សំយុត្តនិកាយ មហាវារវគ្គ

នវមភាគ
ភាគទី៣៧

សូមនមស្ការព្រះដ៏មានព្រះភាគ ជាអរហន្តសម្មាសម្ពុទ្ធ ព្រះអង្គនោះ។

អវិជ្ជាវគ្គ

[១] ​ ខ្ញុំបានស្តាប់មក យ៉ាងនេះ។  សម័យមួយ  ព្រះដ៏មានព្រះភាគ  ទ្រង់គង់នៅ​ក្នុង​​វត្ត​ជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។  ក្នុងទីនោះឯង ព្រះដ៏មាន​ព្រះ​ភាគ ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ ។  ភិក្ខុទាំងនោះ ទទួលស្តាប់​ព្រះ​ពុទ្ធដីកា ព្រះដ៏មានព្រះភាគថា ព្រះករុណា ព្រះអង្គ។ ព្រះដ៏មានព្រះភាគ  ទ្រង់មាន​ព្រះបន្ទូល ដូច្នេះ។

[២]  ម្នាលភិក្ខុទាំងឡាយ  អវិជ្ជា ជាប្រធាននៃអកុសលធម៌ទាំងឡាយ ប្រព្រឹត្ត​ទៅ ដើម្បីញ៉ាំងសេចក្តីមិនខ្មាសបាប និងមិនខ្លាចបាប ឲ្យកើតឡើងជាលំដាប់។ ម្នាល​ភិក្ខុ​ទាំង​ឡាយ សេចក្តីឃើញខុស រមែងកើតឡើង ដល់បុគ្គលល្ងង់ខ្លៅ ប្រកបដោយ​អវិជ្ជា សេចក្តី​ត្រិះរិះខុសកើតឡើង ដល់បុគ្គលមានសេចក្តីឃើញខុស វាចាខុសកើត​ឡើង ដល់​បុគ្គល​មានសេចក្តីត្រិះរិះ​​ខុស ការងារ​ខុសកើតឡើង ដល់បុគ្គលមាន​វាចា​ខុស ការ​ចិញ្ចឹម​ជីវិត​ខុស កើតឡើង ដល់បុគ្គលមានការងារខុស ការព្យាយាមខុស កើត​ឡើង ដល់​បុគ្គល​មានការចិញ្ចឹមជីវិតខុស ការរឭកខុស កើតឡើង ដល់​បុគ្គល​មាន​ព្យាយាមខុស ការ​តាំង​ចិត្តមាំខុស កើតឡើង ដល់បុគ្គលមានការរឭកខុស។

[៣]  ម្នាលភិក្ខុទំាងឡាយ ឯវិជ្ជា ជាប្រធាននៃកុសលធម៌ទាំងឡាយ ប្រព្រឹត្ត​ទៅ ដើម្បីញ៉ាំងសេចក្តីខ្មាសបាប និងសេចក្តីខ្លាចបាប ឲ្យកើតឡើងជាលំដាប់។ ម្នាល​ភិក្ខុ​ទាំងឡាយ សេចក្តីឃើញត្រូវ រមែងកើតឡើង ដល់បុគ្គលអ្នកដឹងច្បាស់ ប្រកប​ដោយ​​វិជ្ជា​សេចក្តីត្រិះរិះត្រូវ កើតឡើង ដល់បុគ្គលមានសេចក្តីឃើញត្រូវ វាចាត្រូវ កើតឡើង​ដល់​បុគ្គល​មានសេចក្តីត្រិះរិះត្រូវ ការងារត្រូវ កើត​ឡើងដល់បុគ្គលមានវាចាត្រូវ ការ​ចិញ្ចឹម​ជីវិតត្រូវ កើតឡើងដល់បុគ្គលមានការងារត្រូវ ការព្យាយាមត្រូវ កើតឡើង ដល់​បុគ្គល​មានការចិញ្ចឹមជីវិតត្រូវ ការរឭកត្រូវ កើតឡើងដល់បុគ្គល អ្នកមានព្យា​​យាម​ត្រូវ ការតាំងចិត្តមាំត្រូវ កើតឡើង ដល់បុគ្គលអ្នកមានការរឭកត្រូវ។

[៤]  ខ្ញុំបានស្តាប់មក យ៉ាងនេះ។ សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅ​ក្នុង​​​សក្ករនិគម របស់ពួកសក្យៈ ក្នុងដែនសក្យៈ។ គ្រានោះ ព្រះអានន្ទដ៏មានអាយុ ចូល​ទៅ​គាល់​ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំ​ព្រះដ៏មានព្រះភាគ ហើយ​អង្គុយក្នុងទីសមគួរ។ លុះព្រះអានន្ទដ៏មានអាយុ អង្គុយក្នុងទីសមគួរហើយ ក៏​ក្រាប​បង្គំ​ទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន គុណជាតឯណា គឺ​ការ​មានមិត្តល្អ ការមានសំឡាញ់ល្អ និងការមានក្លើល្អ គុណជាតនេះ ចាត់ជាពាក់​កណ្តាលនៃព្រហ្មចរិយធម៌។

[៥]  ម្នាលអានន្ទ អ្នកកុំពោលយ៉ាងនេះឡើយ ម្នាលអានន្ទ  អ្នកកុំពោល​យ៉ាង​នេះ​ឡើយ ម្នាលអានន្ទ  គុណជាតឯណា  គឺការមានមិត្តល្អ ការមានសំឡាញ់ល្អ និងការ​មាន​ក្លើល្អ គុណជាតនេះឯង ចាត់ជាព្រហ្មចរិយធម៌ទាំងមូល។ ម្នាលអានន្ទ  ព្រហ្ម​ចរិយធម៌​​នេះឯង ប្រាកដដល់ភិក្ខុមានមិត្តល្អ មានសំឡាញ់ល្អ មានក្លើល្អ និង​ចំរើននូវ​មគ្គ ដ៏ប្រសើរ ប្រកបដោយអង្គ ៨ និងធ្វើឲ្យច្រើននូវមគ្គដ៏ប្រសើរ​ ប្រកប​ដោយ​អង្គ ៨។

[៦]  ម្នាលអានន្ទ  ចុះភិក្ខុមានមិត្តល្អ មានសំឡាញ់ល្អ មានក្លើល្អ ចំរើននូវមគ្គ ដ៏ប្រសើរ ប្រកបដោយអង្គ ៨ ធ្វើឲ្យច្រើននូវមគ្គដ៏ប្រសើរ  ប្រកបដោយអង្គ ៨ តើដូច​ម្តេច។ ម្នាលអានន្ទ ភិក្ខុក្នុងសាសនានេះ ចំរើននូវសម្មាទិដ្ឋិ ដែលអាស្រ័យនូវ​សេច​ក្តី​ស្ងប់ស្ងាត់ អាស្រ័យនូវសេចក្តីនឿយណាយ អាស្រ័យនូវសេចក្តីរលត់ មានកិរិយា​បង្អោនទៅ ដើម្បីលះបង់ ចំរើននូវសម្មាសង្កប្បៈ ដែលអាស្រ័យនូវសេចក្តី​ស្ងប់​ស្ងាត់។បេ។ ចំរើននូវសម្មាវាចា។បេ។ ចំរើននូវសម្មាកម្មន្តៈ។បេ។ ចំរើននូវ​សម្មា​អាជីវៈ។បេ។ ចំរើននូវសម្មាវាយាមៈ។បេ។ ចំរើននូវសម្មាសតិ។បេ។ ចំរើននូវ​សម្មា​សមាធិ ដែលអាស្រ័យនូវសេចក្តីស្ងប់ស្ងាត់ អាស្រ័យនូវសេចក្តី​នឿយណាយ អាស្រ័យនូវសេចក្តី​រលត់ មានកិរិយាបង្អោនទៅ ដើម្បីលះបង់។ ម្នាល​អានន្ទ ភិក្ខុមានមិត្តល្អ មាន​សំឡាញ់​ល្អ មានក្លើល្អ ចំរើននូវមគ្គដ៏ប្រសើរ​ ប្រកបដោយ​អង្គ ៨ ធ្វើឲ្យច្រើននូវមគ្គដ៏ប្រសើរ ប្រ​កបដោយអង្គ ៨ យ៉ាងនេះឯង។

[៧]  ម្នាលអានន្ទ អ្នកគប្បីដឹងសេចក្តីនោះ ដោយបរិយាយនេះចុះថា នេះជា​ព្រហ្មចរិយធម៌ទាំងមូល គឺការមានមិត្តល្អ ការមានសំឡាញ់ល្អ និងការមានក្លើល្អ។ ម្នាលអានន្ទ ព្រោះអាស្រ័យតថាគត ដែលជាមិត្តល្អ បានជាពួកសត្វ ដែលមានជាតិជាធម្មតា រួចស្រឡះ ចាកជាតិទៅបាន ពួកសត្វ ដែលមានជរា ជាធម្មតា រួចស្រឡះ ចាក​ជរាទៅបាន ពួកសត្វ ដែលមានមរណៈ ជាធម្មតា រួចស្រឡះ ចាកមរណៈ​ទៅ​បាន ពួក​សត្វ ដែលមានសោក ខ្សឹកខ្សួល លំបាកកាយ លំបាកចិត្ត និងសេចក្តី​ចង្អៀត​ចង្អល់​ចិត្ត ជាធម្មតា រួចស្រឡះ ចាកសោក ខ្សឹកខ្សួល លំបាកកាយ លំបាកចិត្ត និង​សេចក្តី​ចង្អៀតចង្អល់ចិត្តទៅបាន។ ម្នាលអានន្ទ អ្នកគប្បីដឹងសេចក្តីនុ៎ះ​ដោយបរិយាយ​នេះ​ចុះថា នេះជាព្រហ្មចរិយធម៌ទាំងមូល គឺការមានមិត្តល្អ ការមាន​សំឡាញ់ល្អ និងការ​មានក្លើល្អ។

[៨]  សាវត្ថីនិទាន។ គ្រានោះ ព្រះសារីបុត្តដ៏មានអាយុ ចូលទៅគាល់​ព្រះដ៏​មានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទី​សមគួរ។ លុះព្រះសារីបុត្តដ៏មានអាយុ អង្គុយក្នុងទីសមគួរហើយ ក្រាបបង្គំទូល​ព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន នេះជាព្រហ្មចរិយធម៌ទាំងមូល គឺការមានមិត្ត​ល្អ ការមានសំឡាញ់ល្អ និងការមានក្លើល្អ។

[៩] ​ ម្នាលសារីបុត្ត ប្រពៃណាស់ហើយ ម្នាលសារីបុត្ត នេះហើយជាព្រហ្ម​ចរិយធម៌​ទាំងមូល គឺការមានមិត្តល្អ ការមានសំឡាញ់ល្អ និងការមានក្លើល្អ។ ម្នាល​សារី​បុត្ត ព្រហ្មចរិយធម៌នេះ ប្រាកដដល់ភិក្ខុមានមិត្តល្អ មានសំឡាញ់ល្អ មានក្លើល្អ និងចំរើននូវមគ្គដ៏ប្រសើរ ប្រកបដោយអង្គ ៨ និងធ្វើឲ្យច្រើននូវមគ្គដ៏ប្រសើរ ប្រកបដោយអង្គ ៨។

[១០]  ម្នាលសារីបុត្ត ចុះភិក្ខុមានមិត្តល្អ មានសំឡាញ់ល្អ មានក្លើល្អ តែងចំរើននូវមគ្គដ៏ប្រសើរ ប្រកបដោយអង្គ ៨ ធ្វើឲ្យច្រើននូវមគ្គដ៏ប្រសើរ ប្រកបដោយ​អង្គ ៨ តើដូចម្តេច។ ម្នាលសារីបុត្ត ភិក្ខុក្នុងសាសនានេះ ចំរើននូវសម្មាទិដ្ឋិ​ ដែល​អាស្រ័យនូវ​សេចក្តីស្ងប់ស្ងាត់ អាស្រ័យនូវសេចក្តីនឿយណាយ អាស្រ័យនូវ​សេចក្តីរលត់ មានកិរិយាបង្អោនទៅ ដើម្បីលះបង់។បេ។ ចំរើននូវសម្មាសមាធិ ​ដែលអាស្រ័យនូវសេចក្តីស្ងប់ស្ងាត់ អាស្រ័យនូវសេចក្តីនឿយណាយ អាស្រ័យនូវសេចក្តីរលត់ មានកិរិយាបង្អោនទៅ ដើម្បីលះបង់។ ម្នាលសារីបុត្ត ភិក្ខុ​មានមិត្តល្អ មានសំឡាញ់ល្អ មានក្លើល្អ តែងចំរើននូវមគ្គដ៏ប្រសើរ ប្រកបដោយអង្គ ៨ ធ្វើឲ្យច្រើននូវមគ្គដ៏ប្រសើរ ប្រកប​ដោយអង្គ ៨ យ៉ាងនេះឯង។

[១១]  ម្នាលសារីបុត្ត អ្នកគប្បីដឹងនូវសេចក្តីនោះ ដោយបរិយាយនេះចុះថា នេះជាព្រហ្មចរិយធម៌ទាំងមូល គឺការមានមិត្តល្អ ការមានសំឡាញ់ល្អ និងការមានក្លើល្អ។ ម្នាលសារីបុត្ត ព្រោះអាស្រ័យនូវតថាគត ជាមិត្តល្អ បានជាពួកសត្វ ដែលមានជាតិជា​ធម្មតា រួចស្រឡះ ចាកជាតិទៅបាន ពួកសត្វ ដែលមានជរា ជាធម្មតា រួចស្រឡះ ចាកជរាទៅបាន ពួកសត្វ ដែលមានមរណៈ ជាធម្មតា រួចស្រឡះ ចាកមរណៈទៅបាន ពួក​សត្វ ដែលមានសោក ខ្សឹកខ្សួល លំបាកកាយ លំកាយចិត្ត និងសេចក្តីចង្អៀត​ចង្អល់ចិត្ត​ ជាធម្មតា រួចស្រឡះ ចាកសោក ខ្សឹកខ្សួល លំបាកកាយ លំបាកចិត្ត និងសេចក្តី​ចង្អៀតចង្អល់ចិត្តទៅបាន។ ម្នាលសារីបុត្ត អ្នកគប្បីដឹងសេចក្តីនុ៎ះ ដោយបរិយាយនេះ​ចុះថា នេះហើយជាព្រហ្មចរិយធម៌ទាំងមូល គឺការមានមិត្តល្អ ការមានសំឡាញ់ល្អ និងការមានក្លើល្អ។

[១២]  សាវត្ថីនិទាន។ គ្រានោះ ព្រះអានន្ទដ៏មានអាយុ ស្លៀកស្បង់ ប្រដាប់បាត្រ​ និងចីវរ ក្នុងបុព្វណ្ហសម័យ ចូលទៅកាន់ក្រុងសាវត្ថី ដើម្បីបិណ្ឌបាត។ ព្រះអានន្ទដ៏មាន​អាយុ​ បានឃើញព្រាហ្មណ៍ឈ្មោះ ជាណុស្សោណិ បររថ ទឹមមេសេះសសុទ្ធ ចេញអំពី​ក្រុង​សាវត្ថី​ទៅ ជាណុស្សោណិព្រាហ្មណ៍ ទឹមសេះស មានគ្រឿងប្រដាប់ក៏ស រថក៏ស មានគ្រឿងបិទបាំងក៏ស ខ្សែក៏ស ដងជន្លួញក៏ស ឆ័ត្រក៏ស ឆ្នួតក្បាលក៏ស សំពត់​ក៏ស ស្បែកជើងក៏ស គេបក់ដោយផ្លិតរោមសត្វស។ ជនបានឃើញជាណុស្សោណិព្រាហ្មណ៍​នោះ​ហើយ​ក៏ពោលយ៉ាងនេះថា អើហ្ម៎ប្រសើរពេកណាស់ អើហ្ន៎ យានមានសភាពដូចជាយានរបស់ព្រហ្ម។

[១៣]  គ្រានោះ ព្រះអានន្ទដ៏មានអាយុ ត្រាច់ទៅក្នុងក្រុងសាវត្ថី ដើម្បីបិណ្ឌបាត លុះត្រឡប់មកអំពីបិណ្ឌបាតវិញ ក្នុងកាលជាខាងក្រោយនៃភត្ត ក៏ចូលទៅគាល់​ព្រះដ៏​មាន​ព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយ​ក្នុងទី​សមគួរ។ លុះព្រះអានន្ទដ៏មានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ក្នុងទីឯណោះ ខ្ញុំព្រះអង្គ ស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ចូលទៅកាន់​ក្រុងសាវត្ថី ដើម្បី​បិណ្ឌបាត បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ បានឃើញជាណុស្សោណិព្រាហ្មណ៍ បររថ​ទឹមដោយមេសេះសសុទ្ធ ចេញអំពីក្រុងសាវត្ថី ជាណុស្សោណិព្រាហ្មណ៍ ទឹមសេះស មានគ្រឿង​ប្រដាប់ក៏ស រថក៏ស មានគ្រឿងបិទបាំងក៏ស ខ្សែក៏ស ដងជន្លួញ​ក៏ស ឆ័ត្រក៏ស ឆ្នួតក្បាលក៏ស សំពត់​ក៏ស ស្បែកជើងក៏ស គេបក់ដោយផ្លិតរោម​សត្វ​ក៏ស​ទៀត។ ជនបានឃើញ​ជាណុស្សោណិព្រាហ្មណ៍នោះហើយ ក៏ពោលយ៉ាងនេះថា អើហ្ម៎ យាន​ប្រសើរពេកណាស់ អើហ្ន៎ យានមានសភាពដូចជាយានរបស់ព្រហ្ម។ បពិត្រ​ព្រះអង្គដ៏ចំរើន ព្រះអង្គ អាចនឹងបញ្ញត្តនូវព្រហ្មយាន ក្នុងធម្មវិន័យនេះបានដែរឬ។

[១៤]  ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលអានន្ទ តថាគត អាចនឹងបញ្ញត្ត​បាន ហើយក៏ត្រាស់ថា ម្នាលអានន្ទ ពាក្យថា ព្រហ្មយាន ដូច្នេះក្តី ធម្មយាន ដូច្នេះក្តី ថា ​អនុត្តរសង្គាមវិជ័យ (ការឈ្នះសង្គ្រាមដ៏ប្រសើរក្រៃលែង) ដូច្នេះក្តី នេះជាឈ្មោះនៃ​មគ្គ​ដ៏​ប្រសើរ ប្រកបដោយអង្គ ៨ នេះឯង។

[១៥]  ម្នាលអានន្ទ សម្មាទិដ្ឋិ ដែលបុគ្គលចំរើនហើយ ធ្វើឲ្យច្រើនហើយ រមែង​មានការកំចាត់បង់នូវរាគៈ ជាទីបំផុត មានការកំចាត់បង់នូវទោសៈ​ជាទីបំផុត មានការ​កំចាត់​​បង់នូវមោហៈជាទីបំផុត។

[១៦]  ម្នាលអានន្ទ សម្មាសង្កប្បៈ​ ដែលបុគ្គលចំរើនហើយ ធ្វើឲ្យច្រើនហើយ រមែង​មានការកំចាត់បង់នូវរាគៈជាទីបំផុត មានការកំចាត់បង់នូវទោសៈ​ជាទីបំផុត មាន​ការ​កំចាត់​​បង់នូវមោហៈជាទីបំផុត។

[១៧] ម្នាលអានន្ទ សម្មាវាចា ដែលបុគ្គលចំរើនហើយ ធ្វើឲ្យច្រើនហើយ រមែង​មានការកំចាត់បង់នូវរាគៈជាទីបំផុត មានការកំចាត់បង់នូវទោសៈ​ជាទីបំផុត មាន​ការ​កំចាត់​​បង់នូវមោហៈ ជាទីបំផុត។

[១៨] ម្នាលអានន្ទ សម្មាកម្មន្តៈ ដែលបុគ្គលចំរើនហើយ ធ្វើឲ្យច្រើនហើយ រមែង​មានការកំចាត់បង់នូវរាគៈ ជាទីបំផុត មានការកំចាត់បង់នូវទោសៈ​ ជាទីបំផុត
មាន​ការ​​កំចាត់​​បង់នូវមោហៈជាទីបំផុត។

[១៩] ម្នាលអានន្ទ សម្មាអាជីវៈ ដែលបុគ្គលចំរើនហើយ ធ្វើឲ្យច្រើនហើយ រមែង​មានការកំចាត់បង់នូវរាគៈជាទីបំផុត មានការកំចាត់បង់នូវទោសៈ​ជាទីបំផុត មានការ​កំចាត់​​បង់នូវមោហៈជាទីបំផុត។

[២០] ម្នាលអានន្ទ សម្មាវាយាមៈ ដែលបុគ្គលចំរើនហើយ ធ្វើឲ្យច្រើនហើយ រមែង​មានការកំចាត់បង់នូវរាគៈជាទីបំផុត មានការកំចាត់បង់នូវទោសៈ​ជាទីបំផុត មានការ​កំចាត់​​បង់នូវមោហៈ ជាទីបំផុត។

[២១] ម្នាលអានន្ទ សម្មាសតិ ដែលបុគ្គលចំរើនហើយ ធ្វើឲ្យច្រើនហើយ រមែង​មានការកំចាត់បង់នូវរាគៈជាទីបំផុត មានការកំចាត់បង់នូវទោសៈ ​ជាទីបំផុត មានការ​កំចាត់​​បង់នូវមោហៈ ជាទីបំផុត។

[២២] ម្នាលអានន្ទ សម្មាសមាធិ ដែលបុគ្គលចំរើនហើយ ធ្វើឲ្យច្រើនហើយ រមែង​មានការកំចាត់បង់នូវរាគៈជាទីបំផុត មានការកំចាត់បង់នូវទោសៈ ​ជាទីបំផុត មានការ​កំចាត់​​បង់នូវមោហៈ ជាទីបំផុត។

[២៣] ម្នាលអានន្ទ អ្នកគប្បីដឹងនូវសេចក្តីនុ៎ះ ដោយបរិយាយនេះចុះថា ពាក្យថា ព្រហ្មយាន ដូច្នេះក្តី ថាធម្មយាន ដូច្នេះក្តី ថាអនុត្តរសង្គាមវិជ័យ ដូច្នេះក្តី នេះជាឈ្មោះនៃមគ្គ​ដ៏ប្រសើរ ប្រកបដោយអង្គ ៨ នេះឯង។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់នូវព្រះពុទ្ធ​ដីកានេះហើយ លុះព្រះសុគត ជាសាស្តា ទ្រង់ត្រាស់នូវព្រះពុទ្ធដីការនេះ​រួចហើយ ក៏​ទ្រង់ត្រាស់នូវព្រះពុទ្ធដីកានេះ តទៅទៀតថា

[២៤] ធម៌ទាំងឡាយជាគូគ្នា គឺសទ្ធា និងបញ្ញារបស់រថ គឺអរិយមគ្គ​ឯណា ឯសទ្ធា ទុកជានឹម ហិរិជា​ចន្ទោល មនោជាខ្សែបរ សតិជា​សារថី​​អ្នកថែរក្សា។ រថ គឺ អរិយមគ្គ (នោះ) មានសីល ជាគ្រឿងពាស មាន​ឈានជាភ្លៅ មានវិរិយៈជាកង់ មានឧបេក្ខាជាកំណល់នឹម មានអនិច្ចា (សេចក្តី​មិនលោភ) ជារនាំបាំង។ សេចក្តី​មិនព្យាបាទ សេចក្តីមិនបៀត​បៀន និងសេចក្តី​ស្ងប់ស្ងាត់ ទុកជាអាវុធ របស់កុល​បុត្ត (អ្នកស្ថិតនៅ​ក្នុង​រថ គឺអរិយមគ្គ) ឯណា (កុលបុត្តនោះ) មានធម៌ គឺអធិវាសន​ខន្តី​ ជាគ្រឿងក្រោះ ប្រព្រឹត្តទៅ ដើម្បីព្រះនិព្វាន ជាទីក្សេមចាកយោគៈ។ ព្រហ្មយាននេះ រកគុណជាតដទៃ ក្រៃលែងជាងគ្មាន កើតព្រមក្នុងខ្លួន អ្នក​ប្រាជ្ញទាំងឡាយ កាលមានជ័យជំនះ (នូវរាគាទិកិលេស) រមែងចេញ​ចាក​លោកបានដោយពិត។

[២៥]  សាវត្ថីនិទាន។ គ្រានោះ ពួកភិក្ខុច្រើនរូប ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះ​ភិក្ខុទាំងនោះ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ក្នុងទីឯណោះ ពួកអន្យតិរ្ថិយបរិព្វាជក សួរខ្ញុំព្រះអង្គទាំងឡាយ យ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ពួកលោកនៅប្រព្រឹត្តព្រហ្មចរិយធម៌ ក្នុង
សំណាក់ព្រះសមណគោតម ដើម្បីប្រយោជន៍អ្វី។ បពិត្រព្រះអង្គដ៏ចំរើន កាលបើ​ពួក​អន្យតិរ្ថិយបរិព្វាជក សួរយ៉ាងនេះហើយ ខ្ញុំព្រះអង្គទាំងឡាយ ក៏ដោះស្រាយ ដល់​ពួក​អន្យតិរ្ថិយបរិព្វាជកទាំងនោះ យ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ពួកយើងនៅ​ប្រព្រឹត្តព្រហ្មចរិយ​ធម៌ ក្នុងសំណាក់ព្រះដ៏មានព្រះភាគ ដើម្បីកំណត់ដឹងនូវទុក្ខ។ បពិត្រ​ព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គទាំងឡាយ កាលបើគេសួរ យ៉ាងនេះហើយ ដោះស្រាយ​យ៉ាងនេះ ឈ្មោះថា​ ពោលតាមពាក្យ ដែលព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ហើយផង មិនពោលបង្កាច់ព្រះដ៏មានព្រះភាគ ដោយពាក្យមិនពិតផង ដោះស្រាយនូវធម៌​ តាម​សមគួរដល់ធម៌ផង ទាំងពាក្យពោលធំតូចនីមួយ ដែលប្រកបដោយធម៌ ក៏មិនដល់នូវ​ហេតុ ដែលបណ្ឌិតគប្បីតិះដៀលផងទេឬ។

[២៦] ម្នាលភិក្ខុទាំងឡាយ អើ កាលបើគេសួរ យ៉ាងនេះហើយ អ្នកទាំងឡាយ ​ដោះស្រាយយ៉ាងនេះ ឈ្មោះថា ពោលតាមពាក្យ ដែលតថាគត ពោលហើយផង មិន​ឈ្មោះថា ពោលបង្កាច់តថាគត ដោយពាក្យមិនពិតផង ដោះស្រាយនូវធម៌ តាមសមគួរ ដល់ធម៌ផង ទាំងពាក្យពោលធំតូចនីមួយ ដែលប្រកបដោយធម៌ ក៏មិនដល់នូវហេតុ​ដែលបណ្ឌិតគប្បីតិះដៀលផងទេ ព្រោះអ្នកទាំងឡាយ  នៅប្រព្រឹត្តព្រហ្មចរិយធម៌ ក្នុងសំណាក់តថាគត ដើម្បីកំណត់នូវទុក្ខពិត។

[២៧] ម្នាលភិក្ខុទំាងឡាយ បើពួកអន្យតិរ្ថិយបរិព្វាជក សួរអ្នកទាំងឡាយយ៉ាង​នេះថា ម្នាលអាវុសោទាំងឡាយ ចុះមគ្គ និងបដិបទា ប្រព្រឹត្តទៅ ដើម្បីកំណត់ដឹងនូវទុក្ខ​នុ៎ះ មានដែរឬ។ ម្នាលភិក្ខុទាំងឡាយ កាលបើពួកអន្យតិរិ្ថយបរិព្វាជក សួរយ៉ាងនេះ អ្នក​ទាំងឡាយ គប្បីដោះស្រាយ ដល់ពួកអន្យតិរ្ថិយបរិព្វាជកទាំងនោះ យ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ មគ្គ និងបដិបទា ប្រព្រឹត្តទៅ ដើម្បីកំណត់ដឹងនូវទុក្ខនុ៎ះ មានដែរ។

[២៨] ម្នាលភិក្ខុទាំងឡាយ  ចុះមគ្គដូចម្តេច បដិបទាដូចម្តេច ដែលប្រព្រឹត្តទៅ ដើម្បីកំណត់ដឹងនូវទុក្ខនុ៎ះ។ គឺមគ្គដ៏ប្រសើរ ប្រកបដោយអង្គ ៨ ហ្នឹងឯង។ មគ្គទាំង ៨ តើដូចម្តេច។  គឺសម្មាទិដ្ឋិ១។បេ។ សម្មាសមាធិ១។ ម្នាលភិក្ខុទាំងឡាយ នេះជាមគ្គ នេះជាបដិបទា ដែលប្រព្រឹត្តទៅ ដើម្បីកំណត់ដឹងនូវទុក្ខនុ៎ះ។ ម្នាលភិក្ខុទាំងឡាយ កាលបើពួកអន្យតិរិ្ថយបរិព្វាជក សួរយ៉ាងនេះហើយ អ្នកទាំងឡាយ គប្បីដោះស្រាយ ដល់ពួកអន្យតិរ្ថិយបរិព្វាជកទាំងនោះ យ៉ាងនេះចុះ។

[២៩] សាវត្ថីនិទាន។ គ្រានោះ ភិក្ខុមួយរូប ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះ​ចូលទៅដល់ កា្របថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះភិក្ខុ​នោះ​ អង្គុក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន គេតែងនិយាយថា ព្រហ្មចរិយៈ ព្រហ្មចរិយៈ ដូច្នេះ។ បពិត្រព្រះអង្គដ៏ចំរើន​ព្រហ្មចរិយៈ តើដូចម្តេច ទីបំផុតរបស់ព្រហ្មចរិយៈ តើដូចម្តេច។

[៣០] ម្នាលភិក្ខុ មគ្គដ៏ប្រសើរ ប្រកបដោយអង្គ ៨ នេះឯង ហៅថា ព្រហ្មចរិយៈ។ មគ្គទាំង ៨ តើដូចម្តេច។ គឺសម្មាទិដ្ឋិ១។បេ។ សម្មាសមាធិ១។ ម្នាលភិក្ខុ ការអស់​ទៅនៃរាគៈ ការអស់ទៅនៃទោសៈ ការអស់ទៅនៃមោហៈឯណា នេះហៅថា ទីបំផុតនៃព្រហ្មចរិយៈ។

[៣១] សាវត្ថីនិទាន។ គ្រានោះ ភិក្ខុមួយរូប ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះ​ចូលទៅដល់ ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះភិក្ខុ​នោះ​ អង្គុយក្នុងទីដ៏សមគួរហើយ ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រ​ព្រះអង្គដ៏ចំរើន គេតែងនិយាយថា ការកំចាត់បង់នូវរាគៈ ការកំចាត់បង់នូវទោសៈ ការកំចាត់បង់នូវមោហៈ ដូច្នេះ។ បពិត្រព្រះអង្គដ៏ចំរើន ចុះពាក្យថា ការកំចាត់បង់នូវរាគៈ ការកំចាត់បង់នូវទោសៈ ការកំចាត់បង់នូវមោហៈនុ៎ះ ជាឈ្មោះនៃអ្វីហ្ន៎។ ម្នាល​ភិក្ខុ ពាក្យថា ការកំចាត់បង់នូវរាគៈ ការកំចាត់បង់នូវទោសៈ និងការកំចាត់​បង់​នូវ​មោហៈនុ៎ះ ជាឈ្មោះនៃនិព្វានធាតុ។ ព្រោះហេតុនោះ ទើបហៅថា ការអស់ទៅនៃ​អាសវៈ​​ទាំងឡាយ។

[៣២] កាលបើព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ ភិក្ខុនោះ ក៏ក្រាប​បង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន គេតែងនិយាយថា អមតៈ អមតៈ (មិនស្លាប់ មិនស្លាប់) ដូច្នេះ។ បពិត្រព្រះអង្គដ៏ចំរើន អមតៈ  តើដូចម្តេច ផ្លូវជាដំណើរទៅកាន់អមតៈ  តើដូចម្តេច។ ម្នាលភិក្ខុ ការអស់ទៅនៃរាគៈ ការអស់​ទៅនៃទោសៈ ការអស់ទៅនៃមោហៈឯណា នេះហៅថា អមតៈ។ មគ្គដ៏ប្រសើរ ប្រកប​ដោយអង្គ ៨ ​នេះឯង ជាផ្លូវ ដំណើរទៅកាន់អមតៈ។ មគ្គទាំង ៨ តើដូចម្តេច។  គឺ​សម្មាទិដ្ឋិ១។បេ។ សម្មាសមាធិ១។

[៣៣] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែង នឹងចែកនូវមគ្គដ៏​ប្រសើរប្រកដោយអង្គ ៨ ដល់អ្នកទាំងឡាយ អ្នកទាំងឡាយ ចូរប្រុងស្តាប់នូវមគ្គនោះ ចូរធ្វើ​ទុកក្នុងចិត្ត ដោយប្រពៃចុះ តថាគត នឹងសំដែង។ ភិក្ខុទាំងនោះ ទទួលស្តាប់​ព្រះពុទ្ធដីកា​ព្រះដ៏មានព្រះភាគថា ព្រះករុណា ព្រះអង្គ។ ព្រះដ៏មានព្រះភាគ ទ្រង់​ត្រាស់​ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ មគ្គដ៏ប្រសើរ ប្រកបដោយអង្គ ៨ តើដូចម្តេច។ មគ្គទាំង ៨ គឺអ្វីខ្លះ។ គឺសម្មាទិដ្ឋិ១។បេ។ សម្មាសមាធិ១។

[៣៤] ម្នាលភិក្ខុទាំងឡាយ សម្មាទិដ្ឋិ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ សេចក្តីដឹង​ ក្នុងទុក្ខ សេចក្តី​ដឹងក្នុងហេតុ ជាទីកើតឡើងនៃទុក្ខ សេចក្តីដឹងក្នុងការរលត់​នៃទុក្ខ សេចក្តីដឹងក្នុងបដិប​ទា ​ជាដំណើរទៅកាន់ទីរលត់នៃទុក្ខឯណា។ ម្នាលភិក្ខុ​ទាំងឡាយ នេះហៅថា​ សម្មាទិដ្ឋិ។

[៣៥] ម្នាលភិក្ខុទាំងឡាយ សម្មាសង្កប្បៈ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ សេចក្តត្រិះរិះ ក្នុងការចេញចាកកាម សេចក្តីត្រិះរិះ ក្នុងការមិនព្យាបាទ សេចក្តីត្រិះរិះ​ក្នុងការមិន​បៀតបៀនឯណា។ ម្នាលភិក្ខុទាំងឡាយ  នេះហៅថា សម្មាសង្កប្បៈ។

[៣៦] ម្នាលភិក្ខុទាំងឡាយ សម្មាវាចា តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ចេតនាវៀរចាកការនិយាយកុហក ចេតនាវៀរចាកការនិយាយញុះញង់ ចេតនាវៀរចាកការនិយាយទ្រគោះ ចេតនាវៀរចាកការនិយាយរោយរាយឯណា។ ម្នាលភិក្ខុ​ទាំងឡាយ នេះហៅថា សម្មាវាចា។

[៣៧] ម្នាលភិក្ខុទាំងឡាយ សម្មាកម្មន្តៈ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ចេតនាវៀរចាកការសម្លាប់សត្វ ចេតនាវៀរចាកការលួចទ្រព្យគេ ចេតនាវៀរចាក​ការប្រព្រឹត្តធម៌មិនប្រសើរឯណា។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សម្មាកម្មន្តៈ។

[៣៨] ម្នាលភិក្ខុទាំងឡាយ សម្មាអាជីវៈ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ អរិយសាវកក្នុងសាសនានេះ លះបង់នូវការចិញ្ចឹមជីវិតខុស សម្រេចការចិញ្ចឹមជីវិត​ដោយការចិញ្ចឹមជីវិតត្រូវ។ ម្នាលភិក្ខុទាំងឡាយ  នេះហៅថា សម្មាអាជីវៈ។

[៣៩] ម្នាលភិក្ខុទាំងឡាយ  សម្មាវាយាមៈ  តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនេះ ញ៉ាំងឆន្ទៈ ឲ្យកើត ប្រឹងប្រែង ប្រារព្ធព្យាយាម ផ្គងចិត្តទុក តាំងព្យាយាមមាំ ដើម្បីញ៉ាំងពួកអកុសលធម៌ ដ៏លាមក ដែលមិនទាន់កើត មិនឲ្យកើត​ឡើង​បាន ញ៉ាំងឆន្ទៈឲ្យកើត ប្រឹងប្រែង ប្រារព្ធ ព្យាយាម ផ្គងចិត្តទុក តាំងព្យាយាមមាំ ដើម្បីលះ​បង់នូវពួកអកុសលធម៌ ដ៏លាមក ដែលកើតឡើងហើយ ញ៉ាំងឆន្ទៈឲ្យកើត ប្រឹងប្រែង ប្រារព្ធព្យាយាម ផ្គងចិត្តទុក តាំងព្យាយាមមាំ ដើម្បីញ៉ាំងកុសលធម៌ ដែលមិនទាន់កើត ឲ្យកើតឡើង ញ៉ាំងឆន្ទៈឲ្យកើត ប្រឹងប្រែង ប្រារព្ធព្យាយាម ផ្គងចិត្តទុក តាំងព្យាយាមមាំ ដើម្បីញ៉ាំងពួកកុសលធម៌ ដែលកើតឡើងហើយ ឲ្យតាំងនៅ មិនឲ្យភ្លេចភ្លាំងទៅវិញ ឲ្យចំរើនធំទូលាយ ពេញបរិបូណ៌ ក្រៃលែងឡើង។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សម្មាវាយាមៈ។

[៤០] ម្នាលភិក្ខុទាំងឡាយ សម្មាសតិ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុង​សាសនានេះ ពិចារណាឃើញរឿយៗ នូវកាយក្នុងកាយ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កំចាត់បង់នូវអភិជ្ឈា និងទោមនស្ស ក្នុងលោកចេញ ពិចារណាឃើញរឿយៗនូវវេទនាក្នុងវេទនាទាំងឡាយ មានព្យាយាម ជា​គ្រឿងដុត​កំដៅកិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កំចាត់បង់នូវអភិជ្ឈា និង​ទោមនស្ស​ក្នុងលោកចេញ ពិចារណាឃើញរឿយៗនូវចិត្តក្នុងចិត្ត មានព្យាយាម​ ជាគ្រឿងដុតកំដៅកិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កំចាត់បង់នូវអភិជ្ឈា​ និង​ទោមនស្ស ក្នុងលោកចេញ ពិចារណាឃើញរឿយៗនូវធម៌ក្នុងធម៌ទាំងឡាយ មាន​ព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កំចាត់បង់នូវអភិជ្ឈា​ និងទោមនស្ស ក្នុងលោកចេញ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សម្មាសតិ។

[៤១]  ម្នាលភិក្ខុទាំងឡាយ  សម្មាសមាធិ  តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ  ភិក្ខុក្នុងសាសនានេះ ស្ងាត់ចាកកាមទាំងឡាយ ស្ងាត់ចាកអកុសលធម៌ទាំងឡាយ បាន​ដល់នូវបឋមជ្ឈាន ប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ មានតែបីតិ និងសុខ កើត​អំពីវិវេក ហើយសម្រេចសម្រាន្តនៅ បានដល់នូវទុតិយជ្ឈាន ជាធម្មជាតិកើតមាន ក្នុងសន្តានចិត្ត ប្រកបដោយសេចក្តីជ្រះថ្លា គឺសទ្ធា មានសភាពជា​ចិត្តខ្ពស់ឯក មិនមានវិតក្កៈ មិនមានវិចារៈ មានតែបីតិ និងសុខ កើតអំពីសមាធិ គឺបឋមជ្ឈាន ព្រោះរម្ងាប់នូវវិតក្កៈ​ និងវិចារៈ ហើយសម្រេចសម្រាន្តនៅ ភិក្ខុមានចិត្តនឿយណាយ ចាកបីតិ ប្រកបដោយឧបេក្ខា មានស្មារតីដឹងខ្លួន សោយនូវសុខ ដោយនាមកាយ ព្រះអរិយទាំងឡាយ តែងសរសើរនូវបុគ្គល ដែលបាននូវតតិយជ្ឈាននោះថា បុគ្គល ដែលបាននូវតតិយជ្ឈាន មាន​ចិត្ត ប្រកបដោយឧបេក្ខា មានស្មារតី មានធម៌ជាគ្រឿងនៅជាសុខ ដូច្នេះ ព្រោះ​តតិយជ្ឈានឯណា ក៏បានដល់នូវតតិយជ្ឈាននោះ ហើយសម្រេចសម្រាន្តនៅ ភិក្ខុ​លះបង់នូវសុខផង លះបង់នូវទុក្ខផង មានសោមនស្ស និងទោមនស្សអស់​ហើយ ក្នុង​កាលមុន ក៏បាន​ដល់នូវ​ចតុត្ថជ្ឈាន ដែលមិនមានទុក្ខ មិនមានសុខ មានតែសតិដ៏បរិសុទ្ធិ​ដែលកើតអំពីឧបេក្ខា ហើយសម្រេចសម្រាន្តនៅ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សម្មាសមាធិ។

[៤២] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ដូចចុងស្រូវខ្សាយ ឬចុងស្រូវដំ​ណើប ដែលគេដំកល់ទុកខុស នឹងមុតដៃ ឬជើង ឬនឹងញ៉ាំងឈាមឲ្យកើតឡើងបាន ដល់​បុគ្គល ដែលច្រត់ដោយដៃ ឬជាន់ដោយជើង ហេតុនេះ រមែងមិនមានឡើយ។ ដំណើរ​នោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះថា ចុងនៃស្រូវគេដំកល់ទុកខុស យ៉ាង​ណា​មិញ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះ នឹងអាចទំលាយនូវអវិជ្ជា នឹងញ៉ាំងវិជ្ជា ឲ្យកើត​ឡើង នឹងបានធ្វើឲ្យជាក់ច្បាស់នូវព្រះនិព្វាន ដោយទិដ្ឋិ ដែលខ្លួនដំកល់ខុស ដោយមគ្គ​ភាវនា ដែលខ្លួនដំកល់ខុស ហេតុនេះ រមែងមិនមានឡើយ។ ដំណើរនោះ ព្រោះហេតុ​ដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ព្រោះថា ទិដ្ឋិដែលភិក្ខុនោះ ដំកល់ខុស ក៏យ៉ាងនោះដែរ។

[៤៣] ម្នាលភិក្ខុទាំងឡាយ  ដូចចុងស្រូវខ្សាយ ឬចុងស្រូវដំ​ណើប ដែល​បុគ្គលដំកល់​ទុក​ត្រូវ នឹងអាចមុតដៃ ឬជើង ឬនឹងញ៉ាំងឈាម ឲ្យកើតឡើងបាន ដល់បុគ្គល ដែល​ច្រត់​ដោយ​ដៃ ឬជាន់ដោយជើង ហេតុនេះ រមែងមានជាប្រាកដ។ ដំណើរ​នោះ ព្រោះ​ហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះថា ចុងនៃស្រូវ គេដំកល់ទុកត្រូវ យ៉ាង​ណា​មិញ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះ នឹងទំលាយនូវអវិជ្ជា នឹងញ៉ាំងវិជ្ជា​ឲ្យកើត​ឡើង នឹងបានធ្វើឲ្យជាក់ច្បាស់នូវព្រះនិព្វានបាន ដោយទិដ្ឋិ ដែលខ្លួនដំកល់ត្រូវ ដោយ​មគ្គភាវនា ដែលខ្លួនដំកល់ត្រូវ ហេតុនេះ រមែងមានជាប្រាកដ។ ដំណើរនោះ ព្រោះ​ហេតុ​អ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះថា ទិដ្ឋិដែលភិក្ខុនោះ ដំកល់ត្រូវ ក៏យ៉ាងនោះ​ដែរ។

[៤៤] ម្នាលភិក្ខុទាំងឡាយ  ចុះភិក្ខុនឹងទំលាយនូវអវិជ្ជា ញ៉ាំងវិជ្ជា ឲ្យកើតឡើង នឹងបានធ្វើឲ្យជាក់ច្បាស់នូវព្រះនិព្វាន ដោយទិដ្ឋិ ដែលខ្លួនដំកល់ត្រូវ ដោយមគ្គភាវនា​ ដែលខ្លួនដំកល់ត្រូវ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចំរើននូវ​សម្មា​ទិដ្ឋិ ដែលអាស្រ័យនូវសេចក្តីស្ងាត់ អាស្រ័យនូវសេចក្តីនឿយណាយ អាស្រ័យ​នូវ​សេចក្តីរលត់ មានកិរិយាបង្អោនទៅ ដើម្បីលះបង់។បេ។ ចំរើននូវសម្មាសមាធិ ដែល​អាស្រ័យនូវសេចក្តីស្ងាត់ អាស្រ័យនូវសេចក្តីនឿយណាយ អាស្រ័យនូវសេចក្តីរលត់ មានកិរិយាបង្អោនទៅ ដើម្បីលះបង់។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនឹងទំលាយនូវអវិជ្ជា ញ៉ាំង​​វិជ្ជា ឲ្យកើតឡើង នឹងធ្វើឲ្យជាក់ច្បាស់នូវព្រះនិព្វាន ដោយទិដ្ឋិ​ ដែល​ខ្លួនដំកល់​ត្រូវ ដោយ​មគ្គភាវនា ដែលខ្លួនដំកល់ត្រូវ យ៉ាងនេះឯង។

[៤៥] សាវត្ថីនិទាន។ គ្រានោះ នន្ទិយបរិព្វាជក ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ទៅរកព្រះដ៏មានព្រះភាគ លុះបញ្ចប់ពាក្យ​ដែល​គួររីករាយ និងពាក្យដែលគួររឭកហើយ ក៏អង្គុយក្នុងទីដ៏សមគួរ។ លុះនន្ទិយ​បរិព្វាជក អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះគោតមដ៏ចំរើន ធម៌ទាំងឡាយ ដែលបុគ្គលចំរើនហើយ ធ្វើឲ្យច្រើនហើយ ជាធម៌មាន​ដំ​ណើរទៅកាន់ព្រះនិព្វាន មានព្រះនិព្វាន ជាទីប្រព្រឹត្តទៅ ក្នុងខាងមុខ មានព្រះ​និព្វាន ជាទីបំផុត មានប៉ុន្មានហ្ន៎។ ម្នាលនន្ទិយៈ ធម៌ទាំងឡាយ ដែលបុគ្គលចំរើន​ហើយ ធ្វើឲ្យច្រើនហើយ ជាធម៌មានដំណើរទៅកាន់ព្រះនិព្វាន មានព្រះនិព្វានជាទីប្រព្រឹត្ត​ទៅ​ខាងមុខ មានព្រះនិព្វាន ជាទីបំផុតនេះ មាន ៨ យ៉ាង។ ធម៌ទាំង ៨ យ៉ាង​ តើដូចម្តេច។ អ្វីខ្លះ។ គឺសម្មាទិដ្ឋិ១។បេ។ សម្មាសមាធិ១។ ម្នាលនន្ទិយៈ ធម៌ទាំង ៨ នេះឯង ដែលបុគ្គលចំរើនហើយ ធ្វើឲ្យច្រើនហើយ ជាធម៌មានដំណើរទៅកាន់​ព្រះនិព្វាន មានព្រះនិព្វាន ជាទីប្រព្រឹត្តទៅខាងមុខ មានព្រះនិព្វាន ជាទីបំផុត។

[៤៦] កាលបើព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ដូច្នេះហើយ នន្ទិយៈបរិព្វាជក​ ក៏ក្រាប​បង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះគោតមដ៏ចំរើន ភ្លឺច្បាស់ណាស់ បពិត្រ​ព្រះគោតមដ៏ចំរើន ភ្លឺច្បាស់ណាស់ បពិត្រព្រះគោតមដ៏ចំរើន ដូចបុគ្គលផ្ងារឡើងនូវ​របស់ ដែលគេផ្កាប់ ឬបើកឡើងនូវរបស់ដែលបិទបាំង ពុំនោះសោត ប្រាប់នូវផ្លូវ ដល់អ្នក​វង្វេងផ្លូវ ឬទ្រោលប្រទីបប្រេង ​បំភ្លឺក្នុងទី​ងងឹត​ ដោយ​គិតថា​ បុរស​អ្នក​មានភ្នែក នឹងបាន​ឃើញរូបទាំងឡាយ យ៉ាងណាមិញ។ ធម៌ដែលព្រះគោតមដ៏ចំរើន ទ្រង់សំដែង​ហើយ ដោយ​អនេក​បរិយាយ ក៏យ៉ាងនោះឯង ខ្ញុំព្រះអង្គ សូមដល់​នូវ​ព្រះគោតម​ដ៏ចំរើន ទាំងព្រះធម៌​ និងព្រះភិក្ខុសង្ឃ ជាទីពឹង ទីរឭក សូមព្រះគោតម​ដ៏​ចំរើន​ ចាំ​ទុក​នូវខ្ញុំព្រះអង្គ ថាជា​ឧបាសក អ្នកដល់នូវព្រះរតនត្រ័យ ជាទីពឹង ទីរឭក ស្មើដោយជីវិត តាំងអំពីថ្ងៃនេះ ជា​ដើមទៅ។

ចប់ អវិជ្ជាវគ្គ ទី១។

ឧទ្ទាននៃអវិជ្ជាវគ្គនោះ គឺ

និយាយអំពីអវិជ្ជា១ អំពីពាក់កណ្តាលនៃព្រហ្មចរិយៈ១ អំពីព្រះសារីបុត្ត១ អំពីជាណុស្សោណិព្រាហ្មណ៍១ អំពីការប្រព្រឹត្តិព្រហ្មចរិយៈ​ ដើម្បី​ប្រយោជន៍អ្វី១ អំពីភិក្ខុមួយរូប ចូលទៅក្រាបបង្គំទូលព្រះដ៏មាន​ព្រះភាគ​​ មាន២លើក អំពីព្រះដ៏មានព្រះភាគ សំដែងចែក អដ្ឋង្គិកមគ្គ១ អំពីសេចក្តីប្រៀបដូចចុងនៃស្រូវ១ អំពីនន្ទិយបរិព្វាជក១។

វិហារវគ្គ

[៤៧] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ  តថាគត ប្រាថ្នា​ដើម្បីសម្ងំនៅក្នុង​ទីស្ងាត់​អស់​កន្លះខែ អ្នកណាកុំគប្បីចូលទៅរកតថាគតឡើយ វៀរលែងតែភិក្ខុមួយរូប អ្នកនាំនូវចង្ហាន់​បិណ្ឌបាតទៅ។ ភិក្ខុទាំងនោះ ទទួលស្តាប់ព្រះពុទ្ធដីកា ព្រះដ៏មានព្រះភាគថា ព្រះករុណា ព្រះអង្គ។ អ្នកណាមួយ ក៏មិនហ៊ានចូលទៅគាល់ព្រះដ៏មានព្រះភាគ ក្នុងទី​នោះឡើយ វៀរលែងតែភិក្ខុមួយរូប អ្នកនាំនូវចង្ហាន់បិណ្ឌបាតទៅ។

[៤៨] គ្រានោះ ព្រះដ៏មានព្រះភាគ លុះកន្លងកាលកន្លះខែនោះហើយ ក៏ទ្រង់​ចេញ​​ចាក​ទីស្ងាត់ ហើយត្រាស់នឹងភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ តថាគត បាន​ត្រាស់ដឹងជាដំបូង ដោយធម៌ ជាគ្រឿងនៅឯណា តថាគត ក៏បានសម្រេចសម្រាន្តនៅ​ដោយចំណែកនៃធម៌ ជាគ្រឿងនៅនោះ តថាគត ដឹងច្បាស់យ៉ាងនេះថា ការសោយអារម្មណ៍ ព្រោះមិច្ឆាទិដ្ឋិ ជាបច្ច័យ ក៏មាន ការសោយអារម្មណ៍ព្រោះសម្មាទិដ្ឋិ​ ជាបច្ច័យ​ក៏មាន។បេ។ ការសោយអារម្មណ៍ ព្រោះមិច្ឆាសមាធិជាបច្ច័យ ក៏មាន ការសោយ​អារម្មណ៍ព្រោះ​សម្មាសមាធិជាបច្ច័យក៏មាន ការសោយអារម្មណ៍ព្រោះឆន្ទៈ​ជាបច្ច័យ​ក៏មាន ការ​សោយអារម្មណ៍ព្រោះវិតក្កៈជាបច្ច័យក៏មាន ការ​សោយអារម្មណ៍​ព្រោះ​សញ្ញាជាបច្ច័យក៏មាន ឆន្ទៈមិនរម្ងាប់ក៏មាន វិតក្កៈមិនរម្ងាប់ក៏មាន សញ្ញាមិនរម្ងាប់ក៏មាន ការសោយអារម្មណ៍ព្រោះមិនរម្ងាប់នោះជាបច្ច័យក៏មាន ឆន្ទៈរម្ងាប់ក៏មាន វិតក្កៈរម្ងាប់​ក៏មាន សញ្ញារម្ងាប់ក៏មាន ការសោយអារម្មណ៍ព្រោះរម្ងាប់នោះជាបច្ច័យក៏មាន សេចក្តី​ព្យាយាម ប្រព្រឹត្តទៅ ដើម្បីដល់នូវគុណវិសេស​ ដែលមិនទាន់បានដល់ក៏មាន កាលបើ​ហេតុនោះមិនទាន់សម្រេចហើយ ការសោយ​អារម្មណ៍ព្រោះមិនសម្រេចនោះ​ជាបច្ច័យ​ក៏មាន។

[៤៩] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ តថាគតប្រាថ្នាដើម្បីសម្ងំនៅក្នុងទីស្ងាត់ អស់៣ខែ អ្នកណាមួយ កុំគប្បីចូលទៅរកតថាគតឡើយ វៀរលែងតែ​ភិក្ខុមួយ​រូប ​អ្នកនាំនូវចង្ហាន់បិណ្ឌបាតទៅ។ ភិក្ខុទាំងនោះ ទទួលស្តាប់ព្រះពុទ្ធដីកាព្រះដ៏មានព្រះ​ភាគ​ថា ព្រះករុណា ព្រះអង្គ។ អ្នកណាមួយ ក៏មិនហ៊ានចូលទៅគាល់​ព្រះដ៏មានព្រះ​ភាគ ​ក្នុងទី​នោះឡើយ វៀរលែងតែភិក្ខុមួយរូប អ្នក​នាំនូវចង្ហាន់បិណ្ឌបាតទៅ។

[៥០] គ្រានោះ ព្រះដ៏មានព្រះភាគ លុះកន្លង៣ខែនោះហើយ ក៏ចេញចាកទីស្ងាត់ ហើយត្រាស់នឹងភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ តថាគតបានត្រាស់ដឹងជាដំបូង ដោយធម៌ជាគ្រឿងនៅឯណា តថាគត ក៏បានសម្រេចសម្រាន្តនៅ ដោយចំណែកនៃធម៌ ជាគ្រឿងនៅនោះ តថាគត ដឹងច្បាស់យ៉ាងនេះថា ការសោយអារម្មណ៍ព្រោះ​មិច្ឆាទិដ្ឋិជាបច្ច័យក៏មាន ការសោយអារម្មណ៍ព្រោះរម្ងាប់មិច្ឆាទិដ្ឋិជាបច្ច័យក៏មាន ការសោយអារម្មណ៍ព្រោះសម្មាទិដ្ឋិជាបច្ច័យក៏មាន ការសោយអារម្មណ៍ព្រោះរម្ងាប់សម្មាទិដ្ឋិជាបច្ច័យក៏​មាន។បេ។ ការសោយអារម្មណ៍ព្រោះមិច្ឆាសមាធិជាបច្ច័យក៏មាន ការសោយ​អារម្មណ៍ព្រោះរម្ងាប់មិច្ឆាសមាធិជាបច្ច័យក៏​មាន ការសោយអារម្មណ៍ព្រោះ​សម្មាសមាធិ​ជាបច្ច័យក៏មាន ការសោយអារម្មណ៍ព្រោះរម្ងាប់​សម្មា​សមាធិ​ជា​បច្ច័យក៏​មាន ការសោយអារម្មណ៍ព្រោះឆន្ទៈជាបច្ច័យក៏មាន ការសោយអារម្មណ៍​ព្រោះ​រម្ងាប់​ឆន្ទៈ​ជាបច្ច័យក៏​មាន ការសោយអារម្មណ៍ព្រោះវិតក្កៈជាបច្ច័យក៏មាន ការសោយ​អារម្មណ៍​ព្រោះ​រម្ងាប់វិតក្កៈជាបច្ច័យក៏​មាន ការសោយអារម្មណ៍ព្រោះសញ្ញាជាបច្ច័យក៏មាន ការ​សោយអារម្មណ៍ព្រោះរម្ងាប់សញ្ញាជាបច្ច័យក៏​មាន ឆន្ទៈមិនរម្ងាប់ក៏មាន វិតក្កៈមិន​រម្ងាប់​ក៏មាន សញ្ញាមិនរម្ងាប់ក៏មាន ការសោយអារម្មណ៍ព្រោះមិនរម្ងាប់នោះជាបច្ច័យក៏មាន ឆន្ទៈរម្ងាប់ក៏មាន វិតក្កៈរម្ងាប់ក៏មាន ​សញ្ញារម្ងាប់ក៏មាន ការសោយអារម្មណ៍ព្រោះ​រម្ងាប់នោះជាបច្ច័យក៏មាន សេចក្តីព្យាយាម ប្រព្រឹត្តទៅ ដើម្បីដល់នូវគុណវិសេស ដែលមិនទាន់បានដល់ក៏មាន កាលបើហេតុនោះមិនទាន់សម្រេចហើយ ការសោយអារម្មណ៍ ព្រោះហេតុមិនសម្រេចនោះ ជាបច្ច័យ ក៏មាន។

[៥១] សាវត្ថីនិទាន។ គ្រានោះ ភិក្ខុមួយរូប ចូលទៅគាល់ព្រះដ៏មានព្រះភាគ។បេ។ លុះភិក្ខុនោះ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះ​ថា បពិត្រព្រះអង្គដ៏ចំរើន ពាក្យគេតែងនិយាយថា សេក្ខៈ សេក្ខៈ ដូច្នេះ បពិត្រព្រះអង្គ​ដ៏ចំរើន ដែលឈ្មោះថា សេក្ខៈនោះ ដោយហេតុប៉ុន្មានយ៉ាង។ ម្នាលភិក្ខុ ភិក្ខុក្នុងសាសនានេះ ប្រកបដោយសេក្ខសម្មាទិដ្ឋិ។បេ។ ប្រកបដោយសេក្ខសម្មាសមាធិ។ ម្នាលភិក្ខុ ដែលឈ្មោះថាសេក្ខៈ ដោយហេតុប៉ុណ្ណេះឯង។

[៥២] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ  ធម៌ទាំង ៨ យ៉ាងនេះ ដែលបុគ្គល​ចំរើនហើយ ធ្វើឲ្យច្រើនហើយ ដែលមិនទាន់កើតឡើង រមែងកើតឡើង មិនមែនកើត​ឡើង ក្រៅអំពីការកើតប្រាកដនៃព្រះតថាគត ជាអរហន្ត សម្មាសម្ពុទ្ធទេ។ ធម៌ទាំង ៨ យ៉ាង​ តើដូចម្តេច។ អ្វីខ្លះ។ គឺសម្មាទិដ្ឋិ១។បេ។ សម្មាសមាធិ១។ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំង ៨ យ៉ាងនេះឯង ដែលបុគ្គលចំរើនហើយ ធ្វើឲ្យច្រើនហើយ ដែលមិន​ទាន់កើតឡើង រមែងកើតឡើង មិនមែនកើតឡើង ក្រៅ​អំពីការ​កើតប្រាក​ដ​នៃព្រះតថាគត ជាអរហន្ត សម្មាសម្ពុទ្ធទេ។

[៥៣] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំង ៨ យ៉ាងនេះឯង ដែលបុគ្គលចំរើនហើយ ធ្វើឲ្យច្រើនហើយ ដែលមិនទាន់កើតឡើង រមែងកើតឡើង មិនមែនកើត​ឡើង ក្រៅអំពីវិន័យព្រះសុគតទេ។ ធម៌ទាំង ៨ យ៉ាង តើដូចម្តេច។ អ្វីខ្លះ។ គឺសម្មាទិដ្ឋិ១។បេ។ សម្មាសមាធិ១។ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំង ៨ យ៉ាងនេះឯង ដែលបុគ្គល​ចំរើនហើយ ធ្វើឲ្យច្រើនហើយ ដែលមិនទាន់កើតឡើង រមែងកើតឡើង មិនមែនកើត​ឡើង ក្រៅអំពីវិន័យព្រះសុគតទេ។

[៥៤] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំង ៨ យ៉ាងនេះឯង ដែល​បរិសុទ្ធិផូរផង់ មិនមានទីទួល គឺកិលេស ប្រាសចាកឧបក្កិលេសហើយ ដែលមិនទាន់​កើតឡើង រមែងកើតឡើង មិនមែនកើតឡើង ក្រៅអំពីការកើតប្រា​កដនៃព្រះ​តថាគត ជា​អរហន្តសម្មាសម្ពុទ្ធ​ទេ។ ធម៌ទាំង ៨ យ៉ាង តើដូចម្តេច។ អ្វីខ្លះ។ គឺសម្មាទិដ្ឋិ១។បេ។ សម្មាសមាធិ១។ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំង ៨ យ៉ាងនេះឯង ដែល​បរិសុទ្ធិ ផូរផង់ មិនមានទីទួល គឺកិលេស ប្រាសចាកឧបក្កិលេសហើយ ដែលមិនទាន់​កើតឡើង រមែង​កើតឡើង មិនមែនកើតឡើង ក្រៅអំពីការកើតប្រាកដនៃព្រះតថាគត​ជាអរហន្ត​សម្មាសម្ពុទ្ធទេ។

[៥៥] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំង ៨ យ៉ាងនេះឯង ដែល​បរិសុទ្ធិផូរផង់ មិនមានទីទួល គឺកិលេស ប្រាសចាកឧបក្កិលេសហើយ ដែលមិនទាន់​កើតឡើង រមែងកើតឡើង មិនមែនកើតឡើង ក្រៅអំពីវិន័យព្រះសុគតទេ។ ធម៌ទាំង ៨ យ៉ាង​ តើ​ដូចម្តេច។ អ្វីខ្លះ។ គឺសម្មាទិដ្ឋិ១។បេ។ សម្មាសមាធិ១។ ម្នាលភិក្ខុ​ទាំង​ឡាយ ធម៌​ទាំង ៨ យ៉ាងនេះឯង ដែល​បរិសុទ្ធិផូរផង់ មិនមានទីទួល គឺកិលេស ប្រាស​ចាក​ឧបក្កិលេសហើយ ដែលមិនទាន់​កើតឡើង រមែងកើតឡើង មិនមែនកើតឡើង​ ក្រៅ​អំពីវិន័យព្រះសុគតទេ។

[៥៦] សាវត្ថីនិទាន។ ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះអានន្ទដ៏មានអាយុ និងព្រះភទ្ទៈដ៏មានអាយុ គង់នៅក្នុងកុក្កុដារាម ជិតក្រុងបាដលិបុត្ត។ គ្រានោះ ព្រះភទ្ទៈដ៏មានអាយុ ចេញចាកទីពួនសម្ងំ ក្នុងវេលា​សាយណ្ហសម័យ ហើយចូលទៅ​រកព្រះអានន្ទដ៏មានអាយុ លុះចូលទៅដល់ហើយ ក៏ធ្វើនូវសេចក្តីរីករាយ ជាមួយនឹងព្រះអានន្ទដ៏មានអាយុ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររឭកហើយ ក៏​អង្គុយក្នុងទីសមគួរ។ លុះព្រះភទ្ទៈដ៏មានអាយុ អង្គុយក្នុងទីសមគួរហើយ ក៏ពោល​ទៅនឹងព្រះអានន្ទដ៏មានអាយុ ដូច្នេះថា ម្នាលអាវុសោអានន្ទ ពាក្យគេតែងនិយាយថា អព្រហ្មចរិយៈ អព្រហ្មចរិយៈ ដូច្នេះ ម្នាលអាវុសោ អព្រហ្មចរិយៈ តើដូចម្តេច។ ម្នាល​អាវុសោភទ្ទៈ ប្រពៃណាស់ហើយ ប្រពៃណាស់ហើយ ម្នាលអាវុសោភទ្ទៈ ការ​ស្វែងប្រស្នា របស់អ្នក ល្អពេកណាស់ ប្រាជ្ញាក៏ល្អ ការសាកសួរក៏មានទំនងល្អ ម្នាលអាវុសោភទ្ទៈ ព្រោះថា អ្នកសួរយ៉ាងនេះថា ម្នាលអាវុសោ អានន្ទ ពាក្យថាគេតែង​និយាយថា អព្រហ្មចរិយៈ អព្រហ្មចរិយៈ ដូច្នេះ ម្នាលអាវុសោ អព្រហ្មចរិយៈ​ តើដូចម្តេច។ យ៉ាងនេះហើយ អាវុសោ។ ម្នាលអាវុសោ មិច្ឆាមគ្គ ប្រកបដោយអង្គ ៨ នេះឯង ហៅថា អព្រហ្មចរិយៈ។ មិច្ឆាមគ្គ ទាំង ៨ តើដូចម្តេច។ គឺមិច្ឆាទិដ្ឋិ១។បេ។ មិច្ឆាសមាធិ១។

[៥៧] បាដលិបុត្តនិទាន។បេ។ ម្នាលអាវុសោអានន្ទ ពាក្យគេតែងនិយាយថា ព្រហ្មចរិយៈ ព្រហ្មចរិយៈ ដូច្នេះ ម្នាលអាវុសោ ព្រហ្មចរិយៈ តើដូចម្តេច ទីបំផុតរបស់​ព្រហ្មចរិយៈ តើដូចម្តេច។ ម្នាលអាវុសោភទ្ទៈ ប្រពៃណាស់ហើយ ប្រពៃណាស់ហើយ ម្នាល​អាវុសោភទ្ទៈ ការ​ស្វែងរកប្រស្នារបស់អ្នក ល្អពេកណាស់ ប្រាជ្ញាក៏ល្អ ការសាក​សួរ​ក៏មានទំនងល្អ ម្នាលអាវុសោភទ្ទៈ ព្រោះថា អ្នកសួរយ៉ាងនេះថា ម្នាលអាវុសោ​អានន្ទ ពាក្យគេតែងនិយាយថា ព្រហ្មចរិយៈ ព្រហ្មចរិយៈ ដូច្នេះ ម្នាលអាវុសោ ព្រហ្មចរិយៈ តើដូចម្តេច ទីបំផុត​របស់​ព្រហ្មចរិយៈ តើដូចម្តេច។ យ៉ាងនេះហើយ អាវុសោ។ ម្នាលអាវុសោ មគ្គដ៏ប្រសើរ​ ប្រកបដោយអង្គ ៨ នេះឯង ហៅថា ព្រហ្មចរិយៈ។ មគ្គទាំង ៨ តើដូចម្តេច។ គឺសម្មាទិដ្ឋិ១។បេ។ សម្មា​សមាធិ១។ ម្នាលអាវុសោ ការអស់ទៅ​នៃរាគៈ ការអស់​ទៅនៃទោសៈ ការអស់ទៅនៃមោហៈឯណា នេះហៅថា ទីបំផុតរបស់​ព្រហ្មចរិយៈ។

[៥៨] បាដលិបុត្តនិទាន។ ម្នាលអាវុសោ អានន្ទ ពាក្យគេតែងនិយាយថា ព្រហ្មចរិយៈ ព្រហ្មចរិយៈ ដូច្នេះ ម្នាលអាវុសោ ព្រហ្មចរិយៈ តើដូចម្តេច ព្រហ្មចារី (បុគ្គល​អ្នក​ប្រព្រឹត្តនូវធម៌ដ៏ប្រសើរ) តើដូចម្តេច ទីបំផុតរបស់ព្រហ្មចរិយៈ តើដូចម្តេច។ ម្នាល​អាវុសោភទ្ទៈ ប្រពៃណាស់ហើយ ប្រពៃណាស់ហើយ ម្នាលអាវុសោភទ្ទៈ ការ​ស្វែង​រកប្រស្នារបស់អ្នក ល្អពេកណាស់ ប្រាជ្ញាក៏ល្អ ការសាក​សួរ​ ក៏មានទំនងល្អ ម្នាល​អាវុសោ​ភទ្ទៈ ព្រោះថា អ្នកសួរយ៉ាងនេះថា ម្នាលអាវុសោ អានន្ទ ពាក្យគេតែង​និយាយថា ព្រហ្មចរិយៈ ព្រហ្មចរិយៈ ដូច្នេះ ម្នាលអាវុសោ ព្រហ្មចរិយៈ តើដូចម្តេច​ព្រហ្មចារី តើដូចម្តេច ទីបំផុតរបស់​ព្រហ្ម​ចរិយៈ តើដូចម្តេច។ យ៉ាងនេះហើយ អាវុសោ។ ម្នាល​អាវុសោ មគ្គដ៏ប្រ​សើរ ប្រកបដោយអង្គ ៨ នេះឯង ហៅថា ព្រហ្មចរិយៈ។ មគ្គទាំង ៨ តើដូចម្តេច។ គឺសម្មាទិដ្ឋិ១។បេ។ សម្មា​សមាធិ១។ ម្នាលអាវុសោ បុគ្គលឯណា ប្រកបដោយមគ្គ ដ៏ប្រ​សើរ​ មានដោយអង្គ ៨ នេះ បុគ្គលនេះ ហៅថា ព្រហ្មចារី។ ម្នាលអាវុសោ ការអស់​ទៅនៃរាគៈ ការអស់​ទៅនៃទោសៈ ការអស់ទៅនៃមោហៈឯណា នេះហៅថា ទីបំផុត របស់ព្រហ្មចរិយៈ។ ក្នុងសូត្រ៣នេះ មាននិទានតែមួយ។

ចប់ វិហារវគ្គ ទី២។

ឧទ្ទាននៃវិហារវគ្គនោះ គឺ

និយាយអំពីវិហារធម៌របស់ព្រះដ៏មានព្រះភាគ មាន២លើក អំពីសេក្ខៈ១ អំពីធម៌ ៨ យ៉ាង ដែលបុគ្គលចំរើនឲ្យច្រើនហើយ ដែលមិនទាន់​កើត​ឡើង រមែងកើតឡើង មាន២លើក និយាយអំពីធម៌ ៨ យ៉ាង ដែល​បរិសុទ្ធិ មាន២លើក អំពីធម៌ ដែលព្រះភទ្ទៈដ៏មានអាយុ សួរព្រះអានន្ទ​ ក្នុងកុក្កុដារាម មាន៣លើក។

មិច្ឆត្តវគ្គ

[៥៩] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ តថាគត នឹងសំដែងនូវភាវៈ​ខុស​ផងនូវភាវៈ​ត្រូវផង ដល់អ្នកទាំងឡាយ អ្នកទាំងឡាយ ចូរស្តាប់នូវធម៌នោះចុះ។

[៦០] ម្នាលភិក្ខុទាំងឡាយ ភាវៈខុស តើដូចម្តេច។ អ្វីខ្លះ។ គឺមិច្ឆាទិដ្ឋិ១។បេ។ មិច្ឆាសមាធិ១។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ភាវៈខុស។

[៦១] ភាវៈត្រូវ តើដូចម្តេច។ អ្វីខ្លះ។ គឺសម្មាទិដ្ឋិ១។បេ។ សម្មាសមាធិ១។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ភាវៈត្រូវ។

[៦២] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ តថាគត នឹងសំដែងនូវធម៌ ជា​អកុសល​ផងនូវធម៌ជាកុសលផង ដល់អ្នកទាំងឡាយ អ្នកទាំងឡាយ ចូរស្ដាប់នូវធម៌នោះចុះ។

[៦៣] ម្នាលភិក្ខុទាំងឡាយ ធម៌ជាអកុសល តើដូចម្តេច។ អ្វីខ្លះ។ គឺមិច្ឆាទិដ្ឋិ១។បេ។ មិច្ឆាសមាធិ១។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ធម៌ជាអកុសល។

[៦៤] ម្នាលភិក្ខុទាំងឡាយ ធម៌ជាកុសល តើដូចម្តេច។ អ្វីខ្លះ។ គឺសម្មាទិដ្ឋិ១។បេ។ សម្មាសមាធិ១។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ធម៌ជាកុសល។

[៦៥] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងនូវបដិបទាខុសផងនូវបដិបទាត្រូវផង ដល់អ្នកទាំងឡាយ អ្នកទាំងឡាយ ចូរស្តាប់នូវបដិបទានោះចុះ។

[៦៦] ម្នាលភិក្ខុទាំងឡាយ បដិបទាខុស តើដូចម្តេច។ អ្វីខ្លះ។ គឺមិច្ឆាទិដ្ឋិ១។បេ។ មិច្ឆាសមាធិ១។ ម្នាលភិក្ខុងទាំងឡាយ នេះហៅថា បដិបទាខុស។

[៦៧] ម្នាលភិក្ខុទាំងឡាយ បដិបទាត្រូវ តើដូចម្តេច។ អ្វីខ្លះ។ គឺសម្មាទិដ្ឋិ១។បេ។ សម្មាសមាធិ១។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា បដិបទាត្រូវ។

[៦៨] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ តថាគត មិនសរសើរបដិបទាខុស របស់​គ្រហស្ថក្តី ​របស់បព្វជិតក្តីទេ។ ម្នាលភិក្ខុទាំងឡាយ គ្រហស្ថក្តី បព្វជិតក្តី តែ​ប្រតិបត្តិ​ខុស​ហើយ រមែងមិនញ៉ាំងធម៌ ដែលបណ្ឌិគប្បីដឹង គឺអរិយមគ្គជាកុសល ​ឲ្យ​សម្រេច​បាន ព្រោះហេតុ​នៃ​អធិករណ៍ គឺប្រតិបត្តិខុសទេ។ ម្នាលភិក្ខុទាំងឡាយ បដិបទា​ខុស តើដូច​ម្តេច។ អ្វីខ្លះ។ គឺមិច្ឆាទិដ្ឋិ១។បេ។ មិច្ឆាសមាធិ១។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា បដិបទា​ខុស។ ​ម្នាលភិក្ខុទាំងឡាយ តថាគត មិនសរសើរបដិបទាខុស ​របស់​គ្រហស្ថក្តី របស់បព្វជិតក្តី​ទេ។ ម្នាលភិក្ខុទាំងឡាយ  គ្រហស្ថក្តី បព្វជិតក្តី តែប្រតិបត្តិ​ខុស​ហើយ រមែងមិនញ៉ាំងធម៌ ដែលបណ្ឌិតគប្បីដឹង គឺអរិយមគ្គ ជាកុសល ​ឲ្យសម្រេច​បាន ព្រោះ​ហេតុ​នៃអធិករណ៍ គឺប្រតិបត្តិខុសទេ។

[៦៩] ម្នាលភិក្ខុទាំងឡាយ តថាគតសរសើរតែបដិបទាត្រូវ របស់គ្រហស្ថក្តី ​របស់​បព្វជិត​ក្តី។ ម្នាលភិក្ខុទាំងឡាយ  គ្រហស្ថក្តី បព្វជិតក្តី តែប្រតិបត្តិត្រូវហើយ រមែងញ៉ាំង​ធម៌ ដែលបណ្ឌិគប្បីដឹង គឺអរិយមគ្គ ជាកុសល ឲ្យសម្រេចទៅបាន ព្រោះ​ហេតុ​នៃ​អធិករណ៍ គឺសេចក្តីប្រតិបត្តិត្រូវ។ ម្នាលភិក្ខុទាំងឡាយ បដិបទាត្រូវ តើដូច​ម្តេច។ អ្វីខ្លះ។ គឺសម្មាទិដ្ឋិ១។បេ។ សម្មាសមាធិ១។ ម្នាលភិក្ខុទាំងឡាយ  នេះហៅថា បដិបទាត្រូវ។ ​ម្នាលភិក្ខុទាំងឡាយ តថាគត សរសើរតែបដិបទាត្រូវ​ របស់​គ្រហស្ថក្តី របស់បព្វជិតក្តី។ ម្នាលភិក្ខុទាំងឡាយ  គ្រហស្ថក្តី បព្វជិតក្តី តែប្រតិបត្តិត្រូវ​ហើយ​ រមែង​ញ៉ាំងធម៌ ដែល​បណ្ឌិត​គប្បីដឹង គឺអរិយមគ្គ ជាកុសល ឲ្យសម្រេចទៅបាន ព្រោះហេតុនៃអធិករណ៍ គឺសេចក្តី​ប្រតិបត្តិត្រូវ។

[៧០]  សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងនូវអសប្បុរសផងនូវសប្បុរសផង ដល់អ្នកទាំងឡាយ អ្នកទាំងឡាយ ចូរស្តាប់នូវសេចក្តីនោះចុះ។

[៧១] ម្នាលភិក្ខុទាំងឡាយ អសប្បុរស តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គល​ពួកខ្លះ ក្នុងលោកនេះ ជាអ្នកឃើញខុស ត្រិះរិះខុស និយាយខុស ធ្វើការងារខុស ចិញ្ចឹមជីវិតខុស ព្យាយាមខុស រឭកខុស ដំកល់ចិត្តខុស។ ម្នាលភិក្ខុទាំងឡាយ នេះ​ហៅថា អសប្បុរស។

[៧២]  ម្នាលភិក្ខុទាំងឡាយ សប្បុរស តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គល​ពួកខ្លះ ក្នុងលោកនេះ ជាអ្នកឃើញត្រូវ ត្រិះរិះត្រូវ និយាយត្រូវ ធ្វើការងារត្រូវ ចិញ្ចឹម​ជីវិតត្រូវ ព្យាយាមត្រូវ រឭកត្រូវ ដំកល់ចិត្តត្រូវ។ ម្នាលភិក្ខុទាំងឡាយ នេះហៅ​ថា​សប្បុរស។

[៧៣] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងនូវអសប្បុរស​ផងនូវអសប្បុរស ដ៏លើសជាងអសប្បុរសទៅទៀតផង ដល់អ្នកទាំងឡាយ ។ ​ម្នាល​ភិក្ខុទាំងឡាយ ​តថាគតនឹងសំដែងនូវសប្បុរសផងនូវសប្បុរសដ៏លើសជាងសប្បុរស​ទៅ​​ទៀត​ផង​ ដល់អ្នកទាំងឡាយ អ្នកទាំងឡាយ ចូរ​ស្តាប់នូវសេចក្តីនោះចុះ។

[៧៤] ម្នាលភិក្ខុទាំងឡាយ ចុះអសប្បុរស តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកឃើញខុស។បេ។ ដំកល់ចិត្តមាំខុស។ ម្នាលភិក្ខុ​ទាំង​ឡាយ នេះហៅថា អសប្បុរស។

[៧៥] ម្នាលភិក្ខុទាំងឡាយ ចុះអសប្បុរសដ៏លើសជាងអសប្បុរសទៅទៀត​ តើដូច​ម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកឃើញខុស។បេ។ ដំកល់ចិត្តមាំខុស មានសេចក្តីដឹងខុស មានចិត្តរួចស្រឡះខុស។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា អសប្បុរស ដ៏លើសជាងអសប្បុរសទៅទៀត។

[៧៦] ម្នាលភិក្ខុទាំងឡាយ ចុះសប្បុរស តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គល​ពួកខ្លះ ក្នុងលោកនេះ ជាអ្នកឃើញត្រូវ។បេ។ ដំកល់ចិត្តមាំត្រូវ។ ម្នាលភិក្ខុ​ទាំងឡាយ នេះហៅថា សប្បុរស។

[៧៧] ម្នាលភិក្ខុទាំងឡាយ ចុះសប្បុរសដ៏លើសជាងសប្បុរសទៅទៀត​ តើ​ដូច​ម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកឃើញត្រូវ។បេ។ ដំកល់ចិត្តមាំត្រូវ មានសេចក្តីដឹងត្រូវ មានចិត្តរួចស្រឡះត្រូវ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សប្បុរស ដ៏លើសជាងសប្បុរសទៅទៀត។

[៧៨] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ដូចក្អមដែលមិនមានរង្វេលទ្រ តែង​បង្វិលបានដោយងាយ ដែលមានរង្វេលទ្រ តែងបង្វិលបានដោយលំបាក យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ ចិត្តដែលមិនមានរង្វេលទ្រ តែងបង្វិលបានដោយងាយ ដែលមានរង្វេលទ្រ តែងបង្វិលបានដោយលំបាក ក៏យ៉ាងនោះឯង។

[៧៩] ម្នាលភិក្ខុទាំងឡាយ ចុះរង្វេលទ្រនៃចិត្ត តើដូចម្តេច។ គឺមគ្គដ៏ប្រសើរប្រកបដោយអង្គ ៨ ហ្នឹងឯង។ មគ្គទាំង ៨ តើដូចម្តេច។ គឺសម្មាទិដ្ឋិ១។បេ។ សម្មាសមាធិ១។ នេះហៅថា រង្វេលទ្រចិត្ត។

[៨០] ម្នាលភិក្ខុទាំងឡាយ ដូចក្អមមិនមានរង្វេលទ្រ តែង​បង្វិល​បាន​ដោយ​ងាយ ដែលមានរង្វេលទ្រ តែងបង្វិលបានដោយលំបាក យ៉ាងណា​មិញ។ ម្នាលភិក្ខុ​ទាំង​ឡាយ ចិត្តដែលមិនមានរង្វេលទ្រ តែងបង្វិលបានដោយងាយ ដែលប្រ​កប​ដោយ​រង្វេល​​ទ្រ តែងបង្វិលបានដោយលំបាក ក៏យ៉ាងនោះឯង។

[៨១] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងនូវអរិយសម្មាសមាធិ ប្រកបដោយបច្ច័យ ប្រកបដោយបរិក្ខារ ដល់អ្នកទាំងឡាយ អ្នកទាំង​ឡាយ ​ចូរស្តាប់នូវធម៌នោះចុះ។

[៨២] ម្នាលភិក្ខុទាំងឡាយ ចុះអរិយសម្មាសមាធិ ប្រកបដោយបច្ច័យ ប្រកប​ដោយ​បរិក្ខារ តើដូចម្តេច។ អ្វីខ្លះ។ គឺសម្មាទិដ្ឋិ១។បេ។ សម្មាសមាធិ១។

[៨៣] ម្នាលភិក្ខុទាំងឡាយ ភាវៈនៃចិត្តមានអារម្មណ៍តែមួយ ​ដែលប្រកបដោយ​បរិក្ខារ ដោយអង្គទាំង៧នេះឯង ម្នាលភិក្ខុទាំងឡាយ ​នេះហៅថា អរិយសម្មាសមាធិ ប្រកបដោយបច្ច័យផង ប្រកបដោយបរិក្ខារផង។

[៨៤] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ វេទនានេះ មាន៣យ៉ាង។ វេទនា៣ តើដូចម្តេច។  គឺវេទនាជាសុខ១ វេទនាជាទុក្ខ១ វេទនាមិនជាទុក្ខមិនជាសុខ១។ ម្នាលភិក្ខុទាំងឡាយ វេទនា មាន៣យ៉ាងនេះឯង។

[៨៥] ម្នាលភិក្ខុទាំងឡាយ បុគ្គលគប្បីចំរើននូវមគ្គដ៏ប្រសើរ ប្រកបដោយអង្គ ៨ ដើម្បីកំណត់ដឹងនូវវេទនា ទាំង៣នេះ។ មគ្គដ៏ប្រសើរ ប្រកបដោយអង្គ ៨ តើដូចម្តេច។ អ្វីខ្លះ។ គឺសម្មាទិដ្ឋិ១។បេ។ សម្មាសមាធិ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលគប្បី​ចំរើននូវមគ្គ ដ៏ប្រសើរ ប្រកបដោយង្គ ៨ ដើម្បីកំណត់ដឹងនូវវេទនា ទាំង៣នេះឯង។

