នវមភាគ
ភាគទី៤៨
សូមនមស្ការព្រះដ៏មានព្រះភាគអរហន្តសម្មាសម្ពុទ្ធអង្គនោះ។
បឋមបណ្ណាសក
មេត្តាវគ្គ ទី១
មេត្តាសូត្រ ទី១
[១] ខ្ញុំបានស្ដាប់មកយ៉ាងនេះ។ សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់ក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ ក្នុងទីនោះឯង ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់នឹងភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ។ ភិក្ខុទាំងនោះ ទទួលព្រះពុទ្ធដីកានៃព្រះដ៏មានព្រះភាគថា ព្រះករុណា ព្រះអង្គ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ មេត្តាចេតោវិមុត្តិ ដែលបុគ្គលធ្វើឲ្យថ្នឹក ចំរើនធ្វើឲ្យរឿយៗ ធ្វើឲ្យដូចជាយាន ធ្វើឲ្យជាទីនៅ បានតាំងទុករឿយ ៗ បានសន្សំ បានប្រារព្ធល្អហើយ មានអានិសង្ស ៨ ប្រការជាប្រាកដ។ អានិសង្ស ៨ ប្រការ តើដូចម្តេចខ្លះ។ គឺដេកលក់ជាសុខ ១ ភ្ញាក់ឡើងជាសុខ ១ មិនឃើញនូវសុបិនអាក្រក់ ១ ជាទីស្រឡាញ់នៃពួកមនុស្ស ១ ជាទីស្រឡាញ់នៃពួកអមនុស្ស ១ ពួកទេវតាតែងរក្សា ១ ភ្លើងក្តី ថ្នាំពិសក្តី សស្រ្តាវុធក្តី មិនប៉ះពាល់នូវបុគ្គលនោះ ១ កាលបើមិនទាន់បានគុណវិសេសដ៏ខ្ពង់ខ្ពស់ទេ រមែងទៅកើតក្នុងព្រហ្មលោក ១។ ម្នាលភិក្ខុទាំងឡាយ មេត្តាចេតោវិមុត្តិ ដែលបុគ្គលធ្វើឲ្យថ្នឹក ចំរើនធ្វើឲ្យរឿយ ៗ ធ្វើឲ្យដូចជាយាន ធ្វើឲ្យជាទីនៅ បានតាំងទុករឿយ ៗ បានសន្សំ បានប្រារព្ធល្អហើយ រមែងមានអានិសង្ស ៨ ប្រការនេះឯងជាប្រាកដ។
បុគ្គលដែលនឹករលឹកចំពោះ ចំរើននូវមេត្តា ប្រមាណមិនបាន ពិចារណាឃើញនូវការអស់ទៅ នៃឧបធិក្កិលេស សំយោជនៈទាំងឡាយ ក៏ស្រាលស្តើង (ចាកខន្ធសន្ដាន)
បើបុគ្គលមានចិត្តមិនបានប្រទុស្ដសត្វណាមួយ ឈ្មោះថា ជាប់មេត្តា កុសលក៏រមែងកើតមាន ដោយហេតុនោះ ចំណែកព្រះអរិយៈ មានចិត្តអនុគ្រោះសត្វទាំងឡាយទាំងពួង តែងធ្វើបុណ្យច្រើន ពួកស្ដេចណា ដែលប្រាកដដូចជាឥសី បានឈ្នះនូវផែនដី ដែលពាសពេញដោយមនុស្សសត្វ កាលឲ្យទាន ប្រព្រឹត្តរឿយ ៗ (ដោយសង្គហវត្ថុ ៤ ប្រការ) គឺឈ្លាសវៃ ក្នុងការទំនុកបម្រុងធញ្ញជាតិ ១ ឈ្លាសវៃក្នុងការទំនុកបម្រុងមនុស្ស ១ ការចងចិត្តមនុស្ស ១ ពោលពាក្យជាទីស្រឡាញ់ ១ មិនបាច់ប្រើរនុកទ្វារផ្ទះឡើយ ការឲ្យទានទាំងឡាយនោះ ក៏មិនដល់នូវចំណិតក្នុងចំណែក ១៦ នៃមេត្តាចិត្ត ដែលបានអប់រំហើយ ដូចជារស្មីព្រះចន្ទ្រ និងពួកផ្កាយទាំងពួង បុគ្គលណា ជាអ្នកមានចំណែកនៃមេត្តាសមាធិចិត្ត ចំពោះពួកសត្វទាំងអស់ មិនបៀតបៀន មិនសម្លាប់ មិនធ្វើសេចក្តីវិនាសដល់សត្វដទៃដោយខ្លួនឯង មិនប្រើអ្នកដទៃ ឲ្យធ្វើសេចក្តីវិនាសដល់សត្វដទៃ វេរារបស់បុគ្គលនោះ មិនមានដោយហេតុណាមួយឡើយ។
បញ្ញាសូត្រ ទី២
[២] ម្នាលភិក្ខុទាំងឡាយ ហេតុ ៨ យ៉ាង បច្ច័យ ៨ យ៉ាងនេះ ប្រព្រឹត្តទៅ ដើម្បីបាននូវបញ្ញា ជាខាងដើមនៃមគ្គព្រហ្មចារ្យ ដែលខ្លួនមិនធ្លាប់បាន ដើម្បីជាភិយ្យោភាព ដ៏ធំទូលាយ ចំរើនបរិបូណ៌នូវបញ្ញាដែលខ្លួនបានហើយ។ ហេតុបច្ច័យ ៨ យ៉ាង តើដូចម្ដេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចូលទៅអាស្រ័យនៅនឹងគ្រូ ឬសព្រហ្មចារីបុគ្គលណាមួយ ជាគរុដ្ឋានិយបុគ្គល (បុគ្គលតាំងនៅក្នុងស្ថានដែលគួរគោរព) ជាអ្នកមានហិរិ និងឱត្តប្បៈដ៏ក្លៀវក្លា ដម្កល់នូវសេចក្តីស្រឡាញ់ និងសេចក្តីគោរព ចំពោះបុគ្គលជាគរុដ្ឋានិយៈ ម្នាលភិក្ខុទាំងឡាយ នេះជាហេតុ នេះជាបច្ច័យ ទី១ ដែលប្រព្រឹត្តទៅ ដើម្បីបានចំពោះនូវបញ្ញាជាខាងដើមនៃមគ្គព្រហ្មចារ្យដែលខ្លួនមិនធ្លាប់បាន ដើម្បីជាភិយ្យោភាព ដ៏ធំទូលាយ ចំរើនបរិបូណ៌នូវបញ្ញាដែលខ្លួនបាន។ បុគ្គលនោះ ចូលទៅអាស្រ័យនៅនឹងគ្រូនោះ ឬសព្រហ្មចារីបុគ្គលណាមួយ ជាគរុដ្ឋានិយៈ ជាអ្នកមានហិរិ និងឱត្តប្បៈដ៏ក្លៀវក្លា ដម្កល់សេចក្តីស្រឡាញ់ និងសេចក្តីគោរពចំពោះបុគ្គលគរុដ្ឋានិយៈ ភិក្ខុនោះ ចូលទៅរក (បុគ្គលនោះ) តាមកាលគួរ ហើយសាកសួរត្រង់ប្រស្នាថា បពិត្រលោកដ៏ចំរើន ហេតុនេះដូចម្តេច សេចក្តីអធិប្បាយ នៃភាសិតនេះដូចម្តេច។ លោកដ៏មានអាយុទាំងឡាយនោះ បើកបង្ហាញនូវធម៌ដែលកំបាំងផង ធ្វើធម៌ដែលមានជម្រៅ ឲ្យរាក់ផង បន្ទោបង់នូវសេចក្តីសង្ស័យ ក្នុងធម៌ដែលគួរសង្ស័យច្រើនប្រការផង ដល់ភិក្ខុនោះ ម្នាលភិក្ខុទាំងឡាយ នេះជាហេតុ ទី២ ជាបច្ច័យ ទី២ ដែលប្រព្រឹត្តទៅ ដើម្បីបានចំពោះនូវបញ្ញា ជាខាងដើមនៃមគ្គព្រហ្មចារ្យដែលខ្លួនមិនធ្លាប់បាន ដើម្បីជាភិយ្យោភាព ដ៏ធំទូលាយ ចំរើនបរិបូណ៌នូវបញ្ញាដែលខ្លួនបាន។ ភិក្ខុនោះ លុះបានស្ដាប់ធម៌នោះហើយ ទើបញុំាងសេចក្តីស្ងប់រម្ងាប់ ២ ប្រការ ឲ្យសម្រេច គឺការស្ងប់រម្ងាប់កាយ ១ ស្ងប់រម្ងាប់ចិត្ត ១ ម្នាលភិក្ខុទាំងឡាយ នេះជាហេតុ ទី៣ ជាបច្ច័យ ទី៣ ដែលប្រព្រឹត្តទៅ ដើម្បីបានចំពោះនូវបញ្ញា ជាខាងដើមនៃមគ្គព្រហ្មចារ្យ ដែលខ្លួនមិនធ្លាប់បាន ដើម្បីជាភិយ្យោភាព ដ៏ធំទូលាយ ចំរើន បរិបូណ៌នូវបញ្ញាដែលខ្លួនបាន។ ភិក្ខុជាអ្នកមានសីល សង្រួមហើយក្នុងបាតិមោក្ខសំវរៈ បរិបូណ៌ដោយអាចារៈ និងគោចរៈ ឃើញភ័យក្នុងទោសទាំងឡាយ សូម្បីបន្តិចបន្តួច សមាទាន សិក្សាក្នុងសិក្ខាបទទាំងឡាយ ម្នាលភិក្ខុទាំងឡាយ នេះជាហេតុ ទី៤ ជាបច្ច័យ ទី៤ ដែលប្រព្រឹត្តទៅ ដើម្បីបានចំពោះនូវបញ្ញា ជាខាងដើមនៃមគ្គព្រហ្មចារ្យ ដែលខ្លួនមិនធ្លាប់បាន ដើម្បីជាភិយ្យោភាពដ៏ធំទូលាយ ចំរើន បរិបូណ៌នូវបញ្ញា ដែលខ្លួនបាន។ ភិក្ខុជាអ្នករៀនសូត្រច្រើន ទ្រទ្រង់ព្រះសូត្រ ចេះចាំព្រះសូត្រ ធម៌ទាំងឡាយណា មានពីរោះបទដើម ពីរោះបទកណ្ដាល ពីរោះបទចុង ប្រកាសនូវព្រហ្មចរិយធម៌ ព្រមទាំងអត្ថ ព្រមទាំងព្យញ្ជនៈ ដ៏បរិបូណ៌ បរិសុទ្ធទាំងអស់ ធម៌ទាំងឡាយ មានសភាពដូច្នោះ ភិក្ខុនោះ បានរៀនសូត្រច្រើន ទ្រទ្រង់ចាំស្ទាត់ រត់មាត់ ជាក់ច្បាស់ក្នុងចិត្ត យល់ច្បាស់ដោយទិដ្ឋិ ម្នាលភិក្ខុទាំងឡាយ នេះជាហេតុ ទី៥ ជាបច្ច័យ ទី៥ ដែលប្រព្រឹត្តទៅ ដើម្បីបានចំពោះនូវបញ្ញា ជាខាងដើមនៃមគ្គព្រហ្មចារ្យ ដែលខ្លួនមិនធ្លាប់បាន ដើម្បីជាភិយ្យោភាព ដ៏ធំទូលាយ ចំរើន បរិបូណ៌នូវបញ្ញា ដែលខ្លួនបាន។ ភិក្ខុប្រារព្ធសេចក្តីព្យាយាម ដើម្បីលះបង់នូវអកុសលធម៌ទាំងឡាយ ហើយបំពេញនូវកុសលធម៌ទាំងឡាយ មានកំឡាំង មានសេចក្តីប្រឹងប្រែងដ៏មាំ មិនដាក់ធុរៈ ក្នុងធម៌ទាំងឡាយជាកុសល ម្នាលភិក្ខុទាំងឡាយ នេះជាហេតុ ទី៦ ជាបច្ច័យ ទី៦ ដែលប្រព្រឹត្តទៅ ដើម្បីបានចំពោះនូវបញ្ញា ជាខាងដើមនៃមគ្គព្រហ្មចារ្យ ដែលខ្លួនមិនធ្លាប់បាន ដើម្បីជាភិយ្យោភាពដ៏ធំទូលាយ ចំរើន បរិបូណ៌នូវបញ្ញាដែលខ្លួនបាន។ ភិក្ខុនៅក្នុងសង្ឃ មិនមែននិយាយផ្តេសផ្ដាស មិនមែនជាអ្នកនិយាយតិរច្ឆានកថា រមែងសំដែងធម៌ដោយខ្លួនឯងផង អារាធនាអ្នកឯទៀត ឲ្យសំដែងផង មិនមើលងាយព្រះអរិយៈ ដែលស្ងប់ស្ងៀមផង ម្នាលភិក្ខុទាំងឡាយ នេះជាហេតុ ទី៧ ជាបច្ច័យ ទី៧ ដែលប្រព្រឹត្តទៅ ដើម្បីបានចំពោះនូវបញ្ញា ជាខាងដើមនៃមគ្គព្រហ្មចារ្យ ដែលខ្លួនធ្លាប់បាន ដើម្បីជាភិយ្យោភាព ដ៏ធំទូលាយ ចំរើន បរិបូណ៌នូវបញ្ញាដែលខ្លួនបាន។ ភិក្ខុពិចារណាឃើញរឿយៗ នូវការកើតឡើង និងសូន្យទៅ ក្នុងឧបាទានក្ខន្ធទាំងឡាយ ៥ ថា រូបដូច្នេះ ការកើតឡើងនៃរូបដូច្នេះ ការវិនាសនៃរូបដូច្នេះ វេទនាដូច្នេះ សញ្ញាដូច្នេះ សង្ខារទាំងឡាយដូច្នេះ វិញ្ញាណដូច្នេះ ការកើតឡើងនៃវិញ្ញាណដូច្នេះ ការវិនាសទៅ នៃវិញ្ញាណដូច្នេះ។ ម្នាលភិក្ខុទាំងឡាយ នេះជាហេតុ ទី៨ ជាបច្ច័យ ទី៨ ដែលប្រព្រឹត្តទៅ ដើម្បីបានចំពោះនូវបញ្ញា ជាខាងដើមនៃមគ្គព្រហ្មចារ្យដែលខ្លួនមិនធ្លាប់បាន ដើម្បីជាភិយ្យោភាពដ៏ធំទូលាយ ចំរើន បរិបូណ៌នូវបញ្ញា ដែលខ្លួនបានហើយ។ ពួកសព្រហ្មចារីបុគ្គល តែងនាំគ្នាសរសើរនូវភិក្ខុនោះ យ៉ាងនេះថា លោកដ៏មានអាយុ (នេះ) បានចូលទៅនៅអាស្រ័យនៅនឹងគ្រូ ឬសព្រហ្មចារីបុគ្គលណាមួយ ជាគរុដ្ឋានិយៈ ជាអ្នកមានហិរិ និងឱត្តប្បៈ ដម្កល់សេចក្តីស្រឡាញ់ និងសេចក្តីគោរព ចំពោះបុគ្គលជាគរុដ្ឋានិយៈ ដោយគិតថា លោកដ៏មានអាយុនេះ ដឹងនូវហេតុដែលគួរដឹង ឃើញនូវហេតុ ដែលគួរឃើញដោយពិត ធម៌នេះប្រព្រឹត្តទៅ ដើម្បីឲ្យគេស្រឡាញ់ ដើម្បីឲ្យគេគោរព ដើម្បីញុំាងគុណ ឲ្យចំរើន ដើម្បីភាពជាសមណៈ ដើម្បីសេចក្ដីស្ងប់ស្ងាត់។ ចំណែកលោកដ៏មានអាយុនេះ ចូលទៅនៅអាស្រ័យនឹងគ្រូនោះ ឬសព្រហ្មចារីបុគ្គលណាមួយ ជាគរុដ្ឋានិយៈ ជាអ្នកមានហិរិ និងឱត្តប្បៈ ដម្កល់សេចក្តីស្រឡាញ់ និងសេចក្តីគោរព ចំពោះបុគ្គលជាគរុដ្ឋានិយៈ លុះលោកដ៏មានអាយុនោះ ចូលទៅរកគ្រូនោះតាមកាលដ៏សមគួរហើយ សាកសួរត្រង់ប្រស្នាថា បពិត្រលោកដ៏ចំរើន ហេតុនេះដូចម្ដេច សេចក្ដីអធិប្បាយនៃភាសិតនេះដូចម្ដេច។ លោកដ៏មានអាយុទាំងនោះ ក៏បើកបង្ហាញ នូវធម៌ដែលកំបាំងផង ធ្វើធម៌ដែលមានជម្រៅ ឲ្យរាក់ផង បន្ទោបង់នូវសេចក្តីសង្ស័យ ក្នុងធម៌ទាំងឡាយ ដែលគួរសង្ស័យច្រើនប្រការផង ដោយគិតថា លោកដ៏មានអាយុនេះ រមែងដឹងនូវហេតុដែលគួរដឹង ឃើញនូវហេតុដែលគួរឃើញដោយពិត ឯធម៌នេះ ប្រព្រឹត្តទៅ ដើម្បីឲ្យគេស្រឡាញ់ ដើម្បីឲ្យគេគោរព ដើម្បីញុំាងគុណឲ្យចំរើន ដើម្បីភាពជាសមណៈ ដើម្បីសេចក្ដីស្ងប់ស្ងាត់។ លុះលោកមានអាយុនេះ ស្ដាប់ធម៌នោះហើយ ទើបញុំាងការស្ងប់រម្ងាប់ ២ ប្រការឲ្យសម្រេច គឺការស្ងប់រម្ងាប់កាយ ១ ស្ងប់រម្ងាប់ចិត្ត ១ ដោយគិតថា លោកដ៏មានអាយុនេះ រមែងដឹងនូវហេតុដែលគួរដឹង ឃើញនូវហេតុ ដែលគួរឃើញដោយពិត ធម៌នេះឯង ប្រព្រឹត្តទៅ ដើម្បីឲ្យគេស្រឡាញ់ ដើម្បីឲ្យគេគោរព ដើម្បីញុំាងគុណឲ្យចំរើន ដើម្បីភាពជាសមណៈ ដើម្បីសេចក្ដីស្ងប់ស្ងាត់។ ចំណែកខាងលោកដ៏មានអាយុនេះ ជាអ្នកមានសីល សង្រួមហើយក្នុងបាតិមោក្ខសំវរៈ បរិបូណ៌ដោយអាចារៈ និងគោចរៈ ឃើញភ័យក្នុងទោសទាំងឡាយបន្តិចបន្តួច សមាទាន សិក្សាក្នុងសិក្ខាបទទាំងឡាយ ក៏គិតថា លោកដ៏មានអាយុនេះ រមែងដឹងនូវហេតុ ដែលគួរដឹង ឃើញនូវហេតុដែលគួរឃើញដោយពិត ធម៌នេះឯងប្រព្រឹត្តទៅ ដើម្បីឲ្យគេស្រឡាញ់ ដើម្បីឲ្យគេគោរព ដើម្បីញុំាងគុណឲ្យចំរើន ដើម្បីភាពជាសមណៈ ដើម្បីសេចក្ដីស្ងប់ស្ងាត់។ ចំណែកលោកដ៏មានអាយុនេះ ជាអ្នករៀនសូត្រច្រើន ទ្រទ្រង់ព្រះសូត្រ ចេះដឹងព្រះសូត្រ ធម៌ទាំងឡាយណា មានពីរោះបទដើម ពីរោះបទកណ្ដាល ពីរោះបទចុង ប្រកាសនូវព្រហ្មចរិយធម៌ ព្រមទាំងអត្ថ ព្រមទាំងព្យញ្ជនៈ ដ៏បរិបូណ៌ បរិសុទ្ធទាំងអស់ ធម៌ទាំងឡាយមានសភាពដូច្នោះ ភិក្ខុនោះ បានរៀនសូត្រច្រើន ទ្រទ្រង់ ចាំស្ទាត់រត់មាត់ ជាក់ច្បាស់ក្នុងចិត្ត យល់ច្បាស់ដោយទិដ្ឋិ ក៏គិតថា លោកដ៏មានអាយុនេះ រមែងដឹងនូវហេតុដែលគួរដឹង ឃើញនូវហេតុដែលគួរឃើញដោយពិត ធម៌នេះឯង ប្រព្រឹត្តទៅ ដើម្បីឲ្យគេស្រឡាញ់ ដើម្បីឲ្យគេគោរព ដើម្បីញុំាងគុណឲ្យចំរើន ដើម្បីភាពជាសមណៈ ដើម្បីសេចក្ដីស្ងប់ស្ងាត់។ ចំណែកខាងលោកដ៏មានអាយុនេះ ប្រារព្ធនូវសេចក្ដីព្យាយាម ដើម្បីលះបង់នូវអកុសលធម៌ទាំងឡាយ ដើម្បីបំពេញនូវកុសលធម៌ទាំងឡាយ ជាអ្នកមានកំឡាំង មានសេចក្ដីប្រឹងប្រែងមាំ មិនដាក់ធុរៈក្នុងធម៌ជាកុសល ក៏គិតថា លោកដ៏មានអាយុនេះ រមែងដឹងនូវហេតុដែលគួរដឹង ឃើញនូវហេតុដែលគួរឃើញដោយពិត ធម៌នេះឯង ប្រព្រឹត្តទៅ ដើម្បីឲ្យគេស្រឡាញ់ ដើម្បីឲ្យគេគោរព ដើម្បីញុំាងគុណឲ្យចំរើន ដើម្បីភាពជាសមណៈ ដើម្បីសេចក្ដីស្ងប់ស្ងាត់។ ចំណែកខាងលោកដ៏មានអាយុនេះ តាំងនៅក្នុងសង្ឃ មិនមែននិយាយពាក្យផ្ដេសផ្ដាស មិនមែននិយាយតិរច្ឆានកថា តែងសំដែងធម៌ដោយខ្លួនឯងផង អារាធនាអ្នកដទៃឲ្យសំដែងផង មិនមើលងាយនូវព្រះអរិយៈដែលស្ងប់ស្ងៀមផង ដោយគិតថា លោកដ៏មានអាយុនេះ រមែងដឹងនូវហេតុដែលគួរដឹង ឃើញនូវហេតុដែលគួរឃើញដោយពិត ធម៌នេះឯង ប្រព្រឹត្តទៅ ដើម្បីឲ្យគេស្រឡាញ់ ដើម្បីឲ្យគេគោរព ដើម្បីញុំាងគុណឲ្យចំរើន ដើម្បីភាពជាសមណៈ ដើម្បីសេចក្ដីស្ងប់ស្ងាត់។ ក៏ឯលោកដ៏មានអាយុនេះ ពិចារណាឃើញរឿយ ៗ នូវការចំរើនឡើង និងការសាបសូន្យទៅ ក្នុងឧបាទានក្ខន្ធទាំងឡាយ ៥ ថា រូបដូច្នេះ ការកើតឡើងនៃរូបដូច្នេះ ការវិនាសទៅនៃរូបដូច្នេះ វេទនាដូច្នេះ សញ្ញាដូច្នេះ សង្ខារទាំងឡាយដូច្នេះ វិញ្ញាណដូច្នេះ ការកើតឡើងនៃវិញ្ញាណដូច្នេះ ការវិនាសនៃវិញ្ញាណដូច្នេះ ក៏គិតថា លោកដ៏មានអាយុនេះ រមែងដឹងនូវហេតុដែលគួរដឹង ឃើញនូវហេតុដែលគួរឃើញដោយពិត ធម៌នេះឯងប្រព្រឹត្តទៅ ដើម្បីឲ្យគេស្រឡាញ់ ដើម្បីឲ្យគេគោរព ដើម្បីញុំាងគុណឲ្យចំរើន ដើម្បីភាពជាសមណៈ ដើម្បីសេចក្ដីស្ងប់ស្ងាត់។ ម្នាលភិក្ខុទាំងឡាយ ហេតុទាំង ៨ យ៉ាង បច្ច័យទាំង ៨ យ៉ាងនេះឯង ប្រព្រឹត្តទៅ ដើម្បីបានចំពោះនូវបញ្ញា ជាខាងដើមនៃមគ្គព្រហ្មចារ្យ ដែលខ្លួនមិនធ្លាប់បាន ដើម្បីជាភិយ្យោភាព ដ៏ធំទូលាយ ចំរើនបរិបូណ៌នូវបញ្ញាដែលខ្លួនបាន។
បឋមអប្បិយសូត្រ ទី៣
[៣] ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៨ យ៉ាង រមែងមិនជាទីស្រឡាញ់ មិនជាទីពេញចិត្ត មិនជាទីគោរព មិនជាទីសរសើរនៃសព្រហ្មចារីបុគ្គលទាំងឡាយ។ ធម៌ ៨ យ៉ាង តើដូចម្ដេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកសរសើរចំពោះ បុគ្គលមិនជាទីស្រឡាញ់ ១ តិះដៀលនូវជនជាទីស្រឡាញ់ ១ ប្រាថ្នាលាភ ១ ប្រាថ្នាសក្ការៈ ១ មិនខ្មាសបាប ១ មិនខ្លាចបាប ១ ប្រាថ្នាលាមក ១ យល់ខុស ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៨ យ៉ាងនេះឯង រមែងមិនជាទីស្រឡាញ់ មិនជាទីពេញចិត្ត មិនជាទីគោរព មិនជាទីសរសើរ នៃសព្រហ្មចារីបុគ្គលទាំងឡាយឡើយ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៨ យ៉ាង រមែងជាទីស្រឡាញ់ ជាទីពេញចិត្ត ជាទីគោរព ជាទីសរសើរនៃសព្រហ្មចារីបុគ្គលទាំងឡាយ។ ធម៌ ៨ យ៉ាង តើដូចម្ដេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកមិនសរសើរនូវបុគ្គលមិនជាទីស្រឡាញ់ ១ មិនតិះដៀលនូវជនជាទីស្រឡាញ់ ១ មិនប្រាថ្នាលាភ ១ មិនប្រាថ្នាសក្ការៈ ១ មានសេចក្ដីខ្មាសបាប ១ មានសេចក្ដីខ្លាចបាប ១ ប្រាថ្នាតិច ១ មានសេចក្ដីយល់ត្រូវ ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៨ យ៉ាងនេះឯង ទើបជាទីស្រឡាញ់ ជាទីពេញចិត្ត ជាទីគោរព ជាទីសរសើរ នៃសព្រហ្មចារីបុគ្គលទាំងឡាយ។
ទុតិយអប្បិយសូត្រ ទី៤
[៤] ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៨ យ៉ាង រមែងមិនជាទីស្រឡាញ់ មិនជាទីពេញចិត្ត មិនជាទីគោរព មិនជាទីសរសើរ នៃសព្រហ្មចារីបុគ្គលទាំងឡាយ។ ធម៌ ៨ យ៉ាង តើដូចម្ដេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកប្រាថ្នាលាភ ១ ប្រាថ្នាសក្ការៈ ១ ប្រាថ្នាមិនឲ្យគេមើលងាយ ១ មិនស្គាល់កាល ១ មិនស្គាល់ប្រមាណ ១ មានការងារមិនស្អាត ១ និយាយច្រើន ១ ជេរប្រទេចផ្ដាសា នូវសព្រហ្មចារីបុគ្គលទាំងឡាយ ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៨ យ៉ាងនេះឯង រមែងមិនជាទីស្រឡាញ់ មិនជាទីគាប់ចិត្ត មិនជាទីគោរព មិនជាទីសរសើរ នៃសព្រហ្មចារីបុគ្គលទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៨ យ៉ាង រមែងជាទីស្រឡាញ់ ជាទីពេញចិត្ត ជាទីគោរព គួរជាទីសរសើរ នៃសព្រហ្មចារីបុគ្គលទាំងឡាយ។ ធម៌ ៨ យ៉ាង តើដូចម្ដេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកមិនប្រាថ្នាលាភ ១ មិនប្រាថ្នាសក្ការៈ ១ មិនមែនជាអ្នកប្រាថ្នាមិនឲ្យអ្នកដទៃមើលងាយ ១ ស្គាល់កាល ១ ស្គាល់ប្រមាណ ១ មានការងារស្អាត ១ មិននិយាយច្រើន ១ មិនជេរប្រទេចផ្ដាសា នូវសព្រហ្មចារីបុគ្គលទាំងឡាយ ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៨ យ៉ាងនេះឯង ទើបជាទីស្រឡាញ់ ជាទីពេញចិត្ត ជាទីគោរព ជាទីសរសើរ នៃសព្រហ្មចារីបុគ្គលទាំងឡាយ។
បឋមលោកធម្មសូត្រ ទី៥
[៥] ម្នាលភិក្ខុទាំងឡាយ លោកធម៌ទាំងឡាយ ៨ យ៉ាងនេះ តែងជាប់តាមនូវសត្វលោក ទាំងសត្វលោក ក៏វិលទៅតាមនូវលោកធម៌ទាំង ៨ ដែរ។ លោកធម៌ ៨ យ៉ាង តើដូចម្ដេចខ្លះ។ គឺ លាភ ១ អលាភ ១ យស ១ អយស ១ និន្ទា ១ បសំសា ១ សុខ ១ ទុក្ខ ១។ ម្នាលភិក្ខុទាំងឡាយ លោកធម៌ទាំង ៨ យ៉ាងនេះ តែងជាប់តាមសត្វលោក ទាំងសត្វលោក ក៏វិលទៅតាមនូវលោកធម៌ទាំង ៨ យ៉ាងនេះដែរ។
ធម៌ទាំងឡាយនេះគឺ លាភៈ ១ អលាភៈ ១ យសៈ ១ អយសៈ ១ និន្ទា ១ បសំសា ១ សុខ ១ ទុក្ខ ១ ជាធម៌មិនទៀង ក្នុងមនុស្សជាតិទាំងឡាយ ជាធម៌មិនឋិតថេរ មានសេចក្ដីប្រែលប្រួលជាធម្មតា ចំណែកបុគ្គលអ្នកមានប្រាជ្ញា មានស្មារតី លុះដឹងនូវធម៌នេះហើយ រមែងពិចារណានូវធម៌ ដែលមានសេចក្ដីប្រែលប្រួលជាធម្មតា ឥដ្ឋារម្មណ៍ទាំងឡាយ រមែងមិនញាំញីនូវចិត្តរបស់បុគ្គលនោះបាន ទាំងអនិដ្ឋារម្មណ៍ ក៏មិនអាចប៉ះទង្គិចបាន សេចក្ដីត្រេកអរ ឬថាសេចក្ដីថ្នាំថ្នាក់ចិត្ត ក៏បុគ្គលនោះបានកំចាត់បង់ហើយ ដល់នូវសេចក្ដីវិនាស មិនមានតទៅទៀតឡើយ បុគ្គលអ្នកដល់នូវត្រើយនៃភព រមែងដឹងច្បាស់ដោយប្រពៃ ព្រោះដឹងច្បាស់នូវបទ គឺព្រះនិព្វាន ដែលមិនមានធូលី គឺកិលេស មិនមានសេចក្ដីសោក។
ទុតិយលោកធម្មសូត្រ ទី៦
[៦] ម្នាលភិក្ខុទាំងឡាយ លោកធម៌ទាំង ៨ យ៉ាងនេះ តែងជាប់តាមសត្វលោក ទាំងសត្វលោក ក៏វិលទៅតាមនូវលោកធម៌ទាំង ៨ យ៉ាងដែរ។ លោកធម៌ ៨ យ៉ាង តើដូចម្តេចខ្លះ។ គឺលាភ ១ អលាភ ១ យស ១ អយស ១ និន្ទា ១ បសំសា ១ សុខ ១ ទុក្ខ ១។ ម្នាលភិក្ខុទាំងឡាយ លោកធម៌ទាំង ៨ យ៉ាងនេះឯង តែងជាប់តាមសត្វលោក ទាំងសត្វលោក ក៏វិលទៅតាមនូវលោកធម៌ទាំង ៨ យ៉ាងដែរ។ ម្នាលភិក្ខុទាំងឡាយ លាភក្ដី អលាភក្ដី យសក្ដី អយសក្ដី និន្ទាក្ដី បសំសាក្ដី សុខក្ដី ទុក្ខក្ដី តែងកើតឡើងដល់បុថុជ្ជនអ្នកមិនចេះដឹង ម្នាលភិក្ខុទាំងឡាយ លាភក្ដី អលាភក្ដី យសក្ដី អយសក្ដី និន្ទាក្ដី បសំសាក្ដី សុខក្ដី ទុក្ខក្ដី តែងកើតឡើងដល់អរិយសាវក អ្នកចេះដឹងដែរ។ ម្នាលភិក្ខុទាំងឡាយ ចុះក្នុងលោកធម៌ទាំងនោះ មានសេចក្ដីប្លែកគ្នាដូចម្ដេច មានអធិប្បាយដូចម្ដេច មានហេតុផ្សេងគ្នាដូចម្ដេច របស់អរិយសាវក អ្នកចេះដឹង និងបុថុជ្ជនអ្នកមិនចេះដឹង។ បពិត្រព្រះអង្គដ៏ចំរើន ធម៌ទាំងឡាយ មានព្រះដ៏មានព្រះភាគជាមូល មានព្រះដ៏មានព្រះភាគ ជាអ្នកណែនាំ មានព្រះដ៏មានព្រះភាគ ជាទីពឹងរបស់យើងទាំងឡាយស្រាប់ហើយ បពិត្រព្រះអង្គដ៏ចំរើន សេចក្ដីនៃភាសិតនោះ ជាក់ច្បាស់ដល់ព្រះដ៏មានព្រះភាគដោយល្អស្រាប់ហើយ ភិក្ខុទាំងឡាយ បានស្ដាប់ (ធម៌) របស់ព្រះដ៏មានព្រះភាគ នឹងចងចាំទុកបាន។ ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ ចូរអ្នកទាំងឡាយ ប្រុងស្ដាប់ ធ្វើទុកក្នុងចិត្តដោយប្រពៃចុះ តថាគតនឹងសំដែង។ ភិក្ខុទាំងនេះ ទទួលព្រះពុទ្ធដីកាព្រះដ៏មានព្រះភាគថា ព្រះករុណា ព្រះអង្គ។ ព្រះដ៏មានព្រះភាគ បានត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ លាភតែងកើតឡើងដល់បុថុជ្ជនអ្នកមិនចេះដឹង បុថុជ្ជននោះ មិនពិចារណា មិនដឹងច្បាស់តាមពិតដូច្នេះថា លាភនេះ កើតឡើងដល់អាត្មាអញហើយ លាភនោះឯង មិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួល ជាធម្មតា អលាភ រមែងកើតឡើង យសរមែងកើតឡើង អយស រមែងកើតឡើង និន្ទា រមែងកើតឡើង បសំសា រមែងកើតឡើង សុខ រមែងកើតឡើង ទុក្ខ រមែងកើតឡើង (ដល់បុថុជ្ជនអ្នកមិនចេះដឹង) បុថុជ្ជននោះ មិនពិចារណា មិនដឹងច្បាស់តាមពិតដូច្នេះថា ទុក្ខនេះ កើតឡើងដល់អាត្មាអញហើយ ទុក្ខនោះឯង មិនទៀង ជារបស់អត់ធន់បានដោយក្រ មានសេចក្ដីប្រែប្រួលជាធម្មតា។ លាភក្ដី រមែងគ្របសង្កត់ចិត្ត របស់បុថុជ្ជននោះ អលាភក្ដី រមែងគ្របសង្កត់ចិត្ត យសក្ដី រមែងគ្របសង្កត់ចិត្ត អយសក្ដី រមែងគ្របសង្កត់ចិត្ត និន្ទាក្ដី រមែងគ្របសង្កត់ចិត្ត បសំសាក្ដី រមែងគ្របសង្កត់ចិត្ត សុខក្ដី រមែងគ្របសង្កត់ចិត្ត ទុក្ខក្ដី រមែងគ្របសង្កត់ចិត្ត។ បុថុជ្ជននោះ តែងត្រេកអរ នឹងលាភដែលកើតឡើង តូចចិត្តព្រោះអលាភ ត្រេកអរនឹងយសដែលកើតឡើង តូចចិត្តព្រោះអយស ត្រេកអរនឹងបសំសាដែលកើតឡើង តូចចិត្តព្រោះនិន្ទា ត្រេកអរនឹងសុខដែលកើតឡើង តូចចិត្តព្រោះទុក្ខ។ បុថុជ្ជននោះ ប្រកបនូវសេចក្ដីត្រេកអរ និងសេចក្ដីតូចចិត្តយ៉ាងនេះហើយ រមែងមិនរួចចាកជាតិ ជរា មរណៈ សោកៈ បរិទេវៈ ទុក្ខ ទោមនស្ស ឧបាយាសៈ តថាគតពោលថា មិនរួចចាកវដ្ដទុក្ខឡើយ។ ម្នាលភិក្ខុទាំងឡាយ លាភកើតឡើងដល់អរិយសាវកអ្នកចេះដឹង អរិយសាវកនោះ ពិចារណា ដឹងច្បាស់តាមពិតដូច្នេះថា លាភនេះកើតឡើងដល់អាត្មាអញហើយ លាភនោះឯង មិនទៀង ជាទុក្ខ មានសេចក្ដីប្រែប្រួលជាធម្មតា អលាភកើតឡើង យសកើតឡើង អយសកើតឡើង និន្ទាកើតឡើង បសំសាកើតឡើង សុខកើតឡើង ទុក្ខកើតឡើង អរិយសាវកនោះ ពិចារណាដឹងច្បាស់តាមពិតដូច្នេះថា ទុក្ខកើតឡើងដល់អាត្មាអញហើយ ទុក្ខនោះឯង ក៏មិនទៀង អត់ធន់បានដោយក្រ មានសេចក្ដីប្រែប្រួលជាធម្មតា។ អរិយសាវក ដឹងច្បាស់តាមពិតថា នេះជាទុក្ខ ទុក្ខនោះឯង ក៏មិនទៀង អត់ធន់បានដោយក្រ មានសេចក្ដីប្រែប្រួលជាធម្មតា លាភក្ដី មិនគ្របសង្កត់ចិត្តរបស់អរិយសាវកនោះ អលាភក្ដី ក៏មិនគ្របសង្កត់ចិត្ត យសក្ដី ក៏មិនគ្របសង្កត់ចិត្ត អយសក្ដី ក៏មិនគ្របសង្កត់ចិត្ត និន្ទាក្ដី ក៏មិនគ្របសង្កត់ចិត្ត បសំសាក្ដី ក៏មិនគ្របសង្កត់ចិត្ត សុខក្ដី ក៏មិនគ្របសង្កត់ចិត្ត ទុក្ខក្ដី ក៏មិនគ្របសង្កត់ចិត្តបាន។ អរិយសាវកនោះ មិនត្រេកអរនឹងលាភ ដែលកើតឡើង មិនអាក់អន់ព្រោះអលាភ មិនត្រេកអរនឹងយស ដែលកើតឡើង មិនអាក់អន់ព្រោះអយស មិនត្រេកអរនឹងបសំសា ដែលកើតឡើង មិនអាក់អន់ព្រោះនិន្ទា មិនត្រេកអរនឹងសុខដែលកើតឡើង មិនអាក់អន់ ព្រោះសេចក្ដីទុក្ខ។ អរិយសាវកនោះ លះបង់សេចក្ដីត្រេកអរ និងសេចក្ដីអាក់អន់យ៉ាងនេះហើយ រមែងរួចចាកជាតិ ជរា មរណៈ សោកៈ បរិទេវៈ ទុក្ខ ទោមនស្ស ឧបាយាសៈ តថាគតពោលថា រួចស្រឡះចាកវដ្ដទុក្ខ ម្នាលភិក្ខុទាំងឡាយ នេះឯងជាសេចក្ដីប្លែកគ្នា នេះជាអធិប្បាយ នេះជាហេតុផ្សេងៗ គ្នា នៃអរិយសាវកអ្នកចេះដឹង និងបុថុជ្ជនអ្នកមិនចេះដឹង។
ធម៌ទាំងឡាយនេះ គឺ លាភ ១ អលាភ ១ យស ១ អយស ១ និន្ទា ១ បសំសា ១ សុខ ១ ទុក្ខ ១ ជាធម៌មិនទៀងក្នុងមនុស្សជាតិទាំងឡាយ ជាធម៌មិនឋិតថេរ មានសេចក្ដីប្រែប្រួលជាធម្មតា ចំណែកបុគ្គលអ្នកមានប្រាជ្ញា មានស្មារតី លុះដឹងនូវធម៌ទាំងនេះហើយ រមែងពិចារណាឃើញច្បាស់នូវធម៌ដែលមានសេចក្ដីប្រែប្រួលជាធម្មតា ឥដ្ឋារម្មណ៍ រមែងមិនញាំញីចិត្តរបស់បុគ្គលនោះបាន ទាំងអនិដ្ឋារម្មណ៍ ក៏មិនអាចប៉ះទង្គិចបាន សេចក្ដីត្រេកអរ ឬថាសេចក្ដីថ្នាំងថ្នាក់ ក៏បុគ្គលនោះបានកំចាត់បង់ហើយ ដល់នូវសេចក្ដីវិនាស មិនមានតទៅទៀតឡើយ បុគ្គលអ្នកដល់នូវត្រើយនៃភព រមែងដឹងច្បាស់ដោយប្រពៃ ព្រោះដឹងច្បាស់នូវបទ គឺ ព្រះនិព្វាន ដែលមិនមានធូលី គឺកិលេស មិនមានសេចក្ដីសោក។
ទេវទត្តវិបត្តិសូត្រ ទី៧
[៧] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រងគង់នៅលើភ្នំគិជ្ឈកូដ ទៀបក្រុងរាជគ្រឹះ។ កាលដែលទេវទត្តភិក្ខុ ចៀសចេញមិនយូរប៉ុន្មាន ក្នុងទីនោះឯង ព្រះមានព្រះភាគ ទ្រង់ប្រារព្ធនូវទេវទត្តភិក្ខុ ហើយត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកពិចារណានូវវិបត្តិនៃខ្លួនសព្វៗ កាល ជាការប្រពៃ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកពិចារណា នូវវិបត្តិរបស់បុគ្គលដទៃសព្វៗ កាល ជាការប្រពៃ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកពិចារណា នូវសម្បត្តិនៃខ្លួនសព្វៗ កាល ជាការប្រពៃ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកពិចារណា នូវសម្បត្តិរបស់បុគ្គលដទៃសព្វៗកាល ជាការប្រពៃ។ ម្នាលភិក្ខុទាំងឡាយ ទេវទត្តត្រូវអសទ្ធម្មទាំងឡាយ ៨ ប្រការ គ្របសង្កត់ហើយ មានចិត្តត្រូវអសទ្ធម្មរួបរឹតហើយ ទៅកើតក្នុងអបាយ ទៅកាន់នរក តាំងនៅអស់ ១ កប្ប មិនអាចអ្នកណាស្រោចស្រង់បាន។ អសទ្ធម្ម ៨ ប្រការ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ទេវទត្ត ត្រូវលាភគ្របសង្កត់ហើយ មានចិត្តដែលលាភរួបរឹតហើយ ទៅកើតក្នុងអបាយ ទៅកាន់នរក តាំងនៅអស់ ១ កប្ប មិនអាចអ្នកណាស្រោចស្រង់បាន។ ម្នាលភិក្ខុទាំងឡាយ ត្រូវអលាភ ម្នាលភិក្ខុទាំងឡាយ ត្រូវយស ម្នាលភិក្ខុទាំងឡាយ ត្រូវអយស ម្នាលភិក្ខុទាំងឡាយ ត្រូវសក្ការៈ ម្នាលភិក្ខុទាំងឡាយ ត្រូវអសក្ការៈ ម្នាលភិក្ខុទាំងឡាយ ត្រូវសេចក្តីប្រាថ្នាដ៏លាមក ម្នាលភិក្ខុទាំងឡាយ ទេវទត្តត្រូវបាបមិត្តគ្របសង្កត់ហើយ មានចិត្តត្រូវបាបមិត្តរួបរឹតហើយ ទៅកើតក្នុងអបាយ ទៅកាន់នរក តាំងនៅអស់ ១ កប្ប មិនអាចអ្នកណាស្រោចស្រង់បាន។ ម្នាលភិក្ខុទាំងឡាយ ទេវទត្ត ត្រូវអសទ្ធម្មទាំង ៨ ប្រការនេះឯង គ្របសង្កត់ មានចិត្តត្រូវអសទ្ធម្មរួបរឹត ទៅកើតក្នុងអបាយ ទៅកាន់នរក តាំងនៅអស់ ១ កប្ប មិនអាចអ្នកណាស្រោចស្រង់បាន។
ម្នាលភិក្ខុទាំងឡាយ ភិក្ខុគ្របសង្កត់ ញាំញីនូវលាភ ដែលកើតឡើងហើយ ជាការប្រពៃ នូវអលាភដែលកើតឡើងហើយ នូវយសដែលកើតឡើងហើយ នូវអយសដែលកើតឡើងហើយ នូវសក្ការៈដែលកើតឡើងហើយ នូវអសក្ការៈដែលកើតឡើងហើយ នូវសេចក្ដីប្រាថ្នាលាមក ដែលកើតឡើងហើយ គ្របសង្កត់ ញាំញីនូវបាបមិត្ត ដែលកើតឡើងហើយ ម្នាលភិក្ខុទាំងឡាយ ភិក្ខុគ្របសង្កត់ ញាំញីនូវលាភ ដែលកើតឡើងហើយ តើព្រោះអាស្រ័យនូវអំណាចប្រយោជន៍ដូចម្ដេច។បេ។ ម្នាលភិក្ខុទាំងឡាយ ព្រោះថា អាសវៈទាំងឡាយណា ជាសភាវៈចង្អៀតចង្អល់រោលរាល កើតឡើងដល់ភិក្ខុនោះ ព្រោះមិនបានគ្របសង្កត់នូវលាភ ដែលកើតឡើងហើយ អាសវៈទាំងឡាយនោះ ជាសភាវៈចង្អៀតចង្អល់ រោលរាល រមែងមិនមានដល់ភិក្ខុនោះយ៉ាងនេះ ម្នាលភិក្ខុទាំងឡាយ ព្រោះថា អាសវៈទាំងឡាយណា ជាសភាវៈចង្អៀតចង្អល់ រោលរាលកើតឡើងដល់ភិក្ខុនោះ កាលមិនបានគ្របសង្កត់នូវអលាភ ដែលកើតឡើងហើយ នូវយស ដែលកើតឡើងហើយ នូវអយស ដែលកើតឡើងហើយ នូវសក្ការៈ ដែលកើតឡើងហើយ នូវអសក្ការៈ ដែលកើតឡើងហើយ នូវសេចក្ដីប្រាថ្នាលាមក ដែលកើតឡើងហើយ នូវបាបមិត្តដែលកើតឡើងហើយ អាសវៈទាំងឡាយនោះ ជាសភាវៈចង្អៀតចង្អល់ រោលរាល រមែងមិនមានដល់ភិក្ខុ កាលគ្របសង្កត់ នូវបាបមិត្តដែលកើតឡើងហើយ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុគ្របសង្កត់ ញាំញីនូវលាភ ដែលកើតឡើងហើយ នូវអលាភដែលកើតឡើងហើយ នូវយសដែលកើតឡើងហើយ នូវអយស ដែលកើតឡើងហើយ នូវសក្ការៈដែលកើតឡើងហើយ នូវអសក្ការៈ ដែលកើតឡើងហើយ នូវសេចក្ដីប្រាថ្នាលាមក ដែលកើតឡើងហើយ គ្របសង្កត់ ញាំញីនូវបាបមិត្ត ដែលកើតឡើងហើយ ព្រោះអាស្រ័យនូវអំណាចប្រយោជន៍នេះឯង ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ ភិក្ខុក្នុងសាសនានេះ គប្បីសិក្សាយ៉ាងនេះថា យើងទាំងឡាយ គួរជាអ្នកគ្របសង្កត់ ញាំញីនូវលាភ ដែលកើតឡើង យើងទាំងឡាយ គួរជាអ្នកគ្របសង្កត់ ញាំញីនូវអលាភ ដែលកើតឡើងហើយ នូវយសដែលកើតឡើងហើយ នូវអយស ដែលកើតឡើងហើយ នូវសក្ការៈ ដែលកើតឡើងហើយ នូវអសក្ការៈ ដែលកើតឡើងហើយ នូវសេចក្តីប្រាថ្នាលាមក ដែលកើតឡើងហើយ នូវបាបមិត្តដែលកើតឡើងហើយ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ត្រូវសិក្សាយ៉ាងនេះឯង។
ឧត្តរវិបត្តិសូត្រ ទី៨
[៨] សម័យមួយ ព្រះឧត្តរដ៏មានអាយុ គង់ក្នុងវិហារឈ្មោះវដ្តជាលិកា ទៀបភ្នំឈ្មោះសង្ខេយ្យកៈ ជិតស្រុកមហិសវត្ថុ។ ក្នុងទីនោះ ព្រះឧត្តរដ៏មានអាយុ ហៅភិក្ខុទាំងឡាយថា ម្នាលអាវុសោទាំងឡាយ ភិក្ខុជាអ្នកពិចារណា នូវវិបត្តិនៃខ្លួនសព្វៗកាល ជាការប្រពៃ ម្នាលអាវុសោទាំងឡាយ ភិក្ខុជាអ្នកពិចារណានូវវិបត្តិរបស់បុគ្គលដទៃសព្វៗកាល ជាការប្រពៃ ម្នាលអាវុសោទាំងឡាយ ភិក្ខុជាអ្នកពិចារណានូវសម្បត្តិនៃខ្លួនសព្វៗកាល ជាការប្រពៃ ម្នាលអាវុសោទាំងឡាយ ភិក្ខុជាអ្នកពិចារណានូវសម្បត្តិរបស់អ្នកដទៃសព្វ ៗកាល ជាការប្រពៃ។
សម័យនោះឯង មហារាជឈ្មោះវេស្សវ័ណ ចេញអំពីឧត្តរទិស ទៅកាន់ទក្សិណទិស ដោយកិច្ចនីមួយ។ មហារាជឈ្មោះវេស្សវ័ណ បានឮថេរវាចានៃព្រះឧត្តរដ៏មានអាយុ កំពុងសំដែងធម៌ដល់ភិក្ខុទាំងឡាយ ក្នុងវិហារឈ្មោះវដ្តជាលិកា ទៀបភ្នំសង្ខេយ្យកៈ ជិតស្រុកមហិសវត្ថុ យ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ភិក្ខុជាអ្នកពិចារណា នូវវិបត្តិនៃខ្លួនសព្វៗកាល ជាការប្រពៃ ម្នាលអាវុសោទាំងឡាយ ភិក្ខុជាអ្នកពិចារណា នូវវិបត្តិរបស់អ្នកដទៃសព្វ ៗកាល ជាការប្រពៃ ម្នាលអាវុសោទាំងឡាយ ភិក្ខុជាអ្នកពិចារណានូវសម្បត្តិនៃខ្លួនសព្វ ៗកាល ជាការប្រពៃ ម្នាលអាវុសោទាំងឡាយ ភិក្ខុជាអ្នកពិចារណានូវសម្បត្តិរបស់អ្នកដទៃសព្វៗកាល ជាការប្រពៃ។ លំដាប់នោះ មហារាជឈ្មោះវេស្សវ័ណ ក៏បាត់អំពីវដ្តជាលិកាវិហារ ទៀបភ្នំសង្ខេយ្យកៈ ជិតស្រុកមហិសវត្ថុ ទៅប្រាកដក្នុងតាវត្តឹង្សទេវលោក ដូចបុរសមានកំឡាំង លាដៃដែលបត់ចូល ឬបត់ចូលនូវដៃដែលលាចេញយ៉ាងនោះឯង។ លំដាប់នោះ មហារាជវេស្សវ័ណ ចូលទៅគាល់ព្រះឥន្ទ្រជាធំជាងពួកទេវតា លុះចូលទៅដល់ហើយ បានទូលពាក្យនេះ នឹងព្រះឥន្ទ្រជាធំជាងពួកទេវតា បពិត្រលោកជាម្ចាស់យើង សូមទ្រង់ជ្រាប ព្រះឧត្តរដ៏មានអាយុនុ៎ះ សំដែងធម៌ដល់ភិក្ខុទាំងឡាយ ក្នុងវដ្តជាលិកាវិហារ ទៀបភ្នំសង្ខេយ្យកៈ ជិតស្រុកមហិសវត្ថុយ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ភិក្ខុជាអ្នកពិចារណានូវវិបត្តិរបស់ខ្លួនសព្វៗកាល ជាការប្រពៃ។បេ។ ជាអ្នកពិចារណានូវសម្បត្តិរបស់អ្នកដទៃ។
