៗ តែនាំបុគ្គលទៅ។ កាលបើយ៉ាងនេះ មិនមានបុគ្គលណា​ម្នាក់ ទៅ​កើតក្នុងអបាយ  ទៅកើតក្នុងនរកទេ  បើតាមពាក្យរបស់និគ្គណ្ឋនាដបុត្ត។

[២៥៥]  ម្នាលគាមណី  គ្រូពួកខ្លះក្នុងលោកនេះ  ជាអ្នកមានវាទៈយ៉ាងនេះ  មានទិដ្ឋិ​យ៉ាងនេះថា  បុគ្គលឯណាមួយ សំឡាប់សត្វ  បុគ្គលទាំងអស់នោះ តែងទៅកើត​ក្នុង​អបាយ  ទៅកើតក្នុងនរក  បុគ្គលឯណាមួយ កាន់យកទ្រព្យ ដែលគេមិនឲ្យ  បុគ្គល​ទាំងអស់នោះ តែងទៅកើតក្នុងអបាយ  ទៅកើតក្នុងនរក  បុគ្គលឯណាមួយ ប្រព្តឹត្តខុស​ក្នុងកាមទាំងឡាយ បុគ្គលទាំងអស់នោះ តែងកើតទៅក្នុងអបាយ ទៅកើតក្នុងនរក  បុគ្គល​ឯណាមួយ និយាយ​កុហក  បុគ្គលទាំងអស់នោះ តែងទៅកើតក្នុងអបាយ  ទៅ​កើត​ក្នុងនរក​។

[២៥៦]  ម្នាលគាមណី  សាវកដែលមានសេចក្តីជ្រះថ្លាក្រៃពេកនឹងគ្រូនោះ  សាវកនោះ រមែងយល់យ៉ាងនេះថា​ គ្រូរបស់អញមានវាទៈយ៉ាងនេះ  មានទិដ្ឋិ យ៉ាងនេះថា​ បុគ្គលឯណាមួយ សម្លាប់សត្វ  បុគ្គលទាំងអស់នោះ តែងទៅកើត​ក្នុង​អបាយ  ទៅកើត​ក្នុងនរក។  ម្នាល​គាមណី  សាវកនោះ រមែងមានសេចក្តីយល់ថា  ចំណែកអញ បាន​សម្លាប់​សត្វហើយ អញត្រូវទៅកើតក្នុងអបាយ ទៅកើតក្នុង​នរកមិនខាន ហើយមិនលះបង់វាចានោះទេ  មិនលះបង់ចិត្តនោះទេ  មិនរលាស់ទិដ្ឋិ​នោះចេញទេ  នឹងធ្លាក់ទៅក្នុងនរក ដូចជាគេ​នាំយក​ទៅទំលាក់។  គ្រូរបស់អញ មានវាទៈ​យ៉ាងនេះថា  មានទិដ្ឋិ យ៉ាងនេះថា  បុគ្គលឯណាមួយ កាន់យកទ្រព្យ ដែលគេមិនបាន​ឲ្យ  បុគ្គលទាំងអស់នោះ តែងទៅ​កើតក្នុងអបាយ  ទៅកើតក្នុងនរក។ ​ម្នាលគាមណី  សាវកនោះ រមែងមានសេចក្តីយល់ថា  ចំណែកអញ បានកាន់យកទ្រព្យ ដែលគេមិនឲ្យ​ហើយ អញត្រូវទៅកើតក្នុងអបាយ ទៅកើតក្នុងនរកមិនខាន  ហើយមិនលះបង់​វាចានោះទេ  មិនលះបង់ចិត្តនោះទេ  មិនរលាស់ទិដ្ឋិនោះចេញទេ  នឹងធ្លាក់ទៅក្នុងនរក ដូចជាគេនាំយកទៅទំលាក់។ គ្រូរបស់អញ ​មានវាទៈយ៉ាងនេះ  មានទិដ្ឋិយ៉ាងនេះថា  បុគ្គលឯណាមួយ ប្រព្រឹត្តខុស ក្នុងកាមទាំងឡាយ  បុគ្គលទាំងអស់នោះ តែងទៅកើត​ក្នុងអបាយ  ទៅកើតក្នុងនរក។  ម្នាលគាមណី  សាវកនោះ  រមែងមានសេចក្តីយល់ថា  ចំណែកអញ បានសន្សំការប្រព្រឹត្តខុស ក្នុងកាមទាំងឡាយហើយ  អញត្រូវទៅកើត​ក្នុងអបាយ  ទៅកើតក្នុងនរកមិនខាន  ហើយមិនលះបង់វាចានោះទេ  មិនលះបង់ចិត្ត​នោះទេ  មិនរលាស់ទិដ្ឋិនោះចេញទេ  នឹងធ្លាក់ទៅក្នុងនរក ដូចជាគេនាំយកទៅទំលាក់។ គ្រូរបស់អញ មានវាទៈ យ៉ាងនេះថា មានទិដ្ឋិយ៉ាងនេះថា  បុគ្គលឯណាមួយ និយាយកុហក  បុគ្គលទាំងអស់នោះ តែងទៅកើតក្នុងអបាយ  ទៅកើតក្នុងនរក។  ម្នាលគាមណី  សាវកនោះ រមែង​មានសេចក្តីយល់ថា ចំណែកអញ បាននិយាយពាក្យកុហកហើយ អញត្រូវទៅកើតក្នុងអបាយ ទៅកើតក្នុងនរក​ ហើយមិនលះបង់វាចានោះទេ  មិនលះបង់ចិត្តនោះទេ  មិនរលាស់ទិដ្ឋិនោះ​ចេញទេ  នឹងធ្លាក់ទៅក្នុងនរក ដូចជាគេនាំយកទៅទំលាក់។

[២៥៧]  ម្នាលគាមណី  ចំណែកខាងព្រះតថាគត  ជាអ្នកឆ្ងាយចាកសឹកសត្រូវ គឺកិលេស  ត្រាស់ដឹងដោយប្រពៃចំពោះខ្លួន  បរិបូណ៌ដោយវិជ្ជា និងចរណៈ  មានដំណើរល្អ  ដឹងច្បាស់នូវត្រៃលោក  ប្រសើរដោយសីលាទិគុណ រកបុគ្គលណាមួយស្មើគ្មាន  ជាសារថីទូន្មាននូវបុរស ជាគ្រូនៃទេវតា និងមនុស្ស​ទាំងឡាយ ត្រាស់ដឹងនូវសច្ចៈធម៌  មានដំណើរទៅកាន់ត្រៃភពខ្ជាក់ចោលហើយ  បានកើតឡើងហើយ ក្នុងលោកនេះ។  ព្រះតថាគតនោះ  តែងបន្ទោស បន្តុះបង្អាប់ នូវបាណាតិបាតផង  សំដែងប្រាប់ថា  ចូរអ្នកទាំងឡាយ វៀរចាកបាណាតិបាតផង  តែងបន្ទោស បន្តុះបង្អាប់ នូវអទិន្នាទានផង  សំដែងប្រាប់ថា  ចូរអ្នកទាំងឡាយ  វៀរចាក​អទ្និនាទានផង  តែងបន្ទោស  បន្តុះបង្អាប់  នូវកាមេសុមិច្ឆាចារផង  សំដែងប្រាប់ថា  ចូរអ្នកទាំងឡាយ វៀរចាកកាមេសុមិច្ឆាចារផង ​តែងបន្ទោស  បន្តុះបង្អាប់  នូវមុសាវាទ​ផង  សំដែងប្រាប់ថា  ចូរអ្នកទាំងឡាយ វៀរចាកមុសាវាទផង  ដោយអនេកបរិយាយ។  ម្នាលគាមណី  សាវក ក៏មានសេចក្តីជ្រះថ្លានឹងព្រះសាស្តានោះឯង។  សាវកនោះ ពិចារណា ដូច្នេះថា  ព្រះដ៏មានព្រះភាគ តែងបន្ទោស  បន្តុះបង្អាប់  នូវបាណាតិបាតផង  សំដែងប្រាប់ថា  ចូរអ្នកទាំងឡាយ វៀរចាកបាណាតិបាតផង ​ដោយអនេកបរិយាយ។  ឯអញ បានសំឡាប់សត្វ តាមតែប្រទះ សត្វដែលអញសំឡាប់ទាំងប៉ុន្មាន  អំពើនោះ​ មិនល្អ  អំពើនោះ មិនប្រពៃទេ  អញមុខជាមានសេចក្តីក្តៅក្រហាយ ព្រោះកម្មនោះ​ជាបច្ច័យជាមិនខាន  បាបកម្មនោះ អញមិនមែនជាមិនធ្វើឡើយ។  លុះសាវកនោះ​ ពិចារណា ដូច្នេះហើយ  ក៏លះបង់នូវបាណាតិបាតនោះចេញផង  វៀរចាក​បាណាតិបាតតទៅទៀតផង។  ឯការលះបង់បាបកម្មនុ៎ះ  រមែងមានដោយអាការ យ៉ាងនេះ  ការកន្លងផុតបាបកម្មនុ៎ះ  រមែងមានដោយអាការយ៉ាងនេះ។

[២៥៨]  ព្រះដ៏មានព្រះភាគ តែងបន្ទោស  បន្តុះបង្អាប់  នូវអទិន្នាទានផង  សំដែងប្រាប់ថា  ចូរអ្នកទាំងឡាយ វៀរចាកអទិន្នាទានផង  ដោយអនេកបរិយាយ។  ឯ​អញ បានកាន់យកទ្រព្យ ដែលគេមិនឲ្យ តាមតែប្រទះ  ទ្រព្យដែលអញ បានកាន់យកហើយទាំងប៉ុន្មាន  អំពើនោះ មិនល្អ  អំពើនោះ មិនប្រពៃទេ  អញមុខជាមានសេចក្តី​ក្តៅក្រហាយ ព្រោះកម្មនោះ ជាបច្ច័យជាមិនខាន  បាបកម្មនោះ  អញមិនមែនជាមិនធ្វើឡើយ។  លុះសាវកនោះ ពិចារណា ដូច្នេះហើយ  ក៏លះបង់នូវអទិន្នាទាននោះចេញផង  វៀរចាកអទិន្នាទានតទៅទៀតផង។  ឯការលះបង់បាបកម្មនុ៎ះ  រមែងមានដោយអាការយ៉ាងនេះ  ការកន្លងផុតបាបកម្មនុ៎ះ  រមែងមាន ដោយអាការយ៉ាងនេះ។

[២៥៩]  ព្រះដ៏មានព្រះភាគ តែងបន្ទោស  បន្តុះបង្អាប់  នូវកាមេសុមិច្ឆាចារផង  សំដែងប្រាប់ថា  ចូរអ្នកទាំងឡាយ វៀរចាកកាមេសុមិច្ឆាចារផង  ដោយអនេកបរិយាយ។  ឯអញបានសន្សំការប្រព្រឹត្តខុស ក្នុងកាមទាំងឡាយ តាមតែប្រទះ  ការប្រព្រឹត្តខុស ក្នុង​កាមទាំងឡាយ ដែលអញសន្សំទាំងប៉ុន្មាន​ អំពើនោះ មិនល្អ ​អំពើនោះ មិនប្រពៃទេ ​អញ មុខជាមានសេចក្តីក្តៅក្រហាយ ព្រោះកម្មនោះ ជាបច្ច័យមិនខាន  បាបកម្មនោះ  អញមិន​មែនជាមិនធ្វើឡើយ។  លុះសាវកនោះ ពិចារណា ដូច្នេះហើយ  ក៏លះបង់នូវកាមេសុមិច្ឆាចារ​នោះផង ​វៀរចាកកាមេសុមិច្ឆាចារតទៅទៀតផង។  ឯការលះបង់នូវបាបកម្មនុ៎ះ រមែងមានដោយអាការយ៉ាងនេះ ការកន្លងផុតបាបកម្មនុ៎ះ រមែងមាន ដោយអាការយ៉ាងនេះ។

[២៦០] ព្រះដ៏មានព្រះភាគ តែងបន្ទោស បន្តុះបង្អាប់ នូវមុសាវាទផង  សំដែង​ប្រាប់ថា  ចូរអ្នកទាំងឡាយ វៀរចាកមុសាវាទផង  ដោយអនេកបរិយាយ។  ឯអញ បាននិយាយកុហក តាមតែប្រទះ ពាក្យដែលអញ បាននិយាយកុហកទាំងប៉ុន្មាន  ពាក្យនោះ មិនល្អ ​ពាក្យនោះ មិនប្រពៃទេ  អញមុខជាមានសេចក្តីក្តៅក្រហាយ ព្រោះកម្មនោះ ជាបច្ច័យមិនខាន  បាបកម្មនោះ  អញមិនមែនជាមិនធ្វើឡើយ។​​  លុះសាវកនោះ ពិចារណា ដូច្នេះហើយ  ក៏លះបង់ នូវមុសាវាទនោះផង  វៀរចាកមុសាវាទតទៅទៀតផង។ ​ ឯការលះបង់បាបកម្មនុ៎ះ  រមែងមាន ដោយអាការយ៉ាងនេះ  ការកន្លងផុតបាបកម្មនុ៎ះ  រមែងមាន ដោយអាការយ៉ាងនេះ។

[២៦១]  សាវកនោះ លះបង់បាណាតិបាត  វៀរចាកបាណាតិបាត  លះបង់ អទិន្នាទាន  វៀរចាកអទិន្នាទាន  លះបង់កាមេសុមិច្ឆាចារ  វៀរចាកកាមេសុមិច្ឆាចារ  លះបង់មុសាវាទ  វៀរចាកមុសាវាទ លះបង់បិសុណាវាចា  វៀរចាកបិសុណាវាចា  លះបង់ផរុសវាចា  វៀរចាកផរុសវាចា  លះបង់សម្ផប្បលាបៈ  វៀរចាកសម្ផប្បលាបៈ  លះបង់អភិជ្ឈា  មិនមានអភិជ្ឈា  លះបង់ព្យាបាទប្រទូស្ត  មានចិត្តមិនព្យាបាទ  លះបង់​មិច្ឆាទិដ្ឋិ  មានចិត្តជាសម្មាទិដ្ឋិ។  ម្នាលគាមណី  លុះអរិយសាវកនោះឯង ជាអ្នក​ប្រាសចាកអភិជ្ឈា  ប្រាសចាកព្យាបាទ យ៉ាងនេះហើយ  ក៏ជាអ្នកមិនមានសេចក្តីវង្វេង  មានសេចក្តីដឹងសព្វគ្រប់  មានស្មារតីខ្ជាប់ខ្ជួន  មានចិត្តប្រកបដោយមេត្តា  ផ្សាយទៅ​កាន់ទិសទី ១  ទិសទី ២ ​ដូចគ្នា។  ទិសទី ​៣ ដូចគ្នា។  ទិសទី ៤ ដូចគ្នា។  មានចិត្តប្រកបដោយមេត្តា ដ៏ធំទូលាយ ប្រមាណមិនបាន  មិនមានពៀរ  មិនមានព្យាបាទ  ផ្សាយទៅកាន់សត្វលោកទាំងអស់  ក្នុងទិសខាងលើ  ទិសខាងក្រោម  និងទិសទទឹង  គឺទិសតូច ៗ ដោយយកខ្លួនមកប្រៀបផ្ទឹមនឹងសត្វទាំងពួង  ក្នុងទីទាំងពួង ហើយសម្រេចសម្រាន្តនៅ ដោយប្រការដូច្នេះ។  ម្នាលគាមណី  បុរសអ្នកផ្លុំ​ស័ង្ខដ៏មានកម្លាំង  តែងញុំាងជនក្នុងទិសទាំង ៤ ឲ្យដឹងបាន ដោយមិនលំបាក​ យ៉ាងណាមិញ។  ម្នាលគាមណី  មេត្តាចេតោវិមុត្តិ  កាលបើបុគ្គល បានចំរើនយ៉ាងនេះហើយ  ធ្វើឲ្យច្រើន យ៉ាងនេះហើយ  កាមាវចរកម្មឯណា ដែលបុគ្គលធ្វើត្រូវប្រមាណ  កម្មនោះ មិនក្រាញនៅតែត្រឹមរូបារូបាវចរកម្មប៉ុណ្ណោះ  មិនឋិតនៅត្រឹមរូបារូបាវចរកម្មប៉ុណ្ណោះទេ  ក៏យ៉ាងនោះដែរ។  ម្នាលគាមណី ​លុះអរិយសាវកនោះឯង ជាអ្នកប្រាសចាកអភិជ្ឈា  ប្រាសចាកព្យាបាទ យ៉ាងនេះហើយ  ក៏ជាអ្នកមិនមានសេចក្តីវង្វេង ​មានសេចក្តីដឹងសព្វគ្រប់  មានស្មារតីខ្ជាប់ខ្ជួន  មានចិត្ត​ប្រកបដោយករុណា។  មានចិត្តប្រកបដោយមុទិតា។  មានចិត្តប្រកបដោយឧបេក្ខា  ផ្សាយទៅកាន់ទិសទី ១  ទិសទី ២ ដូចគ្នា។  ទិសទី ៣ ដូចគ្នា។  ទិសទី ៤ ដូចគ្នា។  មានចិត្តប្រកបដោយឧបេក្ខាដ៏ធំទូលាយ  ប្រមាណមិនបាន  មិនមានពៀរ  មិនមានព្យាបាទ  ផ្សាយទៅកាន់សត្វលោកទាំងអស់ ក្នុងទិសខាងលើ  ទិសខាងក្រោម  និងទិសទទឹង  គឺទិសតូច ៗ  ដោយយកខ្លួនមកប្រៀបផ្ទឹមនឹងសត្វទាំងពួង  ក្នុងទីទាំងពួង ហើយសម្រេចសម្រាន្តនៅ ដោយប្រការដូច្នេះ។  ម្នាលគាមណី  បុរសអ្នកផ្លុំស័ង្ខ ដ៏មានកម្លាំង តែងញុំាងជនក្នុងទិសទាំង ៤ ឲ្យដឹងបាន ដោយមិនលំបាក​ យ៉ាងណាមិញ។  ម្នាលគាមណី  កាលបើឧបេក្ខាចេតោវិមុត្តិ ដែលបុគ្គលបានចំរើន យ៉ាងនេះហើយ ​ ធ្វើឲ្យច្រើនយ៉ាងនេះហើយ  កាមាវចរកម្មឯណា ដែលបុគ្គលធ្វើត្រូវ​ប្រមាណ  កម្មនោះ មិនក្រាញនៅតែត្រឹមរូបារូបាវចរកម្មប៉ុណ្ណោះ  មិនឋិតនៅតែត្រឹម​រូបារូបាវចរកម្មប៉ុណ្ណោះទេ  ក៏យ៉ាងនោះដែរ ​។  កាលបើព្រះដ៏មានព្រះភាគ ត្រាស់យ៉ាង​នេះហើយ អសិពន្ធកបុត្តគាមណី ជាសាវករបស់និគ្រន្ថ ក៏សរសើរព្រះដ៏មានព្រះភាគ ដូច្នេះថា  ភ្លឺច្បាស់ណាស់ ព្រះអង្គ  ភ្លឺច្បាស់ណាស់ ព្រះអង្គ។ បេ​។  សូមព្រះដ៏មាន​ព្រះភាគ ចាំទុកនូវខ្ញុំព្រះអង្គ ថាជាឧបាសក អ្នកដល់នូវសរណគមន៍ ស្មើដោយជីវិត    តាំងអំពីថ្ងៃនេះតទៅ។    ចប់ សូត្រ ទី​ ៨ ។

[២៦២]  សម័យមួយ  ព្រះដ៏មានព្រះភាគ ទ្រង់ត្រាច់ទៅកាន់ចារិក  ក្នុងដែន​កោសល  ព្រមដោយភិក្ខុសង្ឃជាច្រើន  ទ្រង់ស្តេចទៅដល់ក្រុងនាឡន្ទា។  បានឮថា  ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងបាវារិកម្ពវន  ជិតក្រុងនាឡន្ទានោះ។ ​សម័យនោះឯង  ក្រុងនាឡន្ទា កើតទុរ្ភិក្ស អ្នកស្រុកមានសេចក្តីធុញថប់ ដោយហេតុពីរយ៉ាង [ធុញថប់ដោយ​ហេតុ២យ៉ាង គឺ ធុញថប់ថា យើងនឹងរស់​ដែរឬ ១ ធុញថប់​ថា យើង​នឹង​មិនរស់ទេ ១។] មានឆ្អឹងស​ដេរដាស [មនុស្សអ្នកស្រុកនាឡន្ទា អត់បាយ ស្លាប់​ចោលឆ្អឹង​សដេរដាស។]​ មានសំទូងដូចជាស្លាក [សំទូងដែលគេស្ទូង ក៏​មិនលូតលាស់ល្អ។ អដ្ឋកថា។]។  សម័យនោះ និគ្គណ្ឋនាដបុត្ត ក៏អាស្រ័យនៅជិតក្រុងនាឡន្ទាដែរ  ព្រមដោយនិគ្គណ្ឋបរិស័ទជាច្រើន។  គ្រានោះ  អសិពន្ធកបុត្តគាមណី ជាសាវក​របស់និគ្រន្ថ ចូលទៅរកនិគ្គណ្ឋនាដបុត្ត  លុះចូលទៅដល់  ក៏ថ្វាយបង្គំនិគណ្ឋនាដបុត្ត​ ហើយអង្គុយក្នុងទីដ៏សមគួរ។  លុះអសិពន្ធកបុត្តគាមណី អង្គុយក្នុងទីសមគួរហើយ  និគ្គណ្ឋនាដបុត្ត ក៏ពោលដូច្នេះថា  ម្នាលគាមណី  អ្នកចូរមក  អ្នកចូរ​លើកវាទៈ របស់សមណគោតម ​កិត្តិសព្ទដ៏ពីរោះ នឹងខ្ចរខ្ចាយសាយឡើងដល់អ្នក យ៉ាងនេះថា  អសិពន្ធកបុត្តគាមណី  បានលើកវាទៈ របស់សមណគោតម ដែលមានឫទ្ធិ​ច្រើនយ៉ាងនេះ មានអានុភាពច្រើនយ៉ាងនេះ។ អសិពន្ធកបុត្តគាមណី សួរថា  បពិត្រលោកដ៏ចំរើន ចុះឲ្យខ្ញុំលើកវាទៈ របស់សមណគោតម ដែលមានឫទ្ធិច្រើន​យ៉ាងនេះ  មានអានុភាពច្រើនយ៉ាងនេះ ​ថាដូចម្តេច។  ម្នាលគាមណី  អ្នកចូរមក  ចូរអ្នកចូលទៅរកសមណគោតម ​លុះចូលទៅដល់ហើយ  សួរសមណគោតម យ៉ាង​នេះថា  បពិត្រព្រះអង្គដ៏ចំរើន  ព្រះអង្គតែងពណ៌នា នូវសេចក្តីអាណិត  ពណ៌នា នូវ​ការរក្សា  ពណ៌នានូវសេចក្តីអនុគ្រោះ  ដល់ត្រកូលទាំងឡាយ ដោយអនេកបរិយាយ  មិនមែនទេឬ។  ម្នាលគាមណី ​បើអ្នកសួរយ៉ាងនេះហើយ  សមណគោតម មុខជាដោះ​ស្រាយយ៉ាងនេះថា  យ៉ាងហ្នឹងហើយ គាមណី  ព្រះតថាគត តែងពណ៌នានូវសេចក្តី​អាណិត  ពណ៌នានូវការរក្សា​ ពណ៌នានូវការអនុគ្រោះ  ដល់ត្រកូលទាំងឡាយ ដោយ​អនេកបរិយាយមែន។  អ្នកត្រូវនិយាយនឹងសមណគោតមនោះ យ៉ាងនេះទៀតថា  បពិត្រព្រះអង្គដ៏ចំរើន  កាលបើដូច្នោះ ម្តេចក៏ព្រះដ៏មានព្រះភាគ ព្រមដោយភិក្ខុសង្ឃ ជាច្រើន  ត្រាច់ទៅកាន់ចារិក ក្នុងក្រុងនាឡន្ទា ដែលកំពុងកើតទុរ្ភិក្ស  អ្នកស្រុកមាន​សេចក្តីធុញថប់ ដោយហេតុពីរយ៉ាង  មានឆ្អឹងសដេរដាស  មានសំទូងដូចជាស្លាក        (ដូច្នេះ) ព្រះដ៏មានព្រះភាគ ឈ្មោះថា ប្រតិបត្តិ ដើម្បីផ្តាច់បង់ នូវត្រកូលទាំងឡាយ  ព្រះដ៏មានព្រះភាគ ប្រតិបត្តិ ដើម្បីសេចក្តីវិនាស ដល់​ត្រកូលទាំងឡាយ ព្រះដ៏​មាន​ព្រះភាគ ប្រតិបត្តិ ដើម្បីបៀតបៀនត្រកូលទាំងឡាយហើយ។ ម្នាលគាមណី  សមណគោតម  បើអ្នកសួរប្រស្នា មានចុងបែកជាពីរ បែបនេះហើយ  ប្រាកដជាមិនអាច​លេបចូល  មិនអាចខ្ជាក់ចេញបាន  គឺថានឹងលេបទៅស្លាក់ ខ្ជាក់ទៅស្លែងពុំខានឡើយ។

 [២៦៣]  អសិពន្ធកបុត្តគាមណី ទទួលស្តាប់ពាក្យរបស់និគ្គណ្ឋនាដបុត្តថា  ករុណា លោកម្ចាស់ ក៏ក្រោកចាកអាសនៈ ថ្វាយបង្គំនិគ្គណ្ឋនាដបុត្ត ធ្វើប្រទក្សិណ ហើយ​ចូលទៅរកព្រះដ៏មានព្រះភាគ  លុះចូលទៅដល់  ក៏ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយ​អង្គុយក្នុងទីដ៏សមគួរ។  លុះអសិពន្ធកបុត្តគាមណី អង្គុយក្នុងទីដ៏សមគួរហើយ  ក៏សួរព្រះដ៏មានព្រះភាគ ដូច្នេះថា  បពិត្រព្រះអង្គដ៏ចំរើន  ព្រះអង្គតែងពណ៌នា នូវសេចក្តីអាណិត  ពណ៌នានូវការរក្សា  ពណ៌នានូវសេចក្តីអនុគ្រោះ ដល់ត្រកូលទាំងឡាយ ដោយអនេកបរិយាយមែនឬ។  យ៉ាងហ្នឹងហើយ គាមណី  ព្រះតថាគត តែងពណ៌នា នូវសេចក្តីអាណិត ពណ៌នានូវការរក្សា ពណ៌នានូវសេចក្តីអនុគ្រោះ ដល់ត្រកូលទាំងឡាយ ដោយអនេកបរិយាយមែន។ បពិត្រព្រះអង្គដ៏ចំរើន កាលបើដូច្នោះ  ម្តេចក៏ព្រះដ៏មានព្រះភាគ ព្រមទាំងភិក្ខុ​សង្ឃជាច្រើន ត្រាច់ទៅកាន់ចារិក ក្នុងក្រុងនាឡន្ទា ដែលកំពុងកើតទុរ្ភិក្ស  អ្នកស្រុកមានសេចក្តីធុញថប់ ដោយហេតុពីរយ៉ាង  មានឆ្អឹងសដេរដាស  មានសំទូងដូចជាស្លាក (ដូច្នេះ) ព្រះដ៏មានព្រះភាគ ឈ្មោះថា ប្រតិបត្តិ ដើម្បីផ្តាច់បង់ នូវត្រកូលទាំងឡាយ  ព្រះដ៏មានព្រះភាគ ប្រតិបត្តិ ដើម្បីសេចក្តីវិនាស ដល់ត្រកូលទាំង​ឡាយ  ព្រះដ៏មានព្រះភាគ ប្រតិបត្តិ ដើម្បីបៀតបៀនត្រកូលទាំងឡាយហើយ។

[២៦៤]  ម្នាលគាមណី  តថាគតរឭកឃើញ ៩១ កប្ប រាប់អំពីភទ្រកប្បនេះ (ទៅក្រោយវិញ)  តថាគត មិនឃើញត្រកូលណាមួយ ដែលធ្លាប់គេបៀតបៀន ព្រោះតែ​ឲ្យទានបាយឆ្អិនស្រាប់ឡើយ។  ដែលពិតនោះ  គឺត្រកូលទាំងឡាយឯណា ស្តុកស្តម្ភ  មានទ្រព្យច្រើន  មានគ្រឿងប្រើប្រាស់ច្រើន  សម្បូរមាសប្រាក់  សម្បូរគ្រឿងឧបករណ៍  សម្បូរទ្រព្យ និងស្រូវ  ត្រកូលទាំងអស់នោះ  សុទ្ធតែថ្កុំថ្កើង ដោយសារឲ្យទានផង  ថ្កុំ​ថ្កើងដោយសារសច្ចៈធម៌ផង  ថ្កុំថ្កើងដោយសារការសង្រួមផង​​។  ម្នាលគាមណី  ហេតុ ៨ យ៉ាង  បច្ច័យ ៨ យ៉ាង  ដែលប្រព្រឹត្តទៅ ដើម្បីបៀតបៀនត្រកូលទាំងឡាយ  គឺ ត្រកូលដល់នូវការបៀតបៀនអំពីព្រះរាជា ១  ត្រកូលដល់នូវការបៀតបៀនអំពីចោរ ១  ត្រកូលដល់នូវការបៀតបៀនអំពីភ្លើង ១  ត្រកូលដល់នូវការបៀតបៀនអំពីទឹក ១  ទ្រព្យ ដែលត្រកូលកប់ទុក វិនាសបាត់ចាកកន្លែង ១ ការងារដែលត្រកូលប្រកបខុស រមែង​វិនាសទៅ ១ សេចក្តីបាក់បែកត្រកូល កើតឡើងក្នុងត្រកូល ១  បុគ្គលឯណា រោយរាយ ខ្ជះខ្ជាយ បំផ្លាញភោគសម្ប័ទ  ភោគសម្ប័ទ របស់បុគ្គលនោះ ជារបស់មិនទៀង ១  គ្រប់ជា ៨។  ម្នាលគាមណី  នេះឯង ជាហេតុ ៨ យ៉ាង  បច្ច័យ ៨ យ៉ាង  ប្រព្រឹត្តទៅ ដើម្បីបៀតបៀនត្រកូលទាំងឡាយ។  ម្នាលគាមណី  កាលបើហេតុមាន ៨ យ៉ាង  បច្ច័យ ៨ យ៉ាងនេះហើយ  បុគ្គលឯណា និយាយចំពោះតថាគត យ៉ាងនេះថា  ព្រះដ៏មានព្រះភាគ  ប្រតិបត្តិ ដើម្បីផ្តាច់បង់ នូវត្រកូលទាំងឡាយ   ព្រះដ៏មានព្រះភាគ ប្រតិបត្តិ ដើម្បីសេចក្តីវិនាស ដល់ត្រកូលទាំងឡាយ  ព្រះដ៏មានព្រះភាគ ប្រតិបត្តិ ដើម្បីបៀតបៀនត្រកូលទាំងឡាយ។  ម្នាលគាមណី  បុគ្គលនោះ បើមិនលះបង់​វាចានោះទេ  មិនលះបង់ចិត្តនោះទេ  មិនរលាស់ទិដ្ឋិនោះចេញទេ  នឹងធ្លាក់ទៅក្នុងនរក ដូចគេនាំយកទៅទំលាក់ចោល។  កាលព្រះដ៏មានព្រះភាគ ត្រាស់យ៉ាងនេះហើយ អសិពន្ធកបុត្តគាមណី ក៏សរសើរព្រះដ៏មានព្រះភាគ ដូច្នេះថា  ភ្លឺច្បាស់ណាស់ ព្រះអង្គ ​ ភ្លឺច្បាស់ណាស់ ព្រះអង្គ។ បេ។  សូមព្រះដ៏មានព្រះភាគ ចាំទុកនូវខ្ញុំព្រះអង្គថា ជាឧបាសក អ្នកដល់នូវសរណគមន៍ ស្មើដោយជីវិត  តាំងពីថ្ងៃនេះតទៅ ។  ចប់ សូត្រ ទី៩ ។

[២៦៥]  សម័យមួយ  ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងវត្តវេឡុវន ជា​កឡន្ទកនិវាបស្ថាន  ជិតក្រុងរាជគ្រឹះ។  សម័យនោះឯង  អន្តរាកថា [អន្តរាកថា គឺពាក្យ​ជាចន្លោះ​នៃគុណធម៌ មានកម្មដ្ឋានមនសិការ ឬបាលី និងអដ្ឋកថា ជាដើម។ អដ្ឋកថា។] នេះ ​កើតឡើង ដល់​ពួកជន ដែលអង្គុយចួបជុំគ្នា  នាកណ្តាលរាជបរិស័ទ  ខាងក្នុង​ព្រះរាជវាំងថា  មាស និងប្រាក់ គួរដល់ពួកសមណសក្យបុត្តយ៍  ពួកសមណសក្យបុត្តយ៍ ក៏ត្រេកអរ ចំពោះមាស និងប្រាក់បាន  ពួកសមណសក្យបុត្តយ៍ ទទួលនូវមាស និងប្រាក់បាន ។

[២៦៦]  សម័យនោះ  គាមណីឈ្មោះ មណិចូឡកៈ  អង្គុយក្នុងបរិស័ទនោះដែរ។  ទើបមណិចូឡកគាមណី និយាយនឹងបរិស័ទនោះ ដូច្នេះថា  អស់លោកទាំងឡាយ  លោកទាំងឡាយ កុំនិយាយយ៉ាងហ្នឹងឡើយ មាស និងប្រាក់ មិនគួរដល់ពួកសមណ​សក្យបុត្តិយ៍ទេ  ពួកសមណសក្យបុត្តិយ៍ មិនត្រេកអរ ចំពោះមាស និងប្រាក់ទេ  ពួក​សមណសក្យបុត្តិយ៍ មិនទទួលនូវមាស និងប្រាក់ទេ  ពួកសមណសក្យបុត្តិយ៍ ជាអ្នកលះ​ចោលកែវមណី និងមាសហើយ  ប្រាសចាកមាសប្រាក់ហើយ។  មណិចូឡកគាមណី ក៏មិនអាចញុំាងបរិស័ទនោះ ឲ្យយល់បានសោះ ។ ​

[២៦៧]  គ្រានោះ   មណិចូឡកគាមណី ចូលទៅគាល់ព្រះដ៏មានព្រះភាគ  លុះ​ចូលទៅដល់  ក៏ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ។  លុះមណិ​ចូឡកគាមណី អង្គុយក្នុងទីដ៏សមគួរហើយ  ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា  បពិត្រព្រះអង្គដ៏ចំរើន ​អន្តរាកថានេះ  កើតឡើងដល់ពួកជន ដែលអង្គុយចួបជុំគ្នា  នា​កណ្តាលរាជបរិស័ទ  ខាងក្នុងព្រះរាជវាំងនេះថា  មាស និងប្រាក់ គួរដល់ពួកសមណ​សក្យបុត្តយ៍ ពួកសមណសក្យបុត្តយ៍ ក៏ត្រេកអរចំពោះមាស និងប្រាក់បាន  ពួកសមណ​សក្យបុត្តយ៍ ទទួលនូវមាស និងប្រាក់បាន។  បពិត្រព្រះអង្គដ៏ចំរើន  កាលបើគេនិយាយ យ៉ាងនេះ  ខ្ញុំព្រះអង្គ ក៏និយាយនឹងបរិស័ទទាំងនោះ ដូច្នេះថា  បពិត្រអស់លោកទាំងឡាយ  លោកទាំងឡាយ កុំពោលយ៉ាងនេះឡើយ  មាសនិងប្រាក់ មិនគួរដល់ពួក សមណសក្យបុត្តិយ៍ទេ  ពួកសមណសក្យបុត្តិយ៍ មិនត្រេកអរ ចំពោះមាស និងប្រាក់ទេ  ពួកសមណសក្យបុត្តិយ៍ មិនទទួលនូវមាស និងប្រាក់ទេ  ពួកសមណសក្យបុត្តិយ៍ លះចោលកែវមណី និងមាសហើយ  ប្រាសចាកមាស និងប្រាក់ហើយ។  បពិត្រព្រះអង្គដ៏ចំរើន  ខ្ញុំព្រះអង្គ មិនអាចនឹងញុំាងបរិស័ទនោះ ឲ្យយល់បានសោះ  បពិត្រព្រះអង្គដ៏ចំរើន  កាលដែលខ្ញុំព្រះអង្គ ដោះស្រាយយ៉ាងនេះ ឈ្មោះថា ពោលត្រូវតាមព្រះបន្ទូលព្រះដ៏មានព្រះភាគផង  មិនពោលបង្កាច់ព្រះដ៏មានព្រះភាគ ដោយពាក្យមិនពិតផង ដោះស្រាយនូវធម៌ សមគួរ​ដល់ធម៌ផង  លំនាំពាក្យតូចធំណាមួយ ជាពាក្យប្រកបដោយធម៌  មិនដល់នូវហេតុគប្បី​តិះដៀលផង  បានដែរឬ ។

[២៦៨]  អើគាមណី អ្នកដោះស្រាយយ៉ាងនេះ  ឈ្មោះថា ពោលត្រូវតាមពាក្យ​តថាគតផង  មិនពោលបង្កាច់តថាគត ដោយពាក្យមិនពិតផង  ដោះស្រាយនូវធម៌ សម​គួរដល់ធម៌ផង  លំនាំពាក្យតូចធំណាមួយ ជាពាក្យប្រកបដោយធម៌  មិនដល់នូវហេតុ​គប្បីតិះដៀលផង។  ម្នាលគាមណី  មាស និងប្រាក់ មិនសមគួរ ដល់ពួកសមណសក្យ​បុត្តិយ៍ទេ  ពួកសមណសក្យបុត្តិយ៍ មិនត្រេកអរ ចំពោះមាស និងប្រាក់ទេ  ពួកសមណ​សក្យបុត្តិយ៍ មិនទទួលមាស និងប្រាក់ទេ  ពួកសមណសក្យបុត្តិយ៍ លះចោលកែវមណី និងមាសហើយ  ប្រាសចាកមាស និងប្រាក់ហើយ។  ម្នាលគាមណី  មាស និងប្រាក់ គួរដល់​បុគ្គលណា កាមគុណ ៥ ក៏គួរដល់បុគ្គលនោះ  កាមគុណ ៥ គួរដល់បុគ្គលណា (មាស និងប្រាក់ ក៏គួរដល់បុគ្គលនោះដែរ) ម្នាលគាមណី អ្នកគប្បីចាំទុក នូវការ​សម្រេច នៃកាមគុណ ទាំង ៥ នេះ ដោយពិតថា មិនមែនជាធម៌ របស់សមណៈ មិនមែន​ជាធម៌ របស់សក្យបុត្តិយ៍ទេ។  ម្នាលគាមណី​​ ម្យ៉ាងទៀត តថាគត ពោលយ៉ាងនេះថា  បុគ្គល អ្នកត្រូវការ​ដោយស្មៅ គប្បីស្វែងរកស្មៅ បុគ្គល អ្នកត្រូវការដោយឈើ គប្បីស្វែងរកឈើ បុគ្គល អ្នកត្រូវការដោយរទេះ គប្បីស្វែងរករទេះ អ្នកត្រូវការដោយបុរស គប្បីស្វែងរកបុរស។ ម្នាលគាមណី តថាគត មិនដែលពោលថា  សមណៈគប្បី​ត្រេកអរ ចំពោះមាស និងប្រាក់ គប្បីស្វែងរកមាស និងប្រាក់ ដូច្នេះ ដោយបរិយាយណាមួយទេ។  ចប់ សូត្រ ទី១០។

[២៦៩]  សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងឧរុវេលកប្បនិគម របស់​ពួកមល្លជន ក្នុងមល្លជនបទ។ គ្រានោះឯង  គន្ធភកគាមណី ចូលទៅរកព្រះដ៏មាន​ព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទី​ដ៏សមគួរ។  លុះគន្ធភកគាមណី អង្គុយក្នុងទីសមគួរហើយ  ក៏ក្រាបបង្គំទូលព្រះដ៏មាន​ព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន សូមទានព្រះដ៏មានព្រះភាគ សំដែងនូវហេតុឲ្យ​កើតទុក្ខផង នូវសេចក្តីវិនាសទុក្ខផង ដល់ខ្ញុំព្រះអង្គ។ ម្នាលគាមណី តែតថាគត ប្រារព្ធ​អតីតកាល ហើយសំដែង នូវហេតុឲ្យកើតទុក្ខ និងសេចក្តីវិនាសទុក្ខថា អតីតកាល តែងមានយ៉ាងនោះ  ឲ្យអ្នកស្តាប់ហើយ។ អ្នកគង់មានសេចក្តីសង្ស័យ គង់មាន​សេចក្តីងឿង​ឆ្ងល់ ក្នុងអតីតកាលនោះ។ ម្នាលគាមណី  តែតថាគត ប្រារព្ធអនាគតកាល ហើយសំដែង នូវហេតុឲ្យកើតទុក្ខ និងសេចក្តីវិនាសទុក្ខថា  អនាគតកាល នឹងមាន យ៉ាងនោះ ឲ្យអ្នកស្តាប់ហើយ។ អ្នកគង់មានសេចក្តីសង្ស័យ គង់មានសេចក្តីងឿងឆ្ងល់  ក្នុងអនាគតកាលនោះ ម្នាលគាមណី ប៉ុន្តែតថាគត អង្គុយក្នុងទីនេះឯង សំដែង​នូវហេតុឲ្យកើតទុក្ខ និងសេចក្តីវិនាសទុក្ខ ឲ្យអ្នកដែលអង្គុយនៅក្នុងទីនុ៎ះស្តាប់ ចូរអ្នក​ស្តាប់ធម៌នោះ ​ធ្វើទុកក្នុងចិត្ត ដោយប្រពៃចុះ ​តថាគតនឹងសំដែង។ គន្ធភកគាមណី ក៏ទទួលស្តាប់ព្រះពុទ្ធដីកាព្រះដ៏មានព្រះភាគថា ព្រះករុណា ព្រះអង្គ។ ព្រះដ៏មានព្រះ​ភាគ ត្រាស់ដូច្នេះថា  ម្នាលគាមណី  អ្នកសំគាល់សេចក្តីនោះ ដូចម្តេច  សេចក្តីសោក  ខ្សឹកខ្សួល ទុក្ខ តូចចិត្ត  ចង្អៀតចិត្ត  កើតឡើងដល់អ្នក ​ព្រោះសេចក្តីស្លាប់ក្តី  ព្រោះការចាប់ចងក្តី ព្រោះការវិនាសទ្រព្យក្តី ព្រោះការតិះដៀលក្តី នៃពួកមនុស្ស ដែលនៅក្នុងឧរុវេលកប្បនិគម  ធ្លាប់មានដល់អ្នកដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន សេចក្តីសោក  ខ្សឹកខ្សួល  ទុក្ខ  តូចចិត្ត  ចង្អៀតចិត្ត កើតឡើងដល់ខ្ញុំព្រះអង្គ  ​ព្រោះសេចក្តីស្លាប់ក្តី  ព្រោះការចាប់ចងក្តី ព្រោះការវិនាសទ្រព្យក្តី ព្រោះការតិះដៀលក្តី នៃពួកមនុស្ស ដែលនៅក្នុងឧរុវេលកប្បនិគម ធ្លាប់មានដល់ខ្ញុំព្រះអង្គដែរ។  ម្នាលគាមណី ​ចុះសេចក្តីសោក  ខ្សឹកខ្សួល  ទុក្ខ  តូចចិត្ត  ចង្អៀតចិត្ត  មិនកើតឡើងដល់អ្នក ​ព្រោះសេចក្តីស្លាប់ក្តី ព្រោះការចាប់ចងក្តី ព្រោះការវិនាសទ្រព្យក្តី ព្រោះការតិះដៀលក្តី  នៃពួកមនុស្ស ដែលនៅក្នុងឧរុវេលកប្បនិគម ធ្លាប់មានដល់អ្នកដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន  សេចក្តីសោក  ខ្សឹកខ្សួល  ទុក្ខ  តូចចិត្ត  ចង្អៀតចិត្ត  មិនកើតឡើង ដល់ខ្ញុំព្រះអង្គ  ​ព្រោះសេចក្តីស្លាប់ក្តី  ព្រោះការចាប់ចងក្តី  ព្រោះការវិនាសទ្រព្យក្តី  ព្រោះការតិះដៀលក្តី  នៃពួកមនុស្ស ដែលនៅក្នុង​ឧរុវេលកប្បនិគម ក៏ធ្លាប់មានដល់ខ្ញុំព្រះអង្គដែរ។ ​ម្នាលគាមណី  ចុះហេតុដូចម្តេច  បច្ច័យដូចម្តេច  បានជាសេចក្តីសោក  ខ្សឹកខ្សួល  ទុក្ខ  តូចចិត្ត ចង្អៀតចិត្ត ​កើតឡើងដល់អ្នក ​ព្រោះសេចក្តីស្លាប់ក្តី ព្រោះការចាប់ចងក្តី  ព្រោះការវិនាសទ្រព្យក្តី ព្រោះការតិះដៀលក្តី នៃមនុស្សទាំងឡាយពួកខ្លះ ដែលនៅក្នុងឧរុវេលកប្បនិគម។  ម្នាលគាមណី មួយទៀត ​ហេតុដូចម្តេច  បច្ច័យដូចម្តេច បានជា សេចក្តីសោក  ខ្សឹកខ្សួល  ទុក្ខ  តូចចិត្ត  ចង្អៀតចិត្ត ​មិនកើតឡើងដល់អ្នក ​ព្រោះសេចក្តីស្លាប់ក្តី ព្រោះការចាប់​ចងក្តី ព្រោះការវិនាសទ្រព្យក្តី ព្រោះការតិះដៀលក្តី នៃមនុស្សទាំងឡាយពួកខ្លះ ដែលនៅក្នុង​ឧរុវេលកប្បនិគម។ បពិត្រព្រះអង្គដ៏ចំរើន  សេចក្តីសោក ខ្សឹកខ្សួល ទុក្ខ តូចចិត្ត ចង្អៀតចិត្ត កើតឡើងដល់ខ្ញុំព្រះអង្គ ព្រោះសេចក្តីស្លាប់ក្តី ព្រោះការចាប់ចងក្តី ព្រោះការវិនាសទ្រព្យក្តី ព្រោះការតិះដៀលក្តី  នៃពួកមនុស្សឯណា ដែលនៅក្នុងឧរុវេលកប្បនិគម  ព្រោះតែខ្ញុំព្រះអង្គ មានឆន្ទរាគ ក្នុងមនុស្សទាំងនោះ។  បពិត្រព្រះអង្គដ៏ចំរើន  សេចក្តីសោក  ខ្សឹកខ្សួល  ទុក្ខ  តូចចិត្ត  ចង្អៀតចិត្ត មិន​កើត​ឡើងដល់ខ្ញុំព្រះអង្គ ព្រោះសេចក្តីស្លាប់ក្តី ព្រោះការចាប់ចងក្តី  ព្រោះការវិនាសទ្រព្យក្តី ព្រោះការតិះដៀលក្តី នៃពួកមនុស្សឯណា ដែលនៅក្នុងឧរុវេលកប្បនិគម  ព្រោះតែខ្ញុំព្រះអង្គ មិនមានឆន្ទរាគ ក្នុងមនុស្សទាំងនោះទេ។ ម្នាលគាមណី ត្រូវអ្នកចូលចិត្ត​តាមធម៌នេះ ដែលអ្នកឃើញហើយ ដឹងហើយ ជាធម៌ឲ្យផល មិនកន្លងកាល  ដែលធ្លាក់ចុះមកហើយ  មានទាំងក្នុងអតីតកាល និងអនាគតកាល  ទុក្ខឯណានីមួយ កើតឡើង ក្នុងអតីតកាល ទុក្ខទាំងអស់នោះ មានឆន្ទៈជាមូល មានឆន្ទៈ ជាហេតុ  ព្រោះថា ឆន្ទៈជាមូលនៃទុក្ខ។  ទុក្ខឯណានីមួយ នឹងកើតឡើង ក្នុងអនាគត​កាល  ទុក្ខទាំងអស់នោះ ក៏មានឆន្ទៈជាមូល  មានឆន្ទៈជាហេតុ  ព្រោះថា ឆន្ទៈជាមូលនៃទុក្ខ។  អស្ចារ្យណាស់ ព្រះអង្គ ចំឡែកណាស់ ព្រះអង្គ ពាក្យដែលព្រះដ៏មានព្រះភាគ អង្គនោះ សំដែងហើយ  ជាពាក្យសុភាសិតដោយពិត  ទុក្ខឯណានីមួយ កើតឡើង ក្នុងអតីតកាល  ទុក្ខទាំងអស់នោះ មានឆន្ទៈជាមូល  មានឆន្ទៈ​ជាហេតុ  ព្រោះថា ឆន្ទៈជាមូលនៃទុក្ខ។ ទុក្ខឯណានីមួយ  នឹងកើតឡើង ក្នុងអនាគតកាល  ទុក្ខទាំងអស់នោះ  ក៏មានឆន្ទៈជាមូល  មានឆន្ទៈជាហេតុ ព្រោះថា ឆន្ទៈជាមូលនៃទុក្ខ​។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ មានកុមារម្នាក់ឈ្មោះ ចិរវាសី អាស្រ័យនៅក្នុងលំនៅស្រុកក្រៅ [កុមារនេះ ជាកូនរបស់​គន្ធភកគាមណីនោះ ដែលនៅ​រៀន​សិល្បសាស្ត្រឯនគរក្រៅ។ អដ្ឋកថា។] បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គនោះ ក្រោកឡើងអំពីព្រឹក  ប្រើបុរសម្នាក់ថា នែព្រះស្តែង  អ្នកចូរដឹងនូវចិរវាសីកុមារចុះ។ បពិត្រព្រះអង្គដ៏ចំរើន បុរសនោះ មិនទាន់មកដរាបណា ខ្ញុំព្រះអង្គ ក៏មានទុក្ខប្លែក ដោយគិតថា សូមកុំឲ្យសេចក្តីទុក្ខនីមួយ បៀតបៀន ដល់ចិរវាសីកុមារ យ៉ាងនេះ ដរាបនោះដែរ។

