សំយុត្តនិកាយ មហាវារវគ្គ

ទសមភាគ
ភាគទី៣៨

សូមនមស្ការព្រះដ៏មានព្រះភាគ ជាអរហន្តសម្មាសម្ពុទ្ធ ព្រះអង្គនោះ។

សតិប្បដ្ឋានសំយុត្ត

អម្ពបាលិវគ្គ ទី១

អម្ពបាលិសូត្រ ទី១

[១] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់​គង់​នៅក្នុង​អម្ពបាលិ​វន [អម្ពបាលិវននេះ គឺព្រៃស្វាយ ដែលនាងអម្ពបាលិ បានដាំទុកធ្វើសួនឱទ្យានរបស់​នាង។ តមក នាងបានស្តាប់​ធម្មទេសនា របស់ព្រះសាស្តា  មានចិត្តជ្រះថ្លា ទើបឲ្យ​កសាង​ព្រះវិហារ ក្នុង​ឱទ្យាន​នោះ ហើយវេរថ្វាយចំពោះព្រះអង្គ។ អដ្ឋកថា​។] ជិត​ក្រុងវេសាលី។ ក្នុងទីនោះឯង ព្រះដ៏មាន​ព្រះ​ភាគ ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំង​ឡាយ។ ភិក្ខុទាំងនោះ​ ទទួល​ស្តាប់​ព្រះ​ពុទ្ធ​ដីកាព្រះដ៏មានព្រះភាគថា ព្រះករុណា ព្រះអង្គ។ ព្រះដ៏​មានព្រះភាគ ទ្រង់ត្រាស់​ដូច្នេះ។

[២] ម្នាលភិក្ខុទាំងឡាយ ផ្លូវគឺ សតិប្បដ្ឋាន ​៤ ជាផ្លូវមូលតែមួយ ប្រព្រឹត្ត​ទៅ ដើម្បី​សេចក្តី​បរិសុទ្ធិ នៃសត្វទាំងឡាយ ដើម្បីកន្លងបង់ នូវសេចក្តីសោក​ និងសេចក្តីខ្សឹកខ្សួល ដើម្បី​រំលត់​បង់ នូវទុក្ខ និងទោមនស្ស ដើម្បីបានសម្រេចនូវការត្រាស់ដឹង (អរិយមគ្គ ប្រកបដោយអង្គ ៨ ប្រការ) ដើម្បីធ្វើឲ្យជាក់​ច្បាស់ នូវព្រះនិព្វាន។ សតិប្បដ្ឋាន ទាំង ៤ គឺអ្វីខ្លះ។

[៣] ម្នាលភិក្ខុទាំងឡាយ គឺភិក្ខុក្នុងសាសនានេះ​ ពិចារណាឃើញនូវ​កាយក្នុងកាយ ជា​ប្រក្រតី មានព្យាយាមដុតកំដៅកិលេស ជាអ្នកដឹងខ្លួន ជាអ្នកមានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្ស ក្នុងលោកចេញ។ ជា​អ្នកពិចារណាឃើញ នូវវេទនាក្នុងវេទនាទាំងឡាយ ជាប្រក្រតី មានព្យាយាម​ដុតកំដៅកិលេស​ ជាអ្នកដឹងខ្លួន​ ជាអ្នកមានស្មារតី កំចាត់បង់ នូវអភិជ្ឈា និង​​ទោមនស្ស ក្នុងលោកចេញ។ ជាអ្នកពិចារណាឃើញ នូវចិត្តក្នុងចិត្ត ជា​ប្រក្រតី មានព្យាយាម​ដុតកំដៅកិលេស ជាអ្នកដឹងខ្លួន ជាអ្នកមានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្ស ក្នុងលោកចេញ។ ជាអ្នកពិចារណា​ឃើញ នូវធម៌ក្នុងធម៌ទាំងឡាយ ជាប្រក្រតី មាន​ព្យាយាម​ដុត​កំដៅ​កិលេស​ ជាអ្នកដឹងខ្លួន ជាអ្នកមានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្ស ក្នុង​លោក​ចេញ។

សតិសូត្រ ទី២

[៤] ម្នាលភិក្ខុទាំងឡាយ ផ្លូវ គឺ សតិប្បដ្ឋាន ទាំង ៤ នេះ ជាផ្លូវមូលតែ​មួយ ប្រព្រឹត្តទៅ ដើម្បីសេចក្តី​បរិសុទ្ធិ នៃសត្វទាំងឡាយ ដើម្បីកន្លងបង់ នូវ​សេចក្តីសោក និងខ្សឹកខ្សួល ដើម្បី​រំលត់​បង់ នូវទុក្ខ និងទោមនស្ស ដើម្បីបាន​សម្រេច នូវការត្រាស់ដឹង (អរិយមគ្គ ប្រកបដោយអង្គ ៨ ) ដើម្បី​ធ្វើឲ្យជាក់​ច្បាស់ នូវព្រះនិព្វាន។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់នូវពុទ្ធភាសិតនេះ។ ភិក្ខុ​ទាំងនោះ ក៏ត្រេកអរ រីករាយ ចំពោះភាសិត របស់ព្រះដ៏មានព្រះភាគ។

[៥] សម័យមួយ​ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងអម្ពបាលិវន ជិត​ក្រុងវេសាលី។ ក្នុងទីនោះឯង ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុទាំង​ឡាយថា ម្នាលភិក្ខុទាំងឡាយ។ ភិក្ខុទាំងនោះ ក៏ទទួលស្តាប់ព្រះពុទ្ធដីកាព្រះ​ដ៏មានព្រះភាគថា ព្រះករុណា ព្រះអង្គ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់​ដូច្នេះ​ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុត្រូវជាអ្នកមានស្មារតី ជាអ្នកដឹងខ្លួន នេះជា​អនុសាសនី គឺពាក្យប្រៀនប្រដៅ របស់តថាគត ចំពោះអ្នកទាំងឡាយ។

[៦] ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកមានស្មារតី តើដូចម្តេច។ ម្នាល​ភិក្ខុទាំងឡាយ ភិក្ខុ​ក្នុង​សាសនា​នេះ ជាអ្នកពិចារណាឃើញ នូវកាយក្នុង​កាយ ជាប្រក្រតី មានព្យាយាម ដុតកំដៅ កិលេស ជាអ្នកដឹងខ្លួន ជាអ្នកមាន​ស្មារតី​ កំចាត់ប​ង់នូវអភិជ្ឈា និងទោមនស្ស ក្នុងលោកចេញ។ ក្នុងវេទនា​ទាំង​​ឡាយ។បេ។ ក្នុងចិត្ត។ ជាអ្នកពិចារណាឃើញ នូវធម៌ក្នុងធម៌ទាំងឡាយ ជា​ប្រក្រតី មាន​ព្យាយាមដុតកំដៅកិលេស ជាអ្នកដឹងខ្លួន ជាអ្នកមានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្ស ក្នុង​លោកចេញ។ ម្នាលភិក្ខុទាំងឡាយ​ ភិក្ខុជាអ្នកមានស្មារតី យ៉ាងនេះឯង។

[៧] ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកដឹងខ្លួន តើដូចម្តេច។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុ​ក្នុង​សាសនា​នេះ ជាអ្នកធ្វើនូវសេចក្តីដឹងខ្លួន ក្នុងការដើរ​ទៅ​ខាងមុខ និងថយក្រោយ ធ្វើនូវ​សេចក្តីដឹងខ្លួន​ ក្នុងកាលក្រឡេកមើលទៅមុខ និងក្រឡេកមើលទៅទិសផ្សេងៗ  ធ្វើនូវ​សេចក្តីដឹងខ្លួន ក្នុងកាល​បត់ដៃជើង និងលាដៃជើង ធ្វើនូវសេចក្តីដឹងខ្លួន ក្នុងកាលទ្រទ្រង់ នូវ​​សំពត់​សង្ឃាដី បាត្រ និងចីវរ​ ធ្វើនូវសេចក្តីដឹងខ្លួន ក្នុងកាលបរិភោគភោជន ផឹក​ទឹក ទំពាស៊ី (ខាទនីយវត្ថុ) ជញ្ជបរស ធ្វើនូវសេចក្តីដឹងខ្លួន ក្នុងការបន្ទោបង់​នូវឧច្ចារៈ និងបស្សាវៈ ធ្វើនូវ​សេចក្តី​​ដឹងខ្លួន ក្នុងកាលដើរ ឈរ អង្គុយ លក់ ភ្ញាក់ឡើង និយាយ និងនៅស្ងៀម។ ម្នាលភិក្ខុ​ទាំង​ឡាយ ភិក្ខុជាអ្នកដឹងខ្លួន​ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុត្រូវជាអ្នកមានស្មារតី មានសេចក្តី​ដឹង​ខ្លួន នេះជាអនុសាសនី គឺពាក្យប្រៀនប្រដៅ របស់តថាគត ចំពោះអ្នកទាំង​ឡាយ។

ភិក្ខុសូត្រ ទី៣

[៨] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេត្តពន របស់​អនាថបិណ្ឌិកសេដ្ឋី ទៀប​ក្រុងសាវត្ថី។ គ្រានោះឯង ភិក្ខុមួយរូប ចូលទៅ​គាល់ព្រះដ៏មានព្រះភាគ លុះចូល​ទៅដល់​ហើយ ថ្វាយបង្គំព្រះដ៏មានព្រះភាគ​ រួចអង្គុយក្នុងទីដ៏សមគួរ។ លុះភិក្ខុនោះ អង្គុយក្នុង​ទីសមគួរ​ហើយ បាន​ក្រាបបង្គំទូលព្រះដ៏មានព្រះភាគដូច្នេះ។

[៩] បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ បានស្តាប់នូវធម៌ឯណា របស់​ព្រះ​ដ៏មានព្រះភាគ​ហើយ ជាបុគ្គលម្នាក់ឯង ចៀសចេញទៅ មិនប្រមាទ មាន​ព្យាយាមដុតកំដៅកិលេស មានចិត្ត​បញ្ជូនទៅ​កាន់ព្រះនិព្វាន សូមព្រះដ៏មាន​ព្រះភាគ សំដែងនូវធម៌នោះ ឲ្យទានដល់ខ្ញុំព្រះអង្គ ដោយ​សង្ខេប។ ព្រះដ៏មាន​ព្រះភាគ ទ្រង់ត្រាស់ថា យ៉ាងនេះ​ឯង មានពួកមោឃបុរសចំពូកខ្លះ ក្នុង​លោក​នេះ គ្រាន់តែអារាធនាតថាគត មួយទៀត គ្រាន់តែសំគាល់តថាគត ថាជា​បុគ្គល​គួរប្រព្រឹត្ត​តាម​ក្នុងធម៌ ដែលតថាគតសំដែងហើយ។ បពិត្រព្រះអង្គ​ដ៏ចំរើន សូមព្រះដ៏មាន​ព្រះភាគ ទ្រង់សំដែងនូវធម៌ដោយសង្ខេប សូមព្រះ​សុគត ទ្រង់សំដែងនូវធម៌ ដោយសង្ខេប​ដល់ខ្ញុំព្រះអង្គ ធ្វើដូចម្តេចហ្ន៎ ឲ្យខ្ញុំ​ព្រះអង្គ គប្បីដឹងច្បាស់នូវអត្ថ នៃភាសិត របស់ព្រះដ៏មានព្រះភាគបាន  ធ្វើដូចម្តេចហ្ន៎ ឲ្យខ្ញុំ​ព្រះអង្គ គប្បីជាអ្នកទទួលនូវមត៌ក នៃភាសិត របស់​ព្រះដ៏មានព្រះភាគបាន។

[១០] ម្នាលភិក្ខុ បើដូច្នោះ អ្នកចូរជំរះក្នុងកុសលធម៌ទាំងឡាយ ជាខាងដើមបង្អស់សិនចុះ ​។ ចុះអ្វីជាខាងដើម នៃកុសលធម៌ទាំងឡាយ។ គឺសីលដ៏បរិសុទ្ធ ១​ ទិដ្ឋិត្រង់​ ១ ម្នាលភិក្ខុ កាល​ណា​សីលរបស់អ្នក បរិសុទ្ធ​ផង ទិដ្ឋិត្រង់ផង។ ម្នាលភិក្ខុ កាលនោះ អ្នកអាស្រ័យសីល តាំងនៅ​ក្នុង​​សីល ហើយគប្បីចំរើនសតិប្បដ្ឋាន ទាំង ៤ ដោយចំណែក ៣។ សតិប្បដ្ឋាន​ ទាំង ៤ តើដូចម្តេច។

[១១] ម្នាលភិក្ខុ ក្នុងសាសនានេះ អ្នកចូរពិចារណាឲ្យឃើ់ញនូវកាយ​ក្នុងកាយ ជាខាងក្នុង​ជាប្រក្រតី ជាអ្នកមានព្យាយាម ដុតកំដៅកិលេស​ ជា​អ្នកដឹងខ្លួន មានស្មារតី កំចាត់ប​ង់ នូវអភិជ្ឈា និងទោមនស្ស ក្នុងលោកចេញ​ក្តី។ អ្នកចូរពិចារណា ឲ្យឃើញនូវកាយក្នុងកាយ ជាខាងក្រៅ ជាប្រក្រតី ជាអ្នកមានព្យាយាម ដុតកំដៅកិលេស​ ជាអ្នកដឹងខ្លួន មានស្មារតី កំចាត់បង់​នូវអភិជ្ឈា និងទោមនស្ស ក្នុងលោកចេញក្តី។​ អ្នកចូរពិចារណាឲ្យឃើញ ​នូវ​កាយក្នុងកាយ ទាំងខាងក្នុង ទាំងខាងក្រៅ ជាប្រក្រតី ជាអ្នកមានព្យាយាម​​ ដុតកំដៅកិលេស ជាអ្នកដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និង​ទោមនស្ស ក្នុងលោកចេញក្តី។ ក្នុងវេទនាទាំងឡាយ ជាខាងក្នុងក្តី។ ក្នុងវេទនាទាំងឡាយ ជាខាងក្រៅក្តី។ អ្នកចូរពិចារណា ឲ្យឃើញនូវវេទនា ​ក្នុងវេទនាទាំងឡាយ ទាំងខាងក្នុង ទាំងខាងក្រៅ ជាប្រក្រតី ជាអ្នកមាន​ព្យាយាម ដុតកំដៅកិលេស ជាអ្នកដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា​ និងទោមនស្ស ក្នុងលោកចេញក្តី។ ក្នុងចិត្តជាខាងក្នុងក្តី។ ក្នុង​ចិត្ត​ជាខាង​ក្រៅក្តី។ អ្នកចូរពិចារណាឲ្យឃើញ នូវចិត្តក្នុងចិត្ត ទាំងខាងក្នុង ទាំងខាង​ក្រៅ ជាប្រក្រតី ជាអ្នក​មានព្យាយាម ដុតកំដៅកិលេស ជាអ្នកដឹងខ្លួន មាន​ស្មារតី កំចាត់បង់ នូវអភិជ្ឈា និង​ទោមនស្ស ក្នុងលោកចេញក្តី ក្នុងធម៌ទាំង​ឡាយ ជាខាងក្នុងក្តី។ ក្នុងធម៌ទាំង​ឡាយ ជាខាងក្រៅក្តី។ អ្នកចូរពិចារណា ​ឲ្យឃើញនូវធម៌ ក្នុងធម៌ទាំងឡាយ ទាំងខាងក្នុង ​ទាំងខាងក្រៅ ជាប្រក្រតី ជា​អ្នកមានព្យាយាម ដុតកំដៅកិលេស ជាអ្នកដឹងខ្លួន មានស្មារតី កំចាត់បង់ នូវ​​អភិជ្ឈា និងទោមនស្ស ក្នុងលោកចេញក្តី។

[១២] ម្នាលភិក្ខុ កាលណាអ្នកបានអាស្រ័យសីល តាំងនៅក្នុងសីល និងចំរើន នូវ​សតិប្បដ្ឋាន ទាំង​ ៤ នេះ ដោយ ៣ ចំណែកយ៉ាងនេះ។ ម្នាលភិក្ខុ​ កាលនោះ សេចក្តី​ចំរើន ក្នុងកុសលធម៌ទាំងឡាយ និងមានប្រាកដដល់អ្នក​ ទាំងយប់ទាំងថ្ងៃ ឯសេចក្តីសាបសូន្យ មិនមានឡើយ។

[១៣] គ្រានោះឯង ​ភិក្ខុនោះក៏រីករាយ អនុមោទនា ចំពោះភាសិតរបស់​ព្រះដ៏មានព្រះភាគ ហើយ​ក៏ក្រោកចាកអាសនៈ ថ្វាយបង្គំព្រះដ៏មានព្រះភាគ ធើ្វប្រទក្សិណ ចៀសចេញទៅ។ លំដាប់​នោះ ភិក្ខុនោះ ចៀសចេញទៅតែ​ម្នាក់ឯង​ មិនមានសេចក្តីប្រមាទ មានព្យាយាម ដុតកំដៅកិលេស​ មានចិត្ត​​បញ្ជូនទៅកាន់ព្រះនិព្វាន​ ពួកកុលបុត្ត ចេញចាកផ្ទះ ចូលកាន់ផ្នួស ដោយប្រពៃ ដើម្បី​ប្រយោជន៍​ដល់អនុត្តរធម៌ឯណា មិនយូរប៉ុន្មាន ក៏បានត្រាស់ដឹង ធ្វើឲ្យ​ជាក់ច្បាស់ នូវ​អនុត្តរធម៌​នោះ ដែលជាទីបំផុត នៃព្រហ្មចរិយដោយខ្លួនឯង ​ក្នុងបច្ចុប្បន្ន ហើយសម្រេចសម្រាន្តនៅ ទើប​ដឹង​ច្បាស់ថា ជាតិអស់ហើយ ព្រហ្មចរិយ អាត្មាអញ បាននៅរួចហើយ សោឡសកិច្ច អាត្មាអញ បានធ្វើ​ហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមាន​ឡើយ។ បណ្តា​ព្រះអរហន្ត​ទាំងឡាយ ភិក្ខុនោះ ក៏បានជាព្រះអរហន្តមួយអង្គ​ដែរ។

សាលសូត្រ ទី៤

[១៤] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងព្រាហ្មណគ្រាម ​ឈ្មោះកោសល ក្នុង​ដែនពួកអ្នកកោសល។ ក្នុងទីនោះឯង ព្រះដ៏មានព្រះ​ភាគ ទ្រង់ត្រាស់ហៅភិក្ខុ​ទាំងឡាយ។បេ។ ទ្រង់​ត្រាស់នូវភាសិតនេះថា ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុណា ជាភិក្ខុថ្មី ទើបនឹងបួស ទើប​តែនឹងមកកាន់​ធម្មវិន័យនេះ ម្នាលភិក្ខុទាំងឡាយ ភិក្ខុទាំងនោះ អ្នកទាំងឡាយ គប្បីឲ្យ​សមាទាន ឲ្យ​សេពគប់ ឲ្យតាំងនៅក្នុងការចំរើនសតិប្បដ្ឋាន ទាំង ៤។ សតិប្បដ្ឋានទាំង ៤​ តើដូចម្តេច។

[១៥] ម្នាលអាវុសោទាំងឡាយ អ្នកទាំងឡាយចូរមកអាយ ចូរពិចារណាឲ្យឃើញ នូវ​កាយ​ក្នុងកាយ ជាប្រក្រតី ជាអ្នកមានព្យាយាម ដុត​កំដៅកិលេស​ ជាអ្នកដឹងខ្លួន មានចិត្ត មាន​អារម្មណ៍​មូលតែមួយ មានចិត្ត​ជ្រះថ្លា មានចិត្តតាំងខ្ជាប់​ មានចិត្តខ្ពស់ឯក ប្រព្រឹត្តទៅ ដើម្បី សេចក្តី​ដឹង​នូវ​កាយ តាមសភាវៈពិត។ អ្នកទាំងឡាយ ចូរពិចារណាឲ្យឃើញនូវវេទនា​ ក្នុង​វេទនាទាំង​ឡាយ ជាអ្នកមានព្យាយាម ដុតកំដៅកិលេស ជាអ្នកដឹងខ្លួន មានចិត្តមានអារម្មណ៍​មូល​តែមួយ មាន​ចិត្តជ្រះថ្លា មានចិត្តតាំងខ្ជាប់ មានចិត្តខ្ពស់ឯក ប្រព្រឹត្តទៅ ដើម្បីសេចក្តីដឹង នូវវេទនា តាម​សភាវៈពិត។ អ្នកទាំងឡាយ ចូរពិចារណាឲ្យឃើញ នូវចិត្តក្នុងចិត្ត ជាប្រក្រតី ជាអ្នកមាន​ព្យា​យាម​ ដុត​​កំដៅកិលេស ជាអ្នកដឹងខ្លួន មានចិត្ត មានអារម្មណ៍មូលតែមួយ មានចិត្តជ្រះថ្លា មានចិត្តតាំងខ្ជាប់ មាន​ចិត្ត​ខ្ពស់​ឯក ប្រព្រឹត្តទៅ ដើម្បីសេចក្តីដឹងនូវចិត្ត តាមសភាវៈពិត។ អ្នកទាំងឡាយ ចូរពិចារណាឲ្យ​ឃើញ​នូវធម៌ ក្នុងធម៌ទាំង​ឡាយ ជាប្រក្រតី ជាអ្នក​មាន​ព្យាយាម ដុតកំដៅកិលេស ជាអ្នកដឹងខ្លួន មាន​ចិត្ត​មានអារម្មណ៍មូលតែមួយ មានចិត្តជ្រះថ្លា មានចិត្តតាំងខ្ជាប់ មានចិត្តខ្ពស់ឯក ប្រព្រឹត្តទៅ ដើម្បី​ដឹងនូវធម៌ទាំងឡាយ តាមសភាវៈពិត។

[១៦] ម្នាលភិក្ខុទាំងឡាយ ពួកសេក្ខភិក្ខុឯណា ជាអ្នកមិនទាន់ដល់ នូវ​អរហត្តមគ្គ ជាគ្រឿង​ផ្តាច់បង់ នូវមានះនៅឡើយ ហើយប្រាថ្នានូវធម៌ជាទី​ក្សេមចាកយោគៈ ដ៏ប្រសើរ សេក្ខភិក្ខុ​ទាំង​អម្បាលនោះ ជាអ្នកពិចារណា​ឃើ់ញ នូវកាយក្នុងកាយ ជាប្រក្រតី ជាអ្នកមានព្យាយាម ដុត​កំដៅកិលេស ជាអ្នកដឹងខ្លួន មានចិត្តមានអារម្មណ៍មូលតែមួយ មានចិត្តជ្រះថ្លា មានចិត្ត​តាំងខ្ជាប់ មានចិត្តខ្ពស់ឯក ប្រព្រឹត្តទៅ ដើម្បីកំណត់ដឹងនូវកាយ។ ជាអ្នកពិ​ចារណា​​ឃើញ នូវ​វេទនា​ក្នុង​វេទនា​ទាំងឡាយ ជាប្រក្រតី ជាអ្នកមាន​ព្យាយាម ដុតកំដៅកិលេស​ ជាអ្នក​ដឹងខ្លួន មាន​ចិត្តមាន​អារម្មណ៍​មូលតែ​មួយ មានចិត្តជ្រះថ្លា​ មានចិត្តតាំងខ្ជាប់ មាន​ចិត្តខ្ពស់ឯក ប្រព្រឹត្តទៅ ដើម្បី​កំណត់ដឹង នូវវេទនាទាំងឡាយ។ ជាអ្នកពិចារណាឃើញ នូវចិត្តក្នុងចិត្ត ជា​ប្រក្រតី ជាអ្នក​មានព្យាយាម ដុតកំដៅកិលេស​ ជាអ្នកដឹងខ្លួន មានចិត្តមាន​អារម្មណ៍មូលតែមួយ មានចិត្ត​ជ្រះថ្លា មានចិត្តតាំងខ្ជាប់ មានចិត្តខ្ពស់ឯក ប្រព្រឹត្តទៅ ដើម្បីកំណត់ដឹងនូវចិត្ត។ ជាអ្នក​ពិចារណាឃើញ នូវធម៌ក្នុងធម៌​ទាំងឡាយ ជាប្រក្រតី ជាអ្នកមានព្យាយាម ដុតកំដៅកិលេស ជាអ្នក​ដឹងខ្លួន មានចិត្តមានអារម្មណ៍មូលតែមួយ មានចិត្តជ្រះថ្លា មានចិត្តតាំងខ្ជាប់ មាន​ចិត្ត​​​​ខ្ពស់​ឯក ​ប្រព្រឹត្តទៅ ដើម្បីកំណត់ដឹងនូវធម៌ទាំងឡាយ។

[១៧] ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុឯណា ជាអរហន្តខីណាស្រព ដែល​មានព្រហ្មចារ្យ​ នៅរួចហើយ មានសោឡសកិច្ចបានធ្វើហើយ មានភារៈដាក់​ចុះហើយ មាន​ប្រយោជន៍របស់ខ្លួន ដល់ហើយ​ ដោយលំដាប់ មានសញ្ញោជនៈ ​ក្នុងភពអស់ហើយ មានចិត្តរូចស្រឡះហើយ ព្រោះត្រាស់ដឹង ដោយប្រពៃ ភិក្ខុទាំងនោះ តែងពិចារណាឃើញ នូវកាយក្នុងកាយ ជាប្រក្រតី ជាអ្នកមាន​ព្យាយាម​ ដុតកំដៅកិលេស ជាអ្នកដឹងខ្លួន មានចិត្តមានអារម្មណ៍មូលតែ​មួយ មានចិត្តជ្រះថ្លា មានចិត្តតាំងខ្ជាប់ មានចិត្តខ្ពស់ឯក មិនជំពាក់ដោយ​កាយ។ ជាអ្នកពិចារណា​ឃើញ នូវវេទនាក្នុងវេទនាទាំងឡាយ ជាប្រក្រតី ជាអ្នកមានព្យាយាម ដុតកំដៅកិលេស ជាអ្នក​ដឹងខ្លួន មានចិត្តមានអារម្មណ៍​មូលតែមួយ មានចិត្តជ្រះថ្លា​ មានចិត្តតាំងខ្ជាប់ មានចិត្តខ្ពស់​ឯក មិន​ជំពាក់​ដោយវេទនាទាំងឡាយ។ ជាអ្នកពិចារណាឃើញ នូវចិត្តក្នុងចិត្ត ជាប្រក្រតី​ ជាអ្នក​មាន​ព្យាយាម ដុតកំដៅកិលេស  ជាអ្នកដឹងខ្លួន មានចិត្តមានអារម្មណ៍​មូលតែមួយ មានចិត្តជ្រះថ្លា មាន​ចិត្តតាំងខ្ជាប់ មានចិត្តខ្ពស់ឯក មិនជំពាក់​ដោយចិត្ត។ ជាអ្នក​ពិចារណាឃើញ នូវធម៌ក្នុងធម៌​ទាំងឡាយ ជាប្រក្រតី ជាអ្នកមានព្យាយាម ដុតកំដៅកិលេស ជាអ្នក​ដឹងខ្លួន មានចិត្តមាន​អារម្មណ៍​​មូល​តែមួយ មានចិត្តជ្រះថ្លា មានចិត្តតាំងខ្ជាប់ មាន​ចិត្តខ្ពស់ឯក​ មិនជំពាក់​ដោយ​ធម៌ទាំងឡាយ។

[១៨] ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុឯណា ជាភិក្ខុថ្មី ទើបតែនឹងបួស ទើបនឹងមកកាន់​ធម្មវិន័យ​នេះ ម្នាលភិក្ខុទាំងឡាយ ភិក្ខុទាំងអម្បាលនោះ អ្នកទាំងឡាយ គប្បីឲ្យសមាទាន ឲ្យសេព​គប់ ឲ្យតាំងនៅ ក្នុងការចំរើន​សតិប្បដ្ឋាន ទាំង ៤ នេះ។

អកុសលរាសិសូត្រ ទី៥

[១៩] សាវត្ថីនិទាន។ ក្នុងទីនោះឯង ព្រះដ៏មានព្រះភាគ។ បេ។ បាន​ត្រាស់នូវ​ភាសិត​នេះថា ម្នាលភិក្ខុទាំងឡាយ កាលបើបុគ្គលពោលថា គំនរ​នៃអកុសលដូច្នេះ បើពោល​ដោយ​ត្រឹមត្រូវ ត្រូវពោលចំពោះនីវរណៈទាំង ៥។ ម្នាលភិក្ខុទាំងឡាយ គំនរនៃអកុសលទាំងអស់នេះ គឺ នីវរណៈទាំង ៥ នេះឯង។ នីវរណៈទាំង ៥ តើអ្វីខ្លះ។ គឺកាមច្ឆន្ទនីវរណៈ ១ ព្យាបាទនីវរណៈ ១ ថីនមិទ្ធ​នីវរណៈ ១ ​ឧទ្ធច្ចកុក្កុច្ចនីវរណៈ ១ វិចិកិច្ឆានីវរណៈ ១។ ម្នាលភិក្ខុ​ទាំង​ឡាយ កាលបើ​បុគ្គលពោលថា គំនរនៃអកុសល ដូច្នេះ កាលបើពោលដោយ​ត្រឹមត្រូវ ត្រូវពោលចំពោះ នីវរណៈ ទាំង ៥ ​នេះឯង។ ម្នាលភិក្ខុទាំងឡាយ គំនរនៃអកុសលទាំងអស់ គឺ នីវរណៈទាំង ៥​នេះឯង។

[២០] ម្នាលភិក្ខុទាំងឡាយ កាលបើបុគ្គលពោលថា គំនរនៃកុសល ដូច្នេះ កាលបើ​ពោល​ដោយ​ត្រឹមត្រូវ ត្រូវពោលចំពោះសតិប្បដ្ឋាន ទាំង ៤​។ មា្នល​ភិក្ខុទាំងឡាយ ​គំនរ​នៃកុសល​ទាំងអស់នេះ គឺ សតិប្បដ្ឋាន ទាំង ៤ នេះឯង។ សតិប្បដ្ឋាន ទាំង ៤ តើដូចម្តេច។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកពិចារណាឃើញ នូវកាយក្នុងកាយ ជាប្រក្រតី​ ជាអ្នកមានព្យាយាម ​ដុតកំដៅកិលេស ជាអ្នកដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និង​ទោមនស្ស​ ក្នុងលោកចេញ។ ជាអ្នកពិចារណាឃើញ នូវវេទនាក្នុងវេទនាទាំងឡាយ ជា​ប្រក្រតី នូវចិត្តក្នុង​ចិត្ត ជាប្រក្រតី នូវធម៌ក្នុងធម៌ទាំងឡាយ ជាប្រក្រតី ជាអ្នកមានព្យាយាម ដុតកំដៅ កិលេស ជាអ្នក​ដឹងខ្លួន មានស្មារតី កំចាត់បង់ នូវ​អភិជ្ឈា និងទោមនស្ស ក្នុងលោកចេញ ​។ ម្នាលភិក្ខុទាំងឡាយ កាលបើ​​បុគ្គលពោលថា គំនរនៃកុសល ដូច្នេះ កាលបើពោលដោយត្រឹមត្រូវ ត្រូវ​ពោល​ចំពោះ​សតិប្បដ្ឋាន ទាំង ៤ នេះឯង។ ម្នាលភិក្ខុទាំងឡាយ គំនរនៃ​កុសលទាំងអស់នេះ គឺ សតិប្បដ្ឋាន ទាំង ៤ នេះឯង។

សកុណគ្ឃិសូត្រ ទី៦

[២១] ម្នាលភិក្ខុទាំងឡាយ ធ្លាប់មានរឿងពីដើមមកថា មានសត្វខ្លែង ១ បានឆាបសត្វ​ប្រចៀច​ដោយរហ័ស។ ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង សត្វប្រចៀច កាល​ដែល​សត្វខ្លែង កំពុងនាំយកទៅ ក៏ស្រែកបម្រះននៀល​យ៉ាងនេះថា យើងជាសត្វឥតសិរី មានបុណ្យតិច បានជា​ត្រាច់ទៅក្នុងទីមិន​មែនជាទីគោចរ​ ជាដែនរបស់អ្នកដទៃ។ បើថ្ងៃនេះ យើងត្រាច់ទៅក្នុងទីជាទី​គោចរ​ ​ជាដែនរបស់បិតាខ្លួន សត្វខ្លែងនេះ មិនអាចនឹងតយុទ្ធនឹងយើងបាន​ឡើយ។ សត្វខ្លែង​ឆ្លើយ​ថា ម្នាលប្រចៀច ចុះទីណា ជាទីគោចររបស់ឯង ដែលជាដែនរបស់បិតារបស់ខ្លួន។ ប្រចៀច​ឆ្លើយថា​ ទីជាទីគោចរ គឺទីមានអាចម៍ដី ដែលគេទើបនឹងភ្ជួរដោយនង្គ័ល។ ម្នាលភិក្ខុទាំងឡាយ គ្រា​នោះឯង សត្វខ្លែងអាងកម្លាំងខ្លួន ពោលសរសើរកម្លាំងរបស់ខ្លួន ក៏លែង​សត្វប្រចៀចទៅ ដោយ​ពាក្យថា នែប្រចៀច ឯងហើរទៅចុះ ទុកជាឯងនៅ​ក្នុងទីនោះ ក៏មិនរួចអំពីអញដែរ។ ម្នាល​ភិក្ខុ​ទាំងឡាយ គ្រានោះឯង សត្វ​ប្រចៀច ក៏ហើរទៅកាន់ទីមានអាចម៍ដី ដែលគេទើប​នឹងភ្ជួរ​ដោយ​នង្គ័ល ​ហើយទំលើដុំដី​ធំមួយដុំ និយាយនឹងសត្វខ្លែងថា នែខ្លែង  ឯងចូរមករកយើង ក្នុង កាល​ឥឡូវ​នេះចុះ នែខ្លែង ឯងចូរមករកយើង ក្នុងកាលឥឡូវនេះចុះ។ ម្នាលភិក្ខុ​ទាំងឡាយ គ្រានោះ សត្វខ្លែងនោះ អាងកម្លាំងខ្លួន ពោលសរសើរកម្លាំង​របស់ខ្លួន ហើយសម្លបស្លាបទាំងពីរ ឆាបសត្វ​ប្រចៀច ដោយរហ័ស។ ម្នាល​ភិក្ខុទាំងឡាយ កាលណាសត្វប្រចៀច បានដឹងច្បាស់ ថា សត្វខ្លែងនេះ ហើរមកជិត​អាត្មាអញហើយ ក៏រត់ចូលទៅក្នុងចន្លោះដុំដីនោះឯង។ ម្នាល​ភិក្ខុទាំងឡាយ​ គ្រានោះ​ឯង សត្វខ្លែង ក៏ទង្គិចទ្រូង ត្រង់ដុំដីនោះឯង​។ ម្នាល​ភិក្ខុទាំងឡាយ ដំណើរដែល​សត្វប្រចៀច ត្រាច់ទៅក្នុងទីមិនមែនជាទីគោចរ ជាដែនរបស់អ្នកដទៃ​ ក៏មាន ដោយប្រការយ៉ាងនេះឯង។

[២២] ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ ក្នុងសាសនានេះ ​អ្នកទាំង​ឡាយ កុំត្រាច់ទៅ ក្នុងទីមិនមែនជាទីគោចរ ជាដែននៃបុគ្គលដទៃឡើយ។ ម្នាលភិក្ខុទាំងឡាយ កាលបើ​អ្នកទាំង​ឡាយ ត្រាច់ទៅក្នុងទីមិនមែនជាទី​គោចរ ជាដែននៃបុគ្គលដទៃ មារតែងបាននូវចន្លោះ មារតែង​បាន​នូវអារម្មណ៍។ មា្នលភិក្ខុទាំងឡាយ ចុះទីមិនមែនជាទីគោចរ ជាដែននៃបុគ្គលដទៃ តើដូច​ម្តេច។ គឺកាមគុណ ទាំង ៥ នេះឯង។ កាមគុណ ទាំង ៥ តើអ្វីខ្លះ។ គឺរូបទាំង​ឡាយ​ ដែលគប្បី​ដឹង ដោយចក្ខុ ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីពេញចិត្ត ជាទី​ស្រឡាញ់​ ប្រកបដោយ​កាម គួរដល់​តម្រេក ១។ សម្លេងទាំងឡាយ ដែល​គប្បីដឹងដោយត្រចៀក ១។ ក្លិនទាំងឡាយ ដែលគប្បីដឹង ដោយ​ច្រមុះ ១។ រសទាំងឡាយ ដែលគប្បីដឹងដោយអណ្តាត ១។ ផោដ្ឋព្វៈទាំងឡាយ ដែល​គប្បី​ដឹងដោយកាយ ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីពេញចិត្ត ជាទីស្រឡាញ់ ប្រកបដោយកាម គួរ​ដល់​តម្រេក​ ១។ ម្នាលភិក្ខុទាំងឡាយ ​នេះជាទីមិនមែន​ជាទីគោចរ របស់ភិក្ខុ ជាដែនរបស់បុគ្គលដទៃ។

[២៣] ម្នាលភិក្ខុទាំងឡាយ   អ្នកទាំងឡាយ ចូរត្រាច់ទៅក្នុងទី ជាទី​គោចរ ជាដែន​នៃបិតា របស់ខ្លួនចុះ។ ម្នាលភិក្ខុទាំងឡាយ​ កាលបើអ្នកទាំង​ឡាយ ត្រាច់ទៅ ក្នុងទីជាទីគោចរ​  ជាដែន​នៃបិតា​របស់ខ្លួន មារនឹងមិនបាននូវ​ចន្លោះ មារនឹងមិនបាននូវអារម្មណ៍ឡើយ​។ ម្នាលភិក្ខុ​ទាំងឡាយ ចុះទីជាទី​គោចរ របស់ភិក្ខុ ជាដែននៃបិតារបស់ខ្លួន តើដូចម្តេច។ គឺ សតិប្បដ្ឋាន ទាំង ៤ នេះឯង។ សតិប្បដ្ឋាន ទាំង ៤​ តើដូចម្តេច​។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុង​សាស​នានេះ ពិចារណា​ឃើញ នូវកាយក្នុងកាយ ជាប្រក្រតី ជាអ្នកមាន​ព្យាយាម ដុតកំដៅកិលេស ជាអ្ន​ក​ដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា​ និងទោមនស្ស ក្នុងលោកចេញ។ ពិចារណាឃើញ នូវវេទនា ក្នុង​វេទនា​​ទាំង​ឡាយ នូវចិត្តក្នុងចិត្ត នូវធម៌ក្នុង​ធម៌ទាំងឡាយ ជាប្រក្រតី ជាអ្នកមាន​ព្យាយាម ដុតកំដៅ​កិលេស ជាអ្នកដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា​ និងទោមនស្ស ក្នុងលោកចេញ។ ម្នាលភិក្ខុទាំងឡាយ នេះទី ជាទីគោចរ​របស់ភិក្ខុ ជាដែននៃបិតារបស់ខ្លួន។

មក្កដសូត្រ ទី៧

[២៤] ម្នាលភិក្ខុទាំងឡាយ ការត្រាច់ទៅនៃពួកស្វា និងពួកមនុស្ស មិន​មានក្នុងប្រទេស​ឯណា​ ប្រទេសនោះ ជាប្រទេសនៃស្តេចភ្នំ ឈ្មោះហិមវន្ត ជាទីទៅបានដោយលំបាក ជាទីរដិប​រដុប ក៏មាន។ ម្នាលភិក្ខុទាំងឡាយ ពិតមែនតែការដែលត្រាច់ទៅ​បាននៃពួកស្វា ក្នុងប្រទេស​ឯណា ប្រទេសនោះ ជាប្រទេសនៃស្តេចភ្នំ ឈ្មោះហិមវន្ត ជាទីទៅបានដោយលំបាក ជាទីមិន​រាប​ស្មើ តែពួកមនុស្សត្រាច់ទៅមិនបាន ក៏មាន។ ម្នាលភិក្ខុទាំងឡាយ ការត្រាច់​ទៅបាន នៃពួកស្វាក្តី ពួកមនុស្សក្តី​ ក្នុងប្រទេសឯណា ប្រទេសនោះ ជាប្រទេសនៃស្តេចភ្នំ ឈ្មោះហិមវន្ត មានភូមិ​ភាគ​រាប​ស្មើល្អ ជាទីគួររីករាយ​ក៏មាន។ ម្នាលភិក្ខុទាំងឡាយ ក្នុងទីនោះឯង ពួកព្រាន ដាក់នូវជ័រស្អិត ក្នុង​ផ្លូវ​នៃស្វា ដើម្បីបៀតបៀននូវពួកស្វា។ ម្នាលភិក្ខុទាំងឡាយ ពួកស្វាឯណា​ មាន​ជាតិជាសត្វ​មិន​ល្ងង់ខ្លៅ មានជាតិជាសត្វមិនរលោរលាំ នៅក្នុងទីនោះ ស្វាទាំងនោះ បានឃើញ​ជ័រស្អិតនោះ​ហើយ ក៏គេចចេញអំពីចម្ងាយ។ ឯស្វាឯ​ណា មានជាតិជាសត្វល្ងង់ខ្លៅ មានជាតិជាសត្វ​រលោរលាំ ស្វានោះ ក៏ចូល​ទៅរកជ័រស្អិតនោះ ហើយចាប់ដោយដៃ ក៏ជាប់ដៃនឹងជ័រស្អិតនោះ ទើបគិត​​ថា អាត្មាអញ នឹងដោះដៃចេញ ហើយចាប់ដោយដៃមួយទៀត ក៏ជាប់ដៃនឹងជ័រ​ស្អិតនោះទៀត ទើបគិតថា អាត្មាអញ នឹងដោះដៃទាំងពីរចេញ ហើយក៏ចាប់​ដោយជើង​ ក៏ជាប់ជើង​នឹងជ័រ​ស្អិត​នោះ ទើបគិតថា អាត្មាអញ នឹងដោះដៃ​ទាំងពីរ និងជើងចេញ​ ហើយចាប់​ដោយជើង​មួយទៀត ក៏ជាប់​ជើងនឹងជ័រ​ស្អិតនោះទៀត ទើបគិតថា អាត្មាអញ នឹងដោះដៃទាំងពីរផង ជើងទាំងពីរផង ហើយក៏ខាំដោយមាត់ ជាប់មាត់​នឹងជ័រស្អិតនោះទៅទៀត។ ម្នាលភិក្ខុទាំង​ឡាយ ឯស្វានោះ ក៏ជាប់​ចំណង ៥ ប្រការ ដេក​ដកដង្ហើមធំ ដល់នូវសេចក្តី​វិនាស ដល់នូវសេចក្តីហិនហោច ជាសត្វ​គួរធ្វើ​តាមសេចក្តីប្រាថ្នា របស់​ព្រានបាន។ ម្នាលភិក្ខុទាំងឡាយ​ ព្រានក៏ចាក់ស្វានោះ ហើយចាប់​ភើច​កន្រ្តាក់ស្វាឡើង អំពីទីនោះមិ​នលែង ហើយចេញទៅកាន់ទីតាមប្រាថ្នា។ ម្នាលភិក្ខុ​ទាំងឡាយ ដំណើរដែលភិក្ខុត្រាច់ទៅ ក្នុងទីមិនមែនជាទីគោចរ ជាដែននៃបុគ្គលដទៃ រមែង​មានដូច្នេះឯង។

[២៥] ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ ក្នុងសាសនានេះ អ្នកទាំង​ឡាយ កុំត្រាច់ទៅ​ក្នុងទីមិនមែន​ជាទីគោចរ ជាដែនរបស់បុគ្គលដទៃឡើយ។ ម្នាលភិក្ខុទាំងឡាយ​ កាលបើ​អ្នក​ទាំងឡាយ ត្រាច់ទៅក្នុងទីមិនមែនជាទី​គោចរ ជាដែនរបស់បុគ្គលដទៃ មារ រមែងបាននូវចន្លោះ មាររមែងបាននូវ​អារម្មណ៍​។ ម្នាលភិក្ខុទាំងឡាយ ចុះទីមិនមែនជាទីគោចរ របស់ភិក្ខុ ជាដែននៃ​បុគ្គលដទៃ តើដូចម្តេច។ គឺ កាមគុណ ទាំង ៥ នេះឯង។ កាមគុណ ទាំង ៥​ តើ​ដូចម្តេច។ គឺ រូបទាំង​ឡាយ ដែលគប្បីដឹងដោយចក្ខុ ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីពេញចិត្ត ជាទីស្រឡាញ់ ប្រកប​ដោយកាម គួរដល់តម្រេក ១។ សំឡេងទាំងឡាយ ដែលគប្បីដឹងដោយត្រចៀក ១។ ក្លិន​ទាំង​ឡាយ​ ដែល​គប្បី​​ដឹងដោយច្រមុះ ១។ រសទាំងឡាយ ដែលគប្បីដឹងដោយអណ្តាត ១។ ផោដ្ឋព្វៈ​ទាំង​ឡាយ ដែលគប្បីដឹងដោយកាយ ជាទីប្រាថ្នា ជាទីត្រេកអរ ជាទី​ពេញចិត្ត ជាទីស្រឡាញ់ ប្រកប​ដោយកាម គួរដល់តម្រេក​ ១។ ម្នាលភិក្ខុ​ទាំងឡាយ នេះទី មិនមែនជាទីគោចរ របស់ភិក្ខុ ជាដែន​របស់បុគ្គលដទៃ។

[២៦] ម្នាលភិក្ខុទាំងឡាយ​ អ្នកទាំងឡាយ ចូរត្រាច់ទៅក្នុងទី ជាទីគោចរ ជាដែន​នៃបិតា​របស់ខ្លួនចុះ។ ម្នាលភិក្ខុទាំងឡាយ កាលបើអ្នក​ទាំងឡាយ ត្រាច់ទៅក្នុងទីជាទីគោចរ ជាដែន​នៃបិតា​របស់ខ្លួន មារមិនបាននូវ​ចន្លោះ មារមិនបាននូវអារម្មណ៍ឡើយ។ ម្នាលភិក្ខុទាំងឡាយ ចុះទីជា​ទីគោចរ របស់ភិក្ខុ ជាដែននៃបិតារបស់ខ្លួន តើដូចម្តេច។ គឺ សតិប្បដ្ឋាន ទាំង​ ៤ នេះឯង។ សតិប្បដ្ឋាន ទាំង ៤​ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុង​សាសនានេះ ជាអ្នក​ពិចារណា​ឃើញ នូវកាយក្នុងកាយ ជាប្រក្រតី ជាអ្នក​មានព្យាយាម ដុតកំដៅកិលេស ជាអ្នកដឹងខ្លួន មានស្មារតី កំចាត់បង់ នូវ​អភិជ្ឈា និងទោមនស្ស ក្នុងលោកចេញ។ ជាអ្នកពិចារណាឃើញ នូវវេទនា​ក្នុងវេទនាទាំងឡាយ នូវចិត្តក្នុងចិត្ត នូវធម៌ក្នុងធម៌ទាំងឡាយ ជាប្រក្រតី ជា​អ្នកមានព្យាយាម ដុត​កំដៅកិលេស ជាអ្នកដឹងខ្លួន មានស្មារតី កំចាត់បង់ នូវ​អភិជ្ឈា និងទោមនស្ស ក្នុងលោកចេញ។ ម្នាល​ភិក្ខុទាំងឡាយ នេះទី ជា​ទីគោចរ របស់ភិក្ខុ ជាដែននៃបិតារបស់ខ្លួន។

សូទសូត្រ ទី៨

[២៧] ម្នាលភិក្ខុទាំងឡាយ ដូចអ្នកចំអិនភត្ត ជាអ្នកល្ងង់ មិនឈ្លាសវៃ មិនប៉ិនប្រសប់ ផ្គត់ផ្គង់នូវព្រះរាជា ឬមហាមាត្យរបស់ព្រះរាជា ដោយម្ហូប​ទាំងឡាយ មានចំណែកប្លែកៗ គឺមាន​ឱជារសជូរខ្លះ មានឱជារសល្វីងខ្លះ មានឱជារសហឺរខ្លះ មានឱជារសផ្អែមខ្លះ មានឱជារសខារខ្លះ មាន​ឱជារស​មិនខារខ្លះ មានឱជារសប្រៃខ្លះ មានឱជារសមិនប្រៃខ្លះ។ ម្នាលភិក្ខុទាំង​ឡាយ ជនអ្នកចំអិននូវភត្តនោះឯង ជាអ្ន​កល្ងង់ មិនឈ្លាសវៃ មិនប៉ិនប្រសប់ មិនរៀននូវ​វិធីចំអិនភត្ត របស់ខ្លួនថា ថ្ងៃនេះ ភត្ត និងម្ហូបបែបនេះ ពេញចិត្តអញ​ក្តី ព្រះរាជា ឬមហាមាត្យ របស់ព្រះរាជា ទ្រង់លាព្រះហស្ត ទទួលភត្ត និងម្ហូប​បែបនេះក្តី ទ្រង់ទទួលហើយទទួលទៀត នូវភត្ត និងម្ហូបបែប​នេះក្តី ទ្រង់ពោល​សរសើរម្ហូបបែបនេះក្តី ថ្ងៃនេះ ភត្ត និងម្ហូបមានឱជារសជូរ ពេញចិត្តអញក្តី ព្រះរាជា ឬមហាមាត្យ របស់ព្រះរាជា ទ្រង់លាព្រះហស្ត ទទួលនូវភត្ត និងម្ហូបមានឱជារសជូរក្តី ទ្រង់ទទួលហើយ ទទួលទៀតនូវភត្ត និងម្ហូបមានឱជារស​ជូរក្តី ទ្រង់សរសើរភត្ត និងម្ហូបមាន​ឱជារសជូរក្តី ថ្ងៃនេះ ឱជារសល្វីង ពេញ​ចិត្តអញក្តី។ ថ្ងៃនេះ ឱជារសហឺរ ពេញចិត្តអញក្តី។ ថ្ងៃនេះ ឱជារសផ្អែម ​ពេញចិត្តអញក្តី។ ថ្ងៃនេះ ឱជារសខារ ពេញចិត្តអញក្តី។ ថ្ងៃនេះ ឱជារស​មិនខារ​ ពេញ​ចិត្តអញក្តី។ ថ្ងៃនេះ ឱជារសប្រៃ ពេញចិត្តអញក្តី។ ថ្ងៃ​នេះ ភត្ត និងម្ហូបមានឱជារស​មិនប្រៃ ពេញចិត្ត​អញក្តី ព្រះរាជា ឬមហាមាត្យ ​របស់ព្រះរាជា ទ្រង់លាព្រះហស្ត ទទួលភត្ត និងម្ហូប មាន​ឱជារស​មិនប្រៃក្តី ទ្រង់​ទទួលហើយ ទទួលទៀត នូវភត្ត និងម្ហូបមានឱជារស​មិនប្រៃក្តី ទ្រង់​ពោល​សរសើរ​នូវភត្ត និងម្ហូបមានឱជារសមិនប្រៃក្តី។ ម្នាលភិក្ខុទាំងឡាយ អ្នក​ចំអិន នូវភត្តនោះឯង ជាមនុស្សល្ងង់ មិនឈ្លាសវៃ មិនប៉ិនប្រសប់ រមែងមិន​បាននូវគ្រឿង​ស្លៀកពាក់ មិនបាន​នូវ​ថ្លៃឈ្នួល មិនបាននូវរង្វាន់ទាំងឡាយ។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះថា ជនអ្ន​កចំអិននូវ​ភត្តនោះ ជាមនុស្សល្ងង់ មិនឈ្លាសវៃ មិនប៉ិន​ប្រសប់​ មិនរៀន​នូវវិធី​ចំអិន​​ភត្ត​របស់ខ្លួន យ៉ាងណាមិញ​។

[២៨] ម្នាលភិក្ខុទាំងឡាយ ភិក្ខុខ្លះក្នុងសាសនានេះ ជាអ្នកល្ងង់ មិនឈ្លាសវៃ មិនប៉ិន​ប្រសប់ ជាអ្នកពិចារណាឃើញ នូវកាយក្នុងកាយ ជា​ប្រក្រតី មានព្យាយាម ដុតកំដៅកិលេស ជាអ្នកដឹងខ្លួន មានស្មារតី កំចាត់​បង់ នូវអភិជ្ឈា និងទោមនស្ស ក្នុងលោកចេញ។ កាលភិក្ខុនោះ ពិចារណា​ឃើញ នូវកាយក្នុងកាយ ជាប្រក្រតី ចិត្តក៏មិនតាំងនៅមាំ ឧបក្កិលេសទាំង​ឡាយ ក៏ភិក្ខុនោះ លះបង់មិនបាន ភិក្ខុនោះ មិនរៀន​ឲ្យចេះនូវនិមិត្តនោះ​។ ជាអ្នកពិចារណា​ឃើញ នូវវេទនា ក្នុងវេទនាទាំងឡាយ នូវចិត្តក្នុងចិត្ត នូវធម៌​ក្នុងធម៌ទាំងឡាយ ជាប្រក្រតី ជាអ្នកមាន​ព្យាយាម ដុតកំដៅកិលេស ជាអ្នក​ដឹងខ្លួន មានស្មារតី កំចាត់បង់នូវអភិជ្ឈា និងទោមនស្ស ក្នុងលោកចេញ។ កាលភិក្ខុនោះ ពិចារណាឃើញនូវធម៌ ក្នុងធម៌ទាំងឡាយ ជាប្រក្រតី ចិត្តក៏​មិនតាំងនៅមាំ ឧបក្កិលេសទាំងឡាយ ក៏ភិក្ខុនោះ លះបង់មិនបាន ភិក្ខុនោះ ​មិនរៀនឲ្យចេះ នូវនិមិត្តនោះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះឯង ជាមនុស្ស​ល្ងង់ មិនឈ្លាសវៃ មិនប៉ិនប្រសប់ ជាអ្នកមិនបាន នូវធម៌ ជាគ្រឿងនៅជាសុខ​ ក្នុងបច្ចុប្បន្ននេះ និងមិនបាន នូវសតិ និងសម្បជញ្ញៈ​ឡើយ។ ដំណើរនោះ ព្រោះ​ហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះថា ភិក្ខុនោះ ជាមនុស្សល្ងង់ មិនឈ្លាស​វៃ មិនប៉ិនប្រសប់ មិនរៀនឲ្យចេះនូវនិមិត្ត នៃចិត្តរបស់ខ្លួន ក៏យ៉ាងនោះដែរ។

[២៩] ម្នាលភិក្ខុទាំងឡាយ ដូចជនអ្នកចំអិននូវភត្ត ជាអ្នកប្រាជ្ញ ឈ្លាសវៃ ប៉ិនប្រសប់ ផ្គត់ផ្គង់នូវព្រះរាជា ឬមហាមាត្យរបស់ព្រះរាជា ដោយ​ម្ហូបទាំងឡាយប្លែកៗ មានឱជារសជូរខ្លះ មានឱជារសល្វីងខ្លះ មានឱជារស ហឺរខ្លះ មានឱជារសផ្អែមខ្លះ មានឱជារសខារខ្លះ មានឱជារស​មិនខារខ្លះ មានឱជារសប្រៃខ្លះ មានឱជារសសាបខ្លះ។ ម្នាលភិក្ខុទាំងឡាយ អ្នកចំអិន​នូវភត្ត​នោះឯង ជាអ្នកប្រាជ្ញ ឈ្លាសវៃ ប៉ិនប្រសប់ រមែងរៀននូវវិធីចំអិនភត្ត​ របស់ខ្លួនថា ថ្ងៃនេះ ភត្ត និងម្ហូបបែបនេះ ពេញចិត្តអញក្តី ព្រះរាជា ឬមហាមាត្យ​របស់​ព្រះរាជា ទ្រង់លា​ព្រះហស្ត ទទួលនូវភត្ត និងម្ហូបនេះក្តី ទ្រង់ទទួលហើយ ​ទទួលទៀត នូវភត្ត និងម្ហូបនេះក្តី ទ្រង់ពោលសរសើរ​ភត្ត និងម្ហូបនេះ​ក្តី ថ្ងៃនេះ ភត្ត និងម្ហូបមានឱជារសជូរ ពេញចិត្តអញក្តី ព្រះរាជា ឬមហាមាត្យរបស់​ព្រះ​រាជា ទ្រង់លាព្រះហស្ត ទទួលភត្ត និងម្ហូបមានឱជារសជូរក្តី ទ្រង់ទទួល​ហើយ ទទួលទៀត នូវភត្ត និងម្ហូបមានឱជារសជូរក្តី ទ្រង់ពោលសរសើរ​ភត្ត​និងម្ហូបមានឱជារសជូរក្តី ថ្ងៃនេះ ភត្ត និងម្ហូប​មានឱជារសល្វីង ពេញចិត្តអញ​ក្តី។ ថ្ងៃនេះ ឱជារសហឺរ ពេញចិត្តអញក្តី។ ថ្ងៃនេះ ឱជារស​ផ្អែម​ ពេញ​ចិត្ត​អញ​ក្តី។ ថ្ងៃនេះ ឱជារសខារ ពេញចិត្តអញក្តី។ ថ្ងៃនេះ ឱជារសមិនខារ​ ពេញ​ចិត្ត​អញក្តី។ ថ្ងៃនេះ ឱជារសប្រៃ ពេញចិត្តអញក្តី។ ថ្ងៃនេះ ឱជារសសាប ពេ​ញ​ចិត្ត​អញក្តី ព្រះរាជា ឬ​មហាមាត្យ របស់ព្រះរាជា ទ្រង់លាព្រះហស្ត​ទទួលនូវភត្ត និងម្ហូបមានឱជារសសាបក្តី ទ្រង់​ទទួលហើយ ទទួលទៀត នូវ​ភត្ត និងម្ហូបមានឱជារសសាបក្តី ទ្រង់ពោលសរសើរ​ភត្ត និងម្ហូបមាន​ឱជា​រស​សាបក្តី។ ម្នាលភិក្ខុទាំងឡាយ អ្នកចំអិននូវភត្តនោះឯង ជាអ្នកប្រាជ្ញ ឈ្លាសវៃ​ ប៉ិនប្រសប់ តែងបាននូវគ្រឿងស្លៀកពាក់ផង បាននូវថ្លៃឈ្នួល​ផង បាននូវរង្វាន់ទាំងឡាយផង។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំង​ឡាយ ព្រោះថា អ្នកចំអិនភត្តនោះ ជាអ្នកប្រាជ្ញ ឈ្លាសវៃ ប៉ិនប្រសប់ រៀននូវ​វិធីចំអិនភត្តរបស់ខ្លួន យ៉ាងណាមិញ។

[៣០] ម្នាលភិក្ខុទាំងឡាយ ភិក្ខុខ្លះក្នុងសាសនានេះ ជាអ្នកប្រាជ្ញ ឈ្លាសវៃ ប៉ិនប្រសប់ ពិចារណាឃើញ នូវកាយក្នុងកាយ ជាប្រក្រតី មាន​ព្យាយាម ដុតកំដៅកិលេស ជាអ្នកដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា ​និងទោមនស្ស ក្នុងលោកចេញ។ កាលភិក្ខុនោះ ពិចារណាឃើញ​ នូវកាយ​​ក្នុងកាយ ជាប្រក្រតី ចិត្តក៏តាំងនៅមាំ ឧបក្កិលេសទាំងឡាយ ក៏ភិក្ខុនោះ លះ​បង់ចេញ​បាន ភិក្ខុនោះ ឈ្មោះថា រៀននូវនិមិត្តនោះ។ ជាអ្នកពិចារណាឃើញ​នូវវេទនា​ ក្នុងវេទនាទាំងឡាយ ជាប្រក្រតី​។ ជាអ្នកពិចារណាឃើញ នូវចិត្តក្នុង​ចិត្ត ជាប្រក្រតី។ ជាអ្នកពិចារណាឃើញ នូវធម៌​ក្នុងធម៌ទាំងឡាយ ជាប្រក្រតី មានព្យាយាម ដុតកំដៅកិលេស​ ជាអ្នកដឹងខ្លួន មានស្មារតី​ កំចាត់បង់ នូវ​អភិជ្ឈា និងទោមនស្ស ក្នុងលោកចេញ។ កាលភិក្ខុនោះ ពិចារណាឃើញនូវ​ធម៌ ក្នុងធម៌ទាំងឡាយ ជាប្រក្រតី ចិត្តក៏តាំងមាំ ឧបក្កិលេសទាំងឡាយ ក៏​ភិក្ខុនោះ លះបង់​ចេញបាន​ ភិក្ខុនោះឈ្មោះថា រៀននូវនិមិត្តនោះ។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុនោះឯង ជាអ្នកប្រាជ្ញ ឈ្លាស​វៃ ប៉ិនប្រសប់ ជាអ្នកបាននូវ​ធម៌ ជាគ្រឿងនៅជាសុខ ក្នុងបច្ចុប្បន្ននេះឯង និងបាននូវ​សតិ និងសម្បជញ្ញៈ។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះថា ភិក្ខុនោះ ជាអ្នក​ប្រាជ្ញ ឈ្លាសវៃ ប៉ិនប្រសប់ តែងរៀននូវនិមិត្ត នៃចិត្តរបស់ខ្លួន ក៏យ៉ាងនោះ​ដែរ។

គិលានសូត្រ ទី៩

[៣១] ខ្ញុំបានស្តាប់មកយ៉ាងនេះ​។ សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់​នៅក្នុង វេលុវគ្រាម ទៀប​ក្រុងវេសាលី។ ក្នុងទីនោះឯង ព្រះដ៏មានព្រះភាគ​ ត្រាស់ហៅភិក្ខុទាំងឡាយ មកថា​ ម្នាលភិក្ខុ​ទាំងឡាយ អ្នកទាំងឡាយ ចូរមក​អាយ ចូរទៅនៅចាំវស្សាដោយជុំវិញ ក្រុងវេសាលី តាមមិត្ត តាម​សន្ទិដ្ឋមិត្ត (មិត្តធ្លាប់បានជួបគ្នា) តាមសម្ភត្តមិត្ត (មិត្តស្និទ្ធស្នាល) តថាគត ក៏ចូលទៅ​ចាំវស្សា នៅក្នុងវេលុវគ្រាមនេះដែរ។ ភិក្ខុទាំងនោះ ទទួលស្តាប់ព្រះពុទ្ធដីកា​ព្រះដ៏មានព្រះភាគថា ព្រះករុណា ព្រះអង្គ ហើយចូលទៅចាំវស្សា ដោយជុំ​វិញក្រុងវេសាលី តាមមិត្ត តាមសន្ទិដ្ឋមិត្ត តាមសម្ភត្តមិត្ត។

[៣២]​ ព្រះដ៏មានព្រះភាគ ស្តេចទៅចាំវស្សា ក្នុងវេលុវគ្រាមនោះឯង។ គ្រានោះឯង កាល​ព្រះដ៏មានព្រះភាគ ស្តេចចូលទៅចាំវស្សាហើយ ព្រះអាពាធ​​ដ៏ក្លៀវ​ក្លាកើតឡើយ វេទនា​ដ៏ខ្លាំង ស្ទើរតែ​នឹងមរណៈ ក៏ប្រព្រឹត្ត​ទៅ។ ក្នុងកាលនោះ ព្រះដ៏មានព្រះភាគ មានព្រះ​សតិ​សម្បជញ្ញៈ ទ្រង់អត់​សង្កត់ មិនឲ្យវេទនាបៀតបៀនព្រះអង្គបាន។ លំដាប់នោះឯង ព្រះដ៏មាន​ព្រះភាគ ទ្រង់មានព្រះតម្រិះ ដូច្នេះថា​ តថាគត មិនប្រាប់ពួកឧបដ្ឋាក មិនលា​ភិក្ខុសង្ឃ ​ហើយ​បរិនិព្វាន ដោយមេត្តាចិត្តឯណា មេត្តាចិត្តនោះ មិនសមគួរ​ឡើយ បើដូច្នោះ មានតែតថាគត បណ្តេញ​អាពាធនេះចេញ ដោយវិរិយៈ ហើយអធិដ្ឋានជីវិតសង្ខារទុក។ ទើបព្រះដ៏​មានព្រះភាគ ទ្រង់បណ្តេញ​​ព្រះអាពាធនោះចេញ ដោយវិរិយៈ ហើយទ្រង់អធិដ្ឋានជីវិតសង្ខារទុក។ លំដាប់នោះ ព្រះដ៏មានព្រះភាគ ទ្រង់បានសះស្បើយ ចាកព្រះអាពាធ លុះទ្រង់​សះស្បើយ​ ចាកព្រះ​អាពាធ មិនយូរប៉ុន្មាន ក៏ស្តេចមកគង់លើអាសនៈ ដែល​គេក្រាលថ្វាយ ក្នុងម្លប់​ខាង​ក្រោយវិហារ។

[៣៣] គ្រានោះ ព្រះអានន្ទដ៏មានអាយុ ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូល​ទៅ​ដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយ​ក្នុង​ទីដ៏សមគួរ។ លុះព្រះអានន្ទ​ដ៏មានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ បានក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា​ បពិត្រ​ព្រះអង្គដ៏ចំរើន សេចក្តី​អត់ធន់ របស់ព្រះដ៏មានព្រះភាគ ខ្ញុំព្រះអង្គ បានឃើញហើយ​ បពិត្រ​ព្រះអង្គដ៏​ចំរើន ការញុំាងអត្តភាព ឲ្យប្រព្រឹត្តទៅ របស់ព្រះដ៏មានព្រះភាគ​ ខ្ញុំព្រះអង្គ​ បាន​ឃើញ​ហើយ បពិត្រព្រះអង្គដ៏ចំរើន មួយទៀត កាយរបស់ខ្ញុំព្រះអង្គ ​ហាក់ដូចជាមានទម្ងន់ពន់ពេក ទិសទាំងឡាយ ក៏មិនប្រាកដដល់ខ្ញុំព្រះអង្គ ធម៌​ទាំងឡាយ ក៏មិនភ្លឺច្បាស់ ដល់ខ្ញុំព្រះអង្គ ព្រោះ​ព្រះដ៏មានព្រះភាគ ទ្រង់ព្រះ​អាពាធ បពិត្រព្រះអង្គដ៏ចំរើន ប៉ុន្តែថា​ ខ្ញុំព្រះអង្គ នៅមានសេចក្តីសង្ឃឹម​បន្តិចថា​ ព្រះដ៏មានព្រះភាគ នឹងមិនទាន់បរិនិព្វាននៅឡើយទេ ព្រោះព្រះដ៏មាន​ព្រះភាគ មិនទាន់ប្រារព្ធភិក្ខុសង្ឃ ទ្រង់ព្រះរាជទានព្រះឱវាទណាមួយនៅ​ឡើយ។ ម្នាលអានន្ទ ក្នុងកាលឥឡូវនេះ ភិក្ខុសង្ឃនឹកសង្ឃឹមតថាគត អ្វីទៀត។ ម្នាលអានន្ទ ធម៌ដែលតថាគត បានសំដែងហើយ ធ្វើមិនឲ្យមាន​ក្នុង មិនឲ្យមានក្រៅហើយ។ ម្នាលអានន្ទ ក្នុងធម៌ទាំងឡាយ របស់តថាគត​ មិននៅក្នុងកណ្តាប់ដៃ នៃអាចារ្យឡើយ។ ម្នាលអានន្ទ គួរតែតថាគត មាន​សេចក្តីត្រិះរិះ យ៉ាងនេះថា តថាគត នឹងរក្សាភិក្ខុសង្ឃ ដូច្នេះក្តី ថាភិក្ខុសង្ឃជា​អ្នកពោលអាង ចំពោះតថាគត ដូច្នេះក្តី។ ម្នាលអានន្ទ ដោយពិតនោះ តថាគត គួរប្រារព្ធភិក្ខុសង្ឃ ហើយសំដែងឱវាទណាមួយទុក។ ម្នាលអានន្ទ តថាគត មិនដែលមាន​សេចក្តីត្រិះរិះ យ៉ាងនេះថា តថាគត នឹងរក្សាភិក្ខុសង្ឃ​ ដូច្នេះក្តី ថាភិក្ខុសង្ឃ ជាអ្នកពោលអាងចំពោះតថាគត ដូច្នេះក្តី។ ម្នាល​អានន្ទ តថាគត នឹងប្រារព្ធភិក្ខុសង្ឃ ហើយសំដែងឱវាទណាមួយធ្វើអ្វី។ ម្នាលអានន្ទ ក្នុង​កាល​ឥឡូវនេះ តថាគតគ្រាំគ្រា ចំរើនវ័យ ចាស់ ដល់ហើយនូវសេចក្តីថមថយ ដោយលំដាប់ មាន​អាយុ ៨០ ឆ្នាំហើយ វ័យ​របស់តថាគត ក៏នៅតែប្រព្រឹត្តទៅបាន។ ម្នាលអានន្ទ ដូចរទេះចាស់ ដែល​បរ​ទៅបានដោយរណបឫស្សី យ៉ាងណាមិញ ម្នាលអានន្ទ កាយរបស់តថាគត ​នៅប្រព្រឹត្តទៅបាន​​ ដូចជារណបឫស្សី ដូច្នោះដែរ។

[៣៤] ម្នាលអានន្ទ ក្នុងសម័យណា​ តថាគតបានចូលកាន់​ចេតោសមាធិ​ មិនមាននិមិត្ត ព្រោះមិនធ្វើទុកក្នុងចិត្ត នូវនិមិត្តទាំងពួង ព្រោះ​រំលត់នូវពួកវេទនាចំពូកខ្លះ ម្នាលអានន្ទ ក្នុង​សម័យនោះ សេចក្តីសប្បាយ​ដ៏ក្រៃលែង រមែងមានដល់តថាគត។ ម្នាលអានន្ទ ព្រោះហេតុនោះ​ក្នុង​សាសនានេះ អ្នកទាំងឡាយ ចូរមានខ្លួន​ជាទីពឹង មានខ្លួនជាទីរឭក កុំមាន​វត្ថុដទៃ ជាទីរឭក ឡើយ ចូរមានធម៌ជាទីពឹង មានធម៌ជាទីរឭក កុំ​មានវត្ថុដទៃ ជាទីរឭកឡើយ។

[៣៥] ម្នាលអានន្ទ ភិក្ខុមានខ្លួនជាទីពឹង​ មានខ្លួនជាទីរឭក មិនមាន​វត្ថុ​ដទៃ ជាទីរឭក មានធម៌ជាទីពឹង មានធម៌ជាទីរឭក មិនមានវត្ថុដទៃជាទីរឭក​ តើដូចម្តេច។ ម្នាលអានន្ទ ភិក្ខុ​ក្នុងសាសនានេះ ពិចារណាឃើញ នូវកាយ​ក្នុង​កាយ មានព្យាយាម ដុតកំដៅកិលេស ជាអ្នក​ដឹងខ្លួន មានស្មារតី ​កំចាត់បង់ នូវ​អភិជ្ឈា និងទោមនស្ស ក្នុងលោកចេញ។ ពិចារណាឃើញ នូវវេទនា​ក្នុងវេ​ទនា​ទាំងឡាយ ​នូវចិត្តក្នុងចិត្ត នូវធម៌ក្នុងធម៌ទាំងឡាយ មានព្យាយាមដុត​កំដៅកិលេស ជាអ្នក​ដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និង​ទោមនស្ស ក្នុងលោកចេញ។ ម្នាលអានន្ទ ភិក្ខុមានខ្លួនជាទីពឹង មានខ្លួនជាទី​រឭក មិនមានវត្ថុដទៃ ជាទីរឭក មានធម៌ជាទីពឹង​ មាន​ធម៌ជាទីរឭក មិនមាន​វត្ថុដទៃជាទីរឭក យ៉ាងនេះឯង។

[៣៦] ម្នាលអានន្ទ ពួកជនឯណានីមួយ មានខ្លួនជាទីពឹង មានខ្លួនជាទី​រឭក មិនមាន​វត្ថុដទៃ ជាទីរឭក មានធម៌ជាទីពឹង មានធម៌ជាទីរឭក មិនមាន​វត្ថុដទៃជាទីរឭក ក្នុង​កាលឥឡូវ​នេះឬ ឬថា ក្នុងកាលជាអំណើសអំពីតថាគតទៅហើយ។ ម្នាលអានន្ទ ពួកភិក្ខុ​ឯណានីមួយ មានសេចក្តីប្រាថ្នា នូវ​ការសិក្សា ភិក្ខុទាំងនោះ នឹងប្រាកដមាន​ក្នុង​ចំណែក​ ដ៏​ប្រសើរ​ក្រៃលែង។

ភិក្ខុនុបស្សយសូត្រ ទី១០

[៣៧] ក្នុងក្រុងសាវត្ថី។ ព្រះដ៏មានព្រះភាគ។ គ្រានោះឯង ព្រះអានន្ទដ៏​មានអាយុ ស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងវេលាព្រឹកព្រហាម ចូលទៅ​កាន់លំនៅភិក្ខុនីមួយរូប លុះចូលទៅ​ដល់ហើយ​ ក៏អង្គុយលើអាសនៈ ដែល​គេក្រាលទុក។ លំដាប់នោះឯង ពួកភិក្ខុនី​ច្រើនរូប ចូលទៅរកព្រះអានន្ទដ៏​មានអាយុ លុះចូលទៅដល់ហើយ ថ្វាយបង្គំ​ព្រះអានន្ទ​ដ៏​មានអាយុ ហើយអង្គុយក្នុងទីសមគួរ។ លុះភិក្ខុនីទាំងនោះ អង្គុយ​ក្នុង​ទីសម​គួរហើយ បាន​ពោល​នឹងព្រះអានន្ទដ៏មានអាយុ ដូច្នេះថា បពិត្រព្រះអានន្ទដ៏ចំរើន ពួក​ភិក្ខុនី​ច្រើនរូបក្នុងទីនេះ មានចិត្ត​តាំងខ្ជាប់ ក្នុងសតិប្បដ្ឋាន ទាំង ៤ តែងដឹង​ច្បាស់ នូវគុណវិសេស ដ៏ក្រៃលែងដទៃទៀត ជាងគុណវិសេសខាងដើម។ ម្នាលនាងទាំងឡាយ យ៉ាងនុ៎ះហើយ  ម្នាលនាង​ទាំងឡាយ យ៉ាងនុ៎ះហើយ មា្នលនាងទាំងឡាយ ព្រោះថា ភិក្ខុ ឬភិក្ខុនីណាមួយ មានចិត្តតាំងខ្ជាប់ ក្នុង​សតិប្បដ្ឋានទាំង ៤ នុ៎ះជាគ្រឿងសង្ឃឹមរបស់ភិក្ខុ ឬភិក្ខុនីនោះ ភិក្ខុ ឬភិក្ខុនីនោះ ​នឹងដឹងច្បាស់ នូវគុណវិសេស ដ៏ក្រៃលែងដទៃទៀត ជាងគុណវិសេសខាង​ដើម។ លំដាប់នោះឯង​ ព្រះអានន្ទ​ដ៏មានអាយុ ក៏ធ្វើពួកភិក្ខុនីទាំងនោះ ឲ្យយល់ច្បាស់ ឲ្យកាន់យក ឲ្យអាចហាន ឲ្យរីករាយ ដោយធម្មីកថា​ ហើយ​ក្រោកចាកអាសនៈ ចៀសចេញទៅ​។

[៣៨] គ្រានោះឯង ព្រះអានន្ទដ៏មានអាយុ ត្រាច់ទៅបិណ្ឌបាត ក្នុងក្រុង​សាវត្ថី លុះត្រឡប់​មក​ពីបិណ្ឌបាត ក្នុងពេលខាងក្រោយ នៃភត្តហើយ ក៏ចូលទៅគាល់ព្រះដ៏មានព្រះភាគ​ លុះចូល​ទៅដល់ហើយ ក៏ក្រាបថ្វាយ​បង្គំ​ព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះព្រះអានន្ទ​ដ៏មានអាយុ ​អង្គុយក្នុងទីសមគួរហើយ បានក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន ក្នុងទីឯណោះ ខ្ញុំព្រះអង្គ ស្លៀកស្បង់ ប្រដាប់បាត្រ​ និងចីវរ ក្នុងវេលា​បុព្វណ្ហសម័យ ចូលទៅកាន់លំនៅភិក្ខុនីមួយរូប លុះចូល​ទៅដល់ហើយ ក៏អង្គុយ​លើអាសនៈ ដែល​គេក្រាលទុក។ បពិត្រព្រះអង្គ​ដ៏​ចំរើន លំដាប់នោះឯង​ ពួកភិក្ខុនីច្រើនរូប ចូលមករក​ខ្ញុំព្រះអង្គ លុះចូលមក​ដល់ហើយ ថ្វាយបង្គំខ្ញុំព្រះអង្គ ហើយអង្គុយក្នុងទីសមគួរ។ បពិត្រព្រះអង្គ​ដ៏ចំរើន លុះពួកភិក្ខុនីទាំងនោះ អង្គុយក្នុងទីសមគួរហើយ បានពោលនឹងខ្ញុំ​ព្រះអង្គ ដូច្នេះថា បពិត្រព្រះអានន្ទដ៏ចំរើន​ ក្នុងទីនេះ មានពួកភិក្ខុនីច្រើនរូប មានចិត្តតាំងខ្ជាប់ ក្នុងសតិប្បដ្ឋាន ​ទាំង ៤ តែងដឹងច្បាស់ នូវគុណវិសេស ដ៏ក្រៃ​លែងដទៃទៀត ជាងគុណវិសេសខាងដើម​។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន កាលភិក្ខុនីទាំងនោះ ពោលយ៉ាងនេះហើយ ខ្ញុំព្រះអង្គ បាននិយាយទៅនឹង

ភិក្ខុ​នីទាំងនោះ ដូច្នេះថា ម្នាលនាងទាំងឡាយ យ៉ាងនុ៎ះឯង ម្នាលនាងទាំងឡាយ យ៉ាងនុ៎ះឯង មា្នលនាងទាំងឡាយ ព្រោះថា ភិក្ខុ ឬភិក្ខុនីណាមួយ មានចិត្តតាំងខ្ជាប់​ ក្នុងសតិប្បដ្ឋាន ទាំង ៤ នុ៎ះជា​គ្រឿងសង្ឃឹម របស់ភិក្ខុ ឬភិក្ខុនីនោះ ភិក្ខុ ឬភិក្ខុនី​នោះ នឹង​ដឹងច្បាស់ នូវគុណវិសេស ក្រៃលែង​ដទៃទៀត ជាងគុណវិសេសខាង​ដើម​។

[៣៩] ម្នាលអានន្ទ យ៉ាងនុ៎ះឯង ម្នាលអានន្ទ យ៉ាងនុ៎ះឯង​ ម្នាលអានន្ទ ព្រោះថា ភិក្ខុ ឬភិក្ខុនី​ណាមួយ​ មានចិត្តតាំងខ្ជាប់ ក្នុងសតិប្បដ្ឋានទាំង​ ៤ នុ៎ះជាគ្រឿង​សង្ឃឹម របស់ភិក្ខុ ឬភិក្ខុនីនោះ ភិក្ខុ ឬភិក្ខុនីនោះ​ នឹងដឹងច្បាស់ នូវ​គុណវិសេស ដ៏ក្រៃលែងដទៃទៀត ជាងគុណ​វិសេសខាងដើម។ សតិប្បដ្ឋាន ​ទាំង ៤ តើដូចម្តេច។​

[៤០] ម្នាលអានន្ទ ភិក្ខុក្នុងសាសនានេះ មានប្រក្រតី ពិចារណាឃើញ​ នូវកាយក្នុងកាយ ​មានព្យាយាម ដុតកំដៅកិលេស ជាអ្ន​កដឹងខ្លួន មានស្មារតី កំចាត់បង់នូវអភិជ្ឈា និងទោមនស្ស ក្នុងលោកចេញ ​។ កាលភិក្ខុនោះ មាន​ប្រក្រតីពិចារណាឃើញ នូវកាយក្នុងកាយ សេចក្តីក្តៅ​ក្រហាយ ដោយ​កិលេស មានកាយជាអារម្មណ៍ តែងកើតឡើងក្នុងកាយក្តី សេចក្តីរួញរា នៃ​ចិត្តក្តី ចិត្តតែងរសាត់អណ្តែត ទៅកាន់អារម្មណ៍ខាងក្រៅក្តី។ ម្នាលអានន្ទ ភិក្ខុនោះ ត្រូវតាំងចិត្តទុក​ក្នុងនិមិត្តគួរ​ជាទីជ្រះថ្លាណាមួយចុះ។ កាលភិក្ខុ​នោះ ​តាំងចិត្តទុក ក្នុងនិមិត្ត​គួរជាទី​ជ្រះថ្លា​ណាមួយ​បានហើយ បាមោជ្ជៈ (សេចក្តីរីករាយ) រមែងកើតឡើង កាលភិក្ខុ​មានបាមោជ្ជៈហើយ បីតិក៏​កើត​ឡើង កាលមានចិត្តប្រកបដោយបីតិហើយ កាយក៏ស្ងប់ ភិក្ខុដែល​មាន​កាយស្ងប់ តែងសោយ​នូវ​សេចក្តីសុខ ចិត្តរបស់ភិក្ខុ ដែលមានសេចក្តីសុខ រមែង​តាំងនៅ​ខ្ជាប់ខ្ជួន​។ ភិក្ខុនោះ  តែង​ពិចារណា​ឃើញច្បាស់ ដូច្នេះថា អាត្មាអញ​ បានតាំងចិត្ត ដើម្បី​ប្រយោជន៍​ឯណា​ ប្រយោជន៍​របស់អាត្មា​អញ​នោះ ក៏បាន​សម្រេចហើយ​ ណ្ហើយចុះ ក្នុងកាលឥឡូវនេះ អាត្មាអញ ប្រមូលមក​នូវចិត្ត (អំពីទីដែលគួរជ្រះថ្លា)។ ភិក្ខុនោះ រមែងប្រមូលមក នូវចិត្តបានផង មិនត្រិះរិះផង មិនពិចារណាផង ទើបដឹងច្បាស់ថា អាត្មាអញ មិនមានវិតក្កៈ មិនមានវិចារៈ មានតែស្មារតី និងសេចក្តីសុខ ប្រព្រឹត្តទៅ ​ក្នុងខាងក្នុង (អារម្មណ៍ជាទី​គោចរ)។

[៤១] ម្នាលអានន្ទ មួយទៀត ភិក្ខុមានប្រក្រតីពិចារណាឃើញ នូវ​វេទនាក្នុងវេទនា​ទាំងឡាយ។ នូវចិត្តក្នុងចិត្ត។ នូវធម៌ក្នុងធម៌ទាំងឡាយ ​ជា​ប្រក្រតី មានព្យាយាម ដុតកំដៅ​កិលេស ជាអ្នក​ដឹងខ្លួន មានស្មារតី កំចាត់​បង់​ នូវអភិជ្ឈា និងទោមនស្ស ក្នុងលោកចេញ។ កាលភិក្ខុនោះ មានប្រក្រតី​ ពិចារណាឃើញ នូវធម៌ក្នុងធម៌ទាំងឡាយ សេចក្តីក្តៅក្រហាយ ដោយ​កិលេស មាន​ធម៌ជា​អារម្មណ៍ រមែងកើតឡើង ក្នុងកាយក្តី សេចក្តីរួញរា នៃ​ចិត្តក្តី ចិត្តរសាត់អណ្តែត​ ទៅកាន់​អារម្មណ៍​ខាងក្រៅក្តី។ ម្នាលអានន្ទ ភិក្ខុនោះ ត្រូវតាំងចិត្តទុក ក្នុងនិមិត្ត ដែលគួរជាទី​ជ្រះថ្លាណា​មួយចុះ។ កាល​បើភិក្ខុនោះ តាំងចិត្តទុក ក្នុងនិមិត្តគួរជាទីជ្រះថ្លាណាមួយបានហើយ បាមោជ្ជៈ ក៏​កើត​ឡើង កាលភិក្ខុមានបាមោជ្ជៈហើយ បីតិក៏កើតឡើង កាលមានចិត្ត​ប្រកបដោយបីតិ កាយក៏ស្ងប់ ភិក្ខុដែល​មានកាយស្ងប់ រមែងសោយនូវ​សេចក្តីសុខ ចិត្តរបស់ភិក្ខុដែលមានសេចក្តីសុខ រមែង​តាំងនៅ​ខ្ជាប់ខ្ជួន។ ភិក្ខុនោះ រមែងពិចារណាឃើញច្បាស់ ដូច្នេះថា អាត្មាអញ បានតាំងចិត្ត ដើម្បី​ប្រយោជន៍​ឯណា ប្រយោជន៍របស់អាត្មាអញនោះ បានសម្រេចហើយ ណ្ហើយចុះ ឥឡូវនេះ អាត្មាអញ ប្រមូលមកនូវចិត្ត។ ភិក្ខុនោះ ទើបប្រមូល​មក​នូវចិត្តផង មិនត្រិះរិះផង មិន​ពិចារណា​ផង ទើបដឹងច្បាស់ថា អាត្មាអញ ​មិនមានវិតក្កៈ មិនមានវិចារៈ មានតែស្មារតី និងសេចក្តីសុខ ​ប្រព្រឹត្ត​ទៅ ​ក្នុងខាង​ក្នុង (អារម្មណ៍ជាទីគោចរ)។ ម្នាលអានន្ទ ការតាំងចិត្ត ហើយភាវនា យ៉ាងនេះឯង​។

[៤២] ម្នាលអានន្ទ ចុះការមិនតាំងចិត្ត ហើយភាវនា តើដូចម្តេច​។ ម្នាលអានន្ទ​ ភិក្ខុមិនបានតាំងចិត្ត ក្នុងអារម្មណ៍ខាងក្រៅ តែងដឹងច្បាស់ថា ចិត្តអាត្មាអញ មិនបានតាំងទុក​ក្នុងអារម្មណ៍​ខាងក្រៅ មួយទៀត ដឹងច្បាស់​ថា ចិត្តអាត្មាអញ មិនបានរាយមាយ ផុតស្រឡះ​ហើយ មិនបានតាំងទុក (ក្នុងអារម្មណ៍ខាងក្រៅ) ទាំងក្រោយ ទាំងមុន មួយវិញទៀត ដឹងច្បាស់ថា ​អាត្មាអញ ពិចារណាឃើញ នូវកាយក្នុងកាយ ជាប្រក្រតី មានព្យាយាមដុត​កំដៅកិលេស ជាអ្នកដឹងខ្លួន មានស្មារតី មានសេចក្តីសុខ។

[៤៣] ម្នាលអានន្ទ ភិក្ខុមិនបានតាំងចិត្ត ក្នុងអារម្មណ៍ខាងក្រៅហើយ ក៏ដឹងច្បាស់ថា​ចិត្តអាត្មាអញ មិនបានតាំងទុក ក្នុងអារម្មណ៍ខាងក្រៅ ទាំង​ដឹង​​ច្បាស់ថា​ ចិត្តអាត្មាអញ មិនបាន​រាយមាយ ផុតស្រឡះហើយ មិនបាន​តាំងទុក (ក្នុងអារម្មណ៍ខាងក្រៅ) ទាំងក្រោយ ទាំងមុន មួយទៀត តែងដឹង​ច្បាស់ថា អាត្មាអញ ពិចារណាឃើញ នូវវេទនាក្នុងវេទនាទាំងឡាយ ជា​ប្រក្រតី មានព្យាយាម ដុតកំដៅកិលេស ជាអ្នកដឹងខ្លួន មានស្មារតី មានសេចក្តីសុខ។

[៤៤] ម្នាលអានន្ទ ភិក្ខុមិនបានតាំងចិត្ត ក្នុងអារម្មណ៍ខាងក្រៅ រមែងដឹងច្បាស់ថា​ ចិត្ត អាត្មាអញ មិនបានតាំងទុក ក្នុងអារម្មណ៍ខាងក្រៅ មួយ​ទៀត ដឹងច្បាស់ថា​ ចិត្តអាត្មាអញ មិនបានរាយមាយ រួចផុតស្រឡះ​ហើយ មិនបានតាំងទុក (ក្នុងអារម្មណ៍ខាងក្រៅ) ទាំងក្រោយ ទាំងមុន មួយ​វិញទៀត ដឹងច្បាស់ថា អាត្មាអញ ពិចារណាឃើញ នូវចិត្តក្នុងចិត្ត ជាប្រក្រតី មានព្យាយាម​ ដុតកំដៅកិលេស​ ជាអ្នកដឹងខ្លួន មានស្មារតី មានសេចក្តីសុខ។

[៤៥] ម្នាលអានន្ទ ភិក្ខុមិនបានតាំងចិត្ត ក្នុងអារម្មណ៍ខាងក្រៅ រមែង​ដឹងច្បាស់ថា ចិត្ត​អាត្មាអញ មិនបានតាំងទុក (ក្នុងអារម្មណ៍ខាងក្រៅ)​ មួយទៀត ដឹងច្បាស់ថា ចិត្តអាត្មាអញ មិនបាន​រាយមាយ រួចផុតស្រឡះ​ហើយ មិនបានតាំងទុក (ក្នុងអារម្មណ៍ខាងក្រៅ) ទាំងក្រោយ ទាំងមុន មួយ​វិញទៀត ដឹងច្បាស់ថា អាត្មាអញ ជាអ្នកពិចារណាឃើញ នូវធម៌ក្នុងធម៌​ទាំងឡាយ ជាប្រក្រតី មានព្យាយាម ដុតកំដៅកិលេស​ ជាអ្នកដឹងខ្លួន មានស្មារតី មានសេចក្តីសុខ។

[៤៦] ម្នាលអានន្ទ ការមិនតាំងចិត្ត ហើយភាវនា យ៉ាងនេះឯង។ ម្នាល​អានន្ទ ការតាំងចិត្ត​ ហើយ​ភាវនា តថាគតសំដែងហើយ ការមិនតាំងចិត្ត ​ហើយភាវនា​ តថាគត ក៏បានសំដែងហើយ ដោយប្រការ​ដូច្នេះឯង។ ម្នាល​អានន្ទ កិច្ចឯណា ដែលព្រះសាស្តា ជាអ្នកស្វែងរកនូវប្រយោជន៍ ជាអ្នក​​អនុគ្រោះ អាស្រ័យនូវសេចក្តីអនុគ្រោះ គប្បីធ្វើដល់សាវកទាំងឡាយ កិច្ច​នោះ តថាគត បានធ្វើហើយ ដល់អ្នកទាំងឡាយ។ ម្នាលអានន្ទ កិច្ចទាំងនុ៎ះ គឺម្លប់ឈើ កិច្ចទាំងនុ៎ះ គឺទីស្ងាត់។ ម្នាលអានន្ទ អ្នកទាំងឡាយ ចូរពិចារណា ចូរកុំប្រមាទ កុំមានសេចក្តីក្តៅក្រហាយ ក្នុងកាលជា​ខាងក្រោយ​ឡើយ នេះ​ជាអនុសាសនី គឺពាក្យប្រៀនប្រដៅ របស់តថាគត ចំពោះ​អ្នកទាំង​ឡាយ។ ព្រះដ៏​មានព្រះភាគ ទ្រង់ត្រាស់នូវភាសិតនេះហើយ។ ព្រះអានន្ទដ៏មានអាយុ ក៏ពេញ​ចិត្ត ​រីករាយ​ចំពោះ​ភាសិតព្រះដ៏មានព្រះភាគ។

ចប់ អម្ពបាលិវគ្គ ទី១។

ឧទ្ទាននៃអម្ពបាលិវគ្គនោះគឺ

និយាយអំពីព្រះដ៏មានព្រះភាគ ទ្រង់គង់ក្នុងអម្ពបាលិវន មាន ២ លើក អំពី​ភិក្ខុមានស្មារតី ១ ​អំពី​ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងព្រាហ្មណគ្រាម ​ឈ្មោះកោសល ក្នុងដែន កោសល ១ អំពី​គំនរ​អកុសល និងកុសល​ ១ អំពី​សត្វខ្លែងឆាបប្រចៀច ១ អំពីប្រទេសដែលសត្វស្វា និងមនុស្ស ទៅបានដោយ​​លំបាក ១ អំពីជនអ្នកចំអិននូវភត្ត​ ១ អំពីព្រះដ៏មានព្រះភាគ ទ្រង់ព្រះប្រឈួន​ជាទម្ងន់​ ១ អំពីព្រះអានន្ទដ៏មានអាយុ ចូលទៅកាន់លំនៅភិក្ខុនីមួយរូប ១។

នាឡន្ទវគ្គ ទី២

មហាបុរិសសូត្រ ទី១

[៤៧] សាវត្ថីនិទាន។ គ្រានោះឯង ព្រះសារីបុត្តដ៏មានអាយុ ចូលទៅ​គាល់ព្រះ​ដ៏មាន​ព្រះភាគ លុះចូលទៅដល់ហើយ ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះ​ព្រះសារីបុត្ត​ដ៏មានអាយុ អង្គុយក្នុងទីសម​គួរហើយ បានក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ពាក្យគេតែងនិយាយថា មហាបុរស មហាបុរស បពិត្រព្រះអង្គដ៏ចំរើន ចុះ​បុគ្គលជាមហាបុរស ដោយហេតុដូចម្តេច។ ម្នាលសារីបុត្ត តថាគតហៅថា មហាបុរស ព្រោះ​មាន​ចិត្តរួចផុតស្រឡះហើយ​ មិនមែនហៅថា​ មហាបុរស ព្រោះមានចិត្ត​មិនទាន់រួច​ផុត​ស្រឡះ​ទេ។

