សំយុត្តនិកាយ មហាវារវគ្គ

ឯកាទសមភាគ
ភាគទី៣៩

សូមនមស្ការព្រះដ៏មានព្រះភាគ ជាអរហន្តសម្មាសម្ពុទ្ធ ព្រះអង្គនោះ។

ឈានសំយុត្ត

[១] ក្រុងសាវត្ថី​​។ ក្នុងទីនោះឯង ព្រះដ៏មានព្រះភាគត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ឈាន​នេះ មាន​ ៤ ប្រការ។ ឈាន ​៤ ​ប្រការ ​គឺអ្វីខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ​ក្នុង​សាសនា​នេះ ស្ងប់ស្ងាត់ចាកកាមទាំងឡាយ ស្ងប់ស្ងាត់ចាកអកុសលធម៌ទាំងឡាយ ក៏ចូលកាន់បឋមជ្ឈាន ប្រកបដោយវិត​ក្កៈ និងវិចារៈ មានតែបីតិ និងសុខ ដែល​កើត​អំពី​សេចក្ដី​ស្ងប់ស្ងាត់ ភិក្ខុនោះ ព្រោះរម្ងាប់វិតក្កៈ និងវិចារៈ​ ក៏ចូលកាន់ទុតិយជ្ឈាន ដែលកើត​ក្នុង​សន្តាន ជាទីផូរផង់ មានសភាពជាចិត្តខ្ពស់ឯក គ្មានវិតក្កៈ ​និងវិចារៈ មានតែ​បីតិ និងសុខ ដែលកើតអំពីសមាធិ ភិក្ខុនោះ ព្រោះប្រាសចាកបីតិផង ជាអ្នក​ប្រកប​ដោយ​ឧបេក្ខាផង មានស្មារតីផង ដឹងខ្លួន សោយសុខដោយនាមកាយផង ព្រះអរិយៈ​ទាំង​ឡាយ តែងសរសើរនូវបុគ្គល ដែលបានតតិយជ្ឈាន ថាជាអ្នកប្រកបដោយឧបេក្ខា មាន​ស្មារតី មានធម៌ជាគ្រឿងនៅជាសុខ ដូច្នេះ ព្រោះតតិយជ្ឈានឯណា ក៏ចូលកាន់​តតិយជ្ឈាននោះ ភិក្ខុនោះ ព្រោះលះបង់ នូវសេចក្ដីសុខផង លះបង់​នូវសេចក្ដីទុក្ខផង មានសោមនស្ស និងទោមនស្សអស់ទៅ ក្នុងកាលមុនផង ក៏ចូលកាន់​ចតុត្ថជ្ឈាន ជាធម្មជាត ​មាន​អារម្មណ៍ ​មិន​មែន​ជា​ទុក្ខ មិនមែនជាសុខ គឺជាឧបេក្ខា មានសតិ ដ៏​បរិសុទ្ធ ដោយឧបេក្ខា។ ម្នាលភិក្ខុទាំងឡាយ ឈាន មាន ៤ ប្រការ នេះឯង។

[២] ម្នាលភិក្ខុទាំងឡាយ ដូចទន្លេគង្គា មានទំនាបទៅខាងកើត មានជម្រាលទៅ ខាងកើត ឈមទៅខាងកើត យ៉ាងណាមិញ។​ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុ​ចំរើន​នូវឈាន ទាំង៤ ធ្វើឲ្យច្រើន នូវឈានទាំង៤ រមែងបង្អោនទៅរកព្រះនិព្វាន សសៀរទៅរកព្រះនិព្វាន ជម្រាលទៅរកព្រះនិព្វាន ក៏យ៉ាងនោះឯង។​

[៣] ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុចំរើននូវឈាន ទាំង៤ ធ្វើឲ្យច្រើន នូវឈាន ទាំង៤ រមែងបង្អោនទៅរកព្រះនិព្វាន សសៀរទៅរកព្រះនិព្វាន ជម្រាលទៅរកព្រះ​និព្វាន តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ​ក្នុងសាសនានេះ ស្ងប់ស្ងាត់ចាកកាមទាំង​ឡាយ ស្ងប់ស្ងាត់ ចាកអកុសលធម៌ទាំងឡាយ ចូលកាន់បឋមជ្ឈាន ប្រកបដោយវិតក្កៈ និងវិចារៈ មានតែបីតិ និងសុខ ដែលកើតអំពីសេចក្តីស្ងប់ស្ងាត់ ព្រោះរម្ងាប់វិតក្កៈ​វិចារៈ។ បេ។ ចូលកាន់ទុតិយជ្ឈាន។ តតិយជ្ឈាន។ ចតុត្ថជ្ឈាន។ ម្នាលភិក្ខុ​ទាំង​ឡាយ កាលភិក្ខុចំរើន នូវឈានទាំង៤ ធ្វើឲ្យច្រើននូវឈាន ទាំង៤ ​ រមែងបង្អោនទៅរកព្រះ​និព្វាន សសៀរទៅរកព្រះនិព្វាន ជម្រាលទៅរកព្រះនិព្វាន យ៉ាងនេះឯង។ (បាលី​ដរាបដល់​ឯសនា បណ្ឌិតគប្បីឲ្យពិស្ដារ យ៉ាងនេះផងចុះ)។

[៤]​ ម្នាលភិក្ខុទាំងឡាយ ឧទ្ធម្ភាគិយសញ្ញោជនៈនេះ មាន ៥ ប្រការ។​​ ចុះ ឧទ្ធម្ភាគិយសញ្ញោជនៈ ៥ ប្រការ គឺអ្វីខ្លះ។ គឺ រូបរាគ ១ អរូបរាគ ១ មានះ ១ ឧទ្ធច្ចៈ ១ អវិជ្ជា ១។ ​ម្នាលភិក្ខុទាំងឡាយ ឧទ្ធម្ភាគិយសញ្ញោជនៈ មាន ៥ ប្រការនេះឯង។

[៥] ម្នាលភិក្ខុទាំងឡាយ បុគ្គលគួរចំរើនឈាន ៤ ដើម្បីត្រាស់ដឹង ដើម្បីកំណត់​ដឹង ដើម្បីកិរិយាអស់ទៅ ដើម្បីលះបង់ នូវឧទ្ធម្ភាគិយសញ្ញោជនៈ ៥ ប្រការនេះឯង។ ឈាន ៤ ប្រការ គឺអ្វីខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ស្ងប់ស្ងាត់ ចាក​កាម​ទាំង​ឡាយ ស្ងប់ស្ងាត់ ចាកអកុសលធម៌ទាំងឡាយ ចូលកាន់បឋមជ្ឈាន​ ប្រកប​ដោយ​វិតក្កៈ និងវិចារៈ មានតែបីតិ និងសុខ ដែលកើតអំពីសេចក្ដីស្ងប់ស្ងាត់ ព្រោះ​រម្ងាប់វិតក្កៈ វិចារៈ ក៏ចូលកាន់ទុតិយជ្ឈាន ដែលកើតក្នុងសន្ដាន ជាទីផូរផង់ មានសភាព​ជាចិត្តខ្ពស់ឯក គ្មានវិតក្កៈ និងវិចារៈ មានតែបីតិ និងសុខ ដែលកើតអំពីសមាធិ។ ​តតិយជ្ឈាន។​ ​ចតុត្ថជ្ឈាន។ ​ម្នាលភិក្ខុទាំងឡាយ បុគ្គលគួរចំរើន នូវឈានទាំង ៤ នេះ ដើម្បីត្រាស់ដឹង ដើម្បីកំណត់ដឹង ដើម្បីកិរិយាអស់ទៅ ដើម្បីលះបង់ នូវឧទ្ធម្ភាគិយសញ្ញោជនៈ ទាំង ៥ ប្រការ​នេះឯង។ (គង្គាបេយ្យាល។ មគ្គសំយុត្ត ដែលយើងឲ្យពិស្ដារហើយយ៉ាងណា ឈានសំយុត្ត បណ្ឌិតគប្បីឲ្យពិស្ដារ យ៉ាងនោះចុះ ដរាបដល់បាលី ឯសនា​)។​​​

ចប់ ឈានសំយុត្ត ។

អានាបានស្សតិសំយុត្ត

ឯកធម្មវគ្គ ទី១

[៦] ក្រុងសាវត្ថី​។ ​ក្នុងទីនោះឯង។ បេ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ ធម៌ ១ ដែលបុគ្គលចំរើនហើយ ធ្វើឲ្យច្រើនហើយ រមែងមានផល​ច្រើន មានអានិសង្សច្រើន។ ធម៌ ១ តើដូចម្ដេច។​  គឺអានាបានស្សតិ។

[៧] ម្នាលភិក្ខុទាំងឡាយ ចុះអានាបានស្សតិ ដែលបុគ្គលចំរើនហើយ ធ្វើឲ្យ​ច្រើន​ហើយ តើដូម្ដេច ទើបមានផលច្រើន មានអានិសង្សច្រើន​។ ​ម្នាលភិក្ខុទាំងឡាយ ភិក្ខុ​ក្នុងសាសនានេះ នៅក្នុងព្រៃក្ដី នៅទៀបគល់ឈើក្ដី នៅក្នុងផ្ទះស្ងាត់ក្ដី អង្គុយ​ពែន​ភ្នែន តាំងកាយឲ្យត្រង់ ផ្ចង់ស្មារតី ឲ្យមានមុខឆ្ពោះទៅរក (កម្មដ្ឋាន)។ ​ភិក្ខុនោះ ​មានសតិ​ ដកដង្ហើមចេញ មានសតិ ដកដង្ហើមចូល កាលដកដង្ហើមចេញវែង ដឹងច្បាស់​ថា អាត្មាអញ ដកដង្ហើមចេញវែង ឬកាលដកដង្ហើមចូលវែង ដឹងច្បាស់ថា អាត្មាអញ ​ដក​ដង្ហើម​ចូលវែង។ កាលដកដង្ហើមចេញខ្លី ដឹងច្បាស់ថា អាត្មាអញ ដកដង្ហើមចេញខ្លី ឬកាលដកដង្ហើមចូលខ្លី ដឹងច្បាស់ថា អាត្មាអញ ដកដង្ហើមចូលខ្លី។ ​ភិក្ខុសិក្សាថា អាត្មា​​អញ​ កំណត់ដឹងច្បាស់នូវកាយ គឺដកដង្ហើមចេញទាំងពួង នឹងដកដង្ហើមចេញ​ សិក្សាថា អាត្មាអញ កំណត់ដឹងនូវកាយ គឺដកដង្ហើមចូលទាំងពួង នឹងដកដង្ហើម​ចូល។ សិក្សាថា អាត្មាអញ រម្ងាប់កាយសង្ខារ គឺដកដង្ហើមចេញ នឹងដកដង្ហើមចេញ សិក្សាថា អាត្មាអញ រម្ងាប់កាយសង្ខារ គឺដកដង្ហើមចូល នឹងដកដង្ហើមចូល។ ​ភិក្ខុសិក្សាថា អាត្មាអញ ដឹង​ច្បាស់នូវបីតិ នឹងដកដង្ហើមចេញ សិក្សាថា អាត្មាអញ ដឹងច្បាស់នូវបីតិ នឹងដក​ដង្ហើម​ចូល។ ​សិក្សាថា អាត្មាអញ ដឹងច្បាស់នូវសេចក្ដីសុខ នឹងដកដង្ហើមចេញ សិក្សាថា អាត្មាអញ ដឹងច្បាស់ នូវសេចក្តីសុខ នឹងដកដង្ហើមចូល។ ​សិក្សាថា អាត្មាអញ ដឹងច្បាស់ នូវចិត្តសង្ខារ គឺសញ្ញា និងវេទនា នឹងដកដង្ហើមចេញ សិក្សាថា ​អាត្មាអញ ដឹងច្បាស់ នូវចិត្តសង្ខារ គឺសញ្ញា និងវេទនា នឹងដកដង្ហើមចូល​។ ​សិក្សាថា អាត្មាអញ រម្ងាប់នូវចិត្ត​សង្ខារ ​នឹងដកដង្ហើមចេញ សិក្សាថា អាត្មាអញ រម្ងាប់នូវចិត្តសង្ខារ នឹងដកដង្ហើមចូល។ ​សិក្សាថា អាត្មាអញ ដឹងច្បាស់នូវចិត្ត នឹងដកដង្ហើមចេញ សិក្សាថា អាត្មាអញ ដឹងច្បាស់​នូវចិត្ត នឹងដកដង្ហើមចូល។ ​​សិក្សាថា អាត្មាអញ ធ្វើចិត្តឲ្យរីករាយចំពោះ នឹងដក​ដង្ហើម​ចេញ សិក្សាថា អាត្មាអញ ធ្វើចិត្តឲ្យរីករាយចំពោះ នឹងដកដង្ហើមចូល។ ​សិក្សាថា អាត្មាអញ ដម្កល់ចិត្តឲ្យស្មើ (ក្នុងអារម្មណ៍) នឹងដកដង្ហើមចេញ សិក្សាថា អាត្មាអញ ដម្កល់ចិត្តឲ្យស្មើ (ក្នុងអារម្មណ៍) នឹងដកដង្ហើមចូល សិក្សាថា​អាត្មាអញ ដោះចិត្តឲ្យរួច (ចាកនីវរណធម៌ ជាដើម) នឹងដកដង្ហើមចេញ សិក្សាថា​ អាត្មាអញ ដោះចិត្តឲ្យរួចស្រឡះ នឹងដកដង្ហើមចូល។ ​សិក្សាថា អាត្មាអញ ឃើញរឿយៗ  នូវបញ្ចក្ខន្ធ ថាមិនទៀង នឹង​ដក​ដង្ហើមចេញ សិក្សាថា អាត្មាអញ ឃើញរឿយៗ នូវបញ្ចក្ខន្ធ ថាមិនទៀង នឹងដក​ដង្ហើម​ចូល។ ​សិក្សាថា​ អាត្មាអញ ​ឃើញ​រឿយ​ៗ ​នូវធម៌​ដែល​ធ្វើចិត្តឲ្យ​ប្រាស​ចាកតម្រេក​ នឹង​ដក​​ដង្ហើមចេញ សិក្សាថា អា​ត្មា​អញ ​ឃើយរឿយ ៗ នូវ​ធម៌​ដែល​ធ្វើចិត្តឲ្យ​ប្រាសចាក​តម្រេក ​នឹងដកដង្ហើម​ចូល។ សិក្សា​ថា អាត្មា​អញ​ ឃើញរឿយ ៗ​ នូវ​ធម៌ជាគ្រឿង​រំលត់​ទុក្ខ នឹងដក​ដង្ហើម​ចេញ សិក្សា​ថា អាត្មាអញ ​ឃើញ​រឿយ ៗ នូវ​ធម៌ជា​គ្រឿង​រំលត់​ទុក្ខ នឹងដកដង្ហើមចូល។ សិក្សា​ថា អាត្មាអញ ​ឃើញ​រឿយៗ​ នូវធម៌​ជាគ្រឿងលះ​ចោល នូវ​កិលេស នឹងដកដង្ហើម​ចេញ សិក្សា​ថា អាត្មាអញ ​ឃើញ​រឿយៗ នូវធម៌​ជាគ្រឿងលះ​ចោល នូវ​កិលេស នឹងដកដង្ហើមចូល។ ​ម្នាលភិក្ខុទាំងឡាយ អានាបានស្សតិ ដែល​បុគ្គល​ចំរើនហើយ ​យ៉ាង​នេះ ធ្វើ​ឲ្យ​ច្រើន​ហើយ ​យ៉ាង​នេះ រមែង​មាន​ផល​ច្រើន​ មាន​អានិសង្ស​ច្រើន។​

[៨] ម្នាល​ភិក្ខុ​ទាំងឡាយ អានាបានស្សតិ ដែល​បុគ្គល​ចំរើន​ហើយ ធ្វើ​ឲ្យ​ច្រើន​ហើយ រមែង​មាន​ផល​ច្រើន មាន​អានិសង្ស​ច្រើន។​

[៩] ម្នាល​ភិក្ខុ​ទាំង​ឡាយ​ អានា​បាន​ស្សតិ ដែលបុគ្គល​ចំរើន​ហើយ ធ្វើឲ្យ​ច្រើន​ហើយ រមែង​មាន​ផល​ច្រើន មាន​អានិសង្ស​ច្រើន តើដូច​ម្ដេច។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ភិក្ខុក្នុង​សាសនានេះ ចំរើន​សតិសម្ពោជ្ឈង្គ ដែល​ប្រកប​ដោយ​អានា​បាន​ស្សតិ អា​ស្រ័យ​នូវ​វិវេក អាស្រ័យ​នូវ​វិរាគ អា​ស្រ័យ​នូវនិរោធ បង្អោន​ទៅ ​ដើម្បី​កិរិយា​លះបង់។ ធម្មវិចយសម្ពោជ្ឈង្គ ដែល​ប្រកប​​ដោយ​អា​នា​បាន​ស្សតិ។ ភិក្ខុ​ចំរើន វិរិយៈ បីតិ បស្សទ្ធិ សមា​ធិ ឧបេក្ខា​សម្ពោជ្ឈង្គ ដែល​ប្រកប​ដោយ​អានា​បាន​ស្សតិ អាស្រ័យ​នូវវិវេក អាស្រ័យ​នូវវិរាគ អាស្រ័យ​នូវ​និរោធ បង្អោនទៅ ​ដើម្បី​កិរិយាលះបង់។ ម្នាលភិក្ខុទាំងឡាយ អានា​បានស្សតិ ដែល​បុគ្គលចំរើន​​ហើយយ៉ាងនេះ ធ្វើ​ឲ្យ​ច្រើន​ហើយ យ៉ាងនេះ រមែងមានផលច្រើន មានអានិសង្សច្រើន។

[១០] ម្នាលភិក្ខុទាំងឡាយ អានា​បាន​ស្សតិ ដែលបុគ្គលចំរើន​ហើយ​ ធ្វើ​ឲ្យ​ច្រើន​ហើយ រមែងមានផលច្រើន មានអានិសង្សច្រើន។

[១១] ម្នាលភិក្ខុទាំងឡាយ ចុះអានា​បាន​ស្សតិ ដែលបុគ្គលចំរើន​ហើយ​ ធ្វើ​ឲ្យ​ច្រើន​ហើយ ទើបមានផលច្រើន មានអានិសង្សច្រើន តើដូចម្ដេច។ ​ម្នាលភិក្ខុទាំងឡាយ ភិក្ខុ​ក្នុង​សាសនា​នេះ នៅក្នុង​ព្រៃក្ដី នៅ​ទៀបគល់ឈើក្ដី នៅ​ក្នុងផ្ទះស្ងាត់ក្ដី អង្គុយ​ពែនភ្នែន ​តាំងកាយ​ឲ្យត្រង់ ផ្ចង់​ស្មារតី ឲ្យមាន​មុខឆ្ពោះ​ទៅរក (កម្មដ្ឋាន)។ ​ភិក្ខុ​នោះ​ មាន​ស្មារតី ដក​ដង្ហើម​ចេញ មានស្មារតី​ ដកដង្ហើម​ចូល (បណ្ឌិតគប្បី​ឲ្យ​ពិស្ដារ ​រហូត​ដល់​ពាក្យ​ថា ភិក្ខុ​សិក្សា​ថា​ អាត្មា​អញ ឃើញ​រឿយ​ៗ នូវ​ធម៌​ដែល​សម្រាប់លះ​ចោល ​នូវ​កិលេស នឹង​ដកដង្ហើមចេញ សិក្សាថា អាត្មាអញ ឃើញរឿយ ៗ នូវធម៌សម្រាប់លះ​ចោល ​​នូវកិលេស នឹងដកដង្ហើមចូលផងចុះ)។ ម្នាល​ភិក្ខុ​ទាំងឡាយ អានា​បាន​ស្សតិ ដែល​បុគ្គល​ចំរើន​ហើយ​យ៉ាងនេះ​ រមែង​មាន​ផល​ច្រើន មាន​អា​និសង្ឃ​ច្រើន។​

[១២] ​ ម្នាលភិក្ខុទាំងឡាយ អានា​បានស្សតិ ដែលបុគ្គល​ចំរើន​ហើយ ធ្វើឲ្យ​ច្រើន​ហើយ រមែងមានផលច្រើន មាន​អានិសង្ស​ច្រើន។ ​

[១៣] ម្នាលភិក្ខុទាំងឡាយ ចុះអានាបានស្សតិ ដែលបុគ្គល​ចំរើន​ហើយ ធ្វើឲ្យ ច្រើនហើយ ទើបមានផលច្រើន មាន​អានិសង្ស​ច្រើន តើ​ដូចម្ដេច​។ ​ ម្នាលភិក្ខុទាំង​ឡាយ ភិក្ខុក្នុងសាសនា​នេះ​ នៅ​ក្នុង​ព្រៃ​ក្ដី នៅ​ទៀបគល់​ឈើក្ដី នៅក្នុង​ផ្ទះដ៏​ស្ងាត់ក្ដី​ អង្គុយ​ពែន​ភ្នែន​ តាំង​កាយ​ឲ្យ​ត្រង់​ ផ្ចង់​ស្មារតី ឲ្យមានមុខ​ឆ្ពោះ​ទៅ​រក (កម្មដ្ឋាន)។ ភិក្ខុ​នោះ​ មាន​ស្មារតី ដកដង្ហើមចេញ មាន​ស្មារតី ដកដង្ហើមចូល។​ (សេចក្ដីពិស្ដារ មាន​រហូត​ដល់​ពាក្យថា ភិក្ខុសិក្សាថា អាត្មាអញ ឃើញ​រឿយៗ នូវធម៌សម្រាប់លះបង់កិលេស​ចោល​ នឹងដក​ដង្ហើម​ចេញ សិក្សាថា​ អាត្មាអញ ​ឃើញ​រឿយៗ​​ នូវ​ធម៌សម្រាប់​លះបង់​កិលេស​ចោល នឹង​ដកដង្ហើម​ចូល​ផង​ចុះ)។ ម្នាលភិក្ខុទាំងឡាយ អានាបានស្សតិ ដែលបុគ្គល​ចំរើន​ហើយ​យ៉ាង​នេះ ធ្វើ​ឲ្យច្រើន​ហើយ​យ៉ាង​នេះ រមែងមានផលច្រើន​ មាន​អានិសង្ស​ច្រើន។

[១៤] ម្នាលភិក្ខុទាំងឡាយ កាលបើ​អានា​បាន​ស្សតិ ដែល​បុគ្គល​បាន​ចំរើនយ៉ាង​នេះ​ហើយ បាន​ធ្វើ​ឲ្យ​ច្រើន​យ៉ាង​នេះ​ហើយ បណ្ដា​ផល​ទាំង​ ២​ បុគ្គល​នោះ រមែង​បាន​ផល​ណា​មួយ​ គឺ​អរហត្តផល ក្នុង​បច្ចុប្បន្ន​នេះ​ ឬបើ​មាន​ឧបា​ទាន​ក្ខន្ធ​សល់​នៅ​ឡើយ នឹង​បា​ន​សម្រេច នូវភាពជាអនាគាមិបុគ្គល។

[១៥] ម្នាលភិក្ខុទាំងឡាយ អានាបានស្សតិ ដែល​បុគ្គលចំរើន​ហើយ​ ធ្វើ​ឲ្យ​ច្រើន​ហើយ រមែងមានផលច្រើន មានអានិសង្ស​ច្រើន។

[១៦] ម្នាលភិក្ខុទាំងឡាយ ចុះអានាបានស្សតិ ដែល​បុគ្គលបាន​ចំរើន​ហើយ បាន​ធ្វើ​ឲ្យ​ច្រើន​ហើយ រមែង​មាន​ផល​ច្រើន មាន​អានិសង្ស​ច្រើន តើដូច​ម្ដេច។​ ម្នាលភិក្ខុ​ទាំង​ឡាយ ភិក្ខុក្នុងសាសនា​នេះ​ នៅ​ក្នុង​ព្រៃក្ដី​ នៅទៀបគល់ឈើក្ដី នៅ​ក្នុងផ្ទះ​ស្ងាត់​ក្ដី អង្គុយ​ពែនភ្នែន តាំងកាយ​ឲ្យ​ត្រង់ ផ្ចង់​ស្មារតី ឲ្យមាន​មុខឆ្ពោះទៅ​រក​ (កម្មដ្ឋាន)​។ ភិក្ខុ​នោះ ​មាន​ស្មារតី ដកដង្ហើមចេញ មានស្មារតី​ ដកដង្ហើម​ចូល។ ​(សេចក្ដី​ពិស្ដារ មានរហូត​ដល់ ពាក្យថា ភិក្ខុសិក្សាថា ​អាត្មាអញ​ ឃើញរឿយៗ​ នូវធម៌សម្រាប់​លះ​កិលេសចោល នឹងដកដង្ហើមចេញ សិក្សាថា អាត្មាអញ ​ឃើញ​រឿយ​ៗ នូវធម៌សម្រាប់លះកិលេស​ចោល នឹងដកដង្ហើមចូល​ផង​ចុះ)។ ម្នាលភិក្ខុទាំងឡាយ អានា​បានស្សតិ​ ដែលបុគ្គល​បាន​ចំរើន​ហើយ ​យ៉ាងនេះ ធ្វើឲ្យច្រើន​ហើយ​ យ៉ាង​នេះ រមែងមានផល​ច្រើន​ មាន​អានិសង្ស​​​ច្រើន។

[១៧] ម្នាលភិក្ខុទាំងឡាយ កាលបើអានា​បានស្សតិ ដែល​បុគ្គល​ចំរើន​ហើយ​យ៉ាងនេះ​ ធ្វើ​ឲ្យ​ច្រើន​ហើយ​ យ៉ាង​នេះ រមែងបាន​សម្រេចផល ៧​ ប្រការ និង​អានិសង្ស​ ៧​ ប្រការ។ ផល ៧ ប្រការ អានិសង្ស ៧​ ប្រការ តើដូចម្ដេច។ ក្នុង​បច្ចុប្បន្ន​នេះ​ ភិក្ខុ​នោះ​បាន​សម្រេច​អរ​ហត្ត​ផល​ជា​មុន បើ​ក្នុង​បច្ចុប្បន្ន​នេះ មិន​បាន​សម្រេច​អរហ​ត្ត​ផល​ជា​មុន​ទេ នឹង​បាន​សម្រេចអ​រហត្ត​ផល ​ក្នុង​កាល​ដែល​ស្លាប់ បើក្នុង​ប​ច្ចុ​ប្បន្ន​នេះ​ មិន​បាន​សម្រេច​     អ​រហត្តផល​ជា​មុន ទាំងមិន​បាន​សម្រេច​អរហត្ត​ផល ​ក្នុង​កាល​ដែល​ស្លាប់​ទេ។ ​បុគ្គល​នោះ​ជា​អន្ដរាបរិនិព្វាយី ជាឧបហច្ចបរិនិព្វាយី ជាអសង្ខារបរិនិព្វាយី ជាសសង្ខារបរិនិព្វានយី ជាឧទ្ធំសោតអកនិដ្ឋគាមី ព្រោះកិរិយាអស់ទៅ នៃឱរម្ភាគិយសញ្ញោជនៈ​ ៥ ​ប្រការ​ដោយ​ពិត។ ម្នាលភិក្ខុទាំងឡាយ កាលបើ​អានា​បា​នស្ស​តិ​ ដែលបុគ្គល​បាន​ចំរើន​យ៉ាង​នេះ បានធ្វើឲ្យច្រើនយ៉ាងនេះហើយ បុគ្គលនោះ​ នឹងបាននូវផល ៧ ប្រការ​ និងអានិសង្ស ៧ ប្រការនេះឯង។

[១៨] ក្នុងទីនេះឯង ព្រះដ៏មានព្រះភាគ។​បេ។ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំង​ឡាយ អ្នកទាំងឡាយ ចំរើនអានាបានស្សតិឬទេ។

[១៩] កាលព្រះដ៏មានព្រះភាគ ​ត្រាស់​យ៉ាង​នេះ​ហើយ ព្រះអរិដ្ឋដ៏មានអា​យុ ក្រាប​បង្គំទូលព្រះដ៏មានព្រះភាគ ដោយពាក្យ​ដូចច្នេះថា​ បពិត្រព្រះ​អង្គ​ដ៏ចំរើន ខ្ញុំព្រះ​អង្គ ​ចំរើន​​​អានា​បាន​ស្សតិ។ ​ ម្នាលអរិដ្ឋ ចុះអ្នក​ចំរើន​អានា​បាន​ស្សតិ ដូច​ម្ដេច​ទៅ។ ​

[២០] បពិត្រព្រះអង្គដ៏ចំរើន កាមច្ឆន្ទៈ ក្នុងកាម​ទាំងឡាយ​ ជា​អតីត ខ្ញុំព្រះអង្គ​ បាន​លះបង់​ហើយ កាម​ច្ឆ​ន្ទៈ​ក្នុង​កាម​ទាំង​ឡាយ ជា​អនាគត ​ខ្ញុំ​ព្រះអង្គ​ បាន​ប្រាស​ចេញ​ហើយ បដិឃសញ្ញា ​ក្នុងធម៌ទាំងឡាយ​ ជាខាងក្នុងក្ដី ខាងក្រៅ​ក្ដី ខ្ញុំព្រះ​អង្គ​ បាន​កំ​ចាត់​ចោល​ហើយ​ ដោយ​ប្រពៃ ខ្ញុំព្រះអង្គនោះ ​មាន​សតិដកដង្ហើមចេញ មាន​សតិដកដង្ហើម ចូល។ បពិត្រ​ព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ ចំរើនអានាបានស្សតិ យ៉ាង​នេះ​ឯង។

[២១] ម្នាលអរិដ្ឋ អានាបានស្សតិនុ៎ះមានមែន តថាគតមិន​មែន​ពោលថា​អានាបាន​ស្សតិនុ៎ះ មិន​មានដូច្នេះទេ។ ម្នាលអរិដ្ឋ ប៉ុន្តែអានា​បានស្សតិ ដែលពេញ​បរិបូណ៍ ដោយ​ពិស្ដារ​បែប​ណា ចូរអ្នកស្ដាប់បែប​នោះ យក​ចិត្ត​ទុក​ដាក់​ ឲ្យ​ប្រ​ពៃ​ចុះ តថាគត​នឹង​សំដែង។ ព្រះអរិដ្ឋដ៏មានអាយុ ក៏ទទួលព្រះពុទ្ធដីកា របស់​ព្រះដ៏មាន​ព្រះភាគថា ករុ​ណា ​ព្រះអង្គ​។ ព្រះដ៏​មាន​ព្រះ​ភាគ ទ្រង់ត្រាស់ដូច្នេះថា​ ម្នាល​អរិដ្ឋ ចុះអានា​បាន​ស្សតិ​ ដែល​បរិបូណ៌ ដោយ​សេចក្ដី​ពិស្ដារ តើដូចម្ដេច។ ម្នាលអរិដ្ឋ ភិក្ខុក្នុង​សាសនា​នេះ នៅក្នុងព្រៃក្ដី នៅទៀប​គល់ឈើក្ដី នៅក្នុង​ផ្ទះ​​ស្ងាត់ក្ដី​ អង្គុយ​ពែនភ្នែន ​តាំងកាយ​ឲ្យត្រង់​ ផ្ចង់​ស្មារតី​ ឲ្យមាន​មុខ​ឆ្ពោះ​ទៅរក​ (កម្មដ្ឋាន)។ ​ភិក្ខុ​នោះ ​មានសតិដកដ​ង្ហើម​ចេញ មានសតិ ដកដង្ហើមចូល​ កាលដកដង្ហើម​ចេញវែង ដឹងច្បាស់ថា អាត្មាអញ ដក​ដង្ហើម​​​ចេញវែង។បេ។ សិក្សាថា​ អា​ត្មា​អញ​ ឃើញរឿយ​ៗ នូវធម៌សម្រាប់លះ​កិ​លេស​​​​​​​​ចោល នឹង​ដកដង្ហើម​ចេញ សិក្សាថា​ អាត្មាអញ​ ឃើញ​រឿយៗ នូវធម៌សំរាប់​លះ​កិលេស​​​ចោល នឹងដកដង្ហើម​ចូល។ ​ម្នាលអរិដ្ឋ អានា​បានស្សតិ ​ពេញ​បរិបូណ៌ ដោយ​សេចក្ដីពិស្ដារ​ យ៉ាង​នេះ​ឯង។

[២២] ក្រុងសាវត្ថី។ ​សម័យនោះឯង ព្រះ​មហា​ក​ប្បិន​ដ៏​មាន​អាយុ​ អង្គុយ​ពែនភ្នែន តាំង​កាយ​ឲ្យត្រង់​ ផ្ចង់​ស្មារតី ឲ្យ​មាន​មុខ​ឆ្ពោះទៅ​រក ​(កម្មដ្ឋាន) ក្នុងទីជិតព្រះដ៏មាន ព្រះភាគ។

[២៣] ព្រះដ៏មានព្រះភាគ បានឃើញ​មហាកប្បិនដ៏មាន​អាយុ​ កំពុង​អង្គុយ​ពែន​ភ្នែន តាំងកាយ​ឲ្យត្រង់​ ផ្ចង់ស្មារតី ​ឲ្យ​មាន​មុខឆ្ពោះទៅរក ​(កម្មដ្ឋាន) ក្នុងទីមិន​ឆ្ងាយ (អំពីព្រះអង្គ) លុះ​ឃើញ​ហើយ​ ទើប​ត្រាស់​ហៅ​ភិក្ខុទាំងឡាយមក​ថា ម្នាល​ភិក្ខុទាំង​ឡាយ​ អ្នក​ទាំងឡាយ ឃើញ​សេចក្ដី​ញាប់​ញ័រ ឬសេចក្ដី​អន្ទះអន្ទែង​កាយ របស់ភិក្ខុ​នោះ​ឬ​ទេ ។

[២៤] ភិក្ខុទាំងឡាយ ​ក្រាប​បង្គំ​ទូលថា បពិត្រ​ព្រះ​អង្គ​ដ៏​ចំរើន កាល​ណា​យើង​ខ្ញុំព្រះ​អង្គ​ ឃើញ​លោក​ដ៏​មាន​អាយុ​នោះ កំពុង​អង្គុយ​កណ្ដាលជំនុំសង្ឃក្ដី អង្គុយស្ងាត់ តែម្នាក់ឯងក្ដី ក្នុង​កាលនោះ​ យើង​ខ្ញុំ​ព្រះអង្គ ​មិន​បាន​ឃើញលោក​ដ៏មាន​អាយុ​នោះ មានកាយ​ញាប់​ញ័រ ឬអន្ទះអន្ទែង​ទេ។

[២៥]  ម្នាលភិក្ខុទាំងឡាយ ភិក្ខុណា​បាន​ចំរើន​ បាន​ធ្វើ​ឲ្យ​ច្រើន នូវ​សមាធិ​ហើយ រមែង​មាន​កាយ​មិន​ញាប់ញ័រ ឬមិនអន្ទះ​អន្ទែង​ មានចិត្ត​មិន​ញាប់ញ័រ ឬមិន​អន្ទះអន្ទែង ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះ​ រមែង​បាន​នូវ​សមាធិ​ដោយ​ងាយ បានមិន​​លំបាក​ បាន​មិន​ក្រឡើយ។

[២៦] ម្នាលភិក្ខុទាំងឡាយ ចុះសមាធិដែល​បុគ្គល​ចំរើន​ហើយ ធ្វើ​ឲ្យ​ច្រើន​ហើយ​​​ តើ​ដូចម្ដេច​ រមែង​មានកាយ​មិន​ញាប់​ញ័រ ឬ​មិន​អន្ទះ​អន្ទែង មាន​ចិត្ត​មិន​ញាប់​ញ័រ ឬ​មិន​អន្ទះ​អន្ទែង។ ម្នាលភិក្ខុទាំងឡាយ អានា​បានស្សតិ​សមាធិ ដែល​បុគ្គល​ចំរើន​ហើយ ធ្វើឲ្យ​ច្រើន​ហើយ រមែង​មាន​កាយ​មិន​ញាប់​ញ័រ ឬ​មិនអន្ទះអន្ទែង​ មាន​ចិត្ត​មិនញាប់ញ័រ ឬមិនអន្ទះអន្ទែងឡើយ។

[២៧] ម្នាលភិក្ខុទាំងឡាយ កាលបើអានា​បាន​ស្ស​តិសមាធិ ដែល​បុគ្គល​បាន​ចំរើន​ហើយ បាន​ធ្វើឲ្យ​ច្រើន​ហើយ​ តើ​ដូចម្ដេច ទើប​បុគ្គលនោះ ​មានកាយ​មិន​ញាប់​ញ័រ ឬមានកាយមិនអន្ទះអន្ទែង មាន​ចិត្ត​មិនញាប់​ញ័រ ឬមាន​ចិត្តមិនអន្ទះអន្ទែង។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុក្នុងសាសនានេះ នៅក្នុងព្រៃក្ដី នៅទៀបគល់ឈើក្ដី​ នៅ​ក្នុង​ផ្ទះស្ងាត់ក្ដី អង្គុយពែនភ្នែន​ តាំងកាយ​ឲ្យត្រង់ ​ផ្ចង់ស្មារតី​​ ឲ្យ​​មាន​មុខឆ្ពោះ​ទៅ​រក ​(កម្មដ្ឋាន)​។ ភិក្ខុ​នោះ​ មានសតិដកដង្ហើមចេញ មានសតិ​ដកដង្ហើមចូល​ (បណ្ឌិត​គប្បី​ឲ្យ​ពិស្ដារ​ រហូត​ដល់​ពាក្យ​ថា ភិក្ខុសិក្សាថា អា​ត្មា​អញ​ ឃើញ​​រឿយ​ៗ នូវ​ធម៌​សម្រាប់លះបង់​កិលេសចោល​ នឹង​ដកដង្ហើម​ចេញ សិក្សាថា អាត្មាអញ​ ឃើញរឿយៗ នូវធម៌​សំរាប់លះកិលេសចោល នឹង​ដកដង្ហើម​ចូលផង​ចុះ)។ ​ម្នាលភិក្ខុទាំងឡាយ កាលបើអានា​បាន​ស្សតិសមាធិ ដែល​បុគ្គល​បាន​ចំរើន​​ យ៉ាង​នេះ​ហើយ​ បាន​ធ្វើឲ្យច្រើន ​យ៉ាង​នេះ​ហើយ រមែងមាន​កាយ​មិន​ញាប់​ញ័រ ឬមានកាយ​មិន​អន្ទះ​អន្ទែង​ មានចិត្ត​មិនញាប់​ញ័រ ឬមានចិត្តមិនអន្ទះអន្ទែង។

[២៨] ម្នាលភិក្ខុទាំងឡាយ អានា​បាន​ស្សតិ​សមា​ធិ ដែលបុគ្គល​ចំរើន​ហើយ​ ធ្វើ​ឲ្យ​ច្រើន​ហើយ​ រមែង​មាន​ផល​ច្រើន​ មាន​អានិសង្ស​ច្រើន។

[២៩] ​ ម្នាលភិក្ខុទាំងឡាយ ចុះអានាបានស្សតិសមាធិ ដែល​បុគ្គល​ចំរើន​ហើយ ធ្វើ​ឲ្យ​ច្រើន​ហើយ ទើបមានផលច្រើន​ មានអានិសង្ស​ច្រើន តើ​ដូចម្ដេច។ ម្នាលភិក្ខុទាំង​ឡាយ ភិក្ខុក្នុងសាសនា​នេះ នៅ​ក្នុង​ព្រៃក្ដី​ នៅទៀប​គល់​ឈើ​ក្ដី​ នៅ​ក្នុង​ផ្ទះស្ងាត់​ក្ដី​ អង្គុយពែន​ភ្នែន តាំង​កាយ​ឲ្យ​ត្រង់​ ផ្ចង់​ស្មារតី​ ឲ្យមាន​មុខ​ឆ្ពោះ​ទៅ​រក ​(កម្មដ្ឋាន)។ ភិក្ខុនោះ​ មានសតិ​ដកដង្ហើម​ចេញ មានសតិ​ ដកដង្ហើមចូល​។ ​កាល​ដកដង្ហើម​ចេញ​វែង ដឹងច្បាស់ថា អាត្មា​អញ ​ដកដង្ហើម​ចេញ​វែង (បណ្ឌិតគប្បី​ឲ្យ​ពិស្ដារ​ រហូត​ដល់​ពាក្យ​ថា​  ភិក្ខុសិក្សាថា​ អាត្មា​អញ ​ឃើញ​រឿយៗ នូវធម៌​សម្រាប់​លះកិលេស​ចោល​ នឹង​ដកដង្ហើម ចេញ​ សិក្សាថា​ អាត្មា​អញ​ ឃើញ​រឿយៗ​ នូវធម៌​សម្រាប់លះកិលេស​ចោល​ នឹង​ដកដង្ហើម​ចូលផ​ង​ចុះ​)។ ម្នាលភិក្ខុទាំងឡាយ អានាបានស្សតិ​សមាធិ ដែល​បុគ្គល​ចំរើន​ហើយ​ យ៉ាង​នេះ ធ្វើ​ឲ្យ​ច្រើន​ហើយ​ យ៉ាងនេះ រមែង​មាន​ផល​ច្រើន​ មាន​អានិ​សង្ស​ច្រើន។

[៣០] ម្នាលភិក្ខុទាំងឡាយ ក៏​កាល​មុន​ដែល​តថាគត​ នៅ​ជា​ពោ​ធិសត្វ មិនទាន់​បាន​ត្រាស់​ដឹង​ នូវ​សម្ពោធិ​ញ្ញាណ​នៅ​ឡើយ តែង​សម្រេច​សម្រាន្ត​នៅ​ ដោយ​ច្រើនដោយ ​វិហារ​ធម៌នេះ។ ម្នាលភិក្ខុទាំងឡាយ តថាគត​នោះ កំពុង​សម្រេច​សម្រាន្ត​នៅ​ ដោយ​ច្រើន ដោយ​វិហារ​ធម៌នេះ កាយ​មិន​លំបាក ចក្ខុ​ទាំងឡាយ​ ក៏​មិនលំបាក ទាំងចិត្ត​របស់​តថាគត​ក៏​រួច​ចាក​អាសវៈ​ទាំងឡាយ ព្រោះ​មិន​បាន​ប្រកាន់​មាំ។

[៣១] ម្នាលភិក្ខុទាំងឡាយ ព្រោះ​ហេតុ​នោះ​ ប្រ​សិន​បើ​ភិក្ខុ​ក្នុងសាសនានេះ ប៉ុន​ប៉ងថា ​កាយ​របស់អាត្មាអញ ​កុំ​លំ​បាក ចក្ខុ​ទាំងឡាយ ​ក៏​កុំ​លំបាក​ ទាំងចិត្ត​របស់​អាត្មា អញ ក៏រួច​ស្រឡះ​ចាក​អាសវៈ​ទាំងឡាយ​ ព្រោះ​មិន​ប្រ​កាន់​មាំ អានា​បាន​ស្សតិ​សមាធិ​​​​​នេះ​ឯង ភិក្ខុ​គួរយក​ចិត្ត​ទុក​ដាក់ ​ដោយ​ប្រ​ពៃ​ចុះ។

[៣២] ម្នាលភិក្ខុទាំងឡាយ ព្រោះ​ហេតុ​នោះ ប្រសិន​បើ​ភិក្ខុ​ក្នុង​សាសនា​នេះ ប៉ុនប៉ង​ថា​ សេចក្ដី​ត្រិះរិះ ​ដោយ​សេចក្ដីរឭក អាស្រ័យ​នូវ​កាម​គុណ​ ដែល​ជា​របស់​អាត្មា​អញ សេចក្ដី​ត្រិះ​រិះដោយ​សេចក្ដីរឭកនោះ អាត្មាអញ​ គួរលះបង់​ចោល​ ព្រោះ​ហេតុ​នោះ​អានា​បាន​ស្សតិ​សមាធិ​នេះឯង ភិក្ខុគួរ​យក​ចិត្ត​ទុក​ដាក់​ ដោយ​ប្រពៃ​ចុះ។

[៣៣] ម្នាលភិក្ខុទាំងឡាយ ព្រោះ​ហេតុ​នោះ ​ប្រ​សិន​បើ​ភិក្ខុ​ក្នុង​សាសនានេះ ប៉ុន​ប៉ង​ថា ​អាត្មា​អញ​ គួរសំគាល់​ក្នុង​របស់ ដែលមិន​មែន​ជា​​បដិកូល ថាជាបដិកូល អានា​បាន​ស្សតិ​សមាធិនេះឯង ភិក្ខុ​គួរ​យក​ចិត្ត​ទុកដាក់​ ដោយ​ប្រពៃ​ចុះ។

[៣៤] ម្នាលភិក្ខុទាំងឡាយ ព្រោះ​ហេតុ​នោះ ​ប្រ​សិន​បើ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ប៉ុន​ប៉ងថា​ អាត្មា​អញ ​គប្បី​សំគាល់​ ក្នុង​របស់​ជាបដិកូល​ ថាមិន​មែន​ជាបដិកូល អានា​បានស្សតិ​​សមាធិ​នេះ​ឯង​ ភិក្ខុ​គួរ​យក​ចិត្ត​ទុក​ដាក់​ ដោយ​ប្រ​ពៃ​ចុះ។

[៣៥] ម្នាលភិក្ខុទាំងឡាយ ព្រោះ​ហេតុ​នោះ​ ប្រសិន​បើ​ភិក្ខុ​ក្នុង​សាសនា​នេះ ប៉ុន ប៉ង​ថា អាត្មាអញ​ គួរ​សំគាល់​ក្នុង​របស់មិន​មែន​ជាបដិកូលផង​ ក្នុងរបស់ជាបដិកូល​ផង ថាជារបស់បដិកូល អានា​បាន​ស្សតិ​សមាធិនេះឯង ភិក្ខុ​គួរ​យក​ចិត្ត​ទុកដាក់ ដោយ​ប្រពៃ​ចុះ។

[៣៦] ម្នាលភិក្ខុទាំងឡាយ ព្រោះ​ហេតុនោះ​ ប្រសិន​បើភិក្ខុ​ក្នុង​សាសនា​នេះ​ ប៉ុន​ប៉ងថា​ អាត្មា​អញ​ គួរ​សំគាល់​ ក្នុង​របស់​ជា​បដិកូល​ផង​​ មិនមែន​ជា​បដិកូលផង ថាជារបស់​មិន​មែន​ជាបដិកូល​ អានាបានស្សតិ​សមាធិនេះឯង ភិក្ខុគួរយចិត្តទុកដាក់ ​ដោយប្រពៃ ចុះ។

[៣៧] ម្នាលភិក្ខុទាំងឡាយ ព្រោះ​ហេតុនោះ ​ប្រសិន​បើ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ប៉ុន​ប៉ង​ថា​ អាត្មា​អញ គប្បី​វៀរ​នូវ​របស់​ទាំង​ ២ គឺ​របស់​មិនមែន​ជា​បដិកូល​ ១ របស់​ជាបដិកូល ១ ជាអ្នក​ព្រងើយ​កន្តើយ ​ជា​អ្នក​មាន​ស្មារតីដឹង​ខ្លួន អានាបានស្សតិ​សមាធិ​នេះឯង​ ភិក្ខុ​គួរយក​ចិត្ត​ទុក​ដាក់​ ដោយ​ប្រពៃ​ចុះ។​

[៣៨] ម្នាលភិក្ខុទាំងឡាយ ព្រោះ​ហេតុ​នោះ ប្រសិន​បើ​ភិក្ខុ​ក្នុងសាសនា​នេះ​ ប៉ុន​ប៉ង​​ថា ​អាត្មាអញ ​គប្បី​ស្ងប់​ស្ងាត់ចាក​កាម​ទាំង​ឡាយ ស្ងប់ស្ងាត់​ចាកអកុសល​ធម៌​ទាំងឡាយ​ ហើយ​ចូលកាន់​បឋម​ជ្ឈាន ​ប្រកប​ដោយ​វិតក្កៈ​និង​វិចារៈ  មាន​បី​តិនិង​សុខ​ដែល​កើត​អំ​ពី​សេចក្ដី​ស្ងប់​ស្ងាត់ ​អានាបានស្សតិ​សមាធិ​នេះឯង​ ភិក្ខុ​គួរយក​ចិត្ត​ទុកដាក់ ដោយ​ប្រពៃ​ចុះ។

[៣៩]​ ម្នាលភិក្ខុទាំងឡាយ ព្រោះ​ហេតុ​នោះ​ ប្រសិន​បើ​ភិក្ខុក្នុង​សាសនានេះ ប៉ុន​ប៉ងថា​ អាត្មាអញ​ ចូលកាន់​ទុតិយជ្ឈាន​ ដែល​កើត​មាន​ក្នុង​សន្ដាននៃ​ខ្លួន​ ជាទី​ផូរផង់​មានសភាពជាចិត្ត​ខ្ពស់ឯក មិនមានវិតក្កៈ និង​វិចារៈ មានតែបីតិ ​និង​សុខ ​ដែល​កើត​អំពី​សមាធិ ព្រោះ​រម្ងាប់វិតក្កៈ និង​វិចារៈ អានាបាន​ស្សតិសមាធិ​នេះឯង ភិក្ខុគួរយកចិត្ត​ទុកដាក់​ ដោយ​ប្រពៃចុះ។

[៤០] ម្នាលភិក្ខុទាំងឡាយ ព្រោះ​ហេតុ​នោះ​ ប្រសិន​បើ​ភិក្ខុ​ក្នុង​សាសនានេះ ប៉ុនប៉ង ថា អាត្មាអញ​ ព្រោះនឿយណាយ ​ចាក​បីតិផង​ ជាអ្នក​ប្រកប​ដោយ​ឧបេក្ខា​ផង​ មាន ស្មារតី​ដឹង​ខ្លួន​ផង សោយ​សេចក្ដី​សុខ ​ដោយ​នាម​កាយ​ផង ព្រះអរិយៈទាំងឡាយ​ តែង​   សរ​សើរ​នូវ​បុគ្គល ​ដែល​បាន​តតិយ​ជ្ឈាន​ថា​ ជា​អ្នក​មាន​ឧបេក្ខា មាន​ស្មារតី មានធម៌​ជា​គ្រឿង​នៅ​ជា​សុខ ដូច្នេះ ព្រោះ​តតិយ​ជ្ឈាន​ឯណា​ គប្បីចូល​កាន់​តតិយជ្ឈាននោះ​ អានាបានស្សតិ​សមាធិ​នេះឯង ភិក្ខុគួរ​យក​ចិត្ត​ទុក​ដាក់​ ដោយ​ប្រពៃ​ចុះ។

[៤១] ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ ​ប្រសិន​បើ​ភិក្ខុ​ក្នុង​សាសនា​នេះ ប៉ុនប៉ង​ថា​ អាត្មាអញ ព្រោះ​លះបង់ នូវ​សុខ​ផង ព្រោះ​លះបង់ ​នូវ​ទុក្ខ​ផង មានសោមនស្ស ​និង​ទោមនស្ស​អស់​ទៅ ​ក្នុង​កាល​មុនផង គប្បីចូលកាន់​ចតុត្ថជ្ឈាន​ ជាធម្មជាតមានអារម្មណ៍​ មិន​មែន​ជាទុក្ខ មិនមែន​ជាសុខ គឺជា​ឧបេក្ខា មានសតិដ៏បរិសុទ្ធដោយ​ឧបេក្ខា អានាបានស្សតិសមាធិនេះឯង ភិក្ខុ​គួរ​យក​ចិត្ត​ទុកដាក់ ដោយ​ប្រពៃ​ចុះ។

[៤២] ម្នាលភិក្ខុទាំងឡាយ ព្រោះ​ហេតុ​នោះ​ ប្រ​សិន​បើ​ភិក្ខុ​ក្នុង​សាសនា​នេះ ប៉ុន​ប៉ង​ថា អាត្មាអញ ​ព្រោះ​កន្លងបង់ នូវរូបសញ្ញា ដោយប្រការទាំងពួង ព្រោះអស់បដិឃ​សញ្ញា ហើយលែងធ្វើទុកក្នុងចិត្ត នូវនានត្តសញ្ញា គប្បីចូលកាន់​អាកាសា​នញ្ចយតនជ្ឈាន ដោយការធ្វើទុកក្នុងចិត្តថា អាកាសមិនមានទីបំផុត ដូច្នេះ អានាបានស្សតិសមាធិនេះ​ឯង ភិក្ខុគួរយកចិត្តទុកដាក់ ដោយប្រពៃចុះ។

[៤៣] ម្នាលភិក្ខុទាំងឡាយ ព្រោះ​ហេតុ​នោះ ​ប្រ​សិន​បើ​ភិក្ខុ​ក្នុង​សាសនា​នេះ ប៉ុន​ប៉ង​ថា អាត្មាអញ ព្រោះ​កន្លង​បង់​ នូវ​អាកាសាន​ញ្ចាយតន​ជ្ឈាន ​ដោយ​ប្រ​ការ​ទាំង​ពួង  គប្បី​ចូល​កាន់​វិញ្ញាណ​ញ្ចា​យតនជ្ឈាន ​ដោយ​ធ្វើ​ទុក​ក្នុង​ចិត្ត​ថា វិញ្ញាណ​មិន​មាន​ទី​បំ​ផុត​   ដូ​ច្នេះ អានា​បាន​ស្ស​តិ​សមា​ធិ​នេះ​ឯង​ ភិក្ខុ​គួរ​យក​ចិត្ត​ទុក​ដាក់​ ដោយ​ប្រ​ពៃ​ចុះ។

[៤៤]​ ម្នាលភិក្ខុទាំងឡាយ ព្រោះ​ហេតុ​នោះ ​ប្រ​សិន​បើ​ភិក្ខុ​ក្នុង​សាសនា​នេះ ប៉ុន​ប៉ង​ថា អាត្មាអញ​ ព្រោះ​កន្លង​បង់​ នូវ​វិញ្ញាណ​ញ្ចាយតនជ្ឈាន​ ដោយ​ប្រ​ការ​ទាំង​ពួង​ គប្បីចូល​កាន់​អាកិញ្ចញ្ញាយតនជ្ឈាន ដោយ​ការ​ធ្វើ​ទុក​ក្នុង​ចិត្ត​ថា អ្វី​បន្តិច​បន្តួចមិន​មាន​  ដូ​ច្នេះ អានា​បាន​ស្សតិ​​សមា​ធិ​នេះ​ឯង ភិក្ខុ​គួរ​យក​ចិត្ត​ទុក​ដាក់​ដោយ​ប្រ​ពៃ​ចុះ។

[៤៥] ម្នាលភិក្ខុទាំងឡាយ ព្រោះ​ហេតុ​នោះ​ ប្រ​សិន​បើ​ភិក្ខុ​ក្នុង​សាសនា​នេះ ប៉ុន​ប៉ង​ថា អាត្មាអញ​ ព្រោះ​កន្លង​បង់​ នូវ​អាកិញ្ច​ញ្ញា​យតន​ជ្ឈាន​ ដោយប្រការទាំងពួង គប្បី​ចូល​​កាន់​នេវសញ្ញា​នាសញ្ញាយតនជ្ឈាន អានាបាន​ស្សតិសមា​ធិ​នេះឯង ភិក្ខុ​គួរ​យក​ចិត្ត​ទុក​ដាក់​ដោយ​ប្រ​ពៃ​ចុះ។

[៤៦] ម្នាលភិក្ខុទាំងឡាយ ព្រោះ​ហេតុ​នោះ ​ប្រ​សិន​បើ​ភិក្ខុ​ក្នុង​សាសនា​នេះ ប៉ុន​ប៉ង​ថា អាត្មាអញ ​ព្រោះ​កន្លង​បង់ ​នូវ​នេវសញ្ញានា​សញ្ញាយតនជ្ឈាន ដោយ​ប្រ​ការ​ទាំង​ពួង​ គប្បីចូល​កាន់​សញ្ញាវេទយិតនិរោធ​ អានា​បាន​ស្ស​តិសមា​ធិ​នេះ​ឯង ភិក្ខុ​គួរ​យកចិត្ត​ទុក​ដាក់ ដោយ​ប្រពៃចុះ។

[៤៧] ម្នាលភិក្ខុទាំងឡាយ កាល​បើ​អានា​បាន​ស្សតិ​សមា​ធិ ដែល​ភិក្ខុ​ចំរើន​យ៉ាង​នេះ​ហើយ ធ្វើ​ឲ្យច្រើន​ យ៉ាង​នេះ​ហើយ បើភិក្ខុនោះ ​សោយ​នូវ​វេទនាជាសុខ ​ដឹង​ច្បាស់​​​​ថា វេទនា​នោះ ​មិន​ទៀង​​ ដឹង​ច្បាស់​ថា មិន​គួរប្រ​កាន់មាំ​ ដឹង​ច្បាស់​ថា មិនគួរ​ត្រេកអរ។ បើ​ភិក្ខុនោះ សោយវេទនាជាទុក្ខ ដឹងច្បាស់ថា វេទនា​នោះ​ មិនទៀង ដឹង​ច្បាស់​ថា មិនគួរ​ប្រកាន់មាំ ដឹងច្បាស់ថា មិនគួរត្រេកអរ។​ បើភិក្ខុនោះ សោយ​វេទនា​មិនមែន​ទុក្ខ មិនមែនសុខ ដឹងច្បាស់ថា វេទនានោះ មិនទៀង ដឹងច្បាស់ថា មិនគួរប្រកាន់មាំ ដឹងច្បាស់ថា មិនគួរត្រេកអរ។ បើភិក្ខុនោះ សោយវេទនាជាសុខ មិនប្រកបដោយ​កិលេស សោយនូវវេទនានោះ។ បើភិក្ខុនោះ សោយវេទនាជាទុក្ខ ក៏មិនប្រកប​ដោយ​កិលេស សោយនូវវេទនានោះ។ បើភិក្ខុនោះ សោយវេទនាមិនមែនទុក្ខ មិនមែនសុខ ក៏មិន ប្រកបដោយកិលេស សោយនូវវេទនានោះ។ កាលភិក្ខុនោះ សោយវេទនា មាន កាយជាទីបំផុត ដឹងច្បាស់ថា​ អាត្មាអញ សោយវេទនាមានកាយជាទីបំផុត កាល​សោយ​​​វេទនាមានជីវិតជាទីបំផុត ដឹងច្បាស់ថា អាត្មាអញ សោយវេទនាមានជីវិត​ជាទីបំផុត  លុះ​ទំលាយរាងកាយ ​បន្ទាប់​​អំពីការអស់ជីវិតទៅ ដឹងច្បាស់ថា កាសោយនូវ​វេទនា​ទាំងអស់ ក្នុងលោកនេះ មិនគួរត្រេកអរ នឹងរលត់ទៅវិញ។

[៤៨] ម្នាលភិក្ខុទាំងឡាយ ដូចប្រទីបប្រេង ដែលឆេះទៅបាន ព្រោះអាស្រ័យ​ប្រេង និងប្រឆេះ  ដែលមិនមានអាហារ គប្បីរលត់ទៅ ព្រោះអស់ទៅនៃប្រេង និងប្រឆេះ​នោះឯង យ៉ាងណា។ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុសោយវេទនា មានកាយ​ជាទីបំផុត ដឹងច្បាស់​ថា អាត្មាអញ សោយ​វេទនា​មាន​កាយ​ជា​ទី​បំ​ផុត កាល​សោយ​វេទនា​មានជីវិត​ជាទីបំផុត ដឹងច្បាស់ថា អាត្មាអញ សោយ​វេទនា​មានជីវិតជាទីបំផុត លុះទំលាយ​រាង​កាយ​ បន្ទាប់​អំ​ពី​ការ​អស់​ជីវិត​ទៅ ដឹង​ច្បាស់​ថា​ ការសោយ​នូវ​វេទនាទាំងអស់ ក្នុង​លោក នេះ មិន​គួរ​ត្រេក​អរ នឹង​រលត់​ទៅ​វិញ​ ក៏​យ៉ាង​នោះ​ដែរ។

[៤៩] ខ្ញុំបាន​ស្តាប់​មក​យ៉ាង​នេះ។ សម័យ​មួយ ​ព្រះដ៏មាន​ព្រះ​ភាគ​ ទ្រង់គង់​នៅ​ក្នុងកូដាគារសាលា នា​ព្រៃ​មហា​វន ទៀបក្រុង​វេសាលី។ សម័យ​នោះ​ឯង​ ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ទ្រង់​សំដែង​អសុភកថា ​ទ្រង់​សំដែង​គុណនៃ​អសុភ ទ្រង់សំដែង​គុណ​នៃ​ការ​ចំរើន​អសុភ ដល់​ភិក្ខុ​ទាំងឡាយ ដោយ​អនេក​បរិយាយ។ គ្រានោះ​ឯង ​ព្រះ​ដ៏មាន​ព្រះភាគ​ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយ​មក​ថា​ ម្នាលភិក្ខុទាំងឡាយ តថាគត ​ចង់​គេច​ចាក​អារម្មណ៍​ សម្ងំ​នៅ​តែ​ម្នាក់​ឯង អស់​កន្លះខែ កុំ​ឲ្យ​អ្នក​ណា​មួយ​ ចូល​ទៅ​រក​តថាគត​ឡើយ វៀរលែង​តែភិក្ខុ​មួយរូប​ អ្នក​នាំ​ចង្ហាន់​បិណ្ឌ​បាត​ ទៅ​ថ្វាយ​តថាគត។ ពួក​ភិក្ខុ​នោះ ​ក៏ទទួលព្រះ​ពុទ្ធ​ដីកា របស់​ព្រះដ៏មាន​ព្រះ​ភាគ​ថា ព្រះ​ករុណា ព្រះអង្គ ដូច្នេះ  ក៏​ឥតមានភិក្ខុណា​មួយ​ចូល​ទៅ​រក​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ឡើយ វៀរលែង​តែ​ភិក្ខុ​ ១ ​រូប​ អ្នក​នាំ​ចង្ហាន់​បិណ្ឌ​បាត ​ទៅ​ថ្វាយព្រះ​ដ៏​មាន​ព្រះ​ភាគ។

[៥០] លំដាប់​នោះ ភិក្ខុ​ទាំងនោះ​ ក៏គិត​គ្នា​ថា​ ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ត្រាស់​សំដែង​អសុភកថា ពោលសរសើរ​គុណនៃ​អសុភ​ ពោល​សរសើរ​គុណ ​នៃ​ការ​ចំ​រើន​អសុភ ​ដោយ​បរិយាយ​ដ៏​ច្រើន លុះ​គិត​ដូច្នេះហើយ​ ក៏នាំ​គ្នាប្រកប​សេចក្ដី​ព្យាយាម ក្នុង​ការ​ចំរើន​​អសុភ​ជា​ច្រើន​បែប​ ច្រើនវិធី ភិក្ខុ​ទាំង​នោះ ក៏​នឿយ​ណាយ​ ធុញ​ទ្រាន់​ ខ្ពើម​ឆ្អើម នឹង​រាង​កាយ​នេះ នាំគ្នា​ស្វែង​រក​គ្រឿង​សស្ត្រា [ភិក្ខុទាំងនោះ មិនមែនគ្រាន់តែស្វែងរកគ្រឿងសស្រ្តា មកតែប៉ុណ្ណោះទេ ក៏បានផ្តាច់ជីវិតខ្លួន ដោយខ្លួនឯងក៏មាន ចានចូលទៅរក​សមណកុត្តកៈ ឈ្មោះ មិគលណ្ឌិក ឲ្យផ្តាច់ជីវិតខ្លួន ក៏មាន (ដូចមានសេចក្តីដំណាល ក្នុងវិន័យបិដក ភាគទី១ ទំព័រ២២៣) អដ្ឋកថា​។]  ភិក្ខុ​ ១០ ​រូប​នាំ​គ្រឿង​សស្ត្រា​តែ​មួយ​ថ្ងៃ ក៏មាន​ ២០ រូប។បេ។ ពួក​ភិក្ខុ​ ៣០ រូប​ នាំគ្រឿង​សស្ត្រា​មក​តែ​មួយ​ថ្ងៃក៏មាន។

[៥១] គ្រានោះ​ឯង ព្រះដ៏មានព្រះភាគ ចេញចាក​ផល​សមា​បត្តិ​ ដោយ​កាល​កន្លះ​ខែ​កន្លងទៅ ក៏​ហៅ​ព្រះអានន្ទដ៏មាន​អាយុ​មកថា ម្នាល​អានន្ទ ហេតុ​ដូចម្ដេចហ្ន៎ បាន​ជា​ពួកភិក្ខុ ហាក់ដូច​ជា​ស្ដួច​ស្ដើង​ទៅ។ ទើបព្រះ​អានន្ទក្រាប​ទូល​ថា ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន ពិត​ដូចជា​ព្រះ​ពុទ្ធដីកាណាស់ ព្រោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ ​ត្រាស់​សំដែង​អសុភកថា ទ្រង់​ពោល​សរសើរ​អសុភ ទ្រង់​ពោល​សរសើរ​ការ​ចំរើន​នូវ​អសុភ​ ដល់​ភិក្ខុ​ទាំងឡាយ ​ដោយ​បរិយាយ​ដ៏​ច្រើន​។ បពិត្រព្រះ​អង្គ​ដ៏ចំរើន លុះ​ពួក​ភិក្ខុ​នោះ ​គិត​គ្នា​ថា ព្រះ​ដ៏​មាន​ព្រះ​ភាគ ត្រាស់​សំដែង​អសុភកថា ពោលសរសើរ​អសុភ​ ពោល​សរសើរ​ការ​ចំរើន ​នូវ​អសុភ​​ ដោយ​បរិយាយ​ដ៏​ច្រើន លុះ​ភិក្ខុនោះ​ គិត​ដូច្នេះហើយ ក៏​នាំគ្នា​ប្រ​កប​សេចក្ដី​​ព្យាយាម​ ក្នុង​ការ​ចំរើន​អសុភ ជាច្រើន​បែប ​ច្រើន​វិធី​ ពួកភិក្ខុនោះ​ នឿយ​ណាយ​ ធុញ​ទ្រាន់ ខ្ពើម​ឆ្អើម​ នឹង​រាង​កាយ​នេះ ក៏នាំ​គ្នា​ស្វែង​រក​គ្រឿង​សស្ត្រា​ ភិក្ខុ ១០​ រូប ​នាំ​គ្រឿង​សស្ត្រា​មក​តែ​ ១ ថ្ងៃ ក៏មាន ២០ ​រូប។បេ។ ៣០ រូប នាំ​គ្រឿង​សស្ត្រា​មក​តែ​មួយ​ថ្ងៃ​ ក៏​មាន។ បពិត្រ​ព្រះ​អង្គ​ដ៏ចំរើន ភិក្ខុ​សង្ឃនេះ ​ស្ថិត​នៅ​បាន​ដោយ​ហេតុ​ឯណាដ៏ទៃ​ទៀត ខ្ញុំព្រះ​អង្គ​សូម​អង្វ​រ​ សូម​ព្រះដ៏​មាន​ព្រះ​ភាគ សំដែងនូវ​ហេតុ​នោះ​ឲ្យ​ទាន។

[៥២] ព្រះ​ដ៏មាន​ព្រះ​ភាគ ​ទ្រង់ត្រាស់ថា ម្នាល​អានន្ទ​ បើ​ដូ​ច្នោះ​ ពួក​ភិក្ខុ​ទាំង អម្បាលមាណ​ ដែលនៅ​អាស្រ័យ​នឹង​ក្រុង​វេសាលី ចូរ​ឲ្យ​ពួក​ភិក្ខុ​អម្បាលនោះ​ទាំង​អស់​ ប្រ​ជុំគ្នា ក្នុង​ឧបដ្ឋាន​សាលា​ចុះ។ ព្រះ​អានន្ទដ៏​មាន​អាយុ ក៏​ទទួល​ព្រះ​ពុទ្ធដី​កា របស់​ព្រះដ៏​មាន​ព្រះភាគ​ថា ករុណា ​ព្រះអង្គ ដូច្នេះ​ហើយ ពួក​ភិក្ខុ​ទាំង​អម្បាលមាណ​ ដែល​នៅ​       អា​ស្រ័យ​​នឹង​ក្រុង​វេសាលី ក៏​ឲ្យ​ពួក​ភិក្ខុ​អម្បាល​នោះ ទាំង​អស់​ ប្រ​ជុំ​គ្នា​ ក្នុង​ឧបដ្ឋាន​សាលា​រួច​ហើយ ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ លុះ​ចូល​ទៅ​ដល់​ហើយ ក្រាប​បង្គំ​ទូលព្រះ​ដ៏មាន​ព្រះភាគ ដោយ​ពាក្យ​ដូច្នេះ​ថា បពិត្រ​ព្រះអង្គដ៏ចំរើន ភិក្ខុសង្ឃ​ប្រជុំគ្នាសេ្រច​ហើយ សូមព្រះដ៏មានព្រះភាគ សំគាល់ការគួរ ក្នុងកាលឥឡូវនេះ។

[៥៣] គ្រា​នោះឯង ព្រះ​ដ៏​មាន​ព្រះ​ភាគ ស្ដេច​ចូល​ទៅ​កាន់​ឧបដ្ឋាន​សាលា លុះចូល​​ទៅ​ដល់ហើយ គង់លើ​អាសនៈ ដែល​គេ​ក្រាល​ថ្វាយ។ លុះព្រះ​ដ៏មានព្រះភាគ​ទ្រង់​គង់​ហើយ ទើប​ត្រាស់​នឹង​ភិក្ខុ​ទាំង​ឡាយ​ថា ម្នាលភិក្ខុ​ទាំងឡាយ អានាបានស្សតិ​សមាធិ​នេះឯង​ ដែល​បុគ្គល​ចំរើនហើយ​ ធ្វើ​ឲ្យ​ច្រើន​ហើយ​​ ជាធម៌ល្អិត​ផង​  ជាធម៌ឧត្ដម​ផង ជាធម៌មិនច្រឡូក​ច្រឡំ​ដោយ (តណ្ហា​ និង​ឧបាទាន) ផង ជាធម៌​ជា​គ្រឿង​នៅ នាំមកនូវសេចក្ដីសុខផង តែងញ៉ាំងអកុសលធម៌ទាំងឡាយ ដ៏លាមក​ ដែលកើតឡើង​ហើយ ៗ​ ឲ្យ​សាប​សូន្យ​ទៅ​ ឲ្យ​ស្ងប់រម្ងាប់​ ដោយ​ហេតុ​ដ៏​សម​គួរ​ផង។

[៥៤] ម្នាល​ភិក្ខុ​ទាំងឡាយ ដូច​កំទេច​ធូលី ដែល​ខ្យល់​បក់​កួចឡើងក្នុងខែ​ជា​ខាង​ចុង​នៃគិម្ហរដូវ (ខែអាសាឡ្ហ) មហា​អកាល​មេឃ (ភ្លៀង​ធំ បង្អុរ​ចុះ​ខុស​កាល​វេលា) តែង​ញ៉ាំងកំទេច​ធូលី​នោះ​ ឲ្យអន្ដរធាន ឲ្យស្ងប់ទៅបាន ​ដោយទំនងដ៏សមគួរ មាន​ឧបមា​យ៉ាង​ណាមិញ។ ម្នាល​ភិក្ខុ​ទាំងឡាយ អានា​បាន​ស្សតិ​សមាធិ​ ដែល​បុគ្គលចំរើន​ហើយ ធ្វើ​ឲ្យ​ច្រើន​ហើយ ជាធម៌ល្អិតផង ជាធម៌ដ៏ឧត្ដម​ផង ជាធម៌​មិនច្រ​ឡូក​ច្រឡំ​ដោយ (តណ្ហា​និង​ឧបាទាន) ផង ជាធម៌ជាគ្រឿង​នៅ​ នាំមក​នូវ​សេចក្ដី​សុខ​ផង តែង​ញ៉ាំងធម៌ទាំងឡាយ ជាអកុសល​ដ៏​លាមក  ដែលកើត​ឡើង​ហើយ ៗ ឲ្យ​អន្ដរធាន​ ឲ្យ​ស្ងប់​រម្ងាប់​ទៅ ដោយ​ហេតុ​ដ៏​សម​គួរ​ ក៏យ៉ាងនោះ​ដែរ។

[៥៥] ម្នាល​ភិក្ខុ​ទាំងឡាយ ចុះ​អានាបាស្សតិសមាធិ ដែល​បុគ្គល​ចំរើន​ហើយ  ធ្វើ​ឲ្យច្រើន​ហើយ ជាធម៌ល្អិត​ផង ជាធម៌ដ៏ឧត្ដមផង ជាធម៌​មិន​ច្រឡូក​ច្រឡំដោយ (តណ្ហា​និង​ឧបាទាន) ផង ជា​ធម៌​ជា​គ្រឿង​នៅ​ នាំមកនូវ​សេចក្ដី​សុខ​ផង តែង​ញ៉ាំង​ធម៌​ទាំងឡាយ ជា​អកុសល​ដ៏​លាមក ដែលកើត​ឡើង​ហើយ​ៗ ឲ្យ​អន្ដរធាន​ទៅ ឲ្យ​ស្ងប់​រម្ងាប់​ទៅ ​ដោយ​ហេតុ​ដ៏​សម​គួរ​ តើ​ដូច​ម្ដេច។ ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុក្នុង​សាសនា​នេះ នៅ​ក្នុងព្រៃក្ដី នៅ​ទៀប​គល់​ឈើ​ក្ដី នៅក្នុង​ផ្ទះ​ស្ងាត់​ក្ដី អង្គុយ​ពែន​ភ្នែន តាំង​កាយ​ឲ្យ​ត្រង់ ​ផ្ចង់​ស្មារតី ឲ្យ​មាន​មុខ​ឆ្ពោះទៅ​រក ​(​កម្មដ្ឋាន)។ ភិក្ខុ​នោះ ​មាន​សតិដកដង្ហើម​ចេញ មានសតិ​ដកដង្ហើម​ចូល។ (បណ្ឌិត​គប្បី​ឲ្យពិស្ដារផង​ចុះ)។​ ភិក្ខុ​សិក្សាថា អាត្មាអញ​ ឃើញ​រឿយ​ៗ នូវធម៌​សម្រាប់​លះកិលេស​ចោល​ហើយ ​នឹង​ដកដង្ហើម​ចេញ សិក្សា​ថា​ អាត្មា​អញ ឃើញ​រឿយ​ៗ នូវ​ធម៌សម្រាប់​លះកិលេស​ចោល​ នឹង​ដកដង្ហើម​ចូល។ ម្នាល​ភិក្ខុ​ទាំងឡាយ​ អា​នា​បាន​ស្សតិ​សមាធិ​ ដែល​បុគ្គល​ចំរើន​ហើយ​យ៉ាង​នេះ ធ្វើ​ឲ្យ​ច្រើន​ហើយ ​យ៉ា​ង​នេះ ជា​ធម៌​ល្អិត​ផង​ ជា​ធម៌​ឧ​ត្ដម​ផង ជា​ធម៌​មិន​ច្រ​ឡូក​​ច្រ​ឡំ ​ដោយ (តណ្ហា​ និង​ឧ​បា​ទាន​) ផង ជា​ធម៌​ជា​គ្រឿង​នៅ នាំ​មក​នូវ​សេចក្ដី​សុខ​ផង​ រមែង​ញ៉ាំង​ធម៌​ទាំង​ឡាយ​ ជា​អកុសល​ដ៏​លាមក ​ដែល​កើត​ឡើ​ង​ហើយ ៗ​ ឲ្យ​អន្ដ​រធាន​ទៅ ឲ្យ​ស្ងប់រម្ងាប់​ទៅ​ ដោយ​ហេតុ​ដ៏​សម​គួរ​ផង។

[៥៦] ខ្ញុំ​បាន​ស្ដាប់​មក​យ៉ាង​នេះ។ សម័យ​មួយ​​ ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ទ្រង់​គង់​នៅ​ក្នុង​វត្ត​វេ​ឡុវន ​ទៀបក្រុង​កិមិលា។ ក្នុង​ទីនេះ​ឯង​ ព្រះ​ដ៏​មាន​ព្រះ​ភាគ ត្រាស់​នឹង​ព្រះ​កិមិលៈ​ដ៏​មាន​អាយុ​ថា ម្នាល​កិមិលៈ​ អានា​បាន​ស្ស​តិសមាធិ​ បុគ្គលចំរើន​ដូច​ម្ដេច​ ធ្វើ​ឲ្យ​ច្រើនដូច​ម្ដេច ទើប​មាន​ផល​ច្រើន ​មាន​អានិសង្ស​ច្រើន​។ ​កាល​បើ​ព្រះ​ដ៏​មាន​ព្រះ​ភាគ ត្រាស់​យ៉ាង​នេះ​ហើយ​ ព្រះ​កិមិលៈ​ដ៏​មាន​អាយុ​ ក៏​នៅ​ស្ងៀម។

[៥៧] ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ទ្រង់​ត្រាស់​ជា​គំរប់ ២​ ដង​ទៀត។ ព្រះ​ដ៏​មានព្រះ​ភាគ​ទ្រង់​ត្រាស់​នឹង​ព្រះ​កិមិលៈ​ដ៏​មាន​អាយុ ជាគំរប់ ​៣​ ដង​ទៀតថា​ ម្នាល​កិមិលៈ​ អានា​បានស្សតិ​សមាធិ ដែល​បុគ្គល​ចំរើន​ដូច​ម្ដេច ធ្វើ​ឲ្យ​ច្រើន​ដូចម្ដេច ទើប​មាន​ផល​ច្រើន​ មាន​អានិសង្ស​ច្រើន។ ព្រះ​កិមិលៈ​ដ៏​មាន​អា​យុ ក៏​នៅ​ស្ងៀម ​ជា​គំរប់​ ៣​ ដងទៀត។

[៥៨] កាល​បើ​ព្រះ​ដ៏​មាន​ព្រះភាគ ​ទ្រង់​ត្រាស់​យ៉ាង​នេះ​ហើយ​ ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ក៏​ក្រាបបង្គំ​ទូល​ព្រះដ៏​មាន​ព្រះភាគ​ ដោយ​ពាក្យដូច្នេះ​ថា សូមទ្រង់​ព្រះ​មេត្តា​ប្រោស កាល​នេះ​ ជា​កាល​គួរ​ដល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ហើយ បពិត្រ​ព្រះ​សុគត​ កាល​នេះ​ជាកាល គួរដល់ព្រះដ៏មានព្រះភាគ ព្រះដ៏មានព្រះភាគ​ គួរសំដែងអានាបានស្សតិសមាធិ​ កាល​ភិក្ខុទាំងឡាយ បាន​ស្តាប់ព្រះ​ដ៏​មាន​ព្រះភាគ​ហើយ នឹង​បាន​ចាំ​ទុក។ ព្រះ​ដ៏​មាន​ព្រះ​ភាគ ទ្រង់​ត្រាស់​ថា ម្នាល​អានន្ទ​ បើ​ដូច្នោះ​ ចូរ​អ្នក​ស្ដាប់​ចុះ យក​ចិត្ត​ទុក​ដាក់ ​ឲ្យ​ប្រ​ពៃ​ចុះ តថាគត​នឹង​សំដែង។ ព្រះ​អានន្ទដ៏មាន​អាយុ ក៏ទទួលព្រះ​ពុទ្ធដីកា របស់​ព្រះ​ដ៏​មាន​ព្រះ​ភាគថា ករុណា ​ព្រះ​អង្គ​ ដូច្នេះ។ ទើប​ព្រះ​ដ៏​មាន​ព្រះ​ភាគ ​ទ្រង់​ត្រាស់​ដោយ​ពាក្យ ដូច្នេះថា ម្នាល​អានន្ទ​ ចុះ​អានា​បាន​ស្សតិសមា​ធិ ​ដែល​បុគ្គល​ចំរើន​ដូច​ម្ដេច ធ្វើ​ឲ្យ​ច្រើន​ដូច​ម្ដេច ទើប​មាន​ផល​ច្រើន​ មាន​អានិសង្សច្រើន។ ម្នាល​អានន្ទ​​ ភិក្ខុ​ក្នុង​សាសនា​នេះ នៅ​ក្នុង​ព្រៃ​ក្ដី នៅ​ទៀប​គល់​ឈើ​ក្ដី នៅក្នុងផ្ទះស្ងាត់ក្តី អង្គុយ​ពែន​ភ្នែន តាំងកាយ​ឲ្យ​ត្រង់ ផ្ចង់​ស្មារតី ឲ្យ​មាន​មុខ​ឆ្ពោះ​ទៅ​រក (កម្មដ្ឋាន) ។ ភិក្ខុ​នោះ​ មាន​ស្មារតី ដកដង្ហើម​ចេញ។បេ។ សិក្សា​ថា​ អាត្មាអញ ​ឃើញ​រឿយៗ នូវ​ធម៌សម្រាប់​លះកិលេស​ចោល នឹង​ដក​ដង្ហើម​ចេញ សិក្សា​ថា​ អា​ត្មា​អញ ​ឃើញ​រឿយៗ​ នូវ​ធម៌​សម្រាប់​លះ​កិលេសចោល ​នឹង​ដកដង្ហើម​ចូល។ ​​ម្នាល​អានន្ទ អានា​បានស្សតិសមាធិ ដែល​បុគ្គល​ចំរើន​យ៉ាង​នេះ ធ្វើ​ឲ្យ​ច្រើន​យ៉ា​ង​នេះ រមែង​មាន​ផល​ច្រើន មាន​អានិសង្ស​ច្រើន។

[៥៩] ម្នាល​អានន្ទ សម័យណា ដែល​ភិក្ខុដក​ដង្ហើម​ចេញ​វែង ​ដឹង​ច្បាស់​ថា អាត្មា​អញ​ ដកដង្ហើម​ចេញ​វែង ឬ​កាល​ដកដង្ហើម​ចូល​វែង ​ដឹង​ច្បាស់​ថា អាត្មា​អញ​ ដកដង្ហើម​ចូល​វែង។​ កាល​ដកដង្ហើម​ចេញ​ខ្លី ដឹង​ច្បាស់​ថា អាត្មាអញ​ ដកដង្ហើម​ចេញ​ខ្លី ឬកាល​ដកដង្ហើម​ចូលខ្លី ដឹង​ច្បាស់​ថា​ អាត្មាអញ​ ដក​ដង្ហើម​ចូល​ខ្លី។​ ភិក្ខុ​សិក្សា​ថា អាត្មា​អញ កំណត់​ដឹង​ច្បាស់​នូវ​កាយ គឺដកដង្ហើម​ចេញ​ទាំង​ពួង នឹង​ដកដង្ហើមចេញ​​ សិក្សាថា អាត្មាអញ ​កំណត់​ដឹង​ច្បាស់​នូវ​កាយ គឺដកដង្ហើម​ចូល​ទាំង​ពួង នឹងដកដង្ហើមចូល។ សិក្សាថា អាត្មាអញ រម្ងាប់​កាយ​សង្ខារ​ គឺដកដង្ហើមចេញ ដកដង្ហើម​ចេញ សិក្សាថា អាត្មាអញ​ រម្ងាប់​កាយ​សង្ខារ គឺដកដង្ហើម​ចូល ដកដង្ហើម​ចូល។ ម្នាលអានន្ទ ភិក្ខុ​អ្នក​ពិចារណា​ឃើញកាយ​ក្នុង​កាយ ជាអ្នក​មានព្យា​យាម ​ដុត​កំ​ដៅ​កិលេស​ ជា​អ្នក​ដឹង​ខ្លួន​មាន​ស្មារតី កំចាត់​បង់​នូវ​អភិជ្ឈា និង​ទោម​នស្ស ក្នុងលោក​ចេញ​បាន ក្នុងសម័យ​នោះ។ ដំណើរ​នោះ​ ព្រោះ​ហេតុ​អ្វី។ ម្នាល​អានន្ទ​ តថាគតពោល​នូវ​កាយ​ ថា​ជា​ខ្យល់​ចេញ​​ចូល។ ម្នាល​អានន្ទ  ព្រោះហេតុ​នោះ​  ភិក្ខុ​ក្នុង​សាសនា​នេះ  ពិចារណា​ឃើញ​កាយ​ ក្នុង​កាយ​ជា    ​ប្រ​ក្រ​តី ជាអ្នក​មាន​ព្យា​យាម​ ដុត​កិលេស​ ជាអ្នក​ដឹង​ខ្លួន មានស្មារតី កំចាត់​បង់​នូវ​អភិជ្ឈា និង​ទោមនស្ស ក្នុង​លោក​ចេញ​បាន ក្នុង​សម័យ​នោះ ។

[៦០] ម្នាល​អានន្ទ ក្នុង​សម័យ​ណា ដែល​ភិក្ខុ​សិក្សាថា អាត្មាអញ​ កំណត់​ដឹង​នូវ​បីតិ នឹង​ដកដង្ហើម​ចេញ​ សិក្សាថា អាត្មាអញ កំណត់​ដឹង​នូវ​បីតិ​ នឹង​ដកដង្ហើម​ចូល។ សិក្សា​ថា​ អាត្មា​អញ ​កំណត់​ដឹង​ច្បាស់​ នូវ​សេចក្ដីសុខ នឹង​ដកដង្ហើម​ចេញ​ សិក្សាថា អាត្មាអញ ​កំណត់​ដឹង​ច្បាស់ ​នូវ​សេចក្ដីសុខ នឹង​ដកដង្ហើម​ចូល។​ សិក្សាថា អាត្មាអញ​កំណត់​ដឹង​ច្បាស់ ​នូវ​ចិត្ត​សង្ខារ គឺ​សញ្ញា និង​វេទនា នឹង​ដកដង្ហើម​ចេញ សិក្សាថា អាត្មា អញ កំណត់​ដឹង​ច្បាស់ ​នូវ​ចិត្ត​សង្ខារ នឹងដកដង្ហើមចូល។ សិក្សាថា អាត្មាអញ រម្ងាប់​នូវ​ចិត្តសង្ខារ នឹងដកដង្ហើម​ចេញ សិក្សាថា អាត្មាអញ រម្ងាប់​នូវ​ចិត្ត​សង្ខារ នឹង​ដកដង្ហើម​ចូល។ ម្នាល​អានន្ទ ភិក្ខុ​ពិចារណា​ឃើញ​រឿយៗ នូវ​វេទនា ក្នុងវេទនា​ទាំងឡាយ​ ជាប្រ​ក្រ​តី ជា​អ្នក​មាន​ព្យា​យាម ដុត​កំដៅ​កិលេស ​ជា​អ្នក​ដឹង​ខ្លួន ​មាន​ស្មារតី កំចាត់​បង់ ​នូវ​អភិជ្ឈា និង​ទោមនស្ស​ ក្នុង​លោក​ចេញ​បាន ក្នុង​សម័យ​នោះ។​ ដំណើរនោះ​ ព្រោះ​ហេតុ​អ្វី។ ម្នាល​អានន្ទ ព្រោះ​ថា តថា​គត​ ពោល​នូវ​វេទនា​ណា​មួយ​ គឺ​ការ​យក​ចិត្ត​ទុក​ដាក់ ​ដ៏​ប្រ​ពៃ ចំពោះ​អស្សាសៈ និង​បស្សាសៈទាំងឡាយ។ ​ម្នាល​អានន្ទ ព្រោះ​ហេតុ​នោះ​ ភិក្ខុ​ក្នុង​សាសនា​នេះ ពិចារណា​ឃើញ​វេទនា ក្នុងវេទនាទាំងឡាយ ជាប្រក្រតី ជាអ្នកមានព្យាយាម​ ដុតកំដៅកិលេស ជា​អ្នក​ដឹង​ខ្លួន​ មានស្មារតី កំចាត់​បង់ ​នូវ​អភិជ្ឈា​និង​ទោមនស្ស​ចេញ​បាន ក្នុង​សម័យ​នោះ។

[៦១] ម្នាល​អានន្ទ សម័យណា​ភិក្ខុសិក្សាថា អាត្មាអញ​ កំណត់​ដឹង​ច្បាស់​នូវ​ចិត្ត​​ នឹង​ដកដង្ហើម​ចេញ សិក្សាថា អាត្មាអញ​ កំណត់​ដឹង​ច្បាស់នូវ​ចិត្ត ​នឹង​ដកដង្ហើម​ចូល។ នឹង​ធ្វើ​ចិត្ត​ឲ្យ​រីករាយ​។បេ។ ធ្វើ​ចិត្ត​ឲ្យ​តាំងនៅ​ ក្នុង​អារម្មណ៍​ដ៏ស្មើរ។ សិក្សាថា អាត្មា​អញ​ធ្វើ​ចិត្ត​ឲ្យ​រួច​ស្រឡះ ​(​ចាក​នីវរណ​ធម៌​ ជាដើម) នឹង​ដកដង្ហើម​ចេញ សិក្សាថា អាត្មាអញ​ធ្វើ​ចិត្ត​ឲ្យ​រួច​ស្រ​ឡះ នឹង​ដកដង្ហើម​ចូល។​ ម្នាល​អានន្ទ​ ភិក្ខុ​ពិចារណាឃើញ ​នូវ​ចិត្ត​ក្នុង​ចិត្ត​ជា​ប្រក្រតី ជាអ្នក​មានព្យា​យាម ​ដុត​កំដៅ​កិលេស ជាអ្នក​ដឹង​ខ្លួន មាន​ស្មារតី កំចាត់​បង់​នូវ​អភិជ្ឈា និងទោមនស្ស​ ក្នុង​លោក​ចេញ​បាន ក្នុង​សម័យ​នោះ។ ដំណើរ​នោះ ​ព្រោះ​ហេតុ​អ្វី។​ ម្នាល​អានន្ទ ព្រោះ​ថា តថាគត មិន​បាន​ពោល​នូវ​កិរិយា​ចំរើន​ នូវ​អានាបា​នស្សតិ​សមាធិ ​របស់​បុគ្គល​ ជាអ្នក​ភ្លេច​ស្មារតី​ ជាអ្នកមិនដឹង​ខ្លួន​ទេ។ ម្នាល​អានន្ទ​ ព្រោះ​ហេតុ​នោះ ភិក្ខុ​ក្នុង​សាសនា​នេះ ពិចារណា​ឃើញ​ នូវ​ចិត្តក្នុងចិត្ត ជា​ប្រ​ក្រ​តី ជាអ្នក​មាន​ព្យាយាម​ ដុត​កំដៅ​កិលេស ជាអ្នក​ដឹង​ខ្លួន ​មានស្មារតី​ កំចាត់​បង់​ នូវ​អភិជ្ឈា​ និង​ទោ​មនស្ស​ ក្នុង​លោក​​​ចេញ​បាន ក្នុង​សម័យ​នោះ។

[៦២] ម្នាល​អានន្ទ​ សម័យណា​ ភិក្ខុ​សិក្សាថា អាត្មា​អញ​ នឹង​ពិចារណា​ឃើញនូវ​បញ្ចក្ខន្ធ ថា​មិន​ទៀង ​ដកដង្ហើម​ចេញ។ បេ។ សិក្សា​ថា​ អាត្មា​អញ នឹង​ពិចារណា​ឃើញ ​នូវ​ធម៌ប្រាសចាក​តម្រេក ពិចារណា​ឃើញ​ នូវធម៌​សម្រាប់​រំលត់​ទុក្ខ ពិចារណា​ឃើញ​ធម៌​​សម្រាប់លះ​កិលេសចោល ​នឹង​ដកដង្ហើម​ចេញ សិក្សាថា អាត្មាអញ ​ពិចារណា​ឃើញ ​​​នូវ​​ធម៌សម្រាប់​លះ​កិលេសចោល​ នឹង​ដកដង្ហើម​ចូល។ ម្នាល​អានន្ទ ភិក្ខុ​ពិចារណា​​ឃើញ​ នូវ​ធម៌ក្នុង​ធម៌ទាំងឡាយ ជាប្រក្រតី ជាអ្នក​មាន​ព្យាយាម​ ដុត​កំដៅកិលេស ជាអ្នក​ដឹង​ខ្លួន មានស្មារតី​ កំចាត់​បង់​នូវ​អភិជ្ឈា និង​ទោមនស្ស ក្នុងលោក​ចេញបាន ក្នុងសម័យ​នោះ ការលះបង់ ​នូវ​អភិជ្ឈា និង​ទោមនស្ស​ឯណា​ ភិក្ខុនោះ ​ឃើញ​ការលះបង់នោះ ដោយ​ប្រាជ្ញា​ហើយ សម្លឹង​មើល​ដោយ​ប្រពៃ។​ ម្នាល​អានន្ទ ព្រោះ​ហេតុនោះ ភិក្ខុ​ក្នុង​សាសនា​នេះ​ ពិចារណា​ឃើញ​ នូវធម៌ក្នុង​ធម៌ទាំងឡាយ ​ជា​ប្រក្រតី ​ជាអ្នក​មានព្យាយាម ​ដុត​កំដៅ កិលេស ជាអ្នកដឹង​ខ្លួន មានស្មារតី​ កំចាត់​បង់ ​នូវ​អភិជ្ឈា​ និង​ទោមនស្ស ​ក្នុង​លោក​ចេញ​បាន ក្នុង​សម័យ​នោះ។

[៦៣] ម្នាល​អានន្ទ ដូចគំនរ​អាចម៍ដីដ៏ច្រើន​ មាន​ក្នុង​ផ្លូវធំ​បែក​ជា ​៤ ប្រសិន​បើ​រទេះ​ក្ដី​ រថក្ដី មក​អំពី​ទិស​ខាង​កើត រមែង​កិន​ នូវ​គំនរ​អាចម៍ដីនោះ ​ពុំខានឡើយ។ ប្រសិន​បើមកអំពី​ទិស​ខាង​លិច​ក្ដី។ មក​អំពីទិស​ខា​ង​ជើង​ក្ដី​។ ប្រសិន​បើ​រទេះក្ដី រថក្ដី មក​អំពី​ទិស​ខាងត្បូង រមែង​កិន​ នូវ​គំនរ​អាចម៍ដី​នោះ ​ពុំ​ខាន​ឡើយ យ៉ាងណា។ ម្នាល​អានន្ទ កាល​ភិក្ខុ​ពិចារណា​ឃើញ នូវកាយ​ក្នុងកាយ​ ជាប្រក្រតី រមែង​កំចាត់​បង់​ នូវ​ពួក​ធម៌ ជា​អកុសលដ៏​លាមក ​ពុំ​ខានឡើយ។ ក្នុងវេទនាទាំងឡាយ។ ក្នុង​ចិត្ត។ ភិក្ខុ​ពិចារណា​ឃើញ​ នូវធម៌​ក្នុង​ធ​ម៌ទាំងឡាយ​ ជា​ប្រ​ក្រ​តី រមែង​កំចាត់​បង់ ​នូវ​ពួក​ធម៌ ជា​អកុសលដ៏​លាមក ​​ពុំខាន​ឡើយ ក៏យ៉ាងនោះដែរ។

ចប់ ឯកធម្មវគ្គ ទី១។

ឧទ្ទាន​គឺ​បញ្ជីរឿង ​នៃ​ឯក​ធម្មវគ្គ​នោះ​គឺ

ពោលអំពី​ការទ្រង់​សំដែង​ធម៌​ ១  ដែល​ជាអង្គ​នៃធម៌​ជាគ្រឿង​ត្រាស់ដឹង ១ ​អំពី​អានាបានស្សតិ​សុទ្ធិ​ មានផល​ ២​ ប្រការ ១ អំពី​អរិដ្ឋភិក្ខុ ១ អំពី​ព្រះមហាកប្បិន ១​ អំពី​សេចក្ដី​ប្រៀប ​ដោយ​ប្រ​ទីប​ប្រេង ១ អំពី​ព្រះ​ដ៏​មានព្រះភាគ គង់​នៅទៀបក្រុងវេសាលី ១ អំពីព្រះកិមិលៈដ៏មានអាយុ ១។

ទុតិយវគ្គ ទី២

[៦៤] ​សម័យ​មួយ​ ព្រះ​ដ៏​មាន​ព្រះ​ភាគ ទ្រង់​គង់​នៅ​ក្នុង​ដង​ព្រៃ​ ឈ្មោះ​ឥ​ច្ឆានង្គល  ជិត​ស្រុក​ឥច្ឆានង្គល។ ក្នុង​ទី​នោះ​ឯង ​ព្រះ​ដ៏​មាន​ព្រះភាគ ទ្រង់​ត្រាស់​នឹង​ភិក្ខុ​ទាំងឡាយ​ថា ម្នាល​ភិក្ខុ​ទាំងឡាយ តថាគត ​ប្រាថ្នា​នឹង​សម្ងំ​នៅ​ក្នុង​ទី​ស្ងាត់ អស់​ ៣ ខែ ​កុំ​ឲ្យ​ភិក្ខុ​ណា​មួយ​ចូលមក​រកតថាគត​ឡើយ វៀ​រលែង​តែ​ភិក្ខុ​​ ១​ រូប អ្នក​នាំ​មក​នូវ​ចង្ហាន់​បិណ្ឌ​បាត។  ភិក្ខុ​ទាំង​នោះ​ ទទួល​ស្ដាប់​ព្រះពុទ្ធដីកា​ព្រះដ៏​មាន​ព្រះភាគ​ថា​ ព្រះករុណា ព្រះអង្គ ឥត​មាន​ភិក្ខុ​ណា​មួយ ​ហ៊ាន​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ ​ក្នុង​ទី​នោះ​ទេ វៀរ​លែង​តែ​ភិក្ខុ ១ រូប ​អ្នក​នាំ​មក​នូវ​ចង្ហាន់​បិណ្ឌ​បាត។

[៦៥] លុះ​កន្លង​កាល ៣​ ខែនោះ​ទៅ​ហើយ ទើប​ព្រះដ៏​មាន​ព្រះ​ភាគ​ ក៏​ចេញ​ចាក​ទី​សម្ងំ​ ហើយត្រាស់​ហៅ​ភិក្ខុទាំងឡាយ​មក​ថា ម្នាលភិក្ខុទាំង​ឡាយ បើ​មាន​ពួក​បរិព្វាជក​ជាអន្យតិរិ្ថយ ​សួរ​អ្នក​ទាំងឡាយ ​យ៉ាង​នេះថា ម្នាលអាវុសោ​ទាំងឡាយ​ ព្រះសមណ​គោតម​​ គង់​​ចាំវស្សា​ច្រើន ​ដោយ​វិហារធម៌ (ធម៌​ជា​គ្រឿងនៅ) ដូចម្ដេច។ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ កាល​បើពួកបរិព្វា​ជក ជា​អន្យតិរ្ថិយ​ សួរ​យ៉ាងនេះ​ហើយ អ្នកទាំងឡាយ ​គប្បី​ដោះ​​​ស្រាយ ចំពោះបរិព្វាជក ជាអន្យតិរ្ថិយទាំងនោះ យ៉ាងនេះវិញថា ម្នាលអាវុសោ​ទាំងឡាយ  ព្រះ​ដ៏​មាន​ព្រះភាគ​ ទ្រង់​ចាំ​វស្សា​ ច្រើន​ដោយ​អានា​បាន​ស្សតិសមាធិ។

[៦៦] ម្នាល​ភិក្ខុទាំងឡាយ​ ក្នុង​ទីនេះ​ តថា​គតមាន​ស្មារតី​ចាំជាក់​ ដកដង្ហើម​ចេញ មាន​ស្មារតី​ចាំជាក់ ​ដកដង្ហើម​ចូល​ កាល​ដកដង្ហើម​ចេញវែង ក៏​ដឹង​ច្បាស់​ថា អាត្មាអញ​ដកដង្ហើម​ចេញវែង កាល​ដកដង្ហើមចូលវែង ក៏​ដឹង​ច្បាស់​ថា​ អាត្មាអញ ​ដកដង្ហើម​ចូល​វែង។ កាលដកដង្ហើមចេញខ្លី​ ក៏​ដឹង​ច្បាស់​ថា អាត្មាអញ​ ដកដង្ហើម​ចេញ​ខ្លី កាលដក​ដង្ហើម​ចូលខ្លី ក៏ដឹងច្បាស់ថា អាត្មាអញ ដកដង្ហើមចូលខ្លី។ តថាគត ដឹង​ច្បាស់ថា​ អាត្មាអញ នឹង​ជាអ្នក​ដឹង​ច្បាស់ ​នូវ​កាយ​ទាំង​ពួង ទើប​ដកដង្ហើម​ចេញ (សេចក្ដី​ពិស្ដារ)។ តថា​គត ដឹង​ច្បាស់​ថា អាត្មា​អញ​ នឹង​ជាអ្នកពិចារណា​ឃើញ នូវ​ធម៌​ជាគ្រឿង​លះ​ចោល ​​​​នូវ​កិលេស  ទើបដកដង្ហើម​ចេញ​ ដឹងច្បាស់ថា អាត្មាអញ​ នឹង​ជាអ្នក​ពិចារណា​​​​ឃើញ ​នូវ​ធម៌​ជា​គ្រឿង​លះ​ចោល ​នូវ​កិលេស ​ដកដង្ហើម​ចូល​។

[៦៧] ម្នាល​ភិក្ខុទាំងឡាយ បុគ្គល ​កាល​ពោល​ឲ្យ​ត្រូវ​ គប្បី​ពោល​នូវ​ធម៌ឯ​ណាថា អរិយវិហារ (​ធម៌​ជា​គ្រឿងនៅ របស់​ព្រះ​អរិយៈ)​ ដូច្នេះ​ក្ដី​ ថា​ ព្រហ្ម​វិហារ (ធម៌ជា​គ្រឿង​​នៅ របស់​ព្រហ្ម) ដូច្នេះក្ដី​ ថាតថាគត​វិហារ (ធម៌​ជាគ្រឿង​នៅ ​របស់​ព្រះតថាគត) ដូច្នេះក្ដី បុគ្គល​ កាល​ពោល​ឲ្យ​ត្រូវ គប្បី​ពោល​នូវ​អានាបានស្សតិ​សមាធិចុះ​ថា អរិយ​វិហារ ​ដូច្នេះ​ក៏​បាន ថាព្រះ​ហ្ម​វិហារ​ ដូច្នេះ​ក៏​បាន ថាតថាគត​វិហារ ​ដូច្នេះ​ក៏​បាន។ ម្នាល​ភិក្ខុទាំងឡាយ ពួក​ភិក្ខុ​ឯណា ​ជា​សេក្ខៈ មិនទាន់​បា​ន​សម្រេច​អរហត្តផល​នៅឡើយ កាលបើ​ប្រាថ្នា ​នូវ​ព្រះ​និព្វាន ​ជា​ទី​ក្សេ​ម ចាក​យោគៈ​ដ៏​ប្រ​សើរ អានា​បាន​ស្ស​តិសមាធិ ​ដែល​ភិក្ខុ​ទាំង​នោះ បាន​ចំរើន ​បាន​ធ្វើ​ឲ្យ​រឿយៗ ហើយ ​រមែងប្រព្រឹត្ត​ទៅ ​ដើម្បីអស់​ទៅ​នៃ​អាសវៈ​ទាំងឡាយ​បាន។

[៦៨] ម្នាល​ភិក្ខុទាំងឡាយ​ ពួក​ភិក្ខុឯណា ជាអរហន្ដ​ មាន​អាសវៈ​អស់​ហើយ មាន​ព្រហ្ម​ចរិយៈ នៅរួចហើយ មាន​សោឡសកិច្ច ​ធ្វើស្រេច​ហើយ មានភារៈដាក់​ចុះហើយ មានប្រ​យោជន៍​របស់​ខ្លួន ​បាន​សម្រេច​ហើយ មាន​កិលេស​ជាគ្រឿង​ប្រកប​ ក្នុងភពអស់​រលីង​ហើយ មាន​ចិត្តផុតស្រ​ឡះហើយ ព្រោះ​ដឹង​ច្បាស់ ​ដោយ​ប្រ​ពៃ អានា​បានស្សតិ​សមាធិ ​ដែល​ភិក្ខុទាំងនោះ​ បាន​ចំរើន ​បាន​ធ្វើ​ឲ្យ​រឿយៗហើយ រមែង​ប្រ​ព្រឹត្ត​ទៅ ​ដើម្បី​នៅ​ជា​សុខ ​ក្នុង​បច្ចុប្ប​ន្ន​ផង ដើម្បី​សតិ និង​សម្បជញ្ញៈ​ផង។

[៦៩] ម្នាល​ភិក្ខុទាំងឡាយ បុគ្គល​ កាល​ពោល​ឲ្យ​ត្រូវ​ គប្បី​ពោល នូវ​ធម៌ឯ​ណា​ថា អរិយ​វិហារ ​ដូច្នេះក្ដី ថា​ព្រហ្ម​វិហារ​ ដូច្នេះ​ក្ដី​ ថា​តថា​គត​វិហារ​ ដូច្នេះក្ដី​ បុគ្គល កាល​ពោល​ឲ្យ​ត្រូវ​ គប្បី​ពោល​នូវ​អានា​បាន​ស្សតិ​សមាធិចុះ​ថា អរិយវិហារ ដូច្នេះ​ក៏​បាន ថាព្រហ្ម​វិហារ​ដូច្នេះ​ក៏​បាន​ ថា​តថាគត​វិហារ​ ដូច្នេះ​ក៏​បាន។

[៧០] សម័យមួយ​ ព្រះ​លោម​សកំភិយៈ​ដ៏​មានអយុ គង់​នៅ​ក្នុងនិគ្រោធារាម ជិត​​ក្រុង​កបិល​ព័ស្ភុ ក្នុង​ដែន​សក្កៈ។ គ្រា​នោះ​ ស្ដេច​សក្យ​ ឈ្មោះ ​មហានាម ចូល​ទៅ​រក​ព្រះលោម​សកំភិយៈ​ ដ៏​មានអាយុ លុះ​ចូល​ទៅ​ដល់​ហើយ ក៏​ក្រាប​ថ្វាយ​បង្គំ​ព្រះ លោម​សកំភិយៈ​ ដ៏​មាន​អាយុ ហើយ​គង់​ក្នុងទី​ដ៏​សមគួរ។ លុះ​មហានាមសក្យ គង់ក្នុង​ទី​សម​គួរ​ហើយ ក៏​ពោល​ទៅ​នឹង​ព្រះ​លោម​សកំភិយៈដ៏​មាន​អាយុ ដូច្នេះ​ថា បពិត្រ​លោក​ម្ចាស់ដ៏​ចំរើន សេក្ខវិហារ (ធម៌​ជាគ្រឿង​នៅ ​របស់​សេក្ខៈ) នោះឯង​ គឺជា តថាគត​វិហារ​នោះ ឬ​ហ្ន៎។ ឬ​ថា សេក្ខវិហារ​ដោយឡែក តថា​គត​វិហារ​ដោយឡែក។ ម្នាល​អាវុសោ មហា​នាម​ សេក្ខវិហារ​នោះ​ឯង​ មិន​មែនជាថាគត​វិហារ​នោះ​ទេ។ ម្នាល​អាវុសោមហានាម សេក្ខវិហារដោយឡែក តថាគត​វិហារ​ដោយឡែក។

[៧១] ម្នាល​អាវុសោ​ មហានាម ពួក​ភិក្ខុឯណា ជាសេក្ខៈ ​មិន​ទាន់​បាន​សម្រេច​អរហត្ត​​ផល​នៅ​ឡើយ កាល​បើ​ប្រាថ្នា​ នូវ​ព្រះ​និព្វាន​ ជាទីក្សេម​ចាក​យោគៈ​ដ៏​ប្រសើរ ភិក្ខុ​ទាំង​នោះ​ លះ​បង់​នូវ​នីវរណៈ​ទាំង​ ៥ ចេញ។ នីវរណៈ​ ៥ ​តើ​ដូចម្ដេច។ ​គឺ​ភិក្ខុទាំង​នោះ លះបង់​កាម​ច្ឆន្ទ​នីវ​រណៈ ១​ ព្យាបាទ​នីវរណៈ ១។​បេ​។​ ថីនមិទ្ធ​នីវរណៈ ១ ឧទ្ធច្ចកុក្កុ​ច្ច​នីវរណៈ ១ លះបង់​វិចិកិច្ឆានីវរណៈ ១។ ម្នាល​អាវុសោ មហា​នាម​ ពួក​ភិក្ខុ​ឯណា ជា​សេក្ខៈ​ មិនទាន់​បានសម្រេច​អរហត្ត​ផល​នៅ​ឡើយ កាល​បើ​ប្រាថ្នា ​នូវ​ព្រះ​និព្វា​ន ​ជា​ទី​ក្សេម​ ចាក​យោគៈ​ដ៏​ប្រ​សើរ ភិក្ខុ​ទាំង​នោះ ​រមែង​លះ​បង់​ នូវ​នីវរណៈទាំង ៥ នេះ​ឯង។

[៧២] ម្នាលអាវុសោ​ ​មហា​នាម​ ពួក​ភិក្ខុ​ឯណា ជា​អរហន្ត មាន​អាសវៈ​អស់​ហើយ មានព្រហ្ម​ចរិយៈនៅរួច​ហើយ មាន​សោឡ​សកិច្ច ​ធ្វើ​ស្រេចហើយ មាន​ភារៈ​ដាក់​ចុះហើយ មាន​ប្រ​យោជន៍របស់​ខ្លួន​ បាន​សម្រេច​ហើយ មាន​កិលេស​ជាគ្រឿង​ប្រ​កប ​ក្នុង​ភព​អស់​រលីង​ហើយ មាន​ចិត្ត​ផុត​ស្រ​ឡះ​ហើយ ព្រោះ​ដឹង​ច្បាស់ ​ដោយ​ប្រ​ពៃ ភិក្ខុ​ទាំង​នោះ បាន​លះ​បង់​នីវរណៈ ៥ ហើយ​បាន​ផ្ដាច់​ផ្ដិល​ឫស​គល់​អស់​ហើយ បាន​ធ្វើ​ឲ្យ​នៅ​សល់​តែ​ទី​នៅ​ដូ​ចជាទីនៅ​ នៃ​ដើម​ត្នោត​​ ធ្វើ​មិន​ឲ្យមាន​បែប​ភាព ​ជា​ស​ភាវៈ​មិន​កើត​ឡើង​តទៅទៀត​ឡើយ។ នីវរណៈ ៥​ តើដូចម្ដេច។ គឺ​ភិក្ខុ​ទាំង​នោះ​ បាន​លះបង់កាម​ច្ឆ​ន្ទ​នីវរណៈ បាន​ផ្ដាច់​ផ្ដិលឫស​គល់​អស់​ហើយ បាន​ធ្វើ​ឲ្យ​​នៅ​សល់​តែ​ទី​នៅ​ ដូច​ជា​ទី​នៅ ​នៃ​ដើម​ត្នោត ធ្វើ​មិន​ឲ្យ​មានបែប​ភាព​ ជា​សភាវៈ​មិន​កើត​ឡើង​ត​ទៅ​ទៀត​ឡើយ បាន​លះ​បង់​ព្យា​បាទ​នីវរណៈ។បេ។ ថីនមិទ្ធ​នីវរណៈ ឧ​ទ្ធ​ច្ច​កុក្កុ​ច្ច​នីវរណៈ បាន​លះ​បង់​វិចិកិច្ឆា​នីវរណៈ ហើយ បាន​ផ្ដាច់​ផ្ដិល​ឫស​គល់​អស់​ហើយ បាន​ធ្វើ​ឲ្យ​នៅ​សល់​តែ​ទី​នៅ ​ដូច​ជា​ទី​នៅ ​នៃ​ដើម​ត្នោត ធ្វើ​មិន​ឲ្យ​មាន​បែបភាព ជាសភាវៈ​មិន​កើត​ឡើង​តទៅ​ទៀត​ឡើយ។ ម្នាល​អាវុសោ មហានាម​ ពួក​ភិក្ខុ​ឯណា ​ជា​អហន្ត​ មាន​អាសវៈ​អស់​ហើយ មាន​ព្រ​ហ្ម​ចរិយៈ​នៅ​រួច​ហើយ មាន​សោ​ឡ​សកិច្ច ​ធ្វើ​ស្រេច​ហើយ មាន​ភារៈ​ដាក់​ចុះ​ហើយ មាន​ប្រ​យោជន៍​របស់​ខ្លួន​ បាន​សម្រេច​ហើយ មាន​កិលេស​ជា​គ្រឿង​ប្រ​កប​ ក្នុង​ភព​អស់​រលីង​ហើយ មាន​ចិត្ត​ផុត​ស្រ​ឡះ​ហើយ ព្រោះ​ដឹង​ច្បាស់​ដោយ​ប្រ​ពៃ ភិក្ខុ​ទាំងនោះ ​បាន​លះ​បង់​នីវរណៈ​ទាំង ​៥ នេះ បាន​ផ្ដាច់​ផ្ដិល​ឫស​គល់​អស់​ហើយ បាន​ធ្វើ​ឲ្យ​នៅសល់​តែ​ទី​នៅ​ ដូច​ជា​ទី​នៅ ​នៃ​ដើម​ត្នោត ធ្វើ​មិន​ឲ្យ​មាន​បែប​ភាព​ ជា​សភាវៈមិន​កើត​ឡើង​ត​ទៅ​ទៀត​ឡើយ។

[៧៣] ម្នាល​អាវុសោ មហា​នាម អ្នក​គប្បី​ដឹង​នូវ​សេចក្ដី​នោះ​ ដោយ​បរិយាយ​នេះ​ចុះ​ តាម​ទំនងថា សេក្ខ​វិហារ​ដោយ​ឡែក តថាគត​វិហារ​ដោយ​ឡែក។

[៧៤] ម្នាល​អាវុសោ មហានាម សម័យមួយ​ ព្រះ​ដ៏មាន​ព្រះ​ភាគ​ ទ្រង់​គង់​នៅ​ក្នុង​ដង​ព្រៃ ឥច្ឆានង្គល ជិត​ដែន​ឥច្ឆានង្គល។ ម្នាល​អាវុសោ ក្នុង​ទី​នោះឯង ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយ​មក​ថា ម្នាលភិក្ខុទាំងឡាយ តថាគត​ ប្រាថ្នា​ដើម្បី​សម្ងំ​នៅ​ក្នុង​ទីស្ងាត់​ អស់ ៣​ ខែ កុំ​ឲ្យ​ភិក្ខុ​ណាមួយ​ ចូល​មករក​តថាគត​ឡើយ វៀរលែង​តែ​ភិក្ខុ ​១ រូប ​អ្នក​នាំ​ទៅ​ នូវ​ចង្ហាន់​បិណ្ឌ​បាត។ ម្នាល​អាវុសោ ភិក្ខុ​ទាំងនោះ​ ក៏ទទួល​ស្ដាប់​ព្រះ​ពុទ្ធដីកា​​ព្រះ​ដ៏មាន​ព្រះ​ភាគ​ថា ព្រះ​ករុណា ​ព្រះអង្គ ឥត​មាន​ភិក្ខុ​ណា​មួយ​ ហ៊ានចូល​ទៅ​គាល់ព្រះដ៏មាន​ព្រះ​ភាគ ​ក្នុង​ទីនោះ​ទេ វៀរ​លែង​តែ​ភិក្ខុ​ ១​ រូប​ អ្នក​នាំ​ទៅ​ នូវ​ចង្ហាន់​បិណ្ឌ​បាត។

[៧៥] ម្នាល​អាវុសោ លុះ​កន្លង ៣​ ខែ​នោះ​ទៅ​ ទើបព្រះ​ដ៏​មាន​ព្រះភាគ ទ្រង់​ចេញ​ចាក​ទី​សម្ងំ ហើយត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយ​មក​ថា​ ម្នាល​ភិក្ខុទាំងឡាយ បើ​ពួក​បរិព្វា​ជក​ ជា​អន្យតិរិ្ថយ​ សួរ​អ្នក​ទាំងឡាយ ​យ៉ាង​នេះ​ថា ម្នាល​អាវុសោ​ទាំងឡាយ ព្រះ​សម​គោតម គង់​ចាំ​វស្សា​ ច្រើនដោយ​វិហារធម៌​ដូច​ម្ដេច។ ម្នាល​ភិក្ខុទាំងឡាយ កាល​បើ​ពួក​បរិព្វា​ជក​ជា​អន្យតិរិ្ថយ ​សួរ​យ៉ាង​នេះ​ហើយ អ្នក​ទាំងឡាយ ​គប្បី​ដោះ​ស្រាយ ​ចំពោះ​ពួក​បរិព្វា​ជ​​ក ជា​អន្យតិរិ្ថយទាំងនោះ ​យ៉ាង​នេះថា ម្នាល​អាវុសោ​ទាំងឡាយ ព្រះដ៏​មាន​ព្រះ​ភាគ ​ទ្រង់​គង់​ចាំ​វស្សា ​ច្រើន​ដោយ​អានា​បាន​ស្សតិ​សមាធិ។

[៧៦] ម្នាល​ភិក្ខុទាំងឡាយ ក្នុងទីនេះ តថាគត​ មានស្មារតី​ចាំ​ជាក់ ដកដង្ហើមចេញ មានស្មារតី​ចាំ​ជាក់ ​ដកដង្ហើម​ចូល កាល​ដកដង្ហើមចេញវែង ក៏​ដឹង​ច្បាស់​ថា អាត្មាអញ​ដកដង្ហើម​ចេញ​វែង កាលដកដង្ហើម​ចូល​វែង ក៏ដឹង​ច្បាស់ថា អាត្មាអញ ​ដកដង្ហើម​ចូល​វែង (បណ្ឌិត​គប្បីសំដែង​ឲ្យ​ពិស្ដារ​ផង​ចុះ​)។ តថាគត​ដឹង​ច្បាស់ថា អាត្មាអញ ​នឹង​ជា​អ្នក​​​​ពិចារណា​ឃើញ​ នូវធម៌​ជាគ្រឿង​លះ​ចោល​នូវ​កិលេស ទើប​ដកដង្ហើម​ចេញ​ ដឹង​ច្បាស់​ថា ​អាត្មាអញ ​នឹង​ជាអ្នក​ពិចារណា​ឃើញ ​នូវធម៌ជាគ្រឿង​លះចោល​នូវ​កិលេស ​ទើប​ដកដង្ហើម​ចូល។