គ្រានោះ សក្កៈជាធំជាងពួកទេវតា ក៏បាត់អំពីទេវលោក ទៅប្រាកដក្នុងទីចំពោះមុខព្រះឧត្តរដ៏មានអាយុ ក្នុងវត្តជាលិកាវិហារ ទៀបភ្នំសង្ខេយ្យកៈ ជិតស្រុកមហិសវត្ថុ ដូចបុរសមានកំឡាំង លាដៃដែលបត់ចូល ឬបត់ចូលនូវដៃដែលលាចេញយ៉ាងនោះឯង។ លំដាប់នោះ សក្កៈជាធំជាងពួកទេវតា ចូលទៅរកព្រះឧត្តរដ៏មានអាយុ ត្រង់កន្លែងដែលលោកគង់នៅ លុះចូលទៅហើយ ថ្វាយបង្គំព្រះឧត្តរដ៏មានអាយុ ហើយឋិតនៅក្នុងទីសមគួរ។ លុះសក្កៈជាធំជាងពួកទេវតា ឋិតនៅក្នុងទីសមគួរហើយ បានដំណាលពាក្យនេះ នឹងព្រះឧត្តរដ៏មានអាយុ ដូច្នេះថា បានឮថា ព្រះឧត្តរដ៏មានអាយុ សំដែងធម៌ដល់ភិក្ខុទាំងឡាយថា ម្នាលអាវុសោទាំងឡាយ ភិក្ខុជាអ្នកពិចារណានូវវិបត្តិនៃខ្លួន ជាការប្រពៃ។បេ។ ជាអ្នកពិចារណានូវសម្បត្តិរបស់អ្នកដទៃពិតមែនឬ។ ថ្វាយព្រះពរ ទេវានមិន្ទ។ បពិត្រលោកដ៏ចំរើន ចុះការសំដែងតាមសេចក្តីយល់របស់ខ្លួនព្រះឧត្តរដ៏មានអាយុឬ ឬក៏សំដែងតាមព្រះពុទ្ធដីការបស់ព្រះដ៏មានព្រះភាគ អរហន្ត សម្មាសម្ពុទ្ធ។ ថ្វាយព្រះពរ ទេវានមិន្ទ បើដូច្នោះ អាត្មាភាព នឹងឧបមាថ្វាយមហាបពិត្រ ពួកវិញ្ញូបុរសក្នុងលោកនេះ គង់ដឹងនូវសេចក្តីអធិប្បាយនៃភាសិតដោយសេចក្តីឧបមា ថ្វាយព្រះពរ ទេវានមិន្ទ ដូចជាគំនរស្រូវដ៏ធំ ក្នុងទីជិតស្រុកក្តី និគមក្តី ពួកមហាជននាំយកស្រូវអំពីគំនរនោះ ដោយអម្រែកទាំងឡាយខ្លះ ដោយល្អីទាំងឡាយខ្លះ ដោយថ្នក់ទាំងឡាយខ្លះ ដោយកំបង់ដៃទាំងឡាយខ្លះ ថ្វាយព្រះពរ ទេវានមិន្ទ ពួកមហាជនណា ដែលមិនបានចូលទៅ (នឹងគេ) គប្បីសួរយ៉ាងនេះថា អ្នកទាំងឡាយ នាំយកស្រូវនេះអំពីទីណា។ ថ្វាយព្រះពរ ទេវានមិន្ទ ពួកមហាជននោះ កាលនឹងឆ្លើយប្រាប់ គប្បីឆ្លើយប្រាប់តាមទំនងដូចម្ដេច។ បពិត្រលោកដ៏ចំរើន ពួកមហាជននោះ កាលឆ្លើយប្រាប់ គប្បីឆ្លើយប្រាប់តាមទំនងថា យើងទាំងឡាយ នាំមកអំពីគំនរស្រូវធំឯណោះ ដូច្នេះ។ ថ្វាយព្រះពរ ទេវានមិន្ទ ពាក្យឯណានីមួយ ជាសុភាសិត សុភាសិតទាំងអស់នោះ ជាព្រះពុទ្ធដីកា នៃព្រះដ៏មានព្រះភាគ អរហន្តសម្មាសម្ពុទ្ធអង្គនោះ យើងទាំងឡាយ នាំចេញមកអំពីព្រះពុទ្ធដីកានោះ ទើបសំដែងដូចជាសូ្រវ យ៉ាងនោះដែរ។ បពិត្រលោកដ៏ចំរើន អស្ចារ្យណាស់ បពិត្រលោកដ៏ចំរើន ចំឡែកណាស់ ពាក្យនេះ ព្រះឧត្ដរដ៏មានអាយុ ពោលហើយដោយប្រពៃ (ព្រោះ) ពាក្យឯណានីមួយជាសុភាសិត ពាក្យទាំងអស់នោះ ជាព្រះពុទ្ធដីកា របស់ព្រះដ៏មានព្រះភាគ អរហន្ដសម្មាសម្ពុទ្ធព្រះអង្គនោះ យើងទាំងឡាយ ក៏ពោលនូវស្រូវ ប្រៀបធៀបនឹងព្រះពុទ្ធដីកានោះដែរ បពិត្រព្រះឧត្ដរដ៏ចំរើន សេចក្ដីនេះយ៉ាងនេះ សម័យមួយ ព្រះដ៏មានព្រះភាគ គង់លើភ្នំគិជ្ឈកូដ ជិតក្រុងរាជគ្រឹះ កាលដែលព្រះទេវទត្ត ចៀសចេញទៅមិនយូរប៉ុន្មាន ក្នុងទីនោះឯង ព្រះដ៏មានព្រះភាគ ទ្រង់ប្រារព្ធនូវទេវទត្ត ត្រាស់នឹងភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកពិចារណានូវវិបត្តិនៃខ្លួន ជាការប្រពៃ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកពិចារណានូវវិបត្តិរបស់អ្នកដទៃ នូវសម្បត្តិរបស់ខ្លួន នូវសម្បត្តិរបស់អ្នកដទៃ។ ម្នាលភិក្ខុទាំងឡាយ ទេវទត្ត ត្រូវអសទ្ធម្មទាំង ៨ ប្រការគ្របសង្កត់ហើយ មានចិត្តត្រូវអសទ្ធម្មរួបរឹតហើយ ទៅកើតក្នុងអបាយ ទៅកាន់នរក តាំងនៅអស់ ១ កប្ប មិនអាចអ្នកណាស្រោចស្រង់បាន។ អសទ្ធម្ម ៨ ប្រការ តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ ទេវទត្ត ត្រូវលាភគ្របសង្កត់ហើយ មានចិត្តត្រូវលាភរួបរឹតហើយ ទៅកើតក្នុងអបាយ ទៅកាន់នរក តាំងនៅអស់ ១ កប្ប មិនអាចអ្នកណាស្រោចស្រង់បាន។ ម្នាលភិក្ខុទាំងឡាយ ត្រូវអលាភ ម្នាលភិក្ខុទាំងឡាយ ត្រូវយស ម្នាលភិក្ខុទាំងឡាយ ត្រូវអយស ម្នាលភិក្ខុទាំងឡាយ ត្រូវសក្ការៈ ម្នាលភិក្ខុទាំងឡាយ ត្រូវអសក្ការៈ ម្នាលភិក្ខុទាំងឡាយ ដែលត្រូវសេចក្ដីប្រាថ្នាលាមក ម្នាលភិក្ខុទាំងឡាយ ទេវទត្តត្រូវបាបមិត្តគ្របសង្កត់ហើយ មានចិត្តដែលត្រូវបាបមិត្តរួបរឹតហើយ ទៅកើតក្នុងអបាយ ទៅកាន់នរក តាំងនៅអស់ ១ កប្ប មិនអាចអ្នកណាស្រោចស្រង់បាន។ ម្នាលភិក្ខុទាំងឡាយ ទេវទត្ត ត្រូវអសទ្ធម្មទាំងឡាយ ៨ ប្រការនេះឯង គ្របសង្កត់ហើយ មានចិត្តត្រូវអសទ្ធម្មរួបរឹតហើយ ទៅកើតក្នុងអបាយ ទៅកាន់នរក តាំងនៅអស់ ១ កប្ប មិនអាចអ្នកណាស្រោចស្រង់បាន។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុគ្របសង្កត់ ញាំញីនូវលាភ ដែលកើតឡើងហើយ ជាការប្រពៃ នូវអលាភដែលកើតឡើងហើយ នូវយសដែលកើតឡើងហើយ នូវអយស ដែលកើតឡើងហើយ នូវសក្ការៈដែលកើតឡើងហើយ នូវអសក្ការៈដែលកើតឡើងហើយ នូវសេចក្ដីប្រាថ្នាលាមក ដែលកើតឡើងហើយ គ្របសង្កត់ ញាំញីនូវបាបមិត្ត ដែលកើតឡើងហើយ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុគ្របសង្កត់ ញាំញីនូវលាភ ដែលកើតឡើងហើយ គ្របសង្កត់ ញាំញីនូវអលាភ ដែលកើតឡើងហើយ នូវយសដែលកើតឡើងហើយ នូវអយសដែលកើតឡើងហើយ នូវសក្ការៈដែលកើតឡើងហើយ នូវអសក្ការៈដែលកើតឡើងហើយ នូវសេចក្ដីប្រាថ្នាលាមក ដែលកើតឡើងហើយ តើព្រោះអាស្រ័យអំណាចប្រយោជន៍ដូចម្ដេច ម្នាលភិក្ខុទាំងឡាយ ព្រោះថា អាសវៈទាំងឡាយណា ជាសភាវៈចង្អៀតចង្អល់ រោលរាល កើតឡើងដល់ភិក្ខុនោះ កាលមិនបានគ្របសង្កត់នូវលាភ ដែលកើតឡើងហើយ អាសវៈទាំងឡាយនោះ ជាសភាវៈចង្អៀតចង្អល់ រោលរាល រមែងមិនមានដល់ភិក្ខុនោះ កាលគ្របសង្កត់នូវលាភ ដែលកើតឡើងហើយ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ព្រោះថា អាសវៈទាំងឡាយណា ជាសភាវៈចង្អៀតចង្អល់ រោលរាល គប្បីកើតឡើងដល់ភិក្ខុនោះ កាលមិនបានគ្របសង្កត់ នូវអលាភ ដែលកើតឡើងហើយ នូវយស ដែលកើតឡើងហើយ នូវអយស ដែលកើតឡើងហើយ នូវសក្ការៈ ដែលកើតឡើងហើយ នូវអសក្ការៈ ដែលកើតឡើងហើយ នូវសេចក្ដីប្រាថ្នាលាមក ដែលកើតឡើងហើយ នូវបាបមិត្ត ដែលកើតឡើងហើយ អាសវៈទាំងឡាយនោះ ជាសភាវៈចង្អៀតចង្អល់ រោលរាល រមែងមិនមានដល់ភិក្ខុនោះ កាលគ្របសង្កត់នូវបាបមិត្តដែលកើតឡើងបានយ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុគ្របសង្កត់ ញាំញីនូវលាភ ដែលកើតឡើងហើយ គ្របសង្កត់ ញាំញីនូវអលាភ ដែលកើតឡើងហើយ នូវយស ដែលកើតឡើងហើយ នូវអយស ដែលកើតឡើងហើយ នូវសក្ការៈ ដែលកើតឡើងហើយ នូវអសក្ការៈដែលកើតឡើងហើយ នូវសេចក្ដីប្រាថ្នាលាមក ដែលកើតឡើងហើយ នូវបាបមិត្ត ដែលកើតឡើងហើយ ព្រោះអាស្រ័យនូវអំណាចប្រយោជន៍នេះឯង។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ ភិក្ខុក្នុងសាសនានេះ គប្បីសិក្សាយ៉ាងនេះថា យើងទាំងឡាយ គួរជាអ្នកគ្របសង្កត់ ញាំញីនូវលាភ ដែលកើតឡើងហើយ យើងទាំងឡាយ គួរជាអ្នកគ្របសង្កត់ ញាំញីនូវអលាភ ដែលកើតឡើងហើយ នូវយស ដែលកើតឡើងហើយ នូវអយស ដែលកើតឡើងហើយ នូវសក្ការៈ ដែលកើតឡើងហើយ នូវអសក្ការៈ ដែលកើតឡើងហើយ នូវសេចក្ដីប្រាថ្នាលាមក ដែលកើតឡើងហើយ នូវបាបមិត្ត ដែលកើតឡើងហើយ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ត្រូវសិក្សាយ៉ាងនេះឯង។ បពិត្រព្រះឧត្ដរដ៏ចំរើន បណ្ដាបរិសទ្យទាំង ៤ ពួក គឺ ភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកា ធម្មបរិយាយនេះ មិនទាន់តាំងនៅក្នុងបរិសទ្យណាទេ បពិត្រលោកដ៏ចំរើន សូមព្រះឧត្ដរដ៏មានអាយុ កាន់យកនូវធម្មបរិយាយនេះ បពិត្រលោកដ៏ចំរើន សូមព្រះឧត្ដរដ៏មានអាយុ រៀនយកនូវធម្មបរិយាយនេះ បពិត្រលោកដ៏ចំរើន សូមព្រះឧត្ដរដ៏មានអាយុ ទ្រទ្រង់នូវធម្មបរិយាយនេះ បពិត្រលោកដ៏ចំរើន ធម្មបរិយាយនេះ ប្រកបដោយប្រយោជន៍ជាខាងដើមនៃមគ្គព្រហ្មចរិយធម៌។
នន្ទសូត្រ ទី៩
[៩] ម្នាលភិក្ខុទាំងឡាយ អ្នកផងកាលបើពោលតាមត្រឹមត្រូវ គប្បីពោលនូវនន្ទភិក្ខុ ថាជាកុលបុត្តដូច្នេះ ម្នាលភិក្ខុទាំងឡាយ អ្នកផងកាលបើពោលតាមត្រឹមត្រូវ គប្បីពោលនូវនន្ទភិក្ខុថាជាអ្នកមានកម្លាំងកាយដូច្នេះ ម្នាលភិក្ខុទាំងឡាយ អ្នកផងកាលបើពោលតាមត្រឹមត្រូវ គប្បីពោលនូវនន្ទភិក្ខុ ថាជាអ្នកគួរនាំមកនូវសេចក្ដីជ្រះថ្លាដូច្នេះ ម្នាលភិក្ខុទាំងឡាយ អ្នកផងកាលបើពោលតាមត្រឹមត្រូវ គប្បីពោលនូវនន្ទភិក្ខុ ថាជាអ្នកមានរាគៈដ៏ក្លៀវក្លាដូច្នេះ។ ម្នាលភិក្ខុទាំងឡាយ ចាំបាច់ពោលទៅថ្វី ក្នុងទីដទៃ ថានន្ទភិក្ខុ គ្រប់គ្រងទ្វារក្នុងឥន្ទ្រិយទាំងឡាយ ដឹងប្រមាណក្នុងភោជន ប្រកបរឿយៗ នូវការភ្ញាក់រលឹក ប្រកបដោយសតិ និងសម្បជញ្ញៈ ទើបនន្ទភិក្ខុអាចដើម្បីប្រព្រឹត្តនូវព្រហ្មចរិយធម៌ ឲ្យបរិបូណ៌ បរិសុទ្ធបាន។
ម្នាលភិក្ខុទាំងឡាយ ហេតុដែលនន្ទភិក្ខុមានទ្វារគ្រប់គ្រងហើយ ក្នុងឥន្រ្ទិយទាំងឡាយនោះ យ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ បើនន្ទភិក្ខុរមិលមើលទៅទិសខាងកើត លុះតែប្រមូលនូវហេតុទាំងអស់ ដោយចិត្ត ទើបនន្ទភិក្ខុ រមិលមើលនូវទិសខាងកើត ដោយគំនិតថា អកុសលធម៌ទាំងឡាយដ៏លាមក គឺអភិជ្ឈា និងទោមនស្ស នឹងមិនជាប់តាមអាត្មាអញ ដែលកំពុងរមិលមើលទិសខាងកើតយ៉ាងនេះ។ ព្រោះហេតុនោះ ក្នុងសាសនានេះ នន្ទភិក្ខុ ទើបឈ្មោះថា ជាអ្នកមានសេចក្ដីដឹងខ្លួន ក្នុងការគ្រប់គ្រងទ្វារនោះ។ ម្នាលភិក្ខុទាំងឡាយ បើនន្ទភិក្ខុរមិលមើលទិសខាងលិច រមិលមើលទិសខាងជើង រមិលមើលទិសខាងត្បូង ងើយមើលទៅទិសខាងលើ ឱនមើលទិសខាងក្រោម ងាកមើលទៅទិសជាលំដាប់ លុះតែប្រមូលនូវហេតុទាំងអស់ដោយចិត្ត ទើបនន្ទភិក្ខុងាកមើលនូវទិសជាលំដាប់ ដោយគំនិតថា អកុសលធម៌ទាំងឡាយដ៏លាមក គឺអភិជ្ឈា និងទោមនស្ស នឹងមិនជាប់តាមអាត្មាអញ ដែលកំពុងងាកមើលទិសជាលំដាប់។ ព្រោះហេតុនោះ ក្នុងសាសនានេះ នន្ទភិក្ខុ ទើបឈ្មោះថា ជាអ្នកមានសេចក្ដីដឹងខ្លួន ក្នុងការគ្រប់គ្រងទ្វារយ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ ហេតុដែលនន្ទភិក្ខុ មានឥន្រ្ទិយគ្រប់គ្រងហើយ យ៉ាងនេះឯង។
ម្នាលភិក្ខុទាំងឡាយ ហេតុដែលនន្ទភិក្ខុស្គាល់ប្រមាណក្នុងភោជននោះ យ៉ាងនេះ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ នន្ទភិក្ខុពិចារណា ដោយឧបាយហើយ ទើបបរិភោគ នូវអាហារ មិនមែនដើម្បីលេង មិនមែនដើម្បីស្រវឹង មិនមែនដើម្បីតាក់តែងរាងកាយ មិនមែនដើម្បីផូរផង់ គ្រាន់តែឲ្យតាំងនៅនៃកាយនេះ ដើម្បីញុំាងជីវិតិន្ទ្រិយឲ្យប្រព្រឹត្តទៅ ដើម្បីបំបាត់បង់នូវសេចក្តីលំបាក ដើម្បីអនុគ្រោះដល់ព្រហ្មចារ្យ អាត្មាអញ នឹងកំចាត់បង់នូវវេទនាចាស់ផង ញុំាងវេទនាថ្មី មិនឲ្យកើតឡើងបានផង ការប្រព្រឹត្តិទៅនៃឥរិយាបថក្ដី ការមិនមានទោសក្ដី ការនៅសប្បាយក្ដី នឹងមានដល់អាត្មាអញ។ ម្នាលភិក្ខុទាំងឡាយ ហេតុដែលនន្ទភិក្ខុស្គាល់ប្រមាណក្នុងភោជន យ៉ាងនេះឯង។
ម្នាលភិក្ខុទាំងឡាយ ហេតុដែលនន្ទភិក្ខុប្រកបរឿយ ៗ ក្នុងការភ្ញាក់រលឹកនោះ យ៉ាងនេះ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ នន្ទភិក្ខុ ជម្រះចិត្តចាកអាវរណីយធម៌ ដោយការចង្ក្រមន៍ ដោយការអង្គុយអស់មួយថ្ងៃ ជម្រះចិត្តចាកអាវរណីយធម៌ ដោយការចង្រ្កមន៍ ដោយការអង្គុយអស់បឋមយាមនៃរាត្រី សម្រេចនូវសីហសេយ្យ ដោយផ្អៀងទៅខាងស្ដាំ តំរួតជើងដោយជើង ជាអ្នកមានសតិសម្បជញ្ញៈ ធ្វើទុកក្នុងចិត្តនូវឧដ្ឋានសញ្ញា អស់មជ្ឈិមយាមនៃរាត្រី ហើយក្រោកឡើង ជម្រះចិត្តចាកអាវរណីយធម៌ ដោយការចង្រ្កមន៍ ដោយការអង្គុយ អស់បច្ឆិមយាមនៃរាត្រី។ ម្នាលភិក្ខុទាំងឡាយ ហេតុដែលនន្ទភិក្ខុប្រកបរឿយ ៗ ក្នុងការភ្ញាក់រលឹក យ៉ាងនេះ។
ម្នាលភិក្ខុទាំងឡាយ ហេតុដែលនន្ទភិក្ខុមានសតិសម្បជញ្ញៈនោះ យ៉ាងនេះ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ វេទនាកើតឡើងដល់នន្ទភិក្ខុ ក៏ដឹងច្បាស់ វេទនាប្រាកដឡើង ក៏ដឹងច្បាស់ ដល់នូវសេចក្ដីវិនាស ក៏ដឹងច្បាស់ សញ្ញាដែលកើតឡើង ក៏ដឹងច្បាស់ សញ្ញាប្រាកដឡើង ក៏ដឹងច្បាស់ សញ្ញាដល់នូវសេចក្ដីវិនាស ក៏ដឹងច្បាស់ វិតក្កៈ ដែលកើតឡើង ក៏ដឹងច្បាស់ វិតក្កៈដែលប្រាកដឡើង ក៏ដឹងច្បាស់ វិតក្កៈដែលដល់នូវសេចក្ដីវិនាស ក៏ដឹងច្បាស់។ ម្នាលភិក្ខុទាំងឡាយ ហេតុដែលនន្ទភិក្ខុ មានសតិសម្បជញ្ញៈ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចាំបាច់ពោលទៅថ្វី ក្នុងទីដទៃថា នន្ទភិក្ខុគ្រប់គ្រងទ្វារ ក្នុងឥន្ទ្រិយទាំងឡាយ ដឹងប្រមាណ ក្នុងភោជន ប្រកបរឿយៗ នូវការភ្ញាក់រលឹក ប្រកបដោយសតិសម្បជញ្ញៈ ទើបនន្ទភិក្ខុ អាចប្រព្រឹត្តព្រហ្មចរិយធម៌ ឲ្យបរិបូណ៌ បរិសុទ្ធ បាន។
ការណ្ឌវសូត្រ ទី១០
[១០] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់ក្បែរឆ្នេរស្រះបោក្ខរណីឈ្មោះគគ្គរា ជិតក្រុងចម្បា។ សម័យនោះឯង ភិក្ខុទាំងឡាយ ចោទភិក្ខុផងគ្នាដោយអាបត្តិ។ ភិក្ខុនោះ កាលត្រូវពួកភិក្ខុផងគ្នា ចោទដោយអាបត្តិ ក៏អាងពាក្យដទៃដោយពាក្យដទៃ បដិសេធពាក្យទៅខាងក្រៅ ធ្វើសេចក្ដីក្រោធផង ទោសផង សេចក្ដីមិនពេញចិត្តផង ឲ្យកើតប្រាកដ។ លំដាប់នោះ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់នឹងភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរបណ្ដេញនូវបុគ្គលនេះចេញ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរបណ្ដេញនូវបុគ្គលនេះចេញ។ ម្នាលភិក្ខុទាំងឡាយ បុគ្គល (នោះ) ជាបុគ្គលគួរបណ្ដេញចេញ បុគ្គលដូចជាកូននៃបុគ្គលដទៃ រមែងបៀតបៀនបានទេដឹង ម្នាលភិក្ខុទាំងឡាយ ការឈានទៅមុខ និងថយក្រោយ ការមើលទួទៅ មើលផ្សេងៗ ការបត់អវយវៈចូល ការលាអវយវៈចេញ ការទ្រទ្រង់នូវសង្ឃាដិ បាត្រ ចីវរ របស់បុគ្គលពួកខ្លះក្នុងសាសនានេះ ប្រាកដដូច្នោះ ដូចដំណើរនៃពួកភិក្ខុដ៏ចំរើនដទៃ ពួកភិក្ខុមិនឃើញនូវអាបត្ដិរបស់ភិក្ខុនោះ លុះកាលណាពួកភិក្ខុ ឃើញនូវអាបត្ដិ ភិក្ខុនោះ ក៏ដឹងនូវភិក្ខុនោះយ៉ាងនេះថា ភិក្ខុនេះជាអ្នកប្រទូស្ដដល់សមណៈ ដូចជាសំដី ឬអង្កាមក្នុងសមណៈ ជាសម្រាមក្នុងសមណៈ លុះពួកភិក្ខុដឹងច្បាស់នូវភិក្ខុនោះ ដូច្នេះហើយ ក៏ធ្វើឲ្យវិនាស ទៅខាងក្រៅ (ជំនុំសង្ឃ)។ ដំណើរនោះ ព្រោះហេតុអ្វី។ ព្រោះថា អ្នកកុំប្រទូស្តភិក្ខុល្អទាំងឡាយឯទៀតឡើយ។ ម្នាលភិក្ខុទាំងឡាយ ដូចយ៉ាងស្មៅដែលបង្ខូចស្រូវ ជាសំដីក្នុងស្រូវ ជាសម្រាមដល់ស្រូវ ដុះឡើងក្នុងស្រែនៃស្រូវដ៏ល្អ គល់ស្មៅនោះ ក៏ដូច្នោះដែរ ដូចគល់នៃស្រូវដ៏ចំរើនដទៃ ដើម ក៏ដូច្នោះដែរ ដូចជាដើមនៃស្រូវដ៏ចំរើនដទៃ ស្លឹក ក៏ដូច្នោះដែរ ដូចជាស្លឹកនៃស្រូវ ដ៏ចំរើនដទៃ កំណត់ត្រឹមគួរនៃស្មៅនោះមិនទាន់កើត លុះកាលណាគួរនៃស្មៅនោះកើតឡើង អ្នកផងទើបដឹងស្មៅនោះយ៉ាងនេះថា នេះជាស្មៅបង្ខូចស្រូវ ជាសំដីក្នុងស្រូវ ជាសម្រាមដល់ស្រូវ លុះអ្នកផងដឹងច្បាស់នូវស្មៅនោះ យ៉ាងនេះហើយ ក៏ដករំលើងទាំងឫសចោលទៅខាងក្រៅនៃស្រែស្រូវ។ ដំណើរនោះ ព្រោះហេតុអ្វី។ ព្រោះថា កុំឲ្យបង្ខូចស្រូវទាំងឡាយឯទៀតបានឡើយ សេចក្ដីនេះ យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ ការឈានទៅមុខ និងការថយក្រោយ ការមើលទួទៅ ការមើលផ្សេង ៗ ការបត់អវយវៈចូល ការលាអវយវៈចេញ ការទ្រទ្រង់នូវសង្ឃាដិ បាត្រ ចីវរ របស់បុគ្គលពួកខ្លះ ក្នុងសាសនានេះ ប្រាកដដូចយ៉ាងដំណើរ នៃពួកភិក្ខុល្អដទៃ កំណត់ត្រឹមពួកភិក្ខុមិនឃើញនូវអាបត្តិរបស់ភិក្ខុនោះ ក្នុងកាលណាពួកភិក្ខុឃើញនូវអាបត្តិរបស់ភិក្ខុនោះ ក៏ដឹងនូវភិក្ខុនោះ យ៉ាងនេះថា ភិក្ខុនេះ ជាអ្នកប្រទូស្ដសមណៈ ដូចជាសំដី ឬអង្កាមក្នុងសមណៈ ជាសម្រាមដល់សមណៈ លុះពួកភិក្ខុដឹងច្បាស់នូវភិក្ខុនោះ ដូច្នេះហើយ ក៏ធ្វើឲ្យវិនាសទៅខាងក្រៅ (ជំនុំសង្ឃ) ក្នុងកាលនោះ ក៏យ៉ាងនោះឯង។ ដំណើរនោះ ព្រោះហេតុអ្វី។ ព្រោះថា កុំឲ្យប្រទូស្ដភិក្ខុល្អទាំងឡាយឯទៀតឡើយ។ ម្នាលភិក្ខុទាំងឡាយ ដូចយ៉ាងគំនរស្រូវដ៏ធំ ដែលគេកំពុងរោយ ស្រូវណាក្នុងគំនរទាំងនោះ ដែលជាស្រូវសុទ្ធ ជាស្រូវមានគ្រាប់ ស្រូវទាំងនោះ ក៏ទៅជាគំនរដោយឡែក ចំណែកស្រូវណា ជាស្រូវមានកំឡាំងថយ ជាសំដីស្រូវ ខ្យល់ក៏បក់ស្រូវទាំងនោះ ទៅជាគំនរដោយឡែក ពួកម្ចាស់ក៏យកអម្បោសទៅបោសស្រូវនោះ (ឲ្យស្អាតចេញ) ដោយក្រៃលែង។ ដំណើរនោះ ព្រោះហេតុអ្វី។ ព្រោះថា កុំឲ្យបង្ខូចស្រូវល្អទាំងឡាយឯទៀតបានឡើយ យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ ដំណើរប្រាកដដូច្នោះ គឺ ការឈានទៅមុខ និងការថយក្រោយ ការមើលទួទៅ ការមើលផ្សេង ៗ ការបត់អវយវៈចូល ការលាអវយវៈចេញ ការទ្រទ្រង់នូវសង្ឃាដិ បាត្រ ចីវរ របស់បុគ្គលពួកខ្លះ ក្នុងសាសនានេះ ប្រាកដដូចយ៉ាងដំណើរនៃពួកភិក្ខុល្អដទៃ កំណត់ត្រឹមពួកភិក្ខុមិនឃើញនូវអាបត្តិរបស់ភិក្ខុនោះ លុះកាលណាពួកភិក្ខុឃើញនូវអាបត្តិរបស់ភិក្ខុនោះ ក៏ដឹងភិក្ខុនោះយ៉ាងនេះថា ភិក្ខុនេះជាអ្នកប្រទូស្ដសមណៈ ដូចជាសំដី ឬអង្កាមក្នុងសមណៈ ជាសម្រាមដល់សមណៈ លុះពួកភិក្ខុដឹងច្បាស់នូវភិក្ខុនោះដូច្នេះហើយ ធ្វើឲ្យវិនាសទៅខាងក្រៅ (ជំនុំសង្ឃ) ក្នុងកាលនោះ ក៏យ៉ាងនោះឯង។ ដំណើរនោះ ព្រោះហេតុអ្វី។ ព្រោះថា កុំឲ្យប្រទូស្ដពួកភិក្ខុល្អទាំងឡាយឯទៀតបានឡើយ។ ម្នាលភិក្ខុទាំងឡាយ ដូចយ៉ាងបុរសត្រូវការថាំងសម្រាប់ដងទឹកអណ្ដូង ក៏ត្រូវកាន់យកដឹងដ៏មុត ចូលទៅព្រៃ បុរសនោះ គោះមើលឈើនោះ ដោយស្លាបដឹង។ ឈើទាំងនោះ ឈើណាជាឈើមាំមួន មានខ្លឹម ឈើទាំងនោះ កាលត្រូវគេគោះដោយស្លាបដឹងហើយ ក៏បញេ្ចញសូរបែបរឹងតាន់។ ចំណែកឈើទាំងឡាយណា ជាឈើស្អុយក្នុង ជាឈើពុក ជាឈើជ្រោកជ្រាក ឈើទាំងនោះ កាលត្រូវគេគោះដោយស្លាបដឹងហើយ ក៏បញេ្ចញសូរបែបព្រុក ៗ។ បុរសនោះ ក៏កាត់យកឈើនោះត្រង់គល់ លុះកាត់គល់ហើយ ទើបកាត់ចុង លុះកាត់ចុងហើយ ទើបសំអាតខាងក្នុងឲ្យស្អាត លុះសំអាតខាងក្នុងឲ្យស្អាតហើយ ទើបធ្វើទៅជាថាំងសម្រាប់ដងទឹកអណ្ដូង យ៉ាងណា។ ម្នាលភិក្ខុទាំងឡាយ ការឈានទៅមុខ និងការថយក្រោយ ការមើលទួទៅ ការមើលផ្សេង ៗ ការបត់អវយវៈចូល ការលាអវយវៈចេញ ការទ្រទ្រង់នូវសង្ឃាដិ បាត្រ ចីវរ តែងមានដល់បុគ្គលពួកខ្លះ ក្នុងសាសនានេះ ប្រាកដដូចយ៉ាងដំណើរនៃពួកភិក្ខុល្អដទៃ កំណត់ត្រឹមពួកភិក្ខុមិនទាន់ឃើញនូវអាបត្តិរបស់ភិក្ខុនោះ លុះកាលណា ពួកភិក្ខុឃើញនូវអាបត្តិរបស់ភិក្ខុនោះហើយ ក៏ដឹងនូវភិក្ខុនោះ យ៉ាងនេះថា ភិក្ខុនេះ ជាអ្នកប្រទូស្ដសមណៈ ដូចជាសំដី ឬអង្កាមក្នុងសមណៈ ជាសម្រាមដល់សមណៈ លុះពួកភិក្ខុ ដឹងច្បាស់នូវភិក្ខុនោះ ដូច្នេះហើយ ធ្វើឲ្យវិនាសទៅខាងក្រៅ (ជំនុំសង្ឃ) ក្នុងកាលនោះ ក៏យ៉ាងនោះដែរ។ ដំណើរនោះ ព្រោះហេតុអ្វី។ ព្រោះថា កុំឲ្យប្រទូស្ដពួកភិក្ខុល្អឯទៀតបានឡើយ។
ដោយការនៅរួមគ្នា បុគ្គលគប្បីដឹងថា បុគ្គលមានប្រាថា្នដ៏លាមក មានសេចក្ដីក្រោធ ជាអ្នកលុបគុណ រឹងត្អឹង លើកខ្លួន ច្រណែន មានសេចក្ដីកំណាញ់ ជាអ្នកអួតអាង មានសំដីទន់ភ្លន់ និយាយក្នុងកណ្ដាលប្រជុំជន ដូចជាសមណៈ តែជាអ្នកមានទិដ្ឋិអាក្រក់ មិនអើពើ (ក្នុងធម៌វិន័យ) ជាបុគ្គលរឡេមរឡាម ពោលនូវពាក្យកុហក តែងធ្វើនូវអំពើ (អាក្រក់) ក្នុងទីស្ងាត់ យ៉ាងណា អ្នកទាំងឡាយ ទាំងអស់គ្នា លុះដឹងច្បាស់នូវពាក្យនោះ យ៉ាងណាហើយ គួរជាអ្នកព្រមព្រៀងគ្នា ចូរបណ្ដេញនូវបុគ្គលនោះចេញ កំចាត់បង់នូវបុគ្គលដូចជាសម្រាម កំចាត់បង់នូវបុគ្គលជ្រោកជ្រាកចេញ លំដាប់អំពីនោះ អ្នកទាំងឡាយ ចូរបន្សាត់នូវបុគ្គលទាំងឡាយ ដូចជាសំដី ឬអង្កាម មិនមែនជាសមណៈ លើកខ្លួនថាជាសមណៈនោះចេញ លុះអ្នកទាំងឡាយ កំចាត់បង់នូវបុគ្គលប្រាថ្នាលាមកមានអាចារៈ និងគោចរៈដ៏លាមកចេញហើយ ជាអ្នកមានស្មារតី ចូរកំណត់នូវការនៅរួមគ្នាដោយបុគ្គលបរិសុទ្ធ និងមិនបរិសុទ្ធ គួរជាអ្នកព្រមព្រៀងគ្នា មានប្រាជ្ញាដ៏ខ្ជាប់ខ្ជួន និងធ្វើនូវទីបំផុតនៃទុក្ខបាន។
ចប់ មេត្តាវគ្គ ទី១។
ឧទ្ទានក្នុងមេត្តាវគ្គនោះគឺ
និយាយអំពីអានិសង្សមេត្តាចេតោសមាធិ ១ អំពីការបានបញ្ញា ពីរលើក អំពីបុគ្គលជាទីស្រឡាញ់ ពីរលើក អំពីបុគ្គលមិនជាទីស្រឡាញ់ ពីរលើក អំពីលោកធម៌ និងការប្រាសចាកលោកធម៌ ១ អំពីទេវទត្ត ១ អំពីព្រះឧត្ដរៈ ១ អំពីព្រះនន្ទៈ ១ អំពីសមណៈដូចជាសម្រាម ១។
មហាវគ្គ ទី២
វេរញ្ជសូត្រ ទី១
[១១] ខ្ញុំបានស្ដាប់មកយ៉ាងនេះ។ សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្បែរដើមស្ដៅ ជាលំនៅរបស់នឡេរុយក្ស ជិតស្រុកវេរញ្ជា។ គ្រានោះ វេរញ្ជព្រាហ្មណ៍ ចូលសំដៅទៅត្រង់ទី ដែលព្រះដ៏មានព្រះភាគគង់ លុះចូលទៅដល់ហើយ ធ្វើសេចក្ដីរីករាយ ជាមួយនឹងព្រះដ៏មានព្រះភាគ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររលឹកហើយ ទើបអង្គុយក្នុងទីដ៏សមគួរ។ កាលដែលវេរញ្ជព្រាហ្មណ៍ អង្គុយក្នុងទីដ៏សមគួរហើយ បានក្រាបទូលព្រះដ៏មានព្រះភាគយ៉ាងនេះថា បពិត្រព្រះគោតមដ៏ចំរើន ខ្ញុំបានឮពាក្យថា ព្រះសមណគោតម មិនសំពះ មិនក្រោកទទួលព្រាហ្មណ៍ទាំងឡាយ ដែលចាស់ជរា ជាព្រឹទ្ធាចារ្យមានអាយុច្រើន រស់នៅបានយូរឆ្នាំមកហើយ មានអាយុជ្រុលចូលក្នុងបច្ឆិមវ័យហើយ ទោះបីគ្រាន់តែអញ្ជើញហៅរកព្រាហ្មណ៍ទាំងនោះ ឲ្យអង្គុយលើអាសនៈ (ព្រះអង្គក៏មិនធ្វើ) បពិត្រព្រះគោតមដ៏ចំរើន ពាក្យដែលខ្ញុំបានឮមកនោះ ជាប្រាកដថា ព្រះគោតមដ៏ចំរើនមិនសំពះ មិនក្រោកទទួលព្រាហ្មណ៍ទាំងឡាយ ដែលចាស់ជរា ជាព្រឹទ្ធាចារ្យមានអាយុច្រើន រស់នៅបានយូរឆ្នាំមកហើយ មានអាយុជ្រុលចូលមកក្នុងបច្ឆិមវ័យហើយ ថាសូម្បីត្រឹមតែអញ្ជើញហៅរកព្រាហ្មណ៍ទាំងនោះដោយអាសនៈ (ព្រះអង្គក៏មិនធ្វើ) បពិត្រព្រះគោតមដ៏ចំរើន កិច្ច មានមិនសំពះជាដើមនោះ ជាទំនងពុំសមគួរឡើយ។ ព្រះដ៏មានព្រះភាគត្រាស់ថា ម្នាលព្រាហ្មណ៍ ក្នុងលោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ក្នុងពពួកសត្វ ព្រមទាំងសមណព្រាហ្មណ៍ ទាំងមនុស្សជាសម្មតិទេព និងមនុស្សដ៏សេស តថាគត មិនឃើញអ្នកណាមួយ ល្មមឲ្យតថាគតសំពះ ឬក្រោកទទួល ឬអញ្ជើញហៅរកឲ្យអង្គុយលើអាសនៈឡើយ ម្នាលព្រាហ្មណ៍ ព្រោះថា បើតថាគតសំពះអ្នកណា ឬក្រោកទទួលអ្នកណា ឬក៏អញ្ជើញហៅរកដោយអាសនៈ ក្បាលរបស់អ្នកនោះ នឹងដាច់ធ្លាក់ចេញចាកក។ វេរញ្ជព្រាហ្មណ៍ ក៏ពោលពាក្យច្រឡោះបោះ ទៅរកព្រះសាស្ដាថា ព្រះគោតមដ៏ចំរើន ជាមនុស្សសោះកក្រោះ ឥតរសជាតិទេតើ។ ព្រះដ៏មានព្រះភាគ ត្រាស់តបថា ម្នាលព្រាហ្មណ៍ ពិតមែន មានហេតុជាទំនងគួរឲ្យអ្នកផងគេថា ព្រះសមណគោតម ជាមនុស្សសោះកក្រោះ ឥតរសជាតិ ដែលគេថានោះ ត្រូវហើយ ម្នាលព្រាហ្មណ៍ ពីព្រោះរសជាតិ គឺ រូប សំឡេង ក្លិន រស ផោដ្ឋព្វ ទាំងប៉ុន្មាននោះ តថាគតបានលះស្រឡះហើយ បានផ្ដាច់ផ្ដិលឫសគល់អស់ហើយ បានធ្វើមិនឲ្យមានទីកើត ដូចជាដើមត្នោត ដែលគេគាស់រំលើង ឲ្យលែងដុះតទៅទៀតហើយ ជាធម៌លែងមានបែបភាពតទៅទៀតហើយ ជាធម៌លែងមានកំណើតតទៅមុខទៀតហើយ ម្នាលព្រាហ្មណ៍ ដែលអ្នកផងគេថា ព្រះសមណគោតម ជាមនុស្សសោះកក្រោះ ឥតមានរសជាតិនោះ គឺត្រូវត្រង់ហេតុនេះឯង ប៉ុន្តែមិនមែនត្រូវត្រង់ហេតុដែលព្រាហ្មណ៍ឯង និយាយដៅនោះទេ។ ព្រាហ្មណ៍ពោលថា ព្រះគោតមដ៏ចំរើន គ្មានគ្រឿងប្រើការទេតើ។ ព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់តបថា ម្នាលព្រាហ្មណ៍ ពិតមែន មានហេតុជាទំនងគួរឲ្យអ្នកផងគេថា ព្រះសមណគោតម ជាមនុស្សប្រើការមិនកើត ដែលគេថានោះ ត្រូវហើយ ម្នាលព្រាហ្មណ៍ ពីព្រោះគ្រឿងប្រើការ គឺរូប សំឡេង ក្លិន រស ផោដ្ឋព្វ ទាំងប៉ុន្មាននោះ តថាគត បានលះស្រឡះហើយ បានផ្ដាច់ផ្ដិលឫសគល់អស់ហើយ បានធ្វើមិនឲ្យមានទីកើត ដូចជាដើមត្នោតដែលគេគាស់រំលើង ឲ្យលែងដុះតទៅទៀតហើយ ជាធម៌លែងមានបែបភាពតទៅទៀតហើយ ជាធម៌មិនមានកំណើតតទៅខាងមុខទៀតទេ ម្នាលព្រាហ្មណ៍ ដែលអ្នកផងគេថា ព្រះសមណគោតម ជាមនុស្សប្រើការមិនកើតនោះ គឺជាសំដីត្រូវត្រង់ហេតុនេះឯង ប៉ុន្តែមិនមែនត្រូវត្រង់ហេតុ ដែលអ្នកនិយាយសំដៅនោះទេ។ ព្រាហ្មណ៍ពោលថា ព្រះគោតមដ៏ចំរើន ជាអកិរិយវាទទេតើ។ ព្រះសាស្ដាទ្រង់ត្រាស់តបថា ម្នាលព្រាហ្មណ៍ ពិតមែន មានហេតុជាទំនងគួរឲ្យអ្នកផងគេថា ព្រះសមណគោតម ជាអកិរិយវាទ ដែលគេថានោះ ត្រូវហើយ ម្នាលព្រាហ្មណ៍ ពីព្រោះតថាគត ប្រកាន់និយាយហាមឃាត់ថា មិនត្រូវអ្នកណាមួយ ធ្វើកាយទុច្ចរិត វចីទុច្ចរិត មនោទុច្ចរិតឡើយ តែងនិយាយហាមឃាត់ថា មិនត្រូវអ្នកណាមួយ ធ្វើនូវធម៌ទាំងឡាយ ជាអកុសលអាក្រក់ច្រើនប្រការនោះឡើយ ម្នាលព្រាហ្មណ៍ ដែលអ្នកផងគេថា ព្រះសមណគោតម ជាអកិរិយវាទនោះ គឺជាសំដីត្រូវត្រង់ហេតុនេះឯង ប៉ុន្តែមិនមែនត្រូវត្រង់ហេតុដែលអ្នកនិយាយសំដៅនោះទេ។
ព្រាហ្មណ៍ពោលថា ព្រះគោតមដ៏ចំរើន ជាឧច្ឆេទវាទទេតើ។ ព្រះសាស្ដាទ្រង់ត្រាស់តបថា ម្នាលព្រាហ្មណ៍ ពិតមែន មានហេតុជាទំនងគួរឲ្យអ្នកផងគេថា ព្រះសមណគោតម ជាឧច្ឆេទវាទ ដែលគេថានោះ ត្រូវហើយ ម្នាលព្រាហ្មណ៍ ពីព្រោះតថាគតប្រកាន់និយាយថា ឲ្យសត្វកាត់ផ្ដាច់ផ្ដិលនូវរាគៈ ទោសៈ មោហៈ តថាគត តែងនិយាយថា ឲ្យសត្វកាត់ផ្ដាច់ផ្ដិលនូវធម៌ទាំងឡាយ ជាអកុសលអាក្រក់ច្រើនយ៉ាងនេះចេញ ម្នាលព្រាហ្មណ៍ ដែលអ្នកផងគេថា ព្រះសមណគោតម ជាឧច្ឆេទវាទនោះ គឺត្រូវត្រង់ហេតុនេះឯង ប៉ុន្តែមិនមែនត្រូវត្រង់ហេតុដែលអ្នកនិយាយសំដៅនោះទេ។ ព្រាហ្មណ៍ពោលថា ព្រះគោតមដ៏ចំរើន ជាអ្នកខ្ពើមរអើម (ណាស់) ទេតើ។ ព្រះសម្ពុទ្ធទ្រង់ត្រាស់ថា ម្នាលព្រាហ្មណ៍ ពិតមែន មានហេតុជាទំនងគួរឲ្យអ្នកផងគេថា ព្រះសមណគោតម ជាអ្នកខ្ពើមរអើម ដែលគេថានោះ ត្រូវហើយ ម្នាលព្រាហ្មណ៍ ពីព្រោះតថាគតតែងនិយាយថា គួរខ្ពើមរអើមសេចក្ដីប្រព្រឹត្តិអាក្រក់ដោយកាយ វាចា ចិត្ត តថាគតតែងនិយាយថា គួរខ្ពើមរអើមសេចក្ដីប្រកបចិត្ត ផ្ដេកផ្ដិតទៅរកអកុសលធម៌ទាំងឡាយដ៏អាក្រក់ច្រើនប្រការ ម្នាលព្រាហណ៍ ដែលអ្នកផងគេថា ព្រះសមណគោតម ជាអ្នកខ្ពើមរអើមនោះ គឺត្រូវត្រង់ហេតុនេះឯង ប៉ុន្តែមិនមែនត្រូវត្រង់ហេតុដែលអ្នកនិយាយសំដៅនោះទេ។ ព្រាហ្មណ៍ពោលថា ព្រះគោតមដ៏ចំរើន ជាអ្នកបំផ្លាញទេតើ។ ព្រះលោកនាថជាម្ចាស់ ទ្រង់ត្រាស់ថា ម្នាលព្រាហ្មណ៍ ពិតមែន មានហេតុជាទំនង គួរឲ្យអ្នកផងគេថា ព្រះសមណគោតម ជាអ្នកបំផ្លាញ ដែលគេថានោះត្រូវហើយ ម្នាលព្រាហ្មណ៍ ពីព្រោះតថាគតសំដែងធម៌ចំពោះផ្លូវប្រតិបត្តិ ដែលបំផ្លាញបង់នូវរាគៈ ទោសៈ មោហៈ តថាគតសំដែងធម៌ចំពោះផ្លូវប្រតិបត្តិ ដែលរំលាយបង់នូវអកុសលធម៌ទាំងឡាយដ៏អាក្រក់ច្រើនប្រការ ម្នាលព្រាហ្មណ៍ ដែលអ្នកផងគេថា ព្រះសមណគោតម ជាអ្នកបំផ្លាញនោះ គឺត្រូវត្រង់ហេតុនេះឯង ប៉ុន្តែមិនមែនត្រូវត្រង់ហេតុដែលអ្នកនិយាយសំដៅនោះទេ។ ព្រាហ្មណ៍ពោលថា ព្រះគោតមដ៏ចំរើន ជាអ្នកដុតកំដៅទេតើ។ ព្រះសព្វញ្ញូទ្រង់ត្រាស់ថា ម្នាលព្រាហ្មណ៍ ពិតមែន មានហេតុជាទំនង គួរឲ្យអ្នកផងគេថា ព្រះសមណគោតម ជាអ្នកដុតកំដៅ ដែលគេថានោះ ត្រូវហើយ ម្នាលព្រាហ្មណ៍ ពីព្រោះតថាគតប្រកាន់និយាយថា ការប្រព្រឹត្តិអាក្រក់ដោយកាយ វាចា ចិត្ត ជាទីតាំងនៃសេចក្ដីក្ដៅក្រហាយ ជាអកុសលធម៌ដ៏អាក្រក់ អកុសលធម៌ទាំងឡាយដ៏អាក្រក់ ដែលជាទីតាំងនៃសេចក្ដីក្ដៅក្រហាយ (នោះ) បើអ្នកណាបានលះបង់ស្រឡះហើយ បានផ្ដាច់ផ្ដិលឫសគល់អស់ហើយ បានធ្វើមិនឲ្យមានទីកើតដូចជាដើមត្នោត ដែលគេគាស់រំលើង ឲ្យលែងដុះតទៅទៀតហើយ បានធ្វើឲ្យលែងមានបែបភាពតទៅទៀតហើយ ឲ្យជាធម៌លែងមានកំណើតតទៅខាងមុខទៀតហើយ តថាគតហៅអ្នកនោះថា អ្នកដុតកំដៅ ម្នាលព្រាហ្មណ៍ អកុសលធម៌ទាំងឡាយដ៏អាក្រក់ ជាទីតាំងនៃសេចក្ដីក្ដៅក្រហាយ តថាគតបានលះបង់ស្រឡះហើយ បានផ្ដាច់ផ្ដិលឫសគល់អស់ហើយ បានធ្វើមិនឲ្យមានទីកើត ដូចជាដើមត្នោត ដែលគេគាស់រំលើង ឲ្យលែងដុះតទៅទៀតហើយ បានធ្វើឲ្យលែងមានបែបភាពតទៅទៀតហើយ ឲ្យជាធម៌លែងមានកំណើតតទៅខាងមុខទៀតហើយ ម្នាលព្រាហ្មណ៍ ដែលអ្នកផងគេថា ព្រះសមណគោតម ជាអ្នកដុតកំដៅនោះ គឺត្រូវត្រង់ហេតុនេះឯង ប៉ុន្តែមិនមែនត្រូវត្រង់ហេតុ ដែលអ្នកនិយាយសំដៅនោះទេ។ ព្រាហ្មណ៍ពោលថា ព្រះគោតមដ៏ចំរើន ជាមនុស្សឥតកំណើតទេតើ។ ព្រះដ៏មានជោគទ្រង់ត្រាស់ថា ម្នាលព្រាហ្មណ៍ ពិតមែន មានហេតុជាទំនងគួរឲ្យអ្នកផងគេថា ព្រះសមណគោតម ជាមនុស្សឥតកំណើត ដែលគេថានោះ ត្រូវហើយ ម្នាលព្រាហ្មណ៍ ពីព្រោះកិរិយាដេកក្នុងគភ៌តទៅទៀត ដំណើរកើតក្នុងភពតទៅទៀត បើអ្នកណាបានលះបង់ស្រឡះហើយ បានផ្ដាច់ផ្ដិលឫសគល់អស់ហើយ បានធ្វើមិនឲ្យមានទីកើត ដូចដើមត្នោតដែលគេគាស់រំលើងឲ្យលែងដុះតទៅទៀតហើយ ធ្វើឲ្យលែងមានបែបភាពតទៅទៀតហើយ ឲ្យជាធម៌លែងមានកំណើតតទៅទៀតហើយ តថាគតហៅអ្នកនោះថា អ្នកឥតកំណើត ម្នាលព្រាហ្មណ៍ កិរិយាដេកក្នុងគភ៌តទៅទៀត ដំណើរកើតក្នុងភពតទៅមុខទៀត តថាគតបានលះបង់ស្រឡះហើយ បានផ្ដាច់ផ្ដិលឫសគល់អស់ហើយ បានធ្វើមិនឲ្យមានទីកើត ដូចជាដើមត្នោតដែលគេគាស់រំលើង ឲ្យលែងដុះតទៅទៀតហើយ បានធ្វើឲ្យលែងមានបែបភាពតទៅទៀតហើយ ឲ្យជាធម៌លែងមានកំណើតទៅខាងមុខទៀតហើយ ម្នាលព្រាហ្មណ៍ ដែលអ្នកផងគេថា ព្រះសមណគោតម ជាមនុស្សឥតកំណើតនោះ គឺត្រូវត្រង់ហេតុនេះឯង ប៉ុន្តែមិនមែនត្រូវត្រង់ហេតុ ដែលអ្នកនិយាយសំដៅនោះទេ។ ម្នាលព្រាហ្មណ៍ ដូចជាស៊ុតមាន់ទាំងឡាយ ៨ក្ដី ១០ក្ដី ១២ក្ដី ស៊ុតមាន់ទាំងនោះ គឺមេមាន់ក្រាបដោយប្រពៃហើយ ធ្វើឲ្យកក់ក្ដៅ ដោយប្រពៃហើយ ឲ្យចាប់ក្លិនមេ ដោយប្រពៃហើយ (លុះដល់វេលាញាស់) ក៏បណ្ដាកូនមាន់ទាំងនោះ កូនមាន់ណា ទំលាយសម្បកស៊ុត ដោយចុងក្រចកជើង ឬដោយចុងចំពុះ ហើយញាស់ចេញមកដោយស្រួលមុនគេបំផុត បើដូច្នេះ តើអ្នកផងគួរហៅកូនមាន់នោះថា កូនច្បង ឬកូនពៅហៈ!