[២៧០]  ព្រះដ៏មានព្រះភាគត្រាស់ថា  ម្នាលគាមណី  អ្នកសំគាល់សេចក្តីនោះ ដូចម្តេច សេចក្តីសោក ខ្សឹកខ្សួល ទុក្ខ តូចចិត្ត ចង្អៀតចិត្ត កើតឡើង (ដល់អ្នក)  ព្រោះសេចក្តី​ស្លាប់ក្តី ព្រោះការចាប់ចងក្តី ព្រោះការវិនាសទ្រព្យក្តី ព្រោះការតិះដៀលក្តី  នៃចិរវាសីកុមារមែនដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន  សេចក្តីទុក្ខប្លែក មានដល់ខ្ញុំព្រះអង្គ  ព្រោះសេចក្តីស្លាប់ក្តី  ព្រោះការចាប់ចងក្តី  ព្រោះការវិនាសទ្រព្យក្តី  ព្រោះការតិះដៀលក្តី  នៃចិរវាសីកុមារ  សូម្បីមានជីវិតនៅឡើយ  ចុះធ្វើដូចម្តេច ទើបសេចក្តីសោក  ខ្សឹកខ្សួល  ទុក្ខ  តូចចិត្ត  ចង្អៀតចិត្ត  នឹងមិនកើតឡើង ដល់ខ្ញុំព្រះអង្គ។  ម្នាលគាមណី  អ្នកត្រូវដឹងដំណើរនុ៎ះ តាមបរិយាយនេះថា  ទុក្ខឯណានីមួយ កើតឡើង  ទុក្ខ​ទាំងអស់នោះ មានឆន្ទៈជាមូល  មានឆន្ទៈជាហេតុ  ព្រោះថា ឆន្ទៈជាមូលនៃទុក្ខ។  ម្នាល​គាមណី អ្នកសំគាល់សេចក្តីនោះ ដូចម្តេច កាលដែលអ្នកមិនទាន់បានឃើញ មិនទាន់​បានឮមាតារបស់ចិរវាសីកុមារ  តើឆន្ទៈក្តី  រាគៈក្តី  សេចក្តីស្រឡាញ់ក្តី  ចំពោះមាតា របស់ចិរវាសីកុមារ  មានដល់អ្នកដែរឬ។  មិនដូច្នោះទេ ព្រះអង្គ។  ម្នាលគាមណី  អ្នកមានឆន្ទៈក្តី  រាគៈក្តី  សេចក្តីស្រឡាញ់ក្តី  ចំពោះមាតារបស់ចិរវាសីកុមារ  ព្រោះ​តែអ្នកបានឃើញ បានឮយ៉ាងនេះឬ។  ព្រះករុណា ព្រះអង្គ។  ម្នាលគាមណី  អ្នក​យល់សេចក្តីនោះ ដូចម្តេច  សេចក្តីសោក  ខ្សឹកខ្សួល  ទុក្ខ  តូចចិត្ត  ចង្អៀតចិត្ត  កើត​ឡើងដល់អ្នក  ព្រោះសេចក្តីស្លាប់ក្តី  ព្រោះការចាប់ចងក្តី  ព្រោះការវិនាសទ្រព្យក្តី  ព្រោះការតិះដៀលក្តី ​នៃមាតារបស់ចិរវាសីកុមារ ដែរឬ។ ​បពិត្រព្រះអង្គដ៏ចំរើន  សេចក្តីទុក្ខប្លែក មានដល់ខ្ញុំព្រះអង្គ  ព្រោះសេចក្តីស្លាប់ក្តី  ព្រោះការចាប់ចងក្តី  ព្រោះការវិនាសទ្រព្យក្តី  ព្រោះការតិះដៀលក្តី  នៃមាតារបស់ចិរវាសីកុមារ  សូម្បីមានជីវិតនៅឡើយ  ចុះធ្វើដូចម្តេច  ទើបសេចក្តីសោក ​ ខ្សឹកខ្សួល  ទុក្ខ  តូចចិត្ត  ចង្អៀតចិត្ត  នឹងមិនកើតឡើង ដល់ខ្ញុំព្រះអង្គ។  ម្នាលគាមណី  អ្នកត្រូវដឹងដំណើរនុ៎ះ ដោយបរិយាយនេះថា  ទុក្ខឯណានីមួយកើតឡើង ទុក្ខទាំងអស់នោះ មានឆន្ទៈជាមូល មានឆន្ទៈជាហេតុ  ព្រោះថា ឆន្ទៈជាមូលនៃទុក្ខ។  ចប់ សូត្រ ទី១១។

[២៧១] គ្រានោះ គាមណីឈ្មោះ រាសិយៈ ចូលទៅរកព្រះដ៏មានព្រះភាគ  លុះចូលទៅដល់  ក៏ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ។ ​លុះ​រាសិយគាមណី អង្គុយក្នុងទីដ៏សមគួរហើយ ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា  បពិត្រព្រះអង្គដ៏ចំរើន  ខ្ញុំព្រះអង្គ បានឮពាក្យដូច្នេះថា  ព្រះសមណគោតម តិះដៀល តបវត្តទាំងអស់  ជេរប្រទេច នូវបុគ្គល អ្នកមានតបវត្តទាំងអស់  មានជីវិតសៅហ្មង​ជានិច្ច។ បពិត្រព្រះអង្គដ៏ចំរើន ពួកជនឯណា និយាយយ៉ាងនេះថា  ព្រះសមណគោតម តិះដៀលតបវត្តទាំងអស់ ជេរប្រទេច នូវបុគ្គលអ្នកមានតបវត្តទាំងអស់ មានជីវិត​សៅហ្មងជានិច្ច។  បពិត្រព្រះអង្គដ៏ចំរើន  ពួកជនទាំងនោះ ឈ្មោះថា ពោលត្រូវតាម​ព្រះបន្ទូល ដែលព្រះដ៏មានព្រះភាគ ត្រាស់ហើយផង  មិនពោលបង្កាច់​ព្រះដ៏មានព្រះភាគ ដោយពាក្យមិនពិតផង  ពោលនូវធម៌ សមគួរតាមធម៌ផង  លំនាំនៃពាក្យតូចធំណាមួយ ជាពាក្យប្រកបដោយធម៌  មិនដល់នូវហេតុ​គួរតិះដៀល​ផង បានទេឬ។  ព្រះដ៏មានព្រះភាគត្រាស់ថា  ម្នាលគាមណី  ពួកជនឯណា និយាយយ៉ាងនេះថា  ព្រះសមណគោតម តិះដៀលតបវត្តទាំងអស់ ជេរប្រទេច នូវបុគ្គលអ្នកមានតបវត្តទាំងអស់ មានជីវិតសៅហ្មងជានិច្ច។  ពួកជននោះ ឈ្មោះថា  ពោលមិនត្រូវតាមពាក្យតថាគតផង  ពោលបង្កាច់តថាគត ដោយពាក្យមិនពិតផង។

[២៧២]  ម្នាលគាមណី អន្តធម៌ (ធម៌អមខាង ឬធម៌លាមក)  ពីរប្រការនេះ បព្វជិត មិនត្រូវសេពគប់ឡើយ  គឺធម៌ ដែលប្រកបខ្លួន ឲ្យជាប់ចំពាក់ដោយកាម ក្នុង​កាមទាំងឡាយ ជាធម៌ថោកទាប ជាធម៌របស់អ្នកស្រុក ជាធម៌របស់បុថុជ្ជន  មិនមែន​ជាធម៌របស់អរិយបុគ្គល មិនប្រកបដោយប្រយោជន៍ឡើយ ១  ធម៌ដែលប្រកបសេចក្តី​លំបាកដល់ខ្លួន ជាហេតុនាំឲ្យលំបាកកាយទទេ ៗ  មិនមែនជារបស់អរិយបុគ្គល  មិន​ប្រកបដោយប្រយោជន៍ឡើយ ១។ ម្នាលគាមណី មជ្ឈិមាបដិបទា មិនទាក់ទងនឹង​អន្ត ធម៌​ពីរយ៉ាងនុ៎ះឯង  ដែលតថាគត បានត្រាស់ដឹងហើយ  ជាបដិបទា ធ្វើឲ្យកើតបញ្ញាចក្ខុ  ធ្វើឲ្យកើតសេចក្តីដឹងប្រាកដ  ប្រព្រឹត្តទៅ ដើម្បីសេចក្តីស្ងប់រម្ងាប់  ដើម្បីសេចក្តីដឹងច្បាស់ ដើម្បីសេចក្តីដឹងដោយត្រឹមត្រូវ ដើម្បីរំលត់ទុក្ខ។ ម្នាលគាមណី  ចុះមជ្ឈិមាបដិបទា ដែលតថាគត បានត្រាស់ដឹងហើយ ជាបដិបទា ធ្វើឲ្យកើតបញ្ញាចក្ខុ ធ្វើ​ឲ្យកើតសេចក្តីដឹងប្រាកដ   ប្រព្រឹត្តទៅ ដើម្បីសេចក្តីស្ងប់រម្ងាប់  ដើម្បីសេចក្តីដឹងច្បាស់  ដើម្បីសេចក្តីដឹងដោយត្រឹមត្រូវ  ដើម្បីរំលត់ទុក្ខ  តើដូចម្តេច។  មគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរនេះឯង។  មគ្គប្រកបដោយអង្គ ៨ តើអ្វីខ្លះ។  គឺសម្មាទិដ្ឋិ ១។បេ។  សម្មាសមាធិ ១។ ​ ម្នាលគាមណី  នេះឯងហៅថា មជ្ឈិមាបដិបទា  ដែលតថាគត បានត្រាស់ដឹងហើយ  ជាបដិបទា ធ្វើឲ្យកើតបញ្ញាចក្ខុ  ធ្វើឲ្យកើតសេចក្តីដឹងប្រាកដ  ប្រព្រឹត្តទៅ ដើម្បីសេចក្តី​ស្ងប់រម្ងាប់ ដើម្បីសេចក្តីដឹងច្បាស់ ដើម្បីសេចក្តីដឹងដោយត្រឹមត្រូវ ដើម្បីរំលត់ទុក្ខ។

[២៧៣]  ម្នាលគាមណី  កាមភោគី (បុគ្គលអ្នកបរិភោគកាម) ៣ ពួកនេះ  មាន​នៅក្នុងលោក។  កាមភោគីបុគ្គល ៣ ពួក តើដូចម្តេចខ្លះ។  ម្នាលគាមណី  កាមភោគី​បុគ្គលពួកខ្លះ ក្នុងលោកនេះ  ស្វែងរកភោគសម្ប័ទ ដោយអំពើមិនមែនជាធម៌  ជាអំពើ​ដ៏ក្លាហាន  លុះស្វែងរកភោគសម្ប័ទ ដោយអំពើមិនមែនជាធម៌  ជាអំពើដ៏ក្លាហានបាន​ហើយ  ក៏មិនធ្វើខ្លួនឲ្យបានសុខ  មិនឲ្យឆ្អែតឆ្អន់  ទាំងមិនចែករលែក មិនធ្វើបុណ្យ​ទាំង​ឡាយ​សោះ។  ម្នាលគាមណី  កាមភោគីបុគ្គលពួកខ្លះ ក្នុងលោកនេះ  ស្វែងរក​ភោគសម្ប័ទ ដោយអំពើមិនមែនជាធម៌  ជាអំពើដ៏ក្លាហាន  លុះស្វែងរកភោគសម្ប័ទ ដោយអំពើមិនមែនជាធម៌  ជាអំពើដ៏ក្លាហានបានហើយ  ក៏ធ្វើខ្លួនឲ្យបានសុខ ឲ្យឆ្អែត​ឆ្អន់  ប៉ុន្តែមិនចែករលែក មិនធ្វើបុណ្យទាំងឡាយសោះ។  ម្នាលគាមណី ​កាមភោគី​បុគ្គលពួកខ្លះ ក្នុងលោកនេះ  ស្វែងរកភោគសម្ប័ទ ដោយអំពើមិនមែនជាធម៌  ជាអំពើដ៏​ក្លាហាន  លុះស្វែងរកភោគសម្ប័ទ ដោយអំពើមិនមែនជាធម៌  ជាអំពើដ៏ក្លាហានបាន​ហើយ  ក៏ធ្វើខ្លួនឲ្យបានសុខ  ឲ្យឆ្អែតឆ្អន់  ទាំងចែករលែក  ធ្វើបុណ្យទាំងឡាយផង។ ​

[២៧៤]  ម្នាលគាមណី  កាមភោគីបុគ្គលពួកខ្លះ ក្នុងលោកនេះ  ស្វែងរកភោគ​សម្ប័ទ ដោយអំពើជាធម៌ខ្លះ  មិនមែនជាធម៌ខ្លះ  ជាអំពើដ៏ក្លាហាន និងមិនក្លាហាន  លុះស្វែងរកភោគសម្ប័ទ ដោយអំពើជាធម៌ខ្លះ  មិនមែនជាធម៌ខ្លះ  ជាអំពើដ៏ក្លាហាន  និងមិនក្លាហានបានហើយ  ក៏មិនធ្វើខ្លួនឲ្យសុខ  មិនឲ្យឆ្អែតឆ្អន់  ទាំងមិនចែករលែក  មិនធ្វើ​បុណ្យទាំងឡាយសោះ។ ម្នាលគាមណី កាមភោគីបុគ្គលពួកខ្លះ ក្នុងលោកនេះ  ស្វែងរក​ភោគសម្ប័ទ ដោយអំពើជាធម៌ខ្លះ  មិនមែនជាធម៌ខ្លះ  ជាអំពើដ៏ក្លាហាន  និងមិនក្លាហាន  លុះស្វែងរកភោគសម្ប័ទ ដោយអំពើជាធម៌ខ្លះ  មិនមែនជាធម៌ខ្លះ  ជាអំពើដ៏ក្លាហាន  និងមិនក្លាហានបានហើយ  ក៏ធ្វើខ្លួនឲ្យបានសុខ ឲ្យឆ្អែតឆ្អន់  ប៉ុន្តែ​មិនចែករលែក  មិនធ្វើបុណ្យទាំងឡាយសោះ។  ម្នាលគាមណី  កាមភោគីបុគ្គលពួកខ្លះ ក្នុងលោកនេះ ​ស្វែងរកភោគសម្ប័ទ ដោយអំពើជាធម៌ខ្លះ  មិនមែនជាធម៌ខ្លះ  ជាអំពើដ៏ក្លាហាន  និងមិនក្លាហាន  លុះស្វែងរកភោគសម្ប័ទ ដោយអំពើជាធម៌ខ្លះ  មិនមែនជាធម៌ខ្លះ  ជាអំពើដ៏ក្លាហាន  និងមិនក្លាហានបានហើយ  ក៏ធ្វើខ្លួនឲ្យបានសុខ  ឲ្យឆ្អែតឆ្អន់  ទាំងចែករលែក  ធ្វើបុណ្យទាំងឡាយផង។

[២៧៥]  ម្នាលគាមណី ​កាមភោគីបុគ្គលពួកខ្លះ ក្នុងលោកនេះ ​ស្វែងរកភោគ​សម្ប័ទ ដោយអំពើជាធម៌ មិនជាអំពើដ៏ក្លាហាន ​លុះស្វែងរកភោគសម្ប័ទ ដោយអំពើ​ជាធម៌ មិនជាអំពើដ៏ក្លាហានបានហើយ ក៏មិនធ្វើខ្លួនឲ្យបានសុខ មិនឲ្យឆ្អែតឆ្អន់  ទាំងមិន​ចែករលែក មិនធ្វើបុណ្យទាំងឡាយសោះ។   ​ម្នាលគាមណី   កាមភោគីបុគ្គលពួកខ្លះ ក្នុងលោកនេះ ​ស្វែងរកភោគសម្ប័ទ ដោយអំពើជាធម៌ មិនជាអំពើដ៏ក្លាហាន លុះស្វែង​រកភោគសម្ប័ទ ដោយអំពើជាធម៌ មិនជាអំពើដ៏ក្លាហានបានហើយ  ក៏ធ្វើខ្លួនឲ្យបានសុខ  ឲ្យឆ្អែតឆ្អន់  ប៉ុន្តែមិនចែករលែក  មិនធ្វើបុណ្យទាំងឡាយសោះ​​។  ម្នាលគាមណី  កាមភោគីបុគ្គលពួកខ្លះ ក្នុងលោកនេះ ស្វែងរកភោគសម្ប័ទ ដោយអំពើជាធម៌ មិនជា​អំពើដ៏ក្លាហាន លុះស្វែងរកភោគសម្ប័ទ ដោយអំពើជាធម៌ មិនជាអំពើដ៏ក្លាហានបាន​ហើយ  ក៏ធ្វើខ្លួនឲ្យបានសុខ  ឲ្យឆ្អែតឆ្អន់  ទាំងចែករលែក  ធ្វើបុណ្យទាំងឡាយទៀត  តែប្រើប្រាស់ភោគសម្ប័ទទាំងនោះ ងប់ ជ្រុលជ្រប់ ​ផ្តេកផ្តួល មិនឃើញទោស មិនមាន​បញ្ញា ជាគ្រឿងរលាស់ខ្លួនចេញសោះ។ ​ ម្នាលគាមណី កាមភោគីបុគ្គលពួកខ្លះ ក្នុង​លោក​នេះ ​ស្វែងរកភោគសម្ប័ទ ដោយអំពើជាធម៌ មិនជាអំពើដ៏ក្លាហាន លុះស្វែងរក​ភោគ​​សម្ប័ទ ដោយអំពើជាធម៌ មិនជាអំពើដ៏ក្លាហានបានហើយ ក៏ធ្វើខ្លួនឲ្យបានសុខ  ឲ្យឆ្អែតឆ្អន់  ទាំងចែករលែក  ធ្វើ​បុណ្យទាំងឡាយទៀត ​ ទាំងប្រើប្រាស់ភោគ​សម្ប័ទទាំង​នោះ  មិនងប់  មិនជ្រុលជ្រប់  មិនផ្តេកផ្តួល  ជាអ្នកឃើញទោស  មានបញ្ញា​ជាគ្រឿង​រលាស់ខ្លួនចេញ ។

[២៧៦] ​ម្នាលគាមណី ​បណ្តាកាមភោគីបុគ្គលទាំងនោះ ​កាមភោគីបុគ្គល​ឯណា  ស្វែងរកភោគសម្ប័ទ ដោយអំពើមិនមែនជាធម៌  ជាអំពើដ៏ក្លាហាន  លុះស្វែងរក​ភោគ​សម្ប័ទ ដោយអំពើមិនមែនជាធម៌ ជាអំពើដ៏ក្លាហានបានហើយ ​ក៏មិនធ្វើខ្លួនឲ្យបាន​សុខ  មិនឲ្យឆ្អែតឆ្អន់  ទាំងមិនចែករលែក មិនធ្វើបុណ្យទាំងឡាយសោះ។ ​ម្នាលគាមណី  កាមភោគីបុគ្គលនេះឯង  ដែលបណ្ឌិត គួរតិះដៀល ដោយហេតុ ៣​ យ៉ាង។  គួរតិះដៀល ​ដោយហេតុ ៣ យ៉ាង តើដូចម្តេចខ្លះ។  គួរតិះដៀល ដោយហេតុទី ១ ដូច្នេះថា  កាមភោគី​បុគ្គល ស្វែងរកភោគសម្ប័ទ ដោយអំពើមិនមែនជាធម៌  ជា​អំពើ​ដ៏​ក្លាហាន។ គួរតិះដៀល ​ដោយ​ហេតុទី ២ ដូច្នេះថា  កាមភោគីបុគ្គល មិនធ្វើខ្លួន​ឲ្យបានសុខ មិនឲ្យឆ្អែតឆ្អន់។  គួរ​តិះដៀល ដោយហេតុទី ៣ ដូច្នេះថា  កាមភោគីបុគ្គល មិនចែករលែក  មិនធ្វើបុណ្យ​ទាំងឡាយ។  ម្នាលគាមណី ​កាមភោគីបុគ្គលនេះ  ដែលបណ្ឌិត គួរតិះដៀល ដោយ​ហេតុ​ទាំង ៣​ ប្រការនេះឯង។

[២៧៧] ម្នាលគាមណី បណ្តាកាមភោគីបុគ្គលទាំងនោះ កាមភោគីបុគ្គល​ឯណា ​ស្វែងរកភោគសម្ប័ទ ដោយអំពើមិនមែនជាធម៌ ជាអំពើដ៏ក្លាហាន  លុះស្វែងរក​ភោគ​សម្ប័ទ ដោយអំពើមិនមែនជាធម៌  ជាអំពើដ៏ក្លាហានបានហើយ ​ក៏ធ្វើខ្លួនឲ្យបានសុខ  ឲ្យឆ្អែតឆ្អន់  ប៉ុន្តែមិនចែករលែក  មិនធ្វើបុណ្យទាំងឡាយសោះ។  ម្នាលគាមណី  កាមភោគីបុគ្គលនេះឯង  គួរតិះដៀល ដោយហេតុ ២ ប្រការ គួរសរសើរដោយហេតុ ១ ប្រការ។  គួរតិះដៀល ដោយហេតុ ២ ប្រការ តើដូចម្តេច។  គួរតិះដៀល ដោយហេតុទី ១ ដូច្នេះថា  កាមភោគីបុគ្គលនោះ  ស្វែងរកភោគសម្ប័ទ ដោយអំពើមិនមែនជាធម៌  ជា​អំពើដ៏ក្លាហាន។ គួរតិះដៀល ដោយហេតុទី ២ ដូច្នេះថា  កាមភោគីបុគ្គលនោះ មិនចែក​រលែក  មិនធ្វើបុណ្យទាំងឡាយ។  គួរសរសើរដោយហេតុ ១ ប្រការ តើដូចម្តេច។ ​គួរ​សរសើរ ដោយហេតុ ១ ប្រការដូច្នេះថា ​កាមភោគីបុគ្គលនោះ ធ្វើខ្លួនឲ្យបានសុខ  ឲ្យឆ្អែតឆ្អន់។ ​ ម្នាលគាមណី  កាមភោគីបុគ្គលនេះ  ដែលបណ្ឌិត គួរតិះដៀល ដោយ​ហេតុ​​ទាំង ២ ប្រការនេះ  គួរសរសើរ ដោយហេតុ ១ ប្រការនេះឯង។

[២៧៨]  ម្នាលគាមណី  បណ្តាកាមភោគីបុគ្គលទាំងនោះ កាមភោគីបុគ្គល​ឯណា ស្វែងរកភោគសម្ប័ទ ដោយអំពើមិនមែនជាធម៌ ជាអំពើដ៏ក្លាហាន លុះស្វែងរក​ភោគសម្ប័ទ ដោយអំពើមិនមែនជាធម៌ ជាអំពើដ៏ក្លាហានបានហើយ ​ក៏ធ្វើខ្លួនឲ្យបាន សុខ  ឲ្យឆ្អែតឆ្អន់  ទាំងចែករលែក  ធ្វើបុណ្យទាំងឡាយផង។  ម្នាលគាមណី  កាមភោគីបុគ្គលនេះ  គួរតិះដៀល ដោយហេតុ ១ ប្រការ  គួរសរសើរ ដោយហេតុ ២      ប្រការ។  គួរតិះដៀល ដោយហេតុ ១ ប្រការ តើដូចម្តេច។  គួរតិះដៀល ដោយហេតុ ១ ប្រការដូច្នេះថា  កាមភោគីបុគ្គលនោះ ស្វែងរកភោគសម្ប័ទ ដោយអំពើមិនមែនជាធម៌  ជាអំពើដ៏ក្លាហាន។  គួរសរសើរ ដោយហេតុ ២ ប្រការ តើដូចម្តេច។ ​គួរសរសើរ ដោយហេតុទី ១ ដូច្នេះថា  កាមភោគីបុគ្គលនោះ ធ្វើខ្លួនឲ្យបានសុខ  ឲ្យឆ្អែតឆ្អន់។  គួរសរសើរ ដោយហេតុទី ២ ដូច្នេះថា កាមភោគីបុគ្គលនោះ ចែករលែក ធ្វើបុណ្យ​ទាំងឡាយ។ ម្នាលគាមណី កាមភោគីបុគ្គលនេះ ដែលបណ្ឌិត គួរតិះដៀល ដោយហេតុ ១ ប្រការនេះ  គួរសរសើរ ដោយហេតុ ២ ប្រការនេះឯង។

[២៧៩]  ម្នាលគាមណី  បណ្តាកាមភោគីបុគ្គលទាំងនោះ  កាមភោគីបុគ្គលឯណា ស្វែងរកភោគសម្ប័ទ ដោយអំពើជាធម៌ខ្លះ មិនមែនជាធម៌ខ្លះ  ជាអំពើដ៏ក្លាហាន និងមិន​ក្លាហាន ​លុះស្វែងរកភោគសម្ប័ទ ដោយអំពើជាធម៌ខ្លះ មិនមែនជាធម៌ខ្លះ ជាអំពើ​ដ៏ក្លាហាន និងមិនក្លាហានបានហើយ ក៏មិនធ្វើខ្លួនឲ្យបានសុខ មិនឲ្យឆ្អែតឆ្អន់ ទាំងមិន​ចែករលែក មិនធ្វើបុណ្យទាំងឡាយសោះ។ ម្នាលគាមណី កាមភោគីបុគ្គលនេះ  គួរសរសើរ ដោយហេតុ ១ ប្រការ  គួរតិះដៀល ដោយហេតុ ៣ ប្រការ។  គួរសរសើរ ដោយហេតុ ១ ប្រការ តើដូចម្តេច។  គួរសរសើរដោយហេតុ ១ ​ប្រការ ដូច្នេះថា  កាមភោគីបុគ្គលនោះ ស្វែងរកភោគសម្ប័ទដោយធម៌  មិនជាអំពើដ៏ក្លាហាន។  គួរ​តិះដៀល ដោយហេតុ ៣ ប្រការ តើដូចម្តេច។  គួរតិះដៀល ដោយហេតុទី ១ ដូច្នេះថា  កាមភោគីបុគ្គលនោះ  ស្វែងរកភោគសម្ប័ទ ដោយអំពើមិនមែនជាធម៌  ជាអំពើដ៏​ក្លាហាន។  គួរតិះដៀល ដោយហេតុទី ២ ដូច្នេះថា  កាមភោគីបុគ្គលនោះ ​មិនធ្វើខ្លួនឲ្យ​បាន​សុខ  មិនឲ្យឆ្អែតឆ្អន់។  គួរតិះដៀល ដោយហេតុទី ៣ ដូច្នេះថា  កាមភោគីបុគ្គល​នោះ ​មិនចែករលែក  មិនធ្វើបុណ្យទាំងឡាយ។ ​ ម្នាលគាមណី  កាមភោគីបុគ្គលនេះ  គួរសរសើរ ដោយហេតុ ១ ប្រការនេះ  គួរតិះដៀល ដោយហេតុ ៣ ប្រការនេះឯង។

[២៨០]  ម្នាលគាមណី  បណ្តាកាមភោគីបុគ្គលទាំងនោះ កាមភោគី​បុគ្គលឯណា  ស្វែងរកភោគសម្ប័ទ ដោយអំពើជាធម៌ខ្លះ  មិនមែនជាធម៌ខ្លះ  ជាអំពើ​ដ៏ក្លាហាន និង​មិនក្លាហាន លុះស្វែងរកភោគសម្ប័ទ ដោយអំពើជាធម៌ខ្លះ មិនមែនជា​ធម៌ខ្លះ  ជាអំពើ​ដ៏​ក្លាហាន និងមិនក្លាហានបានហើយ  ក៏ធ្វើខ្លួនឲ្យបានសុខ  ឲ្យឆ្អែតឆ្អន់  ប៉ុន្តែមិនចែក​រលែក មិនធ្វើបុណ្យទាំងឡាយសោះ។ ម្នាលគាមណី កាមភោគីបុគ្គល​នេះ  គួរសរសើរ ដោយហេតុ ២ ប្រការ  គួរតិះដៀល ដោយហេតុ ២ ប្រការ។ គួរ​សរសើរ ​ដោយហេតុ ២ ប្រការ តើដូចម្តេច។  គួរសរសើរ ដោយហេតុទី ១ ដូច្នេះថា កាមភោគីបុគ្គលនោះ ស្វែង​រកភោគសម្ប័ទ ដោយអំពើជាធម៌ មិនជាអំពើដ៏ក្លាហាន។ គួរសរសើរ ដោយហេតុទី ២ ដូច្នេះថា  កាមភោគីបុគ្គលនោះ ធ្វើខ្លួនឲ្យបានសុខ ឲ្យឆ្អែត​ឆ្អន់។  គួរតិះដៀល ដោយ​ហេតុ ២ ប្រការ តើដូចម្តេច។ គួរតិះដៀល ដោយហេតុទី ១ ដូច្នេះថា  កាមភោគីបុគ្គល​នោះ ស្វែងរកភោគសម្ប័ទ ដោយអំពើមិនមែនជាធម៌ ជាអំពើដ៏ក្លាហាន។  គួរតិះដៀល ដោយហេតុទី ២ ដូច្នេះថា  កាមភោគីបុគ្គលនោះ មិនចែក​រលែក  មិនធ្វើបុណ្យ​ទាំង​ឡាយ។ ​ម្នាលគាមណី កាមភោគីបុគ្គលនេះ គួរសរសើរ ​ដោយ​ហេតុ ២ ប្រការនេះ  គួរតិះដៀល ដោយហេតុ​ ២ ប្រការនេះឯង។

[២៨១] ម្នាលគាមណី បណ្តាកាមភោគីបុគ្គលទាំងនោះ កាមភោគីបុគ្គល​ឯណា  ស្វែងរកភោគសម្ប័ទ ដោយអំពើជាធម៌ខ្លះ មិនមែនជាធម៌ខ្លះ ជាអំពើដ៏ក្លាហាន​និង​មិនក្លាហាន  លុះស្វែងរកភោគសម្ប័ទ ដោយអំពើជាធម៌ខ្លះ មិនមែនជាធម៌ខ្លះ ជា​អំពើ​ដ៏ក្លាហាន និងមិនក្លាហានបានហើយ  ក៏ធ្វើខ្លួនឲ្យបានសុខ ឲ្យឆ្អែតឆ្អន់ ទាំងចែក​រលែក  ធ្វើបុណ្យទាំងឡាយទៀត។ ម្នាលគាមណី កាមភោគីបុគ្គលនេះ គួរសរសើរ ​ដោយហេតុ ៣ ប្រការ  គួរតិះដៀល ដោយហេតុ ១ ប្រការ។  គួរសរសើរ ដោយហេតុ ៣ ប្រការ តើដូចម្តេច។ គួរសរសើរ ដោយហេតុទី ១ ដូច្នេះថា  កាមភោគីបុគ្គលនោះ ស្វែងរកភោគសម្ប័ទ ដោយអំពើជាធម៌  ជាអំពើមិនក្លាហាន។  គួរសរសើរ ដោយហេតុ ទី ២ ដូច្នេះថា  កាមភោគីបុគ្គលនោះ ធ្វើខ្លួនឲ្យបានសុខ ឲ្យឆ្អែតឆ្អន់។ គួរសរសើរ ​ដោយ​ហេតុ​ទី ៣ ដូច្នេះថា កាមភោគីបុគ្គលនោះ ចែករលែក ធ្វើបុណ្យទាំងឡាយ​​។  គួរតិះដៀល ដោយហេតុ ១ ប្រការ តើដូចម្តេច។ គួរតិះដៀល ដោយហេតុ ១​ ប្រការ​ដូច្នេះថា កាមភោគីបុគ្គលនោះ ស្វែងរកភោគសម្ប័ទ ដោយអំពើមិនមែនជាធម៌ ជាអំពើ​ដ៏​ក្លាហាន។  ម្នាលគាមណី  កាមភោគីបុគ្គលនេះឯង គួរសរសើរ ដោយហេតុ ៣ ប្រការនេះ  គួរតិះដៀល ដោយហេតុ ១ ប្រការនេះឯង។

[២៨២] ម្នាលគាមណី បណ្តាកាមភោគីបុគ្គលទាំងនោះ កាមភោគីបុគ្គល​ឯណា  ស្វែងរកភោគសម្ប័ទ ដោយអំពើជាធម៌ មិនជាអំពើដ៏ក្លាហាន លុះស្វែងរក​ភោគ​សម្ប័ទ ដោយអំពើជាធម៌ មិនជាអំពើដ៏ក្លាហានបានហើយ ក៏មិនធ្វើខ្លួនឲ្យបានសុខ  មិនឲ្យ​ឆ្អែត​ឆ្អន់ ទាំងមិនចែករលែក មិនធ្វើបុណ្យទាំងឡាយសោះ។ ម្នាលគាមណី  កាមភោគី​បុគ្គល​នេះ គួរសរសើរ ដោយហេតុ ១ ប្រការ  គួរតិះដៀល ដោយហេតុ ២ ប្រការ។  គួរសរសើរ ដោយហេតុ ១ ប្រការ តើដូចម្តេច។ គួរសរសើរដោយហេតុ ១ ប្រការដូច្នេះថា  កាមភោគី​បុគ្គលនោះ ស្វែងរកភោគសម្ប័ទ ដោយអំពើជាធម៌  មិនជាអំពើដ៏ក្លាហាន។  គួរតិះដៀល ដោយហេតុ ២ ប្រការ តើដូចម្តេច។  គួរតិះដៀល ដោយហេតុទី ១ ដូច្នេះថា  កាមភោគីបុគ្គលនោះ មិនធ្វើខ្លួនឲ្យបានសុខ មិនឲ្យឆ្អែតឆ្អន់។ គួរតិះដៀល ដោយហេតុទី ២ ដូច្នេះថា  កាមភោគីបុគ្គលនោះ មិនចែករលែក  មិនធ្វើ​បុណ្យទាំងឡាយ។  ម្នាល​គាមណី  កាមភោគីបុគ្គលនេះ គួរសរសើរ ដោយហេតុ ១ ប្រការនេះ  គួរតិះដៀល ដោយហេតុ ២ ប្រការនេះឯង។

[២៨៣]  ម្នាលគាមណី បណ្តាកាមភោគីបុគ្គលទាំងនោះ  កាមភោគី​បុគ្គល​ឯណា ស្វែងរកភោគសម្ប័ទ ដោយអំពើជាធម៌ មិនជាអំពើដ៏ក្លាហាន លុះស្វែងរក​ភោគសម្ប័ទ​ដោយអំពើជាធម៌  មិនជាអំពើដ៏ក្លាហានបានហើយ  ក៏ធ្វើខ្លួនឲ្យបានសុខ  ឲ្យឆ្អែតឆ្អន់ ប៉ុន្តែមិនចែករលែក  មិនធ្វើបុណ្យទាំងឡាយសោះ។  ម្នាលគាមណី  កាមភោគីបុគ្គល​នេះឯង គួរសរសើរ ដោយហេតុ ២ ប្រការ  គួរតិះដៀល ដោយហេតុ ១ ប្រការ។  គួរសរសើរ ដោយហេតុ ២ ប្រការ តើដូចម្តេច។  គួរសរសើរ ដោយហេតុទី ១ ដូច្នេះថា កាមភោគីបុគ្គលនោះ ស្វែងរកភោគសម្ប័ទ ដោយអំពើជាធម៌  មិនជាអំពើ​ដ៏​ក្លាហាន។ គួរសរសើរ ដោយហេតុទី​ ២ ដូច្នេះថា  កាមភោគីបុគ្គលនោះ ​ធ្វើខ្លួនឲ្យ​បានសុខ  ឲ្យឆ្អែតឆ្អន់។ គួរតិះដៀល ដោយហេតុ ១ ប្រការ តើដូចម្តេច។  គួរតិះដៀល ​ដោយហេតុ​១ ប្រការ ដូច្នេះថា កាមភោគីបុគ្គលនោះ មិនចែករលែក មិនធ្វើបុណ្យ​ទាំងឡាយ។ ម្នាលគាមណី កាមភោគីបុគ្គលនេះ គួរសរសើរ ដោយហេតុ ២ ប្រការ​នេះ  គួរតិះដៀល ដោយហេតុ ១ ប្រការនេះឯង។

[២៨៤] ម្នាលគាមណី បណ្តាកាមភោគីបុគ្គលទាំងនោះ  កាមភោគីបុគ្គល​ឯណា  ស្វែងរកភោគសម្ប័ទ ដោយអំពើជាធម៌ មិនជាអំពើដ៏ក្លាហាន លុះស្វែងរក​ភោគសម្ប័ទ​ដោយអំពើជាធម៌ មិនជាអំពើដ៏ក្លាហានបានហើយ  ក៏ធ្វើខ្លួនឲ្យបានសុខ ឲ្យឆ្អែតឆ្អន់  ទាំងចែករលែក ធ្វើបុណ្យទាំងឡាយ  ប៉ុន្តែប្រើប្រាស់ភោគសម្ប័ទទាំងនោះ ងប់  ជ្រុលជ្រប់ ផ្តេកផ្តួល មិនឃើញទោស មិនមានប្រាជ្ញាជាគ្រឿងរលាស់ចេញសោះ។  ម្នាលគាមណី កាមភោគីបុគ្គលនេះ គួរសរសើរ ដោយហេតុ ៣ ប្រការ គួរ​តិះដៀល​ ដោយហេតុ ១ ប្រការ។  គួរសរសើរ ដោយហេតុ ៣ ប្រការ តើដូចម្តេច។  គួរសរសើរ ដោយហេតុទី ១ ដូច្នេះថា កាមភោគីបុគ្គលនោះ ស្វែងរកភោគសម្ប័ទ ​ដោយ​អំពើជាធម៌  មិនជាអំពើដ៏ក្លាហាន។ គួរសរសើរ ដោយហេតុទី ២ ដូច្នេះថា  កាមភោគី​បុគ្គលនោះ ធ្វើខ្លួនឲ្យបានសុខ ឲ្យឆ្អែតឆ្អន់។  គួរសរសើរ ដោយហេតុទី ៣ ដូច្នេះថា  កាមភោគីបុគ្គល​នោះ ចែករលែក ធ្វើបុណ្យទាំងឡាយ។  គួរតិះដៀល ដោយហេតុ ១ ប្រការ តើដូចម្តេច។  គួរតិះដៀល ដោយហេតុ ១ ប្រការ ដូច្នេះថា  កាមភោគីបុគ្គលនោះ​ប្រើប្រាស់​ភោគសម្ប័ទ​ទាំងនោះ  ងប់  ជ្រុលជ្រប់  ផ្តេកផ្តួល  មិនឃើញទោស មិនមាន​ប្រាជ្ញា ជាគ្រឿងរលាស់ខ្លួនចេញសោះ។ ម្នាលគាមណី កាមភោគីបុគ្គលនេះ គួរ​សរសើរ ​​​ដោយ​ហេតុ ៣ ប្រការនេះ  គួរតិះដៀល ដោយហេតុ ១ ប្រការនេះឯង។

[២៨៥] ម្នាលគាមណី បណ្តាកាមភោគីបុគ្គលទាំងនោះ កាមភោគីបុគ្គល​ឯណា ស្វែងរកភោគសម្ប័ទ ដោយអំពើជាធម៌  មិនជាអំពើដ៏ក្លាហាន លុះស្វែងរក​ភោគ​សម្ប័ទ ដោយអំពើជាធម៌ មិនជាអំពើដ៏ក្លាហានបានហើយ ក៏ធ្វើខ្លួនឲ្យបានសុខ ឲ្យឆ្អែតឆ្អន់ ទាំងចែករលែក  ធ្វើបុណ្យទាំងឡាយ ទាំងប្រើប្រាស់ភោគសម្ប័ទទាំងនោះ មិនងប់ មិនជ្រុលជ្រប់  មិនផ្តេកផ្តួល ជាអ្នកឃើញទោស មានប្រាជ្ញា ជាគ្រឿងរលាស់​ខ្លួនចេញ។ ម្នាលគាមណី កាមភោគីបុគ្គលនេះ គួរសរសើរ ដោយហេតុ ៤ ប្រការ។  គួរសរសើរ ដោយហេតុ ៤ ប្រការ តើដូចម្តេច។ គួរសរសើរ ដោយហេតុទី ១ ដូច្នេះថា  កាមភោគីបុគ្គល​នោះ ស្វែងរកភោគសម្ប័ទ ដោយអំពើជាធម៌ មិនជាអំពើដ៏ក្លាហាន។ គួរសរសើរ ដោយហេតុទី ២ ដូច្នេះថា  កាមភោគីបុគ្គលនោះ ធ្វើខ្លួនឲ្យបានសុខ ឲ្យឆ្អែត​ឆ្អន់។ គួរសរសើរ ដោយហេតុទី ៣ ដូច្នេះថា កាមភោគីបុគ្គលនោះ ចែករលែក ធ្វើ​បុណ្យ​ទាំងឡាយ។ គួរសរសើរ ដោយហេតុទី ៤ ដូច្នេះថា កាមភោគីបុគ្គលនោះ​ ប្រើ​ប្រាស់​ភោគ​សម្ប័ទទាំងនោះ មិនងប់ មិនជ្រុលជ្រប់ មិនផ្តេកផ្តួល  ជាអ្នកឃើញទោស  មានប្រាជ្ញា ជា​គ្រឿងរលាស់ខ្លួនចេញ។ ម្នាលគាមណី កាមភោគីបុគ្គលនេះ  គួរ​សរសើរ ​ដោយហេតុ ៤ ប្រការនេះឯង។

[២៨៦] ម្នាលគាមណី បុគ្គលអ្នកមានតបៈ មានការចិញ្ចឹមជីវិតដ៏សៅហ្មង ៣ ពួក​នេះ  មាននៅក្នុងលោក។  បុគ្គល ៣ ពួក តើដូចម្តេច។  ម្នាលគាមណី  បុគ្គលពួក​ខ្លះ ក្នុងលោកនេះ  ជាអ្នកមានតបៈ  មានការចិញ្ចឹមជីវិតដ៏សៅហ្មង  មានសទ្ធា ចេញ​ចាក​ផ្ទះ​ ទៅបួសដោយគិតថា  ធ្វើម្តេចហ្ន៎  អាត្មាអញ គប្បីបានសម្រេច នូវកុសលធម៌ ធ្វើម្តេចហ្ន៎  អាត្មាអញ គប្បីធ្វើឲ្យជាក់ច្បាស់ នូវឧត្តរិមនុស្សធម៌ ជាធម៌ដ៏វិសេស ដែល​គួរឃើញ​ដោយ​ញាណដ៏ប្រសើរ។  បុគ្គលនោះ ធ្វើខ្លួនឲ្យក្តៅក្រហាយ  ឲ្យខ្លោចផ្សាផង  មិនបាន​សម្រេច​ នូវកុសលធម៌ផង មិនធ្វើឲ្យជាក់ច្បាស់ នូវឧត្តរិមនុស្សធម៌ផង ជាធម៌​ដ៏​វិសេស  ដែលគួរឃើញ ដោយញាណដ៏ប្រសើរផង។  ម្នាលគាមណី  បុគ្គលពួកខ្លះ ​ក្នុងលោកនេះ  ជាអ្នកមានតបៈ មានការចិញ្ចឹមជីវិតដ៏សៅហ្មង  មានសទ្ធា ចេញចាក​ផ្ទះ​ទៅបួសដោយគិតថា  ធ្វើម្តេចហ្ន៎ អាត្មាអញ គប្បីបានសម្រេច នូវកុសលធម៌ ធ្វើម្តេចហ្ន៎  អាត្មាអញ គប្បីធ្វើឲ្យជាក់ច្បាស់ នូវឧត្តរិមនុស្សធម៌  ជាធម៌ដ៏វិសេស  ដែលគួរឃើញ​ដោយ​ញាណដ៏ប្រសើរ។ បុគ្គលនោះ ធ្វើខ្លួនឲ្យក្តៅក្រហាយ ឲ្យខ្លោចផ្សា ក៏បាន​សម្រេច​​នូវកុសលធម៌នោះឯង តែមិនធ្វើឲ្យជាក់ច្បាស់ នូវឧត្តរិមនុស្សធម៌  ជាធម៌ដ៏​វិសេស  ដែលគួរឃើញ ដោយញាណដ៏ប្រសើរឡើយ។ ម្នាលគាមណី បុគ្គលពួក​មួយ ក្នុង​លោកនេះ  មានតបៈ មានការចិញ្ចឹមជីវិតដ៏សៅហ្មង មានសទ្ធា ចេញចាកផ្ទះ​ ទៅបួស​ដោយគិតថា ធ្វើម្តេចហ្ន៎ អាត្មាអញ គប្បីបានសម្រេច នូវកុសលធម៌  ធ្វើម្តេច​ហ្ន៎  អាត្មាអញ គប្បីធ្វើឲ្យជាក់ច្បាស់ នូវឧត្តរិមនុស្សធម៌  ជាធម៌ដ៏វិសេស  ដែលគួរ​ឃើញ​ដោយ​ញាណដ៏ប្រសើរ។  បុគ្គលនោះ ធ្វើខ្លួនឲ្យក្តៅក្រហាយ  ឲ្យខ្លោចផ្សា  ក៏បានសម្រេច នូវ​កុសលធម៌ផង  ធ្វើឲ្យជាក់ច្បាស់ នូវឧត្តរិមនុស្សធម៌  ជាធម៌ដ៏វិសេស  ដែលគួរឃើញ ​ដោយញាណដ៏ប្រសើរផង។