[៤៨] ម្នាលសារីបុត្ត ភិក្ខុដែលឈ្មោះថាមានចិត្តរួចស្រឡះ តើដូចម្តេច។ ម្នាលសារីបុត្ត​ ភិក្ខុក្នុង​សាសនានេះ ជាអ្នកពិចារណាឃើញ នូវកាយក្នុង​កាយ ជាប្រក្រតី មានព្យាយាម​ ដុត​កំដៅ​កិលេស ជាអ្នកដឹងខ្លួន មានស្មារតី កំចាត់បង់នូវអភិជ្ឈា និងទោមនស្ស ក្នុងលោកចេញ។ កាល​ភិក្ខុ​នោះ ​ពិចារណាឃើញ នូវកាយក្នុងកាយ ជាប្រក្រតី ចិត្តក៏ប្រាសចាកតម្រេក រួច​ស្រឡះ ​ចាក​អាសវៈ​ទាំងឡាយ ព្រោះមិនប្រកាន់មាំ។ ជាអ្នកពិចារណា​ឃើញ នូវវេទនា ក្នុងវេទនា​ទាំងឡាយ នូវចិត្តក្នុងចិត្ត នូវធម៌ក្នុងធម៌ទាំង​ឡាយ ជាប្រក្រតី មានព្យាយាម ដុត​កំដៅ​កិលេស​ ជាអ្នកដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្ស ក្នុងលោកចេញ។ កាលភិក្ខុនោះ​ពិចារណា​ឃើញ នូវធម៌ក្នុងធម៌ទាំងឡាយ ជាប្រក្រតី ចិត្តក៏ប្រាសចាក​តម្រេក រួចស្រឡះ​ចាកអាសវៈទាំងឡាយ ព្រោះមិនប្រកាន់មាំ។ ម្នាល​សារីបុត្ត ភិក្ខុដែលឈ្មោះថា មានចិត្តរួច​ស្រឡះ យ៉ាងនេះឯង។ ម្នាលសារីបុត្ត តថាគតហៅថា មហាបុរស ព្រោះមានចិត្តរួចស្រឡះ មិនមែន​ហៅថា​ មហាបុរស ព្រោះមិនមានចិត្តរួចស្រឡះទេ។

នាលន្ទសូត្រ ទី២

[៤៩] សម័យមួយ ព្រះដ៏មានព្រះភាគទ្រង់គង់នៅក្នុងបាវារិកម្ពវន ជិត​ក្រុងនាឡន្ទា។ គ្រានោះឯង ព្រះសារីបុត្តដ៏មានអាយុ ចូលទៅគាល់ព្រះដ៏​មានព្រះភាគ លុះចូលទៅដល់ហើយ ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយ​អង្គុយក្នុងទីសមគួរ។ លុះព្រះសារីបុត្ត​ដ៏មានអាយុ អង្គុយ​ក្នុងទីសមគួរ​ហើយ បានក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ មានចិត្តជ្រះថ្លា ចំពោះព្រះដ៏មានព្រះភាគយ៉ាងនេះ សមណៈ ឬ​ព្រាហ្មណ៍ដទៃ មាន​សេចក្តី​ត្រាស់ដឹង លើសជាងព្រះដ៏មានព្រះភាគ ក្នុង​សម្ពោធិញ្ញាណនេះ មិនមាន​ក្នុងអតីតកាល​ផង មិនមានក្នុងអនាគតកាល​ផង មិនមានក្នុងបច្ចុប្បន្នកាលផងឡើយ។ ម្នាល​សារីបុត្ត អាសភិវាចា (វាចាដ៏អង់អាច) នេះ ដែលអ្នកបានពោលហើយ លើសលុបពេកណាស់ សីហនាទ ដែលខ្លួនកាន់យកតែមួយចំណែក អ្នកបានបន្លឺឡើងហើយថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ មានចិត្តជ្រះថ្លា ក្នុងព្រះដ៏មានព្រះភាគយ៉ាង​នេះ សមណៈ ឬព្រាហ្មណ៍ដទៃ មានសេចក្តី​ត្រាស់​ដឹងក្រៃលែង ​ជាងព្រះដ៏​មានព្រះភាគ ក្នុងសម្ពោធិញ្ញាណនេះ មិនមាន​ក្នុងអតីតកាល​ផង មិនមាន​ក្នុងអនាគតកាលផង មិនមានក្នុងបច្ចុប្បន្នកាលផង។

[៥០] ម្នាលសារីបុត្ត ព្រះដ៏មានព្រះភាគទាំងឡាយឯណា ជាព្រះ​អរហន្តសម្មាសម្ពុទ្ធ ក្នុង​អតីត​កាល ព្រះដ៏មានព្រះភាគទាំងអស់នោះ អ្នក​បានកំណត់ដឹង នូវចិត្តដោយចិត្តថា ព្រះដ៏មាន​ព្រះភាគ​ទាំងនោះ ព្រះអង្គមានសីលយ៉ាងនេះខ្លះ ព្រះដ៏មានព្រះភាគទាំងនោះ ព្រះអង្គមានធម៌​យ៉ាងនេះខ្លះ ព្រះដ៏មានព្រះភាគទាំងនោះ ព្រះអង្គមានបញ្ញាយ៉ាងនេះខ្លះ ព្រះដ៏​មានព្រះភាគ​ទាំងនោះ ព្រះអង្គមានធម៌ ជាគ្រឿងនៅយ៉ាងនេះខ្លះ ព្រះដ៏មាន​ព្រះភាគទាំងនោះ ព្រះអង្គ មានវិមុត្តិយ៉ាងនេះខ្លះ ដូច្នេះបានដែរឬ។ បពិត្រព្រះ​អង្គដ៏ចំរើន ដំណើរនុ៎ះ កំណត់​មិនបានទេ។

[៥១] ម្នាលសារីបុត្ត ព្រះដ៏មានព្រះភាគទាំងឡាយឯណា ជាព្រះ​អរហន្តសម្មាសម្ពុទ្ធ ក្នុង​អនាគតកាល ព្រះដ៏មានព្រះភាគទាំងអស់នោះ អ្នក​កំណត់ដឹង នូវចិត្តដោយចិត្តថា ព្រះដ៏មាន​ព្រះភាគទាំងឡាយនោះ ព្រះអង្គ​មានសីលយ៉ាងនេះខ្លះ ព្រះដ៏មានព្រះភាគទាំងឡាយនោះ ព្រះអង្គមាន​ធម៌​យ៉ាងនេះខ្លះ ព្រះដ៏មានព្រះភាគទាំងឡាយនោះ ព្រះអង្គមានបញ្ញាយ៉ាងនេះ​ខ្លះ ព្រះដ៏មានព្រះភាគទាំងឡាយនោះ ព្រះអង្គមានធម៌ជាគ្រឿងនៅ​យ៉ាង​នេះខ្លះ ព្រះ​ដ៏មាន​ព្រះភាគ​ទាំងឡាយនោះ ព្រះអង្គ មានវិមុត្តិយ៉ាងនេះខ្លះ ដូច្នេះ​បានដែរឬ។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ដំណើរនុ៎ះ កំណត់មិនបានទេ។

[៥២] ម្នាលសារីបុត្ត ចុះតថាគតជាព្រះអរហន្តសម្មាសម្ពុទ្ធ ក្នុង​បច្ចុប្បន្នកាលនេះ អ្នក​កំណត់​ដឹង នូវចិត្តដោយចិត្តថា ព្រះដ៏មានព្រះភាគ ព្រះ​អង្គមានសីលយ៉ាងនេះខ្លះ ព្រះដ៏​មានព្រះភាគ ព្រះអង្គមានធម៌យ៉ាងនេះខ្លះ ព្រះដ៏មានព្រះភាគ ព្រះអង្គមានបញ្ញាយ៉ាងនេះខ្លះ ព្រះដ៏​មានព្រះភាគ ព្រះអង្គ​មានធម៌ ជាគ្រឿងនៅយ៉ាងនេះខ្លះ ព្រះដ៏មានព្រះភាគ ព្រះអង្គ​មានវិមុត្តិយ៉ាង​នេះខ្លះ ដូច្នេះបានដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន ដំណើរនុ៎ះ កំណត់មិនបានទេ។

[៥៣] ម្នាលសារីបុត្ត ការកំណត់ដឹងនូវចិត្តរបស់អ្នក មិនមានក្នុងព្រះ​អរហន្ត សម្មាសម្ពុទ្ធ​ទាំងឡាយ ក្នុងកាលជាអតីត អនាគត បច្ចុប្បន្ននុ៎ះឡើយ។ ម្នាលសារីបុត្ត ចុះហេតុដូចម្តេច ក៏កាល​ឥឡូវនេះ អាសភិវាចាដ៏លើសលុប អ្នកបានពោលហើយ សីហនាទ ដែលខ្លួនកាន់យក ដោយ​ចំណែក​មួយ អ្នកបាន​បន្លឺឡើងហើយថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ មានសេចក្តីជ្រះថ្លា ចំពោះ​ព្រះដ៏មាន​ព្រះភាគ យ៉ាងនេះ សមណៈ ឬព្រាហ្មណ៍ដទៃ មានសេចក្តីត្រាស់ដឹង​ក្រៃ​លែង​លើស ជាងព្រះដ៏មានព្រះភាគ ក្នុងសម្ពោធិញ្ញាណនេះ មិនមានក្នុង​អតីតកាលផង មិនមាន​ក្នុង​អនាគតកាលផង មិនមានក្នុងបច្ចុប្បន្នកាលផង។ បពិត្រព្រះអង្គដ៏ចំរើន ពិតមែន​តែការ​កំណត់​ដឹង នូវចិត្តរបស់ខ្ញុំព្រះអង្គ  ចំពោះព្រះអរហន្ត សម្មាសម្ពុទ្ធទាំងឡាយ ក្នុងអតីតកាល អនាគតកាល បច្ចុប្បន្ន​កាលនោះ មិនមានឡើយ ប៉ុន្តែការស្ទង់តាមធម៌ ខ្ញុំព្រះអង្គ បានដឹងច្បាស់​ហើយ។

[៥៤] បពិត្រព្រះអង្គដ៏ចំរើន ដូចនគររបស់ព្រះរាជា នៅទីបំផុតដែន មាន​ជើងកំពែងដ៏មាំ មានកំពែង និងសសរខឿនដ៏មាំ មានទ្វារតែមួយ នាយទ្វារ​របស់ព្រះរាជានោះ ជាបណ្ឌិត ឈ្លាសវៃ មាន​ប្រាជ្ញា នៅប្រចាំត្រង់ទ្វារនោះ ចំា​ហាម​ឃាត់ជនទាំងឡាយ ដែលមិនស្គាល់ បើកឲ្យតែពួកជន ដែល​ស្គាល់ចូលទៅបាន។ នាយទ្វារនោះ ដើរត្រួតត្រាផ្លូវ តាមជួរកំពែង ដោយជុំវិញនគរនោះ  ក៏មិន​ឃើញនូវ​ទី-ត នៃកំពែងឬ ឬនៅចន្លោះនៃកំពែង ដោយហោចទៅ សូម្បីតែសត្វ​ឆ្មា​ ក៏សសុល​ចូល​ពុំបាន​។ នាយទ្វារនោះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា ពួកសត្វ​ធំៗណាមួយ រមែងចូល​ទៅកាន់​នគរនេះ ឬចេញមកវិញ ពួកសត្វទាំងអស់​នោះ រមែងចូលទៅ ឬចេញតាមទ្វារនេះឯង យ៉ាងណា​មិញ។ បពិត្រព្រះអង្គ​ដ៏​ចំរើន ការស្ទង់តាមធម៌ ខ្ញុំព្រះអង្គ បានដឹងហើយ បពិត្រ​ព្រះអង្គដ៏ចំរើន ព្រះ​ដ៏មានព្រះភាគទាំងឡាយឯណា ជាព្រះអរហន្តសម្មាសម្ពុទ្ធ មានក្នុងអតីត​កាល ព្រះដ៏​មាន​ព្រះភាគ​ទាំងអស់នោះ ទ្រង់លះបង់ នូវនីវរណៈ ទាំង ៥ ដែល​ជា​ឧបក្កិលេស​នៃចិត្ត ដែលធ្វើ​បញ្ញា ឲ្យមានកំឡាំងថយ ទ្រង់មានព្រះហឫទ័យ​ដំកល់ខ្ជាប់ ក្នុងសតិប្បដ្ឋាន ទាំង ៤ ទ្រង់ចំរើន​នូវពោជ្ឈង្គ ទាំង ​៧ ត្រាស់ដឹង​ចំពោះនូវអនុត្តរសម្មាសម្ពោធិធម៌ តាមសភាវៈពិត។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ព្រះដ៏មានព្រះភាគទាំងឡាយឯណា ជាព្រះអរហន្តសម្មាសម្ពុទ្ធ មានក្នុង​អនាគត​កាល ព្រះ​ដ៏មានព្រះភាគទាំងអស់នោះ ទ្រង់លះបង់នូវនីវរណៈ ទាំង​ ៥ ដែលជាឧបក្កិលេស នៃចិត្ត ដែលធ្វើបញ្ញា ឲ្យមានកំឡាំងថយ ទ្រង់មាន​ព្រះហឫទ័យដំកល់ខ្ជាប់ ក្នុងសតិប្បដ្ឋាន ទាំង ៤ ទ្រង់ចំរើន​នូវពោជ្ឈង្គទាំង ៧ ត្រាស់ដឹងនូវអនុត្តរសម្មាសម្ពោធិធម៌ តាមសភាវៈពិត។ បពិត្រ​ព្រះអង្គ​ដ៏​ចំរើន ព្រះដ៏មានព្រះភាគ ជាព្រះអរហន្តសម្មាសម្ពុទ្ធ ក្នុងកាលជាបច្ចុប្ប​ន្ននេះ ក៏​ទ្រង់​លះបង់ នូវនីវណៈ ទាំង ៥ ដែលជាឧបក្កិលេសនៃចិត្ត ដែលធ្វើបញ្ញាឲ្យមាន​កំឡាំងថយ ទ្រង់​មាន​ព្រះហឫទ័យដំកល់ខ្ជាប់ ក្នុងសតិប្បដ្ឋាន ទាំង ៤ ទ្រង់​ចំរើននូវ​ពោជ្ឈង្គទាំង ៧ ត្រាស់ដឹង នូវអនុត្តរសម្មាសម្ពោធិធម៌ តាមសភាវៈ​ពិត យ៉ាងនោះឯង។

[៥៥] ម្នាលសារីបុត្ត ត្រូវណាស់ហើយ ម្នាលសារីបុត្ត ព្រោះហេតុនោះ អ្នកគប្បី​ពោល នូវធម្មបរិយាយនេះ ដល់ពួកភិក្ខុ ភិក្ខុនី ឧបាសក និងឧបាសិកា ឲ្យរឿយៗចុះ។ ម្នាលសារីបុត្ត ព្រោះថា សេចក្តីងឿងឆ្ងល់ ឬសេចក្តីសង្ស័យ​ ក្នុងព្រះតថាគត នឹងមានដល់មោឃបុរសឯណា មោឃបុរសទាំងនោះ បាន​ស្តាប់នូវធម្មបរិយាយនេះហើយ មុខជានឹងលះបង់ នូវសេចក្តីងឿងឆ្ងល់ ឬ​សេចក្តីសង្ស័យ ក្នុងព្រះតថាគតចេញបាន។

ចុន្ទសូត្រ ទី៣

[៥៦] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន​ របស់​អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ សម័យនោះឯង ព្រះសារីបុត្តដ៏មាន​អាយុ មានអាពាធ មានសេចក្តីទុក្ខ មាន​ជម្ងឺធ្ងន់ នៅក្នុងស្រុកនាឡកៈ ក្នុង​ដែនមគធៈ។ មានសាមណេរ ឈ្មោះចុន្ទ ជាឧបដ្ឋាក របស់​ព្រះសារីបុត្ត​ដ៏មាន​អាយុ។ គ្រានោះឯង ព្រះសារីបុត្ត ក៏បរិនិព្វាន ​ដោយអាពាធនោះ។

 [៥៧] លំដាប់នោះឯង ចុន្ទសាមណេរ ក៏កាន់យកបាត្រ និងចីវរ របស់ព្រះសារីបុត្ត​ដ៏មាន​អាយុ ហើយចូលទៅរកព្រះអានន្ទដ៏មានអាយុ ឯវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុង​សាវត្ថី លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះអានន្ទដ៏មានអាយុ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះចុន្ទសាមណេរ អង្គុយក្នុងទីសមគួរហើយ បានពោលនឹងព្រះអានន្ទដ៏មានអាយុ ដូច្នេះថា បពិត្រព្រះអានន្ទដ៏ចំរើន ព្រះសារីបុត្តដ៏មានអាយុ បរិនិព្វានហើយ នេះបាត្រចីវររបស់លោក។ ម្នាលអាវុសោចុន្ទ នេះជាដំណឹង ដែលអ្នកនាំមកជាដំបូង ម្នាលអាវុសោចុន្ទ មក យើងនឹងនាំ​គ្នា​ចូល​ទៅរកព្រះដ៏មានព្រះភាគ ដើម្បីគាល់ព្រះអង្គ លុះចូលទៅដល់ហើយ នឹង​ក្រាបបង្គំ​ទូល​សេចក្តីនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ចុន្ទសាមណេរ ក៏ទទូលពាក្យព្រះអានន្ទដ៏មានអាយុថា ករុណា លោកម្ចាស់។

[៥៨] គ្រានោះឯង ព្រះអានន្ទដ៏មានអាយុ និងចុន្ទសាមណេរ ក៏ចូលទៅគាល់ព្រះដ៏មាន ព្រះភាគ លុះចូលទៅដល់ហើយ ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះព្រះអានន្ទ​ដ៏មានអាយុ អង្គុយក្នុងទីសមគួរហើយ បានក្រាបបង្គំទូល​ព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន ចុន្ទសាមណេរនេះ បាននិយាយយ៉ាងនេះថា បពិត្រលោកដ៏ចំរើន ព្រះសារីបុត្ត​ដ៏មាន​អាយុ បរិនិព្វានហើយ នេះបាត្រចីវររបស់លោក។ បពិត្រព្រះអង្គដ៏ចំរើន មួយទៀត កាយ​របស់​ខ្ញុំព្រះអង្គ ហាក់ដូចជារឹងស្តូកស្តឹង ទាំងទិសទាំងឡាយ ក៏មិនប្រាកដ ដល់ខ្ញុំព្រះអង្គ ទាំងធម៌​ទាំងឡាយ ក៏មិនភ្លឺច្បាស់ ដល់ខ្ញុំព្រះអង្គដែរ ព្រោះបានឮថា ព្រះសារីបុត្តដ៏មានអាយុ បរិនិព្វាន​ទៅហើយ។

[៥៩] ម្នាលអានន្ទ សារីបុត្តនាំយកសីលក្ខន្ធ បរិនិព្វានទៅហើយឬ នាំយកសមាធិក្ខន្ធ បរិនិព្វានទៅហើយឬ នាំយកបញ្ញាក្ខន្ធ បរិនិព្វានទៅហើយឬ នាំយកវិមុត្តិក្ខន្ធ បរិនិព្វាន​ទៅហើយ​ឬ នាំយកវិមុត្តិញ្ញាណទស្សនក្ខន្ធ បរិនិព្វានទៅហើយឬ។ បពិត្រព្រះអង្គដ៏ចំរើន ព្រះសារីបុត្តដ៏​មានអាយុ របស់ខ្ញុំព្រះអង្គ នាំយកសីលក្ខន្ធ បរិនិព្វានទៅក៏ទេ។បេ។ នាំយកវិមុត្តិញ្ញាណទស្សនក្ខន្ធ បរិនិព្វានទៅក៏ទេ។ បពិត្រព្រះអង្គដ៏ចំរើន ប៉ុន្តែព្រះសារីបុត្តដ៏មានអាយុ របស់ខ្ញុំព្រះអង្គ លោកជា​អ្នកប្រដៅ ជាអ្នកពន្យល់ ជាអ្នកបំភ្លឺ ជាអ្នកបបួល ជាអ្នកឲ្យអាចហាន ជាអ្នកឲ្យរីករាយ ជាអ្នក​មិន​ខ្ជិលច្រអូស ជាអ្នកអនុគ្រោះ ដល់ពួកសព្រហ្មចារ្យ ដោយធម៌ទេសនា យើងខ្ញុំទាំងឡាយ តែង​រឭកតាមនូវធម្ម ឱជារស ធម្មសម្បត្តិ ធម្មានុគ្រោះ របស់ព្រះសារីបុត្តដ៏មានអាយុនោះ។

[៦០] ម្នាលអានន្ទ ដំណើរនោះ តថាគតបានប្រាប់មុនហើយថា ការផ្សេងៗគ្នា ការព្រាត់​ប្រាស់គ្នា ការប្រព្រឹត្តទៅទីទៃពីគ្នា ចាកសត្វ និងសង្ខារទាំងពួង ជាទីស្រឡាញ់ ជាទីពេញចិត្ត ម្នាលអានន្ទ អ្នកគប្បីបានដំណើរនោះអំពីទីឯណា ដូច្នេះមិនមែនឬ។  របស់ឯណា ដែលកើត​ហើយ ចំរើនហើយ បច្ច័យតាក់តែងហើយ របស់នោះឯង តែង​មានសេចក្តីវិនាសទៅជាធម្មតា ។ បុគ្គលនឹងសង្ឃឹមថា សូមឲ្យរបស់នោះ កុំបីវិនាសឡើយ ហេតុនុ៎ះ មិនដែលមានឡើយ។

[៦១] ម្នាលអានន្ទ ដូចដើមឈើធំក្រៃលែងជាងឈើធំ ដែលមានខ្លឹម កំពុងតាំងនៅ ស្រាប់​តែ​រលំទៅ យ៉ាងណា។ ម្នាលអានន្ទ កាលបើភិក្ខុសង្ឃជាច្រើន ប្រកបដោយសារធម៌ កំពុងឋិតនៅ ស្រាប់​តែសារីបុត្តបរិនិព្វានទៅ ក៏យ៉ាងនោះឯង ម្នាលអានន្ទ ដំណើរនោះ អ្នកគប្បីបាន​អំពីទី​ឯណា។ របស់ឯណា ដែលកើតហើយ ចំរើនហើយ បច្ច័យតាក់តែងហើយ តែងមាន​សេចក្តី​វិនាស​ទៅ ជាធម្មតា បុគ្គលនឹងសង្ឃឹមថា សូមឲ្យរបស់នោះ កុំវិនាសទៅឡើយ ហេតុនុ៎ះ មិនដែល​មាន​ឡើយ។ ម្នាលអានន្ទ ព្រោះហេតុនោះ ក្នុងសាសនានេះ អ្នកទាំងឡាយ ចូរមានខ្លួនជាទីពឹង មាន​ខ្លួនជាទីរឭក កុំបីមានវត្ថុដទៃជាទីរឭកឡើយ ចូរមានធម៌ជាទីពឹង មានធម៌ជាទីរឭក កុំបីមាន​វត្ថុដទៃ ជាទីរឭកឡើយ។

[៦២] ម្នាលអានន្ទ ភិក្ខុដែលមានខ្លួនជាទីពឹង មានខ្លួនជាទីរឭក មិនមាន​វត្ថុដទៃជាទីរឭក មាន​ធម៌ជាទីពឹង មានធម៌ជាទីរឭក មិនមានវត្ថុដទៃជាទី​រឭក តើដូចម្តេច។ ម្នាលអានន្ទ ភិក្ខុក្នុង​សាសនានេះ តែងពិចារណាឃើញ នូវ​កាយក្នុងកាយ ជាប្រក្រតី មានព្យាយាម ដុតកំដៅកិលេស ជាអ្នក​ដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្ស ក្នុងលោកចេញ។ ជាអ្នកពិចារណា​ឃើញ នូវវេទនាក្នុងវេទនាទាំងឡាយ នូវចិត្តក្នុងចិត្ត នូវធម៌​ក្នុងធម៌ទាំងឡាយ ជាប្រក្រតី មាន

ព្យា​យាម ដុតកំដៅកិលេស ជាអ្នកដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្ស ក្នុងលោក​ចេញ។ ម្នាលអានន្ទ​ ភិក្ខុមានខ្លួនជាទីពឹង មានខ្លួនជាទីរឭក មិនមានវត្ថុដទៃជាទីរឭក មានធម៌ជា​ទីពឹង មានធម៌ជាទីរឭក មិនមានវត្ថុដទៃជាទីរឭក យ៉ាងនេះឯង។

[៦៣] ម្នាលអានន្ទ ពួកភិក្ខុឯណានីមួយ ក្នុងកាលឥឡូវនេះក្តី ក្នុងកាល​អំណើះ​អំពីតថាគត​ទៅក្តី នឹងមានខ្លួនជាទីពឹង មានខ្លួនជាទីរឭក កុំបីមានវត្ថុដទៃជាទីរឭក មានធម៌ជាទីពឹង មានធម៌ ជាទីរឭក កុំបីមានវត្ថុដទៃ ជាទីរឭក​ចុះ។ ម្នាលអានន្ទ ពួកភិក្ខុឯណានីមួយ ជាអ្នកប្រាថ្នាការសិក្សា ភិក្ខុទាំងនោះ នឹង​ប្រាកដមាន​ ក្នុង​ចំណែកដ៏ប្រសើរក្រៃលេង។

ឧក្កចេលសូត្រ ទី៤

[៦៤] កាលដែលព្រះសារីបុត្ត និងព្រះមោគ្គល្លាន [ព្រះថេរៈទាំងពីរអង្គនេះ បរិនិព្វាន ក្នុងខែកត្តិក​ជាមួយគ្នា ផ្សេងគ្នាតែមុននិងក្រោយ គឺព្រះសារីបុត្ត​បរិនិព្វាន ក្នុងថ្ងៃ ១៥ កើត ខែ​កត្តិក ព្រះមហាមោគ្គលា្លន បរិនិព្វា​ន ក្នុងថ្ងៃ​ ១៥ រោច ខែកត្តិក (អដ្ឋកថា)។] បរិនិព្វាន​ទៅ​ហើយ​​មិនយូរ​ប៉ុន្មាន សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅទៀប​ឆ្នេរស្ទឹងគង្គា ជិតក្រុងឧក្កចេលា នាដែនវជ្ជី ជាមួយនិងភិក្ខុសង្ឃច្រើនរូប។ សម័យនោះ​ឯង ព្រះដ៏មានព្រះភាគ មានភិក្ខុសង្ឃ​ចោមរោម ទ្រង់គង់នៅក្នុងទីវាល។ ទើបព្រះដ៏មានព្រះភាគ ទ្រង់ក្រឡេកមើលទៅ​ភិក្ខុសង្ឃ នៅស្ងៀមហើយ ក៏ទ្រង់ត្រាស់ទៅនឹងភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ កាលដែល​សារីបុត្ត និងមោគ្គល្លាន មិនទាន់បរិនិព្វាននៅឡើយ ក៏បរិសទ្យនេះឯង ប្រាកដ​ហាក់ដូចជាសូន្យ ដល់​តថាគត។ ម្នាលភិក្ខុទាំងឡាយ (បើ) សារីបុត្ត និងមោគ្គល្លាន នៅក្នុងទិសឯណា ទិសនោះ​មិនសូន្យ​ ដល់តថាគតទេ ទាំងសេចក្តីមិនព្រួយបារម្ភ (របស់តថាគត) ក៏មានក្នុងទិសនោះ។

[៦៥] ម្នាលភិក្ខុទាំងឡាយ ព្រះដ៏មានព្រះភាគទាំងឡាយឯណា ជាអរហន្តសម្មាសម្ពុទ្ធ ដែលមានហើយ ក្នុងអតីតកាលក្តី សាវកទាំងគូ​ របស់ព្រះដ៏មានព្រះភាគទាំងនោះ ក៏មាន​ប្រមាណ​ប៉ុណ្ណេះ ដូចជាសារីបុត្ត និង​មោគ្គល្លានរប​ស់តថាគតដែរ។ ម្នាលភិក្ខុទាំងឡាយ ព្រះដ៏មាន​ព្រះភាគ​ទាំង​ឡាយឯណា ជាអរហន្តសម្មាសម្ពុទ្ធ នឹងមានក្នុងអនាគតកាលក្តី សាវក​ទាំងគូ របស់ព្រះដ៏មានព្រះភាគទាំងនោះ ក៏មានប្រមាណប៉ុណ្ណេះ ដូចជាសារីបុត្ត និងមោគ្គល្លាន របស់តថាគតដែរ។

[៦៦] ម្នាលភិក្ខុទាំងឡាយ  (នេះ) ជាហេតុអស្ចារ្យរបស់ពួកសាវក ម្នាលភិក្ខុទាំងឡាយ (នេះ) ជាហេតុចម្លែក របស់ពួកសាវក ព្រោះពួកសាវក​ ជាអ្នកធ្វើតាមពាក្យប្រៀនប្រដៅ និង​ធ្វើ​តាមឱវាទ របស់តថាគតជាគ្រូ​ហើយ នឹងបានជាទីស្រឡាញ់ផង ជាទីគាប់ចិត្តផង ជាទីគោរពផង ជាទី​សរសើរ​ផង នៃពួកបរិសទ្យ ទាំង ៤។ ម្នាលភិក្ខុទាំងឡាយ (នេះ) ជាហេតុ​អស្ចារ្យ របស់​តថាគត ម្នាលភិក្ខុទាំងឡាយ (នេះ) ជាហេតុចម្លែក របស់​តថាគត ព្រោះថា កាល​បើសាវក​ទាំងគូ  មានសភាពដូច្នេះ បរិនិព្វានទៅហើយ សេចក្តីសោកក្តី សេចក្តីខ្សឹកខ្សួលក្តី មិនមានដល់តថាគត​ឡើយ ម្នាលភិក្ខុ​ទាំងឡាយ ក្នុងលោកនេះ បុគ្គលគប្បីបាននូវហេតុនោះអំពីទីណា។ ធម្មជាត​ឯណា ដែលកើតហើយ មានហើយ បច្ច័យប្រជុំតាក់តែងហើយ ក៏គង់មានកិរិយា​ទ្រុឌទ្រោមទៅ ជាធម្មតា (នឹងឃាត់) ថា ឱហ្ន៎ ធម្មជាតនោះ ចូរកុំទ្រុឌទ្រោម​ទៅ ហេតុនេះ រមែងមិនមានឡើយ។

[៦៧​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​] ម្នាលភិក្ខុទាំងឡាយ កាលបើដើមឈើដែលធំ ជាឈើមានខ្លឹម កំពុងឋិតនៅ ឯមែកដែលធំៗ នៃឈើនោះ ក៏បាក់បែកទៅ យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ ឯភិក្ខុ​សង្ឃដ៏ធំ មាន​ខ្លឹមឋិតនៅ សារីបុត្ត និង​មោគ្គល្លាន [ភិក្ខុសង្ឃទុកដូចជាដើមព្រីងធំ កំពស់ ១០០ យោជន៍ ព្រះសារីបុត្ត និងព្រះមហាមោគ្គល្លាន ទុកដូចជាមែកធំទាំងគូ ដែលបែកចេញពីដើម ទៅទិស​ខាងត្បូង ៥០ យោជន៍ ខាងជើង ៥០ យោជន៍ (អដ្ឋកថា)។] បរិនិព្វានទៅហើយ ។ សារីបុត្ត និងមោគ្គល្លាននោះ បុគ្គលគប្បី​រក​​​​បានក្នុងភិក្ខុសង្ឃនេះ អំពីទីណា ក៏យ៉ាងនោះឯង។ ធម្មជាតឯណា ដែល​កើតហើយ មានហើយ បច្ច័យប្រជុំតាក់តែងហើយ (នឹងឃាត់) ថា ឱហ្ន៎ ធម្មជាតនោះ ចូរកុំទ្រុឌទ្រោមទៅ ហេតុនេះ រមែង​មិន​មានឡើយ។ ម្នាលភិក្ខុ​ទាំងឡាយ ព្រោះហេតុនោះ ក្នុងសាសនានេះ អ្នក​ទាំងឡាយ ចូរយកខ្លួនជា​ទីពឹង យកខ្លួនជាទីរឭក កុំយកវត្ថុដទៃជាទីពឹង ទីរឭកឡើយ ចូកយក​ធម៌ជា​ទីពឹង យកធម៌ជាទីរឭក កុំយកវត្ថុដទៃជា ទីពឹងទីរឭកឡើយ។

[៦៨] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុយកខ្លួនជាទីពឹង យកខ្លួនជាទីរឭក មិនយកវត្ថុ​ដទៃ ជាទីពឹងទីរឭក យកធម៌ជាទីពឹង យកធម៌ជាទីរឭក មិនយកវត្ថុដទៃជាទីពឹងទីរឭក តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុង​សាសនានេះ ពិចារណាឃើញ នូវកាយក្នុងកាយ មានព្យាយាម ជាគ្រឿង​ដុត​កំដៅ នូវកិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និង​ទោមនស្ស ក្នុងលោកចេញ។ ពិចារណាឃើញ នូវវេទនាក្នុងវេទនាទាំង​ឡាយ នូវចិត្តក្នុងចិត្ត នូវធម៌​ក្នុងធម៌ទាំងឡាយ មានព្យាយាម ជាគ្រឿងដុត​កំដៅនូវកិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និង​ទោមនស្ស ក្នុងលោកចេញ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុយក​ខ្លួនជាទីពឹង យក​ខ្លួនជាទីរឭក មិនយកវត្ថុដទៃជាទីពឹងទីរឭក យកធម៌ជាទីពឹង យកធម៌​ជាទី​រឭក មិនយកវត្ថុដទៃជាទីពឹងទីរឭក យ៉ាងនេះឯង។

[៦៩] ម្នាលភិក្ខុទាំងឡាយ មែនពិត ពួកភិក្ខុឯណានីមួយ ក្នុងកាល​ឥឡូវនេះក្តី ក្នុងកាលជា​អំណើះ​ អំពីតថាគតទៅក្តី នឹងយកខ្លួនជាទីពឹង យក​ខ្លួនជាទីរឭក មិនយក​វត្ថុដទៃជាទីពឹងទីរឭក យកធម៌ជាទីពឹង យកធម៌ជា​ទីរឭក មិនយកវត្ថុដទៃជាទីពឹងទីរឭក។ ម្នាលភិក្ខុ​ទាំងឡាយ ពួកភិក្ខុឯណា​នីមួយ ជាសិក្ខាកាម (អ្នកប្រាថ្នានូវការសិក្សា) ភិក្ខុទាំង​នុ៎ះ នឹងមាន​សេចក្តីចំរើន ដរាបដល់កាលជាទីបំផុត។

ពាហិយសូត្រ ទី៥

[៧០] សាវត្ថីនិទាន។ គ្រានោះ ព្រះពាហិយៈដ៏មានអាយុ ចូលទៅគាល់​ព្រះដ៏មាន​ព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះដ៏មាន​ព្រះភាគ ហើយអង្គុយ​ក្នុង​ទីសមគួរ។ លុះព្រះពាហិយៈ ដ៏មានអាយុ អង្គុយ​ក្នុងទីសមគួរហើយ ក៏ក្រាបបង្គំ​ទូលព្រះដ៏​មានព្រះភាគ ដូច្នេះថា បពិត្រព្រះ​អង្គដ៏ចំរើន សូមព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់សំដែងធម៌ ដោយសង្ខេប​ ដល់ខ្ញុំព្រះអង្គ ព្រោះថា ខ្ញុំព្រះអង្គ បើបានស្តាប់ធម៌ របស់ព្រះដ៏មានព្រះភាគ​ហើយ ជាបុគ្គលម្នាក់ឯង ចៀសចេញទៅ មិនបានប្រមាទ មានព្យាយាម ជា​គ្រឿងដុតកំដៅ​នូវកិលេស មាន​ចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន។ ម្នាលពាហិយៈ ក្នុងសាសនានេះ អ្នកចូរជម្រះ នូវដើម នៃ​កុសលធម៌សិន។ ចុះអ្វីជាដើម នៃ​កុសលធម៌។ គឺសីលស្អាតល្អ ១ ទិដ្ឋិត្រង់ ១។

[៧១] ម្នាលពាហិយៈ កាលណាបើអ្នកនឹងមានសីលស្អាតល្អ មានទិដ្ឋិ​ត្រង់ល្អហើយ ម្នាល​ពាហិយៈ លំដាប់អំពីនោះទៅ អ្នកគប្បីអាស្រ័យសីល ដំកល់នៅក្នុងសីល  ហើយចំរើន​នូវ​សតិប្បដ្ឋាន ៤ ចុះ។ សតិប្បដ្ឋាន ៤ តើ​ដូចម្តេច។ ម្នាលពាហិយៈ ក្នុងសាសនានេះ អ្នកចូរ​ពិចារណា​ឲ្យឃើញ នូវ​កាយក្នុងកាយ មានព្យាយាម ជាគ្រឿងដុតកំដៅ នូវកិលេស មានសេចក្តី ដឹង​ខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមន​ស្ស ក្នុងលោក។ ចូរពិចារ​ណា ឲ្យឃើញ នូវវេទនា ក្នុងវេទនាទាំងឡាយ នូវចិត្តក្នុងចិត្ត នូវធម៌ក្នុងធម៌​ទាំងឡាយ មានព្យាយាម ជាគ្រឿង​ដុតកំដៅ នូវកិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្ស ក្នុងលោក។ ម្នាលពាហិយៈ កាលណាបើអ្នកនឹងអាស្រ័យសីល ដំកល់នៅក្នុងសីល ចំរើននូវ​សតិប្បដ្ឋាន ទាំង៤នេះ យ៉ាងនេះឯង​ ម្នាលពាហិយៈ លំដាប់អំពីនោះទៅ យប់ក្តី ថ្ងៃក្តី នឹងមក ដល់អ្នក សេចក្តី​ចំរើន នឹងប្រាកដក្នុងកុសលធ​ម៌ទាំងឡាយ មិនបានសាបសូន្យឡើយ។

[៧២] គ្រានោះ ព្រះពាហិយៈដ៏មានអាយុ ត្រេកអរ រីករាយ ចំពោះ​ភាសិត របស់ព្រះ​ដ៏មានព្រះភាគហើយ ក៏ក្រោកចាកអាសនៈ ថ្វាយ​បង្គំ​ព្រះ​ដ៏មានព្រះភាគ ធ្វើប្រទក្សិណ រួចចេញទៅ។ គ្រានោះ ព្រះពាហិយៈដ៏មាន​អាយុ ជាបុគ្គលម្នាក់ឯង ចៀសចេញចាកពួក មិនបានប្រមាទ​ មានព្យាយាម​ ជាគ្រឿងដុតកំដៅ នូវកិលេស មានចិត្តបញ្ជូន​ទៅកាន់ព្រះនិព្វាន កុលបុត្ត​ទាំងឡាយ ចេញចាកផ្ទះ ចូលទៅកាន់ផ្នួស ដោយប្រពៃ ដើម្បីប្រយោជន៍ ដល់​លោកុត្តរ​ធម៌ឯណា មិនយូរប៉ុន្មាន ក៏បានធ្វើឲ្យជាក់ច្បាស់ នូវលោកុត្តរ​ធម៌ ដ៏ប្រសើរនោះ ដែលជាទី​បំផុត នៃព្រហ្មចរិយៈ ដោយប្រាជ្ញា​ដ៏ឧត្តម ដោយ​ខ្លួនឯង ក្នុងបច្ចុប្បន្ន ក៏បានដឹងច្បាស់ថា ជាតិ​អស់​ហើយ មគ្គព្រហ្មចរិយៈ​ អាត្មាអញ បាននៅរួចហើយ សោឡសកិច្ច អាត្មាអញ បានធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។ បណ្តា​ព្រះអរហន្តទាំងឡាយ ព្រះពាហិយៈដ៏មានអាយុ ក៏ជាព្រះអរហន្ត ១ អង្គដែរ។

ឧត្តិយសូត្រ ទី៦

[៧៣] សាវត្ថីនិទាន។ គ្រានោះ ព្រះឧត្តិយៈដ៏មានអាយុ ចូលទៅគាល់​ព្រះដ៏មាន​ព្រះភាគ។បេ។ លុះព្រះឧត្តិយៈដ៏មានអាយុ អង្គុយក្នុងទីសមគួរ​ហើយ  ក៏ក្រាបបង្គំទូល​ព្រះដ៏មាន​ព្រះភាគ ដូច្នេះថា​ បពិត្រព្រះអង្គដ៏ចំរើន សូមព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់សំដែងធម៌ ដោយសង្ខេប ដល់ខ្ញុំព្រះអង្គ ព្រោះថា ខ្ញុំព្រះអង្គ កាលបើបានស្តាប់ធម៌ របស់ព្រះដ៏មាន​ព្រះភាគ​ហើយ ជា​បុគ្គលម្នាក់ឯង ចៀសចេញចាកពួក មិនបានប្រមាទ មានព្យាយាម ជាគ្រឿង​ដុត​កំដៅ​នូវកិលេស មានចិត្តស្លុងទៅរកព្រះនិព្វាន។ ម្នាលឧត្តិយៈ បើដូច្នោះ​ ក្នុងសាសនានេះ អ្នកចូរជម្រះ នូវដើមនៃកុសលធម៌ទាំងឡាយសិន។ ចុះអ្វី​ជាដើម នៃកុសលធម៌ទាំងឡាយ។ គឺសីលស្អាតល្អ ១ ទិដ្ឋិត្រង់ ១។

[៧៤] ម្នាលឧត្តិយៈ កាលបើអ្នកនឹងមានសីលស្អាតល្អ មានទិដ្ឋិត្រង់ល្អ​ហើយ ម្នាល​ឧត្តិយៈ លំដាប់អំពីនោះទៅ អ្នកត្រូវអាស្រ័យសីល ដំកល់នៅ​ក្នុងសីល ហើយចំរើន នូវ​សតិប្បដ្ឋាន ៤ ចុះ។ សតិប្បដ្ឋាន ៤ តើដូចម្តេច។ ម្នាលឧត្តិយៈ ក្នុងសាសនានេះ អ្នកចូរពិចារណា ឲ្យឃើញ នូវកាយក្នុងកាយ មានព្យាយាម ជាគ្រឿងដុតកំដៅនូវកិលេស មានសេចក្តីដឹងខ្លួន មាន​ស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្សក្នុងលោក។ ចូរពិចារណាឲ្យឃើញ នូវ​វេទនាក្នុង​វេទនាទាំងឡាយ នូវចិត្តក្នុងចិត្ត នូវធម៌ក្នុងធម៌ទាំងឡាយ មាន​ព្យាយាម ជាគ្រឿងដុត​កំដៅ​នូវកិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្ស ក្នុងលោក។ ម្នាលឧត្តិយៈ កាលណា​បើ​អ្នកអាស្រ័យនូវសីល ដំកល់នៅក្នុងសីល ចំរើន​នូវសតិប្បដ្ឋាន ទាំង ៤ នេះ យ៉ាងនេះហើយ លំដាប់អំពីនោះទៅ អ្នកនឹងបានដល់នូវត្រើយនៃវដ្តៈ ដែលជាលំ​នៅ​នៃមច្ចុ។

[៧៥] គ្រានោះ ព្រះឧត្តិយៈដ៏មានអាយុ ត្រេកអរ រីករាយ ចំពោះ​ភាសិត របស់ព្រះដ៏ មានព្រះភាគ ហើយក៏ក្រោកចាកអាសនៈ ថ្វាយបង្គំព្រះ​ដ៏​មានព្រះភាគ ធ្វើប្រទក្សិណ រួចចេញទៅ។ លំដាប់នោះ ព្រះឧត្តិយៈដ៏មាន​អាយុ ជាបុគ្គលម្នាក់ឯង ចៀសចេញចាកពួក មិនបានប្រមាទ មាន​ព្យាយាម ​ជាគ្រឿងដុតកំដៅនូវកិលេស មានចិត្ត​ស្លុងទៅរកព្រះនិព្វាន កុលបុត្តទាំង​ឡាយ ចេញចាកផ្ទះ ចូលកាន់ផ្នួស ដោយប្រពៃ ដើម្បី​ប្រយោជន៍ ដល់លោកុត្តរធម៌ ឯណា មិនយូរប៉ុន្មាន ក៏បានធ្វើឲ្យជាក់ច្បាស់ នូវលោកុត្តរធម៌​ ដ៏​ប្រសើរនោះ ដែលជាទីបំផុត នៃព្រហ្មចរិយៈ ដោយប្រាជ្ញាដ៏ឧត្តម ដោយខ្លួន​ឯង​ ក្នុងបច្ចុប្បន្ន ក៏ដឹងច្បាស់ថា ជាតិអស់ហើយ មគ្គព្រហ្មចរិយៈ អាត្មាអញ បាន​នៅរួចហើយ សោឡសកិច្ច អាត្មាអញ បា​នធ្វើរួចហើយ មគ្គភាវនាកិច្ចដទៃ​ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ច​នេះទៀត មិនមាន​ឡើយ។ បណ្តា

ព្រះអរហន្ត​ទាំងឡាយ ព្រះឧត្តិយៈដ៏មានអាយុ ជាព្រះអរហន្ត ១ អង្គដែរ។

អរិយសូត្រ ទី៧

[៧៦] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ សតិប្បដ្ឋាន ៤ នេះ ដែល​បុគ្គលបានចំរើន បានធ្វើ​ឲ្យរឿយៗហើយ ជាគុណជាតិប្រសើរ ជាទីស្រោច​ស្រង់ រមែងប្រព្រឹត្តទៅ ដើម្បីអស់ទៅ នៃទុក្ខដោយប្រពៃ ដល់អ្នកធ្វើនោះ។ សតិប្បដ្ឋាន ៤ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុង​សាសនានេះ ពិចារណាឃើញ នូវកាយក្នុងកាយ មានព្យាយាម ជាគ្រឿងដុតកំដៅ នូវ​កិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កំចាត់បង់នូវអភិជ្ឈា និងទោមនស្ស​ក្នុងលោក។ តែងពិចារណា​ឃើញនូវវេទនា ក្នុងវេទនាទាំងឡាយ នូវចិត្តក្នុង​ចិត្ត នូវធម៌ក្នុងធម៌ទាំងឡាយ មានព្យាយាម ជាគ្រឿងដុតកំដៅនូវកិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និង​ទោមនស្ស ក្នុង​លោក។ ម្នាលភិក្ខុទាំងឡាយ សតិប្បដ្ឋាន ទាំង ៤ នេះឯង ដែលបុគ្គលបាន​ចំរើន បានធ្វើ​ឲ្យរឿយៗហើយ ជាគុណជាតិប្រសើរ ជាទីស្រោចស្រង់ រមែងប្រព្រឹត្តទៅ ដើម្បីអស់ទៅ នៃទុក្ខដោយប្រពៃ ដល់អ្នកធ្វើនោះ។

ព្រហ្មសូត្រ ទី៨

[៧៧] សម័យមួយ ព្រះដ៏មានព្រះភាគ បានត្រាស់ដឹងជាដម្បូង ទ្រង់គង់​ក្រោមដើម​អជបាល​និគ្រោធ ទៀបឆ្នេរស្ទឹងនេរញ្ជរា ក្នុងឧរុវេលប្រទេស។ គ្រានោះ ព្រះដ៏មាន​ព្រះភាគ គង់ក្នុងទីស្ងាត់ សម្ងំនៅតែមួយព្រះអង្គឯង ទ្រង់​មានព្រះហឫទ័យត្រិះរិះកើតឡើង យ៉ាងនេះថា ផ្លូវនេះ ជាផ្លូវតែមួយ ប្រព្រឹត្ត​ទៅ ដើម្បីសេចក្តីស្អាត នៃសត្វទាំងឡាយ ដើម្បីកន្លងបង់ នូវ​សេចក្តីសោក និង​សេចក្តីខ្សឹកខ្សួល ដើម្បីរំលត់នូវទុក្ខ និងទោមនស្ស ដើម្បីត្រាស់ដឹង នូវធម៌​ដែលបុគ្គលគប្បីដឹង គឺអរិយមគ្គ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវព្រះនិព្វាន គឺ​សតិប្បដ្ឋាន ៤។ សតិប្បដ្ឋាន ៤ តើដូចម្តេច។ គឺភិក្ខុពិចារណាឃើញ នូវ​កាយក្នុងកាយក្តី មានព្យាយាម ជាគ្រឿង​ដុតកំដៅនូវកិលេស មានសេចក្តី​ដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្ស ក្នុងលោក។ ភិក្ខុ (ពិចារណាឃើញ នូវវេទនា) ក្នុងវេទនាទាំងឡាយក្តី។ ភិក្ខុ (ពិចារណាឃើញ​នូវចិត្ត) ក្នុងចិត្តក្តី។ ភិក្ខុពិចារណាឃើញ នូវធម៌ក្នុងធម៌ទាំងឡាយក្តី មានព្យាយាម ជាគ្រឿង​ដុតកំដៅ នូវកិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្ស ក្នុងលោក។ ផ្លូវនេះ ជាផ្លូវតែមួយ ប្រព្រឹត្តទៅ ដើម្បីសេចក្តីស្អាត នៃសត្វទាំងឡាយ ដើម្បីកន្លងបង់ នូវសេចក្តី​សោក និងសេចក្តីខ្សឹកខ្សួល ដើម្បីរំលត់នូវទុក្ខ និងទោមនស្ស ដើម្បីត្រាស់​ដឹងនូវធម៌ ដែលបុគ្គលគប្បីដឹង គឺអរិយមគ្គ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវព្រះ​និព្វាន គឺសតិប្បដ្ឋាន ៤។

[៧៨] គ្រានោះ ព្រហ្មឈ្មោះ សហម្បតិ ដឹងច្បាស់នូវសេចក្តីត្រិះរិះ ក្នុង​ព្រះហឫទ័យ របស់ព្រះ​ដ៏មានព្រះភាគ ដោយចិត្ត (នៃខ្លួន) ហើយក៏បាត់អំពី​ព្រហ្មលោក មកប្រាកដ ក្នុងទីចំពោះព្រះភ័ក្ត្រ នៃព្រះដ៏មានព្រះភាគ (រហ័ស) ដូចបុរសមានកំឡាំង លានូវដៃ ដែលបត់ ឬបត់នូវដៃ ដែលលាហើយ យ៉ាង​នោះ​ឯង។ ទើបព្រហ្មឈ្មោះ សហម្បតិ ដណ្តប់សំពត់ បង់ក ឆៀង​ស្មា​ម្ខាង ប្រណម្យអញ្ជលី ចំពោះព្រះដ៏មានព្រះភាគ ក្រាបបង្គំទូលព្រះដ៏មាន​ព្រះភាគ​ដូច្នេះថា​

[៧៩] បពិត្រព្រះដ៏មានព្រះភាគ​ ព្រះពុទ្ធដីកានេះ យ៉ាងនេះឯង បពិត្រ​ព្រះ​សុគត ព្រះពុទ្ធដីកា​នេះ យ៉ាងនេះឯង បពិត្រព្រះអង្គដ៏ចំរើន ផ្លូវនេះ ជាផ្លូវតែ​មួយ ប្រព្រឹត្តទៅ ដើម្បី​សេចក្តីស្អាត នៃសត្វទាំងឡាយ ដើម្បីកន្លងបង់ នូវ​សេចក្តីសោក និងសេចក្តីខ្សឹកខ្សួល ដើម្បីរំលត់ នូវទុក្ខ និងទោមនស្ស ដើម្បីត្រាស់ដឹង នូវ​ធម៌ដែលបុគ្គលគប្បីដឹង គឺអរិយមគ្គ ដើម្បីធ្វើឲ្យ ជាក់ច្បាស់ នូវព្រះនិព្វាន គឺ​សតិប្បដ្ឋាន ៤។ សតិប្បដ្ឋាន ៤ តើដូចម្តេច។ បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុត្រូវ​ពិចារណា​ឲ្យឃើញ នូវកាយក្នុងកាយក្តី មានព្យាយាម ជាគ្រឿងដុត​កំដៅនូវកិលេស មានសេចក្តី​ដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និង​ទោមនស្សក្នុងលោក។ បពិត្រព្រះអង្គ​ដ៏ចំរើន ភិក្ខុ (ពិចារណាឃើញ នូវ​វេទនា) ក្នុងវេទនាទាំងឡាយក្តី។ បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុ (ពិចារណា​ឃើញ នូវចិត្ត) ក្នុងចិត្តក្តី។ បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុពិចារណាឃើញ នូវ​ធម៌ក្នុងធម៌​ទាំងឡាយ​ក្តី មានព្យាយាម ជាគ្រឿងដុតកំដៅនូវកិលេស មាន​សេចក្តីដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្ស ក្នុងលោក។ បពិត្រព្រះអង្គដ៏ចំរើន ផ្លូវនេះ ជាផ្លូវតែមួយ ប្រព្រឹត្តទៅ ដើម្បីសេចក្តីស្អាត នៃ​សត្វទាំងឡាយ ដើម្បីកន្លងបង់ នូវសេចក្តីសោក និង​សេចក្តីខ្សឹកខ្សួល ដើម្បីរំលត់នូវទុក្ខ ​និងទោមនស្ស ដើម្បីត្រាស់ដឹងនូវធម៌ ដែលបុគ្គលគប្បីដឹង គឺអរិយមគ្គ ដើម្បី​ធ្វើឲ្យជាក់​ច្បាស់ នូវព្រះនិព្វាន គឺសតិប្បដ្ឋាន ៤។

[៨០] ព្រហ្មឈ្មោះសហម្បតិ បានពោលនូវពាក្យនេះ លុះព្រហ្មឈ្មោះ​សហម្បតិ បានពោលនូវ​ពាក្យនេះហើយ ក៏ពោលនូវគាថា នេះតទៅទៀតថា

អ្នកមានប្រាជ្ញា ឃើញនូវព្រះនិព្វាន ជាទីបំផុតនៃកិរិយាអស់ទៅនៃជាតិ មាន​សេចក្តី​អនុគ្រោះ ដោយប្រយោជន៍ រមែងដឹងច្បាស់ នូវផ្លូវតែមួយ គឺ​បុព្វភាគសតិប្បដ្ឋាន ជនទាំងឡាយ​ឯណា បានឆ្លងហើយ ក្នុងកាលមុនក្តី ឆ្លងក្នុង​កាល​ឥឡូវនេះក្តី នឹង​ឆ្លងក្នុងខាងមុខក្តី​ នូវអន្លង់ (មានកាម ជាដើម) តាមផ្លូវនេះឯង។

សេទកសូត្រ ទី៩

[៨១] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងសេទកនិគម របស់ពួកសុម្ភជន ក្នុងសុម្ភជនបទ។ ក្នុងទីនោះ​ឯង ព្រះដ៏មានព្រះភាគ ទ្រង់​ត្រាស់នឹងភិក្ខុទាំងឡាយថា ម្នាលភិក្ខុ​ទាំងឡាយ រឿងធ្លាប់មានមកហើយ​ថា មានបុរស ជាធំក្នុងល្បែងរ៉ាវ [រ៉ាវក្នុងទីនេះ សំដៅយករ៉ាវ ដែលគេយកឫស្សី ១ ដើ​ម មកដាំបញ្ឈរ ហើយឲ្យមនុស្ស ដែលប៉ិនប្រសប់ ឡើង​ទៅ​ឈររាំ​លើ​ឫស្សី​នោះ មិនឲ្យធ្លាក់បាន រាំរួចហើយ ដល់វេលា​នឹងចុះមកវិញ ក៏ចុះយកក្បាល​មកក្រោម ជើង​ឡើងលើ ដរាបដល់មកផែនដី មិនឲ្យមានថ្លស់ការបាន។ (ល្បែងនេះ ជាទំនៀម​របស់អ្នក​ស្រុក អ្នកនគរ)។] ចណ្ឌាល លើកឡើងនូវរ៉ាវចណ្ឌាល ​ហើយ​ហៅកូនសិស្សឈ្មោះ មេទកថាលិកា ថា នែមេទកថាលិកាជាសំឡាញ់ អ្នកចូរមកឡើងកាន់រ៉ាវចណ្ឌាល ហើយឈរ នៅលើ-ក របស់យើងចុះ។ ម្នាលភិក្ខុទាំងឡាយ ឯកូនសិស្សឈ្មោះ មេទកថាលិកា ទទួលស្តាប់ពាក្យ​បុរស ជាធំក្នុងល្បែងរ៉ាវចណ្ឌាលថា​ អើលោកអាចារ្យ ហើយ​ក៏ឡើង​កាន់​រ៉ាវចណ្ឌាល ឈរលើ-ក អាចារ្យ។ ម្នាលភិក្ខុទាំងឡាយ គ្រានោះ បុរសជាធំ ​ក្នុងល្បែង​រ៉ាវ​ចណ្ឌាល ពោលទៅនឹងកូនសិស្ស ឈ្មោះមេទកថាលិកា ដូច្នេះ​ថា នែមេទកថាលិកាជាសំឡាញ់ អ្នក​ចូររក្សាយើង យើងនឹងរក្សាអ្នក កាល​បើយើងទាំងពីរនាក់ គ្រប់គ្រងគ្នានិងគ្នា រក្សាគ្នា​និងគ្នា យ៉ាងនេះហើយ  នឹង​សំដែងសិល្បៈផង នឹងបាននូវលាភផង នឹងបានចុះអំពីរ៉ាវចណ្ឌាល ដោយ​សួស្តីផង។

[៨២] ម្នាលភិក្ខុទាំងឡាយ កាលបើបុរសជាធំ ក្នុងល្បែងរ៉ាវចណ្ឌាល ​ពោលយ៉ាងនេះ​ហើយ ឯកូនសិស្សឈ្មោះ មេទកថាលិកា ក៏ពោលតបទៅនឹង​បុរសជាធំ ក្នុង​ល្បែងរ៉ាវចណ្ឌាល ដូច្នេះថា បពិត្រលោកអាចារ្យ ហេតុនុ៎ះ មិន​ទំនងទេ បពិត្រលោកអាចារ្យ លោកចូររក្សាខ្លួន (លោក) ចុះ ខ្ញុំនឹងរក្សាខ្លួន (ខ្ញុំ) ដែរ កាលបើយើងទាំងពីរនាក់ បានគ្រប់គ្រងខ្លួន រក្សា​ខ្លួន យ៉ាងនេះហើយ នឹងបានសំដែងសិល្បៈផង នឹងបាននូវលាភផង នឹងបានចុះអំពីរ៉ាវចណ្ឌាល​ដោយ​សួស្តីផង។ នុ៎ះជាឧបាយ ក្នុងការរក្សាខ្លួននោះ។ កូនសិស្សឈ្មោះ​មេទកថាលិកា ពោលទៅនឹង​អាចារ្យ យ៉ាងណា ព្រះដ៏មានព្រះភាគ ក៏ទ្រង់​ត្រាស់នូវរឿងនុ៎ះ (យ៉ាងនោះដែរ)។ ម្នាលភិក្ខុទាំងឡាយ (បើភិក្ខុគិត) ថា អាត្មាអញ នឹងរក្សាខ្លួន ត្រូវសេពសតិប្បដ្ឋាន (បើគិត) ថា អាត្មាអញ នឹងរក្សា​អ្នកដទៃ ក៏ត្រូវសេពសតិប្បដ្ឋានដែរ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ កាលរក្សាខ្លួន​ឈ្មោះថា រក្សាអ្នកដទៃ កាលរក្សាអ្នកដទៃ ឈ្មោះថា រក្សាខ្លួន។

[៨៣] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុ កាលរក្សាខ្លួន ឈ្មោះថា រក្សាអ្នក​ដទៃ តើដូចម្តេច។ គឺដោយការសេព (កម្មដ្ឋាន) ដោយការចំរើន ដោយអំពើ​ធ្វើ​រឿយៗ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ កាលរក្សាខ្លួន ឈ្មោះថា រក្សាអ្នកដទៃ យ៉ាងនេះឯង។

[៨៤] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុ កាលរក្សាអ្នកដទៃ ឈ្មោះថា រក្សា​ខ្នួន តើដូចម្តេច។ គឺ​ដោយអំណត់ ដោយសេចក្តីមិនបៀតបៀន ដោយមេត្តាចិត្ត ដោយសេចក្តីអាណិត។ ម្នាលភិក្ខុ​ទាំង​ឡាយ ភិក្ខុ កាលរក្សាអ្នកដទៃ ឈ្មោះ​ថា រក្សាខ្លួន យ៉ាងនេះឯង។

[៨៥] ម្នាលភិក្ខុទាំងឡាយ (បើភិក្ខុគិត) ថា អាត្មាអញ នឹងរក្សាខ្លួន ត្រូវ​សេពសតិប្បដ្ឋាន (បើគិត) ថា អាត្មាអញ នឹងរក្សាអ្នកដទៃ ក៏ត្រូវសេព​សតិប្បដ្ឋានដែរ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ​កាលរក្សាខ្លួន ឈ្មោះថា រក្សាអ្នក​ដទៃ កាល​រក្សាអ្នកដទៃ ឈ្មោះថា រក្សាខ្លួន។

ជនបទកល្យាណីសូត្រ ទី១០

[៨៦] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់​គង់នៅក្នុង​សេទកនិគម របស់ពួកសុម្ភជន ក្នុងសុម្ភជនបទ។ ក្នុងទីនោះ​ឯង ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់​ហៅភិក្ខុទាំងឡាយមកថា​ ម្នាលភិក្ខុ​ទាំង​ឡាយ។ ភិក្ខុទាំងនោះ ទទួលស្តាប់ព្រះពុទ្ធដីកា​ព្រះដ៏មានព្រះភាគថា ព្រះករុណា ព្រះអង្គ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា។

[៨៧] ម្នាលភិក្ខុទាំងឡាយ ដូចពួកមហាជនប្រជុំគ្នា ដោយគិតថា នាង​ជនបទកល្យាណី នាងជនបទកល្យាណី (ស្រីមានលំអក្នុងជនបទៗ) ដូច្នេះ។ ម្នាលភិក្ខុទាំងឡាយ ពួកមហាជន ប្រជុំគ្នាច្រើនក្រៃលែង ដោយគិតថា នាង​ជនបទកល្យាណីនោះឯង មានលំនាំ​កិរិយាឧត្តម ក្នុងការរាំ មានលំនាំកិរិយា​ឧត្តម ក្នុងការច្រៀង នាងជនបទកល្យាណី រាំឥឡូវនេះ ច្រៀងឥឡូវ​នេះ។ គ្រានោះ មានបុរសដែលចង់រស់ មិនចង់ស្លាប់ មានប្រាថ្នាសេចក្តីសុខ ខ្ពើម​ទុក្ខ មកដល់​ហើយ ក៏និយាយទៅនឹងបុរសនោះ យ៉ាងនេះថា នែបុរសដ៏​ចំរើន ភាជនៈប្រេង ដ៏ពេញស្មើនេះ អ្នកត្រូវរក្សា​ទុក ក្នុងចន្លោះមហោស្រព​ផង ក្នុងចន្លោះនាងជនបទកល្យាណីផង។ បុរសក៏លើក​ដាវ​ឡើង ដើរតាម​ក្រោយៗ នៃបុរសនោះ ហើយពោលថា​ អ្នកនឹងធ្វើឲ្យកំពប់ប្រេង សូម្បីបន្តិច​ត្រង់ទីណា ក្បាលអ្នក នឹងធ្លាក់ចុះត្រង់ទីនោះឯង។ ម្នាលភិក្ខុទាំងឡាយ អ្នក​ទាំងឡាយ សំគាល់​ហេតុនោះ ដូចម្តេច បុរសនោះ មិនគួរយកចិត្តទុកដាក់ នឹង​ប្រេងឯណោះ ហើយនាំមក នូវសេចក្តី​ធ្វេសប្រហែស ខាងក្រៅដែរឬ។ ហេតុនោះ មិនគួរធ្វេសប្រហែសទេ ព្រះអង្គ។

[៨៨] ម្នាលភិក្ខុទាំងឡាយ សេចក្តីឧបមានេះឯង តថាគតធ្វើដើម្បី​ពន្យល់ សេចក្តីនេះឯង​ជាសេចក្តីក្នុងរឿងនុ៎ះ។ ម្នាលភិក្ខុទាំងឡាយ ឯពាក្យ​ថា ភាជនៈប្រេង ដ៏ពេញស្មើនេះ ជាឈ្មោះ​នៃកាយគតាសតិ។

[៨៩] ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ ក្នុងសាសនានេះ អ្នកទាំង​ឡាយ គប្បីសិក្សា យ៉ាងនេះថា​ កាយគតាសតិ យើងនឹងចំរើន នឹងធ្វើរឿយៗ ធ្វើឲ្យដូចជាយាន ធ្វើឲ្យជាទីនៅ ដំកល់​ទុករឿយៗ សន្សំ​ប្រារព្ធដោយល្អ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីសិក្សាយ៉ាងនេះ​ចុះ។

ចប់ នាឡន្ទវគ្គ ទី ២។

ឧទ្ទាននៃនាឡន្ទវគ្គនោះគឺ

និយាយអំពីមហាបុរស ១ អំពីរឿងដែលព្រះដ៏មានព្រះភាគ ទ្រង់គង់ក្នុងក្រុងនាឡន្ទា​ ១ អំពីចុន្ទសាមណេរ ១ អំពីរឿងដែលព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងនគរឧក្កចេលា ១ អំពី​ព្រះពាហិយៈ១ អំពីព្រះឧត្តិយៈ ១ អំពីសតិប្បដ្ឋាន ជារបស់ប្រសើរ​១ អំពីសហម្បតិព្រហ្ម ១ អំពីរឿងដែលព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងសេទកនិគម មានពីរលើក។

សីលដ្ឋិតិវគ្គ ទី៣

សីលសូត្រ ទី១

[៩០] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យនេះ ព្រះអានន្ទដ៏មានអាយុ និងព្រះភទ្ទៈ​ដ៏មានអាយុ គង់នៅក្នុងកុក្កុដារាម ជិតក្រុងបាដលិបុត្ត។ គ្រានោះ ព្រះភទ្ទៈ​ដ៏មានអាយុ ចេញ​ចាក​ទីស្ងាត់ ក្នុងវេលាសាយណ្ហសម័យ​ហើយ ក៏ចូលទៅរកព្រះអានន្ទដ៏មានអាយុ លុះ​ចូល​ទៅ​ដល់ហើយ ក៏រីករាយជាមួយនឹងព្រះអានន្ទដ៏មានអាយុ លុះបញ្ចប់ពាក្យ ដែលគួររីករាយ និង​ពាក្យ​ដែលគួររឭកហើយ ក៏អង្គុយក្នុងទីសមគួរ។ លុះព្រះភទ្ទៈដ៏មាន​អាយុ​ អង្គុយ​ក្នុងទីសមគួរ ហើយ ក៏ពោលទៅនឹង​ព្រះអានន្ទដ៏មានអាយុ ដូច្នេះ​ថា

[៩១] ម្នាលអានន្ទដ៏មានអាយុ សីល [អដ្ឋកថា សំដៅយកចតុបារិសុទ្ធិសីល។] ជាកុសល​ទាំងឡាយ​ឯណា ដែលព្រះដ៏មានព្រះភាគ ទ្រង់ពោលហើយ សីលជាកុសលទាំងនេះ តើព្រះ​ដ៏មានព្រះភាគ ទ្រង់ពោលដើម្បីអ្វី។ ព្រះអានន្ទតបថា ម្នាលភទ្ទៈដ៏មានអាយុ ប្រពៃណាស់ហើយ ម្នាលភទ្ទៈ​ដ៏មានអាយុ ការស្វែងរកប្រស្នា របស់អ្នកល្អ​ណាស់ ប្រាជ្ញាក៏ល្អ ការសាកសួរ ក៏សម​ទំនង​។ ម្នាលភទ្ទៈដ៏មានអាយុ ព្រោះអ្នកបានសួរ យ៉ាងនេះថា ម្នាលអានន្ទដ៏មានអាយុ សីល​ជា​កុសលទាំង​ឡាយឯណា ដែលព្រះដ៏មានព្រះភាគ ទ្រង់ពោលហើយ សីលជាកុសលទាំង​នេះ ព្រះដ៏​មានព្រះភាគ ទ្រង់ពោលដើម្បីអ្វី។ ករុណា អាវុសោ។

[៩២] ម្នាលភទ្ទៈដ៏មានអាយុ សីលជាកុសលទាំងឡាយឯណា ដែល​ព្រះដ៏មានព្រះភាគ ទ្រង់​ពោលហើយ សីលជាកុសលទាំងនេះ ព្រះដ៏មានព្រះ​ភាគ ទ្រង់ពោលកំណត់ ដើម្បីចំរើន នូវសតិប្បដ្ឋាន ៤។ សតិប្បដ្ឋាន ៤ តើ​ដូចម្តេច។ ម្នាលអាវុសោ ភិក្ខុក្នុងសាសនានេះ ពិចារណា​ឃើញ នូវកាយ​ក្នុងកាយ មានព្យាយាម ជាគ្រឿងដុតកំដៅនូវកិលេស មានសេចក្តី​ដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្សក្នុងលោក។ ពិចារណា​ឃើញ នូវវេទនា​ក្នុង​វេទនា​ទាំងឡាយ នូវចិត្តក្នុងចិត្ត នូវធម៌ក្នុងធម៌ទាំងឡាយ មានព្យាយាម ជាគ្រឿងដុតកំដៅ នូវកិលេស មាន​សេចក្តីដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្សក្នុងលោក។ ម្នាលភទ្ទៈ​ដ៏​មានអាយុ សីលជាកុសលទាំងឡាយឯណា ដែលព្រះដ៏មានព្រះភាគ ទ្រង់ពោល​ហើយ សីល​ជាកុសល​ទាំងនេះ ព្រះដ៏មានព្រះភាគ ទ្រង់ពោលកំណត់ ដើម្បីចំរើន​នូវ​សតិប្បដ្ឋាន ទាំង ៤ នេះឯង។

ចិរដ្ឋិតិសូត្រ ទី២

[៩៣] និទានដដែលនោះ។ លុះព្រះភទ្ទៈដ៏មានអាយុ អង្គុយក្នុងទីសមគួរ​ហើយ ក៏ពោល​ទៅ​នឹងព្រះអានន្ទដ៏មានអាយុ ដូច្នេះថា

[៩៤] ម្នាលអានន្ទដ៏មានអាយុ ហេតុដូចម្តេច បច្ច័យដូចម្តេច ដែលព្រះ​តថាគត បរិនិព្វាន​ទៅហើយ ព្រះសទ្ធម្ម មិនស្ថិតនៅអស់កាលយូរបាន។ ម្នាលអានន្ទដ៏មានអាយុ ហេតុដូចម្តេច​ បច្ច័យ​ដូចម្តេច ដែលព្រះតថាគត​ បរិនិព្វានទៅហើយ ព្រះសទ្ធម្ម ស្ថិតនៅអស់កាលយូរបាន។ ម្នាលភទ្ទៈ​ដ៏​មានអាយុ ​ប្រពៃណាស់ហើយ ប្រពៃណាស់ហើយ ម្នាលភទ្ទៈដ៏មានអាយុ ការស្វែង​រកប្រស្នា របស់អ្នកល្អណាស់ ប្រាជ្ញាក៏ល្អ ការសាកសួរ ក៏សម​ទំនង។ ម្នាលភទ្ទៈដ៏មានអាយុ ព្រោះអ្នក​បានសួរ យ៉ាងនេះថា ម្នាលអានន្ទដ៏​មានអាយុ ហេតុដូចម្តេច បច្ច័យដូចម្តេច ដែល​ព្រះតថាគត បរិនិព្វានទៅ​ហើយ ព្រះសទ្ធម្ម មិនស្ថិតនៅអស់កាលយូរបាន។ ម្នាលអានន្ទ​ដ៏មានអាយុ ហេតុដូចម្តេច បច្ច័យដូចម្តេច ដែលព្រះតថាគត បរិនិព្វានទៅហើយ ព្រះសទ្ធម្ម
ស្ថិតនៅ​អស់កាលយូរបាន។ ករុណា អាវុសោ។

[៩៥] ម្នាលអាវុសោ កាលបើព្រះតថាគត បរិនិពា្វនទៅហើយ ព្រះសទ្ធម្ម មិនស្ថិត​នៅ​អស់កាលយូរបាន ព្រោះភិក្ខុមិនចំរើន មិនធ្វើឲ្យ​រឿយៗ នូវសតិប្បដ្ឋាន ៤។ ម្នាលអាវុសោ កាលបើ​ព្រះតថាគត បរិនិព្វានទៅ​ហើយ ព្រះសទ្ធម្ម ស្ថិតនៅអស់កាលយូរបាន ព្រោះភិក្ខុ​បានចំរើន បានធ្វើ​ឲ្យរឿយៗ នូវសតិប្បដ្ឋាន ៤។ សតិប្បដ្ឋាន ៤ តើដូចម្តេច។ ម្នាលអាវុសោ ភិក្ខុក្នុងសាសនានេះ ពិចារណាឃើញ នូវកាយក្នុងកាយ មានព្យាយាម ជា​គ្រឿងដុតកំដៅ

កិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កំចាត់បង់ នូវ​អភិជ្ឈា និងទោមនស្សក្នុងលោក។ ពិចារណាឃើញ នូវវេទនាក្នុងវេទនា​ទាំងឡាយ នូវចិត្តក្នុងចិត្ត នូវធម៌ក្នុងធម៌ទាំងឡាយ មាន​ព្យាយាម ជាគ្រឿង​ដុតកំដៅកិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា​និងទោមនស្ស ក្នុងលោក។ ម្នាលអាវុសោ កាលបើព្រះតថាគត បរិនិព្វានទៅ​ហើយ ព្រះសទ្ធម្ម មិនស្ថិតនៅអស់កាលយូរបាន ព្រោះភិក្ខុមិនបានចំរើន មិនបានធ្វើឲ្យរឿយៗ នូវសតិប្បដ្ឋាន ៤ នេះឯង។ ម្នាលអាវុសោ កាលបើព្រះ​តថាគត បរិនិព្វានទៅហើយ ព្រះសទ្ធម្ម ស្ថិត​នៅអស់​កាលយូរបាន ព្រោះ​ភិក្ខុ​បានចំរើន បានធ្វើឲ្យរឿយៗ នូវសតិប្បដ្ឋាន ៤ នេះឯង។

បរិហានសូត្រ ទី៣

[៩៦] សម័យមួយ ព្រះអានន្ទដ៏មានអាយុ និងព្រះភទ្ទៈដ៏មានអាយុ គង់​នៅក្នុងកុក្កុដារាម ជិតក្រុងបាដលិបុត្ត។ គ្រានោះ ព្រះភទ្ទៈដ៏មានអាយុ ចេញ​ចាកទីស្ងាត់ ក្នុងវេលាសាយណ្ហសម័យ ចូលទៅរកព្រះអានន្ទដ៏មានអាយុ​ លុះចូលទៅដល់ហើយ ក៏រីករាយជាមួយនឹង​ព្រះអានន្ទ​ដ៏មានអាយុ លុះ​បញ្ចប់ពាក្យ ដែលគួររីករាយ និងពាក្យដែលគួររឭកហើយ ក៏អង្គុយក្នុងទី​សមគួរ។ លុះព្រះភទ្ទៈដ៏មានអាយុ អង្គុយក្នុងទីសមគួរហើយ ក៏ពោលទៅ​នឹងព្រះអានន្ទ​ដ៏មានអាយុ ដូច្នេះថា​

[៩៧] ម្នាលអានន្ទដ៏មានអាយុ ចុះហេតុដូចម្តេច បច្ច័យដូចម្តេច ដែលនាំ​ឲ្យ​ព្រះសទ្ធម្ម​សាបសូន្យ។ ម្នាលអានន្ទដ៏មានអាយុ ចុះហេតុដូចម្តេច បច្ច័យ​ដូចម្តេច ដែលនាំឲ្យ​ព្រះសទ្ធម្ម​មិនសាបសូន្យ។ ម្នាលភទ្ទៈដ៏មានអាយុ ប្រពៃ​ណាស់ហើយ  ម្នាលភទ្ទៈដ៏មានអាយុ ការស្វែង​រកប្រស្នា របស់អ្នកល្អ​ណាស់ ប្រាជ្ញាក៏ល្អ ការសាកសួរ ក៏សមទំន​ង ម្នាលភទ្ទៈដ៏មានអាយុ ព្រោះ​អ្នកបានសាកសួរ យ៉ាងនេះថា ម្នាលអានន្ទដ៏មានអាយុ ចុះហេតុដូចម្តេច បច្ច័យដូចម្តេច​ ដែល​នាំឲ្យព្រះសទ្ធម្មសាបសូន្យ។ ម្នាលអានន្ទដ៏មានអាយុ ចុះហេតុដូចម្តេច បច្ច័យដូចម្តេច ដែលនាំឲ្យព្រះសទ្ធម្ម មិនសាបសូន្យ។ ករុណា អាវុសោ។

[៩៨] ម្នាលអាវុសោ ការដែលនាំឲ្យព្រះសទ្ធម្មសាបសូន្យ ព្រោះភិក្ខុ​មិនបានចំរើន មិន​បាន​ធ្វើឲ្យរឿយៗ នូវសតិប្បដ្ឋាន ៤។ ម្នាលអាវុសោ ការដែលនាំឲ្យព្រះសទ្ធម្មមិនសាបសូន្យ ព្រោះភិក្ខុបានចំរើន បានធ្វើឲ្យរឿយៗ នូវសតិប្បដ្ឋាន ៤។ សតិប្បដ្ឋាន ៤ តើដូចម្តេច។ ម្នាល​អាវុសោ ភិក្ខុក្នុងសាសនានេះ ពិចារណាឃើញ នូវកាយក្នុងកាយ មាន​ព្យាយាម ជាគ្រឿងដុត​កំដៅ នូវកិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្ស​ក្នុងលោក។ ពិចារណាឃើញ នូវវេទនា​ក្នុងវេទនាទាំងឡាយ នូវចិត្តក្នុងចិត្ត នូវធម៌ក្នុងធម៌ទាំងឡាយ មាន​ព្យាយាម ​ជាគ្រឿងដុតកំដៅនូវកិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កំចាត់បង់ នូវ​អភិជ្ឈា និងទោមនស្ស ក្នុងលោក។ ម្នាលអាវុសោ ការដែលនាំឲ្យព្រះ​សទ្ធម្មសាបសូន្យទៅ ព្រោះភិក្ខុ​មិនបានចំរើន មិនបានធ្វើឲ្យរឿយ ៗ នូវ​សតិប្បដ្ឋាន ៤ នេះឯង។ ម្នាលអាវុសោ ការដែលនាំ​ឲ្យព្រះសទ្ធម្មមិនសាប​សូន្យ ព្រោះភិក្ខុបានចំរើន បានធ្វើឲ្យរឿយ ៗ នូវសតិប្បដ្ឋាន ៤ នេះឯង។

សុទ្ធសូត្រ ទី៤

[៩៩] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ សតិប្បដ្ឋាននេះ មាន ៤ យ៉ាង។ សតិប្បដ្ឋាន ៤ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនា​នេះ ពិចារណាឃើញនូវកាយក្នុងកាយ មានព្យាយាមជាគ្រឿងដុតកំដៅនូវ​កិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្ស​ក្នុងលោក។ ពិចារណាឃើញនូវវេទនាក្នុងវេទនាទាំងឡាយ នូវចិត្តក្នុងចិត្ត​ នូវធម៌​ក្នុងធម៌ទាំងឡាយ មានព្យាយាមជាគ្រឿងដុតកំដៅកិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កំចាត់បង់នូវអភិជ្ឈា និងទោមនស្សក្នុង​លោក។ ម្នាលភិក្ខុទាំងឡាយ សតិប្បដ្ឋាន មាន ៤ យ៉ាង​នេះឯង។

[១០០] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះដ៏មានព្រះភាគ​ ទ្រង់គង់នៅ​ក្នុងវត្ត​ជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ គ្រានោះ មានព្រាហ្មណ៍ម្នាក់ ចូលទៅគាល់​ព្រះដ៏មានព្រះភាគ លុះចូលទៅ​ដល់ហើយ ក៏រីករាយជាមួយនឹងព្រះដ៏មានព្រះភាគ លុះ​បញ្ចប់ពាក្យ ដែលគួរ​រីករាយ និងពាក្យដែលគួររឭកហើយ ក៏អង្គុយក្នុងទីសមគួរ។ លុះ​ព្រាហ្មណ៍នោះ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលព្រះដ៏មាន​ព្រះភាគ ​ដូច្នេះថា

[១០១] បពិត្រព្រះគោតមដ៏ចំរើន ចុះហេតុដូចម្តេច បច្ច័យដូចម្តេច ដែលព្រះតថាគត បរិនិព្វាន​ទៅហើយ ព្រះសទ្ធម្ម មិនស្ថិតនៅយូរបាន។ បពិត្រព្រះគោតមដ៏ចំរើន ចុះហេតុ​ដូចម្តេច បច្ច័យដូចម្តេច ដែលព្រះ​តថាគត បរិនិព្វានទៅហើយ ព្រះសទ្ធម្ម ស្ថិត​នៅអស់កាល​យូរបាន។

[១០២] ម្នាលព្រាហ្មណ៍ កាលបើព្រះតថាគតបរិនិព្វានទៅហើយ ព្រះ​សទ្ធម្មមិន​ស្ថិតនៅ អស់កាលយូរបាន ព្រោះភិក្ខុមិនបានចំរើន មិនបានធ្វើ​ឲ្យរឿយៗ នូវសតិប្បដ្ឋាន ៤។ ម្នាល​ព្រាហ្មណ៍ កាលបើព្រះតថាគត បរិនិព្វាន​ទៅហើយ ព្រះសទ្ធម្ម ស្ថិតនៅអស់កាលយូរបាន ព្រោះភិក្ខុបានចំរើន បានធ្វើឲ្យរឿយ ៗ នូវសតិប្បដ្ឋាន ៤។ សតិប្បដ្ឋាន ៤ តើដូចម្តេច។ ម្នាល​ព្រាហ្មណ៍ ភិក្ខុក្នុងសាសនានេះ ពិចារណាឃើញ នូវកាយក្នុងកាយ មាន​ព្យាយាម ជាគ្រឿងដុត​កំដៅកិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កំចាត់បង់នូវអភិជ្ឈា និងទោមនស្សក្នុងលោក។ ពិចារណាឃើញ នូវវេទនា​ក្នុងវេទនាទាំងឡាយ នូវចិត្តក្នុងចិត្ត ពិចារណាឃើញ នូវធម៌ក្នុងធម៌​ទាំង​ឡាយ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានសេចក្តីដឹងខ្លួន មាន​ស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្ស ក្នុងលោក។ ម្នាល​ព្រាហ្មណ៍ កាលបើព្រះតថាគត បរិនិព្វានទៅហើយ  ព្រះសទ្ធម្ម មិនស្ថិតនៅអស់កាល​យូរបាន ព្រោះភិក្ខុមិនបានចំរើន មិនបានធ្វើឲ្យរឿយ ៗ នូវសតិប្បដ្ឋាន ៤ នេះឯង។ ម្នាលព្រាហ្មណ៍ កាលបើព្រះតថាគត បរិនិព្វានទៅហើយ ព្រះ​សទ្ធម្ម ស្ថិតនៅអស់កាលយូរបាន ព្រោះភិក្ខុបានចំរើន បានធ្វើឲ្យរឿយ​ៗ នូវសតិប្បដ្ឋាន ៤ នេះឯង។

[១០៣] កាលបើព្រះដ៏មានព្រះភាគ ទ្រង់ពោលយ៉ាងនេះហើយ ព្រាហ្មណ៍​​នោះ ក៏​ក្រាបបង្គំ​ទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះ​គោតម​ដ៏ចំរើន ភ្លឺច្បាស់ណាស់ បពិត្រព្រះគោតមដ៏ចំរើន ភ្លឺច្បាស់ណាស់។បេ។ សូមព្រះគោតមដ៏ចំរើន ចាំទុកនូវខ្ញុំព្រះអង្គ ថាជាឧបាសក​ អ្នកដល់នូវ​ព្រះរតនត្រ័យ ជាទីពឹង ទីរឭក ស្មើដោយជីវិត ចាប់ដើមតាំងអំពី​ថ្ងៃនេះតទៅ។

[១០៤] សម័យមួយ ព្រះសារីបុត្តដ៏មានអាយុ ព្រះមហាមោគ្គល្លានដ៏​មានអាយុ និង​ព្រះអនុរុទ្ធ​ដ៏មានអាយុ គង់នៅក្នុងវត្តកណ្តកីវន ជិតក្រុង​សាកេត។ គ្រានោះ ព្រះសារីបុត្ត​ដ៏មានអាយុ និងព្រះមហាមោគ្គល្លានដ៏មានអាយុ ​ចេញចាកទីស្ងាត់ ក្នុងវេលាសាយណ្ហសម័យ ចូលទៅរក​ព្រះអនុរុទ្ធដ៏មាន​អាយុ លុះចូលទៅដល់ហើយ ក៏រីករាយ ជាមួយ​នឹង​ព្រះអនុរុទ្ធ​ដ៏មានអាយុ លុះបញ្ចប់ពាក្យ ដែលគួររីករាយ និងពាក្យដែលគួររឭកហើយ ក៏អង្គុយក្នុង​ទីសមគួរ។ លុះព្រះសារីបុត្តដ៏មានអាយុ អង្គុយក្នុងទីសមគួរហើយ ក៏ពោល​ទៅនឹង​ព្រះអនុរុទ្ធដ៏មានអាយុ ដូច្នេះថា

[១០៥] ម្នាលអាវុសោអនុរុទ្ធ គេតែងពោលថា សេក្ខៈ សេក្ខៈ ដូច្នេះ ម្នាលអាវុសោ ចុះសេក្ខៈ តើដូចម្តេច។ ព្រះអនុរុទ្ធឆ្លើយថា ម្នាលអាវុសោ បុគ្គលដែលឈ្មោះថា សេក្ខៈ ព្រោះបានចំរើននូវចំណែក [សតិប្បដ្ឋាន ដែលភិក្ខុចំរើនបាន សម្រេចត្រឹមមគ្គ ៤ ផល ៣ ហៅថា ចំណែក (បទេសភាវនា) អដ្ឋកថា។​] នៃសតិប្បដ្ឋាន ៤។ សតិប្បដ្ឋាន ៤ តើដូចម្តេច។ ម្នាលអាវុសោ ភិក្ខុក្នុងសាសនានេះ ពិចារណាឃើញ នូវកាយក្នុងកាយ មានព្យាយាម ជាគ្រឿង​ដុតកំដៅ​កិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្ស​ក្នុង​លោក។ ពិចារណាឃើញ នូវវេទនាក្នុងវេទនាទាំងឡាយ នូវចិត្តក្នុងចិត្ត នូវធម៌ក្នុងធម៌ទាំងឡាយ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្ស ក្នុង​លោក។ ម្នាលអាវុសោ បុគ្គលដែលឈ្មោះថា សេក្ខៈ ព្រោះបានចំរើននូវ​ចំណែក នៃសតិប្បដ្ឋាន ៤ នេះឯង។

[១០៦] និទានដដែលនោះ​​ឯង។ លុះព្រះសារីបុត្តដ៏មានអាយុ អង្គុយក្នុង​ទីសមគួរហើយ ក៏ពោលទៅនឹងព្រះអនុរុទ្ធដ៏មានអាយុ ដូច្នេះថា

[១០៧] ម្នាលអាវុសោអនុរុទ្ធ គេតែងពោលថា អសេក្ខៈ អសេក្ខៈ ដូច្នេះ ម្នាលអាវុសោ ចុះអសេក្ខៈ តើដូចម្តេច​។ ម្នាលអាវុសោ បុគ្គលដែលឈ្មោះ​ថា អសេក្ខៈ ព្រោះបានចំរើន​នូវ​សេចក្តីសម្រេច [សតិប្បដ្ឋាន ដែលភិក្ខុចំរើនបានសម្រេច ដល់អរហត្តផល ហៅថា ចំរើននូវ​សេចក្តី​សម្រេច។​ (សមត្តាភាវនា) អដ្ឋកថា។] នៃ​សតិប្បដ្ឋាន ៤។ សតិប្បដ្ឋាន ៤ តើដូចម្តេច។ ម្នាលអាវុសោ ភិក្ខុក្នុង​សាសនានេះ ពិចារណាឃើញ នូវកាយក្នុងកាយ មានព្យាយាម ជាគ្រឿង​ដុតកំដៅកិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា ​និងទោមនស្ស ក្នុងលោក។ ពិចារណាឃើញ នូវវេទនាក្នុងវេទនាទាំងឡាយ នូវចិត្តក្នុងចិត្ត នូវធម៌ក្នុងធម៌​ទាំងឡាយ​ មានព្យាយាម ជាគ្រឿងដុតកំដៅ​​កិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្ស​ក្នុងលោក​។ ម្នាលអាវុសោ បុគ្គលដែលឈ្មោះថា អសេក្ខៈ ព្រោះបាន​ចំរើន​ នូវសេចក្តីសម្រេច នៃសតិប្បដ្ឋាន ៤ នេះឯង។

[១០៨] និទានដដែលនោះទៀត។ លុះព្រះសារីបុត្តដ៏មានអាយុ អង្គុយ​ក្នុងទីសមគួរហើយ ក៏ពោលទៅ​នឹងព្រះអនុរុទ្ធដ៏មានអាយុ ដូច្នេះថា​

[១០៩] ចុះអនុរុទ្ធដ៏មានអាយុ បានដល់នូវភាវៈ នៃខ្លួនជាអ្នកមានអភិញ្ញា​ដ៏ធំ តើព្រោះ​បានចំរើន បានធ្វើរឿយៗ នូវធម៌ដូចម្តេច។ ម្នាលអាវុសោ​ ខ្ញុំបានដល់នូវភាវៈ នៃខ្លួនជាអ្នក​មានអភិញ្ញា​ដ៏ធំ ព្រោះបានចំរើន បានធ្វើ​រឿយ ៗ នូវសតិប្បដ្ឋាន ៤។ សតិប្បដ្ឋាន ៤ តើដូចម្តេច។ ម្នាលអាវុសោ ក្នុង​សាសនានេះ ខ្ញុំបានពិចារណាឃើញ នូវកាយក្នុងកាយ មានព្យាយាម ជា​គ្រឿងដុតកំដៅកិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កំចាត់បង់នូវ​អភិជ្ឈា និងទោមនស្សក្នុងលោក។ ខ្ញុំបានពិចារណាឃើញ នូវវេទនាក្នុង​វេទនាទាំងឡាយ នូវចិត្តក្នុងចិត្ត នូវធម៌ក្នុងធម៌ទាំងឡាយ មានព្យាយាម​ ជា​គ្រឿងដុតកំដៅកិលេស មាន​សេចក្តីដឹងខ្លួន មានស្មារតី កំចាត់បង់ នូវ​អភិជ្ឈា និងទោមនស្សក្នុងលោក។ ម្នាលអាវុសោ ខ្ញុំបានដល់នូវភាវៈ នៃខ្លួន​ជាបុគ្គលមានអភិញ្ញាដ៏ធំ ព្រោះបានចំរើន បានធ្វើរឿយ ៗ នូវ​សតិប្បដ្ឋាន ៤ នេះឯង។ ម្នាលអាវុសោ មួយទៀត ខ្ញុំបានដឹងច្បាស់ នូវ​លោក​ដ៏ច្រើន ព្រោះ​បាន​ចំរើន បានធ្វើរឿយ ៗ នូវសតិប្បដ្ឋាន ៤ នេះដែរ។

[១១០] សម័យមួយ ព្រះអានន្ទដ៏មានអាយុ គង់នៅក្នុងវត្តវេឡុវន ជាកលទ្ទកនិវាបស្ថាន ជិតក្រុង​រាជគ្រឹះ។ សម័យនោះឯង សិរីវឌ្ឍគហបតី មានអាពាធ ដល់នូវសេចក្តីទុក្ខ ឈឺធ្ងន់ ។ គ្រានោះ សិរីវឌ្ឍគហបតី ហៅបុរសម្នាក់មកថា នែបុរសដ៏ចំរើន ចូរ​អ្នកចូលទៅរក ព្រះអានន្ទដ៏មាន​អាយុ លុះចូលទៅដល់ហើយ អ្នកចូរក្រាប​ថ្វាយបង្គំ​ព្រះបាទា នៃព្រះអានន្ទ​ដ៏​មានអាយុ ដោយសិរសា តាមពាក្យរបស់យើងថា បពិត្រលោកម្ចាស់ដ៏​ចំរើន សិរីវឌ្ឍគហបតី មានអាពាធ ដល់នូវសេចក្តីទុក្ខ ឈឺធ្ងន់ គាត់សូម​ក្រាបថ្វាយបង្គំ​ព្រះបាទា នៃព្រះអានន្ទ​​ដ៏មានអាយុ ដោយសិរសា រួចហើយ​អ្នកចូរពោល យ៉ាងនេះថា បពិត្រ​លោកម្ចាស់​ដ៏ចំរើន សូមមេត្តាប្រោស សូមព្រះអានន្ទដ៏មានអាយុ អាស្រ័យ​នូវសេចក្តីអនុគ្រោះ ចូលទៅ​កាន់លំនៅ​ នៃ​សិរីវឌ្ឍគហបតី។ បុរសនោះ ទទួលស្តាប់ពាក្យសិរីវឌ្ឍគហបតីថា បាទ​លោក ហើយក៏ចូល ទៅរកព្រះអានន្ទដ៏មានអាយុ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយ​បង្គំ​ព្រះអានន្ទ​ដ៏មានអាយុ ហើយអង្គុយក្នុងទីសមគួរ លុះបុរស​នោះ អង្គុយក្នុងទីសមគួរហើយ ទើបទូល​ព្រះអានន្ទ ដ៏មានអាយុ ដូច្នេះថា បពិត្រលោកម្ចាស់ដ៏ចំរើន សិរីវឌ្ឍគហបតី មានអាពាធ ដល់នូវសេចក្តី​ទុក្ខ ឈឺធ្ងន់ គាត់សូមក្រាបថ្វាយបង្គំព្រះបាទា នៃព្រះអានន្ទដ៏មានអាយុ ដោយ​សិរសា ហើយនិយាយ យ៉ាងនេះថា បពិត្រលោកម្ចាស់ដ៏ចំរើន សូម​មេត្តាប្រោស សូម​ព្រះអានន្ទ​ដ៏មានអាយុ អាស្រ័យនូវ​សេចក្តីអនុគ្រោះ ចូលទៅកាន់លំនៅ នៃសិរីវឌ្ឍគហបតី។ ព្រះអានន្ទដ៏មានអាយុ ក៏ទទួលនិមន្ត​ដោយតុណ្ហីភាព។