។ ព្រាហ្មណ៍ក្រាបទូលថា បពិត្រព្រះគោតមដ៏ចំរើន (កូនមាន់នោះ) គេគួរហៅថា កូនច្បង បពិត្រព្រះគោតមដ៏ចំរើន ពីព្រោះវាជាបងគេបំផុត។ ព្រះសាស្ដាទ្រង់ត្រាស់ថា ម្នាលព្រាហ្មណ៍ កាលបើពពួកសត្វ ដូចជាស៊ុត (មាន់) មានអវិជ្ជា គឺសេចក្ដីល្ងង់ ដូចជាសម្បកស៊ុត កំពុងរួបរឹត ក្នុងលោកមានតែតថាគតម្នាក់ឯង ដែលទំលាយសម្បកស៊ុត គឺសេចក្ដីល្ងង់ ហើយត្រាស់ដឹងខ្លួនឯង ដោយប្រពៃ នូវសម្មាសម្ពោធិញ្ញាណ ដែលមិនមានគុណជាតឯទៀតប្រសើរជាងឡើយ ម្នាលព្រាហ្មណ៍ តថាគតឯង ជាចម្បង ជាបុគ្គលប្រសើរបំផុតជាងសត្វលោក ម្នាលព្រាហ្មណ៍ ព្យាយាម តថាគតបានតាំងផ្ដើមហើយ មិនបន្ធូរបន្ថយឡើយ ទាំងស្មារតី តថាគតក៏ប្រុងមិនឲ្យមានភ្លាត់ កាយសោត ក៏ស្ងប់រម្ងាប់ មិនក្រវល់ក្រវាយ ចិត្តក៏នឹងល្អ ជាចិត្តមានអារម្មណ៍តែមួយ ម្នាលព្រាហ្មណ៍ តថាគតនោះ លុះស្ងាត់ចាកកាមទាំងឡាយ ស្ងាត់ចាកធម៌ទាំងឡាយជាអកុសលហើយ ក៏ចូលបឋមជ្ឈាន ដែលប្រកបដោយវិតក្កវិចារៈ មានបីតិ និងសុខ ដែលកើតអំពើសេចក្ដីស្ងប់ស្ងាត់ ព្រោះរម្ងាប់វិតក្កវិចារៈ តថាគត បានចូលដល់ទុតិយជ្ឈាន ជាធម្មជាតកើតមានក្នុងសន្ដាន ចិត្តប្រកបដោយសេចក្ដីជ្រះថ្លា មានសភាពជាចិត្តខ្ពស់ឯក មិនមានវិតក្កៈ មិនមានវិចារៈ មានតែបីតិ និងសុខ កើតអំពីសមាធិ ព្រោះលះបង់បីតិចេញហើយ តថាគត ជាបុគ្គលព្រងើយផង មានសតិ សម្បជញ្ញៈផង សោយសុខដោយនាមកាយផង ព្រះអរិយទាំងឡាយ តែងសរសើរនូវបុគ្គល ដែលបាននូវតតិយជ្ឈាននោះថា បុគ្គលអ្នកបានតតិយជ្ឈាន មានចិត្តព្រងើយ មានស្មារតី មានប្រក្រតីនៅជាសុខ ព្រោះតតិយជ្ឈានណា តថាគត ក៏បានដល់នូវតតិយជ្ឈាននោះ ព្រោះលះបង់នូវសេចក្ដីសុខផង ព្រោះលះបង់នូវសេចក្ដីទុក្ខផង ព្រោះរំលត់នូវសោមនស្ស និងទោមនស្សអំពីមុនផង តថាគតបានចូលដល់ចតុត្ថជ្ឈាន ដែលឥតទុក្ខ ឥតសុខ មានសតិដ៏ស្អាត ប្រាកដចំពោះត្រង់ឧបេក្ខា កាលដែលចិត្តខ្ជាប់ខ្ជួន បរិសុទ្ធផូរផង់ មិនមានកិលេស ប្រាសចាកសេចក្ដីសៅហ្មង ជាចិត្តទន់ សមគួរដល់កម្ម ជាចិត្តនឹងធឹង មិនញាប់ញ័រយ៉ាងនេះហើយ តថាគត ក៏បានបង្អោនចិត្តចូលទៅក្នុងបុព្វេនិវាសានុស្សតិញ្ញាណ តថាគត ក៏រលឹកជាតិ ដែលបានអាស្រ័យនៅអំពីមុន ជាអនេកជាតិ គឺរលឹកបាន ១ជាតិ ២ជាតិ ៣ជាតិ ៤ជាតិ ៥ជាតិ ១០ជាតិ ២០ជាតិ ៣០ជាតិ ៤០ជាតិ ៥០ជាតិ ១០០ជាតិ ១ពាន់ជាតិ ១សែនជាតិក៏បាន រលឹកបានច្រើនសំវដ្ដកប្ប ច្រើនវិវដ្ដកប្ប ច្រើនសំវដ្ដវិវដ្ដកប្បក៏បាន ដូច្នេះថា តថាគតបានកើតក្នុងភពឯណោះ មានឈ្មោះយ៉ាងនេះ មានគោត្តយ៉ាងនេះ មានសម្បុរយ៉ាងនេះ មានអាហារយ៉ាងនេះ សោយសុខទុក្ខយ៉ាងនេះ មានកំណត់អាយុប៉ុណ្ណេះ តថាគតច្យុតចាកអត្តភាពនោះហើយ បានទៅកើតក្នុងភពឯណោះ ដែលទៅកើតក្នុងភពនោះ តថាគត មានឈ្មោះយ៉ាងនេះ មានគោត្តយ៉ាងនេះ មានសម្បុរយ៉ាងនេះ មានអាហារយ៉ាងនេះ បានសោយសុខ ទុក្ខយ៉ាងនេះ មានកំណត់អាយុប៉ុណ្ណេះ តថាគតច្យុតចាកអត្តភាពនោះហើយ មកកើតក្នុងភពនេះ។ តថាគតរលឹកតាមនូវជាតិ ដែលអាស្រ័យនៅពីមុនបានច្រើនជាតិ ព្រមទាំងអាការ ព្រមទាំងឧទ្ទេសយ៉ាងនេះ។ ម្នាលព្រាហ្មណ៍ បឋមវិជ្ជានេះហើយ ដែលតថាគត បានក្នុងយាមជាដំបូងនៃរាត្រី អវិជ្ជាខ្ចាត់បាត់ទៅ វិជ្ជាក៏កើតឡើង ងងឹតខ្ចាត់បាត់ទៅ ពន្លឺក៏កើតឡើង ដល់តថាគត ដូចជាបុគ្គលដែលមិនប្រហែសធ្វេស ខំប្រឹងដុតបំផ្លាញកិលេស មានចិត្តបញ្ជូនទៅ។ ម្នាលព្រាហ្មណ៍ នេះឯងជាការញាស់ចេញជាដំបូង របស់តថាគត ដូចជាកូនមាន់ញាស់ចេញចាកសម្បកស៊ុត។ កាលដែលចិត្តខ្ជាប់ខ្ជួន បរិសុទ្ធ ផូរផង់ មិនមានកិលេស ប្រាសចាកសេចក្ដីសៅហ្មង ជាចិត្តទន់ សមគួរដល់កម្ម ជាចិត្តនឹងធឹង មិនញាប់ញ័រយ៉ាងនេះហើយ តថាគត ទើបបង្អោនចិត្ត ដើម្បីដឹងនូវចុតិ និងបដិសន្ធិនៃសត្វទាំងឡាយ (ចុតូបបាតញ្ញាណ)។ តថាគតពិចារណាមើលនូវសត្វទាំងឡាយ ដែលច្យុត និងចាប់បដិសន្ធិ ថោកទាប និងឧត្ដម មានសណ្ឋានល្អ និងអាក្រក់ ទៅកាន់សុគតិ និងទុគ្គតិ ដោយចក្ខុដូចជាទិព្វ ដ៏បរិសុទ្ធ ក្រៃលែងជាងចក្ខុរបស់មនុស្សសាមញ្ញ ក៏ដឹងច្បាស់នូវសត្វទាំងឡាយ ដែលអន្ទោលទៅតាមកម្មថា អើហ្ន៎! សត្វទាំងឡាយអម្បាលនេះ ប្រកបដោយកិរិយាប្រព្រឹត្តអាក្រក់ដោយកាយ ដោយវាចា ដោយចិត្ត និយាយតិះដៀលអរិយបុគ្គលទាំងឡាយ ជាមិច្ឆាទិដ្ឋិ ប្រកាន់មាំនូវកម្ម ជាមិច្ឆាទិដ្ឋិ សត្វទាំងនោះ លុះរំលាងខន្ធ បន្ទាប់អំពីមរណៈ ក៏ទៅកើតឯអបាយ ទុគ្គតិ វិនិបាត នរក មួយសោត ឱហ្ន៎! សត្វទាំងឡាយនេះ ប្រកបដោយកិរិយាប្រព្រឹត្តល្អ ដោយកាយ ដោយវាចា ដោយចិត្ត មិនតិះដៀលអរិយបុគ្គលទាំងឡាយ ជាសម្មាទិដ្ឋិ ប្រកាន់មាំនូវកម្មជាសម្មាទិដ្ឋិ សត្វទាំងនោះ លុះរំលាងខន្ធ បន្ទាប់អំពីមរណៈ ក៏ទៅកើតឯឋានសុគតិ សួគ៌ ទេវលោក។ តថាគតពិចារណាមើលសត្វទាំងឡាយ ដែលច្យុត និងចាប់បដិសន្ធិ ថោកទាប និងឧត្ដម មានសណ្ឋានល្អ និងអាក្រក់ ទៅកាន់សុគតិ និងទុគ្គតិ ដោយចក្ខុដូចជាទិព្វ ដ៏បរិសុទ្ធក្រៃលែងជាងចក្ខុរបស់មនុស្សសាមញ្ញ ក៏ដឹងច្បាស់នូវសត្វទាំងឡាយ ដែលអន្ទោលទៅតាមកម្ម ដោយប្រការដូច្នេះ។ ម្នាលព្រាហ្មណ៍ វិជ្ជាទី២ នេះហើយ ដែលតថាគតបានក្នុងយាមជាកណ្ដាលនៃរាត្រី អវិជ្ជាខ្ចាត់បាត់ទៅ វិជ្ជា ក៏កើតឡើង ងងឹតខ្ចាត់បាត់ទៅ ពន្លឺក៏កើតឡើង ដល់តថាគត ដូចជាបុគ្គលមិនប្រហែសធ្វេស ខំប្រឹងដុតបំផ្លាញកិលេស មានចិត្តបញ្ជូនទៅ។ ម្នាលព្រាហ្មណ៍ នេះឯងជាការញាស់ចេញ ជាគំរប់ ២ របស់តថាគត ដូចជាកូនមាន់ ដែលញាស់ចេញចាកសម្បកស៊ុត។ កាលដែលចិត្តខ្ជាប់ខ្ជួន បរិសុទ្ធ ផូរផង់ មិនមានកិលេស ប្រាសចាកសេចក្ដីសៅហ្មង ជាចិត្តទន់ សមគួរដល់កម្ម ជាចិត្តនឹងធឹង មិនញាប់ញ័រ យ៉ាងនេះហើយ តថាគត ទើបបង្អោនចិត្តទៅ ដើម្បីដឹងនូវធម៌ជាគ្រឿងអស់ទៅនៃអាសវៈទាំងឡាយ (អាសវក្ខយញ្ញាណ)។ តថាគតដឹងប្រាកដតាមពិតថា នេះជាទុក្ខ ដឹងប្រាកដតាមពិតថា នេះជាហេតុនាំឲ្យកើតទុក្ខ ដឹងប្រាកដតាមពិតថា នេះជាសេចក្ដីរំលត់ទុក្ខ ដឹងប្រាកដតាមពិតថា នេះជាឧបាយឲ្យបានដល់នូវសេចក្ដីរលត់ទុក្ខ ដឹងប្រាកដតាមពិតថា ធម៌ប៉ុណ្ណេះជាអាសវៈ ដឹងប្រាកដតាមពិតថា ធម៌នេះជាហេតុនាំឲ្យកើតអាសវៈ ដឹងប្រាកដតាមពិតថា នេះជាសេចក្ដីរលត់នៃអាសវៈ ដឹងប្រាកដតាមពិតថា នេះជាឧបាយឲ្យបានដល់នូវសេចក្ដីរលត់នៃអាសវៈ កាលដែលតថាគតដឹងយ៉ាងនេះ ឃើញយ៉ាងនេះ ចិត្តនៃតថាគតក៏ផុតចាកគ្រឿងត្រាំង គឺកាមផង គឺភពផង គឺអវិជ្ជាផង កាលបើចិត្តនៃតថាគត បានរួចផុតស្រឡះហើយ សេចក្ដីដឹងថាចិត្តផុតស្រឡះ ក៏កើតប្រាកដឡើង តថាគត ដឹងច្បាស់ថា កំណើតរបស់អញអស់ហើយ ព្រហ្មចរិយធម៌ អញបានប្រព្រឹត្តគ្រប់គ្រាន់ហើយ សោឡសកិច្ច អញក៏បានធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅដើម្បីសោឡកិច្ចនេះទៀតមិនមានឡើយ។ ម្នាលព្រាហ្មណ៍ វិជ្ជាទី៣ នេះហើយ ដែលតថាគតបានក្នុងយាមជាបំផុតនៃរាត្រី អវិជ្ជាខ្ចាត់បាត់ទៅ វិជ្ជាក៏កើតឡើង ងងឹតខ្ចាត់បាត់ទៅ ពន្លឺក៏កើតឡើង ដល់តថាគត ដូចជាបុគ្គលមិនប្រហែសធ្វេស ខំប្រឹងដុតបំផ្លាញកិលេស មានចិត្តបញ្ជូនទៅ។ ម្នាលព្រាហ្មណ៍ នេះឯងជាការញាស់ជាគំរប់ ៣ របស់តថាគត ដូចគ្នានឹងការញាស់ចេញរបស់កូនមាន់អំពីសម្បកស៊ុត។ កាលបើព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ វេរញ្ជព្រាហ្មណ៍ បានក្រាបទូលព្រះដ៏មានព្រះភាគវិញថា ព្រះគោតមដ៏ចំរើន ព្រះអង្គជាចម្បងជាងមនុស្ស ព្រះគោតមដ៏ចំរើន ព្រះអង្គប្រសើរបំផុតជាងមនុស្ស បពិត្រព្រះគោតមដ៏ចំរើន ច្បាស់ពេកណាស់ បពិត្រព្រះគោតមដ៏ចំរើន ច្បាស់ពេកណាស់ បពិត្រព្រះគោតមដ៏ចំរើន ធម៌ដែលព្រះគោតមដ៏ចំរើនសំដែងហើយ ដោយអនេកបរិយាយយ៉ាងនេះ (ភ្លឺច្បាស់ណាស់) គួរនាដូចជាមនុស្សចាប់របស់ដែលគេផ្កាប់ចុះ ឲ្យផ្ងារឡើង ពុំនោះ ដូចមនុស្សបើកបង្ហាញរបស់ដែលគេលាក់បិទបាំង ពុំនោះសោត ដូចជាមនុស្សប្រាប់ផ្លូវដល់អ្នកវង្វេងទិស ឬក៏ដូចជាមនុស្សកាន់ប្រទីបទ្រោលបំភ្លឺក្នុងទីងងឹត ដោយគិតថា មនុស្សអ្នកមានភ្នែក នឹងឃើញនូវរូបទាំងឡាយបាន ខ្ញុំព្រះអង្គនុ៎ះ សូមដល់នូវព្រះគោតមដ៏ចំរើនផង ព្រះធម៌ផង ព្រះភិក្ខុសង្ឃផង ជាទីពឹងទីរលឹក ចាប់ដើមតាំងពីថ្ងៃនេះទៅ សូមព្រះគោតមដ៏ចំរើន ជ្រាបនូវខ្ញុំព្រះអង្គ ថាជាឧបាសក អ្នកដល់សរណៈស្មើដោយជីវិត។
សីហសូត្រ ទី២
[១២] សម័យមួយ ព្រះដ៏មានព្រះភាគ កាលគង់ក្នុងកូដាគារសាលា នាមហាវន ជិតក្រុងវេសាលី។ សម័យនោះឯង ពួកលិច្ឆវីជនច្រើននាក់ ដែលមានកេរ្តិឈ្មោះ ល្បីល្បាញ អង្គុយប្រជុំគា្នក្នុងសណ្ឋាគារសាលា ពោលសរសើរគុណព្រះពុទ្ធ សរសើរគុណព្រះធម៌ សរសើរគុណព្រះសង្ឃ ដោយអនេកបរិយាយ។ ជួនសម័យនោះឯង សីហសេនាបតី ជាសាវករបស់និគន្ថនាដបុត្រ អង្គុយក្នុងបរិសទ្យនោះដែរ។ គ្រានោះ សីហសេនាបតី មានសេចក្ដីត្រិះរិះដូច្នេះថា ព្រះដ៏មានព្រះភាគអង្គនោះ ជាក់ជាអរហន្ត សម្មាសម្ពុទ្ធប្រាកដ បានជាពួកលិច្ឆវិជនច្រើននាក់ ដែលមានកេរ្តិឈ្មោះល្បីល្បាញទាំងនោះ អង្គុយប្រជុំគា្នក្នុងសណ្ឋាគារសាលា ពោលសរសើរគុណព្រះពុទ្ធ សរសើរគុណព្រះធម៌ សរសើរគុណព្រះសង្ឃ ដោយអនេកបរិយាយ បើដូច្នោះ គួរតែអញចូលទៅដើម្បីជួបនឹងព្រះដ៏មានព្រះភាគ ជាព្រះអរហន្តសម្មាសម្ពុទ្ធអង្គនោះ។ លំដាប់នោះ សីហសេនាបតី ចូលទៅឯលំនៅនិគន្ថនាដបុត្រ លុះចូលទៅដល់ហើយ បានស្នើសេចក្ដីនេះ នឹងនិគន្ថនាដបុត្រថា បពិត្រលោកដ៏ចំរើន ខ្ញុំចង់ចូលទៅដើម្បីជួបនឹងព្រះសមណគោតម។ និគន្ថនាដបុត្រតបថា ម្នាលសីហៈ អ្នកឯង ជាកិរិយវាទ នឹងចូលទៅជួបព្រះសមណគោតម ជាអកិរិយវាទដូចម្ដេចកើត ម្នាលសីហៈ ព្រោះថា សមណគោតម ជាអកិរិយវាទ តែងសំដែងធម៌ ដើម្បីឃាត់កិច្ចការថាមិនត្រូវធ្វើ ទាំងទូន្មានពួកសាវក ដោយធម៌នោះដែរ។ លំដាប់នោះ ការប្រុងប្រៀបដំណើរដើម្បីទៅជួបព្រះដ៏មានព្រះភាគ របស់សីហសេនាបតី ក៏ត្រឡប់ជាអាក់ខានទៅវិញ។ ពួកលិច្ឆវីជនច្រើននាក់ ដែលមានកេរ្តិឈ្មោះល្បីល្បាញ អង្គុយប្រជុំគា្នក្នុងសណ្ឋាគារសាលា ពោលសរសើរគុណព្រះពុទ្ធ សរសើរគុណព្រះធម៌ សរសើរគុណព្រះសង្ឃ ដោយអនេកបរិយាយ ក្នុងលើកទី២ ទៀត។ សីហសេនាបតី មានសេចក្ដីត្រិះរិះក្នុងលើកទី២ ទៀតដូច្នេះថា ព្រះដ៏មានព្រះភាគអង្គនោះ ជាក់ជាព្រះអរហន្តសម្មាសម្ពុទ្ធប្រាកដ បានជាពួកលិច្ឆវិជន ច្រើននាក់ដែលមានកេរ្តិឈ្មោះល្បីល្បាញទាំងនេះ អង្គុយប្រជុំគា្នក្នុងសណ្ឋាគារសាលា ពោលសរសើរគុណព្រះពុទ្ធ សរសើរគុណព្រះធម៌ សរសើគុណព្រះសង្ឃ ដោយអនេកបរិយាយ បើដូច្នោះ គួរតែអញចូលទៅដើម្បីជួបនឹងព្រះដ៏មានព្រះភាគ ជាព្រះអរហន្តសម្មាសម្ពុទ្ធអង្គនោះ។ លំដាប់នោះ សីហសេនាបតី ក៏ចូលទៅឯលំនៅរបស់និគន្ថនាដបុត្រ លុះចូលទៅដល់ហើយ បានស្នើសេចក្ដីនេះនឹងនិគន្ថនាដបុត្រថា បពិត្រលោកដ៏ចំរើន ខ្ញុំចង់ចូលទៅដើម្បីជួបព្រះសមណគោតម។ និគន្ថនាដបុត្រតបថា ម្នាលសីហៈ ចំណែកអ្នកឯងជាកិរិយវាទ នឹងចូលទៅដើម្បីជួបព្រះសមណគោតម ជាអកិរិយវាទដូចម្ដេចកើត ម្នាលសីហៈ ព្រោះថា សមណគោតម ជាអកិរិយវាទ តែងសំដែងធម៌ដើម្បីឃាត់ថា កិច្ចការ មិនត្រូវធ្វើ ទាំងទូន្មានពួកសាវកដោយធម៌នោះដែរ។ ការប្រុងប្រៀបដំណើរដើម្បីទៅជួបព្រះដ៏មានព្រះភាគ របស់សីហសេនាបតី ក៏ត្រឡប់ជាអាក់ខានទៅវិញ ក្នុងលើកទី២ ទៀត។ ពួកលិច្ឆវីជនច្រើននាក់ ដែលមានកេរ្តិឈ្មោះល្បីល្បាញ អង្គុយប្រជុំគា្នក្នុងសណ្ឋាគារសាលា ពោលសរសើរគុណព្រះពុទ្ធ សរសើរគុណព្រះធម៌ សរសើរគុណព្រះសង្ឃ ដោយអនេកបរិយាយ ក្នុងលើកទី៣ទៀត។ សីហសេនាបតី មានសេចក្តីត្រិះរិះក្នុងលើកទី៣ ដូច្នេះថា ព្រះដ៏មានព្រះភាគអង្គនោះ ជាក់ជាព្រះអរហន្តសម្មាសម្ពុទ្ធប្រាកដ បានជាពួកលិច្ឆវិជនច្រើននាក់ ដែលមានកេរ្តិឈ្មោះល្បីល្បាញទាំងនេះ អង្គុយប្រជុំគា្នក្នុងសណ្ឋាគារសាលា ពោលសរសើរគុណព្រះពុទ្ធ សរសើរគុណព្រះធម៌ សរសើរគុណព្រះសង្ឃ ដោយអនេកបរិយាយ ក៏ឯនិគ្រន្ថទាំងឡាយនេះ ទោះបីអញលាក្ដី មិនលាក្ដី នឹងហ៊ានធ្វើអ្វី បើដូច្នោះ អញមិនបាច់លានិគន្ថនាដបុត្រទេ នឹងចូលទៅដើម្បីជួបព្រះដ៏មានព្រះភាគ ជាព្រះអរហន្តសម្មាសម្ពុទ្ធនោះតែម្ដង។ លំដាប់នោះ សីហសេនាបតីចេញទៅអំពីក្រុងវេសាលីពេលជ្រេពីត្រង់ ដោយរថចំនួនប្រាំរយ ដើម្បីជួបព្រះដ៏មានព្រះភាគ ទី (ទៅ) ដោយយានបានត្រឹមណា ក៏ទៅដោយយានត្រឹមនោះ ហើយចុះអំពីយាន ដើរដោយជើង ចូលទៅកាន់អារាម។ លំដាប់នោះ សីហសេនាបតី ក៏ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះសីហសេនាបតី អង្គុយក្នុងទីដ៏សមគួរហើយ បានក្រាបទូលព្រះដ៏មានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គបានឮពាក្យនេះថា ព្រះសមណគោតម ជាអកិរិយវាទ តែងសំដែងធម៌ ដើម្បីឃាត់ថា កិច្ចការមិនត្រូវធ្វើ ទាំងទូន្មានពួកសាវកដោយធម៌នោះដែរ បពិត្រព្រះអង្គដ៏ចំរើន ជនទាំងឡាយណា ពោលពាក្យយ៉ានេះថា ព្រះសមណគោតម ជាអកិរិយវាទ តែងសំដែងធម៌ ដើម្បីឃាត់ថា កិច្ចការមិនត្រូវធ្វើ ទាំងទូន្មានពួកសាវកដោយធម៌នោះដែរ បពិត្រព្រះអង្គដ៏ចំរើន ចុះជនទាំងឡាយនោះ ឈ្មោះថាអ្នកពោលតាមពាក្យដែលព្រះដ៏មានព្រះភាគពោលហើយផង ឈ្មោះថាមិនពោលបង្កាច់ព្រះដ៏មានព្រះភាគ ដោយពាក្យមិនពិតផង ឈ្មោះថា ព្យាករនូវធម៌សមគួរដល់ធម៌ផង លំអាននៃពាក្យតូចធំ ប្រកបដោយធម៌តិចតួច រមែងមិនមកកាន់ឋានៈគួរតិះដៀលផងទេឬ បពិត្រព្រះអង្គដ៏ចំរើន ព្រោះយើងខ្ញុំមិនបានប្រាថ្នាបង្កាច់ព្រះដ៏មានព្រះភាគឡើយ។ ព្រះសាស្ដាទ្រង់ត្រាស់តបថា ម្នាលសីហៈ ដែលអ្នកផងថា ព្រះសមណគោតម ជាអកិរិយវាទ តែងសំដែងធម៌ ដើម្បីឃាត់ថា កិច្ចការមិនត្រូវធ្វើ ទាំងទូន្មានពួកសាវកដោយធម៌នោះដែរ ដែលគេថានោះ ត្រូវហើយ។ ម្នាលសីហៈ ដែលអ្នកផងថា ព្រះសមណគោតម ជាកិរិយវាទ តែងសំដែងធម៌ ដើម្បីធ្វើដែរ ទាំងទូន្មានពួកសាវកដោយធម៌នោះ ត្រូវហើយ។ ម្នាលសីហៈ ដែលអ្នកផងថា ព្រះសមណគោតម ជាឧច្ឆេទវាទ តែងសំដែងធម៌ ដើម្បីកាត់ផ្ដាច់ផ្ដិលដែរ ទាំងទូន្មានពួកសាវកដោយធម៌នោះ ដែលគេថានោះ ត្រូវហើយ។ ម្នាលសីហៈ ដែលអ្នកផងថា ព្រះសមណគោតម ជាអ្នកខ្ពើមរអើម តែងសំដែងធម៌ ដើម្បីសេចក្ដីខ្ពើមរអើម ទាំងទូន្មានពួកសាវកដោយធម៌នោះ ត្រូវហើយ។ ម្នាលសីហៈ ដែលអ្នកផងថា ព្រះសមណគោតម ជាអ្នកបំផ្លាញ តែងសំដែងធម៌ ដើម្បីបំផ្លាញ ទាំងទូន្មានពួកសាវកដោយធម៌នោះ ដែលគេថានោះ ត្រូវហើយ។ ម្នាលសីហៈ ដែលអ្នកផងថា ព្រះសមណគោតម ជាអ្នកដុតកំដៅ តែងសំដែងធម៌ ដើម្បីដុតកំដៅ ទាំងទូន្មានពួកសាវកដោយធម៌នោះ ដែលគេថានោះ ត្រូវហើយ។ ម្នាលសីហៈ ដែលអ្នកផងថា ព្រះសមណគោតម ជាមនុស្សឥតកំណើត តែងសំដែងធម៌ ដើម្បីឥតកំណើត ទាំងទូន្មានពួកសាវកដោយធម៌នោះ ដែលគេថានោះ ត្រូវហើយ។ ម្នាលសីហៈ ដែលអ្នកផងថា ព្រះសមណគោតម ជាអ្នកលួងលោម ទាំងទូន្មានពួកសាវកដោយធម៌នោះ ដែលគេថានោះ ត្រូវហើយ។ ម្នាលសីហៈ ចុះបរិយាយដែលអ្នកផងថា ព្រះសមណគោតម ជាអកិរិយវាទ តែងសំដែងធម៌ ដើម្បីឃាត់ថា កិច្ចការមិនត្រូវធ្វើ ទាំងទូន្មានពួកសាវកដោយធម៌នោះ តើដូចម្ដេច។ ម្នាលសីហៈ ព្រោះថា តថាគត តែងនិយាយថា មិនគួរធ្វើកាយទុច្ចរិត វចីទុច្ចរិត មនោទុច្ចរិតទេ តែងនិយាយថា មិនគួរធ្វើអកុសលទាំងឡាយដ៏អាក្រក់ច្រើនប្រការទេ។ ម្នាលសីហៈ នេះឯងជាបរិយាយដែលអ្នកផងថា ព្រះសមណគោតម ជាអកិរិយវាទ តែងសំដែងធម៌ ដើម្បីឃាត់ថា កិច្ចការមិនត្រូវធ្វើ ទាំងទូន្មានពួកសាវកដោយធម៌នោះ។ ម្នាលសីហៈ ចុះបរិយាយដែលអ្នកផងថា ព្រះសមណគោតម ជាកិរិយវាទ តែងសំដែងធម៌ ដើម្បីធ្វើ ទាំងទូន្មានពួកសាវកដោយធម៌នោះ តើដូចម្ដេច។ ម្នាលសីហៈ ព្រោះថាតថាគតតែងនិយាយថា គួរធ្វើកាយសុចរិត វចីសុចរិត មនោសុចរិត តែងនិយាយថា គួរធ្វើកុសលធម៌ទាំងឡាយច្រើនប្រការ។ ម្នាលសីហៈ នេះឯង ជាបរិយាយ ដែលអ្នកផងថា ព្រះសមណគោតម ជាកិរិយវាទ តែងសំដែងធម៌ ដើម្បីធ្វើ ទាំងទូន្មានពួកសាវក ដោយធម៌នោះ។ ម្នាលសីហៈ ចុះបរិយាយដែលអ្នកផងថា ព្រះសមណគោតម ជាឧច្ឆេទវាទ តែងសំដែងធម៌ ដើម្បីកាត់ផ្ដាច់ផ្ដិល ទាំងទូន្មានពួកសាវកដោយធម៌នោះ តើដូចម្ដេច។ ម្នាលសីហៈ ព្រោះថា តថាគតតែងនិយាយ ចំពោះការកាត់ផ្ដាច់ផ្ដិលរាគៈ ទោសៈ មោហៈ តែងនិយាយចំពោះការកាត់ផ្ដាច់ផ្ដិលនូវអកុសលធម៌ទាំងឡាយច្រើនប្រការ។ ម្នាលសីហៈ នេះឯងជាបរិយាយ ដែលអ្នកផងថា ព្រះសមណគោតម ជាឧច្ឆេទវាទ តែងសំដែងធម៌ ដើម្បីកាត់ផ្ដាច់ផ្ដិល ទាំងទូន្មានពួកសាវកដោយធម៌នោះ។ ម្នាលសីហៈ ចុះបរិយាយ ដែលអ្នកផងថា ព្រះសមណគោតម ជាអ្នកខ្ពើមរអើម តែងសំដែងធម៌ ដើម្បីខ្ពើមរអើម ទាំងទូន្មានពួកសាវកដោយធម៌នោះ តើដូចម្ដេច។ ម្នាលសីហៈ ព្រោះថា តថាគតខ្ពើមរអើមកាយទុច្ចរិត វចីទុច្ចរិត មនោទុច្ចរិត ខ្ពើមរអើម ការប្រកបចិត្ត ផ្ដេកផ្ដិតទៅរកអកុសលធម៌ទាំងឡាយដ៏អាក្រក់ច្រើនប្រការ។ ម្នាលសីហៈ នេះឯងជាបរិយាយដែលអ្នកផងថា ព្រះសមណគោតម ជាអ្នកខ្ពើមរអើម តែងសំដែងធម៌ ដើម្បីខ្ពើមរអើម ទាំងទូន្មានពួកសាវកដោយធម៌នោះ។ ម្នាលសីហៈ ចុះបរិយាយដែលអ្នកផងថា ព្រះសមណគោតម ជាអ្នកបំផ្លាញ តែងសំដែងធម៌ ដើម្បីបំផ្លាញ ទាំងទូន្មានពួកសាវកដោយធម៌នោះ តើដូចម្ដេច។ ម្នាលសីហៈ ព្រោះថា តថាគត សំដែងធម៌ ដើម្បីបំផ្លាញរាគៈ ទោសៈ មោហៈ សំដែងធម៌ ដើម្បីបំផ្លាញអកុសលធម៌ទាំងឡាយ ដ៏អាក្រក់ច្រើនប្រការ។ ម្នាលសីហៈ នេះឯងជាបរិយាយដែលអ្នកផងថា ព្រះសមណគោតម ជាអ្នកបំផ្លាញ តែងសំដែងធម៌ ដើម្បីបំផ្លាញ ទាំងទូន្មានពួកសាវកដោយធម៌នោះ។ ម្នាលសីហៈ ចុះបរិយាយដែលអ្នកផងថា ព្រះសមណគោតម ជាអ្នកដុតកំដៅ តែងសំដែងធម៌ ដើម្បីដុតកំដៅ ទាំងទូន្មានពួកសាវកដោយធម៌នោះ តើដូចម្ដេច។ ម្នាលសីហៈ តថាគត តែងនិយាយចំពោះកាយទុច្ចរិត វចីទុច្ចរិត មនោទុច្ចរិត ជាទីតាំងនៃសេចក្ដីក្ដៅក្រហាយ ជាអកុសលធម៌ដ៏អាក្រក់។ ម្នាលសីហៈ អកុសលធម៌ទាំងឡាយដ៏អាក្រក់ ដែលជាទីតាំងនៃសេចក្ដីក្ដៅក្រហាយ បើអ្នកណា បានលះបង់ស្រឡះហើយ បានផ្ដាច់ផ្ដិលឫសគល់អស់ហើយ បានធ្វើមិនឲ្យមានទីកើត ដូចជាដើមត្នោត ដែលគេគាស់រំលើង ឲ្យលែងដុះតទៅទៀតហើយ បានធ្វើឲ្យលែងមានបែបភាព តទៅទៀតហើយ ឲ្យជាធម៌លែងមានកំណើតតទៅមុខទៀតហើយ តថាគត ហៅអ្នកនោះថា អ្នកដុតកំដៅ។ ម្នាលសីហៈ អកុសលធម៌ទាំងឡាយដ៏អាក្រក់ ដែលជាទីតាំងនៃសេចក្ដីក្ដៅក្រហាយ តថាគតបានលះបង់ស្រឡះហើយ បានផ្ដាច់ផ្ដិលឫសគល់ហើយ បានធ្វើមិនឲ្យមានទីកើត ដូចជាដើមត្នោត ដែលគេគាស់រំលើង ឲ្យលែងដុះតទៅទៀតហើយ បានធ្វើឲ្យលែងមានបែបភាព តទៅទៀតហើយ ឲ្យជាធម៌លែងមានកំណើតតទៅមុខទៀតហើយ។ ម្នាលសីហៈ នេះឯងជាបរិយាយដែលអ្នកផងថា ព្រះសមណគោតម ជាអ្នកដុតកំដៅ តែងសំដែងធម៌ ដើម្បីដុតកំដៅ ទាំងទូន្មានពួកសាវកដោយធម៌នោះ។ ម្នាលសីហៈ បរិយាយដែលអ្នកផងថា ព្រះសមណគោតម ជាមនុស្សមិនមានកំណើត តែងសំដែងធម៌ ដើម្បីមិនមានកំណើត ទាំងទូន្មានពួកសាវកដោយធម៌នោះ តើដូចម្ដេច។ ម្នាលសីហៈ កិរិយាដេកក្នុងគភ៌តទៅទៀត ដំណើរកើតក្នុងភពតទៅទៀត បើអ្នកណា បានលះស្រឡះហើយ បានផ្ដាច់ផ្ដិលឫសគល់អស់ហើយ បានធ្វើមិនឲ្យមានទីកើត ដូចជាដើមត្នោត ដែលគេគាល់រំលើង ឲ្យលែងដុះតទៅទៀតហើយ ឲ្យជាធម៌លែងមានកំណើតតទៅខាងមុខទៀតហើយ តថាគត ហៅអ្នកនោះថា ជាអ្នកមិនមានកំណើត។ ម្នាលសីហៈ កិរិយាដេកនៅក្នុងគភ៌តទៅទៀត ដំណើរកើតក្នុងភពតទៅទៀត តថាគត បានលះបង់ស្រឡះហើយ បានផ្ដាច់ផ្ដិលអស់ហើយ បានធ្វើមិនឲ្យមានទីកើត ដូចជាដើមត្នោត ដែលគេគាស់រំលើង ឲ្យលែងដុះតទៅទៀតហើយ បានធ្វើឲ្យលែងមានបែបភាពតទៅទៀតហើយ ឲ្យជាធម៌លែងមានកំណើតតទៅខាងមុខទៀតហើយ។ ម្នាលសីហៈ នេះឯងជាបរិយាយ ដែលអ្នកផងថា ព្រះសមណគោតម ជាអ្នកមិនមានកំណើត តែងសំដែងធម៌ ដើម្បីមិនមានកំណើត ទាំងទូន្មានពួកសាវកដោយធម៌នោះ។ ម្នាលសីហៈ បរិយាយដែលអ្នកផងថា ព្រះសមណគោតម ជាអ្នកលួងលោម តែងសំដែងធម៌ ដើម្បីលួងលោម ទាំងទូន្មានពួកសាវកដោយធម៌នោះ តើដូចម្ដេច។ ម្នាលសីហៈ ព្រោះថា តថាគត ជាអ្នកលួងលោម តែងសំដែងធម៌ ដើម្បីលួងលោម ដោយសេចក្ដីលួងលោមយ៉ាងក្រៃលែង ទាំងទូន្មានពួកសាវកដោយធម៌នោះ។ ម្នាលសីហៈ នេះឯងជាបរិយាយ ដែលអ្នកផងថា ព្រះសមណគោតម ជាអ្នកលួងលោម តែងសំដែងធម៌ ដើម្បីលួងលោម ទាំងទូន្មានពួកសាវកដោយធម៌នោះ។ កាលបើព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ សីហសេនាបតី បានក្រាបទូលព្រះដ៏មានព្រះភាគយ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ច្បាស់ពេកណាស់ បពិត្រព្រះអង្គដ៏ចំរើន ច្បាស់ពេកណាស់។បេ។ បពិត្រព្រះអង្គដ៏ចំរើន ចាប់ដើមតាំងអំពីថ្ងៃនេះទៅ សូមព្រះដ៏មានព្រះភាគ ចាំទុកនូវខ្ញុំព្រះអង្គ ថាជាឧបាសក ដល់សរណៈស្មើដោយជីវិត។ ព្រះសាស្ដាទ្រង់ត្រាស់ថា ម្នាលសីហៈ អ្នកចូរធ្វើនូវការពិចារណា រួចហើយសិមធ្វើ (ព្រោះ) ការពិចារណារួចហើយ សិមធ្វើ រមែងជាគុណគាប់ប្រសើររបស់ពួកមនុស្សអ្នកចេះដឹងប្រហែលនឹងអ្នក។ សីហសេនាបតី ក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គមានសេចក្ដីពេញចិត្ត ត្រេកអរលើសលុបហួសប្រមាណ ចំពោះភាសិតរបស់ព្រះអង្គ ដោយហេតុដែលព្រះអង្គ សំដែងនឹងខ្ញុំព្រះអង្គយ៉ាងនេះថា ម្នាលសីហៈ អ្នកចូរធ្វើនូវការពិចារណារួចហើយសិមធ្វើ (ព្រោះ) ការពិចារណារួចហើយសិមធ្វើ រមែងជាគុណគាប់ប្រសើររបស់ពួកមនុស្សអ្នកចេះដឹងប្រហែលនឹងអ្នក បពិត្រព្រះអង្គដ៏ចំរើន ដ្បិតពួកអន្យតិរិ្ថយ បានខ្ញុំព្រះអង្គជាសាវកហើយ ក៏ដង្ហែទង់ ចូលទៅកាន់ក្រុងវេសាលីទាំងមូល ហើយប្រកាសសេចក្តីថា សីហសេនាបតី បានចុះចូលមកជាសាវករបស់ពួកយើងហើយ ចំឡែកតែព្រះដ៏មានព្រះភាគ ត្រឡប់ជាទ្រង់ត្រាស់ចំពោះខ្ញុំព្រះអង្គយ៉ាងនេះវិញថា ម្នាលសីហៈ អ្នកចូរធ្វើនូវការពិចារណា រួចហើយសិមធ្វើ (ព្រោះ) ការពិចារណារួចហើយសិមធ្វើ រមែងជាគុណគាប់ប្រសើរ របស់មនុស្សអ្នកចេះដឹងប្រហែលនឹងអ្នក បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គនេះ សូមដល់ព្រះដ៏មានព្រះភាគផង ព្រះធម៌ផង ព្រះសង្ឃផង ជាទីពឹង ទីរលឹក ចាប់ដើមតាំងពីថ្ងៃនេះទៅ សូមព្រះដ៏មានព្រះភាគ ចាំទុកនូវខ្ញុំព្រះអង្គថាជាឧបាសក អ្នកដល់នូវសរណៈស្មើដោយជីវិត ជាគំរប់ពីរដងផង។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលសីហៈ ត្រកូលរបស់អ្នក ដូចជាអណ្ដូងទឹករបស់ពួកនិគ្រន្ថ អស់កាលយូរណាស់មកហើយ អ្នកគប្បីសំគាល់នូវបិណ្ឌបាត ដែលអ្នកគួរឲ្យដល់ពួកនិគ្រន្ថ ដែលចូលមករកនោះផង។ សីហសេនាបតី ក្រាបទូលថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ មានសេចក្ដីពេញចិត្ត ត្រេកអរលើសលុបហួសប្រមាណ ចំពោះភាសិតរបស់ព្រះអង្គ ដោយហេតុដែលព្រះអង្គបានសំដែងនឹងខ្ញុំព្រះអង្គយ៉ាងនេះថា ម្នាលសីហៈ ត្រកូលរបស់អ្នក ដូចជាអណ្ដូងទឹក របស់ពួកនិគ្រន្ថ អស់កាលយូរណាស់មកហើយ អ្នកគប្បីសំគាល់ នូវបិណ្ឌបាត ដែលអ្នកគួរឲ្យដល់ពួកនិគ្រន្ថ ដែលចូលមករកនោះផង បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គធ្លាប់ឮពាក្យនេះថា ព្រះសមណគោតម ទ្រង់ត្រាស់យ៉ាងនេះថា បុគ្គលត្រូវឲ្យទានដល់តថាគតតែម្យ៉ាង មិនត្រូវឲ្យទានដល់ពួកសាស្ដាដទៃឡើយ បុគ្គលត្រូវឲ្យទានដល់ពួកសាវករបស់តថាគតតែម្យ៉ាង មិនត្រូវឲ្យទានដល់ពួកសាវក របស់ពួកសាស្ដាដទៃឡើយ បុគ្គលឲ្យទានដល់តថាគតតែម្យ៉ាង ទើបមានផលច្រើន ឲ្យដល់ពួកសាស្ដាដទៃ មិនមានផលច្រើនឡើយ បុគ្គលឲ្យទានដល់ពួកសាវករបស់តថាគតតែម្យ៉ាង ទើបមានផលច្រើន ឲ្យទានដល់ពួកសាវករបស់ពួកសាស្ដាដទៃ មិនមានផលច្រើនឡើយ តែឥឡូវនេះ ព្រះដ៏មានព្រះភាគ ត្រឡប់ជាបបួលខ្ញុំព្រះអង្គ ឲ្យធ្វើទានក្នុងពួកនិគ្រន្ថ បពិត្រព្រះអង្គដ៏ចំរើន ចំណែកខាងខ្ញុំព្រះអង្គ គង់នឹងដឹងនូវកាលគួរ ក្នុងទាននុ៎ះ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គនេះ សូមដល់នូវព្រះដ៏មានព្រះភាគផង ព្រះធម៌ផង ព្រះភិក្ខុសង្ឃផង ជាទីពឹង ទីរលឹក បពិត្រព្រះអង្គដ៏ចំរើន ចាប់ដើមតាំងអំពីថ្ងៃនេះទៅ សូមព្រះដ៏មានព្រះភាគ ចំាទុកនូវខ្ញុំព្រះអង្គ ថាជាឧបាសក អ្នកដល់នូវសរណៈ ស្មើដោយជីវិត ជាគំរប់បីដងផង។ គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់សំដែងអនុបុព្វីកថា ចំពោះសីហសេនាបតី គឺទ្រង់ប្រកាសនូវទានកថា សីលកថា សគ្គកថា នូវទោសរបស់កាមដ៏លាមក សៅហ្មង និងអានិសង្សក្នុងការចេញចាកកាម។ កាលណាព្រះដ៏មានព្រះភាគទ្រង់ជ្រាបថា សីហសេនាបតី មានចិត្តស្រួល មានចិត្តទន់ មានចិត្តផុតចាកនីវរណធម៌ មានចិត្តខ្ពស់ មានចិត្តជ្រះថ្លាហើយ ទើបទ្រង់ប្រកាសនូវធម្មទេសនា ដែលព្រះពុទ្ធទាំងឡាយ តែងលើកឡើងសំដែងដោយព្រះអង្គឯង គឺ ទុក្ខសច្ច សមុទយសច្ច និរោធសច្ច មគ្គសច្ច។ ធម្មតា សំពត់សស្អាត មិនដិតប្រឡាក់ដោយវត្ថុមានពណ៌ខ្មៅ គួរទទួលទឹកជ្រលក់បានដោយល្អ មានឧបមាដូចម្ដេចមិញ ធម្មចក្ខុ គឺសោតាបត្តិមគ្គ ដ៏ប្រាសចាកធូលី ប្រាសចាកមនិ្ទល ក៏កើតឡើងដល់សីហសេនាបតី ក្នុងទីនោះឯងថា ធម្មជាតណាមួយ ដែលកើតឡើង ធម្មជាតទាំងអស់នោះ តែងរលត់ទៅវិញជាធម្មតា មានឧបមេយ្យដូច្នោះឯង។ គ្រានោះ សីហសេនាបតី បានឃើញអរិយសច្ចធម៌ហើយ បានលុះអរិយសច្ចធម៌ហើយ បានដឹងច្បាស់អរិយសច្ចធម៌ហើយ បានជឿជាក់អរិយសច្ចធម៌ហើយ ឆ្លងផុតសេចក្ដីសង្ស័យ មិនមានងឿងឆ្ងល់ ដល់នូវភាពជាអ្នកក្លាហាន មិនជឿស្ដាប់បុគ្គលដទៃ ក្នុងសាសនានៃព្រះសាស្ដា ហើយទើបក្រាបបង្គំទូលព្រះដ៏មានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន សូមព្រះដ៏មានព្រះភាគ ទ្រង់ទទួលនូវភត្តរបស់ខ្ញុំព្រះអង្គ ជាមួយនឹងភិក្ខុសង្ឃ ដើម្បីឆាន់ក្នុងថ្ងៃស្អែក។ ព្រះដ៏មានព្រះភាគ ទ្រង់ទទួលដោយតុណ្ហីភាព។ លំដាប់នោះ សីហសេនាបតី ដឹងច្បាស់ថា ព្រះដ៏មានព្រះភាគ ទទួលនិមន្ដហើយ ទើបក្រោកចាកទីអង្គុយ ថ្វាយបង្គំព្រះដ៏មានព្រះភាគ ធ្វើប្រទក្សិណ ហើយដើរចេញទៅ។ លំដាប់នោះ សីហសេនាបតី បានហៅបុរស ១នាក់មកថា ម្នាលបុរសដ៏ចំរើន អ្នកចូរទៅ ចូរដឹងនូវសាច់ ដែលគួរប្រព្រឹត្តទៅតាមប្រក្រតី (សាច់ទុកលក់)។ លំដាប់នោះ សីហសេនាបតី ក៏ចាត់ចែងខាទនីយភោជនីយាហារដ៏ផ្ចិតផ្ចង់ ក្នុងផ្ទះរបស់ខ្លួន ដោយកាលកន្លងទៅនៃរាត្រីនោះ ទើបប្រើបុរសនោះ ឲ្យទៅក្រាបទូលនូវភត្តកាលដល់ព្រះដ៏មានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន កាលគួរហើយ ភត្តក្នុងផ្ទះរបស់សីហសេនាបតី សម្រេចហើយ។ លំដាប់នោះ ព្រះដ៏មានព្រះភាគ ទ្រង់ស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ស្ដេចចូលទៅកាន់លំនៅរបស់សីហសេនាបតី លុះចូលទៅដល់ហើយ ទ្រង់គង់លើអាសនៈ ដែលសីហសេនាបតីក្រាលបម្រុងទុក ជាមួយនឹងភិក្ខុសង្ឃ។ ក្នុងសម័យនោះ ពួកនិគ្រន្ថ ជាច្រើននាក់ ផ្គងនូវដើមដៃ ស្រែកកន្ទក់កន្ទេញ សព្វច្រក សព្វផ្លូវត្រឡែងកែង ក្នុងក្រុងវេសាលីថា ថ្ងៃនេះសីហសេនាបតី សម្លាប់សត្វមានសរីរៈធាត់ធំ ធ្វើភត្តដើម្បីសមណគោតម ៗ ទុកជាដឹង គង់ឆាន់នូវសាច់ដែលគេសម្លាប់ចំពោះខ្លួន (ព្រះសមណគោតមនេះឈ្មោះថាត្រូវ) បដិច្ចកម្ម [ពាក្យថា បដិច្ចកម្មនេះ ជាឈ្មោះអំពើរបស់អ្នកដែលគ្រាន់តែបរិភោគសាច់ ក៏បាននាមថាសម្លាប់សត្វដែរ ឬជាឈ្មោះអំពើដែលគេសម្លាប់ព្រោះអាស្រ័យខ្លួន ពុំនោះសោត ពាក្យថា បដិច្ចកម្មនេះ ជាឈ្មោះរបស់និមិត្តកម្ម។ លទ្ធិពួកនិគ្រន្ថប្រកាន់ថា បដិច្ចកម្មនោះ ជាអកុសល ត្រូវបានដល់អ្នកឲ្យពាក់កណ្តាល អ្នកទទួលពាក់កណ្តាល។ អដ្ឋកថា។]។ លំដាប់នោះ បុរសម្នាក់ ក៏ចូលទៅឯកន្លែង ដែលសីហសេនាបតីនៅ លុះចូលទៅដល់ហើយ ក៏ខ្សឹបប្រាប់ក្បែរត្រចៀកនៃសីហសេនាបតីថា សូមព្រះតេជព្រះគុណជ្រាប ពួកនិគ្រន្ថជាច្រើនទាំងអម្បាលនេះ ផ្គងដើមដៃកន្ទក់កន្ទេញ សព្វច្រក សព្វផ្លូវត្រឡែងកែង ជិតក្រុងវេសាលីថា ក្នុងថ្ងៃនេះ សីហសេនាបតី សម្លាប់សត្វមានសរីរៈធាត់ធំ ធ្វើភត្តដើម្បីព្រះសមណគោតម ៗ ទុកជាដឹង ក៏គង់ឆាន់នូវសាច់ដែលគេសម្លាប់ចំពោះខ្លួន ព្រះសមណគោតមនេះ ឈ្មោះថា ត្រូវបដិច្ចកម្ម។ លោកម្ចាស់ទាំងឡាយ មិនគួរសោះ ព្រោះថា លោកដ៏មានអាយុទាំងនោះ ប្រាថ្នារកទោសព្រះពុទ្ធ ប្រាថ្នារកទោសព្រះធម៌ ប្រាថ្នារកទោសព្រះសង្ឃ អស់កាលជាយូរណាស់មកហើយ តែលោកដ៏មានអាយុទាំងនោះ មិនអៀនសោះ នៅតែពោលបង្កាច់ព្រះដ៏មានព្រះភាគនោះ ដោយពាក្យមិនមាន ពាក្យទទេ ជាពាក្យកុហក មិនពិត ទាំងពួងយើងក៏មិនក្លែងផ្ដាច់បង់សត្វចាកជីវិតព្រោះហេតុតែជីវិត (របស់ខ្លួនឡើយ)។ លំដាប់នោះ សីហសេនាបតី ញុំាងភិក្ខុសង្ឃ មានព្រះពុទ្ធជាប្រធាន ឲ្យឆាន់ឆ្អែតស្កប់ស្កល់ ដោយខាទនីយភោជនីយាហារដ៏ឧត្ដមដោយដៃខ្លួនឯង។ កាលដែលព្រះដ៏មានព្រះភាគអង្គនោះឆាន់រួច លែងដាក់ព្រះហស្ដទៅក្នុងបាត្រទៀតហើយ សីហសេនាបតី ក៏អង្គុយក្នុងទីសមគួរ។ កាលដែលសីហសេនាបតី អង្គុយក្នុងទីសមគួរហើយ ទើបព្រះដ៏មានព្រះភាគ ទ្រង់ពន្យល់ឲ្យឃើញច្បាស់ ឲ្យកាន់យក ឲ្យអាចហ៊ាន ឲ្យរីករាយ ដោយធម្មីកថា ហើយក្រោកចាកអាសនៈ សេ្ដចចេញទៅ។
អស្សាជានីយសូត្រ ទី៣
[១៣] ម្នាលភិក្ខុទាំងឡាយ សេះអាជានេយ្យដ៏ល្អ របស់ស្ដេចដែលប្រកបដោយអង្គ ៨យ៉ាង ជាសត្វគួរដល់ព្រះរាជា ជារាជបម្រើ ដល់នូវការរាប់ថាជាអង្គរបស់ព្រះរាជា។ អង្គ ៨ យ៉ាង ដូចម្ដេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ក្នុងលោកនេះ សេះអាជានេយ្យដ៏ល្អរបស់សេ្ដច ជាសត្វមានកំណើតដ៏ល្អទាំងពីរខាង គឺទាំងខាងមេ និងខាងបា ១ សេះអាជានេយ្យទាំងឡាយ ដ៏ល្អដទៃទៀត កើតក្នុងទិសណា ក៏កើតក្នុងទិសនោះ ១ ជនទាំងឡាយ ឲ្យស្មៅស្រស់ក្ដី ស្មៅស្ងួតក្ដីណា ដល់វា ៗ ក៏ចេះតែស៊ីស្មៅស្រស់ ឬស្មៅស្ងួតនោះ ដោយគោរព មិនឲ្យរាត់រាយ ១ ជាសត្វខ្ពើមរអើមនឹងការអង្គុយសង្កត់នូវឧច្ចារៈ និងបស្សាវៈ ១ វាជាសត្វត្រេកអរ តែងសប្បាយ មិនបៀតបៀននូវពួកសេះដទៃ ១ ការអួតអាង កោង មិតពត់ និងការវៀចទាំងឡាយណារបស់វា ៗ ក៏ធ្វើនូវការអួតអាងជាដើមនោះ ឲ្យជាក់ច្បាស់គួរតាមពិត ដល់នាយសារថី ៗ ក៏ព្យាយាមដើម្បីញាំញីនូវការអួតអាងជាដើមរបស់វា ១ ជាសត្វតែងនាំទៅ តែងញុំាងចិត្តឲ្យកើតឡើងថា ពួកសេះដទៃ ទោះនាំទៅក៏ដោយ មិននាំទៅក៏ដោយ អញនឹងនាំទៅដោយពិតក្នុងទីនោះ កាលដែលទៅ ក៏រមែងទៅតាមផ្លូវត្រង់តែម្យ៉ាង ១ ជាសត្វមានកំឡាំងមាំមួន ដែលនឹងថយកំឡាំងត្រាតែសេចក្ដីស្លាប់គ្របសង្កត់ជីវិត ១។ ម្នាលភិក្ខុទាំងឡាយ សេះអាជានេយ្យដ៏ល្អរបស់ស្ដេច ប្រកបដោយអង្គ ៨ យ៉ាងនេះឯង ជាសត្វគួរដល់ព្រះរាជា ជារាជបម្រើ ដល់នូវការរាប់ថាជាអង្គរបស់ព្រះរាជា។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក៏យ៉ាងនោះដែរ ជាអ្នកប្រកបដោយធម៌ ៨ យ៉ាង ទើបជាអ្នកគួរទទួលនូវចតុប្បច្ច័យ ដែលបុគ្គលឧទ្ទិសចំពោះអ្នកមានសីល ហើយនាំមកបូជា។បេ។ ជាបុញ្ញក្ខេត្តដ៏ប្រសើររបស់សត្វលោក។ ធម៌ ៨ យ៉ាង តើដូចម្ដេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកមានសីល តែងសង្រួមក្នុងបាតិមោក្ខសំវរសីល ជាអ្នកបរិបូណ៌ដោយអាចារៈ និងគោចរៈ ១ ឃើញភ័យក្នុងទោសទាំងឡាយ សូម្បីមានប្រមាណតិចតួច សមាទានសិក្សា ក្នុងសិក្ខាបទទាំងឡាយ ១ ជនប្រគេននូវភោជនណាមួយ ទោះសៅហ្មងក្ដី ឧត្តមក្ដី ដល់លោក ៗ ក៏ចេះតែឆាន់នូវភោជននោះ ដោយគោរព មិនរើសអើង ១ ជាអ្នកខ្ពើមរអើមចំពោះកាយទុច្ចរិត វចីទុច្ចរិត មនោទុច្ចរិត ខ្ពើមរអើម ចំពោះការជួបប្រសព្វនឹងអកុសលធម៌ទាំងឡាយដ៏លាមក ១ លោកជាអ្នករីករាយ មានការនៅសប្បាយ មិនបៀតបៀនពួកភិក្ខុដទៃ ១ ការអួតអាង កោង មិតពត់ និងការវៀចទាំងឡាយណារបស់លោក ៗ ជាអ្នកធ្វើនូវការអួតអាងជាដើមនោះ ឲ្យជាក់ច្បាស់តាមពិតចំពោះព្រះសាស្ដា ឬសព្រហ្មចារីជាវិញ្ញូជន ព្រះសាស្ដា ឬសព្រហ្មចារីជាវិញ្ញូជន តែងព្យាយាមដើម្បីញាំញីនូវការអួតអាងជាដើមនោះ របស់លោក ១ ជាអ្នកសិក្សា ញុំាងចិត្តឲ្យកើតឡើងថា ពួកភិក្ខុដទៃ ទោះសិក្សាក៏ដោយ មិនសិក្សាក៏ដោយ អញនឹងសិក្សាក្នុងធម្មវិន័យនេះដោយពិត លោកកាលនឹងទៅ ក៏ទៅតាមផ្លូវត្រង់តែម្យ៉ាង បណ្ដាផ្លូវត្រង់ទាំងនោះ ផ្លូវត្រង់នេះ គឺសម្មាទិដ្ឋិ ១។បេ។ សម្មាសមាធិ ១ ជាអ្នកមានសេចក្ដីព្យាយាមតឹងតែងថា ស្បែក សរសៃ និងឆ្អឹង ចូរស្វិតក្រៀមចុះ សាច់ និងឈាម ចូររីងស្ងួតក្នុងសរីរៈចុះ កិច្ចណា ដែលអ្នកផងត្រូវដល់ដោយកំឡាំងនៃបុរស ព្យាយាមនៃបុរស សេចក្ដីប្រឹងប្រែងនៃបុរស បើមិនទាន់ដល់នូវកិច្ចនោះទេ ក៏មិនបញ្ឈប់សេចក្ដីព្យាយាម ១ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៨ យ៉ាងនេះឯង ទើបជាអ្នកគួរទទួលនូវចតុប្បច្ច័យ ដែលបុគ្គលឧទ្ទិសចំពោះអ្នកមានសីល ហើយនាំមកបូជា។បេ។ ជាបុញ្ញក្ខេត្តដ៏ប្រសើររបស់សត្វលោក។