[៨៦] សាវត្ថីនិទាន។ គ្រានោះ ព្រះឧត្តិយដ៏មានអាយុ ចូលទៅគាល់ព្រះដ៏មាន​ព្រះភាគ។បេ។ លុះព្រះឧត្តិយដ៏មានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ ក៏ក្រាបបង្គំទូល​ព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ក្នុងទីឯណោះ ខ្ញុំព្រះអង្គ នៅក្នុងទី​ស្ងាត់ សម្ងំនៅតែម្នាក់ឯង កើតចិត្តត្រិះរិះ យ៉ាងនេះថា កាមគុណ ៥យ៉ាង ព្រះដ៏មាន​ព្រះភាគ ទ្រង់សំដែងហើយ។ កាមគុណ ទាំង៥ ដែលព្រះដ៏មានព្រះភាគ ទ្រង់​សំដែង​ហើយ តើដូចម្តេច។

[៨៧] ម្នាលឧត្តិយ ប្រពៃណាស់ហើយ ប្រពៃណាស់ហើយ ម្នាលឧតិ្តយ កាមគុណ ទាំង៥ នេះឯង ដែលតថាគត បានសំដែងហើយ។ កាមគុណ ទាំង៥ តើដូចម្តេច។ គឺរូប ដែលគប្បីដឹងដោយភ្នែក ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត ជាទីស្រឡាញ់ ប្រកបដោយកាម គួរជាទីតម្រេក១។ សំឡេង ដែលគប្បីដឹង ដោយត្រចៀក១។ ក្លិន​ដែលគប្បីដឹង ដោយច្រមុះ១។ រសដែលគប្បីដឹង ដោយអណ្តាត១។ ផ្សព្វដែលគប្បី​ដឹង ដោយកាយ ជាទីប្រាថ្នា ជាត្រេកអរ ជាទីគាប់ចិត្ត ជាទីស្រឡាញ់ ប្រកប​ដោយកាម គួរជាទី​តម្រេក១។ ម្នាលឧត្តិយ កាមគុណ ទាំង៥នេះឯង ដែលតថាគតសំដែងហើយ។

[៨៨] ម្នាលឧត្តិយ បុគ្គលគប្បីចំរើនមគ្គដ៏ប្រសើរ ប្រកបដោយអង្គ ៨ ដើម្បីលះបង់នូវកាមគុណ ទាំង៥នេះ។ មគ្គដ៏ប្រសើរ ប្រកបដោយអង្គ ៨ តើដូចម្តេច។ អ្វីខ្លះ។ គឺសម្មាទិដ្ឋិ១។បេ។ សម្មាសមាធិ១។ ម្នាលឧត្តិយ បុគ្គលគប្បីចំរើនមគ្គដ៏ប្រសើរ ប្រកបដោយអង្គ ៨ ដើម្បីលះបង់នូវកាមគុណ ទាំង៥នេះឯង។

ចប់ មិច្ឆត្តវគ្គ ទី៣។

ឧទ្ទាននៃមិច្ឆត្តវគ្គនោះ គឺ

និយាយអំពីមិច្ឆត្ត១ អំពីអកុសលធម៌១ អំពីបដិបទា មាន២លើក អំពី​អសប្បុរស​ មាន២លើក អំពីចិត្តប្រៀបដូចក្អម១ អំពីអរិយសម្មាសមាធិ១ អំពីវេទនា១ អំពីព្រះឧត្តិយ​ដ៏មានអាយុ១។

បដិបត្តិវគ្គ

[៨៩] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងសេចក្តី​ប្រតិ​បត្តិខុស និងសេចក្តីប្រតិបត្តិត្រូវ ដល់អ្នកទាំងឡាយ អ្នកទាំងឡាយ ចូរ​ស្តាប់​សេចក្តីនោះចុះ។

[៩០] ម្នាលភិក្ខុទាំងឡាយ ចុះសេចក្តីប្រតិបត្តិខុស តើដូចម្តេច។ គឺអ្វីខ្លះ។ គឺ​សេចក្តី​ឃើញខុស១។បេ។ សេចក្តីតាំងចិត្តខុស១។ ម្នាលភិក្ខុទាំងឡាយ នេះហៅ​ថា​សេចក្តីប្រតិបត្តិខុស។

[៩១] ម្នាលភិក្ខុទាំងឡាយ ចុះសេចក្តីប្រតិបត្តិត្រូវ តើដូចម្តេច។ គឺអ្វីខ្លះ។ គឺ​សេចក្តីឃើញត្រូវ១។បេ។ សេចក្តីតាំងចិត្តត្រូវ១។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា​សេចក្តីប្រតិបត្តិត្រូវ។

[៩២] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងបុគ្គល ​អ្នកប្រតិបត្តិ​ខុស​ និងបុគ្គលអ្នកប្រតិបត្តិត្រូវ ដល់អ្នកទាំងឡាយ អ្នកទាំងឡាយ ​ចូរស្តាប់នូវដំណើរ​បុគ្គល​នោះចុះ។

[៩៣] ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលអ្នកប្រតិបត្តិខុស តើដូចម្តេច។ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកឃើញខុស១។បេ។ ជាអ្នកតាំងចិត្តខុស១។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា បុគ្គលអ្នកប្រតិបត្តិខុស។

[៩៤] ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលអ្នកប្រតិបត្តិត្រូវ តើដូចម្តេច។ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកឃើញត្រូវ១។បេ។ ជាអ្នកតាំងចិត្តត្រូវ១។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា អ្នកប្រតិបត្តិ​ត្រូវ។

[៩៥] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ អរិយមគ្គ ប្រកបដោយអង្គ ៨ ដែល​បុគ្គល​ទាំងឡាយឯណានីមួយ លះបង់ហើយ អរិយមគ្គ ប្រកបដោយអង្គ ៨ មានប្រក្រតី​ដល់នូវការអស់ទៅនៃកងទុក្ខ ដោយប្រពៃ បុគ្គលទាំងនោះ ក៏លះ​បង់ដែរ។ ម្នាលភិក្ខុ​ទាំងឡាយ អរិយមគ្គ ប្រកបដោយអង្គ ៨ ដែលបុគ្គលទាំងឡាយឯណានីមួយ ប្រារព្ធហើយ អរិយមគ្គ ប្រកបដោយអង្គ ៨ មានប្រក្រតី ដល់នូវការអស់ទៅនៃកងទុក្ខ​ដោយ​ប្រពៃ បុគ្គលទាំងនោះ ក៏ឈ្មោះថា ប្រារព្ធ​ហើយដែរ។

[៩៦] ម្នាលភិក្ខុទាំងឡាយ ចុះអរិយមគ្គ ប្រកបដោយអង្គ ៨  តើដូចម្តេច។ អ្វីខ្លះ។ គឺសេចក្តីឃើញត្រូវ១។បេ។ សេចក្តីតាំងចិត្តត្រូវ១។ ម្នាលភិក្ខុទាំងឡាយ អរិយមគ្គ​ ប្រកប​ដោយអង្គ ៨ ដែលបុគ្គលទាំងឡាយឯណានីមួយ លះបង់ហើយ អរិយមគ្គ​ ប្រកប​ដោយអង្គ ៨ មានប្រក្រតី ដល់នូវការ​អស់ទៅនៃកង​ទុក្ខ ​ដោយ​ប្រពៃ បុគ្គលទាំងនោះ ក៏​លះ​បង់ហើយដែរ។ ម្នាលភិក្ខុទាំងឡាយ អរិយមគ្គ ប្រ​កប​​ដោយ​អង្គ ៨ ដែលបុគ្គល​ទាំងឡាយ​ឯណានីមួយ ប្រារព្ធហើយ អរិយ​មគ្គ​ ប្រ​កបដោយអង្គ ៨ មានប្រក្រតី ដល់នូវ​ការអស់ទៅនៃកងទុក្ខ ដោយប្រ​ពៃ បុគ្គល​ទាំង​នោះ ក៏ឈ្មោះថា ប្រារព្ធ​ហើយដែរ។

[៩៧] សាវត្ថីនិទាន។ ម្នាលភិក្ខុទំាងឡាយ  ធម៌ទាំង ៨ យ៉ាងនេះ ដែល​បុគ្គល​ចំរើន​ហើយ ធ្វើឲ្យច្រើនហើយ តែងប្រព្រឹត្តទៅ ដើម្បីចេញចាកវដ្ត ទៅកាន់​ព្រះ​និព្វាន។ ធម៌ទាំង ៨ យ៉ាង តើដូចម្តេច។ អ្វីខ្លះ។  គឺសេចក្តីឃើញត្រូវ១។បេ។ សេចក្តី​តាំង​ចិត្ត​ត្រូវ​១។ ធម៌ទាំង ៨ យ៉ាងនេះឯង ដែលបុគ្គលចំរើន​ហើយ ធ្វើឲ្យច្រើនហើយ តែងប្រព្រឹត្តទៅ ដើម្បីចេញចាកវដ្ត ទៅកាន់ព្រះនិព្វាន។ ព្រះដ៏មានព្រះភាគ បាន​ត្រាស់នូវ​ព្រះពុទ្ធដីកានេះហើយ ព្រះសុគត លុះត្រាស់នូវ​ព្រះពុទ្ធដីកានេះហើយ លំដាប់នោះ ព្រះសាស្តា ទើបទ្រង់ត្រាស់នូវព្រះពុទ្ធដីការ​នេះ តទៅទៀតថា។

[៩៨] ក្នុងពួកមនុស្ស ជនទាំងឡាយឯណា ដល់នូវត្រើយ គឺព្រះនិព្វាន ជន​ទាំង​ឡាយ​នោះ មានប្រមាណតិចទេ ចំណែកពួកសត្វដទៃ ក្រៅពីនេះ តែងសសៀរ​ទៅ​តាម​ច្រាំង (វដ្តសង្សារ)។ មួយទៀត ពួកជនណា មានប្រក្រតី​ប្រព្រឹត្ត​តាម​ធម៌​ក្នុងធម៌ ដែលព្រះតថាគត ត្រាស់ប្រពៃហើយ​ ពួកជននោះ នឹង (ឆ្លង)នូវវដ្តៈ ជា​លំនៅ​នៃមច្ចុ ដែលឆ្លងបានដោយកម្រក្រៃពេក ហើយដល់នូវ​ត្រើយ គឺ​ព្រះ​និព្វាន។ បណ្ឌិត គប្បីលះធម៌ខ្មៅ ញ៉ាំងធម៌ស ឲ្យចំរើន ហើយ​គប្បីចេញ​ចាក​អាល័យ គឺវដ្តៈ អាស្រ័យព្រះនិព្វាន ដែល​មិនមានអាល័យ គួរលះកាម​ទាំងឡាយ​ចេញ ហើយជាអ្នកមិនមានកង្វល់ ប្រាថ្នានូវសេចក្តីត្រេកអរ​ក្នុងវិវេក ដែលសត្វ​ត្រេកអរ​បានដោយកម្រ បណ្ឌិត គួរធ្វើខ្លួនឲ្យផូរផង់ ចាកគ្រឿងសៅហ្មងចិត្ត។ ចិត្ត​ដែលបណ្ឌិតពួកណា អប់រំល្អប្រពៃហើយ ក្នុងអង្គនៃធម៌ ជាគ្រឿង​ត្រាស់​ដឹង​ទំាង​ឡាយ បណ្ឌិតទាំងឡាយឯណា អ្នកត្រេកអរ ក្នុងការលះបង់នូវ​សេចក្តីប្រកាន់ ដោយ​ឥតមានសេចក្តីប្រកាន់ បណ្ឌិតនោះ ឈ្មោះថា អ្នកមានអាសវៈអស់ហើយ ​មាន​​សេចក្តីរុងរឿង បរិព្វានក្នុងលោកហើយ។

[៩៩]  សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងនូវសា​មញ្ញគុណ​ និងផលរបស់សាមញ្ញគុណទាំងឡាយ ដល់អ្នកទាំងឡាយ អ្នកទាំង​ឡាយ ចូរស្តាប់​សេចក្តី​នោះចុះ។

[១០០] ម្នាលភិក្ខុទាំងឡាយ ចុះសាមញ្ញគុណ តើដូចម្តេច។ អរិយមគ្គ​ ប្រកប​ដោយ​អង្គ ៨ នេះឯង។ គឺអ្វីខ្លះ។ គឺសេចក្តីឃើញត្រូវ១។បេ។ សេចក្តីតាំងចិត្តត្រូវ១។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សាមញ្ញគុណ។

[១០១] ម្នាលភិក្ខុទាំងឡាយ ចុះផលរបស់សាមញ្ញគុណទាំងឡាយ តើដូចម្តេច។ គឺសោតាបត្តិផល១ សកទាគាមិផល១ អនាគាមិផល១ ​អរហត្តផល១។ ម្នាលភិក្ខុ​ទាំង​ឡាយ នេះហៅថា ផលរបស់សាមញ្ញគុណទាំងឡាយ។

[១០២] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងនូវ​សាមញ្ញគុណ​​ និងប្រយោជន៍នៃសាមញ្ញគុណ ដល់អ្នកទាំងឡាយ អ្នកទាំងឡាយ ​ចូរស្តាប់នូវ​សេចក្តី​នោះចុះ។

[១០៣] ម្នាលភិក្ខុទាំងឡាយ ចុះសាមញ្ញគុណ តើដូចម្តេច។ អរិយមគ្គ ប្រកប​ដោយ​អង្គ ៨ នេះឯង។ គឺអ្វីខ្លះ។ គឺសេចក្តីឃើញត្រូវ។បេ។ សេចក្តីតាំង​ចិត្តត្រូវ១។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សាមញ្ញគុណ។

[១០៤] ម្នាលភិក្ខុទាំងឡាយ ចុះប្រយោជន៍នៃសាមញ្ញគុណ តើដូចម្តេច។ ម្នាល​ភិក្ខុ​​ទាំងឡាយ សភាវៈឯណា ជាទីអស់ទៅនៃរាគៈ ជាទីអស់ទៅនៃទោសៈ ជាទីអស់ទៅនៃ​មោហៈ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ប្រយោជន៍នៃ​សាមញ្ញគុណ។

[១០៥] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងនូវ​ព្រហ្មញ្ញគុណ និងផល របស់ព្រហ្មញ្ញគុណ​ទាំងឡាយ ដល់អ្នកទាំងឡាយ អ្នកទាំងឡាយ ចូរស្តាប់នូវ​សេចក្តី​នោះចុះ។

[១០៦] ម្នាលភិក្ខុទាំងឡាយ ចុះព្រហ្មញ្ញគុណ តើដូចម្តេច។ អរិយមគ្គ ប្រ​កប​ដោយ​អង្គ ៨ នេះឯង។ គឺអ្វីខ្លះ។ គឺសេចក្តីឃើញត្រូវ១។បេ។ សេចក្តីតាំងចិត្តត្រូវ១។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ព្រហ្មញ្ញគុណ។

[១០៧] ម្នាលភិក្ខុទាំងឡាយ ចុះផលរបស់ព្រហ្មញ្ញគុណទាំងឡាយ តើដូចម្តេច។ គឺសោតាបត្តិផល១ សកទាគាមិផល១ អនាគាមិផល១ អរហត្តផល១។ ម្នាលភិក្ខុ​ទាំង​ឡាយ នេះហៅថា ផលរបស់ព្រហ្មញ្ញគុណទាំងឡាយ។

[១០៨] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងនូវព្រហ្មញ្ញគុណ​ និង​ប្រយោជន៍នៃព្រហ្មញ្ញគុណ ដល់អ្នកទាំងឡាយ អ្នកទាំងឡាយ ចូរស្តាប់​នូវសេចក្តី​នោះចុះ។

[១០៩] ម្នាលភិក្ខុទាំងឡាយ ចុះព្រហ្មញ្ញគុណ តើដូចម្តេច។ អរិយមគ្គ ប្រ​កប​ដោយ​អង្គ​ ៨ នេះឯង។ គឺអ្វីខ្លះ។ គឺសេចក្តីឃើញត្រូវ១។បេ។ សេចក្តីតាំងចិត្តត្រូវ១។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ព្រហ្មញ្ញគុណ។

[១១០] ម្នាលភិក្ខុទាំងឡាយ ចុះប្រយោជន៍របស់ព្រហ្មញ្ញគុណ តើដូចម្តេច។ ម្នាល​ភិក្ខុ​ទាំងឡាយ សភាវៈឯណា ជាទីអស់ទៅនៃរាគៈ ជាទីអស់ទៅនៃ​ទោសៈ ជាទី​អស់ទៅនៃមោហៈ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ប្រយោជន៍នៃព្រហ្មញ្ញគុណ។

[១១១] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងនូវព្រហ្មច​រិយៈ និង​ផលរបស់ព្រហ្មចរិយទាំងឡាយ ដល់អ្នកទាំងឡាយ អ្នកទាំងឡាយ ចូរស្តាប់នូវ​សេចក្តី​នោះចុះ។

[១១២] ម្នាលភិក្ខុទាំងឡាយ ចុះព្រហ្មចរិយៈ តើដូចម្តេច។ អរិយមគ្គ ប្រកប​ដោយ​អង្គ ៨ នេះឯង។ គឺអ្វីខ្លះ។ គឺសេចក្តីឃើញត្រូវ១។បេ។ សេចក្តីតាំង​ចិត្តត្រូវ១។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ​ព្រហ្មចរិយៈ។

[១១៣] ម្នាលភិក្ខុទាំងឡាយ ចុះផលទាំងឡាយ របស់ព្រហ្មចរិយៈ តើ​ដូចម្តេច។ គឺសោតាបត្តិផល១ សកទាគាមិផល១ អនាគាមិផល១ អរហត្តផល១។ ម្នាលភិក្ខុ​ទាំងឡាយ នេះហៅថា ផលរបស់ព្រហ្មចរិយទាំង​ឡាយ។

[១១៤] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងនូវព្រហ្ម​ចរិយៈ និង​ប្រយោជន៍ របស់ព្រហ្មចរិយៈ ដល់អ្នកទាំងឡាយ អ្នកទាំងឡាយ ចូរ​ស្តាប់នូវ​សេចក្តី​នោះចុះ។

[១១៥] ម្នាលភិក្ខុទាំងឡាយ ចុះព្រហ្មចរិយៈ តើដូចម្តេច។ អរិយមគ្គ ប្រកប​ដោយ​អង្គ ៨ នេះឯង។ គឺអ្វីខ្លះ។ គឺសេចក្តីឃើញត្រូវ១។បេ។ សេចក្តីតាំងចិត្តត្រូវ១។ ម្នាល​ភិក្ខុទាំងឡាយ នេះហៅថា ព្រហ្មចរិយៈ។

[១១៦] ម្នាលភិក្ខុទាំងឡាយ ចុះប្រយោជន៍នៃព្រហ្មចរិយៈ តើដូចម្តេច។ ម្នាលភិក្ខុ​ទាំងឡាយ សភាវៈឯណា ជាទីអស់ទៅនៃរាគៈ ជាទីអស់ទៅនៃទោសៈ ជាទីអស់ទៅនៃ​មោហៈ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ប្រយោជន៍នៃព្រហ្មចរិយៈ។

ចប់ បដិបត្តិវគ្គ ទី៤។

ឧទ្ទាននៃបដិបត្តិវគ្គនោះ គឺ

ពោលអំពីសេចក្តីប្រតិបត្តិ១ អំពីបុគ្គលអ្នកប្រតិបត្តិ១ អំពីការលះបង់១ អំពីការដល់ត្រើយ គឺព្រះនិព្វាន១ អំពីសាមញ្ញគុណ មាន២លើក អំពីព្រហ្មញ្ញគុណដទៃទៀត មាន២លើក អំពីព្រហ្មចរិយៈ មាន២លើក ព្រោះហេតុនោះ ទើបហៅថា បដិបត្តិវគ្គ។

អញ្ញតិត្ថិយវគ្គ

[១១៧] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ បើពួកបរិព្វាជក ជាអន្យតិរ្ថិយ ​គប្បីសួរពួកអ្នក យ៉ាងនេះថា ម្នាលអ្នកដ៏មានអាយុ បុគ្គលប្រព្រឹត្តព្រហ្មចរិយៈ ​ក្នុង​សំណាក់ព្រះសមណគោតម មានប្រយោជន៍អ្វី។ ម្នាលភិក្ខុទាំងឡាយ ពួកអ្នក ដែល​គេសួរយ៉ាងនេះហើយ គប្បីដោះស្រាយ ដល់ពួកបរិព្វាជក ជាអន្យតិរិ្ថយ​ទាំងនោះ យ៉ាង​នេះ​​ថា ម្នាល​អ្នកដ៏មានអាយុ បុគ្គលប្រព្រឹត្តព្រហ្មចរិយៈ ក្នុងសំណាក់​ព្រះដ៏មានព្រះភាគ ដើម្បីនឿយណាយ ចាករាគៈ។

[១១៨] ម្នាលភិក្ខុទាំងឡាយ បើពួកបរិព្វាជក ជាអន្យតិរ្ថិយ គប្បីសួរពួក​អ្នក យ៉ាងនេះថា ម្នាលអ្នកដ៏មានអាយុ ចុះមគ្គ និងបដិបទា ប្រព្រឹត្តទៅ ដើម្បីនឿយណាយ ចាក​រាគៈ មានដែរឬ។ ម្នាលភិក្ខុទាំងឡាយ ពួកអ្នក ដែលគេសួរយ៉ាងនេះហើយ គប្បីដោះស្រាយ​ ដល់ពួកបរិព្វាជក ជាអន្យតិរ្ថិយទាំងនោះ យ៉ាងនេះថា ម្នាលអ្នកដ៏មានអាយុ មគ្គ និង​បដិបទា ប្រព្រឹត្តទៅ ដើម្បីនឿយណាយ ចាករាគៈ មានដែរ។

[១១៩] ម្នាលភិក្ខុទាំងឡាយ ចុះមគ្គដូចម្តេច បដិបទាដូចម្តេច ដែលប្រព្រឹត្តទៅ ដើម្បីនឿយណាយ ចាករាគៈ។ អរិយមគ្គ ប្រកបដោយអង្គ ៨ នេះឯង។ គឺអ្វីខ្លះ។  គឺសេចក្តីឃើញត្រូវ១។បេ។ សេចក្តីតាំងចិត្តត្រូវ១។ ម្នាលភិក្ខុទាំងឡាយ មគ្គ និងបដិបទានេះឯង ដែលប្រព្រឹត្តទៅ ដើម្បីនឿយណាយ ចាករាគៈ។ ម្នាលភិក្ខុទាំងឡាយ ពួកអ្នក ដែលគេសួរយ៉ាងនេះហើយ គប្បីដោះស្រាយ ដល់ពួកបរិព្វាជក ជាអន្យតិរ្ថិយទាំងនោះ យ៉ាងនេះចុះ។

[១២០] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ បើពួកបរិព្វាជក ជាអន្យតិរិ្ថយ គប្បី​​សួរ​ពួកអ្នក យ៉ាងនេះថា ម្នាលអ្នកដ៏មានអាយុ បុគ្គលប្រព្រឹត្តព្រហ្មចរិយៈ ក្នុងសំណាក់​ព្រះសមណគោតម មានប្រយោជន៍អ្វី។ ម្នាលភិក្ខុងទាំងឡាយ ពួកអ្នក ដែលគេសួរ​យ៉ាងនេះហើយ គប្បីដោះស្រាយ ដល់ពួកបរិព្វាជក ជាអន្យតិរិ្ថយទាំងនោះ យ៉ាងនេះថា ម្នាលអ្នកដ៏មានអាយុ បុគ្គលប្រព្រឹត្តព្រហ្មចរិយៈ ក្នុងសំណាក់​ព្រះដ៏មានព្រះភាគ ដើម្បី​លះ​សញ្ញោជនៈ។បេ។

[១២១] ម្នាលអ្នកដ៏មានអាយុ បុគ្គលប្រព្រឹត្តព្រហ្មចរិយៈ ក្នុងសំណាក់ព្រះដ៏មាន​ព្រះភាគ ដើម្បីដកចេញនូវអនុស័យ។បេ។

[១២២] ម្នាលអ្នកដ៏មានអាយុ បុគ្គលប្រព្រឹត្តព្រហ្មចរិយៈ ក្នុងសំណាក់ព្រះដ៏មាន​ព្រះភាគ ដើម្បីកំណត់ដឹងនូវកាលវែងឆ្ងាយ។បេ។

[១២៣] ម្នាលអ្នកដ៏មានអាយុ បុគ្គលប្រព្រឹត្តព្រហ្មចរិយៈ ក្នុងសំណាក់ព្រះដ៏មាន​ព្រះភាគ ដើម្បីអស់ទៅនៃអាសវៈទាំងឡាយ។បេ។

[១២៤] ម្នាលអ្នកដ៏មានអាយុ បុគ្គលប្រព្រឹត្តព្រហ្មចរិយៈ ក្នុងសំណាក់ព្រះដ៏មាន​ព្រះភាគ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវផលនៃវិជ្ជា   និងវិមុត្តិ។បេ។

[១២៥] ម្នាលអ្នកដ៏មានអាយុ បុគ្គលប្រព្រឹត្តព្រហ្មចរិយៈ ក្នុងសំណាក់ព្រះដ៏មាន​ព្រះភាគ ដើម្បីញាណទស្សនៈ។បេ។

[១២៦] ម្នាលភិក្ខុទាំងឡាយ បើពួកបរិព្វាជក ជាអន្យតិរ្ថិយ គប្បីសួរពួក​អ្នក​យ៉ាងនេះថា​មា្នលអ្នកដ៏មានអាយុ បុគ្គលប្រព្រឹត្តព្រហ្មចរិយៈ ក្នុងសំណាក់​ព្រះសមណគោតម មានប្រយោជន៍អ្វី។ មា្នលភិក្ខុទាំងឡាយ ពួកអ្នក ដែលគេសួរ យ៉ាងនេះហើយ គប្បីដោះស្រាយ ដល់ពួកបរិព្វាជក ជាអន្យតិរ្ថិយទាំងនោះ យ៉ាងនេះថា ម្នាលអ្នកដ៏មាន​អាយុ បុគ្គលប្រព្រឹត្តព្រហ្មចរិយៈ ក្នុងសំណាក់​ព្រះដ៏មានព្រះភាគ ដើម្បីអនុបាទាបរិនិព្វាន។

[១២៧] ម្នាលភិក្ខុទាំងឡាយ បើពួកបរិព្វាជក ជាអន្យតិរ្ថិយ គប្បីសួរពួកអ្នក យ៉ាងនេះថា ម្នាលអ្នកដ៏មានអាយុ ចុះមគ្គ និងបដិបទា ដែលប្រព្រឹត្តទៅ ដើម្បីអនុបាទា​បរិនិព្វាន មានដែរឬ។ ម្នាលភិក្ខុទាំងឡាយ ពួកអ្នក ដែលគេសួរ យ៉ាងនេះហើយ គប្បីដោះស្រាយ ដល់ពួកបរិព្វាជក ជាអន្យតិរ្ថិយទាំងនោះ យ៉ាងនេះថា ម្នាលអ្នកដ៏មានអាយុ មគ្គ និងបដិបទា ដែលប្រព្រឹត្តទៅ ដើម្បីអនុបាទាបរិនិព្វាន មានដែរ។

[១២៨] ម្នាលភិក្ខុទាំងឡាយ ចុះមគ្គដូចម្តេច បដិបទាដូចម្តេច ដែលប្រព្រឹត្តទៅ​ដើម្បី​អនុបាទាបរិនិព្វាន។ អរិយមគ្គ ប្រកបដោយអង្គ ៨ នេះឯង។ គឺអ្វីខ្លះ។ គឺសេចក្តីឃើញត្រូវ១។បេ។ សេចក្តីតាំងចិត្តត្រូវ១។ ម្នាលភិក្ខុទាំងឡាយ មគ្គ និងបដិបទានេះឯង ដែលប្រព្រឹត្តទៅ ដើម្បីអនុបាទាបរិនិព្វាន។ ម្នាលភិក្ខុទាំងឡាយ ពួកអ្នក ដែលគេសួរ យ៉ាងនេះហើយ គប្បីដោះស្រាយ ដល់ពួកបរិព្វាជក ជាអន្យតិរិ្ថយទាំងនោះ យ៉ាងនេះចុះ។

ចប់ អញ្ញតិត្ថិយវគ្គ ទី៥។

ឧទ្ទាននៃអញ្ញតិត្ថិយវគ្គនោះ គឺ

ពោលអំពីការប្រាសចាករាគៈ១ អំពីការលះសញ្ញោជនៈ១ អំពីការ​ដក​ចេញនូវ​អនុស័យ១ អំពីការកំណត់ដឹងកាលដ៏វែងឆ្ងាយ១ អំពីការអស់​ទៅនៃអាសវៈ​១ អំពីការធ្វើឲ្យជាក់ច្បាស់នូវវិជ្ជា និងវិមុត្តិ១ អំពី​ញាណទស្សៈ១ អំពីអនុបាទាបរិនិព្វាន១ ទៀត ជាគម្រប់ ៨។

សុរិយបេយ្យាល

[១២៩] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ការរះឡើងនៃអរុណ នេះជាប្រធាន នេះ​ជា​បុព្វនិមិត្ត (គ្រឿងកំណត់មុន)នៃព្រះអាទិត្យ ដែលរះឡើង។ ម្នាលភិក្ខុទាំងឡាយ ការ​មានមិត្តល្អ នេះជាប្រធាន នេះជាបុព្វនិមិត្ត ប្រព្រឹត្តទៅ ដើម្បីញ៉ាំងអរិយមគ្គ ប្រកប​ដោយអង្គ ៨ ឲ្យកើតឡើង ដល់ភិក្ខុ ដោយប្រការយ៉ាងនេះដែរ។ ម្នាលភិក្ខុទាំងឡាយ ដំណើរនេះ ជាទីសង្ឃឹមរបស់ភិក្ខុ ដែលមានមិត្តល្អ ភិក្ខុនោះ នឹងចំរើនអរិយមគ្គ ប្រកប​ដោយ​អង្គ ៨ នឹងធ្វើអរិយមគ្គ ប្រកបដោយអង្គ ៨ ឲ្យច្រើនឡើង។

[១៣០] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុដែលមានមិត្តល្អ រមែងចំរើនអរិយមគ្គ ប្រកប​ដោយអង្គ​ ៨ រមែងធ្វើអរិយមគ្គ ប្រកបដោយអង្គ ៨ ឲ្យច្រើនឡើង តើដូចម្តេច។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ភិក្ខុក្នុងធម្មវិន័យនេះ រមែងចំរើនសេចក្តីឃើញត្រូវ ដែល​អាស្រ័យ​សេចក្តី​ស្ងប់​ស្ងាត់ អាស្រ័យសេចក្តីនឿយណាយ អាស្រ័យសេចក្តីរលត់ បង្អោនទៅក្នុងការលះ។បេ។ រមែងចំរើនសេចក្តីតាំងចិត្តត្រូវ អាស្រ័យសេចក្តី​ស្ងប់ស្ងាត់ អាស្រ័យសេចក្តីនឿយណាយ អាស្រ័យ​សេចក្តីរលត់ បង្អោនទៅក្នុងការលះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលមានមិត្តល្អ រមែង​ចំរើនអរិយ​មគ្គ ប្រកបដោយអង្គ ៨ រមែងធ្វើអរិយមគ្គ ប្រកបដោយអង្គ ៨ ឲ្យច្រើន​ឡើង ដោយ​ប្រការយ៉ាងនេះឯង។

[១៣១] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ការរះឡើងនៃអរុណ នេះជា​ប្រធាន នេះជាបុព្វនិមិត្តនៃព្រះអាទិត្យ ដែលរះឡើង។ ម្នាលភិក្ខុទាំងឡាយ ការបរិបូណ៌​ដោយ​សីល នេះជាប្រធាន នេះជាបុព្វនិមិត្ត ប្រព្រឹត្តទៅ ដើម្បីញ៉ាំងអរិយមគ្គ​ ប្រកបដោយ​អង្គ ៨ ឲ្យកើតឡើង ដល់ភិក្ខុដោយប្រការយ៉ាងនេះដែរ។ ម្នាលភិក្ខុទាំងឡាយ ដំណើរនេះ ជាទីសង្ឃឹមរបស់ភិក្ខុ ដែលបរិបូណ៌ដោយសីល។បេ។

[១៣២] គឺការបរិបូណ៌ដោយសេចក្តីពេញចិត្ត។បេ។

[១៣៣] គឺការបរិបូណ៌ដោយចិត្តជ្រះថ្លា។បេ។

[១៣៤] គឺការបរិបូណ៌ដោយការឃើញ។បេ។

[១៣៥] គឺការបរិបូណ៌ដោយសេចក្តីមិនប្រមាទ។បេ។

[១៣៦] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ការរះឡើងនៃអរុណ នេះជាប្រធាន នេះជាបុព្វនិមិត្តនៃព្រះអាទិត្យ ដែលរះឡើង។ ម្នាលភិក្ខុទាំងឡាយ ការបរិបូណ៌ ដោយ​យោនិសោមនសិការៈ នេះជាប្រធាន នេះជាបុព្វនិមិត្ត ប្រព្រឹត្តទៅ ដើម្បីញ៉ាំងអរិយមគ្គ​ ប្រកបដោយអង្គ ៨ ឲ្យកើតឡើង ដល់ភិក្ខុដោយប្រការ យ៉ាងនេះដែរ។ ម្នាលភិក្ខុទាំង​ឡាយ ដំណើរនេះ ជាទីសង្ឃឹមរបស់ភិក្ខុ ដែលបរិបូណ៌ ដោយយោនិសោមនសិការៈ ភិក្ខុ​នោះ ​នឹងចំរើនអរិយមគ្គ ប្រកបដោយអង្គ ៨ នឹងធ្វើអរិយមគ្គ ប្រកបដោយអង្គ ៨ ឲ្យច្រើន​ឡើង។

[១៣៧]  ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុដែលបរិបូណ៌ ដោយយោនិសោមនសិការៈ រមែង​ចំរើនអរិយមគ្គ ប្រកបដោយអង្គ ៨ រមែងធ្វើអរិយមគ្គ ប្រកបដោយអង្គ ៨ ឲ្យច្រើនឡើង តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងធម្មវិន័យនេះ រមែងចំរើន​សេចក្តី​ឃើញត្រូវ ដែលអាស្រ័យសេចក្តីស្ងប់ស្ងាត់ អាស្រ័យសេចក្តីនឿយណាយ អាស្រ័យសេចក្តីរលត់ បង្អោនទៅក្នុងការលះ។បេ។ រមែងចំរើនសេចក្តីតាំងចិត្តត្រូវ អាស្រ័យសេចក្តីស្ងប់ស្ងាត់ អាស្រ័យសេចក្តីនឿយណាយ អាស្រ័យសេចក្តីរលត់ បង្អោន​ទៅ​ ក្នុងការលះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលដល់ព្រម ដោយយោនិសោមន​សិការៈ រមែងចំរើនអរិយមគ្គ ប្រកបដោយអង្គ ៨ រមែងធ្វើអរិយមគ្គ ប្រកបដោយអង្គ ៨ ឲ្យច្រើនឡើង ដោយប្រការយ៉ាងនេះឯង។

[១៣៨] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ការរះឡើងនៃអរុណ នេះជាប្រធាន នេះជាបុព្វនិមិត្តនៃព្រះអាទិត្យ ដែលរះឡើង។ ម្នាលភិក្ខុទាំងឡាយ ការមានមិត្តល្អ នេះ​ជាប្រធាន នេះជាបុព្វនិមិត្ត ប្រព្រឹត្តទៅ ដើម្បីញ៉ាំងអរិយមគ្គ ប្រកបដោយអង្គ ៨ ឲ្យកើត​ឡើង ដល់ភិក្ខុដោយប្រការយ៉ាងនេះដែរ។ ម្នាលភិក្ខុទាំងឡាយ ដំណើរនេះ ជាទីសង្ឃឹម​របស់ភិក្ខុ ដែលមានមិត្តល្អ ភិក្ខុនោះ នឹងចំរើនអរិយមគ្គ ប្រកបដោយអង្គ ៨ នឹងធ្វើ​អរិយ​មគ្គ ប្រកបដោយអង្គ ៨ ឲ្យច្រើនឡើង។

[១៣៩] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុដែលមានមិត្តល្អ រមែងចំរើនអរិយមគ្គ​ប្រកប​ដោយអង្គ ៨ រមែងធ្វើអរិយមគ្គ ប្រកបដោយអង្គ ៨ ឲ្យច្រើនឡើង តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងធម្មវិន័យនេះ រមែងចំរើនសេចក្តីឃើញត្រូវ មានការ​កំចាត់​បង់នូវរាគៈ ជាទីបំផុត មានការកំចាត់បង់នូវទោសៈជាទីបំផុត មានការកំចាត់បង់នូវមោហៈ ជាទីបំផុត។បេ។ រមែងចំរើនសេចក្តីតាំងចិត្តត្រូវ មានការកំចាត់បង់​នូវរាគៈ ជាទីបំផុត មានការកំចាត់បង់នូវទោសៈជាទីបំផុត មានការកំចាត់បង់នូវមោហៈ ជាទីបំផុត។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលមានមិត្តល្អ រមែងចំរើនអរិយមគ្គ ប្រកប​ដោយអង្គ ៨ រមែងធ្វើអរិយមគ្គ ប្រកបដោយអង្គ ៨ ឲ្យច្រើនឡើង ដោយប្រការយ៉ាង​នេះឯង។

[១៤០] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ការរះឡើងនៃអរុណ នេះជា​ប្រធាន នេះជាបុព្វនិមិត្ត ​នៃព្រះអាទិត្យ ដែលរះឡើង។ ម្នាលភិក្ខុទាំងឡាយ ការបរិបូណ៌ ដោយ​សីល ​នេះជាប្រធាន នេះជាបុព្វនិមិត្ត ប្រព្រឹត្តទៅ ដើម្បីញ៉ាំងអរិយមគ្គ ប្រកបដោយអង្គ ៨ ឲ្យកើតឡើង ដល់ភិក្ខុ ដោយប្រការយ៉ាងនេះដែរ។បេ។

[១៤១]  គឺការបរិបូណ៌ដោយសេចក្តីពេញចិត្ត។បេ។

[១៤២]  គឺការបរិបូណ៌ដោយចិត្តជ្រះថ្លា។បេ។

[១៤៣]  គឺការបរិបូណ៌ដោយការឃើញ។បេ។

[១៤៤] គឺការបរិបូណ៌ដោយសេចក្តីមិនប្រមាទ។បេ។

[១៤៥] សាវត្ថីនិទាន។ គឺការបរិបូណ៌ ដោយយោនិសោមនសិការៈ។ ម្នាលភិក្ខុ​ទាំងឡាយ ដំណើរនេះ ជាទីសង្ឃឹមរបស់ភិក្ខុ ដែលជាអ្នកបរិបូណ៌ ដោយ​យោនិសោមន​សិការៈ ភិក្ខុនោះ នឹងចំរើនអរិយមគ្គ ប្រកបដោយអង្គ ៨ នឹងធ្វើអរិយមគ្គ ប្រកបដោយ​អង្គ ៨ ឲ្យច្រើនឡើង។

[១៤៦] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុដែលជាអ្នកបរិបូណ៌ ដោយយោនិសោមន​សិការៈ រមែងចំរើនអរិយមគ្គ ប្រកបដោយអង្គ ៨ រមែងធ្វើអរិយមគ្គ ប្រកបដោយអង្គ ៨ ឲ្យច្រើនឡើង តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងធម្មវិន័យនេះ រមែងចំរើន​សេច​ក្តី​ឃើញត្រូវ មានការកំចាត់បង់នូវរាគៈជាទីបំផុត មានការកំចាត់បង់នូវទោសៈ​ជាទីបំផុត មានការកំចាត់បង់នូវមោហៈជាទីបំផុត។បេ។ រមែងចំរើនសេចក្តីតាំង​ចិត្ត​ត្រូវ​ មានការ​កំចាត់បង់នូវរាគៈជាទីបំផុត មានការកំចាត់បង់នូវទោសៈជាទីបំផុត មាន​ការកំចាត់បង់នូវមោហៈជាទីបំផុត។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលជាអ្នកបរិបូណ៌ ដោយ​យោនិសោ​មនសិការៈ រមែងចំរើននូវអរិយមគ្គ ប្រកបដោយអង្គ ៨ រមែងធ្វើនូវ​អរិយមគ្គ ប្រកប​ដោយ​អង្គ ៨ ឲ្យច្រើនឡើង ដោយប្រការយ៉ាងនេះឯង។

ចប់ សុរិយបេយ្យាល ទី៦។

ឧទ្ទាននៃសុរិយបេយ្យាលនោះ គឺ

ពោលអំពីការបរិបូណ៌ ដោយមិត្តល្អ១ អំពីសីល១ អំពីសេចក្តីពេញចិត្ត១ អំពី​ការបរិបូណ៌ ដោយចិត្តជ្រះថ្លា១ អំពីការឃើញត្រូវ១ អំពីសេចក្តី​មិនប្រមាទ១ អំពី​យោនិសោមនសិការៈ១ ទៀត ជាគម្រប់៧។

ឯកធម្មបេយ្យាល

[១៤៧] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ធម៌១ មានឧបការៈច្រើន ដើម្បី​ញ៉ាំង​អរិយមគ្គ ប្រកបដោយអង្គ ៨ ឲ្យកើតឡើង។ ធម៌១ តើដូចម្តេច។  គឺការ​មាន​មិត្ត​ល្អ​។ ​ម្នាល​ភិក្ខុទាំងឡាយ ដំណើរនេះ ជាទីសង្ឃឹមរបស់​ភិក្ខុ ​ដែល​ជាអ្នកមានមិត្តល្អ ភិក្ខុនោះ​ នឹងចំរើនអរិយមគ្គ ប្រកបដោយអង្គ ៨ នឹងធ្វើ​អរិយ​មគ្គ​ ប្រកបដោយអង្គ ៨ ឲ្យច្រើន​ឡើង។

[១៤៨]  ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុដែលមានមិត្តល្អ រមែងចំរើននូវ​អរិយមគ្គប្រកបដោយអង្គ ៨ រមែងធ្វើអរិយមគ្គ ប្រកបដោយអង្គ ៨ ឲ្យច្រើនឡើង តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងធម្មវិន័យនេះ រមែងចំរើននូវសេចក្តីឃើញត្រូវ ដែល​អាស្រ័យសេចក្តីស្ងប់ស្ងាត់ អាស្រ័យសេចក្តីនឿយណាយ អាស្រ័យសេចក្តីរលត់ បង្អោនទៅ ក្នុងការលះ។បេ។ រមែងចំរើនសេចក្តីតាំងចិត្តត្រូវ អាស្រ័យសេចក្តីស្ងប់​ស្ងាត់ អាស្រ័យសេចក្តីនឿយណាយ អាស្រ័យសេចក្តីរលត់ បង្អោនទៅ ក្នុងការលះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលជាអ្នកមានមិត្តល្អ រមែងចំរើនអរិយមគ្គ ប្រកបដោយអង្គ ៨ រមែងធ្វើអរិយមគ្គ ប្រកបដោយអង្គ ៨ ឲ្យច្រើនឡើង ដោយប្រការយ៉ាងនេះឯង។

[១៤៩] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ធម៌១ មានឧបការៈច្រើន ដើម្បីញ៉ាំង​អរិយមគ្គ ប្រកបដោយអង្គ ៨ ឲ្យកើតឡើង។ ធម៌១ តើដូចម្តេច។  គឺការបរិបូណ៌ ​ដោយ​សីល។បេ។

[១៥០] គឺការបរិបូណ៌​ដោយសេចក្តីពេញចិត្ត។បេ។

[១៥១] គឺការបរិបូណ៌​ដោយចិត្តជ្រះថ្លា។បេ។

[១៥២] គឺការបរិបូណ៌​ដោយការឃើញ។បេ។

[១៥៣] គឺការបរិបូណ៌​ដោយសេចក្តីមិនប្រមាទ។បេ។

[១៥៤] សាវត្ថីនិទាន។ គឺការបរិបូណ៌ ​ដោយយោនិសោមនសិការៈ។ ម្នាលភិក្ខុ​ទាំង​ឡាយ ដំណើរនេះ ជាទីសង្ឃឹមរបស់ភិក្ខុ ដែលជាអ្នកបរិបូណ៌ ដោយយោនិសោមន​សិការៈ ភិក្ខុនោះ នឹងចំរើនអរិយមគ្គ ប្រកបដោយអង្គ ៨ នឹងធ្វើអរិយមគ្គ​ ប្រកបដោយ​អង្គ ៨ ឲ្យច្រើនឡើង។

[១៥៥] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុដែលបរិបូណ៌ ដោយយោនិសោមនសិការៈ រមែង​ចំរើនអរិយមគ្គ ប្រកបដោយអង្គ ៨ រមែងធ្វើអរិយមគ្គ ប្រកបដោយអង្គ ៨ ឲ្យ​ច្រើនឡើង តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងធម្មវិន័យនេះ រមែងចំរើន​សេចក្តី​ឃើញត្រូវ អាស្រ័យសេចក្តីស្ងប់ស្ងាត់ អាស្រ័យសេចក្តីនឿយណាយ អាស្រ័យ​សេចក្តី​​រលត់ បង្អោន​ទៅ ក្នុងការលះ។បេ។ រមែងចំរើនសេចក្តីតាំងចិត្តត្រូវ អាស្រ័យ​​សេច​ក្តី​ស្ងប់ស្ងាត់ អាស្រ័យសេចក្តីនឿយណាយ អាស្រ័យ​សេចក្តីរលត់ បង្អោនទៅ ​ក្នុង​ការលះ។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុដែលជាអ្នកបរិបូណ៌ ដោយយោនិសោមនសិ​ការៈ រមែងចំរើនអរិយមគ្គ ប្រកបដោយអង្គ ៨ រមែងធ្វើអរិយមគ្គ ប្រកបដោយអង្គ ៨ ឲ្យច្រើនឡើង ដោយប្រការយ៉ាងនេះឯង។

[១៥៦] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ធម៌១ មានឧបការៈច្រើន ដើម្បី​ញ៉ាំង​អរិយមគ្គ ប្រកបដោយអង្គ ៨ ឲ្យកើតឡើង។ ធម៌១ តើដូចម្តេច។  គឺការមានមិត្តល្អ។ ម្នាលភិក្ខុទាំងឡាយ ដំណើរនេះ ជាទីសង្ឃឹមរបស់ភិក្ខុ ដែលជាអ្នកមានមិត្តល្អ ភិក្ខុនោះ​ នឹង​ចំរើនអរិយមគ្គ ប្រកបដោយអង្គ ៨ នឹងធ្វើអរិយមគ្គ ប្រកបដោយអង្គ ៨ ឲ្យច្រើនឡើង។

[១៥៧] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុដែលជាអ្នកមានមិត្តល្អ រមែងចំរើននូវ​អរិយ​មគ្គ ប្រកបដោយអង្គ ៨ នឹងធ្វើអរិយមគ្គ ប្រកបដោយអង្គ ៨ ឲ្យច្រើនឡើង តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងធម្មវិន័យនេះ រមែងចំរើនសេច​ក្តីឃើញត្រូវ មានការកំចាត់បង់នូវរាគៈជាទីបំផុត មានការកំចាត់បង់នូវទោសៈជាទីបំផុត មានការ​កំចាត់បង់នូវមោហៈជាទីបំផុត។បេ។ រមែងចំរើនសេចក្តីតាំងចិត្តត្រូវ​ មានការ​កំចាត់​បង់នូវរាគៈជាទីបំផុត មានការកំចាត់បង់នូវទោសៈជាទីបំផុត មានការកំចាត់បង់​នូវ​មោហៈជាទីបំផុត។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលមានមិត្តល្អ រមែងចំរើននូវ​អរិយមគ្គ​ ប្រកបដោយអង្គ ៨ រមែងធ្វើអរិយមគ្គ ប្រកបដោយអង្គ ៨ ឲ្យច្រើនឡើង ដោយប្រការយ៉ាងនេះឯង។

[១៥៨] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ធម៌១ មានឧបការៈច្រើន ដើម្បីញ៉ាំង​អរិយមគ្គ ប្រកបដោយអង្គ ៨ ឲ្យកើតឡើង។ ធម៌១ តើដូចម្តេច។  គឺការបរិបូណ៌​ដោយសីល។បេ។

[១៥៩] គឺការបរិបូណ៌​ដោយសេចក្តីពេញចិត្ត។បេ។

[១៦០] គឺការបរិបូណ៌​ដោយចិត្តជ្រះថ្លា។បេ។

[១៦១] គឺការបរិបូណ៌​ដោយការឃើញ។បេ។

[១៦២] គឺការបរិបូណ៌​ដោយសេចក្តីមិនប្រមាទ។បេ។

[១៦៣] សាវត្ថីនិទាន។ គឺការបរិបូណ៌​ដោយយោនិសោមនសិការៈ។ ម្នាលភិក្ខុ​ទាំងឡាយ ដំណើរនេះ ជាទីសង្ឃឹមរបស់ភិក្ខុ ដែលជាអ្នកបរិបូណ៌ ដោយយោនិសោមន​សិការៈ ភិក្ខុនោះ នឹងចំរើននូវអរិយមគ្គ ប្រកបដោយអង្គ ៨ នឹងធ្វើអរិយមគ្គ​ ប្រកប​ដោយអង្គ ៨ ឲ្យច្រើនឡើង។

[១៦៤] ម្នាលភិក្ខុ​ទាំងឡាយ ចុះភិក្ខុដែលជាអ្នកបរិបូណ៌ ដោយយោនិសោមន​សិការៈ រមែងចំរើននូវអរិយមគ្គ ប្រកបដោយអង្គ ៨ រមែងធ្វើអរិយមគ្គ ប្រកប​ដោយ​អង្គ ៨ ឲ្យច្រើនឡើង តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងធម្មវិន័យនេះ រមែងចំរើន​សេចក្តី​ឃើញត្រូវ។បេ។ រមែងចំរើនសេចក្តីតាំងចិត្តត្រូវ​ មានការ​កំចាត់បង់​នូវរាគៈជាទីបំផុត មានការកំចាត់បង់នូវទោសៈជាទីបំផុត មានការកំចាត់បង់នូវមោហៈជាទីបំ​ផុត។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលជាអ្នកបរិបូណ៌ ដោយយោ​និសោមន​សិការៈ រមែង​​ចំរើននូវអរិយមគ្គ ប្រកបដោយអង្គ ៨ រមែងធ្វើនូវអរិយមគ្គ ប្រកបដោយអង្គ ៨ ឲ្យច្រើនឡើង ដោយប្រការយ៉ាងនេះឯង។

ចប់ ឯកធម្មបេយ្យាល ទី៧។

ឧទ្ទាននៃឯកធម្មបេយ្យាលនោះ គឺ

ពោលអំពីកល្យាណមិត្ត១ អំពីសីល១ អំពីសេចក្តីពេញចិត្ត១ អំពីការ​បរិបូណ៌​ដោយ​ចិត្តជ្រះថ្លា១ អំពីការឃើញ១ អំពីសេចក្តីមិនប្រមាទ១ អំពីយោនិសោមនសិការៈ១ ទៀត ជាគម្រប់៧។

នាហន្តឯកធម្មបេយ្យាល

[១៦៥] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ តថាគតពិចារណាមិនឃើញនូវធម៌​ដទៃសូម្បីមួយ ដែលជាហេតុឲ្យអរិយមគ្គ ប្រកបដោយអង្គ ៨ មិនទាន់កើងឡើង ឲ្យកើតឡើងបានក្តី ឲ្យអរិយមគ្គ ប្រកបដោយអង្គ ៨ ដែលកើតឡើងហើយ ដល់នូវ​ការពេញបរិបូណ៌ ដោយភាវនាក្តី។ ម្នាលភិក្ខុទាំងឡាយ (តថាគត ពិចារណាមិនឃើញ​ធម៌​ដទៃ) ដូចជាការមានមិត្តល្អនេះឡើយ។ ម្នាលភិក្ខុទាំងឡាយ ដំណើរនេះ ជាទីសង្ឃឹមរបស់ភិក្ខុ ដែលជាអ្នកមានមិត្តល្អ ភិក្ខុនោះ នឹងចំរើននូវអរិយមគ្គ ប្រកបដោយអង្គ ៨ នឹងធ្វើនូវ​អរិយមគ្គ ប្រកបដោយអង្គ ៨ ឲ្យច្រើនឡើង។

[១៦៦] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុដែលជាអ្នកមានមិត្តល្អ រមែងចំរើននូវ​អរិយមគ្គ ប្រកបដោយអង្គ ៨ រមែងធ្វើនូវអរិយមគ្គ ប្រកបដោយអង្គ ៨ ឲ្យច្រើនឡើង តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងធម្មវិន័យនេះ រមែងចំរើនសេចក្តីឃើញត្រូវ អាស្រ័យសេចក្តីស្ងប់ស្ងាត់។បេ។ រមែងចំរើនសេចក្តីតាំងចិត្តត្រូវ អាស្រ័យសេចក្តីស្ងប់ស្ងាត់ អាស្រ័យសេចក្តីនឿយណាយ អាស្រ័យសេចក្តីរលត់ បង្អោនទៅ ក្នុង​ការលះ។ ម្នាលភិក្ខុទាំងឡាយ ​ភិក្ខុដែលជាអ្នកមានមិត្តល្អ រមែងចំរើននូវអរិយមគ្គ ប្រកបដោយអង្គ ៨ រមែងធ្វើនូវអរិយមគ្គ ប្រកបដោយអង្គ ៨ ឲ្យច្រើនឡើង ដោយប្រការ​យ៉ាងនេះឯង។

[១៦៧] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ តថាគតពិចារណាមិនឃើញនូវ​ធម៌ដទៃសូម្បីមួយ ដែលជាហេតុឲ្យអរិយមគ្គ ប្រកបដោយអង្គ ៨ មិនទាន់កើតឡើង ឲ្យកើតឡើង​បានក្តី ឲ្យអរិយមគ្គ ប្រកបដោយអង្គ ៨ ដែលកើតឡើងហើយ ដល់នូវការ​ពេញបរិបូណ៌ ដោយភាវនាបានក្តី។ ម្នាលភិក្ខុទាំងឡាយ (តថាគត ពិចារណាមិនឃើញ​ធម៌ដទៃ) ដូចជាការបរិបូណ៌ ដោយសីលនេះឡើយ។បេ។

[១៦៨] ម្នាលភិក្ខុទាំងឡាយ ដូចជាការបរិបូណ៌ ដោយសេចក្តីពេញចិត្តនេះឡើយ។បេ។

[១៦៩] ម្នាលភិក្ខុទាំងឡាយ ដូចជាការបរិបូណ៌ ដោយចិត្តជ្រះថ្លានេះឡើយ។បេ។

[១៧០] ម្នាលភិក្ខុទាំងឡាយ ដូចជាការបរិបូណ៌ ដោយការឃើញនេះឡើយ។បេ។

[១៧១] ម្នាលភិក្ខុទាំងឡាយ ដូចជាការបរិបូណ៌ ដោយសេចក្តីមិនប្រមាទ​នេះ​ឡើយ។ ​បេ។

[១៧២] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ដូចជាការបរិបូណ៌ ដោយយោនិសោ​មនសិការៈនេះឡើយ។ ម្នាលភិក្ខុទាំងឡាយ ដំណើរនេះ ជាទីសង្ឃឹមរបស់ភិក្ខុ​ ដែលជា​អ្នកបរិបូណ៌ ដោយយោនិសោមនសិការៈ ភិក្ខុនោះ នឹងចំរើននូវអរិយមគ្គ ប្រកបដោយ​អង្គ ៨ នឹងធ្វើអរិយមគ្គ​ ប្រកប​ដោយ​អង្គ ៨ ឲ្យច្រើនឡើង។

[១៧៣] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុដែលជាអ្នកបរិបូណ៌ ដោយយោនិសោមន​សិការៈ រមែងចំរើននូវអរិយមគ្គ ប្រកបដោយអង្គ ៨ រមែងធ្វើនូវអរិយមគ្គ ប្រកបដោយអង្គ ៨ ឲ្យច្រើនឡើង តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងធម្មវិន័យនេះ រមែង​ចំរើនសេចក្តីឃើញត្រូវ អាស្រ័យសេចក្តីស្ងប់ស្ងាត់។បេ។ រមែងចំរើន​សេចក្តី​តាំង​ចិត្តត្រូវ អាស្រ័យសេចក្តីស្ងប់ស្ងាត់ អាស្រ័យសេចក្តីនឿយណាយ អាស្រ័យ​សេច​ក្តីរលត់ បង្អោនទៅក្នុង​ការលះ។ ម្នាលភិក្ខុទាំងឡាយ ​ភិក្ខុដែលជា​អ្នក​បរិបូណ៌ ដោយ​យោនិសោមនសិការៈ រមែង​ចំរើននូវអរិយមគ្គ ប្រកបដោយអង្គ ៨ រមែង​ធ្វើនូវអរិយមគ្គ ប្រកបដោយ​អង្គ ៨ ឲ្យច្រើនឡើង ដោយប្រការ​យ៉ាងនេះឯង។

[១៧៤] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ តថាគត​ពិចារណា​មិន​ឃើញ​នូវ​ធម៌ដទៃសូម្បីមួយ ដែលជាហេតុឲ្យអរិយមគ្គ ប្រកបដោយអង្គ ៨ ​មិន​ទាន់​កើត​ឡើង ឲ្យ​កើតឡើងបានក្តី ឲ្យអរិយមគ្គ ប្រកបដោយអង្គ ៨ ដែល​កើត​ឡើង​ហើយ ដល់នូវការ​ពេញបរិបូណ៌ ដោយភាវនាបានក្តី។ ម្នាលភិក្ខុទាំងឡាយ (តថាគត ពិចារណា​មិនឃើញ​ធម៌​ដទៃ) ដូចជាការមានមិត្តល្អនេះឡើយ។ ម្នាលភិក្ខុទាំងឡាយ ដំណើរនេះ ជាទីសង្ឃឹម​របស់​ភិក្ខុ ដែលជាអ្នកមានមិត្តល្អ ភិក្ខុនោះ នឹងចំរើននូវអរិយមគ្គ ប្រកបដោយអង្គ ៨ នឹងធ្វើនូវ​អរិយមគ្គ ប្រកបដោយអង្គ ៨ ឲ្យច្រើនឡើង។

[១៧៥] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុដែលជាអ្នកមានមិត្តល្អ រមែងចំរើន​នូវ​អរិយមគ្គ ប្រកបដោយអង្គ ៨ រមែងធ្វើនូវអរិយមគ្គ ប្រកបដោយអង្គ ៨ ឲ្យច្រើនឡើង តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងធម្មវិន័យនេះ រមែងចំរើនសេចក្តីឃើញត្រូវ​មានការ​កំចាត់បង់នូវរាគៈជាទីបំផុត មានការកំចាត់បង់នូវទោសៈជាទីបំផុត មានការ​កំចាត់បង់នូវមោហៈជាទីបំ​ផុត។បេ។ រមែងចំរើនសេចក្តីតាំងចិត្តត្រូវ ​មានការ​កំចាត់បង់នូវរាគៈជាទីបំផុត មានការកំចាត់បង់នូវទោសៈជាទីបំផុត មានការកំចាត់បង់​នូវមោហៈ​ជា​ទីបំ​ផុត។ ម្នាលភិក្ខុទាំងឡាយ ​ភិក្ខុដែលជាអ្នកមានមិត្តល្អ រមែង​ចំរើន​នូវ​អរិយមគ្គ ប្រកបដោយអង្គ ៨ រមែងធ្វើនូវអរិយមគ្គ ប្រកបដោយអង្គ ៨ ឲ្យច្រើនឡើង ដោយប្រការ​យ៉ាងនេះឯង។

[១៧៦] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ តថាគត​ពិចារណា​មិន​ឃើញ​នូវ​ធម៌ដទៃសូម្បីមួយ ដែលជាហេតុឲ្យអរិយមគ្គ ប្រកបដោយអង្គ ៨ ​មិន​ទាន់​កើត​ឡើង ឲ្យ​កើតឡើងបានក្តី ឲ្យអរិយមគ្គ ប្រកបដោយអង្គ ៨ ​កើត​ឡើង​ហើយ ដល់នូវការ​ពេញបរិបូណ៌ ដោយភាវនាក្តី។ ម្នាលភិក្ខុទាំងឡាយ (តថាគត ពិចារណាមិនឃើញ​ធម៌ដទៃ) ដូចជាការបរិបូណ៌ ដោយសីលនេះឡើយ។បេ។

[១៧៧] ម្នាលភិក្ខុទាំងឡាយ ដូចជាការបរិបូណ៌ ដោយសេចក្តីពេញ​ចិត្តនេះ​ឡើយ។បេ។

[១៧៨] ម្នាលភិក្ខុទាំងឡាយ ដូចជាការបរិបូណ៌ ដោយចិត្តជ្រះថ្លានេះឡើយ។បេ។

[១៧៩] ម្នាលភិក្ខុទាំងឡាយ ដូចជាការបរិបូណ៌ ដោយការឃើញនេះឡើយ។បេ។

[១៨០] ម្នាលភិក្ខុទាំងឡាយ ដូចជាការបរិបូណ៌ ដោយសេចក្តីមិនប្រមាទនេះ​ឡើយ។បេ។

[១៨១]  ម្នាលភិក្ខុទាំងឡាយ ដូចជាការបរិបូណ៌ ដោយយោនិសោមនសិ​ការៈនេះ​ឡើយ។ ម្នាលភិក្ខុទាំងឡាយ ដំណើរនេះ ជាទីសង្ឃឹមរបស់ភិក្ខុ ដែលជាអ្នក​បរិបូណ៌ ដោយ​​យោនិសោមនសិការៈ ភិក្ខុនោះ នឹងចំរើននូវអរិយមគ្គ ប្រកបដោយអង្គ ៨ នឹង​ធ្វើនូវអរិយមគ្គ ប្រកបដោយអង្គ ៨ ឲ្យច្រើនឡើង ដោយប្រការយ៉ាងនេះឯង។

[១៨២] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុដែលជាអ្នកបរិបូណ៌ ដោយយោនិសោមន​សិការៈ រមែងចំរើននូវ​អរិយមគ្គ ប្រកបដោយអង្គ ៨ រមែងធ្វើនូវអរិយមគ្គ​ ប្រកប​ដោយអង្គ ៨ ឲ្យច្រើនឡើង តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងធម្មវិន័យនេះ រមែងចំរើនសេចក្តីឃើញត្រូវ​ មានការ​កំចាត់បង់នូវរាគៈជាទីបំផុត មានការកំចាត់បង់​នូវទោសៈជាទីបំផុត មានការកំចាត់បង់នូវមោហៈជាទីបំ​ផុត។បេ។ រមែងចំរើន​សេចក្តី​តាំងចិត្តត្រូវ​ មានការកំចាត់បង់នូវរាគៈជាទីបំផុត មានការកំចាត់បង់នូវទោសៈជាទីបំផុត មានការកំចាត់បង់នូវមោហៈជាទីបំ​ផុត។ ម្នាលភិក្ខុទាំងឡាយ ​ភិក្ខុដែល​ជាអ្នកបរិបូណ៌ ដោយយោនិ​សោមនសិការៈ រមែងចំរើន​នូវ​អរិយមគ្គ ប្រកបដោយអង្គ ៨ រមែងធ្វើនូវអរិយមគ្គ ប្រកប​ដោយ​អង្គ ៨ ឲ្យច្រើនឡើង ដោយប្រការ​យ៉ាងនេះឯង។

ចប់ នាហន្តឯកធម្មបេយ្យាល ទី៨។

ឧទ្ទាននៃនាហន្តឯកធម្មបេយ្យាលនោះ គឺ

ពោលអំពីការបរិបូណ៌ដោយកល្យាណមិត្ត១ អំពីសីល១ អំពីសេចក្តី​ពេញចិត្ត១ អំពីការបរិបូណ៌ ដោយចិត្តជ្រះថ្លា១ អំពីការឃើញត្រូវ១ អំពីសេចក្តីមិនប្រមាទ១ អំពី​យោនិសោមនសិការៈ១ ទៀត ជាគម្រប់៧។

គង្គាបេយ្យាល

[១៨៣] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ដូចទន្លេគង្គា ជាធម្មជាតិ​ហូរទៅ​កាន់ទិសខាងកើត ទេរទៅកាន់ទិសខាងកើត ជ្រាលទៅកាន់ទិសខាងកើត ដូចម្តេចមិញ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុកាលចំរើននូវអរិយមគ្គ ប្រកបដោយអង្គ ៨ កាលធ្វើ​នូវ​អរិយមគ្គ ប្រកបដោយអង្គ ៨ ឲ្យច្រើនឡើង រមែងបង្អោន ទៅរកព្រះនិព្វាន សសៀរទៅរកព្រះនិព្វាន ជម្រាលទៅរកព្រះនិព្វាន ក៏ដូច្នោះឯង។

[១៨៤] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុកាលចំរើននូវអរិយមគ្គ ប្រកបដោយអង្គ ៨ កាល​ធ្វើ​នូវអរិយមគ្គ ប្រកបដោយអង្គ ៨ ឲ្យច្រើនឡើង រមែងបង្អោន ទៅកាន់ព្រះនិព្វាន សសៀរទៅរកព្រះនិព្វាន ជម្រាលទៅរកព្រះនិព្វាន តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងធម្ម​វិន័យនេះ រមែងចំរើនសេចក្តីឃើញត្រូវ អាស្រ័យសេចក្តីស្ងប់ស្ងាត់ អាស្រ័យសេចក្តីនឿយណាយ អាស្រ័យសេចក្តីរលត់​ បង្អោនទៅ ក្នុងការលះ។បេ។ រមែងចំរើនសេចក្តីតាំងចិត្តត្រូវ អាស្រ័យសេចក្តីស្ងប់ស្ងាត់ អាស្រ័យសេចក្តីនឿយ​ណាយ អាស្រ័យ​សេចក្តីរលត់​ បង្អោនទៅ ក្នុងការលះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុកាលចំរើននូវអរិយមគ្គ ​ប្រកប​ដោយអង្គ ៨ កាលធ្វើនូវអរិយមគ្គ ប្រកបដោយអង្គ ៨ ឲ្យ​ច្រើនឡើង រមែងបង្អោន ទៅរកព្រះនិព្វាន សសៀរទៅរកព្រះនិព្វាន ជម្រាលទៅរក​ព្រះនិព្វាន ក៏​ដូច្នោះ​ឯង។

[១៨៥] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ដូចទន្លេយមុនាជាធម្មជាតិ​ហូរទៅ​កាន់ទិសខាងកើតទេរទៅកាន់ទិសខាងកើត ជ្រាលទៅកាន់ទិសខាងកើត ដូចម្តេច​មិញ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីឧបមេយ្យ ក៏ដូច្នោះឯង។បេ។

[១៨៦] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ដូចទន្លេអចិរវតី ជាធម្មជាតិហូរទៅ​កាន់ទិសខាងកើត ទេរទៅកាន់ទិសខាងកើត ជ្រាលទៅកាន់ទិសខាងកើត ដូចម្តេចមិញ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីឧបមេយ្យ ក៏ដូច្នោះឯង។បេ។

[១៨៧] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ដូចទន្លេសរភូ ជាធម្មជាតិហូរទៅ​កាន់ទិសខាងកើត ទេរទៅកាន់ទិសខាងកើត ជ្រាលទៅកាន់ទិសខាងកើត ដូចម្តេច​មិញ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីឧបមេយ្យ ក៏ដូច្នោះឯង។បេ។

[១៨៨] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ដូចទន្លេមហី ជាធម្មជាតិហូរទៅ​កាន់ទិសខាងកើត ទេរទៅកាន់ទិសខាងកើត ជ្រាលទៅកាន់ទិសខាងកើត យ៉ាងណា​មិញ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីឧបមេយ្យ ក៏យ៉ាងនោះដែរ។បេ។

[១៨៩] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ដូចទន្លេធំៗណាមួយ។ គឺណាខ្លះ។ គឺទន្លេគង្គា១ យមុនា១ អចិរវតី១ សរភូ១ មហី១ ទន្លេទាំងអស់នោះ ជា​ធម្ម​ជាតិ​ហូរ​ទៅ​​កាន់​ទិសខាងកើត ទេរទៅកាន់ទិសខាងកើត ជ្រាលទៅកាន់​ទិសខាង​កើត ដូច​ម្តេច​មិញ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុកាលចំរើននូវអរិយមគ្គ​ ប្រកប​ដោយអង្គ ៨ កាល​ធ្វើនូវ​អរិយមគ្គ ប្រកបដោយអង្គ ៨ ឲ្យច្រើនឡើង រមែង​បង្អោន​ ទៅរក​ព្រះ​និព្វាន សសៀរទៅរកព្រះនិព្វាន ជម្រាលទៅរកព្រះនិព្វាន ក៏​ដូច្នោះ​ឯង។

[១៩០] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុកាលចំរើននូវអរិយមគ្គ​ ប្រកប​ដោយអង្គ ៨ កាល​ធ្វើនូវ​អរិយមគ្គ ប្រកបដោយអង្គ ៨ ឲ្យច្រើនឡើង រមែង​បង្អោន ​ទៅរក​ព្រះ​និព្វាន សសៀរទៅរកព្រះនិព្វាន ជម្រាលទៅរកព្រះនិព្វាន តើដូចម្តេច។ ម្នាល​ភិក្ខុទាំងឡាយ ភិក្ខុក្នុងធម្ម​វិន័យនេះ រមែងចំរើនសេចក្តីឃើញត្រូវ អាស្រ័យ​សេចក្តីស្ងប់ស្ងាត់ អាស្រ័យ​សេចក្តីនឿយណាយ។បេ។ រមែងចំរើនសេចក្តីតាំងចិត្តត្រូវ អាស្រ័យ​សេចក្តីស្ងប់ស្ងាត់ អាស្រ័យ​សេចក្តីនឿយណាយ អាស្រ័យ​សេចក្តីរលត់​ បង្អោនទៅក្នុង​ការ​លះ។ ម្នាល​ភិក្ខុទាំងឡាយ ភិក្ខុកាលចំរើននូវអរិយមគ្គ ​ប្រកប​ដោយអង្គ ៨ កាលធ្វើនូវអរិយមគ្គ ប្រកប​ដោយអង្គ ៨ ឲ្យច្រើនឡើង រមែងបង្អោន ទៅរកព្រះនិព្វាន សសៀរទៅ​រកព្រះនិព្វាន ជម្រាលទៅរកព្រះនិព្វាន ក៏​ដូច្នោះ​ឯង។

[១៩១] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ដូចទន្លេគង្គា ជាធម្មជាតិ​ហូរ​ទៅ​កាន់សមុទ្រ ទេរទៅរកសមុទ្រ ជ្រាលទៅរកសមុទ្រ ​ដូចម្តេចមិញ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ភិក្ខុកាលចំរើននូវអរិយមគ្គ​ ប្រ​កប​ដោយអង្គ ៨ កាលធ្វើនូវអរិយមគ្គ ប្រ​កប​ដោយ​អង្គ ៨ ឲ្យច្រើនឡើង ក៏រមែងបង្អោន ទៅរកព្រះនិព្វាន សសៀរទៅ​រក​ព្រះ​និព្វាន ជម្រាលទៅរក​ព្រះនិព្វាន ក៏​ដូច្នោះ​ឯង។

[១៩២] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុកាលចំរើននូវអរិយមគ្គ​ ប្រ​កប​ដោយអង្គ ៨ កាល​ធ្វើ​នូវអរិយមគ្គ ប្រកបដោយអង្គ ៨ ឲ្យច្រើនឡើង ក៏រមែង​បង្អោន​ ទៅរក​ព្រះ​និព្វាន សសៀរទៅរកព្រះនិព្វាន ជម្រាលទៅរកព្រះនិព្វាន តើដូចម្តេច។ ម្នាល​​ភិក្ខុទាំងឡាយ ភិក្ខុ​ក្នុងធម្ម​វិន័យនេះ រមែងចំរើនសេចក្តីឃើញត្រូវ អាស្រ័យ​សេច​ក្តីស្ងប់ស្ងាត់។បេ។ រមែងចំរើនសេចក្តីតាំងចិត្តត្រូវ អាស្រ័យសេចក្តីស្ងប់ស្ងាត់ អា​ស្រ័យ​​សេចក្តីនឿយណាយ អាស្រ័យ​សេចក្តីរលត់ ​បង្អោនទៅ ក្នុងការលះ។ ម្នាល​ភិក្ខុទាំងឡាយ ភិក្ខុកាលចំរើននូវអរិយមគ្គ​ ប្រ​កប​ដោយអង្គ ៨ កាលធ្វើនូវអរិយមគ្គ ប្រ​កប​ដោយអង្គ ៨ ឲ្យច្រើនឡើង ក៏រមែងបង្អោន ទៅរកព្រះនិព្វាន សសៀរទៅ​រកព្រះនិព្វាន ជម្រាលទៅរក​ព្រះនិព្វាន ក៏​ដូច្នោះ​ឯង។

[១៩៣] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ដូចទន្លេយមុនាជាធម្មជាតិ​ហូរ​ទៅ​កាន់សមុទ្រ ទេរទៅកាន់សមុទ្រ ជ្រាលទៅកាន់សមុទ្រ ដូចម្តេចមិញ។ ម្នាលភិក្ខុ​ទាំង​ឡាយ ​សេចក្តីឧបមេយ្យ ក៏ដូច្នោះឯង។បេ។

[១៩៤] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ដូចទន្លេអចិរវតី ជាធម្មជាតិ​ហូរ​ទៅ​កាន់សមុទ្រ ទេរទៅកាន់សមុទ្រ ជ្រាលទៅកាន់សមុទ្រ ដូចម្តេចមិញ។ ម្នាលភិក្ខុ​ទាំង​ឡាយ សេចក្តីឧបមេយ្យ ក៏ដូច្នោះឯង។បេ។

[១៩៥] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ដូចទន្លេសរភូ ជាធម្មជាតិ​ហូរ​ទៅ​កាន់សមុទ្រ ទេរទៅកាន់សមុទ្រ ជ្រាលទៅកាន់សមុទ្រ ដូចម្តេចមិញ។ ម្នាលភិក្ខុ​ទាំង​ឡាយ សេចក្តីឧបមេយ្យ ក៏ដូច្នោះឯង។បេ។

[១៩៦] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ដូចទន្លេមហី ជាធម្មជាតិ​ហូរ​ទៅ​កាន់សមុទ្រ ទេរទៅកាន់សមុទ្រ ជ្រាលទៅកាន់សមុទ្រ ដូចម្តេចមិញ។ ម្នាលភិក្ខុ​ទាំង​ឡាយ សេចក្តីឧបមេយ្យ ក៏ដូច្នោះឯង។បេ។

[១៩៧] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ដូចទន្លេធំៗណាមួយ។ គឺ​ណាខ្លះ។ គឺទន្លេគង្គា១ យមុនា១ អចិរវតី១ សរភូ១ មហី១ ទន្លេទាំងអស់នោះ ជា​ធម្ម​ជាតិ​ ហូរ​ទៅ​​កាន់​សមុទ្រ ទេរទៅកាន់សមុទ្រ ជ្រាលទៅកាន់សមុទ្រ ដូចម្តេចមិញ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ភិក្ខុកាលចំរើននូវអរិយមគ្គ​ ប្រ​កប​ដោយអង្គ ៨ កាលធ្វើ​នូវអរិយមគ្គ ប្រ​កប​ដោយអង្គ ៨ ឲ្យច្រើនឡើង ក៏រមែងបង្អោន ទៅរកព្រះនិព្វាន សសៀរទៅ​រកព្រះនិព្វាន ជម្រាលទៅរកព្រះនិព្វាន ក៏​ដូច្នោះ​ឯង។

[១៩៨] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុកាលចំរើននូវអរិយមគ្គ​ ប្រ​កប​ដោយអង្គ ៨ កាល​ធ្វើនូវ​អរិយមគ្គ ប្រកបដោយអង្គ ៨ ឲ្យច្រើនឡើង ក៏រមែង​បង្អោន ​ទៅរក​ព្រះ​និព្វាន សសៀរទៅរកព្រះនិព្វាន ជម្រាលទៅរកព្រះនិព្វាន តើដូចម្តេច។ ម្នាល​ភិក្ខុទាំងឡាយ ភិក្ខុក្នុងធម្ម​វិន័យនេះ រមែងចំរើនសេចក្តីឃើញត្រូវ អាស្រ័យ​សេចក្តី​ស្ងប់ស្ងាត់ អាស្រ័យសេចក្តីនឿយណាយ អាស្រ័យសេចក្តីរលត់​ បង្អោន​ទៅ​ក្នុងការលះ។បេ។ រមែងចំរើនសេចក្តីតាំងចិត្តត្រូវ អាស្រ័យសេចក្តីស្ងប់ស្ងាត់ អា​ស្រ័យ​​សេចក្តីនឿយ​ណាយ អាស្រ័យ​សេចក្តីរលត់​ បង្អោនទៅក្នុងការលះ។ ម្នាល​ភិក្ខុទាំងឡាយ ភិក្ខុ កាលចំរើននូវអរិយមគ្គ​ ប្រ​កប​ដោយអង្គ ៨ កាលធ្វើនូវអរិយមគ្គ ប្រ​កប​ដោយអង្គ ៨ ឲ្យ​ច្រើនឡើង រមែងបង្អោន ទៅរកព្រះនិព្វាន សសៀរទៅ​រកព្រះនិព្វាន ជម្រាលទៅរក​ព្រះនិព្វាន ក៏​ដូច្នោះ​ឯង។

គង្គាបេយ្យាលវារៈ សរសេរដោយសង្ខេបទេ អ្នកប្រាជ្ញ គួរឲ្យពិស្តារ ក្នុង​បេយ្យាល​ផងចុះ។

ឧទ្ទាននៃគង្គាបេយ្យាលនោះ គឺ

ពោលអំពីទន្លេហូរទៅកាន់ទិសខាងកើត មាន៦លើក អំពីទន្លេហូរ​ទៅ​កាន់​​សមុទ្រ មាន៦លើក រួមជាធម៌ មាន១២លើក ព្រោះហេតុនោះ ទើបហៅថា មួយវគ្គ។ និយាយ​អំពីមគ្គ ដែលអាស្រ័យសេចក្តី​ស្ងប់ស្ងាត់ ដូចទន្លេ ដែលហូរទៅកាន់ទិសខាងកើត មានក្នុង​​គង្គាបេយ្យាល រួមជា១២លើក ចាត់ថាចប់ឧបមាទី១។

គង្គាបេយ្យាលី

[១៩៩] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ដូចជាទន្លេគង្គា ជាធម្មជាតិហូរទៅ​កាន់ទិសខាងកើត ទេរទៅកាន់ទិសខាងកើត ជ្រាលទៅកាន់ទិសខាងកើត ដូចម្តេច​មិញ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុកាលចំរើននូវអរិយមគ្គ ​ប្រកប​ដោយអង្គ ៨ កាល​ធ្វើ​នូវ​អរិយមគ្គ ប្រកបដោយអង្គ ៨ ឲ្យច្រើនឡើង រមែង​បង្អោន​ ទៅរក​ព្រះនិព្វាន សសៀរទៅរកព្រះនិព្វាន ជម្រាលទៅរកព្រះនិព្វាន ក៏​ដូច្នោះ​ឯង។

[២០០] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុកាលចំរើននូវអរិយមគ្គ​ ប្រ​កប​ដោយអង្គ ៨ កាល​​ធ្វើ​នូវអរិយមគ្គ ប្រកបដោយអង្គ ៨ ឲ្យច្រើនឡើង រមែង​បង្អោន ​ទៅរក​ព្រះ​និព្វាន សសៀរទៅរកព្រះនិព្វាន ជម្រាលទៅរកព្រះនិព្វាន តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ​ក្នុងធម្មវិន័យនេះ រមែងចំរើនសេចក្តីឃើញត្រូវ​ មានការ​កំចាត់បង់នូវរាគៈជាទី​បំផុត មានការកំចាត់បង់នូវទោសៈជាទីបំផុត មានការកំចាត់បង់នូវមោហៈជាទីបំផុត។បេ។ រមែងចំរើនសេចក្តីតាំងចិត្តត្រូវ ​មានការកំចាត់បង់នូវរាគៈជាទីបំផុត មានការកំចាត់បង់នូវទោសៈជាទីបំផុត មានការកំចាត់បង់នូវមោហៈជាទីបំ​ផុត។ ម្នាល​ភិក្ខុទាំងឡាយ ភិក្ខុកាលចំរើននូវអរិយមគ្គ ​ប្រ​កប​ដោយអង្គ ៨ កាល​ធ្វើនូវ​អរិយមគ្គ ប្រកបដោយអង្គ ៨ ឲ្យច្រើនឡើង រមែង​បង្អោន​ ទៅរក​ព្រះ​និព្វាន សសៀរទៅរក​ព្រះនិព្វាន ជម្រាលទៅរកព្រះនិព្វាន ក៏​ដូច្នោះ​ឯង។

[២០១] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ដូចទន្លេយមុនា ជាធម្មជាតិ​ហូរទៅ​កាន់ទិសខាងកើត ទេរទៅកាន់ទិសខាងកើត ជ្រាលទៅកាន់ទិសខាងកើត ដូចម្តេច​មិញ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីឧបមេយ្យ ក៏ដូច្នោះឯង។បេ។

[២០២] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ដូចជាទន្លេអចិរវតី ជាធម្មជាតិ​ហូរ​ទៅ​កាន់ទិសខាងកើត ទេរទៅកាន់ទិសខាងកើត ជ្រាលទៅកាន់ទិសខាងកើត ដូចម្តេច​មិញ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីឧបមេយ្យ ក៏ដូច្នោះឯង។បេ។

[២០៣]  សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ដូចជាទន្លេសរភូ ជាធម្មជាតិហូរទៅ​កាន់ទិសខាងកើត ទេរទៅកាន់ទិសខាងកើត ជ្រាលទៅកាន់ទិសខាងកើត ដូចម្តេច​មិញ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីឧបមេយ្យ ក៏ដូច្នោះឯង។បេ។

[២០៤]  សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ដូចជាទន្លេមហី ជាធម្មជាតិហូរទៅ​កាន់ទិសខាងកើត ទេរទៅកាន់ទិសខាងកើត ជ្រាលទៅកាន់ទិសខាងកើត ដូចម្តេច​មិញ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីឧបមេយ្យ ក៏ដូច្នោះឯង។បេ។

[២០៥] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ដូចជាទន្លេធំៗណាមួយ។  គឺ​ណាខ្លះ។ គឺទន្លេគង្គា១ យមុនា១ អចិរវតី១ សរភូ១ មហី១ ទន្លេទាំងអស់នោះ ជា​ធម្ម​ជាតិ​ ហូរ​ទៅ​​កាន់​ទិសខាងកើត ទេរទៅកាន់ទិសខាងកើត ជ្រាលទៅកាន់​ទិសខាង​កើត ដូច​ម្តេច​មិញ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីឧបមេយ្យ ក៏ដូច្នោះឯង។បេ។

[២០៦] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ដូចជាទន្លេគង្គា ជាធម្មជាតិ​ហូរ​ទៅ​កាន់សមុទ្រ ទេរទៅរកសមុទ្រ ជ្រាលទៅរកសមុទ្រ ដូចម្តេចមិញ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ភិក្ខុកាលចំរើននូវអរិយមគ្គ​ ប្រ​កប​ដោយអង្គ ៨ កាលធ្វើនូវអរិយមគ្គ ប្រ​កប​ដោយអង្គ ៨ ឲ្យច្រើនឡើង ក៏រមែងបង្អោន ទៅរកព្រះនិព្វាន សសៀរទៅ​រកព្រះនិព្វាន ជម្រាល​ទៅរកព្រះនិព្វាន ក៏​ដូច្នោះ​ឯង។