[៧៧] ម្នាល​ភិក្ខុទាំងឡាយ បុគ្គល​កាល​បើ​ពោល​ឲ្យ​ត្រូវ​ គប្បី​ពោល​នូវ​ធម៌​ឯណា​ថា អរិយវិហារ​ ដូច្នេះក្ដី ថា ព្រហ្ម​វិហារ ​​ដូច្នេះ​ក្ដី​ ថា តថាគត​វិហារ ដូច្នេះ​ក្ដី បុគ្គល​កាល​បើ​ពោល​ឲ្យ​ត្រូវ​ គប្បីពោល​នូវ​អានាបានស្សតិសមាធិ​ចុះថា អរិយវិហារ ​ដូច្នេះ​ក៏​បាន ថាព្រហ្ម​វិហារ​ ដូច្នេះ​ក៏​បាន ថាតថាគត​វិហារ​ ដូច្នេះ​ក៏​បាន។ ម្នាល​ភិក្ខុទាំងឡាយ ​ពួក​ភិក្ខុ​ឯណា​​​ ជា​សេក្ខៈ មិនទាន់​បាន​សម្រេច​អរហត្តផល​នៅ​ឡើយ កាល​បើ​ប្រាថ្នា​ នូវព្រះ​និព្វាន ជាទីក្សេម ចាក​យោគៈដ៏​ប្រសើរ អានា​បាន​ស្សតិ​សមា​ធិ​ ដែល​ភិក្ខុទាំងនោះ​ បាន​ចំរើន  បាន​ធ្វើ​ឲ្យ​រឿយ ៗ រមែងប្រព្រឹត្ត​ទៅ ​ដើម្បី​អស់​ទៅ​ នៃអាសវៈ​ទាំងឡាយ​បាន។

[៧៨] ម្នាល​ភិក្ខុទាំងឡាយ ពួកភិក្ខុឯណា​ ជាអរហន្ត ​មាន​អាសវៈអស់​ហើយ មាន​ព្រហ្ម​ចរិយធម៌​ នៅរួច​ហើយ មាន​សោឡសកិច្ច បាន​ធ្វើ​ស្រេច​ហើយ មាន​ភារៈ​ដាក់​ចុះ​ហើយ មានប្រយោជន៍​របស់​ខ្លួន ​បាន​សម្រេច​ហើយ​ មាន​កិលេស​ជា​គ្រឿង​ប្រ​កប​ក្នុង​ភព​ អស់​រលីង​ហើយ​ មានចិត្ត​ផុត​ស្រឡះហើយ​ ព្រោះ​ដឹង​ច្បាស់​ ដោយ​ប្រ​ពៃ ភិក្ខុទាំង​នោះ បាន​ចំរើន​ បាន​ធ្វើ​ឲ្យរឿយៗ  នូវ​អានាបានស្សតិ​សមាធិ​ហើយ រមែង​ប្រ​ព្រឹត្ត​ទៅ ដើម្បី​នៅ​ជា​សុខ ​ក្នុង​បច្ចុប្បន្ន​ផង ដើម្បីសេចក្ដី​រលឹក​ និង​សេចក្ដី​ដឹង​ច្បាស់​ផង។

[៧៩] ម្នាល​ភិក្ខុទាំងឡាយ បុគ្គល​កាល​បើ​ពោល​ឲ្យ​ត្រូវ​ គប្បី​ពោល​នូវ​ធម៌​ឯណា​ថា អរិយវិហារ​ ដូច្នេះ​ក្ដី​ ថាព្រហ្ម​វិហារ​ ដូច្នេះ​ក្ដី ថាតថាគត​វិហារ ​ដូច្នេះក្ដី បុគ្គល​កាល​បើ​ពោល​ឲ្យ​ត្រូវ​ គប្បីពោល​ នូវ​អានា​បាន​ស្សតិ​សមាធិ​ចុះ​ថា អរិយវិហារ ដូច្នេះ​ក៏​បាន ថា ព្រហ្មវិហារ​ ដូច្នេះក៏​បាន​ ថាតថា​គតវិហារ​ ដូច្នេះ​ក៏​បាន។

[៨០] ម្នាលអាវុសោ មហា​នាម អ្នកគប្បី​ដឹង​នូវ​សេចក្ដីនុ៎ះ ដោយ​បរិយាយនេះចុះ តាមទំនង​ថា សេក្ខវិហារ ​ដោយ​ឡែក​ តថា​គត​វិហារ ដោយឡែក។

[៨១] ទៀប​ក្រុង​សាវត្ថី។ គ្រានោះ ព្រះអានន្ទដ៏មាន​អាយុ ចូលទៅគាល់​ព្រះដ៏​មានព្រះភាគ លុះចូលទៅដល់​ហើយ ក៏ក្រាបថ្វាយ​បង្គំ ព្រះដ៏​មានព្រះភាគ ហើយអង្គុយ​ក្នុងទីសមគួរ។ លុះ​ព្រះអានន្ទដ៏មានអាយុ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាប​បង្គំទូល​សួរ ព្រះដ៏​មានព្រះភាគ ដូច្នេះថា បពិត្រ​ព្រះអង្គដ៏ចំរើន ធម៌ ១ ដែល​បុគ្គល បាន​ចំរើន  បាន​ធ្វើ​ឲ្យ​រឿយៗហើយ រមែង​ញ៉ាំងធម៌ ៤ ឲ្យ​ពេញ ធម៌ ៤ ដែល​បុគ្គល​បាន​ចំរើន​​ បាន​ធ្វើ​ឲ្យ​រឿយៗហើយ​ រមែង​ញ៉ាំងធម៌ ៧ ឲ្យ​ពេញ ធម៌​ ៧ ដែលបុគ្គល​បាន​ចំរើន បានធ្វើ​ឲ្យ​រឿយៗហើយ រមែងញ៉ាំង​ធម៌ ២ ​ឲ្យ​ពេញ​បាន​ដែរ​ឬ។ ម្នាល​អានន្ទ​ធម៌ ១ ដែល​បុគ្គលបានចំរើន បានធ្វើ​ឲ្យ​រឿយៗ​ហើយ រមែង​ញ៉ាំង​ធម៌​ ៤​​ ឲ្យ​ពេញ ធម៌ ​៤ ​ដែល​បុគ្គលបានចំរើន បានធ្វើ​ឲ្យ​រឿយៗហើយ​ រមែង​ញ៉ាំងធម៌ ​៧​ ​ឲ្យពេញ ធម៌ ៧ ដែលបុគ្គល​បាន​ចំរើន​ បានធ្វើ​ឲ្យ​រឿយៗហើយ រមែង​ញ៉ាំង​ធម៌ ​២ ឲ្យ​ពេញបាន​ដែរ។

[៨២] បពិត្រព្រះអង្គដ៏ចំរើន ចុះធម៌ ១ ដែលបុគ្គលបានចំរើន បាន​ធ្វើឲ្យ​រឿយៗ​ហើយ រមែង​ញ៉ាំង​ធម៌​ ៤​ ឲ្យ​ពេញ ធម៌​ ៤​ ដែលបុគ្គល​បាន​ចំរើន បាន​ធ្វើ​ឲ្យ​រឿយៗ​ហើយ រមែង​ញ៉ាំង​ធម៌​ ៧​ ឲ្យ​ពេញ ធម៌​ ៧​ ដែលបុគ្គល​បាន​ចំរើន បាន​ធ្វើ​ឲ្យ​រឿៗហើយ រមែង​ញ៉ាំង​ធម៌​ ២ ​ឲ្យ​ពេញ​បាន តើដូចម្ដេច។ ​ម្នាល​អានន្ទ ធម៌ ​១​ គឺ​អានា​បានស្សតិសមាធិ ដែល​​​បុគ្គលបាន​ចំរើន បាន​ធ្វើឲ្យ​រឿយៗ​ហើយ រមែងញ៉ាំង​សតិប្បដ្ឋាន​ ​៤​ ឲ្យ​ពេញ សតិប្បដ្ឋាន ​៤​​  ដែល​បុគ្គល​បាន​ចំរើន បាន​ធ្វើ​ឲ្យរឿយៗ​ហើយ រមែង​ញ៉ាំង​ពោជ្ឈង្គ ​៧​ ឲ្យ​ពេញ​ ពោជ្ឈ​ង្គ​ ៧​ ដែលបុគ្គល​បាន​ចំរើន បាន​ធ្វើ​ឲ្យ​រឿយៗ​ហើយ រមែងញ៉ាំង​វិជ្ជា ​និង​វិមុត្តិ​ឲ្យ​ពេញបាន។

[៨៣] ម្នាល​អានន្ទ​ ចុះអានាបានស្សតិ​សមាធិ ដែល​បុគ្គល​បានចំរើន ដូចម្ដេច បានធ្វើ​ឲ្យ​រឿយៗ ​ដូចម្ដេច រមែងញ៉ាំង​សតិប្បដ្ឋាន​ ៤ ឲ្យ​ពេញបាន។ ម្នាល​អានន្ទ ភិក្ខុ​ក្នុងសាសនា​នេះ​ នៅ​ក្នុង​ព្រៃក្ដី នៅ​ទៀប​គល់ឈើ​ក្ដី នៅ​ក្នុងផ្ទះស្ងាត់ក្ដី អង្គុយ​ពែន​ភ្នែន តម្រង់​កាយ​ឲ្យ​ត្រង់ ប្រុងស្មារតី ឆ្ពោះទៅ​រក​កម្មដ្ឋាន។ ​ភិក្ខុនោះ មានស្មារតី​ចាំជាក់ ដកដង្ហើម​ចេញ ​មានស្មារតីចាំជាក់ ដកដង្ហើមចូល ​កាលដកដង្ហើម​ចេញ​វែង ក៏​ដឹង​ច្បាស់ថា អាត្មាអញ ដកដង្ហើមចេញវែង កាលដកដង្ហើម​ចូល​វែង​ ក៏ដឹងច្បាស់ថា អាត្មាអញ ដកដង្ហើមចូលវែង ​(បណ្ឌិតគប្បី​ឲ្យ​ពិស្ដារផងចុះ)។ ភិក្ខុនោះ​ សិក្សាថា អាត្មា​​ អញ នឹង​ជាអ្នក​ពិចារណា​ឃើញ​ នូវ​ធម៌ជា​គ្រឿងលះចោល នូវ​កិលេស ដកដង្ហើម​ចេញ សិក្សាថា អាត្មាអញ ​នឹង​ជាអ្នក​ពិចារណាឃើញ ​នូវ​ធម៌ជា​គ្រឿង​លះ​ចោល​នូវ​កិលេស​ ដក​ដង្ហើមចូល។ ម្នាលអានន្ទ សម័យ​ណា ភិក្ខុ​កាលដកដង្ហើម​ចេញវែង ក៏ដឹងច្បាស់​ថា​ អាត្មាអញ ដកដង្ហើម​ចេញ​វែង កាលដកដង្ហើម​ចូលវែង​ ក៏ដឹង​ច្បាស់​ថា អាត្មាអញ ដក ដង្ហើមចូលវែង។ កាលដកដង្ហើម​ចេញខ្លី។បេ។ ភិក្ខុសិក្សាថា អាត្មា​អញ​ នឹង​រម្ងាប់​នូវកាយ​សង្ខារ គឺ​ដកដង្ហើម​ចេញ ទើប​ដកដង្ហើម​ចេញ សិក្សាថា អាត្មា​អញ​ នឹង​រម្ងាប់​នូវកាយ​សង្ខារ គឺដកដង្ហើម​ចូល ទើបដកដង្ហើម​ចូល។ ម្នាល​អានន្ទ សម័យ​នោះ ភិក្ខុឈ្មោះ​ថា ពិចារណា​ឃើញ ​នូវ​កាយ​ក្នុង​កាយ មានព្យាយាម ​ជាគ្រឿង​ដុត​កំដៅកិលេស​ ជាអ្នក​ដឹងខ្លួន ​មានស្មារតី​កំចាត់​បង់ នូវអភិដ្ឈា ​និងទោមនស្ស​ក្នុង​លោក។ សេចក្ដីនោះ​ ព្រោះ​ហេតុ​អ្វី។ ម្នាលអានន្ទ (ព្រោះ)​ តថាគត​ពោលនូវ​កាយ​ [កាយ៤យ៉ាង គឺ បឋវីកាយ១ អាបោកាយ១ តេជោកាយ១ វាយោកាយ១ ក្នុងទីនេះ សំដៅយក វាយោកាយ។ (អដ្ឋកថា)។] ណាមួយ​នុ៎ះ ថា បានដល់ខ្យល់ដកដង្ហើម​ចេញ​ និងដកដង្ហើមចូល។​ ម្នាល​អានន្ទ​ ព្រោះ​ហេតុ​នោះ បានជា​សម័យនោះ ឈ្មោះថា ភិក្ខុក្នុងសាសនានេះ ពិចារណា​ឃើញ​ នូវកាយ​ក្នុង​កាយ មានព្យាយាម ជាគ្រឿង​ដុតកំដៅ​កិលេស ជាអ្នកដឹង​ខ្លួន មានស្មារតី កំចាត់​បង់ ​នូវ​អភិជ្ឈា ​និង​ទោមនស្ស​ក្នុង​លោក។

[៨៤] ម្នាលអានន្ទ សម័យ​ឯណា ភិក្ខុសិក្សាថា អាត្មាអញ​ នឹង​ជា​អ្នក​ដឹង​ច្បាស់​នូវបីតិ ដកដង្ហើមចេញ។​ ​ដឹង​ច្បាស់នូវ​សុខ។ ដឹងច្បាស់​នូវ​ចិត្ត​សង្ខារ។ ភិក្ខុសិក្សាថា អាត្មាអញ​ នឹង​រម្ងាប់​នូវ​ចិត្ត​សង្ខារ ដកដង្ហើម​ចេញ​ សិក្សាថា អាត្មាអញ ​នឹង​រម្ងាប់​នូវ​ចិត្តសង្ខារ​ ដកដង្ហើម​ចូល។ ម្នាល​អានន្ទ សម័យ​នោះ ឈ្មោះ​ថា ភិក្ខុពិចារណា​ឃើញ ​នូវ​វេទនា​ក្នុង​វេទនា មាន​ព្យាយាម ​ជាគ្រឿង​ដុតកំដៅកិលេស ជាអ្នក​ដឹង​ខ្លួន​ មាន​ស្មារតី កំចាត់​បង់​ នូវ​អភិជ្ឈា និង​ទោមនស្ស ក្នុងលោក។​ សេចក្ដី​នោះ ​ព្រោះ​ហេតុ​អ្វី។ ម្នាល​អានន្ទ ​(ព្រោះ) តថាគត ​ពោល​នូវ​វេទនា​ណា​មួយ​នុ៎ះ ថាបានដល់​ការយកចិត្ត​ទុកដាក់​ដោយ​ប្រពៃ នូវ​ខ្យល់ដកដង្ហើមចេញ និងខ្យល់ដកដង្ហើមចូល។ ម្នាលអានន្ទ​ ព្រោះហេតុ​នោះ បានជា​សម័យនោះ ​ឈ្មោះថា ភិក្ខុក្នុងសាសនា​នេះ​ ពិចារណា​ឃើញ​ នូវ​វេទនា​ក្នុង​វេទនា មានព្យាយាម ជាគ្រឿង​ដុត​កំដៅ​កិលេស ជាអ្នកដឹង​ខ្លួន  មាន​ស្មារតី ​ កំចាត់​បង់​នូវ​អភិជ្ឈា និងទោមនស្ស​ក្នុងលោក។

[៨៥] ម្នាល​អានន្ទ សម័យឯណា ភិក្ខុសិក្សាថា អាត្មាអញ ​នឹង​ជាអ្នកដឹង​ច្បាស់​ នូវ​ចិត្ត​ ដកដង្ហើមចេញ​​ សិក្សាថា អាត្មាអញ ​នឹង​ជាអ្នក​ដឹងច្បាស់នូវ​ចិត្ត ដកដង្ហើម​ចូល ​។​​ សិក្សាថា អាត្មាអញ ​នឹង​ធ្វើចិត្ត​ឲ្យ​រីករាយ ដកដង្ហើម​ចេញ។​ នឹង​ដំកល់ចិត្ត​ឲ្យ​ស្មើ​ ក្នុង​អារម្មណ៍។ សិក្សាថា អាត្មាអញ ​នឹង​ដោះចិត្ត​ឲ្យ​រួច​ស្រឡះ (ចាក​នីវរណធម៌​ ជា​ដើម) ដកដង្ហើម​ចេញ  សិក្សាថា អាត្មាអញ ​នឹងដោះចិត្ត​ឲ្យ​រួច​ស្រឡះ (ចាក​នីវរណ​ធម៌​ ជាដើម) ដកដង្ហើម​ចូល។ ម្នាលអានន្ទ​ សម័យ​នោះ ​ឈ្មោះ​ថា​ ភិក្ខុ​ពិចារណា ឃើញនូវ​ចិត្តក្នុងចិត្ត​ មានព្យាយាម ​ជាគ្រឿង​ដុតកំដៅកិលេស ជាអ្នក​ដឹង​ខ្លួន ​មាន​ស្មារតីកំចាត់​បង់​នូវ​អភិជ្ឈា និង​ទោមនស្សក្នុងលោក។ សេចក្ដីនោះ ព្រោះ​ហេតុអ្វី។ ម្នាលអានន្ទ ​(ព្រោះ) ​តថាគត ​មិន​ពោល​ចំពោះការចំរើន​ នូវ​អានា​បាន​ស្សតិសមាធិ របស់​បុគ្គល​អ្នក​ភ្លេច​ស្មារតី មិនដឹង​ខ្លួនទេ ម្នាល​អានន្ទ ព្រោះ​ហេតុ​នោះ​ បានជាសម័យ​នោះ​ ឈ្មោះ​ថា​ភិក្ខុក្នុង​សាសនានេះ បានពិចារណាឃើញ ​នូវ​ចិត្ត​ក្នុងចិត្ត មានព្យាយាម ​ជាគ្រឿង​ដុតកំដៅ​កិលេស​ ជាអ្នក​ដឹង​ខ្លួន​ មានស្មារតី កំចាត់​បង់​ នូវ​អភិជ្ឈា និង​ទោមនស្ស ក្នុងលោក។

[៨៦] ម្នាលអានន្ទ សម័យ​ឯណា ភិក្ខុ​ពិចារណា​ឃើញ ​នូវសេចក្ដី​មិនទៀង​។បេ។ ពិចារណា​ឃើញ​ នូវ​ធម៌ជាគ្រឿង​ប្រាសចាក​តម្រេក។ ពិចារណា​ឃើញ ​នូវ​សេចក្ដី​រលត់។ ភិក្ខុសិក្សាថា អាត្មាអញ នឹងជាអ្នកពិចារណាឃើញ ​នូវធម៌ជាគ្រឿង​លះបង់ នូវកិលេស ដកដង្ហើមចេញ សិក្សាថា អាត្មាអញ​ នឹង​ជាអ្នក​ពិចារណាឃើញ​នូវ​ធម៌ ជាគ្រឿង​លះបង់​នូវកិលេស ដកដង្ហើមចូល។ ម្នាល​អានន្ទ សម័យ​នោះ ​ឈ្មោះថា ភិក្ខុពិចារណា​ឃើញ ​នូវ​ធម៌​​ក្នុងធម៌ មានព្យាយាម​ ជាគ្រឿង​ដុត​កំដៅកិលេស ជាអ្នក​ដឹង​​ខ្លួន​ មានស្មារតី​ កំចាត់​បង់ ​នូវ​អភជ្ឈា និង​ទោមនស្សក្នុងលោក។ ភិក្ខុនោះ ​ជាអ្នក​សំឡឹង​ដោយ​ប្រពៃ ព្រោះបាន​ឃើញ នូវការលះបង់​ នូវ​អភជ្ឈានិង​ទោមនស្ស​នោះ ​ដោយ​បញ្ញា។ ម្នាល​អានន្ទ ព្រោះ​ហេតុនេះ បានជា​សម័យ​នោះ​ ឈ្មោះថា ភិក្ខុក្នុង​សាសនានេះ បាន​ពិចារណាឃើញ​នូវធម៌​​ក្នុង​ធម៌ មានព្យាយាម ជាគ្រឿង​ដុតកំដៅកិលេស​ ជាអ្នក​ដឹង​​ខ្លួន​ មាន​ស្មារតីកំចាត់​បង់ ​នូវ​អភិជ្ឈា ​និង​ទោម​នស្ស​ក្នុង​លោក។

[៨៧] ម្នាលអានន្ទ អានាបានស្សតិសមាធិ ដែលបុគ្គល​បាន​ចំរើន យ៉ាង​នេះ បាន​ធ្វើ​​​ឲ្យ​រឿយៗ​ យ៉ាងនេះ​ហើយ រមែង​ញ៉ាំង​សតិប្បដ្ឋាន ៤​ ឲ្យ​ពេញ​បាន។

[៨៨] ម្នាលអានន្ទ ចុះ​សតិប្បដ្ឋាន​​ ៤ ដែលបុគ្គល​បានចំរើន​ដូចម្ដេច បានធ្វើ​ឲ្យ​រឿយៗ​ដូចម្ដេច ទើប​ញ៉ាំង​ពោជ្ឈង្គ ទាំង ​៧ ឲ្យ​ពេញ​បាន។​ ម្នាល​អានន្ទ សម័យឯណា​ ភិក្ខុ​បានពិចារណា​ឃើញរឿយៗ នូវកាយក្នុងកាយ សម័យនោះ​ ឈ្មោះ​ថា ភិក្ខុ​មាន​​ស្មារតី​តាំង​នៅ​ខ្ជាប់ ​មិន​ភ្លាំងភ្លេច។ ម្នាលអានន្ទ សម័យឯណា ភិក្ខុមានស្មារតី​ តាំង​នៅ​ខ្ជាប់ មិន​ភ្លាំងភ្លេច សម័យ​នោះ សតិ​សម្ពោ​ជ្ឈង្គ (អង្គ​នៃប្រាជ្ញា ជា​គ្រឿង​ត្រាស់​ដឹង​ គឺ​ស្មារតី) ឈ្មោះ​ថា ភិក្ខុ​បាន​ប្រា​រព្ធ​ហើយ សម័យ​នោះ​ ឈ្មោះថា ភិក្ខុចំរើន​នូវ​សតិ​សម្ពោជ្ឈង្គ សម័យ​នោះ ​ឈ្មោះថា សតិសម្ពោជ្ឈង្គ បាន​ដល់​នូវ​ការពេញ ដោយ​ការ​ចំរើន​​របស់​ភិក្ខុ។ កាល​បើ​ភិក្ខុនោះ​ មានស្មារតី​ដូច្នោះ ក៏ស្រាវ​ជ្រាវ​ រាវ​រក​ពិចារណា​ នូវ​ធម៌​នោះ​ ដោយ​បញ្ញា។

[៨៩] ម្នាល​អានន្ទ សម័យឯណា ភិក្ខុ​មាន​ស្មារតី​ដូច្នោះ​បាន ស្រាវជ្រាវ​រាវ​រក ពិចារណា ​នូវ​ធម៌​នោះ​ ដោយ​បញ្ញា សម័យ​នោះ​ ធម្មវិចយសម្ពោ​ជ្ឈង្គ (អង្គ​នៃប្រាជ្ញា​ជាគ្រឿង​ត្រាស់​ដឹង​ គឺ​សេចក្ដី​ត្រិះ​រិះ​ធម៌) ឈ្មោះ​ថា​ ភិក្ខុ​បាន​ប្រារព្ធ​ហើយ សម័យ​នោះ​ ឈ្មោះថា ភិក្ខុចំរើន​នូវ​ធម្ម​វិចយ​សម្ពោជ្ឈង្គ សម័យនោះ​ ឈ្មោះ​ថា ធម្ម​វិចយ​សម្ពោជ្ឈង្គ បាន​ដល់​នូវ​ការពេញ ​ដោយ​ការចំរើន​របស់ភិក្ខុ។ កាល​បើ​ភិក្ខុ​នោះ ​ស្រាវ​ជ្រាវ​រាវ​រក​ពិចារណា ​នូវ​ធម៌​​នោះ ​ដោយ​បញ្ញា សេចក្ដី​ព្យាយាម ​មិន​ធូរ​ថយ ឈ្មោះ​ថា ភិក្ខុនោះ បានប្រារព្ធ​ហើយ។

[៩០]  ម្នាល​អានន្ទ សម័យឯណា ដែលភិក្ខុស្រាវជ្រាវ រាវរក ពិចារណា នូវធម៌​នោះ ដោយបញ្ញា សេចក្ដីព្យាយាម មិន​ធូរថយ ឈ្មោះ​ថា ភិក្ខុ​បានប្រារព្ធហើយ សម័យ​នោះ​ វីរិយ​សម្ពោ​ជ្ឈង្គ ​(អង្គនៃប្រាជ្ញា ​ជា​គ្រឿង​ត្រាស់ដឹង ​គឺ​សេចក្ដី​ព្យាយាម) ឈ្មោះ​ថា ភិក្ខុ​​នោះ​ បាន​ប្រារព្ធ​ហើយ សម័យនោះ ឈ្មោះ​ថា​ ភិក្ខុ​បានចំរើន​ នូវ​វីរិយ​សម្ពោ​ជ្ឈង្គ សម័យ​​នោះ​ ឈ្មោះ​ថា វីរិយ​សម្ពោ​ជ្ឈង្គ ដល់​នូវ​ការពេញ ​ដោយ​ការ​ចំរើន​របស់​ភិក្ខុ។ កាល​បើ​ភិក្ខុ ​មាន​សេចក្ដី​ព្យាយាម​ប្រារព្ធ​ហើយ បីតិ​ប្រាស​ចាក​អាមិស គឺ​ កិលេស​ក៏​កើត​​ឡើង។

[៩១] ម្នាល​អានន្ទ សម័យ​ឯណា ភិក្ខុ​មាន​សេចក្ដី​ព្យាយាមប្រារព្ធហើយ បីតិ​ប្រាសចាក​អាមិ​ស ក៏កើតឡើង សម័យ​នោះ​ បីតិ​សម្ពោជ្ឈង្គ (អង្គ​នៃ​ប្រាជ្ញា ​ជាគ្រឿង​ត្រាស់​ដឹង​ គឺបីតិ) ឈ្មោះថា ភិក្ខុបាន​ប្រារព្ធ​ហើយ សម័យនោះ ឈ្មោះថា​ ភិក្ខុ​ចំរើន​នូវ​បីតិសម្ពោជ្ឈង្គ សម័យ​នោះ ឈ្មោះថា បីតិ​សម្ពោជ្ឈង្គ ដល់​នូវ​ការពេញ​ ដោយ​ការ​ចំរើន​របស់​ភិក្ខុ។ កាល​បើ​ភិក្ខុមានចិត្តត្រេក​អរ​ហើយ កាយ​ក៏​រម្ងាប់​ ចិត្ត​ក៏រម្ងាប់។

[៩២] ម្នាល​អានន្ទ សម័យឯណា ភិក្ខុ​មាន​ចិត្ត​ប្រ​កប​ដោយ​បីតិ ​កាយ​ក៏​រម្ងាប់​ ចិត្ត​ក៏រម្ងាប់ សម័យ​នោះ បស្សទ្ធិ​សម្ពោ​ជ្ឈង្គ (​អង្គ​នៃ​ប្រាជ្ញា​ ជាគ្រឿង​ត្រាស់​ដឹង ​គឺ​សេចក្ដី​រម្ងាប់) ឈ្មោះ​ថា ភិក្ខុ​ប្រារព្ធ​ហើយ សម័យ​នោះ​ ឈ្មោះ​ថា​ បស្សទ្ធិ​សម្ពោ​ជ្ឈង្គ ដល់នូវ​ការពេញ​ ដោ​យ​ការចំរើន​របស់​ភិក្ខុ។ កាល​បើ​ភិក្ខុ​មាន​កាយ​រម្ងាប់ ដល់​នូវ​សេចក្ដី​សុខ​ហើយ ចិត្ត​ក៏ដម្កល់​ខ្ជាប់។

[៩៣] ម្នាល​អានន្ទ សម័យ​ឯណា ភិក្ខុ​មាន​កាយ​រម្ងាប់​ ដល់​នូវ​សេចក្ដី​សុខ​ហើយ ចិត្ត​ក៏ដម្កល់​មាំ សម័យ​នោះ សមាធិសម្ពោ​ជ្ឈង្គ​ (​អង្គ​នៃ​ប្រាជ្ញា ​ជាគ្រឿង​ត្រាស់​ដឹង គឺ​ការដម្កល់​ចិត្ត​មាំ) ឈ្មោះ​ថា ភិក្ខុ​បាន​ប្រារព្ធ​ហើយ សម័យ​នោះ ឈ្មោះថា ភិក្ខុ​ចំរើន​នូវ​សមាធិសម្ពោជ្ឈង្គ​ សម័យ​នោះ ឈ្មោះ​ថា សមា​ធិសម្ពោជ្ឈង្គ ដល់​នូវ​ការ​ពេញ ដោយ​ការ​ចំរើន​របស់​ភិក្ខុ​។ ភិក្ខុ​នោះ​ ជាអ្នក​សំឡឹង ដោយ​ប្រ​ពៃ​នូវ​ចិត្ត ​ដែលដម្កល់​មាំ​ដូច្នោះ។

[៩៤] ​ ម្នាល​អានន្ទ សម័យ​ឯណា ភិក្ខុ​ជាអ្នក​សំឡឹង​ដោយ​ប្រពៃ នូវ​ចិត្ត​ដែល​ដម្កល់មាំ ដូច្នោះ សម័យ​នោះ ឧបេក្ខាសម្ពោជ្ឈង្គ (អង្គ​នៃ​ប្រាជ្ញា ជា​គ្រឿង​ត្រាស់​ដឹង ​គឺ​សេចក្ដី​ព្រងើយ​កន្តើយ) ឈ្មោះ​ថា ភិក្ខុ​បាន​ប្រារព្ធ​ហើយ សម័យនោះ ឈ្មោះ​ថា​ ភិក្ខុ​ចំរើន នូវ​ឧបេក្ខាសម្ពោ​ជ្ឈង្គ សម័យ​នោះ​ ឈ្មោះ​ថា ឧបេក្ខា​សម្ពោជ្ឈង្គ ដល់​នូវ​ការពេញ​ ដោយ​ការ​ចំរើន​របស់​ភិក្ខុ។

[៩៥] ម្នាល​អានន្ទ សម័យ​ឯណា ភិក្ខុ​ពិចារណា​ឃើញ​នូវ​វេទនា​ ក្នុង​វេទនា​ទាំងឡាយ នូវ​ចិត្ត​ក្នុង​ចិត្ត នូវ​ធម៌ក្នុង​ធម៌​ទាំងឡាយ សម័យ​នោះ ​ឈ្មោះ​ថា ភិក្ខុ​មាន​ស្មារតីដម្កល់​មាំ ​មិន​បាន​ភ្លាំង​ភ្លេច​ឡើយ។

[៩៦] ម្នាល​អានន្ទ សម័យ​ឯណា ភិក្ខុមាន​ស្មារតីដម្កល់មាំ ​មិន​ភ្លាំង​ភ្លេច សម័យ​នោះ សតិ​សម្ពោ​ជ្ឈង្គ ឈ្មោះ​ថា ភិក្ខុ​បាន​ប្រារព្ធហើយ សម័យ​នោះ ​ឈ្មោះ​ថា ភិក្ខុចំរើន​នូវសតិ​សម្ពោ​ជ្ឈង្គ សម័យ​នោះ ឈ្មោះថា​ សតិសម្ពោជ្ឈង្គ ដល់​នូវ​ការ​ពេញ ​ដោយ​ការ​ចំរើន​របស់​ភិក្ខុ។ ​(សតិប្បដ្ឋាន​មុន ​យ៉ាង​ណា​ បណ្ឌិត​គប្បី​ឲ្យ​ពិស្ដារ​ យ៉ាង​នោះ​ផង​ចុះ)។ ​ភិក្ខុ​នោះ ជាអ្នក​សំឡឹង ដោយ​ប្រពៃ​នូវ​ចិត្ត ​ដែល​ដម្កល់​មាំ​ដូច្នោះ។

[៩៧] ​ ម្នាល​អានន្ទ សម័យ​ឯណា ភិក្ខុ​ជាអ្នក​សំឡឹង​ដោយ​ប្រពៃ ចំពោះ​ចិត្ត​ដែល​ដម្កល់​មាំ​ដូច្នោះ សម័យ​នោះ​ ឧ​បេក្ខា​សម្ពោជ្ឈង្គ ឈ្មោះ​ថា​ ភិក្ខុ​បាន​ប្រារព្ធ​ហើយ សម័យ​នោះ ឈ្មោះ​ថា ភិក្ខុ​ចំរើន​ នូវ​ឧបេក្ខា​សម្ពោ​ជ្ឈង្គ សម័យ​នោះ​ ឈ្មោះ​ថា ​ឧបេក្ខា​សម្ពោ​ជ្ឈង្គ ដល់​នូវ​ការពេញ ​ដោយ​ការចំរើន​របស់​ភិក្ខុ។

[៩៨] ម្នាល​អានន្ទ សតិ​ប្បដ្ឋាន ៤ ដែល​បុគ្គល​បានចំរើន ​យ៉ាងនេះ បាន​ធ្វើ​ឲ្យ​រឿយៗ​ យ៉ាង​នេះ​ហើយ រមែង​ញ៉ាំង​ពោជ្ឈង្គ​ ទាំង ៧ ប្រការ​​ ឲ្យ​ពេញ​បាន។

[៩៩] ​ម្នាល​អានន្ទ ចុះ​ពោជ្ឈង្គ​ ទាំង ​៧ ​បុគ្គល​ចំរើន​ដូចម្ដេច ធ្វើ​ឲ្យ​រឿយៗ​ដូចម្ដេច ទើប​ញ៉ាំង​វិជ្ជា​ និង​វិមុត្តិ​ ឲ្យ​ពេញ​បាន។ ម្នាល​អានន្ទ ភិក្ខុ​ក្នុង​សាសនា​នេះ ចំរើន​នូវ​សតិ​សម្ពោជ្ឈង្គ ដែល​អាស្រ័យ ​នូវ​សេចក្ដីស្ងាត់ អាស្រ័យ​នូវ​ការ​ប្រាស​ចាក​តម្រេក អាស្រ័យ​​​​​​នូវ​សេចក្ដី​រលត់ បង្អោន​ទៅ​ ដើម្បី​លះបង់​នូវ​កិលេស។ ចំរើន​នូវ​ធម្មវិចយៈ វិរិយៈ បីតិ ​បស្សទ្ធិ សមាធិ​ និងឧបេក្ខា​សម្ពោ​ជ្ឈង្គ ដែល​អាស្រ័យសេចក្ដី​ស្ងាត់ អាស្រ័យ​​​ការ​ប្រាស​ចាកតម្រេក អាស្រ័យ​សេចក្ដី​រលត់ បង្អោន​ទៅ ​ដើម្បីលះបង់កិលេស។ ម្នាល​អានន្ទ ពោជ្ឈង្គ​ ទាំង​ ៧ ដែល​បុគ្គល​បាន​ចំរើន​ យ៉ាងនេះ បាន​ធ្វើ​ឲ្យ​រឿយៗ យ៉ាង​នេះ​ហើយ រមែង​ញុំាង​វិជ្ចា​ និង​វិមុត្តិ​ឲ្យ​ពេញ​បាន។

[១០០] គ្រា​នោះ ព្រះ​អានន្ទដ៏​មាន​អាយុ ចូល​ទៅ​គាល់ ព្រះដ៏​មាន​ព្រះ​ភាគ​ លុះចូល​ទៅ​ដល់​ហើយ​ ក៏​ក្រាប​ថ្វាយ​បង្គំ​ព្រះដ៏មាន​ព្រះភាគ​ ហើយ​អង្គុយក្នុងទី​សម​គួរ។ លុះ​ព្រះ​អានន្ទ​ដ៏​អាយុ អង្គុយ​ក្នុង​ទី​សម​គួរ​ហើយ ទើប​ព្រះដ៏​មា​​នព្រះភាគ ទ្រង់​ត្រាស់​ដូច្នេះ​ថា ម្នាល​អានន្ទ ​ធម៌ ១ ដែល​បុគ្គល​បាន​ចំរើន បាន​ធ្វើ​ឲ្យ​រឿយៗ​ហើយ រមែង​ញ៉ាំង​ធម៌​ ៤ ឲ្យពេញ ធម៌ ៤​ ដែល​បុគ្គល​បាន​ចំរើន បានធ្វើ​ឲ្យ​រឿយៗ​ហើយ រមែង​ញ៉ាំង​ធម៌​៧ ឲ្យ​ពេញ​ ធម៌ ​៧​ ដែល​បុគ្គល​បាន​ចំរើន បានធ្វើ​ឲ្យ​រឿយៗ​ហើយ រមែងញ៉ាំង​ធម៌​ ២ ​ឲ្យ​ពេញ​ មាន​ដែរឬ។ បពិត្រ​ព្រះអង្គដ៏​ចំរើន ធម៌​ទាំងឡាយ របស់​យើងខ្ញុំ មានព្រះ​ដ៏​មាន​ព្រះ​ភាគ​ជាមូល។បេ។ ​ម្នាល​អានន្ទ​ ធម៌​ ១ ដែល​បុគ្គល​បាន​ចំរើន បាន​ធ្វើ​ឲ្យ​រឿយៗ​ហើយ រមែង​ញ៉ាំង​ធម៌​ ៤ ​ឲ្យ​ពេញ​ ធម៌ ៤ ដែល​បុគ្គល​បាន​ចំរើន បាន​ធ្វើ​ឲ្យ​រឿយៗហើយ រមែង​ញ៉ាំង​ធម៌ ​៧ ឲ្យ​ពេញ ធម៌​ ៧​ ដែល​បុគ្គល​បាន​ចំរើន បាន​ធ្វើ​ឲ្យ​រឿយៗ​ហើយ រមែង​ញ៉ាំង​ធម៌​ ២ ឲ្យ​ពេញ មាន​ដែរ។

[១០១] ម្នាល​អានន្ទ ចុះធម៌​ ១ ​ដែល​បុគ្គល​បាន​ចំរើន បាន​ធ្វើ​ឲ្យ​រឿយៗ​ហើយ រមែង​ញ៉ាំង​ធម៌​ ៤​ ឲ្យ​ពេញ ធម៌​ ៤​ ដែល​បុគ្គលបា​​ន​ចំរើន បាន​ធ្វើ​ឲ្យ​រឿយៗហើយ​ រមែង​ញ៉ាំង​ធម៌៧​ ឲ្យ​ពេញ ធម៌ ៧​ ដែល​បុគ្គល​បាន​ចំរើន​ បាន​ធ្វើ​ឲ្យ​រឿយៗហើយ រមែង​ញ៉ាំង​ធម៌​ ២​ ឲ្យ​ពេញ​បាន ​តើ​ដូចម្ដេច។ ម្នាល​អានន្ទ ធម៌​ ១ គឺ​អានា​បានស្សតិ​សមាធិ​ ដែល​បុគ្គល​​បាន​ចំរើន បាន​ធ្វើ​ឲ្យ​រឿយៗ​ហើយ រមែង​ញ៉ាំង​សតិ​ប្បដ្ឋាន ​៤​ ឲ្យ​ពេញ សតិប្បដ្ឋាន ៤ ដែល​បុគ្គល​បាន​ចំរើន​ បាន​ធ្វើ​ឲ្យ​រឿយៗ​ហើយ រមែង​ញ៉ាំង​ពោជ្ឈង្គ ទាំង ​៧ ​ឲ្យ​ពេញ ពោ​ជ្ឈង្គ ​៧ ​ដែល​បុគ្គល​បាន​ចំរើន ​បានធ្វើ​ឲ្យ​រឿយៗហើយ​ រមែង​ញ៉ាំង​វិជ្ជា​ និង​វិមុត្តិ​ឲ្យ​ពេញ​បាន។

[១០២] ម្នាល​អានន្ទ ចុះ​អានា​បានស្សតិ​សមាធិ ដែល​បុគ្គល​បាន​ចំរើនដូចម្ដេច បាន​ធ្វើឲ្យ​រឿយៗ​ដូចម្ដេច ទើប​ញ៉ាំង​សតិ​ប្បដ្ឋាន ទាំង​ ៤ ឲ្យ​ពេញ​បាន។ ម្នាល​អានន្ទ ភិក្ខុក្នុង​សាសនានេះ នៅ​ក្នុង​ព្រៃ​ក្ដី។បេ។ ម្នាលអានន្ទ ពោ​ជ្ឈង្គ​ ទាំង ​៧ ​ដែល​បុគ្គល​បាន​ចំរើន​យ៉ាងនេះ បាន​ធ្វើ​ឲ្យ​រឿយៗ ​យ៉ាងនេះហើយ រមែង​ញ៉ាំង​វិជ្ជា​ និង​វិមត្តិ​ឲ្យ​ពេញ​បាន។

[១០៣] គ្រានោះ ភិក្ខុ​ច្រើន​រូប ចូល​ទៅ​គាល់​ព្រះដ៏មាន​ព្រះភាគ លុះ​ចូល​ទៅ​ដល់​ហើយ ក៏​ក្រាប​ថ្វាយ​បង្គំព្រះ​ដ៏​មានព្រះភាគ ហើយ​អង្គុយក្នុ​ងទី​សម​គួរ។ លុះ​ភិក្ខុ​ទាំង​នោះ​អង្គុយ​ក្នុង​ទី​សមគួរ​ហើយ ក៏​​ក្រាប​បង្គំ​ទូល​សួរ​ព្រះ​ដ៏​មាន​ព្រះភាគ ​ដូច្នេះ​ថា បពិត្រ​ព្រះ​អង្គ​ដ៏​ចំរើន ធម៌​ ១ ​ដែល​បុគ្គល​បាន​ចំរើន បាន​ធ្វើ​ឲ្យ​រឿយៗ​ហើយ រមែង​ញ៉ាំងធម៌ ៤​ ឲ្យ​ពេញ ធម៌​ ៤ ដែល​បុគ្គល​បាន​ចំរើន បាន​ធ្វើ​ឲ្យ​រឿយៗ​ហើយ រមែង​ញ៉ាំង​ធម៌ ​៧​​ ឲ្យ​ពេញ ធម៌​៧​ ដែល​បុគ្គល​បាន​ចំរើន បាន​ធ្វើ​ឲ្យ​រឿយៗហើយ រមែង​ញ៉ាំង​ធម៌ ​២​ ឲ្យ​ពេញ​ មាន​ដែរ​ឬ។ ម្នាល​ភិក្ខុ​ទាំងឡាយ​ ធម៌​ ១ ​ដែល​បុគ្គល​បាន​ចំរើន បាន​ធ្វើ​ឲ្យ​រឿយៗហើយ រមែង​ញុំាង​ធម៌ ​៤ ​ឲ្យ​ពេញ ធម៌​ ៤​ ដែល​បុគ្គល​បានចំរើន បានធ្វើ​ឲ្យ​រឿយៗ​ហើយ រមែង​ញ៉ាំង​ធម៌​ ៧ ​ឲ្យ​ពេញ ធម៌ ​៧ ​ដែល​បុគ្គល​បាន​ចំរើន បាន​ធ្វើ​ឲ្យ​រឿយៗ​ហើយ រមែង​ញ៉ាំង​ធម៌​ ២ ​ឲ្យ​ពេញ​ មានដែរ។

[១០៤] បពិត្រ​ព្រះអង្គ​ដ៏​ចំរើន ចុះធម៌១​ ដែល​បុគ្គល​បាន​ចំរើន បាន​ធ្វើ​ឲ្យ​រឿយៗ​ហើយ រមែង​ញ៉ាំង​ធម៌​ ៤ ឲ្យ​ពេញ ធម៌ ៤ ​ដែល​បុគ្គល​បានចំរើន បាន​ធ្វើ​ឲ្យ​រឿយៗហើយ រមែង​ញ៉ាំងធម៌ ៧​ ឲ្យ​ពេញ ធម៌​៧ ដែល​បុគ្គល​បាន​ចំរើន បាន​ធ្វើ​ឲ្យ​រឿយៗហើយ រមែង​ញ៉ាំង​ធម៌ ២​ ឲ្យពេញ តើ​ដូចម្ដេច។ ម្នាលភិក្ខុ​ទាំងឡាយ ធម៌ ១ គឺ អានា​បាន​ស្សតិសមាធិ ដែល​បុគ្គល​បាន​ចំរើន បាន​ធ្វើ​ឲ្យ​រឿយៗហើយ រមែង​ញ៉ាំង​សតិ​ប្បដ្ឋាន ៤ ឲ្យពេញ សតិប្បដ្ឋាន ​៤ ដែលបុគ្គល​បាន​ចំរើន បាន​ធ្វើ​ឲ្យ​រឿយៗហើយ រមែង​ញ៉ាំង​ពោជ្ឈង្គ ​៧​ ឲ្យ​ពេញ ​ពោជ្ឈង្គ​ ៧ ដែល​បុគ្គល​បាន​ចំរើន បានធ្វើ​ឲ្យ​រឿយៗ​ហើយ រមែង​ញ៉ាំង​វិជ្ជា​ និង​វិមុត្តិ​ឲ្យ​ពេញ។

(​វេយ្យាករណ៍ ដែល​បាន​ពោល​ហើយ​យ៉ាង​ណា បណ្ឌិត​គប្បី​ឲ្យ​ពិស្ដារ​ យ៉ាង​នោះ​ផង​ចុះ)។

[១០៥] គ្រានោះ ភិក្ខុច្រើនរូប​ ចូលទៅគាល់​ព្រះដ៏​មាន​ព្រះភាគ លុះ​ចូល​ទៅដល់​ហើយ ក៏ក្រាបថ្វាយ​បង្គំ​ព្រះ​ដ៏​មាន​ព្រះភាគ​ ហើយ​អង្គុយ​ក្នុង​ទីសម​គួរ។ ​លុះ​ភិក្ខុ​ទាំង​នោះ​អង្គុយក្នុងទី​ដ៏​សម​គួរ​ហើយ ទើប​ព្រះ​មាន​ព្រះភាគ ​ទ្រង់​ត្រាស់​ដូច្នេះ​ថា ម្នាល​ភិក្ខុ​ទាំង​ឡាយ ធម៌ ១ ដែល​បុគ្គលបាន​ចំរើន​ បានធ្វើ​ឲ្យ​រើយ​ៗ​ហើយ រមែង​ញ៉ាំង​ធម៌ ៤​ ​ឲ្យពេញ ធម៌ ៤ ដែល​បុគ្គល​បាន​ចំរើន បាន​ធ្វើ​ឲ្យ​រឿយៗហើយ​ រមែង​ញ៉ាំង​ធម៌​ ៧​ ឲ្យ​ពេញ ធម៌​ ៧ ​ដែល​បុគ្គ​ល​បាន​ចំរើន​ បាន​ធ្វើ​ឲ្យ​រឿយៗ​ហើយ រមែង​ញ៉ាំង​ធម៌​ ២​ ឲ្យ​ពេញ​ មានដែរ​ឬ។ បពិត្រព្រះអង្គដ៏ចំរើន ធម៌ទាំងឡាយ របស់យើងខ្ញុំ មានព្រះដ៏មានព្រះភាគជាមូល។បេ។ ភិក្ខុទាំងឡាយ បានស្ដាប់ព្រះពុទ្ធដីកាព្រះដ៏មានព្រះភាគហើយ នឹងចងចាំទុក។ ម្នាល ភិក្ខុទាំងឡាយ ​ធម៌​ ១​​ ​ដែល​បុគ្គល​បាន​ចំរើន បានធ្វើ​ឲ្យ​រឿយៗ​ហើយ រមែងញ៉ាំង​ធម៌​ ៤​ ឲ្យ​ពេញ ធម៌​ ៤​ ដែល​បុគ្គល​បាន​ចំរើន​ បាន​ធ្វើ​ឲ្យ​រឿយៗ​ហើយ រមែង​ញ៉ាំង​ធម៌ ​៧​ ឲ្យ​ពេញ ធម៌ ​៧​ ដែល​បុគ្គល​បាន​ចំរើន​ បាន​ធ្វើ​ឲ្យ​រឿយៗ​ហើយ រមែង​ញ៉ាំង​ធម៌ ​២​ ឲ្យ​ពេញ​មាន​ដែរ។

[១០៦] ​ ម្នាលភិក្ខុទាំងឡាយ ធម៌​ ១ ​ដែល​បុគ្គល​បាន​ចំរើន​ បាន​ធ្វើ​ហើយ រមែង​ញ៉ាំង​ធម៌​ ៤​ ឲ្យពេញ ធម៌៤​ ដែល​បុគ្គល​បាន​ចំរើន បាន​ធ្វើ​ឲ្យរឿយៗ​ហើយ រមែង​ញ៉ាំង​ធម៌៧​ ឲ្យ​ពេញ ធម៌ ៧ ​ដែល​បុគ្គល​បាន​ចំរើន បាន​ធ្វើ​ឲ្យ​រឿយៗ​ហើយ រមែង​ញ៉ាំង​ធម៌ ២​ ឲ្យ​ពេញ​ តើ​ដូចម្ដេច។ ​ ម្នាលភិក្ខុទាំងឡាយ ធម៌ ​១​ គឺ​អានាបានស្សតិសមាធិ ដែល​បុគ្គល​បាន​ចំរើន​ បានធ្វើ​ឲ្យ​រឿយៗ​ហើយ រមែង​ញ៉ាំង​សតិប្បដ្ឋាន ៤ ​ឲ្យ​ពេញ សតិប្បដ្ឋាន​ ៤ ​ដែល​បុគ្គល​បាន​ចំរើន បានធ្វើ​ឲ្យ​រឿយៗ​ហើយ រមែង​ញ៉ាំង​ពោជ្ឈង្គ​ ៧​ ឲ្យ​ពេញ ពោ​ជ្ឈង្គ ៧​ ដែល​បុគ្គល​បាន​ចំរើន បាន​ធ្វើ​ឲ្យ​រឿយៗ​ហើយ រមែង​ញ៉ាំង​វិជ្ជា និង​វិមុត្តិ​ ឲ្យ​ពេញ​បាន​។បេ។ ​

(វេយ្យាករណ៍ទី ២​ យ៉ាងណា បណ្ឌិត​គប្បី​ធ្វើ ​ដល់​ភិក្ខុទាំងឡាយ​ យ៉ាង​នោះ​ផងចុះ​)។បេ។

[១០៧] ម្នាលភិក្ខុទាំងឡាយ អានាបាន​ស្សតិ​សមាធិ ដែល​បុគ្គល​បាន​ចំរើន​ បានធ្វើ​ឲ្យ​រឿយៗ​ហើយ រមែង​ប្រព្រឹត្ត​ទៅ​ ដើម្បី​លះបង់​នូវ​សញ្ញោជនៈបាន។

[១០៨] ម្នាលភិក្ខុទាំងឡាយ ចុះអានាបានស្សតិ​សមាធិ ដែល​បុគ្គល​បាន​ចំរើន​ដូចម្ដេច បានធ្វើ​ឲ្យ​រឿយៗ​ដូចម្ដេច ទើប​ប្រព្រឹត្ត​ទៅ​ ដើម្បី​លះបង់សញ្ញោ​ជនៈ​បាន​។ ​ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុង​សាសនា​នេះ នៅ​ក្នុង​ព្រៃ​ក្ដី។បេ។ ​សិក្សាថា អាត្មាអញ នឹង​ជាអ្នក​ពិចារណា​ឃើញ​ នូវ​ធម៌​ជា​គ្រឿង​លះ​បង់ ​នូវ​កិលេស ដក​ដង្ហើម​ចេញ សិក្សាថា អាត្មាអញ ​នឹង​ជាអ្នក​ពិចារណា​ឃើញ​ នូវ​ធម៌​ជាគ្រឿង​លះ​បង់​ នូវ​កិលេស ​ដកដង្ហើម​ចូល។ ម្នាលភិក្ខុទាំងឡាយ អានា​បាន​ស្សតិ​សមាធិ ដែល​បុគ្គល​បាន​ចំរើន ​យ៉ាង​នេះ បានធ្វើ​ឲ្យ​រឿយៗ​ យ៉ាង​នេះហើយ រមែង​ប្រព្រឹត្ត​ទៅ​ ដើម្បី​លះបង់​ នូវ​សញ្ញោ​ជនៈ​បាន។បេ។

[១០៩] ម្នាលភិក្ខុទាំងឡាយ អានាបានស្សតិសមាធិ ដែល​បុគ្គល​បានចំរើន​ បាន​ធ្វើ​ឲ្យ​រឿយៗ​ហើយ រមែង​ប្រព្រឹត្ត​ទៅ​ ដើម្បី​ដកចោល​ នូវ​អនុសយក្កិលេស​បាន។  (បណ្ឌិត​គប្បីឲ្យ​ពិស្ដារ​ផង​ចុះ)។​ ម្នាលភិក្ខុទាំងឡាយ អានាបានស្សតិសមាធិ ដែលបុគ្គល​បាន ចំរើនយ៉ាង​នេះ បាន​ធ្វើ​ឲ្យ​រឿយៗ​ យ៉ាងនេះ​ហើយ រមែង​ប្រព្រឹត្ត​ទៅ ​ដើម្បី​ដកចោល​នូវ​អនុសយក្កិលេស​បាន។

[១១០] ម្នាលភិក្ខុទាំងឡាយ អានាបានស្សតិសមាធិ ដែល​បុគ្គល​បាន​ចំរើន បានធ្វើ​ឲ្យ​រឿយៗហើយ រមែង​ប្រព្រឹត្ត​ទៅ ​ដើម្បី​កំណត់​ដឹង​ នូវ​ផ្លូវ​ឆ្ងាយ ​គឺសង្សារ​បាន។  (សេចក្ដីពិស្ដារ)។ ម្នាលភិក្ខុទាំងឡាយ អានាបានស្សតិសមាធិ ដែល​បុគ្គលបាន​ចំរើន ​យ៉ាង​នេះ បានធ្វើ​ឲ្យ​រឿយ​ៗ​ យ៉ាងនេះហើយ រមែង​ប្រព្រឹត្ត​ទៅ ​ដើម្បី​កំណត់​ដឹង ​នូវ​ផ្លូវឆ្ងាយ​ គឺសង្សារបាន។

[១១១] ម្នាលភិក្ខុទាំងឡាយ អានាបានស្សតិសមាធិ​ ដែល​បុគ្គល​បាន​ចំរើន​ បាន​ធ្វើ​ឲ្យ​រឿយៗ​ហើយ រមែង​ប្រព្រឹត្ត​ទៅ ​ដើម្បី​អស់​ទៅ នៃ​អាសវៈ​ទាំង​ឡាយ​បាន។ (សេចក្ដី​​​​ពិស្ដារ)។ ម្នាលភិក្ខុទាំងឡាយ អានាបានស្សតិ​សមាធិ ដែល​បុគ្គល​បាន​ចំរើន​ យ៉ាងនេះ បានធ្វើ​ឲ្យ​រឿយៗ​ យ៉ាងនេះ​ហើយ រមែង​ប្រព្រឹត្ត​ទៅ ​ដើម្បី​អស់​រលីង​ទៅ​ នៃ​អាសវៈ​ទាំង ឡាយ បាន។

ចប់ ​វគ្គ​ ទី២។

ឧទ្ទាន​នៃ​វគ្គ​ទី ២​ នោះ​គឺ

និយាយអំពី​ព្រះដ៏​មាន​ព្រះភាគ ​កាល​គង់​នៅ​ក្នុងដង​ព្រៃ​ ឥ​ច្ឆាន​ង្គល​ ១​ អំពី​ព្រះ​លោម​សកំភិយៈ​ដ៏មានអាយុ ​ ១ អំពី​ព្រះ​អានន្ទ​ដ៏​មានអាយុ មានពីរលើក អំពី​ភិក្ខុ​ច្រើន​រូប​មានពីរលើក អំពី​ចំរើន​អានា​បាន​ស្សតិសមាធិ​ ប្រព្រឹត្ត​ទៅ ​ដើម្បី​លះ​សញ្ញោ​ជនៈ​ ១ ដើម្បី​ដក​ចោល​ នូវ​អនុសយក្កិលេស ​១ ដើម្បីកំណត់​ដឹង ​នូវ​ផ្លូវ​ឆ្ងាយ ​គឺសង្សា​រ ១ ដើម្បី​អស់​ទៅ​នៃ​អាសវៈ​  ១។

ចប់​ អានាបាន​សំយុត្ត ។

សោតាបតិ្តសំយុត្ត

វេឡុទ្វារវគ្គ ទី១

[១១២] ទៀបក្រុងសាវត្ថី។ ​ក្នុងទីនោះឯង​ ព្រះដ៏​មាន​ព្រះភាគ​ ទ្រង់​​ត្រាស់ដូច្នេះ​ថា ម្នាល​ភិក្ខុទាំងឡាយ ពិត​មែន​ថា​ ស្ដេច​ចក្រ​ពត្តិ សោយ​រាជសម្ប​ត្តិ មាន​សភាព​ជាឥ​ស្សរៈ  ជា​ធំ​ជាង​ទ្វីប​ទាំង​ ៤ ​ លុះ​បែក​ធ្លាយ​រាង​កាយ ​បន្ទាប់​អំពី​មរណៈ​ទៅ ​រមែង​ទៅ​កើត​ក្នុង​សុគគិ​សួគ៌ ​ទេវ​លោក​ ជា​មួយ​នឹងពួកទេវតា​ ក្នុង​ស្ថាន​តាវត្តិង្ស។ ទេវ​បុត្រ​នោះ មាន​ពួក​ស្រី​អប្សរ ចោម​រោម​ក្នុង​នន្ទនវនឱទ្យាន ក្នុងស្ថាន​តាវត្តិង្សនោះ  ទ្រង់​ឆ្អែត​ស្កប់​ស្កល់​​ មូល​មិត្ត​ដោយ​កាម​គុណ ​ទាំង​ ៥ ជា​ទិព្វ​។ ​បើ​ទេវបុ​ត្រ​នោះ​ មិនបានប្រកប​ដោយ​ធម៌ ​៤​ យ៉ាង។ ​ទេវបុត្រ​នោះ ​ក៏គង់​មិន​រួច​ស្រឡះ​ចាក​នរក មិន​រួច​ស្រឡះ​ចាក​កំណើត​តិរច្ឆាន  មិនរួច ​ស្រ​ឡះ ​ចាក​ប្រេត​វិ​ស័យ មិន​រួច​ស្រឡះ ​ចាក​អសុរកាយ​បាន​ឡើយ។

[១១៣] ម្នាល​ភិក្ខុ​ទាំងឡាយ អរិយ​សាវក រមែង​ញ៉ាំង​អត្តភាព ឲ្យ​ប្រ​ព្រឹត្ត​ទៅ​ ដោយ​ភោជនជា​ពំ​នូត ​ដែល​បាន​មក ដោយ​កម្លាំងកំភួន​ជើង ប្រើ​ប្រាស់​នូវ​សំពត់​គ្មាន​ជាយ ​ក៏​ពិត​មែន​ហើយ។ តែ​ថា​ អរិយសាវក​នោះ​ ប្រ​កប​ដោយ​ធម៌ ៤​ យ៉ាង។ ​ទើប​អរិយសាវក​នោះ ​រួច​ស្រឡះ​ចាក​នរក រួច​ស្រឡះ​ចាក​កំណើត​តិរច្ឆាន រួច​ស្រ​ឡះ​ចាក​ប្រេត​វិស័យ រួច​ស្រឡះ​ ចាក​អសុរកាយ​បាន។ ​ប្រកប​ដោយ​ធម៌ ៤ យ៉ាង ​តើ​ដូចម្ដេច។ ​ ម្នាល​ភិក្ខុ​ទាំងឡាយ  អរិយ​សាវក​ ក្នុង​សាសនានេះ ប្រ​កប​ដោយ​សេចក្ដី​ជ្រះ​ថ្លា​ មិន​កម្រើក​ក្នុង​ព្រះពុទ្ធ​ថា ព្រះ​ដ៏​មាន​ព្រះ​ភាគ ​អង្គនោះ ជាអរហន្ត ​សម្មា​សម្ពុទ្ធ ទ្រង់​បរិបូណ៌ ដោយ​វិជ្ជា​និង​ចរណៈ ​ មាន​ដំណើរល្អ​ យាង​ទៅ​កាន់​ព្រះ​និព្វាន ទ្រង់​ជ្រាប​ច្បាស់ ​នូវ​ត្រៃ​លោក ទ្រង់​ប្រសើរ​ដោយ​សីលា​ទិ​គុណ ​រក​បុគ្គល​ណា​មួយ​ស្មើ​គ្មាន ទ្រង់​ជា​អ្នក​ទូន្មាន​ នូវ​បុរស ​ដូច​ជា​នាយ​សារថី​ ទ្រង់​ជា​គ្រូ ​នៃ​ទេវតា​ និង​មនុស្ស​ទាំងឡាយ ទ្រង់​ត្រាស់​ដឹង​ នូវ​អរិយ​សច្ច ៤ ទ្រង់​ខ្ជាក់​ចោល ​នូវ​ត្រៃ​ភព លែង​វិល​ត្រ​ឡប់​មក​កើត​ទៀត​ ១។​ ប្រកប​ដោយ​សេចក្ដីជ្រះថ្លា​មិន​កម្រើក​ ក្នុង​ព្រះធម៌​ថា ព្រះ​បរិយត្តិ​ធម៌​ ដែល​ព្រះដ៏​មាន​ព្រះភាគ ទ្រង់​សំដែង​ហើយ​ដោយ​ប្រពៃ ព្រះ​នព្វលោកុត្តរធម៌ ជា​ធម៌​ដែល​ព្រះអរិយ​បុគ្គល ឃើញ​ច្បាស់​ដោយ​ខ្លួនឯង ជាធម៌​ឲ្យ​នូវ​ផល ​មិន​រង់​ចាំ​កាល ជា​ធម៌​ គួរ​នឹង​ហៅ​បុគ្គល​ដទៃ ​ឲ្យចូល​មក​មើល​បាន ជា​ធម៌​ដែល​ព្រះ​អរិយ​បុគ្គល គប្បី​បង្អោន​ចូល​មក​ទុក​ក្នុង​ខ្លួន ជា​ធម៌​ដែល​អ្នក​ប្រាជ្ញ​ទាំងឡាយ គប្បី​ដឹង​ច្បាស់ ​ក្នុង​ចិត្ត​នៃ​ខ្លួន​ ១។ ប្រកប​ដោយ​សេចក្ដី​ជ្រះ​ថ្លា មិន​កម្រើក​ក្នុង​ព្រះ​សង្ឃ​ថា ព្រះ​សង្ឃ​ ជា​សាវក​ នៃ​ព្រះ​ដ៏​មានព្រះ​ភាគ ប្រតិ​បត្តិ​ដោយ​ប្រពៃ ព្រះ​សង្ឃ​សាវក​ នៃ​ព្រះ​ដ៏​មាន​ព្រះ​ភាគ ប្រតិបត្តិ​ដោយ​ត្រង់ ព្រះសង្ឃ​សាវក ​នៃ​ព្រះ​ដ៏​មានព្រះភាគ ប្រតិបត្តិ​ ដើម្បី​ត្រាស់​ដឹង​ នូវ​ព្រះ​និព្វាន ព្រះសង្ឃ​សាវក​ នៃ​ព្រះ​ដ៏​មានព្រះ​ភាគ​ ប្រតិបត្តិ​ដ៏សម​គួរ​ ដល់​សាមីចិកម្ម។ ​ព្រះសង្ឃ​រូប​ណា បើ​រាប់​ជាគូ​ នៃ​បុរស​ មាន ៤​ គូ បើ​រាប់​រៀង​ជា​បុរស​បុគ្គល ​មាន ៨ ពួក នុ៎ះ ជាសង្ឃសាវក​ នៃព្រះ​ដ៏​មានព្រះ​ភាគ លោក​គួរ​ទទួល​នូវ​ចតុប្បច្ច័យ ដែល​បង្អោន​ចូល​មក​បូជា គួ​រទទួល​ នូវ​អាគ​ន្តុកទាន គួរ​ទទួល​នូវ​ទាន​ ដែល​បុគ្គល​ជឿនូវ​កម្ម​ និងផ​ល​នៃ​កម្ម​ហើយ​បូជា គួរដល់អញ្ជលិកម្ម ដែល​សត្វ​លោក​គប្បី​ធ្វើ ជា​បុញ្ញក្ខេត្ត​នៃសត្វលោក ​រក​ខេត្តដ​ទៃក្រៃ​លែង​ជាង​គ្មាន​ ១។​ ​ប្រកប​ដោយ​សីល​ ជាទី​ត្រេក​អរ ​នៃ​ព្រះ​អរិយៈ ជាសីល​មិន​ដាច់ មិន​ធ្លុះ មិន​ពព្រុះ មិន​ពពាល ជាសីល​ជានា ដែល​អ្នក​ប្រាជ្ញគប្បី​សរសើរ មិនបាន​ប៉ះ​ពាល់ (ដោយ​តណ្ហា​ និង​ទិដ្ឋិ) ប្រព្រឹត្ត​ទៅ​​ព្រម ​ដើម្បី​សមាធិ ១។ អរិយ​សាវក​ ជាអ្នក​ប្រ​កប​ដោយ​ធម៌ ​ទាំង ៤ យ៉ាង​នេះ​ឯង។

[១១៤] ​ម្នាល​ភិក្ខុទាំងឡាយ ការដែល​បាន​នូវ​ទ្វីប​ទាំង ៤ ហើយ និង​ការ​ដែល​បាន​នូវ​ធម៌ ​ទាំង​ ៤ ឯការ​បាន​នូវ​ទ្វីបទាំង​៤ មិនដល់​នូវ​ចំណិត​ ដែល​ចែក​ជា​ចំណែក​ ១៦ ដង​នៃ​ការ​បាន​នូវ​ធម៌​ ទាំង​ ៤​ ឡើយ។

[១១៥] ​ម្នាល​ភិក្ខុទាំងឡាយ អរិយសាវក អ្នកដល់នូវសោតៈ  ប្រកប​ដោយ​ធម៌ ​៤​ យ៉ាង មានសភាព​មិន​ធ្លាក់​ចុះ​ ទៅ​ក្នុង​អបាយ ជាបុគ្គល​ទៀង​ មាន​ការ​ត្រាស់ដឹង ​ប្រ​ព្រឹត្ត​ទៅ​ខាង​មុខ។  ប្រកបដោយ​ធម៌​ ៤​ យ៉ាង ​តើដូច​ម្ដេច។ ​ ម្នាល​ភិក្ខុទាំងឡាយ អរិយ​សាវក​ក្នុង​សាសនា​នេះ ប្រកប​ដោយ​សេចក្ដី​ជ្រះថ្លា ​មិន​កម្រើក​ក្នុង​ព្រះ​ពុទ្ធ​ថា ព្រះដ៏មាន​ព្រះ​ភាគ អង្គ​នោះ ជាអរហន្ត សម្មាសម្ពុទ្ធ ទ្រង់បរិបូណ៌ដោយ​វិជ្ជា ​និង​ចរណៈ ទ្រង់​មាន​ដំណើរល្អ យាង​ទៅកាន់​ព្រះនិព្វាន ទ្រង់​ជ្រាប​ច្បាស់ ​នូវ​ត្រៃ​លោក ទ្រង់ប្រសើរដោយ​សី​លា​ទិគុណ រក​បុគ្គល​ណាមួយ​ស្មើ​គ្មាន ទ្រង់​ជា​អ្នក​ទូន្មាន នូវ​បុរស​ ដូច​ជា​នាយ​សារថី ទ្រង់​ជា​គ្រូ​នៃ​ទេវតា ​និង​មនុស្ស​ទាំងឡាយ ទ្រង់​ត្រាស់​ដឹង​ នូវ​អរិយ​សច្ច ៤ ទ្រង់​ខ្ជាក់​ចោល​នូវ​ត្រៃ​ភព លែង​វិល​ត្រឡប់​មក​កើត​ទៀត ១។ (ប្រកបដោយ​សេចក្ដី​ជ្រះ​ថ្លា ​មិន​កម្រើក) ក្នុង​ព្រះ​ធម៌ ១។ បេ។ ក្នុង​ព្រះសង្ឃ​ ១។បេ។ ប្រកប​ដោយ​សីល ជាទីត្រេក​អរ​ នៃព្រះអរិយៈមិន​ដាច់។បេ។ ប្រព្រឹត្ត​ទៅ​ព្រម ​ដើម្បី​សមាធិ ១។ ម្នាល​ភិក្ខុ​ទាំងឡាយ អរិយសាវក អ្នក​បាន​ដល់​នូវ​សោតៈ ប្រកប​ដោយ​ធម៌ ​ទាំង ៤ យ៉ាងនេះឯង មាន​សភាពមិន​បាន​ធ្លាក់​ចុះ​ក្នុង​អបាយ ជា​បុគ្គល​ទៀង ​មាន​ការត្រាស់ដឹង ប្រ​ព្រឹត្ត​ទៅ​ខាង​មុខ។

ព្រះដ៏មាន​ព្រះភាគ ទ្រង់​ត្រាស់​នូវ​ព្រះ​សូត្រ​នេះ លុះ​ព្រះ​សុគត​ ទ្រង់ត្រាស់​នូវ​ព្រះ​សូត្រនេះ​ចប់ហើយ ព្រះ​សាស្ដា​ ក៏ទ្រង់​ត្រាស់​នូវ​ព្រះ​គាថា​នេះ ​តទៅទៀតថា

[១១៦] ពួកជនណា​ មាន​សទ្ធា [សំដៅសេចក្ដីជ្រះថ្លា​ ក្នុង​ព្រះពុទ្ធ ​។] ១ មានសីល ១ [សំដៅយក​អរិយកន្តសីល គឺសីល​ជាទីត្រេកអរ នៃ​ព្រះ​អរិយៈ។] មានសេចក្ដីជ្រះថ្លា ១ [សំដៅ​យក​សេចក្ដី​ជ្រះ​ថ្លា ​ក្នុង​ព្រះ​សង្ឃ ​។]  មានការឃើញ​នូវ​ធម៌ ១ [​សំដៅ​យក​សេចក្ដី​ជ្រះ​ថ្លា​ ក្នុង​ព្រះធម៌។]  ជនទាំង​នោះឯង​ រមែង​ដល់​នូវ​សេចក្ដី​សុខ [សុខប្រកប​ដោយ​មង្គ ទាំង​៣​ ខាង​ដើម គឺ​សោតា​បត្តិមគ្គ សកទាគាមិមគ្គ អនាគាមិមគ្គ (អដ្ឋកថា)​។] ជាគ្រឿង​ប្រជុំ​ចុះ​ក្នុង​ព្រហ្ម​ចរិយៈ តាមកាលដ៏គួរ។

[១១៧] សម័យ​មួយ ព្រះដ៏​មាន​ព្រះ​ភាគ ទ្រង់​គង់​នៅ​ក្នុង​វត្តវេឡុ​វន ជាកល​ន្ទកនិវាបស្ថាន ជិត​ក្រុង​រាជ​គ្រឹះ។ សម័យ​នោះ​ឯង ឧបាសកឈ្មោះ ​ទីឃាវុ មាន អាពាធ ដល់នូវ​សេចក្ដី​ទុក្ខ​ ឈឺ​ធ្ងន់។ វេលានោះ​ ទីឃាវុឧបាសក ​ហៅគហបតីឈ្មោះ ​ជោ​តិយៈ​ជាបិតា​មក​ថា បពិត្រគហបតី ចូរអ្នកទៅគាល់ព្រះដ៏មានព្រះភាគ លុះ​ចូលទៅ​ដល់​ហើយ​ ចូរអ្នក​ក្រាប​ថ្វាយ​បង្គំព្រះ​បាទា ​នៃ​ព្រះ​ដ៏​មានព្រះ​ភាគ ដោយ​សិរសា តាម​ពាក្យ​នៃ​ខ្ញុំថា បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ទីឃាវុឧបាសក មានអាពាធ ដល់​នូវ​សេចក្ដី​ទុក្ខ​ឈឺធ្ងន់ ទីឃាវុ​ឧបាសក​នោះ ថ្វាយបង្គំព្រះបាទា នៃព្រះដ៏មាន​ព្រះ​ភាគ ដោយ​សិរសា។ ​អ្នក​ចូរក្រាប​បង្គំទូល​ យ៉ាង​នេះ​ផង​ថា បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ សូមទ្រង់​ព្រះ​មេត្តា​ប្រោស​ សូមព្រះដ៏​មានព្រះភាគ ​ធ្វើ​នូវ​សេចក្ដី​អនុ​គ្រោះ យាង​ចូល​ទៅកាន់លំនៅ ​នៃទីឃាវុឧបាសក។  ជោតិយ​គហបតី ទទួល​ស្ដាប់​ពាក្យ​ទីឃាវុ​ឧបាសកថា អើកូន ហើយ​ក៏ចូល​ទៅគាល់​ព្រះ​ដ៏​មាន​ព្រះភាគ លុះចូល​ទៅដល់ហើយ ​ក៏ក្រាប​ថ្វាយ​បង្គំ​ព្រះ​ដ៏​មាន​ព្រះភាគ ​រួច​អង្គួយ​ក្នុង​ទីសមគួរ។

[១១៨] លុះ​ ជោតិយគហបតី អង្គុយ​ក្នុង​ទីសមគួរ​ហើយ ក៏​ក្រាប​បង្គំ​ទូល​ព្រះដ៏​មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គ​ដ៏ចំរើន ទីឃាវុឧបាសក មានអាពា​ធ ដល់នូវ​សេចក្ដី​​ទុក្ខ ឈឺធ្ងន់ ទីឃាវុឧបាសកនោះ ថ្វាយបង្គំព្រះបាទា​ព្រះដ៏មានព្រះភាគ ដោយ​សិរសា។ ឧបាសកនោះ ពោល​យ៉ាងនេះ​ផង​ថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន សូមទ្រង់​ព្រះមេត្តា​ប្រោស សូមព្រះដ៏មាន​ព្រះភាគ​ ធ្វើនូវសេចក្ដី​អនុគ្រោះ យាង​ចូល​ទៅកាន់​លំនៅ នៃ​ទីឃាវុ​ឧបាសក។ ព្រះដ៏មានព្រះភាគ ទ្រង់​ទទួល​ដោយ​តុណ្ហីភាព។

[១១៩] គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់ស្បង់ ប្រដាប់​បាត្រ​ និង​ចីវរ យាង​ចូល​ទៅកាន់​​លំនៅ ​នៃ​ទីឃាវុ​ឧបាសក លុះចូល​ទៅដល់​ហើយ ក៏គង់​លើអាសនៈ ដែលគេ​ក្រាល​​ថ្វាយ។ លុះព្រះ​ដ៏មានព្រះភាគ​ ទ្រង់​គង់​ហើយ ក៏ត្រាស់សួរទីឃាវុ​ឧបាសក ​ដូច្នេះថា ម្នាលទីឃាវុ  អ្នក​ល្មមអត់​ទ្រាំបាន​ដែរឬ ល្មមប្រព្រឹត្ត​ទៅស្រួល​ដែរ​ឬ ទុក្ខ​វេទនា​ធូរថយ​ទៅ​ មិ​ន​ចំរើន​ឡើង ការថយ​ទៅ (នៃទុក្ខ​វេទនា) រមែង​ប្រាកដ ការ​ចំរើន​ឡើង​ មិន​ប្រាកដ​​ទេឬ។ បពិត្រព្រះអង្គ​ដ៏ចំរើន ខ្ញុំ​ព្រះអង្គ ​មិន​ល្មម​អត់ទ្រាំបាន​ទេ មិនល្មមប្រព្រឹត្ត​ទៅ​បាន​ស្រួលទេ ទុក្ខ​វេទនា ​របស់​ខ្ញុំ​ព្រះអង្គ ធ្ងន់ណាស់ រមែង​ចំរើន​ឡើង ​មិនធូរថយ​ទេ ការចំរើន​ឡើង​ រមែង​ប្រាកដ​ ការធូរថយ មិន​ប្រាកដទេ។

[១២០] ម្នាលទីឃាវុ ព្រោះ​ហេតុ​នោះ​ ក្នុងសាសនា​នេះ អ្នក​គប្បី​សិក្សា​ យ៉ាងនេះ​ថា​អាត្មាអញ នឹង​ប្រកប​ដោយ​សេចក្ដី​ជ្រះ​ថ្លា មិន​កម្រើក​ក្នុង​ព្រះ​ពុទ្ធថា ព្រះ​ដ៏​មានព្រះ​ភាគ​អង្គ​នោះ ជាអរហន្ត សម្មាសម្ពុទ្ធ ទ្រង់​បរិបូណ៌ដោយ​វិជ្ជា​ និង​ចរណៈ ទ្រង់​មាន​ដំណើរ​ល្អ យាង​ទៅកាន់​ព្រះ​និព្វាន ទ្រង់​ជ្រាប​ច្បាស់ ​នូវ​ត្រៃ​លោក ទ្រង់​ប្រ​សើរ​ដោយ​សីលាទិគុណ រក​បុគ្គល​ណាមួយ​ស្មើ​គ្មាន​ ទ្រង់​ជាអ្នក​ទូន្មាន​នូវ​បុរស ​ដូច​ជានាយសារថី ទ្រង់​ជាគ្រូ​នៃទេវតា ​និង​មនុស្សទាំងឡាយ​ ទ្រង់​ត្រាស់​ដឹង​ នូវ​អរិយ​សច្ច ៤ ទ្រង់​ខ្ជាក់​ចោល​ នូវ​ត្រៃ​ភព លែង​វិលត្រឡប់​មក​កើត​ទៀត។ (ប្រកប​ដោយ​សេចក្ដី​ជ្រះថ្លា មិន​កម្រើក) ក្នុង​ព្រះធម៌។ ក្នុង​ព្រះសង្ឃ។ ប្រកប​ដោយ​សីល ជាទីត្រេកអរ នៃព្រះ​អរិយៈ ជាសីល​មិនដាច់។បេ។ ប្រព្រឹត្តទៅព្រម ​ដើម្បី​សមាធិ។ ម្នាល​ទីឃាវុ​ អ្នក​គប្បី​សិក្សា​យ៉ាង​នេះចុះ។

[១២១] បពិត្រ​ព្រះអង្គ​ដ៏ចំរើន អង្គ​នៃ​សោតា​បត្តិ​ ៤​ ឯណា ដែល​ព្រះដ៏​មាន​ព្រះភាគ​ ទ្រង់​សំដែង​ហើយ ធម៌​ទាំង​នោះ​ សឹង​មានព្រម ​ក្នុង​ខ្លួន​ខ្ញុំព្រះអង្គ ខ្ញុំព្រះអង្គ ​នឹង​ប្រាកដ ​ក្នុង​ធម៌​ទាំងនោះ។ បពិត្រ​ព្រះ​អង្គ​ដ៏ចំរើន ព្រោះថា​ ខ្ញុំ​ព្រះអង្គ​ ប្រកប​ដោយ​សេចក្ដី​​​​​ជ្រះថ្លា ​មិន​កម្រើក​ ក្នុង​ព្រះពុទ្ធ​ថា ព្រះដ៏មាន​ព្រះភាគ​អង្គ​នោះ។បេ។ ​ទ្រង់​ជាគ្រូ​ នៃ​ទេវតា​និង​មនុស្សទាំងឡាយ​ ទ្រង់​ត្រាស់​ដឹង នូវ​អរិយសច្ច​ ៤ ទ្រង់​ខ្ជាក់​ចោល ​នូវ​ត្រៃ​ភព​ លែង​វិល​ត្រឡប់​មក​កើត​ទៀត។ (ប្រកប​ដោយសេចក្ដី​ជ្រះថ្លា ​មិន​កម្រើក) ក្នុងព្រះ​ធម៌។​ ​ក្នុង​ព្រះសង្ឃ។ ប្រកប​ដោយ​សីល ជាទីត្រេកអរ នៃ​ព្រះអរិយៈ ជាសីលមិន​ដាច់។បេ។ ប្រព្រឹត្ត​ទៅ​ព្រម​ ដើម្បី​សមាធិ។ ម្នាល​ទីឃាវុ ព្រោះ​ហេតុ​នោះ​ ក្នុង​សាសនា​នេះ​ អ្នក​គួរ​ដំកល់​នៅ​ក្នុង​អង្គ ​នៃ​សោតា​បត្តិ​ ៤ ​នេះ ហើយ​ចំរើន​នូវ​ធម៌ ​ជា​ចំណែក​នៃ​វិជ្ជា​ ៦​ យ៉ាង តទៅទៀត។

[១២២] ម្នាល​ទីឃាវុ ក្នុងសាសនានេះ​ អ្នក​ចូរ​ពិចារណា​ នូវ​សេចក្ដី​មិន​ទៀង​ ក្នុង​សង្ខារ​ទាំង​ពួង ចូរ​សំគាល់​ថា​ជា​ទុក្ខ ក្នុង​របស់​ដែលមិនទៀង​ សំគាល់​ថា​ មិន​មែន​ជារបស់​ខ្លួន ក្នុងរបស់​ដែល​ជា​ទុក្ខ សំគាល់នូវ​ធម៌ ​ជា​គ្រឿង​លះបង់ សំគាល់​នូវ​ធម៌​ ជា​គ្រឿង​ប្រាស​ចាក​តម្រេក សំគាល់​នូវ​​ធម៌​ ជា​គ្រឿង​រលត់។ ម្នាល​ទីឃាវុ អ្នក​គប្បី​សិក្សា​យ៉ាង​នេះចុះ។

[១២៣] បពិត្រ​ព្រះ​អង្គ​ដ៏​ចំរើន ធម៌​ជាចំណែក​ នៃ​វិជ្ជា ៦ ឯណា ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ទ្រង់​សំដែង​ហើយ ធម៌​ទាំង​នោះ​ឯង​ សឹង​មាន​ព្រម ក្នុង​ខ្លួន​ខ្ញុំ​ព្រះអង្គ ខ្ញុំ​ព្រះអង្គ​នឹង​ប្រាកដ ​ក្នុង​ធម៌​ទាំង​នោះ។ បពិត្រ​ព្រះ​អង្គ​ដ៏​ចំ​រើន ព្រោះ​ខ្ញុំ​ព្រះអង្គ តែង​ពិចារណា​ឃើញ​ នូវ​សេចក្ដី​មិន​ទៀង ​ក្នុង​សង្ខារទាំងពួង សំគាល់​ថា​ ជាទុក្ខ​ក្នុង​របស់​ ដែល​មិន​ទៀង​ សំគាល់​ថា​ មិន​មែន​ជា​របស់​ខ្លួន ក្នុង​របស់​ដែល​ជាទុក្ខ សំគាល់​នូវ​ធម៌​ ជាគ្រឿង​លះបង់ សំគាល់​នូវ​ធម៌​ ដែល​ជា​គ្រឿងប្រាសចាក​តម្រេក សំគាល់​នូវ​ធម៌ ​ជាគ្រឿង​រលត់​។  បពិត្រព្រះអង្គដ៏ចំរើន មួយ​ទៀត ខ្ញុំព្រះអង្គ​ មាន​សេចក្ដី​ត្រិះរិះ ​យ៉ាងនេះថា ជោតិ​យ គហបតី​នេះ លុះ​អំណើះ ឥតអំពីខ្ញុំព្រះអង្គ​ទៅ សូម​កុំ​ឲ្យ​ជួប​ប្រទះ​នឹង​សេចក្ដី​ទុក្ខឡើយ។ ម្នាលទីឃាវុ អ្នក​កុំ​ធ្វើ​ទុក​ក្នុង​ចិត្ត​ យ៉ាងនេះ​ឡើយ នែ​ទីឃាវុ ព្រះដ៏​មាន​ព្រះ​ភាគ ​បាន​ពោល​នូវ​ធម៌​ឯណា​ដល់​អ្នក ​ៗ ចូរ​ធ្វើ​ទុក​ក្នុង​ចិត្ត ​នូវ​ធម៌​នោះ ​ដោយ​ប្រពៃ​ចុះ​។

[១២៤] លុះព្រះ​ដ៏​មានព្រះ​ភាគ បាន​ទូន្មាន​ទីឃាវុ​ឧបាសក​ ដោយឱវាទនេះរួច​ហើយ ក៏ក្រោក​ចាក​អាសនៈ​ចៀស​ចេញ​ទៅ។ ទីឃាវុ​ឧ​បាសក កាល​ដែល​ព្រះដ៏​មាន​ព្រះភាគ ចៀសចេញ​ទៅ ​មិន​យូរ​ប៉ុន្មាន ក៏​ធ្វើ​មរណកាលទៅ​​​។

[១២៥] គ្រានោះ ភិក្ខុ​ច្រើន​រូប ​ចូល​ទៅគាល់​ព្រះដ៏​មានព្រះភាគ​ លុះ​ចូល​ទៅដល់​ហើយ ក៏ក្រាបថ្វាយ​បង្គំ​ព្រះ​ដ៏​មានព្រះភាគ ហើយ​អង្គុយ​ក្នុងទីដ៏​សម​គួរ។ លុះ​ភិក្ខុទាំង​នោះ​ អង្គុយ​ក្នុង​ទី​សម​គួរ​ហើយ ក៏ក្រាប​បង្គំ​ទូល​ព្រះ​ដ៏​មានព្រះ​ភាគ ​ដូច្នេះថា​ បពិត្រ​ព្រះ​អង្គ​​​​​ដ៏​ចំរើន ទីឃា​វុ​ឧបាសក ដែល​ព្រះដ៏​មានព្រះភាគ ទ្រង់​បាន​ទូន្មាន​ ដោយ​ឱវាទ​សង្ខេប គាត់​ធ្វើ​មរណកាល​ទៅ​ហើយ តើ​គតិរបស់​គាត់​​ដូច​ម្ដេច​ បរលោក ​ដែលគាត់​ត្រូវ​បាន​ តើ​ដូចម្ដេច។ ម្នាល​ភិក្ខុ​ទាំងឡាយ​ ទីឃាវុឧ​បាសក ជា​បណ្ឌិត ពោល​ពាក្យ​ពិត​ទៅ​រក​ធម៌ ​តាម​សម​គួរ​ដល់​ធម៌ មិន​បៀត​បៀន ​នូវ​អធិករណ៍ នៃ​ធម៌​ឡើយ។ ម្នាល​ភិក្ខុ​ទាំងឡាយ​ ទីឃាវុ​  ឧ​បាសក បាន​ជា​ឱ​បបាតិកៈកំណើត ហើយ​បរិនិព្វានក្នុង​ទី​នោះ​ មាន​សភាពមិន​ត្រឡប់​មក​អំពី​លោក​នោះ​វិញទេ ព្រោះ​អស់​ទៅ ​នៃ​សញ្ញោ​ជនៈ ​ជា​ចំណែក​ខាង​ក្រោម​ ទាំង​​ ៥។

[១២៦] សម័យ​មួយ​ ព្រះ​សារី​បុត្ត​ដ៏​មានអាយុ និង​ព្រះអានន្ទ​ដ៏​មាន​អាយុ គង់​នៅ​ក្នុង​វត្ត​ជេត​ពន របស់​អនា​ថបិណ្ឌិកសេដ្ឋី ទៀប​ក្រុង​សាវត្ថី។ គ្រានោះ​ ព្រះ​អានន្ទ​ដ៏​មានអា​យុ ចេញ​ចាក​ផល​សមាបត្តិ​ ក្នុង​វេលា​សាយណ្ហសម័យ ហើយ​ចូល​ទៅ​រក​ព្រះ​សារីបុត្ត​ដ៏​មាន​អាយុ លុះ​ចូល​ទៅដល់​ហើយ ក៏អង្គុយ​ក្នុង​ទីសម​គួរ​។ លុះព្រះ​អានន្ទ​ដ៏​មាន​អាយុ អង្គុយ​ក្នុង​ទីសម​គួរ​ហើយ ក៏​ពោល​ទៅ​នឹង​ព្រះ​សារីបុត្ត​ដ៏​មានអាយុ ​ដូច្នេះ​ថា ម្នាល​អាវុសោ​ សារីបុត្ត ពពួក​សត្វ​នេះ ដែល​ព្រះដ៏​មាន​ព្រះ​ភាគ ​ព្យាករ​ថា បានដល់​សោតៈ មានសភាព​មិន​បាន​ធ្លាក់​ចុះ​ក្នុង​អបាយ ជា​បុគ្គល​ទៀង មាន​កិរិយា​ត្រាស់​ដឹង ​ប្រ​ព្រឹត្ត​ទៅ​ខា​ង​មុខ​យ៉ាង​នេះ ព្រោះ​ហេតុ​ប្រកប​ដោយ​ធម៌​ប៉ុន្មាន​យ៉ាង​ហ្ន៎។ ​

[១២៧] ម្នាល​អាវុសោ ពពួកសត្វ​នេះ ដែល​ព្រះដ៏​មាន​ព្រះភាគ ​ព្យាករ​ថា បានដល់​សោតៈ មាន​សភាព​មិន​បាន​ធ្លាក់​ចុះ​ក្នុង​អបាយ​ ជា​បុគ្គល​ទៀង មាន​កិរិយា​ត្រាស់​ដឹង​ប្រព្រឹត្ត​ទៅ ​ក្នុង​ខា​ង​មុខ​យ៉ាង​នេះ ព្រោះ​ហេតុ​ប្រ​កប​ដោយ​ធម៌ ៤ យ៉ាង។ ធម៌​ ៤ យ៉ាង ​តើ​ដូចម្ដេច។ ​ម្នាល​អាវុសោ​ អរិយ​សាវក ក្នុងសាសនា​នេះ ប្រ​កប​ដោយ​សេចក្ដីជ្រះ​ថ្លា ​មិន​កម្រើក ​ក្នុង​ព្រះពុទ្ធ​ថា ព្រះ​ដ៏​មាន​ព្រះភាគ ​ព្រះអង្គនោះ​។បេ។ ​ទ្រង់​ជាគ្រូ​នៃ​ទេវតា​ និង​មនុស្ស​ទាំងឡាយ ទ្រង់​ត្រាស់ដឹង ​នូវ​អរិយ​សច្ច​ ៤ ទ្រង់​ខ្ជាក់​ចោល ​នូវ​ត្រៃ​ភព លែង​វិល​ត្រឡប់​មក​កើត​ទៀត​។ ​ក្នុង​ព្រះធម៌​។បេ។ ​ក្នុង​ព្រះ​សង្ឃ​។បេ។ ​ប្រកប​ដោយ​សីល ជាទី​ត្រេកអ​រ របស់​ព្រះអរិយៈ ជាសីល​មិន​ដាច់។បេ។ ប្រព្រឹត្តទៅព្រម ​ដើម្បី​សមាធិ។ ម្នាល​អាវុសោ​ ពពួក​សត្វ​នេះ ដែល​ព្រះ​ដ៏​មានព្រះ​ភាគ ​ព្យាករ​ថា បាន​ដល់​សោតៈ មានសភាព មិន​បាន​ធ្លាក់​ចុះ​ ក្នុង​អបាយ ជាបុគ្គល​ទៀង​ មានកិរិយា​ ត្រាស់​ដឹង​ប្រព្រឹត្ត​ទៅ ក្នុង​ខា​ង​មុខ​យ៉ាង​នេះ ព្រោះ​ហេតុ​ប្រ​កប​ដោយ​ធម៌​ ៤​ យ៉ាង​នេះ​ឯង។

[១២៨] គ្រា​នោះ​ ព្រះ​សារីបុត្ត​ដ៏​មានអាយុ ​ចូល​ទៅ​គាល់​ព្រះដ៏​មានព្រះ​ភាគ លុះ​ចូល​ទៅ​ដល់​ហើយ​ ក៏​ក្រាប​ថ្វាយ​បង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ ហើយ​អង្គុយ​ក្នុង​ទី​សម​គួរ។ លុះ​​​​​​ព្រះសារី​បុតុ្ត​ដ៏​មានអាយុ អង្គុយ​ក្នុង​ទី​សម​គួរហើយ ព្រះ​ដ៏​មានព្រះ​ភាគ​ ក៏​ទ្រង់​ត្រាស់​​​​​ដូច្នេះ​ថា ម្នាល​សារីបុត្ត គេតែង​ពោល​ថា អង្គ​ នៃ​សោតា​បត្តិៗ ដូច្នេះ​ ម្នាល​សារីបុត្ត​ ចុះ​អង្គ​នៃ​សោតា​បត្តិ តើ​ដូចម្ដេច។

[១២៩] បពិត្រ​ព្រះអង្គ​ដ៏​ចំរើន ការសេពគប់​ដោយ​សប្បុរស ជា​អង្គ ​នៃ​សោតា​បត្តិ ១ ការ​ស្ដាប់​ព្រះ​សទ្ធ​ម្ម ជាអង្គ​នៃ​សោតា​បត្តិ​ ១ ការធ្វើទុក​ក្នុង​ចិត្ត​ ដោយ​ឧបាយ​ប្រាជ្ញា ជាអង្គ​ នៃ​សោតា​បត្តិ​ ១ ​ការ​ប្រ​តិបត្តិ​ធម៌ ​តាម​សម​គួរ​ដល់​ធម៌ ជាអង្គ​នៃ​សោតា​បត្តិ​ ១។

[១៣០] ម្នាល​សារីបុត្ត​ ប្រពៃ​ពេក​ណាស់​ ម្នាល​សារីបុត្ត​ មែន​ហើយ ​ការ​សេពគប់​ដោយ​សប្បុរស  ​ជាអង្គ​នៃ​សោតា​បត្តិ​ ១ ការស្ដាប់​ព្រះ​សទ្ធ​ម្ម​ ជាអង្គ​នៃ​សោតា​បត្តិ ១ ការធ្វើ​ទុក​ក្នុង​ចិត្ត ​ដោយ​ឧ​បាយ​ប្រាជ្ញា ​ជាអង្គ​នៃសោតាបត្តិ ១ ការ​ប្រតិបត្តិ​ធម៌​ តាម​សម​គួរ​ដល់​ធម៌​ ជាអង្គ​នៃ​សោតា​បត្តិ ១។

[១៣១] ម្នាល​សារីបុត្ត គេតែង​ពោល​ថា​ សោតៈ ៗ ដូច្នេះ ម្នាល​សារីបុត្ត ចុះ​សោតៈ​តើ​ដូចម្ដេច។ បពិត្រ​ព្រះ​អង្គ​ដ៏​ចំរើន ផ្លូវ​ដ៏​ប្រ​សើរ​ ប្រ​កប​ដោយ​អង្គ​ ៨ នេះ​ឯង ជា​សោតៈ។ ផ្លូវ​ដ៏​ប្រសើរ​ ប្រ​កប​ដោយ​អង្គ​ ៨ តើ​ដូចម្ដេច​ខ្លះ។ គឺ​សេចក្ដី​ឃើញ​ត្រូវ​ ១ ការ​ត្រិះ​រិះ​ត្រូវ ១ ការ​និយាយ​ត្រូវ ១​ ការងារ​ត្រូវ ១ ការចិញ្ចឹម​ជីវិត​ត្រូវ ១ ការព្យាយាម​ត្រូវ ១ ការរលឹកត្រូវ ១ ការដំកល់​ចិត្តនឹង​ត្រូវ​ ១។

[១៣២] ​ម្នាល​សារីបុត្ត​ ប្រពៃ​ពេកណាស់ ម្នាល​សារីបុត្ត​​  មែនហើយ  ផ្លូវ​ដ៏ប្រ​សើរ  ប្រ​កប​ដោយ​អង្គ ៨ នេះ​ឯង ជាសោតៈ។ ​ផ្លូវ​ដ៏​ប្រ​សើរ​ ប្រ​កប​ដោយ​អង្គ​ ៨ តើ​ដូចម្ដេច​ខ្លះ។ ​គឺ​សេចក្តីឃើញ​ត្រូវ ​១ ។បេ។ ​ការ​ដំកល់​ចិត្ត​នឹង​ត្រូវ ១។

[១៣៣] ម្នាល​សារីបុត្ត​ គេតែង​ពោលថា​ បុគ្គល​ដល់​នូវ​សោតៈៗ ដូច្នេះ ម្នាល​សារីបុត្ត ចុះ​បុគ្គល​ដល់​នូវ​សោតៈ​ តើ​ដូចម្ដេច។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន បុគ្គលណា​ ប្រកប​ដោយ​ផ្លូវ​ដ៏​ប្រសើរ ប្រកប​ដោយ​អង្គ ​៨ នេះ ហៅថា បុគ្គល​ដល់​នូវ​សោតៈ លោក​ដ៏​មាន​អាយុ​នោះ មាន​ឈ្មោះ​យ៉ាង​នេះ មាន​គោត្រ​យ៉ាងនេះ។

[១៣៤] ម្នាលសារី​បុត្ត​ ប្រពៃ​ពេកណាស់ បុគ្គល​ប្រ​កប​ដោយ​ផ្លូវ ​ដ៏​ប្រសើរ ប្រ​កប​ដោយ​អង្គ ៨ នេះ​ឯង នេះ​ហៅថា បុគ្គល​ដល់​នូវ​សោតៈ លោក​ដ៏​មាន​អាយុ​នោះ មាន​ឈ្មោះ​យ៉ាងនេះ មាន​គោត្រ​យ៉ាង​នេះ។

[១៣៥] សា​វត្ថីនិទាន។ សម័យ​នោះ​ឯង ​ភិក្ខុ​ច្រើន​រូប ​ធ្វើ​ចីវរកម្ម​ ថ្វាយ​ព្រះដ៏​មាន​ព្រះ​ភាគ កាល​ព្រះ​ដ៏​មាន​ព្រះ​ភាគ មានចីវរសម្រេច​ហើយ​ លុះ​កន្លង ៣ ខែ​ទៅ នឹង​សេ្តចចៀស​ចេញ​ទៅកាន់​ចារិក។

[១៣៦] សម័យនោះ​ឯង មាន​នាយ​ជាង​ឈើ​ (ពីរនាក់)​ ឈ្មោះ ​ឥសិទត្ត [បាន​សម្រេច​សកទាគាមិ​។] និង​បុរាណៈ [បានសម្រេចសោតៈ (អដ្ឋកថា)​។]  នៅ​អាស្រ័យ​ក្នុង​ស្រុក​សួយ​ ឥសិទត្ត​ និង​បុរាណៈ បានឮដំណឹង​ថា ពួក​ភិក្ខុ​ច្រើន​រូប ​ធ្វើ​ចីវរកម្ម ថ្វាយ​ព្រះ​ដ៏​មាន​ព្រះ​ភាគ កាល​ព្រះ​ដ៏​មានព្រះ​ភាគ មាន​ចីវ​រសម្រេច​ហើយ លុះ​កន្លង​ ៣ ខែ​ទៅ ក៏​នឹង​ស្ដេច​ចៀស​ចេញ ​ទៅកាន់​ចារិក។ ​គ្រា​នោះ ​នាយ​ជាង​ឈើ​ ឈ្មោះ ​ឥសិទត្ត ​និង​បុរាណៈ​ បាន​ឲ្យ​បុរស​ឈរ​ចាំ​ផ្លូវ​ (ហើយផ្ដាំ) ថា ​នែ​បុរស​ដ៏​ចំរើន (បើ) អ្នក​ឃើញព្រះ​ដ៏​មាន​ព្រះ​ភាគ ជាអរហន្ត​ សម្មាសម្ពុទ្ធ​ ស្ដេច​មក​ក្នុង​វេលា​ណា គប្បី​ប្រាប់ដល់​យើង ​ក្នុង​វេលា​នោះ។ ​បុរស​នោះ ​នៅ​ចាំអស់ ២ ថ្ងៃ ​៣ ​ថ្ងៃ​ហើយ ក៏​បាន​ឃើញ​ព្រះ​ដ៏​មានព្រះភាគ ទ្រង់​ស្ដេច​មក​អំពី​ចម្ងាយ លុះ​ឃើញ​ហើយ ក៏​ត្រឡប់​ចូលទៅរក​នាយ​ជាង​ឈើ ​ឈ្មោះ​ឥសិទត្ត​និង​បុរាណៈ លុះចូល​ទៅដល់​ហើយ​ ក៏​ជម្រាប​​​​​ទៅ​នាយ​ជាង​ឈើ​ ឈ្មោះ​ឥសិទត្ត និង​បុរាណៈ ដូច្នេះថា បពិត្រ​អ្នក​ដ៏​ចំរើន ព្រះ​ដ៏​​​មាន​ព្រះ​ភាគ ​ជាអរហន្ត​ សម្មា​សម្ពុទ្ធនោះ​ ទ្រង់​ស្ដេច​មក​ដល់​ហើយ អ្នក​ទាំង​ឡាយ​ សំគាល់​នូវ​កាល​គួរ ក្នុង​កាល​ឥឡូវនេះចុះ។

[១៣៧] គ្រានោះ នាយ​ជាង​ឈើ ​ឈ្មោះ​ឥសិទត្ត​ និង​បុរាណៈ ចូលទៅ​គាល់​ព្រះ​ដ៏មានព្រះ​ភាគ លុះចូល​ទៅដល់​ហើយ ក៏​ក្រាប​ថ្វាយ​បង្គំព្រះដ៏​មានព្រះភាគ ​ហើយតាម​ជាប់​ព្រះ​ដ៏​មាន​ព្រះ​ភាគ ​អំ​ពី​ក្រោយៗ។ លំដាប់​នោះ​ ព្រះ​ដ៏​មានព្រះ​ភាគ ​ទ្រង់​ស្ដេច​ចៀស​ចេញ​ អំពី​ផ្លូវ​ ចូលទៅរកម្លប់​ឈើ​ ១ លុះចូលទៅ​ដល់​ហើយ ក៏ទ្រង់​គង់​លើ​អាសនៈ​ ដែល​គេ​ក្រាល​ថ្វាយ។ នាយ​ជាង​ឈើ ​ឈ្មោះ​ឥសិទត្ត និង​បុរាណៈ ក្រាប​ថ្វាយ​បង្គំ​ព្រះដ៏​មានព្រះ​ភាគ ហើយ​ក៏អង្គុយក្នុង​ទី​សម​គួរ។ លុះនាយ​ជាង​ឈើ ​ឈ្មោះ​ឥសិទត្ត​ និង​បុរាណៈ​​​ទាំង​នោះ ​អង្គុយ​ក្នុងទី​សមគួរហើយ ក៏​ក្រាប​​បង្គំ​ទូល​ព្រះ​ដ៏​មានព្រះភាគ ​ដូច្នេះថា

[១៣៨] បពិត្រ​ព្រះ​អង្គ​ដ៏​ចំរើន យើង​ខ្ញុំព្រះអង្គ​ ឮ​ដំណឹង​ថា ព្រះ​ដ៏​មានព្រះ​ភាគ​ នឹង​ស្ដេច​ចេញចាក​ក្រុង​សាវត្ថី ទៅកាន់​ចារិក ​ក្នុង​ដែន​កោ​សល ក្នុង​វេលា​ណា​ សេចក្ដី​​​​តូច​ចិត្ត ​និង​សេចក្ដី​ទោមនស្ស ក៏​កើត​ឡើង​ ដល់​យើង​ខ្ញុំព្រះអង្គ ក្នុង​វេលា​នោះ​ ដោយ​គិត​ថា ព្រះ​ដ៏​មានព្រះ​ភាគ របស់​យើង​ទាំងឡាយ​ នឹង​នៅ​ក្នុង​ទី​ឆ្ងាយ។ ​បពិត្រ​ព្រះអង្គ​ដ៏​ចំ​រើន​ មួយ​ទៀត​ យើង​ខ្ញុំ​ព្រះ​អង្គ​ ឮ​ដំណឹង​ថា ព្រះ​ដ៏​មានព្រះ​ភាគ ​ស្ដេច​ចេញ​ចាក​ក្រុង​សាវត្ថី ទៅ​កាន់​ចារិក​ ក្នុង​ដែន​កោសល​ហើយ ក្នុង​វេលាណា សេចក្ដី​តូច​ចិត្ត​ និង​សេចក្ដី​ទោមនស្ស ក៏កើត​ឡើង​ ដល់​យើង​ខ្ញុំ​ព្រះ​អង្គ ក្នុង​វេលា​នោះ​ ដោយ​គិត​ថា ព្រះ​ដ៏​មានព្រះ​ភាគ​ របស់​យើង​ទាំងឡាយ​ នៅ​ក្នុង​ទី​ឆ្ងាយ​ហើយ។

[១៣៩] បពិត្រ​ព្រះ​អង្គ​ដ៏​ចំរើន មួយទៀត ​យើង​ខ្ញុំ​ព្រះ​អង្គ​ ឮ​ដំ​ណឹង​ថា ព្រះ​ដ៏​មានព្រះ​ភាគ នឹង​ស្ដេច​ចេញ​ចាក​ដែន​កោសល​ ទៅ​កាន់​ចារិក ​ក្នុង​ដែន​មល្លៈ ​ក្នុង​វេលា​ណា សេចក្ដី​តូច​ចិត្ត ​និង​សេចក្ដី​ទោមនស្ស ក៏​កើត​ឡើង ​ដល់​យើង​ខ្ញុំ​ព្រះ​អង្គ ក្នុង​វេលា​នោះ​ ដោយ​គិត​ថា ព្រះ​ដ៏​មានព្រះ​ភាគ ​របស់​យើង​ នឹង​នៅ​ក្នុង​ទី​ឆ្ងាយ។ ​បពិត្រព្រះ​អង្គ​ដ៏​ចំរើន មួយ​ទៀត​ យើង​ខ្ញុំព្រះអង្គ ​ឮដំណឹង​ថា ព្រះដ៏​មាន​ព្រះ​ភាគ ​ទ្រង់​ស្ដេច​ចេញ​ចាក​ដែន​កោសល​ហើយ ទៅកាន់​ចារិក​ ក្នុង​ដែនមល្លៈ ក្នុង​វេលា​ណា សេចក្ដី​តូចចិត្ត ​និង​សេចក្ដី​ទោមនស្ស​ ក៏​កើត​ឡើង​ ដល់​យើង​ខ្ញុំ​ព្រះអង្គ​ ក្នុង​វេលា​នោះ ដោយ​គិត​ថា ព្រះដ៏​មានព្រះភាគ​ របស់​យើង​ទាំងឡាយ នៅ​ក្នុង​ទី​ឆ្ងាយ​ហើយ។

[១៤០] បពិត្រព្រះអង្គដ៏​ចំរើន​ មួយ​ទៀត​ យើង​ខ្ញុំ​ទាំងឡាយ ឮ​ដំណឹង​ថា ព្រះដ៏​មានព្រះ​ភាគ​ នឹង​ស្ដេច​ចេញ​ចាក​ដែន​មល្លៈ ទៅកាន់​ចារិក ​ក្នុង​ដែន​វជ្ជី​ ក្នុង​វេលា​ណា សេចក្ដី​តូចចិត្ត​ និង​សេចក្ដី​ទោមនស្ស​ ក៏​កើត​ឡើង ​ដល់​យើង​ខ្ញុំ​ព្រះ​អង្គ​ ក្នុង​វេលា​នោះ​ ដោយ​​​​​​​​​​​​គិត​ថា​ ព្រះ​ដ៏​មានព្រះភាគ របស់​យើង​ទាំងឡាយ នឹង​នៅ​ក្នុង​ទី​ឆ្ងាយ​ហើយ។ ​បពិត្រ​ព្រះ​អង្គ​ដ៏​ចំរើន មួយ​ទៀត​ យើង​ខ្ញុំ​ព្រះ​អង្គ ​ឮ​ដំណឹង​ថា ព្រះ​ដ៏​មានព្រះ​ភាគ ទ្រង់​ស្ដេច​ចេញ​ចាក​ដែន​មល្លៈ ​ទៅ​កាន់​ចារិក ​ក្នុង​ដែន​វជ្ជីហើយ ក្នុង​វេលាណា សេចក្ដី​តូច​ចិត្ត​និង​សេចក្ដី​ទោមនស្ស ​ក៏​កើត​ឡើង​ ដល់​យើង​ខ្ញុំព្រះអង្គ ក្នុង​វេលានោះ ដោយ​គិត​ថា ព្រះ​ដ៏​មាន​ព្រះភាគ​ របស់យើង​ទាំងឡាយ ​នៅ​ក្នុង​ទីឆ្ងាយ​ហើយ។

[១៤១] បពិត្រ​ព្រះអង្គ​ដ៏​ចំរើន មួយ​ទៀត​ យើង​ខ្ញុំ​ព្រះអង្គ ​ឮ​ដំ​ណឹង​ថា ព្រះ​ដ៏​មាន​ព្រះ​ភាគ នឹង​ស្ដេច​ចេញ​ចាក​ដែន​វជ្ជី ទៅកាន់​ចារិក ​ក្នុង​ដែនកាសី ក្នុង​វេលាណា សេចក្ដី​តូច​ចិត្ត​ និង​សេចក្ដី​ទោមនស្ស ក៏​កើត​ឡើង ​ដល់​យើង​ខ្ញុំ​ព្រះអង្គ ក្នុង​វេលា​នោះ ដោយ​គិត​ថា ព្រះដ៏​មាន​ព្រះភាគ របស់​យើងទាំង​ឡាយ ​នឹង​នៅ​ក្នុង​ទី​ធ្ងាយ។ បពិត្រ​ព្រះ​អង្គ​ដ៏​ចំរើន មួយ​ទៀត​​ យើង​ខ្ញុំ​ព្រះអង្គ ​ឮ​ដំណឹង​ថា​ ព្រះ​ដ៏​មានព្រះ​ភាគ ​ស្ដេច​ចេញ​ចាក​ដែន​វជ្ជី ទៅ​កាន់​ចារិក ក្នុង​ដែន​កាសីហើយ ក្នុង​វេលាណា សេចក្ដី​តូច​ចិត្ត​ និង​សេចក្ដី​ទោមនស្ស ក៏​កើត​ឡើង ​ដល់​យើង​ខ្ញុំ​ព្រះអង្គ ក្នុង​វេលា​នោះ ដោយ​គិត​ថា​ ព្រះ​ដ៏​មាន​ព្រះភាគ របស់​យើងទាំងឡាយ នៅ​ក្នុង​ទី​ឆ្ងាយ​ហើយ​។ ​

[១៤២] ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន មួយ​ទៀត​ យើង​ខ្ញុំ​ព្រះអង្គ ​ឮ​ដំណឹង​ថា ព្រះដ៏​មាន​ព្រះភាគ នឹង​ស្ដេច​ចេញ​ចាក​ដែនកាសី ​ទៅកាន់​ចារិក ​ក្នុង​ដែនមគធៈ ក្នុង​វេលា​ណា សេចក្ដី​តូចចិត្ត​ និង​សេចក្ដី​ទោមនស្ស​ ក៏កើត​ឡើង ​ដល់​យើង​ខ្ញុំ​ព្រះអង្គ ក្នុង​វេលា​នោះ​ដោយ​គិត​ថា ព្រះ​ដ៏​មាន​ព្រះ​ភាគ ​របស់​យើង​ទាំងឡាយ នឹង​នៅ​ក្នុង​ទីឆ្ងាយ។ បពិត្រ​ព្រះអង្គដ៏ចំរើន មួយទៀត​ យើង​ខ្ញុំ​ព្រះអង្គ​ ឮ​ដំណឹង​ថា ព្រះ​ដ៏​មាន​ព្រះ​ភាគ ស្ដេច​ចេញ​ចាក​ដែន​កាសី ទៅកាន់​ចារិក​ ក្នុង​ដែន​មគធៈហើយ ​ក្នុង​វេលាណា​ សេចក្ដី​តូចចិត្ត​ច្រើន​និង​សេចក្ដី​ទោមនស្ស​ច្រើន ក៏​កើត​ឡើង​ ដល់​យើង​ខ្ញុំព្រះអង្គ ក្នុង​វេលា​នោះ ដោយ​គិត​ថា ព្រះដ៏​មានព្រះភាគ របស់​យើង​ទាំងឡាយ នៅក្នុង​ទី​ឆ្ងាយ​ហើយ។ ​

[១៤៣] ​​​បពិត្រ​ព្រះអង្គ​ដ៏ចំរើន មួយទៀត​ យើង​ខ្ញុំព្រះអង្គ​ ឮដំណឹង​ថា ព្រះ​ដ៏មាន​ព្រះភាគ នឹងស្ដេច​ចេញ​ចាក​ដែនមគធៈ ទៅកាន់​ចារិក​ ក្នុង​ដែនកាសី ក្នុង​វេលាណា​ សេចក្ដី​​​​​​​​​​​​រីករាយ និង​សេចក្ដី​សោមនស្ស​ ក៏កើត​ឡើង ​ដល់​យើង​ខ្ញុំ​ព្រះអង្គ ក្នុង​វេលានោះ ដោយ​គិត​ថា ​ព្រះដ៏​មានព្រះភាគ របស់​យើងទាំងឡាយ នឹង​នៅ​ក្នុង​ទីជិត។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន មួយទៀត​ យើង​ខ្ញុំព្រះអង្គ​ ឮដំណឹង​ថា ព្រះដ៏មានព្រះ​ភាគ ស្ដេច​បាន​ចេញ​​ចាក​ដែនមគធៈ ទៅកាន់​ចារិក​ ក្នុង​ដែនកាសីហើយ​ ក្នុង​វេលាណា សេចក្ដី​រីក​រាយ និង​សេចក្ដី​សោមនស្ស​ ក៏កើត​ឡើង ​ដល់​យើង​ខ្ញុំ​ព្រះអង្គ ក្នុង​វេលានោះ ដោយ​គិត​ថា ​ព្រះដ៏​មាន​ព្រះភាគ របស់​យើងទាំងឡាយ ​នៅ​ក្នុង​ទីជិតហើយ។

[១៤៤] បពិត្រ​ព្រះអង្គ​ដ៏ចំរើន មួយទៀត​ យើង​ខ្ញុំព្រះអង្គ ​ឮដំណឹង​ថា ព្រះដ៏មាន​ព្រះ​​​ភាគ នឹងស្ដេច​ចេញ​ចាក​ដែនកាសី ទៅកាន់ចារិក ​ក្នុង​ដែន​វជ្ជី​ ក្នុង​វេលាណា​ សេចក្ដី​រីករាយ និង​សេចក្ដី​សោមនស្ស​ ក៏កើត​ឡើង​ ដល់​យើង​ខ្ញុំ​ព្រះអង្គ ក្នុង​វេលានោះ ដោយ​គិត​ថា​ ព្រះដ៏​មានព្រះភាគ របស់​យើងទាំងឡាយ នឹង​នៅ​ក្នុង​ទីជិត។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន មួយទៀត​ យើង​ខ្ញុំព្រះអង្គ ​ឮដំណឹង​ថា ព្រះដ៏មានព្រះ​ភាគ ស្ដេច​បានចេញ​ចាក​ដែនកាសី ទៅកាន់​ចារិក ​ក្នុង​ដែនវជ្ជីហើយ​ ក្នុង​វេលាណា សេចក្ដីរីករាយ និង​សេចក្ដី​សោមនស្ស​ ក៏កើត​ឡើង​ ដល់​យើង​ខ្ញុំ​ព្រះអង្គ ក្នុង​វេលានោះ ដោយ​គិត​ថា ​ព្រះដ៏​មានព្រះ​ភាគ របស់​យើងទាំងឡាយ នៅ​ក្នុង​ទីជិតហើយ។

[១៤៥] បពិត្រ​ព្រះអង្គ​ដ៏ចំរើន មួយទៀត​ យើង​ខ្ញុំព្រះអង្គ ​ឮដំណឹង​ថា ព្រះ​ដ៏មាន​ព្រះភាគ នឹង​ស្តេចចេញ​ចាក​ដែនវជ្ជី ទៅកាន់ចារិក​ ក្នុង​ដែន​មល្លៈ​ ក្នុង​វេលាណា​ សេចក្ដី​រីករាយ និង​សេចក្ដី​សោមនស្ស​ ក៏កើត​ឡើង ​ដល់​យើង​ខ្ញុំ​ព្រះអង្គ ក្នុង​វេលានោះ ដោយ​គិត​ថា ​ព្រះដ៏​មានព្រះភាគ របស់​យើងទាំងឡាយ នឹង​នៅ​ក្នុង​ទីជិត។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន មួយទៀត​ យើង​ខ្ញុំព្រះអង្គ​ ឮដំណឹង​ថា ព្រះដ៏មានព្រះ​ភាគ ស្ដេច​បានចេញ​ចាក​ដែនវជ្ជី ទៅកាន់​ចារិក​ ក្នុង​ដែនមល្លៈហើយ​ ក្នុង​វេលាណា សេចក្ដីរីករាយ និង​សេចក្ដី​សោមនស្ស​ ក៏កើត​ឡើង​ ដល់​យើង​ខ្ញុំ​ព្រះអង្គ ក្នុង​វេលានោះ ដោយ​គិត​ថា ​ព្រះដ៏​មាន​ព្រះភាគ របស់​យើងទាំងឡាយ ​នៅ​ក្នុង​ទីជិតហើយ។