អស្សខឡុង្កសូត្រ ទី៤
[១៤] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងនូវសេះមានពុតត្បុត ៨ យ៉ាង និង ទោសនៃសេះ ៨យ៉ាង បុរសមានពុតត្បុត ៨ យ៉ាង និងទោសនៃបុរស ៨ យ៉ាង ចូរអ្នកទាំងឡាយ ចាំស្ដាប់នូវធម៌នោះចុះ។បេ។ ម្នាលភិក្ខុទាំងឡាយ សេះមានពុតត្បុត ៨ យ៉ាង និងទោសនៃសេះ ៨ យ៉ាង តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ សេះមានពុតត្បុតពួកខ្លះ ក្នុងលោកនេះ កាលដែលនាយសារថីនិយាយថា ឯងចូរដើរទៅ ហើយចាក់ ដាស់តឿន ក៏ត្រឡប់ថយក្រោយ ញុំាងរថឲ្យត្រឡប់ថយក្រោយ ម្នាលភិក្ខុទាំងឡាយ សេះមានពុតត្បុត ពួកខ្លះ ក្នុងលោកនេះបែបនេះឯង ម្នាលភិក្ខុទាំងឡាយ នេះជាទោសរបស់សេះ ទី១។ ម្នាលភិក្ខុទាំងឡាយ មួយទៀត សេះមានពុតត្បុតពួកខ្លះ ក្នុងលោកនេះ កាលដែលនាយសារថីនិយាយថា ឯងចូរដើរទៅ ហើយចាក់ ដាស់តឿន ក៏ប្រាយជើងខាងក្រោយ ទង្គិចក្បាលនឹងក្បាលក្រពើរថ បំបាក់ឈើជា ៣ កំណាត់ (ចែរថ) ម្នាលភិក្ខុទាំងឡាយ សេះមានពុតត្បុតពួកខ្លះ ក្នុងលោកនេះ បែបនេះឯង ម្នាលភិក្ខុទាំងឡាយ នេះជាទោសរបស់សេះ ទី២។ ម្នាលភិក្ខុទាំងឡាយ មួយទៀត សេះមានពុតត្បុតពួកខ្លះ ក្នុងលោកនេះ កាលដែលនាយសារថីនិយាយថា ឯងចូរដើរទៅ ហើយចាក់ ដាស់តឿន ក៏លើកនូវជើង ពាក់លើចន្ទោលនៃរថ ញាំញីនូវចន្ទោលរថ ឲ្យខ្ទេចខ្ទី ម្នាលភិក្ខុទាំងឡាយ សេះមានពុតត្បុត ពួកខ្លះ ក្នុងលោកនេះ បែបនេះឯង ម្នាលភិក្ខុទាំងឡាយ នេះជាទោសរបស់សេះ ទី៣។ ម្នាលភិក្ខុទាំងឡាយ មួយទៀត សេះមានពុតត្បុតពួកខ្លះ ក្នុងលោកនេះ កាលដែលនាយសារថីនិយាយថា ឯងចូរដើរទៅ ហើយចាក់ ដាស់តឿន ក៏ប្រកាន់ខុសផ្លូវ ធ្វើរថឲ្យខុសផ្លូវ ម្នាលភិក្ខុទាំងឡាយ សេះមានពុតត្បុតពួកខ្លះ ក្នុងលោកនេះ បែបនេះឯង ម្នាលភិក្ខុទាំងឡាយ នេះជាទោសរបស់សេះ ទី៤។ ម្នាលភិក្ខុទាំងឡាយ មួយទៀត សេះមានពុតត្បុតពួកខ្លះ ក្នុងលោកនេះ កាលដែលនាយសារថីនិយាយថា ឯងចូរដើរទៅ ហើយចាក់ ដាស់តឿន ក៏លោតកញ្ជ្រោលកាយខាងមុខ ផ្គងនូវជើងទាំងពីរខាងមុខ ម្នាលភិក្ខុទាំងឡាយ សេះមានពុតត្បុតពួកខ្លះ ក្នុងលោកនេះ បែបនេះឯង ម្នាលភិក្ខុទាំងឡាយ នេះជាទោសរបស់សេះ ទី៥។ ម្នាលភិក្ខុទាំងឡាយ មួយទៀត សេះមានពុតត្បុតពួកខ្លះ ក្នុងលោកនេះ កាលដែលនាយសារថីនិយាយថា ឯងចូរដើរទៅ ហើយចាក់ ដាស់តឿន ក៏មិនអើពើនឹងដងជន្លួញ ខាំផ្ដាច់នូវខ្សែបង្ហៀរ ដោយធ្មេញទាំងឡាយ ហើយគេចចេញទៅតាមសេចក្ដីប្រាថ្នា ម្នាលភិក្ខុទាំងឡាយ សេះមានពុតត្បុតពួកខ្លះ ក្នុងលោកនេះ បែបនេះឯង ម្នាលភិក្ខុទាំងឡាយ នេះជាទោសរបស់សេះ ទី៦។ ម្នាលភិក្ខុទាំងឡាយ មួយទៀត សេះមានពុតត្បុតពួកខ្លះ ក្នុងលោកនេះ កាលដែលនាយសារថីនិយាយថា ឯងចូរដើរទៅ ហើយចាក់ ដាស់តឿន ក៏មិនឈានទៅមុខ មិនឈានថយក្រោយ នៅឈរនឹងថ្កល់ ដូចជាសសរខឿនក្នុងទីនោះដដែល ម្នាលភិក្ខុទាំងឡាយ សេះមានពុតត្បុតពួកខ្លះ ក្នុងលោកនេះ បែបនេះឯង ម្នាលភិក្ខុទាំងឡាយ នេះជាទោសរបស់សេះ ទី៧។ ម្នាលភិក្ខុទាំងឡាយ មួយវិញទៀត សេះមានពុតត្បុតពួកខ្លះ ក្នុងលោកនេះ កាលដែលនាយសារថីនិយាយថា ឯងចូរដើរទៅ ហើយចាក់ ដាស់តឿន ក៏កង្កុញជើងទាំងពីរខាងមុខ កង្កុញជើងទាំងពីរខាងក្រោយ ហើយក្រាបសង្កត់នូវជើងទាំង៤ ក្នុងទីនោះឯង ម្នាលភិក្ខុទាំងឡាយ សេះមានពុតត្បុតពួកខ្លះ ក្នុងលោកនេះ បែបនេះឯង ម្នាលភិក្ខុទាំងឡាយ នេះជាទោសរបស់សេះ ទី៨។ ម្នាលភិក្ខុទាំងឡាយ សេះមានពុតត្បុត ៨ យ៉ាង និងទោសនៃសេះ ៨ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ បុរសមានពុតត្បុត ៨យ៉ាង និងទោសនៃបុរស ៨យ៉ាង តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុទាំងឡាយក្នុងសាសនានេះ ដាស់តឿនភិក្ខុផងគ្នា ដោយអាបតិ្ត ភិក្ខុនោះ កាលដែលភិក្ខុទាំងឡាយ ដាស់តឿនដោយអាបត្តិ ក៏បណ្ដោះបណ្ដៃអំពីអាបត្តិថា ខ្ញុំនឹកមិនឃើញទេៗ ម្នាលភិក្ខុទាំងឡាយ សេះមានពុតត្បុតនោះ កាលដែលនាយសារថីនិយាយថា ឯងចូរដើរទៅ ហើយចាក់ ដាស់តឿន ក៏ត្រឡប់ថយក្រោយ ញុំាងរថឲ្យត្រឡប់ខាងក្រោយ មានឧបមាដូចម្តេចមិញ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា បុគ្គលនេះ មានឧបមេយ្យដូច្នោះឯង ម្នាលភិក្ខុទាំងឡាយ បុរសមានពុតត្បុតពួកខ្លះ ក្នុងលោកនេះ បែបនេះឯង ម្នាលភិក្ខុទាំងឡាយ នេះជាទោសរបស់បុរស ទី១។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ពួកភិក្ខុដាស់តឿនភិក្ខុផងគ្នា ដោយអាបត្តិ ភិក្ខុនោះ កាលដែលពួកភិក្ខុដាស់តឿនដោយអាបត្តិ ក៏តបតនឹងពាក្យចោទវិញថា ប្រយោជន៍អ្វី អញនឹងនិយាយជាមួយអ្នកឯង ដែលជាមនុស្សពាល មិនឈ្លាសវៃ អម្បាលយ៉ាងអញ អ្នកឯងហ៊ានសំគាល់ថាជាបុគ្គលគួរគេស្ដីថាបានទៅហើយ ម្នាលភិក្ខុទាំងឡាយ សេះមានពុតត្បុតនោះ កាលដែលនាយសារថីនិយាយថា ឯងចូរដើរទៅ ហើយចាក់ ដាស់តឿន ក៏ប្រាយជើងខាងក្រោយ ទង្គិចក្បាលនឹងក្បាលក្រពើរថ បំបាក់ឈើជា ៣ កំណាត់ (ចែរថ) មានឧបមាដូចម្ដេចមិញ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា បុគ្គលនេះ មានឧបមេយ្យ ដូច្នោះឯង ម្នាលភិក្ខុទាំងឡាយ បុរសមានពុតត្បុតពួកខ្លះ ក្នុងលោកនេះ បែបនេះឯង ម្នាលភិក្ខុទាំងឡាយ នេះជាទោសរបស់បុរស ទី២។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ពួកភិក្ខុដាស់តឿនភិក្ខុផងគ្នាដោយអាបត្តិ ភិក្ខុនោះ កាលដែលពួកភិក្ខុ ដាស់តឿន ដោយអាបត្តិ ក៏ត្រឡប់លើកទោស ដល់ភិក្ខុអ្នកដាស់តឿនវិញថា អ្នកឯងទេតើ ដែលត្រូវអាបត្តិឈ្មោះនេះ អ្នកឯងចូរសំដែងអាបត្តិមុនសិនទៅ ម្នាលភិក្ខុទាំងឡាយ សេះមានពុតត្បុតនោះ កាលដែលនាយសារថីនិយាយថា ឯងចូរដើរទៅ ហើយចាក់ ដាស់តឿន ក៏លើកនូវជើងពាក់លើចន្ទោលរថ ហើយញាំញីនូវចន្ទោលរថ ឲ្យខ្ទេចខ្ទី មានឧបមាដូចម្ដេចមិញ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា បុគ្គលនេះមានឧបមេយ្យដូច្នោះឯង ម្នាលភិក្ខុទាំងឡាយ បុរសមានពុតត្បុតពួកខ្លះ ក្នុងលោកនេះ បែបនេះឯង ម្នាលភិក្ខុទាំងឡាយ នេះជាទោសរបស់បុរស ទី៣។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ពួកភិក្ខុដាស់តឿនភិក្ខុផងគ្នាដោយអាបត្តិ ភិក្ខុនោះ កាលដែលពួកភិក្ខុដាស់តឿនដោយអាបត្តិ ក៏បិទបាំងនូវហេតុដទៃដោយហេតុដទៃ ទាត់ពាក្យសំដីចោលទៅខាងក្រៅ ធ្វើនូវសេចក្តីក្រោធផង នូវទោសផង នូវសេចក្តីមិនត្រេកអរផង ឲ្យប្រាកដ ម្នាលភិក្ខុទាំងឡាយ សេះមានពុតត្បុតនោះ កាលដែលនាយសារថីនិយាយថា ឯងចូរដើរទៅ ហើយចាក់ ដាស់តឿន ក៏ប្រកាន់ខុសផ្លូវ ធ្វើរថឲ្យខុសផ្លូវ មានឧបមាដូចម្ដេចមិញ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា បុគ្គលនេះ មានឧបមេយ្យដូច្នោះឯង ម្នាលភិក្ខុទាំងឡាយ បុរសមានពុតត្បុតពួកខ្លះ ក្នុងលោកនេះ បែបនេះឯង ម្នាលភិក្ខុទាំងឡាយ នេះជាទោសរបស់បុរស ទី៤។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ពួកភិក្ខុដាស់តឿន ភិក្ខុផងគ្នាដោយអាបត្តិ ភិក្ខុនោះ កាលដែលពួកភិក្ខុដាស់តឿនដោយអាបត្តិ ក៏និយាយឆ្កាដៃ ក្នុងកណ្ដាលជំនុំសង្ឃ ម្នាលភិក្ខុទាំងឡាយ សេះមានពុតត្បុតនោះ កាលដែលនាយសារថីនិយាយថា ឯងចូរដើរទៅ ហើយចាក់ ដាស់តឿន ក៏លោតកញ្ជ្រោលកាយខាងមុខ ផ្គងនូវជើងទាំងពីរខាងមុខ មានឧបមាដូចម្ដេចមិញ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា បុគ្គលនេះមានឧបមេយ្យដូច្នោះឯង ម្នាលភិក្ខុទាំងឡាយ បុរសមានពុតត្បុតពួកខ្លះ ក្នុងលោកនេះ បែបនេះឯង ម្នាលភិក្ខុទាំងឡាយ នេះជាទោសរបស់បុរស ទី៥។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ពួកភិក្ខុដាស់តឿនភិក្ខុផងគ្នាដោយអាបត្តិ ភិក្ខុនោះ កាលដែលភិក្ខុទាំងឡាយដាស់តឿនដោយអាបត្តិ ក៏មិនអើពើនឹងសង្ឃ មិនអើពើនឹងភិក្ខុអ្នកដាស់តឿន ដើរចេញទៅទាំងអាបត្តិ កាន់ទីតាមសេចក្ដីប្រាថា្ន ម្នាលភិក្ខុទាំងឡាយ សេះមានពុតត្បុតនោះ កាលដែលនាយសារថី និយាយថា ឯងចូរដើរទៅ ហើយចាក់ ដាស់តឿន ក៏មិនអើពើនឹងដងជន្លួញ ខាំផ្ដាច់នូវខ្សែបង្ហៀរដោយធ្មេញទាំងឡាយ ហើយគេចចេញទៅតាមសេចក្ដីប្រាថា្ន មានឧបមាដូចម្ដេចមិញ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា បុគ្គលនេះ មានឧបមេយ្យដូច្នោះឯង ម្នាលភិក្ខុទាំងឡាយ បុរសមានពុតត្បុតពួកខ្លះ ក្នុងលោកនេះ បែបនេះឯង ម្នាលភិក្ខុទាំងឡាយ នេះជាទោសរបស់បុរស ទី៦។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ពួកភិក្ខុដាស់តឿនភិក្ខុផងគ្នាដោយអាបត្តិ ភិក្ខុនោះ កាលដែលពួកភិក្ខុដាស់តឿនដោយអាបត្តិ ក៏ប្រកែកថា ខ្ញុំមិនត្រូវអាបតិ្តទេ ៗ ភិក្ខុនោះ រមែងបៀតបៀននូវសង្ឃដោយតុណ្ហីភាព ម្នាលភិក្ខុទាំងឡាយ សេះមានពុតត្បុតនោះ កាលដែលនាយសារថីនិយាយថា ឯងចូរដើរទៅ ហើយចាក់ ដាស់តឿន ក៏មិនឈានទៅមុខ មិនឈានថយក្រោយ នៅឈរនឹងថ្កល់ ដូចជាសសរខឿន ក្នុងទីនោះដដែល មានឧបមាដូចម្ដេចមិញ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា បុគ្គលនេះ មានឧបមេយ្យដូច្នោះឯង ម្នាលភិក្ខុទាំងឡាយ បុរសមានពុតត្បុតពួកខ្លះ ក្នុងលោកនេះ បែបនេះឯង ម្នាលភិក្ខុទាំងឡាយ នេះជាទោសរបស់បុរស ទី៧។ ម្នាលភិក្ខុទាំងឡាយ មួយវិញទៀត ពួកភិក្ខុដាស់តឿនភិក្ខុផងគ្នាដោយអាបត្តិ ភិក្ខុនោះ កាលដែលពួកភិក្ខុចោទដោយអាបត្តិ ក៏ពោលយ៉ាងនេះថា លោកទាំងឡាយដ៏មានអាយុ ហេតុអ្វីក៏បានជាខំខ្វល់ខ្វាយនឹងខ្ញុំខ្លាំងម្ល៉េះ ណ្ហើយចុះ ខ្ញុំនឹងលាសិក្ខា ត្រឡប់មកកាន់ភេទថោកទាបវិញ ក្នុងឥឡូវនេះ ភិក្ខុនោះ ក៏លាសិក្ខា ហើយត្រឡប់មកកាន់ភេទថោកទាប រួចពោលយ៉ាងនេះថា ឥឡូវនេះ លោកទាំងឡាយដ៏មានអាយុ ចូរមានចិត្តត្រេកអរចុះ ម្នាលភិក្ខុទាំងឡាយ សេះមានពុតត្បុតនោះ កាលដែលនាយសារថីនិយាយថា ឯងចូរដើរទៅ ហើយចាក់ ដាស់តឿន ក៏កង្កុញជើងទាំងពីរខាងមុខ កង្កុញជើងទាំងពីរខាងក្រោយ ក្រាបសង្កត់នូវជើងទាំង ៤ ក្នុងទីនោះឯង មានឧបមាដូចម្ដេចមិញ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា បុគ្គលនេះ មានឧបមេយ្យដូច្នោះឯង ម្នាលភិក្ខុទាំងឡាយ បុរសមានពុតត្បុតពួកខ្លះ ក្នុងលោកនេះ បែបនេះឯង ម្នាលភិក្ខុទាំងឡាយ នេះជាទោសរបស់បុរស ទី៨។ ម្នាលភិក្ខុទាំងឡាយ បុរសមានពុតត្បុត ៨ យ៉ាង និងទោសនៃបុរស ៨ យ៉ាងនេះឯង។
មលសូត្រ ទី៥
[១៥] ម្នាលភិក្ខុទាំងឡាយ មន្ទិលនេះ មាន ៨ យ៉ាង។ មន្ទិល ៨ យ៉ាង តើដូចម្ដេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ មន្តទាំងឡាយ មានការមិនស្វាធ្យាយ ជាមន្ទិល ១ ម្នាលភិក្ខុទាំងឡាយ ផ្ទះទាំងឡាយ មានការមិនថែទាំជាមន្ទិល ១ ម្នាលភិក្ខុទាំងឡាយ ការខ្ជិលច្រអូស ជាមន្ទិលនៃសម្បុរសរីរៈ ១ ម្នាលភិក្ខុទាំងឡាយ ការប្រហែសធ្វេស ជាមន្ទិលនៃអ្នកថែរក្សា ១ ម្នាលភិក្ខុទាំងឡាយ ការប្រព្រឹត្តិអាក្រក់ [សំដៅយកការប្រព្រឹត្តិក្បត់ចិត្តប្តី។] (ចំពោះប្ដី) ជាមន្ទិលរបស់ស្រ្តី ១ ម្នាលភិក្ខុទាំងឡាយ សេចក្ដីកំណាញ់ ជាមន្ទិលរបស់អ្នកឲ្យ ១ ម្នាលភិក្ខុទាំងឡាយ អកុសលធម៌ដ៏លាមក ជាមន្ទិលក្នុងលោកនេះ និងលោកខាងមុខ ១ ម្នាលភិក្ខុទាំងឡាយ មន្ទិលដ៏លើសជាងមន្ទិលទាំងនោះ គឺអវិជ្ជា ជាមន្ទិលយ៉ាងក្រៃលែង ១។ ម្នាលភិក្ខុទាំងឡាយ មន្ទិល ៨ យ៉ាងនេះឯង។
មន្តទាំងឡាយ មានការមិនស្វាធ្យាយជាមន្ទិល ផ្ទះទាំងឡាយ មានការមិនថែទាំជាមន្ទិល ការខ្ជិលច្រអូស ជាមន្ទិលនៃពណ៌សម្បុរ ការប្រហែលធ្វេស ជាមន្ទិលនៃអ្នកថែរក្សា ការប្រព្រឹត្តិអាក្រក់ (ចំពោះប្ដី) ជាមន្ទិលរបស់ស្រ្តី សេចក្ដីកំណាញ់ ជាមន្ទិលរបស់អ្នកឲ្យ អកុសលធម៌ដ៏លាមក ជាមន្ទិលក្នុងលោកនេះ និងលោកខាងមុខ មន្ទិលដ៏លើសជាងមន្ទិលទាំងនោះ គឺអវិជ្ជា ជាមន្ទិលយ៉ាងក្រៃលែង។
ទូតេយ្យសូត្រ ទី៦
[១៦] ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៨ យ៉ាង ទើបគួរដើម្បីដល់នូវទូតកម្ម [បានសេចក្តីថា គួរធ្វើជាទូត គឺជាអ្នកទទួលពាក្យបណ្តាំ។] បាន។ ធម៌ ៨ យ៉ាង តើដូចម្ដេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកស្ដាប់ខ្លួនឯង ១ ជាអ្នកញុំាងបុគ្គលដទៃឲ្យស្ដាប់ ១ ជាអ្នករៀនខ្លួនឯង ១ ជាអ្នកយល់ច្បាស់នូវសេចក្ដីមានប្រយោជន៍ និងមិនមានប្រយោជន៍ ១ ជាអ្នកញុំាងបុគ្គលដទៃ ឲ្យយល់ច្បាស់នូវសេចក្ដីមានប្រយោជន៍ និងមិនមានប្រយោជន៍ ១ ជាអ្នកឈ្លាសក្នុងអំពើមានប្រយោជន៍ និងមិនមានប្រយោជន៍ ១ ជាអ្នកមិនធ្វើនូវការឈ្លោះប្រកែក ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៨ យ៉ាងនេះ ទើបគួរដើម្បីដល់នូវទូតកម្មបាន។ ម្នាលភិក្ខុទាំងឡាយ សារីបុត្រប្រកបដោយធម៌ ៨ យ៉ាង ទើបគួរដើម្បីដល់នូវទូតកម្មបាន។ ធម៌ ៨ យ៉ាង តើដូចម្ដេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ក្នុងធម្មវិន័យនេះ សារីបុត្រ ជាអ្នកស្តាប់ខ្លួនឯង ១ ជាអ្នកញុំាងបុគ្គលដទៃឲ្យស្តាប់ ១ ជាអ្នករៀនខ្លួនឯង ១ ជាអ្នកចងចាំទុក ១ ជាអ្នកយល់ច្បាស់ (នូវសេចក្ដីមានប្រយោជន៍ និងមិនមានប្រយោជន៍) ១ ជាអ្នកញុំាងបុគ្គលដទៃឲ្យយល់ច្បាស់ (នូវសេចក្ដីមានប្រយោជន៍ និងមិនមានប្រយោជន៍) ១ ជាអ្នកឈ្លាស ក្នុងអំពើមានប្រយោជន៍ និងមិនមានប្រយោជន៍ ១ ជាអ្នកមិនធ្វើនូវការឈ្លោះប្រកែក ១។ ម្នាលភិក្ខុទាំងឡាយ សារីបុត្រប្រកបដោយធម៌ ៨ យ៉ាង នេះឯង ទើបគួរដើម្បីដល់នូវទូតកម្មបាន។
ភិក្ខុណានិយាយទៅរកបរិសទ្យ ដែលជាអ្នកពោលពាក្យលើកដំកើង ក៏មិនតក់ស្លុតផង មិនឲ្យបាត់ពាក្យផង មិនឲ្យបាត់ពាក្យបណ្ដាំផង ពោលពាក្យមិនឲ្យគេមានសេចក្ដីសង្ស័យផង គេសួរមិនខឹងផង ភិក្ខុប្រាកដដូច្នោះនោះឯង គួរដើម្បីដល់នូវទូតកម្មបាន។
បឋមពន្ធនសូត្រ ទី៧
[១៧] ម្នាលភិក្ខុទាំងឡាយ ស្រ្តីតែងចងបុរសដោយអាការ ៨ យ៉ាង។ អាការ ៨ យ៉ាង តើដូចម្ដេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ស្រ្តីចងបុរសដោយរូប ១ ម្នាលភិក្ខុទាំងឡាយ ស្រ្តីចងបុរស ដោយសំណើច ១ ម្នាលភិក្ខុទាំងឡាយ ស្រ្តីចងបុរស ដោយនិយាយ ១ ម្នាលភិក្ខុទាំងឡាយ ស្រ្តីចងបុរស ដោយចម្រៀង ១ ម្នាលភិក្ខុទាំងឡាយ ស្រ្តីចងបុរសដោយយំ ១ ម្នាលភិក្ខុទាំងឡាយ ស្រ្តីចងបុរស ដោយការស្អាង (មានវិធីស្លៀកពាក់ជាដើម) ១ ម្នាលភិក្ខុទាំងឡាយ ស្រ្តីចងបុរស ដោយគ្រឿងបណ្ណាការ មានផ្កាឈើ និងផ្លែឈើ ដែលខ្លួនកាច់មកអំពីព្រៃ ១ ម្នាលភិក្ខុទាំងឡាយ ស្រ្តីចងបុរស ដោយផស្សៈ ១។ ម្នាលភិក្ខុទាំងឡាយ ស្រ្តីចងបុរសដោយអាការ ៨យ៉ាងនេះឯង ម្នាលភិក្ខុទាំងឡាយ ពួកសត្វដែលស្ត្រីចងក្រៀក ដោយអាការទាំង ៨ យ៉ាងនេះឯង ឈ្មោះថា ជាប់អន្ទាក់។
ទុតិយពន្ធនសូត្រ ទី៨
[១៨] ម្នាលភិក្ខុទាំងឡាយ បុរសចងស្រ្តី ដោយអាការ ៨យ៉ាង។ អាការ ៨ យ៉ាង តើដូចម្ដេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ បុរសចងស្រ្តី ដោយរូប ១ ម្នាលភិក្ខុទាំងឡាយ បុរសចងស្រ្តី ដោយសំណើច ១ ម្នាលភិក្ខុទាំងឡាយ បុរសចងស្រ្តី ដោយនិយាយ ១ ម្នាលភិក្ខុទាំងឡាយ បុរសចងស្រ្តី ដោយចម្រៀង ១ ម្នាលភិក្ខុទាំងឡាយ បុរសចងស្រ្តី ដោយយំ ១ ម្នាលភិក្ខុទាំងឡាយ បុរសចងស្រ្តី ដោយការស្អាង ១ ម្នាលភិក្ខុទាំងឡាយ បុរសចងស្រ្តី ដោយគ្រឿងបណ្ណាការ ដែលខ្លួនកាច់មកអំពីព្រៃ ១ ម្នាលភិក្ខុទាំងឡាយ បុរសចងស្រ្តី ដោយផស្សៈ ១។ ម្នាលភិក្ខុទាំងឡាយ បុរសចងស្រ្តីដោយអាការ ៨យ៉ាងនេះឯង ម្នាលភិក្ខុទាំងឡាយ ពួកសត្វដែលបុរសចងក្រៀក ដោយអាការ ៨ យ៉ាងនោះឯង ឈ្មោះថា ជាប់អន្ទាក់។
បហារាទសូត្រ ទី៩
[១៩] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្រោមដើមស្ដៅ ជាលំនៅនៃនឡេរុយក្ខ ទៀបស្រុកវេរញ្ជា។ គ្រានោះ បហារាទ អសុរិន្ទ (សេ្ដចអសុរ ឈ្មោះបហារាទ) ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយឋិតនៅក្នុងទីសមគួរ។ លុះបហារាទ អសុរិន្ទ ឋិតនៅក្នុងទីសមគួរហើយ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលបហារាទ ចុះពួកអសុរ តែងរីករាយ ក្នុងមហាសមុទ្រដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន ពួកអសុរ តែងរីករាយ ក្នុងមហាសមុទ្រដែរ។ ម្នាលបហារាទ ចុះក្នុងមហាសមុទ្រ មានហេតុជាអស្ចារ្យចំឡែកប៉ុន្មានយ៉ាង បានជាពួកអសុរឃើញហើយ ៗ តែងរីករាយក្នុងមហាសមុទ្រ។ បពិត្រព្រះអង្គដ៏ចំរើន ក្នុងមហាសមុទ្រ មានហេតុជាអស្ចារ្យចំឡែក ៨ យ៉ាង បានជាពួកអសុរឃើញហើយ ៗ តែងរីករាយក្នុងមហាសមុទ្រ។ ហេតុជាអស្ចារ្យចំឡែក ៨ យ៉ាង តើដូចម្ដេចខ្លះ។ បពិត្រព្រះអង្គដ៏ចំរើន មហាសមុទ្រ មានទំនាបទៅដោយលំដាប់ មានទីជម្រាលទៅដោយលំដាប់ មានទីទេរទៅដោយលំដាប់ មិនមែនចោតជ្រៅទៅតែម្ដង ដូចជាអណ្ដូងទេ។ បពិត្រព្រះអង្គដ៏ចំរើន មហាសមុទ្រ មានទំនាបទៅដោយលំដាប់ មានទីជម្រាលទៅដោយលំដាប់ មានទីទេរទៅដោយលំដាប់ មិនចោតជ្រៅទៅតែម្ដង ដូចជាអណ្ដូង ដោយហេតុណា បពិត្រព្រះអង្គដ៏ចំរើន នេះជាហេតុអស្ចារ្យ ទី១ ក្នុងមហាសមុទ្រ ដែលពួកអសុរឃើញហើយ ៗ តែងរីករាយក្នុងមហាសមុទ្រ។ បពិត្រព្រះអង្គដ៏ចំរើន មួយទៀត មហាសមុទ្រ មានទឹកតាំងនៅនឹងជាធម្មតា មិនដែលឡើង ឬជោរហួសច្រាំងទៅបាន។ បពិត្រព្រះអង្គដ៏ចំរើន មហាសមុទ្រ មានទឹកតាំងនៅនឹងជាធម្មតា មិនដែលឡើង ឬជោរហួសច្រាំងទៅបាន ដោយហេតុណា បពិត្រព្រះអង្គដ៏ចំរើន នេះជាហេតុអស្ចារ្យចំឡែក ទី២ ក្នុងមហាសមុទ្រ ដែលពួកអសុរឃើញហើយ ៗ តែងរីករាយក្នុងមហាសមុទ្រ។ បពិត្រព្រះអង្គដ៏ចំរើន មួយទៀត មហាសមុទ្រ មិនដែលនៅរួមដោយសាកសពស្លាប់ទេ បើសាកសពស្លាប់ណា មានក្នុងមហាសមុទ្រ រលកតែងបន្សាត់សាកសពស្លាប់នោះ ទៅរកច្រាំង ផាត់ឡើងទៅលើគោកមួយរំពេច។ បពិត្រព្រះអង្គដ៏ចំរើន មហាសមុទ្រ មិនដែលនៅរួមដោយសាកសពស្លាប់ បើសាកសពស្លាប់ណា មាននៅក្នុងមហាសមុទ្រ រលកតែងបន្សាត់សាកសពស្លាប់នោះទៅរកច្រាំង ផាត់ឡើងទៅលើគោកមួយរំពេច ដោយហេតុណា បពិត្រព្រះអង្គដ៏ចំរើន នេះជាហេតុអស្ចារ្យ ចំឡែក ទី៣ ក្នុងមហាសមុទ្រ ដែលពួកអសុរឃើញហើយ ៗ តែងរីករាយក្នុងមហាសមុទ្រ។ បពិត្រព្រះអង្គដ៏ចំរើន មួយទៀត ទន្លេធំៗ ទាំងឡាយណាមួយ គឺទន្លេគង្គា យមុនា អចិរវតី សរភូ មហី កាលបើទន្លេទាំងនោះ ហូរទៅដល់មហាសមុទ្រហើយ រមែងលះបង់នាម និងគោត្រដើម (របស់ខ្លួន) ហើយដល់នូវកិរិយារាប់បញ្ចូលថា មហាសមុទ្រតែម្យ៉ាង។ បពិត្រព្រះអង្គដ៏ចំរើន ទន្លេធំៗទាំងឡាយណាមួយ គឺ ទន្លេគង្គា។បេ។ ដល់នូវកិរិយារាប់ថា មហាសមុទ្រតែម្យ៉ាង ដោយហេតុណា បពិត្រព្រះអង្គដ៏ចំរើន នេះជាហេតុអស្ចារ្យ ចំឡែក ទី៤ ក្នុងមហាសមុទ្រ ដែលពួកអសុរឃើញហើយ ៗ តែងរីករាយក្នុងមហាសមុទ្រ។ បពិត្រព្រះអង្គដ៏ចំរើន មួយទៀត ទឹកទន្លេទាំងឡាយណាមួយក្នុងលោក ដែលហូរស្រោចទៅរកមហាសមុទ្រក្ដី ធារទឹកភ្លៀងទាំងឡាយណា ដែលហូរធ្លាក់ចុះមកអំពីអាកាសក្ដី មហាសមុទ្រ ក៏មិនប្រាកដជាស្រក ឬពេញដោយទឹកទន្លេ និងធារទឹកភ្លៀងនោះឡើយ។ បពិត្រព្រះអង្គដ៏ចំរើន ទឹកទន្លេទាំងឡាយណាមួយក្នុងលោក ដែលហូរស្រោច ទៅរកមហាសមុទ្រក្ដី ធារទឹកភ្លៀងទាំងឡាយណា ដែលហូរធ្លាក់ចុះមកអំពីអាកាសក្ដី មហាសមុទ្រ ក៏មិនប្រាកដជាស្រក ឬពេញដោយទឹកទន្លេ និងធារទឹកភ្លៀងនោះ ដោយហេតុណា បពិត្រព្រះអង្គដ៏ចំរើន នេះជាហេតុអស្ចារ្យ ចំឡែក ទី៥ ក្នុងមហាសមុទ្រ ដែលពួកអសុរឃើញហើយ ៗ តែងរីករាយក្នុងមហាសមុទ្រ។ បពិត្រព្រះអង្គដ៏ចំរើន មួយទៀត មហាសមុទ្រ មានរសតែមួយ គឺរសប្រៃ។ បពិត្រព្រះអង្គដ៏ចំរើន មហាសមុទ្រ មានរសតែមួយ គឺរសប្រៃ ដោយហេតុណា បពិត្រព្រះអង្គដ៏ចំរើន នេះជាហេតុអស្ចារ្យ ចំឡែក ទី៦ ក្នុងមហាសមុទ្រ ដែលពួកអសុរឃើញហើយ ៗ តែងរីករាយក្នុងមហាសមុទ្រ។ បពិត្រព្រះអង្គដ៏ចំរើន មួយទៀត មហាសមុទ្រ មានរតនៈ (ទ្រព្យជាគ្រឿងពេញចិត្ត) ច្រើនយ៉ាង មិនមែនមានតែរតនៈម្យ៉ាងទេ ឯរតនៈទាំងនេះ ដែលមាននៅក្នុងមហាសមុទ្រនោះ គឺ កែវមុក្តា កែវមណី កែវពីទូរ្យ សង្ខ សិលា កែវប្រពាឡ ប្រាក់ មាស កែវក្រហម (ត្បូងទទឹម) និងកែវមរកត។ បពិត្រព្រះអង្គដ៏ចំរើន មហាសមុទ្រ មានរតនៈច្រើនយ៉ាង មិនមែនមានរតនៈម្យ៉ាងទេ ឯរតនៈទាំងនេះ ដែលមាននៅក្នុងមហាសមុទ្រនោះ គឺកែវមុក្តា កែវមណី កែវពិទូរ្យ សង្ខ សិលា កែវប្រពាឡ ប្រាក់ មាស កែវក្រហម និងកែវមរកត ដោយហេតុណា បពិត្រព្រះអង្គដ៏ចំរើន នេះជាហេតុអស្ចារ្យ ចំឡែក ទី៧ ក្នុងមហាសមុទ្រ ដែលពួកអសុរឃើញហើយ ៗ តែងរីករាយក្នុងមហាសមុទ្រ។ បពិត្រព្រះអង្គដ៏ចំរើន មួយវិញទៀត មហាសមុទ្រ ជាទីនៅអាស្រ័យនៃពួកសត្វធំៗ ជាច្រើន ពួកសត្វធំៗ ទាំងនេះ ដែលនៅក្នុងមហាសមុទ្រនោះ គឺត្រីឈ្មោះតិមិ ឈ្មោះតិមិង្គលៈ ឈ្មោះតិមិរមិង្គលៈ និងពួកអសុរ នាគ គន្ធព្វ ដែលមានក្នុងមហាសមុទ្រ មានអត្តភាព ១០០យោជន៍ខ្លះ មានអត្តភាព ២០០យោជន៍ខ្លះ មានអត្តភាព ៣០០យោជន៍ខ្លះ មានអត្តភាព ៤០០យោជន៍ខ្លះ មានអត្តភាព ៥០០យោជន៍ខ្លះ។ បពិត្រព្រះអង្គដ៏ចំរើន មហាសមុទ្រ ជាទីនៅអាស្រ័យនៃពួកសត្វធំៗ ជាច្រើន ពួកសត្វធំៗ ទាំងនេះ ដែលនៅអាស្រ័យក្នុងមហាសមុទ្រនោះ គឺត្រីឈ្មោះតិមិ ឈ្មោះតិមិង្គលៈ ឈ្មោះតិមិរមិង្គលៈ និងពួកអសុរ នាគ គន្ធព្វ ដែលមានក្នុងមហាសមុទ្រ មានអត្តភាព ១០០យោជន៍ខ្លះ។បេ។ មានអត្តភាព ៣០០យោជន៍ខ្លះ មានអត្តភាព ៤០០យោជន៍ខ្លះ មានអត្តភាព ៥០០យោជន៍ខ្លះ ដោយហេតុណា បពិត្រព្រះអង្គដ៏ចំរើន នេះជាហេតុអស្ចារ្យ ចំឡែក ទី៨ ក្នុងមហាសមុទ្រ ដែលពួកអសុរឃើញហើយ ៗ តែងរីករាយក្នុងមហាសមុទ្រ។ បពិត្រព្រះអង្គដ៏ចំរើន ហេតុជាអស្ចារ្យចំឡែក ក្នុងមហាសមុទ្រ មាន ៨យ៉ាងនេះឯង ដែលពួកអសុរឃើញហើយ ៗ តែងរីករាយក្នុងមហាសមុទ្រ។ បពិត្រព្រះអង្គដ៏ចំរើន ចុះពួកភិក្ខុ តែងរីករាយក្នុងធម្មវិន័យនេះដែរឬ។ ម្នាលបហារាទ ពួកភិក្ខុតែងរីករាយ ក្នុងធម្មវិន័យនេះដែរ។ បពិត្រព្រះអង្គដ៏ចំរើន ក្នុងធម្មវិន័យនេះ មានហេតុជាអស្ចារ្យចំឡែក ប៉ុន្មានយ៉ាង ដែលពួកភិក្ខុឃើញហើយ ៗ តែងរីករាយ ក្នុងធម្មវិន័យនេះ។ ម្នាលបហារាទ ក្នុងធម្មវិន័យនេះ មានហេតុជាអស្ចារ្យចំឡែក ៨ យ៉ាង ដែលពួកភិក្ខុឃើញហើយ ៗ តែងរីករាយ ក្នុងធម្មវិន័យនេះ។ ហេតុជាអស្ចារ្យចំឡែក ៨ យ៉ាង តើដូចម្ដេច។ ម្នាលបហារាទ មហាសមុទ្រដែលមានទំនាបទៅដោយលំដាប់ មានទីជម្រាលទៅដោយលំដាប់ មានទីទេរទៅដោយលំដាប់ មិនចោតជ្រៅទៅតែម្ដងដូចអណ្ដូងទេ យ៉ាងណាមិញ ម្នាលបហារាទ ក្នុងធម្មវិន័យនេះ មានការសិក្សាដោយលំដាប់ មានកិច្ចដែលត្រូវធ្វើដោយលំដាប់ មានសេចក្ដីប្រតិបត្តិដោយលំដាប់ មិនមែនបានត្រាស់ដឹងអរហត្តផលតែម្ដងទេ ក៏យ៉ាងនោះដែរ។ ម្នាលបហារាទ ក្នុងធម្មវិន័យនេះ មានការសិក្សាដោយលំដាប់ មានកិច្ចដែលត្រូវធ្វើដោយលំដាប់ មានសេចក្ដីប្រតិបត្តិដោយលំដាប់ មិនមែនបានត្រាស់ដឹងអរហត្តផលតែម្ដងទេ ដោយហេតុណា ម្នាលបហារាទ នេះជាហេតុអស្ចារ្យចំឡែក ទី១ ក្នុងធម្មវិន័យនេះ ដែលពួកភិក្ខុឃើញហើយ ៗ តែងរីករាយក្នុងធម្មវិន័យនេះ។ ម្នាលបហារាទ មហាសមុទ្រ ដែលមានទឹកតាំងនៅនឹងជាធម្មតា មិនដែលឡើង ឬជោរហួសច្រាំងទៅ យ៉ាងណាមិញ ម្នាលបហារាទ សិក្ខាបទណា ដែលតថាគតបានបញ្ញត្តដល់សាវកទាំងឡាយហើយ ពួកសាវកតថាគត សូម្បីមានហេតុដល់ជីវិត ក៏មិនហ៊ានប្រព្រឹត្តកន្លងសិក្ខាបទនោះឡើយ ក៏យ៉ាងនោះដែរ។ ម្នាលបហារាទ សិក្ខាបទណា ដែលតថាគតបានបញ្ញត្តដល់សាវកទាំងឡាយហើយ ពួកសាវកតថាគត សូម្បីមានហេតុដល់ជីវិត ក៏មិនហ៊ានប្រព្រឹត្តកន្លងសិក្ខាបទនោះ ដោយហេតុណា ម្នាលបហារាទ នេះជាហេតុអស្ចារ្យចំឡែក ទី២ ក្នុងធម្មវិន័យនេះ ដែលពួកភិក្ខុឃើញហើយ ៗ តែងរីករាយក្នុងធម្មវិន័យនេះ។ ម្នាលបហារាទ មហាសមុទ្រ ដែលមិននៅរួមដោយសាកសពស្លាប់ បើសាកសពស្លាប់ណា ដែលមានក្នុងមហាសមុទ្រ រលកតែងបន្សាត់សាកសពនោះ ទៅរកច្រាំង ផាត់ឡើងទៅលើគោកមួយរំពេច យ៉ាងណាមិញ ម្នាលបហារាទ បុគ្គលណា ជាអ្នកទ្រុស្ដសីល មានធម៌អាក្រក់ មានមារយាទមិនស្អាត គួរឲ្យគេរង្កៀស បិទបាំងអំពើអាក្រក់ទុក មិនមែនជាសមណៈ ប្ដេជ្ញាខ្លួនថាជាសមណៈ ជាអ្នកប្រព្រឹត្តធម៌មិនប្រសើរ ប្ដេជ្ញាខ្លួនជាអ្នកប្រព្រឹត្តធម៌ដ៏ប្រសើរ ស្អុយក្នុង មានចិត្តជោកដោយរាគៈ ក្រខ្វក់ដូចសម្រាម សង្ឃនៅរួមជាមួយនឹងបុគ្គលនោះមិនបាន សង្ឃតែងប្រជុំគ្នា នាំយកបុគ្គលនោះចេញមួយរំពេច បុគ្គលនោះ ទុកជាអង្គុយនៅក្នុងកណ្ដាលជំនុំសង្ឃពិតមែន ប៉ុន្តែបុគ្គលនោះ ឈ្មោះថានៅឆ្ងាយអំពីសង្ឃ ចំណែកខាងសង្ឃ ក៏ឈ្មោះថានៅឆ្ងាយអំពីបុគ្គលនោះដែរ។ ម្នាលបហារាទ បុគ្គលណា ជាអ្នកទ្រុស្ដសីល មានធម៌អាក្រក់ មានមារយាទមិនស្អាត គួរឲ្យគេរង្កៀស បិទបាំងអំពើអាក្រក់ទុក មិនមែនជាសមណៈ ប្ដេជ្ញាខ្លួនថាជាសមណៈ ជាអ្នកប្រព្រឹត្តធម៌មិនប្រសើរ ប្ដេជ្ញាខ្លួនថាជាអ្នកប្រព្រឹត្តធម៌ដ៏ប្រសើរ ស្អុយក្នុង មានចិត្តជោកដោយរាគៈ ក្រខ្វក់ដូចសម្រាម សង្ឃនៅរួមជាមួយនឹងបុគ្គលនោះមិនបាន សង្ឃតែងប្រជុំគ្នា នាំយកបុគ្គលនោះចេញមួយរំពេច បុគ្គលនោះ ទុកជាអង្គុយនៅក្នុងកណ្ដាលជំនុំសង្ឃពិតមែន ប៉ុន្តែបុគ្គលនោះ ឈ្មោះថានៅឆ្ងាយអំពីសង្ឃ ចំណែកខាងសង្ឃ ក៏ឈ្មោះថា នៅឆ្ងាយអំពីបុគ្គលនោះ ដោយហេតុណា ម្នាលបហារាទ នេះជាហេតុអស្ចារ្យចំឡែក ទី៣ ក្នុងធម្មវិន័យនេះ ដែលពួកភិក្ខុឃើញហើយ ៗ តែងរីករាយក្នុងធម្មវិន័យនេះ។ ម្នាលបហារាទ ទន្លេធំៗ ទាំងឡាយណាមួយ គឺទន្លេគង្គា យមុនា អចិរវតី សរភូ មហី កាលបើទន្លេទាំងនោះ ហូរចូលទៅដល់មហាសមុទ្រហើយ តែងលះបង់នាម និងគោត្រដើម (របស់ខ្លួន) ហើយដល់នូវកិរិយារាប់ថាជាមហាសមុទ្រតែម្យ៉ាង យ៉ាងណាមិញ ម្នាលបហារាទ វណ្ណៈ គឺត្រកូល ៤ ពួកនេះ គឺក្សត្រិយ៍ ១ ព្រាហ្មណ៍ ១ វេស្សៈ ១ សុទ្ទៈ ១ បើវណ្ណៈទាំងនោះចេញចាកផ្ទះ បួសក្នុងធម្មវិន័យ ដែលតថាគតសំដែងហើយ រមែងលះបង់នាម និងគោត្រដើម (របស់ខ្លួន) ហើយដល់នូវកិរិយារាប់ថាជាសមណសក្យបុត្រតែម្យ៉ាង ក៏យ៉ាងនោះដែរ។ ម្នាលបហារាទ វណ្ណៈ ៤ពួកនេះ គឺក្សត្រិយ៍ ១ ព្រាហ្មណ៍ ១ វេស្សៈ ១ សុទ្ទៈ ១ វណ្ណៈទាំងនោះចេញចាកផ្ទះ បួសក្នុងធម្មវិន័យ ដែលតថាគតសំដែងហើយ រមែងលះបង់នាម និងគោត្រដើម (របស់ខ្លួន) ដល់នូវកិរិយារាប់ថាជា សមណសក្យបុត្រតែម្យ៉ាង ដោយហេតុណា ម្នាលបហារាទ នេះជាហេតុអស្ចារ្យចំឡែក ទី៤ ក្នុងធម្មវិន័យនេះ ដែលពួកភិក្ខុឃើញហើយ ៗ តែងរីករាយក្នុងធម្មវិន័យនេះ។ ម្នាលបហារាទ ទឹកទន្លេទាំងឡាយណាមួយក្នុងលោក ដែលហូរស្រោចចុះទៅកាន់មហាសមុទ្រក្ដី ធារទឹកភ្លៀងទាំងឡាយណា ដែលហូរធ្លាក់ចុះមកអំពីអាកាសក្ដី មហាសមុទ្រក៏មិនប្រាកដជាស្រក ឬពេញដោយទឹកនោះ យ៉ាងណាមិញ ម្នាលបហារាទ ទោះបីពួកភិក្ខុច្រើនរូប បរិនិព្វានដោយអនុបាទិសេសនិព្វានធាតុ និព្វានធាតុក៏មិនប្រាកដជាខ្វះ ឬពេញដោយភិក្ខុទាំងនោះ ក៏យ៉ាងនោះដែរ។ ម្នាលបហារាទ ទោះបីពួកភិក្ខុច្រើនរូប បរិនិព្វានដោយអនុបាទិសេសនិព្វានធាតុ និព្វានធាតុ ក៏មិនប្រាកដជាខ្វះ ឬពេញដោយភិក្ខុទាំងនោះ ដោយហេតុណា ម្នាលបហារាទ នេះជាហេតុអស្ចារ្យចំឡែក ទី៥ ក្នុងធម្មវិន័យនេះ ដែលពួកភិក្ខុឃើញហើយ ៗ តែងរីករាយក្នុងធម្មវិន័យនេះ។ ម្នាលបហារាទ មហាសមុទ្រ ដែលមានរសតែមួយ គឺរសប្រៃ យ៉ាងណាមិញ ម្នាលបហារាទ ធម្មវិន័យនេះ មានរសតែមួយ គឺវិមុត្តិរស ក៏យ៉ាងនោះដែរ។ ម្នាលបហារាទ ធម្មវិន័យនេះ មានរសតែមួយ គឺវិមុត្តិរស ដោយហេតុណា ម្នាលបហារាទ នេះជាហេតុអស្ចារ្យចំឡែក ទី៦ ក្នុងធម្មវិន័យនេះ ដែលពួកភិក្ខុឃើញហើយ ៗ តែងរីករាយក្នុងធម្មវិន័យនេះ។ ម្នាលបហារាទ មហាសមុទ្រ មានរតនៈច្រើនយ៉ាង មិនមែនមានតែមួយទេ រតនៈទាំងនេះ ក្នុងមហាសមុទ្រនោះ គឺកែវមុក្តា កែវមណី កែវពិទូរ្យ ស័ង្ខ សិលា កែវប្រពាឡ ប្រាក់ មាស កែវក្រហម (ត្បូងទទឹម) កែវមរកត យ៉ាងណាមិញ ម្នាលបហារាទ ធម្មវិន័យនេះ មានរតនៈច្រើនយ៉ាង មិនមែនមានត្រឹមតែមួយទេ រតនៈទាំងនេះ ក្នុងធម្មវិន័យនោះ គឺសតិប្បដ្ឋាន ៤ សម្មប្បធាន ៤ ឥទ្ធិបាទ ៤ ឥន្ទ្រិយ ៥ ពលៈ ៥ ពោជ្ឈង្គ ៧ និងមគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរ ក៏យ៉ាងនោះដែរ។ ម្នាលបហារាទ ធម្មវិន័យនេះ មានរតនៈច្រើនយ៉ាង មិនមែនមានត្រឹមតែមួយទេ រតនៈទាំងនេះ ក្នុងធម្មវិន័យនោះគឺ សតិប្បដ្ឋាន ៤ សម្មប្បធាន ៤ ឥទ្ធិបាទ ៤ ឥន្ទ្រិយ ៥ ពលៈ ៥ ពោជ្ឈង្គ ៧ មគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរ ដោយហេតុណា ម្នាលបហារាទ នេះជាហេតុអស្ចារ្យចំឡែក ទី៧ ក្នុងធម្មវិន័យនេះ ដែលពួកភិក្ខុឃើញហើយ ៗ តែងរីករាយក្នុងធម្មវិន័យនេះ។ ម្នាលបហារាទ មហាសមុទ្រដែលជាទីនៅអាស្រ័យនៃពួកសត្វធំៗ ជាច្រើន ពួកសត្វធំៗ ទាំងនេះ ដែលនៅក្នុងមហាសមុទ្រនោះ គឺត្រីឈ្មោះតិមិ ឈ្មោះតិមិង្គលៈ ឈ្មោះតិមិរមិង្គលៈ និងពួកអសុរ នាគ គន្ធព្វ ដែលមានក្នុងមហាសមុទ្រ មានអត្តភាព ១០០យោជន៍ខ្លះ មានអត្តភាព ២០០យោជន៍ខ្លះ មានអត្តភាព ៣០០យោជន៍ខ្លះ មានអត្តភាព ៤០០យោជន៍ខ្លះ មានអត្តភាព ៥០០យោជន៍ខ្លះ យ៉ាងណាមិញ ម្នាលបហារាទ ធម្មវិន័យនេះ ជាទីនៅអាស្រ័យនៃពួកបុគ្គលធំៗ ជាច្រើន បុគ្គលទាំងនេះ ក្នុងធម្មវិន័យនោះគឺ សោតាបន្នបុគ្គល និងបុគ្គលដែលកំពុងប្រតិបត្តិ ដើម្បីឲ្យជាក់ច្បាស់នូវសោតាបត្តិផល សកទាគាមិបុគ្គល និងបុគ្គលដែលកំពុងប្រតិបត្តិ ដើម្បីឲ្យជាក់ច្បាស់នូវសកទាគាមិផល អនាគាមិផល និងបុគ្គលដែលកំពុងប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវអនាគាមិផល អរហន្ដ និងបុគ្គលដែលកំពុងប្រតិបត្តិ ដើម្បីភាវៈនៃខ្លួនជាអរហន្ដ ក៏យ៉ាងនេះដែរ។ ម្នាលបហារាទ ធម្មវិន័យនេះ ជាទីនៅអាស្រ័យនៃពួកបុគ្គលធំៗ ជាច្រើន បុគ្គលទាំងនេះ ក្នុងធម្មវិន័យនោះគឺ សោតាបន្នបុគ្គល និងបុគ្គលដែលកំពុងប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវសោតាបត្តិផល សកទាគាមិបុគ្គល និងបុគ្គលដែលកំពុងប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវសកទាគាមិផល អនាគាមិបុគ្គល និងបុគ្គលដែលកំពុងប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវអនាគាមិផល អរហន្ដ និងបុគ្គលដែលកំពុងប្រតិបត្តិ ដើម្បីភាវៈនៃខ្លួនជាអរហន្ដ ដោយហេតុណា ម្នាលបហារាទ នេះជាហេតុអស្ចារ្យចំឡែក ទី៨ ក្នុងធម្មវិន័យនេះ ដែលពួកភិក្ខុឃើញហើយ ៗ តែងរីករាយក្នុងធម្មវិន័យនេះ។ ម្នាលបហារាទ ក្នុងធម្មវិន័យនេះ មានហេតុជាអស្ចារ្យចំឡែក ទាំង ៨ យ៉ាងនេះឯង ដែលពួកភិក្ខុឃើញហើយ ៗ តែងរីករាយ ក្នុងធម្មវិន័យនេះ។