[២០៧] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុកាលចំរើននូវអរិយមគ្គ​ ប្រ​កប​ដោយអង្គ ៨ កាល​​ធ្វើនូវ​អរិយមគ្គ ប្រកបដោយអង្គ ៨ ឲ្យច្រើនឡើង រមែង​បង្អោន ​ទៅរក​ព្រះ​និព្វាន សសៀរទៅរកព្រះនិព្វាន ជម្រាលទៅរកព្រះនិព្វាន តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងធម្មវិន័យនេះ រមែងចំរើនសេចក្តីឃើញត្រូវ​ មានការ​កំចាត់បង់នូវរាគៈជាទី​បំផុត មានការកំចាត់បង់នូវទោសៈជាទីបំផុត មានការកំចាត់បង់នូវមោហៈជាទីបំ​ផុត។បេ។ រមែងចំរើនសេចក្តីតាំងចិត្តត្រូវ​ មានការកំចាត់បង់នូវរាគៈជាទីបំផុត មាន​ការកំចាត់បង់នូវទោសៈជាទីបំផុត មានការកំចាត់បង់នូវមោហៈជាទីបំ​ផុត។ ម្នាល​ភិក្ខុទាំងឡាយ ភិក្ខុកាលចំរើននូវអរិយមគ្គ ​ប្រ​កប​ដោយអង្គ ៨ កាល​ធ្វើនូវ​អរិយមគ្គ ប្រកបដោយអង្គ ៨ ឲ្យច្រើនឡើង រមែង​បង្អោន​ ទៅរក​ព្រះ​និព្វាន សសៀរទៅរក​ព្រះនិព្វាន ជម្រាលទៅរកព្រះនិព្វាន ក៏​ដូច្នោះ​ឯង។

[២០៨] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ដូចជាទន្លេយមុនា ជាធម្មជាតិ​ហូរ​ទៅ​កាន់សមុទ្រ ទេរទៅកាន់សមុទ្រ ជ្រាលទៅកាន់សមុទ្រ ដូចម្តេចមិញ។ ម្នាលភិក្ខុទាំង​ឡាយ សេចក្តីឧបមេយ្យ ក៏ដូច្នោះឯង។បេ។

[២០៩] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ដូចជាទន្លេអចិរវតី ជាធម្មជាតិ​ហូរ​ទៅ​កាន់សមុទ្រ ទេរទៅកាន់សមុទ្រ ជ្រាលទៅកាន់សមុទ្រ ដូចម្តេចមិញ។ ម្នាលភិក្ខុ​ទាំង​ឡាយ សេចក្តីឧបមេយ្យ ក៏ដូច្នោះឯង។បេ។

[២១០] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ដូចជាទន្លេសរភូ ជាធម្មជាតិ​ហូរ​ទៅ​កាន់សមុទ្រ ទេរទៅកាន់សមុទ្រ ជ្រាលទៅកាន់សមុទ្រ ដូចម្តេចមិញ។ ម្នាលភិក្ខុ​ទាំងឡាយ សេចក្តីឧបមេយ្យ ក៏ដូច្នោះឯង។បេ។

[២១១] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ដូចជាទន្លេមហី ជាធម្មជាតិ​ហូរ​ទៅ​កាន់សមុទ្រ ទេរទៅកាន់សមុទ្រ ជ្រាលទៅកាន់សមុទ្រ ដូចម្តេចមិញ។ ម្នាលភិក្ខុ​ទាំង​​ឡាយ សេចក្តីឧបមេយ្យ ក៏ដូច្នោះឯង។បេ។

[២១២] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ដូចជាទន្លេធំៗណាមួយ។ គឺ​ណាខ្លះ។ គឺទន្លេគង្គា១ យមុនា១ អចិរវតី១ សរភូ១ មហី១ ទន្លេទាំងអស់នោះ ជា​ធម្ម​ជាតិ​ ហូរ​ទៅ​​កាន់​សមុទ្រ ទេរទៅកាន់សមុទ្រ ជ្រាលទៅកាន់សមុទ្រ ដូចម្តេចមិញ។ ម្នាល​ភិក្ខុទាំងឡាយ ភិក្ខុកាលចំរើននូវអរិយមគ្គ ​ប្រ​កប​ដោយអង្គ ៨ កាលធ្វើនូវ​អរិយមគ្គ ប្រ​កប​​ដោយអង្គ ៨ ឲ្យច្រើនឡើង រមែងបង្អោន ទៅរកព្រះនិព្វាន សសៀរទៅ​រកព្រះនិព្វាន ជម្រាលទៅរកព្រះនិព្វាន ក៏​ដូច្នោះ​ឯង។

[២១៣] ម្នាលភិក្ខុទាំងឡាយ ភិក្ខុកាលចំរើននូវអរិយមគ្គ​ ប្រ​កប​ដោយអង្គ ៨ កាល​​ធ្វើ​នូវអរិយមគ្គ ប្រកបដោយអង្គ ៨ ឲ្យច្រើនឡើង រមែង​បង្អោន ​ទៅរក​ព្រះ​និព្វាន សសៀរទៅរកព្រះនិព្វាន ជម្រាលទៅរកព្រះនិព្វាន តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងធម្មវិន័យនេះ រមែងចំរើនសេចក្តីឃើញត្រូវ ​មានការ​កំចាត់បង់នូវរាគៈ ជាទី​បំផុត មានការកំចាត់បង់នូវទោសៈជាទីបំផុត មានការកំចាត់បង់នូវមោហៈជាទីបំ​ផុត។បេ។ រមែងចំរើនសេចក្តីតាំងចិត្តត្រូវ​ មានការកំចាត់បង់នូវរាគៈជាទីបំផុត មានការកំចាត់បង់នូវទោសៈជាទីបំផុត មានការកំចាត់បង់នូវមោហៈជាទីបំផុត។ ម្នាល​ភិក្ខុទាំងឡាយ ភិក្ខុកាលចំរើននូវអរិយមគ្គ​ ប្រ​កប​ដោយអង្គ ៨ កាល​ធ្វើ​នូវអរិយមគ្គ ប្រកបដោយអង្គ ៨ ឲ្យច្រើនឡើង រមែង​បង្អោន ​ទៅរក​ព្រះ​និព្វាន សសៀរទៅរក​ព្រះនិព្វាន ជម្រាលទៅរកព្រះនិព្វាន ក៏​ដូច្នោះ​ឯង។ និយាយអំពីការកំចាត់បង់នូវរាគៈ មាន១២លើក ចាត់ថាចប់ឧបមាទីពីរ ដែលប្រៀបដូចទន្លេ ហូរទៅ​កាន់សមុទ្រ។

[២១៤] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ដូចជាទន្លេគង្គា ជាធម្មជាតិហូរទៅ​កាន់ទិសខាងកើត ទេរទៅកាន់ទិសខាងកើត ជ្រាលទៅកាន់ទិសខាងកើត ដូចម្តេច​មិញ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុកាលចំរើននូវអរិយមគ្គ ​ប្រកប​ដោយអង្គ ៨ កាល​ធ្វើ​នូវអរិយមគ្គ ប្រកបដោយអង្គ ៨ ឲ្យច្រើនឡើង រមែង​បង្អោន ​ទៅរក​ព្រះនិព្វាន សសៀរ​ទៅ​រកព្រះនិព្វាន ជម្រាលទៅរកព្រះនិព្វាន ក៏​ដូច្នោះ​ឯង។

[២១៥] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុកាលចំរើននូវអរិយមគ្គ ​ប្រកប​ដោយអង្គ ៨ កាល​​ធ្វើ​នូវអរិយមគ្គ ប្រកបដោយអង្គ ៨ ឲ្យច្រើនឡើង រមែង​បង្អោន​ ទៅរក​ព្រះ​និព្វាន សសៀរទៅរកព្រះនិព្វាន ជម្រាលទៅរកព្រះនិព្វាន តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងធម្មវិន័យនេះ រមែងចំរើនសេចក្តីឃើញត្រូវ ចុះស៊ប់ទៅក្នុងអមតៈ មានអមតៈ​ជាទីប្រព្រឹត្តទៅ ក្នុងខាងមុខ មានអមតៈជាទីបំផុត។បេ។ រមែងចំរើនសេចក្តី​តាំងចិត្តត្រូវ ចុះស៊ប់ទៅក្នុងអមតៈ មានអមតៈជាទីប្រព្រឹត្តទៅ ក្នុងខាងមុខ មានអមតៈជាទីបំផុត។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុកាលចំរើននូវអរិយមគ្គ ​ប្រកប​ដោយអង្គ ៨ កាល​ធ្វើ​នូវអរិយមគ្គ ប្រកបដោយអង្គ ៨ ឲ្យច្រើនឡើង រមែង​បង្អោន ​ទៅរក​ព្រះនិព្វាន សសៀរទៅរកព្រះនិព្វាន ជម្រាលទៅរកព្រះនិព្វាន ក៏​ដូច្នោះ​ឯង។

[២១៦] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ដូចជាទន្លេយមុនា ជាធម្មជាតិ​ហូរ​ទៅ​កាន់ទិសខាងកើត ទេរទៅកាន់ទិសខាងកើត ជ្រាលទៅកាន់ទិសខាងកើត ដូចម្តេច​មិញ។ ម្នាលភិក្ខុ​ទាំង​ឡាយ សេចក្តីឧបមេយ្យ ក៏ដូច្នោះឯង។បេ។

[២១៧] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ដូចជាទន្លេអចិរវតី ជាធម្មជាតិ​ហូរ​ទៅ​កាន់ទិសខាងកើត ទេរទៅកាន់ទិសខាងកើត ជ្រាលទៅកាន់ទិសខាងកើត ​ដូចម្តេច​មិញ។ ម្នាលភិក្ខុ​ទាំងឡាយ សេចក្តីឧបមេយ្យ ក៏ដូច្នោះឯង។បេ។

[២១៨] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ដូចជាទន្លេសរភូ ជាធម្មជាតិ​ហូរ​ទៅ​កាន់ទិសខាងកើត ទេរទៅកាន់ទិសខាងកើត ជ្រាលទៅកាន់ទិសខាងកើត ដូចម្តេចមិញ។ ម្នាលភិក្ខុ​ទាំង​ឡាយ សេចក្តីឧបមេយ្យ ក៏ដូច្នោះឯង។បេ។

[២១៩] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ដូចជាទន្លេមហី ជាធម្មជាតិ​ហូរ​ទៅ​កាន់ទិសខាងកើត ទេរទៅកាន់ទិសខាងកើត ជ្រាលទៅកាន់ទិសខាងកើត ដូចម្តេចមិញ។ ម្នាលភិក្ខុ​ទាំង​ឡាយ សេចក្តីឧបមេយ្យ ក៏ដូច្នោះឯង។បេ។

[២២០] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ដូចជាទន្លេធំៗណាមួយ។ គឺ​ណាខ្លះ។ គឺទន្លេគង្គា១ យមុនា១ អចិរវតី១ សរភូ១ មហី១ ទន្លេទាំងអស់នោះ ជា​ធម្ម​ជាតិ​ ហូរ​ទៅ​​កាន់​ទិសខាងកើត ទេរទៅកាន់ទិសខាងកើត ជ្រាលទៅកាន់​ទិសខាង​កើត ដូច​ម្តេច​មិញ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីឧបមេយ្យ ក៏ដូច្នោះឯង។បេ។

[២២១] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ដូចជាទន្លេគង្គា ជាធម្មជាតិ​ហូរ​ទៅ​កាន់សមុទ្រ ទេរទៅកាន់សមុទ្រ ជ្រាលទៅកាន់សមុទ្រ ដូចម្តេចមិញ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ភិក្ខុកាលចំរើននូវអរិយមគ្គ​ ប្រ​កប​ដោយអង្គ ៨ កាលធ្វើនូវអរិយមគ្គ ប្រ​កប​​ដោយ​អង្គ ៨ ឲ្យច្រើនឡើង រមែងបង្អោន ទៅរកព្រះនិព្វាន សសៀរទៅ​រកព្រះនិព្វាន ជម្រាល​ទៅរកព្រះនិព្វាន ក៏​ដូច្នោះ​ឯង។

[២២២] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុកាលចំរើននូវអរិយមគ្គ ​ប្រកប​ដោយអង្គ ៨ កាល​​ធ្វើ​នូវអរិយមគ្គ ប្រកបដោយអង្គ ៨ ឲ្យច្រើនឡើង រមែង​បង្អោន​ ទៅរក​ព្រះ​និព្វាន សសៀរទៅរកព្រះនិព្វាន ជម្រាលទៅរកព្រះនិព្វាន តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងធម្មវិន័យនេះ រមែងចំរើនសេចក្តីឃើញត្រូវ ចុះស៊ប់ទៅ​ក្នុងអមតៈ មានអមតៈ ប្រព្រឹត្តទៅ ក្នុងខាងមុខ មានអមតៈជាទីបំផុត។បេ។ រមែងចំរើនសេចក្តីតាំង​ចិត្តត្រូវ ចុះស៊ប់ទៅក្នុងអមតៈ មានអមតៈ ប្រព្រឹត្តទៅ ក្នុងខាងមុខ មានអមតៈជាទីបំផុត។ ម្នាល​ភិក្ខុទាំងឡាយ ភិក្ខុកាលចំរើននូវអរិយមគ្គ ​ប្រ​កប​ដោយអង្គ ៨ កាលធ្វើនូវអរិយមគ្គ ប្រ​កប​ដោយអង្គ ៨ ឲ្យច្រើនឡើង រមែងបង្អោន ទៅរកព្រះនិព្វាន សសៀរទៅ​រកព្រះនិព្វាន ជម្រាល​ទៅរកព្រះនិព្វាន ក៏​ដូច្នោះ​ឯង។

[២២៣] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ដូចជាទន្លេយមុនា ជាធម្មជាតិ​ហូរ​ទៅ​កាន់សមុទ្រ ទេរទៅកាន់សមុទ្រ ជ្រាលទៅកាន់សមុទ្រ ដូចម្តេចមិញ។ ម្នាលភិក្ខុ​ទាំង​ឡាយ សេចក្តីឧបមេយ្យ ក៏ដូច្នោះឯង។បេ។

[២២៤] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ដូចជាទន្លេអចិរវតី ជាធម្មជាតិ​ហូរ​ទៅ​កាន់សមុទ្រ ទេរទៅកាន់សមុទ្រ ជ្រាលទៅកាន់សមុទ្រ ដូចម្តេចមិញ។ ម្នាលភិក្ខុ​ទាំង​ឡាយ សេចក្តីឧបមេយ្យ ក៏ដូច្នោះឯង។បេ។

[២២៥] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ដូចជាទន្លេសរភូ ជាធម្មជាតិ​ហូរ​ទៅ​កាន់សមុទ្រ ទេរទៅកាន់សមុទ្រ ជ្រាលទៅកាន់សមុទ្រ ដូចម្តេចមិញ។ ម្នាលភិក្ខុ​ទាំង​ឡាយ សេចក្តីឧបមេយ្យ ក៏ដូច្នោះឯង។បេ។

[២២៦] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ដូចជាទន្លេមហី ជាធម្មជាតិ​ហូរ​ទៅ​កាន់សមុទ្រ ទេរទៅកាន់សមុទ្រ ជ្រាលទៅកាន់សមុទ្រ ដូចម្តេចមិញ។ ម្នាលភិក្ខុ​ទាំង​ឡាយ សេចក្តីឧបមេយ្យ ក៏ដូច្នោះឯង។បេ។

[២២៧] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ដូចជាទន្លេធំៗណាមួយ។ គឺណា​ខ្លះ។ គឺទន្លេគង្គា១ យមុនា១ អចិរវតី១ សរភូ១ មហី១ ទន្លេទាំងអស់នោះ ជា​ធម្ម​ជាតិ​ហូរ​ទៅ​​កាន់​សមុទ្រ ទេរទៅកាន់សមុទ្រ ជ្រាលទៅកាន់សមុទ្រ ដូចម្តេចមិញ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ភិក្ខុកាលចំរើននូវអរិយមគ្គ​ ប្រ​កប​ដោយអង្គ ៨ កាលធ្វើនូវអរិយមគ្គ ប្រកប​​ដោយ​អង្គ ៨ ឲ្យច្រើនឡើង រមែងបង្អោន ទៅរកព្រះនិព្វាន សសៀរទៅ​រកព្រះនិព្វាន ជម្រាល​ទៅរកព្រះនិព្វាន ក៏​ដូច្នោះ​ឯង។

[២២៨] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុកាលចំរើននូវអរិយមគ្គ ​ប្រ​កប​ដោយអង្គ ៨ កាល​​ធ្វើនូវ​អរិយមគ្គ ប្រកបដោយអង្គ ៨ ឲ្យច្រើនឡើង រមែង​បង្អោន ​ទៅរក​ព្រះ​និព្វាន សសៀរទៅរកព្រះនិព្វាន ជម្រាលទៅរកព្រះនិព្វាន តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងធម្មវិន័យនេះ រមែងចំរើនសេចក្តីឃើញត្រូវ ចុះស៊ប់​ទៅក្នុងអមតៈ មានអមតៈ ជាទីប្រព្រឹត្តទៅ ក្នុងខាងមុខ មានអមតៈជាទីបំផុត។បេ។ រមែងចំរើនសេចក្តី​តាំង​ចិត្ត​ត្រូវ ចុះស៊ប់ទៅក្នុងអមតៈ មានអមតៈជាទីប្រព្រឹត្តទៅ ក្នុងខាងមុខ មានអមតៈ ជាទីបំផុត។ ម្នាល​ភិក្ខុទាំងឡាយ ភិក្ខុកាលចំរើននូវអរិយមគ្គ ​ប្រ​កប​ដោយអង្គ ៨ កាល​ធ្វើនូវអរិយមគ្គ ប្រកប​ដោយអង្គ ៨ ឲ្យច្រើនឡើង រមែងបង្អោន ទៅរកព្រះនិព្វាន សសៀរទៅ​រកព្រះនិព្វាន ជម្រាល​ទៅរកព្រះនិព្វាន ក៏​ដូច្នោះ​ឯង។ ពោលអំពីមគ្គ ដ៏រាប់បញ្ចូល ក្នុង​អមតៈ មាន១២លើក ចាត់ថាចប់ឧបមាទី៣។

[២២៩] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ដូចជាទន្លេគង្គា ជាធម្មជាតិហូរទៅ​កាន់ទិសខាងកើត ទេរទៅកាន់ទិសខាងកើត ជ្រាលទៅកាន់ទិសខាងកើត ដូចម្តេច​មិញ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុកាលចំរើននូវអរិយមគ្គ ​ប្រកប​ដោយអង្គ ៨ កាល​ធ្វើ​នូវអរិយមគ្គ ប្រកបដោយអង្គ ៨ ឲ្យច្រើនឡើង រមែង​បង្អោន​ទៅរក​ព្រះ​និព្វាន សសៀរ​ទៅ​រកព្រះនិព្វាន ជម្រាលទៅរកព្រះនិព្វាន ក៏​ដូច្នោះ​ឯង។

[២៣០] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុកាលចំរើននូវអរិយមគ្គ​ ប្រ​កប​ដោយអង្គ ៨ កាល​​ធ្វើ​នូវអរិយមគ្គ ប្រកបដោយអង្គ ៨ ឲ្យច្រើនឡើង រមែង​បង្អោន​ទៅរក​ព្រះ​និព្វាន សសៀរទៅរកព្រះនិព្វាន ជម្រាលទៅរកព្រះនិព្វាន តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងធម្មវិន័យនេះ រមែងចំរើនសេចក្តីឃើញត្រូវ ដែលបង្អោនទៅរកព្រះនិព្វាន សសៀរទៅរកព្រះនិព្វាន ជម្រាលទៅរកព្រះនិព្វាន។បេ។ រមែងចំរើនសេចក្តីតាំង​ចិត្តត្រូវ ដែលបង្អោនទៅរកព្រះនិព្វាន សសៀរទៅរកព្រះនិព្វាន ជម្រាលទៅរកព្រះនិព្វាន។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុកាលចំរើននូវអរិយមគ្គ​ ប្រកប​ដោយអង្គ ៨ កាល​ធ្វើ​នូវ​អរិយមគ្គ ប្រកបដោយអង្គ ៨ ឲ្យច្រើនឡើង រមែង​បង្អោន​ទៅរក​ព្រះ​និព្វាន សសៀរ​ទៅ​រកព្រះនិព្វាន ជម្រាលទៅរកព្រះនិព្វាន ក៏​ដូច្នោះ​ឯង។

[២៣១] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ដូចជាទន្លេយមុនា ជាធម្មជាតិ​ហូរ​ទៅ​កាន់ទិសខាងកើត ទេរទៅកាន់ទិសខាងកើត ជ្រាលទៅកាន់ទិសខាងកើត ដូចម្តេច​មិញ។ ម្នាលភិក្ខុ​ទាំង​ឡាយ សេចក្តីឧបមេយ្យ ក៏ដូច្នោះឯង។បេ។

[២៣២] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ដូចជាទន្លេអចិរវតី ជាធម្មជាតិ​ហូរ​ទៅ​កាន់ទិសខាងកើត ទេរទៅកាន់ទិសខាងកើត ជ្រាលទៅកាន់ទិសខាងកើត​ ដូចម្តេច​មិញ។ ម្នាលភិក្ខុ​ទាំង​ឡាយ សេចក្តីឧបមេយ្យ ក៏ដូច្នោះឯង។បេ។

[២៣៣] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ដូចជាទន្លេសរភូ ជាធម្មជាតិ​ហូរ​ទៅ​កាន់ទិសខាងកើត ទេរទៅកាន់ទិសខាងកើត ជ្រាលទៅកាន់ទិសខាងកើត ដូចម្តេចមិញ។ ម្នាលភិក្ខុ​ទាំង​ឡាយ សេចក្តីឧបមេយ្យ ក៏ដូច្នោះឯង។បេ។

[២៣៤] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ដូចជាទន្លេមហី ជាធម្មជាតិ​ហូរ​ទៅ​កាន់ទិសខាងកើត ទេរទៅកាន់ទិសខាងកើត ជ្រាលទៅកាន់ទិសខាងកើត ដូចម្តេចមិញ។ ម្នាលភិក្ខុ​ទាំង​ឡាយ សេចក្តីឧបមេយ្យ ក៏ដូច្នោះឯង។បេ។

[២៣៥] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ដូចជាទន្លេធំៗណាមួយ។ គឺ​ណាខ្លះ។ គឺទន្លេគង្គា១ យមុនា១ អចិរវតី១ សរភូ១ មហី១ ទន្លេទាំងអស់នោះ ជាធម្ម​ជាតិ​ ហូរ​ទៅ​​កាន់ទិសខាងកើត ទេរទៅកាន់ទិសខាងកើត ជ្រាលទៅកាន់ទិស​ខាងកើត ​ដូចម្តេចមិញ។ ម្នាល​ភិក្ខុទាំងឡាយ ភិក្ខុកាលចំរើននូវអរិយមគ្គ​ប្រ​កប​ដោយអង្គ ៨ កាលធ្វើនូវអរិយមគ្គ ប្រ​កប​ដោយអង្គ ៨ ឲ្យច្រើនឡើង រមែងបង្អោន​ទៅរកព្រះនិព្វាន សសៀរទៅ​រកព្រះនិព្វាន ជម្រាលទៅរកព្រះនិព្វាន ក៏​ដូច្នោះ​ឯង។

[២៣៦] ម្នាលភិក្ខុទាំងឡាយ ភិក្ខុកាលចំរើននូវអរិយមគ្គ​ ប្រ​កប​ដោយអង្គ ៨ កាល​​ធ្វើ​នូវអរិយមគ្គ ប្រកបដោយអង្គ ៨ ឲ្យច្រើនឡើង រមែង​បង្អោន​ទៅរក​ព្រះ​និព្វាន សសៀរទៅរកព្រះនិព្វាន ជម្រាលទៅរកព្រះនិព្វាន តើដូចម្តេច។ ម្នាល​​ភិក្ខុទាំងឡាយ ភិក្ខុក្នុងធម្ម​វិន័យនេះ រមែងចំរើនសេចក្តីឃើញត្រូវ ដែលបង្អោនទៅរកព្រះនិព្វាន សសៀរ​ទៅ​រកព្រះនិព្វាន ជម្រាលទៅរកព្រះនិព្វាន។បេ។ ម្នាល​ភិក្ខុទាំងឡាយ ភិក្ខុ​កាលចំរើននូវអរិយមគ្គ​ប្រ​កប​ដោយអង្គ ៨ កាលធ្វើនូវអរិយមគ្គ ប្រ​កប​ដោយអង្គ ៨ ឲ្យច្រើនឡើង រមែងបង្អោនទៅរកព្រះនិព្វាន សសៀរទៅ​រកព្រះនិព្វាន ជម្រាលទៅរក​ព្រះនិព្វាន ក៏​ដូច្នោះ​ឯង។

[២៣៧] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ដូចជាទន្លេគង្គា ជាធម្មជាតិ​ហូរ​ទៅ​កាន់សមុទ្រ ទេរទៅកាន់សមុទ្រ ជ្រាលទៅកាន់សមុទ្រ ដូចម្តេចមិញ។ ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុកាលចំរើននូវអរិយមគ្គ​ ប្រ​កប​ដោយអង្គ ៨ កាលធ្វើនូវអរិយមគ្គប្រ​កប​ដោយអង្គ ៨ ឲ្យច្រើនឡើង រមែងបង្អោនទៅរកព្រះនិព្វាន សសៀរទៅ​រកព្រះនិព្វាន ជម្រាល​ទៅរកព្រះនិព្វាន ក៏​ដូច្នោះ​ឯង។

[២៣៨] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុកាលចំរើននូវអរិយមគ្គ ​ប្រកប​ដោយអង្គ ៨ កាល​​ធ្វើ​នូវអរិយមគ្គ ប្រកបដោយអង្គ ៨ ឲ្យច្រើនឡើង រមែង​បង្អោន​ទៅរក​ព្រះ​និព្វាន សសៀរទៅរកព្រះនិព្វាន ជម្រាលទៅរកព្រះនិព្វាន តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងធម្មវិន័យនេះ រមែងចំរើនសេចក្តីឃើញត្រូវ ជាធម្មជាតិបង្អោនទៅ​រកព្រះនិព្វាន សសៀរទៅរកព្រះនិព្វាន ជម្រាលទៅរកព្រះនិព្វាន។បេ។ រមែងចំរើន​សេចក្តីតាំងចិត្តត្រូវ​ ជាធម្មជាតិ​បង្អោន​ទៅរក​ព្រះ​និព្វាន សសៀរទៅរកព្រះនិព្វាន ជម្រាល​ទៅរកព្រះនិព្វាន។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុកាលចំរើននូវអរិយមគ្គ​ប្រ​កប​ដោយអង្គ ៨ កាលធ្វើនូវអរិយមគ្គ ប្រកបដោយអង្គ ៨ ឲ្យច្រើន​ឡើង រមែងបង្អោនទៅ​រកព្រះនិព្វាន សសៀរទៅ​រកព្រះនិព្វាន ជម្រាល​ទៅរកព្រះនិព្វាន ក៏​ដូច្នោះ​ឯង។

[២៣៩] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ដូចជាទន្លេយមុនា ជាធម្មជាតិ​ហូរ​ទៅ​កាន់សមុទ្រ ទេរទៅកាន់សមុទ្រ ជ្រាលទៅកាន់សមុទ្រ ដូចម្តេចមិញ។ ម្នាលភិក្ខុ​ទាំង​ឡាយ សេចក្តីឧបមេយ្យ ក៏ដូច្នោះឯង។បេ។

[២៤០] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ដូចជាទន្លេអចិរវតី ជាធម្មជាតិ​ហូរ​ទៅ​កាន់សមុទ្រ ទេរទៅកាន់សមុទ្រ ជ្រាលទៅកាន់សមុទ្រ ដូចម្តេចមិញ។ ម្នាលភិក្ខុ​ទាំង​ឡាយ សេចក្តីឧបមេយ្យ ក៏ដូច្នោះឯង។បេ។

[២៤១] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ដូចជាទន្លេសរភូ ជាធម្មជាតិ​ហូរ​ទៅ​កាន់សមុទ្រ ទេរទៅកាន់សមុទ្រ ជ្រាលទៅកាន់សមុទ្រ ដូចម្តេចមិញ។ ម្នាលភិក្ខុ​ទាំង​ឡាយ សេចក្តីឧបមេយ្យ ក៏ដូច្នោះឯង។បេ។

[២៤២] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ដូចជាទន្លេមហី ជាធម្មជាតិ​ហូរ​ទៅ​កាន់សមុទ្រ ទេរទៅកាន់សមុទ្រ ជ្រាលទៅកាន់សមុទ្រ ដូចម្តេចមិញ។ ម្នាលភិក្ខុ​ទាំង​ឡាយ សេចក្តីឧបមេយ្យ ក៏ដូច្នោះឯង។បេ។

[២៤៣] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ដូចជាទន្លេធំៗណាមួយ។ គឺ​ណាខ្លះ។ គឺទន្លេគង្គា១ យមុនា១ អចិរវតី១ សរភូ១ មហី១ ទន្លេទាំងអស់នោះ ជា​ធម្ម​ជាតិ​ ហូរ​ទៅ​​កាន់​សមុទ្រ ទេរទៅកាន់សមុទ្រ ជ្រាលទៅកាន់សមុទ្រ ដូចម្តេចមិញ។ ម្នាល​ភិក្ខុទាំងឡាយ ភិក្ខុកាលចំរើនអរិយមគ្គ​ ប្រកប​ដោយអង្គ ៨ កាលធ្វើអរិយមគ្គ ប្រ​កប​​ដោយអង្គ ៨ ឲ្យច្រើនឡើង រមែងបង្អោនទៅរកព្រះនិព្វាន សសៀរទៅ​រកព្រះនិព្វាន ជម្រាលទៅរកព្រះនិព្វាន ក៏​ដូច្នោះ​ឯង។

[២៤៤] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុកាលចំរើនអរិយមគ្គ​ ប្រកប​ដោយអង្គ ៨ កាលធ្វើ​អរិយមគ្គ ប្រកបដោយអង្គ ៨ ឲ្យច្រើនឡើង រមែង​បង្អោន​ទៅរក​ព្រះ​និព្វាន សសៀរទៅរកព្រះនិព្វាន ជម្រាលទៅរកព្រះនិព្វាន តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងធម្មវិន័យនេះ រមែងចំរើនសេចក្តីឃើញត្រូវ ដែលបង្អោនទៅ​រកព្រះនិព្វាន សសៀរទៅរកព្រះនិព្វាន ជម្រាលទៅរកព្រះនិព្វាន។បេ។ រមែងចំរើន​សេចក្តី​តាំង​ចិត្តត្រូវ​ដែល​បង្អោន​ទៅរក​ព្រះ​និព្វាន សសៀរទៅរកព្រះនិព្វាន ជម្រាលទៅរកព្រះនិព្វាន។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុកាលចំរើនអរិយមគ្គ ​ប្រកប​ដោយអង្គ ៨ កាល​ធ្វើ​អរិយមគ្គ ប្រកបដោយអង្គ ៨ ឲ្យច្រើនឡើង រមែង​បង្អោន​ទៅរក​ព្រះ​និព្វាន សសៀរទៅរកព្រះនិព្វាន ជម្រាលទៅរកព្រះនិព្វាន ក៏​ដូច្នោះ​ឯង។

ចប់ គង្គាបេយ្យាលី ទី៩។

ឧទ្ទាននៃគង្គាបេយ្យាលីនោះ គឺ

ពោលអំពីទឹកទន្លេហូរទៅកាន់ទិសខាងកើត មាន៦លើក ហូរទៅកាន់សមុទ្រ មាន៦លើក ៦ពីរដងនេះ ត្រូវជា១២លើក ព្រោះហេតុនោះ ទើបហៅថាមួយវគ្គ។ ពោល​អំពីមគ្គ ដែលបង្អោនទៅរកព្រះនិព្វាន មាន​១២លើក មាន៦លើកពីរដង រួមជា១២លើក ចាត់ថាចប់ឧបមាទី៤។

អប្បមាទវគ្គ

[២៤៥] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វទាំងប៉ុន្មាន ជាសត្វឥតជើង​ក្តី មានជើងពីរក្តី មានជើងបួនក្តី មានជើងច្រើនក្តី មានរូបក្តី ឥតរូបក្តី មានសញ្ញាក្តី ឥតសញ្ញាក្តី មានសញ្ញាក៏មិនមែន មិនមានសញ្ញាក៏មិនមែនក្តី ព្រះតថាគត ជាអរហន្ត សម្មាសម្ពុទ្ធ ប្រាកដជាប្រសើរជាងពួកសត្វទាំងនោះ។ ម្នាលភិក្ខុទាំងឡាយ កុសលធម៌​ទាំងឡាយ ឯណានីមួយ កុសលធម៌ទាំងអស់នោះ មានអប្បមាទជាមូល មាន​អប្បមាទ​ជាទីប្រជុំចុះ អប្បមាទធម៌ ប្រាកដជាប្រសើរជាងធម៌ទាំងនេះ យ៉ាងនោះដែរ។ មា្នល​ភិក្ខុទាំងឡាយ ពាក្យថាប្រសើរនុ៎ះ ជាទីសង្ឃឹម របស់ភិក្ខុដែលមិនប្រមាទ ភិក្ខុអ្នកមិន​ប្រមាទ នឹងចំរើននូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ នឹងធ្វើឲ្យក្រាស់​ក្រែលនូវ​មគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរបាន។

[២៤៦] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុអ្នកមិនប្រមាទ រមែងចំរើននូវ​មគ្គ​ ប្រកប​ដោយអង្គ ៨ ដ៏ប្រសើរ ធ្វើឲ្យក្រាស់ក្រែលនូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ​បាន តើដោយប្រការដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចំរើននូវ​សម្មាទិដ្ឋិ ដែលអាស្រ័យនូវការស្ងប់ស្ងាត់ អាស្រ័យនូវការប្រាសចាកតម្រេក អាស្រ័យ​នូវការ​រលត់​ បង្អោនទៅរកការលះបង់។បេ។ ចំរើននូវសម្មាសមាធិ ដែលអាស្រ័យ​នូវ​​ការ​ស្ងប់ស្ងាត់ អាស្រ័យនូវការប្រាសចាកតម្រេក អាស្រ័យ​នូវការ​រលត់ បង្អោនទៅរកការ​លះបង់។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកមិនប្រមាទ រមែងចំរើននូវមគ្គ ប្រកប​ដោយអង្គ ៨ ដ៏ប្រសើរ ធ្វើឲ្យក្រាស់ក្រែលនូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរបាន យ៉ាងនេះឯង។ (បណ្ឌិតគប្បីពង្រីកសេចក្តីនៃសូត្រទាំង៣ខាងលើ ឲ្យពិស្តារផងចុះ)។

[២៤៧] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វទាំងប៉ុន្មាន ជាសត្វឥតជើង​ក្តី មានជើងពីរក្តី មានជើងបួនក្តី មានជើងច្រើនក្តី មានរូបក្តី ឥតរូបក្តី មានសញ្ញាក្តី ឥតសញ្ញា​ក្តី មានសញ្ញាក៏មិនមែន មិនមានសញ្ញាក៏មិនមែនក្តី ព្រះតថាគត ជាអរហន្ត​សម្មាសម្ពុទ្ធ ប្រាកដជាប្រសើរជាងពួកសត្វទាំងនោះ។ ម្នាលភិក្ខុទាំងឡាយ ​កុសលធម៌​ទាំង​ឡាយ​​ ឯណា​នីមួយ កុសលធម៌ទាំងអស់នោះ មានអប្បមាទជាមូល មានអប្បមាទ​ជាទីប្រជុំ​ចុះ អប្បមាទ​ធម៌ ប្រាកដជាប្រសើរជាងធម៌ទាំងនោះ យ៉ាងនោះដែរ។ មា្នល​ភិក្ខុទាំង​ឡាយ ពាក្យថាប្រសើរនុ៎ះ ជាទីសង្ឃឹម របស់ភិក្ខុដែលមិនប្រមាទ ភិក្ខុអ្នកមិន​ប្រមាទ នឹងចំរើន​នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ នឹងធ្វើឲ្យក្រាស់ក្រែល​នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរបាន។

[២៤៨] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុអ្នកមិនប្រមាទ រមែងចំរើននូវមគ្គ​ ប្រកប​ដោយអង្គ ៨ ដ៏ប្រសើរ ធ្វើឲ្យក្រាស់ក្រែលនូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរបាន តើ​ដោយ​ប្រការដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចំរើននូវសម្មាទិដ្ឋិ មានការកំចាត់បង់រាគៈ ជាទីបំផុត មានការកំចាត់បង់ទោសៈ ជាទីបំផុត មានការ​កំចាត់បង់មោហៈ ជាទីបំផុត។បេ។ ចំរើននូវសម្មាសមាធិ មានការកំចាត់បង់រាគៈ​ ជា​ទីបំផុត មានការកំចាត់បង់ទោសៈ ជាទីបំផុត មានការកំចាត់បង់មោហៈ ជាទីបំផុត។ ម្នាល​​ភិក្ខុទាំងឡាយ ភិក្ខុអ្នកមិនប្រមាទ រមែងចំរើននូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ធ្វើ​ឲ្យ​ក្រាស់ក្រែលនូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ យ៉ាងនេះឯង។

[២៤៩] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វទាំងប៉ុន្មាន ជាសត្វឥតជើង​ក្តី មានជើងពីរក្តី មានជើងបួនក្តី មានជើងច្រើនក្តី មានរូបក្តី ឥតរូបក្តី មានសញ្ញាក្តី ឥតសញ្ញាក្តី មានសញ្ញាក៏មិនមែន មិនមានសញ្ញាក៏មិនមែនក្តី ព្រះតថាគត ជាអរហន្ត សម្មាសម្ពុទ្ធ ប្រាកដជាប្រសើរជាងពួកសត្វទាំងនោះ។ ម្នាលភិក្ខុទាំងឡាយ ​កុសលធម៌​ទាំង​ឡាយ​​ឯណា​នីមួយ កុសលធម៌ទាំងអស់នោះ មានអប្បមាទជាមូល មានអប្បមាទ​ជាទីប្រជុំ​ចុះ អប្បមាទ​ធម៌ ប្រាកដជាប្រសើរជាងធម៌ទាំងនេះ យ៉ាងនោះដែរ។ មា្នលភិក្ខុ​ទាំង​ឡាយ​ ពាក្យថាប្រសើរនុ៎ះ ជាទីសង្ឃឹមរបស់ភិក្ខុ ដែលមិនប្រមាទ ភិក្ខុអ្នកមិនប្រមាទ នឹងចំរើននូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ធ្វើឲ្យក្រាស់ក្រែលនូវ​មគ្គ ប្រកប​ដោយអង្គ ៨ ដ៏ប្រសើរបាន។

[២៥០] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុអ្នកមិនប្រមាទ រមែងចំរើននូវមគ្គ ប្រកប​ដោយអង្គ ៨ ដ៏ប្រសើរ ធ្វើឲ្យក្រាស់ក្រែលនូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរបាន តើដោយ​ប្រការដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចំរើននូវសម្មាទិដ្ឋិ ដែលចុះស៊ប់ ទៅក្នុងអមតៈ មានអមតៈ ប្រព្រឹត្តទៅខាងមុខ មានអមតៈ ជាទីបំផុត។បេ។ ចំរើននូវសម្មាសមាធិ ដែលចុះស៊ប់ ទៅក្នុងអមតៈ មានអមតៈ ប្រព្រឹត្តទៅខាងមុខ មាន​អមតៈ ជាទីបំផុត។ ម្នាល​ភិក្ខុទាំងឡាយ ភិក្ខុអ្នកមិនប្រមាទ រមែងចំរើន​នូវ​មគ្គ​ប្រកប​ដោយអង្គ ៨ ដ៏ប្រសើរ ធ្វើ​ឲ្យក្រាស់ក្រែលនូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរបាន យ៉ាងនេះឯង។

[២៥១] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វទាំងប៉ុន្មាន ជាសត្វឥតជើង​ក្តី មានជើងពីរក្តី មានជើងបួនក្តី មានជើងច្រើនក្តី មានរូបក្តី ឥតរូបក្តី មានសញ្ញាក្តី ឥតសញ្ញាក្តី មានសញ្ញាក៏មិនមែន មិនមានសញ្ញាក៏មិនមែនក្តី ព្រះតថាគត ជាអរហន្តសម្មាសម្ពុទ្ធ ប្រាកដជាប្រសើរជាងពួកសត្វទាំងនោះ។ ម្នាលភិក្ខុទាំងឡាយ ​កុសលធម៌​ទាំង​ឡាយ​​ឯណា​នីមួយ កុសលធម៌ទាំងអស់នោះ មានអប្បមាទជាមូល មានអប្បមាទ​ជាទីប្រជុំ​ចុះ អប្បមាទ​ធម៌ ប្រាកដជាប្រសើរជាងធម៌ទាំងនោះ យ៉ាងនោះដែរ។ មា្នលភិក្ខុ​ទាំង​ឡាយ​ ពាក្យថាប្រសើរនុ៎ះ ជាទីសង្ឃឹមរបស់ភិក្ខុ ដែលមិនប្រមាទ ភិក្ខុអ្នកមិនប្រមាទ នឹងចំរើននូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ធ្វើឲ្យក្រាស់ក្រែលនូវមគ្គ​ ប្រកប​ដោយអង្គ ៨ ដ៏ប្រសើរបាន។

[២៥២] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុអ្នកមិនប្រមាទ រមែងចំរើននូវមគ្គប្រ​កប​​ដោយអង្គ ៨ ដ៏ប្រសើរ ធ្វើឲ្យក្រាស់ក្រែលនូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរបាន តើដោយប្រការដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចំរើននូវសម្មាទិដ្ឋិ ដែលបង្អោន​ទៅ​កាន់​ព្រះ​និព្វាន ទេរទៅកាន់ព្រះនិព្វាន ឈមទៅកាន់ព្រះនិព្វាន។បេ។ ​ចំរើននូវសម្មាសមាធិ ដែលបង្អោនទៅកាន់ព្រះនិព្វាន ទេរទៅកាន់ព្រះនិព្វាន ឈមទៅ​កាន់ព្រះនិព្វាន។ ម្នាលភិក្ខុទាំងឡាយ ភិក្នុអ្នកមិនប្រមាទ ចំរើននូវមគ្គ ប្រកប​ដោយ​អង្គ ៨ ដ៏ប្រសើរ ធ្វើឲ្យក្រាស់ក្រែលនូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរបាន យ៉ាងនេះ​ឯង។

[២៥៣] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ស្នាមជើងឯណានីមួយនៃសត្វដែល​ត្រាច់លើផែនដី ស្នាមជើងទាំងអស់នោះ តែងដល់នូវការច្រកចុះ  ក្នុងស្នាមជើងនៃដំរី ស្នាមជើងនៃដំរី ប្រាកដជាប្រសើរជាងស្នាមជើងនៃពួកសត្វទាំងនោះ ព្រោះហេតុថា ​ស្នាម​ជើងនោះ ជាស្នាមជើងធំ យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ កុសលធម៌​ទាំង​ឡាយ ឯណានីមួយ កុសលធម៌ទាំងអស់នោះ មានអប្បមាទជាមូល មានអប្បមាទ​ ជាទី​ប្រជុំ​ចុះ អប្បមាទ​ធម៌ ប្រាកដជាប្រសើរជាងធម៌​ទាំងនោះ ក៏យ៉ាងនោះដែរ។ មា្នល​ភិក្ខុ​​ទាំង​ឡាយ ​ពាក្យថាប្រសើរនុ៎ះ ជាទីសង្ឃឹមរបស់ភិក្ខុ ដែលមិនប្រមាទ ភិក្ខុអ្នកមិន​ប្រមាទ នឹងចំរើន​នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ធ្វើឲ្យក្រាស់ក្រែលនូវមគ្គ​ ប្រកប​ដោយអង្គ ៨ ដ៏ប្រសើរ​បាន។

[២៥៤] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុអ្នកមិនប្រមាទរមែងចំរើននូវមគ្គ ប្រកប​ដោយ​​អង្គ ៨ ដ៏ប្រសើរ ធ្វើឲ្យក្រាស់ក្រែលនូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរបាន តើ​ដោយ​ប្រការដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចំរើននូវសម្មាទិដ្ឋិ ដែល​អាស្រ័យនូវការស្ងប់ស្ងាត់ អាស្រ័យនូវការប្រាសចាកតម្រេក អាស្រ័យនូវ​កា​រ​រលត់ បង្អោនទៅរកការលះបង់។បេ។ ចំរើននូវសម្មាសមាធិ ដែលអាស្រ័យនូវការ​ស្ងប់ស្ងាត់ អាស្រ័យនូវការប្រាសចាកតម្រេក អាស្រ័យនូវ​កា​រ​រលត់ បង្អោនទៅរកការ​លះបង់។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកមិនប្រមាទ រមែងចំរើននូវ​មគ្គ​ ប្រកប​​ដោយអង្គ ៨ ដ៏ប្រសើរ ធ្វើឲ្យក្រាស់ក្រែលនូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រ​សើរ​បាន យ៉ាងនេះឯង។

[២៥៥] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ បង្កង់ឯណានីមួយនៃផ្ទះមានកំពូល បង្កង់ទាំងអស់នោះ ស្របទៅរកកំពូល ឈមទៅរកកំពូល មានកំពូលជាទីប្រជុំចុះ កំពូល រមែងប្រាកដជាប្រសើរជាងបង្កង់ទាំងនោះ យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ (អប្បមាទ​​ធម៌) ក៏យ៉ាងនោះដែរ។បេ។ (បណ្ឌិត គប្បីពង្រីកសេចក្តីឲ្យពិស្តារ ដូច​សូត្រ​ខាង​ក្រោយផងចុះ)។

[២៥៦] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ក្លិននៃឫសឯណានីមួយ ឫសស្គា រមែង​ប្រាកដជាប្រសើរជាងឫសទាំងនោះ យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ (អប្បមាទ​ធម៌) ក៏យ៉ាងនោះដែរ។បេ។

[២៥៧] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ក្លិននៃខ្លឹមឯណានីមួយ ចន្ទន៍ក្រហម រមែង​ប្រាកដជាប្រសើរជាងខ្លឹមទាំងនោះ យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ (អប្បមាទ​ធម៌) ក៏យ៉ាងនោះដែរ។បេ។

[២៥៨] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ក្លិននៃផ្កាឯណានីមួយ ម្លិះលា រមែង​ប្រាកដជាប្រសើរជាងផ្កាទាំងនោះ យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ (អប្បមាទ​ធម៌) ក៏យ៉ាងនោះដែរ។បេ។

[២៥៩] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ពួកស្តេចសាមញ្ញឯណានីមួយ ស្តេចទាំងអស់នោះ សឹងចុះចូលនឹងស្តេចចក្រពត្តិ ឯស្តេចចក្រពត្តិ រមែង​ប្រាកដជា​ប្រសើរ​ជាងស្តេចទាំងនោះ យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ (អប្បមាទ​ធម៌) ក៏​យ៉ាងនោះ​ដែរ។បេ។

[២៦០] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ពន្លឺឯណានីមួយនៃរូបផ្កាយ​ទាំងឡាយ ពន្លឺទាំងអស់នោះ មិនដល់នូវចំណិតទីដប់ប្រាំមួយ ៗ ដងនៃពន្លឺព្រះចន្ទឡើយ ពន្លឺនៃព្រះចន្ទ រមែង​ប្រាកដជាប្រសើរជាងពន្លឺនៃផ្កាយទាំងនោះ យ៉ាងណាមិញ។ ម្នាល​ភិក្ខុទាំងឡាយ (អប្បមាទ​ធម៌) ក៏យ៉ាងនោះដែរ។បេ។

[២៦១]  សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ក្នុងសរទសម័យ ដែលស្រឡះ​ ប្រាសចាក​​ពពក ភ្លៀង ព្រះអាទិត្យ រះត្រដែតឡើងកាន់អាកាស កំចាត់បង់នូវអាកាស ​ដែល​ងងឹត​​​ទាំងអស់ រមែងភ្លឺផង ក្តៅផង រុងរឿងផង យ៉ាង​ណាមិញ។ ម្នាលភិក្ខុទាំង​ឡាយ ​(អប្បមាទ​ធម៌) ក៏យ៉ាងនោះដែរ។បេ។

[២៦២] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ បណ្តាសំពត់ ដែលគេត្បាញ សំពត់ឯ​ណានីមួយ សំពត់ក្នុងដែនកាសី រមែងប្រាកដជាប្រសើរជាងសំពត់ទាំងនោះ យ៉ាង​ណាមិញ។ ។ ម្នាលភិក្ខុទាំងឡាយ កុសលធម៌ទាំងឡាយឯណានីមួយ កុសល​ធម៌​ទាំង​អស់​​នោះ មានអប្បមាទជាមូល មានអប្បមាទជាទីប្រជុំ​ចុះ អប្បមាទ​ធម៌ ​រមែងប្រាកដ​ជា​ប្រសើរ​ជាងធម៌ទាំងនោះ ក៏យ៉ាងនោះដែរ។ មា្នលភិក្ខុ​ទាំង​ឡាយ​ ពាក្យថា​ប្រសើរ​នុ៎ះ ជាទី​សង្ឃឹម​របស់ភិក្ខុ ដែលមិនប្រមាទ ភិក្ខុអ្នកមិនប្រមាទ នឹងចំរើន​នូវមគ្គ ប្រកប​​ដោយ​អង្គ ៨ ដ៏ប្រសើរ ធ្វើឲ្យក្រាស់ក្រែលនូវមគ្គ ប្រកបដោយអង្គ ៨ ដ៏​ប្រសើរ​បាន។

[២៦៣] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុអ្នកមិនប្រមាទ រមែងចំរើននូវមគ្គ ប្រកប​ដោយអង្គ ៨ ដ៏ប្រសើរ ធ្វើឲ្យក្រាស់ក្រែលនូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ តើដោយប្រការដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ រមែងចំរើននូវ​សម្មាទិដ្ឋិ ដែលអាស្រ័យនូវការស្ងប់ស្ងាត់ អាស្រ័យនូវការប្រាសចាកតម្រេក អាស្រ័យ​នូវការ​រលត់ បង្អោនទៅរកការលះបង់។បេ។ ចំរើននូវសម្មាសមាធិ ដែលអាស្រ័យ​នូវ​ការស្ងប់ស្ងាត់ អាស្រ័យនូវការប្រាសចាកតម្រេក អាស្រ័យនូវការរលត់ បង្អោន​​ទៅរក​ការ​លះបង់។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកមិនប្រមាទ រមែងចំរើននូវ​មគ្គ​ ប្រកបដោយ​​អង្គ ៨ ដ៏ប្រសើរ ធ្វើឲ្យក្រាស់ក្រែលនូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រ​សើរ ​ដូចពោលមក យ៉ាង​នេះ​ឯង។

ចប់ អប្បមាទវគ្គ ទី១០។

ឧទ្ទាននៃអប្បមាទវគ្គនោះ គឺ

និយាយអំពីព្រះតថាគត ប្រសើរជាងពួកសត្វ​១ អំពីស្នាមជើង (សត្វ) ១ អំពី​បង្កង់​ផ្ទះមានកំពូល១ អំពីក្លិននៃឫស១ អំពីក្លិននៃខ្លឹម១ អំពីផ្កាម្លិះលា១ អំពីស្តេច១ អំពីព្រះចន្ទ១ ព្រះអាទិត្យ១ អំពីសំពត់១ ត្រូវជាបទគម្រប់១០។

(បណ្ឌិតគប្បីពង្រីកសេចក្តី ឲ្យពិស្តារ ត្រង់សេចក្តី ដែលនិយាយអំពីព្រះតថាគត​ផង​​ចុះ)។

ពលករណីយវគ្គ

[២៦៤] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ការងារទាំងឡាយឯណានីមួយ ដែល​បុគ្គល​​ត្រូវធ្វើដោយកម្លាំង ការងារទាំងអស់នោះ បុគ្គលត្រូវអាស្រ័យនូវផែនដី ឋិតនៅ​លើ​ផែនដី ទើបធ្វើបាន ការងារទាំងនោះ ដែលបុគ្គលត្រូវធ្វើដោយកម្លាំង ក៏រមែងធ្វើ​បានប្រាកដ យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអាស្រ័យនូវសីល ឋិតនៅ​ក្នុង​សីល ទើបចំរើននូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ធ្វើឲ្យក្រាស់ក្រែលនូវមគ្គ​ ប្រកបដោយ​អង្គ ៨ ដ៏ប្រសើរបាន ក៏យ៉ាងនោះដែរ។

[២៦៥] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុអាស្រ័យនូវសីល ឋិតនៅក្នុងសីល ទើប​​ចំរើននូវមគ្គ ប្រកប​ដោយអង្គ ៨ ដ៏ប្រសើរ ធ្វើឲ្យក្រាស់ក្រែលនូវមគ្គ ប្រកប​ដោយ​អង្គ ៨ ដ៏ប្រសើរបាន តើដោយប្រការដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនា​នេះ ចំរើននូវសម្មាទិដ្ឋិ ដែលអាស្រ័យនូវការស្ងប់ស្ងាត់ អាស្រ័យនូវការ​ប្រាស​ចាក​តម្រេក អាស្រ័យនូវ​កា​រ​រលត់ បង្អោនទៅរកការលះបង់។បេ។ ​ចំរើននូវសម្មាសមាធិ ដែល​​​អាស្រ័យ​នូវការស្ងប់ស្ងាត់ អាស្រ័យនូវការ​ប្រាស​ចាក​តម្រេក អាស្រ័យនូវ​កា​រ​រលត់ បង្អោនទៅរកការ​លះបង់។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ​អា​ស្រ័យនូវសីល ឋិត​នៅ​ក្នុង​សីល ទើបចំរើននូវមគ្គ​ ប្រកប​​ដោយអង្គ ៨ ដ៏ប្រសើរ ធ្វើឲ្យក្រាស់ក្រែលនូវមគ្គ ប្រកប​ដោយ​អង្គ ៨ ដ៏ប្រសើរបាន យ៉ាងនេះឯង។ (បរគង្គា​បេយ្យាល​ មានដំណើរពិស្តារថា​ ព្រះសូត្រ ដ៏បរិបូណ៌ របស់បណ្ឌិត​កាល​ពណ៌នា)។

[២៦៦] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ការងារទាំងឡាយឯណានីមួយ ដែល​បុគ្គល​ត្រូវធ្វើដោយកម្លាំង ការងារទាំងអស់នោះ បុគ្គលត្រូវអាស្រ័យនូវផែនដី ឋិតនៅ​លើ​ផែនដី ទើបធ្វើបាន ការងារទាំងនោះ ដែលបុគ្គលត្រូវធ្វើដោយកម្លាំង រមែង​ធ្វើ​បាន​ប្រាកដ យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអាស្រ័យនូវសីល ឋិតនៅ​ក្នុងសីល ទើបចំរើននូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ធ្វើឲ្យក្រាស់ក្រែលនូវមគ្គ​ ប្រកប​ដោយ​អង្គ ៨ ដ៏ប្រសើរបាន ក៏យ៉ាងនោះដែរ។

[២៦៧] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុអាស្រ័យនូវសីល ឋិតនៅក្នុងសីល ទើប​​ចំរើននូវមគ្គ ប្រកប​ដោយអង្គ ៨ ដ៏ប្រសើរ ធ្វើឲ្យក្រាស់ក្រែលនូវមគ្គ ប្រកប​ដោយ​អង្គ ៨ ដ៏ប្រសើរបាន តើដោយប្រការដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុង​សាសនា​នេះ ចំរើននូវសម្មាទិដ្ឋិ មាន​​ការកំចាត់បង់នូវរាគៈជាទីបំផុត កំចាត់បង់​នូវទោសៈ​ជាទី​បំ​ផុត កំចាត់​បង់នូវមោហៈជាទីបំផុត។បេ។ ចំរើននូវសម្មាសមាធិ មានការ​កំចាត់​​បង់នូវ​រាគៈជាទី​បំផុត​ កំចាត់បង់នូវទោសៈជាទីបំផុត ​កំចាត់បង់នូវមោហៈ​​ជាទីបំផុត។ ម្នាល​ភិក្ខុទាំងឡាយ ភិក្ខុអាស្រ័យនូវសីល ឋិតនៅ​ក្នុង​សីល ទើប​ចំរើននូវមគ្គ​ ប្រកប​ដោយ​​អង្គ ៨ ដ៏ប្រសើរ ធ្វើ​ឲ្យក្រាស់ក្រែលនូវ​មគ្គ​ ប្រកប​ដោយ​អង្គ ៨ ដ៏ប្រសើរបាន យ៉ាង​នេះ​ឯង។

[២៦៨] ម្នាលភិក្ខុទាំងឡាយ ការងារទាំងឡាយឯណានីមួយ ដែលបុគ្គល​ត្រូវធ្វើ​ដោយកម្លាំង ការងារទាំងអស់នោះ បុគ្គលត្រូវអាស្រ័យនូវផែនដី ឋិតនៅលើ​ផែនដី ទើបធ្វើបាន ការងារទាំងនោះ ដែលបុគ្គលត្រូវធ្វើដោយកម្លាំង ក៏រមែង​ធ្វើបាន​ប្រា​កដ យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអាស្រ័យនូវសីល ឋិតនៅក្នុងសីល ទើបចំរើននូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ធ្វើឲ្យក្រាស់ក្រែលនូវមគ្គ ប្រកប​ដោយ​អង្គ​ ៨ ដ៏ប្រសើរបាន ក៏យ៉ាងនោះដែរ។

[២៦៩] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុអាស្រ័យនូវសីល ឋិតនៅក្នុងសីល ទើប​​ចំរើននូវមគ្គ ប្រកប​ដោយអង្គ ៨ ដ៏ប្រសើរ ធ្វើឲ្យក្រាស់ក្រែលនូវមគ្គ ប្រកប​ដោយ​អង្គ ៨ ដ៏ប្រសើរបាន តើដោយប្រការដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុង​សាសនា​នេះ ចំរើននូវសម្មាទិដ្ឋិ ដែលចុះស៊ប់ កាន់អមតៈ មានអមតៈ ប្រព្រឹត្តទៅខាងមុខ មានអមតៈ ជាទី​បំផុត។បេ។ ចំរើននូវសម្មាសមាធិ ដែលចុះស៊ប់កាន់អមតៈ មានអមតៈប្រព្រឹត្ត​ទៅខាង​មុខ មានអមតៈ ជាទីបំផុត។ ម្នាល​ភិក្ខុទាំងឡាយ ភិក្ខុអាស្រ័យនូវសីល ឋិត​នៅក្នុងសីល ទើប​ចំរើននូវមគ្គ​ ប្រកប​ដោយ​​អង្គ ៨ ដ៏ប្រសើរ ធ្វើ​ឲ្យក្រាស់ក្រែលនូវ​មគ្គ ប្រកប​ដោយ​អង្គ ៨ ដ៏ប្រសើរបាន យ៉ាង​នេះ​ឯង។

[២៧០] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ការងារទាំងឡាយឯណានីមួយ ដែលបុគ្គល​ធ្វើដោយកម្លាំង ការងារទាំងអស់នោះ បុគ្គលត្រូវអាស្រ័យនូវផែនដី ឋិត​នៅលើ​ផែនដី ទើបធ្វើបាន ការងារទាំងនោះ ដែលបុគ្គលត្រូវធ្វើដោយកម្លាំង ​រមែង​ធ្វើបានប្រាកដ យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអាស្រ័យនូវសីល ឋិតនៅ​ក្នុងសីល ទើបចំរើននូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ធ្វើឲ្យក្រាស់ក្រែលនូវមគ្គ​ ប្រកបដោយអង្គ ៨ ដ៏ប្រសើរបាន ក៏យ៉ាងនោះដែរ។

[២៧១] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុអាស្រ័យនូវសីល ឋិតនៅក្នុងសីល ទើប​​ចំរើននូវមគ្គ ប្រកប​ដោយអង្គ ៨ ដ៏ប្រសើរ ធ្វើឲ្យក្រាស់ក្រែលនូវមគ្គ ប្រកប​ដោយ​អង្គ ៨ ដ៏ប្រសើរបាន តើដោយប្រការដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុង​សាសនា​នេះ ចំរើននូវសម្មាទិដ្ឋិ ដែលឱនទៅកាន់ព្រះនិព្វាន ទេរទៅកាន់ព្រះនិព្វាន ឈមទៅកាន់​ព្រះនិព្វាន។បេ។ ចំរើននូវសម្មាសមាធិ ដែលឱនទៅរកព្រះនិព្វាន ទេរទៅរក​ព្រះនិព្វាន ឈមទៅរក​ព្រះនិព្វាន។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអាស្រ័យនូវសីល ឋិតនៅ​ក្នុងសីល ទើបចំរើននូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ធ្វើឲ្យក្រាស់ក្រែលនូវមគ្គប្រកប​ដោយ​អង្គ​ ៨ ដ៏ប្រសើរបាន យ៉ាងនេះឯង។

[២៧២] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ពួកពីជគាម និងភូតគាមឯណា​នីមួយ ដល់នូវការចំរើនដុះដាល លូតលាស់ឡើងបាន ពួកពីជគាម និងភូតគាម​ទាំង​អស់​នោះ អា​ស្រ័យនូវផែនដី តាំងនៅលើផែនដី ទើបពួកពីជគាម និងភូតគាមទាំងនុ៎ះ ដល់នូវការ​ចំរើនដុះដាល លូតលាស់ឡើងបាន ប្រាកដយ៉ាងណាមិញ។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុអាស្រ័យនូវសីល ឋិតនៅក្នុងសីល ចំរើននូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ធ្វើឲ្យក្រាស់ក្រែលនូវមគ្គប្រ​កប​ដោយ​អង្គ​ ៨ ដ៏ប្រសើរ ទើបដល់នូវការ​ចំរើន ដុះដាល លូតលាស់ឡើង ក្នុងធម៌ទាំងឡាយបាន ក៏យ៉ាងនោះដែរ។

[២៧៣] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុអាស្រ័យនូវសីល ឋិតនៅក្នុងសីល កាល​​ចំរើននូវមគ្គ ប្រកប​ដោយអង្គ ៨ ដ៏ប្រសើរ ធ្វើឲ្យក្រាស់ក្រែលនូវមគ្គ ប្រកប​ដោយ​អង្គ ៨ ដ៏ប្រសើរ ទើបដល់នូវការចំរើន ដុះដាល លូតលាស់ឡើង ក្នុងធម៌ទាំងឡាយបាន តើ​ដោយប្រការដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនា​នេះ ចំរើននូវសម្មាទិដ្ឋិ ដែលអាស្រ័យនូវការស្ងប់ស្ងាត់ អាស្រ័យនូវការ​ប្រាសចាក​តម្រេក អាស្រ័យនូវ​កា​រ​រលត់ បង្អោនទៅរកការលះបង់។បេ។ ​ចំរើននូវសម្មាសមាធិ ដែល​​​អាស្រ័យ​នូវការ​ស្ងប់​ស្ងាត់ អាស្រ័យនូវការ​ប្រាសចាក​តម្រេក អាស្រ័យនូវ​កា​រ​រលត់ បង្អោនទៅរក​ការលះ​​បង់។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ​អា​ស្រ័យនូវសីល ឋិត​នៅ​ក្នុង​សីល កាលចំរើននូវមគ្គ​ប្រកប​ដោយអង្គ ៨ ដ៏ប្រសើរ ធ្វើឲ្យក្រាស់ក្រែលនូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ទើបដល់នូវការចំរើន ដុះដាល លូតលាស់ឡើង​ ក្នុងធម៌ទាំងឡាយបាន​ យ៉ាង​នេះឯង។

[២៧៤] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ពួកនាគ អាស្រ័យនូវសេ្តចភ្នំឈ្មោះ​ហិមពាន្ត ចំរើនកាយ បំប៉នកម្លាំង លុះពួកនាគនោះ ចំរើនកាយ បំប៉នកម្លាំង ក្នុងទីនោះ​ហើយ ក៏ចុះទៅកាន់បឹងតូច លុះចុះទៅកាន់បឹងតូចហើយ ក៏ចុះទៅកាន់បឹងធំ លុះ​ចុះ​ទៅកាន់បឹងធំហើយ ក៏ចុះទៅកាន់ស្ទឹងតូច លុះចុះទៅកាន់ស្ទឹងតូចហើយ ក៏​ចុះ​ទៅ​កាន់ស្ទឹងធំ លុះចុះទៅកាន់ស្ទឹងធំហើយ ក៏ចុះទៅកាន់មហាសមុទ្ទសាគរ ពួកនាគ​នោះ​​ក៏ដល់នូវការធំធាត់ឡើង ដោយកាយក្នុងទីនោះ យ៉ាងណាមិញ។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុ​អា​ស្រ័យនូវសីល ឋិត​នៅ​ក្នុង​សីល កាលចំរើននូវមគ្គ​ ប្រ​កប​​​ដោយអង្គ ៨ ដ៏ប្រសើរ ធ្វើឲ្យក្រាស់ក្រែលនូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ទើបដល់នូវការធំទូលាយឡើង ក្នុងកុសលធម៌ទាំងឡាយបាន ក៏យ៉ាងនោះដែរ។

[២៧៥] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុអាស្រ័យនូវសីល ឋិតនៅក្នុងសីល កាល​​ចំរើននូវមគ្គ ប្រកប​ដោយអង្គ ៨ ដ៏ប្រសើរ ធ្វើឲ្យក្រាស់ក្រែលនូវមគ្គ ប្រកប​ដោយ​អង្គ ៨ ដ៏ប្រសើរ ទើបដល់នូវការធំទូលាយឡើង ក្នុងកុសលធម៌ទាំងឡាយបាន តើដោយ​ប្រការ​ដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនា​នេះ ចំរើននូវសម្មាទិដ្ឋិ ដែលអាស្រ័យនូវ​ការស្ងប់ស្ងាត់ អាស្រ័យនូវការ​ប្រាស​ចាក​តម្រេក អាស្រ័យនូវ​កា​រ​រលត់ បង្អោនទៅរក​ការលះបង់។បេ។ ​ចំរើននូវសម្មាសមាធិ ដែល​​​អាស្រ័យ​នូវការ​ស្ងប់​ស្ងាត់ អាស្រ័យនូវការ​ប្រាស​ចាក​តម្រេក អាស្រ័យនូវ​កា​រ​រលត់ បង្អោនទៅរក​ការលះ​បង់​។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ​អា​ស្រ័យនូវសីល ឋិត​នៅ​ក្នុង​សីល កាលចំរើននូវមគ្គ​ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ធ្វើឲ្យក្រាស់ក្រែលនូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ទើបដល់នូវការធំទូលាយឡើង ក្នុងកុសលធម៌ទាំងឡាយបាន យ៉ាងនេះ​ឯង។

[២៧៦] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ដើមឈើដែលទេ្រតទៅទិសខាង​កើត ទេរទៅទិសខាងកើត ឈមទៅទិសខាងកើត ឈើនោះ កាលបើគេផ្តាច់ឫស​ហើយ ក៏រលំទៅត្រង់ទីដែលទ្រេត ដែលទេរ ដែលឈម យ៉ាងណាមិញ។ ម្នាលភិក្ខុទាំង​ឡាយ ភិក្ខុកាលចំរើននូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ធ្វើឲ្យក្រាស់​ក្រែល​នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ក៏ឈ្មោះថា ជាអ្នកឱនទៅរកព្រះនិព្វាន ទេរទៅ​រកព្រះនិព្វាន ឈមទៅរកព្រះនិព្វាន ក៏យ៉ាងនោះដែរ។

[២៧៧] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុកាលចំរើននូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ធ្វើ​ឲ្យ​ក្រាស់ក្រែលនូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ឈ្មោះថា ជាអ្នកឱនទៅ​រក​ព្រះនិព្វាន ទេរទៅរកព្រះនិព្វាន ឈមទៅរកព្រះនិព្វាន តើដោយប្រការដូចម្តេច។ ម្នាល​ភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនា​នេះ ចំរើននូវសម្មាទិដ្ឋិ ដែល​អាស្រ័យនូវការ​ស្ងប់ស្ងាត់ អាស្រ័យនូវការ​ប្រាស​ចាក​តម្រេក អាស្រ័យនូវ​កា​រ​រលត់ បង្អោនទៅរកការ​លះ​បង់​។បេ។ ​ចំរើននូវសម្មាសមាធិ ដែល​​​អាស្រ័យ​នូវការ​ស្ងប់​ស្ងាត់ អាស្រ័យ​នូវការ​ប្រាស​ចាក​តម្រេក អាស្រ័យនូវ​កា​រ​រលត់ បង្អោនទៅរក​ការលះ​បង់​។ ម្នាល​ភិក្ខុទាំងឡាយ ភិក្ខុកាលចំរើននូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ធ្វើឲ្យក្រាស់ក្រែល​នូវមគ្គ​ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ឈ្មោះថា ជាអ្នក​ឱនទៅ​រក​ព្រះ​និព្វាន ​ទេរទៅរកព្រះនិព្វាន ឈមទៅរកព្រះនិព្វាន យ៉ាងនេះឯង។

[២៧៨] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ក្អមដែលគេផ្កាប់ចុះ រមែងខ្ជាក់​ចោលនូវទឹក មិនស្រូបចូលមកវិញឡើយ យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ​កាល​ចំរើននូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ធ្វើឲ្យក្រាស់ក្រែលនូវ​មគ្គ ប្រកប​ដោយអង្គ ៨ ដ៏ប្រសើរ រមែងខ្ជាក់ចោលនូវអកុសលធម៌ ដ៏លាមកចេញ មិនស្រូប​ចូល​ទៅវិញ​ឡើយ ក៏យ៉ាងនោះដែរ។

[២៧៩] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុកាលចំរើននូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ធ្វើ​ឲ្យ​ក្រាស់ក្រែលនូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ រមែងខ្ជាក់ចោលនូវ​អកុសលធម៌ ដ៏លាមកចេញ មិនស្រូបចូលទៅវិញឡើយ តើដោយប្រការដូចម្តេច។ ម្នាល​ភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនា​នេះ ចំរើននូវសម្មាទិដ្ឋិ ដែល​អាស្រ័យនូវការស្ងប់​​ស្ងាត់ អាស្រ័យនូវការ​ប្រាស​ចាក​តម្រេក អាស្រ័យនូវ​កា​រ​រលត់ បង្អោនទៅរកការ​លះ​បង់​។បេ។ ​ចំរើននូវសម្មាសមាធិ ដែល​​​អាស្រ័យ​នូវការ​ស្ងប់​ស្ងាត់ អាស្រ័យ​នូវការ​ប្រាស​ចាក​តម្រេក អាស្រ័យនូវ​កា​រ​រលត់ បង្អោនទៅរក​ការលះ​បង់​។ ម្នាល​ភិក្ខុទាំងឡាយ ភិក្ខុកាលចំរើននូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ធ្វើឲ្យក្រាស់​ក្រែល​​នូវ​មគ្គ​ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ រមែងខ្ជាក់ចោល​នូវអកុសល​ធម៌ទាំងឡាយ ​ដ៏​លាមក​ចេញ មិនស្រូបចូលទៅវិញឡើយ យ៉ាងនេះឯង។

[២៨០] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ដូចចុងស្រួចនៃស្រូវខ្សាយ ឬចុង​ស្រួចនៃស្រូវដំណើប ដែលគេដាក់ទុកដោយល្អ ដែលគេសង្កត់ដោយដៃ ឬជាន់ដោយ​ជើង នឹងមុតដៃ ឬជើងពុំខាន នឹងញ៉ាំងឈាមឲ្យកើតឡើងបាន ហេតុនេះរមែងមាន។ ដំណើរនោះ តើព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុចុងស្រួចនៃស្រូវ គេបាន​ដាក់ទុកដោយល្អ។ ម្នាលភិក្ខុទាំងឡាយ ដំណើរនេះ ក៏យ៉ាងនេះឯង កាលបើទិដ្ឋិ ដែល​ភិក្ខុដំកល់ទុកដោយល្អ មគ្គភាវនា ដែលភិក្ខុដំកល់ទុកដោយល្អហើយ ភិក្ខុនឹងទម្លាយនូវអវិជ្ជា នឹងញ៉ាំងវិជ្ជា ឲ្យកើតឡើង ធ្វើឲ្យជាក់ច្បាស់នូវព្រះនិព្វាន ហេតុនេះ​រមែងមាន។ ដំណើរនោះ តើព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនៃទិដ្ឋិ ភិក្ខុបានដំកល់​ទុកដោយល្អ។

[២៨១] ម្នាលភិក្ខុទាំងឡាយ ចុះកាលទិដ្ឋិ ដែលភិក្ខុបានដំកល់ទុកដោយល្អមគ្គ​ភាវនា​ ដែល​ភិក្ខុដំកល់ទុកដោយល្អហើយ ភិក្ខុរមែងទម្លាយនូវអវិជ្ជា រមែងញ៉ាំង​វិជ្ជា ឲ្យ​កើត​ឡើង ធ្វើឲ្យជាក់ច្បាស់នូវព្រះនិព្វាន តើដោយប្រការដូចម្តេច។ ម្នាលភិក្ខុ​​ទាំង​ឡាយ ភិក្ខុក្នុងសាសនា​នេះ ចំរើននូវសម្មាទិដ្ឋិ ដែល​អាស្រ័យនូវការស្ងប់​ស្ងាត់ អាស្រ័យ​នូវការ​ប្រាស​ចាក​តម្រេក អាស្រ័យនូវ​កា​រ​រលត់ បង្អោនទៅរកការ​លះ​បង់​។បេ។ ​ចំរើននូវសម្មាសមាធិ ដែល​អាស្រ័យ​នូវការ​ស្ងប់​ស្ងាត់ អាស្រ័យនូវ​ការ​ប្រាស​ចាក​តម្រេក អាស្រ័យនូវ​ការ​រលត់ បង្អោនទៅរក​ការលះ​បង់​។ ម្នាលភិក្ខុ​ទាំងឡាយ កាលទិដ្ឋិ ដែលភិក្ខុបានដំកល់ទុកដោយល្អ មគ្គ​ភាវនា​ ដែល​ភិក្ខុបានដំកល់​ទុក​ដោយល្អហើយ ភិក្ខុរមែងទម្លាយនូវអវិជ្ជា រមែងញ៉ាំង​វិជ្ជា ឲ្យ​កើត​ឡើង ធ្វើឲ្យជាក់​ច្បាស់​នូវព្រះនិព្វាន យ៉ាងនេះឯង។

[២៨២] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ខ្យល់ផ្សេងៗ តែងបក់ក្នុងអាកាស គឺខ្យល់ក្នុងទិសខាងកើត បក់ទៅខ្លះ ខ្យល់ទិសខាងលិចបក់ទៅខ្លះ ខ្យល់ទិសខាងជើង​បក់​ទៅ​ខ្លះ ខ្យល់ទិសខាងត្បូងបក់ទៅខ្លះ ខ្យល់ប្រកបដោយធូលី​ បក់ទៅខ្លះ ​ខ្យល់មិនមាន​ធូលី បក់ទៅខ្លះ ខ្យល់ត្រជាក់​បក់ទៅខ្លះ ខ្យល់ក្តៅបក់ទៅខ្លះ ខ្យល់តិចបក់ទៅខ្លះ ខ្យល់​ខ្លាំងបក់ទៅខ្លះ យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុកាលចំរើននូវមគ្គ​ ប្រកប​ដោយអង្គ ៨ ដ៏ប្រសើរ ធ្វើឲ្យក្រាស់​ក្រែលនូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ សតិប្បដ្ឋាន ៤ ក្តី ​ក៏ដល់នូវការពេញលេញ​ ដោយភាវនា សម្មប្បធាន ៤ ក្តី ក៏ដល់នូវការ​ពេញលេញ ដោយភាវនា ឥទ្ធិបាទ ៤ ក្តី ក៏ដល់នូវការពេញលេញ ដោយភាវនា ឥន្ទ្រិយ ៥ ក្តី ក៏ដល់នូវការពេញលេញ ដោយ​ភាវនា ពល ៥ ក្តី ក៏ដល់នូវការពេញលេញ​ ដោយ​ភាវនា ពោជ្ឈង្គ ៧ ក្តី ក៏ដល់នូវការ​ពេញលេញ ដោយភាវនា ក៏យ៉ាងនោះដែរ។

[២៨៣] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុកាលចំរើននូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ធ្វើឲ្យក្រាស់​ក្រែលនូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ សតិប្បដ្ឋាន ៤ ក្តី​ក៏រមែងដល់នូវការពេញលេញ​ ដោយភាវនា សម្មប្បធាន ៤ ក្តី ក៏ដល់នូវការពេញ​ពេញ ​ដោយ​ភាវនា ឥទ្ធិបាទ ៤ ក្តី ក៏ដល់នូវការពេញលេញ ដោយភាវនា ឥន្ទ្រិយ ៥ ក្តី ក៏ដល់នូវ​ការ​ពេញលេញ ដោយ​ភាវនា ពល ៥ ក្តី ក៏ដល់នូវការពេញលេញ ដោយភាវនា ពោជ្ឈង្គ ៧ ក្តី ក៏ដល់នូវការ​ពេញលេញ ដោយភាវនា តើដោយប្រការដូចម្តេច។ ម្នាលភិក្ខុទាំង​ឡាយ ភិក្ខុក្នុងសាសនានេះ ចំរើននូវសម្មាទិដ្ឋិ។បេ។ ចំរើននូវសម្មាសមាធិ ដែលអាស្រ័យ​នូវការ​ស្ងប់​ស្ងាត់ អាស្រ័យនូវការ​ប្រាស​ចាក​តម្រេក អាស្រ័យនូវ​កា​រ​រលត់ បង្អោនទៅរក​ការលះ​បង់​។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុកាលបើចំរើននូវមគ្គ​ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ធ្វើឲ្យក្រាស់​ក្រែលនូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ សតិប្បដ្ឋាន ៤ ក្តី ​ក៏ដល់នូវការពេញលេញ ​ដោយភាវនា សម្មប្បធាន ៤ ក្តី ក៏ដល់នូវ​ការពេញ​លេញ ​ដោយ​ភាវនា ឥទ្ធិបាទ ៤ ក្តី ក៏ដល់នូវការពេញ​លេញ ដោយភាវនា ឥន្ទ្រិយ ៥ ក្តី ក៏ដល់នូវ​ការ​​ពេញលេញ ដោយ​ភាវនា ពល ៥ ក្តី ក៏ដល់នូវការ​ពេញលេញ​ ដោយ​ភាវនា ពោជ្ឈង្គ ៧ ក្តី ក៏ដល់នូវការ​ពេញលេញ ដោយភាវនា យ៉ាងនេះឯង។

[២៨៤] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ផង់ធូលី ដែលហុយឡើង ក្នុងខែជាខាងចុងនៃគិម្ហរដូវ (ខែអាសាឍ) ភ្លៀងពុំជួកាលដ៏ធំ រមែងញ៉ាំងផង់ធូលីនោះ​ ឲ្យ​វិនាស ឲ្យស្ងប់ស្ងាត់ទៅដោយឆាប់ យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ កាល​ចំរើន​នូវ​មគ្គ​ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ធ្វើឲ្យក្រាស់​ក្រែលនូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ រមែងញ៉ាំងអកុសលធម៌ទាំងឡាយ ដ៏លាមក ដែលកើតឡើងហើយៗ ឲ្យ​វិនាស ឲ្យស្ងប់ស្ងាត់ទៅដោយស្រួល ក៏យ៉ាងនោះដែរ។

[២៨៥] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុកាលចំរើននូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ធ្វើឲ្យក្រាស់​ក្រែលនូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ រមែងញ៉ាំង​អកុសល​ធម៌​​​ទាំងឡាយ ដ៏លាមក ដែលកើតឡើងហើយៗ ឲ្យវិនាស ឲ្យស្ងប់រម្ងាប់ទៅដោយ​ស្រួល តើដោយប្រការដូចម្តេច។ ម្នាល​ភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនា​នេះ ចំរើននូវ​សម្មាទិដ្ឋិ។បេ។ ​​ចំរើននូវសម្មាសមាធិ ដែល​​​អាស្រ័យ​នូវការ​ស្ងប់​ស្ងាត់ អាស្រ័យនូវ​ការ​​ប្រាសចាក​តម្រេក អា​ស្រ័យ​នូវ​កា​រ​រលត់ បង្អោនទៅរក​ការលះ​បង់​។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុកាល​ចំរើន​នូវ​មគ្គ​ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ធ្វើឲ្យក្រាស់​ក្រែល​នូវមគ្គ​ ប្រកប​ដោយ​អង្គ ៨ ដ៏ប្រសើរ រមែងញ៉ាំងអកុសលធម៌ទាំងឡាយ ដ៏លាមក ដែលកើត​ឡើង​ហើយៗ ឲ្យវិនាស​ ឲ្យ​ស្ងប់​រម្ងាប់ទៅដោយស្រួល យ៉ាងនេះឯង។

[២៨៦] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ខ្យល់ខ្លាំងរមែងញ៉ាំងភ្លៀងធំ ដែលកើត​ឡើងនោះ ឲ្យវិនាស ឲ្យស្ងប់ក្នុងចន្លោះទៅបាន យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុកាល​ចំរើន​នូវ​មគ្គ​ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ធ្វើឲ្យក្រាស់​ក្រែល​នូវមគ្គ​ ប្រកប​ដោយ​អង្គ ៨ ដ៏ប្រសើរ រមែងញ៉ាំងអកុសលធម៌ ដ៏លាមក ទាំង​ឡាយ ​ដែល​កើត​​ឡើងហើយៗ ឲ្យវិនាស ​ឲ្យ​ស្ងប់​រម្ងាប់ ក្នុងចន្លោះទៅបាន ក៏យ៉ាងនោះដែរ។

[២៨៧] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុកាលចំរើន​នូវ​មគ្គ​ ប្រកប​ដោយអង្គ ៨ ដ៏ប្រសើរ ធ្វើឲ្យក្រាស់​ក្រែល​នូវមគ្គ​ ប្រកប​ដោយ​អង្គ ៨ ដ៏ប្រសើរ រមែង​ញ៉ាំង​អកុសលធម៌ ​​ដ៏លាមកទាំង​ឡាយ ​ដែល​កើត​​ឡើងហើយៗ ឲ្យវិនាស ​ឲ្យ​ស្ងប់​រម្ងាប់ ក្នុងចន្លោះ​ទៅបាន តើដោយប្រការដូចម្តេច។ ម្នាល​ភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនា​នេះ ចំរើន​នូវសម្មាទិដ្ឋិ។បេ។ ​​ចំរើននូវសម្មាសមាធិ ដែល​​​អាស្រ័យ​នូវការ​ស្ងប់​ស្ងាត់ អាស្រ័យ​នូវការ​ប្រាស​ចាក​តម្រេក អា​ស្រ័យ​នូវ​កា​រ​រលត់ បង្អោនទៅរក​ការលះ​បង់​។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុ​កាល​ចំរើន​នូវ​មគ្គ​ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ធ្វើឲ្យក្រាស់​ក្រែល​នូវមគ្គ​ ប្រកប​ដោយ​អង្គ ៨ ដ៏ប្រសើរ រមែងញ៉ាំងអកុសលធម៌ទាំងឡាយ ដ៏លាមក ដែលកើត​ឡើងហើយៗ ឲ្យវិនាស ​ឲ្យ​ស្ងប់រម្ងាប់ ក្នុងចន្លោះទៅបានដោយស្រួល ​យ៉ាង​នេះឯង។