[១១១] គ្រានោះ ព្រះអានន្ទដ៏មានអាយុ ស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ​ ក្នុងវេលា​បុព្វណ្ហ​សម័យ ចូលទៅកាន់លំនៅ នៃសិរីវឌ្ឍគហបតី លុះចូល​ទៅ​ដល់ហើយ ក៏អង្គុយ​លើអាសនៈ ដែលគេក្រាល​ទុក។ លុះព្រះអានន្ទដ៏មានអាយុ​ អង្គុយហើយ ក៏ពោលទៅ នឹងសិរីវឌ្ឍគហបតី ដូច្នេះថា

[១១២] ម្នាលគហបតី អ្នកល្មមអត់ទ្រាំបានដែរឬ អ្នកល្មមប្រព្រឹត្តទៅ​ បានស្រួលដែរឬ ទុក្ខវេទនា រមែងធូរថយទៅ មិនចំរើនឡើង ការថយទៅ (នៃទុក្ខវេទនា) រមែងប្រាកដ ការចំរើនឡើង មិនប្រាកដទេឬ។ បពិត្រ​លោក​​ម្ចាស់ដ៏ចំរើន ខ្ញុំករុណា មិនល្មមអត់ទ្រាំបានទេ មិនល្មមប្រព្រឹត្ត​ទៅ​បានស្រួលទេ ទុក្ខវេទនា របស់ខ្ញុំករុណា ខ្លាំងពេកណាស់ រមែងចំរើនឡើង​ មិនបានធូរថយទេ ការចំរើនឡើង រមែងប្រាកដ​ ឯការធូរថយទៅ មិន​ប្រាកដទេ។

[១១៣] ម្នាលគហបតី ព្រោះហេតុនោះ ក្នុងសាសនានេះ អ្នកគប្បីសិក្សា យ៉ាងនេះថា អាត្មា​អញ នឹងពិចារណា នូវកាយក្នុងកាយ មាន​ព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានសេចក្តី​ដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្សក្នុងលោក។ អាត្មាអញ នឹងពិចារណា ​នូវ​វេទនាក្នុងវេទនាទាំងឡាយ នូវចិត្តក្នុងចិត្ត នូវធម៌ក្នុងធម៌ទាំងឡាយ មាន​ព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កំចាត់​បង់ នូវអភិជ្ឈា និងទោមនស្សក្នុងលោក។ ម្នាលគហបតី អ្នកគប្បីសិក្សា ​យ៉ាងនេះចុះ។

[១១៤] បពិត្រលោកម្ចាស់ដ៏ចំរើន សតិប្បដ្ឋាន ៤ ឯណា ដែលព្រះ​ដ៏​មានព្រះភាគ ទ្រង់សំដែងហើយ ធម៌ទាំងនោះ មានព្រមក្នុងសន្តានខ្ញុំករុណា ៗ និងប្រាកដ​ក្នុងធម៌ ទាំងនោះឯង។ បពិត្រលោកម្ចាស់ដ៏ចំរើន ព្រោះខ្ញុំ​ករុណា ពិចារណា នូវកាយក្នុងកាយ មានព្យាយាម ជាគ្រឿងដុតកំដៅ​កិលេស មានសេចក្តីដឹងខ្លួន មានស្មារតី​ កំចាត់បង់ នូវអភិជ្ឈា និងទោមនស្ស ​ក្នុងលោក។ ពិចារណា នូវវេទនាក្នុងវេទនាទាំងឡាយ នូវចិត្តក្នុងចិត្ត នូវធម៌​ក្នុងធម៌ទាំងឡាយ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានសេចក្តី​ដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្សក្នុងលោក​។

[១១៥]​ បពិត្រលោកម្ចាស់ដ៏ចំរើន ពួកសញ្ញោជនៈ ៥ ជាចំណែក​ខាង​ក្រោម ដែលព្រះដ៏មានព្រះភាគ ទ្រង់សំដែងហើយ បពិត្រលោកម្ចាស់ដ៏​ចំរើន ខ្ញុំករុណា មិនឃើញ​ច្បាស់ នូវសញ្ញោជនៈឯណានីមួយ ដែលខ្ញុំករុណាមិនទាន់លះបង់ ក្នុងខ្លួន​សោះឡើយ។ ម្នាលគហបតី ជាលាភរបស់អ្នកហើយ ម្នាលគហបតី ភាពជាមនុស្ស​ អ្នកបាន​ល្អហើយ ម្នាលគហបតី អ្នកបានព្យាករ នូវអនាគាមិផលហើយ។

[១១៦] និទានដដែលនោះទៀត​។ សម័យនោះឯង មានទិន្នគហបតី មានអាពាធ ដល់នូវ​សេចក្តីទុក្ខ​ ឈឺធ្ងន់។ គ្រានោះ មានទិន្នគហបតី ហៅ​បុរសម្នាក់មកថា​ នែបុរសដ៏ចំរើន អ្នកចូរ​មក​នេះ។បេ។ បពិត្រលោកម្ចាស់ដ៏ចំរើន ខ្ញុំករុណា មិនល្មមអត់ទ្រាំបានទេ មិនល្មម ប្រព្រឹត្តទៅបាន​ស្រួលទេ ទុក្ខវេទនា របស់ខ្ញុំករុណា ធ្ងន់ពេកណាស់ រមែងចំរើនឡើង មិនធូរថយទៅទេ ការចំរើន​ឡើង រមែងប្រាកដ ឯការធូរថយទៅ មិន​ប្រាកដទេ។

[១១៧] បពិត្រលោកម្ចាស់ដ៏ចំរើន ខ្ញុំករុណាត្រូវទុក្ខវេទនា មាន​សភាព​ដូច្នេះ ប៉ះពាល់​ហើយ ក៏ពិចារណា នូវកាយក្នុងកាយ មានព្យាយាម​ ជាគ្រឿងដុតកំដៅកិលេស មានសេចក្តី​ដឹង​ខ្លួន មានស្មារតី កំចាត់បង់ នូវ​អភិជ្ឈា និងទោមនស្សក្នុងលោក។ ពិចារណា នូវវេទនាក្នុង​វេទនាទាំងឡាយ នូវចិត្តក្នុងចិត្ត នូវធម៌ក្នុងធម៌ទាំងឡាយ មានព្យាយាម ជាគ្រឿងដុតកំដៅ​កិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្ស​ក្នុងលោក។

[១១៨] បពិត្រលោកម្ចាស់ដ៏ចំរើន ពួកសញ្ញោជនៈ ៥ ជាចំណែក​ខាង​ក្រោម ដែល​ព្រះដ៏មានព្រះភាគ ទ្រង់សំដែងហើយ បពិត្រលោកម្ចាស់ដ៏​ចំរើន ខ្ញុំករុណា មិនឃើញច្បាស់ នូវសញ្ញោជនៈឯណានីមួយ ដែលខ្ញុំ​ករុណា មិនទាន់លះបង់ ក្នុងខ្លួនសោះឡើយ​។ ម្នាលគហបតី ជាលាភរបស់​អ្នកហើយ ម្នាលគហបតី ភាពជាមនុស្ស អ្ន​កបានល្អហើយ ម្នាលគហបតី អ្នក​បានព្យាករ នូវអនាគាមិផលហើយ។

ចប់ សីលដ្ឋិតិវគ្គ ទី ៣។

ឧទ្ទាននៃសីលដ្ឋិតិវគ្គនោះគឺ

និយាយអំពីសីល ១ អំពីការស្ថិតនៅនៃព្រះសទ្ធម្ម ១ អំពីសេចក្តី​សាបសូន្យនៃព្រះសទ្ធម្ម ១ អំពីសតិប្បដ្ឋានសុទ្ធ ១ អំពីព្រាហ្មណ៍ម្នាក់ ​ចូលទៅទូលសួរព្រះដ៏មានព្រះភាគ ១ អំពីប​ទេស​ភាវនា ១ អំពីសមត្តាភាវនា ១ អំពីព្រះអនុរុទ្ធដឹងច្បាស់នូវលោក ១ អំពី​សិរីវឌ្ឍគហបតី ១ អំពី​មាន​ទិន្នគហបតី ១ រួមជា ១០។

អននុស្សុតវគ្គ

[១១៩] សាវត្ថីនិទាន​។ ម្នាលភិក្ខុទាំងឡាយ ចក្ខុកើតឡើង ញាណ​កើត​ឡើង បញ្ញា​កើត​ឡើង វិជ្ជាកើតឡើង​ ពន្លឺក៏កើតឡើង ដល់តថាគត ក្នុងធម៌​ទាំងឡាយ ដែលតថាគត មិនធ្លាប់ ស្តាប់​ហើយ ក្នុងកាលមុនថា នេះជាការ​ពិចារណាឃើញ នូវកាយក្នុងកាយ។ ម្នាលភិក្ខុទាំងឡាយ (ចក្ខុជាដើម ក៏​កើតឡើង) ដល់តថាគតថា ការពិចារណាឃើញ នូវកាយក្នុងកាយ នោះឯង​ជាធម៌ដែលត្រូវចំរើន។ ម្នាលភិក្ខុទាំងឡាយ ចក្ខុកើតឡើង ញាណ​កើតឡើង បញ្ញា​កើត​ឡើង វិជ្ជាកើតឡើង ពន្លឺក៏កើតឡើង ដល់តថាគត ក្នុង​ធម៌ទាំងឡាយ ដែលតថាគត មិនធ្លាប់ ស្តាប់ហើយ ក្នុងកាលមុនថា (ការពិចារណាឃើញ នូវកាយក្នុងកាយ) តថាគត បានចំរើន ហើយ។

[១២០] ម្នាលភិក្ខុទាំងឡាយ ចក្ខុកើតឡើង ញាណកើតឡើង បញ្ញា​កើតឡើង វិជ្ជាកើត​ឡើង ពន្លឺក៏កើតឡើង ដល់តថាគត ក្នុងធម៌ទាំងឡាយ​ ដែលតថាគត មិនធ្លាប់ស្តាប់ហើយ ក្នុងកាលមុនថា នេះជាការពិចារណា​ឃើញ នូវវេទនាក្នុងវេទនា។ ម្នាលភិក្ខុទាំងឡាយ (ចក្ខុជាដើម ក៏កើតឡើង) ដល់តថាគតថា ការពិចារណាឃើញ នូវវេទនាក្នុងវេទនាទាំងឡាយ នោះ​ឯង​ ជាធម៌ដែលត្រូវចំរើន។ ម្នាលភិក្ខុទាំងឡាយ ចក្ខុកើតឡើង ញាណកើត​ឡើង​ បញ្ញា​កើតឡើង វិជ្ជាកើតឡើង ពន្លឺក៏កើតឡើង ដល់តថាគត ក្នុងធម៌​ដែលតថាគត មិនធ្លាប់​ស្តាប់ហើយ ក្នុងកាលមុនថា ការពិចារណា​ឃើញ នូវ​វេទនាក្នុងវេទនាទាំងឡាយ​ តថាគត បានចំរើនហើយ។

[១២១] ម្នាលភិក្ខុទាំងឡាយ ចក្ខុកើតឡើង ញាណកើតឡើង បញ្ញា​កើតឡើង វិជ្ជា​កើតឡើង ពន្លឺក៏កើតឡើង ដល់តថាគត ក្នុងធម៌ទាំងឡាយ ​ដែលតថាគត​ មិនធ្លាប់​ស្តាប់ហើយ ក្នុងកាលមុនថា នេះជាការពិចារណា​ឃើញ ​នូវ​​ចិត្តក្នុងចិត្ត។ ម្នាលភិក្ខុទាំងឡាយ (ចក្ខុជា​ដើម ក៏កើតឡើង) ដល់តថាគតថា ការពិចារណាឃើញ នូវចិត្តក្នុងចិត្ត នោះឯង ជាធម៌ ដែលត្រូវ​ចំរើន។ ម្នាលភិក្ខុទាំងឡាយ ចក្ខុកើតឡើង ញាណកើត​ឡើង បញ្ញាកើតឡើង វិជ្ជាកើតឡើង ពន្លឺក៏​កើតឡើង ដល់តថាគត ក្នុងធម៌​ទាំងឡាយ ដែលតថាគត មិនធ្លាប់ស្តាប់ហើយ ក្នុងកាល មុនថា​ ការពិចារណា​ឃើញ នូវចិត្តក្នុងចិត្ត តថាគតបានចំរើនហើយ។

[១២២] ម្នាលភិក្ខុទាំងឡាយ ចក្ខុកើតឡើង ញាណកើតឡើង បញ្ញា​កើតឡើង វិជ្ជាកើត​ឡើង ពន្លឺក៏កើតឡើង ដល់តថាគត ក្នុងធម៌ទាំងឡាយ ​ដែលតថាគត មិនធ្លាប់ស្តាប់ហើយ ក្នុងកាលមុនថា នេះជាការពិចារណា​ឃើញ នូវធម៌ក្នុងធម៌ទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ (ចក្ខុជា​ដើម ក៏កើត​ឡើង) ដល់តថាគតថា ការពិចារណាឃើញ នូវធម៌ក្នុងធម៌ទាំងឡាយ នោះ​ឯង ជាធម៌ដែលត្រូវចំរើន។ ម្នាលភិក្ខុទាំងឡាយ ចក្ខុកើតឡើង ញាណ​កើតឡើង បញ្ញាកើត​ឡើង វិជ្ជាកើតឡើង ពន្លឺក៏កើតឡើង ដល់តថាគត ក្នុង​ធម៌ទាំងឡាយ ដែលតថាគត មិន​ធ្លាប់​ស្តាប់ហើយ ក្នុងកាលមុនថា​ ការ​ពិចារណាឃើញ នូវធម៌ក្នុងធម៌ទាំងឡាយ តថាគត បានចំរើនហើយ។

[១២៣] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ សតិប្បដ្ឋាន ៤ នេះ ដែល​បុគ្គលបានចំរើន បានធ្វើរឿយ ៗ ហើយ រមែងប្រព្រឹត្តទៅ ដើម្បីសេចក្តី​នឿយណាយ ដើម្បីប្រាសចាកតម្រេក ដើម្បី​រលត់ ដើម្បីស្ងប់ ដើម្បីដឹង​ច្បាស់ ដើម្បីត្រាស់ដឹង ដើម្បីព្រះនិព្វានតែម្យ៉ាង​។ សតិប្បដ្ឋាន ៤ តើ​ដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ពិចារណាឃើញ នូវកាយក្នុង​កាយ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្ស ក្នុងលោក។ ពិចារណា​ឃើញ នូវវេទនាក្នុងវេទនាទាំងឡាយ នូវចិត្តក្នុងចិត្ត នូវធម៌ក្នុងធម៌ទាំង​ឡាយ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានសេចក្តីដឹងខ្លួន មាន​ស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្សក្នុងលោក។ ម្នាលភិក្ខុ​ទាំង​ឡាយ សតិប្បដ្ឋាន ៤ នេះឯង ដែលបុគ្គលបានចំរើន បានធ្វើរឿយ ៗ ហើយ រមែងប្រព្រឹត្តទៅ ដើម្បីនឿយណាយ ដើម្បីប្រាសចាកតម្រេក ដើម្បីរលត់ ដើម្បីស្ងប់ ដើម្បីដឹងច្បាស់ ដើម្បីត្រាស់ដឹង​ ដើម្បីព្រះនិព្វាន​តែម្យ៉ាង។

[១២៤] ម្នាលភិក្ខុទាំងឡាយ សតិប្បដ្ឋាន ៤ ដែលបុគ្គលឯណានីមួយ ​ខ្វល់ខ្វាយហើយ មគ្គដ៏ប្រសើរ ប្រកបដោយអង្គ ៨ ជាទីទៅកាន់ព្រះនិព្វាន ជា​គ្រឿងអស់ទៅ នៃទុក្ខដោយប្រពៃ ក៏ឈ្មោះថា បុគ្គលទាំងនោះ បានខ្វល់ខ្វាយ​ហើយដែរ។ ម្នាលភិក្ខុទាំងឡាយ សតិប្បដ្ឋាន ៤ ដែលបុគ្គលឯណានីមួយ​ ប្រារព្វហើយ មគ្គដ៏ប្រសើរ ប្រកបដោយអង្គ ៨ ជាទីទៅកាន់​ព្រះនិព្វាន ជា​គ្រឿងអស់ទៅ នៃទុក្ខដោយប្រពៃ ក៏ឈ្មោះថា បុគ្គលទាំងនោះ បាន​ប្រារព្ធ​ហើយដែរ។ សតិប្បដ្ឋាន ៤ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ពិចារណា​ឃើញ នូវកាយ​ក្នុងកាយ មានព្យាយាម ជា​គ្រឿងដុតកំដៅកិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កំចាត់បង់​នូវ​អភិជ្ឈា និងទោមនស្សក្នុងលោក។ ពិចារណាឃើញ នូវវេទនាក្នុងវេទនា​ទាំងឡាយ នូវចិត្តក្នុងចិត្ត នូវធម៌ក្នុងធម៌ទាំងឡាយ មានព្យាយាម ជាគ្រឿង​ដុតកំដៅកិលេស មានសេចក្តីដឹងខ្លួន មាន​ស្មារតី កំចាត់បង់ នូវអភិជ្ឈា និង​ទោមនស្សក្នុងលោក។ ម្នាលភិក្ខុទាំងឡាយ សតិប្បដ្ឋាន ៤ នេះឯង ដែល​បុគ្គលឯណានីមួយ ខ្វល់ខ្វាយហើយ មគ្គដ៏ប្រសើរ ប្រកបដោយអង្គ ៨  ជាទី​ទៅកាន់​ព្រះនិព្វាន ជាគ្រឿងអស់ទៅ នៃទុក្ខដោយប្រពៃ ក៏ឈ្មោះថា បុគ្គល​ទាំងនោះ​ បាន​ខ្វល់ខ្វាយ​ហើយដែរ។ ម្នាលភិក្ខុទាំងឡាយ សតិប្បដ្ឋាន ៤ នេះ​ឯង ដែលបុគ្គលឯណានីមួយ ប្រារព្ធហើយ មគ្គ​ដ៏ប្រសើរ ប្រកបដោយអង្គ ៨ ជាទីទៅកាន់ព្រះនិព្វាន ជាគ្រឿងអស់ទៅ នៃទុក្ខដោយប្រពៃ ក៏ឈ្មោះថា ​បុគ្គលទាំងនោះ បានប្រារព្ធហើយដែរ ។

[១២៥] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ សតិប្បដ្ឋាន​ ៤ នេះ ដែល​បុគ្គលបានចំរើន បានធ្វើរឿយ ៗ ហើយ រមែងប្រព្រឹត្តទៅព្រម ដើម្បី​ឆ្លង​ចាកវដ្តៈ ដែលមិនមែនជាត្រើយ ហើយ​ដល់នូវព្រះនិព្វាន ដែលជាត្រើយ។ សតិប្បដ្ឋាន ៤ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ​ក្នុង​សាសនានេះ ពិចារណាឃើញ នូវកាយក្នុងកាយ មានព្យាយាម ជាគ្រឿងដុតកំដៅ​កិលេស មាន​សេចក្តី​ដឹងខ្លួន មានស្មារតី កំចាត់បង់នូវអភិជ្ឈា និងទោមនស្ស​ក្នុងលោក។ ពិចារណា​ឃើញ នូវវេទនា​ក្នុងវេទនាទាំងឡាយ នូវចិត្តក្នុងចិត្ត នូវធម៌ក្នុងធម៌ទាំងឡាយ មានព្យាយាម ជាគ្រឿង​ដុតកំដៅកិលេស មាន​សេចក្តីដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្សក្នុង​លោក។ ម្នាល​ភិក្ខុទាំងឡាយ សតិប្បដ្ឋាន ៤ នេះឯង ដែលបុគ្គលបានចំរើន បានធ្វើ​រឿយ ៗ ហើយ រមែងប្រព្រឹត្តទៅព្រម ដើម្បីឆ្លងចាកវដ្តៈ ដែលមិនមែនជា​ត្រើយ ហើយដល់​នូវព្រះនិព្វាន ដែលជាត្រើយ។

[១២៦] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុត្រូវមានស្មារតី មានសេចក្តីដឹងខ្លួន នេះជាពាក្យប្រៀនប្រដៅ របស់តថាគត ដល់អ្នកទាំង​ឡាយ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមានស្មារតី តើដូចម្តេច។ ម្នាលភិក្ខុទាំង​ឡាយ ភិក្ខុក្នុងសាសនានេះ ពិចារណាឃើញ នូវកាយក្នុងកាយ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្ស ក្នុងលោក។ ពិចារណា​ឃើញ នូវវេទនា ​ក្នុងវេទនាទាំងឡាយ នូវចិត្តក្នុងចិត្ត នូវធម៌ក្នុងធម៌ទាំងឡាយ មានព្យាយាម ជាគ្រឿង​ដុតកំដៅកិលេស មាន​សេចក្តីដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្សក្នុង​លោក។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ​មានស្មារតី យ៉ាងនេះឯង។

[១២៧] ម្នាលភិក្ខុទាំងឡាយ ភិក្ខុមានសេចក្តីដឹងខ្លួន តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ដឹងច្បាស់ថា វេទនាកើតឡើង ដឹង​ច្បាស់ថា វេទនាតាំងនៅ ដឹងច្បាស់ថា វេទនាដល់នូវសេចក្តីវិនាសទៅ។ ដឹងច្បាស់ថា វិតក្កៈ កើតឡើង ដឹងច្បាស់ថា វិតក្កៈតាំងនៅ ដឹងច្បាស់ថា វិតក្កៈដល់នូវសេចក្តីវិនាសទៅ។ ដឹងច្បាស់ថា បញ្ញាកើតឡើង ដឹងច្បាស់ថា បញ្ញាតាំងនៅ ដឹងច្បាស់ថា បញ្ញាដល់នូវសេចក្តីវិនាសទៅ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមាន​សេចក្តីដឹងខ្លួន យ៉ាងនេះឯង។ ម្នាលភិក្ខុទាំង​ឡាយ ភិក្ខុត្រូវ​មាន​ស្មារតី មានសេចក្តីដឹងខ្លួន នេះជាពាក្យប្រៀន​ប្រដៅ ​របស់​តថាគត ដល់អ្នកទាំងឡាយ។

[១២៨] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ សតិប្បដ្ឋាននេះ មាន ៤។ សតិប្បដ្ឋាន ៤ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ពិចារណាឃើញ នូវកាយក្នុងកាយ មានព្យាយាម ជាគ្រឿងដុតកំដៅ​កិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្ស ​ក្នុងលោក។ ពិចារណាឃើញ នូវវេទនាក្នុងវេទនាទាំងឡាយ នូវចិត្តក្នុងចិត្ត​ នូវធម៌ក្នុងធម៌ទាំងឡាយ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មាន​សេចក្តីដឹងខ្លួន មាន​ស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្សក្នុងលោក។ ម្នាលភិក្ខុទាំងឡាយ សតិប្បដ្ឋាន មាន ៤ នេះឯង។ ម្នាលភិក្ខុទាំងឡាយ សតិប្បដ្ឋាន ៤ នេះ ដែលបុគ្គលបានចំរើន បានធ្វើរឿយ ៗ ហើយ បណ្តា​ផលទាំង ២ ផលណាមួយ នឹងបានជាប្រាកដ គឺនឹងបានសម្រេច នូវភាពជា​ព្រះអរហន្ត ក្នុងបច្ចុប្បន្នទាន់ភ្នែក ឬបើមានឧបាទានក្ខន្ធសេសសល់នៅ ក៏គង់នឹង​បានសម្រេច នូវភាពជា​ព្រះអនាគាមីបុគ្គល ពុំខានឡើយ។

[១២៩] ម្នាលភិក្ខុទាំងឡាយ សតិប្បដ្ឋាននេះ មាន ៤។ សតិប្បដ្ឋាន ៤ តើដូចម្តេច។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុក្នុងសាសនានេះ ពិចារណាឃើញ នូវ​កាយក្នុងកាយ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានសេចក្តីដឹង​ខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្ស​ក្នុងលោក។ កាលបើ​ភិក្ខុនោះ ពិចារណាឃើញ នូវកាយក្នុងកាយ ឆន្ទៈឯណា មានក្នុងកាយ ភិក្ខុក៏បាន​លះបង់ឆន្ទៈ​នោះចេញ អមតនិព្វាន ក៏ឈ្មោះថា ភិក្ខុនោះ បានធ្វើឲ្យជាក់​ច្បាស់ហើយ ព្រោះ​លះបង់នូវឆន្ទៈ។

[១៣០] ភិក្ខុពិចារណាឃើញនូវវេទនាក្នុងវេទនាទាំងឡាយ មានព្យាយាម ​ជាគ្រឿងដុត​កំដៅកិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កំចាត់បង់ នូវ​អភិជ្ឈា និងទោមនស្សក្នុងលោក។ កាលបើភិក្ខុនោះ បានពិចារណាឃើញ ​នូវវេទនាក្នុងវេទនាទាំងឡាយ ឆន្ទៈឯណា មានក្នុងវេទនា ភិក្ខុក៏បានលះ​បង់ឆន្ទៈនោះចេញ អមតនិព្វាន ក៏ឈ្មោះថា ភិក្ខុនោះ បានធ្វើឲ្យជាក់ច្បាស់​ហើយ ព្រោះលះបង់នូវឆន្ទៈ។

[១៣១] ភិក្ខុពិចារណាឃើញនូវចិត្តក្នុងចិត្ត មានព្យាយាម ជាគ្រឿង​ដុត​កំដៅកិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កំចាត់បង់នូវអភិជ្ឈា និង​ទោមនស្សក្នុងលោក។ កាលបើភិក្ខុនោះ ពិចារណាឃើញ នូវចិត្តក្នុងចិត្ត ឆន្ទៈឯណាមានក្នុងចិត្ត ភិក្ខុក៏បានលះបង់ឆន្ទៈនោះចេញ អមតនិព្វាន ក៏ឈ្មោះថា ភិក្ខុនោះ បានធ្វើឲ្យជាក់ច្បាស់ហើយ ព្រោះលះបង់នូវឆន្ទៈ។

[១៣២] ភិក្ខុពិចារណាឃើញនូវធម៌ក្នុងធម៌ទាំងឡាយ មានព្យាយាម​ជាគ្រឿង​ដុតកំដៅ​កិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កំចាត់បង់នូវ​អភិជ្ឈា និងទោមនស្សក្នុងលោក។ កាលបើ​ភិក្ខុនោះ ពិចារណាឃើញ នូវ​ធម៌ក្នុងធម៌ទាំងឡាយ ឆន្ទៈឯណា មានក្នុងធម៌ ភិក្ខុក៏បាន​លះបង់​ឆន្ទៈនោះ​​ចេញ អមតនិព្វាន ក៏ឈ្មោះថា ភិក្ខុនោះ បានធ្វើឲ្យជាក់ច្បាស់ហើយ ព្រោះ​លះបង់​នូវឆន្ទៈ។

[១៣៣] ម្នាលភិក្ខុទាំងឡាយ សតិប្បដ្ឋាននេះ មាន ៤។ សតិប្បដ្ឋានទាំង ៤ តើដូចម្តេច។ ម្នាល​ភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ពិចារណាឃើញ ​នូវកាយក្នុងកាយ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានសេចក្តីដឹង​ខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្ស ក្នុងលោក។ កាលបើ​ភិក្ខុនោះ ពិចារណាឃើញ នូវកាយក្នុងកាយ កាយឈ្មោះថា ភិក្ខុនោះបាន​កំណត់ដឹងហើយ អមតនិព្វាន ក៏ឈ្មោះថា ភិក្ខុនោះ បានធ្វើឲ្យជាក់ច្បាស់​ហើយ ព្រោះបានកំណត់​ដឹងនូវកាយ។

[១៣៤] ភិក្ខុពិចារណាឃើញនូវវេទនាក្នុងវេទនាទាំងឡាយ មានព្យាយាម ជាគ្រឿងដុត​កំដៅកិលេស មានសេចក្តីដឹងខ្លួន មានស្មារតី​ កំចាត់បង់នូវអភិជ្ឈា និងទោមនស្សក្នុងលោក។ កាលបើ​ភិក្ខុនោះ បាន​ពិចារណាឃើញ នូវវេទនាក្នុងវេទនាទាំងឡាយ វេទនា ឈ្មោះថា ភិក្ខុនោះ បាន​កំណត់​ដឹងហើយ អមតនិព្វាន ក៏ឈ្មោះថា ភិក្ខុនោះ បានធ្វើឲ្យជាក់ច្បាស់​ហើយ ព្រោះ​កំណត់ដឹងនូវវេទនា។

[១៣៥] ភិក្ខុពិចារណាឃើញនូវចិត្តក្នុងចិត្ត មានព្យាយាមជាគ្រឿងដុត​កំដៅកិលេស មាន​សេចក្តីដឹងខ្លួន មានស្មារតី កំចាត់បង់នូវអភិជ្ឈា និង​ទោមនស្សក្នុងលោក។ កាលបើភិក្ខុនោះ បាន​ពិចារណាឃើញ នូវចិត្តក្នុង​ចិត្ត ចិត្ត ឈ្មោះថា ភិក្ខុនោះ បានកំណត់ដឹងហើយ អមតនិព្វាន ក៏ឈ្មោះថា ​ភិក្ខុនោះ​ បានធ្វើឲ្យជាក់ច្បាស់ហើយ ព្រោះបានកំណត់ដឹងនូវចិត្ត។

[១៣៦] ភិក្ខុពិចារណាឃើញនូវធម៌ក្នុងធម៌ទាំងឡាយ មានព្យាយាម​ ជាគ្រឿង​ដុតកំដៅ​កិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កំចាត់បង់នូវ​អភិជ្ឈា និងទោមនស្សក្នុងលោក។ កាលបើភិក្ខុនោះ បានពិចារណាឃើញ ​នូវ​​ធម៌ក្នុងធម៌ទាំងឡាយ  ធម៌ ឈ្មោះថា ភិក្ខុនោះ បានកំណត់​ដឹងហើយ អមតនិព្វាន ក៏ឈ្មោះថា ភិក្ខុនោះ បានធ្វើឲ្យជាក់ច្បាស់ហើយ ព្រោះបាន​កំណត់​ដឹង​នូវធម៌។

[១៣៧] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងនូវសតិប្បដ្ឋានភាវនា ទាំង៤ អ្នកទាំងឡាយ ចូរស្តាប់​នូវធម៌នោះចុះ។ ម្នាលភិក្ខុទាំងឡាយ សតិប្បដ្ឋានភាវនា ៤ តើដូចម្តេច។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុក្នុង​សាសនា​នេះ ពិចារណាឃើញ នូវកាយក្នុងកាយ មានព្យាយាម ជាគ្រឿង​ដុត​កំដៅ​កិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កំចាត់បង់នូវអភិជ្ឈា និងទោមនស្ស​ក្នុងលោក។ ពិចារណាឃើញ នូវវេទនាក្នុងវេទនាទាំងឡាយ នូវចិត្តក្នុងចិត្ត នូវធម៌ក្នុង​ធម៌ទាំងឡាយ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មាន​សេចក្តី​ដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្សក្នុងលោក។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សតិប្បដ្ឋានភាវនា ៤។

[១៣៨] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងនូវសតិប្បដ្ឋានផង នូវ​សតិប្បដ្ឋាន​ភាវនាផង នូវបដិបទា ជាដំណើរទៅកាន់សតិប្បដ្ឋានភាវនាផង ដល់អ្នកទាំងឡាយ អ្នក​ទាំង​ឡាយ ចូរស្តាប់នូវធម៌នោះចុះ។ ម្នាលភិក្ខុទាំង​ឡាយ សតិប្បដ្ឋាន តើដូចម្តេច។ ម្នាលភិក្ខុ​ទាំងឡាយ​ ភិក្ខុក្នុងសាសនានេះ ពិចារណាឃើញ នូវកាយក្នុងកាយ មានព្យាយាម ជាគ្រឿងដុត​កំដៅ​​កិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កំចាត់បង់នូវអភិជ្ឈា និងទោមនស្ស​ក្នុងលោក។ ពិចារណាឃើញ នូវវេទនាក្នុងវេទនាទាំងឡាយ នូវចិត្តក្នុងចិត្ត នូវធម៌ក្នុងធម៌ទាំងឡាយ មាន​ព្យាយាម ជាគ្រឿងដុតកំដៅកិលេស មាន​សេចក្តីដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្ស​ក្នុង​លោក។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សតិប្បដ្ឋាន។

[១៣៩] ម្នាលភិក្ខុទាំងឡាយ សតិប្បដ្ឋានភាវនា តើដូចម្តេច។ ម្នាល​ភិក្ខុទាំងឡាយ ភិក្ខុក្នុង​សាសនានេះ ពិចារណាឃើញ នូវសភាពជាទីប្រជុំ​កើងឡើងក្នុងកាយ ពិចារណាឃើញ នូវសភាពជាទីវិនាសទៅក្នុងកាយ ពិចារណាឃើញ នូវសភាពជាទីប្រជុំកើតឡើង និងសភាពជា​ទី​វិនាសទៅ​ក្នុងកាយ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្សក្នុងលោក ។ ពិចារណា​ឃើញ នូវសភាព ជាទីប្រជុំកើតឡើង ក្នុងវេទនា​ទាំងឡាយ ពិចារណាឃើញ ​នូវសភាពជាទីវិនាសទៅក្នុងវេទនាទាំងឡាយ ពិចារណា​ឃើញ នូវសភាព​ជា​ទីប្រជុំកើងឡើង និងសភាព ជាទីវិនាសទៅ ក្នុងវេទនាទាំងឡាយ។ ក្នុងចិត្តក៏​ដូចគ្នា។ ក្នុងធម៌ទាំងឡាយ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្សក្នុង​លោក។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សតិប្បដ្ឋានភាវនា ។

[១៤០] ម្នាលភិក្ខុទាំងឡាយ បដិបទា ជាដំណើរទៅកាន់សតិប្បដ្ឋាន​ភាវនា តើដូចម្តេច។ មគ្គដ៏​ប្រសើរ ប្រកបដោយអង្គ ៨ ហ្នឹងឯង។ មគ្គដ៏​ប្រសើរ ប្រកបដោយអង្គ ៨ តើដូចម្តេច។ គឺ​សេចក្តីឃើញត្រូវ ១ សេចក្តី​ត្រិះរិះត្រូវ ១ ការនិយាយត្រូវ ១ ការងារត្រូវ ១ ការចិញ្ចឹមជីវិតត្រូវ ១ ការ​ព្យាយាមត្រូវ ១ ការរឭកត្រូវ ១ ការដំកល់ចិត្តមាំត្រូវ ១។ ម្នាលភិក្ខុ​ទាំង​ឡាយ នេះហៅថា បដិបទា ជាដំណើរទៅកាន់សតិប្បដ្ឋានភាវនា។

ចប់ អននុស្សុតវគ្គ ទី ៤។

ឧទាននៃអននុស្សុតវគ្គនោះគឺ

និយាយអំពីធម៌ដែលមិនធ្លាប់បានស្តាប់ ១ អំពីការប្រាសចាកតម្រេក ១ អំពីសេចក្តី​ខ្វល់ខ្វាយ ១ អំពីសតិប្បដ្ឋាន ដែលបុគ្គលចំរើនហើយ ១ អំពីភិក្ខុត្រូវមានស្មារតី​ ១ អំពី​អរហត្ត​ផល ១ អំពីការលះបង់ឆន្ទៈ ១ អំពីការកំណត់ដឹងនូវកាយ ១ អំពីសតិប្បដ្ឋានភាវនា ១ អំពីការចែក នៃសតិប្បដ្ឋាន ១ នោះត្រូវជា ១០។

អមតវគ្គ

[១៤១] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ទុកជាព្រះនិព្វានមិនទាន់​មាន​ដល់អ្នក​ទាំងឡាយ អ្នកទាំងឡាយ ចូរមានចិត្តតាំងស៊ប់ ក្នុងសតិប្បដ្ឋាន ៤ ចុះ។ សតិប្បដ្ឋាន ៤ ដូចម្តេច​ខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនា​នេះ ពិចារណាឃើញកាយ ក្នុងកាយជាប្រក្រតី មានព្យាយាម ជាគ្រឿងដុត​កំដៅកិលេស ជាអ្នកដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និង​ទោមនស្ស ក្នុងលោកចេញបាន។ ពិចារណាឃើញ នូវវេទនាក្នុងវេទនា​ទាំង​ឡាយ នូវចិត្តក្នុងចិត្ត នូវធម៌ក្នុងធម៌ទាំងឡាយ ជាប្រក្រតី មានព្យាយាម ជា​គ្រឿងដុតកំដៅកិលេស ជាអ្នកដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា ​និង​ទោមនស្ស ក្នុងលោកចេញបាន។ ម្នាលភិក្ខុទាំងឡាយ ទុកជាព្រះនិព្វាន មិន​ទាន់មានដល់អ្នកទាំងឡាយ  អ្នកទាំងឡាយ ចូរមានចិត្តតាំងស៊ប់ ក្នុង​សតិប្បដ្ឋាន ៤ នេះចុះ។

[១៤២] សាវត្ថីនិទាន។​ ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងនូវ​សេចក្តីកើតឡើង នឹងសូន្យទៅ នៃសតិប្បដ្ឋាន ៤ អ្នកទាំងឡាយ ចូរស្តាប់នូវ​ធម៌នោះចុះ។ ម្នាលភិក្ខុទាំងឡាយ ចុះសេចក្តីកើតឡើង នៃកាយដូចម្តេច។ សេចក្តីកើតឡើងនៃកាយ ព្រោះកើតឡើងនៃអាហារ សេចក្តីរលត់នៃ​កាយ ព្រោះរលត់នៃអាហារ សេចក្តីកើតឡើង នៃវេទនាទាំងឡាយ ព្រោះកើត​ឡើងនៃផស្សៈ សេចក្តីរលត់ នៃវេទនាទាំងឡាយ ព្រោះរលត់នៃផស្សៈ សេចក្តីកើតឡើងនៃចិត្ត ព្រោះកើតឡើង នៃនាមរូប សេចក្តីរលត់នៃចិត្ត ព្រោះរលត់នៃនាមរូប សេចក្តីកើតឡើង នៃធម៌ទាំង​ឡាយ ព្រោះកើត​ឡើង ​នៃមនសិការៈ សេចក្តីរលត់ នៃធម៌ទាំងឡាយ ព្រោះរលត់​នៃមនសិការៈ។

[១៤៣] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ សម័យមួយ តថាគតបាន​ត្រាស់ដឹងជាដម្បូង នៅក្រោមដើមអជបាលនិគ្រោធ ក្បែរឆ្នេរស្ទឹងនេរញ្ជរា ​ក្នុងឧរុវេលាប្រទេស។ ម្នាលភិក្ខុទាំងឡាយ តថាគតនោះ នៅក្នុងទីដ៏ស្ងាត់ សម្ងំនៅ មានបរិវិតក្កៈក្នុងចិត្ត កើតឡើងយ៉ាងនេះថា

[១៤៤] ផ្លូវ គឺសតិប្បដ្ឋាន ៤ នេះ ជាផ្លូវមូលតែមួយ​ (ប្រព្រឹត្តទៅ) ដើម្បី​សេចក្តីបរិសុទ្ធ​នៃសត្វ​ទាំងឡាយ ដើម្បីកន្លងបង់ នូវសោក និងខ្សឹកខ្សួល​ ដើម្បីរលត់បង់ នូវទុក្ខ និងទោមនស្ស ដើម្បីបាននូវមគ្គ ប្រកបដោយអង្គ ៨ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវព្រះនិព្វាន។ សតិប្បដ្ឋាន ៤ ដូចម្តេចខ្លះ។ ភិក្ខុពិចារណាឃើញកាយក្នុងកាយ ជាប្រក្រតីក្តី។ ភិក្ខុពិចារណាឃើញវេទនា ក្នុងវេទនាទាំងឡាយ ជាប្រក្រតីក្តី។ ភិក្ខុពិចារណាឃើញចិត្តក្នុង​ចិត្ត ជាប្រក្រតីក្តី។ ភិក្ខុ

ពិចារណា​ឃើញធម៌ក្នុងធម៌ទាំងឡាយ ជាប្រក្រតី មានព្យាយាម ដុតកំដៅ​កិលេស  ជាអ្នកដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្ស​ ក្នុង​លោកចេញបានក្តី។ ផ្លូវ គឺសតិប្បដ្ឋាន ៤ នេះ​ ជាផ្លូវមូលតែមួយ (ប្រព្រឹត្ត​ទៅ) ដើម្បីសេចក្តីបរិសុទ្ធ នៃសត្វទាំងឡាយ ដើម្បីកន្លងបង់ នូវ​សេចក្តីសោក និងខ្សឹកខ្សួល ដើម្បី​រំលត់បង់ នូវទុក្ខនិងទោមនស្ស ដើម្បីបាន​នូវមគ្គប្រកប ដោយអង្គ ៨ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវព្រះនិព្វាន។

[១៤៥] ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង​ សហម្បតិព្រហ្ម ដឹងនូវបរិវិតក្កៈក្នុងចិត្ត​តថាគត ដោយ​ចិត្តខ្លួនហើយ ក៏បាត់អំពីព្រហ្មលោក មក​ប្រាកដចំពោះមុខតថាគត ដូចជាបុរស​មានកម្លាំង លាដៃដែលខ្លួនបត់ចូល ឬបត់ចូលនូវដៃ ដែលខ្លួនលាចេញ ដូច្នោះឯង។ ម្នាលភិក្ខុ​ទាំងឡាយ គ្រានោះឯង សហម្បតិព្រហ្ម បង់កសំពត់ឧត្តរាសង្គ ឆៀងស្មាម្ខាង ប្រណម្យអញ្ជលី ចំពោះតថាគត បានពោលនឹងតថាគតដូច្នេះថា​

[១៤៦] បពិត្រព្រះដ៏មានព្រះភាគ ផ្លូវ គឺសតិប្បដ្ឋាន ៤ នុ៎ះ យ៉ាងនេះ​ហើយ  បពិត្រ​ព្រះសុគត ផ្លូវ គឺសតិប្បដ្ឋាន ៤ នុ៎ះ យ៉ាងនេះហើយ បពិត្រព្រះ​អង្គដ៏ចំរើន ផ្លូវ គឺសតិប្បដ្ឋាន ៤ នេះ ជាផ្លូវមូលតែមួយ (ប្រព្រឹត្តទៅ) ដើម្បី​សេចក្តីបរិសុទ្ធ នៃសត្វទាំងឡាយ ដើម្បី​កន្លងបង់ នូវសេចក្តីសោក និងខ្សឹក​ខ្សួល ដើម្បីរំលត់បង់ នូវទុក្ខ និងទោមនស្ស ដើម្បីបាននូវមគ្គ ប្រកបដោយ​អង្គ​៨ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវព្រះនិព្វាន។ សតិប្បដ្ឋាន ៤ តើដូចម្តេចខ្លះ។ បពិត្រ​ព្រះអង្គដ៏ចំរើន ភិក្ខុពិចារណាឃើញកាយក្នុងកាយ ជាប្រក្រតីក្តី។ ក្នុងវេទនាទាំងឡាយក្តី។ ក្នុង​ចិត្តក្តី។ បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុពិចារណា​ឃើញធម៌ក្នុងធម៌ទាំងឡាយ ជាប្រក្រតី មានព្យាយាម ជាគ្រឿងដុតកំដៅ​កិលេស  ជាអ្នកដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្ស ​ក្នុង​លោកចេញបានក្តី។ បពិត្រព្រះអង្គដ៏ចំរើន ផ្លូវ គឺសតិប្បដ្ឋាន ៤ នេះ​ ជាផ្លូវមូលតែមួយ (ប្រព្រឹត្ត​ទៅ) ដើម្បីសេចក្តីបរិសុទ្ធ នៃសត្វទាំងឡាយ ដើម្បីកន្លងបង់នូវ​សេចក្តីសោក និងខ្សឹកខ្សួល ដើម្បី​រំលត់បង់ នូវទុក្ខនិងទោមនស្ស ដើម្បីបាន ​នូវមគ្គប្រកប ដោយអង្គ ៨ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវព្រះនិព្វាន។

[១៤៧] ម្នាលភិក្ខុទាំងឡាយ​ សហម្បតិព្រហ្ម បានពោលពាក្យនេះ លុះ​ពោលពាក្យ​នេះ​ហើយ លំដាប់នោះ បានពោលពាក្យនេះ តទៅទៀតថា

បុគ្គលឃើញនូវទីបំផុត នៃការអស់ទៅនៃជាតិ មានសេចក្តីអនុគ្រោះ ដោយប្រយោជន៍ រមែងដឹងច្បាស់ នូវផ្លូវមូលតែមួយ ជនទាំងឡាយ បានឆ្លងហើយ ក្នុងកាលមុនក្តី នឹងឆ្លង (ក្នុង​អនាគត) ក្តី កំពុងឆ្លងក្នុងកាលឥឡូវនេះក្តី នូវឱឃៈបាន ដោយផ្លូវនុ៎ះឯង។

[១៤៨] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុគប្បីមានស្មារតី នេះជា​ពាក្យប្រៀនប្រដៅ របស់តថាគត ចំពោះអ្នកទាំងឡាយ។ ម្នាលភិក្ខុទាំង​ឡាយ ចុះភិក្ខុជាអ្នកមានស្មារតីដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុង​សាសនានេះ ពិចារណាឃើញ នូវកាយក្នុងកាយ ជាប្រក្រតី។ ពិចារណា​​ឃើញ នូវវេទនាក្នុងវេទានទាំងឡាយ នូវចិត្តក្នុងចិត្ត នូវធម៌ក្នុងធម៌ទាំង​ឡាយ ជាប្រក្រតី មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស ជាអ្នកដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្ស ក្នុងលោកចេញបាន។ ម្នាល​ភិក្ខុទាំងឡាយ ភិក្ខុជាអ្នកមាន​ស្មារតី យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុគប្បីមានស្មារតី នេះជាពាក្យប្រៀនប្រដៅ របស់តថាគត ចំពោះអ្នកទាំង​ឡាយ។

[១៤៩] ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលពោលថា កុសលរាសី ដូច្នេះ កាលបើពោល​ឲ្យត្រូវ គប្បីពោលចំពោះសតិប្បដ្ឋាន ៤។ ម្នាលភិក្ខុទាំង​ឡាយ ដ្បិតថាកុសលរាសីទាំងអស់នេះ ក៏គឺសតិប្បដ្ឋាន ៤ នេះឯង។ សតិប្បដ្ឋាន ៤ ដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុង​សាសនា​នេះ ពិចារណាឃើញ នូវកាយក្នុងកាយ ជាប្រក្រតី។ ពិចារណាឃើញ នូវវេទនា​ក្នុងវេទនា​ទាំង​ឡាយ នូវចិត្តក្នុងចិត្ត នូវធម៌ក្នុងធម៌ទាំងឡាយ ជាប្រក្រតី មានព្យាយាម ជាគ្រឿងដុតកំដៅ កិលេស ជាអ្នកដឹងខ្លួន មានស្មារតី កំចាត់​បង់ នូវអភិជ្ឈា និងទោមនស្ស ក្នុង​លោក​ចេញបាន។ ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលពោលថា កុសលរាសី ដូច្នេះ កាលបើពោល​ឲ្យត្រូវ គប្បីពោល ចំពោះ​សតិប្បដ្ឋាន ៤ នេះ។ ម្នាលភិក្ខុទាំងឡាយ ដ្បិតថា កុសលរាសីទាំងអស់នេះ ក៏គឺសតិប្បដ្ឋាន ៤ នេះឯង។

[១៥០] គ្រានោះឯង មានភិក្ខុមួយរូប ចូលទៅគាល់ព្រះដ៏មានព្រះភាគ។បេ។ អង្គុយក្នុង​ទីដ៏​សមគួរ។ លុះភិក្ខុនោះ អង្គុយក្នុងទីដ៏សមគួរហើយ បាន​ក្រាបបង្គំ​ទូលព្រះដ៏មានព្រះភាគ ដូច្នេះថា​ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ​ បានស្តាប់ធម៌ឯណា របស់ព្រះដ៏មានព្រះភាគហើយ គប្បីជាបុគ្គលតែម្នាក់​ឯង ចៀសចេញទៅ មិនមានសេចក្តីប្រមាទ មានព្យាយាម ជាគ្រឿងដុត​កំដៅកិលេស មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន សូមព្រះដ៏មានព្រះភាគ​ សំដែងធម៌នោះ ឲ្យទាន ដល់ខ្ញុំព្រះអង្គដោយសង្ខេប។

[១៥១] ម្នាលភិក្ខុ បើដូច្នោះ​ អ្នកចូរជម្រះនូវហេតុជាខាងដើម ក្នុងកុសល​​ធម៌ទាំង ឡាយចុះ។ ចុះអ្វី ជាខាងដើម នៃកុសលធម៌ទាំងឡាយ។ ម្នាលភិក្ខុ​ ក្នុងសាសនានេះ អ្នកចូរសង្រួម ក្នុង​បាតិមោក្ខសំវរៈ ប្រកបព្រមដោយ​អាចារៈ និងគោចរៈ ជាអ្នកឃើញភ័យ ក្នុងទោសទាំងឡាយ សូម្បីតែបន្តិច​បន្ទួច សមាទានសិក្សា ក្នុងសិក្ខាបទទាំងឡាយ។

[១៥២] ម្នាលភិក្ខុ កាលណាអ្នកសង្រួមក្នុងបាតិមោក្ខសំវរៈ ប្រកប​ព្រមដោយ​អាចារៈ និងគោចរៈ ឃើញភ័យ ក្នុងទោសទាំងឡាយ សូម្បីតែបន្តិច​បន្ទួច សមាទានសិក្សា ក្នុងសិក្ខាបទ​ទាំងឡាយ ម្នាលភិក្ខុ កាលណោះ អ្នក​គប្បីអាស្រ័យនូវសីល ស្ថិតនៅក្នុងសីល ចំរើន​នូវ​សតិប្បដ្ឋាន ៤។ សតិប្បដ្ឋាន ទាំង ៤ ដូចម្តេចខ្លះ។ ម្នាលភិក្ខុ ក្នុងសាសនានេះ អ្នកចូរ​ពិចារណា​ឃើញ នូវកាយក្នុងកាយ ជាប្រក្រតី។ ពិចារណាឃើញ នូវ​វេទនា​ក្នុងវេទនាទាំងឡាយ នូវចិត្ត​ក្នុងចិត្ត នូវធម៌ក្នុងធម៌ទាំងឡាយ ជាប្រក្រតី មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស ជាអ្នក​ដឹងខ្លួន មានស្មារតី កំចាត់​បង់ នូវអភិជ្ឈា និងទោមនស្ស ក្នុងលោកចេញ។ ម្នាលភិក្ខុ កាលណា​អ្នក​នឹងអាស្រ័យ​នូវសីល និងស្ថិតនៅក្នុងសីល និងចំរើននូវសតិប្បដ្ឋាន ៤ យ៉ាងនេះ ម្នាលភិក្ខុ កាលណោះ សេចក្តីចំរើន ក្នុងកុសលធម៌ទាំងឡាយ នឹងមានប្រាកដដល់អ្នកពិត ទាំងយប់​ទាំងថ្ងៃ ឯសេចក្តីសាបសូន្យ មិនមាន​ឡើយ។

[១៥៣] គ្រានោះឯង ភិក្ខុនោះ ត្រេកអរ អនុមោទនាភាសិត របស់ព្រះដ៏​មានព្រះភាគ ហើយ​ក្រោកចាកអាសនៈថ្វាយបង្គំព្រះដ៏មានព្រះភាគ ធ្វើ​ប្រទក្សិណ ហើយចៀសចេញទៅ។ លំដាប់​នោះ​ឯង ភិក្ខុនោះ តែម្នាក់ឯង ចៀសចេញទៅ មិនមានសេចក្តីប្រមាទ មានព្យាយាម ជាគ្រឿង​ដុតកំដៅ​កិលេស មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន ពួកកុលបុត្រចេញចាកផ្ទះ ចូល​ទៅកាន់ផ្នួស ដោយប្រពៃ ដើម្បីប្រយោជន៍ ដល់អនុត្តរធម៌ឯណា មិនយូរ​ប៉ុន្មាន ក៏បានធ្វើ​ឲ្យជាក់ច្បាស់ សម្រេច​នូវអនុត្តរធម៌នោះ មានព្រហ្មចរិយៈ​ ជាទីបំផុត ដោយប្រាជ្ញាដ៏ឧត្តម ដោយខ្លួនឯង ក្នុង​បច្ចុប្បន្ន ដឹងច្បាស់ថា ជាតិ​អស់ហើយ ព្រហ្មចរិយធម៌ អាត្មាអញ បានប្រព្រឹត្តរួចហើយ សោឡស​កិច្ច​ បានធ្វើស្រេចហើយ កិច្ចដទៃ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។ បណ្តា​ព្រះអរហន្ត​ទាំងឡាយ ភិក្ខុនោះ ក៏បានជាព្រះអរហន្តមួយអង្គដែរ។

[១៥៤] គ្រានោះឯង មានភិក្ខុមួយរូបទៀត ចូលទៅគាល់ព្រះដ៏មានព្រះភាគ។បេ។ បពិត្រព្រះអង្គដ៏ចំរើន សូមព្រះដ៏​មាន​​​ព្រះភាគ មេត្តាសំដែងធម៌ដោយសង្ខេប ដល់ខ្ញុំព្រះអង្គ លុះខ្ញុំព្រះអង្គ​ បានស្តាប់ធម៌ របស់ព្រះដ៏មានព្រះភាគហើយ គប្បីជាបុគ្គលតែម្នាក់ឯង ចៀសចេញ​ទៅ មិនមានសេចក្តីប្រមាទ មានព្យាយាម ជាគ្រឿងដុតកំដៅ​កិលេស មានចិត្ត​បញ្ជូនទៅ​កាន់​ព្រះនិព្វាន។

[១៥៥] ម្នាលភិក្ខុ ហេតុដូច្នោះ អ្នកចូរជម្រះហេតុ ជាខាងដើម ក្នុង​កុសលធម៌​ទាំងឡាយ​ចុះ។ ចុះអ្វី ជាខាងដើម នៃកុសលធម៌ទាំងឡាយ។ ម្នាលភិក្ខុ ក្នុងសាសនានេះ អ្នកនឹង​លះបង់​កាយ​ទុច្ចរិតចេញ ចំរើនកាយ​សុចរិត នឹងលះបង់វចីទុច្ចរិតចេញ ចំរើនវចីសុចរិត នឹងលះបង់​មនោទុច្ចរិតចេញ ចំរើនមនោសុចរិត។

[១៥៦] ម្នាលភិក្ខុ កាលណាអ្នកនឹងលះបង់កាយទុច្ចរិតចេញ ចំរើន​កាយសុចរិត​ នឹងលះបង់វចីទុច្ចរិត ចំរើនវចីសុចរិត នឹងលះបង់​មនោទុច្ចរិត ចំរើនមនោសុចរិត ម្នាលភិក្ខុ កាលណោះ អ្នកគប្បីអាស្រ័យ​នូវសីល ស្ថិតនៅក្នុងសីល ចំរើនសតិប្បដ្ឋាន ៤។ សតិប្បដ្ឋាន ៤ ដូចម្តេចខ្លះ។ ម្នាលភិក្ខុ​ ក្នុងសាសនានេះ អ្នកចូរពិចារណា ឲ្យឃើញនូវកាយក្នុងកាយ ជាប្រក្រតី ចុះ។ ចូរ​ពិចារណា​ឲ្យឃើញ នូវវេទនាក្នុងវេទនាទាំងឡាយ នូវចិត្តក្នុងចិត្ត នូវ​ធម៌ក្នុងធម៌ ​ទាំងឡាយ ជា​ប្រក្រតី មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស ជាអ្នកដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្ស ក្នុងលោក​ចេញ។ ម្នាលភិក្ខុ កាលណាអ្នកនឹងអាស្រ័យ នូវសីល ស្ថិតនៅក្នុងសីល ចំរើន​នូវសតិប្បដ្ឋាន ៤ នេះ យ៉ាងនេះ ម្នាលភិក្ខុ កាលណោះ សេចក្តី​ចំរើនក្នុង​កុសលធម៌​ទាំងឡាយ នឹងមានប្រាកដដល់អ្នកពិត ទាំងយប់ទាំង​ថ្ងៃ ឯសេចក្តីសាបសូន្យ ឥតមាន​ឡើយ។បេ។ បណ្តាព្រះអរហន្តទាំងឡាយ ភិក្ខុនោះ បានជាព្រះអរហន្តមួយអង្គដែរ​។

[១៥៧] ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គួរអនុគ្រោះពួកជនឯណា មួយវិញទៀត ពួកជនឯណា ដែលជាមិត្ត អមាត្យ ញាតិ ឬសាលោហិត គប្បីសំគាល់នូវពាក្យ ដែលខ្លួនគួរស្តាប់ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ​គួរញុំាងជនទាំងនោះ ឲ្យសមាទាន ឲ្យសេពគប់ ឲ្យស្ថិត​នៅ ក្នុង​ការចំរើន​សតិប្បដ្ឋាន ៤។ សតិប្បដ្ឋាន ៤ ដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ​ក្នុងសាសនានេះ ពិចារណាឃើញ នូវកាយក្នុងកាយ ជាប្រក្រតី មាន​ព្យាយាម ជាគ្រឿងដុត​កំដៅកិលេស ជាអ្នកដឹងខ្លួន មានស្មារតី កំចាត់បង់ ​នូវ​អភិជ្ឈា និងទោមនស្ស ក្នុងលោកចេញ​បាន។ ពិចារណាឃើញ នូវវេទនា​ក្នុងវេទនាទាំងឡាយ នូវចិត្តក្នុងចិត្ត​ នូវធម៌ក្នុងធម៌​ទាំងឡាយ ជាប្រក្រតី មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស ជាអ្នកដឹងខ្លួន មានស្មារតី កំចាត់​បង់នូវ អភិជ្ឈា និងទោមនស្ស ក្នុងលោកចេញបាន។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គួរអនុគ្រោះ​ពួកជនឯណា មួយវិញទៀត​ ពួកជនឯណា ដែល​ជាមិត្ត អមាត្យ ញាតិ ឬសា​លោហិត គប្បីសំគាល់នូវពាក្យ ដែលខ្លួនគួរ​ស្តាប់ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គួរញុំាង​ជនទាំងនោះ ឲ្យសមាទាន ឲ្យសេពគប់ ឲ្យស្ថិតនៅ ក្នុងការចំរើនសតិប្បដ្ឋាន ៤ នេះ។

[១៥៨] ម្នាលភិក្ខុទាំងឡាយ វេទនានេះ មាន ៣ ប្រការ។ វេទនា ៣ ប្រការ គឺអ្វីខ្លះ។ គឺសុខ​វេទនា ១ ទុក្ខវេទនា ១​ អទុក្ខមសុខវេទនា ១។ ម្នាល​ភិក្ខុទាំងឡាយ វេទនា ៣ មានប្រការ​ដូច្នេះឯង។

[១៥៩] ម្នាលភិក្ខុទាំងឡាយ សតិប្បដ្ឋាន ៤ ភិក្ខុគប្បីចំរើន ដើម្បី​កំណត់ដឹង នូវវេទនា​ទាំង ៣ នេះឯង។ សតិប្បដ្ឋាន ៤ ដូចម្តេចខ្លះ។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុក្នុងសាសនានេះ ពិចារណា​ឃើញនូវកាយក្នុងកាយ ជា​ប្រក្រតី មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស ជាអ្នកដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្ស ក្នុងលោកចេញបាន។ ពិចារណា​ឃើញ​ នូវវេទនាក្នុងវេទនាទាំងឡាយ នូវចិត្តក្នុងចិត្ត នូវធម៌ក្នុងធម៌ទាំងឡាយ​ ជា​ប្រក្រតី មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស ជាអ្នកដឹងខ្លួន មានស្មារតី​ កំចាត់បង់ នូវ​អភិជ្ឈា និងទោមនស្ស ក្នុងលោកចេញបាន។ ម្នាលភិក្ខុទាំង​ឡាយ សតិប្បដ្ឋាន ៤​ នេះ ភិក្ខុគប្បីចំរើន ដើម្បីកំណត់ដឹង នូវវេទនាទាំង ៣ នេះឯង។

[១៦០] ម្នាលភិក្ខុទាំងឡាយ អាសវៈនេះ មាន ៣ ប្រការ។ អាសវៈ ៣ ប្រការ ដូចម្តេចខ្លះ។ គឺកាមាសវៈ ១ ភវាសវៈ ១ អវិជ្ជាសវៈ ១។​ ម្នាលភិក្ខុ​ទាំង​ឡាយ អាសវៈ ៣ មានប្រការដូច្នេះឯង។​

[១៦១] ម្នាលភិក្ខុទាំងឡាយ សតិប្បដ្ឋាន ៤ ភិក្ខុគប្បីចំរើន ដើម្បីលះ​បង់អាសវៈទាំង ៣ នេះឯង។ សតិប្បដ្ឋាន​ ៤ ដូចម្តេចខ្លះ។ ម្នាលភិក្ខុ​ទាំង​ឡាយ ភិក្ខុក្នុងសាសនានេះ ពិចារណា​ឃើញ នូវកាយក្នុងកាយ ជាប្រក្រតី មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស ជាអ្នកដឹងខ្លួន មាន​ស្មារតី កំចាត់​បង់ នូវអភិជ្ឈា និងទោមនស្ស ក្នុងលោកចេញបាន។ ពិចារណាឃើញ​ នូវវេទនាក្នុង​វេទនា​ទាំងឡាយ នូវចិត្តក្នុងចិត្ត នូវធម៌ក្នុង​ធម៌ទាំងឡាយ ជាប្រក្រតី​ មានព្យាយាម ជាគ្រឿងដុត​កំដៅ​កិលេស​ ជាអ្នក​ដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្ស ក្នុងលោក ចេញបាន។ ម្នាលភិក្ខុទាំងឡាយ សតិប្បដ្ឋាន ៤ នេះ ភិក្ខុគប្បីចំរើន ដើម្បីលះបង់នូវ​អាសវៈ ទាំង ៣ នេះឯង។

ចប់ អមតវគ្គទី ៥។

ឧទ្ទានក្នុងអមតវគ្គនោះគឺ

ពោលអំពីអមតនិព្វាន ១ អំពីសេចក្តីកើតឡើង នៃសតិប្បដ្ឋាន ១ អំពី​ផ្លូវ​ ប្រព្រឹត្តទៅ ដើម្បីបរិសុទ្ធ ១ អំពីភិក្ខុមានស្មារតី ១ អំពីកុសលរាសី ១ អំពីការសង្រួម ក្នុងបដិមោក្ខសំវរៈ ១ អំពីការលះបង់ទុច្ចរិត​ ១ អំពីពួកជន មានមិត្តអមាត្យ ជាដើម ១ អំពីវេទនា ៣ ប្រការ ១ អំពី​អាសវៈ ៣ ប្រការ ១។

សតិប្បដ្ឋានសំយុត្ត គង្គាទិបេយ្យាល

[១៦២] ម្នាលភិក្ខុទាំងឡាយ ដូចជាទន្លេគង្គាហូរទៅក្នុងទិសខាងកើត ទេរទៅក្នុង​ទិសខាងកើត ឈមទៅក្នុងទិសខាងកើត យ៉ាងណា។ ម្នាល​ភិក្ខុទាំងឡាយ ភិក្ខុកាល​ចំរើន​សតិប្បដ្ឋាន ៤ កាលធ្វើឲ្យច្រើននូវ​សតិប្បដ្ឋាន ៤ រមែងឱនទៅរកព្រះនិព្វាន សសៀរទៅរក​ព្រះនិព្វាន ឈមទៅ​រកព្រះនិព្វាន យ៉ាងនោះឯង។

[១៦៣] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុកាលចំរើនសតិប្បដ្ឋាន ៤ កាលធ្វើឲ្យ​ច្រើននូវ​សតិប្បដ្ឋាន ៤ រមែងជាអ្នកឱនទៅរកព្រះនិព្វាន សសៀរ​ទៅរកព្រះនិព្វាន ឈមទៅរកព្រះនិព្វាន ដូចម្តេច។ ម្នលាភិក្ខុ​ទាំងឡាយ ភិក្ខុ​ក្នុង​សាសនានេះ ពិចារណាឃើញ នូវកាយក្នុងកាយ ជាប្រក្រតី មាន​ព្យាយាម ​ជាគ្រឿងដុតកំដៅកិលេស ជាអ្នកដឹងខ្លួន មានស្មារតី កំចាត់បង់​នូវ​អភិជ្ឈា និងទោមនស្ស ក្នុងលោកចេញបាន។ ពិចារណាឃើញ នូវវេទនាក្នុង​វេទនាទាំងឡាយ នូវចិត្តក្នុងចិត្ត នូវធម៌ក្នុងធម៌ទាំងឡាយ ជាប្រក្រតី មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស ជាអ្នកដឹងខ្លួន មានស្មារតី កំចាត់​បង់នូវអភិជ្ឈា និងទោមនស្ស ក្នុងលោកចេញបាន​។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុកាលចំរើនសតិប្បដ្ឋាន ៤ កាលធ្វើឲ្យច្រើន នូវសតិប្បដ្ឋាន ៤ រមែងជា​អ្នកឱនទៅ​រកព្រះនិព្វាន សសៀរទៅរកព្រះនិព្វាន ឈមទៅរកព្រះនិព្វាន។បេ។

[១៦៤] ម្នាលភិក្ខុទាំងឡាយ សញ្ញោជនៈ ជាចំណែកខាងលើ មាន ៥ ប្រការ។ សញ្ញោជនៈ ៥ គឺអ្វីខ្លះ។ គឺរូបរាគ (តម្រេកក្នុងរូប) ១ អរូបរាគ (តម្រេកក្នុងអរូប) ១ មានះ (សេចក្តីប្រកាន់ខ្លួន) ១ ឧទ្ធច្ចៈ (សេចក្តីរាយមាយ) ១ អវិជ្ជា (សេចក្តីល្ងង់ខ្លៅ) ១។ ម្នាលភិក្ខុទាំងឡាយ នេះឯង ជាសញ្ញោជនៈ​ចំណែកខាងលើ ៥ ប្រការ​។

[១៦៥] ម្នាលភិក្ខុទាំងឡាយ សតិប្បដ្ឋាន​ ៤ ភិក្ខុគប្បីចំរើន ដើម្បីដឹង​ច្បាស់ ដើម្បី​កំណត់ដឹង ដើម្បីអស់ទៅ ដើម្បីលះបង់ នូវសញ្ញោជនៈ ជា​ចំណែកខាងលើ ៥ នេះឯង។ សតិប្បដ្ឋាន ៤ ដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំង​ឡាយ ភិក្ខុក្នុងសាសនានេះ ពិចារណាឃើញ នូវកាយក្នុងកាយ ជាប្រក្រតី មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស ជាអ្នកដឹងខ្លួន មានស្មារតី កំចាត់​បង់នូវអភិជ្ឈា និងទោមនស្ស ក្នុងលោកចេញបាន។ ពិចារណាឃើញ នូវ​វេទនាក្នុង​វេទនាទាំងឡាយ នូវចិត្តក្នុងចិត្ត នូវធម៌ក្នុងធម៌ទាំងឡាយ ជា​ប្រក្រតី មានព្យាយាម ជាគ្រឿងដុត​កំដៅ​កិលេស ជាអ្នកដឹងខ្លួន មានស្មារតី​ កំចាត់បង់ នូវអភិជ្ឈា និងទោមនស្ស ក្នុងលោកចេញ​បាន។ មា្នលភិក្ខុទាំង​ឡាយ សតិប្បដ្ឋាន ៤ នេះ ភិក្ខុគប្បីចំរើន ដើម្បីដឹងច្បាស់​ ដើម្បីកំណត់ដឹង ដើម្បីអស់ទៅ ដើម្បីលះបង់ នូវសញ្ញោជនៈ ដែលជាចំណែកខាងលើ ៥ ប្រការនេះឯង។ (សតិប្បដ្ឋាន​សំយុត្ត បណ្ឌិតគប្បីឲ្យពិស្តារ ដូចជា​មគ្គសំយុត្ត​​ ដែលបាន​សំដែងឲ្យពិស្តារ​រួចហើយ)។

ចប់ គង្គាទិបេយ្យាល ទី ៦។

ឧទ្ទាននៃគង្គាទិបេយ្យាលនោះគឺ

ពោលអំពីទន្លេហូរទៅកាន់ទិសខាងកើត ៦ លើក ហូរទៅកាន់សមុទ្រ ៦ លើក ប្រាំមួយលើកពីរដង នេះត្រូវជា ១២ ហៅជាវគ្គ ១។

ចប់ សតិប្បដ្ឋានសំយុត្ត។

ឥន្ទ្រិយសំយុត្ត

សុទ្ធិកវគ្គ

[១៦៦] សាវត្ថីនិទាន។ ក្នុងទីនោះឯង ព្រះដ៏មានព្រះភាគ បានត្រាស់​ដូច្នេះថា ម្នាលភិក្ខុ​ទាំងឡាយ ឥន្រ្ទិយនេះ មាន ៥ ប្រការ។ ឥន្ទ្រិយ ៥ ប្រការ​ ដូចម្តេចខ្លះ។ គឺសទ្ធិន្ទ្រិយ ១ វិរិយិន្ទ្រិយ ១ សតិន្ទ្រិយ ១ សមាធិន្ទ្រិយ ១ បញ្ញិន្ទ្រិយ ១។ ម្នាលភិក្ខុទាំងឡាយ  នេះឯង ជាឥន្ទ្រិយ ៥ ប្រការ។

[១៦៧] ម្នាលភិក្ខុទាំងឡាយ ឥន្ទ្រិយនេះ មាន ៥ ប្រការ។ ឥន្ទ្រិយ ៥ ប្រការ ដូចម្តេចខ្លះ។ គឺសទ្ធិន្ទ្រិយ ១ វិរិយិន្ទ្រិយ ១ សតិន្ទ្រិយ ១ សមាធិន្ទ្រិយ ១ បញ្ញិន្ទ្រិយ ១។ ម្នាលភិក្ខុទាំងឡាយ កាលណាអរិយសាវក ដឹងច្បាស់​តាមពិត នូវសេចក្តីកើតឡើង និងរលត់ទៅ អានិសង្ស និងទោស និងការ​រលាស់ចេញ នូវឥន្ទ្រិយ ទាំង ៥ នេះ។ ម្នាលភិក្ខុទាំងឡាយ អរិយសាវកនេះ​ ហៅថា សោតាបន្ន មានកិរិយាមិនធ្លាក់ចុះជាធម្មតា មានគតិទៀង មានការត្រាស់ដឹងទៅខាងមុខ។

[១៦៨] ម្នាលភិក្ខុទាំងឡាយ ឥន្ទ្រិយនេះមាន ៥ ប្រការ។ ឥន្ទ្រិយ ៥ ប្រការ ដូចម្តេចខ្លះ​។ គឺសទ្ធិន្ទ្រិយ ១​ វិរិយិន្ទ្រិយ ១ សតិន្ទ្រិយ ១ សមាធិន្ទ្រិយ ១ បញ្ញិន្ទ្រិយ ១។ ម្នាលភិក្ខុទាំងឡាយ​ កាលណាអរិយសាវក ដឹងច្បាស់​តាមពិត នូវសេចក្តីកើតឡើង  រលត់ទៅ អានិសង្ស ទោស និងការរលាស់​ចេញ នូវឥន្ទ្រិយ ទាំង ៥ នេះ។ ម្នាលភិក្ខុទាំងឡាយ  អរិយសាវកនេះ ហៅថា​សោតាបន្ន មានការមិនធ្លាក់ចុះជាធម្មតា មានគតិទៀង មានការត្រាស់ដឹង​ទៅខាងមុខ។

[១៦៩] ម្នាលភិក្ខុទាំងឡាយ ឥន្ទ្រិយនេះមាន ៥ ប្រការ។ ឥន្ទ្រិយ ៥ ប្រការ ដូចម្តេចខ្លះ។ គឺសតិន្ទ្រិយ ១ វិរិយិន្ទ្រិយ ១ សតិន្ទ្រិយ ១ សមាធិន្ទ្រិយ ១ បញ្ញិន្ទ្រិយ ១។ ម្នាលភិក្ខុទាំងឡាយ កាលណាភិក្ខុ ដឹងច្បាស់តាមពិត នូវ​សេចក្តីកើតឡើង រលត់ទៅ អានិសង្ស ទោស និងការ​រលាស់ចេញ នូវឥន្ទ្រិយទាំង ៥ នេះ រមែងជាអ្នករួចស្រឡះ ព្រោះមិនមានសេចក្តីប្រកាន់​មាំ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនេះហៅថា អរហន្តខីណាស្រព មាន​ព្រហ្មចរិយ ប្រព្រឹត្តរួចហើយ មានសោឡសកិច្ចធ្វើស្រេចហើយ មានភារៈ​ដាក់ចុះហើយ មានប្រយោជន៍នៃខ្លួន សម្រេចហើយ​មានសញ្ញោជនៈ ក្នុងភព​អស់ហើយ រួចស្រឡះហើយ ព្រោះត្រាស់ដឹងដោយប្រពៃ។

[១៧០] ម្នាលភិក្ខុទាំងឡាយ ឥន្ទ្រិយនេះ មាន ៥ ប្រការ។ ឥន្ទ្រិយ ៥ ប្រការ ដូចម្តេចខ្លះ។ គឺសទ្ធិន្ទ្រិយ​ ១ វិរិយិន្ទ្រិយ ១ សតិន្ទ្រិយ ១ សមាធិន្ទ្រិយ ១ បញ្ញិន្ទ្រិយ ១។ ម្នាលភិក្ខុទាំងឡាយ កាលណាភិក្ខុ ដឹងច្បាស់តាមពិត នូវ​សេចក្តីកើតឡើង រលត់ទៅ អានិសង្ស ទោស និងការ​រលាស់ចេញ នូវ​ឥន្ទ្រិយ ទាំង ៥ នេះ រមែងរួចស្រឡះ ព្រោះមិនមានសេចក្តីប្រកាន់មាំ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនេះហៅថា អរហន្តខីណាស្រព មានព្រហ្មចរិយៈ ​ប្រព្រឹត្តរួចហើយ មានសោឡសកិច្ច ធ្វើស្រេចហើយ​ មានភារៈដាក់ចុះហើយ មានប្រយោជន៍ នៃខ្លួន​សម្រេចហើយ មានសញ្ញោជនៈ ក្នុងភពអស់ហើយ រួចស្រឡះហើយ​ ព្រោះត្រាស់ដឹងដោយប្រពៃ។

[១៧១] ម្នាលភិក្ខុទាំងឡាយ ឥន្ទ្រិយនេះមាន ៥ ប្រការ។ ឥន្ទ្រិយ ៥ ប្រការដូចម្តេចខ្លះ។ គឺសទ្ធិន្ទ្រិយ ១ វិរិយិន្ទ្រិយ ១ សតិន្ទ្រិយ ១ សមាធិន្ទ្រិយ ១ បញ្ញិន្ទ្រិយ ១។ ម្នាលភិក្ខុទាំងឡាយ សមណៈ ឬព្រាហ្មណ៍ឯណាមួយ មិន​ដឹងច្បាស់តាមពិត នូវសេចក្តីកើតឡើង រលត់ទៅ អានិសង្ស ទោស និងការ​រលាស់ចេញ នូវឥន្ទ្រិយ ទាំង ៥ នេះ។ ម្នាលភិក្ខុទាំងឡាយ សមណៈ​ឬព្រាហ្មណ៍​ទាំងនោះ ប៉ែកខាងពួកសមណៈ មិនសន្មតថាជាសមណៈ ប៉ែក​ខាងពួកព្រាហ្មណ៍ ក៏មិន​សន្មត​ថា​ជាព្រាហ្មណ៍ទេ ដ្បិតថាអ្នកដ៏មានអាយុ​ទាំងនុ៎ះ មិនបានធ្វើឲ្យជាក់ច្បាស់ សម្រេចនូវ​ប្រយោជន៍ ជារបស់សមណៈ ឬ​ប្រយោជន៍ជារបស់ព្រាហ្មណ៍ ដោយប្រាជ្ញាដ៏ឧត្តម ដោយ​ខ្លួនឯង ក្នុងបច្ចុប្បន្ន។

[១៧២] ម្នាលភិក្ខុទាំងឡាយ ប៉ុន្តែថា សមណៈឬព្រាហ្មណ៍ឯណា ដឹង​ច្បាស់តាមពិត នូវសេចក្តីកើតឡើង​ រលត់ទៅ អានិសង្ស ទោស និងការ​រលាស់ចេញ នូវឥន្ទ្រិយ ទាំង ៥ នេះ។ ម្នាលភិក្ខុទាំងឡាយ សមណៈ ឬព្រាហ្មណ៍ទាំងនោះឯង ប៉ែកខាងពួកសមណៈ ទើបសន្មតថាជា​សមណៈ ប៉ែកខាងពួកព្រាហ្មណ៍ ក៏សន្មតថាជាព្រាហ្មណ៍បាន ដ្បិតថា អ្នកដ៏​មានអាយុទាំងនោះ ធ្វើឲ្យជាក់ច្បាស់ សម្រេចនូវប្រយោជន៍ ជារបស់សមណៈ​ និងប្រយោជន៍ជារបស់ព្រាហ្មណ៍  ដោយប្រាជ្ញា​ដ៏ឧត្តម ដោយខ្លួនឯង ក្នុង​បច្ចុប្បន្ន។

[១៧៣] ម្នាលភិក្ខុទាំងឡាយ ពួកសមណៈឬព្រាហ្មណ៍ ឯណាមួយ មិនដឹងច្បាស់ នូវសទ្ធិន្ទ្រិយ មិនដឹងច្បាស់ នូវសេចក្តីកើតឡើង នៃសទ្ធិន្ទ្រិយ មិនដឹងច្បាស់ នូវសេចក្តីរលត់ នៃសទ្ធិន្ទ្រិយ មិនដឹងច្បាស់ នូវបដិបទា ជា​ដំណើរទៅ ដើម្បីរំលត់នៃសទ្ធិន្ទ្រិយ មិនដឹងច្បាស់ នូវវិរិយិន្ទ្រិយ។ បេ។ មិនដឹង​ច្បាស់ នូវសតិន្ទ្រិយ  ។ មិនដឹង​ច្បាស់ នូវសមាធិន្ទ្រិយ ។ មិនដឹង​ច្បាស់ នូវបញ្ញិន្ទ្រិយ មិនដឹងច្បាស់ នូវសេចក្តីកើតឡើង នៃបញ្ញិន្ទ្រិយ មិនដឹង​ច្បាស់ នូវសេចក្តី រលត់នៃបញ្ញិន្ទ្រិយ មិនដឹងច្បាស់ នូវបដិបទា ជាដំណើរទៅ ​ដើម្បីរំលត់ នៃបញ្ញិន្ទ្រិយ។ ម្នាលភិក្ខុទាំងឡាយ សមណៈ ឬព្រាហ្មណ៍ទាំង​នោះ ប៉ែកខាងពួកសមណៈ ក៏មិនសន្មត​ថាជាសមណៈ ប៉ែកខាងពួក​ព្រាហ្មណ៍ ក៏មិនសន្មតថាជាព្រាហ្មណ៍ ដ្បិតថា អ្នកដ៏មានអាយុ ទាំងនុ៎ះ មិនបានធ្វើ​ឲ្យ​ជាក់ច្បាស់ សម្រេចនូវប្រយោជន៍ជារបស់សមណៈ ឬប្រយោជន៍ ជា​របស់ព្រាហ្មណ៍ ​ដោយប្រាជ្ញាដ៏ឧត្តម ដោយខ្លួនឯងក្នុងបច្ចុប្បន្ន។

[១៧៤] ម្នាលភិក្ខុទាំងឡាយ ពួកសមណៈព្រាហ្មណ៍ឯណាមួយ ដឹង​ច្បាស់នូវសទ្ធិន្ទ្រិយ ដឹងច្បាស់ នូវសេចក្តីកើតឡើង នៃសទ្ធិន្ទ្រិយ ដឹងច្បាស់​ នូវសេចក្តីរលត់ នៃសទ្ធិន្ទ្រិយ ដឹងច្បាស់ នូវបដិបទា ជាដំណើរ​ទៅកាន់សេចក្តី​រលត់ នៃសទ្ធិន្ទ្រិយ ដឹងច្បាស់ នូវវិរិយិន្ទ្រិយ​​ ដឹងច្បាស់ នូវសេចក្តីកើតឡើង នៃ​វិរិយិន្ទ្រិយ ដឹងច្បាស់ នូវសេចក្តីរលត់ នៃវិរិយិន្ទ្រិយ ដឹងច្បាស់ នូវបដិបទា ជា​ដំណើរទៅកាន់សេចក្តីរលត់ នៃវិរិយិន្ទ្រិយ ដឹងច្បាស់ នូវសតិន្ទ្រិយ។ ដឹង​ច្បាស់នូវសមាធិន្ទ្រិយ។ ដឹងច្បាស់នូវបញ្ញិន្ទ្រិយ ដឹងច្បាស់នូវសេចក្តីកើត​ឡើង នៃបញ្ញិន្ទ្រិយ ដឹងច្បាស់នូវសេចក្តីរលត់ នៃបញ្ញិន្ទ្រិយ ដឹងច្បាស់នូវ​បដិបទា ជាដំណើរទៅកាន់សេចក្តីរលត់ នៃបញ្ញិន្ទ្រិយ។ ម្នាលភិក្ខុ​ទាំងឡាយ សមណៈ ឬព្រាហ្មណ៍ទាំងនោះ ប៉ែកខាងពួកសមណៈ ក៏សន្មតថាជា​សមណៈ ប៉ែកខាងពួកព្រាហ្មណ៍ ក៏សន្មតថាជាព្រាហ្មណ៍ ដ្បិតថាអ្នកដ៏មាន​អាយុទាំងនោះ បានធ្វើ ឲ្យជាក់ច្បាស់ សម្រេចនូវប្រយោជន៍ជារបស់​សមណៈ និងប្រយោជន៍ជារបស់ព្រាហ្មណ៍ ដោយប្រាជ្ញាដ៏ឧត្តម ដោយខ្លួនឯង​ក្នុងបច្ចុប្បន្ន។

[១៧៥] ម្នាលភិក្ខុទាំងឡាយ ឥន្ទ្រិយនេះ មាន ៥ ប្រការ។ ឥន្ទ្រិយ ៥ ប្រការ ដូចម្តេចខ្លះ។ គឺសតិន្ទ្រិយ ១។បេ។ បញ្ញិន្ទ្រិយ ១។

[១៧៦] ម្នាលភិក្ខុទាំងឡាយ ចុះសទ្ធិន្ទ្រិយ បណ្ឌិតគប្បីឃើញ ក្នុងទីដូច​ម្តេច ។ បណ្តាឥន្ទ្រិយ ទាំង ៥ នុ៎ះ សទ្ធិន្ទ្រិយ បណ្ឌិតគប្បីឃើញក្នុងអង្គ នៃ​សោតាបត្តិមគ្គ ទាំង ៤។

[១៧៧] ម្នាលភិក្ខុទាំងឡាយ ចុះវិរិយិន្ទ្រិយ បណ្ឌិតគប្បីឃើញ ក្នុងទី​ដូច​ម្តេច។ បណ្តាឥន្ទ្រិយ ទាំងនុ៎ះ វិរិយិន្ទ្រិយ បណ្ឌិតគប្បីឃើញ ក្នុងសម្មប្បធាន​ ទាំង ៤។

[១៧៨] ម្នាលភិក្ខុទាំងឡាយ ចុះសតិន្ទ្រិយ បណ្ឌិតគប្បីឃើញ ក្នុងទីដូច​ម្តេច។ បណ្តាឥន្ទ្រិយទាំងនុ៎ះ សតិន្ទ្រិយ បណ្ឌិតគប្បីឃើញ ក្នុងសតិប្បដ្ឋាន ​ទាំង ៤។

[១៧៩] ម្នាលភិក្ខុទាំងឡាយ ចុះសមាធិន្ទ្រិយ បណ្ឌិតគប្បីឃើញ ក្នុងទី​ដូចម្តេច។ បណ្តាឥន្ទ្រិយទាំងនុ៎ះ សមាធិន្ទ្រិយ បណ្ឌិតគប្បីឃើញ ក្នុងឈាន ​ទាំង ៤។

[១៨០] ម្នាលភិក្ខុទាំងឡាយ ចុះបញ្ញិន្ទ្រិយ បណ្ឌិតគប្បីឃើញ ក្នុងទីដូច​ម្តេច។ បណ្តា​ឥន្ទ្រិយទាំងនុ៎ះ បញ្ញិន្ទ្រិយ បណ្ឌិតគប្បីឃើញ ក្នុងអរិយសច្ច ទាំង​៤។ ម្នាលភិក្ខុទាំងឡាយ ឥន្ទ្រិយ​ មាន ៥ ប្រការ ដូច្នេះឯង។

[១៨១] ម្នាលភិក្ខុទាំងឡាយ ឥន្ទ្រិយនេះ មាន ៥ ប្រការ។ ឥន្ទ្រិយ ៥ ប្រការ ដូចម្តេចខ្លះ។ គឺសទ្ធិន្ទ្រិយ ១។បេ។ បញ្ញិន្ទ្រិយ ១។

[១៨២] ម្នាលភិក្ខុទាំងឡាយ ចុះសទ្ធិន្ទ្រិយដូចម្តេច។ ម្នាលភិក្ខុទាំង​ឡាយ អរិយសាវក ក្នុងសាសនានេះ ជាអ្នកមានសទ្ធា ជឿសេចក្តីត្រាស់ដឹង​ របស់ព្រះតថាគតថា ព្រះដ៏មាន​ព្រះភាគ អង្គនោះ ជាអរហន្តសម្មាសម្ពុទ្ធ បរិបូណ៌ដោយវិជ្ជា និងចរណៈ មានដំណើរល្អ ជា្របច្បាស់ នូវត្រៃលោក ប្រសើរដោយសីលាទិគុណ ឥតមានបុគ្គលណាស្មើ ទូន្មាននូវបុរស ដែលគួរ​ទូន្មាន​បាន ជាគ្រូនៃទេវតា និងមនុស្សទាំងឡាយ ត្រាស់ដឹងនូវអរិយសច្ចធម៌ លែងវិលមក​កាន់ភព​ថ្មីទៀត។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា​ សទ្ធិន្ទ្រិយ។

[១៨៣] ម្នាលភិក្ខុទាំងឡាយ ចុះវិរិយិន្ទ្រិយដូចម្តេច។ ម្នាលភិក្ខុទាំង​ឡាយ អរិយសាវក ក្នុងសាសនានេះ ជាអ្នកប្រារព្ធព្យាយាម ដើម្បីលះបង់​ពួកអកុសលធម៌ និងការញុំាង​ពួកកុសលធម៌ ឲ្យបរិបូរណ៌ មានសេចក្តីប្រឹង​ប្រែង មានសេចក្តីខ្នះខ្នែងមាំ មិនដាក់ចុះ ក្នុងពួកកុសលធម៌។ ម្នាលភិក្ខុ​ទាំងឡាយ នេះហៅថា វិរិយិន្ទ្រិយ។

[១៨៤] ម្នាលភិក្ខុទាំងឡាយ ចុះសតិន្ទ្រិយដូចម្តេច។ ម្នាលភិក្ខុទាំង​ឡាយ អរិយសាវក ក្នុង​សាសនានេះ ជាអ្នកមានស្មារតី ប្រកបដោយបញ្ញា​ចាស់ក្លា ដ៏ប្រសើរ រឭកបាន ​ចាំបាននូវកិច្ច ដែល​​ខ្លួនបានធ្វើយូរមកហើយ និង​សំដី ដែលខ្លួននិយាយយូរមកហើយ។ ម្នាលភិក្ខុ​ទាំងឡាយ នេះហៅថា សតិន្ទ្រិយ។

[១៨៥] ម្នាលភិក្ខុទាំងឡាយ ចុះសមាធិន្ទ្រិយដូចម្តេច។ ម្នាលភិក្ខុទាំង​ឡាយ អរិយសាវក ក្នុងសាសនានេះ ធ្វើនូវព្រះនិព្វានជាអារម្មណ៍ហើយ បាននូវសមាធិ បាននូវឯកគ្គតាចិត្ត។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សមាធិន្ទ្រិយ។

[១៨៦] ម្នាលភិក្ខុទាំងឡាយ ចុះបញ្ញិន្ទ្រិយដូចម្តេច។ ម្នាលភិក្ខុទាំង​ឡាយ អរិយសាវក ក្នុងសាសនានេះ ជាអ្នកមានប្រាជ្ញា ប្រកបដោយប្រាជ្ញា ​ដ៏​ប្រសើរ ជាគ្រឿងកំណត់ នូវសេចក្តី កើតឡើង និងរលត់ ជាចំណែក នៃសេចក្តី​នឿយណាយ ជាធម្មជាតិ​ប្រព្រឹត្តទៅ ដើម្បីដល់នូវ​​​​​​​​សេចក្តីអស់ទៅ នៃទុក្ខ​ដោយប្រពៃ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា បញ្ញិន្ទ្រិយ។ ម្នាលភិក្ខុ​ទាំង​ឡាយ ឥន្ទ្រិយ មាន ៥ ប្រការដូច្នេះឯង។

[១៨៧] ម្នាលភិក្ខុទាំងឡាយ ឥន្ទ្រិយនេះ មាន ៥ ប្រការ។ ឥន្ទ្រិយ ៥ ប្រការដូចម្តេចខ្លះ។ គឺសទ្ធិន្ទ្រិយ ១។បេ។ បញ្ញិន្ទ្រិយ ១។

[១៨៨] ម្នាលភិក្ខុទាំងឡាយ ចុះស​ទ្ធិន្ទ្រិយដូចម្តេច។ ម្នាលភិក្ខុទាំង​ឡាយ អរិយសាវក ក្នុងសាសនានេះ មានសទ្ធា ជឿសេចក្តីត្រាស់ដឹង របស់ព្រះ​តថាគតថា ព្រះដ៏មានព្រះភាគ អង្គនោះ ជាអរហន្តសម្មាសម្ពុទ្ធ បរិបូណ៌ដោយ​វិជ្ជា និងចរណៈ មានដំណើរល្អ ជ្រាបច្បាស់ នូវត្រៃលោក ប្រសើរដោយ​សីលា​ទិគុណ ឥតមានបុគ្គលណាសើ្ម ទូន្មាននូវបុរស ដែលគួរ ទូន្មានបាន ជាគ្រូ​នៃទេវតា និងមនុស្សទាំងឡាយ ត្រាស់ដឹង នូវអរិយសច្ចធម៌ លែងវិល​មកកាន់ភពថ្មីទៀត។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សទ្ធិន្ទ្រិយ។

[១៨៩] ម្នាលភិក្ខុទាំងឡាយ ចុះវិរិយិន្ទ្រិយដូចម្តេច។ ម្នាលភិក្ខុទាំង​ឡាយ អរិយសាវក ក្នុងសាសនានេះ ប្រារព្ធព្យាយាម ដើម្បីលះបង់ពួក​អកុសលធម៌ ដើម្បីញុំាងពួក​កុសលធម៌ ឲ្យបរិបូណ៌ មានសេចក្តីប្រឹងប្រែង មានសេចក្តីខ្នះខ្នែងមាំ មិនដាក់ធុរៈ ក្នុងកុសលធម៌ទាំងឡាយ​។ អរិយសាវកនោះ ញុំាងឆន្ទៈឲ្យកើតឡើង ប្រឹងប្រែង ប្រារព្ធព្យាយាម ផ្គងចិត្តទុក តាំងព្យាយាម ដើម្បីញុំាងអកុសលធម៌ទាំងឡាយ ដ៏លាមក ដែលមិនទាន់កើតឡើង មិនឲ្យកើតឡើងបាន។ ញុំាងឆន្ទៈឲ្យកើតឡើង ប្រឹង​ប្រែង ប្រារព្ធព្យាយាម ផ្គងចិត្តទុក តាំងព្យាយាម ដើម្បីលះបង់​អកុសលធម៌​ទាំងឡាយ ដ៏លាមក ដែលកើតឡើងហើយ។ ញុំាងឆន្ទៈ ឲ្យកើតឡើង ប្រឹង​ប្រែង ប្រារព្ធព្យាយាម ផ្គងចិត្តទុក តាំងព្យាយាម ដើម្បីញុំាងកុសលធម៌ទាំង​ឡាយ ដែល​មិនទាន់ កើតឡើង​ ឲ្យកើតឡើងបាន។ ញុំាងឆន្ទៈឲ្យកើតឡើង ប្រឹងប្រែង ប្រារព្ធព្យាយាម ផ្គងចិត្តទុក តាំងព្យាយាម ដើម្បីញុំាងកុសលធម៌​ទាំងឡាយ ដែលកើតឡើងហើយ ឲ្យដល់ព្រម មិនឲ្យវិនាស ឲ្យចំរើនធំ​ទូលាយ ពេញបរិបូណ៌ក្រៃលែង។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា វិរិយិន្ទ្រិយ។

[១៩០]​ ម្នាលភិក្ខុទាំងឡាយ​ ចុះសតិន្ទ្រិយដូចម្តេច។ ម្នាលភិក្ខុទាំង​ឡាយ អរិយសាវក ក្នុងសាសនានេះ មានស្មារតី ប្រកបដោយបញ្ញាចាស់ក្លា ​ដ៏ប្រសើរ រឭកបាន ចាំបាននូវកិច្ច ដែលខ្លួនធ្វើយូរមកហើយ និងសំដី ដែល​ខ្លួន​និយាយយូរមកហើយ។ អរិយសាវកនោះ ពិចារណាឃើញ នូវកាយក្នុង​កាយ ជាប្រក្រតី មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស ជាអ្នកដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្ស ក្នុងលោកចេញបាន។ ពិចារណាឃើញ នូវវេទនាក្នុងវេទនាទាំងឡាយ នូវចិត្តក្នុងចិត្ត នូវធម៌ក្នុង​ធម៌ទាំងឡាយ ជាប្រក្រតី មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស ជាអ្នក​ដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្ស ក្នុងលោកចេញបាន។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សតិន្ទ្រិយ។