ឧបោសថសូត្រ ទី១០
[២០] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងមិគារមាតុប្រាសាទ ក្នុងបុព្វារាម ទៀបក្រុងសាវត្ថី។ សម័យនោះឯង ព្រះដ៏មានព្រះភាគ មានភិក្ខុសង្ឃចោមរោម ទ្រង់គង់ក្នុងឧបោសថថ្ងៃនោះ។ លុះវេលារាត្រីអស់ហើយ បឋមយាមកន្លងទៅហើយ ព្រះអានន្ទដ៏មានអាយុ ក៏ក្រោកចាកអាសនៈ ធ្វើឧត្តរាសង្គៈ ឆៀងស្មាម្ខាង លើកអញ្ជលីប្រណម្យ ចំពោះព្រះដ៏មានព្រះភាគ ក្រាបបង្គំទូលព្រះដ៏មានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន វេលារាត្រីអស់ហើយ បឋមយាមកន្លងទៅហើយ ភិក្ខុសង្ឃអង្គុយចាំយូរហើយ បពិត្រព្រះអង្គដ៏ចំរើន សូមព្រះដ៏មានព្រះភាគ ទ្រង់សំដែងបាតិមោក្ខដល់ភិក្ខុទាំងឡាយ។ កាលដែលព្រះអានន្ទដ៏មានអាយុ ក្រាបបង្គំទូលយ៉ាងនេះហើយ ព្រះដ៏មានព្រះភាគ ក៏គង់ស្ងៀម។ កាលបើវេលារាត្រីអស់ហើយ មជ្ឈិមយាម កន្លងទៅហើយ ព្រះអានន្ទដ៏មានអាយុ ក៏ក្រោកចាកអាសនៈ ធ្វើឧត្តរាសង្គៈ ឆៀងស្មាម្ខាង លើកអញ្ជលីប្រណម្យ ចំពោះព្រះដ៏មានព្រះភាគ ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ អស់វារៈជាគំរប់ពីរដងទៀតថា បពិត្រព្រះអង្គដ៏ចំរើន វេលារាត្រីអស់ហើយ មជ្ឈិមយាមកន្លងទៅហើយ ភិក្ខុសង្ឃអង្គុយចាំយូរហើយ បពិត្រព្រះអង្គដ៏ចំរើន សូមព្រះដ៏មានព្រះភាគ សំដែងបាតិមោក្ខដល់ភិក្ខុទាំងឡាយ។ ព្រះដ៏មានព្រះភាគ ទ្រង់គង់ស្ងៀម អស់វារៈជាគំរប់ពីរដង។ កាលបើវេលារាត្រីអស់ហើយ បច្ឆិមយាម កន្លងទៅហើយ រាត្រីប្រាកដដូចជាមានមុខស្រស់ (បំព្រង) ក្នុងពេលដែលអរុណរះឡើង ព្រះអានន្ទដ៏មានអាយុ ក៏ក្រោកចាកអាសនៈ ហើយធ្វើឧត្តរាសង្គៈ ឆៀងស្មាម្ខាង លើកអញ្ជលីប្រណម្យចំពោះព្រះដ៏មានព្រះភាគ ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ អស់វារៈជាគំរប់ ៣ដងទៀតដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ឥឡូវនេះ រាត្រីអស់ហើយ បច្ឆិមយាមកន្លងទៅហើយ អរុណក៏រះហើយ រាត្រីក៏ប្រាកដដូចជាមុខស្រស់ហើយ ភិក្ខុសង្ឃក៏អង្គុយចាំយូរហើយ បពិត្រព្រះអង្គដ៏ចំរើន សូមព្រះដ៏មានព្រះភាគ ទ្រង់សំដែងបាតិមោក្ខដល់ភិក្ខុទាំងឡាយ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលអានន្ទ មានបរិសទ្យមិនបរិសុទ្ធទេ។ គ្រានោះ ព្រះមហាមោគ្គល្លានដ៏មានអាយុ មានសេចក្តីត្រិះរិះដូច្នេះថា ព្រះដ៏មានព្រះភាគ ទ្រង់ដៅយកបុគ្គលណាហ្ន៎ បានជាទ្រង់ត្រាស់ថា ម្នាលអានន្ទ បរិសទ្យ មិនបរិសុទ្ធទេ យ៉ាងនេះ។ លំដាប់នោះ ព្រះមហាមោគ្គល្លានដ៏មានអាយុ ស្ទង់មើលចិត្ត (របស់ភិក្ខុសង្ឃ) ដោយចិត្ត (របស់លោក) ហើយធ្វើទុកក្នុងចិត្តចំពោះភិក្ខុសង្ឃទាំងអស់នោះ។ ព្រះមហាមោគ្គល្លានដ៏មានអាយុ បានឃើញបុគ្គលនោះទ្រុស្តសីល មានធម៌លាមក មានមារយាទមិនស្អាត គួរឲ្យរង្កៀស មានអំពើអាក្រក់បិទបាំងទុក មិនមែនជាសមណៈ ប្តេជ្ញាខ្លួនថាជាសមណៈ ប្រព្រឹត្តធម៌មិនប្រសើរ ប្តេជ្ញាខ្លួនថាជាអ្នកប្រព្រឹត្តធម៌ដ៏ប្រសើរ ស្អុយក្នុង មានចិត្តជោកដោយរាគៈ ក្រខ្វក់ដូចសម្រាម អង្គុយនៅក្នុងកណ្តាលភិក្ខុសង្ឃ លុះឃើញហើយ ក៏ក្រោកចាកអាសនៈ ចូលទៅរកបុគ្គលនោះ លុះចូលទៅជិតហើយ ក៏ពោលចំពោះទៅបុគ្គលនោះ ដូច្នេះថា នែអាវុសោ អ្នកចូរក្រោកចេញ ដ្បិតព្រះដ៏មានព្រះភាគ ទ្រង់បានឃើញអ្នកច្បាស់ហើយ អ្នកលែងបាននៅរួមជាមួយនឹងភិក្ខុទាំងឡាយហើយ។ កាលដែលព្រះមហាមោគ្គល្លាន ពោលយ៉ាងនេះហើយ បុគ្គលនោះក៏នៅស្ងៀម។ ព្រះមហាមោគ្គល្លានដ៏មានអាយុ បាននិយាយនឹងបុគ្គលនោះ ជាគំរប់ពីរដងទៀត ដូច្នេះថា នែអាវុសោ អ្នកចូរក្រោកចេញ ដ្បិតព្រះដ៏មានព្រះភាគ ទ្រង់បានឃើញអ្នកច្បាស់ហើយ អ្នកលែងបាននៅរួមជាមួយនឹងភិក្ខុទាំងឡាយហើយ។ បុគ្គលនោះក៏នៅស្ងៀម អស់វារៈពីរដងទៀត។ ព្រះមហាមោគ្គល្លានដ៏មានអាយុ បាននិយាយនឹងបុគ្គលនោះ ជាគំរប់បីដងទៀតដូច្នេះថា នែអាវុសោ អ្នកចូរក្រោកចេញ ដ្បិតព្រះដ៏មានព្រះភាគ ទ្រង់បានឃើញអ្នកច្បាស់ហើយ អ្នកលែងបាននៅរួមជាមួយនឹងភិក្ខុទាំងឡាយទៀតហើយ។ បុគ្គលនោះក៏នៅស្ងៀម អស់វារៈជាគំរប់បីដងទៀត។ ទើបព្រះមហាមោគ្គលា្លនដ៏មានអាយុ ចាប់ដើមដៃបុគ្គលនោះ ទាញចេញទៅខាងក្រៅស៊ុំទ្វារ ហើយខ្ទាស់គន្លឹះ និងរនុកទ្វារ រួចចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន បុគ្គល (ទ្រុស្តសីល) នោះ ខ្ញុំព្រះអង្គបានបណ្តេញឲ្យដើរចេញហើយ ឥឡូវនេះ បរិសទ្យបរិសុទ្ធហើយ បពិត្រព្រះអង្គដ៏ចំរើន សូមព្រះអង្គទ្រង់សំដែងបាតិមោក្ខ ដល់ភិក្ខុទាំងឡាយ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលមោគ្គល្លាន ហេតុនេះ អស្ចារ្យណាស់ ម្នាលមោគ្គលា្លន ហេតុនេះចំឡែកណាស់ មោឃបុរសនោះ មិនសមបើនឹងបង្អង់ទាល់តែចាប់ទាញដៃចេញសោះ។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ ឥឡូវនេះ អ្នកទាំងឡាយ គប្បីធ្វើឧបោសថ គប្បីសំដែងបាតិមោក្ខចុះ។ ម្នាលភិក្ខុទាំងឡាយ ឥឡូវនេះ តថាគត ឈប់សំដែងបាតិមោក្ខ ចាប់ដើមតាំងអំពីថ្ងៃនេះតទៅ។ ម្នាលភិក្ខុទាំងឡាយ ព្រះតថាគត គប្បីសំដែងនូវបាតិមោក្ខដល់បរិសទ្យ មិនបរិសុទ្ធ ដោយហេតុណា ហេតុនោះមិនមែនជាឋានៈ មិនមែនជាបច្ច័យឡើយ។ ម្នាលភិក្ខុទាំងឡាយ ក្នុងមហាសមុទ្រ មានហេតុជាអស្ចារ្យចំឡែក ៨ យ៉ាងនេះ ដែលពួកអសុរឃើញហើយ ៗ តែងរីករាយក្នុងមហាសមុទ្រ។ ហេតុជាអស្ចារ្យចំឡែក ៨ យ៉ាង តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ មហាសមុទ្រ មានទំនាបទៅដោយលំដាប់ មានទីជម្រាលទៅដោយលំដាប់ មានទីទេរទៅដោយលំដាប់ មិនមែនចោតជ្រៅតែម្តង ដូចជាអណ្តូងទេ។ ម្នាលភិក្ខុទាំងឡាយ មហាសមុទ្រ មានទំនាបទៅដោយលំដាប់ មានទីជម្រាលទៅដោយលំដាប់ មានទីទេរទៅដោយលំដាប់ មិនមែនចោតជ្រៅទៅតែម្តង ដូចជាអណ្តូង ដោយហេតុណា ម្នាលភិក្ខុទាំងឡាយ នេះជាហេតុអស្ចារ្យចំឡែក ទី១ ក្នុងមហាសមុទ្រ ដែលពួកអសុរឃើញហើយៗ តែងរីករាយក្នុងមហាសមុទ្រ។ សេចក្តីពិស្តារ ដូចពាក្យខាងដើមដែរ។បេ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត មហាសមុទ្រ ជាទីនៅអាស្រ័យនៃពួកសត្វធំ ៗ ជាច្រើន ពួកសត្វធំៗ ទាំងនេះ ដែលនៅក្នុងមហាសមុទ្រនោះគឺ ត្រីឈ្មោះតិមិ ឈ្មោះតិមិង្គលៈ ឈ្មោះតិមិរមិង្គលៈ និងពួកអសុរ នាគ គន្ធព្វ ដែលមានអត្តភាព ១០០ យោជន៍ខ្លះ។បេ។ មានអត្តភាព ៥០០ យោជន៍ខ្លះ តែងនៅក្នុងមហាសមុទ្រ។ ម្នាលភិក្ខុទាំងឡាយ មហាសមុទ្រ ជាទីនៅអាស្រ័យ នៃពួកសត្វធំៗ ជាច្រើន ពួកសត្វធំៗទាំងនេះ ដែលនៅក្នុងមហាសមុទ្រនោះ គឺត្រីឈ្មោះតិមិ ឈ្មោះតិមិង្គលៈ ឈ្មោះតិមិរមិង្គលៈ និងពួកអសុរ នាគ គន្ធព្វ ដែលមានអត្តភាព ១០០ យោជន៍ខ្លះ។បេ។ មានអត្តភាព ៥០០ យោជន៍ខ្លះ តែងនៅក្នុងមហាសមុទ្រ ដោយហេតុណា ម្នាលភិក្ខុទាំងឡាយ នេះជាហេតុអស្ចារ្យចំឡែក ទី៨ ក្នុងមហាសមុទ្រ ដែលពួកអសុរឃើញហើយ ៗ តែងរីករាយក្នុងមហាសមុទ្រ។ ម្នាលភិក្ខុទាំងឡាយ ក្នុងមហាសមុទ្រ មានហេតុជាអស្ចារ្យចំឡែក ៨ យ៉ាងនេះឯង ដែលពួកអសុរឃើញហើយ ៗ តែងរីករាយក្នុងមហាសមុទ្រ។ ម្នាលភិក្ខុទាំងឡាយ ក្នុងធម្មវិន័យនេះ មានហេតុជាអស្ចារ្យចំឡែក ៨ យ៉ាងនេះ ដែលពួកភិក្ខុឃើញហើយ ៗ តែងរីករាយក្នុងធម្មវិន័យនេះ។ ហេតុជាអស្ចារ្យចំឡែក ៨ យ៉ាង តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ មហាសមុទ្រ ដែលមានទំនាបទៅដោយលំដាប់ មានទីជម្រាលទៅដោយលំដាប់ មានទីទេរទៅដោយលំដាប់ មិនចោតជ្រៅទៅតែម្តង ដូចជាអណ្តូង យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ ក្នុងធម្មវិន័យនេះ មានការសិក្សាដោយលំដាប់ មានកិច្ចដែលត្រូវធ្វើ ដោយលំដាប់ មានសេចក្តីប្រតិបត្តិដោយលំដាប់ មិនមែនបានត្រាស់ដឹងនូវអរហត្តផលតែម្តងទេ ក៏យ៉ាងនោះដែរ។ ម្នាលភិក្ខុទាំងឡាយ ក្នុងធម្មវិន័យនេះ មានការសិក្សាដោយលំដាប់ មានកិច្ចដែលត្រូវធ្វើដោយលំដាប់ មានសេចក្តីប្រតិបត្តិដោយលំដាប់ មិនមែនបានត្រាស់ដឹងនូវអរហត្តផលតែម្តងទេ ដោយហេតុណា ម្នាលភិក្ខុទាំងឡាយ នេះជាហេតុអស្ចារ្យ ចំឡែក ទី១ ក្នុងធម្មវិន័យនេះ ដែលពួកភិក្ខុឃើញហើយ ៗ តែងរីករាយក្នុងធម្មវិន័យនេះ។បេ។ ម្នាលភិក្ខុទាំងឡាយ មហាសមុទ្រ ជាទីអាស្រ័យនៃពួកសត្វធំ ៗ ជាច្រើន ពួកសត្វធំ ៗ ទាំងនេះ ដែលនៅក្នុងមហាសមុទ្រនោះគឺ ត្រីឈ្មោះតិមិ ឈ្មោះតិមិង្គលៈ ឈ្មោះតិមិរមិង្គលៈ និងពួកអសុរ នាគ គន្ធព្វ ដែលមានអត្តភាព ១០០ យោជន៍ខ្លះ។បេ។ មានអត្តភាព ៥០០ យោជន៍ខ្លះ ដែលនៅក្នុងមហាសមុទ្រ យ៉ាងណាមិញ។បេ។ ម្នាលភិក្ខុទាំងឡាយ ធម្មវិន័យនេះ ជាទីនៅអាស្រ័យនៃពួកបុគ្គលធំ ៗ ជាច្រើនពួក បុគ្គលទាំងនេះ ក្នុងធម្មវិន័យនោះ គឺ សោតាបន្នបុគ្គល និងបុគ្គលដែលកំពុងប្រតិបត្តិ ដើម្បីធ្វើអោយជាក់ច្បាស់នូវសោតាបត្តិផល។បេ។ អរហន្ត និងបុគ្គលដែលកំពុងប្រតិបត្តិ ដើម្បីភាវៈនៃខ្លួនជាអរហន្ត ក៏យ៉ាងនោះដែរ។ ម្នាលភិក្ខុទាំងឡាយ ធម្មវិន័យនេះ ជាទីនៅអាស្រ័យនៃពួកបុគ្គលធំ ៗ ជាច្រើន បុគ្គលទាំងនេះ ក្នុងធម្មវិន័យនោះ គឺ សោតាបន្នបុគ្គល និងបុគ្គលដែលកំពុងប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវសោតាបត្តិផល។បេ។ អរហន្ត និងបុគ្គលដែលកំពុងប្រតិបត្តិ ដើម្បីភាវៈនៃខ្លួនជាអរហន្ត ដោយហេតុណា ម្នាលភិក្ខុទាំងឡាយ នេះជាហេតុអស្ចារ្យចំឡែក ទី៨ ក្នុងធម្មវិន័យនេះ ដែលពួកភិក្ខុឃើញហើយ ៗ តែងរីករាយ ក្នុងធម្មវិន័យនេះ។ ម្នាលភិក្ខុទាំងឡាយ ក្នុងធម្មវិន័យនេះ មានហេតុជាអស្ចារ្យចំឡែក ៨ យ៉ាងនេះឯង ដែលពួកភិក្ខុឃើញហើយ ៗ តែងរីករាយ ក្នុងធម្មវិន័យនេះ។
ចប់ មហាវគ្គ ទី២។
ឧទ្ទាននៃមហាវគ្គនោះគឺ
និយាយអំពីវេរញ្ជព្រាហ្មណ៍ ១ អំពីសីហសេនាបតី ១ អំពីសេះអាជានេយ្យ ១ អំពីពុតត្បុតរបស់សេះ ១ អំពីមន្ទិល ១ អំពីភិក្ខុដែលគួរធ្វើជាទូត ១ អំពីចំណង មាន ២លើក អំពីបហារាទអសុរ ១ អំពីឧបោសថ ១។
គហបតិវគ្គ ទី៣
បឋមឧគ្គសូត្រ ទី១
[២១] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងកូដាគារសាលា នាព្រៃមហាវន ជិតក្រុងវេសាលី។ ក្នុងទីនោះឯង ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយ។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូលចាំទុកនូវឧគ្គគហបតី អ្នកស្រុកវេសាលី ថាជាអ្នកប្រកបដោយធម៌ អស្ចារ្យចំឡែក ៨ យ៉ាង។ ព្រះដ៏មានព្រះភាគ បានត្រាស់នូវពាក្យនេះ លុះព្រះសុគត ទ្រង់ត្រាស់នូវពាក្យនេះរួចហើយ ទើបក្រោកចាកអាសនៈ ហើយទ្រង់ស្តេចចូលទៅកាន់វិហារ។ គ្រានោះ មានភិក្ខុ ១ រូប ស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ចូលទៅកាន់លំនៅ របស់ឧគ្គគហបតី អ្នកស្រុកវេសាលី លុះចូលទៅដល់ហើយ ក៏អង្គុយលើអាសនៈ ដែលគេក្រាលទុក។ ទើបឧគ្គគហបតី អ្នកស្រុកវេសាលី ចូលទៅរកភិក្ខុនោះ លុះចូលទៅដល់ ថ្វាយបង្គំភិក្ខុនោះដោយគោរព ហើយអង្គុយក្នុងទីសមគួរ។ លុះឧគ្គគហបតី អ្នកស្រុកវេសាលី អង្គុយក្នុងទីសមគួរហើយ ភិក្ខុនោះ ក៏បានពោលដូច្នេះថា ម្នាលគហបតី អ្នកប្រកបដោយធម៌អស្ចារ្យចំឡែក ៨ យ៉ាង ដែលព្រះដ៏មានព្រះភាគ ទ្រង់ព្យាករហើយ។ ម្នាលគហបតី អ្នកប្រកបដោយធម៌អស្ចារ្យចំឡែកទាំងឡាយណា ដែលព្រះដ៏មានព្រះភាគ ទ្រង់ព្យាករហើយ ធម៌អស្ចារ្យចំឡែកទាំង ៨ នោះ តើដូចម្តេច។ បពិត្រលោកម្ចាស់ដ៏ចំរើន ខ្ញុំព្រះករុណាមិនដឹងសោះថា ខ្ញុំករុណាប្រកបដោយធម៌អស្ចារ្យចំឡែក ៨ យ៉ាងដូចម្តេចខ្លះ ដែលព្រះដ៏មានព្រះភាគ ទ្រង់ព្យាករហើយ បពិត្រលោកម្ចាស់ដ៏ចំរើន ប៉ុន្តែធម៌អស្ចារ្យចំឡែក ៨យ៉ាងណា ដែលមានដល់ខ្ញុំករុណា លោកម្ចាស់ចូរប្រុងស្តាប់ ចូរធ្វើទុកក្នុងចិត្តដោយប្រពៃចុះ ខ្ញុំព្រះករុណានឹងសំដែងនូវធម៌អស្ចារ្យចំឡែកទាំងនោះ។ ភិក្ខុនោះ ទទួលស្តាប់ពាក្យឧគ្គគហបតី អ្នកស្រុកវេសាលីថា ចំរើនពរគហបតី។ ឧគ្គគហបតីអ្នកស្រុកវេសាលី បានពោលដូច្នេះថា បពិត្រលោកម្ចាស់ដ៏ចំរើន កាលណាបើខ្ញុំករុណាបានឃើញព្រះដ៏មានព្រះភាគ អំពីចម្ងាយជាដំបូងហើយ បពិត្រលោកម្ចាស់ដ៏ចំរើន ចិត្តខ្ញុំករុណា ក៏ជ្រះថ្លាចំពោះព្រះដ៏មានព្រះភាគ ដោយគ្រាន់តែបានឃើញប៉ុណ្ណោះ។ បពិត្រលោកម្ចាស់ដ៏ចំរើន នោះជាធម៌អស្ចារ្យចំឡែក ទី១ តែងមានដល់ខ្ញុំករុណា។ បពិត្រលោកម្ចាស់ដ៏ចំរើន លុះខ្ញុំករុណា មានចិត្តជ្រះថ្លាហើយ ក៏ចូលទៅអង្គុយជិតព្រះដ៏មានព្រះភាគ ព្រះដ៏មានព្រះភាគ ទ្រង់សំដែងនូវអនុបុព្វីកថា ដល់ខ្ញុំករុណា គឺទ្រង់សំដែងទានកថា សីលកថា សគ្គកថា ទោសរបស់កាមទាំងឡាយដ៏លាមក សៅហ្មង និងអានិសង្សក្នុងការចេញចាកកាម។ ព្រះមានព្រះភាគ ទ្រង់ជ្រាបថា ខ្ញុំព្រះករុណាមានចិត្តស្រួល មានចិត្តទន់ មានចិត្តផុតចាកនីវរណធម៌ មានចិត្តអណ្តែតឡើង មានចិត្តជ្រះថ្លា ក្នុងកាលណាហើយ ព្រះដ៏មានព្រះភាគ ក៏ទ្រង់សំដែងធម៌ទេសនា ដែលព្រះពុទ្ធទាំងឡាយ ទ្រង់លើកឡើងសំដែងដោយព្រះអង្គឯង គឺទ្រង់សំដែងទុក្ខសច្ច សមុទយសច្ច និរោធសច្ច មគ្គសច្ច ក្នុងកាលនោះ។ សំពត់សស្អាត មិនប្រឡាក់ពណ៌ខ្មៅ គួរទទួលទឹកជ្រលក់បាន ដោយប្រពៃ យ៉ាងណាមិញ ធម្មចក្ខុ គឺសោតាបត្តិមគ្គ ប្រាសចាកធូលី ប្រាសចាកមន្ទិល កើតឡើងដល់ខ្ញុំករុណា លើអាសនៈនោះឯងថា ធម្មជាតណាមួយ ដែលកើតឡើងជាធម្មតា ធម្មជាតទាំងអស់នោះ តែងរលត់ទៅវិញជាធម្មតា ក៏យ៉ាងនោះដែរ។ បពិត្រលោកម្ចាស់ដ៏ចំរើន ខ្ញុំករុណាបានឃើញអរិយសច្ចធម៌ បានដល់អរិយសច្ចធម៌ បានដឹងច្បាស់អរិយសច្ចធម៌ បានចុះចិត្តស៊ប់ ក្នុងអរិយសច្ចធម៌ បានឆ្លងផុតសេចក្តីសង្ស័យ មិនមានងឿងឆ្ងល់ ដល់នូវសេចក្តីក្លៀវក្លាហើយ មិនបានជឿស្តាប់បុគ្គលដទៃ ក្នុងសាសនានៃព្រះសាស្តា បានដល់ព្រះពុទ្ធផង ព្រះធម៌ផង ព្រះសង្ឃផង ជាទីពឹង ក្នុងទីនោះ ទាំងបានសមាទាននូវសិក្ខាបទទាំងឡាយ មានព្រហ្មចរិយៈ ជាគំរប់ ៥ បពិត្រលោកម្ចាស់ដ៏ចំរើន នេះជាធម៌អស្ចារ្យចំឡែក ទី២ តែងមានដល់ខ្ញុំព្រះករុណា។ បពិត្រលោកម្ចាស់ដ៏ចំរើន ខ្ញុំព្រះករុណា មាននាងកុមារីជាប្រពន្ធ ៤ នាក់ បពិត្រលោកម្ចាស់ដ៏ចំរើន លំដាប់នោះ ខ្ញុំព្រះករុណា ចូលទៅរកប្រពន្ធទាំងនោះ លុះចូលទៅដល់ហើយ ក៏ពោលទៅនឹងប្រពន្ធទាំងនោះ ដូច្នេះថា ម្នាលនាងទាំងឡាយ យើងសមាទានសិក្ខាបទទាំងឡាយ មានព្រហ្មចរិយៈ ជាគំរប់ ៥ ហើយ (បើ) នាងណាប្រាថ្នា នាងនោះ ចូរប្រើប្រាស់នូវភោគៈទាំងឡាយនេះផង ចូរធ្វើបុណ្យទាំងឡាយផងចុះ ឬថា ទៅកាន់ត្រកូលញាតិ ជារបស់ខ្លួនក៏បាន ពុំនោះសោត នាងទាំងឡាយ ត្រូវការបុរសណា យើងនឹងឲ្យនាងទាំងឡាយទៅបុរសនោះ។ បពិត្រលោកម្ចាស់ដ៏ចំរើន កាលដែលខ្ញុំករុណា និយាយយ៉ាងនេះហើយ នាងដែលជាប្រពន្ធច្បងនោះ និយាយនឹងខ្ញុំករុណាថា បពិត្រអយ្យបុត្ត ចូរអ្នកឲ្យខ្ញុំទៅបុរសឈ្មោះនេះចុះ។ បពិត្រលោកម្ចាស់ដ៏ចំរើន ឯខ្ញុំករុណា ក៏ឲ្យគេហៅបុរសនោះមក ហើយដៃឆ្វេងកាន់ប្រពន្ធ ដៃស្តាំកាន់កុណ្ឌី (ច្រួចទឹក) ប្រគល់ឲ្យដល់បុរសនោះ បពិត្រលោកម្ចាស់ដ៏ចំរើន កាលខ្ញុំករុណា លះបង់នូវនាងកុមារី ឲ្យទៅជាទានហើយ ក៏មិនដឹងធ្វើចិត្តឲ្យប្រែប្រួលឡើយ។ បពិត្រលោកម្ចាស់ដ៏ចំរើន នេះជាធម៌អស្ចារ្យចំឡែក ទី៣ តែងមានដល់ខ្ញុំករុណា។ បពិត្រលោកម្ចាស់ដ៏ចំរើន ភោគៈទាំងឡាយ មានច្រើនក្នុងត្រកូលរបស់ខ្ញុំករុណា តែភោគៈទាំងនោះ មិនបានចែកមុខអំពីលោកអ្នកមានសីល មានកល្យាណធម៌ទាំងឡាយទេ។ បពិត្រលោកម្ចាស់ដ៏ចំរើន នេះជាធម៌អស្ចារ្យចំឡែក ទី៤ តែងមានដល់ខ្ញុំករុណា។ បពិត្រលោកម្ចាស់ដ៏ចំរើន បើខ្ញុំករុណាចូលទៅអង្គុយជិតភិក្ខុណា តែងចូលទៅអង្គុយជិត ដោយគោរព មិនមែនចូលទៅអង្គុយជិត ដោយមិនគោរពទេ។ បពិត្រលោកដ៏ចំរើន នេះជាធម៌អស្ចារ្យចំឡែក ទី៥ តែងមានដល់ខ្ញុំករុណា។ បើលោកដ៏មានអាយុនោះ សំដែងធម៌ដល់ខ្ញុំករុណា ខ្ញុំករុណាតែងស្តាប់ដោយគោរព មិនមែនស្តាប់ដោយមិនគោរពទេ បើលោកដ៏មានអាយុ មិនសំដែងធម៌ដល់ខ្ញុំករុណាទេ ខ្ញុំករុណា តែងសំដែងធម៌ដល់លោកដ៏មានអាយុនោះវិញ។ បពិត្រលោកម្ចាស់ដ៏ចំរើន នេះជាធម៌អស្ចារ្យចំឡែក ទី៦ តែងមានដល់ខ្ញុំករុណា។ បពិត្រលោកម្ចាស់ដ៏ចំរើន ពួកទេវតាតែងចូលមករកខ្ញុំករុណា ហើយប្រាប់ថា ម្នាលគហបតិ ធម៌ដែលព្រះដ៏មានព្រះភាគ ទ្រង់សំដែងហើយ ដោយប្រពៃដូច្នេះ មិនជាទីអស្ចារ្យទេ។ បពិត្រលោកម្ចាស់ដ៏ចំរើន កាលដែលទេវតា និយាយយ៉ាងនេះហើយ ខ្ញុំករុណា ក៏និយាយទៅរកពួកទេវតាទាំងនោះ យ៉ាងនេះថា ម្នាលទេវតាទាំងឡាយ អ្នកទាំងឡាយ គប្បីពោលយ៉ាងនេះក្តី មិនគប្បីពោលយ៉ាងនេះក្តី ឯធម៌ពិត ព្រះដ៏មានព្រះភាគ ទ្រង់សំដែងហើយដោយប្រពៃមែន។ បពិត្រលោកម្ចាស់ដ៏ចំរើន ខ្ញុំមិនដឹងថា ចិត្តដែលប៉ោងឡើង ព្រោះរឿងនោះជាហេតុទេ ពួកទេវតាតែងចូលមករកខ្ញុំករុណាក៏មាន ខ្ញុំករុណាតែងចរចា ជាមួយនឹងពួកទេវតាក៏មាន។ បពិត្រលោកម្ចាស់ដ៏ចំរើន នេះជាធម៌អស្ចារ្យចំឡែក ទី៧ តែងមានដល់ខ្ញុំករុណា។ បពិត្រលោកម្ចាស់ដ៏ចំរើន សញ្ញោជនធម៌ទាំងឡាយ ជាចំណែកខាងក្រោម ៥ យ៉ាងណា ដែលព្រះដ៏មានព្រះភាគ ទ្រង់សំដែងហើយ បណ្តាសញ្ញោជនៈទាំងនោះ ខ្ញុំករុណាពិចារណារកសញ្ញោជនធម៌បន្តិចបន្តួច ដែលមិនទាន់លះបង់ក្នុងខ្លួនមិនឃើញឡើយ។ បពិត្រលោកម្ចាស់ដ៏ចំរើន នេះជាធម៌អស្ចារ្យចំឡែក ទី៨ តែងមានដល់ខ្ញុំករុណា។ បពិត្រលោកម្ចាស់ដ៏ចំរើន ធម៌អស្ចារ្យចំឡែកទាំង ៨ នេះឯង តែងមាន (ដល់ខ្ញុំករុណា) ចំណែកខ្ញុំករុណា មិនដឹងសោះថា ខ្ញុំករុណាប្រកបដោយធម៌អស្ចារ្យចំឡែក ៨ យ៉ាង ដូចម្តេចខ្លះ ដែលព្រះដ៏មានព្រះភាគ ទ្រង់បានព្យាករហើយ។ គ្រានោះ ភិក្ខុនោះ ទទួលចង្ហាន់បិណ្ឌបាត ក្នុងលំនៅរបស់ឧគ្គគហបតី អ្នកស្រុកវេសាលីហើយ ក៏ក្រោកចាកអាសនៈ ចៀសចេញទៅ។ លុះភិក្ខុនោះ ត្រឡប់ពីបិណ្ឌបាត ក្នុងវេលាខាងក្រោយនៃភត្តហើយ ក៏ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយក៏អង្គុយក្នុងទីសមគួរ។ លុះភិក្ខុនោះ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលនូវរឿងរ៉ាវទាំងអស់នោះ ដែលខ្លួនចរចាទាំងប៉ុន្មាន ជាមួយនឹងឧគ្គគហបតី អ្នកស្រុកវេសាលី ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុ ប្រពៃហើយ ប្រពៃហើយ ឧគ្គគហបតី អ្នកស្រុកវេសាលី កាលបើព្យាករឲ្យសមហេតុ ឈ្មោះថាព្យាករតាមពិត ម្នាលភិក្ខុ ឧគ្គគហបតី អ្នកស្រុកវេសាលី ប្រកបដោយធម៌អស្ចារ្យចំឡែក ៨ យ៉ាងនេះឯង ដែលតថាគតបានព្យាករហើយ ម្នាលភិក្ខុ មួយទៀត អ្នកទាំងឡាយ ចូរចាំទុកនូវឧគ្គគហបតី អ្នកស្រុកវេសាលី ថាប្រកបដោយធម៌អស្ចារ្យចំឡែកទាំង ៨ យ៉ាងនេះចុះ។
ទុតិយឧគ្គសូត្រ ទី២
[២២] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់ក្នុងហត្ថិគ្រាម ក្នុងដែនវជ្ជី។ ក្នុងទីនោះឯង ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរចាំទុកនូវឧគ្គគហបតី អ្នកស្រុកហត្ថិគ្រាម ថាជាអ្នកប្រកបដោយធម៌អស្ចារ្យចំឡែក ៨ ប្រការ។ ព្រះដ៏មានព្រះភាគ បានត្រាស់ពាក្យនេះ លុះព្រះសុគត ទ្រង់ត្រាស់ពាក្យនេះរួចហើយ ក៏ក្រោកចាកអាសនៈ ស្តេចចូលទៅកាន់វិហារ។ គ្រានោះ ភិក្ខុ ១រូប ស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ចូលទៅកាន់លំនៅរបស់ឧគ្គគហបតី អ្នកស្រុកហត្ថិគ្រាម លុះចូលទៅដល់ហើយ ក៏អង្គុយលើអាសនៈ ដែលគេក្រាលទុក។ លំដាប់នោះ ឧគ្គគហបតី អ្នកស្រុកហត្ថិគ្រាម ចូលទៅរកភិក្ខុនោះ លុះចូលទៅដល់ ថ្វាយបង្គំភិក្ខុនោះ ហើយអង្គុយក្នុងទីសមគួរ។ លុះឧគ្គគហបតី អ្នកស្រុកហត្ថិគ្រាម អង្គុយក្នុងទីសមគួរហើយ ភិក្ខុនោះពោលដូច្នេះថា ម្នាលគហបតី អ្នកប្រកបដោយធម៌អស្ចារ្យចំឡែក ៨ យ៉ាង ដែលព្រះដ៏មានព្រះភាគទ្រង់ព្យាករហើយ ម្នាលគហបតី អ្នកប្រកបដោយធម៌អស្ចារ្យ ៨យ៉ាងណា ដែលព្រះដ៏មានព្រះភាគ ទ្រង់ព្យាករហើយ ធម៌អស្ចារ្យចំឡែក ៨ យ៉ាងនោះ តើដូចម្តេច។ បពិត្រលោកម្ចាស់ដ៏ចំរើន ខ្ញុំករុណាមិនដឹងសោះថា ខ្ញុំករុណា ប្រកបដោយធម៌អស្ចារ្យចំឡែក ៨ យ៉ាង ដូចម្តេចខ្លះ ដែលព្រះដ៏មានព្រះភាគ ទ្រង់ព្យាករហើយទេ បពិត្រលោកម្ចាស់ដ៏ចំរើន ក៏ប៉ុន្តែ ធម៌អស្ចារ្យចំឡែក ៨ យ៉ាងណា ដែលមានដល់ខ្ញុំករុណា សូមលោកម្ចាស់ស្តាប់នូវធម៌អស្ចារ្យចំឡែកទាំងនោះ សូមធ្វើទុកក្នុងចិត្តដោយប្រពៃចុះ ខ្ញុំករុណានឹងសំដែង។ ភិក្ខុនោះ ទទួលស្តាប់ពាក្យឧគ្គគហបតី អ្នកស្រុកហត្ថិគ្រាមថា ចំរើនពរ គហបតី។ ឧគ្គគហបតី អ្នកស្រុកហត្ថិគ្រាម បានពោលដូច្នេះថា បពិត្រលោកម្ចាស់ដ៏ចំរើន កាលណាខ្ញុំករុណា កំពុងត្រាច់ទៅក្នុងនាគវន បានឃើញព្រះដ៏មានព្រះភាគជាដំបូង អំពីចម្ងាយ បពិត្រលោកដ៏ចំរើន ចិត្តខ្ញុំករុណាក៏ជ្រះថ្លា ចំពោះព្រះដ៏មានព្រះភាគ ដោយគ្រាន់តែឃើញប៉ុណ្ណោះ ទាំងការស្រវឹងសុរា ក៏ស្វាងទៅ។ បពិត្រលោកម្ចាស់ដ៏ចំរើន នេះជាធម៌អស្ចារ្យចំឡែក ទី១ តែងមានដល់ខ្ញុំករុណា។ បពិត្រលោកម្ចាស់ដ៏ចំរើន លុះខ្ញុំករុណាមានចិត្តជ្រះថ្លាហើយ ក៏ចូលទៅអង្គុយជិតព្រះមានព្រះភាគ ព្រះអង្គទ្រង់សំដែងអនុបុព្វីកថាដល់ខ្ញុំករុណា គឺទ្រង់ប្រកាសទានកថា សីលកថា សគ្គកថា ទោសរបស់កាមដ៏លាមកសៅហ្មង និងអានិសង្សក្នុងការចេញចាកកាម។ ព្រះមានព្រះភាគ ទ្រង់ជ្រាបថា ខ្ញុំករុណាមានចិត្តស្រួល មានចិត្តទន់ មានចិត្តផុតចាកនីវរណធម៌ មានចិត្តអណ្តែតឡើង មានចិត្តជ្រះថ្លា ក្នុងកាលណា ព្រះអង្គក៏ទ្រង់សំដែងធម៌ទេសនា ដែលព្រះពុទ្ធទាំងឡាយ ទ្រង់លើកឡើងសំដែង ដោយព្រះអង្គឯង គឺទ្រង់សំដែងទុក្ខសច្ច សមុទយសច្ច និរោធសច្ច មគ្គសច្ច ក្នុងកាលនោះ។ សំពត់សស្អាត មិនប្រឡាក់ពណ៌ខ្មៅ គួរទទួលទឹកជ្រលក់បាន ដោយប្រពៃ យ៉ាងណាមិញ ធម្មចក្ខុ គឺសោតាបត្តិមគ្គ ដ៏ប្រាសចាកធូលី ប្រាសចាកមន្ទិល កើតឡើងដល់ខ្ញុំករុណា លើអាសនៈនោះឯងថា ធម្មជាតណាមួយ ដែលកើតឡើងហើយជាធម្មតា ធម្មជាតទាំងអស់នោះ មានការរលត់ទៅវិញជាធម្មតា ក៏យ៉ាងនោះដែរ។ បពិត្រលោកម្ចាស់ដ៏ចំរើន ខ្ញុំករុណា បានឃើញអរិយសច្ចធម៌ បានដល់អរិយសច្ចធម៌ បានដឹងច្បាស់អរិយសច្ចធម៌ បានចុះចិត្តស៊ប់ក្នុងអរិយសច្ចធម៌ បានឆ្លងផុតសេចក្តីសង្ស័យ មិនមានងឿងឆ្ងល់ ដល់នូវសេចក្តីក្លៀវក្លា មិនជឿស្តាប់បុគ្គលដទៃ ក្នុងសាសនានៃព្រះសស្តា បានដល់នូវព្រះពុទ្ធផង ព្រះធម៌ផង ព្រះសង្ឃផង ជាទីពឹងក្នុងទីនោះ ទាំងបានសមាទាន នូវសិក្ខាបទទាំងឡាយ មានព្រហ្មចរិយៈ ជាគំរប់ ៥។ បពិត្រលោកម្ចាស់ដ៏ចំរើន នេះជាធម៌អស្ចារ្យចំឡែក ទី២ តែងមានដល់ខ្ញុំករុណា។ បពិត្រលោកម្ចាស់ដ៏ចំរើន ខ្ញុំករុណា មាននាងកុមារីជាប្រពន្ធ ៤ នាក់។ បពិត្រលោកម្ចាស់ដ៏ចំរើន លំដាប់នោះ ខ្ញុំករុណាចូលទៅរកប្រពន្ធទាំងនោះ លុះចូលទៅដល់ហើយ បាននិយាយទៅនឹងប្រពន្ធទាំងនោះ ដូច្នេះថា ម្នាលនាងទាំងឡាយ យើងបានសមាទានសិក្ខាបទទាំងឡាយ មានព្រហ្មចរិយៈ ជាគំរប់ ៥ ហើយ បើនាងណាប្រាថ្នា នាងនោះចូរប្រើប្រាស់នូវភោគសម្បត្តិទាំងនេះផង ចូរធ្វើបុណ្យទាំងឡាយផងចុះ ឬថា ទៅកាន់ត្រកូលញាតិរបស់ខ្លួនក៏បាន ពុំនោះសោត នាងទាំងឡាយ ត្រូវការបុរសណា យើងនឹងឲ្យនាងទាំងឡាយទៅបុរសនោះ។ បពិត្រលោកម្ចាស់ដ៏ចំរើន កាលដែលខ្ញុំករុណានិយាយយ៉ាងនេះហើយ នាងដែលជាប្រពន្ធច្បងនោះ ក៏និយាយនឹងខ្ញុំករុណា ដូច្នេះថា បពិត្រអយ្យបុត្គ សូមអ្នកឲ្យខ្ញុំទៅបុរសឈ្មោះនេះចុះ។ បពិត្រលោកម្ចាស់ដ៏ចំរើន ទើបខ្ញុំករុណា ក៏ឲ្យគេហៅបុរសនោះមក ហើយដៃឆ្វេងកាន់ប្រពន្ធ ដៃស្តាំកាន់កុណ្ឌី (ច្រួចទឹក) ប្រគល់ឲ្យទៅបុរសនោះ។ បពិត្រលោកម្ចាស់ដ៏ចំរើន កាលខ្ញុំករុណា លះបង់នាងកុមារីឲ្យទៅជាទានហើយ ក៏មិនដឹងធ្វើចិត្តឲ្យប្រែប្រួលឡើយ។ បពិត្រលោកម្ចាស់ដ៏ចំរើន នេះជាធម៌អស្ចារ្យចំឡែក ទី៣ តែងមានដល់ខ្ញុំករុណា។ បពិត្រលោកម្ចាស់ដ៏ចំរើន ភោគសម្បត្តិទាំងឡាយ មានច្រើនក្នុងត្រកូលរបស់ខ្ញុំករុណា តែភោគសម្បត្តិទាំងនោះ មិនទាន់បានចែកមុខ អំពីអ្នកមានសីល មានកល្យាណធម៌ទាំងឡាយទេ។ បពិត្រលោកម្ចាស់ដ៏ចំរើន នេះជាធម៌អស្ចារ្យចំឡែក ទី៤ តែងមានដល់ខ្ញុំករុណា។ បពិត្រលោកម្ចាស់ដ៏ចំរើន បើខ្ញុំករុណាចូលទៅអង្គុយជិតភិក្ខុណា តែចូលទៅអង្គុយជិតដោយគោរព មិនបានចូលទៅអង្គុយជិតដោយមិនគោរពទេ។ បើលោកដ៏មានអាយុនោះ សំដែងធម៌ដល់ខ្ញុំករុណា ខ្ញុំករុណាតែងស្តាប់ដោយគោរព មិនបានស្តាប់ដោយមិនគោរពទេ ប្រសិនបើលោកដ៏មានអាយុ មិនសំដែងធម៌ដល់ខ្ញុំករុណាទេ ខ្ញុំករុណាតែងសំដែងធម៌ដល់លោកដ៏មានអាយុនោះវិញ។ បពិត្រលោកម្ចាស់ដ៏ចំរើន នេះជាធម៌អស្ចារ្យចំឡែក ទី៥ តែងមានដល់ខ្ញុំករុណា។ បពិត្រលោកម្ចាស់ដ៏ចំរើន កាលដែលខ្ញុំករុណា និមន្តព្រះសង្ឃមកហើយ ពួកទេវតា ចូលទៅប្រាប់ថា ម្នាលគហបតី ភិក្ខុឯណោះ ជាឧភតោភាគវិមុត្ត [បានដល់បុគ្គលដែលផុតស្រឡះចាកចំណែកទាំងពីរ គឺផុតស្រឡះចាករូបកាយ ដោយអរូបសមាបត្តិ ១ ផុតស្រឡះចាកនាមកាយ ដោយមគ្គ ១។] ភិក្ខុឯណោះ ជាបញ្ញាវិមុត្ត [បានដល់បុគ្គលជាសុក្ខវិបស្សកៈ។] ភិក្ខុឯណោះ ជាកាយសក្ខី [បានដល់បុគ្គលដែលបាននូវឈានសម្ផស្សជាដំបូង ទើបធ្វើឲ្យជាក់ច្បាស់នូវព្រះនិព្វានជាខាងក្រោយ។] ភិក្ខុឯណោះ ជាទិដ្ឋិប្បត្តៈ [បានដល់បុគ្គលដែលដឹងច្បាស់ ឃើញច្បាស់ ធ្វើឲ្យជាក់ច្បាស់ ដោយបញ្ញាថា សង្ខារទាំងឡាយ រមែងនាំមកនូវទុក្ខ មានតែព្រះនិព្វាន ទើបបានសុខ គឺថា ឃើញច្បាស់នូវអរិយសច្ចទាំង ៤ ដោយបញ្ញា។] ភិក្ខុឯណោះ ជាសទ្ធាវិមុត្ត [បានដល់បុគ្គលដែលផុតស្រឡះ ចាកកិលេសដោយសទ្ធា សេចក្តីដូចគ្នានឹងទិដ្ឋិប្បត្តបុគ្គល ប្លែកគ្នាតែត្រង់សេចក្តីជឿស៊ប់សួន ក្នុងខណៈដែលបាននូវមគ្គជាចំណែកខាងដើម។] ភិក្ខុឯណោះ ជាធម្មានុសារី [បានដល់បុគ្គលដែលចំរើននូវមគ្គ មានធម៌ គឺបញ្ញាជាប្រធាន។] ភិក្ខុឯណោះ ជាសទ្ធានុសារី [ប្រហែលគ្នានឹងធម្មានុសារីបុគ្គល។] ភិក្ខុឯណោះ ជាអ្នកមានសីល មានកល្យាណធម៌ ភិក្ខុឯណោះ ជាអ្នកទ្រុស្តសីល មានធម៌ដ៏លាមក ហេតុនេះ មិនជាអស្ចារ្យទេ។ បពិត្រលោកម្ចាស់ដ៏ចំរើន កាលខ្ញុំករុណា កំពុងអង្គាសព្រះសង្ឃ មិនដឹងធ្វើចិត្តឲ្យកើតឡើងយ៉ាងនេះថា អាត្មាអញ ឲ្យវត្ថុតិច ដល់ភិក្ខុនេះផង ឲ្យវត្ថុច្រើនដល់ភិក្ខុនេះផងទេ បពិត្រលោកម្ចាស់ដ៏ចំរើន ខ្ញុំករុណាឲ្យទានមានចិត្តស្មើដោយពិត។ បពិត្រលោកម្ចាស់ដ៏ចំរើន នេះជាធម៌អស្ចារ្យចំឡែក ទី៦ តែងមានដល់ខ្ញុំករុណា។ បពិត្រលោកម្ចាស់ដ៏ចំរើន ពួកទេវតា តែងចូលមករកខ្ញុំករុណា ហើយប្រាប់ថា ម្នាលគហបតី ព្រះធម៌ដែលព្រះដ៏មានព្រះភាគ ទ្រង់សំដែងហើយដោយប្រពៃ មិនជាអស្ចារ្យទេ។ បពិត្រលោកម្ចាស់ដ៏ចំរើន កាលដែលពួកទេវតាពោលយ៉ាងនេះហើយ ខ្ញុំករុណា ក៏និយាយទៅរកទេវតាទាំងនោះយ៉ាងនេះថា ម្នាលទេវតា អ្នកទាំងឡាយ គប្បីពោលយ៉ាងនេះក្តី មិនគប្បីពោលយ៉ាងនេះក្តី ឯធម៌ពិត ព្រះដ៏មានព្រះភាគ ទ្រង់សំដែងហើយ ដោយប្រពៃមែន។ បពិត្រលោកម្ចាស់ដ៏ចំរើន ខ្ញុំករុណាមិនដឹងថា ចិត្តដែលប៉ោងឡើង ព្រោះរឿងនោះជាហេតុទេ ទោះពួកទេវតា ចូលមករកខ្ញុំករុណាក្តី ខ្ញុំករុណាចរចា ជាមួយនឹងពួកទេវតាក្តី។ បពិត្រលោកម្ចាស់ដ៏ចំរើន នេះជាធម៌អស្ចារ្យចំឡែក ទី៧ តែងមានដល់ខ្ញុំករុណា។ បពិត្រលោកម្ចាស់ដ៏ចំរើន ប្រសិនបើខ្ញុំករុណា គប្បីធ្វើមរណកាលមុនព្រះដ៏មានព្រះភាគ ព្រះអង្គគប្បីព្យាករយ៉ាងនេះ ចំពោះខ្ញុំករុណាថា ឧគ្គគហបតី អ្នកស្រុកហត្ថិគ្រាម ប្រកបដោយសំយោជនៈណាហើយ គប្បីមកកាន់មនុស្សលោកនេះម្តងទៀត សំយោជនៈនោះគ្មានទេ ហេតុនុ៎ះ មិនជាអស្ចារ្យទេ។ បពិត្រលោកម្ចាស់ដ៏ចំរើន នេះជាធម៌អស្ចារ្យចំឡែក ទី៨ តែងមានដល់ខ្ញុំករុណា។ បពិត្រលោកម្ចាស់ដ៏ចំរើន ធម៌ជាទីអស្ចារ្យចំឡែកទាំង ៨ នេះ តែងមាន (ដល់ខ្ញុំករុណា) តែថា ខ្ញុំករុណាមិនដឹងសោះថា ខ្ញុំករុណាប្រកបដោយធម៌ ជាអស្ចារ្យចំឡែក ៨ យ៉ាង ដូចម្តេចខ្លះ ដែលព្រះដ៏មានព្រះភាគ ទ្រង់ព្យាករហើយទេ។ លំដាប់នោះ ភិក្ខុនោះ ទទួលចង្ហាន់បិណ្ឌបាត ក្នុងលំនៅរបស់ឧគ្គគហបតី អ្នកស្រុកហត្ថិគ្រាម រួចក្រោកចាកអាសនៈ ចៀសចេញទៅ។ លុះភិក្ខុនោះ ត្រឡប់អំពីបិណ្ឌបាត ក្នុងវេលាខាងក្រោយនៃភត្ត ហើយក៏ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះភិក្ខុនោះ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលនូវហេតុទាំងអស់នោះ ដែលខ្លួនចរចាទាំងប៉ុន្មាន ជាមួយនឹងឧគ្គគហបតី អ្នកស្រុកហត្ថិគ្រាម ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុ ប្រពៃហើយ ប្រពៃហើយ ឧគ្គគហបតី អ្នកស្រុកហត្ថិគ្រាម កាលបើព្យាករឲ្យសមហេតុ ឈ្មោះថា ព្យាករតាមពិត ម្នាលភិក្ខុ ឧគ្គគហបតី អ្នកស្រុកហត្ថិគ្រាម ប្រកបដោយធម៌អស្ចារ្យចំឡែក ៨ ប្រការនេះឯង ដែលតថាគតព្យាករហើយ ម្នាលភិក្ខុ អ្នកចូរចាំទុកនូវឧគ្គគហបតី អ្នកស្រុកហត្ថិគ្រាមថា ប្រកបដោយធម៌អស្ចារ្យ ចំឡែក ៨ ប្រការនេះចុះ។