[១៤៦] បពិត្រ​ព្រះអង្គ​ដ៏ចំរើន មួយទៀត​ យើង​ខ្ញុំព្រះអង្គ ​ឮដំណឹង​ថា ព្រះ​ដ៏មាន​ព្រះភាគ នឹងស្ដេច​ចេញ​ចាក​ដែនមល្លៈ ទៅកាន់ចារិក ​ក្នុង​ដែនកោសល​ ក្នុង​វេលាណា​ សេចក្ដីរីករាយ និង​សេចក្ដី​សោមនស្ស​ ក៏កើត​ឡើង​ ដល់​យើង​ខ្ញុំ​ព្រះអង្គ ក្នុង​វេលានោះ ដោយ​គិត​ថា ​ព្រះដ៏​មានព្រះភាគ របស់​យើងទាំងឡាយ នឹង​នៅ​ក្នុង​ទីជិត។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន មួយទៀត​ យើង​ខ្ញុំព្រះអង្គ​ ឮដំណឹង​ថា ព្រះដ៏មានព្រះ​ភាគ ស្ដេច​បាន​ចេញ​​​ចាក​ដែនមល្លៈ ទៅកាន់​ចារិក​ ក្នុង​ដែនកោសលហើយ​ ក្នុង​វេលាណា សេចក្ដីរីក​រាយ និង​សេចក្ដី​សោមនស្ស​ ក៏កើត​ឡើង​ ដល់​យើង​ខ្ញុំ​ព្រះអង្គ ក្នុង​វេលានោះ ដោយ​គិត​ថា ​ព្រះដ៏​មានព្រះភាគ របស់​យើងទាំងឡាយ ​នៅ​ក្នុង​ទីជិតហើយ។

[១៤៧] បពិត្រ​ព្រះអង្គ​ដ៏ចំរើន មួយទៀត​ យើង​ខ្ញុំព្រះអង្គ​ ឮដំណឹង​ថា ព្រះ​ដ៏មាន​ព្រះ​ភាគ នឹងស្ដេច​ចេញ​ចាក​ដែនកោសល ទៅកាន់ចារិក ​ក្នុង​ក្រុងសាវត្ថី ក្នុង​វេលាណា​ សេចក្ដីរីករាយ និង​សេចក្ដី​សោមនស្ស​ ក៏កើត​ឡើង ​ដល់​​ខ្ញុំ​ព្រះអង្គ ក្នុង​វេលានោះ ដោយ​គិត​ថា​ ព្រះដ៏​មានព្រះភាគ របស់​យើងទាំងឡាយ នឹង​នៅ​ក្នុង​ទីជិត។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន មួយទៀត​ យើង​ខ្ញុំព្រះអង្គ​ ឮដំណឹង​ថា ព្រះដ៏មានព្រះ​ភាគ ទ្រង់​គង់ក្នុង​វត្តជេតពន​ របស់អនាថបិណ្ឌិកសេដ្ឋី​ ជិតក្រុង​សាវត្ថី ក្នុង​វេលាណា សេចក្ដីរីក​រាយ​ច្រើន និង​សេចក្ដី​សោមនស្សច្រើន​ ក៏កើត​ឡើង ​ដល់​យើង​ខ្ញុំ​ព្រះអង្គ ក្នុង​វេលានោះ ដោយ​គិត​ថា​ព្រះដ៏​មានព្រះភាគ របស់​យើងទាំងឡាយ ​នៅ​ក្នុង​ទីជិត។ ​

[១៤៨] ព្រះអង្គ​ត្រាស់​ថា ម្នាល​នាយ​ជាង​ឈើ​ទាំងឡាយ​ ព្រោះ​ហេតុ​នោះ​ ក្នុង​លោក​នេះ ការ​នៅ​គ្រប់​គ្រង​ផ្ទះ ជាទីច​ង្អៀត​ ជា​ផ្លូវ​ហូរ​មក​នៃ​ធូលី មានតែ​បព្វ​ជ្ជា ​ទើប​មាន​ឱកាសទូលាយ ម្នាល​នាយ​ជាង​ឈើ​ទាំងឡាយ​ គួរ​អ្នក​ទាំងឡាយ ​កុំ​ប្រ​មាទ​។

[១៤៩] បពិត្រព្រះអង្គដ៏ចំរើន សេចក្ដី​ចង្អៀត​ដទៃ ដែល​ចង្អៀត​ដោយ​វិសេស​ផង ដែល​ពោល​ថា ចង្អៀតដោយ​វិសេស​ផង ជាងសេចក្ដី​ចង្អៀត​នុ៎ះ របស់​យើង​ខ្ញុំ​ព្រះ​អង្គ ​​មាន​ដោយ​ពិត។ ​ម្នាល​នាយ​ជាង​ឈើទាំងឡាយ ចុះ​សេចក្ដី​ចង្អៀត​ដទៃ ដែល​ចង្អៀត​​​​​ដោយ​វិសេស​ផង ដែល​ពោល​ថា​ ចង្អៀត​ដោយ​វិសេស​ផង ជាង​សេចក្ដី​ចង្អៀត​​នុ៎ះ របស់​អ្នក​ទាំង​ឡាយ​ តើ​ដូចម្ដេច។ ​

[១៥០] បពិត្រព្រះ​អង្គ​ដ៏​ចំរើន ​ក្នុង​ទី​នេះ បើ​ព្រះ​បាទ​បសេនទិ​កោសល ​មានប្រាថ្នា​នឹង​សេ្ដច​ចេញទៅកាន់​ទី​ឧទ្យាន ​ក្នុង​កាល​ណា យើង​ខ្ញុំ​ព្រះអង្គ​ ក៏​រៀប​ចំ​ដំរី ​ដ៏​ប្រ​សើរ​ទាំង​ឡាយ ដែល​ជាព្រះ​ទី​នាំង ​របស់ព្រះ​បាទ​បសេនទិកោសល ហើយ​ (រៀប) ព្រះ​មហេសី​ទាំងឡាយ ដែលជាទីស្រឡាញ់ ជាទី​គាប់​ព្រះហ​ឫទ័យ ​នៃ​ព្រះ​បាទ​បសេនទិកោសល ឲ្យ​ម្នាក់​អង្គុយ​ខា​ងមុខ​ ម្នាក់​អង្គុយ​ខាង​ក្រោយ (ក្នុង​កាល​នោះ)។  បពិត្រ​ព្រះអង្គ​ដ៏​ចំរើន ឯ​ក្លិន ​មាន​សភាព​ដូច្នេះ របស់​នាង​ទាំង​នោះ​ឯង ប្រៀប​​ដូច​ជា​ទូ​មាន​ក្លិន ដែល​គេ​បើក​ឡើង​ភ្លាម​ យ៉ាង​ណា​ ឯ​ក្លិន​នៃ​ពួក​ព្រះ​រាជកញ្ញា ​ដែលស្អិត​ស្អាង​ដោយ​ក្លិន ​ក៏​ដូច្នោះ​ឯង។  បពិត្រ​​​​ព្រះ​អង្គ​ដ៏​ចំរើន ឯកាយ​សម្ផស្ស​ មាន​សភាព​ដូច្នេះ​ របស់​នាង​ទាំង​នោះឯង ប្រៀប​​​​​​​ដូច​ជា​សំឡី​គរ​ និង​សំឡី​កប្បាស យ៉ាងណា កាយ​សម្ផស្ស របស់​ពួកព្រះ​រាជ​កញ្ញា​ ដែល       ​ប្រ​កប​ដោយ​សេចក្ដី​សុខ ក៏​ដូច្នោះ​ឯង។ បពិត្រ​ព្រះអង្គ​ដ៏​ចំរើន សម័យ​នោះឯង​ យើង​ខ្ញុំ​ព្រះអង្គ ត្រូវ​រក្សា​ដំរី​ ដ៏​ប្រសើរ​ផង ត្រូវ​រក្សា​នាង​ទាំង​នោះផង ត្រូវ​រក្សា​ខ្លួនផង។

[១៥១] បពិត្រ​ព្រះអង្គ​ដ៏​ចំរើន យើង​ខ្ញុំ​ព្រះអង្គ មិនហ៊ាន​ញ៉ាំងចិត្ត​អាក្រក់ ​ឲ្យ​កើត​ឡើង ​ចំ​ពោះ​នាងទាំង​នោះ​ឡើយ។ ​ បពិត្រ​ព្រះអង្គ​ដ៏​ចំរើន នេះ​ឯង​ជាសេចក្ដី​ចង្អៀត​ដទៃ ដែល​ចង្អៀត​ដោយ​វិសេស​ផង ដែល​ពោល​ថា ចង្អៀតដោយ​វិសេស​ផង ជាង​សេចក្ដី​ចង្អៀត​​នុ៎ះ។

[១៥២] ម្នាលនាយ​ជាង​ឈើ​ទាំងឡាយ ព្រោះ​ហេតុ​នោះ​ ក្នុង​លោក​នេះ ការ​នៅ​គ្រប់​គ្រង​ផ្ទះ​ ជាទី​ចង្អៀត ជា​ផ្លូវ​ហូរ​មក​ នៃ​ធូលី មាន​តែ​បព្វ​ជ្ជា ​ទើប​មាន​ឱកាស​ទូលាយ ម្នាល​នាយ​ជាង​ឈើ​ទាំងឡាយ គួរ​អ្នក​ទាំងឡាយ ​កុំ​ប្រ​មាទ។ ​

[១៥៣] ម្នាល​នាយជាង​ឈើ​ទាំងឡាយ អរិយ​សាវ​ក អ្នក​ដល់​នូវ​សោតៈ​ហើយ ប្រកប​ដោយ​ធម៌​ ៤ យ៉ាង​ មាន​សភាព​មិន​បាន​ធ្លាក់​ចុះ ក្នុង​អបាយ​ ជា​បុគ្គល​ទៀង មានកិរិយា​ត្រាស់​ដឹង ​ប្រ​ព្រឹត្ត​ទៅ ​ក្នុង​ខាង​មុខ។ ប្រកប​ដោយ​ធម៌​ ៤ យ៉ាង​ តើ​ដូចម្ដេច។ ម្នាលនាយ​ជាង​ឈើ​ទាំងឡាយ អរិយ​សាវក ក្នុង​សាសនា​នេះ ប្រកប​ដោយ​សេចក្ដី​ជ្រះ​ថ្លា មិនកម្រើក​ ក្នុងព្រះពុទ្ធ​ថា ព្រះ​ដ៏​មានព្រះភាគ អង្គ​នោះ។បេ។ ​ទ្រង់​ជាគ្រូ ​នៃ​ទេវ​តា​ និង​មនុស្ស​ទាំងឡាយ ទ្រង់​ត្រាស់​ដឹង​ នូវអរិយ​សច្ច ៤ ទ្រង់​ខ្ជាក់​ចោល ​នូវ​ត្រៃ​ភព​ លែង​វិល​ត្រ​ឡប់​មក​កើត​ទៀត។ ក្នុង​ព្រះ​ធម៌។ ក្នុង​ព្រះសង្ឃ។ មានចិត្ត​ប្រាស​ចាក​មន្ទិល ​គឺ​សេចក្ដី​កំណាញ់ នៅ​គ្រប់​គ្រង​ផ្ទះ ជាអ្នក​មាន​ទាន​ លះ​បង់​ស្រ​ឡះ​ហើយ មាន​ដៃ​លាង​ស្អាត​ហើយ ជាអ្នក​ត្រេក​អរ​ ក្នុង​ការលះ​បង់ ​គួរ​ដល់​ការ​សូម ត្រេក​អរ​ក្នុង​ការ​ចែក​រលែក ​នូវ​ទាន។ ម្នាល​នាយជាង​ឈើ​ទាំងឡាយ អរិយ​សាវក អ្នកដល់​នូវ​សោតៈ​ហើយ ប្រកប​ដោយ​ធម៌​ ៤  យ៉ាង​នេះ មាន​សភាព​មិន​បាន​ធ្លាក់​ចុះ ​ក្នុង​អបាយ ជា​បុគ្គល​ទៀង​ មាន​កិរិយា​ត្រាស់​ដឹង​ប្រ​ព្រឹត្ត​ទៅ​ក្នុង​ខាង​មុខ។

[១៥៤] ម្នាល​នាយជាង​ឈើ​ទាំងឡាយ អ្នក​ទាំងឡាយ ​ចូរ​ប្រកប​ដោយ​សេចក្ដី​ជ្រះ​ថ្លា ​មិនកម្រើក​ក្នុង​ព្រះ​ពុទ្ធថា ព្រះ​ដ៏​មាន​ព្រះភាគ ​អង្គ​នោះ។បេ។ ​ទ្រង់​ជា​គ្រូ ​នៃ​ទេវតា​និង​មនុស្សទាំងឡាយ ទ្រង់​ត្រាស់​ដឹង​ នូវ​អរិយសច្ច ៤ ទ្រង់​ខ្ជាក់​ចោល ​នូវ​ត្រៃ​ភព លែង​វិល​ត្រឡប់​មក​កើត​ទៀត។ ក្នុង​ព្រះ​ធម៌។ ​ក្នុងព្រះសង្ឃ។ ​ទេយ្យ​ធម៌​ណា បន្តិច​បន្តួច​ក្នុង​ត្រកូល ទេយ្យ​ធម៌​ទាំង​អស់​នោះ បុគ្គល​អ្នកមាន​សីល​ មានធម៌ល្អ​ទាំង​ឡាយ មិន​បាន​ចែក​រលែក​ [ពួកអ្នកមានសីល មានធម៌ល្អ កាលបើបានទេយ្យធម៌តិចក្តី ច្រើនក្តី មិនបានចែក ឲ្យដាច់មុខ ថារបស់នេះ សម្រាប់អាត្មាអញ របស់នេះ សម្រាប់ភិក្ខុទាំងឡាយ យ៉ាងនេះ​ឡើយ។ (អដ្ឋកថា)។] ឡើយ។ ​ម្នាល​នាយ​ជាង​ឈើ​ទាំងឡាយ​ អ្នក​ទាំងឡាយ សំគាល់​នូវ​ដំណើរ​នោះ ​ដូច​ម្ដេច​។ ​ក្នុង​ដែន​កោសល មាន​មនុស្ស​ចំនួន​ប៉ុន្មាន​ស្មើៗគ្នា​ នឹង​អ្នក​ទាំង​ឡាយ​ ដោយ​ការ​ចែក​រលែក ​នូវទាន​ដោយ​ទាន​។ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន ​(នេះ) ជាលាភ របស់​យើង​ខ្ញុំ​ព្រះអង្គ បពិត្រ​ព្រះ​អង្គ​ដ៏​ចំរើន (អត្ត​ភាព​ជា​មនុស្ស​នេះ) យើង​ខ្ញុំ​ព្រះអង្គ បាន​ដោយ​ល្អ​ហើយ ព្រោះ​ថា​ ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ជ្រាប​ច្បាស់ ​នូវ​ហេតុ​យ៉ាង​នេះ របស់​យើង​ខ្ញុំ​ព្រះ​អង្គ​។ ​

[១៥៥] ខ្ញុំ​បាន​ស្ដាប់​មក​យ៉ាង​នេះ។ ​សម័យ​មួយ ព្រះ​ដ៏​មាន​ព្រះ​ភាគ ទ្រង់​ពុទ្ធ​ដំណើរ​​​​​​ទៅ​កាន់​ចារិក ក្នុង​ដែន​កោសល ជា​មួយ​នឹង​ភិក្ខុ​សង្ឃ​ច្រើន​អង្គ ក៏​បាន​ទៅ​ដល់​ស្រុក ​ជាទី​នៅ​នៃ​ព្រាហ្មណ៍ ឈ្មោះ​ វេឡុ​ទ្វារ ក្នុង​ដែន​កោសល។

[១៥៦] ពួក​ព្រាហ្មណ៍​ និង​គហប​តី​ អ្នក​នៅ​ក្នុង​វេឡុ​ទ្វារ​គ្រាម ​បាន​ឮ​ដំណឹង​ហើយ​ (ក៏​ប្រកាស​ប្រាប់​គ្នា​ថា) នែ​អ្នក​ទាំងឡាយ ​ដ៏​ចំរើន ឮ​ថា​ ព្រះ​សមណ​គោតម ជា​សក្យ​បុត្ត ចេញ​ចាក​សក្យត្រកូល ​ទ្រង់​ព្រះ​ភ្នួស ​ឥឡូវ​នេះ ទ្រង់​ស្ដេច​ទៅកាន់​ចារិក ​ក្នុង​ដែន​កោសល ជា​មួយ​នឹង​ភិក្ខុ​សង្ឃច្រើន​អង្គ បាន​ដល់​មក​វេឡុទ្វារ​​គ្រាម​ហើយ។ ឯ​កិត្តិសព្ទ ​ដ៏​ពីរោះ​ របស់​ព្រះ​គោតម​ដ៏​ចំរើន​​នោះ​ ឮ​ខ្ជរ​ខ្ជាយ ​សុះ​សាយ​ទៅ ​យ៉ាង​នេះ​ថា ព្រះ​ដ៏​មាន​ព្រះ​ភាគ​ អង្គ​នោះ ជាអរហន្ត​ សម្មា​សម្ពុទ្ធ ទ្រង់បរិបូណ៌ ដោយ​វិជ្ជា ​និង​ចរណៈ ទ្រង់​មាន​ដំណើរ​ល្អ​ យាង​ទៅកាន់​ព្រះ​និព្វាន ទ្រប់​ជ្រាប​ច្បាស់​ នូវ​ត្រៃ​លោក ទ្រង់​ប្រសើរ​ដោយ​សីលាទិគុណ ​រក​បុគ្គល​ណាមួយស្មើ​គ្មាន ទ្រង់​ទូន្មាន​ នូវ​បុរស​ ដូច​ជានាយ​សារថី​ ទ្រង់​ជា​គ្រូ​នៃ​ទេវ​តា​ និង​មនុស្សទាំងឡាយ ទ្រង់​ត្រាស់​ដឹង ​នូវ​អរិយសច្ច ៤ ទ្រង់​ខ្ជាក់ចោល ​នូវ​ត្រៃភព លែង​វិល​ត្រឡប់​មក​កើត​ទៀត។ ​ព្រះ​អង្គ​ បាន​ធ្វើ​ឲ្យ​ជាក់​ច្បាស់​ បាន​ត្រាស់​ដឹង​ដោយ​ប្រាជ្ញា​ដ៏​ឧត្ដម ដោយ​ខ្លួន​ឯង ​នូវ​លោក​នេះ ព្រម​ទាំង​ទេវលោក​ មារលោក ព្រហ្មលោក ទាំង​ពពួក​សត្វ ព្រម​ទាំង​សមណៈ និង​ព្រាហ្មណ៍ ទាំង​មនុស្ស​ ជា​សម្មតិទេព និង​មនុស្ស​ដ៏សេស ព្រះ​អង្គ​ ទ្រង់​សំដែងធម៌​ពីរោះ​បទ​ដើម បទ​កណ្ដាល និង​បទ​ចុង ទ្រង់​ប្រកាស ​នូវ​ព្រហ្មចរិយធម៌ ព្រម​ទាំង​អត្ថ ព្រម​ទាំង​ព្យ​ញ្ជនៈ ដ៏​ពេញ​បរិបូណ៌ ​បរិសុទ្ធទាំង​អស់ ក៏​ការ​ដែល​បាន​ឃើញ​ នូវ​ព្រះ​អរហន្តទាំង​ឡាយ មាន​សភាព​ដូច្នេះ ជាការ​ប្រពៃ​ពេកណាស់។

[១៥៧] គ្រានោះ ពួក​ព្រាហ្មណ៍​ និង​គហបតី​ អ្នក​នៅ​ក្នុង​វេឡុ​ទ្វារគ្រាម ចូល​ទៅ​គាល់​ព្រះ​ដ៏មាន​ព្រះ​ភាគ លុះ​ចូល​ទៅ​ដល់​ហើយ​ ពួក​ខ្លះ ក្រាប​ថ្វាយ​បង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ ហើយ​អង្គុយក្នុង​ទី​សម​គួរ ពួក​ខ្លះ ក៏ពោល​រាក់​ទាក់ ​ជា​មួយ​នឹង​ព្រះ​ដ៏​មាន​ព្រះ​ភាគ លុះ​បញ្ចប់​ពាក្យ ​ដែល​គួរ​រាក់​ទាក់ និង​ពាក្យ​ដែល​គួរ​រឭក​ហើយ ក៏​អង្គុយ​ក្នុង​ទី​សម​គួរ ពួក​ខ្លះ ​អង្គុយ​ក្នុង​ទី​សម​គួរ ប្រ​ណម្យ​អញ្ជលី ឆ្ពោះ​ទៅ​រក​ព្រះ​ដ៏​មានព្រះ​ភាគ ពួកខ្លះ​អង្គុយ ក្នុងទី​សម​គួរ ប្រកាស​នូវ​នាម ​និង​គោត្រ ​ក្នុង​សំណាក់​ព្រះ​ដ៏​មាន​ព្រះ​ភាគ ពួក​ខ្លះ​នៅ​ស្ងៀម​ អង្គុយ​ក្នុង​ទី​សម​គួរ។ ​លុះ​ព្រាហ្មណ៍ ​និង​គហបតី អ្នក​នៅក្នុង​វេឡុ​ទ្វារ​គ្រាម​ទាំង​នោះ អង្គុយ​ក្នុង​ទី​សម​គួរ​ហើយ ក៏ក្រាប​បង្គំ​ទូល​ព្រះ​ដ៏​មានព្រះ​ភាគ ​ដូច្នេះ​ថា

[១៥៨] បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន យើង​ខ្ញុំ​ព្រះអង្គ​ មាន​បំណង​យ៉ាងនេះ មាន​សេចក្ដី​ពេញ​ចិត្ត​ យ៉ា​ង​នេះ មាន​សេចក្ដី​ប្រាថ្នា ​យ៉ាង​នេះ មានសេចក្ដី​ចង្អៀត​ ដោយ​កូន​ នៅ​គ្រប់​គ្រង​ទី​ដេក បាន​នូវ​ខ្លឹម​ចន្ទន៍​ ក្នុង​ដែន​កាសី ទ្រទ្រង់​នូវ​ផ្កាកម្រង គ្រឿង​ក្រអូប​ និង​គ្រឿង​លាប ត្រេក​អរ​ចំ​ពោះ​មាស​ និង​ប្រាក់ លុះ​​បែក​ធ្លាយ​រាង​កាយ បន្ទាប់​អំ​ពី​សេចក្ដី​​ស្លាប់​ទៅ គប្បី​បាន​ទៅ​កើត ​ក្នុង​សុគគិ​សួគ៌ ទេវលោក យើងខ្ញុំ​ព្រះ​អង្គ មាន​សេចក្ដី​​ចង្អៀត​ដោយ​កូន នៅ​គ្រប់​គ្រង​ទី​ដេក។បេ។ គប្បី​បាន​ទៅកើត ​ក្នុង​សុគតិសួគ៌​​​​ ទេវលោក ​យ៉ាង​ណា សូមព្រះ​គោ​តម​ដ៏​ចំរើន សំដែង​នូវ​ធម៌​យ៉ាង​នោះ​ ដល់​យើង​​​ខ្ញុំ​ព្រះអង្គ​ទាំង​នោះ ដែល​មាន​បំណង​ យ៉ាងនេះ មានសេចក្ដី​ពេញ​ចិត្ត ​យ៉ាង​នេះ មាន​សេចក្ដី​ប្រាថ្នា​ យ៉ាង​នេះ។ ​

[១៥៩] ​ម្នាល​ព្រាហ្មណ៍​ និង​គហបតីទាំងឡាយ តថាគត​នឹង​សំដែង​នូវ​អត្តូបនាយិក​ធម្មបរិយាយ (​បរិយាយធម៌ ​ដែល​បុគ្គល​គប្បីប​ង្អោន​ចូល​ទៅក្នុង​ខ្លួន) ដល់​អ្នក​ទាំង​ឡាយ ចូរអ្នក​ទាំងឡាយ ​យក​ចិត្ត​ទុក​ដាក់​ ប្រុង​ចាំ​ស្ដាប់​ ដោយ​ប្រ​ពៃ​ នូវ​ធម៌​នោះ​ចុះ តថាគត ​​​​​នឹង​សំដែង។ ពួក​ព្រាហ្មណ៍​ និង​គហបតី​ អ្នក​នៅ​ក្នុងវេឡុ​ទ្វារ​គ្រាម​ទាំង​នោះ ទទួល​ស្ដាប់​​​​​​​​​​​​ព្រះពុទ្ធ​ដីកា​ព្រះ​ដ៏​មានព្រះ​ភាគថា ព្រះ​ករុណា​ ព្រះអង្គ។ ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​ត្រាស់​ដូច្នេះ​ថា

[១៦០] ម្នាល​ព្រាហ្មណ៍​ និង​គហបតីទាំងឡាយ ចុះ​អត្តូបនាយិកធម្ម​បរិយាយ​តើដូចម្ដេច។ ​ម្នាល​ព្រាហ្ម​ណ៍​ និង​គហបតី​ទាំងឡាយ អរិយសាវក ក្នុង​សាសនា​នេះ តែង​ពិចារ​ណា​ ដូច្នេះថា អាត្មាអញ​ ចង់​រស់​ មិន​ចង់​ស្លាប់ ស្រឡាញ់​សុខ​ ស្អប់​ទុក្ខ បើ​បុគ្គល​ណា​ មក​ផ្ដាច់​បង់​ជីវិតអាត្មាអញ ​ដែល​ចង់​រស់ មិន​ចង់​ស្លាប់​ ស្រ​ឡាញ់​សុខ​ ស្អប់​ទុក្ខ​ អំពើនោះ​ មិន​ជា​ទី​ស្រឡាញ់ មិន​ជាទី​គាប់​ចិត្ត ​របស់​អាត្មាអញ​ឡើយ ប្រសិនបើអាត្មា​អញ​ផ្ដាច់បង់​ជីវិត​បុគ្គល​ដទៃ ដែល​ចង់​រស់ មិន​ចង់​ស្លាប់​ ស្រឡាញ់​សុខ ស្អប់​ទុក្ខវិញ អំពើនោះ​ក៏​មិន​ជាទី​ស្រឡាញ់ មិន​ជាទី​គាប់​ចិត្ត​ របស់​បុគ្គល​ដទៃ​ដែរ ធម៌​ណា ​ដែល​មិនជាទី​ស្រឡាញ់​ មិនជា​ទី​គាប់​ចិត្ត​ របស់​អាត្មា​អញ ធម៌​នុ៎ះ ក៏មិនជាទី​ស្រឡាញ់ មិនជាទី​គាប់ចិត្ត​ របស់​បុគ្គល​ដទៃដែរ ធម៌​ណា​ មិនជាទី​ស្រឡាញ់ មិនជាទី​គាប់​ចិត្ត របស់​អាត្មា​អញហើយ អាត្មាអញ​ គប្បី​ញ៉ាំង​បុគ្គល​ដទៃ ​ឲ្យ​ប្រ​កប​ដោយធម៌នោះ ដូចម្ដេច​កើត។ លុះ​អរិយសាវក​នោះ​ ពិចារណា​ ដូច្នេះ​ហើយ ក៏​វៀរ​ចាក​ការ​សម្លាប់​សត្វ​ ដោយ​ខ្លួន​ឯងផង បបួល​អ្នក​ដ៏​ទៃ​ឲ្យ​វៀរ​ នូវ​ការ​សម្លាប់​សត្វ​ផង សរសើរគុណ​ នៃការវៀរចាក​ការសម្លាប់សត្វ​ផង នេះជា​កាយសមាចារ (ការប្រ​ព្រឹត្ត​ល្អ​ ដោយ​កាយ) មានបរិសុទ្ធ ៣ ចំណែក ​របស់​អរិយសាវក​នោះ ​យ៉ាង​នេះឯង។

[១៦១] ម្នាល​ព្រាហ្មណ៍​ និង​គហបតីទាំងឡាយ​ មួយ​ទៀត ​​អរិយ​សាវក ​តែង​ពិចារណា​ ដូច្នេះ​ថា បុគ្គលណា​ កាន់​យក​នូវ​វត្ថុ​ ដែល​អាត្មាអញ ​មិន​បាន​ឲ្យ ពោលគឺ​លួចយក​វត្ថុ របស់​អាត្មាអញ អំពើ​នោះ​ មិន​ជាទី​ស្រឡាញ់ មិនជាទី​គាប់​ចិត្ត ​របស់​អាត្មាអញ​ឡើយ ប្រ​សិន​បើ​អាត្មា​អញ​ កាន់យក​វត្ថុ ​ដែល​បុគ្គល​ដទៃ​មិន​បាន​ឲ្យ ពោល​គឺ​លួច​យក​វត្ថុ ​របស់​បុគ្គល​ដទៃវិញ អំពើ​នោះ ​ក៏​មិន​ជាទីស្រឡាញ់ មិនជាទី​គាប់​ចិត្ត ​របស់​បុគ្គល​ដទៃ​ដែរ​ ធម៌​ណា មិន​ជាទី​ស្រ​ឡាញ់ មិនជាទី​គាប់​ចិត្ត ​របស់​អាត្មាអញ ធម៌នុ៎ះក៏​មិនជាទី​ស្រឡាញ់ មិនជាទី​គាប់​ចិត្ត របស់​បុគ្គល​ដទៃដែរ ធម៌​ណា​ មិនជាទី​ស្រឡាញ់ មិនជាទី​គាប់​ចិត្ត ​របស់​អាត្មាអញ​ហើយ អាត្មាអញ ​គប្បី​ញ៉ាំង​បុគ្គល​ដទៃ ​ឲ្យ​ប្រ​កប​ដោយ​អំពើ​នោះ​ ដូចម្ដេច​កើត។ លុះ​អរិយ​សាវក​នោះ ពិចារណា​ដូច្នេះ​ហើយ ក៏​វៀរ​ចាក​ការ​កាន់​យក​វត្ថុ​ ដែល​គេ​មិន​បាន​ឲ្យ​ ដោយ​ខ្លួន​ឯង​ផង បបួល​បុគ្គល​ដទៃ​ ឲ្យ​វៀរចាក​ការ​កាន់​យក​វត្ថុ​ ដែលគេ​មិន​បាន​ឲ្យ​ផង សរសើរ​គុណ​ នៃ​កិរិយា​វៀរ​ចាក​ការ​កាន់​យក​វត្ថុ ដែលគេ​មិន​បាន​ឲ្យ​ផង។​ ​នេះ​ជា​ កាយ​សមាចារ​ មាន​បរិ​សុទ្ធ ​៣ ចំណែក​ របស់អរិយសាវក​នោះ​យ៉ាង​នេះ។ ​

[១៦២] ម្នាល​ព្រាហ្មណ៍​ និង​គហបតីទាំងឡាយ មួយ​ទៀត​​ អរិយ​សាវក ​តែង​ពិចារណា​ដូច្នេះ​ថា បុគ្គល​ណា ដល់​នូវ​ការ​ប្រព្រឹត្ត​ល្មើស ក្នុង​ប្រ​ពន្ធរបស់​អាត្មាអញ អំពើ​នោះ​មិនជាទី​ស្រឡាញ់​ មិន​ជាទី​គាប់​ចិត្ត ​របស់​អាត្មា​អញឡើយ ប្រសិន​បើ​អាត្មាអញ គប្បី​ដល់​នូវ​ការ​ប្រ​ព្រឹត្តិល្មើស ក្នុង​ប្រ​ពន្ធ​របស់​បុគ្គល​ដទៃ​វិញ អំពើ​នោះ ​ក៏​មិន​ជាទី​ស្រឡាញ់ មិនជាទី​គាប់​ចិត្ត ​របស់​បុគ្គល​ដទៃ​ដែរ ធម៌​ណា​ ដែល​មិនជាទី​ស្រឡាញ់​ មិន​ជាទី​គាប់​ចិត្ត​របស់​អាត្មាអញ ធម៌​នុ៎ះ ក៏​មិនជាទីស្រឡាញ់ មិនជាទី​គាប់​ចិត្ត ​របស់​បុគ្គល​ដទៃ​ដែរ ធម៌​ណា មិន​ជាទី​ស្រឡាញ់ មិនជាទីគាប់​ចិត្ត ​របស់​អាត្មាអញ​ហើយ អាត្មាអញ​ គប្បី​ញ៉ាំង​បុគ្គល​ដទៃ​ឲ្យ​ប្រ​កបដោយ​អំពើ​នោះ ដូចម្ដេច​កើត។ លុះ​អរិយ​សាវក​នោះ​ ពិចារណា​ដូច្នេះ​ហើយ ក៏​វៀរ​ចាក​ការ​ប្រព្រឹត្តិ​ខុស​ ក្នុង​កាម​ខ្លួន​ឯង​ផង បបួល​បុគ្គល​ដទៃ ​ឲ្យ​វៀរ​ចាកការ​ប្រព្រឹត្តិ​ខុស ​ក្នុង​កាម​ផង សរសើរ​គុណ​ នៃ​កិរិយា​វៀរ​ចាក​ការ​ប្រព្រឹត្តិ​ខុស ​ក្នុង​កាម​ផង។ នេះ​ជា​កាយ​សមាចារ មាន​បរិសុទ្ធ ៣ ចំណែក​ របស់​អរិយ​សាវក​នោះ ​យ៉ាង​នេះ។

[១៦៣] ម្នាល​ព្រាហ្មណ៍​ និង​គហបតីទាំងឡាយ មួយ​ទៀត ​​អរិយ​សាវក​ តែង​ពិចារណា​ដូច្នេះ​ថា បុគ្គល​ណា​ បំបាក់បង់នូវ​ប្រ​យោជន៍ របស់​អាត្មាអញ ដោយ​និយាយ​កុហក អំពើ​នោះ​ មិន​ជាទី​ស្រឡាញ់ មិន​ជាទី​គាប់​ចិត្ត របស់​អាត្មាអញ​ឡើយ ប្រសិន​បើ​អាត្មាអញ ​គប្បី​បំបាក់​បង់​ នូវ​​ប្រ​យោជន៍ របស់​បុគ្គល​ដទៃ ដោយ​និយាយ​កុហក​វិញ​ អំពើ​នោះ​ ក៏​មិន​ជាទី​ស្រឡាញ់ មិនជាទី​គាប់​ចិត្ត​ របស់​បុគ្គល​ដទៃ​ដែរ ធម៌​ណា មិនជាទី ស្រឡាញ់ មិន​ជាទី​គាប់ចិត្ត របស់​អាត្មាអញ ធម៌​នុ៎ះ ក៏​មិន​ជាទី​ស្រឡាញ់ មិនជាទី​គាប់​ចិត្ត ​របស់​បុគ្គលដទៃ​ដែរ ធម៌​ណា​ មិនជាទី​ស្រឡាញ់​ មិន​ជាទីគាប់ចិត្ត របស់​អាត្មាអញ​ហើយ អាត្មាអញ ​គប្បី​ញ៉ាំង​បុគ្គល​ដទៃ ​ឲ្យ​ប្រ​កប​ដោយធម៌​នោះ ដូចម្ដេចកើត។ លុះ​អរិយ​សាវក​នោះ​ ពិចារណា ​ដូច្នេះហើយ ក៏​វៀរ​ចាក​ការ​និយាយ​កុហក​ ដោយ​ខ្លួនឯង​ផង បបួល​បុគ្គល​ដទៃ ​ឲ្យ​វៀរ​ចាកការ​និយាយកុហក​ផង​ សរសើរ​គុណ ​នៃ​កិរិយា​វៀរ​ចាក​ការ​និយាយ​កុហក​ផង។​ នេះ​ជា វចីសមាចារ (ប្រព្រឹត្ត​ល្អ​ ដោយ​វាចា) មានបរិសុទ្ធ​ ៣ ចំណែក របស់​អរិយ​សាវក​នោះ ​យ៉ាង​នេះ។

[១៦៤] ម្នាល​ព្រាហ្មណ៍​ និង​គហបតីទាំងឡាយ មួយ​ទៀត ​​អរិយ​សាវក ​តែង​ពិចារណា​ ដូច្នេះ​ថា បុគ្គល​ណា​ ញ៉ាំង​អញ​ឲ្យ​បែក​ចាក​ពួក​មិត្រ​ ដោយ​ការនិយាយ​ញុះញង់ អំពើ​នោះ ​មិនជាទី​ស្រឡាញ់ មិនជាទី​គាប់​ចិត្ត​ របស់​អាត្មា​អញឡើយ ប្រសិន​បើ​អាត្មាអញ ញ៉ាំង​បុគ្គលដទៃ​ ឲ្យ​បែក​ចាក​ពួក​មិត្រ ​ដោយ​និយាយ​ញុះញង់​វិញ អំពើ​នោះ​ក៏​មិន​ជា​ទីស្រឡាញ់ មិនជាទី​គាប់​ចិត្ត ​របស់​បុគ្គល​ដទៃ​ដែរ។បេ។ ​នេះ​ជា​វចី​សមាចារ​ មានបរិសុទ្ធ ៣ ចំណែក របស់​អរិយ​សាវក​នោះ ​យ៉ាង​នេះ។

[១៦៥] ម្នាល​ព្រាហ្មណ៍ ​និង​គហបតីទាំងឡាយ មួយ​ទៀត ​​អរិយ​សាវក ​តែង​ពិចារណា​ ដូច្នេះ​ថា បុគ្គល​ណា​ ប្រព្រឹត្ត​និយាយ​ នឹង​អាត្មាអញ​ ដោយ​សំដី​ទ្រ​គោះ អំពើ នោះ​ មិនជាទី​ស្រឡាញ់ ​មិនជា​ទី​គាប់ចិត្ត ​របស់​អាត្មាអញ​ឡើយ​ ប្រ​សិនបើ​អាត្មាអញ​ប្រព្រឹត្ត​និយាយ ​នឹងបុគ្គលដទៃ ​ដោយ​សំដី​ទ្រគោះ​វិញ អំពើ​នោះ​ ក៏​មិន​ជាទី​ស្រឡាញ់​ មិន​ជាទី​គាប់​ចិត្ត​ របស់​បុគ្គល​ដទៃ​ដែរ ធម៌​ណា (​មិនជាទីស្រឡាញ់ មិន​ជាទីគាប់​ចិត្ត) របស់​អាត្មាអញ។បេ។ នេះជា​ វចី​សមាចារ មាន​បរិសុទ្ធ ៣ ចំណែក របស់​អរិយ​សាវក​នោះ យ៉ាងនេះ​។

[១៦៦] ម្នាល​ព្រាហ្មណ៍​ និង​គហបតីទាំងឡាយ មួយ​ទៀត ​​អរិយ​សាវក​ តែង​ពិចារណា​ ដូច្នេះ​ថា ​​បុគ្គល​ណា ប្រ​ព្រឹត្ត​និយាយ​នឹង​អាត្មាអញ ដោយ​ពាក្យ​រោយ​រាយ​ ឥត​ប្រយោជន៍ អំពើ​នោះ ​មិនជាទី​ស្រឡាញ់ មិនជាទី​គាប់​ចិត្ត​ របស់​អាត្មាអញ​ឡើយ ប្រសិនបើ​អាត្មាអញ​ ប្រព្រឹត្តនិយាយ​នឹង​បុគ្គលដទៃ ដោយ​ពាក្យ​រោយ​រាយ ​ឥត​ប្រយោជន៍វិញ អំពើ​នោះ ​ក៏​មិន​ជាទី​ស្រឡាញ់ មិនជាទី​គាប់​ចិត្ត ​របស់​បុគ្គល​ដទៃ​ដែរ ធម៌​​ណា​​ មិន​​ជាទី​​ស្រឡាញ់ មិន​ជាទី​​គាប់​​ចិត្ត​​ របស់​​អា​ត្មា​អញ ធម៌នុ៎ះ ក៏មិនជាទីស្រឡាញ់ មិន​ជាទី​គាប់​ចិត្ត ​របស់​បុគ្គល​ដទៃ​ដែរ ធម៌​ណា មិន​ជាទី​ស្រឡាញ់ មិនជាទី​គាប់​ចិត្ត​របស់​អាត្មាអញហើយ ​អាត្មា​អញ គប្បីញ៉ាំង​បុគ្គល​ដទៃ ​ឲ្យ​ប្រកប​ដោយ​ធម៌​នោះ​ ដូចម្ដេច​កើត។ លុះ​អរិយ​សាវក​នោះ ​ពិចារណា​ដូច្នេះ​ហើយ ក៏​វៀរ​ចាកការនិយាយ​ពាក្យ​រោយរាយ ​ឥត​ប្រយោជន៍​ ដោយ​ខ្លួនឯង​ផង បបួល​បុគ្គល​ដទៃ ​ឲ្យ​វៀរ​ចាកការនិយាយ​ពាក្យរោយ​រាយ​ ឥត​ប្រ​យោជន៍ផង សរសើរ​គុណ​ នៃ​កិរិយា​វៀរ​ចាកការនិយាយ​ពាក្យ​រោយរាយ ​ឥតប្រ​យោជន៍ផង។ ​នេះ​ជាវចី​សមាចារ មានបរិសុទ្ធ ៣ ចំណែក របស់​អរិយសាវក​នោះ ​យ៉ាង​នេះ។

[១៦៧] អរិយ​សាវក​នោះ​ ជាអ្នក​ប្រ​កប​ដោយ​សេចក្ដី​ជ្រះ​ថ្លា មិន​កម្រើក​ក្នុង​ព្រះ​ពុទ្ធ​ថា ព្រះ​ដ៏​មាន​ព្រះ​ភាគ ​អង្គ​នោះ។បេ។ ​ទ្រង់​ជាគ្រូ​នៃ​ទេវតា ​និង​មនុស្ស​ទាំងឡាយ ទ្រង់​ត្រាស់​ដឹង ​នូវ​អរិយ​សច្ច ៤ ទ្រង់​ខ្ជាក់​ចោល ​នូវ​ត្រៃ​ភព លែង​វិល​ត្រ​ឡប់​មក​កើត​ទៀត។ ​ក្នុង​ព្រះ​ធម៌​ ប្រកប​ដោយ​សេចក្ដី​ជ្រះ​ថ្លា ​មិន​កម្រើក។ ក្នុង​ព្រះ​សង្ឃ​ថា ព្រះ​សង្ឃសាវក ​នៃ​ព្រះ​ដ៏​មានព្រះ​ភាគ លោក​ប្រតិ​បត្តិ ​ដោយ​ប្រ​ពៃ។បេ។ ​ជា​បុញ្ញក្ខេ​ត្ត​នៃ​សត្វលោក រក​ខេត្ត​ដទៃ​ក្រៃលែងជាង​គ្មាន។ ​ប្រកប​ដោយ​សីល ជាទីត្រេក​អរ​ របស់​អរិយៈ ជាសីល​មិនដាច់​ មិន​ធ្លុះ​ មិន​ពព្រុះ​ មិន​ពពាល ជាសីល​ជានា អ្នក​ប្រាជ្ញតែង​សរសើរ មិន​បាន​ប៉ះ​ពាល់ ដោយ​តណ្ហា និង​ទិដ្ឋិ ប្រព្រឹត្ត​ទៅ​ព្រម ​ដើម្បី​សមាធិ។ ​

[១៦៨] ម្នាល​ព្រាហ្មណ៍​ និង​គហបតី​ទាំងឡាយ កាលណា​បើ​អរិយសាវក ​ប្រកប​ដោយ​ព្រះ​សទ្ធម្ម​ ទាំង ​៧ នេះ ដោយ​ឋានៈ ដែលបណ្ឌិត​ត្រូវ​ប្រាថ្នា​ ទាំង ៤ យ៉ាងនេះ​ហើយ អរិយ​សាវក​នោះឯង កាល​ប្រាថ្នា​ គប្បី​ព្យា​ករ​ នូវ​ខ្លួន​ដោយ​ខ្លួន​ឯងថា អាត្មាអញ​អស់​ទៅកើត​ក្នុង​នរកហើយ អស់​ទៅ​កើត​ក្នុង​កំណើត​តិរច្ឆានហើយ អស់​ទៅ​កើត​ក្នុង បិត្តិវិស័យហើយ អស់​ទៅកើត​ក្នុង​កំណើត​អសុរកាយ​ហើយ អាត្មាអញ ​ជាអ្នក​ដល់​នូវ​សោតៈហើយ មាន​សភាព​មិន​ធ្លាក់​ចុះ​ក្នុង​អបាយ ជា​បុគ្គល​ទៀង ជាអ្នក​មាន​កិរិយា​ត្រាស់​ដឹង​ប្រ​ព្រឹត្ត​ទៅ​ខា​ង​មុខ។ ​

[១៦៩] កាលបើ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ទ្រង់​ត្រាស់​យ៉ាង​នេះ​ហើយ ពួកព្រាហ្មណ៍ ​និង​គហបតី​ អ្នក​នៅ​ក្នុង​វេឡុទ្វារគ្រាម ក៏​ក្រាប​បង្គំ​ទូលព្រះដ៏​មានព្រះ​ភាគ​ ដូច្នេះ​ថា បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន ច្បាស់​ពេក​ណាស់។បេ។ ​យើងខ្ញុំ​ព្រះ​អង្គ​ទាំងអម្បាលនេះ សូមដល់​នូវ​ព្រះ​គោតម​ដ៏​ចំរើន ទាំងព្រះធម៌​ ទាំងព្រះ​ភិក្ខុ​សង្ឃ ​ជាទីពឹង ​ទី​រលឹក សូមព្រះ​គោតម​ដ៏​ចំរើន ទ្រង់​ចាំទុក ​នូវ​យើង​ខ្ញុំ​ព្រះអង្គទាំងឡាយ​ថា ជា​ឧបាសក ​អ្នក​ដល់នូវ​ព្រះ​រតនត្រ័យ ជាទី​ពឹង ទី​រលឹកស្មើ​ដោយ​ជីវិត តាំង​អំពី​ថ្ងៃ​នេះតទៅ។

[១៧០] ខ្ញុំ​បាន​ស្ដាប់មក​យ៉ាងនេះ។ សម័យ​មួយព្រះ​ដ៏​មានព្រះ​ភាគ ទ្រង់​គង់​ក្នុង​ផ្ទះ​សំណាក់ ​ធ្វើ​ដោយ​ឥដ្ឋ​ ជិត​ស្រុក​ញាតិកៈ។ គ្រា​នោះ​ ព្រះអានន្ទដ៏​មានអាយុ ចូលទៅ គាល់ព្រះ​ដ៏​មាន​ព្រះភាគ លុះចូល​ទៅដល់​ហើយ ក៏​ក្រាប​ថ្វាយ​បង្គំព្រះ​ដ៏​មានព្រះ​ភាគ ហើយ​អង្គុយ​ក្នុង​ទី​សម​គួរ។ ​​លុះ​ព្រះអានន្ទដ៏​មានអាយុ ​អង្គុយ​ក្នុងទីសម​គួរ​ហើយ ក៏​ក្រាប​បង្គំ​ទូលព្រះដ៏​មានព្រះ​ភាគ ​ដូច្នេះថា បពិត្រ​ព្រះ​អង្គ​ដ៏​ចំរើន ភិក្ខុ​ឈ្មោះ​ សាឡ្ហៈ​ ធ្វើ​ មរណ​កាលទៅ​ហើយ គតិរបស់​លោកដូចម្ដេច ការ​ទៅ​ក្នុង​លោក​ខាង​មុខដូចម្ដេច។ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន ភិក្ខុនី​ឈ្មោះ​ នន្ទា ​ធ្វើ​មរណ​កាល​ទៅ​ហើយ គតិរបស់​នាង​ដូចម្ដេច​ ការ​ទៅ​ក្នុងលោក​ខាង​មុខ​ ដូច​ម្ដេច។ បពិត្រ​ព្រះអង្គ​ដ៏​ចំរើន ឧ​បាសក​ឈ្មោះ ​សុទត្តៈ ​ធ្វើ​មរណ​កាល​ទៅ​ហើយ គតិរបស់​គាត់​ ដូចម្ដេច​ ការទៅ​ក្នុង​លោក​ខាង​មុខ ​ដូចម្ដេច។ ​បពិត្រព្រះអង្គ​ដ៏​ចំរើន ឧបាសិកា​ឈ្មោះ ​សុជាតា ​ធ្វើ​មរណកាល​ទៅ​ហើយ គតិ​របស់​នាង​ដូចម្ដេច​ ការ​ទៅក្នុង​លោក​ខាង​មុខ​ ដូចម្ដេច។

[១៧១]​ ម្នាល​អានន្ទ ភិក្ខុ​ឈ្មោះ​សាឡ្ហៈ​ ធ្វើ​មរណកាល​ទៅ បាន​ធ្វើ​ឲ្យ​ជាក់​ច្បាស់​សម្រេច​ដោយ​បញ្ញា​ ដ៏​ឧត្ដម​ ដោយ​ខ្លួន​ឯង​ ក្នុង​បច្ចុប្បន្ន នូវចេតោ​វិមុត្តិ និងបញ្ញាវិមុត្ត ដែល​មិន​មាន​អាសវៈ ព្រោះ​អស់​អាសវៈទាំង​ឡាយ ​ហើយសម្រេច​សម្រាន្ដ។ ​ម្នាល​អានន្ទ ភិក្ខុនី ​ឈ្មោះនន្ទា ធ្វើ​មរណកាល​ទៅ បានជា​ឱបបាតិកា រលត់​មិន​សល់​ក្នុងទីនោះ មាន​សភាព មិន​បាន​ត្រឡប់​ចាក​លោក​នោះ ព្រោះ​អស់​ទៅ ​នៃ​ឱរម្ភា​គិយ​សញ្ញោ​ជនៈ ទាំង​ ៥។ ម្នាល​អានន្ទ ឧ​បាសក​ ឈ្មោះ​សុទត្តៈ​ ធ្វើ​មរណ​កាល​ទៅ បាន​ដល់​សកទាគាមី មក​កាន់​លោក​នេះ​ អស់​វារៈម្ដងទៀត ទើប​ធ្វើ​នូវ​ព្រះ​និព្វាន​ ជាទី​បំផុត​នៃទុក្ខ ព្រោះ​ស្រាល​ស្ដើង​នៃ​រាគៈ ទោសៈ មោហៈ ព្រោះ​អស់​ទៅ ​នៃ​សញ្ញោ​ជនៈ​ ៣។ ម្នាល​អានន្ទ ឧបាសិកា​ឈ្មោះ​សុជាតា ធ្វើ​មរណកាល​ទៅ បាន​ដល់​សោតៈ មាន​សភាព​មិន​បាន​ធ្លាក់​ចុះ​ក្នុង​អបាយ​ ជា​បុគ្គលទៀង មាន​កិរិយា​ត្រាស់​ដឹង​ប្រ​ព្រឹត្ត​ទៅ​ក្នុង​ខាង​មុខ ព្រោះ​អស់​ទៅ​នៃ​សញ្ញោ​ជនៈ ៣។ ​

[១៧២]​ ម្នាល​អានន្ទ​ មនុស្ស​ធ្វើ​មរណកាល​នេះ មិនជា​អស្ចារ្យអ្វី​ទេ កាល​បើ​មនុស្ស​នោះៗ ធ្វើ​មរណ​កាល​ហើយ អ្នក​ទាំងឡាយ នឹង​ចេះ​តែ​ចូល​មក​សួរ​សេចក្ដី​នុ៎ះ​នឹង​តថាគត។ ​ម្នាល​អានន្ទ នុ៎ះ​ជាហេតុ​នាំ​ឲ្យ​លំបាក​ ដល់​តថា​គត​ពេក​ណាស់។ ​ម្នាល​អានន្ទ ព្រោះ​ហេតុ​នោះ ​ក្នុង​សាសនានេះ តថាគត ​នឹង​សំដែង​នូវ​ធម្ម​បរិយាយ ​ឈ្មោះ ​ធម្មាទាសៈ (កញ្ចក់​ឆ្លុះ​ ពោល​គឺធម៌) ដែល​អរិយ​សាវក អ្នក​ប្រ​កប កាល​បើ​ប្រាថ្នា​ គប្បី​ព្យាករ​ នូវខ្លួន​ដោយ​ខ្លួនឯងថា អាត្មាអញ អស់​ទៅកើត​ក្នុង​នរក​ហើយ អស់​ទៅកើតក្នុង​កំណើត​តិរច្ឆានហើយ អស់​ទៅកើត​ក្នុង​បិត្តិវិស័យហើយ អស់​ទៅកើត​ក្នុង​កំណើត​អសុរកាយ​​ហើយ អាត្មាអញ​ ជាអ្នកដល់​នូវ​សោតៈ មានសភាព​ជាអ្នក​មិន​ធ្លាក់​ចុះ​ក្នុង​អបាយ ជាបុគ្គលទៀង​ មានកិរិយា​ត្រាស់ដឹងប្រព្រឹត្ត​ទៅក្នុងខាងមុខ។

[១៧៣] ម្នាលអានន្ទ​ ចុះ​ធម្ម​បរិយាយ ​ឈ្មោះ ​ធម្មាទាសៈ​ នោះ តើដូចម្ដេច​ ដែល​អរិយសាវក​ បាន​ប្រកប​ហើយ កាល​បើ​ប្រាថ្នា គប្បី​ព្យាករ នូវខ្លួន​ដោយ​ខ្លួន​ឯងថា អាត្មា​អញ ​អស់​ទៅ​កើត​ក្នុង​នរក​ហើយ​ អស់​ទៅ​កើតក្នុង​កំណើត​តិរច្ឆានហើយ  អស់ទៅ​កើត​​​ក្នុង​បិត្តិ​វិស័យ​ហើយ អស់​ទៅ​កើត​ក្នុងកំណើត​អសុរកាយ​ហើយ​ អាត្មាអញ ​ជាអ្នក​ដល់​នូវ​សោតៈ​ហើយ​ មាន​សភាព​ជាអ្នក​មិន​ធ្លាក់​ចុះ​ក្នុងអបាយ ជាបុគ្គលទៀង មាន​កិរិយា​ត្រាស់​ដឹង​ ប្រ​ព្រឹត្ត​ទៅ ក្នុង​ខាង​មុខ។ ​ម្នាល​អានន្ទ អរិយ​សាវក ​ក្នុង​សាសនា​​​​​នេះ ប្រកបដោយ​សេចក្ដី​ជ្រះថ្លា​ មិន​កម្រើក​ ក្នុង​ព្រះ​ពុទ្ធ​ថា ព្រះ​ដ៏​មានព្រះ​ភាគ ​អង្គ​នោះ​។បេ។ ​ទ្រង់​ជាគ្រូ​នៃ​ទេវតា​ និង​មនុស្ស​ទាំងឡាយ ទ្រង់​ត្រាស់​ដឹង ​នូវ​អរិយ​សច្ច ៤ ទ្រង់​ខ្ជាក់ចោល ​នូវ​ត្រៃ​ភព លែង​វិល​ត្រឡប់​មក​កើតទៀត។ ក្នុង​ព្រះ​ធម៌​។ ក្នុងព្រះសង្ឃ។ ប្រកប​ដោយ​សីល​ ជាទី​ត្រេកអរ ​របស់​ព្រះ​អរិយៈ ជាសីល​មិន​ដាច់។បេ។ ​ប្រព្រឹត្ត​ទៅ​ ដើម្បី​សមាធិ។ ម្នាល​អានន្ទ នេះ​ហៅ​ថា ធម្ម​បរិយាយ​ ឈ្មោះ ​ធម្មា​ទាសៈ ដែល​អរិយ​សាវក ​បាន​ប្រកប​ហើយ កាល​បើ​ប្រាថ្នា គប្បី​ព្យាករ​ដោយ​​ខ្លួនឯង​ថា អាត្មាអញ​ អស់​ទៅកើត​ក្នុង​នរក​ហើយ អស់ទៅ​កើត​ក្នុង​កំណើត​តិរច្ឆានហើយ អស់​ទៅកើត​ក្នុង​បិត្តិ​វិស័យ​ហើយ អស់​ទៅកើត​ក្នុង​កំណើត​អសុរកាយ​ហើយ អាត្មាអញ ​ជាអ្នក​ដល់​នូវ​​សោតៈហើយ មាន​សភាព​ជា​អ្នក​មិន​ធ្លាក់ចុះ​ក្នុង​អបាយ ជា​បុគ្គល​ទៀង​ មានកិរិយា​ត្រាស់ដឹង​ប្រ​ព្រឹត្ត​ទៅ​ ក្នុង​ខាង​មុខ។ (សូត្រ​ទាំង​ ៣ មាននិទានតែមួយ)។ ​

[១៧៤] លុះព្រះ​អានន្ទ​ ដ៏​មានអាយុ អង្គុយ​ក្នុងទី​សមគួរ​ហើយ ក៏​ក្រាប​​បង្គំ​ទូល​ព្រះ​ដ៏​មានព្រះភាគ​ ដូច្នេះថា បពិត្រព្រះអង្គ​ដ៏​ចំរើន ភិក្ខុ​ឈ្មោះ ​អសោកៈ ធ្វើ​មរណ​កាល​​​ទៅ​ហើយ គតិរបស់​លោក​ដូចម្ដេច​​ ការ​ទៅ​ក្នុងលោក​ខា​ង​មុខ ​ដូចម្ដេច។ បពិត្រ​​​​​ព្រះអង្គ​ដ៏​ចំរើន ភិក្ខុនី​ឈ្មោះ ​អសោកា ធ្វើ​មរណ​កាល​ទៅហើយ។បេ។ បពិត្រព្រះអង្គ​ដ៏​ចំរើន ឧបាសក​ឈ្មោះ ​អសោកៈ ធ្វើ​មរណកាល​ទៅហើយ។បេ។​ បពិត្រព្រះអង្គ​ដ៏​ចំរើន ឧបាសិកា​ឈ្មោះ ​អសោកា ធ្វើ​មរណកាល​ទៅហើយ​ គតិរបស់​នាង​ដូចម្ដេច ការ​ទៅ​ក្នុង​លោក​ខាង​មុខ​ ដូចម្ដេច។

[១៧៥] ម្នាល​អានន្ទ ភិក្ខុឈ្មោះ ​អសោកៈ ធ្វើ​មរណកាលទៅ បាន​ធ្វើ​ឲ្យ​ជាក់​ច្បាស់​សម្រេច​ដោយ​បញ្ញា​ ដ៏​ឧត្ដម ​ដោយ​ខ្លួនឯង​ ក្នុង​បច្ចុប្បន្ន​ នូវ​ចេតា​វិមុត្តិ និង​បញ្ញវិមុត្តិ ដែល​មិន​មាន​អាសវៈ ព្រោះ​អស់​អាសវៈទាំងឡាយ ហើយ​សម្រេច​​សម្រាន្ត​នៅ។ ​(​និទាន​​​​​​តែ​មួយ​ ដោយ​វេយ្យាករណ៍​ដូចមុន)។

[១៧៦] ម្នាល​អានន្ទ នេះ​ហៅ​ថា ធម្ម​បរិយាយ ​ឈ្មោះ ​ធម្មាទាសៈ ដែល​អរិយសាវក​ បាន​ប្រកប​ហើយ កាលបើ​ប្រាថ្នា គប្បី​ព្យាករ​នូវ​ខ្លួន ​ដោយ​ខ្លួនឯងថា អាត្មាអញ​ អស់​ទៅកើត​ក្នុង​នរក​ហើយ អស់ទៅ​កើត​ក្នុង​កំណើត​តិរច្ឆានហើយ អស់​ទៅកើត​ក្នុង​បិត្តិ​វិស័យ​ហើយ អស់​ទៅកើត​ក្នុង​កំណើត​អសុរកាយ​ហើយ អាត្មាអញ​ ជាអ្នក​ដល់​នូវ​​សោតៈហើយ មាន​សភាព​ ជា​អ្នក​មិន​ធ្លាក់ចុះ​ក្នុង​អបាយ ជា​បុគ្គល​ទៀង​ មានកិរិយា​ត្រាស់ដឹង​  ប្រ​ព្រឹត្ត​ទៅ​ក្នុង​ខាង​មុខ។

[១៧៧] លុះ​ព្រះ​អានន្ទដ៏​មានអាយុ អង្គុយ​ក្នុងទី​សម​គួរ​ហើយ​ ក៏ក្រាប​បង្គំ​ទូល​ព្រះដ៏​មានព្រះ​ភាគ​ ដូច្នេះ​ថា បពិត្រ​ព្រះ​អង្គ​ដ៏​ចំរើន ឧបាសក​ឈ្មោះ​ កកុដៈ ​ក្នុង​ស្រុក​ញាតិកៈ ធ្វើ​មរណកាល​ទៅហើយ គតិរបស់​គាត់​ដូចម្ដេច​ ការ​ទៅក្នុងលោកខាង​មុខ ដូចម្ដេច។​ ​បពិត្រ​ព្រះ​អង្គ​ដ៏​ចំរើន ឧបាសកឈ្មោះ កឡិភៈ ​ក្នុងស្រុក​ញាតិកៈ។ ​ បពិត្រ​ព្រះ​អង្គ​ដ៏​ចំរើន ឧបាសកឈ្មោះ ទនិកទ្ធៈ ​ក្នុងស្រុក​ញាតិកៈ។ ​ បពិត្រ​ព្រះ​អង្គ​ដ៏​ចំរើន ឧបាសកឈ្មោះ កដិស្សហៈ ​ក្នុងស្រុក​ញាតិកៈ។​ បពិត្រ​ព្រះ​អង្គ​ដ៏​ចំរើន ឧបាសក ឈ្មោះ តុដ្ឋៈ​ ក្នុងស្រុក​ញាតិកៈ។ ​ បពិត្រ​ព្រះ​អង្គ​ដ៏​ចំរើន ឧបាសកឈ្មោះ​ សន្តុដ្ឋៈ​ ក្នុងស្រុក​ញាតិកៈ។ បពិត្រ​ព្រះ​អង្គ​ដ៏​ចំរើន ឧបាសកឈ្មោះ ភទ្ទៈ ​ក្នុងស្រុក​ញាតិកៈ។ ​ បពិត្រ​ព្រះ​អង្គ​ដ៏​ចំរើន ឧបាសកឈ្មោះ សុភទ្ទៈ ក្នុងស្រុក​ញាតិកៈ ធ្វើ​មរណកាល​ទៅហើយ គតិ​របស់​គាត់​ដូចម្ដេច ការ​ទៅក្នុង​លោក​ខាង​មុខ ដូចម្ដេច។

[១៧៨] ម្នាល​អានន្ទ ឧបាសក​ឈ្មោះ​កកុដៈ ធ្វើ​មរណកាល​ទៅ​ហើយ​ បាន​ជា​ឱបបាតិកៈ ​រលត់​អស់​ក្នុង​ទី​នោះ ​មាន​សភាព​ជាអ្នក​មិន​ត្រឡប់ ចាក​លោក​នោះ ព្រោះ​អស់​ទៅ​ នៃ​ឱ​រម្ភាគិយ​សញ្ញោជនៈ​ ទាំង​៥។ ម្នាល​អានន្ទ ឧបាសក​ ឈ្មោះ​កឡិភៈ។ ម្នាល​អានន្ទ​ ឧបាសក​ឈ្មោះ ​ទនិកទ្ធៈ។​ ម្នាលអានន្ទ ឧបាសកឈ្មោះ កដិស្សហៈ។  ម្នាល​អានន្ទ​ ឧបាសក​ឈ្មោះ ​តុដ្ឋៈ។​​ ម្នាល​អានន្ទ​ ឧបាសក​ឈ្មោះ ​សន្តុដ្ឋៈ។​ ម្នាល​អានន្ទ​ ឧបាសក​ឈ្មោះ ​ភទ្ទៈ។ ម្នាល​អានន្ទ​ ឧបាសក​ឈ្មោះ ​សុភទ្ទៈ ធ្វើ​មរណកាល​ទៅ​ហើយ បានជា​ឱបបាតិកៈ រលត់​អស់​ក្នុងទី​នោះ មានសភាព​ ជាអ្នក​មិន​ត្រឡប់ចាក​លោក​នោះ ព្រោះ​អស់​ទៅ​នៃ​ឱ​រម្ភាគិយ​សញ្ញោ​ជនៈ ទាំង​ ៥។​ (​ឧបាសក​ទាំងអស់ បណ្ឌិត​គប្បី​ធ្វើ​ថា ​មាន​គតិ​តែ​មួយ)។

[១៧៩] ម្នាល​អានន្ទ ពួក​ឧបាសក​ច្រើន​ជាង​ ៥០ នាក់ ​ក្នុងស្រុក​ញាតិកៈ ធ្វើ​មរណកាលទៅ បាន​ជា​ឱបបាតិកៈ រលត់​អស់​ទៅ​ក្នុងទីនោះ មានសភាព​ ជាអ្នក​មិន​ត្រឡប់ចាក​លោក​នោះ ព្រោះ​អស់​ទៅ​ នៃ​ឱ​រម្ភាគិយ​សញ្ញោ​ជនៈ ទាំង​ ៥។ ម្នាល​អានន្ទ ពួក​ឧបាសក​ច្រើន​ជាង ៩០ នាក់ ​ក្នុង​ស្រុក​ញាតិកៈ ធ្វើមរណកាលទៅហើយ​ បាន​ដល់​សកទាគាមី មក​កាន់លោក​នេះ​ អស់​វារៈម្ដងទៀត ទើប​ធ្វើ​នូវ​ព្រះ​និព្វាន​ ជាទី​បំផុត​នៃ​ទុក្ខ​បាន ព្រោះ​ស្រាល​ស្ដើង​ នៃ​រាគៈ ទោសៈ​​ និងមោហៈ ព្រោះ​អស់​ទៅ ​នៃសញ្ញោជនៈ ទាំង ៣។ ​ម្នាល​អានន្ទ ពួក​ឧបាសក​ ៥០៦​ នាក់ ក្នុង​ស្រុក​ញាតិកៈ ធ្វើ​មរណកាលទៅហើយ បានដល់​សោតៈ មាន​សភាព​ ជា​អ្នក​មិន​ធ្លាក់ចុះ​ក្នុង​អបាយ ជា​បុគ្គល​ទៀង​ មានកិរិយា​ត្រាស់ដឹង​ ប្រ​ព្រឹត្ត​ទៅ​ក្នុង​ខាង​មុខ ព្រោះ​អស់​ទៅ ​នៃ​សញ្ញោជនៈ ៣។

[១៨០] ម្នាល​អានន្ទ មនុស្សធ្វើមរណកាល​នេះ មិនជាអស្ចារ្យអ្វីទេ កាលបើ​មនុស្ស​នោះ​ៗ​ ធ្វើមរណកាលទៅហើយ អ្នក​ទាំងឡាយ ​នឹង​ចេះតែ​ចូលមក​សួរ​សេចក្ដី​នុ៎ះ នឹងតថា​គត ម្នាល​អានន្ទ ​នុ៎ះជាហេតុនាំឲ្យ​លំបាក​ ដល់តថាគត​ពេកណាស់។ ​ ម្នាល​អានន្ទ ព្រោះហេតុ​នោះ ក្នុង​សាសនានេះ តថាគត នឹង​សំដែង​នូវ​ធម្មបរិយាយ ​ឈ្មោះ​ធម្មាទាសៈ ដែលអរិយ​សាវក​ បាន​ប្រកប​ហើយ កាលបើ​ប្រាថ្នា គប្បីព្យាករនូវខ្លួន ​ដោយ​ខ្លួនឯង​ថា អាត្មាអញ​ អស់​ទៅកើត​ក្នុង​នរក​ហើយ អស់ទៅ​កើត​ក្នុង​កំណើត​តិរច្ឆានហើយ អស់​ទៅកើត​ក្នុង​បិត្តិ​វិស័យ​ហើយ អស់​ទៅកើត​ក្នុង​កំណើត​អសុរកាយ​ហើយ អាត្មាអញ​បានដល់​​​សោតៈហើយ មាន​សភាព​ ជា​អ្នក​មិន​ធ្លាក់ចុះ​ក្នុង​អបាយ ជា​បុគ្គល​ទៀង​ មានកិរិយា​ត្រាស់ដឹង​ ប្រ​ព្រឹត្ត​ទៅ​ក្នុង​ខាង​មុខ។

[១៨១] ម្នាល​អានន្ទ ចុះ​ធម្ម​បរិយាយ ឈ្មោះ​ធម្មា​ទាសៈ​នោះ​ តើ​ដូចម្ដេច ដែល​​អរិយសាវក​ ប្រកប​ហើយ​ កាល​បើ​ប្រាថ្នា គប្បី​ព្យាករ​នូវ​ខ្លួន ​ដោយ​ខ្លួនឯង​ថា អាត្មាអញ​អស់​ទៅកើត​ក្នុង​នរក​ហើយ អស់ទៅ​កើត​ក្នុង​កំណើតតិរច្ឆានហើយ អស់​ទៅកើត​ក្នុង​បិត្តិវិស័យ​ហើយ អស់​ទៅកើត​ក្នុង​កំណើត​អសុរកាយ​ហើយ អាត្មាអញ​ បាន​ដល់​​​សោតៈ ហើយ មាន​សភាព​ ជា​អ្នក​មិន​ធ្លាក់ចុះ​ក្នុង​អបាយ ជា​បុគ្គល​ទៀង​ មាន​កិរិយា​​​ត្រាស់ដឹង​  ប្រ​ព្រឹត្ត​ទៅ​ ក្នុង​ខាង​មុខ។ ម្នាល​អានន្ទ អរិយ​សាវក​ ក្នុងសាសនានេះ ប្រកបដោយ​សេចក្ដីជ្រះថ្លា​ មិន​កម្រើក ​ក្នុង​ព្រះ​ពុទ្ធថា ព្រះ​ដ៏​មានព្រះភាគ អង្គ​នោះ។បេ។ ទ្រង់​ជាគ្រូ​នៃ​ទេវតា​ និង​មនុស្សទាំងឡាយ ទ្រង់​ត្រាស់​ដឹង​ នូវ​អរិយ​សច្ច​ ៤ ទ្រង់​ខ្ជាក់​ចោល ​នូវ​ត្រៃ​ភព​ លែង​វិល​ត្រឡប់​មក​កើត​ទៀត​។ ​ក្នុង​ព្រះ​ធម៌។ ក្នុង​ព្រះសង្ឃ។ ប្រកប​ដោយ​​សីល ​ជាទី​ត្រេក​អរ​ របស់​ព្រះ​អរិយៈ ​ជា​សីល​មិន​ដាច់។បេ។ ប្រព្រឹត្តទៅ ដើម្បី​សមាធិ​។ ​ម្នាល​អានន្ទ នេះ​ហៅ​ថា ធម្ម​បរិយាយ​ ឈ្មោះ ធម្មាទាសៈ ដែល​អរិយ​សាវក​ បាន​ប្រកប​ហើយ កាល​បើ​ប្រាថ្នា​ គប្បីព្យាករ​នូវ​ខ្លួន ​ដោយ​ខ្លួន​ឯង​ថា អាត្មាអញ​ អស់​ទៅកើត​ក្នុង​នរក​ហើយ អស់ទៅ​កើត​ក្នុង​កំណើត​តិរច្ឆានហើយ អស់​ទៅកើត​ក្នុង​បិត្តិ​វិស័យ​ហើយ អស់​ទៅកើត​ក្នុង​កំណើត​អសុរកាយ​ហើយ អាត្មាអញ ​បានដល់​សោតៈហើយ មាន​សភាព ​ជា​អ្នក​មិន​ធ្លាក់ចុះ​ក្នុង​អបាយ ជា​បុគ្គល​ទៀង​ មានកិរិយា​ត្រាស់ដឹង ​ប្រ​ព្រឹត្ត​ទៅ​ក្នុង​ខាង​មុខ។

ចប់ វេឡុទ្វារវគ្គ ទី១។

ឧទាន​នៃ​វេឡុ​ទ្វារ​វគ្គ​នោះ​គឺ

និយាយអំពីស្ដេចចក្រពត្តិ ១ អំពី​សេចក្ដី​សុខ ​ជាទី​ប្រ​ជុំ​ចុះ ​​នៃ​ព្រហ្មចរិយៈ ១ អំពី​ទីឃាវុ​ឧបាសក ១ អំពី​ព្រះ​សារីបុត្ត​ មាន ២ ​លើក អំពី​នាយ​ជាង​ឈើ​ ១ អំពី​ពួក​ព្រាហ្មណ៍​និង​គហបតី ​អ្នក​នៅក្នុង​ស្រុកវេឡុទ្វារ ១ អំពី​រឿង​ដែល​ព្រះ​ដ៏​មានព្រះ​ភាគ ​ទ្រង់​គង់​ក្នុង​ផ្ទះ​ ធ្វើ​ដោយ​ឥដ្ឋ​ មាន​ ៣ លើក​។

រាជការាមវគ្គ ទី២

[១៨២] ព្រះ​ដ៏​មានព្រះភាគ ទ្រង់គង់​នៅក្នុង​រាជការាម ទៀប​ក្រុង​សាវត្ថី។ គ្រានោះ​ ភិក្ខុនី​សង្ឃ ​ប្រមាណ​មួយពាន់​រូប បាន​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ លុះ​ចូល​ទៅ​ដល់​ហើយ​ ថ្វាយ​បង្គំ​ព្រះ​ដ៏​មានព្រះ​ភាគ ហើយ​ឋិត​ក្នុងទី​ដ៏​សមគួរ។ ​លុះ​ភិក្ខុនី​ទាំង​នោះ​ ឋិត​ក្នុង​ទី​ដ៏​សម​គួរហើយ ទើប​ព្រះ​ដ៏​មាន​ព្រះ​ភាគ ​ទ្រង់​ត្រាស់​ដូច្នេះថា ម្នាល​ភិក្ខុ​នីទាំងឡាយ អរិយសាវក ​អ្នក​ប្រកប​ដោយ​ធម៌​ ៤ យ៉ាង​ ជា​សោតា​បន្នបុគ្គល មាន​សភាព​មិនធ្លាក់​ទៅ​ក្នុង​អបាយ ជាបុគ្គល​ទៀង មាន​ការ​ត្រាស់​ដឹង ប្រព្រឹត្ត​ទៅក្នុង​ខាង​មុខ។ ​ធម៌​ ៤​ យ៉ាង​ តើ​ដូចម្ដេចខ្លះ។ ម្នាល​ភិក្ខុនី​ទាំងឡាយ អរិយសាវក​ ក្នុង​ធម្មវិន័យនេះ ប្រកបដោយ​សេចក្តីជ្រះថ្លា មិនញាប់ញ័រ ក្នុងព្រះពុទ្ធថា ព្រះដ៏មានព្រះ​ភាគ អង្គនោះ។ បេ។ ព្រះអង្គជាគ្រូនៃទេវតា និងមនុស្សទាំងឡាយ ព្រះអង្គ​ត្រាស់ដឹង នូវ​អរិយសច្ចធម៌ ព្រះអង្គលែងវិលមកកាន់ភពថ្មីទៀត។  (អរិយ​សាវក ប្រកប​ដោយ​សេចក្ដី​ជ្រះ​ថ្លា​ មិន​ញាប់​ញ័រ) ក្នុង​ព្រះ​ធម៌។ ក្នុង​ព្រះ​សង្ឃ​។ ជាអ្នក​ប្រកប​ដោ​យសីល​ ជាទី​ស្រឡាញ់​របស់​អរិយ​បុគ្គល ជាសីល​មិនដាច់​។បេ។​ ​ជាសីល​ប្រព្រឹត្ត​ទៅ ​ដើម្បី​សមាធិ។ ​ ម្នាល​ភិក្ខុនី​ទាំងឡាយ អរិយ​សាវក ​ប្រកប​ដោយ​ធម៌ ​ទាំង ៤ យ៉ាងនេះ​ឯង ជាសោតា​បន្ន​បុគ្គល មាន​សភាពមិន​ធ្លាក់​ទៅក្នុង​អបាយ ជាបុគ្គលទៀង​ មានការ​ត្រាស់ដឹង ប្រ​ព្រឹត្ត​ទៅ​ក្នុង​ខាង​មុខ។

[១៨៣] សាវត្ថី​និទាន។ ម្នាល​ភិក្ខុទាំងឡាយ ព្រាហ្មណ៍ទាំងឡាយ តែង​បញ្ញត្ត​នូវ​បដិបទា ឈ្មោះ ​ឧទយ​គាមិនី (​ដំណើរ​ទៅកាន់​សេចក្ដី​ចំរើន​ ក្នុង​លទ្ធិ​របស់​ខ្លួន) ព្រាហ្មណ៍​ទាំងនោះ​ តែង​ញ៉ាំងសាវក​ ឲ្យ​សមា​ទាន ​យ៉ាងនេះ​ថា នែ​បុរស​ដ៏​ចំរើន អ្នក​ចូរ​មក​នេះ​ អ្នក​ចូរក្រោក​ឡើង​អំពី​ព្រលឹម ហើយ​បែរ​មុខ​ទៅ​ទិស​ខាង​កើតទៅ ចូរ​អ្នកកុំ​វៀរ​ត្រពាំងទឹក កុំ​វៀ​រអណ្ដូងទឹង​ ឬ​ជ្រោះ កុំ​វៀរ​ដង្គត់ កុំ​វៀរ​ទីមាន​បន្លា កុំវៀរ​អណ្ដូង​ជ្រាំ​ កុំវៀរ​រណ្ដៅដ៏​ស្មោគ​គ្រោក បើអ្នកធ្លាក់​ចុះ​ក្នុង​ទីណា អ្នក​គប្បី​រង់​ចាំ​សេចក្ដី​ស្លាប់​ ក្នុង​ទីនោះ​ឯង​ ម្នាល​បុរស​ដ៏​ចំរើន ​កាល​បើ​យ៉ាងនេះ លុះ​អ្នក​រំលាង​ខន្ធ បន្ទាប់​អំពី​សេចក្ដី​ស្លាប់​ទៅ នឹង​ទៅកាន់​លោក​ គឺ​សុគតិ ស្ថាន​សួគ៌។

[១៨៤] ម្នាល​ភិក្ខុទាំងឡាយ ការ​បញ្ញត្តិនូវ​បដិបទានោះ​ឯង នេះ​ជាដំណើរ​បស់​មនុស្ស​ពាល នេះ​ជា​ដំណើររបស់​មនុស្ស​វង្វេង​ នៃ​ពួក​ព្រាហ្មណ៍ តែង​មិន​ប្រ​ព្រឹត្ត​ទៅ​ដើម្បី​សេចក្ដីនឿយ​ណាយ​ មិន​ប្រព្រឹត្ត​ទៅ ​ដើម្បី​សេចក្ដី​ប្រាសចាក​តម្រេក មិន​ប្រព្រឹត្ត​ទៅ​ដើម្បី​សេចក្ដី​រលត់ មិន​ប្រព្រឹត្តទៅ ​ដើម្បី​សេចក្ដី​ស្ងប់​ស្ងាត់ មិន​ប្រព្រឹត្ត​ទៅ​ ដើម្បី​សេចក្ដី​ដឹង​ច្បាស់ មិន​ប្រព្រឹត្តទៅ​ ដើម្បី​សេចក្ដីត្រាស់ដឹង មិន​ប្រព្រឹត្តទៅ​ ដើម្បីព្រះនិព្វានទេ។ ​ ម្នាល​ភិក្ខុទាំងឡាយ ចំណែក​តថាគត តែង​បញ្ញត្ត​នូវ​បដិបទា​ ជាដំណើរទៅកាន់​សេចក្ដី​ចំរើន ក្នុង​អរិយវិន័យ ដែល​ប្រព្រឹត្ត​ទៅ ​ដើម្បីសេចក្ដី​នឿយ​ណាយ​ ដោយ​ពិត​ប្រាកដ ដើម្បី​សេចក្ដី​ប្រាសចាកតម្រេក ដើម្បី​សេចក្ដី​រលត់ ដើម្បី​សេចក្ដីស្ងប់ស្ងាត់ ដើម្បី​សេចក្ដីដឹង​ច្បាស់ ដើម្បី​សេចក្ដីត្រាស់ដឹង ដើម្បី​ព្រះនិព្វាន។

[១៨៥] ម្នាល​ភិក្ខុទាំងឡាយ ចុះបដិបទា ជាដំណើរទៅកាន់សេចក្ដី​ចំរើន ដែល​ប្រព្រឹត្តទៅ​ ដើម្បី​សេចក្ដី​នឿយ​ណាយ ដោយ​ពិតប្រាកដ។បេ។ ដើម្បីព្រះនិព្វាន តើដូច ម្ដេច​។ ម្នាល​ភិក្ខុទាំងឡាយ អរិយ​សាវក ក្នុង​ធម្ម​វិន័យ​នេះ ជាអ្នកប្រកប​ដោយ​សេចក្ដី​​ជ្រះថ្លា មិន​ញាប់​ញ័រ ក្នុង​ព្រះពុទ្ធថា ​ព្រះ​ដ៏​មានព្រះ​ភាគ ​អង្គ​នោះ។បេ។ ​ព្រះ​អង្គ​ជាគ្រូ​នៃ​ទេវតា​ និង​មនុស្ស​ទាំងឡាយ ព្រះ​អង្គ​ត្រាស់​ដឹង​ នូវ​អរិយ​សច្ច​ធម៌​ ព្រះអង្គ​លែង​វិល​ត្រឡប់មក​កាន់ភពថ្មី​ទៀត។ ​(អរិយ​សាវក ប្រកប​ដោយ​សេចក្ដី​ជ្រះ​ថ្លា​ មិន​ញាប់​ញ័រ) ក្នុង​ព្រះ​ធម៌។ ក្នុង​ព្រះ​សង្ឃ​។ ជាអ្នក​ប្រកប​ដោ​យសីល​ ជាទី​ស្រឡាញ់​របស់​អរិយៈ ជាសីល​មិនដាច់​។បេ។​ ​ជាសីល​ប្រព្រឹត្ត​ទៅ​ ដើម្បី​សមាធិ។ ម្នាល​ភិក្ខុទាំងឡាយ នេះឯង​ជាបដិបទា ជាដំណើរ​ទៅកាន់​សេចក្ដី​ចំរើន ដែល​ប្រព្រឹត្ត​ទៅ​ ដើម្បី​សេចក្ដី​នឿយ​​​​​ណាយ​ដោយ​ពិតប្រាកដ ដើម្បី​​ប្រាសចាកតម្រេក ដើម្បី​សេចក្ដី​រលត់ ដើម្បី​សេចក្ដីស្ងប់ស្ងាត់ ដើម្បី​សេចក្ដីដឹង​ច្បាស់ ដើម្បី​សេចក្ដីត្រាស់ដឹង ដើម្បី​ព្រះនិព្វាន។

[១៨៦] សម័យ​មួយ ​ព្រះសារីបុត្ត​ដ៏​មានអាយុ​ និង​ព្រះអានន្ទ​ដ៏​មាន​អាយុ នៅក្នុង​វត្តជេតពន ​របស់​អនាថបិណ្ឌិ​កសេដ្ឋី ទៀបក្រុង​សាវត្ថី។ គ្រានោះឯង ព្រះ​សារីបុត្តដ៏​មាន​អាយុ ចេញ​អំពីទីពួនសម្ងំ ក្នុង​សាយណ្ហ​សម័យ ចូលទៅ​រកព្រះ​អានន្ទ​ដ៏​មានអាយុ លុះចូល​ទៅដល់ ក៏​ពោល​ពាក្យរាក់​ទាក់​ ជាមួយ​នឹង​ព្រះ​អានន្ទ​ដ៏​មាន​អាយុ លុះ​បញ្ចប់​ពាក្យ​ ដែល​គួរ​រាក់​ទាក់ ល្មមឲ្យកើតសេចក្ដី​ស្និទស្នាលហើយ ក៏អង្គុយក្នុងទីដ៏​សមគួរ​។ លុះព្រះសារីបុត្តដ៏​មានអាយុ អង្គុយ​ក្នុងទី​ដ៏​សមគួរ​ហើយ ទើប​សួរ​ព្រះ​អានន្ទ​ដ៏​​មាន​អាយុ​​​ដូច្នេះ​​ថា អាវុសោ​អានន្ទ ព្រោះ​លះបង់​ធម៌​ប៉ុន្មាន​យ៉ាង ព្រោះ​ប្រកប​ធម៌​ប៉ុន្មានយ៉ាង ទើប​ព្រះដ៏​មាន​ព្រះភាគ​ ទ្រង់​ព្យាករ​ពួក​សត្វ​នេះ ​យ៉ាង​នេះ​ថា ជា​សោតា​បន្ន​បុគ្គល មាន សភាព​មិន​ធ្លាក់​ទៅក្នុងអបាយ ជាបុគ្គលទៀង​ មានការ​ត្រាស់ដឹង​ប្រ​ព្រឹត្ត​ទៅ ក្នុង​ខាង​មុខ។

[១៨៧] ម្នាល​អាវុសោ ព្រោះ​លះ​ធម៌ ​៤ ​យ៉ាង ព្រោះ​ប្រកបធម៌​ ៤ យ៉ាង ទើប​ព្រះដ៏​មានព្រះភាគ ទ្រង់​ព្យាករ​​ពួកសត្វនេះ យ៉ាងនេះ​ថា ជាសោតាបន្ន​បុគ្គល មានសភាព​មិន​ធ្លាក់​ទៅក្នុង​អបាយ ជាបុគ្គលទៀង​ មានការ​ត្រាស់ដឹង ជាទី​ប្រ​ព្រឹត្ត​ទៅក្នុង​ខាង​មុខ។ ធម៌ ៤​ យ៉ាង ដូចម្ដេចខ្លះ។ ម្នាលអាវុសោ បុថុជ្ជនអ្នក​មិន​ចេះ​ដឹង ប្រកបដោយ​សេចក្ដីជ្រះថ្លា មិន​ញាប់ញ័រក្នុងព្រះពុទ្ធ មាន​សភាព​យ៉ាងណា លុះ​រំលាង​ខន្ធ បន្ទាប់​អំពីមរណៈ ក៏ទៅ​កើត​ក្នុង​អបាយ ទុគ្គតិ​ វិនិបាត នរក សេចក្ដី​ជ្រះ​ថ្លា​មិន​ញាប់​ញ័រ​ ក្នុង​ព្រះ​ពុទ្ធ មាន​សភាព​យ៉ាង​នោះ ឥតមាន​ដល់​អរិយ​សាវក​នោះ​ឡើយ។ ​ម្នាល​អាវុសោ ចំណែក​អរិយសាវក ​អ្នក​ចេះ​ដឹង ប្រកប​ដោយ​សេចក្ដី​ជ្រះ​ថ្លា ​មិន​ញាប់​ញ័រ ក្នុងព្រះពុទ្ធ មាន​សភាព​យ៉ាងណា លុះ​ដល់រំលាង​ខន្ធ បន្ទាប់​អំពីមរណៈ ទៅ​កើត​ក្នុងលោក​ គឺ​សុគតិ ស្ថាន​សួគ៌ សេចក្ដី​ជ្រះ​ថ្លា​ មិន​ញាប់​ញ័រ​ក្នុង​ព្រះ​ពុទ្ធ មាន​សភាព​យ៉ាង​នោះ តែង​មាន​ដល់​អរិយ​សាវក​នោះ​ថា ព្រះ​ដ៏​មាន​ព្រះ​ភាគ ​អង្គ​នោះ។បេ។ ​ព្រះអង្គ​ជាគ្រូ​នៃ​ទេវតា និង​មនុស្ស​ទាំងឡាយ ព្រះអង្គ​ត្រាស់​ដឹង​ នូវ​អរិយ​សច្ច​ធម៌ ព្រះអង្គ​លែង​វិល​មក​កាន់​ភព​ថ្មី​ទៀត​ដូច្នេះ។

[១៨៨] ម្នាល​អាវុសោ បុថុជ្ជន អ្នក​មិន​ចេះ​ដឹង ប្រកបដោយ​សេចក្ដីជ្រះថ្លា មិន​ញាប់ញ័រ ក្នុងព្រះធម៌ មាន​សភាព​យ៉ាងណា លុះ​រំលាង​ខន្ធ បន្ទាប់​អំពីមរណៈ ទៅ​កើត​ក្នុង​អបាយ ទុគ្គតិ វិនិបាត នរក សេចក្ដី​ជ្រះ​ថ្លា​ មិន​ញាប់​ញ័រ​ក្នុង​ព្រះ​ធម៌ មាន​សភាព​យ៉ាង​នោះ ឥតមាន​ដល់​អរិយ​សាវក​នោះ​ឡើយ។ ​ ម្នាល​អាវុសោ ចំណែក​អរិយសាវក​ អ្នក​ចេះ​ដឹង ប្រកប​ដោយ​សេចក្ដី​ជ្រះ​ថ្លា ​មិន​ញាប់​ញ័រក្នុងព្រះធម៌ មាន​សភាព​យ៉ាងណា លុះ​រំលាង​ខន្ធ បន្ទាប់​អំពីមរណៈ ទៅ​កើត​ក្នុងលោក ​គឺ​សុគតិ ស្ថាន​សួគ៌ សេចក្ដី​ជ្រះ​ថ្លា​មិន​ញាប់​ញ័រ ​ក្នុង​ព្រះ​ធម៌ មាន​សភាព​យ៉ាង​នោះ តែង​មាន​ដល់​អរិយ​សាវក​​​​​នោះ​ថា ព្រះធម៌ ដែលព្រះ​ដ៏​មាន​ព្រះ​ភាគ ​ទ្រង់ត្រាស់​ប្រពៃ​ហើយ​។បេ។

[១៨៩] ម្នាល​អាវុសោ បុថុជ្ជន អ្នក​មិន​ចេះ​ដឹង ប្រកបដោយ​សេចក្ដីជ្រះថ្លា មិន​ញាប់ញ័រ ក្នុងព្រះសង្ឃ មាន​សភាព​យ៉ាងណា លុះ​រំលាង​ខន្ធ បន្ទាប់​អំពីមរណៈ ទៅ​កើត​ក្នុង​អបាយ ទុគ្គតិ វិនិបាត នរក សេចក្ដី​ជ្រះ​ថ្លា​ មិន​ញាប់​ញ័រ​ក្នុង​ព្រះ​សង្ឃ មាន​សភាព​យ៉ាង​នោះ ឥតមាន​ដល់​អរិយ​សាវក​នោះ​ឡើយ។ ​ ម្នាល​អាវុសោ ចំណែក​អរិយសាវក​ អ្នក​ចេះ​ដឹង ប្រកប​ដោយ​សេចក្ដី​ជ្រះ​ថ្លា ​មិន​ញាប់​ញ័រ ក្នុងព្រះសង្ឃ មាន​សភាព​យ៉ាង​ណា លុះដល់​រំលាង​ខន្ធ បន្ទាប់​អំពីមរណៈ ទៅ​កើត​ក្នុងលោក ​គឺ​សុគតិ ស្ថាន​សួគ៌ សេចក្ដី​ជ្រះ​ថ្លា​ មិន​ញាប់​ញ័រ​ ក្នុង​ព្រះ​សង្ឃ មាន​សភាព​យ៉ាង​នោះ តែង​មាន​ដល់​អរិយ​សាវក​នោះ​ថា ព្រះ​សង្ឃសាវក នៃព្រះដ៏​មាន​ព្រះ​ភាគ​ លោកប្រតិបត្តិ​ប្រពៃ​ហើយ​។បេ។ ជាស្រែបុណ្យ​ដ៏​ប្រ​សើរ ​នៃ​សត្វ​លោក។

[១៩០] ម្នាល​អាវុសោ បុថុជ្ជន អ្នក​មិន​ចេះ​ដឹង ប្រកបដោយភាវៈ​ ជាអ្នក​ទ្រុស្ត​សីល មាន​សភាព​យ៉ាងណា លុះ​រំលាង​ខន្ធ បន្ទាប់​អំពីមរណៈ រមែងទៅ​កើត​ក្នុង​អបាយ ទុគ្គតិ​ វិនិបាត នរក ភាវៈ​ជាអ្នក​ទ្រុស្ត​សីល មាន​សភាព​យ៉ាង​នោះ ឥតមាន​ដល់​អរិយ​សាវក​នោះ​ឡើយ។ ម្នាល​អាវុសោ ចំណែក​អរិយ​សាវក ប្រកប​ដោយ​សីល​ទាំងឡាយ ជាទី​ស្រឡាញ់​របស់​អរិយៈ ​មានសភាពយ៉ាងណា លុះ​រំលាង​ខន្ធ បន្ទាប់​អំពី​មរណៈ រមែង​ទៅ​កើត​ក្នុង​លោក ​គឺ​សុគតិ ​ស្ថាន​សួគ៌ សីល​ទាំងឡាយ ជាទី​ស្រ​ឡាញ់​របស់​អរិយៈ មាន​សភាព​យ៉ាង​នោះ ជាសីល​មិន​ដាច់។បេ។ ជាសីល​ប្រព្រឹត្ត​ទៅ ​ដើម្បិ​សមាធិ តែង​មាន​ដល់​អរិយ​សាវក​នោះ​។

[១៩១] ម្នាល​អាវុសោ ព្រោះ​លះធម៌​ ៤ ​យ៉ាង​នេះ​ឯង​ ព្រោះ​ប្រកប​ដោយ​ធម៌​ ៤​យ៉ាង​នេះឯង ទើប​ព្រះ​ដ៏​មានព្រះ​ភាគ ទ្រង់​ព្យាករ​ពួក​សត្វ​នេះ​ យ៉ាង​នេះ​ថា សោ​តា​បន្នបុគ្គល មាន​សភាព​មិន​ធ្លាក់​ទៅ​ក្នុង​អបាយ ជា​បុគ្គលទៀង មាន​ការ​ត្រាស់​ដឹង​ប្រ​ព្រឹត្ត​ទៅ​ខាង​មុខ។

[១៩២] ម្នាល​ភិក្ខុទាំងឡាយ ​អរិយ​សាវក​ប្រកប​ដោយ​ធម៌ ៤ យ៉ាងនេះ ទើប​កន្លង​បង់​នូវ​ភ័យ​ ក្នុង​ទុគ្គតិ​ទាំង​ពួង​បាន​។ ធម៌​ទាំង​ ៤ យ៉ាង ​តើ​ដូចម្ដេច។ ម្នាល​ភិក្ខុទាំងឡាយ អរិយ​សាវក ក្នុង​ធម្ម​វិន័យ​នេះ ប្រកប​ដោយ​សេចក្ដី​ជ្រះ​ថ្លា​ មិន​ញាប់​ញ័រ ក្នុង​ព្រះពុទ្ធថា ព្រះដ៏​​មាន​ព្រះ​ភាគ​ អង្គ​នោះ។បេ។ ព្រះ​អង្គ​ជាគ្រូ​នៃទេវតា​ និង​មនុស្ស​ទាំងឡាយ ព្រះអង្គ​ត្រាស់ដឹង​ នូវ​អរិយ​សច្ចធម៌ ព្រះ​អង្គ​លែង​វិល​មក​កាន់​ភព​ថ្មី​ទៀត​។ (អរិយ​សាវក​ ប្រក​ប ដោយ​សេចក្ដី​ជ្រះ​ថ្លា ​មិន​ញាប់​ញ័រ) ក្នុង​ព្រះធម៌។ ក្នុង​ព្រះសង្ឃ។ អរិយ​សាវក​ ប្រកប​ដោយ​សីល​ទាំងឡាយ ជាទី​ស្រឡាញ់​របស់​អរិយៈ ជាសីល​មិន​ដាច់។ បេ។ ជាសីល​      ប្រ​ព្រឹត្ត​ទៅ​ ដើម្បី​សមាធិ​។ ម្នាល​ភិក្ខុទាំងឡាយ អរិយ​សាវក​ ប្រកប​ដោយ​ធម៌​ ៤ យ៉ាង​នេះ​ឯង​ តែង​កន្លង​បង់​នូវ​ភ័យ​ ក្នុង​ទុគ្គតិ​ទាំង​ពួង​បាន។

[១៩៣] ម្នាល​ភិក្ខុទាំងឡាយ ​អរិយ​សាវក​ប្រកប​ដោយ​ធម៌ ៤ យ៉ាង រមែង​កន្លង​បង់​នូវ​ភ័យ ​ក្នុង​ទុគ្គតិ និងអបាយ​ទាំង​ពួង​បាន​។ ធម៌​ ​៤ យ៉ាង ​តើ​ដូចម្ដេច។ ម្នាល​ភិក្ខុ​ទាំងឡាយ អរិយសាវក ​ក្នុង​ធម្ម​វិន័យ​នេះ ប្រកប​ដោយ​សេចក្ដី​ជ្រះ​ថ្លា​ មិន​ញាប់​ញ័រ ក្នុង​ព្រះពុទ្ធ​ថា ព្រះដ៏​​មាន​ព្រះ​ភាគ ​អង្គ​នោះ។បេ។ ព្រះ​អង្គ​ជាគ្រូ​នៃទេវតា​ និង​មនុស្ស​ទាំងឡាយ ព្រះ​អង្គ​​ត្រាស់ដឹង ​នូវ​អរិយ​សច្ចធម៌ ព្រះ​អង្គ​លែង​វិល​មក​កាន់​ភព​ថ្មី​ទៀត​។ (អរិយ​សាវក​   ប្រក​បដោយ​សេចក្ដី​ជ្រះ​ថ្លា ​មិន​ញាប់​ញ័រ) ក្នុង​ព្រះធម៌។ ក្នុង​ព្រះសង្ឃ។ អរិយ​សាវក ​ប្រកប​ដោយ​សីល​ទាំងឡាយ ជាទី​ស្រឡាញ់​របស់​អរិយៈ ជាសីល​មិន​ដាច់។បេ។ ជាសីល​ប្រ​ព្រឹត្ត​ទៅ ​ដើម្បី​សមាធិ​។ ម្នាល​ភិក្ខុទាំងឡាយ អរិយ​សាវក​ ប្រកប​ដោយ​ធម៌​ ៤ យ៉ាង​នេះ​ឯង​ ឈ្មោះថា​ កន្លង​បង់​នូវ​ភ័យ ​ក្នុង​ទុគ្គតិ និងអបាយ​ទាំង​ពួង​បាន។

[១៩៤] ម្នាល​ភិក្ខុទាំងឡាយ អ្នក​ទាំង​ឡាយ​ គួ​រអនុគ្រោះ​ចំ​ពោះ​ជន​ពួក​ណា មួយ​ទៀត​ ជន​ពួក​ណា ​ជា​មិត្រ​ក្ដី អមា​ត្យក្ដី ញាតិក្ដី​ សា​លោហិត​ក្ដី​ គប្បីសំគាល់​នូវ​ពាក្យ ​ដែល​ខ្លួន​គួរ​ស្ដាប់ ម្នាល​ភិក្ខុ​ទាំងឡាយ អ្នក​ទាំងឡាយ ត្រូវ​ញ៉ាំង​ពួក​ជន​ទាំង​អស់​នោះ​ ឲ្យ​  សមា​ទាន ឲ្យ​តាំង​នៅ ឲ្យ​ប្រតិស្ឋាន​នៅ ក្នុង​អង្គ​នៃ​សោតាបត្តិ ៤​ យ៉ាង។ អង្គ​នៃ​សោតាបត្តិ​ ៤​ យ៉ាង​​ ដូចម្ដេច។ គឺ​អ្នក​ទាំងឡាយ ត្រូវ​ញ៉ាំង​ពួក​ជន​ទាំង​អស់​នោះ ឲ្យ​សមាទាន​ ឲ្យ​តាំង​នៅ ឲ្យ​ប្រតិស្ឋាន​នៅ ​ក្នុង​សេចក្ដី​ជ្រះ​ថ្លា ​មិន​ញាប់​ញ័រ​ ក្នុង​ព្រះ​ពុទ្ធ​ថា ព្រះ​ដ៏​មានព្រះ​ភាគ​អង្គ​នោះ​។បេ។ ព្រះអង្គ​ជាគ្រូ​នៃ​ទេវតា និង​មនុស្ស​ទាំងឡាយ ព្រះ​អង្គ​ត្រាស់​ដឹង​ នូវ​អរិយ​សច្ច​ធម៌ ព្រះអង្គ​លែង​វិល​មក​កាន់​ភព​ថ្មី​ទៀត។ (អរិយ​សាវក​ ប្រកប​ដោយ​សេចក្ដី​ជ្រះ​ថ្លា​មិន​ញាប់​ញ័រ) ក្នុង​ព្រះ​ធម៌។ ក្នុង​ព្រះ​សង្ឃ។ អ្នក​ទាំងឡាយ ត្រូវ​ញ៉ាំង​ពួក​ជន​ទាំង​អស់​នោះ ឲ្យ​សមាទាន​ ឲ្យ​តាំងនៅ ឲ្យ​ប្រតិស្ឋាន​នៅ ​ក្នុងសីលទាំងឡាយ ជាទីស្រឡាញ់របស់​អរិយៈ ជាសីល​មិន​ដាច់។បេ។ ជាសីលប្រ​ព្រឹត្ត​ទៅ ​ដើម្បី​សមាធិ ម្នាល​ភិក្ខុទាំងឡាយ អ្នក​ទាំង​ឡាយ​ គួ​រអនុគ្រោះ ​ចំ​ពោះ​ជន​ពួក​ណា មួយ​ទៀត​ ជន​ពួក​ណា ​ជា​មិត្រ​ក្ដី អមា​ត្យក្ដី ញាតិក្ដី​ សា​លោហិត​ក្ដី​ គប្បីសំគាល់​នូវ​ពាក្យ ​ដែល​ខ្លួន​គួរ​ស្ដាប់ ម្នាល​ភិក្ខុ​ទាំងឡាយ អ្នក​ទាំងឡាយ ត្រូវ​ញ៉ាំង​ពួក​ជន​ទាំង​អស់​នោះ​ ឲ្យ​សមា​ទាន ឲ្យ​តាំង​នៅ ឲ្យ​ប្រតិស្ឋាន​នៅក្នុង​អង្គ​ នៃ​សោតាបត្តិ ទាំង ៤​ យ៉ាង​នេះ។

[១៩៥] ម្នាល​ភិក្ខុទាំងឡាយ អ្នក​ទាំង​ឡាយ​ គួ​រអនុគ្រោះ ​ចំ​ពោះ​ជន​ពួក​ណា មួយ​ទៀត​ ជន​ពួក​ណា​ ជា​មិត្រ​ក្ដី អមា​ត្យក្ដី ញាតិក្ដី​ សា​លោហិត​ក្ដី​ គប្បីសំគាល់​នូវ​ពាក្យ​ ដែល​ខ្លួន​គួរ​ស្ដាប់ ម្នាល​ភិក្ខុ​ទាំងឡាយ អ្នក​ទាំងឡាយ ត្រូវ​ញ៉ាំង​ពួក​ជន​ទាំង​អស់​នោះ​ ឲ្យ​  សមា​ទាន ឲ្យ​តាំង​នៅ ឲ្យ​ប្រតិស្ឋាន​នៅ ក្នុង​អង្គ​នៃ​សោតាបត្តិ ៤​ យ៉ាង។ អង្គ​នៃ​សោតាបត្តិ​ ៤​ យ៉ាង​ តើ​ដូចម្ដេច។ គឺ​ត្រូវ​ញ៉ាំង​ពួក​ជន​ទាំង​អស់​នោះ ឲ្យ​សមាទាន​ ឲ្យ​តាំងនៅ ឲ្យ​ប្រតិស្ឋាន​នៅ​ ក្នុង​សេចក្ដី​ជ្រះ​ថ្លា ​មិន​ញាប់​ញ័រ​ ក្នុង​ព្រះ​ពុទ្ធ​ថា ព្រះ​ដ៏​មានព្រះ​ភាគ​ អង្គ​នោះ​។បេ។ ព្រះអង្គ​ជាគ្រូ​នៃ​ទេវតា និង​មនុស្ស​ទាំងឡាយ ព្រះ​អង្គ​ត្រាស់​ដឹង​ នូវ​អរិយ​សច្ច​ធម៌ ព្រះអង្គ​លែង​វិល​មក​កាន់​ភព​ថ្មី​ទៀត។

[១៩៦] ម្នាល​ភិក្ខុទាំងឡាយ បើ​សេចក្ដី​ប្រែប្រួល​ទៅ​ នៃ​មហា​ភូត​រូប​ ៤​ គឺ​ ធាតុ​ដី​ ធាតុ​ទឹក ធាតុ​ភ្លើង ធាតុ​ខ្យល់ គប្បី​មាន។ (តែចិត្ត) របស់​អរិយ​សាវក ដែល​ប្រកប​ដោយ​សេចក្ដី​ជ្រះ​ថ្លា​ មិន​ញាប់​ញ័រ ក្នុង​ព្រះ​ពុទ្ធ​ នឹង​បាន​ប្រែ​ប្រួល​ទៅ​ ក៏​ទេ។ នេះ​​ជា​សេចក្ដី​ប្រែ​ប្រួល ​ក្នុង​ហេតុ​នោះ។ អរិយ​សាវក​នោះ ​ប្រកប​ដោយ​សេចក្ដី​ជ្រះ​ថ្លា ​មិន​ញាប់​ញ័រ ក្នុង​ព្រះ​ពុទ្ធ​ហើយ​ នឹង​ទៅ​កើតក្នុង​នរក ​ឬកំណើត​សត្វ​តិរច្ឆាន ឬ​ប្រេតវិស័យ​ ដូច្នេះ នេះ​មិន​មែន​ជាឋានៈឡើយ​។ (អរិយ​សាវក​ ប្រកប​ដោយ​សេចក្ដី​ជ្រះ​ថ្លា​ មិន​ញាប់​ញ័រ) ក្នុង​ព្រះ​ធម៌។ ក្នុង​ព្រះសង្ឃ។ អ្នក​ទាំងឡាយ ត្រូវ​ញ៉ាំង​ពួក​ជន​ទាំង​អស់​នោះ​ ឲ្យ​សមា​ទាន ឲ្យ​តាំង​នៅ ឲ្យ​ប្រតិស្ឋាន​នៅ ក្នុងសីល​ទាំងឡាយ ជាទី​ស្រឡាញ់​របស់​អរិយៈ ជាសីល​មិន​ដាច់។បេ។ ជាសីល​ប្រ​ព្រឹត្ត​ទៅ ​ដើម្បី​សមាធិ​។

[១៩៧] ម្នាល​ភិក្ខុទាំងឡាយ ​សេចក្ដី​ប្រែប្រួល​ នៃ​មហា​ភូត​រូប​ ៤​ គឺ​ ធាតុ​ដី​ ធាតុ​ទឹក ធាតុ​ភ្លើង ធាតុ​ខ្យល់ គប្បី​មាន (តែចិត្ត) របស់​អរិយ​សាវក ដែល​ប្រកប​ដោយសីល​ទាំងឡាយ​ ជាទីស្រឡាញ់​របស់​អរិយៈ​ហើយ នឹង​បាន​ប្រែ​ប្រួល​ទៅ ក៏​ទេ។ នេះ​ជា​សេចក្ដី​ប្រែប្រួល​ ក្នុង​ហេតុ​នោះ។ អរិយសាវកនោះ ប្រកប​ដោយ​សីលទាំងឡាយ ជាទី​ស្រឡាញ់​​របស់​អរិយៈហើយ នឹង​ទៅកើត ក្នុង​នរក​ ឬកំណើត​សត្វ​តិរច្ឆាន ឬ​ប្រេត​វិស័យ​​ ដូច្នេះ នេះ​មិន​មែន​ជាឋានៈឡើយ​។

[១៩៨] ម្នាល​ភិក្ខុទាំងឡាយ អ្នក​ទាំង​ឡាយ​ គួរ​អនុគ្រោះ​ចំ​ពោះ​ជន​ពួក​ណា មួយ​ទៀត​ ជន​ពួក​ណា​ ជា​មិត្រ​ក្ដី អមា​ត្យក្ដី ញាតិក្ដី​ សា​លោហិត​ក្ដី​ គប្បីសំគាល់​នូវ​ពាក្យ ​ដែល​ខ្លួន​គួរ​ស្ដាប់ ម្នាល​ភិក្ខុ​ទាំងឡាយ អ្នក​ទាំងឡាយ ត្រូវ​ញ៉ាំង​ពួក​ជន​ទាំង​អស់​នោះ​ ឲ្យ​  សមា​ទាន ឲ្យ​តាំង​នៅ ឲ្យ​ប្រតិស្ឋាន​នៅ ក្នុង​អង្គ​នៃ​សោតាបត្តិ ទាំង ៤​ នេះចុះ។

[១៩៩]​ សាវត្ថីនិទាន។ គ្រានោះឯង ព្រះ​មហាមោគ្គល្លានដ៏​មាន​អាយុ ក៏​បាត់​ខ្លួន​ក្នុង​វត្ត​ជេតពន មក​ប្រាកដ​ក្នុង​ពួក​ទេវតា​ជាន់​តាវត្តិង្ស ដូច​ជា​បុរស​មាន​កម្លាំង ​លា​ដៃ​ដែលបត់​ចូល ឬ​បត់ចូល​នូវ​ដៃ ​ដែល​លា​ចេញ​ ដូច្នោះឯង។ ​គ្រា​នោះ​ឯង​ ទេវតា​ទាំងឡាយ​ ដែល​នៅ​ក្នុង​ពួក​ទេវតា ជាន់​តាវត្តិង្សជាច្រើន បាន​នាំគ្នា​ចូល​ទៅ​រក​ព្រះ​មហា​មោគ្គល្លានដ៏​មានអាយុ លុះ​ចូល​ទៅ​ដល់ ​ថ្វាយ​បង្គំ​ព្រះ​មហា​មោគ្គល្លាន​​ដ៏​មា​អាយុ ហើយ​​​ឋិតនៅ​ក្នុង​ទី​ដ៏​សម​គួរ​។ លុះ​ទេវតា​ទាំងនោះ​ ​ឋិត​នៅ​ក្នុង​ទី​ដ៏​សម​គួរ​ហើយ ទើប​ព្រះមហា​​មោគ្គល្លាន​ដ៏​មានអាយុ បាន​ពោល​ដូច្នេះ​ថា

[២០០] ម្នាល​អ្នក​ដ៏​មានអាយុ​ទាំងឡាយ ប្រពៃ​ណាស់​ហើយ ការ​ប្រកបដោយ​សេចក្ដី​ជ្រះ​ថ្លា​ មិន​ញាប់​ញ័រ​ ក្នុង​ព្រះ​ពុទ្ធថា ព្រះ​ដ៏​មាន​ព្រះ​ភាគ អង្គ​នោះ​។បេ។ ព្រះ​អង្គ​ជាគ្រូ​នៃ​ទេវតា​ និង​មនុស្ស​ទាំងឡាយ ព្រះ​អង្គ​ត្រាស់​ដឹង​​ នូវ​អរិយ​សច្ច​ធម៌ ព្រះ​អង្គ​លែង​វិល​មក​កាន់​ភព​ថ្មី​ទៀត​ហើយ​។ ម្នាល​អ្នក​ដ៏​មានអាយុ​ទាំងឡាយ សត្វ​ទាំងឡាយ​ពួក​ខ្លះ ក្នុង​លោក​នេះ​ ហេតុ​តែ​ប្រកប​ដោយ​សេចក្ដី​ជ្រះ​ថ្លា មិន​ញាប់​ញ័រ​ ក្នុង​ព្រះ​ពុទ្ធ​​ យ៉ាង​នេះ លុះ​ដល់​រំ​លាង​ខន្ធ​ បន្ទាប់​អំ​ពី​មរណៈ រមែង​ទៅ​កើត​ក្នុងលោក​ គឺ​ សុគតិ ស្ថាន​សួគ៌​។ ម្នាល​អ្នក​ដ៏​មានអាយុ​ទាំងឡាយ ប្រពៃ​ណាស់​ហើយ (ការ​ប្រកបដោយ​សេចក្ដី​ជ្រះ​ថ្លា​ មិន​ញាប់​ញ័រ)​ ក្នុង​ព្រះ​ធម៌។ ក្នុង​ព្រះ​សង្ឃ។ ម្នាល​អ្នក​ដ៏​មានអាយុ​ទាំងឡាយ ប្រពៃ​ណាស់​ហើយ ការ​ប្រកបដោយសីល​ទាំងឡាយ ជាទី​ស្រឡាញ់​របស់​អរិយៈ ជា​សីល​មិន​ដាច់​។បេ។ ជាសីល​ប្រ​ព្រឹត្ត​ទៅ ​ដើម្បី​សមាធិ។ ម្នាល​អ្នក​ដ៏​មានអាយុ​ទាំងឡាយ សត្វ​ទាំងឡាយ​ពួក​ខ្លះ ក្នុង​លោក​នេះ​ ហេតុ​តែ​ប្រកប​ដោយ​សីល​ទាំងឡាយ របស់​អរិយៈ​​​​យ៉ាង​នេះ លុះ​រំ​លាង​ខន្ធ​ បន្ទាប់​អំ​ពី​មរណៈ រមែង​ទៅ​កើត​ក្នុងលោក ​គឺ​សុគតិ ​ស្ថាន​សួគ៌​។

[២០១] ពួក​ទេវតា​ក្នុង​ជាន់​តាវត្តិង្ស ទូល​តប​ព្រះ​មហាមោគ្គល្លានវិញ​ថា​ បពិត្រ​ព្រះ​មហា​មោគ្គល្លាន អ្នក​និ​ទ៌ុក្ខ ប្រពៃ​ណាស់​ហើយ ការ​ប្រកប​ដោយ​សេចក្ដីជ្រះ​ថ្លា ​មិន​ញាប់​ញ័រ​ ក្នុង​ព្រះ​ពុទ្ធថា​ ព្រះ​ដ៏​មានព្រះ​ភាគ ​អង្គ​នោះ។បេ។ ព្រះ​អង្គ​ជាគ្រូ​នៃ​ទេវតា ​និង​មនុស្ស​ទាំងឡាយ ព្រះ​អង្គ​ត្រាស់​ដឹង​​ នូវ​អរិយ​សច្ច​ធម៌ ព្រះ​អង្គ​លែង​វិល​មក​កាន់​ភព​ថ្មី​ទៀត​ហើយ​។ បពិត្រ​ព្រះ​​មោគ្គល្លាន អ្នក​និ​ទ៌ុក្ខ សត្វ​ទាំងឡាយ​ពួក​ខ្លះ ក្នុង​លោក​នេះ​ ហេតុ​តែ​ប្រកប​ដោយ​សេចក្ដី​ជ្រះថ្លា មិនញាប់ញ័រ ក្នុង​ព្រះពុទ្ធយ៉ាង​នេះ លុះ​ដល់​រំ​លាង​ខន្ធ​ បន្ទាប់​អំ​ពី​មរណៈ រមែង​ទៅ​កើត​ក្នុងលោក​ គឺ​ សុគតិ ​ស្ថាន​សួគ៌ ​។ បពិត្រ​ព្រះ​មោគ្គល្លាន អ្នក​និ​ទ៌ុក្ខ ប្រពៃ​ណាស់​ហើយ (ការ​ប្រកបដោយ​សេចក្ដី​ជ្រះ​ថ្លា​ មិន​ញាប់​ញ័រ)​ ក្នុង​ព្រះ​ធម៌។ ក្នុង​ព្រះ​សង្ឃ។ ការ​ប្រកបដោយសីល​ទាំងឡាយ ជាទី​ស្រឡាញ់​របស់​អរិយៈ ជា​សីល​មិន​ដាច់។បេ។ ជា​សីល​ប្រព្រឹត្ត​ទៅ ​ដើម្បី​សមាធិ។​ បពិត្រ​ព្រះ​​មោគ្គល្លាន អ្នក​និ​ទ៌ុក្ខ សត្វ​ទាំងឡាយ​ពួក​ខ្លះ ក្នុង​លោក​នេះ​ ហេតុ​តែ​ប្រកប​ដោយ​សីល​ទាំងឡាយ ជាទីស្រឡាញ់ របស់​អរិយៈ​​យ៉ាង​នេះ លុះ​​រំ​លាង​ខន្ធ​ បន្ទាប់​អំ​ពី​មរណៈ រមែង​ទៅ​កើត​ក្នុងលោក ​គឺ​សុគតិ ​ស្ថាន​សួគ៌​។

[២០២] សាវត្ថីនិទាន។ គ្រានោះឯង ព្រះ​មហាមោគ្គល្លានដ៏​មាន​អាយុ ក៏​បាត់​ខ្លួន​ក្នុង​វត្ត​ជេតពន ទៅ​ប្រាកដ​ក្នុង​ឋាន​តាវត្តិង្សទេវលោក ដូច​ជា​បុរស​មាន​កម្លាំង​ លា​ដៃ​ដែលបត់​ចូល ឬ​បត់​ចូល​នូវ​ដៃ ​ដែល​លា​ចេញ ​ដូច្នោះឯង។ ​គ្រា​នោះ​​ ទេវតា​ទាំងឡាយ​ ដែល​នៅ​ក្នុង​ពួក​ទេវតា ជាន់​តាវត្តិង្សដ៏ច្រើន បាន​នាំគ្នា​ចូល​ទៅ​រក​ព្រះ​មហា​មោគ្គល្លាន​ដ៏​មានអាយុ លុះ​ចូល​ទៅ​ដល់​ ថ្វាយ​បង្គំ​ព្រះ​មហាមោគ្គល្លាន​​ដ៏​មា​អាយុ ហើយ​ឋិតនៅ​ក្នុង​ទី​ដ៏​សម​គួរ​។ លុះ​ទេវតា​ទាំងនោះ​ ​ឋិត​នៅ​ក្នុង​ទី​ដ៏​សម​គួរ​ហើយ ទើប​ព្រះ​មហា​​មោគ្គល្លាន​ដ៏​មានអាយុ បាន​ពោល​ដូច្នេះ​ថា