[១៩១] ម្នាលភិក្ខុទាំងឡាយ ចុះសមាធិន្ទ្រិយដូចម្តេច។ ម្នាលភិក្ខុទាំង​ឡាយ អរិយសាវក ក្នុងសាសនានេះ ធ្វើនូវព្រះនិព្វានជាអារម្មណ៍ បាននូវសមាធិ បាននូវឯកគ្គតាចិត្ត។ អរិយសាវកនោះ ស្ងប់ស្ងាត់ចាកកាម​ទាំងឡាយ  ស្ងប់ស្ងាត់ចាកអកុសលធម៌ទាំងឡាយ ចូលកាន់​បឋមជ្ឈាន​ ប្រកបដោយវិតក្កៈ វិចារៈ មានបីតិ និងសុខ ដែលកើតអំពីសេចក្តីស្ងប់ស្ងាត់ ព្រោះ​រម្ងាប់វិតក្កៈ វិចារៈ រួចក៏ចូលកាន់ទុតិយជ្ឈាន ដែលកើតមានក្នុងសន្តាន ជាទីផូរផង់ មានសភាព​ជាចិត្តខ្ពស់ឯក មិនមានវិតក្កៈ មិនមានវិចារៈ មានតែ​បីតិ និងសុខ ដែលកើតអំពីសមាធិ ព្រោះ ប្រាសចាក​បីតិផង ជាអ្នកប្រកប​ដោយឧបេក្ខាផង មានសតិសម្បជញ្ញៈផង រមែងសោយ​សុខ ដោយនាម​កាយផង ព្រះអរិយៈទាំងឡាយ តែងសរសើរនូវបុគ្គល ដែលបាននូវ​តតិយជ្ឈាននោះថា ប្រកបដោយឧបេក្ខា មានស្មារតី មានធម៌ជាគ្រឿងនៅ​ជាសុខ ដូច្នេះ ព្រោះតតិយជ្ឈានឯណា ក៏ចូលកាន់តតិយជ្ឈាននោះ ព្រោះ​លះបង់ នូវសុខផង លះបង់នូវទុក្ខផង មានសោមនស្ស និងទោមនស្ស ក្នុង​កាលមុនអស់ទៅផង ក៏ចូលកាន់ចតុត្ថជ្ឈាន ជាធម្មជាតមាន​អារម្មណ៍ មិន​មែនជាទុក្ខ មិនមែនជាសុខ មានសតិដ៏បរិសុទ្ធ ដោយឧបេក្ខា។ ម្នាលភិក្ខុទាំង​ឡាយ នេះហៅថា សមាធិន្ទ្រិយ។

[១៩២] ម្នាលភិក្ខុទាំងឡាយ ចុះបញ្ញិន្ទ្រិយដូចម្តេច។ ម្នាលភិក្ខុទាំង​ឡាយ អរិយសាវក ក្នុងសាសនា​នេះ មានប្រាជ្ញា ប្រកបដោយប្រាជ្ញា ដ៏​ប្រសើរ ជាគ្រឿង​កំណត់ នូវសេចក្តីកើត និងរលត់ ប្រព្រឹត្តទៅ ដើម្បីទំលុះ​ទំលាយ ប្រព្រឹត្តទៅ ដើម្បីដល់នូវកិរិយាអស់ទៅ នៃទុក្ខ​ដោយប្រពៃ។ អរិយសាវកនោះ ដឹងច្បាស់តាមពិតថា នេះជាទុក្ខ ដឹងច្បាស់តាមពិតថា នេះជា​ហេតុ​ ជាទីកើតឡើងនៃទុក្ខ ដឹងច្បាស់តាមពិតថា នេះជាសេចក្តីរលត់​នៃទុក្ខ ដឹងច្បាស់​តាមពិតថា នេះជាបដិបទា ជាហេតុឲ្យដល់នូវសេចក្តីរលត់​នៃទុក្ខ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា បញ្ញិន្ទ្រិយ។ ម្នាលភិក្ខុទាំងឡាយ ឥន្ទ្រិយ មាន ៥​ ប្រការ ដូច្នេះឯង។

ចប់ សុទ្ធិកវគ្គទី ១។

ឧទ្ទាននៃសុទ្ធិកវគ្គនោះគឺ

ពោលអំពីឥន្ទ្រិយសុទ្ធ ១ អំពីព្រះសោតាបន្ន មានពីរលើក អំពីព្រះអរហន្តដទៃទៀត មានពីរលើក អំពីសមណព្រាហ្មណ៍ ១ អំពីឥន្ទ្រិយ ដែលបណ្ឌិតគប្បីយល់ឃើញ ក្នុងអង្គ នៃសោតាបត្តិមគ្គ ជាដើម ១ អំពីការចែកឥន្ទ្រិយ មានពីរលើកដទៃទៀត។

មុទុតរវគ្គ

[១៩៣] ម្នាលភិក្ខុទាំងឡាយ ឥន្ទ្រិយនេះមាន ៥ ប្រការ។ ឥន្ទ្រិយ ៥ ប្រការ ដូចម្តេចខ្លះ។ គឺសទ្ធិន្ទ្រិយ ១​។បេ។ បញ្ញិន្ទ្រិយ ១។

[១៩៤] ម្នាលភិក្ខុទាំងឡាយ ចុះសទ្ធិន្ទ្រិយ ដូចម្តេច។ ម្នាលភិក្ខុទាំង​ឡាយ អរិយសាវក ក្នុងសាសនានេះ មានសទ្ធា ជឿសេចក្តីត្រាស់ដឹង ​របស់​ព្រះតថាគតថា ព្រះដ៏មានព្រះភាគ អង្គនោះ ជាអរហន្តសម្មាសម្ពុទ្ធ បរិបូណ៌​ដោយវិជ្ជា និងចរណៈ មានដំណើរល្អ ជ្រាបច្បាស់នូវ ត្រៃលោក ប្រសើរ​ដោយសីលាទិគុណ ឥតមានបុគ្គលណាសើ្ម ទូន្មាននូវបុរស ដែលគួរទូន្មាន​បាន ជាគ្រូនៃ​ទេវតា និងមនុស្សទាំងឡាយ ត្រាស់ដឹងនូវអរិយសច្ចធម៌ លែង​វិលមកកាន់ភពថ្មីទៀត។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សទ្ធិន្ទ្រិយ។

[១៩៥] ម្នាលភិក្ខុទាំងឡាយ ចុះវិរិយិន្ទ្រិយ ដូចម្តេច។ ម្នាលភិក្ខុទាំង​ឡាយ បុគ្គល​ប្រារព្ធ នូវសម្មប្បធាន ៤​ រមែងបាននូវសេចក្តីព្យាយាមឯណា។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា វិរិយិន្ទ្រិយ។

[១៩៦] ម្នាលភិក្ខុទាំងឡាយ ចុះសតិន្ទ្រិយដូចម្តេច។ ម្នាលភិក្ខុទាំង​ឡាយ បុគ្គលប្រារព្ធ នូវសតិប្បដ្ឋាន ៤ រមែងបាននូវសតិឯណា។ ម្នាលភិក្ខុ​ទាំងឡាយ នេះហៅថា​ សតិន្ទ្រិយ។

[១៩៧] ម្នាលភិក្ខុទាំងឡាយ ចុះសមាធិន្ទ្រិយដូចម្តេច។ ម្នាលភិក្ខុទាំង​ឡាយ​ អរិយសាវក ក្នុងសាសនានេះ ធ្វើនូវព្រះនិព្វានជាអារម្មណ៍ រមែង​បាន​នូវសមាធិ បានឯកគ្គតាចិត្ត។ មា្នលភិក្ខុ​ទាំងឡាយ នេះហៅថា​ សមាធិន្ទ្រិយ។

[១៩៨] ម្នាលភិក្ខុទាំងឡាយ ចុះបញ្ញិន្ទ្រិយដូចម្តេច។ ម្នាលភិក្ខុទាំង​ឡាយ អរិយសាវក ក្នុង​សាសនានេះ មានប្រាជ្ញា ប្រកបដោយប្រាជ្ញាដ៏​ប្រសើរ ជាគ្រឿងកំណត់ នូវសេចក្តីកើត និងរលត់ ប្រព្រឹត្តទៅ ដើម្បីទំលុះ​ទំលាយ ជាហេតុឲ្យដល់នូវសេចក្តីអស់ទៅ នៃទុក្ខដោយប្រពៃ។ ម្នាលភិក្ខុ​ទាំងឡាយ នេះហៅថា បញ្ញិន្ទ្រិយ។ ម្នាលភិក្ខុទាំងឡាយ ឥន្ទ្រិយមាន ៥ ប្រការ ដូច្នេះ​ឯង។

[១៩៩] ម្នាលភិក្ខុទាំងឡាយ ឥន្ទ្រិយទាំងនេះមាន ៥ ប្រការ។ ឥន្ទ្រិយ ៥ ប្រការដូចម្តេច​ខ្លះ។ គឺសទ្ធិន្ទ្រិយ ១។បេ។ បញ្ញិន្ទ្រិយ ១។ ម្នាលភិក្ខុទាំង​ឡាយ ឥន្ទ្រិយ មាន ៥ ប្រការ ដូច្នេះឯង។

[២០០] ម្នាលភិក្ខុទាំងឡាយ ភិក្ខុបានជាអរហន្ត ព្រោះពេញលេញ​បរិបូណ៌ ដោយឥន្ទ្រិយ ៥ នេះ បានជាអនាគាមី ព្រោះមានឥន្ទ្រិយ ៥ ទន់ជាង​​ឥន្ទ្រិយ របស់អរហន្តនោះ បានជា​សកទាគាមី ព្រោះមានឥន្ទ្រិយ ៥ ទន់ជាង​ឥន្ទ្រិយ របស់អនាគាមីនោះ បានជាសោតាបន្ន ព្រោះ​មាន​ឥន្ទ្រិយ ៥ ទន់ជាង​ឥន្ទ្រិយ របស់សកទាគាមីនោះ បានជាធម្មានុសារី ព្រោះមានឥន្ទ្រិយ ៥ ទន់ជាង​ឥន្ទ្រិយ របស់សោតាបន្ននោះ បានជាសទ្ធានុសារី ព្រោះមានឥន្ទ្រិយ ៥ ទន់​ជាង​ឥន្ទ្រិយ​ របស់ធម្មានុសារីនោះ។

[២០១] ម្នាលភិក្ខុទាំងឡាយ ឥន្ទ្រិយនេះមាន ៥ ប្រការ។ ឥន្ទ្រិយ ៥ ប្រការ ដូចម្តេចខ្លះ។ គឺសទ្ធិន្ទ្រិយ ១។បេ។ បញ្ញិន្ទ្រិយ ១។ ម្នាលភិក្ខុ​ទាំង​ឡាយ ឥន្ទ្រិយមាន ៥ ប្រការដូច្នេះឯង។

[២០២] ម្នាលភិក្ខុទាំងឡាយ ភិក្ខុបានជាអរហន្ត ព្រោះពេញលេញ​បរិបូណ៌ ដោយឥន្ទ្រិយ ៥ នេះឯង បានជាអនាគាមី ព្រោះមានឥន្ទ្រិយ ៥ ទន់​ជាងឥន្ទ្រិយរបស់អរហន្តនោះ បានជា​សកទាគាមី ព្រោះមានឥន្ទ្រិយ ៥ ទន់​ជាងឥន្ទ្រិយរបស់អនាគាមីនោះ បានជាសោតាបន្ន ព្រោះមានឥន្ទ្រិយ ៥ ទន់​ជាងឥន្ទ្រិយរបស់សកទាគាមីនោះ បានជាធម្មានុសារី ព្រោះមានឥន្ទ្រិយ ៥ ទន់ជាងឥន្ទ្រិយរបស់សោតាបន្ននោះ បានជាសទ្ធានុសារី ព្រោះមានឥន្ទ្រិយ ៥ ទន់ជាង​ឥន្ទ្រិយរបស់ធម្មានុសារីនោះ។ ម្នាលភិក្ខុទាំងឡាយ ដំណើរផ្សេង​គ្នា នៃឥន្ទ្រិយ ដំណើរផ្សេងគ្នា នៃផលក៏មាន ដំណើរផ្សេងគ្នានៃផល ដំណើរផ្សេងគ្នានៃបុគ្គលក៏មាន ដោយប្រការដូច្នេះឯង។

[២០៣] ម្នាលភិក្ខុទាំងឡាយ ឥន្ទ្រិយនេះមាន ៥ ប្រការ។ ឥន្ទ្រិយ ៥ ប្រការ ដូចម្តេចខ្លះ។ គឺសទ្ធិន្ទ្រិយ ១។បេ។ បញ្ញិន្ទ្រិយ ១។ ម្នាលភិក្ខុ​ទាំង​ឡាយ ឥន្ទ្រិយមាន ៥ ប្រការដូច្នេះឯង​។

[២០៤] ម្នាលភិក្ខុទាំងឡាយ ភិក្ខុបានជាអរហន្ត ព្រោះពេញលេញ​បរិបូណ៌ ដោយឥន្ទ្រិយ ៥ នេះឯង បានជាអនាគាមី ព្រោះមានឥន្ទ្រិយ ៥​ទន់​ជាងឥន្ទ្រិយរបស់អរហន្តនោះ បានជា​សកទាគាមី ព្រោះមានឥន្ទ្រិយ ៥ ទន់​ជាងឥន្ទ្រិយ របស់អនាគាមីនោះ បានជាសោតាបន្ន ព្រោះឥន្ទ្រិយ ៥ ទន់ជាងឥន្ទ្រិយរបស់សកទាគាមីនោះ បានជាធម្មានុសារី ព្រោះមានឥន្ទ្រិយ ៥ ទន់ជាងឥន្ទ្រិយរបស់សោតាបន្ននោះ បានជាសទ្ធានុសារី ព្រោះមានឥន្ទ្រិយ ៥ ទន់ជាងឥន្ទ្រិយ​របស់ធម្មានុសារីនោះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជា​អ្នក​ធ្វើមគ្គ ឲ្យពេញបរិបូណ៌ រមែងសម្រេច នូវផលដ៏បរិបូណ៌ ជាអ្នក​ធ្វើនូវ​ចំណែក​នៃមគ្គ រមែងសម្រេច នូវចំណែកនៃផលដែរ ដោយប្រការ​ដូច្នេះឯង។ ម្នាលភិក្ខុទាំងឡាយ តថាគត ពោលនូវឥន្ទ្រិយ ៥ ថា មិនមែជាឥតផលទេ។

[២០៥] ម្នាលភិក្ខុទាំង ឥន្ទ្រិយនេះមាន ៥ ប្រការ។ ឥន្ទ្រិយ ៥ ប្រការ​ ដូចម្តេចខ្លះ​។ គឺសទ្ធិន្ទ្រិយ ១។បេ។ បញ្ញិន្ទ្រិយ ១។ ម្នាលភិក្ខុទាំងឡាយ ឥន្ទ្រិយមាន ៥ ប្រការ ដូច្នេះឯង។

[២០៦] ម្នាលភិក្ខុទាំងឡាយ ភិក្ខុបានជាអរហន្ត ព្រោះពេញលេញ​បរិបូណ៌ ដោយឥន្ទ្រិយ ៥ នេះឯង បានជា អន្តរាបរិនិព្វាយី (លោកដែល​បរិនិព្វាន ​ក្នុ​ងរវាងអាយុមិនទាន់ដល់ពាក់​កណ្តាល) ព្រោះមានឥន្ទ្រិយ ៥ ទន់​ជាងឥន្ទ្រិយរបស់អរហន្តនោះ បានជា ឧបហច្ចបរិនិព្វាយី (លោកដែល​បរិនិព្វាន ក្នុងកាលអាយុហួសពាក់កណ្តាល ដរាបដល់ទីបំផុត) ព្រោះមាន​ឥន្ទ្រិយ ៥ ទន់ជាង​ឥន្ទ្រិយ របស់អន្តរាបរិនិព្វាយីនោះ បានជា​ អសង្ខារបរិនិព្វាយី (លោកដែល​បរិនិព្វាន ដោយមិន​ខំ​ធ្វើ​សេចក្តីព្យាយាម) ព្រោះមានឥន្ទ្រិយ ៥ ទន់ជាងឥន្ទ្រិយ របស់​ឧបហច្ចបរិនិព្វាយី​នោះ បានជា​ សសង្ខារបរិនិព្វាយី (លោកដែលបរិនិព្វាន ដោយខំធ្វើសេចក្តីព្យាយាម) ព្រោះ​មានឥន្ទ្រិយ ៥ ទន់ជាងឥន្ទ្រិយ របស់អសង្ខារបរិនិព្វាយីនោះ បានជា​ ឧទ្ធំសោតអកនិដ្ឋគាមី (លោកដែលមានក្រសែធម៌ដ៏ខ្ពស់ ទៅកាន់អកនិដ្ឋភព​ ហើយបរិនិព្វានក្នុងទីនោះ) ព្រោះមាន​ឥន្ទ្រិយ ៥ ទន់ជាងឥន្ទ្រិយ របស់​សសង្ខារបរិនិព្វាយីនោះ បានជាសកទាគាមីនោះ ព្រោះមាន​ឥន្ទ្រិយ ៥ ទន់ជាងឥន្ទ្រិយ របស់​ឧទ្ធំសោតអកនិដ្ឋគាមីនោះ ​ បានជា​សោតាបន្ន ព្រោះ​មានឥន្ទ្រិយ ៥ ទន់ជាងឥន្ទ្រិយ របស់សកទាគាមីនោះ បានជាធម្មានុសារី ព្រោះ​មានឥន្ទ្រិយ ៥ ទន់ជាងឥន្ទ្រិយ របស់សោតាបន្ននោះ បានជាសទ្ធានុសារី ព្រោះមានឥន្ទ្រិយ ៥ ទន់ជាង​ឥន្ទ្រិយ របស់ធម្មានុសារីនោះ។

[២០៧] ម្នាលភិក្ខុទាំងឡាយ ឥន្ទ្រិយនេះ មាន ៥ ប្រការ។ ឥន្ទ្រិយ ៥ ប្រការ ដូចម្តេចខ្លះ។ គឺសទ្ធិន្ទ្រិយ ១។បេ។ បញ្ញិន្ទ្រិយ ១។ ម្នាលភិក្ខុទាំង​ឡាយ ឥន្ទ្រិយមាន ៥ ប្រការ ដូច្នេះឯង។

[២០៨] ម្នាលភិក្ខុទាំងឡាយ ភិក្ខុបានជាអរហន្ត ព្រោះពេញលេញ​បរិបូណ៌ ដោយឥន្ទ្រិយ ៥​នេះឯង បានជាអន្តរាបរិនិព្វាយី ព្រោះមានឥន្ទ្រិយ ៥​ ទន់ជាងឥន្ទ្រិយ របស់អរហន្តនោះ បាន​ជាឧបហច្ចបរិនិព្វាយី ព្រោះមាន​ឥន្ទ្រិយ ៥ ទន់ជាងឥន្ទ្រិយ របស់អន្តរាបរិនិព្វាយីនោះ បានជា​អសង្ខារបរិនិព្វាយី ព្រោះមានឥន្ទ្រិយ ៥ ទន់ជាងឥន្ទ្រិយ របស់ឧបហច្ចបរិនិពា្វយីនោះ បានជា​សសង្ខារបរិនិព្វាយី ព្រោះមានឥន្ទ្រិយ ៥ ទន់ជាងឥន្ទ្រិយ របស់​អសង្ខារបរិនិព្វាយីនោះ បានជា​ឧទ្ធំសោតអកនិដ្ឋគាមី ព្រោះមានឥន្ទ្រិយ ៥ ទន់ជាងឥន្ទ្រិយ របស់សសង្ខារបរិនិព្វាយីនោះ បានជា​សកទាគាមី ព្រោះមាន​ឥន្ទ្រិយ ៥ ទន់ជាងឥន្ទ្រិយ របស់ឧទ្ធំសោតអកនិដ្ឋគាមីនោះ បានជា​សោតាបន្ន ព្រោះមានឥន្ទ្រិយ ៥ ទន់ជាងឥន្ទ្រិយ របស់សកទាគាមីនោះ បាន​ជាធម្មានុសារី ព្រោះមានឥន្ទ្រិយ ៥​ ទន់ជាងឥន្ទ្រិយ របស់សោតាបន្ននោះ បានជាសទ្ធានុសារី ព្រោះមានឥន្ទ្រិយ ៥ ទន់ជាងឥន្ទ្រិយ របស់ធម្មានុសារីនោះ ។ ម្នាលភិក្ខុទាំងឡាយ ដំណើរផ្សេងគ្នា នៃឥន្ទ្រិយ ដំណើរ​ផ្សេងគ្នា ​នៃផលក៏មាន ដំណើរផ្សេងគ្នានៃផល ដំណើរផ្សេងគ្នា នៃបុគ្គលក៏​មាន ដោយប្រការដូច្នេះឯង។

[២០៩] ម្នាលភិក្ខុទាំងឡាយ ឥន្ទ្រិយនេះមាន ៥ ប្រការ។ ឥន្ទ្រិយ ៥​ប្រការ ដូចម្តេចខ្លះ។ គឺសទ្ធិន្ទ្រិយ ១។បេ។ បញ្ញិន្ទ្រិយ ១​។ ម្នាលភិក្ខុទាំង​ឡាយ ឥន្ទ្រិយមាន ៥​ ប្រការដូច្នេះឯង​។

[២១០] ម្នាលភិក្ខុទាំងឡាយ ភិក្ខុបានជាអរហន្ត ព្រោះពេញលេញ​បរិបូណ៌ ដោយឥន្ទ្រិយ ៥ នេះឯង បានជាអន្តរាបរិនិព្វាយី ព្រោះមានឥន្ទ្រិយ ៥ ទន់ជាងឥន្ទ្រិយរបស់អរហន្តនោះ បានជាឧបហច្ចបរិនិព្វាយី ព្រោះមាន​ឥន្ទ្រិយ ៥ ទន់ជាងឥ​ន្ទ្រិយ របស់អន្តរាបរិនិព្វាយីនោះ បានជាអសង្ខារបរិនិព្វាយី ព្រោះមានឥន្ទ្រិយ ៥ ទន់ជាងឥន្ទ្រិយ របស់ឧបហច្ចបរិនិព្វាយីនោះ​ បានជាសសង្ខារបរិនិព្វាយី ព្រោះមានឥន្ទ្រិយ ៥​ ទន់ជាងឥន្ទ្រិយ របស់​អសង្ខារបរិនិព្វាយីនោះ បានជាឧទ្ធំសោតអកនិដ្ឋគាមី ព្រោះមានឥន្ទ្រិយ ៥ ទន់ជាងឥន្ទ្រិយ របស់សសង្ខារបរិនិព្វាយីនោះ បានជាសកទាគាមី ព្រោះមាន​ឥន្ទ្រិយ ៥ ទន់ជាងឥន្ទ្រិយ របស់ឧទ្ធំសោតអកនិដ្ឋគាមីនោះ​​ បានជា​សោតាបន្ន ព្រោះមានឥន្ទ្រិយ ៥ ទន់ជាងឥន្ទ្រិយរបស់សកទាគាមីនោះ បានជាធម្មានុសារី ព្រោះ​មានឥន្ទ្រិយ ៥ ទន់ជាងឥន្ទ្រិយ របស់សោតាបន្ន​នោះ បានជាសទ្ធានុសារី ព្រោះមានឥន្ទ្រិយ ៥ ទន់ជាងឥន្ទ្រិយ របស់​ធម្មានុសារីនោះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុធ្វើមគ្គឲ្យបរិបូណ៌ រមែងបាន​សម្រេចផលដ៏បរិបូណ៌ ធ្វើនូវចំណែកនៃមគ្គ រមែងបានសម្រេច នូវចំណែក​នៃផល ដោយប្រការ​ដូច្នេះឯង។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលនូវ​ឥន្ទ្រិយ ៥ ថា មិនមែនជាឥតផលទេ។

[២១១] ម្នាលភិក្ខុទាំងឡាយ ឥន្ទ្រិយនេះមាន ៥ ប្រការ។ ឥន្ទ្រិយ ៥ ប្រការដូចម្តេចខ្លះ។ គឺសទ្ធិន្ទ្រិយ ១។បេ។ បញ្ញិន្ទ្រិយ ១។ ម្នាលភិក្ខុទាំង​ឡាយ ឥន្ទ្រិយមាន ៥ ប្រការដូច្នេះឯង។

[២១២] ម្នាលភិក្ខុទាំងឡាយ ភិក្ខុបានជាអរហន្ត​ ព្រោះពេញលេញ​បរិបូណ៌ ដោយឥន្ទ្រិយ ៥​នេះឯង ជាអ្នកប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវ​អរហត្តផល ព្រោះមានឥន្ទ្រិយ ៥ ទន់ជាង​ឥន្ទ្រិយ​ របស់អរហន្តនោះ បានជា​អនាគាមី ព្រោះមានឥន្ទ្រិយ ៥ ទន់ជាងឥន្ទ្រិយ របស់អ្នក​ប្រតិបត្តិ ដើម្បីធ្វើឲ្យ​ជាក់ច្បាស់ នូវអរហត្តផលនោះ ជាអ្នកប្រតិបត្តិ ​ដើម្បីធ្វើឲ្យជាក់​ច្បាស់ នូវ​អនាគាមិផល ព្រោះមានឥន្ទ្រិយ ៥ ទន់ជាងឥន្ទ្រិយ របស់អនាគាមីនោះ បាន​ជាសកទាគាមី ព្រោះមានឥន្ទ្រិយ ៥ ទន់ជាងឥន្ទ្រិយ របស់អ្នកប្រតិបត្តិ ​ដើម្បី​ធ្វើឲ្យជាក់ច្បាស់ នូវអនាគាមិផល​នោះ ជាអ្នកប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់​ច្បាស់ នូវ​សកទាគាមិផល ព្រោះមានឥន្ទ្រិយ ៥ ទន់ជាង ឥន្ទ្រិយ របស់សកទាគាមី​នោះ បានជា​សោតាបន្ន ព្រោះមានឥន្ទ្រិយ ៥ ទន់ជាងឥន្ទ្រិយរបស់ អ្នកប្រតិបត្តិ ដើម្បី​ធ្វើឲ្យជាក់ច្បាស់ នូវ​សកទាគាមិ​ផល​នោះ ជាអ្នកប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់​ច្បាស់ នូវសោតាបត្តិផល ព្រោះមានឥន្ទ្រិយ ៥ ទន់ជាង​ឥន្ទ្រិយ របស់សោតាបន្ន​នោះ។ ម្នាលភិក្ខុទាំងឡាយ ឥន្ទ្រិយ ៥ នេះ មិនមានដល់ភិក្ខុ​ឯណា ដោយ​បរិបូណ៌សព្វគ្រប់ទេ តថាគត ហៅភិក្ខុនោះថា ជាអ្នកស្ថិតនៅក្នុងពួក​បុថុជ្ជន​ជាខាងក្រៅ (បុគ្គលទាំង ៨ ពួក)។

[២១៣] គ្រានោះឯង មានភិក្ខុមួយរូប ចូលទៅគាល់ព្រះដ៏មានព្រះភាគ​ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីដ៏សម​គួរ។ លុះភិក្ខុនោះ អង្គុយក្នុងទី​ដ៏សម គួរ​ហើយ បានក្រាបបង្គំទូល​ព្រះដ៏មាន​ព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ដែលព្រះអង្គ​ត្រាស់ថា ភិក្ខុបរិបូណ៌​ដោយឥន្ទ្រិយ បរិបូណ៌​ដោយឥន្ទ្រិយ បពិត្រព្រះអង្គដ៏ចំរើន ចុះភិក្ខុជា អ្នកបរិបូណ៌ ដោយឥន្ទ្រិយ ​ដោយហេតុដូចម្តេច។

[២១៤]  ម្នាលភិក្ខុ ភិក្ខុក្នុងសាសនានេះ ចំរើនសទ្ធិន្ទ្រិយ ដែល​មាន​ដំណើរ​ទៅ ដើម្បី​សេចក្តីស្ងប់​រំងាប់ មានដំណើរទៅ ដើម្បីសេចក្តីត្រាស់ដឹង  ចំរើនវិរិយិន្ទ្រិយ ​ដែល​មាន​ដំណើរ​ទៅ​ដើម្បី​សេចក្តីស្ងប់រំងាប់ មានដំណើរ​ទៅ ដើម្បីសេចក្តីត្រាស់ដឹង ចំរើនសតិន្ទ្រិយ ដែលមាន​ដំណើរ​​ទៅ ​​ដើម្បី​​​សេចក្តី​ស្ងប់រំងាប់​ មានដំណើរទៅ ដើម្បីសេចក្តីត្រាស់ដឹង ចំរើន​សមាធិន្ទ្រិយ​ដែលមានដំណើរទៅ ដើម្បីសេចក្តីស្ងប់រំងាប់ មានដំណើរទៅ​ ដើម្បីសេចក្តីត្រាស់ដឹង ចំរើន​បញ្ញិន្ទ្រិយ ដែល​មានដំណើរទៅ ដើម្បីសេចក្តី​ស្ងប់​រំងាប់ មានដំណើរទៅ ដើម្បីសេចក្តីត្រាស់ដឹង។​ ម្នាលភិក្ខុ ភិក្ខុជា​អ្នកបរិបូណ៌ ​ដោយឥន្ទ្រិយ ដោយហេតុដូច្នេះឯង។

[២១៥] ម្នាលភិក្ខុទាំងឡាយ ឥន្ទ្រិយនេះ មាន ៥ ប្រការ។ ឥន្ទ្រិយ ៥ ប្រការ ដូចម្តេចខ្លះ។ គឺសទ្ធិន្ទ្រិយ ១។បេ។ បញ្ញិន្ទ្រិយ ១។ ម្នាលភិក្ខុទាំង​ឡាយ ឥន្ទ្រិយមាន ៥ ប្រការដូច្នេះឯង​។

[២១៦] ម្នាលភិក្ខុទាំងឡាយ ភិក្ខុបានធ្វើឲ្យជាក់ច្បាស់ សម្រេច​ដោយ​បញ្ញា ដ៏ឧត្តម ដោយ​ខ្លួន​ឯង នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់ទៅ នៃអាសវៈទាំងឡាយ ព្រោះបាន​ចំរើន ធ្វើឲ្យច្រើន នូវឥន្ទ្រិយ​ទាំង ៥ នេះឯង ក្នុងបច្ចុប្បន្ន។

ចប់ មុទុតរវគ្គ ទី ២។

ឧទ្ទាននៃមុទុតរវគ្គនោះគឺ

ពោលអំពីអ្នកបានសម្រេចឥន្ទ្រិយ ទាំងប្រាំ ១ អំពីឥន្ទ្រិយទាំងប្រាំ ដោយសង្ខេប មាន ៣ លើក ដោយពិស្តារដទៃទៀត មាន ៣ លើក អំពីអ្នកប្រតិបត្តិ ដើម្បីបានមគ្គផល ១​ អំពីឥន្ទ្រិយទាំង ៥ ជាដំណើរទៅកាន់សេចក្តីស្ងប់រម្ងាប់ ១ អំពីវិមុត្តិ ជាហេតុអស់ទៅ នៃអាសវៈទាំងឡាយ ១។

ឆឡិន្ទ្រិយវគ្គ

[២១៧] ម្នាលភិក្ខុទាំងឡាយ ឥន្ទ្រិយនេះមាន ៥ ប្រការ។ ឥន្ទ្រិយ ៥ ប្រការដូចម្តេចខ្លះ។ គឺសទ្ធិន្ទ្រិយ ១។ បេ ។ បញ្ញិន្ទ្រិយ ១​។​ ​

[២១៨] ម្នាលភិក្ខុទាំងឡាយ​ កាលតថាគតមិនទាន់ដឹងច្បាស់តាមពិត​ នូវសេចក្តីកើត រលត់ អានិសង្ស ទោស និងការរលាស់ចេញ នូវឥន្ទ្រិយទាំង​ ៥ នេះ អស់កាលត្រឹមណា។ ម្នាលភិក្ខុទាំងឡាយ តថាគត ក៏មិនទាន់ប្តេជ្ញា​ខ្លួន ថាជាអ្នកត្រាស់ដឹង នូវសម្មាសម្ពោធិញ្ញាណ ឥតមានសេចក្តីដឹងឯទៀត​ ក្រៃលែងជាង ក្នុងលោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ក្នុងពពួកសត្វ ព្រមទាំងសមណព្រាហ្មណ៍ និងមនុស្សជាសម្មតិទេព និង​មនុស្សដ៏សេស អស់កាលត្រឹមណោះ។

[២១៩] ម្នាលភិក្ខុទាំងឡាយ លុះកាលណាតថាគតដឹងច្បាស់តាមពិត នូវសេចក្តីកើត រលត់ អានិសង្ស ទោស និងការរលាស់ចេញ នូវឥន្ទ្រិយ​ទាំង​ ៥ នេះ។ ម្នាលភិក្ខុទាំងឡាយ កាលនោះ ទើបតថាគត ប្តេជ្ញាខ្លួនថា ជាអ្នក​ត្រាស់ដឹង នូវសម្មាសម្ពោធិញ្ញាណ ឥតមានសេចក្តី​ដឹងឯទៀត​ ក្រៃលែង​ជាង ក្នុងលោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ក្នុងពពួកសត្វ ព្រម​ទាំងសមណព្រាហ្មណ៍ និងមនុស្សជាសម្មតិទេព និងមនុស្សដ៏សេស។ សេចក្តីដឹង និងសេចក្តី​ឃើញ កើតឡើង ដល់តថាគតថា សេចក្តីរួចវិសេស​របស់តថាគត មិនត្រឡប់កម្រើកទៀតឡើយ ជាតិនេះ ជាទីបំផុតត្រឹមនេះ​ហើយ ឥឡូវនេះ ភពថ្មីមិនមានឡើយ។

[២២០] ម្នាលភិក្ខុទាំងឡាយ ឥន្ទ្រិយនេះ មាន ៣ ប្រការ។ ឥន្ទ្រិយ ៣​ប្រការ ដូចម្តេចខ្លះ។ គឺឥត្ថិន្ទ្រិយ ១ បុរិសិន្ទ្រិយ ១ ជិវិតិន្ទ្រិយ ១។ ម្នាលភិក្ខុ​ទាំងឡាយ ឥន្ទ្រិយមាន ៣ ប្រការ ដូច្នេះ​ឯង។

[២២១] ម្នាលភិក្ខុទាំងឡាយ​ ឥន្ទ្រិយនេះ មាន ៣ ប្រការ។ ឥន្ទ្រិយ ៣ ប្រការ ដូចម្តេចខ្លះ។ គឺអនញ្ញាតញ្ញស្សាមីតិន្ទ្រិយ ១ [គឺឥន្ទ្រិយ ដែលកើតឡើង ក្នុងខណៈនៃសោតាបត្តិមគ្គ ប្រាកដ ច្បាស់ ដល់អ្នកប្រតិបត្តិថា អាត្មាអញ នឹង​ដឹង​ច្បាស់នូវធម៌ ដែលខ្លួនមិនធ្លាប់ដឹង ក្នុងសង្សារ​វដ្តនេះ។] អញ្ញិន្ទ្រិយ ១ [គឺឥន្ទ្រិយ ដែលកើតឡើង ក្នុងហេតុទាំង ៦ តាំងអំពី​សោតាបត្តិផល ជាដើមទៅ ដោយអាការត្រាស់ដឹង​នូវធម៌ ដែលខ្លួនមិនទាន់បានដឹង។] អញ្ញាតាវិន្ទ្រិយ ១ ។ [គឺឥន្ទ្រិយ ដែល​កើតឡើង ក្នុងអរហត្តផល ជាគុណ ដែលខ្លួនមិនធ្លាប់ដឹងអំពីមុន។ អដ្ឋកថា។] ម្នាលភិក្ខុទាំងឡាយ ឥន្ទ្រិយ មាន ៣ ប្រការ ដូច្នេះឯង។

[២២២] ម្នាលភិក្ខុទាំងឡាយ​ ឥន្ទ្រិយនេះ មាន ៥ ប្រការ។ ឥន្ទ្រិយ ៥ ប្រការ ដូចម្តេចខ្លះ។ គឺសទ្ធិន្ទ្រិយ ១។បេ។ បញ្ញិន្ទ្រិយ ១។ ម្នាលភិក្ខុ​ទាំង​ឡាយ ឥន្ទ្រិយមាន ៥ ប្រការ ដូច្នេះឯង។

[២២៣] ម្នាលភិក្ខុទាំងឡាយ ភិក្ខុបានជាអរហន្ត ព្រោះពេញលេញ​បរិបូណ៌ ​ដោយ​ឥន្ទ្រិយ​ទាំង ៥ នេះឯង ជាអន្តរាបរិនិព្វាយី ព្រោះមានឥន្ទ្រិយ ៥ ទន់ជាងឥន្ទ្រិយ របស់អរហន្តនោះ ជា​ឧបហច្ចបរិនិព្វាយី ព្រោះមានឥន្ទ្រិយ ៥ ទន់ជាងឥន្ទ្រិយ របស់អន្តរាបរិនិព្វាយីនោះ ជា​អសង្ខារបរិនិព្វាយី ព្រោះមាន​ឥន្ទ្រិយ ៥ ទន់ជាងឥន្ទ្រិយ របស់ឧបហច្ចបរិនិព្វាយីនោះ ជាសសង្ខារ​បរិនិព្វាយី ព្រោះមានឥន្ទ្រិយ ៥ ទន់ជាងឥន្ទ្រិយ របស់អសង្ខារបរិនិព្វាយីនោះ ជាឧទ្ធំសោតអកនិដ្ឋគាមី ព្រោះមានឥន្ទ្រិយ ៥ ទន់ជាងឥន្ទ្រិយ របស់​សសង្ខារបរិនិព្វាយីនោះ ជាសកទាគាមី ព្រោះមានឥន្ទ្រិយ ៥​ ទន់ជាងឥន្ទ្រិយ​ របស់ឧទ្ធំសោតអកនិដ្ឋគាមីនោះ​ ជាឯកពីជី ព្រោះមានឥន្ទ្រិយ ៥ ទន់ជាង​ឥន្ទ្រិយ របស់សកទាគាមីនោះ ជាកោលង្កោលៈ ព្រោះមានឥន្ទ្រិយ ៥ ទន់ជាងឥន្ទ្រិយ របស់ឯកពិជីនោះ ជាសត្តក្ខត្តុំបរមៈ ព្រោះមានឥន្ទ្រិយ ៥ ទន់​ជាងឥន្ទ្រិយ ​របស់កោលង្កោលៈនោះ ជាធម្មានុសារី ព្រោះមានឥន្ទ្រិយ ៥ ទន់​ជាងឥន្ទ្រិយ ​របស់​សត្តក្ខត្តុំបរមៈ​នោះ ជាសទ្ធានុសារី ព្រោះមានឥន្ទ្រិយ ៥ ទន់​ជាងឥន្ទ្រិយ របស់ធម្មានុសារីនោះ។

[២២៤] ម្នាលភិក្ខុទាំងឡាយ ឥន្ទ្រិយនេះ មាន ៦ ប្រការ។ ឥន្ទ្រិយ ៦ ប្រការ ដូចម្តេចខ្លះ។ គឺចក្ខុន្ទ្រិយ ១ សោតិន្ទ្រិយ ១ ឃានិន្ទ្រិយ ១ ជីវិ្ហន្ទ្រិយ ១ កាយិន្ទ្រិយ ១ មនិន្ទ្រិយ ១។ ម្នាលភិក្ខុ​ទាំង​ឡាយ ឥន្ទ្រិយ មាន ៦ ប្រការ​ ដូច្នេះ​ឯង។

[២២៥] ម្នាលភិក្ខុទាំងឡាយ ឥន្ទ្រិយនេះ មាន ៦ ប្រការ។ ឥន្ទ្រិយ ៦ ប្រការ ដូចម្តេចខ្លះ។ គឺចក្ខុន្ទ្រិយ ១ សោតិន្ទ្រិយ ១ ឃានិន្ទ្រិយ ១ ជីវិ្ហន្ទ្រិយ ១ កាយិន្ទ្រិយ ១ មនិន្ទ្រិយ ១។

[២២៦] ម្នាលភិក្ខុទាំងឡាយ កាលណាអរិយសាវកដឹងច្បាស់តាមពិត នូវសេចក្តីកើត រលត់ អានិសង្ស ទោស និងការរលាស់ចេញ នូវឥន្ទ្រិយ ៦ នេះ។ ម្នាលភិក្ខុទាំងឡាយ អរិយ​សាវកនេះ ហៅថាសោតាបន្ន មានកិរិយា​មិនធ្លាក់ចុះជាធម្មតា មានគតិទៀង មានសេចក្តី​ត្រាស់​ដឹងទៅខាងមុខ។

[២២៧] ម្នាលភិក្ខុទាំងឡាយ ឥន្ទ្រិយនេះ មាន ៦ ប្រការ។​ ឥន្ទ្រិយ ៦ ប្រការ ដូចម្តេចខ្លះ។ គឺចក្ខុន្ទ្រិយ ១ សោតិន្ទ្រិយ ១​ ឃានិន្ទ្រិយ ១ ជីវ្ហិន្ទ្រិយ ១ កាយិន្ទ្រិយ ១ មនិន្ទ្រិយ ១​។

[២២៨] ម្នាលភិក្ខុទាំងឡាយ កាលណាភិក្ខុដឹងច្បាស់តាមពិត នូវសេចក្តីកើត​ រលត់ អានិសង្ស ទោស និងការរលាស់ចេញ នូវឥន្ទ្រិយ ៦ នេះ ជាអ្នករួចស្រឡះ ព្រោះមិនមាន​សេចក្តី​ប្រកាន់មាំ។ ម្នាលភិក្ខុទាំង​ឡាយ ភិក្ខុនេះ ហៅថា អរហន្តខីណាស្រព មាន​ព្រហ្មចរិយៈ ប្រព្រឹត្ត​រួចហើយ មានសោឡសកិច្ច ធ្វើស្រេចហើយ មានភារៈដាក់ចុះហើយ មានប្រយោជន៍​ខ្លួន​ សម្រេច​ហើយ មានសញ្ញោជនៈ ក្នុងភពអស់ហើយ រួចស្រឡះហើយ ព្រោះត្រាស់ដឹងដោយប្រពៃ។

[២២៩] ម្នាលភិក្ខុទាំងឡាយ ឥន្ទ្រិយនេះ មាន ៦ ប្រការ។ ឥន្ទ្រិយ ៦ ប្រការ ដូចម្តេចខ្លះ​។ គឺចក្ខុន្ទ្រិយ ១ សោតិន្ទ្រិយ ១ ឃានិន្ទ្រិយ ១ ជីវិ្ហន្ទ្រិយ ១ កាយិន្ទ្រិយ ១ មនិន្ទ្រិយ ១។

[២៣០] ម្នាលភិក្ខុទាំងឡាយ កាលតថាគតនៅមិនទាន់ដឹងច្បាស់តាម​ពិត នូវសេចក្តីកើត រលត់ អានិសង្ស ទោស និងការរលាស់ចេញ នូវឥន្ទ្រិយ ៦ នេះ ដរាបណា។ ម្នាលភិក្ខុទាំងឡាយ តថាគត ក៏មិនប្តេជ្ញាខ្លួន ថាជាអ្នក​ត្រាស់ដឹង នូវសម្មាសម្ពោធិញ្ញាណ ឥតមានសេចក្តីដឹងឯទៀត  ក្រៃលែង​ជាង ក្នុងលោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ក្នុងពពួកសត្វ ព្រម​ទាំង​សមណព្រាហ្មណ៍ និងមនុស្សជាសម្មតិទេព និងមនុស្សដ៏សេស ​ដរាបនោះ។

[២៣១]​ ម្នាលភិក្ខុទាំងឡាយ កាលណាតថាគតដឹងច្បាស់តាមពិត នូវ​សេចក្តីកើត រលត់ អានិសង្ស ទោស និងការរលាស់ចេញ នូវឥន្ទ្រិយ ៦ នេះ។ ម្នាលភិក្ខុទាំងឡាយ កាលណោះ ទើបតថាគត ប្តេជ្ញាខ្លួនថា ជាអ្នកត្រាស់​ដឹង នូវសម្មាសម្ពោធិញ្ញាណ ឥតមានសេចក្តីដឹងឯទៀត ក្រៃលែងជាង ក្នុងលោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ក្នុងពពួកសត្វ ព្រម​ទាំងសមណព្រាហ្មណ៍ និងមនុស្សជាសម្មតិទេព និងមនុស្សដ៏សេស។ មួយ​វិញទៀត សេចក្តី​ដឹង និងសេចក្តីឃើញ ក៏កើតឡើង ដល់តថាគតថា សេចក្តីរួចស្រឡះ របស់តថាគត មិនត្រឡប់ កម្រើកទៀតឡើយ ជាតិនេះ ជាទីបំផុត (ត្រឹមណេះហើយ) ឥឡូវនេះ ភពថ្មី មិនមានឡើយ។

[២៣២]​ ម្នាលភិក្ខុទាំងឡាយ ឥន្ទ្រិយនេះ មាន ៦ ប្រការ។ ឥន្ទ្រិយ ៦ ប្រការ ដូចម្តេចខ្លះ​។​ គឺចក្ខុន្ទ្រិយ ១ សោតិន្ទ្រិយ​ ១​ ឃានិន្ទ្រិយ ១ ជីវិ្ហន្ទ្រិយ ១ កាយិន្ទ្រិយ ១ មនិន្ទ្រិយ ១។

[២៣៣] ម្នាលភិក្ខុទាំងឡាយ ពួកសមណៈ ឬព្រាហ្មណ៍ឯណានីមួយ មិនដឹង​ច្បាស់​តាមពិត នូវសេចក្តីកើត រលត់ អានិសង្ស ទោស​ និងការ​រលាស់ចេញ នូវឥន្ទ្រិយ ៦​ នេះទេ​។ ម្នាលភិក្ខុទាំងឡាយ ពួកសមណៈ ឬ​ព្រាហ្មណ៍ទាំងនុ៎ះ មិនសន្មតថាជាសមណៈ ក្នុងពួកសមណៈ ឬសន្មតថា ជា​ព្រាហ្មណ៍ ក្នុងពួកព្រាហ្មណ៍ទេ ដ្បិតថា អ្នកដ៏មានអាយុទាំងនុ៎ះ មិនបានធ្វើឲ្យ​ជាក់ច្បាស់ ​សម្រេចនូវប្រយោជន៍ ជារបស់សមណៈ ឬប្រយោជន៍ជារបស់​ព្រាហ្មណ៍ ដោយប្រាជ្ញា ដ៏ឧត្តម​ ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន។

[២៣៤] ម្នាលភិក្ខុទាំងឡាយ ពួកសមណៈ ឬព្រាហ្មណ៍ឯណានីមួយ ដឹងច្បាស់តាមពិត នូវសេចក្តីកើត រលត់ អានិសង្ស ទោស និងការរលាស់ចេញ នូវឥន្ទ្រិយ ៦ នេះ​។ ម្នាលភិក្ខុ ទាំងឡាយ​ សមណៈ ឬព្រាហ្មណ៍ទាំងនោះ ទើប​សន្មតថាជាសមណៈ ក្នុងពួកសមណៈផង សន្មតថា ជាព្រាហ្មណ៍ ក្នុងពួក​ព្រាហ្មណ៍ផង ដ្បិតថា អ្នកដ៏មានអាយុទាំងនោះ ធ្វើឲ្យជាក់ច្បាស់ សម្រេច​នូវ​ប្រយោជន៍ ជារបស់សមណៈ និងប្រយោជន៍ជារបស់ព្រាហ្មណ៍ ដោយប្រាជ្ញាដ៏​ឧត្តម ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន។

[២៣៥] ម្នាលភិក្ខុទាំងឡាយ ​ពួកសមណៈ ឬព្រាហ្មណ៍ឯណានីមួយ មិន​ដឹងច្បាស់ នូវ​ចក្ខុន្ទ្រិយ មិនដឹងច្បាស់ នូវសេចក្តីកើត នៃចក្ខុន្ទ្រិយ មិនដឹង​ច្បាស់ នូវសេចក្តីរលត់ នៃចក្ខុន្ទ្រិយ​ មិនដឹងច្បាស់ នូវបដិបទា ជាដំណើរទៅ​កាន់សេចក្តីរលត់ នៃចក្ខុន្ទ្រិយ មិនដឹងច្បាស់ នូវសតិន្ទ្រិយ ឃានិន្ទ្រិយ ជីវ្ហិន្ទ្រិយ កាយិន្ទ្រិយ មនិន្ទ្រិយ មិនដឹងច្បាស់ នូវសេចក្តីកើត នៃមនិន្ទ្រិយ មិន​ដឹងច្បាស់ នូវសេចក្តីរលត់ នៃមនិន្ទ្រិយ មិនដឹងច្បាស់ នូវបដិបទា ជាដំណើរទៅ​កាន់សេចក្តី​រលត់ នៃ​មនិន្ទ្រិយ។ ម្នាលភិក្ខុទាំងឡាយ​ សមណៈ ឬព្រាហ្មណ៍​ទាំងនុ៎ះ ។បេ។ មិនធ្វើឲ្យជាក់ច្បាស់ សម្រេចដោយ​ប្រាជ្ញាដ៏ឧត្តម ដោយខ្លួន​ឯង។

[២៣៦] ម្នាលភិក្ខុទាំងឡាយ​ ពួកសមណៈ ឬព្រាហ្មណ៍ឯណានីមួយ ដឹង​ច្បាស់នូវ​ចក្ខុន្ទ្រិយ ដឹងច្បាស់ នូវសេចក្តីកើត នៃចក្ខុន្ទ្រិយ ដឹងច្បាស់នូវ​សេចក្តីរលត់ នៃចក្ខុន្ទ្រិយ ដឹងច្បាស់ នូវបដិបទា ជាដំណើរទៅកាន់សេចក្តី​រលត់ នៃចក្ខុន្ទ្រិយ​ ដឹងច្បាស់ នូវសោតិន្ទ្រិយ ឃានិន្ទ្រិយ ជីវ្ហិន្ទ្រិយ កាយិន្ទ្រិយ មនិន្ទ្រិយ ដឹងច្បាស់នូវសេចក្តីកើត នៃមនិន្ទ្រិយ ដឹងច្បាស់ នូវសេចក្តីរលត់ នៃ​មនិន្ទ្រិយ ដឹងច្បាស់នូវបដិបទា ជាដំណើរទៅកាន់សេចក្តីរលត់ នៃមនិន្ទ្រិយ។ ម្នាលភិក្ខុទាំងឡាយ ពួក​សមណៈ ឬព្រាហ្មណ៍ទាំងនោះ ទើបសន្មតថាជា​សមណៈ ក្នុងពួកសមណៈផង សន្មតថា ជាព្រាហ្មណ៍ ក្នុងពួកព្រាហ្មណ៍ផង ដ្បិតថា អ្នកដ៏មានអាយុទាំងនោះ បានធ្វើឲ្យជាក់ច្បាស់ សម្រេចនូវប្រយោជន៍​ជារបស់សមណៈ និងប្រយោជន៍ជារបស់ព្រាហ្មណ៍ ដោយប្រាជ្ញាដ៏ឧត្តម ដោយ​ខ្លួនឯង ក្នុងបច្ចុប្បន្ន។

ចប់ ឆឡិន្ទ្រិយវគ្គ ទី​ ៣​។

ឧទ្ទាននៃឆឡិន្ទ្រិយវគ្គនោះគឺ

និយាយអំពីព្រះដ៏មានព្រះភាគមិនវិលមកកាន់ភពថ្មីទៀត​ ១ អំពីឥន្ទ្រិយ ៣ មាន​ជីវិតិន្ទ្រិយជាទីបំផុត ១ អំពីឥន្ទ្រិយ ៣ មានអញ្ញាតាវិន្ទ្រិយជាទីបំផុត ១ អំពីការត្រាស់​ដឹងតែម្យ៉ាង ១ អំពីឥន្ទ្រិយ ៦ សុទ្ធ ១ អំពីព្រះសោតា ១ អំពីព្រះអរហន្ត មាន ២ លើក អំពី​សមណព្រាហ្មណ៍មាន ២ លើក។

សុខិន្ទ្រិយវគ្គ

[២៣៧] ម្នាលភិក្ខុទាំងឡាយ ឥន្ទ្រិយ [ប្រែថា​ជាអធិបតី (ជាធំ) គឺធម្មជាតទាំងនេះ មាននាទីផ្សេង ៗ គ្នា ដូចអារម្មណ៍ជាសុខ មានមុខងារទទួល​យកខាងសុខ អារម្មណ៍ជាទុក្ខ មានមុខងារខាងទុក្ខ។ អដ្ឋកថា។] នេះមាន ៥​យ៉ាង។ ឥន្ទ្រិយ ៥ យ៉ាង តើអ្វីខ្លះ។ គឺសុខិន្ទ្រិយ ១ ទុក្ខិន្ទ្រិយ ១ សោមនស្សិន្ទ្រិយ​១ ទោមនស្សិន្ទ្រិយ ១ ឧបេក្ខិន្ទ្រិយ ១។ ម្នាលភិក្ខុទាំងឡាយ ឥន្ទ្រិយមាន ៥ យ៉ាងនេះឯង។

[២៣៨] ម្នាលភិក្ខុទាំងឡាយ ឥន្ទ្រិយនេះ មាន ៥ យ៉ាង។ ឥន្ទ្រិយ ៥​ យ៉ាងគឺអ្វីខ្លះ។ គឺសុខិន្ទ្រិយ ១ ទុក្ខិន្ទ្រិយ ១​ សោមនស្សិន្ទ្រិយ ១ ទោមនស្សិន្ទ្រិយ ១​ ឧបេក្ខិន្ទ្រិយ ១។

[២៣៩] ម្នាលភិក្ខុទាំងឡាយ កាលណាអរិយសាវកដឹងច្បាស់តាមពិត នូវហេតុកើត​ឡើងផង សេចក្តីវិនាសផង ​អានិសង្សផង ទោសផង ការរលាស់ចេញផង នូវឥន្ទ្រិយ ៥ យ៉ាងនេះ​ឯង​។​ ម្នាលភិក្ខុទាំងឡាយ អរិយសាវកនេះ ហៅ​ថា សោតាបន្នបុគ្គល​ មានកិរិយាមិនធ្លាក់ចុះ ក្នុង​អបាយជាធម្មតា ជាបុគ្គលទៀង ជាអ្នកមានការត្រាស់ដឹង ប្រព្រឹត្តទៅខាង​មុខ។

[២៤០] ម្នាលភិក្ខុទាំងឡាយ ឥន្ទ្រិយនេះ មាន ៥ យ៉ាង។ ឥន្ទ្រិយ ៥ យ៉ាង គឺអ្វីខ្លះ​។ គឺសុខិន្ទ្រិយ ១ ទុក្ខិន្ទ្រិយ ១ សោមនស្សិន្ទ្រិយ ១ ទោមនស្សិន្ទ្រិយ ១ ឧបេក្ខិន្ទ្រិយ​ ១។

[២៤១] ម្នាលភិក្ខុទាំងឡាយ កាលណាភិក្ខុដឹងច្បាស់តាមពិត នូវហេតុ​កើតឡើងផង សេចក្តីវិនាសផង អានិសង្សផង ទោសផង ការរលាស់​ចេញផង នូវឥន្ទ្រិយទាំង ៥ នេះហើយ ជាអ្នករួចស្រឡះ (ចាកអាសវៈ) ព្រោះ​មិនប្រកាន់មាំ។ ម្នាលភិក្ខុទាំងឡាយ​ ភិក្ខុនេះហៅថា អរហន្តខីណាស្រព​ មានព្រហ្មចរិយធម៌ ប្រព្រឹត្តរួចហើយ មានសោឡសកិច្ច បានធ្វើស្រេច​ហើយ មានភារៈ​ដាក់ចុះហើយ មានប្រយោជន៍ របស់ខ្លួន បានសម្រេចហើយ មានសញ្ញោជនៈ ក្នុងភព​អស់​ហើយ ជាអ្នករួចស្រឡះ ព្រោះដឹងដោយប្រពៃ។

[២៤២] ម្នាលភិក្ខុទាំងឡាយ ឥន្ទ្រិយនេះ មាន ៥ យ៉ាង​។ ឥន្ទ្រិយ ៥​យ៉ាង គឺអ្វីខ្លះ។ គឺសុខិន្ទ្រិយ ១ ទុក្ខិន្ទ្រិយ ១ សោមនស្សិន្ទ្រិយ ១ ទោមនស្សិន្ទ្រិយ ១ ឧបេក្ខិន្ទ្រិយ ១។

[២៤៣] ម្នាលភិក្ខុទាំងឡាយ ពួកសមណៈ ឬព្រាហ្មណ៍ឯណានីមួយ មិនដឹងច្បាស់​តាមពិត នូវហេតុកើតឡើងផង សេចក្តីវិនាសផង អានិសង្សផង ទោសផង​ ការរលាស់ចេញផង នូវឥន្ទ្រិយ ៥ យ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ ពួកសមណៈ ឬព្រាហ្មណ៍ទាំងនុ៎ះ មិនសន្មតថាជា​សមណៈ ​ក្នុងពួកសមណៈ ឬសន្មតថាព្រាហ្មណ៍ ក្នុងពួកព្រាហ្មណ៍ទេ ដ្បិត​ពួក​អ្នកដ៏មានអាយុ​ទាំងនុ៎ះ មិនបានធ្វើឲ្យជាក់ច្បាស់ សម្រេចនូវសាមញ្ញផល ឬ​ព្រហ្មញ្ញផល ដោយប្រាជ្ញាដ៏ឧត្តម ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន។

[២៤៤] ម្នាលភិក្ខុទាំងឡាយ ពួកសមណៈ ឬព្រាហ្មណ៍ឯណានីមួយ ដឹង​ច្បាស់តាមពិត នូវហេតុកើតឡើងផង សេចក្តីវិនាសផង អានិសង្សផង ទោសផង ការរលាស់ចេញផង នូវឥន្ទ្រិយ ៥ យ៉ាងនេះ​។ ម្នាលភិក្ខុទាំង​ឡាយ ពួកសមណៈ ឬព្រាហ្មណ៍ទាំងនោះ ទើបសន្មតថាសមណៈ ក្នុងពួក​សមណៈផង សន្មតថាព្រាហ្មណ៍ ក្នុងពួកព្រាហ្មណ៍ផង ដ្បិតពួកអ្នកដ៏មាន​អាយុទាំងនោះ បានធ្វើឲ្យជាក់ច្បាស់ សម្រេចនូវសាមញ្ញផលផង ព្រហ្មញ្ញ​ផលផង ដោយប្រាជ្ញាដ៏ឧត្តម ដោយ​ខ្លួន​ឯង ក្នុងបច្ចុប្បន្ន។

[២៤៥] ម្នាលភិក្ខុទាំងឡាយ ឥន្ទ្រិយនេះ មាន ៥ យ៉ាង។ ឥន្ទ្រិយ ៥ យ៉ាងគឺអ្វីខ្លះ។ គឺសុខិន្ទ្រិយ ១ ទុក្ខិន្ទ្រិយ ១ សោមនស្សិន្ទ្រិយ ១ ទោមនស្សិន្ទ្រិយ ១ ឧបេក្ខិន្ទ្រិយ ១។

[២៤៦] ម្នាលភិក្ខុទាំងឡាយ ពួកសមណៈ ឬព្រាហ្មណ៍ឯណានីមួយ មិន​ដឹងច្បាស់ នូវ​សុខិន្ទ្រិយ មិនដឹងច្បាស់ នូវហេតុកើតឡើង នៃសុខិន្ទ្រិយ មិនដឹង​ច្បាស់ នូវការរលត់ នៃសុខិន្ទ្រិយ មិនដឹងច្បាស់ នូវបដិបទា ជាដំណើរទៅកាន់​សេចក្តីរលត់ នៃសុខិន្ទ្រិយ មិនដឹងច្បាស់ នូវទុក្ខិន្ទ្រិយ។ មិនដឹងច្បាស់ នូវ​សោមនស្សិន្ទ្រិយ។ មិនដឹងច្បាស់ នូវទោមនស្សិន្ទ្រិយ។ មិនដឹងច្បាស់ នូវ​ឧបេក្ខិន្ទ្រិយ។ មិនដឹងច្បាស់ នូវហេតុកើតឡើង នៃឧបេក្ខិន្ទ្រិយ មិនដឹងច្បាស់​នូវការរលត់ នៃឧបេក្ខិន្ទ្រិយ មិនដឹងច្បាស់ នូវបដិបទា ជាដំណើរទៅកាន់​សេចក្តីរលត់ នៃឧបេក្ខិន្ទ្រិយ។ ម្នាលភិក្ខុ​ទាំងឡាយ ពួកសមណៈ ឬ​ព្រាហ្មណ៍ទាំងនុ៎ះ មិនសន្មតថាសមណៈ ក្នុងពួកសមណៈ ឬសន្មតថា​ព្រាហ្មណ៍ ក្នុងពួកព្រាហ្មណ៍ទេ ដ្បិតអ្នកដ៏មានអាយុទាំងនុ៎ះ មិនបានធ្វើឲ្យ​ជាក់ច្បាស់ សម្រេចនូវសាមញ្ញផល ឬព្រហ្មញ្ញផល ដោយប្រាជ្ញាដ៏​ឧត្តម​ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន។

[២៤៧] ម្នាលភិក្ខុទាំងឡាយ ពួកសមណៈ ឬព្រាហ្មណ៍ឯណានីមួយ ដឹងច្បាស់ នូវសុខិន្ទ្រិយ ដឹងច្បាស់នូវហេតុកើតឡើង នៃសុខិន្ទ្រិយ ដឹងច្បាស់ ​នូវការរលត់ នៃសុខិន្ទ្រិយ ដឹងច្បាស់ នូវបដិបទា ជាដំណើរទៅកាន់សេចក្តី​រលត់ នៃសុខិន្ទ្រិយ ដឹងច្បាស់នូវទុក្ខិន្ទ្រិយ។ ដឹងច្បាស់ នូវសោមនស្សិន្ទ្រិយ។ ដឹងច្បាស់ នូវទោមនស្សិន្ទ្រិយ។ ដឹងច្បាស់ នូវឧបេក្ខិន្ទ្រិយ។ ដឹងច្បាស់នូវ​ហេតុកើតឡើង នៃឧបេក្ខិន្ទ្រិយ ដឹងច្បាស់នូវការរលត់ នៃឧបេក្ខិន្ទ្រិយ ដឹង​ច្បាស់ នូវបដិបទា ជាដំណើរទៅកាន់សេចក្តីរលត់ នៃឧបេក្ខិន្ទ្រិយ។ ម្នាលភិក្ខុ​ទាំងឡាយ ពួកសមណៈ  ឬព្រាហ្មណ៍ទាំងនោះ​ ទើបសន្មតថាសមណៈ ក្នុងពួក​សមណៈផង សន្មតថាព្រាហ្មណ៍ ក្នុងពួក​ព្រាហ្មណ៍ផង ដ្បិតអ្នកដ៏មានអាយុ​ទាំងនោះ បានធ្វើឲ្យជាក់ច្បាស់ សម្រេចនូវសាមញ្ញផលផង ព្រហ្មញ្ញផល​ផង ដោយប្រាជ្ញាដ៏ឧត្តម ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន។

[២៤៨] ម្នាលភិក្ខុទាំងឡាយ ឥន្ទ្រិយនេះ មាន ៥ យ៉ាង។ ឥន្ទ្រិយ ៥ យ៉ាងគឺអ្វីខ្លះ។ គឺសុខិន្ទ្រិយ ១ ទុក្ខិន្ទ្រិយ ១ សោមនស្សិន្ទ្រិយ ១ ទោមនស្សិន្ទ្រិយ ១ ឧបេក្ខិន្ទ្រិយ ១។

[២៤៩] ម្នាលភិក្ខុទាំងឡាយ ចុះសុខិន្ទ្រិយ តើដូចម្តេច។ ម្នាលភិក្ខុទាំ​ង​ឡាយ សេចក្តីសុខ សេចក្តីត្រេកអរឯណា ដែលប្រព្រឹត្តទៅក្នុងកាយ បុគ្គលក៏បានសោយ នូវសេចក្តីសុខ និងសេចក្តី​ត្រេកអរនោះ ដែលកើតអំពី​កាយសម្ផស្ស។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សុខិន្ទ្រិយ។

[២៥០] ម្នាលភិក្ខុទាំងឡាយ ចុះទុក្ខិន្ទ្រិយ តើដូចម្តេច។ ម្នាលភិក្ខុទាំង​ឡាយ សេចក្តីទុក្ខ សេចក្តីមិនត្រេកអរឯណា ដែលប្រព្រឹត្តទៅក្នុងកាយ បុគ្គល ក៏បានសោយ នូវសេចក្តីទុក្ខ និងសេចក្តីមិនត្រេកអរនោះ ដែលកើត​អំពីកាយសម្ផស្ស។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ទុក្ខិន្ទ្រិយ។

[២៥១] ម្នាលភិក្ខុទាំងឡាយ ចុះសោមនស្សិន្ទ្រិយ តើដូចម្តេច។ ម្នាល​ភិក្ខុទាំងឡាយ សេចក្តីសុខ​ សេចក្តីត្រេកអរឯណា ដែលប្រព្រឹត្តទៅក្នុងចិត្ត បុគ្គលក៏បានសោយ នូវសេចក្តីសុខ និងសេចក្តីត្រេកអរនោះ ដែលកើត​អំពី​មនោសម្ផស្ស។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា​សោមនស្សិន្ទ្រិយ។

[២៥២] ម្នាលភិក្ខុទាំងឡាយ ចុះទោមនស្សិន្ទ្រិយ តើដូចម្តេច។ ម្នាល​ភិក្ខុទាំងឡាយ សេចក្តីទុក្ខ សេចក្តីមិនត្រេកអរឯណា ដែលប្រព្រឹត្តទៅក្នុង​ចិត្ត បុគ្គលក៏បានសោយ នូវសេចក្តី​ទុក្ខ និងសេចក្តីមិនត្រេកអរនោះ ដែលកើត​អំពីមនោសម្ផស្ស។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ទោមនស្សិន្ទ្រិយ។

[២៥៣] ម្នាលភិក្ខុទាំងឡាយ ចុះឧបេក្ខិន្ទ្រិយ តើដូចម្តេច។ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គល​បានសោយ នូវអារម្មណ៍ជាទីត្រេកអរ ក៏មិនមែន មិនជាទី​ត្រេកអរ ក៏មិនមែនឯណា ដែល ប្រព្រឹត្តទៅ ក្នុងកាយក្តី ប្រព្រឹត្តទៅក្នុងចិត្តក្តី។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ឧបេក្ខិន្ទ្រិយ។ ម្នាលភិក្ខុទាំងឡាយ ឥន្ទ្រិយ មាន ៥ យ៉ាងនេះឯង។

[២៥៤] ម្នាលភិក្ខុទាំងឡាយ ឥន្ទ្រិយនេះ មាន ៥ យ៉ាង។ ៥ យ៉ាងតើ​អ្វី​ខ្លះ។ គឺសុខិន្ទ្រិយ ១ ទុក្ខិន្ទ្រិយ ១ សោមនស្សិន្ទ្រិយ ១ ទោមនស្សិន្ទ្រិយ ១ ឧបេក្ខិន្ទ្រិយ ១។

[២៥៥] ម្នាលភិក្ខុទាំងឡាយ ចុះសុខិន្ទ្រិយ តើដូចម្តេច។ ម្នាលភិក្ខុ​ទាំង​ឡាយ សេចក្តីសុខ សេចក្តីត្រេកអរឯណា ដែលប្រព្រឹត្តទៅក្នុងកាយ បុគ្គល ក៏បានសោយ នូវសេចក្តីសុខ និងសេចក្តីត្រេកអរនោះ ដែលកើតអំពី​កាយសម្ផស្ស។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សុខិន្ទ្រិយ។

[២៥៦] ម្នាលភិក្ខុទាំងឡាយ ចុះទុក្ខិន្ទ្រិយ តើដូចម្តេច។ ម្នាលភិក្ខុទាំង​ឡាយ សេចក្តីទុក្ខ សេចក្តីមិនត្រេកអរឯណា ដែលប្រព្រឹត្តទៅក្នុងកាយ បុគ្គល ​ក៏បានសោយ នូវសេចក្តីទុក្ខ និងសេចក្តីមិនត្រេកអរនោះ ដែលកើតអំពីកាយសម្ផស្ស។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ទុក្ខិន្ទ្រិយ។

[២៥៧] ម្នាលភិក្ខុទាំងឡាយ ចុះសោមនស្សិន្ទ្រិយ តើដូចម្តេច​។ ម្នាល​ភិក្ខុទាំងឡាយ សេចក្តីសុខ សេចក្តីត្រេកអរឯណា ដែលប្រព្រឹត្តទៅ​ក្នុងចិត្ត បុគ្គលក៏បានសោយ នូវសេចក្តីសុខ និងសេចក្តីត្រេកអរនោះ​ ដែលកើតអំពី​មនោសម្ផស្ស។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សោមនស្សិន្ទ្រិយ។

[២៥៨] ម្នាលភិក្ខុទាំងឡាយ ចុះទោមនស្សិន្ទ្រិយ តើដូចម្តេច។ ម្នាល​ភិក្ខុទាំងឡាយ សេចក្តីទុក្ខ សេចក្តីមិនត្រេកអរឯណា ដែលប្រព្រឹត្តទៅក្នុងចិត្ត បុគ្គលក៏បានសោយ នូវសេចក្តីទុក្ខ និងសេចក្តីមិនត្រេកអរនោះ ដែលកើត​អំពីមនោសម្ផស្ស។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ទោមនស្សិន្ទ្រិយ។

[២៥៩] ម្នាលភិក្ខុទាំងឡាយ ចុះឧបេក្ខិន្ទ្រិយ តើដូចម្តេច។ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គលបានសោយ នូវអារម្មណ៍ជាទីត្រេកអរ ក៏មិនមែន មិនជាទី​ត្រេកអរ ក៏មិនមែនឯណា ដែលប្រព្រឹត្តទៅ ក្នុងកាយក្តី ប្រព្រឹត្តទៅ ក្នុងចិត្តក្តី។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ឧបេក្ខិន្ទ្រិយ។

[២៦០] ម្នាលភិក្ខុទាំងឡាយ បណ្តាឥន្ទ្រិយទាំងនោះ សុខិន្ទ្រិយ និង​សោមនស្សិន្ទ្រិយ បណ្ឌិតគប្បីឃើញថា ជាសុខវេទនា។

[២៦១] ម្នាលភិក្ខុទាំងឡាយ បណ្តាឥន្ទ្រិយទាំងនោះ ទុក្ខិន្ទ្រិយ និង​ទោមនស្សិន្ទ្រិយ បណ្ឌិត គប្បី​ឃើញថា ជាទុក្ខវេទនា។

[២៦២] ម្នាលភិក្ខុទាំងឡាយ បណ្តាឥន្ទ្រិយទាំងនោះ ឧបេក្ខិន្ទ្រិយនេះ បណ្ឌិតគប្បី​ឃើញថា ជាអទុក្ខមសុខវេទនា។ ម្នាលភិក្ខុទាំងឡាយ ឥន្ទ្រិយ​ មាន ៥ ​យ៉ាងនេះឯង។

[២៦៣] ម្នាលភិក្ខុទាំងឡាយ ឥន្ទ្រិយនេះ មាន ៥ យ៉ាង។ ៥ យ៉ាងតើ​អ្វី​ខ្លះ។ គឺសុខិន្ទ្រិយ ១​ ទុក្ខិន្ទ្រិយ ១ សោមនស្សិន្ទ្រិយ ១ ទោមនស្សិន្ទ្រិយ ១ ឧបេក្ខិន្ទ្រិយ ១។

[២៦៤] ម្នាលភិក្ខុទាំងឡាយ​ ចុះសុខិន្ទ្រិយ តើដូចម្តេច។ ម្នាលភិក្ខុ​ទាំង​ឡាយ សេចក្តីសុខ សេចក្តី​ត្រេកអរឯណា ដែលប្រព្រឹត្តទៅក្នុងកាយ បុគ្គលក៏បានសោយ នូវសេចក្តីសុខ និងសេចក្តីត្រេកអរនោះ ដែលកើតអំពី​កាយសម្ផស្ស។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា​ សុខិន្ទ្រិយ។

[២៦៥] ម្នាលភិក្ខុទាំងឡាយ ចុះទុក្ខិន្ទ្រិយ តើដូចម្តេច។ ម្នាលភិក្ខុទាំង​ឡាយ សេចក្តីទុក្ខ សេចក្តីមិន​ត្រេកអរឯណា ដែលប្រព្រឹត្តទៅ ក្នុងកាយ បុគ្គលក៏បានសោយ នូវសេចក្តីទុក្ខ និងសេចក្តីមិនត្រេកអរនោះ ដែលកើតអំពី​កាយសម្ផស្ស។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា​ទុក្ខិន្ទ្រិយ។

[២៦៦] ម្នាលភិក្ខុទាំងឡាយ ចុះសោមនស្សិន្ទ្រិយ តើដូចម្តេច។ ម្នាល​ភិក្ខុទាំងឡាយ សេចក្តីសុខ សេចក្តីត្រេកអរឯណា ដែលប្រព្រឹត្តទៅក្នុងចិត្ត បុគ្គលបានសោយ នូវសេចក្តីសុខ និងសេចក្តីត្រេកអរនោះ ដែលកើតអំពី​មនោសម្ផស្ស។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា​សោមនស្សិន្ទ្រិយ។

[២៦៧] ម្នាលភិក្ខុទាំងឡាយ  ចុះទោមនស្សិន្ទ្រិយ​ តើដូចម្តេច។ ម្នាល​ភិក្ខុទាំងឡាយ សេចក្តីទុក្ខ សេចក្តីមិនត្រេកអរឯណា ដែលប្រព្រឹត្តទៅក្នុង​ចិត្ត បុគ្គលបានសោយ នូវសេចក្តីទុក្ខ និងសេចក្តីមិនត្រេកអរនោះ ដែលកើត​អំពីមនោសម្ផស្ស។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា​ទោមនស្សិន្ទ្រិយ។

[២៦៨] ម្នាលភិក្ខុទាំងឡាយ ចុះឧបេក្ខិន្ទ្រិយ តើដូចម្តេច​។ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គលបានសោយ នូវអារម្មណ៍ជាទីត្រេកអរ ក៏មិនមែន មិនជាទី​ត្រេកអរ ក៏មិនមែនឯណា​ ដែលប្រព្រឹត្តទៅ ក្នុងកាយក្តី ប្រព្រឹត្តទៅ ក្នុងចិត្តក្តី។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា​ឧបេក្ខិន្ទ្រិយ។

[២៦៩] ម្នាលភិក្ខុទាំងឡាយ បណ្តាឥន្ទ្រិយទាំងនោះ សុខិន្ទ្រិយ និង​សោមនស្សិន្ទ្រិយ បណ្ឌិតគប្បីឃើញថា ជាសុខវេទនា។

[២៧០] ម្នាលភិក្ខុទាំងឡាយ បណ្តាឥន្ទ្រិយទាំងនោះ ទុក្ខិន្ទ្រិយ និង​ទោមនស្សិន្ទ្រិយ បណ្ឌិតគប្បីឃើញថា ជាទុក្ខវេទនា។

[២៧១] ម្នាលភិក្ខុទាំងឡាយ បណ្តាឥន្ទ្រិយទាំងនោះ ឧបេក្ខិន្ទ្រិយនេះ បណ្ឌិតគប្បី​ឃើញថា ជាអទុក្ខមសុខវេទនា។ ម្នាលភិក្ខុទាំងឡាយ ឥន្ទ្រិយ ៥ យ៉ាងនេះ ចែកជា ៥ ឬបំប្រួញមកជា ៣ ក៏បាន ឬ ៣ ចែកជា ៥ ក៏បាន ដោយ​បរិយាយ ដូច្នេះឯង។

[២៧២] ម្នាលភិក្ខុទាំងឡាយ ឥន្ទ្រិយនេះមាន ៥ យ៉ាង។ ៥ យ៉ាង គឺ​អ្វី​ខ្លះ។ គឺសុខិន្ទ្រិយ ១ ទុក្ខិន្ទ្រិយ ១ សោមនស្សិន្ទ្រិយ ១ ទោមនស្សិន្ទ្រិយ ១ ឧបេក្ខិន្ទ្រិយ ១។

[២៧៣] ម្នាលភិក្ខុទាំងឡាយ សុខិន្ទ្រិយកើតឡើង ព្រោះអាស្រ័យនូវ​ផស្សៈ ដែលជាបច្ច័យ នៃសុខវេទនា​។ បុគ្គលនោះ កាលបើដល់នូវសេចក្តី​សុខ ក៏រមែងដឹងច្បាស់ថា អាត្មាអញ ជាអ្នកដល់នូវសេចក្តីសុខ រមែងដឹង​ច្បាស់ថា សុខិន្ទ្រិយឯណា​ កើតឡើងហើយ ព្រោះអាស្រ័យ នូវផស្សៈជា​បច្ច័យ នៃសុខវេទនាកើតអំពីផស្សៈនោះ ដែលបុគ្គល​បានសោយ​ហើយ សុខិន្ទ្រិយនោះ ក៏រលត់ទៅ សុខិន្ទ្រិយនោះ ក៏ស្ងប់រម្ងាប់ទៅ ព្រោះរលត់ផស្សៈ ​ជាបច្ច័យ នៃសុខវេទនានោះឯង​។

[២៧៤] ម្នាលភិក្ខុទាំងឡាយ ទុក្ខិន្ទ្រិយកើតឡើង ព្រោះអាស្រ័យ នូវ​ផស្សៈជាបច្ច័យ នៃទុក្ខវេទនា។ បុគ្គលនោះ កាលបើដល់នូវសេចក្តីទុក្ខ ក៏​រមែងដឹងច្បាស់ថា អាត្មាអញ ជាអ្នក​ដល់នូវសេចក្តីទុក្ខ រមែងដឹងច្បាសថា ទុក្ខិន្ទ្រិយឯណា កើតឡើងហើយ ព្រោះអាស្រ័យ នូវផស្សៈ​ជាបច្ច័យ នៃទុក្ខ​វេទនាកើតអំពីផស្សៈនោះ ដែលបុគ្គលបានសោយហើយ ទុក្ខិន្ទ្រិយនោះ ក៏ រលត់ទៅ ទុក្ខិន្ទ្រិយនោះ ក៏ស្ងប់រម្ងាប់ទៅ ព្រោះរលត់ផស្សៈ ជាបច្ច័យនៃទុក្ខ​វេទនានោះឯង។

[២៧៥] ម្នាលភិក្ខុទាំងឡាយ សោមនស្សិន្ទ្រិយកើតឡើង ព្រោះ​អាស្រ័យ​នូវផស្សៈ ជាបច្ច័យ នៃសោមនស្សវេទនា។ បុគ្គលនោះ កាលបើ​មានចិត្តរីករាយ ក៏រមែងដឹងច្បាស់ថា អាត្មាអញ ជាអ្នកមានចិត្តរីករាយ រមែងដឹងច្បាស់ថា សោមនស្សិន្ទ្រិយឯណា កើតឡើងហើយ ព្រោះអាស្រ័យ​​នូវផស្សៈ ជាបច្ច័យ នៃសោមនស្សវេទនាកើតអំពីផស្សៈនោះ​ ដែលបុគ្គលបាន​សោយហើយ សោមនស្សិន្ទ្រិយនោះ ក៏រលត់ទៅ សោមនស្សិន្ទ្រិយនោះ ក៏​ស្ងប់រម្ងាប់ទៅ ព្រោះរលត់ផស្សៈ ជាបច្ច័យនៃសោមនស្សវេទនានោះឯង។

[២៧៦] ម្នាលភិក្ខុទាំងឡាយ ទោមនស្សិន្ទ្រិយ រមែងកើតឡើង ព្រោះ​អាស្រ័យនូវ​ផស្សៈ ជាបច្ច័យ នៃទោមនស្សវេទនា។ បុគ្គលនោះ កាលបើតូច​ចិត្ត ក៏រមែងដឹងច្បាស់ថា​ អាត្មាអញ ជាអ្នកតូចចិត្ត រមែងដឹងច្បាស់ថា ទោមនស្សិន្ទ្រិយឯណា កើតឡើងហើយ ព្រោះអាស្រ័យ​នូវផស្សៈ ជាបច្ច័យ ​នៃទោមនស្សវេទនាកើតអំពីផស្សៈនោះ ដែលបុគ្គលបានសោយហើយ ទោមនស្សិន្ទ្រិយនោះ ក៏រលត់ទៅ ទោមនស្សិន្ទ្រិយនោះ ក៏ស្ងប់រម្ងាប់ទៅ ព្រោះ​រលត់ផស្សៈ ជាបច្ច័យ​ នៃទោមនស្សវេទនានោះឯង។

[២៧៧] ម្នាលភិក្ខុទាំងឡាយ ឧបេក្ខិន្ទ្រិយកើតឡើង ព្រោះអាស្រ័យនូវ​ផស្សៈ ជាបច្ច័យ​នៃឧបេក្ខាវេទនា។ បុគ្គលនោះ កាលបើមានចិត្តព្រងើយ ក៏​រមែងដឹងច្បាស់ថា អាត្មាអញ ជាអ្នកមានចិត្តព្រងើយ រមែងដឹងច្បាស់ថា ឧបេក្ខិន្ទ្រិយឯណា កើតឡើងហើយ ព្រោះអាស្រ័យ នូវផស្សៈ ជាបច្ច័យ នៃឧបេក្ខាវេទនាកើតអំពីផស្សៈនោះ ដែលបុគ្គលបានសោយហើយ ឧបេក្ខិន្ទ្រិយនោះ​ ក៏រលត់​ទៅ ឧបេក្ខិន្ទ្រិយនោះ ក៏ស្ងប់រម្ងាប់ទៅ ព្រោះរលត់ផស្សៈ ជាបច្ច័យនៃ​ឧបេក្ខាវេទនានោះឯង។

[២៧៨] ម្នាលភិក្ខុទាំងឡាយ ដូចចំហាយកើតឡើង ភ្លើងរមែង​កើតឡើង ព្រោះការពួត និងប្រជុំចុះ នៃឈើពំនួតពីរកំណាត់ ចំហាយឯណា ​ដែលកើតឡើង អំពីឈើពំនួតនោះ ចំហាយនោះ ក៏រលត់ស្ងប់រម្ងាប់ទៅ ព្រោះ​ដាក់ឈើពំនួតទាំងនោះទីទៃពីគ្នា​ យ៉ាងណាមិញ​។ ម្នាលភិក្ខុទាំងឡាយ សុខិន្ទ្រិយកើតឡើង ព្រោះអាស្រ័យនូវផស្សៈ ជាបច្ច័យនៃសុខវេទនា។ បុគ្គលនោះ កាលបើដល់នូវសេចក្តីសុខ ក៏រមែងដឹងច្បាស់ថា អាត្មាអញ ជា​អ្នកដល់នូវ​សេចក្តីសុខ រមែងដឹងច្បាស់ថា សុខិន្ទ្រិយឯណា កើតឡើងហើយ ព្រោះអាស្រ័យ​នូវ​ផស្សៈ ជាបច្ច័យនៃ សុខវេទនា កើតអំពីផស្សៈនោះ ដែលបុគ្គល​បានសោយ​ហើយ សុខិន្ទ្រិយនោះ ក៏រលត់ទៅ​ សុខិន្ទ្រិយនោះ ក៏ស្ងប់រម្ងាប់ទៅ ព្រោះ​រលត់​ផស្សៈ ជាបច្ច័យនៃសុខវេទនានោះឯង។ ម្នាលភិក្ខុទាំងឡាយ ព្រោះអាស្រ័យ​នូវផស្សៈ ជាបច្ច័យ​នៃទុក្ខវេទនា ។បេ។ ម្នាលភិក្ខុទាំងឡាយ ព្រោះអាស្រ័យ​នូវផស្សៈ ជាបច្ច័យនៃសោមនស្សវេទនា។ ម្នាលភិក្ខុទាំងឡាយ ព្រោះ​អាស្រ័យ នូវផស្សៈ ជាបច្ច័យនៃទោមនស្សវេទនា។ ម្នាលភិក្ខុទាំងឡាយ ឧបេក្ខិន្ទ្រិយ កើតឡើង ព្រោះ អាស្រ័យនូវផស្សៈ ជាបច្ច័យ នៃឧបេក្ខាវេទនា។ បុគ្គលនោះ កាលបើមានចិត្តព្រងើយ ក៏រមែង ដឹងច្បាស់ថា អាត្មាអញ ជាអ្នក​មានចិត្តព្រងើយ រមែងដឹង​ច្បាស់ថា ឧបេក្ខិន្ទ្រិយ ឯណាកើត ឡើងហើយ ព្រោះអាស្រ័យ នូវផស្សៈជាបច្ច័យ នៃឧបេក្ខាវេទនា កើតអំពីផស្សៈនោះ ដែល​បុគ្គលបានសោយហើយ ឧបេក្ខិន្ទ្រិយនោះ ក៏រលត់ទៅ ឧបេក្ខិន្ទ្រិយនោះ ក៏​ស្ងប់រម្ងាប់ទៅ ​ព្រោះរលត់ផស្សៈ ជាបច្ច័យនៃឧបេក្ខាវេទនានោះឯង យ៉ាង​នោះដែរ។

[២៧៩] ម្នាលភិក្ខុទាំងឡាយ ឥន្ទ្រិយនេះ មាន ៥ យ៉ាង។ ៥ យ៉ាង គឺដូច​ម្តេច។ គឺទុក្ខិន្ទ្រិយ​ ១ ទោមនស្សិន្ទ្រិយ​១ សុខិន្ទ្រិយ ១ សោមនស្សិន្ទ្រិយ ១ ឧបេក្ខិន្ទ្រិយ​ ១។

[២៨០] ម្នាលភិក្ខុទាំងឡាយ​ ទុក្ខិន្ទ្រិយ រមែងកើតឡើង ដល់ភិក្ខុក្នុង​សាសនានេះ ជាអ្នក​មិនប្រមាទ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន។ ភិក្ខុនោះ ក៏ដឹងច្បាស់ យ៉ាងនេះថា ទុក្ខិន្ទ្រិយនេះ កើតឡើងហើយ ដល់អាត្មាអញ ទុក្ខិន្ទ្រិយ​នោះឯង ប្រកបដោយ​និមិត្ត ប្រកបដោយហេតុ ប្រកបដោយសង្ខារ ប្រកបដោយបច្ច័យ ឯទុក្ខិន្ទ្រិយ​​នោះ មិនមាននិមិត្ត មិនមានហេតុ មិនមានសង្ខារ មិនមានបច្ច័យ នឹងកើត​ឡើង ហេតុនុ៎ះ មិនមានទេ។ ភិក្ខុនោះ ដឹងច្បាស់ នូវទុក្ខិន្ទ្រិយផង ដឹងច្បាស់​នូវ​ហេតុកើតឡើង នៃទុក្ខិន្ទ្រិយផង ដឹងច្បាស់ នូវការរលត់ទៅ នៃទុក្ខិន្ទ្រិយផង ទុក្ខិន្ទ្រិយ កើតឡើងហើយ ក្នុងទីឯណា ក៏រលត់ទៅ ឥតមានសេសសល់ ក៏​ដឹងច្បាស់ នូវទីនោះផង​។ ចុះទុក្ខិន្ទ្រិយ កើតឡើងក្នុងទីដូចម្តេច ទើបរលត់ទៅ ឥត​មានសេសសល់។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុង​សាសនានេះ ស្ងាត់ចាក​កាម​ទាំងឡាយ ស្ងាត់ចាកអកុសលធម៌ទាំងឡាយ រមែងចូលកាន់បឋម​ជ្ឈាន ដែល​ប្រកប​ដោយវិតក្កៈ និងវិចារៈ មានបីតិ និងសុខ ដែលកើតអំពី​វិវេក។ ទុក្ខិន្ទ្រិយ កើតឡើងក្នុងបឋមជ្ឈាននេះ តែងរលត់​ទៅ ឥតមានសេស​សល់។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនេះហៅថា ដឹងច្បាស់ នូវការរលត់​ទៅ នៃ​ទុក្ខិន្ទ្រិយ ប្រមូលមកនូវចិត្ត ដើម្បីសេចក្តីពិត។

[២៨១] ម្នាលភិក្ខុទាំងឡាយ ទោមនស្សិន្ទ្រិយ រមែងកើតឡើង ដល់ភិក្ខុ​ក្នុងសាសនានេះ ជាអ្នកមិនប្រមាទ មានព្យាយាម ដុតកំដៅកិ​លេស មាន​ចិត្ត​បញ្ជូនទៅកាន់ព្រះនិព្វាន។ ភិក្ខុនោះ ក៏ដឹងច្បាស់ យ៉ាងនេះថា ទោមនស្សិន្ទ្រិយ​នេះ កើតឡើងហើយ ដល់អាត្មាអញ ទោមនស្សិន្ទ្រិយ​នោះឯង ប្រកបដោយ​និមិត្ត ប្រកបដោយហេតុ ប្រកបដោយសង្ខារ​ ប្រកបដោយបច្ច័យ ឯទោមនស្សិន្ទ្រិយ​នោះ មិនមាននិមិត្ត មិនមានហេតុ មិនមានសង្ខារ មិនមាន​បច្ច័យ នឹងកើត​ឡើង ហេតុនុ៎ះ មិនមានទេ។ ភិក្ខុនោះ រមែងដឹងច្បាស់ នូវទោមនស្សិន្ត្រិយផង ដឹងច្បាស់ នូវហេតុកើតឡើង នៃទោមនស្សិន្ទ្រិយផង​ ដឹង​ច្បាស់​​​ នូវការរលត់ទៅ នៃទោមនស្សិន្ទ្រិយផង មួយវិញទៀត ទោមនស្សិន្ទ្រិយ​ កើតឡើងក្នុងទីឯណា រមែងរលត់ទៅ ឥតមានសេសសល់ ក៏ដឹងច្បាស់ នូវ​ទី​នោះផង។ ចុះទោមនស្សិន្ទ្រិយ កើតឡើងក្នុងទីដូចម្តេច ទើបរលត់ទៅ ឥត​មានសេសសល់។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ព្រោះស្ងប់ស្ងាត់នៃវិតក្កៈ និងវិចារៈ រមែងចូលកាន់ទុតិយជ្ឈាន មានសេចក្តីជ្រះថ្លាខ្លាំង ក្នុងសន្តាន មានភាពនៃចិត្ត ដ៏ខ្ពស់ឯក មិនមានវិតក្កៈ មិនមានវិចារៈ មានតែបីតិ និងសុខ ដែលកើតអំពីសមាធិ គឺបឋមជ្ឈាន។ ទោមនស្សិន្ទ្រិយ កើតឡើង ក្នុងទុតិយជ្ឈាននេះ តែងរលត់ទៅ ឥតមានសេស​សល់។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនេះហៅថា ដឹងច្បាស់ នូវការរលត់ទៅ នៃ​ទោមនស្សិន្ទ្រិយ ប្រមូលមក​នូវចិត្ត ដើម្បីសេចក្តីពិត។

[២៨២] ម្នាលភិក្ខុទាំងឡាយ ចំណែកសុខិន្ទ្រិយ រមែងកើតឡើង ដល់​ភិក្ខុក្នុងសាសនានេះ ជាអ្នកមិនប្រមាទ មានព្យាយាម ដុតកំដៅកិលេស មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន។ ភិក្ខុនោះ ក៏ដឹងច្បាស់ យ៉ាងនេះថា​ សុខិន្ទ្រិយនេះ កើតឡើងហើយ ដល់អាត្មាអញ សុខិន្ទ្រិយនោះឯង ប្រកប​ដោយនិមិត្ត ប្រកបដោយហេតុ ប្រកបដោយសង្ខារ ប្រកបដោយបច្ច័យ ឯសុខិន្ទ្រិយនោះ មិនមាននិមិត្ត មិនមានហេតុ មិនមានសង្ខារ​ មិនមានបច្ច័យ នឹងកើតឡើង ហេតុនុ៎ះ មិនមានឡើយ។ ភិក្ខុនោះ ក៏ដឹងច្បាស់ នូវសុខិន្ទ្រិយ​ផង ដឹងច្បាស់ នូវហេតុកើតឡើង នៃសុខិន្ទ្រិយផង ដឹងច្បាស់នូវការរលត់​ទៅ ​នៃសុខិន្ទ្រិយផង មួយវិញទៀត សុខិន្ទ្រិយកើតឡើង ក្នុងទីឯណា រមែងរលត់​ទៅ ឥតមានសេសសល់ ក៏ដឹងច្បាស់ នូវទីនោះផង។ ចុះសុខិន្ទ្រិយ កើតឡើង​ក្នុងទីដូចម្តេច ទើបរលត់ទៅ ឥតមានសេសសល់។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ព្រោះនឿយណាយ ចាកបីតិផង ជាអ្នកប្រកបដោយ​ឧបេក្ខាផង មានសតិ និងសម្បជញ្ញៈផង ទទួលនូវសុខ ដោយនាមកាយផង ព្រះអរិយទាំងឡាយ តែងសរសើរ នូវបុគ្គល ដែលបានតតិយជ្ឈាននោះថា ប្រកបដោយឧបេក្ខា មានស្មារតី មានធម៌ ជាគ្រឿងនៅ​ជាសុខដូច្នេះ ព្រោះ​តតិយជ្ឈានឯណា ក៏ចូលកាន់តតិយជ្ឈាននោះ ហើយសម្រេចសម្រាន្តនៅ។ សុខិន្ទ្រិយ កើតឡើង ក្នុងតតិយជ្ឈាននុ៎ះ រមែងរលត់ទៅ ឥតមានសេស​សល់។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុនេះហៅថា ដឹងច្បាស់នូវការរលត់ នៃ​សុខិន្ទ្រិយ ប្រមូលមកនូវចិត្ត ដើម្បីសេចក្តីពិត។