[២៨៧]  ម្នាលគាមណី បណ្តាបុគ្គលទាំងនោះ ​បុគ្គលអ្នកមានតបៈ  មានការ​ចិញ្ចឹម​ជីវិតដ៏សៅហ្មងឯណា ​ធ្វើខ្លួនឲ្យក្តៅក្រហាយ ឲ្យខ្លោចផ្សាផង  មិនបានសម្រេច​នូវកុសលធម៌ មិនធ្វើឲ្យជាក់ច្បាស់ នូវឧត្តរិមនុស្សធម៌ ជាធម៌ដ៏វិសេស  ដែលគួរឃើញ​​ដោយ​ញាណដ៏ប្រសើរផង​​។  ម្នាលគាមណី  បុគ្គលអ្នកមានតបៈ  មានការចិញ្ចឹមជីវិត​ដ៏សៅហ្មងនេះ គួរតិះដៀល ដោយហេតុ ៣ ប្រការ។  គួរតិះដៀល ដោយហេតុ ៣ ប្រការ តើដូចម្តេច។ គួរតិះដៀល ដោយហេតុទី ១ ដូច្នេះថា បុគ្គលនោះ ធ្វើខ្លួន​ឲ្យក្តៅក្រហាយ  ឲ្យខ្លោចផ្សា។ គួរតិះដៀល ដោយហេតុទី ២ ដូច្នេះថា បុគ្គលនោះ មិនបានសម្រេច ​នូវកុសលធម៌។ គួរតិះដៀល ដោយហេតុទី​ ៣ ដូច្នេះថា  បុគ្គលនោះ ​មិនធ្វើឲ្យជាក់​ច្បាស់ ​នូវឧត្តរិមនុស្សធម៌ ជាធម៌ដ៏វិសេស  ដែលគួរឃើញ ដោយញាណដ៏ប្រសើរ។  ម្នាលគាមណី បុគ្គលអ្នកមានតបៈ មានការចិញ្ចឹមជីវិត ដ៏សៅហ្មងនេះ គួរតិះដៀល ​ដោយហេតុ ៣ ប្រការនេះឯង។

[២៨៨] ម្នាលគាមណី  បណ្តាបុគ្គលទាំងនោះ ​បុគ្គលអ្នកមានតបៈ មានការ​ចិញ្ចឹម​ជីវិត ដ៏សៅហ្មងឯណា ​ធ្វើខ្លួនឲ្យក្តៅក្រហាយ ឲ្យខ្លោចផ្សា ក៏បានសម្រេច នូវ​កុសលធម៌ តែមិនធ្វើឲ្យជាក់ច្បាស់ នូវឧត្តរិមនុស្សធម៌  ជាធម៌ដ៏វិសេស  ដែលគួរ​ឃើញ​ ដោយញាណ​ដ៏ប្រសើរ។  ម្នាលគាមណី  បុគ្គលអ្នកមានតបៈ  មានការចិញ្ចឹម​ជីវិត ដ៏សៅហ្មងនេះ  គួរតិះដៀល ដោយហេតុ ២ ប្រការ  គួរសរសើរ ដោយហេតុ ១ ប្រការ។  គួរតិះដៀល ដោយហេតុ ២ ប្រការ តើដូចម្តេច។ ​គួរតិះដៀល ដោយហេតុទី ១ ដូច្នេះថា  បុគ្គលនោះ ធ្វើខ្លួនឲ្យក្តៅក្រហាយ ​ឲ្យខ្លោចផ្សា។ ​ គួរតិះដៀល ដោយហេតុទី ២ ដូច្នេះថា ​បុគ្គលនោះ មិនធ្វើឲ្យជាក់ច្បាស់ នូវឧត្តរិមនុស្សធម៌  ជាធម៌ដ៏វិសេស  ដែល​គួរ​ឃើញ ដោយញាណដ៏ប្រសើរ។  គួរសរសើរ ដោយហេតុ ១ ប្រការ តើដូចម្តេច។ ​គួរសរសើរ ដោយហេតុ ១ ប្រការ ដូច្នេះថា  បុគ្គលនោះ បានសម្រេច នូវកុសលធម៌។  ម្នាលគាមណី បុគ្គលអ្នកមានតបៈ  មានការចិញ្ចឹមជីវិត ដ៏សៅហ្មងនេះ  គួរតិះដៀល ​ដោយ​ហេតុ ២ ប្រការនេះ  គួរសរសើរ ដោយហេតុ ១ ប្រការនេះឯង។

[២៨៩]  ម្នាលគាមណី  បណ្តាបុគ្គលទាំងនោះ ​បុគ្គលអ្នកមានតបៈ  មានការ​ចិញ្ចឹម​ជីវិត ដ៏សៅហ្មងឯណា ​ធ្វើខ្លួនឲ្យក្តៅក្រហាយ ឲ្យខ្លោចផ្សា ក៏បានសម្រេច នូវ​កុសលធម៌ផង បានធ្វើឲ្យជាក់ច្បាស់ នូវឧត្តរិមនុស្សធម៌ ជាធម៌ដ៏វិសេស ដែលគួរ​ឃើញ​ដោយញាណដ៏ប្រសើរផង។ ម្នាលគាមណី បុគ្គលអ្នកមានតបៈ  មានការចិញ្ចឹម​ជីវិត​ដ៏សៅហ្មងនេះ  គួរតិះដៀល ដោយហេតុ ១ ប្រការ  គួរសរសើរ ដោយហេតុ ២ ប្រការ។  គួរតិះដៀល ដោយហេតុ ១ ប្រការ តើដូចម្តេច។ ​គួរតិះដៀល ដោយហេតុ ១ ប្រការ ដូច្នេះថា  បុគ្គលនោះ ធ្វើខ្លួនឲ្យក្តៅក្រហាយ ​ឲ្យខ្លោចផ្សា។  គួរសរសើរ ដោយ​ហេតុ ​២ ប្រការ តើដូចម្តេច។  គួរសរសើរ ដោយហេតុទី ១ ដូច្នេះថា  បុគ្គលនោះ បានសម្រេច នូវកុសលធម៌។  គួរសរសើរដោយហេតុទី ២ ដូច្នេះថា  បុគ្គលនោះ ធ្វើឲ្យ​ជាក់ច្បាស់​នូវឧត្តរិមនុស្សធម៌ ជាធម៌ដ៏វិសេស ដែលគួរឃើញ ដោយញាណដ៏ប្រសើរ។  ម្នាល​គាមណី  បុគ្គលអ្នកមានតបៈ  មានការចិញ្ចឹមជីវិត ដ៏សៅហ្មងនេះ  គួរតិះដៀល ដោយ​ហេតុ ១ ប្រការនេះ  គួរសរសើរ ដោយហេតុ ២ ប្រការនេះឯង។

[២៩០]  ម្នាលគាមណី  ធម្មជាតិ ៣ ប្រការនេះ ជាធម្មជាតិ ដែលបុគ្គលឃើញ​ច្បាស់​ខ្លួនឯង មិនចេះចាស់ ឲ្យផលមិនរង់ចាំកាល គួរដល់ឯហិបស្សវិធី គួរបង្អោន​ចូលមកទុកក្នុងចិត្ត  អ្នកប្រាជ្ញទាំងឡាយ គួរដឹងច្បាស់ចំពោះខ្លួន។  ធម្មជាតិ ៣ ប្រការ តើដូចម្តេច។  បុគ្គលអ្នកមានតម្រេក  តែងត្រិះរិះ ដើម្បីបៀតបៀនខ្លួនឯងផង  ត្រិះរិះ​ដើម្បី​បៀតបៀនបុគ្គលដទៃផង  ត្រិះរិះដើម្បីបៀតបៀនទាំងពីរខាងផង  ព្រោះមាន​តម្រេក​ជាហេតុ  កាលបើបុគ្គលលះបង់តម្រេកបានហើយ  ទើបមិនត្រិះរិះ ដើម្បីបៀតបៀន​ខ្លួន​ឯងផង  មិនត្រិះរិះ ដើម្បីបៀតបៀនបុគ្គលដទៃផង  មិនត្រិះរិះ ដើម្បីបៀតបៀន​ទាំងពីរ​ខាង​ផង  (នេះ)  ជាធម្មជាតិ ដែលបុគ្គលឃើញច្បាស់ខ្លួនឯង  មិនចេះចាស់  ឲ្យផល​មិន​រង់ចាំកាល  គួរដល់ឯហិបស្សវិធី  គួរបង្អោនមកទុកក្នុងចិត្ត  អ្នកប្រាជ្ញទាំង​ឡាយ​ គួរ​ដឹងច្បាស់ចំពោះខ្លួន។  បុគ្គលអ្នកមានចិត្តប្រទូស្ត  តែងត្រិះរិះ ដើម្បីបៀតបៀន​ខ្លួនឯង​ផង ត្រិះរិះដើម្បីបៀតបៀនបុគ្គលដទៃផង  ត្រិះរិះដើម្បី​បៀតបៀនទាំងពីរខាងផង  ព្រោះ​មាន​ចិត្តប្រទូស្តជាហេតុ  កាលបើបុគ្គលលះបង់ចិត្ត​ប្រទូស្តបានហើយ  ទើបមិនត្រិះរិះ ​ដើម្បី​បៀតបៀនខ្លួនឯងផង  មិនត្រិះរិះ ដើម្បីបៀតបៀន​បុគ្គលដទៃផង  មិនត្រិះរិះ ដើម្បី​បៀតបៀន​ទាំងពីរខាងផង  (នេះ)  ជាធម្មជាតិ ដែលបុគ្គលឃើញច្បាស់ខ្លួនឯង  មិន​ចេះចាស់  ឲ្យ​ផល​មិនរង់ចាំកាល  គួរដល់ឯហិបស្សវិធី  គួរបង្អោនមកទុកក្នុងចិត្ត  អ្នកប្រាជ្ញ​ទាំង​ឡាយ គួរដឹងច្បាស់ ចំពោះខ្លួន។  បុគ្គលអ្នកវង្វេង  តែងត្រិះរិះដើម្បីបៀតបៀនខ្លួនឯងផង  ត្រិះរិះដើម្បីបៀតបៀនបុគ្គលដទៃផង  ត្រិះរិះដើម្បីបៀតបៀនទាំងពីរខាងផង  ព្រោះ​មានសេចក្តីវង្វេងជាហេតុ ​កាលបើបុគ្គលលះបង់សេចក្តីវង្វេងបានហើយ  ទើបមិន​ត្រិះរិះ​ដើម្បីបៀតបៀនខ្លួនឯងផង  មិនត្រិះរិះដើម្បីបៀតបៀនបុគ្គលដទៃផង  មិនត្រិះរិះដើម្បី​បៀតបៀនទាំងពីរខាងផង  (នេះ)  ជាធម្មជាតិ ដែលបុគ្គលឃើញច្បាស់ខ្លួនឯង មិនចេះ​ចាស់  ឲ្យផលមិនរង់ចាំកាល  គួរដល់ឯហិបស្សវិធី  គួរបង្អោនមកទុកក្នុងចិត្ត  អ្នក​ប្រាជ្ញ​ទាំងឡាយ គួរដឹងច្បាស់ចំពោះខ្លួន។  ម្នាលគាមណី ធម្មជាតិ ទាំង ៣ ប្រការ​នេះឯង  ជាធម្មជាតិ ដែលបុគ្គលឃើញច្បាស់ខ្លួនឯង  មិនចេះចាស់  ឲ្យផលមិនរង់ចាំ​កាល គួរដល់ឯហិបស្សវិធី គួរបង្អោនមកទុកក្នុងចិត្ត អ្នកប្រាជ្ញទាំងឡាយ គួរដឹង​ចំពោះ​ខ្លួន។  កាលបើព្រះដ៏មានព្រះភាគ ត្រាស់យ៉ាងនេះហើយ  រាសិយគាមណី  ពោលសរសើរ ព្រះដ៏មានព្រះភាគ ដូច្នេះថា  ភ្លឺច្បាស់ណាស់ ព្រះអង្គ  ភ្លឺច្បាស់ណាស់ ព្រះអង្គ។បេ។  សូមព្រះដ៏មានព្រះភាគ ទ្រង់ចាំទុកនូវខ្ញុំព្រះអង្គ ថាជាឧបាសក  អ្នកដល់សរណគមន៍ ស្មើដោយជីវិត  តាំងអំពីថ្ងៃនេះ  ជាដើមតទៅ ។  ចប់ សូត្រ ទី១២។

[២៩១] សម័យមួយ  ព្រះដ៏មានព្រះភាគ គង់នៅក្នុងនិគមឈ្មោះ ឧត្តរៈ  របស់ពួក​ក្សត្រយ៍កោឡិយៈ  ក្នុងកោឡិយជនបទ។  គ្រានោះ  គាមណីឈ្មោះ បាដលិយៈ ចូល​ទៅគាល់​ព្រះដ៏មានព្រះភាគ  លុះចូលទៅដល់  ក៏ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយ​អង្គុយក្នុងទីដ៏សមគួរ។  លុះបាដលិយគាមណី អង្គុយក្នុងទីដ៏សមគួរហើយ  ក៏ក្រាប​បង្គំ​ទូលព្រះដ៏មានព្រះភាគ ដូច្នេះថា  បពិត្រព្រះអង្គដ៏ចំរើន  ខ្ញុំព្រះអង្គ បានឮដូច្នេះថា  ព្រះសមណគោតមចេះមាយា (កលឧបាយ)។  បពិត្រព្រះអង្គដ៏ចំរើន  ពួកជនឯណា​ជាអ្នកពោលថា  ព្រះសមណគោតមចេះមាយាដូច្នេះ។  បពិត្រព្រះអង្គដ៏ចំរើន  ជន​ទាំងនោះ ឈ្មោះថា ជាអ្នកពោលតាមពាក្យ ដែលព្រះដ៏មានព្រះភាគត្រាស់ហើយផង  មិន​មែនពោលបង្កាច់ព្រះដ៏មានព្រះភាគ ដោយពាក្យមិនពិតផង  ពោលនូវធម៌ សមគួរ​ដល់​ធម៌ផង  លំអានពាក្យតូចធំណាមួយ  ជាពាក្យប្រកបដោយធម៌  មិនដល់នូវហេតុគួរ​តិះដៀលទេឬ។  បពិត្រព្រះអង្គដ៏ចំរើន  ឯខ្ញុំព្រះអង្គ មិនមែនជាអ្នកចង់ពោលបង្កាច់​ព្រះដ៏មានព្រះភាគទេ។  ព្រះអង្គត្រាស់ថា ម្នាលគាមណី  ពួកជនឯណាពោលថា ព្រះសមណគោតមចេះមាយាដូច្នេះ។  ជនទាំងនោះ ឈ្មោះថាពោលតាមពាក្យ ដែល​តថាគតពោលហើយផង មិនមែនពោលបង្កាច់តថាគត ដោយពាក្យមិនពិតផង  ពោលនូវ​ធម៌ សមគួរដល់ធម៌ផង  លំអានពាក្យតូចធំណាមួយ  ជាពាក្យប្រកបដោយធម៌  មិនដល់នូវហេតុគួរតិះដៀលទេ។  យីអើ យើងមិនជឿសមណព្រាហ្មណ៍ទាំងនោះសោះ ឥឡូវឮថា ព្រះសមណគោតមចេះមាយាពិតមែនហើយ។ យីអើ ព្រះសមណគោតម ជាអ្នកមានមាយាដែរតើ។ [បើមើលតាមបាលី ឃ្លានេះ គួរបកថា ម្នាលគាមណី បុគ្គល​ឯណា​ពោលថា ខ្ញុំចេះមាយាដូច្នេះ។ សូមអ្នកសិក្សាពិចារណាផងចុះ]។ បុគ្គលនោះ ក៏ដូចជាពោលថា  ខ្ញុំជាអ្នកមានមាយាដូច្នេះដែរ។ បពិត្រព្រះដ៏មានព្រះភាគ ពាក្យនោះ រមែងមានក្នុងរឿងនោះ  បពិត្រព្រះសុគត  ពាក្យនោះ រមែងមានដូច្នោះឯង។  ម្នាលគាមណី  បើដូច្នោះ  តថាគតនឹងសួរអ្នក ក្នុងរឿងនុ៎ះ។  អ្នកគាប់ចិត្តយ៉ាងណា  អ្នកគប្បីព្យាកររឿងនោះ យ៉ាងនោះចុះ។

[២៩២]  ម្នាលគាមណី  អ្នកសំគាល់សេចក្តីនោះ ដូចម្តេច  អ្នកស្គាល់ពួក​លម្ពចូឡកៈ ជាអាមាត្យរបស់ពួកក្សត្រីយ៍កោឡិយៈដែរឬ។  បពិត្រព្រះអង្គដ៏ចំរើន  ខ្ញុំព្រះអង្គស្គាល់ពួកលម្ពចូឡកៈ ជាអាមាត្យរបស់ពួកក្សត្រីយ៍កោឡិយៈដែរ។  ម្នាល​គាមណី អ្នកសំគាល់សេចក្តីនោះ ដូចម្តេច ពួកលម្ពចូឡកៈ ជាអាមាត្យរបស់ពួកក្សត្រីយ៍​​កោឡិយៈ មានប្រយោជន៍អ្វី។  បពិត្រព្រះអង្គដ៏ចំរើន  ពួកលម្ពចូឡកៈ ជា​អាមាត្យ របស់ពួកក្សត្រីយ៍កោឡិយៈ​ មានប្រយោជន៍ដូច្នេះគឺ  ដើម្បីរាំងរាពួកចោរ ​នៃពួក​កោឡិយៈ​ផង  ដើម្បីនាំទៅ នូវទូតកម្ម នៃពួកកោឡិយៈផង។  ម្នាលគាមណី  អ្នក​សំគាល់​សេចក្តីនោះ​ ដូចម្តេច  អ្នកស្គាល់ពួកលម្ពចូឡកៈ ជាអាមាត្យក្នុងនិគម​របស់​ពួក​កោឡិយៈថា  អមាត្យទាំងនោះ ជាអ្នកមានសីល ឬទ្រុស្តសីលដែរឬ។  បពិត្រ​ព្រះអង្គ​ដ៏​ចំរើន  ខ្ញុំព្រះអង្គ ស្គាល់ពួកលម្ពចូឡកៈ ជាអាមាត្យរបស់ពួកក្សត្រីយ៍​កោឡិយៈ​ថា ជាអ្នកទ្រុស្តសីល មានធម៌អាក្រក់ មួយទៀត ពួកជនឯណា អ្នកទ្រុស្តសីល  មានធម៌អាក្រក់​ក្នុងលោក  បណ្តាជនទាំងនោះ  ពួកលម្ពចូឡកៈ ជា​អាមាត្យ របស់ពួកក្សត្រីយ៍កោឡិយៈ ក៏ជាអ្នកទ្រុស្តសីល  មានធម៌អាក្រក់មួយដែរ។  ម្នាល​គាមណី  ជនឯណា ពោលយ៉ាងនេះថា  បាដលិយគាមណី ស្គាល់ពួកលម្ពចូឡកៈ​ជាអាមាត្យរបស់ពួកក្សត្រីយ៍កោឡិយៈថា ជាអ្នកទ្រុស្តសីល  មានធម៌អាក្រក់  ឯ​បាដលិយគាមណី​ ក៏ជាអ្នកទ្រុស្តសីល  មានធម៌អាក្រក់ដែរ  កាលបើជនទាំងនោះ ពោល​ដូច្នេះ តើឈ្មោះថា ពោលដោយត្រឹមត្រូវដែរឬ។  មិនមែនដូច្នោះទេ ព្រះអង្គ។  បពិត្រ​ព្រះអង្គ​ដ៏ចំរើន  ពួកលម្ពចូឡកៈ ជាអាមាត្យរបស់ពួកក្សត្រីយ៍កោឡិយៈ ជាពួកផ្សេង  ខ្ញុំព្រះអង្គ ជាមនុស្សផ្សេង ពួកលម្ពចូឡកៈ ជាអាមាត្យរបស់ពួកក្សត្រីយ៍កោឡិយៈ​មានធម៌ផ្សេង  ខ្ញុំព្រះអង្គ ក៏មានធម៌ផ្សេង។  ម្នាលគាមណី  អ្នកឯងមិនបាន​នូវពាក្យ​វោហាថា បាដលិយគាមណី ស្គាល់ពួកលម្ពចូឡកៈ ជាអាមាត្យរបស់ពួកក្សត្រីយ៍​កោឡិយៈ​ ថាជាអ្នកទ្រុស្តសីល  មានធម៌អាក្រក់  ចំណែកបាដលិយគាមណី​ ក៏មិនមែន​ជាអ្នកទ្រុស្តសីល មានធម៌អាក្រក់ទេ ព្រោះហេតុនោះ ព្រះតថាគតក៏មិនបាននូវពាក្យ​វោហារថា  ព្រះតថាគតស្គាល់មាយាមែន  តែតថាគត មិនមែនជាអ្នកមានមាយាទេ។

[២៩៣]  ម្នាលគាមណី  តថាគតស្គាល់ច្បាស់នូវមាយា និងផលនៃមាយា  ទាំងបុគ្គលអ្នកមានមាយា  ប្រតិបត្តិយ៉ាងណា  លុះបែកធ្លាយរាងកាយស្លាប់ទៅ  តែង​ទៅកើតក្នុងកំណើតតិរច្ឆាន  ប្រេត  អសុរកាយ  នរក នោះសោត  ក៏តថាគតស្គាល់​ច្បាស់​ដែរ។ ម្នាលគាមណី តថាគតស្គាល់ច្បាស់ នូវបាណាតិបាត​ និងផលនៃ​បាណាតិបាត  ទាំងបុគ្គលអ្នកធ្វើបាណាតិបាត  ប្រតិបត្តិយ៉ាងណា  លុះបែកធ្លាយរាងកាយស្លាប់ទៅ  តែងទៅកើតក្នុងកំណើតតិរច្ឆាន  ប្រេត  អសុរកាយ  នរកនោះសោត  ក៏តថាគត ស្គាល់ច្បាស់ដែរ។  ម្នាលគាមណី  តថាគតស្គាល់ច្បាស់ នូវអទិន្នាទាន និងផលនៃ​អទិន្នាទាន  ទាំងបុគ្គលអ្នកធ្វើអទិន្នាទាន  ប្រតិបត្តិយ៉ាងណា  លុះបែកធ្លាយរាងកាយ​ស្លាប់​ទៅ  តែងទៅកើតក្នុងកំណើតតិរច្ឆាន  ប្រេត  អសុរកាយ  នរកនោះសោត  ក៏តថាគតស្គាល់ច្បាស់ដែរ។  ម្នាលគាមណី ​តថាគតស្គាល់ច្បាស់ នូវកាមេសុមិច្ឆាចារ​និងផលនៃកាមេសុមិច្ឆាចារ  ទាំងបុគ្គលអ្នកប្រព្រឹត្តកាមេសុមិច្ឆាចារ ប្រតិបត្តិយ៉ាងណា  លុះបែកធ្លាយរាងកាយស្លាប់ទៅ  តែងទៅកើតក្នុងកំណើតតិរច្ឆាន  ប្រេត  អសុរកាយ  នរកនោះសោត  ក៏តថាគតស្គាល់ច្បាស់ដែរ។  ម្នាលគាមណី  តថាគតស្គាល់ច្បាស់នូវ​មុសាវាទៈ​ និងផលនៃមុសាវាទៈ  ទាំងបុគ្គលអ្នកពោលមុសាវាទ  ប្រតិបត្តិយ៉ាងណា  លុះបែកធ្លាយរាងកាយស្លាប់ទៅ  តែងទៅកើតក្នុងកំណើតតិរច្ឆាន  ប្រេត  អសុរកាយ  នរកនោះសោត  ក៏តថាគតស្គាល់ច្បាស់ដែរ។ ​ ម្នាលគាមណី  តថាគតស្គាល់ច្បាស់​នូវបិសុណាវាចា និងផលនៃបិសុណាវាចា ទាំងបុគ្គលអ្នកពោលបិសុណាវាចា ប្រតិបត្តិ​យ៉ាងណា  លុះបែកធ្លាយរាងកាយស្លាប់ទៅ  តែងទៅកើតក្នុងកំណើតតិរច្ឆាន  ប្រេត  អសុរកាយ  នរកនោះសោត  ក៏តថាគតស្គាល់ច្បាស់ដែរ។  ម្នាលគាមណី  តថាគត​ស្គាល់ច្បាស់នូវផរុសវាចា និងផលនៃផរុសវាចា ទាំងបុគ្គលអ្នកពោលផរុសវាចា  ប្រតិបត្តិយ៉ាងណា  លុះបែកធ្លាយរាងកាយស្លាប់ទៅ  តែងទៅកើតក្នុងកំណើតតិរច្ឆាន  ប្រេត  អសុរកាយ  នរកនោះសោត  ក៏តថាគតស្គាល់ច្បាស់ដែរ។  ម្នាលគាមណី  តថាគតស្គាល់ច្បាស់ នូវសម្ផប្បលាបៈ និងផលនៃសម្ផប្បលាបៈ  ទាំងបុគ្គលអ្នកពោល​សម្ផប្បលាបៈ  ប្រតិបត្តិយ៉ាងណា  លុះបែកធ្លាយរាងកាយស្លាប់ទៅ  តែងទៅកើត ក្នុងកំណើតតិរច្ឆាន  ប្រេត  អសុរកាយ  នរកនោះសោត  ក៏តថាគតស្គាល់ច្បាស់ដែរ។  ម្នាលគាមណី  តថាគតស្គាល់ច្បាស់ នូវអភិជ្ឈា និងផលនៃអភិជ្ឈា ​ ទាំងបុគ្គលអ្នកមាន​អភិជ្ឈា ប្រតិបត្តិយ៉ាងណា លុះបែកធ្លាយរាងកាយស្លាប់ទៅ តែងទៅកើតក្នុង​កំណើត​តិរច្ឆាន  ប្រេត  អសុរកាយ  នរកនោះសោត  ក៏តថាគតស្គាល់ច្បាស់ដែរ។  ម្នាលគាមណី តថាគតស្គាល់ច្បាស់ នូវសេចក្តីប្រទូស្ត ដោយអំណាចព្យាបាទ និងផលនៃ​សេចក្តី​ប្រទូស្ត ដោយអំណាចព្យាបាទ  ទាំងបុគ្គលអ្នកមានចិត្តព្យាបាទ  ប្រតិបត្តិយ៉ាង​ណា  លុះបែកធ្លាយរាងកាយស្លាប់ទៅ  តែងទៅកើតក្នុងកំណើតតិរច្ឆាន  ប្រេត  អសុរកាយ  នរកនោះសោត  ក៏តថាគតស្គាល់ច្បាស់ដែរ។   ម្នាលគាមណី  តថាគតស្គាល់ច្បាស់ នូវមិច្ឆាទិដ្ឋិ និងផលនៃមិច្ឆាទិដ្ឋិ  ទាំងបុគ្គលជាមិច្ឆាទិដ្ឋិ  ប្រតិបត្តិ​យ៉ាងណា  លុះបែកធ្លាយរាងកាយស្លាប់ទៅ  តែងទៅកើតក្នុងកំណើតតិរច្ឆាន  ប្រេត  អសុរកាយ  នរកនោះសោត  ក៏តថាគតស្គាល់ច្បាស់ដែរ។

[២៩៤] ម្នាលគាមណី​​  សមណព្រាហ្មណ៍ពួកមួយ  ជាអ្នកមានវាទៈយ៉ាងនេះ  មានទិដ្ឋិយ៉ាងនេះថា បុគ្គលឯណានីមួយ សម្លាប់សត្វ បុគ្គលទាំងអស់នោះ តែងសោយ​ទុក្ខទោមនស្ស ក្នុងបច្ចុប្បន្ន បុគ្គលឯណានីមួយ កាន់យកទ្រព្យ ដែលគេមិនបានឲ្យ បុគ្គល​ទាំងអស់នោះ តែងសោយទុក្ខទោមនស្ស ក្នុងបច្ចុប្បន្ន  បុគ្គលឯណានីមួយ ​ប្រព្រឹត្តខុស ​ក្នុងកាមទាំងឡាយ  បុគ្គលទាំងអស់នោះ តែងសោយទុក្ខទោមនស្ស ក្នុងបច្ចុប្បន្ន  បុគ្គល​ឯណា​នីមួយ ពោលពាក្យមុសា ​បុគ្គលទាំងអស់នោះ ​តែងសោយទុក្ខ​ទោមនស្ស ​ក្នុង​បច្ចុប្បន្ន។

[២៩៥]  ម្នាលគាមណី  បុគ្គលពួកខ្លះ ក្នុងលោកនេះ  ជាអ្នកមានកម្រងផ្កា  មានកុណ្ឌល ជម្រះកាយស្អាត ស្អិតស្អាង ស្អាតបាត កាត់សក់ និងពុកមាត់ ឲ្យស្រ្តី​បម្រើ​ដោយកាមទាំងឡាយ ហាក់ដូចជាព្រះរាជា។  ជនទាំងឡាយ និយាយនឹងបុគ្គល​នោះ ​យ៉ាង​​​​នេះ​ថា យីអើ បុរសនេះ តើបានធ្វើអំពើអ្វី បានជាមានកម្រងផ្កា មានកុណ្ឌល  ជម្រះកាយ​ស្អាត  ស្អិតស្អាងស្អាតបាត  កាត់សក់ និងពុកមាត់ ឲ្យស្រ្តីបម្រើដោយកាម​ទាំងឡាយ​ ហាក់ដូចជាព្រះរាជា។  ជនទាំងឡាយ និយាយនឹងបុរសនោះ យ៉ាងនេះថា  យីអើ  បុរស​នេះ  បានគ្របសង្កត់បុគ្គល ដែលជាសត្រូវនឹងស្តេច ផ្តាច់ផ្តិលចាកជីវិត  ទើបស្តេចមាន​ព្រះហឫទ័យត្រេកអរ បានព្រះរាជទានគ្រឿងសក្ការបូជា ព្រោះហេតុ​នោះ​ បានជាបុរស​នេះ មានកម្រងផ្កា  មានកុណ្ឌល  ជម្រះកាយស្អាត  ស្អិតស្អាង ស្អាត​បាត  កាត់សក់ និងពុកមាត់  ឲ្យស្រ្តីបម្រើដោយកាមទាំងឡាយ ហាក់ដូចជាព្រះរាជា។  ម្នាលគាមណី​​  បុគ្គលពួកខ្លះ ក្នុងលោកនេះ  ត្រូវគេចងស្លាបសេក ដោយខ្សែដ៏មាំ  កោរ​ត្រងោល បណ្តើរអាក្រោស ពីច្រកមួយទៅច្រកមួយ  ពីផ្លូវត្រឡែងកែងមួយ ទៅផ្លូវ​ត្រឡែង​កែងមួយ  ដោយ​ស្គរជ័យ មានសំឡេងលាន់ឮខ្លាំង ចេញតាមទ្វារខាងត្បូង ទៅកាត់ក្បាល ខាងត្បូង​ព្រះនគរ។  ជនទាំងឡាយ និយាយនឹងបុរសនោះ យ៉ាងនេះថា  យីអើ  បុរសនេះ ​តើ​បាន​ធ្វើអំពើអ្វី  បានជាគេចងស្លាបសេក ដោយខ្សែមាំ  កោរត្រងោល បណ្តើរអាក្រោស ​ពីច្រកមួយទៅច្រកមួយ ពីផ្លូវត្រឡែងកែងមួយ ទៅផ្លូវត្រឡែងកែង​មួយ  ដោយ​ស្គរជ័យ ​មានសំឡេងលាន់ឮខ្លាំង  ចេញតាមទ្វារខាងត្បូង ទៅកាត់ក្បាល ខាង​ត្បូង​ព្រះនគរ ដូច្នេះ។  ជនទាំងឡាយ និយាយនឹងបុរសនោះ យ៉ាងនេះថា  យីអើ ​បុរស​នេះ បានផ្តាច់​ជីវិត​ស្រ្តី ឬបុរស ដែលមានពៀរនឹងស្តេច  ព្រោះហេតុនោះ  បានជាពួក​ស្តេច​ចាប់​បុរស​នោះ​បានហើយ  ឲ្យធ្វើកម្មករណៈ មានសភាពយ៉ាងនេះ។  ម្នាលគាមណី  អ្នកសំគាល់ សេចក្តីនោះដូចម្តេច  អំពើមានសភាពយ៉ាងនេះ  អ្នកបានឃើញ ​ឬបានឮខ្លះដែរឬ។ ​បពិត្រព្រះអង្គដ៏ចំរើន  អំពើមានសភាពយ៉ាងនេះ  ខ្ញុំព្រះអង្គ បានឃើញ បាន​ឮ ហើយគង់នឹងបានឮផង។

[២៩៦] ម្នាលគាមណី បណ្តាសមណព្រាហ្មណ៍ទាំងនោះ សមណព្រាហ្មណ៍​ឯ​ណា ជាអ្នកមានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា បុគ្គលឯណានីមួយ សម្លាប់សត្វ  បុគ្គលទាំងអស់នោះ តែងសោយទុក្ខទោមនស្ស ក្នុងបច្ចុប្បន្ន។ ចុះសមណព្រាហ្មណ៍​ទាំង​នោះ ពោលពាក្យសច្ចៈ ឬមុសា។ ​មុសា ព្រះអង្គ។ មួយវិញទៀត សមណ​ព្រាហ្មណ៍​ឯណា ពោលពាក្យទទេ  ពាក្យកុហក  សមណព្រាហ្មណ៍ទាំងនោះ ជាអ្នកមានសីល ឬទ្រុស្តសីល។  ជាអ្នកទ្រុស្តសីល ព្រះអង្គ។  ចុះសមណព្រាហ្មណ៍ឯណា ជាអ្នក​ទ្រុស្ត​សីល មានធម៌អាក្រក់ សមណព្រាហ្មណ៍ទាំងនោះ ជាអ្នកប្រតិបត្តិខុស ឬប្រតិបត្តិត្រូវ។  ជាអ្នកប្រតិបត្តិខុស ព្រះអង្គ។ ចុះសមណព្រាហ្មណ៍ឯណា ជាអ្នកប្រតិបត្តិខុស  សមណ​ព្រាហ្មណ៍ទាំងនោះ ជាអ្នកមិច្ឆាទិដ្ឋិ ឬជាអ្នកសម្មាទិដ្ឋិ។ ជាអ្នកមិច្ឆាទិដ្ឋិ   ព្រះអង្គ។  ចុះពួកសមណព្រាហ្មណ៍ឯណា ជាអ្នកមិច្ឆាទិដ្ឋិ  អ្នកផងគួរជ្រះថ្លានឹងសមណ​​ព្រាហ្មណ៍ទាំងនោះដែរឬ។  ការនុ៎ះមិនគួរទេ ព្រះអង្គ។

[២៩៧]  ម្នាលគាមណី  បុគ្គលពួកខ្លះ ក្នុងលោកនេះ  ជាអ្នកមានកម្រងផ្កា  មាន​កុណ្ឌល។ បេ។ ឲ្យស្រ្តីទាំងឡាយ បម្រើដោយកាម ហាក់ដូចជាព្រះរាជា។ ជនទាំង​ឡាយ​​និយាយនឹងបុរសនោះ យ៉ាងនេះថា  យីអើ  បុរសនេះ បានធ្វើអំពើអ្វី  បានជាមាន​កម្រងផ្កា មានកុណ្ឌល។ បេ។  ឲ្យស្រ្តីទាំងឡាយ បម្រើដោយកាម ហាក់ដូចជាព្រះរាជា។  ជនទាំងឡាយ ក៏និយាយនឹងបុរសនោះ យ៉ាងនេះថា ​យីអើ  បុរសនេះ បានគ្រប​សង្កត់​បុគ្គល ដែលជាសត្រូវនឹងស្តេច ហើយកាន់យកទ្រព្យ ដែលគេមិនបានឲ្យ ទើប​ស្តេច​មានព្រះហឫទ័យត្រេកអរ បានព្រះរាជទានគ្រឿងសក្ការបូជា ដល់បុរសនោះ  ព្រោះហេតុនោះ  បានជាបុរសនេះ មានកម្រងផ្កា  មានកុណ្ឌល។ បេ។  ឲ្យស្រ្តីទាំង​ឡាយ​ បម្រើដោយកាម ហាក់ដូចជាព្រះរាជា។ បេ។  ម្នាលគាមណី  បុគ្គលពួកខ្លះ ​ក្នុង​លោក​នេះ​ ត្រូវគេចងស្លាបសេក ដោយខ្សែដ៏មាំ។ បេ។  កាត់ក្បាល ខាងត្បូងព្រះនគរ។  ជនទាំងឡាយ បាននិយាយនឹងបុរសនោះ យ៉ាងនេះថា  យីអើ  បុរសនេះ បានធ្វើអំពើអ្វី  បានជាគេចងស្លាបសេក ដោយខ្សែដ៏មាំ។ បេ។  កាត់ក្បាល ខាងត្បូងព្រះនគរ។  ជន​ទាំង​ឡាយ និយាយនឹងបុរសនោះ យ៉ាងនេះថា  យីអើ  បុរសនេះ បានកាន់យកទ្រព្យ ​ដែល​គេមិនបានឲ្យ អំពីស្រុកក្តី អំពីព្រៃក្តី  ដោយចំណែកនៃចិត្តជាចោរ  ព្រោះហេតុ​នោះ  បានជាពួកស្តេច ចាប់បុរសនោះបានហើយ  ឲ្យធ្វើកម្មករណៈ មានសភាពយ៉ាងនេះ។  ម្នាលគាមណី  អ្នកសំគាល់សេចក្តីនោះ ដូចម្តេច  អំពើមានសភាពយ៉ាងនេះ  អ្នកបាន​ឃើញ ឬបានឮខ្លះដែរឬ។  បពិត្រព្រះអង្គដ៏ចំរើន  ខ្ញុំព្រះអង្គ បានឃើញ បានឮ ហើយគង់នឹងបានឮផង។

[២៩៨]  ម្នាលគាមណី ​បណ្តាសមណព្រាហ្មណ៍ទាំងនោះ សមណព្រាហ្មណ៍​ពួក​ណា ជាអ្នកមានវាទៈយ៉ាងនេះ  មានទិដ្ឋិយ៉ាងនេះថា  បុគ្គលឯណានីមួយ កាន់យក​ទ្រព្យ​ដែលគេមិនបានឲ្យ  បុគ្គលទាំងអស់នោះ តែងសោយទុក្ខទោមនស្ស ក្នុងបច្ចុប្បន្ន។  សមណព្រាហ្មណ៍ទាំងនោះ  ពោលពាក្យសច្ចៈ​ ឬមុសា។ បេ។  អ្នកផងគួរជ្រះថ្លា​នឹង​សមណព្រាហ្មណ៍ទាំងនោះដែរឬ។ ​ការនុ៎ះមិនគួរទេ ព្រះអង្គ ។

[២៩៩]  ម្នាលគាមណី  បុគ្គលពួកខ្លះ ក្នុលោកនេះ  មានកម្រងផ្កា  មាន​កុណ្ឌល។ បេ។ ឲ្យស្រ្តីទាំងឡាយ បម្រើដោយកាម ហាក់ដូចជាព្រះរាជា។  ជនទាំង​ឡាយ​​និយាយនឹងបុរសនោះ យ៉ាងនេះថា  យីអើ  បុរសនេះ តើបានធ្វើអំពើអ្វី បានជាមាន​កម្រងផ្កា  មានកុណ្ឌល។ បេ។  ឲ្យស្រ្តីទាំងឡាយ បម្រើដោយកាម ហាក់ដូចជាព្រះ​រាជា។  ជនទាំងឡាយ និយាយនឹងបុរសនោះ យ៉ាងនេះថា  យីអើ  បុរសនេះ ​បាន​ប្រព្រឹត្ត​ល្មើស ក្នុងប្រពន្ធ របស់បុគ្គលដែលជាសត្រូវនឹងស្តេច ទើបស្តេចមាន​ព្រះហឫទ័យ​​​​ត្រេកអរ បានព្រះរាជទានគ្រឿងសក្ការបូជា ដល់បុរសនោះ ព្រោះហេតុនោះ  បានជា​បុរស​នោះ មានកម្រងផ្កា មានកុណ្ឌល។ បេ។  ឲ្យស្រ្តីទាំងឡាយ បម្រើដោយកាម ហាក់ដូចជា​ព្រះរាជា។  ម្នាលគាមណី  បុគ្គលពួកខ្លះ ក្នុងលោកនេះ  ត្រូវគេចាប់ចង​ស្លាប​សេក ដោយខ្សែដ៏មាំ។ បេ។  កាត់ក្បាល ខាងត្បូងព្រះនគរ។  ជនទាំងឡាយ​ និយាយ​នឹងបុរសនោះ យ៉ាងនេះថា ​យីអើ បុរសនេះ តើបានធ្វើអំពើអ្វី ទើបត្រូវគេចង​ស្លាបសេក ដោយខ្សែដ៏មាំ។ បេ។  កាត់ក្បាល ខាងត្បូងព្រះនគរ។  ជនទាំងឡាយ និយាយនឹងបុរស​នោះ យ៉ាងនេះថា  យីអើ  បុរសនេះ បានប្រព្រឹត្តល្មើស ក្នុងពួកស្រ្តី របស់​ត្រកូល ក្នុងពួកកុមារីរបស់ត្រកូល  ព្រោះហេតុនោះ ពួកស្តេចចាប់បុរសនោះបានហើយ  ទើបឲ្យធ្វើកម្មករណៈ មានសភាពយ៉ាងនេះ។  ម្នាលគាមណី  អ្នកសំគាល់សេចក្តីនោះ​ដូចម្តេច  អំពើមានសភាពយ៉ាងនេះ  អ្នកបានឃើញ ​ឬបានឮខ្លះដែរឬ។ ​បពិត្រព្រះអង្គ​ដ៏ចំរើន  អំពើមានសភាពយ៉ាងនេះ  ខ្ញុំព្រះអង្គបានឃើញ  បានឮ  ហើយគង់នឹងបាន​ឮ​ផង។

[៣០០]  ម្នាលគាមណី ​ បណ្តាសមណព្រាហ្មណ៍ទាំងនោះ  ពួកសមណ​ព្រាហ្មណ៍​ឯណា  ជាអ្នកមានវាទៈយ៉ាងនេះ  មានទិដ្ឋិយ៉ាងនេះថា  បុគ្គលឯណានីមួយ​ប្រព្រឹត្ត​ខុស ក្នុងកាមទាំងឡាយ  បុគ្គលទាំងអស់នោះ​ តែងសោយទុក្ខទោមនស្ស ក្នុង​បច្ចុប្បន្ន។  សមណព្រាហ្មណ៍ទាំងនោះ  ឈ្មោះថា ពោលពាក្យសច្ចៈ ឬមុសា។បេ។  អ្នកផងគួរជ្រះថ្លា នឹងសមណព្រាហ្មណ៍ទាំងនោះដែរឬ។  ការនុ៎ះមិនគួរទេ ព្រះអង្គ។

[៣០១]  ម្នាលគាមណី  បុគ្គលពួកខ្លះ ក្នុងលោកនេះ  ជាអ្នកមានកម្រងផ្កា  មាន​កុណ្ឌល ជម្រះកាយស្អាត ស្អិតស្អាង ស្អាតបាត កាត់សក់ និងពុកមាត់  ឲ្យស្រ្តី​ទាំង​ឡាយ​បម្រើដោយកាម ហាក់ដូចជាព្រះរាជា។ ​  ជនទាំងឡាយ និយាយនឹងបុរសនោះ​ យ៉ាង​នេះថា ​យីអើ  បុរសនេះ តើបានធ្វើអំពើអ្វី  ទើបមានកម្រងផ្កា  មានកុណ្ឌល  ជម្រះ​កាយស្អាត  ស្អិតស្អាងស្អាតបាត  កាត់សក់ និងពុកមាត់  ឲ្យពួកស្រ្តីទាំងឡាយ បម្រើ​ដោយកាម ហាក់ដូចជាព្រះរាជា។  ជនទាំងឡាយ និយាយនឹងបុរសនោះ យ៉ាងនេះថា  យីអើ បុរសនេះ បានញុំាងស្តេចឲ្យសប្បាយរីករាយ ដោយពាក្យមុសា ស្តេចមាន​ព្រះហឫទ័យ​​ត្រេកអរ  បានព្រះរាជទានគ្រឿងសក្ការបូជា ដល់បុរសនោះ  ព្រោះហេតុ​នោះ​ បានជាបុរសនេះ មានកម្រងផ្កា  មានកុណ្ឌល  ជម្រះកាយស្អាត  ស្អិតស្អាងស្អាត​បាត  កាត់សក់ និងពុកមាត់  ឲ្យស្រ្តីទាំងឡាយ បម្រើដោយកាម ហាក់ដូចជាព្រះរាជា។  ម្នាលគាមណី  បុគ្គលពួកខ្លះ ក្នុងលោកនេះ  ត្រូវគេចាប់ចងស្លាបសេក ដោយខ្សែដ៏មាំ  កោរត្រងោល បណ្តើរអាក្រោស ពីច្រកមួយទៅច្រកមួយ  ពីផ្លូវត្រឡែងកែងមួយ ទៅផ្លូវ​ត្រឡែងកែងមួយ  ដោយស្គរជ័យ មានសំឡេងលាន់ឮខ្លាំង  ចេញតាមទ្វារខាងត្បូង  កាត់​ក្បាល​ ខាងត្បូងព្រះនគរ។  ជនទាំងឡាយ ក៏និយាយនឹងបុរសនោះ​ យ៉ាងនេះថា  យីអើ  បុរសនេះ តើបានធ្វើអំពើអ្វី  ទើបត្រូវគេចាប់ចងស្លាបសេក ដោយខ្សែដ៏មាំ  កោរ​ត្រងោល បណ្តើរអាក្រោស ពីច្រកមួយទៅច្រកមួយ ពីផ្លូវត្រឡែងកែងមួយ ទៅផ្លូវ​ត្រឡែង​កែង​មួយ  ដោយស្គរជ័យ មានសំឡេងលាន់ឮខ្លាំង  ចេញតាមទ្វារខាងត្បូង  កាត់ក្បាល ខាងត្បូងព្រះនគរ។  ជនទាំងឡាយ ពោលនឹងបុរសនោះ យ៉ាងនេះថា  យីអើ  បុរសនេះ បានកាច់បង់ប្រយោជន៍ របស់គហបតី ឬគហបតិបុត្ត ដោយពាក្យមុសា  ព្រោះ​ហេតុនោះ  ពួកស្តេចចាប់បុរសនោះបានហើយ  ឲ្យធ្វើកម្មករណៈ​ មានសភាពយ៉ាងនេះ។  ម្នាលគាមណី  អ្នកសំគាល់សេចក្តីនោះ ដូចម្តេច  អំពើមានសភាពយ៉ាងនេះ  អ្នកបានឃើញ ឬបានឮខ្លះដែរឬ។  បពិត្រព្រះអង្គដ៏ចំរើន  ខ្ញុំព្រះអង្គ បានឃើញ បានឮ​ ហើយគង់នឹងបានឮផង។