[២០៣] ម្នាល​អ្នក​ដ៏​មានអាយុ​ទាំងឡាយ ប្រពៃ​ណាស់​ហើយ ការ​ប្រកបដោយ​សេចក្ដី​ជ្រះ​ថ្លា ​មិន​ញាប់​ញ័រ​ ក្នុង​ព្រះ​ពុទ្ធថា ព្រះ​ដ៏​មាន​ព្រះ​ភាគ អង្គ​នោះ​។ បេ។ ព្រះ​អង្គ​ជាគ្រូ​នៃ​ទេវតា ​និង​មនុស្ស​ទាំងឡាយ ព្រះ​អង្គ​ត្រាស់​ដឹង​​ នូវ​អរិយ​សច្ច​ធម៌ ព្រះ​អង្គ​លែង​វិល​មក​កាន់​ភព​ថ្មី​ទៀត​ហើយ​។ ម្នាល​អ្នក​ដ៏​មានអាយុ​ទាំងឡាយ សត្វ​ទាំងឡាយ​ពួក​ខ្លះ ក្នុង​លោក​នេះ​ ហេតុ​តែ​ប្រកប​ដោយ​សេចក្ដី​ជ្រះ​ថ្លា មិន​ញាប់​ញ័រ​ ក្នុង​ព្រះ​ពុទ្ធ​​យ៉ាង​នេះ លុះ​ដល់​រំ​លាង​ខន្ធ​ បន្ទាប់​អំ​ពី​មរណៈ រមែង​ទៅ​កើត​ក្នុងលោក ​គឺ ​សុគតិ​ ស្ថាន​សួគ៌​។ ម្នាល​អ្នក​ដ៏​មានអាយុ​ទាំងឡាយ ប្រពៃ​ណាស់​ហើយ (ការ​ប្រកបដោយ​សេចក្ដី​ជ្រះ​ថ្លា ​មិន​ញាប់​ញ័រ)​ ក្នុង​ព្រះ​ធម៌។ ក្នុង​ព្រះ​សង្ឃ។ ការ​ប្រកបដោយសីល​ទាំងឡាយ ជាទី​ស្រឡាញ់​របស់​អរិយៈ ជា​សីល​មិន​ដាច់​។ បេ។ ជាសីល​ប្រ​ព្រឹត្ត​ទៅ ​ដើម្បី​សមាធិ។ ម្នាល​អ្នក​ដ៏​មានអាយុ​ទាំងឡាយ សត្វ​ទាំងឡាយ​ពួក​ខ្លះ ក្នុង​លោក​នេះ​ ហេតុ​តែ​ប្រកប​ដោយ​សីល​ទាំងឡាយ ជាទីស្រឡាញ់របស់​អរិយៈ​​យ៉ាង​នេះ លុះ​ដល់​រំ​លាង​ខន្ធ​ បន្ទាប់​អំ​ពី​មរណៈ រមែង​ទៅ​កើត​ក្នុងលោក​ គឺ​សុគតិ ស្ថាន​សួគ៌​។

[២០៤] ពួក​ទេវតា​​ជាន់​តាវត្តិង្ស ទូល​តប​ព្រះ​មហាមោគ្គល្លានវិញ​ថា​ បពិត្រ​ព្រះមោគ្គល្លានអ្នក​និ​ទ៌ុក្ខ ប្រពៃ​ណាស់​ហើយ ការ​ប្រកប​ដោយ​សេចក្ដីជ្រះ​ថ្លា​ មិន​ញាប់​ញ័រ​ ក្នុង​ព្រះ​ពុទ្ធថា​ ព្រះ​ដ៏​មានព្រះ​ភាគ​ អង្គ​នោះ។ បេ។ ព្រះ​អង្គ​ជាគ្រូ​នៃ​ទេវតា ​និង​មនុស្ស​ទាំងឡាយ ព្រះ​អង្គ​ត្រាស់​ដឹង​​ នូវ​អរិយ​សច្ច​ធម៌ ព្រះ​អង្គ​លែង​វិល​មក​កាន់​ភព​ថ្មី​ទៀត​ហើយ​។ បពិត្រ​ព្រះ​​មោគ្គល្លានអ្នក​និ​ទ៌ុក្ខ សត្វ​ទាំងឡាយ​ពួក​ខ្លះ ក្នុង​លោក​នេះ​ ហេតុ​តែ​ប្រកប​ដោយ​សេចក្ដី​ជ្រះថ្លា មិនញាប់ញ័រ ក្នុង​ព្រះពុទ្ធយ៉ាង​នេះ លុះ​ដល់​រំ​លាង​ខន្ធ ​បន្ទាប់​អំ​ពី​មរណៈ រមែង​ទៅ​កើត​ក្នុងលោក​ គឺ​ សុគតិ​ ស្ថាន​សួគ៌​។ បពិត្រ​ព្រះ​មោគ្គល្លានអ្នក​និ​ទ៌ុក្ខ ប្រពៃ​ណាស់​ហើយ (ការ​ប្រកបដោយ​សេចក្ដី​ជ្រះ​ថ្លា ​មិន​ញាប់​ញ័រ)​ ក្នុង​ព្រះ​ធម៌។ ក្នុង​ព្រះ​សង្ឃ។ ការ​ប្រកបដោយសីល​ទាំងឡាយ ជាទី​ស្រឡាញ់​របស់​អរិយៈ ជា​សីល​មិន​ដាច់។បេ។ ជា​សីល​ប្រព្រឹត្ត​ទៅ ​ដើម្បី​សមាធិ។ បពិត្រ​ព្រះ​មោគ្គល្លាន អ្នក​និ​ទ៌ុក្ខ សត្វ​ទាំងឡាយ​ពួក​ខ្លះ ក្នុង​លោក​នេះ​ ហេតុ​តែ​ប្រកប​ដោយ​សីល​ទាំង ឡាយ ជាទីស្រឡាញ់របស់​អរិយៈ​​យ៉ាង​នេះ លុះ​​រំ​លាង​ខន្ធ​ បន្ទាប់​អំ​ពី​មរណៈ រមែង​ទៅ​កើត​ក្នុងលោក​ គឺ​ សុគតិ ស្ថាន​សួគ៌​។

[២០៥] គ្រានោះឯង ព្រះ​ដ៏មានព្រះភាគ​ ក៏បាត់​ព្រះអង្គ​ ក្នុង​វត្ត​ជេតពន ទៅ​ប្រាកដ​​ក្នុង​ពួក​ទេវតាជាន់តាវត្តិង្ស ដូច​ជា​បុរស​មាន​កម្លាំង ​លា​ដៃដែល​បត់​ចូល ឬ​បត់​ចូល​នូវ​ដៃ​ ដែល​លា​ចេញ​ ដូច្នោះឯង។ ​គ្រា​នោះ​​ឯង ទេវតា​ទាំងឡាយ​ ដែល​នៅ​ក្នុង​ពួក​ទេវតាជាន់​តាវត្តិង្សដ៏ច្រើន បាន​នាំគ្នា​ចូល​ទៅ​គាល់​ព្រះ​ដ៏​មានព្រះភាគ លុះ​ចូល​ទៅ​ដល់​ថ្វាយ​បង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ ហើយ​ឋិតនៅ​ក្នុង​ទី​ដ៏​សម​គួរ​។ លុះ​ទេវតា​ទាំងនោះ​ ឋិត​នៅ​ក្នុង​ទី​ដ៏​សម​គួរ​ហើយ ព្រះ​ដ៏​មានព្រះ​ភាគ ទ្រង់​ត្រាស់​ដូច្នេះ​ថា

[២០៦] ម្នាល​អ្នក​ដ៏​មានអាយុ​ទាំងឡាយ ប្រពៃ​ណាស់​ហើយ ការ​ប្រកបដោយ​សេចក្ដី​ជ្រះ​ថ្លា ​មិន​ញាប់​ញ័រ​ ក្នុង​ព្រះ​ពុទ្ធថា ព្រះ​ដ៏​មាន​ព្រះ​ភាគ អង្គ​នោះ​។ បេ។ ព្រះ​អង្គ​ជាគ្រូ​នៃ​ទេវតា​ និង​មនុស្ស​ទាំងឡាយ ព្រះ​អង្គ​ត្រាស់​ដឹង ​​នូវ​អរិយ​សច្ច​ធម៌ ព្រះ​អង្គ​លែង​វិល​មក​កាន់​ភព​ថ្មី​ទៀត​ហើយ​។ ម្នាល​អ្នក​ដ៏​មានអាយុ​ទាំងឡាយ សត្វ​ទាំងឡាយ​ពួក​ខ្លះ ក្នុង​លោក​នេះ​ ហេតុ​តែ​ប្រកប​ដោយ​សេចក្ដី​ជ្រះ​ថ្លា មិន​ញាប់​ញ័រ ​ក្នុង​ព្រះ​ពុទ្ធ​​យ៉ាង​នេះ រមែង​បាន​ជា​សោតា​បន្ន​បុគ្គល​ មាន​សភាព​មិនធ្លាក់​ចុះ​ទៅក្នុង​អបាយ​ ជាបុគ្គល​ទៀង​ មាន​ការ​ត្រាស់​ដឹង​ ប្រ​ព្រឹត្ត​ទៅ​ក្នុង​ខាង​មុខ។ ម្នាល​អ្នក​ដ៏​មានអាយុ​ទាំងឡាយ ប្រពៃ​ណាស់​​ហើយ (ការ​ប្រកបដោយ​សេចក្ដី​ជ្រះ​ថ្លា ​មិន​ញាប់​ញ័រ)​ ក្នុង​ព្រះ​ធម៌។ ក្នុង​ព្រះ​សង្ឃ។ ការ​ប្រកបដោយសីល​ទាំងឡាយ ជាទីស្រឡាញ់​របស់​អរិយៈ ជា​សីល​មិន​ដាច់​។ បេ។ ជាសីល​ប្រ​ព្រឹត្ត​ទៅ​ ដើម្បី​សមាធិ។ ម្នាល​អ្នក​ដ៏​មានអាយុ​ទាំងឡាយ សត្វ​ទាំងឡាយ​ពួក​ខ្លះ ក្នុង​លោក​នេះ​ ហេតុ​តែ​ប្រកប​ដោយ​សីល​ទាំងឡាយ ជាទីស្រឡាញ់ របស់​អរិយៈ​​យ៉ាង​នេះ ទើប​បាន​ជា​សោតោ​បន្ន​​បុគ្គល ​មាន​សភាព​មិន​ធ្លាក់​ចុះ​ទៅក្នុង​អបាយ ជា​បុគ្គល​ទៀង មាន​ការ​ត្រាស់​ដឹង ​ប្រ​ព្រឹត្ត​ទៅ​ក្នុង​ខាង​មុខ។

[២០៧] ពួក​ទេវតា​ក្នុង​ជាន់​តាវត្តិង្ស ក្រាប​ទូល​ថា បពិត្រ​ព្រះ​អង្គ​អ្នក​និ​ទ៌ុក្ខ ប្រពៃ​ណាស់​ហើយ ការ​ប្រកប​ដោយ​សេចក្ដីជ្រះ​ថ្លា​ មិន​ញាប់​ញ័រ​ ក្នុង​ព្រះ​ពុទ្ធថា​ ព្រះ​ដ៏​មានព្រះ​ភាគ ​អង្គ​នោះ។ បេ។ ព្រះ​អង្គ​ជាគ្រូ​នៃ​ទេវតា​ និង​មនុស្ស​ទាំងឡាយ ព្រះ​អង្គ​ត្រាស់​ដឹង​​ នូវ​អរិយ​សច្ច​ធម៌ ព្រះ​អង្គ​លែង​វិល​មក​កាន់​ភព​ថ្មី​ទៀត​ហើយ។​ បពិត្រព្រះអង្គ​អ្នក​និ​ទ៌ុក្ខ ពួកសត្វ​នេះ ហេតុ​តែ​ប្រកប​ដោយ​សេចក្ដី​ជ្រះថ្លា មិនញាប់ញ័រ ក្នុង​ព្រះពុទ្ធយ៉ាង​នេះ ទើបបាន​ជា​សោតា​បន្ន​បុគ្គល​ មាន​សភាព​មិនធ្លាក់​ចុះ​ ទៅក្នុង​អបាយ​ ជាបុគ្គល​ទៀង​ មាន​ការ​ត្រាស់​ដឹង ​ប្រ​ព្រឹត្ត​ទៅ​ក្នុង​ខាង​មុខ។ បពិត្រ​ព្រះ​អង្គ​អ្នក​និ​ទ៌ុក្ខ ប្រពៃ​ណាស់​ហើយ (ការ​ប្រកបដោយ​សេចក្ដី​ជ្រះ​ថ្លា ​មិន​ញាប់​ញ័រ)​ ក្នុង​ព្រះ​ធម៌។ ក្នុង​ព្រះ​សង្ឃ។ ការ​ប្រកបដោយសីល​ទាំងឡាយ ជាទីស្រឡាញ់​របស់​អរិយៈ ជា​សីល​មិន​ដាច់​។ បេ។ ជាសីលប្រ​ព្រឹត្ត​ទៅ​ ដើម្បី​សមាធិ។ បពិត្រ​ព្រះ​អង្គ​អ្នក​និ​ទ៌ុក្ខ ពួកសត្វ​នេះ​ ហេតុ​តែ​ប្រកប​ដោយ​សីល​ទាំងឡាយ ជាទីស្រឡាញ់របស់​អរិយៈ ​​យ៉ាង​នេះ ទើប​បាន​ជា​សោតោ​បន្ន​​បុគ្គល​ មាន​សភាព​មិន​ធ្លាក់​ចុះ ទៅក្នុង​អបាយ ជា​បុគ្គល​ទៀង មាន​ការ​ត្រាស់​ដឹង​ ប្រ​ព្រឹត្ត​ទៅ​ក្នុង​ខាង​មុខ។

ចប់​ រាជការាម​វគ្គ ​ទី២។

ឧទាន​នៃ​រាជ​ការាម​វគ្គ​នោះ​គឺ

ពោល​អំពី​ភិក្ខុនី​មួយពាន់​រូប​ ១ អំពី​ព្រាហ្មណ៍​ ១​ អំពីព្រះ​សារីបុត្ត ​និង​ព្រះ​អានន្ទ ១ អំពី​ទុគ្គតិ និងសុគតិ មាន២លើក​ អំពី​មិត្រ ​និង​អមាត្រ​ ជាដើម ​មាន២លើក អំពីការ​ត្រេច​ទៅ​កាន់ចារិក ក្នុងទេវលោក មាន៣លើក។

សរកានិវគ្គ ទី៣

[២០៨] ខ្ញុំ​បាន​ស្ដាប់​មក​យ៉ាង​នេះ​។ សម័យ​មួយ ព្រះ​ដ៏​មានព្រះ​ភាគ ទ្រង់​គង់​នៅ​ក្នុង​និគ្រោ​ធារាម ជិតក្រុង​កបិល​ព័ស្ដុ ក្នុង​ដែន​សក្កៈ។ គ្រានោះ​ឯង ព្រះ​មហា​នាម​សក្យរាជ ចូល​ទៅគាល់ ព្រះ​ដ៏​មានព្រះ​ភាគ លុះបាន​ចូល​ទៅ​ដល់ ក៏​ថ្វាយ​បង្គំ​ព្រះ​ដ៏​មានព្រះ​ភាគ ​ហើយគង់​ក្នុង​ទី​ដ៏​សម​គួរ។ លុះ​ព្រះ​​មហានាម​សក្យរាជ គង់​ក្នុងទី​ដ៏​សម​គួរ​ហើយ ក្រាប​បង្គំ​ទូល​ព្រះ​ដ៏​មានព្រះ​ភាគ ដូច្នេះ​ថា បពិត្រ​ព្រះ​អង្គ​ដ៏​ចំរើន នគរ​កបិលព័ស្តុនេះ ជានគរ​ស្ដុកស្ដម្ភ​ ធំ​ទូលាយ​ មាន​មនុស្ស​ច្រើន មាន​មនុស្ស​កុះករ មាន​ច្រក​ចង្អៀត​ដ៏ច្រើន​។ បពិត្រ​ព្រះ​អង្គ​ដ៏​ចំរើន ខ្ញុំព្រះអង្គ​នោះឯង បាន​ចូល​មក​អង្គុយ​ជិត​ព្រះ​ដ៏​មានព្រះ​ភាគ​ផង បាន​ចូល​មក​អង្គុយ​ជិត​ភិក្ខុ​ទាំងឡាយ​ ដែល​គួ​រជាទី​ចំរើន​ចិត្តផង ហើយចូល​ទៅ​នគរ​កបិលព័ស្តុ​ ក្នុង​វេលា​ល្ងាច​វិញ​ តែង​ទៅ​ដោយ​ដំរី​លឿន​ក៏​​មាន  ទៅ​ដោយ​សេះលឿន​ក៏​មាន  ទៅដោយ​រថ​លឿន​ក៏​មាន ទៅដោយ​រទេះ​លឿន​ក៏​មាន ទៅ​ដោយ​បុរស​លឿន​ក៏​មាន។ បពិត្រ​ព្រះអង្គ​ដ៏​ចំរើន ក្នុង​ពេល​នោះ សតិ​របស់​ខ្ញុំ​ព្រះ​អង្គ ប្រារព្ធ​​ព្រះ​ដ៏​មាន​ព្រះ​ភាគ ក៏​ភ្លេច​បាត់​ទៅ​ សតិ​ប្រារព្ធ​ព្រះធម៌​ ក៏​ភ្លេច​បាត់​ទៅ សតិ​​​​​ប្រារព្ធ​ព្រះសង្ឃ​ ក៏​ភ្លេច​បាត់​ទៅ។ បពិត្រ​ព្រះ​អង្គ​ដ៏​ចំរើន ខ្ញុំ​ព្រះអង្គ​នោះ ​មាន​សេចក្ដី​ត្រិះ​រិះ​ យ៉ាង​នេះ​ថា ​ប្រសិន​បើ​អញ​ធ្វើ​មរណកាល​ ក្នុង​សម័យ​នេះ គតិរបស់​អញ ​ដូចម្ដេច​ទៅ អភិសម្បរាយភព ​របស់​អញ​ដូចម្ដេច​ទៅ។

[២០៩] ព្រះ​ដ៏​មានព្រះ​ភាគ​​ត្រាស់​ថា បពិត្រ​ព្រះ​មហានាម ព្រះអង្គ​កុំ​ខ្លាច​ឡើយ​ បពិត្រ​ព្រះ​មហានាម ព្រះអង្គ​កុំ​ខ្លាច​ឡើយ មរណភាពរបស់​ព្រះអង្គ មុខ​ជាមិន​ថយ​ថោក​ទេ​ កាល​កិរិយារបស់​ព្រះអង្គ មុខ​ជា​មិន​ថយ​ថោក​ទេ។ បពិត្រ​ព្រះ​មហានាម ចិត្ត​ដែល​បុគ្គល​ណា អប់​រំ​ហើយដោយ​សទ្ធា​ ចិត្ត​ដែល​បុគ្គ​លណា អប់​រំ​ហើយ​ដោយ​សីល ចិត្ត​ដែល​បុគ្គលណា​ អប់​រំ​ហើយដោយ​សុតៈ ​ចិត្ត​ដែល​បុគ្គលណា អប់រំហើយដោយចាគៈ​ ចិត្ត​ដែល​បុគ្គលណា​ អប់​រំ​ហើយដោយ​បញ្ញា អស់កាល​ដ៏​យូរ។ ក៏កាយ​ឯណា​របស់​បុគ្គល​នោះ​ មាន​រូប​ជាទី​ប្រ​ជុំ​ នៃមហា​ភូត​ទាំង ​៤ កើត​មក​អំពី​មាតា ​និង​បិតា​ ចំរើនឡើងដោយ​បាយ​ និង​នំ​កុម្មាស មាន​ការ​មិន​ទៀង​ កា​រដុស​លា​ង ការ​គក់​ច្របាច់ ​ការ​បែក​ធ្លាយ និង​ការ​រាត់​រាយ​ទៅ ​ជាធម្មតា ក្អែក​ទាំងឡាយ ​តែង​ចឹក​ស៊ីខ្លះ ត្មាត​ទាំងឡាយ ​តែង​ចឹក​ស៊ី​ខ្លះ ត្រដក់​ទាំងឡាយ ​តែង​ចឹក​ស៊ី​ខ្លះ  សុនខ​ទាំងឡាយ​ តែងទំពា​ស៊ី​ខ្លះ ចចក​ទាំងឡាយ​តែងទំពាស៊ី​ខ្លះ បាណក​ជាតិទាំងឡាយផ្សេងៗ (​ សត្វ​តូចៗ​ មាន​រុយ​ជាដើម) តែង​ចោម​រោម​ជញ្ជក់​ស៊ី​ខ្លះ​ នូវ​កាយ​នោះ​ឯង។ ចំណែកចិត្តណា ដែលបុគ្គលនោះ ​អប់រំហើយ​ដោយសទ្ធា អប់រំហើយ ​ដោយ​សីលៈ សុតៈ ចាគៈ បញ្ញា អស់​កាល​​ដ៏​យូរ ចិត្ត​នោះ​ តែង​អណ្ដែត​ខ្ពស់​ឡើង​ ដល់នូវ​ភាព​ជា​ចិត្ត​វិសេស​។

[២១០]​ បពិត្រ​ព្រះ​មហានាម ដូចបុរស​ចុះ​ទៅកាន់​អន្លង់​ទឹក​ដ៏​ជ្រៅ ហើយ​វាយ​បំបែក​ នូវ​ឆ្នាំង​សប្បិ ឬ​ឆ្នាំង​ប្រេង​ ក្រួស​ ឬ​អំបែង​ឯណា​ ដែល​មាន​ក្នុង​ឆ្នាំង​នោះ គ្រោះ​ឬ​អំបែង​នោះ តែង​លិច​ចុះ​ក្រោម ចំណែក​សប្បិ ឬ​ប្រេង​ឯណា ​ដែល​មាន​ក្នុង​ឆ្នាំង​នោះ សប្បិ ​ឬ​ប្រេង​នោះ​ តែង​អណ្ដែត​ឡើង​លើ ដល់​នូវ​ភាព​ជា​វត្ថុ​វិសេស ដូច​ម្ដេច​មិញ ​។ បពិត្រ​​ព្រះ​មហានាម ចិត្ត​ដែល​បុគ្គល​ណា​មួយ បាន​អប់​រំ​ហើយ ​ដោយ​សទ្ធា អប់​រំ​ហើយ ដោយ​សីលៈ សុតៈ ​ចាគៈ បញ្ញា​ អស់​កាលដ៏​យូរ​ ចំណែក​កាយ​ឯណា​ របស់​បុគ្គល​នោះ មាន​រូប​ជា​ទី​ប្រ​ជុំ ​នៃ​មហា​ភូត​ទាំង​ ៤ កើត​មក​អំពី​មាតា​ និងបិតា ចំរើន​ឡើង​ដោយ​បាយ ​និង​នំ​កុម្មាស មាន​ការ​មិន​ទៀង ការ​ដុស​លាង​ ការ​គក់​ច្រ​បាច់ ការ​បែក​ធ្លាយ ​និង​ការ​រាត់​រាយ​ទៅ ​ជា​ធម្មតា ក្អែក​ទាំង​ឡាយ​ តែង​ចឹក​ស៊ីខ្លះ ត្មាត​ទាំងឡាយ ​តែង​ចឹក​ស៊ី​ខ្លះ ត្រដក់​ទាំងឡាយ​ តែង​ចឹក​ស៊ី​ខ្លះ សុនខ​ទាំងឡាយ​ តែងទំពា​ស៊ី​ខ្លះ ចចក​ទាំងឡាយ ​តែងទំពា​ស៊ី​ខ្លះ បាណកជាតិទាំងឡាយផ្សេងៗ (​ សត្វ​តូចៗ​ មាន​រុយ​ជាដើម) តែង​ចោម​រោម ​ជញ្ជក់​ស៊ី​ខ្លះ ​នូវ​កាយ​នោះ​ឯង ចំណែកចិត្តណា ដែលបុគ្គលនោះ ​អប់រំហើយ ​ដោយសទ្ធា អប់រំហើយ ​ដោយ​សីលៈ សុតៈ ចាគៈ បញ្ញា អស់កាល​ដ៏​យូរ ចិត្ត​នោះ ​តែង​អណ្ដែត​ឡើង​ ដល់នូវ​ភាព​ជា​ចិត្ត​វិសេស​ មាន​ឧ​បមេយ្យ​ ដូច្នោះ​ឯង។ បពិត្រ​ព្រះ​មហា​នាម​ ចិត្ត​ដែល​ព្រះ​អង្គ​បាន​អប់​រំ​ហើយ​ ដោយ​សទ្ធា ​ អប់​រំ​ហើយ ដោយ​សីលៈ​ សុតៈ​​​ ចាគៈ បញ្ញា​ អស់​កាលដ៏​យូរ។ បពិត្រ​ព្រះ​មហានាម ព្រះ​អង្គ​កុំ​ខ្លាច​ឡើយ បពិត្រ​ព្រះ​មហានាម ព្រះអង្គ​កុំ​ខ្លាច​ឡើយ មរណភាពរបស់​ព្រះអង្គ មុខ​ជាមិន​ថយ​ថោក​ឡើយ​ កាល​កិរិយារបស់​ព្រះអង្គ មុខ​ជា​មិន​ថយ​ថោក​ឡើយ។

[២១១] ខ្ញុំ​បាន​ស្ដាប់​មក​យ៉ាង​នេះ។ សម័យ​មួយ​ ព្រះ​ដ៏​មាន​ព្រះ​ភាគ ​ទ្រង់​គង់​​នៅ​ក្នុង​និគ្រោធារាម ជិត​ក្រុង​កបិលព័ស្តុ ក្នុងដែន​សក្កៈ។ ​គ្រា​នោះ​ឯង​ ព្រះ​មហានាម​សក្យ​រាជ ចូល​ទៅ​គាល់​ព្រះ​ដ៏​មានព្រះ​ភាគ លុះ​ចូល​ទៅ​ដល់​ ថ្វាយ​បង្គំព្រះ​ដ៏​មាន​ព្រះ​ភាគ​ហើយគង់ក្នុង​ទី​ដ៏​សមគួរ។ លុះ​ព្រះ​មហានាម​សក្យ​រាជ គង់​ក្នុង​ទី​ដ៏​សម​គួរ​ហើយ​ ក៏​ក្រាប​បង្គំ​ទូល​ព្រះ​ដ៏​មានព្រះ​ភាគ ​ដូច្នេះ​ថា បពិត្រ​ព្រះ​អង្គ​ដ៏​ចំរើន នគរ​កបិលព័ស្តុនេះ ជានគរ​ស្ដុកស្ដម្ភ​ ធំ​ទូលាយ​ មាន​មនុស្ស​ច្រើន មាន​មនុស្ស​កុះករ មាន​ច្រក​ចង្អៀត​ដ៏​ច្រើន​​។ បពិត្រ​ព្រះ​អង្គ​ដ៏​ចំរើន ខ្ញុំព្រះអង្គ​នោះឯង បាន​ចូល​មក​អង្គុយ​ជិត​ព្រះ​ដ៏​មានព្រះ​ភាគ​ផង បាន​ចូល​មក​អង្គុយ​ជិត​ភិក្ខុ​ទាំងឡាយ​ ដែល​គួ​រជាទី​ចំរើន​ចិត្តផង ហើយ​ចូល​​ទៅ​នគរ​កបិលព័ស្តុ ​ក្នុង​វេលា​ល្ងាច​វិញ​ តែង​ទៅ​ដោយ​ដំរី​លឿន​ក៏​​មាន  ទៅ​ដោយ​សេះលឿន​ក៏​មាន  ទៅដោយ​រថ​លឿន​ក៏​មាន ទៅដោយ​រទេះ​លឿន​ក៏​មាន ទៅ​ដោយ​បុរស​លឿន​ក៏​មាន។ បពិត្រ​ព្រះអង្គ​ដ៏​ចំរើន ក្នុង​ពេល​នោះ សតិ​របស់​ខ្ញុំ​ព្រះ​អង្គ ប្រា​រព្ធ​ព្រះ​ដ៏​មាន​ព្រះ​ភាគ ក៏​ភ្លេច​បាត់​ទៅ​ សតិ​ប្រារព្ធ​ព្រះធម៌ ​ក៏​ភ្លេច​បាត់​ទៅ សតិប្រារព្ធ​ព្រះសង្ឃ​ ក៏​ភ្លេច​បាត់​ទៅ។ បពិត្រ​ព្រះ​អង្គ​ដ៏​ចំរើន ខ្ញុំ​ព្រះអង្គ​នោះ ​មាន​សេចក្ដី​ត្រិះ​រិះ​ យ៉ាង​នេះ​ថា ​ប្រសិន​បើ​អញ ​ធ្វើ​មរណកាល ​ក្នុង​សម័យ​នេះ គតិរបស់​អញ ​ដូចម្ដេច​ទៅ អភិសម្បរាយ​ភព​របស់​អញ ​ដូចម្ដេច​ទៅ។

[២១២] បពិត្រ​ព្រះ​មហានាម​ ព្រះ​អង្គ​កុំខ្លាច​ឡើយ បពិត្រ​ព្រះ​មហានាម ព្រះ​អង្គ​កុំ​ខ្លាច​ឡើយ មរណភាព​របស់​ព្រះ​អង្គ​ មុខ​ជា​មិន​ថយ​ថោក​ទេ កាល​កិរិយា​របស់​ព្រះអង្គ មុខ​ជា​មិន​ថយ​ថោក​ទេ។ ​បពិត្រ​ព្រះ​មហានាម អរិយ​សាវក ប្រកប​ដោយ​ធម៌​ ៤ ​យ៉ាង តែង​បង្អោន ទៅ​រក​ព្រះ​និព្វាន ជម្រាលទៅ​រក​ព្រះ​និព្វាន​ ឈម​ទៅរក​ព្រះ​និព្វាន។ ធម៌ ៤ ​យ៉ាង​ គឺ​អ្វី​ខ្លះ។ បពិត្រ​ព្រះ​មហានាម អរិយ​សាវក​ ក្នុង​ធម្ម​វិន័យ​នេះ ប្រកប​​ដោយ​សេចក្ដី​ជ្រះ​ថ្លា​​ មិន​ញាប់​ញ័រ ក្នុង​ព្រះ​ពុទ្ធ​ថា ព្រះ​ដ៏​មាន​​ព្រះ​ភាគ អង្គ​នោះ ​។បេ។ ​ព្រះ​អង្គ​ជា​គ្រូ ​នៃ​ទេវតា​ និង​មនុស្ស​ទាំងឡាយ ព្រះ​អង្គ​ត្រាស់​ដឹង​​ នូវ​អរិយ​សច្ច​ធម៌ ព្រះ​អង្គ​លែង​វិល​ត្រឡប់​មក​កាន់​ភព​ថ្មី​ទៀត​។ (អរិយសាវក ប្រកបដោយ​សេចក្ដី​​​ជ្រះ​ថ្លា ​មិន​ញាប់​ញ័រ)​ ក្នុង​ព្រះ​ធម៌។ ក្នុង​ព្រះ​សង្ឃ។ ​ប្រកបដោយសីល​ទាំងឡាយ ជាទី​ស្រឡាញ់​របស់​អរិយៈ ជា​សីល​មិន​ដាច់។បេ។ ជា​សីល​ប្រព្រឹត្ត​ទៅ​ ដើម្បី​​​​សមាធិ។

[២១៣] បពិត្រ​ព្រះ​មហានាម​ ដូច​ដើម​ឈើ​ តែង​ទេរ​ទៅ​កាន់​ទិស​ខាង​កើត ទោរ​ទៅ​កាន់​ទិស​ខាង​កើត ទ្រេត​ទៅកាន់​ទិស​ខាង​កើត ឈើ​នោះ ​កាល​បើ​ឫស​ដាច់​ហើយ តើ​គប្បី​ដួល​ទៅ​ទិស​ខាង​ណា។ ព្រះ​មហានាម​សក្យ​រាជ​ ក្រាប​ទូល​ថា បពិត្រ​ព្រះអង្គ ​​ឈើ​នោះ ​ទេរ​ទៅ​ខា​ង​ណា ទោរ​ទៅ​​ខាង​ណា ទ្រេត​ទៅ​ខាង​ណា (គប្បី​ដួល​ទៅ​ខាង​នោះ)។ ព្រះ​ដ៏​មានព្រះ​ភាគ​ ត្រាស់​ថា បពិត្រ​ព្រះ​មហានាម អរិយ​សាវក ប្រ​កប​ដោយ​ធម៌​ ទាំង​ ៤ ​យ៉ាង​នេះ​ រមែង​បង្អោន​ ទៅ​រក​ព្រះ​និព្វាន ជម្រាល​ទៅ​រក​ព្រះ​និព្វាន ឈម​ទៅ​រក​ព្រះ​និព្វាន ក៏​ដូច្នោះ​ឯង។

[២១៤] កបិល​វត្ថុនិទាន។ គ្រា​នោះ​ឯង ព្រះ​មហានាម​សក្យរាជ ចូល​ទៅ​រក​ព្រះ​គោ​ធាសក្យ​រាជ លុះ​ចូល​ទៅ​ដល់​ហើយ ទូល​ព្រះ​គោធាសក្យរាជ​ ដូច្នេះថា

[២១៥] បពិត្រ​ព្រះ​គោធា ព្រះអង្គ​បាន​ជ្រាប​បុគ្គល​ ដែល​ជា​សោតា​បន្នៈ ប្រកប​ដោយ​ធម៌​ ប៉ុន្មានយ៉ាង ទើប​ជា​បុគ្គល​មាន​សភាព​មិន​ធ្លាក់​ទៅ​ក្នុង​អបាយ ជា​បុគ្គល​ទៀង​ មាន​ការ​ត្រាស់​ដឹង ​ប្រ​ព្រឹត្ត​ទៅ​ក្នុង​ខាង​មុខ។ ព្រះ​ គោធា​សក្យ​រាជ​ ទូល​ថា បពិត្រ​ព្រះ​មហានាម​ ខ្ញុំ​ដឹង​ច្បាស់​នូវ​បុគ្គល​ ដែល​ជា​សោតាបន្នៈ ប្រកប​ដោយ​ធម៌ ​ទាំង ​​៣​ យ៉ាង ទើប​ជា​បុគ្គល​មាន​សភាព​មិនធ្លាក់​ទៅ​ក្នុង​អបាយ ជា​បុគ្គល​ទៀង​ មាន​ការ​ត្រាស់​ដឹង​ ប្រ​ព្រឹត្តទៅ​ក្នុង​ខាង​មុខ​។ ធម៌ទាំង​ ៣ យ៉ាង​ ដូចម្ដេចខ្លះ។ បពិត្រ​ព្រះមហានាម អរិយ​សាវក ក្នុង​ធម៌​វិន័យ​នេះ ប្រកប​ដោយ​សេចក្ដីជ្រះ​ថ្លា ​មិន​ញាប់​ញ័រ​ ក្នុង​ព្រះពុទ្ធថា ព្រះ​ដ៏​មានព្រះ​ភាគ ​អង្គ​នោះ។បេ។ ព្រះអង្គជាគ្រូនៃ​ទេវតា​ និង​មនុស្ស​ទាំងឡាយ ព្រះ​អង្គ​ត្រាស់​​ដឹង ​​នូវ​អរិយសច្ច​ធម៌ ព្រះ​អង្គ​លែង​វិល​ត្រឡប់មក​កាន់​ភព​ថ្មី​ទៀត។ (អរិយសាវក ប្រកប​ដោយ​សេចក្ដី​ជ្រះ​ថ្លា​ មិន​ញាប់​ញ័រ)​ ក្នុង​ព្រះ​ធម៌ ។ ប្រកបដោយសេចក្ដីជ្រះថ្លា មិន​ញាប់​​ញ័រ ក្នុងព្រះសង្ឃថា ព្រះសង្ឃ​សាវក នៃ​ព្រះ​ដ៏​មានព្រះភាគ លោក​ប្រតិបត្តិល្អ ហើយ។បេ។ ជាស្រែ​បុណ្យដ៏​ប្រសើរ​ នៃ​សត្វលោក។ បពិត្រ​ព្រះ​មហានាម ខ្ញុំ​ដឹង​ច្បាស់​នូវ​បុគ្គល ​ដែល​ជា​សោតាបន្នៈ ប្រកប​ដោយ​ធម៌ ​ទាំង ​៣ យ៉ាងនេះឯង ទើប​ជា​បុគ្គល​ មាន​សភាព​មិន​ធ្លាក់​ទៅក្នុង​អបាយ​  ជា​បុគ្គលទៀង  មាន​ការ​ត្រាស់ដឹង ​ប្រព្រឹត្ត​ទៅ​ក្នុង​ខាង​ មុខ ​។

[២១៦] ព្រះ​គោធាសក្យរាជ ​ទូល​ព្រះ​មហា​នាម​វិញ​ថា បពិត្រ​ព្រះ​មហានាម ចុះ​ព្រះ​អង្គ​ បាន​ជ្រាប​បុគ្គល​ ដែល​ជា​សោតា​បន្នៈ ប្រកប​ដោយ​ធម៌​ប៉ុន្មានយ៉ាង ទើប​ជា​បុគ្គល​​​មាន​សភាព​មិន​ធ្លាក់​ទៅ​ក្នុង​អបាយ ជាបុគ្គលទៀង ជាបុគ្គល​មាន​ការ​ត្រាស់ដឹង​ប្រព្រឹត្ត​ទៅ ​ក្នុង​ខាង​មុខ។ ព្រះ​មហានាមសក្យរាជ ​ទូល​តប​វិញ​ថា បពិត្រ​ព្រះ​គោធា ខ្ញុំដឹង​ច្បាស់ ​នូវ​បុគ្គល​ ដែល​ជា​សោតាបន្នៈ ប្រកប​ដោយ​ធម៌ ​៤​ យ៉ាង ទើប​ជា​បុគ្គល​មាន​សភាព​មិន​ធ្លាក់​ទៅ​ក្នុង​អបាយ ជាបុគ្គលទៀង ជាបុគ្គល​មាន​ការ​ត្រាស់ដឹង ​ប្រព្រឹត្ត​ទៅ​ក្នុង​ខាង​មុខ។ ធម៌​ ៤​ យ៉ាង ដូចម្ដេចខ្លះ។ បពិត្រ​ព្រះ​គោធា អរិយ​សាវក​ ក្នុង​ធម្ម​វិន័យ​នេះ ប្រកប​ដោយ​សេចក្ដី​ជ្រះ​ថ្លា​​ មិន​ញាប់​ញ័រ ក្នុង​ព្រះ​ពុទ្ធ​ថា ព្រះ​ដ៏​មាន​​ព្រះ​ភាគ អង្គ​នោះ។បេ។ ព្រះ​អង្គ​ជា​គ្រូ​នៃ​ទេវតា​ និង​មនុស្ស​ទាំងឡាយ ព្រះ​អង្គ​ត្រាស់​ដឹង​​ នូវ​អរិយ​សច្ច​ធម៌ ព្រះ​អង្គ​លែង​វិលត្រឡប់​មក​កាន់​ភព​ថ្មី​ទៀត​ហើយ។ (អរិយសាវ័ក ប្រកបដោយ​សេចក្ដី​ជ្រះ​ថ្លា​ មិន​ញាប់​ញ័រ)​ ក្នុង​ព្រះ​ធម៌។ ក្នុង​ព្រះ​សង្ឃ។ អរិយសាវ័ក​ ប្រកបដោយ​សីល​ជាទី​ស្រឡាញ់​របស់​អរិយៈ ជា​សីល​មិន​ដាច់។បេ។ ជា​សីល​ប្រព្រឹត្ត​ទៅ ​ដើម្បី​សមាធិ​​។ បពិត្រ​ព្រះ​គោធា ខ្ញុំ​ដឹង​ច្បាស់​​នូវ​បុគ្គល ​ដែល​ជា​សោតាបន្នៈ ប្រកប​ដោយ​ធម៌​ ៤ ​យ៉ាង​នេះឯង ទើប​ជា​បុគ្គល​មាន​សភាព​មិន​ធ្លាក់​ទៅ​ក្នុង​អបាយ ជាបុគ្គ​ល​ទៀង ជាបុគ្គល​មាន​ការ​ត្រាស់ដឹង​ ប្រព្រឹត្ត​ទៅ​ក្នុង​ខាង​មុខ។

[២១៧] ព្រះ​គោធា​សក្យរាជ​ ទូលព្រះ​មហានាម​ថា បពិត្រ​ព្រះ​មហានាម សូម​ព្រះ​អង្គ​រង់ចាំសិន បពិត្រ​ព្រះ​មហានាម សូមព្រះអង្គ​រង់ចាំ​សិន មាន​តែ​ព្រះ​ដ៏​មានព្រះ​ភាគ​មួយ​អង្គ​ប៉ុណ្ណោះ ទើប​ទ្រង់​ជ្រាប​នូវ​បុគ្គល​ ដែ​ល​ជា​សោតាបន្នៈ​នុ៎ះ ប្រ​កប​ ឬ​មិន​ប្រកប​ដោយ​ធម៌​ទាំងឡាយ​នេះ​បាន។ ព្រះ​មហានាម​ ទូល​ព្រះ​គោធាសក្យរាជ​វិញ​ថា បពិត្រ​ព្រះ​​​​គោធា​ មកយើង​នាំ​គ្នា​ទៅ យើង​គួរ​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ លុះ​ចូល​ទៅ​ដល់​ហើយ នឹង​ក្រាប​បង្គំ​ទូល​សេចក្ដី​នុ៎ះ ចំពោះ​ព្រះ​ដ៏​មានព្រះ​ភាគ។

[២១៨] គ្រា​នោះ​ឯង​ ព្រះមហានាម​សក្យ​រាជ​ និង​ព្រះ​គោធា​សក្យរាជ បាន​ចូល​ទៅគាល់ព្រះ​ដ៏​មានព្រះ​ភាគ លុះ​ចូល​ទៅ​ដល់​ ថ្វាយបង្គំព្រះ​ដ៏​មានព្រះ​ភាគ​ហើយ ទើប​គង់​ក្នុង​ទី​ដ៏សម​គួរ។ លុះ​ព្រះ​មហានាមសក្យរាជ​ គង់​ក្នុង​ទី​ដ៏​សមគួរហើយ​ បាន​ក្រាប​​បង្គំទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ ​ដូច្នេះ​ថា បពិត្រ​ព្រះ​អង្គ​ដ៏​ចំរើន អម្បាញ់មិញ​នេះ ខ្ញុំ​បាន​ចូល​ទៅ​រក​ព្រះ​គោធា​សក្យរាជ លុះ​ចូល​ទៅ​ដល់​ ទូល​ព្រះ​គោធា​សក្យរាជ ​ដូច្នេះ​ថា បពិត្រ​ព្រះគោធា ព្រះ​អង្គ​បាន​ជ្រាប​នូវ​បុគ្គល ​ដែល​ជា​សោតា​បន្នៈ ប្រកប​ដោយ​ធម៌​ប៉ុន្មានយ៉ាង ទើប​ជា​បុគ្គល​មាន​សភាព​មិន​ធ្លាក់​ទៅ​ក្នុង​អបាយ ជាបុគ្គល​ទៀង​ មាន​ការ​ត្រាស់​ដឹង ប្រព្រឹត្ត​ទៅក្នុង​ខាង​មុខ​។

[២១៩] បពិត្រ​ព្រះ​អង្គ​ដ៏​ចំរើន កាល​ខ្ញុំ​ទូល​យ៉ាង​នេះ​ហើយ ព្រះ​គោធា​សក្យរាជ​​បាន​ឆ្លើយ​មក​ខ្ញុំ​ព្រះ​អង្គ​វិញ​ ដូច្នេះថា បពិត្រ​ព្រះ​មហានាម ខ្ញុំ​បាន​ដឹង​នូវ​បុគ្គល​ ដែល​ជា​សោ​តា​បន្នៈ ប្រកប​ដោយ​ធម៌​ ៣ ​យ៉ាង ជាអ្នក​មាន​សភាព​ មិន​ធ្លាក់​ទៅ​ក្នុង​អបាយ ជា​បុគ្គល​ទៀង​ មាន​ការ​ត្រាស់​ដឹង ប្រព្រឹត្ត​ទៅក្នុង​ខាង​មុខ ​។ ធម៌​ ៣​ យ៉ាង ​ដូចម្ដេចខ្លះ​។ បពិត្រ​​ព្រះ​មហានាម អរិយសាវក ក្នុងធម៌​វិន័យ​នេះ ជាអ្នកប្រកប​ដោយ​សេចក្ដី​ជ្រះ​ថ្លា​​ មិន​ញាប់​ញ័រ ក្នុង​ព្រះ​ពុទ្ធ​ថា ព្រះ​ដ៏​មាន​​ព្រះ​ភាគ អង្គ​នោះ។បេ។ ​ព្រះ​អង្គ​ជា​គ្រូ​នៃ​ទេវតា​និង​មនុស្ស​ទាំងឡាយ ព្រះ​អង្គ​ត្រាស់​ដឹង​​ នូវ​អរិយ​សច្ច​ធម៌ ព្រះ​អង្គ​លែង​វិល​មក​កាន់​ភព​ថ្មី​​ទៀត​​​​​ហើយ។ (អរិយសាវក ប្រកបដោយ​សេចក្ដី​ជ្រះ​ថ្លា​ មិន​ញាប់​ញ័រ)​ ក្នុង​ព្រះ​ធម៌។ ប្រកបដោយសេចក្ដី​ជ្រះ​ថ្លា​ មិនញាប់​ញ័រ ក្នុង​ព្រះសង្ឃ​ថា ព្រះសង្ឃ​សាវក ​នៃ​ព្រះ​ដ៏​មាន​ព្រះ​ភាគ លោក​ប្រតិបត្តិល្អហើយ ។បេ។ ជាស្រែ​បុណ្យដ៏​ប្រសើរ​ នៃ​សត្វលោក។ បពិត្រ​ព្រះ​មហានាម ខ្ញុំ​ដឹង​ច្បាស់នូវ​បុគ្គល ​ដែល​ជា​សោតាបន្នៈ ប្រកប​ដោយ​ធម៌​ ទាំង​ ៣ យ៉ាងនេះឯង ទើប​ជា​បុគ្គល​ មាន​សភាព​មិន​ធ្លាក់​ទៅក្នុង​អបាយ​ ជា​បុគ្គលទៀង មាន​ការ​ត្រាស់ដឹង​ ប្រព្រឹត្ត​ទៅ​ក្នុង​ខាង​មុខ​។ បពិត្រ​ព្រះ​មហានាម ចុះ​ព្រះ​អង្គ​​ជ្រាប​ច្បាស់នូវបុគ្គល​ ដែល​ជា​សោតា​បន្នៈ ប្រកប​ដោយ​ធម៌​ប៉ុន្មានយ៉ាង ទើប​ជា​បុគ្គល​មាន​សភាព​មិន​ធ្លាក់​ទៅ​ក្នុង​អបាយ ជាបុគ្គលទៀង មាន​ការ​ត្រាស់ដឹង ​ប្រព្រឹត្ត​ទៅ​ក្នុង​ខាង​មុខ។

[២២០] ព្រះ​មហានាម​សក្យរាជ ក្រាបបង្គំ​ទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ថា បពិត្រ​ព្រះ​អង្គ​ដ៏​ចំ​រើន កាល​ព្រះ​គោធា​សក្យរាជ ​ពោល​យ៉ាង​នេះ​ហើយ ខ្ញុំ​ព្រះ​អង្គ​ បាន​ទូល​ព្រះ​គោធា​សក្យរាជ ​ដូច្នេះថា បពិត្រ​ព្រះ​គោធា ខ្ញុំដឹង​ច្បាស់​នូវ​បុគ្គល ​ដែល​ជា​សោតាបន្នៈ ប្រកប​ដោយ​ធម៌ ​៤​ យ៉ាង ទើប​ជា​បុគ្គល​មាន​សភាព​មិន​ធ្លាក់​ទៅ​ក្នុង​អបាយ ជាបុគ្គល ទៀង មាន​ការ​ត្រាស់ដឹង ​ប្រព្រឹត្ត​ទៅ​ក្នុង​ខាង​មុខ។ ធម៌ ​៤ ​យ៉ាង ដូចម្ដេចខ្លះ។ បពិត្រ​ព្រះ​គោធា អរិយ​សាវក​ ក្នុង​ធម្ម​វិន័យ​នេះ ប្រកប​ដោយ​សេចក្ដី​ជ្រះ​ថ្លា ​​មិន​ញាប់​ញ័រ ក្នុង​ព្រះ​ពុទ្ធ​ថា ព្រះ​ដ៏​មាន​​ព្រះ​ភាគ អង្គ​នោះ។បេ។ ​ព្រះ​អង្គ​ជា​គ្រូ​នៃ​ទេវតា​ និង​មនុស្ស​ទាំង​ឡាយ ព្រះ​អង្គ​ត្រាស់​ដឹង ​​នូវ​អរិយ​សច្ច​ធម៌ ព្រះ​អង្គ​លែង​វិលត្រឡប់​មក​កាន់​​​​​​​ភព​ថ្មី​ទៀត​ហើយ។         (អរិយសាវក ប្រកបដោយ​សេចក្ដី​ជ្រះ​ថ្លា ​មិន​ញាប់​ញ័រ)​ ក្នុង​ព្រះ​ធម៌។ ក្នុង​ព្រះ​សង្ឃ។ ជាអ្នកប្រកបដោយសីល​ ជាទី​ស្រឡាញ់​របស់​អរិយៈ ជា​សីល​មិន​ដាច់។បេ។ ជា​សីល​ប្រព្រឹត្ត​ទៅ ​ដើម្បី​សមាធិ។ បពិត្រ​ព្រះ​គោធា ខ្ញុំ​ដឹង​ច្បាស់​​នូវ​បុគ្គល​ ដែល​ជា​សោតាបន្នៈ ប្រកបដោយ​ធម៌​ ៤​ យ៉ាង​នេះឯង ទើប​ជា​បុគ្គល​មាន​សភាព​ មិន​ធ្លាក់​ទៅ​ក្នុង​អបាយ ជាបុគ្គលទៀង ​មាន​ការ​ត្រាស់​ដឹង​ ប្រព្រឹត្ត​ទៅ​ក្នុង​ខាង​មុខ។

[២២១] បពិត្រ​ព្រះ​អង្គ​ដ៏​ចំរើន កាល​ខ្ញុំ​ព្រះ​អង្គ​ ពោល​យ៉ាង​នេះហើយ ព្រះ​គោ​ធា​សក្យរាជ ​បាន​ឆ្លើយ​មក​ខ្ញុំ​ព្រះ​អង្គ​វិញ ដូច្នេះ​ថា បពិត្រ​ព្រះ​មហានាម សូម​ព្រះ​អង្គ​រង់​ចាំ សិន បពិត្រ​ព្រះ​មហានា​ម សូមព្រះអង្គ​រង់​ចាំ​សិន មាន​តែ​ព្រះ​ដ៏​មានព្រះ​ភាគ​មួយ​អង្គ​ប៉ុណ្ណោះ ទើប​ទ្រង់​ជ្រាប​នូវ​បុគ្គល ​ដែ​ល​ជា​សោតាបន្នៈ​នុ៎ះ ប្រ​កប ​ឬ​មិន​ប្រកប​ដោយ​ធម៌​ទាំងអម្បាល​នេះបាន​។

[២២២] ពិត្រ​ព្រះ​អង្គ​ដ៏​ចំរើន ការ​កើត​ឡើង​នៃ​ធម៌​ណា​មួយ គប្បី​កើត​ឡើង​ក្នុង​ធម៌​វិន័យនេះ ព្រះ​ដ៏​មានព្រះ​ភាគ ​គប្បី​មូល​ជាមួយ​គ្នា ទាំង​ភិក្ខុសង្ឃ​ ក៏គប្បី​មូល​ជា​មួយគ្នា ព្រះ​ដ៏​មាន​ព្រះ​ភាគ ​ព្រះ​អង្គ​ត្រាស់​ព្រះ​វាចាឯណា ខ្ញុំ​ព្រះ​អង្គ​ក៏​ប្រកាន់​​តាម​ព្រះ​វាចា​នោះ បពិត្រ​ព្រះ​អង្គ​ដ៏​ចំរើន សូម​ព្រះ​ដ៏​មាន​ព្រះ​ភាគ ទ្រង់​ចាំទុក​នូវ​ខ្ញុំ​ព្រះ​អង្គ​ ដែល​ជាអ្នក​ជ្រះ​ថ្លា ​យ៉ាង​នេះ​ចុះ។

[២២៣] បពិត្រ​ព្រះ​អង្គ​ដ៏​ចំរើន កា​រកើត​ឡើង​នៃ​ធម៌​ណា​មួយ គប្បី​កើត​ឡើង​ក្នុង​ធម្មវិន័យនេះ​ ព្រះដ៏​មានព្រះភាគ គប្បី​មូល​ជា​មួយ​គ្នា ទាំងភិក្ខុសង្ឃ​ និង​ភិក្ខុនី​សង្ឃ ក៏​គប្បី​មូល​ជាមួយ​គ្នា ព្រះ​ដ៏​មានព្រះភាគ​ ព្រះ​អង្គ​ត្រាស់​ព្រះ​វាចាឯណា  ខ្ញុំ​ព្រះ​អង្គ​ក៏​ប្រកាន់​​តាម​ព្រះ​វាចា​នោះ បពិត្រ​ព្រះ​អង្គ​ដ៏​ចំរើន សូម​ព្រះ​ដ៏​មាន​ព្រះ​ភាគ ទ្រង់​ចាំទុក​នូវ​ខ្ញុំ​ព្រះ​អង្គ​​ ជាអ្នក​ជ្រះ​ថ្លា​ យ៉ាង​នេះ​ចុះ។

[២២៤] បពិត្រ​ព្រះ​អង្គ​ដ៏​ចំរើន កា​រកើត​ឡើង​នៃ​ធម៌​ណា​មួយ គប្បី​កើត​ឡើង ​ក្នុង​ធម្មវិន័យនេះ​ ព្រះដ៏​មានព្រះភាគ គប្បី​មូល​ជា​មួយ​គ្នា ទាំងភិក្ខុសង្ឃ​ និង​ភិក្ខុនីសង្ឃ​ និង​ពួក​ឧបាសក ក៏​គប្បី​មូល​ជាមួយ​គ្នា ព្រះ​ដ៏​មានព្រះភាគ​ ព្រះ​អង្គ​ត្រាស់​ព្រះ​វាចា​ឯណា ខ្ញុំ​ព្រះ​អង្គ​ ក៏​ប្រកាន់​​តាម​ព្រះ​វាចា​នោះ បពិត្រ​ព្រះ​អង្គ​ដ៏​ចំរើន សូម​ព្រះ​ដ៏​មាន​ព្រះ​ភាគ ចាំទុក​នូវ​ខ្ញុំ​ព្រះ​អង្គ​​ ជាអ្នក​ជ្រះ​ថ្លា​យ៉ាង​នេះ​ចុះ។

[២២៥] បពិត្រ​ព្រះ​អង្គ​ដ៏​ចំរើន កា​រកើត​ឡើង​នៃ​ធម៌​ណា​មួយ គប្បី​កើត​ឡើង​ក្នុង​ធម្មវិន័យនេះ​ ព្រះដ៏​មានព្រះភាគ ក៏គប្បី​មូល​ជា​មួយ​គ្នា ទាំងភិក្ខុសង្ឃ​​ ភិក្ខុនី​សង្ឃ​ ពួក​ឧបាសក និង​ពួក​ឧបាសិកា ក៏​គប្បី​មូល​ជាមួយ​គ្នា ព្រះ​ដ៏​មានព្រះភាគ​ ព្រះ​អង្គ​ត្រាស់​​ព្រះ​វាចាឯណា ខ្ញុំ​ព្រះ​អង្គ ​ក៏​ប្រកាន់​​តាម​ព្រះ​វាចា​នោះ បពិត្រ​ព្រះ​អង្គ​ដ៏​ចំរើន សូម​ព្រះ​ដ៏​មាន​ព្រះ​ភាគ ទ្រង់​ចាំទុក​នូវ​ខ្ញុំ​ព្រះ​អង្គ ​​ជាអ្នក​ជ្រះ​ថ្លា​យ៉ាង​នេះ​ចុះ។

[២២៦] បពិត្រ​ព្រះ​អង្គ​ដ៏​ចំរើន កា​រកើត​ឡើង​នៃ​ធម៌​ណា​មួយ គប្បី​កើត​ឡើង​ក្នុង​ធម្មវិន័យនេះ​ ព្រះដ៏​មានព្រះភាគ ក៏គប្បី​មូល​ជា​មួយ​គ្នា ទាំងភិក្ខុសង្ឃ​​ ភិក្ខុនី​សង្ឃ​ ​ពួក​ឧបាសក ឧបាសិកា និង​មនុស្ស​លោក ព្រម​ទាំង​ទេវលោក ​មារលោក​ ព្រហ្ម​លោក និង​ពពួក​សត្វ​ ព្រម​ទាំង​សមណៈ ​និង​ព្រាហ្មណ៍ ទាំង​មនុស្សជា​សម្មតិទេព និង​មនុស្ស​ដ៏​សេស ក៏​គប្បី​មូល​ជាមួយ​គ្នា ព្រះ​ដ៏​មានព្រះភាគ​ ព្រះ​អង្គ​ត្រាស់​ព្រះ​វាចា​ឯ​ណា ខ្ញុំ​ព្រះ​អង្គ​ក៏​ប្រកាន់​​តាម​ព្រះ​វាចា​នោះ បពិត្រ​ព្រះ​អង្គ​ដ៏​ចំរើន សូម​ព្រះ​ដ៏​មាន​ព្រះ​ភាគ ទ្រង់​ចាំទុក​នូវ​ខ្ញុំ​ព្រះ​អង្គ ​​ជាអ្នក​ជ្រះ​ថ្លា ​យ៉ាង​នេះ​ចុះ។

[២២៧] ព្រះ​ដ៏​មានព្រះ​ភាគ​​ត្រាស់​ថា បពិត្រ​ព្រះ​គោ​ធា​ ព្រះអង្គ​​មាន​វាទៈ ​យ៉ាង​នេះ​ហើយ ចុះ​មាន​ព្រះ​បន្ទូល​ដូចម្ដេច​ទៅ​ នឹង​ព្រះ​មហានាមសក្យរាជ​ទៀត។ ព្រះ​គោធា​សក្យរាជ ​ក្រាប​ទូល​ថា បពិត្រ​ព្រះ​អង្គ​ដ៏​ចំរើន ខ្ញុំ​ព្រះ​អង្គ​មា​ន​វាទៈ​យ៉ាង​នេះ​ហើយ ក្រៅ​អំពី​កល្យាណ​ធម៌ និង​កុសល​ធម៌ ឥត​មាន​ពោល​ពាក្យ​អ្វី​ នឹងព្រះ​មហានាមសក្យរាជ​ទេ​។

[២២៨] កបិលវត្ថុនិទាន។​ សម័យ​នោះឯង ព្រះ​សរកានិសក្យរាជ ទ្រង់​ទិវង្គត​ទៅ ព្រះ​អង្គ​ជាអ្នក​ដែល​ព្រះ​ដ៏​មានព្រះភាគ ទ្រង់​ព្យាករ​ហើយ​ថា ជា​សោតាបន្នបុគ្គល​ មាន​សភាព ​មិន​ធ្លាក់​ទៅក្នុង​អបាយ ជា​បុគ្គល​ទៀង​ មាន​ការ​ត្រាស់​ដឹង ​ប្រ​ព្រឹត្ត​ទៅ​ក្នុង​ខាង​មុខ​។ បាន​ឮ​ថា​ ពួក​សក្យរាជ ជាច្រើន​អង្គ មក​ប្រ​ជុំ​គ្នា​ក្នុង​ទី​នោះ​ហើយ ពោល​ទោស​ តិះ​ដៀល បន្តុះ​បង្អាប់​ថា អើ​ហ្ន៎ អស្ចារ្យណាស់តើ អើហ្ន៎ មិន​ដែល​កើត​មានទេតើ បើ​យ៉ាង​ហ្នឹង នរណា​នឹង​មិន​បាន​ជា​សោតាបន្ន​បុគ្គល ក្នុង​សាសនា​នេះ ព្រះ​សរកានិសក្យរាជ ដែល​ទ្រង់​ទិ​វង្គត​ទៅ​ហើយ​នោះ មិន​សម​បើ​ព្រះ​ដ៏​មានព្រះ​ភាគ ទ្រង់​ព្យាករ​ថា ជា​សោតាបន្ន​​បុគ្គល មានសភាព ​មិន​ធ្លាក់ទៅក្នុង​អបាយ ជា​បុគ្គល​ទៀង​ មាន​ការ​ត្រាស់​ដឹង​ប្រ​ព្រឹត្ត​ទៅ ​ក្នុង​ខាង​មុខសោះ​។ ដ្បិត​ព្រះ​​សរកា​និសក្យរាជ ដល់​នូវ​ភាព​នៃ​ខ្លួន ​ជា​អ្នក​មាន​កំឡាំង​ខ្សោយ​ដោយ​សិក្ខា អ្នក​ក្រេប​ផឹក ​នូវ​ទឹក​ស្រវឹង។

[២២៩] គ្រា​នោះ​ឯង ព្រះ​មហានាម​សក្យរាជ ចូល​ទៅគាល់​ព្រះ​ដ៏​មានព្រះភាគ លុះចូល​ទៅដល់ ថ្វាយបង្គំព្រះដ៏មាន​ព្រះ​ភាគ ហើយគង់​ក្នុង​ទី​ដ៏​សមគួរ​។ លុះ​ព្រះ​មហានាម​សក្យរាជ គង់​ក្នុង​ទី​ដ៏​សម​គួរ​ហើយ ទើប​ក្រាប​បង្គំ​ទូលព្រះ​ដ៏​មាន​ព្រះ​ភាគ​ ដូច្នេះ​ថា បពិត្រ​ព្រះ​អង្គ​ដ៏​ចំរើន អម្បាញ់​មិញ​នេះ ព្រះ​សរកា​និសក្យរាជ ទ្រង់​ទិវង្គត​ហើយ ព្រះអង្គ​ជាអ្នក​ដែល​ព្រះ​ដ៏​មានព្រះ​ភាគ​ ទ្រង់​ព្យាករ​ថា ជាសោតាបន្នបុគ្គល មានសភាព​ មិន​ធ្លាក់ទៅក្នុង​អបាយ ជា​បុគ្គល​ទៀង​ មាន​ការ​ត្រាស់​ដឹង​ ប្រ​ព្រឹត្ត​ទៅ​ក្នុង​ខាង​មុខ​។ បពិត្រ​ព្រះ​អង្គ​ដ៏​ចំរើន បានឮ​ថា ពួក​សក្យរាជ​ ជាច្រើន​អង្គ​ បាន​មក​ប្រជុំ​ក្នុងទីនោះ ពោល​ទោស​ តិះ​ដៀល បន្តុះ​បង្អាប់​ថា អើ​ហ្ន៎ អស្ចារ្យ​ណាស់​តើ អើ​ហ្ន៎ មិន​ដែល​កើត​មានទេតើ បើ​យ៉ាង​ហ្នឹង នរណា​នឹង​មិន​បាន​ជា​សោតាបន្ន​បុគ្គល ក្នុងព្រះ​សាសនា​​​​នេះ ព្រះ​សរកានិសក្យរាជ ដែល​ទ្រង់​ទិ​វង្គត​ទៅ​ហើយ​នោះ មិន​សម​បើ​ព្រះ​ដ៏​មានព្រះ​ភាគ ទ្រង់​ព្យាករ​ថា ជាសោតាបន្ន​បុគ្គល មានសភាព​មិន​ធ្លាក់ចុះ ទៅក្នុង​អបាយ ជា​បុគ្គល​ទៀង​ មាន​ការ​ត្រាស់​ដឹង​ ប្រ​ព្រឹត្ត​ទៅ​ក្នុង​ខាង​មុខសោះ​។ ដ្បិត​ព្រះ​​សរកា​និសក្យរាជ បានដល់​នូវ​ភាព​នៃ​ខ្លួន ​ជា​អ្នក​មាន​កំឡាំង​ខ្សោយ​ដោយ​សិក្ខា អ្នក​ក្រេប​ផឹក​នូវ​ទឹក​ស្រវឹង។

[២៣០] ព្រះ​ដ៏​មានព្រះ​ភាគ ​ទ្រង់​ត្រាស់​ថា បពិត្រ​ព្រះ​មហានាម បុគ្គលណា ជា ឧបាសក ដល់​នូវ​ព្រះពុទ្ធជាទីពឹង ដល់​នូវ​ព្រះធម៌​ជាទីពឹង ដល់​នូវ​ព្រះសង្ឃ​ជាទីពឹង អស់​រាត្រី​វែង បុគ្គល​នោះ​ គប្បី​ទៅកាន់​អបាយ​ ដូចម្ដេច​បាន។ ​បពិត្រ​ព្រះមហានាម បុគ្គល កាលពោល​ចំពោះ​បុគ្គល ដែល​ជា​ឧបាសក ​ដល់​នូវព្រះពុទ្ធជាទីពឹង ដល់​នូវ​ព្រះធម៌​ជា​ទីពឹង ដល់​នូវ​ព្រះសង្ឃ​ជាទីពឹង អស់​រាត្រី​វែង ​គប្បី​ពោល​ដោយ​ប្រពៃ​។ បពិត្រ​ព្រះ​មហានាម បុគ្គល​កាល​ពោល​អំពី​ព្រះ​សរកា​និសក្យរាជ គប្បី​ពោល​ដោយ​ប្រពៃ​ថា ព្រះ​សរកានិសក្យរាជ ​ជា​ឧបាសក ដល់​នូវ​ព្រះពុទ្ធជាទីពឹង ដល់​នូវ​ព្រះធម៌​ជាទីពឹង ដល់​នូវ​ព្រះសង្ឃ​ជាទីពឹង អស់​រាត្រី​វែង គប្បី​ទៅកាន់​អបាយ ​ដូចម្ដេច​បាន។

[២៣១] បពិត្រ​ព្រះ​មហានាម បុគ្គល​ពួកខ្លះ ក្នុង​លោក​នេះ ជាអ្នកប្រកប​ដោយ​សេចក្ដី​ជ្រះ​ថ្លា ​​មិន​ញាប់​ញ័រ ក្នុង​ព្រះ​ពុទ្ធ​ថា ព្រះ​ដ៏​មាន​​ព្រះ​ភាគ អង្គ​នោះ។បេ។ ​ព្រះ​អង្គ​ជា​គ្រូ​នៃ​ទេវតា​ និង​មនុស្ស​ទាំងឡាយ ព្រះ​អង្គ​ត្រាស់​ដឹង​​ នូវ​អរិយ​សច្ច​ធម៌ ព្រះ​អង្គ​លែង​វិល​ត្រឡប់​មក​កាន់​ភព​ថ្មី​ទៀត។ (ជាអ្នកប្រកបដោយ​សេចក្ដី​ជ្រះ​ថ្លា ​មិន​ញាប់​ញ័រ)​ ក្នុង​ព្រះ​ធម៌។ ក្នុង​ព្រះ​សង្ឃ។ ជាអ្នក​មានបញ្ញា​ ជាគ្រឿង​រីករាយ​ មានបញ្ញា​វាងវៃ​ ប្រកប​ដោយ​វិមុត្តិ។ ​បុគ្គល​នោះ​ ធ្វើ​ឲ្យ​ជាក់ច្បាស់ ​នូវ​ចេតោ​វិមុត្តិ និង​បញ្ញា​វិមុត្តិ មិនមាន​អាសវៈ ព្រោះ​អស់​អាសវៈទាំងឡាយ ដោយ​បញ្ញា​ដ៏​ក្រៃ​លែង ដោយ​ខ្លួន​ឯង ក្នុង​បច្ចុប្បន្ន សម្រេច សម្រាន្ត​នៅ​។ បពិត្រព្រះ​មហានាម បុគ្គល​នេះ​ឯង​ ឈ្មោះ​ថា ​រួច​ចាកនរក រួច​ចាក​កំណើតតិរច្ឆាន រួច​ចាក​ប្រេត​វិស័យ រួច​ចាក​អបាយ ទុគ្គតិ វិនិបាត។

[២៣២] បពិត្រព្រះ​មហានាម មួយ​ទៀត ​បុគ្គល​ពួក​ខ្លះ ក្នុង​លោក​នេះ ជាអ្នក​ប្រកប​ដោយ​សេចក្ដី​ជ្រះ​ថ្លា​ មិន​ញាប់​ញ័រ ក្នុង​ព្រះពុទ្ធ​ថា ព្រះ​ដ៏មាន​ព្រះភាគ អង្គនោះ។បេ។ ព្រះ​អង្គ​ជាគ្រូ​នៃ​ទេវតា​ និង​មនុស្ស​ទាំងឡាយ ព្រះ​អង្គ​ត្រាស់ដឹង ​នូវ​អរិយ​សច្ចធម៌ ព្រះអង្គ​ លែង​វិល​ត្រ​ឡប់​មក​កាន់​ភព​ថ្មី​ទៀត។ (ជាអ្នកប្រកបដោយ​សេចក្ដី​ជ្រះ​ថ្លា​ មិន​ញាប់​ញ័រ)​ ក្នុង​ព្រះ​ធម៌។ ក្នុង​ព្រះ​សង្ឃ។ ជាអ្នក​មានបញ្ញា ​ជាគ្រឿង​រីករាយ ​មានបញ្ញា​វាងវៃ ប៉ុន្តែ មិន​ប្រកប​ដោយ​វិមុត្តិ។ ​បុគ្គលនោះ ​មាន​សភាពជាឱបបាតិកសត្វ​ ហើយ​បរិនិព្វាន​ ក្នុង​លោក​នេះ មាន​សភាព​ មិន​ត្រឡប់​ចាក​លោក​នោះ ព្រោះ​អស់​សញ្ញោ​ជនៈ ៥​ ជា​ចំណែក​ខាង​ក្រោម។ បពិត្រព្រះ​មហានាម បុគ្គល​នេះ​ឯង​ ឈ្មោះ​ថា ​រួច​ចាកនរក រួច​ចាក​កំណើត តិរច្ឆាន រួច​ចាក​ប្រេត​វិស័យ រួច​ចាក​អបាយ ទុគ្គតិ វិនិបាត។

[២៣៣]​ បពិត្រព្រះ​មហានាម មួយ​ទៀត ​បុគ្គល​ពួក​ខ្លះ ក្នុង​លោក​នេះ ជាអ្នក​ប្រកប​ដោយ​សេចក្ដី​ជ្រះ​ថ្លា​ មិន​ញាប់​ញ័រ ក្នុង​ព្រះពុទ្ធ​ថា ព្រះ​ដ៏មាន​ព្រះភាគ​ អង្គ​នោះ ។បេ។ ព្រះ​អង្គ​ជាគ្រូ​នៃ​ទេវតា​ និង​មនុស្ស​ទាំងឡាយ ព្រះ​អង្គ​ត្រាស់ដឹង​ នូវ​អរិយ​សច្ចធម៌ ព្រះអង្គ​លែង​វិល​ត្រ​ឡប់​មក​កាន់​ភព​ថ្មី​ទៀត។ (ជាអ្នកប្រកបដោយ​សេចក្ដី​ជ្រះ​ថ្លា​មិន​ញាប់​ញ័រ)​ ក្នុង​ព្រះ​ធម៌។ ក្នុង​ព្រះ​សង្ឃ។ ប៉ុន្តែ​មិន​មានបញ្ញា ​ជាគ្រឿង​រីករាយ មិន​មានបញ្ញា​វាងវៃ និងមិន​ប្រកប​ដោយ​វិមុត្តិ។ ​បុគ្គលនោះ ជា​សកទាគាមី នឹង​មក​កាន់​លោក​នេះ​ម្ដង​ទៀត ហើយ​ធ្វើ​នូវ​ទី​បំផុត​នៃ​ទុក្ខ ព្រោះ​អស់​សញ្ញោ​ជនៈ ៣​ ប្រការ​ ព្រោះ​ធ្វើ​រាគៈ ទោសៈ មោហៈ ឲ្យ​ស្រាលស្ដើង។ បពិត្រព្រះ​មហានាម បុគ្គល​នេះ​ឯង​ ឈ្មោះ​ថា​រួច​ចាកនរក រួច​ចាក​កំណើតតិរច្ឆាន រួច​ចាក​ប្រេត​វិស័យ រួច​ចាក​អបាយ ទុគ្គតិ វិនិបាត។

[២៣៤] បពិត្រព្រះ​មហានាម មួយ​ទៀត ​បុគ្គល​ពួក​ខ្លះ ក្នុង​លោក​នេះ ជាអ្នក​ប្រកប​ដោយ​សេចក្ដី​ជ្រះ​ថ្លា ​មិន​ញាប់​ញ័រ ក្នុង​ព្រះពុទ្ធ​ថា ព្រះ​ដ៏មាន​ព្រះភាគ​ អង្គ​នោះ ។បេ។ ព្រះ​អង្គ​ជាគ្រូ​នៃ​ទេវតា ​និង​មនុស្ស​ទាំងឡាយ ព្រះ​អង្គ​ត្រាស់ដឹង​ នូវ​អរិយ​សច្ចធម៌ ព្រះអង្គ​លែង​វិល​ត្រ​ឡប់​មក​កាន់​ភព​ថ្មី​ទៀត។ (ជាអ្នកប្រកបដោយ​សេចក្ដី​ជ្រះ​ថ្លា ​មិន​ញាប់​ញ័រ)​ ក្នុង​ព្រះ​ធម៌។ ក្នុង​ព្រះ​សង្ឃ។ ប៉ុន្តែ​មិន​មានបញ្ញា​ ជាគ្រឿង​រីករាយ មិន​មានបញ្ញា​វាងវៃ និងមិន​ប្រកប​ដោយ​វិមុត្តិ។ ​បុគ្គលនោះ ជា​សោតាបន្នបុគ្គល មាន​សភាពមិនធ្លាក់​ទៅក្នុង​អបាយ ជាបុគ្គលទៀង មានការត្រាស់​ដឹង​ ប្រព្រឹត្តទៅ​ក្នុង​ខាង​មុខ ព្រោះ​អស់​សញ្ញោ​ជនៈ ៣ ​ប្រការ។ បពិត្រព្រះ​មហានាម បុគ្គល​នេះ​ឯង​ ជាអ្នក រួច​ចាកនរក រួច​ចាក​តិរច្ឆាន រួច​ចាក​ប្រេត​វិស័យ រួច​ចាក​អបាយ ទុគ្គតិ វិនិបាត។

[២៣៥] បពិត្រព្រះ​មហានាម មួយ​ទៀត​ បុគ្គល​ពួក​ខ្លះ ក្នុង​លោក​នេះ មិនបាន​ប្រកប​ដោយ​សេចក្ដី​ជ្រះ​ថ្លា ​មិន​ញាប់​ញ័រ ក្នុង​ព្រះពុទ្ធ​ទេ។ ក្នុង​ព្រះ​ធម៌ទេ។ ក្នុង​ព្រះ​សង្ឃទេ។ ​មិន​មានបញ្ញា​ ជាគ្រឿង​រីករាយទេ មិន​មានបញ្ញា​វាងវៃទេ មិន​ប្រកប​ដោយ​វិមុត្តិទេ។ តែថា​ធម៌​អម្បាល​នេះ គឺ​សទ្ធិន្ទ្រិយ វិរិយិ​ន្ទ្រិយ​ សតិន្ទ្រិយ សមាធិន្ទ្រិយ បញ្ញិន្ទ្រិយ តែង​មាន​ដល់​បុគ្គល​នោះ។ មួយ​ទៀត ​ធម៌​ទាំងឡាយ ដែល​ព្រះ​តថាគត​ទ្រង់​ប្រកាស​ហើយ តែង​សម​គួរ​ដល់​ការ​ពិចារណា ដោយ​បញ្ញា​របស់​បុគ្គល​នោះ ​ដោយក្រៃ​ពេក។ បពិត្រព្រះ​មហានាម បុគ្គល​នេះ​ឯង​​ ជាអ្នកមិន​ទៅកាន់​នរក មិន​ទៅកាន់​កំណើតតិរច្ឆាន មិន​ទៅកាន់​ប្រេត​វិស័យ មិន​ទៅកាន់​​អបាយ ទុគ្គតិ វិនិបាត។

[២៣៦] បពិត្រព្រះ​មហានាម មួយ​ទៀត​ បុគ្គល​ពួក​ខ្លះ ក្នុង​លោក​នេះ មិនបាន​ប្រកប​ដោយ​សេចក្ដី​ជ្រះ​ថ្លា ​មិន​ញាប់​ញ័រ ក្នុង​ព្រះពុទ្ធ​ទេ។ ក្នុង​ព្រះ​ធម៌ទេ។ ក្នុង​ព្រះ​សង្ឃទេ។ ​មិន​មានបញ្ញា ​ជាគ្រឿង​រីករាយទេ មិន​មានបញ្ញា​វាងវៃទេ មិន​ប្រកប​ដោយ​វិមុត្តិទេ។ តែថា​ ធម៌​អម្បាល​នេះ គឺ​សទ្ធិន្ទ្រិយ​។បេ។ បញ្ញិន្ទ្រិយ តែង​មាន​ដល់​បុគ្គល​នោះ។ មួយ​ទៀត​ បុគ្គលនោះ​ គ្រាន់​តែ​មាន​សទ្ធា និង​សេចក្ដី​ស្រឡាញ់​ ក្នុង​ព្រះ​តថា​គត។ បពិត្រព្រះ​មហានាម បុគ្គល​នេះ​ឯង​​ ជាអ្នកមិន​ទៅកាន់​នរក មិន​ទៅកាន់​កំណើតតិរច្ឆាន មិន​ទៅកាន់​ប្រេត​វិស័យ មិន​ទៅកាន់​​អបាយ ទុគ្គតិ វិនិបាត។

[២៣៧] បពិត្រព្រះ​មហានាម បើ​ពួក​មហា​សាល​អម្បាល​នេះ គប្បី​ដឹង​ច្បាស់ ​នូវ​ពាក្យ​ជា​សុភាសិត​ និង​ពាក្យ​ជា​ទុព្ភាសិត តថា​គត​ គប្បី​ព្យាករ​ នូវ​ពួក​មហា​សាល​អម្បាល​នេះថា សោតាបន្ន​បុគ្គល មានសភាព​ មិន​ធ្លាក់ទៅក្នុង​អបាយ ជា​បុគ្គល​ទៀង​ មាន​ការ​ត្រាស់​ដឹង​ ប្រ​ព្រឹត្ត​ទៅ​ក្នុង​ខាង​មុខ។ នឹង​បាច់​ពោល​ទៅ​ថ្វី ដល់​ព្រះ​សរកានិសក្យរាជ បពិត្រ​ព្រះ​មហានាម ដ្បិត​ព្រះ​សរកា​និសក្យរាជ បាន​សមាទាន​នូវ​សិក្ខា ក្នុង​កាល​ជិត​មរណៈ។

[២៣៨] កបិលវត្ថុនិទាន។ សម័យនោះឯង ព្រះសរកានិសក្យរាជ ទ្រង់​ទិវង្គត​ទៅ។ ព្រះអង្គ​ជាអ្នក​ដែល​ព្រះ​ដ៏​មានព្រះ​ភាគ ​ទ្រង់​ព្យាករ​ហើយ​ថា ជាសោតាបន្ន​បុគ្គល មាន​សភាព​ មិន​ធ្លាក់​ទៅ​ក្នុង​អបាយ ជាបុគ្គល​ទៀង មាន​ការ​ត្រាស់​ដឹង​ ប្រព្រឹត្ត​ទៅ​ក្នុង​ខាង​មុខ។ បានឮថា ពួក​សក្យរាជ​ច្រើន​អង្គ មក​ប្រ​ជុំ​គ្នា​ ក្នុង​ទី​នោះ ពោល​ទោស តិះ​ដៀល​បន្តុះបង្អាប់ថា អើហ្ន៎ អស្ចារ្យ​ណាស់​តើ ​អើហ្ន៎ មិនដែល​កើត​មាន​ទេ​តើ បើ​យ៉ាង​ហ្នឹង​ នរណា​នឹង​មិន​បាន​ជាសោតា​បន្ន​បុគ្គល ក្នុង​សាសនា​នេះ ព្រះ​សរកា​និសក្យរាជ ដែល ទ្រង់​ទិវង្គត​ទៅ​ហើយ​នេះ មិន​សម​បើ​ព្រះ​ដ៏​មាន​ព្រះ​ភាគ ​ទ្រង់​ព្យាករថា ជាសោតា​បន្នបុគ្គល មាន​សភាព​ មិនធ្លាក់​ទៅ​ក្នុង​អបាយ ជាបុគ្គល​ទៀង មានការត្រាស់​ដឹង ​ប្រព្រឹត្ត​ទៅ ក្នុងខាងមុខ​សោះ។ ដ្បិតព្រះ​សរកានិសក្យរាជ មិន​បាន​ធ្វើ​ឲ្យ​ពេញ​បរិបូរណ៌ ​ក្នុង​សិក្ខាទេ។

[២៣៩] គ្រានោះ​ឯង ​ព្រះ​មហា​នាម​សក្យរាជ ចូល​ទៅគាល់​ព្រះ​ដ៏​មានព្រះ​ភាគ លុះ​ចូល​ទៅដល់​ ថ្វាយ​បង្គំ​ព្រះ​ដ៏​មានព្រះ​ភាគ ហើយ​គង់ក្នុង​ទីដ៏សម​គួរ។ លុះ​ព្រះ​មហានាមសក្យរាជ គង់​ក្នុង​ទី​ដ៏សម​គួរ​ហើយ ទើប​ក្រាប​បង្គំទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ ដូច្នេះ​ថា បពិត្រព្រះអង្គ​ដ៏​ចំរើន អម្បាញ់មិញ​នេះ ព្រះសរកានិសក្យរាជ ទ្រង់​ទិវង្គត​ទៅហើយ ព្រះ​អង្គ​ជាអ្នក​ដែល​ព្រះ​ដ៏​មានព្រះ​ភាគ ​ទ្រង់​ព្យាករ​ថា ជាសោតាបន្ន​បុគ្គល មាន​សភាព ​មិន​ធ្លាក់​ទៅ​ក្នុង​អបាយ ជាបុគ្គល​ទៀង មាន​ការ​ត្រាស់​ដឹង ​ប្រព្រឹត្ត​ទៅ​ក្នុង​ខាង​មុខ។ បពិត្រ​ព្រះអង្គដ៏​ចំរើន ​បាន​ឮថា ពួក​សក្យរាជ​ច្រើន​អង្គ មក​ប្រ​ជុំ​គ្នា​ ក្នុង​ទី​នោះ ពោល​ទោស តិះ​ដៀល បន្តុះបង្អាប់ថា អើហ្ន៎ អស្ចារ្យ​ណាស់​តើ​ អើហ្ន៎ មិនដែល​កើត​មាន​ទេ​តើ បើ​យ៉ាង​ហ្នឹង​ នរណា​នឹង​មិន​បាន​ជាសោតា​បន្ន​បុគ្គល ក្នុង​សាសនា​នេះ ព្រះ​សរកា​និសក្យរាជ ដែលទ្រង់​ទិវង្គត​ទៅ​ហើយ​នោះ មិន​សម​បើ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ទ្រង់​ព្យាករថា ជាសោតា​បន្នបុគ្គល មាន​សភាព ​មិនធ្លាក់​ទៅ​ក្នុង​អបាយ ជាបុគ្គល​ទៀង មានការត្រាស់​ដឹង ​ប្រព្រឹត្ត​​​​ទៅក្នុងខាងមុខ​សោះ។ ដ្បិតព្រះ​សរកានិសក្យរាជ មិន​បាន​ធ្វើ​ឲ្យ​ពេញ​បរិបូរណ៌​​​ ក្នុង​សិក្ខាទេ។

[២៤០] ព្រះ​ដ៏​មានព្រះ​ភាគ ​ទ្រង់​ត្រាស់​ថា បពិត្រ​ព្រះ​មហានាម បុគ្គល​ណាជា ឧបាសក ដល់​នូវ​ព្រះ​ពុទ្ធ​ជាទីពឹង ដល់​នូវ​ព្រះធម៌​ជាទីពឹង ដល់​នូវព្រះសង្ឃ ជាទីពឹង អស់​រាត្រី​វែង បុគ្គល​នោះ​ គប្បី​ទៅកាន់​អបាយ​ដូចម្ដេច​បាន។ បពិត្រ​ព្រះមហានាម បុគ្គល​​កាលពោលដោយប្រពៃ គប្បីពោល​តាម​ហេតុ​ពិត​ថា ​បុគ្គលជា​ឧបាសក​ ដល់​នូវព្រះ​ពុទ្ធជាទីពឹង ដល់​នូវ​ព្រះធម៌​ជាទីពឹង ដល់​នូវ​ព្រះសង្ឃ​ជាទីពឹង អស់​រាត្រី​វែង បុគ្គល​កាលពោលដោយ​ប្រពៃ គប្បីពោលចំពោះ​ព្រះសរកានិសក្យរាជ បពិត្រព្រះ​មហានាម ព្រះសរកានិសក្យរាជ ជាឧបាសក ដល់​នូវ​ព្រះពុទ្ធជាទីពឹង ដល់​នូវ​ព្រះធម៌ជាទីពឹង ដល់​នូវ​ព្រះសង្ឃ​ជាទីពឹង អស់​រាត្រី​វែង ព្រះសរកានិសក្យរាជនោះ គប្បី​ទៅកាន់​អបាយ​ដូច ម្ដេច​បាន។

[២៤១] បពិត្រ​ព្រះ​មហានាម បុគ្គល​ពួកខ្លះ ក្នុង​លោក​នេះ ជាអ្នកជ្រះ​ថ្លា​​ក្រៃ លែងពិតប្រាកដ ក្នុង​ព្រះ​ពុទ្ធ​ថា ព្រះ​ដ៏​មាន​​ព្រះ​ភាគ អង្គ​នោះ។បេ។ ​ព្រះ​អង្គ​ជា​គ្រូ​នៃ​ទេវតា​ និង​មនុស្ស​ទាំងឡាយ ព្រះ​អង្គ​ត្រាស់​ដឹង​​ នូវ​អរិយ​សច្ច​ធម៌ ព្រះ​អង្គ​លែង​វិល​ត្រឡប់​មក​កាន់​ភព​ថ្មី​ទៀត​។ (បុគ្គលជាអ្នកជ្រះ​ថ្លា​​​ក្រៃលែង ពិតប្រាកដ ក្នុង​ព្រះធម៌​។ ក្នុង​ព្រះ​សង្ឃ។ ជាអ្នក​មានបញ្ញា ​ជាគ្រឿង​រីករាយ​ មានបញ្ញា​វាងវៃ និង​ប្រកប​ដោយ​វិមុត្តិ។ ​បុគ្គល​នោះ​ ធ្វើ​ឲ្យ​ជាក់ច្បាស់ ​នូវ​ចេតោ​វិមុត្តិ និង​បញ្ញា​វិមុត្តិ មិនមាន​អាសវៈ ព្រោះ​អស់​អាសវៈទាំងឡាយ ដោយ​បញ្ញា​ដ៏​ក្រៃ​លែង ដោយ​ខ្លួន​ឯង ក្នុង​បច្ចុប្បន្ន ហើយ​សម្រេច​សម្រាន្ត​នៅ​។ បពិត្រព្រះ​មហានាម បុគ្គល​នេះ​ឯង​ ជាអ្នកបាន​រួច​ចាកនរក រួច​ចាក​កំណើតតិរច្ឆាន រួច​ចាក​ប្រេត​វិស័យ រួច​ចាក​អបាយ ទុគ្គតិ វិនិបាត។

[២៤២] បពិត្រព្រះ​មហានាម មួយ​ទៀត ​បុគ្គល​ពួក​ខ្លះ ក្នុង​លោក​នេះ ជាអ្នក​​ជ្រះ​ថ្លាក្រៃលែង ពិតប្រាកដ ក្នុង​ព្រះពុទ្ធ​ថា ព្រះ​ដ៏មាន​ព្រះភាគ​ អង្គ​នោះ។បេ។ ព្រះ​អង្គ​ជាគ្រូ​នៃ​ទេវតា​ និង​មនុស្ស​ទាំងឡាយ ព្រះ​អង្គ​ត្រាស់ដឹង​ នូវ​អរិយ​សច្ចធម៌ ព្រះអង្គ​លែង​វិល​    ត្រ​ឡប់​មក​កាន់​ភព​ថ្មី​ទៀត។ (ជាអ្នកជ្រះ​ថ្លាក្រៃលែង ពិតប្រាកដ)​ ក្នុង​ព្រះ​ធម៌។ ក្នុង​ព្រះ​សង្ឃ។ ជាអ្នក​មានបញ្ញា ​ជាគ្រឿង​រីករាយ​ មានបញ្ញា​វាងវៃ​ តែមិនប្រកប​ដោយ​វិមុត្តិ។ បុគ្គល​នោះ នឹង​បរិនិព្វាន ​ក្នុង​រវាង​អាយុ​នៅ​មិន​ទាន់​ដល់​ពាក់​កណ្ដាល នឹង​បរិនិព្វាន​ ក្នុង​អាយុផុត​ពាក់​កណ្ដាល​ហើយ ជិត​ដល់​ទី​បំផុត​ នឹង​បរិនិព្វាន​ ដោយ​ធ្វើ​សេចក្ដី​ព្យាយាម​យ៉ាង​ខ្លាំង​ នឹង​បរិនិព្វាន ដោយ​មិន​បាច់​ធ្វើ​សេចក្ដី​ព្យាយាម​ពេក​ទេ នឹង​មាន​ខ្សែ​ធម៌​ឰដ៏ខាងលើ​ ទៅកាន់​អកនិដ្ឋភព ព្រោះអស់​ពួក​សញ្ញោជនៈ ជាចំណែក​ខាង​ក្រោម​ ៥។ បពិត្រព្រះ​មហានាម បុគ្គលនេះ​ឯង​ ជាអ្នក​រួច​ចាកនរក រួច​ចាក​កំណើតតិរច្ឆាន រួច​ចាក​ប្រេត​វិស័យ រួច​ចាក​អបាយ ទុគ្គតិ វិនិបាត។

[២៤៣] បពិត្រព្រះ​មហានាម មួយ​ទៀត ​បុគ្គល​ពួក​ខ្លះ ក្នុង​លោក​នេះ ជាអ្នក​​ជ្រះ​ថ្លាក្រៃលែង ពិតប្រាកដ ក្នុង​ព្រះពុទ្ធ​ថា ព្រះ​ដ៏មាន​ព្រះភាគ​ អង្គ​នោះ។បេ។ ព្រះ​អង្គ​ជាគ្រូ​នៃ​ទេវតា ​និង​មនុស្ស​ទាំងឡាយ ព្រះ​អង្គ​ត្រាស់ដឹង​ នូវ​អរិយ​សច្ចធម៌ ព្រះអង្គ​លែង​វិល        ​ត្រ​ឡប់​មក​កាន់​ភព​ថ្មី​ទៀត។ (ជាអ្នកជ្រះ​ថ្លាក្រៃលែង ពិតប្រាកដ)​ ក្នុង​ព្រះ​ធម៌។ ក្នុង​ព្រះ​សង្ឃ។ តែមិន​មានបញ្ញា ​ជាគ្រឿង​រីករាយ មិន​មានបញ្ញា​វាងវៃ​ និងមិនប្រកប​ដោយ​វិមុត្តិ។ បុគ្គលនោះ ជា​សកទាគាមី នឹង​មក​កាន់​លោក​នេះ​ម្ដង​ទៀត ទើប​ធ្វើ​នូវ​ទី​បំផុត​ នៃ​ទុក្ខបាន ព្រោះ​អស់​សញ្ញោ​ជនៈ ៣​ ប្រការ​ ព្រោះ​ធ្វើ​រាគៈ ទោសៈ មោហៈ ឲ្យ​ស្រាលស្ដើង ។ បពិត្រព្រះ​មហានាម បុគ្គល​នេះ​ឯង​ ជាអ្នករួច​ចាកនរក រួច​ចាក​កំណើតតិរច្ឆាន រួច​ចាក​ប្រេត​វិស័យ រួច​ចាក​អបាយ ទុគ្គតិ វិនិបាត។

[២៤៤]​ បពិត្រព្រះ​មហានាម មួយ​ទៀត​ បុគ្គលពួក​ខ្លះ ក្នុង​លោក​នេះ ជាអ្នក​ជ្រះ​ថ្លា​ក្រៃលែង ពិតប្រាកដ ក្នុង​ព្រះពុទ្ធ​ថា ព្រះ​ដ៏មាន​ព្រះភាគ​ អង្គ​នោះ។បេ។ ព្រះ​អង្គ​ជាគ្រូ​នៃ​ទេវតា ​និង​មនុស្ស​ទាំងឡាយ ព្រះ​អង្គ​ត្រាស់ដឹង​ នូវ​អរិយ​សច្ចធម៌ ព្រះអង្គ​លែង​វិល​ត្រ​ឡប់​មក​កាន់​ភព​ថ្មី​ទៀត។ (ជាអ្នកជ្រះ​ថ្លា​ក្រៃលែង ពិតប្រាកដ)​ ក្នុង​ព្រះ​ធម៌។ ក្នុង​ព្រះ​សង្ឃ។ តែមិន​មានបញ្ញា​ ជាគ្រឿង​រីករាយ មិន​មានបញ្ញា​វាងវៃ និងមិន​ប្រកប​ដោយ​វិមុត្តិ។ ​បុគ្គលនោះ ជា​សោតាបន្នបុគ្គល មាន​សភាពមិនធ្លាក់​ទៅក្នុង​អបាយ ជាបុគ្គល ទៀង មានការត្រាស់​ដឹង​ ប្រព្រឹត្តទៅ​ក្នុង​ខាង​មុខ ព្រោះ​អស់​សញ្ញោ​ជនៈទាំង ៣ ​ប្រការ។ បពិត្រព្រះ​មហានាម បុគ្គល​នេះ​ឯង​ ជាអ្នករួច​ចាកនរក រួច​ចាក​កំណើត​តិរច្ឆាន រួច​ចាក​ប្រេត​វិស័យ រួច​ចាក​អបាយ ទុគ្គតិ វិនិបាត។

[២៤៥] បពិត្រព្រះ​មហានាម មួយ​ទៀត ​បុគ្គល​ពួក​ខ្លះ ក្នុង​លោក​នេះ ជាអ្នក​មិន បានជ្រះ​ថ្លា​ក្រៃលែងពិតប្រាកដ ក្នុង​ព្រះពុទ្ធ​ទេ។ ក្នុង​ព្រះ​ធម៌ទេ។ ក្នុង​ព្រះ​សង្ឃទេ។ មិន​មានបញ្ញា ​ជាគ្រឿង​រីករាយទេ មិន​មានបញ្ញា​វាងវៃទេ មិន​ប្រកប​ដោយ​វិមុត្តិទេ។ តែថា ធម៌អម្បាលនេះ ​គឺ​សទ្ធិ​ន្ទ្រិយ​។បេ។ បញ្ញិន្ទ្រិយ ​តែង​មាន​ដល់​បុគ្គលនោះ។ មួយទៀត ធម៌ទាំងឡាយ​ ដែល​ព្រះ​តថាគត ​ទ្រង់​ប្រកាសហើយ ជាធម៌​គួរ​ដល់​ការ​ពិចារណា ដោយ​បញ្ញា​ដ៏ក្រៃលែង ដល់​បុគ្គល​នោះ។ បពិត្រព្រះ​មហានាម បុគ្គល​នេះ​ឯង​ ជាអ្នកមិនទៅ កាន់នរក មិនទៅកាន់​កំណើតតិរច្ឆាន មិនទៅកាន់ប្រេត​វិស័យ មិនទៅកាន់​អបាយ ទុគ្គតិ វិនិបាត។​​

[២៤៦] បពិត្រព្រះ​មហានាម មួយ​ទៀត​ បុគ្គល​ពួក​ខ្លះ ក្នុង​លោក​នេះ ជាមិនបាន​ជ្រះ​ថ្លាក្រៃលែងពិតប្រាកដ ក្នុង​ព្រះពុទ្ធ​ទេ។ ក្នុង​ព្រះ​ធម៌ទេ។ ក្នុង​ព្រះ​សង្ឃទេ។ ​មិន​មាន បញ្ញា​ ជាគ្រឿង​រីករាយទេ មិន​មានបញ្ញា​វាងវៃទេ មិន​ប្រកប​ដោយ​វិមុត្តិទេ។ តែថា​ធម៌​អម្បាល​នេះ គឺ​សទ្ធិន្ទ្រិយ​។បេ។ បញ្ញិន្ទ្រិយ តែង​មាន​ដល់​បុគ្គល​នោះ។ មួយ​ទៀត ​បុគ្គល នោះ ​គ្រាន់​តែ​មាន​សទ្ធា និង​សេចក្ដី​ស្រឡាញ់​ ក្នុង​ព្រះ​តថា​គត។ បពិត្រព្រះ​មហានាម បុគ្គល​នេះ​ឯង​​ ជាអ្នកមិន​ទៅកាន់​នរក មិន​ទៅកាន់​កំណើតតិរច្ឆាន មិន​ទៅកាន់​ប្រេតវិស័យ មិន​ទៅកាន់​​អបាយ ទុគ្គតិ វិនិបាត។

[២៤៧] បពិត្រព្រះមហានាម ដូច​ពូជ​ទាំងឡាយ ដែល​បាក់​ខ្ទេច ​ដែល​ស្អុយ ដែល​ក្រៀមក្រោះ ដោយ​ខ្យល់​ និង​កំដៅថ្ងៃ ដែល​ឥត​ពន្លក​ ដែល​គេ​ទុក​ដាក់​ ក្នុង​ទី​មិន​ស្អាត ភ្លៀងក៏​បង្អោរ​នូវ​ទឹក​ភ្លៀង​ ដោយ​ស្រួល​ ចុះ​កាន់​ស្រែ ដែល​ក្រហេង​ក្រហូង មាន​ដែនដី​អាក្រក់​ ដែល​គេ​មិន​ទាន់​បាន​គាស់​រាន​យក​ដង្គត់​ឈើ​ចេញ​នៅ​ឡើយ ពូជទាំង​អម្បាល​នោះ នឹង​ដល់​នូវ​សេចក្ដី​ចំរើន ដុះដាល លូត​លាស់​បាន​ដែរ​ឬ​ទេ​។ មិន​បានទេ​ ព្រះអង្គ​។ បពិត្រព្រះ​មហានាម សេចក្ដី​ឧបមេយ្យ ​ក៏​ដូច្នោះដែរ ធម៌​ក្នុង​លោក​នេះ ជាធម៌​ដែល​បុគ្គល​​​ពោល​មិន​ល្អ ជាធម៌​ដែល​បុគ្គល​ប្រកាសមិន​ល្អ ជាធម៌​មិន​នាំ​សត្វ​ចេញ​ចាក​ទុក្ខ​បាន មិន​ប្រ​ព្រឹត្ត​ទៅ​ ដើម្បីសេចក្ដី​ស្ងប់​ស្ងាត់ ជាធម៌​ដែល​បុគ្គល​មិនមែន​សម្មាសម្ពុទ្ធ​ប្រកាស​ហើយ តថាគត​ពោលថា ធម៌​នេះ ដូចស្រែ​ដែល​ក្រហេង​ក្រហូង។ មួយ​វិញទៀត​ សាវក​ដែល​ប្រតិ​បត្តិ ​នូវ​ធម៌​តាម​ធម៌ ប្រតិបត្តិ​ដ៏​សម​គួរ ​ប្រព្រឹត្ត​នូវ​ធម៌​ដ៏​សម​គួរ នៅ​គ្រប់​ឥរិយា​បថ ក្នុង​ធម៌​នោះ តថាគត​ពោលថា សាវកអ្នក​ប្រតិបត្តិ​ធម៌​តាម​ធម៌ នៅគ្រប់​ឥរិយា​បថ​នេះ ដូចជាពូជ​អាក្រក់។

[២៤៨] បពិត្រព្រះមហានាម ដូច​ពូជ​ទាំងឡាយ ដែលមិន​បាក់​ខ្ទេច​ ដែលមិន​ស្អុយ ដែលមិន​ក្រៀមក្រោះ ដោយ​ខ្យល់ ​និង​កំដៅថ្ងៃ មាន​ពន្លក​ ដែល​គេ​ទុក​ដាក់ ​ក្នុង​ទី​ដ៏​ស្អាត ទាំងភ្លៀងក៏​បង្អោរ​នូវ​ទឹក​ភ្លៀង​ ដោយ​ស្រួល ​ចុះ​កាន់​ស្រែដែល​ល្អ មាន​ផែនដី​រាបស្មើ​ ដែល​​​គេ​​បាន​គាស់​រាន​យក​ដង្គត់​ឈើ​ចេញ​ហើយ ពូជ​អម្បាល​នោះ នឹង​ដល់​នូវ​សេចក្ដី​ចំរើន ដុះដាល លូ​តលាស់​ឡើងបាន​​ឬ​ទេ ​។ យ៉ាងហ្នឹង​ហើយ ​ព្រះអង្គ។ បពិត្រព្រះ​មហានាម សេចក្ដី​ឧបមេយ្យ​ ក៏​ដូច្នោះដែរ ធម៌​ក្នុង​លោក​នេះ ជាធម៌​ដែល​បុគ្គល​ពោល​​ទុកល្អ​ហើយ ធម៌​ដែល​បុគ្គល​ប្រកាសទុកល្អហើយ ជាធម៌​នាំ​សត្វ​ចេញ​ចាក​ទុក្ខ​បាន ជាធម៌ប្រ​ព្រឹត្ត​ទៅ​ ដើម្បីសេចក្ដី​ស្ងប់​ស្ងាត់ ជាធម៌​ដែល​ព្រះសម្មាសម្ពុទ្ធ ទ្រង់ប្រកាសហើយ តថាគត​ពោលថា ធម៌​នេះ ដូចជាស្រែ​ដ៏ល្អ។ មួយ​វិញទៀត​ សាវក​ដែល​ប្រតិ​បត្តិ​នូវ​ធម៌​តាម​ធម៌ ប្រតិបត្តិ​ដ៏​សម​គួរ ​ប្រព្រឹត្ត​នូវ​ធម៌​ដ៏​សម​គួរ នៅ​គ្រប់​ឥរិយា​បថក្នុង​ធម៌​នោះ តថាគត​ពោលថា សាវកអ្នក​ប្រតិបត្តិ​ធម៌​តាម​ធម៌ នៅគ្រប់​ឥរិយា​បថ​នេះ ដូចជាពូជ​ដ៏ល្អ។ នឹង​បាច់​ពោល​ទៅ​ថ្វី ដល់​ព្រះ​សរ​កា​និសក្យរាជ បពិត្រ​ព្រះមហា​នាម​ ព្រះ​សរកានិ​សក្យរាជ ជាអ្នក​បាន​ធ្វើ​ឲ្យ​ពេញ​បរិបូណ៌​ ក្នុង​សិក្ខា ក្នុង​កាល​​​ជិត​មរណៈ។

[២៤៩] សាវត្ថី​និទាន។ សម័យនោះឯង អនា​ថបិណ្ឌិក​គហបតី មានអាពាធប្រក​ប​​​ដោយ​ទុក្ខ មានជម្ងឺ​ជាទម្ងន់។ លំដាប់​នោះ​ អនាថបិណ្ឌិកគហបតី បាន​ហៅ​បុរស​ម្នាក់​មក​ថា ម្នាល​បុរស​ដ៏​ចំរើន ឯង​ចូរ​មក​នេះ​ ឯង​ចូរ​ទៅរក​ព្រះ​សារី​បុត្រ​ដ៏​មានអាយុ លុះ​ចូល​ទៅ​ដល់​ហើយ ចូរ​ថ្វាយបង្គំ​បាទា​ព្រះ​សារីបុត្រ​ដ៏​មានអាយុ ដោយ​សិរសា តាម​ពាក្យ​អញ​ថា បពិត្រ​ព្រះ​ករុណា​ដ៏​ចំរើន អនា​ថបិណ្ឌិក​គហបតី មានអាពាធ ប្រក​ប​ដោយ​ទុក្ខ មានជម្ងឺ​ជាទម្ងន់ លោក​ថ្វាយ​បង្គំ​បាទា​ព្រះ​សារី​បុត្រ​ដ៏​មានអាយុ ​ដោយ​សិរសា។ រួច​ហើយ ឯង​ចូរ​និមន្ត​យ៉ាង​នេះថា បពិត្រ​ព្រះ​ករុណា​ដ៏​ចំរើន​ សូម​ព្រះ​សារី​បុត្រ​ដ៏​មានអាយុ អាស្រ័យ​នូវ​សេចក្ដី​អនុគ្រោះ​ និមន្ដ​ទៅ​កាន់​ទី​លំនៅអនាថបិណ្ឌិកហប​តី ឲ្យទាន។ បុរស​នោះ​ទទួល​ពាក្យ​អនាថ​បិណ្ឌិកគហបតី​ថា ប្របាទ ហើយ​ក៏​ចូល​ទៅ​រក​ព្រះ​សារី​បុត្រដ៏​មានអាយុ លុះ​ចូល​ទៅ​ដល់​ ថ្វាយ​បង្គំ​ព្រះ​សារីបុត្រ​ដ៏​មានអាយុហើយ ក៏អង្គុយក្នុងទីដ៏សមគួរ។ លុះបុរស​នោះ​ អង្គុយ​ក្នុង​ទី​ដ៏​សម​គួរ​ហើយ បាន​ទូលព្រះសារីបុត្រ​ដ៏​មានអាយុ ដូច្នេះថា បពិត្រព្រះករុណាដ៏ចំរើន អនាថបិណ្ឌិកគហបតី មានអាពាធ ប្រកបដោយ​ទុក្ខ មានជម្ងឺ​ជាទម្ងន់ លោកថ្វាយបង្គំព្រះបាទព្រះសារីបុត្រដ៏​មានអាយុ ដោយ​សិរសា។ រួចពោល​យ៉ាង​​នេះ​ថា បពិត្រ​ព្រះករុណាដ៏​ចំរើន សូមព្រះសារីបុត្រ​ដ៏​មានអាយុ អាស្រ័យ​នូវសេចក្ដី​អនុគ្រោះ និមន្ត​ទៅ​កាន់​ទី​លំនៅ​អនា​ថបិណ្ឌិកគហបតី ឲ្យទាន។ ព្រះសារីបុត្រដ៏​មាន​អាយុ បានទទួលនិមន្ត ដោយ​អាការស្ងៀម​។

[២៥០] លំដាប់​នោះ​ ព្រះសារីបុត្រ​ដ៏​មានអាយុ ស្លៀក​ស្បង់​ ប្រដាប់​​បាត្រ​ និង​ចីវរ​ក្នុង​វេលាបុព្វ​ណ្ហសម័យ មានព្រះអានន្ទ​ដ៏​មាន​អាយុ ជាបច្ឆា​សមណៈ ចូលទៅកាន់​ទី​លំនៅ​អនាថបិណ្ឌិកគហបតី លុះចូលទៅ​ដល់​ គង់​លើអាសនៈ ដែល​គេក្រាល​ហើយ។ លុះ​ព្រះ​សារីបុត្រ​ដ៏​មានអាយុ គង់​ហើយ ក៏​ពោល​នឹង​អនាថបិណ្ឌិក​គហបតី​ ដូច្នេះថា ម្នាល​​​​​​​​គហបតី អ្នក​ល្មម​អត់​ធន់​បាន​ទេ​ឬ ល្មម​ប្រព្រឹត្ត​ទៅបាន​ទេឬ ទុក្ខ​វេទនា​ធូរថយ មិន​ចំរើន​ឡើង​ទេឬ សេចក្ដី​ធូរថយ (ចាករោគ) រមែង​ប្រាកដ ឯសេចក្ដីមិន​ចំរើន​ឡើង​នៃ​រោគ រមែង​មិន​ប្រាកដទេឬ។ អនាថបិណ្ឌិកគហបតីទូល​ថា​ បពិត្រព្រះ​ករុណាដ៏ចំរើន ខ្ញុំ​ព្រះករុណា​ អត់​ធន់​មិន​បាន​ទេ ខ្ញុំ​ព្រះករុណា ប្រព្រឹត្តទៅមិន​បាន​ទេ ទុក្ខ​វេទនា​​របស់​ខ្ញុំព្រះករុណា ចំរើន​ឡើង​ខ្លាំងណាស់ មិនធូរថយទេ សេចក្ដីចំរើន (នៃ​រោគ) ចេះតែ​ប្រាកដ​ឡើង​ មិនមាន​ធូរថយ​ទេ។

[២៥១] ព្រះសារី​បុត្រ​ពោល​ថា ម្នាល​គហបតី បុថុជ្ជន​ដែល​​មិន​ចេះដឹង ប្រកប​ដោយ​សេចក្តី​ជ្រះ​ថ្លា​ មិន​ញាប់​ញ័រ ក្នុង​ព្រះ​ពុទ្ធ មាន​សភាព​យ៉ាង​ណា លុះ​ដល់​រំលាង​ខន្ធ បន្ទាប់​អំពី​មរណៈ ​រមែង​ទៅ​កើត​ក្នុង​អបាយ ទុគ្គតិ វិនិបាត នរក ឯ​សេចក្ដីមិន​ជ្រះ​ថ្លា ក្នុង​ព្រះពុទ្ធ​ មានសភាព​យ៉ាង​នោះ​ មិន​មាន​ដល់​អ្នក​ទេ។ ម្នាល​គហបតី មួយទៀត​ សេចក្ដី​ជ្រះ​ថ្លា មិន​ញាប់​ញ័រ ក្នុង​ព្រះ​ពុទ្ធ តែង​មាន​ដល់​អ្នក​ថា ព្រះ​ដ៏​មាន​ព្រះ​ភាគ អង្គ​នោះ។បេ។ ព្រះ​អង្គ​ជាគ្រូ​នៃ​ទេវតា ​និង​មនុស្ស​ទាំងឡាយ​ ព្រះ​អង្គ​ត្រាស់​ដឹង នូវ​អរិយ​សច្ច​ធម៌ ព្រះអង្គ​លែង​វិល​ត្រឡប់​មកកាន់​ភព​ថ្មី​ទៀត​។ កាល​បើ​អ្នក​ពិចារណា​ឃើញ​ នូវ​សេចក្ដី​ជ្រះ​ថ្លា ​មិន​ញាប់​ញ័រ​ ក្នុង​ព្រះពុទ្ធ​នោះ ចំ​ពោះ​ខ្លួន វេទនាទាំងឡាយ គប្បី​ស្ងប់​រម្ងាប់​ទៅ​ ដោយ​ហេតុ​ដ៏​សម​គួរ​បាន​។

[២៥២] ម្នាល​គហបតី បុថុជ្ជន​ដែល​មិន​ចេះ​ដឹង ប្រកប​ដោយ​សេចក្ដី​ជ្រះ​ថ្លា មិន​ញាប់​ញ័រ ក្នុង​ព្រះ​ធម៌ មាន​សភាព​យ៉ាង​ណា លុះ​រំលាង​ខន្ធ បន្ទាប់អំពី​មរណៈ ​រមែង​ទៅ​កើត​ក្នុង​អបាយ ទុគ្គតិ វិនិបាត នរក ​សេចក្ដីមិន​ជ្រះ​ថ្លា ក្នុង​ព្រះធម៌​ មានសភាព​យ៉ាង​នោះ​ មិន​មាន​ដល់​អ្នក​ឡើយ។ ម្នាល​គហបតី មួយទៀត​ សេចក្ដី​ជ្រះ​ថ្លា មិន​ញាប់​ញ័រ ក្នុង​ព្រះ​ធម៌ ​មាន​ដល់​អ្នក​ថា ព្រះ​ធម៌​ដែល​ព្រះដ៏​មាន​ព្រះ​ភាគ​ត្រាស់ ​ប្រពៃហើយ។ បេ។ ជាធម៌​ដែល​វិញ្ញូជន​ទាំងឡាយ ​គប្បីដឹង​ចំពោះ​ខ្លួន កាល​បើ​អ្នក​ពិចារណាឃើញ ​នូវ​សេចក្ដីជ្រះថ្លា មិន​ញាប់​ញ័រ ក្នុង​ព្រះធម៌​នោះ ​ចំពោះ​ខ្លួន វេទនា​ទាំងឡាយ គប្បី​ស្ងប់​រម្ងាប់​​​​​​​​ទៅ​ ដោយ​ហេតុ​ដ៏​សម​គួរ។

[២៥៣] ម្នាល​គហបតី បុថុជ្ជន​ដែល​មិន​ចេះ​ដឹង ប្រកប​ដោយ​សេចក្ដី​ជ្រះ​ថ្លា មិន​ញាប់​ញ័រ ក្នុង​ព្រះសង្ឃ មាន​សភាព​យ៉ាង​ណា លុះ​រំលាង​ខន្ធ បន្ទាប់អំពី​មរណៈ ​រមែង​ទៅ​កើត​ក្នុង​អបាយ ទុគ្គ​តិ វិនិបាត នរក ឯ​សេចក្ដីមិន​ជ្រះ​ថ្លា មានសភាព​យ៉ាង​នោះ​ ក្នុងព្រះ​សង្ឃ មិន​មាន​ដល់​អ្នក​ឡើយ។ ម្នាល​គហបតី មួយទៀត​ សេចក្ដី​ជ្រះ​ថ្លា មិន​ញាប់​ញ័រ ក្នុង​ព្រះ​សង្ឃ ​ក៏មាន​ដល់​អ្នក​ថា ព្រះសង្ឃសាវក នៃព្រះ​ដ៏​មានព្រះភាគ លោក​ប្រតិបត្តិ​ល្អហើយ។ បេ។ ជាស្រែបុណ្យ​ដ៏​ប្រសើរ​ នៃ​សត្វ​លោក​។ កាល​បើ​អ្នក​ពិចារណា​ឃើញ ​នូវ​សេចក្ដី​ជ្រះ​ថ្លា​ មិន​ញាប់​ញ័រ ក្នុង​ព្រះសង្ឃ​នោះ ចំ​ពោះ​ខ្លួន វេទនា​ទាំងឡាយ គប្បី​ស្ងប់​រម្ងាប់​ទៅ ដោយ​ហេតុ​ដ៏​សម​គួរ​។

[២៥៤] ម្នាល​គហបតី បុថុជ្ជន​ដែល​មិន​ចេះ​ដឹង ប្រកប​ដោយ​ភាពជាអ្នក​ទ្រុស្ត​សីល មាន​សភាព​យ៉ាង​ណា លុះ​រំលាង​ខន្ធ បន្ទាប់អំពី​មរណៈ ​រមែង​ទៅ​កើត​ក្នុង​អបាយ ទុគ្គតិ វិនិបាត នរក ឯភាពជាអ្នក​ទ្រុស្ត​សីល ​ មានសភាព​យ៉ាង​នោះ​ មិន​មាន​ដល់​អ្នក​ឡើយ។ ម្នាល​គហបតី មួយទៀត​ សីលទាំងឡាយ ជាទីស្រឡាញ់​របស់​អរិយៈ ជាសីល​មិន​ដាច់។បេ។ ជាសីលប្រព្រឹត្តទៅ​ ដើម្បីសមាធិ ក៏​មានដល់​អ្នក។ កាលបើ​អ្នក​ពិចារណា​​​​ឃើញ​ នូវ​សីល​ទាំងឡាយ ដែល​ជាទី​ស្រឡាញ់​របស់​អរិយៈ​នោះ ​ចំពោះ​ខ្លួន វេទនា​ទាំងឡាយ​ គប្បី​ស្ងប់​រម្ងាប់​ទៅ ដោយ​ហេតុ​ដ៏​សម​គួរ​បាន។​

[២៥៥] ម្នាល​គហបតី បុថុជ្ជន​ដែល​មិន​ចេះ​ដឹង ប្រកប​ដោយ​​មិច្ឆាទិដ្ឋិ មាន​សភាព​យ៉ាង​ណា លុះ​រំលាង​ខន្ធ បន្ទាប់អំពី​មរណៈ ​រមែង​ទៅ​កើត​ក្នុង​អបាយ ទុគ្គ​តិ​ វិនិបាត នរក មិច្ឆាទិដ្ឋិ មានសភាព​យ៉ាង​នោះ​ មិន​មាន​ដល់​អ្នក​ឡើយ។ ម្នាល​គហបតី មួយទៀត​ សម្មាទិដ្ឋិ ក៏​មានដល់​អ្នក។ កាលបើអ្នក​ពិចារណា​ឃើញ ​នូវ​សម្មាទិដ្ឋិនោះ ចំពោះ​ខ្លួន វេទនា​ទាំងឡាយ​ គប្បី​ស្ងប់​រម្ងាប់​ទៅ ដោយ​ហេតុ​ដ៏​សម​គួរ​។​

[២៥៦] ម្នាល​គហបតី បុថុជ្ជន​ដែល​មិន​ចេះ​ដឹង ប្រកប​ដោយ​មិច្ឆាសង្កប្បៈ មាន​សភាព​យ៉ាង​ណា លុះ​រំលាង​ខន្ធ បន្ទាប់អំពី​មរណៈ​ រមែង​ទៅ​កើត​ក្នុង​អបាយ ទុគ្គតិ​វិនិបាត នរក មិច្ឆាសង្កប្បៈ ​ មានសភាព​យ៉ាង​នោះ​ មិន​មាន​ដល់​អ្នក​ឡើយ។ ម្នាល​គហបតី មួយទៀត​ សម្មាសង្កប្បៈ ក៏​មានដល់​អ្នក។ កាលបើអ្នក​ពិចារណា​ឃើញ ​នូវ​ សម្មា​សង្កប្បៈនោះ ចំពោះ​ខ្លួន វេទនា​ទាំងឡាយ​ គប្បី​ស្ងប់​រម្ងាប់​ទៅ ដោយ​ហេតុ​ដ៏​សម​គួរ។​

[២៥៧] ម្នាល​គហបតី បុថុជ្ជន​ដែល​មិន​ចេះ​ដឹង ប្រកប​ដោយ​​មិច្ឆាវាចា មាន​សភាព​យ៉ាង​ណា លុះ​រំលាង​ខន្ធ បន្ទាប់អំពី​មរណៈ ​រមែង​ទៅ​កើត​ក្នុង​អបាយ ទុគ្គតិ វិនិបាត នរក មិច្ឆាវាចា ​មានសភាព​យ៉ាង​នោះ​ មិន​មាន​ដល់​អ្នក​ឡើយ។ ម្នាល​គហបតី មួយទៀត​ សម្មាវាចា ក៏​មានដល់​អ្នក។ កាលបើអ្នក​ពិចារណា​ឃើញ​ នូវ​សម្មាវាចា​នោះ ចំពោះ​ខ្លួន វេទនា​ទាំងឡាយ​ គប្បី​ស្ងប់​រម្ងាប់​ទៅ ដោយ​ហេតុ​ដ៏​សម​គួរ​។​