[២៨៨] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ នាវាដែលប្រើប្រាស់ក្នុងសមុទ្រ គេចងដោយពួរផ្តៅ ទម្លាក់ចុះទៅក្នុងទឹក អស់៦ខែ លុះដល់ហេមន្តរដូវ ទើបគេលើក​ឡើង មកកាន់ទីគោក ពួរទាំងនោះ ដែលនៅហាលខ្យល់ ហាលកំដៅថ្ងែ លុះភ្លៀង​ជោក​ជាំ ធ្លាក់បង្អុរមក ក៏រមែងពុកផុយដោយងាយ យ៉ាងណាមិញ​។ ម្នាលភិក្ខុ​ទាំងឡាយ កាលភិក្ខុ​ចំរើន​នូវ​មគ្គ​ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ធ្វើឲ្យក្រាស់​ក្រែល​នូវមគ្គ​ ប្រកប​ដោយ​អង្គ ៨ ដ៏ប្រសើរ សញ្ញោជនធម៌ ក៏ស្ងប់រម្ងាប់ ស្អុយរលួយទៅ ដោយមិនយឺតយូរ​ឡើយ ក៏យ៉ាងនោះដែរ។

[២៨៩] ម្នាលភិក្ខុ​ទាំងឡាយ កាលភិក្ខុ​ចំរើន​នូវ​មគ្គ​ ប្រកបដោយអង្គ ៨ ដ៏​ប្រសើរ ធ្វើឲ្យក្រាស់​ក្រែល​នូវមគ្គ​ ប្រកប​ដោយ​អង្គ ៨ ដ៏ប្រសើរ សញ្ញោជនធម៌​ រមែង​ស្ងប់រម្ងាប់ ស្អុយរលួយទៅ ដោយមិនយឺតយូរ តើដោយប្រការដូចម្តេច។ ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុក្នុងសាសនា​នេះ រមែងចំរើននូវសម្មាទិដ្ឋិ។បេ។ ​​ចំរើននូវ​សម្មាសមាធិ ​ដែល​​​អាស្រ័យ​នូវការ​ស្ងប់​ស្ងាត់ អាស្រ័យនូវការ​ប្រាស​ចាក​តម្រេក អា​ស្រ័យ​នូវ​កា​រ​រលត់ បង្អោនទៅរក​ការលះ​បង់​។ ម្នាលភិក្ខុ​ទាំងឡាយ កាលភិក្ខុ​ចំរើន​នូវ​មគ្គ​ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ធ្វើឲ្យក្រាស់​ក្រែល​នូវមគ្គ​ ប្រកប​ដោយ​អង្គ ៨ ដ៏ប្រសើរ​ សញ្ញោជនធម៌ ក៏រមែងស្ងប់រម្ងាប់ ស្អុយរលួយ​ទៅ ដោយមិនយឺតយូរឡើយ យ៉ាងនេះឯង។

[២៩០] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ពួកមនុស្សមកកាន់ផ្ទះសម្រាប់​ទទួលភ្ញៀវ អំពីទិសខាងកើត សម្រេចការនៅក្នុងផ្ទះនោះក្តី មកអំពីទិសខាងលិច សម្រេចការស្នាក់នៅក្តី មកអំពីទិសខាងជើង សម្រេចការស្នាក់នៅក្តី មកអំពីទិសខាង​ត្បូង សម្រេចការស្នាក់នៅក្តី ពួកក្សត្រ មកសម្រេចការស្នាក់នៅក្តី ពួកព្រាហ្មណ៍ មកសម្រេចការស្នាក់នៅក្តី ពួកវេស្សៈ មកសម្រេចការស្នាក់នៅក្តី ពួកសុទ្ទៈ មកសម្រេចការ​ស្នាក់​នៅក្តី យ៉ាងណាមិញ។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុកាល​ចំរើន​នូវ​មគ្គ​ ប្រកប​ដោយ​អង្គ ៨ ដ៏ប្រសើរ ធ្វើឲ្យក្រាស់​ក្រែល​នូវមគ្គ​ ប្រកប​ដោយ​អង្គ ៨ ដ៏ប្រសើរ ពួកធម៌ណា ដែលគួរកំណត់ដឹង ដោយប្រាជ្ញាដ៏ឧត្តម រមែងកំណត់ដឹងនូវពួកធម៌នោះ ដោយ​ប្រាជ្ញា​ដ៏ឧត្តម ពួកធម៌ណា ដែលគួរលះបង់ ដោយប្រាជ្ញាដ៏ឧត្តម រមែងលះបង់នូវពួកធម៌នោះ ដោយប្រាជ្ញាដ៏ឧត្តម ពួកធម៌ណា ដែលគួរធ្វើឲ្យជាក់ច្បាស់ ដោយប្រាជ្ញា ដ៏ឧត្តម រមែង​ធ្វើឲ្យជាក់ច្បាស់នូវពួកធម៌នោះ ដោយប្រាជ្ញាដ៏ឧត្តម ពួកធម៌ណា ​ដែលគួរចំរើន ​ដោយ​ប្រាជ្ញា ដ៏ឧត្តម រមែងចំរើន​នូវពួកធម៌នោះ ដោយប្រាជ្ញាដ៏ឧត្តម ក៏យ៉ាងនោះដែរ។

[២៩១] ម្នាលភិក្ខុទាំងឡាយ ចុះធម៌ដែលគួរកំណត់ដឹង ដោយប្រាជ្ញាដ៏ឧត្តម តើ​ដូច​​​ម្តេច។ គប្បីឆ្លើយថា បានដល់ឧបាទានក្ខន្ធ ទាំង៥។ ឧបាទានក្ខន្ធ ទាំង៥ គឺអ្វីខ្លះ។ ឧបាទានក្ខន្ធ ទាំង៥ គឺ។ រូបូបាទានក្ខន្ធ១។បេ។ វិញ្ញាណូបាទានក្ខន្ធ១។ ម្នាលភិក្ខុទាំង​​ឡាយ នេះជាធម៌ដែលគួរកំណត់ដឹង ដោយប្រាជ្ញាដ៏ឧត្តម។

[២៩២] ម្នាលភិក្ខុទាំងឡាយ ចុះធម៌ដែលគួរលះបង់ ដោយប្រាជ្ញាដ៏ឧត្តម តើ​ដូច​​​ម្តេច។ គឺអវិជ្ជា១ ភវតណ្ហា១។ ម្នាលភិក្ខុទាំងឡាយ នេះជាធម៌ ដែលគួរលះបង់ ដោយប្រាជ្ញាដ៏ឧត្តម។

[២៩៣] ម្នាលភិក្ខុទាំងឡាយ ចុះធម៌ដែលគួរធ្វើឲ្យជាក់ច្បាស់ ដោយ​ប្រាជ្ញាដ៏​ឧត្តម តើ​ដូច​​​ម្តេច។  គឺវិជ្ជា១ វិមុត្តិ១។ ម្នាលភិក្ខុទាំងឡាយ នេះជាធម៌ ដែលគួរធ្វើឲ្យ​ជាក់​ច្បាស់​ ដោយប្រាជ្ញាដ៏ឧត្តម។

[២៩៤] ​ ម្នាលភិក្ខុទាំងឡាយ ចុះធម៌ដែលគួរចំរើន ដោយប្រាជ្ញាដ៏ឧត្តម តើ​ដូច​​​ម្តេច។ គឺសមថៈ១ និងវិបស្សនា១។ ម្នាលភិក្ខុទាំងឡាយ នេះជាធម៌ ដែលគួរចំរើន ដោយ​ប្រាជ្ញា​ដ៏ឧត្តម។

[២៩៥] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុកាលចំរើននូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ធ្វើឲ្យក្រាស់ក្រែលនូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ពួកធម៌ណា ដែលគួរកំណត់ដឹង ដោយប្រាជ្ញាដ៏ឧត្តម រមែងកំណត់ដឹងនូវពួកធម៌នោះ ដោយប្រាជ្ញា ដ៏ឧត្តម។បេ។ ពួកធម៌ណា ដែលគួរចំរើន ដោយប្រាជ្ញា ដ៏ឧត្តម រមែងចំរើននូវពួកធម៌​នោះ ដោយប្រាជ្ញាដ៏ឧត្តម តើដោយប្រការដូចម្តេច។ ម្នាលភិក្ខុទំាងឡាយ ភិក្ខុក្នុង​សាសនា​​នេះ ចំរើននូវសម្មាទិដ្ឋិ។បេ។ ​​ចំរើននូវសម្មាសមាធិ ដែល​​​អាស្រ័យ​នូវ​ការ​​ស្ងប់​ស្ងាត់ អាស្រ័យនូវការ​ប្រាស​ចាក​តម្រេក អា​ស្រ័យ​នូវ​កា​រ​រលត់ បង្អោនទៅរក​ការលះ​បង់​។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុកាល​ចំរើន​នូវ​មគ្គ​ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ធ្វើឲ្យក្រាស់​ក្រែល​នូវមគ្គ​ ប្រកប​ដោយ​អង្គ ៨ ដ៏ប្រសើរ ពួកធម៌ណា ដែលគួរ​កំណត់​ដឹងដោយ​ប្រាជ្ញា​ ដ៏ឧត្តម រមែងកំណត់ដឹងនូវពួកធម៌នោះ ដោយប្រាជ្ញាដ៏ឧត្តម ពួកធម៌​ណា ​​ដែល​គួរលះ​បង់​ ដោយប្រាជ្ញាដ៏ឧត្តម រមែងលះបង់នូវពួកធម៌នោះ ​ដោយប្រាជ្ញាដ៏​ឧត្តម ពួក​ធម៌​ណា ​ដែល​​គួរធើ្វឲ្យជាក់ច្បាស់ ដោយប្រាជ្ញា ដ៏ឧត្តម រមែង​ធ្វើឲ្យជាក់​ច្បាស់​​នូវ​ពួក​ធម៌​នោះ ​ដោយ​ប្រាជ្ញា​ដ៏ឧត្តម ពួកធម៌ណា ដែលគួរចំរើន ដោយ​ប្រាជ្ញាដ៏​ឧត្តម រមែងចំរើននូវពួកធម៌នោះ ដោយ​ប្រាជ្ញា​ដ៏ឧត្តម យ៉ាងនេះឯង។

[២៩៦] ម្នាលភិក្ខុទាំងឡាយ ​ដូចទន្លេគង្គា ដែលជ្រាលទៅទិសខាងកើត ទេរទៅ​ទិសខាងកើត ឈមទៅទិសខាងកើត កាលនោះ ពួកមហាជន កាន់យកចប និង​កញ្ជើ​ដើរមក គិតថា ពួកយើងនឹងបង្វែរទន្លេគង្គានេះ ឲ្យជ្រាលទៅកាន់ទិសខាងលិច ឲ្យទេរ​ទៅទិស​ខាងលិច ឲ្យឈមទៅទិសខាងលិចវិញ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ​សំគាល់​សេចក្តីនោះ ថាដូចម្តេច ពួកមហាជននោះ គួរបង្វែរទន្លេគង្គា ឲ្យជ្រាលទៅទិស​ខាងលិច ឲ្យទេរទៅទិសខាងលិច ឲ្យឈមទៅទិសខាងលិចវិញ បានដែរឬ។ បង្វែរ​មិនបានទេ ព្រះអង្គ។ ដំណើរនោះ តើព្រោះហេតុអ្វី។ បពិត្រព្រះអង្គដ៏ចំរើន (ព្រោះ) ទន្លេគង្គា ជ្រាលទៅទិសខាងកើត ទេរទៅទិសខាងកើត ឈមទៅទិសខាងកើត ទន្លេគង្គានោះ គេមិនងាយនឹងបង្វែរ ឲ្យជ្រាលទៅទិសខាងលិច ឲ្យទេរទៅទិសខាងលិច ឲ្យ​ឈមទៅទិសខាងលិចវិញបានទេ នាំឲ្យតែពួកមហាជននោះ បានចំណែកនៃសេចក្តី​លំបាក សេចក្តីហត់នឿយប៉ុណ្ណោះ។ ម្នាលភិក្ខុទាំងឡាយ ដំណើរនេះ ក៏ដូច្នោះដែរ ពួកស្តេចក្តី ពួកមហាមាត្យនៃសេ្តចក្តី ពួកមិត្តក្តី ពួកអមាត្យក្តី ពួកញាតិសាលោហិតក្តី មកលួង​លោមនូវភិក្ខុ ដែលកំពុងចំរើននូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ កំពុងធ្វើ​ឲ្យក្រាស់ក្រែលនូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ឲ្យបែរមកត្រេកអរ ដោយ​ភោគសម្ប័ទវិញ​ថា ម្នាលបុរសអើយ អ្នកចូរមក សំពត់កាសាវៈ របស់អ្នកនេះ រមែងដុតកំដៅទេដឹង អ្នកម្តេចក៏ធ្វើជាមនុស្សកំណោរ ប្រព្រឹត្តកាន់អំបែងវិញ អ្នកចូរ​ត្រឡប់មកកាន់ហីនភេទ​វិញ​ទៅ ហើយប្រើប្រាស់នូវភោគសម្ប័ទផង ធ្វើនូវបុណ្យផង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះឯង កាលចំរើននូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ធ្វើឲ្យក្រាស់ក្រែលនូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ក៏លះបង់នូវសិក្ខា ហើយ​ត្រឡប់​មកកាន់ហីនភេទវិញ ពាក្យដូច្នេះនេះ មិនជាឋានៈឡើយ។ ដំណើរនោះ តើព្រោះហេតុ​អ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះថា ចិត្តឯណា ដែលឱនទៅកាន់សេចក្តីស្ងប់ស្ងាត់ ទេរទៅកាន់សេចក្តីស្ងប់ស្ងាត់ ឈមទៅកាន់សេចក្តីស្ងប់ស្ងាត់ អស់កាលយូរ ចិត្ត​នោះឯង នឹងត្រឡប់មកកាន់ហីនភេទវិញ ពាក្យដូច្នេះនេះ មិនមែនជាឋានៈឡើយ។

[២៩៧] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុកាលចំរើននូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ធ្វើឲ្យក្រាស់ក្រែលនូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ តើដូចម្តេច។ ម្នាល​ភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនា​នេះ ចំរើននូវសម្មាទិដ្ឋិ ដែល​​​អាស្រ័យ​នូវការ​ស្ងប់​ស្ងាត់ អាស្រ័យនូវការ​ប្រាស​ចាក​តម្រេក អា​ស្រ័យ​នូវ​កា​រ​រលត់ បង្អោនទៅរក​ការលះ​​បង់។បេ។ ​​ចំរើននូវសម្មាសមាធិ ដែល​​​អាស្រ័យ​នូវការ​ស្ងប់​ស្ងាត់ អាស្រ័យ​នូវការ​ប្រាស​ចាក​តម្រេក អា​ស្រ័យ​នូវ​កា​រ​រលត់ បង្អោនទៅរក​ការលះ​បង់​។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុកាល​ចំរើន​នូវ​មគ្គ​ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ធ្វើឲ្យក្រាស់​ក្រែល​នូវមគ្គ​ ប្រកប​ដោយ​អង្គ ៨ ដ៏ប្រសើរ ក៏យ៉ាងនេះឯង។ (បណ្ឌិតគប្បីពង្រីកសេចក្តីត្រង់​ពលករណីយវគ្គ ឲ្យពិស្តារ​ផងចុះ)។

ចប់ ពលករណីយវគ្គ ទី១១។

ឧទ្ទាននៃពលករណីយវគ្គនោះ គឺ

និយាយអំពីការងារដែលត្រូវធើ្វដោយកម្លាំង១ អំពីពីជគាម និងភូតគាម​ដែលលូតលាស់១ អំពីនាគអាស្រ័យនៅក្នុងភ្នំ១ អំពីដើមឈើ១ អំពី​ក្អមផ្កាប់​១ អំពីចុងស្រួចនៃស្រូវ១ អំពីខ្យល់ឯអាកាស១ អំពីភ្លៀង ពីរ​លើក អំពីនាវា១ អំពីពួកមនុស្ស មកកាន់ផ្ទះសម្រាប់ទទួលភ្ញៀវ១ អំពី​ទន្លេគង្គា១។

ឯសនាវគ្គ

[២៩៨] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ការស្វែងរកនេះ មាន៣យ៉ាង។ ការស្វែងរក ៣យ៉ាង តើអ្វីខ្លះ។  គឺការស្វែងរកកាម១ ស្វែងរកភព១ ស្វែងរក​ព្រហ្មចរិយធម៌១។ ម្នាលភិក្ខុទាំងឡាយ ការស្វែងរក មាន៣យ៉ាង នេះឯង។

[២៩៩] ម្នាលភិក្ខុទាំងឡាយ ភិក្ខុគប្បីចំរើននូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ដើម្បីដឹងច្បាស់នូវការស្វែងរក ៣យ៉ាង នេះឯង។ មគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ រមែងចំរើននូវសម្មាទិដ្ឋិ ដែល​អាស្រ័យនូវការស្ងប់ស្ងាត់។បេ។ ចំរើននូវសម្មាសមាធិ ដែលអាស្រ័យនូវការស្ងប់ស្ងាត់ អាស្រ័យនូវការប្រាសចាកតម្រេក អាស្រ័យនូវការរំលត់ បង្អោនទៅរកការលះ​បង់។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុគប្បីចំរើននូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរនេះ ដើម្បីដឹងច្បាស់​នូវការស្វែងរក ៣យ៉ាង នេះឯង។

[៣០០] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ការស្វែងរកនេះ មាន៣យ៉ាង។ ការស្វែងរក ៣យ៉ាង តើអ្វីខ្លះ។  គឺការស្វែងរកកាម១ ស្វែងរកភព១ ស្វែងរក​ព្រហ្មចរិយធម៌១។ ម្នាលភិក្ខុទាំងឡាយ ការស្វែងរក មាន៣យ៉ាង នេះឯង។

[៣០១] ម្នាលភិក្ខុទាំងឡាយ ភិក្ខុគប្បីចំរើននូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ដើម្បីដឹងច្បាស់នូវការស្វែងរក ៣យ៉ាង នេះឯង។ មគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ តើដូចម្តេច។ ម្នាលភិក្ខុ​ទាំង​ឡាយ ភិក្ខុក្នុងសាសនានេះ រមែងចំរើននូវសម្មាទិដ្ឋិ។បេ។ ចំរើននូវសម្មាសមាធិ ដែលមានការកំចាត់បង់​នូវរាគៈជាទីបំផុត មានការកំចាត់​បង់នូវទោសៈជាទីបំផុត មានការកំចាត់បង់ នូមោហៈជាទីបំផុត។ ម្នាលភិក្ខុទាំង​ឡាយ ភិក្ខុគប្បីចំរើននូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរនេះ ដើម្បីដឹងច្បាស់នូវ​ការស្វែង​រក​៣យ៉ាងនេះឯង។

[៣០២] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ការស្វែងរកនេះ មាន៣យ៉ាង។ ការ​ស្វែងរក ៣យ៉ាង តើអ្វីខ្លះ។ គឺការស្វែងរកកាម១ ស្វែងរកភព១ ស្វែងរកព្រហ្ម​ចរិយ​ធម៌១។ ម្នាលភិក្ខុទាំងឡាយ ការស្វែងរក មាន៣យ៉ាងនេះឯង។

[៣០៣] ម្នាលភិក្ខុទាំងឡាយ ភិក្ខុគប្បីចំរើននូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ដើម្បីដឹងច្បាស់នូវការស្វែងរក ៣យ៉ាងនេះឯង។ មគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ តើដូចម្តេច។ ម្នាលភិក្ខុ​ទាំង​ឡាយ ភិក្ខុក្នុងសាសនានេះ រមែងចំរើននូវសម្មាទិដ្ឋិ។បេ។ ចំរើន​នូវសម្មាសមាធិ ដែលចុះស៊ប់កាន់អមតៈ មានអមតៈប្រព្រឹត្តទៅខាងមុខ មាន​អមតៈ ជាទីបំផុត។ ម្នាលភិក្ខុទាំង​ឡាយ ភិក្ខុគប្បីចំរើននូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរនេះ ដើម្បីដឹងច្បាស់នូវ​ការស្វែង​រក ​៣យ៉ាងនេះឯង។

[៣០៤] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ការស្វែងរកនេះ មាន៣យ៉ាង។ ការ​ស្វែងរក៣យ៉ាង តើអ្វីខ្លះ។ គឺការស្វែងរកកាម១ ស្វែងរកភព១ ស្វែងរកព្រហ្ម​ចរិយ​ធម៌១។ ម្នាលភិក្ខុទាំងឡាយ ការស្វែងរក មាន៣យ៉ាងនេះឯង។

[៣០៥] ម្នាលភិក្ខុទាំងឡាយ ភិក្ខុគប្បីចំរើននូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ដើម្បីដឹងច្បាស់នូវការស្វែងរក ៣យ៉ាងនេះឯង។ មគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ តើដូចម្តេច។ ម្នាលភិក្ខុ​ទាំង​ឡាយ ភិក្ខុក្នុងសាសនានេះ រមែងចំរើននូវសម្មាទិដ្ឋិ។បេ។ ចំរើន​នូវសម្មាសមាធិ ដែលឱនទៅកាន់ព្រះនិព្វាន ទេរទៅកាន់ព្រះនិព្វាន ឈមទៅកាន់​ព្រះនិព្វាន។ ម្នាលភិក្ខុទាំង​ឡាយ ភិក្ខុគប្បីចំរើននូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ដើម្បីដឹងច្បាស់នូវ​ការស្វែង​រក ​៣យ៉ាងនេះឯង។

[៣០៦] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ការស្វែងរកនេះ មាន៣យ៉ាង។ ការ​ស្វែងរក ៣យ៉ាង តើអ្វីខ្លះ។ គឺការស្វែងរកកាម១ ស្វែងរកភព១ ស្វែងរកព្រហ្មចរិយ​ធម៌១។ ម្នាលភិក្ខុទាំងឡាយ ការស្វែងរក មាន៣យ៉ាងនេះឯង។

[៣០៧] ម្នាលភិក្ខុទាំងឡាយ ដើម្បីកំណត់ដឹងនូវការស្វែងរក ៣យ៉ាងនេះ។បេ។ ភិក្ខុគប្បីចំរើននូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរនេះ។

[៣០៨] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ការស្វែងរកនេះ មាន៣យ៉ាង។ ការ​ស្វែងរក៣យ៉ាង តើអ្វីខ្លះ។ គឺការស្វែងរកកាម១ ស្វែងរកភព១ ស្វែងរកព្រហ្មចរិយ​ធម៌១។បេ។ (បណ្ឌិតគប្បីពង្រីកសេចក្តីត្រង់បទដែលថា ដើម្បីកំណត់ដឹង ឲ្យ​ពិស្តារ​​ដូចបទដែលថា ដើម្បីដឹងច្បាស់ផងចុះ)។បេ។

[៣០៩] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ការស្វែងរកនេះ មាន៣យ៉ាង។ ការ​ស្វែងរក ៣យ៉ាង តើអ្វីខ្លះ។ គឺការស្វែងរកកាម១ ស្វែងរកភព១ ស្វែងរកព្រហ្មចរិយ​ធម៌១។ ម្នាលភិក្ខុទាំងឡាយ ការស្វែងរក មាន៣យ៉ាង នេះឯង។

[៣១០] ម្នាលភិក្ខុទាំងឡាយ ដើម្បីអស់ទៅនូវការស្វែងរក ៣យ៉ាង នេះឯង។បេ។ ភិក្ខុគប្បីចំរើននូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរនេះ។ (បណ្ឌិតគប្បី​ពង្រីក​សេចក្តី​ត្រង់បទដែលថា ដើម្បីកំណត់ដឹង ឲ្យពិស្តារ ដើម្បីអស់ទៅ ឲ្យពិស្តារ ឲ្យដូចបទ ដែលថា ដើម្បី​ដឹងច្បាស់ផងចុះ)។បេ។

[៣១១] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ការស្វែងរកនេះ មាន៣យ៉ាង។ ការ​ស្វែងរក ៣យ៉ាង តើអ្វីខ្លះ។ គឺការស្វែងរកកាម១ ស្វែងរកភព១ ស្វែងរកព្រហ្មចរិយ​ធម៌១។ ម្នាលភិក្ខុទាំងឡាយ ការស្វែងរក មាន៣យ៉ាង នេះឯង។

[៣១២] ម្នាលភិក្ខុទាំងឡាយ ភិក្ខុគប្បីចំរើននូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ដើម្បីលះបង់នូវការស្វែងរក ៣យ៉ាងនេះឯង។ មគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ តើដូចម្តេច។ ម្នាលភិក្ខុ​ទាំង​ឡាយ ភិក្ខុក្នុងសាសនានេះ ចំរើននូវសម្មាទិដ្ឋិ។បេ។ ចំរើន​នូវសម្មាសមាធិ ដែលអាស្រ័យនូវការស្ងប់ស្ងាត់ អាស្រ័យនូវការប្រាស​ចាក​តម្រេក អាស្រ័យនូវការរលត់ បង្អោនទៅរកការលះ​បង់។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ​គប្បី​ចំរើន​នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរនេះ ដើម្បីលះបង់នូវការស្វែងរក ៣យ៉ាង​នេះ​ឯង។ (បណ្ឌិតគប្បីពង្រីកសេចក្តីត្រង់បទដែលថា ដើម្បីលះបង់ ឲ្យពិស្តារ​ ឲ្យដូចបទ​ដែល​ថា ដើម្បីដឹងច្បាស់ផងចុះ)។បេ។

[៣១៣] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ សេចក្តីប្រកាន់នេះ មាន៣យ៉ាង។ សេចក្តីប្រកាន់ ៣យ៉ាង តើអ្វីខ្លះ។  គឺប្រកាន់ថា អញជាបុគ្គលប្រសើរ (ជាងគេ)១ ប្រកាន់ថា អញជាបុគ្គលស្មើ (នឹងគេ)១ ប្រកាន់ថា អញជាបុគ្គលថោកទាប (ជាងគេ) ១។ ម្នាលភិក្ខុទាំងឡាយ ការប្រកាន់ មាន៣យ៉ាង នេះឯង។

[៣១៤] ម្នាលភិក្ខុទាំងឡាយ ភិក្ខុគប្បីចំរើននូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ដើម្បីដឹងច្បាស់ ដើម្បីកំណត់ដឹង ដើម្បីអស់ទៅ ដើម្បីលះបង់នូវការប្រកាន់ ៣យ៉ាង​នេះឯង។ មគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ តើដូចម្តេច។ ម្នាលភិក្ខុ​ទាំង​ឡាយ ភិក្ខុក្នុងសាសនានេះ រមែងចំរើននូវសម្មាទិដ្ឋិ។បេ។ ចំរើននូវសម្មាសមាធិ ដែលអាស្រ័យ​នូវការស្ងប់ស្ងាត់ អាស្រ័យនូវការប្រាសចាកតម្រេក អាស្រ័យនូវ​ការ​រលត់ បង្អោនទៅរកការលះ​បង់។ ម្នាលភិក្ខុទាំងឡាយ  (ភិក្ខុគប្បីចំរើននូវមគ្គ) ដើម្បីដឹងច្បាស់ ដើម្បីកំណត់ដឹង ដើម្បីអស់ទៅ ដើម្បីលះបង់នូវការប្រ​កាន់ ៣យ៉ាង​ នេះឯង។បេ។ ភិក្ខុគប្បីចំរើននូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរនេះ។ (បណ្ឌិត​គប្បីពង្រីកសេចក្តី ឲ្យពិស្តារ ដូចការស្វែងរកផងចុះ)។បេ។

[៣១៥] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ អាសវៈនេះ មាន៣យ៉ាង។ អាសវៈ មាន៣យ៉ាង តើអ្វីខ្លះ។  គឺកាមាសវៈ១ ភវាសវៈ១ អវិជ្ជាសវៈ១។ ម្នាលភិក្ខុ​ទាំងឡាយ អាសវៈ មាន​៣យ៉ាង នេះឯង។

[៣១៦] ម្នាលភិក្ខុទាំងឡាយ (ភិក្ខុគប្បីចំរើននូវមគ្គ) ដើម្បីដឹងច្បាស់ ដើម្បី​កំណត់​ដឹង ដើម្បីអស់ទៅ ដើម្បីលះបង់នូវអាសវៈ ៣យ៉ាង នេះឯង។បេ។ ភិក្ខុគប្បីចំរើន​នូវ​មគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរនេះ។

[៣១៧]  សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ភពនេះ មាន៣យ៉ាង។ ភព មាន៣យ៉ាង តើអ្វីខ្លះ។  គឺកាមភព១ រូបភព១ អរូបភព១។ ម្នាលភិក្ខុទាំងឡាយ ភព មាន៣យ៉ាង នេះឯង។

[៣១៨] ម្នាលភិក្ខុទាំងឡាយ (ភិក្ខុគប្បីចំរើននូវមគ្គ) ដើម្បីដឹងច្បាស់ ដើម្បី​កំណត់​ដឹង ដើម្បីអស់ទៅ ដើម្បីលះបង់នូវភព ៣យ៉ាង នេះឯង។បេ។ ភិក្ខុគប្បីចំរើន​នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរនេះ។

[៣១៩] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ សេចក្តីទុក្ខនេះ មាន៣យ៉ាង។ សេចក្តី​ទុក្ខ មាន៣យ៉ាង តើអ្វីខ្លះ។ គឺសេចក្តីទុក្ខ ព្រោះអត់ធន់បានដោយក្រ១ សេចក្តី​ទុក្ខ​ព្រោះ​សង្ខារ១ សេចក្តីទុក្ខព្រោះការប្រែប្រួល១។ ម្នាលភិក្ខុទាំងឡាយ សេចក្តី​ទុក្ខ​ មាន៣យ៉ាងនេះឯង។

[៣២០]  ម្នាលភិក្ខុទាំងឡាយ  (ភិក្ខុគប្បីចំរើននូវមគ្គ) ដើម្បីដឹងច្បាស់ ដើម្បី​កំណត់​ដឹង ដើម្បីអស់ទៅ ដើម្បីលះបង់នូវសេចក្តីទុក្ខ ៣យ៉ាងនេះឯង។បេ។ ភិក្ខុគប្បីចំរើន​នូវ​មគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរនេះ។

[៣២១]  សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ សសរគោលនេះ មាន៣យ៉ាង។ សសរគោល មាន៣យ៉ាង តើអ្វីខ្លះ។  គឺរាគៈ ជាសសរគោល១ ទោសៈជាសសរ​គោល១ មោហៈជាសសរគោល១។ ម្នាលភិក្ខុទាំងឡាយ សសរ​គោល មាន៣យ៉ាងនេះឯង។

[៣២២]  ម្នាលភិក្ខុទាំងឡាយ  (ភិក្ខុគប្បីចំរើននូវមគ្គ) ដើម្បីដឹងច្បាស់ ដើម្បី​កំណត់​ដឹង ដើម្បីអស់ទៅ ដើម្បីលះបង់នូវសសរគោល ៣យ៉ាងនេះឯង។បេ។ ភិក្ខុគប្បីចំរើន​នូវ​មគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរនេះ។

[៣២៣]  សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ មន្ទិលនេះ មាន៣យ៉ាង។ មន្ទិល​មាន៣យ៉ាង តើអ្វីខ្លះ។  គឺរាគៈជាមន្ទិល១ ទោសៈជាមន្ទិល១ មោហៈជាមន្ទិល១។ ម្នាល​ភិក្ខុ​ទាំងឡាយ មន្ទិល មាន៣យ៉ាង នេះឯង។

[៣២៤]  ម្នាលភិក្ខុទាំងឡាយ  (ភិក្ខុគប្បីចំរើននូវមគ្គ) ដើម្បីដឹងច្បាស់ ដើម្បី​កំណត់​ដឹង ដើម្បីអស់ទៅ ដើម្បីលះបង់នូវមន្ទិល ៣យ៉ាង នេះឯង។បេ។ ភិក្ខុគប្បីចំរើន​​នូវ​មគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរនេះ។

[៣២៥]  សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ សេចក្តីលំបាកនេះ មាន៣យ៉ាង។ សេចក្តីលំបាក មាន៣យ៉ាង តើអ្វីខ្លះ។  គឺរាគៈ ជាសេចក្តីលំបាក១ ទោសៈជាសេចក្តី​លំបាក១ មោហៈជាសេចក្តីលំបាក១។ ម្នាលភិក្ខុទាំងឡាយ សេចក្តីលំបាក មាន៣យ៉ាង នេះឯង។

[៣២៦]  ម្នាលភិក្ខុទាំងឡាយ  (ភិក្ខុគប្បីចំរើននូវមគ្គ) ដើម្បីដឹងច្បាស់ ដើម្បី​កំណត់​ដឹង ដើម្បីអស់ទៅ ដើម្បីលះបង់នូវសេចក្តីលំបាក ៣យ៉ាងនេះឯង។បេ។ ភិក្ខុគប្បីចំរើន​នូវ​មគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរនេះ។

[៣២៧]  សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ វេទនានេះ មាន៣​យ៉ាង។ វេទនា​មាន៣យ៉ាង តើអ្វីខ្លះ។  គឺសុខវេទនា១ ទុក្ខវេទនា១ អទុក្ខមសុខវេទនា១។ ម្នាលភិក្ខុ​ទាំង​ឡាយ ​វេទនា មាន៣យ៉ាងនេះឯង។

[៣២៨]  ម្នាលភិក្ខុទាំងឡាយ  (ភិក្ខុគប្បីចំរើននូវមគ្គ) ដើម្បីដឹងច្បាស់ ដើម្បីកំណត់​ដឹង ដើម្បីអស់ទៅ ដើម្បីលះបង់នូវវេទនា ៣យ៉ាងនេះឯង។បេ។ ភិក្ខុគប្បីចំរើន​នូវ​មគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរនេះ។

[៣២៩]  ម្នាលភិក្ខុទាំងឡាយ តណ្ហានេះ មាន៣យ៉ាង។ តណ្ហា មាន៣យ៉ាង តើអ្វីខ្លះ។  គឺកាមតណ្ហា១ ភវតណ្ហា១ វិភវតណ្ហា១។ ម្នាលភិក្ខុទាំងឡាយ តណ្ហា មាន៣យ៉ាង​នេះឯង។

[៣៣០]  ម្នាលភិក្ខុទាំងឡាយ (ភិក្ខុគប្បីចំរើននូវមគ្គ) ដើម្បីដឹងច្បាស់ ដើម្បី​កំណត់​ដឹង ដើម្បីអស់ទៅ ដើម្បីលះបង់នូវតណ្ហា ៣​យ៉ាងនេះ​ឯង។បេ។ ភិក្ខុគប្បីចំរើន​​នូវ​មគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរនេះ។ មគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ​ តើដូចម្តេច។ ម្នាលភិក្ខុ​ទាំង​ឡាយ ភិក្ខុក្នុងសាសនានេះ រមែងចំរើននូវសម្មាទិដ្ឋិ ដែលអាស្រ័យនូវការស្ងប់​ស្ងាត់​ អាស្រ័យនូវការប្រាសចាកតម្រេក អាស្រ័យនូវ​ការរលត់ បង្អោនទៅរក​ការ​​​លះ​បង់។បេ។ ចំរើននូវសម្មាសមាធិ ដែលអាស្រ័យនូវការ​ស្ងប់ស្ងាត់ អាស្រ័យនូវការ​ប្រាស​ចាកតម្រេក អាស្រ័យនូវការរលត់ បង្អោនទៅរកការ​លះ​បង់។ ម្នាល​ភិក្ខុ​ទាំងឡាយ (ភិក្ខុគប្បីចំរើននូវមគ្គ) ដើម្បីដឹងច្បាស់ ដើម្បីកំណត់​ដឹង ដើម្បីអស់ទៅ ដើម្បី​លះបង់នូវតណ្ហា ៣​យ៉ាង នេះ​ឯង។បេ។ ភិក្ខុគប្បីចំរើន​នូវ​មគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រ​សើរ​នេះ។

[៣៣១]  ម្នាលភិក្ខុទាំងឡាយ តណ្ហានេះ មាន៣យ៉ាង។បេ។

[៣៣២]  ម្នាលភិក្ខុទាំងឡាយ (ភិក្ខុគប្បីចំរើននូវមគ្គ) ដើម្បីដឹងច្បាស់ ដើម្បី​កំណត់​​ដឹង ដើម្បីអស់ទៅ ដើម្បីលះបង់នូវតណ្ហា ៣​យ៉ាងនេះ​ឯង។បេ។ (ភិក្ខុចំរើន​នូវ​សម្មាទិដ្ឋិ) មានការកំចាត់បង់នូវរាគៈជាទីបំផុត កំចាត់បង់នូវទោសៈជាទីបំផុត កំចាត់​បង់​នូវមោហៈជាទីបំផុត។បេ។ ចុះស៊ប់កាន់អមតៈ មានអមតៈប្រព្រឹត្តទៅខាងមុខ មាន​អមតៈ ជាទីបំផុត។បេ។ ឱនទៅកាន់ព្រះនិព្វាន ទេរទៅកាន់ព្រះនិព្វាន ឈមទៅកាន់ព្រះនិព្វាន។ ម្នាល​ភិក្ខុ​ទាំងឡាយ (ភិក្ខុគប្បីចំរើននូវមគ្គ) ដើម្បីដឹងច្បាស់ ដើម្បីកំណត់​ដឹង ដើម្បីអស់ទៅ ដើម្បី​លះបង់នូវតណ្ហា ៣​យ៉ាងនេះ​ឯង។បេ។ ភិក្ខុគប្បីចំរើន​នូវ​មគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រ​សើរនេះ។

ចប់ ឯសនាវគ្គ ទី១២។

ឧទ្ទាននៃឯសនាវគ្គនោះ គឺ

និយាយអំពីការស្វែងរក១ អំពីការប្រកាន់១ អំពីអាសវៈ១ អំពីទុក្ខ​តាធម៌១ អំពីសសរគោល ៣យ៉ាង១ អំពីមន្ទិល១ អំពីសេចក្តីលំបាក១ អំពីវេទនា១ អំពីការ​អស់​ទៅនៃតណ្ហា ២លើក។

ឱឃវគ្គ

[៣៣៣]  សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ឱឃៈ (អន្លង់) នេះ មាន៤យ៉ាង។ ឱឃៈ មាន៤យ៉ាង តើអ្វីខ្លះ។  គឺកាមោឃៈ១ ភវោឃៈ១ ទិដ្ឋោឃៈ១ អវិជ្ជោឃៈ១។ ម្នាលភិក្ខុទាំងឡាយ ឱឃៈ មាន៤យ៉ាងនេះឯង។

[៣៣៤]  ម្នាលភិក្ខុទាំងឡាយ (ភិក្ខុគប្បីចំរើននូវមគ្គ) ដើម្បីដឹងច្បាស់ ដើម្បី​កំណត់​ដឹង ដើម្បីអស់ទៅ ដើម្បីលះបង់នូវឱឃៈ៤យ៉ាងនេះ​ឯង។បេ។ ភិក្ខុគប្បីចំរើន​នូវ​មគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រ​សើរនេះ។ (បណ្ឌិតគប្បីពង្រីកសេចក្តី ឲ្យពិស្តារ ដូចសេចក្តីស្វែងរកផងចុះ)។

[៣៣៥]  សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ យោគៈ (កិលេសជាគ្រឿង ប្រកប) នេះ មាន៤យ៉ាង។ យោគៈ មាន៤យ៉ាង តើអ្វីខ្លះ។  គឺកាមយោគៈ១ ភវយោគៈ១ ទិដ្ឋិយោគៈ១ អវិជ្ជាយោគៈ១។ ម្នាលភិក្ខុទាំងឡាយ យោគៈ មាន៤យ៉ាងនេះឯង។

[៣៣៦]  ម្នាលភិក្ខុទាំងឡាយ (ភិក្ខុគប្បីចំរើននូវមគ្គ) ដើម្បីដឹងច្បាស់ ដើម្បី​កំណត់​ដឹង ដើម្បីអស់ទៅ ដើម្បីលះបង់នូវយោគៈ ៤យ៉ាង នេះ​ឯង។បេ។ ភិក្ខុគប្បីចំរើន​នូវ​មគ្គ ប្រកប​ដោយអង្គ ៨ ដ៏ប្រ​សើរនេះ។

[៣៣៧]  សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ឧបាទាន (សេចក្តីប្រកាន់មាំ) នេះ​មាន៤យ៉ាង។ ឧបាទាន មាន៤យ៉ាង តើអ្វីខ្លះ។  គឺកាមូបាទាន១ ទិដ្ឋូបាទាន១ សីលព្វតូបាទាន១ អត្តវាទូបបាទាន១។ ម្នាលភិក្ខុទាំងឡាយ ឧបាទាន មាន៤យ៉ាង​នេះឯង។

[៣៣៨]  ម្នាលភិក្ខុទាំងឡាយ (ភិក្ខុគប្បីចំរើននូវមគ្គ) ដើម្បីដឹងច្បាស់ ដើម្បី​កំណត់​ដឹង ដើម្បីអស់ទៅ ដើម្បីលះបង់នូវឧបាទាន៤យ៉ាងនេះ​ឯង។បេ។ ភិក្ខុគប្បីចំរើន​នូវ​មគ្គ ប្រកប​ដោយអង្គ ៨ ដ៏ប្រ​សើរនេះ។

[៣៣៩]  សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ គន្ថៈ (កិលេសជាគ្រឿងដោតក្រង) នេះ មាន៤យ៉ាង។ គន្ថៈ ៤យ៉ាង តើអ្វីខ្លះ។  គឺអភិជ្ឈាកាយគន្ថៈ១ ព្យាបាទកាយគន្ថៈ១ សីលព្វតបរាមាសកាយគន្ថៈ១ ឥទំសច្ចាភិនិវេសកាយគន្ថៈ [កិលេសជាគ្រឿង​ដោតក្រងនូវ​នាមកាយ គឺសេចក្តីប្រកាន់ថា នេះជារបស់ទៀង ដោយអំណាចនៃអន្តគាហិកទិដ្ឋិ (អដ្ឋកថា)។]  ១។ ម្នាលភិក្ខុទាំងឡាយ គន្ថៈ មាន៤យ៉ាងនេះឯង។

[៣៤០]  ម្នាលភិក្ខុទាំងឡាយ (ភិក្ខុគប្បីចំរើននូវមគ្គ) ដើម្បីដឹងច្បាស់ ដើម្បី​កំណត់​ដឹង ដើម្បីអស់ទៅ ដើម្បីលះបង់នូវគន្ថៈ ៤យ៉ាង នេះ​ឯង។បេ។ ភិក្ខុគប្បីចំរើន​នូវ​មគ្គ ប្រកប​ដោយអង្គ ៨ ដ៏ប្រ​សើរនេះ។

[៣៤១]  សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ អនុស័យកិលេស (ជាគ្រឿង​ដេក​ត្រាំ) នេះ មាន៧យ៉ាង។ អនុស័យ ៧យ៉ាង តើអ្វើខ្លះ។  គឺកាមរាគានុស័យ១ បដិឃានុស័យ១ ទិដ្ឋានុស័យ១ វិចិកិច្ឆានុស័យ១ មានានុស័យ១ ភវរាគានុស័យ១ អវិជ្ជានុស័យ១។ ម្នាលភិក្ខុទាំងឡាយ អនុស័យ មាន៧យ៉ាង នេះឯង។

[៣៤២]  ម្នាលភិក្ខុទាំងឡាយ (ភិក្ខុគប្បីចំរើននូវមគ្គ) ដើម្បីដឹងច្បាស់ ដើម្បី​កំណត់​ដឹង ដើម្បីអស់ទៅ ដើម្បីលះបង់នូវអនុស័យ ៧យ៉ាង នេះ​ឯង។បេ។ ភិក្ខុគប្បីចំរើន​នូវ​មគ្គ ប្រកប​ដោយអង្គ ៨ ដ៏ប្រ​សើរនេះ។

[៣៤៣]  សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ កាមគុណនេះ មាន៥យ៉ាង។ កាមគុណ ​៥យ៉ាង តើអ្វីខ្លះ។ ​ គឺរូប ដែលគប្បីដឹងដោយភ្នែក ជាទីប្រាថ្នា ជាទីត្រេក​អរ ជាទីពេញចិត្ត ជាទីស្រឡាញ់ ប្រកបដោយកាម គួរត្រេកអរ១ សំឡេងដែលគប្បីដឹង​ដោយ​ត្រចៀក។បេ។ ក្លិនដែលគប្បីដឹងដោយច្រមុះ។ រសដែលគប្បីដឹងដោយអណ្តាត។ ផ្សព្វ ដែលគប្បីដឹងដោយកាយ ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីពេញចិត្ត ជាទី​ស្រឡាញ់ ប្រកបដោយកាម គួរត្រេកអរ១។ ម្នាលភិក្ខុទាំងឡាយ កាមគុណ មាន៥យ៉ាងនេះ​ឯង។

[៣៤៤]  ម្នាលភិក្ខុទាំងឡាយ (ភិក្ខុគប្បីចំរើននូវមគ្គ) ដើម្បីដឹងច្បាស់ ដើម្បី​កំណត់​ដឹង ដើម្បីអស់ទៅ ដើម្បីលះបង់នូវ​កាមគុណ ៥យ៉ាងនេះ​ឯង។បេ។ ភិក្ខុគប្បីចំរើន​នូវ​មគ្គ ប្រកប​ដោយអង្គ ៨ ដ៏ប្រ​សើរនេះ។

[៣៤៥]  សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ នីវរណៈ (កិលេសជាគ្រឿងរារាំង) នេះ មាន៥យ៉ាង។ នីវរណៈ ៥យ៉ាង តើអ្វីខ្លះ។  គឺកាមច្ឆន្ទនីវរណៈ១ ព្យាបាទនីវរណៈ១ ថីនមិទ្ធនីវរណៈ១ ឧទ្ធច្ចកុក្កុច្ចនីវរណៈ១ វិចិកិច្ឆានីវរណៈ១។ ម្នាលភិក្ខុទាំងឡាយ នីវរណៈ មាន៥យ៉ាងនេះឯង។

[៣៤៦]  ម្នាលភិក្ខុទាំងឡាយ (ភិក្ខុគប្បីចំរើននូវមគ្គ) ដើម្បីដឹងច្បាស់ ដើម្បី​កំណត់​ដឹង ដើម្បីអស់ទៅ ដើម្បីលះបង់នូវនីវរណៈ ៥យ៉ាងនេះ​ឯង។បេ។ ភិក្ខុគប្បីចំរើន​​នូវ​មគ្គ ប្រកប​ដោយអង្គ ៨ ដ៏ប្រ​សើរនេះ។

[៣៤៧]  សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ឧបាទានក្ខន្ធនេះ មាន៥យ៉ាង។ ឧបាទានក្ខន្ធ ៥យ៉ាង តើដូចម្តេច។  គឺអ្វីខ្លះ។  គឺរូបូបាទានក្ខន្ធ១ វេទនូបាទានក្ខន្ធ១ សញ្ញូបាទានក្ខន្ធ១ សង្ខារូបាទានក្ខន្ធ១ វិញ្ញាណូបាទានក្ខន្ធ១។ ម្នាលភិក្ខុទាំងឡាយ ឧបាទានក្ខន្ធ មាន៥យ៉ាងនេះឯង។

[៣៤៨]  ម្នាលភិក្ខុទាំងឡាយ  (ភិក្ខុគប្បីចំរើននូវមគ្គ) ដើម្បីដឹងច្បាស់ ដើម្បី​កំណត់​ដឹង ដើម្បីអស់ទៅ ដើម្បីលះបង់នូវឧបាទានក្ខន្ធ ៥យ៉ាងនេះ​ឯង។បេ។ ភិក្ខុគប្បីចំរើន​នូវ​មគ្គ ប្រកប​ដោយអង្គ ៨ ដ៏ប្រ​សើរនេះ។

[៣៤៩]  សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ សញ្ញោជនៈ ជាចំណែកខាងក្រោម​នេះ​ មាន៥​យ៉ាង។ សញ្ញោជនៈ ៥យ៉ាង តើអ្វីខ្លះ។  គឺសក្កាយទិដ្ឋិ១ វិចិកិច្ឆា១ សីលព្វតបរាមាសៈ១ កាមឆន្ទៈ១ ព្យាបាទៈ១។ ម្នាលភិក្ខុទាំងឡាយ សញ្ញោជនៈ ជាចំណែកខាងក្រោម មាន៥យ៉ាងនេះឯង។

[៣៥០]  ម្នាលភិក្ខុទាំងឡាយ (ភិក្ខុគប្បីចំរើននូវមគ្គ) ដើម្បីដឹងច្បាស់ ដើម្បី​កំណត់​ដឹង ដើម្បីអស់ទៅ ដើម្បីលះបង់នូវសញ្ញោជនៈ ជាចំណែកខាងក្រោម ​៥យ៉ាងនេះ​ឯង។បេ។ ភិក្ខុគប្បីចំរើន​នូវ​មគ្គ ប្រកប​ដោយអង្គ ៨ ដ៏ប្រ​សើរនេះ។

[៣៥១]  សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ សញ្ញោជនៈ ជាចំណែកខាងលើនេះ មាន៥​យ៉ាង។ សញ្ញោជនៈ ៥យ៉ាង តើអ្វីខ្លះ។  គឺរូបរាគ១ អរូបរាគ១ មានះ១ ឧទ្ធច្ច១ អវិជ្ជា១។ ម្នាលភិក្ខុទាំងឡាយ សញ្ញោជនៈ ជាចំណែកខាងលើ មាន៥យ៉ាងនេះឯង។

[៣៥២]  ម្នាលភិក្ខុទាំងឡាយ (ភិក្ខុគប្បីចំរើននូវមគ្គ) ដើម្បីដឹងច្បាស់ ដើម្បីកំណត់​ដឹង ដើម្បីអស់ទៅ ដើម្បីលះបង់នូវសញ្ញោជនៈ ជាចំណែកខាងលើ ៥យ៉ាងនេះ​ឯង។បេ។ ភិក្ខុគប្បីចំរើន​នូវ​មគ្គ ប្រកប​ដោយអង្គ ៨ ដ៏ប្រ​សើរនេះ។ មគ្គ ប្រកប​ដោយអង្គ ៨ ដ៏ប្រ​សើរ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ រមែងចំរើននូវសម្មាទិដ្ឋិ ដែលអាស្រ័យនូវការស្ងប់ស្ងាត់។បេ។ ចំរើន​នូវ​សម្មាសមាធិ ដែលអាស្រ័យនូវ​ការ​ស្ងប់​ស្ងាត់ អាស្រ័យនូវ​ការ​ប្រាស​ចាកតម្រេក អាស្រ័យនូវការ​រលត់ បង្អោនទៅរក​ការលះបង់។ ម្នាលភិក្ខុទាំងឡាយ (ភិក្ខុគប្បី​ចំរើន​នូវមគ្គ) ដើម្បីដឹងច្បាស់ ដើម្បីកំណត់​ដឹង ដើម្បីអស់ទៅ ដើម្បីលះបង់នូវ​សញ្ញោជនៈ ជាចំណែកខាងលើ ៥យ៉ាងនេះ​ឯង។បេ។ ភិក្ខុគប្បីចំរើន​នូវ​មគ្គ ប្រកប​ដោយអង្គ ៨ ដ៏ប្រ​សើរនេះ។ ម្នាលភិក្ខុទាំងឡាយ ដូចទន្លេគង្គា។បេ។

[៣៥៣]  សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ សញ្ញោជនៈ ជាចំណែកខាងលើនេះ មាន៥​យ៉ាង។ សញ្ញោជនៈ ៥យ៉ាង តើអ្វីខ្លះ។  គឺរូបរាគ១ អរូបរាគ១ មានះ១ ឧទ្ធច្ច១ អវិជ្ជា១។ ម្នាលភិក្ខុទាំងឡាយ សញ្ញោជនៈ ជាចំណែកខាងលើ មាន៥យ៉ាងនេះឯង។

[៣៥៤]  ម្នាលភិក្ខុទាំងឡាយ (ភិក្ខុគប្បីចំរើននូវមគ្គ) ដើម្បីដឹងច្បាស់ ដើម្បី​កំណត់​ដឹង ដើម្បីអស់ទៅ ដើម្បីលះបង់នូវសញ្ញោជនៈ ជាចំណែកខាងលើ ៥យ៉ាងនេះ​ឯង។បេ។ ភិក្ខុគប្បីចំរើន​នូវ​មគ្គ ប្រកប​ដោយអង្គ ៨ ដ៏ប្រ​សើរនេះ។ មគ្គ ប្រកប​ដោយអង្គ ៨ ដ៏ប្រ​សើរ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនេះ រមែងចំរើននូវសម្មាទិដ្ឋិ។បេ។ ចំរើននូវសម្មាសមាធិ ដែលមានការកំចាត់បង់​នូវរាគៈ​ជាទីបំ​ផុត មាន​ការកំចាត់​បង់នូវទោសៈជាទីបំផុត មានការកំចាត់បង់នូវមោហៈ​ជាទី​បំផុត ដែលចុះ​ស៊ប់ ទៅកាន់អមតៈ មានអមតៈ ប្រព្រឹត្តទៅខាងមុខ មានអមតៈ ជាទីបំផុត ដែលឱន​ទៅ​​កាន់ព្រះ​និព្វាន ទេរទៅកាន់ព្រះនិព្វាន ឈមទៅកាន់ព្រះនិព្វាន។ ម្នាលភិក្ខុ​ទាំងឡាយ (ភិក្ខុ​គប្បីចំរើននូវមគ្គ) ដើម្បីដឹងច្បាស់ ដើម្បីកំណត់​ដឹង ដើម្បីអស់ទៅ ដើម្បីលះបង់នូវសញ្ញោជនៈ ជាចំណែកខាងលើ ៥យ៉ាងនេះ​ឯង។បេ។ ភិក្ខុគប្បីចំរើន​នូវ​មគ្គ ប្រកប​ដោយអង្គ ៨ ដ៏ប្រ​សើរនេះ។

ចប់ ឱឃវគ្គ ទី១៣។

ឧទ្ទាននៃឱឃវគ្គនោះ គឺ

និយាយអំពីឱឃៈ១ អំពីយោគៈ១ អំពីឧបាទាន១ អំពីគន្ថៈ១ អំពីអនុសយៈ១ អំពីកាមគុណ១ អំពីនីវរណៈ១ អំពីខន្ធ១ អំពី​សញ្ញោជនៈ ជាចំណែកខាងក្រោម១ ខាងលើ១។

ចប់ មគ្គសំយុត្ត។

ពោជ្ឈង្គសំយុត្ត

បព្វតវគ្គ

[៣៥៥]  ម្នាលភិក្ខុទាំងឡាយ នាគទាំងឡាយ តែងធ្វើរាងកាយឲ្យចំរើន ឲ្យមាន​កម្លាំង ព្រោះអាស្រ័យស្តេចភ្នំឈ្មោះ ហិមវន្ត នាគទាំងនោះ លុះធ្វើរាងកាយឲ្យចំរើន ឲ្យមានកម្លាំង ក្នុងស្តេចភ្នំឈ្មោះ ហិមវន្តនោះហើយ ទើបចុះក្នុងបឹងតូច លុះចុះក្នុងបឹង​តូចហើយ ទើបចុះក្នុងបឹងធំ លុះចុះក្នុងបឹងធំហើយ ទើបចុះក្នុងស្ទឹងតូច លុះចុះក្នុង​ស្ទឹង តូចហើយ ទើបចុះក្នុងស្ទឹងធំ លុះចុះក្នុងស្ទឹងធំហើយ ទើបចុះកាន់មហាសមុទ្ទសាគរ នាគទាំងនោះ រមែងមានកាយដល់នូវការចំរើន ធំទូលាយ ក្នុងមហាសមុទ្ទសាគរនោះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអាស្រ័យសីល តាំងស៊ប់នៅក្នុងសីល កាល​ចំរើននូវពោជ្ឈង្គ (អង្គនៃធម៌ ជាគ្រឿងត្រាស់ដឹង) ទាំង៧ កាលធ្វើឲ្យក្រាស់ក្រែលនូវ​ពោជ្ឈង្គ ទាំង៧ រមែងដល់នូវការចំរើន ធំទូលាយ ក្នុងធម៌ទាំងឡាយ យ៉ាងនោះឯង។

[៣៥៦]  ម្នាលភិក្ខុទាំងឡាយ ភិក្ខុអាស្រ័យសីល តាំងស៊ប់នៅក្នុងសីល កាលចំរើននូវពោជ្ឈង្គ ទាំង៧ កាលធ្វើឲ្យក្រាស់ក្រែលនូវពោជ្ឈង្គ ទាំង៧ តែង​ដល់​នូវការ ចំរើន ធំ ទូលាយ ក្នុងធម៌ទាំងឡាយ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចំរើនសតិសម្ពោជ្ឈង្គ ដែលអាស្រ័យនូវសេចក្តីស្ងប់ស្ងាត់ អាស្រ័យ​ការប្រាសចាក​រាគៈ អាស្រ័យសេចក្តីរលត់ បង្អោនទៅរកការលះបង់ ចំរើន​ធម្មវិចយសម្ពោជ្ឈង្គ។បេ។ ចំរើនវីរិយសម្ពោជ្ឈង្គ។ ចំរើនបីតិសម្ពោជ្ឈង្គ។ ចំរើនបស្សទ្ធិសម្ពោជ្ឈង្គ។ ចំរើនសមាធិសម្ពោជ្ឈង្គ។ ចំរើនឧបេក្ខាសម្ពោជ្ឈង្គ ដែលអា​ស្រ័យសេចក្តីស្ងប់ស្ងាត់ អាស្រ័យសេចក្តីប្រាសចាករាគៈ អាស្រ័យសេចក្តី​រលត់ បង្អោនទៅ​រកការលះបង់។ មា្នលភិក្ខុទាំងឡាយ ភិក្ខុអាស្រ័យសីល តាំងនៅ​ស៊ប់​​ក្នុង​សីល កាលចំរើននូវពោជ្ឈង្គ ទាំង៧ កាលធ្វើឲ្យក្រាស់ក្រែលនូវពោជ្ឈង្គ ទាំង៧ រមែង​ដល់នូវ​ការចំរើន ធំទូលាយ ក្នុងធម៌ទាំងឡាយ យ៉ាងនោះឯង។

[៣៥៧]  ម្នាលភិក្ខុទាំងឡាយ កាយនេះតាំងនៅដោយសារអាហារ អាស្រ័យអាហារ ទើបតាំងនៅបាន មិនមានអាហារ តាំងនៅមិនបានទេ យ៉ាងណាមិញ។ ម្នាលភិក្ខុ​ទាំងឡាយ ​នីវរណៈ ទាំង៥ តាំងនៅដោយសារអាហារ អាស្រ័យអាហារ ទើបតាំង​នៅ​បាន មិនមានអាហារ តាំងនៅមិនបានទេ​ ក៏យ៉ាងនោះដែរ។

[៣៥៨]  ម្នាលភិក្ខុទាំងឡាយ អ្វីជាអាហារ ដែលញ៉ាំងកាមច្ឆន្ទៈ មិនទាន់កើតឡើង ឲ្យកើតឡើង ឬញ៉ាំងកាមច្ឆន្ទៈ ដែលកើតឡើងហើយ ឲ្យរឹតតែកើតធំទូលាយឡើង។ ម្នាលភិក្ខុទាំងឡាយ សុភនិមិត្ត រមែងមានការធ្វើទុកក្នុងចិត្តខុសទំនង និងការធ្វើ​ឲ្យ​ក្រាស់​ក្រែល ក្នុងសុភនិមិត្តនោះ នេះជាអាហារ ដែលញ៉ាំងកាមច្ឆន្ទៈ មិនទាន់កើតឡើង ឲ្យកើតឡើង ឬញ៉ាំងកាមច្ឆន្ទៈ ដែលកើតឡើងហើយ ឲ្យរឹតតែកើតធំទូលាយទៅ។

[៣៥៩]  ម្នាលភិក្ខុទាំងឡាយ អ្វីជាអាហារ ដែលញ៉ាំងព្យាបាទមិនទាន់កើតឡើង​ ឲ្យ​កើត​ឡើង ឬញ៉ាំងព្យាបាទ ដែលកើតឡើងហើយ ឲ្យរឹតតែកើតធំទូលាយទៅ។ ម្នាលភិក្ខុ​ទាំងឡាយ បដិឃនិមិត្ត (និមិត្តនាំឲ្យចង្អៀតចង្អល់ចិត្ត) រមែងមាន ការធ្វើទុកក្នុង​ចិត្តខុសទំនង និងធ្វើឲ្យក្រាស់ក្រែល ក្នុងបដិឃនិមិត្តនោះ នេះជាអាហារ ដែលញ៉ាំងព្យាបាទមិនទាន់កើតឡើង ឲ្យកើតឡើង ឬញ៉ាំងព្យាបាទ ដែលកើតឡើងហើយ ឲ្យរឹតតែ​កើតធំទូលាយទៅ។

[៣៦០]  ម្នាលភិក្ខុទាំងឡាយ អ្វីជាអាហារ ដែលញ៉ាំងថីនមិទ្ធមិនទាន់កើតឡើង​ ឲ្យ​កើត​ឡើង ឬញ៉ាំងថីនមិទ្ធ ដែលកើតឡើងហើយ ឲ្យរឹតតែកើតធំទូលាយទៅ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីធុញទ្រាន់ សេចក្តីខ្ជិល មិតពត់កាយ ពុលបាយ រួញរាចិត្ត រមែង​មាន ​ការ​ធ្វើទុកក្នុង​ចិត្តខុសទំនង និងការធ្វើឲ្យក្រាស់ក្រែល ក្នុងការទាំងនោះ នេះជា​អា​ហារ​ ដែលញ៉ាំងថីនមិទ្ធមិនទាន់កើតឡើង ឲ្យកើតឡើង ឬញ៉ាំងថីនមិទ្ធ ​ដែលកើត​ឡើង​ហើយ ​ឲ្យរឹតតែ​កើតធំទូលាយទៅ។

[៣៦១]  ម្នាលភិក្ខុទាំងឡាយ អ្វីជាអាហារ ដែលញ៉ាំងឧទ្ធច្ចកុក្កុច្ច មិនទាន់កើត​ឡើង ​ឲ្យ​កើត​ឡើង ឬញ៉ាំងឧទ្ធច្ចកុក្កុច្ច ដែលកើតឡើងហើយ ឲ្យរឹតតែកើត​ធំទូលាយ​ទៅ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីមិនស្ងប់ចិត្ត ​រមែង​មាន ​ការ​ធ្វើទុកក្នុង​ចិត្តមិនត្រូវទំនង​ និង​ការធ្វើ​ឲ្យ​ក្រាស់ក្រែល ក្នុងរឿងនោះ នេះជាអា​ហារ ​ដែលញ៉ាំងឧទ្ធច្ចកុក្កុច្ចមិន​ទាន់​កើត​​ឡើង​ ឲ្យ​កើតឡើង ឬញ៉ាំងឧទ្ធច្ចកុក្កុច្ច ​ដែលកើត​ឡើង​ហើយ ​ឲ្យរឹតតែកើត​ធំទូលាយ​ទៅ។

[៣៦២]  ម្នាលភិក្ខុទាំងឡាយ អ្វីជាអាហារ ដែលញ៉ាំងវិចិកិច្ឆាមិនទាន់កើតឡើង ​ឲ្យ​​កើត​ឡើង ឬញ៉ាំងវិចិកិច្ឆា ដែលកើតឡើងហើយ ឲ្យរឹតតែកើតធំទូលាយទៅ។ ម្នាលភិក្ខុ​ទាំងឡាយ ធម៌ដែលជាទីតាំងនៃវិចិកិច្ឆា រមែង​មាន ​ការ​ធ្វើទុកក្នុង​ចិត្ត​មិនត្រូវទំនង​ និងការ​ធ្វើ​​ឲ្យ​ក្រាស់ក្រែល ក្នុងធម៌ទាំងនោះ នេះជាអា​ហារ​ដែលញ៉ាំង​វិចិកិច្ឆាមិនទាន់​កើត​​ឡើង ​ឲ្យកើតឡើង ឬញ៉ាំងវិចិកិច្ឆា​ ដែលកើត​ឡើង​ហើយ​ឲ្យរឹតតែកើត​ធំទូលាយទៅ។

[៣៦៣]  ម្នាលភិក្ខុទាំងឡាយ កាយនេះតែងតាំងនៅ ព្រោះអាហារ អាស្រ័យអា​ហារ​ ទើបតាំងនៅបាន មិនមានអាហារ តាំងនៅមិនបានទេ យ៉ាងណាមិញ។ ម្នាលភិក្ខុ​ទាំងឡាយ នីវរណៈ ទាំង៥នេះ តែងតាំងនៅ ព្រោះអាហារ អាស្រ័យអាហារ ទើបតាំង​នៅ​បាន ​មិនមានអាហារ ក៏តាំងនៅមិនបានទេ យ៉ាងនោះដែរ។

[៣៦៤]  ម្នាលភិក្ខុទាំងឡាយ កាយនេះតែងតាំងនៅ ព្រោះអាហារ អាស្រ័យអាហារ ទើបតាំងនៅបាន មិនមានអាហារ តាំងនៅមិនបានទេ យ៉ាងណាមិញ។ ម្នាលភិក្ខុ​ទាំងឡាយ ពោជ្ឈង្គ ទាំង៧ តែងតាំងនៅ ព្រោះអាហារ អាស្រ័យអាហារ ទើបតាំង​នៅ​បាន មិនមានអាហារ តាំងនៅមិនបានទេ ក៏យ៉ាងនោះដែរ។

[៣៦៥]  ម្នាលភិក្ខុទាំងឡាយ អ្វីជាអាហារ នាំសតិសម្ពោជ្ឈង្គ ដែលមិនទាន់​កើត​ឡើង ​ឲ្យ​កើត​ឡើង ឬនាំសតិសម្ពោជ្ឈង្គ ដែលកើតឡើងហើយ ឲ្យរឹងរឹតតែចំរើន​ពេញ​លេញឡើងបាន។ ម្នាលភិក្ខុទាំងឡាយ ធម៌ជាទីតាំងនៃសតិសម្ពោជ្ឈង្គ ​រមែង​មាន ​ការ​ធ្វើទុកក្នុង​ចិត្តត្រូវទំនង​ និងធ្វើ​ឲ្យ​ក្រាស់ក្រែល ក្នុងធម៌ទាំងនោះ នេះជាអា​ហារ​ នាំសតិ​សម្ពោជ្ឈង្គ ដែលមិនទាន់កើតឡើង ឲ្យកើត​ឡើង ឬនាំសតិសម្ពោជ្ឈង្គ​ ដែល​កើត​​ឡើង​​ហើយ​ ឲ្យរឹងរឹតតែចំរើនពេញលេញឡើងបាន។

[៣៦៦]  ម្នាលភិក្ខុទាំងឡាយ អ្វីជាអាហារ នាំធម្មវិចយសម្ពោជ្ឈង្គ ដែលមិនទាន់​កើត​ឡើង ​ឲ្យ​កើត​ឡើង ឬនាំធម្មវិចយសម្ពោជ្ឈង្គ ដែលកើតឡើងហើយ ឲ្យរឹងរឹត​តែចំរើន​ ពេញ​លេញឡើងបាន។ ម្នាលភិក្ខុទាំងឡាយ ធម៌ជាកុសល និងអកុសល ធម៌​ដែល​ ប្រកបដោយទោស និងមិនមានទោស ធម៌ថោកទាប និងឧត្តម ធម៌ជាចំណែក​ខុស​គ្នា គឺធម៌ខ្មៅ   និងធម៌ស រមែង​មាន ​ការ​ធ្វើទុកក្នុង​ចិត្តត្រូវទំនង​ និងធ្វើ​ឲ្យ​ក្រាស់​ក្រែល​ក្នុងធម៌ទាំងនោះ នេះជាអា​ហារ ​នាំធម្មវិចយ​សម្ពោជ្ឈង្គ ដែលមិនទាន់កើត​​ឡើង​ ឲ្យ​កើត​ឡើង ឬនាំធម្មវិចយសម្ពោជ្ឈង្គ ​ដែលកើត​ឡើង​ហើយ ​ឲ្យរឹងរឹតតែចំរើន ពេញលេញឡើង​បាន។

[៣៦៧]  ម្នាលភិក្ខុទាំងឡាយ អ្វីជាអាហារ នាំវីរិយសម្ពោជ្ឈង្គ ដែលមិនទាន់​កើត​ឡើង ​​ឲ្យ​កើត​ឡើង ឬនាំវីរិយសម្ពោជ្ឈង្គ ដែលកើតឡើងហើយ ឲ្យរឹងរឹត​តែចំរើន ​ពេញ​លេញ​ឡើងបាន។ ម្នាលភិក្ខុទាំងឡាយ ធាតុ គឺសេចក្តីផ្តួចផ្តើម ធាតុ គឺសេចក្តី​ព្យាយាម ធាតុ គឺសេចក្តីខ្នះខ្នែង ប្រឹងប្រែង រមែង​មាន ​ការ​ធ្វើទុកក្នុង​ចិត្តត្រូវទំនង​ និងធ្វើ​ឲ្យ​ក្រាស់​​ក្រែល​ ក្នុងធាតុទាំងនោះ នេះជាអា​ហារ ​នាំវីរិយ​សម្ពោជ្ឈង្គ ដែលមិនទាន់កើត​​ឡើង ​ឲ្យ​កើត​ឡើង ឬនាំវីរិយសម្ពោជ្ឈង្គ ​ដែលកើត​ឡើង​ហើយ ​ឲ្យរឹងរឹតតែចំរើន​ ពេញ​លេញឡើងបាន។

[៣៦៨]  ម្នាលភិក្ខុទាំងឡាយ អ្វីជាអាហារ នាំបីតិសម្ពោជ្ឈង្គ ដែលមិនទាន់​កើត​ឡើង​ ឲ្យ​កើត​ឡើង ឬនាំបីតិសម្ពោជ្ឈង្គ ដែលកើតឡើងហើយ ឲ្យរឹងរឹត​តែចំរើនពេញ​លេញឡើងបាន។ ម្នាលភិក្ខុទាំងឡាយ ធម៌ជាទីតាំងនៃបីតិសម្ពោជ្ឈង្គ រមែង​មាន ការ​ធ្វើទុកក្នុង​ចិត្តត្រូវទំនង និងធ្វើ​ឲ្យ​ក្រាស់​​ក្រែល​ ក្នុងធម៌ទាំងនោះ នេះជាអា​ហារ​ នាំបីតិសម្ពោជ្ឈង្គ ដែលមិនទាន់កើត​​ឡើង ​ឲ្យ​កើត​ឡើង ឬនាំបីតិសម្ពោជ្ឈង្គ ​ដែលកើត​ឡើង​ហើយ ​ឲ្យរឹងរឹតតែចំរើន​ ពេញ​លេញឡើងបាន។

[៣៦៩]  ម្នាលភិក្ខុទាំងឡាយ អ្វីជាអាហារ នាំបស្សទ្ធិសម្ពោជ្ឈង្គ ដែលមិនទាន់​កើត​ឡើង​ ឲ្យ​កើត​ឡើង ឬនាំបស្សទ្ធិសម្ពោជ្ឈង្គ ដែលកើតឡើងហើយ ឲ្យរឹងរឹត​តែចំរើន​ពេញ​លេញឡើងបាន។ ម្នាលភិក្ខុទាំងឡាយ សេចក្តីស្ងប់កាយ​ សេចក្តីស្ងប់ចិត្ត រមែង​មាន ការ​ធ្វើទុកក្នុង​ចិត្តត្រូវទំនង​ និងធ្វើ​ឲ្យ​ក្រាស់​​ក្រែល ​ក្នុងសេចក្តីស្ងប់ទាំងនោះ នេះជា​អា​ហារ​នាំបស្សទ្ធិ​សម្ពោជ្ឈង្គ ដែលមិនទាន់កើត​​ឡើង ​ឲ្យ​កើត​ឡើង ឬនាំបស្សទ្ធិសម្ពោជ្ឈង្គ​​ដែលកើត​ឡើង​ហើយ​ ឲ្យរឹងរឹតតែចំរើន ​ពេញ​លេញឡើងបាន។

[៣៧០]  ម្នាលភិក្ខុទាំងឡាយ អ្វីជាអាហារ នាំសមាធិសម្ពោជ្ឈង្គ ដែលមិនទាន់​កើត​ឡើង ​ឲ្យ​កើត​ឡើង ឬនាំសមាធិសម្ពោជ្ឈង្គ ដែលកើតឡើងហើយ ឲ្យរឹងរឹត​តែចំរើន​ពេញ​លេញឡើងបាន។ ម្នាលភិក្ខុទាំងឡាយ ហេតុនៃការតាំងចិត្តមាំ ហេតុមិន​រាយ​មាយ រមែង​មាន ការ​ធ្វើទុកក្នុង​ចិត្តត្រូវទំនង​ និងការធ្វើ​ឲ្យ​ក្រាស់​​ក្រែល​ ក្នុងហេតុ​ទាំង​នោះ នេះជា​អា​ហារ​ នាំ​សមាធិ​​សម្ពោជ្ឈង្គ ដែលមិនទាន់កើត​​ឡើង ​ឲ្យ​កើត​ឡើង ឬនាំ​សមាធិ​​សម្ពោជ្ឈង្គ​​ដែលកើត​ឡើង​ហើយ ​ឲ្យរឹងរឹតតែចំរើន ​ពេញ​លេញឡើងបាន។

[៣៧១]  ម្នាលភិក្ខុទាំងឡាយ អ្វីជាអាហារ នាំឧបេក្ខាសម្ពោជ្ឈង្គ ដែលមិនទាន់​កើត​ឡើង​ ឲ្យ​កើត​ឡើង ឬនាំឧបេក្ខាសម្ពោជ្ឈង្គ ដែលកើតឡើងហើយ ឲ្យរឹងរឹត​តែចំរើន​ពេញ​លេញឡើងបាន។ ម្នាលភិក្ខុទាំងឡាយ ធម៌ជាទីតាំងនៃឧបេក្ខាសម្ពោជ្ឈង្គ រមែង​មាន​ ការ​ធ្វើទុកក្នុង​ចិត្តត្រូវទំនង​ និងការធ្វើ​ឲ្យ​ក្រាស់​​ក្រែល ​ក្នុងធម៌ទាំងនោះ នេះជា​អាហារ​​ នាំ​ឧបេក្ខា​​សម្ពោជ្ឈង្គ ដែលមិនទាន់កើត​​ឡើង ​ឲ្យ​កើត​ឡើង ឬនាំឧបេក្ខា​សម្ពោជ្ឈង្គ​​ ដែល​កើត​ឡើង​ហើយ ​ឲ្យរឹងរឹតតែចំរើន​ ពេញ​លេញ​​​​​ឡើងបាន។

[៣៧២]  ម្នាលភិក្ខុទាំងឡាយ កាយនេះតែងតាំងនៅ ព្រោះអាហារ អាស្រ័យ​អា​ហារ ទើបតាំងនៅបាន មិនមានអាហារ តាំងនៅមិនបាន យ៉ាងណាមិញ។ ម្នាលភិក្ខុ​ទាំងឡាយ ពោជ្ឈង្គ ទាំង៧ នេះសោត តែងតាំងនៅ ព្រោះអាហារ អា​ស្រ័យ​អា​ហារ​ទើបតាំង​នៅ​បាន មិនមានអាហារ តាំងនៅមិនបានទេ ក៏យ៉ាងនោះដែរ។

[៣៧៣]  ម្នាលភិក្ខុទាំងឡាយ ភិក្ខុទាំងឡាយឯណា បរិបូណ៌ដោយសីល បរិបូណ៌​ដោយសមាធិ បរិបូណ៌ដោយបញ្ញា បរិបូណ៌ដោយផលវិមុត្តិ បរិបូណ៌ដោយ​វិមុត្តិ​ញ្ញាណ​ទស្សនៈ (បច្ចវេក្ខណញ្ញាណ) ម្នាលភិក្ខុទាំងឡាយ តថាគតសរសើរនូវការ​ឃើញ​នូវភិក្ខុទាំងនោះ ថាជាការមានឧបការៈច្រើន មា្នលភិក្ខុទាំងឡាយ តថាគតសរ​សើរ​នូវការស្តាប់នូវភិក្ខុទាំងនោះ ថាជាការមានឧបការៈច្រើន មា្នលភិក្ខុទាំងឡាយ តថាគត​សរ​សើរនូវការចូលទៅរកភិក្ខុទាំងនោះ ថាជាការមានឧបការៈច្រើន មា្នលភិក្ខុ​ទាំង​ឡាយ តថាគត សរ​សើរនូវការចូលទៅអង្គុយជិតភិក្ខុទាំងនោះ ថាជាការមានឧបការៈច្រើន មា្នលភិក្ខុទាំងឡាយ តថាគត សរ​សើរនូវការរឭករឿយៗ​នូវភិក្ខុទាំងនោះ ថា​ជាការ​មាន​ឧប​ការៈច្រើន មា្នលភិក្ខុទាំងឡាយ តថាគត សរ​សើរនូវការបួសតាម​ភិក្ខុ​ទាំង​នោះ​ ថា​ជាការមានឧបការៈច្រើន។ ដំណើរនោះ​ តើព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះ​បុគ្គលបានស្តាប់ធម៌ របស់ពួកភិក្ខុបែបនោះហើយ រមែងឃា្លតចេញ ដោយការ​ឃ្លាត​កាយ និងការឃ្លាតចិត្តទាំងពីរ កាលបើភិក្ខុនោះ ឃ្លាតចេញដូច្នោះហើយ រមែង​រឭករឿយៗ ត្រិះរិះរឿយៗនូវធម៌នោះ។

[៣៧៤]  ម្នាលភិក្ខុទាំងឡាយ សម័យណាភិក្ខុបានឃ្លាតចេញ យ៉ាងនោះ ហើយរឭករឿយៗ ពិចារណារឿយៗនូវធម៌នោះ សតិសម្ពោជ្ឈង្គ ឈ្មោះថាភិក្ខុបាន​ប្រារព្ធហើយ ក្នុងសម័យនោះ ភិក្ខុឈ្មោះថា បានចំរើនសតិសម្ពោជ្ឈង្គ ក្នុងសម័យនោះ សតិសម្ពោជ្ឈង្គ ក៏បានពេញលេញ ព្រោះការចំរើន របស់ភិក្ខុក្នុងសម័យនោះ ភិក្ខុនោះ​ដែលបាននឹករឭកដូច្នោះ ឈ្មោះថា ពិចារណា ត្រិះរិះ គន់រកនូវធម៌នោះ ដោយបញ្ញា។

[៣៧៥]  ម្នាលភិក្ខុទាំងឡាយ សម័យណាភិក្ខុបាននឹករឭកដូច្នោះ ពិចារណា​ត្រិះរិះ​​ គន់រកនូវធម៌នោះ ដោយបញ្ញាហើយ ធម្មវិចយសម្ពោជ្ឈង្គ ឈ្មោះថា​ភិក្ខុបាន​ប្រារព្ធ​ហើយ ​ក្នុង​សម័យនោះ ភិក្ខុឈ្មោះថា បានចំរើនធម្មវិចយសម្ពោជ្ឈង្គ ក្នុង​សម័យ​នោះ ​ធម្មវិចយសម្ពោជ្ឈង្គ ក៏បានពេញលេញ ព្រោះការចំរើនរបស់ភិក្ខុ ក្នុងសម័យនោះ កាលភិក្ខុ​នោះ ពិចារណា ត្រិះរិះ គន់រកនូវធម៌នោះ ដោយបញ្ញា សេចក្តីព្យាយាម​មិនធូរថយ ឈ្មោះថាបានប្រារព្ធហើយ។

[៣៧៦]  ម្នាលភិក្ខុទាំងឡាយ សម័យណាភិក្ខុពិចារណា ត្រិះរិះគន់រកនូវធម៌នោះ​ដោយ​បញ្ញា សេចក្តីព្យាយាមមិនធូរថយ ឈ្មោះ​ថា បានប្រារព្ធហើយ វីរិយសម្ពោជ្ឈង្គ ឈ្មោះថា ភិក្ខុបានប្រារព្ធហើយ ​ក្នុង​សម័យនោះ ភិក្ខុឈ្មោះថា បានចំរើននូវវីរិយ​សម្ពោជ្ឈង្គ ក្នុងសម័យនោះ វីរិយសម្ពោជ្ឈង្គ ក៏បាន​ពេញលេញ ​ព្រោះការចំរើន​ របស់ភិក្ខុ​ក្នុង​សម័យនោះ បីតិដែលប្រាសចាកអាមិស រមែងកើតឡើង ដល់ភិក្ខុដែលមាន​ព្យាយាមបរិបូណ៌ហើយ។

[៣៧៧]  ម្នាលភិក្ខុទាំងឡាយ បីតិដែលប្រាសចាកអាមិស កើតឡើង​ដល់​ភិក្ខុ ដែលបរិបូណ៌​ ដោយព្យា​យាមហើយ ក្នុងសម័យណា បីតិសម្ពោជ្ឈង្គ ឈ្មោះថា​ ភិក្ខុ​បាន​ប្រារព្ធហើយ ក្នុងសម័យនោះ ភិក្ខុឈ្មោះថា បានចំរើននូវបីតិសម្ពោជ្ឈង្គ ក្នុង​សម័យនោះ បីតិសម្ពោជ្ឈង្គ ​ក៏បាន​ពេញលេញ ព្រោះការចំរើនរបស់ភិក្ខុ ក្នុងសម័យ​នោះ កាលបើ​ភិក្ខុ​ មាន​ចិត្ត​ប្រកប​ដោយ​បីតិ​ហើយ កាយក៏ស្ងប់រម្ងាប់ ចិត្តក៏ស្ងប់រម្ងាប់បាន។

[៣៧៨]  ម្នាលភិក្ខុទាំងឡាយ កាលបើ​ភិក្ខុ​មាន​ចិត្ត​ ប្រកប​ដោយ​បីតិ​ កាយក៏​ស្ងប់​​រម្ងាប់ ចិត្តក៏ស្ងប់រម្ងាប់ ក្នុងសម័យណា បស្សទ្ធិសម្ពោជ្ឈង្គ ឈ្មោះថា ភិក្ខុបានប្រារព្ធ​ហើយ​ ក្នុងសម័យនោះ ភិក្ខុឈ្មោះថា បានចំរើននូវបស្សទ្ធិសម្ពោជ្ឈង្គ ក្នុងសម័យនោះ បស្សទ្ធិសម្ពោជ្ឈង្គ ក៏បានពេញលេញ ព្រោះការចំរើនរបស់ភិក្ខុ ក្នុងសម័យនោះ កាល​បើភិក្ខុមានកាយស្ងប់រម្ងាប់ ប្រកបដោយសេចក្តីសុខចិត្ត ក៏តាំងនៅមាំ។

[៣៧៩]  ម្នាលភិក្ខុទាំងឡាយ ចិត្តរបស់ភិក្ខុអ្នកមានកាយស្ងប់រម្ងាប់ មានសេចក្តី​សុខ បានតាំងមាំ ក្នុងសម័យណា ម្នាលភិក្ខុទាំងឡាយ សមាធិសម្ពោជ្ឈង្គ ឈ្មោះថា ភិក្ខុបានប្រារព្ធហើយ ក្នុងសម័យនោះ ភិក្ខុឈ្មោះថា បានចំរើននូវសមាធិសម្ពោជ្ឈង្គ​ ក្នុងសម័យនោះ សមាធិសម្ពោជ្ឈង្គ​ ក៏បានពេញលេញ ព្រោះការចំរើន របស់ភិក្ខុ ក្នុង​សម័យនោះ ភិក្ខុនោះឈ្មោះ​ថា ធ្វើចិត្តដែលតាំងមាំ យ៉ាងនោះ ឲ្យជាឧបេក្ខាបានល្អ។