[៣០២]  ម្នាលគាមណី ​ បណ្តាសមណព្រាហ្មណ៍ទាំងនោះ  ពួកសមណ​ព្រាហ្មណ៍​ឯណា  ជាអ្នកមានវាទៈយ៉ាងនេះ  មានទិដ្ឋិយ៉ាងនេះថា  បុគ្គលឯណាមួយ ពោលពាក្យមុសា បុគ្គលទាំងអស់នោះ តែងសោយទុក្ខទោមនស្ស ក្នុងបច្ចុប្បន្ន។  សមណ​ព្រាហ្មណ៍ទាំងនោះ  ឈ្មោះថា ពោលពាក្យសច្ចៈ ឬមុសា។  មុសា ព្រះអង្គ។  ពួកសមណព្រាហ្មណ៍ឯណា ពោលពាក្យទទេ  ពាក្យមុសា  សមណព្រាហ្មណ៍ទាំងនោះ ជាអ្នកមានសីល ឬទ្រុស្តសីល។  ជាអ្នកទ្រុស្តសីល ព្រះអង្គ។  ចុះសមណព្រាហ្មណ៍​ទាំងឡាយឯណា  ជាអ្នកទ្រុស្តសីល  មានធម៌អាក្រក់  សមណព្រាហ្មណ៍ទាំងនោះ ជាអ្នកប្រតិបត្តិខុស ឬប្រតិបត្តិត្រូវ។  ជាអ្នកប្រតិបត្តិខុស ព្រះអង្គ។  ចុះសមណព្រាហ្មណ៍​ទាំងឡាយឯណា  ជាអ្នកប្រតិបត្តិខុស  សមណព្រាហ្មណ៍ទាំងនោះ ជាអ្នកមិច្ឆាទិដ្ឋិ ឬជាអ្នកសម្មាទិដ្ឋិ។  ជាអ្នកមិច្ឆាទិដ្ឋិ ព្រះអង្គ​។  ចុះពួកសមណព្រាហ្មណ៍ឯណា  ជាអ្នក​មិច្ឆាទិដ្ឋិ  អ្នកផងគួរជ្រះថ្លា នឹងសមណព្រាហ្មណ៍ទាំងនោះដែរឬ។  ការនុ៎ះមិនគួរទេ ព្រះអង្គ។  អស្ចារ្យណាស់ ព្រះអង្គ  ចម្លែកណាស់ ព្រះអង្គ   បពិត្រព្រះអង្គដ៏ចំរើន  ខ្ញុំព្រះអង្គ មានផ្ទះសំណាក់មួយ  ក្នុងផ្ទះសំណាក់នោះ  មានគ្រែតូច  មានអាសនៈ  មានក្អមទឹក  មានប្រទីបប្រេង។  សមណព្រាហ្មណ៍ឯណា ចូលទៅអាស្រ័យក្នុងផ្ទះ សំណាក់នោះ  ខ្ញុំព្រះអង្គ ក៏ចាត់ចែង ចែកប្រគេនសមណៈ ឬព្រាហ្មណ៍នោះ  សមគួរតាមស័ក្តិ  តាមកម្លាំង។

[៣០៣]  បពិត្រព្រះអង្គដ៏ចំរើន  កាលពីមុន មានសាស្តា ៤ នាក់  ជាអ្នកមាន​យោបល់ផ្សេងគ្នា  មានសេចក្តីគាប់ចិត្តផ្សេងគ្នា  មានសេចក្តីចូលចិត្តផ្សេងគ្នា  ចូល​ទៅ​អាស្រ័យនៅក្នុងផ្ទះសំណាក់នោះ។  សាស្តាម្នាក់ មានវាទៈយ៉ាងនេះ  មានទិដ្ឋិយ៉ាង​នេះ​ថា ទានដែលបុគ្គលឲ្យហើយ មិនមានផល  ការបូជាធំ មិនមានផល ការបូជាតូច មិនមានផល ផលវិបាក របស់​កម្មទាំងឡាយ ដែលសត្វធ្វើល្អ ធ្វើអាក្រក់ មិនមាន  លោកនេះមិនមាន  លោកខាង​មុខមិនមាន  មាតាមិនមានគុណ  បិតាមិនមានគុណ  ពួកសត្វជាឧបបាតិកៈមិនមាន  ពួកសមណព្រាហ្មណ៍ ដែលប្រព្រឹត្តល្អ  ប្រតិបត្តិត្រឹមត្រូវ  ធ្វើឲ្យជាក់ច្បាស់​ ដោយប្រាជ្ញា​ ដ៏​​ក្រៃលែង ​ដោយខ្លួនឯង  ហើយប្រកាស នូវលោកនេះ និងលោកខាងមុខបាន  ក៏មិនមាន​ក្នុងលោក។

[៣០៤]  សាស្តាម្នាក់ទៀត  មានវាទៈយ៉ាងនេះ  មានទិដ្ឋិយ៉ាងនេះថា  ទានដែល​បុគ្គល​ឲ្យហើយ រមែងមានផល  ការបូជាធំមានផល  ការបូជាតូចមានផល  ផលវិបាក​របស់កម្មទាំងឡាយ ដែលសត្វធ្វើល្អ ធ្វើអាក្រក់ មាន  លោកនេះមាន  លោកខាងមុខ​មាន  មាតាមានគុណ  បិតាមានគុណ  ពួកសត្វ ដែលជាឧបបាតិកៈ មាន ពួកសមណ​ព្រាហ្មណ៍ ដែលប្រព្រឹត្តល្អ  ប្រតិបត្តិត្រឹមត្រូវ  ធ្វើឲ្យជាក់ច្បាស់ ដោយប្រាជ្ញា​ដ៏ក្រៃលែង​ដោយខ្លួនឯង  ហើយប្រកាស នូវលោកនេះ និងលោកខាងមុខ  ក៏មានក្នុងលោក។

[៣០៥]  សាស្តាម្នាក់ទៀត  មានវាទៈយ៉ាងនេះ  មានទិដ្ឋិយ៉ាងនេះថា  បុគ្គលធ្វើ​បាប​ខ្លួនឯង  ប្រើអ្នកដទៃឲ្យធ្វើ កាត់ ( អវយវៈគេ) ខ្លួនឯង ប្រើអ្នកដទៃឲ្យកាត់  បៀតបៀន​គេខ្លួនឯង  ប្រើអ្នកដទៃឲ្យបៀតបៀន  សោយសោកខ្លួនឯង  ធ្វើអ្នកដទៃឲ្យ​សោយសោក ធ្វើខ្លួនឯងឲ្យលំបាក ធ្វើអ្នកដទៃឲ្យលំបាក អន្ទះអន្ទែងខ្លួនឯង  ធ្វើអ្នកដទៃ​ឲ្យអន្ទះអន្ទែង  សម្លាប់សត្វខ្លួនឯង  ឬប្រើអ្នកដទៃ ឲ្យសម្លាប់សត្វ កាន់យកទ្រព្យ​ ដែល​គេ​មិនបានឲ្យ  កាត់តំណ (ជញ្ជាំង) ប្លន់យកទ្រព្យពួកអ្នកស្រុក ​ប្លន់យកទ្រព្យក្នុងផ្ទះ​មួយ ៗ  ឈរចាំលួច ឆក់ក្បែរផ្លូវធំ  គប់រកប្រពន្ធអ្នកដទៃ  ពោលពាក្យមុសា  បាបដែល​បុគ្គល​នោះធ្វើ  ឈ្មោះថា មិនបានធ្វើទេ  ទោះបីបុគ្គលណា ធ្វើពពួកសត្វលើប្រឹថពីនេះ ឲ្យមានគំនរសាច់តែមួយ  ឲ្យមានពំនូកសាច់តែមួយ  ដោយចក្រ មានខ្នងកង់ដ៏មុត  បាប​ដែលមានអំពើនោះ ជាហេតុក៏មិនមាន  ដំណើរមកនៃបាប ក៏មិនមាន។  ទោះបីបុគ្គល​ ឆ្លង​ទៅកាន់ត្រើយទន្លេគង្គាខាងត្បូង  ហើយសម្លាប់សត្វដោយខ្លួនឯង  ប្រើអ្នកដទៃឲ្យ​សម្លាប់  កាត់ (អវយវៈគេ) ខ្លួនឯង  ប្រើអ្នកដទៃឲ្យកាត់  បៀតបៀនគេខ្លួនឯង  ប្រើ​អ្នក​ដទៃឲ្យបៀតបៀន  បាបដែលមានអំពើនោះជាហេតុ ក៏មិនមាន  ដំណើរមកនៃបាប​ក៏មិនមាន។  ទោះបីបុគ្គលឆ្លងទៅកាន់ត្រើយទន្លេគង្គាខាងជើង  ហើយឲ្យទានខ្លួនឯង  ប្រើអ្នកដទៃឲ្យឲ្យទាន  បូជាខ្លួនឯង  ប្រើអ្នកដទៃឲ្យបូជា  បុណ្យដែលមានអំពើនោះ​ជាហេតុ ក៏មិនមាន  ដំណើរមកនៃបុណ្យ ក៏មិនមាន។  បុណ្យក៏មិនមានដោយការឲ្យទាន  ដោយការទូន្មាន  ដោយការសង្រួម  ដោយការពោលពាក្យសច្ចៈ  ដំណើរមកនៃបុណ្យ​ក៏មិនមាន។

[៣០៦]  សាស្តាម្នាក់ទៀត  មានវាទៈយ៉ាងនេះ  មានទិដ្ឋិយ៉ាងនេះថា  បាបដែល​បុគ្គលធ្វើដោយខ្លួនឯង  ប្រើអ្នកដទៃឲ្យធ្វើ  កាត់ (អវយវៈគេ) ខ្លួនឯង  ប្រើអ្នកដទៃ​ឲ្យ​កាត់  បៀតបៀនគេខ្លួនឯង  ប្រើអ្នកដទៃឲ្យបៀតបៀន  សោយសោកខ្លួនឯង  ធ្វើអ្នក​ដទៃ​ឲ្យសោយសោក  ធ្វើខ្លួនឯងឲ្យលំបាក  ធ្វើអ្នកដទៃឲ្យលំបាក  អន្ទះអន្ទែងខ្លួនឯង  ធ្វើអ្នកដទៃឲ្យអន្ទះអន្ទែង  សម្លាប់សត្វខ្លួនឯង  ឬប្រើអ្នកដទៃឲ្យសម្លាប់  កាន់យកទ្រព្យ​ដែលគេមិនបានឲ្យ  កាត់តំណ (ជញ្ជាំង) ប្លន់យកទ្រព្យពួកអ្នកស្រុក  ប្លន់យកទ្រព្យ​ក្នុងផ្ទះមួយ ៗ  ឈរចាំលួចឆក់ក្បែរផ្លូវធំ  គប់រកប្រពន្ធអ្នកដទៃ  ពោលពាក្យមុសា  បាប​ដែលបុគ្គលនោះធ្វើ  ឈ្មោះថា ធ្វើមែន  ទោះបីបុគ្គលឯណា​ ធ្វើនូវពពួកសត្វលើប្រឹថពី​នេះ​ ឲ្យមានគំនរសាច់តែមួយ  ឲ្យមានពំនូកសាច់តែមួយ  ដោយចក្រ មានខ្នងកង់ដ៏មុត  បាបដែលមានអំពើនោះជាហេតុក៏មាន ដំណើរមកនៃបាប ក៏មាន។  ទោះបីបុគ្គល ឆ្លង​ទៅ​កាន់ត្រើយ​ទន្លេគង្គាខាងត្បូង  ហើយសម្លាប់សត្វខ្លួនឯង  ប្រើអ្នកដទៃឲ្យសម្លាប់  កាត់     (អវយវៈគេ) ខ្លួនឯង  ប្រើអ្នកដទៃឲ្យកាត់  បៀតបៀនគេខ្លួនឯង  ប្រើអ្នកដទៃ​ឲ្យ​បៀត​បៀន  បាបដែលមានអំពើនោះជាហេតុ ក៏មាន  ដំណើរមកនៃបាប ក៏មាន។  ទោះបី​បុគ្គលឆ្លងទៅកាន់ត្រើយទន្លេគង្គាខាងជើង  ហើយឲ្យទានដោយខ្លួនឯង ប្រើអ្នកដទៃឲ្យ ឲ្យទាន បូជាដោយខ្លួនឯង ប្រើអ្នកដទៃឲ្យបូជា   បុណ្យដែលមានអំពើនោះ​ជាហេតុ ក៏មាន  ដំណើរមកនៃបុណ្យ ក៏មាន។ ​បុណ្យក៏មានដោយការឲ្យទាន  ដោយការទូន្មាន  ដោយ​ការ​សង្រួម  ដោយការពោលពាក្យសច្ចៈ  ដំណើរមកនៃបុណ្យ ក៏មាន។  បពិត្រព្រះអង្គ​ដ៏ចំរើន  ខ្ញុំព្រះអង្គ មានសេចក្តីសង្ស័យ  មានសេចក្តីងឿងឆ្ងល់ថា  បណ្តាសមណ​ព្រាហ្មណ៍​ដ៏ចំរើនទាំងនោះ  សមណព្រាហ្មណ៍ណា ពោលពាក្យសច្ចៈ  សមណព្រាហ្មណ៍ណា ពោលពាក្យមុសា។  ម្នាលគាមណី  ពិតហើយ  គួរឲ្យអ្នកសង្ស័យ  គួរឲ្យអ្នកងឿងឆ្ងល់ដែរ  មួយទៀត  សេចក្តីសង្ស័យ របស់អ្នក កើតមានក្នុងហេតុ ដែល គួរសង្ស័យ។  បពិត្រព្រះអង្គដ៏ចំរើន  ខ្ញុំព្រះអង្គ មានសេចក្តីជ្រះថ្លា ចំពោះព្រះដ៏មាន​ព្រះភាគ ដោយគិតដូច្នេះថា  ព្រះដ៏មានព្រះភាគ អាចទ្រង់សំដែងធម៌ ដល់ខ្ញុំព្រះអង្គ  តាមទំនង ដែលខ្ញុំព្រះអង្គ គួរលះបង់ នូវសេចក្តីសង្ស័យនេះចេញបាន។

[៣០៧]  ម្នាលគាមណី  ធម្មសមាធិ មាន  បើអ្នកបានចិត្តសមាធិ [អដ្ឋកថា កែត្រង់​ធម្មសមាធិ និងចិត្តសមាធិនេះជា ៣ ន័យ ន័យទី១ថា ទសកុសលកម្មបថធម៌ ឈ្មោះថា ធម្មសមាធិ មគ្គទាំង៤ ព្រមទាំងវិបស្សនា ឈ្មោះថា ចិត្តសមាធិ។ ន័យទី២ថា ធម៌ ៤យ៉ាង គឺ បាមោជ្ជៈ បីតិ បស្សទ្ធិ សមាធិ ឈ្មោះថា ធម្មសមាធិ មគ្គទាំង៤ ព្រមទាំងវិបស្សនា ឈ្មោះ​ថា ចិត្តសមាធិ។ ន័យទី៣ថា ព្រហ្មវិហារទាំង៤ ឈ្មោះថា ធម្មសមាធិ ឯកគ្គតាចិត្ត ដែល​កើតឡើង ដល់បុគ្គលកំពុងចំរើនព្រហ្មវិហារ ឈ្មោះថា ចិត្តសមាធិ។] ក្នុងធម្មសមាធិ​នោះ អ្នកក៏គប្បីលះបង់សេចក្តីសង្ស័យនេះចេញបាន ដោយប្រការដូច្នេះ។  ម្នាល​គាមណី  ចុះធម្មសមាធិ តើដូចម្តេច។  ម្នាលគាមណី  អរិយសាវកក្នុងសាសនានេះ  បានលះបង់បាណាតិបាត  វៀរស្រឡះចាកបាណាតិបាត  លះបង់អទិន្នាទាន  វៀរស្រឡះ ចាកអទិន្នាទាន  លះបង់កាមេសុមិច្ឆាចារ  វៀរស្រឡះ ចាកកាមេសុមិច្ឆាចារ  លះបង់មុសាវាទៈ  វៀរស្រឡះចាកមុសាវាទៈ  លះបង់បិសុណាវាចា  វៀរស្រឡះចាក បិសុណាវាចា  លះបង់ផរុសវាចា  វៀរស្រឡះចាកផរុសវាចា  លះបង់សម្ផប្បលាបៈ  វៀរស្រឡះចាកសម្ផប្បលាបៈ  លះបង់អភិជ្ឈា  ជាអ្នកមិនមានអភិជ្ឈា  លះបង់សេចក្តី​ប្រទូស្ត ដោយអំណាចព្យាបាទ  ជាអ្នកមានចិត្តមិនព្យាបាទ  លះបង់មិច្ឆាទិដ្ឋិ  ជាអ្នក​សម្មាទិដ្ឋិ។

[៣០៨]  ម្នាលគាមណី  អរិយសាវកនោះឯង ជាអ្នកប្រាសចាកអភិជ្ឈា  ប្រាស​ចាកព្យាបាទ យ៉ាងនេះហើយ  ជាអ្នកមិនមានសេចក្តីវង្វេង  មានសេចក្តីដឹងសព្វគ្រប់  មានស្មារតីខ្ជាប់ខ្ជួន  មានចិត្តប្រកបដោយមេត្តា  ផ្សាយទៅកាន់ទិសទី ១  សម្រាន្តនៅ ដោយឥរិយាបថ ទាំង ៤។  ទិសទី ២ ក៏ដូចគ្នា។  ទិសទី ៣ ក៏ដូចគ្នា។  ទិសទី ៤ ក៏ដូចគ្នា។  មានចិត្តប្រកបដោយមេត្តាដ៏ធំទូលាយ  ប្រមាណមិនបាន  មិនមានពៀរ  មិនមានព្យាបាទ  ផ្សាយទៅកាន់សត្វលោកទាំងអស់  ក្នុងទិសខាងលើ  ទិសខាងក្រោម  និងទិសទទឹង  គឺទិសតូច ៗ  ដោយយកខ្លួនមកប្រៀបផ្ទឹមនឹងសត្វទាំងពួង  ក្នុងទីទាំងពួង  សម្រាន្តនៅ ដោយឥរិយាបថ ទាំង ៤  ដោយប្រការដូច្នេះ។  អរិយសាវកនោះ  រមែង​ពិចារណាឃើញ ដូច្នេះថា  សាស្តាណា មានវាទៈយ៉ាងនេះ  មានទិដ្ឋិយ៉ាងនេះថា  ទានដែល​បុគ្គលឲ្យហើយ មិនមានផល  ការបូជាធំ មិនមានផល ការបូជាតូច មិនមានផល  ផលវិបាក​របស់កម្ម ដែលសត្វធ្វើល្អ ធ្វើអាក្រក់មិនមាន  លោកនេះមិនមាន  លោកខាងមុខ មិនមាន  មាតាមិនមានគុណ  បិតាមិនមានគុណ  ពួកសត្វជា​ឱបបាតិកៈ មិនមាន  ពួកសមណព្រាហ្មណ៍ ជាអ្នកប្រព្រឹត្តល្អ  ប្រតិបត្តិត្រឹមត្រូវ  ធ្វើឲ្យជាក់ច្បាស់ ដោយប្រាជ្ញា ដ៏ក្រៃលែងដោយខ្លួនឯង  ហើយប្រកាសនូវលោកនេះ និងលោកខាងមុខបាន ក៏មិនមាន​ក្នុងលោក។  បើពាក្យរបស់សាស្តាដ៏ចំរើននោះ ជាពាក្យសច្ចៈ ដោយហេតុ​មិន​ខុស​នឹងអញ ឥឡូវអញមិនបៀតបៀនសត្វណាមួយ​ដែលមានសេចក្តីតក់ស្លុត​ ឬមិនមាន​សេចក្តីតក់ស្លុតទេ  អញក៏បាន​ឈ្មោះថា ជាអ្នកកាន់យក នូវជ័យជំនះ​ទាំងពីរយ៉ាង​ ក្នុង​លោកនេះ  គឺថា អញបានសង្រួមកាយ ​សង្រួមវាចា  សង្រួមចិត្តហើយ  លុះបែកធ្លាយ​រាងកាយស្លាប់ទៅ  អញនឹងទៅកើត ក្នុងសុគតិសួគ៌ ទេវលោក។  បាមោជ្ជៈ (សេចក្តី​ត្រេកអរទន់) ក៏កើតឡើង ដល់អរិយសាវកនោះ  កាលបើមានបាមោជ្ជៈហើយ ​បីតិ (សេចក្តីត្រេកអរខ្លាំង) ក៏កើតឡើង  កាលបើមានចិត្តប្រកបដោយបីតិ  កាយក៏ស្ងប់  លុះមានកាយស្ងប់ហើយ  រមែងសោយសុខ  ចិត្តរបស់អរិយសាវក ដែលមានសុខ  រមែង​ដំកល់មាំ។  ម្នាលគាមណី  នេះឯងហៅថា ធម្មសមាធិ។  បើអ្នកបានចិត្ត​សមាធិ ​ក្នុងធម្មសមាធិនោះ  អ្នកមុខជាលះ​បង់​សេចក្តីសង្ស័យនេះចេញបាន ដោយ​ប្រការដូច្នេះ។

[៣០៩]  ម្នាលគាមណី  អរិយសាវកនោះឯង  ជាអ្នកប្រាសចាកអភិជ្ឈា  ប្រាស​ចាក​ព្យាបាទ  យ៉ាងនេះហើយ  ជាអ្នកមិនមានសេចក្តីវង្វេង  មានសេចក្តីដឹងសព្វគ្រប់  មានស្មារតីខ្ជាប់ខ្ជួន  មានចិត្តប្រកបដោយមេត្តា  ផ្សាយទៅកាន់ទិសទី ១  សម្រាន្តនៅ​ដោយឥ​រិយាបថ ទាំង ៤។  ទិសទី ២ ក៏ដូចគ្នា។  ទិសទី ៣ ក៏ដូចគ្នា។  ទិសទី ៤ ក៏ដូចគ្នា។  មានចិត្តប្រកបដោយមេត្តា ដ៏ធំទូលាយ ប្រមាណមិនបាន មិនមានពៀរ មិនមានព្យាបាទ ផ្សាយទៅកាន់សត្វលោកទាំងអស់  ក្នុងទិសខាងលើ  ទិសខាងក្រោម  និងទិសទទឹង គឺទិសតូច ៗ  ដោយយកខ្លួនមកប្រៀបផ្ទឹម នឹងសត្វទាំងពួង  ក្នុងទីទាំងពួង  សម្រាន្តនៅ ដោយឥរិយាបថ ទាំង ៤ ដោយប្រការដូច្នេះ។  អរិយសាវកនោះ  រមែង​ពិចារណាឃើញ ដូច្នេះថា  សាស្តាណា មានវាទៈយ៉ាងនេះ  មានទិដ្ឋិយ៉ាងនេះថា  ទានដែល​បុគ្គលឲ្យហើយ មានផល  ការបូជាធំមានផល  ការបូជាតូចមានផល  ផលវិបាករបស់​កម្ម ដែលសត្វធ្វើល្អ ធ្វើអាក្រក់មាន  លោកនេះមាន  លោកខាងមុខមាន  មាតាមាន​គុណ  បិតាមានគុណ  ពួកសត្វជាឱបបាតិកៈកំណើត មាន  ពួកសមណព្រាហ្មណ៍​ ដែល​ប្រព្រឹត្តល្អ ​ប្រតិបត្តិត្រឹមត្រូវ ធ្វើឲ្យជាក់ច្បាស់ ដោយប្រាជ្ញាដ៏ក្រៃលែង ដោយខ្លួនឯង ហើយ​ប្រកាសនូវលោកនេះ  និងលោកខាងមុខ  ក៏មាននៅក្នុងលោក។  បើពាក្យរបស់​សាស្តា​ដ៏ចំរើននោះ ជាពាក្យសច្ចៈ  ដោយហេតុមិនខុសនឹងអញ  ឥឡូវអញមិនបៀត​បៀន​សត្វណាមួយ ដែលមានសេចក្តីតក់ស្លុត ឬមិនមានសេចក្តីតក់ស្លុតទេ  អញក៏បាន ឈ្មោះថា ជាអ្នកកាន់យកនូវជ័យជំនះទាំងពីរយ៉ាង​ ក្នុងលោកនេះ  គឺថា អញបាន​សង្រួម​​កាយ  សង្រួមវាចា  សង្រួមចិត្តហើយ លុះបែកធ្លាយរាងកាយស្លាប់ទៅ  អញនឹងទៅ​កើត ក្នុងសុគតិសួគ៌ ទេវលោក។  បាមោជ្ជៈ ក៏កើតឡើង ដល់អរិយសាវកនោះ  កាលបើ​មានបាមោជ្ជៈហើយ  បីតិក៏កើតឡើង កាលបើមានចិត្តប្រកបដោយបីតិ  កាយក៏ស្ងប់  លុះមានកាយស្ងប់ហើយ  រមែងសោយសុខ  ចិត្តរបស់អរិយសាវក ដែលមានសុខ  រមែង​ដំកល់មាំ។  ម្នាលគាមណី  នេះឯងហៅថា ធម្មសមាធិ។  បើអ្នកបានចិត្តសមាធិ​ ក្នុងធម្មសមាធិនោះ  អ្នកមុខជាលះបង់​សេចក្តីសង្ស័យនេះចេញបាន  ដោយ​ប្រការដូច្នេះ។

[៣១០]  ម្នាលគាមណី  អរិយសាវកនោះឯង  ជាអ្នកប្រាសចាកអភិជ្ឈា  ប្រាស​ចាកព្យាបាទ យ៉ាងនេះហើយ  ជាអ្នកមិនមានសេចក្តីវង្វេង  មានសេចក្តីដឹងសព្វគ្រប់  មានស្មារតីខ្ជាប់ខ្ជួន  មានចិត្តប្រកបដោយមេត្តា  ផ្សាយទៅកាន់ទិសទី ១  សម្រាន្ត​នៅ​ដោយ​ឥរិយាបថ ទាំង ៤។  ទិសទី ២ ក៏ដូចគ្នា។  ទិសទី ៣ ក៏ដូចគ្នា។  ទិសទី ៤ ក៏ដូចគ្នា។  មានចិត្តប្រកបដោយមេត្តាដ៏ធំទូលាយ  ប្រមាណមិនបាន  មិនមានពៀរ  មិនមានព្យាបាទ  ផ្សាយទៅកាន់សត្វលោកទាំងអស់  ក្នុងទិសខាងលើ  ទិសខាងក្រោម  និងទិសទទឹង  គឺទិសតូច ៗ  ដោយយកខ្លួនប្រៀបផ្ទឹមនឹងសត្វទាំងពួង  ក្នុងទីទាំងពួង  សម្រាន្តនៅ ដោយឥរិយាបថ ទាំង ៤  ដោយប្រការដូច្នេះ។  អរិយសាវកនោះ  រមែង​ពិចារណាឃើញ ដូច្នេះថា  សាស្តាណា មានវាទៈយ៉ាងនេះ  មានទិដ្ឋិយ៉ាងនេះថា  បុគ្គល​ធ្វើបាបដោយខ្លួនឯង  ប្រើគេឲ្យធ្វើ  កាត់ (អវយវៈគេ) ខ្លួនឯង  ប្រើគេឲ្យកាត់  បៀត​បៀន​គេខ្លួនឯង  ប្រើគេឲ្យបៀតបៀន  សោយសោកខ្លួនឯង  ធ្វើគេឲ្យសោយសោក  ធ្វើខ្លួនឯងឲ្យលំបាក ធ្វើគេឲ្យលំបាក អន្ទះអន្ទែងខ្លួនឯង ធ្វើគេឲ្យអន្ទះអន្ទែង  សម្លាប់សត្វខ្លួនឯង  ឬប្រើគេឲ្យសម្លាប់  កាន់យកទ្រព្យ ដែលគេមិនបានឲ្យ  កាត់នូវតំណ (ជញ្ជាំង) ប្លន់យក​ទ្រព្យ​ពួកអ្នកស្រុក  ប្លន់យកទ្រព្យក្នុងផ្ទះមួយ ៗ ​ឈរចាំលួចឆក់ក្បែរផ្លូវធំ  គប់រក​ប្រពន្ធ​បុគ្គលដទៃ  ពោលពាក្យមុសា  បាបដែលបុគ្គលនោះធ្វើ  ឈ្មោះថា មិនបានធ្វើទេ  ទោះបី​បុគ្គលឯណា ធ្វើពពួកសត្វលើប្រឹថពីនេះ ឲ្យមានគំនរសាច់តែមួយ ​ឲ្យមានពំនូកសាច់​តែ​មួយ  ដោយចក្រ ដែលមានខ្នងកង់ដ៏មុត  បាបដែលមានអំពើនោះជាហេតុ ក៏មិនមាន  ដំណើរមកនៃបាប ក៏មិនមាន។ ទោះបីបុគ្គលឆ្លងទៅកាន់ត្រើយទន្លេគង្គាខាងត្បូង ហើយ​សម្លាប់សត្វខ្លួនឯង  ប្រើអ្នកដទៃឲ្យសម្លាប់   កាត់ (អវយវៈគេ) ខ្លួនឯង  ប្រើអ្នកដទៃ​ឲ្យ​កាត់ បៀតបៀនគេខ្លួនឯង  ប្រើអ្នកដទៃឲ្យបៀតបៀន  បាបដែលមានអំពើនោះជាហេតុ ក៏មិន​មាន  ដំណើរមកនៃបាបក៏មិនមាន។  ទោះបីបុគ្គល ឆ្លងទៅកាន់ត្រើយទន្លេ​គង្គាខាងជើង  ហើយឲ្យទានខ្លួនឯង  ប្រើអ្នកដទៃឲ្យឲ្យទាន  បូជាខ្លួនឯង  ប្រើអ្នកដទៃឲ្យបូជា  បុណ្យ​ដែល​មានអំពើនោះជាហេតុ ក៏មិនមាន  ដំណើរមកនៃបុណ្យ ក៏មិនមាន  បុណ្យក៏មិនមាន  ដោយការឲ្យទាន  ដោយការទូន្មាន  ដោយការសង្រួម  ដោយការពោលពាក្យសច្ចៈ  ដំណើរមកនៃបុណ្យ ក៏មិនមាន។  បើពាក្យរបស់សាស្តាដ៏ចំរើននោះ  ជាពាក្យសច្ចៈ  ដោយហេតុមិនខុសនឹងអញ  ឥឡូវអញមិនបៀតបៀនសត្វណាមួយ  ដែលមានសេចក្តី​តក់ស្លុត ឬមិនមានសេចក្តីតក់ស្លុតទេ  អញក៏បានឈ្មោះថា ជាអ្នកកាន់យកនូវជ័យជំនះ​ទាំងពីរយ៉ាង ក្នុងលោកនេះ  គឺថា អញបានសង្រួមកាយ  សង្រួមវាចា  សង្រួមចិត្តហើយ  លុះបែកធ្លាយរាងកាយស្លាប់ទៅ អញនឹងទៅកើតក្នុងសុគតិសួគ៌ ទេវលោក។  បាមោជ្ជៈ​​ក៏កើតឡើង ដល់អរិយសាវកនោះ  កាលបើមានបាមោជ្ជៈហើយ  បីតិក៏កើត​ឡើង  កាលបើមានចិត្តប្រកបដោយបីតិ  កាយក៏ស្ងប់  លុះមានកាយស្ងប់ហើយ  រមែង​សោយសុខ  ចិត្តរបស់អរិយសាវក ដែលមានសុខ  រមែងដំកល់មាំ។  ម្នាលគាមណី  នេះឯងហៅថា ធម្មសមាធិ។  បើអ្នកបានចិត្តសមាធិ ក្នុងធម្មសមាធិនោះ  អ្នកមុខជា​នឹង​លះបង់សេចក្តីសង្ស័យនេះចេញបាន  ដោយប្រការដូច្នេះ ។

[៣១១]  ម្នាលគាមណី  អរិយសាវកនោះឯង  ជាអ្នកប្រាសចាកអភិជ្ឈា  ប្រាស​ចាកព្យាបាទ យ៉ាងនេះហើយ  ជាអ្នកមិនមានសេចក្តីវង្វេង  មានសេចក្តីដឹងសព្វគ្រប់  មានស្មារតីខ្ជាប់ខ្ជួន  មានចិត្តប្រកបដោយមេត្តា  ផ្សាយទៅកាន់ទិសទី ១  សម្រាន្តនៅ​ដោយ​ឥរិយាបថទាំង ៤​។  ទិសទី ២​  ក៏ដូចគ្នា។  ទិសទី ៣  ក៏ដូចគ្នា។  ទិសទី ៤  ក៏ដូចគ្នា។  មាន​ចិត្តប្រកបដោយមេត្តា ដ៏ធំទូលាយ  ប្រមាណមិនបាន  មិនមានពៀរ  មិនមានព្យាបាទ  ផ្សាយទៅកាន់ទិសខាងលើ  ទិសខាងក្រោម និងទិសទទឹង  គឺទិសតូច ៗ  ដោយយកខ្លួនប្រៀបផ្ទឹមនឹងសត្វទាំងពួង  ក្នុងទីទាំងពួង  សម្រាន្តនៅដោយឥរិយាបថ​ ទាំង ៤  ដោយប្រការដូច្នេះ។  អរិយសាវកនោះ  រមែងពិចារណាឃើញ ដូច្នេះថា  សាស្តា​ណា មានវាទៈយ៉ាងនេះ  មានទិដ្ឋិយ៉ាងនេះថា  បាបដែលបុគ្គលធ្វើខ្លួនឯង  ប្រើគេឲ្យធ្វើ  កាត់ (អវយវៈគេ) ខ្លួនឯង  ប្រើគេឲ្យកាត់  បៀតបៀនគេខ្លួនឯង  ប្រើគេឲ្យបៀតបៀន  សោយសោកខ្លួនឯង  ធ្វើឲ្យគេសោយសោក  ធ្វើខ្លួនឯងឲ្យលំបាក  ធ្វើគេឲ្យលំបាក  អន្ទះអន្ទែងខ្លួនឯង  ធ្វើគេឲ្យអន្ទះអន្ទែង  សម្លាប់សត្វខ្លួនឯង  ឬប្រើគេឲ្យសម្លាប់  កាន់​យកទ្រព្យ ដែលគេមិនបានឲ្យ  កាត់តំណ (ជញ្ជាំង) ប្លន់យកទ្រព្យពួកអ្នកស្រុក  ប្លន់យក​ទ្រព្យក្នុងផ្ទះមួយ ៗ  ឈរចាំលួច​ឆក់ក្បែរផ្លូវធំ  គប់រកប្រពន្ធបុគ្គលដទៃ  និយាយមុសា  បាបដែលបុគ្គលនោះធ្វើ ឈ្មោះថា ធ្វើមែន បើបុគ្គលឯណា ធ្វើពពួកសត្វលើប្រឹថពីនេះ ​ឲ្យមានគំនរសាច់តែមួយ  ឲ្យមានពំនូកសាច់តែមួយ  ដោយចក្រ មានខ្នងកង់ដ៏មុត  បាប​ដែលមានអំពើនោះជាហេតុ ក៏មាន  ដំណើរមកនៃបាប ក៏មាន។  បើបុគ្គលឆ្លងទៅកាន់ ត្រើយទន្លេគង្គាខាងត្បូង  ហើយសម្លាប់សត្វខ្លួនឯង  ប្រើគេឲ្យសម្លាប់  កាត់ (អវយវៈគេ)  ខ្លួនឯង  ប្រើគេឲ្យកាត់  បៀតបៀនគេខ្លួនឯង  ប្រើគេឲ្យបៀតបៀន  បាបដែលមានអំពើ​នោះជាហេតុ ក៏មាន  ដំណើរមកនៃបាបក៏មាន។  បើបុគ្គលឆ្លងទៅកាន់ត្រើយទន្លេគង្គា​ខាងជើង  ហើយឲ្យទានខ្លួនឯង  ប្រើគេឲ្យឲ្យទាន  បូជាខ្លួនឯង  ប្រើគេឲ្យបូជា  បុណ្យ​ដែលមានអំពើនោះជាហេតុ ក៏មាន  ដំណើរមកនៃបុណ្យ ក៏មាន  បុណ្យក៏មានដោយការ​ឲ្យទាន  ដោយការទូន្មាន  ដោយការសង្រួម  ដោយការពោលពាក្យសច្ចៈ  ដំណើរមកនៃ​បុណ្យក៏មាន។  បើពាក្យរបស់សាស្តាដ៏ចំរើននោះ  ជាពាក្យសច្ចៈ  ដោយហេតុមិន​ខុស​នឹងពាក្យអញ  ឥឡូវអញមិនបៀតបៀនសត្វណាមួយ  ដែលមានសេចក្តីតក់ស្លុត​ឬមិនមានសេចក្តីតក់ស្លុតទេ  អញបានឈ្មោះថា ជាអ្នកកាន់យកនូវជ័យជំនះទាំងពីរ​យ៉ាង​ ក្នុងលោកនេះ  គឺថា អញបានសង្រួមកាយ  សង្រួមវាចា  សង្រួមចិត្តហើយ  លុះបែកធ្លាយរាងកាយស្លាប់ទៅ អញនឹងទៅកើតក្នុងសុគតិសួគ៌ ទេវលោក។  បាមោជ្ជៈ​ ក៏កើតឡើង ដល់អរិយសាវកនោះ  កាលបើមានបាមោជ្ជៈ  បីតិក៏កើតឡើង  កាលបើ​មាន​ចិត្ត​ប្រកបដោយបីតិ  កាយក៏ស្ងប់  លុះមានកាយស្ងប់  រមែងសោយសុខ  ចិត្តរបស់​អរិយសាវក ដែលមានសុខ  រមែងដំកល់មាំ។  ម្នាលគាមណី  នេះឯងហៅថា ​ធម្មសមាធិ។  បើអ្នកបានចិត្តសមាធិ ក្នុងធម្មសមាធិនោះ  អ្នកមុខជាលះបង់សេចក្តី សង្ស័យនេះចេញបាន  ដោយប្រការដូច្នេះ​ ។

[៣១២]​  ម្នាលគាមណី  អរិយសាវកនោះឯង  ជាអ្នកប្រាសចាកអភិជ្ឈា  ប្រាសចាកព្យាបាទ  យ៉ាងនេះហើយ  មិនមានសេចក្តីវង្វេង  មានសេចក្តីដឹងសព្វគ្រប់  មានស្មារតីខ្ជាប់ខ្ជួន  មានចិត្តប្រកបដោយករុណា ផ្សាយទៅកាន់ទិសទី ១  សម្រាន្តនៅ​ដោយឥរិយាបថ ទាំង ៤។  មានចិត្តប្រកបដោយមុទិតា  ផ្សាយទៅកាន់ទិសទី ១  សម្រាន្ត​នៅ ដោយឥរិយាបថ ទាំង ៤។  ម្នាលគាមណី  អរិយសាវកនោះឯង  ជាអ្នក​ប្រាសចាកអភិជ្ឈា  ប្រាសចាកព្យាបាទ យ៉ាងនេះហើយ  មិនមានសេចក្តីវង្វេង  មាន​សេចក្តីដឹងសព្វគ្រប់  មានស្មារតីខ្ជាប់ខ្ជួន  មានចិត្តប្រកបដោយឧបេក្ខា  ផ្សាយទៅកាន់​ទិសទី ១  សម្រាន្តនៅដោយឥរិយាបថ ទាំង ៤។  ទិសទី ២  ក៏ដូចគ្នា។  ទិសទី ៣  ក៏ដូចគ្នា។  ទិសទី ៤  ក៏ដូចគ្នា។  មានចិត្តប្រកបដោយឧបេក្ខាដ៏ធំទូលាយ  ប្រមាណ​មិនបាន  មិនមានពៀរ  មិនមានព្យាបាទ  ផ្សាយទៅកាន់សត្វលោកទាំងអស់  ក្នុងទិស​ខាងលើ  ទិសខាងក្រោម  និងទិសទទឹង  គឺទិសតូច ៗ  ដោយយកខ្លួនប្រៀបផ្ទឹមនឹង សត្វទាំងពួង  ក្នុងទីទាំងពួង  សម្រាន្តនៅ ដោយឥរិយាបថ ទាំង ៤  ដោយប្រការដូច្នេះ។  អរិយសាវកនោះ ​រមែងពិចារណាឃើញ ដូច្នេះថា  សាស្តាឯណា មានវាទៈយ៉ាងនេះ  មាន​ទិ​ដ្ឋិយ៉ាងនេះថា​ ទានដែលបុគ្គលឲ្យហើយ មិនមានផល ការបូជាធំមិនមានផល  ការបូជា​តូចមិនមានផល ផលវិបាករបស់កម្ម ដែលសត្វធ្វើល្អ ធ្វើអាក្រក់មិនមាន  លោកនេះ​មិនមាន  លោកខាងមុខមិនមាន  មាតាមិនមានគុណ  បិតាមិនមានគុណ  ពួកសត្វជា​ឱបបាតិកៈ មិនមាន  ពួកសមណព្រាហ្មណ៍ ដែលប្រព្រឹត្តល្អ  ប្រតិបត្តិត្រឹមត្រូវ  ធ្វើឲ្យជាក់​ច្បាស់ ​ដោយប្រាជ្ញាដ៏ក្រៃលែង ដោយខ្លួនឯង  ហើយប្រកាសនូវលោកនេះ​ និងលោកខាង​មុខ​បាន  ក៏មិនមានក្នុងលោក។  បើពាក្យរបស់សាស្តាដ៏ចំរើននោះ  ជាពាក្យសច្ចៈ  ដោយហេតុមិនខុសនឹងពាក្យអញ  ឥឡូវអញមិនបៀតបៀនសត្វណា​មួយ  ដែលមាន​សេចក្តីតក់ស្លុត ឬគ្មានសេចក្តីតក់ស្លុត  អញក៏បានឈ្មោះថា ជាអ្នកកាន់យកនូវជ័យ​ជំនះ​ទាំងពីរយ៉ាង ក្នុងលោកនេះ  គឺថា អញបានសង្រួមកាយ  សង្រួមវាចា  សង្រួមចិត្ត​ហើយ  លុះបែកធ្លាយរាងកាយស្លាប់ទៅ  អញនឹងទៅកើតក្នុងសុគតិសួគ៌ ទេវលោក  បាមោជ្ជៈ ក៏កើតឡើង ដល់អរិយសាវកនោះ  កាលបើមានបាមោជ្ជៈ  បីតិក៏កើតឡើង  កាលបើមានចិត្តប្រកបដោយបីតិ  កាយក៏ស្ងប់  លុះមានកាយស្ងប់  រមែងសោយសុខ  ចិត្តរបស់អរិយសាវក ដែលមានសុខ  រមែងដំកល់មាំ។  ម្នាលគាមណី  នេះឯងហៅ​ថា ធម្មសមាធិ។  បើអ្នកបានចិត្តសមាធិ ក្នុងធម្មសមាធិនោះ  អ្នកមុខជាលះបង់​នូ​វសេចក្តីសង្ស័យនេះចេញបាន  ដោយ​ប្រការ​ដូច្នេះ។

[៣១៣]  ម្នាលគាមណី អរិយសាវកនោះឯង  ជាអ្នកប្រាសចាកអភិជ្ឈា  ប្រាស ចាកព្យាបាទ  យ៉ាងនេះហើយ  ជាអ្នកមិនមានសេចក្តីវង្វេង  មានសេចក្តីដឹងសព្វគ្រប់ មាន​ស្មារតីខ្ជាប់ខ្ជួន  មានចិត្តប្រកបដោយឧបេក្ខា  ផ្សាយទៅកាន់ទិសទី ១  សម្រាន្តនៅ​ដោយឥរិយាបថទាំង ៤។  ទិសទី ២  ក៏ដូចគ្នា។  ទិសទី ៣  ក៏ដូចគ្នា។  ទិសទី ៤  ក៏ដូចគ្នា។  មានចិត្តប្រកបដោយឧបេក្ខាដ៏ធំទូលាយ ​ប្រមាណមិនបាន  មិនមានពៀរ  មិន​មានព្យាបាទ  ផ្សាយទៅកាន់សត្វលោកទាំងអស់  ក្នុងទិសខាងលើ  ទិសខាងក្រោម  និងទិសទទឹង គឺទិសតូច ៗ  ដោយយកខ្លួនប្រៀបផ្ទឹមនឹងសត្វទាំងពួង  ក្នុងទីទាំងពួង  សម្រាន្ត​នៅដោយឥរិយាបថ ទាំង ៤ ដោយប្រការដូច្នេះ។  អរិយសាវកនោះ  រមែង​ពិចារណា​ឃើញ ដូច្នេះថា  សាស្តាណា មានវាទៈយ៉ាងនេះ  មានទិដ្ឋិយ៉ាងនេះថា  ទានដែល​បុគ្គល​ឲ្យហើយ មានផល  ការបូជាធំ មានផល  ការបូជាតូចមានផល  ផលវិបាករបស់​កម្ម ​ដែលសត្វធ្វើល្អ ធ្វើអាក្រក់ មាន  លោកនេះមាន  លោកខាងមុខមាន  មាតាមាន​គុណ  បិតាមានគុណ  ពួកសត្វជាឱបបាតិកៈ មាន ពួកសមណព្រាហ្មណ៍ ដែលប្រព្រឹត្តល្អ  ប្រតិបត្តិត្រឹមត្រូវ  ធ្វើឲ្យជាក់ច្បាស់ ដោយប្រាជ្ញា ដ៏ក្រៃលែង ដោយខ្លួន​ឯង  ហើយ​ប្រកាស​នូវលោកនេះ និងលោកខាងមុខបាន  ក៏មានក្នុងលោក​​។  បើពាក្យរបស់​សាស្តា​ដ៏ចំរើននោះ ជាពាក្យសច្ចៈ  ដោយហេតុមិនខុសនឹងពាក្យអញ  ឥឡូវអញមិនបៀតបៀនសត្វណាមួយ  ដែលមានសេចក្តីតក់ស្លុត ឬមិនមានសេចក្តី​តក់ស្លុតទេ  អញ​ក៏បានឈ្មោះថា ជាអ្នកាន់យកនូវជ័យជំនះទាំងពីរយ៉ាង ក្នុងលោកនេះ  គឺថា អញបាន​សង្រួម​កាយ  សង្រួមវាចា  សង្រួមចិត្តហើយ  លុះបែកធ្លាយរាងកាយស្លាប់ទៅ  អញ​នឹង​ទៅកើតក្នុងសុគតិសួគ៌ ទេវលោក។  បាមោជ្ជៈក៏កើតឡើង ដល់អរិយសាវកនោះ  កាលបើមានបាមោជ្ជៈ  បីតិក៏កើតឡើង  កាលបើមានចិត្តប្រកបដោយបីតិ  កាយក៏ស្ងប់  លុះមានកាយស្ងប់  រមែងសោយសុខ  ចិត្តរបស់អរិយសាវក ដែលមានសុខ ​រមែង​ដំកល់​មាំ។  ម្នាលគាមណី  នេះឯងហៅថា ធម្មសមាធិ។  បើអ្នកបានចិត្តសមាធិ​ ក្នុងធម្មសមាធិនោះ អ្នកមុខជាលះបង់នូវសេចក្តីសង្ស័យនេះចេញបាន  ដោយប្រការ​ដូច្នេះ​ ។​