[២៥៨] ម្នាល​គហបតី បុថុជ្ជន​ដែល​មិន​ចេះ​ដឹង ប្រកប​ដោយ​​មិច្ឆាកម្មន្តៈ មាន​សភាព​យ៉ាង​ណា លុះ​រំលាង​ខន្ធ បន្ទាប់អំពី​មរណៈ​ ក៏​ទៅ​កើត​ក្នុង​អបាយ ទុគ្គតិ វិនិបាត នរក មិច្ឆាកម្មន្តៈ ​មានសភាព​យ៉ាង​នោះ​ មិន​មាន​ដល់​អ្នក​ឡើយ។ ម្នាល​គហបតី មួយទៀត​ សម្មាកម្មន្តៈ ក៏​មានដល់​អ្នក។ កាលបើអ្នក​ពិចារណា​ឃើញ ​នូវ​សម្មាកម្មន្តៈ​នោះ ចំពោះ​ខ្លួន វេទនា​ទាំងឡាយ​ គប្បី​ស្ងប់​រម្ងាប់​ទៅ ដោយ​ហេតុ​ដ៏​សម​គួរ​។​

[២៥៩] ម្នាល​គហបតី បុថុជ្ជន​ដែល​មិន​ចេះ​ដឹង ប្រកប​ដោយ​មិច្ឆាអាជីវៈ មាន​សភាព​យ៉ាង​ណា លុះ​រំលាង​ខន្ធ បន្ទាប់អំពី​មរណៈ ​ក៏​ទៅ​កើត​ក្នុង​អបាយ ទុគ្គតិ វិនិបាត នរក មិច្ឆាអាជីវៈ ​មានសភាព​យ៉ាង​នោះ​ មិន​មាន​ដល់​អ្នក​ឡើយ។ ម្នាល​គហបតី មួយទៀត​ សម្មាអាជីវៈ ក៏​មានដល់​អ្នក។ កាលបើអ្នក​ពិចារណា​ឃើញ ​នូវ​សម្មា​អាជីវៈ នោះ ចំពោះ​ខ្លួន វេទនា​ទាំងឡាយ​ គប្បី​ស្ងប់​រម្ងាប់​ទៅ ដោយ​ហេតុ​ដ៏​សម​គួរ​។​

[២៦០] ម្នាល​គហបតី បុថុជ្ជន​ដែល​មិន​ចេះ​ដឹង ប្រកប​ដោយ​មិច្ឆាវាយាមៈ មាន​សភាព​យ៉ាង​ណា លុះ​រំលាង​ខន្ធ បន្ទាប់អំពី​មរណៈ ​ក៏​ទៅ​កើត​ក្នុង​អបាយ ទុគ្គ​តិ វិនិបាត នរក មិច្ឆាវាយាមៈ ​មានសភាព​យ៉ាង​នោះ​ មិន​មាន​ដល់​អ្នក​ឡើយ។ ម្នាល​គហបតី មួយទៀត​ សម្មាវាយាមៈ ក៏​មានដល់​អ្នក។ កាលបើអ្នក​ពិចារណា​ឃើញ ​នូវ​សម្មា​វាយាម នោះ ចំពោះ​ខ្លួន វេទនា​ទាំងឡាយ​ គប្បី​ស្ងប់​រម្ងាប់​ទៅ ដោយ​ហេតុ​ដ៏​សម​គួរ​។​

[២៦១] ម្នាល​គហបតី បុថុជ្ជន​ដែល​មិន​ចេះ​ដឹង ប្រកប​ដោយ​​មិច្ឆាសតិ មាន​សភាព​យ៉ាង​ណា លុះ​រំលាង​ខន្ធ បន្ទាប់អំពី​មរណៈ​ ក៏ទៅ​កើត​ក្នុង​អបាយ ទុគ្គ​តិ វិនិបាត នរក មិច្ឆាសតិ ​មានសភាព​យ៉ាង​នោះ​ មិន​មាន​ដល់​អ្នក​ឡើយ។ ម្នាល​គហបតី មួយទៀត​ សម្មាសតិ ក៏​មានដល់​អ្នក។ កាលបើអ្នក​ពិចារណា​ឃើញ ​នូវ​សម្មាសតិ​នោះ ចំពោះ​ខ្លួន វេទនា​ទាំងឡាយ​ គប្បី​ស្ងប់​រម្ងាប់​ទៅ ដោយ​ហេតុ​ដ៏​សម​គួរ​។​

[២៦២] ម្នាល​គហបតី បុថុជ្ជន​ដែល​មិន​ចេះ​ដឹង ជាអ្នកប្រកប​ដោយ​ ​មិច្ឆាសមាធិ មាន​សភាព​យ៉ាង​ណា លុះដល់​រំលាង​ខន្ធ បន្ទាប់អំពី​មរណៈ​ ក៏​ទៅ​កើត​ក្នុង​អបាយ ទុគ្គតិ វិនិបាត នរក ​មិច្ឆាសមាធិ ​មានសភាព​យ៉ាង​នោះ​ មិន​មាន​ដល់​អ្នក​ឡើយ។ ម្នាល​គហបតី មួយទៀត​ សម្មាសមាធិ ក៏​មានដល់​អ្នក។ កាលបើអ្នក​ពិចារណា​ឃើញ​ នូវ​សម្មាសមាធិ នោះចំពោះ​ខ្លួន វេទនា​ទាំងឡាយ​ គប្បី​ស្ងប់​រម្ងាប់​ទៅ ដោយ​ហេតុ​ដ៏​សម​គួរ​។

[២៦៣] ម្នាល​គហបតី បុថុជ្ជន​ដែល​មិន​ចេះ​ដឹង ជាអ្នកប្រកប​ដោយ​​មិច្ឆាញាណ មាន​សភាព​យ៉ាង​ណា លុះដល់​រំលាង​ខន្ធ បន្ទាប់អំពី​មរណៈ ​ក៏​ទៅ​កើត​ក្នុង​អបាយ ទុគ្គ​តិ វិនិបាត នរក មិច្ឆាញាណ ​មានសភាព​យ៉ាង​នោះ​ មិន​មាន​ដល់​អ្នក​ឡើយ។ ម្នាល​គហបតី មួយទៀត​ សម្មាញាណ ក៏​មានដល់​អ្នក។ កាលបើអ្នក​ពិចារណា​ឃើញ​ នូវ​សម្មាញាណ នោះ ចំពោះ​ខ្លួន វេទនា​ទាំងឡាយ​ គប្បី​ស្ងប់​រម្ងាប់​ទៅ ដោយ​ហេតុ​ដ៏​សម​គួរ​។

[២៦៤] ម្នាល​គហបតី បុថុជ្ជន​ដែល​មិន​ចេះ​ដឹង ជាអ្នកប្រកប​ដោយ​​មិច្ឆាវិមុត្តិ មាន​សភាព​យ៉ាង​ណា លុះ​ដល់រំលាង​ខន្ធ បន្ទាប់អំពី​មរណៈ ​ក៏​ទៅ​កើត​ក្នុង​អបាយ ទុគ្គ​តិ វិនិបាត នរក មិច្ឆាវិមុត្តិ ​មានសភាព​យ៉ាង​នោះ​ មិន​មាន​ដល់​អ្នក​ឡើយ។ ម្នាល​គហបតី មួយទៀត​ សម្មាវិមុត្តិ ក៏​មានដល់​អ្នក។ កាលបើអ្នក​ពិចារណា​ឃើញ ​នូវ​សម្មាវិមុត្តិនោះ ចំពោះ​ខ្លួន វេទនា​ទាំងឡាយ​ គប្បី​ស្ងប់​រម្ងាប់​ទៅ ដោយ​ហេតុ​ដ៏​សម​គួរ​។

[២៦៥] គ្រានោះឯង វេទនា​របស់​អនាថបិណ្ឌិក​គហបតី​ ក៏​ស្ងប់​រម្ងាប់ដោយ​មួយ​រំពេច។ ទើបអ​នាថបិណ្ឌិកគហបតី អង្គាស​ព្រះ​សារីបុត្ត​ដ៏​មាន​អាយុ​ផង ព្រះ​អានន្ទ​ដ៏មាន​អាយុ​ផង​​ ដោយម្ហូបចំណី​ដ៏​ឆ្អិន​ ក្នុង​ថាស​ជារបស់​ខ្លួន។ អនា​ថបិណ្ឌិក​គហបតី​ បាន​ដឹង​ថា ព្រះ​សារីបុត្ត​ដ៏​មាន​អាយុ​ឆាន់​ហើយ ដាក់​ព្រះ​ហស្ត​ចេញពី​បាត្រ​ហើយ ក៏​កាន់​យក​នូវ​អាសនៈ​ដ៏​ទាប​មួយ អង្គុយ​ក្នុង​ទី​ដ៏​សម​គួរ។ ព្រះ​សារីបុត្ត​ដ៏​មាន​អាយុ ​អនុមោទ​នា​​​​ចំពោះ​អនាថ​បិណ្ឌិក​គហបតី ​ដែល​អង្គុយ​ក្នុង​ទី​សមគួរ​ ដោយ​គាថា​ទាំង​ឡាយ​នេះថា

[២៦៦] សទ្ធារ​បស់​បុគ្គល​ណា មិន​ញាប់​ញ័រ បាន​ដម្កល់​ស៊ប់​ល្អ​ហើយ ក្នុង​ព្រះ​តថា​គតផង សីល​របស់​បុគ្គល​ណា​ល្អ ដែល​ព្រះអរិយៈ​ត្រូវ​ការ​សរសើរ​ផង។ សេចក្ដី​ជ្រះ​ថ្លា ក្នុង​សង្ឃ​ និង​សេចក្ដី​ឃើញ​ត្រង់​ មាន​ដល់បុគ្គល​ណា​ផង អ្នក​ប្រាជ្ញ​ទាំង​ឡាយ ​ហៅ​បុគ្គល​នោះ​ថា​ ជា​អ្នក​មិនខ្សត់​ ទាំង​ជីវិត​របស់​បុគ្គល​នោះ មិន​សោះ​សូន្យ​ឡើយ។ ហេតុនោះ អ្នក​មានប្រាជ្ញា កាល​​បើ​រលឹក​ឃើញ​ នូវ​ពុទ្ធ​សាសនាហើយ គួរ​ប្រកប​នូវ​សទ្ធាផង សីល​ផង​ សេចក្ដី​ជ្រះ​ថ្លា​ផង ការ​ឃើញ​ធម៌ផង។

[២៦៧] លុះ​ព្រះ​សារីបុត្ត​ដ៏​មានអាយុ​ បាន​អនុមោទនា ​ដោយ​គាថា​ទាំងឡាយនេះ ចំពោះ​អនាថបិណ្ឌិកគហបតី​រួច​ហើយ ក៏​ក្រោក​ចាក​អាសនៈ​ចេញ​ទៅ​។

[២៦៨] គ្រានោះ​ឯង ​ព្រះ​អានន្ទ​ដ៏​មានអាយុ បាន​ចូល​ទៅ​គាល់​ព្រះដ៏​មានព្រះ​ភាគ លុះ​ចូល​ទៅ​ដល់​ហើយ ​ក៏​ថ្វាយ​បង្គំ​ព្រះ​ដ៏​មានព្រះ​ភាគ ​រួច​អង្គុយ​ក្នុងទី​ដ៏​សម​គួរ​។ ព្រះ​ដ៏​មានព្រះ​ភាគ​ ទ្រង់​ត្រាស់​សួ​រ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ដែល​អង្គុយ​ក្នុងទី​ដ៏​សម​គួរថា ម្នាល​អានន្ទ​ អ្នក​ទើប​មក​ពី​ណាហ្ន៎ ថ្ងៃម្ល៉េះ។ បពិត្រ​ព្រះ​អង្គ​ដ៏​ចំរើន ព្រះ​សារី​បុត្ត​ដ៏​មាន​អាយុ​បាន​ទូន្មាន​អនាថបិណ្ឌិក​គហបតី​ ដោយ​ឱវាទនេះផង នេះ​ផង។ ម្នាល​អានន្ទ​ សារីបុត្ត​ជា​បណ្ឌិត ម្នាល​អានន្ទ សារីបុត្ត​មានប្រាជ្ញា​ច្រើន ព្រោះ​សារីបុត្ត​ អាច​នឹង​ចែក​នូវ​សោ​តា​បត្តិយង្គ (អង្គ​នៃ​ធម៌ ​សម្រាប់​បាន​នូវ​សោតៈ) ៤ ដោយ​អាការ​ ១០ ​បាន។

[២៦៩] សាវត្ថីនិទាន។ សម័យ​នោះ​ឯង អនាថ​បិណ្ឌិកគហបតី​ មានអាពាធ ប្រកប​​​ដោយ​ទុក្ខ​វេទនា​ ឈឺធ្ងន់។ គ្រានោះឯង អនាថបិណ្ឌិកគហបតី​ហៅ​បុរស​ ១ ​នាក់​មក​ថា ម្នាល​បុរស​ដ៏​ចំរើន អ្នក​ចូរ​មក​នេះ ចូរអ្នក​ទៅគាល់ព្រះ​អានន្ទ​ លុះ​ចូល​ទៅ​ដល់​ហើយ ចូរ​ថ្វាយបង្គំ​ព្រះបាទា​ព្រះ​អានន្ទ​ដ៏មានអាយុ ដោយ​ក្បាល តាម​ពាក្យរបស់​ខ្ញុំ​ថា បពិត្រ​ព្រះ​ថេរៈ​ដ៏​ចំរើន អនា​ថបិណ្ឌិក​គហបតី មានអាពាធ ប្រក​ប​ដោយ​ទុក្ខវេទនា​ ឈឺធ្ងន់ លោក​ថ្វាយ​បង្គំ​ព្រះបាទា​ព្រះ​អានន្ទ​ដ៏មានអាយុ ​ដោយ​ក្បាល។ ចូរអ្នកនិយាយ​យ៉ាង​នេះ ទៀតថា បពិត្រ​ព្រះ​ថេរៈ​ដ៏​ចំរើន​ យើងខ្ញុំសូមអង្វរ​ សូមព្រះ​អានន្ទ​ដ៏មាន​អាយុ និមន្ដ​ទៅឯ​ទី​លំនៅ របស់អនាថបិណ្ឌិកគហប​តី ដោយសេចក្តីអនុគ្រោះ។ បុរស​នោះ ទទួលស្ដាប់​អនាថ​បិណ្ឌិកគហបតី​ថា បាទ លោកដ៏ចំរើន ហើយ​ចូល​ទៅ​គាល់​ព្រះអានន្ទដ៏​មាន​អាយុ លុះ​ចូល​ទៅ​ដល់ហើយ​ ក៏ថ្វាយ​បង្គំ​ព្រះ​អានន្ទ​ដ៏​មានអាយុ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះបុរស​នោះ​ អង្គុយ​ក្នុង​ទី​ដ៏​សម​គួរ​ហើយ បាន​និយាយនឹងព្រះអានន្ទ ដ៏មានអាយុ យ៉ាងនេះថា បពិត្រព្រះថេរៈដ៏ចំរើន អនាថបិណ្ឌិកគហបតី មានអាពាធ ប្រកបដោយ​ទុក្ខវេទនា ឈឺធ្ងន់ លោកថ្វាយបង្គំព្រះបាទាព្រះអានន្ទដ៏​មានអាយុ ដោយ​ក្បាល។ ទាំងនិយាយយ៉ាង​នេះទៀត​ថា បពិត្រ​ព្រះថេរៈដ៏​ចំរើន យើងខ្ញុំសូមអង្វរ សូមព្រះអានន្ទ​ដ៏​មានអាយុ និមន្ត​ទៅ​ឯ​ទី​លំនៅ របស់​អនា​ថបិណ្ឌិក​គហបតី ដើម្បីសេចក្ដី​អនុគ្រោះ។ ព្រះអានន្ទដ៏​មាន​អាយុ បានទទួលនិមន្តដោយ​តុណ្ហី​ភាព​ ​។

[២៧០] គ្រា​នោះឯង​ ព្រះអានន្ទ​ដ៏​មានអាយុ ស្លៀក​ស្បង់ ​ប្រដាប់ដោយ​​បាត្រ ​និង​ចីវរ​ ក្នុង​បុព្វ​ណ្ហសម័យ ហើយចូលទៅឯ​ទី​លំនៅ របស់​អនាថបិណ្ឌិកគហបតី លុះចូល​ទៅ​​ដល់ហើយ ក៏​គង់​លើអាសនៈ ដែល​គេក្រាល​ទុក។ លុះ​ព្រះ​អានន្ទ​ដ៏​មានអាយុ ​គង់ស៊ប់​ហើយ បាននិយាយ​នឹង​អនាថបិណ្ឌិក​គហបតី​ យ៉ាងនេះថា

[២៧១] ម្នាល​គហបតី សរីរយន្តរបស់អ្នក ​ល្មមអត់​ទ្រាំ​បាន​ទេ​ឬ ល្មម​ឲ្យប្រព្រឹត្ត​ទៅបាន​ទេឬ ទុក្ខ​វេទនា​ បានស្រាកស្រាន្តទៅ មិន​រឹត​ឡើង មានតែធូរថយទៅ​ មិន ចំរើនឡើង​ទេឬ។ ​ បពិត្រព្រះ​ថេរៈដ៏​ចំរើន សរីរយន្តរបស់ខ្ញុំ​ព្រះករុណា​ ​មិន​ល្មមអត់ ទ្រាំបាន​ទេ មិនល្មមឲ្យប្រព្រឹត្តទៅ​បាន​ទេ ទុក្ខ​វេទនារបស់​ខ្ញុំខ្លាំងណាស់ ចំរើនឡើង ​មិន​ធូរ​ស្រាលទេ មានតែ​រឹតឡើង មិន​ស្រាក​ស្រាន្ត​ទេ។

[២៧២] ម្នាលគហបតី សេចក្ដីតក់​ស្លុត​រន្ធត់​ និង​សេចក្ដី​ខ្លាច​ស្លាប់​ទៅ​ខាង​មុខ តែង​មានដល់​បុថុជ្ជន​ ជាអ្នក​មិន​ចេះដឹង ប្រកប​ដោយ​ធម៌ ៤។ ធម៌​ ៤​ តើ​ដូចម្ដេចខ្លះ។ ម្នាលគហបតី​ បុថុជ្ជន​ក្នុងលោក​នេះ ជាអ្នក​មិន​ចេះ​ដឹង​ ប្រកប​ដោយ​សេចក្ដី​មិនជ្រះ​ថ្លា ក្នុងព្រះ​ពុទ្ធ។ កាល​បើ​បុថុជ្ជន​នោះ​ ពិចារណា​ឃើញ​សេចក្ដី​មិន​ជ្រះ​ថ្លា ក្នុង​ព្រះ​ពុទ្ធនោះ ក្នុងខ្លួន ​រមែង​កើត​សេចក្ដី​តក់​ស្លុត ​រន្ធត់​ និង​សេចក្ដី​ខ្លាច​ស្លាប់​ទៅ​ខាង​មុខ។ ម្នាល​គហបតី​ មួយទៀត បុថុជ្ជន​ជាអ្នក​មិន​ចេះ​ដឹង​ ប្រកប​ដោយ​សេចក្ដី​មិនជ្រះ​ថ្លា ក្នុងព្រះ​ធម៌។ កាល​បើ​បុថុជ្ជន​នោះ​ ពិចារណា​ឃើញ នូវ​សេចក្ដី​មិន​ជ្រះ​ថ្លា ក្នុង​ព្រះ​ធម៌​នោះ ក្នុងខ្លួន​ រមែង​មាន​សេចក្ដី​តក់​ស្លុត​រន្ធត់​ និង​សេចក្ដី​ខ្លាច​ស្លាប់ ​ទៅ​ខាង​មុខ។ ម្នាល​គហបតី​ មួយទៀត បុថុជ្ជន​ ជាអ្នក​មិន​ចេះ​ដឹង​ ប្រកប​ដោយ​សេចក្ដី​មិនជ្រះ​ថ្លា ក្នុងព្រះ​សង្ឃ។ កាល​បើ​បុថុជ្ជន​នោះ​ ពិចារណា​ឃើញ នូវ​សេចក្ដី​មិន​ជ្រះ​ថ្លា ក្នុង​ព្រះ​សង្ឃនោះ ក្នុងខ្លួន​ រមែង​មាន​សេចក្ដី​តក់​ស្លុត​រន្ធត់ ​និង​សេចក្ដី​ខ្លាច​ស្លាប់​ ទៅ​ខាង​មុខ។ ម្នាល​គហបតី​ មួយទៀត បុថុជ្ជន​ជាអ្នក​មិន​ចេះ​ដឹង​ ប្រកប​ដោយភាពជាបុគ្គល​ទ្រុស្ដសីល។ កាល​បើ​បុថុជ្ជន​ ពិចារណា​ឃើញ ​នូវភាពជាអ្នក​ទ្រុស្ដសីលនោះក្នុង​ខ្លួន ​រមែង​មាន​សេចក្ដី​តក់​ស្លុត​រន្ធត់ ​និង​សេចក្ដី​ខ្លាច​ស្លាប់ ​ទៅ​ខាង​មុខ។ ម្នាលគហបតី ​សេចក្ដី​តក់​ស្លុត​រន្ធត់​ និង​សេចក្ដី​ខ្លាច​ស្លាប់ ​ទៅ​ខាង​មុខ តែង​កើត​ឡើង​ ដល់​បុថុជ្ជន​ជាអ្នក​មិន​ចេះ​ដឹង ប្រកប​​​ដោយ​ធម៌ ​៤ នេះឯង។

[២៧៣] ម្នាល​គហបតី អរិយ​សាវក ​ជាអ្នក​ចេះដឹង ប្រកប​ដោយ​ធម៌ ​៤ រមែង​មិន​តក់​ស្លុត ​មិន​រន្ធត់ មិន​ខ្លាច​ស្លាប់ ​ទៅ​ខាង​មុខ​ទេ។ ធម៌ ​៤ តើអ្វី​ខ្លះ។ ម្នាល​គហបតី អរិយសាវក​ ក្នុង​សាសនា​នេះ ជាអ្នក​ចេះដឹង​ ប្រកប​ដោយ​សេចក្ដី​ជ្រះ​ថ្លា ​មិន​កម្រើក ក្នុង​ព្រះ​ពុទ្ធ​ថា ព្រះ​ដ៏​មានព្រះ​ភាគ អង្គ​នោះ។បេ។ ជាសាស្ដា​នៃ​ទេវតា​ និង​មនុស្ស​ទាំងឡាយ ជាព្រះពុទ្ធ​មាន​ជោគ ដោយ​ហេតុ​ដូច្នេះ​ឯង។ កាល​បើ​អរិយ​សាវក​នោះ ពិចារណា​ឃើញ​នូវ​សេចក្ដី​ជ្រះ​ថ្លា​ មិន​កម្រើក ​ក្នុង​ព្រះ​ពុទ្ធ​នោះ​ ក្នុង​ខ្លួន រមែង​មិន​តក់​ស្លុត ​មិន​រន្ធត់​ មិន​ខ្លាច​ស្លាប់​ទៅ​ខាង​មុខ​ទេ។ ម្នាល​គហបតី មួយទៀត អរិយសាវក ជា​អ្នក​ចេះដឹង​ ប្រកប​ដោយ​សេចក្ដី​ជ្រះ​ថ្លា​មិន​កម្រើក ក្នុង​ព្រះ​ធម៌​ថា ព្រះធម៌ដែលព្រះ​ដ៏​មានព្រះ​ភាគ ទ្រង់​សំដែង ដោយ​ប្រពៃហើយ។បេ។ ជាធម៌ ដែល​ពួកវិញ្ញូជន គួរដឹងចំពោះ​ខ្លួន។ កាល​បើ​អរិយ​សាវក​នោះ ពិចារណា​ឃើញ ​នូវ​សេចក្ដី​ជ្រះ​ថ្លា ​មិន​កម្រើក​ ក្នុង​ព្រះ​ធម៌​នោះ ​ក្នុង​ខ្លួន រមែង​មិន​តក់​ស្លុត​ មិន​រន្ធត់​ មិន​ខ្លាច​ស្លាប់​ ទៅ​ខាង​មុខ​ទេ។ ម្នាល​គហបតី មួយទៀត អរិយសាវក ជា​អ្នក​ចេះដឹង​ ប្រកប​ដោយ​សេចក្ដី​ជ្រះ​ថ្លា ​មិន​កម្រើក ក្នុង​ព្រះ​សង្ឃ​ថា ព្រះ​សង្ឃជាសាវក របស់ព្រះ​ដ៏​មានព្រះភាគ ​លោកប្រតិបត្តិល្អហើយ។បេ។ ជាបុញ្ញក្ខេត្ត​របស់សត្វលោក ដ៏ប្រ​សើរ​បំ​ផុត។ កាល​បើ​អរិយ​សាវក​នោះ ពិចារណា​ឃើញ ​នូវ​សេចក្ដី​ជ្រះ​ថ្លា​មិន​កម្រើក ​ក្នុង​ព្រះ​សង្ឃ​នោះ ​ក្នុង​ខ្លួន រមែង​មិន​តក់​ស្លុត ​មិន​រន្ធត់​ មិន​ខ្លាច​ស្លាប់​ទៅ​ខាង​មុខ​ទេ។ ម្នាលគហបតី អរិយសាវក​ជាអ្នក​ចេះដឹង ប្រកប​ដោយ​អរិយកន្ត​សីល​ ជាសីលមិនដាច់​។បេ។ ប្រព្រឹត្ត​ទៅ ​ដើម្បី​សមាធិ។ កាល​បើ​អរិយ​សាវក​​នោះ ពិចារណា​ឃើញ​នូវ​អរិយកន្ត​សីលទាំងនោះ ក្នុង​ខ្លួន រមែង​មិន​តក់​ស្លុត ​មិន​រន្ធត់​ មិន​ខ្លាច​ស្លាប់​ទៅ​ខាង​មុខ​ឡើយ។ ម្នាល​គហបតី​ អរិយ​សាវក​ ជាអ្នក​ចេះដឹង ប្រកបដោយធម៌ ​៤ ​នេះ​ឯង​ហើយ​ រមែង​មិន​តក់​ស្លុត ​មិន​រន្ធត់​ មិន​ខ្លាច​ស្លាប់​ទៅ​ខាង​មុខ។​

[២៧៤] បពិត្រ​ព្រះ​អានន្ទ​ដ៏​ចំរើន ខ្ញុំ​ព្រះ​ករុណា​ មិន​ខ្លាច​ទេ ខ្ញុំ​ព្រះ​កុរណា ​នឹង​ទូល​ចំ​ពោះ​លោក​ បពិត្រ​លោក​ដ៏​ចំរើន ព្រោះ​ខ្ញុំ​ព្រះ​ករុណា​ ប្រកប​ដោយ​សេចក្ដី​ជ្រះថ្លា ​មិន​កម្រើក ក្នុង​ព្រះ​ពុទ្ធ​ថា ព្រះ​ដ៏​មានព្រះ​ភាគ​នោះ។បេ។ ជាសាស្ដា​នៃ​ទេវតា ​និង​មនុស្ស​​​​ទាំងឡាយ ជាព្រះពុទ្ធ​មាន​ជោគ។​ ក្នុង​ព្រះធម៌។ ជាអ្នកប្រកប​ដោយ​សេចក្ដី​ជ្រះ​ថ្លា​ មិន​កម្រើក ក្នុង​ព្រះ​សង្ឃ​ថា ព្រះ​សង្ឃ​សាវកនៃព្រះ​ដ៏​មានព្រះភាគ ប្រតិបត្តិ​ល្អហើយ។បេ។ ជាស្រែបុណ្យនៃសត្វលោក ​ដ៏​ប្រសើ​រ​បំផុត។ បពិត្រលោក​ដ៏​ចំរើន សិក្ខា​បទណា ដ៏ស​មគួរ​ដល់​គ្រហស្ថ ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ ​ទ្រង់​សំដែង​ហើយ ខ្ញុំ​ព្រះ​ករុណា ​មិន​ឃើញ​ច្បាស់ ​នូវ​ការ​ដាច់​សិក្ខាបទ​ទាំង​នោះ​តិចតួច ក្នុង​ខ្លួនឡើយ។ ម្នាល​គហបតី (នេះ) ជាលាភ របស់​អ្នក​ហើយ ម្នាលគហបតី អ្នក​បាន​ល្អហើយ ម្នាល​គហបតី ព្រោះ​អ្នក​បាន​ធ្វើ​ឲ្យ​ជាក់​ច្បាស់ ​នូវ​សោតា​បត្តិ​ផលហើយ។

[២៧៥] សាវត្ថីនិទាន។ ព្រះ​ដ៏​មានព្រះ​ភាគ បាន​ត្រាស់​ចំពោះ​អនា​ថបិណ្ឌិក គហបតី ដែល​អង្គុយ​ក្នុង​ទី​ដ៏​សម​គួរ​ យ៉ាង​នេះ​ថា ម្នាល​គហបតី​ កាល​ណាអរិយ​សាវក​​​​បាន​ស្ងប់​រម្ងាប់​ពៀរ​ ដែល​គួរ​ខ្លាច​ ៥ ​ផង ប្រកប​ដោយ​សោតាបត្តិ​យង្គ​ ៤ ​ផង អរិយ​សាវក​នោះ បាន​ឃើញ​ បាន​ចាក់ធ្លុះ នូវ​ធម៌​ដ៏​ប្រសើរ​ ដោយ​ប្រាជ្ញា​ផង។ អរិយសាវក​​​​នោះ​ កាល​ប្រាថ្នា​ អាច​ព្យាករ​ខ្លួន​ ដោយ​ខ្លួន​ឯងថា អាត្មាអញ ​អស់​នរក​ហើយ លែង​មាន​កំណើត​តិរច្ឆានហើយ លែង​មាន​កំណើត​ប្រេត​ហើយ អស់​អបាយ​ ទុគ្គតិ វិនិបាតហើយ អាត្មា អញ បាន​សម្រេច​ស្រោតៈ​ហើយ ជាបុគ្គល​មិន​ធ្លាក់​ចុះ (ក្នុង​អបាយ) ជាធម្មតា ទៀង​តែ​នឹង​បាន​ត្រាស់​ដឹង​ទៅ​ខាងមុខ។

[២៧៦] ពៀរ​ដែលគួរ​ខ្លាច ៥ ​ជាកម្ម​បាន​ស្ងប់​រម្ងាប់​ តើ​ដូចម្ដេច។ ម្នាល​គហបតី​ បុគ្គលធ្វើ​បាណាតិបាត តែង​ទទួល​ពៀរ​ ដែល​គួរ​ខ្លាច​ ក្នុង​បច្ចុប្បន្នផង តែង​ទទួល​ពៀរ​ដែល​គួរ​ខ្លាច​ ក្នុង​លោក​ខាង​មុខ​ផង តែង​រង​ទុក្ខ​ទោម​នស្ស​ ចំ​ពោះ​ចិត្ត​ផង ព្រោះ​បាណាតិបាត ជាបច្ច័យ​ឯណា អរិយ​សាវក ​ដែល​វៀរ​ចាក​បាណាតិបាត​ហើយ តែង​ស្ងប់​រម្ងាប់​ពៀរ​ ដែល​គួរ​ខ្លាច​នោះ ​យ៉ាង​នោះ​។ ម្នាល​គហបតី បុគ្គល​ប្រ​ព្រឹត្ត​អទិ​ន្នាទាន​ឯណា។ ម្នាល​គហបតី បុគ្គល​ប្រព្រឹត្ត​កាមេសុមិច្ឆាចារឯណា។ ម្នាល​គហបតី បុគ្គល​ប្រព្រឹត្ត​មុសាវាទឯណា។ ម្នាល​គហបតី​ បុគ្គល​ផឹក​នូវ​ទឹក​ស្រវឹង​ គឺ​សុរា និង​មេរ័យ ​​​ដែល​ជាហេតុនៃសេចក្ដីប្រមាទ តែង​ទទួល​ពៀរ​ ដែល​គួរ​ខ្លាច​ ក្នុង​បច្ចុប្បន្នផង តែង​​​​​ទទួល​ពៀរ​ដែល​គួរ​ខ្លាច​ ក្នុង​លោក​ខាង​មុខ​ផង តែង​រង​ទុក្ខ​ទោម​នស្ស​ ចំ​ពោះ​ចិត្ត​ផង ព្រោះផឹកទឹក​ស្រវឹង គឺសុរា និង​មេរ័យ ដែល​ជាហេតុ នៃសេចក្ដីប្រមាទ ជាបច្ច័យឯណា អរិយសាវក​ដែល​វៀរ​ទឹក​ស្រវឹង​ គឺ​សុរា​ និង​មេរ័យ ដែលជាទី​តាំង នៃ​សេចក្ដី​ប្រមាទ​​ហើយ​ រមែង​ស្ងប់​រម្ងាប់​ពៀរ​ ដែល​គួរ​ខ្លាច​នោះ​ យ៉ាង​នោះ។​ ពៀរ​ដែល​គួរ​ខ្លាច​ ទាំង ៥​ នេះ​ បាន​ស្ងប់​រម្ងាប់​ហើយ។

[២៧៧] អរិយសាវក ប្រកបដោយ សោតាបត្តិយង្គ ៤ តើ​ដូចម្ដេច​។ ម្នាល​គហប​តី អរិយសាវក ក្នុងសាសនានេះ ប្រកបដោយ សេចក្ដីជ្រះថ្លាមិន​កម្រើក ក្នុង​ព្រះពុទ្ធថា ព្រះ​ដ៏​មានព្រះ​ភាគនោះ។បេ។ ជាសាស្ដា​នៃ​ទេវតា​ និង​មនុស្ស​ទាំងឡាយ ជាព្រះពុទ្ធ​មាន​ជោគ យ៉ាងនេះឯង។ ក្នុងព្រះធម៌។ ក្នុង​ព្រះសង្ឃ។ ប្រកបដោយ​អរិយ​កន្ត​សីល​ ជាសីល​មិន​ដាច់។បេ។ ប្រព្រឹត្តទៅ ​ដើម្បី​សមាធិ។ អរិយ​សាវក តែង​ប្រកប​ដោយ​សោតា​បត្តិ​យង្គ​ទាំង ៤ នេះ​។

[២៧៨] ញាយធម៌​ដ៏​ប្រសើរ ដែលអរិយ​សាវក​នោះ ​បាន​ឃើញ​ល្អ បាន​ចាក់​ធ្លុះ ដោយ​ល្អ​ តើ​ដូចម្ដេច។ ម្នាល​គហបតី​ អរិយ​សាវក​ ក្នុង​សាសនានេះ តែង​ធ្វើ​ទុក​ក្នុង​ចិត្ត​ដោយ​ឧបាយ​ នៃ​ប្រាជ្ញា​ នូវ​បដិ​ច្ច​សមុប្បាទធម៌ ​ឲ្យ​ប្រពៃថា​ កាលបើមានរបស់នេះ ទើប​​​​​​របស់​នេះ​មាន​ ព្រោះ​តែ​របស់​នេះ​កើត​ឡើង ទើបរបស់​នេះ​កើត​ឡើង បើរបស់​នេះ មិន​មានទេ របស់​នេះ ​ក៏​មិន​មាន លុះ​តែ​របស់​នេះ​រលត់​ទៅ ទើប​របស់​នេះ ​រលត់​ដែរ។ ដូចជា សង្ខារទាំងឡាយ ​កើត​ឡើង ​ព្រោះ​អវិជ្ជា​ជាបច្ច័យ​ វិញ្ញាណ​កើត​ឡើង ព្រោះសង្ខារជា បច្ច័យ ។បេ។ ​ការ​កើត​ឡើង ​នៃកង​ទុក្ខ​ទាំង​អស់​នុ៎ះ តែង​មាន​យ៉ាង​នេះ។ លុះ​តែ​អវិជ្ជា​រលត់​ ដោយអរិយមគ្គ មិន​មានសេស​សល់ ទើប​រលត់​សង្ខារ​បាន។បេ។ ការរលត់​កងទុក្ខ​ទាំងអស់​នុ៎ះ តែង​មាន​ យ៉ាង​នេះ​ឯង។ នេះ​ជាញាយ​ធម៌​ដ៏​ប្រសើរ ដែល​អរិយសាវកនោះ ឃើញ​ល្អ​ហើយ​ ចាក់​ធ្លុះ​ល្អ​ហើយ ​ដោយ​ប្រាជ្ញា។

[២៧៩] ម្នាល​គហបតី​ កាល​ណា អរិយ​សាវក​បាន​ស្ងប់​រម្ងាប់​ពៀរ​ ដែល​គួរ​ខ្លាច​ ​ទាំង៥ នេះ (អរិយសាវកនោះ) ប្រកប​ដោយ​សោតាបត្តិ​យង្គ​ ទាំង ៤ នេះ នេះជាញាយ​ធម៌​ដ៏​ប្រសើរ ដែលអរិយសាវក បានឃើញល្អ បានចាក់ធ្លុះល្អហើយ​ ដោយ​ប្រាជ្ញា​ដែរ។ អរិយសាវក​នោះ​ កាល​ប្រាថ្នា ​អាច​ព្យាករ​ខ្លួន​ ដោយ​ខ្លួន​ឯងថា អាត្មាអញ​ អស់​នរក​ហើយ លែង​មាន​កំណើត​តិរច្ឆានហើយ លែង​មាន​កំណើត​ប្រេត​ហើយ អស់​អបាយ​ ទុគ្គតិ និង វិនិបាតហើយ អាត្មាអញ បាន​សម្រេច​ស្រោតៈ​ហើយ មានធម៌​មិនបាន​​ធ្លាក់​ចុះ ទៀង​តែ​នឹង​បាន​ត្រាស់​ដឹង​ទៅ​ខាងមុខ។

[២៨០] សាវត្ថី​និទាន។បេ។ ម្នាល​ភិក្ខុទាំងឡាយ កាល​ណា​អរិយសាវក បាន​ស្ងប់​​រម្ងាប់​​ពៀរ ដែល​គួរ​ខ្លាច​ ទាំង ៥ នេះ (អរិយសាវកនោះ) ប្រកប​ដោយ​សោតាបត្តិ​យ​ង្គ​ ៤ នេះ នេះជាញាយ​ធម៌​ដ៏​ប្រសើរ​ ដែល​អរិយសាវក​ បានឃើញល្អ បានចាក់ធ្លុះ​ល្អ​ហើយ ដោយ​ប្រាជ្ញាដែរ។ អរិយសាវក​នោះ​ កាល​ប្រាថ្នា ​គប្បី​ព្យាករ​ខ្លួន ​ដោយ​ខ្លួន​ឯងថា អាត្មា អញ​ អស់​នរក​ហើយ លែង​មាន​កំណើត​តិរច្ឆានហើយ លែង​មាន​កំណើត​ប្រេត​ហើយ អស់​អបាយ​ ទុគ្គតិ និងវិនិបាតហើយ អាត្មាអញ បាន​សម្រេច​ស្រោតៈ​ហើយ មាន​ធម៌​​មិន​បានធ្លាក់​ចុះ ទៀង​តែ​នឹង​​ត្រាស់​ដឹង​ទៅ​ខាងមុខ។

[២៨១] សម័យមួយ ព្រះ​ដ៏​មានព្រះ​ភាគ ទ្រង់​គង់នៅក្នុង​កូដា​គារសាលា នា មហាវន ជិត​ក្រុង​វេសាលី​។ គ្រានោះឯង លិច្ឆ​វិមហាមាត្យ​ឈ្មោះ ​នន្ទកៈ បាន​ចូល​ទៅ​គាល់​​​​ព្រះ​ដ៏​មានព្រះភាគ លុះ​ចូល​ទៅ​ដល់​ហើយ ក៏​ថ្វាយបង្គំ​ព្រះ​ដ៏​មានព្រះ​ភាគ​ រួច​អង្គុយ​​​ក្នុងទី​ដ៏​សម​គួរ​។ ព្រះ​ដ៏​មានព្រះភាគ បានត្រាស់​ចំពោះ​លិច្ឆវិមហាមាត្យ ឈ្មោះ​នន្ទកៈ ដែល​អង្គុយក្នុង​ទី​ដ៏​សម​គួរ​ យ៉ាង​នេះ​ថា

[២៨២] ម្នាល​នន្ទកៈ អរិយសាវក ប្រកប​ដោយ​ធម៌ ​៤ តែង​សម្រេច​ស្រោតៈ ជាអ្នក​មានធម៌​មិន​បាន​ធ្លាក់​ចុះ ទៀង​តែនឹង​ត្រាស់​ដឹង ​ទៅ​ខាង​មុខ​។ ធម៌​ ៤ តើ​ដូច​​​​​ម្ដេចខ្លះ។ ម្នាលនន្ទកៈ អរិយ​សាវក ក្នុង​សាសនានេះ ប្រកប​ដោយ​សេចក្ដីជ្រះថ្លា​ មិន​កម្រើក ក្នុង​ព្រះពុទ្ធថា ព្រះ​ដ៏​មានព្រះ​ភាគនោះ។បេ។ ជាសាស្ដា​នៃ​ទេវតា​ និង​មនុស្ស​ទាំងឡាយ ជាព្រះពុទ្ធ​មាន​ជោគ។ ក្នុងព្រះធម៌។ ក្នុង​ព្រះសង្ឃ។ ប្រកបដោយ​អរិយ​កន្ត​សីល​ ជាសីល​មិន​ដាច់។បេ។ ប្រព្រឹត្តទៅ ​ដើម្បី​សមាធិ។ ម្នាល​នន្ទកៈ អរិយ​សាវក ​ប្រកប​ដោយ​ធម៌​ ៤ នេះឯង តែង​សម្រេច​ស្រោតៈ មានធម៌​មិនបានធ្លាក់​ចុះ ទៀង​តែនឹង​ត្រាស់​ដឹង ​ទៅ​ខាង​មុខ ​។

[២៨៣] ម្នាល​នន្ទកៈ អរិយសាវក​ ប្រកប​ដោយ​ធម៌​ ៤​ នេះ​ហើយ កបកល់​ដោយ​អាយុ​ជាទិព្វ​ផង ជារបស់​មនុស្ស​ផង​ កបកល់​ដោយ​សម្បុរ​ជាទិព្វ​ផង ជារបស់​មនុស្ស​ផង កបកល់​ដោយ​សេចក្ដី​សុខ​ ជាទិព្វ​ផង ជារបស់​មនុស្ស​ផង កបកល់​ដោយ​យស​ជាទិព្វ​ផង ជារបស់​មនុស្ស​ផង កបកល់​ដោយ​អាធិបតេយ្យ ​ជាទិព្វ​ផង ជារបស់​មនុស្ស​ផង​។ ម្នាល នន្ទកៈ តថាគត​មិនមែន​ឮអំពីសំណាក់​សមណៈដទៃ ឬ​ព្រាហ្មណ៍ដទៃ ហើយ​​​​​និយាយ​ដូច្នោះ​ទេ ប្រាកដជារបស់​ណា ដែល​តថាគត​ដឹង​ខ្លួន​ឯង ឃើញ​ខ្លួនឯង យល់​ខ្លួនឯង តថាគត​ ក៏​និយាយ​តាម​ដឹង​នោះឯង។

[២៨៤] កាល​បើ​ព្រះ​ដ៏​មានព្រះភាគ ​ត្រាស់​យ៉ាងនេះ​ហើយ បុរស ​១​ នាក់​ បាន​និយាយ​នឹង​លិច្ឆ​វិមហាមាត្យ​ ឈ្មោះ​នន្ទកៈ យ៉ាងនេះ​ថា បពិត្រ​លោក​ដ៏​ចំរើន កាល​នេះ​ ជាកាល​គួរ​ងូត​ទឹក​។ ម្នាល​នាយ ឥឡូវ​នេះ មិនគួរ​នឹង​ត្រូវ​ការ​ដោយ​ការងូត​ ជា​ខាង​ក្រៅ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នុ៎ះទេ គួរ​នឹង​ងូត​ខាងក្នុងខ្លួននេះវិញ គឺការ​ធ្វើ​ចិត្ត​ឲ្យ​ជ្រះ​ថ្លា ក្នុងព្រះ​ដ៏​មាន​ព្រះ​ភាគ​។

ចប់ សរកានិវគ្គ ទី៣។

ឧទាននៃសរកានិវគ្គនោះគឺ

សំដែង​រឿងមហានាមសក្យ ពីរសូត្រ រឿង​គោធាសក្យ ១ សូត្រ សរកានិសក្យ ២​ សូត្រ សំដែង​រឿង​ទ្រុស្តសីល ២​ សូត្រ រឿង​ពៀរ​ ដែលគួរខ្លាច ​២ ​សូត្រ សំដែង​រឿង​លិច្ឆវិ​មហាមាត្យ ឈ្មោះ​នន្ទកៈ ជាគំរប់​ ១០ ​សូត្រ ហេតុនោះ បាន​ជាលោក​ចាក់​ជា ១ វគ្គ។

បុញ្ញាភិសន្ទវគ្គ ទី៤

[២៨៥] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ស្ទឹងគឺបុណ្យ ស្ទឹងគឺកុសល ជា បច្ច័យនៃសេចក្ដី​សុខនេះ មាន ៤។ ស្ទឹងគឺបុណ្យ ស្ទឹងគឺកុសល ៤​ តើដូចម្ដេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ  អរិយសាវក ក្នុងសាសនានេះ ជាអ្នក​ប្រកប​ដោយ​សេចក្ដី​ជ្រះ​ថ្លា​ មិន​ញាប់​ញ័រ ក្នុង​ព្រះ​ពុទ្ធ​ថា ព្រះ​ដ៏​មានព្រះ​ភាគ​នោះ។បេ។ ជាសាស្ដា​នៃ​ទេវតា ​និង​មនុស្ស​ទាំង​ឡាយ ជាព្រះ​ពុទ្ធមានជោគ ដោយ​ហេតុ​ដូច្នេះ​ឯង។ នេះស្ទឹង​គឺបុណ្យ ស្ទឹង​គឺកុសល ជាបច្ច័យ​នៃ​សេចក្ដី​សុខ ទី១។ ម្នាល​ភិក្ខុទាំងឡាយ មួយទៀត អរិយសាវក​ជាអ្នក​ប្រកប​ដោយ​សេចក្ដីជ្រះ​ថ្លា មិន​ញាប់​ញ័រ​ ក្នុង​ព្រះ​ធម៌​ថា ធម៌ដែលព្រះ​ដ៏​មានព្រះ​ភាគ​ ទ្រង់​សំដែង​ល្អហើយ។បេ។ ដែលអ្នក​ប្រាជ្ញទាំងឡាយ​ គប្បីដឹង​ចំពោះខ្លួន។ នេះស្ទឹង​​គឺបុណ្យ ស្ទឹងគឺ​កុសល​ ជាបច្ច័យ​នៃសេចក្ដី​សុខទី ២។ ម្នាល​ភិក្ខុទាំងឡាយ មួយទៀត អរិយសាវក​ ជាអ្នក​ប្រកប​ដោយ​សេចក្ដីជ្រះ​ថ្លា មិន​ញាប់​ញ័រ​ ក្នុង​ព្រះ​សង្ឃ​ថា សង្ឃសាវក នៃព្រះ​ដ៏​មានព្រះ​ភាគ​ ប្រតិបត្តិល្អហើយ។បេ។ ជាស្រែបុណ្យនៃ​សត្វលោកប្រសើរបំផុត។ នេះ​ស្ទឹង​​គឺ​បុណ្យ​ ស្ទឹង​គឺ​កុសល​ ជាបច្ច័យ​នៃសេចក្ដី​សុខទី ៣។ ម្នាល​ភិក្ខុទាំងឡាយ មួយទៀត អរិយសាវក ​ជាអ្នក​ប្រកប​ដោយ​អរិយកន្តសីល ជាសីល​មិនដាច់។បេ។ ប្រព្រឹត្តទៅ ដើម្បីសមាធិ។ នេះ​ស្ទឹង​​គឺ​បុណ្យ ​ស្ទឹង​គឺ​កុសល​ ជាបច្ច័យ​នៃសេចក្ដី​សុខទី ៤។  ម្នាលភិក្ខុទាំងឡាយ ស្ទឹងគឺបុណ្យ ស្ទឹង​គឺកុសល​ ទាំង ៤ ​នេះឯង ជាបច្ច័យ​នៃ​សេចក្ដី​សុខ​។

[២៨៦] ម្នាលភិក្ខុទាំងឡាយ ស្ទឹងគឺបុណ្យ ស្ទឹង​គឺកុសល ជាបច្ច័យ​នៃ​សេចក្ដី​សុខនេះ មាន ៤ ​។ ស្ទឹង​គឺបុណ្យ​ ស្ទឹង​គឺកុសល​ ៤ តើ​ដូចម្ដេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ អរិយសាវក ក្នុងសាសនានេះ ​ប្រកប​ដោយ​សេចក្ដី​ជ្រះ​ថ្លា ​មិន​ញាប់​ញ័រ ក្នុង​ព្រះ​ពុទ្ធ​ថា ព្រះ​ដ៏​មានព្រះ​ភាគ​នោះ។បេ។ ជាសាស្ដា​នៃ​ទេវតា​ និង​មនុស្ស​ទាំង​ឡាយ ជាព្រះ​ពុទ្ធ​មានជោគ ដោយ​ហេតុ​ដូច្នេះ​ឯង។ នេះស្ទឹង​គឺបុណ្យ ស្ទឹង​គឺកុសល ជាបច្ច័យ​នៃ​សេចក្ដី​សុខទី ១។ ម្នាល​ភិក្ខុទាំងឡាយ មួយទៀត អរិយសាវក​ ប្រកប​ដោយ​សេចក្ដីជ្រះ​ថ្លា មិន​ញាប់​ញ័រ​ ក្នុង​ព្រះ​ធម៌។ ក្នុងព្រះសង្ឃ។ ជាអ្នកមានចិត្តប្រាសចាកមន្ទិល ​គឺសេចក្ដី​កំណាញ់​ នៅគ្រប់​គ្រង​ផ្ទះ  តែង​មាន​ចាគៈរួច​ស្រឡះ​ហើយ មាន​បាត​ដៃ​លាង​ចាំ​តែ​ឲ្យ ត្រេកអរ​ ក្នុង​ការ​លះ​បង់ ជាអ្នក​គួរ​គេ​សូម​បាន ត្រេក​អរ​ក្នុង​ការ​ឲ្យ​ និង​ការ​ចែក​រលែក។ នេះ​ស្ទឹង​គឺ​បុណ្យ​ ស្ទឹង​គឺ​កុសល ជាបច្ច័យ​នៃ​សេចក្ដី​សុខ ទី ៤។ ម្នាល​ភិក្ខុទាំងឡាយ នេះ​ឯង​ ស្ទឹង​គឺ​បុណ្យ​ ស្ទឹង​គឺ​កុសល​ ទាំង ៤ ជាបច្ច័យ​នៃ​សេចក្ដី​សុខ។

[២៨៧] ម្នាល​ភិក្ខុទាំងឡាយ ​ស្ទឹង​គឺ​បុណ្យ​ ស្ទឹង​គឺ​កុសល​ ជាបច្ច័យ​នៃ​សេចក្ដី​សុខនេះ មាន ៤។ ស្ទឹង​គឺ​បុណ្យ​ ស្ទឹង​គឺ​កុសល​ ៤ តើដូចម្ដេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ អរិយសាវក ក្នុងសាសនានេះ ជាអ្នក​ប្រកប​ដោយ​សេចក្ដី​ជ្រះ​ថ្លា​ មិន​ញាប់​ញ័រ ក្នុង​ព្រះ​ពុទ្ធ​ថា ព្រះ​ដ៏​មានព្រះ​ភាគ​នោះ។បេ។ ជាសាស្ដា​នៃ​ទេវតា ​និង​មនុស្ស​ទាំង​ឡាយ ជាព្រះ​ពុទ្ធមានបុញ្ញសិរី ដោយ​ហេតុ​ដូច្នេះ​ឯង។ នេះស្ទឹងគឺ​បុណ្យ ស្ទឹង​គឺកុសល ជាបច្ច័យ​នៃ​សេចក្ដី​សុខ ទី ១។ ម្នាល​ភិក្ខុទាំងឡាយ មួយទៀត អរិយសាវក​ជាអ្នក ​(ប្រកប​ដោយ​សេចក្ដីជ្រះ​ថ្លា មិន​ញាប់​ញ័រ)​ ក្នុង​ព្រះ​ធម៌។ ក្នុងព្រះសង្ឃ។ អរិយសាវក ជាអ្នក​មាន​ប្រាជ្ញា ប្រកប​ដោយ​បញ្ញា​ ជាគ្រឿង​កំណត់​យល់​សេចក្ដី​ចំរើន​ និង​វិនាស ជាប្រាជ្ញា​ដ៏​ប្រសើរ​មោះ​មុត ប្រព្រឹត្ត​ទៅ​ ដើម្បី​អស់​ទុក្ខ​ដោយ​ប្រពៃ។ នេះ​ស្ទឹង​គឺ​បុណ្យ​ ស្ទឹង​គឺ​កុសល​ ជាបច្ច័យ​នៃ​សេចក្ដី​សុខ ទី ៤។ ម្នាលភិក្ខុទាំងឡាយ នេះឯង ស្ទឹងគឺបុណ្យ ស្ទឹងគឺ​កុសល ទាំង ៤ ជាបច្ច័យនៃសេចក្តីសុខ។

[២៨៨] សាវត្ថីនិទាន​។ ម្នាល​ភិក្ខុទាំងឡាយ ទេវបទ [សេចក្តីប្រតិបត្តិ ឲ្យបានជា វិសុទ្ធិទេវតា] របស់​វិសុទ្ធិទេវតា [សំដៅយកព្រះអរិយបុគ្គល ៤ពួក គឺលោកដែលបានដល់ សោតាបត្តិផល១ សកទាគាមិផល១ អនាគាមិផល១ អរហត្តផល១។ (អដ្ឋលថា)។] ៤​ នេះ ប្រព្រឹត្ត​ទៅ ដើម្បី​សេចក្ដីបរិសុទ្ធិ ដល់​ពួក​សត្វ ​ដែលមិន​ទាន់​បរិសុទ្ធ ដើម្បី​ផូរផង់ ដល់​ពួកសត្វ ​ដែល​មិនទាន់​ផូរផង់។ ទេវបទ ៤ ​តើ​ដូចម្ដេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ អរិយសាវក ក្នុងសាសនានេះ ជាអ្នក​ប្រកប​ដោយ​សេចក្ដី​ជ្រះ​ថ្លា​ មិន​ញាប់​ញ័រ ក្នុង​ព្រះ​ពុទ្ធ​ថា ព្រះ​ដ៏​មានព្រះ​ភាគ​នោះ។បេ។ ជាសាស្ដា​នៃ​ទេវតា​ និង​មនុស្ស​ទាំង​ឡាយ ជាព្រះ​ពុទ្ធដ៏មានព្រះភាគ ដោយ​ហេតុ​ដូច្នេះ​ឯង។ នេះជាទេវបទ ទី ១ របស់ពួក​ទេវតា ប្រព្រឹត្ត​ទៅ ដើម្បី​សេចក្ដីបរិសុទ្ធិ ដល់ពួកសត្វ ​ដែលមិនទាន់បរិសុទ្ធ ប្រព្រឹត្តទៅ ដើម្បីសេចក្តី​ផូរផង់ ដល់ពួកសត្វ ដែលនៅមិនទាន់ផូរផង់។ ម្នាលភិក្ខុទាំងឡាយ មួយទៀត អរិយ​សាវក        (ប្រកបដោយសេចក្តីជ្រះថ្លា មិនញាប់ញ័រ) ក្នុងព្រះធម៌។ ក្នុងព្រះសង្ឃ។​ ប្រកបដោយអរិយកន្តសីល ជាសីលមិនដាច់។ បេ។ ប្រព្រឹត្តទៅ ដើម្បីសមាធិ។ នេះជាទេវបទ ទី ៤ របស់ពួកទេវតា ប្រព្រឹត្តទៅ ដើម្បីសេចក្តីបរិសុទ្ធិ ដល់ពួកសត្វ ដែល​មិនទាន់បរិសុទ្ធ ដើម្បីសេចក្តីផូរផង់ ដល់ពួកសត្វ ដែលមិនទាន់ផូរផង់។ ម្នាលភិក្ខុ​ទាំង​ឡាយ ទាំង ៤ នេះឯង ជាទេវបទ របស់ពួកទេវតា ប្រព្រឹត្តទៅ ដើម្បីសេចក្តីបរិសុទ្ធិ ដល់ពួកសត្វ ដែលមិនទាន់បរិសុទ្ធ ដើម្បីសេចក្តីផូរផង់ ដល់ពួកសត្វ ដែលមិនទាន់ផូរផង់។  

[២៨៩] ម្នាលភិក្ខុទាំងឡាយ ទេវបទ ​៤ របស់​ពួក​ទេវតា​នេះ ប្រព្រឹត្ត​ទៅ ​ដើម្បី​សេចក្ដី​បរិសុទ្ធិ ដល់ពួកសត្វ​ ដែលមិនទាន់បរិសុទ្ធ ​ដើម្បី​សេចក្ដី​ផូរផង់ ដល់​ពួកសត្វ​ ដែល​មិន​ទាន់ផូរផង់។ ទេវបទ ៤ តើ​ដូចម្ដេចខ្លះ។ ម្នាល​ភិក្ខុទាំងឡាយ អរិយ​សាវក​ ក្នុងសាសនានេះ ប្រកប​ដោយ​សេចក្ដី​ជ្រះ​ថ្លា ​មិន​ញាប់​ញ័រ​ ក្នុង​ព្រះ​ពុទ្ធ​ថា ព្រះ​ដ៏​មានព្រះ​ភាគនោះ។បេ។ ជាសាស្ដា​នៃ​ទេវតា​ និង​មនុស្ស​ទាំង​ឡាយ ជាព្រះ​ពុទ្ធមានជោគ ដោយ​ហេតុ​ដូច្នេះ​ឯង។ អរិយសាវកនោះ រមែង​ពិចារណា ដូច្នេះថា ទេវបទ ​របស់​ពួក​ទេវតា តើដូចម្ដេចហ្ន៎។ អរិយសាវកនោះ រមែង​ដឹង​ច្បាស់ ​យ៉ាង​នេះ​ថា អាត្មាអញ ​ឮ​ដំណឹង​ពួក​ទេវតា ដែលជា​អ្នក​មានសេចក្ដី​មិន​ព្យាបាទយ៉ាង​ឧក្រិដ្ឋ ក្នុង​កាល​ឥឡូវនេះ អាត្មាអញ ក៏​មិនបាន​បៀត​បៀនសត្វណាមួយ ទោះតក់ស្លុតក្ដី រឹងប៉ឹងក្ដី អាត្មាអញ ជាអ្នក​ប្រកប​ដោយ​ធម៌​ ជា​ទេវបទ​ ដោយពិត។ នេះជា​ទេវបទ ទី ​១ របស់​ពួកទេវតា ប្រព្រឹត្ត​ទៅ ដើម្បី​សេចក្ដី​បរិសុទ្ធិ ដល់​ពួក​សត្វ​ ដែល​មិនទាន់​បរិសុទ្ធ ដើម្បី​សេចក្ដី​ហ្មត់​ចត់ ដល់​ពួក​សត្វ ​ដែល​មិនទាន់​ហ្មត់​ចត់។ ម្នាល​ភិក្ខុ​ទាំងឡាយ មួយទៀត អរិយសាវក​ (ប្រកបដោយ​សេចក្ដីជ្រះថ្លា ​មិន​ញាប់​ញ័រ) ក្នុង​ព្រះធម៌។ ក្នុងព្រះសង្ឃ។ ប្រកបដោយ អរិយកន្ត​សីល ជាសីលមិនដាច់។ បេ។ ប្រ​ព្រឹត្ត​ទៅ​ ដើម្បីសមាធិ​។ អរិយសាវកនោះ តែង​ពិចារណា ដូច្នេះ​ថា ទេវបទរបស់​ពួក​ទេវតា តើ​ដូចម្ដេចហ្ន៎។ អរិយសាវក​នោះ រមែង​ដឹង​យ៉ាង​នេះ​ថា អាត្មា​អញ ឮដំណឹង​ពួក​ទេវតា ដែល​ជាអ្នក​មិន​មានព្យាបាទ​ យ៉ាង​ឧក្រិដ្ឋ ក្នុង​កាល​ឥឡូវនេះ អាត្មាអញ ​ក៏​មិ​នបាន​បៀត​បៀនសត្វណាមួយ ទោះតក់​ស្លុត​ក្ដី រឹង​ប៉ឹងក្ដី អាត្មាអញ ជាអ្នក​ប្រកបដោយ​ធម៌ ជា​ទេវបទ ដោយ​ពិត។ នេះជា ទេវបទ ទី ៤ របស់​ពួកទេវតា ប្រព្រឹត្តទៅ​ ដើម្បី​សេចក្ដីបរិសុទ្ធិ ដល់​ពួក​សត្វ​ ដែល​មិន​ទាន់​បរិសុទ្ធ ដើម្បី​សេចក្ដី​ហ្មត់​ចត់ ដល់​ពួកសត្វ ​ដែល​មិន​ទាន់​ហ្មត់ចត់​។ ម្នាល​ភិក្ខុទាំងឡាយទាំង​ ៤ ​នេះ ឯង ជាទេវបទ​របស់​ពួក​ទេវតា ប្រព្រឹត្ត​ទៅ​ ដើម្បី​សេចក្ដីបរិសុទ្ធិ ដល់​ពួក​សត្វ ​ដែល​មិន​ទាន់​បរិសុទ្ធ ដើម្បី​សេចក្តីហ្មត់​ចត់ ដល់​ពួក​សត្វ​ ដែល​មិន​ទាន់​ហ្មត់​ចត់។

[២៩០] ម្នាល​ភិក្ខុទាំងឡាយ ពួក​ទេវតាដែល​ទៅកាន់​សភា ជាអ្នក​មានចិត្តល្អ សរសើរបុគ្គល ដែល​ប្រកប​ដោយ​ធម៌ ​៤។ ធម៌ ៤ តើដូចម្ដេច។ ម្នាល​ភិក្ខុទាំងឡាយ អរិយ​សាវក​ ក្នុងសាសនានេះ ប្រកប​ដោយ​សេចក្ដី​ជ្រះ​ថ្លា​ មិន​ញាប់​ញ័រ​ ក្នុង​ព្រះ​ពុទ្ធ​ថា ព្រះ​ដ៏​មានព្រះ​ភាគនោះ។បេ។ ជាសាស្ដា​នៃ​ទេវតា ​និង​មនុស្ស​ទាំង​ឡាយ ជាព្រះ​ពុទ្ធ មានជោគ ព្រោះ​ហេតុ​ដូច្នេះ​ឯង។ ពួក​ទេវតាទាំងនោះ ប្រកបដោយសេចក្ដីជ្រះថ្លា មិន​ញាប់​ញ័រ​ ក្នុងព្រះពុទ្ធ​ ហើយ​ច្យុត​អំពីទីនេះ ទៅ​កើត​ក្នុង​ទីនោះ ទេវតា​ទាំង​នោះ​ មាន​សេចក្ដី​​​​​​ត្រិះរិះ​យ៉ាង​នេះ​ថា ពួកយើង​ប្រកបដោយ​សេចក្ដី​ជ្រះ​ថ្លា​ មិន​ញាប់​ញ័រ ក្នុងព្រះ​ពុទ្ធ​ មាន​សភាព​យ៉ាង​ណា បានច្យុតអំពីទីនោះ មក​កើត​ក្នុងទីនេះ ចំណែក​អរិយសាវក ដែល​ប្រកបដោយ​សេចក្ដី​ជ្រះ​ថ្លា​ មិន​ញាប់​ញ័រ ក្នុង​ព្រះ​ពុទ្ធ​ មាន​សភាព​ដូច្នោះ គង់​នឹង​មក​ក្នុង​សំណាក់ ​នៃ​ពួក​ទេវតា​។ ម្នាល​ភិក្ខុ​ទាំងឡាយ មួយទៀត អរិយសាវក​ (ប្រកបដោយ​សេចក្ដី​ជ្រះថ្លា ​មិន​ញាប់​ញ័រ) ក្នុង​ព្រះធម៌។ ក្នុងព្រះសង្ឃ។ អរិយសាវក  ប្រកប​ដោយ​អរិយកន្ត​សីល ជាសីលមិនដាច់ ។បេ។ ប្រ​ព្រឹត្ត​ទៅ ​ដើម្បីសមាធិ​។ ពួក​ទេវតាណា ប្រកបដោយ​អរិយកន្តសីល ​ហើយ​ច្យុត​អំពីទីនេះ ទៅ​កើត​ក្នុង​ទីនោះ ទេវតា​ទាំង​នោះ​ មាន​សេចក្ដី​ត្រិះ​រិះ​​​ យ៉ាង​នេះ​ថា ពួកយើង​ប្រកបដោយអរិយកន្តសីល មាន​សភាព​យ៉ាង​ណា ហើយច្យុត​អំពីទីនោះ មក​កើត​ក្នុងទីនេះ សូម្បីអរិយសាវក​ ប្រកប​ដោយ​អរិយកន្ត​សីល មានសភាព​យ៉ាងនោះ គង់នឹង​មក​ក្នុង​សំណាក់​ នៃ​ពួក​ទេវតា (ដូច្នោះដែរ)។ ម្នាល​​ភិក្ខុ​​ទាំងឡាយ ពួកទេវតា​ទៅកាន់​សភា មានចិត្តល្អ សរសើរបុគ្គលអ្នក​ប្រកប​ដោយ​​​ធម៌​ទាំង ៤ នេះ​ឯង​។

[២៩១] សម័យមួយ ព្រះ​ដ៏​មានព្រះ​ភាគ​ ទ្រង់គង់​នៅក្នុង​និគ្រោ​ធារាម ទៀប​ក្រុង​កបិល​ព័ស្ដុ ក្នុង​ដែន​សក្កៈ​។ គ្រានោះឯង មហា​នាមសក្កៈ ​ចូលទៅ​គាល់​ព្រះដ៏​មាន​ព្រះ​ភាគ លុះ​ចូល​ទៅដល់​ហើយ ក៏ថ្វាយ​បង្គំ​ព្រះ​ដ៏​មានព្រះភាគ​ ហើយ​អង្គុយ​ក្នុងទីសម​គួរ​។ លុះ​មហានាមសក្កៈ គង់​ក្នុងទីសមគួរ​ហើយ ទើប​ទូល​សួរ​ព្រះ​ដ៏មានព្រះ​ភាគ​ យ៉ាងនេះ​ថា បពិត្រ​ព្រះអង្គ​ដ៏​ចំរើន បុគ្គល​ជាឧបាសក តើ​ដោយ​ហេតុ​ដូចម្ដេច។ ម្នាល​មហា​នាម បុគ្គល​ជាអ្នក​ដល់ ​នូវ​ព្រះ​ពុទ្ធជាទីពឹង ដល់​នូវ​ព្រះ​ធម៌​ជាទីពឹង ដល់​នូវ​ព្រះសង្ឃ​ជាទីពឹង ព្រោះហេតុ​ឯណា​។ ម្នាល​មហានាម បុគ្គល​ ដែល​ឈ្មោះ​ថាឧបាសក ព្រោះ​ហេតុ​នេះឯង។

[២៩២] បពិត្រព្រះអង្គដ៏ចំរើន ចុះឧបាសក បរិបូណ៌ដោយសីល តើ​ដោយ​ហេតុ​ដូចម្ដេច។ ម្នាលមហានាម ឧបាសកជាអ្នកវៀរចាក​បាណា​តិបាត វៀរចាកអទិន្នាទាន វៀរ​ចាកកាមេសុមិច្ឆាចារ វៀរចាកមុសាវាទ វៀរ​ចាក​ការផឹកទឹកស្រវឹង គឺសុរា ​និង​មេវ័យ​ ដែល​ជាទីតាំង​ នៃសេចក្ដីប្រមាទ ដោយ​ហេតុ​ឯណា។ ម្នាល​មហានាម ឧបាសក​បរិបូណ៌ ដោយ​សីល​ ដោយ​ហេតុ​នេះឯង។

[២៩៣] បពិត្រព្រះអង្គដ៏ចំរើន ឧបាសក បរិបូណ៌ដោយសទ្ធា តើ​ដោយ​ហេតុ​ដូចម្ដេច។ ម្នាលមហានាម ឧបាសកក្នុងសាសនានេះ ជាអ្នកមានសទ្ធា ជឿនូវ​សេចក្ដី​ត្រាស់​ដឹង ​របស់​ព្រះ​តថាគតថា ព្រះ​ដ៏​មានព្រះភាគនោះ។បេ។ ជាសាស្ដានៃទេវតា​ និង​មនុស្ស​ទាំងឡាយ ជា​ព្រះ​ពុទ្ធ​មាន​ជោគ ដោយ​ហេតុ​ដូច្នេះឯង។ ម្នាល​មហានាម ឧបាសក​​​​​​​បរិបូណ៌​ដោយ​សទ្ធា ដោយ​ហេតុ​នេះឯង។

[២៩៤] បពិត្រព្រះអង្គដ៏ចំរើន ចុះឧបាសក បរិបូណ៌ដោយចាគៈ តើ​ដោយ​ហេតុ​ដូចម្ដេច។ ម្នាលមហានាម ឧបាសកក្នុងសាសនានេះ មាន​ចិត្ត​ប្រាសចាក​មន្ទិល ​គឺសេចក្ដី​កំណាញ់ នៅគ្រប់​គ្រងផ្ទះ តែង​មានចាគៈរួចស្រឡះហើយ មានបាតដៃលាងចាំឲ្យ ត្រេក​អរក្នុង​ការលះ គួរ​គេ​សូមបាន ត្រេកអរ​ក្នុង​ការ​ឲ្យ​ និង​ការ​ចែក​រលែក។ ម្នាល​មហានាម ឧបាសក បរិបូណ៌​ដោយចាគៈ​ ដោយ​ហេតុ​នេះឯង។

[២៩៥] បពិត្រព្រះអង្គដ៏ចំរើន ចុះឧបាសក បរិបូណ៌ដោយប្រាជ្ញា តើ​ដោយ​ហេតុដូចម្ដេច។ ម្នាលមហានាម ឧបាសកក្នុងសាសនានេះ មានប្រាជ្ញាប្រកបដោយ​ប្រាជ្ញា​ជាគ្រឿង​ដឹង ​នូវ​សេចក្ដី​ចំរើន និង​វិនាស ​ជាប្រាជ្ញា​ប្រសើរ​មោះមុត ប្រព្រឹត្តទៅ ដើម្បីអស់ទុក្ខ ​ដោយប្រពៃ។ ម្នាល​មហានាម ឧបាសកបរិបូណ៌​ដោយប្រាជ្ញា ​ដោយ​ហេតុ​នេះឯង។

[២៩៦] ម្នាលភិក្ខុទាំងឡាយ ទឹកភ្លៀងមានគ្រាប់​ដ៏​ថ្លោស ធ្លាក់​ចុះ​ខាង​លើ​ភ្នំ ទឹក​តែង​ហូរ​ទៅ​កាន់​ទំនាប បំពេញ​ជ្រោះ​ភ្នំ និង​ក្រហែង ប្រឡាយ​ឲ្យ​ពេញ ជ្រោះ​ភ្នំ ក្រហែង​និងប្រឡាយដ៏ពេញ តែង​ហៀរ​ទៅ​បំពេញ​បារាយណ៍ [ពាក្យថាបារាយណ៍ គឺបឹង ឬ ត្រពាំង។] តូចៗ ដ៏ពេញ តែងបំពេញ​បារាយណ៍ធំៗ បារាយណ៍ធំៗដ៏ពេញ តែងបំពេញ ស្ទឹង ស្ទឹងដ៏ពេញ តែង (ហូរទៅ)​ បំពេញទន្លេ ទន្លេដ៏ពេញ តែងហូរទៅបំពេញមហា​​សមុទ្ទ​សាគ​រ​ យ៉ាង​ណា​មិញ​ ម្នាល​ភិក្ខុ​​​​ទាំងឡាយ ចំណែក​សេចក្ដីជ្រះថ្លា​ មិន​បាន​ញាប់​ញ័រ ក្នុង​ព្រះ​ពុទ្ធក្ដី សេចក្ដីជ្រះថ្លា ​មិន​​ញាប់​ញ័រ ក្នុង​ព្រះ​ធម៌​ក្ដី សេចក្ដីជ្រះថ្លា មិន​​ញាប់​ញ័រ ក្នុង​ព្រះ​សង្ឃក្ដី អរិយកន្តសីលក្ដី ធម៌ទាំង​អម្បាល​នេះ របស់​អរិយសាវក​ តែង​ហូរ​ទៅដល់​ត្រើយ​ គឺ​ព្រះនិព្វាន ប្រព្រឹត្ត​​​ទៅ​ ដើម្បី​​​​អស់​ទៅ ​នៃ​អាសវៈ​ទាំងឡាយ ​ក៏យ៉ាង​នោះដែរ។

[២៩៧] សម័យមួយ ព្រះដ៏​មានព្រះភាគ​ គង់​នៅក្នុង​និគ្រោ​ធារាម ទៀបក្រុង​កបិលព័ស្តុ ក្នុងដែនសក្កៈ​។ គ្រានោះឯង ព្រះដ៏​មានព្រះ​ភាគ ទ្រង់ស្លៀកស្បង់ ប្រ​ដាប់​បាត្រ​ និង​ចីវ​រ ក្នុង​បុព្វ​ណ្ហ​សម័យ យាង​ចូល​ទៅ​រក​ទី​លំនៅ នៃ​សាកិយានី​ ឈ្មោះ​ កាឡិ​គោធា លុះ​យាង​ចូល​ទៅ​ដល់​ហើយ ​ទ្រង់​គង់​លើ​អាសនៈ​ ដែល​គេក្រាល​ថ្វាយ។ គ្រានោះ​ នាង​កាឡិគោធាសាកិយានី ក៏ចូល​ទៅគាល់​ព្រះ​ដ៏​មានព្រះភាគ លុះចូល​ទៅដល់​ហើយ​ថ្វាយបង្គំព្រះដ៏​មានព្រះភាគ រួចអង្គុយ​ក្នុងទីដ៏សមគួរ។ ព្រះ​ដ៏​មានព្រះ​ភាគ ​ទ្រង់​ត្រាស់​នឹង​នាង​កាឡិគោធាសាកិយានី​ ដែល​អង្គុយ​ក្នុងទី​សមគួរ​ យ៉ាង​នេះ​ថា

[២៩៨] ម្នាល​នាង​គោធា ពួក​អរិយ​សាវិកា ប្រកប​ដោយ​ធម៌​ ៤ ជាសោតា​បន្ន​បុគ្គល ជាអ្នក​មាន​ធម៌​មិន​បាន​ធ្លាក់​ចុះ ទៀង​តែនឹង​បាន​ត្រាស់​ដឹង ​ទៅ​ខាង​មុខ។ ធម៌​ ៤ តើ​ដូចម្ដេចខ្លះ។ ម្នាល​នាង​គោធា ​ពួក​អរិយសាវិកា ក្នុង​សាសនានេះ ជាអ្នក​ប្រកប​ដោយ​សេចក្ដី​ជ្រះថ្លា​ មិន​ញាប់​ញ័រ ក្នុង​ព្រះ​ពុទ្ធថា ព្រះ​ដ៏​មានព្រះ​ភាគ​នោះ​។បេ។ ជា​សាស្ដា​នៃទេវតា និងមនុស្ស​ទាំងឡាយ ជាព្រះ​ពុទ្ធ​មាន​ជោគ ដោយ​ហេតុដូច្នេះឯង។ ក្នុង​ព្រះ​ធម៌។ ក្នុង​ព្រះសង្ឃ។ ជាអ្នកមាន​ចិត្ត​ប្រាសចាក​មន្ទិល ​គឺសេចក្ដី​កំណាញ់ នៅ​គ្រប់​គ្រង​ផ្ទះ តែង​មានចាគៈ រួចស្រឡះហើយ មានបាតដៃលាងចាំឲ្យ ត្រេក​អរ ក្នុង​ការលះបង់ ជាអ្នកគួរ​គេ​សូមបាន ត្រេកអរ​ ក្នុង​ការ​ឲ្យ​ និង​ការ​ចែក​រលែក។ ម្នាល​នាង​គោធា ពួក អរិយសាវិកា ប្រកបដោយ​ធម៌ ​ទាំង ​៤ នេះឯង ជាសោតាបន្នបុគ្គល មាន​ធម៌​មិន​បានធ្លាក់​ចុះ ទៀង​តែនឹង​បាន​ត្រាស់​ដឹង​ទៅ​ខាង​មុខ។

[២៩៩] បពិត្រព្រះអង្គដ៏ចំរើន សោតា​បត្តិ​យង្គ ៤ នេះ ដែលព្រះដ៏​មានព្រះ​ភាគ​ទ្រង់​សំដែងហើយ ធម៌​នោះ ​សឹង​មានក្នុង​ខ្ញុំម្ចាស់ ខ្ញុំម្ចាស់សោត​ ក៏យល់​ជាក់ ​ក្នុង​ធម៌​ទាំង​នោះហើយ។ បពិត្រ​ព្រះ​អង្គ​ដ៏​ចំរើន ព្រោះ​ថា ខ្ញុំម្ចាស់ ប្រកប​ដោយ​សេចក្ដីជ្រះថ្លា មិន​ញាប់​ញ័រ ក្នុង​ព្រះ​ពុទ្ធថា ព្រះ​ដ៏​មានព្រះ​ភាគ​នោះ​។បេ។ ជាសាស្ដានៃទេវតា​ និង​មនុស្ស​​​​ទាំងឡាយ ជាព្រះ​ពុទ្ធ​មាន​ជោគ ដោយ​ហេតុដូច្នេះឯង។ ក្នុង​ព្រះ​ធម៌។ ក្នុង​ព្រះសង្ឃ ។ មួយទៀត ទេយ្យធម៌​បន្តិចបន្តួចណាមួយ ដែល​មាន​ក្នុង​ត្រកូល​ ទេយ្យធម៌​ទាំងអស់​នោះ ខ្ញុំម្ចាស់​មិន​បានចែក (គឺ​ប្រើ​ប្រាស់​រួម) ជាមួយនឹង​ពួក​បុគ្គល​មាន​សីល មានធម៌ដ៏ល្អ។ ម្នាល​នាង​គោធា​ នេះ​ជា​លាភ របស់​នាង​ហើយ ម្នាល​នាង​គោធា នាង​ឈ្មោះថា បាន​ល្អ​ហើយ ម្នាល​នាងគោធា សោតាបត្តិផល ឈ្មោះថា នាង​បាន​ធ្វើឲ្យ​ជាក់​ច្បាស់​ហើយ។

[៣០០] សម័យមួយ ព្រះដ៏​មានព្រះភាគ ​ទ្រង់គង់​នៅក្នុង​និគ្រោ​ធារាម ទៀបក្រុង​កបិលព័ស្តុ ក្នុងដែនសក្កៈ​។ គ្រានោះឯង ននិ្ទយសក្កៈ ក៏ចូលទៅ​គាល់​ព្រះដ៏​មាន​ព្រះ​ភាគ លុះ​ចូល​ទៅដល់​ហើយ ថ្វាយ​បង្គំ​ព្រះ​ដ៏​មានព្រះភាគ​ រួច​អង្គុយ​ក្នុងទី​ដ៏សម​គួរ​ លុះ​​​​​ននិ្ទយសក្កៈ អង្គុយ​ក្នុងទីដ៏សមគួរ​ហើយ ទើបក្រាប​ទូល​ព្រះ​ដ៏មានព្រះ​ភាគ ​យ៉ាងនេះថា

[៣០១] បពិត្រ​ព្រះអង្គ​ដ៏​ចំរើន សោតា​បត្តិ​យង្គ ទាំង ៤​ មិនមាន​ដល់​អរិយសាវក​ណា​សព្វ​គ្រប់​ ដោយ​ប្រការ​ទាំងពួង បពិត្រ​ព្រះអង្គ​ដ៏​ចំរើន អរិយសាវក​នោះឯង ខ្ញុំ​ព្រះអង្គ​ពោលថា អ្នក​មាន​ធម៌ ជាគ្រឿង​នៅ ​ដោយ​សេចក្ដី​ប្រមាទ​មែន​ឬ។ ម្នាល​នន្ទិយៈ សោតា​បត្តិ​យង្គ ទាំង ៤ មិនមាន​ដល់​អរិយសាវក​ណាសព្វ​គ្រប់ ​ដោយ​ប្រការ​ទាំងពួងទេ តថាគត​ ក៏​ហៅបុគ្គល​នោះ​ថា ​ជាខាងក្រៅ ​តាំង​នៅក្នុង​ប៉ែក​របស់​បុថុជ្ជន។ ម្នាល​នន្ទិយៈ​ មួយទៀត អរិយ​សាវក ជាអ្នក​មានសេចក្ដី​ប្រមាទ​ ជាប្រ​ក្រតី​ផង ជាអ្នក​មិនមាន​សេចក្ដី​​​​​​​​​ប្រមាទ ជាប្រក្រតី​ផង យ៉ាងណា អ្នក​ចូរ​ស្ដាប់​ នូវ​សេចក្ដី​នោះ ចូរ​ធ្វើ​ទុកក្នុង​ចិត្ត​ឲ្យល្អ តថា​គត​នឹង​សំដែង​ប្រាប់។ ​នន្ទិយៈសក្កៈ ទទួល​ស្ដាប់​ព្រះពុទ្ធ​ដីកា របស់​ព្រះ​ដ៏​មានព្រះ​ភាគថា ព្រះករុណា ​ព្រះ​អង្គ​។ ព្រះ​ដ៏​មានព្រះ​ភាគ ទ្រង់​ត្រាស់​យ៉ាង​នេះ​ថា

[៣០២] ម្នាល​នន្ទិយៈ អរិយសាវក ជាអ្នក​មានសេចក្ដី​ប្រមាទ​ នៅជា​ប្រក្រតី តើដូចម្ដេច។ ម្នាល​នន្ទិយៈ អរិយ​សាវក​ ក្នុង​សាសនានេះ ជាអ្នក​ប្រកប​ដោយ​សេចក្ដី​ជ្រះថ្លា​ មិន​ញាប់​ញ័រ ក្នុង​ព្រះ​ពុទ្ធថា ព្រះ​ដ៏​មានព្រះ​ភាគ​នោះ​។បេ។ ជាសាស្ដានៃទេវតា​និងមនុស្ស​ទាំងឡាយ ជាព្រះ​ពុទ្ធ​មាន​ជោគ ព្រោះ​ហេតុដូច្នេះឯង។ អរិយ​សាវកនោះ ​នៅ​ត្រេកអរ​ ត្រឹម​តែ​សេចក្ដី​ជ្រះថ្លា ​មិន​ញាប់​ញ័រ ក្នុង​ព្រះពុទ្ធ​ ហើយមិនខំប្រឹង​ ដើម្បី​ស្ងប់​ស្ងាត់ ក្នុង​វេលាថ្ងៃ ដើម្បីចៀសចេញ​ អំពី​អារម្មណ៍ ហើយ​សម្ងំនៅ​ ក្នុង​វេលាយប់​តទៅទៀត។ កាល​អរិយសាវក​នោះ​ មានសេចក្ដី​ប្រមាទ យ៉ាង​នេះហើយ បាមោជ្ជៈ​ក៏មិនមាន កាល​បើ​បាមោជ្ជៈ​មិនមាន បីតិក៏មិនមាន កាល​បើបីតិមិនមាន បស្សទ្ធិក៏​មិនមាន កាល​បើបស្សទ្ធិមិនមាន រមែងនៅជាទុក្ខ ចិត្តរបស់​បុគ្គល​ អ្នក​មាន​សេចក្ដី​ទុក្ខ រមែង​មិន​ដំកល់​មាំ កាល​បើ​ចិត្ត​មិនដំកល់មាំ ធម៌ទាំងឡាយ​ ក៏​មិន​កើតប្រាកដ​បាន​ឡើយ​​​។ អរិយ​សាវក​នោះ ​ក៏រាប់​ថា ជាអ្នក​នៅ​ដោយ​សេចក្ដី​ប្រមាទ ព្រោះ​ធម៌​ទាំង​ឡាយ ​​មិន​កើត​ប្រាកដ។ ម្នាល​នន្ទិយៈ មួយ​ទៀត​ អរិយ​សាវក (ប្រកដោយសេចក្ដី​ជ្រះថ្លា​ មិន​ញាប់​ញ័រ) ក្នុង​ព្រះធម៌។ ក្នុង​ព្រះសង្ឃ។ ជាអ្នក​ប្រកប​ដោយ​អរិយ​កន្តសីល ជាសីល​មិន​ដាច់​។បេ។ ប្រព្រឹត្ត​ទៅ ដើម្បី​សមាធិ​។ អរិយ​សាវក​នោះ​ នៅ​សន្តោស​ត្រឹម​តែ​អរិយ​កន្តសីលនោះ ហើយមិនខំប្រឹង ដើម្បីស្ងប់​ស្ងាត់ ក្នុង​វេលាថ្ងៃ ដើម្បី​ចៀស​ចេញ ​អំពីអារម្មណ៍ ហើយ​សម្ងំ​នៅ ក្នុងវេលា​យប់​តទៅទៀត។ កាល​បើ​អរិយសាវក​នោះ ​នៅប្រហែស​ យ៉ាង​នេះហើយ បាមោជ្ជៈ ក៏​មិន​មាន កាល​បើ​បាមោជ្ជៈ​មិនមាន បីតិ​ក៏មិន​មាន កាល​បើបីតិមិនមាន បស្សទ្ធិក៏មិនមាន កាល​បើបស្សទ្ធិមិនមាន រមែងនៅជាទុក្ខ ចិត្ត​របស់​បុគ្គល​អ្នក​មាន​​ទុក្ខ តែង​មិន​ដំកល់នៅ​មាំ កាល​បើ​ចិត្ត​មិន​បានតាំងនៅមាំ ធម៌​ទាំង​​ឡាយ​ ក៏​មិន​កើតឡើង ប្រាកដ។ អរិយ​សាវក​នោះ ​ក៏រាប់​ថា ជាអ្នក​នៅ​ដោយ​សេចក្ដី​​​​ប្រហែស ព្រោះ​ធម៌​ទាំង ឡាយ​ មិន​កើត​ប្រាកដ។ ម្នាល​នន្ទិយៈ អរិយសាវក​ ជាអ្នក​នៅដោយ​សេចក្ដី​ប្រហែស​យ៉ាងនេះ​ឯង។

[៣០៣] ម្នាល​នន្ទិយៈ អរិយសាវក​ ជាអ្នក​នៅដោយ​សេចក្ដីមិន​ប្រហែស​ តើដូច​ម្ដេច។ ម្នាល​នន្ទិយៈ អរិយ​សាវក​ ក្នុង​សាសនានេះ ជាអ្នក​ប្រកប​ដោយ​សេចក្ដី​ជ្រះថ្លា ​មិន​ញាប់​ញ័រ ក្នុង​ព្រះ​ពុទ្ធថា ព្រះ​ដ៏​មានព្រះ​ភាគ​នោះ ​​​។បេ។ ជាសាស្ដានៃទេវតា និង​មនុស្ស​ទាំងឡាយ ជាព្រះ​ពុទ្ធ​មានបុញ្ញសិរី ដោយ​ហេតុដូច្នេះឯង។ អរិយ​សាវក​នោះ​ មិន​នៅ​សន្តោស​ត្រឹម​តែ​សេចក្ដី​ជ្រះ​ថ្លា មិន​កម្រើក ក្នុង​ព្រះពុទ្ធ​នោះ​ឡើយ ខំប្រឹង​ព្យាយាម ​ដើម្បី​សេចក្ដី​ស្ងប់​ស្ងាត់ ក្នុង​វេលាថ្ងៃ ដើម្បី​ចៀស​ចេញ ​អំពីអារម្មណ៍ ហើយ​សម្ងំ​នៅ ក្នុងវេលា​យប់​តទៅទៀត។ កាល​បើ​អរិយសាវក​នោះ ​នៅមិនប្រហែសធ្វេស​ យ៉ាង​នេះ​ បាមោជ្ជៈ តែងកើត​ឡើង កាល​បើបុគ្គលមាន​បាមោជ្ជៈ​ហើយ បីតិក៏កើតឡើង កាយ​របស់បុគ្គល​ដែល​មានចិត្ត​ប្រកប​ដោយ​បីតិ រមែង​ស្ងប់​ បុគ្គល​មាន​កាយ​ស្ងប់​ រមែង​ទទួល​សុខ ចិត្តរបស់​បុគ្គល ដែល​មាន​សុខ ក៏តាំងនៅមាំ កាល​បើ​ចិត្តតាំងនៅមាំហើយ ធម៌ទាំង ឡាយ ​តែង​កើតឡើងប្រាកដ​បាន​។ អរិយ​សាវក​នោះ ​ក៏រាប់​ថា ជាអ្នក​នៅ​ដោយ​សេចក្ដី មិន​ប្រហែស ព្រោះ​ធម៌​ទាំងឡាយ កើតឡើង​ប្រាកដ។ ម្នាល​នន្ទិយៈ មួយ​ទៀត​ អរិយសាវក​​ (ប្រកដោយសេចក្ដី​ជ្រះថ្លា​ មិន​ញាប់​ញ័រ) ក្នុង​ព្រះធម៌។ ក្នុង​ព្រះ​សង្ឃ។ ​ប្រកប​ដោយ​អរិយ​កន្តសីល ជាសីល​មិន​ដាច់​។បេ។ ប្រព្រឹត្ត​ទៅ ដើម្បី​សមាធិ​។ អរិយ​សាវក​នោះ ​មិននៅ​សន្តោស​ត្រឹម​តែ​អរិយ​កន្តសីលនោះឡើយ ខំប្រឹង​ដើម្បីសេចក្ដីស្ងប់​ស្ងាត់ ក្នុង​វេលាថ្ងៃ ដើម្បី​ចៀស​ចេញ ​អំពីអារម្មណ៍ ហើយ​សម្ងំ​នៅ ក្នុងវេលា​យប់​តទៅទៀត។ កាល​​អរិយសាវក​នោះ​ នៅមិនប្រហែស ​យ៉ាង​នេះ​ហើយ បាមោជ្ជៈ រមែង​កើត​ឡើង កាល​អរិយសាវក មាន​បាមោជ្ជៈ​ហើយ បីតិរមែងកើតឡើង កាយ​របស់​អរិយសាវក ដែល​មានចិត្ត​ប្រកប​ដោយ​បីតិ រមែង​ស្ងប់​រម្ងាប់ អរិយសាវក ​មាន​កាយ​ស្ងប់​​​រម្ងាប់ រមែង​ទទួល​សុខ ចិត្តរបស់​​អ្នក​មាន​សុខ រមែងដំកល់នៅមាំ កាល​បើ​ចិត្ត​ដំកល់នៅមាំ ធម៌ទាំងឡាយ​ តែង​កើតប្រាកដ​។ អរិយ​សាវក​នោះ ​ក៏រាប់​ថាជាអ្នក​នៅ​ដោយ​សេចក្ដី​​​​​មិន​ប្រហែស ព្រោះ​ធម៌​ទាំងឡាយ​ កើត​ប្រាកដ។ ម្នាល​នន្ទិយៈ អរិយ​សាវក ជាអ្នក​នៅ​ដោយ​សេចក្ដី​មិន​ប្រហែស ​យ៉ាងនេះឯង។

ចប់​ បុញ្ញា​ភិសន្ទវគ្គ ទី៤។

ឧទ្ទាន​នៃ​បុញ្ញា​ភិសន្ទវគ្គ​នោះគឺ

សម្តែង​អំពីស្ទឹង​ គឺបុណ្យ​ ៣​ សូត្រ ទេវបទ ​២ ​សូត្រ ទេវតាទៅកាន់​សភា ១ សូត្រ មហានាម ១ ​សូត្រ ឧបមាដោយទឹក​ភ្លៀង​ ១​ សូត្រ កាឡិគោធា​សាកិយានី ១ សូត្រ

នន្ទិយសក្ក ១ សូត្រ។

សគាថកបុញ្ញា​ភិសន្ទវគ្គ​ ទី៥

[៣០៤] ម្នាលភិក្ខុ​ទាំងឡាយ ស្ទឹង​គឺបុណ្យ ​ស្ទឹង​គឺកុសល ជាបច្ច័យ នៃ​សេចក្ដី​សុខ​នេះ​ មាន​ ៤។ ស្ទឹង​គឺបុណ្យ ស្ទឹង​គឺកុសល ៤ តើដូចម្ដេចខ្លះ។ ម្នាល​ភិក្ខុទាំងឡាយ អរិយសាវក ក្នុង​សាសនានេះ ប្រកប​ដោយ​សេចក្ដី​ជ្រះថ្លា មិន​ញាប់​ញ័រ ក្នុង​ព្រះ​ពុទ្ធថា ព្រះ​ដ៏​មានព្រះ​ភាគនោះ។បេ។ ជាសាស្ដា​នៃទេវតា​ និងមនុស្ស​ទាំងឡាយ ជាព្រះ​ពុទ្ធមាន​ជោគ ដោយ​ហេតុ​ដូច្នេះឯង។ នេះ ស្ទឹង​គឺបុណ្យ ​គឺស្ទឹង​កុសល ជាបច្ច័យនៃសេចក្ដីសុខ ​ទី ១។ ម្នាល​ភិក្ខុទាំងឡាយ មួយទៀត​ អរិយ​សាវក (ប្រកប​ដោយ​សេចក្ដី​ជ្រះថ្លា ​មិន​ញាប់​ញ័រ) ​ ក្នុង​ព្រះធម៌។ ក្នុង​ព្រះសង្ឃ។ ​ប្រកប​ដោយ​អរិយ​កន្តសីល ជាសីល​មិន​ដាច់​។បេ។ ប្រព្រឹត្ត​ទៅ ដើម្បី​សមាធិ​។ នេះស្ទឹង​គឺបុណ្យ ​ ស្ទឹងគឺ​កុសល ជាបច្ច័យ​នៃសេចក្ដីសុខ​ ទី ៤។ ម្នាល​ភិក្ខុទាំងឡាយ ទាំង ៤ នេះឯង ​ស្ទឹង​គឺបុណ្យ ស្ទឹងគឺកុសល ជាបច្ច័យ​នៃសេចក្ដី​សុខ។

[៣០៥] ម្នាល​ភិក្ខុទាំងឡាយ បុគ្គលមិនងាយគ្នាន់គ្នេរប្រមាណបុណ្យ​ របស់​អរិយសាវក ​ដែល​ប្រកបដោយ​ស្ទឹង ​គឺបុណ្យ​ ស្ទឹង​គឺកុសល ទាំង ៤ នេះឯង​ថា ស្ទឹង​គឺបុណ្យ​ ស្ទឹង​គឺកុសល ជាបច្ច័យ​នៃសេចក្ដី​សុខ មានប្រមាណប៉ុណ្ណេះ​បាន​ឡើយ បានត្រឹមតែ​រាប់​​​​ថា គំនរ​បុណ្យ​ដ៏ធំ រាប់​មិន​បាន​ប្រមាណ​មិន​កើត (ប៉ុណ្ណោះ) ឯង។

[៣០៦] ម្នាល​ភិក្ខុទាំងឡាយ បុគ្គលមិនងាយនឹងគ្នាន់គ្នេរប្រមាណទឹក ក្នុងម​ហាសមុទ្រ​​ថា ទឹក​ប៉ុណ្ណេះ​អាឡ្ហកៈ [រង្វាល់ក្នុងដែនមគធ ដូច្នេះ គឺ ៤ក្តាប់ ជា១កំបង់ ៤កំបង់ ជា ១នាឡិតូច ៤នាឡិតូច ជា១អាឡ្ហកៈ ៤អាឡ្ហកៈ ជា១ទោណៈ ៤ទោណៈ ជា១មានិកា ៤មានិកា ជា ១ខារី ២០ខារី ជា១វាហៈ គឺ១រទេះ។ (មង្គលត្ថទីបនី ក្នុង​ទានកថា)។] ឬ​ទឹក​ប៉ុណ្ណេះ​រយអាឡ្ហកៈ ឬទឹកប៉ុណ្ណេះពាន់​អាឡ្ហកៈ ឬថាទឹកប៉ុណ្ណេះសែន​អាឡ្ហកៈ ដូច្នេះបានឡើយ បានត្រឹមតែរាប់​ថា គំនរទឹក​ធំ រាប់​មិន​បាន ប្រមាណ​មិន​កើត​ប៉ុណ្ណោះ​ឯង មាន​ឧបមាយ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមិនងាយ​នឹង​គ្នាន់​គ្នេរ ប្រមាណបុណ្យ​របស់​អរិយ​សាវក​ ដែល​ប្រកបដោយ​ស្ទឹង​គឺ​បុណ្យ​​​​ ស្ទឹង​គឺកុសល ទាំង ៤ នេះ​ថា ស្ទឹង​គឺបុណ្យ ​ស្ទឹង​គឺកុសល ជាបច្ច័យ​នៃសេចក្ដី​សុខ មានប្រមាណ​ប៉ុណ្ណេះ ដូច្នេះបាន​ឡើយ បានត្រឹមតែរាប់​ថា គំនរ​បុណ្យ​ធំ រាប់​មិន​បាន​ ប្រមាណ​មិន​កើត ក៏មាន​ឧបមេយ្យ​ យ៉ាង​នោះឯង។ ព្រះដ៏​មានព្រះ​ភាគ​ ទ្រង់​ត្រាស់​គាថាពន្ធនេះថា

[៣០៧] ស្ទឹងទាំងឡាយ ​ដែលពួក​ជន​ត្រូវការ​ គ្រប់​តែ​ស្ទឹង ​សឹង​ហូរ​តម្រង់​ទៅ    ​សាគរ ជាកន្លែង​ដក់​ទឹក​ដ៏ធំ ប្រមាណមិន​បាន​ ជាស្រះ​ធំ ជាទី​ស្ញប់​ស្ញែង            ​ខ្លាំង​ពន្លឹក ដែលជា​កន្លែង​កើតគំនរ​កែវ​ទាំងឡាយ យ៉ាងណាមិញ។ ធារបុណ្យ​​ទាំងឡាយ តែង​ហូរទៅរក​ជន​ជាបណ្ឌិត ជាអ្នក​ឲ្យ​នូវ​បាយ​ទឹក និង​សំពត់​ ជាអ្នក​ឲ្យទី​ដេក ទីអង្គុយ​ និងគ្រឿង​កម្រាល ដូចជា​ផ្លូវ​ទឹក​ហូរ​ទៅ​រក​សាគរ យ៉ាងនោះឯង។

[៣០៨] ម្នាល​ភិក្ខុទាំងឡាយ ស្ទឹង​គឺបុណ្យ​ ស្ទឹង​គឺកុសល ជាបច្ច័យ​នៃសេចក្ដី​សុខនេះ មាន ​៤។ ស្ទឹង​គឺបុណ្យ ​ស្ទឹង​គឺកុសល ៤​ តើដូចម្ដេចខ្លះ។ ម្នាល​ភិក្ខុទាំងឡាយ អរិយ​សាវក ក្នុង​សាសនានេះ ប្រកប​ដោយ​សេចក្ដី​ជ្រះថ្លា មិន​ញាប់​ញ័រ ក្នុង​ព្រះ​ពុទ្ធថា ព្រះ​ដ៏​មានព្រះ​ភាគនោះ។បេ។ ជាសាស្ដា​នៃទេវតា ​និងមនុស្ស​ទាំងឡាយ ជាព្រះ​ពុទ្ធដ៏​មាន​ព្រះភាគ។ នេះ ស្ទឹង​គឺបុណ្យ​ គឺស្ទឹង​កុសល ជាបច្ច័យនៃសេចក្ដីសុខ ​ទី ១។ ម្នាល​ភិក្ខុទាំងឡាយ មួយទៀត​ អរិយ​សាវក (ប្រកប​ដោយ​សេចក្ដី​ជ្រះថ្លា ​មិន​ញាប់​ញ័រ) ​ ក្នុង​ព្រះធម៌។ ក្នុង​ព្រះសង្ឃ។ (អរិយ​សាវក​នោះ) ប្រាសចាក​មន្ទិល​ គឺសេចក្ដី​កំណាញ់​​នៅគ្រប់គ្រងផ្ទះ តែង​មានចាគៈ​រួច​ស្រឡះហើយ មានបាតដៃលាងចាំឲ្យ ត្រេកអរ​ក្នុង​ការលះបង់ ជាអ្នកគួរគេសូមបាន ត្រេកអរក្នុង​ការ​ឲ្យ និង​ការ​ចែក​រលែក។ នេះ​ស្ទឹង​គឺបុណ្យ ស្ទឹងគឺកុសល ជាបច្ច័យនៃសេចក្ដីសុខ ទី ៤។ ម្នាលភិក្ខុទាំង​ឡាយ នេះ​ឯង​​ ស្ទឹង​គឺបុណ្យ​ ស្ទឹង​គឺកុសល ​ទាំង ​៤  ជាបច្ច័យ​នៃសេចក្ដី​សុខ។

[៣០៩] ម្នាលភិក្ខុទាំងឡាយ បុគ្គលមិនងាយនឹង​គ្នាន់​គ្នេរ​ ប្រមាណ​បុណ្យ​របស់​ព្រះអរិយសាវក ​ដែល​ប្រកប​ដោយ​ស្ទឹង​គឺបុណ្យ​ ស្ទឹង​គឺកុសល​ ទាំង​ ៤ ​នេះឯងថា ស្ទឹង​បុណ្យ​ ស្ទឹងកុសល ជាបច្ច័យ​នៃសេចក្ដីសុខ មានប្រមាណ​ប៉ុណ្ណេះ​បានឡើយ បាន​ត្រឹម​តែរាប់​ថា គំនរ​បុណ្យ​ធំ​ រាប់​មិនបាន ​ប្រមាណ​មិនកើត​ប៉ុណ្ណោះឯង។

[៣១០] ម្នាលភិក្ខុទាំងឡាយ ទន្លេ​ទាំង​អម្បាល​នេះ​ តែង​ហូរទៅ​រាចពេញ​ក្នុងទី​ណា។ ទន្លេទាំងអម្បាលនោះ ​ឈ្មោះអ្វីខ្លះ។ គឺទន្លេ​គង្គា យមុនា អចិរវតី​ សរភូ មហី​ បុគ្គល​​មិន​ងាយ​នឹង​គ្នាន់​គ្នេរ​ ប្រមាណ​ទឹក​ក្នុង​ទីនោះ​ថា ទឹក​ប៉ុណ្ណេះ​អាឡ្ហកៈក្ដី ទឹក​ប៉ុណ្ណេះ​​រយ​អាឡ្ហកៈក្ដី ទឹក​ប៉ុណ្ណេះពាន់​អាឡ្ហកៈក្ដី ទឹក​ប៉ុណ្ណេះសែនអាឡ្ហកៈក្ដី បានត្រឹម​តែ​រាប់​ថា គំនរ​ទឹក​ដ៏ធំ រាប់​មិន​បាន ​ប្រមាណ​មិនកើត​ប៉ុណ្ណោះឯង យ៉ាងណាមិញ។ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គលមិនងាយនឹង​គ្នាន់​គ្នេរ​ ប្រមាណ​បុណ្យ​ របស់​អរិយសាវក​​​​​ ដែល​ប្រកប​ដោយ​ស្ទឹង ​គឺបុណ្យ ​ស្ទឹង​គឺកុសល​ ទាំង​ ៤ ​នេះថា ស្ទឹងគឺបុណ្យ​ ស្ទឹង​គឺកុសល ជា​បច្ច័យ​​​នៃសេចក្ដីសុខ មានប្រមាណ​ប៉ុណ្ណេះ​បានឡើយ បាន​ត្រឹម​តែរាប់​ថា គំនរ​បុណ្យ​ធំ​ រាប់​មិនបាន​ ប្រមាណ​មិនកើត​ប៉ុណ្ណោះ ក៏យ៉ាងនោះដែរ។ ព្រះ​ដ៏​មានព្រះ​ភាគ ទ្រង់​ត្រាស់​គាថាពន្ធនេះថា

[៣១១] ស្ទឹងទាំងឡាយ ដែលពួក​ជន​ត្រូវការ គ្រប់​តែ​ស្ទឹង សឹង​ហូរតម្រង់​ ទៅ​កាន់​សាគរ ដែលជាទីដក់​ទឹក​ដ៏ធំ ​ប្រមាណមិនបាន ជាស្រះធំ ជាទីស្ញប់​ស្ញែង​ខ្លាំង​ពន្លឹក​ ដែលជាកន្លែង​កើត​គំនរ​កែវ​ទាំងឡាយ យ៉ាងណា​មិញ។ ធារ​បុណ្យ​​ទាំងឡាយ តែង​ហូរទៅរក​ជន​ជាបណ្ឌិត អ្នក​ឲ្យ​បាយទឹក​ និង​សំពត់ ឲ្យ​ទីដេក ទីអង្គុយ ​និង​គ្រឿង​កម្រាល​​​​​ ដូចជាផ្លូវទឹកទាំងឡាយ ​ហូរ​ទៅកាន់​សាគរ​ យ៉ាងនោះឯង។

[៣១២] ម្នាល​ភិក្ខុទាំងឡាយ ស្ទឹង​គឺបុណ្យ​ ស្ទឹង​គឺកុសល ជាបច្ច័យ​នៃសេចក្ដី​សុខនេះ មាន​ ៤។ ស្ទឹង​គឺបុណ្យ ​ស្ទឹង​គឺកុសល ៤ ​តើដូចម្ដេចខ្លះ។ ម្នាល​ភិក្ខុទាំងឡាយ អរិយ​សាវក ក្នុង​សាសនានេះ ប្រកប​ដោយ​សេចក្ដី​ជ្រះថ្លា មិន​ញាប់​ញ័រ ក្នុង​ព្រះ​ពុទ្ធថា ព្រះ​ដ៏​មានព្រះ​ភាគនោះ។បេ។ ជាសាស្ដា​នៃទេវតា ​និងមនុស្ស​ទាំងឡាយ ជាព្រះ​ពុទ្ធដ៏​មាន​ព្រះភាគ ដោយហេតុដូច្នេះឯង។ នេះស្ទឹង​គឺបុណ្យ ​ ស្ទឹងគឺ​កុសល ជាបច្ច័យនៃ​សេចក្ដី​សុខ ​ទី ១។ ម្នាល​ភិក្ខុទាំងឡាយ មួយទៀត​ អរិយ​សាវក (ប្រកប​ដោយ​សេចក្ដី​ជ្រះថ្លា​ មិន​ញាប់​ញ័រ) ​ ក្នុង​ព្រះធម៌។ ក្នុង​ព្រះសង្ឃ។ ជាអ្នកមានប្រាជ្ញា ប្រកប​ដោយ​ប្រាជ្ញា ជា​គ្រឿង​កំណត់​ដឹង​ នូវ​សេចក្ដីចំរើន វិនាស ជាប្រាជ្ញា​ដ៏ប្រសើរ​មោះមុត ប្រព្រឹត្ត​​​​ទៅ ​ដើម្បី​​អស់​ទុក្ខ ​ដោយប្រពៃ។ នេះស្ទឹង​គឺបុណ្យ ស្ទឹង​គឺកុសល ​ជា​បច្ច័យ​នៃ​សេចក្ដី​សុខទី ៤។ ម្នាល​ភិក្ខុទាំងឡាយ នេះឯង ស្ទឹង​គឺបុណ្យ ​ស្ទឹង​គឺកុសល ទាំង ៤ ជាបច្ច័យ​នៃសេចក្ដីសុខ។

[៣១៣] ម្នាល​ភិក្ខុទាំងឡាយ បុគ្គលមិនងាយនឹង​គ្នាន់​គ្នេរ​ ប្រមាណ​បុណ្យ របស់​ អរិយសាវក ​ដែល​ប្រកប​ដោយ​ស្ទឹង​គឺបុណ្យ ​ស្ទឹង​គឺកុសល ​ទាំង ​៤ ​នេះឯងថា ស្ទឹង​គឺ​បុណ្យ​ ស្ទឹងគឺកុសល ជាបច្ច័យ​នៃសេចក្ដីសុខ មានប្រមាណ​ប៉ុណ្ណេះ​បានឡើយ បាន​ត្រឹម​តែរាប់​ថា គំនរ​បុណ្យ​ដ៏ធំ​ ពុំអាចរាប់​បាន ​ប្រមាណ​មិនកើត​ប៉ុណ្ណោះឯង។ ព្រះដ៏​មាន​​ព្រះ​​ភាគ​​ បានត្រាស់គាថា​ពន្ធនេះថា

[៣១៤] អ្នកណាប្រាថ្នាបុណ្យ បានតាំងស៊ប់ក្នុងកុសល ហើយចំរើនអរហត្ត​មគ្គ ដើម្បី​ឲ្យដល់អមតមហានិព្វាន អ្នក​នោះ រមែង​ត្រាស់​ដឹង​នូវ​ខ្លឹមធម៌ ​គឺ​អរិយ​ផល ត្រេកអរ​ ក្នុងការ​អស់​កិលេស មិន​ញាប់​ញ័រ ក្នុង​ការ​មក​នៃ​មច្ចុរាជ។

[៣១៥] ម្នាល​ភិក្ខុទាំងឡាយ អរិយសាវក​ ដែលប្រកប​ដោយ​ធម៌ ៤ តថាគត​ពោល​ថា អ្នក​ស្ដុកស្ដម្ភ មានទ្រព្យ​ច្រើន មាន​ភោគៈច្រើន មាន​យសធំ។ ធម៌ ៤ តើដូច​ម្ដេចខ្លះ។ ម្នាល​ភិក្ខុទាំងឡាយ អរិយ​សាវក​ ក្នុង​សាសនានេះ ប្រកបដោយ​សេចក្ដី​ជ្រះថ្លា មិន​ញាប់​ញ័រ ក្នុង​ព្រះពុទ្ធ​ថា ព្រះ​ដ៏មាន​ព្រះ​ភាគនោះ។បេ។ ជាសាស្ដានៃទេវតា​ និង​មនុស្ស​ទាំង ឡាយ ជាព្រះពុទ្ធមានជោគ​ជ័យ ដោយ​ហេតុដូច្នេះ​ឯង។ ក្នុង​ព្រះធម៌។ ក្នុង​ព្រះសង្ឃ។ ប្រកប​ដោយ​អរិយកន្ត​សីល​ ជាសីលមិនដាច់។បេ។ ប្រព្រឹត្តទៅ ដើម្បី​សមាធិ។ ម្នាល​ភិក្ខុ​ទាំងឡាយ អរិយ​សាវក ​ប្រកប​ដោយ​ធម៌ ទាំង ៤ នេះឯង តថាគត​ពោលថា អ្នក​ស្ដុក​ស្ដម្ភ មានទ្រព្យ​ច្រើន មានភោគៈច្រើន មានយសធំ។

[៣១៦] ម្នាល​ភិក្ខុទាំងឡាយ អរិយសាវក​ ដែលប្រកប​ដោយ​ធម៌ ៤ តថាគត​ពោល​ថា អ្នក​ស្ដុកស្ដម្ភ មានទ្រព្យ​ច្រើន មាន​ភោគៈច្រើន មាន​យសធំ។ ធម៌ ៤ តើដូចម្ដេចខ្លះ។ ម្នាល​ភិក្ខុទាំងឡាយ អរិយ​សាវក ​ក្នុង​សាសនានេះ ប្រកបដោយ​សេចក្ដី​ជ្រះថ្លា មិន​ញាប់​ញ័រ ក្នុង​ព្រះពុទ្ធ​ថា ព្រះ​ដ៏មាន​ព្រះ​ភាគនោះ។បេ។ ជាសាស្ដា​នៃទេវតា​ និង​មនុស្ស​ទាំងឡាយ ជាព្រះពុទ្ធមានជោគ​ជ័យ ដោយ​ហេតុដូច្នេះ​ឯង។ ក្នុង​ព្រះធម៌។ ក្នុង​ព្រះ​សង្ឃ។ ប្រកប​ដោយ​អរិយកន្ត​សីល​ ជាសីលមិនដាច់។បេ។ ប្រព្រឹត្ត​ទៅ ដើម្បី​សមាធិ។ ម្នាល​ភិក្ខុ​ទាំងឡាយ អរិយ​សាវក ដែល​ប្រកប​ដោយ​ធម៌ ទាំង ៤ នេះឯង តថាគត​ពោលថា អ្នក​ស្ដុក​ស្ដម្ភ មានទ្រព្យ​ច្រើន មានភោគៈច្រើន មាន​យសធំ។

[៣១៧] ម្នាល​ភិក្ខុទាំងឡាយ អរិយសាវក ​ដែលប្រកប​ដោយ​ធម៌ ៤ រមែង​សម្រេច​ស្រោតៈ ជាអ្នក​មានធម៌​ មិន​បាន​ធ្លាក់​ចុះ​ ទៀងតែនឹង​ត្រាស់​ដឹង​ ទៅ​ខាង​មុខ។ ធម៌ ៤ តើដូចម្ដេចខ្លះ។ ម្នាល​ភិក្ខុទាំងឡាយ អរិយ​សាវក​ ក្នុង​សាសនានេះ ប្រកបដោយ​សេចក្ដី​ជ្រះថ្លា មិន​ញាប់​ញ័រ ក្នុង​ព្រះពុទ្ធ​ថា ព្រះ​ដ៏មាន​ព្រះ​ភាគនោះ។បេ។ ជាសាស្ដានៃ​ទេវតា​និង​មនុស្ស​ទាំងឡាយ ជាព្រះពុទ្ធមានជោគ​ ដោយ​ហេតុដូច្នេះ​ឯង។ ក្នុង​ព្រះ​ធម៌​។ ក្នុង​ព្រះសង្ឃ។ ប្រកប​ដោយ​អរិយកន្ត​សីល​ ជាសីលមិនដាច់។បេ។ ប្រព្រឹត្ត​ទៅ​ ដើម្បី​សមាធិ។ ម្នាល​ភិក្ខុទាំងឡាយ អរិយ​សាវក ដែល​ប្រកប​ដោយ​ធម៌ ទាំង ៤ នេះឯង រមែង​សម្រេច​ស្រោតៈ ​មានធម៌​មិន​បាន​ធ្លាក់​ចុះ​ ទៀងតែនឹង​ត្រាស់​ដឹង​ទៅ​ខាង​មុខ។

[៣១៨] កបិលវត្ថុនិទាន។ ព្រះដ៏​មានព្រះ​ភាគ ​បាន​ត្រាស់​នឹង​នន្ទិយសក្កៈ​ ដែល​គង់​ក្នុង​ទី​សមគួរ ​យ៉ាង​នេះ​ថា ម្នាល​នន្ទិយៈ អរិយ​សាវក​ ដែល​ប្រកប​ដោយ​ធម៌ ៤ រមែង​សម្រេច​ស្រោតៈ មាន​ធម៌​មិន​បាន​ធ្លាក់​ចុះ​ ទៀងតែនឹង​ត្រាស់​ដឹង​ទៅ​ខាង​មុខ។ ធម៌​ ​៤ តើ​ដូចម្ដេចខ្លះ​។ ម្នាល​នន្ទិយៈ អរិយ​សាវក ​ក្នុង​សាសនានេះ ប្រកបដោយ​សេចក្ដី​ជ្រះថ្លា មិន​ញាប់​ញ័រ ក្នុង​ព្រះពុទ្ធ​ថា ព្រះ​ដ៏មាន​ព្រះ​ភាគនោះ។បេ។ ជាសាស្ដានៃទេវតា ​និង​មនុស្ស​ទាំងឡាយ ជាព្រះពុទ្ធមានជោគ​ ដោយ​ហេតុដូច្នេះ​ឯង។ ក្នុង​ព្រះធម៌។ ក្នុង​ព្រះសង្ឃ។ ប្រកប​ដោយ​អរិយកន្ត​សីល​ ជាសីលមិនដាច់។បេ។ ប្រព្រឹត្តទៅ ដើម្បី​សមាធិ។ ម្នាល​នន្ទិយៈ អរិយ​សាវក​ ដែលប្រកប​ដោយ​ធម៌ ទាំង ៤ នេះឯង រមែង​សម្រេច​ស្រោតៈ មានធម៌​មិន​បាន​ធ្លាក់​ចុះ​ ទៀងតែនឹង​ត្រាស់​ដឹង​ទៅ​ខាង​មុខ។

[៣១៩] កបិលវត្ថុនិទាន។ (ត្រូវ​សំដែង​ការ​ចូលគាល់​ផង​ចុះ)។ ព្រះ​ដ៏​មានព្រះ​ភាគ​ទ្រង់​ត្រាស់​នឹង​ភទ្ទិយសក្កៈ ដែល​គង់​ក្នុង​ទី​សមគួរ​ យ៉ាង​នេះ​ថា ម្នាលភទ្ទិយៈ អរិយ​សាវក​ប្រកប​ដោយ​ធម៌ ៤ រមែង​សម្រេចស្រោតៈ មានធម៌​មិន​បាន​ធ្លាក់​ចុះ​ ទៀង​តែនឹង​ត្រាស់​ដឹង​ ទៅ​ខាង​មុខ។ ធម៌​​ ៤ តើ​ដូចម្ដេចខ្លះ​។ ម្នាលភទ្ទិយៈ អរិយ​សាវក ​ក្នុង​សាសនា​នេះ (ប្រកបដោយ​សេចក្ដី​ជ្រះថ្លា មិន​ញាប់​ញ័រ) ក្នុង​ព្រះពុទ្ធ​។ ក្នុង​ព្រះធម៌។ ក្នុង​ព្រះ​សង្ឃ​។ ប្រកប​ដោយ​អរិយកន្ត​សីល​ ជាសីលមិនដាច់។បេ។ ប្រព្រឹត្តទៅ ដើម្បី​សមាធិ។ ម្នាល​ភទ្ទិយៈ អរិយ​សាវក​ ដែលប្រកប​ដោយ​ធម៌ ៤ នេះ រមែង​សម្រេច​ស្រោតៈ មានធម៌​មិន​បាន​ធ្លាក់​ចុះ​ ទៀងតែនឹង​ត្រាស់​ដឹង​ទៅ​ខាង​មុខ។