[៣៨០]  ម្នាលភិក្ខុទាំងឡាយ ភិក្ខុធ្វើចិត្តដែលតាំងមាំ យ៉ាងនោះ ឲ្យជាឧបេក្ខា​បាន​ល្អ ក្នុងសម័យណា ឧបេក្ខាសម្ពោជ្ឈង្គ ឈ្មោះថា ភិក្ខុបានប្រារព្ធហើយ ក្នុងសម័យនោះ ភិក្ខុ​​ឈ្មោះថា បានចំរើននូវឧបេក្ខាសម្ពោជ្ឈង្គ ក្នុងសម័យនោះ ឧបេក្ខាសម្ពោជ្ឈង្គ ក៏បានពេញលេញ ព្រោះការចំរើនរបស់ភិក្ខុ ក្នុងសម័យនោះ។

[៣៨១]  ម្នាលភិក្ខុទាំងឡាយ កាលបើពោជ្ឈង្គ ទាំង៧ ដែលភិក្ខុបានចំរើន​យ៉ាងនេះ ធ្វើឲ្យក្រាស់ក្រែល យ៉ាងនេះហើយ រមែងបានផល៧ អានិសង្ស៧។ ផល​ទាំង៧ អានិសង្សទាំង៧ តើអ្វីខ្លះ។

[៣៨២]  ភិក្ខុរមែងសម្រេចនូវព្រះអរហត្ត ក្នុងបច្ចុប្បន្ននេះឯង មុន (ស្លាប់) បើមិន​សម្រេចអរហត្ត ក្នុងបច្ចុប្បន្នមុនស្លាប់ទេ រមែងសម្រេចអរហត្ត ក្នុងកាលជិតស្លាប់។ បើមិនសម្រេចអរហត្ត ក្នុងបច្ចុប្បន្នមុនស្លាប់ទេ បើមិនសម្រេចអរហត្ត​ ក្នុងកាលជិត​​ស្លាប់ទេ គង់បានជាអន្តរាបរិនិព្វាយី [ព្រះអនាគាមិ អស់សំយោជនៈខាងក្រោម៥ហើយ សម្រេចអរហត្ត បានបរិនិព្វាន ក្នុងកាលអាយុមិនទាន់ដល់ពាក់កណ្តាល ហៅថា អន្តរាបរិនិព្វាយី ដូចជាលោកដែលកើតក្នុងព្រហ្មជាន់អវិហា មានកំណត់អាយុ ១ពាន់កប្ប បើបានបរិនិព្វាន ក្នុងវេលាអាយុបាន ១រយកប្បក្តី ២រយកប្ប​ក្តី ៤រយកប្បក្តី ក៏ហៅថា អន្តរាបរិនិព្វាយី ដូចគ្នាទាំង៣ពួកនោះ។ តាមន័យសារត្ថប្បកាសិនី។] ព្រោះ​ការអស់សំយោជនៈ ជាចំណែកខាង​ក្រោម៥។ បើមិនសម្រេចអរហត្ត ក្នុងបច្ចុប្បន្ន​មុនស្លាប់ទេ បើមិនសម្រេចអរហត្ត ​ក្នុងកាលជិតស្លាប់ទេ បើមិនបានជាអន្តរាបរិនិព្វាយី ព្រោះការអស់សំយោជនៈ ជា​ចំណែកខាងក្រោម ៥ ទេ គង់បានជាឧបហច្ចបរិនិព្វាយី [ព្រះអនាគាមិ ដែលទៅកើតក្នុងព្រហ្មជាន់សុទ្ធាវាស សម្រេចអរហត្ត បរិនិព្វាន ក្នុងវេលា​អាយុហួសពាក់កណ្តាលហើយ ហៅថា ឧបហច្ចបរិនិព្វាយី។]  ព្រោះអស់សំយោជនៈ ​ជា​ចំណែកខាងក្រោម៥។ បើមិនសម្រេចអរហត្ត ក្នុងបច្ចុប្បន្នមុនស្លាប់ទេ។ បើមិន​សម្រេច​អរហត្ត ក្នុងកាលជិតស្លាប់ទេ បើមិនបានជាអន្តរាបរិនិព្វាយី ព្រោះការអស់សំ​យោជនៈ ខាងក្រោម៥ទេ បើមិនបានជាឧបហច្ចបរិនិព្វាយី ព្រោះការអស់សំ​យោជនៈ ជាចំណែក​ខាងក្រោម៥ទេ គង់បានជាអសង្ខារបរិនិព្វាយី [ព្រះអនាគាមិ ដែលបានសម្រេច​អរហត្ត ដោយ​មិនបានប្រឹងប្រកបព្យាយាម ហៅថា អសង្ខារបរិនិព្វាយី។]  ព្រោះការ​អស់​សំយោជនៈ ជាចំណែកខាងក្រោម៥។ បើមិនបានសម្រេចអរហត្ត ក្នុងបច្ចុប្បន្ន​មុនស្លាប់ទេ បើមិនបានសម្រេចអរហត្ត ក្នុងកាលជិតស្លាប់ទេ បើមិនបានជា​អន្តរាបរិនិព្វាយី ព្រោះការអស់សំយោជនៈ ជាចំណែកខាងក្រោម៥ទេ បើមិន​បាន​ជាឧបហច្ចបរិនិព្វាយី ព្រោះការអស់សំយោជនៈ ខាងក្រោម៥ទេ បើមិនបានជា​អសង្ខារបរិនិព្វាយី ព្រោះការ​អស់សំយោជនៈ ជាចំណែកខាងក្រោម៥ទេ គង់បានជាសសង្ខារបរិនិព្វាយី [ព្រះអនាគាមិ ក្នុងជាន់សុទ្ធាវាស បានសម្រេចអរហត្ត បរិនិព្វាន ដោយការប្រកបព្យាយាម ហៅថា សសង្ខារបរិនិព្វាយី។]  ព្រោះការ​អស់​សំយោជនៈ ជាចំណែកខាងក្រោម៥។ បើមិនសម្រេចអរហត្ត ក្នុងបច្ចុប្បន្ន​មុន​ស្លាប់​ទេ បើមិនសម្រេចអរហត្ត ក្នុងកាលជិតស្លាប់ទេ បើមិនបានជាអន្តរាបរិនិព្វាយី ព្រោះការ​អស់សំយោជនៈ ជាចំណែកខាងក្រោម៥ទេ បើមិនបានជាឧបហច្ចបរិនិព្វាយី ព្រោះការ​អស់​សំយោជនៈ ជាចំណែកខាងក្រោម៥ទេ បើមិនបានជាអសង្ខារបរិនិព្វាយី ព្រោះការ​អស់​សំយោជនៈ ជាចំណែកខាងក្រោម៥ទេ បើមិនបានជាសសង្ខារបរិនិព្វាយី ព្រោះការ​អស់សំយោជនៈ ជាចំណែកខាងក្រោម៥ទេ គង់នឹងបានជា​ឧទ្ធំសោតអកនិដ្ឋគាមី [ព្រះអនាគាមី ដែលមិនបានសម្រេចអរហត្តក្នុងភពដែលកើតទេ ក៏ត្រូវទៅកើតក្នុងភព​អកនិដ្ឋ បរិនិព្វានក្នុងភពនោះ ហៅថា ឧទ្ធំសោតអកនិដ្ឋគាមី។] ព្រោះការ​អស់​សំយោជនៈ ជាចំណែកខាងក្រោម៥។ ម្នាលភិក្ខុទាំងឡាយ កាលបើពោជ្ឈង្គ ទាំង៧ ដែលភិក្ខុបានចំរើនយ៉ាងនេះ ធ្វើឲ្យរឿយៗ យ៉ាងនេះហើយ ផល៧ អានិសង្ស៧ នេះ ក៏កើតប្រាកដ។

[៣៨៣]  សម័យមួយ ព្រះសារីបុត្តដ៏មានអាយុ គង់នៅក្នុងវត្តជេតពន របស់អនាថ​បិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ ក្នុងទីនោះឯង ព្រះសារីបុត្តដ៏មានអាយុ​ បាន​ហៅភិក្ខុទាំងឡាយថា ម្នាលអាវុសោភិក្ខុទាំងឡាយ។ ភិក្ខុទាំងនោះ ទទួលស្តាប់​ព្រះសារីបុត្តដ៏​មានអាយុថា ម្នាលអាវុសោ ដូច្នេះ។ ព្រះសារីបុត្តដ៏មានអាយុ​ បាន​ពោលដូច្នេះថា ម្នាល​អាវុសោទាំងឡាយ ពោជ្ឈង្គនេះ មាន៧។ ពោជ្ឈង្គ ទាំង៧ តើអ្វីខ្លះ។ គឺសតិសម្ពោជ្ឈង្គ១ ធម្មវិចយសម្ពោជ្ឈង្គ១ វីរិយសម្ពោជ្ឈង្គ១ បីតិសម្ពោជ្ឈង្គ១ បស្សទ្ធិសម្ពោជ្ឈង្គ១ សមាធិ​សម្ពោជ្ឈង្គ១ ឧបេក្ខាសម្ពោជ្ឈង្គ១។ ម្នាលអាវុសោ​ទាំង​ឡាយ នេះឯង ពោជ្ឈង្គ ទាំង៧។

[៣៨៤]  ម្នាលអាវុសោទាំងឡាយ បណ្តាពោជ្ឈង្គ ទាំង៧ប្រការនេះឯង បើខ្ញុំប្រាថ្នា​នឹងនៅ ដោយពោជ្ឈង្គណាៗ ក្នុងបុព្វណ្ហសម័យ ខ្ញុំក៏សម្រេចឥរិយាបថ ដោយ​ពោជ្ឈង្គ​នោះៗ ក្នុងបុព្វណ្ហសម័យបាន ប្រាថ្នានឹងនៅដោយពោជ្ឈង្គណាៗ ក្នុង​មជ្ឈន្តិកសម័យ ខ្ញុំក៏សម្រេចឥរិយាបថ ដោយ​ពោជ្ឈង្គ​​នោះៗ ក្នុងមជ្ឈន្តិកសម័យបាន ប្រាថ្នានឹងនៅដោយពោជ្ឈង្គណាៗ ក្នុងសាយណ្ហសម័យ ខ្ញុំក៏សម្រេចឥរិយាបថ ដោយ​ពោជ្ឈង្គ​​នោះៗ ក្នុងសាយណ្ហសម័យបាន។

[៣៨៥]  ម្នាលអាវុសោទាំងឡាយ បើសតិសម្ពោជ្ឈង្គ កើតមានដល់ខ្ញុំដូច្នេះសេចក្តីត្រិះរិះ តែងកើតមានដល់ខ្ញុំថា សតិសម្ពោជ្ឈង្គ មានប្រមាណមិនបាន សេចក្តីត្រិះរិះ​ តែងកើតមានដល់ខ្ញុំថា សតិសម្ពោជ្ឈង្គ បរិបូណ៌ល្អហើយ កាលបើសតិសម្ពោជ្ឈង្គ​តាំងនៅ ខ្ញុំក៏ដឹងច្បាស់ថា សតិសម្ពោជ្ឈង្គតាំងនៅ បើសតិសម្ពោជ្ឈង្គ របស់ខ្ញុំឃ្លាតទៅ ខ្ញុំក៏ដឹង​ច្បាស់ថា សតិសម្ពោជ្ឈង្គរបស់ខ្ញុំឃ្លាតទៅ ព្រោះហេតុនេះ ជាបច្ច័យ។បេ។

[៣៨៦] ម្នាលអាវុសោទាំងឡាយ បើឧបេក្ខាសម្ពោជ្ឈង្គ កើតដល់ខ្ញុំ ដូច្នេះ សេចក្តី​ត្រិះរិះ តែងកើតមានដល់ខ្ញុំថា ឧបេក្ខាសម្ពោជ្ឈង្គ មានប្រមាណមិនបាន សេចក្តី​ត្រិះរិះ​ តែងកើតមានដល់ខ្ញុំថា ឧបេក្ខាសម្ពោជ្ឈង្គ បរិបូណ៌ល្អហើយ កាលបើឧបេក្ខា​សម្ពោជ្ឈង្គ​​តាំងនៅ ខ្ញុំក៏ដឹងច្បាស់ថា ឧបេក្ខាសម្ពោជ្ឈង្គតាំងនៅ បើឧបេក្ខាសម្ពោជ្ឈង្គ​របស់ខ្ញុំ​ឃ្លាតទៅ ខ្ញុំក៏ដឹង​ច្បាស់ថា ឧបេក្ខាសម្ពោជ្ឈង្គរបស់ខ្ញុំឃ្លាតទៅ ​ព្រោះហេតុនេះ​ជាបច្ច័យ។

[៣៨៧] ម្នាលអាវុសោទាំងឡាយ ដូចទូដាក់សំពត់ ពេញដោយសំពត់ ដែលជ្រលក់​ដោយពណ៌ផ្សេងៗ របស់ព្រះរាជាក្តី របស់រាជមហាមាត្យក្តី ព្រះរាជា ឬមហាមាត្យនោះ ប្រាថ្នានឹងស្លៀកដណ្តប់គូសំពត់ណាៗ ក្នុងបុព្វណ្ហសម័យ ក៏យកគូសំពត់នោះៗឯង ស្លៀកក្នុងបុព្វណ្ហសម័យបាន បើប្រាថ្នានឹងស្លៀកដណ្តប់​គូសំពត់ណាៗ ក្នុងមជ្ឈន្តិកសម័យ ក៏យកគូសំពត់នោះៗឯង ស្លៀកដណ្តប់ក្នុងមជ្ឈន្តិក​សម័យបាន បើប្រាថ្នានឹងស្លៀកដណ្តប់គូសំពត់ណាៗ ក្នុងសាយណ្ហសម័យ ក៏យក​គូ​សំពត់នោះៗឯង ស្លៀកដណ្តប់ក្នុងសាយណ្ហសម័យបាន យ៉ាងណាមិញ។ ម្នាលអាវុសោ​ទាំង​ឡាយ បណ្តាពោជ្ឈង្គ ទាំង៧នេះឯង ខ្ញុំប្រាថ្នានឹងនៅ ដោយពោជ្ឈង្គណាៗ ក្នុង​បុព្វណ្ហសម័យ ខ្ញុំក៏សម្រេចឥរិយាបថ ដោយពោជ្ឈង្គនោះៗ ក្នុងបុព្វណ្ហសម័យបាន ខ្ញុំប្រាថ្នានឹងនៅ​ ដោយពោជ្ឈង្គណាៗ ក្នុងមជ្ឈន្តិកសម័យ ខ្ញុំក៏សម្រេចឥរិយាបថ ដោយពោជ្ឈង្គនោះៗ ក្នុងមជ្ឈន្តិកសម័យបាន ខ្ញុំប្រាថ្នានឹងនៅ ដោយពោជ្ឈង្គណាៗ​​ ក្នុងសាយណ្ហសម័យ ខ្ញុំក៏សម្រេចឥរិយាបថ ដោយពោជ្ឈង្គនោះៗ ក្នុងសាយណ្ហ​សម័យបាន ក៏យ៉ាង​នោះដែរ។

[៣៨៨]  ម្នាលអាវុសោទាំងឡាយ បើសតិសម្ពោជ្ឈង្គ កើតមានដល់ខ្ញុំ ដូច្នេះសេច​ក្តីត្រិះរិះ តែងកើតមានដល់ខ្ញុំថា សតិសម្ពោជ្ឈង្គ មានប្រមាណមិនបាន សេចក្តីត្រិះរិះ​ តែងកើតមានដល់ខ្ញុំថា សតិសម្ពោជ្ឈង្គ បរិបូណ៌ល្អ កាលបើសតិសម្ពោជ្ឈង្គ​តាំងនៅ ខ្ញុំក៏ដឹងច្បាស់ថា សតិសម្ពោជ្ឈង្គតាំងនៅ បើសតិសម្ពោជ្ឈង្គ​របស់ខ្ញុំឃ្លាតទៅ ខ្ញុំក៏ដឹង​ច្បាស់ថា សតិសម្ពោជ្ឈង្គរបស់ខ្ញុំឃ្លាតទៅ ព្រោះហេតុនេះ ជាបច្ច័យ។បេ។

[៣៨៩]  ម្នាលអាវុសោទាំងឡាយ បើឧបេក្ខាសម្ពោជ្ឈង្គ កើតមានដល់ខ្ញុំ ដូច្នេះ សេច​​ក្តីត្រិះរិះ តែងកើតមានដល់ខ្ញុំថា ឧបេក្ខាសម្ពោជ្ឈង្គ មានប្រមាណមិនបាន សេចក្តី​ត្រិះរិះ​ តែងកើតមានដល់ខ្ញុំថា ឧបេក្ខាសម្ពោជ្ឈង្គ បរិបូណ៌ល្អ កាលបើឧបេក្ខាសម្ពោជ្ឈង្គ​តាំងនៅ ខ្ញុំក៏ដឹងច្បាស់ថា ឧបេក្ខាសម្ពោជ្ឈង្គតាំងនៅ បើឧបេក្ខាសម្ពោជ្ឈង្គរបស់ខ្ញុំ​ឃ្លាតទៅ ខ្ញុំក៏ដឹង​ច្បាស់ថា ឧបេក្ខាសម្ពោជ្ឈង្គរបស់ខ្ញុំឃ្លាតទៅ ព្រោះហេតុនេះ ជាបច្ច័យ។

[៣៩០]  គ្រានោះ ភិក្ខុមួយរូប ចូលទៅគាល់ព្រះដ៏មានព្រះភាគ។បេ។ លុះភិក្ខុ​នោះ អង្គុយក្នុងទីដ៏សមគួរហើយ បានក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រ
ព្រះអង្គដ៏ចំរើន ពាក្យគេតែងនិយាយថា ពោជ្ឈង្គ ពោជ្ឈង្គ ដូច្នេះ បពិត្រព្រះអង្គដ៏​​ចំរើន គេតែងនិយាយថា ពោជ្ឈង្គ ដូច្នេះ តើដោយហេតុប៉ុន្មាន។ ម្នាលភិក្ខុ ពួកធម៌ណា ប្រព្រឹត្តទៅ ដើម្បីឲ្យត្រាស់ដឹង ហេតុនោះ បានជាហៅថា ពោជ្ឈង្គ ដូច្នេះ។

[៣៩១]  ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចំរើនសតិសម្ពោជ្ឈង្គ ដែល
អា​ស្រ័យសេចក្តីស្ងប់ស្ងាត់ អាស្រ័យការប្រាសចាករាគៈ អាស្រ័យសេចក្តីរលត់ ទ​ន់​ទោរទៅក្នុងការលះបង់។បេ។

[៣៩២]  ភិក្ខុចំរើនឧបេក្ខាសម្ពោជ្ឈង្គ ដែលអា​ស្រ័យសេចក្តីស្ងប់ស្ងាត់ អាស្រ័យ​ការប្រាសចាករាគៈ អាស្រ័យសេចក្តីរលត់ ដែលទន់ទោរ​​ទៅក្នុងការលះបង់។

[៣៩៣]  កាលបើភិក្ខុនោះ ចំរើនពោជ្ឈង្គ ទាំង៧នេះ ចិត្តក៏ផុតស្រឡះ ចាកកាមាសវៈផង ចិត្តក៏ផុតស្រឡះ ចាកភវាសវៈផង ចិត្តក៏ផុតស្រឡះ ចាកអវិជ្ជាសវៈផង។ កាលបើចិត្តផុតស្រឡះហើយ ញាណក៏កើតឡើងថា ចិត្តរួចស្រឡះហើយ។ ភិក្ខុ​នោះ​ ក៏ដឹងច្បាស់ថា ជាតិអស់ហើយ ព្រហ្មចារ្យ បានប្រព្រឹត្តស្រេចហើយ សោឡសកិច្ច​បានធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ច​នេះទៀត​ មិន​មានឡើយ។ ម្នាលភិក្ខុ ពួកធម៌ណា ប្រព្រឹត្តទៅ ដើម្បីត្រាស់ដឹង ហេតុនោះ​ បានជា​ហៅថា ពោជ្ឈង្គ។

[៣៩៤]  សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងព្រៃអញ្ជ័ន ជាទីឲ្យអភ័យ​ដល់ម្រឹគ ជិតក្រុងសាកេត។ គ្រានោះឯង បរិព្វាជក ឈ្មោះ កុណ្ឌលិយ ចូលទៅគាល់​ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏រីករាយជាមួយនឹងព្រះដ៏មានព្រះភាគ លុះបញ្ចប់ពាក្យ ដែលគួររីករាយ និងពាក្យដែលគួររឭកហើយ ក៏អង្គុយក្នុងទីដ៏សមគួរ។ លុះកុណ្ឌលិយបរិព្វាជក អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះ​ភាគ​ ដូច្នេះថា បពិត្រព្រះគោតមដ៏ចំរើន ខ្ញុំព្រះអង្គ ជាអ្នកចេញចូលក្នុងសួនច្បារ ជាអ្នក​អង់អាច ក្នុងបរិស័ទ បពិត្រព្រះគោតមដ៏ចំរើន ការទៅសួនច្បារនេះ ជាអាហាររបស់ខ្ញុំ​ ដែលបរិភោគបាយព្រឹក ក្នុងកាលជាខាងក្រោយភត្ត រួចហើយខ្ញុំព្រះអង្គ តែងចង្រ្កម និងត្រាច់រង្គាត់អំពីសួនច្បារមួយ ទៅកាន់សួនច្បារមួយ អំពីឱទ្យានមួយ ទៅកាន់ឱទ្យានមួយ ខ្ញុំព្រះអង្គ តែងឃើញសមណព្រាហ្មណ៍មួយពួក ក្នុងអារាម និងឱទ្យាននោះ ថ្លែងនូវអានិ​សង្សនៃការដោះវាទៈរួចផងនូវអានិសង្សនៃការប្រណាំងប្រជែងផង ដូច្នេះ ចំ​ណែក​ខាង​ព្រះគោតមដ៏ចំរើន តើមានអ្វី ជាអានិសង្សដែរឬ។ ម្នាលកុណ្ឌលិយ ព្រះតថាគត​ មានវិជ្ជា និងវិមុត្តិ ជាផលានិសង្ស។

[៣៩៥]  បពិត្រព្រះគោតមដ៏ចំរើន ធម៌ទាំងឡាយ ដែលបុគ្គលចំរើនហើយ ធ្វើឲ្យ​រឿយ​ៗហើយ ញ៉ាំងវិជ្ជា និងវិមុត្តិ ឲ្យពេញលេញបាន តើដូចម្តេចខ្លះ។ ម្នាល​កុណ្ឌលិយ ពោជ្ឈង្គ ទាំង៧ ដែលបុគ្គលចំរើនហើយ ធ្វើឲ្យរឿយៗហើយ រមែង​ញ៉ាំងវិជ្ជា និងវិមុត្តិ ឲ្យពេញលេញបាន។ បពិត្រព្រះគោតមដ៏ចំរើន ធម៌ទាំងឡាយ​ ដែលបុគ្គលចំរើនហើយ ធ្វើឲ្យរឿយៗហើយ ញ៉ាំងពោជ្ឈង្គ ទាំង៧ ឲ្យពេញលេញបាន តើដូចម្តេចខ្លះ។ ម្នាល​កុណ្ឌលិយ សតិប្បដ្ឋាន ទាំង៤ ដែលបុគ្គលចំរើនហើយ ធ្វើឲ្យរឿយៗហើយ រមែងញ៉ាំងពោជ្ឈង្គ ទាំង៧ ឲ្យពេញលេញបាន។ បពិត្រព្រះគោតមដ៏ចំរើន ធម៌ទាំងឡាយ ដែលបុគ្គលចំរើន​ហើយ ធ្វើឲ្យរឿយៗហើយ ញ៉ាំង​សតិប្បដ្ឋាន ទាំង៤ ឲ្យពេញលេញបាន តើដូចម្តេចខ្លះ។ ម្នាលកុណ្ឌលិយ សុចរិត ទាំង៣ ដែលបុគ្គលចំរើនហើយ ធ្វើឲ្យរឿយៗហើយ រមែង​ញ៉ាំងសតិប្បដ្ឋាន ទាំង៤ ឲ្យពេញ​លេញបាន។ បពិត្រព្រះគោតមដ៏ចំរើន ធម៌ទាំងឡាយ ដែលបុគ្គលចំរើនហើយ ធ្វើឲ្យរឿយៗហើយ ញ៉ាំងសុចរិត ទាំង៣ ឲ្យពេញលេញបាន តើដូចម្តេចខ្លះ។

[៣៩៦]  ម្នាលកុណ្ឌលិយ ឥន្ទ្រិយសំវរ ដែលបុគ្គលចំរើនហើយ ធ្វើឲ្យរឿយៗ​ហើយ រមែងញ៉ាំងសុចរិត ទាំង៣ ឲ្យពេញលេញបាន។ ម្នាលកុណ្ឌលិយ ឥន្ទ្រិយសំវរ ​ដែល​បុគ្គលចំរើនហើយ ដូចម្តេច ធ្វើឲ្យរឿយៗហើយ ដូចម្តេច ទើបញ៉ាំង​សុចរិត ទាំង៣ ឲ្យពេញលេញបាន។ ម្នាលកុណ្ឌលិយ ភិក្ខុក្នុងសាសនានេះ ឃើញរូប ជាទីគាប់ចិត្ត ដោយចក្ខុហើយ មិនសំឡឹងរំពៃ មិនបៀតបៀន មិនញ៉ាំងតម្រេក ឲ្យកើត នាមកាយ​របស់ភិក្ខុនោះ ដំកល់នៅបាន ចិត្តក៏តាំងនៅខាងក្នុង តាំងនៅដោយល្អ ផុតស្រឡះ​ដោយល្អ។ ភិក្ខុឃើញរូប ដែលមិនគាប់ចិត្ត ដោយភ្នែកហើយ ជាអ្នកមិនមាន​មុខជ្រប់ មានចិត្តមិនតាំងខ្ជាប់ (ដោយអំណាចនៃកិលេស) មានចិត្តនឹងនួន មានចិត្តមិនព្យាបាទ នាមកាយរបស់ភិក្ខុនោះ ដំកល់នៅហើយ ចិត្តក៏តាំងនៅ​ខាងក្នុង តាំងនៅដោយល្អ ផុត​ស្រឡះដោយល្អ។ ម្នាលកុណ្ឌលិយ មួយទៀត ភិក្ខុឮ​សំឡេង ដោយត្រចៀក។បេ។ ធុំក្លិនដោយច្រមុះ។ ជញ្ជាប់រស ដោយអណ្តាត។ ពាល់ត្រូវផោដ្ឋព្វៈ ដោយកាយ។ ដឹង​ច្បាស់នូវធម្មារម្មណ៍ ជាទីគាប់ចិត្ត ដោយមនោហើយ មិន​សំឡឹងរំពៃ មិនបៀតបៀន មិនញ៉ាំងសេចក្តីត្រេកត្រអាលឲ្យកើត នាមកាយ​របស់ភិក្ខុនោះ តាំងនៅបាន ចិត្តក៏តាំងនៅខាងក្នុង តាំងនៅដោយល្អ ផុតស្រឡះ​ដោយល្អ។ លុះដឹងច្បាស់នូវ​ធម្មារម្មណ៍​មិនជាទីគាប់ចិត្ត ដោយមនោហើយ មិនមានមុខជ្រប់ មានចិត្តមិនតាំង​នៅស៊ប់ មានចិត្តនឹងនួន មានចិត្តមិនព្យាបាទ នាមកាយរបស់ភិក្ខុ​នោះ តាំងនៅហើយ ចិត្តក៏តាំងនៅខាងក្នុង តាំងនៅដោយល្អ ផុតស្រឡះដោយល្អ។ ម្នាលកុណ្ឌលិយ កាលណាភិក្ខុ ឃើញរូបដោយភ្នែកហើយ តាំងនៅក្នុងរូប ជាទីគាប់​ចិត្ត និងមិនគាប់ចិត្ត មានចិត្តនឹងនួន មានចិត្តមិនព្យាបាទ នាមកាយរបស់ភិក្ខុនោះ តាំង​នៅ​ហើយ ចិត្តក៏​តាំងនៅខាងក្នុង តាំងនៅដោយល្អ ផុតស្រឡះដោយល្អ។ ឮសំឡេងដោយត្រចៀក។បេ។ ធុំក្លិនដោយច្រមុះ។ លិទ្ធភ្លក្ស​រស ដោយអណ្តាត។ ពាល់ត្រូវ​ផោដ្ឋព្វៈ ដោយកាយ។ ដឹងច្បាស់នូវធម្មារម្មណ៍ ដោយមនោ កាយរបស់ភិក្ខុនោះ​ តាំង​នៅក្នុងធម៌ទាំងឡាយ ជាទីពេញគាប់ចិត្ត   និងមិនគាប់​ចិត្តហើយ ចិត្តក៏តាំងនៅខាងក្នុង តាំងនៅដោយល្អ ផុតស្រឡះដោយល្អ។ ម្នាល​កុណ្ឌលិយ ឥន្ទ្រិយសំវរ ដែលភិក្ខុចំរើន​យ៉ាង​នេះហើយ ធ្វើឲ្យរឿយៗយ៉ាងនេះហើយ រមែងញ៉ាំងសុចរិត ទាំង៣ ឲ្យពេញលេញបាន។

[៣៩៧]  ម្នាលកុណ្ឌលិយ សុចរិត ទាំង៣ ដែលភិក្ខុចំរើនហើយ ដូចម្តេច ធ្វើឲ្យ​រឿយៗហើយ ដូចម្តេច ទើបញ៉ាំងសតិប្បដ្ឋាន ទាំង៤ ឲ្យពេញលេញបាន។ ម្នាល​កុណ្ឌលិយ ភិក្ខុក្នុងសាសនានេះ លះបង់នូវកាយទុច្ចរិត ចំរើននូវកាយសុចរិត លះបង់នូវ​វចីទុច្ចរិត ចំរើន​នូវវចីសុចរិត លះបង់នូវមនោទុច្ចរិត ចំរើននូវមនោសុចរិត។ ម្នាលកុណ្ឌលិយ សុចរិត ទាំង៣ ដែលភិក្ខុចំរើនយ៉ាងនេះហើយ ធ្វើឲ្យរឿយៗ យ៉ាងនេះហើយ រមែង​ញ៉ាំងសតិប្បដ្ឋាន ទាំង៤ ឲ្យពេញលេញបាន។

[៣៩៨]  ម្នាលកុណ្ឌលិយ សតិប្បដ្ឋាន ទាំង៤ ដែលភិក្ខុចំរើនហើយ ដូច​ម្តេច ធ្វើឲ្យរឿយៗហើយ ដូចម្តេច ទើបញ៉ាំងពោជ្ឈង្គ ទាំង៧ ឲ្យពេញលេញបាន។ ម្នាល​កុណ្ឌលិយ ភិក្ខុក្នុងសាសនានេះ ពិចារណាឃើញកាយក្នុងកាយ មានព្យាយាម ​ជា​គ្រឿង​ដុតកំដៅកិលេស ជាអ្នកដឹងខ្លួន មានស្មារតីកំចាត់បង់នូវអភិជ្ឈា និង​ទោមនស្ស​ក្នុង​លោក ក្នុងវេទនាទាំងឡាយ។បេ។ ក្នុងចិត្ត។បេ។ ពិចារណាឃើញនូវ​ធម៌​ក្នុងធម៌​ទាំង​ឡាយ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស ជាអ្នកដឹងខ្លួន មាន​ស្មារតីកំចាត់បង់នូវអភិជ្ឈា និងទោមនស្សក្នុងលោក។ ម្នាលកុណ្ឌលិយ សតិប្បដ្ឋាន​ ទាំង៤ ដែលភិក្ខុចំរើនយ៉ាងនេះហើយ ធ្វើឲ្យរឿយៗយ៉ាងនេះហើយ រមែងញ៉ាំង​ពោជ្ឈង្គ ទាំង៧ ឲ្យពេញលេញបាន។

[៣៩៩]  ម្នាលកុណ្ឌលិយ ពោជ្ឈង្គ ទាំង៧ ដែលភិក្ខុចំរើនហើយ ដូចម្តេច ធ្វើឲ្យរឿយ​ៗហើយ ដូចម្តេច ទើបញ៉ាំងវិជ្ជា និងវិមុត្តិ ឲ្យពេញលេញបាន។ ម្នាលកុណ្ឌ​លិយ ភិក្ខុក្នុងសាសនានេះ ចំរើននូវសតិសម្ពោជ្ឈង្គ ដែលអាស្រ័យសេចក្តី​ស្ងប់ស្ងាត់ អាស្រ័យការប្រាសចាករាគៈ អាស្រ័យសេចក្តីរលត់ ដែលទន់ទោរ ទៅក្នុង​ការ​លះបង់។បេ។ ចំរើនឧបេក្ខាសម្ពោជ្ឈង្គ ដែលអាស្រ័យសេចក្តី​ស្ងប់ស្ងាត់ អាស្រ័យការប្រាសចាកតម្រេក អាស្រ័យសេចក្តីរលត់ ដែលទន់ទោរទៅ ក្នុង​ការ​លះបង់។ ម្នាលកុណ្ឌលិយ ពោជ្ឈង្គ ទំាង៧ ដែលបុគ្គលចំរើនហើយ យ៉ាងនេះ ធ្វើរឿយៗហើយ​យ៉ាង​នេះឯង រមែងញ៉ាំងវិជ្ជា និងវិមុត្តិ ឲ្យពេញលេញបាន។

[៤០០]  កាលព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ កុណ្ឌលិយបរិព្វាជក ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះគោតមដ៏ចំរើន ភ្លឺច្បាស់ណាស់ បពិត្រព្រះគោតមដ៏ចំរើន ភ្លឺច្បាស់ណាស់ បពិត្រព្រះគោតមដ៏ចំរើន (ធម៌ដែល​ព្រះអង្គ​សំដែងហើយ ដោយអនេកបរិ​យាយ យ៉ាង​នេះ) ដូចជាគេផ្ងារនូវវត្ថុដែលផ្កាប់ ឬបើកបង្ហាញ របស់ដែលកំបាំង ឬក៏ដូចជាគេប្រាប់ផ្លូវ ដល់អ្នកវង្វេង ពុំនោះសោត ដូចគេ​ទ្រោលប្រទីបប្រេង ក្នុងទីងងឹត ដោយគិតថា មនុស្សដែលមានចក្ខុ នឹងមើល​ឃើញរូប​ទាំងឡាយ។ ធម៌ដែលព្រះគោ​តមដ៏ចំរើន ទ្រង់ប្រកាសហើយ ដោយអនេកបរិយាយ ​ក៏ដូច្នោះដែរ ខ្ញុំព្រះអង្គនេះ សូម​ដល់នូវព្រះគោតមដ៏ចំរើនផង ព្រះធម៌ផង ព្រះភិក្ខុសង្ឃ​ផង ជាសរណៈ ចាប់ដើមតាំង​អំពីថ្ងៃនេះទៅ សូមព្រះគោតមដ៏ចំរើន ជ្រាបនូវខ្ញុំព្រះអង្គ ​ថាជាឧបាសក អ្នកដល់នូវ​សរណៈ ស្មើដោយជីវិត។

[៤០១]  ម្នាលភិក្ខុទាំងឡាយ ដូចជាបង្កង់នៃផ្ទះមានកំពូលឯណាមួយ បង្កង់ទាំង​អស់នោះ បង្អោនទៅរកកំពូល ទេរទៅរកកំពូល ឈមទៅរកកំពូល យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុចំរើននូវពោជ្ឈង្គ ទាំង៧ ធ្វើឲ្យរឿយៗនូវពោជ្ឈង្គ ទាំង៧ ជាបុគ្គលមានចិត្តបង្អោនទៅរកព្រះនិព្វាន ទេរទៅរកព្រះនិព្វាន ឈមទៅរកព្រះនិព្វាន​ក៏យ៉ាងនោះដែរ។

[៤០២]  ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុចំរើននូវពោជ្ឈង្គ ទាំង៧ ធើ្វឲ្យរឿយៗនូវពោជ្ឈង្គ ទាំង៧ តែងមានចិត្តឱនទៅរកព្រះនិព្វាន ទេរទៅរកព្រះនិព្វាន ឈមទៅរកព្រះនិព្វាន តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចំរើននូវសតិសម្ពោជ្ឈង្គ ដែលអាស្រ័យនូវសេចក្តីស្ងប់ស្ងាត់ អាស្រ័យនូវការប្រាសចាករាគៈ អាស្រ័យនូវសេចក្តីរលត់ ដែលទន់ទោរ ទៅក្នុងការលះបង់។បេ។ ចំរើននូវឧបេក្ខា​សម្ពោជ្ឈង្គ ដែលអាស្រ័យនូវសេចក្តីស្ងប់ស្ងាត់ អាស្រ័យនូវការប្រាសចាករាគៈ អាស្រ័យនូវសេចក្តីរលត់ ដែលទន់ទោរ ទៅក្នុងការលះបង់។ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុចំរើននូវពោជ្ឈង្គ ទាំង៧ ធើ្វឲ្យរឿយៗនូវពោជ្ឈង្គ ទាំង៧ តែងមាន​ចិត្ត​ឱន​ទៅ​រក​ព្រះនិព្វាន ទេរទៅរកព្រះនិព្វាន ឈមទៅរកព្រះនិព្វាន យ៉ាងនេះឯង។

[៤០៣]  សម័យមួយ ព្រះឧបវាណដ៏មានអាយុ និងព្រះសារីបុត្តដ៏មានអាយុ គង់​​នៅ​​ក្នុង​ឃោសិតារាម ជិតក្រុងកោសម្ពី។ គ្រានោះឯង ព្រះសារីបុត្តដ៏មានអាយុ ចេញអំពីទីសំងំ ក្នុងសាយណ្ហសម័យ ចូលទៅរកព្រះឧបវាណដ៏មានអាយុ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹងព្រះឧបវាណដ៏មានអាយុ លុះបញ្ចប់ពាក្យ ដែលគួរ​រីយរាយ និងពាក្យដែលគួររឭកហើយ ក៏អង្គុយក្នុងទីដ៏សមគួរ។ លុះព្រះសារីបុត្តដ៏មានអាយុ ​អង្គុយក្នុងទីដ៏សមគួរហើយ ក៏និយាយនឹងព្រះឧបវាណដ៏​មាន​អាយុ ដូច្នេះថា ម្នាល​អាវុសោឧបវាណ ភិក្ខុគប្បីដឹង ដោយកិរិយាធ្វើទុកក្នុងចិត្ត ដោយឧបាយចំពោះខ្លួនថា សត្ត​ពោជ្ឈង្គ ​ដែលអាត្មាអញ ប្រារព្ធល្អ យ៉ាងនេះហើយ រមែងប្រព្រឹត្តទៅ ដើម្បីនៅសប្បាយ ដូច្នេះដែរឬ។ ម្នាលអាវុសោ សារីបុត្ត ភិក្ខុគប្បីដឹង ដោយកិរិយាធ្វើទុកក្នុងចិត្ត ដោយឧបាយ​ចំពោះ​ខ្លួនថា សត្តពោជ្ឈង្គ ដែលអាត្មាអញ ប្រារព្ធល្អ យ៉ាងនេះហើយ រមែងប្រ​ព្រឹត្តទៅ ​ដើម្បីសប្បាយ ដូច្នេះបាន។

[៤០៤]  ម្នាលអាវុសោ កាលភិក្ខុចំរើននូវសតិសម្ពោជ្ឈង្គ រមែងដឹងច្បាស់ថា ចិត្តរបស់អាត្មាអញ ផុតល្អហើយ ថីនមិទ្ធ អាត្មាអញ ក៏បានគាស់រំលើងល្អហើយ ឧទ្ធច្ចកុក្កុច្ច អាត្មាអញ ក៏បានបន្សាត់បង់ល្អហើយ ព្យាយាម អាត្មាអញ ក៏បាន​ប្រារព្ធហើយ អាត្មាអញ មានសេចក្តីត្រូវការ ទើបធ្វើទុកក្នុងចិត្ត ព្យាយាមមិនធូរថយ​ឡើយ។បេ។

[៤០៥]  ម្នាលអាវុសោ កាលភិក្ខុចំរើនឧបេក្ខាសម្ពោជ្ឈង្គ រមែងដឹងច្បាស់ថា ចិត្ត​របស់​អាត្មាអញ ផុតល្អហើយ ថីនមិទ្ធ អាត្មាអញ បានគាស់រំលើងហើយ ឧទ្ធច្ច​កុក្កុច្ច អាត្មា​​អញ ក៏បានបន្សាត់បង់ល្អហើយ សេចក្តីព្យាយាម អាត្មាអញ ក៏​បានប្រារព្ធ​ហើយ អាត្មាអញ ​មានសេចក្តីត្រូវការ ទើបធ្វើទុកក្នុងចិត្ត ព្យាយាមមិនធូរថយឡើយ។

[៤០៦]  ម្នាលអាវុសោសារីបុត្ត ភិក្ខុគប្បីដឹង ដោយការធ្វើទុកក្នុងចិត្ត ដោយ​ឧបាយ​​ចំពោះខ្លួន យ៉ាងនេះថា សត្តពោជ្ឈង្គ អាត្មាអញ ធ្វើល្អយ៉ាងនេះហើយ រមែងប្រ​ព្រឹត្តទៅ ដើម្បីនៅសប្បាយ។

[៤០៧]  ម្នាលភិក្ខុទាំងឡាយ ពោជ្ឈង្គ ទាំង៧ នេះ ដែលបុគ្គលចំរើនហើយ ធ្វើឲ្យ​រឿយៗហើយ ដែលមិនទាន់កើតឡើង រមែងកើតឡើងបាន តែក្រៅអំពីការកើត​ប្រាកដនៃព្រះតថាគត ជាអរហន្តសម្មាសម្ពុទ្ធចេញ កើតឡើងមិនបានទេ។ ពោជ្ឈង្គ ទាំង៧ គឺអ្វីខ្លះ។  គឺសតិសម្ពោជ្ឈង្គ១។បេ។ ឧបេក្ខាសម្ពោជ្ឈង្គ១។ ម្នាលភិក្ខុទាំងឡាយ ពោជ្ឈង្គ ទាំង៧ នេះឯង ដែលបុគ្គលចំរើនហើយ ធ្វើឲ្យរឿយៗហើយ ដែលមិនទាន់​កើតឡើង រមែងកើតឡើងបាន តែក្រៅអំពីការកើតឡើងនៃ​ព្រះតថាគត ជាអរហន្តសម្មាសម្ពុទ្ធ​ចេញ កើតឡើងមិនបានទេ។

[៤០៨]  ម្នាលភិក្ខុទាំងឡាយ ពោជ្ឈង្គ ទាំង៧នេះ ដែលបុគ្គលចំរើនហើយ ធ្វើឲ្យ​រឿយៗហើយ ដែលមិនដែលកើតឡើង រមែងកើតឡើងបាន តែក្រៅអំពីវិន័យ ​របស់​ព្រះសុគតចេញ កើតឡើងមិនបានទេ។ ពោជ្ឈង្គ ទាំង៧ គឺអ្វីខ្លះ។  គឺសតិសម្ពោជ្ឈង្គ​១។បេ។ ឧបេក្ខាសម្ពោជ្ឈង្គ១។ ម្នាលភិក្ខុទាំងឡាយ ពោជ្ឈង្គ ទាំង៧នេះឯង ដែល​បុគ្គលចំរើនហើយ ធ្វើឲ្យរឿយៗហើយ ដែលមិនទាន់​កើតឡើង ​រមែង​កើតឡើងបាន តែក្រៅអំពីវិន័យ របស់ព្រះសុគតចេញ កើតឡើងមិនបានទេ។

ចប់ បព្វតវគ្គ ទី១។

ឧទ្ទាននៃបព្វតវគ្គនោះ គឺ

និយាយអំពីស្តេចភ្នំ ឈ្មោះហិមវន្ត១ កាយ១ សីល​១ វត្តរបស់​ព្រះសារីបុត្ត១ ភិក្ខុសួរនូវពាក្យថា ពោជ្ឈង្គ១ បរិព្វាជកឈ្មោះ កុណ្ឌលិយ ១ ផ្ទះមានកំពូល១ ព្រះឧបវាណ១ និងការកើតឡើងនៃសត្តពោជ្ឈង្គ ២លើក ដទៃទៀត។

គិលានវគ្គ

[៤០៩]  ម្នាលភិក្ខុទាំងឡាយ ដូចសត្វទាំងឡាយណាមួយ សម្រេចឥរិយាបថទាំង៤ គឺដើរតាមកាល ឈរតាមកាល អង្គុយតាមកាល ដេកតាមកាល សត្វ​ទាំងអស់​នោះ អាស្រ័យផែនដី តាំងស៊ប់លើផែនដី ទើបសម្រេចឥរិយាបថ ទាំង៤នោះ យ៉ាងនេះឯង យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអាស្រ័យសីល តាំងមំាក្នុង​សីល ទើបចំរើនពោជ្ឈង្គ ទាំង៧ ធ្វើឲ្យរឿយៗនូវពោជ្ឈង្គ ទាំង៧ បាន ក៏យ៉ាងនោះដែរ។

[៤១០]  ម្នាលភិក្ខុទាំងឡាយ ភិក្ខុអាស្រ័យសីល តាំងមំាក្នុងសីល ទើបចំរើន​ពោជ្ឈង្គ ទាំង៧ ធ្វើឲ្យរឿយៗនូវពោជ្ឈង្គ ទាំង៧ បាន តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចំរើនសតិ​សម្ពោជ្ឈង្គ ដែលអាស្រ័យសេចក្តីស្ងប់ស្ងាត់ អាស្រ័យការប្រាសចាករាគៈ អាស្រ័យសេចក្តីរលត់ ដែលទន់ទោរ ទៅក្នុង​ការលះ​បង់។បេ។ ចំរើនឧបេក្ខា​សម្ពោជ្ឈង្គ ដែលអាស្រ័យសេចក្តីស្ងប់ស្ងាត់ អា​ស្រ័យ​​សេចក្តី​ប្រាសចាករាគៈ អាស្រ័យសេចក្តីរលត់ ដែលទន់ទោរ​ ទៅ​ក្នុង​ការ​លះ​បង់។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអាស្រ័យសីល តាំងមំាក្នុងសីល តែងចំរើន​ពោជ្ឈង្គ ទាំង៧ ធ្វើឲ្យរឿយៗនូវពោជ្ឈង្គ ទាំង៧ យ៉ាងនេះឯង។

[៤១១]  ម្នាលភិក្ខុទាំងឡាយ ការរះឡើងនៃអរុណនុ៎ះឯង ជាប្រធាន ជាបុព្វនិមិត្តនៃព្រះ​អាទិត្យ ដែលកើតឡើង (យ៉ាងណា) ភាវៈនៃកល្យាណមិត្តនុ៎ះឯង ជាប្រធាន ជាបុព្វនិមិត្តនៃការញ៉ាំងពោជ្ឈង្គ ទាំង៧ ឲ្យកើតឡើងដល់ភិក្ខុ ក៏យ៉ាងនោះដែរ។ ​ម្នាល​ភិក្ខុទាំងឡាយ ហេតុនេះ ភិក្ខុដែលនឹង​ចំរើននូវពោជ្ឈង្គ ទាំង៧ ធ្វើឲ្យរឿយៗនូវពោជ្ឈង្គ​ទាំង៧ (នោះ) គួរប្រាថ្នានូវភិក្ខុ ដែល​ជាកល្យាណមិត្ត (កុំខាន)។

[៤១២]  ម្នាល​ភិក្ខុទាំងឡាយ ចុះភិក្ខុមានកល្យាណមិត្ត រមែងចំរើនពោជ្ឈង្គ ទាំង៧​ធ្វើឲ្យរឿយៗនូវពោជ្ឈង្គ ទាំង៧ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចំរើនសតិសម្ពោជ្ឈង្គ អាស្រ័យសេចក្តីស្ងប់ស្ងាត់។បេ។ ចំរើន​ឧបេក្ខាសម្ពោជ្ឈង្គ ដែលអាស្រ័យសេចក្តីស្ងប់ស្ងាត់ អាស្រ័យការប្រាសចាករាគៈ អាស្រ័យសេចក្តីរលត់ ដែលទន់ទោរ ទៅក្នុងការលះបង់។ ម្នាល​ភិក្ខុទាំងឡាយ ភិក្ខុមាន​កល្យាណមិត្ត តែងចំរើននូវពោជ្ឈង្គ ទាំង៧​ ធ្វើឲ្យរឿយៗនូវពោជ្ឈង្គ ទាំង៧ យ៉ាងនេះឯង។

[៤១៣]  ម្នាលភិក្ខុទាំងឡាយ ការរះឡើងនៃអរុណនុ៎ះ ជាប្រធាន ជាបុព្វនិមិត្តនៃព្រះ​អាទិត្យ ដែលកើតឡើង (យ៉ាងណា) ម្នាល​ភិក្ខុទាំងឡាយ យោនិសោមនសិការ (ការធ្វើទុកក្នុងចិត្ត​ ដោយ​ឧបាយ) នុ៎ះជាប្រធាន ជាបុព្វនិមិត្តនៃការញ៉ាំងពោជ្ឈង្គ ទាំង៧ ឲ្យកើតឡើងដល់ភិក្ខុ ​ក៏យ៉ាងនោះឯង។ ម្នាលភិក្ខុទាំងឡាយ ហេតុនេះ ភិក្ខុដែល​នឹងចំរើននូវពោជ្ឈង្គ ទាំង៧ ធ្វើឲ្យរឿយៗនូវពោជ្ឈង្គ ទាំង៧ (នោះ) គួរប្រាថ្នានូវភិក្ខុ ដែលបរិបូណ៌ ដោយយោនិសោមនសិការ (កុំខាន)។

[៤១៤]  ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុដែលបរិបូណ៌ ដោយយោនិសោមនសិការ រមែងចំរើននូវពោជ្ឈង្គ ទាំង៧ ធ្វើឲ្យរឿយៗនូវពោជ្ឈង្គ ទាំង៧ តើដូចម្តេច។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ភិក្ខុក្នុង​សាសនា​នេះ ចំរើននូវសតិ​សម្ពោជ្ឈង្គ ដែល​អាស្រ័យ​សេចក្តី​​ស្ងប់​ស្ងាត់។បេ។ ចំរើននូវឧបេក្ខា​សម្ពោជ្ឈង្គ ដែលអាស្រ័យសេចក្តីស្ងប់ស្ងាត់ អា​ស្រ័យ​​ការ​ប្រាសចាករាគៈ អាស្រ័យសេចក្តីរលត់ ដែលទន់ទោរ​ ទៅ​ក្នុង​ការ​លះ​បង់។ ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុជាអ្នកបរិបូណ៌ ដោយយោនិសោមនសិការ រមែងចំរើន​នូវ​ពោជ្ឈង្គ​ ទាំង​៧ ធ្វើឲ្យរឿយៗនូវពោជ្ឈង្គ ទាំង៧ យ៉ាងនេះឯង។

[៤១៥]  សម័យមួយ ​ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងវត្តវេឡុវ័ន ជាកលន្ទកនិ​វាបស្ថាន ជិតក្រុងរាជគ្រឹះ។ សម័យនោះឯង ព្រះមហាកស្សបដ៏មានអាយុ គង់នៅ​ក្នុង​បិប្ផលិគុហា លោកមានអាពាធ ដល់នូវសេចក្តីទុក្ខ មានជំងឺជាទម្ងន់។

[៤១៦]  គ្រានោះឯង ព្រះដ៏មានព្រះភាគ ទ្រង់ចេញអំពីទីសម្ងំ ក្នុង​សាយណ្ហ​សម័យ ទ្រង់ចូលទៅរកព្រះមហាកស្សបដ៏មានអាយុ លុះចូទៅដល់ហើយ ក៏ទ្រង់គង់​លើអាសនៈ ដែលគេក្រាលទុក។ លុះព្រះដ៏មានព្រះភាគ គង់ហើយ ទ្រង់មានព្រះពុទ្ធ​ដីកា​ នឹងព្រះមហាកស្សបដ៏មានអាយុដូច្នេះថា ម្នាលកស្សប សរីរយន្តរបស់អ្នក ល្មមអត់​ធន់​បានខ្លះដែរឬ ល្មមឲ្យប្រព្រឹត្តទៅបានដែរឬ ទុក្ខវេទនាធូរថយ មិនចំរើនឡើង មានតែ​ស្រាក​ស្រាន្តទៅ មិនរឹតឡើងទេឬ។ បពិត្រព្រះអង្គដ៏ចំរើន សរីរយន្ត​របស់ខ្ញុំព្រះអង្គ មិនល្មមអត់ធន់បានទេ ឲ្យប្រព្រឹត្តទៅមិនបានទេ ទុក្ខវេទនារបស់ខ្ញុំព្រះអង្គ ក្លៀវក្លាខ្លាំងណាស់ មិនធូរថយទេ មានតែរឹតឡើង មិនស្រាកស្រាន្តទេ។

[៤១៧]  ម្នាលកស្សប ពោជ្ឈង្គ ទាំង៧​នេះ ដែលតថាគត សំដែងប្រពៃហើយ បានចំរើនហើយ ធ្វើឲ្យរឿយៗហើយ តែងប្រព្រឹត្តទៅ ដើម្បីដឹងចំពោះ ដើម្បីត្រាស់ដឹង ដើម្បីនិព្វាន។ ពោជ្ឈង្គ ទាំង៧ តើអ្វីខ្លះ។

[៤១៨]  ម្នាលកស្សប សតិសម្ពោជ្ឈង្គ ដែលតថាគត បានសំដែងប្រាប់ប្រពៃ​ហើយ ចំរើនហើយ ធ្វើឲ្យរឿយៗហើយ តែប្រព្រឹត្តទៅ ដើម្បីដឹងចំពោះ ដើម្បី​ត្រាស់ដឹង ដើម្បី​និព្វាន។បេ។ ម្នាលកស្សប ឧបេក្ខាសម្ពោជ្ឈង្គ ដែលតថាគត សំដែងប្រាប់ប្រពៃហើយ ចំរើនហើយ ធ្វើឲ្យរឿយៗហើយ តែងប្រព្រឹត្តទៅ ដើម្បីដឹងចំពោះ ដើម្បីត្រាស់​ដឹង ដើម្បនិព្វាន​។ ម្នាលកស្សប សម្ពោជ្ឈង្គ ទាំង៧ នេះឯង ដែលតថាគត​ សំដែង​ប្រាប់​ប្រពៃ​​ហើយ ចំរើនហើយ ធ្វើឲ្យរឿយៗហើយ តែងប្រព្រឹត្តទៅ ដើម្បីដឹងចំពោះ ដើម្បី​ត្រាស់​​ដឹង ដើម្បីនិព្វាន។

[៤១៩]  បពិត្រព្រះដ៏មានព្រះភាគ ពិតមែនហើយ ពោជ្ឈង្គទាំងឡាយ បពិត្រព្រះសុគត ពិតមែនហើយ ពោជ្ឈង្គទាំងឡាយ។ លុះព្រះដ៏មានព្រះភាគ បានត្រាស់​ធម៌នេះចប់ហើយ។ ព្រះមហាកស្សបដ៏មានអាយុ ក៏ត្រេកអរ ចំពោះភាសិត របស់​ព្រះដ៏មានព្រះភាគ។ ឯព្រះមហាកស្សបដ៏មានអាយុ ក៏បានជាសះស្បើយ ចាក​អាពាធ​នោះ មួយទៀត អាពាធនោះ ក៏ព្រះមហាកស្សបដ៏មានអាយុ បានលះបង់ យ៉ាងនោះ​ហើយ។

[៤២០]  សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងវត្តវេឡុវន ជាកលទ្ទកនិ​វាបស្ថាន ជិតក្រុងរាជគ្រឹះ។ សម័យនោះឯង ព្រះមហាមោគ្គល្លានដ៏មានអាយុ គង់​នៅជិតភ្នំគិជ្ឈកូដ មានអាពាធ ដល់នូវសេចក្តីទុក្ខ មានជំងឺធ្ងន់។

[៤២១]  គ្រានោះឯង ព្រះដ៏មានព្រះភាគ ទ្រង់ចេញអំពីទីសម្ងំ ក្នុងសាយណ្ហ​សម័យ ទ្រង់ចូលទៅរកព្រះមហាមោគ្គល្លានដ៏មានអាយុ លុះចូលទៅដល់ហើយ ក៏​ ទ្រង់គង់លើ​អាសនៈ ដែលគេក្រាលថ្វាយ។ លុះព្រះដ៏មានព្រះភាគ ទ្រង់គង់ហើយ ក៏មានព្រះពុទ្ធ​ដីកា នឹងព្រះមហាមោគ្គល្លាន ដ៏មានអាយុ ដូច្នេះថា ម្នាលមោគ្គលា្លន សរីរយន្តរបស់អ្នក ល្មមអត់ធន់​បានខ្លះដែរឬ អ្នកល្មមឲ្យប្រព្រឹត្តទៅបានខ្លះដែរឬ ទុក្ខវេទនា​ធូរថយទៅ មិនចំរើនឡើង មាន​តែ​ស្រាក​ស្រាន្តទៅ មិនរឹតឡើងទេឬ។ បពិត្រ​ព្រះអង្គដ៏ចំរើន សរីរយន្ត​របស់ខ្ញុំ​ព្រះ​អង្គ មិនល្មមអត់ធន់បានទេ មិនល្មមឲ្យប្រព្រឹត្តទៅ​បានទេ ទុក្ខវេទនារបស់ខ្ញុំព្រះអង្គ ធ្ងន់ពេកណាស់ មិនធូរថយទេ មានតែរឹតឡើង មិនស្រាកស្រាន្តទេ។

[៤២២]  នែមោគ្គលា្លន ពោជ្ឈង្គ ទាំង៧នេះ ដែលតថាគត សំដែងប្រាប់ប្រពៃ​ហើយ ចំរើនហើយ ធ្វើឲ្យរឿយៗហើយ តែងប្រព្រឹត្តទៅ ដើម្បីដឹងច្បាស់ ដើម្បីត្រាស់ដឹង ដើម្បីព្រះនិព្វាន។ សម្ពោជ្ឈង្គ ទាំង៧ តើដូចម្តេចខ្លះ។

[៤២៣]  ម្នាលមោគ្គលា្លន សតិសម្ពោជ្ឈង្គ ដែលតថាគត​សំដែង​ប្រាប់​ប្រពៃ​ហើយ ចំរើនហើយ ធ្វើឲ្យរឿយៗហើយ តែងប្រព្រឹត្តទៅ ដើម្បីដឹងច្បាស់ ដើម្បី​ត្រាស់ដឹង ដើម្បី​ព្រះនិព្វាន។បេ។ ម្នាលមោគ្គល្លាន ​ឧបេក្ខាសម្ពោជ្ឈង្គ ដែល​តថាគត​សំដែង​ប្រាប់​ប្រពៃ​​ហើយ ចំរើនហើយ ធ្វើឲ្យ​រឿយៗហើយ តែងប្រ​ព្រឹត្ត​ទៅ​ ដើម្បី​ដឹងច្បាស់ ដើម្បីត្រាស់ដឹង ដើម្បីព្រះនិព្វាន។ ម្នាលមោគ្គល្លាន ​ពោជ្ឈង្គ ទាំង៧ នេះឯង ដែល​តថាគត សំដែងប្រាប់ប្រពៃ​ហើយ ចំរើនហើយ ធ្វើឲ្យ​រឿយៗហើយ តែងប្រ​ព្រឹត្ត​ទៅ​ ដើម្បី​ដឹងច្បាស់ ដើម្បីត្រាស់ដឹង ដើម្បីព្រះនិព្វាន។

[៤២៤]  បពិត្រព្រះដ៏មានព្រះភាគ ពិតមែនហើយ ពោជ្ឈង្គទាំងឡាយ បពិត្រព្រះសុគត ពិតមែនហើយ ពោជ្ឈង្គទាំងឡាយ។ លុះព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ធម៌​នេះចប់ហើយ។ ព្រះមហាមោគ្គល្លាន​ដ៏មានអាយុ ក៏ត្រេកអរ រីករាយ ​ចំពោះភាសិត ​របស់​ព្រះ​ដ៏មាន​ព្រះភាគ។ ឯព្រះមហាមោគ្គល្លានដ៏មានអាយុ ក៏បានជាសះស្បើយ ចាក​អាពាធនោះ អាពាធនោះ ក៏ព្រះមហាមោគ្គល្លាន បានលះបង់ ​យ៉ាងនោះ​ហើយ។

[៤២៥]  សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងវត្តវេឡុវន ជាកលទ្ទកនិ​វាបស្ថាន ជិតក្រុងរាជគ្រឹះ។ សម័យនោះឯង ព្រះដ៏មានព្រះភាគ ទ្រង់មានអាពាធ​ ដល់​នូវសេចក្តីទុក្ខ មានជំងឺធ្ងន់។

[៤២៦]  គ្រានោះឯង ព្រះមហាចុន្ទដ៏មានអាយុ បានចូលទៅគាល់ព្រះដ៏មានព្រះ​ភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះព្រះមហាចុន្ទដ៏មានអាយុ គង់ក្នុងទីសមគួរហើយ ព្រះដ៏មានព្រះភាគបានត្រាស់ ដូច្នេះថា ម្នាលចុន្ទ ចូរអ្នកសំដែងពោជ្ឈង្គទាំងឡាយ។ បពិត្រព្រះអង្គដ៏ចំរើន ពោជ្ឈង្គ ទាំង៧នេះ ដែលព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ប្រពៃហើយ ចំរើនហើយ ធ្វើឲ្យ​រឿយៗហើយ តែងប្រ​ព្រឹត្ត​ទៅ ​ដើម្បី​ដឹងច្បាស់ ដើម្បីត្រាស់ដឹង ដើម្បីព្រះនិព្វាន។ ពោជ្ឈង្គ ទាំង៧ តើដូចម្តេចខ្លះ។

[៤២៧]  បពិត្រព្រះអង្គដ៏ចំរើន សតិសម្ពោជ្ឈង្គ ដែល​ព្រះដ៏មានព្រះ​ភាគ​ ទ្រង់​ត្រាស់ប្រពៃ​ហើយ ចំរើនហើយ ធ្វើឲ្យ​រឿយៗហើយ តែងប្រ​ព្រឹត្ត​ទៅ ​ដើម្បី​ដឹងច្បាស់ ដើម្បីត្រាស់ដឹង ដើម្បីព្រះនិព្វាន។បេ។ បពិត្រព្រះអង្គដ៏ចំរើន ឧបេក្ខាសម្ពោជ្ឈង្គ ដែល​ព្រះ​ដ៏មានព្រះភាគ ទ្រង់ត្រាស់ប្រពៃហើយ ចំរើនហើយ ធ្វើឲ្យ​រឿយៗហើយ តែងប្រ​ព្រឹត្ត​ទៅ ​ដើម្បី​ដឹងច្បាស់ ដើម្បីត្រាស់ដឹង ដើម្បីព្រះនិព្វាន។ បពិត្រព្រះអង្គដ៏ចំរើន ពោជ្ឈង្គ ទាំង៧នេះឯង ដែលព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ប្រពៃ​ហើយ ចំរើនហើយ ធ្វើឲ្យ​រឿយៗហើយ តែងប្រ​ព្រឹត្ត​ទៅ ​ដើម្បី​ដឹងច្បាស់ ដើម្បីត្រាស់ដឹង ដើម្បីព្រះនិព្វាន។

[៤២៨]  ម្នាលចុន្ទ ពិតមែនហើយ ពោជ្ឈង្គទាំងឡាយ ម្នាលចុន្ទ ពិតមែនហើយ ពោជ្ឈង្គ​ទាំងឡាយ។ លុះព្រះមហាចុន្ទដ៏មានអាយុ សំដែងនូវធម៌នេះចប់ហើយ ព្រះសាស្តា​ ក៏​ទ្រង់​ពេញ​ព្រះហឫទ័យ។ ព្រះដ៏មានព្រះភាគ ក៏បានជាសះស្បើយ ចាក​អាពាធនោះ អាពាធនោះ ព្រះដ៏មានព្រះភាគ ក៏បានលះបង់ យ៉ាងនោះហើយ។

[៤២៩]  ម្នាលភិក្ខុទាំងឡាយ ពោជ្ឈង្គ ទាំង៧នេះ ដែល​បុគ្គលចំរើនហើយ ធ្វើឲ្យ​រឿយៗហើយ រមែងប្រព្រឹត្តទៅ ដើម្បីឲ្យឃ្លាត​ចាកទី មិនមែនជាត្រើយ ឲ្យដល់ទី​ជា​ត្រើយ។ ពោជ្ឈង្គ ទាំង៧ តើដូចម្តេចខ្លះ។ គឺសតិសម្ពោជ្ឈង្គ១​។បេ។ ឧបេក្ខាសម្ពោជ្ឈង្គ១។ ម្នាលភិក្ខុទាំងឡាយ ពោជ្ឈង្គ ទាំង៧នេះឯង ដែលបុគ្គល​ចំរើនហើយ ធ្វើឲ្យ​រឿយៗហើយ រមែងប្រព្រឹត្តទៅ ដើម្បីឲ្យឃ្លាតចាកទី មិនមែនជាត្រើយ ឲ្យដល់​ទី​ជាត្រើយ។

[៤៣០]  បណ្តាមនុស្សទាំងឡាយ ជនទាំងឡាយឯណា ដល់នូវត្រើយ គឺព្រះនិព្វាន ជនទាំងឡាយនោះ មានចំនួនតិចទេ សត្វក្រៅពីនេះ សសៀរទៅតាមត្រើយ គឺ​វដ្តៈ។ ពួកជនណា ប្រព្រឹត្តតាមធម៌ក្នុងធម៌ ដែលព្រះតថាគត សំដែងប្រាប់ប្រពៃហើយ ពួកជននោះ នឹងឆ្លងផុតទីកន្លែងរបស់មច្ចុ ដែលគេឆ្លងបានដោយលំបាកពេក ហើយដល់នូវត្រើយ គឺព្រះនិព្វានបាន។ បណ្ឌិតលះបង់នូវធម៌ខ្មៅ ហើយចំរើនធម៌ស​ ចេញចាកអាល័យ អាស្រ័យព្រះនិព្វាន ដែលគ្មានសេចក្តី​អាល័យហើយ គប្បីលះបង់កាមទាំងឡាយ ជាអ្នកឥតមានកង្វល់ ប្រាថ្នានូវសេចក្តីត្រេកអរចំពោះ ក្នុង​សេចក្តីស្ងប់ស្ងាត់ ដែលសត្វត្រេកអរបាន ដោយកម្រនោះ បណ្ឌិតត្រូវធ្វើខ្លួនឲ្យផូរផង់ ចាក​សេចក្តីសៅហ្មងនៃចិត្ត ពួកជនណា បានចំរើនចិត្ត ដោយប្រពៃ ក្នុងសម្ពោជ្ឈង្គ​ទាំងឡាយ ហើយមិនបានប្រកាន់មាំ ត្រេកអរក្នុងការលះសេចក្តីប្រកាន់ ពួកជននោះ រមែងអស់អាសវៈ មានសេចក្តីរុងរឿង បរិនិព្វានហើយក្នុងលោក។

[៤៣១]  ម្នាលភិក្ខុទាំងឡាយ ពួកជនណាមួយ លះបង់ពោជ្ឈង្គ ទាំង៧ ហើយ ពួក​ជននោះ ក៏ឈ្មោះថា លះបង់អរិយមគ្គ ដែលប្រព្រឹត្តទៅ ដើម្បីឲ្យអស់ទុក្ខ ដោយប្រពៃដែរ​។ ម្នាលភិក្ខុទាំងឡាយ អ្នកណាមួយ បានប្រារព្ធពោជ្ឈង្គ ទាំង៧ហើយ អ្នកនោះ ក៏​ឈ្មោះថា បានប្រារព្ធអរិយមគ្គ ដែលប្រព្រឹត្តទៅ ដើម្បីឲ្យអស់ទុក្ខ ដោយប្រពៃដែរ។ ពោជ្ឈង្គ​ ទាំង៧ តើដូចម្តេចខ្លះ។  គឺសតិសម្ពោជ្ឈង្គ១។បេ។ ឧបេក្ខាសម្ពោជ្ឈង្គ១។

[៤៣២]  ម្នាលភិក្ខុទាំងឡាយ ពួកជនណាមួយ លះបង់ពោជ្ឈង្គ ទាំង៧នេះ ពួក​ជននោះ ក៏ឈ្មោះថា លះបង់អរិយមគ្គ ដែលប្រព្រឹត្តទៅ ដើម្បីឲ្យអស់ទុក្ខ ដោយប្រពៃ​។ ម្នាល​ភិក្ខុ​ទាំងឡាយ ពួកជនណាមួយ ប្រារព្ធពោជ្ឈង្គ ទាំង៧នេះ ពួកជននោះក៏​ឈ្មោះថា បាន​ប្រា​រព្ធនូវអរិយមគ្គ ដែលប្រព្រឹត្តទៅ ដើម្បីឲ្យអស់ទុក្ខ ដោយប្រពៃដែរ។

[៤៣៣]  ម្នាលភិក្ខុទាំងឡាយ ពោជ្ឈង្គ ទាំង៧នេះ ដែល​បុគ្គលចំរើនហើយ ធ្វើឲ្យ​រឿយៗហើយ ជាធម៌ប្រសើរ ជាទីស្រោចស្រង់សត្វ រមែងប្រព្រឹត្តទៅ ដើម្បីឲ្យ​អស់ទុក្ខ ដល់អ្នកចំរើនពោជ្ឈង្គនោះ។ ពោជ្ឈង្គ ទាំង៧ តើដូចម្តេចខ្លះ។ គឺ​សតិសម្ពោជ្ឈង្គ១។បេ។ ឧបេក្ខាសម្ពោជ្ឈង្គ១។ ម្នាលភិក្ខុទាំងឡាយ ពោជ្ឈង្គ ទាំង៧នេះឯង ដែល​បុគ្គល​ចំរើនហើយ ធ្វើឲ្យ​រឿយៗហើយ ជានិយ្យានិកធម៌ ដ៏ប្រសើរ រមែងប្រព្រឹត្តទៅ ដើម្បីឲ្យ​អស់ទុក្ខ ដោយប្រពៃ ដល់អ្នកចំរើនពោជ្ឈង្គនោះ។

[៤៣៤]  ម្នាលភិក្ខុទាំងឡាយ ពោជ្ឈង្គ ទាំង៧នេះ ដែល​បុគ្គលចំរើនហើយ ធ្វើឲ្យ​រឿយៗហើយ រមែងប្រព្រឹត្តទៅ ដើម្បីនឿយណាយដោយពិត ដើម្បីប្រាសចាករាគៈ ដើម្បី​រំលត់ ដើម្បីចូលទៅជិតរម្ងាប់ ដើម្បីដឹងច្បាស់ ដើម្បីត្រាស់ដឹង ដើម្បីនិព្វាន។ ពោជ្ឈង្គ ទាំង៧ តើដូចម្តេចខ្លះ។  គឺសតិសម្ពោជ្ឈង្គ១។បេ។ ឧបេក្ខាសម្ពោជ្ឈង្គ១។ ម្នាលភិក្ខុទាំងឡាយ ពោជ្ឈង្គ ទាំង៧នេះឯង ដែល​បុគ្គលចំរើនហើយ ធ្វើឲ្យ​រឿយៗហើយ រមែង​ប្រព្រឹត្តទៅ ដើម្បីនឿយណាយដោយពិត ដើម្បីប្រាសចាករាគៈ ដើម្បីរំលត់ ដើម្បីចូល​ទៅ​ជិតរម្ងាប់ ដើម្បីដឹងច្បាស់ ដើម្បីត្រាស់ដឹង ដើម្បីព្រះនិព្វាន។

ចប់ គិលានវគ្គ ទី២។

ឧទ្ទាននៃគិលានវគ្គនោះ គឺ

និយាយអំពីពួកសត្វ១ ឧបមាដូចព្រះអាទិត្យ មាន២រឿង ជំងឺ មាន៣រឿង​ដទៃទៀត បុគ្គលដល់ត្រើយ១ លះបង់ពោជ្ឈង្គ១ មគ្គដ៏​ប្រសើរ១ ពោជ្ឈង្គ ប្រព្រឹត្តទៅ ដើម្បី​ព្រះនិព្វាន១។

ឧទាយិវគ្គ

[៤៣៥]  គ្រានោះឯង ភិក្ខុមួយរូប បានចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូល​ទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ រួចអង្គុយក្នុងទីដ៏សមគួរ។ លុះភិក្ខុ​នោះ អង្គុយក្នុងទីដ៏សមគួរហើយ ក៏ក្រាបបង្គំទូលសួរព្រះដ៏មានព្រះភាគ ដូច្នេះ​ថា បពិត្រ​ព្រះអង្គដ៏ចំរើន ពាក្យគេតែងនិយាយថា ពោជ្ឈង្គ ពោជ្ឈង្គ ដូច្នេះ បពិត្រព្រះអង្គដ៏ចំរើន ដែលហៅថា ពោជ្ឈង្គ តើដោយហេតុដូចម្តេច។ ម្នាលភិក្ខុ ធម៌ទាំងឡាយ ប្រព្រឹត្ត​ទៅ ដើម្បីត្រាស់ដឹង ព្រោះហេតុនោះ ទើបហៅថា ពោជ្ឈង្គ។

[៤៣៦]  ម្នាល​ភិក្ខុ​ទាំង​ឡាយ ភិក្ខុក្នុង​សាសនា​នេះ ចំរើននូវសតិ​សម្ពោជ្ឈង្គ ដែល​អាស្រ័យ​សេចក្តី​ស្ងប់​ស្ងាត់ អាស្រ័យសេចក្តីនឿយណាយ អាស្រ័យសេចក្តី​រលត់ បង្អោនទៅរកការលះបង់។បេ។ ចំរើននូវឧបេក្ខា​សម្ពោជ្ឈង្គ ដែល​អាស្រ័យ​សេចក្តីស្ងប់ស្ងាត់ អា​ស្រ័យសេចក្តីនឿយណាយ អាស្រ័យសេចក្តីរលត់ បង្អោនទៅរក​ការ​លះ​បង់។ ម្នាល​ភិក្ខុ ធម៌ទាំងឡាយ ប្រព្រឹត្តទៅ ដើម្បីត្រាស់ដឹង ព្រោះ​ហេតុនោះ ទើបហៅថា ពោជ្ឈង្គ។

[៤៣៧]  ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងនូវពោជ្ឈង្គ ទាំង៧​ ដល់អ្នក​ទាំងឡាយ ​អ្នកទាំងឡាយ ចូរស្តាប់ធម៌នោះចុះ។ ម្នាលភិក្ខុទាំងឡាយ ចុះពោជ្ឈង្គ ទាំង៧ តើដូចម្តេច។  គឺសតិសម្ពោជ្ឈង្គ១។បេ។ ឧបេក្ខាសម្ពោជ្ឈង្គ១។ ម្នាលភិក្ខុទាំងឡាយ ពោជ្ឈង្គ មាន៧នេះឯង។

[៤៣៨] ម្នាលភិក្ខុទាំងឡាយ កាមច្ឆន្ទៈ ដែលមិនទាន់កើតឡើង ក៏កើតឡើង និងកាមច្ឆន្ទៈ ដែលកើតឡើងហើយ រមែងប្រព្រឹត្តទៅ ដើម្បីភាវៈ ដ៏ធំទូលាយ ជាភិយ្យោភាព ព្រោះធ្វើទុកក្នុងចិត្ត និងធ្វើឲ្យច្រើននូវធម៌ទាំងឡាយ ដែលជាទីតាំងនៃកាមរាគៈ។

[៤៣៩] ម្នាលភិក្ខុទាំងឡាយ ព្យាបាទ ដែលមិនទាន់កើតឡើង ក៏កើតឡើង និងព្យាបាទ ដែលកើតឡើងហើយ រមែងប្រព្រឹត្តទៅ ដើម្បីភាវៈ ដ៏ធំទូលាយ ជាភិយ្យោ​ភាព ព្រោះធ្វើទុកក្នុងចិត្ត និងធ្វើឲ្យច្រើននូវធម៌ទាំងឡាយ ដែលជាទីតាំងនៃព្យាបាទ។

[៤៤០] ម្នាលភិក្ខុទាំងឡាយ ថីនមិទ្ធៈ ដែលមិនទាន់កើតឡើង ក៏កើតឡើង និងថីនមិទ្ធៈ ដែលកើតឡើងហើយ ក៏ប្រព្រឹត្តទៅ ដើម្បីភាវៈ ដ៏ធំទូលាយ ជាភិយ្យោ​ភាព ព្រោះធ្វើទុកក្នុងចិត្ត និងធ្វើឲ្យច្រើននូវធម៌ទាំងឡាយ ដែលជាទីតាំងនៃថីនមិទ្ធៈ។

[៤៤១]  ម្នាលភិក្ខុទាំងឡាយ ឧទ្ធច្ចកុក្កុច្ចៈ ដែលមិនទាន់កើតឡើង ក៏កើតឡើង និងឧទ្ធច្ចកុក្កុច្ចៈ ដែលកើតឡើងហើយ ក៏ប្រព្រឹត្តទៅ ដើម្បីភាវៈ ដ៏ធំទូលាយ ជាភិយ្យោ​ភាព ព្រោះធ្វើទុកក្នុងចិត្ត និងធ្វើឲ្យច្រើននូវធម៌ទាំងឡាយ ដែលជាទីតាំងនៃឧទ្ធច្ច​កុក្កុច្ចៈ។

[៤៤២] ម្នាលភិក្ខុទាំងឡាយ វិចិកិច្ឆា ដែលមិនទាន់កើតឡើង ក៏កើតឡើង និងវិចិកិច្ឆា ដែលកើតឡើងហើយ ក៏ប្រព្រឹត្តទៅ ដើម្បីភាវៈ ដ៏ធំទូលាយ ជាភិយ្យោ​ភាព ព្រោះធ្វើទុកក្នុងចិត្ត និងធ្វើឲ្យច្រើននូវធម៌ទាំងឡាយ ដែលជាទីតាំងនៃវិចិកិច្ឆា។

[៤៤៣] ម្នាលភិក្ខុទាំងឡាយ សតិសម្ពោជ្ឈង្គ ដែលមិនទាន់កើតឡើង ក៏កើតឡើង និងសតិសម្ពោជ្ឈង្គ ដែលកើតឡើងហើយ ក៏ដល់នូវការពេញបរិបូណ៌ ដោយភាវនា​ព្រោះធ្វើទុកក្នុងចិត្ត និងធ្វើឲ្យច្រើននូវធម៌ទាំងឡាយ ដែល​ជាទី​តាំងនៃ​សតិសម្ពោជ្ឈង្គ។បេ។ ម្នាលភិក្ខុទាំងឡាយ ឧបេក្ខាសម្ពោជ្ឈង្គ ដែល​មិនទាន់កើត​ឡើង ​ក៏កើតឡើង និងឧបេក្ខាសម្ពោជ្ឈង្គ ដែលកើតឡើងហើយ ក៏ដល់នូវការពេញបរិបូណ៌​ដោយ​ភាវនា​ ព្រោះធ្វើទុកក្នុងចិត្ត   និង​ធ្វើឲ្យច្រើននូវធម៌​ទាំងឡាយ ​ដែល​ជាទី​តាំង ​​នៃ​ឧបេក្ខាសម្ពោជ្ឈង្គ។

[៤៤៤] ម្នាលភិក្ខុទាំងឡាយ កាលបុគ្គលធ្វើទុកក្នុងចិត្ត ដោយមិនមានឧបាយ​ប្រាជ្ញា កាមច្ឆន្ទៈ ដែលមិនទាន់កើតឡើង ក៏កើតឡើង និងកាមច្ឆន្ទៈ ដែលកើតឡើង​ហើយ ក៏ប្រព្រឹត្តទៅ ដើម្បីភាវៈ ដ៏ធំទូលាយ ជាភិយ្យោ​ភាព។ ព្យាបាទ ដែល​មិនទាន់​កើត​ឡើង ក៏កើតឡើង និងព្យាបាទ ដែលកើតឡើងហើយ ក៏​ប្រព្រឹត្ត​ទៅ ដើម្បី​ភាវៈ ដ៏ធំ​ទូ​លាយ ជាភិយ្យោ​ភាព។ ថីនមិទ្ធៈ ដែលមិនទាន់កើតឡើង ក៏កើតឡើង និងថីនមិទ្ធៈ ដែលកើត​ឡើងហើយ ក៏ប្រព្រឹត្តទៅ ដើម្បីភាវៈ ដ៏ធំទូលាយ ជាភិយ្យោ​ភាព។ ឧទ្ធច្ចកុក្កុច្ចៈ​ដែល​មិនទាន់កើតឡើង ក៏កើតឡើង និងឧទ្ធច្ចកុក្កុច្ចៈ ដែលកើតឡើងហើយ ក៏ប្រព្រឹត្ត​ទៅ ដើម្បីភាវៈ ដ៏ធំទូលាយ ជាភិយ្យោ​ភាព។ វិចិកិច្ឆា ដែលមិនទាន់​​កើត​​ឡើង ក៏កើតឡើង និងវិចិកិច្ឆា ដែលកើតឡើងហើយ ក៏ប្រព្រឹត្តទៅ ដើម្បីភាវៈ​ដ៏ធំទូលាយ ជាភិយ្យោ​ភាព។

[៤៤៥]  សតិសម្ពោជ្ឈង្គ ដែលមិនទាន់កើតឡើង ក៏មិនកើតឡើង ទាំង​សតិសម្ពោជ្ឈង្គ ដែលកើតឡើងហើយ ក៏រលត់ទៅវិញ។បេ។ ឧបេក្ខាសម្ពោជ្ឈង្គ ដែល​មិនទាន់កើត​ឡើង ​ក៏មិនកើតឡើង ទាំងឧបេក្ខាសម្ពោជ្ឈង្គ ដែលកើតឡើងហើយ ក៏រលត់ទៅវិញ។

[៤៤៦]  ម្នាលភិក្ខុទាំងឡាយ កាលបុគ្គលធ្វើទុកក្នុងចិត្ត ដោយឧបាយប្រាជ្ញា កាមច្ឆន្ទៈ ដែលមិនទាន់កើតឡើង ក៏មិនកើតឡើង ទាំងកាមច្ឆន្ទៈ ដែលកើតឡើង​ហើយ ក៏លះចេញបាន។ ព្យាបាទ ដែល​មិនទាន់​កើត​ឡើង ក៏មិនកើតឡើង ទាំងព្យាបាទ ដែល​កើត​ឡើងហើយ ក៏លះចេញបាន។ ថីនមិទ្ធៈ ដែលមិនទាន់កើតឡើង ក៏មិន​កើត​ឡើង​ ទាំង​ថីនមិទ្ធៈ ដែលកើត​ឡើងហើយ ក៏លះចេញបាន។ ឧទ្ធច្ចកុក្កុច្ចៈ​ ដែលមិន​ទាន់​កើត​​ឡើង ក៏មិនកើតឡើង ទាំងឧទ្ធច្ចកុក្កុច្ចៈ ដែលកើតឡើងហើយ ក៏លះចេញបាន។ វិចិ​កិច្ឆា​ ដែលមិនទាន់​​កើត​​ឡើង ក៏មិនកើតឡើង ទាំងវិចិកិច្ឆា ដែលកើតឡើងហើយ​ ក៏​លះ​​ចេញបាន។

[៤៤៧]  សតិសម្ពោជ្ឈង្គ ដែលមិនទាន់កើតឡើង ក៏កើតឡើង ទាំង​សតិសម្ពោជ្ឈង្គ​ ដែលកើតឡើងហើយ ក៏ដល់នូវការពេញ បរិបូណ៌ដោយភាវនា។បេ។ ឧបេក្ខា​សម្ពោជ្ឈង្គ​ ដែល​មិនទាន់កើត​ឡើង ​ក៏កើតឡើង ទាំង​ឧបេក្ខាសម្ពោជ្ឈង្គ ដែល​កើតឡើង​​ហើយ ក៏ដល់នូវការពេញ បរិបូណ៌ដោយភាវនា។