[២៨៣] ម្នាលភិក្ខុទាំងឡាយ សោមនស្សិន្ទ្រិយ តែងកើតឡើង ដល់ភិក្ខុ​ក្នុងសាសនានេះ ជាអ្នកមិនប្រមាទ មានព្យាយាម ដុតកំដៅកិលេស មានចិត្ត​បញ្ជូនទៅកាន់ព្រះនិព្វាន។ ភិក្ខុនោះ  រមែងដឹងច្បាស់ យ៉ាងនេះថា សោមនស្សិន្ទ្រិយ កើតឡើងហើយ ដល់អាត្មាអញ សោមនស្សិន្ទ្រិយនោះឯង ប្រកបដោយនិមិត្ត ប្រកបដោយហេតុ ប្រកប​ដោយសង្ខារ ប្រកបដោយបច្ច័យ ឯសោមនស្សិន្ទ្រិយនោះ មិនមាន​និមិត្ត មិនមានហេតុ មិនមាន​សង្ខារ មិនមានបច្ច័យ នឹងកើតឡើង ហេតុនុ៎ះ ​មិនមានឡើយ។ ភិក្ខុនោះ ដឹងច្បាស់ នូវសោមនស្សិន្ទ្រិយផង ដឹងច្បាស់ នូវ​ហេតុកើតឡើង នៃសោមនស្សិន្ទ្រិយផង ដឹងច្បាស់ នូវការរលត់ទៅ នៃ​សោមនស្សិន្ទ្រិយផង មួយវិញទៀត សោមនស្សិន្ទ្រិយ កើតឡើង ក្នុងទីឯ​ណា រមែងរលត់ទៅ ឥតមានសេសសល់ ក៏ដឹងច្បាស់ នូវទីនោះផង។ ចុះ​សោមនស្សិន្ទ្រិយ កើតឡើង​ក្នុង​ទីដូចម្តេច ទើបរលត់ទៅ ឥត មានសេស​សល់។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនា​នេះ​ ព្រោះលះបង់ នូវសុខផង លះបង់នូវទុក្ខផង​ ព្រោះអស់ទៅ នៃសោមនស្ស និងទោមនស្ស ក្នុងកាលមុន​ផង ចូល កាន់ចតុត្ថជ្ឈាន ជាធម្មជាតមានអារម្មណ៍មិនមែនជាទុក្ខ មិនមែន​ជាសុខ គឺជាឧបេក្ខា មានសតិ ដ៏បរិសុទ្ធ ដោយឧបេក្ខា ហើយសម្រេច​សម្រាន្តនៅ។ សោមនស្សិន្ទ្រិយ កើតឡើងហើយ ក្នុងចតុត្ថជ្ឈាននុ៎ះ ទើប​រលត់ទៅ ឥតមានសេសសល់។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនេះ ហៅថា ដឹង​ច្បាស់ នូវការរលត់ទៅ នៃសោមនស្សិន្ទ្រិយ ប្រមូលមកនូវចិត្ត ដើម្បីសេចក្តី​ពិត។

[២៨៤] ម្នាលភិក្ខុទាំងឡាយ ឧបេក្ខិន្ទ្រិយ រមែងកើតឡើង ដល់ភិក្ខុក្នុង​សាសនានេះ ជាអ្នកមិនប្រមាទ មានព្យាយាម ដុតកំដៅកិលេស មានចិត្ត​បញ្ជូនទៅកាន់ព្រះនិព្វាន។ ភិក្ខុនោះ ក៏ដឹងច្បាស់ យ៉ាងនេះថា ឧបេក្ខិន្ទ្រិយនេះ​ កើតឡើងហើយ ដល់អាត្មាអញ ឧបេក្ខិន្ទ្រិយនោះឯង ប្រកបដោយនិមិត្ត ប្រកបដោយហេតុ ប្រកបដោយសង្ខារ ប្រកបដោយបច្ច័យ ឯឧបេក្ខិន្ទ្រិយ​នោះ មិនមាននិមិត្ត មិនមានហេតុ មិនមានសង្ខារ មិនមានបច្ច័យ នឹងកើត​ឡើង ហេតុនុ៎ះ មិនមាន​ឡើយ។ ភិក្ខុនោះ ដឹងច្បាស់នូវឧបេក្ខិន្ទ្រិយផង ដឹង​ច្បាស់នូវហេតុកើតឡើង នៃឧបេក្ខិន្ទ្រិយផង ដឹងច្បាស់នូវការរលត់ទៅ នៃ​ឧបេក្ខិន្ទ្រិយផង មួយវិញទៀត ឧបេក្ខិន្ទ្រិយ កើតឡើងក្នុងទីឯណា រមែង​រលត់​ទៅ ឥតមានសេសសល់ ក៏ដឹងច្បាស់ នូវទីនោះផង។ ចុះឧបេក្ខិន្ទ្រិយ កើត​ឡើងក្នុងទី​ដូច​ម្តេច ទើបរលត់ទៅ ឥតមានសេសសល់។ ម្នាលភិក្ខុទាំង​ឡាយ ភិក្ខុក្នុងសាសនានេះ កន្លង នូវនេវសញ្ញានាសញ្ញាយតនៈ ដោយសព្វគ្រប់ ហើយ​ចូលកាន់សញ្ញាវេទយិតនិរោធ។ ឧបេក្ខិន្ទ្រិយ​ កើតឡើងក្នុងសញ្ញាវេទយិតនិ​រោធនុ៎ះ ទើបរលត់ទៅ ឥតមានសេសសល់។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុ​នេះហៅថា ដឹងច្បាស់នូវការរលត់ទៅ នៃឧបេក្ខិន្ទ្រិយ ប្រមូលមកនូវចិត្ត​ ដើម្បីសេចក្តីពិត។

ចប់ សុខិន្ទ្រិយវគ្គ ទី ៤។

 ឧទ្ទាននៃសុខិន្ទ្រិយវគ្គនោះគឺ

និយាយអំពីឥន្ទ្រិយសុទ្ធ ១ អំពីសោតាបន្នបុគ្គល ១ អំពីភិក្ខុជាអរហន្ត ១ អំពីសមណ​ព្រាហ្មណ៍ មានពីរលើក អំពីការចែកឥន្ទ្រិយ មាន ៣ លើក អំពីសុខិន្ទ្រិយកើតឡើង ព្រោះអាស្រ័យផស្សៈ ដូចព្រនួតភ្លើង ១ អំពីភិក្ខុបានសម្រេចឈាន ១។

ជរាវគ្គ

[២៨៥] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះដ៏មានព្រះភាគ ​ទ្រង់គង់នៅ​ក្នុង​ប្រាសាទ នៃមិគារមាតា ក្នុងវត្តបុព្វារាម ជិតក្រុងសាវត្ថី។ សម័យនោះឯង ព្រះដ៏មានព្រះភាគ ចេញអំពីទីពួនសម្ងំ (ផលសមាបត្តិ) ក្នុងសាយណ្ហសម័យ ហើយទ្រង់គង់ហាលព្រះបិដ្ឋិ (ខ្នង) ក្នុងទីកំដៅថ្ងៃខាង​ក្រោយ (ប្រាសាទ)។ គ្រានោះឯង ព្រះអានន្ទដ៏មានអាយុ ចូលទៅគាល់ព្រះដ៏​មានព្រះភាគ លុះចូលទៅដល់ ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយច្របាច់ នូវ​ព្រះកាយ នៃព្រះ​ដ៏មានព្រះភាគ ដោយដៃ ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ​ ដូច្នេះថា

[២៨៦] អសា្ចរ្យណាស់ ព្រះអង្គ ចំឡែកណាស់ ព្រះអង្គ បពិត្រព្រះអង្គ​ដ៏ចំរើន  ឥឡូវនេះ ព្រះឆវិវណ្ណ របស់ព្រះអង្គ មិនបរិសុទ្ធផូរផង់ ដូចអំពីមុន​ឡើយ ទាំងព្រះអង្គាវយវៈ ក៏ធូរជ្រាយ មានព្រះចម្មៈជ្រួញជ្រីវ ព្រះកាយក៏ទន់​ទោរ ការប្រែប្រួល នៃឥន្ទ្រិយទាំងឡាយ គឺចក្ខុន្រ្ទិយ សោតិន្រ្ទិយ ឃានិន្រ្ទិយ ជីវិ្ហន្រ្ទិយ កាយិន្ទ្រិយ ក៏ឃើញប្រាកដ។

[២៨៧] អើ អានន្ទ ពាក្យនុ៎ះមែនហើយ ជរាធម៌ រមែងមាននៅត្រង់អវយវៈ ​ដែលកំពុង​ចំរើន ព្យាធិធម៌ មាននៅត្រង់ការដែលមិនមានរោគ មរណធម៌ ក៏​មាន​​​នៅត្រង់ជីវិត។ ឆវិវណ្ណ (របស់តថាគត) មិនបរិសុទ្ធផូរផង់ដូចមុនទេ ទាំង​អង្គាវយវៈ ក៏ថូរជ្រាយ មានស្បែកជ្រួញជ្រីវ កាយក៏ទន់ទោរ ការប្រែប្រួល នៃ​ឥន្ទ្រិយទាំងឡាយ គឺចក្ខុន្រ្ទិយ សោតិន្ទ្រិយ ឃានិន្ទ្រិយ ជីវ្ហិន្ទ្រិយ កាយិន្ទ្រិយ ក៏​ឃើញប្រាកដមែន។ ព្រះដ៏មានព្រះភាគ បានត្រាស់ភាសិតនេះហើយ លុះព្រះ​សុគត ទ្រង់ត្រាស់ភាសិតនេះរួចហើយ ទើបព្រះសាស្តា ត្រាស់គាថានេះ តទៅ​ទៀតដូច្នេះ

[២៨៨] ថ្វឺយសរីរៈនោះ​​​​​​​​​​​​ រមែងមានក្នុងកាលដែលចាស់អាក្រក់ ក្នុងកាលដែលជរា ធ្វើឲ្យមានសម្បុរអាក្រក់ អត្តភាពជាទីត្រេកអរនៃចិត្ត ក៏ត្រូវជរាគ្របសង្កត់ដោយពិត។ ពួកសត្វទាំងអស់ មានមច្ចុប្រព្រឹត្តទៅខាងមុខ ទោះជនឯណា រស់នៅអស់ ១០០ ឆ្នាំក្តី ជននោះ ចៀសវាងនូវមច្ចុតិចតួច ក៏ពុំរួច មច្ចុ តែងញំាញី នូវសត្វទាំងអស់ ឥតសល់ឡើយ។

[២៨៩] សាវត្ថីនិទាន។ គ្រាននោះឯង ឧណ្ណាភព្រាហ្មណ៍ ចូលទៅ​គាល់​ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹងព្រះដ៏​មានព្រះភាគ លុះបញ្ចប់ពាក្យ ដែលគួររីករាយ និងពាក្យដែលគួររឭកហើយ​ ក៏អង្គុយក្នុងទីសមគួរ។ លុះឧណ្ណាភ​ព្រាហ្មណ៍ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា

[២៩០] បពិត្រព្រះគោតមដ៏ចំរើន ឥន្ទ្រិយ ៥យ៉ាងនេះ មានវិស័យផ្សេងៗគ្នា មាន​អារម្មណ៍ផ្សេងៗគ្នា រមែងមិនទទួលនូវអារម្មណ៍ ​និងវិស័យ នៃគ្នានឹងគ្នាឡើយ។ ឥន្ទ្រិយ ៥​ យ៉ាង​ គឺអ្វីខ្លះ។ គឺចក្ខុន្ទ្រិយ ១ សោតិន្ទ្រិយ ១ ឃានិន្ទ្រិយ ១ ជីវិ្ហន្ទ្រិយ ១ កាយិន្ទ្រិយ ១។ បពិត្រ​ព្រះគោតម​ដ៏ចំរើន ចុះអ្វី ជាទីពឹង របស់ឥន្ទ្រិយ ទាំង ៥ យ៉ាងនេះ ដែលមានវិស័យ​ផ្សេងៗគ្នា មានអារម្មណ៍ផ្សេងៗគ្នា មិនទទួលនូវអារម្មណ៍ និងវិស័យ​នៃគ្នានិងគ្នា ចុះសភាវៈ​ដូចម្តេច រមែងទទួលនូវអារម្មណ៍ និងវិស័យនៃឥន្ទ្រិយ​ទាំងនេះ។

[២៩១] ម្នាលព្រាហ្មណ៍ ឥន្ទ្រិយ ៥ យ៉ាងនេះ មានវិស័យផ្សេង ៗគ្នា មានអារម្មណ៍ផ្សេងៗ គ្នា រមែងមិនទទួលនូវអារម្មណ៍ និងវិស័យនៃគ្នានិងគ្នា។ ឥន្ទ្រិយ ៥ យ៉ាង គឺអ្វីខ្លះ។ គឺចក្ខុន្ទ្រិយ ១ សោតិន្ទ្រិយ ១ ឃានិន្ទ្រិយ ១ ជីវិ្ហន្ទ្រិយ ១ កាយិន្ទ្រិយ ១។ ម្នាលព្រាហ្មណ៍ កាលបើឥន្ទ្រិយ ទាំង ៥ យ៉ាងនេះ មានវិស័យផ្សេងៗ គ្នា មានអារម្មណ៍ផ្សេងៗគ្នា មិនទទួលនូវអារម្មណ៍ និងវិស័យ​នៃ​​គ្នានិងគ្នាហើយ មានតែចិត្តជាទីពឹង ទាំងចិត្ត ក៏រមែងទទួលនូវអារម្មណ៍ និង​វិស័យ នៃឥន្ទ្រិយ​ទាំងនោះ។

[២៩២] បពិត្រព្រះគោតមដ៏ចំរើន ចុះអ្វីជាទីពឹងរបស់ចិត្ត។ ម្នាលព្រាហ្មណ៍ សតិ ជាទីពឹង​របស់ចិត្ត​។

[២៩៣] បពិត្រព្រះគោតមដ៏ចំរើន ចុះអ្វីជាទីពឹងរបស់សតិ។ ម្នាលព្រាហ្មណ៍ វិមុត្តិ ជា​ទីពឹង​របស់សតិ។

[២៩៤] បពិត្រព្រះគោតមដ៏ចំរើន ចុះអ្វីជាទីពឹងរបស់វិមុត្តិ។ ម្នាល​ព្រាហ្មណ៍ និព្វានជា​ទីពឹង​របស់វិមុត្តិ។ បពិត្រព្រះគោតមដ៏ចំរើន ចុះអ្វីជា​ទី​ពឹង របស់ព្រះនិព្វាន។ ម្នាលព្រាហ្មណ៍ អ្នកកន្លងហួសប្រស្នាហើយ អ្នកមិនអាច​កាន់យក នូវទីបំផុតនៃប្រស្នាបានឡើយ។ ម្នាលព្រាហ្មណ៍ ព្រោះថា​ មគ្គព្រហ្មចរិយធម៌ ឈមទៅកាន់និព្វាន មាននិព្វានប្រព្រឹត្តទៅខាងមុខ មាននិព្វាន​ជាទីបំផុត។

[២៩៥] គ្រានោះឯង ឧណ្ណាភព្រាហ្មណ៍ ក៏ត្រេកអរ អនុមោទនា នូវ​ភាសិត​នៃព្រះដ៏មាន​ព្រះភាគ រួចក្រោកចាកអាសនៈ ថ្វាយបង្គំលាព្រះដ៏មានព្រះភាគ ​ធ្វើប្រទក្សិណ ហើយដើរ​ចេញទៅ។

[២៩៦] គ្រានោះ ​កាលឧណ្ណាភព្រាហ្មណ៍ ចៀសចេញទៅ មិនយូរ​ប៉ុន្មាន ព្រះដ៏មាន​ព្រះភាគ ក៏ត្រាស់នឹងពួកភិក្ខុថា

[២៩៧] ម្នាលភិក្ខុទាំងឡាយ ផ្ទះកំពូល ឬសាលា ដែលមានកំពូល មានបង្អួចក្នុង​ទិសខាងជើង ឬទិសខាងកើត កាលបើព្រះអាទិត្យរះឡើង រស្មីចូលទៅតាម​បង្អួចហើយ ស្ថិត​នៅក្នុងទីណា មានឧបមាយ៉ាងណា។ បពិត្រ​ព្រះអង្គដ៏ចំរើន រស្មីស្ថិតនៅត្រង់ជញ្ជាំង​ទិសខាង​លិច។ ម្នាលភិក្ខុទាំងឡាយ ឯឧណ្ណាភព្រាហ្មណ៍ មានសទ្ធា​ខ្ជាប់ខ្ជួន ជាឫសស្ថិតនៅមាំមួន ចំពោះតថាគត ទោះសមណៈក្តី ព្រាហ្មណ៍ក្តី ទេវតាក្តី មារក្តី ព្រហ្មក្តី នរណាមួយ ក្នុងលោកក្តី មិនងាយបំបែរ ឲ្យងាកចេញបានឡើយ ក៏យ៉ាងនោះដែរ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសម័យនេះ បើឧណ្ណាភព្រាហ្មណ៍ ធ្វើមរណកាល ឧណ្ណាភព្រាហ្មណ៍ ​ដែលប្រកបដោយ​សញ្ញោជន​ឯណាហើយ គប្បីមកកាន់លោកនេះម្តងទៀត​ សញ្ញោជននោះ មិនមានទេ។

[២៩៨] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះដ៏មានព្រះភាគ​ ទ្រង់​គង់នៅក្នុង​ព្រៃអញ្ជ័ន ជាទីឲ្យអភ័យដល់ម្រឹគ ទៀបនគរសាកេត។ ក្នុងទីនោះ​ឯង ព្រះដ៏មាន​ព្រះភាគ ត្រាស់សួរពួកភិក្ខុថា ម្នាលភិក្ខុទាំងឡាយ ឥន្ទ្រិយ ៥ ឯណា ឥន្ទ្រិយ ៥ នោះ គឺពលៈ ៥ ពលៈ ៥ ឯណា ពលៈ ៥ នោះ គឺឥន្ទ្រិយ ៥ ព្រោះអាស្រ័យបរិយាយឯណា បរិយាយនោះ មានដែរឬ។ ពួកភិក្ខុក្រាបបង្គំ​ទូលថា បពិត្រព្រះអង្គដ៏ចំរើន ធម៌ទាំងឡាយ របស់យើងខ្ញុំ​ព្រះ​អង្គ មានព្រះដ៏មានព្រះភាគ ជាឫសគល់ មានព្រះដ៏មានព្រះភាគ ជាអ្នកណែនាំ មានព្រះដ៏មាន​ព្រះភាគ ជាទីពឹង បពិត្រព្រះអង្គដ៏ចំរើន យើងខ្ញុំព្រះអង្គ ​សូម​អារាធនា សូមព្រះដ៏មានព្រះភាគ បំភ្លឺសេចក្តី នៃភាសិតនុ៎ះឲ្យទាន បើពួកភិក្ខុ​ បានស្តាប់​ព្រះវាចា របស់ព្រះដ៏មានព្រះភាគហើយ នឹងចងចាំបាន។ បេ។

[២៩៩] ម្នាលភិក្ខុទាំងឡាយ ឥន្ទ្រិយ ៥ ឯណា ឥន្ទ្រិយ ៥ នោះ ក៏គឺពលៈ ៥ ពលៈ ៥ ឯណា ពលៈ ៥ នោះ ក៏គឺឥន្ទ្រិយ ៥ ព្រោះអាស្រ័យនូវបរិយាយ​ឯណា បរិយាយនោះ មានដែរ។ ម្នាលភិក្ខុទាំងឡាយ ចុះឥន្ទ្រិយ ៥ ឯណា ឥន្ទ្រិយ ៥ នោះ ក៏គឺពលៈ ៥ ពលៈ ៥ ឯណា ពលៈ  នោះ ក៏គឺឥន្ទ្រិយ ៥ ព្រោះអាស្រ័យនូវបរិយាយឯណា បរិយាយនោះ តើដូចម្តេច។

[៣០០] ម្នាលភិក្ខុទាំងឡាយ សទ្ធិន្ទ្រិយឯណា សទ្ធិន្ទ្រិយនោះ ក៏គឺ​សទ្ធា​ពលៈ សទ្ធាពលៈឯណា សទ្ធាពលៈនោះ ក៏គឺសទ្ធិន្ទ្រិយ វិរិយិន្ទ្រិយឯណា វិរិយិន្ទ្រិយនោះ ក៏គឺវិរិយពលៈ វិរិយពលៈឯណា វិរិយពលៈនោះ ក៏គឺវិរិយិន្ទ្រិយ​ សតិន្ទ្រិយឯណា សតិន្ទ្រិយនោះ ក៏គឺសតិពលៈ សតិពលៈឯណា សតិពលៈ​នោះ ក៏គឺសតិន្ទ្រិយ សមាធិន្ទ្រិយឯណា សមាធិន្ទ្រិយនោះ ក៏​គឺសមាធិពលៈ សមាធិពលៈឯណា សមាធិពលៈនោះ ក៏គឺសមាធិន្ទ្រិយ បញ្ញិន្ទ្រិយឯណា បញ្ញិន្ទ្រិយនោះ ក៏គឺបញ្ញាពលៈ បញ្ញាពលៈឯណា បញ្ញាពលៈនោះ ក៏គឺ​បញ្ញិន្ទ្រិយ​។

[៣០១] ម្នាលភិក្ខុទាំងឡាយ ដូចទន្លេហូរទៅទិសខាងកើត ទេរទៅទិស​ខាងកើត ឈមទៅទិសខាងកើត កោះក៏មាននៅត្រង់កណ្តាល នៃទន្លេនោះ។ ម្នាលភិក្ខុទាំងឡាយ ហេតុដែលដល់ នូវការរាប់ថា ទន្លេនោះមានខ្សែទឹកតែមួយ ព្រោះអាស្រ័យនូវបរិយាយឯណា បរិយាយនោះ រមែងមាន។ ម្នាលភិក្ខុទាំង​ឡាយ មួយវិញទៀត ហេតុដែលដល់នូវការរាប់ថា ទន្លេនោះ មានខ្សែទឹកពីរ ព្រោះអាស្រ័យនូវបរិយាយឯណា បរិយាយនោះ ក៏មានដែរ។

[៣០២] ម្នាលភិក្ខុទាំងឡាយ ចុះហេតុដែលដល់នូវការរាប់ថា ទន្លេនោះ​ មានខ្សែ​ទឹកតែមួយ ព្រោះអាស្រ័យ នូវបរិយាយឯណា បរិយាយនោះ តើដូច​ម្តេច។ ម្នាលភិក្ខុទាំងឡាយ ទឹកឯណា មាននៅចុង នៃទិសខាងកើត នៃកោះ​នោះ និងទឹកឯណា មាននៅ​ចុង នៃទិសខាងលិច នៃកោះនោះ។ ម្នាលភិក្ខុទាំងឡាយ ទឹកនោះៗ ដល់នូវការ​រាប់ថា ទន្លេនោះ មានខ្សែទឹកតែមួយ ព្រោះអាស្រ័យ នូវបរិយាយឯណា នេះឯងជាបរិយាយ។

[៣០៣] ម្នាលភិក្ខុទាំងឡាយ ចុះហេតុដែលដល់នូវការរាប់ថា ទន្លេនោះ ​មានខែ្សទឹកពីរ ព្រោះអាស្រ័យ នូវបរិយាយឯណា បរិយាយនោះ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ទឹកឯណា មាននៅចុង នៃទិសខាងជើង នៃកោះនោះ និង​ទឹកឯណា មាននៅចុង នៃទិសខាងត្បូង នៃកោះនោះ។ ម្នាលភិក្ខុទាំងឡាយ ទឹក​នោះៗ ដល់នូវការរាប់ថា ទន្លេនោះ មានខ្សែទឹកពីរ ព្រោះអាស្រ័យ នូវបរិយាយ​ឯណា នេះឯងជាបរិយាយ យ៉ាងណាមិញ។

[៣០៤] ម្នាលភិក្ខុទាំងឡាយ សទ្ធិន្ទ្រិយឯណា សទ្ធិន្ទ្រិយនោះ ក៏គឺសទ្ធា​ពលៈ សទ្ធាពលៈ​ឯណា សទ្ធាពលៈនោះ ក៏គឺសទ្ធិន្ទ្រិយ វិរិយិន្ទ្រិយឯណា វិរិយិន្ទ្រិយនោះ ក៏គឺវិរិយពលៈ វិរិយពលៈ​ឯណា វិរិយពលៈនោះ ក៏គឺវិរិយិន្ទ្រយ សតិន្ទ្រិយឯណា សតិន្ទ្រិយនោះ ក៏គឺសតិពលៈ​ សតិពលៈ​ឯណា សតិពលៈ​នោះ ​​ក៏គឺសតិន្ទ្រិយ សមាធិន្ទ្រិយឯណា សមាធិន្ទ្រិយនោះ ក៏គឺសមាធិពលៈ សមាធិពលៈ​ឯណា សមាធិពលៈនោះ ក៏គឺសមាធិន្ទ្រិយ បញ្ញិន្ទ្រិយឯណា បញ្ញិន្ទ្រិយនោះ ក៏គឺបញ្ញាពលៈ បញ្ញាពលៈឯណា បញ្ញាពលៈនោះ ក៏គឺបញ្ញិន្ទ្រិយ ក៏​យ៉ាងនោះដែរ។

[៣០៥] ម្នាលភិក្ខុទាំងឡាយ ភិក្ខុរមែងធ្វើឲ្យជាក់ច្បាស់ សម្រេចនូវ​ចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់អាសវៈទាំងឡាយ ដោយបញ្ញា ដ៏ឧត្តម ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន ព្រោះបានចំរើន បានធ្វើឲ្យ​ក្រាស់ក្រែល នូវឥន្ទ្រិយ ទាំង ៥ ហើយសម្រាន្តនៅ។

[៣០៦] ខ្ញុំបានស្តាប់មកយ៉ាងនេះ។​ សម័យមួយ ព្រះដ៏មានព្រះភាគ​ ទ្រង់​គង់នៅក្នុង​បុព្វកោដ្ឋកនិគម ជិតក្រុងសាវត្ថី។ ក្នុងទីនោះឯង ព្រះដ៏មានព្រះ​ភាគ ទ្រង់សួរបញ្ជាក់​ព្រះសារីបុត្ត​ដ៏​មាន​អាយុថា

[៣០៧] ម្នាលសារីបុត្ត អ្នកជឿដែរឬ ថាសទ្ធិន្ទ្រិយ ដែលបុគ្គលចំរើន​ហើយ ធ្វើឲ្យក្រាស់​ក្រែលហើយ ជាធម្មជាត ឈមទៅកាន់អមតៈ មានអមតៈ​ប្រព្រឹត្តទៅខាងមុខ មានអមតៈ ជាទីបំផុត។បេ។ ថាបញ្ញិន្ទ្រិយ ដែលបុគ្គល​ចំរើនហើយ ធ្វើឲ្យក្រាស់ក្រែលហើយ ជាធម្មជាត ឈមទៅកាន់អមតៈ មាន​អមតៈប្រព្រឹត្តទៅខាងមុខ មានអមតៈជាទីបំផុត។

[៣០៨] បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ មិនលុះដោយការជឿព្រះ​ដ៏​មានព្រះភាគ ក្នុងដំណើរនុ៎ះទេ ថាសទ្ធិន្ទ្រិយ។ បេ។ បញ្ញិន្ទ្រិយ ដែលបុគ្គល​ចំរើនហើយ ធ្វើឲ្យក្រាស់​ក្រែល​ហើយ ជាធម្មជាតឈមទៅកាន់​អមតៈ មាន​អមតៈប្រព្រឹត្តទៅខាងមុខ មានអមតៈជាទីបំផុត។ បពិត្រ​ព្រះអង្គដ៏ចំរើន ពាក្យនោះ លុះតែពួកជន ដែលមិនធ្លាប់ដឹង មិនធ្លាប់ឃើញ មិនធ្លាប់យល់ មិន​ធ្លាប់ធ្វើឲ្យជាក់ច្បាស់ មិនធ្លាប់ប្រទះដោយប្រាជ្ញា ទើបលុះដោយការជឿជន​ដទៃ ក្នុង​ដំណើរនុ៎ះ ថាសទ្ធិន្ទ្រិយ។បេ។ ថាបញ្ញិន្ទ្រិយ ដែលបុគ្គលចំរើនហើយ ធ្វើឲ្យក្រាស់​ក្រែលហើយ ជាធម្មជាតឈមទៅកាន់អមតៈ មានអមតៈប្រព្រឹត្ត​ទៅខាងមុខ មានអមតៈជាទីបំផុត។ បពិត្រ​ព្រះអង្គដ៏ចំរើន ដំណើរនុ៎ះ បើ​ពួក​ជនឯណា ធ្លាប់ដឹង ធ្លាប់ឃើញ ធ្លាប់យល់ ធ្វើឲ្យជាក់ច្បាស់ ប្រទះ​ដោយប្រាជ្ញា​ហើយ ពួកជននោះ ឥតមានសង្ស័យ ឥតមានងឿងឆ្ងល់ ក្នុងដំណើរនុ៎ះឡើយ ថាសទ្ធិន្ទ្រិយ។បេ។ ថាបញ្ញិន្ទ្រិយ ដែលបុគ្គលចំរើនហើយ ធ្វើឲ្យក្រាស់ក្រែល​ហើយ ជាធម្មជាត ឈមទៅកាន់អមតៈ មានអមតៈប្រព្រឹត្តទៅខាងមុខ មានអមតៈជាទីបំផុត។ បពិត្រព្រះអង្គ​ដ៏ចំរើន ដំណើរនុ៎ះ ឯខ្ញុំព្រះអង្គ ធ្លាប់​ដឹង​ ឃើញ យល់ ធ្វើឲ្យជាក់ច្បាស់ ប្រទះដោយ​ប្រាជ្ញា​ហើយ ខ្ញុំព្រះអង្គ ឥតមាន​សង្ស័យ ឥតមានងឿងឆ្ងល់ ក្នុងដំណើរនុ៎ះទេ ​ថាសទ្ធិន្ទ្រិយ។បេ។ បញ្ញិន្ទ្រិយ ​ដែលបុគ្គលចំរើន ធ្វើឲ្យក្រាស់ក្រែលហើយ ជាធម្មជាតឈមទៅកាន់អមតៈ មានអមតៈប្រព្រឹត្តទៅខាងមុខ មានអមតៈជាទីបំផុត។

[៣០៩] ម្នាលសារីបុត្ត ប្រពៃហើយ ៗ ម្នាលសារីបុត្ត ព្រោះថា ដំណើរ​នោះ ពួកជនដែល​មិនធ្លាប់ដឹង មិនឃើញ មិនយល់ មិនទាន់ធ្វើឲ្យជាក់ច្បាស់​ មិនទាន់ប្រទះដោយប្រាជ្ញា ទើបលុះ​ដោយការជឿជនដទៃ ក្នុងដំណើរនោះថា សទ្ធិន្ទ្រិយ ដែលបុគ្គលចំរើន ធ្វើឲ្យក្រាស់ក្រែលហើយ ជាធម្មជាត ឈមទៅ​កាន់អមតៈ មានអមតៈប្រព្រឹត្តទៅខាងមុខ មានអមតៈជាទីបំផុត។បេ។ ថា បញ្ញិន្ទ្រិយ ដែលបុគ្គលចំរើន ធ្វើឲ្យក្រាស់ក្រែលហើយ ជាធម្មជាតឈមទៅ​កាន់អមតៈ មានអមតៈ ប្រព្រឹត្តទៅខាងមុខ មានអមតៈជាទីបំផុត។ ម្នាល​សារីបុត្រ ដំណើរនុ៎ះ បើពួកជន​ឯណា ធ្លាប់ដឹង ឃើញ យល់ ធ្វើឲ្យជាក់ច្បាស់​ ប្រទះដោយប្រាជ្ញា ពួកជននោះ មិនមានសង្ស័យ មិនមានងឿងឆ្ងល់ ក្នុងដំណើរនោះ​​ឡើយ ថាសទ្ធិន្ទ្រិយ ដែលបុគ្គលចំរើន ធ្វើឲ្យក្រាស់ក្រែល​ហើយ ជាធម្មជាត​ឈមទៅកាន់អមតៈ មានអមតៈប្រព្រឹត្តទៅខាងមុខ មានអមតៈ ជាទី​បំផុត។បេ។ ថាបញ្ញិន្ទ្រិយ ដែលបុគ្គលចំរើន ធ្វើឲ្យក្រាស់ក្រែលហើយ ជាធម្មជាត​ឈមទៅ​កាន់អមតៈ មានអមតៈប្រព្រឹត្តទៅខាងមុខ មានអមតៈជាទីបំផុត។

[៣១០] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់ក្នុង​ប្រាសាទ របស់មិគារមាតា ក្នុងវត្តបុព្វារាម ជិតក្រុងសា​វត្ថី ។ ក្នុង​ទីនោះឯង ព្រះដ៏មានព្រះភាគ ត្រាស់សួរពួកភិក្ខុថា ម្នាលភិក្ខុទាំងឡាយ ព្រោះ​ហេតុតែខ្លួនបានចំរើន ធ្វើឲ្យក្រាស់ក្រែល នូវឥន្ទ្រិយប៉ុន្មានយ៉ាង ទើបភិក្ខុជា​ខីណាស្រព ប្រកាសនូវអរហត្តផលថា អាត្មាអញ ដឹងច្បាស់ថា ជាតិអស់ហើយ ព្រហ្មចរិយធម៌ អាត្មាអញ បានប្រពឹ្រត្តរួចហើយ សោឡសកិច្ច អាត្មាអញ បាន​ធ្វើ​ស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិន​មានឡើយ។ បពិត្រព្រះអង្គដ៏ចំរើន ធម៌ទាំងឡាយ នៃយើងខ្ញុំព្រះអង្គ មានព្រះដ៏មានព្រះភាគ ជាឫសគល់។បេ។

[៣១១] ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុតែខ្លួនបានចំរើន ធ្វើឲ្យក្រាស់​ក្រែលនូវ​ឥន្ទ្រិយមួយ ទើបភិក្ខុជាខីណាស្រព ប្រកាសនូវអរហត្តផលថា អាត្មា​អញ ដឹងច្បាស់ថា  ជាតិអស់​ហើយ ព្រហ្មចរិយធម៌ អាត្មាអញ ប្រព្រឹត្តរួចហើយ សោឡសកិច្ច អាត្មាអញ បានធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ​ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។ ឥន្ទ្រិយតែមួយ គឺអ្វី។ គឺបញ្ញិន្ទ្រិយ។

[៣១២] ម្នាលភិក្ខុទាំងឡាយ សទ្ធាដែលសម្រេចទៅតាមបញ្ញិន្ទ្រិយនោះ​ ក៏តាំងនៅស៊ប់ វីរិយៈ ដែលសម្រេចទៅតាមបញ្ញិន្ទ្រិយនោះ ក៏តាំងនៅស៊ប់ សតិ ដែលសម្រេច​ទៅតាមបញ្ញិន្ទ្រិយ នោះ ក៏តាំងនៅស៊ប់ សមាធិ ដែលសម្រេចទៅតាមបញ្ញិន្ទ្រិយ​នោះ ក៏តាំងនៅស៊ប់ ចំពោះ អរិយសាវក ដែលមានបញ្ញា។

[៣១៣] ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុតែបានចំរើន បានធ្វើឲ្យក្រាស់​ក្រែល នូវ​ឥន្ទ្រិយមួយនេះឯង ទើបភិក្ខុជាខីណាស្រព ប្រកាសនូវអរហត្តផលថា អាត្មាអញ ដឹងច្បាស់ថា ជាតិអស់ហើយ ព្រហ្មចរិយធម៌ អាត្មាអញ បានប្រព្រឹត្ត​រួចហើយ សោឡសកិច្ច អាត្មាអញ បាន ធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្ត​ទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។

[៣១៤] និទានដដែលនោះឯង។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុតែ​បាន​ចំរើន បានធ្វើឲ្យក្រាស់ក្រែល នូវឥន្ទ្រិយប៉ុន្មានយ៉ាង ទើបភិក្ខុជាខីណា​ស្រព ប្រកាសនូវអរហត្តផលថា អាត្មាអញ ដឹងច្បាស់ថា ជាតិអស់ហើយ ព្រហ្មចរិយធម៌ អាត្មាអញ បានប្រព្រឹត្តរួចហើយ សោឡសកិច្ច អាត្មាអញ បានធ្វើ​ស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ច​នេះ​ទៀត មិន​មានឡើយ។ បពិត្រព្រះអង្គដ៏ចំរើន ធម៌ទាំងឡាយ នៃយើងខ្ញុំព្រះអង្គ មាន​ព្រះដ៏មានព្រះភាគ ជាឫសគល់។បេ។

[៣១៥] ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុតែបានចំរើន បានធ្វើឲ្យក្រាស់​ក្រែល នូវឥន្ទ្រិយ​ពីរ ទើបភិក្ខុជាខីណាស្រព ប្រកាសនូវអរហត្តផលថា អាត្មា​អញ ដឹងច្បាស់ថា ជាតិអស់ហើយ ព្រហ្មចរិយធម៌ អាត្មាអញ បានប្រព្រឹត្តរួច​ហើយ សោឡសកិច្ច អាត្មាអញ បានធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្ត​ទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។

[៣១៦] ឥន្ទ្រិយពីរយ៉ាង តើអ្វីខ្លះ។ គឺបញ្ញាដ៏ប្រសើរ ១ វិមុត្តិដ៏ប្រសើរ ១។ ម្នាលភិក្ខុ​ទាំងឡាយ ព្រោះថា បញ្ញាដ៏ប្រសើរឯណា របស់ភិក្ខុនោះ បញ្ញានោះ​ ឈ្មោះថា បញ្ញិន្ទ្រិយរបស់ ភិក្ខុនោះ។ ម្នាលភិក្ខុទាំងឡាយ ព្រោះថា វិមុត្តិដ៏​ប្រសើរឯណា របស់ភិក្ខុនោះ វិមុត្តិនោះ ឈ្មោះថា សមាធិន្ទ្រិយ របស់ភិក្ខុនោះ។

[៣១៧] ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុតែបានចំរើន បានធ្វើឲ្យក្រាស់​ក្រែល នូវឥន្ទ្រិយ​ពីរយ៉ាងនេះឯង ទើបភិក្ខុជាខីណាស្រព ប្រកាសនូវអរហត្ត​ផលថា អាត្មាអញ ដឹងច្បាស់ថា ជាតិអស់ហើយ ព្រហ្មចរិយធម៌ អាត្មាអញ បាន​ប្រព្រឹត្តរួចហើយ សោឡសកិច្ច អាត្មាអញ បានធ្វើស្រេចហើយ មគ្គភាវនាកិច្ច​ដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។

[៣១៨] និទានដដែលនោះឯង។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុតែបាន​ចំរើន បានធ្វើ​ឲ្យក្រាស់ក្រែល នូវឥន្ទ្រិយប៉ុន្មានយ៉ាង ទើបភិក្ខុជាខីណាស្រព ប្រកាសនូវអរហត្តផលថា អាត្មាអញ ដឹងច្បាស់ថា ជាតិអស់ហើយ ព្រហ្មចរិយ​ធម៌ អាត្មាអញ បានប្រព្រឹត្តរួចហើយ សោឡសកិច្ច អាត្មាអញ បានធ្វើស្រេច​ហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ច នេះទៀត មិនមាន​ឡើយ។ បពិត្រព្រះអង្គដ៏ចំរើន ធម៌ទាំងឡាយ នៃយើងខ្ញុំព្រះអង្គ មានព្រះដ៏​មានព្រះភាគ ជាឫសគល់។បេ។

[៣១៩] ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុតែបានចំរើន បានធ្វើឲ្យក្រាស់​ក្រែល នូវឥន្ទ្រិយ ៤ យ៉ាង ទើបភិក្ខុជាខីណាស្រព ប្រកាសនូវអរហត្ត​ផលថា អាត្មាអញ ដឹងច្បាស់ថា ជាតិអស់ហើយ ព្រហ្មចរិយធម៌ អាត្មាអញ បាន​ប្រព្រឹត្តរួចហើយ សោឡសកិច្ច អាត្មាអញ បានធ្វើ​ស្រេចហើយ មគ្គភាវនាកិច្ច​ដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។

[៣២០] ឥន្ទ្រិយ ៤ យ៉ាង តើអ្វីខ្លះ។ គឺវីរិយិន្ទ្រិយ ១ សតិន្ទ្រិយ ១ សមាធិន្ទ្រិយ ១ បញ្ញិន្ទ្រិយ ១។

[៣២១] ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុតែបានចំរើន បានធ្វើឲ្យក្រាស់​ក្រែល នូវ​ឥន្ទ្រិយ ៤ យ៉ាងនេះឯង ទើបភិក្ខុជាខីណាស្រព ប្រកាសនូវ​អរហត្តផលថា អាត្មាអញ ដឹងច្បាស់ថា ជាតិអស់ហើយ ព្រហ្មចរិយធម៌ អាត្មា​អញ បានប្រព្រឹត្តរួចហើយ សោឡសកិច្ច អាត្មាអញ បានធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។

[៣២២] និទានដដែលនោះឯង។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុតែ​បានចំរើន បានធ្វើឲ្យ​ក្រាស់ក្រែល នូវឥន្ទ្រិយប៉ុន្មានយ៉ាង ទើបភិក្ខុជាខីណា​ស្រព ប្រកាសនូវអរហត្តផលថា អាត្មាអញ ដឹងច្បាស់ថា ជាតិអស់ហើយ ព្រហ្មចរិយធម៌ អាត្មាអញ បានប្រព្រឹត្តរួចហើយ សោឡសកិច្ច អាត្មាអញ បានធ្វើ​ស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត ​មិន​មាន​ឡើយ។ បពិត្រព្រះអង្គដ៏ចំរើន ធម៌ទាំងឡាយនៃយើងខ្ញុំព្រះអង្គ មាន​ព្រះដ៏មាន​ព្រះភាគ  ជាឫសគល់។បេ។

[៣២៣] ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុតែបានចំរើន បានធ្វើឲ្យក្រាស់​ក្រែល នូវឥន្ទ្រិយ ៥ យ៉ាង ទើបភិក្ខុជាខីណាស្រព ប្រកាសនូវអរហត្តផលថា អាត្មាអញ ដឹងច្បាសថា ជាតិអស់​ហើយ ព្រហ្មចរិយធម៌ អាត្មាអញ បានប្រព្រឹត្ត​រួចហើយ សោឡសកិច្ច អាត្មាអញ បានធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ​ប្រព្រឹត្ត​ទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។

[៣២៤] ឥន្ទ្រិយ ៥ យ៉ាង តើអ្វីខ្លះ។ គឺសទ្ធិន្ទ្រិយ ១ វីរិយិន្ទ្រិយ ១ សតិន្ទ្រិយ ១ សមាធិន្ទ្រិយ ១ បញ្ញិន្ទ្រិយ ១។

[៣២៥] ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុតែបានចំរើន បានធ្វើឲ្យក្រាស់​ក្រែល នូវឥន្ទ្រិយ ៥ យ៉ាងនេះឯង ទើបភិក្ខុជាខីណាស្រព ប្រកាសនូវអរហត្ត​ផលថា អាត្មាអញ ដឹងច្បាស់ថា ជាតិអស់ហើយ ព្រហ្មចរិយធម៌ អាត្មាអញ បាន​ប្រព្រឹត្តរួចហើយ សោឡសកិច្ច អាត្មាអញ បានធ្វើស្រេចហើយ មគ្គភាវនាកិច្ច​ដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។

[៣២៦] ខ្ញុំបានស្តា​ប់មកយ៉ាងនេះ។ សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់​គង់នៅក្នុង​ឃោសិតារាម ទៀបក្រុងកោសម្ពី។ សម័យនោះឯង ព្រះបិណ្ឌោលភារទ្វាជៈដ៏មានអាយុ ប្រកាសនូវអរហត្តផលថា អាត្មាអញ ដឹង​ច្បាស់ថា ជាតិអស់ហើយ ព្រហ្មចរិយធម៌ អាត្មាអញ បានប្រព្រឹត្តរួចហើយ សោឡសកិច្ច អាត្មាអញ បានធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ​ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។

[៣២៧] គ្រានោះ ពួកភិក្ខុច្រើនរូប ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះ​ចូលទៅដល់ ក្រាបថ្វាយ​បង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះភិក្ខុទាំងនោះ អង្គុយក្នុង​ទីសមគួរហើយ ទើបក្រាបបង្គំទូលព្រះដ៏មានព្រះ​ភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ព្រះបិណ្ឌោល​ភារទ្វាជៈដ៏មានអាយុ ប្រកាសនូវអរហត្តផលថា អាត្មាអញ ដឹងច្បាស់ថា ជាតិអស់​ហើយ ព្រហ្មចរិយ​ធម៌ អាត្មាអញ បានប្រព្រឹត្តរួចហើយ សោឡសកិច្ច អាត្មាអញ បានធ្វើស្រេច​ហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមាន​ឡើយ។

[៣២៨] បពិត្រព្រះអង្គដ៏ចំរើន ព្រះបិណ្ឌោលភារទ្វាជៈដ៏មានអាយុ ឃើញអំណាច​ប្រយោជន៍ដូចម្តេច  ទើបប្រកាសនូវអរហត្តផលថា អាត្មាអញ​ ដឹងច្បាស់ថា ជាតិអស់ហើយ ព្រហ្មចរិយធម៌ អាត្មាអញ បានប្រព្រឹត្តរួចហើយ សោឡសកិច្ច អាត្មាអញ បានធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ​ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។

[៣២៩] ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុតែបានចំរើន បានធ្វើឲ្យ​ក្រាស់​ក្រែល នូវឥន្ទ្រិយ ៣ យ៉ាង ទើបបិណ្ឌោលភារទ្វាជភិក្ខុ ប្រកាសនូវអរហត្តផល​ថា អាត្មាអញ ដឹងច្បាស់ថា ជាតិអស់ហើយ ព្រហ្មចរិយធម៌ អាត្មាអញ បាន​ប្រព្រឹត្តរួចហើយ សោឡសកិច្ច អាត្មាអញ បានធ្វើស្រេចហើយ មគ្គភាវនាកិច្ច​ដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។

[៣៣០] ឥន្ទ្រិយ ៣ យ៉ាង តើអ្វីខ្លះ។ គឺសតិន្ទ្រិយ ១ សមាធិន្ទ្រិយ ១ បញ្ញិន្ទ្រិយ​ ១។

[៣៣១] ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុតែបានចំរើន បានធ្វើឲ្យក្រាស់​ក្រែល នូវឥន្ទ្រិយ ៣ យ៉ាងនេះឯង ទើបបិណ្ឌោលភារទ្វាជភិក្ខុ ប្រកាសនូវ​អរហត្តផលថា អាត្មាអញ ដឹងច្បាស់ថា ជាតិអស់ហើយ ព្រហ្មចរិយធម៌ អាត្មា​អញ បានប្រព្រឹត្តរួចហើយ សោឡសកិច្ច អាត្មាអញ បានធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។

[៣៣២] ម្នាលភិក្ខុទាំងឡាយ ចុះឥន្ទ្រិយទាំង ៣ យ៉ាងនេះ មានអ្វីជាទីបំផុត។ មានការ​អស់ទៅជាទីបំផុត។ មានការអស់ទៅជាទីបំផុតនៃអ្វី។ នៃជាតិ ជរា មរណៈ។ ម្នាលភិក្ខុទាំងឡាយ បិណ្ឌោលភារទ្វាជភិក្ខុ ឃើញច្បាស់ថា ការអស់​ទៅនៃជាតិ ជរា មរណៈ ដូច្នេះឯង ទើបប្រកាស នូវអរហត្តផលថា អាត្មាអញ​ ដឹងច្បាស់ថា ជាតិអស់ហើយ ព្រហ្មចរិយធម៌ អាត្មាអញ បានប្រព្រឹត្ត​រួចហើយ សោឡសកិច្ច អាត្មាអញ បានធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ​ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។

[៣៣៣] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះដ៏មានព្រះភាគ​ ទ្រង់គង់នៅក្នុង​និគមឈ្មោះ អាបណៈ​ របស់ពួកអ្នកស្រុកអង្គៈ ក្នុងដែនអង្គៈ។ ក្នុងទីនោះឯង ព្រះដ៏មានព្រះភាគ បានត្រាស់នឹងព្រះសារីបុត្តដ៏មានអាយុថា ម្នាលសារីបុត្ត អរិយសាវកឯណា ជ្រះថ្លា តាំងនៅ មាំមួន ចំពោះ​ព្រះតថាគត អរិយសាវកនោះ មិនគប្បីងឿងឆ្ងល់ ឬសង្ស័យ ចំពោះព្រះតថាគត និងចំពោះ​សាសនា នៃព្រះតថាគតទេឬ។

[៣៣៤]​ បពិត្រព្រះអង្គដ៏ចំរើន អរិយសាវកឯណា ជ្រះថ្លា តាំងនៅមាំ​មួន ចំពោះ​ព្រះតថាគតហើយ អរិយសាវកនោះ មិនគប្បីងឿងឆ្ងល់ ឬសង្ស័យ ​ចំពោះព្រះតថាគត និងចំពោះសាសនា នៃព្រះតថាគតឡើយ។ បពិត្រព្រះ​អង្គ​ដ៏ចំរើន ព្រោះថា អរិយសាវក អ្នកមានសទ្ធា គប្បីនឹកសង្ឃឹម នូវហេតុនុ៎ះ ជាប្រាកដ គឺអរិយសាវកនោះ នឹងប្រារព្ធនូវសេចក្តី​ព្យាយាម ដើម្បីលះបង់ នូវ​អកុសលធម៌ទាំងឡាយ ដើម្បីបំពេញ នូវកុសលធម៌ទាំងឡាយ ជាអ្នកមាន​កម្លាំងចិត្ត មានសេចក្តីប្រឹងប្រែងមាំមួន មិនដាក់ធុរៈ ក្នុងកុសលធម៌ទាំងឡាយ។

[៣៣៥] បពិត្រព្រះអង្គដ៏ចំរើន ព្រោះថាវីរិយៈឯណា របស់អរិយសាវក​នោះ វីរិយៈនោះ ឈ្មោះថា វីរិយិន្ទ្រិយរបស់លោក។ បពិត្រព្រះអង្គដ៏ចំរើន ដ្បិតអរិយសាវក អ្នកមានសទ្ធា ប្រារព្ធ​សេចក្តីព្យាយាម នឹងនឹកសង្ឃឹម នូវហេតុនុ៎ះ​ជាប្រាកដ គឺជាអ្នកមានស្មារតី ប្រកបដោយ​ប្រាជ្ញា​ចាស់ក្លា ដ៏ប្រសើរ តែងនឹក​បាន ចាំបាន នូវអំពើ ដែលធ្លាប់ធ្វើ​មកជាយូរហើយ​ផង នូវពាក្យ​សំដីដែលធ្លាប់​និយាយមកជាយូរហើយផង។

[៣៣៦] បពិត្រព្រះអង្គដ៏ចំរើន ព្រោះថា សតិឯណា របស់អរិយសាវក​នោះ សតិនោះ ឈ្មោះថា សតិន្ទ្រិយរបស់លោក។ បពិត្រព្រះអង្គដ៏ចំរើន ដ្បិត​អរិយសាវក អ្នកមានសទ្ធា ប្រារព្ធសេចក្តីព្យាយាម មានសតិដំកល់ខ្ជាប់ នឹងនឹក​សង្ឃឹម នូវហេតុនុ៎ះជាប្រាកដ គឺធ្វើនូវ​ព្រះនិព្វាន ឲ្យជាអារម្មណ៍ ហើយនិងបាន​នូវសមាធិ និងបាននូវភាវៈ​ នៃចិត្តមានអារម្មណ៍​តែមួយ។

[៣៣៧] បពិត្រព្រះអង្គដ៏ចំរើន ព្រោះថា សមាធិឯណា របស់អរិយ​សាវកនោះ សមាធិនោះ ឈ្មោះថា សមាធិន្ទ្រិយ របស់លោក។ បពិត្រព្រះអង្គ​ដ៏​ចំរើន ដ្បិតអរិយសាវក អ្នកមានសទ្ធា ប្រារព្ធសេចក្តីព្យាយាម មានសតិ​ដំកល់​ខ្ជាប់ មានចិត្តតាំងមាំ ដោយប្រពៃ នឹងនឹកសង្ឃឹម នូវហេតុនុ៎ះជាប្រាកដ គឺនឹង​ដឹងច្បាស់ យ៉ាងនេះថា សង្សារមាន​ទីបំផុតកំណត់​មិនបាន ទីបំផុតខាងដើម មិន​ប្រាកដ ដល់សត្វទាំងឡាយ ដែលមានអវិជ្ជា ជាគ្រឿងរារាំង មាន​តណ្ហាជាគ្រឿង​ប្រកប ដែលអន្ទោលទៅ ត្រាច់រង្គាត់ទៅ ការប្រាសចាកតម្រេក និងការរលត់ឥត​មានសេសសល់ នៃគំនរងងឹត គឺអវិជ្ជានុ៎ះឯង ជាផ្លូវដ៏ស្ងប់ ជាផ្លូវដ៏ប្រសើរ គឺការ​ស្ងប់រម្ងាប់​ទៅ នៃ​សង្ខារទាំងពួង លះបង់ នូវឧបធិក្កិលេសទាំងពួង ក្ស័យទៅនៃ​តណ្ហា ប្រាសចាកតម្រេក រលត់ទៅ (នៃកិលេស) ឈ្មោះថា និព្វាន។

[៣៣៨] បពិត្រព្រះអង្គដ៏ចំរើន ព្រោះថាបញ្ញាឯណា របស់អរិយសាវក​នោះ បញ្ញានោះ ឈ្មោះថា បញ្ញិន្ទ្រិយរបស់លោក។ បពិត្រព្រះអង្គដ៏ចំរើន អរិយសាវក អ្នកមានសទ្ធានោះ បានផ្គូផ្គង​ស្រេច យ៉ាងនេះ នឹករឭកឃើញ​ស្រេច យ៉ាងនេះ ដំកល់ទុកស្រេច យ៉ាងនេះ ដឹងច្បាស់​ស្រេច យ៉ាងនេះ រមែង​ជឿ​ស៊ប់ យ៉ាងនេះថា ធម៌ទាំងឡាយនេះឯង ជាធម៌ ដែលអាត្មាអញ ធ្លាប់ស្តាប់មក​ក្នុងកាលមុន ព្រោះហេតុនោះ អាត្មាអញ រមែងបានប៉ះពាល់ ដោយនាមកាយ​ក្នុងកាលឥឡូវនេះផង ចាក់ធ្លុះធ្លាយ ឃើញដោយប្រាជ្ញាផង។

[៣៣៩] បពិត្រព្រះអង្គដ៏ចំរើន ព្រោះថា សទ្ធាឯណា របស់អរិយសាវក​នោះ សទ្ធានោះ ឈ្មោះថា សទ្ធិន្ទ្រិយរបស់លោក។

[៣៤០] ម្នាលសារីបុត្ត ប្រពៃហើយៗ ម្នាលសារីបុត្ត អរិយសាវកឯណា ​ជ្រះថ្លា តាំង​នៅ​មាំមួន ចំពោះព្រះតថាគត អរិយសាវកនោះ មិនគប្បីងឿងឆ្ងល់ ​ឬសង្ស័យ ចំពោះព្រះតថាគត និងចំពោះសាសនា នៃព្រះតថាគតឡើយ។ ម្នាលសារីបុត្ត ព្រោះថា អរិយសាវក អ្នកមានសទ្ធា នឹងនឹកសង្ឃឹមនូវហេតុនុ៎ះ ជា​ប្រាកដ គឺនឹងប្រារព្ធសេចក្តីព្យាយាម ដើម្បីលះបង់ នូវអកុសលធម៌​ទាំងឡាយ ដើម្បីបំពេញ នូវកុសលធម៌ទាំងឡាយ ជាអ្នកមានកម្លាំងចិត្ត មានសេចក្តីប្រឹង​ប្រែងមាំមួន មិនដាក់ធុរៈ ក្នុងកុសលធម៌ទាំងឡាយ។

[៣៤១] ម្នាលសារីបុត្ត ព្រោះថា វីរិយ​ឯណា របស់អរិយសាវកនោះ វីរិយ​នោះ ឈ្មោះថា វីរិយិន្ទ្រិយ របស់លោក។ ម្នាលសារីបុត្ត ដ្បិតអរិយសាវក អ្នក​មានសទ្ធា ប្រារព្ធសេចក្តីព្យាយាម នឹងនឹកសង្ឃឹម នូវហេតុនុ៎ះជាប្រាកដ គឺជាអ្នក​មានស្មារតី ប្រកបដោយប្រាជ្ញាចាស់ក្លា ដ៏ប្រសើរ តែងនឹកបាន ចាំបាន នូវអំពើ​ ដែលធ្លាប់ធ្វើមកជាយូរហើយផង នូវពាក្យសំដី ដែលធ្លាប់​និយាយ​មកជាយូរ​ហើយផង។

[៣៤២] ម្នាលសារីបុត្ត ព្រោះថា សតិឯណា របស់អរិយសាវកនោះ សតិនោះ ឈ្មោះថា សតិន្ទ្រិយរបស់លោក។ ម្នាលសារីបុត្ត ដ្បិតអរិយសាវក អ្នកមានសទ្ធា ប្រារព្ធសេចក្តីព្យាយាម មានសតិដំកល់ខ្ជាប់ នឹងនឹកសង្ឃឹម នូវ​ហេតុនុ៎ះជាប្រាកដ គឺធ្វើព្រះនិព្វាន ឲ្យជាអារម្មណ៍ហើយ នឹងបាននូវសមាធិ នឹងបាននូវភាវៈ នៃចិត្តមានអារម្មណ៍តែមួយ។

[៣៤៣] ម្នាលសារីបុត្ត ព្រោះថា សមាធិឯណា របស់អរិយសាវកនោះ សមាធិនោះ ឈ្មោះថា សមាធិន្ទ្រិយរបស់លោក។ ម្នាលសារីបុត្ត ដ្បិតអរិយ​សាវក អ្នកមានសទ្ធា ប្រារព្ធសេចក្តី​ព្យាយាម មានសតិដំកល់ខ្ជាប់ មានចិត្តតាំង​មាំ ដោយប្រពៃ នឹងនឹកសង្ឃឹម នូវហេតុនុ៎ះជាប្រាកដ គឺនឹងដឹងច្បាស់យ៉ាងនេះ​ថា សង្សារមានទីបំផុតកំណត់មិនបាន ទីបំផុតខាងដើម មិនប្រាកដ ដល់សត្វ​ទាំងឡាយ ដែលមានអវិជ្ជា ជាគ្រឿងរារាំង មានតណ្ហា ជាគ្រឿងប្រកប ដែល​អន្ទោលទៅ ត្រាច់រង្គាត់ទៅ ការប្រាសចាកតម្រេក និងការរលត់ទៅ ឥតមាន​សេសសល់ នៃគំនរងងឹត គឺអវិជ្ជានុ៎ះឯង ជាផ្លូវដ៏ស្ងប់ ជាផ្លូវដ៏ប្រសើរ គឺការស្ងប់រម្ងាប់​ទៅ នៃសង្ខារទាំងពួង លះបង់នូវឧបធិក្កិលេសទាំង​ពួង ក្ស័យទៅនៃតណ្ហា​ ប្រាសចាកតម្រេក រលត់ទៅ (នៃកិលេស) ឈ្មោះថា និព្វាន។

[៣៤៤] ម្នាលសារីបុត្ត ព្រោះថា បញ្ញាឯណារបស់អរិយសាវកនោះ បញ្ញា​នោះ ឈ្មោះថា បញ្ញិន្ទ្រិយរបស់លោក។ ម្នាលសារីបុត្ត អរិយសាវក អ្នកមានសទ្ធា​នោះ បានផ្គូផ្គងសេ្រច យ៉ាងនេះ នឹករឭកឃើញស្រេចយ៉ាងនេះ ដំកល់ទុក​ស្រេចយ៉ាងនេះ ដឹងច្បាស់ស្រេចយ៉ាងនេះ រមែងជឿ​ស៊ប់ យ៉ាងនេះថា ធម៌​ទាំង​ឡាយនេះឯង ជាធម៌ដែលអាត្មាអញ ធ្លាប់បានស្តាប់មកក្នុងកាលមុន ព្រោះ​ហេតុនោះ អាត្មាអញ រមែងបានប៉ះពាល់ ដោយនាមកាយ ក្នុងកាលឥឡូវនេះ​ផង ចាក់ធ្លុះធ្លាយ​ ឃើញដោយប្រាជ្ញាផង។

[៣៤៥] ម្នាលសារីបុត្ត ព្រោះថា សទ្ធាឯណា របស់អរិយសាវកនោះ សទ្ធា​នោះ ឈ្មោះថា សទ្ធិន្ទ្រិយរបស់លោក។

ចប់ ជរាវគ្គ ទី៥។

ឧទ្ទាននៃជរាវគ្គនោះគឺ

និយាយអំពីព្រះដ៏មានព្រះភាគ ទ្រង់ព្រះជរា ១ អំពីឧណ្ណាភព្រាហ្មណ៍ ១ អំពីព្រះដ៏មាន​ព្រះភាគ គង់នៅក្នុងក្រុងសាកេត ១ អំពីព្រះដ៏មានព្រះភាគ គង់នៅក្នុង​បុព្វកោដ្ឋកនិគម ១ អំពីព្រះដ៏មានព្រះភាគ គង់នៅក្នុងបុព្វារាម មាន ៤ លើក អំពីព្រះបិណ្ឌោលភារទ្វាជៈ ១ អំពីអរិយសាវក អ្នកមានសទ្ធា ១ រួមទាំងអស់ត្រូវជា ១០។

សូករខាតវគ្គ

[៣៤៦] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះដ៏មានព្រះភាគ​ ទ្រង់គង់នៅ​ក្នុងព្រាហ្មណ​គ្រាម ឈ្មោះកោសល ក្នុងដែលកោសល។ ក្នុងទី​នោះឯង ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់នឹងភិក្ខុ​ទាំងឡាយថា

[៣៤៧] ម្នាលភិក្ខុទាំងឡាយ ស្រេចលើសីហៈ ជាស្តេចនៃម្រឹគ ប្រសើរ​ជាងពួក​សត្វតិរច្ឆាន​ទាំងអស់ ដោយកំឡាំង ដោយសន្ទុះ ដោយសេចក្តីក្លៀវក្លា ដូចម្តេចមិញ។ ម្នាលភិក្ខុ​ទាំងឡាយ ស្រេចលើបញ្ញិន្ទ្រិយ ប្រសើរជាងពួកធម៌​ចំណែកខាងការត្រាស់ដឹងទាំងអស់ ដោយ​ការត្រាស់ដឹង ដូច្នោះឯង។

[៣៤៨] ម្នាលភិក្ខុទាំងឡាយ ចុះពួកធម៌ចំណែកខាងការត្រាស់ដឹង តើ​ដូចម្តេច។ ម្នាលភិក្ខុ​ទាំងឡាយ សទ្ធិន្ទ្រិយ ជាធម៌ចំណែកខាងការត្រាស់ដឹង សទ្ធិន្ទ្រិយនោះ ប្រព្រឹត្តទៅ ដើម្បីត្រាស់ដឹង។ វីរិយិន្ទ្រិយ ជាធម៌ចំណែកខាងការ​ត្រាស់ដឹង វីរិយិន្ទ្រិយនោះ ប្រព្រឹត្តទៅ ដើម្បីត្រាស់ដឹង។ សតិន្ទ្រិយ ជាធម៌​ចំណែកខាងការត្រាស់ដឹង សតិន្ទ្រិយនោះ ប្រព្រឹត្តទៅ ដើម្បីត្រាស់ដឹង។ សមាធិន្ទ្រិយ ជាធម៌ចំណែកខាងការត្រាស់ដឹង សមាធិន្ទ្រិយនោះ ប្រព្រឹត្តទៅ​ដើម្បីត្រាស់ដឹង។ បញ្ញិន្ទ្រិយ ជាធម៌ចំណែកខាងការត្រាស់ដឹង បញ្ញិន្ទ្រិយនោះ ​ប្រព្រឹត្តទៅ ដើម្បីត្រាស់ដឹង។

[៣៤៩] ម្នាលភិក្ខុទាំងឡាយ ស្រេចលើសីហៈ ជាស្តេចនៃម្រឹគ ប្រសើរ​ជាងពួកសត្វ​តិរច្ឆាន​ទាំងអស់ ដោយកំឡាំង ដោយសន្ទុះ ដោយសេចក្តីក្លៀវក្លា ដូចម្តេចមិញ។ ម្នាលភិក្ខុ​ទាំងឡាយ ស្រេច​លើបញ្ញិន្ទ្រិយ ប្រសើរជាងពួកធម៌​ចំណែកខាងការត្រាស់ដឹងទាំងអស់ ដោយការត្រាស់ដឹង ដូច្នោះឯង។

[៣៥០] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់​គង់នៅក្នុង​និគម ឈ្មោះឧរុវេលកប្បៈ របស់ពួកអ្នកស្រុកមល្លក ក្នុងមល្លកជនបទ។ ក្នុងទីនោះឯង ព្រះដ៏មាន​ព្រះភាគ ទ្រង់ត្រាស់នឹងភិក្ខុទាំងឡាយថា

[៣៥១] ម្នាលភិក្ខុទាំងឡាយ អរិយញ្ញាណ មិនបានកើតឡើង ដល់អរិយ​សាវកត្រឹមណា ឥន្ទ្រិយទាំង ៤ ក៏មិនទាន់ស្ថិតនៅត្រឹមនោះ ឥន្ទ្រិយទាំង ៤ មិន​បានស្ថិតនៅស៊ប់ត្រឹមនោះ។ ម្នាលភិក្ខុ​ទាំងឡាយ អរិយញ្ញាណ កើតឡើងដល់​អរិយសាវកកាលណា ឥន្ទ្រិយទាំង ៤ ក៏ស្ថិតនៅកាលនោះ ឥន្ទ្រិយទាំង ៤ ក៏​ស្ថិតនៅស៊ប់កាលនោះ។

[៣៥២] ម្នាលភិក្ខុទាំងឡាយ ផ្ទះមានកំពូលដែលគេមិនទាន់លើកកំពូល​ត្រឹមណា បង្កង់​ទាំងឡាយ ក៏មិនទាន់ស្ថិតនៅត្រឹមនោះ បង្កង់ទាំងឡាយ មិន​ទាន់ស្ថិតនៅស៊ប់ត្រឹមនោះ។ ម្នាលភិក្ខុ​ទាំងឡាយ លុះតែផ្ទះមានកំពូល ដែល​គេលើកកំពូលឡើងកាលណា ទើបបង្កង់​ទាំងឡាយ ស្ថិតនៅកាលនោះ បង្កង់​ទាំងឡាយ ស្ថិតនៅស៊ប់កាលនោះឯង ដូចម្តេចមិញ។ ម្នាលភិក្ខុទាំងឡាយ អរិយញ្ញាណ មិនទាន់កើតឡើង ដល់អរិយសាវកត្រឹមណា ឥន្ទ្រិយទាំង ៤ ក៏​មិនទាន់ស្ថិតនៅត្រឹមនោះ ឥន្ទ្រិយទាំង៤ មិនទាន់ស្ថិតនៅស៊ប់ត្រឹមនោះ។​ ម្នាលភិក្ខុទាំងឡាយ លុះតែអរិយញ្ញាណកើតឡើង ដល់អរិយសាវកកាលណា ទើបឥន្ទ្រិយទាំង ៤។បេ។ ស្ថិតនៅ​ស៊ប់កាលនោះ។ ឥន្ទ្រិយទាំង ៤ គឺអ្វីខ្លះ។ គឺ​សទ្ធិន្ទ្រិយ ១ វីរិយិន្ទ្រិយ ១ សតិន្ទ្រិយ ១ សមាធិន្ទ្រិយ ១ ក៏ដូច្នោះឯង។

[៣៥៣] ម្នាលភិក្ខុទាំងឡាយ សទ្ធារបស់អរិយសាវក អ្នកមានប្រាជ្ញា​ ដ៏​សមគួរ​ដល់ប្រាជ្ញា​នោះ ទើបស្ថិតនៅបាន វីរិយៈ ដ៏សមគួរដល់សទ្ធានោះ ទើប​ស្ថិតនៅបាន សតិដ៏សមគួរ ដល់វីរិយៈ​នោះ ទើបស្ថិតនៅបាន សមាធិដ៏សមគួរ​ ដល់សតិនោះ ទើបស្ថិតនៅបាន។

[៣៥៤] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុង​ឃោសិតារាម ទៀបក្រុងកោសម្ពី។ ក្នុងទីនោះឯង ព្រះដ៏មាន​ព្រះភាគ ទ្រង់ត្រាស់នឹង​ភិក្ខុ​ទាំងឡាយថា  ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាសេក្ខ​បុគ្គល ស្ថិតនៅក្នុងសេក្ខភូមិ គប្បីដឹងច្បាស់ថា​ អាត្មាអញ ជាសេក្ខបុគ្គល ភិក្ខុជា​អសេក្ខបុគ្គល ស្ថិតនៅក្នុងអសេក្ខភូមិ គប្បីដឹងច្បាស់ថា អាត្មាអញ ជាអសេក្ខ​បុគ្គល ព្រោះអាស្រ័យបរិយាយឯណា បរិយាយនោះ មានដែរឬ។ ពួកភិក្ខុក្រាប​​បង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន ធម៌ទាំងឡាយ របស់ខ្ញុំព្រះអង្គទាំងឡាយ មានព្រះដ៏មានព្រះភាគ ជាឫសគល់។បេ។

[៣៥៥] ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាសេក្ខបុគ្គល ស្ថិតនៅក្នុងសេក្ខភូមិ គប្បីដឹងច្បាស់ថា អាត្មាអញ ជាសេក្ខបុគ្គល ភិក្ខុជាអសេក្ខបុគ្គល ស្ថិតនៅក្នុង​អសេក្ខភូមិ គប្បីដឹងច្បាស់ថា អាត្មាអញ ជាអសេក្ខបុគ្គល ព្រោះអាស្រ័យ​បរិយាយឯណា បរិយាយនោះមាន។

[៣៥៦] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុជាសេក្ខបុគ្គល ស្ថិតនៅក្នុងសេក្ខភូមិ អាស្រ័យ​បរិយាយ​ដូចម្តេច ទើបដឹងច្បាស់ថា អាត្មាអញ ជាសេក្ខបុគ្គល។ ម្នាល​ភិក្ខុទាំងឡាយ ភិក្ខុជា​សេក្ខបុគ្គល ក្នុងសាសនានេះ រមែងដឹងច្បាស់ តាមពិតថា នេះជាទុក្ខ ដឹងច្បាស់តាមពិតថា នេះជាហេតុឲ្យកើតទុក្ខ ដឹងច្បាសតាមពិតថា នេះជាសភាវៈរំលត់ទុក្ខ ដឹងច្បាស់តាមពិតថា នេះជាបដិបទា ជាដំណើរទៅ​កាន់ទីរំលត់ទុក្ខ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាសេក្ខបុគ្គល ស្ថិតនៅក្នុងសេក្ខភូមិ អាស្រ័យបរិយាយនេះឯង ទើបដឹង​ច្បាស់ថា អាត្មាអញ ជាសេក្ខបុគ្គល។

[៣៥៧] ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុជាសេក្ខបុគ្គល រមែង​ពិចារណាឃើញថា សមណៈ ឬព្រាហ្មណ៍ដទៃ ក្រៅអំពីសាសនានេះ មាន​នរណា​​សំដែងធម៌ពិត មែន ប្រាកដ ដូចព្រះ​ដ៏មានព្រះភាគ យ៉ាងនេះដែរ​ឬ។ ភិក្ខុនោះ ដឹងច្បាស់យ៉ាងនេះថា សមណៈ ឬព្រាហ្មណ៍ដទៃ ក្រៅអំពីសាសនានេះ មិនមាននរណាសំដែងធម៌ពិត មែន ប្រាកដ ដូចព្រះដ៏មានព្រះភាគ យ៉ាងនេះ​ទេ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាសេក្ខបុគ្គល ស្ថិតនៅក្នុងសេក្ខភូមិ អាស្រ័យ​បរិយាយនេះ​ឯង ទើបដឹងច្បាស់ថា អាត្មាអញ ជាសេក្ខបុគ្គល។

[៣៥៨] ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុជាសេក្ខបុគ្គល រមែងដឹង​ច្បាស់ នូវឥន្ទ្រិយ​ទាំង ៥ គឺសទ្ធិន្ទ្រិយ ១ វីរិយិន្ទ្រិយ ១ សតិន្ទ្រិយ ១ សមាធិន្ទ្រិយ ១ បញ្ញិន្ទ្រិយ ១។ ភិក្ខុជា​សេក្ខបុគ្គល មិនទាន់បានប៉ះពាល់ នូវគតិដ៏​ប្រសើរ និងផលដែលជាទីបំផុត ដោយកាយនៅឡើយទេ គ្រាន់តែ​ពិចារណា​ឃើញ ធ្លុះធ្លាយដោយប្រាជ្ញា។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាសេក្ខបុគ្គល ស្ថិតនៅ​ក្នុង​សេក្ខភូមិ អាស្រ័យបរិយាយនេះឯង ទើបដឹងច្បាស់ថា អាត្មាអញ ជាសេក្ខ​បុគ្គល​។

[៣៥៩] ចុះភិក្ខុជាអសេក្ខបុគ្គល ស្ថិតនៅក្នុងអសេក្ខភូមិ អាស្រ័យ​បរិយាយ​ដូចម្តេច ទើបដឹង​ច្បាស់ថា អាត្មាអញ ជាអសេក្ខបុគ្គល។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុជាអសេក្ខបុគ្គល ក្នុងសាសនានេះ រមែងដឹងច្បាស់ នូវឥន្ទ្រិយ​ ទាំង ៥ គឺសទ្ធិន្ទ្រិយ ១ វីរិយិន្ទ្រិយ ១ សតិន្ទ្រិយ​ ១ សមាធិន្ទ្រិយ ១ បញ្ញិន្ទ្រិយ ១។ ភិក្ខុជាអសេក្ខបុគ្គល រមែងបានប៉ះពាល់ នូវគតិដ៏ប្រសើរ និងផល ដែលជាទី​បំផុត ដោយកាយផង ពិចារណាឃើញ ធ្លុះធ្លាយដោយប្រាជ្ញាផង។ ម្នាលភិក្ខុ​ទាំង​ឡាយ ភិក្ខុជាអសេក្ខបុគ្គល ស្ថិតនៅក្នុងអសេក្ខភូមិ អាស្រ័យ​បរិយាយ​នេះឯង ទើបដឹង​ច្បាស់ថា អាត្មាអញ ជាអសេក្ខបុគ្គល។

[៣៦០] ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុជាអសេក្ខបុគ្គល រមែងដឹងច្បាស់ នូវឥន្ទ្រិយ​ទាំង ៦ គឺចក្ខុន្ទ្រិយ ១ សោតិន្ទ្រិយ ១ ឃានិន្ទ្រិយ ១ ជីវិ្ហន្ទ្រិយ​ ១ កាយិន្ទ្រិយ ១ មនិន្ទ្រិយ ១។ រមែង​ដឹងច្បាស់ថា ឥន្ទ្រិយ ទាំង ៦ នេះ​ឯង គង់នឹងរលត់ទៅ អស់ទាំងអស់គ្រប់អន្លើ ឥតមាន​សល់ផង ឥន្ទ្រិយទាំង ៦ ដទៃទៀត គង់នឹងមិនកើតឡើង ក្នុងកាលខ្លះៗផង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ​ជាអសេក្ខបុគ្គល ស្ថិតនៅក្នុងអសេក្ខភូមិ អាស្រ័យបរិយាយនេះឯង ទើបដឹង​ច្បាស់ថា អាត្មា​អញ ជាអសេក្ខបុគ្គល។

[៣៦១] ម្នាលភិក្ខុទាំងឡាយ ស្នាមជើងរបស់ពួកសត្វ ដែលនៅលើផែន​ដី តែងប្រជុំចុះ ក្នុងស្នាមជើងដំរី ស្រេចលើស្នាមជើងដំរី ប្រសើរជាងស្នាមជើង​សត្វទាំងអស់ ព្រោះស្នាមជើងវាធំ ដូចម្តេចមិញ។ ម្នាលភិក្ខុទាំងឡាយ បទ គឺចំណែកធម៌ទាំងឡាយ ដែលប្រព្រឹត្តទៅ ដើម្បីត្រាស់ដឹង ស្រេចលើបទ​ គឺបញ្ញិន្ទ្រិយ ប្រសើរជាងឥន្ទ្រិយទាំងអស់ ដោយការត្រាស់ដឹង ក៏ដូច្នោះឯង។

[៣៦២] ម្នាលភិក្ខុទាំងឡាយ ចុះបទដូចម្តេច ដែលប្រព្រឹត្តទៅ ដើម្បីត្រាស់​ដឹង ម្នាលភិក្ខុ​ទាំងឡាយ បទ គឺសទ្ធិន្ទ្រិយនោះ ប្រព្រឹត្តទៅ ដើម្បីត្រាស់ដឹង។ បទ​ គឺវីរិយិន្ទ្រិយនោះ ប្រព្រឹត្តទៅ ដើម្បីត្រាស់ដឹង។ បទ គឺសតិន្ទ្រិយនោះ ប្រព្រឹត្ត​ទៅ​ ដើម្បីត្រាស់ដឹង។ បទ គឺសមាធិន្ទ្រិយនោះ ប្រព្រឹត្តទៅ ដើម្បីត្រាស់ដឹង។ បទ គឺ​បញ្ញិន្ទ្រិយនោះ ប្រព្រឹត្តទៅ ដើម្បីត្រាស់ដឹង។

[៣៦៣] ម្នាលភិក្ខុទាំងឡាយ ស្នាមជើងរបស់ពួកសត្វ ដែលនៅលើផែនដី តែងប្រជុំចុះ ក្នុងស្នាមជើងដំរី ស្រេចលើស្នាមជើងដំរី ប្រសើរជាងស្នាមជើង​សត្វទាំងអស់ ព្រោះស្នាមជើងវាធំ ដូចម្តេចមិញ។ ម្នាលភិក្ខុទាំងឡាយ បទទាំងឡាយ ដែលប្រព្រឹត្តទៅ ដើម្បីត្រាស់ដឹង ស្រេច លើបទ គឺបញ្ញិន្ទ្រិយ ប្រសើរជាងបទទាំងអស់ ដោយការត្រាស់ដឹង ក៏ដូច្នោះឯង។

[៣៦៤] ម្នាលភិក្ខុទាំងឡាយ ពួកក្លិនខ្លឹមឈើ ស្រេចលើក្លិនខ្លឹមចន្ទន៍​ក្រហម ប្រសើរជាង​ក្លិនខ្លឹមឈើទាំងអស់ ដូចម្តេចមិញ។ ម្នាលភិក្ខុទាំងឡាយ ពួកធម៌ជាចំណែកខាងការត្រាស់ដឹង ស្រេចលើបញ្ញិន្ទ្រិយ ប្រសើរជាងធម៌ទាំង​អស់ ដោយការត្រាស់ដឹង ក៏ដូច្នោះឯង។

[៣៦៥] ម្នាលភិក្ខុទាំងឡាយ ចុះពួកធម៌ជាចំណែកខាងការត្រាស់ដឹង តើ​ដូចម្តេច។ ម្នាលភិក្ខុ​ទាំងឡាយ សទ្ធិន្ទ្រិយ ជាធម៌ជាចំណែកខាងការត្រាស់ដឹង​ សទ្ធិន្ទ្រិយនោះ ប្រព្រឹត្តទៅ ដើម្បីត្រាស់ដឹង។ វីរិយិន្ទ្រិយ សតិន្ទ្រិយ សមាធិន្ទ្រិយ បញ្ញិន្ទ្រិយ ជាធម៌ជាចំណែកខាង​ការ​ត្រាស់ដឹង បញ្ញិន្ទ្រិយនោះ ប្រព្រឹត្តទៅ ដើម្បី​ត្រាស់ដឹង។

[៣៦៦] ម្នាលភិក្ខុទាំងឡាយ ពួកក្លិនខ្លឹមឈើ ស្រេចលើក្លិនខ្លឹមចន្ទន៍​ក្រហម ប្រសើរជាង​ក្លិនខ្លឹមឈើទាំងអស់ ដូចម្តេចមិញ។ ម្នាលភិក្ខុទាំងឡាយ ពួកធម៌ជាចំណែកខាងការត្រាស់ដឹង ស្រេចលើបញ្ញិន្ទ្រិយ ប្រសើរជាងធម៌​ទាំង​អស់ ដោយការត្រាស់ដឹង ក៏ដូច្នោះឯង។

[៣៦៧] ម្នាលភិក្ខុទាំងឡាយ ឥន្ទ្រិយទាំង ៥ ជាឥន្ទ្រិយ ដែលភិក្ខុស្ថិតនៅ​ក្នុងធម៌មួយ ទើបចំរើន ដោយប្រពៃបាន។ ធម៌ ១ គឺអ្វី។ គឺអប្បមាទ។

[៣៦៨] ម្នាលភិក្ខុទាំងឡាយ ចុះអប្បមាទ តើដូចម្តេច។ ម្នាលភិក្ខុទាំង​ឡាយ ភិក្ខុក្នុង​សាសនា​នេះ រក្សាចិត្តក្នុងអាសវៈទាំងឡាយ​ និងក្នុងធម៌​ទាំង​ឡាយ ដែលប្រកបដោយអាសវៈ។ កាលភិក្ខុនោះ រក្សាចិត្តក្នុងអាសវៈទាំង​ឡាយ និងក្នុងធម៌ ដែលប្រកបដោយអាសវៈទាំងឡាយ [ប្រារព្ធចំពោះចិត្ត ដែលប្រព្រឹត្តនៅក្នុងភូមិ ៣ ឃាត់នូវអាសវៈមិនឲ្យកើតឡើងបាន ឈ្មោះថា រក្សាចិត្ត ក្នុង​អាសវៈ និងក្នុងធម៌ ដែលប្រកបដោយអាសវៈ។ អដ្ឋកថា។] សទ្ធិន្ទ្រិយ ក៏ដល់​នូវ​ការពេញលេញ ដោយភាវនា វីរិយិន្ទ្រិយ ក៏ដល់នូវការពេញលេញ ដោយភាវនា សតិន្ទ្រិយ ក៏ដល់នូវ​ការពេញលេញ ដោយភាវនា សមាធិន្ទ្រិយ ក៏ដល់នូវការ​ពេញលេញ ដោយភាវនា បញ្ញិន្ទ្រិយ ក៏ដល់នូវការពេញលេញ ដោយភាវនា។

[៣៦៩] ម្នាលភិក្ខុទាំងឡាយ យ៉ាងនេះឯងហើយ ឥន្ទ្រិយទាំង ៥ ជាឥន្ទ្រិយ ដែលភិក្ខុស្ថិត​នៅ​ក្នុងធម៌មួយ ទើបចំរើនដោយប្រពៃបាន។

[៣៧០] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះដ៏មានព្រះភាគ បានត្រាស់ដឹងជា​ដំបូង ទ្រង់គង់នៅនា អជបាលនិគ្រោធ ទៀបឆ្នេរស្ទឹងនេរញ្ជរា ក្នុងឧរុវេលាប្រទេស។ គ្រានោះ ព្រះដ៏មានព្រះភាគ នៅក្នុងទីស្ងាត់ ទ្រង់សម្ងំនៅ​ក្នុងផលសមាបត្តិ កើតព្រះហឫទ័យ បរិវិតក្កៈ យ៉ាងនេះថា ឥន្ទ្រិយទាំង ៥ ដែល​បុគ្គលបានចំរើន បានធ្វើឲ្យច្រើនហើយ រមែងជាឥន្ទ្រិយ​ចុះស៊ប់កាន់​ព្រះនិព្វាន មានព្រះនិព្វានជាខាងមុខ មានព្រះនិព្វាន ជាទីបំផុត។ ឥន្ទ្រិយទាំង ៥ គឺអ្វីខ្លះ។ គឺសទ្ធិន្ទ្រិយ ដែលបុគ្គលបានចំរើន បានធ្វើឲ្យច្រើនហើយ រមែង​ជាឥន្ទ្រិយចុះ​ស៊ប់​កាន់ព្រះនិព្វាន មានព្រះនិព្វានជាខាងមុខ មានព្រះនិព្វាន​ជា​ទីបំផុត។ វីរិយិន្ទ្រិយ សតិន្ទ្រិយ សមាធិន្ទ្រិយ បញ្ញិន្ទ្រិយ ដែលបុគ្គលបាន​ចំរើន បានធ្វើឲ្យច្រើនហើយ រមែងជា​ឥន្ទ្រិយចុះស៊ប់​កាន់ព្រះនិព្វាន មានព្រះ​និព្វានជាខាងមុខ មានព្រះនិព្វានជាទីបំផុត។ ឥន្ទ្រិយទាំង ៥ នេះ ដែល​បុគ្គល​បានចំរើន បានធ្វើឲ្យច្រើនហើយ រមែងជាឥន្ទិ្រយចុះស៊ប់កាន់ព្រះនិព្វាន មានព្រះនិព្វាន​ជាខាងមុខ មានព្រះនិព្វានជាទីបំផុត។

[៣៧១] គ្រានោះឯង សហម្បតិព្រហ្ម ដឹងនូវចេតោបរិវិតក្កៈ នៃព្រះដ៏មាន​ព្រះភាគ ដោយ​ចិត្ត (របស់ខ្លួន) ក៏បាត់អំពីព្រហ្មលោក មកប្រាកដក្នុងទី​ចំពោះ​ព្រះភក្រ្ត នៃព្រះដ៏មានព្រះភាគ ដូចជាបុរសមានកំឡាំង លាដៃដែលបត់ ឬបត់​ដៃដែលលា។

[៣៧២] គ្រានោះឯង សហម្បតិព្រហ្ម ធ្វើសំពត់បង់ក ឆៀងស្មាម្ខាង ប្រណម្យ​អញ្ជលី ចំពោះ​ព្រះដ៏មានព្រះភាគ ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះដ៏មានព្រះភាគ សេចក្តីនុ៎ះ យ៉ាងហ្នឹងហើយ បពិត្រព្រះសុគត សេចក្តីនុ៎ះ យ៉ាងហ្នឹងហើយ ឥន្ទ្រិយទាំង ៥ ដែល​បុគ្គលបានចំរើន បានធ្វើឲ្យ​ច្រើនហើយ រមែងជាឥន្រ្ទិយចុះស៊ប់ កាន់ព្រះនិព្វាន មានព្រះនិព្វាន​ជាខាង​មុខ​ មានព្រះនិព្វានជាទីបំផុត។ ចុះឥន្ទ្រិយ ទាំង ៥ គឺអ្វីខ្លះ។ គឺសទ្ធិន្ទ្រិយ ដែល​បុគ្គល​ចំរើនហើយ បានធ្វើឲ្យច្រើនហើយ រមែងជាឥន្ទ្រិយចុះស៊ប់ កាន់ព្រះ​និព្វាន មានព្រះនិព្វាន​ជាខាងមុខ មានព្រះនិព្វានជាទីបំផុត។បេ។ បញ្ញិន្ទ្រិយ​ ដែលបុគ្គល​បានចំរើន បានធ្វើឲ្យ​ច្រើនហើយ រមែងជាឥន្ទ្រិយចុះស៊ប់កាន់​ព្រះនិព្វាន មានព្រះនិព្វានជាខាងមុខ មានព្រះនិព្វាន​ជាទីបំផុត។ ឥន្ទ្រិយទាំង​៥ នេះឯង ដែលបុគ្គលបានចំរើន បានធ្វើឲ្យច្រើន​ហើយ រមែងជា​ឥន្ទ្រិយចុះ​ស៊ប់កាន់ព្រះនិព្វាន មានព្រះនិព្វានជាខាងមុខ មានព្រះនិព្វាន ជាទីបំផុត។

[៣៧៣] បពិត្រព្រះអង្គដ៏ចំរើន កាលពីព្រេងនាយ ខ្ញុំព្រះអង្គបាន​ប្រព្រឹត្តព្រហ្មចរិយ​ធម៌ ក្នុងសំណាក់ព្រះកស្សបសម្មាសម្ពុទ្ធ ក្នុងកាលណោះ អ្នកផងតែងស្តាប់ខ្ញុំព្រះអង្គ យ៉ាងនេះ​ថា សហកភិក្ខុ សហកភិក្ខុ ដូច្នេះ បពិត្រព្រះ​អង្គដ៏ចំរើន ខ្ញុំព្រះអង្គនោះ នឿយណាយ ចាកកាមច្ឆន្ទៈ ក្នុងកាមទាំង​ឡាយ ព្រោះបានចំរើន បានធ្វើឲ្យច្រើន នូវឥន្ទ្រិយទាំង ៥ នេះឯង លុះបែក​ធ្លាយរាងកាយស្លាប់ទៅ បានទៅកើតក្នុងសុគតិព្រហ្មលោក ពួកទេវតាទាំង​នោះ ក៏ស្គាល់​ខ្ញុំព្រះអង្គ ក្នុងទីនោះ យ៉ាងនេះថា សហម្បតិព្រហ្ម សហម្បតិព្រហ្ម ដូច្នេះ។

[៣៧៤] បពិត្រព្រះដ៏មានព្រះភាគ សេចក្តីនុ៎ះ យ៉ាងហ្នឹងហើយ បពិត្រ​ព្រះសុគត សេចក្តីនុ៎ះ យ៉ាងហ្នឹងហើយ ខ្ញុំព្រះអង្គ ដឹងហេតុនុ៎ះ ខ្ញុំព្រះអង្គ ឃើញ​ហេតុនុ៎ះ ដូចជាឥន្ទ្រិយទាំង ៥ ដែលបុគ្គលបានចំរើន បានធ្វើឲ្យច្រើនហើយ រមែងជាឥន្ទ្រិយចុះស៊ប់កាន់ព្រះនិព្វាន មាន​ព្រះ​និព្វានជាខាងមុខ មានព្រះ​និព្វានជាទីបំផុត។

[៣៧៥] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងគូហា ឈ្មោះ​​សូករខាតៈ នាភ្នំ​គិជ្ឈកូដ ទៀបក្រុងរាជគ្រឹះ។ ក្នុងទីនោះ ព្រះដ៏មានព្រះភាគ ទ្រង់​ត្រាស់នឹងព្រះសារីបុត្ត​ដ៏មាន​អាយុ​ថា ម្នាលសារីបុត្ត ភិក្ខុជាខីណាស្រព ពិចារណាឃើញ នូវអំណាចប្រយោជន៍ ដូចម្តេច ទើបប្រព្រឹត្តធ្វើសេចក្តីកោត​ក្រែង ដ៏ក្រៃលែង ក្នុងព្រះតថាគតផង ក្នុងសាសនារបស់ព្រះ​តថាគតផង ។

[៣៧៦] បពិត្រព្រះអង្គដ៏ចំរើន ព្រោះតែភិក្ខុជាខីណាស្រព ពិចារណាឃើញព្រះអរហត្ត ដ៏ប្រសើរ ដែលក្សេមចាកយោគៈដោយពិត ទើប​ប្រព្រឹត្តធ្វើសេចក្តីកោតក្រែង ដ៏ក្រៃលែង ក្នុងព្រះតថាគតផង ក្នុងសាសនា ​របស់ព្រះតថាគតផង។

[៣៧៧] ម្នាលសារីបុត្ត ប្រពៃហើយៗ ម្នាលសារីបុត្ត ព្រោះតែភិក្ខុជា​ខីណាស្រព ពិចារណា​ឃើញព្រះអរហត្ត ដ៏ប្រសើរ ដែលក្សេមចាកយោគៈ​ដោយពិត ទើបប្រព្រឹត្ត ធ្វើសេចក្តីកោតក្រែង ដ៏ក្រៃលែង ក្នុងព្រះតថាគតផង ក្នុង​សាសនា របស់ព្រះតថាគតផង។

[៣៧៨] ម្នាលសារីបុត្ត ភិក្ខុជាខីណាស្រព ពិចារណាឃើញព្រះអរហត្ត ដ៏​ប្រសើរ ដែលក្សេមចាកយោគៈ រមែងប្រព្រឹត្តធ្វើសេចក្តីកោតក្រែង ដ៏ក្រៃលែង ក្នុងព្រះតថាគតផង ក្នុងសាសនា របស់ព្រះតថាគតផង ដូចម្តេចខ្លះ។

[៣៧៩] បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុជាខីណាស្រព ក្នុងសាសនានេះ ចំរើននូវសទ្ធិន្ទ្រិយ ជាដំណើរទៅកាន់សេចក្តីស្ងប់រម្ងាប់ ជាដំណើរទៅកាន់​សេចក្តីត្រាស់ដឹង។ ចំរើនវីរិយិន្ទ្រិយ។ ចំរើនសតិន្ទ្រិយ ចំរើនសមាធិន្ទ្រិយ។ ចំរើនបញ្ញិន្ទ្រិយ ជាដំណើរទៅកាន់សេចក្តីស្ងប់រម្ងាប់ ជាដំណើរទៅកាន់​សេចក្តីត្រាស់ដឹង។ បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុជាខីណាស្រព ពិចារណា​ឃើញ ព្រះអរហត្ត ដ៏ប្រសើរ ដែលក្សេមចាកយោគៈនេះឯង ទើបប្រព្រឹត្តធ្វើ​សេចក្តីកោតក្រែង ដ៏ក្រៃលែង ក្នុងព្រះតថាគតផង ក្នុងសាសនា របស់ព្រះ​តថាគតផង។

[៣៨០] ម្នាលសារីបុត្ត ប្រពៃហើយ ៗ ម្នាលសារីបុត្ត ព្រោះតែភិក្ខុជា​ខីណាស្រព ពិចារណាឃើញព្រះអរហត្ត ដ៏ប្រសើរ ដែលក្សេមចាកយោគៈនុ៎ះឯង ទើបប្រព្រឹត្តធ្វើ​សេចក្តីកោតក្រែង ដ៏ក្រៃលែង ក្នុងព្រះតថាគតផង ក្នុងសាសនា របស់ព្រះតថាគតផង។