[៣១៤]  ម្នាលគាមណី  អរិយសាវកនោះឯង  ជាអ្នកប្រាសចាកអភិជ្ឈា  ប្រាសចាកព្យាបាទ  យ៉ាងនេះហើយ  ជាអ្នកមិនមានសេចក្តីវង្វេង  មានសេចក្តីដឹងសព្វ​គ្រប់  មានស្មារតីខ្ជាប់ខ្ជួន  មានចិត្តប្រកបដោយឧបេក្ខា  ផ្សាយទៅកាន់ទិសទី ១ ​សម្រាន្ត​នៅដោយឥរិយាបថ ទាំង​ ៤។  ទិសទី ២  ក៏ដូចគ្នា។  ទិសទី ៣  ក៏ដូចគ្នា។  ទិសទី ៤  ក៏ដូចគ្នា។  មានចិត្តប្រកបដោយឧបេក្ខាដ៏ធំទូលាយ  ប្រមាណមិនបាន  មិនមានពៀរ  មិនមានព្យាបាទ   ផ្សាយទៅកាន់សត្វលោកទាំងអស់  ក្នុងទិសខាងលើ  ទិសខាង​ក្រោម  និងទិសទទឹង គឺទិសតូច ៗ  ដោយយកខ្លួនប្រៀបផ្ទឹមនឹងសត្វទាំងពួង  ក្នុងទីទាំងពួង  សម្រាន្ត​នៅដោយឥរិយាបថ ទាំង ៤ ដោយប្រការដូច្នេះ។  អរិយសាវកនោះ  រមែង​ពិចារណាឃើញ ដូច្នេះថា​  សាស្តាណា មានវាទៈយ៉ាងនេះ  មានទិដ្ឋិយ៉ាងនេះថា  បុគ្គល​ធ្វើបាបដោយខ្លួនឯង  ប្រើអ្នកដទៃឲ្យធ្វើ  កាត់ (អវយវៈគេ) ខ្លួនឯង  ប្រើអ្នកដទៃឲ្យ​កាត់  បៀតបៀនគេខ្លួនឯង  ប្រើអ្នកដទៃឲ្យបៀតបៀន  សោយសោកខ្លួនឯង  ធ្វើគេឲ្យ​សោយសោក  ធ្វើខ្លួនឯងឲ្យលំបាក  ធ្វើអ្នកដទៃឲ្យលំបាក  អន្ទះអន្ទែងខ្លួនឯង  ធ្វើអ្នក​ដទៃឲ្យអន្ទះអន្ទែង  សម្លាប់សត្វខ្លួនឯង  ឬប្រើអ្នកដទៃឲ្យសម្លាប់  កាន់យកទ្រព្យដែល​គេមិនបានឲ្យ  កាត់តំណ (ជញ្ជាំង) ប្លន់យកទ្រព្យពួកអ្នកស្រុក  ប្លន់យកទ្រព្យក្នុងផ្ទះ​មួយ ៗ  ឈរចាំលួចឆក់ក្បែរផ្លូវធំ  គប់រកប្រពន្ធបុគ្គលដទៃ  ពោលពាក្យមុសា  បាប​ដែលបុគ្គលនោះធ្វើ  ឈ្មោះថា មិនបានធ្វើទេ  ទោះបីបុគ្គលណា ​ធ្វើពពួកសត្វ​លើផែនដី​នេះ ឲ្យមានគំនរសាច់តែមួយ  ឲ្យមានពំនូកសាច់តែមួយ  ដោយចក្រមានខ្នងកង់ដ៏មុត  បាបដែលមានអំពើនោះជាហេតុ ក៏មិនមាន  ទាំងដំណើរមកនៃបាប ក៏មិនមាន។  ទោះបី​បុគ្គល​ឆ្លងទៅកាន់ត្រើយទន្លេគង្គាខាងត្បូង ហើយសម្លាប់សត្វខ្លួនឯង  ប្រើគេឲ្យ​សម្លាប់  កាត់ (អវយវៈគេ) ខ្លួនឯង  ប្រើគេឲ្យកាត់  បៀតបៀនខ្លួនឯង  ប្រើគេឲ្យ​បៀតបៀន  បាបដែលមានអំពើនោះជាហេតុ ក៏មិនមាន  ដំណើរមកនៃបាបក៏មិនមាន។  ទោះបីបុគ្គល​ឆ្លង​ទៅកាន់ត្រើយទន្លេគង្គាខាងជើង ហើយឲ្យទានខ្លួនឯង  ប្រើគេឲ្យឲ្យទាន  បូជាខ្លួនឯង  ប្រើគេឲ្យបូជា  បុណ្យដែលមានអំពើនោះជាហេតុ ក៏មិនមាន  ដំណើរមកនៃបុណ្យ​ ក៏មិន​មាន  បុណ្យមិនមានដោយការឲ្យទាន  ដោយការទូន្មាន  ដោយការសង្រួម  ដោយការ​ពោល​ពាក្យសច្ចៈ  ដំណើរមកនៃបុណ្យ ក៏មិនមាន។  បើពាក្យរបស់សាស្តាដ៏ចំរើននោះ  ជាពាក្យសច្ចៈ ដោយហេតុមិនខុសនឹងពាក្យអញ  ឥឡូវអញមិនបៀតបៀនសត្វណា​មួយ  ដែលមានសេចក្តីតក់ស្លុត ឬមិនមានសេចក្តីតក់ស្លុតទេ  អញក៏បានឈ្មោះថា ​ជាអ្នកកាន់​យកនូវជ័យជំនះទាំងពីរយ៉ាង ក្នុងលោកនេះ  គឺថាអញបានសង្រួមកាយ សង្រួមវាចា  សង្រួមចិត្តហើយ  លុះបែកធ្លាយរាងកាយស្លាប់ទៅ  អញនឹងទៅកើតក្នុងសុគតិសួគ៌​ទេវលោក​។  បាមោជ្ជៈ ក៏កើតឡើង ដល់អរិយសាវកនោះ  កាលបើមានបាមោជ្ជៈ  បីតិ​ក៏កើតឡើង  កាលបើមានចិត្តប្រកបដោយបីតិ  កាយក៏ស្ងប់  លុះមានកាយស្ងប់  រមែង​សោយសុខ  ចិត្តរបស់អរិយសាវក ដែលមានសុខ  រមែងដំកល់មាំ។  ម្នាលគាមណី  នេះឯងហៅថា ធម្មសមាធិ។ ​បើអ្នកបានចិត្តសមាធិ ក្នុងធម្មសមាធិនោះ  អ្នកមុខជា​លះបង់សេចក្តីសង្ស័យនេះចេញបាន  ដោយប្រការដូច្នេះ ។

[៣១៥]   ម្នាលគាមណី  អរិយសាវកនោះឯង  ជាអ្នកប្រាសចាកអភិជ្ឈា  ប្រាសចាកព្យាបាទ  យ៉ាងនេះហើយ  ជាអ្នកមិនមានសេចក្តីវង្វេង  មានសេចក្តីដឹងសព្វ​គ្រប់  មានស្មារតីខ្ជាប់ខ្ជួន  មានចិត្តប្រកបដោយឧបេក្ខា  ផ្សាយទៅកាន់ទិសទី ១ ​សម្រាន្ត​នៅដោយឥរិយាបថទាំង ៤។  ទិសទី ២  ក៏ដូចគ្នា។  ទិសទី ៣  ក៏ដូចគ្នា។  ទិសទី ៤  ក៏ដូចគ្នា។  មានចិត្តប្រកបដោយឧបេក្ខា ដ៏ធំទូលាយ  ប្រមាណមិនបាន  មិនមានពៀរ  មិនមានព្យាបាទ  ផ្សាយទៅកាន់សត្វលោកទាំងអស់  ក្នុងទិសខាងលើ  ទិសខាង​ក្រោម  និងទិសទទឹង គឺទិសតូច ៗ  ដោយយកខ្លួនប្រៀបផ្ទឹមនឹងសត្វទាំងពួង  ក្នុងទីទាំងពួង  សម្រាន្ត​នៅដោយឥរិយាបថទាំង ៤ ដោយប្រការដូច្នេះ។  អរិយសាវកនោះ  រមែង​ពិចារណាឃើញដូច្នេះថា​  សាស្តាណា មានវាទៈយ៉ាងនេះ  មានទិដ្ឋិយ៉ាងនេះថា  បុគ្គល​ធ្វើបាបដោយខ្លួនឯង  ប្រើគេឲ្យធ្វើ កាត់ (អវយវៈគេ) ខ្លួនឯង  ប្រើគេឲ្យ​កាត់  បៀតបៀនគេខ្លួនឯង  ប្រើគេឲ្យបៀតបៀន  សោយសោកខ្លួនឯង  ធ្វើគេឲ្យ​សោយសោក  ធ្វើខ្លួនឯងឲ្យលំបាក  ធ្វើគេឲ្យលំបាក  អន្ទះអន្ទែងខ្លួនឯង  ធ្វើគេឲ្យអន្ទះ​អន្ទែង  សម្លាប់សត្វខ្លួនឯង  ឬប្រើគេឲ្យសម្លាប់  កាន់យកទ្រព្យដែលគេមិនបានឲ្យ  កាត់តំណ (ជញ្ជាំង) ប្លន់យកទ្រព្យពួកអ្នកស្រុក  ប្លន់យកទ្រព្យក្នុងផ្ទះមួយ ៗ  ឈរ ចាំលួចឆក់ក្បែរផ្លូវធំ  គប់រកប្រពន្ធបុគ្គលដទៃ  និយាយកុហក  បាបដែលបុគ្គលនោះធ្វើ  ឈ្មោះថា ធ្វើមែន  បើបុគ្គលឯណា ធ្វើពពួកសត្វលើប្រឹថពីនេះ ឲ្យមានគំនរសាច់តែមួយ  ឲ្យមានពំនូកសាច់តែមួយ  ដោយចក្រមានខ្នងកង់ដ៏មុត  បាបដែលមានអំពើនោះជា​ហេតុ​ក៏មាន  ដំណើរមកនៃបាបក៏មិនមាន។  ទោះបីបុគ្គលឆ្លងទៅកាន់ត្រើយទន្លេគង្គា​ខាង​ត្បូង  ហើយសម្លាប់សត្វខ្លួនឯង   ប្រើគេឲ្យសម្លាប់  កាត់ (អវយវៈគេ) ខ្លួនឯង  ប្រើ​គេ​ឲ្យកាត់  បៀតបៀនគេខ្លួនឯង  ប្រើគេឲ្យបៀតបៀន  បាបដែលមានអំពើនោះជាហេតុ​ក៏មាន  ដំណើរមកនៃបាបក៏មាន។  ទោះបីបុគ្គលឆ្លងទៅកាន់ត្រើយទន្លេគង្គាខាងជើង ហើយឲ្យទានខ្លួនឯង  ប្រើគេឲ្យឲ្យទាន  បូជាខ្លួនឯង  ប្រើគេឲ្យបូជា  បុណ្យដែលមាន​អំពើនោះជាហេតុ ក៏មាន  ដំណើរមកនៃបុណ្យក៏មានដែរ  បុណ្យក៏មាន ដោយការឲ្យទាន  ដោយការទូន្មាន  ដោយការសង្រួម  ដោយការពោលពាក្យសច្ចៈ  ដំណើរមកនៃបុណ្យ​ក៏មាន។  បើពាក្យរបស់សាស្តាដ៏ចំរើននោះ  ជាពាក្យសច្ចៈ  ដោយហេតុមិនខុស​នឹងអញ  ឥឡូវអញមិនបៀតបៀនសត្វណាមួយ  ដែលមានសេចក្តីតក់ស្លុត ឬមិនមាន​សេចក្តីតក់ស្លុតទេ  អញក៏បានឈ្មោះថា​ជាអ្នកកាន់យកនូវជ័យជំនះទាំងពីរយ៉ាង ​ក្នុង​លោកនេះ  គឺថា អញបានសង្រួមកាយ  សង្រួមវាចា  សង្រួមចិត្តហើយ  លុះបែកធ្លាយ​រាងកាយស្លាប់ទៅ  អញនឹងទៅកើត ក្នុងសុគតិសួគ៌ ទេវលោក​។  បាមោជ្ជៈ ក៏កើតឡើង ​ដល់អរិយសាវកនោះ  កាលបើមានបាមោជ្ជៈ  បីតិក៏កើត  កាលបើមានចិត្តប្រកប​ដោយបីតិ  កាយក៏ស្ងប់  លុះមានកាយស្ងប់  រមែងសោយសុខ  ចិត្តរបស់អរិយសាវក ​ដែលមានសុខ  រមែងដំកល់មាំ។  ម្នាលគាមណី  នេះឯងហៅថា ធម្មសមាធិ។ ​បើអ្នក​បានចិត្តសមាធិ ក្នុងធម្មសមាធិនោះ  អ្នកមុខជាលះបង់សេចក្តីសង្ស័យនេះចេញបាន  ដោយប្រការដូច្នេះ។ កាលបើព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ បាដលិយគាមណី ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា ភ្លឺច្បាស់ណាស់ ព្រះអង្គ ភ្លឺច្បាស់ណាស់ ព្រះអង្គ។ បេ​។ ជាអ្នកដល់នូវសរណគមន៍ ស្មើដោយជីវិត ​ តាំង​អំពី​ថ្ងៃ​នេះ ជាដើមទៅ។  ចប់ សូត្រ ទី១៣ ។

ចប់  គាមណិសំយុត្ត។

ឧទ្ទាននៃគាមណិសំយុត្តនោះគឺ

និយាយអំពីចណ្ឌគាមណី ១  អំពីតាលបុត្តគាមណី ១ អំពីយោធាជីវគាមណី ១  អំពីហត្ថារោហគាមណី ១អំពីអស្សារោហគាមណី ១  អំពី​ពួកព្រាហ្មណ៍ស្រុកបច្ឆាភូមិ ១ អំពីការសំដែងធម៌ ១ អំពីការពិចារណា ១អំពីសេចក្តីអនុគ្រោះត្រកូល ១  អំពី​មណិចូឡកគាមណី ១ អំពីគន្ធភកគាមណី ១  អំពីរាសិយគាមណី ១  អំពីបាដលិយ​គាមណី ១។

អសង្ខតសំយុត្ត បឋមវគ្គ

[៣១៦] ខ្ញុំបានស្តាប់មកយ៉ាងនេះ។  សម័យមួយ  ព្រះដ៏មានព្រះភាគ គង់ក្នុងវត្ត ជេតពន​ របស់អនាថបិណ្ឌិកសេដ្ឋី  ជិតក្រុងសាវត្ថី។  ក្នុងទីនោះឯង  ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់នឹងភិក្ខុទាំងឡាយថា  ម្នាលភិក្ខុទាំងឡាយ។  ភិក្ខុទាំងនោះ ទទួលព្រះពុទ្ធដីកា​ព្រះដ៏មានព្រះភាគថា  បពិត្រព្រះអង្គដ៏ចំរើន។  ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា  ម្នាលភិក្ខុទាំងឡាយ  តថាគត នឹងសំដែង អសង្ខតធម៌ (ធម៌ដែលបច្ច័យតាក់តែងមិន​បាន) ផង  អសង្ខតគាមិមគ្គ ​(ផ្លូវជាដំណើរទៅកាន់អសង្ខតធម៌) ផង  ដល់អ្នកទាំងឡាយ អ្នកទាំងឡាយ ចូរស្តាប់ធម៌នោះចុះ។ ម្នាលភិក្ខុទាំងឡាយ  ចុះអសង្ខតធម៌ តើដូចម្តេច។  ម្នាលភិក្ខុទាំងឡាយ សភាវៈដែលជាទីក្ស័យរាគៈ ក្ស័យទោសៈ ក្ស័យ មោហៈ។  ម្នាលភិក្ខុទាំងឡាយ  នេះហៅថា អសង្ខតធម៌។  ម្នាលភិក្ខុទាំងឡាយ  ចុះ​អសង្ខតគាមិមគ្គ តើដូចម្តេច។  (អសង្ខតគាមិមគ្គនោះ) គឺកាយគតាសតិ។  ម្នាល​ភិក្ខុ​ទាំង​ឡាយ នេះហៅថា អសង្ខតគាមិមគ្គ។ ម្នាលភិក្ខុទាំងឡាយ អសង្ខតធម៌  តថាគត​​បានសំដែងហើយ  អសង្ខតគាមិមគ្គ  តថាគត ក៏បានសំដែងហើយ ដល់អ្នក​ទាំងឡាយ  ដោយប្រការដូច្នេះឯង។  ម្នាលភិក្ខុទាំងឡាយ  កិច្ចឯណា ដែលសាស្តា ជា​អ្នក​ស្វែង​រក​ប្រយោជន៍  ជាអ្នកអនុគ្រោះ  អាស្រ័យសេចក្តីអនុគ្រោះ  ត្រូវធ្វើដល់​សាវក​ទាំងឡាយ  កិច្ចនោះ តថាគត បានធ្វើដល់អ្នកទាំងឡាយរួចហើយ។  ម្នាលភិក្ខុ​ទាំងឡាយ  កិច្ចទាំងនុ៎ះ គឺម្លប់ឈើ  កិច្ចទាំងនុ៎ះ គឺផ្ទះស្ងាត់។  ម្នាលភិក្ខុទាំងឡាយ  អ្នក​ទាំងឡាយ ចូរសំឡឹងយក [អដ្ឋកថាពន្យល់ថា ត្រូវសំឡឹងយក នូវអារម្មណ៍ទាំង៣៨ ដោយ​អារម្មណូបនិជ្ឈានផង សំឡឹងយកនូវអាយតនៈ​ទាំងឡាយ មានខន្ធាយតនៈ​ ជាដើម ដោយ​អនិច្ចាទិលក្ខណៈ ដោយលក្ខណូបនិជ្ឈានផង រួមសេចក្តីថា អ្នកទាំងឡាយ ត្រូវ​ខំ​ចំរើននូវសមថៈ និងវិបស្សនា។] (នូវអារម្មណ៍) កុំបីប្រមាទ  កុំបីមានសេចក្តីក្តៅ​ក្រហាយ ក្នុងកាលជាខាងក្រោយឡើយ។  នេះឯង ជាអនុសាសនី  គឺពាក្យប្រៀនប្រដៅ របស់​តថាគត  ចំពោះអ្នកទាំងឡាយ។

[៣១៧]  ម្នាលភិក្ខុទាំងឡាយ  តថាគតនឹងសំដែងអសង្ខតធម៌ផង អសង្ខតគាមិ​មគ្គផង ដល់អ្នកទាំងឡាយ អ្នកទាំងឡាយ ចូរស្តាប់នូវធម៌នោះចុះ។  ម្នាលភិក្ខុទាំងឡាយ  ចុះអសង្ខតធម៌ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ សភាវៈដែលជាទីក្ស័យរាគៈ ក្ស័យ​ទោសៈ ក្ស័យមោហៈ។  ម្នាលភិក្ខុទាំងឡាយ នេះហៅថា អសង្ខតធម៌។ ម្នាលភិក្ខុទាំង​ឡាយ ចុះអសង្ខតគាមិមគ្គ តើដូចម្តេច។ គឺសមថៈ ១ វិបស្សនា ១។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា អសង្ខតគាមិមគ្គ។ បេ។

[៣១៨] ម្នាលភិក្ខុទាំងឡាយ មួយទៀត អសង្ខតគាមិមគ្គ តើដូចម្តេច។ គឺ​សមាធិ ដែលមិនមានវិតក្កៈ មានវិចារៈ ១ សមាធិ ដែលគ្មានវិតក្កៈ មានតែវិចារៈ ១  សមាធិ​​ដែល​គ្មានវិតក្កៈ គ្មានវិចារៈ១។  ម្នាលភិក្ខុទាំងឡាយ  នេះហៅថា​ អសង្ខតគាមិមគ្គ។

[៣១៩]  ម្នាលភិក្ខុទាំងឡាយ  មួយទៀត  អសង្ខតគាមិមគ្គ តើដូចម្តេច។  គឺ សុញ្ញត​សមាធិ ១  អនិមិត្តសមាធិ ១  អប្បណិហិតសមាធិ ១។  ម្នាលភិក្ខុទាំងឡាយ  នេះហៅថា អសង្ខតគាមិមគ្គ។

[៣២០]  ម្នាលភិក្ខុទាំងឡាយ  មួយទៀត  អសង្ខតគាមិមគ្គ តើដូចម្តេច។  គឺ សតិប្បដ្ឋាន ៤។  ម្នាលភិក្ខុទាំងឡាយ  នេះហៅថា អសង្ខតគាមិមគ្គ។

[៣២១]  ម្នាលភិក្ខុទាំងឡាយ  មួយទៀត  អសង្ខតគាមិមគ្គ តើដូចម្តេច។  គឺ សម្មប្បធាន ៤។  ម្នាលភិក្ខុទាំងឡាយ  នេះហៅថា អសង្ខតគាមិមគ្គ។

[៣២២]   ម្នាលភិក្ខុទាំងឡាយ  មួយទៀត  អសង្ខតគាមិមគ្គ តើដូចម្តេច។  គឺ​ឥទ្ធិបាទ ៤។  ម្នាលភិក្ខុទាំងឡាយ  នេះហៅថា អសង្ខតគាមិមគ្គ។

[៣២៣]  ម្នាលភិក្ខុទាំងឡាយ  មួយទៀត  អសង្ខតគាមិមគ្គ តើដូចម្តេច។  គឺ ឥន្រ្ទិយ ៥។  ម្នាលភិក្ខុទាំងឡាយ  នេះហៅថា អសង្ខតគាមិមគ្គ។

[៣២៤]  ម្នាលភិក្ខុទាំងឡាយ  មួយទៀត  អសង្ខតគាមិមគ្គ តើដូចម្តេច។  គឺ ពលៈ ៥។  ម្នាលភិក្ខុទាំងឡាយ  នេះហៅថា អសង្ខតគាមិមគ្គ។

[៣២៥]  ម្នាលភិក្ខុទាំងឡាយ  មួយទៀត  អសង្ខតគាមិមគ្គ តើដូចម្តេច។  គឺ ពោជ្ឈង្គ ៧។  ម្នាលភិក្ខុទាំងឡាយ  នេះហៅថា អសង្ខតគាមិមគ្គ។

[៣២៦]  ម្នាលភិក្ខុទាំងឡាយ  មួយវិញទៀត  អសង្ខតគាមិមគ្គ តើដូចម្តេច។  គឺ អដ្ឋង្គិកមគ្គដ៏ប្រសើរ។  ម្នាលភិក្ខុទាំងឡាយ នេះហៅថា អសង្ខតគាមិមគ្គ។ ម្នាល​ភិក្ខុ​ទាំងឡាយ  អសង្ខតធម៌  តថាគតបានសំដែងហើយ  អសង្ខតគាមិមគ្គ  តថាគតក៏បាន​សំដែងហើយ ដល់អ្នកទាំងឡាយ ដោយប្រការដូច្នេះឯង។  ម្នាលភិក្ខុទាំងឡាយ  កិច្ច​ឯណា ដែលសាស្តាជាអ្នកស្វែងរកប្រយោជន៍  ជាអ្នកអនុគ្រោះ  អាស្រ័យ​សេចក្តី​អនុគ្រោះ  ត្រូវធ្វើដល់សាវកទាំងឡាយ  កិច្ចនោះ តថាគត ក៏បានធ្វើ ដល់អ្នកទាំងឡាយ​រួចហើយ  ម្នាលភិក្ខុទាំងឡាយ  កិច្ចទាំងនុ៎ះ គឺម្លប់ឈើ  កិច្ចទាំងនុ៎ះ គឺផ្ទះស្ងាត់។  ម្នាល​ភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរសំឡឹងយក (នូវអារម្មណ៍) កុំបីប្រមាទ  កុំបីមាន​សេចក្តី​​ក្តៅក្រហាយ ក្នុងកាលជាខាងក្រោយឡើយ។  នេះឯង ជាអនុសាសនី  គឺពាក្យ​ប្រៀនប្រដៅ របស់តថាគត  ចំពោះអ្នកទាំងឡាយ។

ចប់  អសង្ខតសំយុត្ត  បឋមវគ្គ។

ឧទ្ទាននៃអសង្ខតសំយុត្តនោះគឺ

និយាយអំពីកាយគតាសតិ ១  សមថៈ និងវិបស្សនា ១ សមាធិ ដែលប្រកប​ដោយវិតក្កៈ ជាដើម ១  សមាធិ មានសុញ្ញតសមាធិ ជាដើម១  សតិបដ្ឋាន ១  សម្មប្បធាន ១ ឥទ្ធិបាទ ១ ឥន្រ្ទិយ ១  ពលៈ ១  ពោជ្ឈង្គ ១  ជា ១១ នឹងអដ្ឋង្គិកមគ្គ  ហៅថាឧទ្ទាន នៃអសង្ខតសំយុត្តនោះ។

អសង្ខតសំយុត្ត  ទុតិយវគ្គ

[៣២៧] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងអសង្ខតធម៌ផង ​អសង្ខត​គាមិ​មគ្គផង  ដល់អ្នកទាំងឡាយ  អ្នកទាំងឡាយ ចូរស្តាប់ធម៌នោះចុះ។  ម្នាលភិក្ខុទាំងឡាយ  អសង្ខតធម៌ តើដូចម្តេច។  ម្នាលភិក្ខុទាំងឡាយ  សភាវៈដែលជាទីក្ស័យរាគៈ  ក្ស័យទោសៈ  ក្ស័យមោហៈ។ ​ម្នាលភិក្ខុទាំងឡាយ  នេះហៅថា សង្ខតធម៌។   ម្នាលភិក្ខុទាំងឡាយ  អសង្ខតគាមិមគ្គ តើដូចម្តេច។  គឺសមថធម៌។  ម្នាលភិក្ខុ​ទាំងឡាយ នេះហៅថា អសង្ខតគាមិមគ្គ។ ម្នាលភិក្ខុទាំងឡាយ អសង្ខតធម៌  តថាគត​បានសំដែងហើយ  អសង្ខតគាមិមគ្គ  តថាគតក៏បានសំដែងហើយ  ដល់អ្នកទាំងឡាយ  ដោយប្រការដូច្នេះឯង។  ម្នាលភិក្ខុទាំងឡាយ  កិច្ចឯណា ដែលសាស្តា​ជាអ្នកស្វែងរក​ប្រយោជន៍  ជាអ្នកអនុគ្រោះ  អាស្រ័យសេចក្តីអនុគ្រោះ  ត្រូវធ្វើដល់សាវកទាំងឡាយ  កិច្ចនោះ តថាគត ក៏បានធ្វើដល់អ្នកទាំងឡាយរួចហើយ។  ម្នាលភិក្ខុទាំងឡាយ  កិច្ចទាំង​នុ៎ះ ​គឺម្លប់ឈើ  កិច្ចទាំងនុ៎ះ គឺផ្ទះស្ងាត់។  ម្នាលភិក្ខុទាំងឡាយ  អ្នកទាំងឡាយ​ ចូរសំឡឹង​យក (នូវអារម្មណ៍) កុំបីប្រមាទ  កុំបីមានសេចក្តីក្តៅក្រហាយ ​ក្នុងកាលជាខាងក្រោយ​ឡើយ។  នេះឯង ជាអនុសាសនី  គឺពាក្យប្រៀនប្រដៅ របស់តថាគត  ចំពោះអ្នក​ទាំងឡាយ ។

[៣២៨]  ម្នាលភិក្ខុទាំងឡាយ  តថាគតនឹងសំដែងអសង្ខតធម៌ផង  អសង្ខតគាមិមគ្គផង  ដល់អ្នកទាំងឡាយ  អ្នកទាំងឡាយ ចូរស្តាប់ធម៌នោះចុះ។  ម្នាលភិក្ខុ​ទាំងឡាយ  អសង្ខតធម៌ តើដូចម្តេច។  ម្នាលភិក្ខុទាំងឡាយ  សភាវៈដែលជាទី​ក្ស័យ​រាគៈ  ក្ស័យទោសៈ  ក្ស័យមោហៈ។  ម្នាលភិក្ខុទាំងឡាយ  នេះហៅថា អសង្ខតធម៌។  ម្នាលភិក្ខុទាំងឡាយ  អសង្ខតគាមិមគ្គ តើដូចម្តេច។  គឺវិបស្សនាធម៌។  ម្នាលភិក្ខុ​ទាំងឡាយ  នេះហៅថា អសង្ខតគាមិមគ្គ។  ម្នាលភិក្ខុទាំងឡាយ  អសង្ខតធម៌  តថាគត​បានសំដែងហើយ  ដល់អ្នកទាំងឡាយ  ដោយប្រការដូច្នេះឯង។ បេ។  នេះឯងជា​អនុសាសនី  គឺពាក្យប្រៀនប្រដៅ របស់តថាគត  ចំពោះអ្នកទាំងឡាយ។បេ​។

[៣២៩]  ម្នាលភិក្ខុទាំងឡាយ  មួយទៀត  អសង្ខតគាមិមគ្គ តើដូចម្តេច។  គឺ​សមាធិ ប្រកបដោយវិតក្កៈ  វិចារៈ។  ម្នាលភិក្ខុទាំងឡាយ  នេះហៅថា អសង្ខតគាមិមគ្គ។

[៣៣០]    ម្នាលភិក្ខុទាំងឡាយ  មួយទៀត  អសង្ខតគាមិមគ្គ តើដូចម្តេច។  គឺ​សមាធិ ដែលគ្មានវិតក្កៈ   មានតែវិចារៈ។  ម្នាលភិក្ខុទាំងឡាយ  នេះហៅថា អសង្ខត​គាមិ​មគ្គ។ បេ​។

[៣៣១]  ម្នាលភិក្ខុទាំងឡាយ  មួយទៀត  អសង្ខតគាមិមគ្គ តើដូចម្តេច។  គឺ សមាធិ ដែលគ្មានវិតក្កៈ  គ្មានវិចារៈ។  ម្នាលភិក្ខុទាំងឡាយ  នេះហៅថា អសង្ខតគាមិមគ្គ។

[៣៣២]  ម្នាលភិក្ខុទាំងឡាយ  មួយទៀត  អសង្ខតគាមិមគ្គ តើដូចម្តេច។  គឺ សុញ្ញតសមាធិ។  ម្នាលភិក្ខុទាំងឡាយ  នេះហៅថា អសង្ខតគាមិមគ្គ។

[៣៣៣]  ម្នាលភិក្ខុទាំងឡាយ  មួយទៀត  អសង្ខតគាមិមគ្គ តើដូចម្តេច។  គឺ​អនិមិត្តសមាធិ។  ម្នាលភិក្ខុទាំងឡាយ  នេះហៅថា អសង្ខតគាមិមគ្គ។

[៣៣៤]  ម្នាលភិក្ខុទាំងឡាយ  មួយទៀត  អសង្ខតគាមិមគ្គ តើដូចម្តេច។  គឺ អប្បណិហិតសមាធិ។  ម្នាលភិក្ខុទាំងឡាយ  នេះហៅថា អសង្ខតគាមិមគ្គ។

[៣៣៥]  ម្នាលភិក្ខុទាំងឡាយ  មួយទៀត  អសង្ខតគាមិមគ្គ តើដូចម្តេច។  ម្នាល​ភិក្ខុទាំងឡាយ  ភិក្ខុក្នុងសាសនានេះ  ជាអ្នកពិចារណាឃើញ នូវកាយក្នុងកាយ  មាន​ព្យាយាម​ ជាគ្រឿងដុតកំដៅកិលេស មានបញ្ញាស្មារតី កំចាត់បង់ នូវអភិជ្ឈា​ និង​ទោមនស្ស​​ ក្នុងលោកបាន។  ម្នាលភិក្ខុទាំងឡាយ  នេះហៅថា អសង្ខតគាមិមគ្គ។បេ។

[៣៣៦]  ម្នាលភិក្ខុទាំងឡាយ  មួយទៀត  អសង្ខតគាមិមគ្គ តើដូចម្តេច។  ម្នាលភិក្ខុទាំងឡាយ  ភិក្ខុក្នុងសាសនានេះ  ជាអ្នកពិចារណាឃើញ នូវវេទនា​ក្នុងវេទនា​ទាំងឡាយ។ បេ។  ម្នាលភិក្ខុទាំងឡាយ  នេះហៅថា អសង្ខតគាមិមគ្គ។

[៣៣៧]  ម្នាលភិក្ខុទាំងឡាយ  មួយទៀត  អសង្ខតគាមិមគ្គ តើដូចម្តេច។  ម្នាលភិក្ខុទាំងឡាយ  ភិក្ខុក្នុងសាសនានេះ  ជាអ្នកពិចារណាឃើញ នូវចិត្តក្នុងចិត្ត។បេ។  ម្នាលភិក្ខុទាំងឡាយ  នេះហៅថា អសង្ខតគាមិមគ្គ។

[៣៣៨]  ម្នាលភិក្ខុទាំងឡាយ  មួយទៀត  អសង្ខតគាមិមគ្គ តើដូចម្តេច។  ម្នាលភិក្ខុទាំងឡាយ  ភិក្ខុក្នុងសាសនានេះ  ជាអ្នកពិចារណាឃើញ នូវធម៌ក្នុងធម៌​ទាំង​ឡាយ។ បេ។  ម្នាលភិក្ខុទាំងឡាយ  នេះហៅថា អសង្ខតគាមិមគ្គ។

[៣៣៩]  ម្នាលភិក្ខុទាំងឡាយ  មួយទៀត  អសង្ខតគាមិមគ្គ តើដូចម្តេច។  ម្នាល​ភិក្ខុទាំងឡាយ  ភិក្ខុក្នុងសាសនានេះ  ធ្វើឆន្ទៈឲ្យកើត ព្យាយាម  ប្រារព្ធសេចក្តី​ខ្នះខ្នែង  ផ្គូផ្គង  ប្រុងចិត្ត  ដើម្បីញុំាងអកុសលធម៌ ដ៏លាមកទាំងឡាយ ដែលមិនទាន់កើត  មិនឲ្យកើតឡើងបាន។  ម្នាលភិក្ខុទាំងឡាយ  នេះហៅថា អសង្ខតគាមិមគ្គ។

[៣៤០]  ម្នាលភិក្ខុទាំងឡាយ  មួយទៀត  អសង្ខតគាមិមគ្គ តើដូចម្តេច។  ម្នាលភិក្ខុទាំងឡាយ  ភិក្ខុក្នុងសាសនានេះ  ធ្វើឆន្ទៈឲ្យកើត ព្យាយាម  ប្រារព្ធសេចក្តី​ខ្នះខ្នែង  ផ្គូផ្គង  ប្រុងចិត្ត  ដើម្បីលះបង់អកុសលធម៌ទាំងឡាយ ដ៏លាមក  ដែលកើត​ឡើងហើយ។  ម្នាលភិក្ខុទាំងឡាយ  នេះហៅថា អសង្ខតគាមិមគ្គ។

[៣៤១]  ម្នាលភិក្ខុទាំងឡាយ  មួយទៀត  អសង្ខតគាមិមគ្គ តើដូចម្តេច។  ម្នាល​ភិក្ខុទាំងឡាយ  ភិក្ខុក្នុងសាសនានេះ  ធ្វើឆន្ទៈឲ្យកើត ព្យាយាម  ប្រារព្ធសេចក្តីខ្នះខ្នែង  ផ្គូផ្គង ប្រុងចិត្ត  ដើម្បីញុំាងកុសលធម៌ទាំងឡាយ ដែលមិនទាន់កើត  ឲ្យកើតឡើង។  ម្នាល​ភិក្ខុ​ទាំងឡាយ  នេះហៅថា អសង្ខតគាមិមគ្គ។

[៣៤២]  ម្នាលភិក្ខុទាំងឡាយ  មួយទៀត  អសង្ខតគាមិមគ្គ តើដូចម្តេច។  ម្នាលភិក្ខុទាំងឡាយ  ភិក្ខុក្នុងសាសនានេះ  ធ្វើឆន្ទៈឲ្យកើត ព្យាយាម  ប្រារព្ធសេចក្តី​ខ្នះខ្នែង  ផ្គូផ្គង  ប្រុងចិត្ត  ដើម្បីញុំាងកុសលធម៌ទាំងឡាយ ដែលកើតឡើងហើយ  ឲ្យ​ខ្ជាប់ខ្ជួន  មិនឲ្យវិនាស  ឲ្យធំទូលាយ  ចំរើនបរិបូណ៌ ជាភិយ្យោភាព។  ម្នាលភិក្ខុ​ទាំងឡាយ  នេះហៅថា អសង្ខតគាមិមគ្គ។

[៣៤៣]  ម្នាលភិក្ខុទាំងឡាយ  មួយទៀត  អសង្ខតគាមិមគ្គ តើដូចម្តេច។  ម្នាល​ភិក្ខុទាំងឡាយ  ភិក្ខុក្នុងសាសនានេះ  ចំរើននូវឥទ្ធិបាទ ដែលប្រកបដោយបធានសង្ខារ   (សេចក្តីព្យាយាម) ពោលគឺឆន្ទសមាធិ (សមាធិដែលអាស្រ័យ នូវសេចក្តីពេញចិត្ត)។  ម្នាលភិក្ខុទាំងឡាយ  នេះហៅថា អសង្ខតគាមិមគ្គ។

[៣៤៤]  ម្នាលភិក្ខុទាំងឡាយ  មួយទៀត  អសង្ខតគាមិមគ្គ តើដូចម្តេច។  ម្នាល​ភិក្ខុទាំងឡាយ  ភិក្ខុក្នុងសាសនានេះ  ចំរើននូវឥទ្ធិបាទ ដែលប្រកបដោយបធានសង្ខារ  ពោលគឺ វីរិយសមាធិ (សមាធិ ដែលអាស្រ័យ នូវសេចក្តីព្យាយាម) ។  ម្នាលភិក្ខុទាំង​ឡាយ  នេះហៅថា អសង្ខតគាមិមគ្គ។

[៣៤៥] ម្នាលភិក្ខុទាំងឡាយ  មួយទៀត  អសង្ខតគាមិមគ្គ តើដូចម្តេច។  ម្នាល​ភិក្ខុទាំងឡាយ  ភិក្ខុក្នុងសាសនានេះ  ចំរើនឥទ្ធិបាទ ​ដែលប្រកបដោយបធាន​សង្ខារ  ពោលគឺ ចិត្តសមាធិ (សមាធិអាស្រ័យនូវសេចក្តីគិតនឹក)។  ម្នាលភិក្ខុទាំងឡាយ  នេះហៅថា អសង្ខតគាមិមគ្គ។

[៣៤៦]  ម្នាលភិក្ខុទាំងឡាយ  មួយទៀត  អសង្ខតគាមិមគ្គ តើដូចម្តេច។  ម្នាលភិក្ខុទាំងឡាយ  ភិក្ខុក្នុងសាសនានេះ  ចំរើននូវឥទ្ធិបាទ ដែលប្រកបដោយបធាន​សង្ខារ ពោលគឺ វិមំសាសមាធិ (សមាធិអាស្រ័យសេចក្តីពិចារណា)។ ម្នាលភិក្ខុទាំងឡាយ  នេះហៅថា អសង្ខតគាមិមគ្គ។

[៣៤៧]  ម្នាលភិក្ខុទាំងឡាយ  មួយទៀត  អសង្ខតគាមិមគ្គ តើដូចម្តេច។  ម្នាលភិក្ខុទាំងឡាយ  ភិក្ខុក្នុងសាសនានេះ ចំរើនសទ្ធិន្រ្ទិយ ដែលអាស្រ័យសេចក្តី​ស្ងប់ស្ងាត់  អាស្រ័យសេចក្តីប្រាសចាកតម្រេក  អាស្រ័យសេចក្តីរលត់  បង្អោនទៅ​កាន់សេចក្តីលះបង់ ជាប្រក្រតី។  ម្នាលភិក្ខុទាំងឡាយ  នេះហៅថា អសង្ខតគាមិមគ្គ។

[៣៤៨]  ម្នាលភិក្ខុទាំងឡាយ  មួយទៀត  អសង្ខតគាមិមគ្គ តើដូចម្តេច។   ម្នាល​ភិក្ខុ​ទាំងឡាយ  ភិក្ខុក្នុងសាសនានេះ  ចំរើនវីរិយិន្រ្ទិយ ដែលអាស្រ័យសេចក្តីស្ងប់ស្ងាត់។​បេ។  ម្នាលភិក្ខុទាំងឡាយ  នេះហៅថា អសង្ខតគាមិមគ្គ។

[៣៤៩]  ម្នាលភិក្ខុទាំងឡាយ  មួយទៀត  អសង្ខតគាមិមគ្គ តើដូចម្តេច។  ម្នាលភិក្ខុទាំងឡាយ  ភិក្ខុក្នុងសាសនានេះ  ចំរើនសតិន្រ្ទិយ។បេ។ ម្នាលភិក្ខុ​ទាំងឡាយ  នេះហៅថា អសង្ខតគាមិមគ្គ។

[៣៥០]  ម្នាលភិក្ខុទាំងឡាយ  មួយទៀត  អសង្ខតគាមិមគ្គ​ តើដូចម្តេច។  ម្នាលភិក្ខុទាំងឡាយ  ភិក្ខុក្នុងសាសនានេះ  ចំរើនសមាធិន្រ្ទិយ។បេ។  ម្នាលភិក្ខុ​ទាំងឡាយ  នេះហៅថា អសង្ខតគាមិមគ្គ។

[៣៥១]  ម្នាលភិក្ខុទាំងឡាយ  មួយទៀត  អសង្ខតគាមិមគ្គ តើដូចម្តេច។  ម្នាលភិក្ខុទាំងឡាយ  ភិក្ខុក្នុងសាសនានេះ  ចំរើនបញ្ញិន្រ្ទិយ ​ដែលអាស្រ័យសេចក្តី​ស្ងប់​ស្ងាត់​​ អាស្រ័យសេចក្តីប្រាសចាកតម្រេក  អាស្រ័យសេចក្តីរលត់  បង្អោនទៅកាន់​សេចក្តី​លះបង់ជាប្រក្រតី។  ម្នាលភិក្ខុទាំងឡាយ  នេះហៅថា អសង្ខតគាមិមគ្គ។

[៣៥២]  ម្នាលភិក្ខុទាំងឡាយ  មួយទៀត  អសង្ខតគាមិមគ្គ តើដូចម្តេច។  ម្នាលភិក្ខុទាំងឡាយ  ភិក្ខុក្នុងសាសនានេះ  ចំរើនសទ្ធាពលៈ​ ដែលអាស្រ័យសេចក្តី​ស្ងប់ស្ងាត់។បេ។  ម្នាលភិក្ខុទាំងឡាយ  នេះហៅថា អសង្ខតគាមិមគ្គ។

[៣៥៣]  ម្នាលភិក្ខុទាំងឡាយ  មួយទៀត  អសង្ខតគាមិមគ្គ តើដូចម្តេច។  ម្នាលភិក្ខុទាំងឡាយ  ភិក្ខុក្នុងសាសនានេះ  ចំរើនវីរិយពលៈ។បេ។  ម្នាលភិក្ខុ​ទាំងឡាយ  នេះហៅថាអសង្ខតគាមិមគ្គ។

[៣៥៤]  ម្នាលភិក្ខុទាំងឡាយ  មួយទៀត  អសង្ខតគាមិមគ្គ តើដូចម្តេច។  ម្នាលភិក្ខុទាំងឡាយ  ភិក្ខុក្នុងសាសនានេះ  ចំរើនសតិពលៈ។បេ។  ម្នាលភិក្ខុ​ទាំងឡាយ  នេះហៅថា អសង្ខតគាមិមគ្គ។

[៣៥៥]  ម្នាលភិក្ខុទាំងឡាយ  មួយទៀត  អសង្ខតគាមិមគ្គ តើដូចម្តេច។  ម្នាលភិក្ខុទាំងឡាយ  ភិក្ខុក្នុងសាសនានេះ  ចំរើនសមាធិពលៈ។បេ។  ម្នាលភិក្ខុ​ទាំងឡាយ  នេះហៅថា អសង្ខតគាមិមគ្គ។

[៣៥៦]  ម្នាលភិក្ខុទាំងឡាយ  មួយទៀត  អសង្ខតគាមិមគ្គ តើដូចម្តេច។  ម្នាលភិក្ខុទាំងឡាយ  ភិក្ខុក្នុងសាសនានេះ  ចំរើនបញ្ញាពលៈ​ ដែលអាស្រ័យសេចក្តី​ស្ងប់​ស្ងាត់ ​អាស្រ័យសេចក្តីប្រាសចាកតម្រេក  អាស្រ័យសេចក្តីរលត់  បង្អោនទៅកាន់​សេចក្តី​លះបង់ជាប្រក្រតី។  ម្នាលភិក្ខុទាំងឡាយ  នេះហៅថា អសង្ខតគាមិមគ្គ។

[៣៥៧]  ម្នាលភិក្ខុទាំងឡាយ  មួយទៀត  អសង្ខតគាមិមគ្គ តើដូចម្តេច។  ម្នាលភិក្ខុទាំងឡាយ  ភិក្ខុក្នុងសាសនានេះ  ចំរើនសតិសម្ពោជ្ឈង្គ  ដែលអាស្រ័យ​សេចក្តី​ស្ងប់ស្ងាត់  អាស្រ័យសេចក្តីប្រាសចាកតម្រេក  អាស្រ័យសេចក្តីរលត់  បង្អោន​ទៅកាន់​សេចក្តីលះបង់ជាប្រក្រតី។  ម្នាលភិក្ខុទាំងឡាយ  នេះហៅថា អសង្ខតគាមិមគ្គ។

[៣៥៨]  ម្នាលភិក្ខុទាំងឡាយ  មួយទៀត  អសង្ខតគាមិមគ្គ តើដូចម្តេច។  ម្នាលភិក្ខុទាំងឡាយ  ភិក្ខុក្នុងសាសនានេះ  ចំរើនធម្មវិចយសម្ពោជ្ឈង្គ។បេ។  ចំរើន​វីរិយសម្ពោជ្ឈង្គ។បេ។ ចំរើនបីតិសម្ពោជ្ឈង្គ។បេ។ ចំរើន​បស្សទ្ធិ​សម្ពោជ្ឈង្គ។​បេ។ ​ចំរើនសមាធិសម្ពោជ្ឈង្គ។បេ។  ចំរើនឧបេក្ខា​សម្ពោជ្ឈង្គ  ដែលអាស្រ័យសេចក្តីស្ងប់ស្ងាត់  អាស្រ័យសេចក្តីប្រាសចាកតម្រេក អាស្រ័យសេចក្តីរលត់ បង្អោនទៅកាន់សេចក្តី​លះបង់ ជាប្រក្រតី។ ម្នាលភិក្ខុទាំងឡាយ  នេះហៅថា អសង្ខតគាមិមគ្គ។