[៤៤៨]  ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងនូវអបរិហានីយធម៌ គឺធម៌ ដែលមិនសាបសូន្យ ៧ប្រការ ដល់អ្នកទាំងឡាយ ចូរអ្នកទាំងឡាយ ស្តាប់ធម៌នោះចុះ។ ម្នាលភិក្ខុទាំងឡាយ ចុះអបរិហានីយធម៌ ទាំង៧ប្រការ តើដូចម្តេច។  គឺពោជ្ឈង្គ ទាំង៧ ប្រការនេះឯង។ ចុះពោជ្ឈង្គ ទាំង៧ ប្រការ តើដូចម្តេច។  គឺសតិសម្ពោជ្ឈង្គ១។បេ។ ​ឧបេក្ខាសម្ពោជ្ឈង្គ១។ ម្នាលភិក្ខុទាំងឡាយ អបរិហានីយធម៌ មាន៧ប្រការ​នេះឯង។

[៤៤៩]  ម្នាលភិក្ខុទាំងឡាយ មគ្គឯណា បដិបទាឯណា​ ប្រព្រឹត្តទៅ ដើម្បី​ការ​អស់ទៅ ​នៃតណ្ហា ចូរអ្នកទាំងឡាយ ចំរើនមគ្គនោះ បដិបទានោះចុះ។ ចុះមគ្គដូចម្តេច បដិបទា​ដូច​ម្តេច ដែលប្រព្រឹត្តទៅ ដើម្បីការអស់ទៅនៃតណ្ហា។  គឺពោជ្ឈង្គ ទាំង៧ ប្រការនេះឯង។ ចុះពោជ្ឈង្គ ទាំង៧ ប្រការតើអ្វីខ្លះ។  គឺសតិសម្ពោជ្ឈង្គ១។បេ។ ឧបេក្ខា​សម្ពោជ្ឈង្គ១។

[៤៥០]  កាលបើព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ ព្រះឧទាយិដ៏មានអាយុ ក៏ក្រាបបង្គំទូលសួរព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ចុះពោជ្ឈង្គ ទាំង៧ប្រការ ដែលបុគ្គលបានចំរើនដូចម្តេច បានធ្វើឲ្យច្រើនដូចម្តេច ទើបប្រព្រឹត្តទៅ ដើម្បីការអស់ទៅនៃតណ្ហា។ ម្នាលឧទាយិ ភិក្ខុក្នុងសាសនានេះ ចំរើននូវសតិសម្ពោជ្ឈង្គ ដែលអាស្រ័យនូវវិវេក អាស្រ័យនូវវិរាគៈ អាស្រ័យនូវនិរោធ ដ៏ទូលាយធំ ប្រមាណមិនបាន មិនមានព្យាបាទ កាលភិក្ខុនោះ ចំរើននូវសតិសម្ពោជ្ឈង្គ ដែលអាស្រ័យ នូ​វ​វិវេក អាស្រ័យនូវវិរាគៈ អាស្រ័យនូវនិរោធ ដ៏​ទូលាយធំ ប្រមាណមិនបាន មិនមាន​ព្យាបាទ ភិក្ខុនោះ ក៏លះបង់តណ្ហាចេញ​បាន។បេ។ ភិក្ខុចំរើននូវឧបេក្ខាសម្ពោជ្ឈង្គ ដែលអាស្រ័យនូវវិវេក អាស្រ័យនូវវិរាគៈ អាស្រ័យនូវនិរោធ ដ៏ទូលាយធំ ប្រមាណមិនបាន មិនមានព្យាបាទ កាលភិក្ខុនោះ កំពុងចំរើននូវឧបេក្ខាសម្ពោជ្ឈង្គ ដែល​អាស្រ័យ​នូវវិវេក អាស្រ័យនូវវិរាគៈ អាស្រ័យនូវនិរោធ ដ៏ទូលាយធំ ប្រមាណមិនបាន មិនមានព្យាបាទ ភិក្ខុនោះ ក៏លះបង់តណ្ហាចេញ ព្រោះការលះបង់តណ្ហាបាន ទើប​លះបង់កម្មបាន ព្រោះការលះបង់កម្មបាន ទើបលះបង់​សេចក្តី​ទុក្ខ​បាន។ ម្នាល​ឧទាយិ ការអស់ទៅនៃកម្ម ព្រោះអស់ទៅនៃតណ្ហា ការអស់ទៅនៃសេចក្តីទុក្ខ ព្រោះ​អស់​ទៅនៃកម្ម ដោយប្រការដូច្នេះឯង។

[៤៥១]  ម្នាលភិក្ខុទាំងឡាយ មគ្គឯណា បដិបទាឯណា​ ដែលប្រព្រឹត្តទៅ​ ដើម្បី​សេចក្តីរលត់​នៃតណ្ហា ចូរអ្នកទាំងឡាយ ចំរើនមគ្គនោះ បដិបទានោះចុះ។ ម្នាលភិក្ខុ​ទាំងឡាយ ចុះមគ្គ​ដូចម្តេច បដិបទា​ដូច​ម្តេច ដែលប្រព្រឹត្តទៅ ដើម្បីរលត់ទៅនៃតណ្ហា។  គឺពោជ្ឈង្គ​ ទាំង៧នេះឯង។ ពោជ្ឈង្គ ទាំង៧ តើដូចម្តេច។  គឺសតិ​សម្ពោជ្ឈង្គ១។បេ។ ឧបេក្ខា​សម្ពោជ្ឈង្គ១។

[៤៥២]  ម្នាលភិក្ខុទាំងឡាយ ចុះពោជ្ឈង្គ ទាំង៧ប្រការ ដែលភិក្ខុបានចំរើនដូច​ម្តេច បានធ្វើឲ្យច្រើនដូចម្តេច ទើបប្រព្រឹត្តទៅ ដើម្បីសេចក្តីរលត់នៃតណ្ហា។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុ​ក្នុងសាសនានេះ ចំរើនសតិសម្ពោជ្ឈង្គ ដែលអាស្រ័យនូវវិវេក អា​ស្រ័យ​នូវវិរាគៈ អាស្រ័យនូវនិរោធ បង្អោនទៅ ដើម្បីលះបង់។បេ។ ចំរើនឧបេក្ខាសម្ពោជ្ឈង្គ ដែល​អាស្រ័យនូវវិវេក អា​ស្រ័យនូវវិរាគៈ អាស្រ័យនូវនិរោធ បង្អោនទៅដើម្បីលះបង់។ ម្នាលភិក្ខុទាំងឡាយ ពោជ្ឈង្គ ទាំង៧ ដែលភិក្ខុបានចំរើនយ៉ាងនេះ ធ្វើឲ្យច្រើនយ៉ាងនេះ ប្រព្រឹត្តទៅ ដើម្បីសេចក្តីរលត់នៃតណ្ហា។

[៤៥៣]  ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងមគ្គ ជាចំណែកនៃការចាក់ទម្លុះនូវ (រាគាទិក្កិលេស) ចូរអ្នកទាំងឡាយ ស្តាប់ធម៌នោះចុះ។ ម្នាលភិក្ខុទាំងឡាយ ចុះមគ្គ​ដែលជាចំណែកនៃការចាក់ទម្លុះនូវ (រាគាទិក្កិលេស) តើដូចម្តេច។  គឺពោជ្ឈង្គ ទាំង៧ ប្រការនេះឯង​។ ពោជ្ឈង្គ ទាំង៧ប្រការ គឺអ្វីខ្លះ។  គឺសតិ​សម្ពោជ្ឈង្គ១។បេ។ ឧបេក្ខា​សម្ពោជ្ឈង្គ១។

[៤៥៤]  កាលព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ ព្រះឧទាយិដ៏មានអាយុ ក៏ក្រាបបង្គំទូលសួរព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ពោជ្ឈង្គ​ទាំង៧ ដែលភិក្ខុបានចំរើនដូចម្តេច បានធ្វើឲ្យច្រើនដូចម្តេច ទើបប្រព្រឹត្តទៅ​ ដើម្បី​ការចាក់ទម្លុះ​នូវ (រាគាទិក្កិលេស)។ ម្នាលឧទាយិ ភិក្ខុ​ក្នុងសាសនានេះ ចំរើនសតិ​សម្ពោជ្ឈង្គ ដែល​អា​ស្រ័យនូវវិវេក អា​ស្រ័យ​នូវវិរាគៈ អាស្រ័យនូវនិរោធ ដ៏ទូលាយធំ ប្រមាណមិនបាន មិនមានព្យាបាទ ភិក្ខុ​នោះ មានចិត្តអប់រំ ដោយសតិសម្ពោជ្ឈង្គ រមែងចាក់ទម្លុះទម្លាយនូវ​គំនរលោភៈ ដែលខ្លួនមិនទាន់ចាក់ទម្លុះ មិនទាន់ទម្លាយចេញ រមែងចាក់​ទម្លុះ​ទម្លាយនូវ​គំនរទោសៈ ដែលខ្លួនមិនទាន់បានចាក់ទម្លុះ មិនទាន់បាន​ទម្លាយ​ចេញ រមែងចាក់​ទម្លុះ​ទម្លាយនូវ​គំនរមោហៈ ដែលខ្លួនមិនទាន់បានចាក់ទម្លុះ មិនទាន់បាន​ទម្លាយចេញ។បេ។ ភិក្ខុចំរើននូវឧបេក្ខាសម្ពោជ្ឈង្គ ដែល​អា​ស្រ័យនូវវិវេក អា​ស្រ័យ​នូវវិរាគៈ អាស្រ័យនូវនិរោធ ដ៏ទូលាយធំ ប្រមាណមិនបាន មិនមានព្យាបាទ ភិក្ខុ​នោះ ​មានចិត្តអប់រំ ដោយឧបេក្ខាសម្ពោជ្ឈង្គ រមែងចាក់ទម្លុះទម្លាយនូវ​គំនរលោភៈ ដែលខ្លួន​មិនទាន់បានចាក់ទម្លុះ មិនទាន់បានទម្លាយចេញ រមែងចាក់​ទម្លុះ​ទម្លាយនូវ​គំនរទោសៈ ដែលខ្លួនមិនទាន់បានចាក់ទម្លុះ មិនទាន់បាន​ទម្លាយ​ចេញ រមែងចាក់​ទម្លុះ​ទម្លាយនូវ​គំនរមោហៈ ដែលខ្លួនមិនទាន់បានចាក់ទម្លុះ មិនទាន់បាន​ទម្លាយចេញ។ ម្នាលឧទាយិ ពោជ្ឈង្គ ទាំង៧ ប្រការ ដែលភិក្ខុបានចំរើនយ៉ាងនេះ បានធ្វើឲ្យច្រើនយ៉ាងនេះ រមែង​ប្រព្រឹត្តទៅ ដើម្បីការចាក់ទម្លុះនូវ (រាគាទិក្កិលេស)។

[៤៥៥]  ម្នាលភិក្ខុទាំងឡាយ តថាគត ពិចារណារកមិនឃើញធម៌ដទៃណាមួយ ដែលភិក្ខុបានចំរើនយ៉ាងនេះ បានធ្វើឲ្យច្រើនយ៉ាងនេះ រមែងប្រព្រឹត្តទៅ ដើម្បីលះបង់នូវធម៌ទាំងឡាយ ដែលរាប់បញ្ចូល ក្នុងពួកសញ្ញោជនៈ ដូចជាពោជ្ឈង្គ ទាំង៧នេះ
ឡើយ។ ពោជ្ឈង្គ ទាំង៧ គឺអ្វីខ្លះ។  គឺសតិ​សម្ពោជ្ឈង្គ១។បេ។ ឧបេក្ខា​សម្ពោជ្ឈង្គ១។

[៤៥៦]  ម្នាលភិក្ខុទាំងឡាយ ចុះពោជ្ឈង្គ ទាំង៧ ដែលភិក្ខុបានចំរើនដូចម្តេច បានធ្វើ​ឲ្យច្រើន​ដូចម្តេច ទើបប្រព្រឹត្តទៅ ដើម្បីលះបង់នូវធម៌ទាំងឡាយ ដែលរាប់​បញ្ចូល ក្នុង​ពួក​​សញ្ញោជនៈ។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុ​ក្នុងសាសនានេះ ចំរើននូវសតិសម្ពោជ្ឈង្គ​ ដែលអាស្រ័យនូវវិវេក អា​ស្រ័យ​នូវវិរាគៈ អាស្រ័យនូវនិរោធ បង្អោន​ទៅ ដើម្បីការលះបង់។បេ។ ចំរើនឧបេក្ខាសម្ពោជ្ឈង្គ ដែលអាស្រ័យនូវវិវេក អា​ស្រ័យ​​នូវវិរាគៈ អា​ស្រ័យនូវនិរោធ បង្អោនទៅ ដើម្បីការលះបង់។ ម្នាលភិក្ខុ​ទាំង​ឡាយ ពោជ្ឈង្គ ​​​​ទាំង​៧ប្រការ ដែលភិក្ខុបានចំរើនយ៉ាងនេះ បានធ្វើ​ឲ្យច្រើន​យ៉ាងនេះ​ រមែងប្រព្រឹត្តទៅ ដើម្បីលះបង់នូវធម៌ទាំង​ឡាយ ដែលរាប់បញ្ចូល ក្នុង​ពួក​​សញ្ញោជនៈ។

[៤៥៧]  ម្នាលភិក្ខុទាំងឡាយ ចុះធម៌ទាំងឡាយ ដែលរាប់បញ្ចូល ក្នុងពួក​សញ្ញោជនៈ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ចក្ខុចាត់ជាធម៌ ដែលរាប់បញ្ចូល ក្នុងពួកសញ្ញោជនៈ ការប្រកាន់មាំ ជាគ្រឿងរួបរឹត គឺសញ្ញោជនៈទាំងនោះ រមែងកើតឡើង​ ព្រោះចក្ខុនោះ សោតៈ ឃានៈ ជិវ្ហា ចាត់ជាធម៌ ដែលរាប់បញ្ចូល ក្នុងពួកសញ្ញោជនៈដែរ ការប្រកាន់មាំ ជាគ្រឿងរួបរឹត គឺសញ្ញោជនៈទាំងនុ៎ះ រមែងកើតឡើង ព្រោះធម៌ទាំងនោះ មនោ ចាត់ជាធម៌ ដែលរាប់បញ្ចូល ក្នុងពួកសញ្ញោជនៈដែរ ការប្រកាន់មាំ ជា​គ្រឿងរួបរឹត គឺសញ្ញោជនៈទាំងនុ៎ះ រមែងកើតឡើង ព្រោះមនោនេះ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ធម៌ ដែលរាប់បញ្ចូល ក្នុងពួកសញ្ញោជនៈ។

[៤៥៨]  សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងនិគម ឈ្មោះ សេតកៈ របស់អ្នកស្រុកសុម្ភៈទាំងឡាយ ក្នុងដែនសុម្ភៈ។ គ្រានោះឯង ព្រះឧទាយិដ៏មាន​អាយុ បានចូលទៅគាល់ព្រះដ៏មានព្រះភាគ។បេ។ ក៏អង្គុយក្នុងទីដ៏សមគួរ។ លុះព្រះឧទាយិ​ដ៏មានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ ទើបក្រាបបង្គំទូលព្រះដ៏មានព្រះភាគដូច្នេះ។

[៤៥៩]  បពិត្រព្រះអង្គដ៏ចំរើន ហេតុនេះអស្ចារ្យ បពិត្រព្រះអង្គដ៏ចំរើន ហេតុ​នេះ ចំឡែក បពិត្រព្រះអង្គដ៏ចំរើន សេចក្តីស្រឡាញ់ សេចក្តីគោរព សេចក្តីអៀនខ្មាស​ និងសេចក្តីកោតក្រែង ចំពោះព្រះដ៏មានព្រះភាគ ព្រោះមានឧបការៈច្រើន ដល់ខ្ញុំព្រះអង្គ ដោយពិត បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ កាលពីដើម នៅជាគ្រហស្ថ មិនមានសេចក្តីរាប់អានច្រើន ចំពោះព្រះធម៌ទេ មិនមានសេចក្តីរាប់អានច្រើន ចំពោះព្រះសង្ឃទេ ខ្ញុំព្រះ​អង្គ ពិចារណាឃើញនូវសេចក្តីស្រឡាញ់ សេចក្តីគោរព សេចក្តីអៀនខ្មាស​   និងសេច​ក្តី​កោត​ក្រែង ចំពោះព្រះដ៏មានព្រះភាគ ទើបចេញចាកផ្ទះ មកកាន់ផ្នួស ​ព្រះដ៏មានព្រះ​ភាគ បានសំដែងធម៌ ដល់ខ្ញុំព្រះអង្គថា រូប ដូច្នេះ ហេតុជាទីកើតនៃរូប ដូច្នេះ សេចក្តីវិនាសនៃរូប ដូច្នេះ វេទនា ដូច្នេះ។បេ។ សញ្ញាដូច្នេះ។ សង្ខារទាំងឡាយ ដូច្នេះ។ វិញ្ញាណ ដូច្នេះ ហេតុជាទីកើតនៃវិញ្ញាណ ដូច្នេះ សេចក្តីវិនាសនៃវិញ្ញាណដូច្នេះ។

[៤៦០] បពិត្រព្រះអង្គដ៏ចំរើន កាលខ្ញុំព្រះអង្គ នៅក្នុងផ្ទះដ៏ស្ងាត់ បានប្រែត្រ​ឡប់​ឲ្យផ្ងារឡើង និងផ្កាប់ចុះនូវឧបាទានក្ខន្ធ ទាំង៥នេះ បានដឹងច្បាស់តាមសេចក្តីពិតថា នេះជាទុក្ខ បានដឹងច្បាស់តាមសេចក្តីពិតថា នេះជាហេតុ ជាទីកើតនៃទុក្ខ បាន​ដឹងច្បាស់​ តាម​សេចក្តីពិតថា នេះជាទីរលត់នៃទុក្ខ ដឹងច្បាស់តាមសេចក្តីពិតថា នេះជាបដិបទា ជាដំណើរទៅកាន់ទីរំលត់នៃទុក្ខ។

[៤៦១] បពិត្រព្រះអង្គដ៏ចំរើន ធម៌ ខ្ញុំព្រះអង្គ បានត្រាស់ដឹងហើយផង មគ្គ ​ខ្ញុំ​ព្រះអង្គ បានចំពោះហើយផង មគ្គឯណា ដែលខ្ញុំព្រះអង្គ បានចំរើនហើយ បានធ្វើ​ឲ្យច្រើនហើយ មគ្គនោះ នឹងនាំខ្ញុំព្រះអង្គ ដែលកំពុងសម្រេចសម្រាន្តនៅ ដោយ​អាការនោះៗ ដើម្បីសេចក្តីពិត ដែលជាហេតុឲ្យខ្ញុំព្រះអង្គ ដឹងច្បាស់ថា ជាតិអស់ហើយ ព្រហ្មចរិយៈ អាត្មាអញ នៅរួចហើយ សោឡសកិច្ច អាត្មាអញ បានធ្វើរួចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។ បពិត្រព្រះអង្គ​ដ៏ចំរើន សតិសម្ពោជ្ឈង្គ ខ្ញុំព្រះអង្គ បានចំពោះហើយ សតិសម្ពោជ្ឈង្គ​ឯណា ដែល​ខ្ញុំព្រះអង្គ បានចំរើន បានធ្វើឲ្យច្រើនហើយ សតិ​សម្ពោជ្ឈង្គនោះ នឹងនាំ​ឲ្យខ្ញុំព្រះអង្គ ​ដែល​កំពុង​សម្រេច​សម្រាន្តនៅ ដោយប្រការ​ដូច្នោះៗ ដើម្បីសេចក្តីពិត ដែលជាហេតុ​ឲ្យខ្ញុំព្រះអង្គ ដឹង​ច្បាស់ថា ជាតិអស់ហើយ ព្រហ្មចរិយៈ អាត្មាអញ នៅរួចហើយ សោឡសកិច្ច​ អាត្មា​អញ បានធ្វើរួចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បី​សោឡសកិច្ច​នេះទៀត​ មិន​មានឡើយ។បេ។ បពិត្រព្រះអង្គដ៏ចំរើន ឧបេក្ខាសម្ពោជ្ឈង្គ ខ្ញុំព្រះ​អង្គ​ បាន​ចំពោះ​ហើយ ឧបេក្ខាសម្ពោជ្ឈង្គឯណា ដែលខ្ញុំព្រះអង្គ បានចំរើនហើយ បាន​ធ្វើឲ្យច្រើនហើយ ឧបេក្ខា​សម្ពោជ្ឈង្គ​នោះ នឹងនាំឲ្យខ្ញុំព្រះអង្គ ដែលកំពុងសម្រេច​សម្រាន្តនៅ ដោយប្រការដូច្នោះៗ ដើម្បីសេចក្តីពិត ដែលជាហេតុ​ឲ្យខ្ញុំព្រះអង្គ ដឹង​ច្បាស់ថា ជាតិអស់ហើយ ព្រហ្ម​ចរិយៈ ​អា​ត្មាអញ នៅរួចហើយ សោឡស​កិច្ច អាត្មា​អញ បានធ្វើរួចហើយ មគ្គភាវនា​កិច្ច​ដទៃ ​ប្រ​ព្រឹត្តទៅ ដើម្បីសោឡស​កិច្ច​នេះទៀត មិន​មានឡើយ។ បពិត្រព្រះអង្គដ៏ចំរើន នេះឯង ជាមគ្គ ដែលខ្ញុំព្រះអង្គ បានចំពោះហើយ មគ្គឯណា ដែលខ្ញុំព្រះអង្គ បានចំរើនហើយ បានធ្វើឲ្យច្រើនហើយ មគ្គនោះ នឹងនាំឲ្យ​ខ្ញុំ​ព្រះអង្គ ដែលកំពុងសម្រេចសម្រាន្តនៅ ដោយប្រការដូច្នោះៗ ដើម្បីសេចក្តីពិត ដែលជា​ហេតុឲ្យខ្ញុំព្រះអង្គ ដឹងច្បាស់ថា ជាតិអស់ហើយ ព្រហ្មចរិយៈ អា​ត្មាអញ នៅរួចហើយ សោ​ឡសកិច្ច អាត្មា​អញ បានធ្វើរួចហើយ មគ្គភាវនា​កិច្ច​ដទៃ ​ប្រ​ព្រឹត្តទៅ ដើម្បី​សោ​ឡស​កិច្ចនេះទៀត មិន​មានឡើយ។

[៤៦២] ម្នាលឧទាយិ ប្រពៃណាស់ហើយ ម្នាលឧទាយិ ប្រពៃណាស់ហើយ ព្រោះ​ថា​ មគ្គនុ៎ះ អ្នកបានចំពោះហើយ មគ្គឯណា ដែលអ្នកបានចំរើនហើយ បានធ្វើឲ្យ​ច្រើន​ហើយ មគ្គនោះ នឹងនាំអ្នកដែលកំពុងសម្រេចសម្រាន្តនៅ ដោយប្រការដូច្នោះៗ ដើម្បីសេចក្តីពិត ដែលជាហេតុឲ្យអ្នកដឹងច្បាស់ថា ជាតិអស់ហើយ ព្រហ្ម​ចរិយៈ​ អាត្មា​អញ នៅរួចហើយ សោ​ឡសកិច្ច អាត្មា​អញ បានធ្វើរួចហើយ មគ្គភាវនា​កិច្ច​ដទៃ​ ប្រព្រឹត្តទៅ ដើម្បី​សោឡស​កិច្ចនេះទៀត មិន​មានឡើយ។

ចប់ ឧទាយិវគ្គ ទី៣។

ឧទ្ទាននៃឧទាយិវគ្គនោះ គឺ

ពោលអំពីពោជ្ឈង្គ ប្រព្រឹត្តទៅ ដើម្បីត្រាស់ដឹង១ អំពីការសំដែងពោជ្ឈង្គ១ អំពីធម៌ជាហេតុ ជាទីតាំងនៃកាមរាគៈ១ អំពីការធ្វើទុកក្នុងចិត្ត​ ដោយ​មិនមានឧបាយ​ប្រាជ្ញា១ អំពីអបរិហានីយធម៌១ អំពីការអស់ទៅនៃតណ្ហា១ អំពីការរលត់នៃតណ្ហា១ អំពីការចាក់ទម្លុះនូវរាគាទិក្កិលេស១ អំពីទ្រង់មិនឃើញធម៌ដទៃ សូម្បីមួយ១ អំពីព្រះឧទាយិដ៏មានអាយុ១។

នីវរណវគ្គ

[៤៦៣]  ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយឯណានីមួយ ជាកុសល ជាចំណែក​កុសល ជាបក្ខពួកកុសល ធម៌ទាំងអស់នោះ មានសេចក្តីមិនប្រមាទ ជាឫសគល់ ជាទីប្រជុំចុះ ក្នុងសេចក្តីមិនប្រមាទ សេចក្តីមិនប្រមាទ ប្រាកដជាកំពូលនៃកុសលធម៌​ទាំងនោះ។ ម្នាលភិក្ខុទាំងឡាយ ដំណើរនោះ នឹងប្រាកដ ដល់ភិក្ខុដែលមិនប្រមាទ ភិក្ខុនោះ នឹងចំរើននូវពោជ្ឈង្គ ទំាង៧ ធ្វើឲ្យច្រើននូវពោជ្ឈង្គ ទាំង៧ប្រការ។

[៤៦៣]  ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុមិនប្រមាទ រមែងចំរើននូវពោជ្ឈង្គ ទាំង៧ ធ្វើ​ឲ្យច្រើននូវពោជ្ឈង្គ ទាំង៧ តើដូចម្តេច។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុ​ក្នុងសាសនានេះ ចំរើន​នូវ​សតិសម្ពោជ្ឈង្គ ដែលអាស្រ័យនូវវិវេក អា​ស្រ័យ​នូវវិរាគៈ អាស្រ័យនូវនិរោធ បង្អោន​ទៅរកការលះបង់។បេ។ ចំរើននូវឧបេក្ខាសម្ពោជ្ឈង្គ ដែលអាស្រ័យនូវវិវេក អា​ស្រ័យ​នូវវិរាគៈ អា​ស្រ័យនូវនិរោធ បង្អោនទៅរកការលះបង់។ ម្នាលភិក្ខុទាំង​ឡាយ ភិក្ខុមិនប្រមាទ ​រមែងចំរើននូវពោជ្ឈង្គ ​​​​ទាំង​៧ ធ្វើឲ្យច្រើននូវពោជ្ឈង្គ ទាំង៧ យ៉ាងនេះឯង។

[៤៦៥]  ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយឯណានីមួយ ជាកុសល ជាចំណែក​នៃកុសល ជាបក្ខពួកនៃកុសល ធម៌ទាំងអស់នោះ មានយោនិសោមនសិការៈ ​ជា​ឫសគល់ មានយោនិសោមនសិការៈ ជា​ទី​ប្រ​ជុំចុះ យោនិសោមនសិការៈ ប្រាកដ​ជា​កំពូល ​នៃ​ធម៌​ទាំង​នោះ​។ ម្នាលភិក្ខុ​ទាំង​ឡាយ ​ដំណើរនោះ នឹងប្រាកដដល់ភិក្ខុ ​ដែល​បរិបូណ៌ ដោយយោនិសោមនសិការៈ ភិក្ខុ​នោះ​ នឹងចំរើន​នូវពោជ្ឈង្គ ទំាង៧ នឹងធ្វើឲ្យ​ច្រើននូវពោជ្ឈង្គ ទាំង៧។

[៤៦៦]  ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុដែលបរិបូណ៌ ដោយយោនិសោមនសិការៈ រមែងចំរើនពោជ្ឈង្គ ទាំង៧ ធ្វើឲ្យច្រើននូវពោជ្ឈង្គ ទាំង៧ តើដូចម្តេច។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុ​ក្នុងសាសនានេះ ចំរើន​នូវ​សតិសម្ពោជ្ឈង្គ ដែលអាស្រ័យនូវវិវេក អា​ស្រ័យ​នូវវិរាគៈ អាស្រ័យនូវនិរោធ បង្អោន​ទៅរកការលះបង់។បេ។ រមែងចំរើន​ឧបេក្ខាសម្ពោជ្ឈង្គ ដែលអាស្រ័យនូវវិវេក អា​ស្រ័យ​នូវវិរាគៈ អា​ស្រ័យនូវនិរោធ បង្អោនទៅរកការលះបង់។ ម្នាលភិក្ខុទាំង​ឡាយ ភិក្ខុបរិបូណ៌ដោយ​យោនិសោមនសិការៈ​ រមែងចំរើននូវពោជ្ឈង្គទាំង​៧ ធ្វើឲ្យច្រើននូវពោជ្ឈង្គ ទាំង៧ យ៉ាងនេះឯង។

[៤៦៧]  ម្នាលភិក្ខុទាំងឡាយ ឧបក្កិលេស របស់មាសនេះ មាន៥យ៉ាង ដែលធ្វើ​ឲ្យមាសសៅហ្មង ទៅជារបស់មិនទន់ផង មិនគួរដល់ការងារផង មិនមានពន្លឺផង ទៅជាពុកពុយផង មិនគួរប្រកបការងារដោយប្រពៃផង។ ឧបក្កិលេស ទាំង៥ តើអ្វីខ្លះ។

[៤៦៨]  ម្នាលភិក្ខុទាំងឡាយ ដែកជាឧបក្កិលេស របស់មាស ដែលធ្វើ​ឲ្យមាស​សៅ​ហ្មង ទៅជារបស់មិនទន់ផង មិនគួរដល់ការងារផង មិនមានពន្លឺផង ទៅជា​ពុក​ពុយផង មិនគួរប្រកបការងារដោយប្រពៃផង១។

[៤៦៩]  ម្នាលភិក្ខុទាំងឡាយ ស្ពាន់ ជាឧបក្កិលេសរបស់មាស ដែលធ្វើ​ឲ្យមាស​សៅ​ហ្មង។បេ។

[៤៧០]  ម្នាលភិក្ខុទាំងឡាយ សំណប៉ាហាំង ជាឧបក្កិលេសរបស់មាស។បេ។

[៤៧១]  ម្នាលភិក្ខុទាំងឡាយ សំណភក់ ជាឧបក្កិលេសរបស់មាស។បេ។

[៤៧២]  ម្នាលភិក្ខុទាំងឡាយ ប្រាក់ ជាឧបក្កិលេស របស់មាស ដែលធ្វើ​ឲ្យមាស​សៅ​ហ្មង ទៅជារបស់មិនទន់ផង មិនគួរដល់ការងារផង មិនមានពន្លឺផង ទៅជា​ពុក​ពុយផង មិនគួរប្រកបការងារដោយប្រពៃផង១។

[៤៧៣]  ម្នាលភិក្ខុទាំងឡាយ ឧបក្កិលេស របស់មាស ទាំង៥នេះឯង ដែលធ្វើ​ឲ្យមាស​សៅ​ហ្មង ទៅជារបស់មិនទន់ផង មិនគួរដល់ការងារផង មិនមានពន្លឺផង ទៅជា​ពុក​ពុយផង មិនគួរប្រកបការងារដោយប្រពៃផង១។

[៤៧៤]  ម្នាលភិក្ខុទាំងឡាយ យ៉ាងនេះមែនហើយ ឧបក្កិលេសនៃចិត្ត ទាំង៥នេះ ដែលធ្វើឲ្យ​ចិត្តសៅហ្មង ទៅជាធម្មជាតមិនទន់ផង មិនគួរដល់ភាវនាកម្មផង មិនមាន​ពន្លឺផង ជាចិត្តអ័ព្ទអួរផង មិនដំកល់មាំដោយប្រពៃ ដើម្បីកិរិយាអស់ទៅនៃអាសវៈ​ទាំងឡាយផង។ ឧបក្កិលេស ទាំង៥ គឺអ្វីខ្លះ។

[៤៧៥]  ម្នាលភិក្ខុទាំងឡាយ កាមច្ឆន្ទៈ ជាឧបក្កិលេសនៃចិត្ត ដែលធ្វើចិត្តឲ្យសៅ​ហ្មង ទៅជាចិត្តមិនទន់ផង មិនគួរដល់ភាវនាកម្មផង មិនមានពន្លឺផង ជាចិត្ត​អ័ព្ទអួរផង មិនដំកល់មាំដោយប្រពៃ ដើម្បីកិរិយាអស់ទៅនៃអាសវៈទាំងឡាយផង១។

[៤៧៦]  ម្នាលភិក្ខុទាំងឡាយ ព្យាបាទ ជាឧបក្កិលេសនៃចិត្ត ធ្វើឲ្យចិត្តសៅ​ហ្មង ទៅជាចិត្តមិនទន់ផង មិនគួរដល់ភាវនាកម្មផង មិនមានពន្លឺផង ទៅជា​អ័ព្ទអួរផង មិនដំកល់មាំដោយប្រពៃ ដើម្បីកិរិយាអស់ទៅនៃអាសវៈទាំងឡាយផង។បេ។

[៤៧៧]  ម្នាលភិក្ខុទាំងឡាយ ឧបក្កិលេសនៃចិត្ត ទាំង៥នេះឯង ដែលធ្វើ​ឲ្យចិត្ត​សៅ​ហ្មង ជាចិត្តមិនទន់ផង មិនគួរដល់ភាវនាកម្មផង មិនមានពន្លឺផង ទៅជា​អ័ព្ទ​អួរផង មិនដំកល់មាំដោយប្រពៃ ដើម្បីកិរិយាអស់ទៅនៃអាសវៈ​ទាំង​ឡាយផង។

[៤៧៨]  ម្នាលភិក្ខុទាំងឡាយ ពោជ្ឈង្គ ទាំង៧ប្រការនេះ ជា​គ្រឿងមិនរារាំង មិនបិទបាំង មិនមែនជាឧបក្កិលេសរបស់ចិត្ត ដែលបុគ្គលចំរើនហើយ ធ្វើឲ្យច្រើន​ហើយ រមែងប្រព្រឹត្តទៅ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវវិជ្ជា   និងវិមុត្តិផល។ ពោជ្ឈង្គ ទាំង៧ គឺអ្វីខ្លះ​។

[៤៧៩]  ម្នាលភិក្ខុទាំងឡាយ សតិសម្ពោជ្ឈង្គ ជាគ្រឿងមិនរារាំង មិនបិទបាំង មិន​មែន​ជា​ឧបក្កិលេសរបស់ចិត្ត ដែលបុគ្គលចំរើនហើយ ធ្វើឲ្យច្រើនហើយ រមែង​ប្រ​ព្រឹត្ត​ទៅ​ ដើម្បី​ធ្វើ​ឲ្យជាក់ច្បាស់នូវវិជ្ជា និងវិមុត្តិផល។បេ។

[៤៨០] ម្នាលភិក្ខុទាំងឡាយ ឧបេក្ខាសម្ពោជ្ឈង្គ ជាគ្រឿងមិនរារាំង មិនបិទបាំង មិន​​មែន​ជា​ឧបក្កិលេសរបស់ចិត្ត បុគ្គលចំរើនហើយ ធ្វើឲ្យច្រើនហើយ រមែង​ប្រព្រឹត្ត​​ទៅ​ ដើម្បី​ធ្វើ​ឲ្យជាក់ច្បាស់នូវវិជ្ជា និងវិមុត្តិផល។

[៤៨១] ម្នាលភិក្ខុទាំងឡាយ ពោជ្ឈង្គ ទាំង៧នេះឯង មិនមែន​ជាគ្រឿង​រា​រាំង​ មិនបិទបាំង មិន​មែន​ជា​ឧបក្កិលេសរបស់ចិត្តទេ បុគ្គលចំរើនហើយ ធ្វើឲ្យច្រើន​ហើយ​ រមែង​ប្រ​ព្រឹត្ត​ទៅ​ ដើម្បី​ធ្វើ​ឲ្យជាក់ច្បាស់នូវវិជ្ជា និងវិមុត្តិផល។

[៤៨២] ម្នាលភិក្ខុទាំងឡាយ កាលបុគ្គលធ្វើទុកក្នុងចិត្ត ដោយមិនមានឧបាយ​ ប្រាជ្ញា កាមច្ឆន្ទៈ ដែលមិនទាន់កើតឡើង ក៏រមែងកើតឡើងបាន ទាំងកាមច្ឆន្ទៈ ដែល​កើតឡើងហើយ ក៏រមែងប្រព្រឹត្តទៅ ដើម្បីភាវៈ ដ៏ធំទូលាយ ជាភិយ្យោភាព។

[៤៨៣] ព្យាបាទ ដែលមិនទាន់កើតឡើង រមែងកើតឡើងបាន ទាំងព្យាបាទ ដែលកើតឡើងហើយ រមែងប្រព្រឹត្តទៅ ដើម្បីភាវៈ ដ៏ធំទូលាយ ជាភិយ្យោភាព។

[៤៨៤] ថីនមិទ្ធៈ ដែលមិនទាន់កើតឡើង រមែងកើតឡើងបាន ទាំងថីនមិទ្ធៈ ដែលកើតឡើងហើយ រមែងប្រព្រឹត្តទៅ ដើម្បីភាវៈ ដ៏ធំទូលាយ ជាភិយ្យោភាព។

[៤៨៥] ឧទ្ទច្ចកុក្កុច្ចៈ ដែលមិនទាន់កើតឡើង រមែងកើតឡើង ទាំងឧទ្ទច្ចកុក្កុច្ចៈ​ ដែលកើតឡើងហើយ ក៏រមែងប្រព្រឹត្តទៅ ដើម្បីភាវៈ ដ៏ធំទូលាយ ជាភិយ្យោភាព។

[៤៨៦]  វិចិកិច្ឆា ដែលមិនទាន់កើតឡើង ក៏រមែងកើតឡើងបាន ទាំងវិចិកិច្ឆា ដែល​កើត​ឡើង​ហើយ ក៏រមែងប្រព្រឹត្តទៅ ដើម្បីភាវៈដ៏ធំទូលាយ ជាភិយ្យោភាព។

[៤៨៧]  ម្នាលភិក្ខុទាំងឡាយ ចំណែកឯបុគ្គល កាលធ្វើទុកក្នុងចិត្ត ដោយឧបាយ​ប្រាជ្ញា សតិសម្ពោជ្ឈង្គ ដែលមិនទាន់កើតឡើង ក៏កើតឡើងបាន ទាំងសតិសម្ពោជ្ឈង្គ ដែលកើតឡើងហើយ ក៏ដល់នូវការពេញបរិបូណ៌ ដោយភាវនា។បេ។

[៤៨៨]  ឧបេក្ខាសម្ពោជ្ឈង្គ ដែលមិនទាន់កើតឡើង ក៏កើតឡើងបាន ទាំង​ឧបេក្ខាសម្ពោជ្ឈង្គ ដែលកើតឡើងហើយ ក៏ដល់នូវការពេញបរិបូណ៌ ដោយភាវនា។

[៤៨៩]  ម្នាលភិក្ខុទាំងឡាយ ពោជ្ឈង្គ ទាំង៧នេះ ដែលបុគ្គលចំរើនហើយ ធ្វើឲ្យ​ច្រើន​ហើយ រមែងប្រព្រឹត្តទៅ ដើម្បីសេចក្តីចំរើន ដើម្បីសេចក្តីមិនសាបសូន្យ។ ពោជ្ឈង្គ ទាំង​៧ គឺអ្វីខ្លះ។  គឺសតិសម្ពោជ្ឈង្គ១។បេ។ ឧបេក្ខាសម្ពោជ្ឈង្គ១។ ម្នាលភិក្ខុ​ទាំង​ឡាយ ពោជ្ឈង្គ ទាំង៧នេះឯង ដែលបុគ្គលចំរើនហើយ ធ្វើឲ្យ​ច្រើនហើយ រមែង​ប្រ​ព្រឹត្ត​ទៅ​ ដើម្បីសេចក្តីចំរើន ដើម្បីសេចក្តីមិនសាបសូន្យ។

[៤៩០]  ម្នាលភិក្ខុទាំងឡាយ ធម៌ជាគ្រឿងរារាំង ជាគ្រឿងបិទបាំង ​ជា​ឧបក្កិ​លេស​​របស់ចិត្ត ធ្វើប្រាជ្ញាឲ្យមានកម្លាំងខ្សោយ មាន៥ប្រការនេះ។ ធម៌៥ប្រការ​ គឺអ្វីខ្លះ។ ម្នាលភិក្ខុទាំងឡាយ កាមច្ឆន្ទៈ ជាគ្រឿងរារាំង ជាគ្រឿងបិទបាំង ជាឧបក្កិលេសរបស់ចិត្ត ធ្វើប្រាជ្ញាឲ្យមានកម្លាំងខ្សោយ។ ម្នាលភិក្ខុទាំងឡាយ ព្យាបាទ​ជាគ្រឿងរារាំង ជាគ្រឿងបិទបាំង ជាឧបក្កិលេសរបស់ចិត្ត ធ្វើប្រាជ្ញា​ឲ្យមាន​កម្លាំង​ខ្សោយ។ ម្នាលភិក្ខុទាំងឡាយ ថីនមិទ្ធៈ ជាគ្រឿងរារាំង ជាគ្រឿងបិទបាំង ជា​ឧបក្កិ​លេស​របស់ចិត្ត ធ្វើប្រាជ្ញា​ឲ្យមាន​កម្លាំង​ខ្សោយ។ ម្នាលភិក្ខុទាំងឡាយ ឧទ្ទច្ច​កុក្កុច្ចៈ ជា​គ្រឿង​រារាំង ជាគ្រឿងបិទបាំង ជាឧបក្កិលេសរបស់ចិត្ត ធ្វើប្រាជ្ញា​ឲ្យមាន​កម្លាំង​ខ្សោយ។ ម្នាលភិក្ខុទាំងឡាយ វិចិកិច្ឆា ជាគ្រឿងរារាំង ជាគ្រឿងបិទបាំង ជា​ឧបក្កិលេសរបស់ចិត្ត ធ្វើប្រាជ្ញា​ឲ្យមាន​កម្លាំង​ខ្សោយ។ ម្នាលភិក្ខុទាំងឡាយ ធម៌៥ប្រការ​នេះឯង​ ជាគ្រឿង​រារាំង ជាគ្រឿងបិទបាំង ជាឧបក្កិលេសរបស់ចិត្ត ធ្វើប្រាជ្ញាឲ្យមានកម្លាំងខ្សោយ។

[៤៩១]  ម្នាលភិក្ខុទាំងឡាយ ពោជ្ឈង្គ ទាំង៧នេះឯង​ ជាគ្រឿងមិនរារាំង មិន​បិទបាំង មិនមែនជាឧបក្កិលេសរបស់ចិត្ត ដែលបុគ្គលចំរើនហើយ ធ្វើឲ្យ​ច្រើន​ហើយ រមែង​ប្រ​ព្រឹត្ត​ទៅ​​ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវវិជ្ជា   និងវិមុត្តិផល។ ​ពោជ្ឈង្គ ទាំង៧ គឺអ្វីខ្លះ។ ម្នាលភិក្ខុទាំងឡាយ សតិសម្ពោជ្ឈង្គ ជាគ្រឿងមិនរារាំង មិនបិទបាំង មិន​មែនជាឧបក្កិលេសរបស់ចិត្តទេ ដែលបុគ្គលចំរើនហើយ ធ្វើឲ្យច្រើនហើយ ប្រ​ព្រឹត្ត​ទៅ​ដើម្បីធ្វើឲ្យ​ជាក់​ច្បាស់​នូវវិជ្ជា និងវិមុត្តិផល។បេ។ ម្នាលភិក្ខុទាំងឡាយ ឧបេក្ខាសម្ពោជ្ឈង្គ មិនមែនជាគ្រឿង​​រារាំង​ មិនមែនបិទបាំង មិនមែនជាឧបក្កិលេសរបស់ចិត្តទេ ដែលបុគ្គលចំរើនហើយ ធ្វើ​ឲ្យច្រើន​​ហើយ រមែងប្រ​ព្រឹត្ត​ទៅ​ ដើម្បីធ្វើឲ្យ​ជាក់​ច្បាស់​នូវវិជ្ជា   និងវិមុត្តិផល។ ម្នាលភិក្ខុទាំងឡាយ ពោជ្ឈង្គ ៧នេះឯង​ មិនមែនជាគ្រឿងរារាំង មិនមែនជាគ្រឿងបិទបាំង មិនមែនជា​ឧបក្កិ​លេស​របស់​ចិត្តទេ ដែលបុគ្គលចំរើនហើយ ធ្វើឲ្យ​ច្រើនហើយ រមែង​ប្រ​ព្រឹត្ត​ទៅ ​ដើម្បីធ្វើ​ឲ្យ​ជាក់​ច្បាស់​នូវ​វិជ្ជា និងវិមុត្តិផល។

[៤៩២] ម្នាលភិក្ខុទាំងឡាយ សម័យណា អរិយសាវកធ្វើឲ្យជាប្រយោជន៍ ធ្វើ​ទុកក្នុងចិត្ត ផ្ចង់ចិត្តទាំងអស់ ផ្អៀងសោតប្រសាទ ស្តាប់ធម៌ សម័យនោះ នីវរណធម៌ ទាំង៥ មិនមានដល់ភិក្ខុនោះឡើយ ពោជ្ឈង្គ ទាំង៧ ក៏ដល់នូវការពេញ បរិបូណ៌ ដោយភាវនា ក្នុងសម័យនោះដែរ។

[៤៩៣] ចុះនីវរណធម៌ ទាំង៥ ដែលមិនមានដល់ភិក្ខុនោះ ក្នុងសម័យនោះ តើដូចម្តេច។ កាមច្ឆន្ទនីវរណៈ មិនមានក្នុងសម័យនោះ ព្យាបាទនីវរណៈ មិនមានក្នុង​សម័យនោះ ថីនមិទ្ធនីវរណៈ មិនមានក្នុងសម័យនោះ ឧទ្ធច្ចកុក្កុច្ចនីវរណៈ មិន​មាន​ក្នុងសម័យនោះ វិចិកិច្ឆានីវរណៈ មិនមានក្នុងសម័យនោះ។ នីវរណធម៌ ទាំង៥ មិន​មាន​ដល់ភិក្ខុនោះ ក្នុងសម័យនោះ។

[៤៩៤] ពោជ្ឈង្គ ទាំង៧ ដែលដល់នូវការពេញបរិបូណ៌ ដោយភាវនា ក្នុងសម័យ​នោះ តើដូចម្តេច។ សតិសម្ពោជ្ឈង្គ ដល់នូវការពេញបរិបូណ៌ ដោយភាវនា ក្នុងសម័យនោះ។បេ។ ឧបេក្ខាសម្ពោជ្ឈង្គ ដល់នូវការពេញបរិបូណ៌ ដោយភាវនា ក្នុងសម័យនោះ។ ពោជ្ឈង្គ ទាំង៧នេះ រមែងដល់នូវការពេញបរិបូណ៌ ដោយភាវនា ក្នុងសម័យនោះ។

[៤៩៥] ម្នាលភិក្ខុទាំងឡាយ សម័យណា ដែលអរិយសាវក ធ្វើឲ្យជាប្រយោជន៍ ធ្វើ​ទុកក្នុងចិត្ត ផ្ចង់ចិត្តទាំងអស់ ផ្អៀងសោតប្រសាទស្តាប់ធម៌ សម័យនោះ នីវរណធម៌ ៥ រមែងមិនមានដល់ភិក្ខុនោះឡើយ ពោជ្ឈង្គ ទាំង៧នេះ ក៏ដល់នូវការពេញ បរិបូណ៌ ដោយភាវនា ក្នុងសម័យនោះដែរ។

[៤៩៦] ម្នាលភិក្ខុទាំងឡាយ មានដើមឈើធំៗ មានគ្រាប់តូច មានទំហំដើមធំ ដុះ​គ្របដើមឈើទាំងឡាយ ពួកដើមឈើដែលដើមឈើធំៗដុះគ្រប ក៏បាក់បែកខ្ទេចខ្ទី រលំដួលទៅ។

[៤៩៧] ម្នាលភិក្ខុទាំងឡាយ ចុះដើមឈើធំៗ ដែលមានគ្រាប់តូច មានទំហំដើមធំ ដុះ​គ្របដើមឈើទាំងឡាយ ពួកដើមឈើ ដែលឈើធំៗដុះគ្រប ក៏បាក់បែកខ្ទេចខ្ទី រលំដួលទៅ តើដូចម្តេច។ ដើមឈើទាំងនោះ គឺអ្វីខ្លះ។  គឺដើមពោធិ៍បាយ ដើមជ្រៃ ដើមលៀប ដើមល្វា ដើមជ្រៃក្រឹម ដើមត្រាង។ ម្នាលភិក្ខុទាំងឡាយ ដើមឈើធំៗទាំងនេះ​ឯង មាន​គ្រាប់តូច មានទំហំដើមធំ ដុះ​គ្របដើមឈើទាំងឡាយ ពួកដើមឈើ ដែល​​ឈើធំៗដុះគ្រប ក៏បាក់បែកខ្ទេចខ្ទី រលំដួលទៅ។

[៤៩៨]  ម្នាលភិក្ខុទាំងឡាយ យ៉ាងនេះមែនហើយ កុលបុត្តខ្លះ ក្នុងលោកនេះ លះ​បង់​ពួកកាមបែបណា ហើយចេញចាកផ្ទះ ចូលកាន់ផ្នួស កុលបុត្តនោះ ត្រូវពួកកាមបែប​នោះ ឬពួកកាមដ៏លាមកក្រៃលែងជាងនោះទៅទៀត គ្របសង្កត់ រួបរឹតដួលដេកទៅ។

[៤៩៩]  ម្នាលភិក្ខុទាំងឡាយ ធម៌៥ប្រការនេះ ជាគ្រឿងរារាំង ជាគ្រឿងបិទ​បាំង ដុះរួបរឹតចិត្ត ធ្វើប្រាជ្ញាឲ្យមានកម្លាំងខ្សោយ។ ធម៌៥ប្រការ គឺអ្វីខ្លះ។ ម្នាលភិក្ខុ​ទាំងឡាយ គឺកាមច្ឆន្ទៈ ជាគ្រឿងរារាំង ជាគ្រឿងបិទបាំង ដុះគ្របសង្កត់ចិត្ត ធ្វើប្រាជ្ញា ឲ្យមានកម្លាំង​ខ្សោយ១។ ម្នាលភិក្ខុ​ទាំងឡាយ ព្យាបាទ ជាគ្រឿងរារាំង ជាគ្រឿង​បិទ​បាំង ដុះគ្របសង្កត់ចិត្ត ធ្វើប្រាជ្ញាឲ្យមានកម្លាំងខ្សោយ១។ ម្នាលភិក្ខុ​ទាំងឡាយ ថីន​មិទ្ធៈ​ជាគ្រឿងរារាំង ជាគ្រឿងបិទបាំង ដុះគ្របសង្កត់ចិត្ត ធ្វើប្រាជ្ញាឲ្យមាន​កម្លាំង​ខ្សោយ​១។ ម្នាលភិក្ខុ​ទាំងឡាយ ឧទ្ទច្ចកុក្កុច្ចៈ ជាគ្រឿងរារាំង ជាគ្រឿងបិទបាំង ដុះគ្របសង្កត់ចិត្ត ធ្វើប្រាជ្ញាឲ្យមានកម្លាំងខ្សោយ១។ ម្នាលភិក្ខុ​ទាំងឡាយ វិចិកិច្ឆា​ ជា​គ្រឿង​រារាំង ជា​គ្រឿងបិទបាំង ដុះគ្របសង្កត់ចិត្ត ធ្វើប្រាជ្ញាឲ្យមានកម្លាំងខ្សោយ១។ ម្នាលភិក្ខុ​ទាំងឡាយ ធម៌ទាំង៥នេះឯង ជាគ្រឿងរារាំង ជាគ្រឿងបិទ​បាំង ដុះគ្របសង្កត់ចិត្ត ធ្វើប្រាជ្ញា​ឲ្យមានកម្លាំងខ្សោយ។

[៥០០]  ម្នាលភិក្ខុទាំងឡាយ ពោជ្ឈង្គ ទាំង៧នេះ មិនមែនជាគ្រឿងរារាំង មិនមែនជាគ្រឿងបិទបាំង មិនមែនដុះគ្របសង្កត់ចិត្ត ដែលបុគ្គលចំរើនហើយ ធ្វើឲ្យច្រើនហើយ រមែងប្រព្រឹត្តទៅ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវវិជ្ជា និងវិមុត្តិផល។ ពោជ្ឈង្គ ទាំង៧ គឺអ្វីខ្លះ។ ម្នាលភិក្ខុទាំងឡាយ សតិសម្ពោជ្ឈង្គ មិនមែនជាគ្រឿងរារាំង មិនមែនជា​គ្រឿង​បិទបាំង មិនមែនដុះគ្របសង្កត់ចិត្ត ដែលបុគ្គលចំរើនហើយ ធ្វើឲ្យច្រើនហើយ រមែង​ប្រ​ព្រឹត្ត​ទៅ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវវិជ្ជា និងវិមុត្តិផល។បេ។ ឧបេក្ខាសម្ពោជ្ឈង្គ១​។បេ។ ម្នាលភិក្ខុទាំងឡាយ ពោជ្ឈង្គ ទាំង៧នេះឯង មិនមែនជាគ្រឿងរារាំង មិន​មែន​ជា​គ្រឿងបិទបាំង មិនមែនដុះគ្របសង្កត់ចិត្ត ដែលបុគ្គលចំរើនហើយ ធ្វើ​ឲ្យ​ច្រើន​ហើយ រមែងប្រព្រឹត្តទៅ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវវិជ្ជា និងវិមុត្តិផល។

[៥០១]  ម្នាលភិក្ខុទាំងឡាយ នីវរណធម៌ ៥ប្រការនេះ ជាធម្មជាតធ្វើឲ្យខ្វាក់ ធ្វើ​មិនឲ្យមានចក្ខុ ធ្វើមិនឲ្យដឹងជាហេតុ ឲ្យរលត់នៃបញ្ញា ជាបក្ខពួកនៃសេចក្តីចង្អៀត​ចង្អល់ ​មិនមែនប្រព្រឹត្តទៅ ដើម្បីព្រះនិព្វាន។ នីវរណៈធម៌ ៥ប្រការ គឺអ្វីខ្លះ។ ម្នាលភិក្ខុទាំងឡាយ កាមច្ឆន្ទនីវរណៈ ជាធម្មជាត ធ្វើឲ្យខ្វាក់ ធ្វើ​មិនឲ្យមានចក្ខុ ធ្វើមិនឲ្យដឹង ជា​ហេតុឲ្យរលត់ទៅនៃបញ្ញា ជាបក្ខពួកនៃសេចក្តីចង្អៀតចង្អល់ ​មិនប្រ​ព្រឹត្ត​ទៅ ​ដើម្បី​ព្រះ​និព្វាន។ ម្នាលភិក្ខុទាំងឡាយ ព្យាបាទនីវរណៈ ជាធម្មជាតធ្វើឲ្យ​ខ្វាក់។បេ។ ម្នាល​ភិក្ខុ​ទាំងឡាយ ថីនមិទ្ធនីវរណៈ ជាធម្មជាត ធ្វើឲ្យខ្វាក់។ ម្នាលភិក្ខុទាំងឡាយ ឧទ្ធច្ច​កុក្កុច្ច​នីវរណៈ ជាធម្មជាតធ្វើ​ឲ្យ​ខ្វាក់។ ម្នាលភិក្ខុទាំងឡាយ វិចិកិច្ឆានី​វរណៈ​ ជាធម្មជាត​ធ្វើ​ឲ្យ​​ខ្វាក់ ធ្វើ​មិនឲ្យមានចក្ខុ ធ្វើមិនឲ្យដឹង ជា​ហេតុ​​ឲ្យ​រលត់​ទៅនៃបញ្ញា ជា​បក្ខ​ពួក​នៃ​សេចក្តី​ចង្អៀត​ចង្អល់​ មិនមែនប្រ​ព្រឹត្ត​ទៅ​ ដើម្បី​ព្រះ​និព្វាន។ ម្នាលភិក្ខុទាំងឡាយ នីវរណធម៌ ៥ប្រការនេះឯង ជាធម្មជាតធ្វើឲ្យខ្វាក់ ធ្វើ​មិនឲ្យមានចក្ខុ ធ្វើមិនឲ្យដឹង ជាហេតុឲ្យរលត់ទៅ​នៃ​បញ្ញា​ ជាបក្ខពួកនៃសេចក្តីចង្អៀត​ចង្អល់ ​មិនប្រព្រឹត្តទៅ​ ដើម្បីព្រះនិព្វាន។

[៥០២]  ម្នាលភិក្ខុទាំងឡាយ ពោជ្ឈង្គ ទាំង៧នេះ ជាធម៌ធ្វើ​ឲ្យ​មានបញ្ញាចក្ខុ ធ្វើ​ឲ្យដឹង ជាហេតុឲ្យចំរើនប្រាជ្ញា មិនមែន​ជាបក្ខពួកនៃសេចក្តីចង្អៀតចង្អល់​ ប្រព្រឹត្ត​ទៅ​ដើម្បីព្រះនិព្វាន។ ពោជ្ឈង្គ ទាំង៧ គឺអ្វីខ្លះ។ ម្នាលភិក្ខុទាំងឡាយ សតិសម្ពោជ្ឈង្គ ជាធម៌ធ្វើឲ្យកើតបញ្ញាចក្ខុ ធ្វើ​ឲ្យដឹង ជាហេតុឲ្យចំរើនប្រាជ្ញា មិនមែន​ជាបក្ខពួក ​នៃសេច​ក្តី​​ចង្អៀត​ចង្អល់ ​ប្រព្រឹត្ត​ទៅ ​ដើម្បីព្រះនិព្វាន។បេ។ ម្នាលភិក្ខុទាំងឡាយ ឧបេក្ខា​សម្ពោជ្ឈង្គ ជាធម៌ធ្វើឲ្យកើតបញ្ញាចក្ខុ ធ្វើ​ឲ្យដឹង ជាហេតុឲ្យចំរើនប្រាជ្ញា មិនមែន​ជាបក្ខ​ពួក ​​នៃ​សេចក្តី​​ចង្អៀត​ចង្អល់​ ប្រព្រឹត្ត​ទៅ ​ដើម្បីព្រះនិព្វាន។ ម្នាលភិក្ខុទាំងឡាយ ពោជ្ឈង្គ ទាំង៧នេះឯង ជាធម៌ធ្វើឲ្យកើតបញ្ញាចក្ខុ ធ្វើ​ឲ្យដឹង ជាហេតុឲ្យចំរើនប្រាជ្ញា មិនមែន​ជាបក្ខ​ពួកនៃ​សេចក្តីចង្អៀតចង្អល់​ ប្រព្រឹត្ត​ទៅ ​ដើម្បីព្រះនិព្វាន។

ចប់ នីវរណវគ្គ ទី៤។

ឧទ្ទាននៃនីវរណវគ្គនោះ គឺ

និយាយអំពីកុសល មាន២លើក អំពីឧបក្កិលេស១ អំពីអយោនិសោមនសិការៈ និងយោនិសោមនសិការៈ ២លើក អំពីពោជ្ឈង្គ ទាំង៧ ប្រព្រឹត្តទៅ ដើម្បី​សេចក្តីចំរើន១ អំពីពោជ្ឈង្គ ទំាង៧ មិនមែនជាគ្រឿងរារាំង១ អំពីអបរិហានីយធម៌១ អំពី​ធម៌ជាគ្រឿង​បិទបាំង និងធម៌ជាគ្រឿងរារាំង ប្រៀបដូចដើមឈើធំៗ១ អំពីនីវរណធម៌១ រួម​ទាំង​អស់ជា១០។

ចក្កវត្តិវគ្គ

[៥០៣]  សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ សមណៈ ឬព្រាហ្មណ៍ឯណានីមួយ ក្នុងកាលកន្លងទៅហើយ ជាយូរអង្វែង បានលះបង់នូវមានះ ទាំង៣ប្រការ ចេញបាន ព្រោះសមណៈ ឬព្រាហ្មណ៍ទាំងអស់នោះ ជាអ្នកចំរើន ជាអ្នកធើ្វឲ្យច្រើននូវ​ពោជ្ឈង្គ ទាំង៧។ ម្នាលភិក្ខុទាំងឡាយ សមណៈ ឬព្រាហ្មណ៍ឯណានីមួយ ក្នុងកាល​ជាអនាគត នឹង​លះបង់នូវមានះ ទាំង៣ប្រការចេញបាន ព្រោះសមណៈ ឬ​ព្រាហ្មណ៍​ទាំងអស់នោះ ជាអ្នកចំរើន ជាអ្នកធើ្វឲ្យច្រើននូវពោជ្ឈង្គ ទាំង៧ដែរ។ ម្នាល​ភិក្ខុទាំងឡាយ ពួកសមណៈ ឬព្រាហ្មណ៍ឯណានីមួយ ដែលមានក្នុងកាល​ឥឡូវនេះ រមែង​លះបង់នូវមានះ ទាំង៣ប្រការចេញបាន ព្រោះសមណៈ ឬព្រាហ្មណ៍ទាំងអស់នោះ ក៏ជាអ្នកចំរើន ជាអ្នកធើ្វ​ឲ្យ​ច្រើននូវពោជ្ឈង្គ ទាំង៧ដែរ។

[៥០៤]  ពោជ្ឈង្គទាំង៧ គឺអ្វីខ្លះ។  គឺសតិសម្ពោជ្ឈង្គ១។បេ។ ឧបេក្ខាសម្ពោជ្ឈង្គ១ ម្នាលភិក្ខុទាំង​ឡាយ ពួកសមណៈ ឬព្រាហ្មណ៍ណាមួយ ក្នុងកាល​កន្លង​ទៅហើយ ជាយូរអង្វែង បាន​លះបង់នូវមានះ ទាំង៣ ប្រការចេញបាន។បេ។ នឹងលះបង់។បេ។ រមែងលះបង់ ព្រោះពួក​សមណៈ ឬព្រាហ្មណ៍ទាំងអស់នោះ ជាអ្នកចំរើន ជាអ្នកធើ្វ​ឲ្យច្រើននូវពោជ្ឈង្គ ទាំង៧នេះឯង។

[៥០៥]  ម្នាលភិក្ខុទាំងឡាយ ការកើតឡើងប្រាកដនៃរតនៈ ទាំង៧ ព្រោះ​ការកើត​ប្រាកដនៃស្តេចចក្រពត្តិ។ រតនៈ ទាំង៧ គឺអ្វីខ្លះ។  គឺការកើតប្រាកដនៃចក្ករតន៍ (ចក្រកែវ)១ ការកើតប្រាកដនៃហត្ថិរតន៍ (ដំរីកែវ)១ ការកើតប្រាកដនៃអស្សរតន៍ (សេះកែវ)១ ការ​កើត​ប្រាកដនៃមណិរតន៍ (កែវមណី)១ ការកើតប្រាកដនៃឥត្ថីរតន៍ (ស្រីកែវ)១ ការ​កើត​ប្រាក​ដនៃគហបតីរតន៍ (គហបតីកែវ)១ ការកើតប្រាកដ​នៃបរិនាយករតន៍ (នាយឃ្លាំងកែវ)១។ ម្នាលភិក្ខុទាំងឡាយ ការកើតប្រាកដនៃរតនៈ​ទាំង៧នេះ ព្រោះការកើតប្រា​កដ ​នៃសេ្តចចក្រពត្តិ។

[៥០៦]  ម្នាលភិក្ខុទាំងឡាយ ការកើតប្រាកដនៃពោជ្ឈង្គ រតនៈ ទាំង៧ ព្រោះ​ការ​កើត​​ប្រាកដ​នៃព្រះតថាគត ជាអរហន្តសម្មាសម្ពុទ្ធ។ ពោជ្ឈង្គ រតនៈ ទាំង៧ គឺអ្វីខ្លះ។ គឺការកើតប្រាកដនៃសតិសម្ពោជ្ឈង្គរតនៈ១។បេ។ ការកើតប្រាកដនៃឧបេក្ខា​សម្ពោជ្ឈង្គរតនៈ១។បេ។ ម្នាលភិក្ខុទាំងឡាយ ការកើតប្រាកដនៃពោជ្ឈង្គរតនៈ ទាំង៧នេះ ព្រោះការកើតប្រាកដនៃព្រះតថាគត ជាអរហន្តសម្មាសម្ពុទ្ធ។

[៥០៧]  ម្នាលភិក្ខុងទាំងឡាយ តថាគតនឹងសំដែងនូវមគ្គ ជាគ្រឿងញ៉ាំញីនូវមារ និងសេនារបស់មារ ដល់អ្នកទាំងឡាយ ចូរអ្នកទាំងឡាយ ស្តាប់ធម៌នោះចុះ ម្នាលភិក្ខុ​ទាំង​ឡាយ ចុះមគ្គ ដែលជាគ្រឿងញ៉ាំញីមារ និងសេនានៃមារ តើដូចម្តេច។ គឺពោជ្ឈង្គ ទាំង៧នេះឯង។ ពោជ្ឈង្គ ទាំង៧ គឺអ្វីខ្លះ។ គឺសតិសម្ពោជ្ឈង្គ១។បេ។ ឧបេក្ខា​សម្ពោជ្ឈង្គ១។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា មគ្គ ជាគ្រឿងញ៉ាំញីមារ និងសេនានៃមារ។

[៥០៨]  សាវត្ថីនិទាន។ គ្រានោះឯង ភិក្ខុមួយរូប ចូលទៅគាល់ព្រះដ៏មានព្រះ​ភាគ។បេ។ លុះភិក្ខុនោះ អង្គុយក្នុងទីដ៏សមគួរហើយ ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ​​ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ពាក្យគេតែងនិយាយថា មនុស្សឥតប្រាជ្ញា ល្ងង់ខ្លៅ មនុស្សឥតប្រាជ្ញា ល្ងង់ខ្លៅ បពិត្រព្រះអង្គដ៏ចំរើន ដែលហៅថា មនុស្សឥតប្រាជ្ញា​ ល្ងង់ខ្លៅ តើដោយហេតុដូចម្តេច។

[៥០៩]  ម្នាលភិក្ខុ ដែលហៅថាមនុស្សឥតប្រាជ្ញា ល្ងង់ខ្លៅ ព្រោះមិនបានចំរើន មិនបានធ្វើឲ្យច្រើននូវពោជ្ឈង្គ ទាំង៧។ ចុះពោជ្ឈង្គ ទាំង៧ គឺអ្វីខ្លះ។ គឺសតិ​សម្ពោជ្ឈង្គ១។បេ។ ឧបេក្ខាសម្ពោជ្ឈង្គ១។ ម្នាលភិក្ខុ ដែលហៅថាមនុស្សឥតប្រាជ្ញា ល្ងង់ខ្លៅ ព្រោះមិនបានចំរើន មិនបានធ្វើឲ្យច្រើននូវពោជ្ឈង្គ ទាំង៧នេះឯង។

[៥១០]  សាវត្ថីនិទាន។ បពិត្រព្រះអង្គដ៏ចំរើន ពាក្យគេតែងនិយាយថា មនុស្ស​មាន​ប្រាជ្ញា មិនល្ងង់ខ្លៅ មនុស្សមានប្រាជ្ញា មិនល្ងង់ខ្លៅ បពិត្រព្រះអង្គដ៏ចំរើន ដែលហៅថា មនុស្សមានប្រាជ្ញា មិនល្ងង់ខ្លៅ តើដូចម្តេច។

[៥១១]  ម្នាលភិក្ខុ ដែលហៅថាមនុស្សមានប្រាជ្ញា មិនល្ងង់​ខ្លៅ ព្រោះបានចំរើន​ បាន​​​ធ្វើ​ឲ្យច្រើននូវពោជ្ឈង្គ ទាំង៧។ ពោជ្ឈង្គ ទាំង៧ គឺអ្វីខ្លះ។ គឺសតិ​សម្ពោជ្ឈង្គ
១។បេ។ ឧបេក្ខាសម្ពោជ្ឈង្គ១។ ម្នាលភិក្ខុ ដែល​ហៅ​ថា មនុស្ស​មាន​ប្រាជ្ញា​ មិនល្ងង់​ខ្លៅ ព្រោះបានចំរើន បានធ្វើឲ្យច្រើននូវ​ពោជ្ឈង្គ​ ទាំង៧នេះឯង។

[៥១២] សាវត្ថីនិទាន។ បពិត្រព្រះអង្គដ៏ចំរើន ពាក្យគេតែងនិយាយថា មនុស្ស​កំសត់ មនុស្សកំសត់ បពិត្រព្រះអង្គដ៏ចំរើន ដែលហៅថា មនុស្សកំសត់ តើដោយ​ហេតុ​​ដូចម្តេច។

[៥១៣] ម្នាលភិក្ខុ ដែលហៅថា មនុស្សកំសត់ ព្រោះមិនបានចំរើន មិនបាន​ធ្វើឲ្យ​ច្រើននូវពោជ្ឈង្គ ទាំង៧។ ពោជ្ឈង្គ ទាំង៧ គឺអ្វីខ្លះ។  គឺសតិ​សម្ពោជ្ឈង្គ១។បេ។ ឧបេក្ខាសម្ពោជ្ឈង្គ១។ ម្នាលភិក្ខុ ដែល​ហៅ​ថា មនុស្ស​កំសត់ ព្រោះមិនបាន​ចំរើន មិនបានធ្វើឲ្យច្រើននូវ​ពោជ្ឈង្គ​ ទាំង៧នេះឯង។

[៥១៤]  សាវត្ថីនិទាន។ បពិត្រព្រះអង្គដ៏ចំរើន ពាក្យគេតែងនិយាយថា មនុស្ស​មិនកំសត់ មនុស្សមិនកំសត់ បពិត្រព្រះអង្គដ៏ចំរើន ដែលហៅថា មនុស្សមិនកំសត់ តើ​ដោយ​​ហេតុ​​ដូចម្តេច។

[៥១៥]  ម្នាលភិក្ខុ ដែលហៅថា មនុស្សមិនកំសត់ ព្រោះបានចំរើន បានធ្វើឲ្យ​ច្រើននូវពោជ្ឈង្គ ទាំង៧។ ចុះពោជ្ឈង្គ ទាំង៧ គឺអ្វីខ្លះ។ គឺសតិ​សម្ពោជ្ឈង្គ១។បេ។ ឧបេក្ខាសម្ពោជ្ឈង្គ១។ ម្នាលភិក្ខុ ដែល​ហៅ​ថា មនុស្ស​មិន​កំសត់ ព្រោះបានចំរើន បាន​ធ្វើឲ្យច្រើននូវ​ពោជ្ឈង្គ​ ទាំង៧នេះឯង។

[៥១៦]  សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ការរះឡើងនៃអរុណនុ៎ះឯង ជាប្រធាន ជាបុព្វនិមិត្តនៃព្រះអាទិត្យ ដែលកើតឡើង ភាវៈនៃកល្យាណមិត្តនុ៎ះឯង ជាប្រធាន ជាបុព្វនិមិត្តនៃកិរិយាកើតឡើងនៃពោជ្ឈង្គ ទាំង៧យ៉ាងនោះដែរ។ ម្នាលភិក្ខុទាំងឡាយ នេះជាគ្រឿងប្រាកដ ដល់ភិក្ខុដែលមានកល្យាណមិត្ត ភិក្ខុនោះ នឹងចំរើននូវពោជ្ឈង្គ ទាំង៧ ធ្វើឲ្យច្រើននូវពោជ្ឈង្គ ទាំង៧។

[៥១៧]  ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុដែលមានមិត្រល្អ រមែងចំរើននូវពោជ្ឈង្គ​ទាំង៧ ធ្វើឲ្យច្រើននូវពោជ្ឈង្គ ទាំង៧ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុង​សាសនា​នេះ ចំរើននូវសតិសម្ពោជ្ឈង្គ ដែលអាស្រ័យនូវវិវេក។បេ។ ចំរើន​ឧបេក្ខាសម្ពោជ្ឈង្គ ដែលអាស្រ័យនូវវិវេក អាស្រ័យនូវវិរាគៈ អាស្រ័យនូវនិរោធ បង្អោនទៅ ដើម្បីលះបង់។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលមានមិត្រល្អ រមែងចំរើននូវ​ពោជ្ឈង្គ ទាំង៧ ធ្វើឲ្យច្រើននូវពោជ្ឈង្គ ទាំង៧យ៉ាងនេះឯង។

[៥១៨]  ម្នាលភិក្ខុទាំងឡាយ តថាគតធ្វើធម៌ខាងក្នុង ឲ្យជាអង្គហើយ ក៏មិន​ឃើញ​មានធម៌ដទៃ សូម្បីតែអង្គ១ ដែលប្រព្រឹត្តទៅ ដើម្បីធ្វើពោជ្ឈង្គ ទាំង៧ ឲ្យកើត​ឡើងបាន ដូចជាយោនិសោមនសិការៈនេះឡើយ។ ម្នាលភិក្ខុទាំងឡាយ នេះជា​គ្រឿងប្រាកដដល់ភិក្ខុ ដែលបរិបូណ៌ ដោយយោនិសោមនសិការៈ ភិក្ខុនោះ នឹងចំរើននូវ​ពោជ្ឈង្គ ទាំង៧ ធ្វើឲ្យច្រើននូវពោជ្ឈង្គ ទាំង៧។

[៥១៩]  ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុដែលបរិបូណ៌ ដោយយោនិសោមនសិការៈ រមែង​​ចំរើននូវ​ពោជ្ឈង្គ ទាំង៧ ធ្វើឲ្យច្រើននូវពោជ្ឈង្គ ទាំង៧ តើដូចម្តេច។ ម្នាល​ភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចំរើននូវសតិសម្ពោជ្ឈង្គ ដែលអាស្រ័យនូវវិវេក។បេ។ ចំរើននូវឧបេក្ខាសម្ពោជ្ឈង្គ ដែលអាស្រ័យនូវវិវេក អាស្រ័យនូវវិរាគៈ អា​ស្រ័យ​នូវ​និរោធ បង្អោនទៅ ដើម្បីលះបង់។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែល​បរិបូណ៌ ដោយយោនិ​សោ​មន​សិការៈ ​រមែងចំរើននូវពោជ្ឈង្គ ទាំង៧ ធ្វើឲ្យច្រើននូវពោជ្ឈង្គ ទាំង៧យ៉ាងនេះឯង។

[៥២០]  ម្នាលភិក្ខុទាំងឡាយ តថាគតធ្វើធម៌ខាងក្រៅ ឲ្យជាអង្គហើយ ក៏មិន​ឃើញ​មានធម៌ដទៃ សូម្បីតែអង្គ១ ដែលប្រព្រឹត្តទៅ ដើម្បីកើតឡើងនៃពោជ្ឈង្គ ទាំង៧ បាន ដូចជាការមានមិត្រល្អនេះឡើយ។ ម្នាលភិក្ខុទាំងឡាយ នេះជាគ្រឿងប្រាកដ ​​ដល់​ភិក្ខុដែលមានមិត្រល្អ ភិក្ខុនោះ នឹងចំរើននូវ​ពោជ្ឈង្គ ទាំង៧ ធ្វើឲ្យ​ច្រើន​នូវ​ពោជ្ឈង្គ ​ទាំង៧។

[៥២១]  ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលមានមិត្រល្អ រមែងចំរើននូវពោជ្ឈង្គ ទាំង៧ ធ្វើឲ្យច្រើននូវពោជ្ឈង្គ ទាំង៧ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចំរើននូវសតិសម្ពោជ្ឈង្គ ដែលអាស្រ័យនូវវិវេក។បេ។ ចំរើននូវឧបេក្ខាសម្ពោជ្ឈង្គ ដែលអាស្រ័យនូវវិវេក អាស្រ័យនូវវិរាគៈ អាស្រ័យនូវនិរោធ បង្អោនទៅ ដើម្បីលះបង់។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលមានមិត្រល្អ រមែងចំរើននូវពោជ្ឈង្គ ទាំង៧ ធ្វើឲ្យច្រើននូវពោជ្ឈង្គ ទាំង៧ យ៉ាងនេះឯង។

ចប់ ចក្កវត្តិវគ្គ ទី៥។

ឧទ្ទាននៃចក្កវត្តិវគ្គនោះ គឺ

និយាយអំពីការលះបង់ មាន៣ប្រការ១ អំពីសេចក្តីប្រៀប ដោយសេ្តចចក្រពត្តិ១ អំពីមគ្គ ជាគ្រឿងញ៉ាំញីមារ និងសេនានៃមារ១ អំពីការប្រៀបដោយមនុស្សឥតប្រាជ្ញា១ ដោយមនុស្សមានប្រាជ្ញា១ ដោយមនុស្សកំសត់១ ដោយមនុស្សមិនកំសត់១ ដោយព្រះអាទិត្យរះឡើង១ ​អំពីធម៌ជាអង្គ មានពីរលើក រួមជា១០។

ពោជ្ឈង្គឆដ្ឋក

[៥២២]  សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងនូវធម៌ជាអាហារ និងធម៌មិនមែនជាអាហារនៃនីវរណៈ ទាំង៥ផងនៃពោជ្ឈង្គ ទាំង៧ផង ដល់អ្នក​ទាំង​ឡាយ ចូរអ្នកទាំងឡាយ ស្តាប់នូវធម៌នោះចុះ។

[៥២៣]  ម្នាលភិក្ខុទាំងឡាយ ចុះធម៌អ្វី ដែលជាអាហារ របស់កាមច្ឆន្ទៈ ដែល​មិនទាន់កើត ឲ្យកើតឡើងបាន ឬរបស់កាមច្ឆន្ទៈ ដែលកើតឡើងហើយ ឲ្យរឹង​រឹតតែ​កើតច្រើនឡើង។ ម្នាលភិក្ខុទាំងឡាយ មានតែសុភនិមិត្ត និងការធ្វើឲ្យច្រើន​នូវអយោនិសោមនសិការ ក្នុងសុភនិមិត្តនោះ នេះធម៌ជាអាហារ របស់កាមច្ឆន្ទៈ ដែល​មិនទាន់កើត ឲ្យកើតឡើង ឬរបស់កាមច្ឆន្ទៈ ដែលកើតឡើងហើយ ឲ្យរឹងរឹតតែកើត​ច្រើនឡើង។

[៥២៤] ម្នាលភិក្ខុទាំងឡាយ ចុះធម៌អ្វី ជាអាហាររបស់ព្យាបាទ ដែលមិនទាន់កើត ឲ្យកើតឡើងបាន ឬរបស់ព្យាបាទ ដែលកើតឡើងហើយ ឲ្យរឹង​រឹតតែ​កើតច្រើន​ឡើង។ ម្នាលភិក្ខុទាំងឡាយ មានតែបដិឃនិមិត្ត និងការ​ធ្វើ​នូវ​អយោ​​និ​សោម​នសិការ​ឲ្យច្រើន ក្នុងបដិឃនិមិត្តនោះ នេះធម៌ជាអាហារ របស់ព្យាបាទ ដែលមិនទាន់កើត ឲ្យ​កើតឡើងបាន ឬរបស់ព្យាបាទ ដែលកើតឡើងហើយ ឲ្យរឹងរឹតតែកើតច្រើនឡើង។

[៥២៥] ម្នាលភិក្ខុទាំងឡាយ ចុះធម៌អ្វី ជាអាហាររបស់ថីនមិទ្ធ ដែលមិនទាន់កើត ​ឲ្យកើតឡើងបាន ឬរបស់ថីនមិទ្ធ ដែលកើតហើយ ឲ្យរឹង​រឹតតែ​កើតច្រើនឡើង។ ​ម្នាលភិក្ខុទាំងឡាយ មានតែសេចក្តីមិនត្រេកអរ ខ្ជិល មិតពត់កាយ ពុលបាយ រួញរាចិត្ត និងការធ្វើនូវអយោ​និ​សោម​នសិការឲ្យច្រើន ក្នុងសេចក្តី​មិនត្រេកអរ ជា​ដើមនោះ នេះធម៌ជាអាហារ របស់ថីនមិទ្ធ ដែលមិនទាន់កើត ឲ្យកើតឡើងបាន ឬរបស់​ថីនមិទ្ធ ដែលកើតហើយ ឲ្យរឹងរឹតតែកើតច្រើនឡើង។

[៥២៦] ម្នាលភិក្ខុទាំងឡាយ ចុះធម៌អ្វី ជាអាហាររបស់ឧទ្ទច្ចកុក្កុច្ច ដែលមិនទាន់កើត ​ឲ្យកើតឡើងបាន ឬរបស់ឧទ្ទច្ចកុក្កុច្ច ដែលកើតហើយ ឲ្យរឹង​រឹតតែ​កើត​​ច្រើនឡើង។ ​ម្នាលភិក្ខុទាំងឡាយ មានតែការមិនស្ងប់ស្ងាត់ចិត្ត និងការធ្វើនូវ​អយោ​និ​សោម​នសិការឲ្យច្រើន ក្នុងការមិនស្ងប់ស្ងាត់ចិត្តនោះ នេះធម៌ជាអាហារ របស់ឧទ្ទច្ចកុក្កុច្ច ដែលមិនទាន់កើត ឲ្យកើតឡើងបាន ឬរបស់ឧទ្ទច្ចកុក្កុច្ច ដែលកើតហើយ ឲ្យ​រឹងរឹត​តែកើតច្រើនឡើង។

[៥២៧] ម្នាលភិក្ខុទាំងឡាយ ចុះធម៌អ្វី ជាអាហាររបស់វិចិកិច្ឆា ដែលមិនទាន់កើត​ ឲ្យកើតឡើងបាន ឬរបស់វិចិកិច្ឆា ដែលកើតហើយ ឲ្យរឹង​រឹតតែ​កើត​​ច្រើនឡើង។ ​ម្នាលភិក្ខុទាំងឡាយ មានធម៌ទាំងឡាយ ដែលបណ្តាលឲ្យកើតវិចិកិច្ឆា និងការធ្វើ​នូវ​អយោនិសោម​នសិការឲ្យច្រើន ក្នុងធម៌ទាំងនោះ នេះធម៌ជាអាហារ របស់វិចិកិច្ឆា ដែល​មិន​ទាន់កើត ឲ្យកើតឡើងបាន ឬរបស់វិចិកិច្ឆា ដែលកើតហើយ ឲ្យ​រឹង​រឹត​តែកើត​ច្រើន​ឡើង​។

[៥២៨] ម្នាលភិក្ខុទាំងឡាយ ចុះធម៌អ្វី ជាអាហាររបស់សតិសម្ពោជ្ឈង្គ ​ដែល​មិន​ទាន់​កើត ​ឲ្យកើតឡើងបាន ឬរបស់សតិសម្ពោជ្ឈង្គ ដែលកើតហើយ ឲ្យចំរើន​បរិបូណ៌។ ​ម្នាលភិក្ខុ​ទាំង​ឡាយ មានធម៌ទាំងឡាយ ដែលនាំឲ្យកើតសតិសម្ពោជ្ឈង្គ និងការ​ធ្វើ​នូវ​យោ​​និ​សោម​នសិការឲ្យច្រើន ក្នុងធម៌ទាំងនោះ នេះធម៌ជាអាហារ​របស់​សតិ​សម្ពោជ្ឈង្គ ​ដែល​មិន​ទាន់កើត ឲ្យកើតឡើងបាន ឬរបស់សតិសម្ពោជ្ឈង្គ ដែលកើត​ឡើង​ហើយ ឲ្យចំរើនបរិបូណ៌។