[៣២០] កបិលវត្ថុនិទាន។ (ត្រូវ​សំដែង​ការ​ចូលគាល់​ផង​ចុះ)។ ព្រះ​ដ៏​មានព្រះ​ភាគ​​​ទ្រង់​ត្រាស់​នឹង​មហានាមសក្កៈ ដែល​គង់​ក្នុង​ទីដ៏​សមគួរ​ យ៉ាង​នេះ​ថា ម្នាល​មហា​នាម អរិយ​សាវក​​ ប្រកប​ដោយ​ធម៌ ៤ រមែង​បានសម្រេចស្រោតៈ មានធម៌​មិន​បាន​ធ្លាក់​ចុះ​ ទៀងតែនឹង​ត្រាស់​ដឹង ​ទៅ​ខាង​មុខ។ ធម៌ ​៤ តើ​ដូចម្ដេចខ្លះ​។ ម្នាលមហានាម អរិយ​សាវក​ក្នុង​សាសនានេះ ប្រកបដោយ​សេចក្ដី​ជ្រះថ្លា មិន​ញាប់​ញ័រ ក្នុង​ព្រះពុទ្ធថា ព្រះ​ដ៏មាន​ព្រះ​ភាគនោះ។បេ។ ជាសាស្ដានៃទេវតា​ និង​មនុស្ស​ទាំងឡាយ ជាព្រះពុទ្ធដ៏មាន​ព្រះភាគ​ដោយ​ហេតុដូច្នេះ​ឯង។ ក្នុង​ព្រះធម៌។ ក្នុង​ព្រះសង្ឃ។ ប្រកប​ដោយ​អរិយកន្ត​សីល​ ជាសីល​មិនដាច់។បេ។ ប្រព្រឹត្តទៅ ដើម្បី​សមាធិ។ ម្នាលមហានាម អរិយ​សាវក​ ដែល ប្រកប​ដោយ​ធម៌ ៤ នេះឯង រមែងបាន​សម្រេចស្រោតៈ មានធម៌​មិន​បាន​ធ្លាក់​ចុះ​ ទៀងតែនឹងបាន​ត្រាស់​ដឹង​ទៅ​ខាង​មុខ។

[៣២១] ម្នាល​​ភិក្ខុទាំងឡាយ សោតា​បត្តិយង្គ​នេះ ​មាន​ ៤។ សោតាបត្តិ​យង្គ​ ៤ ​តើ​ដូចម្ដេច។ គឺការ​សេព​គប់​សប្បុរស​ ១ ការ​ស្ដាប់​ធម៌របស់​សប្បុរស ១ ការធ្វើ​ទុក​ក្នុង​ចិត្ត​ដោយ​ឧបាយ ១ សេចក្ដី​ប្រតិបត្តិ​ធម៌​ សម​គួរ​ដល់​ធម៌ ១។ ម្នាល​ភិក្ខុទាំង​ឡាយ នេះ​ឯង​សោតា​បត្តិយង្គ​ ៤។

ចប់​ សគាថកបុញ្ញា​ភិសន្ទវគ្គ ​ទី ៥​។

ឧទ្ទាន​នៃ​សគាថ​កបុញ្ញា​ភិសន្ទវគ្គ​នោះ​គឺ

សំដែង​អំពី​ស្ទឹង​គឺបុណ្យ​ ៣​ សូត្រ  អំពី​សោតាបន្ន​បុគ្គល ​មាន​ទ្រព្យ​ច្រើន​ ២ សូត្រ  ចំពោះភិក្ខុ ១ សូត្រ នន្ទិយ​សក្កៈ ១ សូត្រ ភទ្ទិយសក្កៈ ១​ សូត្រ មហា​នាម​ ១​ សូត្រ គំរប់​ ១០​ នឹង​សោតា​បត្តិយង្គ ។

សប្បញ្ញវគ្គ ទី៦

[៣២២] ​ម្នាល​ភិក្ខុទាំងឡាយ អរិយ​សាវក ដែល​ប្រ​កប​ដោយ​ធម៌​ ៤ រមែង​សម្រេច​ស្រោ​តៈ មាន​ធម៌​មិន​បាន​ធ្លាក់​ចុះ ទៀង​តែ​នឹង​បាន​ត្រាស់​ដឹង​ទៅ​ខាង​មុខ​។ ធម៌ ​៤ តើ​ដូចម្ដេចខ្លះ​។ ម្នាល​ភិក្ខុទាំងឡាយ អរិយ​សាវក​ ក្នុង​សាសនានេះ ប្រកបដោយ​សេចក្ដី​ជ្រះថ្លា មិន​ញាប់​ញ័រ ក្នុង​ព្រះពុទ្ធថា ព្រះ​ដ៏មាន​ព្រះ​ភាគ អង្គនោះ។បេ។ ជាសាស្ដា​នៃ ទេវតា​ និង​មនុស្ស​ទាំងឡាយ ជាព្រះពុទ្ធមានជោគ​ ដោយ​ហេតុដូច្នេះ​ឯង។ ក្នុង​ព្រះធម៌។ ក្នុង​ព្រះសង្ឃ។ ប្រកប​ដោយ​អរិយកន្ត​សីល​ ជាសីលមិនដាច់។បេ។ ប្រព្រឹត្តទៅ ដើម្បី​សមាធិ។ ម្នាលភិក្ខុទាំងឡាយ អរិយ​សាវក ដែល​ប្រកប​ដោយ​ធម៌ ​ទាំង ៤ នេះឯង រមែង​សម្រេច​ស្រោតៈ ​មានធម៌​មិន​បាន​ធ្លាក់​ចុះ​ ទៀងតែនឹងបាន​ត្រាស់​ដឹង​ទៅ​ខាង​មុខ។ ព្រះ​មានព្រះ​ភាគ ទ្រង់​ត្រាស់​គាថា​ពន្ធ​នេះ​ថា

[៣២៣]  សទ្ធារបស់អ្នកណា   មិន​ញាប់​ញ័រ   បាន​ដម្កល់​មាំ​ក្នុង​ព្រះ​តថាគត​ផង     ក​ល្យាណ​​សីល​របស់​អ្នក​ណា ជា​សីល​ដែល​ព្រះ​អរិយៈត្រេក​អរ​ សរសើរហើយ​ផង។ សេចក្ដី​ជ្រះ​ថ្លា ក្នុង​ព្រះ​សង្ឃ​ផង សេចក្ដី​ឃើញ​ត្រង់​ផង មាន​ដល់​អ្នក​ណា បណ្ឌិត​ទាំង ឡាយ ហៅ​អ្នក​នោះ​ថា មិន​ទាល់​ក្រ ជីវិត​របស់​អ្នក​នោះ​ មិន​សោះ​សូន្យ​ទេ។ ព្រោះ​ហេតុ​ នោះ កាល​បើ​អ្នក​ប្រាជ្ញ រលឹក​ឃើញ​ពុទ្ធ​សាសនា គប្បី​ប្រកប​នូវ​សទ្ធាផង សីល​ផង សេចក្ដី​ជ្រះ​ថ្លាផង ​ការ​ឃើញ​ធម៌​ផង។

[៣២៤] សម័យ​មួយ ព្រះ​ដ៏​មានព្រះ​ភាគ ទ្រង់​គង់​នៅ​ក្នុង​វត្ត​ជេត​ពន របស់​អនាថបិណ្ឌិក​សេដ្ឋី ទៀប​ក្រុង​សាវត្ថី។ ក៏​សម័យ​នោះ​ឯង មាន​ភិក្ខុ​មួយរូប ​នៅ​ចាំ​វស្សា ទៀបក្រុង​សាវត្ថី ​រួច​ហើយ បានទៅ​ដល់​ក្រុង​កបិលព័ស្តុ ដោយ​កិច្ច​អ្វីមួយ។ ពួក​សក្យ​នៅ​ក្នុង​ក្រុង​កបិលព័ស្តុ ​បាន​ឮ​ដំណឹង​ថា ឮថា ភិក្ខុ​មួយ​រូប ​នៅ​ចាំ​វស្សា ទៀប​ក្រុង​សាវត្ថី ​រួច​ហើយ​​មក​ដល់​ក្រុង​កបិលភស្តុ។ គ្រា​នោះ​ឯង​ ពួក​សក្យនៅ​ក្នុង​ក្រុង​កបិល​ព័ស្តុ ក៏​ចូល​ទៅ​រក​ភិក្ខុ​នោះ​ លុះ​ចូល​ទៅ​ដល់ ​ថ្វាយ​បង្គំ​ភិក្ខុ​នោះ​ហើយ​ អង្គុយ​ក្នុងទី​សម​គួរ។ លុះពួក​សក្យ​នៅ​ក្នុង​ក្រុង​កបិល​ព័ស្តុ អង្គុយ​ក្នុងទី​សមគួរ​ហើយ បាន​និយាយ​នឹង​ភិក្ខុ​នោះ ​យ៉ាង​នេះថា

[​៣២៥] បពិត្រ​លោក​ដ៏​ចំរើន ព្រះ​ដ៏​មានព្រះ​ភាគ មិន​មាន​ព្រះ​រោគ ​ទាំង​មានព្រះ​កាយ​ពលឬ​ទេ។ ម្នាលអាវុសោទាំងឡាយ ព្រះ​ដ៏​មានព្រះ​ភាគ មិន​មាន​ព្រះរោគ ទាំង​មានព្រះ​កាយ​ពល​ដែរ។ បពិត្រ​លោក​ដ៏​ចំរើន​ ព្រះ​សារីបុត្ត ​និង​ព្រះ​មោគ្គល្លាន មិន​មាន​រោគទាំង​មាន​កំឡាំងដែរ​ឬ។ ម្នាលអាវុសោទាំងឡាយ ព្រះ​សារីបុត្ត​ និង​ព្រះ​មោគ្គល្លាន​​​ លោកមិន​មាន​រោគ ​ទាំង​មាន​កំឡាំងដែរ​។ បពិត្រ​លោក​ដ៏​ចំរើន​ ភិក្ខុសង្ឃ​មិន​មាន​រោគ ទាំង​មាន​កំឡាំងដែរឬ។ ម្នាលអាវុសោទាំងឡាយ ភិក្ខុសង្ឃ​មិន​មាន​រោគ​ ទាំង​មាន​កំឡាំងដែរ។  បពិត្រ​លោក​ដ៏​ចំរើន ក្នុង​ចន្លោះ​វស្សានេះ តើ​លោក​បានស្ដាប់​ធម៌ ចំ​ពោះ​ព្រះ​​ភក្ត្រ​ព្រះ​ដ៏​មាន​ព្រះ​ភាគ បាន​ទទួល​កិច្ច​ការ​អ្វី ​ចំ​ពោះ​ព្រះ​ភក្ត្រ​ព្រះ​ដ៏​មានព្រះ​ភាគដែរ​ឬ។ ម្នាលអាវុសោទាំងឡាយ អាត្មា ​​បានស្ដាប់​ធម៌ ចំ​ពោះ​ព្រះ​​ភក្ត្រ បាន​ទទួល​ ចំ​ពោះ​ព្រះ​ភក្ត្រ​ព្រះ​ដ៏​មានព្រះ​ភាគ យ៉ាង​នេះ​ថា ម្នាល​ភិក្ខុ​ទាំងឡាយ ពួក​ភិក្ខុ​ដែល​បាន​ធ្វើ​ឲ្យ​ជាក់​ច្បាស់​​ នូវ​ចេតោ​វិមុត្តិ បញ្ញា​វិមុត្តិ ដែល​មិន​មាន​អាសវៈ ព្រោះ​អស់​អាសវៈទាំង​ឡាយ ដោយ​ប្រាជ្ញា ​ដ៏​ក្រៃ​លែងខ្លួនឯង ក្នុង​បច្ចុប្បន្ន ពួក​ភិក្ខុនោះ មានប្រមាណ​តិច​ទេ មាន​តែ​ពួក​ភិក្ខុ ​ដែល​ធ្វើ​សំ​យោ​ជនៈ ជា​ចំណែក​ខាង​ក្រោម ៥ ឲ្យ​អស់​រលីង ជាឱប​បាតិកៈ បរិនិព្វាន ក្នុង​ទី​នោះ​ ទៀង​តែ​មិន​ត្រ​ឡប់​មក​អំពី​លោក​នោះ ពួក​ភិក្ខុ​នុ៎ះឯង ​ទើបមាន​ច្រើន​ជាង។ ម្នាល​អាវុសោ អាត្មា​បាន​ស្ដាប់​ធម៌​ ចំពោះ​ព្រះ​ភក្ត្រព្រះដ៏​មានព្រះ​ភាគ បានទទួល​ ចំពោះ​ព្រះ​ភក្ត្រ​ នូវ​ព្រះពុទ្ធ​ដីកា​ដ​ទៃ​ទៀត​ថា ម្នាល​ភិក្ខុទាំងឡាយ ពួក​ភិក្ខុ​ដែល​ធ្វើសញ្ញោជនៈ​ ជាចំណែក​ខាង​ក្រោម​ ៥ ​ឲ្យ​អស់​រលីង ជាឱ​បបាតិកៈ បរិនិព្វាន​ក្នុង​ទី​នោះ ទៀង​តែ​មិន​ត្រឡប់​អំពីលោក​នោះ ពួក​នោះ ​មាន​ប្រមាណ​តិច មាន​តែ​ពួក​ភិក្ខុ​ដែល​ធ្វើឲ្យអស់​ត្រឹម​តែ​​សញ្ញោ​ជនៈ ៣ ជាសកទាគាមី ព្រោះ​ធ្វើ​រាគៈ ទោសៈ មោហៈ ឲ្យ​ស្រាល​ស្ដើង​ នឹង​មក​កាន់​លោក​នេះ​ម្ដង​ទៀត​ ហើយ​ធ្វើ​នូវ​ទី​បំផុត ​នៃ​ទុក្ខ​បាន ពួក​ភិក្ខុ​នោះ​ឯង ​ទើប​មានច្រើន​ជាង។ ម្នាល​អាវុសោ អាត្មា​បាន​ស្ដាប់​ធម៌ ចំពោះ​ព្រះ​ភក្ត្រ​ព្រះ​ដ៏​មានព្រះ​ភាគ បានទទួល​ចំ​ពោះ​ព្រះ​ភក្ត្រ ​នូវ​ព្រះពុទ្ធ​ដីកា​ដទៃ​ទៀត​ថា ម្នាល​ភិក្ខុ​ទាំង​ឡាយ ពួក​ភិក្ខុ​ដែល​ធ្វើ​ឲ្យ​អស់​ត្រឹម​សញ្ញោជនៈ ៣ ជាសកទាគាមី ព្រោះ​ធ្វើ​រាគៈ ទោសៈ មោហៈ ឲ្យ​ស្រាល​ស្ដើង​ នឹង​មក​កាន់​លោក​នេះ​ម្ដង​ទៀត​ ហើយ​ធ្វើ​នូវ​ទី​បំផុត​​ទុក្ខ​បាន ពួក​ភិក្ខុទាំង​នុ៎ះ មានប្រមាណ​តិច មាន​តែ​ពួក​ភិក្ខុ ​ដែល​សម្រេច​ស្រោតៈ ព្រោះ​អស់​សញ្ញោជនៈ ៣ មាន​ធម៌​មិន​បាន​ធ្លាក់​ចុះ ទៀត​តែ​នឹងបាន​ត្រាស់​ដឹង​ទៅ​ខាង​មុខ ពួក​ភិក្ខុ​​នោះឯង​ ទើបមាន​ច្រើនជាង។

[៣២៦] សម័យ​មួយ ព្រះ​​ដ៏​មានព្រះ​ភាគ ​ទ្រង់​គង់​នៅក្នុង​ឥ​សិ​បតនមិគ​ទាយវន ទៀប​ក្រុង​ពារាណ​សី​។ គ្រា​នោះឯង ឧបាសក​ឈ្មោះ​ ធម្ម​ទិន្ន ​ព្រម​ដោយ​ពួក​ឧបាសក​៥០០​ នាក់ បាន​ចូល​ទៅ​គាល់​ព្រះ​ដ៏​មានព្រះ​ភាគ លុះ​ចូល​ទៅ​ដល់​ហើយ បាន​ថ្វាយ​បង្គំ​ព្រះ​ដ៏​មានព្រះ​ភាគ ​រួច​អង្គុយ​ក្នុងទី​សម​គួរ។ លុះ​ធម្ម​ទិន្ន​ឧបាសក ​អង្គុយ​ក្នុង​ទី​សម​គួរ​ហើយ ក៏​ក្រាប​ទូល​ព្រះ​ដ៏​មានព្រះ​ភាគ ​យ៉ាង​នេះ​ថា បពិត្រ​ព្រះ​អង្គ​ដ៏​ចំរើន សូម​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ទូន្មាន​ពួក​ខ្ញុំ​ព្រះអង្គ បពិត្រ​ព្រះ​អង្គ​ដ៏​ចំរើន សូម​ព្រះ​ដ៏​មានព្រះ​ភាគ​ ប្រៀន​ប្រដៅ​ពួក​ខ្ញុំ​ព្រះអង្គ​នូវ​ធម៌ ដែល​ឲ្យ​បាន​ប្រ​យោជន៍​ និង​សេចក្ដី​សុខ​ ដល់​យើង​ខ្ញុំ អស់​កាល​ជា​យូរ​អង្វែង។ ម្នាលធម្មទិន្ន ព្រោះហេតុ​ដូច្នោះ ក្នុង​សាសនានេះ អ្នក​ទាំងឡាយ​ ត្រូវ​សិក្សាយ៉ាង​នេះ​ថា សូត្រ​ណា​ ដែល​តថាគត​សំដែង​ហើយ ជាសូត្រ​មាន​ធម៌​ដ៏​ជ្រៅ មានអត្ថដ៏ជ្រៅ បំភ្លឺ​នូវ​ប្រ​យោជន៍ ​ឲ្យ​ឆ្លង​ផុត​ចាក​លោក ប្រកប​ដោយ​ធម៌​ដ៏សូន្យ​ចាក​កិលេស យើង​នឹង​បាន (ស្ដាប់​) សូត្រ​ទាំង​នោះ ​តាម​កាល​ដ៏​គួរ។ ម្នាល​ធម្ម​ទិន្ន ពួក​អ្នក​ត្រូវ​សិក្សា​យ៉ាង​នេះចុះ។

[៣២៧] បពិត្រ​ព្រះអង្គ​ដ៏​ចំរើន ពួក​ខ្ញុំ​ព្រះ​អង្គ កំពុង​នៅ​គ្រប់​គ្រង​ទី​ដេក ​ដែល​ចង្អៀត​​ដោយ​កូន នៅ​ស្អិត​ស្អាង​ខ្លឹម​ចន្ទន៍ ​ក្នុង​ដែន​កាសី ​ទ្រទ្រង់​កម្រង​ផ្កា និងគ្រឿង​ក្រអូប និង​គ្រឿង​លាប ​​​​​​​និង​ត្រេក​អរ ទទួល​យក​នូវ​មាស​ប្រាក់ មិន​ងាយ​នឹង​បាន​ប្រ​តិបត្តិ​ពួក​សូត្រ ​ដែល​ព្រះ​តថា​គត​សំដែង​ហើយ​ ជាសូត្រ​មាន​ធម៌​ដ៏​ជ្រៅ មាន​អត្ថ​ដ៏​ជ្រៅ បំភ្លឺនូវ​ប្រ​យោជន៍​ ឲ្យ​ឆ្លង​ផុត​ចាកលោក ប្រកប​ដោយ​ធម៌​ដ៏​សូន្យ​ចាក​កិលេស តាម​កាល​ដ៏​គួរ នុ៎ះបាន​ទេ បពិត្រ​ព្រះ​អង្គ​ដ៏​ចំរើន សូម​ព្រះ​ដ៏​មានព្រះ​ភាគ ទ្រង់​សំដែង​ធម៌​ ដល់​ពួក​យើង​ខ្ញុំ​ ដែល​តាំង​នៅ​ក្នុង​សិក្ខាបទ ៥ នោះ​ ឲ្យ​ក្រៃ​លែង​ទៅ​ទៀត​។ ម្នាលធម្មទិន្ន​ ព្រោះ​ហេតុ​នោះ ក្នុង​សាសនា​នេះ អ្នក​ទាំង​ឡាយ ​ត្រូវ​សិក្សា​យ៉ាង​នេះ​ថា ​យើង​ទាំង​ឡាយ នឹង​ប្រកប​ដោយ​សេចក្ដី​ជ្រះ​ថ្លា​ មិន​ញាប់​ញ័រ ក្នុងព្រះ​ពុទ្ធ​ថា ព្រះ​ដ៏​មានព្រះ​ភាគ​នោះ។បេ។ ជាសាស្ដា​នៃទេវតា ​និង​មនុស្ស​ទាំងឡាយ ជាព្រះ​ពុទ្ធ​មានជោគ ដោយ​ហេតុ​ដូច្នេះ​ឯង។ ក្នុង​ព្រះធម៌។ ក្នុង​ព្រះសង្ឃ។ ប្រកប​ដោយ​អរិយកន្ត​សីល​ ជាសីលមិនដាច់។បេ។ ប្រព្រឹត្តទៅ ដើម្បី​សមាធិ។ ម្នាលធម្មទិន្ន អ្នក​ទាំងឡាយ ​ត្រូវ​សិក្សា​យ៉ាង​នេះ​ចុះ។ បពិត្រ​​​​​​​ព្រះ​អង្គ​ដ៏​ចំរើន សោតាបត្តិ​យង្គ​ ទាំង ​៤ នេះ ព្រះ​ដ៏​មានព្រះ​ភាគ ទ្រង់​សំដែង​ហើយ ធម៌​ទាំង​នោះ ​មាន​ក្នុង​ពួក​យើង​ខ្ញុំផង ពួក​យើង​ខ្ញុំ​នឹង​ឃើញ​ច្បាស់​ ក្នុងធម៌​ទាំង​នោះ​ផង។ បពិត្រ​ព្រះ​អង្គ​ដ៏​ចំរើន ព្រោះ​ថា​ ពួក​យើង​ខ្ញុំ​ ប្រកប​ដោយ​សេចក្ដី​ជ្រះ​ថ្លា​ មិន​ញាប់​ញ័រ ក្នុងព្រះ​ពុទ្ធ​ថា ព្រះ​ដ៏​មានព្រះ​ភាគ​នោះ។បេ។ ជាសាស្ដា​នៃទេវតា​ និង​មនុស្ស​ទាំងឡាយ ជាព្រះ​ពុទ្ធ​មានជោគ ដោយ​ហេតុ​ដូច្នេះ​ឯង។ ក្នុង​ព្រះធម៌។ ក្នុង​ព្រះសង្ឃ។ ពួក​យើង​ខ្ញុំ ប្រកប​ដោយ​អរិយកន្ត​សីល​ ជាសីលមិនដាច់។បេ។ ប្រព្រឹត្តទៅ ដើម្បី​សមាធិ។ ម្នាល ធម្មទិន្ន ជាលាភរបស់​ពួក​អ្នក​ហើយ ម្នាលធម្មទិន្ន ពួក​អ្នក​ឈ្មោះ​ថា ​បាន​ល្អ​ហើយ ម្នាល ធម្មទិន្ន ព្រោះ​ពួកអ្នក​បាន​ធ្វើ​ឲ្យ​ច្បាស់ ​នូវ​សោតាបត្តិផល​ហើយ។

[៣២៨] សម័យ​មួយ ព្រះ​ដ៏​មានព្រះ​ភាគ ​ទ្រង់​គង់​នៅ​ក្នុង​និគ្រោធារាម ទៀប​ក្រុង​កបិល​ព័ស្តុ ​ក្នុង​ដែន​សក្កៈ។ ក៏ក្នុង​សម័យ​នោះ​ឯង ពួក​ភិក្ខុ​ច្រើន​រូប ​នាំ​គ្នា​ដេរ​ចីវរថ្វាយ​ព្រះ​ដ៏​មានព្រះ​ភាគ ​ដោយ​គិត​ថា ព្រះ​ដ៏​មានព្រះ​ភាគ ​មានចីវរសម្រេច​ហើយ ព្រះ​អង្គ​នឹង​ស្ដេច​ទៅកាន់​ចារិក​ ដោយកាល​ប្រព្រឹត្ត​កន្លង​ទៅ ​នៃ​ខែ ​៣។ មហានាម​សក្កៈ​ បាន​ឮ​ដំណឹង​​​​​ថា ​ឮថាពួក​ភិក្ខុ​ច្រើន​រូប​​ ដេរ​ចីវរថ្វាយ​ព្រះ​ដ៏​មានព្រះ​ភាគ ​ដោយ​គិត​ថា ព្រះ​ដ៏​មាន​ព្រះ​ភាគ​ មានចីវរសម្រេច​ហើយ ព្រះ​អង្គ​នឹង​ស្ដេច​ទៅកាន់​ចារិក​ ដោយកាល​ប្រព្រឹត្ត​កន្លង​ទៅ​នៃ​ខែ​ ៣។ លំដាប់​នោះ មហានាម​សក្កៈ​ ក៏ចូល​ទៅគាល់​ព្រះ​ដ៏​មានព្រះ​ភាគ លុះ​ចូល​ទៅ​ដល់​ហើយ ថ្វាយ​បង្គំ​ព្រះ​ដ៏​មានព្រះ​ភាគ រួច​គង់​ក្នុង​ទី​សម​គួរ។ លុះ​មហានាម​សក្កៈ គង់​ក្នុង​ទី​សម​គួ​រហើយ ក្រាប​ទូល​ព្រះ​ដ៏​មានព្រះ​ភាគ ​យ៉ាង​នេះ​ថា បពិត្រ​ព្រះ​អង្គ​ដ៏​ចំរើន ខ្ញុំ​ព្រះអង្គ​ឮ​ដំណឹង​នេះ​ថា ឮថា ពួក​ភិក្ខុ​ច្រើន​រូប ​ដេរ​ចីវរថ្វាយ​ព្រះ​ដ៏​មានព្រះ​ភាគ​ ដោយ​គិត​ថា ព្រះ​ដ៏​មានព្រះ​ភាគ​ មានចីវរសម្រេច​ហើយ ព្រះ​អង្គ​នឹង​ស្ដេច​ទៅកាន់​ចារិក​ ដោយកាល​ប្រព្រឹត្ត​កន្លង​ទៅ​ នៃ​ខែ ​៣។ បពិត្រ​ព្រះ​អង្គ​ដ៏​ចំរើន ខ្ញុំ​ព្រះអង្គ មិនទាន់​បាន​ស្ដាប់ធម៌​ ចំពោះ​ព្រះ​ភក្ត្រ​ព្រះ​ដ៏​មានព្រះភាគ មិនទាន់​បាន​ទទួល ​ចំពោះ​ព្រះ​ភក្ត្រ​យ៉ាង​នេះ​ថា ឧបាសក​ប្រកប​ដោយ​ប្រាជ្ញា (សម្រេច​ស្រោតៈ) ដែល​មានអាពាធ ដល់​នូវ​ទុក្ខ​វេទនា ​ឈឺធ្ងន់ ត្រូវ​តែ​ឧ​បាសក ​ដែល​ប្រកប​ដោយ​ប្រាជ្ញា​ទូន្មាន​គ្នា​។

[​៣២៩] ម្នាល​មហានាម ឧបាសកដែល​ប្រកប​ដោយ​ប្រាជ្ញា មានអាពាធ ដល់​នូវ​ទុក្ខ​វេទនា ឈឺធ្ងន់ ត្រូវ​តែ​ឧ​បាសក​​ប្រកប​ដោយ​ប្រាជ្ញា​ លួង​លោម​ដោយ​ធម៌ ដែល​​​គួរ​លួង​លោម​ ៤ យ៉ាងថា អ្នក​ដ៏​មានអាយុ ចូរដកដង្ហើម​ឲ្យស្រួលចុះ ព្រោះ​អ្នក​ដ៏​មានអាយុ មានសេចក្ដី​ជ្រះថ្លា​ មិន​ញាប់​ញ័រ ក្នុង​ព្រះពុទ្ធ​ថា​ ព្រះ​ដ៏​មានព្រះ​ភាគ​នោះ ​​​។បេ។​​​ ជាសាស្ដា​នៃទេវតា​ និង​មនុស្ស​ទាំងឡាយ ជាព្រះ​ពុទ្ធ​មានជោគ ដោយ​ហេតុ​ដូច្នេះ​ឯង។ អ្នក​ដ៏​មានអាយុ ចូរ​ដកដង្ហើម​ឲ្យ​ស្រួល​ចុះ ព្រោះ​អ្នក​ដ៏​មានអាយុ​ (មានសេចក្ដី​ជ្រះថ្លា ​មិនញាប់​ញ័រ) ក្នុង​ព្រះធម៌។ ក្នុង​ព្រះសង្ឃ។ ​អរិយកន្ត​សីល​ ជាសីលមិនដាច់  ប្រព្រឹត្តទៅ ដើម្បី​សមាធិ។

[៣៣០] ម្នាល​មហានាម ឧបាសក ប្រកប​ដោយ​ប្រាជ្ញា មាន​អាពាធ​ ដល់​នូវ​ទុក្ខ​វេទនា​ឈឺធ្ងន់ ដែល​ឧបាសក​ប្រកប​ដោ​យ​ប្រាជ្ញា ទូន្មាន​ដោយ​ធម៌ ដែលគួរលួងលោម​ទាំង​៤ ​នេះ​ហើយ ត្រូវនិយាយយ៉ាង​នេះ​ថា អ្នក​ដ៏​មានអាយុ ​មាន​សេចក្ដី​អាឡោះ​អាល័យ​មាតា​បិតាឬ។ បើឧបាសកនោះ និយាយយ៉ាងនេះថា ខ្ញុំនៅមានសេចក្តីអាឡោះ​អាល័យ​​មាតាបិតាដែរ។ ត្រូវនិយាយ​នឹង​ឧបាសក​នោះ​ យ៉ាង​នេះ​ថា អ្នក​ដ៏​មាន​អាយុ​ ជាប់​ជំពាក់​​ដោយ​សេចក្ដី​ស្លាប់ ទៀង​តែ​នឹង​ស្លាប់ ប្រសិន​បើ​អ្នក​ដ៏​មាន​អាយុ​ នៅ​ជាប់​​អាឡោះ​អាល័យ​ នឹង​មាតាបិតា អ្នក​ដ៏​មានអាយុ​ គង់​តែ​នឹង​ស្លាប់ បើ​ទុក​ជាអ្នក​ដ៏​មានអាយុ មិន​អាឡោះ​អាល័យ ​នឹង​មាតាបិតា អ្នក​ដ៏​មានអាយុ​ គង់​តែ​នឹង​ស្លាប់ដែរ សូម​ឲ្យ​អ្នក​ដ៏​មាន​អាយុ ​លះបង់​សេចក្ដី​អាឡោះ​អាល័យរបស់​អ្នក ​ក្នុង​មាតាបិតា​នោះ​ចេញ។ បើ​ឧបាសក​នោះ​ និយាយ​យ៉ាងនេះ​ថា ខ្ញុំ​លះបង់សេចក្ដី​អាឡោះ​អាល័យ​ ក្នុង​មាតាបិតា​នោះ​រួច​ហើយ។

[៣៣១] ត្រូវនិយាយនឹង​ឧបាសក​នោះ​ យ៉ាងនេះថា អ្នក​ដ៏​មានអាយុ ​មាន​សេចក្ដី​អាឡោះ​អាល័យ​ ក្នុងបុត្ត និង​ភរិយា​ដែរឬ។ បើ​ឧបាសក​នោះ​ និយាយយ៉ាងនេះ​ថា ខ្ញុំ​នៅ​មាន​សេចក្ដីអាឡោះ​អាល័យ ​ក្នុងបុត្តនិង​ភរិយា​ដែរ។ ត្រូវនិយាយ​នឹង​ឧបាសក​នោះ ​យ៉ាង​នេះ​ថា អ្នក​ដ៏​មាន​អាយុ ជាប់​ជំពាក់នឹង​សេចក្ដី​ស្លាប់ ហើយទៀង​តែ​នឹង​ស្លាប់ បើទុកជា​អ្នក​​ដ៏​មាន​អាយុ ​នៅ​មានសេចក្តី​​អាឡោះ​អាល័យ​ ក្នុងបុត្តនិង​ភរិយា អ្នក​ដ៏​មាន​អាយុ​គង់​តែ​នឹង​ស្លាប់ បើ​អ្នក​ដ៏​មានអាយុ មិនមាន​សេចក្តីអាឡោះ​​​អាល័យ​ ក្នុងបុត្តនិង​ភរិយា អ្នក​ដ៏​មានអាយុ​ គង់​តែ​នឹង​ស្លាប់ សូម​អ្នក​ដ៏​មានអាយុ លះបង់​សេចក្ដី​អាឡោះ​អាល័យ ​ក្នុងបុត្ត និង​ភរិយា របស់អ្នក​នោះ​ចេញ។ បើ​ឧបាសក​នោះ ​និយាយ​យ៉ាងនេះ​ថា ខ្ញុំ​បានលះសេចក្ដី​អាឡោះ​អាល័យ​ ក្នុង​បុត្ត​ និង​ភរិយា​នោះ​ចេញ​ហើយ។

[៣៣២] ត្រូវនិយាយនឹង​ឧបាសក​នោះ​ យ៉ាងនេះថា អ្នក​ដ៏​មានអាយុ​ មាន​សេចក្ដី​អាឡោះ​អាល័យ ​ក្នុងកាមគុណ ទាំង ៥​ ជារបស់​មនុស្ស​ដែរឬ។ បើ​ឧបាសក​នោះ​ និយាយ​​​​យ៉ាងនេះ​ថា ខ្ញុំ​មាន​សេចក្ដីអាឡោះ​អាល័យ ​ក្នុងកាមគុណ ទាំង ៥​ ជារបស់​មនុស្ស​ដែរ។ ត្រូវនិយាយ​នឹង​ឧបាសក​នោះ​ យ៉ាង​នេះ​ថា ម្នាល​អាវុសោ កាមជាទិព្យ​ ជារបស់​រុង​រឿង​ផង ឧត្ដមផង ជាងកាមទាំងឡាយ ជារបស់​មនុស្ស សូម​​អ្នក​ដ៏​មានអាយុ ​ធ្វើចិត្ត​ឲ្យ​ផុត​ចាក​កាម​ ជារបស់​មនុស្ស​ចេញ ​ហើយ​ចូរដម្កល់​ចិត្ត​ ក្នុង​ពួក​ទេវតា ​ស្ថាន​ចាតុម្ម​ហា​​​​​​​រាជិកចុះ។ បើ​ឧបាសក​នោះ​ និយាយ​យ៉ាងនេះ​ថា ចិត្តរបស់ខ្ញុំ​ ផុតស្រឡះ​ចាកកាម​ជារបស់​មនុស្ស​ហើយ ខ្ញុំ​បាន​ដម្កល់​ចិត្ត​ទុក ​ក្នុង​ពួក​ទេវតា​ជាន់​ចាតុម្ម​ហារាជិក​ហើយ។

[៣៣៣] ត្រូវ​និយាយនឹង​ឧបាសក​នោះ យ៉ាង​នេះ​ថា ម្នាល​អាវុសោ ពួកតាវត្តិង្ស​ទេវតា ​រុង​រឿងជាង ឧត្ដម​ជាងពួក​ចាតុម្មហារាជិក​ទេវតា សូម​អ្នក​ដ៏មានអាយុ ​ដក​ចិត្ត​អំពី​ពួក​ចាតុម្ម​ហារាជិក​ទេវតា​ចេញ ហើយ​ដម្កល់​ចិត្ត​ ក្នុង​ពួក​តាវត្តិង្ស​ទេវតា​ចុះ។ បើ​ឧបាសក​នោះ​ និយាយ​យ៉ាងនេះ​ថា ចិត្តខ្ញុំបានដក​ផុត​ អំពីពួក​ចាតុម្មហារាជិក​ទេវតា​ហើយ ខ្ញុំបាន ដម្កល់​ចិត្ត ក្នុង​ពួក​តាវត្តិង្ស​ទេវតា​ហើយ។ ត្រូវ​និយាយនឹង​ឧបាសក​នោះ​ យ៉ាង​នេះ​ថា ម្នាល​អាវុសោ ពួកយាម​ទេវតា ​រុងរឿង​ជាង​ពួក​តាវត្តិង្ស​ទេវតា។ ពួក​តុសិត​ទេវតា។ ពួក​និម្មាន​រតីទេវតា។ ពួក​បរនិម្មិតវសវត្តីទេវតា។ ម្នាល​អាវុសោ ព្រហ្មលោក ​រុងរឿង​ជាង​ ឧត្ដមជាង ពួក​បរនិម្មិត​វសវត្តីទេវតា សូមអ្នក​ដ៏​មានអាយុ​ ដកចិត្ត​អំពីពួក​បរនិម្មិតវសវត្តី​ទេវតា​ចេញ​ ហើយ​ដម្កល់​ចិត្ត​ ក្នុង​ព្រហ្ម​លោក​វិញ។ បើ​ឧបាសក​​​​​​​នោះ​ និយាយ​យ៉ាងនេះ​ថា ចិត្តខ្ញុំបានដកចេញ អំពី​ពួក​បរនិម្មិត​វសវត្តី​ទេវតា​ហើយ បាន​ដម្កល់​ចិត្ត​ ក្នុង​ព្រហ្ម​លោក​ហើយ។

[៣៣៤] ត្រូវ​និយាយនឹង​ឧបាសក​នោះ យ៉ាង​នេះ​ថា ម្នាល​អាវុសោ ទោះ​ជា​ព្រហ្ម​លោក ​ក៏​នៅ​តែមិន​ទៀង មិនខ្ជាប់​ខ្ជួន រាប់​បញ្ចូល​ជា​សក្កាយ សូមអ្នក​ដ៏​មាន​អាយុ ដក​ចិត្ត​អំពី​ព្រហ្ម​លោក​ចេញ ហើយ​ប្រ​មូលចិត្ត ទៅ​ក្នុង​ព្រះ​និព្វាន ​ជាទី​រំលត់​នូវ​សក្ដាយ​វិញ។​ បើ​ឧបាសក​នោះ​ និយាយ​យ៉ាងនេះ​ថា ចិត្ត​ខ្ញុំ​ដក​ផុត ​អំពី​ព្រហ្ម​លោក​ហើយ ចិត្ត​ខ្ញុំ​ក៏​បាន​ប្រមូល​ ទៅ​ក្នុង​ព្រះនិព្វាន ជាទី​រំលត់​សក្កាយ​ហើយ។ ម្នាលមហានាម ចិត្តដែលរួច​ស្រឡះ​​​​​ដោយ​អរហត្ត​ផល​ វិមុត្តិរបស់​ឧបាសក ដែល​មានចិត្ត​រួចស្រឡះ​ហើយ យ៉ាងនេះ តថាគត​​​មិន​ពោល​ថា មានការ​ធ្វើ​ផ្សេង​គ្នា ​អំពី​ភិក្ខុ​ដែល​មានចិត្ត​រួចស្រឡះ​ហើយ អស់ ​១០០ ​ឆ្នាំ នោះ​តែ​បន្តិច​សោះ​ឡើយ។

[៣៣៥] ម្នាលភិក្ខុទាំងឡាយ ធម៌ ៤ ​នេះ ដែល​បុគ្គល​បាន​ចំរើន​ហើយ​ ធ្វើ​ឲ្យ​ច្រើន​ហើយ តែង​ប្រព្រឹត្ត​ទៅ ដើម្បី​ធ្វើ​ឲ្យ​ជាក់​ច្បាស់ ​នូវ​សោតាបត្តិ​ផល​។ ធម៌ ៤ ​តើ​ដូច​ម្ដេច​​ខ្លះ។ គឺការសេពគប់សប្បុរស ១ ការស្ដាប់​ធម៌​របស់​សប្បុរស​ ១ ការធ្វើ​ទុកក្នុង​ចិត្ត​ ដោយឧ​បាយ ១ សេចក្ដី​ប្រតិ​បត្តិ​ នូវធម៌​សមគួរតាមធម៌ ១ ម្នាល​ភិក្ខុទាំងឡាយ ធម៌​ទាំង​ ៤​ នេះ​ឯង ដែល​បុគ្គល​បាន​ចំរើន​ហើយ ធ្វើ​ឲ្យ​ច្រើន​ហើយ តែង​ប្រព្រឹត្ត​ទៅ​ ដើម្បី​ធ្វើឲ្យ​ច្បាស់​ នូវ​សោតាបត្តិផល​។

[៣៣៦] ម្នាលភិក្ខុទាំងឡាយ ធម៌​ទាំង ​៤​ នេះ ដែល​បុគ្គល​បាន​ចំរើន​ហើយ ធ្វើ​ឲ្យ​ច្រើន​ហើយ តែង​ប្រព្រឹត្ត​ទៅ ​ដើម្បី​ធ្វើឲ្យ​ច្បាស់​ នូវ​សកទាគាមិផល​។

[៣៣៧] តែងប្រព្រឹត្តទៅ ដើម្បី​ធ្វើឲ្យ​ជាក់​ច្បាស់​ នូវ​អនាគាមិផល​។

[៣៣៨] តែងប្រព្រឹត្តទៅ ដើម្បីធ្វើ​ឲ្យ​ជាក់​ច្បាស់ ​នូវ​អរហត្តផល​។

[៣៣៩] តែងប្រព្រឹត្តទៅ ដើម្បីបាននូវ​ប្រាជ្ញា។

[៣៤០] តែងប្រព្រឹត្តទៅ ដើម្បីចំរើនប្រាជ្ញា។

[៣៤១] តែងប្រព្រឹត្តទៅ ដើម្បីធ្វើ​ប្រាជ្ញាឲ្យ​ធំទូលាយ។

ចប់ សប្បញ្ញ វគ្គ ទី៦។

ឧទាន​នៃ​សប្បញ្ញវគ្គនោះគឺ

ពុទ្ធភាសិត​ប្រកប​ដោយ​គាថា​ ១ ​សូត្រ​ ភិក្ខុ​ចាំ​វស្សា​រួ​ច​ហើយ ១​ សូត្រ ​ ធម្ម​ទិន្ន​ឧបាសក​  ១​  សូត្រ  ឧបាសកឈឺ  ​១ សូត្រ ផល ៤ សូត្រ ការបាន​ប្រា​ជ្ញា ១ សូត្រ ចំរើន​ប្រាជ្ញា ១ សូត្រ ការធ្វើ​ប្រាជ្ញា​ឲ្យ​ធំ​ទូលាយ ១ សូត្រ។

មហាបញ្ញវគ្គ ទី៧

[៣៤២] (ធម៌ ៤) តែងប្រព្រឹត្តទៅ ដើម្បីប្រាជ្ញាច្រើន។

[៣៤៣] ប្រព្រឹត្តទៅ ដើម្បីប្រាជ្ញាដ៏ក្រាស់។

[៣៤៤] ប្រព្រឹត្តទៅ ដើម្បីប្រាជ្ញាដ៏ធំទូលាយ។

[៣៤៥] ប្រព្រឹត្តទៅ ដើម្បីប្រាជ្ញាដ៏ជ្រៅ។

[៣៤៦] ប្រព្រឹត្តទៅ ដើម្បីប្រាជ្ញាប្រមាណមិនបាន។

[៣៤៧] ប្រព្រឹត្តទៅ ដើម្បីប្រាជ្ញាដូចជាផែនដី។

[៣៤៨] ប្រព្រឹត្តទៅ ដើម្បីប្រាជ្ញាដ៏ច្រើន។

[៣៤៩] ប្រព្រឹត្តទៅ ដើម្បីប្រាជ្ញាឆាប់។

[៣៥០] ប្រព្រឹត្តទៅ ដើម្បីប្រាជ្ញារហ័ស។

[៣៥១] ប្រព្រឹត្តទៅ​ ដើម្បីប្រាជ្ញាដ៏រីករាយ។

[៣៥២] ប្រព្រឹត្តទៅ ដើម្បីប្រាជ្ញាជាទីស្ទុះទៅ។

[៣៥៣] ប្រព្រឹត្តទៅ ដើម្បីប្រាជ្ញាដ៏ក្លៀវក្លា។

[៣៥៤] ប្រព្រឹត្តទៅ ដើម្បីប្រាជ្ញាដ៏មោះមុត។

ធម៌ ៤ ​ដូចម្ដេចខ្លះ។ គឺការសេពគប់សប្បុរស ១ ការស្ដាប់​ធម៌​របស់​សប្បុរស​ ១ ការ​ធ្វើ​ទុកក្នុង​ចិត្ត ​ដោយឧ​បាយនៃប្រាជ្ញា ១ សេចក្ដី​ប្រតិ​បត្តិ​ធម៌​ សមគួរតាមធម៌ ១។ ម្នាល​ភិក្ខុទាំងឡាយ ធម៌​ទាំង​ ៤​ នេះ​ឯង ដែល​បុគ្គល​បាន​ចំរើន​ហើយ ធ្វើ​ឲ្យ​ច្រើន​ហើយ តែង​​​​ប្រព្រឹត្ត​ទៅ​ ដើម្បី​បាន​ប្រាជ្ញា​ដ៏​មោះ​មុត។

ចប់​ មហា​បញ្ញ​វគ្គ ទី៧។

ឧទ្ទាន​នៃ​មហាបញ្ញ​វគ្គនោះ​គឺ

ធម៌​ ៤ ប្រព្រឹត្ត​ទៅ ដើម្បី​ប្រាជ្ញាធំ ១ ប្រាជ្ញាក្រាស់ ១ ប្រាជ្ញា​ទូ​លាយ ១ ប្រាជ្ញាជ្រៅ ១ ប្រាជ្ញា​ប្រមាណ​មិន​បាន ១ ប្រាជ្ញា​ដូច​ផែន​ដី​ ១ ប្រាជ្ញាច្រើន ១ ប្រាជ្ញា​ឆាប់​ ១ ប្រាជ្ញា​រហ័ស ១ ប្រាជ្ញា​រីករាយ ១ ប្រាជ្ញា​ជាទី​ស្ទុះ​ទៅ​ ១ ប្រាជ្ញា​ក្លៀវ​ក្លា ១ ប្រាជ្ញា​ដ៏​មោះ​មុត ១។

ចប់​ សោតា​បត្តិសំយុត្ត ។

សច្ចសំយុត្ត

សមាធិវគ្គ ទី១

[៣៥៥] សាវត្ថីនិទាន។ ម្នាល​ភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរចំរើន​សមាធិ។ ម្នាល​ភិក្ខុទាំងឡាយ ភិក្ខុដែលមាន​ចិត្តដំកល់នឹង រមែង​ដឹង​ច្បាស់​តាម​សេចក្ដី​ពិត។ ចុះ ដឹង​ច្បាស់​នូវ​អ្វី​ តាម​សេចក្ដី​ពិត។ ដឹង​ច្បាស់​តាម​សេចក្ដីពិត​ថា ​នេះ​ជាទុក្ខ។ ដឹង​ច្បាស់​តាម​សេចក្ដី​ពិត​ថា នេះ​ជា​ហេតុ​ ជាទី​កើត​ឡើង​នៃ​ទុក្ខ ដឹង​ច្បាស់​តាម​សេចក្ដី​ពិត​ថា នេះ​ជាទី​រំលត់​ទុក្ខ ​ដឹង​ច្បាស់​តាម​សេចក្ដី​ពិត​ថា នេះ​ជា​បដិបទា​ ជា​ដំណើរ​ទៅកាន់​ទី​រំលត់​ទុក្ខ​។ ម្នាល​ភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរចំរើន​នូវសមាធិ។ ម្នាល​ភិក្ខុទាំងឡាយ ភិក្ខុដែលមាន​ចិត្តដំកល់នឹង រមែង​ដឹង​ច្បាស់​តាម​សេចក្ដី​ពិត។ ម្នាល​ភិក្ខុទាំងឡាយ ព្រោះហេតុ​នោះ ភិក្ខុក្នុង​សាសនា​នេះ គួរ​ធ្វើ​សេចក្ដី​ព្យាយាម​ថា នេះជាទុក្ខ គួរ​ធ្វើ​សេចក្ដី​ព្យាយាម​ថា នេះ​ជាហេតុ​ ជា​ទីកើត​ឡើង​នៃ​ទុក្ខ គួរ​ធ្វើ​សេចក្ដីព្យាយាម​ថា នេះ​ជាទី​រំលត់​ទុក្ខ គួរ​ធ្វើ​សេចក្ដី​ព្យាយាមថា នេះ​ជា​បដិបទា ជាដំណើរ​ទៅកាន់​ទី​រំលត់​ទុក្ខ​។

[៣៥៦] ម្នាល​ភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរប្រកប​នូវ​សេចក្ដីព្យាយាម ក្នុង​ការ​ពួន​សម្ងំ (ក្នុង​ផលសមាបត្តិ)​។ ម្នាល​ភិក្ខុទាំងឡាយ ភិក្ខុដែលពួនសម្ងំ រមែងដឹងច្បាស់​តាមសេចក្ដីពិត។ ចុះ​ដឹង​ច្បាស់​នូវ​អ្វី​ តាមសេចក្ដី​ពិត។ ​ ដឹងច្បាស់​តាមសេចក្ដី​ពិតថា នេះជាទុក្ខ ដឹង​ច្បាស់តាម​សេចក្ដីពិតថា នេះជាហេតុ ជាទីកើត​ឡើង​នៃ​ទុក្ខ ដឹង​ច្បាស់​តាម​​សេចក្ដីពិតថា នេះជាទីរំលត់ទុក្ខ ដឹង​ច្បាស់តាម​សេចក្ដីពិតថា នេះជា​បដិបទា ជា​ដំណើរ​ទៅកាន់​ទីរំលត់ទុក្ខ។ ម្នាល​ភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរប្រកប​នូវ​សេចក្ដី​ព្យាយាម ក្នុងការពួន​សម្ងំ។ ម្នាល​ភិក្ខុទាំងឡាយ ភិក្ខុដែលពួនសម្ងំនៅជាប្រក្រតី រមែង​​​​​​​ដឹង​ច្បាស់​តាម​សេចក្ដី​ពិត។ ម្នាល​ភិក្ខុទាំងឡាយ ព្រោះ​ហេតុនោះ ភិក្ខុ​ក្នុង​សាសនា​​​​​នេះ គួរ​ធ្វើ​សេចក្ដី​ព្យាយាម​ថា នេះជាទុក្ខ គួរ​ធ្វើ​សេចក្ដី​ព្យាយាម​ថា នេះជា​ហេតុ​​​ ជាទី​កើតឡើង​នៃ​ទុក្ខ គួរ​ធ្វើ​សេចក្ដី​ព្យាយាម​ថា នេះជាទី​រំលត់​ទុក្ខ គួរ​ធ្វើ​សេចក្ដី​ព្យាយាម​ថា នេះ​ជា បដិបទា ជាដំណើរ​ទៅកាន់​ទីរំលត់ទុក្ខ​។

[៣៥៧] ម្នាល​ភិក្ខុទាំងឡាយ ពួកកុលបុត្តឯណានីមួយ ក្នុងកាលដែល​កន្លង​ទៅ​ហើយ បានចេញ​ចាក​ផ្ទះ​ ចូល​កាន់​ផ្នួស ដោយ​ប្រពៃ កុលបុត្តទាំងអស់នោះ (រមែង​ប្រា​ថ្នា) ដើម្បី​ត្រាស់​ដឹង​ នូវ​អរិយ​សច្ច​ ទាំង​ ៤ ប្រការ​ តាម​សេចក្ដី​ពិត។ ម្នាល​ភិក្ខុទាំងឡាយ កុលបុត្តទាំង​ឡាយឯណា​នីមួយ ក្នុង​កាល​ជាអនាគត​ នឹង​ចេញ​ចាក​ផ្ទះ ​ចូល​កាន់​ផ្នួស ដោយ​ប្រពៃ កុលបុត្ត​ទាំងអស់​នោះ​ (រមែង​ប្រាថ្នា) ដើម្បី​ត្រាស់​ដឹង​ នូវ​​អរិយ​សច្ច​ ទាំង ៤ ប្រការ ​តាម​សេចក្ដី​ពិត។ ម្នាល​ភិក្ខុទាំងឡាយ កុលបុត្ត​ទាំងឡាយ​ ឯណានីមួយ ក្នុង​កាល​ឥឡូវ​នេះ ចេញ​ចាក​ផ្ទះ​ ចូលកាន់​ផ្នួស ដោយ​ប្រពៃ ​កុល​បុត្ត​ទាំងអស់​នោះ (រមែង​ប្រាថ្នា) ដើម្បី​ត្រាស់​ដឹង ​នូវ​អរិយ​សច្ច ៤ ​ប្រការ តាម​សេចក្ដី​ពិត។ អរិយ​សច្ច ៤ ប្រការ​ គឺ​អ្វី​ខ្លះ។ គឺទុក្ខអរិយ​សច្ច ១ ទុក្ខ​សមុទយអរិយ​សច្ច ១ ទុក្ខ​និរោធអរិយ​សច្ច ១ ទុក្ខ​និរោធ​គាមិនីបដិ​បទាអរិយ​សច្ច ១។ ម្នាល​ភិក្ខុទាំងឡាយ កុលបុត្ត​ទាំងឡាយ ​ឯណា​នីមួយ ក្នុង​កាល​ជា​អតីត បាន​ចេញ​ចាក​ផ្ទះ ​ចូល​កាន់​ផ្នួស ដោយ​ប្រ​ពៃ បួ​ស​ហើយ (ក្ដី) នឹង​បួស ​(ក្ដី) បួស​ឥឡូវ​នេះ (ក្ដី) កុលបុត្ត​ទាំងអស់​នោះ (រមែង​ប្រាថ្នា) ដើម្បី​ត្រាស់​ដឹង ​នូវអរិយ​សច្ច ទាំង ៤ ប្រការ នេះ​ឯង តាម​សេចក្ដី​ពិត។ ម្នាល​ភិក្ខុទាំងឡាយ ព្រោះហេតុ​នោះ ភិក្ខុ​ក្នុង​សាសនា​នេះ គួរ​ធ្វើ​សេចក្ដី​ព្យាយាម​ថា នេះ​ជាទុក្ខ។បេ។ គួរ​ធ្វើ​សេចក្ដី​ព្យាយាម​ថា នេះ​ជាបដិបទា ជាដំណើរ​ទៅកាន់​ទីរំលត់ទុក្ខ។

[៣៥៨] ម្នាល​ភិក្ខុទាំងឡាយ កុលបុត្ត​ទាំងឡាយ ឯណានីមួយ ក្នុងកាលជាអតីត​ ចេញ​ចាក​ផ្ទះ​ ចូល​កាន់​ផ្នួស​ដោយ​ប្រពៃ បាន​ត្រាស់​ដឹង ​តាម​សេចក្ដី​ពិត​ហើយ កុល​​​​បុត្ត​ទាំងអស់​នោះ បាន​ត្រាស់​ដឹង​ នូវ​អរិយ​សច្ច ​ទាំង ​៤ ​ប្រការ តាម​សេចក្ដី​ពិត។ ម្នាល​ភិក្ខុ​ទាំងឡាយ ពួកកុលបុត្ត​ឯណានីមួយ ក្នុងកាលជាអនាគត​ នឹ​ងចេញ​ចាក​ផ្ទះ​ ចូល​កាន់​​ផ្នួស​ដោយ​ប្រពៃ នឹង​ត្រាស់​ដឹង​តាម​សេចក្ដី​ពិត ពួក​កុល​បុត្ត​ទាំង​អស់​នោះ​ នឹង​ត្រាស់​​ដឹង​នូវ​អរិយ​សច្ច​ ទាំង ៤​ ប្រការ តាម​សេចក្ដីពិត។ ម្នាល​ភិក្ខុទាំងឡាយ ពួក​កុល​បុត្ត ​ឯណា​នីមួយ ក្នុងកាលឥឡូវ​នេះ ចេញ​ចាក​ផ្ទះ​ ចូល​កាន់​ផ្នួស​ដោយ​ប្រពៃ រមែង​ត្រាស់​ដឹង​តាម​សេចក្ដី​ពិត ពួក​កុល​បុត្ត​ទាំង​អស់​នោះ ​រមែង​ត្រាស់​ដឹង​ នូវ​អរិយ​សច្ច ​ទាំង ៤​ ប្រការ តាម​សេចក្ដីពិត។ អរិយ​សច្ច​ទាំង ៤ គឺអ្វី​ខ្លះ។ គឺទុក្ខអរិយ​សច្ច ១ ទុក្ខសមុទយអរិយសច្ច ១​ ទុក្ខនិរោធអរិយ​សច្ច ១ ទុក្ខនិរោធ​គាមិនីបដិបទាអរិយ​សច្ច ១។ ម្នាល​ភិក្ខុទាំងឡាយ ពួកកុលបុត្ត​ ឯណានីមួយ ក្នុងកាលជាអតីត ​បានចេញ​ចាក​ផ្ទះ ​ចូល​កាន់​ផ្នួស ​ដោយ​ប្រពៃ បានត្រាស់ដឹង​ហើយ នឹង​ត្រាស់​ដឹង រមែងត្រាស់ដឹង ​តាម​សេចក្ដី​ពិត ពួក​កុល​បុត្ត​ទាំង​អស់​នោះ​ រមែង​ត្រាស់​ដឹង​ នូវ​អរិយ​សច្ច​ ទាំង ៤ ​នេះឯង​ តាម​សេចក្ដីពិត។ ម្នាល​ភិក្ខុទាំងឡាយ ព្រោះ​ហេតុ​នោះ ភិក្ខុ​ក្នុង​សាសនា​នេះ គួរ​ធ្វើ​សេចក្ដី​ព្យាយាមថា នេះ​ជា​ទុក្ខ។បេ។ គួរ​ធ្វើ​សេចក្ដី​ព្យាយាម​ថា នេះ​ជាបដិបទា ជា​ដំណើរ​ទៅកាន់​ទី​រំលត់ទុក្ខ។

[៣៥៩] ម្នាល​ភិក្ខុទាំងឡាយ ពួក​សមណៈ ​ឬ​ព្រាហ្មណ៍ ​ឯណា​នីមួយ ក្នុង​កាល​ជាអតីត ត្រាស់​ដឹង​តាម​សេចក្ដី​ពិត​ហើយ ពួក​សមណៈ ​ឬ​ព្រាហ្មណ៍ទាំង​នោះ​ បាន​ត្រាស់​ដឹង​ នូវ​អរិយ​សច្ច ​ទាំង ៤ ប្រការ តាម​សេចក្ដីពិត។ ម្នាល​ភិក្ខុទាំងឡាយ ពួក​សមណៈ ​ឬ​ព្រាហ្មណ៍​ឯណា​មួយ ក្នុង​កាល​ជាអនាគត នឹងត្រាស់​ដឹង​តាម​សេចក្ដី​​​ពិត​ ពួក​សមណៈ ​ឬ​ព្រាហ្មណ៍ទាំង​អស់នោះ​ នឹងត្រាស់​ដឹង​ នូវ​អរិយ​សច្ច ​ទាំង ៤ ប្រការ តាម​សេចក្ដីពិត។ ម្នាល​ភិក្ខុទាំងឡាយ ពួក​សមណៈ​ ឬ​ព្រាហ្មណ៍​ឯណា​នីមួយ ក្នុង​កាល​ឥឡូវនេះ​ រមែង ត្រាស់ដឹង​តាមសេចក្ដីពិត ពួក​សមណៈ ​ឬ​ព្រាហ្មណ៍ទាំងអស់​នោះ​ រមែង​ត្រាស់​ដឹង​នូវ​អរិយ​សច្ច​ ទាំង ៤ ប្រការ តាម​សេចក្ដី​ពិត។ អរិយ​សច្ច​ ទាំង ៤ គឺអ្វី​ខ្លះ។ គឺទុក្ខអរិយ​សច្ច ១​។បេ។ ទុក្ខនិរោធ​គាមិនីបដិបទាអរិយ​សច្ច ១។ ម្នាល​ភិក្ខុទាំងឡាយ ពួក​សមណៈ ​ឬ​ព្រាហ្មណ៍​ ឯណា​នីមួយ ក្នុង​កាល​ជាអតីត ត្រាស់​ដឹង​ហើយ​ នឹង​ត្រាស់ដឹង​ រមែងត្រាស់​ដឹងតាម​សេចក្ដី​ពិត ពួក​សមណៈ​ ឬ​ព្រាហ្មណ៍ទាំង​អស់នោះ​ រមែង​ត្រាស់​ដឹង ​នូវ​អរិយ​សច្ច​ ទាំង ៤ នេះឯង តាម​សេចក្ដីពិត។ ម្នាល​ភិក្ខុទាំងឡាយ ព្រោះ​ហេតុ​នោះ ភិក្ខុ​ក្នុង​សាសនា​នេះ គួរ​ធ្វើ​សេចក្ដី​ព្យាយាមថា នេះ​ជា​ទុក្ខ។បេ។ គួរ​ធ្វើ​សេចក្ដី​ព្យាយាម​ថា នេះ​ជាបដិបទា ជាដំណើរ​ទៅ​កាន់​​ទី​រំលត់ទុក្ខ។

[៣៦០] ម្នាល​ភិក្ខុទាំងឡាយ ពួក​សមណៈ​ ឬ​ព្រាហ្មណ៍​ឯណា​នីមួយ ក្នុង​កាល​ជាអតីត បានប្រកាសនូវ​ការត្រាស់​ដឹង ​តាម​សេចក្ដី​ពិត​ហើយ ពួក​សមណៈ ​ឬ​ព្រាហ្មណ៍ ទាំង​អស់នោះ​ បានប្រកាសនូវការ​ត្រាស់​ដឹង​ នូវ​អរិយ​សច្ច ​ទាំង ៤ ប្រការ តាម​សេចក្ដី​ពិត។ ម្នាល​ភិក្ខុទាំងឡាយ ពួក​សមណៈ​ ឬ​ព្រាហ្មណ៍​ឯណា​នីមួយ ក្នុង​កាល​ជា​អនាគត នឹងប្រកាសនូវ​សេចក្តីត្រាស់​ដឹង​ តាម​សេចក្ដី​ពិត​ ពួក​សមណៈ ​ឬ​ព្រាហ្មណ៍ទាំង​អស់នោះ​ នឹងប្រកាសនូវការ​ត្រាស់​ដឹង ​នូវ​អរិយ​សច្ច​ ទាំង ៤ ប្រការ តាម​សេចក្ដីពិត។ ម្នាល​ភិក្ខុទាំងឡាយ ​សមណៈ​ ឬ​ព្រាហ្មណ៍​ឯណា​នីមួយ ក្នុង​កាល​ឥឡូវនេះ ប្រកាសនូវ​ការត្រាស់​ដឹង​ តាម​សេចក្ដី​ពិត​ ពួក​សមណៈ ​ឬ​ព្រាហ្មណ៍ទាំង​អស់នោះ​ រមែងប្រកាស​នូវការ​ត្រាស់​ដឹង ​នូវ​អរិយ​សច្ច​ ទាំង ៤ ប្រការ តាម​សេចក្ដីពិត។ អរិយ​សច្ច​ ទាំង ៤ គឺអ្វី​ខ្លះ។ គឺទុក្ខអរិយ​សច្ច ១​។បេ។ ទុក្ខនិរោធ​គាមិនីបដិបទាអរិយ​សច្ច ១។ ម្នាល​ភិក្ខុ​ទាំងឡាយ សមណៈ ​ឬ​ព្រាហ្មណ៍​ឯណា​នីមួយ ក្នុង​កាល​ជាអតីត ប្រកាសហើយ ​នឹង​ប្រកាស ប្រកាស​នូវការ​ត្រាស់​ដឹង​ ​តាម​សេចក្ដី​ពិត ពួក​សមណៈ ​​​​ឬ​ព្រាហ្មណ៍ទាំង​អស់នោះ​ បានប្រកាសហើយ ​នឹង​ប្រកាស រមែងប្រកាស នូវការ​​ត្រាស់​ដឹង ​នូវ​អរិយ​សច្ច​ទាំង ៤ នេះ តាម​សេចក្ដីពិត។ ម្នាល​ភិក្ខុទាំងឡាយ ព្រោះ​ហេតុ​នោះ ភិក្ខុ​ក្នុង​សាសនា​នេះ គួរ​ធ្វើ​សេចក្ដី​ព្យាយាមថា នេះ​ជា​ទុក្ខ។បេ។ គួរ​ធ្វើ​សេចក្ដី​ព្យាយាម​ថា នេះ​ជា​បដិបទា ជាដំណើរ​ទៅ​កាន់​​ទី​រំលត់ទុក្ខ។

[៣៦១] ម្នាល​ភិក្ខុទាំងឡាយ  អ្នក​ទាំងឡាយ​ កុំ​ត្រិះ​រិះ​នូវ​វិតក្កៈ ជា​អកុ​សលដ៏​លាមក​។ វិតក្កៈ ​គឺ​អ្វី​ខ្លះ។ គឺ​កាម​វិតក្កៈ ១ ព្យាបាទវិតក្កៈ ១ វិហឹសាវិតក្កៈ ១។ ដំណើរ​នោះ​ ព្រោះ​ហេតុ​អ្វី។ ម្នាល​ភិក្ខុទាំងឡាយ ព្រោះ​ថា វិតក្កៈទាំង​នុ៎ះ មិនមែន​ប្រកប​ដោយ​ប្រយោជន៍ ជាអាទិព្រហ្មចរិយ​​​​ធម៌ មិន​ប្រព្រឹត្តទៅ ​ដើម្បី​នឿយ​ណាយ​ មិន​ប្រព្រឹត្ត​ទៅ ​ដើម្បី​ប្រាស​ចាកតម្រេក ​មិន​ប្រព្រឹត្តទៅ ​ដើម្បី​រំលត់​ទុក្ខ មិន​ប្រព្រឹត្តទៅ​ ដើម្បី​ស្ងប់​រម្ងាប់ មិន​ប្រព្រឹត្ត​ទៅ​ ដើម្បី​ដឹងច្បាស់ មិន​ប្រព្រឹត្តទៅ ​ដើម្បី​ត្រាស់ដឹង មិន​ប្រព្រឹត្តទៅ​ ដើម្បី​និព្វាន។ ម្នាល​ភិក្ខុទាំង​ឡាយ កាលបើអ្នក​ទាំងឡាយ​​ ត្រិះ​រិះ​ គួរត្រិះរិះថា នេះជា​ទុក្ខ គួរ​ត្រិះរិះថា នេះជាហេតុ​ ជាទីកើត​ឡើង​នៃ​ទុក្ខ គួរ​ត្រិះរិះថា នេះជា​ទី​រំលត់​ទុក្ខ គួរ​ត្រិះ​រិះ​ថា នេះ​ជា​បដិបទា ជាដំណើរ​ទៅ​កាន់​ទី​រំលត់​ទុក្ខ។​ ដំណើរ​នោះ​ ព្រោះ​ហេតុ​អ្វី​។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ព្រោះ​វិតក្កៈ​ទាំង​នុ៎ះ ​ប្រកប​ដោយ​ប្រយោជន៍ វិតក្កៈទាំងនុ៎ះ  ជាអាទិ​ព្រហ្មច​រិយធម៌ វិតក្កៈទាំង​នុ៎ះ  ប្រព្រឹត្ត​ទៅ​ ដើម្បីនឿយ​ណាយ ដើម្បី​ប្រាសចាក​តម្រេក ដើម្បី​រំលត់​ទុក្ខ ដើម្បី​សេចក្ដី​ស្ងប់​រម្ងាប់ ដើម្បី​ដឹង​ច្បាស់ ដើម្បី​ត្រាស់​ដឹង ដើម្បី​និព្វាន​។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ព្រោះ​ហេតុ​នោះ ភិក្ខុ​ក្នុង​សាសនា​នោះ គួរ​ធ្វើ​សេចក្ដី​ព្យាយាមថា នេះ​ជា​ទុក្ខ។បេ។ គួរ​ធ្វើ​សេចក្ដី​ព្យាយាម​ថា នេះ​ជា​បដិបទា ជាដំណើរ​ទៅកាន់​ទី​រំលត់​ទុក្ខ​។

[៣៦២] ម្នាល​ភិក្ខុទាំងឡាយ អ្នក​ទាំងឡាយ កុំនឹក​ដោយ​ចិត្តជាអកុសល​ដ៏​លាមក​​​​​​​​ថា លោក​ទៀង​ ដូច្នេះក្ដី លោក​មិន​ទៀង​ ដូច្នេះក្ដី លោក​មាន​ទី​បំ​ផុត ​ដូច្នេះ​ក្ដី លោក​​​មិន​មាន​ទី​បំ​ផុត​ ដូច្នេះ​ក្ដី ជីវិត​នោះ​ ក៏​គឺ​សរីរៈ​នោះ​ ដូច្នេះ​ក្ដី ជីវិត​ដទៃ​ សរីរៈដទៃ ​ដូច្នេះក្ដី សត្វ​ស្លាប់​ទៅ កើត​ទៀត​ក្ដី សត្វ​ស្លាប់​ទៅ មិនកើត​ទៀត​ក្ដី សត្វ​ស្លាប់ទៅ ​កើត​ទៀត​ក៏មាន មិនកើតទៀតក៏​មាន ដូច្នេះក្ដី សត្វ​ស្លាប់​ទៅ កើត​ទៀត​ ក៏មិនមែន មិនកើត​ទៀត​ ក៏​មិន​មែន​ ដូច្នេះក្ដី។ ដំណើរ​នោះ ព្រោះ​ហេតុ​អ្វី។ ម្នាល​ភិក្ខុទាំងឡាយ ព្រោះ​ថា គំនិតនុ៎ះ​មិនមែនប្រកប​ដោយ​ប្រយោជន៍ មិនមែន​ជាអាទិព្រហ្មចរិយធម៌ មិន​ប្រ​ព្រឹត្ត​ទៅ ​ដើម្បី​នឿយ​ណាយ​ មិន​ប្រព្រឹត្ត​ទៅ​ ដើម្បី​ប្រាសចាកតម្រេក ​មិន​ប្រព្រឹត្តទៅ ​ដើម្បី​រំលត់​ទុក្ខ មិន​ប្រព្រឹត្តទៅ ​ដើម្បី​ស្ងប់​រម្ងាប់ មិន​ប្រព្រឹត្តទៅ​ ដើម្បី​ដឹងច្បាស់ មិន​ប្រព្រឹត្តទៅ ​ដើម្បី​ត្រាស់ដឹង មិន​ប្រព្រឹត្តទៅ ​ដើម្បី​និព្វាន។ ម្នាល​ភិក្ខុទាំងឡាយ កាលបើអ្នក​ទាំង​ឡាយ​​គិត ​ គួរគិតថា នេះជា​ទុក្ខ គួរ​គិតថា នេះជាហេតុ​ ជាទីកើត​ឡើង​នៃ​ទុក្ខ គួរ​គិត​ថា នេះជា​ទី​រំលត់​ទុក្ខ គួរ​គិត​ថា នេះ​ជា​បដិបទា ជាដំណើរ​ទៅ​កាន់​ទី​រំលត់​ទុក្ខ។​ ដំណើរ​នោះ​ ព្រោះ​ហេតុ​អ្វី​។ ម្នាល​ភិក្ខុទាំងឡាយ ព្រោះ​ថា គំនិតនុ៎ះ ប្រកប​ដោយ​ប្រយោជន៍ គំនិតនុ៎ះ ជាអាទិ​ព្រហ្មច​រិយធម៌ គំនិតនុ៎ះ  ប្រព្រឹត្តទៅ​ ដើម្បីនឿយ​ណាយ ដើម្បី​ប្រាស​ចាក​​​តម្រេក ដើម្បី​រំលត់​ទុក្ខ ដើម្បី​​ស្ងប់​រម្ងាប់ ដើម្បី​ដឹង​ច្បាស់ ដើម្បី​ត្រាស់​ដឹង ដើម្បី​និព្វាន​។ ម្នាល​ភិក្ខុទាំងឡាយ ព្រោះ​ហេតុ​នោះ ភិក្ខុ​ក្នុង​សាសនា​នេះ គួរ​ធ្វើ​សេចក្ដី​ព្យាយាមថា នេះ​ជា​ទុក្ខ។បេ។ គួរ​ធ្វើ​សេចក្ដី​ព្យាយាមថា នេះ​ជា​បដិបទា ជាដំណើរ​ទៅ​កាន់​​​​ទី​រំលត់​ទុក្ខ​។

[៣៦៣] ម្នាល​ភិក្ខុទាំងឡាយ អ្នកទាំងឡាយ កុំពោល​ពាក្យប្រ​កាន់​ផ្សេង​គ្នា​ថា លោក​មិនចេះ​ធម្ម​វិន័យ​នេះ​ទេ ខ្ញុំ​ទើប​ចេះ​ធម្ម​វិន័យ​នេះ លោក​នឹង​ចេះនូវ​ធម្ម​វិន័យ​នេះ​ដូច​ម្ដេច​បាន លោក​ជាអ្នក​ប្រតិបត្តិ​ខុស​ ខ្ញុំ​ទើប​ជាអ្នក​ប្រតិ​បត្តិ​ត្រូវ ពាក្យ​ដែល​គេ​ត្រូវ​និយាយ​​​មុន លោក​ត្រឡប់​ជា​និយាយ​ក្រោយវិញ ពាក្យដែល​ត្រូវ​និយាយក្រោយ លោក​ត្រឡប់​ជា​និយាយ​មុន​វិញ ពាក្យ​របស់​ខ្ញុំ​ ប្រកប​ដោយ​ប្រយោជន៍ ពាក្យ​របស់លោក​ មិន​ប្រកប​ដោយ​ប្រយោជន៍ទេ ពាក្យ​ផ្ទុយ ​លោក​ប្រព្រឹត្ត​មក​យូរ​ហើយ សំដីរបស់​លោក ខ្ញុំ​បាន​លើក​ចោល​ហើយ លោក​ជាមនុស្ស​ត្រូវ​ខ្ញុំ​សង្កត់​សង្កិន​ហើយ ក្នុង​ការ​ដោះ​ស្រាយ ​នូវ​សំ​ដីរ​បស់​ជន​ដទៃ ឬ​បើ​លោក​អាច​ ចូរ​លោក​ដោះ​ស្រាយ​ ឲ្យ​រួច​ខ្លួន​ចុះ។ ដំណើរ​នោះ​ ព្រោះ​ហេតុ​អ្វី។ ម្នាល​ភិក្ខុទាំងឡាយ ព្រោះ​ថា ពាក្យ​នោះ មិន​ប្រកប​ដោយ​ប្រ​យោជន៍ មិន​មែន​ជាអាទិព្រហ្ម​ចរិយធម៌ មិន​មែន​ប្រព្រឹត្ត​ទៅ​ ដើម្បី​សេចក្ដី​នឿយ​ណាយ មិន​ប្រព្រឹត្ត​ទៅ​ ដើម្បី​ប្រាសចាកតម្រេក ​មិន​ប្រព្រឹត្តទៅ ​ដើម្បី​រំលត់​ទុក្ខ មិន​ប្រព្រឹត្តទៅ​ ដើម្បី​ស្ងប់​រម្ងាប់ មិន​ប្រព្រឹត្តទៅ ​ដើម្បី​ដឹងច្បាស់ មិន​ប្រព្រឹត្តទៅ​ ដើម្បី​ត្រាស់ដឹង មិន​ប្រព្រឹត្តទៅ ​ដើម្បីនិព្វាន។ ម្នាល​ភិក្ខុទាំងឡាយ កាលបើអ្នក​ទាំងឡាយ​ពោល ​ គួរពោលថា នេះជា​ទុក្ខ គួរ​ពោលថា នេះជាហេតុ​ ជាទីកើត​ឡើង​នៃ​ទុក្ខ គួរ​ពោលថា នេះជា​ទី​រំលត់​ទុក្ខ គួរ​ពោល​ថា នេះ​ជា​បដិបទា ជាដំណើរ​ទៅ​កាន់​ទី​រំលត់​ទុក្ខ។បេ។ គួរធ្វើសេចក្ដីព្យាយាម។

[៣៦៤] ម្នាល​ភិក្ខុទាំងឡាយ អ្នកទាំ​ងឡាយ កុំពោល​ពាក្យតិរច្ឆានកថាច្រើន​ប្រការ។ តិរច្ឆាន​កថា គឺអ្វី​ខ្លះ។ គឺនិយាយអំពី​ស្ដេច និយាយ​អំពី​ចោរ និយាយអំពី​មហាមាត្រ និយាយអំពី​សេនា និយាយ​អំពីភ័យ និយាយអំពី​ចម្បាំង និយាយអំពីគ្រឿងស៊ី និយាយ អំពីគ្រឿង​ផឹក និយាយអំពី​សំពត់ និយាយអំពី​ទីដេក និយាយអំពី​កម្រង​ផ្កា និយាយអំពី​គ្រឿង​ក្រអូប និយាយអំពី​ញាតិ និយាយអំពីយាន​ និយាយអំពីស្រុក និយាយអំពីនិគម និយាយអំពីនគរ និយាយអំពីជនបទ និយាយអំពីស្រី និយាយអំពីប្រុស និយាយអំពី ទាហានដ៏ក្លៀវក្លា និយាយអំពីច្រកផ្លូវ និយាយអំពីកំពង់​ទឹក និយាយអំពីបុព្វ​ប្រេត​គឺញាតិ ដែល​ចែកស្ថាន​ទៅហើយ និយាយអំពីពាក្យឥតប្រយោជន៍​ផ្សេងៗ និយាយអំពី លោក​ និយាយអំពីការជីកសមុទ្រ និយាយអំពីសេចក្ដីចំរើន​ និង​មិន​ចំរើន​ ដូច្នេះ​ៗ។ ដំណើរនោះ​ ព្រោះហេតុអ្វី​។ ម្នាល​ភិក្ខុទាំងឡាយ ព្រោះ​ថា ការ​ពោល​នុ៎ះ មិន​ប្រកប​ដោយប្រយោជន៍ មិនមែន​ជាអាទិព្រហ្មចរិធម៌ មិន​​ប្រព្រឹត្ត​ទៅ​ ដើម្បី​សេចក្ដី​នឿយ​ណាយ មិន​ប្រព្រឹត្ត​ទៅ​ ដើម្បី​ប្រាសចាកតម្រេក ​មិន​ប្រព្រឹត្តទៅ ​ដើម្បី​សេចក្តីរំលត់​ទុក្ខ មិន​ប្រព្រឹត្តទៅ​ ដើម្បីសេចក្តី​ស្ងប់​ស្ងាត់ មិន​ប្រព្រឹត្តទៅ​ ដើម្បី​ដឹងច្បាស់ មិន​ប្រព្រឹត្តទៅ ​ដើម្បី​ត្រាស់ដឹង មិន​ប្រព្រឹត្តទៅ​ ដើម្បី​និព្វាន។ ម្នាល​ភិក្ខុទាំងឡាយ កាលបើអ្នក​ទាំងឡាយ​ពោល ​ គួរពោលថា នេះជា​ទុក្ខ គួរ​ពោលថា នេះហេតុ​ជាទីកើត​ឡើង​នៃ​ទុក្ខ គួរ​ពោល​ថា នេះជា​ទី​រំលត់​ទុក្ខ គួរ​ពោល​ថា នេះ​ជា​បដិបទា ជាដំណើរ​ទៅ​កាន់​ទី​រំលត់​ទុក្ខ។ ដំណើរនោះ ព្រោះ​ហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ​ ព្រោះ​ថា ការពោល​នុ៎ះ ប្រកប​ដោយ​ប្រយោជន៍ ការពោលនុ៎ះ ជាអាទិព្រហ្មច​រិធម៌ ការពោលនុ៎ះ ប្រព្រឹត្តទៅ ដើម្បី​សេចក្ដី​នឿយ​​​ណាយ ដើម្បី​ប្រាសចាកតម្រេក ដើម្បីរំលត់​ទុក្ខ ដើម្បីស្ងប់រម្ងាប់ ដើម្បីដឹង​ច្បាស់ ដើម្បី​ត្រាស់​ដឹង ដើម្បី​និព្វាន។ ម្នាល​ភិក្ខុទាំងឡាយ ព្រោះ​ហេតុ​នោះ ភិក្ខុ​ក្នុង​សាសនា​នេះ គួរ​ធ្វើ​សេចក្ដី​ព្យាយាមថា នេះ​ជា​ទុក្ខ។បេ។ គួរ​ធ្វើ​សេចក្ដី​ព្យាយាមថា នេះ​ជា​បដិបទា ជាដំណើរ​ទៅកាន់​ទី​រំលត់​ទុក្ខ​។

ចប់ សមាធិវគ្គ ទី១។

ឧទាននៃសមាធិវគ្គនោះគឺ

និយាយអំពីសមាធិ ១ អំពីការធ្វើសេចក្ដីព្យាយាម ក្នុងការពួនសម្ងំ ១ អំពី​ពួក​កុលបុត្ត មាន ២ លើក អំពីពួកសមណៈព្រាហ្មណ៍ មាន ២ លើក អំពីកុំឲ្យត្រិះរិះ នូវ​អកុសលវិតក្កៈ ១ អំពីកុំឲ្យ​គិតជា​អកុសល ១ អំពីពោលពាក្យ​ប្រកាន់​ផ្សេងគ្នា ១ អំពី​តិរច្ឆាន​កថា ១។

ធម្មចក្កប្បវត្តនវគ្គ ទី២

[៣៦៥] ខ្ញុំបានស្ដាប់មក​យ៉ាងនេះ។ សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់​គង់នៅ ក្នុង​ឥសិបតនមិគទាយវន ទៀបក្រុងពារាណសី។ ក្នុងទីនោះឯង ព្រះ​ដ៏មានព្រះ​ភាគ ទ្រង់​ត្រាស់​ចំពោះបញ្ចវគ្គិយភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ ធម៌អមខាង ២ ប្រការនេះ បព្វជិត មិនគួរសេពគប់ឡើយ។ ធម៌អមខាង ២ ប្រការ គឺអ្វីខ្លះ។ ការ​ប្រកប​រឿយ​ៗ​ នូវសេច​ក្ដី​ជាប់​ជំពាក់ ដោយ​កាម​សុខ​ ក្នុង​កាម​ទាំង​​​ឡាយ​ ដែលជាធម៌ ថោកទាប​ ជារបស់​អ្នកស្រុក​ ជារបស់​បុថុជ្ជន មិន​មែន​ជារបស់​អរិយបុគ្គល មិនប្រកបដោយ​ប្រយោជន៍ ១ ការ​ប្រកប​រឿយៗ​ នូវ​សេចក្ដីព្យាយាមធ្វើ​ខ្លួនឯង​ឲ្យ​លំបាក ដែល​នាំ​មក​នូវ​សេចក្ដីទុក្ខ មិនមែន​ជារបស់​អរិយបុគ្គល មិន​ប្រកប​ដោយប្រយោជន៍​ ១។ ម្នាលភិក្ខុទាំង​ឡាយ មជ្ឈិមាបដិបទា មិនប៉ះពាល់នូវធម៌​អម​ខាង​ ទាំង ២ នុ៎ះ តថាគត​​​​​ បា​ន​ត្រាស់​ដឹង​ហើយ ជាសេចក្ដី​ប្រតិបត្តិ​ ធ្វើឲ្យ​កើត​បញ្ញាចក្ខុ ធ្វើ​ឲ្យ​កើត​សេចក្ដីចេះដឹង ប្រព្រឹត្តទៅ ដើម្បី​សេចក្ដី​ស្ងប់រម្ងាប់ ដើម្បីដឹង​ច្បាស់​ ដើម្បី​ត្រាស់​ដឹង ដើម្បីនិព្វាន​។ ម្នាលភិក្ខុ​ទាំងឡាយ ចុះមជ្ឈិមាបដិបទានោះ​ តើ​ដូចម្ដេច ដែលតថាគត​ត្រាស់​ដឹង​ហើយ ជាសេចក្ដីប្រតិបត្តិ ធ្វើ​ឲ្យ​កើត​បញ្ញាចក្ខុ ធ្វើ​ឲ្យ​កើត​សេចក្ដីចេះដឹង ប្រព្រឹត្តទៅ ដើម្បី​សេចក្ដី​ស្ងប់រម្ងាប់ ដើម្បីដឹង​ច្បាស់​ ដើម្បី​ត្រាស់​ដឹង ដើម្បីនិព្វាន។ (មជ្ឈិមាបដិបទា) គឺ អរិយមគ្គ ប្រកប​ដោយ​អង្គ ៨ ប្រការនេះឯង។ អរិយមគ្គ ៨ ប្រការ គឺអ្វីខ្លះ។ គឺសេចក្ដីយល់​ត្រូវ ១ សេចក្ដីត្រិះរិះត្រូវ ១ វាចាត្រូវ ១ ការងារត្រូវ ១ ការចិញ្ចឹម​ជីវិតត្រូវ ១ សេចក្ដីព្យាយាមត្រូវ ១ សេចក្ដីរឭកត្រូវ ១ ការធ្វើចិត្តឲ្យនឹងត្រូវ​ ១។ ម្នាលភិក្ខុទាំងឡាយ នេះឯងហៅថា មជ្ឈិមាបដិបទា ដែល​តថាគតត្រាស់ដឹង​ហើយ ជាសេចក្ដីប្រតិបត្តិ ធ្វើ​ឲ្យ​កើត​បញ្ញាចក្ខុ ធ្វើ​ឲ្យ​កើត​សេចក្ដីចេះដឹង ប្រព្រឹត្តទៅ​ ដើម្បី​​ស្ងប់រម្ងាប់ ដើម្បីដឹង​ច្បាស់​ ដើម្បី​ត្រាស់​ដឹង ដើម្បីនិព្វាន។

[៣៦៦] ម្នាលភិក្ខុទាំងឡាយ ក៏សេចក្ដីទុក្ខនេះឯង ហៅថា អរិយសច្ច គឺជាតិ ជា​ទុក្ខ ១ ជរាជាទុក្ខ ១ ព្យាធិជាទុក្ខ ១ មរណៈជាទុក្ខ ១ ដំណើរជួបប្រសព្វ​ ដោយ​សត្វ ​និង​សង្ខារ​ មិនជាទីស្រឡាញ់​ទាំងឡាយ ជាទុក្ខ ១ ដំណើរព្រាត់​ប្រាស​ចាក​សត្វ​ និង​សង្ខារ ជាទីស្រឡាញ់​ទាំងឡាយ​ ជាទុក្ខ ១ ​បុគ្គល​ប្រាថ្នារបស់​ណា មិន​បាន​របស់​នោះ ​ជាទុក្ខ ១ បើពោល​ដោយ​សង្ខេប ឧបាទានក្ខន្ធ ទាំង​ ៥ ប្រការ ឈ្មោះ​ថា ជាទុក្ខ។ ម្នាលភិក្ខុ​ទាំង​ឡាយ ហេតុ​ជាទីកើត​ឡើង ​នៃទុក្ខ​នេះ ហៅថា អរិយសច្ច។ គឺតណ្ហានេះឯង ជាធម្ម​ជាតិ នាំសត្វឲ្យ​កើត​ទៀត ប្រកប​ដោយសេចក្ដីរីករាយ​ និង​ត្រេកត្រអាល ជាធម្ម​ជា​តិ​ នាំសត្វឲ្យ ត្រេក​ត្រអាល ក្នុង​ភព​នោះៗ។ តណ្ហា គឺអ្វីខ្លះ។ គឺកាម​តណ្ហា ១ ភវតណ្ហា ១ វិភវតណ្ហា ១។ ម្នាល​ភិក្ខុទាំងឡាយ សេចក្ដី​រលត់​នៃ​ទុក្ខ​នេះ​ ហៅថា អរិយសច្ច។​ គឺសភាវៈ​នឿយ​ណាយ និង​ការរលត់​ ដោយ​មិន​មានសេស​សល់ ជា​សភាវៈលះបង់​ គ្រវែង​ចោល ជម្រុះ​ចោល មិន​មាន​អាល័យ ចំពោះ​តណ្ហានោះ។ ម្នាល​ភិក្ខុទាំងឡាយ បដិបទា ជាដំណើរ​ទៅកាន់​ទីរំលត់​ទុក្ខ​នេះ ហៅថា​ អរិយសច្ច។​ គឺអរិយ​មគ្គ ប្រកបដោយ​អង្គ ៨ ប្រការ​នេះឯង។ អរិយមគ្គ គឺអ្វីខ្លះ។ គឺ​សេចក្ដីយល់​ត្រូវ ១​។បេ។ ការដំកល់​ចិត្តត្រូវ ១។

[៣៦៧] ម្នាលភិក្ខុទាំងឡាយ​ ចក្ខុកើតឡើងហើយ ញាណកើត​ឡើង​ហើយ បញ្ញា​កើត​ឡើងហើយ វិជ្ជាកើតឡើងហើយ ពន្លឺកើតឡើងហើយ ដល់​តថាគត ក្នុងធម៌​ទាំង​ឡាយ ដែលតថាគត មិនដែល​បានឮ ក្នុង​កាលមុនថា ទុក្ខនេះ ហៅថា អរិយសច្ច ដូច្នេះ​ឡើយ​​។ ម្នាលភិក្ខុទាំងឡាយ ពន្លឺកើតឡើង​ហើយ ​ដល់​តថាគត​ថា ទុក្ខនោះ ហៅថា អរិយសច្ច ដែលតថាគត គប្បីកំណត់ដឹង។បេ។ ម្នាលភិក្ខុទាំងឡាយ ចក្ខុកើតឡើង​ហើយ ញាណកើតឡើងហើយ បញ្ញាកើត​ឡើង​ហើយ វិជ្ជា​កើត​ឡើង​ហើយ ពន្លឺ​កើត​ឡើង​ហើយ ដល់​តថា​គត ក្នុង​ធម៌​ទាំងឡាយ ​ដែលតថាគត​ មិន​ដែល​បាន​ឮ ក្នុង​កាល​មុន​ថា ទុក្ខ​នេះ​ហៅ​ថា អរិយ​សច្ច ដែល​តថាគត បាន​កំណត់​ដឹង​ហើយ។

[៣៦៨] ម្នាលភិក្ខុទាំងឡាយ ចក្ខុកើតឡើង​ហើយ ញាណកើតឡើងហើយ ប្រាជ្ញា​កើត​ឡើង​ហើយ វិជ្ជា​កើត​ឡើង​ហើយ ពន្លឺ​កើត​ឡើង​ហើយ ដល់​តថា​គត ក្នុង​ធម៌​ទាំង​ឡាយ ​​ដែលតថាគត​ មិន​ដែល​បាន​ឮ ក្នុង​កាល​មុន​ថា ហេតុជាទីកើតឡើង ​នៃ​ទុក្ខ​នេះ ហៅ​ថា អរិយ​សច្ច ដូច្នេះ​ឡើយ។  ម្នាល​ភិក្ខុទាំងឡាយ ពន្លឺ​កើតឡើង​ហើយ ដល់​តថាគត​ថា តណ្ហា​ជាហេតុ​ឲ្យ​កើត​ទុក្ខ​នោះ ឈ្មោះ​ថា អរិយសច្ច ដែល​តថាគត​ គប្បី​លះបង់​ចោល។បេ។ ម្នាលភិក្ខុទាំងឡាយ ចក្ខុកើតឡើង​ហើយ ញាណកើត​ឡើង​ហើយ ប្រាជ្ញាកើត​ឡើង​ហើយ វិជ្ជា​កើត​ឡើង​ហើយ ពន្លឺ​កើត​ឡើង​ហើយ ដល់​តថា​គត ក្នុង​ធម៌​ទាំងឡាយ ​ដែលតថាគត ​មិន​ដែល​បាន​ឮ ក្នុង​កាល​មុន​ថា តណ្ហា​ ជាហេតុឲ្យ​កើត​ទុក្ខ​នោះ ឈ្មោះ​ថា អរិយ​សច្ច ដែល​តថាគត ​លះចោល​ហើយ។

[៣៦៩] ម្នាលភិក្ខុទាំងឡាយ ចក្ខុកើតឡើង​ហើយ ញាណកើតឡើងហើយ បញ្ញា​កើត​ឡើង​ហើយ វិជ្ជា​កើត​ឡើង​ ពន្លឺ​កើត​ឡើង​ហើយ ដល់​តថា​គត ក្នុង​ធម៌​ទាំងឡាយ ​ដែលតថាគត​ មិន​ដែល​បាន​ឮមក ក្នុង​កាល​មុន​ថា សេចក្ដីរលត់ទុក្ខ​នេះ ​ហៅ​ថា អរិយ​សច្ច ដូច្នេះឡើយ។ ម្នាលភិក្ខុទាំងឡាយ ចក្ខុកើតឡើង​ហើយ ញាណកើតឡើងហើយ បញ្ញា​កើត​ឡើង​ហើយ វិជ្ជា​កើត​ឡើង​ហើយ ពន្លឺ​កើត​ឡើង​ហើយ ដល់​តថា​គត ក្នុង​ធម៌​ទាំងឡាយ​ ដែលតថាគត​ មិន​ដែល​បាន​ឮមក ក្នុង​កាល​មុន​ថា សេចក្ដីរលត់ទុក្ខ​នោះ ឈ្មោះ​​ថា អរិយ​សច្ច ដែល​តថាគត គប្បីធ្វើឲ្យ​ជាក់​ច្បាស់។ ម្នាលភិក្ខុទាំងឡាយ ចក្ខុ​កើត ឡើង​ហើយ ញាណកើតឡើងហើយ បញ្ញាកើត​ឡើង​ហើយ វិជ្ជា​កើត​ឡើង​ហើយ ពន្លឺ​កើត​ឡើង​ហើយ ដល់​តថា​គត ក្នុង​ធម៌​ទាំងឡាយ​ ដែលតថាគត​មិន​ដែល​បាន​ឮមក ​ក្នុង​កាល​មុន​ថា សេចក្ដីរលត់ទុក្ខ​នោះ ហៅថា អរិយ​សច្ច ដែល​តថាគត ធ្វើឲ្យ​ជាក់​ច្បាស់​ហើយ។

[៣៧០] ម្នាលភិក្ខុទាំងឡាយ ចក្ខុកើតឡើង​ហើយ ញាណកើតឡើងហើយ បញ្ញា​កើត​ឡើង​ហើយ វិជ្ជា​កើត​ឡើង​ហើយ ពន្លឺ​កើត​ឡើង​ហើយ ដល់​តថា​គត ក្នុង​ធម៌​ទាំង​ឡាយ​ ដែលតថាគត​ មិន​ដែល​បាន​ឮមក ក្នុង​កាល​មុន​ថា បដិបទា ជាដំណើរ​ទៅកាន់​ទី​រំលត់​ទុក្ខ​នេះ ហៅ​ថា​ អរិយ​សច្ច ដូច្នេះ​ឡើយ​។ ម្នាលភិក្ខុទាំងឡាយ ពន្លឺ​កើត​ឡើង​ហើយ ដល់​តថា​គតថា បដិបទា ជាដំណើរ​ទៅកាន់​ទី​រំលត់​ទុក្ខ​នោះ ហៅ​ថា​ អរិយ​សច្ច ដែល​តថាគត ​​​​គប្បី​ចំរើន។បេ។ ម្នាលភិក្ខុទាំងឡាយ ចក្ខុកើតឡើង​ហើយ ញាណកើត​ឡើង​ហើយ បញ្ញាកើត​ឡើង​ហើយ វិជ្ជា​កើត​ឡើង​ហើយ ពន្លឺ​កើត​ឡើង​ហើយ ដល់​តថា​គត ក្នុង​ធម៌​ទាំងឡាយ​ ដែលតថាគត​ មិន​ដែល​បាន​ឮមក ក្នុង​កាល​មុន​ថា បដិបទា ជា​ដំណើរ​​​​​​​​​ទៅកាន់​ទី​រំលត់​ទុក្ខ​នោះ ឈ្មោះ​ថា​ អរិយ​សច្ច ដែលតថាគត​ចំរើន​ហើយ។

[៣៧១] ម្នាលភិក្ខុទាំងឡាយ មួយទៀត​ ញាណ​ទស្សនៈ (ការដឹង​ និង​ការ​ឃើញ) មាន​បរិវដ្ដ (វិល) ៣ មានអាការ​ ១២ យ៉ាង​នេះ ក្នុង​អរិយសច្ច​ ទាំង ៤​ នេះ របស់​តថាគត​នៅ​មិន​ទាន់​បរិសុទ្ធ​តាម​ពិត​ត្រឹម​ណា ភិក្ខុទាំង​ឡាយ​ តថាគត ក៏​មិន​ទាន់​ប្ដេជ្ញា​ខ្លួន​ថា ជា​អ្នក​​​ត្រាស់​ដឹង ​ចំពោះសម្មាសម្ពោធិញ្ញាណដ៏​ប្រសើរ ក្នុង​លោក​ ព្រមទាំង​ទេវលោក មារលោក ព្រហ្មលោក ក្នុង​ពពួក​សត្វ ព្រម​ទាំង​សមណ​ព្រាហ្មណ៍​ ទាំងមនុស្ស​ជាសម្មតិទេព និង​មនុស្ស​ដ៏​សេស ត្រឹម​ណោះឡើយ។  ម្នាលភិក្ខុទាំងឡាយ លុះ​តែ​ញាណ​​ទស្សនៈ មានបរិវដ្ដ ៣ មាន​អាការ ១២ យ៉ាងនេះ ក្នុងអរិយសច្ច ទាំង ៤ នេះ របស់​តថាគត បរិសុទ្ធ​តាម​ពិត​ក្នុងកាល​ណា ម្នាលភិក្ខុទាំងឡាយ ទើបតថាគត ប្ដេជ្ញាខ្លួនថា ជាអ្នក​ត្រាស់​ដឹង​ ចំពោះ​សម្មាសម្ពោ​ធិញ្ញាណ ​ដ៏​ប្រសើរក្នុង​លោក ព្រម​ទាំង​ទេវលោក មារលោក​ ព្រហ្មលោក ក្នុង​ពពួក​សត្វ ព្រម​ទាំង​សមណ​ព្រាហ្មណ៍ ​ទាំងមនុស្ស​ជា​សម្មតិទេព និង​មនុស្ស​ដ៏​សេស ក្នុងកាលណោះ។ មួយទៀត ញ្ញាណ​ទស្សនៈ កើត​ឡើង​ដល់​តថាគតថា​ វិមុត្តិ គឺ អរហត្តផល ​របស់​តថាគត ​មិន​កម្រើក​ឡើយ ជាតិ​នេះផុត​ត្រឹម​នេះហើយ ឥឡូវ​នេះ ភពថ្មី​មិន​មាន​ទេ។ លុះព្រះ​ដ៏មានព្រះភាគ ត្រាស់​ពាក្យ​នេះ​ចប់​ហើយ​។ ពួក​បញ្ចវគ្គិ​យភិក្ខុ ក៏​មាន​ចិត្ត​ត្រេក​អរ​រីករាយ ចំពោះ​ភាសិត​របស់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។

[៣៧២] កាលដែលព្រះ​ដ៏​មាន​ព្រះ​ភាគ កំពុង​សំដែង​នូវ​វេយ្យាករណ៍នេះ ធម្មចក្ខុ  (ភ្នែក​​ឃើញ​ធម៌) ដ៏​ប្រាសចាក​ធូលី គឺ​រា​គាទិក្កិ​លេស ប្រាស​ចាក​មន្ទិល ​គឺ​ទិដ្ឋិ និង​វិចិកិច្ឆា បានកើតឡើង​ហើយ ​ដល់កោណ្ឌញ្ញភិក្ខុ​ដ៏​មានអាយុថា ធម្មជាតណាមួយ ​ដែល​កើតឡើង ជាធម្មតា ធម្មជាត​ទាំង​អស់​នោះ​ ក៏​រលត់​ទៅ​វិញ​ ជាធម្មតា។ កាលបើ​ធម្ម​ចក្ក​​ដែល​ព្រះ​មាន​ព្រះ​ភាគ ​ឲ្យ​ប្រព្រឹត្ត​ទៅ (សំដែង​ដូច​ជា​គេបង្វិលយ៉ាងនេះ​) ហើយ ភុម្មទេវតា​ទាំងឡាយ​ ក៏បន្លឺ​នូវ​សូរសព្ទថា ធម្មចក្កនេះ មិនមានចក្កដទៃក្រៃលែងជាង ទោះ​បី​សមណៈក្ដី ព្រាហ្មណ៍ក្ដី ទេវតាក្ដី មារក្ដី ព្រហ្មក្ដី ជនឯណានីមួយក្ដី ក្នុងលោក មិនអាចនឹងឲ្យ​ប្រព្រឹត្តទៅ​បានឡើយ (ឥឡូវ) ព្រះ​ដ៏​មានព្រះភាគ ទ្រង់​ឲ្យ​ប្រព្រឹត្តទៅ​បាន​ហើយ ក្នុង​ឥសិបតនមិគទាយវន ជិតក្រុងពារាណសី។ ពួកទេវតា​ នៅក្នុងឋាន​ចាតុម្ម​ហារា​ជិកទាំងឡាយ ឮ​សំឡេង​របស់​ភុម្មទេវតាទាំងឡាយ​ហើយ ក៏បន្លឺនូវសំលេង​ថា ធម្មចក្ក​​នុ៎ះ មិនមានចក្កដទៃក្រៃលែងជាង ទោះ​បី​សមណៈក្ដី ព្រាហ្មណ៍ក្ដី ទេវតាក្ដី មារក្ដី ព្រហ្មក្ដី ជនឯណានីមួយក្ដី ក្នុងលោក មិនអាចឲ្យ​ប្រព្រឹត្តទៅ​បានឡើយ (ឥឡូវ) ព្រះ​ដ៏​មានព្រះភាគ ទ្រង់​ឲ្យ​ប្រព្រឹត្តទៅ​បាន​ហើយ ក្នុង​ឥសិបតនមិគទាយវន ​ជិតក្រុង​ពារាណសី​។ ពួកទេវតា នៅ​ឋានតាវត្តិង្ស ឮ​សំឡេង​របស់​ទេវតា ​នៅក្នុង​ឋានចាតុម្មហារាជិក។ ពួក​ទេវតា​​ ក្នុងឋានយាមៈ។ ទេវតា​នៅក្នុង​ឋានតុសិត។ ពួក​ទេវតា នៅក្នុងឋាននិម្មានរតី។ ពួកទេវតា នៅក្នុងឋានបរិនិម្មិតវសវត្តី។ ទេវតាទាំង​ឡាយ ​ដែលរាប់ក្នុងពពួក​ព្រហ្ម ក៏បន្លឺ​នូវ​​សូរសព្ទថា ព្រះធម្មចក្ក​នុ៎ះ មិនមាន​ចក្កដទៃ​ក្រៃលែងជាង ទោះបី​សមណៈក្ដី ព្រាហ្មណ៍ក្ដី ទេវតាក្ដី មារក្ដី ព្រហ្មក្ដី ជនឯណានីមួយក្ដី ក្នុងលោក មិនអាចនឹងឲ្យ​ប្រព្រឹត្តទៅ​បាន​ឡើយ (ឥឡូវ) ព្រះ​ដ៏​មានព្រះភាគ ទ្រង់​ឲ្យ​ប្រព្រឹត្តទៅ​បាន​ហើយ ក្នុង​ឥសិបតនមិគ​ទា​យ​វន ជិតក្រុងពារាណសី។

[៣៧៣] សំឡេង (កង​រំពង)  ក៏លាន់​ឮឡើង ​ទៅ​ដរាប​ដល់​ព្រហ្ម​លោក ​ក្នុង​ខណៈ មួយរំពេច​នោះ ដោយ​ប្រការដូច្នេះ។ លោកធាតុ ទាំង​ ១​ ហ្មឺន​នេះ ក៏កក្រើក​រំពើក​ញាប់​ញ័រ​។ ទាំង​ពន្លឺ​ភ្លឺ​ធំ​ទូលាយ ប្រមាណមិន​បាន កន្លងលើស​អានុភាព ​របស់​ទេវតា​ទាំងឡាយ ក៏កើត​ប្រាកដ​ឡើង​ក្នុង​លោក។

[៣៧៤] លំដាប់​នោះឯង ព្រះដ៏​មានព្រះភាគ​ ទ្រង់​បន្លឺ​នូវ​ឧទាន​វាចាថា អើហ្ន៎ កោណ្ឌញ្ញ បានត្រាស់​ដឹង​ពិតហើយ អើហ្ន៎ កោណ្ឌញ្ញ ​បាន​ត្រាស់​ដឹង​ពិត​ហើយ។ ព្រោះ​ហេតុ​នោះ ពាក្យ​ថា អញ្ញាកោណ្ឌញ្ញៈនេះ ក៏​បាន​ជាប់​ជានាម ​របស់​ព្រះ​កោណ្ឌញ្ញភិក្ខុដ៏​មានអាយុ​ ដោយ​ប្រការ​ដូច្នេះ។

[៣៧៥] ម្នាលភិក្ខុទាំងឡាយ ចក្ខុកើតឡើង​ហើយ ញាណកើតឡើងហើយ បញ្ញាកើត​ឡើង​ហើយ វិជ្ជា​កើត​ឡើង​ហើយ ពន្លឺ​កើត​ឡើង​ហើយ ដល់​ព្រះតថា​គត ទាំងឡាយ ក្នុង​ធម៌​ទាំងឡាយ​ ដែលមិន​ធ្លាប់បាន​ឮមក ក្នុង​កាល​មុន​ថា សេចក្ដី​ទុក្ខ​នេះ ហៅ​ថា ​អរិយ​សច្ច ​។ ម្នាលភិក្ខុទាំងឡាយ ពន្លឺ​កើត​ឡើង​ហើយ ដល់ព្រះ​តថា​គត​ទាំងឡាយថា សេចក្ដី​ទុក្ខ​នោះ ហៅ​ថា​ អរិយ​សច្ច បុគ្គលគួរកំណត់ដឹង។បេ។ ម្នាលភិក្ខុ​ទាំងឡាយ ចក្ខុកើតឡើង​ហើយ ញាណកើតឡើងហើយ បញ្ញាកើត​ឡើង​ហើយ វិជ្ជា​កើត​ឡើង​ហើយ ពន្លឺ​កើត​ឡើង​ហើយ ដល់ព្រះ​តថា​គតទាំងឡាយ ក្នុង​ធម៌​ទាំងឡាយ​ ដែល​មិន​ធ្លាប់​បាន​ឮមក ក្នុង​កាល​មុន​ថា សេចក្ដី​ទុក្ខ​នោះ ហៅ​ថា ​អរិយ​សច្ច ដែលតថាគត បាន​កំណត់ដឹង​ហើយ។

[៣៧៦] ម្នាលភិក្ខុទាំងឡាយ ចក្ខុកើតឡើង​ហើយ ញាណកើតឡើងហើយ បញ្ញាកើត​ឡើង​ហើយ វិជ្ជា​កើត​ឡើង​ហើយ ពន្លឺ​កើត​ឡើង​ហើយ ដល់ព្រះតថា​គត ទាំងឡាយ ក្នុង​ធម៌​ទាំងឡាយ​ ​ដែលមិនធ្លាប់បាន​ឮមក ក្នុង​កាល​មុន​ថា ហេតុជាទីកើត​ឡើង​នៃ​ទុក្ខ​នេះ ហៅ​ថា ​អរិយ​សច្ច ​។ ម្នាលភិក្ខុទាំងឡាយ ពន្លឺ​កើត​ឡើង​ហើយ ដល់​តថាគតទាំងឡាយថា ហេតុជាទីកើតឡើង នៃ​ទុក្ខ​នោះ ហៅ​ថា​ អរិយ​សច្ច ដែល​តថាគត​គប្បី​លះ​​បង់។បេ។ ម្នាលភិក្ខុទាំងឡាយ ចក្ខុកើតឡើង​ហើយ ញាណកើត​ឡើងហើយ បញ្ញា​កើត​​ឡើង​ហើយ វិជ្ជា​កើត​ឡើង​ហើយ ពន្លឺ​កើត​ឡើង​ហើយ ដល់ព្រះ​តថា​គត​ទាំងឡាយ ក្នុង​ធម៌​ទាំងឡាយ​ ដែល​មិន​ធ្លាប់​បាន​ឮមក ក្នុង​កាល​មុន​ថា ហេតុជា​ទីកើតឡើង នៃ​​ទុក្ខ​នោះ ហៅ​ថា ​អរិយ​សច្ច ដែលតថាគត លះបង់ចោល​ហើយ។

[៣៧៧] ម្នាលភិក្ខុទាំងឡាយ ចក្ខុកើតឡើង​ហើយ ញាណកើតឡើងហើយ បញ្ញា​កើត​ឡើង​ហើយ វិជ្ជា​កើត​ឡើង​ហើយ ពន្លឺ​កើត​ឡើង​ហើយ ដល់ព្រះតថា​គតទាំង​ឡាយ​ ក្នុង​ធម៌​ទាំងឡាយ​ ​ដែលមិនធ្លាប់​ឮមក ក្នុង​កាល​មុន​ថា សេចក្ដីរលត់​ទុក្ខ​នេះ ហៅ​ថា​ អរិយ​សច្ច ​។ ម្នាលភិក្ខុទាំងឡាយ ពន្លឺ​កើត​ឡើង​ហើយ ដល់ព្រះ​តថា​គតទាំងឡាយ ក្នុងកាលមុនថា សេចក្ដីរលត់​ទុក្ខ​នោះ ហៅ​ថា​ អរិយ​សច្ច ដែលតថាគតគប្បីធ្វើឲ្យ ជាក់ច្បាស់។បេ។ ម្នាល​​​ភិក្ខុទាំងឡាយ ចក្ខុកើតឡើង​ហើយ ញាណកើតឡើងហើយ បញ្ញាកើត​ឡើង​ហើយ វិជ្ជា​កើត​ឡើង​ហើយ ពន្លឺ​កើត​ឡើង​ហើយ ដល់ព្រះ​តថា​គត ទាំងឡាយ ក្នុង​ធម៌​ទាំងឡាយ​ ដែល​មិន​ធ្លាប់​បាន​ឮមក ក្នុង​កាល​មុន​ថា សេ​​ចក្ដីទុក្ខ​នោះ ហៅ​ថា​ អរិយ​សច្ច ដែលតថាគត ​ធ្វើឲ្យជាក់ច្បាស់​ហើយ។

[៣៧៨] ម្នាលភិក្ខុទាំងឡាយ ចក្ខុកើតឡើង​ហើយ ញាណកើតឡើងហើយ បញ្ញាកើត​ឡើង​ហើយ វិជ្ជា​កើត​ឡើង​ហើយ ពន្លឺ​កើត​ឡើង​ហើយ ដល់ព្រះតថា​គត ទាំងឡាយ ក្នុង​ធម៌​ទាំងឡាយ​ ​ដែលមិនធ្លាប់បាន​ឮមក ក្នុង​កាល​មុន​ថា បដិបទា ជា ដំណើរ​ទៅកាន់ទីរំលត់​ទុក្ខ​នេះ ហៅ​ថា ​អរិយ​សច្ច ​។ ម្នាលភិក្ខុទាំងឡាយ ពន្លឺ​កើត​ឡើង​ហើយ ដល់​ព្រះតថា​គតទាំងឡាយថា បដិបទា ជាដំណើរទៅកាន់ទីរំលត់​ទុក្ខ​​នោះ ហៅ​ថា​ អរិយ​សច្ច ដែលតថាគតគប្បីចំរើន។បេ។ ម្នាលភិក្ខុទាំងឡាយ ចក្ខុកើតឡើង​ហើយ ញាណកើតឡើងហើយ បញ្ញាកើត​ឡើង​ហើយ វិជ្ជា​កើត​ឡើង​ហើយ ពន្លឺ​កើត​ឡើង​ហើយ ដល់ព្រះ​តថា​គតទាំងឡាយ ក្នុង​ធម៌​ទាំងឡាយ​ ដែល​មិន​ធ្លាប់​បាន​ឮមក ក្នុង​កាល​មុន​ថា បដិបទា ជាដំណើរទៅកាន់ទីរំលត់​ទុក្ខ​នោះ ហៅ​ថា ​អរិយ​សច្ច ដែលតថាគតចំរើន​ហើយ។

[៣៧៩] ម្នាលភិក្ខុទាំងឡាយ អរិយសច្ច ៤​ នេះ។ អរិយសច្ច ៤ តើអ្វីខ្លះ។ គឺទុក្ខ​អរិយ​សច្ច ១ ទុក្ខសមុទយអរិយសច្ច ១ ទុក្ខនិរោធអរិយសច្ច ១ ទុក្ខ​និរោធ​គាមិនីបដិបទាអរិយសច្ច ១។

[៣៨០] ម្នាលភិក្ខុទាំងឡាយ ចុះ​ទុក្ខ​អរិយសច្ច តើដូចម្ដេច។ ពាក្យ​ថា​ ឧបាទានក្ខន្ធ ៥ គួរ​ពោល​ថា ជាឈ្មោះ​ នៃ​ទុក្ខ​អរិយសច្ច​នោះ​។ ឧបាទានក្ខន្ធ​ ៥ តើ​ដូចម្ដេច។ គឺរូប ជា​ឧបាទានក្ខន្ធ ១។បេ។ វិញ្ញាណ​ ជាឧបាទានក្ខន្ធ ១។ ម្នាលភិក្ខុទាំងឡាយ នេះ​ហៅ​ថា​ទុក្ខអរិយសច្ច។

[៣៨១] ម្នាលភិក្ខុទាំងឡាយ ចុះទុក្ខសមុទយអរិយសច្ច តើដូចម្ដេច។ តណ្ហា​ណា ដែល​នាំ​សត្វ​ ឲ្យ​កើត​ក្នុង​ភព​ថ្មីទៀត ប្រកប​ដោយ​សេចក្ដីរីករាយ និង​តម្រេក​ នាំ​សត្វ​ឲ្យ​ត្រេក​ត្រ​អាល ក្នុង​ភព​នោះៗ។ តណ្ហានោះ​ គឺ​អ្វីខ្លះ។ គឺកាមតណ្ហា ១ ភវតណ្ហា​ ១ វិភវតណ្ហា ១។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ទុក្ខ​សមុទយអរិយ​សច្ច។

[៣៨២] ម្នាលភិក្ខុទាំងឡាយ ចុះទុក្ខនិរោធអរិយសច្ច តើដូចម្ដេច។ គឺសភាវៈ​នឿយ​ណាយ ​​និងការរលត់​ ដោយ​មិនមាន​សេសសល់​ ជាសភាវៈ​លះបង់ គ្រវែង​ចោល ជម្រុះ​ចោល មិន​មាន​អាល័យ ចំពោះ​តណ្ហានោះឯង។ ម្នាលភិក្ខុទាំងឡាយ នេះ​ហៅថា ទុក្ខនិរោធអរិយសច្ច។

[៣៨៣] ម្នាលភិក្ខុទាំងឡាយ ចុះទុក្ខនិរោធគាមិនីបដិបទាអរិយសច្ច តើដូចម្ដេច​​។ គឺអរិយមគ្គ ដែលប្រកប​ដោយ​អង្គ​ ទាំង ៨ ប្រការនេះឯង។​ អរិយមគ្គ ៨ ប្រការ គឺអ្វី​ខ្លះ។ គឺសេចក្ដីយល់ត្រូវ ១។​បេ។ ការដំកល់ចិត្ត​នឹងត្រូវ ១។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ទុក្ខនិរោធគាមិនី​បដិបទា​អរិយសច្ច។

[៣៨៤] ម្នាលភិក្ខុទាំងឡាយ អរិយសច្ច មាន ៤ នេះឯង។​ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ ភិក្ខុក្នុងសាសនានេះ គួរធ្វើ​សេចក្ដីព្យាយាមថា នេះជាទុក្ខ។បេ។ គួរ​ធ្វើ​សេចក្ដី​ព្យាយាមថា នេះជា​បដិបទា ​ជាដំណើរ​ទៅកាន់​ទីរំលត់ទុក្ខ។

[៣៨៥] ម្នាលភិក្ខុទាំងឡាយ អរិយសច្ច មាន ៤ នេះ។ អរិយសច្ច ៤ គឺអ្វីខ្លះ។ គឺទុក្ខអរិយសច្ច ១ ទុក្ខសមុទយអរិយសច្ច ១ ទុក្ខនិរោធអរិយសច្ច ១ ទុក្ខនិរោធគាមិនីបដិបទា​​អរិយសច្ច ១។

[៣៨៦] ម្នាលភិក្ខុទាំងឡាយ ចុះ​ទុក្ខ​អរិយសច្ច តើដូចម្ដេច។ ពាក្យថា អាយតនៈ​ខាងក្នុង ៦ គួរពោលថា ជាឈ្មោះ​របស់ទុក្ខ​អរិយសច្ចនោះ។ អាយតនៈ ៦ គឺអ្វីខ្លះ។ អាយតនៈ គឺចក្ខុ ១។បេ។ អាយតនៈ គឺចិត្ត ១ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ទុក្ខអរិយសច្ច។

[៣៨៧] ម្នាលភិក្ខុទាំងឡាយ ចុះ​ទុក្ខ​សមុទយអរិយសច្ច តើដូចម្ដេច។ គឺតណ្ហា​ណា​​ ដែលនាំសត្វ ឲ្យកើត​ក្នុង​ភពថ្មីទៀត ប្រកបដោយ​សេចក្ដីរីករាយ ​និង​តម្រេក ​នាំ​សត្វ​​​ឲ្យ​​ត្រេក​ត្រអាល​ ចំពោះ​ភពនោះ ៗ។ តណ្ហានោះ អ្វីខ្លះ។ គឺកាម​តណ្ហា ១ ភវតណ្ហា ១ វិភវតណ្ហា ១។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ទុក្ខសមុទយអរិយសច្ច។