បឋមហត្ថកសូត្រ ទី៣
[២៣] សម័យមួយ ព្រះដ៏មានព្រះភាគ កាលគង់ក្នុងអគ្គាឡវចេតិយ ជិតស្រុកអាឡវី។ ក្នុងទីនោះឯង ព្រះដ៏មានព្រះភាគត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរចាំទុកនូវហត្ថកអាឡវក ថាជាអ្នកប្រកបដោយធម៌អស្ចារ្យ ចំឡែក ៧ ប្រការ។ ហត្ថកអាឡវក ប្រកបដោយធម៌អស្ចារ្យ ចំឡែក ៧ ប្រការ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ហត្ថកអាឡវក មានសទ្ធា ១ ម្នាលភិក្ខុទាំងឡាយ ហត្ថកអាឡវក មានសីល ១ ម្នាលភិក្ខុទាំងឡាយ ហត្ថកអាឡវក មានសេចក្តីខ្មាសបាប ១ ម្នាលភិក្ខុទាំងឡាយ ហត្ថកអាឡវក មានសេចក្តីខ្លាចបាប ១ ម្នាលភិក្ខុទាំងឡាយ ហត្ថកអាឡវក ជាពហុស្សូត ១ ម្នាលភិក្ខុទាំងឡាយ ហត្ថកអាឡវក មានចាគៈ ១ ម្នាលភិក្ខុទាំងឡាយ ហត្ថកអាឡវក មានបញ្ញា ១។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរចាំទុកនូវហត្ថកអាឡវក ថាជាអ្នកប្រកបដោយធម៌ អស្ចារ្យ ចំឡែក ៧ ប្រការនេះឯង។ ព្រះដ៏មានព្រះភាគ បានត្រាស់ពាក្យនេះ លុះព្រះសុគត ទ្រង់ត្រាស់ពាក្យនេះរួចហើយ ទ្រង់ក្រោកចាកអាសនៈ ស្តេចចូលទៅកាន់វិហារ។ គ្រានោះ ភិក្ខុ១ រូប ស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ហើយចូលទៅកាន់លំនៅរបស់ហត្ថកអាឡវក លុះចូលទៅដល់ហើយ ក៏អង្គុយលើអាសនៈដែលគេក្រាលទុក។ លំដាប់នោះ ហត្ថកអាឡវក ចូលទៅរកភិក្ខុនោះ លុះចូលទៅដល់ហើយ ថ្វាយបង្គំភិក្ខុនោះ ហើយអង្គុយក្នុងទីសមគួរ។ លុះហត្ថកអាឡវក អង្គុយក្នុងទីសមគួរហើយ ភិក្ខុនោះ បានពោលថា ម្នាលអាវុសោ អ្នកប្រកបដោយធម៌អស្ចារ្យ ចំឡែក ៧ ប្រការ ដែលព្រះដ៏មានព្រះភាគ ទ្រង់ព្យាករហើយ។ ប្រកបដោយធម៌ អស្ចារ្យ ចំឡែក ៧ ប្រការ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ហត្ថកអាឡវក មានសទ្ធា ១ មានសីល ១ មានសេចក្តីខ្មាសបាប ១ មានសេចក្តីខ្លាចបាប ១ ជាពហុស្សូត ១ មានចាគៈ ១ ម្នាលភិក្ខុទាំងឡាយ ហត្ថកអាឡវក មានបញ្ញា ១។ ម្នាលអាវុសោ អ្នកប្រកបដោយធម៌អស្ចារ្យ ចំឡែក ៧ ប្រការនេះ ដែលព្រះដ៏មានព្រះភាគ ទ្រង់ព្យាករហើយ។ ហត្ថកអាឡវក សួរតបថា បពិត្រលោកម្ចាស់ដ៏ចំរើន ចុះគ្រហស្ថនីមួយ អ្នកស្លៀកស មិនមានក្នុងហេតុដែលព្យាករនេះទេឬ។ ម្នាលអាវុសោ គ្រហស្ថនីមួយ អ្នកស្លៀកស មិនមានក្នុងហេតុព្យាករនេះទេ។ បពិត្រលោកម្ចាស់ដ៏ចំរើន បើគ្រហស្ថនីមួយ អ្នកស្លៀកស មិនមានក្នុងហេតុព្យាករនេះទេ នុ៎ះជាការប្រពៃហើយ។ លំដាប់នោះ ភិក្ខុនោះ ទទួលបិណ្ឌបាត ក្នុងលំនៅហត្ថកអាឡវកហើយ ក៏ក្រោកចាកអាសនៈ ចៀសចេញទៅ។ លុះភិក្ខុនោះ ត្រឡប់អំពីបិណ្ឌបាត ក្នុងវេលាខាងក្រោយនៃភត្ត ហើយក៏ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះភិក្ខុនោះ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ក្នុងទីឯណោះ ខ្ញុំព្រះអង្គស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងវេលាបុព្វណ្ហសម័យ ហើយចូលទៅកាន់លំនៅរបស់ហត្ថកអាឡវក លុះចូលទៅដល់ហើយ ក៏អង្គុយលើអាសនៈដែលគេក្រាលទុក។ បពិត្រព្រះអង្គដ៏ចំរើន លំដាប់នោះ ហត្ថកអាឡវក ចូលទៅរកខ្ញុំព្រះអង្គ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំខ្ញុំព្រះអង្គ ហើយអង្គុយក្នុងទីសមគួរ។ បពិត្រព្រះអង្គដ៏ចំរើន លុះហត្ថកអាឡវក អង្គុយក្នុងទីសមគួរហើយ ខ្ញុំព្រះអង្គបានពោលទៅដូច្នេះថា ម្នាលអាវុសោ អ្នកប្រកបដោយធម៌អស្ចារ្យចំឡែក ៧ ប្រការ ដែលព្រះដ៏មានព្រះភាគ ទ្រង់ព្យាករហើយ។ ប្រកបដោយធម៌អស្ចារ្យចំឡែក ៧ ប្រការ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ហត្ថកអាឡវក មានសទ្ធា ១ មានសីល ១ មានសេចក្តីខ្មាសបាប ១ មានសេចក្តីខ្លាចបាប ១ ជាពហុស្សូត ១ មានចាគៈ ១ ម្នាលភិក្ខុទាំងឡាយ ហត្ថកអាឡវក មានបញ្ញា ១។ ម្នាលអាវុសោ អ្នកប្រកបដោយធម៌អស្ចារ្យចំឡែក ៧ ប្រការនេះឯង ដែលព្រះដ៏មានព្រះភាគ ទ្រង់ព្យាករហើយ។ បពិត្រព្រះអង្គដ៏ចំរើន កាលដែលខ្ញុំព្រះអង្គពោលយ៉ាងនេះហើយ ហត្ថកអាឡវក និយាយនឹងខ្ញុំព្រះអង្គដូច្នេះថា បពិត្រលោកម្ចាស់ដ៏ចំរើន គ្រហស្ថនីមួយអ្នកស្លៀកស មិនមានក្នុងហេតុព្យាករនេះទេឬ។ ម្នាលអាវុសោ គ្រហស្ថនីមួយអ្នកស្លៀកស មិនមានក្នុងហេតុព្យាករនេះទេ។ បពិត្រលោកម្ចាស់ដ៏ចំរើន បើគ្រហស្ថនីមួយអ្នកស្លៀកស មិនមានក្នុងហេតុព្យាករនេះទេ នុ៎ះជាការប្រពៃហើយ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុ ប្រពៃហើយ ប្រពៃហើយ កុលបុត្រនោះ ជាអ្នកប្រាថ្នាតិច កាលបើកុសលធម៌មាននៅក្នុងខ្លួនហើយ រមែងមិនប្រាថ្នាឲ្យអ្នកដទៃដឹងទេ។ ម្នាលភិក្ខុ បើដូច្នោះ អ្នកចូរចាំទុកនូវហត្ថកអាឡវក ថាជាអ្នកប្រកបដោយធម៌អស្ចារ្យចំឡែកនេះគឺ។បេ។ ភាពជាអ្នកប្រាថ្នាតិច។
ទុតិយហត្ថកសូត្រ ទី៤
[២៤] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងអគ្គាឡវចេតិយ ជិតស្រុកអាឡវី។ គ្រានោះ ហត្ថកអាឡវក មានឧបាសកចំនួន ៥០០ នាក់ចោមរោម ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះហត្ថកអាឡវក អង្គុយក្នុងទីសមគួរហើយ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលហត្ថកៈ ពួកបរិសទ្យរបស់អ្នកច្រើនណាស់ ម្នាលហត្ថកៈ ចុះអ្នកសង្គ្រោះបរិសទ្យច្រើននេះដូចម្តេចខ្លះ។ បពិត្រព្រះអង្គដ៏ចំរើន សង្គហវត្ថុទាំងឡាយ ៤ ប្រការណា ដែលព្រះដ៏មានព្រះភាគ ទ្រង់សំដែងហើយ ខ្ញុំព្រះអង្គរមែងសង្គ្រោះបរិសទ្យច្រើននេះ ដោយសង្គហវត្ថុទាំងឡាយនោះ។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ ដឹងនូវបុគ្គលណាថា បុគ្គលនេះ គួរសង្គ្រោះដោយការឲ្យ ខ្ញុំព្រះអង្គក៏សង្គ្រោះបុគ្គលនោះ ដោយការឲ្យ ខ្ញុំព្រះអង្គដឹងនូវបុគ្គលណាថា បុគ្គលនេះ គួរសង្គ្រោះដោយសំដី ជាទីស្រឡាញ់ ខ្ញុំព្រះអង្គ ក៏សង្គ្រោះបុគ្គលនោះ ដោយសំដីជាទីស្រឡាញ់ ខ្ញុំព្រះអង្គដឹងនូវបុគ្គលណាថា បុគ្គលនេះ គួរសង្គ្រោះដោយការប្រព្រឹត្តិនូវប្រយោជន៍ ខ្ញុំព្រះអង្គ ក៏សង្គ្រោះបុគ្គលនោះ ដោយការប្រព្រឹត្តិនូវប្រយោជន៍ ខ្ញុំព្រះអង្គដឹងនូវបុគ្គលណាថា បុគ្គលនេះ គួរសង្គ្រោះដោយការតាំងខ្លួនឲ្យស្មើៗ ខ្ញុំព្រះអង្គក៏សង្គ្រោះបុគ្គលនោះ ដោយការតាំងខ្លួនឲ្យស្មើៗ។ បពិត្រព្រះអង្គដ៏ចំរើន ភោគសម្បត្តិក្នុងត្រកូលរបស់ខ្ញុំព្រះអង្គ មានច្រើន ពួកមហាជន រមែងមិនសំគាល់នូវពាក្យរបស់ជនអ្នកកំសត់ថាជាពាក្យគួរស្តាប់ ដូចជាពាក្យរបស់ខ្ញុំព្រះអង្គទេ។ ម្នាលហត្ថកៈ ប្រពៃហើយ ប្រពៃហើយ ម្នាលហត្ថកៈ នេះជាឧបាយរបស់អ្នក ដើម្បីសង្គ្រោះនូវបរិសទ្យច្រើន។ ម្នាលហត្ថកៈ ព្រោះថា ពួកជនណាមួយ បានសង្គ្រោះបរិសទ្យច្រើន ក្នុងកាលកន្លងទៅហើយ ជនទាំងអស់នោះ បានសង្គ្រោះនូវបរិសទ្យច្រើន ដោយសង្គហវត្ថុទាំង ៤ នេះឯង។ ម្នាលហត្ថកៈ ពួកជនណាមួយ នឹងសង្គ្រោះបរិសទ្យច្រើន ក្នុងកាលជាអនាគត ជនទាំងអស់នោះ នឹងសង្គ្រោះបរិសទ្យច្រើន ដោយសង្គហវត្ថុទាំង ៤ នេះឯង។ ម្នាលហត្ថកៈ ពួកជនណាមួយ សង្គ្រោះបរិសទ្យច្រើន ក្នុងកាលឥឡូវនេះ ជនទាំងអស់នោះ តែងសង្គ្រោះនូវបរិសទ្យច្រើន ដោយសង្គហវត្ថុទាំង ៤ នេះឯង។ លំដាប់នោះ ហត្ថកអាឡវក កាលដែលព្រះដ៏មានព្រះភាគ ទ្រង់ពន្យល់ណែនាំ ឲ្យអាចហ៊ាន ឲ្យរីករាយ ដោយធម្មីកថាហើយ ក៏ក្រោកចាកអាសនៈ ថ្វាយបង្គំព្រះដ៏មានព្រះភាគ ធ្វើប្រទក្សិណចៀសចេញទៅ។ លុះហត្ថកអាឡវក ចៀសចេញទៅមិនយូរប៉ុន្មាន ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរចាំទុកនូវហត្ថកអាឡវក ថាជាអ្នកប្រកបដោយធម៌អស្ចារ្យចំឡែក ៨ ប្រការ។ ហត្ថកអាឡវក ប្រកបដោយធម៌អស្ចារ្យចំឡែក ៨ ប្រការ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ហត្ថកអាឡវក មានសទ្ធា ១ មានសីល ១ មានសេចក្តីខ្មាសបាប ១ មានសេចក្តីខ្លាចបាប ១ ជាពហុស្សូត ១ មានចាគៈ ១ ម្នាលភិក្ខុទាំងឡាយ ហត្ថកអាឡវក មានបញ្ញា ១ ម្នាលភិក្ខុទាំងឡាយ ហត្ថកអាឡវក មានសេចក្តីប្រាថ្នាតិច ១។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរចាំទុកនូវហត្ថកអាឡវក ថាជាអ្នកប្រកបដោយធម៌អស្ចារ្យចំឡែក ៨ ប្រការនេះចុះ។
មហានាមសូត្រ ទី៥
[២៥] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងនិគ្រោធារាម ជិតក្រុងកបិលពស្តុ ក្នុងដែនសក្កៈ។ គ្រានោះ សក្យមហានាម ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ថ្វាយបង្គំព្រះដ៏មានព្រះភាគ រួចគង់ក្នុងទីដ៏សមគួរ។ លុះសក្យមហានាម គង់ក្នុងទីដ៏សមគួរហើយ ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន បុគ្គលបានជាឧបាសក តើដោយហេតុដូចម្តេច។ បពិត្រមហានាម បុគ្គលអ្នកដល់នូវព្រះពុទ្ធជាទីពឹង ដល់នូវព្រះធម៌ជាទីពឹង ដល់នូវព្រះសង្ឃជាទីពឹង ដោយហេតុណា បពិត្រមហានាម បុគ្គលបានជាឧបាសក ដោយហេតុប៉ុណ្ណេះឯង។
បពិត្រព្រះអង្គដ៏ចំរើន ចុះឧបាសកអ្នកមានសីល តើដោយហេតុដូចម្តេច។ បពិត្រមហានាម ឧបាសកជាអ្នកវៀរចាកបាណាតិបាត វៀរចាកអទិន្នាទាន វៀរចាកកាមេសុមិច្ឆាចារ វៀរចាកមុសាវាទ វៀរចាកសុរាមេរយមជ្ជប្បមាទដ្ឋាន ដោយហេតុណា បពិត្រមហានាម ឧបាសកអ្នកមានសីល ដោយហេតុប៉ុណ្ណេះឯង។
បពិត្រព្រះអង្គដ៏ចំរើន ចុះឧបាសកអ្នកប្រតិបត្តិដើម្បីប្រយោជន៍ផ្ទាល់ខ្លួន មិនប្រតិបត្តិដើម្បីប្រយោជន៍បុគ្គលដទៃទេ តើដោយហេតុដូចម្តេច។ បពិត្រមហានាម ឧបាសកអ្នកបរិបូណ៌ដោយសទ្ធា ដោយខ្លួនឯង មិនបបួលបុគ្គលដទៃ ឲ្យបរិបូណ៌ដោយសទ្ធា ១ អ្នកបរិបូណ៌ដោយសីល ដោយខ្លួនឯង មិនបបួលបុគ្គលដទៃ ឲ្យបរិបូណ៌ដោយសីល ១ អ្នកបរិបូណ៌ដោយចាគៈ ដោយខ្លួនឯង មិនបបួលបុគ្គលដទៃឲ្យបរិបូណ៌ដោយចាគៈ ១ អ្នកចង់ជួបប្រទះពួកភិក្ខុដោយខ្លួនឯង មិនបបួលបុគ្គលដទៃ ឲ្យជួបប្រទះពួកភិក្ខុ ១ អ្នកចង់ស្តាប់ព្រះសទ្ធម្មដោយខ្លួនឯង មិនបបួលបុគ្គលដទៃ ឲ្យបានស្តាប់ព្រះសទ្ធម្ម ១ អ្នកទ្រទ្រង់ធម៌ទាំងឡាយ ដែលបានស្តាប់ហើយ ដោយខ្លួនឯង មិនបបួលបុគ្គលដទៃ ឲ្យទ្រទ្រង់នូវធម៌ ១ អ្នកពិចារណានូវអត្ថនៃធម៌ទាំងឡាយ ដែលបានស្តាប់ហើយ ដោយខ្លួនឯង មិនបបួលបុគ្គលដទៃ ឲ្យពិចារណានូវអត្ថ ១ អ្នកដឹងនូវអត្ថដឹងនូវធម៌ ហើយប្រតិបត្តិនូវធម៌ ដ៏សមគួរដល់ធម៌ ដោយខ្លួនឯង មិនបបួលបុគ្គលដទៃ ឲ្យប្រតិបត្តិនូវធម៌ ដ៏សមគួរដល់ធម៌ ១ ដោយហេតុណា បពិត្រមហានាម ឧបាសកអ្នកប្រតិបត្តិ ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន មិនប្រតិបត្តិដើម្បីប្រយោជន៍បុគ្គលដទៃ ដោយហេតុមានប្រមាណប៉ុណ្ណេះឯង។ បពិត្រព្រះអង្គដ៏ចំរើន ចុះឧបាសក អ្នកប្រតិបត្តិ ដើម្បីប្រយោជន៍ផ្ទាល់ខ្លួនផង ដើម្បីប្រយោជន៍បុគ្គលដទៃផង តើដោយហេតុដូចម្តេច។ បពិត្រមហានាម ឧបាសក អ្នកបរិបូណ៌ដោយសទ្ធា ដោយខ្លួនឯង ទាំងបបួលបុគ្គលដទៃ ឲ្យបរិបូណ៌ដោយសទ្ធា ១ អ្នកបរិបូណ៌ដោយសីល ដោយខ្លួនឯង ទាំងបបួលបុគ្គលដទៃ ឲ្យបរិបូណ៌ដោយសីល ១ អ្នកបរិបូណ៌ដោយចាគៈដោយខ្លួនឯង ទាំងបបួលបុគ្គលដទៃ ឲ្យបរិបូណ៌ដោយចាគៈ ១ អ្នកចង់ជួបប្រទះពួកភិក្ខុដោយខ្លួនឯង ទាំងបបួលបុគ្គលដទៃ ឲ្យបានជួបប្រទះពួកភិក្ខុ ១ អ្នកចង់ស្តាប់ព្រះសទ្ធម្មដោយខ្លួនឯង ទាំងបបួលបុគ្គលដទៃ ឲ្យបានស្តាប់ព្រះសទ្ធម្ម ១ អ្នកទ្រទ្រង់នូវធម៌ទាំងឡាយ ដែលបានស្តាប់ហើយដោយខ្លួនឯង ទាំងបបួលបុគ្គលដទៃ ឲ្យទ្រទ្រង់នូវធម៌ ១ អ្នកពិចារណានូវអត្ថនៃធម៌ទាំងឡាយ ដែលបានស្តាប់ហើយដោយខ្លួនឯង ទាំងបបួលបុគ្គលដទៃ ឲ្យពិចារណានូវអត្ថ ១ អ្នកដឹងនូវអត្ថ ដឹងនូវធម៌ ហើយប្រតិបត្តិនូវធម៌ដ៏សមគួរដល់ធម៌ ដោយខ្លួនឯង ទាំងបបួលបុគ្គលដទៃ ឲ្យប្រតិបត្តិនូវធម៌ដ៏សមគួរដល់ធម៌ ១ ដោយហេតុណា បពិត្រមហានាម ឧបាសកអ្នកប្រតិបត្តិ ដើម្បីប្រយោជន៍ខ្លួនផង ដើម្បីប្រយោជន៍បុគ្គលដទៃផង ដោយហេតុមានប្រមាណប៉ុណ្ណេះ។
ជីវកសូត្រ ទី៦
[២៦] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងជីវកម្ពវន ជិតក្រុងរាជគ្រឹះ។ គ្រានោះ ជីវកកោមារភត្យ ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ រួចអង្គុយក្នុងទីដ៏សមគួរ។ លុះជីវកកោមារភត្យ អង្គុយក្នុងទីដ៏សមគួរហើយ ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគយ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន បុគ្គលបានជាឧបាសក តើដោយហេតុដូចម្តេច។ ម្នាលជីវក បុគ្គលអ្នកដល់នូវព្រះពុទ្ធជាទីពឹង ដល់នូវព្រះធម៌ជាទីពឹង ដល់នូវព្រះសង្ឃជាទីពឹង ដោយហេតុណា ម្នាលជីវក បុគ្គលនោះ បានជាឧបាសក ដោយហេតុមានប្រមាណប៉ុណ្ណេះឯង។
បពិត្រព្រះអង្គដ៏ចំរើន ចុះឧបាសកអ្នកមានសីល តើដោយហេតុដូចម្តេច។ ម្នាលជីវក ឧបាសកជាអ្នកវៀរចាកបាណាតិបាត។បេ។ វៀរចាកសុរាមេរយមជ្ជប្បមាទដ្ឋាន ដោយហេតុណា ម្នាលជីវក ឧបាសកជាអ្នកមានសីល ដោយហេតុមានប្រមាណប៉ុណ្ណេះឯង។
បពិត្រព្រះអង្គដ៏ចំរើន ចុះឧបាសកអ្នកប្រតិបត្តិ ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន មិនប្រតិបត្តិ ដើម្បីប្រយោជន៍បុគ្គលដទៃ តើដោយហេតុដូចម្តេច។ ម្នាលជីវក ឧបាសក អ្នកបរិបូណ៌ដោយសទ្ធា ដោយខ្លួនឯង តែមិនបបួលបុគ្គលដទៃ ឲ្យបរិបូណ៌ ដោយសទ្ធា ១។បេ។ អ្នកដឹងច្បាស់នូវអត្ថ ដឹងច្បាស់នូវធម៌ ហើយប្រតិបត្តិនូវធម៌ដ៏សមគួរដល់ធម៌ ដោយខ្លួនឯង តែមិនបបួលបុគ្គលដទៃ ឲ្យប្រតិបត្តិនូវធម៌ដ៏សមគួរដល់ធម៌ ១ ដោយហេតុណា ម្នាលជីវក ឧបាសកអ្នកប្រតិបត្តិដើម្បីប្រយោជន៍ផ្ទាល់ខ្លួន មិនប្រតិបត្តិដើម្បីប្រយោជន៍បុគ្គលដទៃ ដោយហេតុមានប្រមាណប៉ុណ្ណេះឯង។
បពិត្រព្រះអង្គដ៏ចំរើន ចុះឧបាសកអ្នកប្រតិបត្តិ ដើម្បីប្រយោជន៍ផ្ទាល់ខ្លួនផង ដើម្បីប្រយោជន៍បុគ្គលដទៃផង តើដោយហេតុដូចម្តេច។ ម្នាលជីវក ឧបាសកអ្នកបរិបូណ៌ដោយសទ្ធា ដោយខ្លួនឯង ទាំងបបួលបុគ្គលដទៃ ឲ្យបរិបូណ៌ដោយសទ្ធា ១ អ្នកបរិបូណ៌ដោយសីលដោយខ្លួនឯង ទាំងបបួលបុគ្គលដទៃ ឲ្យបរិបូណ៌ដោយសីល ១ អ្នកបរិបូណ៌ដោយចាគៈដោយខ្លួនឯង ទាំងបបួលបុគ្គលដទៃ ឲ្យបរិបូណ៌ដោយចាគៈ ១ អ្នកចង់ចួបប្រទះពួកភិក្ខុដោយខ្លួនឯង ទាំងបបួលបុគ្គលដទៃ ឲ្យចួបប្រទះពួកភិក្ខុ ១ អ្នកចង់ស្តាប់ព្រះសទ្ធម្មដោយខ្លួនឯង ទាំងបបួលបុគ្គលដទៃ ឲ្យបានស្តាប់នូវព្រះសទ្ធម្ម ១ ជាអ្នកទ្រទ្រង់នូវធម៌ទាំងឡាយ ដែលបានស្តាប់ហើយដោយខ្លួនឯង ទាំងបបួលបុគ្គលដទៃ ឲ្យទ្រទ្រង់នូវធម៌ ១ អ្នកពិចារណា នូវអត្ថនៃធម៌ទាំងឡាយ ដែលបានស្តាប់ហើយ ដោយខ្លួនឯង ទាំងបបួលបុគ្គលដទៃ ឲ្យពិចារណានូវអត្ថ ១ អ្នកដឹងច្បាស់នូវអត្ថ ដឹងច្បាស់នូវធម៌ ហើយប្រតិបត្តិនូវធម៌ដ៏សមគួរដល់ធម៌ ដោយខ្លួនឯង ទាំងបបួលបុគ្គលដទៃ ឲ្យប្រតិបត្តិនូវធម៌ដ៏សមគួរដល់ធម៌ ១ ដោយហេតុណា ម្នាលជីវក ឧបាសកអ្នកប្រតិបត្តិដើម្បីប្រយោជន៍ផ្ទាល់ខ្លួនផង ដើម្បីប្រយោជន៍បុគ្គលដទៃផង ដោយហេតុមានប្រមាណប៉ុណ្ណេះឯង។
បឋមពលសូត្រ ទី៧
[២៧] ម្នាលភិក្ខុទាំងឡាយ កំឡាំងនេះ មាន ៨ យ៉ាង។ កំឡាំង ៨ យ៉ាង តើអ្វីខ្លះ។ ម្នាលភិក្ខុទាំងឡាយ ពួកក្មេងមានការយំជាកំឡាំង ១ ពួកមាតុគ្រាមមានសេចក្តីក្រោធ ជាកំឡាំង ១ ពួកចោរមានគ្រឿងអាវុធជាកំឡាំង ១ ពួកព្រះរាជាមានឥស្សរិយៈ ជាកំឡាំង ១ ពួកជនពាលមានការលើកទោស ជាកំឡាំង ១ ពួកបណ្ឌិតមានការរំពឹងគិត ជាកំឡាំង ១ ពួកពហុស្សូត មានការពិចារណា ជាកំឡាំង ១ ពួកសមណព្រាហ្មណ៍ មានការអត់ធន់ ជាកំឡាំង ១។ ម្នាលភិក្ខុទាំងឡាយ កំឡាំងមាន ៨ យ៉ាងនេះឯង។
ទុតិយពលសូត្រ ទី៨
[២៨] គ្រានោះ ព្រះសារីបុត្រដ៏មានអាយុ បានចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ថ្វាយបង្គំព្រះដ៏មានព្រះភាគ រួចអង្គុយក្នុងទីដ៏សមគួរ។ លុះព្រះសារីបុត្រដ៏មានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះថា ម្នាលសារីបុត្ត ភិក្ខុជាខីណាស្រព ប្រកបដោយកំឡាំងទាំងឡាយណា រមែងប្តេជ្ញានូវការអស់ទៅនៃអាសវៈទាំងឡាយថា អាសវៈទាំងឡាយ របស់អាត្មាអញអស់ហើយ កំឡាំងទាំងនោះ របស់ភិក្ខុជាខីណាស្រព តើមានប៉ុន្មានយ៉ាង។ បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុជាខីណាស្រព ប្រកបដោយកំឡាំងទាំងឡាយណា រមែងប្តេជ្ញានូវការអស់ទៅនៃអាសវៈទាំងឡាយថា អាសវៈទាំងឡាយ របស់អាត្មាអញអស់ហើយ កំឡាំងទាំងនោះ របស់ភិក្ខុជាខីណាស្រព មាន ៨ យ៉ាង។ ៨ យ៉ាង តើដូចម្តេច។ បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុជាខីណាស្រព ក្នុងសាសនានេះ ឃើញច្បាស់នូវសង្ខារទាំងពួងថា មិនទៀង ដោយបញ្ញាដ៏ប្រពៃ គួរតាមពិត។ បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុជាខីណាស្រព ឃើញច្បាស់នូវសង្ខារទាំងពួងថា មិនទៀង ដោយបញ្ញាដ៏ប្រពៃ គួរតាមពិត ដោយកំឡាងណា បពិត្រព្រះអង្គដ៏ចំរើន (ម្យ៉ាងទៀត) ភិក្ខុជាខីណាស្រព ប្តេជ្ញានូវកិរិយាអស់ទៅនៃអាសវៈទាំងឡាយថា អាសវៈទាំងឡាយ របស់អាត្មាអញអស់ហើយ ព្រោះអាស្រ័យកំឡាំងណា កំឡាំងនេះ ជាកំឡាំងរបស់ភិក្ខុជាខីណាស្រព។ បពិត្រព្រះអង្គដ៏ចំរើន មួយទៀត ភិក្ខុជាខីណាស្រពឃើញច្បាស់នូវកាមទាំងឡាយ មានឧបមាដូចជារណ្តៅដ៏ពេញដោយរងើកភ្លើង ដោយបញ្ញាដ៏ប្រពៃ គួរតាមពិត។ បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុជាខីណាស្រពឃើញច្បាស់នូវកាមទាំងឡាយ ដែលមានឧបមាដូចជារណ្តៅដ៏ពេញដោយរងើកភ្លើង ដោយបញ្ញាដ៏ប្រពៃ គួរតាមពិត ដោយកំឡាំងណា បពិត្រព្រះអង្គដ៏ចំរើន (ម្យ៉ាងទៀត) ភិក្ខុជាខីណាស្រព ប្តេជ្ញានូវកិរិយាអស់ទៅនៃអាសវៈទាំងឡាយថា អាសវៈទាំងឡាយ របស់អាត្មាអញអស់ហើយ ព្រោះអាស្រ័យកំឡាំងណា កំឡាំងនេះ ជាកំឡាំងរបស់ភិក្ខុជាខីណាស្រព។ បពិត្រព្រះអង្គដ៏ចំរើន មួយទៀត ចិត្តរបស់ភិក្ខុជាខីណាស្រព តែងឱនទៅរកវិវេក ឈានទៅរកវិវេក បែរទៅរកវិវេក ដំកល់នៅក្នុងវិវេក ត្រេកអរចំពោះក្នុងការចេញចាកកាម ជាចិត្តប្រាសចាកធម៌ទាំងឡាយ ដែលជាទីតាំងនៃអាសវៈដោយប្រការទាំងពួង។ បពិត្រព្រះអង្គដ៏ចំរើន ចិត្តរបស់ភិក្ខុជាខីណាស្រព តែងឱនទៅរកវិវេក ឈានទៅរកវិវេក បែរទៅរកវិវេក ដំកល់នៅក្នុងវិវេក ត្រេកអរចំពោះក្នុងការចេញចាកកាម ជាចិត្តប្រាសចាកធម៌ទាំងឡាយ ដែលជាទីតាំងនៃអាសវៈ ដោយប្រការទាំងពួង ដោយកំឡាំងណា បពិត្រព្រះអង្គដ៏ចំរើន មួយទៀត ភិក្ខុជាខីណាស្រព ប្តេជ្ញានូវការអស់ទៅនៃអាសវៈទាំងឡាយថា អាសវៈទាំងឡាយ របស់អាត្មាអញអស់ហើយ ព្រោះអាស្រ័យកំឡាំងណា កំឡាំងនេះ ជាកំឡាំងរបស់ភិក្ខុជាខីណាស្រព។ បពិត្រព្រះអង្គដ៏ចំរើន មួយទៀត ភិក្ខុជាខីណាស្រព បានចំរើន អប់រំល្អហើយ នូវសតិប្បដ្ឋានទាំង ៤។ បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុជាខីណាស្រព បានចំរើន អប់រំល្អហើយ នូវសតិប្បដ្ឋាន ៤ ដោយកំឡាំងណា បពិត្រព្រះអង្គដ៏ចំរើន មួយទៀត ភិក្ខុជាខីណាស្រព ប្តេជ្ញានូវការអស់ទៅនៃអាសវៈទាំងឡាយថា អាសវៈទាំងឡាយ របស់អាត្មាអញអស់ហើយ ព្រោះអាស្រ័យកំឡាំងណា កំឡាំងនេះ ជាកំឡាំងរបស់ភិក្ខុជាខីណាស្រព។ បពិត្រព្រះអង្គដ៏ចំរើន មួយទៀត ភិក្ខុជាខីណាស្រព បានចំរើន អប់រំល្អហើយ នូវឥទ្ធិបាទ ៤។បេ។ បានចំរើន អប់រំល្អហើយ នូវឥន្រ្ទិយ ៥ បានចំរើន អប់រំល្អហើយ នូវពោជ្ឈង្គ ៧ បានចំរើន អប់រំល្អហើយ នូវមគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរ។ បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុជាខីណាស្រព បានចំរើន អប់រំល្អហើយ នូវមគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរ ដោយកំឡាំងណា បពិត្រព្រះអង្គដ៏ចំរើន (ម្យ៉ាងទៀត) ភិក្ខុជាខីណាស្រព ប្តេជ្ញានូវការអស់ទៅ នៃអាសវៈទាំងឡាយថា អាសវៈទាំងឡាយរបស់អាត្មាអញអស់ហើយ ព្រោះអាស្រ័យកំឡាំងណា កំឡាំងនេះ ជាកំឡាំងរបស់ភិក្ខុជាខីណាស្រព។ បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុជាខីណាស្រព ប្រកបដោយកំឡាំងទាំងឡាយណា រមែងប្តេជ្ញានូវការអស់ទៅនៃអាសវៈទាំងឡាយថា អាសវៈទាំងឡាយ របស់អាត្មាអញអស់ហើយ កំឡាំងទាំងនោះ របស់ភិក្ខុជាខីណាស្រព មាន ៨ យ៉ាងនេះឯង។
អក្ខណសូត្រ ទី៩
[២៩] ម្នាលភិក្ខុទាំងឡាយ បុថុជ្ជនមិនមានការចេះដឹង រមែងនិយាយថា សត្វលោកមានកិច្ចក្នុងខណៈ សត្វលោកមានកិច្ចក្នុងខណៈ តែបុថុជ្ជននោះ មិនដឹងនូវខណៈ ឬអក្ខណៈទេ។ ម្នាលភិក្ខុទាំងឡាយ អក្ខណៈ អសម័យ នៃការនៅប្រព្រឹត្តព្រហ្មចារ្យនេះ មាន ៨ យ៉ាង។ ៨ យ៉ាង តើអ្វីខ្លះ។ ម្នាលភិក្ខុទាំងឡាយ ព្រះតថាគត ឆ្ងាយចាកកិលេល ទ្រង់ត្រាស់ដឹងនូវញេយ្យធម៌ទាំងពួង ដោយប្រពៃចំពោះព្រះអង្គ ទ្រង់បរិបូណ៌ដោយវិជ្ជា និងចរណៈ ទ្រង់មានដំណើរល្អ ទ្រង់ជ្រាបច្បាស់នូវត្រៃលោក ទ្រង់ប្រសើរដោយសីលាទិគុណ ឥតមានបុគ្គលណាស្មើ ទ្រង់ទូន្មាននូវបុរសដែលគួរទូន្មាន ដូចនាយសារថី ជាសាស្តានៃទេវតា និងមនុស្សទាំងឡាយ ទ្រង់ជ្រាបច្បាស់នូវចតុរារិយសច្ច ទ្រង់មានដំណើរទៅកាន់ត្រៃភពខ្ជាក់ចោលហើយ បានកើតឡើងក្នុងលោកនេះ ទាំងធម៌ដែលធ្វើកិលេលឲ្យស្ងប់រម្ងាប់ ប្រព្រឹត្តទៅ ដើម្បីព្រះនិព្វាន ជាដំណើរដើម្បីត្រាស់ដឹង ជាធម៌ដែលព្រះសុគត ទ្រង់ប្រកាសទុក ព្រះអង្គក៏បានសំដែងហើយ តែទាស់បុគ្គលនេះទៅកើតក្នុងនរក។ ម្នាលភិក្ខុទាំងឡាយ នេះជាអក្ខណៈ អសម័យ នៃការនៅប្រព្រឹត្តព្រហ្មចារ្យ ទី១។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ព្រះតថាគត។បេ។ ជាសាស្តានៃទេវតា និងមនុស្សទាំងឡាយ ទ្រង់ជ្រាបច្បាស់នូវចតុរារិយសច្ច ទ្រង់មានដំណើរទៅកាន់ត្រៃភពខ្ជាក់ចោលហើយ រមែងកើតឡើងក្នុងលោក ទាំងធម៌ដែលធ្វើកិលេលឲ្យស្ងប់រម្ងាប់ ប្រព្រឹត្តទៅដើម្បីព្រះនិព្វាន ជាដំណើរដើម្បីត្រាស់ដឹង ជាធម៌ដែលព្រះសុគតទ្រង់ប្រកាសទុក ព្រះអង្គបានសំដែងហើយ តែទាស់បុគ្គលនេះ ទៅកើតក្នុងកំណើតតិរច្ឆាន។បេ។ តែទាស់បុគ្គលនេះ ទៅកើតក្នុងបិត្តិវិស័យ។បេ។ តែទាស់បុគ្គលនេះ ទៅកើតក្នុងពួកទេវតាណាមួយមានអាយុវែង។បេ។ តែទាស់បុគ្គលនេះ ជាអ្នកមកកើតក្នុងពួកបច្ចនិ្តមជនបទ ទាំងជាអ្នកបានកើតក្នុងពួកមិលក្ខជន ដែលមិនដឹងការខុសត្រូវច្បាស់លាស់ ដែលជាប្រទេសគ្មានភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកាទៅដល់។បេ។ បុគ្គលនេះ បានមកកើតក្នុងពួកមជ្ឈិមជនបទហើយ ទាស់តែបុគ្គលនោះ ជាមិច្ឆាទិដ្ឋិ មានសេចក្តីឃើញវិបរិតថា ទានដែលបុគ្គលឲ្យហើយ គ្មានផល ការបូជាធំ គ្មានផល ការបូជាតូច គ្មានផល ផល និងវិបាករបស់កម្ម ដែលសត្វធ្វើល្អ និងធ្វើអាក្រក់ មិនមាន លោកនេះ ក៏មិនមាន លោកដទៃ ក៏មិនមាន មាតាក៏មិនមាន បិតាក៏មិនមាន ពួកសត្វជាឱបបាតិកៈ ក៏មិនមាន ពួកសមណព្រាហ្មណ៍ក្នុងលោក ជាអ្នកព្រមព្រៀងគ្នា ប្រតិបត្តិដោយល្អ ធ្វើឲ្យជាក់ច្បាស់នូវលោកនេះ និងលោកខាងមុខ ព្រោះដឹងច្បាស់ដោយខ្លួនឯង ហើយញុំាងអ្នកដទៃឲ្យត្រាស់ដឹងផង ក៏មិនមាន។បេ។ បុគ្គលនេះ បានមកកើតក្នុងពួកមជ្ឈិមជនបទ ទាស់តែបុគ្គលនោះ ជាអ្នកអប្បឥតប្រាជ្ញា ល្ងង់ខ្លៅ ជាមនុស្សគ មិនអង់អាច ដើម្បីដឹងសេចក្តីនៃសុភាសិត និងទុព្ភាសិតបាន។ ម្នាលភិក្ខុទាំងឡាយ នេះជាអក្ខណៈ អសម័យ នៃការនៅប្រព្រឹត្តព្រហ្មចារ្យ ទី៧។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ព្រះតថាគត ឆ្ងាយចាកកិលេស ទ្រង់ត្រាស់ដឹងនូវញេយ្យធម៌ទាំងពួង ចំពោះព្រះអង្គ។បេ។ ជាសាស្តានៃទេវតា និងមនុស្សទាំងឡាយ ទ្រង់ត្រាស់ដឹងនូវចតុរារិយសច្ច មានដំណើរទៅកាន់ត្រៃភពខ្ជាក់ចោលហើយ មិនកើតឡើងក្នុងលោក ទាំងធម៌ដែលធ្វើកិសេល ឲ្យស្ងប់រម្ងាប់ ប្រព្រឹត្តទៅ ដើម្បីព្រះនិព្វាន ជាដំណើរដើម្បីត្រាស់ដឹង ជាធម៌ដែលព្រះសុគត ទ្រង់ប្រកាសទុក ព្រះអង្គក៏មិនបានសំដែង បុគ្គលនេះ បានកើតក្នុងមជ្ឈិមជនបទ ក៏ឯបុគ្គលនោះ ជាអ្នកមានប្រាជ្ញា មិនល្ងង់ខ្លៅ មិនជាមនុស្សគ អង់អាច ដើម្បីដឹងសេចក្តីនៃសុភាសិត និងទុព្ភាសិតបាន។ ម្នាលភិក្ខុទាំងឡាយ នេះជាអក្ខណៈ អសម័យ នៃការនៅប្រព្រឹត្តព្រហ្មចារ្យ ទី៨។ ម្នាលភិក្ខុទាំងឡាយ អក្ខណៈ អសម័យ នៃការនៅប្រព្រឹត្តព្រហ្មចារ្យ មាន ៨ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ខណៈ និងសម័យនៃការនៅប្រព្រឹត្តព្រហ្មចារ្យ មានតែមួយ។ មួយ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ព្រះតថាគត ឆ្ងាយចាកកិលេស ទ្រង់ត្រាស់ដឹងនូវញេយ្យធម៌ទាំងពួង ដោយប្រពៃចំពោះព្រះអង្គ ទ្រង់បរិបូរណ៌ ដោយវិជ្ជា និងចរណៈ ទ្រង់មានដំណើរល្អ ទ្រង់ជ្រាបច្បាស់នូវត្រៃលោក ទ្រង់ប្រសើរដោយសីលាទិគុណ ឥតមានបុគ្គលណាស្មើ ទ្រង់ទូន្មាននូវបុរសដែលគួរទូន្មាន ដូចនាយសារថី ជាសាស្តានៃទេវតា និងមនុស្សទាំងឡាយ ទ្រង់ជ្រាបច្បាស់នូវចតុរារិយសច្ច ទ្រង់មានដំណើរទៅកាន់ត្រៃភពខ្ជាក់ចោលហើយ បានកើតឡើងក្នុងលោកនេះ ទាំងធម៌ដែលធ្វើកិលេលឲ្យស្ងប់រម្ងាប់ ប្រព្រឹត្តទៅដើម្បីព្រះនិព្វាន ជាដំណើរដើម្បីត្រាស់ដឹង ជាធម៌ដែលព្រះសុគតទ្រង់ប្រកាសទុក ព្រះអង្គក៏បានសំដែងហើយ ទាំងបុគ្គលនេះ បានកើតក្នុងពួកមជ្ឈិមជនបទ ថែមទាំងបុគ្គលនោះ ជាអ្នកមានប្រាជ្ញា មិនល្ងង់ខ្លៅ មិនជាមនុស្សគ អង់អាច ដើម្បីដឹងសេចក្តីនៃសុភាសិត និងទុព្ភាសិតបាន។ ម្នាលភិក្ខុទាំងឡាយ នេះជាខណៈ និងសម័យ នៃការនៅប្រព្រឹត្តព្រហ្មចារ្យតែមួយ។
ពួកជនណា បាននូវមនុស្សលោកហើយ (បានកើតជាមនុស្ស) តែមិនចួបប្រទះនូវខណៈ ក្នុងព្រះសទ្ធម្ម ដែលព្រះតថាគតទ្រង់សំដែងដោយល្អ ជនទាំងនោះ ឈ្មោះថាកន្លងបង់នូវខណៈ អក្ខណៈទាំងឡាយ ដែលអ្នកប្រាជ្ញទាំងឡាយជាច្រើន បានពោលហើយថា ធ្វើនូវសេចក្តីអន្តរាយដល់បុគ្គល ព្រះតថាគតទាំងឡាយ ទ្រង់កើតឡើង ក្នុងលោកម្តង ៗ ការកើតឡើង នៃព្រះតថាគតទាំងឡាយណា ដែលសត្វបានដោយកម្រក្រៃពេក ក្នុងលោក ការកើតឡើងនៃព្រះតថាគតទាំងឡាយនោះ ក៏កើតចំពោះមុខហើយ ការបានអត្តភាពជាមនុស្សផង ការសំដែងនូវព្រះសទ្ធម្មផង (ក៏បានកើតចំពោះមុខហើយ) ជនអ្នកមានសេចក្តីប្រាថ្នានូវប្រយោជន៍ គួរព្យាយាមក្នុងព្រះសទ្ធម្មនោះ។ បុគ្គលគប្បីដឹងច្បាស់ នូវព្រះសទ្ធម្មដោយហេតុដូចម្តេច ខណៈកុំកន្លងនូវអ្នកទាំងឡាយឡើយ ព្រោះថា ពួកជនដែលខណៈកន្លងហើយ រមែងសង្រេងសង្រៃក្នុងនរកត្រៀបត្រា។ បើបុគ្គលណា ក្នុងលោកនេះ ញុំាងសេចក្តីកំណត់នូវព្រះសទ្ធម្ម គឺអរិយមគ្គ មិនឲ្យសម្រេចទេ បុគ្គលនោះ ជាអ្នកកន្លងបង់នូវប្រយោជន៍ រមែងសង្រេងសង្រៃ អស់រាត្រីយូរ ដូចជាពាណិជ ដែលកន្លងបង់នូវប្រយោជន៍ ដូច្នោះដែរ សត្វដែលអវិជ្ជា រួបរឹតហើយ មិនញុំាងព្រះសទ្ធម្មឲ្យសម្រេចបាន គង់នឹងត្រឡប់មកកាន់សង្សារ គឺការកើត និងការស្លាប់ អស់កាលដ៏យូរ មួយទៀត ពួកជនណា បាននូវអត្តភាពជាមនុស្ស ក្នុងព្រះសទ្ធម្ម ដែលព្រះតថាគត សំដែងល្អហើយ បានធ្វើហើយ នឹងធ្វើ ឬកំពុងធ្វើ តាមពាក្យនៃព្រះសាស្តា ពួកជនណា ដើរទៅកាន់ផ្លូវ ដែលព្រះតថាគត សំដែងទុកហើយ ពួកជននោះ ឈ្មោះថា ត្រាស់ដឹងនូវខណៈ និងព្រហ្មចារ្យដ៏ប្រសើរក្នុងលោក សេចក្តីសង្រួមណា ដែលព្រះពុទ្ធជាអាទិច្ចពន្ធុ ព្រះអង្គមានចក្ខុ បានសំដែងហើយ បុគ្គលមានចិត្តមិនទទឹកដោយកិលេស ជាអ្នកមានស្មារតីគ្រប់កាល គប្បីគ្រប់គ្រងក្នុងសេចក្តីសង្រួមទាំងនោះ ពួកជនណា បានដល់នូវការអស់ទៅនៃអាសវៈ ជនទាំងនោះ បានកាត់នូវអនុស័យទាំងពួង ដែលទៅកាន់សង្សារ ជាលំនៅនៃមារ ហើយដល់នូវត្រើយ គឺព្រះនិព្វាន ក្នុងលោក។
អនុរុទ្ធមហាវិតក្កសូត្រ ទី១០