[៥២៩] ម្នាលភិក្ខុទាំងឡាយ ចុះធម៌អ្វី ជាអាហាររបស់ធម្មវិចយសម្ពោជ្ឈង្គ​ ដែល​មិន​ទាន់​កើត​ ឲ្យកើតឡើងបាន ឬរបស់ធម្មវិចយសម្ពោជ្ឈង្គ ដែលកើតហើយ ឲ្យ​ចំរើន​បរិបូណ៌។ ​ម្នាលភិក្ខុ​ទាំង​ឡាយ មានពួកធម៌ ជាកុសល ឬអកុសល ពួក​ធម៌​ ប្រកបដោយ​ទោស ឬឥតទោស ពួកធម៌ថោកទាប ឬថ្លៃថ្លា ពួកធម៌ជាចំណែកខ្មៅ ​ឬស និងការ​ធ្វើ​នូវយោនិសោមនសិការឲ្យច្រើន ក្នុងធម៌ទាំងនោះ នេះធម៌ជាអាហារ​ របស់​ធម្មវិចយសម្ពោជ្ឈង្គ​ ដែល​មិន​ទាន់កើត ឲ្យកើតឡើងបាន ឬរបស់ធម្មវិចយ​សម្ពោជ្ឈង្គ​​ដែលកើត​ហើយ ឲ្យចំរើនបរិបូណ៌។

[៥៣០]  ម្នាលភិក្ខុទាំងឡាយ ចុះធម៌អ្វី ជាអាហារ របស់វីរិយសម្ពោជ្ឈង្គ​ ដែល​មិន​ទាន់​កើ​ត ឲ្យកើតឡើងបាន ឬរបស់វីរិយសម្ពោជ្ឈង្គ ដែលកើតហើយ ឲ្យចំរើន​បរិបូណ៌។ ​ម្នាលភិក្ខុ​ទាំង​ឡាយ មានសេចក្តីតាំងផ្តើម ការខ្នះខ្នែង ការប្រឹងប្រែង និងការ​ធ្វើ​នូវយោនិសោមនសិការឲ្យច្រើន ក្នុងសេចក្តីតាំងផ្តើម ជាដើមនោះ នេះធម៌ជាអាហារ​របស់​វីរិយសម្ពោជ្ឈង្គ ​ដែល​មិន​ទាន់កើត ឲ្យកើតឡើងបាន ឬរបស់វីរិយស​ម្ពោជ្ឈង្គ​​ ដែល​កើតហើយ ឲ្យចំរើនបរិបូណ៌។

[៥៣១]  ម្នាលភិក្ខុទាំងឡាយ ចុះធម៌អ្វី ជាអាហាររបស់បីតិសម្ពោជ្ឈង្គ ​ដែល​មិន​ទាន់​កើ​ត​ ឲ្យកើតឡើងបាន ឬរបស់បីតិសម្ពោជ្ឈង្គ ដែលកើតហើយ ឲ្យ​ចំរើន​បរិបូណ៌។ ​ម្នាលភិក្ខុ​ទាំង​ឡាយ មានធម៌ទាំងឡាយ ដែលនាំឲ្យកើតបីតិសម្ពោជ្ឈង្គ និងការ​ធ្វើ​នូវយោនិសោមនសិការឲ្យច្រើន ក្នុងធម៌ទាំងនោះ នេះធម៌ជាអាហារ ​របស់​បីតិសម្ពោជ្ឈង្គ​ ដែល​មិន​ទាន់កើត ឲ្យកើតឡើងបាន ឬរបស់បីតិស​ម្ពោជ្ឈង្គ ​​ដែល​កើតហើយ ឲ្យចំរើនបរិបូណ៌។

[៥៣២]  ម្នាលភិក្ខុទាំងឡាយ ចុះធម៌អ្វី ជាអាហាររបស់បស្សទ្ធិសម្ពោជ្ឈង្គ ​ដែល​មិន​ទាន់​កើ​ត ​ឲ្យកើតឡើងបាន ឬរបស់បស្សទ្ធិសម្ពោជ្ឈង្គ ដែលកើតហើយ ឲ្យ​ចំរើន​បរិបូណ៌។ ​ម្នាលភិក្ខុ​ទាំង​ឡាយ មានការស្ងប់ស្ងាត់កាយ ការស្ងប់ស្ងាត់ចិត្ត និងការ​ធ្វើ​នូវយោ​​និ​សោម​នសិការឲ្យច្រើន ក្នុងការស្ងប់ស្ងាត់នោះ នេះធម៌ជាអាហារ​ របស់​បស្សទ្ធិសម្ពោជ្ឈង្គ ​ដែល​មិន​ទាន់កើត ឲ្យកើតឡើងបាន ឬរបស់បស្សទ្ធិស​ម្ពោជ្ឈង្គ ​​ដែល​កើត​​​ហើយ ឲ្យចំរើនបរិបូណ៌។

[៥៣៣]  ម្នាលភិក្ខុទាំងឡាយ ចុះធម៌អ្វី ជាអាហាររបស់សមាធិសម្ពោជ្ឈង្គ​ ដែល​មិន​ទាន់​កើ​ត ​ឲ្យកើតឡើងបាន ឬរបស់សមាធិសម្ពោជ្ឈង្គ ដែលកើតហើយ ឲ្យចំរើន​បរិបូណ៌។ ​ម្នាលភិក្ខុ​ទាំង​ឡាយ មានតែសមាធិនិមិត្ត អព្យគ្គនិមិត្ត និងការ​ធ្វើ​នូវយោ​​និ​សោម​នសិការឲ្យច្រើន ក្នុងនិមិត្តទាំងនោះ នេះធម៌ជាអាហារ​ របស់​សមាធិសម្ពោជ្ឈង្គ​ ដែល​មិន​ទាន់កើត ឲ្យកើតឡើងបាន ឬរបស់សមាធិស​ម្ពោជ្ឈង្គ ​​ដែល​កើត​​​ហើយ ឲ្យចំរើនបរិបូណ៌។

[៥៣៤]  ម្នាលភិក្ខុទាំងឡាយ ចុះធម៌អ្វី ជាអាហាររបស់ឧបេក្ខាសម្ពោជ្ឈង្គ ​ដែល​មិន​ទាន់​កើ​ត​ ឲ្យកើតឡើងបាន ឬរបស់ឧបេក្ខាសម្ពោជ្ឈង្គ ដែលកើតហើយ ឲ្យចំរើន​បរិបូណ៌។ ​ម្នាលភិក្ខុ​ទាំង​ឡាយ មានពួកធម៌ ដែលនាំឲ្យកើតឧបេក្ខាសម្ពោជ្ឈង្គ និង​ការ​ធ្វើ​នូវយោ​​និ​សោម​នសិការឲ្យច្រើន ក្នុងធម៌ទាំងនោះ នេះធម៌ជាអាហារ​ របស់​ឧបេក្ខាសម្ពោជ្ឈង្គ ​ដែល​មិន​ទាន់កើត ឲ្យកើតឡើងបាន ឬរបស់ឧបេក្ខាស​ម្ពោជ្ឈង្គ ដែល​កើត​​​ហើយ ឲ្យចំរើនបរិបូណ៌។

[៥៣៥] ម្នាលភិក្ខុទាំងឡាយ ចុះធម៌អ្វី មិនមែនជាអាហាររបស់កាមច្ឆន្ទៈ ​ដែល​មិន​ទាន់កើ​ត ​ឲ្យកើតឡើងបាន ឬរបស់កាមច្ឆន្ទៈ ដែលកើតហើយ ឲ្យ​រឹង​រឹតតែកើតច្រើន​ឡើង។ ​ម្នាលភិក្ខុ​ទាំង​ឡាយ មានតែអសុភនិមិត្ត និងការ​ធ្វើ​នូវយោ​​និ​សោម​នសិ​ការឲ្យ​ច្រើន ​ក្នុងអសុភនិមិត្តនោះ នេះធម៌ដែលមិនមែនជាអាហារ ​របស់កាមច្ឆន្ទៈ​ ដែល​មិន​​ទាន់កើត ឲ្យ​កើតឡើងបាន ឬរបស់កាមច្ឆន្ទៈ​​​ ដែល​កើត​​​ហើយ ឲ្យរឹង​រឹត​តែកើតច្រើន​ឡើង។

[៥៣៦]  ម្នាលភិក្ខុទាំងឡាយ ចុះធម៌អ្វី ដែលមិនមែនជាអាហារ របស់ព្យាបាទ​ ដែល​មិន​ទាន់កើ​ត ​ឲ្យកើតឡើងបាន ឬរបស់ព្យាបាទ ដែលកើតហើយ ឲ្យ​រឹង​រឹតតែកើត​ច្រើនឡើង។ ​ម្នាលភិក្ខុ​ទាំង​ឡាយ មានតែចេតោវិមុត្តិ   និងការ​ធ្វើ​នូវយោ​​និ​សោម​នសិ​ការ​ឲ្យ​ច្រើន ​ក្នុងចេតោវិមុត្តិនោះ នេះធម៌ដែលមិនមែនជាអាហារ ​របស់ព្យាបាទ ​ដែល​មិន​​ទាន់កើត ឲ្យ​កើតឡើងបាន ឬរបស់ព្យាបាទ ​​​ដែល​កើត​​​ហើយ ឲ្យរឹង​រឹត​តែ​កើតច្រើនឡើង។

[៥៣៧]  ម្នាលភិក្ខុទាំងឡាយ ចុះធម៌អ្វី ដែលមិនមែនជាអាហារ របស់ថីនមិទ្ធ ដែល​មិន​ទាន់កើ​ត ​ឲ្យកើតឡើងបាន ឬរបស់ថីនមិទ្ធ ដែលកើតហើយ ឲ្យ​រឹង​រឹតតែ​កើតច្រើន​​ឡើង។ ​ម្នាលភិក្ខុ​ទាំង​ឡាយ មានតែការតាំងផ្តើម ការខ្នះខ្នែង ការប្រឹងប្រែង   និងការ​ធ្វើ​នូវយោ​​និ​សោម​នសិ​ការឲ្យ​ច្រើន ​ក្នុងការតាំងផ្តើម ជាដើមនោះ នេះធម៌​មិនមែន​ជាអាហារ​​ របស់ថីនមិទ្ធ ​ដែល​មិន​​ទាន់កើត ឲ្យ​កើតឡើងបាន ឬរបស់ថីនមិទ្ធ ដែល​កើត​​​ហើយ ឲ្យរឹង​រឹត​តែកើតច្រើនឡើង។

[៥៣៨]  ម្នាលភិក្ខុទាំងឡាយ ចុះធម៌អ្វី  ដែលមិនមែនជាអាហារ របស់ឧទ្ទច្ចកុក្កុច្ច ដែល​មិន​ទាន់កើ​ត ​ឲ្យកើតឡើងបាន ឬរបស់ឧទ្ទច្ចកុក្កុច្ច ដែលកើតហើយ ឲ្យ​រឹង​រឹត​តែកើត​ច្រើន​ឡើង។ ​ម្នាលភិក្ខុ​ទាំង​ឡាយ មានតែការស្ងប់ស្ងាត់ចិត្ត   និងការ​ធ្វើ​នូវយោ​​និ​​សោម​នសិ​ការឲ្យ​ច្រើន ​ក្នុងការស្ងប់ស្ងាត់ចិត្តនោះ នេះធម៌ដែលមិនមែនជា​អាហារ ​​របស់ឧទ្ទច្ចកុក្កុច្ច ដែល​មិន​​ទាន់កើត ឲ្យ​កើតឡើងបាន ឬរបស់ឧទ្ទច្ចកុក្កុច្ច ​​​ដែល​កើត​​​ហើយ ឲ្យរឹង​រឹត​តែកើត​ច្រើន​ឡើង។

[៥៣៩]  ម្នាលភិក្ខុទាំងឡាយ ចុះធម៌អ្វី មិនមែនជាអាហារ របស់វិចិកិច្ឆា ​ដែល​មិន​ទាន់កើ​ត​ ឲ្យកើតឡើងបាន ឬរបស់វិចិកិច្ឆា ដែលកើតហើយ ឲ្យ​រឹង​រឹតតែ​កើតច្រើន​ឡើង។ ​ម្នាលភិក្ខុ​ទាំង​ឡាយ មានពួកធម៌ជាកុសល និងអកុសល ពួកធម៌​ដែលប្រកប​ដោយ​ទោស​ និងឥតទោស ពួកធម៌ដែលថោកទាប និងថ្លៃថ្លា ពួកធម៌ជាចំណែកខ្មៅ និងស និងការ​ធ្វើ​នូវយោ​​និ​សោម​នសិ​ការ​ឲ្យ​ច្រើន ​ក្នុងធម៌ទាំងនោះ នេះធម៌មិនមែន​ជាអាហារ​​ របស់វិចិកិច្ឆា ​ដែល​មិន​​ទាន់កើត ឲ្យ​កើតឡើងបាន ឬ​របស់វិចិកិច្ឆា​​​ ដែល​កើត​​​ហើយ ឲ្យរឹង​រឹត​តែកើត​ច្រើន​ឡើង។

[៥៤០]  ម្នាលភិក្ខុទាំងឡាយ ចុះធម៌អ្វី ដែលមិនមែនជាអាហារ របស់​សតិសម្ពោជ្ឈង្គ​​ ដែល​មិន​ទាន់កើ​ត​ ឲ្យកើតឡើងបាន ឬរបស់សតិ​សម្ពោជ្ឈង្គ ​ដែល​កើត​ហើយ ឲ្យចំរើនបរិបូណ៌។ ​ម្នាលភិក្ខុ​ទាំង​ឡាយ មានតែពួកធម៌ ជាទីតាំងរបស់សតិ​សម្ពោជ្ឈង្គ​ និងការ​ធ្វើនូវអមនសិ​ការឲ្យ​ច្រើន ​ក្នុងធម៌ទាំងនោះ នេះធម៌មិនមែន​ជាអាហារ ​​របស់សតិ​សម្ពោជ្ឈង្គ​​ ដែល​មិន​​ទាន់កើត ឲ្យ​កើតឡើងបាន ឬរបស់​សតិសម្ពោជ្ឈង្គ ដែល​កើត​​​ហើយ ឲ្យចំរើនបរិបូណ៌។

[៥៤១]  ម្នាលភិក្ខុទាំងឡាយ ចុះធម៌អ្វី ដែលមិនមែនជាអាហារ របស់ធម្មវិចយ​សម្ពោជ្ឈង្គ​ ដែល​មិន​ទាន់កើ​ត ​ឲ្យកើតឡើងបាន ឬរបស់ធម្មវិចយ​សម្ពោជ្ឈង្គ ដែល​កើត​ហើយ ឲ្យ​ចំរើនបរិបូណ៌។ ​ម្នាលភិក្ខុ​ទាំង​ឡាយ មានតែពួកធម៌​ ជាកុសល​ និង​អកុសល ពួកធម៌ដែលប្រកប​ដោយ​ទោស និងឥតទោស ពួកធម៌​ដែល​ថោក​ទាប​ និង​ថ្លៃ​ថ្លា ពួកធម៌ជាចំណែកខ្មៅ និងស និងការ​ធ្វើ​នូវអម​នសិ​ការ​ឲ្យ​ច្រើន ​ក្នុងធម៌ទាំងនោះ នេះធម៌មិនមែន​ជាអា​ហារ ​​​​របស់ធម្មវិចយ​សម្ពោជ្ឈង្គ ​ដែល​មិន​​ទាន់កើត ឲ្យ​កើតឡើង​បាន ឬរបស់ធម្មវិចយ​សម្ពោជ្ឈង្គ​​​ ដែល​កើត​​ហើយ ឲ្យ​ចំរើន​បរិបូណ៌។

[៥៤២]  ម្នាលភិក្ខុទាំងឡាយ ចុះធម៌អ្វី មិនមែនជាអាហារ របស់វីរិយ​សម្ពោជ្ឈង្គ ​​ដែល​មិន​ទាន់កើ​ត ​ឲ្យកើតឡើងបាន ឬរបស់វីរិយ​សម្ពោជ្ឈង្គ ដែល​កើត​ហើយ ឲ្យចំរើន​បរិបូណ៌។ ​ម្នាលភិក្ខុ​ទាំង​ឡាយ មានការតាំងផ្តើម ការខ្នះខ្នែង ការប្រឹង​ប្រែង ការ​ធ្វើ​នូវអម​នសិ​ការ​ឲ្យ​ច្រើន ​ក្នុងការតាំងផ្តើម ជាដើមនោះ នេះធម៌មិនមែន​ជាអាហារ​​របស់វីរិយ​សម្ពោជ្ឈង្គ​ ដែល​មិន​​ទាន់កើត ឲ្យ​កើតឡើងបាន ឬរបស់វីរិយ​សម្ពោជ្ឈង្គ​​​ ដែល​កើត​​ហើយ ឲ្យចំរើន​បរិបូណ៌។

[៥៤៣]  ម្នាលភិក្ខុទាំងឡាយ ចុះធម៌អ្វី ដែលមិនមែនជាអាហារ របស់បីតិ​សម្ពោជ្ឈង្គ​​ ដែល​មិន​ទាន់កើ​ត ​ឲ្យកើតឡើងបាន ឬរបស់បីតិ​សម្ពោជ្ឈង្គ ​ដែល​កើត​ហើយ ឲ្យចំរើនបរិបូណ៌។ ​ម្នាលភិក្ខុ​ទាំង​ឡាយ មានតែពួកធម៌ ដែលនាំឲ្យកើត​បីតិសម្ពោជ្ឈង្គ​ និងការ​ធ្វើនូវអមនសិ​ការ​ឲ្យ​ច្រើន​ ក្នុងធម៌ទាំងនោះ នេះធម៌មិនមែន​ជាអាហារ​​ របស់បីតិ​សម្ពោជ្ឈង្គ ​​ដែល​មិន​​ទាន់កើត ឲ្យ​កើតឡើងបាន ឬរបស់បីតិ​សម្ពោជ្ឈង្គ​​ ដែល​កើត​​​ហើយ ឲ្យចំរើនបរិបូណ៌។

[៥៤៤]  ម្នាលភិក្ខុទាំងឡាយ ចុះធម៌អ្វី ដែលមិនមែនជាអាហារ របស់​បស្សទ្ធិសម្ពោជ្ឈង្គ​​ ដែល​មិន​ទាន់កើ​ត​ ឲ្យកើតឡើងបាន ឬរបស់បស្សទ្ធិ​​សម្ពោជ្ឈង្គ ​ដែល​កើត​ហើយ ឲ្យចំរើនបរិបូណ៌។ ​ម្នាលភិក្ខុ​ទាំង​ឡាយ មានតែការស្ងប់ស្ងាត់កាយ ការ​ស្ងប់ស្ងាត់ចិត្ត​ និងការ​ធ្វើនូវអមនសិ​ការ​ឲ្យ​ច្រើន​ ក្នុងការស្ងប់ស្ងាត់ទាំងនោះ នេះធម៌​មិនមែន​ជាអាហារ​​ របស់បស្សទ្ធិ​​សម្ពោជ្ឈង្គ​​ ដែល​មិន​​ទាន់កើត ឲ្យ​កើតឡើងបាន ឬ​របស់បស្សទ្ធិ​​សម្ពោជ្ឈង្គ ដែល​កើត​​ហើយ ឲ្យចំរើនបរិបូណ៌។

[៥៤៥] ម្នាលភិក្ខុទាំងឡាយ ចុះធម៌អ្វី ដែលមិនមែនជាអាហារ របស់សមាធិ​សម្ពោជ្ឈង្គ​​ ដែល​មិន​ទាន់កើ​ត​ ឲ្យកើតឡើងបាន ឬរបស់សមាធិ​​សម្ពោជ្ឈង្គ​ ដែល​កើត​ហើយ ឲ្យចំរើនបរិបូណ៌។ ​ម្នាលភិក្ខុ​ទាំង​ឡាយ មានតែសមាធិនិមិត្ត ​អព្យគ្គនិមិត្ត និងការ​ធ្វើនូវអមនសិ​ការ​ឲ្យ​ច្រើន ​ក្នុងនិមិត្តទាំងនោះ នេះធម៌មិនមែនជា​អាហារ​​ របស់​សមាធិ​​សម្ពោជ្ឈង្គ ​​ដែល​មិន​​ទាន់កើត ឲ្យ​កើតឡើងបាន ឬរបស់សមាធិ​​សម្ពោជ្ឈង្គ ​ដែល​កើត​ហើយ ឲ្យចំរើនបរិបូណ៌។

[៥៤៦]  ម្នាលភិក្ខុទាំងឡាយ ចុះធម៌អ្វី ដែលមិនមែនជាអាហារ របស់ឧបេក្ខាសម្ពោជ្ឈង្គ ​​ដែល​មិន​ទាន់កើ​ត ​ឲ្យកើតឡើងបាន ឬរបស់ឧបេក្ខា​​សម្ពោជ្ឈង្គ​ដែល​កើត​ហើយ ឲ្យចំរើនបរិបូណ៌។ ​ម្នាលភិក្ខុ​ទាំង​ឡាយ មានពួកធម៌ ដែលនាំឲ្យកើត​ឧបេក្ខា​សម្ពោជ្ឈង្គ   និងការ​ធ្វើនូវអមនសិ​ការ​ឲ្យ​ច្រើន ​ក្នុងធម៌ទាំងនោះ នេះធម៌មិន​មែនជា​អាហារ ​​របស់ឧបេក្ខា​​សម្ពោជ្ឈង្គ​​ ដែល​មិន​​ទាន់កើត ឲ្យ​កើតឡើងបាន ឬរបស់​ឧបេក្ខា​សម្ពោជ្ឈង្គ​ ដែល​កើត​​​ហើយ ឲ្យចំរើនបរិបូណ៌។

[៥៤៧] លំដាប់នោះឯង ពួកភិក្ខុច្រើនរូប ស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុង​បុព្វណ្ហសម័យ រួចចូលទៅបិណ្ឌបាត ក្នុងក្រុងសាវត្ថី។ ទើបពួកភិក្ខុទាំងនោះ មាន​សេចក្តីត្រិះរិះ ដូច្នេះថា (ឥឡូវនេះ) យើងនឹងចូលទៅបិណ្ឌបាត ក្នុងក្រុងសាវត្ថីទៅ ហាក់ដូចជានៅព្រឹកពេក បើដូច្នោះ ពួកយើងគួរចូលទៅឯអារាម របស់ពួកបរិព្វាជក ជាអន្យតិរិ្ថយសិនចុះ ហើយក៏ពួកភិក្ខុទាំងនោះ ចូលទៅឯអារាម របស់បរិព្វាជក ជាអន្យតិរិ្ថយ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹងពួកបរិព្វាជក​ ជាអន្យតិរិ្ថយទាំងនោះ លុះបញ្ចប់ពាក្យ ដែលគួររីករាយ និងពាក្យដែលគួររឭក​ហើយ ទើបអង្គុយក្នុងទីដ៏សមគួរ។ លុះពួកភិក្ខុទាំងនោះ អង្គុយក្នុងទីដ៏សមគួរហើយ ពួកបរិព្វាជក ជាអន្យតិរ្ថិយទាំងនោះ និយាយដូច្នេះថា ម្នាលអាវុសោទាំងឡាយ សមណគោតម តែងសំដែងធម៌ ដល់សាវកទាំងឡាយ យ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ ចូរអ្នកទាំងឡាយ មកណេះ ចូរអ្នកទាំង​ឡាយ លះបង់នីវរណធម៌ ទាំង៥ ជាឧបក្កិលេស​នៃចិត្ត ដែលធ្វើប្រាជ្ញាឲ្យមានកម្លាំង​ថយ រួចហើយចំរើនពោជ្ឈង្គ ទាំង៧ ឲ្យកើត​មាន​ឡើង។ ម្នាលអាវុសោទាំងឡាយ សូម្បីយើង ក៏សំដែងធម៌ ប្រាប់សាវកទាំងឡាយ​យ៉ាងនេះថា នែអាវុសោទាំងឡាយ ចូរអ្នកទាំងឡាយ មកណេះ ចូរអ្នកទាំងឡាយ លះបង់​នីវរណធម៌ ទាំង៥ ជាឧបក្កិលេសនៃចិត្ត ដែលធ្វើប្រាជ្ញា ឲ្យមានកម្លាំងថយ រួចហើយចំរើនពោជ្ឈង្គ ទាំង៧ ឲ្យកើតមាន​ឡើង ដូច្នេះដែរ។ ម្នាលអាវុសោ​ទាំងឡាយ ចុះក្នុងរឿងនេះ តើមានសេចក្តីប្លែកគ្នាដូច​ម្តេច មានសេចក្តីអធិប្បាយដូចម្តេច មាន​អំពើផ្សេងគ្នាដូចម្តេច របស់ព្រះសមណ​គោតមក្តី របស់យើងក្តី អំពីដំណើរធៀប​ធម៌ទេសនា នឹងធម៌ទេសនា ធៀបពាក្យ​ប្រៀនប្រដៅ នឹងពាក្យប្រៀនប្រដៅ។

[៥៤៨]  លំដាប់នោះ ភិក្ខុទាំងនោះ មិនត្រេកអរ មិនឃាត់ហាមភាសិត របស់បរិព្វា​ជក ជាអន្យតិរ្ថិយទាំងនោះ លុះមិនត្រេកអរ មិនឃាត់ហាមហើយ ក៏ក្រោកចាក​អាសនៈ ចៀសចេញទៅ ហើយនិយាយគ្នាថា យើងគង់តែនឹងយល់សេចក្តីនៃភាសិតនោះ ក្នុងសំណាក់នៃព្រះដ៏មានបុណ្យជាមិនខាន។

[៥៤៩]  លំដាប់នោះឯង ភិក្ខុទាំងនោះ ចូលទៅបិណ្ឌបាត ក្នុងក្រុងសាវត្ថី លុះ​ត្រឡប់​មកអំពីបិណ្ឌបាត ក្នុងកាលជាខាងក្រោយនៃភត្ត ក៏នាំគ្នាចូលទៅគាល់ព្រះដ៏មាន​ព្រះ​ភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះភិក្ខុទាំងនោះ អង្គុយក្នុងទីដ៏សមគួរហើយ ទើបក្រាបទូលព្រះដ៏មាន​ព្រះភាគ ដូច្នេះថា សូមទ្រង់ព្រះមេត្តាប្រោស ក្នុងថ្ងៃនេះ ពួកខ្ញុំព្រះអង្គ ស្លៀកស្បង់​ ប្រដាប់​​បាត្រ​ និងចីវរ ក្នុងបុព្វណ្ហសម័យ ចូលទៅកាន់ក្រុងសាវត្ថី ដើម្បីបិណ្ឌបាត។ បពិត្រព្រះអង្គដ៏ចំរើន ពួកខ្ញុំព្រះអង្គទាំងនោះ មានសេចក្តីត្រិះរិះ ដូច្នេះថា (ឥឡូវនេះ) ពួកយើងទៅបិណ្ឌបាត ក្នុងក្រុងសាវត្ថីទៅ ហាក់ដូចជានៅព្រឹកពេក បើដូច្នោះ ពួកយើងគួរចូល​ទៅ​​ឯអារាម របស់ពួកបរិព្វាជក ជាអន្យតិរ្ថិយសិនចុះ។ បពិត្រព្រះអង្គដ៏ចំរើន លំដាប់​នោះ ពួកខ្ញុំព្រះអង្គ ក៏បាននាំគ្នាចូលទៅឯអារាម របស់ពួកបរិព្វាជក​ ជាអន្យតិរិ្ថយ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹងពួកបរិព្វាជក​ ជាអន្យតិរ្ថិយទាំងនោះ លុះបញ្ចប់ពាក្យ ដែលគួររីយរាយ និងពាក្យដែលគួររឭកហើយ ទើបអង្គុយក្នុងទីដ៏សមគួរ។ បពិត្រព្រះអង្គដ៏ចំរើន លុះពួកខ្ញុំព្រះអង្គ អង្គុយ​ក្នុងទីដ៏​សមគួរហើយ ទើបពួកបរិព្វាជក ជាអន្យតិរិ្ថយទាំងនោះ និយាយដូច្នេះថា ម្នាល​អាវុសោទាំងឡាយ សមណគោតម តែងសំដែងធម៌ ដល់ពួកសាវកយ៉ាងនេះថា ម្នាល​ភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរមកណេះ ចូរអ្នកទាំងឡាយ លះបង់នូវនីវរណធម៌ ៥ ជាឧបក្កិលេសនៃចិត្ត ដែលធ្វើប្រាជ្ញាឲ្យមានកម្លាំងថយ ចំរើនពោជ្ឈង្គ ៧ ឲ្យកើត​មាន​ឡើង។ ម្នាលអាវុសោទាំងឡាយ សូម្បីយើង ក៏តែងសំដែងធម៌ ប្រាប់សាវក​ទាំង​​ឡាយ ​យ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ចូរអ្នកទាំងឡាយ មកអាយ ចូរ​អ្នក​ទាំងឡាយ លះបង់នូវនីវរណធម៌ ៥ ជាឧបក្កិលេសនៃចិត្ត ដែល​ធ្វើប្រាជ្ញាឲ្យមាន​កម្លាំងថយ ចំរើននូវពោជ្ឈង្គ៧ ឲ្យកើតមានឡើងដែរ។ ម្នាលអាវុសោ​ទាំងឡាយ ចុះក្នុងដំណើរនេះ តើមានសេចក្តីប្លែកគ្នាដូចម្តេច មានសេចក្តីអធិប្បាយដូចម្តេច មានអំពើផ្សេងគ្នាដូចម្តេច របស់ព្រះសមណគោតម និងរបស់យើង អំពីដំណើរ​ធម៌ទេសនា នឹងធម៌ទេសនា ពាក្យប្រៀនប្រដៅ នឹងងពាក្យប្រៀនប្រដៅ។

[៥៥០] សូមទ្រង់ព្រះមេត្តាប្រោស វេលានោះ ពួកខ្ញុំព្រះអង្គ មិនបានត្រេកអរ មិនបានឃាត់ហាមភាសិត របស់បរិព្វាជក ជាអន្យតិរ្ថិយទាំងនោះទេ លុះមិនត្រេកអរ​ មិនបានឃាត់ហាមហើយ ក៏ក្រោកចាកអាសនៈ ដើរចេញមក និយាយថា ពួកយើងគង់​តែនឹងយល់សេចក្តីនៃភាសិតនុ៎ះ ក្នុងសំណាក់ព្រះដ៏មានព្រះភាគមិនខាន។

[៥៥១] ម្នាលភិក្ខុទាំងឡាយ បើបរិព្វាជក ជាអន្យតិរ្ថិយ និយាយយ៉ាងនេះ អ្នក
ទាំង​ឡាយ ត្រូវសួរយ៉ាងនេះវិញថា ម្នាលអាវុសោទាំងឡាយ ចុះហេតុដែលនាំឲ្យ​នីវរណៈ ​៥ បែកទៅជា១០ ពោជ្ឈង្គ៧ បែកទៅជា១៤ តើមានឬទេ។ ម្នាលភិក្ខុទាំងឡាយ បើអ្នកទាំងឡាយ សួរយ៉ាងនេះ ពួកបរិព្វាជក ជាអន្យតិរិ្ថយ មុខជាឆ្លើយមិនរួចផង នឹង​ដល់នូវសេចក្តីចង្អៀតចង្អល់ចិត្ត តទៅទៀតផង។ ចុះដំណើរនោះ ព្រោះហេតុអ្វី។ ម្នាល​ភិក្ខុទាំងឡាយ ព្រោះថា ដំណើរនោះ មិនជាវិស័យ។ ម្នាលភិក្ខុទាំងឡាយ ក្នុងលោក​នេះ ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ពពួកសត្វ ព្រមទាំងសមណព្រាហ្មណ៍ មនុស្សជាសម្មតិទេព   និងមនុស្សដ៏សេស តថាគត មិនឃើញអ្នកណា ដែលគួរ​ដោះ​ស្រាយប្រស្នាទាំងនេះ ឲ្យពេញចិត្តបាន លើកតែព្រះតថាគត ​ឬសាវករបស់ព្រះតថាគត ឬក៏​បុគ្គល ដែលបានស្តាប់អំពីសាវក របស់ព្រះតថាគតចេញ។

[៥៥២] ម្នាលភិក្ខុទាំងឡាយ ចុះហេតុដូចម្តេច ដែលនាំឲ្យនីវរណៈ៥ បែក​ទៅជា​១០។

[៥៥៣] ម្នាលភិក្ខុទាំងឡាយ កាមច្ឆន្ទៈណា ជាខាងក្នុង កាមច្ឆន្ទៈនោះ ជានីវរណៈ១ កាមច្ឆន្ទៈណា ជាខាងក្រៅ កាមច្ឆន្ទៈនោះ ជានីវរណៈ១ ព្រោះថា​កាមច្ឆន្ទនីវរណៈ​នេះ តែងមកកាន់ឧទ្ទេស ដោយប្រការដូច្នេះ។ នីវរណៈនោះ មានចំណែក២ ដោយហេតុនោះឯង។

[៥៥៤]  ម្នាលភិក្ខុទាំងឡាយ ព្យាបាទណា ជាខាងក្នុង ព្យាបាទនោះ ជានីវរណៈ១ ព្យាបាទណា ជាខាងក្រៅ ព្យាបាទនោះ ជានីវរណៈ១ ព្រោះថា ព្យាបាទនីវរណៈនេះ រមែងមកកាន់ឧទ្ទេស ដោយប្រការដូច្នេះ។ នីវរណៈនោះ មានចំណែក២ ដោយហេតុ​នេះឯង។

[៥៥៥] ​​ ម្នាលភិក្ខុទាំងឡាយ ថីនៈណា ថីនៈនោះ ជានីវរណៈ១ មិទ្ធៈណា មិទ្ធៈ​នោះ​ ជានីវរណៈ១ ព្រោះថា ថីនមិទ្ធនីវរណៈនេះ រមែងមកកាន់ឧទ្ទេស ដោយប្រការដូច្នេះ។ នីវរណៈនោះ មានចំណែក២ ដោយហេតុនេះឯង។

[៥៥៦] ម្នាលភិក្ខុទាំងឡាយ ឧទ្ធច្ចៈណា ឧទ្ធច្ចៈនោះ ជានីវរណៈ១ កុក្កុច្ចៈណា កុក្កុច្ចៈ​នោះ ជានីវរណៈ១ ព្រោះថា ឧទ្ធច្ចកុក្កុច្ចនីវរណៈនេះ រមែងមកកាន់​ឧទ្ទេស ​ដោយ​ប្រការ​ដូច្នេះ។ នីវរណៈនោះ មានចំណែក២ ដោយហេតុនេះឯង។

[៥៥៧] ម្នាលភិក្ខុទាំងឡាយ វិចិកិច្ឆាណា ក្នុងធម៌ទាំងឡាយ ជាខាងក្នុង វិចិកិច្ឆា​នោះ ជានីវរណៈ១ វិចិកិច្ឆាណា ក្នុងធម៌ទាំងឡាយ ជាខាងក្រៅ វិចិកិច្ឆានោះ ជា​នីវរណៈ១ ព្រោះថា វិចិកិកិច្ឆានីវរណៈនេះ រមែងមកកាន់ឧទ្ទេស ដោយប្រការដូច្នេះ។ នីវរណៈ​នោះ​ មានចំណែក២ ដោយហេតុនេះឯង។

[៥៥៨] ម្នាលភិក្ខុទាំងឡាយ នេះឯង ជាហេតុនាំឲ្យនីវរណៈ៥ បែកទៅជា១០។

[៥៥៩] ម្នាលភិក្ខុទាំងឡាយ ចុះហេតុដែលនាំឲ្យពោជ្ឈង្គ ៧ បែកទៅជា ១៤ តើ​ដូច​ម្តេច។

[៥៦០]  ម្នាលភិក្ខុទាំងឡាយ សតិណា ក្នុងធម៌ទាំងឡាយ ជាខាងក្នុង សតិនោះ​ឯង ជាសតិសម្ពោជ្ឈង្គ១ សតិណា ក្នុងធម៌ទាំងឡាយ ជាខាងក្រៅ សតិនោះឯង ជា​សតិសម្ពោជ្ឈង្គ១ ព្រោះថា សតិសម្ពោជ្ឈង្គនេះ រមែងមកកាន់ឧទ្ទេស ដោយប្រការ​ដូច្នេះ។ សតិសម្ពោជ្ឈង្គនោះ មានចំណែក២ ដោយហេតុនេះឯង។

[៥៦១]  ម្នាលភិក្ខុទាំងឡាយ បុគ្គលត្រិះរិះពិចារណា ដោយប្រាជ្ញា ក្នុងធម៌​ទាំង​ឡាយ ​ជាខាងក្នុង រមែងដល់នូវកិរិយាពិចារណា ការពិចារណានោះឯង ជា​ធម្មវិចយសម្ពោជ្ឈង្គ១ បុគ្គលត្រិះរិះពិចារណា ដោយប្រាជ្ញា ក្នុងធម៌ទាំង​ឡាយ ​ជា​ខាងក្រៅ រមែងដល់នូវកិរិយាពិចារណា ការពិចារណានោះឯង ជាធម្មវិចយសម្ពោជ្ឈង្គ១ ព្រោះថា ធម្មវិចយសម្ពោជ្ឈង្គនេះ រមែងមកកាន់ឧទ្ទេស ដោយ​ប្រការ​ដូច្នេះ។ ធម្មវិចយសម្ពោជ្ឈង្គនោះ មានចំណែក២ ដោយហេតុនេះឯង។

[៥៦២]  ម្នាលភិក្ខុទាំងឡាយ សេចក្តីព្យាយាមណា ប្រព្រឹត្តទៅក្នុងកាយ សេចក្តី​ព្យា​យាមនោះ ជាវីរិយសម្ពោជ្ឈង្គ១ សេចក្តីព្យាយាមណា ប្រព្រឹត្តទៅក្នុងចិត្ត សេចក្តី​ព្យាយាមនោះ ជាវីរិយសម្ពោជ្ឈង្គ១ ព្រោះថា វីរិយសម្ពោជ្ឈង្គនេះ រមែង​មកកាន់ឧទ្ទេស ដោយប្រការដូច្នេះ។ វីរិយសម្ពោជ្ឈង្គនោះ មានចំណែក២ ដោយ​ហេតុនេះឯង។

[៥៦៣]  ម្នាលភិក្ខុទាំងឡាយ បីតិណា ប្រកបដោយវិតក្កៈ និងវិចារៈ បីតិនោះឯង ឈ្មោះថា បីតិសម្ពោជ្ឈង្គ១ បីតិណា មិនមានវិតក្កៈ និងវិចារៈ បីតិនោះ ឈ្មោះថា បីតិសម្ពោជ្ឈង្គ១ ព្រោះថា បីតិសម្ពោជ្ឈង្គនេះ រមែងមកកាន់ឧទ្ទេស ដោយប្រការដូច្នេះ។ បីតិសម្ពោជ្ឈង្គនោះ មានចំណែក២ ដោយហេតុនេះឯង។

[៥៦៤]  ម្នាលភិក្ខុទាំងឡាយ សេចក្តីស្ងប់ស្ងាត់កាយណា សេចក្តីស្ងប់ស្ងាត់​កាយ​​នោះ ឈ្មោះថា បស្សទ្ធិសម្ពោជ្ឈង្គ១ សេចក្តីស្ងប់ស្ងាត់ចិត្តណា សេចក្តី​ស្ងប់ស្ងាត់ចិត្ត​នោះ ឈ្មោះថា បស្សទ្ធិសម្ពោជ្ឈង្គ១ ព្រោះថា បស្សទ្ធិសម្ពោជ្ឈង្គនេះ រមែងមកកាន់ឧទ្ទេស ដោយប្រការដូច្នេះ។ បស្សទ្ធិសម្ពោជ្ឈង្គនោះ មានចំណែក២ ដោយហេតុនេះឯង។

[៥៦៥]  ម្នាលភិក្ខុទាំងឡាយ សមាធិណា មានវិតក្កៈ មានវិចារៈ សមាធិ​នោះ​ឈ្មោះថា សមាធិសម្ពោជ្ឈង្គ១ សមាធិណា មិនមានវិតក្កៈ មិនមានវិចារៈ សមាធិ​នោះ​ឈ្មោះថា សមាធិសម្ពោជ្ឈង្គ១ ព្រោះថា សមាធិសម្ពោជ្ឈង្គនេះ រមែងមក​កាន់​ឧទ្ទេស ដោយប្រការដូច្នេះ។ សមាធិសម្ពោជ្ឈង្គនោះ មានចំណែក២ ដោយហេតុនេះឯង។

[៥៦៦]  ម្នាលភិក្ខុទាំងឡាយ ឧបេក្ខាណា ក្នុងធម៌ទាំងឡាយ ជាខាងក្នុង​ ឧបេក្ខា​នោះ ឈ្មោះថា ឧបេក្ខាសម្ពោជ្ឈង្គ១ ឧបេក្ខាណា ក្នុងធម៌ទាំងឡាយ ជាខាងក្រៅ ឧបេក្ខានោះ ​ឈ្មោះថា ឧបេក្ខាសម្ពោជ្ឈង្គ១ ព្រោះថា ឧបេក្ខាសម្ពោជ្ឈង្គនេះ រមែង​មកកាន់ឧទ្ទេស ដោយប្រការដូច្នេះ។ ឧបេក្ខាសម្ពោជ្ឈង្គនោះ មានចំណែក២ ដោយ​ហេតុនេះឯង។

[៥៦៧]  ម្នាលភិក្ខុទាំងឡាយ នេះឯងជាហេតុ ដែលនាំឲ្យពោជ្ឈង្គ ៧ បែកទៅជា ១៤។

[៥៦៨] គ្រានោះ ភិក្ខុច្រើនរូប ស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហ​សម័យ ចូលទៅបិណ្ឌបាត ក្នុងក្រុងសាវត្ថី។ (រឿងទាំងអស់ ដូចក្នុងបរិយាយសូត្រ)។ ម្នាលភិក្ខុ​ទាំងឡាយ បើបរិព្វាជក ជាអន្យតិរ្ថិយ និយាយយ៉ាងនេះ អ្នកទាំងឡាយ គប្បីសួរ​ យ៉ាងនេះវិញថា ម្នាលអាវុសោទាំងឡាយ ចិត្តរួញរា ក្នុងសម័យណា សម័យនោះ ​ជាកាលមិនគួរនឹងចំរើនពោជ្ឈង្គអ្វីខ្លះ។ សម័យនោះ ជាកាលគួរ​នឹង​ចំរើនពោជ្ឈង្គ​អ្វីខ្លះ។ ម្នាលអាវុសោទាំងឡាយ មួយវិញទៀត ចិត្តរាយមាយ ក្នុងសម័យណា សម័យនោះ ជាកាលមិនគួរនឹង​ចំរើនពោជ្ឈង្គអ្វីខ្លះ។ សម័យនោះ ជាកាលគួរនឹងចំរើនពោជ្ឈង្គអ្វីខ្លះ។ ម្នាលភិក្ខុទាំង​ឡាយ កាលបើអ្នកទាំងឡាយ សួរយ៉ាងនេះ ពួកបរិព្វាជក ជាអន្យតិរ្ថិយ មុខជាដោះ​ស្រាយមិនរួចផង នឹងដល់នូវសេចក្តីចង្អៀតចង្អល់​ចិត្ត ដ៏លើសលុបផង។ ដំណើរនោះ ព្រោះហេតុដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ព្រោះ​ថា មិនមែនជាវិស័យ របស់ពួកបរិព្វាជកទេ។ ម្នាលភិក្ខុ​ទាំង​ឡាយ ក្នុងលោកនេះ ព្រម​ទាំងទេវលោក មារលោក ព្រហ្មលោក ពពួកសត្វ ព្រមទាំង​សមណព្រាហ្មណ៍ មនុស្សជាសម្មតិទេព និងមនុស្សដ៏សេស តថាគត មិនឃើញ​អ្នកណា ដែលគួរ​ដោះ​ស្រាយ​ប្រស្នាទាំងនេះ ឲ្យពេញចិត្តបាន លើកតែតថាគត ឬ​សាវករបស់តថាគត ឬក៏បុគ្គល ដែលបានស្តាប់អំពីសាវក របស់តថាគតចេញ។

[៥៦៩] ម្នាលភិក្ខុទាំងឡាយ បើចិត្តរួញរាក្នុងសម័យណា សម័យនោះ ជា​កាល​​មិនគួរនឹងចំរើនបស្សទ្ធិសម្ពោជ្ឈង្គ ជាកាលមិនគួរនឹងចំរើនសមាធិសម្ពោជ្ឈង្គ ជា​កាលមិនគួរនឹងចំរើនឧបេក្ខាសម្ពោជ្ឈង្គឡើយ។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាល​ភិក្ខុ​ទាំងឡាយ ព្រោះថា ចិត្តដែលរួញរា ចិត្តនោះ មិនងាយនឹងឲ្យស្ទុះឡើង ដោយធម៌ទាំងឡាយ​នុ៎ះបានទេ។ ម្នាលភិក្ខុទាំងឡាយ ប្រៀបដូចបុរស មានប្រាថ្នានឹងបង្កាត់ភ្លើង​តូច​ឲ្យឆេះ បុរសនោះ ក៏ដាក់ស្មៅស្រស់ផង ដាក់គោម័យស្រស់ផង ដាក់ឧសស្រស់ផង ផ្លុំខ្យល់លាយទឹកផង រោយអាចម៍ដីផង ក្នុងភ្លើងតូចនោះ តើបុរស​នោះ ​គួរនឹង​បង្កាត់ភ្លើងតូច ឲ្យឆេះបានឬទេ។ សូមទ្រង់ព្រះមេត្តាប្រោស មិនគួរនឹងបង្កាត់​ឲ្យឆេះ​បាន​ទេ។ ម្នាលភិក្ខុទាំងឡាយ យ៉ាងនោះដែរ ចិត្តដែលរួញរា ក្នុងសម័យណា សម័យនោះ ជាកាលមិនគួរនឹងចំរើនបស្សទ្ធិសម្ពោជ្ឈង្គ ជាកាលមិនគួរនឹងចំរើនសមាធិសម្ពោជ្ឈង្គ ជាកាលមិនគួរនឹងចំរើនឧបេក្ខាសម្ពោជ្ឈង្គឡើយ។ ដំណើរនោះ ​ព្រោះហេតុដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ព្រោះថា ចិត្តរួញរាហើយ ចិត្តនោះ មិនងាយនឹងឲ្យស្ទុះឡើង ដោយធម៌ទាំងឡាយនុ៎ះបានទេ។

[៥៧០]  ម្នាលភិក្ខុទាំងឡាយ បើចិត្តរួញរាក្នុងសម័យណា សម័យនោះ ជាកាល​គួរនឹងចំរើនធម្មវិចយសម្ពោជ្ឈង្គ ជាកាលគួរនឹងចំរើនវីរិយសម្ពោជ្ឈង្គ ជាកាល​គួរនឹងចំរើនបីតិសម្ពោជ្ឈង្គ។ ដំណើរនោះ ព្រោះហេតុដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ​ព្រោះចិត្តរួញរា ចិត្តនោះ ងាយនឹងឲ្យស្ទុះឡើងបាន ដោយធម៌ទាំងឡាយនុ៎ះ។ ម្នាលភិក្ខុទាំងឡាយ ប្រៀបដូចបុរស មានប្រាថ្នានឹងបង្កាត់ភ្លើងតូច បុរសនោះ ក៏ដាក់​ស្មៅស្ងួតផង ដាក់​គោម័យស្ងួតផង ដាក់ឧសស្ងួតផង ផ្លុំខ្យល់អំពីមាត់ផង មិន​រោយ​អាចម៍ដីផង ក្នុង​ភ្លើងតូចនោះ តើបុរសនោះ គួរនឹងបង្កាត់ភ្លើងតូច ឲ្យឆេះឡើងបានឬទេ។ សូមទ្រង់ព្រះមេត្តាប្រោស បើយ៉ាងហ្នឹង គួរនឹងបង្កាត់ឲ្យឆេះបាន។ ម្នាលភិក្ខុ​ទាំងឡាយ យ៉ាងនោះដែរ ចិត្តរួញរា ក្នុងសម័យណា សម័យនោះ ជាកាល​គួរ​នឹង​ចំរើន​ធម្មវិចយសម្ពោជ្ឈង្គ ជាកាលគួរនឹងចំរើនវីរិយសម្ពោជ្ឈង្គ ជាកាលគួរនឹងចំរើន​បីតិសម្ពោជ្ឈង្គ។ ដំណើរនោះ ព្រោះហេតុដូចម្តេច។ ម្នាលភិក្ខុ​ទាំងឡាយ ព្រោះថា ចិត្តរួញរា ចិត្តនោះ ងាយ​នឹងឲ្យស្ទុះឡើងបាន ដោយធម៌ទាំងឡាយនុ៎ះ។

[៥៧១]  ម្នាលភិក្ខុទាំងឡាយ បើចិត្តរាយមាយ ក្នុងសម័យណា សម័យនោះ ជា​កាល​មិនគួរនឹងចំរើនធម្មវិចយសម្ពោជ្ឈង្គ ជាកាលមិនគួរនឹងចំរើនវីរិយសម្ពោជ្ឈង្គ ជាកាល​មិនគួរនឹងចំរើនបីតិសម្ពោជ្ឈង្គទេ។ ដំណើរនោះ ព្រោះហេតុដូចម្តេច។ ម្នាល​ភិក្ខុទាំងឡាយ ព្រោះថា ចិត្តរាយមាយហើយ ​ចិត្តនោះ មិនងាយនឹងឲ្យស្ងប់រម្ងាប់ ដោយធម៌​ទាំងឡាយនុ៎ះបានទេ។ ម្នាលភិក្ខុទាំងឡាយ ប្រៀបដូចបុរស មានប្រាថ្នានឹង​លត់គំនរ​ភ្លើង​ដ៏ធំ បុរសនោះ ក៏ដាក់ស្មៅស្ងួតផង ដាក់​គោម័យស្ងួតផង ដាក់ឧសស្ងួតផង ផ្លុំខ្យល់​អំពីមាត់ផង មិនរោយអាចម៍ដីផង ទៅក្នុងគំនរ​ភ្លើងធំនោះ តើបុរសនោះ គួរនឹងលត់គំនរ​ភ្លើង​ធំបានឬទេ។ សូមទ្រង់ព្រះមេត្តាប្រោស មិនគួរនឹងលត់បានទេ។ ម្នាលភិក្ខុ​ទាំងឡាយ យ៉ាងនោះដែរ ចិត្តរាយមាយ ក្នុងសម័យណា សម័យនោះ ជាកាលមិនគួរ​នឹងចំរើនធម្មវិចយសម្ពោជ្ឈង្គ ជាកាលមិនគួរនឹងចំរើនវីរិយសម្ពោជ្ឈង្គ ជាកាល​មិនគួរនឹងចំរើនបីតិសម្ពោជ្ឈង្គឡើយ។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាល​ភិក្ខុទាំងឡាយ ព្រោះថា ចិត្តរាយមាយហើយ ចិត្តនោះ មិនងាយ​នឹងឲ្យស្ងប់រម្ងាប់ ដោយធម៌​ទាំងឡាយ​នុ៎ះបានឡើយ។

[៥៧២]  ម្នាលភិក្ខុទាំងឡាយ បើចិត្តរាយមាយ ក្នុងសម័យណា សម័យនោះ ជាកាល​គួរនឹងចំរើនបស្សទ្ធិសម្ពោជ្ឈង្គ ជាកាលគួរនឹងចំរើនសមាធិសម្ពោជ្ឈង្គ ជាកាល​គួរនឹងចំរើនឧបេក្ខាសម្ពោជ្ឈង្គ។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុ​ទាំងឡាយ ព្រោះថា ចិត្តរាយមាយហើយ​ ចិត្តនោះ ងាយឲ្យស្ងប់រម្ងាប់បាន ដោយធម៌​ទាំងឡាយ​នុ៎ះ។ ម្នាលភិក្ខុទាំងឡាយ  ប្រៀបដូចបុរស មានប្រាថ្នានឹងលត់គំនរភ្លើងធំ បុរសនោះ ក៏ដាក់ស្មៅស្រស់ផង ដាក់​គោម័យស្រស់ផង ដាក់ឧសស្រស់ផង ផ្លុំខ្យល់​លាយទឹកផង រោយអាចម៍ដីផង ក្នុងគំនរ​ភ្លើងធំនោះ តើបុរសនោះ គួរនឹងលត់គំនរ​ភ្លើងធំ​​បានឬទេ។ សូមទ្រង់ព្រះមេត្តាប្រោស បើយ៉ាងនេះ លត់បាន។ ម្នាលភិក្ខុ​ទាំងឡាយ យ៉ាងនោះដែរ ចិត្តរាយមាយ ក្នុងសម័យណា សម័យនោះ ជាកាលគួរនឹងចំរើនបស្សទ្ធិសម្ពោជ្ឈង្គ ជាកាលគួរនឹងចំរើនសមាធិសម្ពោជ្ឈង្គ ជាកាលគួរនឹងចំរើនឧបេក្ខាសម្ពោជ្ឈង្គ។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះ​ថា ចិត្តរាយមាយហើយ ចិត្តនោះ ងាយ​ឲ្យស្ងប់រម្ងាប់បាន ដោយធម៌ទាំងឡាយនុ៎ះ។ ម្នាល​ភិក្ខុទាំងឡាយ តថាគតពោលថា​ សតិ ជាគ្រឿងសម្រេចប្រយោជន៍គ្រប់យ៉ាង។

[៥៧៣]  សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងហលិទ្ទវសននិគម របស់​ពួក​កោលិយ ក្នុងដែនកោលិយ។ គ្រានោះឯង ភិក្ខុច្រើនរូប ស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ចូលទៅបិណ្ឌបាត ក្នុងហលិទ្ទវសននិគម។ ទើបពួកភិក្ខុទាំងនោះ មានសេចក្តីត្រិះរិះ ដូច្នេះថា ដំណើរដែលយើងចូលទៅបិណ្ឌបាត ក្នុង​ហលិទ្ទវសន​និគម​នោះ ដូចជានៅព្រឹកណាស់នៅឡើយ បើដូច្នោះ គួរពួកយើង នាំ​គ្នា​ចូល​ទៅឯ​អារាម ​របស់បរិព្វាជក ជាអន្យតិរ្ថិយសិនចុះ។

[៥៧៤]  លំដាប់នោះឯង ពួកភិក្ខុទាំងនោះ ក៏នាំគ្នាចូលទៅឯអារាម របស់​បរិព្វាជក​​ ជាអន្យ​តិរ្ថិយ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹងបរិព្វាជក​ ជា​អន្យតិរ្ថិយ​ទាំងនោះ លុះបញ្ចប់ពាក្យ ដែលគួររីករាយ និងពាក្យដែលគួររឭកហើយ ទើបអង្គុយក្នុង​ទីដ៏សមគួរ។ លុះពួកភិក្ខុទាំងនោះ អង្គុយក្នុងទីដ៏សមគួរហើយ ពួក​បរិព្វាជក ជាអន្យ​តិរ្ថិយ​ទាំងនោះ និយាយដូច្នេះថា នែលោកដ៏មានអាយុទាំងឡាយ ព្រះសមណគោតម តែងសំដែងធម៌ ប្រាប់សាវកទាំងឡាយ យ៉ាងនេះថា ម្នាលភិក្ខុ​ទាំងឡាយ អ្នកទាំងឡាយ ​ចូល​មកអាយ ចូរអ្នកទាំងឡាយ លះបង់នីវរណធម៌​៥ ជាគ្រឿងសៅហ្មងនៃចិត្ត ដែលធ្វើប្រាជ្ញាឲ្យមានកម្លាំងថយ ផ្សាយចិត្ត ប្រកបដោយ​មេត្តា ទៅកាន់ទិសទី១ ទិសទី២ ក៏ដូចគ្នា។ ទិសទី៣ ក៏ដូចគ្នា។ ទិសទី៤ ក៏ដូចគ្នា។ ចូរផ្សាយចិត្ត  ប្រកបដោយមេត្តា ជាចិត្តធំទូលាយ មិនមានប្រមាណ មិនមានពៀរ មិនមានព្យាបាទ ទៅកាន់សត្វលោក​ទាំងអស់ ក្នុងទិសខាងលើ ទិសខាងក្រោម ទិស​ទទឹង គឺទិសតូចៗ ដោយ​ការយក​ខ្លួន​ទៅប្រៀបផ្ទឹមនឹងសត្វទាំងអស់ ក្នុងទីទាំងពួង តាមទំនងនេះឯង។

[៥៧៥]  អ្នកទាំងឡាយ ចូរផ្សាយចិត្ត ប្រកបដោយករុណា ទៅកាន់ទិសទី១ ទិសទី២ ក៏ដូចគ្នា។ ទិសទី៣ ក៏ដូចគ្នា។ ទិសទី៤ ក៏ដូចគ្នា។ ចូរផ្សាយចិត្ត ប្រកប​ដោយករុណា ជាចិត្តធំទូលាយ មិនមានប្រមាណ មិនមានពៀរ មិនមានព្យាបាទ ទៅកាន់សត្វលោកទាំងអស់ ក្នុងទិសខាងលើ ទិសខាងក្រោម ទិសទទឹង ដោយ​ការ​យក​ខ្លួន​ទៅប្រៀបផ្ទឹមនឹងសត្វទាំងអស់ ក្នុងទីទាំងពួង តាមទំនងនេះឯង។

[៥៧៦]  អ្នកទាំងឡាយ ចូរផ្សាយចិត្ត ប្រកបដោយមុទិតា ទៅកាន់ទិសទី១ ទិសទី២ ក៏ដូចគ្នា។ ទិសទី៣ ក៏ដូចគ្នា។ ទិសទី៤ ក៏ដូចគ្នា។ ចូរផ្សាយចិត្ត ប្រកប​ដោយ​មុទិតា ជាចិត្តធំទូលាយ មិនមានប្រមាណ មិនមានពៀរ មិនមានព្យាបាទ ទៅកាន់សត្វ​លោកទាំងអស់ ក្នុងទិសខាងលើ ទិសខាងក្រោម ទិសទទឹង ដោយ​ការយកខ្លួន​ទៅប្រៀបផ្ទឹមនឹងសត្វទាំងអស់ ក្នុងទីទាំងពួង តាមទំនងនេះឯង។

[៥៧៧]  អ្នកទាំងឡាយ ចូរផ្សាយចិត្ត ប្រកបដោយឧបេក្ខា ទៅកាន់ទិសទី១ ទិសទី២ ក៏ដូចគ្នា។ ទិសទី៣ ក៏ដូចគ្នា។ ទិសទី៤ ក៏ដូចគ្នា។ ចូរផ្សាយចិត្ត ប្រកប​ដោយ​ឧបេក្ខា ជាចិត្តធំទូលាយ មិនមានប្រមាណ មិនមានពៀរ មិនមានព្យាបាទ ទៅកាន់សត្វលោកទាំងអស់ ក្នុងទិសខាងលើ ទិសខាងក្រោម ទិសទទឹង ដោយ​ការយកខ្លួន​ទៅប្រៀបផ្ទឹមនឹងសត្វទាំងអស់ ក្នុងទីទាំងពួង តាមទំនងនេះឯង។

[៥៧៨]  នែលោកដ៏មានអាយុទាំងឡាយ សូម្បីពួកយើង ក៏តែងសំដែងធម៌ ប្រាប់សាវកទាំងឡាយ យ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ អ្នកទាំងឡាយ ចូរមកអាយ ចូរអ្នកទាំងឡាយ លះបង់នីវរណធម៌៥ ជាគ្រឿងសៅហ្មងនៃចិត្ត ដែលធ្វើ​ប្រាជ្ញា​ ឲ្យមានកម្លាំងថយ ផ្សាយចិត្ត ប្រកបដោយមេត្តា ទៅកាន់ទិសទី១។បេ។

[៥៧៩]  អ្នកទាំងឡាយ ចូរផ្សាយចិត្ត ប្រកបដោយឧបេក្ខា ទៅកាន់ទិសទី១ ទិសទី២ ក៏ដូចគ្នា។ ទិសទី៣ ក៏ដូចគ្នា។ ទិសទី៤ ក៏ដូចគ្នា។ ចូរផ្សាយចិត្ត ប្រកប​ដោយ​ឧបេក្ខា ជាចិត្តធំទូលាយ មិនមានប្រមាណ មិនមានពៀរ មិនមានព្យាបាទ ទៅកាន់សត្វ​លោក​ទាំង​អស់ ក្នុងទិសខាងលើ ទិសខាងក្រោម ទិសទទឹង ដោយ​ការ​យក​ខ្លួន​ទៅ​ប្រៀបផ្ទឹមនឹងសត្វទាំងអស់ ក្នុងទីទាំងពួង តាមទំនងនេះដែរ។

[៥៨០]  នែលោកដ៏មានអាយុទាំងឡាយ ចុះក្នុងរឿងនេះ មានសេចក្តីវិសេសដូចម្តេច មានសេចក្តីអធិប្បាយដូចម្តេច មានអំពើផ្សេងគ្នាដូចម្តេច របស់​ព្រះសមណ​គោតម​ក្តី យើងក្តី អំពីដំណើរធម៌ទេសនា នឹងធម៌ទេសនា អំពីពាក្យប្រៀនប្រដៅ នឹងពាក្យប្រៀនប្រដៅ។

[៥៨១]  គ្រានោះឯង ពួកភិក្ខុទាំងនោះ មិនបានត្រេកអរ មិនបានឃាត់ហាម​ភាសិត របស់ពួកបរិព្វាជក ជាអន្យតិរ្ថិយទាំងនោះ លុះមិនត្រេកអរ មិនឃាត់ហាមហើយ ក៏ក្រោកចាកអាសនៈ ដើរចេញទៅ ដោយគិតគ្នាថា យើងគង់នឹងដឹងសេចក្តីនៃភាសិត​នុ៎ះ ក្នុងសំណាក់ព្រះដ៏មានព្រះភាគមិនខាន។

[៥៨២]  លំដាប់នោះឯង ភិក្ខុទាំងនោះ ត្រាច់ទៅបិណ្ឌបាត ក្នុងហលិទ្ទវសននិគម លុះកន្លងបិណ្ឌបាត ក្នុងកាលជាខាងក្រោយភត្ត ក៏នាំគ្នាចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ថ្វាយបង្គំព្រះដ៏មានព្រះភាគ រួចអង្គុយក្នុងទីដ៏សមគួរ។ លុះពួក​ភិក្ខុទាំងនោះ អង្គុយក្នុងទីដ៏សមគួរហើយ ក៏បានទូលស្នើសេចក្តីនុ៎ះ ចំពោះ​ព្រះដ៏មានព្រះភាគ​ ដូច្នេះថា

[៥៨៣]  សូមទ្រង់ព្រះមេត្តាប្រោស ក្នុងទីឯណោះ ពួកខ្ញុំព្រះអង្គ បានស្លៀក​ស្បង់ ប្រដាប់បាត្រ   និងចីវរ ក្នុងបុព្វណ្ហសម័យ ចូលទៅបិណ្ឌបាត្រ ក្នុង​ហលិទ្ទវសននិគម។ សូមទ្រង់ព្រះមេត្តាប្រោស ពួកខ្ញុំព្រះអង្គទាំងនោះ មានសេចក្តីត្រិះរិះ ដូច្នេះថា ដំណើរ​ដែល​យើងត្រាច់ទៅបិណ្ឌបាត ក្នុងហលិទ្ទវសននិគម នៅព្រឹកណាស់នៅឡើយ បើ​ដូច្នោះ គួរតែពួកយើង ចូលទៅឯអារាម របស់ពួកបរិព្វាជក ជាអន្យតិរ្ថិយសិនចុះ។

[៥៨៤]  សូមទ្រង់ព្រះមេត្តាប្រោស វេលានោះ ពួកខ្ញុំព្រះអង្គ ក៏បាននាំគ្នាចូលទៅ​ឯ​អារាម ​របស់​ពួក​បរិព្វាជក ជាអន្យតិរ្ថិយ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីក​រាយ ​ជា​មួយនឹងពួកបរិព្វាជក ជាអន្យតិរ្ថិយ​ទាំងនោះ លុះបញ្ចប់ពាក្យ ដែលគួរ​រីករាយ​ និង​ពាក្យ​​គួររឭកហើយ ក៏អង្គុយក្នុង​ទីដ៏សមគួរ។ បពិត្រព្រះអង្គដ៏ចំរើន លុះពួក​ខ្ញុំ​ព្រះអង្គ អង្គុយ​ក្នុង​​ទីដ៏សមគួរហើយ ពួកបរិព្វាជក ជាអន្យតិរ្ថិយទាំងនោះ បាននិយាយដូច្នេះថា នែលោកដ៏មានអាយុទាំងឡាយ ព្រះសមណគោតម តែងសំដែងធម៌ ប្រាប់​សាវក​ទាំង​ឡាយ យ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរមកអាយ ចូរអ្នកទាំងឡាយ ​ លះ​បង់​នីវរណធម៌៥ ជាគ្រឿងសៅហ្មងចិត្ត ដែលធ្វើ​ប្រាជ្ញា ឲ្យ​មាន​​កម្លាំងថយ រួចផ្សាយចិត្ត ប្រកបដោយមេត្តា ទៅកាន់ទិសទី១។បេ។

[៥៨៥]  ចិត្ត ប្រកបដោយករុណា។

[៥៨៦]  ចិត្ត ប្រកបដោយមុទិតា។

[៥៨៧]  អ្នកទាំងឡាយ ចូរផ្សាយចិត្ត ប្រកបដោយឧបេក្ខា ទៅកាន់ទិសទី១ ទិសទី២ ក៏ដូចគ្នា។ ទិសទី៣ ក៏ដូចគ្នា។ ទិសទី៤ ក៏ដូចគ្នា។ ចូរផ្សាយចិត្ត ប្រកប​ដោយ​ឧបេក្ខា ជាចិត្តធំទូលាយ មិនមានប្រមាណ មិនមានពៀរ មិនមានព្យាបាទ ទៅកាន់សត្វលោកទាំងអស់ ក្នុងទិសខាងលើ ទិសខាងក្រោម ទិសទទឹង ដោយ​ការ​យក​ខ្លួន​ទៅ​ប្រៀបផ្ទឹមនឹងសត្វទាំងអស់ ក្នុងទីទាំងពួងតាមទំនងនេះចុះ។

[៥៨៨]  នែលោកដ៏មានអាយុទាំងឡាយ សូម្បីពួកយើង ក៏តែងសំដែងធម៌ ប្រាប់សាវកទាំងឡាយ យ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ចូរអ្នកទាំងឡាយ មកអាយ ចូរអ្នក​ទាំងឡាយ​ លះ​បង់នីវរណធម៌៥ ជាគ្រឿងសៅហ្មងចិត្ត ដែលធ្វើប្រាជ្ញាឲ្យ​មាន​​កម្លាំងថយ ចូរផ្សាយចិត្ត ប្រកបដោយមេត្តា ទៅកាន់ទិសទី១។បេ។

[៥៨៩]  ចិត្ត ប្រកបដោយករុណា។

[៥៩០]  ចិត្ត ប្រកបដោយមុទិតា។

[៥៩១]  អ្នកទាំងឡាយ ចូរផ្សាយចិត្ត ប្រកបដោយឧបេក្ខា ទៅកាន់ទិសទី១ ទិសទី២ ក៏ដូចគ្នា។ ទិសទី៣ ក៏ដូចគ្នា។ ទិសទី៤ ក៏ដូចគ្នា។ ចូរផ្សាយចិត្ត ប្រកប​ដោយ​ឧបេក្ខា ជាចិត្តធំទូលាយ មិនមានប្រមាណ មិនមានពៀរ មិនមានព្យាបាទ ទៅកាន់សត្វលោកទាំងអស់ ក្នុងទិសខាងលើ ទិសខាងក្រោម ទិសទទឹង ដោយ​ការ​យក​ខ្លួន​ទៅ​ប្រៀបផ្ទឹមនឹងសត្វទាំងអស់ ក្នុងទីទាំងពួង ដូច្នេះដែរ។

[៥៩២]  នែលោកដ៏មានអាយុទាំងឡាយ ចុះក្នុងដំណើរនេះ តើមានសេចក្តី​វិសេសដូចម្តេច មានសេចក្តីអធិប្បាយដូចម្តេច មានអំពើផ្សេងគា្នដូចម្តេច របស់​ព្រះសមណគោតម​ក្តី យើងក្តី អំពីដំណើរធម៌ទេសនា នឹងធម៌ទេសនា អំពីពាក្យប្រៀនប្រដៅ​ នឹងពាក្យប្រៀនប្រដៅ។

[៥៩៣]  សូមទ្រង់ព្រះមេត្តាប្រោស វេលានោះ ពួកខ្ញុំព្រះអង្គ មិនបានត្រេកអរ មិនឃាត់ហាមភាសិត របស់ពួកបរិព្វាជក ជាអន្យតិរ្ថិយទាំងនោះទេ លុះមិនត្រេកអរ មិនឃាត់ហាមហើយ ក៏ក្រោកចាកអាសនៈ ដើរចេញមក ដោយគិតគ្នាថា យើងគង់​នឹងដឹង​សេចក្តីនៃភាសិតនុ៎ះ ក្នុងសំណាក់ព្រះដ៏មានព្រះភាគមិនខាន។

[៥៩៤]  ម្នាលភិក្ខុទាំងឡាយ បើពួកបរិព្វាជក ជាអន្យតិរិ្ថយ និយាយយ៉ាងនេះ អ្នក​ទាំងឡាយ ត្រូវសួរយ៉ាងនេះវិញថា ម្នាលអាវុសោទាំងឡាយ ចុះមេត្តាចេតោវិមុត្តិ ត្រូវចំរើនដូចម្តេច មានគតិដូចម្តេច មានសេចក្តីថ្លៃថ្លាដូចម្តេច មានផលដូចម្តេច មានទីបំផុតដូចម្តេច។ ម្នាលអាវុសោទាំងឡាយ ចុះករុណាចេតោវិមុត្តិ ត្រូវចំរើនដូចម្តេច មានគតិដូចម្តេច មានសេចក្តីថ្លៃថ្លាដូចម្តេច មានផលដូចម្តេច មានទីបំផុតដូចម្តេច។ ម្នាលអាវុសោទាំងឡាយ ចុះមុទិតាចេតោវិមុត្តិ ត្រូវចំរើនដូចម្តេច មានគតិដូចម្តេច មាន​សេចក្តីថ្លៃថ្លាដូចម្តេច មានផលដូចម្តេច មានទីបំផុតដូចម្តេច។ ម្នាល​អាវុ​សោ​ទាំងឡាយ ចុះឧបេក្ខាចេតោវិមុត្តិ ត្រូវចំរើនដូចម្តេច មានគតិដូចម្តេច មានសេច​ក្តីថ្លៃ​ថ្លា​ដូច​ម្តេច មានផលដូចម្តេច មានទីបំផុតដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បើអ្នកទាំង​ឡាយ សួរយ៉ាងនេះ ពួកបរិព្វាជក ជាអន្យតិរិ្ថយ មុខជានឹងដោះស្រាយមិនរួចផង នឹងដល់នូវសេចក្តីចង្អៀតចង្អល់ចិត្ត ដ៏ក្រៃលែងផង។ ដំណើរនោះ ព្រោះហេតុដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ព្រោះដំណើរនោះ មិនជាវិស័យ របស់ពួកអន្យតិរិ្ថយបរិព្វាជកទេ។ ម្នាលភិក្ខុទាំងឡាយ ក្នុងលោកនេះ ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ពពួកសត្វ ព្រមទាំងសមណព្រាហ្មណ៍ មនុស្សជាសម្មតិទេព និងមនុស្សដ៏សេស តថាគត មិន​ឃើញអ្នកណា អាចដោះស្រាយប្រស្នាទាំងនេះ ឲ្យពេញចិត្តបានឡើយ លើកលែងតែតថាគត​ ឬសាវករបស់តថាគត ឬក៏បុគ្គល ដែលបានស្តាប់អំពីសាវក របស់តថាគត​មក។

[៥៩៥]  ម្នាលភិក្ខុទាំងឡាយ ចុះមេត្តាចេតោវិមុត្តិ តើត្រូវចំរើនដូចម្តេច មាន​គតិ​ដូច​ម្តេច ​មានសេចក្តីថ្លៃថ្លាដូចម្តេច មានផលដូចម្តេច មានទីបំផុតដូចម្តេច។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចំរើនសតិសម្ពោជ្ឈង្គ ប្រកបដោយមេត្តា។បេ។ ចំរើន​ឧបេក្ខាសម្ពោជ្ឈង្គ ប្រកបដោយមេត្តា ដែល​អា​​ស្រ័យនូវសេចក្តី​ស្ងប់ស្ងាប់ អាស្រ័យនូវការប្រាសចាករាគៈ អាស្រ័យនូវធម៌ ជាគ្រឿងរលត់ បង្អោន​ទៅកាន់ការលះបង់។ បើភិក្ខុនោះ ប្រាថ្នាថា សូមឲ្យអាត្មា មានសេចក្តីសំគាល់ ក្នុង​របស់​ដែលមិន​គួរខ្ពើម ថាជារបស់គួរខ្ពើមដូច្នេះ ជាអ្នកមានសេចក្តីសំគាល់ ក្នុង​របស់​នោះថា ជារបស់គួរខ្ពើមមែន បើប្រាថ្នាថា សូមឲ្យអាត្មាអញ មាន​សេចក្តី​សំ​គាល់​ ក្នុងរបស់​ដែលគួរខ្ពើម ថាជារបស់មិនគួរខ្ពើមវិញ ដូច្នេះ ជាអ្នកមានសេចក្តីសំគាល់​​ក្នុងរបស់នោះ ថាមិនគួរខ្ពើមមែន បើប្រាថ្នាថា សូមឲ្យអាត្មាអញ មាន​សេចក្តីសំគាល់ ក្នុងរបស់​មិនគួរខ្ពើម និងគួរខ្ពើមថា ជារបស់គួរខ្ពើម ដូច្នេះ ជាអ្នកមានសេចក្តីសំគាល់​ក្នុង​របស់នោះថា ជារបស់គួរខ្ពើមមែន បើប្រាថ្នាថា សូមឲ្យ​អា​ត្មា​អញមានសេចក្តី​សំគាល់ ក្នុងរបស់គួរខ្ពើម និងមិនគួរខ្ពើមថា ជារបស់មិនគួរខ្ពើមដូច្នេះ ជាអ្នកមាន​សេចក្តីសំគាល់ ក្នុងរបស់នោះថា ជារបស់មិនគួរខ្ពើមមែន បើប្រាថ្នាថា សូមឲ្យ អាត្មាអញ កុំជាប់ជំពាក់​នឹង​របស់ទាំង ២ នោះ គឺរបស់មិនគួរខ្ពើម និងរបស់គួរខ្ពើម ជាអ្នកព្រងើយកន្តើយ ប្រកបដោយសតិសម្បជញ្ញៈដូច្នេះ ទៅជាអ្នកព្រងើយកន្តើយ ប្រកបដោយសតិសម្បជញ្ញៈ ក្នុងរបស់នោះ ឬក៏បានសម្រេចវិមោក្ខដ៏ល្អ។  ម្នាលភិក្ខុ​ទាំង​ឡាយ តថាគត ហៅមេត្តាចេតោវិមុត្តិថា ជាគុណជាតិល្អក្រៃលែង។ បើភិក្ខុមិន​ទាន់ចាក់​ធ្លុះនូវវិមុត្តិដ៏លើសលុបទេ បា្រជ្ញាក៏គង់មានក្នុងលោកនេះដែរ។

[៥៩៦]  ម្នាលភិក្ខុទាំងឡាយ ករុណាចេតោវិមុត្តិ តើត្រូវចំរើន ដូចម្តេច មាន​គតិ​ដូច​ម្តេច​ ​មានសេចក្តីថ្លៃថ្លា ដូចម្តេច មានផល ដូចម្តេច មានទីបំផុត ដូចម្តេច។ ម្នាលភិក្ខុ​ទាំង​ឡាយ ភិក្ខុក្នុងសាសនានេះ  ចំរើនសតិសម្ពោជ្ឈង្គ ប្រកបដោយករុណា។បេ។​ចំរើនឧបេក្ខាសម្ពោជ្ឈង្គ​ ​ប្រកបដោយករុណា ដែល​អាស្រ័យនូវសេចក្តីស្ងប់ស្ងាត់ អាស្រ័យ​នូវ​ការ​ប្រាស​ចាករាគៈ អាស្រ័យនូវការរលត់ បង្អោនទៅកាន់សេចក្តីលះបង់។ បើភិក្ខុនោះ ប្រាថ្នាថា សូមឲ្យអាត្មាអញ មានសេចក្តីសំគាល់ក្នុងរបស់ ដែលមិន​គួរខ្ពើម ថាជា​របស់គួរខ្ពើម ដូច្នេះ ទៅជាអ្នកមានសេចក្តីសំគាល់ ក្នុងរបស់នោះថា ជារបស់​គួរខ្ពើមមែន។ បេ។ បើប្រាថ្នាថា សូមឲ្យ​អា​ត្មា​អញ កុំជាប់ជំពាក់នឹងរបស់ទាំង ២ នោះ គឺ​របស់​មិន​គួរ​ខ្ពើម និងរបស់គួរខ្ពើម ជាអ្នកព្រងើយកន្តើយ ប្រ​កប​ដោយ​សតិ​សម្បជញ្ញៈ ដូច្នេះ ទៅជាអ្នកព្រងើយ​កន្តើយ ប្រកបដោយសតិសម្បជញ្ញៈ​ ក្នុងរបស់​នោះ ហើយកន្លងបង់​នូវរូបសញ្ញាសព្វអន្លើ រលត់នូវបដិឃសញ្ញា មិនយកចិត្តទុកដាក់នូវ​នានត្តសញ្ញា ក៏ចូលកាន់​អាកាសានញ្ចាយតនៈ ដោយបរិកម្មថា អាកាសមិនមានទីបំផុត។ ម្នាលភិក្ខុទាំងឡាយ តថាគត ហៅករុណាចេតោវិមុត្តិថា មានអាកាសានញ្ចាយតនៈ​ដ៏ឧត្តម។ បើភិក្ខុ​មិន​ទាន់​ចាក់ធ្លុះនូវវិមុត្តិដ៏លើសលុបទេ ប្រាជ្ញាក៏គង់មាន​ក្នុងលោកនេះដែរ។

[៥៩៧] ម្នាលភិក្ខុទាំងឡាយ មុទិតាចេតោវិមុត្តិ តើត្រូវចំរើន ដូចម្តេច មាន​គតិ​ដូច​ម្តេច​ ​មានសេចក្តីថ្លៃថ្លា ដូចម្តេច មានផល ដូចម្តេច មានទីបំផុត ដូចម្តេច។ ម្នាលភិក្ខុ​ទាំង​ឡាយ ភិក្ខុក្នុងសាសនានេះ  ចំរើនសតិសម្ពោជ្ឈង្គ ប្រកបដោយមុទិតា។ បេ ។​ចំរើនឧបេក្ខាសម្ពោជ្ឈង្គ​ ​ប្រកបដោយមុទិតា ដែល​អាស្រ័យនូវសេចក្តីស្ងប់ស្ងាត់ អាស្រ័យ​នូវ​ការ​ប្រាស់ចាករាគៈ អាស្រ័យនូវការរលត់ បង្អោនទៅកាន់សេចក្តីលះបង់។ បើ​ភិក្ខុ​​​នោះ ប្រាថ្នាថា សូមឲ្យអាត្មាអញ មានសេចក្តីសំគាល់ ក្នុងរបស់ដែលមិន​គួរខ្ពើម ថាជា​របស់គួរខ្ពើម ដូច្នេះ ជាអ្នកមានសេចក្តីសំគាល់ក្នុងរបស់នោះថា ជារបស់​គួរខ្ពើមមែន។បេ។ បើប្រាថ្នាថា សូមឲ្យ​អា​ត្មា​អញ កុំជាប់ជំពាក់នឹងរបស់ទាំង ២ នោះ គឺ​របស់​មិន​គួរ​ខ្ពើម និង​របស់គួរខ្ពើម ហើយជាអ្នកព្រងើយកន្តើយ ប្រ​កប​ដោយ​សតិ​សម្បជញ្ញៈដូច្នេះ ជាអ្នកព្រងើយកន្តើយ មានសតិសម្បជញ្ញៈ ក្នុងរបស់នោះ ក៏កន្លងបង់​នូវអាកាសានញ្ចាយតនៈសព្វអន្លើ រួចចូលកាន់វិញ្ញាណញ្ចាយតនៈ ដោយបរិកម្មថា វិញ្ញាណ​មិនមានទីបំផុត។ ម្នាល​ភិក្ខុ​ទាំងឡាយ តថាគត​ ហៅមុទិតាចេតោវិមុត្តិថា ជាវិញ្ញាណញ្ចាយតនៈដ៏ឧត្តម។ បើភិក្ខុមិនទាន់ចាក់ធ្លុះនូវវិមុត្តិដ៏លើសលុបទេ ប្រាជ្ញាក៏គង់​មាន​ក្នុងលោក​នេះ​ដែរ។

[៥៩៨]  ម្នាលភិក្ខុទាំងឡាយ ឧបេក្ខាចេតោវិមុត្តិ តើត្រូវចំរើន ដូចម្តេច មាន​គតិ​ដូច​ម្តេច​ ​មានសេចក្តីថ្លៃថ្លា ដូចម្តេច មានផល ដូចម្តេច មានទីបំផុត ដូចម្តេច។ ម្នាលភិក្ខុ​ទាំង​ឡាយ ភិក្ខុក្នុងសាសនានេះ  ចំរើនសតិសម្ពោជ្ឈង្គ ប្រកបដោយឧបេក្ខា។បេ។​ចំរើនឧបេក្ខាសម្ពោជ្ឈង្គ ប្រកបដោយឧបេក្ខា ដែល​អាស្រ័យនូវសេចក្តីស្ងប់ស្ងាត់ អាស្រ័យ​នូវ​ការ​ប្រាស​ចាករាគៈ អាស្រ័យនូវការរលត់ បង្អោនទៅកាន់សេចក្តីលះបង់។ បើ​ភិក្ខុ​​​នោះ ប្រាថ្នាថា សូមឲ្យអាត្មាអញ មានសេចក្តីសំគាល់ក្នុងរបស់ដែលមិន​គួរខ្ពើមថា ជារបស់គួរខ្ពើម ដូច្នេះ ជាអ្នកមានសេចក្តីសំគាល់ក្នុងរបស់នោះថា ជារបស់​គួរខ្ពើមមែន បើប្រាថ្នាថា សូមឲ្យ​អា​ត្មា​អញ មានសេចក្តីសំគាល់ក្នុងរបស់គួរ​ខ្ពើមថា ជារបស់មិនគួរខ្ពើម ដូច្នេះ ជាអ្នកមានសេចក្តីសំគាល់ក្នុងរបស់នោះថា ជារបស់​មិនគួរខ្ពើម បើប្រាថ្នាថា សូមឲ្យអាត្មាអញ មានសេចក្តីសំគាល់ ក្នុងរបស់មិនគួរ​ខ្ពើមផង គួរខ្ពើមផងថា ជារបស់គួរខ្ពើម ដូច្នេះ ជាអ្នកមានសេចក្តីសំគាល់ក្នុងរបស់​នោះថា ជារបស់គួរខ្ពើមមែន បើប្រាថ្នាថា សូមឲ្យអាត្មាអញ មានសេចក្តីសំគាល់ក្នុង​របស់គួរខ្ពើម និងមិនគួរខ្ពើមថា ជារបស់មិនគួរខ្ពើម ដូច្នេះ ជាអ្នកមានសេចក្តីសំគាល់​ក្នុងរបស់នោះថា ជារបស់មិនគួរខ្ពើមមែន បើប្រាថ្នាថា សូមឲ្យ​អាត្មាអញ កុំជាប់ជំពាក់​នឹងរបស់ទាំង ២ នោះ គឺ​របស់​មិន​គួរ​ខ្ពើម និងរបស់គួរខ្ពើម ហើយជាអ្នកព្រងើយកន្តើយ ប្រ​កប​ដោយ​សតិ​សម្បជញ្ញៈដូច្នេះ ទៅជាអ្នកព្រងើយ​កន្តើយ ប្រកបដោយសតិសម្បជញ្ញៈ​ក្នុងរបស់នោះ ក៏កន្លង​នូវវិញ្ញាណញ្ចាយតនៈ​សព្វអន្លើ  រួចចូលកាន់​អាកិញ្ចិញ្ញាយតនៈ ដោយ​បរិកម្មថា វត្ថុតិចតួចមិនមាន។ ម្នាល​ភិក្ខុ​ទាំងឡាយ តថាគត ហៅ​ឧបេក្ខា​ចេតោ​វិមុត្តិ​ថា មានអាកិ​ញ្ចិញ្ញាយតនៈ​ដ៏ក្រៃលែង។ បើភិក្ខុមិន​ចាក់ធ្លុះនូវ​វិមុត្តិដ៏លើសលុបទេ ប្រាជ្ញាក៏គង់មាន​ក្នុងលោក​នេះ​ដែរ។