[៣៨១] ម្នាលសារីបុត្ត ចុះភិក្ខុជាខីណាស្រព ដែលមានសេចក្តីកោត​ក្រែង ដ៏ប្រសើរ រមែងប្រព្រឹត្តធ្វើសេចក្តីកោតក្រែង ដ៏ក្រៃលែង ក្នុងព្រះ​តថាគត​ផង ក្នុងសាសនា របស់ព្រះតថាគត​ផង ដូចម្តេចខ្លះ។

[៣៨២] បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុជាខីណាស្រព ក្នុងសាសនានេះ ប្រកបដោយ​សេចក្តីគោរព ប្រកបដោយសេចក្តីកោតក្រែង ក្នុងព្រះសាស្តា ប្រកប​​​​ដោយសេចក្តីគោរព ប្រកបដោយសេចក្តីកោតក្រែង ក្នុងព្រះធម៌ ប្រកប​ដោយសេចក្តីគោរព ប្រកបដោយ​សេចក្តីកោតក្រែង ក្នុងព្រះសង្ឃ ប្រកបដោយ​សេចក្តីគោរព ប្រកបដោយ​សេចក្តីកោតក្រែង ក្នុងសិក្ខា ប្រកប​ដោយសេចក្តី​គោរព ប្រកបដោយសេចក្តីកោតក្រែង ក្នុងសមាធិ។ បពិត្រព្រះអង្គ​ដ៏ចំរើន ភិក្ខុជាខីណាស្រព ដែលមានសេចក្តីកោតក្រែង ដ៏ប្រសើរ រមែងប្រព្រឹត្តធ្វើ​សេចក្តីកោត​ក្រែង ដ៏ក្រៃលែង ក្នុងព្រះតថាគតផង ក្នុងសាសនា របស់ព្រះ​តថាគតផង យ៉ាងនេះឯង។

[៣៨៣] ម្នាលសារីបុត្ត ប្រពៃហើយ ៗ ម្នាលសារីបុត្ត មែនហើយ ភិក្ខុជាខី​ណាស្រព ដែលមានសេចក្តីកោតក្រែង ដ៏ប្រសើរ រមែងប្រព្រឹត្តធ្វើសេចក្តីកោត​ក្រែង ដ៏ក្រៃលែង ក្នុងព្រះ​តថាគតផង ក្នុងសាសនា របស់ព្រះតថាគតផង យ៉ាង​នុ៎ះឯង។

[៣៨៤] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ឥន្រ្ទិយ ៥ ប្រការនេះ ដែល​មិនទាន់កើត បើបុគ្គល​បានចំរើន បានធ្វើឲ្យច្រើន រមែងកើតឡើង តែមិនមែនកើតឡើង ក្នុងកាលដទៃ អំពីកាលជាទីកើត នៃព្រះតថាគត ជា​អរហន្តសម្មាសម្ពុទ្ធទេ។ ឥន្ទ្រិយ ៥ តើអ្វីខ្លះ។ គឺសទ្ធិន្ទ្រិយ ១ វីរិយិន្ទ្រិយ ១ សតិន្ទ្រិយ ១ សមាធិន្ទ្រិយ ១ បញ្ញិន្ទ្រិយ ១។ ម្នាលភិក្ខុទាំងឡាយ ឥន្ទ្រិយ​ទាំង ៥ នេះឯង ដែលមិនទាន់កើត បើបុគ្គលបានចំរើន បានធ្វើឲ្យច្រើន រមែង​កើត​ឡើង តែមិនមែន​កើតឡើង ក្នុងកាលដទៃ អំពីកាលជាទីកើត នៃព្រះតថាគត ជា​អរហន្ត សម្មាសម្ពុទ្ធទេ។

[៣៨៥] ម្នាលភិក្ខុទាំងឡាយ ឥន្ទ្រិយ ៥ នេះ ដែលមិនទាន់កើត បើបុគ្គល​បានចំរើន បានធ្វើ​ឲ្យច្រើន រមែងកើតឡើង តែមិនមែនកើតឡើង ក្នុងកាល​ដទៃ អំពីវិន័យ របស់ព្រះសុគត​ទេ។ ឥន្ទ្រិយ ៥ គឺអ្វីខ្លះ។ គឺសទ្ធិន្ទ្រិយ ១ វិរិយិន្ទ្រិយ ១ សតិន្ទ្រិយ ១ សមាធិន្ទ្រិយ ១ បញ្ញិន្ទ្រិយ ១។ ម្នាលភិក្ខុទាំងឡាយ ឥន្ទ្រិយទាំង ៥ នេះឯង  ដែលមិនទាន់កើត បើបុគ្គលបានចំរើន បានធ្វើឲ្យ​ច្រើន រមែងកើតឡើង តែមិនមែនកើតឡើង ក្នុងកាលដទៃ អំពីវិន័យរបស់ព្រះ​សុគតទេ។

ចប់ សូករខាតវគ្គ ទី ៦។

ឧទ្ទាននៃសូករខាតវគ្គនោះគឺ

និយាយអំពីព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងដែនកោសល ១ ក្នុងមល្លកជនបទ ១ អំពីភិក្ខុជាសេក្ខបុគ្គល ១ អំពីស្នាមជើងដំរី ១ អំពីក្លិនខ្លឹមចន្ទន៍ ១ អំពី​ភិក្ខុស្ថិត​នៅ​ក្នុងធម៌ រមែង​ញុំាងឥន្ទ្រិយទាំង ៥ ឲ្យចំរើន ១ អំពីសហម្បតិព្រហ្ម ១ អំពីព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុង​សូករខាតគូហា ១ អំពីការកើតឡើង នៃឥន្ទ្រិយ ២ លើកដទៃទៀត។

ពោធិបក្ខិយវគ្គ

[៣៨៦] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ឥន្ទ្រិយ ៥ នេះ បុគ្គលបាន​ចំរើន បានធ្វើឲ្យច្រើន រមែងប្រព្រឹត្តទៅ ដើម្បីលះបង់ នូវសញ្ញោជនៈទាំង​ឡាយ។ ចុះឥន្ទ្រិយ ៥ គឺអ្វីខ្លះ។ គឺសទ្ធិន្ទ្រិយ ១។បេ។ បញ្ញិន្ទ្រិយ ១។ ម្នាលភិក្ខុទាំងឡាយ ឥន្ទ្រិយ ៥ នេះឯង បុគ្គលបានចំរើន​ បានធ្វើឲ្យច្រើន រមែងប្រព្រឹត្តទៅ ដើម្បីលះបង់សញ្ញោជនៈទាំងឡាយ។

[៣៨៧] ម្នាលភិក្ខុទាំងឡាយ ឥន្ទ្រិយ ៥ នេះ បុគ្គលបានចំរើន បាន​ធ្វើ​ឲ្យច្រើន រមែងប្រព្រឹត្តទៅ ដើម្បីកិរិយាដកចោល នូវអនុសយកិលេស។ ចុះ​ឥន្ទ្រិយ ៥ គឺអ្វីខ្លះ។ គឺសទ្ធិន្ទ្រិយ ១។បេ។ បញ្ញិន្ទ្រិយ ១។ ម្នាលភិក្ខុទាំង​ឡាយ ឥន្ទ្រិយ ៥ នេះឯង បុគ្គលបានចំរើន បានធ្វើ​ឲ្យច្រើន រមែងប្រព្រឹត្ត​ទៅ ដើម្បីកិរិយាដកចោល នូវអនុសយកិលេស។

[៣៨៨] ម្នាលភិក្ខុទាំងឡាយ ឥន្ទ្រិយ ៥ នេះ បុគ្គលបានចំរើន បានធ្វើ​ឲ្យច្រើន រមែងប្រព្រឹត្តទៅ ដើម្បីកំណត់ដឹង នូវកាលយូរ។ ឥន្ទ្រិយ ៥ គឺអ្វីខ្លះ​។ គឺសទ្ធិន្ទ្រិយ ១។បេ។ បញ្ញិន្ទ្រិយ​ ១។ ម្នាលភិក្ខុទាំងឡាយ ឥន្ទ្រិយ ៥ នេះឯង បុគ្គលបានចំរើន បានធ្វើឲ្យច្រើន  រមែងប្រព្រឹត្តទៅ ដើម្បីកំណត់ដឹង នូវ​កាលយូរ។

[៣៨៩] ម្នាលភិក្ខុទាំងឡាយ ឥន្ទ្រិយ ៥ នេះ បុគ្គលបានចំរើន បានធ្វើ​ឲ្យច្រើន រមែងប្រព្រឹត្តទៅ ដើម្បីកិរិយាអស់ទៅ នៃអាសវៈទាំងឡាយ។ ឥន្ទ្រិយ ៥ គឺអ្វីខ្លះ។ គឺសទ្ធិន្ទ្រិយ ១។បេ។ បញ្ញិន្ទ្រិយ ១។ ម្នាលភិក្ខុទាំង​ឡាយ ឥន្ទ្រិយ ៥ នេះឯង​ បុគ្គលបានចំរើន បានធ្វើឲ្យច្រើន រមែងប្រព្រឹត្ត​ទៅ ដើម្បីកិរិយាអស់ទៅ នៃអាសវៈទាំងឡាយ។

[៣៩០] ម្នាលភិក្ខុទាំងឡាយ ឥន្ទ្រិយ ៥ នេះ បុគ្គលបានចំរើន បានធ្វើ​ឲ្យច្រើន រមែងប្រព្រឹត្តទៅ ដើម្បីកិរិយាលះបង់ នូវសញ្ញោជនៈទាំងឡាយ ប្រព្រឹត្តទៅ ដើម្បីកិរិយា​ដកចោល នូវអនុសយកិលេស ប្រព្រឹត្តទៅ ដើម្បី​កំណត់ដឹង នូវកាលយូរ ប្រព្រឹត្តទៅ ដើម្បីកិរិយាអស់ទៅ នៃអាសវៈទាំងឡាយ។ ឥន្ទ្រិយ ៥ គឺអ្វីខ្លះ។ គឺសទ្ធិន្ទ្រិយ ១។បេ។ បញ្ញិន្ទ្រិយ ១។ ម្នាលភិក្ខុទាំង​ឡាយ ឥន្ទ្រិយ ៥ នេះឯង បុគ្គលបានចំរើន បានធ្វើឲ្យច្រើន រមែងប្រព្រឹត្ត​ទៅ ដើម្បីកិរិយាលះបង់​ នូវសញ្ញោជនៈទាំងឡាយ ប្រព្រឹត្តទៅ ដើម្បីដកចោល នូវ​អនុសយក្កិលេស ប្រព្រឹត្តទៅ ដើម្បីកំណត់ដឹង នូវកាលយូរ ប្រព្រឹត្តទៅ ដើម្បី​កិរិយាអស់ទៅ នៃអាសវៈទាំងឡាយ។

[៣៩១] ម្នាលភិក្ខុទាំងឡាយ ឥន្ទ្រិយនេះមាន ៥។ ឥន្ទ្រិយ ៥ គឺអ្វីខ្លះ។ គឺសទ្ធិន្ទ្រិយ ១។បេ។ បញ្ញិន្ទ្រិយ ១។ ម្នាលភិក្ខុទាំងឡាយ ឥន្ទ្រិយមាន ៥​នេះ​ឯង​។ ម្នាលភិក្ខុទាំងឡាយ​ បណ្តាផលទាំង ២ ផលណាមួយ រមែងកើត​ប្រាកដ គឺបានអរហត្តផល ក្នុងបច្ចុប្បន្ន ពុំនោះសោត បើឧបាទានក្ខន្ធ នៅ​សេសសល់នៅឡើយ ក៏គង់បានអនាគាមិផលដែរ​ ព្រោះបានចំរើន បាន​ធ្វើឲ្យច្រើន នូវឥន្ទ្រិយ ៥ នេះឯង។

[៣៩២]​ ម្នាលភិក្ខុទាំងឡាយ ឥន្ទ្រិយនេះ មាន ៥។ ឥន្ទ្រិយ ៥ គឺអ្វីខ្លះ។ គឺសទ្ធិន្ទ្រិយ ១។បេ។ បញ្ញិន្ទ្រិយ ១។ ម្នាលភិក្ខុទាំងឡាយ ឥន្ទ្រិយមាន ៥ នេះឯង។ ម្នាលភិក្ខុទាំងឡាយ ផល ៧ អានិសង្ស ៧ រមែងកើតប្រាកដ ព្រោះបានចំរើន បានធ្វើឲ្យច្រើន នូវឥន្ទ្រិយ ៥ នេះឯង។ ផល ៧ អានិសង្ស​ ៧ គឺអ្វីខ្លះ​។ គឺបុគ្គលនោះ រមែងបានអរហត្តផលយ៉ាងឆាប់ ក្នុងបច្ចុប្បន្ន បើ​មិនបានអរហត្តផលយ៉ាងឆាប់ ក្នុងបច្ចុប្បន្នទេ ក៏គង់បានអរហត្តផល ក្នុង​ការ​ទៀបស្លាប់ បើមិនបានអរហត្តផលយ៉ាងឆាប់ ក្នុងបច្ចុប្បន្នទេ បើមិនបាន​អរហត្ត​ផល ក្នុងកាលទៀបស្លាប់ទេ បុគ្គលនោះ ក៏គង់បានជាអន្តរាបរិនិព្វាយីបុគ្គល បានជា​ឧបហច្ចបរិនិព្វាយីបុគ្គល បានជាអសង្ខារបរិនិព្វាយិបុគ្គល បានជាសសង្ខារបរិនិព្វាយិ​បុគ្គល បានជា​ឧទ្ធំសោតអកនិដ្ឋគាមិបុគ្គល ព្រោះអស់ទៅ នៃសញ្ញោជនៈ ៥ ជាចំណែក​ខាង​ក្រោម។ ម្នាលភិក្ខុទាំងឡាយ ផល ៧ អានិសង្ស ៧ រមែង​កើតប្រាកដ ព្រោះតែបានចំរើន បានធ្វើឲ្យច្រើន នូវឥន្ទ្រិយ ៥ នេះឯង។

[៣៩៣] ម្នាលភិក្ខុទាំងឡាយ ពួកដើមឈើឯណានីមួយ ដែលនៅក្នុង​ជម្ពូទ្វីប មានតែដើម​ព្រីង ប្រាកដជាប្រសើរជាងដើមឈើទាំងនោះ ដូចម្តេច​មិញ។ ម្នាលភិក្ខុទាំងឡាយ ពួកធម៌​ឯណា​នីមួយ ដែលជាចំណែកខាងការ​ត្រាស់ដឹង មានតែបញ្ញិន្ទ្រិយ ប្រាកដជាប្រសើរ​ជាងធម៌ទាំងនោះ ដោយការ​ត្រាស់ដឹង ក៏ដូច្នោះដែរ។

[៣៩៤] ម្នាលភិក្ខុទាំងឡាយ ចុះពួកធម៌ជាចំណែកខាងការត្រាស់ដឹង តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ សទ្ធិន្ទ្រិយ ជាធម៌ជាចំណែកខាងការ​ត្រាស់ដឹង សទ្ធិន្ទ្រិយនោះ ប្រព្រឹត្តទៅ ដើម្បីត្រាស់ដឹង។ វិរិយិន្ទ្រិយ សតិន្ទ្រិយ សមាធិន្ទ្រិយ បញ្ញិន្ទ្រិយ ជាធម៌ជា​ចំណែក​ខាងការត្រាស់​ដឹង បញ្ញិន្ទ្រិយនោះ ប្រព្រឹត្តទៅ ដើម្បីត្រាស់ដឹង។

[៣៩៥] ម្នាលភិក្ខុទាំងឡាយ ពួកដើមឈើឯណានីមួយ ដែលនៅក្នុង​ជម្ពូទ្វីប មានតែ​ដើមព្រីង ប្រាកដជាប្រសើរជាងដើមឈើទាំងនោះ ដូចម្តេច​មិញ។ ម្នាលភិក្ខុទាំងឡាយ ពួកធម៌ឯណានីមួយ ដែលជាចំណែកខាងការ​ត្រាស់ដឹង មានតែបញ្ញិន្ទ្រិយ ប្រាកដជា​ប្រសើរជាង​ធម៌ទាំងនោះ ដោយ​ការ​ត្រាស់ដឹង ក៏ដូច្នោះដែរ។

[៣៩៦] ម្នាលភិក្ខុទាំងឡាយ​ ពួកដើមឈើឯណានីមួយ របស់ពួកទេវតា​ជាន់តាវត្តឹង្ស មានតែដើមបារិច្ឆត្តកព្រឹក្ស ប្រាកដជាប្រសើរជាងដើមឈើ​ទាំងនោះ ដូចម្តេចមិញ។ ម្នាលភិក្ខុទាំងឡាយ ពួកធម៌ឯណានីមួយ ដែលជា​ចំណែកខាងការត្រាស់ដឹង មានតែបញ្ញិន្ទ្រិយ ប្រាកដជាប្រសើរជាងធម៌ទាំង​នោះ ដោយការត្រាស់ដឹង ក៏ដូច្នោះដែរ។

[៣៩៧] ម្នាលភិក្ខុទាំងឡាយ​ ចុះពួកធម៌ជាចំណែកខាងការត្រាស់ដឹង តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ សទ្ធិន្ទ្រិយ ជាធម៌ជាចំណែកខាងការ​ត្រាស់ដឹង សទ្ធិន្ទ្រិយនោះ ប្រព្រឹត្តទៅ ដើម្បីត្រាស់ដឹង។ វិរិយិន្ទ្រិយ ជាធម៌​ជាចំណែកខាងការត្រាស់ដឹង វិរិយិន្ទ្រិយនោះ ប្រព្រឹត្តទៅ ដើម្បីត្រាស់ដឹង។ សតិន្ទ្រិយ ជាធម៌ជាចំណែកខាងការត្រាស់ដឹង។ សមាធិន្ទ្រិយ ជាធម៌​ជា​ចំណែកខាងការត្រាស់ដឹង។ បញ្ញិន្ទ្រិយ ជាធម៌ជាចំណែកខាងការត្រាស់ដឹង បញ្ញិន្ទ្រិយនោះ ប្រព្រឹត្តទៅ ដើម្បីត្រាស់ដឹង។

[៣៩៨] ម្នាលភិក្ខុទាំងឡាយ ពួកដើមឈើឯណានីមួយ របស់ពួកទេវតា​ជាន់តាវត្តឹង្ស មានតែដើមបារិច្ឆត្តកព្រឹក្ស ប្រាកដជាប្រសើរជាងដើមឈើ​ទាំងនោះ ដូចម្តេចមិញ។ ម្នាលភិក្ខុ​ទាំងឡាយ ពួកធម៌ឯណានីមួយ ដែល​ជា​ចំណែកខាងការត្រាស់ដឹង មានតែបញ្ញិន្ទ្រិយ ប្រាកដជាប្រសើរជាងធម៌ទាំង​នោះ ដោយការត្រាស់ដឹង ក៏ដូច្នោះដែរ។

[៣៩៩] ម្នាលភិក្ខុទាំងឡាយ ពួកដើមឈើឯណានីមួយ របស់ពួកអសុរ មានតែដើម​ច្រនៀង ប្រាកដជាប្រសើរជាងដើមឈើទាំងនោះ ដូចម្តេចមិញ។ ម្នាលភិក្ខុទាំងឡាយ ពួកធម៌​ឯណានីមួយ ដែលជាចំណែកខាងការត្រាស់​ដឹង មានតែបញ្ញិន្ទ្រិយ ប្រាកដជាប្រសើរ​ជាងធម៌​ទាំងនោះ ដោយការត្រាស់​ដឹង ក៏ដូច្នោះដែរ​។

[៤០០]​ ម្នាលភិក្ខុទាំងឡាយ ចុះពួកធម៌ជាចំណែកខាងការត្រាស់ដឹង តើដូចម្តេច។ ម្នាលភិក្ខុ​ទាំងឡាយ សទ្ធិន្ទ្រិយ ជាធម៌ជាចំណែកខាងការ​ត្រាស់​ដឹង សទ្ធិន្ទ្រិយនោះ ប្រព្រឹត្តទៅ ដើម្បីត្រាស់ដឹង។បេ។ បញ្ញិន្ទ្រិយ ជា​ធម៌​ជាចំណែកខាងការត្រាស់ដឹង បញ្ញិន្ទ្រិយនោះ ប្រព្រឹត្តទៅ ដើម្បីត្រាស់ដឹង។

[៤០១] ម្នាលភិក្ខុទាំងឡាយ ពួកដើមឈើឯណានីមួយ របស់ពួកអសុរ មានតែដើម​ច្រនៀង ប្រសើរជាងដើមឈើទាំងនោះ ដូចម្តេចមិញ។ ម្នាល​ភិក្ខុទាំងឡាយ​ ពួកធម៌ឯណានីមួយ ដែលជាចំណែកខាងការត្រាស់ដឹង មាន​​​តែ​បញ្ញិន្ទ្រិយ ប្រសើរជាពួកធម៌ទាំងនោះ ដោយការ​ត្រាស់​ដឹង ក៏ដូច្នោះដែរ​។

[៤០២] ម្នាលភិក្ខុទាំងឡាយ ពួកដើមឈើឯណានីមួយ របស់ពួកគ្រុឌ មានតែដើមរកា ប្រសើរ​ជាដើមឈើទាំងនោះ ដូចម្តេចមិញ។ ម្នាលភិក្ខុ​ទាំង​ឡាយ ពួកធម៌ឯណា​នីមួយ ដែលជាចំណែកខាងការត្រាស់ដឹង មានតែ​បញ្ញិន្ទ្រិយ ប្រសើរជាងពួកធម៌ទាំងនោះ ដោយការ​ត្រាស់ដឹង ក៏ដូច្នោះដែរ។

[៤០៣] ម្នាលភិក្ខុទាំងឡាយ ចុះពួកធម៌ជាចំណែកខាងការត្រាស់ដឹង តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ សទ្ធិន្ទ្រិយ ជាធម៌ជាចំណែកខាងការ​ត្រាស់ដឹង សទ្ធិន្ទ្រិយនោះ ប្រព្រឹត្តទៅ ដើម្បីត្រាស់ដឹង។បេ។ បញ្ញិន្ទ្រិយ ជា​ធម៌ជាចំណែកខាងការត្រាស់ដឹង បញ្ញិន្ទ្រិយនោះ ប្រព្រឹត្តទៅ ដើម្បីត្រាស់​ដឹង។

[៤០៤] ម្នាលភិក្ខុទាំងឡាយ ពួកដើមឈើឯណានីមួយ របស់ពួកគ្រុឌ មានតែដើមរកា ប្រសើរជាង​ដើមឈើទាំងនោះ​ ដូចម្តេចមិញ។ ម្នាលភិក្ខុ​ទាំងឡាយ ពួកធម៌ឯណានីមួយ ដែលជា​ចំណែកខាងការត្រាស់ដឹង មានតែ​បញ្ញិន្ទ្រិយ  ប្រសើរជាពួកធម៌ទាំងនោះ ដោយការត្រាស់ដឹង ក៏ដូច្នោះដែរ។

ចប់ ពោធិបក្ខិយវគ្គ ទី ៧។

ឧទ្ទាននៃពោធិបក្ខិយវគ្គនោះគឺ

និយាយអំពីចំរើនឥន្ទ្រិយ ដើម្បីលះបង់សញ្ញោជនៈ ១ ដើម្បីដកចោល នូវអនុស័យ ១ ដើម្បីកំណត់ដឹងកាលយូរ​ ១ ដើម្បីកិរិយាអស់ទៅ នៃអាសវៈ ១ អំពីផល ២ លើក អំពីដើមឈើ ៤ លើក ហេតុនោះ បានជាហៅថាវគ្គ។

ឥន្ទ្រិយសំយុត្ត គង្គាទិបេយ្យាល

[៤០៥] ម្នាលភិក្ខុទាំងឡាយ ទន្លេគង្គា មានទំនាបទៅខាងកើត មាន​ជម្រាលទៅខាងកើត ឈមទៅខាងកើត ដូចម្តេចមិញ។ ម្នាលភិក្ខុទាំង​ឡាយ កាលភិក្ខុចំរើននូវឥន្ទ្រិយ ៥ ធ្វើឲ្យ​ច្រើន នូវឥន្ទ្រិយ ៥ រមែងមាន​ទំនាបទៅរកព្រះនិព្វាន មានជម្រាលទៅរកព្រះនិព្វាន ឈមទៅ​រក ព្រះនិព្វាន ក៏ដូច្នោះដែរ។

[៤០៦] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុកាលចំរើននូវឥន្ទ្រិយ ៥ ធ្វើឲ្យ​ច្រើននូវឥន្ទ្រិយ ៥ រមែងមាន​ទំនាបទៅរកព្រះនិព្វាន មានជម្រាលទៅរក​ព្រះ​និព្វាន ឈមទៅរកព្រះនិព្វាន តើដូច​ម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុង​សាសនានេះ ចំរើននូវសទ្ធិន្ទ្រិយ ដែលអាស្រ័យនូវវិវេក អាស្រ័យនូវវិរាគ អាស្រ័យនូវនិរោធ បង្អោនទៅ ដើម្បីលះបង់ ចំរើននូវវិរិយិន្ទ្រិយ សតិន្ទ្រិយ សមាធិន្ទ្រិយ បញ្ញិន្ទ្រិយ ដែលអាស្រ័យនូវវិវេក អាស្រ័យនូវវិរាគ អាស្រ័យនូវនិរោធ បង្អោនទៅ ដើម្បីលះបង់ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុកាលចំរើន នូវឥន្ទ្រិយ ៥ ធ្វើឲ្យ​ច្រើន នូវឥន្ទ្រិយ ៥ រមែងមានទំនាបទៅរកព្រះនិព្វាន មានជម្រាលទៅរក​ព្រះ​និព្វាន ឈមទៅរកព្រះនិព្វាន យ៉ាងនេះឯង។

[៤០៧] ម្នាលភិក្ខុទាំងឡាយ សញ្ញោជនៈ ជាចំណែកខាងលើនេះ មាន ៥។ ចុះសញ្ញោជនៈ ជាចំណែកខាងលើ មាន ៥ គឺអ្វីខ្លះ។ គឺរូបរាគ ១ អរូបរាគ ១ មានះ ១ ឧទ្ធច្ចៈ ១ អវិជ្ជា ១។ ម្នាលភិក្ខុទាំងឡាយ សញ្ញោជនៈ ជាចំណែក​ខាងលើ មាន ៥ នេះឯង។

[៤០៨] ម្នាលភិក្ខុទាំងឡាយ ឥន្ទ្រិយ ៥ ភិក្ខុគួរចំរើន ដើម្បីដឹង ដើម្បី​កំណត់ដឹង ដើម្បីអស់ទៅ​ ដើម្បីកិរិយាលះបង់ នូវសញ្ញោជនៈ ជាចំណែកខាង​លើ ៥ នេះឯង។ ឥន្ទ្រិយ ៥ គឺអ្វីខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនា​នេះ ចំរើននូវសទ្ធិន្ទ្រិយ ដែលអាស្រ័យនូវវិវេក អាស្រ័យនូវវិរាគ អាស្រ័យ​នូវនិរោធ បង្អោនទៅ ដើម្បីលះបង់។បេ។ ចំរើននូវបញ្ញិន្ទ្រិយ ដែល​អាស្រ័យនូវវិវេក អាស្រ័យនូវវិរាគ អាស្រ័យនូវនិរោធ បង្អោនទៅ ដើម្បី​លះបង់។ ម្នាលភិក្ខុ​ទាំងឡាយ ឥន្ទ្រិយ ៥ នេះ ភិក្ខុគួរចំរើនដើម្បីដឹង ដើម្បី​កំណត់ដឹង ដើម្បីអស់ទៅ ដើម្បី​កិរិយាលះបង់ នូវសញ្ញោជនៈ ​ជា​ចំណែក​ខាងលើ ៥ នេះឯង។ (មគ្គសំយុត្ត ដែលឲ្យពិស្តារ​ហើយយ៉ាងណា ពាក្យថា អាស្រ័យនូវវិវេក (ជាដើម) បណ្ឌិតគប្បីឲ្យពិស្តារ យ៉ាងនោះចុះ)។

[៤០៩] ម្នាលភិក្ខុទាំងឡាយ ទន្លេគង្គា មានទំនាបទៅខាងកើត មានជម្រាល​ទៅខាងកើត ឈមទៅខាងកើត ដូចម្តេចមិញ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ​ចំរើន នូវឥន្ទ្រិយ ៥ ធ្វើឲ្យច្រើន​នូវឥន្ទ្រិយ ៥ រមែងមានទំនាបទៅរកព្រះ​និព្វាន មានជម្រាលទៅរកព្រះនិព្វាន ឈមទៅ​រកព្រះនិព្វាន ក៏ដូច្នោះដែរ។

[៤១០] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុចំរើននូវឥន្ទ្រិយ ៥ ធ្វើឲ្យច្រើននូវ​ឥន្ទ្រិយ ៥​ រមែងមានទំនាបទៅរកព្រះនិព្វាន មានជម្រាលទៅរកព្រះនិព្វាន ឈមទៅរកព្រះនិព្វាន តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនា​នេះ ចំរើន នូវសទ្ធិន្ទ្រិយ មានកិរិយា កំចាត់បង់ នូវរាគៈជាទីបំផុត កំចាត់បង់​ នូវទោសៈជាទីបំផុត កំចាត់បង់ នូវមោហៈជាទីបំផុត។បេ។ ចំរើននូវបញ្ញិន្ទ្រិយ មានកិរិយាកំចាត់បង់ នូវរាគៈជាទីបំផុត កំចាត់បង់ នូវទោសៈជាទីបំផុត កំចាត់បង់ នូវមោហៈជាទីបំផុត។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ​ចំរើននូវឥន្ទ្រិយ ៥ ធ្វើឲ្យច្រើន នូវឥន្ទ្រិយ ៥ រមែងមានទំនាបទៅរកព្រះនិព្វាន មានជម្រាល​ទៅរកព្រះនិព្វាន ឈមទៅរក ព្រះនិព្វាន យ៉ាងនេះឯង។

[៤១១] ម្នាលភិក្ខុទាំងឡាយ សញ្ញោជនៈ ជាចំណែកខាងលើនេះ មាន ៥។ ចុះសញ្ញោជនៈ ជាចំណែកខាងលើមាន ៥ គឺអ្វីខ្លះ។ គឺរូបរាគៈ ១ អរូបរាគៈ ១ មានះ ១ ឧទ្ធច្ចៈ ១ អវិជ្ជា ១។ ម្នាលភិក្ខុទាំងឡាយ សញ្ញោជនៈ ជាចំណែក​ខាងលើ មាន ៥ នេះឯង។

[៤១២] ម្នាលភិក្ខុទាំងឡាយ ឥន្ទ្រិយ ៥ ភិក្ខុគួរចំរើន ដើម្បីដឹង ដើម្បី​កំណត់ដឹង ដើម្បីអស់ទៅ​ ដើម្បីលះបង់ នូវសញ្ញោជនៈ ជាចំណែកខាងលើ​ ៥ នេះឯង។ ចុះឥន្ទ្រិយ ៥ គឺអ្វីខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចំរើននូវសទ្ធិន្ទ្រិយ មានកិរិយាកំចាត់បង់ នូវរាគៈជាទីបំផុត កំចាត់បង់ នូវ​ទោសៈជាទីបំផុត កំចាត់បង់ នូវមោហៈជាទីបំផុត ចំរើន​នូវ​វីរិយិន្ទ្រិយ សតិន្ទ្រិយ សមាធិន្ទ្រិយ បញ្ញិន្ទ្រិយ មានកិរិយាកំចាត់បង់ នូវរាគៈជាទីបំផុត កំចាត់បង់ នូវទោសៈជាទីបំផុត កំចាត់បង់ នូវមោហៈ ជាទីបំផុត។ ម្នាលភិក្ខុ​ទាំងឡាយ ឥន្ទ្រិយ ៥ នេះ ភិក្ខុគួរចំរើន ដើម្បីដឹង ដើម្បីកំណត់ដឹង ដើម្បីអស់ទៅ ដើម្បី​លះបង់ នូវសញ្ញោជនៈ ជាចំណែកខាងលើ ៥ នេះឯង។ (ក្នុងមគ្គសំយុត្ត​ យ៉ាង​ណា ឥន្ទ្រិយសំយុត្ត ក៏យ៉ាងនោះដែរ)។

ចប់ គង្គាទិបេយ្យាល ទី៨។

ឧទ្ទាននៃឥន្ទ្រិយសំយុត្តនោះគឺ

និយាយអំពីចំរើនឥន្ទ្រិយ ដើម្បីលះបង់សញ្ញោជនៈ ១ ដើម្បីដកអនុស័យ ១ ដើម្បីកំណត់ដឹងកាលយូរ ១ ដើម្បីកិរិយាអស់ទៅ នៃអាសវៈ ១ អំពីផល ពីរយ៉ាង ១ អំពីអានិសង្សប្រាំពីរយ៉ាង១ អំពីដើមឈើ ៤ លើក ហេតុនោះ បានជាហៅថាវគ្គ។

ចប់ ឥន្ទ្រិយសំយុត្ត។

សម្មប្បធានសំយុត្ត

[៤១៣] សាវត្ថី។ ក្នុងទីនោះឯង ព្រះដ៏មានព្រះភាគ។បេ។ ទ្រង់ត្រាស់​ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ សម្មប្បធាននេះ មាន ៤។ សម្មប្បធាន ៤ គឺអ្វី​ខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ញុំាងឆន្ទៈឲ្យកើត ប្រឹងប្រែង ប្រារព្ធព្យាយាម ផ្គងចិត្តទុក តាំងព្យាយាមមាំ ដើម្បីញុំាងធម៌ទាំងឡាយ ជា​អកុសល ដ៏លាមក ដែលមិនទាន់កើតឡើង មិនឲ្យកើតឡើងបាន ១។ ញុំាង​ឆន្ទៈឲ្យកើត ប្រឹងប្រែងប្រារព្ធព្យាយាម ផ្គងចិត្តទុក តាំងព្យាយាមមាំ ដើម្បីលះ​បង់ធម៌​ទាំងឡាយ ជាអកុសលដ៏លាមក ដែលកើតឡើងហើយ ១។ ញុំាង​ឆន្ទៈឲ្យកើតឡើង ប្រឹងប្រែង ប្រារព្ធព្យាយាម ផ្គងចិត្តទុក តាំងព្យាយាមមាំ ដើម្បីញុំាងធម៌ទាំងឡាយ ជាកុសល ដែលមិន​ទាន់កើតឡើង ឲ្យកើតឡើង​បាន ១។ ញុំាងឆន្ទៈឲ្យកើត ប្រឹងប្រែង ប្រារព្ធព្យាយាម ផ្គងចិត្តទុក តាំង​ព្យាយាមមាំ ដើម្បីញុំាងធម៌ទាំងឡាយ ជាកុសល ដែលកើតឡើងហើយ ឲ្យស្ថិតស្ថេរ មិនឲ្យវិនាស ឲ្យចំរើនធំទូលាយ ឲ្យបរិបូណ៌ ជាភិយ្យោភាព​ ១។ ម្នាលភិក្ខុទាំងឡាយ សម្មប្បធាន មាន ៤ នេះឯង។

[៤១៤] ម្នាលភិក្ខុទាំងឡាយ ទន្លេគង្គា មានទំនាបទៅខាងកើត មាន​ជម្រាលទៅខាងកើត ឈមទៅខាងកើត យ៉ាងណាមិញ។ ម្នាលភិក្ខុទាំង​ឡាយ កាលភិក្ខុចំរើន នូវសម្មប្បធាន ៤ ធ្វើឲ្យច្រើន នូវសម្មប្បធាន ៤ រមែង​មានទំនាបទៅរកព្រះនិព្វាន មានជម្រាលទៅរកព្រះនិព្វាន ឈមទៅរកព្រះ​និព្វាន យ៉ាងនោះដែរ។

[៤១៥] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុកាលចំរើននូវសម្មប្បធាន ៤ ធ្វើ​ឲ្យច្រើននូវ​សម្មប្បធាន ៤ រមែងមា​នទំនាបទៅរកព្រះនិព្វាន មានជម្រាលទៅ​រកព្រះនិព្វាន ឈមទៅ​រកព្រះនិព្វាន តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ​ក្នុងសាសនានេះ ញុំាងឆន្ទៈឲ្យកើត ប្រឹងប្រែង ប្រារព្ធព្យាយាម ផ្គងចិត្តទុក តាំងព្យាយាមមាំ ដើម្បីញុំាងធម៌ទាំងឡាយ ជាអកុសល ដ៏លាមក ដែលមិន​ទាន់កើត មិនឲ្យកើតឡើង ១។ ញុំាងឆន្ទៈឲ្យកើត ប្រឹងប្រែង ប្រារព្ធព្យាយាម ផ្គងចិត្តទុក តាំងព្យាយាមមាំ ដើម្បីលះបង់ នូវធម៌ទាំងឡាយ ជាអកុសល ដ៏​លាមក ដែលកើត​ឡើងហើយ ១។ ញុំាងឆន្ទៈឲ្យកើត ប្រឹងប្រែង ប្រារព្ធព្យាយាម ផ្គងចិត្តទុក តាំងព្យាយាមមាំ ដើម្បីញុំាងធម៌ទាំងឡាយ ជា​កុសល ដែលមិនទាន់កើត ឲ្យកើតឡើងបាន ១។ ញុំាងឆន្ទៈឲ្យកើត ប្រឹងប្រែង ប្រារព្ធព្យាយាម ផ្គងចិត្តទុក តាំងព្យាយាមមាំ ដើម្បីញុំាងធម៌ទាំង​ឡាយ ជាកុសល ដែលកើតឡើងហើយ ឲ្យស្ថិតស្ថេរ មិនឲ្យវិនាស ឲ្យចំរើន​ធំទូលាយ ឲ្យបរិបូណ៌ ជាភិយ្យោភាព​ ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុកាល​ចំរើន នូវសម្មប្បធាន ៤ ធ្វើឲ្យច្រើន នូវសម្មប្បធាន ៤ រមែង​មានទំនាបទៅ​រកព្រះនិព្វាន មានជម្រាលទៅរកព្រះនិព្វាន ឈមទៅរកព្រះនិព្វាន យ៉ាងនេះ​ឯង។

និយាយអំពីទន្លេគង្គា មានទំនាបទៅខាងកើត ៦ លើក អំពីទន្លេគង្គា មានទំនាប​ទៅរកសមុទ្រ ៦ លើក ទាំង ៦ លើក ២ ដងនុ៎ះ រួមជា ១២ លើក ហេតុនោះទើបហៅថាវគ្គ។

(គង្គាបេយ្យាល របស់សម្មប្បធានសំយុត្ត បណ្ឌិតគប្បីឲ្យពិស្តារ តាមទំនង នៃ​សម្មប្បធានចុះ)។ ចប់ ១ វគ្គ។

និយាយអំពីព្រះតថាគត ១ អំពីស្នាមជើង ១ អំពីមេដំបូលផ្ទះ​ ១ អំពីក្លិនឫស ១ អំពីក្លិន ខ្លឹម ១ អំពីក្លិនផ្កាម្លិះ ១ អំពីស្តេចចក្រពត្តិ ១ អំពីព្រះចន្រ្ទ ១ អំពីព្រះអាទិត្យ ១ អំពីសំពត់ ១ រួមជា ១០។

(អប្បមាទវគ្គ បណ្ឌិតគប្បីឲ្យពិស្តារ តាមទំនង នៃសម្មប្បធានចុះ)។ ចប់ ១​ វគ្គ។

[៤១៦] ម្នាលភិក្ខុទាំងឡាយ ការងារណាមួយ ដែលបុគ្គលត្រូវធ្វើដោយ​កម្លាំង លុះតែ​អាស្រ័យនឹងផែនដី  ស្ថិតលើផែនដី ទើបធ្វើការងារ ដែល​ត្រូវ​ធ្វើដោយកម្លាំងទាំងអស់នោះបាន យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុលុះតែអាស្រ័យនូវសីល ស្ថិតនៅក្នុងសីល ទើប​ចំរើននូវសម្មប្បធាន ៤ ធ្វើឲ្យច្រើន នូវសម្មប្បធាន ៤ បាន យ៉ាងនោះដែរ។

[៤១៧] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុអាស្រ័យនូវសីល ស្ថិតនៅក្នុង​សីល ចំរើន​នូវសម្មប្បធាន ៤ ធ្វើឲ្យច្រើន នូវសម្មប្បធាន ៤ បាន តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ញុំាងឆន្ទៈឲ្យកើត ប្រឹងប្រែង ប្រារព្ធព្យាយាម ផ្គងចិត្តទុក តាំងព្យាយាមមាំ ដើម្បីញុំាងធម៌ទាំងឡាយ ជា​អកុសល ដ៏លាមក ដែលមិនទាន់កើត មិនឲ្យកើតឡើងបាន​ ១។បេ។ ញុំាង​ឆន្ទៈឲ្យកើត ប្រឹងប្រែង ប្រារព្ធព្យាយាម ផ្គងចិត្តទុក តាំងព្យាយាមមាំ ដើម្បី​ញុំាងធម៌​ទាំងឡាយ ជាកុសល ដែលកើតឡើងហើយ ឲ្យស្ថិតស្ថេរ មិនឲ្យ​វិនាស ឲ្យចំរើន​ធំទូលាយ បរិបូណ៌ ជាភិយ្យោភាព ១។ ម្នាលភិក្ខុទាំង​ឡាយ ភិក្ខុអាស្រ័យនូវសីល ស្ថិតនៅក្នុងសីល ចំរើននូវសម្មប្បធាន ៤ ធ្វើ​ឲ្យច្រើននូវសម្មប្បធាន ៤ យ៉ាងនេះឯង​។ (ពលករណីយវគ្គ បណ្ឌិតគប្បីឲ្យ​ពិស្តារ​ តាមទំនង នៃសម្មប្បធាន យ៉ាងនេះចុះ)។

[៤១៨] ម្នាលភិក្ខុទាំងឡាយ ការស្វែងរកនេះ មាន ៣ យ៉ាង។ ការស្វែង​រក ៣ យ៉ាង គឺអ្វីខ្លះ។ គឺការស្វែងរកកាម ១ ការស្វែងរកភព ១ ការស្វែងរកព្រហ្មចរិយៈ ១។ ម្នាលភិក្ខុ​ទាំង​ឡាយ ការស្វែងរក មាន ៣ យ៉ាងនេះឯង។

[៤១៩] ម្នាលភិក្ខុទាំងឡាយ បុគ្គលគួរចំរើននូវសម្មប្បធាន ៤ ដើម្បី​ដឹងច្បាស់ ដើម្បី​កំណត់ដឹង ដើម្បីអស់ទៅ ដើម្បីលះបង់ នូវការស្វែងរក ទាំង​ ៣ ប្រការនេះឯង។ សម្មប្បធាន ៤ គឺអ្វីខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុង​សាសនានេះ។បេ។ ញុំាងឆន្ទៈឲ្យកើត ប្រឹងប្រែង ប្រារព្ធព្យាយាម ផ្គងចិត្តទុក តាំងព្យាយាមមាំ ដើម្បីញុំាងធម៌ទាំងឡាយ ជាកុសលដែល​កើត​ឡើងហើយ ឲ្យស្ថិតស្ថេរ មិនឲ្យវិនាស ឲ្យចំរើនធំទូលាយ បរិបូណ៌ ជា​ភិយ្យោភាព ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុគួរចំរើនសម្មប្បធាន ៤ នេះ ដើម្បីដឹងច្បាស់ ដើម្បីកំណត់ដឹង ដើម្បីអស់ទៅ ដើម្បីលះបង់ នូវការស្វែង​រ​ក ទាំង ៣ យ៉ាងនេះឯង។

[៤២០] ម្នាលភិក្ខុទាំងឡាយ សញ្ញោជនៈជាចំណែកខាងលើនេះ មាន ៥។ សញ្ញោជនៈ ជាចំណែកខាងលើ ៥ គឺអ្វីខ្លះ។ គឺរូបរាគ ១ អរូបរាគ ១​ មានះ ១ ឧទ្ធច្ចៈ ១ អវិជ្ជា ១។ ម្នាលភិក្ខុទាំងឡាយ សញ្ញោជនៈ ជាចំណែកខាងលើ ​មាន ៥ នេះឯង។

[៤២១] ម្នាលភិក្ខុទាំងឡាយ បុគ្គលគួរចំរើនសម្មប្បធាន ៤ ដើម្បីដឹង​ច្បាស់ ដើម្បី​កំណត់ដឹង ដើម្បីអស់ទៅ ដើម្បីលះបង់ នូវសញ្ញោជនៈ ជា​ចំណែកខាងលើ ៥ នេះឯង។ សម្មប្បធាន ៤ គឺអ្វីខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ។បេ។ ញុំាងឆន្ទៈឲ្យកើត ប្រឹងប្រែង ប្រារព្ធព្យាយាម ផ្គងចិត្តទុក តាំងព្យាយាមមាំ ដើម្បីញុំាងធម៌ទាំងឡាយ ជាកុសល ដែលកើតឡើងហើយ ឲ្យស្ថិតស្ថេរ មិនឲ្យវិនាស ឲ្យចំរើនធំទូលាយ បរិបូណ៌ ជាភិយ្យោភាព ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលគួរចំរើនសម្មប្បធាន​ ៤ នេះ ដើម្បីដឹងច្បាស់ ដើម្បីកំណត់ដឹង ដើម្បីអស់ទៅ ដើម្បីលះបង់ នូវសញ្ញោជនៈ ជាចំណែកខាងលើ ៥ នេះឯង។ (បាលី​សំដែងអំពីការស្វែង​​រក បណ្ឌិតគប្បីឲ្យពិស្តារយ៉ាងនេះ )។

ចប់ សម្មប្បធានសំយុត្ត។

ពលសំយុត្ត

[៤២២] ម្នាលភិក្ខុទាំងឡាយ ពលៈទាំងឡាយនេះ មាន ៥។ ពលៈ ៥ គឺអ្វី​ខ្លះ។ គឺសទ្ធាពលៈ ១ វិរិយពលៈ ១ សតិពលៈ ១ សមាធិពលៈ ១ បញ្ញាពលៈ ១។ ម្នាលភិក្ខុទាំងឡាយ ពលៈមាន ៥ នេះឯង។

[៤២៣] ម្នាលភិក្ខុទាំងឡាយ ទន្លេគង្គាមានទំនាបទៅខាងកើត មានជម្រាលទៅខាងកើត ឈមទៅខាងកើត ដូចម្តេចមិញ។ ម្នាលភិក្ខុទាំង​ឡាយ ភិក្ខុចំរើននូវពលៈ ៥ ធ្វើឲ្យ​ច្រើន​ នូវពលៈ ៥ រមែងមានទំនាបទៅរក​ព្រះនិព្វាន មានជម្រាលទៅរកព្រះនិព្វាន ឈមទៅរក​ព្រះនិព្វាន ក៏ដូច្នោះដែរ។

[៤២៤] ម្នាលភិក្ខុទាំងឡាយ ភិក្ខុចំរើននូវពលៈ ៥ ធ្វើឲ្យច្រើននូវពលៈ ៥ រមែងមាន​ទំនាបទៅរព្រះនិព្វាន មានជម្រាលទៅរកព្រះនិព្វាន ឈមទៅ​រកព្រះនិព្វាន តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចំរើននូវសទ្ធាពលៈ ដែលអាស្រ័យនូវវិវេក អាស្រ័យនូវវិរាគ អាស្រ័យនូវ​និរោធ បង្អោនទៅរកការលះបង់ ចំរើននូវវិរិយពលៈ សតិពលៈ សមាធិ​ពលៈ បញ្ញាពលៈ ដែលអាស្រ័យនូវវិវេក អាស្រ័យ​នូវវិរាគ អាស្រ័យ​នូវនិរោធ បង្អោនទៅរក​ការលះបង់  ។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុកាលចំរើននូវពលៈ ៥ ធ្វើឲ្យច្រើន នូវពលៈ ៥ រមែងមាន​ទំនាបទៅរកព្រះនិព្វាន មានជម្រាលទៅរកព្រះនិព្វាន ឈមទៅរកព្រះនិព្វាន យ៉ាងនេះឯង។

[៤២៥] ម្នាលភិក្ខុទាំងឡាយ សញ្ញោជនៈជាចំណែកខាងលើនេះ មាន ៥។ ចុះសញ្ញោជនៈ ជាចំណែកខាងលើ ៥ គឺអ្វីខ្លះ។ គឺរូបរាគ ១ អរូបរាគ ១ មានះ ១ ឧទ្ធច្ចៈ ១ អវិជ្ជា ១។ ម្នាលភិក្ខុទាំងឡាយ សញ្ញោជនៈ ជាចំណែក​ខាងលើ មាន ៥ នេះឯង។

[៤២៦] មា្នលភិក្ខុទាំងឡាយ ពលៈ ៥ បុគ្គលគួរចំរើន ដើម្បីដឹង ដើម្បី​កំណត់ដឹង ដើម្បីអស់ទៅ ដើម្បីលះបង់ នូវសញ្ញោជនៈ ជាចំណែកខាងលើ ៥ នេះឯង។ ពលៈ ៥ គឺអ្វីខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចំរើននូវសទ្ធាពលៈ ដែលអាស្រ័យនូវវិវេក អាស្រ័យ​នូវវិរាគ អាស្រ័យនូវ​និរោធ បង្អោនទៅ ដើម្បីកិរិយាលះបង់ ចំរើននូវវិរិយពលៈ សតិពលៈ សមាធិពលៈ បញ្ញាពលៈ ដែលអាស្រ័យនូវវិវេក អាស្រ័យនូវវិរាគ អាស្រ័យនូវនិរោធ បង្អោនទៅ ដើម្បីកិរិយាលះបង់។ ម្នាលភិក្ខុទាំងឡាយ ពលៈ ៥ នេះ បុគ្គលគួរចំរើន ដើម្បីដឹង ដើម្បីកំណត់ដឹង ដើម្បីអស់ទៅ ដើម្បី​លះបង់ នូវសញ្ញោជនៈ ជាចំណែកខាងលើ ៥ នេះឯង។

[៤២៧] ម្នាលភិក្ខុទាំងឡាយ ទន្លេគង្គាមានទំនាបទៅខាងកើត មានជម្រាលទៅខាងកើត ឈមទៅខាងកើត ដូចម្តេចមិញ។ ម្នាលភិក្ខុ​ទាំង​ឡាយ ភិក្ខុចំរើននូវពលៈ ៥ ធ្វើឲ្យច្រើន​នូវពលៈ ៥ រមែងមានទំនាបទៅរក​ព្រះនិព្វាន មានជម្រាលទៅរកព្រះនិព្វាន ឈមទៅ​រកព្រះ​និព្វាន ក៏ដូច្នោះដែរ។

[៤២៨] ម្នាលភិក្ខុទាំងឡាយ ភិក្ខុចំរើននូវពលៈ ៥ ធើ្វឲ្យច្រើន នូវពលៈ ៥ រមែងមាន​ទំនាប​ទៅរកព្រះនិព្វាន មានជម្រាលទៅរកព្រះនិព្វាន ឈម​ទៅ​រកព្រះនិព្វាន តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចំរើននូវសទ្ធាពលៈ មានកិរិយា​កំចាត់បង់ នូវរាគៈ​ជាទីបំផុត មានកិរិយា​កំចាត់បង់ នូវទោសៈជាទីបំផុត មានកិរិយាកំចាត់បង់ នូវមោហៈ ជាទីបំផុត។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុចំរើននូវពលៈ ៥ ធ្វើឲ្យច្រើន នូវពលៈ ៥ រមែង​មាន​ទំនាប​ទៅរកព្រះនិព្វាន មានជម្រាលទៅរកព្រះនិព្វាន ឈមទៅរកព្រះនិព្វាន យ៉ាងនេះឯង។ (បាលីសំដែងអំពីការស្វែងរក មានកិរិយាកំចាត់បង់ នូវរាគៈ​ជាទីបំផុត កំចាត់បង់ នូវទោសៈ ជាទីបំផុត កំចាត់បង់ នូវមោហៈជាទីបំផុត បណ្ឌិតគប្បីឲ្យពិស្តារ យ៉ាងនេះចុះ)។

[៤២៩] ម្នាលភិក្ខុទាំងឡាយ សញ្ញោជនៈជាចំណែកខាងលើនេះ មាន ៥។ សញ្ញោជនៈ ជាចំណែកខាងលើ ៥ គឺអ្វីខ្លះ។ គឺរូបរាគៈ ១ អរូបរាគៈ ១ មានះ ១ ឧទ្ធច្ចៈ ១ អវិជ្ជា ១។ ម្នាលភិក្ខុទាំងឡាយ សញ្ញោជនៈ ជាចំណែក​ខាងលើមាន ៥ នេះឯង។

[៤៣០] ម្នាលភិក្ខុទាំងឡាយ ពលៈ ៥ ប្រការ បុគ្គលគួរចំរើន ដើម្បី​ដឹង ដើម្បីកំណត់ដឹង ដើម្បីអស់ទៅ ​ដើម្បីលះបង់ នូវសញ្ញោជនៈ ជាចំណែក​ខាងលើ ៥ នេះឯង។ ពលៈ ៥ គឺអ្វីខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុង​សាសនានេះ ចំរើននូវសទ្ធាពលៈ មានកិរិយាកំចាត់បង់ នូវរាគៈ ជាទីបំផុត មានកិរិយាកំចាត់បង់ នូវទោសៈជាទីបំផុត មានកិរិយាកំចាត់បង់ នូវមោហៈ​ជាទី​បំផុត។បេ។ ចំរើននូវ​បញ្ញាពលៈ មានកិរិយាកំចាត់បង់ នូវរាគៈជាទី​បំផុត មានកិរិយាកំចាត់បង់ នូវទោសៈ ជាទីបំផុត មានកិរិយាកំចាត់បង់ នូវ​មោហៈជាទីបំផុត។ ម្នាលភិក្ខុទាំងឡាយ ពលៈ ៥ នេះ បុគ្គលគួរចំរើន ដើម្បីដឹង ដើម្បីកំណត់ដឹង ដើម្បីអស់ទៅ ដើម្បីលះបង់ នូវសញ្ញោជនៈ ជា​ចំណែកខាងលើ ៥ នេះឯង។

ចប់ ពលសំយុត្ត។

ឥទ្ធិបាទសំយុត្ត

បាវាលវគ្គ

[៤៣១] ម្នាលភិក្ខុទាំងឡាយ ឥទ្ធិបាទ ៤ នេះ ដែលបុគ្គលចំរើនហើយ ធ្វើឲ្យរឿយ ៗ ហើយ រមែងប្រព្រឹត្តទៅ ដើម្បីចេញចាកវដ្តៈ ហើយបានដល់​ព្រះនិព្វាន។ ឥទ្ធិបាទ ៤ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនា​នេះ ចំរើនឥទ្ធិបាទ ប្រកបដោយឆន្ទសមាធិ និងបធានសង្ខារ ១។ ចំរើនឥទ្ធិបាទ ប្រកបដោយវីរិយសមាធិ និងបធានសង្ខារ ១។ ចំរើនឥទ្ធិបាទ ប្រកបដោយចិត្តសមាធិ និងបធានសង្ខារ ១។ ចំរើនឥទ្ធិបាទ ប្រកបដោយវីមំសាសមាធិ និង​បធានសង្ខារ ១។  ម្នាលភិក្ខុ​ទាំងឡាយ ឥទ្ធិបាទ ៤ នេះឯង ដែលបុគ្គលចំរើនហើយ ធើ្វឲ្យរឿយ ៗ ហើយ រមែងប្រព្រឹត្តទៅ ដើម្បីចេញចាកវដ្តៈ ហើយបានដល់ព្រះនិព្វាន។

[៤៣២] ម្នាលភិក្ខុទាំងឡាយ ឥទ្ធិបាទ ៤ ពួកបុគ្គលណាមួយ លះបង់​ហើយ អរិយមគ្គ ដែលប្រព្រឹត្តទៅ ដើម្បីអស់ទុក្ខដោយប្រពៃ ក៏ឈ្មោះថា ​បុគ្គលទាំងនោះ លះបង់ដែរ។ ម្នាលភិក្ខុ​ទាំងឡាយ ឥទ្ធិបាទ ៤ ពួក​បុគ្គលណាមួយ បានប្រារព្ធហើយ អរិយមគ្គ ដែលប្រព្រឹត្តទៅ ដើម្បីអស់​ទុក្ខ​ដោយប្រពៃ ក៏ឈ្មោះថា បុគ្គលទាំងនោះ ប្រារព្ធដែរ។ ឥទ្ធិបាទ ៤ តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចំរើនឥទ្ធិបាទ ប្រកបដោយ​ឆន្ទសមាធិ និងបធាន​សង្ខារ ១។ វិរិយសមាធិ ១។ ចិត្តសមាធិ ១។ ចំរើន​ឥទ្ធិបាទ ប្រកបដោយ​វីមំសាសមាធិ និង​បធានសង្ខារ ១។ ម្នាលភិក្ខុទាំង​ឡាយ ឥទ្ធិបាទ ៤ នេះ ពួកបុគ្គលណាមួយ លះបង់ហើយ អរិយមគ្គ ដែល​ប្រព្រឹត្តទៅ ដើម្បីអស់ទុក្ខដោយប្រពៃ ក៏ឈ្មោះថា បុគ្គលទាំងនោះ លះបង់ដែរ។ ម្នាលភិក្ខុទាំងឡាយ ឥទ្ធិបាទ ៤ នេះ ពួកបុគ្គលណាមួយ ប្រារព្ធហើយ អរិយមគ្គ ដែលប្រព្រឹត្ត​ទៅ ដើម្បីអស់ទុក្ខដោយប្រពៃ ក៏ឈ្មោះថា បុគ្គលទាំ​ងនោះ ប្រារព្ធដែរ។

[៤៣៣] ម្នាលភិក្ខុទាំងឡាយ ឥទ្ធិបាទ ៤​ នេះ ដែលបុគ្គលចំរើនហើយ ធ្វើឲ្យរឿយ ៗ ហើយ ជានិយ្យានិកធម៌ ដ៏ប្រសើរ រមែងប្រព្រឹត្តទៅ ដើម្បី​អស់​ទុក្ខដោយប្រពៃ ដល់អ្នកចំរើន​ឥទ្ធិបាទនោះ។ ឥទ្ធិបាទ ៤ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចំរើន​ឥទ្ធិបាទ ប្រកបដោយ​ឆន្ទ​សមាធិ និងបធានសង្ខារ ១។ វិរិយសមាធិ ១។ ចិត្តសមាធិ ១។ ចំរើន​ឥទ្ធិបាទ ប្រកបដោយវិមំសាសមាធិ និងបធានសង្ខារ ១។  ម្នាលភិក្ខុទាំង​ឡាយ ឥទ្ធិបាទ ៤ នេះឯង ដែលបុគ្គលចំរើនហើយ ធ្វើឲ្យរឿយ ៗ ហើយ ជានិយ្យានិកធម៌ ដ៏ប្រសើរ រមែងប្រព្រឹត្តទៅ ដើម្បីអស់ទុក្ខដោយប្រពៃ ដល់បុគ្គលអ្នកចំរើនឥទ្ធិបាទនោះ។

[៤៣៤] ម្នាលភិក្ខុទាំងឡាយ ឥទ្ធិបាទ ៤ នេះ ដែលបុគ្គលចំរើនហើយ ធ្វើឲ្យរឿយ ៗ ហើយ រមែងប្រព្រឹត្តទៅ ដើម្បីនឿយណាយ ដោយចំណែក​មួយ ដើម្បីប្រាសចាករាគៈ ដើម្បីរំលត់ ដើម្បីស្ងប់រម្ងាប់ ដើម្បីដឹងច្បាស់ ដើម្បីត្រាស់ដឹង ដើម្បីព្រះនិព្វាន។ ឥទ្ធិបាទ ៤ ដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំង​ឡាយ ភិក្ខុក្នុងសាសនានេះ ចំរើនឥទ្ធិបាទ ប្រកបដោយឆន្ទសមាធិ និង​បធានសង្ខារ ៦។ វិរិយសមាធិ ១។ ចិត្តសមាធិ ១ ចំរើនឥទ្ធិបាទ ប្រកប​ដោយវិមំសាសមាធិ និងបធានសង្ខារ ១។  ម្នាលភិក្ខុទាំងឡាយ ឥទ្ធិបាទ ៤ នេះឯង ដែលបុគ្គលចំរើនហើយ ធ្វើឲ្យរឿយៗហើយ ប្រព្រឹត្តទៅ ដើម្បីនឿយណាយ ដោយចំណែកមួយ ដើម្បីប្រាសចាករាគៈ ដើម្បីរំលត់ ដើម្បី​ស្ងប់រម្ងាប់ ដើម្បីដឹងច្បាស់ ដើម្បីត្រាស់ដឹង ដើម្បី​ព្រះនិព្វាន។

[៤៣៥] ម្នាលភិក្ខុទាំងឡាយ សមណៈឬព្រាហ្មណ៍ណាមួយ ក្នុងកាល​ដែលកន្លង​ទៅហើយ បានញុំាងឥទ្ធិប្បទេស គឺឫទ្ធិ ជាចំណែកដោយអន្លើ [សំដៅយកមគ្គ ៣ ផល ៣។ សារត្ថប្បកាសិនី។] ឲ្យសម្រេចហើយ សមណព្រាហ្មណ៍ទាំងអស់នោះ ក៏បានសម្រេច ព្រោះ​ចំរើន ព្រោះធ្វើឲ្យរឿយ ៗ នូវឥទ្ធិបាទ ៤។ ម្នាលភិក្ខុទាំងឡាយ​ សមណៈ ​ឬព្រាហ្មណ៍ណាមួយ ក្នុងកាលដែលមិនទាន់មកដល់ នឹងញុំាងឥទ្ធិប្បទេស ឲ្យសម្រេចបាន សមណព្រាហ្មណ៍ទាំង អស់នោះ នឹង​បាន​សម្រេច ព្រោះចំរើន ព្រោះធ្វើឲ្យរឿយ ៗ នូវឥទ្ធិបាទ ៤។ ម្នាលភិក្ខុ​ទាំង​ឡាយ សមណៈ ឬព្រាហ្មណ៍ណាមួយ ក្នុងកាលឥឡូវនេះ កំពុងញុំាង​ឥទ្ធិប្បទេស ឲ្យសម្រេច សមណៈ ឬព្រាហ្មណ៍ទាំងអស់នោះ បានសម្រេច ព្រោះចំរើន ព្រោះធ្វើឲ្យរឿយ ៗ នូវឥទ្ធិបាទ ៤ ។ ឥទ្ធិបាទ ៤ ដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចំរើនឥទ្ធិបាទ ប្រកបដោយ​ឆន្ទសមាធិ និងបធានសង្ខារ ១។ វិរិយសមាធិ ១។ ចិត្តសមាធិ ១។ ចំរើន​ឥទ្ធិបាទ ប្រកបដោយវីមំសាសមាធិ និងបធានសង្ខារ ១។

[៤៣៦] ម្នាលភិក្ខុទាំងឡាយ សមណៈ ឬព្រាហ្មណ៍ណាមួយ ក្នុងអតីត​កាល បានញុំាងឥទ្ធិប្បទេស ឲ្យសម្រេច សមណព្រាហ្មណ៍ទាំងអស់នោះ បានសម្រេចហើយ ព្រោះចំរើន ព្រោះធ្វើឲ្យរឿយ ៗ នូវឥទ្ធិបាទ ៤ នេះឯង។ ម្នាលភិក្ខុទាំងឡាយ សមណៈ ឬព្រាហ្មណ៍ណាមួយ ក្នុងអនាគតកាល នឹងញុំាងឥទ្ធិប្បទេស ឲ្យសម្រេច សមណព្រាហ្មណ៍​ទាំងអស់នោះ នឹងសម្រេច ព្រោះចំរើន ព្រោះធ្វើឲ្យរឿយ ៗ នូវឥទ្ធិបាទ ៤ នេះឯង។ ម្នាលភិក្ខុទាំងឡាយ  សមណៈ ឬព្រាហ្មណ៍ណាមួយ ក្នុងកាលឥឡូវនេះ កំពុង​ញុំាង​ឥទ្ធិប្បទេស ឲ្យសម្រេច សមណព្រាហ្មណ៍ទាំងអស់នោះ ក៏​សម្រេច ព្រោះចំរើន ព្រោះធ្វើឲ្យរឿយ ៗ នូវឥទ្ធិបាទ ៤ នេះឯង។

[៤៣៧] ម្នាលភិក្ខុទាំងឡាយ សមណៈឬព្រាហ្មណ៍ណាមួយ ក្នុងអតីត​កាល បានញុំាងសមត្តឫទ្ធិ [ឫទ្ធិដ៏ចប់គ្រប់គ្រាន់ គឺផុតកិច្ចនឹងធ្វើទៀត សំដៅយកអរហត្តផល។ សារត្ថប្បកាសិនី។] ឲ្យសម្រេច សមណព្រាហ្មណ៍ទាំងអស់​នោះ បានសម្រេច ព្រោះចំរើន ព្រោះធ្វើឲ្យរឿយ ៗ នូវឥទ្ធិបាទ ៤។ ម្នាលភិក្ខុ​ទាំងឡាយ សមណៈ ឬព្រាហ្មណ៍ណាមួយ ក្នុងអនាគតកាល នឹងញុំាង​សមត្តឫទ្ធិឲ្យសម្រេច សមណព្រាហ្មណ៍ទាំងអស់នោះ នឹងសម្រេច​ ព្រោះ​ចំរើន ព្រោះធ្វើឲ្យរឿយ ៗ នូវឥទ្ធិបាទ ៤។ ម្នាលភិក្ខុទាំងឡោយ សមណៈ ឬព្រាហ្មណ៍​ណាមួយ ក្នុងកាលឥឡូវនេះ កំពុងញុំាងសមត្តឫទ្ធិឲ្យ​សម្រេច សមណព្រាហ្មណ៍ទាំងអស់នោះ សម្រេច ព្រោះចំរើន ព្រោះធ្វើ​ឲ្យរឿយ ៗ នូវឥទ្ធិបាទ ៤។ ឥទ្ធិបាទ ៤ ដូចម្តេចខ្លះ។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចំរើននូវឥទ្ធិបាទ ប្រកបដោយឆន្ទសមាធិ និងបធាន​សង្ខារ​ ១។ វិរិយសមាធិ ១។ ចិត្តសមាធិ ១ ចំរើននូវឥទ្ធិបាទ ប្រកបដោយវីមំសាសមាធិ និងបធានសង្ខារ ១។

[៤៣៨] ម្នាលភិក្ខុទាំងឡាយ សមណៈឬព្រាហ្មណ៍ណាមួយ ក្នុងអតីត​កាល បានញុំាង​សមត្តឫទ្ធិ ឲ្យសម្រេច សមណព្រាហ្មណ៍ទាំងអស់នោះ បានសម្រេច ព្រោះចំរើន ព្រោះ ធ្វើឲ្យរឿយ ៗ នូវឥទ្ធិបាទ ៤ នេះឯង។ ម្នាលភិក្ខុទាំងឡាយ សមណៈ ឬព្រាហ្មណ៍ណាមួយ ក្នុងអនាគតកាល នឹង​ញុំាងសមត្តឫទ្ធិ ឲ្យសម្រេច សមណព្រាហ្មណ៍ទាំងអស់នោះ នឹងសម្រេច ព្រោះចំរើន ព្រោះធ្វើឲ្យរឿយ ៗ នូវឥទ្ធិបាទ ៤ នេះឯង។ ម្នាលភិក្ខុទាំង​ឡាយ សមណៈ ឬព្រាហ្មណ៍ណាមួយ ក្នុងកាលឥឡូវនេះ កំពុងញុំាង​សមត្តឫទ្ធិ ឲ្យសម្រេច សមណព្រាហ្មណ៍​ទាំងអស់នោះ សម្រេច ព្រោះចំរើន ព្រោះធ្វើឲ្យរឿយ ៗ នូវឥទ្ធិបាទ ៤ នេះឯង។

[៤៣៩] ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុណាមួយ ក្នុងអតីតកាល បានធ្វើ​ឲ្យជាក់ច្បាស់ សម្រេចនូវចេតោវិមុត្តិ បញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់អាសវៈទាំងឡាយ ដោយបញ្ញា ដ៏ក្រៃលែងខ្លួនឯង ក្នុងអត្តភាព ដ៏​ជាក់ស្តែង ភិក្ខុទាំងអស់នោះ ក៏បានសម្រេច ព្រោះចំរើន ព្រោះធ្វើឲ្យរឿយ ៗ នូវឥទ្ធិបាទ ៤។ ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុណាមួយ ក្នុងអនាគតកាល នឹងធ្វើឲ្យជាក់ច្បាស់ សម្រេចនូវចេតោវិមុត្តិ បញ្ញាវិមុត្តិ ដែលមិនមាន​អាសវៈ ព្រោះអស់អាសវៈទាំងឡាយ ដោយបញ្ញា ដ៏ក្រៃលែងខ្លួនឯង ក្នុងអត្តភាព ដ៏ជាក់ស្តែង ភិក្ខុទាំង​អស់នោះ នឹងសម្រេច ព្រោះចំរើន ព្រោះ​ធ្វើឲ្យរឿយ ៗ នូវឥទ្ធិបាទ ៤ ។ ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុណាមួយ ក្នុង​កាលឥឡូវនេះ កំពុងធ្វើឲ្យជាក់ច្បាស់ សម្រេចនូវចេតោវិមុត្តិ បញ្ញាវិមុត្តិ ដែលមិន​មានអាសវៈ ព្រោះអស់អាសវៈទាំងឡាយ ដោយបញ្ញា ដ៏ក្រៃលែងខ្លួនឯង ក្នុង​អត្តភាព ដ៏​ជាក់ស្តែង ភិក្ខុទាំងអស់នោះ សម្រេច ព្រោះចំរើន ព្រោះធ្វើ​ឲ្យរឿយ ៗនូវឥទ្ធិបាទ ៤។ ឥទ្ធិបាទ ៤ តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចំរើនឥទ្ធិបាទ ប្រកបដោយ​ឆន្ទសមាធិ និងបធាន​សង្ខារ​​ ១។ វិរិយសមាធិ ១។ ចិត្តសមាធិ ១។ ចំរើនឥទ្ធិបាទ ប្រកបដោយ​វីមំសាសមាធិ និងបធានសង្ខារ ១។

[៤៤០] ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុណាមួយ ក្នុងអតីតកាល បានធ្វើ​ឲ្យជាក់ច្បាស់ សម្រេច​នូវចេតោវិមុត្តិ បញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអ​​​​ស់អាសវៈ​ទាំងឡាយ ដោយបញ្ញា ដ៏ក្រៃលែងខ្លួន​ឯង ក្នុងអត្តភាព ដ៏ជាក់ស្តែង ភិក្ខុទាំងអស់នោះ បាន​សម្រេច​ ព្រោះចំរើន ព្រោះធ្វើឲ្យរឿយ ៗ នូវឥទ្ធិបាន ៤ នេះឯង។ ម្នាលភិក្ខុទាំងឡាយ  ពួកភិក្ខុ​ណាមួយ ក្នុងអនាគតកាល នឹងធ្វើឲ្យជាក់ច្បាស់ សម្រេចនូវចេតោវិមុត្តិ បញ្ញាវិមុត្តិ ដែលមិន​មាន​អាសវៈ ព្រោះអស់អាសវៈទាំងឡាយ ដោយបញ្ញា​ ដ៏​ក្រៃលែងខ្លួនឯង ក្នុងអត្តភាពដ៏ជាក់ស្តែង ភិក្ខុទាំងអស់នោះ នឹងសម្រេច ព្រោះចំរើន ព្រោះធ្វើឲ្យរឿយ ៗ នូវឥទ្ធិបាទ ៤ នេះឯង។ ម្នាលភិក្ខុ​ទាំង​ឡាយ ពួកភិក្ខុណាមួយ ក្នុងកាលឥឡូវនេះ កំពុងធ្វើឲ្យជាក់ច្បាស់ សម្រេច​នូវ​ចេតោវិមុត្តិ បញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់អាសវៈ​ទាំងឡាយ ដោយ​បញ្ញាដ៏​ក្រៃលែង​ខ្លួនឯង ក្នុងអត្តភាពដ៏ជាក់ស្តែង ភិក្ខុទាំង​អស់នោះ សម្រេច ព្រោះចំរើន ព្រោះធ្វើឲ្យរឿយ ៗ នូវឥទ្ធិបាទ ៤ នេះឯង។

[៤៤១] ម្នាលភិក្ខុទាំងឡាយ ឥទ្ធិបាទនេះ មាន ៤។ ឥទ្ធិបាទ ៤ ដូចម្តេច​ខ្លះ។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចំរើនឥទ្ធិបាទ ប្រកបដោយ​ឆន្ទសមាធិ និងបធានសង្ខារ​ ១។ វិរិយសមាធិ ១។ ចិត្តសមាធិ ១។ ចំរើន​ឥទ្ធិបាទ ប្រកបដោយវីមំសាសមាធិ និងបធានសង្ខារ ១។ ម្នាលភិក្ខុទាំង​ឡាយ នេះឯង ឥទ្ធិបាទ ៤។ ម្នាលភិក្ខុទាំងឡាយ ព្រះតថាគត ដែលហៅថា អរហន្តសម្មាសម្ពុទ្ធ ព្រោះចំរើន ព្រោះធ្វើឲ្យរឿយ ៗ នូវឥទ្ធិបាទ ៤ នេះឯង។

[៤៤២] ម្នាលភិក្ខុទាំងឡាយ ចក្ខុកើតឡើងហើយ ញាណកើតឡើង​ហើយ បញ្ញាកើត​ឡើង​ហើយ វិជ្ជាកើតឡើងហើយ ពន្លឺកើតឡើង​ហើយ ​ដល់តថាគត ក្នុងធម៌ទាំងឡាយ ដែលតថាគត មិនធ្លាប់បានឮ បានស្តាប់ ក្នុង​កាលពីដើមថា នេះជាឥទ្ធិបាទ ប្រកបដោយ​ឆន្ទសមាធិ និងបធានសង្ខារ​។ ម្នាលភិក្ខុទាំងឡាយ (ចក្ខុជាដើម កើតឡើងហើយ ក្នុងធម៌ ដែលតថាគត ​មិន​ធ្លាប់បានឮ បានស្តាប់ក្នុងកាលពីដើម) ថា ឥទ្ធិបាទ ប្រកបដោយឆន្ទសមាធិ​ និងបធានសង្ខារនោះឯង ដែលតថាគតត្រូវចំរើន។ ម្នាលភិក្ខុទាំងឡាយ ចក្ខុកើតឡើងហើយ ញាណ​កើតឡើងហើយ បញ្ញាកើតឡើងហើយ វិជ្ជា​កើតឡើងហើយ ពន្លឺកើតឡើងហើយ ដល់តថាគត ក្នុងធម៌ទាំងឡាយ ដែល​តថាគតមិនធ្លាប់បានឮ បានស្តាប់មកពីដើមថា (នេះឯង​ជាឥទ្ធិបាទ) ដែលតថាគតចំរើនហើយ។

[៤៤៣] ម្នាលភិក្ខុទាំងឡាយ ចក្ខុកើតឡើងហើយ ញាណកើតឡើង​ហើយ បញ្ញាកើតឡើងហើយ វិជ្ជាកើតឡើងហើយ ពន្លឺកើតឡើងហើយ ដល់​តថាគត ក្នុងធម៌ទាំងឡាយ ដែលតថាគតមិនធ្លាប់បានឮ បានស្តាប់ក្នុងកាល​ពីដើមថា នេះជាឥទ្ធិបាទ ប្រកបដោយ​វិរិយសមាធិ និងបធានសង្ខារ។ ម្នាល​ភិក្ខុទាំងឡាយ តថាគត (មិនធ្លាប់បានឮ បានស្តាប់) ថា ឥទ្ធបាទ ប្រកបដោយ​វិរិយសមាធិ និងបធានសង្ខារនោះឯង ដែលតថាគតត្រូវចំរើន។ ម្នាលភិក្ខុ​ទាំង​​​ឡាយ ចក្ខុកើតឡើងហើយ ញាណកើតឡើងហើយ បញ្ញា​កើត​ឡើង​ហើយ វិជ្ជាកើតឡើង​ហើយ ពន្លឺកើតឡើងហើយ ដល់តថាគត ក្នុងធម៌ទាំង​ឡាយ ដែលតថាគត មិនធ្លាប់បាន​ឮ បាន​ស្តាប់ ក្នុងកាលពីដើមថា (នេះជា​ឥទ្ធិបាទ) ដែលតថាគតបានចំរើនហើយ។

[៤៤៤] ម្នាលភិក្ខុទាំងឡាយ ចក្ខុកើតឡើងហើយ ញាណកើតឡើង​ហើយ បញ្ញាកើត​ឡើងហើយ វិជ្ជាកើតឡើងហើយ ពន្លឺកើតឡើងហើយ ដល់​តថាគត ក្នុងធម៌ទាំងឡាយ ដែលតថាគត មិនធ្លាប់បានឮ បានស្តាប់ ក្នុងកាល​ពីដើមថា នេះជាឥទ្ធិបាទ ប្រកបដោយ​ចិត្តសមាធិ និងបធានសង្ខារ។ ម្នាល​ភិក្ខុទាំងឡាយ តថាគត (មិនធ្លាប់បានឮ បានស្តាប់) ថា ឥទ្ធិបាទប្រកបដោយ​ចិត្តសមាធិ និងបធានសង្ខារនេះឯង ដែលតថាគតត្រូវចំរើន។ ម្នាលភិក្ខុ​ទាំងឡាយ ចក្ខុកើតឡើងហើយ ញាណកើតឡើងហើយ បញ្ញាកើតឡើង​ហើយ វិជ្ជាកើត​ឡើងហើយ ពន្លឺកើតឡើងហើយ ដល់តថាគត ក្នុងធម៌​ទាំង​ឡាយ ដែលតថាគត មិនធ្លាប់បាន​ឮ បានស្តាប់ ក្នុងកាលពីដើមថា (នេះជា​ឥទ្ធិបាទ) ដែលតថាគត បានចំរើនហើយ។

[៤៤៥] ម្នាលភិក្ខុទាំងឡាយ ចក្ខុកើតឡើងហើយ ញាណកើតឡើង​ហើយ បញ្ញាកើត​ឡើងហើយ វិជ្ជាកើតឡើងហើយ ពន្លឺកើតឡើងហើយ ដល់​តថាគត ក្នុងធម៌ទាំងឡាយ ដែល​តថាគត មិនធ្លាប់បានឮ បានស្តាប់ ក្នុងកាល​ពីដើមថា នេះជាឥទ្ធិបាទ ប្រកបដោយវីមំសាសមាធិ និងបធានសង្ខារ។ ម្នាលភិក្ខុទាំងឡាយ តថាគត (មិនធ្លាប់បានឮ បានស្តាប់) ថា ឥទ្ធិបាទប្រកប​ដោយវីមំសាសមាធិ និងបធានសង្ខារនេះឯង ដែលតថាគតត្រូវចំរើន។ ម្នាលភិក្ខុទាំងឡាយ​ ចក្ខុកើតឡើងហើយ ញាណកើតឡើងហើយ បញ្ញា​កើត​ឡើងហើយ វិជ្ជាកើតឡើងហើយ ពន្លឺកើតឡើងហើយ ដល់តថាគត ក្នុងធម៌​ទាំងឡាយ ដែលតថាគតមិនធ្លាប់បានឮ បានស្តាប់ ក្នុងកាលពីដើមថា (នេះជា​ឥទ្ធិបាទ) ដែលតថាគត បានចំរើនហើយ។

[៤៤៦] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះដ៏មានព្រះភាគ គង់នៅ​ក្នុង​កូដាគារសាលា នាមហាវន ជិតក្រុងវេសាលី។ គ្រានោះឯង ព្រះដ៏មាន​ព្រះភាគ ទ្រង់ស្បង់​ទ្រង់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ស្តេចចូលទៅកាន់​ក្រុងវេសាលី ដើម្បីបិណ្ឌបាត ហើយត្រឡប់​អំពីបិណ្ឌបាត ក្នុងបច្ឆាភត្ត ត្រាស់​ហៅព្រះអានន្ទដ៏មានអាយុថា ម្នាលអានន្ទ អ្នកចូរកាន់យក នូវសំពត់និសីទនៈ តថាគត នឹងចូលទៅឯបាវាលចេតិយ ដើម្បីសម្រាក ក្នុងវេលាថ្ងៃ។ ព្រះអានន្ទដ៏មានអាយុ ទទួល​ព្រះពុទ្ធដីកាព្រះដ៏មានព្រះភាគថា ព្រះករុណា ព្រះអង្គ ហើយក៏កាន់ នូវសំពត់​និសីទនៈ ដើរតាម​ក្រោយ ៗ ព្រះដ៏មានព្រះភាគ​ទៅ។

[៤៤៧] គ្រានោះឯង ព្រះដ៏មានព្រះភាគ ទ្រង់ចូលទៅបាវាលចេតិយ លុះចូលទៅ​ដល់​ហើយ ក៏គង់លើអាសនៈ ដែលបុគ្គលតាក់តែងថ្វាយ។ ព្រះ​អានន្ទដ៏មានអាយុ ក៏ថ្វាយបង្គំ​ព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះព្រះអានន្ទដ៏មានអាយុ អង្គុយក្នុងទីសម​គួរហើយ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលអានន្ទ ក្រុងវេសាលី គួរជាទីរីករាយ ឧទេនចេតិយ គួរជាទីរីករាយ គោតមកចេតិយ គួរជាទីរីករាយ សត្តម្ពចេតិយ គួរជាទីរីករាយ ពហុបុត្តកចេតិយ គួរជាទីរីករាយ សារន្ទទចេតិយ គួរជាទីរីករាយ បាវាលចេតិយ គួរជាទីរីក​រាយ។ ម្នាល​អានន្ទ បុគ្គលណាមួយ បានចំរើនឥទ្ធិបាទ ៤ បានធ្វើឲ្យរឿយ ៗ ធ្វើឲ្យដូច​ជាយាន ធ្វើឲ្យជាទីនៅ តាំងទុករឿយ ៗ សន្សំទុក ផ្តើមល្អហើយ កាលបើ​បុគ្គលនោះប្រាថ្នា អាចស្ថិត​នៅអស់មួយអាយុកប្ប ឬជាងមួយអាយុកប្បក៏​បាន។ ម្នាលអានន្ទ ឥទ្ធិបាទ ៤ តថាគត​បានចំរើនហើយ ធ្វើឲ្យរឿយ ៗ ហើយ ធ្វើឲ្យដូចជាយាន ធ្វើឲ្យជាទីនៅ តាំងទុករឿយ ៗ សន្សំទុក ផ្តើមល្អ​ហើយ។ ម្នាលអានន្ទ បើតថាគតប្រាថ្នា អាចស្ថិតនៅអស់មួយអាយុកប្ប ឬជាងមួយអាយុកប្បក៏បាន។

[៤៤៨] កាលបើព្រះដ៏មានព្រះភាគ ទ្រង់ធ្វើនិមិត្ត ជាឱឡារិក ទ្រង់ធ្វើ​ឱកាស ជាឱឡារិក យ៉ាងនេះក៏ដោយ ព្រះអានន្ទដ៏មានអាយុ នៅតែមិនអាច​នឹងយល់សេចក្តីច្បាស់លាស់​បានឡើយ មិនបានអារាធនាព្រះដ៏មាន​ព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន សូមព្រះដ៏មានព្រះភាគ ទ្រង់គង់​នៅ អស់ ១ អាយុកប្ប សូមព្រះសុគត ទ្រង់គង់នៅ អស់ ១ អាយុកប្ប ដើម្បីជាប្រយោជន៍ ​ដល់ជនច្រើន ដើម្បីសេចក្តីសុខ ដល់ជនច្រើន ដើម្បីអនុគ្រោះ ដល់សត្វ​លោក ដើម្បី​សេចក្តី​ចំរើន ដើម្បីជាប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់ទេវតា​ និងមនុស្សទាំងឡាយ ដូច្នេះឡើយ ព្រោះមារចូលមកជ្រែកចិត្ត។

[៤៤៩] ព្រះដ៏មានព្រះភាគ ទ្រង់មានព្រះពុទ្ធដីកា (និងព្រះអានន្ទ) ជាគំរប់ពីរដង។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់នឹងព្រះអានន្ទដ៏មានអាយុ ​ជា​គំរប់ ៣ ដងថា ម្នាលអានន្ទ ក្រុងវេសាលី គួរជាទីរីករាយ ឧទេនចេតិយ គួរជាទីរីករាយ គោតមកចេតិយ គួរជាទីរីករាយ សត្តម្ពចេតិយ គួរជាទីរីក​រាយ ពហុបុត្តកចេតិយ គួរជាទីរីករាយ សារន្ទទចេតិយ គួរជាទីរីករាយ បាវាលចេតិយ គួរជាទីរីករាយ។ ម្នាលអានន្ទ បុគ្គលណាមួយ បានចំរើន ឥទ្ធិបាទ ៤ ធ្វើឲ្យច្រើន ធ្វើឲ្យដូចជាយាន ធ្វើឲ្យជាទីតាំងនៅ តាំងទុករឿយ ៗ សន្សំទុក ផ្តើមទុកល្អហើយ បើបុគ្គល​នោះ ប្រាថ្នា អាចនៅអស់​ ១ អាយុ​កប្ប ឬជាងមួយអាយុកប្បក៏បាន។ ម្នាលអានន្ទ តថាគត បាន​ចំរើន​ឥទ្ធិបាទ​ ៤ បានធ្វើឲ្យរឿយ ៗ បានធ្វើឲ្យដូចជាយាន បានធ្វើឲ្យជាទីតាំងនៅ បានតាំងទុករឿយ ៗ បានសន្សំទុក បានផ្តើមទុកល្អហើយ។ ម្នាលអានន្ទ បើ​តថាគតប្រាថ្នា អាចនៅអស់មួយអាយុកប្ប ឬជាងមួយអាយុកប្បក៏បាន។

[៤៥០] កាលព្រះដ៏មានព្រះភាគ ទ្រង់ធ្វើនិមិត្តជាឱឡារិក ទ្រង់ធ្វើ​ឱភាសជាឱឡារិក យ៉ាងនេះក៏ដោយ ព្រះអានន្ទដ៏មានអាយុ នៅតែមិនយល់​សេចក្តីច្បាស់លាស់ឡើយ មិនបាន​អារាធនា ព្រះដ៏មានព្រះភាគថា បពិត្រ​ព្រះ​អង្គដ៏ចំរើន សូមព្រះដ៏មានព្រះភាគ ទ្រង់គង់នៅ​អស់មួយអាយុកប្ប សូម​ព្រះ​សុគត ទ្រង់គង់នៅ អស់មួយអាយុកប្ប ដើម្បីជាប្រយោជន៍ ដល់ជន​ច្រើន ដើម្បីសេចក្តីសុខ ដល់ជនច្រើន ដើម្បីអនុគ្រោះ ដល់សត្វលោក ដើម្បីសេចក្តី​ចំរើន ដើម្បីជាប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់ទេវតា និងមនុស្សទាំង​ឡាយ ដូច្នេះឡើយ ព្រោះមារ​ចូលមកជ្រែកចិត្ត។

[៤៥១] លំដាប់នោះ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់នឹងព្រះអានន្ទដ៏មាន​អាយុថា ម្នាលអានន្ទ អ្នកចូរទៅចុះ ចូរសំគាល់នូវកាលគួរ ក្នុងកាលឥឡូវ​នេះចុះ។ ព្រះអានន្ទ​ដ៏មានអាយុ ទទួលព្រះពុទ្ធដីកាព្រះដ៏មានព្រះភាគថា ករុណា ព្រះអង្គ រួចក៏ក្រោកចាកអាសនៈ ថ្វាយបង្គំ​ព្រះដ៏មានព្រះភាគ ដើរ​ប្រទក្សិណ ហើយអង្គុយជិតគល់ឈើមួយដើម ដ៏មិនឆ្ងាយប៉ុន្មាន។

[៤៥២] (កាលដែលព្រះអានន្ទដ៏មានអាយុ ចេញទៅមិនយូរប៉ុន្មាន) មារ​មានចិត្ត​បាប ចូលទៅរកព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ឈរ​ក្នុងទីសមគួរ។ (លុះមារមាន​ចិត្តបាប ឈរក្នុងទីសមគួរហើយ) ក៏ក្រាបទូល​អារាធនា​ព្រះដ៏មានព្រះភាគ យ៉ាងនេះថា បពិត្រ​ព្រះអង្គដ៏ចំរើន សូមព្រះដ៏​មានព្រះភាគ បរិនិព្វាន ក្នុងកាលឥឡូវនេះទៅ សូមព្រះសុគត និព្វានទៅ បពិត្រព្រះអង្គដ៏ចំរើន  ឥឡូវនេះ ព្រះដ៏មានព្រះភាគ ល្មមបរិនិព្វានហើយ។ បពិត្រព្រះអង្គដ៏ចំរើន ព្រះដ៏មានព្រះភាគ បានត្រាស់វាចានេះថា នែមារមាន​ចិត្តបាប (បើ) ពួកភិក្ខុជាសាវក របស់តថាគត ដែលឈ្លាស វាងវៃ ក្លៀវក្លា ជាពហុស្សូត ទ្រទ្រង់ធម៌ ប្រតិបត្តិ​ធម៌ សមគួរដល់ធម៌ ប្រតិបត្តិដោយកោត​ក្រែង ប្រព្រឹត្តតាមធម៌ នៅមិនទាន់មាន ទាំងមិន​ទាន់ រៀនវាទៈ នៃអាចារ្យរបស់​ខ្លួន ហើយនិងប្រាប់ សំដែង បញ្ញត្ត តាំងទុក បើក ចែក ធ្វើឲ្យងាយ​បាន ទាំង​មិនទាន់បានសង្កត់សង្កិនបរប្បវាទ ដែលកើតឡើងហើយ ឲ្យជាកិច្ច ដែលខ្លួន​បានសង្កត់​សង្កិនល្អ តាមពាក្យដែលសមហេតុ ហើយនិងសំដែងធម៌ ប្រកប​ដោយបាដិហារ្យ ដរាបណាទេ តថាគត នឹងមិនទាន់បរិនិព្វានដរាបនោះឡើយ។ បពិត្រព្រះអង្គដ៏ចំរើន ឥឡូវនេះ ពួកភិក្ខុជា​សាវក របស់ព្រះដ៏មានព្រះភាគ បានឈ្លាស វាងវៃ ក្លៀវក្លា ជាពហុស្សូត ទ្រទ្រង់ធម៌ ប្រតិបត្តិធម៌ សមគួរ​ដល់ធម៌ ប្រតិបត្តិដោយកោតក្រែង ប្រព្រឹត្តតាមធម៌ ទាំងបានរៀននូវវាទៈ នៃ​អាចារ្យរបស់ខ្លួន ហើយប្រាប់ សំដែង បញ្ញត្ត តាំងទុក បើក ចែក ធ្វើឲ្យងាយបានហើយ ទាំងសង្កត់សង្កិន​បរប្បវាទ ដែលកើតឡើងហើយ ឲ្យជាកិច្ច ដែលបានសង្កត់សង្កិនដោយល្អ តាមពាក្យដែលសមហេតុ ហើយ​សំដែងធម៌ ប្រកបដោយបាដិហារ្យបានហើយ។ បពិត្រ ព្រះអង្គដ៏ចំរើន សូម​ព្រះដ៏មានព្រះភាគ បរិនិព្វាន ក្នុងកាលឥឡូវនេះទៅ សូមព្រះសុគត​បរិនិព្វានទៅ បពិត្រព្រះអង្គដ៏ចំរើន ឥឡូវនេះ ជាកាលគួរ​ព្រះដ៏មាន​ព្រះភាគបរិនិព្វានហើយ។

[៤៥៣] បពិត្រព្រះអង្គដ៏ចំរើន ព្រោះព្រះដ៏មានព្រះភាគ បានត្រាស់វាចានេះថា ម្នាលមារ​មានចិត្តបាប តថាគត នឹងមិនទាន់បរិនិព្វានទេ ព្រោះពួកភិក្ខុ​នី ​ជាសាវិការបស់តថាគត ឈ្លាស វាងវៃ ក្លៀវក្លា ជាពហុសូ្សត ទ្រទ្រង់ធម៌​ ប្រតិបត្តិធម៌ សមគួរដល់ធម៌ ប្រតិបត្តិដោយកោតក្រែង ប្រព្រឹត្តតាមធម៌ នៅមិនទាន់មាន ទាំងមិនទាន់រៀននូវវាទៈ នៃអាចារ្យរបស់ខ្លួន ហើយនិងប្រាប់ សំដែង បញ្ញត្ត តាំងទុក បើក ចែក ធ្វើឲ្យងាយបាន ទាំងមិនទាន់សង្កត់​សង្កិនបរប្បវាទ ដែលកើត​ឡើងហើយ ឲ្យជាកិច្ច ដែលខ្លួនបានសង្កត់សង្កិន​ដោយល្អ តាមពាក្យដែលសមហេតុ ហើយនិងសំដែងធម៌ ប្រកបដោយ​បាដិហារ្យទេ។ បពិត្រព្រះអង្គដ៏ចំរើន ក៏ក្នុងកាលឥឡូវនេះ ពួកភិក្ខុនី ជា​សាវិកា របស់ព្រះដ៏មានព្រះភាគ​ បានឈ្លាស វាងវៃ ក្លៀវក្លា ជាពហុស្សូត ទ្រទ្រង់ធម៌ ប្រតិបត្តិធម៌ សមគួរដល់ធម៌ ប្រតិបត្តិដោយកោតក្រែង ប្រព្រឹត្ត​តាមធម៌ហើយ ទាំងបាន​រៀននូវវាទៈ នៃអាចារ្យរបស់ខ្លួន ហើយប្រាប់ សំដែង បញ្ញត្ត តាំងទុក បើក ចែក ធ្វើឲ្យងាយបាន​ហើយ ទាំងសង្កត់សង្កិន នូវ​បរប្បវាទ ដែលកើតឡើងហើយ​ ឲ្យជាកិច្ច ដែល​ខ្លួនសង្កត់សង្កិនដោយល្អ តាមពាក្យដែលសមហេតុ ហើយសំដែងធម៌ ប្រកបដោយបាដិហារ្យបាន​ហើយ។ បពិត្រព្រះអង្គដ៏ចំរើន ឥឡូវនេះ សូមព្រះដ៏មានព្រះភាគ បរិនិព្វានទៅ សូមព្រះសុគត បរិនិព្វានទៅ បពិត្រព្រះអង្គដ៏ចំរើន ព្រោះឥឡូវនេះ ជាកាលគួរ ល្មមព្រះដ៏មានព្រះភាគ បរិនិព្វានហើយ។