[៣០] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងភេសកឡាវន ជាទីឲ្យនូវអភ័យដល់សត្វម្រឹគ ជិតក្រុងសុំសុមារគិរៈ ក្នុងភគ្គជនបទ។ ក្នុងសម័យនោះ ព្រះអនុរុទ្ធដ៏មានអាយុ គង់នៅក្នុងបាចីនវង្សទាយវន ក្នុងដែនចេតី។ គ្រានោះ ព្រះអនុរុទ្ធដ៏មានអាយុ នៅក្នុងទីស្ងាត់ពួនសម្ងំ មានចិត្តត្រិះរិះកើតឡើង យ៉ាងនេះថា នេះជាធម៌របស់អ្នកប្រាថ្នាតិច នេះមិនមែនជាធម៌របស់អ្នកប្រាថ្នាច្រើន នេះជាធម៌របស់អ្នកសន្តាស នេះមិនមែនជាធម៌របស់អ្នកមិនសន្តាស នេះជាធម៌របស់អ្នកស្ងាត់ នេះមិនមែនជាធម៌របស់អ្នកត្រេកអរ ក្នុងការច្រឡូកច្រឡំដោយពួក នេះជាធម៌របស់អ្នកប្រារព្ធព្យាយាម នេះមិនមែនជាធម៌របស់អ្នកខ្ជិលច្រអូស នេះជាធម៌របស់អ្នកមានស្មារតីខ្ជាប់ខ្ជួន នេះមិនមែនជាធម៌របស់អ្នកភ្លេចស្មារតី នេះជាធម៌របស់អ្នកមានចិត្តតាំងមាំ នេះមិនមែនជាធម៌របស់អ្នកមានចិត្តមិនតាំងមាំ នេះជាធម៌របស់អ្នកមានប្រាជ្ញា នេះមិនមែនជាធម៌របស់អ្នកឥតប្រាជ្ញា។ លំដាប់នោះ ព្រះដ៏មានព្រះភាគ ទ្រង់ជ្រាបច្បាស់នូវសេចក្តីត្រិះរិះក្នុងចិត្ត របស់ព្រះអនុរុទ្ធដ៏មានអាយុ ដោយព្រះហឫទ័យនៃព្រះអង្គហើយ ក៏បាត់អំពីភេសកឡាវន ជាទីឲ្យនូវអភ័យដល់សត្វម្រឹគ ជិតក្រុងសុំសុមារគិរៈ ក្នុងភគ្គជនបទ ស្រាប់តែមកប្រាកដ ក្នុងទីចំពោះមុខនៃព្រះអនុរុទ្ធដ៏មានអាយុ ក្នុងបាចីនវំសទាយវន ក្នុងដែនចេតី ព្រះអង្គទ្រង់គង់លើអាសនៈដែលគេក្រាលថ្វាយ ដូចជាបុរសមានកំឡាំង លានូវដៃដែលខ្លួនបត់ចូល ឬបត់ចូលនូវដៃ ដែលខ្លួនលាចេញ ដូច្នោះឯង។ ព្រះអនុរុទ្ធដ៏មានអាយុ ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះព្រះអនុរុទ្ធដ៏មានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះថា ម្នាលអនុរុទ្ធ ប្រពៃហើយ ៗ ម្នាលអនុរុទ្ធ អ្នកបានត្រិះរិះនូវមហាបុរិសវិតក្កៈប្រពៃហើយថា នេះជាធម៌របស់អ្នកប្រាថ្នាតិច នេះមិនមែនជាធម៌របស់អ្នកប្រាថ្នាច្រើន នេះជាធម៌របស់អ្នកសន្តោស នេះមិនមែនជាធម៌របស់អ្នកមិនសន្តោស នេះជាធម៌របស់អ្នកស្ងាត់ នេះមិនមែនជាធម៌របស់អ្នកត្រេកអរ ក្នុងការនៅច្រឡូកប្រឡំដោយពួក នេះជាធម៌របស់អ្នកប្រារព្ធព្យាយាម នេះមិនមែនជាធម៌ របស់អ្នកខ្ជិលច្រអូស នេះជាធម៌របស់អ្នកមានស្មារតីខ្ជាប់ខ្ជួន នេះមិនមែនជាធម៌របស់អ្នកភ្លេចស្មារតី នេះជាធម៌របស់អ្នកមានចិត្តតាំងមាំ នេះមិនមែនជាធម៌របស់អ្នកមានចិត្តមិនតាំងមាំ នេះជាធម៌របស់អ្នកមានប្រាជ្ញា នេះមិនមែនជាធម៌របស់អ្នកឥតប្រាជ្ញា។ ម្នាលអនុរុទ្ធ បើដូច្នោះ អ្នកត្រិះរិះនូវមហាបុរិសវិតក្កៈ ទី៨ នេះថា នេះជាធម៌របស់អ្នកមាននិប្បបញ្ចធម៌ គឺព្រះនិព្វាន ជាទីត្រេកអរ អ្នកត្រេកអរក្នុងនិប្បបញ្ចធម៌ នេះមិនមែនជាធម៌របស់អ្នកមានបបញ្ចធម៌ [តណ្ហា ទិដ្ឋិ មានះ។ អដ្ឋកថា។] ជាទីត្រេកអរ អ្នកត្រេកអរក្នុងបបញ្ចធម៌។ ម្នាលអនុរុទ្ធ កាលណាអ្នកនឹងត្រិះរិះ នូវមហាបុរិសវិតក្កៈ ទាំង៨ នេះ ម្នាលអនុរុទ្ធ កាលនោះ អ្នកនឹងប្រាថ្នាដរាបណា អ្នកនឹងស្ងាត់ចាកកាមទាំងឡាយ ស្ងាត់ចាកអកុសលធម៌ទាំងឡាយ ដល់បឋមជ្ឈាន ប្រកបដោយវិតក្កៈ និងវិចារៈ មានបីតិ និងសុខ កើតអំពីសេចក្តីស្ងប់ស្ងាត់ដរាបនោះ។ ម្នាលអនុរុទ្ធ កាលណាអ្នកនឹងត្រិះរិះ នូវមហាបុរិសវិតក្កៈទាំង ៨ នេះ ម្នាលអនុរុទ្ធ កាលនោះ អ្នកនឹងប្រាថ្នាដរាបណា ព្រោះរម្ងាប់នូវវិតក្កៈ និងវិចារៈ អ្នកនឹងដល់នូវទុតិយជ្ឈាន ជាធម្មជាត កើតមានក្នុងសន្តាននៃខ្លួន ប្រកបដោយសេចក្តីជ្រះថ្លា គឺសទ្ធា មានសភាពជាចិត្តខ្ពស់ឯក មិនមានវិតក្កៈ មិនមានវិចារៈ មានតែបីតិ និងសុខ ដែលកើតអំពីសមាធិ គឺបឋមជ្ឈាន (ដរាបនោះ)។ ម្នាលអនុរុទ្ធ កាលណាអ្នកត្រិះរិះនូវមហាបុរិសវិតក្កៈទាំង ៨ នេះ ម្នាលអនុរុទ្ធ កាលនោះ អ្នកនឹងប្រាថ្នា ដរាបណា អ្នកនឹងប្រកបដោយឧបេក្ខា ព្រោះមានចិត្តនឿយណាយ ចាកបីតិ មានស្មារតី ដឹងខ្លួន សោយនូវសេចក្តីសុខ ដោយនាមកាយ ព្រះអរិយៈទាំងឡាយ តែងសរសើរនូវបុគ្គល ដែលបានតតិយជ្ឈាននោះថា បុគ្គលនេះ ប្រកបដោយឧបេក្ខា មានស្មារតី មានធម៌ជាគ្រឿងនៅជាសុខដូច្នេះ ព្រោះតតិយជ្ឈានណា អ្នកនឹងដល់នូវតតិយជ្ឈាននោះ (ដរាបនោះ)។ ម្នាលអនុរុទ្ធ កាលណា អ្នកនឹងត្រិះរិះនូវមហាបុរិសវិតក្កៈទាំង ៨ នេះ ម្នាលអនុរុទ្ធ កាលនោះ អ្នកនឹងប្រាថ្នា ដរាបណា អ្នកនឹងដល់នូវចតុត្ថជ្ឈាន ជាធម្មជាត មានអារម្មណ៍មិនមែនជាទុក្ខ មិនមែនជាសុខ គឺឧបេក្ខា មានសតិដ៏បរិសុទ្ធដោយឧបេក្ខា ព្រោះលះបង់នូវសុខផង លះបង់នូវទុក្ខផង អស់ទៅនៃសោមនស្ស និងទោមនស្សផង (ដរាបនោះ)។ ម្នាលអនុរុទ្ធ កាលណា អ្នកនឹងត្រិះរិះនូវមហាបុរិសវិតក្កៈទាំង ៨ នេះផង ជាអ្នកបានតាមប្រាថ្នា បានមិនលំបាក បានដោយងាយ នូវឈានទាំង ៤ នេះ ប្រព្រឹត្តទៅក្នុងចិត្តដ៏ថ្លៃថ្លា ជាគ្រឿងនៅជាសុខក្នុងបច្ចុប្បន្នផង ម្នាលអនុរុទ្ធ ដូចជាទូសម្រាប់ដាក់សំពត់ដ៏ពេញដោយសំពត់ទាំងឡាយ ដែលគេជ្រលក់ដោយពណ៌ផ្សេងៗ របស់គហបតី ឬគហបតិបុត្ត យ៉ាងណាមិញ បំសុកូលចីវរ ក៏នឹងប្រាកដដល់អ្នកដែលសន្តោស ដើម្បីសេចក្តីត្រេកអរ ដើម្បីមិនតក់ស្លុត ដើម្បីនៅសប្បាយ ដើម្បីចុះកាន់ព្រះនិព្វាន ក្នុងកាលនោះ ក៏យ៉ាងនោះដែរ។ ម្នាលអនុរុទ្ធ កាលណាអ្នកនឹងត្រិះរិះនូវមហាបុរិសវិតក្កៈទាំង ៨ នេះផង ជាអ្នកបានតាមប្រាថ្នា បានមិនលំបាក បានដោយងាយនូវឈានទាំង ៤ នេះ ប្រព្រឹត្តទៅក្នុងចិត្តដ៏ថ្លៃថ្លា ជាគ្រឿងនៅជាសុខ ក្នុងបច្ចុប្បន្នផង ម្នាលអនុរុទ្ធ ដូចជាបាយនៃស្រូវសាលីរបស់គហបតី ឬគហបតិបុត្ត ដែលប្រាសចាកពណ៌ខ្មៅ មានសម្លច្រើនមុខ មានម្ហូបក្រៀមច្រើនមុខ យ៉ាងណាមិញ ភោជនជាដុំ ជាពំនូត នឹងប្រាកដដល់អ្នកដែលសន្តោស ដើម្បីសេចក្តីត្រេកអរ ដើម្បីមិនតក់ស្លុត ដើម្បីនៅសប្បាយ ដើម្បីចុះកាន់ព្រះនិព្វាន ក្នុងកាលនោះ យ៉ាងនោះដែរ។ ម្នាលអនុរុទ្ធ កាលណាអ្នកនឹងត្រិះរិះនូវមហាបុរិសវិតក្កៈទាំង ៨ នេះផង ជាអ្នកបានតាមប្រាថ្នា បានមិនលំបាក បានដោយងាយនូវឈានទាំង ៤ នេះ ដែលប្រព្រឹត្តទៅក្នុងចិត្តដ៏ថ្លៃថ្លា ជាគ្រឿងនៅសប្បាយ ក្នុងបច្ចុប្បន្នផង ម្នាលអនុរុទ្ធ ដូចជាផ្ទះកំពូល របស់គហបតី ឬគហបតិបុត្ត ដែលគេលាបខាងក្នុង និងខាងក្រៅ មិនមានខ្យល់ (ចេញចូល) មានគន្លឹះដ៏ជិតស្និទ្ធ មានបង្អួចបិទហើយ យ៉ាងណាមិញ រុក្ខមូលសេនាសនៈ ក៏នឹងប្រាកដដល់អ្នកដែលសន្តោស ដើម្បីសេចក្តីត្រេកអរ ដើម្បីមិនតក់ស្លុត ដើម្បីនៅសប្បាយ ដើម្បីចុះកាន់ព្រះនិព្វាន ក្នុងកាលនោះ ក៏យ៉ាងនោះដែរ។ ម្នាលអនុរុទ្ធ កាលណាអ្នកនឹងត្រិះរិះនូវមហាបុរិសវិតក្កៈទាំង ៨ នេះផង ជាអ្នកបានតាមប្រាថ្នា បានមិនលំបាក បានដោយងាយ នូវឈានទាំង ៤ នេះ ដែលប្រព្រឹត្តទៅក្នុងចិត្តដ៏ថ្លៃថ្លា ជាគ្រឿងនៅជាសុខក្នុងបច្ចុប្បន្នផង ម្នាលអនុរុទ្ធ ដូចជាបល្លង្ក (គ្រែដែលមានជើងខ្ពស់ វិចិត្រដោយរូបសត្វសាហាវ) របស់គហបតី ឬគហបតិបុត្ត ដែលក្រាលដោយព្រំ មានរោមវែងជាង ៤ ធ្នាប់ ដែលក្រាលដោយកម្រាលមានពណ៌ស ដែលធ្វើដោយរោមសត្វ ដែលក្រាលដោយកម្រាលធ្វើដោយរោមសត្វ ជាផ្កាចង្កោម មានកម្រាលដ៏ឧត្តម ដែលគេធ្វើដោយស្បែកសត្វឈ្មុស មានខ្នើយមានពណ៌ក្រហមទាំងពីរខាង គឺខ្នើយក្បាល និងខ្នើយជើង ព្រមទាំងពិដានមានពណ៌ក្រហមពីខាងលើ យ៉ាងណាមិញ ទីដេក និងទីអង្គុយ ដែលធ្វើដោយកម្រាលស្មៅ ក៏នឹងប្រាកដដល់អ្នកដែលសន្តោស ដើម្បីសេចក្តីត្រេកអរ ដើម្បីមិនតក់ស្លុត ដើម្បីនៅសប្បាយ ដើម្បីចុះកាន់ព្រះនិព្វាន ក្នុងកាលនោះ ក៏យ៉ាងនោះដែរ។ ម្នាលអនុរុទ្ធ កាលណាអ្នកនឹងត្រិះរិះនូវមហាបុរិសវិតក្កៈទាំង ៨ នេះផង ជាអ្នកបានតាមប្រាថ្នា បានមិនលំបាក បានដោយងាយ នូវឈានទាំង ៤ នេះ ប្រព្រឹត្តទៅក្នុងចិត្តដ៏ថ្លៃថ្លា ជាគ្រឿងនៅជាសុខ ក្នុងបច្ចុប្បន្នផង ម្នាលអនុរុទ្ធ ដូចជាភេសជ្ជៈផ្សេង ៗ គឺទឹកដោះថ្លា ទឹកដោះខាប់ ប្រេង ទឹកឃ្មុំ ទឹកអំពៅ របស់គហបតី ឬគហបតិបុត្ត យ៉ាងណាមិញ ថ្នាំដែលត្រាំដោយទឹកមូត្រស្អុយ នឹងប្រាកដដល់អ្នកដែលសន្តោស ដើម្បីសេចក្តីត្រេកអរ ដើម្បីមិនតក់ស្លុត ដើម្បីនៅសប្បាយ ដើម្បីចុះកាន់ព្រះនិព្វាន ក្នុងកាលនោះ ក៏យ៉ាងនោះដែរ។ ម្នាលអនុរុទ្ធ បើដូច្នោះ អ្នកគប្បីនៅចាំវស្សាតទៅទៀត ក្នុងបាចីនវំសទាយវន ជិតដែនចេតីនេះចុះ។ ព្រះអនុរុទ្ធដ៏មានអាយុ ទទួលស្តាប់ព្រះពុទ្ធដីកាថា ព្រះករុណា ព្រះអង្គ។ គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់ទូន្មានព្រះអនុរុទ្ធដ៏មានអាយុ ដោយឱវាទនេះហើយ ក៏បាត់អំពីបាចីនវំសទាយវន ក្នុងដែនចេតី មកប្រាកដក្នុងភេសកឡាវន ជាទីឲ្យនូវអភ័យដល់ពួកសត្វម្រឹគ ជិតក្រុងសុំសុមារគិរៈ ក្នុងភគ្គជនបទ ព្រះអង្គគង់លើអាសនៈ ដែលគេក្រាលថ្វាយ ដូចជាបុរសមានកំឡាំង លាដៃដែលខ្លួនបត់ចូល ឬបត់ចូលនូវដៃ ដែលខ្លួនលាចេញដូច្នោះឯង។ លុះព្រះដ៏មានព្រះភាគ ទ្រង់គង់ហើយ ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ តថាគត នឹងសំដែងនូវមហាបុរិសវិតក្កៈ ៨ យ៉ាង ដល់អ្នកទាំងឡាយ អ្នកទាំងឡាយ ចូរស្តាប់នូវពាក្យនោះចុះ។បេ។ ម្នាលភិក្ខុទាំងឡាយ ចុះមហាបុរិសវិតក្កៈ ៨ យ៉ាង តើអ្វីខ្លះ។ ម្នាលភិក្ខុទាំងឡាយ នេះជាធម៌របស់អ្នកប្រាថ្នាតិច នេះមិនមែនជាធម៌របស់អ្នកប្រាថ្នាច្រើន ១ ម្នាលភិក្ខុទាំងឡាយ នេះជាធម៌របស់អ្នកមានសេចក្តីសន្តោស នេះមិនមែនជាធម៌របស់អ្នកមិនមានសេចក្តីសន្តោស ១ ម្នាលភិក្ខុទាំងឡាយ នេះជាធម៌របស់អ្នកស្ងាត់ នេះមិនមែនជាធម៌របស់អ្នកត្រេកអរដោយពួក ១ ម្នាលភិក្ខុទាំងឡាយ នេះជាធម៌របស់អ្នកប្រារព្ធសេចក្តីព្យាយាម នេះមិនមែនជាធម៌របស់អ្នកខ្ជិលច្រអូស ១ ម្នាលភិក្ខុទាំងឡាយ នេះជាធម៌របស់អ្នកមានស្មារតីខ្ជាប់ខ្លួន នេះមិនមែនជាធម៌របស់អ្នកភ្លេចស្មារតី ១ ម្នាលភិក្ខុទាំងឡាយ នេះជាធម៌របស់អ្នកមានចិត្តតាំងមាំ នេះមិនមែនជាធម៌របស់អ្នកមានចិត្តមិនតាំងមាំ ១ ម្នាលភិក្ខុទាំងឡាយ នេះជាធម៌របស់អ្នកមានប្រាជ្ញា នេះមិនមែនជាធម៌របស់អ្នកឥតប្រាជ្ញា ១ ម្នាលភិក្ខុទាំងឡាយ នេះជាធម៌របស់អ្នកមាននិប្បបញ្ចធម៌ គឺព្រះនិព្វាន ជាទីត្រេកអរ អ្នកត្រេកអរក្នុងនិប្បបញ្ចធម៌ នេះមិនមែនជាធម៌របស់អ្នកមានបបញ្ចធម៌ជាទីត្រេកអរ អ្នកត្រេកអរក្នុងបបញ្ចធម៌ ១។
ឯពាក្យថា ម្នាលភិក្ខុទាំងឡាយ នេះជាធម៌របស់អ្នកប្រាថ្នាតិច នេះមិនមែនជាធម៌របស់អ្នកប្រាថ្នាច្រើន ដូច្នេះនេះ ដែលតថាគតពោលហើយ ពាក្យនុ៎ះដែលតថាគតពោលហើយ តើព្រោះអាស្រ័យហេតុដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកប្រាថ្នាតិច រមែងមិនប្រាថ្នាថា ពួកជន គប្បីដឹងនូវអាត្មាអញ ថាជាអ្នកប្រាថ្នាតិច ដូច្នេះ ជាអ្នកមានសេចក្តីសន្តោស រមែងមិនប្រាថ្នាថា ពួកជន គប្បីដឹងនូវអាត្មាអញថា ជាអ្នកមានសេចក្តីសន្តោស ដូច្នេះ ជាអ្នកស្ងាត់ រមែងមិនប្រាថ្នាថា ពួកជនគប្បីដឹងនូវអាត្មាអញ ថាជាអ្នកស្ងាត់ ដូច្នេះ ជាអ្នកប្រារព្ធសេចក្តីព្យាយាម រមែងមិនប្រាថ្នាថា ពួកជន គប្បីដឹងនូវអាត្មាអញ ថាជាអ្នកប្រារព្ធសេចក្តីព្យាយាម ដូច្នេះ ជាអ្នកមានស្មារតីខ្ជាប់ខ្ជួន រមែងមិនប្រាថ្នាថា ពួកជន គប្បីដឹងនូវអាត្មាអញ ថាជាអ្នកមានស្មារតីខ្ជាប់ខ្ជួនដូច្នេះ ជាអ្នកមានចិត្តតាំងមាំ រមែងមិនប្រាថ្នាថា ពួកជន គប្បីដឹងនូវអាត្មាអញ ថាជាអ្នកមានចិត្តតាំងមាំ ដូច្នេះ ជាអ្នកមានប្រាជ្ញា រមែងមិនប្រាថ្នាថា ពួកជន គប្បីដឹងនូវអាត្មាអញ ថាជាអ្នកមានប្រាជ្ញា ដូច្នេះ ជាអ្នកមាននិប្បបញ្ចធម៌ ជាទីត្រេកអរ រមែងមិនប្រាថ្នាថា ពួកជន គប្បីដឹងនូវអាត្មាអញ ថាជាអ្នកមាននិប្បបញ្ចធម៌ ជាទីត្រេកអរ ដូច្នេះ។ ពាក្យណាថា ម្នាលភិក្ខុទាំងឡាយ នេះជាធម៌របស់អ្នកប្រាថ្នាតិច នេះមិនមែនជាធម៌របស់អ្នកប្រាថ្នាច្រើនដូច្នេះ ដែលតថាគតពោលហើយ ពាក្យនុ៎ះ តថាគតពោលហើយ ព្រោះអាស្រ័យហេតុនេះ។
ពាក្យថា ម្នាលភិក្ខុទាំងឡាយ នេះជាធម៌របស់អ្នកមានសេចក្តីសន្តោស នេះមិនមែនជាធម៌របស់អ្នកមិនមានសេចក្តីសន្តោស ដូច្នេះនេះ ដែលតថាគតពោលហើយ ពាក្យនុ៎ះ ដែលតថាគតពោលហើយ តើព្រោះអាស្រ័យហេតុដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកសន្តោសដោយចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារតាមមាន តាមបាន ពាក្យណាថា ម្នាលភិក្ខុទាំងឡាយ នេះជាធម៌របស់អ្នកមានសេចក្តីសន្តោស នេះមិនមែនជាធម៌របស់អ្នកមិនមានសេចក្តីសន្តោស ដូច្នេះ ដែលតថាគតពោលហើយ ពាក្យនុ៎ះ តថាគតពោលហើយ ព្រោះអាស្រ័យហេតុនេះ។
ពាក្យថា ម្នាលភិក្ខុទាំងឡាយ នេះជាធម៌របស់អ្នកស្ងាត់ នេះមិនមែនជាធម៌របស់អ្នកត្រេកអរដោយពួក ដូច្នេះនេះ ដែលតថាគតពោលហើយ ពាក្យនុ៎ះ តថាគតពោលហើយ តើព្រោះអាស្រ័យហេតុដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកស្ងប់ស្ងាត់ នៅមានពួកភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកា ព្រះរាជា មហាមាត្យរបស់ព្រះរាជា តិរិ្ថយ និងសាវករបស់តិរ្ថិយ រមែងចូលទៅរកភិក្ខុនោះ។ ក្នុងទីនោះ ភិក្ខុមានចិត្តឱនទៅរកវិវេក ឈានទៅរកវិវេក បែរទៅរកវិវេក ដំកល់នៅក្នុងវិវេក ត្រេកអរចំពោះក្នុងការចេញចាកកាម ជាអ្នកធ្វើតាមនូវពាក្យ ដែលប្រកបចំពោះដោយពាក្យ ដែលគួរបញ្ជូនទៅដោយពិត ពាក្យណាថា ម្នាលភិក្ខុទាំងឡាយ នេះជាធម៌របស់អ្នកស្ងាត់ នេះមិនមែនជាធម៌របស់អ្នកត្រេកអរដោយពួក ដូច្នេះ ដែលតថាគតពោលហើយ ពាក្យនុ៎ះ តថាគតពោលហើយ ព្រោះអាស្រ័យហេតុនេះ។
ពាក្យថា ម្នាលភិក្ខុទាំងឡាយ នេះជាធម៌របស់អ្នកប្រារព្ធព្យាយាម នេះមិនមែនជាធម៌របស់អ្នកខ្ជិលច្រអូស ដូច្នេះនេះ ដែលតថាគតពោលហើយ ពាក្យនុ៎ះតថាគតពោលហើយ តើព្រោះអាស្រ័យហេតុដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកប្រារព្ធសេចក្តីព្យាយាម ដើម្បីលះបង់នូវពួកអកុសលធម៌ ដើម្បីញុំាងពួកកុសលធម៌ឲ្យកើតឡើង ជាអ្នកមានកំឡាំង មានសេចក្តីប្រឹងប្រែងមាំ មិនទំលាក់ធុរៈចោលក្នុងកុសលធម៌ទាំងឡាយ ពាក្យណាថា ម្នាលភិក្ខុទាំងឡាយ នេះជាធម៌របស់អ្នកប្រារព្ធព្យាយាម នេះមិនមែនជាធម៌របស់អ្នកខ្ជិលច្រអូស ដូច្នេះ ដែលតថាគតពោលហើយ ពាក្យនុ៎ះ តថាគតពោលហើយ ព្រោះអាស្រ័យហេតុនេះ។
ពាក្យថា ម្នាលភិក្ខុទាំងឡាយ នេះជាធម៌របស់អ្នកមានស្មារតីខ្ជាប់ខ្ជួន នេះមិនមែនជាធម៌របស់អ្នកភ្លេចស្មារតីដូច្នេះនេះ ដែលតថាគតពោលហើយ ពាក្យនុ៎ះ តថាគតពោលហើយ តើព្រោះអាស្រ័យហេតុដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកមានស្មារតី ប្រកបដោយស្មារតី និងភាពជាអ្នកមានប្រាជ្ញាចាស់ក្លាដ៏ខ្ពង់ខ្ពស់ នឹកឃើញ រឭកបានរឿយ ៗ នូវអំពើដែលធ្វើរួចយូរហើយផង នូវសំដីដែលនិយាយរួចយូរហើយផង ពាក្យណាថា ម្នាលភិក្ខុទាំងឡាយ នេះជាធម៌របស់អ្នកមានស្មារតីខ្ជាប់ខ្ជួន នេះមិនមែនជាធម៌របស់អ្នកភ្លេចស្មារតី ដូច្នេះ ដែលតថាគតពោលហើយ ពាក្យនុ៎ះ តថាគតពោលហើយ ព្រោះអាស្រ័យហេតុនេះ។
ពាក្យថា ម្នាលភិក្ខុទាំងឡាយ នេះជាធម៌របស់អ្នកមានចិត្តតាំងមាំ នេះមិនមែនជាធម៌របស់អ្នកមានចិត្តមិនតាំងមាំ ដូច្នេះនេះ ដែលតថាគតពោលហើយ ពាក្យនុ៎ះ តថាគតពោលហើយ តើព្រោះអាស្រ័យហេតុដូចម្តេច។
ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ស្ងប់ស្ងាត់ចាកកាមទាំងឡាយ។បេ។ ដល់នូវចតុត្ថជ្ឈាន ពាក្យណាថា ម្នាលភិក្ខុទាំងឡាយ នេះជាធម៌របស់អ្នកមានចិត្តតាំងមាំ នេះមិនមែនជាធម៌របស់អ្នកមានចិត្តមិនតាំងមាំដូច្នេះ ដែលតថាគតពោលហើយ ពាក្យនុ៎ះ តថាគតពោលហើយ ព្រោះអាស្រ័យហេតុនេះ។
ពាក្យថា ម្នាលភិក្ខុទាំងឡាយ នេះជាធម៌ របស់អ្នកមានប្រាជ្ញា នេះមិនមែនជាធម៌របស់អ្នកឥតប្រាជ្ញា ដូច្នេះនេះ ដែលតថាគតពោលហើយ ពាក្យនុ៎ះ តថាគតពោលហើយ តើព្រោះអាស្រ័យហេតុដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកមានប្រាជ្ញា ប្រកបដោយប្រាជ្ញា ជាដំណើរទៅកាន់សេចក្តីចំរើន និងសេចក្តីវិនាស ជាប្រាជ្ញាដ៏ប្រសើរ ជាគ្រឿងត្រាស់ដឹង ជាដំណើរទៅកាន់ការអស់ទៅនៃទុក្ខដោយប្រពៃ ពាក្យណាថា ម្នាលភិក្ខុទាំងឡាយ នេះជាធម៌របស់អ្នកមានប្រាជ្ញា នេះមិនមែនជាធម៌ របស់អ្នកឥតប្រាជ្ញាដូច្នេះ ដែលតថាគតពោលហើយ ពាក្យនុ៎ះ តថាគតពោលហើយ ព្រោះអាស្រ័យហេតុនេះ។
ពាក្យថា ម្នាលភិក្ខុទាំងឡាយ នេះជាធម៌របស់អ្នកមាននិប្បបញ្ចធម៌ជាទីត្រេកអរ អ្នកត្រេកអរក្នុងនិប្បបញ្ចធម៌ នេះមិនមែនជាធម៌របស់អ្នកមានបបញ្ចធម៌ជាទីត្រេកអរ អ្នកត្រេកអរ ក្នុងបបញ្ចធម៌ ដូច្នេះនេះ ដែលតថាគតពោលហើយ ពាក្យនុ៎ះ តថាគតពោលហើយ តើព្រោះអាស្រ័យហេតុដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ចិត្តរបស់ភិក្ខុក្នុងសាសនានេះ រមែងស្ទុះទៅ រមែងជ្រះថ្លា រមែងតាំងនៅ រមែងបង្អោនទៅ ក្នុងកិរិយារលត់នៃបបញ្ចធម៌ គឺព្រះនិព្វាន ពាក្យណាថា ម្នាលភិក្ខុទាំងឡាយ នេះជាធម៌របស់អ្នកមាននិប្បបញ្ចធម៌ ជាទីត្រេកអរ អ្នកត្រេកអរក្នុងនិប្បបញ្ចធម៌ នេះមិនមែនជាធម៌របស់អ្នកមានបបញ្ចធម៌ជាទីត្រេកអរ អ្នកត្រេកអរ ក្នុងបបញ្ចធម៌ ដូច្នេះ ដែលតថាគតពោលហើយ ពាក្យនុ៎ះ តថាគតពោលហើយ ព្រោះអាស្រ័យហេតុនេះ។
គ្រានោះ ព្រះអនុរុទ្ធដ៏មានអាយុ ក៏នៅចាំវស្សាតទៅ ក្នុងបាចីនវំសទាយវន ក្នុងដែនចេតីនោះឯង។ លំដាប់នោះ ព្រះអនុរុទ្ធដ៏មានអាយុ តែម្នាក់ឯង ចៀសចេញចាកពួក មិនមានសេចក្តីប្រមាទ មានព្យាយាមដុតកំដៅកិលេស មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន ពួកកុលបុត្តចេញចាកផ្ទះ ចូលកាន់ផ្នួសដោយប្រពៃ ដើម្បីប្រយោជន៍ដល់អនុត្តរធម៌ណា មិនយូរប៉ុន្មាន លោកក៏បានធ្វើឲ្យជាក់ច្បាស់ នូវអនុត្តរធម៌ ដែលមានព្រហ្មចរិយៈជាទីបំផុតនោះ ដោយបញ្ញាដ៏ឧត្តមរបស់ខ្លួន ក្នុងបច្ចុប្បន្ន ក៏ដឹងច្បាស់ថា ជាតិអស់ហើយ ព្រហ្មចរិយធម៌ បាននៅរួចហើយ សោឡសកិច្ច បានធ្វើរួចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះ មិនមានទៀតឡើយ មានសេចក្តីសរសើរថា បណ្តាព្រះអរហន្តទាំងឡាយ ព្រះអនុរុទ្ធដ៏មានអាយុ ជាព្រះអរហន្តមួយអង្គដែរ។ លុះព្រះអនុរុទ្ធដ៏មានអាយុ បានដល់ព្រះអរហត្តហើយ បានពោលគាថាទាំងឡាយនេះ ក្នុងវេលានោះថា
ព្រះសាស្តា ជាបុគ្គលប្រសើរក្នុងលោក ព្រះអង្គទ្រង់ជ្រាបច្បាស់នូវសេចក្តីត្រិះរិះ របស់អាត្មាអញ ទ្រង់មានកាយសម្រេចដោយចិត្ត ទ្រង់ស្តេចចូលមកដោយឫទ្ធិ តម្រិះរបស់អាត្មាអញ កើតមានយ៉ាងណា ព្រះអង្គក៏ទ្រង់សំដែងនូវធម៌ដ៏លើសលុបយ៉ាងនោះ ព្រះពុទ្ធទ្រង់ត្រេកអរក្នុងនិប្បបញ្ចធម៌ ក៏ទ្រង់សំដែងនូវនិប្បបញ្ចធម៌ អាត្មាអញ បានដឹងច្បាស់នូវធម៌របស់ព្រះអង្គ ក៏ត្រេកអរក្នុងសាសនា វិជ្ជាទាំង ៣ អាត្មាអញក៏បានសម្រេចហើយ សាសនារបស់ព្រះពុទ្ធ អាត្មាអញក៏បានធ្វើហើយ។
ចប់ គហបតិវគ្គ ទី៣។
ឧទ្ទាននៃគហបតិវគ្គនោះគឺ
និយាយអំពីឧគ្គគហបតី ពីរលើក ហត្ថកអាឡវក ពីរលើក សក្កមហានាម ១ ជីវកកោមារភត្យ ១ កំឡាំង ពីរលើក អក្ខណៈ ជាគំរប់ ១០ នឹងព្រះអនុរុទ្ធ។
ទានវគ្គ ទី៤
បឋមទានសូត្រ ទី១
[៣១] ម្នាលភិក្ខុទាំងឡាយ ទាននេះមាន ៨ យ៉ាង។ ទាន ៨ យ៉ាង តើដូចម្តេចខ្លះ។ គឺបុគ្គលឲ្យទាន ព្រោះបានចាត់ចែងទុកស្រេច ១ ឲ្យទានព្រោះភ័យ ១ ឲ្យទានដោយគិតថា គេបានឲ្យដល់អញ ១ ឲ្យទានដោយគិតថា គេនឹងឲ្យដល់អញវិញ ១ ឲ្យទានដោយគិតថា ទានជាការប្រពៃ ១ ឲ្យទានដោយគិតថា អញចំអិន បុគ្គលទាំងឡាយនេះ មិនទាន់ចំអិន អញកាលចំអិន មិនគួរដើម្បីមិនឲ្យទានដល់បុគ្គលមិនទាន់ចំអិន ១ ឲ្យទានដោយគិតថា កាលបើអញឲ្យនូវទាននេះ កិត្តិស័ព្ទដ៏ពីរោះ រមែងខ្ចរខ្ចាយទៅ ១ ឲ្យទានដើម្បីជាគ្រឿងប្រដាប់នៃចិត្ត និងជាបរិក្ខារនៃចិត្ត ១។ ម្នាលភិក្ខុទាំងឡាយ ទានមាន ៨ យ៉ាងនេះឯង។
ទុតិយទានសូត្រ ទី២
[៣២] សទ្ធាទាន ហិរិទាន កុសលទាន ធម៌ទាំងនេះ ជាធម៌តាំងនៅក្នុងពួកសប្បុរស សប្បុរសទាំងឡាយ តែងពោលនូវធម៌នេះ ថាជាផ្លូវទៅកាន់ទេវលោក ព្រោះថាបុគ្គលតែងទៅកាន់ទេវលោកបានដោយធម៌នេះ។
ទានវត្ថុសូត្រ ទី៣
[៣៣] ម្នាលភិក្ខុទាំងឡាយ ទានវត្ថុនេះមាន ៨ យ៉ាង។ ទានវត្ថុ ៨ យ៉ាង តើដូចម្តេចខ្លះ។ គឺបុគ្គលឲ្យទាន ព្រោះសេចក្តីស្រលាញ់ ១ ឲ្យទានព្រោះសេចក្តីខឹង ១ ឲ្យទានព្រោះសេចក្តីល្ងង់ ១ ឲ្យទានព្រោះសេចក្តីភ័យ ១ ឲ្យទានព្រោះគិតថា ជីដូនជីតាទាំងឡាយ (របស់អញ) ធ្លាប់ឲ្យ ធ្លាប់ធ្វើមក អញមិនគួរញុំាងវង្សត្រកូលពីបូរាណនុ៎ះឲ្យវិនាស ១ ឲ្យទានព្រោះគិតថា អញបានឲ្យទាននេះ លុះបែកធ្លាយរាងកាយស្លាប់ទៅ នឹងទៅកើតក្នុងសុគតិ សួគ៌ ទេវលោក ១ ឲ្យទានព្រោះគិតថា កាលអញឲ្យទាននេះ ចិត្តរមែងជ្រះថ្លា ទាំងសេចក្តីពេញចិត្ត និងសោមនស្ស ក៏រមែងកើតឡើង ១ ឲ្យទាន ដើម្បីជាគ្រឿងប្រដាប់នៃចិត្ត និងជាបរិក្ខារនៃចិត្ត ១។ ម្នាលភិក្ខុទាំងឡាយ ទានវត្ថុមាន ៨យ៉ាងនេះឯង។
ខេត្តសូត្រ ទី៤
[៣៤] ម្នាលភិក្ខុទាំងឡាយ ពូជដែលបុគ្គលសាបព្រោះក្នុងស្រែប្រកបដោយអង្គ ៨ ជាពូជមិនមានផលច្រើន មិនមានសេចក្តីត្រេកអរច្រើន មិនចំរើន។ ស្រែប្រកបដោយអង្គ ៨ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ស្រែក្នុងលោកនេះ ជាស្រែមានទីទួលខ្លះ ទីទំនាបខ្លះ ១ មានថ្ម និងក្រួស ១ មានទឹកប្រៃ ១ គន្លងនង្គ័លមិនជ្រៅ ១ មិនបរិបូណ៌ដោយផ្លូវទឹកសម្រាប់បញ្ចូល ១ មិនបរិបូណ៌ដោយផ្លូវទឹកសម្រាប់បញ្ចេញ ១ មិនបរិបូណ៌ដោយប្រឡាយទឹក ១ មិនបរិបូណ៌ដោយភ្លឺ ១។ ម្នាលភិក្ខុទាំងឡាយ ពូជដែលបុគ្គលសាបព្រោះក្នុងស្រែប្រកបដោយអង្គ ៨ យ៉ាងនេះ ជាពូជមិនមានផលច្រើន មិនមានសេចក្តីត្រេកអរច្រើន មិនចំរើនទេ។ ម្នាលភិក្ខុទាំងឡាយ ទានដែលបុគ្គលឲ្យ ចំពោះពួកសមណព្រាហ្មណ៍ ដែលប្រកបដោយអង្គ ៨ ជាទានមិនមានផលច្រើន មិនមានអានិសង្សច្រើន មិនមានសេចក្តីរុងរឿងច្រើន មិនផ្សាយទៅច្រើន ក៏យ៉ាងនោះដែរ។ សមណព្រាហ្មណ៍ ដែលប្រកបដោយអង្គ ៨ តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ពួកសមណព្រាហ្មណ៍ក្នុងលោកនេះ ជាអ្នកយល់ឃើញខុស ១ ត្រិះរិះខុស ១ និយាយខុស ១ ធ្វើការងារខុស ១ ចិញ្ចឹមជីវិតខុស ១ ព្យាយាមខុស ១ នឹករលឹកខុស ១ តាំងចិត្តខុស ១។ ម្នាលភិក្ខុទាំងឡាយ ទានដែលបុគ្គលឲ្យ ចំពោះសមណព្រាហ្មណ៍ ដែលប្រកបដោយអង្គ ៨ យ៉ាងនេះ ជាទានមិនមានផលច្រើន មិនមានអានិសង្សច្រើន មិនមានសេចក្តីរុងរឿងច្រើន មិនផ្សាយទៅច្រើន។
ម្នាលភិក្ខុទាំងឡាយ ចំណែកខាងពូជដែលបុគ្គលសាបព្រោះ ក្នុងស្រែប្រកបដោយអង្គ ៨ ទើបជាពូជមានផលច្រើន មានសេចក្តីត្រេកអរច្រើន មានសេចក្តីចំរើន។ ស្រែប្រកបដោយអង្គ ៨ តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ស្រែក្នុងលោកនេះ មិនមានទីទួលខ្លះ ឬទីទំនាបខ្លះ ១ មិនមានថ្ម និងក្រួស ១ មិនមានទឹកប្រៃ ១ មានគន្លងនង្គ័លជ្រៅ ១ បរិបូណ៌ដោយផ្លូវទឹកសម្រាប់បញ្ចូល ១ បរិបូណ៌ដោយផ្លូវទឹកសម្រាប់បញ្ចេញ ១ បរិបូណ៌ដោយប្រឡាយទឹក ១ បរិបូណ៌ដោយភ្លឺ ១។ ម្នាលភិក្ខុទាំងឡាយ ពូជដែលបុគ្គលសាបព្រោះ ក្នុងស្រែប្រកបដោយអង្គ ៨ យ៉ាងនេះ ជាពូជមានផលច្រើន មានសេចក្តីត្រេកអរច្រើន មានសេចក្តីចំរើន។ ម្នាលភិក្ខុទាំងឡាយ ទានដែលបុគ្គលឲ្យហើយ ចំពោះសមណព្រាហ្មណ៍ ដែលប្រកបដោយអង្គ ៨ ជាទានមានផលច្រើន មានអានិសង្សច្រើន មានសេចក្តីរុងរឿងច្រើន មានសេចក្តីផ្សាយទៅច្រើន ក៏យ៉ាងនោះដែរ។ សមណព្រាហ្មណ៍ ប្រកបដោយអង្គ ៨ តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ពួកសមណព្រាហ្មណ៍ ក្នុងលោកនេះ ជាអ្នកយល់ឃើញត្រូវ ១ ត្រិះរិះត្រូវ ១ និយាយត្រូវ ១ ធ្វើការងារត្រូវ ១ ចិញ្ចឹមជីវិតត្រូវ ១ ព្យាយាមត្រូវ ១ នឹករលឹកត្រូវ ១ តាំងចិត្តត្រូវ ១។ ម្នាលភិក្ខុទាំងឡាយ ទានដែលបុគ្គលឲ្យហើយ ចំពោះពួកសមណព្រាហ្មណ៍ ដែលប្រកបដោយអង្គ ៨ យ៉ាងនេះ ទើបជាទានមានផលច្រើន មានអានិសង្សច្រើន មានសេចក្តីរុងរឿងច្រើន មានសេចក្តីផ្សាយទៅច្រើន។
ពូជដ៏បរិបូណ៌ ដែលគេសាបព្រោះក្នុងស្រែដ៏ល្អ កាលបើមានភ្លៀងស្រួល ការបរិបូណ៌ដោយគ្រាប់ស្រូវ ក៏រមែងមាន គឺបរិបូណ៌ដោយការមិនអន្តរាយ ១ ការចំរើនឡើង បរិបូណ៌ ១ ការលូតលាស់ បរិបូណ៌ ១ ផ្លែហ្នឹងឯង បរិបូណ៌ ១ មានឧបមាយ៉ាងណាមិញ។ ភោជនដ៏បរិបូណ៌ ដែលបុគ្គលឲ្យហើយ ចំពោះពួកបុគ្គលមានសីលបរិបូណ៌ រមែងញុំាងចំណែកកុសលឲ្យកើតឡើង កុសលកម្មដែលបុគ្គលនោះធ្វើហើយ ឈ្មោះថាកម្មដ៏បរិបូណ៌ មានឧបមេយ្យយ៉ាងនោះដែរ ព្រោះហេតុនោះ បុគ្គលក្នុងលោកនេះ ជាអ្នកបរិបូណ៌ មានប្រាថ្នានូវសេចក្តីបរិបូណ៌ គួរសេពគប់នូវបុគ្គលដែលមានបញ្ញាដ៏បរិបូណ៌ ការបរិបូណ៌ រមែងសម្រេចយ៉ាងនេះឯង។ បុគ្គលអ្នកបរិបូណ៌ដោយវិជ្ជា និងចរណៈ បាននូវសេចក្តីបរិបូណ៌នៃចិត្ត រមែងធ្វើនូវកម្មដ៏បរិបូណ៌ផង បាននូវប្រយោជន៍ក៏បរិបូណ៌។ បុគ្គលដឹងច្បាស់នូវសត្វលោក តាមសេចក្តីពិត រមែងសម្រេចនូវវិបស្សនាសម្មាទិដ្ឋិដ៏បរិបូណ៌ បុគ្គលអាស្រ័យនូវមគ្គដ៏បរិបូណ៌ មានចិត្តដ៏បរិបូណ៌ រមែងដល់នូវ (ព្រះអរហត្ត)។ បុគ្គលកំចាត់បង់នូវមន្ទិលទាំងពួង ដល់នូវព្រះនិព្វាន ដ៏បរិបូណ៌ រមែងរួចចាកទុក្ខទាំងពួង ការរួចចាកទុក្ខនោះឯង ទើបឈ្មោះថា សេចក្តីបរិបូណ៌គ្រប់យ៉ាង។
ទានូបបត្តិសូត្រ ទី៥
[៣៥] ម្នាលភិក្ខុទាំងឡាយ ការកើតឡើងនៃទាននេះ មាន ៨ យ៉ាង។ ការកើតឡើងនៃទាន ៨ យ៉ាង តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ឲ្យទាន គឺបាយ ទឹក សំពត់ យានជំនិះ កំរងផ្កា គ្រឿងក្រអូប គ្រឿងលាប ទីដេក ទីអាស្រ័យនៅ គ្រឿងប្រដាប់ ប្រទីប ជាទាន ដល់សមណៈ ឬព្រាហ្មណ៍ បុគ្គលនោះ ឲ្យនូវវត្ថុណា ក៏ប្រាថ្នានូវវត្ថុនោះ បុគ្គលនោះឃើញពួកខត្តិយមហាសាលក្តី ព្រាហ្មណមហាសាលក្តី គហបតិមហាសាលក្តី ដែលកំពុងឆ្អែតស្កប់ស្កល់ មូលមិត្រ បំរើដោយកាមគុណទាំង ៥។ បុគ្គលនោះ មានសេចក្តីត្រិះរិះយ៉ាងនេះថា ឱហ្ន៎ អញលុះបែកធ្លាយរាងកាយ ស្លាប់ទៅ សូមឲ្យទៅកើតជាមួយនឹងខត្តិយមហាសាលក្តី ព្រាហ្មណមហាសាលក្តី គហបតិមហាសាលក្តី បុគ្គលនោះ ក៏ដម្កល់ចិត្តនោះ អធិដ្ឋានចិត្តនោះ ចំរើនចិត្តនោះ ចិត្តរបស់បុគ្គលនោះ ក៏ស៊ប់ក្នុងកាមគុណដ៏ថោកទាប មិនបានចំរើនគុណធម៌ដ៏លើសលុបឡើងទៅទៀត លុះបែកធ្លាយរាងកាយស្លាប់ទៅ ក៏រមែងទៅកើតជាមួយនឹងពួកខត្តិយមហាសាលខ្លះ ព្រាហ្មណមហាសាលខ្លះ គហបតិមហាសាលខ្លះ ម្នាលភិក្ខុទាំងឡាយ តថាគតពោលនូវការសម្រេចនោះឯង ចំពោះបុគ្គលមានសីល មិនចំពោះបុគ្គលទ្រុស្តសីលឡើយ សេចក្តីប្រាថ្នាដោយចិត្តរបស់បុគ្គលមានសីល រមែងសម្រេចព្រោះចិត្តដ៏បរិសុទ្ធ ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ឲ្យទានគឺបាយ ទឹក សំពត់ យានជំនិះ កម្រងផ្កា គ្រឿងក្រអូប គ្រឿងលាប ទីដេក ទីអាស្រ័យនៅ គ្រឿងប្រដាប់ ប្រទីប ជាទានដល់សមណៈ ឬព្រាហ្មណ៍ បុគ្គលនោះឲ្យវត្ថុណា ក៏ប្រាថ្នាវត្ថុនោះ បុគ្គលនោះ បានឮថា ពួកទេវតាចាតុម្មហារាជិកៈ មានអាយុវែង មានសម្បុរល្អ មានសេចក្តីសុខច្រើន បុគ្គលនោះ មានសេចក្តីត្រិះរិះយ៉ាងនេះថា ឱហ្ន៎ អាត្មាអញលុះបែកធ្លាយរាងកាយ ស្លាប់ទៅ សូមឲ្យទៅកើតជាមួយនឹងពួកទេវតាចាតុម្មហារាជិកៈ បុគ្គលនោះ ដម្កល់ចិត្តនោះ អធិដ្ឋានចិត្តនោះ ចំរើនចិត្តនោះ ចិត្តរបស់បុគ្គលនោះ ក៏ចុះស៊ប់ក្នុងកាមគុណដ៏ថោកទាប មិនចំរើនគុណធម៌ដ៏លើសលុបឡើងទៅទៀត លុះបែកធ្លាយរាងកាយស្លាប់ទៅ ក៏រមែងទៅកើតជាមួយនឹងពួកទេវតាចាតុម្មហារាជិកៈ ម្នាលភិក្ខុទាំងឡាយ តថាគតពោលនូវការសម្រេចនោះឯង ចំពោះបុគ្គលមានសីល មិនចំពោះបុគ្គលទ្រុស្តសីលឡើយ ម្នាលភិក្ខុទាំងឡាយ សេចក្តីប្រាថ្នាដោយចិត្តរបស់បុគ្គលមានសីល រមែងសម្រេចព្រោះចិត្តបរិសុទ្ធ ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ឲ្យទានគឺបាយ ទឹក សំពត់ យានជំនិះ កម្រងផ្កា គ្រឿងក្រអូប គ្រឿងលាប ទីដេក ទីអាស្រ័យនៅ គ្រឿងប្រដាប់ ប្រទីប ជាទាន ដល់សមណៈ ឬព្រាហ្មណ៍ បុគ្គលនោះ ឲ្យវត្ថុណា ក៏ប្រាថ្នាវត្ថុនោះ បុគ្គលនោះ បានឮថា ពួកទេវតាតាវត្តិង្ស។បេ។ ពួកទេវតាយាមៈ . . . ពួកទេវតាតុសិត . . . ពួកទេវតានិម្មារតី . . . ពួកទេវតាបរនិម្មិតវសវត្តី មានអាយុវែង មានសម្បុល្អ មានសេចក្តីសុខច្រើន បុគ្គលនោះ មានសេចក្តីត្រិះរិះយ៉ាងនេះថា ឱហ្ន៎ អាត្មាអញ លុះបែកធ្លាយរាងកាយ ស្លាប់ទៅ សូមឲ្យទៅកើតជាមួយនឹងពួកទេវតាបរនិម្មិតវសវត្តី បុគ្គលនោះ ដម្កល់ចិត្តនោះ អធិដ្ឋានចិត្តនោះ ចំរើនចិត្តនោះ ចិត្តរបស់បុគ្គលនោះ ក៏ចុះស៊ប់ក្នុងកាមគុណដ៏ថោកទាប មិនបានចំរើនគុណធម៌ដ៏លើសលុបឡើងទៅទៀត លុះបែកធ្លាយរាងកាយស្លាប់ទៅ ក៏រមែងទៅកើតជាមួយនឹងពួកទេវតាបរនិម្មិតវសវត្តី ម្នាលភិក្ខុទាំងឡាយ តថាគតពោលនូវការសម្រេចនោះឯង ចំពោះបុគ្គលមានសីល មិនចំពោះបុគ្គលទ្រុស្តសីលឡើយ ម្នាលភិក្ខុទាំងឡាយ សេចក្តីប្រាថ្នាដោយចិត្ត របស់បុគ្គលមានសីល រមែងសម្រេចព្រោះចិត្តបរិសុទ្ធ ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ឲ្យទានគឺបាយ ទឹក សំពត់ យានជំនិះ កម្រងផ្កា គ្រឿងក្រអូប គ្រឿងលាប ទីដេក ទីអាស្រ័យនៅ គ្រឿងប្រដាប់ ប្រទីប ជាទាន ដល់សមណៈ ឬព្រាហ្មណ៍ បុគ្គលនោះឲ្យវត្ថុណា ក៏ប្រាថ្នាវត្ថុនោះ បុគ្គលនោះ បានឮថា ពួកទេវតា ព្រហ្មកាយិកៈ មានអាយុវែង មានសម្បុរល្អ មានសេចក្តីសុខច្រើន បុគ្គលនោះ មានសេចក្តីត្រិះរិះយ៉ាងនេះថា ឱហ្ន៎ អាត្មាអញលុះបែកធ្លាយរាងកាយ ស្លាប់ទៅ សូមឲ្យទៅកើតជាមួយនឹងពួកទេវតាព្រហ្មកាយិកៈ បុគ្គលនោះ ដម្កល់ចិត្តនោះ តាំងចិត្តនោះ ចំរើនចិត្តនោះ ចិត្តរបស់បុគ្គលនោះ ក៏ចុះស៊ប់ក្នុងកាមគុណដ៏ថោកទាប មិនចំរើនគុណធម៌ដ៏លើសលុបឡើងទៅទៀត លុះបែកធ្លាយរាងកាយស្លាប់ទៅ រមែងទៅកើតជាមួយនឹងពួកទេវតាព្រហ្មកាយិកៈ តថាគតពោលនូវការសម្រេចនោះឯង ចំពោះបុគ្គលមានសីល មិនចំពោះបុគ្គលទ្រុស្តសីលទេ ទានចំពោះបុគ្គលប្រាសចាករាគៈ មិនចំពោះបុគ្គលប្រកបដោយរាគៈទេ ម្នាលភិក្ខុទាំងឡាយ សេចក្តីប្រាថ្នាដោយចិត្តរបស់បុគ្គលមានសីល រមែងសម្រេចព្រោះប្រាសចាករាគៈ ១។ ម្នាលភិក្ខុទាំងឡាយ ការកើតឡើងនៃទាន មាន៨ ប្រការនេះឯង។
បុញ្ញកិរិយវត្ថុសូត្រ ទី៦