[៥៩៩]  សាវត្ថីនិទាន។ គ្រានោះឯង សគារវព្រាហ្មណ៍ ចូលទៅគាល់ព្រះដ៏មាន​ព្រះភាគ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីយរាយ ជាមួយនឹងព្រះដ៏មានព្រះភាគ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររឭកហើយ ក៏អង្គុយក្នុងទីដ៏សមគួរ ។ លុះសគារវព្រាហ្មណ៍ អង្គុយក្នុងទីដ៏សមគួរហើយ ទើបទូលសួរសេចក្តីនេះ ចំពោះព្រះដ៏​មាន​ព្រះភាគថា បពិត្រព្រះគោតមដ៏ចំរើន ចុះហេតុដូចម្តេច បច្ច័យដូចម្តេច បានជាជួនកាល មន្តទាំងឡាយ គេស្វាធ្យាយ អស់កាលយូរអង្វែងហើយ ក៏មិនភ្លឺច្បាស់​បាន មន្តដែលគេមិនស្វាធ្យាយ ចំាបាច់និយាយថ្វី។ បពិត្រព្រះគោតមដ៏ចំរើន មួយទៀត ហេតុដូចម្តេច បច្ច័យដូចម្តេច បានជាជួនកាលមន្តទាំងឡាយ គេ​មិន​ស្វាធ្យាយ អស់កាលយូរអង្វែងទេ តែភ្លឺច្បាស់បាន មន្តដែលគេស្វាធ្យាចំាបាច់និយាយថ្វី។

[៦០០]  ម្នាលព្រាហ្មណ៍ បុគ្គលមានចិត្តដែលកាមរាគៈរួបរឹត ដែលកាមរាគៈគ្រប​សង្កត់ រមែងមិនដឹង មិនឃើញច្បាស់នូវការរលាស់កាមរាគៈ ដែលកើតហើយ ក្នុងសម័យណា ក្នុងសម័យនោះ រមែងមិនដឹង មិនឃើញច្បាស់នូវប្រយោជន៍ខ្លួនផង ក្នុងសម័យនោះ រមែងមិនដឹង មិនឃើញច្បាស់នូវប្រយោជន៍អ្នកដទៃផង ក្នុងសម័យ​នោះ​ រមែងមិនដឹង មិនឃើញច្បាស់នូវប្រយោជន៍ទាំង ២ ផង ឯមន្តទាំង​ឡាយ បើទុកជា​ស្វាធ្យាយ អស់កាលយូរអង្វែង ក៏នៅតែមិនភ្លឺច្បាស់បាន មន្តដែលមិនស្វាធ្យាយ ចំាបាច់និយាយថ្វី ។

[៦០១]  ម្នាលព្រាហ្មណ៍​ បាត្រដែលគេដាក់ទឹកលាយដោយល័ក្ខ ឬរមៀត ឬវត្ថុខៀវ ឬក៏វត្ថុមានពណ៌ហង្សបាទ បុរសមានភ្នែកភ្លឺ ឆ្លុះមើលស្រមោលមុខរបស់ខ្លួន ក្នុងបាត្រ ដែលដាក់ទឹកនោះ ក៏មិនគប្បីដឹង មិនគប្បីឃើញច្បាស់លាស់ឡើយ មានឧបមា​យ៉ាងណាមិញ។ ម្នាលព្រាហ្មណ៍ បុគ្គលមានចិត្តដែលកាមរាគៈរួបរឹត ដែល​កាម​រាគៈគ្របសង្កត់ មិនដឹង មិនឃើញនូវការរលាស់កាមរាគៈ ដែលកើតហើយ ឲ្យច្បាស់លាស់បាន ក្នុងសម័យណា ក្នុងសម័យនោះ មិនដឹង មិនឃើញនូវ​ប្រយោជន៍ខ្លួនច្បាស់លាស់ផងនូវប្រយោជន៍អ្នកដទៃផង។ បេ។ ក្នុងសម័យនោះ មិនដឹង មិនឃើញនូវប្រយោជន៍ ទាំង ២ ច្បាស់លាស់ផង ឯមន្តទាំង​ឡាយ បើទុក​ជា​ស្វាធ្យាយ អស់កាលយូរអង្វែងហើយ ក៏នៅតែមិនភ្លឺច្បាស់បាន មន្តដែលមិនស្វាធ្យាយ ចំាបាច់​និយាយថ្វី មានឧបមេយ្យយ៉ាងនោះដែរ។

[៦០២]  ម្នាលព្រាហ្មណ៍ មួយទៀត បុគ្គលមានចិត្ត ដែលព្យាបាទរួបរឹត ដែលព្យាបាទ​គ្របសង្កត់ មិនដឹង មិនឃើញនូវការរលាស់ព្យាបាទ ដែលកើតហើយ ឲ្យច្បាស់ លាស់បានទេ ក្នុងសម័យណា ក្នុងសម័យនោះ រមែងមិនដឹង មិនឃើញនូវប្រយោជន៍ ខ្លួនច្បាស់លាស់ផងនូវប្រយោជន៍អ្នកដទៃផង។បេ។ ក្នុងសម័យនោះ មិនដឹង មិនឃើញ​នូវប្រយោជន៍ទាំង ២ ច្បាស់លាស់ផង ឯមន្តទាំង​ឡាយ បើទុកជា​ស្វា​ធ្យាយ​អស់​កាល​យូរអង្វែង ក៏នៅតែមិនភ្លឺច្បាស់បាន មន្តដែលគេមិនស្វាធ្យាយ ចំា​បាច់​និយាយថ្វី។

[៦០៣]  ម្នាលព្រាហ្មណ៍​ បាត្រដែលពេញដោយទឹក កំពុងតែក្តៅ ពុះពោរដោយ​ភ្លើង មានចំហាយទឹកហុយឡើង បុរសមានភ្នែកភ្លឺ ឆ្លុះមើលស្រមោលមុខរបស់ខ្លួន ក្នុងបាត្រ ដែលដាក់ទឹកនោះ ក៏មិនដឹង មិនឃើញច្បាស់លាស់ឡើយ មានឧបមា​យ៉ាង​ណា​មិញ ។ ម្នាលព្រាហ្មណ៍ បុគ្គលមានចិត្តដែលព្យាបាទរួបរឹត ដែលព្យាបាទគ្របសង្កត់ រមែងមិនដឹង មិនឃើញនូវការរលាស់ព្យាបាទ ដែលកើតហើយ ឲ្យច្បាស់លាស់បាន ក្នុងសម័យណា ក្នុងសម័យនោះ រមែងមិនដឹង មិនឃើញនូវប្រយោជន៍របស់ខ្លួន​ច្បាស់លាស់ផងនូវ​ប្រយោជន៍អ្នកដទៃផង។បេ។ ក្នុងសម័យនោះ មិនដឹង មិនឃើញ​នូវប្រយោជន៍ទាំង ២ ច្បាស់លាស់ផង ឯមន្តទាំង​ឡាយ បើទុកជា​ស្វា​ធ្យាយ ​អស់​កាល​យូរអង្វែង ក៏មិនភ្លឺច្បាស់បាន មន្តដែលមិនស្វាធ្យាយ ចំាបាច់និយាយថ្វី មាន​ឧប​មេយ្យ​យ៉ាងនោះ។

[៦០៤]  ម្នាលព្រាហ្មណ៍ មួយទៀត បុគ្គលមានចិត្តដែលថីនមិទ្ធៈរួបរឹត ដែល​ថីនមិទ្ធៈគ្របសង្កត់ រមែងមិនដឹង មិនឃើញនូវការរលាស់ថីនមិទ្ធៈ ដែលកើតហើយ ឲ្យច្បាស់លាស់បាន ក្នុងសម័យណា ក្នុងសម័យនោះ មិនដឹង មិនឃើញនូវ​ប្រយោជន៍ខ្លួនច្បាស់លាស់ផងនូវប្រយោជន៍អ្នកដទៃផង។ បេ។ ក្នុងសម័យនោះ រមែងមិនដឹង មិនឃើញ​នូវប្រយោជន៍ទាំង ២ ច្បាស់លាស់ផង ឯមន្តទាំង​ឡាយ បើទុកជា​ស្វា​ធ្យាយ​ អស់​កាល​យូរអង្វែង ក៏នៅតែមិនភ្លឺច្បាស់បាន មន្តដែលមិនស្វាធ្យាយ ចំាបាច់​និយាយថ្វី។

[៦០៥]  ម្នាលព្រាហ្មណ៍ បាត្រដែលពេញដោយទឹក មានសារាយ និងចក ត្រៀប​ត្រាជុំជិត បុរសមានភ្នែកភ្លឺ ឆ្លុះមើលស្រមោលមុខរបស់ខ្លួន ក្នុងទឹកនោះ រមែងមិនដឹង មិនឃើញច្បាស់លាស់ឡើយ មានឧបមាដូចម្តេចមិញ។  ម្នាលព្រាហ្មណ៍ បុគ្គលមានចិត្ត ដែលថីនមិទ្ធៈរួបរឹត ដែលថីនមិទ្ធៈគ្របសង្កត់ រមែងមិនដឹង មិនឃើញនូវ​ការ​រលាស់ថីនមិទ្ធៈ ដែលកើតហើយ ឲ្យច្បាស់លាស់បាន ក្នុងសម័យណា ក្នុងសម័យនោះ រមែងមិនដឹង មិនឃើញនូវប្រយោជន៍ខ្លួនច្បាស់លាស់ផងនូវប្រយោជន៍អ្នកដទៃផង។បេ។ ក្នុងសម័យនោះ មិនដឹង មិនឃើញនូវប្រយោជន៍ទាំង ២ ច្បាស់លាស់ផង ឯមន្តទាំង​ឡាយ បើទុកជា​ស្វា​ធ្យាយ​ អស់​កាលយូរអង្វែង ក៏មិនភ្លឺច្បាស់បាន មន្ត​ដែលមិនស្វាធ្យាយ ចំាបាច់និយាយថ្វី មានឧបមេយ្យដូច្នោះដែរ។

[៦០៦]  ម្នាលព្រាហ្មណ៍ មួយទៀត បុគ្គលមានចិត្ត ដែលឧទ្ធច្ចកុក្កុច្ចៈរួបរឹត ដែល​ឧទ្ធច្ចកុក្កុច្ចៈគ្របសង្កត់ រមែងមិនដឹង មិនឃើញនូវការរលាស់ឧទ្ធច្ចកុក្កុច្ចៈ ​ដែល​កើតហើយ ឲ្យច្បាស់លាស់បាន ក្នុងសម័យណា ក្នុងសម័យនោះ មិនដឹង មិនឃើញនូវប្រយោជន៍របស់ខ្លួនច្បាស់លាស់ផងនូវប្រយោជន៍អ្នកដទៃផង។បេ។ ក្នុងសម័យ​នោះ មិនដឹង មិនឃើញ​នូវប្រយោជន៍ ទាំង ២ ច្បាស់លាស់ផង ឯមន្តទាំង​ឡាយ បើទុកជា​ស្វា​ធ្យាយ​ អស់​កាល​យូរអង្វែង ក៏មិនភ្លឺច្បាស់បាន មន្តដែលមិនស្វាធ្យាយ ចំាបាច់​និយាយថ្វី។

[៦០៧]  ម្នាលព្រាហ្មណ៍ បាត្រដែលពេញដោយទឹក ត្រូវខ្យល់បក់បោក រំភើប បែក​កើតជារលក បុរសមានភ្នែកភ្លឺ ឆ្លុះមើលស្រមោលមុខរបស់ខ្លួន ក្នុងទឹកនោះ មិនគប្បីដឹង មិនគប្បីឃើញច្បាស់លាស់បាន មានឧបមាដូចម្តេចមិញ។ ម្នាលព្រាហ្មណ៍ បុគ្គលមានចិត្ត ដែលឧទ្ធច្ចកុក្កុច្ចៈរួបរឹត ដែលឧទ្ធច្ចកុក្កុច្ចៈគ្របសង្កត់ រមែងមិនដឹង មិនឃើញនូវការរលាស់ឧទ្ធច្ចកុក្កុច្ចៈ ដែលកើតហើយ ច្បាស់លាស់ទេ ក្នុងសម័យណា ក្នុងសម័យនោះ មិនដឹង មិនឃើញនូវប្រយោជន៍ខ្លួនច្បាស់លាស់ផងនូវប្រយោជន៍​អ្នកដទៃផង ។ បេ ។ ក្នុងសម័យនោះ រមែងមិនដឹង មិនឃើញ​នូវប្រយោជន៍ទាំង ២ ច្បាស់លាស់ផង ឯមន្តទាំង​ឡាយ បើទុកជា​ស្វា​ធ្យាយ​ អស់​កាល​យូរអង្វែង ក៏មិនភ្លឺ​ច្បាស់បាន មន្តដែលមិនស្វាធ្យាយ ចំាបាច់និយាយថ្វី ក៏មានឧបមេយ្យដូច្នោះដែរ។

[៦០៨]  ម្នាលព្រាហ្មណ៍ មួយវិញទៀត បុគ្គលមានចិត្តដែលវិចិកិច្ឆារួបរឹត ដែល​វិចិកិច្ឆាគ្របសង្កត់ រមែងមិនដឹង មិនឃើញនូវការរលាស់វិចិកិច្ឆា ដែលកើតហើយ ច្បាស់លាស់ទេ ក្នុងសម័យណា ក្នុងសម័យនោះ រមែងមិនដឹង មិនឃើញនូវប្រយោជន៍​ខ្លួនច្បាស់លាស់ផងនូវប្រយោជន៍អ្នកដទៃផង។ បេ។ ក្នុងសម័យនោះ រមែងមិនដឹង មិន​ឃើញនូវប្រយោជន៍ទាំង ២ ច្បាស់លាស់ផង ឯមន្តទាំង​ឡាយ បើទុកជា​ស្វា​ធ្យាយ​អស់​កាល​យូរអង្វែង ក៏មិនភ្លឺច្បាស់បាន មន្តដែលមិនស្វាធ្យាយ ចំាបាច់និយាយថ្វី។

[៦០៩]  ម្នាលព្រាហ្មណ៍ បាត្រដែលពេញដោយទឹកល្អក់ កករ កើតជាកណ្តេង គេទុកដាក់ក្នុងទីងងឹត បុរសមានភ្នែកភ្លឺ ឆ្លុះមើលស្រមោលមុខរបស់ខ្លួន ក្នុងទឹកនោះ មិនគប្បីដឹង មិនគប្បីឃើញច្បាស់លាស់ឡើយ សេចក្តីនេះ មានឧបមាដូចម្តេចមិញ ។ ម្នាលព្រាហ្មណ៍ បុគ្គលមានចិត្ត ដែលវិចិកិច្ឆារួបរឹត ដែលវិចិកិច្ឆាគ្របសង្កត់ហើយ រមែងមិនដឹង មិនឃើញនូវការរលាស់វិចិកិច្ឆា ដែលកើតហើយ ច្បាស់លាស់បាន ក្នុងសម័យណា ក្នុងសម័យនោះ រមែងមិនដឹង មិនឃើញនូវប្រយោជន៍ខ្លួន​ច្បាស់លាស់​ផង ក្នុងសម័យនោះ មិនដឹង មិនឃើញ​នូវប្រយោជន៍អ្នកដទៃច្បាស់លាស់ផង ក្នុង​សម័យនោះ មិនដឹង មិនឃើញនូវប្រយោជន៍ ទាំង ២ ច្បាស់លាស់ផង ឯមន្តទាំង​ឡាយ បើទុកជា​ស្វា​ធ្យាយ​ អស់​កាល​យូរអង្វែង ក៏មិនភ្លឺច្បាស់បាន មន្តដែលមិនស្វាធ្យាយ ចំាបាច់និយាយថ្វី ក៏មានឧបមេយ្យដូច្នោះដែរ។

[៦១០]  ម្នាលព្រាហ្មណ៍ នេះជាហេតុ នេះជាបច្ច័យ បានជាជួនកាលមន្តទាំងឡាយ សូម្បីស្វាធ្យាយ អស់កាលយូរអង្វែងហើយ ក៏មិនភ្លឺច្បាស់បាន មន្តដែលមិនស្វាធ្យាយ​ ចាំ​បាច់និយាយថ្វី។

[៦១១]  ម្នាលព្រាហ្មណ៍ បើសម័យណា បុគ្គលមានចិត្តដែលកាមរាគៈមិនរួបរឹត ដែលកាមរាគៈមិនគ្របសង្កត់ រមែងដឹងច្បាស់ ឃើញច្បាស់នូវការរលាស់​កាមរាគៈ ​ដែលកើតហើយ សម័យនោះ រមែងដឹងច្បាស់ ឃើញច្បាស់នូវប្រយោជន៍​ខ្លួនផង សម័យនោះ រមែងដឹងច្បាស់ ឃើញច្បាស់នូវប្រយោជន៍អ្នកដទៃផង សម័យនោះ រមែងដឹងច្បាស់ ឃើញ​ច្បាស់នូវប្រយោជន៍ ទាំង ២ ផង ឯមន្តទាំង​ឡាយ បើទុកជាមិន​ស្វា​ធ្យាយ​ អស់​កាល​យូរ ក៏គង់ភ្លឺច្បាស់បាន មន្តដែលស្វាធ្យាយ ចំាបាច់​និយាយ​ថ្វី ។

[៦១២]  ម្នាលព្រាហ្មណ៍ បាត្រពេញដោយទឹក មិនលាយល័ក្ខ ឬរមៀត ឬវត្ថុមាន​ពណ៌ខៀវ ឬក៏វត្ថុមានពណ៌ហង្សបាទទេ បុរសមានភ្នែកភ្លឺ ឆ្លុះមើលស្រមោលមុខ​រ​បស់​ខ្លួន ក្នុងទឹកនោះ គប្បីដឹងច្បាស់ ឃើញច្បាស់បាន សេចក្តីនេះ មានឧបមាដូចម្តេចមិញ។ ម្នាល​ព្រាហ្មណ៍ បុគ្គលមានចិត្ត ដែលកាមរាគៈមិនរួបរឹត ដែលកាមរាគៈមិនគ្របសង្កត់ រមែង​ដឹងច្បាស់ ឃើញច្បាស់នូវការរលាស់កាមរាគៈ ដែលកើតហើយ ក្នុងសម័យណា មានឧបមេយ្យ ដូច្នោះដែរ។

[៦១៣]  ម្នាលព្រាហ្មណ៍ មួយទៀត បុគ្គលមានចិត្តដែលព្យាបាទមិនរួបរឹត ដែលព្យាបាទមិនគ្របសង្កត់ រមែងដឹងច្បាស់ ឃើញច្បាស់នូវការរលាស់ព្យាបាទ​ ដែល​កើតហើយ ក្នុងសម័យណា ក្នុងសម័យនោះ រមែងដឹងច្បាស់ ឃើញច្បាស់នូវ​ប្រយោជន៍​ខ្លួនផងនូវប្រ​យោជន៍អ្នកដទៃផង។នូវប្រយោជន៍ទាំង ២ ផង ។ បេ ។ ឯមន្តទាំង​ឡាយ បើទុកជាមិន​ស្វា​ធ្យាយ ​អស់​កាល​យូរ ក៏គង់ភ្លឺច្បាស់បាន  មន្តដែល​ស្វាធ្យាយ ចំាបាច់និយាយថ្វី។

[៦១៤]  ម្នាលព្រាហ្មណ៍ បាត្រពេញដោយទឹកមិនក្តៅ មិនពុះពោរដោយភ្លើង មិន មានចំហាយទឹកហុយឡើងទេ បុរសមានភ្នែកភ្លឺ ឆ្លុះមើលស្រមោលមុខរបស់ខ្លួន ក្នុងទឹកនោះ គប្បីដឹងច្បាស់ ឃើញច្បាស់បាន យ៉ាងណាមិញ ។ ម្នាលព្រាហ្មណ៍ បុគ្គល​មាន​ចិត្ត​ដែលព្យាបាទមិនរួបរឹត ដែលព្យាបាទមិនគ្របសង្កត់ រមែងដឹងច្បាស់ ឃើញច្បាស់នូវការរលាស់ព្យាបាទ ដែលកើតហើយ ក្នុងសម័យណា ក្នុងសម័យនោះ រមែងដឹងច្បាស់ ឃើញច្បាស់នូវប្រយោជន៍ខ្លួនផងនូវប្រយោជន៍អ្នកដទៃផង ។នូវប្រយោជន៍ ទាំង ២ ផង ។ បេ ។ ឯមន្តទាំងឡាយ បើទុកជាមិនស្វាធ្យាយ អស់កាលយូរ ក៏គង់ភ្លឺ​ច្បាស់បាន មន្តដែលស្វាធ្យាយ ចាំបាច់និយាយថ្វី យ៉ាងនោះដែរ។

[៦១៥]  ម្នាលព្រាហ្មណ៍ មួយទៀត បុគ្គលមានចិត្តដែលថីនមិទ្ធៈមិនរួបរឹត ដែល​ថីនមិទ្ធៈមិនគ្របសង្កត់ រមែងដឹងច្បាស់ ឃើញច្បាស់នូវការរលាស់ថីនមិទ្ធៈ ដែល​កើតហើយ ក្នុងសម័យណា ក្នុងសម័យនោះ រមែងដឹងច្បាស់ ឃើញច្បាស់នូវ​ប្រយោជន៍ខ្លួនផងនូវប្រ​យោជន៍អ្នកដទៃផង។នូវប្រយោជន៍ទាំង ២ ផង។ បេ ។ ឯ​មន្តទាំង​ឡាយ បើទុកជា​មិនស្វា​ធ្យាយ​អស់​កាល​យូរ ក៏គង់ភ្លឺច្បាស់បាន មន្តដែល​ស្វាធ្យាយ ចំាបាច់និយាយថ្វី។

[៦១៦]  ម្នាលព្រាហ្មណ៍ បាត្រដែលពេញដោយទឹក មិនមានសារាយ និងចក​ត្រៀបត្រា ជុំជិតទេ បុរសមានភ្នែកភ្លឺ ឆ្លុះមើលស្រមោលមុខរបស់ខ្លួន ក្នុងទឹកនោះ គប្បីដឹងច្បាស់ ឃើញច្បាស់បាន មានឧបមាដូចម្តេចមិញ ។ ម្នាលព្រាហ្មណ៍​បុគ្គលមានចិត្ត ដែល​ថីនមិទ្ធៈមិនរួបរឹត ដែលថីនមិទ្ធៈមិនគ្របសង្កត់ រមែងដឹងច្បាស់ ឃើញច្បាស់នូវការរលាស់ថីនមិទ្ធៈ ដែលកើតហើយ ក្នុងសម័យណា ក្នុងសម័យនោះ រមែងដឹងច្បាស់ ឃើញច្បាស់នូវប្រយោជន៍ខ្លួនផងនូវប្រ​យោជន៍អ្នកដទៃផង ។នូវ​ប្រយោជន៍ទាំង ២ ផង ។ បេ ។ ឯមន្តទាំង​ឡាយ បើទុកជា​មិនស្វា​ធ្យាយ ​អស់​កាល​យូរ ក៏គង់ភ្លឺច្បាស់បាន  មន្តដែលស្វាធ្យាយ ចំាបាច់និយាយថ្វី មានឧបមេយ្យដូច្នោះដែរ។

[៦១៧]  ម្នាលព្រាហ្មណ៍ មួយទៀត បុគ្គលមានចិត្តដែលឧទ្ធច្ចកុក្កុច្ចៈមិនរួបរឹត ដែល​ឧទ្ធច្ចកុក្កុច្ចៈមិនគ្របសង្កត់ រមែងដឹងច្បាស់ ឃើញច្បាស់នូវការរលាស់ឧទ្ធច្ចកុក្កុច្ចៈ​ដែលកើតហើយ ក្នុងសម័យណា ក្នុងសម័យនោះ រមែងដឹងច្បាស់ ឃើញច្បាស់នូវប្រយោជន៍ខ្លួនផងនូវប្រ​យោជន៍អ្នកដទៃផង ។នូវប្រយោជន៍ទាំង ២ ផង។បេ។ ឯ​មន្តទាំង​ឡាយ បើទុកជា​មិនស្វា​ធ្យាយ​ អស់​កាល​យូរ ក៏គង់ភ្លឺច្បាស់បាន មន្តដែល​ស្វាធ្យាយ ចំាបាច់និយាយថ្វី។

[៦១៨]  ម្នាលព្រាហ្មណ៍ បាត្រដែលពេញដោយទឹក មិនត្រូវខ្យល់បក់បោក មិនរំភើប មិនបែក មិនកើតទៅជារលកទេ បុរសមានភ្នែកភ្លឺ ឆ្លុះមើលស្រមោលមុខរបស់ខ្លួន ក្នុងទឹកនោះ គប្បីដឹងច្បាស់ ឃើញច្បាស់បាន  មានឧបមាដូចម្តេចមិញ។ ម្នាល​ព្រាហ្មណ៍ បុគ្គលមានចិត្ត ដែលឧទ្ធច្ចកុក្កុច្ចៈមិនរួបរឹត ដែលឧទ្ធច្ចកុក្កុច្ចៈមិនគ្របសង្កត់ រមែងដឹងច្បាស់ ឃើញច្បាស់នូវការរលាស់ឧទ្ធច្ចកុក្កុច្ចៈ ដែលកើតហើយ ក្នុង​សម័យណា ក្នុងសម័យនោះ រមែងដឹងច្បាស់ ឃើញច្បាស់នូវប្រយោជន៍ខ្លួនផងនូវប្រ​យោជន៍អ្នកដទៃផង ។នូវប្រយោជន៍ទាំង ២ ផង ។ បេ ។ ឯមន្តទាំង​ឡាយ បើទុកជា​មិនស្វា​ធ្យាយ​អស់​កាល​យូរ ក៏គង់ភ្លឺច្បាស់បាន  មន្តដែលស្វាធ្យាយ ចំាបាច់និយាយថ្វី មានឧបមេយ្យដូច្នោះដែរ ។

[៦១៩]  ម្នាលព្រាហ្មណ៍ មួយទៀត បុគ្គលមានចិត្តដែលវិចិកិច្ឆាមិនរួបរឹត ដែលវិចិកិច្ឆាមិនគ្របសង្កត់ រមែងដឹងច្បាស់ ឃើញច្បាស់នូវការរលាស់វិចិកិច្ឆា​ដែល​កើត​ហើយ ក្នុងសម័យណា ក្នុងសម័យនោះ រមែងដឹងច្បាស់ ឃើញច្បាស់នូវ​ប្រយោជន៍ខ្លួនផង ក្នុងសម័យនោះ រមែងដឹងច្បាស់ ឃើញច្បាស់នូវ​ប្រ​យោជន៍​អ្នក​ដទៃផង ក្នុងសម័យនោះ រមែងដឹងច្បាស់ ឃើញច្បាស់នូវប្រយោជន៍ទាំង ២ ផង។បេ។

[៦២០]  ម្នាលព្រាហ្មណ៍ បាត្រដែលពេញដោយទឹកថ្លា ស្អាតមិនល្អក់ គេទុកដាក់​ក្នុងកន្លែង​ភ្លឺ បុរសមានភ្នែកភ្លឺ ឆ្លុះមើលស្រមោលមុខរបស់ខ្លួន ក្នុងទឹកនោះ គប្បីដឹងច្បាស់ ឃើញច្បាស់បាន មានឧបមាដូចម្តេចមិញ ។ ម្នាលព្រាហ្មណ៍ បុគ្គល​មាន​ចិត្ត​ដែល​វិចិកិច្ឆា​មិនរួបរឹត ដែលវិចិកិច្ឆាមិនគ្របសង្កត់ រមែងដឹងច្បាស់ ឃើញច្បាស់នូវការ​រលាស់វិចិកិច្ឆា ដែលកើតហើយ ក្នុងសម័យណា ក្នុងសម័យនោះ រមែងដឹងច្បាស់ ឃើញច្បាស់នូវប្រយោជន៍​ខ្លួនផង ក្នុងសម័យនោះ រមែងដឹងច្បាស់ ឃើញច្បាស់នូវប្រ​យោជន៍​អ្នកដទៃផង ក្នុងសម័យនោះ រមែងដឹងច្បាស់ ឃើញច្បាស់នូវប្រយោជន៍ទាំង ២ ផង។ ឯមន្តទាំង​ឡាយ បើទុកជា​មិនស្វា​ធ្យាយ​អស់​កាល​យូរ ក៏គង់ភ្លឺច្បាស់បាន មន្តដែលស្វាធ្យាយ ចំាបាច់និយាយថ្វី មានឧបមេយ្យដូច្នោះដែរ ។

[៦២១]  ម្នាលព្រាហ្មណ៍ នេះឯងជាហេតុ នេះឯងជាបច្ច័យ ដែលជួនណា មន្តទាំង​ឡាយ បើទុកជាមិនស្វាធ្យាយ អស់កាលយូរ​ ក៏គង់ភ្លឺច្បាស់បាន មន្តដែលស្វាធ្យាយ ចំាបាច់និយាយថ្វី ។

[៦២២]  ម្នាលព្រាហ្មណ៍ ពោជ្ឈង្គទាំង ៧ នេះឯង ជាធម៌មិនរារាំង មិនបាំងបិទ​មិនមានគ្រឿងសៅហ្មងចិត្ត បើអប់រំបន្ទុំឲ្យច្រើនហើយ តែងប្រព្រឹត្តទៅ ដើម្បីធ្វើឲ្យ​ជាក់ច្បាស់នូវផលនៃវិជ្ជា និងវិមុត្តិ។ ពោជ្ឈង្គ ទាំង ៧ តើដូចម្តេចខ្លះ។ ម្នាលព្រាហ្មណ៍ សតិសម្ពោជ្ឈង្គ ជាធម៌​មិនរារាំង មិនបិទបាំង មិនមានគ្រឿងសៅហ្មងចិត្ត បើអប់រំ​បន្ទុំឲ្យ​ច្រើនហើយ តែងប្រព្រឹត្តទៅ ដើម្បីធ្វើឲ្យ​ជាក់ច្បាស់នូវផលនៃវិជ្ជា និងវិមុត្តិ។បេ។ ម្នាលព្រាហ្មណ៍ ឧបេក្ខា​​សម្ពោជ្ឈង្គ ជាធម៌មិនរារាំង មិនបាំងបិទ មិនមានគ្រឿង​សៅហ្មងចិត្ត បើអប់រំ​បន្ទុំ​ឲ្យច្រើនហើយ តែងប្រព្រឹត្តទៅ ដើម្បីធ្វើឲ្យ​ជាក់ច្បាស់នូវ​ផលនៃវិជ្ជា និងវិមុត្តិ។ ម្នាល​ព្រាហ្មណ៍ ពោជ្ឈង្គ ទាំង ៧ នេះហើយ ដែលជាធម៌មិនរារាំង មិនបាំងបិទ មិនមានគ្រឿងសៅហ្មងចិត្ត ដែលអប់រំ​បន្ទុំ​ហើយ តែងប្រព្រឹត្ត​ទៅ ដើម្បីធ្វើឲ្យ​ជាក់ច្បាស់នូវផលនៃវិជ្ជា និងវិមុត្តិ ។

[៦២៣]  កាលដែលព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ សគារវ​ព្រាហ្មណ៍ បានក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះគោតមដ៏ចំរើន ពីរោះណាស់។ បេ។ សូមព្រះគោតមដ៏ចំរើន ចាំទុកនូវខ្ញុំព្រះអង្គ ថាជា​ឧបាសក ដល់នូវសរណគមន៍ ស្មើដោយ​ជីវិត ចាប់តាំងអំពីថ្ងៃនេះតទៅ។

[៦២៤]  ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយព្រះដ៏មានព្រះភាគ ទ្រង់សម្រេច​ព្រះឥរិយាបថលើភ្នំគិជ្ឈកូដ ទៀបក្រុងរាជគ្រឹះ។ គ្រានោះឯង អភយរាជកុមារស្តេច​ចូលទៅ​គាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ក៏ថ្វាយបង្គំព្រះដ៏មានព្រះភាគ រួចគង់ក្នុងទីដ៏សមគួរ។ លុះអភយរាជកុមារ គង់ក្នុងទីដ៏សមគួរហើយ ទើបទ្រង់​ត្រាស់សួរព្រះដ៏មានព្រះភាគ ដូច្នេះថា

[៦២៥]  បពិត្រព្រះអង្គដ៏ចំរើន បូរណកស្សប បាននិយាយយ៉ាងនេះថា ហេតុបច្ច័យនៃការមិនដឹង មិនឃើញ មិនមានឡើយ ការមិនដឹង មិនឃើញ ឥត​មានហេតុ ឥតមាន​បច្ច័យទេ។ ហេតុបច្ច័យនៃការដឹង ការឃើញ មិនមានឡើយ  ការ​ដឹង ការឃើញ ឥត​មាន​ហេតុ ឥតមានបច្ច័យទេ។ ចុះព្រះអង្គ ទ្រង់ត្រាស់ក្នុងសេចក្តីនេះ ថា​ដូចម្តេច។

[៦២៦]  ម្នាលរាជកុមារ ហេតុបច្ច័យនៃការមិនដឹង មិនឃើញ រមែងមាន ការមិន​ដឹង មិនឃើញ រមែងមានហេតុ មានបច្ច័យ។ ម្នាលរាជកុមារ ហេតុបច្ច័យនៃការដឹង ការឃើញ មាន ការដឹង ការឃើញ រមែងមានហេតុ មានបច្ច័យ។

[៦២៧]  បពិត្រព្រះអង្គដ៏ចំរើន ហេតុ បច្ច័យនៃការមិនដឹង មិនឃើញ តើដូច​ម្តេច។ ការមិនដឹង មិនឃើញ រមែងមានហេតុ មានបច្ច័យ ដូចម្តេច។

[៦២៨]  ម្នាលរាជកុមារ ក្នុងសម័យដែលបុគ្គលមានចិត្ត ដែលកាមរាគៈរួបរឹត ដែលកាមរាគៈគ្របសង្កត់ រមែងមិនដឹង មិនឃើញច្បាស់នូវការរលាស់កាមរាគៈ ដែល កើតហើយ។ ម្នាលរាជកុមារ នេះឯង ជាហេតុ នេះជាបច្ច័យនៃការមិនដឹង មិនឃើញ។ ការមិនដឹង មិនឃើញ រមែងមានហេតុ មានបច្ច័យ យ៉ាងនេះ។

[៦២៩]  ម្នាលរាជកុមារ មួយទៀត ក្នុងសម័យដែលបុគ្គលមានចិត្ត ដែលព្យាបាទ រួបរឹត ដែលព្យាបាទគ្របសង្កត់ រមែងមិនដឹង មិនឃើញច្បាស់នូវការរលាស់ព្យាបាទ ដែលកើតហើយ។ ម្នាលរាជកុមារ នេះឯង ជាហេតុ នេះឯងជាបច្ច័យនៃការមិនដឹង មិនឃើញ។ ការមិនដឹង មិនឃើញ រមែងមានហេតុ មានបច្ច័យ យ៉ាងនេះ។

[៦៣០]  ម្នាលរាជកុមារ មួយទៀត ក្នុងសម័យដែលបុគ្គលមានចិត្ត ដែលថីនមិទ្ធៈ​រួបរឹត។

[៦៣១]  បុគ្គលមានចិត្ត ដែលឧទ្ធច្ចកុក្កុច្ចៈរួបរឹត។

[៦៣២]  បុគ្គលមានចិត្ត ដែលវិចិកិច្ឆារួបរឹត ដែលវិចិកិច្ឆាគ្របសង្កត់ រមែងមិន​ដឹង មិនឃើញច្បាស់នូវការរលាស់វិចិកិច្ឆា ដែលកើតហើយទេ។ ម្នាលរាជកុមារ នេះឯងជាហេតុ នេះឯងជាបច្ច័យនៃការមិនដឹង មិនឃើញ។ ការមិនដឹង មិនឃើញ រមែងមានហេតុ មានបច្ច័យ យ៉ាងនេះឯង។

[៦៣៣]  បពិត្រព្រះអង្គដ៏ចំរើន ធម្មបរិយាយនេះ តើឈ្មោះដូចម្តេច។ ម្នាលរាជ​​កុមារ ធម្មបរិយាយទាំងនុ៎ះ ឈ្មោះថា នីវរណៈ ។ បពិត្រព្រះដ៏មានព្រះភាគ ឲ្យ​ឈ្មោះថា នីវរណៈ សមហើយ បពិត្រព្រះសុគត ឲ្យឈ្មោះថា នីវរណៈ សមហើយ បពិត្រព្រះអង្គដ៏ចំរើន សូម្បី​បុគ្គល ដែលមានតែនីវរណៈមួយ ៗ គ្របសង្កត់ គង់មិនគប្បីដឹង មិនគប្បីឃើញ​ច្បាស់​ទៅ​ហើយ នឹងបាច់និយាយថ្វី ដល់ទៅនីវរណៈ​ធម៌ ទាំង ៥ គ្របសង្កត់។

[៦៣៤]  បពិត្រព្រះអង្គដ៏ចំរើន ចុះហេតុ បច្ច័យនៃការដឹង ការឃើញ តើដូចម្តេច។ ការដឹង ការឃើញ រមែងមានហេតុ មានបច្ច័យ ដូចម្តេច។

[៦៣៥]  ម្នាលរាជកុមារ ភិក្ខុក្នុងសាសនានេះ  ចំរើនសតិសម្ពោជ្ឈង្គ ដែល​អាស្រ័យ​​នូវ​សេចក្តីស្ងប់ស្ងាត់ អាស្រ័យនូវការប្រាសចាករាគៈ អាស្រ័យនូវការរលត់ បង្អោនទៅ​កាន់​សេចក្តី​លះបង់។ ភិក្ខុនោះ  ចំរើនសតិសម្ពោជ្ឈង្គ ក៏ដឹងច្បាស់ ឃើញ​ច្បាស់ ដោយសារ​ចិត្តនោះ។ ម្នាលរាជកុមារ នេះឯងជាហេតុ នេះឯងជាបច្ច័យនៃការដឹង ការឃើញ។ ការដឹង ការឃើញ រមែងមានហេតុ មានបច្ច័យ យ៉ាងនេះ។

[៦៣៦]  ម្នាលរាជកុមារ មួយទៀត ភិក្ខុ ។ បេ។  ចំរើនឧបេក្ខាសម្ពោជ្ឈង្គ ដែល​​អាស្រ័យ​នូវសេចក្តីស្ងប់ស្ងាត់ អាស្រ័យនូវការប្រាសចាករាគៈ អាស្រ័យនូវការរលត់ បង្អោនទៅកាន់សេចក្តីលះបង់។ ភិក្ខុនោះ ចំរើនឧបេក្ខាសម្ពោជ្ឈង្គ ក៏ដឹងច្បាស់ ឃើញ​ច្បាស់ ដោយសារចិត្តនោះ។ ម្នាលរាជកុមារ នេះឯងជាហេតុ នេះឯងជាបច្ច័យនៃការ​ដឹង​ ការឃើញ។ ការដឹង ការឃើញ រមែងមានហេតុ មានបច្ច័យ យ៉ាងនេះ។

[៦៣៧]  បពិត្រព្រះអង្គដ៏ចំរើន ធម្មបរិយាយនេះ តើឈ្មោះដូចម្តេច។ ម្នាលរាជ​កុមារ ធម្មបរិយាយទាំងនេះ ឈ្មោះថា ពោជ្ឈង្គ ។ បពិត្រព្រះដ៏មានព្រះភាគ ឈ្មោះ​ថា​ពោជ្ឈង្គសមហើយ បពិត្រព្រះសុគត ឈ្មោះពោជ្ឈង្គ សមហើយ បពិត្រអង្គ​ដ៏​ចំរើន​ សូម្បី​បុគ្គល ដែលប្រកបដោយពោជ្ឈង្គមួយ ៗ​ ក៏គប្បីដឹងច្បាស់ ឃើញច្បាស់ទៅហើយ នឹងចាំបាច់និយាយថ្វី ដល់ទៅបុគ្គល ប្រកបដោយពោជ្ឈង្គ ទាំង ៧។ បពិត្រព្រះអង្គដ៏ចំរើន កាលខ្ញុំព្រះអង្គឡើងភ្នំគិជ្ឈកូដ ក៏មានសេចក្តីលំបាកកាយ លំបាកចិត្ត (ឥឡូវ) ខ្ញុំព្រះអង្គ បានរម្ងាប់សេចក្តីលំបាកកាយ និងលំបាកចិត្តនោះហើយ ទាំងធម៌ ខ្ញុំព្រះអង្គ ក៏បានត្រាស់ដឹងច្បាស់ហើយ។

មានឧទានថា

គឺនិយាយអំពីអាហារ អំពីបរិយាយ អំពីភ្លើង អំពីផ្សាយមេត្តា អំពីរឿង​សគារវព្រាហ្មណ៍ អំពីរឿងអភយរាជកុមារ សួរប្រស្នានាភ្នំគិជ្ឈកូដ។

ចប់ ពោជ្ឈង្គសំយុត្ត ពោជ្ឈង្គឆដ្ឋក ទី៦។

ពោជ្ឈង្គ អានាបានាទិបេយ្យាល

[៦៣៨]  សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ អដ្ឋិកសញ្ញា [ការសំគាល់ថា រាងឆ្អឹង ៗ ហៅថា អដ្ឋិកសញ្ញា។]  ដែលបុគ្គលបានចំរើន​ហើយ បានធ្វើឲ្យច្រើនហើយ រមែង​មាន​ផលច្រើន មានអានិសង្សច្រើន។ ម្នាលភិក្ខុទាំងឡាយ អដ្ឋិកសញ្ញា ដែលបុគ្គល​បានចំរើន​ហើយ ដូចម្តេច បានធ្វើឲ្យច្រើនហើយ​ដូចម្តេច ទើបជាគុណជាតិមានផលច្រើន មានអានិសង្សច្រើន។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ  ចំរើនសតិសម្ពោជ្ឈង្គ ប្រកប​ដោយ​​អដ្ឋិក​សញ្ញា ដែល​អា​ស្រ័យ​នូវសេចក្តីស្ងប់ស្ងាត់ អាស្រ័យនូវសេចក្តីប្រាសចាកតម្រេក អាស្រ័យ​នូវ​​សេចក្តី​រលត់ បង្អោនទៅកាន់សេចក្តីលះបង់។ បេ។ ចំរើនឧបេក្ខាសម្ពោជ្ឈង្គ ប្រកបដោយ​អដ្ឋិកសញ្ញា ដែល​អា​ស្រ័យ​នូវសេចក្តីស្ងប់ស្ងាត់ អាស្រ័យនូវសេចក្តី​ប្រាសចាកតម្រេក អាស្រ័យ​នូវ​​សេចក្តី​រលត់ បង្អោនទៅកាន់សេចក្តីលះបង់។ ម្នាលភិក្ខុ​ទាំងឡាយ អដ្ឋិកសញ្ញា ដែលបុគ្គលបានចំរើនហើយ យ៉ាងនេះ បានធ្វើឲ្យច្រើនហើយ យ៉ាងនេះ ទើបជាគុណជាតិមានផលច្រើន មានអានិសង្សច្រើន។

[៦៣៩]  សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ កាលបើអដ្ឋិកសញ្ញា ដែល​បុគ្គល​បានចំរើនហើយ បានធ្វើឲ្យច្រើនហើយ បណ្តាផលទាំង ២ ផលណាមួយ ក៏កើតជាក់​ស្តែង គឺនឹងបានអរហត្តផល ក្នុងបច្ចុប្បន្ន ឬបើឧបាទាននៅមានសេសសល់ ក៏គង់នឹងបាន​​អនាគាមិផលដែរ។ ម្នាលភិក្ខុទាំងឡាយ ចុះអដ្ឋិកសញ្ញា ដែលបុគ្គលបានចំរើន​ហើយ ​ដូចម្តេច បានធ្វើឲ្យច្រើនហើយ ដូចម្តេច ទើបបណ្តាផលទាំង ២ ផលណាមួយ​ក៏កើត​ជាក់ស្តែង គឺនឹងបានអរហត្តផល ក្នុង​បច្ចុប្បន្ន ឬបើឧបាទាន នៅមានសេសសល់ ក៏គង់បានអនាគាមិផលដែរ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចំរើន​សតិសម្ពោជ្ឈង្គ ប្រកបដោយអដ្ឋិកសញ្ញា។ បេ។ ចំរើនឧបេក្ខាសម្ពោជ្ឈង្គ ដែល​អាស្រ័យ​នូវ​សេចក្តីស្ងប់ស្ងាត់ អាស្រ័យនូវសេចក្តី​ប្រាសចាកតម្រេក អាស្រ័យ​នូវការរលត់ បង្អោនទៅកាន់​សេចក្តីលះបង់។ ម្នាលភិក្ខុ​ទាំងឡាយ កាលបើអដ្ឋិកសញ្ញា ដែលបុគ្គលបានចំរើន យ៉ាងនេះហើយ បានធ្វើឲ្យច្រើនយ៉ាងនេះហើយ ទើបបណ្តា​ផលទាំង ២ ផលណាមួយ ក៏កើតជាក់ស្តែង គឺនឹងបាន​អរហត្តផល ក្នុងបច្ចុប្បន្ន ឬបើឧបាទាន នៅមានសេសសល់ ក៏គង់បានអនាគាមិផលដែរ។

[៦៤០]  សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ អដ្ឋិសញ្ញា ដែលបុគ្គលបានចំរើន​ហើយ បានធ្វើឲ្យច្រើនហើយ រមែងប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ដ៏ធំ។ ម្នាលភិក្ខុទាំង​ឡាយ អដ្ឋិកសញ្ញា ដែលបុគ្គលបានចំរើនហើយ បានធ្វើឲ្យច្រើនហើយ រមែង​ប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ដ៏ធំ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចំរើនសតិ​សម្ពោជ្ឈង្គ ប្រកបដោយអដ្ឋិកសញ្ញា។ បេ ។  ចំរើនឧបេក្ខាសម្ពោជ្ឈង្គ ប្រកបដោយអដ្ឋិកសញ្ញា ដែលអាស្រ័យនូវសេចក្តីស្ងប់ស្ងាត់ អាស្រ័យនូវសេចក្តីប្រាស​ចាក​តម្រេក អាស្រ័យនូវការរលត់ បង្អោនទៅកាន់ការលះបង់។ ម្នាលភិក្ខុ​ទាំងឡាយ អដ្ឋិកសញ្ញា ដែលបុគ្គលបានចំរើនយ៉ាងនេះហើយ បានធ្វើឲ្យច្រើន​យ៉ាងនេះហើយ ប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ដ៏ធំ។

[៦៤១] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ អដ្ឋិសញ្ញា ដែលបុគ្គលបានចំរើន​ហើយ បានធ្វើឲ្យច្រើនហើយ រមែងប្រព្រឹត្តទៅ ដើម្បីក្សេម ចាកយោគៈដ៏ធំ។ ម្នាលភិក្ខុ​ទាំង​ឡាយ អដ្ឋិកសញ្ញា ដែលបុគ្គលបានចំរើនហើយ ដូចម្តេច បានធ្វើឲ្យច្រើនហើយ ដូចម្តេច ទើបប្រព្រឹត្តទៅ ដើម្បីក្សេម ចាកយោគៈដ៏ធំ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ​ក្នុង​សាសនានេះ  ចំរើនសតិ​សម្ពោជ្ឈង្គ ប្រកបដោយអដ្ឋិកសញ្ញា។ បេ។ ចំរើន​ឧបេក្ខាសម្ពោជ្ឈង្គ ប្រកបដោយអដ្ឋិកសញ្ញា ដែលអាស្រ័យនូវសេចក្តីស្ងប់ស្ងាត់ អាស្រ័យនូវសេចក្តីប្រាស​ចាកតម្រេក អាស្រ័យនូវការរលត់ បង្អោនទៅកាន់ការ​លះបង់។ ម្នាលភិក្ខុ​ទាំងឡាយ អដ្ឋិកសញ្ញា ដែលបុគ្គលបានចំរើនយ៉ាងនេះហើយ បានធ្វើឲ្យច្រើន​យ៉ាងនេះហើយ  រមែងប្រព្រឹត្តទៅ ដើម្បីក្សេមចាកយោគៈដ៏ធំ។

[៦៤២]  សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ អដ្ឋិកសញ្ញា ដែលបុគ្គលបានចំរើន​ហើយ បានធ្វើឲ្យច្រើនហើយ រមែងប្រព្រឹត្តទៅ ដើម្បីសេចក្តីសំវេគដ៏ធំ។ ម្នាលភិក្ខុ​ទាំងឡាយ ចុះអដ្ឋិកសញ្ញា ដែលបុគ្គលបានចំរើនហើយ ដូចម្តេច បានធ្វើឲ្យច្រើនហើយ​ដូចម្តេច ដែលប្រព្រឹត្តទៅ ដើម្បីសេចក្តីសំវេគដ៏ធំ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុង​សាសនានេះ  ចំរើនសតិសម្ពោជ្ឈង្គ ប្រកបដោយអដ្ឋិកសញ្ញា។ បេ។ ចំរើនឧបេក្ខា​សម្ពោជ្ឈង្គ ប្រកបដោយអដ្ឋិកសញ្ញា ដែលអាស្រ័យនូវសេចក្តីស្ងប់ស្ងាត់ អាស្រ័យនូវ​សេចក្តី​ប្រាសចាកតម្រេក អាស្រ័យនូវការរលត់ បង្អោនទៅកាន់ការលះបង់។ ម្នាល​ភិក្ខុទាំងឡាយ អដ្ឋិកសញ្ញា ដែលបុគ្គលបានចំរើនយ៉ាងនេះហើយ បានធ្វើឲ្យច្រើនយ៉ាងនេះ​ហើយ ប្រព្រឹត្តទៅ ដើម្បីសេចក្តីសំវេគដ៏ធំ។

[៦៤៣]  សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ អដ្ឋិកសញ្ញា ដែលបុគ្គលបានចំរើនហើយ បានធ្វើឲ្យច្រើនហើយ រមែងប្រព្រឹត្តទៅ​ ដើម្បីការនៅជាសុខដ៏ធំ។ ម្នាលភិក្ខុទាំងឡាយ ចុះអដ្ឋិកសញ្ញា ដែលបុគ្គលបានចំរើនហើយ ដូចម្តេច បានធ្វើឲ្យច្រើនហើយ​ដូចម្តេច រមែងប្រព្រឹត្តទៅ ដើម្បីការនៅជាសុខដ៏ធំ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុង​សាសននេះ  ចំរើនសតិសម្ពោជ្ឈង្គ ប្រកបដោយអដ្ឋិកសញ្ញា។ ប។  ចំរើនឧបេក្ខា​សម្ពោជ្ឈង្គ ប្រកបដោយអដ្ឋិកសញ្ញា ដែលអាស្រ័យនូវសេចក្តីស្ងប់ស្ងាត់ អា​ស្រ័យ​នូវ​សេចក្តីប្រាសចាកតម្រេក អាស្រ័យនូវការ​រលត់ បង្អោនទៅកាន់ការលះបង់។ ម្នាល​ភិក្ខុ​ទាំងឡាយ អដ្ឋិកសញ្ញា ដែលបុគ្គលបានចំរើន យ៉ាងនេះហើយ បានធ្វើឲ្យច្រើន​យ៉ាង​នេះហើយ ប្រព្រឹត្តទៅ ដើម្បីការនៅជាសុខដ៏ធំ។

[៦៤៤]  ម្នាលភិក្ខុទាំងឡាយ បុឡវកសញ្ញា ដែលបុគ្គលចំរើនហើយ។ បេ។

[៦៤៥]  ម្នាលភិក្ខុទាំងឡាយ វិនីលកសញ្ញា។

[៦៤៦]  ម្នាលភិក្ខុទាំងឡាយ វិច្ឆិទ្ទកសញ្ញា។

[៦៤៧]  ម្នាលភិក្ខុទាំងឡាយ ឧទ្ធុមាតសញ្ញា។

[៦៤៨]  ម្នាលភិក្ខុទាំងឡាយ មេត្តា ដែលបុគ្គលបានចំរើនហើយ។

[៦៤៩]  ម្នាលភិក្ខុទាំងឡាយ ករុណា ដែលបុគ្គលបានចំរើនហើយ។

[៦៥០]  ម្នាលភិក្ខុទាំងឡាយ មុទិតា ដែលបុគ្គលបានចំរើនហើយ។

[៦៥១]  ម្នាលភិក្ខុទាំងឡាយ ឧបេក្ខា ដែលបុគ្គលបានចំរើនហើយ។

[៦៥២]  ម្នាលភិក្ខុទាំងឡាយ អានាបានស្សតិ ដែលបុគ្គលបានចំរើនហើយ។

[៦៥៣]  ម្នាលភិក្ខុទាំងឡាយ អសុភសញ្ញា ដែលបុគ្គលបានចំរើនហើយ។

[៦៥៤]  ម្នាលភិក្ខុទាំងឡាយ មរណសញ្ញា ដែលបុគ្គលបានចំរើនហើយ។

[៦៥៥]  ម្នាលភិក្ខុទាំងឡាយ អាហារេបដិកូលសញ្ញា។

[៦៥៦]  ម្នាលភិក្ខុទាំងឡាយ សព្វលោកេ អនភិរតសញ្ញា។

[៦៥៧]  ម្នាលភិក្ខុទាំងឡាយ អនិច្ចសញ្ញា។

[៦៥៨]  ម្នាលភិក្ខុទាំងឡាយ អនិច្ចេ ទុក្ខសញ្ញា។

[៦៥៩]  ម្នាលភិក្ខុទាំងឡាយ ទុក្ខេ អនត្តសញ្ញា។

[៦៦០]  ម្នាលភិក្ខុទាំងឡាយ បហានសញ្ញា។

[៦៦១]  ម្នាលភិក្ខុទាំងឡាយ វិរាគសញ្ញា។

[៦៦២]  ម្នាលភិក្ខុទាំងឡាយ និរោធសញ្ញា ដែលបុគ្គលបានចំរើនហើយ បានធ្វើឲ្យច្រើន​ហើយ ជាគុណជាតិ រមែងមានផលច្រើន មានអានិសង្សច្រើន។ ម្នាលភិក្ខុ​ទាំង​ឡាយ ចុះនិរោធ​សញ្ញា ដែលបុគ្គលបានចំរើនហើយ ដូចម្តេច បានធ្វើឲ្យច្រើន​ហើយ ដូចម្តេច ទើបជាគុណជាតិ មានផលច្រើន មានអានិសង្សច្រើន។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចំរើនសតិសម្ពោជ្ឈង្គ ប្រកបដោយនិរោធសញ្ញា។បេ។ ចំរើន​ឧបេក្ខាសម្ពោជ្ឈង្គ ប្រកបដោយនិរោធសញ្ញា អាស្រ័យនូវ​សេចក្តីស្ងប់ស្ងាត់ អាស្រ័យនូវ​សេចក្តីប្រាសចាកតម្រេក អាស្រ័យនូវការរលត់ បង្អោនទៅកាន់ការលះបង់។ ម្នាលភិក្ខុ​ទាំង​ឡាយ និរោធសញ្ញា ដែលបុគ្គលបានចំរើន​យ៉ាង​នេះ​ហើយ បានធ្វើឲ្យច្រើនយ៉ាងនេះហើយ ជាគុណជាតិ មានផលច្រើន មាន​អានិសង្សច្រើន។

[៦៦៣]  ម្នាលភិក្ខុទាំងឡាយ កាលបើនិរោធសញ្ញា ដែលបុគ្គលបានចំរើន​ហើយ បានធ្វើឲ្យច្រើនហើយ បណ្តាផលទាំង ២ ផលណាមួយ ក៏កើតជាក់ស្តែង គឺបាន​អរហត្តផល ក្នុងបច្ចុប្បន្ន ឬបើឧបាទាននៅមានសេសសល់ ក៏គង់បានអនាគាមិផល​ដែរ។ ម្នាលភិក្ខុ​ទាំងឡាយ ចុះនិរោធសញ្ញា ដែលបុគ្គលបានចំរើនហើយ ដូចម្តេច បានធ្វើឲ្យច្រើនហើយ ដូចម្តេច ទើបបណ្តាផលទាំង ២ ផលណាមួយ ក៏កើតជាក់ស្តែង គឺបានអរហត្តផល ក្នុង​បច្ចុប្បន្ន ឬបើឧបាទាន នៅមានសេសសល់ ក៏គង់បាន​អនាគាមិផល​ដែរ។ ម្នាល​ភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ  ចំរើនសតិសម្ពោជ្ឈង្គ ប្រកបដោយនិរោធសញ្ញា។បេ។ ចំរើនឧបេក្ខាសម្ពោជ្ឈង្គ ប្រកបដោយនិរោធសញ្ញា ដែលអាស្រ័យនូវសេចក្តីស្ងប់ស្ងាត់ អាស្រ័យនូវសេចក្តីប្រាសចាកតម្រេក អាស្រ័យនូវ​ការរលត់ បង្អោនទៅកាន់ការលះបង់។ ម្នាលភិក្ខុទាំងឡាយ  និរោធសញ្ញា ដែល​បុគ្គល​បានចំរើនយ៉ាង​នេះហើយ បានធ្វើឲ្យ​ច្រើន យ៉ាងនេះហើយ បណ្តាផលទាំង ២ ផលណាមួយ ក៏កើតជាក់ស្តែង គឺបានអរហត្តផល ក្នុងបច្ចុប្បន្ន ឬបើឧបាទាន​ នៅមាន​សេសសល់ ក៏គង់បានអនាគាមិផលដែរ។

[៦៦៤]  ម្នាលភិក្ខុទាំងឡាយ កាលបើនិរោធសញ្ញា ដែលបុគ្គលបានចំរើនហើយ បានធ្វើឲ្យច្រើនហើយ រមែងប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ធំ។ ប្រព្រឹត្តទៅ ដើម្បីក្សេម​ចាក​យោគដ៏ធំ។ ប្រព្រឹត្តទៅ ដើម្បីសេចក្តីសំវេគដ៏ធំ។ ប្រព្រឹត្តទៅ ដើម្បីការនៅជាសុខដ៏ធំ។ ម្នាលភិក្ខុទាំងឡាយ ចុះនិរោធសញ្ញា ដែលបុគ្គលបានចំរើនហើយ​ដូចម្តេច បានធ្វើឲ្យច្រើនហើយ ដូចម្តេច ទើបប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ដ៏ធំ។ ប្រព្រឹត្ត​ទៅ ដើម្បីក្សេមចាកយោគដ៏ធំ។ ប្រព្រឹត្តទៅ ដើម្បីសេចក្តីសំវេគដ៏ធំ។ ប្រព្រឹត្តទៅ​ ដើម្បី​ការនៅជាសុខដ៏ធំ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចំរើនសតិសម្ពោជ្ឈង្គ ប្រកបដោយនិរោធសញ្ញា។ បេ។  ចំរើនឧបេក្ខាសម្ពោជ្ឈង្គ ប្រកបដោយ​និរោធសញ្ញា អាស្រ័យនូវសេចក្តីស្ងប់ស្ងាត់ អាស្រ័យនូវសេចក្តីប្រាសចាកតម្រេក អាស្រ័យនូវការរលត់ បង្អោនទៅកាន់ការលះបង់។ ម្នាលភិក្ខុទាំងឡាយ កាលបើនិរោធសញ្ញា ដែលបុគ្គលបានចំរើនយ៉ាងនេះហើយ  បានធ្វើឲ្យច្រើនយ៉ាងនេះហើយ ទើបប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ដ៏ធំ។ ប្រព្រឹត្តទៅ ដើម្បីក្សេមចាកយោគៈដ៏ធំ។ ប្រព្រឹត្ត​ទៅ ដើម្បីសេចក្តី​សំវេគ​ដ៏ធំ។ ប្រព្រឹត្តទៅ ដើម្បីការនៅជាសុខដ៏ធំ។

[៦៦៥]  ម្នាលភិក្ខុទាំងឡាយ ទន្លេគង្គា មានទំនាបទៅខាង​កើត ជម្រាលទៅ​ខាងកើត ឈមទៅខាងកើត យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុចំរើន​នូវពោជ្ឈង្គទាំង ៧ ធ្វើឲ្យច្រើនូវពោជ្ឈង្គទាំង ៧ រមែងជ្រាលទៅរកព្រះនិព្វាន ឱន​ទៅរកព្រះនិព្វាន ឈមទៅរកព្រះនិព្វាន យ៉ាងនោះដែរ។ ម្នាលភិក្ខុទាំងឡាយ កាល​បើភិក្ខុចំរើននូវពោជ្ឈង្គទាំង ៧ ធ្វើឲ្យច្រើននូវពោជ្ឈង្គទាំង ៧ រមែងជ្រាលទៅរក​ព្រះនិព្វាន ឱនទៅរកព្រះនិព្វាន ឈមទៅរកព្រះនិព្វាន តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនេះ  ចំរើនសតិសម្ពោជ្ឈង្គ ។ បេ ។ ចំរើនឧបេក្ខាសម្ពោជ្ឈង្គ ដែល​អាស្រ័យសេចក្តីស្ងប់ស្ងាត់ អា​ស្រ័យសេចក្តីប្រាសចាកតម្រេក អាស្រ័យការរលត់ បង្អោនទៅកាន់ការលះបង់។ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុចំរើននូវពោជ្ឈង្គទាំង ៧ ធ្វើឲ្យច្រើននូវពោជ្ឈង្គទាំង ៧ រមែងជ្រាលទៅរកព្រះនិព្វាន ឱនទៅរកព្រះនិព្វាន ឈម​ទៅរកព្រះនិព្វាន យ៉ាងនេះឯង។ (គប្បីសម្តែងបាលីឲ្យពិស្តារ ដរាបដល់ការស្វែង​រកផងចុះ)។

[៦៦៦]  ម្នាលភិក្ខុទាំងឡាយ ឧទ្ធម្ភាគិយសំយោជនៈនេះ មាន ៥ យ៉ាង។ ឧទ្ធម្ភាគិយសំយោជនៈ ទាំង ៥ តើដូចម្តេចខ្លះ។ គឺរូបរាគៈ ១ អរូបរាគៈ ១ មានះ ១ ឧទ្ធច្ចៈ​១ អវិជ្ជា ១។ ម្នាលភិក្ខុទាំងឡាយ ទាំង ៥ នេះឯង ហៅថា ឧទ្ធម្ភាគិយសំយោជនៈ។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុត្រូវចំរើនពោជ្ឈង្គ ទាំង ៧ ដើម្បីដឹងច្បាស់ ដើម្បីកំណត់ដឹង ដើម្បីអស់ទៅ ដើម្បីលះបង់នូវឧទ្ធម្ភាគិយសំយោជនៈ ៥ នេះចេញ។  ចំរើន​ពោជ្ឈង្គ ទាំង ៧ តើដូច​ម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចំរើន​សតិសម្ពោជ្ឈង្គ។បេ។ ចំរើន​ឧបេក្ខាសម្ពោជ្ឈង្គ ដែលអាស្រ័យសេចក្តីស្ងប់ស្ងាត់ អា​ស្រ័យសេចក្តី​​ប្រាស​ចាក​តម្រេក អាស្រ័យការរលត់ បង្អោនទៅកាន់ការលះបង់។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុត្រូវចំរើនពោជ្ឈង្គ ទាំង ៧ នេះ ដើម្បីដឹងច្បាស់ ដើម្បីកំណត់ដឹង ដើម្បីអស់ទៅ ដើម្បីលះបង់នូវឧទ្ធម្ភាគិយសំយោជនៈ ទាំង ៥ នេះឯង។

[៦៦៧]  ម្នាលភិក្ខុទាំងឡាយ​ ទន្លេគង្គា មានទំនាបទៅខាងកើត ជម្រាលទៅខាង​កើត ឈមទៅខាងកើត យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុចំរើនពោជ្ឈង្គ ទាំង ៧ ធ្វើឲ្យច្រើននូវពោជ្ឈង្គ ទាំង ៧ រមែងជ្រាលទៅរកព្រះនិព្វាន ឱនទៅរកព្រះនិព្វាន ឈមទៅរកព្រះនិព្វាន ក៏យ៉ាងនោះដែរ។ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុចំរើនពោជ្ឈង្គ ទាំង ៧ ធ្វើឲ្យច្រើននូវពោជ្ឈង្គ ទាំង ៧ រមែងជ្រាលទៅរកព្រះនិព្វាន​ ឱនទៅ​រកព្រះនិព្វាន ឈមទៅរកព្រះនិព្វាន តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ​ ភិក្ខុក្នុង​សាសនានេះ  ចំរើន​សតិសម្ពោជ្ឈង្គ ។ បេ ។ ចំរើន​ឧបេក្ខាសម្ពោជ្ឈង្គ ដែល​មានការលះបង់រាគៈ ជាទីបំផុត មានការលះបង់ទោសៈ ជាទីបំផុត មានការលះបង់មោហៈ ​ជា​ទីបំផុត។ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុចំរើនពោជ្ឈង្គ ទាំង ៧ ធ្វើឲ្យច្រើននូវ​ពោជ្ឈង្គ ទាំង ៧ រមែងជ្រាល​ទៅរក​ព្រះនិព្វាន ឱនទៅរកព្រះនិព្វាន ឈមទៅរកព្រះនិព្វាន យ៉ាងនេះឯង។ (ត្រូវធ្វើបាលីឲ្យ​ពិស្តារ តាំងអំពី ឯសនា រហូតដល់ការលះបង់រាគៈ ជាទី​បំផុត ​យ៉ាងនេះផងចុះ)។

[៦៦៨]  ម្នាលភិក្ខុទាំងឡាយ ឧទ្ធម្ភាគិយសំយោជនៈនេះ មាន ៥ យ៉ាង។ ឧទ្ធម្ភាគិយសំយោជនៈ ៥ យ៉ាង តើដូចម្តេចខ្លះ។ គឺរូបរាគៈ ១ អរូបរាគៈ ១ មានះ ១ ឧទ្ធច្ចៈ ១ អវិជ្ជា ១។ ម្នាលភិក្ខុទាំងឡាយ ទាំង ៥ នេះឯង ហៅថា ឧទ្ធម្ភាគិយសំយោជនៈ។ ម្នាល​ភិក្ខុទាំងឡាយ ភិក្ខុត្រូវចំរើនពោជ្ឈង្គ ទាំង ៧ ដើម្បីដឹងច្បាស់ ដើម្បីកំណត់ដឹង ដើម្បីអស់ទៅ ដើម្បីលះបង់នូវឧទ្ធម្ភាគិយសំយោជនៈ ៥ នេះចេញ។ ចំរើននូវពោជ្ឈង្គ​ ទាំង ៧ តើដូច​ម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចំរើនសតិសម្ពោជ្ឈង្គ។បេ។ ចំរើនឧបេក្ខាសម្ពោជ្ឈង្គ ដែលមានការលះបង់រាគៈ​ជាទីបំផុត មានការលះ​បង់ទោសៈជាទីបំផុត មានការលះបង់មោហៈជាទីបំផុត ជាធម៌​យាងចុះកាន់ព្រះនិព្វាន ប្រព្រឹត្តទៅ ដើម្បីព្រះនិព្វាន មានព្រះនិព្វានជាទីបំផុត ជ្រាលទៅ​រកព្រះនិព្វាន ឱនទៅរកព្រះនិព្វាន ឈមទៅរកព្រះនិព្វាន។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុគួរចំរើនពោជ្ឈង្គ ទាំង ៧ ដើម្បីដឹងច្បាស់ ដើម្បីកំណត់ដឹង ដើម្បីអស់ទៅ ដើម្បីលះបង់នូវឧទ្ធម្ភាគិយសំយោជនៈ ៥ នេះឯង ។ (មគ្គសំយុត្ត បណ្ឌិតត្រូវធ្វើឲ្យពិស្តារយ៉ាងណា ពោជ្ឈង្គសំយុត្ត ក៏ត្រូវធ្វើឲ្យពិស្តារយ៉ាងនោះដែរ)។

ឧទ្ទានក្នុងអានាបានាទិបេយ្យាលនោះគឺ

អដ្ឋិកសញ្ញា ១ បុឡវកសញ្ញា ១ វិនីលកសញ្ញា ១ វិច្ឆិទ្ទកសញ្ញា ១ ឧទ្ធុមាតសញ្ញា ១ ជាគំរប់ប្រាំ មេត្តា ១ ករុណា ១ មុទិតា ១ ឧបេក្ខា ១ អានាបានៈ ១ រួមទាំងអស់ជា ១០។

ចប់ ពោជ្ឈង្គសំយុត្ត អានាបានវគ្គ ទី៧។

គង្គាបេយ្យាល

អសុភសញ្ញា ១ មរណសញ្ញា ១ អាហារេបដិកូលសញ្ញា ១ សព្វលោកេ​​ អនភិរត​សញ្ញា ១ អនិច្ចសញ្ញា ១ អនិច្ចេទុក្ខសញ្ញា ១ ទុក្ខេអនត្ត​សញ្ញា ១ បហានសញ្ញា ១ វិរាគសញ្ញា ១ និរោធសញ្ញា ១ រួមទាំងអស់ ត្រូវជា ១០គត់។

ចប់ ពោជ្ឈង្គសំយុត្ត និរោធវគ្គ ទី៨។

[៦៦៩]  សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ទន្លេគង្គា មានទំនាបទៅខាងកើត ជម្រាល​ទៅខាងកើត ឈមទៅខាងកើត យ៉ាងណាមិញ។ បេ។

និយាយអំពីទន្លេគង្គា មានទំនាបទៅខាងកើត ៦លើក ទន្លេគង្គា មាន​ទំនាប​ទៅរកសមុទ្រ ៦លើក ទាំង ៦លើក ២ដងនោះ រួមជា ១២លើក ហេតុនោះ បាន​ជា​លោកឲ្យ​ឈ្មោះថា វគ្គ។

ចប់ គង្គាបេយ្យាល ទី៩។

[៦៧០]  ពាក្យថា ម្នាលភិក្ខុទាំងឡាយ រាប់តាំងពីពួកសត្វមិនមានជើងក្តី មានជើង ២ក្តី មានជើង ៤ក្តី មានជើងច្រើនក្តី បណ្ឌិតត្រូវធ្វើឲ្យពិស្តារផងចុះ។

ព្រះតថាគតប្រសើរជាងសត្វទាំងអស់ ១ ស្នាមជើងដំរី ធំជាងស្នាមជើង សត្វទាំងអស់ ១ ​កំពូលផ្ទះ ខ្ពស់ជាងគ្រឿងផ្ទះទាំងអស់ ១  ក្លិនឫសស្គា ប្រសើរជាងក្លិនឫសទាំងអស់ ១ ក្លិនខ្លឹមចន្ទន៍ក្រហម ប្រសើរជាង​ក្លិន​ខ្លឹមទាំងអស់ ១ ក្លិនផ្កាម្លិះ ប្រសើរជាងក្លិនផ្កាទាំងអស់ ១ សេ្តចចក្រពត្តិ ប្រសើរជាងស្តេចទាំងអស់ ១ ពន្លឺព្រះចន្ទ ប្រសើរជាងពន្លឺផ្កាយទាំងអស់ ១ ព្រះអាទិត្យរុងរឿង ក្នុងសរទសម័យ ១ សំពត់កាសិកពស្ត្រ ប្រសើរជាងសំពត់ទាំងអស់ ១​ ត្រូវជា ១០ គត់។

( អប្បមាទវគ្គ បណ្ឌិតត្រូវធ្វើឲ្យពិស្តារ តាមទំនងពោជ្ឈង្គនៃពោជ្ឈង្គ​សំយុត្ត​ផងចុះ)។

ចប់ ពោជ្ឈង្គសំយុត្ត អប្បមាទវគ្គ ទី១០។

ពលករណីយវគ្គ

[៦៧១]  ពាក្យថា ម្នាលភិក្ខុទាំងឡាយ ដូចការងារណាមួយ ដែលត្រូវធ្វើដោយ កម្លាំង ដូច្នេះជាដើម បណ្ឌិតត្រូវសម្តែងឲ្យពិស្តារផងចុះ។

ការងារដែលត្រូវធ្វើដោយកម្លាំង ១ ពីជគាម និងភូតគាម (អាស្រ័យផែន​ដី ទើបលូតលាស់ឡើងបាន ) ១ នាគ (អាស្រ័យភ្នំហិមពាន្ត ទើបចំរើនកាយបាន) ១ ដើមឈើ​ទ្រេតទៅទិសខាងកើត កាលបើគេកាត់គល់ រមែងរលំទៅទិសខាងកើត ១ ឆ្នាំងផ្កាប់ ទឹក​មិនដែលហូរចូល ១ ចុងស្រួចនៃស្រូវ គេដាក់មិនស្រួល  តែងមុតដៃជើង ១ ខ្យល់លើអាកាស រមែងបក់ទៅគ្រប់ទិស ១ អកាលមេឃ បក់ផាត់ធូលីឲ្យស្រឡះ ១ ខ្យល់ព្យុះ បក់ផាត់មហាមេឃឲ្យស្រឡះ ១ ចំណងនាវាសមុទ្រ តែងពុកផុយ ១ ផ្ទះសម្រាប់អ្នកដំណើរ ១ ទន្លេគង្គា (ដែលមានទំនាបទៅទិសខាងកើត មិនអាចអ្នកណាបំបែរ ឲ្យ​មាន​ទំនាប​ទៅរក​ទិសខាងលិចវិញបាន) ១។

(ពលករណីយវគ្គ បណ្ឌិតត្រូវសំដែងឲ្យពិស្តារ តាមទំនងពោជ្ឈង្គនៃពោជ្ឈង្គ​សំយុត្តផងចុះ)។

ចប់ ពលករណីយវគ្គ ទី១១។

[៦៧២] ពាក្យថា ម្នាលភិក្ខុទាំងឡាយ ការស្វែងរកនេះ  មាន ៣ យ៉ាង ។ ការស្វែងរក ៣ យ៉ាង តើដូចម្តេចខ្លះ។ ការស្វែងរក ៣ យ៉ាងនោះ គឺ ការស្វែងរកកាម ១ ការស្វែងរកភព ១ ការស្វែងរកព្រហ្មចរិយ ជាមិច្ឆាទិដ្ឋិ ១ ប៉ុណ្ណេះជាដើម បណ្ឌិតត្រូវ​ធ្វើឲ្យពិស្តារ​ផងចុះ។

និយាយអំពីការស្វែងរកផ្សេង ៗ ១ អាសវៈ ១​ ភព ១ ទុក្ខតាធម៌ ៣យ៉ាង ១ (កិលេស) ដូចជាសសរខឿន ១ មន្ទិល ១ សេចក្តីលំបាក ១ វេទនា ១ តណ្ហា ១។

(ឯសនាបេយ្យាលនៃពោជ្ឈង្គសំយុត្ត អ្នកប្រាជ្ញទាំងឡាយ ត្រូវសំដែងឲ្យពិស្តារ តាមវិវេកនិស្សិតផងចុះ)។

ចប់ ឯសនាវគ្គ ទី១២។

[៦៧៣] ពាក្យថា ម្នាលភិក្ខុទាំងឡាយ ឱឃៈនេះ មាន ៤ យ៉ាង ។ ឱឃៈ ៤ យ៉ាង តើដូចម្តេចខ្លះ។ ឱឃៈ ៤ យ៉ាងនោះ គឺ កាមោឃៈ ១ ភវោឃៈ ១ ទិដ្ឋោឃៈ ១ អវិជ្ជោឃៈ ១ ប៉ុណ្ណេះជាដើម បណ្ឌិតត្រូវធ្វើឲ្យពិស្តារផងចុះ។

[៦៧៤] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ឧទ្ធម្ភាគិយសំយោជនៈនេះ មាន ៥ យ៉ាង។ ឧទ្ធម្ភាគិយសំយោជនៈ ៥ យ៉ាង តើដូចម្តេចខ្លះ។ ឧទ្ធម្ភាគិយសំយោជនៈ ៥ គឺ រូបរាគៈ ១ អរូបរាគៈ ១ មានះ ១ ឧទ្ធច្ចៈ ១ អវិជ្ជា ១។ ម្នាលភិក្ខុទាំងឡាយ ទាំង ៥ នេះ ឈ្មោះ ឧទ្ធម្ភាគិយសំយោជនៈ។ ម្នាលភិក្ខុទាំងឡាយ ពោជ្ឈង្គទាំង ៧ ភិក្ខុត្រូវចំរើន ដើម្បី​ដឹងច្បាស់ ដើម្បីកំណត់ដឹង ដើម្បីអស់ទៅ ដើម្បីលះបង់នូវឧទ្ធម្ភាគិយសំយោជនៈ ៥ នេះ​ឯង។ ចំរើនពោជ្ឈង្គ ៧ តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុង​សាសនានេះ​ ចំរើន​សតិសម្ពោជ្ឈង្គ ដែលអាស្រ័យសេចក្តីស្ងប់ស្ងាត់ អាស្រ័យ​សេចក្តីប្រាសចាកតម្រេក អាស្រ័យការរលត់ បង្អោនទៅកាន់ការលះបង់។ បេ។ ចំរើន​ឧបេក្ខាសម្ពោជ្ឈង្គ ដែលមានការលះបង់រាគៈជាទីបំផុត មានការលះបង់ទោសៈ​ជាទីបំផុត មានការលះ​បង់មោហៈជាទីបំផុត  ចុះស៊ប់ទៅរកព្រះនិព្វាន មានព្រះនិព្វាន​នៅខាងមុខ មានព្រះនិព្វាន ជាទីបំផុត ជ្រាលទៅរកព្រះនិព្វាន ឱនទៅរកព្រះនិព្វាន ឈមទៅរកព្រះនិព្វាន។ ម្នាល​ភិក្ខុទាំងឡាយ ពោជ្ឈង្គទាំង ៧ នេះ បណ្ឌិតត្រូវចំរើន ដើម្បីដឹងច្បាស់ ដើម្បីកំណត់ដឹង ដើម្បីអស់ទៅ ដើម្បីលះបង់នូវឧទ្ធម្ភាគិយសំយោជនៈ ទាំង ៥ នេះឯង។

និយាយអំពីឱឃៈ ១ យោគៈ ១ ឧបាទាន ១ គន្ថៈ ១ អនុស័យ ១ កាមគុណ ១ នីវរណៈ ១ ខន្ធ ១ ឧទ្ធម្ភាគិយសំយោជនៈ ១។

ចប់ ឱឃវគ្គ ទី១៣។

និយាយអំពីទន្លេគង្គា មានទំនាបទៅខាងកើត ៦លើក ទន្លេគង្គា មាន​ទំនាបទៅរកសមុទ្រ ៦លើក ទាំង ៦លើក ២ដងនោះ រួមជា ១២លើក ហេតុ​នោះ បានជាហៅថា វគ្គ។

(គង្គាបេយ្យាលនៃពោជ្ឈង្គសំយុត្ត បណ្ឌិតត្រូវសំដែងឲ្យពិស្តារ តាមទំនងរាគៈ ផងចុះ)។

ចប់ វគ្គ ទី១៤។

ព្រះតថាគត ប្រសើរជាងសត្វទាំងអស់ ១ ស្នាមជើងដំរី ធំជាងស្នាមជើងសត្វទាំងអស់ ១ ​កំពូលផ្ទះ ខ្ពស់ជាងគ្រឿងផ្ទះទាំងអស់ ១ ក្លិនឫសស្គា ប្រសើរជាងក្លិនឫសទាំងអស់ ១ ក្លិន​ខ្លឹមចន្ទន៍ក្រហម ប្រសើរជាងក្លិនខ្លឹមទាំងអស់ ១ ក្លិនផ្កាម្លិះ ប្រសើរជាងក្លិនផ្កាទាំងអស់ ១ សេ្តចចក្កពត្តិ ប្រសើរជាងស្តេចទាំងអស់ ១ រស្មីព្រះចន្ទ ប្រសើរជាងរស្មីផ្កាយទាំងអស់ ១ ព្រះអាទិត្យ រុងរឿងក្នុងសរទសម័យ ១ សំពត់កាសិកពស្ត្រ ប្រសើរជាងសំពត់ទាំងអស់ ១ ត្រូវ​ជា ១០ គត់។

(អប្បមាទវគ្គ ត្រូវសំដែងឲ្យពិស្តារ តាមទំនងរាគៈ​ផងចុះ)។

ចប់ វគ្គ ទី១៥។

ការងារដែលត្រូវធ្វើដោយកម្លាំង ១ ពីជគាម និងភូតគាម (អាស្រ័យដី  ទើប​លូត​លាស់​​បាន) ១ នាគ (អាស្រ័យភ្នំហិមពាន្ត ទើបចំរើនធំបាន) ១ ដើមឈើទ្រេតទៅទិសខាងកើត ១ ឆ្នាំងផ្កាប់ ទឹកមិនដែលហូរចូល ១ ចុងស្រួចនៃស្រូវ គេដាក់មិនស្រួល តែងមុតដៃជើង ១ ខ្យល់លើអាកាស រមែងបក់ទៅគ្រប់ទិស  ១  អកាលមេឃ បក់ផាត់ផង់ធូលីឲ្យស្រឡះ ២លើក ចំណង​នាវាសមុទ្រ តែងពុកផុយ ១ ផ្ទះសម្រាប់អ្នកដំណើរ ១ ទន្លេគង្គា (ដែល​មាន​ទំនាប​ទៅ​ទិស​ខាងកើត មិនអាចអ្នកណាបំបែរ ឲ្យមានទំនាបទៅទិសខាងលិចវិញបាន) ១។

(ពលករណីយវគ្គនៃពោជ្ឈង្គសំយុត្ត បណ្ឌិតត្រូវធ្វើឲ្យពិស្តារ តាមទំនង​រាគៈផងចុះ)។

ចប់ វគ្គ ទី១៦។

និយាយពីការស្វែងរកផ្សេង ៗ ១ អាសវៈ ១ ភព ១ ទុក្ខតាធម៌ ៣យ៉ាង ១ (កិលេស) ដូចសសរខឿន ១ មិន្ទិល ១ សេចក្តីលំបាក ១ វេទនា ១ តណ្ហា ១។

ចប់ ឯសនាវគ្គនៃពោជ្ឈង្គសំយុត្ត ទី១៧។

និយាយអំពីឱឃៈ ១ យោគៈ ១ ឧបាទាន ១ គន្ថៈ ១ អនុស័យ ១ កាមគុណ ១ នីវរណៈ ១ ខន្ធ ១ ឧទ្ធម្ភាគិយសំយោជនៈ ១។

(ឱឃវគ្គ បណ្ឌិតត្រូវសំដែងឲ្យពិស្តារ តាមទំនងនៃការលះបង់រាគៈ ទោសៈ មោហៈ ជាទីបំផុតផងចុះ​)។

ចប់ វគ្គ ទី១៨។

(មគ្គសំយុត្ត បណ្ឌិតបានធ្វើឲ្យពិស្តារហើយបែបណា ពោជ្ឈង្គសំយុត្ត ក៏ត្រូវសំដែងឲ្យ​ពិស្តារបែបនោះដែរ)។

ចប់ពោជ្ឈង្គសំយុត្ត។

សូមអនុមោទនា !!!

Oben-pfeil