[៤៥៤] បពិត្រព្រះអង្គដ៏ចំរើន មួយទៀត ព្រះដ៏មានព្រះភាគ បាន​ត្រាស់វាចានេះថា ម្នាលមារមានចិត្តបាប តថាគត នឹងមិនទាន់បរិនិព្វានទេ ព្រោះពួកឧបាសក (ជាសាវក) របស់តថាគត។បេ។ ព្រោះពួកឧបាសិកា ជា​សាវិកា របស់តថាគត ដែលឈ្លាស វាងវៃ ក្លៀវក្លា ជាពហុស្សូត ទ្រទ្រង់​ធម៌ ប្រតិបត្តិធម៌ សមគួរដល់ធម៌ ប្រតិបត្តិដោយកោតក្រែង ប្រព្រឹត្តតាម​ធម៌ នៅមិនទាន់មាន ទាំងមិនទាន់រៀននូវវាទៈ នៃអាចារ្យរបស់ខ្លួន ហើយនិង​ប្រាប់ សំដែង បញ្ញត្ត តាំងទុក បើក ចែក ធ្វើឲ្យងាយបាន ទាំងមិនទាន់​សង្កត់សង្កិន នូវបរប្បវាទ ដែលកើតឡើងហើយ ឲ្យជាកិច្ច ដែលសង្កត់​សង្កិនដោយល្អ តាមពាក្យដែលសមហេតុ ហើយនិងសំដែងធម៌ ប្រកប​ដោយបាដិហារ្យទេ។ បពិត្រព្រះអង្គដ៏ចំរើន ក៏ឥឡូវនេះ មានពួកឧបាសិកា ​ជាសាវិកា របស់ព្រះដ៏មានព្រះភាគ បានឈ្លាស វាងវៃ ក្លៀវក្លា ជាពហុស្សូត ទ្រទ្រង់ធម៌ ប្រតិបត្តិធម៌​សមគួរដល់ធម៌ ប្រតិបត្តិដោយកោត​ក្រែង ប្រព្រឹត្តតាមធម៌ ទាំងបានរៀននូវវាទៈ នៃអាចារ្យ​របស់ខ្លួន ហើយប្រាប់ សំដែង បញ្ញត្ត តាំងទុក បើក ចែក ធ្វើឲ្យងាយបាន ទាំងសង្កត់សង្កិននូវ​បរប្បវាទ ដែលកើតឡើងហើយ ឲ្យជាកិច្ច ដែលសង្កត់សង្កិនដោយល្អ តាម​ពាក្យដែលសមហេតុ ហើយសំដែងធម៌ ប្រកបដោយបាដិហារ្យបានហើយ។ បពិត្រព្រះអង្គដ៏ចំរើន ឥឡូវនេះ សូមព្រះដ៏មានព្រះភាគ បរិនិព្វានទៅ សូម​ព្រះសុគត បរិនិព្វានទៅ បពិត្រព្រះអង្គដ៏ចំរើន ព្រោះឥឡូវនេះ ជាកាលគួរ​ល្មមព្រះដ៏មានព្រះភាគបរិនិព្វានហើយ។

[៤៥៥] បពិត្រព្រះអង្គដ៏ចំរើន មួយទៀត ព្រះដ៏មានព្រះភាគ បាន​ត្រាស់វាចានេះថា ម្នាលមារមានចិត្តបាប តថាគត នឹងមិនទាន់បរិនិព្វានទេ ព្រោះព្រហ្មចារ្យ របស់តថាគតនេះ នៅមិនទាន់ខ្ជាប់ខ្ជួន មិនទាន់ចំរើន មិន​ទាន់ផ្សាយទៅសព្វទិស គេមិនទាន់ដឹងច្រើនគ្នា មិនទាន់ពេញបរិបូណ៌ ពួក​ទេវតា និងមនុស្ស មិនទាន់ចេះសំដែងបាន ដោយប្រពៃទេ។ បពិត្រព្រះអង្គ​ដ៏​ចំរើន ព្រហ្មចារ្យ របស់ព្រះដ៏មានព្រះភាគនោះ បានខ្ជាប់ខ្ជួនហើយ បាន​ចំរើនហើយ បានផ្សាយទៅសព្វទិសហើយ គេបានដឹងច្រើនគ្នាហើយ បាន​ពេញបរិបូណ៌ហើយ ពួកទេវតា និងមនុស្ស ចេះសំដែងបាន ដោយល្អហើយ។ បពិត្រព្រះអង្គដ៏ចំរើន ឥឡូវនេះ សូមព្រះដ៏មានព្រះភាគ បរិនិព្វានទៅ សូម​ព្រះសុគត បរិនិព្វានទៅ បពិត្រព្រះអង្គដ៏ចំរើន ព្រោះឥឡូវនេះ ជាកាលគួរ​ ល្មមព្រះដ៏មានព្រះភាគបរិនិព្វានហើយ។

[៤៥៦] កាលបើក្រុងមារក្រាបទូលយ៉ាងនេះហើយ ព្រះដ៏មានព្រះភាគ​ ក៏បានត្រាស់ ទៅនឹងក្រុងមារ មានចិត្តបាប ដូច្នេះថា ម្នាលមារមានចិត្តបាប ចូរអ្នកមានសេចក្តីខ្វល់ខ្វាយតិច ចុះ ការបរិនិព្វាន របស់តថាគត មិនយូរប៉ុន្មាន​ទេ កន្លង ៣ ខែ អំពីកាលនេះទៅ តថាគត នឹង បរិនិព្វាន។

[៤៥៧] លំដាប់នោះឯង ព្រះដ៏មានព្រះភាគ ទ្រង់មានព្រះ​សតិសម្បជញ្ញៈ ទ្រង់ដាក់ អាយុសង្ខារ ព្ធដ៏បាវាលចេតិយ។ លុះព្រះដ៏មាន​ព្រះភាគ ដាក់អាយុសង្ខារហើយ ក៏កើត កក្រើកផែនដីយ៉ាងធំ គួរឲ្យភ្លូកភ្លឹក​ ព្រឺព្រួចរោម ទាំងផ្គរ ក៏លាន់ឮឡើង។

[៤៥៨] គ្រានោះឯង ព្រះដ៏មានព្រះភាគ ទ្រង់ជ្រាបច្បាស់ នូវដំណើរនោះ​ហើយ ក៏បន្លឺនូវឧទាននេះ ក្នុងវេលានោះថា

ព្រះពុទ្ធជាអ្នកប្រាជ្ញ ពិចារណាឃើញ នូវព្រះនិព្វាន ដែលមានគុណថ្លឹងមិនបានផង នូវភពផង លះបង់នូវសង្ខារ ដែលនាំសត្វទៅកាន់ភពហើយ ត្រេកអរចំពោះអារម្មណ៍ខាងក្នុង (ដោយអំណាច​វិបស្សនា) មានចិត្តតាំងមាំ (ដោយអំណាចសមថៈ) បានទំលាយហើយ នូវបណ្តាញ គឺកិលេស ដែលកើតមាននៅក្នុងខ្លួនដូចជាក្រោះ។

ចប់ បាវាលវគ្គទី​ ១។

ឧទ្ទាននៃបាវាលវគ្គនោះគឺ

ឥទ្ធិបាទប្រព្រឹត្តទៅដើម្បីចេញចាកវដ្ត​ ១ ឥទ្ធិបាទដែលបុគ្គលលះបង់ ១ ឥទ្ធិបាទជាធម៌ដ៏ប្រសើរ ១ ប្រព្រឹត្តទៅ ដើម្បីរំលត់នូវទុក្ខ ១ ឲ្យសម្រេចឥទ្ធិប្បទេស​ ១

សមត្តឫទ្ធិ ១ ពួកភិក្ខុ១ និងភិក្ខុចំរើនឥទ្ធិបាទ១ ពុទ្ធញ្ញាណ កើតឡើងហើយ​ ១

បាវាលចេតិយ ១។

បាសាទកម្បនវគ្គ

[​៤៥៩] ក្រុងសាវត្ថី។ ម្នាលភិក្ខុទាំងឡាយ កាលពីមុនដែលតថាគត​នៅជាពោធិសត្វ មិនទាន់ត្រាស់ដឹងសម្ពោធិនៅឡើយ មានសេចក្តីត្រិះរិះ ​ដូច្នេះថា អ្វីហ្ន៎ជាហេតុ អ្វីហ្ន៎ ជាបច្ច័យ ដើម្បីញុំាងឥទ្ធិបាទឲ្យចំរើន។

[៤៦០] ម្នាលភិក្ខុទាំងឡាយ តថាគតនោះមានសេចក្តីត្រិះរិះដូច្នេះថា ភិក្ខុក្នុង​សាសនានេះ ចំរើនឥទ្ធិបាទ ប្រកបដោយឆន្ទសមាធិ និងបធាន​សង្ខារថា ឆន្ទៈរបស់អញ នឹងមិនបានធូរថយណាស់ផង មិនបានផ្គងឡើង​ពេក​​ផង មិនបានរួញខាងក្នុងផង មិនបាន រាយមាយទៅខាងក្រៅផង ដូច្នេះ ទាំង​ជាបុគ្គលមានសញ្ញា ក្នុងខាងក្រោយ និងខាងមុខ គឺខាងមុខយ៉ាងណា ខាង​ក្រោយក៏យ៉ាងនោះ ខាងក្រោយយ៉ាងណា ខាងមុខក៏យ៉ាងនោះ ខាងក្រោម​យ៉ាងណា ខាងលើក៏យ៉ាងនោះ ខាងលើយ៉ាងណា ខាងក្រោមក៏យ៉ាងនោះ វេលាថ្ងៃយ៉ាងណា វេលាយប់ក៏យ៉ាងនោះ វេលាយប់យ៉ាងណា វេលាថ្ងៃ​ក៏​យ៉ាងនោះ ជាបុគ្គលមានចិត្តបើកហើយ មានកិលេសមិនបានរួបរិត ចំរើន​នូវចិត្ត ប្រកបដោយពន្លឺដូច្នេះ។

[៤៦១] ភិក្ខុចំរើនឥទ្ធិបាទ ប្រកបដោយវិរិយសមាធិ និងបធានសង្ខារ​ថា សេចក្តីព្យាយាម​របស់អញ នឹងមិនបានធូរថយពេកផង មិនផ្គងឡើង​ពេកផង មិនរួញខាងក្នុងផង មិនរាយមាយ​ទៅខាងក្រៅផង ដូច្នេះ ទាំងជា​បុគ្គលមានសញ្ញា ក្នុងខាងក្រោយ និងខាងមុខ គឺខាងមុខយ៉ាងណា ខាង​ក្រោយក៏យ៉ាងនោះ ខាងក្រោយយ៉ាងណា ខាងមុខក៏យ៉ាងនោះ ខាងក្រោម​យ៉ាងណា ខាងលើក៏យ៉ាងនោះ ខាងលើយ៉ាងណា ខាងក្រោមក៏យ៉ាងនោះ វេលាថ្ងៃយ៉ាងណា វេលាយប់ ក៏យ៉ាងនោះ វេលាយប់យ៉ាងណា វេលាថ្ងៃ​ក៏​យ៉ាងនោះ ជាបុគ្គលមានចិត្តបើកហើយ មានកិលេសមិនបានរួបរឹតហើយ រមែងចំរើននូវចិត្ត ប្រកបដោយ​ពន្លឺ ដូច្នេះ។

[៤៦២] ភិក្ខុចំរើនឥទ្ធិបាទ ប្រកបដោយចិត្តសមាធិ និងបធានសង្ខារថា ចិត្តរបស់អញ នឹងមិនបានធូរថយពេកផង មិនផ្គងឡើងពេកផង មិនរួញ​ខាងក្នុងផង មិនបានរាយមាយ​ទៅខាងក្រៅផង ដូច្នេះ ទាំងជាបុគ្គលមាន​សញ្ញា ក្នុងខាងក្រោយ និងខាងមុខ គឺខាងមុខយ៉ាងណា ខាងក្រោយក៏យ៉ាង​នោះ ខាងក្រោយយ៉ាងណា ខាងមុខក៏យ៉ាងនោះ ខាងក្រោមយ៉ាងណា ខាងលើក៏យ៉ាងនោះ ខាងលើយ៉ាងណា ខាងក្រោមក៏យ៉ាងនោះ វេលថ្ងៃ​យ៉ាងណា វេលាយប់ ក៏យ៉ាងនោះ វេលាយប់យ៉ាងណា វេលាថ្ងៃក៏យ៉ាង​នោះ ជាបុគ្គលមាន​ចិត្តបើកហើយ មានកិលេសមិនបានរួបរឹត រមែងចំរើន​នូវចិត្ត ប្រកបដោយពន្លឺ ដូច្នេះ។

[៤៦៣] ភិក្ខុរមែងចំរើនឥទ្ធិបាទ ប្រកបដោយវីមំសាសមាធិ និង​បធាន​សង្ខារថា ប្រាជ្ញា​ជាគ្រឿងពិចារណារបស់អញ នឹងមិនធូរថយពេកផង មិនផ្គងឡើងពេកផង មិនរួញ ខាងក្នុងផង មិនរាយមាយទៅខាងក្រៅផង ​ដូច្នេះ ទាំងជាបុគ្គលមានសញ្ញា ក្នុងខាងក្រោយ និងខាងមុខ គឺខាងមុខយ៉ាង​ណា​ ខាងក្រោយក៏យ៉ាងនោះ​ ខាងក្រោយយ៉ាងណា ខាងមុខ ក៏យ៉ាងនោះ ខាងក្រោ​មយ៉ាងណា ខាងលើក៏យ៉ាងនោះ ខាងលើយ៉ាងណា ខាងក្រោម​ក៏យ៉ាងនោះ វេលាថ្ងៃយ៉ាងណា វេលាយប់ក៏យ៉ាងនោះ វេលាយប់​យ៉ាងណា វេលាថ្ងៃក៏យ៉ាង​នោះ ជាបុគ្គលមានចិត្តបើកហើយ មានកិលេស​មិនបានរួបរឹត រមែងចំរើននូវចិត្ត ប្រកបដោយ​ពន្លឺដូច្នេះ។

[៤៦៤] កាលភិក្ខុបានចំរើនឥទ្ធិបាទទាំង ៤ យ៉ាងនេះ ធ្វើឲ្យរឿយ ៗ យ៉ាងនេះហើយ ភិក្ខុ (នោះ) រមែងបានសម្រេចឫទ្ធិច្រើនប្រការ គឺតែម្នាក់ ប្លែងទៅជាច្រើននាក់ក៏បាន ឬច្រើននាក់ ប្លែងឲ្យមកតែម្នាក់វិញក៏បាន នៅក្នុងទីកំបាំង ដើរទៅក្នុងទីវាលក៏បាន នៅខាងក្នុង ដើរទៅខាង​ក្រៅក៏​បាន នៅខាងក្នុងជញ្ជាំង ដើរទៅខាងក្រៅជញ្ជាំង (ដោយឥតទ្វារឥតផ្លូវ) ក៏បាន នៅខាងក្នុងកំពែង ដើរទៅខាងក្រៅកំពែងក៏បាន នៅខាងក្នុងភ្នំ ដើរ​ទៅខាងក្រៅភ្នំវិញក៏បាន ឥតមានទើស ដូចគេដើរក្នុងទីវាល មុជងើបក្នុង​ផែនដី ដូចគេមុជងើបក្នុងទឹកក៏បាន ដើរលើទឹកឥតមានបែកធ្លាយ ដូចគេ​ដើរ​លើផែនដីក៏បាន ហោះទៅព្ធដ៏អាកាសទាំងភ្នែន ដូចជាបក្សីសគុណជាតិក៏​បាន យកដៃទៅស្ទាបអង្អែលព្រះចន្ទ្រ ព្រះអាទិត្យទាំងនេះ ដែល មានឫទ្ធិធំ​យ៉ាងនេះ មានអានុភាពធំយ៉ាងនេះក៏បាន ហោះទៅទាំងអំណាចខ្លួន រហូត​ដល់ព្រហ្មលោកក៏បាន។

[៤៦៥] កាលបើភិក្ខុចំរើនឥទ្ធិបាទទាំង ៤ យ៉ាងនេះ ធ្វើឲ្យរឿយ ៗ យ៉ាងនេះហើយ ភិក្ខុ (នោះ) មានត្រចៀកដូចជាទិព្វ ដ៏បរិសុទ្ធ កន្លងហួស​ត្រចៀក របស់មនុស្សធម្មតា រមែងឮសម្លេងពីរ​ប្រការ​ គឺសម្លេងទិព្វ និងសម្លេងជារបស់មនុស្ស ទាំងឆ្ងាយ ទាំងជិតបាន។

[៤៦៦] កាលបើភិក្ខុចំរើនឥទ្ធិបាទ ទាំង ៤ យ៉ាងនេះ ធ្វើឲ្យរឿយ ៗ យ៉ាងនេះហើយ ភិក្ខុ (នោះ) ក៏អាចកំណត់ដឹង នូវចិត្តរបស់សត្វដទៃ បុគ្គល​ដទៃដោយចិត្ត (របស់ខ្លួន)បាន គឺចិត្ត (របស់សត្វដទៃ) ដែលប្រកបដោយ​រាគៈក្តី ក៏កំណត់ដឹងថា ចិត្តប្រកបដោយរាគៈ ចិត្តដែលប្រាស​ចាករាគៈក្តី ក៏​ស្គាល់ថា ចិត្តប្រាសចាករាគៈ ចិត្តដែលប្រកបដោយទោសៈក្តី ក៏ស្គាល់ថា ចិត្តប្រកបដោយទោសៈ ចិត្តដែលប្រាសចាកទោសៈក្តី ក៏ស្គាល់ថា ចិត្តប្រាសចាកទោសៈ ចិត្តដែលប្រកបដោយមោហៈក្តី ក៏ស្គាល់ថា ចិត្តប្រកបដោយមោហៈ ចិត្តដែលប្រាសចាក​មោហៈក្តី ក៏ស្គាល់ថា ចិត្តប្រាសចាកមោហៈ ចិត្តដែលរួញក្តី ក៏ស្គាល់ថា​ ចិត្តរួញ ចិត្តដែលរាយ​មាយក្តី ក៏ស្គាល់ថា ចិត្តរាយមាយ ចិត្តដែលជាមហគ្គតៈ គឺរូបាវចរៈ និង​អរូបាវចរៈក្តី ក៏ស្គាល់ថា ចិត្តជាមហគ្គតៈ ចិត្តដែលមិនមែនជាមហគ្គតៈក្តី ក៏​ស្គាល់ថា ចិត្តមិនមែនជាមហគ្គតៈ ចិត្តដែលជាសឧត្តរៈ គឺលោកិយ​ចិត្តក្តី ក៏ស្គាល់ថា ចិត្តជាសឧត្តរៈ ចិត្តដែលជាអនុត្តរៈ គឺលោកុត្តរចិត្តក្តី ក៏ស្គាល់ថា ចិត្តជាអនុត្តរៈ ចិត្តដែលតាំងមាំក្តី ក៏ស្គាល់ថា ចិត្តតាំងមាំ ចិត្ដដែលមិនតាំង​មាំក្តី ក៏ស្គាល់ថា ចិត្តមិនតាំងមាំ ចិត្តដែលរួចស្រឡះ (ចាកកិលេសាសវៈ) ក្តី ក៏ស្គាល់ថា ចិត្តរួចស្រឡះ ចិត្តដែលមិនរួចស្រឡះក្តី ក៏ស្គាល់ថា ចិត្តមិន​រួចស្រឡះ។

[៤៦៧] កាលបើភិក្ខុចំរើនឥទ្ធិបាទទាំង ៤ យ៉ាងនេះ ធ្វើឲ្យរឿយ ៗ យ៉ាងនេះហើយ ភិក្ខុ (នោះ) រមែងរលឹកឃើញ បុព្វេនិវាស មានប្រការច្រើន។ បុព្វេនិវាស ដូចម្តេច។ គឺរលឹកឃើញ ១ ជាតិខ្លះ ២ ជាតិខ្លះ ៣ ជាតិខ្លះ ៤ ជាតិខ្លះ ៥ ជាតិខ្លះ ១០ ជាតិខ្លះ ២០ ជាតិខ្លះ ៣០ ជាតិខ្លះ ៤០ ជាតិខ្លះ ៥០ ជាតិខ្លះ ១០០ ជាតិខ្លះ ១ ពាន់ជាតិខ្លះ ១ សែនជាតិខ្លះ (រហូតដល់) ច្រើនសំវដ្តកប្ប ច្រើនវិវដ្តកប្ប ច្រើនសំវដ្តវិវដ្តកប្បខ្លះថា អញបានកើតក្នុងទី​ឯនោះ មានឈ្មោះយ៉ាងនេះ មានគោត្រយ៉ាងនេះ មានសម្បុរយ៉ាងនេះ មាន​អាហារយ៉ាងនេះ សោយសុខទុក្ខយ៉ាងនេះ មានកំណត់អាយុយ៉ាងនេះ លុះអាត្មាអញនោះ ច្យុតអំពីទីនោះហើយ ក៏ទៅកើតក្នុងទីឯនោះ ក្នុងទីនោះ​ឯង អាត្មាអញ ក៏មានឈ្មោះយ៉ាងនេះ មានគោត្រយ៉ាងនេះ មានសម្បុរយ៉ាង​នេះ មានអាហារយ៉ាងនេះ សោយសុខទុក្ខយ៉ាងនេះ  មានកំណត់អាយុ​យ៉ាង​នេះ លុះអាត្មាអញនោះ ច្យុតអំពីទីនោះហើយ ទើបមកកើតក្នុងទីនេះទៀត រលឹកឃើញ នូវបុព្វេនិវាស មានប្រការច្រើន ព្រមទាំងអាការ គឺរូប និងអាហារ​ជាដើម ព្រមទាំងឧទ្ទេស គឺឈ្មោះ និងគោត្រកូល ដោយ ប្រការដូច្នេះ។

[៤៦៨] កាលបើភិក្ខុចំរើនឥទ្ធិបាទទាំង ៤ យ៉ាងនេះ ធ្វើឲ្យរឿយ ៗ យ៉ាងនេះហើយ ភិក្ខុ (នោះ) មានទិព្វចក្ខុ ដ៏បរិសុទ្ធ កន្លងហួសចក្ខុ របស់​មនុស្សធម្មតា រមែងឃើញសត្វទាំងឡាយ គឺកំណត់ដឹងពួកសត្វកំពុងច្យុត កំពុងកើត ជាសត្វថោកទាបខ្លះ ខ្ពង់ខ្ពស់ខ្លះ មានសម្បុរល្អខ្លះ សម្បុរអាក្រក់​ខ្លះ មានគតិល្អខ្លះ គតិអាក្រក់ខ្លះ ដែលប្រព្រឹត្តទៅតាមកម្មរបស់ខ្លួនថា អើហ្ន៎ ពួកសត្វទាំងនេះ ប្រកបដោយកាយទុច្ចរិត ប្រកបដោយវចីទុច្ចរិត ប្រកប​ដោយមនោទុច្ចរិត តិះដៀលព្រះអរិយទាំងឡាយ ជាអ្នកយល់ខុស ប្រកាន់​នូវ​អំពើតាមសេចក្តីយល់ខុស ពួកសត្វ ទាំងនោះ លុះបែកធ្លាយរាងកាយ​ស្លាប់​ទៅ រមែងកើតក្នុងកំណើត តិរច្ឆាន ប្រេត អសុរកាយ នរក អើហ្ន៎ ចំណែក​ខាងសត្វពួកនេះ ប្រកបដោយកាយសុចរិត ប្រកបដោយវចីសុច្ចរិត ប្រកប​ដោយ មនោសុច្ចរិត មិនតិះដៀលព្រះអរិយៈទាំងឡាយ មានគំនិតយល់ត្រូវ ប្រកាន់នូវអំពើ តាម សេចក្តីយល់ត្រូវ ពួកសត្វទាំងនោះ លុះបែកធ្លាយរាងកាយ​ស្លាប់ទៅ រមែងកើតក្នុងសុគតិសួគ៌ ទេវលោក ភិក្ខុនោះ មានចក្ខុដូចជាទិព្វ ​ដ៏បរិសុទ្ធ កន្លងបង់នូវចក្ខុ ជារបស់មនុស្សធម្មតា ក៏បាន ឃើញនូវពួកសត្វ ​គឺកំណត់ដឹង នូវពួកសត្វកំពុងច្យុត កំពុងកើត ជាសត្វថោកទាបខ្លះ ខ្ពង់ខ្ពស់ខ្លះ មានសម្បុរល្អខ្លះ សម្បុរអាក្រក់ខ្លះ មានគតិល្អខ្លះ គតិអាក្រក់ខ្លះ ដែលទៅកើត​តាមកម្មរបស់ខ្លួន។

[៤៦៩] កាលបើភិក្ខុចំរើនឥទ្ធិបាទទាំង ៤ យ៉ាងនេះ ធ្វើឲ្យរឿយ​ ៗ យ៉ាងនេះហើយ ភិក្ខុ (នោះ) បានធ្វើឲ្យជាក់ច្បាស់ សម្រេចនូវចេតោវិមុត្តិ បញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់​អាសវៈទាំងឡាយ ដោយបញ្ញា ​ដ៏ឧត្តមខ្លួនឯង ក្នុងអត្តភាពដ៏ជាក់ស្តែង។

[៤៧០] ម្នាលភិក្ខុទាំងឡាយ ឥទ្ធិបាទ ៤ យ៉ាងនេះ ដែលបុគ្គលចំរើន​ហើយ ធ្វើឲ្យរឿយ ៗ ហើយ រមែងមានផលច្រើន មានអានិសង្សច្រើន។ ម្នាលភិក្ខុទាំងឡាយ ឥទ្ធិបាទ ៤ ដែលបុគ្គល​ចំរើនហើយ ដូចម្តេច ធ្វើឲ្យ​រឿយ ៗ ហើយដូចម្តេច ទើបមានផលច្រើន មានអានិសង្សច្រើន។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុក្នុងសាសនា ចំរើនឥទ្ធិបាទ ប្រកបដោយឆន្ទសមាធិ និង​បធានសង្ខារថា ឆន្ទៈរបស់អញ នឹងមិនធូរថយពេកផង មិនផ្គងឡើងពេក​ផង មិនរួញខាងក្នុងផង មិនរាយ​មាយទៅខាងក្រៅផង ដូច្នេះ ទាំងជាបុគ្គល​មានសញ្ញា ក្នុងខាងក្រោយ និងខាងមុខ គឺខាងមុខ​យ៉ាងណា ខាងក្រោយក៏​យ៉ាងនោះ ខាងក្រោយយ៉ាងណា ខាងមុខក៏យ៉ាងនោះ ខាងក្រោមយ៉ាង​ណា ខាងលើក៏យ៉ាងនោះ ខាងលើយ៉ាងណា ខាងក្រោមក៏យ៉ាងនោះ វេលា​ថ្ងៃយ៉ាងណា វេលាយប់ក៏យ៉ាងនោះ វេលាយប់យ៉ាងណា វេលាថ្ងៃក៏យ៉ាង​នោះ ជាបុគ្គលមានចិត្តបើកហើយ មានកិលេសមិនរួបរឹត រមែងចំរើននូវ​ចិត្ត ប្រកបដោយពន្លឺ ដូច្នេះ។ វិរិយសមាធិ។ ចិត្តសមាធិ។ ចំរើនឥទ្ទិបាទ ប្រកបដោយវិមំសាសមាធិ និងបធានសង្ខារថា វីមំសា (ការពិចារណា) របស់អញ នឹងមិនធូរថយពេកផង មិនផ្គងឡើងពេកផង មិនរួញខាងក្នុង​ផង មិនរាយមាយទៅខាងក្រៅផង ដូច្នេះ ទាំងជាបុគ្គលមានសញ្ញា ក្នុងខាង​ក្រោយ និងខាងមុខ គឺខាងមុខយ៉ាងណា ខាងក្រោយ ក៏យ៉ាងនោះ ខាង​ក្រោយយ៉ាងណា ខាងមុខក៏យ៉ាងនោះ ខាងក្រោមយ៉ាងណា ខាងលើ​ក៏​យ៉ាងនោះ ខាងលើយ៉ាងណា ខាងក្រោមក៏យ៉ាងនោះ វេលាថ្ងៃយ៉ាងណា វេលាយប់ក៏យ៉ាងនោះ វេលាយប់យ៉ាងណា វេលាថ្ងៃក៏យ៉ាងនោះ ជា​បុគ្គល​មានចិត្តបើកហើយ មានកិលេសមិនបាន រួបរឹត ចំរើននូវចិត្ត ប្រកបដោយ​ពន្លឺដូច្នេះ។ ម្នាលភិក្ខុទាំងឡាយ ឥទ្ធិបាទ ៤ ដែលបុគ្គល ចំរើនយ៉ាងនេះ ធ្វើ​ឲ្យរឿយ ៗ យ៉ាងនេះហើយ រមែងមានផលច្រើន មានអានិសង្សច្រើន។

[៤៧១] ម្នាលភិក្ខុទាំងឡាយ ឥទ្ធិបាទ ៤ ដែលភិក្ខុចំរើនយ៉ាងនេះ​ហើយ ធ្វើឲ្យរឿយ ៗ យ៉ាងនេះហើយ រមែងបាននូវឥទ្ធិវិធៈ មានប្រការច្រើន គឺភិក្ខុតែម្នាក់ ធ្វើឲ្យទៅជាច្រើន​នាក់ ក៏បាន។បេ។ ហោះទៅទាំងអំណាចខ្លួន រហូតដល់ព្រហ្មលោកក៏បាន។

[៤៧២] ម្នាលភិក្ខុទាំងឡាយ ឥទ្ធិបាទ ៤ ដែលភិក្ខុចំរើនយ៉ាងនេះ​ហើយ ធ្វើឲ្យរឿយ ៗ យ៉ាងនេះហើយ ភិក្ខុ (នោះ) បានធ្វើឲ្យជាក់ច្បាស់​ សម្រេច នូវចេតោវិមុត្តិ និងបញ្ញាវិមុត្ត ដែល មិនមានអាសវៈ ព្រោះអស់​អាសវៈទាំងឡាយ ដោយប្រាជ្ញា ដ៏ឧត្តមខ្លួនឯង ក្នុងអត្តភាព ដ៏ជាក់ ស្តែង។

[៤៧៣] ម្នាលភិក្ខុទាំងឡាយ បើភិក្ខុអាស្រ័យឆន្ទៈហើយ បាននូវ​សមាធិ បាននូវ ភាពនៃចិត្ត មានអារម្មណ៍តែមួយ។ នេះហៅថា ឆន្ទសមាធិ។ ភិក្ខុនោះញុំាងឆន្ទៈឲ្យកើត ប្រឹងប្រែង ប្រារព្ធ ព្យាយាម ផ្គងចិត្តឡើង តាំង​ព្យាយាមមាំ ដើម្បីញុំាងធម៌ទាំងឡាយ ជាអកុសលដ៏លាមក ដែលមិនទាន់​កើតឡើង មិនឲ្យកើតឡើងបាន។ ញុំាងឆន្ទៈឲ្យកើត ប្រឹងប្រែង ប្រារព្ធ ព្យាយាម ផ្គងចិត្តឡើង តាំងព្យាយាមមាំ ដើម្បីលះបង់នូវធម៌ទាំងឡាយ ជា​អកុសល ដ៏លាមក ដែលកើតឡើងហើយ។ ញុំាងឆន្ទៈឲ្យកើត ប្រឹងប្រែង ប្រារព្ធ ព្យាយាម ផ្គងចិត្តឡើង តាំងព្យាយាមមាំ ដើម្បីញុំាងធម៌ទាំង​ឡាយ ជាកុសល ដែលមិនទាន់កើតឡើង ឲ្យកើតឡើងបាន។ ញុំាងឆន្ទៈឲ្យកើត​ ប្រឹងប្រែង ប្រារព្ធ ព្យាយាម ផ្គងចិត្តឡើង តាំងព្យាយាមមាំ ដើម្បីញុំាងធម៌​ទាំងឡាយ ជាកុសល ដែលកើតឡើងហើយ ឲ្យស្ថិតស្ថេរ មិនឲ្យវិនាស ឲ្យ​រឹងរឹតតែកើតធំទូលាយ ចំរើនបរិបូណ៌។ នេះហៅថា បធានសង្ខារ។ នេះ​ហៅថា ឆន្ទៈផង នេះហៅថា ឆន្ទសមាធិផង នេះហៅថា បធានសង្ខារផង ដោយប្រការដូច្នេះ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ឥទ្ធិបាទ ប្រកបដោយឆន្ទសមាធិ និងបធានសង្ខារ។

[៤៧៤] ម្នាលភិក្ខុទាំងឡាយ បើភិក្ខុអាស្រ័យវិរិយៈ ហើយបាននូវ​សមាធិ បាននូវភាព នៃចិត្តមានអារម្មណ៍តែមួយ។ នេះហៅថា វិរិយសមាធិ។ ភិក្ខុនោះ។បេ។ ញុំាងឆន្ទៈឲ្យកើត ប្រឹងប្រែង ប្រារព្ធ ព្យាយាម ផ្គងចិត្តឡើង តាំងព្យាយាមមាំ ដើម្បីញុំាងធម៌ទាំងឡាយ ជាកុសល ដែល​កើតឡើងហើយ ឲ្យស្ថិតស្ថេរ មិនឲ្យវិនាស ឲ្យរឹងរឹតតែកើតធំទូលាយ ចំរើន ពេញបរិបូណ៌។ នេះហៅថា បធានសង្ខារ។ នេះហៅថា វិរិយៈផង នេះហៅថា វិរិយសមាធិផង នេះហៅថា បធានសង្ខារផង ដោយប្រការដូច្នេះ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ឥទ្ធិបាទ ប្រកបដោយវិរិយសមាធិ និង​បធានសង្ខារ។

[៤៧៥] ម្នាលភិក្ខុទាំងឡាយ បើភិក្ខុអាស្រ័យនូវចិត្តហើយ បាននូវសមាធិ បាននូវភាព នៃចិត្តមានអារម្មណ៍តែមួយ។ នេះហៅថា ចិត្ត​សមាធិ។ ភិក្ខុនោះ។បេ។ ញុំាងឆន្ទៈឲ្យកើត ប្រឹងប្រែង ប្រារព្ធ ព្យាយាម ផ្គងចិត្តឡើង តាំងព្យាយាមមាំ ដើម្បីញុំាងធម៌ទាំងឡាយ ជាកុសល ដែលកើតឡើងហើយ ឲ្យស្ថិតស្ថេរ មិនឲ្យវិនាស ឲ្យរឹងរឹតតែកើតធំ​ទូលាយ ចំរើន ពេញ បរិបូណ៌។ នេះហៅថា បធានសង្ខារ។ នេះហៅថា ចិត្ត​ផង នេះហៅថា ចិត្តសមាធិផង នេះហៅ ថា បធានសង្ខារផង ដោយប្រការ​ដូច្នេះ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ឥទ្ធិបាទ ប្រកប ដោយចិត្តសមាធិ​ និងបធានសង្ខារ។

[៤៧៦] ម្នាលភិក្ខុទាំងឡាយ បើភិក្ខុអាស្រ័យនូវវីមំសាហើយ បាននូវ​សមាធិ បាននូវភាព នៃចិត្តមានអារម្មណ៍តែមួយ។ នេះហៅថា វីមំសា​សមាធិ។ ភិក្ខុនោះ ញុំាងឆន្ទៈឲ្យកើត ប្រឹងប្រែង ប្រារព្ធ ព្យាយាម ផ្គងចិត្ត​ឡើង តាំងព្យាយាមមាំ ដើម្បីញុំាងធម៌ទាំងឡាយ ជាអកុសលដ៏លាមក ដែលមិនទាន់កើតឡើង មិនឲ្យកើតឡើងបាន។បេ។ ញុំាងឆន្ទៈឲ្យកើត ប្រឹងប្រែង ប្រារព្ធ ព្យាយាម ផ្គងចិត្តឡើង តាំងព្យាយាមមាំ ដើម្បីញុំាងធម៌​ទាំងឡាយ ជាកុសល ដែលកើតឡើង ហើយ ឲ្យស្ថិតស្ថេរ មិនឲ្យវិនាស ឲ្យ​រឹងរឹតតែកើតធំទូលាយ ចំរើន ពេញបរិបូណ៌។ នេះហៅថា បធានសង្ខារ។ នេះហៅថា វីមំសាផង នេះហៅថា វីមំសាសមាធិផង នេះហៅថា បធាន​សង្ខារ​ផង ដោយប្រការដូច្នេះ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ឥទ្ធិបាទ ប្រកប​ដោយវីមំសាសមាធិ និង បធានសង្ខារ។

[៤៧៧] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះដ៏មានព្រះភាគ ​ទ្រង់គង់នៅក្នុង​មិគារមាតុប្រាសាទ នាបុព្វារាម ជិតក្រុងសាវត្ថី។ សម័យ​នោះឯង ភិក្ខុច្រើនរូប នៅក្នុង​មិគារមាតុប្រាសាទជាន់ក្រោម ជាអ្នករវើររវា​យ មានមានះដូចជាបបុស ងើបឡើងហើយ រជើបរជោរ មានមាត់រឹង មានវាចារោយរាយ មានស្មារតីវង្វេង ប្រាសចាកបញ្ញា មានចិត្ត មិនដំកល់​មាំ មានចិត្តអណ្តែតអណ្តូង មានឥន្ទ្រិយមិនសង្រួម។

[៤៧៨]​ លំដាប់នោះឯង ព្រះដ៏មានព្រះភាគ ត្រាស់ហៅព្រះមហាមោគ្គល្លាន ដ៏មានអាយុថា ម្នាលមោគ្គល្លាន សព្រហ្មចារីភិក្ខុទាំងនោះឯង នៅក្នុង​មិគារមាតុប្រាសាទ ជាន់ក្រោម ជាអ្នកមានចិត្តរវើរវាយ មានមានះដូចជា​បបុស ងើបឡើងហើយ​ រជើបរជោរ មានមាត់រឹង មានសំដីរោយរាយ វង្វេង ភ្លេចស្មារតី ប្រាសចាកបញ្ញា មានចិត្តមិនដំកល់មាំ មានចិត្តអណ្តែតអណ្តូង មានឥន្រ្ទិយមិនសង្រួម ម្នាលមោគ្គល្លាន អ្នកចូរទៅញុំាងភិក្ខុទាំងនោះ ឲ្យ​សង្វេគ។ ព្រះមហាមោគ្គល្លានដ៏មានអាយុ ក៏ទទួលព្រះបន្ទូល ព្រះដ៏មាន​ព្រះភាគថា ព្រះករុណា ព្រះអង្គ ហើយញុំាងមិគារមាតុប្រាសាទ ឲ្យកម្រើក ឲ្យរងើ្គ ឲ្យញាប់ញ័រ ដោយម្រាមមេ​ជើងយ៉ាងណា ក៏សំដែងតាក់តែងនូវ​ឫទ្ធិ មានសភាពយ៉ាងនោះ។

[៤៧៩] លំដាប់នោះឯង ភិក្ខុទាំងនោះ តក់ស្លុត កើតព្រឺព្រួចរោម ឈរ​ក្នុងទីសមគួរ ប្រាប់គ្នាថា យីអើ អស្ចារ្យណាស់តើ យីអើ ចំឡែកណាស់តើ គ្មានខ្យល់សោះ មិគារមាតុ​ប្រាសាទនេះ មានរណ្តៅដ៏ជ្រៅ កប់ក៏ជ្រៅ ឥត​កម្រើក ឥតញាប់ញ័រ ស្រាប់តែ​កម្រើក រង្គើ ញាប់ញ័រ។

[៤៨០] លំដាប់នោះ ព្រះដ៏មានព្រះភាគ ទ្រង់ចូលទៅរកភិក្ខុទាំងនោះ លុះចូល​ទៅដល់ហើយ ទ្រង់ត្រាស់នឹងភិក្ខុទាំងនោះ ដូច្នេះថា ម្នាលភិក្ខុ​ទាំង​ឡាយ ដូចម្តេចហ្ន៎ ក៏អ្នកទាំងឡាយ តក់ស្លុត កើតព្រឺព្រួចរោម ឈរក្នុងទី​សមគួរ។ ភិក្ខុទាំងនោះ ក្រាបបង្គំ​ទូលព្រះដ៏មានព្រះភាគថា បពិត្រព្រះអង្គ​ដ៏​ចំរើន អស្ចារ្យណាស់ បពិត្រព្រះអង្គ​ដ៏ចំរើន ចំឡែកណាស់ ស្ងប់ខ្យល់សោះ មិគារមាតុប្រាសាទនេះសោត មានរណ្តៅដ៏ជ្រៅ កប់ក៏ជ្រៅ ជារបស់ឥតកម្រើក ឥតញាប់ញ័រ ក៏ស្រាប់តែកម្រើក រង្គើ ញាប់ញ័រ។

[៤៨១] ម្នាលភិក្ខុទាំងឡាយ ភិក្ខុឈ្មោះមោគ្គល្លាន ប្រាថ្នានឹងឲ្យអ្នក​ទាំងឡាយសង្វេគ ទើបធ្វើមិគារមាតុប្រាសាទឲ្យកម្រើក រង្គើ ញាប់ញ័រ​ ដោយមេជើងទេតើ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ យល់ហេតុនោះ ​ដូចម្តេច ភិក្ខុឈ្មោះ មោគ្គល្លាន មានឫទ្ធិធំយ៉ាងនេះ មានអានុភាព ធំយ៉ាង​នេះ ព្រោះចំរើន ព្រោះធ្វើឲ្យរឿយ ៗ នូវធម៌ដូចម្តេច។ បពិត្រព្រះអង្គដ៏​ចំរើន ធម៌ទាំងឡាយ របស់យើងខ្ញុំ មានព្រះដ៏មានព្រះភាគ ជាមូល មានព្រះ​ដ៏មានព្រះភាគ ជាអ្នកណែនាំ មានព្រះដ៏មានព្រះភាគ ជាទីពឹង បពិត្រព្រះអង្គ​ដ៏ចំរើន សូមទ្រង់មេត្តាប្រោស សូមព្រះដ៏មានព្រះភាគ សំដែងសេចក្តី​ នៃ​ភាសិតនុ៎ះ ឲ្យទាន ភិក្ខុទាំងឡាយ ស្តាប់នូវភាសិត របស់ព្រះដ៏មានព្រះភាគ​ហើយ នឹងចាំទុក។

[៤៨២] ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ អ្នកទាំងឡាយ ចូរស្តាប់ចុះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុឈ្មោះ មោគ្គល្លាន មានឫទ្ធិធំយ៉ាងនេះ មាន​អានុភាព​ធំយ៉ាងនេះ ព្រោះចំរើន ព្រោះធ្វើ​ឲ្យរឿយ ៗ នូវឥទ្ធិបាទ ៤ នេះឯង។ ឥទ្ធិបាទ ៤ ដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុឈ្មោះ​មោគ្គល្លាន ក្នុង​សាសនានេះ ចំរើនឥទ្ធិបាទ ប្រកបដោយឆន្ទសមាធិ និងបធានសង្ខារថា ឆន្ទៈរបស់អញ នឹងមិនធូរថយពេកផង។បេ។ វិរិយសមាធិ។ ចិត្តសមាធិ។ ចំរើនឥទ្ធិបាទ ប្រកបដោយវីមំសាសមាធិ និងបធានសង្ខារថា វិមំសា​របស់​អញ នឹងមិនធូរថយពេកផង មិនផ្គងឡើងពេកផង មិនរួញខាងក្នុងផង មិន​មានចិត្តរាយមាយ ទៅខាងក្រៅផង ទាំងជាបុគ្គលមានសញ្ញា ក្នុងខាង​ក្រោយ និងខាងមុខ គឺខាងមុខយ៉ាងណា ខាងក្រោយ​ក៏យ៉ាងនោះ ខាងក្រោយយ៉ាងណា ខាងមុខក៏យ៉ាងនោះ​​ ខាងក្រោមយ៉ាងណា ខាងលើ​ក៏យ៉ាងនោះ ខាងលើយ៉ាងណា ខាងក្រោមក៏យ៉ាងនោះ វេលាថ្ងៃយ៉ាងណា វេលាយប់ក៏យ៉ាងនោះ វេលាយប់យ៉ាងណា វេលាថ្ងៃក៏យ៉ាងនោះ ជាបុគ្គល​មានចិត្តបើក មានកិលេសមិនរួបរឹត ចំរើនចិត្តដែលប្រកបដោយពន្លឺដូច្នេះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុឈ្មោះ មោគ្គល្លាន មានឫទ្ធិធំយ៉ាងនេះ មានអានុភាពធំយ៉ាងនេះ ព្រោះចំរើន ព្រោះធ្វើឲ្យរឿយ ៗ នូវឥទ្ធិបាទ ៤ នេះឯង។

[៤៨៣] ម្នាលភិក្ខុទាំងឡាយ មោគ្គល្លានភិក្ខុ បានសម្រេចនូវឥទ្ធិវិធៈ​ច្រើនប្រការ ព្រោះចំរើន ព្រោះធ្វើឲ្យរឿយ​ ៗ នូវឥទ្ធិបាទ ៤ នេះឯង ។បេ។ ទៅទាំងអំណាចខ្លួន រហូតដល់ព្រហ្មលោកនាយបាន។

[៤៨៤] ម្នាលភិក្ខុទាំងឡាយ មោគ្គល្លានភិក្ខុ បានធ្វើឲ្យជាក់ច្បាស់ ​សម្រេច នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់​អាសវៈទាំងឡាយ ដោយបញ្ញាដ៏​ឧត្តម ដោយខ្លួន​ឯង ក្នុងអត្តភាព ដែលឃើញ​ជាក់ស្តែង ព្រោះចំរើន ព្រោះធ្វើឲ្យរឿយ ៗ នូវឥទ្ធិបាទ ៤ នេះ។ (បណ្ឌិតត្រូវញុំាងអភិញ្ញាទាំងឡាយ ឲ្យពិស្តារយ៉ាងនេះចុះ)។

[៤៨៥] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះអានន្ទដ៏មានអាយុ គង់នៅក្នុង​ឃោសិតារាម ជិតក្រុវកោសម្ពី។ លំដាប់នោះឯង ព្រាហ្មណ៍​ឈ្មោះឧណ្ណាភៈ ចូលទៅរក​ព្រះអានន្ទ​ដ៏មានអាយុ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹងព្រះអានន្ទ​ដ៏មានអាយុ លុះបញ្ចប់ពាក្យ ដែល​គួររីករាយ និងពាក្យដែលគួររលឹកហើយ ក៏អង្គុយ​ក្នុងទីសមគួរ។ លុះ​ព្រាហ្មណ៍ឈ្មោះ ឧណ្ណាភៈ អង្គុយក្នុងទីសមគួរហើយ ក៏និយាយ​នឹងព្រះ​អានន្ទ ដ៏មានអាយុ ដូច្នេះថា​

[៤៨៦] បពិត្រព្រះអានន្ទដ៏ចំរើន គេប្រព្រឹត្តព្រហ្មចារ្យ ក្នុងសំណាក់​ព្រះសមណគោតម មានអ្វីជាប្រយោជន៍។ ម្នាលព្រាហ្មណ៍ គេប្រព្រឹត្ត​ព្រហ្មចារ្យ ក្នុងសំណាក់ព្រះដ៏មានព្រះភាគ មានការលះបង់ឆន្ទៈ ជា​ប្រយោជន៍។

[៤៨៧] បពិត្រព្រះអានន្ទដ៏ចំរើន ចុះមានផ្លូវ មានបដិបទា ដើម្បីលះបង់​នូវឆន្ទៈនុ៎ះ​ដែរឬ។ ម្នាលព្រាហ្មណ៍ មានផ្លូវ មានបដិបទា ដើម្បីលះបង់នូវ​ឆន្ទៈ​នុ៎ះដែរ។

[៤៨៨] បពិត្រព្រះអានន្ទដ៏ចំរើន ចុះផ្លូវដូចម្តេច បដិបទា ដូចម្តេច ដើម្បី​លះបង់នូវ​ឆន្ទៈនុ៎ះ។ ម្នាលព្រាហ្មណ៍​ ភិក្ខុក្នុងសាសនានេះ ចំរើនឥទ្ទិបាទ ប្រកបដោយឆន្ទ​សមាធិ និងបធានសង្ខារ។ វិរិយសមាធិ។ ចិត្តសមាធិ។ ចំរើនឥទ្ធិបាទ ប្រកបដោយវីមំសាសមាធិ និងបធានសង្ខារ។ ម្នាល​ព្រាហ្មណ៍ នេះឯងជាផ្លូវ នេះជាបដិបទា ដើម្បីលះបង់ឆន្ទៈនុ៎ះ។

[៤៨៩] បពិត្រព្រះអានន្ទដ៏ចំរើន កាលបើយ៉ាងនេះ វត្ថុដែលមាន នៅតែមាន វត្ថុដែល​គ្មាន នៅតែគ្មាន ឯពាក្យដែលថា បុគ្គលនឹងលះបង់នូវ​ឆន្ទៈ ដោយឆន្ទៈនុ៎ះ មិនសមហេតុទេ។ ម្នាលព្រាហ្មណ៍ បើដូច្នោះ អាត្មា នឹង​សួរអ្នក​ ក្នុងដំណើរនុ៎ះវិញ គួរដល់អ្នកយ៉ាងណា អ្នកត្រូវ​ព្យាករប្រស្នានោះ​ យ៉ាងនោះចុះ។

[៤៩០] ម្នាលព្រាហ្មណ៍ អ្នកយល់នូវដំណើរនោះ ដូចម្តេច អ្នកមានឆន្ទៈ ​ក្នុងកាលមុនថា អញនឹងទៅកាន់អារាម។ កាលអ្នកនោះ ទៅដល់អារាម​ហើយ ឆន្ទៈដែលកើតមុននោះ ក៏ស្ងប់​រម្ងាប់ឬទេ។ បពិត្រព្រះអានន្ទដ៏ចំរើន យ៉ាងហ្នឹងហើយ។ សេចក្តីព្យាយាម របស់អ្នកក្នុង​កាលមុន​ថា អញនឹងទៅ​កាន់អារាម។ កាលអ្នកនោះ ទៅដល់អារាមហើយ ព្យាយាម ដែលកើតមុន​នោះ ស្ងប់រម្ងាប់ឬទេ។ បពិត្រព្រះអានន្ទដ៏ចំរើន យ៉ាងហ្នឹងហើយ។ អ្នក​បានមានចិត្ត ក្នុង​កាលមុន​ថា អញនឹងទៅកាន់អារាម​។ កាលបើអ្នកនោះ ទៅ​ដល់អារាមហើយ ចិត្តដែលកើត​មុននោះ ស្ងប់រម្ងាប់ឬទេ។ បពិត្រ​ព្រះអានន្ទដ៏ចំរើន យ៉ាងហ្នឹងហើយ។ បញ្ញារបស់អ្នក បាន​កើតឡើង ក្នុងកាលមុនថា អញនឹងទៅកាន់អារាម។ កាលអ្នកនោះ ទៅដល់អារាមហើយ​ បញ្ញាដែល​កើតមុននោះ ស្ងប់រម្ងាប់ដែរឬទេ។ បពិត្រព្រះអានន្ទដ៏ចំរើន យ៉ាងហ្នឹង​ហើយ។

[៤៩១] ម្នាលព្រាហ្មណ៍ ការនុ៎ះក៏ដូច្នោះដែរ ភិក្ខុជាព្រះអរហន្តខីណា​ស្រព មាន​ព្រហ្មចារ្យ ប្រព្រឹត្តរួចហើយ មានសោឡសកិច្ច ធ្វើរួចហើយ មាន​ភារៈដាក់ចុះហើយ មាន​ប្រយោជន៍ផ្ទាល់​ខ្លួន ដល់ហើយ មានសំយោជនៈ ក្នុង​ភពអស់ហើយ មានចិត្តផុត​ស្រឡះ​ហើយ ព្រោះការដឹងដោយប្រពៃ ភិក្ខុនោះ​ មានឆន្ទៈក្នុងកាលមុន ដើម្បីឲ្យដល់អរហត្ត លុះសម្រេច​អរហត្ត​ហើយ ឆន្ទៈ​ដែលកើតមុននោះ ក៏ស្ងប់រម្ងាប់ទៅ ភិក្ខុនោះ មានព្យាយាម ក្នុងកាលមុន ដើម្បីឲ្យ​ដល់អរហត្ត លុះបានដល់អរហត្តហើយ ព្យាយាម ដែលកើតអំពីមុននោះ ក៏​ស្ងប់រម្ងាប់ទៅ ភិក្ខុនោះ មានចិត្តក្នុងកាលមុន ដើម្បីឲ្យដល់អរហត្ត លុះដល់​អរហត្តហើយ ចិត្តដែល​កើតអំពីមុននោះ ក៏ស្ងប់រម្ងាប់ទៅ ភិក្ខុនោះ មាន​បញ្ញាក្នុងកាលមុន ដើម្បីឲ្យដល់អរហត្ត លុះបានដល់អរហ​ត្តហើយ បញ្ញា​ដែលកើតអំពីមុននោះ ក៏ស្ងប់រម្ងាប់ទៅ។

[៤៩២]​ ម្នាលព្រាហ្មណ៍ អ្នកសម្គាល់ហេតុនោះដូចម្តេច កាលបើហេតុ​យ៉ាងនេះ វត្ថុដែលមាន នៅតែមាន វត្ថុដែលគ្មាន នៅតែគ្មានឬទេ។ បពិត្រ​ព្រះអានន្ទដ៏ចំរើន ពិតមែន​ហើយ បើយ៉ាងនេះ វត្ថុដែលមាន នៅតែមាន វត្ថុដែលគ្មាន នៅតែគ្មាន បពិត្រ​ព្រះអានន្ទដ៏ចំរើន ច្បាស់ណាស់ បពិត្រព្រះអានន្ទដ៏ចំរើន ច្បាស់ណាស់ បពិត្រ​ព្រះអានន្ទ​ដ៏ចំរើន ដូចគេផ្ងា​រ​របស់ដែលផ្កាប់ ឬបើករបស់ដែលកំបាំង ពុំនោះ ដូចគេបា្រប់ផ្លូវ ដល់មនុស្ស​វង្វេង ឬដូចគេទ្រោល​ប្រទីប ក្នុងទីងងឹត ឲ្យអ្នកមានចក្ខុ មើលឃើញរូបបាន។ បពិត្រព្រះអានន្ទដ៏ចំរើន ធម៌ដែលលោក​សំដែងហើយ ដោយអនេក​បរិយាយ ក៏យ៉ាងនោះឯង។ បពិត្រព្រះអានន្ទដ៏ចំរើន ខ្ញុំព្រះករុណា ​សូម​ដល់ព្រះគោតមដ៏ចំរើននោះផង ព្រះធម៌ផង ព្រះសង្ឃផង ជាសរណៈ សូម​ព្រះអានន្ទ​ដ៏ចំរើន ចាំទុកនូវខ្ញុំព្រះករុណា ថាជាឧបាសក អ្នកដល់នូវសរណៈ ​ស្មើដោយ​ជីវិតតាំងពីថ្ងៃ​នេះទៅ។

[៤៩៣] ម្នាលភិក្ខុទាំងឡាយ ក្នុងអតីតកាល មានពួកសមណៈ​ ឬព្រាហ្មណ៍មានឫទ្ធិច្រើន មានអានុភាពច្រើន ព្រោះបានចំរើន ធ្វើឲ្យច្រើន​នូវឥទ្ធិបាទ ៤។ ម្នាលភិក្ខុទាំងឡាយ ក្នុងអនាគតកាល គង់មានពួកសមណៈ ​ឬព្រាហ្មណ៍មានឫទ្ធិច្រើន មានអានុភាពច្រើន ព្រោះបានចំរើន ធ្វើឲ្យច្រើននូវ​ឥទ្ធិបាទ ៤។ ម្នាលភិក្ខុទាំងឡាយ ក្នុងកាលឥឡូវនេះ ក៏មានពួកសមណៈ ​ឬព្រាហ្មណ៍មានឫទ្ធិច្រើន មានអានុភាពច្រើន ព្រោះបានចំរើនឲ្យច្រើន​ ​នូវឥទ្ធិបាទ ៤។ ឥទ្ធិបាទ ៤ ដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចំរើននូវឥទ្ធិបាទ ប្រកបដោយឆន្ទៈសមាធិ និងបធាន​សង្ខារ ១។ វិរិយសមាធិ ១។ ចិត្តសមាធិ ១។ ចំរើននូវឥទ្ធិបាទ ប្រកប​ដោយវីមំសាសមាធិ និងបធានសង្ខារ ១។

[៤៩៤] ម្នាលភិក្ខុទាំងឡាយ ក្នុងអតីតកាល មានពួកសមណៈ ​ឬព្រាហ្មណ៍ មានឫទ្ធិច្រើន មានអានុភាពច្រើន ព្រោះបានចំរើន ធ្វើឲ្យច្រើន​នូវឥទ្ធិបាទ ៤ នេះឯង។ ម្នាលភិក្ខុទាំងឡាយ ក្នុងអនាគតកាល គង់​មានពួក​សមណៈ ឬព្រាហ្មណ៍មានឫទ្ធិច្រើន មានអានុភាពច្រើន​ ព្រោះបានចំរើន ធ្វើ​ឲ្យច្រើននូវឥទ្ធិបាទ ៤ នេះឯង។ ម្នាលភិក្ខុទាំងឡាយ ក្នុងកាលឥឡូវនេះ ក៏​មានពួកសមណៈ ឬព្រាហ្មណ៍ មានឫទ្ធិច្រើន មានអានុភាពច្រើន ព្រោះបាន​ចំរើន ធ្វើឲ្យច្រើន នូវឥទ្ធិបាទ ៤ នេះឯង។

[៤៩៥] ម្នាលភិក្ខុទាំងឡាយ ក្នុងអតីតកាល មានពួកសមណៈ ​ឬព្រាហ្មណ៍ បានសម្រេច នូវឥទ្ធិវិធៈ (ការសំណែងឫទ្ធិ) ច្រើនប្រការ​ គឺធ្វើ​មនុស្សម្នាក់ ឲ្យទៅជាមនុស្សច្រើននាក់ក៏បាន ធ្វើមនុស្សច្រើននាក់ ឲ្យទៅជា​មនុស្សម្នាក់ក៏បាន នៅក្នុងទីកំបាំង ដើរទៅកាន់ទីវាល នៅខាងក្នុង ដើរចេញ​ទៅខាងក្រៅ នៅខាងក្នុងជញ្ជាំង ដើរចេញទៅខាងក្រៅជញ្ជាំង នៅខាងក្នុង​កំពែង ដើរចេញទៅខាងក្រៅកំពែង​​ នៅខាងក្នុងភ្នំ ដើរចេញទៅខាងក្រៅភ្នំ (ដោយឥតទ្វារ ឥតផ្លូវ) ឥតទើសទាល់ ដូចដើរលើអាកាសក៏បាន ងើបឡើង​មុជចុះក្នុងផែនដី ដូចជាងើបឡើង​មុជចុះ ក្នុងទឹកក៏បាន ដើរលើទឹកមិនបែក​ធ្លាយទឹក ហាក់ដូចជាដើរលើផែនដីក៏បាន ទៅឯអាកាស​ទាំងភ្នែន ដូចជាសត្វស្លាបក៏បាន យកដៃស្ទាបអង្អែល (មណ្ឌល) ព្រះចន្ទ្រ ព្រះអាទិត្យ​ទាំងនេះ ដែលមានឫទ្ធិច្រើន យ៉ាងនេះ មានអានុភាពច្រើន យ៉ាងនេះក៏បាន ធ្វើ​អំណាច ឲ្យប្រព្រឹត្តទៅ ដោយកាយ ដរាបដល់ព្រហ្មលោកក៏បាន។ ព្រោះតែ​សមណព្រាហ្មណ៍ទាំងអស់នោះ បានចំរើន ធ្វើឲ្យច្រើននូវឥទ្ធិបាទ ៤។ ម្នាលភិក្ខុទាំងឡាយ ក្នុងអនាគតកាល គង់មានសមណៈ ឬព្រាហ្មណ៍​បាន​សម្រេច នូវឥទ្ធិវិធៈច្រើនប្រការ គឺនឹងធ្វើមនុស្សម្នាក់ ឲ្យទៅជាមនុស្សច្រើន​នាក់ក៏បាន ធ្វើមនុស្សច្រើននាក់ ឲ្យទៅជាមនុស្សម្នាក់ក៏បាន នៅក្នុងទី​កំបាំង ​និងដើរទៅកាន់ទីវាល នៅខាង​ក្នុង ដើរចេញទៅខាងក្រៅ នៅខាងក្នុង​ជញ្ជាំង ដើរចេញទៅខាងក្រៅជញ្ជាំង នៅខាងក្នុង​កំពែង ដើរចេញទៅខាង​ក្រៅកំពែង នៅខាងក្នុងភ្នំ ដើរចេញទៅក្រៅភ្នំ (ដោយឥតទ្វារ ឥតផ្លូវ) ឥតទើសទាល់ ដូចជាដើរលើអាកាសក៏បាន ងើបឡើង មុជចុះ ក្នុងផែនដី ដូច​ជាងើបឡើង មុជចុះ ក្នុងទឹកក៏បាន ដើរលើទឹកមិនបែកធ្លាយទឹក ហាក់ដូចជា​ដើរ​លើផែនដីក៏បាន និងទៅឯអាកាស​ទាំងភ្នែន ដូចជាសត្វស្លាបក៏បាន និងយកដៃស្ទាបអង្អែល (មណ្ឌល) ព្រះចន្ទ្រព្រះអាទិត្យ​ទាំងនេះ ដែលមានឫទ្ធិ​ច្រើន យ៉ាងនេះ មានអានុភាពច្រើន យ៉ាងនេះក៏បាន នឹងធ្វើអំណាច ឲ្យប្រព្រឹត្ត​ទៅដោយកាយ ដរាបដល់ព្រហ្មលោកក៏បាន។ ព្រោះតែ​សមណព្រាហ្មណ៍​ទាំងអស់នោះ បានចំរើន ធ្វើឲ្យច្រើន នូវឥទ្ធិបាទ ៤។ ម្នាលភិក្ខុទាំងឡាយ ក្នុងកាលឥឡូវនេះ ក៏មានសមណៈ ឬព្រាហ្មណ៍ បានសម្រេចនូវឥទ្ធិវិធៈ​ច្រើន​ប្រការ គឺធ្វើ​មនុស្សម្នាក់ ឲ្យទៅជា​មនុស្សច្រើននាក់ក៏បាន ធ្វើមនុស្សច្រើន​នាក់ ឲ្យទៅជាមនុស្សម្នាក់ក៏បាន នៅក្នុងទីកំបាំង ដើរទៅកាន់ទីវាល នៅខាង​ក្នុង ដើរចេញទៅខាងក្រៅ នៅខាងក្នុង​ជញ្ជាំង ដើរចេញទៅ​ខាងក្រៅជញ្ជាំង នៅខាងក្នុងកំពែង ដើរចេញទៅខាងក្រៅកំពែង នៅក្នុងភ្នំ ដើរចេញទៅខាង​ក្រៅភ្នំ (ដោយឥតទ្វារ ឥតផ្លូវ) ឥតទើសទាល់ ដូចជាដើរលើអាកាស​ក៏បាន ងើបឡើងមុជចុះ ក្នុងផែនដី ដូចជាងើបឡើងមុជចុះ ក្នុងទឹកក៏បាន ដើរលើទឹក​មិនបែកធ្លាយទឹក ដូចជាដើរលើ​ផែនដីក៏បាន ទៅឯអាកាសទាំងភ្នែនដូចជា​សត្វស្លាបក៏បាន យកដៃស្ទាបអង្អែល (មណ្ឌល) ព្រះចន្ទ្រ ព្រះអាទិត្យទាំង​នេះ ដែលមានឫទ្ធិច្រើន យ៉ាងនេះ មានអានុភាពច្រើន យ៉ាងនេះក៏បាន ធ្វើអំណាច​ ឲ្យប្រព្រឹត្តទៅដោយកាយ ដរាបដល់ព្រហ្មលោកក៏បាន។ ព្រោះតែសមណ​ព្រាហ្មណ៍ទាំងអស់នោះ បានចំរើន ធ្វើឲ្យច្រើន នូវឥទ្ធិបាទ ៤។ ឥទ្ធិបាទ ៤ ដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចំរើននូវឥទ្ធិបាទ ប្រកបដោយឆន្ទសមាធិ និងបធានសង្ខារ ១។ វិរិយសមាធិ ១។ ចិត្តសមាធិ ១។ ចំរើននូវឥទ្ធិបាទ ប្រកបដោយ​វីមំសាសមាធិ និងបធានសង្ខារ ១។

[៤៩៦] ម្នាលភិក្ខុទាំងឡាយ ក្នុងអតីតកាល មានពួកសមណៈ ឬ​ព្រាហ្មណ៍ បានសម្រេច​នូវឥទ្ធិវិធៈច្រើនប្រការ គឺធ្វើមនុស្សម្នាក់ ឲ្យទៅជា​មនុស្សច្រើននាក់ក៏បាន។បេ។ ធ្វើអំណាច ឲ្យប្រព្រឹត្តទៅដោយកាយ ដរាប​ដល់ព្រហ្មលោកក៏បាន។ ព្រោះតែសមណព្រាហ្មណ៍​ទាំងអស់នោះ បានចំរើន ធ្វើឲ្យច្រើននូវឥទ្ធិបាទ ៤ នេះឯង។ ម្នាលភិក្ខុទាំងឡាយ ក្នុង​អនាគតកាល គង់មានពួកសមណៈ ឬព្រាហ្មណ៍បានសម្រេច នូវឥទ្ធិវិធៈ ច្រើនប្រការ គឺនឹងធ្វើមនុស្ស​ម្នាក់ ឲ្យទៅជាមនុស្សច្រើននាក់ក៏បាន។បេ។ នឹងធ្វើអំណាច ឲ្យប្រព្រឹត្តទៅដោយកាយ ដរាបដល់ព្រហ្មលោកក៏បាន។ ព្រោះតែ​សមណព្រាហ្មណ៍​ទាំងអស់នោះ បានចំរើន ធ្វើឲ្យច្រើននូវឥទ្ធិបាទ ៤ នេះឯង។ ម្នាលភិក្ខុទាំងឡាយ ក្នុងកាលឥឡូវនេះ ក៏បានពួកសមណៈ ឬ​ព្រាហ្មណ៍ បានសម្រេចនូវឥទ្ធិវិធៈច្រើនប្រការ គឺធ្វើមនុស្សម្នាក់ ឲ្យទៅជា​មនុស្សច្រើននាក់ក៏បាន។បេ។ ធ្វើអំណាច ឲ្យប្រព្រឹត្តទៅដោយកាយ ដរាប​ដល់ព្រហ្មលោកក៏បាន។ ព្រោះតែសមណព្រាហ្មណ៍ទាំងអស់នោះ បានចំរើន ធ្វើឲ្យច្រើននូវឥទ្ធិបាទ ៤ នេះឯង។

[៤៩៧] ម្នាលភិក្ខុទាំងឡាយ ភិក្ខុធ្វើឲ្យជាក់ច្បាស់ សម្រេចនូវ​ចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែល​មិនមានអាសវៈ ព្រោះអស់ទៅ នៃអាសវៈ​ទាំងឡាយ ដោយប្រាជ្ញាដ៏ឧត្តមខ្លួនឯង ក្នុងបច្ចុប្បន្ន ក៏ព្រោះតែបានចំរើន ធ្វើឲ្យច្រើន នូវឥទ្ធិបាទ ៤។ ឥទ្ធិបាទ ៤ ដូចម្តេចខ្លះ។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចំរើននូវឥទ្ធិបាទ ប្រកបដោយឆន្ទសមាធិ និងបធាន​សង្ខារ ១។ វិរិយសមាធិ ១។ ចិត្តសមាធិ​ ១។ ចំរើននូវឥទ្ធិបាទ ប្រកប​ដោយវីមំសាសមាធិ និងបធានសង្ខារ​ ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលធ្វើ​ឲ្យជាក់ច្បាស់ សម្រេចនូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់ទៅ នៃអាសវៈទាំងឡាយ ដោយប្រាជ្ញាដ៏ឧត្តមខ្លួនឯង ក្នុងបច្ចុប្បន្ន ក៏ព្រោះតែចំរើន ធ្វើឲ្យច្រើន នូវឥទ្ធិបាទ ៤ នេះដែរ។

[៤៩៨] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងនូវឫទ្ធិផង នូវឥទ្ធិបាទ​ផង នូវការចំរើន​ឥទ្ធិបាទផង នូវបដិបទា ជាដំណើរទៅកាន់ការចំរើន​ឥទ្ធិបាទផង ដល់អ្នកទាំងឡាយ អ្នកទាំងឡាយ ចូរស្តាប់សេចក្តីនោះចុះ។ ម្នាលភិក្ខុទាំងឡាយ ចុះឫទ្ធិដូចម្តេច។ ម្នាលភិក្ខុ ទាំងឡាយ ភិក្ខុក្នុង​សាសនានេះ បានសម្រេចនូវឥទ្ធិវិធៈច្រើនប្រការ គឺធ្វើមនុស្សម្នាក់ ឲ្យទៅ​ជា​មនុស្សច្រើននាក់ក៏បាន ធ្វើមនុស្សច្រើននាក់ ឲ្យទៅជាមនុស្សម្នាក់ក៏បាន។បេ។ ធ្វើអំណាច ឲ្យប្រព្រឹត្តទៅដោយកាយ ដរាបដល់ព្រហ្មលោកក៏បាន។ ម្នាលភិក្ខុទាំងឡាយ នេះហៅថាឫទ្ធិ។

[៤៩៩] ម្នាលភិក្ខុទាំងឡាយ ចុះឥទ្ធិបាទ ដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ មគ្គឯណា បដិបទាឯណា ប្រព្រឹត្តទៅ ដើម្បីបាននូវឫទ្ធិ​ បានស៊ប់នូវឫទ្ធិ។ ម្នាលភិក្ខុទាំងឡាយ នេះហៅ ថា ឥទ្ធិបាទ។

[៥០០] ម្នាលភិក្ខុទាំងឡាយ ចុះការចំរើននូវឥទ្ធិបាទដូចម្តេច។ ម្នាល​ភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចំរើននូវឥទ្ធិបាទ ប្រកបដោយ​ឆន្ទសមាធិ និងបធានសង្ខារ។ វិរិយសមាធិ។ ចិត្តសមាធិ។ ចំរើននូវ​​ឥទ្ធិបាទ ប្រកបដោយវីមំសាសមាធិ និងបធានសង្ខារ។ ម្នាលភិក្ខុ​ទាំង​ឡាយ នេះហៅថា ការចំរើននូវឥទ្ធិបាទ។

[៥០១] ម្នាលភិក្ខុទាំងឡាយ ចុះបដិបទា ជាដំណើរទៅកាន់ការចំរើន ​នូវឥទ្ធិបាទ ដូចម្តេច។ អរិយមគ្គ ប្រកបដោយអង្គ ៨ នេះឯង។ អ្វីខ្លះ។ គឺ​សម្មាទិដ្ឋិ សម្មាសង្កប្បៈ សម្មាវាចា សម្មាកម្មន្តៈ សម្មាអាជីវៈ សម្មាវាយាមៈ សម្មាសតិ សម្មាសមាធិ។ ម្នាលភិក្ខុទាំងឡាយ នេះហៅ​ថា បដិបទា ជាដំណើរទៅកាន់ការចំរើន នូវឥទ្ធិបាទ។

[៥០២] ម្នាលភិក្ខុទាំងឡាយ ឥទ្ធិបាទ ៤ នេះ ដែលភិក្ខុចំរើន ធ្វើឲ្យ​ច្រើនហើយ ជាធម៌មាន​ផលច្រើន មានអានិសង្សច្រើន។ ម្នាលភិក្ខុទាំង​ឡាយ ចុះឥទ្ធិបាទ ៤ តើភិក្ខុចំរើនដូចម្តេច ធ្វើឲ្យច្រើនដូចម្តេច ទើបជាធម៌​មានផលច្រើន មានអានិសង្សច្រើន។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនា​នេះ ចំរើននូវឥទ្ធិបាទ ប្រកបដោយឆន្ទសមាធិ និងបធានសង្ខារ ដូច្នេះថា ឆន្ទៈរបស់អាត្មាអញ នឹងមិនធូរថយខ្លាំងពេកផង នឹងមិនផ្គងគំហុកខ្លាំង​ពេក​ផង នឹងមិនរួញលឹប នៅខាងក្នុងផង នឹងមិនរាយមាយទៅខាងក្រៅផង មាន​សញ្ញាក្នុង​កាលជាខាងក្រោយ និងកាលមុន គឺកាលមុនយ៉ាងណា ក្រោយ​ក៏​​យ៉ាងនោះ ក្រោយយ៉ាងណា មុនក៏យ៉ាងនោះ ក្រោមយ៉ាងណា លើក៏​យ៉ាងនោះ លើយ៉ាងណា ក្រោមក៏យ៉ាងនោះ ថ្ងៃយ៉ាងណា យប់ក៏​យ៉ាងនោះ យប់យ៉ាងណា ថ្ងៃក៏យ៉ាងនោះ មានចិត្តស្វាង ឥតមាន​កិលេស​រួបរឹត ចំរើនចិត្ត ប្រកបដោយពន្លឺ ដោយប្រការដូច្នេះ។ វិរិយសមាធិ។ ចិត្តសមាធិ។ ចំរើន​ឥទ្ធិបាទ ប្រកបដោយវីមំសាសមាធិ ​និងបធានសង្ខារ ដូច្នេះថា វីមំសា របស់អាត្មាអញ នឹងមិនធូរថយ​ខ្លាំងពេកផង នឹងមិនផ្គងគំហុកខ្លាំងពេកផង នឹងមិនរួញលឹប នៅខាងក្នុងផង មិនរាយ​មាយ​ទៅខាងក្រៅផង មានសញ្ញាក្នុងកាលជាខាងក្រោយ និងកាលមុន គឺ​កាលមុន​យ៉ាងណា ក្រោយក៏យ៉ាងនោះ ក្រោយយ៉ាងណា មុនក៏យ៉ាងនោះ ក្រោមយ៉ាងណា លើក៏យ៉ាង​នោះ លើយ៉ាងណា ក្រោមក៏យ៉ាងនោះ ថ្ងៃ​យ៉ាងណា យប់ក៏យ៉ាងនោះ យប់យ៉ាងណា ថ្ងៃក៏យ៉ាង​នោះ មានចិត្តស្វាង ឥតមានកិលេសរួបរឹត ចំរើនចិត្តប្រកបដោយពន្លឺ ដោយប្រការដូច្នេះ។

[៥០៣] ម្នាលភិក្ខុទាំងឡាយ ចុះឆន្ទៈដែលធូរថយខ្លាំងពេក តើដូចម្តេច។ ម្នាលភិក្ខុ​ទាំងឡាយ ឆន្ទៈឯណា ប្រកបដោយកោសជ្ជៈ (សេចក្តីខ្ជិល​ច្រអូស) សម្បយុត្ត ដោយកោសជ្ជៈ។ ម្នាលភិក្ខុទាំងឡាយ នេះ​ហៅថា ឆន្ទៈ ដែលធូរថយខ្លាំងពេក។

[៥០៤] ម្នាលភិក្ខុទាំងឡាយ ចុះឆន្ទៈដែលផ្គងគំហុកខ្លាំងពេក តើដូច​ម្តេច។ ម្នាលភិក្ខុ​ទាំងឡាយ ឆន្ទៈឯណា ប្រកបដោយឧទ្ធច្ចៈ (សេចក្តី​រវើរវាយ) សម្បយុត្តដោយឧទ្ធច្ចៈ។ ម្នាលភិក្ខុ​ទាំងឡាយ នេះហៅថា ឆន្ទៈដែលផ្គងគំហុកខ្លាំងពេក។

[៥០៥] ម្នាលភិក្ខុទាំងឡាយ ចុះឆន្ទៈដែលរួញលឹបនៅខាងក្នុង តើ​ដូច​ម្តេច។ ម្នាលភិក្ខុ​ទាំងឡាយ​ ឆន្ទៈឯណា ប្រកបដោយថីនមិទ្ធៈ (សេចក្តី​ងងុយងោកងក់) សម្បយុត្តដោយថីនមិទ្ធៈ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ឆន្ទៈដែលរួញលឹបនៅខាងក្នុង។

[៥០៦] ម្នាលភិក្ខុទាំងឡាយ ចុះឆន្ទៈដែលរាយមាយទៅខាងក្រៅ តើ​ដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ​ ឆន្ទៈឯណា រាយមាយទៅតាម ជាប់ទៅតាម ប្រារឰនូវបញ្ចកាមគុណ​ខាងក្រៅ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ឆន្ទៈ​ដែលរាយមាយទៅខាងក្រៅ។

[៥០៧] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុមានសញ្ញាក្នុងកាលជាខាងក្រោយ​ និងកាលមុន គឺកាលមុនយ៉ាងណា ក្រោយក៏យ៉ាងនោះ ក្រោយយ៉ាងណា មុនក៏យ៉ាងនោះ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាបុគ្គលមានសញ្ញាកាន់យកល្អ ធ្វើទុកក្នុងចិត្តល្អ ទ្រទ្រង់ទុកល្អ ចាក់ធ្លុះល្អ ដោយប្រាជ្ញា ក្នុងកាលជាខាងក្រោយ និងកាលមុន។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមានសញ្ញាក្នុងកាលជាខាងក្រោយ និងកាលមុន គឺកាលមុនយ៉ាងណា ក្រោយក៏យ៉ាងនោះ ក្រោយយ៉ាងណា មុនក៏យ៉ាងនោះ យ៉ាងនេះឯង។

[៥០៨] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុ (មានសញ្ញា) ក្រោមយ៉ាងណា លើក៏យ៉ាងនោះ លើយ៉ាងណា ក្រោមក៏យ៉ាងនោះ តើដូចម្តេច។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុក្នុងសាសនានេះ ពិចារណា នូវកាយនេះឯង ខាងលើ តាំងអំពី​បាទជើងឡើងមក ខាងក្រោមតាំងអំពីចុងសក់ ចុះទៅ មានស្បែករុំព័ទ្ធ​ជុំ​វិញ ពេញដោយវត្ថុមិនស្អាត មានប្រការផ្សេង ៗ ថា ក្នុងកាយនេះ មានសក់ រោម ក្រចក ធ្មេញ ស្បែក សាច់ សរសៃ ឆ្អឹង ខួរក្នុងឆ្អឹង ទាច បេះដូង ថ្លើម វាវ ក្រពះ [ក្រពះនេះ គឺជាសាច់ដូចជាអណ្តាត ឋិតនៅក្នុងពោះ មានសណ្ឋានដូចជាអណ្តាតកូនគោខ្មៅ ប្រវែង ៧ ធ្នាប់ ផ្ទាប់នឹងទីបំផុតដំបារពោះ ជាខាងឆ្វេងបេះដូង។ (មិនមែនជាអាមាសយៈ ដែលអ្នកខ្លះធ្លាប់ហៅថា ក្រពះបាយ នោះទេ។ ឬនិងប្រែថា លំពែងអារឹសដូច្នេះវិញក៏បាន)។] សួត ពោះវៀនធំ ពោះវៀនតូច អាហារថ្មី អាហារចាស់ ប្រមាត់ ស្លេស្ម ខ្ទុះ ឈាម ញើស ខ្លាញ់ខាប់ ទឹកភ្នែក ខ្លាញ់រាវ ទឹកមាត់ ទឹក​សម្បោរ ទឹករំអិល ទឹកមូត្រ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ (មានសញ្ញា) ក្រោមយ៉ាងណា លើក៏យ៉ាងនោះ លើយ៉ាងណា ក្រោមក៏យ៉ាងនោះ យ៉ាងនេះឯង។

​​​​​[៥០៩] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុ (មានសញ្ញា) ក្នុងពេលថ្ងៃយ៉ាង​ណា ពេលយប់​ក៏យ៉ាងនោះ ពេលយប់យ៉ាងណា ពេលថ្ងៃក៏យ៉ាងនោះ តើ​ដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ​ ភិក្ខុក្នុងសាសនានេះ ចំរើនឥទ្ធិបាទ ប្រកប​ដោយឆន្ទសមាធិ និងបធានសង្ខារ ក្នុងវេលាថ្ងៃ ដោយអាការទាំងឡាយ​ឯណា ដោយសណ្ឋានទាំងឡាយឯណា ដោយនិមិត្តទាំងឡាយឯណា ភិក្ខុ​នោះ ក៏ចំរើនឥទ្ធិបាទ ប្រកបដោយឆន្ទសមាធិ និងបធានសង្ខារ ក្នុងវេលា​យប់ ដោយអាការ​ទាំងឡាយនោះ ដោយសណ្ឋានទាំងឡាយនោះ​ ដោយនិមិត្តទាំងឡាយនោះដែរ ឬថា ភិក្ខុចំរើន នូវឥទ្ធិបាទ ប្រកបដោយ​ឆន្ទ​សមាធិ និងបធានសង្ខារ ក្នុងវេលាយប់ ដោយអាការ​ទាំងឡាយ​ឯណា ដោយសណ្ឋានទាំងឡាយឯណា ដោយនិមិត្តទាំងឡាយឯណា ភិក្ខុនោះ ក៏​ចំរើននូវឥទ្ធិបាទ ប្រកបដោយឆន្ទសមាធិ និងបធានសង្ខារ ក្នុងវេលាថ្ងៃ ដោយអាការ​ទាំងឡាយនោះ ដោយសណ្ឋានទាំងឡាយនោះ ដោយនិមិត្ត​ទាំង​ឡាយនោះដែរ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមានសញ្ញា ក្នុងពេលថ្ងៃយ៉ាង​ណា​ ពេលយប់ក៏យ៉ាងនោះ ពេលយប់យ៉ាងណា ពេលថ្ងៃក៏យ៉ាងនោះ យ៉ាងនេះ​ឯង។

[៥១០] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុមានចិត្តស្វាង ឥតមានកិលេសរួប​រឹត ចំរើនចិត្ត​ប្រកបដោយពន្លឺ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុង​សាសនានេះ ជាបុគ្គលមាន​អាលោកសញ្ញាកាន់យកល្អ មានទិវាសញ្ញាអធិដ្ឋានដោយល្អ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមានចិត្តស្វាង ឥតមាន​កិលេសរួបរឹត ចំរើនចិត្ត ប្រកបដោយពន្លឺ យ៉ាងនេះឯង។

[៥១១] ម្នាលភិក្ខុទាំងឡាយ ចុះព្យាយាមដែលធូរថយខ្លាំងពេក តើ​ដូច​ម្តេច។ ម្នាលភិក្ខុទាំងឡាយ ព្យាយាមឯណា ប្រកបដោយកោសជ្ជៈ សម្បយុត្តដោយកោសជ្ជៈ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ព្យាយាម​ដែល​ធូរថយខ្លាំងពេក ​។

[៥១២] ម្នាលភិក្ខុទាំងឡាយ ចុះព្យាយាមដែលផ្គងគំហុកខ្លាំងពេក តើ​ដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ព្យាយាមឯណា ប្រកបដោយឧទ្ធច្ចៈ សម្បយុត្តដោយឧទ្ធច្ចៈ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ព្យាយាមដែល​ផ្គងគំហុកខ្លាំងពេក។

[៥១៣] ម្នាលភិក្ខុទាំងឡាយ ចុះព្យាយាមដែលរួញលឹបនៅខាងក្នុង តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ព្យាយាមឯណា ប្រកបដោយថីនមិទ្ធៈ សម្បយុត្តដោយថីនមិទ្ធៈ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ព្យាយាមដែល​រួញលឹបនៅខាងក្នុង។

[៥១៤] ម្នាលភិក្ខុទាំងឡាយ ចុះព្យាយាមដែលរាយមាយទៅខាងក្រៅ តើដូចម្តេច​។ ម្នាលភិក្ខុទាំងឡាយ ព្យាយាមឯណា រាយមាយទៅតាម​ ជាប់​ទៅតាម ប្រារឰនូវបញ្ចកាមគុណ​ខាងក្រៅ។ ម្នាលភិក្ខុទាំងឡាយ នេះហៅ​ថា ព្យាយាម ដែលរាយមាយទៅខាងក្រៅ។បេ។

[៥១៥] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុមានចិត្តស្វាង​ ឥតមានកិលេស​រួប​រឹត ចំរើនចិត្ត​ប្រកបដោយពន្លឺ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុង​សាសនានេះ កាន់យក​អាលោកសញ្ញាដោយល្អ អធិដ្ឋានទិវាសញ្ញាដោយ​ល្អ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមានចិត្តស្វាង ឥតមានកិលេសរួបរឹត ចំរើន​ចិត្តប្រកបដោយពន្លឺ យ៉ាងនេះឯង។

[៥១៦] ម្នាលភិក្ខុទាំងឡាយ ចុះចិត្តដែលធូរថយខ្លាំងពេក តើដូចម្តេច។ ម្នាលភិក្ខុ​ទាំងឡាយ ចិត្តឯណា ប្រកបដោយកោសជ្ជៈ សម្បយុត្តដោយ​កោសជ្ជៈ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ចិត្តដែលធូរថយខ្លាំងពេក។

[៥១៧] ម្នាលភិក្ខុទាំងឡាយ ចុះចិត្តដែលផ្គងគំហុកខ្លាំងពេក តើដូច​ម្តេច។ ម្នាលភិក្ខុ​ទាំងឡាយ ចិត្តឯណា ប្រកបដោយឧទ្ធច្ចៈ សម្បយុត្តដោយ​ឧទ្ធច្ចៈ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ចិត្តដែលផ្គងគំហុកខ្លាំងពេក។

[៥១៨] ម្នាលភិក្ខុទាំងឡាយ ចុះចិត្តដែលរួញលឹបនៅខាងក្នុង តើដូច​ម្តេច។ ម្នាលភិក្ខុ​ទាំងឡាយ ចិត្តឯណា ប្រកបដោយថីនមិទ្ធៈ សម្បយុត្ត​ដោយថីនមិទ្ធៈ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ចិត្តដែលរួញលឹបនៅខាង​ក្នុង។

[៥១៩] ម្នាលភិក្ខុទាំងឡាយ ចុះចិត្តដែលរាយមាយទៅខាងក្រៅ តើ​ដូចម្តេច។ ម្នាលភិក្ខុ​ទាំងឡាយ ចិត្តឯណា រាយមាយទៅតាម ជាប់ទៅតាម ប្រារឰនូវបញ្ចកាមគុណខាងក្រៅ។ ម្នាលភិក្ខុទាំងឡាយ​ នេះហៅថា ចិត្ត​រាយមាយទៅខាងក្រៅ។បេ។

[៥២០] ម្នាលភិក្ខុទាំងឡាយ ភិក្ខុមានចិត្តស្វាង ឥតមានកិលេសរួបរឹត ចំរើនចិត្ត​ប្រកបដោយពន្លឺ យ៉ាងនេះឯង។

[៥២១] ម្នាលភិក្ខុទាំងឡាយ ចុះវីមំសា ដែលធូរថយខ្លាំងពេក តើដូច​ម្តេច។ ម្នាលភិក្ខុ​ទាំងឡាយ វីមំសាឯណា ប្រកបដោយកោសជ្ជៈ សម្បយុត្ត​ដោយកោសជ្ជៈ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា វីមំសា ដែលធូរថយ​ខ្លាំងពេក។

[៥២២] ម្នាលភិក្ខុទាំងឡាយ​ ចុះវីមំសាដែលផ្គងគំហុកខ្លាំងពេក តើដូច​ម្តេច។ ម្នាលភិក្ខុ​ទាំងឡាយ វីមំសាឯណា ប្រកបដោយឧទ្ធច្ចៈ សម្បយុត្ត​ដោយឧទ្ធច្ចៈ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា វីមំសា ដែលផ្គងគំហុកខ្លាំង​ពេក។

[៥២៣] ម្នាលភិក្ខុទាំងឡាយ  ចុះវីមំសាដែលរួញលឹបនៅខាងក្នុង តើ​ដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ វីមំសាឯណា ប្រកបដោយថីនមិទ្ធៈ សម្បយុត្តដោយថីនមិទ្ធៈ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា វីមំសា ដែល​រួញ​លឹបនៅខាងក្នុង។

[៥២៤] ម្នាលភិក្ខុទាំងឡាយ ចុះវីមំសា ដែលរាយមាយទៅខាងក្រៅ តើដូចម្តេច។ ម្នាលភិក្ខុ​ទាំងឡាយ វីមំសាឯណា រាយមាយទៅតាម ជាប់​ទៅតាម ប្រារឰនូវ​បញ្ចកាមគុណ​ខាងក្រៅ​។ ម្នាលភិក្ខុទាំងឡាយ នេះហៅ​ថា វីមំសា ដែលរាយមាយទៅខាងក្រៅ។បេ។

[៥២៥] ម្នាលភិក្ខុទាំងឡាយ ភិក្ខុមានចិត្តស្វាង ឥតមានកិលេសរួបរឹត ចំរើនចិត្ត​ប្រកបដោយពន្លឺ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ឥទ្ធបាទ ៤ ដែលភិក្ខុចំរើនយ៉ាងនេះ ធ្វើឲ្យច្រើនយ៉ាងនេះហើយ រមែងជាធម៌មានផល​ច្រើន មានអានិសង្សច្រើន។

[៥២៦] ម្នាលភិក្ខុទាំងឡាយ កាលបើឥទ្ធិបាទ ៤ ដែលភិក្ខុចំរើន​យ៉ាង​នេះ ធ្វើឲ្យច្រើន​យ៉ាងនេះហើយ​ ភិក្ខុនោះ រមែងបានសម្រេច នូវឥទ្ធិវិធៈច្រើន​ប្រការ គឺមនុស្សម្នាក់​ធ្វើឲ្យទៅជាមនុស្សច្រើននាក់ក៏បាន មនុស្សច្រើននាក់​ ធ្វើឲ្យទៅជាមនុស្សម្នាក់ក៏បាន។បេ។ ធ្វើអំណាច ឲ្យប្រព្រឹត្តទៅដោយ​កាយ ដរាបដល់ព្រហ្មលោកក៏បាន។

[៥២៧] ម្នាលភិក្ខុទាំងឡាយ ឥទ្ធបាទ ៤ ដែលភិក្ខុបានចំរើនយ៉ាងនេះ បានធ្វើឲ្យ​ច្រើន យ៉ាងនេះហើយ រមែងធ្វើឲ្យជាក់ច្បាស់ សម្រេចនូវចេតោ​វិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមាន អាសវៈ ព្រោះអស់ទៅ នៃអាសវៈទាំងឡាយ ដោយប្រាជ្ញា​ដ៏ឧត្តម ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន ហើយសម្រេចសម្រាន្តនៅ។ (អភិញ្ញា ទាំង ៦ បណ្ឌិតគប្បីឲ្យពិស្តារផងចុះ)។

ចប់ បាសាទកម្បនវគ្គ ទី២។

ឧទ្ធាននៃវគ្គនេះគឺ

និយាយអំពីបុព្វេនិវាសានុស្សតិញ្ញាណ ១ អំពីឥទ្ធិបាទមានផលច្រើន ១ អំពីឆន្ទៈ ១ អំពីព្រះមោគ្គល្លាន ១ អំពីព្រាហ្មណ៍​ ១ អំពីសមណព្រាហ្មណ៍​ ២ លើក អំពីភិក្ខុ ១ អំពីទេសនា​១ អំពីការចែកនូវឥទ្ធិបាទ ១​។

អយោគុឡវគ្គ

[៥២៨] ទៀបក្រុងសាវត្ថី។ ម្នាលភិក្ខុទាំងឡាយ មុនកាលត្រាស់ដឹង កាលដែលតថាគត ទៅជាពោធិសត្វ មិនទាន់ត្រាស់ដឹងនៅឡើយ មាន​សេចក្តីត្រិះរិះ ដូច្នេះថា អ្វីហ្ន៎ ជាមគ្គ អ្វីហ្ន៎ ជាបដិបទា ដើម្បីចំរើននូវឥទ្ធិបាទ។ ម្នាលភិក្ខុទាំងឡាយ តថាគតនោះ មានសេចក្តី​ត្រិះរិះ ដូច្នេះថា ភិក្ខុនោះ តែង​ចំរើននូវឥទ្ធិបាទ ប្រកបដោយឆន្ទសមាធិ និងបធានសង្ខារ ដូច្នេះថា ឆន្ទៈ​របស់​អាត្មាអញ នឹងមិនធូរថយខ្លាំងពេកផង នឹងមិនផ្គងគំហុកខ្លាំងពេកផង នឹងមិនរួញលឹប នៅខាងក្នុងផង នឹងមិនរាយមាយទៅខាងក្រៅផង មាន​សញ្ញាក្នុងកាល​ខាងក្រោយ និងកាលមុនផង គឺកាលមុនយ៉ាងណា ក្រោយ​ក៏យ៉ាងនោះ ក្រោយយ៉ាងណា មុនក៏យ៉ាងនោះ ក្រោមយ៉ាងណា លើក៏​យ៉ាងនោះ លើយ៉ាងណា ក្រោមក៏យ៉ាងនោះ ថ្ងៃយ៉ាងណា យប់ក៏យ៉ាង​នោះ យប់យ៉ាងណា ថ្ងៃក៏​យ៉ាងនោះដែរ លុះភិក្ខុនោះ គិតដូច្នេះហើយ ក៏មានចិត្ត​ស្វាង ឥ​តមាន​កិលេស​រួបរឹត ចំរើនចិត្តប្រកបដោយពន្លឺ។ វិរិយសមាធិ។ ចិត្តសមាធិ។ ចំរើនឥទ្ធិបាទ ប្រកបដោយ​វីមំសាសមាធិ និងបធានសង្ខារ ​ដូច្នេះថា វីមំសា របស់អាត្មាអញ នឹងមិនធូរថយខ្លាំងពេកផង មិនផ្គងគំហុក​ខ្លាំងពេកផង មិនរួញលឹបនៅខាងក្នុងផង មិនរាយមាយទៅខាងក្រៅផង មានសញ្ញាក្នុងកាលជាខាងក្រោយ និងកាលមុនផង គឺកាលមុនយ៉ាងណា ក្រោយក៏យ៉ាងនោះ ក្រោយយ៉ាងណា មុនក៏យ៉ាងនោះ ក្រោមយ៉ាង​ណា លើក៏យ៉ាងនោះ លើយ៉ាងណា ក្រោមក៏យ៉ាងនោះ ថ្ងៃយ៉ាងណា យប់​ក៏យ៉ាងនោះ យប់យ៉ាងណា ថ្ងៃក៏យ៉ាងនោះដែរ លុះភិក្ខុនោះ គិតដូច្នេះហើយ ក៏មានចិត្តស្វាង ឥតមានកិលេសរួបរឹត ចំរើនចិត្ត​ប្រកបដោយពន្លឺ។