[៣៥៩]  ម្នាលភិក្ខុទាំងឡាយ  មួយទៀត  អសង្ខតគាមិមគ្គ តើដូចម្តេច។  ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចំរើនសម្មាទិដ្ឋិ ដែលអាស្រ័យសេចក្តី​ស្ងប់ស្ងាត់ អាស្រ័យសេចក្តីប្រាសចាកតម្រេក អាស្រ័យសេចក្តីរលត់ បង្អោនទៅកាន់​សេចក្តីលះបង់ ជាប្រក្រតី។  ម្នាលភិក្ខុទាំងឡាយ  នេះហៅថា អសង្ខតគាមិមគ្គ។

[៣៦០]  ម្នាលភិក្ខុទាំងឡាយ  មួយទៀត  អសង្ខតគាមិមគ្គ តើដូចម្តេច។  ម្នាល​ភិក្ខុ​ទាំងឡាយ  ភិក្ខុក្នុងសាសនានេះ  ចំរើនសម្មាសង្កប្បៈ។  ចំរើនសម្មាវាចា។  ចំរើនសម្មាកម្មន្តៈ។  ចំរើនសម្មាអាជីវៈ។  ចំរើនសម្មាវាយាមៈ។  ចំរើន​សម្មាសតិ។

[៣៦១]  ម្នាលភិក្ខុទាំងឡាយ  មួយទៀត  អសង្ខតគាមិមគ្គ តើដូចម្តេច។  ម្នាលភិក្ខុទាំងឡាយ  ភិក្ខុក្នុងសាសនានេះ  ចំរើនសម្មាសមាធិ  ដែលអាស្រ័យសេចក្តី​ស្ងប់ស្ងាត់  អាស្រ័យសេចក្តីប្រាសចាកតម្រេក  អាស្រ័យសេចក្តីរលត់  បង្អោនទៅ​កាន់​សេចក្តីលះបង់ ជាប្រក្រតី។  ម្នាលភិក្ខុទាំងឡាយ  នេះហៅថា អសង្ខតគាមិមគ្គ។  ម្នាលភិក្ខុទាំងឡាយ  អសង្ខតធម៌  តថាគតសំដែងហើយ  អសង្ខតគាមិមគ្គ ​ក៏តថាគត​សំដែងហើយដល់អ្នកទាំងឡាយ  ដោយប្រការដូច្នេះឯង។ ម្នាលភិក្ខុទាំងឡាយ  កិច្ច​ឯណា ដែលសាស្តា ជាអ្នកស្វែងរកប្រយោជន៍ ជាអ្នកអនុគ្រោះ  អាស្រ័យសេចក្តី​អនុគ្រោះ  ត្រូវធ្វើដល់សាវកទាំងឡាយ  កិច្ចនោះ តថាគតក៏បានធ្វើ ដល់អ្នកទាំងឡាយ​រួចហើយ។  ម្នាលភិក្ខុទាំងឡាយ  កិច្ចទាំងនុ៎ះ គឺម្លប់ឈើ  កិច្ចទាំងនុ៎ះ គឺផ្ទះស្ងាត់។  ម្នាលភិក្ខុទាំងឡាយ  អ្នកទាំងឡាយ ចូរសំឡឹងយក (នូវអារម្មណ៍) កុំបីប្រមាទ  កុំបីមាន​សេចក្តីក្តៅក្រហាយ  ក្នុងកាលជាខាងក្រោយឡើយ។  នេះឯង ជាអនុសាសនី  គឺពាក្យ​ប្រៀនប្រដៅ របស់តថាគត  ចំពោះអ្នកទាំងឡាយ។

[៣៦២]  ម្នាលភិក្ខុទាំងឡាយ  តថាគតនឹងសំដែងនូវ អនតធម៌ [មិនមានសេចក្តី​ត្រេកអរដោយតណ្ហា។ អដ្ឋកថា។] (ធម៌មិនបង្អោនទៅរករាគាទិក្កិលេស គឺព្រះនិព្វាន) ផង នូវអនតគាមិមគ្គ (ផ្លូវជាដំណើរទៅកាន់​អនតធម៌) ផង  ដល់អ្នកទាំងឡាយ  អ្នកទាំងឡាយ ចូរស្តាប់នូវធម៌នោះចុះ។  ម្នាល​ភិក្ខុទាំងឡាយ  អនតធម៌ តើដូចម្តេច។បេ។  (អសង្ខតធម៌ ដែលបានសំដែង​ដោយពិស្តារ​ហើយ យ៉ាងណា  បណ្ឌិតត្រូវសំដែងធម៌នេះ ឲ្យពិស្តារយ៉ាងនោះចុះ) ។

 [៣៦៣]  ម្នាលភិក្ខុទាំងឡាយ  តថាគតនឹងសំដែងអនាសវធម៌ (ធម៌មិនមាន​អាសវៈ) ផង  អនាសវគាមិមគ្គ (ផ្លូវជាដំណើរទៅកាន់អនាសវធម៌) ផង  ដល់អ្នក​ទាំង​ឡាយ  អ្នកទាំងឡាយ ចូរស្តាប់នូវធម៌នោះចុះ។   ម្នាលភិក្ខុទាំងឡាយ អនាសវធម៌ តើដូចម្តេច។បេ។

[៣៦៤]  ម្នាលភិក្ខុទាំងឡាយ  តថាគតនឹងសំដែងនូវសច្ចៈធម៌ផង  សច្ចគាមិ​មគ្គផង  ដល់អ្នកទាំងឡាយ  អ្នកទាំងឡាយ ចូរស្តាប់នូវធម៌នោះចុះ។  ម្នាលភិក្ខុទាំង​ឡាយ សច្ចធម៌ តើដូចម្តេច។បេ។

[៣៦៥]  ម្នាលភិក្ខុទាំងឡាយ  តថាគតនឹងសំដែងនូវត្រើយ គឺព្រះនិព្វានផង  នូវ​មគ្គ ជាដំណើរទៅកាន់ត្រើយ គឺព្រះនិព្វានផង  ដល់អ្នកទាំងឡាយ  អ្នកទាំងឡាយ ចូរស្តាប់​នូវធម៌នោះចុះ។  ម្នាលភិក្ខុទាំងឡាយ  ត្រើយ គឺព្រះនិព្វាន​ តើដូចម្តេច។បេ។

[៣៦៦]  ម្នាលភិក្ខុទាំងឡាយ  តថាគតនឹងសំដែងធម៌ដ៏ល្អិតផង  មគ្គ ជាដំណើរ​ទៅ​កាន់ធម៌ដ៏ល្អិតផង ដល់អ្នកទាំងឡាយ  អ្នកទាំងឡាយ ចូរស្តាប់នូវធម៌នោះចុះ។  ម្នាលភិក្ខុទាំងឡាយ  ធម៌ដ៏ល្អិត តើដូចម្តេច។បេ។

[៣៦៧]  ម្នាលភិក្ខុទាំងឡាយ  តថាគតនឹងសំដែងធម៌ ដែលសត្វឃើញបាន​ដោយ​កម្រពន់ពេកផង  មគ្គ ជាដំណើរទៅកាន់ធម៌ ​ដែលសត្វឃើញបានដោយកម្រ​ពន់ពេក​ផង  ដល់អ្នកទាំងឡាយ  អ្នកទាំងឡាយ ចូរស្តាប់នូវធម៌នោះចុះ។  ម្នាលភិក្ខុ​ទាំងឡាយ  ធម៌ដែលសត្វឃើញបានដោយកម្រពន់ពេក តើដូចម្តេច។បេ។

[៣៦៨]  ម្នាលភិក្ខុទាំងឡាយ  តថាគតនឹងសំដែងធម៌ ​ដែលគ្មានសេចក្តីចាស់​គ្រាំគ្រាផង  មគ្គ ជាដំណើរទៅកាន់ធម៌ ដែលគ្មានសេចក្តីចាស់គ្រាំគ្រាផង  ដល់អ្នក​ទាំងឡាយ  អ្នកទាំងឡាយ ចូរស្តាប់នូវធម៌នោះចុះ។  ម្នាលភិក្ខុទាំងឡាយ  ធម៌ដែល​គ្មានសេចក្តីចាស់គ្រាំគ្រា​ តើដូចម្តេច។ បេ​។

[៣៦៩] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងធម៌ដ៏ទៀងទាត់ផង មគ្គជា​ដំណើរទៅកាន់ធម៌ដ៏ទៀងទាត់ផង  ដល់អ្នកទាំងឡាយ  អ្នកទាំងឡាយ ចូរស្តាប់នូវធម៌​នោះចុះ។  ម្នាលភិក្ខុទាំងឡាយ  ធម៌ដ៏ទៀងទាត់ តើដូចម្តេច។ បេ​។

[៣៧០]  ម្នាលភិក្ខុទាំងឡាយ  តថាគតនឹងសំដែងធម៌ ​ដែលមិនមានសេចក្តី​វិនាស​ផង មគ្គជាដំណើរទៅកាន់ធម៌ ដែលមិនមានសេចក្តីវិនាសផង ដល់អ្នកទាំង​ឡាយ  អ្នកទាំងឡាយ ចូរស្តាប់នូវធម៌នោះចុះ។ ម្នាលភិក្ខុទាំងឡាយ ​ធម៌ដែលមិនមាន​សេចក្តីវិ​នាស​ តើដូចម្តេច។បេ។

[៣៧១] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងធម៌ ដែលមើលមិនឃើញ​ដោយចក្ខុវិញ្ញាណផង  មគ្គជាដំណើរទៅកាន់ធម៌​ ដែលមើលមិនឃើញដោយ​ចក្ខុ​វិញ្ញាណ​​ផង  ដល់អ្នកទាំងឡាយ  អ្នកទាំងឡាយ ចូរស្តាប់នូវធម៌នោះចុះ។ ​ ម្នាលភិក្ខុ​ទាំងឡាយ ​ធម៌ដែលមើលមិនឃើញដោយចក្ខុវិញ្ញាណ តើដូចម្តេច។ បេ។

[៣៧២]  ម្នាលភិក្ខុទាំងឡាយ  តថាគតនឹងសំដែងធម៌ ដែលគ្មានដំណើរយឺតយូរ ផង  មគ្គជាដំណើរទៅកាន់ធម៌ ដែលគ្មានដំណើរយឺតយូរផង  ដល់អ្នកទាំងឡាយ  អ្នក​ទាំងឡាយ ចូរស្តាប់នូវធម៌នោះចុះ។ ​ ម្នាលភិក្ខុទាំងឡាយ  ធម៌ដែលគ្មានដំណើរយឺតយូរ តើដូចម្តេច។បេ។

[៣៧៣]  ម្នាលភិក្ខុទាំងឡាយ  តថាគតនឹងសំដែងធម៌ស្ងប់ផង  មគ្គជាដំណើរ ទៅកាន់ធម៌ស្ងប់ផង ដល់អ្នកទាំងឡាយ ​អ្នកទាំងឡាយ ចូរស្តាប់នូវធម៌នោះចុះ។  ម្នាលភិក្ខុទាំងឡាយ  ធម៌ស្ងប់ តើដូចម្តេច។បេ។​

[៣៧៤]  ម្នាលភិក្ខុទាំងឡាយ  តថាគតនឹងសំដែងធម៌ ដែលមិនស្លាប់ផង  មគ្គ  ជាដំណើរទៅកាន់ធម៌ ដែលមិនស្លាប់ផង  ដល់អ្នកទាំងឡាយ ​អ្នកទាំងឡាយ ចូរស្តាប់​នូវធម៌នោះចុះ។  ម្នាលភិក្ខុទាំងឡាយ  ធម៌ដែលមិនស្លាប់ តើដូចម្តេច។ បេ។

[៣៧៥] ម្នាលភិក្ខុទាំងឡាយ  តថាគតនឹងសំដែងធម៌ដ៏ថ្លៃថ្លាផង  មគ្គជាដំណើរ​ទៅកាន់ធម៌ដ៏ថ្លៃថ្លាផង  ដល់អ្នកទាំងឡាយ  អ្នកទាំងឡាយ ចូរស្តាប់នូវធម៌នោះចុះ។  ម្នាលភិក្ខុទាំងឡាយ  ធម៌ដ៏ថ្លៃថ្លា តើដូចម្តេច។បេ។

[៣៧៦] ម្នាលភិក្ខុទាំងឡាយ  តថាគតនឹងសំដែងសិវធម៌ (ធម៌ជាទីសម្រាន្ត) ផង  មគ្គជាដំណើរទៅកាន់សិវធម៌ផង  ដល់អ្នកទាំងឡាយ  អ្នកទាំងឡាយ ចូរស្តាប់នូវ​ធម៌​នោះចុះ។  ម្នាលភិក្ខុទាំងឡាយ  សិវធម៌ តើដូចម្តេច។បេ។

[៣៧៧] ម្នាលភិក្ខុទាំងឡាយ  តថាគតនឹងសំដែងធម៌ដ៏ក្សេមផង  មគ្គជាដំណើរ​ទៅកាន់ធម៌ដ៏ក្សេមផង  ដល់អ្នកទាំងឡាយ  អ្នកទាំងឡាយ ចូរស្តាប់នូវធម៌នោះចុះ។  ម្នាលភិក្ខុទាំងឡាយ  ធម៌ដ៏ក្សេម តើដូចម្តេច។បេ​។

[៣៧៨] ម្នាលភិក្ខុទាំងឡាយ  តថាគតនឹងសំដែងធម៌ជាទីក្ស័យតណ្ហាផង  មគ្គជាដំណើរទៅកាន់ធម៌ជាទីក្ស័យតណ្ហាផង  ដល់អ្នកទាំងឡាយ  អ្នកទាំងឡាយ ចូរ​ស្តាប់​នូវធម៌នោះចុះ។ ម្នាលភិក្ខុទាំងឡាយ ធម៌ជាទីក្ស័យនៃតណ្ហា តើដូចម្តេច។បេ។

[៣៧៩] ម្នាលភិក្ខុទាំងឡាយ  តថាគតនឹងសំដែងធម៌ជាទីអស្ចារ្យផង  មគ្គជា​ដំណើរទៅកាន់ធម៌ជាទីអស្ចារ្យផង  ដល់អ្នកទាំងឡាយ  អ្នកទាំងឡាយ ចូរស្តាប់នូវធម៌​នោះ​ចុះ។  ម្នាលភិក្ខុទាំងឡាយ  ធម៌ជាទីអស្ចារ្យ តើដូចម្តេច។បេ។

[៣៨០] ម្នាលភិក្ខុទាំងឡាយ  តថាគតនឹងសំដែងធម៌ ដែលមិនធ្លាប់មានផង  មគ្គជាដំណើរទៅកាន់ធម៌ ដែលមិនធ្លាប់មានផង  ដល់អ្នកទាំងឡាយ  អ្នកទាំងឡាយ ចូរ​ស្តាប់នូវធម៌នោះចុះ។  ម្នាលភិក្ខុទាំងឡាយ  ធម៌មិនធ្លាប់មាន តើដូចម្តេច។បេ​​។

[៣៨១] ម្នាលភិក្ខុទាំងឡាយ  តថាគតនឹងសំដែងសេចក្តីមិនអន្តរាយផង មគ្គជា ដំណើរទៅកាន់សេចក្តីមិនអន្តរាយផង ដល់អ្នកទាំងឡាយ ​អ្នកទាំងឡាយ ចូរស្តាប់នូវ​ធម៌​នោះចុះ។  ម្នាលភិក្ខុទាំងឡាយ  សេចក្តីមិនអន្តរាយ តើដូចម្តេច។ ​បេ។

[៣៨២] ម្នាលភិក្ខុទាំងឡាយ  តថាគតនឹងសំដែងធម៌មិនមានអន្តរាយផង  មគ្គ​ជាដំណើរទៅកាន់ធម៌មិនមានអន្តរាយផង  ដល់អ្នកទាំងឡាយ  អ្នកទាំងឡាយ ចូរស្តាប់​នូវធម៌នោះចុះ។  ម្នាលភិក្ខុទាំងឡាយ  ធម៌មិនមានអន្តរាយ តើដូចម្តេច។បេ។

[៣៨៣] ម្នាលភិក្ខុទាំងឡាយ  តថាគតនឹងសំដែងព្រះនិព្វានផង  មគ្គជាដំណើរ​ទៅកាន់ព្រះនិព្វានផង  ដល់អ្នកទាំងឡាយ  អ្នកទាំងឡាយ ចូរស្តាប់នូវធម៌នោះចុះ។   ម្នាលភិក្ខុទាំងឡាយ  និព្វាន តើដូចម្តេច។បេ។

[៣៨៤] ម្នាលភិក្ខុទាំងឡាយ  តថាគតនឹងសំដែងធម៌មិនព្យាបាទផង  មគ្គជា​ដំណើរទៅកាន់ធម៌មិនព្យាបាទផង  ដល់អ្នកទាំងឡាយ  អ្នកទាំងឡាយ ចូរស្តាប់នូវធម៌​នោះ​ចុះ។  ម្នាលភិក្ខុទាំងឡាយ  ធម៌មិនព្យាបាទ តើដូចម្តេច​។បេ។

[៣៨៥] ម្នាលភិក្ខុទាំងឡាយ  តថាគតនឹងសំដែងធម៌ប្រាសចាកតម្រេកផង  មគ្គ​ជាដំណើរទៅកាន់ធម៌ប្រាសចាកតម្រេកផង  ដល់អ្នកទាំងឡាយ  អ្នកទាំងឡាយ ចូរ​ស្តាប់នូវធម៌នោះចុះ។ ម្នាលភិក្ខុទាំងឡាយ ធម៌ប្រាសចាកតម្រេក តើដូចម្តេច។បេ។

[៣៨៦] ម្នាលភិក្ខុទាំងឡាយ  តថាគតនឹងសំដែងធម៌ដ៏បរិសុទ្ធផង  មគ្គជា​ដំណើរទៅកាន់ធម៌ដ៏បរិសុទ្ធផង  ដល់អ្នកទាំងឡាយ  អ្នកទាំងឡាយ ចូរស្តាប់នូវធម៌នោះ​ចុះ។  ម្នាលភិក្ខុទាំងឡាយ  ធម៌ដ៏បរិសុទ្ធ តើដូចម្តេច។បេ។

[៣៨៧] ម្នាលភិក្ខុទាំងឡាយ  តថាគតនឹងសំដែងធម៌ជាទីផុតចាកកិលេសផង  មគ្គជាដំណើរទៅកាន់ធម៌ជាទីផុតចាកកិលេសផង  ដល់អ្នកទាំងឡាយ  អ្នកទាំងឡាយ​ចូរ​​ស្តាប់នូវធម៌នោះចុះ។  ម្នាលភិក្ខុទាំងឡាយ  ធម៌ជាទីផុតចាកកិលេស តើដូចម្តេច។បេ​។

[៣៨៨] ម្នាលភិក្ខុទាំងឡាយ  តថាគតនឹងសំដែងធម៌មិនមានអាល័យផង  មគ្គជាដំណើរទៅកាន់ធម៌មិនមានអាល័យផង  ដល់អ្នកទាំងឡាយ  អ្នកទាំងឡាយ ចូរ​ស្តាប់​នូវធម៌នោះចុះ។  ម្នាលភិក្ខុទាំងឡាយ  ធម៌មិនមានអាល័យ តើដូចម្តេច។បេ។

[៣៨៩] ម្នាលភិក្ខុទាំងឡាយ  តថាគតនឹងសំដែងធម៌ជាទីពឹងផង  មគ្គជាដំណើរ​ទៅកាន់ធម៌ជាទីពឹងផង  ដល់អ្នកទាំងឡាយ  អ្នកទាំងឡាយ ចូរស្តាប់នូវធម៌នោះចុះ។  ម្នាលភិក្ខុទាំងឡាយ  ធម៌ជាទីពឹង តើដូចម្តេច។បេ។

[៣៩០] ម្នាលភិក្ខុទាំងឡាយ  តថាគតនឹងសំដែងធម៌ជាទីពួនផង  មគ្គជាដំណើរ​ទៅកាន់ធម៌ជាទីពួនផង  ដល់អ្នកទាំងឡាយ  អ្នកទាំងឡាយ ចូរស្តាប់នូវធម៌នោះចុះ។  ម្នាលភិក្ខុទាំងឡាយ  ធម៌ជាទីពួន តើដូចម្តេច។បេ។

[៣៩១] ម្នាលភិក្ខុទាំងឡាយ  តថាគតនឹងសំដែងធម៌ជាទីការពារផង  មគ្គជា​ដំណើរទៅកាន់ធម៌ជាទីការពារផង  ដល់អ្នកទាំងឡាយ  អ្នកទាំងឡាយ ចូរស្តាប់នូវធម៌​នោះ​ចុះ។  ម្នាលភិក្ខុទាំងឡាយ  ធម៌ជាទីការពារ តើដូចម្តេច។បេ។

[៣៩២] ម្នាលភិក្ខុទាំងឡាយ  តថាគតនឹងសំដែងធម៌ជាទីរឭកផង  មគ្គជា​ដំណើរទៅកាន់ធម៌ជាទីរឭកផង  ដល់អ្នកទាំងឡាយ  អ្នកទាំងឡាយ ចូរស្តាប់នូវធម៌ នោះ​ចុះ។  ម្នាលភិក្ខុទាំងឡាយ  ធម៌ជាទីរឭក តើដូចម្តេច។បេ​។

[៣៩៣] ម្នាលភិក្ខុទាំងឡាយ  តថាគតនឹងសំដែងធម៌ជាទីប្រព្រឹត្តទៅខាងមុខផង  មគ្គជាដំណើរទៅកាន់ធម៌ជាទីប្រព្រឹត្តទៅខាងមុខផង  ដល់អ្នកទាំងឡាយ  អ្នកទាំង​ឡាយ ​ចូរស្តាប់នូវធម៌នោះចុះ។  ម្នាលភិក្ខុទាំងឡាយ  ធម៌ជាទីប្រព្រឹត្តទៅខាងមុខ​តើដូចម្តេច។  ម្នាលភិក្ខុទាំងឡាយ  សភាវៈដែលជាទីក្ស័យរាគៈ  ក្ស័យទោសៈ  ក្ស័យ​មោហៈ។  ម្នាលភិក្ខុទាំងឡាយ  នេះហៅថា ធម៌ជាទីប្រព្រឹត្តទៅខាងមុខ។  ម្នាលភិក្ខុ​ទាំងឡាយ  មគ្គជាដំណើរទៅកាន់ធម៌ ជាទីប្រព្រឹត្តទៅខាងមុខ តើដូចម្តេច។  គឺ​កាយគតា​សតិ។  ម្នាលភិក្ខុទាំងឡាយ  នេះហៅថា មគ្គជាដំណើរទៅកាន់ធម៌ ជាទី​ប្រព្រឹត្ត​​ទៅខាងមុខ។  ម្នាលភិក្ខុទាំងឡាយ  ធម៌ជាទីប្រព្រឹត្តទៅខាងមុខ  តថាគត​បាន​សំដែងហើយ  មគ្គជាដំណើរទៅកាន់ធម៌ ជាទីប្រព្រឹត្តទៅខាងមុខ  តថាគត ​ក៏បានសំដែង​​ហើយ  ដល់អ្នកទាំងឡាយ  ដោយប្រការដូច្នេះឯង។  ម្នាលភិក្ខុទាំងឡាយ  កិច្ចឯណា​ ដែលសាស្តា​ ជាអ្នកស្វែងរកប្រយោជន៍  ជាអ្នកអនុគ្រោះ  អាស្រ័យសេចក្តី​អនុគ្រោះ  ត្រូវធ្វើដល់សាវកទាំងឡាយ  កិច្ចនោះ តថាគត ក៏បានធ្វើ ដល់អ្នកទាំងឡាយរួចហើយ។  ម្នាលភិក្ខុទាំងឡាយ ​កិច្ចទាំងនុ៎ះ គឺម្លប់ឈើ  កិច្ចទាំងនុ៎ះ គឺផ្ទះស្ងាត់។  ម្នាលភិក្ខុ​ទាំងឡាយ  អ្នកទាំងឡាយ ចូរសំឡឹងយក (នូវអារម្មណ៍)  កុំបីប្រមាទ  កុំបីមានសេចក្តី​ក្តៅ​ក្រហាយ ក្នុងកាលជាខាងក្រោយឡើយ។  នេះឯង ជាអនុសាសនី របស់តថាគត ចំពោះអ្នកទាំងឡាយ។  (បណ្ឌិតគប្បីសំដែងឲ្យពិស្តារ តាមទំនងអសង្ខតធម៌ ​ដែលបាន​សំដែងរួចមកហើយចុះ)។

ចប់ អសង្ខតសំយុត្ត ទុតិយវគ្គ។

ឧទ្ទាននៃអសង្ខតសំយុត្តនោះគឺ

និយាយអំពីអសង្ខតធម៌ ១ ធម៌មិនបង្អោនទៅរករាគាទិក្កិលេស ១ ធម៌​មិនមានអាសវៈ ១ ធម៌ពិត ១ ត្រើយ គឺព្រះនិព្វាន ១ ធម៌ល្អិត ១ ធម៌​ដែល​សត្វ​ឃើញ​បាន​ដោយកម្រក្រៃពេក ១ ធម៌មិនចាស់គ្រាំគ្រា ១ ធម៌ទៀងទាត់ ១ ធម៌មិនវិនាស ១ ធម៌​ដែល​មើល​មិនឃើញដោយចក្ខុវិញ្ញាណ១ ធម៌គ្មានដំណើរយឺតយូរ ១ ធម៌ស្ងប់ ១។ ធម៌​មិន​ស្លាប់ ១ ធម៌ដ៏ថ្លៃថ្លា ១ សិវធម៌ (ធម៌ជាទីសម្រាន្ត) ១ ធម៌ជាទីក្សេម ១ ធម៌​ជា​ទីក្ស័យ​តណ្ហា ១ ធម៌ជាទីអស្ចារ្យ ១ ធម៌មិនធ្លាប់មាន ១ សេចក្តីមិនអន្តរាយ ១ ធម៌​មិនមាន​អន្តរាយ ១ និព្វាន ១នេះព្រះសុគត ទ្រង់សំដែងទុកហើយ។ ធម៌មិនមានព្យាបាទ ១ធម៌​ប្រាស​ចាកតម្រេក ១ ធម៌បរិសុទ្ធ ១ ធម៌ជាទីផុតចាកកិលេស ១ ធម៌មិនមានអាល័យ ១ ធម៌​ជាទីពឹង ១ ធម៌ជាទីពួន ១ ធម៌ជាទីការពារ ១ ធម៌ជាទីរឭក ១ ធម៌​ជាទីប្រព្រឹត្ត​ទៅ​ខាង​មុខ ១។​​

ចប់ អសង្ខតសំយុត្ត។

អព្យាកតសំយុត្ត

[៣៩៤] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់ក្នុងវត្តជេតពន  របស់​អនាថ​បិណ្ឌិកសេដ្ឋី  ជិតក្រុងសាវត្ថី។ ​សម័យនោះឯង  នាងខេមាភិក្ខុនី ត្រាច់ទៅកាន់​ចារិក ក្នុងកោសលជនបទ  បានចូលទៅអាស្រ័យនៅក្នុងស្រុកឈ្មោះ តោរណវត្ថុ  ជាចន្លោះក្រុងសាវត្ថី និងចន្លោះក្រុងសាកេត។ លំដាប់នោះ ​ព្រះបាទបសេនទិកោសល​ស្តេចចេញចាកក្រុងសាកេត ហើយទៅកាន់ក្រុងសាវត្ថី  ស្តេចចូលទៅសំណាក់អស់​មួយ​រាត្រី ​ក្នុងស្រុកតោរណវត្ថុ  ដែលជាចន្លោះនៃក្រុងសាវត្ថី និងក្រុងសាកេត។  គ្រា​នោះ​ព្រះបាទបសេនទិកោសល ទ្រង់ត្រាស់នឹងបុរសម្នាក់ថា នែបុរសដ៏ចំរើន អ្នកឯង​មកអាយ  អ្នកឯងចូរដឹង (គយគន់មើល)  នូវសមណៈ ឬព្រាហ្មណ៍ ​ក្នុងស្រុក​តោរណវត្ថុ  ដែលល្មមអញ​ចូលទៅរក ក្នុងថ្ងៃនេះ។  បុរសនោះ ​ទទួលព្រះរាជឱង្ការ​ព្រះបាទបសេនទិកោសលថា  ព្រះករុណាថ្លៃវិសេស  ហើយត្រាច់រង្គាត់ទៅសព្វស្រុក​តោរណវត្ថុ  ក៏មិនឃើញសមណៈ ឬព្រាហ្មណ៍ណាមួយ  ដែលល្មមព្រះបាទ​បសេនទិ​កោសល ​ទ្រង់ចូលទៅរកសោះឡើយ។

[៣៩៥]  បុរសនោះ ស្រាប់តែបានឃើញខេមាភិក្ខុនី ចូលទៅអាស្រ័យនៅក្នុង ស្រុកតោរណវត្ថុ  លុះឃើញហើយ  ក៏ចូលទៅគាល់ព្រះបាទបសេនទិកោសល  លុះ​ចូលទៅដល់ហើយ  បានក្រាបបង្គំទូលព្រះបាទបសេនទិកោសល ដូច្នេះថា  បពិត្រ​ព្រះ​សម្មតិទេព  ក្នុងស្រុកតោរណវត្ថុ មិនមានសមណៈ ឬព្រាហ្មណ៍ណាមួយ ដែលល្មម​ព្រះអង្គស្តេចចូលទៅរកឡើយ។ បពិត្រព្រះសម្មតិទេព មានតែភិក្ខុនី ១ រូប ឈ្មោះ ខេមា ជាសាវិកា របស់ព្រះដ៏មានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ អង្គនោះ។  ឯកិត្តិសព្ទដ៏ពីរោះ របស់នាងជាម្ចាស់នោះ  ល្បីខ្ចរខ្ចាយទៅយ៉ាងនេះថា  នាងជាអ្នកប្រាជ្ញ ​ឈ្លាសវៃ មាន​ប្រាជ្ញា  ជាពហុស្សូត  មានសំដីដ៏វិចិត្រ  មានបដិភាណល្អ។  សូមព្រះអង្គ​ ស្តេច​ចូល​ទៅ​រកខេមាភិក្ខុនីនោះចុះ។

[៣៩៦]  លំដាប់នោះ  ព្រះបាទបសេនទិកោសល ក៏ស្តេចចូលទៅរកខេមាភិក្ខុនី  លុះចូលទៅដល់ ទ្រង់ថ្វាយបង្គំខេមាភិក្ខុនី ហើយគង់ក្នុងទីដ៏សមគួរ។ លុះ​ព្រះបាទ​បសេនទិកោសល ទ្រង់គង់ក្នុងទីដ៏សមគួរហើយ  ទ្រង់មានព្រះបន្ទូល នឹងខេមាភិក្ខុនី​ដូច្នេះថា បពិត្រនាងជាម្ចាស់ សត្វស្លាប់ទៅ កើតទៀតឬទេ។  បពិត្រមហារាជ ពាក្យ​ថា សត្វស្លាប់ទៅ កើតទៀតនេះ  ព្រះដ៏មានព្រះភាគ ទ្រង់មិនបានព្យាករទេ។  បពិត្រ​នាង​ជាម្ចាស់  ចុះសត្វស្លាប់ទៅ មិនកើតទៀតឬអ្វី។   បពិត្រមហារាជ  ពាក្យថា ​សត្វ​ស្លាប់ទៅ មិនកើតទៀតនេះ  ព្រះដ៏មានព្រះភាគ ទ្រង់មិនបានព្យាករទេ។  បពិត្រនាង​ជាម្ចាស់  ចុះសត្វស្លាប់ទៅ កើតទៀតខ្លះក៏មាន  មិនកើតទៀតខ្លះ ក៏មាន ឬអ្វី។  បពិត្រ​មហារាជ  ពាក្យថាសត្វស្លាប់ទៅ កើតទៀតខ្លះក៏មាន  មិនកើតទៀតខ្លះក៏មាននេះ  ព្រះដ៏​មានព្រះភាគ ទ្រង់មិនបានព្យាករទេ។  បពិត្រនាងជាម្ចាស់  សត្វស្លាប់ទៅ កើតទៀត ក៏មិនមែន  មិនកើតទៀត ក៏មិនមែនឬអ្វី។  បពិត្រមហារាជ  ពាក្យថាសត្វស្លាប់ទៅកើត​ទៀតក៏មិនមែន  មិនកើតទៀត ក៏មិនមែននេះ  ព្រះដ៏មានព្រះភាគ ទ្រង់មិនបានព្យាករទេ។

[៣៩៧] កាលដែលខ្ញុំសួរដូច្នេះថា បពិត្រនាងជាម្ចាស់  សត្វស្លាប់ទៅ កើតទៀត​ឬទេ  នាងឆ្លើយថា បពិត្រមហារាជ  ពាក្យថា សត្វស្លាប់ទៅ កើតទៀតនេះ  ព្រះដ៏មាន​ព្រះភាគ ទ្រង់មិនបានព្យាករទេ។  កាលដែលខ្ញុំសួរ ដូច្នេះថា ​បពិត្រនាងជាម្ចាស់  ចុះសត្វ ស្លាប់ទៅ មិនកើតទៀតឬអ្វី  នាងឆ្លើយថា  បពិត្រមហារាជ  ពាក្យថាសត្វស្លាប់ទៅ​ មិន​កើត​ទៀតនេះ ព្រះដ៏មានព្រះភាគ ទ្រង់មិនបានព្យាករទេ។ ​កាលដែលខ្ញុំសួរ ដូច្នេះថា  បពិត្រនាង​ជា​ម្ចាស់ ចុះសត្វស្លាប់ទៅ កើតទៀតខ្លះក៏មាន  មិនកើតទៀតខ្លះ ក៏មានឬអ្វី  នាងឆ្លើយថា  បពិត្រមហារាជ  ពាក្យថាសត្វស្លាប់ទៅ កើតទៀតខ្លះក៏មាន  មិនកើតទៀតខ្លះក៏មាននេះ  ព្រះដ៏មានព្រះភាគ ទ្រង់មិនបាន​ព្យាករ​ទេ។  កាលដែលខ្ញុំសួរ ដូច្នេះថា  បពិត្រនាងជា​ម្ចាស់  ចុះសត្វស្លាប់ទៅ កើតទៀតក៏មិនមែន  មិនកើតទៀត ក៏មិនមែនឬអ្វី  នាងឆ្លើយថា  បពិត្រមហារាជ  ពាក្យថាសត្វស្លាប់ទៅ កើតទៀតក៏មិនមែន  មិនកើតទៀត ក៏មិនមែននេះ  ព្រះដ៏មានព្រះភាគ ទ្រង់មិនបានព្យាករទេ។  បពិត្រនាងជាម្ចាស់  អ្វីជាហេតុ  អ្វីជាបច្ច័យ  ដែលនាំព្រះដ៏មានព្រះភាគមិនឲ្យទ្រង់ព្យាករពាក្យនេះ។

[៣៩៨]  បពិត្រមហារាជ  បើដូច្នោះ ​អាត្មាភាព សូមសបសួរព្រះអង្គ ក្នុង​សេចក្តី​នេះ​​វិញ សូមព្រះអង្គ ទ្រង់ព្យាករសេចក្តីនោះ  តាមទំនង ​ដែលព្រះអង្គសព្វព្រះហឫទ័យ​ចុះ។  បពិត្រមហារាជ  ព្រះអង្គសំគាល់សេចក្តីនោះ ដូចម្តេច  បើមានរាជបុរស​ណា​មួយ​របស់ព្រះអង្គ  ជាអ្នកឈ្លាសវៃ ក្នុងការរាប់ដោយវិធីនព្វន្តក្តី  ជាអ្នកឈ្លាសវៃ ក្នុង​ការ​រាប់ដោយម្រាមដៃក្តី  ជាអ្នកឈ្លាសវៃ ក្នុងការរាប់ដោយវិធីបូកក្តី  តើអាចនឹងរាប់​ខ្សាច់ ក្នុងទន្លេគង្គាថា ខ្សាច់មានប្រមាណប៉ុណ្ណេះក្តី  ខ្សាច់មានប៉ុណ្ណេះរយក្តី  ខ្សាច់មាន​ប៉ុណ្ណេះ​ពាន់ក្តី  ខ្សាច់មានប៉ុណ្ណេះសែនក្តី​ ដូច្នេះ បានឬទេ។  មិនអាចរាប់បានទេ  នាង​ជាម្ចាស់។  មួយវិញទៀត  បើមានរាជបុរសណាមួយ របស់ព្រះអង្គ ជាអ្នកឈ្លាសវៃ​ក្នុងការរាប់ដោយវិធីនព្វន្តក្តី  ជាអ្នកឈ្លាសវៃ ក្នុងការរាប់ដោយម្រាមដៃក្តី  ជាអ្នក​ឈ្លាស​វៃ ក្នុងការរាប់ដោយវិធីបូកក្តី  តើគេអាចនឹងរាប់ទឹក ក្នុងមហាសមុទ្រថា ទឹកមាន​ប្រមាណ​ប៉ុណ្ណេះអាឡ្ហកៈក្តី មានប៉ុណ្ណេះរយអាឡ្ហកៈក្តី  មានប៉ុណ្ណេះ​ពាន់អាឡ្ហកៈក្តី  មានប៉ុណ្ណេះសែនអាឡ្ហកៈក្តី  ដូច្នេះ បានឬទេ។  មិនអាច​រាប់​បានទេ  នាងជាម្ចាស់។  ដំណើរនោះ  តើព្រោះហេតុអ្វី។  បពិត្រនាងជាម្ចាស់  ព្រោះ​ថា សមុទ្រធំ ជ្រៅ  កំណត់ប្រមាណមិនបាន  ស្ទង់បានដោយកម្រក្រៃពេក។

[៣៩៩]  បពិត្រមហារាជ  សេចក្តីឧបមេយ្យ ក៏ដូច្នោះដែរ  បុគ្គល កាលបញ្ញត្ត ​គួរ​បញ្ញត្តនូវសត្វ ដោយរូបណា  រូបនោះ ព្រះតថាគត ក៏បានលះបង់ចោលហើយ បានគាស់​រំលើងឫស​គល់អស់ហើយ ​ បានធ្វើឲ្យនៅសល់តែទីនៅ ដូចជាទីនៅ នៃ​ដើម​ត្នោត  បាន​ធ្វើ​ឲ្យលែងមានបែបភាព មានសភាពមិនកើតឡើងតទៅទៀតឡើយ។  បពិត្រ​មហារាជ  ព្រះតថាគត ផុតចាកការរាប់នូវរូប  ជាបុគ្គលជ្រៅ  កំណត់ប្រមាណមិនបាន  ស្ទង់បានដោយកម្រក្រៃពេក  បពិត្រមហារាជ  ដូចជាមហាសមុទ្រ​ដែរ។  ព្រះតថាគត មិនប្រកាន់ថា  សត្វស្លាប់ទៅ កើតទៀតក្តី  មិនប្រកាន់ថា  សត្វស្លាប់ទៅ មិនកើតទៀតក្តី  មិនប្រកាន់ថា  សត្វស្លាប់ទៅ កើតទៀតខ្លះក៏មាន  មិនកើតទៀតខ្លះក៏មាន  មិនប្រកាន់ថា  សត្វស្លាប់ទៅ កើតទៀតក៏មិនមែន  មិនកើតទៀត ក៏មិនមែនក្តី។  បុគ្គល កាលបញ្ញត្ត  គួរបញ្ញត្តនូវសត្វ ដោយវេទនាឯណា  វេទនានោះ ព្រះតថាគត បានលះបង់ចោលហើយ  បានគាស់រំលើងឫសគល់អស់ហើយ បានធ្វើឲ្យនៅសល់តែទីនៅ ដូចជាទីនៅនៃ​ដើម​ត្នោត  បានធ្វើឲ្យលែងមានបែបភាព  មានសភាពមិនកើតឡើងតទៅទៀតឡើយ។  បពិត្រមហារាជ  ព្រះតថាគត ផុតចាកការរាប់ដោយវេទនា  ជាបុគ្គលជ្រៅ  កំណត់ ប្រមាណមិនបាន​  ស្ទង់បានដោយកម្រក្រៃពេក  បពិត្រមហារាជ  ដូចជាមហាសមុទ្រ  ដែរ។  ព្រះតថាគតមិនប្រកាន់ថា  សត្វស្លាប់ទៅកើតទៀតក្តី  មិនប្រកាន់ថា  សត្វស្លាប់​ទៅ មិនកើតទៀតក្តី  មិនប្រកាន់ថា  សត្វស្លាប់ទៅ កើតទៀតខ្លះក៏មាន  មិនកើតទៀតខ្លះ​ក៏មានក្តី  មិនប្រកាន់ថា  សត្វស្លាប់ទៅ កើតទៀតក៏មិនមែន  មិនកើតទៀត ក៏មិនមែនក្តី។  នូវសត្វដោយសញ្ញាឯណា។ បេ។  បុគ្គលកាលបញ្ញត្ត  គួរបញ្ញត្តនូវសត្វ ដោយសង្ខារ ទាំងឡាយឯណា  សង្ខារទាំងនោះ ព្រះតថាគត បានលះបង់ចោលហើយ  បានគាស់ រំលើងឫសគល់អស់ហើយ  បានធ្វើឲ្យនៅសល់តែទីនៅ ដូចជាទីនៅនៃដើមត្នោត  បាន​ធ្វើឲ្យលែងមានបែបភាព  មានសភាពមិនកើតឡើងតទៅទៀតឡើយ។  បពិត្រ​មហារាជ  ព្រះតថាគតផុតស្រឡះចាកការរាប់នូវសង្ខារ  ជាបុគ្គលជ្រៅ  កំណត់ប្រមាណមិនបាន  ស្ទង់បានដោយកម្រក្រៃពេក  បពិត្រមហារាជ  ដូចជាមហាសមុទ្រដែរ។  ព្រះតថាគតមិនប្រកាន់ថា  សត្វស្លាប់ទៅ កើតទៀតក្តី  មិនប្រកាន់ថា  សត្វស្លាប់ទៅមិន កើតទៀតក្តី  មិនប្រកាន់ថា  សត្វស្លាប់ទៅ កើតទៀតខ្លះក៏មាន  មិនកើតទៀតខ្លះ ក៏មានក្តី  មិនប្រកាន់ថា  សត្វស្លាប់ទៅ កើតទៀតក៏មិនមែន  មិនកើតទៀតក៏មិនមែនក្តី។  បុគ្គល​ កាលបញ្ញត្ត  គួរបញ្ញត្តនូវសត្វ ដោយវិញ្ញាណឯណា  វិញ្ញាណនោះ​ ព្រះតថាគត​បាន​លះ​បង់​​ចោល​ហើយ  បានគាស់រំលើងឫសគល់អស់ហើយ  បានធ្វើឲ្យនៅសល់តែទីនៅ ​ដូចជាទីនៅនៃដើមត្នោត  បានធ្វើឲ្យលែងមានបែបភាព  មានសភាពមិនកើត​ឡើង​តទៅទៀតឡើយ។  បពិត្រមហារាជ  ព្រះតថាគត ផុតស្រឡះ ចាកការរាប់នូវវិញ្ញាណ  ជាបុគ្គលជ្រៅ  កំណត់ប្រមាណមិនបាន  ស្ទង់បានដោយកម្រ​ក្រៃពេក  បពិត្រមហារាជ​​  ដូចជាមហាសមុទ្រដែរ។  ព្រះតថាគត មិនប្រកាន់ថា  សត្វ​ស្លាប់​ទៅ កើតទៀតក្តី  មិនប្រកាន់ថា  សត្វស្លាប់ទៅ មិនកើតទៀតក្តី  មិនប្រកាន់ថា  សត្វ​ស្លាប់​ទៅ កើតទៀតខ្លះ​ក៏មាន  មិនកើតទៀតខ្លះ ក៏មានក្តី  មិនប្រកាន់ថា  សត្វស្លាប់ទៅ កើត​ទៀតក៏មិនមែន  មិន​កើតទៀត ក៏មិនមែនក្តី។  គ្រានោះ  ព្រះបាទបសេន​ទិកោសល​ មាន​ព្រះរាជហឫទ័យ​ត្រេកអរ អនុមោទនា  ចំពោះភាសិតរបស់ខេមាភិក្ខុនី  ហើយ​ទ្រង់​ក្រោក​ចាកអាសនៈ  ថ្វាយបង្គំខេមាភិក្ខុនី ធ្វើប្រទក្សិណ  ស្តេចចេញទៅ។

[៤០០]  លុះសម័យខាងក្រោយមក  ព្រះបាទបសេនទិកោសល​ ស្តេចចូលទៅ​គាល់ព្រះដ៏មានព្រះភាគ  ហើយគង់ក្នុងទីដ៏សមគួរ។  លុះព្រះបាទបសេនទិកោសល​គង់ក្នុងទីដ៏សមគួរហើយ  ក៏បានក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា  បពិត្រព្រះអង្គ​ដ៏ចំរើន  សត្វស្លាប់ទៅ កើតទៀតឬទេ។  បពិត្រមហារាជ  ពាក្យថា  សត្វស្លាប់ទៅ ​កើត​ទៀតនុ៎ះ  តថាគតមិនបានព្យាករទេ។  បពិត្រព្រះអង្គដ៏ចំរើន  ចុះសត្វស្លាប់​ទៅ ​មិនកើតទៀតឬអ្វី។  បពិត្រមហារាជ  ពាក្យថា  សត្វស្លាប់ទៅ មិនកើតទៀតនុ៎ះ  តថាគត​មិនបានព្យាករទេ។  បពិត្រព្រះអង្គដ៏ចំរើន  ចុះសត្វស្លាប់ទៅ កើតទៀត​ខ្លះ​ក៏មាន  មិនកើតទៀតខ្លះ ក៏មានឬអ្វី។  បពិត្រមហារាជ  ពាក្យថា  សត្វស្លាប់ទៅ កើត​ទៀតខ្លះ​ក៏មាន  មិនកើតទៀតខ្លះក៏មាននុ៎ះ  តថាគត មិនបានព្យាករទេ។  បពិត្រព្រះអង្គ​ដ៏ចំរើន  ចុះសត្វស្លាប់ទៅ កើតទៀតក៏មិនមែន  មិនកើតទៀត ក៏មិនមែនឬអ្វី។ ​បពិត្រ​មហារាជ  ពាក្យថា  សត្វស្លាប់ទៅ កើតទៀត​ក៏មិនមែន  មិនកើតទៀត ក៏មិនមែននុ៎ះ  តថាគត​មិនបានព្យាករទេ។  កាលដែលខ្ញុំព្រះអង្គ ក្រាបទូលសួរ ដូច្នេះថា  បពិត្រព្រះអង្គ​ដ៏ចំរើន  សត្វស្លាប់ទៅ កើតទៀតឬទេ  ព្រះអង្គត្រាស់ថា  បពិត្រមហារាជ  ពាក្យថា​សត្វស្លាប់ទៅ កើតទៀតនុ៎ះ  តថាគតមិនបានព្យាករទេ។បេ។  កាលដែលខ្ញុំព្រះអង្គ​ ក្រាបទូលសួរដូច្នេះថា  បពិត្រព្រះអង្គដ៏ចំរើន  ចុះសត្វស្លាប់ទៅ កើតទៀត ក៏មិនមែន   មិនកើតទៀត ក៏មិនមែនឬអ្វី  ព្រះអង្គត្រាស់ថា  បពិត្រមហារាជ  ពាក្យថា  សត្វស្លាប់ទៅ​កើតទៀតក៏មិនមែន  មិនកើតទៀត ក៏មិនមែននុ៎ះ  តថាគតមិនបានព្យាករទេ។  បពិត្រ​ព្រះអង្គ​ដ៏ចំរើន  អ្វីជាហេតុ  អ្វីជាបច្ច័យ  ដែលនាំព្រះដ៏មានព្រះភាគមិនឲ្យទ្រង់ព្យាករ​ពាក្យនុ៎ះ។