[៣៨៨] ម្នាលភិក្ខុទាំងឡាយ ចុះ​ទុក្ខនិរោធអរិយសច្ច តើដូចម្ដេច។ គឺសភាវៈ​ ដែល​​ប្រាស​ចាកតម្រេក​ និងការ​រលត់​ មិនមាន​សេស​សល់ ជម្រុះ​ចោល​ គ្រវែង​ចោល រួច​ស្រឡះ មិនមាន​អាល័យ ចំពោះ​តណ្ហានោះឯង។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ទុក្ខនិរោធ​អរិយសច្ច។

[៣៨៩] ម្នាលភិក្ខុទាំងឡាយ ចុះ​ទុក្ខនិរោធគាមិនីបដិបទាអរិយសច្ច តើដូចម្ដេច។ គឺអរិយ​មគ្គ ដែលប្រកប​ដោយ​អង្គ ៨ ​នេះ​ឯង។ អរិយមគ្គ ទាំង ៨​​ គឺអ្វីខ្លះ។ គឺសេចក្ដី​យល់​​ត្រូវ ​១។បេ។​ ការដំកល់ចិត្តនឹងត្រូវ ១។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ទុក្ខនិរោធគាមិនីបដិបទា​អរិយសច្ច។

[៣៩០] ម្នាលភិក្ខុទាំងឡាយ អរិយសច្ច មាន​ ៤​ នេះឯង។ ម្នាលភិក្ខុទាំងឡាយ ព្រោះ​ហេតុនោះ ភិក្ខុក្នុងសាសនានេះ គួរ​ធ្វើ​សេចក្ដី​ព្យាយាមថា នេះ​ជាទុក្ខ។បេ។ គួរ​ធ្វើ​សេចក្ដី​ព្យាយាមថា នេះ​ជាបដិបទា ជាដំណើរ​ទៅកាន់​ទី​រំលត់ទុក្ខ។

[៣៩១] ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចំាទុក​នូវអរិយ​សច្ច ៤ ដែលតថាគត​សំដែងហើយ ​បាន​ដែរ​ឬ។ កាល​បើ​​ព្រះ​មានព្រះភាគ ទ្រង់​ត្រាស់​យ៉ាង​នេះ​ហើយ ភិក្ខុ​ ១​រូប​ ក្រាប​បង្គំ​ទូល​ព្រះ​ដ៏​មានព្រះ​ភាគ ដូច្នេះថា បពិត្រព្រះ​អង្គ​ដ៏​ចំរើន ខ្ញុំព្រះ​អង្គ​ ចាំ​នូវ​អរិយសច្ច ៤ ដែល​ព្រះ​មានព្រះ​ភាគ​ត្រាស់​ហើយ។ ម្នាល​ភិក្ខុ ចុះអ្នក​ចាំ​អរិយ​សច្ច​ ៤​ដែលតថាគត​សំដែង​ហើយ ​តើ​ដូចម្ដេច​ខ្លះ។ ភិក្ខុនោះ​ ក្រាប​បង្គំទូលថា បពិត្រ​ព្រះ​អង្គ​ដ៏​ចំរើន ខ្ញុំព្រះ​អង្គ​ ចាំ​នូវ​ទុក្ខ​ ដែល​ព្រះ​ដ៏​មានព្រះ​ភាគត្រាស់​ហើយ ថា​ជាអរិយ​សច្ច ​ទី១ បពិត្រ​​​ព្រះអង្គ​ដ៏​ចំរើន​ ខ្ញុំ​ព្រះ​អង្គ ចាំ​នូវ​ហេតុ​ ជាទី​កើត​ឡើង​នៃ​ទុក្ខ​ ដែល​ព្រះ​មាន​ជោគ​ត្រាស់​ហើយ ​ថាជា​អរិយសច្ច ទី២  បពិត្រព្រះអង្គ​ដ៏​ចំរើន​ ខ្ញុំ​ព្រះ​អង្គ ចាំ​នូវ​សេចក្ដីរលត់​ទុក្ខ ដែលព្រះ​មានព្រះ​ភាគ ទ្រង់​ត្រាស់​ហើយ ​ថាជា​អរិយ​សច្ច ​​​ទី៣ បពិត្រព្រះអង្គ​ដ៏​ចំរើន​ ខ្ញុំ​ព្រះ​អង្គ ចាំ​នូវបដិបទា ជាដំណើរទៅកាន់​សេចក្ដីរំលត់​ទុក្ខ ដែលព្រះ​មានព្រះ​ភាគ​ត្រាស់​ហើយ​ ថាជាអរិយសច្ច ទី៤។ បពិត្រព្រះអង្គ​ដ៏​ចំរើន ខ្ញុំ​ព្រះ​អង្គ ចាំ​ទុក​នូវអរិយសច្ច ៤ ដែល​ព្រះ​មានព្រះ​ភាគ​ត្រាស់​ហើយ​ យ៉ាង​នេះ។

[៣៩២] ម្នាល​ភិក្ខុ ប្រពៃ​ណាស់​ហើយ ម្នាល​ភិក្ខុ អ្នកចាំនូវអរិយសច្ច ៤​ ដែល​តថាគតសំដែងហើយ ប្រពៃ​ណាស់​ហើយ។ ម្នាល​ភិក្ខុ សេចក្ដីទុក្ខ​ហ្នឹងឯង តថាគត​សំដែង​ហើយ​ ថាជាអរិយសច្ច ទី​១ ចូរអ្នក​ចាំនូវ​អរិយសច្ច ទី ១ នោះ ដូច្នោះចុះ ម្នាល​ភិក្ខុ ហេតុជាទី​កើតឡើង​នៃ​ទុក្ខ តថាគត​សំដែង​ហើយ ថាជាអរិយ​សច្ច ទី២ ចូរអ្នក​ចាំទុក អរិយសច្ច ទី​២ នោះ ដូច្នោះចុះ ម្នាល​ភិក្ខុ សេចក្ដីរលត់​ទុក្ខ តថាគត​សំដែង​ហើយ ថាជា អរិយ​សច្ច ទី៣ ចូរអ្នក​ចាំទុក នូវ​អរិយសច្ច ទី​៣ នោះ ដូច្នោះចុះ ម្នាល​ភិក្ខុ បដិបទា ជាដំណើរ​ទៅកាន់​ទីរំលត់​ទុក្ខហ្នឹងឯង តថាគត​សំដែង​ហើយ ថាជាអរិយ​សច្ច ទី៤ ចូរអ្នក​ចាំទុក នូវ​អរិយសច្ច ទី​៤ នោះ ដូច្នោះចុះ។ ម្នាល​ភិក្ខុ ចូរអ្នក​ចាំទុក នូវអរិយសច្ច ៤ ដែល​តថាគត​សំដែង​ហើយ យ៉ាងនេះចុះ។​ ម្នាល​ភិក្ខុ ព្រោះហេតុនោះ​ ភិក្ខុក្នុង​សាសនា​នេះ គួរ​ធ្វើ​សេចក្ដី​ព្យាយាម​ថា ​នេះជាទុក្ខ។បេ។ គួរ​ធ្វើ​សេចក្ដីព្យាយាម​ថា នេះ​ជាបដិបទា​ជាដំណើរ​ទៅកាន់​ទី​រំលត់​ទុក្ខ។

[៣៩៣] ម្នាល​ភិក្ខុទាំងឡាយ អ្នកទាំងឡាយ ​ចាំ​ទុក​នូវ​អរិយសច្ច ៤ ដែលតថាគត​សំដែង​ហើយ ​បាន​ដែរឬ។ កាលបើ​ព្រះមានជោគ ​ទ្រង់​ត្រាស់​យ៉ាងនេះហើយ ភិក្ខុ​ ១ ​រូប​ក្រាប​បង្គំ​ទូល​ព្រះ​​មានព្រះ​ភាគ ដូច្នេះថា បពិត្រព្រះ​អង្គ​ដ៏​ចំរើន ខ្ញុំព្រះ​អង្គ ​ចាំ​នូវ​អរិយសច្ច ៤ ដែល​ព្រះ​មានបុញ្ញរាសី​ត្រាស់​ហើយ។ ម្នាល​ភិក្ខុ ចុះអ្នក​ចាំ ​នូវអរិយ​សច្ច​ ៤ ​ដែល តថាគត​សំដែង​ហើយ ​តើ​ដូចម្ដេច​។ បពិត្រ​ព្រះ​អង្គ​ដ៏​ចំរើន ខ្ញុំព្រះ​អង្គ ​ចាំ​នូវ​ទុក្ខ ហ្នឹង​ឯង ​ដែល​ព្រះ​​មានព្រះ​ភាគត្រាស់​ហើយ ថា​ជាអរិយ​សច្ច​ ទី១។ បពិត្រព្រះអង្គ​ដ៏​ចំរើន ទោះបី​សមណៈ ឬព្រាហ្មណ៍ឯណា​នីមួយ ​និយាយយ៉ាង​នេះ​ថា សេចក្ដីទុក្ខ​ឯណា ដែល​ព្រះ​សមណគោតមត្រាស់ហើយ សេចក្ដីទុក្ខនុ៎ះ មិនមែនជាអរិយសច្ច ទី១ ទេ ខ្ញុំព្រះ​អង្គ​ បដិសេធនូវសេចក្តីទុក្ខ ដែលចាត់ជាអរិយសច្ច ទី១ នុ៎ះចោលចេញ​ ហើយ​បញ្ញត្ត​សេចក្ដី​​​​ទុក្ខ​ឯ​ទៀត​ ថាជាអរិយ​សច្ច ទី១ វិញដូច្នេះ ហេតុនោះ មិនមាន​ឡើយ។ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន ខ្ញុំ​ព្រះ​អង្គ ចាំ​នូវ​ហេតុ​ជាទី​កើត​ឡើង ​នៃ​ទុក្ខ​ហ្នឹងឯង ដែល​ព្រះ​មាន​ព្រះ​ភាគ។បេ។ បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​​​​ ខ្ញុំ​ព្រះ​អង្គ ចាំ​នូវបដិបទា ជាដំណើរទៅកាន់​ទី​​រំលត់​ទុក្ខហ្នឹងឯង ដែលព្រះ​មានព្រះ​ភាគ​ត្រាស់​ហើយ​ ថាជាអរិយសច្ច ទី៤ ។ បពិត្រព្រះអង្គ​ដ៏​ចំរើន ទោះបីសមណៈ ឬព្រាហ្មណ៍ឯណា​នីមួយ គប្បី​និយាយ យ៉ាង​នេះ​ថា បដិបទា​ជាដំណើរ​ទៅកាន់​ទីរំលត់​ទុក្ខឯណា ដែល​ព្រះ​សមណ​គោតម​ សំដែង​ហើយ បដិបទា​ជាដំណើរ​ទៅកាន់​ទីរំលត់​ទុក្ខនុ៎ះ មិនមែន​ជាអរិយសច្ច ទី៤ ទេ ខ្ញុំព្រះអង្គ​ នឹង​បដិសេធ នូវ​បដិបទា​ ជាដំណើរទៅកាន់​ទី​រំលត់​ទុក្ខ ដែលចាត់​ជា​អរិយសច្ច​ ទី៤ នោះ​ចោល ​ ហើយ​បញ្ញត្ត​​បដិបទា​ ជាដំណើរ​ទៅ​កាន់​​​ទី​រំលត់​ទុក្ខដទៃ​ ថាជាអរិយសច្ច ទី៤ វិញ ហេតុនុ៎ះ មិន មានឡើយ។ បពិត្រព្រះអង្គ​ដ៏ចំរើន ខ្ញុំព្រះ​អង្គ ​ចាំនូវ​អរិយសច្ច ៤ ដែលព្រះ​មានព្រះភាគ​ត្រាស់​ហើយ ​យ៉ាងនេះ។ ​

[៣៩៤] ម្នាលភិក្ខុ ប្រពៃ​ណាស់​ហើយ ប្រពៃ​ណាស់​ហើយ ម្នាល​ភិក្ខុ អ្នក​ចាំនូវ​អរិយសច្ច ៤ ដែលតថាគត​សំដែងហើយ ប្រពៃ​ណាស់​ហើយ។ ម្នាល​ភិក្ខុ​ ទុក្ខ​នោះឯង តថាគត​សំដែង​ហើយ​ថា ជាអរិយសច្ច​ ទី១ ចូរ​អ្នក​ចាំ​នូវ​អរិយ​សច្ច ​ទី១ នោះ ​ដូច្នោះចុះ។ ម្នាល​ភិក្ខុ ទោះបីសមណៈ ឬព្រាហ្មណ៍ឯណា​នីមួយ គប្បីពោល យ៉ាង​នេះ​ថា សេចក្ដី​ទុក្ខ​ណា ដែល​ព្រះ​សមណគោតម​ត្រាស់​ហើយ សេចក្ដី​ទុក្ខនុ៎ះ មិនមែន​ជាអរិយសច្ច ទី​១ ទេ តថាគត​ នឹង​បដិសេធ នូវ​សេចក្ដី​ទុក្ខ ដែលចាត់​ជា​​អរិយ​សច្ច ទី១ នោះ​ ហើយបញ្ញត្ត​សេចក្ដី​ទុក្ខដទៃ​ ថាជាអរិយសច្ច ទី១​ ដូច្នេះវិញ ហេតុនុ៎ះ មិនមានឡើយ។ ម្នាល​ភិក្ខុ ហេតុ​ជាទីកើត​ឡើង ​នៃ​ទុក្ខ។បេ។ ម្នាល​ភិក្ខុ សេចក្ដីរលត់ទុក្ខ។បេ។ ម្នាល​ភិក្ខុ​ បដិបទា​ជា​ដំណើរទៅកាន់​ទីរំលត់​ទុក្ខ ដែលតថាគតសំដែង​ហើយ​ ថាជាអរិយសច្ច ទី៤ ចូរអ្នក​ចាំទុក្ខ​ នូវ​អរិយ​សច្ច​ ទី៤  នុ៎ះ ដូច្នោះចុះ។ ម្នាលភិក្ខុ បើសមណៈ ឬព្រាហ្មណ៍ឯណា​នីមួយ​ គប្បីពោល យ៉ាង​នេះ​ថា បដិបទា​ ជាដំណើរ​ទៅកាន់​ទីរំលត់​ទុក្ខឯណា ដែល​ព្រះ​សមណគោតម​ត្រាស់​ហើយ បដិបទា​ ជាដំណើរ​ទៅកាន់​ទីរំលត់​ទុក្ខនុ៎ះ មិនមែន​ជា​អរិយសច្ច ទី៤ ទេ តថាគត​ នឹង​បដិសេធ​បដិបទា ​ជាដំណើរទៅកាន់​ទី​រំលត់​ទុក្ខ ដែល​ចាត់​​ជា​​អរិយសច្ច ​ទី៤ នុ៎ះ​ចោលហើយ ​ ​បញ្ញត្ត​នូវ​បដិបទា​ ជាដំណើរទៅកាន់​ទី​រំលត់​ទុក្ខដទៃ ​ថាជាអរិយសច្ច ទី៤ វិញ ហេតុនុ៎ះ មិនមានឡើយ។ ម្នាលភិក្ខុ ចូរអ្នកចាំទុក នូវ​អរិយសច្ច ៤ ដែលតថាគត​សំដែង​ហើយ ​យ៉ាងនេះចុះ។ ​ ម្នាល​ភិក្ខុ ព្រោះហេតុនោះ​ ភិក្ខុក្នុងសាសនានេះ គួរ​ធ្វើ​សេចក្ដី​ព្យាយាម​ថា ​នេះជាទុក្ខ។បេ។ គួរ​ធ្វើ​សេចក្ដីព្យាយាម​ថា នេះ​ជាបដិបទា ​ជាដំណើរ​ទៅកាន់​ទី​រំលត់​ទុក្ខ។

[៣៩៥] លុះភិក្ខុនោះ​ អង្គុយ​ក្នុងទី​ដ៏​សម​គួរ​ហើយ ក៏​ក្រាប​បង្គំ​ទូល​ព្រះ​ដ៏​មានព្រះ​ភាគ​​​ ដូច្នេះថា បពិត្រ​ព្រះ​អង្គ​ដ៏​ចំរើន ដែលហៅ​ថា អវិជ្ជា​ អវិជ្ជា​ ដូច្នេះ បពិត្រ​ព្រះ​អង្គ​ដ៏​ចំរើន អវិជ្ជា តើ​ដូចម្ដេច មួយទៀត​ បុគ្គល​ដែល​លុះ​ក្នុង​អវិជ្ជា តើ​ដូចម្ដេច។ ម្នាល​ភិក្ខុ ការ​មិន​ដឹង​ទុក្ខ មិន​ដឹ​ង​ហេតុ​ជាទី​កើត​ឡើង​នៃ​ទុក្ខ មិន​ដឹង​ទី​រំលត់​ទុក្ខ មិនដឹង​បដិបទា​ជាដំណើរ​ទៅ​កាន់​ទី​រំលត់​ទុក្ខ​ឯណា។ ម្នាលភិក្ខុ នេះ​ហៅ​ថា អវិជ្ជា​ មួយវិញ​ទៀត​ បុគ្គល​ដែល​លុះ​ក្នុង​អវិជ្ជា រមែង​មាន ​ដោយ​ហេតុ​ប៉ុណ្ណោះឯង។ ម្នាល​ភិក្ខុ ព្រោះ​ហេតុ​នោះ ភិក្ខុ​ក្នុង​សាសនា​នេះ គួរ​ធ្វើ​សេចក្ដី​ព្យាយាម​ថា នេះ​ជាទុក្ខ។បេ។ គួរ​ធ្វើ​សេចក្ដី​ព្យាយាម​ថា នេះ​ជា​បដិបទា​ ជាដំណើរ​ទៅកាន់​ទី​រំលត់​ទុក្ខ។

[៣៩៦] លុះភិក្ខុនោះ​ អង្គុយ​ក្នុងទី​ដ៏​សម​គួរ​ហើយ ក៏​ក្រាប​បង្គំ​ទូល​ព្រះ​ដ៏​មានព្រះ​ភាគ ​​​ដូច្នេះថា បពិត្រ​ព្រះ​អង្គ​ដ៏​ចំរើន ដែលហៅ​ថា វិជ្ជា​ ​ដូច្នេះ បពិត្រ​ព្រះ​អង្គ​ដ៏​ចំរើន វិជ្ជា តើ​ដូចម្ដេច មួយទៀត​ បុគ្គល​ដែល​ប្រកបដោយវិជ្ជា ដូចម្ដេច។ ម្នាល​ភិក្ខុ ការ​​ដឹង​ទុក្ខ ការ​ដឹ​ង​ហេតុ​ ជាទី​កើត​ឡើង​នៃ​ទុក្ខ ការដឹង​ទី​រំលត់​ទុក្ខ ការដឹង​បដិបទា​ ជាដំណើរ​ទៅ​កាន់​ទី​រំលត់​ទុក្ខ​ឯណា។ ម្នាលភិក្ខុ នេះ​ហៅ​ថា វិជ្ជា​ មួយវិញ​ទៀត​ បុគ្គល​ ដែល​ប្រកបដោយ​វិជ្ជា ក៏រមែង​មាន​ ដោយ​ហេតុ​ប៉ុណ្ណេះឯង។ ម្នាល​ភិក្ខុ ព្រោះ​ហេតុ​នោះ ភិក្ខុ​ក្នុង​សាសនា​នេះ គួរ​ធ្វើ​សេចក្ដី​ព្យាយាម​ថា នេះ​ជាទុក្ខ។បេ។ គួរ​ធ្វើ​សេចក្ដី​ព្យាយាម​ថា នេះ​ជា​បដិបទា​ជាដំណើរ​ទៅកាន់​ទី​រំលត់​ទុក្ខ។

[៣៩៧]​ ម្នាលភិក្ខុទាំងឡាយ សេចក្ដីទុក្ខនេះ តថាគត ​បញ្ញត្ត​ថា ជា​អរិយ​សច្ច ដូច្នេះ វណ្ណៈ គឺអក្ខរៈ មានប្រមាណមិនបាន ព្យញ្ជនៈ ​មាន​ប្រមាណ​មិនបាន វិភត្តិ ក៏មានប្រមាណ​មិនបាន ក្នុង​អរិយសច្ច​នោះ​ថា សេចក្ដីទុក្ខ​នេះ ហៅថា អរិយសច្ច​ ដូច្នេះខ្លះ។ ម្នាល​ភិក្ខុ​ទាំងឡាយ ហេតុ​ជាទី​កើត​ឡើង​ នៃ​ទុក្ខ​នេះ ​ហៅ​ថា អរិយសច្ច។បេ។ ម្នាលភិក្ខុ​ទាំងឡាយ បដិបទា ​ជាដំណើរ​ទៅកាន់​ទី​រំលត់​ទុក្ខនេះ តថាគត​ បញ្ញត្ត​ថា ជា​អរិយសច្ច វណ្ណៈ មានប្រមាណ​មិន​បាន ព្យញ្ជនៈ​ មាន​ប្រមាណ​មិនបាន វិភត្តិ ក៏មានប្រមាណមិនបាន ក្នុង​អរិយសច្ច​នោះ​ថា បដិបទា ជាដំណើរទៅកាន់​ទីរំលត់ទុក្ខនេះ ហៅថា អរិយសច្ច​ ដូច្នេះ ខ្លះ។ ម្នាល​ភិក្ខុ ព្រោះ​ហេតុ​នោះ ភិក្ខុក្នុង​សាសនា​នេះ គួរ​ធ្វើ​សេចក្ដី​ព្យាយាមថា នេះ​ជាទុក្ខ។បេ។ គួរ​ធ្វើ​សេចក្ដី​ព្យាយាម​ថា នេះ​ជា​បដិបទា ជាដំណើរ​ទៅកាន់​ទី​រំលត់​ទុក្ខ។

[៣៩៨] ម្នាលភិក្ខុទាំងឡាយ ធម្ម​ជាត ៤​ យ៉ាង​នេះ​ ជារបស់​ពិត​ មិន​ប្រែ​ប្រួល មិន​ក្លាយ​ទៅ​ជា​របស់​ដទៃ​ឡើយ។ ធម្ម​ជាត ៤ គឺ​អ្វី​ខ្លះ។ ម្នាលភិក្ខុទាំងឡាយ ពាក្យ​ថា នេះជា​ទុក្ខ នុ៎ះជាធម្មជាតពិត មិន​ប្រែប្រួល​ មិន​ក្លាយ​ទៅ​ជា​របស់ដទៃឡើយ​។​ ពាក្យថា នេះ​ជា​ហេតុ ជាទី​កើត​ឡើង​នៃទុក្ខ នុ៎ះជាធម្មជាត​ពិត មិន​ប្រែប្រួល ​មិន​ក្លាយ​ទៅ​ជា​របស់​ដទៃ​ឡើយ​ ពាក្យថា នេះ​ជាសេចក្ដីរំលត់​ទុក្ខ។បេ។ ពាក្យថា នេះ​ជាបដិបទា ​ជាដំណើ​រ​ទៅកាន់​ទីរំលត់ទុក្ខ នុ៎ះជាធម្មជាត​ពិត មិន​ប្រែប្រួល​ មិន​ក្លាយ​ទៅ​ជា​របស់ដទៃឡើយ​។ ម្នាលភិក្ខុ​ទាំងឡាយ ធម្ម​ជាត ៤ ​ ​នេះ​ ជារបស់​ពិត​ មិន​ប្រែ​ប្រួល មិន​ក្លាយ​ទៅ​ជា​របស់​​ដទៃ​ឡើយ។ ម្នាលភិក្ខុទាំងឡាយ ព្រោះ​ហេតុ​នោះ ភិក្ខុក្នុង​សាសនា​នេះ គួរ​ធ្វើ​សេចក្ដី​ព្យាយាមថា នេះ​ជាទុក្ខ។បេ។ គួរ​ធ្វើ​សេចក្ដី​ព្យាយាម​ថា នេះ​ជា​បដិបទា​ ជា​ដំណើរ​​​​​ទៅកាន់​ទី​រំលត់​ទុក្ខ។

ចប់​ ធម្មចក្ក​ប្បវត្តនវគ្គ​ ទី២។

ឧទ្ទាន​នៃ​ធម្មចក្ក​ប្បវត្ត​នវគ្គ​នោះគឺ

ពោល​អំពី​ព្រះ​តថាគត​ មាន​ ២ ​លើក អំពី​ឧបាទានក្ខន្ធប្រាំ ១ អំពី​អាយតនៈ​ប្រាំមួយ ១ អំពី​ភិក្ខុចាំអរិយសច្ច មាន ២ លើក អំពី​អវិជ្ជា ១ អំពី​វិជ្ជា​ ១ អរិយ​សច្ច ​មាន​វិភត្តិ ជាដើម ១ អំពី​​​​ធម្មជាតពិត ១។

កោដិគាមវគ្គ ទី៣

[៣៩៩] សម័យមួយ ព្រះ​មាន​ព្រះ​ភាគ ​ទ្រង់​គង់​នៅក្នុង​កោដិគ្រាម ក្នុងដែន​វជ្ជី។ ក្នុង​ទីនោះ​ឯង ព្រះ​មាន​ព្រះ​ភាគ ​ទ្រង់​ត្រាស់​ហៅ​ភិក្ខុទាំង​ឡាយ​មក​ថា ម្នាល​ភិក្ខុទាំង ឡាយ តថាគតក្ដី អ្នក​ទាំងឡាយ​ក្ដី ដែល​អន្ទោល ត្រាច់​រង្គាត់​ទៅ អស់​កាលយូរអង្វែង​យ៉ាងនេះ ព្រោះ​មិនបានត្រាស់​ដឹង​ មិន​បាន​ចាក់​ធ្លុះ នូវ​អរិយ​សច្ច ៤។ អរិយសច្ច ៤ គឺអ្វី​ខ្លះ។  ម្នាល​ភិក្ខុទាំងឡាយ តថាគតក្ដី អ្នក​ទាំងឡាយ​ក្ដី ដែល​អន្ទោលទៅ ត្រាច់​រង្គាត់​ទៅ អស់​កាលយូរអង្វែង ​យ៉ាងនេះ ព្រោះ​មិនបានត្រាស់​ដឹង​ មិន​បាន​ចាក់​ធ្លុះ នូវ​ទុក្ខអរិយ​សច្ច ​ទុក្ខសមុទយអរិយសច្ច។បេ។ ទុក្ខ​និរោធអរិយសច្ច។ តថាគតក្ដី អ្នក​ទាំងឡាយ​ក្ដី ដែល​អន្ទោលទៅ ត្រាច់​រង្គាត់​ទៅ អស់​កាលយូរអង្វែង​ យ៉ាងនេះ ព្រោះ​មិនបានត្រាស់​ដឹង​ មិន​បាន​ចាក់​ធ្លុះ នូវ​ទុក្ខ​និរោធគាមិនីបដិបទាអរិយសច្ច។​ ម្នាល​ភិក្ខុទាំងឡាយ ទុក្ខអរិយ​សច្ច​នេះ តថាគតក្ដី អ្នក​ទាំងឡាយ​ក្ដី បាន​ត្រាស់​ដឹង​ហើយ បាន​ចាក់​ធ្លុះហើយ ទុក្ខ​សមុទយ​អរិយសច្ច តថាគតក្ដី អ្នក​ទាំងឡាយ​ក្ដី បាន​ត្រាស់​ដឹង​ហើយ បាន​ចាក់​ធ្លុះហើយ ទុក្ខនិរោធ​អរិយសច្ច តថាគតក្ដី អ្នក​ទាំងឡាយ​ក្ដី បាន​ត្រាស់​ដឹង​ហើយ បាន​ចាក់​ធ្លុះ ហើយ ទុក្ខនិរោធ​គាមិនីបដិបទាអរិយសច្ច តថាគតក្ដី អ្នក​ទាំងឡាយ​ក្ដី បាន​ត្រាស់​ដឹង​ហើយ បាន​ចាក់​ធ្លុះហើយ។ ភវតណ្ហា ជា​ធម្មជាតិ​ នាំ​សត្វ​ឲ្យ​ចូល​ទៅកាន់ភព បាន​ផ្ដាច់​ផ្ដិល​អស់​ហើយ ភពថ្មី​ទៀត ក្នុង​កាល​ឥឡូវនេះ​ មិន​មាន​ឡើយ។ ព្រះ​មានព្រះ​ភាគ ​បាន​ត្រាស់​ពាក្យ​នេះ​ហើយ លុះ​ព្រះ​សុគត ​ទ្រង់​ត្រាស់​ពាក្យ​នេះ​ចប់​ហើយ ព្រះ​សាស្ដា​ ក៏​ត្រាស់​គាថា​នេះ តទៅ​ទៀត​ថា

[៤០០] តថាគតក្ដី​ អ្នក​ទាំងឡាយ​ក្ដី ដែល​អន្ទោល​ទៅក្នុង​ជាតិ​ទាំងឡាយ​នោះៗ អស់កាល​យូរអង្វែង ព្រោះ​មិន​បាន​ឃើញ ​នូវ​អរិយសច្ច ៤ តាម​សេចក្តីពិត។ អរិយសច្ច ៤ នុ៎ះ តថាគត​បានឃើញ​ហើយ តណ្ហា ​ដែលនាំ​សត្វ​ឲ្យចូល​ទៅ​កាន់​ភព តថាគត បាន​ដក​ចោល​ហើយ ឫស​គល់​ នៃសេចក្ដី​ទុក្ខ តថាគតបាន​រំលើង​ចោល​ហើយ ភពថ្មី​ទៀត ក្នុង​កាល​ឥឡូវ​នេះ មិន​មាន​ឡើយ។

[៤០១] ម្នាល​ភិក្ខុទាំងឡាយ សមណៈ ឬ​ព្រាហ្មណ៍​ឯណា​នីមួយ មិនដឹង​ច្បាស់​តាម​សេចក្ដី​ពិត​ថា​ នេះជា​ទុក្ខ មិន​ដឹង​ច្បាស់​តាមសេចក្តី​ពិត​ថា នេះជាហេតុ ជាទីកើត​ឡើងនៃទុក្ខ មិនដឹងច្បាស់តាមពិតថា នេះជា​សេចក្ដី​រលត់​ទុក្ខ មិន​ដឹង​ច្បាស់​ តាម​សេចក្ដី​ពិត​ថា នេះជា​បដិបទា ​ជាដំណើរ​ទៅ​កាន់​ទី​រំលត់​ទុក្ខ។ ម្នាល​ភិក្ខុទាំងឡាយ ពួក​សមណៈ​ ឬព្រាហ្មណ៍ទាំង​នុ៎ះ តថាគត ​មិន​បាន​សន្មតថា ជាសមណៈ ក្នុងសមណៈទាំងឡាយ​ផង មិន​បាន​សន្មតថាជាព្រាហ្មណ៍ ក្នុង​ព្រាហ្មណ៍ទាំងឡាយផង ដ្បិត​លោក​ដ៏មានអាយុទាំង នុ៎ះ មិន​បាន​ធ្វើ​ឲ្យ​ជាក់ច្បាស់ សម្រេច​នូវ​សាមញ្ញផលផង ព្រហ្មញ្ញផលផង ដោយ​ប្រាជ្ញា​ដ៏​ឧត្ដម ​ដោយខ្លួន​ឯង ក្នុង​បច្ចុប្បន្ន ហើយសម្រេច​សម្រាន្ដនៅ។

[៤០២] ម្នាល​ភិក្ខុទាំងឡាយ លុះតែពួកសមណៈ ឬ​ព្រាហ្មណ៍​ឯណា​នីមួយ ដឹង​ច្បាស់ ​តាម​សេចក្ដី​ពិត​ថា នេះជា​ទុក្ខ ​ដឹង​ច្បាស់​តាមសេចក្ដី​ពិត​ថា នេះជាហេតុ ជាទីកើត​ឡើងនៃទុក្ខ ដឹងច្បាស់តាមសេចក្តីពិតថា នេះជា​សេចក្ដី​រំលត់​ទុក្ខ ​ដឹង​ច្បាស់​តាម​សេចក្ដី​ពិត​ថា នេះជា​បដិបទា​ ជាដំណើរ​ទៅ​កាន់​ទី​រំលត់​ទុក្ខ។ ម្នាល​ភិក្ខុទាំងឡាយ ពួក​សមណៈ​ ឬព្រាហ្មណ៍ទាំង​នុ៎ះ ទើបតថាគត សន្មតថា សមណៈ ក្នុងពួកសមណៈ​ផង ​សន្មតថា​ព្រាហ្មណ៍ ក្នុងពួក​ព្រាហ្មណ៍ផង ដ្បិត​លោក​ដ៏មានអាយុទាំងនុ៎ះ ​បាន​ធ្វើ​ឲ្យ​ជាក់ច្បាស់ សម្រេច​នូវ​សាមញ្ញផលផង ព្រហ្មញ្ញផលផង ដោយ​ប្រាជ្ញា​ដ៏​ឧត្ដម ​ដោយខ្លួន​ឯង ក្នុង​បច្ចុប្បន្ន ហើយសម្រេច​សម្រាន្ដនៅ។ ព្រះដ៏​មានព្រះ​ភាគ​ បាន​ត្រាស់​ពាក្យ​នេះ លុះ​ព្រះ​សុគត​ បាន​ត្រាស់​ពាកក្យ​នេះ ​ចប់ហើយ ទើប​ព្រះ​សាស្ដា ​ត្រាស់​គាថា​នេះ ​​តទៅ​ទៀត​ថា

[៤០៣] ពួកជន​ណា​ មិន​ដឹង​ច្បាស់ ​នូវ​សេចក្ដី​ទុក្ខ ទាំង​ហេតុ​ដែល​នាំ​ឲ្យ​កើត​ទុក្ខ សេចក្ដី​ទុក្ខ​ រលត់ ឥត​មាន​សេសសល់ សព្វ​អន្លើ ព្រោះ​មគ្គឯណា។​ ពួក​ជន​នោះ មិនដឹង​នូវ​មគ្គ ដែល​ជាដំណើរ​ទៅកាន់​សេចក្ដីរម្ងាប់​ទុក្ខនោះ ជាអ្នក​សាប​សូន្យ ​ចាក​ចេតោ​វិមុត្តិ និង​បញ្ញាវិមុត្តិ ជនទាំង​នោះ មិន​គួរ​ដើម្បី​ធ្វើ​ទី​បំផុត​ នៃ​សេចក្ដី​ទុក្ខ ជន​ទាំង​នោះ ជាអ្នក​ចូល​ទៅ​កាន់​ជាតិ​ និង​ជរា។ លុះ​តែ​ពួក​ជនណា ដឹង​ច្បាស់ ​នូវ​សេចក្ដី​ទុក្ខ​ ទាំងហេតុ​ដែល​នាំឲ្យកើត​ទុក្ខ​ សេច​ក្ដី​ទុក្ខ រមែង​រលត់ទៅ ឥត​មាន​សេស​សល់​សព្វ​អន្លើ ព្រោះ​មគ្គ​ឯណា។ ពួក​ជន​នោះ​ ដឹង​ច្បាស់​នូវ​មគ្គ ដែល​ជាដំណើរ​ទៅ​កាន់​សេចក្ដី​ស្ងប់រម្ងាប់ទុក្ខ​នោះ ជាអ្នកបរិបូណ៌ ​ដោយ​ចេតោ​វិ​មុត្តិ និងបញ្ញាវិមុត្តិ ជន​ទាំង​នោះ គួរ​ដើម្បីធ្វើ​ទី​បំផុត ​នៃ​សេចក្ដី​ទុក្ខ​បាន ជនទាំង​នោះ ជាអ្នក​មិន​ចូលទៅ​ជិត កាន់​​​​ជាតិ​​​​ និង​ជរា​ឡើយ។

[៤០៤] សាវត្ថីនិទាន។ ម្នាល​ភិក្ខុទាំងឡាយ អរិយ​សច្ច​ មាន ៤ នេះ។ អរិយសច្ច ​៤ គឺអ្វី​ខ្លះ។ គឺទុក្ខ​អរិយសច្ច ១។បេ។ ទុក្ខនិរោធ​គាមិ​នីបដិបទាអរិយ​សច្ច ១។ ម្នាល​ភិក្ខុ​ទាំងឡាយ អរិយ​សច្ច​ មាន ៤ នេះឯង។  ម្នាល​ភិក្ខុទាំងឡាយ ព្រះ​តថាគត​ ដែល​មាន​ឈ្មោះ​ថា អរហំ​ សម្មាសម្ពុទ្ធ ព្រោះ​ព្រះតថាគត បាន​ត្រាស់​ដឹង ​នូវ​អរិយសច្ច ៤ នេះ ​តាម​សេចក្ដីពិត។ ម្នាល​ភិក្ខុទាំងឡាយ ព្រោះ​ហេតុ​នោះ​ ភិក្ខុ​ក្នុង​សាសនានេះ គួរ​ធ្វើ​សេចក្ដី​ព្យាយាមថា នេះ​ជា​ទុក្ខ។បេ។ គួរ​ធ្វើ​សេចក្ដី​ព្យាយាមថា នេះ​ជាបដិបទា ជា​ដំណើរ​ទៅ​កាន់​ទី​រំលត់​ទុក្ខ។

[៤០៥]​ សាវត្ថីនិទាន។ ម្នាល​ភិក្ខុទាំងឡាយ ព្រះអរហន្ត សម្មា​សម្ពុទ្ធទាំងឡាយ​ណានីមួយ ក្នុង​កាល​ជាអតីត ត្រាស់​ដឹង​ហើយ តាម​សេចក្ដីពិត ព្រះ​អរហន្ត សម្មា​សម្ពុទ្ធ​​​​គ្រប់​ព្រះ​អង្គ​នោះ ត្រាស់​ដឹង​ហើយ ​នូវអរិយ​សច្ច ៤ តាម​សេចក្ដីពិត។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ព្រះអរហន្ត សម្មា​សម្ពុទ្ធទាំងឡាយ​ ណានីមួយ ក្នុងកាល​ជាអនាគត នឹង​ត្រាស់​ដឹង​តាម​សេចក្ដី​ពិត ព្រះ​អរហន្ត សម្មាសម្ពុទ្ធ​គ្រប់​ព្រះ​អង្គ​នោះ នឹងត្រាស់​ដឹង​ នូវ​អរិយ​សច្ច ៤ តាម​សេចក្ដីពិត។ ម្នាល​ភិក្ខុទាំងឡាយ ព្រះអរហន្ត សម្មា​សម្ពុទ្ធ​ទាំងឡាយ​ណានីមួយ ក្នុងកាល​ជាបច្ចុប្បន្ន រមែងត្រាស់​ដឹង​តាម​សេចក្ដី​ពិត ព្រះ​អរហន្ត ​សម្មា​សម្ពុទ្ធ​គ្រប់​ព្រះ​អង្គ​នោះ រមែងត្រាស់​ដឹង ​​នូវអរិយ​សច្ច ៤ តាម​សេចក្ដីពិត។ អរិយសច្ច ៤ គឺអ្វី​ខ្លះ។ គឺទុក្ខអរិយសច្ច ១ ទុក្ខសមុទយអរិយសច្ច ១ ទុក្ខ​និរោធអរិយសច្ច ១ ទុក្ខនិរោធគាមិនីបដិបទាអរិយសច្ច ១។ ម្នាល​ភិក្ខុទាំងឡាយ ព្រះអរហន្ត សម្មា​សម្ពុទ្ធ​ទាំងឡាយ​ណានីមួយ ក្នុងកាលជា​អតីត  ត្រាស់​ដឹង​ហើយ និង​ត្រាស់​ដឹង​ឥឡូវ​នេះ ត្រាស់​ដឹង​តាម​សេចក្ដីពិត ពួកព្រះ​អរហន្ត សម្មា​សម្ពុទ្ធគ្រប់ព្រះអង្គនោះ រមែង​​ត្រាស់​ដឹង​នូវអរិយសច្ច​ ៤ នេះ​ តាម​សេចក្ដីពិត។ ម្នាល​ភិក្ខុទាំងឡាយ ព្រោះ​ហេតុ​នោះ​ ភិក្ខុ​ក្នុង​សាសនានេះ គួរ​ធ្វើ​សេចក្ដី​ព្យាយាមថា នេះ​ជា​ទុក្ខ។បេ។ គួរ​ធ្វើ​សេចក្ដី​ព្យាយាមថា នេះ​ជាបដិបទា ជា​ដំណើរ​ទៅ​កាន់​ទី​រំលត់​ទុក្ខ។

[៤០៦] ម្នាល​ភិក្ខុទាំងឡាយ តថាគតពោល​នូវការ​អស់​ទៅ ​នៃ​អាសវៈ​ទាំង​ឡាយ​​​​​​ចំពោះ​បុគ្គល ដែល​ដឹង ​ដែល​ឃើញ មិនមែន​ចំពោះ​បុគ្គល ​ដែល​មិន​ដឹង​ មិន​ឃើញ​ទេ​។ ម្នាល​​ភិក្ខុទាំងឡាយ ចុះ​ការ​អស់​ទៅ ​នៃ​អាសវៈទាំងឡាយ រមែង​មាន​ចំពោះ​បុគ្គល ដែល​ដឹង​អ្វី ​ដែល​ឃើញ​អ្វី។​ ម្នាល​ភិក្ខុទាំងឡាយ ការអស់​ទៅ​ នៃ​អាសវៈ​ទាំង​ឡាយ រមែង​មាន​ចំពោះ​បុគ្គល ដែល​ដឹង ដែលឃើញថា នេះ​ជាទុក្ខ ការ​អស់​ទៅ ​នៃ​អាសវៈ​ទាំងឡាយ រមែង​មាន​ចំពោះ​បុគ្គល ដែល​ដឹង ដែលឃើញថា នេះ​ជាហេតុ ជាទីកើត​ឡើង​នៃ​ទុក្ខ ការអស់​ទៅ​ នៃ​អាសវៈទាំងឡាយ រមែង​មាន​ ចំពោះ​បុគ្គល ដែល​ដឹង ដែលឃើញ​ថា នេះ​ជាសេចក្ដី​រលត់ទុក្ខ ការអស់​ទៅ ​នៃ​អាសវៈទាំងឡាយ រមែង​មាន​ចំពោះ​បុគ្គល ដែល​ដឹង ដែល​ឃើញ​ថា នេះជាបដិបទា​ ជាដំណើរ​ទៅ​កាន់​ទី​រំលត់​ទុក្ខ។ ម្នាល​ភិក្ខុទាំងឡាយ ការ​អស់​​​ទៅ ​នៃ​អាសវៈទាំងឡាយ រមែង​មាន​ ចំពោះ​បុគ្គល ដែល​ដឹងយ៉ាងនេះ ដែល​ឃើញ​យ៉ាង​នេះ។ ម្នាល​ភិក្ខុទាំងឡាយ ព្រោះ​ហេតុ​នោះ​ ភិក្ខុ​ក្នុង​សាសនានេះ គួរ​ធ្វើ​សេចក្ដី​ព្យាយាម​​ថា នេះ​ជា​ទុក្ខ។បេ។ គួរ​ធ្វើ​សេចក្ដី​ព្យាយាមថា នេះ​ជាបដិបទា ជា​ដំណើរ​ទៅ​កាន់​ទី​រំលត់​ទុក្ខ។

[៤០៧] ម្នាល​ភិក្ខុទាំងឡាយ អ្នក​ទាំងឡាយ គួរអនុគ្រោះ ​ចំពោះ​ជន​ពួក​ណាមួយ មួយទៀត ជនពួក​ណា ជាមិត្ត​ក្ដី ជាអមាត្យក្ដី ញាតិក្ដី សាលោហិតក្ដី​ គប្បីសំគាល់ ​នូវ​ពាក្យ​ដែល​គួរ​ស្ដាប់ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គួរញុំាងជនទាំងនោះ ​ឲ្យ​សមាទាន ឲ្យ​តាំងនៅ ឲ្យ​ដំកល់​នៅ ក្នុងការ​ត្រាស់​ដឹង ​នូវ​អរិយសច្ច ៤ តាម​សេចក្ដី​ពិត។ អរិយសច្ច ​៤ គឺអ្វីខ្លះ។ គឺទុក្ខអរិយសច្ច ១ ទុក្ខសមុទយអរិយសច្ច ១ ទុក្ខនិរោធអរិយសច្ច ១ ទុក្ខនិរោធគាមិនីបដិបទាអរិយសច្ច ១។ ម្នាលភិក្ខុទាំងឡាយ គួរអ្នក​ទាំង​ឡាយ​​ អនុគ្រោះ​ចំពោះ​ជន​ពួក​ណាមួយ មួយទៀត ជនពួក​ណា ជាមិត្ត​ក្ដី អមាត្យក្ដី ញាតិក្ដី សាលោហិតក្ដី​ គប្បីសំគាល់​នូវ​ពាក្យ ​ដែល​គួរ​ស្ដាប់។បេ។ ម្នាល​ភិក្ខុទាំង​ឡាយ អ្នក​ទាំងឡាយ​ គួរ​ញ៉ាំង​ជនទាំង​នោះ ​ឲ្យ​សមាទាន ឲ្យ​តាំងនៅ ឲ្យ​ដំកល់​នៅ ក្នុងការ​ត្រាស់​ដឹង​ នូវ​អរិយសច្ច ៤ នេះ តាម​សេចក្ដី​ពិត។ ម្នាល​ភិក្ខុទាំងឡាយ ព្រោះ​ហេតុ​នោះ​ ភិក្ខុ​ក្នុង​សាសនានេះ គួរ​ធ្វើ​សេចក្ដី​ព្យាយាមថា នេះ​ជា​ទុក្ខ។បេ។ គួរ​ធ្វើ​សេចក្ដី​ព្យាយាមថា នេះ​ជាបដិបទា ជា​ដំណើរ​ទៅ​កាន់​ទី​រំលត់​ទុក្ខ។

[៤០៨] ម្នាល​ភិក្ខុទាំងឡាយ អរិយសច្ច ៤​ នេះ។ អរិយសច្ច ៤ គឺអ្វីខ្លះ។ ទុក្ខអរិយសច្ច ១ ទុក្ខសមុទយអរិយសច្ច ១ ទុក្ខនិរោធអរិយសច្ច ១ ទុក្ខនិរោធគាមិនី​បដិបទា​អរិយសច្ច ១។ ម្នាល​ភិក្ខុទាំងឡាយ អរិយសច្ច ៤ នេះ​ ជារបស់​ពិត មិន​ប្រែប្រួល មិនក្លាយ​ទៅ​ជា​របស់​ដទៃឡើយ ព្រោះ​ហេតុ​នោះ បាន​ជាតថាគត ហៅថា​ អរិយសច្ច។ ម្នាល​ភិក្ខុទាំងឡាយ ព្រោះ​ហេតុ​នោះ ភិក្ខុ​ក្នុង​សាសនានេះ គួរ​ធ្វើ​សេចក្ដី​ព្យាយាមថា នេះ​ជា​ទុក្ខ។បេ។ គួរ​ធ្វើ​សេចក្ដី​ព្យាយាមថា នេះ​ជាបដិបទា ជា​ដំណើរ​ទៅ​កាន់​ទី​រំលត់​ទុក្ខ។

[៤០៩] ម្នាល​ភិក្ខុទាំងឡាយ អរិយសច្ច ៤​ នេះ។ អរិយសច្ច ៤ គឺអ្វីខ្លះ។ គឺទុក្ខអរិយសច្ច ១ ទុក្ខសមុទយអរិយសច្ច ១ ទុក្ខនិរោធអរិយសច្ច ១ ទុក្ខនិរោធគាមិនី​បដិបទា​​​អរិយសច្ច ១។ ព្រះតថាគត ជាអរិយបុគ្គលក្នុង​លោក ព្រម​ទាំង​ទេវលោក​ មារលោក ព្រហ្មលោក ក្នុង​ពពួក​សត្វ ព្រមទាំង​សមណព្រាហ្មណ៍​ ទាំង​មនុស្ស​ជា​សម្មតិ​​ទេព​ និង​មនុស្ស​ដ៏សេស ព្រោះ​ហេតុ​នោះ (សច្ចៈ ៤ ដែលតថាគត​សំដែង​ហើយ) ហៅថា អរិយសច្ច។ ម្នាល​ភិក្ខុទាំងឡាយ ព្រោះហេតុ​នោះ ភិក្ខុ​ក្នុង​សាសនានេះ គួរ​ធ្វើ​សេចក្ដី​ព្យាយាមថា នេះ​ជា​ទុក្ខ។បេ។ គួរ​ធ្វើ​សេចក្ដី​ព្យាយាមថា នេះ​ជាបដិបទា ជា​ដំណើរ​ទៅ​កាន់​ទី​រំលត់​ទុក្ខ។​

[៤១០] ម្នាល​ភិក្ខុទាំងឡាយ អរិយសច្ច មាន ៤​ នេះ។ អរិយសច្ច ៤ គឺអ្វីខ្លះ។ គឺទុក្ខ​អរិយសច្ច ១ ទុក្ខសមុទយអរិយសច្ច ១ ទុក្ខនិរោធអរិយសច្ច ១ ទុក្ខនិរោធគាមិនី​បដិបទា​អរិយសច្ច ១។ ម្នាល​ភិក្ខុទាំងឡាយ អរិយសច្ច មាន ៤​ នេះឯង។ ម្នាល​ភិក្ខុ​ទាំងឡាយ បណ្ដាអរិយសច្ច ៤​ នេះ អរិយសច្ច គួរ​កំណត់​ដឹង​ ក៏​មាន អរិយសច្ចគួរ​លះ​បង់​​ ក៏​មាន អរិយសច្ចគួរ​ធ្វើឲ្យ​ជាក់​ច្បាស់​ ក៏​មាន អរិយសច្ចគួរ​ចំរើន​ ក៏​មាន។ ម្នាល​ភិក្ខុ​ទាំងឡាយ ចុះអរិយសច្ច​ ដូចម្ដេច​ ដែល​គួរ​កំណត់ដឹង។ ម្នាល​ភិក្ខុទាំងឡាយ ទុក្ខ​អរិយសច្ច ​គួរកំណត់ដឹង  ទុក្ខសមុទយអរិយសច្ច គួរលះបង់ ទុក្ខនិរោធអរិយសច្ច គួរ​ធ្វើឲ្យជាក់ច្បាស់ ទុក្ខនិរោធគាមិនីបដិបទា​អរិយសច្ច គួរ​ចំរើន​។ ម្នាល​ភិក្ខុទាំងឡាយ ព្រោះហេតុ​នោះ ភិក្ខុ​ក្នុង​សាសនានេះ គួរ​ធ្វើ​សេចក្ដី​ព្យាយាមថា នេះ​ជា​ទុក្ខ។បេ។ គួរ​ធ្វើ​សេចក្ដី​ព្យាយាមថា នេះ​ជាបដិបទា ជា​ដំណើរ​ទៅ​កាន់​ទី​រំលត់​ទុក្ខ។​

[៤១១] សម័យមួយ ពួកភិក្ខុជាថេរៈច្រើនរូប នៅក្នុង​ក្រុង​សហជនិយៈ ក្នុង​ដែន​ចេតិយៈ។ ក៏​សម័យ​នោះ​ឯង កាលភិក្ខុជាថេរៈ មានប្រមាណ​ច្រើនរូប ត្រឡប់​មក​ពីបិណ្ឌបាតក្នុង​វេលា​ក្រោយ​ភត្ត អង្គុយប្រជុំ​គ្នា​ ក្នុង​រោង​មូល​ ក៏​កើត​មានពាក្យជា​ចន្លោះ​​​​​​​​​​​ឡើង​ថា ម្នាល​អាវុសោ បុគ្គលណា ​ឃើញ​សេចក្ដីទុក្ខ បុគ្គលនោះ ​ឈ្មោះថា ឃើញ​ហេតុ​ជាទីកើត​ឡើង​នៃទុក្ខផង ឃើញទី​រំលត់​នៃ​ទុក្ខ​ផង ឃើញ​បដិបទា ជា​ដំណើរ​​​ទៅ​កាន់​ទី​រំលត់​ទុក្ខផង។

[៤១២] កាលបើ​ភិក្ខុទាំងនោះ​ ពោល​យ៉ាង​នេះ​ហើយ គវម្ប​តិត្ថេរ​ដ៏​មានអាយុ ក៏​ពោល​នឹង​ពួក​ភិក្ខុ ដូច្នេះថា ម្នាលអាវុសោទាំងឡាយ ពាក្យនុ៎ះ ខ្ញុំបានស្ដាប់មក​ ក្នុងទី​ចំពោះ​​​​​​ព្រះ​ភក្ត្រ​ព្រះ​ដ៏​មាន​បុណ្យ ខ្ញុំ​បាន​ទទួល ក្នុង​ទី​ចំពោះ​ព្រះ​ភក្ត្រព្រះ​ដ៏​មាន​បុណ្យ​ថា ម្នាល​​​​​​ភិក្ខុ​ទាំងឡាយ បុគ្គលណា ឃើញ​ទុក្ខ បុគ្គលនោះ ​ឈ្មោះ​ថា ឃើញ​ទុក្ខ​សមុទ័យ​ផង ឃើញ​ទុក្ខ​និរោធផង ឃើញ​ទុក្ខ​និរោធគាមិនីបដិបទាផង​។​ បុគ្គល​ណាឃើញ​ទុក្ខ​សមុទ័យ បុគ្គល​នោះ​ ឈ្មោះថា ឃើញ​ទុក្ខផង ឃើញ​ទុក្ខ​និរោធផង ឃើញ​ទុក្ខ​និរោធគាមិនី​បដិបទាផង​។​ បុគ្គល​ណា ឃើញ​ទុក្ខនិរោធ បុគ្គលនោះ ឈ្មោះថា ឃើញ​ទុក្ខផង ឃើញ​ទុក្ខ​សមុទ័យ​ផង ឃើញ​ទុក្ខ​និរោធគាមិនីបដិបទាផង។ បុគ្គល​ណា ឃើញទុក្ខ​និរោធគាមិនីបដិបទា បុគ្គល​នោះ ​​ឈ្មោះថា ឃើញ​ទុក្ខផង ឃើញ​ទុក្ខ​សមុទ័យ​​ផង ឃើញ​ទុក្ខ​និរោធផង។

ចប់​ កោដិគាមវគ្គ ទី៣។

ឧទាននៃកោដិគាមវគ្គនោះគឺ

ពោល​អំពី​ព្រះ​ដ៏​មានព្រះភាគ គង់​នៅ​ក្នុងដែន​វជ្ជី មាន ២​ លើក អំពី​ឈ្មោះ​ថាអរហន្ដសម្មា​​សម្ពុទ្ធ ព្រោះត្រាស់​ដឹង​អរិយសច្ច ១ អំពី​ព្រះអរហន្ដ​សម្មាសម្ពុទ្ធត្រាស់​ដឹង​ហើយ ​​​ក្នុងអតីតកាល ជាដើម ១ អំពីការ​អស់ទៅ​ នៃ​អាសវៈ ១  អំពីទ្រង់​សំដែងការ​អនុគ្រោះ​ជន​ជាមិត្រ ​ជាដើម ១ អំពីការ​ទ្រង់​សំដែង​ធម្ម​ជាត ​ជារបស់​ពិត ១ អំពីព្រះ​តថាគត​ ជាអរិយ​បុគ្គល​ក្នុងលោក​ ១ អំពីអរិយ​សច្ច ​ដែល​បុគ្គល​គួរ​ត្រាស់​ដឹង ១ អំពីព្រះ​គវម្ប​តិត្ថេរ ១។

សីសបាបណ្ណវគ្គ ទី៤

[៤១៣] សម័យមួយ ព្រះ​មាន​ព្រះ​ភាគ ទ្រង់​គង់​នៅ​ក្នុង​សីសបាវន (ព្រៃធ្នង់) ទៀបក្រុង​កោសម្ពី ​។ គ្រានោះឯង ព្រះ​មានព្រះភាគ ​ទ្រង់​ចាប់​ស្លឹក​ធ្នង់​បន្តិច ​ដោយព្រះ​ហស្ដ ត្រាស់​សួរ​ភិក្ខុ​ទាំងឡាយ​ថា ម្នាល​ភិក្ខុទាំងឡាយ  អ្នក​សំគាល់​សេចក្ដីនុ៎ះ​ ដូចម្ដេច ស្លឹងធ្នង់​បន្ដិច ​ដែលតថាគត​ ចាប់​ដោយ​ដៃក្ដី ស្លឹងធ្នង់​ ដែលនៅឯ​ដើម​ធ្នង់ក្ដី ស្លឹកនោះ​ តើ​ស្លឹក​ណា​ច្រើន​ជាង​ហ្ន៎។ បពិត្រព្រះអង្គ​ដ៏ចំរើន ស្លឹងធ្នង់ ​ដែលព្រះមានព្រះភាគ ចាប់​ដោយ​​ព្រះហស្ត មានប្រមាណ​តិចណាស់ ឯស្លឹងធ្នង់​ទាំងនោះ ដែលនៅ​ដើម​ធ្នង់ មាន​ចំនួន​​ច្រើនជាង។ ម្នាល​ភិក្ខុទាំងឡាយ  យ៉ាងនេះ​មែន​ហើយ ពាក្យណា ​​ដែល​តថាគត​មិន​​​សំដែង ​ដើម្បី​សេចក្ដី​ត្រាស់​ដឹង ​ដល់​អ្នក​ទាំងឡាយ​ ពាក្យ​នុ៎ះឯង ​មានចំនួន​ច្រើន​ជាង។ ម្នាល​​ភិក្ខុទាំងឡាយ  ពាក្យ​នុ៎ះ បាន​​ជាតថាគត​មិន​សំដែង ព្រោះ​ហេតុអ្វី។ ម្នាល​ភិក្ខុទាំង​ឡាយ  ព្រោះ​ថា ពាក្យនុ៎ះ មិន​ប្រកប​ដោយ​ប្រយោជន៍ មិនមែន​ជាអាទិព្រហ្ម​ចរិយធម៌​ មិន​ប្រព្រឹត្តទៅ​ ដើម្បី​សេចក្ដីនឿយ​ណាយ មិន​ប្រព្រឹត្ត​ទៅ​ ដើម្បី​ប្រាស​ចាក​តម្រេក មិន​ប្រព្រឹត្ត​ទៅ​ ដើម្បី​រំលត់​ទុក្ខ មិន​ប្រព្រឹត្ត​ទៅ ​ដើម្បី​ស្ងប់​រម្ងាប់ មិន​ប្រព្រឹត្តទៅ ដើម្បី​ដឹង​ច្បាស់ មិន​ប្រព្រឹត្ត​ទៅ ដើម្បី​ត្រាស់​ដឹង មិន​ប្រព្រឹត្តទៅ ដើម្បីនិព្វាន។ ព្រោះ​ហេតុ​នោះ បាន​​ជាតថាគត មិន​សំដែង​ពាក្យ​នោះឡើយ។

[៤១៤] ម្នាល​ភិក្ខុទាំងឡាយ  ចុះតថាគត ​សំដែង​ពាក្យដូចម្ដេចវិញ។ ម្នាល​ភិក្ខុទាំងឡាយ  តថាគត​សំដែងថា នេះជាទុក្ខ តថាគត​សំដែងថា នេះហេតុជាទី​កើត​ឡើង​​នៃទុក្ខ តថាគត​សំដែងថា នេះជាសេចក្ដីរំលត់ទុក្ខ តថាគត​សំដែងថា នេះ​បដិបទា ជាដំណើរទៅកាន់ទីរំលត់ទុក្ខ។ ម្នាល​ភិក្ខុទាំងឡាយ ពាក្យ​នុ៎ះ បាន​​ជាតថាគត​​សំដែង តើព្រោះ​ហេតុអ្វី។ ម្នាល​ភិក្ខុទាំងឡាយ  ព្រោះ​ថា ពាក្យនុ៎ះ ប្រកប​ដោយ​ប្រយោជន៍ ពាក្យ​នុ៎ះ​ ជាអាទិព្រហ្ម​ចរិយធម៌​ ពាក្យនុ៎ះ ប្រព្រឹត្តទៅ ​ដើម្បី​សេចក្ដីនឿយ​ណាយ ​ដើម្បី​ប្រាស​ចាក​តម្រេក ​ដើម្បី​រំលត់​ទុក្ខ ​ដើម្បី​សេចក្តីស្ងប់​រម្ងាប់ ដើម្បី​ដឹង​ច្បាស់ ដើម្បី​ត្រាស់​ដឹង ដើម្បី​និព្វាន។ ព្រោះ​ហេតុ​នោះ បានជាតថាគត សំដែង​ពាក្យ​នុ៎ះ។ ម្នាល​ភិក្ខុទាំងឡាយ ព្រោះ​ហេតុ​នោះ ភិក្ខុ​ក្នុង​សាសនានេះ គួរ​ធ្វើ​សេចក្ដី​ព្យាយាមថា នេះ​ជា​ទុក្ខ។បេ។ គួរ​ធ្វើ​សេចក្ដី​​ព្យាយាមថា នេះ​បដិបទា ជា​ដំណើរ​ទៅ​កាន់​ទី​រំលត់​ទុក្ខ។​

[៤១៥] ម្នាល​ភិក្ខុទាំងឡាយ បុគ្គលណា និយាយ​យ៉ាង​នេះថា ខ្ញុំមិនបានត្រាស់​ដឹង​ នូវ​ទុក្ខ​អរិយសច្ច តាមសេចក្ដីពិត មិន​បាន​ត្រាស់​ដឹង​ នូវ​ទុក្ខ​សមុទយអរិយ​សច្ច​ តាម​សេចក្ដីពិត មិន​បាន​ត្រាស់​ដឹង​ នូវ​ទុក្ខ​និរោធអរិយសច្ច តាមសេចក្ដីពិត មិន​បាន​ត្រាស់​ដឹង​ នូវ​ទុក្ខ​និរោធគាមិនីបដិបទាអរិយសច្ច តាមសេចក្ដីពិត តែនឹង​ធ្វើ​នូវ​ទីបំផុត ​នៃ​សេចក្ដី​​ទុក្ខ​ដោយ​ប្រពៃ​បាន ហេតុ​នុ៎ះ មិន​មាន​ឡើយ។ ម្នាល​ភិក្ខុទាំងឡាយ ដូច​ជាបុគ្គល​ណា និយាយយ៉ាង​នេះ​ថា ខ្ញុំ​ធ្វើ​កញ្ចប់ នៃ​ស្លឹក​គគីរក្ដី ស្លឹក​ស្រល់ក្ដី ស្លឹក​កន្ទួតព្រៃក្ដី​ ហើយ​នឹង​នាំទៅ​នូវ​ទឹក​ ឬ​ចម្រៀក​ត្នោត [សព្ទថា តាលបត្តំ គួរប្រែថាស្លឹកត្នោត ផ្លិតស្លឹកត្នោត ឬចម្រៀកត្នោត ប៉ុន្តែមិនសមសេចក្តីសោះ ក្នុងទីនេះ គួរថា តាលុទកំ ប្រែថា ទឹកត្នោត ដូច្នេះវិញ ទើបសមសេចក្តីជាង​។]  ​ហេតុ​នុ៎ះ ​មិន​មានឡើយ យ៉ាង​ណាមិញ។ ម្នាល​​​​ភិក្ខុ​ទាំងឡាយ បុគ្គលណា និយាយ​យ៉ាង​នេះថា ខ្ញុំ​មិន​បាន​ត្រាស់​ដឹង ​នូវ​ទុក្ខ​អរិយ​សច្ច ​តាម​សេចក្ដី​ពិត។បេ។ មិន​បាន​ត្រាស់​ដឹង​ នូវ​ទុក្ខ​និរោធគាមិនីបដិបទា​អរិយសច្ច​ តាមសេចក្ដី​ពិត តែនឹង​ធ្វើ​នូវ​ទី​បំផុត​ នៃសេចក្ដី​ទុក្ខ ​ដោយ​ប្រពៃ​បាន ហេតុ​នុ៎ះ មិន​មាន​ឡើយ​ ក៏យ៉ាង នោះដែរ។

[៤១៦] ម្នាល​ភិក្ខុទាំងឡាយ លុះតែបុគ្គលណា និយាយ​យ៉ាង​នេះថា ខ្ញុំបាន​ត្រាស់​ដឹង ​​នូវ​ទុក្ខ​អរិយសច្ច តាមសេចក្ដីពិត ​ ​ត្រាស់​ដឹង​នូវ​ទុក្ខ​សមុទយអរិយសច្ច​ តាម​សេចក្ដី​ពិត ​ត្រាស់​ដឹង​នូវ​ទុក្ខ​និរោធអរិយសច្ច តាមសេចក្ដីពិត​ ត្រាស់​ដឹង​នូវ​ទុក្ខ​និរោធគាមិនី​បដិបទាអរិយសច្ច តាមសេចក្ដីពិត នឹង​ធ្វើ​នូវ​ទី​បំផុត​នៃ​ទុក្ខ ​ដោយ​ប្រពៃ​បាន ហេតុ​នុ៎ះ​ ទើបមានមែន។ ម្នាល​ភិក្ខុទាំងឡាយ ដូច​ជាបុគ្គល​ណា និយាយ​យ៉ាង​នេះ​ថា ខ្ញុំ​ធ្វើ​នូវ​កញ្ចប់​​ នៃ​ស្លឹក​ឈូកក្ដី ស្លឹក​ចារក្ដី ស្លឹក​ល្វេក្ដី​ ហើយ​នឹង​នាំទៅ​ នូវ​ទឹក ​ឬ​ចម្រៀក​ត្នោត ​ហេតុ​នុ៎ះ​ ទើបមានមែន យ៉ាង​ណាមិញ។ ម្នាល​ភិក្ខុទាំងឡាយ បុគ្គល​ណា និយាយ​យ៉ាង​នេះថា ខ្ញុំ​​ត្រាស់​ដឹង​ នូវ​ទុក្ខ​អរិយសច្ច តាម​សេចក្ដី​ពិត។បេ។ ​ត្រាស់​ដឹង​ នូវ​ទុក្ខ​និរោធ​គាមិនី​​បដិបទាអរិយសច្ច តាមសេចក្ដីពិត នឹង​ធ្វើ​នូវ​ទី​បំផុត​នៃទុក្ខ​​​ ដោយ​ប្រពៃ​បាន ហេតុ​នុ៎ះ​ ទើប​មាន​មែន ក៏យ៉ាងនោះឯង។ ម្នាល​ភិក្ខុទាំងឡាយ ព្រោះហេតុ​នោះ ភិក្ខុ​ក្នុង​សាសនា​នេះ គួរ​ធ្វើ​សេចក្ដី​ព្យាយាមថា នេះ​ជា​ទុក្ខ។បេ។ គួរ​ធ្វើ​សេចក្ដី​ព្យាយាមថា នេះ​បដិបទា ជា​ដំណើរ​ទៅ​កាន់​ទី​រំលត់​ទុក្ខ។​

[៤១៧] ម្នាល​ភិក្ខុទាំងឡាយ ដូចដំបង ​ដែល​គេ​ចោល​ទៅឯ​អាកាស តែង​ធ្លាក់​ចុះ​ខាង​គល់​ដំបង​ ក៏​មាន ធ្លាក់​ចុះ​ត្រង់​កណ្ដាល​ដំបង ​ក៏​មាន ធ្លាក់​ចុះ​ខាង​ចុង​ដំបង ​ក៏​មាន យ៉ាង​ណាមិញ។ ម្នាល​ភិក្ខុទាំងឡាយ សត្វទាំងឡាយ​ ដែល​មា​នអវិជ្ជា​ ជាគ្រឿង​រារាំង មានតណ្ហា ជាគ្រឿង​ប្រកប កាល​អន្ទោល​ទៅ ត្រាច់​រង្គាត់​ទៅ តែង​ចេញ​ពី​លោក​​នេះ ទៅកាន់​លោក​ដទៃ ក៏​មាន ត្រឡប់​មក​ពី​លោក​ដទៃ មក​កាន់​លោក​នេះ ក៏​មាន។ ដំណើរ​នោះ​ ព្រោះ​ហេតុ​អ្វី។ ម្នាល​ភិក្ខុទាំងឡាយ ព្រោះ​ថា​ សត្វ​ទាំង​នោះ មិន​បាន​ឃើញ ​នូវ​អរិយ​សច្ច ៤ ​។ អរិយសច្ច ៤ គឺអ្វី​ខ្លះ។ គឺ​ទុក្ខ​អរិយ​សច្ច ១។បេ។ ទុក្ខ​និរោធគាមិនី​បដិបទាអរិយសច្ច ១ យ៉ាង​នោះ​ឯង។ ម្នាល​ភិក្ខុទាំងឡាយ ព្រោះ​ហេតុ​នោះ ភិក្ខុ​ក្នុង​សាសនានេះ គួរ​ធ្វើ​សេចក្ដី​ព្យាយាមថា នេះ​ជា​ទុក្ខ។បេ។ គួរ​ធ្វើ​សេចក្ដី​ព្យាយាមថា នេះ បដិបទា ជា​ដំណើរ​ទៅ​កាន់​ទី​រំលត់​ទុក្ខ។​

[៤១៨] ម្នាល​ភិក្ខុទាំងឡាយ សំពត់​ ឬក្បាល ដែល​ភ្លើង​កំពុង​ឆេះ បុរស​នោះ ​គួរ​ធ្វើ​ដូចម្ដេច។ បពិត្រ​ព្រះ​អង្គ​ដ៏​ចំរើន កាល​បើ​សំពត់ ​ឬក្បាល ដែល​ភ្លើង​កំពុង​ឆេះ បុរស​នោះ​ គួរ​ធ្វើ​សេចក្ដីប៉ុន​ប៉ងផង ព្យាយាម​ផង សេចក្ដីប្រឹងប្រែង​ផង សេចក្ដី​ខ្មីឃ្មាត​ផង ការមិនរុញរាផង សតិផង សម្បជញ្ញៈ​ផង ដ៏មាំមួន ដើម្បីនឹងលត់ នូវ​សំពត់ ​ឬ​ក្បាល​នោះឯង។ ម្នាល​ភិក្ខុទាំងឡាយ បុគ្គល​គួរ​កុំសំឡឹង​មើល កុំ​យក​ចិត្ត​ទុក​ដាក់​ ចំពោះ​សំពត់​ឬ​ក្បាល ដែល​ភ្លើង​កំពុង​ឆេះឡើយ គួរ​ធ្វើ​សេចក្ដីប៉ុន​ប៉ងផង សេចក្តីព្យាយាម​​​ផង សេចក្ដី​ខ្មីឃ្មាត​ផង ការមិនរុញរាផង សតិផង សម្បជញ្ញៈ​ផង ដ៏មាំមួន ដើម្បីនឹងត្រាស់​ដឹង​នូវអរិយសច្ច ​​​​​​​​​​​​៤ ដែល​ខ្លួន​មិនទាន់​បាន​ត្រាស់​ដឹង ​តាម​សេចក្ដី​ពិត​នៅ​ឡើយ​។ អរិយ​សច្ច​ ៤ គឺអ្វីខ្លះ។ គឺទុក្ខអរិយសច្ច ១។បេ។ ទុក្ខ​និរោធ​គាមិនីបដិបទា​អរិយសច្ច ១។ ម្នាល​ភិក្ខុ​ទាំងឡាយ ព្រោះ​ហេតុ​នោះ ភិក្ខុ​ក្នុង​សាសនា​នេះ គួរ​ធ្វើ​សេចក្ដី​ព្យាយាមថា នេះ​ជា​ទុក្ខ។បេ។ គួរ​ធ្វើ​សេចក្ដី​ព្យាយាមថា នេះ​​បដិបទា ​​ជា​ដំណើរ​ទៅ​កាន់​ទី​រំលត់​ទុក្ខ។​

[៤១៩] ម្នាល​ភិក្ខុទាំងឡាយ ដូច​បុរស​មានអាយុ ១០០ ​ឆ្នាំ​ និយាយ​នឹង​បុរស​ដែល​មានអាយុ​រស់​នៅ ១០០​ ឆ្នាំ​ដូចគ្នា យ៉ា​ងនេះ​ថា នែ​បុរស​អើយ ​ចូរ​អ្នក​មក​អាយ ជនទាំង​ឡាយ​ នឹង​សំឡាប់​អ្នក ដោយរយ​នៃលំពែង​ ក្នុង​បុព្វ​ណ្ហ​សម័យ (ពេលព្រឹក) នឹង​សំឡាប់​អ្នក ដោយ​រយ​នៃ​លំពែង ក្នុងមជ្ឈន្តិកសម័យ (ពេលថ្ងៃ​ត្រង់) នឹង​សំឡាប់​អ្នក ដោយ​រយ​នៃ​លំពែង ក្នុងសាយណ្ហសម័យ (ពេលល្ងាច)។ បុរស​នោះ ក៏និយាយ​ថា នែ​បុរស​អើយ អ្នក​ឯង​មាន​អាយុ ១០០ ​ឆ្នាំ រស់នៅ​អស់​ ១០០​ ឆ្នាំ កាល​បើ​ត្រូវ​គេ​សំឡាប់​ដោយ​លំពែង ៣០០​ រាល់ៗ​ថ្ងៃ លុះកន្លង ១០០​ ឆ្នាំ​ទៅ នឹង​បាន​ត្រាស់​ដឹង​ នូវអរិយ​សច្ច ៤ ដែល​មិនទាន់​បាន​ត្រាស់​ដឹង​នៅឡើយ។ ម្នាល​ភិក្ខុទាំងឡាយ កុលបុត្ត​ ដែល​លុះ​ក្នុង​អំណាច ​នៃ​ប្រ​យោជន៍ គួរ​តែ​ចូល​ទៅ។ ដំណើរ​នោះ​ ព្រោះ​ហេតុ​អ្វី។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ព្រោះ​ថា សង្សារ​នេះ ​មិន​មានទី​បំផុត​ទេ ខាង​ដើម​ និង​ខាង​ចុង ​នៃ​ការ​ប្រហារ​ដោយ​លំពែង ប្រ​ហារ​ដោយ​ដាវ ប្រហារ​ដោយ​កូន​សរ ប្រហារ​ដោយប៉ូវ​ថៅ ក៏មិន​ប្រាកដ​ឡើយ។ ម្នាល​ភិក្ខុ​ទាំងឡាយ ដំណើរ​នោះ ​គួរ​មាន​យ៉ាង​នេះ​មែន ​ ម្នាល​ភិក្ខុទាំងឡាយ តែ​តថាគត​ មិន​បាន​ពោល​ នូវ​ការ​ត្រាស់​ដឹង​ នូវអរិយ​សច្ច ៤ ជាមួយ​នឹង​សេចក្ដីទុក្ខ ជា​មួយ​​នឹង​ទោមនស្ស​ទេ​។ ម្នាល​ភិក្ខុទាំងឡាយ ប៉ុន្តែតថាគត​ តែង​ពោល​នូវ​សេចក្តី​ត្រាស់​ដឹង​ ចំពោះអរិយ​សច្ច ទាំង ៤ ជាមួយ​នឹង​សេចក្ដីសុខ ​និង​សោមនស្ស​ទេតើ​។ អរិយសច្ច ៤ គឺអ្វីខ្លះ។ គឺទុក្ខអរិយសច្ច ១។បេ។ ទុក្ខ​និរោធ​គាមិនីបដិបទា​អរិយសច្ច ១។ ម្នាល​ភិក្ខុទាំងឡាយ ព្រោះ​ហេតុ​នោះ ភិក្ខុ​ក្នុង​សាសនានេះ គួរ​ធ្វើ​សេចក្ដី​ព្យាយាមថា នេះ​ជា​ទុក្ខ។បេ។ គួរ​ធ្វើ​សេចក្ដី​ព្យាយាម​ថា នេះ​បដិបទា ជា​ដំណើរ​ទៅ​កាន់​ទី​រំលត់​ទុក្ខ។​

[៤២០] ម្នាល​ភិក្ខុទាំងឡាយ ដូចជាបុរស​កាត់​ស្មៅ កំណាត់​ឈើ មែក​ឈើ ស្លឹក​ឈើ ក្នុង​ជម្ពូ​ទ្វីប​នេះ មក​ប្រមូលទុក ក្នុងទី​ជាមួយ​គ្នា លុះ​ប្រមូលទុកក្នុងទី​ជាមួយ​គ្នាហើយ គប្បី​ធ្វើ​ជា​ឈើ​អណ្ដោត លុះ​ធ្វើ​ជាឈើ​អណ្តោត​ហើយ ទើប​ដោត​ពួក​សត្វ​ធំៗ​ ដែល​នៅក្នុង​មហា​សមុទ្រ ក្នុងឈើអណ្តោតធំៗ ដោតពួកសត្វជាន់កណ្តាលៗ ដែល​នៅក្នុងមហាសមុទ្រ ក្នុង​ឈើ​អណ្តោត​ជាន់​កណ្ដាលៗ ដោត​ពួក​សត្វ​តូចៗ ដែល​នៅក្នុង​មហា​សមុទ្រ ក្នុង​ឈើ​អណ្ដោត​តូចៗ។ ម្នាល​ភិក្ខុទាំងឡាយ ពួក​សត្វ​ធំៗ​ ក្នុង​មហា​សមុទ្រ មិន​អស់​ទេ ឯ​ស្មៅ កំណាត់​ឈើ មែក​ឈើ ស្លឹក​ឈើ ក្នុង​ជម្ពូទ្វីប​នេះ ​ដល់​នូវ​ការ​អស់​ទៅ​សូន្យ​ទៅ​មិន​ខាន។ ម្នាល​ភិក្ខុទាំងឡាយ ពួកសត្វ​តូចៗ ក្នុង​មហា​សមុទ្រ ច្រើន​ជាង​​ពួក​សត្វ​ធំៗ​ទៅទៀត​ បុគ្គល​ណាមួយ មិន​ងាយ​នឹង​ដោត ​ដោយ​ឈើ​អណ្ដោត​ឡើយ។ ដំណើរ​នោះ​ ព្រោះ​ហេតុ​អ្វី។ ម្នាល​ភិក្ខុទាំងឡាយ ព្រោះ​សត្វ​ទាំង​នោះ ​មាន​អត្តភាព​តូចៗ។ ម្នាល​ភិក្ខុទាំងឡាយ ​អបាយ​ធំ​ យ៉ាង​នេះ​។ ម្នាល​ភិក្ខុទាំង​ឡាយ បុគ្គល​រួច​ចាក​អបាយ​ ដែល​ធំ​យ៉ាង​នេះ ជា​អ្នក​បរិបូណ៌ដោយ​ទិដ្ឋិ ទើប​ដឹង​ច្បាស់ ​តាម​សេចក្ដី​ពិត​ថា នេះ​ជាទុក្ខ។បេ។ ដឹង​ច្បាស់​តាម​សេចក្ដីពិត​ថា នេះ​បដិបទា ជា​ដំណើរ​ទៅកាន់​ទី​រំលត់​ទុក្ខ។ ម្នាល​ភិក្ខុទាំងឡាយ ព្រោះ​ហេតុ​នោះ ភិក្ខុ​ក្នុង​សាសនានេះ គួរ​ធ្វើ​សេចក្ដី​ព្យាយាម​ថា នេះ​ជា​ទុក្ខ។បេ។ គួរ​ធ្វើ​សេចក្ដី​ព្យាយាមថា នេះ​បដិបទា ជា​ដំណើរ​ទៅ​កាន់​ទី​រំលត់​ទុក្ខ។​

[៤២១] ម្នាល​ភិក្ខុទាំងឡាយ កាល​ព្រះ​អាទិត្យ​រះឡើង រមែង​មាន​ការ​រះឡើង ​នៃ​អរុណ ជាប្រធាន ​ជាបុព្វ​និមិត្ត។ ម្នាល​ភិក្ខុទាំងឡាយ យ៉ាង​នេះ​មែន​ហើយ ភិក្ខុ​ដែល​ត្រាស់​​​​​​​​​​​​​​ដឹង​ តាម​សេចក្ដីពិត​ នូវ​អរិយសច្ច ៤ រមែង​មាន​សម្មាទិដ្ឋិនុ៎ះ ជាប្រធាន​ ជាបុព្វ​និមិត្ត​។ ម្នាល​ភិក្ខុទាំងឡាយ ដំណើរ​នុ៎ះ​ រមែង​កើត​ប្រាកដ​ ដល់​ភិក្ខុ ដែល​ប្រកប​ដោយ​សម្មា​ទិដ្ឋិ ដឹង​ច្បាស់​តាម​សេចក្ដី​ពិត​ថា នេះបដិបទា ជាដំណើរ​ទៅកាន់ទី​រំលត់​ទុក្ខ។ ម្នាល​ភិក្ខុទាំង​ឡាយ ព្រោះ​ហេតុ​នោះ ភិក្ខុក្នុង​សាសនា​នេះ គួរ​ធ្វើ​សេចក្ដី​ព្យាយាម​ថា នេះ​ជា​ទុក្ខ។បេ។ គួរ​ធ្វើ​សេចក្ដី​ព្យាយាមថា នេះ​បដិបទា ជា​ដំណើរ​ទៅ​កាន់​ទី​រំលត់​ទុក្ខ។​

[៤២២] ម្នាល​ភិក្ខុទាំងឡាយ ព្រះ​ចន្ទ្រ និង​ព្រះអាទិត្យ មិន​ទាន់​កើត​ឡើង ​ក្នុង​លោក ​​​​​​​​ដរាប​ណា ពន្លឺ​ដ៏ធំ រស្មី​ដ៏ធំ ក៏​មិនទាន់​កើត​ប្រាកដ​ ក្នុង​កាល​ណោះ មាន​តែ​ងងឹត​និង​​​​អ័ព្ទសូន្យឈឹង ដរាប​នោះ យប់​ និង​ថ្ងៃ ក៏មាន​មិន​ប្រាកដ ខែ ​និង​កន្លះ​ខែ ​ក៏មិន​ទាន់​ប្រាកដ រដូវ​ និង​ឆ្នាំ​ ក៏​មិន​ប្រាកដ។ ម្នាល​ភិក្ខុទាំងឡាយ លុះ​តែ​ព្រះ​ចន្ទ្រ ​និង​ព្រះអាទិត្យ កើតឡើង​ក្នុង​លោក​កាលណា ពន្លឺ​ដ៏ធំ រស្មី​ដ៏ធំ ក៏កើត​ប្រាកដ​ ក្នុង​កាល​ណោះ អ័ព្ទសូន្យ​ឈឹង​ ក៏មិនមានឡើយ ក្នុងកាលណោះ យប់​ និង​ថ្ងៃ ក៏ប្រាកដ ខែ​ និង​កន្លះ​ខែ ​ក៏​ប្រាកដ រដូវ​ និង​ឆ្នាំ​ ក៏​ប្រាកដ​ ក្នុង​កាល​ណោះ។ ម្នាល​ភិក្ខុទាំងឡាយ យ៉ាងនេះ​មែន​ហើយ ព្រះតថាគត ជាអរហន្ដ​ សម្មា​សម្ពុទ្ធ​ មិន​ទាន់​កើត​ឡើង​ក្នុង​លោក ​ដរាប​ណា ពន្លឺ​ដ៏​ធំ រស្មី​ដ៏ធំ ក៏មិនទាន់​មានប្រាកដ​ ដរាប​​​​​​​​​នោះ ក្នុងកាល​ណោះ​ មានតែងងឹត ​និង​អ័ព្ទ​សូន្យ​ឈឹង ឯ ការ​ប្រាប់​ ការ​សំដែង ការ​តាក់​តែង ការ​ផ្ដួច​ផ្ដើម ការ​បើក​ ការ​ចែក​រលែក ការ​ធ្វើឲ្យ​រាក់​ឡើង​ នូវ​អរិយ​សច្ច ៤ ក៏​មិនទាន់​មាននៅឡើយ​ ដរាប​នោះ។ ម្នាល​ភិក្ខុទាំងឡាយ លុះ​តែ​ព្រះ​តថាគត ជា​អរហន្ដ​​ សម្មា​សម្ពុទ្ធ​ កើត​ឡើង​ក្នុង​លោក​ កាល​ណា ពន្លឺ​ដ៏​ធំ រស្មី​ដ៏ធំ ទើប​ប្រាកដ​​ ក្នុង​កាល​ណោះ ងងឹត ​និង​អ័ព្ទ​សូន្យ​ឈឹង ក៏មិនមានឡើយ ក្នុងកាល​ណោះ ឯការ​ប្រាប់​ ការ​សំដែង ការ​តាក់​តែង ការ​ផ្ដួច​ផ្ដើម ការ​បើក​ ការ​ចែក​រលែក ការ​ធ្វើឲ្យ​រាក់​ឡើង ​នូវ​អរិយ​សច្ច ៤ ក៏​​មានប្រាកដ ក្នុងកាល​ណោះ។ អរិយ​សច្ច ៤ គឺអ្វីខ្លះ។ គឺទុក្ខ​អរិយ​សច្ច ១។បេ។ ទុក្ខ​និរោធ​គាមិនីបដិបទា​អរិយសច្ច​ ១។ ម្នាល​ភិក្ខុទាំងឡាយ ព្រោះ​ហេតុ​នោះ ភិក្ខុ​ក្នុង​សាសនា​នេះ គួរ​ធ្វើ​សេចក្ដី​ព្យាយាម​ថា នេះ​ជា​ទុក្ខ។បេ។ គួរ​ធ្វើ​សេចក្ដី​​​ព្យាយាម​​ថា នេះ​បដិបទា ជា​ដំណើរ​ទៅ​កាន់​ទី​រំលត់​ទុក្ខ។​

[៤២៣] ម្នាល​ភិក្ខុទាំងឡាយ ពួក​សមណៈ​ ឬ​ព្រាហ្មណ៍ឯណានីមួយ មិនដឹង​ច្បាស់​​​​ តាម​សេចក្ដីពិតថា នេះ​ជាទុក្ខ។បេ។ មិនដឹង​ច្បាស់ ​តាម​សេចក្ដី​ពិត​ថា នេះ​បដិបទា​ជា​ដំណើរ​​ទៅកាន់​ទី​រំលត់​ទុក្ខ សមណៈ​ ឬ​ព្រាហ្មណ៍​ទាំងនោះ រមែង​ក្រឡេក​មើល​មុខ  (អធ្យា​​​​​ស្រ័យ) របស់​សមណៈ ឬព្រាហ្មណ៍ដទៃថា លោក​ដ៏ចំរើន​នេះ កាល​បើ​ដឹង​ ក៏​ដឹង​ដោយ​ពិត ​កាល​បើ​ឃើញ ក៏ឃើញ​ដោយ​ពិត។ ម្នាល​ភិក្ខុទាំងឡាយ ដូច​ប៉ុយ​គរ​ ឬ​កប្បាស ​ដែល​ជារបស់​ស្រាល​ មានខ្យល់​ជាឧបាទាន គេ​ដាក់​លើ​ផែន​ដី​ដ៏​ស្មើ ខ្យល់ពី​ខាង​កើត ក៏បក់​ប៉ុយ​នោះ​ទៅ​ខា​ងលិច ខ្យល់​ពីខាង​លិច​ បក់​ប៉ុយ​នោះ​ទៅខាងកើត ខ្យល់​​​​​​​ពី​ខាង​ជើង បក់ប៉ុយ​នោះ​ ទៅខាង​ត្បូង ខ្យល់​ពី​ខាង​ត្បូង ​បក់​ប៉ុយ​នោះ​ទៅ​ខាង​ជើង។ ដំណើរ​​​​​​នោះ ព្រោះ​​​​​ហេតុអ្វី។ ម្នាល​ភិក្ខុទាំងឡាយ ព្រោះ​ថា​ប៉ុយ​កប្បាស​ ជារបស់​ស្រាល ​យ៉ាង​ណា​មិញ។ ម្នាល​ភិក្ខុទាំងឡាយ ពួកសមណៈ​ ឬ​ព្រាហ្មណ៍ឯណានីមួយ មិនដឹង​ច្បាស់​តាម​សេចក្ដីពិតថា នេះ​ជាទុក្ខ។បេ។ មិនដឹង​ច្បាស់​ តាម​សេចក្ដី​ពិត​ថា នេះ​បដិបទា​ជាដំណើរ​ទៅកាន់​ទី​រំលត់​ទុក្ខ សមណៈ ​ឬ​ព្រាហ្មណ៍​ទាំងនោះ ​ក្រឡេក​មើល​មុខ របស់​សមណៈ ឬ​ព្រាហ្មណ៍ដទៃថា លោក​ដ៏ចំរើន​នេះ កាល​បើ​ដឹង ក៏ដឹង​ដោយ​ពិត ​កាល​បើ​ឃើញ ក៏​ឃើញ​​​​​​​​​​​ដោយ​ពិត។ ដំណើរ​នោះ​ ព្រោះ​ហេតុ​អ្វី។ ម្នាល​ភិក្ខុទាំងឡាយ ព្រោះ​ថា មិនបាន​ឃើញ​ នូវ​អរិយសច្ច ៤ ក៏យ៉ាង​នោះឯង។

[៤២៤] ម្នាល​ភិក្ខុទាំងឡាយ ឯពួកសមណៈ ​ឬ​ព្រាហ្មណ៍ឯណានីមួយ ដឹង​ច្បាស់​តាម​សេចក្ដីពិតថា នេះ​ជាទុក្ខ។បេ។ ដឹង​ច្បាស់​តាម​សេចក្ដី​ពិត​ថា នេះ​បដិបទា ​ជាដំណើ​រ​​​​​ទៅកាន់​ទី​រំលត់​ទុក្ខ សមណៈ ​ឬ​ព្រាហ្មណ៍​ទាំងនោះ ​មិនក្រឡេក​មើល​មុខសមណៈ​​ ឬ​ព្រាហ្មណ៍ដទៃថា លោក​ដ៏ចំរើន​នេះ កាល​បើ​ដឹង​ ក៏ដឹងដោយ​ពិត ​កាល​បើ​ឃើញ ក៏ឃើញ​ដោយ​ពិត ដូច្នេះឡើយ។ ម្នាល​ភិក្ខុទាំងឡាយ ដូចសសរដែក​ក្ដី សសរ​គោលក្ដី ដែល​មានរណ្ដៅដ៏ជ្រៅ គេដាំ​ស៊ប់​សួន​ល្អ ឥត​មានកម្រើក ឥត​មានញាប់​ញ័រ បើ​ទុក​ជា​ភ្លៀង​ លាយ​ដោយ​ខ្យល់​ដ៏ខ្លាំង​ មក​អំពី​ទិស​ខាង​កើត ​ក៏​មិនធ្វើ​សសរ​នោះ​ ឲ្យ​កម្រើក មិន​ធ្វើ​ឲ្យ​រញ្ជួយ មិនធ្វើ​ឲ្យ​ញាប់ញ័រ បើ​ទុក​ជាខ្យល់​ បក់​មក​អំពី​ទិសខាង​លិច​ក្ដី។បេ។ អំពី​ខាង​ជើង​ក្ដី ភ្លៀង​ ដែលលាយ​ដោយ​ខ្យល់​ដ៏ខ្លាំង​ មក​អំពី​ទិស​ខាង​ត្បូង​ក្ដី ក៏មិន​ធ្វើ​ឲ្យ​សសរ​​​នោះ កម្រើក​ រញ្ជួយ ​ញាប់​ញ័រ​ឡើយ​។ ដំណើរ​នោះ ​ព្រោះ​ហេតុអ្វី។ ម្នាល​​​​​​​ភិក្ខុទាំង​ឡាយ ព្រោះ​រណ្ដៅ​ជ្រៅ ព្រោះ​សសរ​ គេ​ដាំស៊ប់​សួន​ល្អ យ៉ាង​ណាមិញ។ ម្នាល​ភិក្ខុ​ទាំងឡាយ ពួកសមណៈ ​ឬ​ព្រាហ្មណ៍ឯណានីមួយ ដឹង​ច្បាស់​តាម​សេចក្ដីពិតថា នេះ​ជាទុក្ខ។បេ។ ដឹង​ច្បាស់ ​តាម​សេចក្ដី​ពិត​ថា នេះ​បដិបទា ​ជាដំណើរ​ទៅ​កាន់​ទី​រំលត់​ទុក្ខ សមណៈ ​ឬ​ព្រាហ្មណ៍​ទាំងនោះ ​មិនក្រឡេក​មើល​មុខ​សមណៈ​ ឬព្រាហ្មណ៍ដទៃថា លោក​ដ៏ចំរើន​នេះ កាល​បើ​ដឹង ក៏ដឹង​ដោយ​ពិត ​កាល​បើ​ឃើញ ក៏​ឃើញ​​ដោយ​ពិត​។ ដំណើរ​នោះ ព្រោះ​ហេតុ​អ្វី។ ម្នាល​ភិក្ខុទាំងឡាយ ព្រោះ​ថា​បាន​ឃើញ​ នូវអរិយសច្ច ៤ ដោយ​ប្រពៃ។​ អរិយសច្ច ៤ គឺអ្វីខ្លះ។ គឺទុក្ខអរិយសច្ច ១។បេ។ ទុក្ខ​និរោធ​គាមិនីបដិបទា​អរិយសច្ច ១ ក៏យ៉ាងនោះ​ឯង។ ម្នាល​ភិក្ខុទាំងឡាយ ព្រោះ​ហេតុ​នោះ ភិក្ខុក្នុង​សាសនា​នេះ គួរ​ធ្វើ​សេចក្ដី​ព្យាយាម​ថា នេះ​ជា​ទុក្ខ។បេ។ គួរ​ធ្វើ​សេចក្ដី​ព្យាយាមថា នេះ​​បដិបទា​ជា​ដំណើរ​ទៅ​កាន់​ទី​រំលត់​ទុក្ខ។​

[៤២៥] ម្នាល​ភិក្ខុទាំងឡាយ ភិក្ខុឯណានីមួយ ដឹង​ច្បាស់​តាម​សេចក្ដីពិតថា នេះ​ជាទុក្ខ។បេ។ ដឹង​ច្បាស់​តាម​សេចក្ដី​ពិត​ថា នេះ​បដិបទា ​ជាដំណើរ​ទៅកាន់​ទី​រំលត់​ទុក្ខ។ ប្រសិនបើសមណៈ ​ឬ​ព្រាហ្មណ៍ អ្នកត្រូវ​ការ​ដោយ​វាទៈ អ្នកស្វែង​រក​វាទៈ មក​អំពីទិស​ខាងកើត ដោយគិត​ថា អាត្មាអញ​ នឹង​លើក​វាទៈ ​របស់​ភិក្ខុ​នោះ​ចេញ។ សមណៈ ​​​​​ឬ​ព្រាហ្មណ៍​​​​​នោះ នឹង​ធ្វើ​ឲ្យ​ភិក្ខុនោះ ​កម្រើក​ក្ដី រញ្ជួយក្ដី ញាប់​ញ័រក្ដី ដោយពាក្យ​ប្រកប​ដោយ​ធម៌ ហេតុ​នុ៎ះ​ មិន​មានឡើយ។ បើ​មក​អំពី​ទិស​ខាងលិចក្ដី។ មក​អំពីទិស​ខាង​ជើង​ក្ដី។ ប្រសិនបើ​សមណៈ ឬព្រាហ្មណ៍ អ្នក​ត្រូវ​ការ​ដោយ​វាទៈ ស្វែង​រក​វាទៈ មក​អំពី​ទិស​ខាង​ត្បូង ដោយ​គិត​ថា អាត្មាអញ នឹង​លើក​វាទៈ​ របស់​ភិក្ខុ​នោះ​ចេញ។ សមណៈ​ ឬ​ព្រាហ្មណ៍​នោះ​ នឹង​ធ្វើ​ឲ្យ​ភិក្ខុនោះ កម្រើក​ក្ដី រញ្ជួយក្ដី ញាប់​ញ័រក្ដី ដោយពាក្យ​ប្រកប​ដោយ​ធម៌ ហេតុ​នុ៎ះ​ មិន​មានឡើយ។ ម្នាល​ភិក្ខុទាំងឡាយ ដូចសសរថ្ម​ ប្រវែង ១៦​ ហត្ថ សសរ​ថ្មនោះ ​ដាំ​ចុះ​ទៅ ​ក្នុង​រណ្ដៅ​ខាង​ក្រោម ៨​ ហត្ថ នៅ​ខាងលើ​រណ្ដៅ​ ៨​ ហត្ថ ប្រសិន​ជាភ្លៀង លាយ​ដោយ​ខ្យល់ដ៏ខ្លាំង​ មកអំពីទិសខាង​កើតក្ដី​ ក៏​មិនគប្បីធ្វើឲ្យ​កម្រើក​ ​ ធ្វើ​ឲ្យ​រញ្ជួយ ធ្វើ​ឲ្យ​ញាប់ញ័របានឡើយ បើ​​មក​អំពី​ទិសខាង​លិច​ក្ដី។ អំពីទិសខាង​ជើង​ក្ដី។ បើទុកជាគ្រាប់ភ្លៀង​ លាយ​ដោយ​ខ្យល់​ដ៏ខ្លាំង ​មក​អំពី​ទិស​ខាង​ត្បូង​ក្ដី ក៏មិនគប្បីធ្វើឲ្យ​កម្រើក ​ធ្វើឲ្យ​រញ្ជួយ​ ធ្វើឲ្យញាប់​ញ័របាន​ឡើយ​។ ដំណើរ​នោះ​ ព្រោះ​ហេតុអ្វី។ ម្នាល​ភិក្ខុទាំងឡាយ ព្រោះ​រណ្ដៅ​ក៏ជ្រៅ ​សសរ​ថ្ម ក៏គេ​ដាំស៊ប់​សួន​ល្អ យ៉ាង​ណាមិញ។ ម្នាល​ភិក្ខុទាំងឡាយ ភិក្ខុ​ឯណានីមួយ ដឹង​ច្បាស់​តាម​ពិតថា នេះ​ជាទុក្ខ។បេ។ ដឹង​ច្បាស់​តាម​ពិត​ថា នេះ​បដិបទា ​ជាដំណើរ​ទៅកាន់​ទី​រំលត់​ទុក្ខ។​ ទោះបី​សមណៈ​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ឬព្រាហ្មណ៍ អ្នក​ត្រូវការ​ដោយវាទៈ ស្វែង​រក​វាទៈ មក​អំពី​ទិស​ខាង​កើតក្ដី ដោយ​គិត​ថា អាត្មាអញ​ នឹ​ង​លើក​នូវ​វាទៈ របស់​ភិក្ខុ​នោះ​ចេញ។ សមណៈ ​ឬ​ព្រាហ្មណ៍​នោះ ​នឹង​ធ្វើ​ឲ្យ​ភិក្ខុនោះ កម្រើក​ក្ដី ធ្វើឲ្យរញ្ជួយក្ដី ធ្វើឲ្យញាប់​ញ័រក្ដី ដោយពាក្យ​ប្រកប​ដោយ​ធម៌ ហេតុ​នុ៎ះ​ មិន​មានឡើយ។ អំពីទិសខាង​លិចក្ដី។ អំពីទិសខាងជើងក្ដី។ ទោះបី​សមណៈ ​ឬព្រាហ្មណ៍ អ្នក​ត្រូវការ​ដោយវាទៈ ស្វែង​រក​វាទៈ មក​អំពី​ទិស​ខាង​ត្បូង ដោយ​គិត​ថា អាត្មាអញ ​នឹ​ង​លើក​​វាទៈ របស់​ភិក្ខុ​នោះ​ចេញ។ សមណៈ ​ឬ​ព្រាហ្មណ៍នោះ​ នឹង​ធ្វើ​ឲ្យ​ភិក្ខុនោះកម្រើក​ក្ដី នឹងធ្វើឲ្យរញ្ជួយក្ដី នឹងធ្វើឲ្យញាប់​ញ័រក្ដី ដោយពាក្យ​ប្រកប​ដោយ​ធម៌ ហេតុ​នុ៎ះ ​មិន​មានឡើយ។ ដំណើរនោះ ​ព្រោះ​ហេតុអ្វី។ ម្នាល​ភិក្ខុទាំងឡាយ ព្រោះ​ភិក្ខុ​នោះ ​បាន​ឃើញ​នូវ​អរិយ​សច្ច ៤ ដោយ​ប្រពៃ​​​ហើយ ។ អរិយសច្ច ៤​ គឺអ្វី​ខ្លះ។ គឺ​ទុក្ខ​អរិយសច្ច ១​។បេ។ ទុក្ខនិរោធគាមិនី​បដិបទាអរិយសច្ច ១ ក៏យ៉ាង​នោះឯង។ ម្នាល​ភិក្ខុទាំងឡាយ ព្រោះ​ហេតុ​នោះ ភិក្ខុក្នុង​សាសនា​នេះ គួរ​ធ្វើ​សេចក្ដី​ព្យាយាម​ថា នេះ​ជា​ទុក្ខ។បេ។ គួរ​ធ្វើ​សេចក្ដី​ព្យាយាមថា នេះ​បដិបទា ជា​ដំណើរ​ទៅ​កាន់​ទី​រលត់​ទុក្ខ។​

ចប់​ សីសបាបណ្ណវគ្គ ទី៤។

ឧទាន​នៃសីសបាបណ្ណវគ្គ​នោះគឺ

ពោលអំពីព្រះ​ដ៏មានព្រះភាគ ទ្រង់​គង់​នៅ​ក្នុង​សីសបាវន ១ អំពី​សេចក្ដី​ប្រៀប​ដូច​ស្លឹក​គគីរ​​ ជាដើម ១ អំពី​សេចក្ដី​ប្រៀប​ដូច​ដំបង ១ អំពី​សេចក្ដី​ប្រៀប​ដូចភ្លើងឆេះ​សំពត់ ១ អំពី​​​​​​​​សេចក្ដី​ប្រៀប​ដូច​បុរស​ ដែល​គេ​ចាក់​ដោយលំពែង​រាប់​រយ ១ អំពីការ​ដោត​ពួក​សត្វ​ដោយ​ឈើ​អណ្ដោត ១ អំពី​សេចក្ដី​ប្រៀប​ដូចព្រះចន្ទ្រ ​និងព្រះ​អាទិត្យ ​មាន​ពីរ​លើក អំពី​សេចក្ដីប្រៀប​ដូច​សសរ​គោល ១ អំពី​អ្នក​លើក​វាទៈ ១។

បបាតវគ្គ ទី៥

[៤២៦] សម័យមួយ ព្រះ​មានព្រះភាគ ទ្រង់​គង់​នៅក្នុង​វត្ត​វេឡុវន ជាកលន្ទក និវាបស្ថាន​ ជិត​ក្រុងរាជ​គ្រឹះ។ ក្នុងទីនោះ​ឯង ព្រះ​មានព្រះភាគ ទ្រង់​ត្រាស់​នឹង​ភិក្ខុ​ទាំង​ឡាយ​ថា​ ម្នាល​ភិក្ខុទាំងឡាយ ពីព្រេង​នាយមក មានបុរស​ម្នាក់ ចេញ​អំពី​ក្រុង​រាជ​គ្រឹះ​ដោយ​គិត​ថា អញនឹង​គិត​ នូវ​លោក​ចិន្ដា  [គឺគិតថា នរណាបង្កើតព្រះចន្ទ្រ និងព្រះអាទិត្យ នរណាបង្កើតផែនដី នរណាតាក់តែងសមុទ្រ នរណា តាក់តែងពួកសត្វ ដែលជាឱបបាតិកៈ នរណាតាក់តែងភ្នំ នរណាតាក់តែងដើមស្វាយ ត្នោត ដូង ជាដើម មក នេះហៅថា លោកចិន្តា  (អដ្ឋកថា​)។] (គិត​អំពី​លោក) ដូច្នេះ​ហើយ ​ចូលទៅ​រក​ស្រះ​បោក្ខរណី ឈ្មោះ​សុមាគធា លុះចូល​ទៅដល់​ហើយ ក៏អង្គុយ​ទៀប​ឆ្នេរ​ស្រះ​បោក្ខរណីឈ្មោះ​ សុមាគធា ហើយគិតលោក​ចិន្ដា។ ម្នាល​ភិក្ខុទាំងឡាយ បុរស​នោះ ក៏ស្រាប់​តែ​ឃើញ ​នូវ​សេនា​មានអង្គ​ ៤ កំពុង​ចូល​ទៅ​ក្នុងក្រ​ឪឈូក ទៀប​ឆ្នេរស្រះ​បោក្ខរណី​ ឈ្មោះ​សុមាគធា។ លុះបុរស​នោះ​ឃើញ​ហើយ ក៏មាន​សេចក្ដី​ត្រិះ​រិះ ​ដូច្នេះថា អញ​ជាមនុស្ស​ឆ្កួតទេតើ អញជា​មនុស្ស​មាន​ចិត្ត​រាយ​មាយ​ទេតើ វត្ថុណា មិនមាន​ក្នុង​លោក វត្ថុនោះ​ អញ​បានឃើញ​ហើយ។ ម្នាល​ភិក្ខុទាំងឡាយ គ្រានោះ ​បុរស​នោះ ​ត្រឡប់​​​ចូល​ទៅ​កាន់​នគរ​ ហើយ​ប្រាប់​ពួក​មហាជន​ថា នែ​អ្នក​ទាំងឡាយ​ដ៏ចំរើន ខ្ញុំ​ជាមនុស្សឆ្កួត នែអ្នកទាំងឡាយ​ដ៏ចំរើន ខ្ញុំ​ជាមនុស្ស​មានចិត្ត​រាយ​មាយ វត្ថុ​ណា មិន​មាន​ក្នុង​លោក វត្ថុ​នោះ ​ខ្ញុំបានឃើញ​ហើយ។ ពួក​មហាជន តបវិញ​ថា នែបុរស​ដ៏ចំរើន ចុះហេតុ​ដូចម្ដេច បានជាអ្នកឆ្កួត ហេតុ​ដូចម្ដេច​ បានជាអ្នក​មានចិត្តរាយមាយ វត្ថុ​ដែល​អ្នក​បាន​ឃើញ​ហើយ ​មិនមាន​ក្នុង​លោក តើ​ដូចម្ដេច។ នែអ្នកទាំងឡាយ​ដ៏ចំរើន ក្នុងទី​ឯណោះ ខ្ញុំ​ចេញ​អំពី​ក្រុង​រាជគ្រឹះ​ ដោយគិតថា អាត្មាអញ​ នឹងគិត​នូវ​លោក​ចិន្ដា ដូច្នេះ​ហើយ ចូលទៅរក​ស្រះ​បោក្ខរណី​ ឈ្មោះ​​សុមាគធា លុះ​ចូល​ទៅដល់​ហើយ ក៏អង្គុយ​ទៀប​ឆ្នេរ​ស្រះ​បោក្ខ​រណី​​ ឈ្មោះ​សុមាគធា គិត​នូវ​លោក​ចិន្ដា​។ នែអ្នកទាំងឡាយ​ដ៏ចំរើន ខ្ញុំក៏បាន​ឃើញ ​នូវ​សេនាមាន​អង្គ ៤ កំពុង​ចូលទៅក្នុង​ក្រឪឈូក ​ទៀប​ឆ្នេរ​ស្រះ​បោក្ខរណី​ ឈ្មោះ​សុមាគធា។ នែ​អ្នក​ទាំងឡាយ​ដ៏ចំរើន ខ្ញុំជាមនុស្ស​ឆ្កួត យ៉ាងនេះឯង ខ្ញុំ​ជាមនុស្ស​មានចិត្ត​រាយ​មាយ យ៉ាងនេះ វត្ថុ​ដែល​ខ្ញុំឃើញនេះហើយ មិនដែល​មាន​ក្នុង​លោកទេ។ នែ​បុរស​ដ៏ចំរើន ខ្ញុំ​សូម​​រំលឹក ​អ្នកជាមនុស្សឆ្កួត​ហើយ ខ្ញុំ​សូម​រំលឹក ​អ្នកជាមនុស្ស​មានចិត្ត​រាយ​មាយ​ហើយ វត្ថុដែលអ្នក​ឃើញ​ហើយ​នេះ មិនដែល​មានក្នុង​លោក​ទេ។  ម្នាល​ភិក្ខុទាំងឡាយ ឯបុរស​នោះ ​បាន​ឃើញ​វត្ថុ​ដែល​ពិត​មែន មិនមែន​បានឃើញនូវ​វត្ថុ ​ដែល​មិន​ពិត​ទេ។

[៤២៧] ម្នាល​ភិក្ខុទាំងឡាយ ពីព្រេងនាយមក មានសង្គ្រាម​ទេវតា​ និង​អសុរ ជាសង្គ្រាម​តទល់​ប្រកៀកគ្នា។ ម្នាល​ភិក្ខុទាំងឡាយ ក្នុង​សង្គ្រាមនោះឯង ពួក​ទេវតា​ឈ្នះ  ពួកអសុរចាញ់។ ម្នាល​ភិក្ខុទាំងឡាយ លុះពួកអសុរ​ចាញ់​ហើយ ក៏ភ័យ ​រត់​ចូល​ទៅកាន់​អសុរ​បុរី​ តាម​ចន្លោះ​ក្រឪ​ឈូក (ញ៉ាំងចិត្ត) ពួក​ទេវតា​ឲ្យ​ភ័ន្ដច្រឡំ។ ម្នាល​ភិក្ខុ​ទាំងឡាយ ព្រោះ​ហេតុ​នោះ ក្នុង​លោក​នេះ អ្នក​កុំ​គិត ​នូវ​លោក​ចិន្ដាថា លោក​ទៀង​ ដូច្នេះ​ក្ដី លោក​មិន​ទៀង​ ដូច្នេះក្ដី លោក​មាន​ទី​បំផុត​ ដូច្នេះក្ដី លោក​មិន​មានទី​បំផុត​ ដូច្នេះក្ដី ជីវិត​នោះ ​គឺ​សរីរៈនោះ ​ដូច្នេះក្ដី ជីវិត​ដទៃ​ សរីរៈ​ដទៃ​ ដូច្នេះ​ក្ដី សត្វ​ស្លាប់ទៅ​ កើត​ទៀត​ ដូច្នេះក្ដី សត្វស្លា​ប់​ទៅ​ មិន​កើត​ទៀត ​ដូច្នេះក្ដី សត្វ​ស្លាប់ទៅ​ កើត​ទៀត​ ក៏មាន ​មិន​កើត​ទៀត ក៏មាន ​ដូច្នេះក្ដី សត្វ​ស្លាប់ទៅ​ កើត​ទៀត​ក៏មិនមែន ​មិន​កើត​ទៀត ក៏មិនមែន ​ដូច្នេះក្ដី។ ដំណើរ​នោះ ​ព្រោះ​ហេតុ​អ្វី។ ម្នាល​ភិក្ខុទាំងឡាយ ព្រោះការ​គិត​នុ៎ះ មិន​ប្រកប​ដោយ​ប្រយោជន៍ មិន​មែន​ជាអាទិ​ព្រហ្ម​ចរិយៈ មិន​ប្រព្រឹត្ត​ទៅ ​ដើម្បី​សេចក្ដី​នឿយ​ណាយ មិន​ប្រព្រឹត្ត​ទៅ ​ដើម្បី​ប្រាសចាក​រាគៈ មិន​ប្រព្រឹត្ត​ទៅ​ ដើម្បី​រំលត់ មិន​ប្រព្រឹត្ត​ទៅ ​ដើម្បី​ស្ងប់​រម្ងាប់ មិន​ប្រព្រឹត្ត​ទៅ ​ដើម្បី​ដឹង​ មិន​ប្រ​ព្រឹត្ត​ទៅ ​ដើម្បី​ត្រាស់​ដឹង មិន​ប្រព្រឹត្តទៅ​ ដើម្បី​និព្វានទេ។

[៤២៨] ម្នាល​ភិក្ខុទាំងឡាយ បើ​អ្នក​ទាំងឡាយ​គិត គួរ​គិត​ថា នេះ​ជាទុក្ខ។បេ។ គួរ​គិត​ថា​ នេះជា​ទុក្ខ​និរោធ​គាមិនី​បដិបទាវិញ។ ដំណើរ​នោះ ព្រោះ​ហេតុ​អ្វី។ ម្នាល​ភិក្ខុ​ទាំង​ឡាយ (ព្រោះ) ការគិតនេះ ប្រកប​ដោយ​ប្រយោជន៍ ការគិតនេះ ​ជា​អា​ទិព្រហ្ម​ចរិយៈ ការគិតនេះ ​ប្រព្រឹត្ត​ទៅ​ ដើម្បី​សេចក្ដី​នឿយ​ណាយ ​ដើម្បី​ប្រាសចាក​រាគៈ ដើម្បី​រំលត់ ដើម្បី​ស្ងប់​រម្ងាប់ ​ដើម្បី​ដឹងចំពោះ ​ ​ដើម្បី​ត្រាស់​ដឹង ​ដើម្បីនិព្វាន។ ម្នាល​ភិក្ខុទាំងឡាយ ព្រោះ​ហេតុ​នោះ ភិក្ខុក្នុង​សាសនា​នេះ គួរ​ធ្វើ​សេចក្ដី​ព្យាយាម​ថា នេះ​ជា​ទុក្ខ។បេ។ គួរ​ធ្វើ​សេចក្ដី​ព្យាយាមថា ​បដិបទានេះ ជា​ទុក្ខនិរោធគាមិនីបដិបទា។​

[៤២៩] សម័យ​មួយ ព្រះ​មាន​ព្រះ​ភាគ​ គង់​លើ​ភ្នំ​គិជ្ឈ​កូដ ជិត​ក្រុង​រាជគ្រឹះ។ គ្រា​នោះ​ ព្រះ​មានព្រះភាគ ទ្រង់​ត្រាស់​នឹង​ភិក្ខុ​ទាំងឡាយ​ថា ម្នាល​ភិក្ខុទាំងឡាយ មក យើង​ចូល​ទៅ​ឯ​ថ្ម​បដិភាណកូដ (ថ្ម​ជាព្រំ​ខ័ណ្ឌបែបភ្នំ) ដើម្បី​សំរាកក្នុង​វេលាថ្ងៃ។ ភិក្ខុ​ទាំង​នោះ​ទទួល​ព្រះពុទ្ធដីកាព្រះ​មាន​ព្រះ​ភាគ​ថា ព្រះករុណា​ ព្រះអង្គ។ លំដាប់​នោះ ព្រះ​មាន​ព្រះ​ភាគ ទ្រង់​ចូល​ទៅឯ​ថ្ម​បដិភាណកូដ ជាមួយ​នឹង​ភិក្ខុច្រើនរូប។ ភិក្ខុមួយរូប បានឃើញ​នូវជ្រោះ​ធំ​ ជិត​ថ្ម​បដិភាណកូដ លុះ​ឃើញ​ហើយ​ ក៏​ក្រាប​បង្គំ​ទូល​ព្រះ​មានព្រះ​ភាគ​ដូច្នេះថា បពិត្រ​ព្រះ​អង្គ​ដ៏ចំរើន ជ្រោះ​នេះ​ ធំ​ណាស់​តើ បពិត្រព្រះ​អង្គ​ដ៏ចំរើន ជ្រោះ​នេះ​ធំ​ពេក​ណាស់​តើ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ជ្រោះ​ដទៃ ​ធំជាង​ផង គួរ​ខ្លាច​ផង ជាង​ជ្រោះ​នេះ​ទៅ​ទៀត មានដែរឬ។ ម្នាល​ភិក្ខុ ជ្រោះ​ដទៃ​ ធំ​ជាង​ផង គួរ​ខ្លាច​ផង ជាង​ជ្រោះ​នេះ មានដែរ។ បពិត្រព្រះ​អង្គ​ដ៏ចំរើន ជ្រោះ​ដទៃ ​ធំ​ជាង​ផង គួរ​ខ្លាច​ផង ជាង​ជ្រោះ​នេះ​ទៅទៀត​ តើ​ដូចម្ដេច។