[៥២៩] ម្នាលភិក្ខុទាំងឡាយ កាលបើឥទ្ធិបាទ ៤ ដែលភិក្ខុចំរើន​យ៉ាង​នេះ ធ្វើឲ្យច្រើន យ៉ាងនេះហើយ ភិក្ខុរមែងបានសម្រេច នូវឥទ្ធិវិធៈច្រើន​ប្រការ គឺមនុស្សម្នាក់ ធ្វើឲ្យទៅជាមនុស្ស​ច្រើននាក់ក៏បាន មនុស្សច្រើននាក់​ធ្វើឲ្យទៅជាមនុស្សម្នាក់ក៏បាន។បេ។ ធ្វើអំណាច ឲ្យប្រព្រឹត្តទៅ ដោយ​កាយ ដរាបដល់ព្រហ្មលោកក៏បាន។

[៥៣០] ម្នាលភិក្ខុទាំងឡាយ កាលបើឥទ្ធិបាទ ៤ ដែលភិក្ខុចំរើនយ៉ាង​នេះ ធ្វើឲ្យច្រើន យ៉ាងនេះហើយ ភិក្ខុរមែងធ្វើឲ្យជាក់ច្បាស់ សម្រេច នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែល​មិន​មាន​អាសវៈ ព្រោះអស់ទៅ នៃអាសវៈ ដោយបញ្ញា ដ៏​ឧត្តមដោយខ្លួនឯង ក្នុងបច្ចុប្បន្ន ហើយសម្រេច​សម្រាន្តនៅ។ (អភិញ្ញា ទាំង ៦ បណ្ឌិតគប្បីឲ្យពិស្តារផងចុះ)។

[៥៣១] ទៀបក្រុងសាវត្ថី។ គ្រានោះឯង ព្រះអានន្ទដ៏មានអាយុ ចូលទៅគាល់​ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះដ៏មាន​ព្រះភាគ ហើយអង្គុយ​ក្នុងទីសមគួរ។ លុះព្រះអានន្ទដ៏មានអាយុ អង្គុយ​ក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូល​ព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះ​អង្គដ៏ចំរើន ព្រះដ៏មានព្រះភាគ ធ្លាប់ចូលទៅកាន់​ព្រហ្មលោក ដោយឫទ្ធិ ដោយព្រះកាយ ដែលសម្រេចតាមព្រះទ័យដែរឬ ទើបជ្រាបច្បាស់​នូវព្រហ្ម​លោក។ ម្នាលអានន្ទ តថាគត ធ្លាប់ចូលទៅកាន់ព្រហ្មលោក ដោយឫទ្ធិ ដោយកាយ ដែលសម្រេច​តាមចិត្តមែន ទើបដឹងច្បាស់ នូវព្រហ្មលោក។ បពិត្រព្រះអង្គដ៏ចំរើន ចុះព្រះដ៏មាន​ព្រះភាគ ធ្លាប់ចូលទៅកាន់ព្រហ្មលោក​ដោយឫទ្ធិ ដោយព្រះកាយ ដែលប្រកបដោយមហាភូតរូប ៤ នេះឬ ទើបជ្រាប​ច្បាស់ នូវព្រហ្មលោក។ ម្នាលអានន្ទ តថាគត ធ្លាប់ចូលទៅកាន់ព្រហ្មលោក​ដោយឫទ្ធិ ដោយកាយដែលប្រកបដោយមហាភូតរូប ៤ នេះឯង ទើបដឹង​ច្បាស់ នូវព្រហ្មលោក។

[៥៣២] បពិត្រព្រះអង្គដ៏ចំរើន ព្រះដ៏មានព្រះភាគ ធ្លាប់ចូលទៅកាន់​ព្រហ្មលោក ដោយឫទ្ធិ ដោយព្រះកាយ ដែលសម្រេចតាមព្រះទ័យ ដោយ​ហេតុឯណា បពិត្រព្រះអង្គដ៏ចំរើន ព្រះដ៏មានព្រះភាគ ធ្លាប់ចូលទៅកាន់​ព្រហ្មលោក ដោយឫទ្ធិ ដោយព្រះកាយ ប្រកបដោយមហាភូតរូប ៤ នេះ ជ្រាបច្បាស់នូវហេតុឯណា បពិត្រព្រះអង្គដ៏ចំរើន ហេតុនោះៗ ជា​អស្ចារ្យ​ចំឡែកណាស់​ របស់ព្រះដ៏មានព្រះភាគ។ ម្នាលអានន្ទ ព្រះតថាគតទាំង​ឡាយ ជាអស្ចារ្យផង ប្រកបដោយធម៌ជាអស្ចារ្យផង ម្នាលអានន្ទ ព្រះតថាគតទាំងឡាយ ចំឡែកផង ប្រកបដោយធម៌ដ៏ចំឡែកផង។

[៥៣៣] ម្នាលអានន្ទ សម័យណា តថាគត ដំកល់កាយក្នុងចិត្តផង ដំកល់ចិត្តក្នុងកាយ​ផង ស្ទង់ចុះនូវសុខសញ្ញា និងលហុសញ្ញាក្នុងកាយ ម្នាលអានន្ទ សម័យនោះ កាយរបស់តថាគត ស្រាល ដោយវិសេសផង ទន់​ដោយវិសេសផង គួរដល់ការងារ ដោយវិសេសផង មានរស្មីដោយ​វិសេស​ផង។

[៥៣៤] ម្នាលអានន្ទ ដុំដែកដែលក្តៅសព្វ អស់មួយថ្ងៃ ជាដុំដែកស្រាល ដោយវិសេសផង ទន់ដោយវិសេសផង គួរដល់ការងារ​ ដោយវិសេសផង មានពន្លឺផ្លេក ៗ ដោយវិសេសផង ដូចម្តេចមិញ។ ម្នាល​អានន្ទ សម័យណា តថាគត ដំកល់កាយក្នុងចិត្តផង ដំកល់ចិត្តក្នុងកាយ​ផង ស្ទង់ចុះនូវសុខសញ្ញា និងលហុសញ្ញាក្នុងកាយ ម្នាលអានន្ទ សម័យនោះ កាយរបស់តថាគត ស្រាលដោយវិសេសផង ទន់ដោយវិសេសផង គួរដល់​ការងារ ដោយវិសេសផង មានពន្លឺផ្លេក​ ៗ ដោយវិសេសផង ក៏ដូច្នោះឯង។

[៥៣៥] ម្នាលអានន្ទ សម័យណា តថាគត ដំកល់កាយក្នុងចិត្តផង ដំកល់ចិត្តក្នុងកាយផង ស្ទង់ចុះនូវសុខសញ្ញា និងលហុសញ្ញាក្នុងកាយ ម្នាលអានន្ទ សម័យនោះ កាយរបស់តថាគត អណ្តែតអំពីផែនដី ទៅកាន់​អាកាស ដោយឥតលំបាកសោះ។ តថាគតនោះ តែងបានសម្រេចនូវ​ឥទ្ធិវិធៈច្រើនប្រការ គឺមនុស្សម្នាក់ ធ្វើឲ្យទៅជាមនុស្សច្រើននាក់ក៏បាន មនុស្សច្រើននាក់ ធ្វើឲ្យទៅជាមនុស្សម្នាក់ក៏បាន។បេ។ ធ្វើអំណាច ឲ្យ​ប្រព្រឹត្តទៅ ដោយកាយ ដរាបដល់ព្រហ្មលោក​​ក៏បាន។

[៥៣៦] ម្នាលអានន្ទ ប៉ុយគរ ឬប៉ុយកប្បាស ដ៏ស្រាល មានធាតុជាជើង​ទ្រ អណ្តែតអំពី​ផែនដី ទៅកាន់អាកាស ដោយឥតលំបាកសោះ ដូចម្តេចមិញ។ ម្នាលអានន្ទ សម័យណា តថាគត ដំកល់កាយក្នុងចិត្តផង ដំកល់ចិត្តក្នុង​កាយផង ស្ទង់ចុះនូវសុខសញ្ញា និងលហុសញ្ញា ក្នុងកាយ។បេ។ ក៏ដូច្នោះឯង។

[៥៣៧] ម្នាលអានន្ទ សម័យនោះ កាយរបស់តថាគតអណ្តែតអំពីផែន​ដី ទៅកាន់អាកាស ដោយឥតលំបាកសោះ។ តថាគតនោះ តែងបានសម្រេច​នូវឥទ្ធិវិធៈច្រើនប្រការ គឺមនុស្សម្នាក់ ធ្វើឲ្យទៅជាមនុស្សច្រើននាក់ក៏បាន មនុស្សច្រើននាក់ ធ្វើឲ្យទៅជាមនុស្សម្នាក់ក៏បាន។បេ។ ធ្វើអំណាច ឲ្យ​ប្រព្រឹត្តទៅ ដោយកាយ ដរាបដល់ព្រហ្មលោកក៏បាន​។

[៥៣៨] ម្នាលភិក្ខុទាំងឡាយ ឥទ្ធិបាទនេះ មាន ៤។ ឥទ្ធិបាទ ៤ ដូចម្តេច​ខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចំរើនឥទ្ធិបាទ ប្រកបដោយ​ឆន្ទសមាធិ និងបធានសង្ខារ ១។ វិរិយសមាធិ​ ១។ ចិត្តសមាធិ។ ចំរើន​​ឥទ្ធិបាទ ប្រកបដោយវីមំសាសមាធិ និងបធានសង្ខារ ១។ ម្នាលភិក្ខុទាំង​ឡាយ ឥទ្ធិបាទ មាន ៤ នេះឯង។

[៥៣៩] ម្នាលភិក្ខុទាំងឡាយ ភិក្ខុបានធ្វើឲ្យជាក់ច្បាស់ សម្រេចនូវ​ចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់ទៅ នៃអាសវៈ​ទាំងឡាយ ដោយបញ្ញាដ៏ឧត្តម ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន ហើយសម្រេច​សម្រាន្តនៅ ក៏ព្រោះតែបានចំរើន បានធ្វើឲ្យច្រើន នូវឥទ្ធិបាទ ៤ នេះឯង។

[៥៤០] ម្នាលភិក្ខុទាំងឡាយ ឥទ្ធិបាទនេះ មាន ៤។ ឥទ្ធិបាទ ៤ ដូចម្តេច​ខ្លះ។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចំរើននូវឥទ្ធិបាទ ប្រកប​ដោយឆន្ទសមាធិ និងបធានសង្ខារ​ ១។ វិរិយសមាធិ ១។ ចិត្តសមាធិ​១។ ចំរើនឥទ្ធិបាទ ប្រកបដោយវីមំសាសមាធិ និងបធានសង្ខារ ១។ ម្នាល​ភិក្ខុ​ទាំងឡាយ ឥទ្ធិបាទ មាន ៤ នេះឯង។

[៥៤១] ម្នាលភិក្ខុទាំងឡាយ បណ្តាផលទាំង ២ ផលណាមួយ រមែង​កើតឡើងប្រាកដ (ដល់ភិក្ខុ) គឺអរហត្តផល កើតប្រាកដ ក្នុងបច្ចុប្បន្ន ឬកាល​បើឧបាទាននៅមាន​សេសសល់​នៅឡើយ ក៏គង់អនាគាមិផល កើតឡើង​ប្រាកដដែរ ព្រោះតែបានចំរើន បានធ្វើឲ្យ​ច្រើន នូវ​ឥទ្ធិបាទ ៤ នេះឯង។

[៥៤២] ម្នាលភិក្ខុទាំងឡាយ ឥទ្ធិបាទនេះ មាន ៤។ ឥទ្ធិបាទ ៤ ដូចម្តេច។ ម្នាលភិក្ខុ​ទាំង​ឡាយ ភិក្ខុក្នុងសាសនានេះ ចំរើនឥទ្ធិបាទ ប្រកបដោយ​ឆន្ទសមាធិ និងបធានសង្ខារ ១។​ វិរិយសមាធិ ១។​ ចិត្តសមាធិ ១។ ចំរើន​ឥទ្ធិបាទ ប្រកបដោយវីមំសាសមាធិ និងបធានសង្ខារ​ ១។ ម្នាលភិក្ខុទាំង​ឡាយ ឥទ្ធិបាទ មាន ៤ នេះឯង។

[៥៤៣] ម្នាលភិក្ខុទាំងឡាយ ផល ៧ ប្រការ អានិសង្ស ៧ ប្រការ រមែង​កើតប្រាកដ ព្រោះបានចំរើន បានធ្វើឲ្យច្រើន នូវឥទ្ធិបាទ ៤ នេះឯង។ ផល​ ៧ ប្រការ អានិសង្ស ៧ ប្រការ ដូចម្តេចខ្លះ។ គឺបានសម្រេចអរហត្តផល​យ៉ាងឆាប់ ក្នុងបច្ចុប្បន្ន បើមិនបានសម្រេចអរហត្តផល យ៉ាងឆាប់ ក្នុង​បច្ចុប្បន្នទេ គង់បានសម្រេចអរហត្តផល ក្នុងមរណកាលដែរ បើមិនបាន​សម្រេច​អរហត្តផលយ៉ាងឆាប់ ក្នុងបច្ចុប្បន្នទេ បើមិនបានសម្រេចអរហត្ត​ផល ក្នុងមរណកាលទេ ក៏គង់ក្នុងកាលជាខាងក្រោយ នឹងជា​អន្តរាបនិព្វាយី ជាឧបហច្ចបរិនិព្វាយី ជាអសង្ខារបរិនិព្វាយី ជាសសង្ខារបរិនិព្វាយី ឬជាឧទ្ធំសោតអកនិដ្ឋគាមីមិនខាន ព្រោះអស់ទៅ នៃ​សញ្ញោជនៈ ជាចំណែកខាងក្រោម ៥។ ម្នាលភិក្ខុទាំងឡាយ ផល ៧ ប្រការ អានិសង្ស ៧ ប្រការនេះ រមែង​កើតប្រាកដ ព្រោះបានចំរើន បានធ្វើឲ្យច្រើន នូវ​ឥទ្ធិបាទ ៤ នេះឯង។

[៥៤៤] សាវត្ថីនិទាន។ គ្រានោះឯង ព្រះអានន្ទដ៏មានអាយុ ចូលទៅគាល់​ព្រះដ៏មាន​ព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះដ៏​មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះព្រះអានន្ទដ៏មានអាយុ អង្គុយ​ក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះ​អង្គដ៏ចំរើន ដូចម្តេចហៅថា ឥទ្ធិ (ឫទ្ធិ) ដូចម្តេច ហៅថា ឥទ្ធិបាទ ដូចម្តេច​ហៅថា​ ការចំរើនឥទ្ធិបាទ ដូចម្តេចហៅថា បដិបទា ជាដំណើរទៅកាន់ការ​ចំរើនឥទ្ធិបាទ។

[៥៤៥] ម្នាលអានន្ទ ភិក្ខុក្នុងសាសនានេះ បានសម្រេចនូវឥទ្ធិវិធៈ (ការ​សំដែងឫទ្ធិ) ច្រើនប្រការ គឺមនុស្សម្នាក់ ធ្វើឲ្យទៅជាមនុស្សច្រើននាក់ក៏​បាន មនុស្សច្រើននាក់ ធ្វើឲ្យទៅ​ជាមនុស្សម្នាក់ក៏បាន។បេ។ ធ្វើអំណាច​ ឲ្យ​ប្រព្រឹត្តទៅដោយកាយ ដរាបដល់ព្រហ្មលោកក៏បាន។ ម្នាលអានន្ទ នេះហៅ​ថា ឥទ្ធិ (ឫទ្ធិ)។

[៥៤៦] ម្នាលអានន្ទ ចុះឥទ្ធិបាទ តើដូចម្តេច។ ម្នាលអានន្ទ មគ្គឯណា​ បដិបទាឯណា ប្រព្រឹត្តទៅ ដើម្បីបាននូវឫទ្ធិ ដើម្បីបានចំពោះនូវឫទ្ធិ។ ម្នាល​អានន្ទ នេះហៅថា ឥទ្ធិបាទ។

[៥៤៧] ម្នាលអានន្ទ ចុះការចំរើនឥទ្ធិបាទ តើដូចម្តេច។ ម្នាលអានន្ទ ភិក្ខុក្នុង​សាសនានេះ ចំរើនឥទ្ធិបាទ ប្រកបដោយឆន្ទសមាធិ និងបធាន​សង្ខារ។ វិរិយសមាធិ។ ចិត្តសមាធិ។ ចំរើនឥទ្ធិបាទ ប្រកបដោយ​វីមំសា​សមាធិ និងបធានសង្ខារ។ ម្នាលអានន្ទ នេះហៅថា ការចំរើនឥទ្ធិបាទ។

[៥៤៨] ម្នាលអានន្ទ ចុះបដិបទា ជាដំណើរទៅកាន់ការចំរើនឥទ្ធិបាទ តើដូចម្តេច។ អរិយមគ្គ ប្រកបដោយអង្គ ៨ ប្រការនេះឯង គឺអ្វីខ្លះ។ គឺសម្មាទិដ្ឋិ ១។បេ។ សម្មាសមាធិ ១។ ម្នាលអានន្ទ នេះហៅថា បដិបទា ជា​ដំណើរទៅកាន់ការចំរើនឥទ្ធិបាទ។

[៥៤៩] លុះព្រះអានន្ទដ៏មានអាយុ អង្គុយក្នុងទីសមគួរហើយ ក៏ព្រះដ៏​មានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលអានន្ទ ដូចម្តេចហៅថា ឥទ្ធិ ដូចម្តេច​ហៅថា ឥទ្ធិបាទ ដូចម្តេចហៅថា ការចំរើនឥទ្ធិបាទ ដូចម្តេចហៅថា បដិបទា ជាដំណើរទៅកាន់ការចំរើនឥទ្ធិបាទ។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ធម៌​ទាំងឡាយ របស់ខ្ញុំព្រះអង្គទាំងឡាយ មានព្រះដ៏មានព្រះភាគជាមូល មានព្រះ​ដ៏មានព្រះភាគ ជាអ្នកណែនាំ។បេ។

[៥៥០] ម្នាលអានន្ទ ភិក្ខុក្នុងសាសនានេះ បានសម្រេចនូវឥទ្ធិវិធៈ (ការ​សំដែងឫទ្ធិ) ច្រើនប្រការ គឺមនុស្សម្នាក់ ធ្វើឲ្យទៅជាមនុស្សច្រើននាក់​ក៏បាន មនុស្សច្រើននាក់ ធ្វើឲ្យទៅ​ជាមនុស្សម្នាក់ក៏បាន។បេ។ ធ្វើអំណាច ​ឲ្យប្រព្រឹត្តទៅដោយកាយ ដរាបដល់ព្រហ្មលោកក៏បាន។ ម្នាល​អានន្ទ នេះហៅថា ឥទ្ធិ។

[៥៥១] ម្នាលអានន្ទ ចុះឥទ្ធិបាទ តើដូចម្តេច។ ម្នាលអានន្ទ មគ្គឯណា បដិបទាឯណា​ ប្រព្រឹត្តទៅ ដើម្បីបាននូវឫទ្ធិ ដើម្បីបានចំពោះនូវឫទ្ធិ។ ម្នាល​អានន្ទ នេះហៅថា ឥទ្ធិបាទ។

[៥៥២] ម្នាលអានន្ទ ចុះការចំរើនឥទ្ធិបាទ តើដូចម្តេច។ ម្នាលអានន្ទ​ ភិក្ខុក្នុង​សាសនានេះ ចំរើននូវឥទ្ធិបាទ ប្រកបដោយឆន្ទសមាធិ និងបធាន​សង្ខារ។ វិរិយសមាធិ។ ចិត្តសមាធិ។ ចំរើនឥទ្ធិបាទ ប្រកបដោយវីមំសា​សមាធិ និងបធានសង្ខារ​។ ម្នាលអានន្ទ នេះហៅថា ការចំរើនឥទ្ធិបាទ។

[៥៥៣] ម្នាលអានន្ទ ចុះបដិបទាជាដំណើរទៅកាន់ការចំរើនឥទ្ធិបាទ តើដូចម្តេច។ អរិយមគ្គ ប្រកបដោយអង្គ ៨ នេះឯង។ គឺអ្វីខ្លះ។ គឺសម្មាទិដ្ឋិ ១។បេ។ សម្មាសមាធិ ១។ ម្នាលអានន្ទ នេះហៅថា បដិបទា ជាដំណើរទៅកាន់ការចំរើនឥទ្ធិបាទ។

[៥៥៤] គ្រានោះឯង​ ភិក្ខុច្រើនរូប ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅ​ដល់​ហើយ ក៏អង្គុយក្នុងទីសមគួរ។ លុះភិក្ខុទាំងនោះ អង្គុយក្នុង​ទីសមគួរហើយ ក៏ក្រាបបង្គំទូល​ព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គ​ដ៏​ចំរើន ដូចម្តេចហៅថា ឥទ្ធិ ដូចម្តេចហៅថា ឥទ្ធិបាទ ដូចម្តេចហៅថា ការ​ចំរើនឥទ្ធិបាទ ដូចម្តេចហៅថា បដិបទា ជាដំណើរទៅកាន់ការចំរើន​ឥទ្ធិបាទ។

[៥៥៥] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ បានសម្រេចនូវ​ឥទ្ធិវិធៈ (ការសំដែងឫទ្ធិ) ច្រើនប្រការ គឺមនុស្សម្នាក់ ធ្វើឲ្យទៅជាមនុស្ស​ច្រើននាក់ក៏បាន មនុស្សច្រើននាក់ ធ្វើឲ្យទៅជា​មនុស្ស​ម្នាក់ ក៏បាន។បេ។ ធ្វើ​អំណាច ឲ្យប្រព្រឹត្តទៅដោយកាយ ដរាបដល់ព្រហ្មលោកក៏បាន។ ម្នាល​ភិក្ខុទាំងឡាយ នេះហៅថា ឥទ្ធិ។

[៥៥៦] ម្នាលភិក្ខុទាំងឡាយ​ ចុះឥទ្ធិបាទ តើដូចម្តេច។ ម្នាលភិក្ខុទាំង​ឡាយ មគ្គឯណា បដិបទាឯណា ប្រព្រឹត្តទៅ ដើម្បីបាននូវឫទ្ធិ ដើម្បីបាន​ចំពោះ នូវឫទ្ធិ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ឥទ្ធិបាទ។

[៥៥៧] ម្នាលភិក្ខុទាំងឡាយ ចុះការចំរើនឥទ្ធិបាទ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចំរើនឥទ្ធិបាទ ប្រកបដោយឆន្ទ​សមាធិ និងបធានសង្ខារ។ វិរិយសមាធិ។ ចិត្តសមាធិ។ ចំរើនឥទ្ធិបាទ ប្រកបដោយវីមំសាសមាធិ និងបធានសង្ខារ។ ម្នាលភិក្ខុទាំងឡាយ នេះ​ហៅថា ការចំរើនឥទ្ធិបាទ។

[៥៥៨] ម្នាលភិក្ខុទាំងឡាយ​ ចុះបដិបទាជាដំណើរទៅកាន់ការចំរើន​ឥទ្ធិបាទ តើដូចម្តេច។ អរិយមគ្គ ប្រកបដោយអង្គ ៨ នេះឯង។ គឺអ្វីខ្លះ។ គឺសម្មាទិដ្ឋិ ១។បេ។ សម្មាសមាធិ ១។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា បដិបទា ជាដំណើរទៅកាន់ការចំរើនឥទ្ធិបាទ។

[៥៥៩] គ្រានោះឯង ភិក្ខុទាំងឡាយច្រើនរូប ចូលទៅគាល់ព្រះដ៏មាន​ព្រះភាគ។បេ។ លុះភិក្ខុទាំងនោះ អង្គុយក្នុងទីសមគួរហើយ ព្រះដ៏មានព្រះ​ភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុ​ទាំងឡាយ ដូចម្តេចហៅថា ឥទ្ធិ ដូចម្តេចហៅថា ឥទ្ធិបាទ ដូចម្តេចហៅថា ការចំរើនឥទ្ធិបាទ ដូចម្តេចហៅថា បដិបទា ជាដំណើរទៅកាន់ការចំរើនឥទ្ធិបាទ​។ បពិត្រព្រះអង្គដ៏ចំរើន ធម៌​ទាំង​ឡាយ របស់ខ្ញុំព្រះអង្គទាំងឡាយ មានព្រះដ៏មានព្រះភាគជាមូល មានព្រះ​ដ៏មានព្រះភាគ ជាអ្នកណែនាំ។បេ។

[៥៦០] ម្នាលភិក្ខុទាំងឡាយ​ ចុះឥទ្ធិ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុង​សាសនា​នេះ បានសម្រេចនូវឥទ្ធិវិធៈ (ការសំដែងឫទ្ធិ) ច្រើនប្រការ គឺមនុស្សម្នាក់ ធ្វើឲ្យទៅជាមនុស្ស​ច្រើននាក់ ក៏បាន មនុស្សច្រើននាក់ ធ្វើឲ្យ​ទៅជាមនុស្សម្នាក់ក៏បាន។បេ។ ធ្វើអំណាច ឲ្យប្រព្រឹត្ត​ទៅ​ដោយកាយ ដរាបដល់ព្រហ្មលោកក៏បាន។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ឥទ្ធិ។

[៥៦១] ម្នាលភិក្ខុទាំងឡាយ ចុះឥទ្ធិបាទ តើដូចម្តេច​។ ម្នាលភិក្ខុទាំង​ឡាយ មគ្គឯណា បដិបទាឯណា ដែលប្រព្រឹត្តទៅ ដើម្បីបាននូវឫទ្ធិ ដើម្បីបាន​ចំពោះនូវឫទ្ធិ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ឥទ្ធិបាទ​។

[៥៦២] ម្នាលភិក្ខុទាំងឡាយ ចុះការចំរើននូវឥទ្ធិបាទ​ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចំរើនឥទ្ធិបាទ ប្រកបដោយឆន្ទ​សមាធិ និងបធានសង្ខារ​។ វិរិយសមាធិ។ ចិត្តសមាធិ។ ចំរើនឥទ្ធិបាទ ប្រកបដោយវីមំសាសមាធិ និងបធានសង្ខារ។ ម្នាលភិក្ខុទាំងឡាយ នេះហៅ​ថា ការចំរើនឥទ្ធិបាទ។

[៥៦៣] ម្នាលភិក្ខុទាំងឡាយ​ ចុះបដិបទាជាដំណើរទៅកាន់ការចំរើន​ឥទ្ធិបាទ តើដូច​ម្តេច។ អរិយមគ្គ ប្រកបដោយអង្គ ៨ នេះឯង។ គឺអ្វីខ្លះ។ គឺ​សម្មាទិដ្ឋិ ១។បេ។ សម្មាសមាធិ ១។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា បដិបទា ជាដំណើរទៅកាន់ការចំរើនឥទ្ធិបាទ។

[៥៦៤] ក្នុងទីនោះឯង ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់នឹងភិក្ខុទាំងឡាយ​ថា ម្នាលភិក្ខុ​ទាំងឡាយ អ្នកទាំងឡាយ យល់សេចក្តីនោះ ដូចម្តេច មោគ្គលា្លនភិក្ខុ មានឫទ្ធិច្រើនយ៉ាងនេះ មានអានុភាពច្រើនយ៉ាងនេះ ព្រោះបានចំរើន ធ្វើឲ្យច្រើន នូវធម៌ដូចម្តេច។ បពិត្រព្រះអង្គ​ដ៏ចំរើន ធម៌​ទាំងឡាយ របស់ខ្ញុំព្រះអង្គទាំងឡាយ មានព្រះដ៏មានព្រះភាគជាមូល មានព្រះ​ដ៏មានព្រះភាគ ជាអ្នកណែនាំ។បេ។

[៥៦៥] ម្នាលភិក្ខុទាំងឡាយ មោគ្គល្លានភិក្ខុ មានឫទ្ធិច្រើនយ៉ាងនេះ មានអានុភាពច្រើន​យ៉ាងនេះ ព្រោះបានចំរើន ធ្វើឲ្យច្រើន នូវឥទ្ធិបាទ ៤។ ឥទ្ធិបាទ ៤ ដូចម្តេចខ្លះ។ ម្នាលភិក្ខុ​ទាំងឡាយ ក្នុង​សាសនា​នេះ មោគ្គល្លានភិក្ខុ ចំរើនឥទ្ធិបាទ ប្រកបដោយឆន្ទសមាធិ និង​បធានសង្ខារ​ ដូច្នេះថា ឆន្ទៈរបស់អាត្មាអញ នឹងមិនធូរថយខ្លាំងពេកផង នឹង​មិនផ្គងគំហុក​ខ្លាំងពេក​ផង នឹងមិនរួញលឹបនៅខាងក្នុងផង នឹងមិនរាយមាយ​ទៅខាង​ក្រៅ​ផង មានសញ្ញា​ក្នុងកាលក្រោយ និងមុនផង គឺកាលមុនយ៉ាងណា ក្រោយក៏យ៉ាងនោះ ក្រោយយ៉ាងណា មុនក៏យ៉ាងនោះ ក្រោមយ៉ាងណា លើក៏យ៉ាងនោះ លើយ៉ាងណា ក្រោមក៏យ៉ាងនោះ ថ្ងៃយ៉ាងណា យប់ក៏​យ៉ាងនោះ យប់យ៉ាងណា ថ្ងៃក៏យ៉ាងនោះ លុះមោគ្គល្លានភិក្ខុ គិតដូច្នេះ​ហើយ ក៏មានចិត្តស្វាង ឥតមានកិលេសរួបរឹត ចំរើនចិត្ត ប្រកបដោយពន្លឺ។ វិរិយ​សមាធិ។ ចិត្តសមាធិ។ ចំរើនឥទ្ធិបាទ ប្រកបដោយវីមំសាសមាធិ និង​បធានសង្ខារ ដូច្នេះថា វីមំសា របស់​អាត្មាអញ នឹងមិនធូរថយខ្លាំងពេកផង​ នឹងមិនផ្គងគំហុកខ្លាំងពេកផង នឹងមិនរួញលឹប​នៅ​ខាងក្នុងផង នឹងមិនរាយ​មាយទៅខាងក្រៅផង។បេ។ លុះមោគ្គល្លានភិក្ខុ គិតដូច្នេះហើយ ក៏មានចិត្ត​ស្វាង ឥតមានកិលេសរួបរឹត ចំរើនចិត្ត ប្រកបដោយពន្លឺ។ ម្នាលភិក្ខុ​ទាំង​ឡាយ មោគ្គល្លានភិក្ខុ​ មានឫទ្ធិច្រើនយ៉ាងនេះ មានអានុភាពច្រើនយ៉ាងនេះ ព្រោះតែចំរើន ធ្វើឲ្យ​ច្រើន នូវឥទ្ធិបាទ ៤ នេះឯង។

[៥៦៦] ម្នាលភិក្ខុទាំងឡាយ មួយទៀត មោគ្គល្លានភិក្ខុ បានសម្រេចនូវ​ឥទ្ធិវិធៈ (ការសំដែង​ឫទ្ធិ) ច្រើនប្រការយ៉ាងនេះ គឺមនុស្សម្នាក់ ធ្វើឲ្យទៅជា​មនុស្សច្រើននាក់ក៏បាន មនុស្សច្រើននាក់ ធ្វើឲ្យទៅជាមនុស្សម្នាក់ក៏បាន​។បេ។ ធ្វើអំណាច ឲ្យប្រព្រឹត្តទៅដោយកាយ ដរាបដល់​ព្រហ្មលោក ក៏បាន ព្រោះតែចំរើន ធ្វើឲ្យច្រើន នូវឥទ្ធិបាទ ៤ នេះឯង។

[៥៦៧] ម្នាលភិក្ខុទាំងឡាយ មួយទៀត មោគ្គល្លានភិក្ខុ បានធ្វើឲ្យជាក់​ច្បាស់ សម្រេច នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ មិនមានអាសវៈ ព្រោះអស់អាសវៈទាំងឡាយ ​ដោយប្រាជ្ញាដ៏ឧត្តម ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន ហើយសម្រេចសម្រាន្តនៅ ព្រោះតែចំរើន ធ្វើឲ្យច្រើន នូវឥទ្ធិបាទ ៤ នេះឯង។

[៥៦៨] ក្នុងទីនោះឯង ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់នឹងពួកភិក្ខុថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ យល់សេចក្តីនោះ ដូចម្តេច ព្រះតថាគត​ មានឫទ្ធិច្រើនយ៉ាងនេះ មានអានុភាព​ច្រើនយ៉ាងនេះ ព្រោះតែចំរើន ធ្វើឲ្យ​ច្រើន នូវធម៌ដូចម្តេច។ បពិត្រព្រះអង្គដ៏ចំរើន ធម៌ទាំងឡាយ របស់ខ្ញុំព្រះ​អង្គទាំងឡាយ មានព្រះដ៏មានព្រះភាគ ជាមូល។បេ។

[៥៦៩] ម្នាលភិក្ខុទាំងឡាយ ព្រះតថាគតមានឫទ្ធិច្រើនយ៉ាងនេះ មានអានុភាព​ច្រើនយ៉ាងនេះ ព្រោះតែចំរើន ធ្វើឲ្យច្រើន នូវឥទ្ធិបាទ ៤។ ឥទ្ធិបាទ ៤ ដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ ព្រះតថាគត ​ចំរើននូវឥទ្ធិបាទ ប្រកបដោយ​ឆន្ទសមាធិ និងបធានសង្ខារ ដូច្នេះថា ឆន្ទៈ​របស់អាត្មាអញ នឹងមិនធូរថយខ្លាំងពេកផង នឹងមិនផ្គងគំហុក​ខ្លាំងពេក​ផង នឹងមិនរួញលឹបនៅខាងក្នុងផង នឹងមិនរាយមាយទៅខាងក្រៅផង មានសញ្ញាក្នុងកាលក្រោយ និងមុនផង គឺកាលមុនយ៉ាងណា ក្រោយក៏​យ៉ាងនោះ ក្រោយយ៉ាង​ណា មុនក៏យ៉ាងនោះ ក្រោមយ៉ាងណា លើក៏យ៉ាងនោះ លើយ៉ាងណា ក្រោមក៏​យ៉ាង​នោះ ថ្ងៃយ៉ាងណា យប់ក៏យ៉ាងនោះ យប់យ៉ាងណា ថ្ងៃក៏យ៉ាងនោះ លុះព្រះតថាគត ​ទ្រង់គិត​​ដូច្នេះ​ហើយ ក៏មានចិត្តស្វាង ឥតមានកិលេសរួបរឹត ចំរើនចិត្ត ប្រកបដោយ​ពន្លឺ។ វិរិយសមាធិ​១​។ ចិត្តសមាធិ ១។ ចំរើនឥទ្ធិបាទ​ ប្រកបដោយវីមំសា​សមាធិ និងបធានសង្ខារ ដូច្នេះថា វីមំសា របស់អាត្មាអញ នឹងមិនធូរថយខ្លាំង​ផង នឹងមិនផ្គងគំហុកខ្លាំងពេកផង។បេ។ លុះព្រះតថាគត ទ្រង់គិត ដូច្នេះ​ហើយ ក៏មានចិត្តស្វាង​ ឥតមានកិលេសរួបរឹត ចំរើនចិត្ត ប្រកប​ដោយពន្លឺ ១។ ម្នាលភិក្ខុទាំងឡាយ ព្រះតថាគត មានឫទ្ធិច្រើនយ៉ាងនេះ មានអានុភាពច្រើន​យ៉ាងនេះ ព្រោះតែចំរើន ធ្វើឲ្យច្រើន នូវឥទ្ធិបាទ ៤ នេះឯង។

[៥៧០] ម្នាលភិក្ខុទាំងឡាយ មួយទៀត ព្រះតថាគត បានសម្រេចនូវ​ឥទ្ធិវិធៈ (ការសំដែងឫទ្ធិ) ច្រើនប្រការ គឺមនុស្សម្នាក់ ធ្វើឲ្យទៅជាមនុស្ស​ច្រើននាក់ក៏បាន។បេ។ ធ្វើ​អំណាច ឲ្យប្រព្រឹត្តទៅដោយកាយ ដរាបដល់ព្រហ្មលោកក៏បាន ព្រោះតែ​ចំរើន ធ្វើឲ្យច្រើន នូវឥទ្ធិបាទ ៤ នេះឯង។

[៥៧១] ម្នាលភិក្ខុទាំងឡាយ មួយទៀត ព្រះតថាគត បានធ្វើឲ្យជាក់​ច្បាស់ សម្រេច នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ មិនមានអាសវៈ ព្រោះអស់​អាសវៈទាំងឡាយ ដោយប្រាជ្ញាដ៏ឧត្តម ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន ហើយ​សម្រេចសម្រាន្តនៅ ព្រោះតែចំរើន ធ្វើឲ្យច្រើន នូវឥទ្ធិបាទ ៤ នេះឯង។ (អភិញ្ញា ទាំង ៦ បណ្ឌិតគប្បីឲ្យពិស្តារ)។

ចប់ អយោគុឡវគ្គ ទី៣។

ឧទ្ទាននៃអយោគុឡវគ្គនោះគឺ

និយាយអំពីមគ្គ ១ អំពីកាយប្រៀបដូចដុំដែក​១ អំពីភិក្ខុចំរើនឥទ្ធិបាទ ១ អំពីផលសុទ្ធ មាន ២ លើក អំពីព្រះអានន្ទ មាន ២ លើក អំពីពួកភិក្ខុដទៃ មាន ២ លើក អំពីព្រះមោគ្គល្លាន ១ អំពីព្រះតថាគត ១​។

ឥទ្ធិបាទសំយុត្ត គង្គាទិបេយ្យាល

[៥៧២] ម្នាលភិក្ខុទាំងឡាយ ទន្លេគង្គាមានទំនាបទៅខាងកើត មាន​ជម្រាលទៅខាងកើត ឈមទៅខាងកើត យ៉ាងណាមិញ។ ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុកាលចំរើន នូវឥទ្ធិបាទ ៤​ ធ្វើឲ្យច្រើន នូវឥទ្ធិបាទ ៤ រមែង​មានទំនាប ទៅរកព្រះនិព្វាន មានជម្រាលទៅរកព្រះនិព្វាន ឈមទៅរកព្រះ​និព្វាន យ៉ាងនោះដែរ​។

[៥៧៣] មា្នលភិក្ខុទាំងឡាយ ចុះភិក្ខុកាលចំរើននូវឥទ្ធិបាទ ៤ ធ្វើឲ្យ​ច្រើននូវឥទ្ធិបាទ​ ៤ រមែងមានទំនាបទៅរកព្រះនិព្វាន មានជម្រាលទៅរកព្រះ​និព្វាន ឈមទៅរកព្រះនិព្វាន តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុង​សាសនានេះ ចំរើននូវឥទ្ធិបាទ ប្រកបដោយ​ឆន្ទសមាធិ និងបធានសង្ខារ។ វិរិយសមាធិ។ ចិត្តសមាធិ។ ចំរើននូវឥទ្ធិបាទ ប្រកបដោយ​វីមំសាសមាធិ និងបធានសង្ខារ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុកាលចំរើននូវ​ឥទ្ធិបាទ ៤ ធ្វើឲ្យច្រើន នូវឥទ្ធិបាទ ៤ រមែងមានទំនាប ទៅរកព្រះនិព្វាន មានជម្រាល ទៅរកព្រះនិព្វាន ឈមទៅរកព្រះនិព្វាន យ៉ាងនេះឯង។ (បាលី​សំដែងអំពីការស្វែងរក បណ្ឌិតគប្បីឲ្យ​ពិស្តារ ដូចក្នុងឥទ្ធិបាទចុះ)។

[៥៧៤] ម្នាលភិក្ខុទាំងឡាយ សញ្ញោជនៈជាចំណែកខាងលើនេះ មាន ៥។ សញ្ញោជនៈ ៥ ដូចម្តេចខ្លះ។ គឺរូបរាគៈ​ ១ អរូបរាគៈ ១ មានះ ១ ឧទ្ធច្ចៈ ១ អវិជ្ជា ១។ ម្នាលភិក្ខុទាំងឡាយ សញ្ញោជនៈ ជាចំណែកខាងលើ មាន ៥ នេះ​ឯង។

[៥៧៥] ម្នាលភិក្ខុទាំងឡាយ ភិក្ខុគប្បីចំរើននូវឥទ្ធិបាទ ៤ ដើម្បីដឹង​ច្បាស់ ដើម្បី កំណត់ដឹង ដើម្បីអស់ទៅ ដើម្បីលះបង់ នូវសញ្ញោជនៈ ជា​ចំណែកខាងលើ ៥​នេះឯង​។ ឥទ្ធិបាទ ៤ ដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចំរើននូវឥទ្ធិបាទ ប្រកបដោយឆន្ទសមាធិ និងបធាន​សង្ខារ ១។ វិរិយសមាធិ ១​។ ចិត្តសមាធិ ១។​ ចំរើននូវឥទ្ធិបាទ ប្រកបដោយវីមំសាសមាធិ និងបធានសង្ខារ ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ​គប្បីចំរើន នូវឥទ្ធិបាទ ៤ នេះ ដើម្បីដឹងច្បាស់ ដើម្បីកំណត់ដឹង ដើម្បីអស់​ទៅ ដើម្បីលះបង់ នូវសញ្ញោជនៈ ជាចំណែក ខាងលើ ៥ នេះឯង។ (មគ្គសំយុត្ត ដែលឲ្យពិស្តារហើយ យ៉ាងណា គង្គាបេយ្យាលៈ ក៏យ៉ាងនោះ បាលីសំដែងអំពីការស្វែងរក បណ្ឌិតគប្បីឲ្យពិស្តារ ដូច​ក្នុង​ឥទ្ធិបាទចុះ)។

ចប់ គង្គាទិបេយ្យាលៈ ទី៤។

ចប់ ឥទ្ធិបាទសំយុត្ត។

អនុរុទ្ធសំយុត្ត

រហោគតវគ្គ

[៥៧៦] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះអនុរុទ្ធដ៏មានអាយុ គង់នៅក្នុង​វត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ គ្រានោះ​ឯង ព្រះអនុរុទ្ធដ៏មានអាយុ សម្ងំនៅក្នុងទីស្ងាត់ កើតបរិវិតក្កៈ ក្នុងចិត្តយ៉ាង​នេះថា ភិក្ខុទាំងឡាយឯណានីមួយ បោះបង់​សតិប្បដ្ឋាន ទាំង ៤ ភិក្ខុទាំងនោះ ​ឈ្មោះថា បោះបង់មគ្គដ៏ប្រសើរ ជាដំណើរ​ទៅកាន់ទីអស់​ទុក្ខ ដោយប្រពៃ ភិក្ខុទាំងឡាយឯណានីមួយ ធ្វើនូវសតិប្បដ្ឋាន ទាំង ៤ ឲ្យបរិបូណ៌ ភិក្ខុទាំង​នោះ​ឈ្មោះថា ធ្វើនូវអរិយមគ្គ ជាដំណើរទៅកាន់ទីអស់ទុក្ខដោយប្រពៃ ឲ្យ​បរិបូណ៌។

[៥៧៧] គ្រានោះឯង ព្រះមហាមោគ្គល្លានដ៏មានអាយុ ដឹងនូវបរិវិតក្កៈ ក្នុង​ចិត្តរបស់ ព្រះអនុរុទ្ធដ៏មានអាយុ ដោយចិត្តហើយ ក៏មកប្រាកដ ក្នុងទីចំពោះ​មុខព្រះអនុរុទ្ធដ៏មានអាយុ​ភ្លាម ដូចជា​បុរសមានកំឡាំង លាដៃដែលបត់ចូល ឬបត់ដៃដែលលាចេញ។ លំដាប់នោះ ព្រះមហាមោគ្គល្លានដ៏មានអាយុ សួរព្រះអនុរុទ្ធដ៏មានអាយុ ដូច្នេះថា ម្នាលអាវុសោអនុរុទ្ធ ចុះភិក្ខុធ្វើ​សតិប្បដ្ឋាន ទាំង ៤ ឲ្យបរិបូណ៌ ដូចម្តេចទៅ​។

[៥៧៨] ម្នាលអាវុសោ ភិក្ខុក្នុងសាសនានេះ ពិចារណាឃើញធម៌​ ដែលកើតឡើង ក្នុងកាយខាងក្នុង។បេ។ ពិចារណាឃើញធម៌ ដែលសូន្យ​ទៅ ក្នុងកាយខាងក្នុង ពិចារណា​ឃើញទាំងធម៌ ដែលកើតឡើង និងសូន្យទៅ​ ក្នុងកាយខាងក្នុង មានព្យាយាម ជាគ្រឿង​ដុត​កំដៅកិលេស មានសេចក្តី​ដឹង​ខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្សក្នុងលោក។ ពិចារណា​ឃើញធម៌ ដែលកើតឡើង ក្នុងកាយខាងក្រៅ។បេ។ ពិចារណាឃើញធម៌​ ដែលសូន្យ ទៅ ក្នុងកាយខាងក្រៅ។ ពិចារណាឃើញទាំងធម៌ ដែលកើតឡើង ​និងសូន្យទៅ ក្នុង​កាយខាងក្រៅ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្សក្នុង​លោក។ ពិចារណាឃើញធម៌ ដែលកើតឡើងក្នុងកាយ ទាំងខាងក្នុង ទាំង​ខាងក្រៅ។ ពិចារណាឃើញធម៌ ដែលសូន្យទៅ ក្នុងកាយទាំងខាងក្នុង ទាំង​ខាងក្រៅ។ ពិចារណាឃើញទាំងធម៌ ដែលកើតឡើង និងសូន្យទៅ ក្នុងកាយ ទាំងខាងក្នុង ទាំងខាងក្រៅ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មាន​សេចក្តីដឹងខ្លួន មានស្មារតី កំចាត់បង់អភិជ្ឈា និងទោមនស្សក្នុងលោក។

[៥៧៩] បើភិក្ខុនោះ ប្រាថ្នាថា អាត្មាអញគប្បីមានបដិកូលសញ្ញា ក្នុង​កាយមិនគួរបដិកូល ដូច្នេះ ឈ្មោះថា មានបដិកូលសញ្ញា ក្នុងកាយនោះ។ បើ​ប្រាថ្នាថា អាត្មាអញ មិនគប្បីមាន​បដិកូលសញ្ញា ក្នុងកាយដែលគួរបដិកូល ដូច្នេះ ឈ្មោះថា មិនមានបដិកូលសញ្ញា ក្នុងកាយនោះ ។ បើ​ប្រាថ្នាថា អាត្មាអញ គប្បីមានបដិកូលសញ្ញា ក្នុងកាយ មិនគួរបដិកូលផង ក្នុងកាយ គួរបដិកូលផង ដូច្នេះ ឈ្មោះថា មានបដិកូលសញ្ញា ក្នុងកាយនោះ។ បើប្រាថ្នាថា អាត្មាអញ មិនគប្បីមានបដិកូលសញ្ញា ក្នុងកាយ​គួរបដិកូល​ផង មិនគួរបដិកូលផង ដូច្នេះ ឈ្មោះថា មិនមានបដិកូលសញ្ញា ក្នុងកាយនោះ។ បើប្រាថ្នាថា អាត្មាអញ គប្បីវៀរឲ្យផុត នូវកាយទាំងពីរ គឺទាំងកាយមិនគួរ​បដិកូល និងកាយ​គួរបដិកូល​នោះចេញហើយ ជាអ្នកមានឧបេក្ខា មានសតិសម្បជញ្ញៈ ដូច្នេះ ឈ្មោះថា មានឧបេក្ខា មានសតិសម្បជញ្ញៈ ក្នុង​កាយនោះ។

[៥៨០] ពិចារណាឃើញធម៌ ដែលកើតឡើង ក្នុងវេទនាទាំងឡាយខាង​ក្នុង។ ពិចារណា ឃើញធម៌ ដែលសូន្យទៅ ក្នុងវេទនាទាំងឡាយខាងក្នុង។ ពិចារណាឃើញ​ទាំងធម៌ ដែលកើត ឡើង និងសូន្យទៅ ក្នុងវេទនាទាំងឡាយ​ខាងក្នុង មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានសេចក្តីដឹងខ្លួន មាន​ស្មារតី កំចាត់បង់អភិជ្ឈា និងទោមនស្ស ក្នុងលោក។ ពិចារណាឃើញ ធម៌ ​ដែលកើតឡើង ក្នុងវេទនាទាំងឡាយខាងក្រៅ។ ពិចារណាឃើញធម៌ ដែល​សូន្យទៅ ក្នុងវេទនាទាំងឡាយខាងក្រៅ។ ពិចារណាឃើញ​ទាំងធម៌ ដែល​កើតឡើង និងសូន្យទៅ ក្នុងវេទនាទាំងឡាយ ខាងក្រៅ មានព្យាយាម ជា​គ្រឿងដុតកំដៅ​កិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កំចាត់បង់អភិជ្ឈា​ និងទោមនស្សក្នុងលោក។ ពិចារណាឃើញធម៌ ដែលកើតឡើង ក្នុងវេទនា​ទាំងឡាយ ទាំងខាងក្នុង ទាំងខាងក្រៅ។ ពិចារណាឃើញធម៌ ដែលសូន្យទៅ​ក្នុងវេទនា​ទាំងឡាយ ទាំងខាងក្នុង ទាំងខាងក្រៅ។ ពិចារណាឃើញទាំង​ធម៌ ​ដែល​កើតឡើង និងសូន្យទៅ ក្នុងវេទនាទាំងឡាយ ទាំងខាងក្នុង ទាំងខាងក្រៅ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មាន​សេចក្តីដឹងខ្លួន មានស្មារតី កំចាត់បង់អភិជ្ឈា និងទោមនស្សក្នុងលោក។

[៥៨១] បើភិក្ខុនោះប្រាថ្នាថា អាត្មាអញគប្បីមានបដិកូលសញ្ញា ក្នុង​វេទនាដែល​មិនគួរបដិកូល ដូច្នេះ ឈ្មោះថា មានបដិកូលសញ្ញា ក្នុងវេទនានោះ។ បើប្រាថ្នាថា អាត្មាអញ មិនគប្បីមានបដិកូលសញ្ញា ក្នុងវេទនាដែលគួរ​បដិកូល ដូច្នេះ ឈ្មោះថា មិនមាន​បដិកូលសញ្ញា ក្នុងវេទនានោះ។ បើប្រាថ្នាថា អាត្មាអញ គប្បីមានបដិកូលសញ្ញា ក្នុងវេទនាមិនគួរបដិកូលផង ក្នុងវេទនា​គួរបដិកូលផង ដូច្នេះ ឈ្មោះថា មានបដិកូលសញ្ញា ក្នុងវេទនានោះ។ បើប្រាថ្នាថា អាត្មាអញ មិនគប្បីមានបដិកូលសញ្ញា ក្នុងវេទនាគួរបដិកូលផង ក្នុងវេទនាមិនគួរបដិកូលផង ដូច្នេះ ឈ្មោះថា មិនមានបដិកូលសញ្ញា ក្នុង​វេទនានោះ។ បើប្រាថ្នាថា អាត្មាអញ គប្បីវៀរ​ផ្តាច់​នូវវេទនាទាំងពីរ គឺទាំង​វេទនាមិនគួរបដិកូល ទាំងវេទនាគួរបដិកូលនោះចេញ ហើយជាអ្នក​មាន​ឧបេក្ខា មានសតិសម្បជញ្ញៈ ដូច្នេះ ឈ្មោះថា​ មានឧបេក្ខា​ មាន​សតិសម្បជញ្ញៈ ក្នុងវេទនា​នោះ។

[៥៨២] ក្នុងចិត្តខាងក្នុង។បេ។ ក្នុងចិត្តខាងក្រៅ។បេ។ ពិចារណា​ឃើញធម៌ ដែលកើត​ឡើង ក្នុងចិត្តទាំងខាងក្នុង ទាំងខាងក្រៅ។ ពិចារណា​ឃើញធម៌ ដែលសូន្យទៅ ក្នុងចិត្ត ទាំងខាងក្នុង ទាំងខាងក្រៅ។ ពិចារណា​ឃើញនូវធម៌ ដែលកើតឡើង និងសូន្យទៅ ក្នុងចិត្ត ទាំងខាងក្នុង ទាំងខាងក្រៅ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស។បេ។ អភិជ្ឈា និងទោមនស្ស​។

[៥៨៣] បើភិក្ខុនោះប្រាថ្នាថា អាត្មាអញគប្បីមានបដិកូលសញ្ញា ក្នុងចិត្ត​មិនគួរបដិកូល ដូច្នេះ ឈ្មោះថា​ មានបដិកូលសញ្ញា ក្នុងចិត្តនោះ។បេ។ ជាអ្នក​មានឧបេក្ខា មានសតិសម្បជញ្ញៈ ក្នុងចិត្តនោះ។

[៥៨៤] ក្នុងធម៌ទាំងឡាយ ខាងក្នុង។បេ។ ក្នុងធម៌ទាំងឡាយ ខាងក្រៅ។បេ។ ពិចារណា ឃើញធម៌ ដែលកើតឡើង ក្នុងធម៌ទាំងឡាយ ទាំងខាងក្នុង​ ទាំងខាងក្រៅ។ ពិចារណាឃើញធម៌ ដែលសូន្យទៅ ក្នុងធម៌ទាំងឡាយ ​ទាំង​ខាងក្នុង ទាំងខាងក្រៅ។ ពិចារណាឃើញទាំងធម៌ ដែលកើតឡើង និងសូន្យ​ទៅ ក្នុងធម៌ទាំងឡាយ ទាំងខាងក្នុង ទាំងខាងក្រៅ មានព្យាយាម ជាគ្រឿង​ដុតកំដៅកិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កំចាត់បង់អភិជ្ឈា និង​ទោមនស្សក្នុងលោក។

[៥៨៥] បើភិក្ខុនោះប្រាថ្នាថា អាត្មាអញ គប្បីមានបដិកូលសញ្ញា ក្នុងធម៌​មិនគួរបដិកូល ដូច្នេះ ឈ្មោះថា ​មានបដិកូលសញ្ញា ក្នុងធម៌នោះ។បេ។ ជា​អ្នកមានឧបេក្ខា មានសតិ​សម្បជញ្ញៈ ក្នុងធម៌ទាំងនោះ។ ម្នាលអាវុសោ ដោយហេតុប៉ុណ្ណេះឯង ទើបឈ្មោះថា ភិក្ខុអ្នកធ្វើ​សតិប្បដ្ឋាន ទាំង ៤ ឲ្យ​បរិបូណ៌។

[៥៨៦] សាវត្ថីនិទាន។ គ្រានោះឯង ព្រះអនុរុទ្ធដ៏មានអាយុ សម្ងំនៅក្នុងទីស្ងាត់ កើតបរិវិតក្កៈ ក្នុងចិត្តយ៉ាងនេះថា ភិក្ខុទាំងឡាយឯណា​នីមួយ បោះបង់សតិប្បដ្ឋាន ទាំង ៤ ភិក្ខុទាំងនោះ ឈ្មោះថា បោះបង់មគ្គ ដ៏​ប្រសើរ ជាដំណើរទៅកាន់ទីអស់ទុក្ខ ដោយប្រពៃ ភិក្ខុទាំងឡាយឯណានីមួយ ​ធ្វើសតិប្បដ្ឋាន ទាំង ៤ ឲ្យបរិបូណ៌ ភិក្ខុទាំងនោះ ឈ្មោះថា​ ធ្វើមគ្គដ៏ប្រសើរ​ ជា​ដំណើរទៅកាន់ទីអស់ទុក្ខដោយប្រពៃ ឲ្យបរិបូណដែរ។

[៥៨៧] គ្រានោះឯង ព្រះមហាមោគ្គល្លានដ៏មានអាយុ​ ដឹងនូវបរិវិតក្កៈ ​ក្នុងចិត្តរបស់ ព្រះអនុរុទ្ធដ៏មានអាយុ​ ដោយចិត្ត (ខ្លួន) ហើយក៏មកប្រាកដ ក្នុង​ទីចំពោះមុខ ព្រះអនុរុទ្ធដ៏ មានអាយុភ្លាម ដូចជាបុរសមានកំឡាំង លាដៃដែល​បត់ចូល ឬបត់ដៃ ដែលលាចេញ ដូច្នោះ។

[៥៨៨] លំដាប់នោះ ព្រះមហាមោគ្គលា្លនដ៏មានអាយុ បានសួរព្រះ​អនុរុទ្ធដ៏មានអាយុ ដូច្នេះថា ម្នាលអាវុសោអនុរុទ្ធ ដោយហេតុដូចម្តេចខ្លះ ទើបឈ្មោះថា ភិក្ខុធ្វើ​សតិប្បដ្ឋាន ៤ ឲ្យបរិបូណ៌។

[៥៨៩] ម្នាលអាវុសោ ភិក្ខុក្នុងសាសនានេះ ពិចារណាឃើញកាយ​ ក្នុងកាយខាងក្នុង មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានសេចក្តីដឹង​ខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្សក្នុងលោក។ ពិចារណា​ឃើញកាយ ក្នុងកាយខាងក្រៅ មានព្យាយាម ជាគ្រឿងដុត​កំដៅកិលេស។បេ។ ពិចារណាឃើញកាយ ក្នុងកាយ ទាំងខាងក្នុង ទាំងខាងក្រៅ មាន​ព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កំចាត់​បង់ នូវអភិជ្ឈា និងទោមនស្ស​ក្នុងលោក។

[៥៩០] ពិចារណាឃើញវេទនាក្នុងវេទនាទាំងឡាយ ខាងក្នុង មាន​ព្យាយាម ជាគ្រឿងដុត​កំដៅកិលេស មានសេចក្តីដឹងខ្លួន មានស្មារតី​ កំចាត់​បង់ នូវអភិជ្ឈា និងទោមនស្សក្នុងលោក។ ពិចារណាឃើញវេទនា ក្នុង​វេទនា​ទាំងឡាយខាងក្រៅ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានសេចក្តី​ដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្សក្នុងលោក។ ពិចារណា​ឃើញវេទនា ក្នុងវេទនាទាំងឡាយ ទាំងខាងក្នុង ទាំងខាងក្រៅ មានព្យាយាម ជាគ្រឿង​ដុតកំដៅ​កិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្សក្នុងលោក។

[៥៩១] ក្នុងចិត្តខាងក្នុង។ ក្នុងចិត្តខាងក្រៅ។ ពិចារណាឃើញចិត្ត​ក្នុងចិត្ត ទាំងខាងក្នុង ទាំងខាងក្រៅ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្សក្នុង​លោក។

[៥៩២] ក្នុងធម៌ទាំងឡាយខាងក្នុង។ ក្នុងធម៌ទាំងឡាយខាងក្រៅ។ ពិចារណាឃើញធម៌ ក្នុងធម៌ទាំងឡាយ ទាំងខាងក្នុង ទាំងខាងក្រៅ មាន​ព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កំចាត់​បង់ នូវអភិជ្ឈា និងទោមនស្សក្នុងលោក។ ម្នាលអាវុសោ ដោយហេតុ​ប៉ុណ្ណេះឯង ទើបឈ្មោះថា ភិក្ខុធ្វើសតិប្បដ្ឋាន ទាំង ៤ ឲ្យបរិបូណ៌។

[៥៩៣] សម័យមួយ ព្រះអនុរុទ្ធដ៏មានអាយុ គង់នៅក្បែរឆ្នេរស្ទឹងសុតនុ ទៀប​ក្រុង សាវត្ថី។ គ្រានោះឯង ភិក្ខុច្រើនរូប ចូលទៅរកព្រះអនុរុទ្ធដ៏​មានអាយុ លុះចូលទៅដល់ហើយ ក៏ពោលពាក្យរាក់ទាក់ ជាមួយនឹងព្រះ​អនុរុទ្ធដ៏មានអាយុ លុះបញ្ចប់ពាក្យ ដែលគួររាក់ទាក់ និងពាក្យដែលគួររលឹក​ហើយ ក៏អង្គុយក្នុងទីសមគួរ។ លុះភិក្ខុទាំងនោះ អង្គុយក្នុង​ទីសមគួរ ហើយ ក៏សួរព្រះអនុរុទ្ធដ៏មានអាយុ ដូច្នេះថា ព្រះអនុរុទ្ធដ៏មានអាយុ បានសម្រេច​នូវ​អភិញ្ញាដ៏ធំ ព្រោះចំរើន ធ្វើឲ្យច្រើន នូវពួកធម៌ដូចម្តេចខ្លះ។

[៥៩៤] ម្នាលអាវុសោ ខ្ញុំបានសម្រេចនូវអភិញ្ញាដ៏ធំ ព្រោះតែចំរើន ធ្វើ​ឲ្យច្រើននូវ សតិប្បដ្ឋាន ទាំង ៤។ សតិប្បដ្ឋាន ទាំង ៤ តើដូចម្តេចខ្លះ។ ម្នាល​អាវុសោ ក្នុងសាសនានេះ ខ្ញុំពិចារណាឃើញកាយក្នុងកាយ មានព្យាយាម ​ជាគ្រឿងដុតកំដៅកិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កំចាត់បង់ នូវ​អភិជ្ឈា និងទោមនស្សក្នុងលោក ១។ ក្នុងវេទនាទាំងឡាយ ១។​ ក្នុងចិត្ត ១។ ពិចារណាឃើញធម៌ ក្នុងធម៌ទាំងឡាយ មានព្យាយាម ជាគ្រឿងដុតកំដៅ​កិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្ស​ក្នុងលោក ១​។ ម្នាលអាវុសោ​ ខ្ញុំបានសម្រេច អភិញ្ញាដ៏ធំ ព្រោះតែចំរើន ធ្វើឲ្យច្រើន នូវសតិប្បដ្ឋាន ទាំង ៤ នេះឯង។ ម្នាលអាវុសោ មួយទៀត ខ្ញុំបាន​ដឹងច្បាស់ នូវធម៌ថោកទាប តាមសភាពថោកទាប ដឹងច្បាស់ នូវធម៌យ៉ាង​កណ្តាល តាមសភាពយ៉ាងកណ្តាល ដឹងច្បាស់ នូវធម៌ដ៏ឧត្តម តាមសភាព​ដ៏ឧត្តម ក៏ព្រោះតែចំរើន ធ្វើឲ្យច្រើន នូវសតិប្បដ្ឋាន ទាំង ៤ នេះដែរ។

[៥៩៥] សម័យមួយ ព្រះអនុរុទ្ធដ៏មានអាយុផង ព្រះសារីបុត្តដ៏មាន​អាយុផង ព្រះមហាមោគ្គល្លានដ៏មានអាយុផង គង់នៅក្នុងកណ្តកីវន (ព្រៃ​ញាតស្បាតដោយបន្លា) ទៀបក្រុងសាកេត។ គ្រានោះឯង ព្រះសារីបុត្តដ៏​មានអាយុ និងព្រះមហាមោគ្គល្លានដ៏មានអាយុ ចេញអំពីទីសម្ងំ ក្នុង​សាយណ្ហសម័យ ចូលទៅរកព្រះអនុរុទ្ធដ៏មានអាយុ លុះចូលទៅដល់ ក៏​ពោលពាក្យរាក់ទាក់ ជាមួយនឹងព្រះអនុរុទ្ធដ៏មានអាយុ លុះបញ្ចប់ពាក្យ ​ដែល​គួររាក់ទាក់ និងពាក្យដែលគួររលឹកហើយ ក៏អង្គុយក្នុងទីសមគួរ។ លុះ​ព្រះ​សារីបុត្តដ៏មានអាយុ អង្គុយនៅក្នុងទីសមគួរហើយ បានសួរព្រះអនុរុទ្ធដ៏មាន​អាយុ ដូច្នេះថា ម្នាលអាវុសោ អនុរុទ្ធ ពួកធម៌ដូចម្តេច ដែលភិក្ខុជាសេក្ខៈ គួរ​សម្រេចសម្រាន្តនៅ គ្រប់ឥរិយាបថ ទាំង ៤។

[៥៩៦] ម្នាលអាវុសោសារីបុត្ត សតិប្បដ្ឋានទាំង ៤ ភិក្ខុជាសេក្ខៈ គួរ​សម្រេចសម្រាន្តនៅ គ្រប់ឥរិយាបថ ទាំង ៤។ សតិប្បដ្ឋាន ទាំង ៤ ដូចម្តេចខ្លះ។ ម្នាលអាវុសោ ភិក្ខុក្នុងសាសនានេះ ពិចារណាឃើញកាយ ក្នុងកាយ ១។ ក្នុងវេទនាទាំងឡាយ ១។ ក្នុងចិត្ត ១។ ពិចារណាឃើញ​ធម៌ ក្នុងធម៌ទាំង​ឡាយ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្សក្នុងលោក ១។ ម្នាលអាវុសោសារីបុត្ត សតិប្បដ្ឋាន ទាំង ៤ នេះ ដែលភិក្ខុជាសេក្ខៈ គួរ​សម្រេចសម្រាន្តនៅ គ្រប់ឥរិយាបថ ទាំង ៤។

[៥៩៧] សាកេតនិទាន។ លុះព្រះសារីបុត្តដ៏មានអាយុ អង្គុយក្នុងទីសម​គួរហើយ ក៏សួរព្រះអនុរុទ្ធដ៏មានអាយុ ដូច្នេះថា​ ម្នាលអាវុសោអនុរុទ្ធ ពួកធម៌​ដូចម្តេច ដែលភិក្ខុជា​អសេក្ខៈ គួរសម្រេចសម្រាន្តនៅ គ្រប់ឥរិយាបថ ទាំង ៤។

[៥៩៨] ម្នាលអាវុសោសារីបុត្ត សតិប្បដ្ឋាន ៤ ភិក្ខុជាអសេក្ខៈ គួរ​សម្រេចសម្រាន្តនៅ គ្រប់ឥរិយាបថ ទាំង ៤។ សតិប្បដ្ឋាន ៤ ដូចម្តេចខ្លះ។ ម្នាលអាវុសោ ភិក្ខុក្នុង​សាសនានេះ ពិចារណាឃើញកាយ ក្នុងកាយ មាន​ព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កំចាត់​បង់អភិជ្ឈា និងទោមនស្សក្នុងលោក ១។ ក្នុងវេទនាទាំង​ឡាយ ១។ ក្នុង​ចិត្ត ១​។ ពិចារណាឃើញធម៌ ក្នុងធម៌ទាំងឡាយ មានព្យាយាម ជាគ្រឿងដុត​កំដៅកិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កំចាត់បង់អភិជ្ឈា និង​ទោមនស្សក្នុងលោក ១។ ម្នាលអាវុសោសារីបុត្ត សតិប្បដ្ឋាន ៤ នេះ ភិក្ខុ​ជាអសេក្ខៈ គួរសម្រេចសម្រាន្តនៅ គ្រប់ ឥរិយាបថ ទាំង ៤។

[៥៩៩] សាកេតនិទាន។ លុះព្រះសារីបុត្តដ៏មានអាយុ អង្គុយក្នុងទីសម​គួរហើយ ក៏សួរព្រះអនុរុទ្ធដ៏មានអាយុ ដូច្នេះថា​ ព្រះអនុរុទ្ធដ៏មានអាយុ បាន​សម្រេចនូវអភិញ្ញាដ៏ធំ ព្រោះចំរើន ធ្វើឲ្យច្រើន នូវធម៌ទាំងឡាយ ​ដូចម្តេចខ្លះ។

[៦០០] ម្នាលអាវុសោ ខ្ញុំបានសម្រេចនូវអភិញ្ញាដ៏ធំ ព្រោះតែចំរើន ធ្វើឲ្យច្រើននូវ សតិប្បដ្ឋាន ៤។ សតិប្បដ្ឋាន ៤ ដូចម្តេចខ្លះ។ ម្នាលអាវុសោ​ ក្នុងសាសនានេះ ខ្ញុំពិចារណា ឃើញកាយក្នុងកាយ មានព្យាយាម ជាគ្រឿង​ដុតកំដៅកិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កំចាត់បង់អភិជ្ឈា និង​ទោមនស្សក្នុងលោក ១។ ក្នុងវេទនាទាំងឡាយ ១។ ក្នុងចិត្ត ១។ ពិចារណា​ឃើញធម៌ ក្នុងធម៌ទាំងឡាយ​ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មាន​សេចក្តីដឹងខ្លួន មានស្មារតី កំចាត់បង់អភិជ្ឈា និងទោមនស្សក្នុងលោក ១។ ម្នាលអាវុសោ ខ្ញុំបានសម្រេចនូវអភិញ្ញាដ៏ធំ ព្រោះតែចំរើន ធ្វើឲ្យច្រើន​ នូវសតិប្បដ្ឋាន ៤ នេះឯង។ ម្នាលអាវុសោ មួយទៀត ដែលខ្ញុំដឹងច្បាស់ នូវ​លោកមួយពាន់ ក៏ព្រោះតែចំរើន  ធ្វើឲ្យ ច្រើន នូវសតិប្បដ្ឋាន ៤ នេះដែរ។

[៦០១] សាវត្ថីនិទាន។ ក្នុងទីនោះឯង ព្រះអនុរុទ្ធដ៏មានអាយុ ហៅភិក្ខុ​ទាំងឡាយមក។បេ។ ពោលដូច្នេះថា ម្នាលអាវុសោ សតិប្បដ្ឋាន ៤ នេះ ដែលភិក្ខុចំរើន ធ្វើឲ្យច្រើនហើយ រមែងប្រព្រឹត្តទៅ ដើម្បីអស់តណ្ហា។ សតិប្បដ្ឋាន ៤ ដូចម្តេចខ្លះ។ ម្នាលអាវុសោ ភិក្ខុក្នុង សាសនានេះ ពិចារណា​ឃើញកាយក្នុងកាយ ១។ ក្នុងវេទនាទាំងឡាយ ១។ ក្នុងចិត្ត ១។ ពិចារណាឃើញធម៌ ក្នុងធម៌ទាំងឡាយ មានព្យាយាម ជាគ្រឿងដុតកំដៅ​កិលេស មាន សេចក្តីដឹងខ្លួន មានស្មារតី កំចាត់បង់អភិជ្ឈា និងទោមនស្ស​ក្នុងលោក ១។ ម្នាលអាវុសោ សតិប្បដ្ឋាន ៤ នេះឯង ដែលភិក្ខុចំរើន ធ្វើ​ឲ្យច្រើនហើយ រមែងប្រព្រឹត្តទៅ​ ដើម្បីអស់តណ្ហា។

[៦០២] សម័យមួយ ព្រះអនុរុទ្ធដ៏មានអាយុ នៅក្នុងផ្ទះធ្វើដោយឈើ​ស្រល់ ទៀប​ក្រុងសាវត្ថី។ ក្នុងទីនោះឯង ព្រះអនុរុទ្ធដ៏មានអាយុ ហៅភិក្ខុ​ទាំងឡាយមក។បេ។ ពោលដូច្នេះថា ម្នាលអាវុសោ ទន្លេគង្គា មានទំនាបទៅ​ខាងកើត មានជម្រាលទៅខាងកើត ឈមទៅខាងកើត តែពួកមហាជន កាន់យកចប និងកញ្ជើ មកដោយគិតថា យើងទាំងឡាយ នឹងធ្វើទន្លេគង្គានេះ ឲ្យមានទំនាបទៅខាងលិច ឲ្យមានជម្រាលទៅខាងលិច ឲ្យឈមទៅខាង​លិចវិញ។ ម្នាលអាវុសោ អ្នកទាំងឡាយ យល់សេចក្តីនោះដូចម្តេច ចុះពួកមហា​ជននោះ គប្បីធ្វើទន្លេគង្គា ឲ្យមាន​ទំនាបទៅខាងលិច ឲ្យមានជម្រាលទៅ​ខាងលិច ឲ្យឈមទៅខាងលិច បានដែរឬ។ ម្នាលអាវុសោ ធ្វើដូច្នោះ មិន​បានទេ។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលអាវុសោ ​ដ្បិតថា ទន្លេគង្គានោះ មានទំនាបទៅខាងកើត មានជម្រាលទៅខាងកើត ឈមទៅខាងកើតហើយ​ គេមិនងាយ​ធ្វើ​ឲ្យមាន​ទំនាបទៅខាងលិច ឲ្យមានជម្រាលទៅខាងលិច ឲ្យឈមទៅខាងលិចវិញបានទេ ឯពួកមហាជននោះ គ្រាន់តែបានចំណែក​សេចក្តីលំបាក និងសេចក្តីចង្អៀតចង្អល់ប៉ុណ្ណោះ យ៉ាងណាមិញ។ ម្នាល​អាវុសោ ព្រះរាជាក្តី មហាមាត្យ របស់ព្រះរាជាក្តី មិត្តក្តី អមាត្យក្តី ញាតិក្តី សាលោហិតក្តី នាំភោគៈទាំងឡាយ មកបវារណាភិក្ខុ ដែលកំពុងចំរើន​សតិប្បដ្ឋាន ទាំង ៤ កំពុងធ្វើឲ្យច្រើន នូវសតិប្បដ្ឋាន ទាំង ៤ ថា ម្នាលបុរសដ៏​ចំរើន ចូរអ្នកមកអាយ សំពត់​កាសាវៈទាំងនេះ សម្រេចប្រយោជន៍អ្វីដល់​អ្នក អ្នកជាមនុស្សត្រងោល កាន់អំបែង ត្រាច់​សុំគេ ប្រយោជន៍អ្វី អ្នកចូរវិល​ត្រឡប់ មករកភេទថោកទាប ចូរប្រើប្រាស់ភោគៈទាំងឡាយផង ចូរធ្វើបុណ្យ​ទាំងឡាយផង។ ម្នាលអាវុសោ ភិក្ខុដែលកំពុងចំរើនសតិប្បដ្ឋាន ៤ កំពុង​ធ្វើឲ្យច្រើន នូវសតិប្បដ្ឋាន ៤ នោះ នឹងពោលលាសិក្ខា ត្រឡប់មករកភេទ​ថោកទាបវិញ ដូច្នោះ ហេតុនុ៎ះ រមែងមិនមានឡើយ។ ដំណើរនោះ ព្រោះ​ហេតុ​អ្វី។ ម្នាលអាវុសោ ដ្បិតថា ចិត្ត​ (របស់លោក) មានទំនាបទៅរកសេចក្តីស្ងប់​ស្ងាត់ មានជម្រាលទៅរកសេចក្តីស្ងប់ស្ងាត់​ ឈមទៅ​រកសេចក្តី​ស្ងប់ស្ងាត់ អស់កាលយូរអង្វែងមកហើយ នឹងឲ្យ (លោក) ត្រឡប់ទៅរកភេទថោក​ទាប ដូច្នោះ ហេតុនុ៎ះ រមែងមិនមានឡើយ ក៏យ៉ាងនោះឯង។

[៦០៣] ម្នាលអាវុសោ​ ចុះភិក្ខុចំរើនសតិប្បដ្ឋាន ៤ ធ្វើឲ្យច្រើន នូវ​សតិប្បដ្ឋាន​ ៤ តើដូចម្តេច។ ម្នាលអាវុសោ​ ភិក្ខុក្នុងសាសនានេះ ពិចារណា​ឃើញកាយក្នុងកាយ ១។ ក្នុងវេទនាទាំងឡាយ ១។ ក្នុងចិត្ត ១។ ពិចារណាឃើញធម៌ ក្នុងធម៌ទាំងឡាយ មានព្យាយាម ជាគ្រឿងដុតកំដៅ​កិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កំចាត់បង់អភិជ្ឈា និងទោមនស្ស​ក្នុងលោក ១។ ម្នាលអាវុសោ ភិក្ខុចំរើនសតិប្បដ្ឋាន ៤ ធ្វើឲ្យច្រើន នូវ​សតិប្បដ្ឋាន ៤ យ៉ាងនេះឯង។

[៦០៤] សម័យមួយ ព្រះអនុរុទ្ធដ៏មានអាយុ និងព្រះសារីបុត្តដ៏មានអាយុ នៅក្នុង អម្ពបាលិវន ជិតក្រុងវេសាលី។ គ្រានោះឯង ព្រះសារីបុត្តដ៏មាន​អាយុ ចេញចាកទីសម្ងំ ក្នុងសាយណ្ហសម័យ។បេ។ លុះព្រះសារីបុត្តដ៏មាន​អាយុ អង្គុយក្នុងទីសមគួរហើយ ក៏សួរព្រះអនុរុទ្ធដ៏មានអាយុ ដូច្នេះថា ម្នាល​អាវុសោ អនុរុទ្ធ ឥន្ទ្រិយទាំងឡាយ របស់អ្នកជ្រះថ្លា សម្បុរមុខរបស់អ្នក​ បរិសុទ្ធផូរផង់។ ឥឡូវនេះ ព្រះអនុរុទ្ធដ៏មានអាយុ​ ច្រើននៅដោយវិហារធម៌​ដូចម្តេច។

[៦០៥] ម្នាលអាវុសោ ឥឡូវនេះ ខ្ញុំច្រើននៅដោយមានចិត្តដំកល់ស៊ប់ ​ក្នុងសតិប្បដ្ឋាន ៤។ សតិប្បដ្ឋាន ៤ ដូចម្តេចខ្លះ។ ម្នាលអាវុសោ ក្នុងសាសនានេះ ខ្ញុំពិចារណាឃើញកាយក្នុងកាយ មានព្យាយាម ជាគ្រឿង​ដុតកំដៅកិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កំចាត់បង់អភិជ្ឈា និង​ទោមនស្សក្នុងលោក ១។ ក្នុងវេទនាទាំងឡាយ ១។ ក្នុងចិត្ត ១។ ពិចារណា​ឃើញធម៌ ក្នុងធម៌​ទាំងឡាយ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មាន​សេចក្តីដឹងខ្លួន មានស្មារតី កំចាត់បង់​អភិជ្ឈា និងទោមនស្សក្នុងលោក ១។ ម្នាលអាវុសោ​ ឥឡូវនេះ ខ្ញុំច្រើននៅដោយមានចិត្តដំកល់​ស៊ប់ ក្នុងសតិប្បដ្ឋាន​ ៤ នេះឯង។ ម្នាលអាវុសោ ភិក្ខុឯណា ជាព្រះអរហន្តខីណាស្រព មាន​ព្រហ្មចរិយៈ បាននៅរួចហើយ មានសោឡសកិច្ចធ្វើរួចហើយ មានភារៈដាក់​ចុះហើយ មាន ប្រយោជន៍ របស់ខ្លួនសម្រេចហើយ មានសញ្ញោជនៈ (ធម៌ជា​គ្រឿងប្រកបសត្វ ឲ្យជាប់នៅ) ក្នុងភពអស់ហើយ រួចស្រឡះចាកកិលេស ព្រោះដឹងប្រពៃ ភិក្ខុនោះ ឈ្មោះថា ច្រើននៅដោយ​មាន​ចិត្ត​ដំកល់ស៊ប់ ក្នុង​សតិប្បដ្ឋាន ៤ នេះ។ ម្នាលអាវុសោ ជាលាភរបស់យើងហើយ ម្នាល​អាវុសោ យើងបានល្អហើយ ព្រោះយើងបានស្តាប់អាសភិវាចា ចំពោះមុខ​ព្រះអនុរុទ្ធដ៏មានអាយុ កំពុងពោល ដោយពិតនេះឯង។

[៦០៦] សម័យមួយ ព្រះអនុរុទ្ធដ៏មានអាយុ នៅក្នុងអន្ធវន ជិតក្រុង​សាវត្ថី មានអាពាធ ដល់នូវសេចក្តីទុក្ខ មានជម្ងឺធ្ងន់។ គ្រានោះឯង ភិក្ខុ​ច្រើនរូប ចូលទៅរកព្រះអនុរុទ្ធដ៏មានអាយុ លុះចូលទៅដល់ បានសួរព្រះ​អនុរុទ្ធដ៏មានអាយុ ដូច្នេះថា ព្រះអនុរុទ្ធដ៏មានអាយុ នៅដោយ វិហារធម៌ ដូច​ម្តេច បានជាទុក្ខវេទនា មានក្នុងសរីរៈកើតឡើងហើយ គ្របសង្កត់ចិត្តមិន​បាន។

[៦០៧] ម្នាលអាវុសោ ខ្ញុំមានចិត្តដំកល់ស៊ប់ក្នុងសតិប្បដ្ឋាន ៤ បានជា​ទុក្ខវេទនា​មានក្នុងសរីរៈ កើតឡើងហើយ គ្របសង្កត់ចិត្តមិនបាន។ សតិប្បដ្ឋាន ៤ ដូចម្តេចខ្លះ។ ម្នាលអាវុសោ ក្នុងសាសនានេះ ខ្ញុំពិចារណា​ឃើញកាយក្នុងកាយ​ ១។ ក្នុងវេទនាទាំងឡាយ ១។ ក្នុងចិត្ត ១។ ពិចារណាឃើញធម៌ ក្នុងធម៌ទាំងឡាយ មានព្យាយាម ជាគ្រឿងដុតកំដៅ​កិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កំចាត់បង់អភិជ្ឈា និងទោមនស្ស​ក្នុងលោក ១​។ ម្នាលអាវុសោ ខ្ញុំមានចិត្តដំកល់ស៊ប់ ក្នុងសតិប្បដ្ឋាន ៤ នេះ​ឯង បានជាទុក្ខវេទនា មានក្នុងសរីរៈ កើតឡើងហើយ​ គ្របសង្កត់ចិត្តមិន​បាន។

ចប់ រហោគតវគ្គ ទី១។

ឧទ្ទាននៃរហោគតវគ្គនោះគឺ

និយាយអំពីព្រះអនុរុទ្ធនៅក្នុងទីស្ងាត់ ត្រិះរិះសតិប្បដ្ឋាន ២ លើក អំពីព្រះអនុរុទ្ធ នៅក្បែរ ឆ្នេរស្ទឹងសុតនុ ១ អំពីព្រះអនុរុទ្ធ ជាដើម នៅក្នុងកណ្តកីវន ៣ លើក អំពីការចំរើនសតិប្បដ្ឋាន ប្រព្រឹត្តទៅ ដើម្បីអស់តណ្ហា ១ អំពីព្រះអនុរុទ្ធ នៅក្នុងផ្ទះធ្វើដោយឈើស្រល់១ អំពី​ព្រះអនុរុទ្ធ និងព្រះសារីបុត្ត នៅក្នុងអម្ពបាលិវន ១ អំពីព្រះអនុរុទ្ធមានអាពាធ ១។

ទុតិយវគ្គ

[៦០៨] សម័យមួយ ព្រះអនុរុទ្ធដ៏មានអាយុ នៅក្នុងវត្តជេតពន របស់​អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ គ្រានោះឯង ភិក្ខុច្រើនរូប ចូលទៅរក​ព្រះអនុរុទ្ធដ៏មានអាយុ លុះចូល​ទៅដល់ ហើយ ក៏ពោលពាក្យសំណេះ​សំណាល នឹងព្រះអនុរុទ្ធដ៏មានអាយុ។បេ។ លុះភិក្ខុទាំងនោះ អង្គុយក្នុងទី​សមគួរហើយ ក៏សួរព្រះអនុរុទ្ធដ៏មានអាយុ ដូច្នេះថា ព្រះអនុរុទ្ធដ៏មានអាយុ បានសម្រេចនូវអភិញ្ញាដ៏ធំ ព្រោះចំរើន ធ្វើឲ្យច្រើន នូវធម៌ដូចម្តេចខ្លះ។

[៦០៩] ម្នាលអាវុសោ ខ្ញុំបានសម្រេចនូវអភិញ្ញាដ៏ធំ ព្រោះចំរើន ធ្វើឲ្យច្រើន​នូវសតិប្បដ្ឋាន​ ៤។ សតិប្បដ្ឋាន ៤ ដូចម្តេចខ្លះ។ ម្នាលអាវុសោ ក្នុងសាសនានេះ ខ្ញុំពិចារណាឃើញ​កាយក្នុងកាយ ១។ ក្នុងវេទនាទាំង​ឡាយ  ១ ​។ ក្នុងចិត្ត ១។ ពិចារណាឃើញធម៌ ក្នុងធម៌ទាំងឡាយ​ មាន​ព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កំចាត់​បង់អភិជ្ឈា និងទោមនស្សក្នុងលោក ១។​ ម្នាលអាវុសោ ខ្ញុំបានសម្រេចនូវ​អភិញ្ញាដ៏ធំ ព្រោះចំរើន ធ្វើឲ្យច្រើន នូវសតិប្បដ្ឋាន ៤ នេះឯង។ ម្នាលអាវុសោ មួយវិញទៀត ខ្ញុំរលឹកបាន​មួយពាន់កប្ប ក៏ព្រោះតែចំរើន ធ្វើឲ្យច្រើន នូវសតិប្បដ្ឋាន ៤ នេះដែរ។

[៦១០] ម្នាលអាវុសោ មួយទៀត ខ្ញុំបានសម្រេចឥទ្ធិវិធៈ ច្រើនប្រការ គឺថា ខ្ញុំជាមនុស្សម្នាក់ ធ្វើឲ្យ​ទៅ​ជាមនុស្សច្រើននាក់ក៏បាន។បេ។ ធ្វើអំណាច ឲ្យប្រព្រឹត្តទៅដោយកាយ ដរាប​ដល់ព្រហ្មលោកក៏បាន ព្រោះ​តែចំរើន ធ្វើឲ្យច្រើននូវសតិប្បដ្ឋាន ៤ នេះដែរ។

[៦១១] ម្នាលអាវុសោ មួយទៀត ខ្ញុំឮសំឡេង ទាំងពីរយ៉ាងបាន ​គឺសំឡេងទិព្វ និងសំឡេង​ជារបស់មនុស្ស ដែលនៅក្នុងទីឆ្ងាយក្តី ក្នុងទីជិតក្តី ដោយសោតធាតុដូចជាទិព្វ ដ៏បរិសុទ្ធ​ កន្លង​សោតធាតុ ជារបស់មនុស្សធម្មតា ក៏ព្រោះតែចំរើន ធ្វើឲ្យច្រើន នូវសតិប្បដ្ឋាន ៤ នេះដែរ។

[៦១២] ម្នាលអាវុសោ មួយទៀត ខ្ញុំកំណត់ដឹង នូវចិត្តរបស់សត្វដទៃ បុគ្គលដទៃ​ ដោយ​ចិត្ត (របស់ខ្លួន) ទោះចិត្តប្រកបដោយរាគៈ ក៏ដឹងច្បាស់ថា ចិត្តប្រកបដោយរាគៈ។បេ។ ក៏ដឹងច្បាស់ថា ចិត្តរួចស្រឡះ ព្រោះតែចំរើន ធ្វើឲ្យច្រើន នូវសតិប្បដ្ឋាន ៤ នេះដែរ។

[៦១៣] ម្នាលអាវុសោ មួយទៀត ខ្ញុំដឹងច្បាស់តាមពិត នូវហេតុដ៏គួរ ​តាមហេតុដ៏គួរផង នូវ​ហេតុ​ដ៏មិនគួរ តាមហេតុដ៏មិនគួរផង ក៏ព្រោះតែចំរើន ធ្វើឲ្យច្រើន នូវសតិប្បដ្ឋាន ៤ នេះដែរ។

[៦១៤] ម្នាលអាវុសោ មួយទៀត ខ្ញុំដឹងច្បាស់តាមពិត នូវវិបាករបស់​បុគ្គល​អ្នកសមាទាន​នូវកម្ម ដែលជាអតីតៈ អនាគត បច្ចុប្បន្ន តាមឋានៈ តាមហេតុ ក៏ព្រោះតែចំរើន ធ្វើឲ្យច្រើន នូវ​សតិប្បដ្ឋាន ៤ នេះដែរ។

[៦១៥] ម្នាលអាវុសោ មួយទៀត ខ្ញុំដឹងច្បាស់នូវបដិបទាជាដំណើរ​ប្រព្រឹត្តទៅ ដើម្បី​ប្រយោជន៍​គ្រប់យ៉ាង ក៏ព្រោះតែចំរើន ធ្វើឲ្យច្រើន នូវ​សតិប្បដ្ឋាន ៤ នេះដែរ។

[៦១៦] ម្នាលអាវុសោ មួយទៀត ខ្ញុំដឹងច្បាស់តាមពិតនូវលោក ដែល​មានធាតុច្រើន​ប្រការ ​មានធាតុផ្សេងៗ ក៏ព្រោះតែចំរើន ធ្វើឲ្យច្រើន នូវ​សតិប្បដ្ឋាន ៤ នេះដែរ។

[៦១៧] ម្នាលអាវុសោ មួយទៀត ខ្ញុំដឹងច្បាស់តាមពិត នូវអធ្យាស្រ័យផ្សេង ៗ របស់​សត្វ​ទាំងឡាយ ក៏ព្រោះតែចំរើន ធ្វើឲ្យច្រើន នូវសតិប្បដ្ឋាន ៤ នេះដែរ។

[៦១៨] ម្នាលអាវុសោ មួយទៀត ខ្ញុំដឹងច្បាស់តាមពិតនូវសេចក្តីទន់ និងចាស់ក្លានៃឥន្ទ្រិយ របស់​ពួកសត្វដទៃ ពួកបុគ្គលដទៃបាន ក៏ព្រោះតែ​ចំរើន ធ្វើឲ្យច្រើននូវសតិប្បដ្ឋាន ៤  នេះដែរ។

[៦១៩] ម្នាលអាវុសោ​ មួយទៀត ខ្ញុំដឹងច្បាស់តាមពិតនូវទោស អានិសង្ឃ និងការចេញ​ចាកឈាន វិមោក្ខ សមាធិ សមាបត្តិទាំងឡាយ ក៏​ព្រោះតែចំរើន ធ្វើឲ្យច្រើន នូវសតិប្បដ្ឋាន ៤ នេះ​ដែរ។

[៦២០] ម្នាលអាវុសោ មួយទៀត ខ្ញុំរលឹកឃើញនូវបុព្វេនិវាសច្រើន​ប្រការ ក៏ព្រោះ​តែ​ចំរើន ធ្វើឲ្យច្រើន នូវសតិប្បដ្ឋាន ៤ នេះដែរ។ រលឹកឃើញដូចម្តេច។ គឺ​ ១ ជាតិ ២ ជាតិ។បេ។ រលឹកឃើញ នូវបុព្វេនិវាស ច្រើនប្រការ ព្រមទាំងអាការ ព្រមទាំងឧទ្ទេស ដូច្នេះ។

[៦២១] ម្នាលអាវុសោ មួយទៀត ខ្ញុំមើលឃើញនូវពួកសត្វ កំពុងច្យុត កំពុងកើត ដោយ​ទិព្វចក្ខុ ដ៏បរិសុទ្ធ កន្លងបង់ចក្ខុ ជារបស់មនុស្សធម្មតា។បេ។ ខ្ញុំដឹងច្បាស់នូវពួកសត្វ ចូលទៅ​កើត តាមយថាកម្ម។បេ។ ដោយទិព្វ​ចក្ខុដ៏បរិសុទ្ធ កន្លងបង់ចក្ខុ ជារបស់មនុស្សធម្មតា ដូច្នេះ ក៏ព្រោះ​តែចំរើន ធ្វើឲ្យច្រើន នូវសតិប្បដ្ឋាន ៤ នេះដែរ។

[៦២២] ម្នាលអាវុសោ មួយទៀត ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ សម្រេចនូវ​ចេតោវិមុត្តិ និង​បញ្ញាវិមុត្តិ មិនមានអាសវៈ ព្រោះអស់អាសវៈទាំងឡាយ ដោយប្រាជ្ញាដ៏ឧត្តម ដោយខ្លួនឯង ក្នុង​បច្ចុប្បន្ន សម្រេចសម្រាន្តនៅ ក៏​ព្រោះ​តែចំរើន ធ្វើឲ្យច្រើន នូវសតិប្បដ្ឋាន ទាំង ៤ នេះដែរ។

ចប់ ទុតិយវគ្គ។

ឧទ្ទាននៃទុតិយវគ្គនោះគឺ

និយាយអំពីព្រះអនុរុទ្ធរលឹកបាន ១ ពាន់កប្ប​ ១ អំពីបានឫទ្ធិ ១ អំពីកំណត់ដឹងចិត្ត ១ អំពី​ហេតុគួរ និងមិនគួរ ១ អំពីកម្មសមាទាន ៣ យ៉ាង ១ អំពីដឹងបដិបទា ១ អំពីដឹងលោក ១ អំពី​ដឹង​អធ្យាស្រ័យផ្សេង ៗ ១ អំពីដឹងឥន្ទ្រិយ ១ អំពីដឹងត្រៃវិជ្ជា ១។

ចប់ អនុរុទ្ធសំយុត្ត។

ចប់ ភាគ ៣៨។

សូមអនុមោទនា !!!

Oben-pfeil