[៤០១]  បពិត្រមហារាជ  បើដូច្នោះ  តថាគតនឹងសូមសបសួរព្រះអង្គ​ ក្នុង​សេច​ក្តី​នោះវិញ សូមព្រះអង្គ ទ្រង់ព្យាករសេចក្តីនោះ ​តាមទំនង ដែលព្រះអង្គសព្វ​ព្រះ​ហឫទ័យ​​​ផងចុះ។  បពិត្រមហារាជ ព្រះអង្គសំគាល់សេចក្តីនោះ ដូចម្តេច  បើមានរាជ​បុរស​ណាមួយ របស់ព្រះអង្គ  ជាអ្នកឈ្លាសវៃ ក្នុងការរាប់ដោយវិធីនព្វន្តក្តី  ជាអ្នក​ឈ្លាសវៃ ក្នុងការរាប់​ដោយម្រាមដៃក្តី  ជាអ្នកឈ្លាសវៃ ក្នុងការរាប់ដោយវិធីបូកក្តី តើ​អាច​នឹង​រាប់​គ្រាប់​ខ្សាច់ ក្នុងទន្លេគង្គាថា គ្រាប់ខ្សាច់មានប្រមាណប៉ុណ្ណេះក្តី។បេ។ គ្រាប់​ខ្សាច់ មានប្រមាណប៉ុណ្ណេះសែនក្តី បានឬទេ។  រាប់មិនបានទេ ព្រះអង្គ។​ មួយ​វិញ​ទៀត បើមានរាជបុរសណាមួយ របស់ព្រះអង្គ  ជាអ្នកឈ្លាសវៃ ក្នុងការរាប់ដោយ​វិធីនព្វន្តក្តី  ជាអ្នកឈ្លាសវៃ ក្នុងការរាប់ដោយម្រាមដៃក្តី  ជាអ្នកឈ្លាសវៃ ក្នុងការ​រាប់​ដោយវិធីបូកក្តី  តើអាចនឹងរាប់ទឹក ក្នុងមហាសមុទ្រថា  ទឹកមានប្រមាណប៉ុណ្ណេះ​អាឡ្ហកៈក្តី។បេ។  មានប៉ុណ្ណេះសែនអាឡ្ហកៈក្តី  បានឬទេ។  រាប់មិនបានទេ ព្រះអង្គ។  ដំណើរនោះ  តើព្រោះហេតុអ្វី។  បពិត្រព្រះអង្គដ៏ចំរើន  ព្រោះថាសមុទ្រធំ មានជម្រៅ  កំណត់ប្រមាណមិនបាន  ស្ទង់បានដោយកម្រក្រៃពេក។

[៤០២]  បពិត្រមហារាជ  សេចក្តីឧបមេយ្យ ក៏ដូច្នោះដែរ  បុគ្គលកាលបញ្ញត្ត  គួរ បញ្ញត្តនូវសត្វ ដោយរូបឯណា  រូបនោះ តថាគត បានលះបង់ចោលហើយ  បានគាស់​រំលើងឫសគល់អស់ហើយ  បានធ្វើឲ្យនៅសល់តែទីនៅ​ ដូចជាទីនៅនៃដើមត្នោត  បាន​ធ្វើឲ្យលែងមានបែបភាព មានសភាពមិនកើតឡើងតទៅទៀតឡើយ។  បពិត្រ​មហារាជ  តថាគតផុតស្រឡះ ចាកការរាប់នូវរូប  ជាបុគ្គលជ្រៅ  កំណត់ប្រមាណមិនបាន  ស្ទង់បានដោយកម្រក្រៃពេក ​បពិត្រមហារាជ  ដូចជាមហាសមុទ្រដែរ។  តថាគតមិន ប្រកាន់ថា  សត្វស្លាប់ទៅ កើតទៀតក្តី  មិនប្រកាន់ថា  សត្វស្លាប់ទៅ មិនកើតទៀតក្តី  មិន ប្រកាន់ថា  សត្វស្លាប់ទៅ កើតទៀតខ្លះក៏មាន  មិនកើតទៀតខ្លះ ក៏មានក្តី  មិនប្រកាន់ថា  សត្វស្លាប់ទៅ កើតទៀតក៏មិនមែន  មិនកើតទៀត ក៏មិនមែនក្តី។  (បុគ្គលកាលបញ្ញត្ត  គួរបញ្ញត្តនូវសត្វ)  ដោយវេទនាឯណា។  ដោយសញ្ញាឯណា។  ដោយសង្ខារ​ទាំងឡាយ​ឯណា។ ​បុគ្គល កាលបញ្ញត្ត  គួរបញ្ញត្តនូវសត្វ ដោយវិញ្ញាណឯណា  វិញ្ញាណ​នោះ  តថាគតបានលះបង់ចោលហើយ  បានគាស់រំលើងឫសគល់អស់ហើយ បានធ្វើ​ឲ្យ​នៅសល់តែទីនៅ ដូចជាទីនៅនៃដើមត្នោត បានធ្វើឲ្យលែងមានបែបភាព មាន​សភាព​មិនកើតឡើងតទៅទៀតឡើយ។  បពិត្រមហារាជ  តថាគតផុតស្រឡះ ចាក​ការរាប់​នូវវិញ្ញាណ  ជាបុគ្គលជ្រៅ  កំណត់ប្រមាណមិនបាន  ស្ទង់បានដោយកម្រក្រៃ​ពេក  បពិត្រមហារាជ  ដូចជាមហាសមុទ្រដែរ។  តថាគត មិនប្រកាន់ថា សត្វស្លាប់​ទៅ កើតទៀតក្តី  មិនប្រកាន់ថា  សត្វស្លាប់ទៅ មិនកើតទៀតក្តី  មិនប្រកាន់ថា  សត្វស្លាប់​ទៅ កើតទៀតខ្លះក៏មាន  មិនកើតទៀតខ្លះ ក៏មានក្តី  មិនប្រកាន់ថា  សត្វស្លាប់ទៅ កើត​ទៀត​ក៏មិនមែន  មិនកើតទៀត ក៏មិនមែនក្តី។

[៤០៣]  បពិត្រព្រះអង្គដ៏ចំរើន  អស្ចារ្យណាស់  បពិត្រព្រះអង្គដ៏ចំរើន  ចំឡែកណាស់  ព្រោះថា បើនឹងប្រៀបធៀបអត្ថដោយអត្ថ  ព្យញ្ជនៈដោយព្យញ្ជនៈ  របស់​ព្រះសាស្តាផង  របស់សាវិកាផង  នឹងឃើញសមគ្នា  មិនឃ្លៀងឃ្លាតគ្នា​ ក្នុងបទដ៏​ប្រសើរនេះឡើយ។  បពិត្រព្រះអង្គដ៏ចំរើន  សម័យមួយ  ក្នុងទីឯណោះ  ខ្ញុំព្រះអង្គ​ចូលទៅរកខេមាភិក្ខុនី ហើយបានសួរសេចក្តីនុ៎ះ។  ឯខេមាភិក្ខុនីជាម្ចាស់នោះ​ បាន​ព្យាករសេចក្តីនុ៎ះ ដោយបទទាំងនុ៎ះ ដោយព្យញ្ជនៈទាំងនុ៎ះ  ដល់ខ្ញុំព្រះអង្គ  មានទំនងដូចជា​ព្រះដ៏មានព្រះភាគដែរ។  បពិត្រព្រះអង្គដ៏ចំរើន  អស្ចារ្យណាស់  បពិត្រព្រះអង្គដ៏​ចំរើន  ចំឡែកណាស់  ព្រោះថា បើប្រៀបធៀបអត្ថដោយអត្ថ  ព្យញ្ជនៈដោយព្យញ្ជនៈ  របស់ព្រះសាស្តាផង  របស់សាវិកាផង  នឹងឃើញសមគ្នាមែន  មិនឃ្លៀងឃ្លាតគ្នា ក្នុងបទដ៏ប្រសើរនេះឡើយ។  បពិត្រព្រះអង្គដ៏ចំរើន  បើដូច្នោះ  ខ្ញុំព្រះអង្គ ​សូមលា​ទៅ ក្នុងកាលឥឡូវនេះ (ព្រោះ) ខ្ញុំព្រះអង្គ ជាអ្នកមានកិច្ចច្រើន  មានការងារច្រើន។ បពិត្រ​មហារាជ ព្រះអង្គសំគាល់នូវកាលគួរ ក្នុងកាលឥឡូវនេះចុះ។  លំដាប់នោះឯង  ព្រះបាទបសេនទិកោសល ទ្រង់ត្រេកអរ អនុមោទនា ចំពោះភាសិត របស់​ព្រះដ៏មាន​ព្រះភាគ  ហើយក៏ក្រោកចាកអាសនៈ ថ្វាយបង្គំព្រះដ៏មានព្រះភាគ  រួចធ្វើប្រទក្សិណ ស្តេចចេញទៅ។ ចប់ សូត្រ ទី១​។

[៤០៤]  ខ្ញុំបានស្តាប់មកយ៉ាងនេះ។  សម័យមួយ  ព្រះដ៏មានព្រះភាគ ទ្រង់​គង់​ក្នុងកូដាគារសាលា  នាមហាវន  ជិតក្រុងវេសាលី។  សម័យនោះឯង  ព្រះអនុរាធ​ដ៏​មានអាយុ គង់ក្នុងអារញ្ញកុដិកា (កុដិតូចតាំងនៅក្នុងព្រៃ) ជិតព្រះដ៏មានព្រះភាគ។  លំដាប់នោះ  ពួកបរិព្វាជក ជាអន្យតិរ្ថិយច្រើនគ្នា  ចូលសំដៅទៅរកព្រះអនុរាធដ៏មាន​អាយុ  លុះចូលទៅដល់ហើយ  ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹងព្រះអនុរាធដ៏មានអាយុ  លុះបញ្ចប់ពាក្យ ដែលគួររីករាយ  និងពាក្យដែលគួររឭកហើយ  ក៏អង្គុយក្នុងទីដ៏សមគួរ។  លុះបរិព្វាជក ជាអន្យតិរ្ថិយទាំងនោះ អង្គុយក្នុងទីដ៏សមគួរហើយ  ទើបនិយាយនឹង​ព្រះ​អនុរាធដ៏មានអាយុដូច្នេះថា ម្នាលអាវុសោអនុរាធ សត្វឯណា ជាបុរសដ៏ឧត្តម  ជាបុរស​ដ៏ប្រសើរក្រៃលែង  ដល់នូវចំណែកនៃគុណ ដ៏ក្រៃលែង  ព្រះតថាគត កាលបញ្ញត្ត  ក៏​បញ្ញត្ត​នូវសត្វនោះ ក្នុងហេតុទាំង ៤ នេះ  គឺថា សត្វស្លាប់ទៅ កើតទៀត ១  សត្វស្លាប់ទៅ​មិនកើតទៀត ១  សត្វស្លាប់ទៅ មិនកើតទៀតខ្លះក៏មាន  មិនកើតទៀតខ្លះក៏មាន ១  សត្វ​ស្លាប់​ទៅ កើតទៀតក៏មិនមែន  មិនកើតទៀតក៏មិនមែន ១។   ម្នាលអាវុសោ ​សត្វឯណា​ជាបុរសដ៏ឧត្តម  ជាបុរសដ៏ប្រសើរក្រៃលែង  ដល់នូវចំណែកនៃគុណ ដ៏ក្រៃលែង  ព្រះតថាគត ​កាលបញ្ញត្ត  រមែងបញ្ញត្តនូវសត្វនោះ  ដោយវៀរចាកហេតុ ទាំង ៤ នេះចេញ  គឺថា សត្វស្លាប់ទៅ កើតទៀត ១  សត្វស្លាប់ទៅ មិនកើតទៀត ១  សត្វស្លាប់ទៅ កើតទៀតខ្លះក៏មាន មិនកើតទៀតខ្លះក៏មាន ១  សត្វស្លាប់ទៅ កើតទៀតក៏មិនមែន  មិនកើតទៀត ក៏មិនមែន ១។

[៤០៥]  កាលបើព្រះអនុរាធត្ថេរ ពោលយ៉ាងនេះហើយ  ទើបពួកបរិព្វាជក ជា​អន្យតិរ្ថិយទាំងនោះ  បានពោលទៅនឹងព្រះអនុរាធដ៏មានអាយុ ដូច្នេះថា  ភិក្ខុនេះ ជាភិក្ខុថ្មី  ទើបតែនឹងបួស  ឬជាភិក្ខុចាស់  ប៉ុន្តែល្ងង់ខ្លៅ មិនឈ្លាសវៃ។  ទើបពួកបរិព្វាជក ជា​អន្យតិរ្ថិយទាំងនោះ  ពោលបង្អាប់ព្រះអនុរាធដ៏មានអាយុ ដោយពោលថា ជាភិក្ខុថ្មី​ផង  ដោយពាក្យថា ជាមនុស្សល្ងង់ខ្លៅផង  ហើយនាំគ្នាក្រោកចាកអាសនៈ ដើរចេញ​ទៅ។  លំដាប់នោះ  កាលដែលពួកបរិព្វាជក ជាអន្យតិរ្ថិយ ដើរចេញទៅ មិនយូរប៉ុន្មាន  ព្រះអនុរាធដ៏មានអាយុ ក៏មានសេចក្តីត្រិះរិះ ដូច្នេះថា  ប្រសិនបើពួកបរិព្វាជក ជាអន្យតិរ្ថិយទាំងនោះ គប្បីសួរតទៅទៀត  តើអាត្មាអញ គួរព្យាករ ដល់ពួកបរិព្វាជក ជាអន្យតិរ្ថិយ​ទាំងនោះ ដូចម្តេចហ្ន៎  ទើបឈ្មោះថា ជាអ្នកពោលនូវពាក្យ ដែល​ព្រះដ៏​មាន​ព្រះភាគ ​ទ្រង់ត្រាស់ហើយផង មិនគប្បីពោលបង្កាច់ព្រះដ៏មានព្រះភាគ ដោយ​ពាក្យ​មិន​ពិតផង  គប្បីព្យាករ នូវធម៌ដ៏សមគួរដល់ធម៌ផង  ទាំងលំអាននៃពាក្យ ដែលប្រកបដោយ​ធម៌ណា​មួយ  ក៏មិនដល់នូវហេតុ ដែលគួរតិះដៀលផង។

[៤០៦]  លំដាប់នោះ  ព្រះអនុរាធដ៏មានអាយុ បានចូលទៅគាល់​ព្រះដ៏មាន​ព្រះភាគ  លុះចូលទៅដល់  ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយគង់ក្នុងទីដ៏សមគួរ។  លុះព្រះអនុរាធដ៏មានអាយុ គង់ក្នុងទីដ៏សមគួរហើយ  បានក្រាបបង្គំទូលព្រះដ៏មានព្រះ​ភាគ ដូច្នេះថា  បពិត្រព្រះអង្គដ៏ចំរើន ក្នុងទីឯណោះ ខ្ញុំព្រះអង្គ នៅក្នុងអារញ្ញកុដិកា  ជិត​ព្រះដ៏មានព្រះភាគ។  បពិត្រព្រះអង្គដ៏ចំរើន  លំដាប់នោះ  ពួកបរិព្វាជក ជា​អន្យតិរ្ថិយច្រើននាក់  បានចូលមករកខ្ញុំព្រះអង្គ  លុះចូលមកដល់ហើយ  ក៏ធ្វើសេចក្តី​រីករាយ ជាមួយនឹងខ្ញុំព្រះអង្គ  លុះបញ្ចប់ពាក្យ ដែលគួររីករាយ ​និងពាក្យដែលគួរជា​ទីរឭក​ហើយ  ក៏អង្គុយក្នុងទីដ៏សមគួរ។ បពិត្រព្រះអង្គដ៏ចំរើន លុះបរិព្វាជក ជា​អន្យតិរ្ថិយ​ទាំងនោះ អង្គុយក្នុងទីដ៏សមគួរហើយ  បាននិយាយនឹងខ្ញុំព្រះអង្គ ដូច្នេះថា  ម្នាល​អាវុសោអនុរាធ  សត្វឯណា ជាបុរសដ៏ឧត្តម  ជាបុរសដ៏ប្រសើរក្រៃលែង  ជាអ្នកដល់​នូវ​ចំណែក នៃគុណដ៏ក្រៃលែង  ព្រះតថាគត កាលបញ្ញត្ត ក៏រមែងបញ្ញត្ត នូវសត្វនោះ​ ក្នុងហេតុ​ទាំង ​៤ យ៉ាងនេះ  គឺថា សត្វស្លាប់ទៅ កើតទៀត ១។ បេ។  សត្វស្លាប់ទៅ កើតទៀត​ក៏មិនមែន  មិនកើតទៀតក៏មិនមែន ១។ ​បពិត្រព្រះអង្គដ៏ចំរើន កាលបើពួកបរិព្វាជក ​ជា​អន្យតិរ្ថិយ ពោលយ៉ាងនេះហើយ  ខ្ញុំព្រះអង្គ ក៏បានពោល​ទៅនឹង​ពួកបរិព្វាជក ជាអន្យតិរ្ថិយទាំងនោះ ដូច្នេះថា ម្នាលអាវុសោ  សត្វឯណា ជា​បុរស​ដ៏ឧត្តម ជាបុរសដ៏ប្រសើរ​ក្រៃលែង  ជាអ្នកដល់នូវចំណែកនៃគុណ ដ៏ក្រែលែង  ព្រះតថាគត កាលបញ្ញត្ត  ក៏រមែង​បញ្ញត្តនូវសត្វនោះ  ដោយវៀរចាកហេតុ ទាំង ៤ យ៉ាងនេះចេញ  គឺថា សត្វស្លាប់ទៅ ​កើត​ទៀត ១។ បេ។  សត្វស្លាប់ទៅ កើតទៀតក៏មិនមែន  មិនកើតទៀត ក៏មិនមែន ១។  បពិត្រ​ព្រះអង្គដ៏ចំរើន  កាលបើខ្ញុំព្រះអង្គ ពោលយ៉ាងនេះហើយ  បរិព្វាជក ជាអន្យតិរ្ថិយ​ទាំងនោះ​ បានពោលនឹងខ្ញុំព្រះអង្គ ដូច្នេះថា  លោកនេះ ជាភិក្ខុថ្មី  ទើបតែនឹងបួស  ឬជា​ភិក្ខុចាស់ តែល្ងង់ខ្លៅ  មិនឈ្លាសវៃ ។  បពិត្រព្រះអង្គដ៏ចំរើន  ទើបបរិព្វាជក ជា​អន្យតិរ្ថិយទាំងនោះ  បានពោលបង្អាប់ខ្ញុំព្រះអង្គ ដោយពាក្យថា ជាភិក្ខុថ្មីផង  ដោយពាក្យ​ថា ល្ងង់ខ្លៅផង ហើយនាំគ្នាក្រោកចាកអាសនៈ ដើរចេញទៅ។ ​បពិត្រព្រះអង្គដ៏ចំរើន  កាលពួកបរិព្វាជក ជាអន្យតិរ្ថិយទាំងនោះ ចេញទៅមិនយូរប៉ុន្មាន  ខ្ញុំព្រះអង្គ ក៏មានសេចក្តី​ត្រិះរិះ ​ដូច្នេះថា  ប្រសិនបើពួកបរិព្វាជក ជាអន្យតិរ្ថិយទាំងនោះ គប្បីសួរអាត្មាអញ​តទៅ​ទៀត  តើគួរអាត្មាអញ ព្យាករដល់ពួកបរិព្វាជក ជាអន្យតិរ្ថិយទាំងនោះ ដូចម្តេចហ្ន៎  ទើប​ឈ្មោះថា ជាអ្នកពោលតាមពាក្យ ដែលព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ហើយផង  មិន​ពោល​​បង្កាច់ព្រះដ៏មានព្រះភាគ ដោយពាក្យមិនពិតផង  គប្បីព្យាករនូវធម៌ ដ៏សមគួរដល់ធម៌ផង ទាំងការពោលតាមលំអាននៃពាក្យ ដែលប្រកបដោយធម៌ណាមួយ  ក៏មិនដល់​នូវហេតុ ដែលគួរតិះដៀលផង។

[៤០៧]  ម្នាលអនុរាធ  អ្នកសំគាល់សេចក្តីនោះ ដូចម្តេច  រូបទៀង ឬមិនទៀង។  មិន​ទៀងទេ ព្រះអង្គ។  រូបឯណាមិនទៀង  តើរូបនោះ ជាទុក្ខ ឬជាសុខ។ ​ជាទុក្ខ ព្រះអង្គ។  រូបឯណា មិនទៀងជាទុក្ខ  មានសេចក្តីប្រែប្រួលជាធម្មតា  គួរយល់ឃើញ​នូវរូបនោះថា  នុ៎ះរបស់អាត្មាអញ  នុ៎ះជាអាត្មាអញ  នុ៎ះជាខ្លួនរបស់អាត្មាអញដែរឬ។  ហេតុនោះមិនគួរទេ ព្រះអង្គ។  ចុះវេទនាទៀង ឬមិនទៀង។ បេ។  ចុះសញ្ញា  សង្ខារ វិញ្ញាណ ទៀង ឬមិនទៀង។  មិនទៀងទេ ព្រះអង្គ។  ចុះវិញ្ញាណឯណា មិនទៀង  តើវិញ្ញាណនោះ ជាទុក្ខ ឬជាសុខ។  ជាទុក្ខ ព្រះអង្គ។  ចុះវិញ្ញាណឯណា មិនទៀងជាទុក្ខ  មានសេចក្តីប្រែប្រួលជាធម្មតា  គួរយល់ឃើញ នូវវិញ្ញាណនោះថា  នុ៎ះរបស់អាត្មាអញ  នុ៎ះជាអាត្មាអញ  នុ៎ះជាខ្លួនរបស់អាត្មាអញដែរឬ។  ហេតុនោះ មិនគួរទេ ព្រះអង្គ។

[៤០៨]  ម្នាលអនុរាធ  ព្រោះហេតុនោះ  រូបឯណានីមួយជាអតីត  អនាគត  បច្ចុប្បន្ន  ទោះខាងក្នុងក្តី  ខាងក្រៅក្តី  គ្រោតគ្រាតក្តី  ល្អិតក្តី  ថោកទាបក្តី  ថ្លៃថ្លាក្តី  រូបឯណាដែលនៅក្នុងទីឆ្ងាយក្តី  ក្នុងទីជិតក្តី  រូបទាំងអស់នោះ គ្រាន់តែជារូបប៉ុណ្ណោះ  បុគ្គលគប្បីយល់ឃើញនូវរូបនុ៎ះ ដោយប្រាជ្ញាដ៏ប្រពៃ តាមសេចក្តីពិត យ៉ាងនេះថា  នុ៎ះមិន​មែន​របស់អាត្មាអញទេ ​នុ៎ះមិនមែនជាអាត្មាអញទេ  នុ៎ះមិនមែនជាខ្លួនអាត្មាអញ​ទេ។  វេទនា​ឯណានីមួយ ជាអតីត  អនាគត  បច្ចុប្បន្ន  សញ្ញាឯណានីមួយ  សង្ខារទាំងឡាយ​​ឯណានីមួយ  វិញ្ញាណឯណានីមួយ ជាអតីត  អនាគត  បច្ចុប្បន្ន  ទោះខាងក្នុងក្តី  ខាងក្រៅក្តី  គ្រោតគ្រាតក្តី  ល្អិតក្តី  ថោកទាបក្តី  ថ្លៃថ្លាក្តី ​វិញ្ញាណឯណា ដែលនៅក្នុង​ទីឆ្ងាយក្តី  ក្នុងទីជិតក្តី  វិញ្ញាណទាំងអស់នោះ គ្រាន់តែជាវិញ្ញាណប៉ុណ្ណោះ  បុគ្គលគប្បី​យល់ឃើញ នូវវិញ្ញាណនុ៎ះ ដោយប្រាជ្ញាដ៏ប្រពៃ តាមសេចក្តីពិត យ៉ាងនេះថា  នុ៎ះមិនមែន​របស់អាត្មាអញទេ នុ៎ះមិនមែនជាអាត្មាអញទេ  នុ៎ះមិនមែនជាខ្លួនអាត្មាអញ​ទេ។  ម្នាល​អនុរាធ  អរិយសាវក អ្នកចេះដឹង  កាលបើឃើញយ៉ាងនេះ  រមែងនឿយណាយ ក្នុង​រូបផង  នឿយណាយក្នុងវេទនាផង  នឿយណាយក្នុងសញ្ញាផង  នឿយណាយក្នុង​សង្ខារ​ទាំងឡាយផង  នឿយណាយក្នុងវិញ្ញាណផង  កាលបើនឿយ​ណាយ  ចិត្តក៏ប្រាស​ចាកតម្រេក  ព្រោះប្រាសចាកតម្រេក  ចិត្តក៏ផុតស្រឡះ ចាក​(អាសវៈ)។  កាលបើ​ចិត្តផុតស្រឡះហើយ  ញាណក៏កើតឡើងថា  ចិត្តផុតស្រឡះហើយ។  អរិយសាវក​នោះ​ ដឹងច្បាស់ថា  ជាតិអស់ហើយ  ព្រហ្មចរិយធម៌ អាត្មាអញ បាននៅស្រេចហើយ  សោឡសកិច្ច អាត្មាអញ បានធ្វើរួចហើយ  មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោ​ឡ​ស​កិច្ចនេះ ទៀតមិនមានឡើយ។

[៤០៩]  ម្នាលអនុរាធ ​អ្នកសំគាល់សេចក្តីនោះ ដូចម្តេច  អ្នកពិចារណា ឃើញ​នូវរូប ថាជាសត្វឬ។  មិនមែនដូច្នោះទេ  ព្រះអង្គ។  អ្នកពិចារណាឃើញនូវ​វេទនា ថាជាសត្វឬ។  មិនមែនដូច្នោះទេ  ព្រះអង្គ។  ​អ្នកពិចារណាឃើញនូវសញ្ញា ថា​ជាសត្វឬ។  មិនមែនដូច្នោះទេ  ព្រះអង្គ។  អ្នកពិចារណាឃើញនូវសង្ខារ​ទាំងឡាយ​ ថាជាសត្វឬ។  មិនមែនដូច្នោះទេ  ព្រះអង្គ។  អ្នកពិចារណាឃើញនូវវិញ្ញាណ ​ថាជា​សត្វឬ។  មិនមែនដូច្នោះទេ  ព្រះអង្គ។

[៤១០]  ម្នាលអនុរាធ  អ្នកសំគាល់សេចក្តីនោះ ដូចម្តេច  អ្នកពិចារណា​ឃើញថា សត្វក្នុងរូបឬ។  មិនមែនដូច្នោះទេ  ព្រះអង្គ។  អ្នកពិចារណាឃើញថា សត្វ​ក្រៅ​អំពីរូបឬ។  មិនមែនដូច្នោះទេ  ព្រះអង្គ។  អ្នកពិចារណាឃើញថា សត្វ​ក្នុង​វេទនាឬ។  មិនមែនដូច្នោះទេ  ព្រះអង្គ។  អ្នកពិចារណាឃើញថា សត្វក្រៅ​អំពី​វេទនាឬ។  បេ។  ក្នុងសញ្ញាឬ។ បេ។  ក្រៅអំពីសញ្ញាឬ។ បេ។  ក្នុងសង្ខារ​ទាំងឡាយឬ។ បេ។  ក្រៅអំពីសង្ខារទាំងឡាយឬ។បេ។  អ្នកពិចារណាឃើញថា ​សត្វក្នុងវិញ្ញាណឬ។  មិនមែនដូច្នោះទេ  ព្រះអង្គ។  អ្នកពិចារណាឃើញថា សត្វក្រៅ​អំពីវិញ្ញាណឬ។  មិនមែនដូច្នោះទេ  ព្រះអង្គ។

[៤១១]  ម្នាលអនុរាធ  អ្នកសំគាល់សេចក្តីនោះ ដូចម្តេច  អ្នកពិចារណា​ឃើញ​នូវរូប  វេទនា  សញ្ញា  សង្ខារ  វិញ្ញាណ ថាជាសត្វឬ។  មិនមែនដូច្នោះទេ  ព្រះអង្គ។

[៤១២]  ម្នាលអនុរាធ  អ្នកសំគាល់សេចក្តីនោះ ដូចម្តេច  អ្នកពិចារណាឃើញ​ថាសត្វនេះគ្មានរូប  គ្មានវេទនា  គ្មានសញ្ញា  គ្មានសង្ខារ  គ្មានវិញ្ញាណឬ។  មិនមែន​ដូច្នោះទេ  ព្រះអង្គ។  ម្នាលអនុរាធ  សភាវៈដែលអ្នកមិនត្រូវបានដោយពិត​ ឬដោយ​ទៀងទាត់ ក្នុងបច្ចុប្បន្ននេះ  អ្នកគួរឃើញដែរឬ  ត្រង់ពាក្យព្យាករណ៍នេះថា  ម្នាល​អាវុសោ  សត្វឯណា ជាបុរសដ៏ឧត្តម  ជាបុរសដ៏ប្រសើរក្រៃលែង  ជាអ្នកដល់នូវ​ចំណែក​នៃ​គុណ ​ដ៏ក្រៃលែង  ព្រះតថាគត កាលបញ្ញត្ត  ក៏រមែងបញ្ញត្តនូវសត្វនោះ  ដោយ​វៀរចាកហេតុ ទាំង ៤ នោះចេញ  គឺថា សត្វស្លាប់ទៅ កើតទៀត ១។ បេ។  សត្វស្លាប់​ទៅ​កើតទៀតក៏មិនមែន  មិនកើតទៀតក៏មិនមែន ១។  មិនមែនដូច្នោះទេ  ព្រះអង្គ។  សាធុ ៗ អនុរាធ  ម្នាលអនុរាធ  ក្នុងកាលពីមុនក្តី  ក្នុងកាលឥឡូវនេះក្តី  តថាគត ក៏បញ្ញត្ត​នូវទុក្ខ​ និងហេតុជាទីរលត់នៃទុក្ខ ប៉ុណ្ណោះឯង។  ចប់ សូត្រ ទី២។

[៤១៣]  សម័យមួយ  ព្រះសារីបុត្តដ៏មានអាយុ និងព្រះមហាកោដ្ឋិតៈដ៏មានអាយុ  គង់ក្នុងឥសិបតនមិគទាយវន  ជិតក្រុងពារាណសី។  លំដាប់នោះ  ព្រះមហាកោដ្ឋិតៈ​ដ៏មានអាយុ ចេញចាកទីសម្ងំ ក្នុងវេលាសាយណ្ហសម័យ  បានចូលទៅរកព្រះសារីបុត្ត​ដ៏មានអាយុ  លុះចូលទៅដល់ហើយ  ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹងព្រះសារីបុត្តដ៏មាន អាយុ  លុះបញ្ចប់ពាក្យ ដែលគួររីករាយ និងពាក្យដែលគួរជាទីរឭកហើយ  ក៏គង់​ក្នុង​ទី​ដ៏​សមគួរ។  លុះព្រះមហាកោដ្ឋិតៈដ៏មានអាយុ គង់ក្នុងទីដ៏សមគួរហើយ បានពោលនឹង​ព្រះ​សារី​បុត្ត​ដ៏មានអាយុ ដូច្នេះថា  ម្នាលអាវុសោសារីបុត្ត  សត្វស្លាប់ទៅ កើតទៀតឬទេ។  ព្រះសារីបុត្តឆ្លើយថា  ម្នាលអាវុសោ ពាក្យថា សត្វស្លាប់ទៅ កើតទៀតនេះ  ព្រះដ៏មានព្រះភាគ ​ទ្រង់មិនបាន​ព្យាករទេ។  ម្នាលអាវុសោ  សត្វស្លាប់ទៅ មិនកើតទៀតទេឬ។ ម្នាលអាវុសោ ពាក្យថា សត្វស្លាប់ទៅ មិនកើតទៀតនេះ  ព្រះដ៏មានព្រះភាគ ទ្រង់មិនបានព្យាករទេ។ ម្នាល​អាវុសោ  ចុះសត្វស្លាប់ទៅ កើតទៀតខ្លះក៏មាន  មិនកើតទៀតខ្លះ ក៏មានឬអ្វី។  ម្នាលអាវុសោ  ពាក្យថា សត្វស្លាប់ទៅ កើតទៀតខ្លះក៏មាន  មិនកើតទៀតខ្លះ ក៏មាននេះ  ព្រះដ៏មានព្រះភាគ ទ្រង់មិន​បានព្យាករទេ។  ម្នាលអាវុសោ  ចុះសត្វស្លាប់ទៅ កើត​ទៀត​ក៏មិនមែន  មិនកើតទៀត ក៏មិនមែនឬអ្វី។  ម្នាលអាវុសោ  ពាក្យថា សត្វស្លាប់ទៅ ​កើត​ទៀតក៏មិនមែន  មិនកើតទៀត ក៏មិនមែននេះ  ព្រះដ៏មានព្រះភាគ​ ទ្រង់មិនបានព្យាករ​ដែរ។  កាលដែលខ្ញុំសួរថា  ម្នាលអាវុសោ  ចុះសត្វស្លាប់ទៅ កើតទៀតឬទេ  លោក ឆ្លើយថា  ម្នាលអាវុសោ  ពាក្យថា សត្វស្លាប់ទៅ កើតទៀតនេះ   ព្រះដ៏មានព្រះភាគ​ ទ្រង់​មិនបានព្យាករទេ។បេ។  កាលដែលខ្ញុំសួរ យ៉ាងនេះថា    ម្នាលអាវុសោ  ចុះសត្វ​ស្លាប់​ទៅ កើតទៀតក៏មិនមែន  មិនកើតទៀតក៏មិនមែនឬអ្វី  លោកឆ្លើយថា  ម្នាល​អាវុសោ  ពាក្យថា សត្វស្លាប់ទៅ កើតទៀតក៏មិនមែន  មិនកើតទៀតក៏មិនមែននេះ  ព្រះដ៏​មានព្រះភាគ ក៏ទ្រង់មិនបានព្យាករទេ។  ម្នាលអាវុសោ  អ្វីជាហេតុ  អ្វីជាបច្ច័យ  ដែល​នាំព្រះដ៏មានព្រះភាគ មិនឲ្យទ្រង់ព្យាករពាក្យនេះ។

[៤១៤]  ម្នាលអាវុសោ  ពាក្យថា សត្វស្លាប់ទៅកើតទៀតនេះ  គ្រាន់តែជារូបទេ។  ពាក្យថា  សត្វស្លាប់ទៅ មិនកើតទៀតនេះ  ក៏គ្រាន់តែជារូបដែរ។  ពាក្យថា  សត្វ​ស្លាប់​ទៅ កើតទៀតខ្លះក៏មាន  មិនកើតទៀតខ្លះ ក៏មាននេះ  គ្រាន់តែជារូបដែរ។  ពាក្យថា  សត្វស្លាប់ទៅ កើតទៀតក៏មិនមែន មិនកើតទៀត ក៏មិនមែននេះ  គ្រាន់តែជារូបដែរ។  ម្នាល​អាវុសោ  ពាក្យថា សត្វស្លាប់ទៅ កើតទៀតនេះ  គ្រាន់តែជាវេទនាទេ។  ពាក្យថា​សត្វស្លាប់ទៅ មិនកើតទៀតនេះ  គ្រាន់តែជាវេទនាដែរ។  ពាក្យថា សត្វស្លាប់ទៅកើត​ទៀត​ខ្លះក៏មាន  មិនកើតទៀតខ្លះក៏មាននេះ  ក៏គ្រាន់តែជាវេទនាដែរ។  ពាក្យថា  សត្វ​ស្លាប់​ទៅ កើតទៀតក៏មិនមែន  មិនកើតទៀតក៏មិនមែននេះ  ក៏គ្រាន់តែជាវេទនាដែរ។  ម្នាល​អាវុសោ  ពាក្យថា  សត្វស្លាប់ទៅ កើតទៀតនេះ  គ្រាន់តែជាសញ្ញាទេ។  ពាក្យថា  សត្វស្លាប់ទៅ មិនកើតទៀតនេះ  គ្រាន់តែជាសញ្ញាដែរ។  ពាក្យថា សត្វស្លាប់ទៅកើត​ទៀតខ្លះក៏មាន  មិនកើតទៀតខ្លះ ក៏មាននេះ  ក៏គ្រាន់តែជាសញ្ញាដែរ។  ពាក្យថា  សត្វ​ស្លាប់ទៅ កើតទៀតក៏មិនមែន  មិនកើតទៀត ក៏មិនមែននេះ  គ្រាន់តែជាសញ្ញាដែរ។  ម្នាលអាវុសោ  ពាក្យថា  សត្វស្លាប់ទៅ កើតទៀតនេះ  គ្រាន់តែជាសង្ខារទេ។  ពាក្យថា  សត្វស្លាប់ទៅ មិនកើតទៀតនេះ  គ្រាន់តែជាសង្ខារដែរ។  ពាក្យថា សត្វស្លាប់ទៅកើត​ទៀត​ខ្លះក៏មាន  មិនកើតទៀតខ្លះ ក៏មាននេះ  គ្រាន់តែជាសង្ខារដែរ។  ពាក្យថា  សត្វ​ស្លាប់​ទៅ កើតទៀតក៏មិនមែន  មិនកើតទៀត ក៏មិនមែននេះ  ក៏គ្រាន់តែជាសង្ខារដែរ។  ម្នាល​អាវុសោ  ពាក្យថា  សត្វស្លាប់ទៅ កើតទៀតនេះ  គ្រាន់តែជាវិញ្ញាណទេ។  ពាក្យ​ថា  សត្វស្លាប់ទៅ មិនកើតទៀតនេះ  គ្រាន់តែជាវិញ្ញាណដែរ។    ពាក្យថា សត្វស្លាប់ទៅ ​កើត​ទៀតខ្លះក៏មាន  មិនកើតទៀតខ្លះក៏មាននេះ  គ្រាន់តែជាវិញ្ញាណដែរ។  ពាក្យថា  សត្វ​ស្លាប់ទៅ កើតទៀតក៏មិនមែន  មិនកើតទៀត ក៏មិនមែននេះ  ក៏គ្រាន់តែជាវិញ្ញាណដែរ។  ម្នាលអាវុសោ  នេះឯងជាហេតុ  នេះឯងជាបច្ច័យ  ដែលនាំឲ្យព្រះដ៏មានព្រះភាគ​មិនទ្រង់ព្យាករពាក្យនេះ។  ចប់ សូត្រ ទី៣។

[៤១៥]  សម័យមួយ  ព្រះសារីបុត្តដ៏មានអាយុ  និងព្រះមហាកោដ្ឋិតដ៏មានអាយុ  នៅក្នុងព្រៃឥសិបតនមិគទាយៈ ជិតក្រុងពារាណសី។ បេ។  ការដណ្តឹងសួរនោះ ក៏កើតឡើងថា  ម្នាលអាវុសោ  ហេតុដូចម្តេចហ្ន៎  បច្ច័យដូចម្តេចហ្ន៎​​  ដែលនាំឲ្យ​ព្រះដ៏មានព្រះភាគ មិនទ្រង់ព្យាករនូវពាក្យនេះ។

[៤១៦]  ម្នាលអាវុសោ  កាលបើបុគ្គលមិនដឹង មិនឃើញ នូវរូបតាមសភាវៈពិត  មិនដឹង  មិនឃើញ  នូវហេតុជាទីកើតឡើងនៃរូប តាមសភាវៈពិត មិនដឹង មិន​ឃើញ នូវ​សេចក្តីរលត់ នៃរូបតាមសភាវៈពិត  មិនដឹង  មិនឃើញ​  នូវបដិបទា ដើម្បីដល់នូវ​សេចក្តី​រលត់​នៃរូប តាមសភាវៈពិតទេ  បុគ្គលនោះ មានសេចក្តីត្រិះរិះ ដូច្នេះថា សត្វស្លាប់​ទៅ កើតទៀតក៏មាន។  បុគ្គលនោះ មានសេចក្តីត្រិះរិះ ដូច្នេះថា  សត្វស្លាប់ទៅមិនកើត ទៀតក៏មាន។  បុគ្គលនោះ មានសេចក្តីត្រិះរិះ ដូច្នេះថា  សត្វស្លាប់ទៅ កើតទៀតខ្លះ  មិន​កើតទៀតខ្លះក៏មាន។  បុគ្គលនោះ​ មានសេចក្តីត្រិះរិះ ដូច្នេះថា  សត្វស្លាប់ទៅ កើតទៀត​ក៏មិនមែន មិនកើតទៀត ក៏មិនមែនក៏មាន។ កាលបើបុគ្គលមិនដឹង មិនឃើញនូវវេទនា  សញ្ញា  សង្ខារទាំងឡាយ  និងវិញ្ញាណ តាមសភាវៈពិត  មិនដឹង  មិនឃើញ  នូវហេតុជា​ទីកើតឡើង នៃវិញ្ញាណ តាមសភាវៈពិត  មិនដឹង  មិនឃើញ  នូវសេចក្តីរលត់ នៃវិញ្ញាណ​ តាមសភាវៈពិត  មិនដឹង  មិនឃើញ  នូវបដិបទា ដើម្បីដល់នូវសេចក្តីរលត់ នៃវិញ្ញាណ​ តាមសភាវៈពិត  បុគ្គលនោះ ទើបមានសេចក្តីត្រិះរិះ ដូច្នេះថា  សត្វស្លាប់ទៅ កើតទៀត​ក៏មាន។  បុគ្គលនោះ មានសេចក្តីត្រិះរិះ ដូច្នេះថា  សត្វស្លាប់ទៅ មិនកើតទៀត ក៏មាន។ បុគ្គលនោះ មានសេចក្តីត្រិះរិះ ដូច្នេះថា  សត្វស្លាប់ទៅ កើតទៀតខ្លះ  មិនកើតទៀតខ្លះ  ក៏មាន។  បុគ្គលនោះ មានសេចក្តីត្រិះរិះ ដូច្នេះថា  សត្វស្លាប់ទៅ កើតទៀតក៏មិនមែន  មិនកើតទៀត ក៏មិនមែនក៏មាន។

[៤១៧]  ម្នាលអាវុសោ  កាលបើបុគ្គលដឹង  ឃើញ  នូវរូបតាមសភាវៈពិត  ដឹង  ឃើញ នូវហេតុជាទីកើតឡើងនៃរូប តាមសភាវៈពិត  ដឹង  ឃើញ  នូវសេចក្តីរលត់នៃរូប​តាមសភាវៈពិត  ដឹង  ឃើញ  នូវបដិបទា ដើម្បីដល់នូវសេចក្តីរលត់ នៃរូប​តាមសភាវៈ​ពិតហើយ  បុគ្គលនោះ ក៏មិនមានសេចក្តីត្រិះរិះ ដូច្នេះថា  សត្វស្លាប់ទៅ កើតទៀត។ បេ។  បុគ្គលនោះ មិនមានសេចក្តីត្រិះរិះ ដូច្នេះថា  សត្វស្លាប់ទៅ កើតទៀតក៏មិនមែន  មិនកើត​ទៀត​ក៏មិនមែន ក៏មាន។  កាលបើបុគ្គលដឹង  ឃើញ នូវវេទនា  សញ្ញា  សង្ខារ​ទាំង​ឡាយ  និងវិញ្ញាណ តាមសភាវៈពិត  ដឹង  ឃើញ  នូវហេតុជាទីកើតឡើង នៃវិញ្ញាណ​តាមសភាវៈពិត  ដឹង  ឃើញនូវសេចក្តីរលត់ នៃវិញ្ញាណ តាមសភាវៈពិត  ដឹង  ឃើញ  នូវបដិបទា ដើម្បីដល់នូវសេចក្តីរលត់ នៃវិញ្ញាណ តាមសភាវៈពិត  បុគ្គលនោះ​ ក៏មិនមាន​សេចក្តីត្រិះរិះ ​ដូច្នេះថា  សត្វស្លាប់ទៅ កើតទៀតក៏មាន។  បុគ្គលនោះ មិនមានសេចក្តី​ត្រិះរិះ ដូច្នេះថា  សត្វស្លាប់ទៅ មិនកើតទៀតក៏មាន។  បុគ្គលនោះ មិនមានសេចក្តីត្រិះរិះ ​ដូច្នេះថា  សត្វស្លាប់ទៅ កើតទៀតខ្លះ  មិនកើតទៀតខ្លះ ក៏មាន។  បុគ្គលនោះ ​មិនមានសេចក្តីត្រិះរិះ ដូច្នេះថា  សត្វស្លាប់ទៅកើតទៀតក៏មិនមែន  មិនកើតទៀត ក៏មិនមែន  ក៏មាន។  ម្នាលអាវុសោ  នេះឯងជាហេតុ  នេះឯងជាបច្ច័យ  ដែលនាំឲ្យព្រះដ៏មានព្រះភាគ​ មិនទ្រង់ព្យាករនូវពាក្យនេះ។  ចប់ សូត្រ ទី៤។

[៤១៨] សម័យមួយ ព្រះសារីបុត្តដ៏មានអាយុ និងព្រះមហាកោដ្ឋិតដ៏មានអាយុ  នៅក្នុងព្រៃឥសិបតនមិគទាយៈ  ជិតក្រុងពារាណសី។ បេ។  ការសាកសួរនេះ​ឯងកើត​ឡើងថា  ម្នាលអាវុសោ  ហេតុដូចម្តេចហ្ន៎  បច្ច័យដូចម្តេចហ្ន៎  ដែលនាំឲ្យព្រះដ៏មាន​ព្រះភាគ ​មិ​នទ្រង់ព្យាករនូវពាក្យនេះ។

[៤១៩]  ម្នាលអាវុសោ  កាលបើបុគ្គលមិនប្រាសចាកតម្រេក  មិនប្រាស​ចាក​សេចក្តីពេញចិត្ត  មិនប្រាសចាកសេចក្តីស្រឡាញ់  មិនប្រាសចាកសេចក្តីស្រេកឃ្លាន  មិនប្រាសចាកសេចក្តីក្តៅក្រហាយ  មិនប្រាសចាកចំណង់ក្នុងរូបទេ  បុគ្គលនោះ មានសេចក្តីត្រិះរិះ ដូច្នេះថា  សត្វស្លាប់ទៅ កើតទៀតក៏មាន។ បេ។  បុគ្គលនោះ មាន​សេចក្តីត្រិះរិះ ដូច្នេះថា សត្វស្លាប់ទៅ កើតទៀតក៏មិនមែន មិនកើតទៀតក៏មិនមែន   ក៏មាន។  កាលបើបុគ្គលមិនប្រាសចាកតម្រេក  មិនប្រាសចាកសេចក្តីពេញចិត្ត  មិន​ប្រាស​ចាកសេចក្តីស្រឡាញ់  មិនប្រាសចាកសេចក្តីស្រេកឃ្លាន  មិនប្រាសចាកសេចក្តី​ក្តៅក្រហាយ  មិនប្រាសចាកចំណង់ក្នុងវេទនា  សញ្ញា  សង្ខារទាំងឡាយ  និងវិញ្ញាណទេ  បុគ្គលនោះ រមែងមានសេចក្តីត្រិះរិះ ដូច្នេះថា ​សត្វស្លាប់ទៅ កើតទៀតក៏មាន។បេ។  បុគ្គលនោះ មានសេចក្តីត្រិះរិះ ដូច្នេះថា  សត្វស្លាប់ទៅ កើតទៀតក៏មិនមែន មិនកើតទៀត​ ក៏មិនមែន ក៏មាន។