[៤៣០] ម្នាល​ភិក្ខុទាំងឡាយ ពួកសមណៈ ​ឬ​ព្រាហ្មណ៍ឯណានីមួយ មិនដឹង​ច្បាស់​​​​​​​​​ តាម​សេចក្ដីពិតថា នេះ​ជាទុក្ខ  មិនដឹង​ច្បាស់​ តាម​សេចក្ដី​ពិត​ថា នេះជាទុក្ខ​សមុទ័យ​ មិនដឹង​ច្បាស់ តាម​សេចក្ដីពិតថា​ នេះជាទុក្ខ​និរោធ មិនដឹងច្បាស់ តាម​សេចក្ដី​ពិត​ថា នេះជាទុក្ខនិរោធគាមិនី​បដិបទា។ សមណៈ ​ឬ​ព្រាហ្មណ៍ទាំងនោះ​ តែង​ត្រេកអរ​ក្នុង​សង្ខារ​ទាំងឡាយ ដែល​ប្រព្រឹត្ត​ទៅ​ ដើម្បីជាតិ ត្រេកអរ​ក្នុង​សង្ខារ​ទាំង​ឡាយ ដែល​ប្រព្រឹត្ត​ទៅ ​ដើម្បីជរា ត្រេកអរ​ក្នុង​សង្ខារ​ទាំងឡាយ ដែល​ប្រព្រឹត្ត​ទៅ ​ដើម្បី​មរណៈ ត្រេក​អរ​​​ ក្នុង​សង្ខារ​ទាំងឡាយ ដែល​ប្រព្រឹត្ត​ទៅ ​ដើម្បីសោក បរិទេវៈ ទុក្ខ ទោមនស្ស ឧបាយាសៈ​​​។ កាលបើសមណៈ​ ឬ​ព្រាហ្មណ៍ទាំងនោះ ត្រេកអរ​ក្នុង​សង្ខារ​ទាំងឡាយ ដែល​ប្រព្រឹត្ត​ទៅ ​ដើម្បីជាតិ ត្រេកអរ​ក្នុង​សង្ខារ​ទាំងឡាយ ដែល​ប្រព្រឹត្ត​ទៅ ​ដើម្បីជរា ត្រេកអរ​ក្នុង​សង្ខារ​ទាំងឡាយ ដែល​ប្រព្រឹត្ត​ទៅ​ ដើម្បីមរណៈ ត្រេកអរ​ក្នុង​សង្ខារ​ទាំងឡាយ ដែល​ប្រព្រឹត្ត​ទៅ ​ដើម្បីសោក បរិទេវៈ ទុក្ខ ទោមនស្ស ឧបាយាសៈ​ហើយ ឈ្មោះថា តាក់តែង​នូវ​សង្ខារ ​ដែល​ប្រព្រឹត្ត​ទៅ ​ដើម្បី​ជាតិ តាក់​តែង​នូវ​សង្ខារ​ទាំងឡាយ ដែល​ប្រព្រឹត្ត​ទៅ​ ដើម្បីជរា តាក់​តែង​នូវ​សង្ខារ​ទាំងឡាយ ដែល​ប្រព្រឹត្ត​ទៅ​ ដើម្បីមរណៈ តាក់​តែង​នូវ​សង្ខារ​ទាំងឡាយ ដែល​ប្រព្រឹត្ត​ទៅ​ ដើម្បីសោក បរិទេវៈ ទុក្ខ​ ទោមនស្ស ឧបាយាសៈ។ លុះសមណៈ ​ឬ​ព្រាហ្មណ៍ទាំងនោះ តាក់តែង​នូវ​សង្ខារទាំងឡាយ ​ដែល​ប្រព្រឹត្ត​ទៅ ​ដើម្បី​ជាតិ តាក់​តែង​នូវ​សង្ខារ​ទាំងឡាយ ដែល​ប្រព្រឹត្ត​ទៅ ​ដើម្បីជរា តាក់​តែង​នូវ​សង្ខារ​ទាំងឡាយ ដែល​ប្រព្រឹត្ត​ទៅ​ ដើម្បីមរណៈ  តាក់​តែង​នូវ​សង្ខារ​ទាំងឡាយ ដែល​ប្រព្រឹត្ត​ទៅ ​ដើម្បីសោក បរិទេវៈ ទុក្ខ​ ទោមនស្ស ឧបាយាសៈហើយ ក៏ឈ្មោះថា ធ្លាក់​ចុះ​កាន់​ជ្រោះ​ គឺជាតិ​ផង   ធ្លាក់​ចុះ​កាន់​ជ្រោះ ​គឺជរា​ផង   ធ្លាក់​ចុះ​កាន់​ជ្រោះ​ គឺ​មរណៈ​​​ផង   ធ្លាក់​ចុះ​កាន់​ជ្រោះ ​គឺសោក បរិទេវៈ ទុក្ខ​ ទោមនស្ស  ឧបាយាសៈផង។ សមណៈ ​ឬ​ព្រាហ្មណ៍​ទាំងនោះ មិនផុតចាក​ជាតិ ជរា​ មរណៈ សោក​  បរិទេវៈ ទុក្ខ ទោមនស្ស ឧបាយាសៈ​ទាំងឡាយ តថាគត ​ពោលថា មិនផុតស្រឡះចាក​ទុក្ខឡើយ។

[៤៣១] ម្នាល​ភិក្ខុទាំងឡាយ ពួកសមណៈ ​ឬ​ព្រាហ្មណ៍ឯណានីមួយ ដឹង​ច្បាស់​តាម​សេចក្ដីពិតថា នេះ​ជាទុក្ខ។បេ។ ដឹង​ច្បាស់​តាម​សេចក្ដី​ពិត​ថា នេះជាទុក្ខ​និរោធគាមិ​នីបដិបទា។ សមណៈ​ ឬ​ព្រាហ្មណ៍ទាំងនោះ ​មិន​ត្រេកអរ​ ក្នុង​សង្ខារ​ទាំងឡាយ ដែល​ប្រព្រឹត្ត​​​​​ទៅ​ ដើម្បីជាតិ មិនត្រេកអរ​ ក្នុង​សង្ខារ​ទាំងឡាយ ដែល​ប្រព្រឹត្ត​ទៅ ​ដើម្បីជរា មិនត្រេក​អរ​ ក្នុង​សង្ខារ​ទាំងឡាយ ដែល​ប្រព្រឹត្ត​ទៅ ​ដើម្បីមរណៈ មិនត្រេកអរ​ ក្នុង​សង្ខារ​ទាំងឡាយ ដែល​ប្រព្រឹត្ត​ទៅ​ ដើម្បីសោក បរិទេវៈ ទុក្ខ ទោមនស្ស ឧបាយាសៈ។ កាលបើសមណៈ​ ឬ​ព្រាហ្មណ៍ទាំងនោះ មិនត្រេកអរ​ ក្នុង​សង្ខារ​ទាំងឡាយ ដែល​ប្រព្រឹត្ត​ទៅ​ ដើម្បីជាតិ មិន​ត្រេកអរ​ ក្នុង​សង្ខារ​ទាំងឡាយ ដែល​ប្រព្រឹត្ត​ទៅ​ ដើម្បីជរា មិនត្រេកអរ​ក្នុង​សង្ខារ​ទាំង​ឡាយ ដែល​ប្រព្រឹត្ត​ទៅ ​ដើម្បីមរណៈ មិនត្រេកអរ​ ក្នុង​សង្ខារ​ទាំងឡាយ ដែល​ប្រព្រឹត្ត​ទៅ​ ដើម្បីសោក បរិទេវៈ ទុក្ខ ទោមនស្ស ឧបាយាសៈហើយ ឈ្មោះថា មិនបានតាក់​តែង​ នូវ​សង្ខារ​​ទាំងឡាយ ដែល​ប្រព្រឹត្ត​ទៅ ​ដើម្បី​ជាតិ មិនតាក់​តែង​ នូវ​សង្ខារ​ទាំងឡាយ ដែល​ប្រព្រឹត្ត​​ទៅ​ ដើម្បីជរា មិនតាក់​តែង​ នូវ​សង្ខារ​ទាំងឡាយ ដែល​ប្រព្រឹត្ត​ទៅ ​ដើម្បីមរណៈ ​ដើម្បីសោក   បរិទេវៈ ទុក្ខ​ ទោមនស្ស ឧបាយាសៈឡើយ។ លុះសមណៈ​ ឬ​ព្រាហ្មណ៍ទាំងនោះ មិន​បានតាក់តែង​ នូវ​សង្ខារ​​ទាំងឡាយ ដែល​ប្រព្រឹត្ត​ទៅ​ ដើម្បី​ជាតិ មិនបានតាក់​តែង​ នូវ​សង្ខារ​ទាំង​ឡាយ ដែល​ប្រព្រឹត្ត​ទៅ ​ដើម្បី​ជរា មិនបានតាក់​តែង ​នូវ​សង្ខារ​ទាំងឡាយ ដែល​ប្រព្រឹត្ត​ទៅ ​ដើម្បី​មរណៈ មិនបានតាក់​តែង​នូវ​សង្ខារ​ទាំងឡាយ ដែល​ប្រព្រឹត្ត​ទៅ ​ដើម្បីសោក បរិទេវៈ ទុក្ខ​ ទោមនស្ស ឧបាយាសៈ​ហើយ រមែងមិនធ្លាក់​ចុះ​កាន់​ជ្រោះ ​គឺជាតិ​ផង   មិន​ធ្លាក់​ចុះ​កាន់​ជ្រោះ ​គឺជរា​ផង មិនធ្លាក់​ចុះ​កាន់​ជ្រោះ ​គឺមរណៈ​ផង មិនធ្លាក់​ចុះ​កាន់​ជ្រោះ ​គឺសោក    បរិទេវៈ ទុក្ខ​ ទោមនស្ស​​​ ឧបាយាសៈផង។ សមណៈ​ ឬ​ព្រាហ្មណ៍ទាំងនោះ រមែងផុតស្រឡះ ចាក​ជាតិ ជរា​ មរណៈ សោក​ បរិទេវៈ ទុក្ខ ទោមនស្ស ឧបាយាសៈ តថាគត​ពោលថា ផុតស្រឡះចាក​ទុក្ខបាន។ ម្នាល​ភិក្ខុទាំងឡាយ ព្រោះ​ហេតុ​នោះ ភិក្ខុក្នុង​សាសនា​នេះ គួរ​ធ្វើ​សេចក្ដី​ព្យាយាម​ថា នេះ​ជា​ទុក្ខ។បេ។ គួរ​ធ្វើ​សេចក្ដី​ព្យាយាមថា ​នេះជា​ទុក្ខនិរោធគាមិនីបដិបទា។​

[៤៣២] ម្នាល​ភិក្ខុទាំងឡាយ នរក​ មានសេចក្ដីក្រហល់​ក្រហាយ​ធំ សត្វរមែង​ឃើញ​ នូវ​រូប​ណាមួយដោយចក្ខុ ក្នុង​នរក​នោះ រមែង​ឃើញ​រូប​មិនជាទី​ប្រាថ្នា មិន​ឃើញ​​​រូប​ជាទីប្រាថ្នា ឃើញ​រូប​មិន​ជាទី​គាប់​ចិត្ត មិនឃើញ​រូបជាទី​គាប់​ចិត្ត ឃើញរូប​មិនជាទី​ពេញចិត្ត មិនឃើញរូប​ជាទីពេញ​ចិត្ត ស្ដាប់​សំឡេង​ណាមួយ​ ដោយ​ត្រចៀក​។បេ។ ពាល់​ត្រូវ​នូវ​ផ្សព្វណាមួយ ដោយ​កាយ។ ដឹង​ច្បាស់​ធម្មារម្មណ៍​ណាមួយ​ ដោយ​ចិត្ត ដឹងច្បាស់​រូប​មិន​ជាទីប្រាថ្នា មិនដឹង​ច្បាស់​រូបជាទីប្រាថ្នា ដឹងច្បាស់​រូប​មិន​ជាទីគាប់​ចិត្ត មិនដឹង​ច្បាស់​​​រូប​​​​​ជាទី​គាប់​ចិត្ត ដឹងច្បាស់​រូប​មិន​ជាទីពេញចិត្ត មិនដឹងច្បាស់​រូប​ជាទីពេញ​ចិត្ត។

[៤៣៣] កាលព្រះ​មានព្រះភាគ ទ្រង់ត្រាស់​យ៉ាង​នេះ​ហើយ ភិក្ខុ​មួយរូប បាន​ក្រាប​ទូលសួរ​ព្រះ​មានព្រះ​ភាគ ​ដូច្នេះថា បពិត្រ​ព្រះ​អង្គដ៏ចំរើន សេចក្ដី​ក្រហល់​ក្រហាយ​​​​​​​​​នោះ​ធំ​ណាស់​តើ បពិត្រ​ព្រះ​អង្គដ៏ចំរើន សេចក្ដី​ក្រហល់​ក្រហាយ​​​​​​​​​នោះ​ ធំ​ណាស់​តើ បពិត្រ​ព្រះ​អង្គដ៏ចំរើន សេចក្ដីក្រហល់ក្រហាយ​ដទៃ ​ដែលធំ​ជាងផង គួរ​ខ្លាច​ផង  ជាង​សេចក្ដីក្រ​ហល់​ក្រហាយនេះ មាន​ដែរ​ឬ។ ម្នាលភិក្ខុ សេចក្ដីក្រហល់​ក្រហាយ​ដទៃ​ ដែលធំ​ជាងផង គួរខ្លាច​ផង  ជាង​សេចក្ដីក្រ​ហល់​ក្រហាយនេះ មានដែរ​​។ បពិត្រ​​​​​​ព្រះ​អង្គដ៏ចំរើន សេចក្ដីក្រហល់ក្រហាយ ​ដែល​ធំ​ជាងផង គួរខ្លាច​ផង ជាង​សេចក្ដី​ក្រ​ហល់​ក្រហាយនេះ តើ​ដូចម្ដេច។

[៤៣៤] ម្នាល​ភិក្ខុទាំងឡាយ ពួកសមណៈ​ ឬ​ព្រាហ្មណ៍ឯណានីមួយ មិនដឹង​ច្បាស់ ​តាម​សេចក្ដីពិតថា នេះ​ជាទុក្ខ។បេ។ មិនដឹង​ច្បាស់​ តាម​សេចក្ដី​ពិត​ថា នេះជា​ទុក្ខនិរោធគាមិនី​បដិបទា។ សមណៈ ​ឬ​ព្រាហ្មណ៍ទាំងនោះ ត្រេកអរ ​ក្នុងពួក​សង្ខារ​ ដែល​ប្រព្រឹត្ត​ទៅ​ ដើម្បីជាតិ។បេ។ កាល​បើ​ត្រេក​អរ​ហើយ ​រមែង​តាក់តែង លុះ​តាក់​តែង​ហើយ រមែង​ក្ដៅ ដោយ​សេចក្ដីក្រ​ហល់​ក្រហាយ គឺជាតិផង ក្ដៅដោយ​សេចក្ដី​ក្រហល់​​​ក្រហាយ​​​​ គឺជរាផង ក្ដៅដោយ​សេចក្ដីក្រហល់​ក្រហាយ​ គឺ​មរណៈផង ក្ដៅ​ដោយ​សេចក្ដី​ក្រហល់​ក្រហាយ​ គឺ​សោក បរិទេវៈ ទុក្ខ ទោមនស្ស​ ឧបាយាសៈផង ។ សមណៈ ​ឬ​ព្រាហ្មណ៍​ទាំងនោះ រមែង​មិន​ផុតស្រឡះ​ ចាក​ជាតិ​ ជរា មរណៈ ​សោក បរិទេវៈ ទុក្ខ ទោមនស្ស ​ឧបាយាសៈ តថាគត​ពោល​ថា មិនផុត​ស្រឡះ​ចាក​ទុក្ខ​ឡើយ។ សមណៈ ឬ​ព្រាហ្មណ៍​ទាំងនោះ រមែងមិនផុតស្រឡះ ចាកជាតិ ជរា មរណៈ សោក បរិទេវៈ ទុក្ខ ទោមនស្ស ឧបាយាសៈ ត​ថាគតពោលថា នឹងមិនផុតស្រឡះចាកទុក្ខ​ឡើយ។

[៤៣៥] ម្នាល​ភិក្ខុទាំងឡាយ ពួកសមណៈ​ ឬ​ព្រាហ្មណ៍ឯណានីមួយ ដឹង​ច្បាស់​តាម​សេចក្ដីពិតថា នេះ​ជាទុក្ខ។បេ។ ដឹង​ច្បាស់ ​តាម​សេចក្ដី​ពិត​ថា នេះជាទុក្ខ​និរោធ​គាមិនី​​​បដិបទា។ សមណៈ ​ឬ​ព្រាហ្មណ៍ទាំងនោះ រមែងមិនត្រេកអរ​ ក្នុង​សង្ខារទាំងឡាយ​ ដែល​ប្រព្រឹត្ត​ទៅ ​ដើម្បីជាតិ។បេ។ កាល​បើមិន​ត្រេក​អរ​ហើយ ​រមែង​មិនបានតាក់តែង លុះ​មិន​​បាន​តាក់​តែង​ហើយ រមែងមិន​ក្ដៅ ដោយ​សេចក្ដីក្រ​ហល់​ក្រហាយ គឺជាតិផង មិនក្ដៅ​ដោយ​សេចក្ដីក្រហល់​ក្រហាយ ​គឺ​មរណៈផង មិនក្ដៅដោយ​សេចក្ដីក្រហល់​ក្រហាយ ​គឺ​សោក បរិទេវៈ ទុក្ខ ទោមនស្ស​ ឧបាយាសៈផង ។ សមណៈ ​ឬ​ព្រាហ្មណ៍ទាំងនោះ រមែង​ផុតស្រឡះ​ ចាក​ជាតិ ​ជរា មរណៈ ​សោក បរិទេវៈ ទុក្ខ ទោមនស្ស​ ឧបាយាសៈ តថាគត​ពោល​ថា ផុត​ស្រឡះ​ចាក​ទុក្ខបាន។ ម្នាល​ភិក្ខុទាំងឡាយ ព្រោះ​ហេតុ​នោះ ភិក្ខុក្នុង​សាសនា​​នេះ គួរ​ធ្វើ​សេចក្ដី​ព្យាយាម​ថា នេះ​ជា​ទុក្ខ។បេ។ គួរ​ធ្វើ​សេចក្ដី​ព្យាយាមថា ​នេះជា​ទុក្ខនិរោធ​គាមិនី​​​បដិបទា។​

[៤៣៦] ម្នាល​ភិក្ខុទាំងឡាយ បុគ្គល​ណា ពោល​យ៉ាង​នេះ​ថា អាត្មាអញ​ មិន​បាច់​ត្រាស់​ដឹង នូវ​ទុក្ខ​អរិយ​សច្ច​ តាម​សេចក្ដីពិត។បេ។ មិនបាច់​ត្រាស់​ដឹង នូវ​ទុក្ខនិរោធ​គាមិនីបដិបទា​អរិយ​សច្ច ​តាម​សេចក្ដីពិត ក៏គង់នឹង​ធ្វើ​នូវ​ទី​បំផុត​ នៃ​ទុក្ខ​ដោ​យ​ប្រ​ពៃ​បាន ហេតុ​​​​នេះ​ មិន​មានឡើយ។ ម្នាល​ភិក្ខុទាំងឡាយ បុគ្គល​ណា ពោល​យ៉ាង​នេះ​ថា អាត្មា​អញ​ មិន​បាច់​ធ្វើផ្ទះ ខាង​ក្រោម​នៃ​ផ្ទះ​មាន​កំពូល នឹង​លើក​ផ្ទះ​ខាង​លើ​តែម្ដង (គឺមិនបាច់​ធ្វើ​គ្រឿង​ក្រោម​ ធ្វើ​តែ​គ្រឿង​លើ) ហេតុ​នេះ ​មិន​មាន​ទេ ​យ៉ាង​ណា​មិញ។ ម្នាល​ភិក្ខុទាំង​ឡាយ បុគ្គល​ណា ពោល​យ៉ាង​នេះ​ថា អាត្មាអញ​ មិន​បាច់​ត្រាស់​ដឹង នូវ​ទុក្ខ​អរិយ​សច្ច​តាម​សេចក្ដីពិត។បេ។ មិនបាច់​ត្រាស់​ដឹង នូវ​ទុក្ខនិរោធគាមិនីបដិបទា​អរិយ​សច្ច​ តាម​សេចក្ដីពិត នឹង​ធ្វើ​នូវ​ទី​បំផុត​នៃ​ទុក្ខ​ ដោ​យ​ប្រ​ពៃ​តែម្ដង ហេតុ​នេះ​ មិន​មានឡើយ ក៏យ៉ាង​នោះ​ដែរ។

[៤៣៧] ម្នាល​ភិក្ខុទាំងឡាយ បើបុគ្គល​ណា ពោល​យ៉ាង​នេះវិញ​ថា អាត្មាអញ​បាន​ត្រាស់​ដឹង នូវ​ទុក្ខ​អរិយ​សច្ច​ តាម​សេចក្ដីពិត។បេ។ បាន​ត្រាស់​ដឹង នូវ​ទុក្ខនិរោធគា​មិនី​​បដិបទា​អរិយ​សច្ច ​តាម​សេចក្ដីពិតហើយ នឹង​ធ្វើ​នូវ​ទី​បំផុត​ នៃ​សេចក្តីទុក្ខ​បាន ហេតុ​នេះ​ ទើបមាន​។​ ម្នាល​ភិក្ខុទាំងឡាយ បុគ្គល​ណា ពោល​យ៉ាង​នេះ​ថា អាត្មាអញ​​ ធ្វើផ្ទះ ខាង​ក្រោម ​នៃ​ផ្ទះ​មាន​កំពូល ហើយសឹម​លើក​ផ្ទះ​ខាង​លើ​ ហេតុ​នេះ ​ទើបមាន ​យ៉ាង​ណា​មិញ។ ម្នាល​ភិក្ខុទាំងឡាយ បុគ្គល​ណា ពោល​យ៉ាង​នេះ​ថា អាត្មាអញ​ ត្រាស់​ដឹង នូវ​ទុក្ខ​អរិយ​សច្ច​ តាម​សេចក្ដីពិត។បេ។ ​ត្រាស់​ដឹង នូវ​ទុក្ខនិរោធគាមិនីបដិបទា​អរិយ​សច្ច ​តាម​សេចក្ដី​​​​​ពិតហើយ នឹង​ធ្វើ​នូវ​ទី​បំផុត​នៃ​ទុក្ខ ​ដោ​យ​ប្រ​ពៃ​បាន ហេតុ​នេះ​ទើប​មាន យ៉ាង​នោះ​ដែរ។​ ម្នាល​ភិក្ខុទាំងឡាយ ព្រោះ​ហេតុ​នោះ ភិក្ខុក្នុង​សាសនា​នេះ គួរ​ធ្វើ​សេចក្ដី​ព្យាយាម​​​​​​ថា នេះ​ជា​ទុក្ខ។បេ។ គួរ​ធ្វើ​សេចក្ដី​ព្យាយាមថា ​នេះជា​ទុក្ខនិរោធគាមិនីបដិបទា។​

[៤៣៨] សម័យ​មួយ ព្រះ​មានព្រះភាគ ទ្រង់គង់​នៅ​ក្នុង​គូដាគារ​សាលា នាមហាវន ជិតក្រុង​វេសាលី។​ គ្រានោះឯង ព្រះ​អានន្ទ​ដ៏មានអាយុ ស្លៀក​ស្បង់ ​ប្រដាប់​បាត្រ ​និង​ចីវរ ក្នុងបុព្វណ្ហ​សម័យ ហើយ​ចូល​ទៅ​ក្នុងក្រុង​វេសាលី ដើម្បី​បិណ្ឌ​បាត្រ។ ព្រះ​អានន្ទ​ដ៏​មានអាយុ ក៏បាន​ឃើញ​ពួក​លិច្ឆ​វិកុមារ​ច្រើ​ននាក់ កំពុង​ធ្វើ​គ្រឿង​ក្រោះ​ក្នុង​ផ្ទះ ជាទីរៀន​នូវ​សិល្បៈ កំពុង​បាញ់​សរ​ តាម​រន្ធ​ចន្លោងដ៏តូច​ អំពី​ចម្ងាយ​ ឲ្យ​ចេញ​ទៅ​តៗ​គ្នា មិន​ឲ្យ​ដាច់​ឡើយ ​។ លុះ​ព្រះអានន្ទ​នោះ​ បាន​ឃើញ​ហើយ ក៏​មាន​សេចក្ដីត្រិះ​រិះ​ ដូច្នេះ​ថា ពួក​លិច្ឆ​វិកុមារ​នេះ ​ចេះ​សិក្សា​ណាស់​តើ ពួក​លិច្ឆ​វិកុមារ​នេះ ចេះ​សិក្សា​ល្អ​ណាស់​តើ ព្រោះ​ពួកលិច្ឆវិកុមារ​នេះ​ ចេះ​បាញ់​សរ​ តាម​រន្ធ​ចន្លោង​ដ៏​តូច ​អំពី​ចម្ងាយ ឲ្យ​ចេញ​ទៅ​តៗគ្នា មិន​ឲ្យ​ដាច់​ឡើយ។

[៤៣៩] លំដាប់នោះ ព្រះអានន្ទ​មានអាយុ ត្រាច់​ទៅក្នុង​ក្រុង​វេសាលី​ ដើម្បី​ បិណ្ឌ​បាត កាល​ត្រឡប់​មក​ពីបិណ្ឌ​បាត ​ក្នុង​បច្ឆាភត្ត ក៏ចូល​ទៅ​គាល់​ព្រះ​មាន​ព្រះ​ភាគ លុះ​ចូលទៅដល់ហើយ ក៏ថ្វាយ​បង្គំ​ព្រះ​មានព្រះភាគ ហើយ​អង្គុយ​ក្នុងទី​សមគួរ។ លុះ ព្រះ​អានន្ទ​មានអាយុ អង្គុយ​ក្នុងទី​សមគួរហើយ បានក្រាប​បង្គំ​ទូលព្រះ​មានព្រះភាគ​ដូច្នេះថា បពិត្រព្រះអង្គ​ដ៏ចំរើន ក្នុងទីឯណោះ ខ្ញុំ​ព្រះអង្គ ​ស្លៀក​ស្បង់​ ប្រដាប់​បាត្រ និង​ចីវរ ​ក្នុង​បុព្វណ្ហសម័យ ហើយ​ចូល​ទៅ​ក្នុងក្រុង​វេសាលី ដើម្បី​បិណ្ឌ​បាត្រ​។ បពិត្រព្រះអង្គ​ដ៏ចំរើន ខ្ញុំព្រះអង្គ បាន​ឃើញ​ពួក​លិច្ឆ​វិកុមារ​ច្រើ​ននាក់ កំពុង​ធ្វើនូវ​គ្រឿង​ក្រោះ​ក្នុង​ផ្ទះ ជាទីរៀន​នូវ​សិល្បៈ ​បាញ់​សរ ​តាម​រន្ធ​ចន្លោងដ៏តូច ​អំពី​ចម្ងាយ​ ឲ្យ​ចេញ​ទៅ​តៗ​គ្នា មិន​ឲ្យ​ដាច់​ឡើយ​។ លុះ​ខ្ញុំព្រះអង្គ បាន​ឃើញហើយ ​មាន​សេចក្ដីត្រិះ​រិះ​ ដូច្នេះ​ថា ពួក​លិច្ឆ​វិកុមារ​នេះ​ ចេះ​សិក្សា​ណាស់​តើ ពួក​លិច្ឆ​វិកុមារ​នេះ ចេះ​សិក្សា​ល្អ​ណាស់​តើ ព្រោះ​ពួក​លិច្ឆ​វិកុមារ​នេះ​ ចេះ​បាញ់​សរ​ តាម​រន្ធ​ចន្លោង​ដ៏​តូច​ ឲ្យ​ចេញ​ទៅ​តៗគ្នា មិន​ឲ្យ​ដាច់​។ ម្នាល​អានន្ទ អ្នក​សំគាល់​ហេតុ​នោះ​ ដូចម្ដេច អំពើ​ដូចម្ដេចហ្ន៎​ ដែលបុគ្គល​ធ្វើ​បាន​ដោយ​កម្រ​ក្រៃ​លែង​ផង ហេតុ​កើត​ឡើង​ព្រម​ ដោ​យ​កម្រ​ផង។ ជនណា​បាញ់​សរ​ តាម​រន្ធ​ចន្លោង​ដ៏​តូច ​អំពី​ចម្ងាយ ឲ្យ​ចេញ​ទៅ​តៗគ្នា ​មិនឲ្យ​ដាច់ ឬក៏ជន​ណា​ បាញ់​ទំលុះ​នូវ​ចុង​ នៃ​ចុង​រោមកន្ទុយ ដែល​ច្រៀក​ជា ៧ ចំរៀក។ បពិត្រព្រះអង្គ​ដ៏ចំរើន បុគ្គល​ណា បាញ់​ទំលុះ​នូវ​ចុង ​នៃ​ចុង​រោមកន្ទុយ ដែលច្រៀក​ជា ៧ ចំរៀក ហេតុ​នុ៎ះ ដែល​បុគ្គល​ធ្វើ​បាន​ដោយ​កម្រ​ ឬ​ជាហេតុ​កើត​ឡើង​ព្រម ​ដោយ​កម្រ។ ​ម្នាលអានន្ទ​ ពួក​ជន​ណា ​ចាក់​ធ្លុះ​តាម​សេចក្ដី​ពិត​ថា នេះជាទុក្ខ​។បេ។ ចាក់​ធ្លុះ​តាម​សេចក្ដី​ពិត​ថា នេះជាទុក្ខ​និរោធ​គាមិនី​បដិបទា ពួកជន​ទាំង​នោះ​ ទើប​ឈ្មោះ​ថា ​ចាក់​ធ្លុះនូវ​ហេតុ ​ដែល​បុគ្គលចាក់​ធ្លុះ​បាន​ ដោយ​កម្រ។ ម្នាល​អានន្ទ ព្រោះហេតុ​នោះ ភិក្ខុ​ក្នុង​សាសនា​នេះ គួរ​ធ្វើ​សេចក្ដី​ព្យាយាម​ថា នេះជា​ទុក្ខ។បេ។ គួរធ្វើ​សេចក្ដី​ព្យាយាមថា នេះជាទុក្ខនិរោធគាមិនី​បដិបទា។

[៤៤០] ម្នាល​ភិក្ខុទាំងឡាយ ពួកសត្វ​ក្នុង​លោកន្ដរនរក មានតែ​សេចក្ដីទុក្ខឥត​ល្ហែ ជានរកងងឹត ជានរកងងឹតសូន្យឈឹង ក្នុងនរក​នោះ ​មិនដែល​បាន​ទទួល​ពន្លឺ​ នៃ​ព្រះ​ចន្ទ្រ ​និង​ព្រះអាទិត្យទាំងឡាយនេះ ដែល​មានឫទ្ធិ​ធំ​យ៉ាង​នេះ មានអានុភាព​ធំ យ៉ាងនេះ ឡើយ។

[៤៤១] កាលព្រះមានព្រះភាគ ទ្រង់​សំដែង​យ៉ាង​នេះហើយ ភិក្ខុមួយរូប បាន​ក្រាប​​បង្គំ​ទូលព្រះមានព្រះភាគ ​ដូច្នេះថា បពិត្រ​ព្រះអង្គ​ដ៏​ចំរើន ងងឹត​នោះ ជាងងឹត​ធំណាស់ បពិត្រ​ព្រះអង្គ​ដ៏​ចំរើន ងងឹត​នោះ ជាងងឹតធំមហិមា បពិត្រ​ព្រះអង្គ​ដ៏​ចំរើន ងងឹតដទៃ​ ដែលធំជាង​ផង គួរខ្លាចផង ជាងងងឹត​នេះ មានដែរឬ​។ ម្នាលភិក្ខុ ងងឹត​ដទៃ​ដែលធំជាងផង គួរខ្លាចផង ជាងងងឹតនេះ មានដែរ។ បពិត្រ​ព្រះអង្គ​ដ៏​ចំរើន ចុះងងឹត​ដទៃ ធំ​ជាង​ផង គួរខ្លាចផង ជាងងងឹត​នេះ តើធំ​ដូចម្ដេច​។

[៤៤២] ម្នាលភិក្ខុ ពួកសមណៈ​ ឬ​ព្រាហ្មណ៍ឯណានីមួយ មិនដឹង​ច្បាស់ ​តាម​សេចក្ដីពិតថា នេះ​ជាទុក្ខ។បេ។ មិនដឹង​ច្បាស់​ តាម​សេចក្ដី​ពិត​ថា នេះជាទុក្ខនិរោធ​គាមិនីបដិបទា។ សមណៈ ​ឬ​ព្រាហ្មណ៍ទាំងនោះ រមែងត្រេកអរ​ ក្នុង​សង្ខារទាំងឡាយ​ ដែល​ប្រព្រឹត្ត​ទៅ​ ដើម្បីជាតិ។បេ។ កាល​បើ​ត្រេក​អរ​ហើយ​ រមែង​តាក់តែង។ លុះ​តាក់​តែង​ហើយ ក៏ធ្លាក់ចុះកាន់ទីងងឹត គឺជាតិផង ធ្លាក់ចុះកាន់ទីងងឹត​ គឺជរាផង ធ្លាក់ចុះ​កាន់ទី​ងងឹត​ គឺ​មរណៈផង ធ្លាក់ចុះកាន់ទីងងឹត​ គឺ​សោក បរិទេវៈ ទុក្ខ ទោមនស្ស ឧបាយាសៈ​​ផង។ សមណៈ​ ឬ​ព្រាហ្មណ៍ទាំងនោះ ​មិន​ផុតស្រឡះ​ចាក​ជាតិ ជរា មរណៈ ​សោក បរិទេវៈ ទុក្ខ ទោមនស្ស ​ឧបាយាសៈ តថាគត​ពោល​ថា មិនផុត​ស្រឡះ​ចាក​ទុក្ខ​ឡើយ។

[៤៤៣] ម្នាលភិក្ខុ ពួកសមណៈ ​ឬ​ព្រាហ្មណ៍ឯណានីមួយ ដឹង​ច្បាស់​តាម​សេចក្ដី​ពិតថា នេះ​ជាទុក្ខ។បេ។ ដឹង​ច្បាស់​តាម​សេចក្ដី​ពិត​ថា នេះជាទុក្ខនិរោធគាមិនី​បដិបទា។ សមណៈ​ ឬ​ព្រាហ្មណ៍ទាំងនោះ មិនត្រេកអរ​ ក្នុង​សង្ខារទាំងឡាយ​ ដែល​ប្រព្រឹត្ត​ទៅ​ ដើម្បី​​​ជាតិ។បេ។ កាល​បើ​មិនត្រេក​អរ​ហើយ ក៏​រមែង​មិនតាក់តែង។ លុះ​មិនបានតាក់​តែង​ហើយ ក៏មិនធ្លាក់ចុះកាន់ទីងងឹត គឺជាតិផង មិនធ្លាក់ចុះកាន់ទីងងឹត​ គឺជរាផង មិនធ្លាក់ ចុះកាន់ទីងងឹត​ គឺ​មរណៈផង មិនធ្លាក់ចុះកាន់ទីងងឹត​ គឺ​សោក បរិទេវៈ ទុក្ខ ទោមនស្ស ឧបាយាសៈផង។ សមណៈ​ ឬ​ព្រាហ្មណ៍ទាំងនោះ ​រមែង​ផុតស្រឡះ​ ចាក​ជាតិ ជរា មរណៈ ​សោក បរិទេវៈ ទុក្ខ ទោមនស្ស​ ឧបាយាសៈ តថាគត​ពោល​ថា ផុត​ស្រឡះ​ចាក​ទុក្ខបាន។ ម្នាល​ភិក្ខុ ព្រោះហេតុ​នោះ ភិក្ខុ​ក្នុង​សាសនា​នេះ គួរ​ធ្វើ​សេចក្ដី​ព្យាយាម​ថា នេះជា​ទុក្ខ។បេ។ គួរធ្វើ​សេចក្ដីព្យាយាមថា នេះជាទុក្ខនិរោធគាមិនី​បដិបទា។

[៤៤៤] ម្នាល​ភិក្ខុទាំងឡាយ ដូចជាបុរស​បោះ​នឹម​ មាន​ច្បោះតែមួយ ក្នុង​មហាសមុទ្រ ក៏​ក្នុង​មហាសមុទ្រ​នោះ​ មាន​អណ្ដើកខ្វាក់ (មួយ) លុះកន្លងមួយរយឆ្នាំៗទៅ ទើបអណ្ដើកខ្វាក់​នោះ ងើប​ម្ដងៗ។ ម្នាល​ភិក្ខុទាំងឡាយ អ្នកទាំងឡាយ សំគាល់​នូវ​ហេតុ​​នោះ​ ដូចម្ដេច កាលបើ​កន្លង​មួយរយ​ឆ្នាំៗ​ ទៅ ទើបអណ្ដើកខ្វាក់​នោះ ងើប​ម្ដងៗ តើ​គួរនឹង​ស៊កក ក្នុង​នឹម​ មាន​ច្បោះ​តែមួយឯណោះ ​បានដែរឬ។ បពិត្រព្រះអង្គ​ដ៏ចំរើន​ ក្រែង​​​តែកាល​កន្លង​យូរ​អង្វែង​ទៅ ទើប​មាន​ម្ដងៗខ្លះ។ ម្នាល​ភិក្ខុទាំងឡាយ លុះកន្លង​មួយ​រយឆ្នាំៗទៅ ទើបអណ្ដើកខ្វាក់​នោះ ងើប​ម្ដងៗ ក៏ស៊កកទៅក្នុង​នឹម​ មាន​ច្បោះ​តែមួយ​ឯ​ណោះ ទុកជាឆាប់​ពេក​ណាស់ យ៉ាងណាមិញ។ ម្នាល​ភិក្ខុទាំងឡាយ ជនពាល ​ដែល​ធ្លាក់​ទៅក្នុង​វិនិបាត​ហើយ បាន​មក​ជាមនុស្ស​អស់​វារៈម្ដង តថាគត​ពោលថា មិន​បាន​ឆាប់​ឡើយ ​គឺយូរ​ពេក​ណាស់។ ដំណើរ​នោះ ​ព្រោះ​ហេតុអ្វី។ ម្នាល​ភិក្ខុទាំងឡាយ ព្រោះ​បុគ្គល​ពាល ​ក្នុង​លោក​នេះ ​គ្មាន​ប្រព្រឹត្ត​នូវ​ធម៌ គ្មាន​ប្រព្រឹត្ត​ស្មើ គ្មានធ្វើ​កុសល គ្មាន​ធ្វើ​បុណ្យ​ទេ មាន​តែ​ទំពាស៊ី​ នូវគ្នា​និង​គ្នា។ ម្នាល​ភិក្ខុទាំងឡាយ ការទំពារ​ស៊ី​នូវ​សត្វ​ ដែ​ល​មាន​កំឡាំង​ថយ រមែង​ប្រព្រឹត្ត​ទៅ ក្នុងបុគ្គល​ពាល​នុ៎ះ។ ដំណើរ​នោះ​ ព្រោះ​ហេតុអ្វី។ ម្នាល​ភិក្ខុ​ទាំងឡាយ ព្រោះ​បុគ្គល​ពាល ​មិន​ឃើញ​នូវ​អរិយសច្ច ៤ ។ អរិយសច្ច​ ៤ គឺអ្វី​ខ្លះ។ គឺទុក្ខ​អរិយសច្ច ១។បេ។ ទុក្ខ​និរោធគាមិនីបដិបទាអរិយសច្ច ​១ ក៏យ៉ាង​នោះឯង។ ម្នាល​ភិក្ខុ​ទាំងឡាយ ព្រោះហេតុ​នោះ ភិក្ខុ​ក្នុង​សាសនា​នេះ គួរ​ធ្វើ​សេចក្ដី​ព្យាយាម​ថា នេះជា​ទុក្ខ។បេ។ គួរធ្វើ​សេចក្ដីព្យាយាមថា នេះជាទុក្ខនិរោធគាមិនី​បដិបទា។

[៤៤៥] ម្នាល​ភិក្ខុទាំងឡាយ ដូចជាផែនដី​ធំនេះ មានទីបំផុតជាមួយគ្នា មាន​បុរស​បោះ​នឹម ​មាន​ច្បោះតែមួយ ​ទៅលើ​ផែន​ដីនោះ ខ្យល់​ពី​ទិស​ខាង​កើត បក់​នឹម​នោះ​ទៅ​ទិស​ខាង​លិច ខ្យល់​ពី​ទិស​ខាង​លិច បក់ ​(នឹម​នោះ) ​ទៅ​ទិស​ខាង​កើត ខ្យល់​ពី​ទិស​ខាង​ជើង បក់ (​ នឹម​នោះ ​) ទៅ​ទិស​ខាង​ត្បូង ខ្យល់​ពី​ទិស​ខាង​ត្បូង បក់ (នឹម​នោះ) ​ទៅ​ទិស​ខាង​ជើង លុះកន្លង​មួយរយ​ឆ្នាំៗ​ ទៅ ទើប​មាន​អណ្ដើក​ខ្វាក់​មួយ ក្នុង​ទីនោះ​ ងើប​ម្ដងៗ។ ម្នាល​​​​ភិក្ខុទាំងឡាយ អ្នកទាំងឡាយ សំគាល់​នូវ​ហេតុ​នោះ ​ដូចម្ដេច​ លុះ​កន្លង​មួយរយ​ឆ្នាំៗ​ ទៅ ទើប​​អណ្ដើក​ខ្វាក់នោះ​ ងើប​ម្ដងៗ តើគួ​រ​នឹង​ស៊ក​ក​ ក្នុង​នឹម​ មាន​ច្បោះ​តែ​មួយ​​​ឯណោះ​ បាន​ដែ​រឬ។ បពិត្រព្រះអង្គ​ដ៏​ចំរើន លុះ​កន្លង​មួយរយ​ឆ្នាំ​ៗ​ ទៅ ទើប​អណ្ដើក​ខ្វាក់​នោះ​ ងើប​ម្ដងៗ គួរ​នឹង​ស៊កក​ ទៅក្នុង​នឹម​ មាន​ច្បោះ​តែ​មួយ​ឯ​ណោះ ដោយ​ហេតុ​ឯណា ហេតុនោះ កម្រ​ក្រៃ​ពេក យ៉ាង​ណាមិញ។ ម្នាល​ភិក្ខុទាំងឡាយ បុគ្គល​បាន​នូវ​ភាព​ជាមនុស្ស​ កម្រ​ក្រៃ​ពេក​ យ៉ាង​នោះ​ដែរ។ ម្នាល​ភិក្ខុទាំងឡាយ ព្រះ​តថាគត ជា​អរហន្ដ​សម្មាសម្ពុទ្ធ កើត​ក្នុង​លោក​ កម្រ​ក្រៃ​ពេក ​យ៉ាង​នោះ​ដែរ។ ម្នាល​ភិក្ខុទាំង​ឡាយ ធម្ម​វិន័យ​ដែល​តថាគត​ សំដែង​ហើយ រមែង​ភ្លឺ​ច្បាស់ក្នុង​លោក កម្រ​ក្រៃ​ពេក​ យ៉ាង​នោះ​ដែរ។ ម្នាល​ភិក្ខុទាំង​ឡាយ ការបាន​នូវ​អត្ត​ភាព​ជាមនុស្ស​នេះ ១ ព្រះ​តថាគត ជាអរហន្ដ​ សម្មា​សម្ពុទ្ធ​កើត​ក្នុងលោក ១ ធម្ម​វិន័យ​ ដែល​តថាគត​សំដែង​ហើយ រមែង​ភ្លឺ​ច្បាស់ក្នុង​លោក ១ (ទាំង៣នេះ ​ក្រ​ដូច​គ្នា)។ ម្នាល​ភិក្ខុទាំងឡាយ ព្រោះហេតុ​នោះ ភិក្ខុ​ក្នុង​សាសនា​នេះ គួរ​ធ្វើ​សេចក្ដី​ព្យាយាម​ថា នេះជា​ទុក្ខ។បេ។ គួរធ្វើ​សេចក្ដីព្យាយាមថា នេះជាទុក្ខនិរោធគាមិនី​បដិបទា។

[៤៤៦] ម្នាល​ភិក្ខុទាំងឡាយ ដូច​ជាបុរស​ យក​ដុំ​ក្រួស ​៧​ ដុំ ប៉ុន​គ្រាប់​សណ្ដែក​បាយ ទៅ​ប្រៀប​ផ្ទឹម​នឹង​ស្ដេច​ភ្នំ ​ឈ្មោះ​សិនេរុ។ ម្នាល​ភិក្ខុទាំងឡាយ អ្នក​ទាំងឡាយ​សំគាល់​នូវ​ហេតុ​នោះ ​ដូចម្ដេច ដុំ​ក្រួស ៧​ ដុំ ប៉ុន​គ្រាប់​សណ្ដែក​បាយ ដែល​បុគ្គល​យក​ទៅប្រៀប​ផ្ទឹម​ក្ដី ស្ដេច​ភ្នំ​ឈ្មោះ ​សិនេរុ ក្ដី របស់​ទាំង​ពីរ​នោះ តើ​របស់​ណា​ច្រើន​ជាង។ បពិត្រព្រះអង្គ​ដ៏​ចំរើន ស្ដេច​ភ្នំ​ ឈ្មោះ​សិនេរុនេះ ​មាន​ចំនួន​ច្រើន​ជាង ដុំ​ក្រួស ៧​ ដុំ ប៉ុន​គ្រាប់​សណ្ដែក​បាយ ដែល​បុគ្គល​ប្រៀប​ធៀប​ហើយ ​មាន​ចំនួន​តិច​ជាង ​ដុំ​ក្រួស​ ៧​ ដុំ ប៉ុន​គ្រាប់​សណ្ដែក​បាយ ដែល​បុគ្គលយក​ទៅប្រៀប​ធៀប នឹងស្ដេច​ភ្នំ សិនេរុ មិន​ដល់​នូវការ​រាប់​ផង ​មិនដល់​នូវការ​ប្រៀប​ធៀប​ផង មិនដល់​នូវចំណែក ​នៃ​ចំណិត​ផង យ៉ាង​ណាមិញ​។ ម្នាល​ភិក្ខុទាំងឡាយ បុគ្គលជា​អរិយសាវក ដែល​បរិបូរណ៍ដោយ​ទិដ្ឋិ ជាអ្នក​ត្រាស់​ដឹង (នូវ​មគ្គ និង​ផល) សេចក្ដី​ទុក្ខ​ (របស់​អរិយ​សាវក​នោះ) ដែល​អស់​ទៅ​ រលីង​ទៅ​ ច្រើន​ជាង សេចក្ដី​ទុក្ខ​ ដែល​សល់​នៅ ​តិច​ជាង មិន​ដល់​នូវ​ការ​រាប់​ផង មិនដល់​នូវការប្រៀប​ធៀប​ផង មិនដល់​នូវចំណែក ​នៃ​ចំណិត​ផង ​ដើម្បី​ប្រៀប​ធៀប​ នូវ​គំនរ​ទុក្ខពីមុន ដែល​អស់​ទៅ​ រលីង​ទៅ ចំនួន ​៧ អត្តភាព​ជាយ៉ាង​យូរ ក៏យ៉ាង​នោះ​ឯង។ បុគ្គល​ណា ​ដឹង​ច្បាស់​តាម​សេចក្ដីពិត​ថា នេះជា​ទុក្ខ។បេ។ ដឹង​ច្បាស់​តាម​សេចក្ដីពិត​ថា នេះ​ជាទុក្ខនិរោធគាមិនីបដិបទា។ ម្នាល​ភិក្ខុទាំងឡាយ ព្រោះ​ហេតុ​នោះ ភិក្ខុ​ក្នុង​សាសនា​នេះ គួរ​ធ្វើ​សេចក្ដីព្យាយាម​ថា នេះជា​ទុក្ខ​។បេ។ គួរធ្វើ​សេចក្ដីព្យាយាមថា នេះជាទុក្ខនិរោធគាមិនីបដិបទា។

[៤៤៧]  ម្នាល​ភិក្ខុទាំងឡាយ ស្ដេច​ភ្នំ​ឈ្មោះ​ សិនេរុ ក៏ដល់​នូវ​ការ​អស់​ទៅ​ រលីង​ទៅ លើក​លែង​ គឺ​កុំ​បាច់​និយាយ​ដល់​ដុំ​ក្រួស​ ៧ ​ដុំ ប៉ុន​គ្រាប់​សណ្ដែក​បាយ​ឡើយ។ ម្នាល​​​​ភិក្ខុទាំងឡាយ អ្នក​ទាំងឡាយ ​សំគាល់​នូវ​ហេតុ​នោះ ​ដូចម្ដេច ការអស់ទៅ រលីងទៅ នៃ ស្ដេច​ភ្នំ​ឈ្មោះ​ សិនេរុក្ដី ដុំ​ក្រួស ៧ ​ដុំ ប៉ុន​គ្រាប់​សណ្ដែក​បាយ ដែល​សល់នៅក្ដី របស់​ទាំង​ពីរ​នោះ តើ​របស់​ណា​ច្រើន​ជាង។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ការអស់ទៅ រលីងទៅនៃស្ដេច​ភ្នំ​ឈ្មោះ​សិនេរុ មាន​ចំនួន​ច្រើ​ន​ជាង ដុំ​ក្រួស ៧ ​ដុំ ប៉ុន​គ្រាប់​សណ្ដែក​បាយ ដែល​សល់​នៅ​មាន​ចំនួន​តិច​ជាង ដុំ​ក្រួស ៧​ ដុំ ប៉ុន​គ្រាប់​សណ្ដែក​បាយ ដែល​សល់​នៅ ក៏​មិន​ដល់​នូវ​ការ​រាប់​ផង មិន​ដល់​នូវ​ការ​ប្រៀបធៀប​ផង មិន​ដល់​នូវ​ចំណែក ​នៃ​ចំណិតផង ដោយ​ការ​ប្រៀបធៀប នូវការអស់ទៅ រលីងទៅ នៃស្ដេច​ភ្នំ​ ឈ្មោះ​សិនេរុឡើយ យ៉ាង​ណា​មិញ។ ម្នាល​ភិក្ខុទាំង​ឡាយ​​​ បុគ្គល​ជាអរិយសាវក ដែល​បរិបូណ៌ដោយ​ទិដ្ឋិ ជាអ្នក​ត្រាស់​ដឹង​ (នូវ​មគ្គ​ និង​ផល) សេចក្ដីទុក្ខ​ ដែល​អស់​ទៅ​ វិនាស​ទៅ (នៃ​អរិយសាវក​នោះ) មាន​ចំនួនច្រើន សេចក្ដី​ទុក្ខ​ ដែល​សល់​នៅ​ មានចំនួន​តិច មិ​ន​ដល់​នូវការ​រាប់ មិន​ដល់​នូវ​ការ​ប្រៀបធៀប មិន​ដល់​នូវ​ចំណែក ​នៃ​ចំណិត នឹងគំនរទុក្ខពីមុន ដែលអស់ទៅ ​រលីងទៅ ចំនួន​ ៧ អត្តភាព​ជាយ៉ាង​យូរ យ៉ាង​នោះ​ឯង។ បុគ្គល​ណា​ ដឹង​ច្បាស់​តាម​សេចក្ដីពិត​ថា នេះជាទុក្ខ ។បេ។ ដឹង​ច្បាស់​តាម​សេចក្ដីពិត​ថា នេះ​ជាទុក្ខនិរោធគាមិនីបដិបទា។ ម្នាល​ភិក្ខុទាំង​ឡាយ ព្រោះ​ហេតុ​នោះ ភិក្ខុ​ក្នុង​សាសនា​នេះ គួរ​ធ្វើ​សេចក្ដីព្យាយាម​ថា នេះជា​ទុក្ខ​។បេ។ គួរធ្វើ​សេចក្ដី​ព្យាយាម​ថា នេះជាទុក្ខនិរោធគាមិនីបដិបទា។

ចប់ បបាតវគ្គ​ ទី៥។

ឧទាន​នៃ​បបាតវគ្គ​នោះគឺ

និយាយ​អំពីការគិត ១ អំពីជ្រោះ​ ១ អំពីសេចក្ដី​ក្រហល់​ក្រហាយ ១ អំពី​សាលា​មានកំពូល ១ អំពី​ទំលុះ​ចុងសរសៃ​រោម ១ អំពី​លោកន្តរនរក​​ ងងឹត​សូន្យ​ឈឹង ១ អំពី​ច្បោះ​នឹម ២ ​លើក អំពី​ស្ដេច​ភ្នំ​ ឈ្មោះ​សិនេរុ​ដទៃ ​ពីរលើក។

អភិ​សមយវគ្គ ទី៦

[៤៤៨] គ្រានោះ​ឯង ព្រះ​មាន​ព្រះភាគ ទ្រង់​លើក​នូវ​អាចម៍​ដី មានប្រមាណ​តិច ដាក់​លើ​ខ្នង​ព្រះ​នខា ហើយ​ត្រាស់​នឹង​ភិក្ខុទាំងឡាយ​ថា ម្នាល​ភិក្ខុទាំងឡាយ​ អ្នក​ទាំងឡាយ សំគាល់នូវ​ហេតុ​នោះ ​ដូចម្ដេច អាចម៍​ដី មាន​ប្រមាណ​តិច ដែល​តថាគត​លើកដាក់​លើ​ចុង​ក្រចកក្ដី មហាប្រឹថពីនេះ​ក្ដី របស់​ទាំងពីរ​នោះ  តើ​របស់​ណា​ច្រើន​ជាង ​។ បពិត្រ​​​ព្រះអង្គដ៏​ចំរើន មហាប្រឹថពី​នេះ​ច្រើនជាង អាចម៍​ដី មាន​ប្រមាណតិច ដែល​ព្រះ​មាន​ព្រះភាគ ទ្រង់លើកដាក់​លើ​ខ្នង​ព្រះ​នខា មាន​ប្រមាណ​តិចទេ  អាចម៍ដី មាន​ប្រមាណតិច ដែល​ព្រះមានព្រះភាគ លើកដាក់លើ​​ចុង​ព្រះ​នខា មិនបាន​ដល់​នូវការ​រាប់ផង មិនបាន​ដល់​ នូវ​ការ​ប្រៀបធៀបផង មិន​បាន​​ដល់​នូវ​ចំណែក ​នៃ​ចំណិតផង ដោយ​ការ​ប្រៀបធៀបនឹង​មហាប្រឹថ​​ពី​បាន​ឡើយ យ៉ាងណាមិញ។ ម្នាល​ភិក្ខុទាំងឡាយ បុគ្គល​ជាអរិយសាវក​ ដែល​បរិបូណ៌ដោយ​ទិដ្ឋិ ជាអ្នក​ត្រាស់​ដឹង​ (​នូវ​មគ្គ​ និង​ផល) សេចក្ដីទុក្ខ​ របស់​អរិយសាវក​នោះ ​ដែល​អស់​ទៅ​ រលីង​ទៅ ច្រើនជាង សេចក្ដី​ទុក្ខ​ ដែល​សល់​នៅ ​មាន​ប្រមាណ​​តិច មិ​ន​បានដល់ ​នូវ​ការ​​រាប់ផង មិនបាន​ដល់​ នូវ​ការ​ប្រៀបធៀប​ផង មិន​បានដល់​នូវ​ចំណែក ​នៃ​ចំណិតផង ដោយការ​ប្រៀប​ធៀប​​នឹងគំនរទុក្ខពីមុន ដែលអស់ទៅ​ រលីងទៅ ចំនួន​ ៧   អត្តភាព​ ជាយ៉ាង​យូរ ក៏យ៉ាង​នោះ​ឯង។ បុគ្គល​ណា​ដឹង​ច្បាស់​តាម​សេចក្ដីពិត​ថា នេះជាទុក្ខ។បេ។ ដឹង​ច្បាស់​តាម​សេចក្ដីពិត​ថា នេះ​ជាទុក្ខនិរោធគាមិនីបដិបទា។ ម្នាល​ភិក្ខុទាំងឡាយ ព្រោះ​ហេតុ​នោះ ភិក្ខុ​ក្នុង​សាសនា​នេះ គួរ​ធ្វើ​សេចក្ដីព្យាយាម​ថា នេះជា​ទុក្ខ​។បេ។ គួរធ្វើ​សេចក្ដី​ព្យាយាម​ថា នេះជាទុក្ខនិរោធគាមិនីបដិបទា។

[៤៤៩] ម្នាល​ភិក្ខុទាំងឡាយ ដូចស្រះ​បោ​ក្ខរណី បណ្ដោយ​ ៥០ ​យោជន៍ ទទឹង ៥០ ​យោជន៍ ជំរៅ ៥០ ​យោជន៍ មានទឹក​ពេញ​ ស្មើ​ល្មមក្អែក​ឱន​​ផឹក​បាន បុរសគប្បី​ជ្រលក់​ទឹក​ ដោយ​ចុង​នៃ​ស្បូវ​ អំពីស្រះ​នោះ។ ម្នាល​ភិក្ខុទាំងឡាយ  អ្នកទាំងឡាយ​ សំគាល់​​​​នូវ​ហេតុ​នោះ ​ដូចម្ដេច ទឹក​ដែល​បុរស​ជ្រលក់ ដោយចុង​នៃ​ស្បូវ ហើយ​លើក​ឡើង​ និង​ទឹក​ក្នុង​ស្រះ​បោក្ខរណី ទឹក​ទាំងពីរ​នោះ តើ​ទឹក​ណា​ច្រើន​ជាង។ បពិត្រព្រះអង្គ​ដ៏​ចំរើន​ ទឹក​ក្នុង​ស្រះ​បោក្ខរណី​នោះ ​ច្រើន​ជាង ទឹក​ដែល​បុរស​ជ្រលក់ ដោយ​ចុងនៃ​ស្បូវ ហើយ​លើក​ឡើង មាន​ប្រមាណ​តិច​​ ទឹក​ដែល​បុរស​ជ្រលក់ ដោយ​ចុង​នៃស្បូវ ហើយ​លើក​ឡើង មិ​ន​បានដល់ ​នូវការ​រាប់ផង មិនបាន​ដល់​ នូវ​ការ​ប្រៀបធៀបផង មិន​បានដល់​នូវ​ចំណែក ​នៃ​ចំណិត​ផង ដោយការប្រៀបផ្ទឹម​នឹង​ទឹក​ក្នុង​ស្រះ​បោក្ខរណី​បាន​ឡើយ យ៉ាង​ណាមិញ។ ម្នាល​ភិក្ខុទាំងឡាយ បុគ្គល​ជាអរិយ​សាវក។បេ។ ភិក្ខុ ​គួរធ្វើ​សេចក្ដី​ព្យាយាម។

[៤៥០] ម្នាល​ភិក្ខុទាំងឡាយ ដូចស្ទឹងធំ​ទាំងឡាយ​នេះ ​រមែង​ហូរជោរ​ជន់។ ស្ទឹង​ធំទាំង​នោះ​ គឺ​ស្ទឹង​ណា​ខ្លះ។ គឺ​ស្ទឹង​គង្គា យមុនា អចិរវតី សរភូ មហី។​ បុរសគប្បី​លើក​​ឡើង​នូវដំណក់​នៃ​ទឹក​ ពីរ ​ឬ​បី​ដំណក់​ អំពីស្ទឹង​ទាំង​នោះ​។ ម្នាល​ភិក្ខុទាំងឡាយ អ្នកទាំង​ឡាយ សំគាល់​នូវ​ហេតុ​នោះ ​ដូចម្ដេច ដំណក់​នៃ​ទឹក ​ពីរ​ ឬ​បី​ដំណក់ ដែល​បុរស​លើក​ឡើង​ និង​ទឹក​ដែល​លាយ​ច្រឡំ​ អំពី​ទឹក​ដទៃ ​ហូរ​ជោ​រ​ជន់​មក ទឹក​ទាំង​ពីរ​នោះ ​តើ​ទឹក​ណា​ច្រើន​ជាង។ បពិត្រព្រះអង្គ​ដ៏​ចំរើន​ ​ទឹក​ដែល​លាយ​ច្រឡំ​អំពី​ស្ទឹង​ដទៃ​ ហូរ​ជោ​រ​ជន់​មកនុ៎ះ ច្រើន​ជាង  ដំណក់​នៃ​ទឹក ​ពីរ​ ឬ​បី​ដំណក់ ដែល​បុរស​លើក​ឡើង មាន​ប្រមាណ​តិច​ទេ ដំណក់​​​​នៃ​​ទឹក​ ពីរ​ ឬ​បី​ដំណក់ ដែល​បុរស​លើក​ឡើង មិ​ន​បានដល់ ​នូវការ​រាប់ផង មិន​បាន​​ដល់​ នូវ​ការ​ប្រៀបធៀបផង មិន​បានដល់ ​នូវ​ចំណែក​ នៃ​ចំណិតផង ដោយការ​ប្រៀប​ធៀប​នឹង​ទឹក ដែល​លាយ​ច្រឡំ​ អំពី​ស្ទឹង​ដទៃ ហូរ​ជោរ​ជន់​មក​បាន​ឡើយ យ៉ាង​ណាមិញ។ ម្នាល​​​​​ភិក្ខុទាំងឡាយ អរិយ​សាវក (នោះឯង ​ជាបេយ្យាលៈ) ភិក្ខុ​គួរធ្វើ​សេចក្ដី​ព្យាយាម។

[៤៥១] ម្នាល​ភិក្ខុទាំងឡាយ ដូចស្ទឹងធំ​ទាំងឡាយ​នេះ​ រមែង​ហូរជោរ​ជន់មក។ ស្ទឹង​​​​​ធំទាំង​នោះ ​គឺ​ស្ទឹង​ណា​ខ្លះ។ គឺ​ស្ទឹង​គង្គា យមុនា អចិរវតី សរភូ មហី។​ ទឹក​នោះ ​ក៏គង់​ដល់​ នូវ​ការ​អស់​ទៅ ​រលីង​ទៅ លើក​លែង​តែ​ដំណក់​ទឹក​ ពីរ​ឬ​បី​ចេញ។ ម្នាល​ភិក្ខុ​ទាំង ឡាយ អ្នកទាំងឡាយ សំគាល់​នូវ​ហេតុ​នោះ ​ដូចម្ដេច ទឹកដែល​លាយ​ច្រឡំគ្នា ​និងដំណក់​នៃ​ទឹក ​ពីរ​ឬ​បី​ដំណក់ ដោយ​ការ​ប្រៀប​ធៀបនឹង​ទឹក ​ដែល​អស់​ទៅ​ រលីង​ទៅ ទឹក​ទាំង​ពីរ​នោះ តើ​ទឹក​ណា​ច្រើន​ជាង។ បពិត្រព្រះអង្គ​ដ៏​ចំរើន​ ​ទឹក​ដែល​លាយ​ច្រឡំគ្នា ដែល​អស់​ទៅ​ រលីង​ទៅ​នុ៎ះ​ ច្រើន​ជាង ដំណក់​ទឹក​ពីរ​ ឬ​បី​ដំណក់ ដែល​សល់​នៅ​ មាន​ប្រ​មាណ​តិច ដំណក់​ទឹក​ពីរ​ ឬ​បី​ដំណក់ ដែល​សល់​នៅ​ មិ​ន​បានដល់​ នូវការ​រាប់ផង មិនបាន​ដល់ ​នូវ​ការ​ប្រៀបធៀបផង មិន​បានដល់​ នូវ​ចំណែក​ នៃ​ចំណិតផង ដោយការ​ប្រៀបធៀប​នឹង​ទឹកដែល​លាយ​ច្រឡំ​គ្នា ដែល​អស់ទៅ ​រលីងទៅ​​បាន​ឡើយ យ៉ាង​ណាមិញ។ ម្នាល​ភិក្ខុ​ទាំងឡាយ អរិយសាវក។បេ។ ភិក្ខុ​គួរធ្វើ​សេចក្ដីព្យាយាម។

[៤៥២] ម្នាល​ភិក្ខុទាំងឡាយ ដូច​បុរស ដំកល់​ទុកនូវ​ដី​ស្អិត ៧​ ​ដុំ មានចំនួន​ប៉ុន​ផ្លែ​ពុទ្រា ដើម្បី​ប្រៀប​ផ្ទឹម​នឹង​មហា​ប្រឹថពី​។ ម្នាល​ភិក្ខុទាំងឡាយ អ្នក​ទាំងឡាយ ​សំគាល់​នូវ​ហេតុ​នោះ​ ដូចម្ដេច ដីស្អិត ៧​ ដុំ មានចំនួន​ប៉ុន​ផ្លែ​ពុទ្រា ដែល​បុរស ដំកល់​ទុក និង​មហា​ប្រឹថពីនេះ របស់​ទាំងពី​រនោះ តើ​របស់​ណា​ច្រើនជាង។ បពិត្រព្រះអង្គ​ដ៏​ចំរើន មហា​-ប្រឹថពីនុ៎ះ​ ច្រើន​ជាង ដីស្អិត​ ៧ ​ដុំ មានចំនួនប៉ុន​ផ្លែ​ពុទ្រា  ​ដែល​បុរស​ ដំកល់ទុក​ មាន​ប្រមាណ​តិច ដីស្អិត ៧ ដុំ មានចំនួនប៉ុនផ្លែពុទ្រា ដែលបុរស ដំកល់ទុក មិនបាន​ដល់​នូវការ​រាប់ផង មិនបាន​ដល់ ​នូវ​ការ​ប្រៀបធៀបផង មិន​បានដល់​ នូវ​ចំណែក​នៃ​ចំណិតផង ដោយ​ការ​ប្រៀបធៀប​នឹង​មហាប្រឹថពី​បាន​ឡើយ យ៉ាង​ណាមិញ។ ម្នាល​ភិក្ខុទាំងឡាយ អរិយ​សាវក (នោះឯង ​ជាបេយ្យាលៈ)  ភិក្ខុ​គួរធ្វើ​សេចក្ដី​ព្យាយាម​​​។

[៤៥៣] ម្នាល​ភិក្ខុទាំងឡាយ ដូច​មហាប្រឹថពី ​ដល់​នូវ​ការអស់​ទៅ រលីងទៅ លើក​​​លែង​តែ​ដី​ស្អិត​ ៧​ ដុំ មាន​ចំនួន​ប៉ុន​ផ្លែ​ពុទ្រា​ចេញ។ ម្នាល​ភិក្ខុទាំងឡាយ អ្នកទាំង​ឡាយ​ សំគាល់​នូវ​ហេតុ​នោះ ដូចម្ដេច ការអស់​ទៅ ​រលីង​ទៅ ​នៃ​មហា​ប្រឹថពី និង​ដីស្អិត​​ ៧ ​ដុំ​ មាន​ចំនួន​ប៉ុន​ផ្លែ​ពុទ្រា ​ដែល​សល់​នៅ តើ​របស់​ណា​ច្រើ​ន​ជាង។​ បពិត្រព្រះអង្គ​ដ៏​ចំរើន ការ​អស់​ទៅ រលីង​ទៅ នៃ​មហាប្រឹថពីនុ៎ះ មាន​ប្រមាណច្រើន​ជាង​ ដី​ស្អិត ៧ ​ដុំ មានចំនួន​ប៉ុន​ផ្លែ​ពុទ្រា ដែល​​សល់នៅ ​មាន​ប្រមាណ​តិច ដី​ស្អិត ៧ ​ដុំ មានចំនួន​ប៉ុន​ផ្លែ​ពុទ្រា ដែល​សល់នៅ មិនបានដល់​ នូវការ​រាប់ផង មិនបាន​ដល់​ នូវ​ការ​ប្រៀបធៀបផង មិន​បានដល់​នូវ​ចំណែក ​នៃ​ចំណិតផង ដោយការប្រៀបធៀប​នឹង​ការអស់​ទៅ ​រលីង​ទៅ នៃ​មហា​ប្រឹថ​ពី​បាន​ឡើយ យ៉ាង​ណាមិញ។ ម្នាល​ភិក្ខុទាំងឡាយ អរិយ​សាវក (នោះឯង ​ជាបេយ្យាលៈ)  ភិក្ខុ​គួរធ្វើ​សេចក្ដីព្យាយាម។

[៤៥៤] ម្នាល​ភិក្ខុទាំងឡាយ ដូចបុរសលើក​ឡើង នូវ​ដំណក់​ទឹក​ពីរ ឬ​បី​ដំណក់​ក្នុងមហាសមុទ្រ ម្នាល​ភិក្ខុទាំងឡាយ អ្នកទាំងឡាយ​ សំគាល់​នូវ​ហេតុ​នោះ ដូចម្ដេច ដំណក់​​ទឹក​ពីរ ឬ​បី​ដំណក់ ដែល​បុគ្គលលើក​ឡើង និង​ទឹក​ក្នុង​មហា​សមុទ្រ ទឹក​ទាំង​ពីរ​នោះ ​តើ​ទឹក​ណា​ច្រើន​ជាង។ បពិត្រព្រះអង្គ​ដ៏​ចំរើន ទឹក​ក្នុង​មហា​សមុទ្រនោះ មាន​ប្រមាណ​ច្រើន​ជាង ដំណក់​ទឹក​ពីរ ឬ​បី​ដំណក់ ដែល​បុរសលើក​ឡើង មានប្រមាណតិច ដំណក់ទឹក​ពីរ ​​ឬបីដំណក់ ដែលបុរសលើកឡើង មិនបានដល់ ​នូវការ​រាប់ផង មិន​បាន​​​ដល់ ​នូវ​ការ​ប្រៀបធៀបផង មិន​បានដល់​ នូវ​ចំណែក ​នៃ​ចំណិតផង ដោយការប្រៀប​ធៀប​​នឹងទឹក ក្នុង​មហា​សមុទ្របាន​ឡើយ យ៉ាង​ណាមិញ។ ម្នាល​ភិក្ខុទាំងឡាយ អរិយ​សាវក (នោះឯង​ ជាបេយ្យាលៈ)  ភិក្ខុ​គួរធ្វើ​សេចក្ដីព្យាយាម។

[៤៥៥] ម្នាល​ភិក្ខុទាំងឡាយ ដូច​ទឹក​ក្នុង​មហាសមុទ្រ ដល់​នូវ​ការអស់ទៅ​ រលីង​ទៅ លើក​លែង​តែ​ដំណក់​ទឹក​ពីរ​ ឬ​បី​ដំណក់ចេញ។ ម្នាល​ភិក្ខុទាំងឡាយ អ្នក​ទាំងឡាយ​ សំគាល់​នូវ​ហេតុនុ៎ះ ដូចម្ដេច ទឹក​ក្នុង​មហាសមុទ្រ ដែល​អស់​ទៅ រលីង​ទៅ និងដំណក់​ទឹក​ពីរ​ ឬ​បី​ដំណក់​ ដែល​សល់​នៅ ទឹក​ទាំង​ពី​រនោះ តើ​ទឹក​ណា​ច្រើន​ជាង។ បពិត្រព្រះអង្គ​ដ៏​ចំរើន ទឹក​ក្នុង​មហា​សមុទ្រ ដែល​អស់ទៅ​ រលីងទៅនុ៎ះ មាន​ប្រមាណ​ច្រើន​ជាង ​ដំណក់​ទឹក​ពីរ​ ឬ​បី​ដំណក់ ​ដែល​សល់​នៅ មាន​ប្រមាណ​តិច​ ដំណក់​ទឹក​ពីរ​ ឬ​បី​ដំណក់​ ដែល​សល់​នៅ មិនបានដល់​ នូវការ​រាប់ផង មិនបាន​ដល់​ នូវ​ការ​ប្រៀប​ធៀប​ផង ទាំងមិន​បានដល់​ នូវ​ចំណែក​ នៃ​ចំណិតផង ដោយការប្រៀបធៀប​​នឹងទឹកក្នុង​មហា​សមុទ្រ​​​​​​ដែលអស់ទៅ រលីង​​​​​​​ទៅបាន​ឡើយ យ៉ាង​ណាមិញ។ ម្នាល​ភិក្ខុទាំងឡាយ អរិយសាវក (នោះឯង ​ជាបេយ្យាលៈ)  ភិក្ខុ​គួរធ្វើ​សេចក្ដីព្យាយាម។

[៤៥៦] ម្នាល​ភិក្ខុទាំងឡាយ ដូច​បុរសដំកល់​ទុក នូវ​ដុំក្រួស ៧​ ដុំ មានប្រមាណ​ប៉ុន​គ្រាប់​ស្ពៃ (ដើម្បី​ប្រៀប​ធៀប)​ នឹង​ស្ដេចភ្នំ​ ឈ្មោះ​ហិមវន្ដ​។ ម្នាល​ភិក្ខុទាំងឡាយ អ្នក​ទាំងឡាយ​ សំគាល់​នូវ​ហេតុ​នោះ ​ដូចម្ដេច ដុំក្រួស ៧ ​ដុំ មានប្រមាណ​ប៉ុន​គ្រាប់​ស្ពៃ ដែល​បុរសដំកល់​ទុក និង​ស្ដេចភ្នំ​ ឈ្មោះ​ហិមវន្ដ របស់​ទាំងពីរនោះ​ តើ​របស់​ណា​ច្រើនជាង។ បពិត្រព្រះអង្គ​ដ៏​ចំរើន ស្ដេចភ្នំ​ ឈ្មោះ​ហិមវន្ដនុ៎ះ មានប្រមាណ​ច្រើន​ជាង ដុំក្រួស ៧​ ដុំ មានប្រមាណ​ប៉ុន​គ្រាប់​ស្ពៃ  ​ដែល​បុរស​ដំកល់​ទុក មាន​ប្រមាណ​តិច ដុំក្រួស ៧ ​ដុំ មាន​ប្រមាណ​ប៉ុន​គ្រាប់​ស្ពៃ  ​ដែល​បុរស​ដំកល់​ទុក មិនបានដល់​ការ​រាប់ផង មិនបាន​ដល់​នូវ​ការ​ប្រៀប​ធៀបផង មិន​បានដល់​ នូវ​ចំណែក ​នៃ​ចំណិតផង ដោយការប្រៀបធៀប​នឹង​​ស្ដេចភ្នំ ​ឈ្មោះ​ហិមវន្ដ ​បាន​ឡើយ យ៉ាង​ណាមិញ។ ម្នាល​ភិក្ខុទាំងឡាយ អរិយសាវក​។បេ។  ភិក្ខុ​គួរធ្វើ​សេចក្ដីព្យាយាម។

[៤៥៧] ម្នាល​ភិក្ខុទាំងឡាយ ដូចជា​ស្ដេច​ភ្នំ​ ឈ្មោះ​ហិមវន្ដ​ ដល់​នូវ​ការ​អស់​ទៅ​រលីង​ទៅ លើក​លែង​តែក្រួស ៧​ ដុំ មានប្រមាណ​ប៉ុន​គ្រាប់​ស្ពៃចេញ។ ម្នាល​ភិក្ខុ​ទាំងឡាយ អ្នក​ទាំងឡាយ​ សំគាល់​នូវ​ហេតុ​នោះ ​ដូចម្ដេច ការ​អស់​ទៅ​ រលីង​ទៅ នៃស្ដេច​ភ្នំ​ ឈ្មោះ​ហិមវន្ដ និងដុំក្រួស ៧​ ដុំ មានប្រមាណ​ប៉ុន​គ្រាប់​ស្ពៃ ដែល​សល់​នៅ របស់​ទាំងពីរនោះ​ តើ​របស់​ណា​ច្រើនជាង។ បពិត្រព្រះអង្គ​ដ៏​ចំរើន ​ការ​អស់​ទៅ​ រលីង​ទៅ នៃស្ដេច​ភ្នំ​ ឈ្មោះ​ហិមវន្ដនុ៎ះឯង មាន​ប្រមាណ​ច្រើនជាង ដុំក្រួស ៧​ ដុំ មានប្រមាណ​ប៉ុន​គ្រាប់​ស្ពៃ ដែល​សល់​នៅ មិនបានដល់​ នូវការ​រាប់ផង មិនបាន​ដល់​ នូវ​ការ​ប្រៀបធៀប ផង មិន​បានដល់​ នូវ​ចំណែក ​នៃ​ចំណិតផង ដោយការប្រៀបធៀប​នឹង​​ការ​អស់​ទៅ ​រលីង​ទៅ នៃស្ដេច​ភ្នំ​ ឈ្មោះ​ហិមវន្ដ​បាន​ឡើយ យ៉ាង​ណាមិញ។ ម្នាល​ភិក្ខុទាំងឡាយ ​សេចក្ដី​ទុក្ខ​ របស់អរិយសាវក ជាបុគ្គលបរិបូណ៌ដោយ​ទិដ្ឋិ ជាអ្នក​ត្រាស់ដឹង​នុ៎ះឯង ដែល​អស់​ទៅ រលីង​ទៅ មានប្រមាណ​ច្រើន​ជាង សេចក្ដីទុក្ខ​ ដែល​សល់នៅ មាន​ប្រមាណ​តិច សេចក្ដី​ទុក្ខ​នោះ មិនបាន​ដល់​ នូវ​ការ​រាប់​ផង មិនបាន​ដល់ ​នូវ​ការ​ប្រៀបធៀបផង មិន​បានដល់​នូវ​ចំណែក ​នៃ​ចំណិតផង ដោយការប្រៀបធៀប​នឹង​គំនរ​ទុក្ខ​ពីមុន ​ដែលអស់​ទៅ រលីង​ទៅ អស់ ៧ ​អត្តភាព​ ជាយ៉ាងយូរ ក៏យ៉ាង​នោះឯង។ បុគ្គល​ណា​ ដឹង​ច្បាស់ ​តាម​សេចក្ដី​ពិតថា ​នេះជាទុក្ខ។បេ។ ដឹង​ច្បាស់​តាម​សេចក្ដីពិត​ថា​ នេះជា​ទុក្ខនិរោធគាមិនីបដិបទា។ ម្នាល​ភិក្ខុទាំងឡាយ ព្រោះ​ហេតុ​នោះ ភិក្ខុក្នុង​សាសនា​​​​​នេះ គួរ​ធ្វើ​សេចក្ដីព្យាយាមថា នេះ​ជាទុក្ខ។បេ។  គួរធ្វើ​សេចក្ដីព្យាយាមថា​ នេះ​ជា​​ទុក្ខ​និរោធគាមិនី​បដិបទា។

ចប់ អភិសមយវគ្គ ទី៦។

ឧទាន​នៃ​អភិ​សមយវគ្គ​នោះគឺ

និយាយអំពី​ដីលើ​ចុង​ព្រះនខា ១ អំពី​ស្រះ​បោក្ខរណី ១ អំពី​ទឹក​ ដែល​លាយច្រ​ឡំ ២ លើក​ដទៃ​ទៀត អំពី​ផែនដី ២ លើក​ អំពី​សមុទ្រ ២​ លើក អំពី​ដុំ​ក្រួស ​ប្រៀប​ធៀប​នឹង​​ភ្នំ ២ លើក។

អាមកធញ្ញបេយ្យាលបឋមវគ្គ ទី៧

[៤៥៨] គ្រានោះឯង ព្រះ​មាន​ព្រះភាគ ទ្រង់​លើក​នូវ​អាចម៍​ដី​ មាន​ប្រមាណ​តិច​ដាក់លើ​ចុង​ព្រះ​នខា ហើយ​ត្រាស់​នឹង​ភិក្ខុទាំងឡាយ​ថា ម្នាល​ភិក្ខុទាំងឡាយ​ អ្នកទាំង​ឡាយ​ សំគាល់នូវ​ហេតុ​នោះ ​ដូចម្ដេច អាចម៍ដីបន្តិច ដែល​តថាគត​ លើកដាក់​លើ​ចុង​ក្រចក​​​​​ និងមហាប្រឹថពីនេះ​ របស់​ទាំងពីរ​នោះ  តើ​របស់​ណាច្រើនជាង​។ បពិត្រព្រះអង្គ​ដ៏ចំរើន មហាប្រឹថពី​នោះឯង ​ច្រើនជាង អាចម៍ដីបន្តិច ដែល​ព្រះ​មាន​ព្រះភាគ លើកដាក់​លើ​ចុង​ព្រះ​នខា មានប្រមាណតិច អាចម៍ដីបន្តិច ដែលព្រះមានព្រះភាគ លើកដាក់លើ​ចុងព្រះនខា មិនបាន​ដល់​ នូវការ​រាប់ផង មិនបានដល់​ នូវ​ការ​ប្រៀបធៀបផង មិនបាន​ដល់​ នូវ​ចំណែក ​នៃ​ចំណិតផង ដោយ​ការ​ប្រៀបធៀបនឹង​មហាប្រឹថពីបានឡើយ យ៉ាងណា​មិញ។ ម្នាល​ភិក្ខុទាំងឡាយ​ ពួកសត្វ ដែលកើត​ក្នុង​កំណើត​មនុស្ស​ទាំងឡាយ មាន​ប្រមាណ​​​តិច ឯពួក​សត្វ ​ដែល​កើត​ក្រៅ​អំពី​កំណើត​ពួក​មនុស្ស​ មាន​ប្រមាណ​ច្រើន។ ដំណើរ​​​​​​​នោះ​ ព្រោះ​ហេតុ​អ្វី។ ម្នាល​ភិក្ខុទាំងឡាយ​ ព្រោះ​ពួកសត្វ​មិន​ឃើញ ​នូវ​អរិយ​សច្ច ៤។ អរិយ​សច្ច ៤ ដូចម្ដេច​ខ្លះ​។ គឺទុក្ខ​អរិយ​សច្ច ១។បេ។ ទុក្ខនិរោធគាមិនីបដិបទា​អរិយសច្ច ១ ក៏​យ៉ាង​នោះ​ឯង។ ម្នាល​ភិក្ខុទាំងឡាយ ព្រោះ​ហេតុ​នោះ ភិក្ខុក្នុង​សាសនា​នេះ គួរ​ធ្វើ​សេចក្ដី​ព្យាយាមថា នេះ​ជាទុក្ខ។បេ។  គួរធ្វើ​សេចក្ដីព្យាយាមថា​ នេះ​ជាទុក្ខនិរោធគាមិនី​​​​បដិបទា។

[៤៥៩] គ្រានោះឯង ព្រះ​មាន​ព្រះភាគ ទ្រង់​លើក​នូវ​អាចម៍​ដី​បន្តិច​ ដាក់លើ​ចុង​ព្រះ​នខា ទ្រង់​ត្រាស់​នឹង​ភិក្ខុទាំងឡាយ​ថា ម្នាល​ភិក្ខុទាំងឡាយ​ អ្នក​ទាំង​ឡាយ សំគាល់នូវ​ហេតុ​នោះ​ ដូចម្ដេច អាចម៍ដីបន្តិច ដែល​តថាគត​ លើកដាក់​លើ​ចុង​ក្រចក ​​និងមហាប្រឹថពី​នេះ​ របស់​ទាំងពីរ​  តើ​របស់​ណាច្រើនជាង​។ បពិត្រព្រះអង្គ​ដ៏ចំរើន មហាប្រឹថពី​នុ៎ះ ច្រើនជាង អាចម៍ដីបន្តិច ដែល​ព្រះ​មាន​ព្រះភាគ លើកឡើងដាក់​លើ​ចុង​ព្រះ​នខាមាន ប្រមាណ​តិច ​អាចម៍ដីបន្តិច ដែល​ព្រះ​មាន​ព្រះភាគ លើកដាក់​លើ​ចុង​ព្រះ​នខា មិន​ដល់​ នូវការ​រាប់ផង មិន​ដល់ ​នូវ​ការ​ប្រៀបធៀបផង មិន​ដល់​នូវ​ចំណែក ​នៃ​ចំណិតផង ដោយ​ការ​ប្រៀប​ធៀបនឹង​មហាប្រឹថពីបានឡើយ យ៉ាងណា​មិញ។ ម្នាល​ភិក្ខុទាំងឡាយ​ ពួកសត្វ ​ដែលកើត​ក្នុងមជ្ឈិមជនបទ មាន​ប្រមាណ​តិច​ ឯពួក​សត្វ​ ដែល​កើតក្នុង​បច្ច​ន្តិ​មជនបទ​ទាំង​​​​​ឡាយ​ មាន​ប្រមាណ​ច្រើន។ សត្វ​ទាំង​ឡាយ​​ រមែង​កើត​ក្នុង​មិលក្ខ​ជនបទទាំងឡាយ ​ដែល​មិន​មាន​ប្រាជ្ញា ក៏​យ៉ាង​នោះ​ឯង​ដែរ។បេ។

[៤៦០] ម្នាល​ភិក្ខុទាំងឡាយ​ ពួកសត្វដែលប្រកប​ដោយ​បញ្ញា​ចក្ខុ​ដ៏​ប្រសើរ មាន​ប្រមាណ​តិច ឯពួកសត្វ ដែលមិន​ចេះ​ដឹង ​ប្រកប​ដោយ​សេចក្ដី​ល្ងង់​ មាន​ប្រមាណ​ច្រើន ក៏​យ៉ាង​នោះដែរ។បេ។

[៤៦១] ម្នាល​ភិក្ខុទាំងឡាយ​ ពួកសត្វ ដែលវៀរចាក​សុរាមេរយ​មជ្ជប្បមាទដ្ឋាន មាន​ប្រមាណ​តិច ឯពួកសត្វ ដែលមិនវៀរចាក​សុរាមេរយ​មជ្ជប្បមាទដ្ឋាន មាន​ប្រមាណ​ច្រើន ក៏​យ៉ាង​នោះដែរ។បេ។

[៤៦២] ម្នាល​ភិក្ខុទាំងឡាយ​ ពួកសត្វដែលកើតនៅលើគោក មាន​ប្រមាណ​តិច ចំណែកពួកសត្វ ដែលកើតក្នុងទឹក មាន​ប្រមាណ​ច្រើន ក៏​យ៉ាង​នោះដែរ។បេ។

[៤៦៣] ម្នាល​ភិក្ខុទាំងឡាយ​ ពួកសត្វប្រតិបត្តិល្អ ​ចំពោះមាតា មាន​ប្រមាណ​​តិច ចំណែកពួកសត្វ ដែលមិនប្រតិបត្តិល្អ ​ចំពោះមាតា មាន​ប្រមាណ​ច្រើន ក៏​យ៉ាង​នោះ​ដែរ។បេ។

[៤៦៤] ម្នាល​ភិក្ខុទាំងឡាយ​ ពួកសត្វដែលប្រតិបត្តិល្អ ​ចំពោះបិតា មាន​ប្រមាណ​​​​​​​​​​​តិច ចំណែកពួកសត្វ ដែលមិនប្រតិបត្តិល្អ​ ចំពោះបិតា មាន​ប្រមាណ​ច្រើន ក៏​យ៉ាង​នោះ​ដែរ។បេ។

[៤៦៥] ពួកសត្វដែលប្រតិបត្តិល្អ​ ចំពោះសមណៈ មាន​ប្រមាណ​តិច ចំណែកពួក​សត្វ​​​ ដែលមិនប្រតិបត្តិល្អ ​ចំពោះសមណៈ មាន​ប្រមាណ​ច្រើន ក៏​យ៉ាង​នោះដែរ។បេ។

[៤៦៦] ម្នាល​ភិក្ខុទាំងឡាយ​ ពួកសត្វដែលប្រតិបត្តិល្អ ​ចំពោះព្រាហ្មណ៍ មាន​ប្រមាណ​តិច ចំណែកពួកសត្វ ដែលមិនប្រតិបត្តិល្អ ​ចំពោះព្រាហ្មណ៍ មាន​ប្រមាណ​ច្រើន ក៏​យ៉ាង​នោះដែរ។បេ។

[៤៦៧] ម្នាល​ភិក្ខុទាំងឡាយ​ ពួកសត្វដែលប្រព្រឹត្តកោតក្រែង​ ដល់​បុគ្គល​ជាធំ​ក្នុង​ត្រកូល មាន​ប្រមាណ​តិច ចំណែកពួកសត្វ ដែលមិនប្រព្រឹត្តកោតក្រែង​ ដល់​បុគ្គល​ជាធំ​ក្នុង​ត្រកូល មាន​ប្រមាណ​ច្រើន ក៏​យ៉ាង​នោះដែរ។

ចប់ បឋម​វគ្គ ទី៧។

ឧទាន គឺ

និយាយអំពីពួក​សត្វ ដែល​កើត​ក្រៅ​អំពី​មនុស្ស មាន​ប្រមាណ​ច្រើន ១ អំពីពួកសត្វ ​ដែល​​កើត​ក្នុង​បច្ចន្ដិមជនបទ ១ អំពីពួកសត្វ​ ដែល​ប្រកប​ដោយ​បញ្ញា ១ អំពីពួកសត្វ​ ដែល​​​វៀរ​ចាក​សុរាមេរយ ១ អំពីពួកសត្វ​ ដែល​កើត​ក្នុង​ទឹក ១ អំពីពួកសត្វ​ដែល​ប្រតិបត្តិ​ល្អ​ ចំពោះ​មាតា ១ បិតា ១ សមណៈ ១ ព្រាហ្មណ៍ ១ អំពីសេចក្ដី​កោត​ក្រែង​ចំពោះ​បុគ្គល​​​​​ជាធំ ក្នុង​ត្រកូល ១។

អាមកធញ្ញបេយ្យាលទុតិយវគ្គ ទី៨

[៤៦៨] ម្នាល​ភិក្ខុទាំងឡាយ​ ពួកសត្វជាអ្នក​វៀរ​ចាក​បាណាតិបាត មាន​ប្រមាណ​តិច ចំណែក​ពួកសត្វ​ ជាអ្នក​មិន​វៀរ​ចាក​បាណាតិបាត​ មាន​ប្រមាណ​ច្រើន ក៏​យ៉ាង​នោះ​ដែរ។ ដំណើរ​នោះ​ ព្រោះ​ហេតុ​អ្វី។បេ។

[៤៦៩] ម្នាល​ភិក្ខុទាំងឡាយ​ ពួកសត្វជាអ្នក​វៀរ​ចាកអទិន្នាទាន មាន​ប្រមាណ​តិច ចំណែក​ពួកសត្វ​ ជាអ្នក​មិន​វៀរ​ចាក​អទិន្នាទាន​ មាន​ប្រមាណ​ច្រើន ក៏​យ៉ាង​នោះ​ដែរ​។បេ។

[៤៧០] ម្នាល​ភិក្ខុទាំងឡាយ​ ពួកសត្វជាអ្នក​វៀរ​ចាកកាមេសុមិច្ឆាចារ មាន​ប្រមាណ​តិច ចំណែក​ពួកសត្វ​ ជាអ្នក​មិន​វៀរ​ចាក​កាមេសុមិច្ឆាចារ​ មាន​ប្រមាណ​ច្រើន ក៏​យ៉ាង​នោះដែរ។បេ។

[៤៧១] ម្នាល​ភិក្ខុទាំងឡាយ​ ពួកសត្វជាអ្នក​វៀរ​ចាកមុសាវាទ មាន​ប្រមាណ​តិច ចំណែក​ពួកសត្វ​ ជាអ្នក​មិន​វៀរ​ចាក​មុសាវាទ​ មាន​ប្រមាណ​ច្រើន ក៏​យ៉ាង​នោះដែរ​។បេ។

[៤៧២] ម្នាល​ភិក្ខុទាំងឡាយ​ ពួកសត្វជាអ្នក​វៀរ​ចាកបិសុណាវាចា មាន​ប្រមាណ​តិច​ ចំណែក​ពួកសត្វ ​ជាអ្នក​មិន​វៀរ​ចាក​បិសុណាវាចា​ មាន​ប្រមាណ​ច្រើន ក៏​យ៉ាង​នោះដែរ។បេ។

[៤៧៣] ម្នាល​ភិក្ខុទាំងឡាយ​ ពួកសត្វជាអ្នក​វៀរ​ចាកផរុសវាចា មាន​ប្រមាណ​តិច​ ចំណែក​ពួកសត្វ​ ជាអ្នក​មិន​វៀរ​ចាក​ផរុសវាចា​ មាន​ប្រមាណ​ច្រើន ក៏​យ៉ាង​នោះ​ដែរ។បេ។

[៤៧៤] ម្នាល​ភិក្ខុទាំងឡាយ​ ពួកសត្វជាអ្នក​វៀរ​ចាកសម្ផប្បលាប មាន​ប្រមាណ​​​​តិច ចំណែក​ពួកសត្វ​ ជាអ្នក​មិន​វៀរ​ចាក​សម្ផប្បលាប​ មាន​ប្រមាណ​ច្រើន ក៏​យ៉ាង​​នោះដែរ។បេ។

[៤៧៥] ម្នាល​ភិក្ខុទាំងឡាយ​ ពួកសត្វជាអ្នក​វៀរ​ចាកការញ៉ាំង​ពីជគាម ​និង​      ភូត​គាម ឲ្យ​កម្រើក មាន​ប្រមាណ​តិច ចំណែក​ពួកសត្វ​ ជាអ្នក​មិន​វៀរ​ចាកការញ៉ាំង​ពីជគាម​​​​​ និង​ភូត​គាម ឲ្យ​កម្រើក​ មាន​ប្រមាណ​ច្រើន ក៏​យ៉ាង​នោះដែរ។បេ។

[៤៧៦] ម្នាល​ភិក្ខុទាំងឡាយ​ ពួកសត្វជាអ្នក​វៀរ​ចាកវិកាលភោជន មាន​ប្រមាណ​​​តិច​ ចំណែក​ពួកសត្វ ជាអ្នក​មិន​វៀរ​ចាកវិកាលភោជន​ មាន​ប្រមាណ​ច្រើន ក៏​យ៉ាង​នោះដែរ។បេ។

[៤៧៧] ម្នាល​ភិក្ខុទាំងឡាយ​ ពួកសត្វជាអ្នក​វៀរ​ចាកមាលាគន្ធវិលេ​បនធារណមណ្ឌន​វិភូ​សន​ដ្ឋាន មាន​ប្រមាណ​តិច ចំណែក​ពួកសត្វ​ ជាអ្នក​មិន​វៀរ​ចាក​មាលា​គន្ធវិលេ​បនធារណ​មណ្ឌន​វិភូ​សន​ដ្ឋាន​ មាន​ប្រមាណ​ច្រើន ក៏​យ៉ាង​នោះដែរ។

ចប់​ ទុតិយ​វគ្គ ទី៨។

ឧទាន គឺ

និយាយ​អំពី​ការ​វៀ​រ​ចាក​បាណាតិបាត ១ អទិន្នាទាន ១ កាមេសុមិច្ឆា​ចារ ១ មុសាវាទ ១ បេសុញ្ញវាទ​ ១ ផរុសវាទ ១ សម្ផប្ប​លាបៈ ១ ពីជគាម ១ វិកាលភោជន ១ គ្រឿង​ក្រអូប​​​ និង​គ្រឿង​លាប ១។

អាមក​ធញ្ញ​បេយ្យាលតតិយវគ្គ ទី៩

[៤៧៨] ម្នាល​ភិក្ខុទាំងឡាយ ពួក​សត្វ​ជាអ្នក​វៀរ​ចាក​កិរិយា​រាំច្រៀង ​ប្រគំ​ និង​ការ​មើល​ល្បែង​ផ្សេងៗ ដែល​ជាសត្រូវ​ ដល់​កុសល​ធម៌ មាន​ប្រ​មាណ​តិច ចំណែក​ពួក​សត្វ​ជាអ្នក​មិនវៀរ​ចាក​កិរិយា​រាំ​ច្រៀង ​ប្រគំ​ និង​ការ​មើល​ល្បែង​ផ្សេងៗ ដែល​ជាសត្រូវ​ ដល់​កុសល​ធម៌ មាន​ប្រ​មាណច្រើន ក៏យ៉ាង​នោះ​ដែរ។ ដំ​ណើរ​នោះ​ ព្រោះ​ហេតុ​អ្វី។បេ។

[​៤៧៩] ម្នាល​ភិក្ខុទាំងឡាយ ពួក​សត្វ​ជាអ្នក​វៀរ​ចាកទីដេក ​ឬ​ទី​អង្គុយ​ដ៏​ខ្ពស់​ហួស​ប្រមាណ និង​ទី​ដេក ឬ​ទី​អង្គុយ​ដ៏​ប្រសើរ មាន​ប្រមាណ​តិច ចំណែក​ពួក​សត្វ ជាអ្នក​មិនវៀរ​ចាកទីដេក​ ឬទី​អង្គុយ​ដ៏​ខ្ពស់ ​ហួស​ប្រមាណ​ និង​ទី​ដេក​ ឬ​ទី​អង្គុយ​ដ៏​ប្រសើរ មាន​ប្រ​មាណច្រើន ក៏យ៉ាង​នោះ​ដែរ។បេ។

[៤៨០] ម្នាល​ភិក្ខុទាំងឡាយ ពួក​សត្វ​ជាអ្នក​វៀរ​ចាកកា​រទទួល​ នូវ​មាស​ និង​ប្រាក់ មាន​ប្រមាណ​តិច ចំណែក​ពួក​សត្វ ជាអ្នក​មិនវៀរ​ចាកកា​រទទួល ​នូវ​មាស​ និងប្រាក់ មាន     ​ប្រ​មាណច្រើន ក៏យ៉ាង​នោះ​ដែរ។បេ។

[៤៨១] ម្នាល​ភិក្ខុទាំងឡាយ ពួក​សត្វ​ជាអ្នក​វៀរ​ចាកកិរិយាទទួល​ធញ្ញជាត​ស្រស់ មាន​ប្រមាណ​តិច ចំណែក​ពួក​សត្វ ជាអ្នក​មិនវៀរ​ចាកកិរិយាទទួល​ធញ្ញជាត​ស្រស់ មាន​ប្រ​មាណច្រើន ក៏យ៉ាង​នោះ​ដែរ។បេ។

[​៤៨២] ម្នាល​ភិក្ខុទាំងឡាយ ពួក​សត្វ​ជាអ្នក​វៀរ​ចាកការ​ទទួល​យក​សាច់​ឆៅ មាន​ប្រមាណ​តិច ចំណែក​ពួក​សត្វ ដែល​មិនវៀរ​ចាកការ​ទទួល​យក​សាច់​ឆៅ មាន​ប្រ​មាណច្រើន ក៏យ៉ាង​នោះ​ដែរ។បេ។

[៤៨៣] ម្នាល​ភិក្ខុទាំងឡាយ ពួក​សត្វ​ជាអ្នក​វៀរ​ចាកកិរិយា​ទទួល​ស្រី ​និង​ក្មេង​ស្រី មាន​ប្រមាណ​តិច ចំណែក​ពួក​សត្វ ដែលជាអ្នក​មិនវៀរ​ចាកកិរិយា​ទទួល​ស្រី​ និង​ក្មេង​ស្រី មាន​ប្រ​មាណច្រើន ក៏យ៉ាង​នោះ​ដែរ។បេ។

[៤៨៤] ម្នាល​ភិក្ខុទាំងឡាយ ពួក​សត្វ​ជាអ្នក​វៀរ​ចាកកិរិយា​ទទួល​ទាសី​ និង​ទាសៈ មាន​ប្រមាណ​តិច ចំណែក​ពួក​សត្វ ដែលជាអ្នក​មិនវៀរ​ចាកកិរិយា​ទទួលទាសី ​និង​ទាសៈ  មាន​ប្រ​មាណច្រើន ក៏យ៉ាង​នោះ​ដែរ។បេ។

[៤៨៥] ម្នាល​ភិក្ខុទាំងឡាយ ពួក​សត្វ​ជាអ្នក​វៀរ​ចាកកិរិយា​ទទួល​ពពែ និង​ចៀម មាន​ប្រមាណ​តិច ចំណែក​ពួក​សត្វ ជាអ្នក​មិនវៀរ​ចាកកិរិយា​ទទួលពពែ និង​ចៀម មាន      ​ប្រ​មាណច្រើន ក៏យ៉ាង​នោះ​ដែរ។បេ។

[៤៨៦] ម្នាល​ភិក្ខុទាំងឡាយ ពួក​សត្វ​ជាអ្នក​វៀរ​ចាកកិរិយា​ទទួលមាន់ ​និង​ជ្រូក មាន​ប្រមាណ​តិច ចំណែក​ពួក​សត្វ ជាអ្នក​មិនវៀរ​ចាកកិរិយាទទួលមាន់​ និង​ជ្រូក មាន        ​ប្រ​មាណច្រើន ក៏យ៉ាង​នោះ​ដែរ។បេ។

[៤៨៧] ម្នាល​ភិក្ខុទាំងឡាយ ពួក​សត្វ​ជាអ្នក​វៀរ​ចាកកិរិយា​ទទួលដំរី គោ​ សេះ​ឈ្មោល​ញី មាន​ប្រមាណ​តិច ចំណែក​ពួក​សត្វ ជាអ្នក​មិនវៀរ​ចាកកិរិយាទទួលដំរី គោ​ សេះ​ឈ្មោល​ញី មាន​ប្រ​មាណច្រើន ក៏យ៉ាង​នោះ​ដែរ។

ចប់ ​តតិយវគ្គ ទី៩។

ឧទាន គឺ

និយាយ​អំពី​កិរិយា​រាំ ១ អំពីកិរិយាដេក​លើ​ទី​ខ្ពស់ ​និង​ទី​ដ៏​ប្រសើរ ១ អំពីកិរិយាទទួល​ប្រាក់ ​និង​មាស ១ អំពីកិរិយាទទួលស្រូវ ១ អំពីកិរិយាទទួលសាច់ ១ អំពីកិរិយាទទួល​ស្រី ​និង​ក្មេង​ស្រី ១ អំពីកិរិយាទទួល​ទាសី​ ទាសៈ ១ អំពីកិរិយាទទួលពពែ ​និង​ចៀម ១ អំពីកិរិយាទទួលមាន់​ ជ្រូក​ ១ អំពីកិរិយាទទួល​ដំរី ១។

អាមក​ធញ្ញ​បេ​យ្យា​លចតុត្ថ​វគ្គ ទី១០

[៤៨៨] ម្នាល​ភិក្ខុទាំងឡាយ ពួក​សត្វ​ជាអ្នក​វៀរ​ស្រឡះ ចាកការ​ទទួលស្រែ ​និង​ចម្ការ  មាន​ប្រមាណ​តិច ចំណែក​ពួក​សត្វ ជាអ្នក​មិនវៀរស្រឡះ​ ចាកការ​ទទួលស្រែ​ និង​ចម្ការ  មាន​ប្រ​មាណច្រើន ក៏យ៉ាង​នោះ​ដែរ។បេ។

[៤៨៩] ម្នាល​ភិក្ខុទាំងឡាយ ពួក​សត្វ​ជាអ្នក​វៀរ​ស្រឡះ ចាកការ​ទិញ ​និង​លក់ មាន​ប្រមាណ​តិច ចំណែក​ពួក​សត្វ ជាអ្នក​មិនវៀរ​ចាកការ​ទិញ ​និង​លក់ មាន​ប្រ​មាណ​ច្រើន ក៏យ៉ាង​នោះ​ដែរ។បេ។

[៤៩០] ម្នាល​ភិក្ខុទាំងឡាយ ពួក​សត្វ​ជាអ្នក​វៀរ​ស្រឡះ ចាកការប្រកប​ នូវ​ទូតកម្ម​ គឺនាំ​សំបុត្រ​ ឬ​ពាក្យ​បណ្ដាំ ដល់​គ្រហស្ថ​ និង​ទៅ​ដោយ​គេ​បញ្ជូន​អំពី​ផ្ទះ ១ ទៅ​ផ្ទះ​ ១ មាន​ប្រមាណ​តិច ពួក​សត្វ ជាអ្នក​មិនវៀរស្រឡះ​ ចាកការប្រកប​ នូវ​ទូតកម្ម ​គឺនាំ​សំបុត្រ​ ឬ​ពាក្យ​បណ្ដាំ ដល់​គ្រហស្ថ​ និង​ទៅ​ដោយ​គេ​បញ្ជូន​អំពី​ផ្ទះ ១ ទៅ​ផ្ទះ​ ១ មាន​ប្រ​មាណច្រើន ក៏យ៉ាង​នោះ​ដែរ។បេ។

[៤៩១] ម្នាល​ភិក្ខុទាំងឡាយ ពួក​សត្វ​ជាអ្នក​វៀរ​ស្រឡះ ចាកការ​ឆបោក ​ឬ​បន្លំ​ដោយ​ជញ្ជីង​ និង​ឆបោក ដោយ​ភាជន​មាស​ គឺ​ឆរ​បោក​ ដោយ​រង្វាស់​រង្វាល់​ មាន​ប្រមាណ​​​តិច ​ចំណែក​ពួក​សត្វ ជាអ្នក​វៀរស្រឡះ​ ចាកការ​ឆបោក ​ឬ​បន្លំ​ដោយ​ជញ្ជីង ​និង​ឆបោក ដោយ​ភាជន​មាស ​គឺ​ឆរ​បោក​ ដោយ​រង្វាស់​រង្វាល់ មាន​ប្រ​មាណច្រើន ក៏យ៉ាង​នោះ​ដែរ។បេ។

[៤៩២] ម្នាល​ភិក្ខុទាំងឡាយ ពួក​សត្វ​ជាអ្នក​វៀរ​ស្រឡះ ចាកការ​ប្រកប​អំពើ​វៀច    ​គឺ​បង្ខុស​ និង​បំភាន់ បញ្ឆោត​បោក​ប្រាស ឬ​បន្លំ​ ដោយ​របស់​ប្លម មាន​ប្រមាណ​តិច ចំណែក​ពួក​សត្វ ជាអ្នក​មិនវៀរស្រឡះ​ ចាកការ​​ប្រកប​អំពើ​វៀច ​គឺ​បង្ខុស ​និង​បំភាន់ បញ្ឆោត​ បោក​ប្រាស ឬ​បន្លំ​ ដោយ​របស់​ប្លម មាន​ប្រ​មាណច្រើន ក៏យ៉ាង​នោះ​ដែរ។បេ។

[៤៩៣] ម្នាល​ភិក្ខុទាំងឡាយ ពួក​សត្វ​ជាអ្នក​វៀរ​ស្រឡះ ចាកកិរិយា​កាត់ (នូវ        ​អវយវៈ មាន​ដៃ​ជាដើម) សម្លាប់​ ចាប់​ចង​​ ធ្វើ​មនុស្ស​ឲ្យ​វង្វេង​ផ្លូវ ​ប្លន់អ្នក​ស្រុក​ និង​កំហែង​យក​ទ្រព្យ មាន​ប្រមាណ​តិច ចំណែក​ពួក​សត្វ ជាអ្នក​មិនវៀរស្រឡះ ចាកកិរិយា​កាត់ (នូវ​អវយ​វៈ មាន​ដៃ​ ជាដើម) សម្លាប់ ​ចាប់​ចង ​​ធ្វើ​មនុស្ស​ឲ្យ​វង្វេង​ផ្លូវ ​ប្លន់អ្នក​ស្រុក ​និង​កំហែង​យក​ទ្រព្យ មាន​ប្រ​មាណច្រើន។ ដំណើរ​នោះ​ ព្រោះ​ហេតុ​អ្វី។ ម្នាល​ភិក្ខុទាំងឡាយ​ ព្រោះ​ សត្វទាំងនោះ ​មិន​ឃើញ​នូវ​អរិយ​សច្ច ៤។ អរិយ​សច្ច ៤ ដូចម្ដេច​ខ្លះ​។ គឺទុក្ខ​អរិយ​សច្ច ១។បេ។ ទុក្ខនិរោធគាមិនីបដិបទាអរិយសច្ច ១ ក៏​យ៉ាង​នោះ​ដែរ។ ម្នាល​ភិក្ខុទាំងឡាយ ព្រោះ​ហេតុ​នោះ ភិក្ខុក្នុង​សាសនា​នេះ គួរ​ធ្វើ​សេចក្ដីព្យាយាមថា នេះ​ជាទុក្ខ។បេ។  គួរធ្វើ​សេចក្ដីព្យាយាមថា​ នេះ​ជាទុក្ខនិរោធគាមិនី​បដិបទា។

[៤៩៤] គ្រានោះឯង ព្រះ​មាន​ព្រះភាគ ទ្រង់​លើក​នូវ​អាចម៍​ដី​​បន្តិច ដាក់លើ​ចុង​ព្រះ​នខា ទ្រង់ត្រាស់​នឹង​ភិក្ខុទាំងឡាយ​ថា ម្នាល​ភិក្ខុទាំងឡាយ​ អ្នកទាំងឡាយ សំគាល់​ហេតុ​នោះ​ ដូចម្ដេច អាចម៍ដី ដែល​តថាគត ​លើកដាក់​លើ​ចុង​ក្រចកបន្តិច​នេះ និងមហាប្រឹថពីនេះ​ របស់​ទាំងពីរ​  តើ​របស់​ណាច្រើនជាង។ បពិត្រព្រះអង្គ​ដ៏ចំរើន មហាប្រឹថពី​នុ៎ះឯង​ ច្រើនជាង អាចម៍ដីបន្តិច ដែល​ព្រះ​មាន​ព្រះភាគ លើកដាក់​លើ​ចុង​ព្រះ​នខានេះ មានប្រមាណតិច អាចម៍ដីបន្តិច ដែល​ព្រះ​មាន​​ព្រះភាគ លើកដាក់​លើ​ចុង​ព្រះ​នខា មិន​ដល់​នូវកិរិយា​រាប់ផង មិនដល់​នូវកិរិយា​ប្រៀបធៀបផង មិន​ដល់​នូវ​ចំណែក​នៃ​ចំណិតផង ដោយការ​ប្រៀបផ្ទឹមនឹង​មហាប្រឹថពីបានឡើយ យ៉ាងណាមិញ។ ម្នាល​ភិក្ខុ​ទាំងឡាយ​ ពួកសត្វ ដែលច្យុត អំពីមនុស្ស​ ទៅ​កើត​ជាមនុស្ស មាន​ប្រមាណ​តិច ​ចំណែក​ពួកសត្វ ដែលច្យុតអំពីមនុស្ស​ ទៅ​កើតក្នុងនរក ​មានប្រមាណ​ច្រើន ក៏​យ៉ាង​នោះ​​ដែរ។បេ។

[៤៩៥] ម្នាល​ភិក្ខុទាំងឡាយ​ ពួកសត្វ ដែលច្យុតអំពីមនុស្ស​ ទៅ​កើត​ជាមនុស្ស មាន​ប្រមាណ​តិច ពួកសត្វ ដែលច្យុតអំពីមនុស្ស​ ទៅ​កើតជាតិរច្ឆាន មាន​ប្រមាណ​ច្រើន ក៏​យ៉ាង​នោះ​​ដែរ។ (គតិ ៥ បណ្ឌិត ត្រូវ​ឲ្យ​ពិស្ដារ​ តាម​ន័យ​នេះចុះ)។ ម្នាល​ភិក្ខុទាំងឡាយ​ ពួកសត្វ ដែលច្យុតអំពីមនុស្ស ​ទៅ​កើត​ជាទេវតា មាន​ប្រមាណ​តិច ពួកសត្វ ដែលច្យុតអំពីមនុស្ស​ ទៅ​កើតក្នុង​នរក ​មានប្រមាណ​ច្រើន។ ទៅ​កើតក្នុងកំណើត​តិរច្ឆាន។  ទៅ​កើត​ក្នុងបិត្តិវិស័យ។ ក៏​យ៉ាង​នោះ​​ដែរ។

[៤៩៦] ម្នាល​ភិក្ខុទាំងឡាយ​ ពួកសត្វដែលច្យុតអំពីទេវតា​ ទៅ​កើត​ក្នុងឋាន​ទេវតា​ទាំងឡាយ មាន​ប្រមាណ​តិច ចំណែកពួកសត្វ ដែលច្យុតអំពីទេវតា​ ទៅ​កើតក្នុង​​នរក​ ​មានប្រមាណ​ច្រើន។ កើតក្នុងកំណើត​តិរច្ឆាន។  កើតក្នុងបិត្តិវិស័យ ក៏​យ៉ាង​នោះ​​ដែរ។

[៤៩៧] ម្នាល​ភិក្ខុទាំងឡាយ​ ពួកសត្វ ដែលច្យុតអំពីទេវតា​ មក​កើត​ជាមនុស្ស មាន​​​​ប្រមាណ​តិច ចំណែកពួកសត្វ ដែលច្យុតអំពីទេវតា ​ទៅ​កើតក្នុងនរក ​មានប្រមាណ​ច្រើន ​។ ​កើតក្នុងកំណើត​តិរច្ឆាន។  ​កើតក្នុងបិត្តិវិស័យ ក៏​យ៉ាង​នោះ​​ដែរ។

[៤៩៨] ម្នាល​ភិក្ខុទាំងឡាយ​ ពួកសត្វដែលច្យុតអំពីនរក ​មក​កើត​ជាមនុស្ស មាន​ប្រមាណ​តិច ចំណែកពួកសត្វ ដែលច្យុតអំពីនរក​ កើតក្នុងនរក ​មានប្រមាណ​ច្រើន។ កើតក្នុងកំណើត​តិរច្ឆាន។  កើតក្នុងបិត្តិវិស័យ ក៏​យ៉ាង​នោះ​​ដែរ។

[៤៩៩] ម្នាល​ភិក្ខុទាំងឡាយ​ ពួកសត្វដែលច្យុត អំពីនរក​ ទៅ​កើត​ជាទេវតា មាន​ប្រមាណ​តិច ចំណែកពួកសត្វ ដែលច្យុតអំពីនរក ​កើតក្នុងនរកវិញ ​មានប្រមាណ​ច្រើន។ កើតក្នុងកំណើត​តិរច្ឆាន។  ​កើតក្នុងបិត្តិវិស័យ ក៏​យ៉ាង​នោះ​​ដែរ។

[៥០០] ម្នាល​ភិក្ខុទាំងឡាយ​ ពួកសត្វដែលច្យុតអំពីកំណើត​តិរច្ឆាន មកកើត​ជា​មនុស្ស មាន​ប្រមាណ​តិច ចំណែកពួកសត្វ ដែលច្យុតអំពីកំណើត​តិរច្ឆាន​ ទៅ​កើត​ក្នុងនរក ​មានប្រមាណ​ច្រើន។ ​កើតក្នុងកំណើត​តិរច្ឆាន។  ​កើតក្នុងបិត្តិវិស័យ ក៏​យ៉ាង​នោះ​​ដែរ។

[៥០១] ម្នាល​ភិក្ខុទាំងឡាយ​ ពួកសត្វដែលច្យុតអំពីកំណើត​តិរច្ឆាន ទៅកើត​ជា​ទេវតា មាន​ប្រមាណ​តិច ចំណែកពួកសត្វ ដែលច្យុតអំពីកំណើត​តិរច្ឆាន​ ទៅ​កើតក្នុង នរក មាន​ប្រមាណ​ច្រើន។ កើតក្នុងកំណើត​តិរច្ឆាន។  ​កើតក្នុងបិត្តិវិស័យ ក៏​យ៉ាង​នោះ​​ដែរ។

[៥០២] ម្នាល​ភិក្ខុទាំងឡាយ​ ពួកសត្វដែលច្យុតអំពីបិត្តិវិស័យ មកកើត​ជា​មនុស្ស​ មាន​ប្រមាណ​តិច ចំណែកពួកសត្វ ដែលច្យុតអំពីបិត្តិវិស័យ ​ទៅ​កើតក្នុងនរក មាន​ប្រមាណ​ច្រើន។ កើតក្នុងកំណើត​តិរច្ឆាន។  កើតក្នុងបិត្តិវិស័យ ក៏​យ៉ាង​នោះ​​ដែរ។

[៥០៣] ម្នាល​ភិក្ខុទាំងឡាយ​ ពួកសត្វដែលច្យុតអំពីបិត្តិវិស័យ ទៅកើត​ជាទេវតា មាន​ប្រមាណ​តិច ចំណែកពួកសត្វ ដែលច្យុតអំពីបិត្តិវិស័យ ​ទៅ​កើតក្នុងនរក ​មាន​ប្រមាណ​ច្រើន ក៏​យ៉ាង​នោះ​​ដែរ។

[៥០៤] ម្នាល​ភិក្ខុទាំងឡាយ​ ពួកសត្វដែលច្យុតអំពីបិត្តិវិស័យ ទៅកើត​ជា​ទេវតា​មាន​​ប្រមាណ​តិច ចំណែកពួកសត្វ ដែលច្យុតអំពីបិត្តិវិស័យ ​ទៅ​កើតក្នុងកំណើត​តិរច្ឆាន ​មានប្រមាណ​ច្រើន ក៏​យ៉ាង​នោះ​​ដែរ។

[៥០៥] ម្នាល​ភិក្ខុទាំងឡាយ​ ពួកសត្វដែលច្យុតអំពីបិត្តិវិស័យ ទៅកើត​ជាទេវតា មាន​ប្រមាណ​តិច ចំណែកពួកសត្វ ដែលច្យុតអំពីបិត្តិវិស័យ​ ទៅ​កើតក្នុងបិត្តិវិស័យ មាន ​ ប្រមាណ​ច្រើន។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាល​ភិក្ខុទាំងឡាយ​ ព្រោះ​ពួកសត្វ ​មិន​ឃើញ​នូវ​អរិយ​សច្ច ៤។ អរិយ​សច្ច ៤ តើដូចម្ដេច​ខ្លះ​។ គឺទុក្ខ​អរិយ​សច្ច ១ ទុក្ខសមុទ​យ​អរិយសច្ច ១ ទុក្ខនិរោធ​អរិយសច្ច ១ ទុក្ខនិរោធគាមិនីបដិបទាអរិយសច្ច ១ ក៏​យ៉ាង​នោះ​ដែរ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ព្រោះ​ហេតុ​នោះ ភិក្ខុក្នុង​សាសនា​នេះ គួរ​ធ្វើ​សេចក្ដី​ព្យាយាមថា នេះ​ជាទុក្ខ គួរ​ធ្វើ​សេចក្ដី​ព្យាយាម​ថា នេះជាទុក្ខ​សមុទ័យ គួរ​ធ្វើ​សេចក្ដី​ព្យាយាម​ថា នេះជាទុក្ខនិរោធ គួរធ្វើ​សេចក្ដីព្យាយាមថា​ នេះ​ជាទុក្ខនិរោធគាមិនីបដិបទា។ លុះ​ព្រះ​មានព្រះ​ភាគ បាន​ត្រាស់​ព្រះ​សូត្រ​នេះ​ចប់​ហើយ ភិក្ខុ​ទាំង​នោះ ក៏​មាន​ចិត្តរីករាយ ត្រេក​អរ​នឹង​ភាសិត របស់​ព្រះ​មានព្រះភាគ។

ចប់ ​ចតុត្ថវគ្គ ទី១០។

ចប់​ចក្កបេយ្យាល។

ចប់​សច្ច​សំយុត្ត​។

ចប់​មហា​វារសំ​យុត្ត។

ឧទាននៃមហាវារសំយុត្តនោះគឺ

និយាយអំពី​មគ្គ​សំយុត្ត ១ អំពី​ពោជ្ឈ​ង្គ​សំយុត្ត ១ អំពី​សតិប្ប​ដ្ឋាន​សំយុត្ត ១ អំពីឥន្ទ្រិយសំយុត្ត ១ អំពីសម្មប្បធាន​សំយុត្ត ១ អំពី​ពល​សំយុត្ត ១​ អំពីឥទ្ធិបាទ​សំយុត្ត ១ អំពីអនុរុទ្ធ​សំយុត្ត ១ អំពីឈាន​សំយុត្ត ១ អំពីអានា​បាន​សំយុត្ត ១ អំពីសោតាបត្តិសំយុត្ត ១ អំពីសច្ច​សំយុត្ត ១ សំយុត្តទាំង ១២ នេះ​ ប្រាកដ​ដោយឈ្មោះ​ថា មហាវារវគ្គ ដែល​ព្រះ​សយម្ភូទ្រង់​សំដែង​ហើយ។

ចប់ ភាគ៣៩។

សូមអនុមោទនា !!!

Oben-pfeil