[៤២០]  ម្នាលអាវុសោ  កាលបើបុគ្គលប្រាសចាកតម្រេកក្នុងរូប។ បេ។  កាលបើបុគ្គលប្រាសចាកតម្រេក  ប្រាសចាកសេចក្តីពេញចិត្ត  ប្រាសចាកសេចក្តី​ស្រឡាញ់  ប្រាសចាកសេចក្តីស្រេកឃ្លាន  ប្រាសចាកសេចក្តីក្តៅក្រហាយ  ប្រាសចាក​ចំណង់ក្នុងវេទនា  សញ្ញា  សង្ខារទាំងឡាយ  និងវិញ្ញាណហើយ  បុគ្គលនោះ​ ក៏មិនមាន​សេចក្តី​ត្រិះរិះ ដូច្នេះថា  សត្វស្លាប់ទៅ កើតទៀត។ បេ។​​  បុគ្គលនោះ មិនមានសេចក្តី​ត្រិះរិះដូច្នេះថា  សត្វស្លាប់ទៅ កើតទៀតក៏មិនមែន  មិនកើតទៀតក៏មិនមែន  ក៏មាន។  ម្នាលអាវុសោ  នេះឯងជាហេតុ  នេះឯងជាបច្ច័យ  ដែលនាំឲ្យព្រះដ៏មានព្រះភាគ​ មិន ទ្រង់ព្យាករនូវពាក្យនេះ។  ចប់ សូត្រ ទី៥។

[៤២១]  សម័យមួយ  ព្រះសារីបុត្តដ៏មានអាយុ និងព្រះមហាកោដ្ឋិតដ៏មានអាយុ  នៅក្នុងព្រៃឥសិបតនមិគទាយៈ  ជិតក្រុងពារាណសី។  គ្រានោះឯង  ព្រះសារីបុត្តដ៏​មាន​អាយុ ចេញអំពីទីសម្ងំ ក្នុងសាយណ្ហសម័យ  ក៏ចូលទៅរកព្រះមហាកោដ្ឋិត​ដ៏មាន​អាយុ  លុះ​ចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹងព្រះមហាកោដ្ឋិត​ដ៏មាន​អាយុ  លុះ​​បញ្ចប់ពាក្យ ដែលគួររីករាយ​ និងពាក្យដែលគួររឭកហើយ  ក៏អង្គុយក្នុងទីសមគួរ។  លុះព្រះសារីបុត្តដ៏មានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ  បានពោលនឹង​ព្រះមហា​កោដ្ឋិត​ដ៏មានអាយុ ដោយពាក្យដូច្នេះថា ម្នាលអាវុសោមហាកោដ្ឋិត សត្វស្លាប់​ទៅ កើតទៀតដែរឬហ្ន៎។បេ។  ម្នាលអាវុសោ  សត្វស្លាប់ទៅ កើតទៀតក៏មិនមែន  មិនកើតទៀត ក៏មិនមែនឬអ្វី។  លុះព្រះសារីបុត្តដ៏មានអាយុ ​សួរយ៉ាងនេះហើយ  ព្រះមហាកោដ្ឋិតដ៏មានអាយុ ក៏ឆ្លើយថា  អាវុសោ ពាក្យថា  សត្វស្លាប់ទៅកើតទៀតក៏​មិនមែន  មិនកើតទៀត ក៏មិនមែននេះ  ទុកជាព្រះដ៏មានព្រះភាគ ក៏ទ្រង់មិនបាន​ព្យាករ។  ម្នាល​អាវុសោ  ហេតុដូចម្តេចហ្ន៎  បច្ច័យដូចម្តេចហ្ន៎  ដែលនាំឲ្យព្រះដ៏មានព្រះភាគ ​មិនទ្រង់ព្យាករនូវពាក្យនេះ។

[៤២២]  ម្នាលអាវុសោ  កាលបើបុគ្គលមានសេចក្តីត្រេកត្រអាលក្នុងរូប  ត្រេកអរ​ក្នុងរូប  រីករាយក្នុងរូប  មិនដឹង  មិនឃើញ  នូវសេចក្តីរលត់នៃរូប តាម​សភាវៈ​ពិត  បុគ្គលនោះ រមែងមានសេចក្តីត្រិះរិះ ដូច្នេះថា  សត្វស្លាប់ទៅ កើតទៀតក៏មាន។    បុគ្គល​នោះ​ មានសេចក្តីត្រិះរិះ ដូច្នេះថា  សត្វស្លាប់ទៅ មិនកើតទៀតក៏មាន។  បុគ្គលនោះ​មានសេចក្តីត្រិះរិះ ដូច្នេះថា សត្វស្លាប់ទៅ កើតទៀតខ្លះ  មិនកើតទៀតខ្លះក៏មាន។  បុគ្គល​នោះ ​មានសេចក្តីត្រិះរិះ ដូច្នេះថា  សត្វស្លាប់ទៅ កើតទៀតក៏មិនមែន  មិនកើតទៀត ក៏មិន​មែន ក៏មាន។  ម្នាលអាវុសោ  កាលបើបុគ្គល មានសេចក្តីត្រេកត្រអាល ក្នុងវេទនា  ត្រេកអរក្នុងវេទនា  រីករាយក្នុងវេទនា  មិនដឹង  មិនឃើញ  នូវសេចក្តីរលត់នៃវេទនា ​តាម​សភាវៈ​ពិត  បុគ្គលនោះ រមែងមានសេចក្តីត្រិះរិះ ដូច្នេះថា  សត្វស្លាប់ទៅ កើតទៀត​ក៏មាន។ បេ។  ម្នាលអាវុសោ  កាលបើបុគ្គល មានសេចក្តីត្រេកត្រអាលក្នុងសញ្ញា។  ម្នាលអាវុសោ  កាលបើបុគ្គលមានសេចក្តីត្រេកត្រអាល ក្នុងសង្ខារ។  ម្នាលអាវុសោ  កាលបើបុគ្គលមាន​សេចក្តីត្រេកត្រអាល ក្នុងវិញ្ញាណ  ត្រេកអរក្នុងវិញ្ញាណ  រីករាយ​ក្នុងវិញ្ញាណ  មិនដឹង  មិនឃើញ  នូវសេចក្តីរលត់នៃវិញ្ញាណ តាមសភាវៈពិត  បុគ្គលនោះ​មានសេចក្តីត្រិះរិះ ដូច្នេះថា  សត្វស្លាប់ទៅ កើតទៀតក៏មាន។បេ។  បុគ្គលនោះ​ មាន​សេចក្តីត្រិះរិះ ដូច្នេះថា សត្វបន្ទាប់អំពីសេចក្តីស្លាប់ទៅ កើតទៀតក៏មិនមែន មិនកើត​ទៀត​​ក៏មិនមែន  ក៏មាន។

[៤២៣]  ម្នាលអាវុសោ  កាលបើបុគ្គលមិនមានសេចក្តីត្រេកត្រអាលក្នុងរូប  មិន​ត្រេកអរក្នុងរូប  មិនរីករាយក្នុងរូប  ក៏ដឹង  ឃើញនូវសេចក្តីរលត់នៃរូប តាមសភាវៈ​ពិត  បុគ្គលនោះ​ មិនមានសេចក្តីត្រិះរិះ ដូច្នេះថា  សត្វបន្ទាប់អំពីសេចក្តីស្លាប់ទៅ កើត​ទៀត​ក៏មាន។ បេ។  បុគ្គលនោះ មិនមានសេចក្តីត្រិះរិះ ដូច្នេះថា  សត្វបន្ទាប់អំពីសេចក្តី​ស្លាប់ទៅ កើតទៀតក៏មិនមែន  មិនកើតទៀតក៏មិនមែន ក៏មាន។  ម្នាលអាវុសោ  កាលបើបុគ្គលមិនមានសេចក្តីត្រេកត្រអាល ក្នុងវេទនា។  ម្នាលអាវុសោ  កាលបើ​បុគ្គល​មិនមានសេចក្តីត្រេកត្រអាល ក្នុងសញ្ញា។  ម្នាលអាវុសោ  កាលបើបុគ្គល​មិន​មាន​សេចក្តីត្រេកត្រអាល ក្នុងសង្ខារ។  ម្នាលអាវុសោ  កាលបើបុគ្គលមិនមានសេចក្តី​ត្រេកត្រអាល ក្នុងវិញ្ញាណ  មិនត្រេកអរក្នុងវិញ្ញាណ  មិនរីករាយក្នុងវិញ្ញាណ  ដឹង  ឃើញ  នូវសេចក្តីរលត់នៃវិញ្ញាណ តាមសភាវៈពិត  ទើបបុគ្គលនោះ មិនមានសេចក្តី​ត្រិះរិះ​ ដូច្នេះថា  សត្វស្លាប់ទៅ កើតទៀតក៏មាន។  មិនកើតទៀតក៏មាន។ បេ។  បុគ្គលនោះ មិនមានសេចក្តីត្រិះរិះ ដូច្នេះថា  សត្វស្លាប់ទៅ កើតទៀតក៏មិនមែន  មិនកើត​ទៀតក៏មិនមែន ក៏មាន។  ម្នាលអាវុសោ  នេះឯងជាហេតុ  នេះឯងជាបច្ច័យ  ដែលនាំ​ឲ្យព្រះដ៏មានព្រះភាគ មិនទ្រង់ព្យាករនូវពាក្យនេះ។

[៤២៤]  ម្នាលអាវុសោ  នៅមានបរិយាយដទៃទៀត  ដែលនាំឲ្យ​ព្រះដ៏មាន​ព្រះភាគ​ មិនទ្រង់ព្យាករនូវពាក្យនេះដែរឬ។  ម្នាលអាវុសោ  បរិយាយនោះ មាន។  ម្នាលអាវុសោ  កាលបើបុគ្គលមានសេចក្តីត្រេកត្រអាលក្នុងភព  ត្រេកអរក្នុងភព  រីករាយក្នុងភព  មិនដឹង  មិនឃើញ  នូវសេចក្តីរលត់នៃភព តាមសភាវៈពិត    បុគ្គល​នោះ រមែងមានសេចក្តីត្រិះរិះ ដូច្នេះថា  សត្វស្លាប់ទៅ កើតទៀតក៏មាន។ បេ។  បុគ្គលនោះ មានសេចក្តីត្រិះរិះ ដូច្នេះថា  សត្វស្លាប់ទៅ កើតទៀតក៏មិនមែន  មិនកើតទៀតក៏មិនមែន ក៏មាន។

[៤២៥]  កាលបើបុគ្គលមិនមានសេចក្តីត្រេកត្រអាលក្នុងភព  មិនត្រេកអរ ក្នុងភព  មិនរីករាយក្នុងភព  ដឹង  ឃើញ  នូវសេចក្តីរលត់នៃភព តាមសភាវៈពិត  បុគ្គលនោះ មិនមានសេចក្តីត្រិះរិះ ដូច្នេះថា  សត្វស្លាប់ទៅ កើតទៀតក៏មាន។ បេ។  បុគ្គលនោះ មិនមានសេចក្តីត្រិះរិះ ដូច្នេះថា  សត្វស្លាប់ទៅ កើតទៀតក៏មិនមែន  មិនកើតទៀតក៏មិន មែន ក៏មាន។  ម្នាលអាវុសោ  នេះឯងជាបរិយាយ ដែលនាំឲ្យព្រះដ៏មានព្រះភាគ មិន ទ្រង់ព្យាករនូវពាក្យនេះ។

[៤២៦]  ម្នាលអាវុសោ  នៅមានបរិយាយដទៃទៀត  ដែលនាំឲ្យព្រះដ៏មាន​ព្រះភាគ មិនទ្រង់ព្យាករនូវពាក្យនេះដែរឬ។  ម្នាលអាវុសោ  បរិយាយនោះ មាន។  ម្នាលអាវុសោ  កាលបើបុគ្គលមានសេចក្តីត្រេកត្រអាល ក្នុងឧបាទាន  ត្រេកអរក្នុង ឧបាទាន  រីករាយក្នុងឧបាទាន  មិនដឹង  មិនឃើញ  នូវសេចក្តីរលត់នៃឧបាទាន តាម សភាវៈពិត  បុគ្គលនោះ រមែងមានសេចក្តីត្រិះរិះដូច្នេះថា  សត្វស្លាប់ទៅ កើតទៀតក៏  មាន។ បេ។  បុគ្គលនោះ មានសេចក្តីត្រិះរិះដូច្នេះថា  សត្វស្លាប់ទៅ កើតទៀតក៏មិនមែន  មិនកើតទៀតក៏មិនមែន ក៏មាន។

[៤២៧]  ម្នាលអាវុសោ  កាលបើបុគ្គលមិនមានសេចក្តីត្រេកត្រអាល ក្នុងឧបាទាន  មិនត្រេកអរក្នុងឧបាទាន  មិនរីករាយក្នុងឧបាទាន    ដឹង  ឃើញ  នូវសេចក្តី​រលត់នៃឧបាទាន តាមសភាវៈពិត  ទើបបុគ្គលនោះ មិនមានសេចក្តីត្រិះរិះដូច្នេះថា  សត្វ​ស្លាប់​ទៅ កើតទៀតក៏មាន។ បេ។  បុគ្គលនោះ មិនមានសេចក្តីត្រិះរិះដូច្នេះថា  សត្វ​ស្លាប់​ទៅ កើតទៀតក៏មិនមែន  មិនកើតទៀតក៏មិនមែន ក៏មាន។  ម្នាលអាវុសោ  នេះឯងជាបរិយាយ ដែលនាំឲ្យព្រះដ៏មានព្រះភាគ មិនទ្រង់ព្យាករនូវពាក្យនេះ។

[៤២៨]  ម្នាលអាវុសោ  នៅមានបរិយាយដទៃទៀត  ដែលនាំឲ្យព្រះដ៏មាន​ព្រះភាគ ​មិនទ្រង់ព្យាករ នូវពាក្យនេះដែរឬ។  ម្នាលអាវុសោ  បរិយាយនោះ មាន។  ម្នាលអាវុសោ  កាលបើបុគ្គលមានសេចក្តីត្រេកត្រអាលក្នុងតណ្ហា  ត្រេកអរក្នុង​តណ្ហា  រីករាយក្នុងតណ្ហា  មិនដឹង  មិនឃើញ  នូវសេចក្តីរលត់នៃតណ្ហា តាមសភាវៈពិត  បុគ្គលនោះ រមែងមានសេចក្តីត្រិះរិះ ដូច្នេះថា  សត្វស្លាប់ទៅ កើតទៀតក៏មាន។ បេ​។  បុគ្គលនោះ មានសេចក្តីត្រិះរិះ ដូច្នេះថា  សត្វស្លាប់ទៅ កើតទៀតក៏មិនមែន  មិនកើតទៀត​ ក៏​មិនមែន  ក៏មាន។

[៤២៩]  ម្នាលអាវុសោ  កាលបើបុគ្គលមិនមានសេចក្តីត្រេកត្រអាលក្នុងតណ្ហា  មិនត្រេកអរក្នុងតណ្ហា  មិនរីករាយក្នុងតណ្ហា  ដឹង  ឃើញ  នូវសេចក្តីរលត់នៃតណ្ហា​តាមសភាវៈពិត  បុគ្គលនោះ រមែងមិនមានសេចក្តីត្រិះរិះ ដូច្នេះថា  សត្វស្លាប់ទៅ កើតទៀត​ក៏មាន។បេ។  បុគ្គលនោះ មិនមានសេចក្តីត្រិះរិះ ដូច្នេះថា  សត្វស្លាប់ទៅ កើតទៀត ​ក៏មិនមែន  មិនកើតទៀត ក៏មិនមែន ក៏មាន។  ម្នាលអាវុសោ  នេះឯងជាបរិយាយ ដែល​នាំឲ្យ​ព្រះដ៏មានព្រះភាគ​ មិនទ្រង់ព្យាករនូវពាក្យនេះ។ ម្នាលអាវុសោ  នៅមាន​បរិយាយ​ដទៃទៀត  ដែលនាំឲ្យព្រះដ៏មានព្រះភាគ មិនទ្រង់ព្យាករ នូវពាក្យនេះដែរឬ។  ម្នាល​អាវុសោសារីបុត្ត  ក្នុងសេចក្តីនុ៎ះ  លោកចង់សួររឿងអ្វី​តទៅទៀត  អំពីហេតុនេះ  ក្នុងកាលឥឡូវនេះ  ម្នាលអាវុសោ​សារីបុត្ត    វត្តរបស់ភិក្ខុ ដែលផុតស្រឡះ ព្រោះការ​អស់​ទៅ​នៃតណ្ហា  មិនមានប្រាកដ​ឡើយ។  ចប់ សូត្រ ទី៦។

[៤៣០]  គ្រានោះឯង វច្ឆគោត្តបរិព្វាជក ចូលទៅរកព្រះមហាមោគ្គល្លានដ៏មាន​អាយុ  លុះចូលទៅដល់ហើយ  ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹងព្រះមហាមោគ្គល្លានដ៏​មាន​អាយុ  លុះបញ្ចប់ពាក្យ ដែលគួររីករាយ និងពាក្យដែលគួររឭកហើយ  ក៏អង្គុយ​ក្នុងទីដ៏សមគួរ។  លុះវច្ឆគោត្តបរិព្វាជក អង្គុយក្នុងទីដ៏សមគួរហើយ  បានពោលនឹង​ព្រះមហាមោគ្គល្លានដ៏មានអាយុ ដូច្នេះថា  បពិត្រព្រះមោគ្គល្លានដ៏ចំរើន  លោក​ទៀង​ឬអ្វីហ្ន៎។  ម្នាលវច្ឆៈ ពាក្យនេះ ព្រះដ៏មានព្រះភាគ មិនបានទ្រង់ព្យាករថា លោក​ទៀង​ដូច្នេះទេ។  ម្នាលអាវុសោមោគ្គល្លានដ៏ចំរើន  ចុះលោកមិនទៀងទេ ឬអ្វី។  ម្នាលវច្ឆៈ  ពាក្យនេះ  ព្រះដ៏មានព្រះភាគ មិនទ្រង់ព្យាករថា  លោកមិនទៀង ដូច្នេះទេ។  បពិត្រ​ព្រះមោគ្គល្លានដ៏ចំរើន  លោកមានទីបំផុត ឬអ្វីហ្ន៎។  ម្នាល​​វច្ឆៈ  ពាក្យនេះ  ព្រះដ៏មាន​ព្រះភាគ មិនបានទ្រង់ព្យាករថា  លោកមានទីបំផុត ដូច្នេះទេ។  បពិត្រព្រះមោគ្គល្លាន ដ៏ចំរើន  ចុះលោកមិនមានទីបំផុតឬអ្វី។  ម្នាលវច្ឆៈ  ពាក្យនេះ ព្រះដ៏មានព្រះភាគ មិនបានទ្រង់ព្យាករថា  លោកមិនមានទីបំផុត ដូច្នេះទេ។  បពិត្រព្រះមោគ្គល្លានដ៏ចំរើន  ជីវិតនោះ ក៏គឺសរីរៈនោះ ឬអ្វីហ្ន៎។  ម្នាលវច្ឆៈ  ពាក្យនេះ  ព្រះដ៏មានព្រះភាគ មិនបាន​ទ្រង់​ព្យាករថា  ជីវិតនោះ គឺសរីរៈនោះ ដូច្នេះទេ។  បពិត្រព្រះមោគ្គល្លានដ៏ចំរើន  ជីវិត ដទៃ សរីរៈដទៃ ឬអ្វី។  ម្នាលវច្ឆៈ  ពាក្យនេះ  ព្រះដ៏មានព្រះភាគ មិនបានទ្រង់ព្យាករថា  ជីវិតដទៃ  សរីរៈដទៃ ដូច្នេះទេ។  បពិត្រព្រះមោគ្គល្លានដ៏ចំរើន  សត្វស្លាប់ទៅ កើតទៀត​ដែរឬអ្វី។  ម្នាលវច្ឆៈ  ពាក្យនេះ  ព្រះដ៏មានព្រះភាគ មិនបានទ្រង់ព្យាករថា  សត្វស្លាប់​ទៅ កើតទៀត ដូច្នេះទេ។  បពិត្រព្រះមោគ្គល្លានដ៏ចំរើន  ចុះសត្វស្លាប់ទៅ មិនកើតទៀត​ឬអ្វី។  ម្នាលវច្ឆៈ  ពាក្យនេះ  ព្រះដ៏មានព្រះភាគ ក៏មិនបានទ្រង់ព្យាករថា  សត្វស្លាប់​ទៅ មិនកើតទៀត ដូច្នេះទេ។  បពិត្រព្រះមោគ្គល្លានដ៏ចំរើន  សត្វស្លាប់ទៅ កើតទៀតខ្លះ  មិនកើតទៀតខ្លះ ឬអ្វី។  ម្នាលវច្ឆៈ  ពាក្យនេះ  ព្រះដ៏មានព្រះភាគ មិនបានទ្រង់ព្យាករថា  សត្វស្លាប់ទៅ កើតទៀតខ្លះ  មិនកើតទៀតខ្លះ ដូច្នេះទេ។  បពិត្រព្រះមោគ្គល្លានដ៏ចំរើន  សត្វស្លាប់ទៅ កើតទៀតក៏មិនមែន  មិនកើតទៀត ក៏មិនមែនឬអ្វី។  ម្នាលវច្ឆៈ  ពាក្យនេះ  ព្រះដ៏មានព្រះភាគ ក៏មិនបានទ្រង់ព្យាករថា  សត្វស្លាប់ទៅ កើតទៀតក៏មិនមែន  មិនកើត​ទៀត ក៏មិនមែន ដូច្នេះទេ។

[៤៣១] បពិត្រព្រះមោគ្គល្លានដ៏ចំរើន ហេតុដូចម្តេចហ្ន៎ បច្ច័យដូចម្តេចហ្ន៎ កាលបើអន្យតិរ្ថិយបរិព្វាជក ត្រូវគេសួរយ៉ាងហ្នឹងហើយ  ទើបមានពាក្យដោះស្រាយ​យ៉ាង​នេះថា លោកទៀងក្តី  ថាលោកមិនទៀងក្តី  ថាលោកមានទីបំផុតក្តី  ថាលោក​មិនមាន​ទីបំផុតក្តី  ថាជីវិតនោះ គឺសរីរៈនោះក្តី  ថាជីវិតដទៃ សរីរៈដទៃក្តី  ថាសត្វស្លាប់ទៅ​ កើត​ទៀតក្តី  សត្វស្លាប់ទៅ មិនកើតទៀតក្តី  សត្វស្លាប់ទៅ កើតទៀតខ្លះ  មិនកើតទៀត​ខ្លះក្តី  សត្វស្លាប់ទៅ កើតទៀតក៏មិនមែន  មិនកើតទៀត ក៏មិនមែនក្តី។  បពិត្រ​ព្រះមោគ្គល្លាន​ដ៏​ចំរើន    ហេតុដូចម្តេច  បច្ច័យដូចម្តេច  កាលបើព្រះសមណគោតម​ត្រូវគេសួរយ៉ាង​ហ្នឹង​ហើយ  ក៏មិនមានពាក្យព្យាករ យ៉ាងនេះថា  លោកទៀងខ្លះ  ​​លោក​មិន​ទៀងខ្លះ  លោកមានទីបំផុតខ្លះ  លោកមិនមានទីបំផុតខ្លះ  ថាជីវិតនោះ គឺសរីរៈនោះខ្លះ  ជីវិតដទៃ សរីរៈដទៃខ្លះ  សត្វស្លាប់ទៅ កើតទៀតខ្លះ  សត្វស្លាប់ទៅ មិនកើតទៀតខ្លះ  សត្វ​ស្លាប់ទៅ កើតទៀតក៏មាន  មិនកើតទៀតក៏មានខ្លះ  សត្វស្លាប់ទៅកើតទៀតក៏មិនមែន  មិនកើតទៀត ក៏មិនមែនខ្លះ។

[៤៣២]  ម្នាលវច្ឆៈ  ឯពួកអន្យតិរ្ថិយបរិព្វាជក  ពិចារណាឃើញនូវចក្ខុថា នុ៎ះ​ជារបស់អាត្មាអញ  នុ៎ះជាអាត្មាអញ  នុ៎ះជាខ្លួនរបស់អាត្មាអញ។បេ។  ពិចារណា​ឃើញ នូវអណ្តាតថា  នុ៎ះជារបស់អាត្មាអញ  នុ៎ះជាអាត្មាអញ  នុ៎ះជាខ្លួនរបស់អាត្មាអញ។បេ។  ពិចារណាឃើញ នូវចិត្តថា  នុ៎ះជារបស់អាត្មាអញ  នុ៎ះជាអាត្មាអញ  នុ៎ះជាខ្លួនរបស់​អាត្មាអញ ​ ហេតុនោះ កាលបើពួកអន្យតិរ្ថិយបរិព្វាជក ត្រូវគេសួរ​យ៉ាង​នេះ​​ហើយ  ទើបមានពាក្យព្យាករ យ៉ាងនេះថា  លោកទៀងក្តី។ បេ​។  សត្វស្លាប់ទៅ​កើតទៀតក៏មិន​មែន  មិនកើតទៀត ក៏មិនមែនក្តី។  ម្នាលវច្ឆៈ  ឯព្រះតថាគត​ ជា​ព្រះអរហន្ត​សម្មាសម្ពុទ្ធ  ទ្រង់ពិចារណាឃើញ នូវចក្ខុថា  នុ៎ះមិនមែនរបស់អាត្មាអញ  នុ៎ះមិនមែនជាអាត្មាអញ  ​​នុ៎ះមិនមែនជាខ្លួនរបស់អាត្មាអញ។បេ។ ទ្រង់ពិចារណា​ឃើញ នូវអណ្តាតថា  នុ៎ះមិនមែនរបស់អាត្មាអញ នុ៎ះមិនមែនជាអាត្មាអញ  នុ៎ះមិនមែន​ជាខ្លួន​របស់​អាត្មា​អញ។បេ​។  ទ្រង់ពិចារណាឃើញ នូវចិត្តថា  នុ៎ះមិនមែនជារបស់​អាត្មាអញ  នុ៎ះមិនមែនជាអាត្មាអញ  នុ៎ះមិនមែនជាខ្លួនរបស់អាត្មាអញ។  ព្រោះហេតុ​នោះ  កាលបើព្រះតថាគត ត្រូវគេសួរ យ៉ាងនេះហើយ  ទើបមិនមានពាក្យព្យាករ យ៉ាងនេះ​ថា  លោកទៀងខ្លះ។បេ។  សត្វស្លាប់ទៅ កើតទៀតក៏មិនមែន  មិនកើតទៀតក៏​មិន​មែនខ្លះ។

[៤៣៣]  គ្រានោះឯង  វច្ឆគោត្តបរិព្វាជក​ ក្រោកចាកអាសនៈ ចូលទៅគាល់​ព្រះដ៏មានព្រះភាគ  លុះចូលទៅដល់ហើយ  ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹង​ព្រះដ៏មាន​ព្រះភាគ  លុះបញ្ចប់ពាក្យ ដែលគួររីករាយ និងពាក្យដែលគួររឭកហើយ  ក៏អង្គុយក្នុងទី​សមគួរ។  លុះវច្ឆគោត្តបរិព្វាជក អង្គុយក្នុងទីដ៏សមគួរហើយ  ក៏ក្រាបបង្គំទូល​ព្រះដ៏មានព្រះភាគ ដូច្នេះថា  បពិត្រព្រះគោតមដ៏ចំរើន  លោកទៀងឬទេ។  ម្នាលវច្ឆៈ  ពាក្យនេះ តថាគតមិនបានព្យាករថា  លោកទៀង ដូច្នេះទេ។ បេ។  បពិត្រព្រះគោតម     ដ៏​ចំរើន  ចុះសត្វស្លាប់ទៅ កើតទៀតក៏មិនមែន  មិនកើតទៀត ក៏មិនមែនឬអ្វី។  ម្នាល​វច្ឆៈ  ពាក្យនេះ  តថាគតក៏មិនបានព្យាករថា  សត្វស្លាប់ទៅ កើតទៀតក៏មិនមែន  មិនកើត​ទៀត ក៏មិនមែន ដូច្នេះទេ។  បពិត្រព្រះគោតមដ៏ចំរើន  ហេតុដូចម្តេចហ្ន៎  បច្ច័យដូចម្តេច​ហ្ន៎  កាលបើពួកអន្យតិរ្ថិយបរិព្វាជក ត្រូវគេសួរយ៉ាងនេះហើយ  ទើបមានពាក្យព្យាករ​យ៉ាងនេះ​ថា  លោកទៀងក្តី។ បេ។ ​ថាសត្វស្លាប់ទៅ កើតទៀតក៏មិនមែន  មិនកើត​ទៀត ក៏មិនមែនក្តី។  បពិត្រព្រះគោតមដ៏ចំរើន  ចុះហេតុដូចម្តេច ​បច្ច័យដូចម្តេច  កាលបើព្រះគោតមដ៏ចំរើន ត្រូវគេសួរ យ៉ាងនេះហើយ  មិនមានពាក្យព្យាករយ៉ាងនេះ​ថា  លោកទៀងខ្លះ។ បេ។  ថាសត្វស្លាប់ទៅ កើតទៀតក៏មិនមែន  មិនកើតទៀត​ក៏មិន​មែន​ខ្លះ។

[៤៣៤]  ម្នាលវច្ឆៈ  ពួកអន្យតិរ្ថិយបរិព្វាជក  រមែងពិចារណាឃើញ នូវចក្ខុថា  នុ៎ះជារបស់អាត្មាអញ  នុ៎ះជាអាត្មាអញ  នុ៎ះជាខ្លួនរបស់អាត្មាអញ។បេ។ ពិចារណា​ឃើញ នូវអណ្តាតថា  នុ៎ះរបស់អាត្មាអញ  នុ៎ះជាអាត្មាអញ  នុ៎ះជាខ្លួនរបស់អាត្មា​អញ។បេ។  ពិចារណាឃើញ នូវចិត្តថា  នុ៎ះរបស់អាត្មាអញ  នុ៎ះជាអាត្មាអញ  នុ៎ះជាខ្លួនរបស់អាត្មាអញ។  ព្រោះហេតុនោះ  កាលបើពួកអន្យតិរ្ថិយបរិព្វាជក​ ត្រូវគេ​សួរ​យ៉ាងនេះហើយ ទើបមានពាក្យព្យាករ យ៉ាងនេះថា  លោកទៀតក្តី។បេ។  ថាសត្វ​ស្លាប់​ទៅ កើតទៀតក៏មិនមែន  មិនកើតទៀត ក៏មិនមែនក្តី។  ម្នាលវច្ឆៈ  ឯព្រះតថាគត​អរហន្ត សម្មាសម្ពុទ្ធ ពិចារណាឃើញ នូវចក្ខុថា  នុ៎ះមិនមែនជារបស់អាត្មាអញ  នុ៎ះមិន​មែន​ជាអាត្មាអញ  នុ៎ះមិនមែនជាខ្លួនរបស់អាត្មាអញ។ បេ។  ពិចារណាឃើញនូវ​អណ្តាតថា  នុ៎ះមិនមែនជារបស់អាត្មាអញ  នុ៎ះមិនមែនជាអាត្មាអញ  នុ៎ះមិនមែនជាខ្លួន​របស់អាត្មាអញ។ បេ។  ពិចារណាឃើញ នូវចិត្តថា  នុះមិនមែនជារបស់អាត្មាអញ  នុ៎ះមិនមែនជាអាត្មាអញ  នុ៎ះមិនមែនជាខ្លួន របស់អាត្មាអញ។  ព្រោះហេតុនោះ  កាល​តថាគត ត្រូវគេសួរយ៉ាងនេះហើយ ទើបមិនមានពាក្យព្យាករណ៍ យ៉ាងនេះថា  លោកទៀង​ខ្លះ  ថាលោកមិនទៀងខ្លះ  ថាលោកមានទីបំផុតខ្លះ ថាលោកមិនមាន​ទីបំផុតខ្លះ ថា​ជីវិត​នោះ គឺសរីរៈនោះខ្លះ  ថាជីវិតដទៃ សរីរៈដទៃខ្លះ  ថាសត្វស្លាប់ទៅ កើតទៀតខ្លះ  ថា​សត្វ​ស្លាប់ទៅ មិនកើតទៀតខ្លះ  ថាសត្វស្លាប់ទៅកើតទៀតក៏មាន  មិនកើតទៀតក៏មានខ្លះ  ថាសត្វស្លាប់ទៅ កើតទៀតក៏មិនមែន  មិនកើតទៀត ក៏មិនមែនខ្លះ។

[៤៣៥]  បពិត្រព្រះគោតមដ៏ចំរើន  អស្ចារ្យណាស់  បពិត្រព្រះគោតមដ៏ចំរើន  មិនធ្លាប់មានទេ  ព្រោះថាអត្ថ និងព្យញ្ជនៈ របស់ព្រះសាស្តា និងសាវក ត្រូវគ្នា ដូចគ្នា  មិនខុសដោយអត្ថ និងព្យញ្ជនៈ ត្រង់បទដ៏ប្រសើរណាមួយឡើយ។ បពិត្រព្រះគោតមដ៏​ចំរើន  អម្បាញ់មិញនេះ  ខ្ញុំព្រះអង្គ បានចូលទៅរកព្រះសមណមហាមោគ្គល្លាន ហើយ​បានសួរសេចក្តីនុ៎ះ  ឯព្រះសមណមហាមោគ្គល្លាន  បានព្យាករ នូវសេចក្តីនុ៎ះ ​ដោយបទ​និងព្យញ្ជនៈ​ទាំងឡាយនុ៎ះ ដល់ខ្ញុំព្រះអង្គ  ដូចជាព្រះគោតមដ៏ចំរើនដែរ។  បពិត្រព្រះ​គោតម​ដ៏ចំរើន អស្ចារ្យណាស់ បពិត្រព្រះគោតមដ៏ចំរើន មិនធ្លាប់មានទេ  ព្រោះថា អត្ថ និងព្យញ្ជនៈ របស់ព្រះសាស្តា និងសាវក ត្រូវគ្នាដូចគ្នា  មិនខុសដោយអត្ថ និងព្យញ្ជនៈ​ត្រង់បទដ៏ប្រសើរណាមួយឡើយ។  ចប់ សូត្រ ទី៧។

[៤៣៦]  គ្រានោះឯង  វច្ឆគោត្តបរិព្វាជក ក៏ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះ​ចូល​ទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹងព្រះដ៏មានព្រះភាគ  លុះបញ្ចប់ពាក្យ​ដែលគួររីករាយ និងពាក្យដែលគួររឭកហើយ  ក៏អង្គុយក្នុងទីសមគួរ។  លុះវច្ឆគោត្ត​បរិព្វាជក ​អង្គុយក្នុងទីសមគួរហើយ បានក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា ​ បពិត្រ​ព្រះគោតមដ៏ចំរើន លោកទៀងឬអ្វី។  ម្នាលវច្ឆៈ   ពាក្យនេះ  តថាគតមិនបានព្យាករ​ថា  លោកទៀង ដូច្នេះទេ។ បេ។  បពិត្រព្រះគោតមដ៏ចំរើន  សត្វស្លាប់ទៅ កើតទៀត​ក៏មិនមែន  មិនកើតទៀតក៏មិនមែនឬអ្វី។ ​  ម្នាលវច្ឆៈ  ទុកជាពាក្យនេះ តថាគតក៏មិន​បាន​ព្យាករថា  សត្វស្លាប់ទៅ កើតទៀតក៏មិនមែន  មិនកើតទៀតក៏មិនមែន ដូច្នេះទេ។  បពិត្រ​ព្រះគោតមដ៏ចំរើន  ហេតុដូចម្តេចហ្ន៎  បច្ច័យដូចម្តេចហ្ន៎  កាលបើពួកអន្យតិរ្ថិយ​បរិព្វាជកត្រូវគេសួរយ៉ាងនះហើយ  ទើបមានពាក្យព្យាករណ៍យ៉ាងនេះថា  លោកទៀងក្តី​​។ បេ។  ថាសត្វស្លាប់ទៅកើតទៀតក៏មិនមែន  មិនកើតទៀតក៏មិនមែនក្តី។  បពិត្រ​ព្រះគោតម​ដ៏ចំរើន  ហេតុដូចម្តេច  បច្ច័យដូចម្តេច  កាលបើព្រះគោតមដ៏ចំរើន  ត្រូវគេសួរយ៉ាងនេះហើយ  ក៏មិនមានពាក្យព្យាករ យ៉ាងនេះថា  លោកទៀងខ្លះ។ បេ។  ថាសត្វស្លាប់ទៅ កើតទៀតក៏មិនមែន  មិនកើតទៀតក៏មិនមែនខ្លះ។

[៤៣៧]  ម្នាលវច្ឆៈ  ពួកអន្យតិរ្ថិយបរិព្វាជក រមែងពិចារណាឃើញ នូវរូប ថាជាខ្លួន  ពិចារណាឃើញខ្លួន ថាមានរូបខ្លះ  ពិចារណាឃើញរូបក្នុងខ្លួនខ្លះ  ពិចារណាឃើញខ្លួន​ក្នុងរូបខ្លះ។  ពិចារណាឃើញវេទនា ថាជាខ្លួន។ បេ។  ពិចារណាឃើញសញ្ញា  សង្ខារ  និងវិញ្ញាណ ថាជាខ្លួន  ពិចារណាឃើញខ្លួន ថាមានវិញ្ញាណខ្លះ  ពិចារណាឃើញវិញ្ញាណ​ក្នុងខ្លួនខ្លះ  ពិចារណាឃើញខ្លួនក្នុងវិញ្ញាណខ្លះ។ ​  ព្រោះហេតុនោះ  កាលបើពួក​អន្យ​តិរ្ថិយ​បរិព្វាជក ត្រូវគេសួរយ៉ាងនេះហើយ  ទើបមានពាក្យព្យាករណ៍យ៉ាងនេះថា  លោក​ទៀងក្តី។ បេ។  ថាសត្វស្លាប់ទៅ កើតទៀតក៏មិនមែន  មិនកើតទៀត ក៏មិនមែនក្តី។ ​ម្នាល​វច្ឆៈ ​ព្រះតថាគត អរហន្ត សម្មាសម្ពុទ្ធ មិនពិចារណាឃើញរូប ថាជាខ្លួន មិន​ពិចារណា​ឃើញខ្លួន ថាមានរូបខ្លះ  មិនពិចារណាឃើញរូបក្នុងខ្លួនខ្លះ  មិនពិចារណាឃើញខ្លួន ក្នុងរូបខ្លះ។  មិនពិចារណាឃើញវេទនា ថាជាខ្លួន។ បេ។  មិនពិចារណាឃើញ     សញ្ញា។  មិនពិចារណាឃើញសង្ខារទាំងឡាយ។  មិនពិចារណាឃើញវិញ្ញាណថា ជាខ្លួន  មិនពិចារណាឃើញខ្លួនថាមានវិញ្ញាណខ្លះ  មិនពិចារណាឃើញវិញ្ញាណក្នុង ខ្លួនខ្លះ  មិនពិចារណាឃើញខ្លួនក្នុងវិញ្ញាណខ្លះ  ព្រោះហេតុនោះ  កាលបើព្រះតថាគត ត្រូវគេសួរយ៉ាងនេះហើយ  ទើបមិនមានពាក្យព្យាករ យ៉ាងនេះថា  លោកទៀងខ្លះ។ បេ។  ថាសត្វស្លាប់ទៅ កើតទៀតក៏មិនមែន  មិនកើតទៀតក៏មិនមែនខ្លះ។

[៤៣៨]  លំដាប់នោះឯង  វច្ឆគោត្តបរិព្វាជក ក៏ក្រោកចាកអាសនៈ ចូលទៅរក ព្រះមហាមោគ្គល្លានដ៏មានអាយុ  លុះចូលទៅដល់ហើយ  ក៏ធ្វើសេចក្តីរីករាយ ជាមួយ​នឹងព្រះមហាមោគ្គល្លានដ៏មានអាយុ  លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែល​គួររឭកហើយ ក៏អង្គុយក្នុងទីសមគួរ។  លុះវច្ឆគោត្តបរិព្វាជក អង្គុយក្នុងទីសមគួរ​ហើយ  បានសួរព្រះមហាមោគ្គល្លានដ៏មានអាយុ ដូច្នេះថា  បពិត្រព្រះមោគ្គល្លានដ៏ចំរើន  លោកទៀងឬអ្វីហ្ន៎។  ម្នាលវច្ឆៈ  ពាក្យនេះ  ព្រះដ៏មានព្រះភាគ មិនបានទ្រង់ព្យាករថា  លោកទៀងដូច្នេះទេ។ បេ។  បពិត្រព្រះមោគ្គល្លានដ៏ចំរើន  សត្វស្លាប់ទៅ កើត​ទៀត​ក៏មិនមែន  មិនកើតទៀតក៏មិនមែនឬអ្វី។  ម្នាលវច្ឆៈ  ទុកជាពាក្យនេះ​​  ក៏ព្រះដ៏មាន​ព្រះភាគ​ ទ្រង់មិនបានព្យាករថា  សត្វស្លាប់ទៅ កើតទៀតក៏មិនមែន  មិនកើតទៀតក៏ មិនមែនដូច្នេះទេ។  បពិត្រព្រះមោគ្គល្លានដ៏ចំរើន  ហេតុដូចម្តេចហ្ន៎  បច្ច័យដូចម្តេចហ្ន៎  កាលបើពួកអន្យតិរ្ថិយបរិព្វាជក ត្រូវគេសួរយ៉ាងនេះហើយ  ទើបមានពាក្យព្យាករណ៍ យ៉ាង​នេះថា  លោកទៀងក្តី​។បេ។  ថាសត្វស្លាប់ទៅ កើតទៀតក៏មិនមែន  មិនកើត​ទៀតក៏មិនមែនក្តី។ ​បពិត្រព្រះមោគ្គល្លានដ៏ចំរើន  ហេតុដូចម្តេច  បច្ច័យដូចម្តេច  កាលបើព្រះសមណគោតម ត្រូវគេសួរយ៉ាងនេះហើយ  ក៏មិនមានពាក្យព្យាករណ៍​យ៉ាង​នេះ​ថា  លោកទៀងខ្លះ។ បេ។  ថាសត្វស្លាប់ទៅ កើតទៀតក៏មិនមែន  មិនកើតទៀតក៏​មិនមែនខ្លះ។

[៤៣៩]  ម្នាលវច្ឆៈ  ​ពួកអន្យតិរ្ថិយបរិព្វាជក រមែងពិចារណាឃើញរូប ថាជាខ្លួន  ពិចារណាឃើញខ្លួនថាមានរូបខ្លះ  ពិចារណាឃើញរូបក្នុងខ្លួនខ្លះ ពិចារណាឃើញ​ខ្លួន​ក្នុងរូបខ្លះ។ ​ពិចារណាឃើញវេទនាថាជាខ្លួន។  បេ។  ពិចារណាឃើញសញ្ញា  សង្ខារទាំងឡាយ និងវិញ្ញាណ ថាជាខ្លួនខ្លះ ពិចារណាឃើញខ្លួន ថាមានវិញ្ញាណខ្លះ  ពិចារណា​ឃើញវិញ្ញាណក្នុងខ្លួនខ្លះ  ពិចារណាឃើញខ្លួនក្នុងវិញ្ញាណខ្លះ។  ព្រោះហេតុ​នោះ  កាលបើពួកអន្យតិរ្ថិយបរិព្វាជក ត្រូវគេសួរយ៉ាងនេះហើយ  ទើបមានពាក្យព្យាករ​ណ៍ យ៉ាងនេះថា  លោកទៀងក្តី។បេ។ ថាសត្វស្លាប់ទៅ កើតទៀតក៏មិនមែន  មិន​កើតទៀត ក៏មិនមែនក្តី។ ម្នាលវច្ឆៈ  ឯព្រះតថាគត អរហន្ត សម្មាសម្ពុទ្ធ  មិនពិចារណា​ឃើញរូប ថាជាខ្លួន  មិនពិចារណាឃើញខ្លួន ថាមានរូបខ្លះ  មិនពិចារណាឃើញរូបក្នុង ខ្លួនខ្លះ  មិនពិចារណាឃើញខ្លួនក្នុងរូបខ្លះ។  មិនពិចារណាឃើញវេទនា ថាជាខ្លួន។បេ។ មិនពិចារណាឃើញសញ្ញា។ មិនពិចារណាឃើញសង្ខារទាំងឡាយ។  មិនពិចារណា​ឃើញ​វិញ្ញាណ ថាជាខ្លួន  មិនពិចារណាឃើញខ្លួន ថាមានវិញ្ញាណខ្លះ  មិនពិចារណា​ឃើញ​វិញ្ញាណក្នុងខ្លួនខ្លះ  មិន​ពិចារណាឃើញខ្លួនក្នុងវិញ្ញាណខ្លះ។  ព្រោះហេតុនោះ  កាលព្រះតថាគត ត្រូវគេសួរ ​យ៉ាងនេះ​ហើយ  ទើបមិនមានពាក្យព្យាករណ៍ យ៉ាងនេះថា  លោកទៀងខ្លះ  ថាលោក​មិនទៀងខ្លះ  ថាលោកមានទីបំផុតខ្លះ  ថាលោកមិនមានទីបំផុតខ្លះ  ថាជីវិតនោះ ​គឺ​សរីរៈនោះខ្លះ  ថាជីវិតដទៃសរីរៈដទៃខ្លះ  ថាសត្វស្លាប់ទៅ កើតទៀតខ្លះ  ថាសត្វស្លាប់ទៅ​មិន​កើតទៀតខ្លះ  ថាសត្វស្លាប់ទៅ កើតទៀតក៏មាន  មិនកើតទៀតក៏មានខ្លះ  ថាសត្វ​ស្លាប់​ទៅកើតទៀតក៏មិនមែន  មិនកើតទៀតក៏មិនមែនខ្លះ។

[៤៤០]  បពិត្រព្រះមោគ្គល្លានដ៏ចំរើន  អស្ចារ្យណាស់  បពិត្រព្រះមោគ្គល្លាន​ដ៏ចំរើន  មិនធ្លាប់មានទេ  ព្រោះថាអត្ថ ​និងព្យញ្ជនៈ របស់ព្រះសាស្តា និងសាវក ​ត្រូវគ្នា​ដូចគ្នា  មិនខុសដោយអត្ថ និងព្យញ្ជនៈ ត្រង់បទដ៏ប្រសើរណាមួយឡើយ​។  បពិត្រ​ព្រះមោគ្គល្លាន​ដ៏ចំរើន  អម្បាញ់មិញនេះ  ខ្ញុំព្រះករុណា បានចូលទៅគាល់ព្រះសមណ​គោតម  បានទូលសួរសេចក្តីនុ៎ះរួចហើយ  ឯព្រះសមណគោតម ​