[៣៦] ម្នាលភិក្ខុទាំងឡាយ បុញ្ញកិរិយាវត្ថុនេះមាន ៣ យ៉ាង។ បុញ្ញកិរិយាវត្ថុ ៣ យ៉ាង តើដូចម្តេចខ្លះ។ គឺទានមយបុញ្ញកិរិយាវត្ថុ (វត្ថុជាទីតាំងនៃការបំពេញបុណ្យ សម្រេចអំពីការឲ្យ) ១ សីលមយបុញ្ញកិរិយាវត្ថុ (វត្ថុជាទីតាំងនៃការបំពេញបុណ្យ សម្រេចអំពីការរក្សាសីល) ១ ភាវនាមយបុញ្ញកិរិយាវត្ថុ (វត្ថុជាទីតាំងនៃការបំពេញបុណ្យសម្រេចអំពីការចំរើន) ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ធ្វើទានមយបុញ្ញកិរិយាវត្ថុ មានប្រមាណតិច ធ្វើសីលមយបុញ្ញកិរិយាវត្ថុ មានប្រមាណតិច ប៉ុន្តែភាវនាមយបុញ្ញកិរិយាវត្ថុ មិនទាន់សម្រេចនៅឡើយ។ បុគ្គលនោះ លុះបែកធ្លាយរាងកាយស្លាប់ទៅ រមែងទៅកើតក្នុងត្រកូលមនុស្សថោកទាប។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ធ្វើទានមយបុញ្ញកិរិយាវត្ថុល្មមប្រមាណ ធ្វើសីលមយបុញ្ញកិរិយាវត្ថុក៏ល្មមប្រមាណ ប៉ុន្តែភាវនាមយបុញ្ញកិរិយាវត្ថុ មិនទាន់សម្រេចនៅឡើយ។ បុគ្គលនោះ លុះបែកធ្លាយរាងកាយស្លាប់ទៅ រមែងកើតក្នុងត្រកូលមនុស្សដ៏ខ្ពង់ខ្ពស់។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ធ្វើទានមយបុញ្ញកិរិយាវត្ថុដ៏ច្រើនក្រៃលែង ធ្វើសីលមយបុញ្ញកិរិយាវត្ថុដ៏ច្រើនក្រៃលែង ប៉ុន្តែភាវនាមយបុញ្ញកិរិយាវត្ថុ មិនទាន់សម្រេចនៅឡើយ។ បុគ្គលនោះ លុះបែកធ្លាយរាងកាយស្លាប់ទៅ រមែងទៅកើតជាមួយនឹងពួកទេវតាចាតុម្មហារាជិកៈ។ ម្នាលភិក្ខុទាំងឡាយ បណ្តាទេវតាទាំងនោះ មហារាជទាំង ៤ អង្គ បានធ្វើទានមយបុញ្ញកិរិយាវត្ថុច្រើនក្រៃពេក ធ្វើសីលមយបុញ្ញកិរិយាវត្ថុច្រើនក្រៃពេក រមែងខ្ពង់ខ្ពស់កន្លងនូវពួកទេវតាចាតុម្មហារាជិកៈ ដោយស្ថាន ១០ យ៉ាងគឺ អាយុជាទិព្យ ១ ពណ៌ជាទិព្យ ១ សុខជាទិព្យ ១ យសជាទិព្យ ១ អធិបតីជាទិព្យ ១ រូបជាទិព្យ ១ សំឡេងជាទិព្យ ១ ក្លិនជាទិព្យ ១ រសជាទិព្យ ១ ផោដ្ឋព្វៈជាទិព្យ ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ធ្វើទានមយបុញ្ញកិរិយាវត្ថុច្រើនក្រៃលែង ធ្វើសីលមយបុញ្ញកិរិយាវត្ថុច្រើនក្រែលែង ប៉ុន្តែភាវនាមយបុញ្ញកិរិយាវត្ថុ មិនទាន់សម្រេចនៅឡើយ។ បុគ្គលនោះ លុះបែកធ្លាយរាងកាយស្លាប់ទៅ រមែងទៅកើតជាមួយនឹងពួកទេវតាតាវត្តិង្ស។ ម្នាលភិក្ខុទាំងឡាយ បណ្តាទេវតាទាំងនោះ សក្កទេវរាជ ជាធំជាងទេវតា បានធ្វើទានមយបុញ្ញកិរិយាវត្ថុដ៏ច្រើនក្រៃពេក ធ្វើសីលមយបុញ្ញកិរិយាវត្ថុដ៏ច្រើនក្រៃពេក រមែងខ្ពង់ខ្ពស់កន្លងទេវតាជាន់តាវត្តិង្ស ដោយស្ថាន ១០ យ៉ាង គឺ អាយុជាទិព្យ ១។បេ។ ផោដ្ឋព្វៈជាទិព្យ ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ធ្វើទានមយបុញ្ញកិរិយាវត្ថុច្រើនក្រៃលែង ធ្វើសីលមយបុញ្ញកិរិយាវត្ថុច្រើនក្រៃលែង ប៉ុន្តែភាវនាមយបុញ្ញកិរិយាវត្ថុ មិនទាន់សម្រេចនៅឡើយ។ បុគ្គលនោះ លុះបែកធ្លាយរាងកាយស្លាប់ទៅ ក៏រមែងទៅកើតជាមួយនឹងពួកទេវតាជាន់យាមៈ។ ម្នាលភិក្ខុទាំងឡាយ បណ្តាទេវតាទាំងនោះ សុយាមទេវបុត្រ បានធ្វើទានមយបុញ្ញកិរិយាវត្ថុដ៏ច្រើនក្រៃពេក បានធ្វើសីលមយបុញ្ញកិរិយាវត្ថុដ៏ច្រើនក្រៃពេក រមែងខ្ពង់ខ្ពស់កន្លងនូវពួកទេវតាជាន់យាមៈ ដោយស្ថាន ១០ យ៉ាងគឺ អាយុជាទិព្យ ១។បេ។ ផោដ្ឋព្វៈជាទិព្យ ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ធ្វើទានមយបុញ្ញកិរិយាវត្ថុច្រើនក្រៃលែង ធ្វើសីលមយបុញ្ញកិរិយាវត្ថុច្រើនក្រែលែង ប៉ុន្តែភាវនាមយបុញ្ញកិរិយាវត្ថុ មិនទាន់សម្រេចនៅឡើយ។ បុគ្គលនោះ លុះបែកធ្លាយរាងកាយស្លាប់ទៅ ក៏រមែងទៅកើតជាមួយនឹងពួកទេវតាជាន់តុសិត។ ម្នាលភិក្ខុទាំងឡាយ បណ្តាទេវតាទាំងនោះ សន្តុសិតទេវបុត្រ បានធ្វើទានមយបុញ្ញកិរិយាវត្ថុដ៏ច្រើនក្រៃពេក បានធ្វើសីលមយបុញ្ញកិរិយាវត្ថុដ៏ច្រើនក្រៃពេក រមែងខ្ពង់ខ្ពស់កន្លងនូវពួកទេវតាជាន់តុសិត ដោយស្ថាន ១០ យ៉ាង គឺ អាយុជាទិព្យ ១។បេ។ ផោដ្ឋព្វៈជាទិព្យ ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ធ្វើទានមយបុញ្ញកិរិយាវត្ថុច្រើនក្រៃលែង ធ្វើសីលមយបុញ្ញកិរិយាវត្ថុច្រើនក្រៃលែង ប៉ុន្តែភាវនាមយបុញ្ញកិរិយាវត្ថុ មិនសម្រេចនៅឡើយ។ បុគ្គលនោះ លុះបែកធ្លាយរាងកាយស្លាប់ទៅ ក៏រមែងទៅកើតជាមួយនឹងពួកទេវតានិម្មានរតី។ ម្នាលភិក្ខុទាំងឡាយ បណ្តាទេវតាទាំងនោះ សុនិម្មិតទេវបុត្រ បានធ្វើទានមយបុញ្ញកិរិយាវត្ថុដ៏ច្រើនក្រៃពេក បានធ្វើសីលមយបុញ្ញកិរិយាវត្ថុដ៏ច្រើនក្រៃពេក រមែងខ្ពង់ខ្ពស់កន្លងពួកទេវតានិម្មានរតី ដោយស្ថាន ១០ យ៉ាងគឺ អាយុជាទិព្យ ១។បេ។ ផោដ្ឋព្វៈជាទិព្យ ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ធ្វើទានមយបុញ្ញកិរិយាវត្ថុដ៏ច្រើនក្រៃលែង ធ្វើសីលមយបុញ្ញកិរិយាវត្ថុដ៏ច្រើនក្រៃលែង ប៉ុន្តែភាវនាមយបុញ្ញកិរិយាវត្ថុ មិនទាន់សម្រេចនៅឡើយ។ បុគ្គលនោះ លុះបែកធ្លាយរាងកាយ ស្លាប់ទៅ ក៏រមែងទៅកើតជាមួយនឹងពួកទេវតាបរនិម្មិតវសវត្តី។ ម្នាលភិក្ខុទាំងឡាយ បណ្តាទេវតាទាំងនោះ បរនិម្មិតវសវត្តីទេវបុត្រ បានធ្វើទានមយបុញ្ញកិរិយាវត្ថុ ដ៏ច្រើនក្រៃពេក បានធ្វើសីលមយបុញ្ញកិរិយាវត្ថុដ៏ច្រើនក្រៃពេក រមែងខ្ពង់ខ្ពស់កន្លងនូវពួកទេវតាបរនិម្មិតវសវត្តី ដោយស្ថាន ១០ យ៉ាងគឺ អាយុជាទិព្យ ១ ពណ៌ជាទិព្យ ១ សុខជាទិព្យ ១ យសជាទិព្យ ១ អធិបតីជាទិព្យ ១ រូបជាទិព្យ ១ សំឡេងជាទិព្យ ១ ក្លិនជាទិព្យ ១ រសជាទិព្យ ១ ផោដ្ឋព្វៈជាទិព្យ ១។ ម្នាលភិក្ខុទាំងឡាយ បុញ្ញកិរិយាវត្ថុ មាន ៣ យ៉ាងនេះឯង។
សប្បុរិសទានសូត្រ ទី៧
[៣៧] ម្នាលភិក្ខុទាំងឡាយ សប្បុរិសទាននេះមាន ៨ យ៉ាង។ សប្បុរិសទាន ៨ យ៉ាង តើដូចម្តេចខ្លះ។ គឺបុគ្គលឲ្យវត្ថុស្អាត ១ ឲ្យវត្ថុថ្លៃថ្លា ១ ឲ្យតាមកាល ១ ឲ្យវត្ថុគួរ ១ ជ្រើសរើសហើយទើបឲ្យ ១ ឲ្យទានរឿយៗ ១ កំពុងឲ្យ ញុំាំងចិត្តឲ្យជ្រះថ្លា ១ លុះឲ្យផុតហើយ រមែងមានសេចក្តីពេញចិត្ត ១។ ម្នាលភិក្ខុទាំងឡាយ សប្បុរិសទាន ៨ យ៉ាងនេះឯង។
បុគ្គល រមែងឲ្យនូវទានទាំងឡាយគឺ ទឹក និងភោជនដ៏ស្អាត ថ្លៃថ្លា តាមកាល វត្ថុដ៏គួរ រឿយ ៗ ចំពោះព្រហ្មចារីបុគ្គលទាំងឡាយ ដូចជាស្រែដ៏ល្អ ពួកអ្នកប្រាជ្ញ រមែងសរសើរ នូវទានទាំងឡាយ ដែលបុគ្គលលះបង់នូវអាមិសៈជាច្រើន ដែលមិនគួរឲ្យកើតសេចក្តីក្តៅក្រហាយ ហើយឲ្យយ៉ាងនេះ អ្នកប្រាជ្ញមានបញ្ញា ជាអ្នកមានសទ្ធា បានបូជាយ៉ាងនេះហើយ មានចិត្តរួចស្រឡះ រមែងចូលទៅកាន់ទេវលោក ដែលមិនមានសេចក្តីទុក្ខ មានតែសេចក្តីសុខ។
សប្បុរិសសូត្រ ទី៨
[៣៨] ម្នាលភិក្ខុទាំងឡាយ សប្បុរស កាលកើតក្នុងត្រកូល រមែងប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ ដើម្បីសេចក្តីចំរើន ដើម្បីសេចក្តីសុខដល់ជនច្រើន ប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ ដើម្បីសេចក្តីចំរើន ដើម្បីសេចក្តីសុខដល់មាតាបិតា ប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ ដើម្បីសេចក្តីចំរើន ដើម្បីសេចក្តីសុខដល់បុត្តភរិយា ប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ ដើម្បីសេចក្តីចំរើន ដើម្បីសេចក្តីសុខដល់បុរសជាទាសកម្មករ ប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ ដើម្បីសេចក្តីចំរើន ដើម្បីសេចក្តីសុខ ដល់មិត្ត និងអាមាត្យទាំងឡាយ ប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ ដើម្បីសេចក្តីចំរើន ដើម្បីសេចក្តីសុខដល់ពួកញាតិ ដែលចែកឋានទៅកាន់បរលោក ប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ ដើម្បីសេចក្តីចំរើន ដើម្បីសេចក្តីសុខដល់ព្រះរាជា ប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ ដើម្បីសេចក្តីចំរើន ដើម្បីសេចក្តីសុខដល់ពួកទេវតា ប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ ដើម្បីសេចក្តីចំរើន ដើម្បីសេចក្តីសុខដល់សមណព្រាហ្មណ៍ទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ មហាមេឃ កាលញុំាងសំទូងទាំងអស់ ឲ្យសម្រេចព្រម រមែងប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ ដើម្បីសេចក្តីចំរើនដល់ជនច្រើន។បេ។ មានឧបមាដូចម្តេចមិញ ម្នាលភិក្ខុទាំងឡាយ សប្បុរស កាលកើតក្នុងត្រកូល រមែងប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ ដើម្បីសេចក្តីចំរើន ដើម្បីសេចក្តីសុខដល់ជនច្រើន ប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ ដើម្បីសេចក្តីចំរើន ដើម្បីសេចក្តីសុខ ដល់មាតា និងបិតាទាំងឡាយ ប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ ដើម្បីសេចក្តីចំរើន ដើម្បីសេចក្តីសុខ ដល់បុត្តភរិយា ប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ ដើម្បីសេចក្តីចំរើន ដើម្បីសេចក្តីសុខ ដល់បុរសជាទាសកម្មករ ប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ ដើម្បីសេចក្តីចំរើន ដើម្បីសេចក្តីសុខ ដល់មិត្ត និងអាមាត្យទាំងឡាយ ប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ ដើម្បីសេចក្តីចំរើន ដើម្បីសេចក្តីសុខ ដល់ពួកញាតិ ដែលចែកឋាន ទៅកាន់បរលោក ប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ ដើម្បីសេចក្តីចំរើន ដើម្បីសេចក្តីសុខ ដល់ព្រះរាជា ប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ ដើម្បីសេចក្តីចំរើន ដើម្បីសេចក្តីសុខ ដល់ពួកទេវតា ប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ ដើម្បីសេចក្តីចំរើន ដើម្បីសេចក្តីសុខ ដល់សមណព្រាហ្មណ៍ទាំងឡាយ ក៏មានឧបមេយ្យដូច្នោះដែរ។
បុគ្គលប្រកបដោយបញ្ញា កាលនៅគ្រប់គ្រងផ្ទះ រមែងប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ដល់ពួកជនច្រើន ជាអ្នកមិនខ្ជិលច្រអូស ក្នុងវេលាយប់ និងថ្ងៃ កាលនឹករលឹកដល់បុព្វការគុណ ដែលមាតា និងបិតាធ្វើហើយ រមែងបូជាមាតាបិតាជាមុន ដោយហេតុប្រកបដោធម៌ រមែងកោតក្រែងចំពោះបព្វជិត ជាអនាគារិកបុគ្គល ជាព្រហ្មចារីបុគ្គល មានសទ្ធាដម្កល់មាំ មានសីលជាទីស្រលាញ់ លុះដឹងច្បាស់នូវធម៌ទាំងឡាយហើយ រមែងបូជា បុគ្គលណាដែលមានប្រយោជន៍ដល់ព្រះរាជា មានប្រយោជន៍ដល់ទេវតា មានប្រយោជន៍ដល់ពួកញាតិ ដល់មិត្តសំឡាញ់ ដម្កល់ស៊ប់ក្នុងព្រះសទ្ធម្ម បុគ្គលនោះឈ្មោះថា មានប្រយោជន៍ដល់បុគ្គលទាំងអស់ បុគ្គលណា កំចាត់បង់នូវមន្ទិល គឺសេចក្តីកំណាញ់ បុគ្គលនោះ រមែងជួបប្រទះនូវលោកក្សេមក្សាន្ត។
អភិសន្ទសូត្រ ទី៩
[៣៩] ម្នាលភិក្ខុទាំងឡាយ អានិសង្សនៃបុណ្យ អានិសង្សនៃកុសល ជាអាហារនៃសេចក្តីសុខ ជាធម៌ឲ្យនូវអារម្មណ៍ដ៏ល្អលើស ជាផលនៃសេចក្តីសុខ ប្រព្រឹត្តទៅ ដើម្បីសួគ៌ ៨ យ៉ាងនេះ រមែងប្រព្រឹត្តទៅ ដើម្បីសេចក្តីត្រេកអរ ដើម្បីសេចក្តីរីករាយ ដើម្បីសេចក្តីពេញចិត្ត ដើម្បីសេចក្តីចំរើន ដើម្បីសេចក្តីសុខ។ អានិសង្សនៃបុណ្យ អានិសង្សនៃកុសល ៨ យ៉ាង ដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ អរិយសាវក ក្នុងសាសនានេះ ជាអ្នកដល់នូវព្រះពុទ្ធជាទីពឹង ម្នាលភិក្ខុទាំងឡាយ នេះជាអានិសង្សនៃបុណ្យ អានិសង្សនៃកុសល ជាអាហារនៃសេចក្តីសុខ ជាធម៌ឲ្យនូវអារម្មណ៍ដ៏ល្អលើស ជាផលនៃសេចក្តីសុខ ប្រព្រឹត្តទៅ ដើម្បីសួគ៌ ទី១ រមែងប្រព្រឹត្តទៅ ដើម្បីសេចក្តីត្រេកអរ ដើម្បីសេចក្តីរីករាយ ដើម្បីសេចក្តីពេញចិត្ត ដើម្បីសេចក្តីចំរើន ដើម្បីសេចក្តីសុខ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត អរិយសាវក ជាអ្នកដល់នូវព្រះធម៌ជាទីពឹង ម្នាលភិក្ខុទាំងឡាយ នេះជាអានិសង្សនៃបុណ្យ ទី២។បេ។ រមែងប្រព្រឹត្តទៅ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត អរិយសាវក ជាអ្នកដល់នូវព្រះសង្ឃជាទីពឹង នេះជាអានិសង្សនៃបុណ្យ អានិសង្សនៃកុសល ជាអាហារនៃសេចក្តីសុខ ជាធម៌ឲ្យនូវអារម្មណ៍ដ៏ល្អលើស ជាផលនៃសេចក្តីសុខ ប្រព្រឹត្តទៅ ដើម្បីសួគ៌ ទី៣ រមែងប្រព្រឹត្តទៅ ដើម្បីសេចក្តីត្រេកអរ ដើម្បីសេចក្តីរីករាយ ដើម្បីសេចក្តីពេញចិត្ត ដើម្បីសេចក្តីចំរើន ដើម្បីសេចក្តីសុខ។ ម្នាលភិក្ខុទាំងឡាយ ទានទាំង ៥ យ៉ាងនេះ ចាត់ជាមហាទាន ដែលអ្នកប្រាជ្ញដឹងថា ជារបស់ប្រសើរ ដឹងថាជារបស់ប្រព្រឹត្តទៅ អស់រាត្រីយូរ ដឹងថាជាវង្សនៃ (កល្យាណជន) ជារបស់មានមកក្នុងកាលមុន ជារបស់មិនរោយរាយ ជារបស់មិនធ្លាប់រោយរាយហើយ រមែងមិនខ្ចាត់ខ្ចាយ (ក្នុងកាលឥឡូវនេះ) និងមិនខ្ចាត់ខ្ចាយ (ក្នុងអនាគត) ពួកសមណព្រាហ្មណ៍ ជាវិញ្ញូជន ក៏មិនដែលតិះដៀលឡើយ។ ទាន ៥ យ៉ាង តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ អរិយសាវក ក្នុងសាសនានេះ លះបង់បាណាតិបាត វៀរចាកបាណាតិបាត ម្នាលភិក្ខុទាំងឡាយ អរិយសាវក ជាអ្នកវៀរចាកបាណាតិបាត ឈ្មោះថាឲ្យនូវអភ័យ ឲ្យនូវអំពើមិនមានពៀរ ឲ្យនូវអំពើមិនមានទុក្ខ ដល់សត្វទាំងឡាយ មានប្រមាណមិនបាន លុះឲ្យនូវអភ័យ ឲ្យនូវអំពើមិនមានពៀរ ឲ្យនូវអំពើមិនមានទុក្ខ ដល់សត្វទាំងឡាយ មានប្រមាណមិនបានហើយ រមែងជាអ្នកមានចំណែក នៃសេចក្តីមិនមានភ័យ មិនមានពៀរ មិនមានទុក្ខ មានប្រមាណមិនបានវិញ។ ម្នាលភិក្ខុទាំងឡាយ នេះជាទាន ទី១ ចាត់ជាមហាទាន ដែលអ្នកប្រាជ្ញដឹងថា ជារបស់ប្រសើរ ដឹងថាជារបស់ប្រព្រឹត្តទៅអស់រាត្រីយូរ ដឹងថាជាវង្សនៃ (កល្យាណជន) ជារបស់មានមកក្នុងកាលមុន ជារបស់មិនរោយរាយ មិនធ្លាប់រោយរាយហើយ រមែងមិនខ្ចាត់ខ្ចាយ នឹងមិនខ្ចាត់ខ្ចាយ ពួកសមណព្រាហ្មណ៍ ជាវិញ្ញូជន ក៏មិនដែលតិះដៀលឡើយ ម្នាលភិក្ខុទាំងឡាយ នេះជាអានិសង្សនៃបុណ្យ អានិសង្សនៃកុសល ជាអាហារនៃសេចក្តីសុខ ជាធម៌ឲ្យនូវអារម្មណ៍ដ៏ល្អលើស ជាផលនៃសេចក្តីសុខ ប្រព្រឹត្តទៅ ដើម្បីសួគ៌ ទី៤ រមែងប្រព្រឹត្តទៅ ដើម្បីសេចក្តីត្រេកអរ ដើម្បីសេចក្តីរីករាយ ដើម្បីសេចក្តីពេញចិត្ត ដើម្បីសេចក្តីចំរើន ដើម្បីសេចក្តីសុខ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត អរិយសាវក លះបង់អទិន្នាទាន វៀរចាកអទិន្នាទាន។បេ។ លះបង់កាមេសុមិច្ឆាចារ វៀរចាកកាមេសុមិច្ឆាចារ។បេ។ លះបង់មុសាវាទ វៀរចាកមុសាវាទ។បេ។ លះបង់សុរាមេរយមជ្ជប្បមាទដ្ឋាន វៀរចាកសុរាមេរយមជ្ជប្បមាទដ្ឋាន ម្នាលភិក្ខុទាំងឡាយ អរិយសាវក វៀរចាកសុរាមេរយមជ្ជប្បមាទដ្ឋាន ឈ្មោះថាឲ្យនូវអភ័យ ឲ្យនូវអំពើមិនមានពៀរ ឲ្យនូវអំពើមិនមានទុក្ខ ដល់សត្វទាំងឡាយ មានប្រមាណមិនបាន លុះឲ្យនូវអភ័យ ឲ្យនូវអំពើមិនមានពៀរ ឲ្យនូវអំពើមិនមានទុក្ខ ដល់សត្វទាំងឡាយ មានប្រមាណមិនបានហើយ រមែងជាអ្នកមានចំណែក នៃសេចក្តីមិនមានភ័យ មិនមានពៀរ មិនមានទុក្ខ មានប្រមាណមិនបានវិញ ម្នាលភិក្ខុទាំងឡាយ នេះជាទាន ទី៥ ចាត់ជាមហាទាន ដែលអ្នកប្រាជ្ញដឹងថា ជារបស់ប្រសើរ ដឹងថាជារបស់ប្រព្រឹត្តទៅអស់រាត្រីយូរ ដឹងថាជាវង្សនៃ (កល្យាណជន) ជារបស់មានមកក្នុងកាលមុន មិនរោយរាយ មិនធ្លាប់រោយរាយហើយ រមែងមិនខ្ចាត់ខ្ចាយ នឹងមិនខ្ចាត់ខ្ចាយ ពួកសមណព្រាហ្មណ៍ ជាវិញ្ញូជន ក៏មិនដែលតិះដៀលឡើយ ម្នាលភិក្ខុទាំងឡាយ នេះជាអានិសង្សនៃបុណ្យ អានិសង្សនៃកុសល ជាអាហារនៃសេចក្តីសុខ ជាធម៌ឲ្យនូវអារម្មណ៍ដ៏ល្អលើស ជាផលនៃសេចក្តីសុខ ប្រព្រឹត្តទៅ ដើម្បីសួគ៌ ទី៨ រមែងប្រព្រឹត្តទៅ ដើម្បីសេចក្តីត្រេកអរ ដើម្បីសេចក្តីរីករាយ ដើម្បីសេចក្តីពេញចិត្ត ដើម្បីសេចក្តីចំរើន ដើម្បីសេចក្តីសុខ។ ម្នាលភិក្ខុទាំងឡាយ អានិសង្សនៃបុណ្យ អានិសង្សនៃកុសល ជាអាហារនៃសេចក្តីសុខ ជាធម៌ឲ្យនូវអារម្មណ៍ដ៏ល្អលើស ជាផលនៃសេចក្តីសុខ ប្រព្រឹត្តទៅ ដើម្បីសួគ៌ ៨ ប្រការនេះឯង រមែងប្រព្រឹត្តទៅ ដើម្បីសេចក្តីត្រេកអរ ដើម្បីសេចក្តីរីករាយ ដើម្បីសេចក្តីពេញចិត្ត ដើម្បីសេចក្តីចំរើន ដើម្បីសេចក្តីសុខ។
ទុច្ចរិតវិបាកសូត្រ ទី១០
[៤០] ម្នាលភិក្ខុទាំងឡាយ បាណាតិបាត ដែលបុគ្គលសេពថ្នឹកហើយ ចំរើនហើយ ធ្វើឲ្យច្រើនហើយ ប្រព្រឹត្តទៅ ដើម្បីនរក ប្រព្រឹត្តទៅ ដើម្បីកំណើតតិរច្ឆាន ប្រព្រឹត្តទៅ ដើម្បីបិត្តិវិស័យ។ ផលនៃបាណាតិបាត ដែលស្រាលជាងផលទាំងអស់ រមែងប្រព្រឹត្តទៅ ដើម្បីមានអាយុខ្លី ដល់កើតជាមនុស្ស។ ម្នាលភិក្ខុទាំងឡាយ អទិន្នាទាន ដែលបុគ្គលថ្នឹកហើយ ចំរើនហើយ ធ្វើឲ្យច្រើនហើយ ប្រព្រឹត្តទៅ ដើម្បីនរក ប្រព្រឹត្តទៅ ដើម្បីកំណើតតិរច្ឆាន ប្រព្រឹត្តទៅ ដើម្បីបិត្តិវិស័យ។ ផលនៃអទិន្នាទាន ដែលស្រាលជាងផលទាំងអស់ រមែងប្រព្រឹត្តទៅ ដើម្បីវិនាសនូវភោគៈ ដល់កើតជាមនុស្ស។ ម្នាលភិក្ខុទាំងឡាយ កាមេសុមិច្ឆាចារ ដែលបុគ្គលថ្នឹកហើយ ចំរើនហើយ ធ្វើឲ្យច្រើនហើយ ប្រព្រឹត្តទៅ ដើម្បីនរក ប្រព្រឹត្តទៅ ដើម្បីកំណើតតិរច្ឆាន ប្រព្រឹត្តទៅ ដើម្បីបិត្តិវិស័យ។ ផលនៃកាមេសុមិច្ឆាចារ ដែលស្រាលជាងផលទាំងអស់ រមែងប្រព្រឹត្តទៅ ដើម្បីសត្រូវ និងពៀរ ដល់កើតជាមនុស្ស។ ម្នាលភិក្ខុទាំងឡាយ មុសាវាទ ដែលបុគ្គលថ្នឹកហើយ ចំរើនហើយ ធ្វើឲ្យច្រើនហើយ ប្រព្រឹត្តទៅ ដើម្បីនរក ប្រព្រឹត្តទៅ ដើម្បីកំណើតតិរច្ឆាន ប្រព្រឹត្តទៅ ដើម្បីបិត្តិវិស័យ។ ផលនៃមុសាវាទ ដែលស្រាលជាងផលទាំងអស់ រមែងប្រព្រឹត្តទៅ ដើម្បីគេពោលបង្កាច់ ដោយពាក្យមិនពិត ដល់កើតជាមនុស្ស។ ម្នាលភិក្ខុទាំងឡាយ បិសុណាវាចា ដែលបុគ្គលថ្នឹកហើយ ចំរើនហើយ ធ្វើឲ្យច្រើនហើយ ប្រព្រឹត្តទៅ ដើម្បីនរក ប្រព្រឹត្តទៅ ដើម្បីកំណើតតិរច្ឆាន ប្រព្រឹត្តទៅ ដើម្បីបិត្តិវិស័យ។ ផលនៃបិសុណាវាចា ដែលស្រាលជាងផលទាំងអស់ រមែងប្រព្រឹត្តទៅ ដើម្បីបែកបាក់ចាកមិត្រ ដល់កើតជាមនុស្ស។ ម្នាលភិក្ខុទាំងឡាយ ផរុសវាចា ដែលបុគ្គលថ្នឹកហើយ ចំរើនហើយ ធ្វើឲ្យច្រើនហើយ ប្រព្រឹត្តទៅ ដើម្បីនរក ប្រព្រឹត្តទៅ ដើម្បីកំណើតតិរច្ឆាន ប្រព្រឹត្តទៅ ដើម្បីបិត្តិវិស័យ។ ផលនៃផរុសវាចា ដែលស្រាលជាងផលទាំងអស់ រមែងប្រព្រឹត្តទៅ ដើម្បីសម្លេងមិនជាទីគាប់ចិត្ត ដល់កើតជាមនុស្ស។ ម្នាលភិក្ខុទាំងឡាយ សម្ជប្បលាបៈ ដែលបុគ្គលថ្នឹកហើយ ចំរើនហើយ ធ្វើឲ្យច្រើនហើយ ប្រព្រឹត្តទៅ ដើម្បីនរក ប្រព្រឹត្តទៅ ដើម្បីកំណើតតិរច្ឆាន ប្រព្រឹត្តទៅ ដើម្បីបិត្តិវិស័យ។ ផលនៃសម្ជប្បលាបៈ ដែលស្រាលជាងផលទាំងអស់ រមែងប្រព្រឹត្តទៅ ដើម្បីពាក្យដែលមិនគួរកាន់យក ដល់កើតជាមនុស្ស។ ម្នាលភិក្ខុទាំងឡាយ កាផឹកនូវសុរា និងមេរ័យ ដែលបុគ្គលថ្នឹកហើយ ចំរើនហើយ ធ្វើឲ្យច្រើនហើយ ប្រព្រឹត្តទៅ ដើម្បីនរក ប្រព្រឹត្តទៅ ដើម្បីកំណើតតិរច្ឆាន ប្រព្រឹត្តទៅ ដើម្បីបិត្តិវិស័យ។ ផលនៃការផឹកនូវសុរាមេរ័យ ដែលស្រាលជាងផលទាំងអស់ រមែងប្រព្រឹត្តទៅ ដើម្បីភាពជាឆ្កួត ដល់កើតជាមនុស្ស។
ចប់ ទានវគ្គ ទី៤។
ឧទ្ទានក្នុងវគ្គនោះ គឺ
និយាយអំពីទាន ពីរលើក អំពីវត្ថុ ១ អំពីបុញ្ញក្ខេត្ត ១ អំពីការកើតឡើងនៃទាន ១ អំពីបុញ្ញកិរិយាវត្ថុ ១ អំពីសប្បុរស ពីរលើក អំពីផលដ៏ស្រាលជាងផលទាំងអស់ ១ អំពីអានិសង្ស ១។
ឧបោសថវគ្គ ទី៥
សង្ខិត្តូបោសថសូត្រ ទី១
[៤១] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ ក្នុងទីនោះឯង ព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅពួកភិក្ខុថា ម្នាលភិក្ខុទាំងឡាយ។ ភិក្ខុទាំងនោះ ទទួលស្តាប់ព្រះពុទ្ធដីកាព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ ឧបោសថ ប្រកបដោយអង្គ ៨ ប្រការ ដែលបុគ្គលចាំរក្សាហើយ រមែងមានផលច្រើន មានអានិសង្សច្រើន មានសេចក្តីរុងរឿងច្រើន មានសេចក្តីផ្សាយទៅច្រើន។ ម្នាលភិក្ខុទាំងឡាយ ចុះឧបោសថ ប្រកបដោយអង្គ ៨ ប្រការ ដែលបុគ្គលចាំរក្សាហើយ រមែងមានផលច្រើន មានអានិសង្សច្រើន មានសេចក្តីរុងរឿងច្រើន មានសេចក្តីផ្សាយទៅច្រើន តើដោយប្រការដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ អរិយសាវក ក្នុងសាសនានេះ ពិចារណាថា ព្រះអរហន្តទាំងឡាយ លះបង់បាណាតិបាត វៀរចាកបាណាតិបាត មានអាជ្ញាដាក់ចុះហើយ មានគ្រឿងសស្រ្តាដាក់ចុះហើយ ជាអ្នកមានសេចក្តីខ្មាសបាប មានសេចក្តីអាណិត មានសេចក្តីអនុគ្រោះ ដោយប្រយោជន៍ដល់សព្វសត្វ ដរាបអស់ជីវិត ក្នុងថ្ងៃនេះ ចំណែកខ្លួនអញ លះបង់នូវបាណាតិបាត វៀរចាកបាណាតិបាត មានអាជ្ញាដាក់ចុះហើយ មានគ្រឿងសស្រ្តាដាក់ចុះហើយ មានសេចក្តីខ្មាសបាប មានសេចក្តីអាណិត មានសេចក្តីអនុគ្រោះ ដោយប្រយោជន៍ដល់សព្វសត្វ អស់យប់នេះ និងថ្ងៃនេះដែរ យកតម្រាប់ព្រះអរហន្តទាំងឡាយផង ខ្លួនអញនឹងចាំរក្សាឧបោសថផង ដោយអង្គនេះឯង។ ឧបោសថ ប្រកបដោយអង្គ ទី១ នេះឯង។បេ។ ព្រះអរហន្តទាំងឡាយ លះបង់អទិន្នាទាន វៀរចាកអទិន្នាទាន កាន់យកតែវត្ថុដែលគេឲ្យ ប្រាថ្នាចំពោះវត្ថុដែលគេឲ្យ មានខ្លួនដ៏ស្អាត មិនមែនជាអ្នកលួច ដរាបអស់ជីវិត ក្នុងថ្ងៃនេះ ចំណែកខ្លួនអញ លះបង់អទិន្នាទាន វៀរចាកអទិន្នាទាន កាន់យកតែវត្ថុដែលគេឲ្យ ប្រាថ្នាចំពោះតែវត្ថុដែលគេឲ្យ មានខ្លួនដ៏ស្អាត មិនមែនជាអ្នកលួច អស់យប់នេះ និងថ្ងៃនេះដែរ យកតម្រាប់ព្រះអរហន្តទាំងឡាយផង ខ្លួនអញចាំរក្សាឧបោសថផង ដោយអង្គនេះឯង។ ឧបោសថ ប្រកបដោយអង្គ ទី២ នេះឯង។បេ។ ព្រះអរហន្តទាំងឡាយ លះបង់អព្រហ្មចរិយៈ ជាអ្នកមានព្រហ្មចារ្យ ប្រព្រឹត្តឆ្ងាយ វៀរចាកមេថុន ដែលជាធម៌របស់អ្នកស្រុក ដរាបអស់ជីវិត ក្នុងថ្ងៃនេះ ចំណែកខ្លួនអញ លះបង់អព្រហ្មចរិយៈ ជាអ្នកមានព្រហ្មចារ្យ ប្រព្រឹត្តឆ្ងាយ វៀរចាកមេថុន ដែលជាធម៌របស់អ្នកស្រុក អស់យប់នេះ និងថ្ងៃនេះដែរ យកតម្រាប់ព្រះអរហន្តទាំងឡាយផង ខ្លួនអញនឹងចាំរក្សាឧបោសថផង ដោយអង្គនេះឯង។ ឧបោសថ ប្រកបដោយអង្គ ទី៣ នេះឯង។បេ។ ព្រះអរហន្តទាំងឡាយ លះបង់មុសាវាទ វៀរចាកមុសាវាទ អ្នកពោលពាក្យពិត ទ្រទ្រង់ពាក្យពិត ពោលពាក្យខ្ជាប់ខ្ជួន គួរឲ្យគេជឿបាន មិនបានពោលពាក្យបង្កាច់លោក ក្នុងថ្ងៃនេះ ចំណែកខ្លួនអញ លះបង់មុសាវាទ វៀរចាកមុសាវាទ ជាអ្នកពោលពាក្យពិត ទ្រទ្រង់ពាក្យពិត ពោលពាក្យខ្ជាប់ខ្ជួន គួរឲ្យគេជឿបាន មិនបានពោលពាក្យបង្កាច់លោក អស់យប់នេះ និងថ្ងៃនេះដែរ យកតម្រាប់ព្រះអរហន្តទាំងឡាយផង ខ្លួនអញនឹងចាំរក្សា ឧបោសថផង ដោយអង្គនេះឯង។ ឧបោសថ ប្រកបដោយអង្គ ទី៤ នេះឯង។បេ។ ព្រះអរហន្តទាំងឡាយ លះបង់ហេតុជាទីតាំងនៃសេចក្តីប្រមាទ គឺផឹកគ្រឿងស្រវឹង គឺសុរា និងមេរ័យ វៀរចាកហេតុជាទីតាំងនៃសេចក្តីប្រមាទ គឺផឹកគ្រឿងស្រវឹង គឺសុរា និងមេរ័យ ដរាបអស់ជីវិត ក្នុងថ្ងៃនេះ ចំណែកខ្លួនអញ លះបង់ហេតុជាទីតាំងនៃសេចក្តីប្រមាទ គឺផឹកគ្រឿងស្រវឹង គឺសុរា និងមេរ័យ វៀរចាកហេតុជាទីតាំងនៃសេចក្តីប្រមាទ គឺផឹកគ្រឿងស្រវឹង គឺសុរា និងមេរ័យ អស់យប់នេះ និងថ្ងៃនេះដែរ យកតម្រាប់ព្រះអរហន្តទាំងឡាយផង ខ្លួនអញនឹងចាំរក្សាឧបោសថផង ដោយអង្គនេះឯង។ ឧបោសថ ប្រកបដោយអង្គ ទី៥នេះឯង។បេ។ ព្រះអរហន្តទាំងឡាយ បរិភោគបាយតែម្តង វៀរបរិភោគក្នុងវេលាយប់ វៀរចាកភោជនក្នុងវេលាវិកាល ដរាបអស់ជីវិត ក្នុងថ្ងៃនេះ ចំណែកខ្លួនអញ បរិភោគបាយតែម្តង វៀរបរិភោគក្នុងវេលាយប់ វៀរចាកភោជនក្នុងវេលាវិកាល អស់យប់នេះ និងថ្ងៃនេះដែរ យកតម្រាប់ព្រះអរហន្តទាំងឡាយផង ខ្លួនអញនឹងចាំរក្សាឧបោសថផង ដោយអង្គនេះឯង។ ឧបោសថ ប្រកបដោយអង្គ ទី៦ នេះឯង។បេ។ ព្រះអរហន្តទាំងឡាយ លះបង់ការរាំ ច្រៀង ប្រគំ មើលល្បែង ដែលជាសត្រូវដល់កុសលធម៌ និងការទ្រទ្រង់ ប្រដាប់តាក់តែង ស្អិតស្អាងរាងកាយ ដោយផ្កាកម្រង គ្រឿងក្រអូប គ្រឿងលាបផ្សេង ៗ វៀរចាកការរាំ ច្រៀង ប្រគំ មើលល្បែង ដែលជាសត្រូវដល់កុសលធម៌ និងការទ្រទ្រង់ ប្រដាប់តាក់តែង ស្អិតស្អាងរាងកាយ ដោយផ្កាកម្រង គ្រឿងក្រអូប គ្រឿងលាបផ្សេង ៗ ដរាបអស់ជីវិត ក្នុងថ្ងៃនេះ ចំណែកខ្លួនអញ លះបង់ការរាំ ច្រៀង ប្រគំ មើលនូវល្បែង ដែលជាសត្រូវដល់កុសលធម៌ និងការទ្រទ្រង់ ប្រដាប់តាក់តែង ស្អិតស្អាងរាងកាយ ដោយផ្កាកម្រង គ្រឿងក្រអូប គ្រឿងលាបផ្សេង ៗ វៀរចាកការរាំ ច្រៀង ប្រគំ មើលនូវល្បែង ដែលជាសត្រូវដល់កុសលធម៌ និងការទ្រទ្រង់ ប្រដាប់តាក់តែង ស្អិតស្អាងរាងកាយ ដោយផ្កាកម្រង គ្រឿងក្រអូប គ្រឿងលាបផ្សេង ៗ អស់យប់នេះ និងថ្ងៃនេះដែរ យកតម្រាប់ព្រះអរហន្តទាំងឡាយផង ខ្លួនអញនឹងចាំរក្សាឧបោសថផង ដោយអង្គនេះឯង។ ឧបោសថ ប្រកបដោយអង្គ ទី៧ នេះឯង។បេ។ ព្រះអរហន្តទាំងឡាយ លះបង់សេនាសនៈ ដ៏ខ្ពស់ហួសប្រមាណ និងសេនាសនៈដ៏ប្រសើរ វៀរចាកសេនាសនៈដ៏ខ្ពស់ហួសប្រមាណ និងសេនាសនៈដ៏ប្រសើរ សម្រេចនូវទីដេកដ៏ទាបលើគ្រែក្តី លើកម្រាល ដែលគេធ្វើដោយស្មៅក្តី ដរាបអស់ជីវិត ក្នុងថ្ងៃនេះ ចំណែកខ្លួនអញ លះបង់សេនាសនៈដ៏ខ្ពស់ហួសប្រមាណ និងសេនាសនៈដ៏ប្រសើរ វៀរចាកសេនាសនៈដ៏ខ្ពស់ហួសប្រមាណ និងសេនាសនៈដ៏ប្រសើរ សម្រេចនូវទីដេកដ៏ទាបលើគ្រែក្តី លើកម្រាលដែលគេធ្វើដោយស្មៅក្តី អស់យប់នេះ និងថ្ងៃនេះដែរ យកតម្រាប់ព្រះអរហន្តទាំងឡាយផង ខ្លួនអញ នឹងចាំរក្សាឧបោសថផង ដោយអង្គនេះឯង។ ឧបោសថ ប្រកបដោយអង្គ ទី៨ នេះឯង។ ម្នាលភិក្ខុទាំងឡាយ ឧបោសថ ប្រកបដោយអង្គ ៨ ដែលបុគ្គលចាំរក្សាយ៉ាងនេះឯង រមែងមានផលច្រើន មានអានិសង្សច្រើន មានសេចក្តីរុងរឿងច្រើន មានសេចក្តីផ្សាយច្រើន។
វិត្ថតូបោសថសូត្រ ទី២
[៤២] ម្នាលភិក្ខុទាំងឡាយ ឧបោសថប្រកបដោយអង្គ ៨ ប្រការ ដែលបុគ្គលចាំរក្សាហើយ រមែងមានផលច្រើន មានអានិសង្សច្រើន មានសេចក្តីរុងរឿងច្រើន មានសេចក្តីផ្សាយទៅច្រើន។ ម្នាលភិក្ខុទាំងឡាយ ឧបោសថប្រកបដោយអង្គ ៨ ប្រការ ដែលបុគ្គលចាំរក្សាហើយ រមែងមានផលច្រើន មានអានិសង្សច្រើន មានសេចក្តីរុងរឿងច្រើន មានសេចក្តីផ្សាយទៅច្រើន តើដោយប្រការដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ អរិយសាវក ក្នុងសាសនានេះ ពិចារណាថា ព្រះអរហន្តទាំងឡាយ លះបង់បាណាតិបាត មានអាជ្ញាដាក់ចុះហើយ មានគ្រឿងសស្រ្តាដាក់ចុះហើយ មានសេចក្តីខ្មាសបាប មានសេចក្តីអាណិត មានសេចក្តីអនុគ្រោះ ដោយប្រយោជន៍ដល់សព្វសត្វ ដរាបអស់ជីវិតក្នុងថ្ងៃនេះ ចំណែកខ្លួនអញ លះបង់បាណាតិបាត វៀរចាកបាណាតិបាត មានអាជ្ញាដាក់ចុះហើយ មានគ្រឿងសស្រ្តាដាក់ចុះហើយ មានសេចក្តីខ្មាសបាប មានសេចក្តីអាណិត មានសេចក្តីអនុគ្រោះ ដោយប្រយោជន៍ដល់សព្វសត្វ អស់យប់នេះ និងថ្ងៃនេះ យកតម្រាប់ព្រះអរហន្តទាំងឡាយផង ខ្លួនអញនឹងចាំរក្សាឧបោសថផង ដោយអង្គនេះឯង។ ឧបោសថ ប្រកបដោយអង្គ ទី១ នេះឯង។ (សេចក្តីពិស្តារដូចអង្គ ទី១) ព្រះអរហន្តទាំងឡាយ លះបង់សេនាសនៈដ៏ខ្ពស់ហួសប្រមាណ និងសេនាសនៈដ៏ប្រសើរ វៀរចាកសេនាសនៈដ៏ខ្ពស់ហួសប្រមាណ និងសេនាសនៈដ៏ប្រសើរ សម្រេចនូវទីដេកដ៏ទាបលើគ្រែក្តី លើកម្រាល ដែលគេធ្វើដោយស្មៅក្តី ដរាបអស់ជីវិត ក្នុងថ្ងៃនេះ ចំណែកខ្លួនអញ លះបង់សេនាសនៈដ៏ខ្ពស់ហួសប្រមាណ និងសេនាសនៈដ៏ប្រសើរ វៀរចាកសេនាសនៈដ៏ខ្ពស់ហួសប្រមាណ និងសេនាសនៈដ៏ប្រសើរ សម្រេចនូវទីដេកដ៏ទាបលើគ្រែក្តី លើកម្រាលដែលធ្វើដោយស្មៅក្តី អស់យប់នេះ និងថ្ងៃនេះដែរ យកតម្រាប់ព្រះអរហន្តទាំងឡាយផង អញនឹងចាំរក្សាឧបោសថផង ដោយអង្គនេះឯង។ ឧបោសថ ប្រកបដោយអង្គ ទី៨ នេះឯង។ ម្នាលភិក្ខុទាំងឡាយ ឧបោសថ ប្រកបដោយអង្គ ៨ ប្រការ ដែលបុគ្គលចាំរក្សា យ៉ាងនេះឯង រមែងមានផលច្រើន មានអានិសង្សច្រើន មានសេចក្តីរុងរឿងច្រើន មានសេចក្តីផ្សាយទៅច្រើន។
ឧបោសថ មានផលច្រើនដូចម្តេច មានអានិសង្សច្រើន ដូចម្តេច មានសេចក្តីរុងរឿងច្រើន ដូចម្តេច មានសេចក្តីផ្សាយទៅច្រើន ដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ប្រៀបដូចបុគ្គលសោយរាជ្យ ជាឥស្សរាធិបតីនៃមហាជនបទ ទាំង ១៦ នេះ ដែលជាជនបទសម្បូរដោយកែវ ៧ ប្រការ គឺមហាជនបទ ឈ្មោះអង្គៈ ១ មគធៈ ១ កាសី ១ កោសលៈ ១ វជ្ជី ១ មល្លៈ ១ ចេតី ១ វង្សៈ ១ កុរុ ១ បញ្ចាលៈ ១ មច្ឆៈ ១ សូរសេនៈ ១ អស្សកៈ ១ អវន្តី ១ គន្ធារៈ ១ កម្ពោជៈ ១ រាជសម្បត្តិនៃមហាជនបទទាំងនុ៎ះ មិនដល់នូវចំណិត ១ ក្នុងចំណិត ទី១៦ ៗ លើកនៃឧបោសថប្រកបដោយអង្គ ៨ ប្រការឡើយ។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ រាជសម្បត្តិរបស់មនុស្ស ជារបស់ស្តួចស្តើង ហើយយកទៅប្រៀបធៀបនឹងសេចក្តីសុខជារបស់ទិព្យ។ ម្នាលភិក្ខុទាំងឡាយ ៥០ ឆ្នាំ របស់មនុស្ស ត្រូវជា ១យប់ ១ថ្ងៃ របស់ចាតុម្មហារាជិកទេវតា រាប់រាត្រីនោះ បាន ៣០រាត្រី ត្រូវជា ១ខែ រាប់ខែនោះបាន ១២ខែ ត្រូវជា ១ឆ្នាំ រាប់ឆ្នាំនោះបាន ៥០០ឆ្នាំទិព្យ ត្រូវជាប្រមាណនៃអាយុរបស់ចាតុម្មហារាជិកទេវតា។ ម្នាលភិក្ខុទាំងឡាយ ហេតុនេះរមែងមាន ត្រង់ដែលស្រ្តី ឬបុរសពួកខ្លះ ក្នុងលោកនេះ ចាំរក្សានូវឧបោសថដែលប្រកបដោយអង្គ ៨ ប្រការ លុះបែកធ្លាយរាងកាយស្លាប់ទៅ រមែងទៅកើតជាមួយនឹងពួកចាតុម្មហារាជិកទេវតា។ ម្នាលភិក្ខុទាំងឡាយ រាជសម្បត្តិរបស់មនុស្ស ជារបស់ស្តួចស្តើង ហើយយកទៅប្រៀបធៀបនឹងសេចក្តីសុខជារបស់ទិព្យ ដែលតថាគតសំដែងហើយ ព្រោះអាស្រ័យហេតុនេះឯង។ ម្នាលភិក្ខុទាំងឡាយ ១០០ឆ្នាំ របស់មនុស្ស ត្រូវជា ១យប់ ១ថ្ងៃ របស់តាវត្តិង្សទេវតា រាប់រាត្រីនោះបាន ៣០ ត្រូវជា ១ខែ រាប់ខែនោះបាន ១២ខែ ត្រូវជា ១ឆ្នាំ រាប់ឆ្នាំនោះបាន ១០០០ឆ្នាំទិព្យ ត្រូវជាប្រមាណនៃអាយុរបស់តាវត្តិង្សទេវតា។ ម្នាលភិក្ខុទាំងឡាយ ហេតុនេះ រមែងមាន ត្រង់ដែលស្រ្តី ឬបុរសពួកខ្លះ ក្នុងលោកនេះ ចាំរក្សានូវឧបោសថ ប្រកបដោយអង្គ ៨ ប្រការ លុះបែកធ្លាយរាងកាយស្លាប់ទៅ រមែងទៅកើតជាមួយនឹងពួកតាវត្តិង្សទេវតា។ ម្នាលភិក្ខុទាំងឡាយ រាជសម្បត្តិរបស់មនុស្សនេះឯង ជារបស់ស្តួចស្តើង ហើយយកទៅប្រៀបធៀបនឹងសេចក្តីសុខជារបស់ទិព្យ ដែលតថាគតសំដែងហើយ ព្រោះអាស្រ័យហេតុនេះឯង។ ម្នាលភិក្ខុទាំងឡាយ ២០០ឆ្នាំ របស់មនុស្ស ត្រូវជា ១យប់ ១ថ្ងៃ របស់ពួកយាមទេវតា រាប់រាត្រីនោះបាន ៣០រាត្រី ត្រូវជា ១ខែ រាប់ខែនោះបាន ១២ខែ ត្រូវជា ១ឆ្នាំ រាប់ឆ្នាំនោះបាន ២០០០ ឆ្នាំទិព្យ ត្រូវជាប្រមាណនៃអាយុរបស់យាមទេវតា។ ម្នាលភិក្ខុទាំងឡាយ ហេតុនេះ រមែងមាន ត្រង់ដែលស្រ្តី ឬបុរសពួកខ្លះ ក្នុងលោកនេះ ចាំរក្សានូវឧបោសថ ប្រកបដោយអង្គ ៨ ប្រការ លុះបែកធ្លាយរាងកាយស្លាប់ទៅ រមែងទៅកើតជាមួយនឹងពួកយាមទេវតា។ ម្នាលភិក្ខុទាំងឡាយ រាជសម្បត្តិរបស់មនុស្សនេះឯង ជារបស់ស្តួចស្តើង ហើយយកទៅប្រៀបធៀបនឹងសេចក្តីសុខជារបស់ទិព្យ ដែលតថាគតសំដែងហើយ ព្រោះអាស្រ័យហេតុនេះឯង។ ម្នាលភិក្ខុទាំងឡាយ ៤០០ឆ្នាំ របស់មនុស្ស ត្រូវជា ១យប់ ១ថ្ងៃ របស់ពួកតុសិតទេវតា រាប់រាត្រីនោះបាន ៣០រាត្រី ត្រូវជា ១ខែ រាប់ខែនោះបាន ១២ខែ ត្រូវជា ១ឆ្នាំ រាប់ឆ្នាំនោះបាន ៤០០០ឆ្នាំទិព្យ ត្រូវជាប្រមាណនៃអាយុរបស់ពួកតុសិតទេវតា។ ម្នាលភិក្ខុទាំងឡាយ ហេតុនេះ រមែងមាន ត្រង់ដែលស្រ្តី ឬបុរសពួកខ្លះ ក្នុងលោកនេះ ចាំរក្សាឧបោសថ ប្រកបដោយអង្គ ៨ ប្រការ លុះបែកធ្លាយរាងកាយស្លាប់ទៅ រមែងទៅកើតជាមួយនឹងពួកតុសិតទេវតា។ ម្នាលភិក្ខុទាំងឡាយ រាជសម្បត្តិរបស់មនុស្សនេះឯង ជារបស់ស្តួចស្តើង ហើយយកទៅប្រៀបធៀបនឹងសេចក្តីសុខជារបស់ទិព្យ ដែលតថាគតសំដែងហើយ ព្រោះអាស្រ័យហេតុនេះឯង។ ម្នាលភិក្ខុទាំងឡាយ ៨០០ឆ្នាំ របស់មនុស្ស ត្រូវជា ១យប់ ១ថ្ងៃ របស់ពួកនិម្មានរតីទេវតា រាប់រាត្រីនោះបាន ៣០រាត្រី ត្រូវជា ១ខែ រាប់ខែនោះបាន ១២ខែ ត្រូវជា ១ឆ្នាំ រាប់ឆ្នាំនោះបាន ៨០០០ឆ្នាំទិព្យ ត្រូវជាប្រមាណនៃអាយុរបស់ពួកនិម្មានរតីទេវតា។ ម្នាលភិក្ខុទាំងឡាយ ហេតុនេះ រមែងមាន ត្រង់ដែលស្រ្តី ឬបុរសពួកខ្លះ ក្នុងលោកនេះ ចាំរក្សានូវឧបោសថ ប្រកបដោយអង្គ ៨ ប្រការ លុះបែកធ្លាយរាងកាយស្លាប់ទៅ រមែងទៅកើតជាមួយនឹងពួកនិម្មានរតីទេវតា។ ម្នាលភិក្ខុទាំងឡាយ រាជសម្បត្តិរបស់មនុស្សនេះឯង ជារបស់ស្តួចស្តើង ហើយយកទៅប្រៀបធៀបនឹងសេចក្តីសុខជារបស់ទិព្យ ដែលតថាគតសំដែងហើយ ព្រោះអាស្រ័យហេតុនេះឯង។ ម្នាលភិក្ខុទាំងឡាយ ១៦០០ឆ្នាំ របស់មនុស្ស ត្រូវជា ១យប់ ១ថ្ងៃ របស់ពួកបរនិម្មិតវសវត្តីទេវតា រាប់រាត្រីនោះបាន ៣០ ត្រូវជា ១ខែ រាប់ខែនោះបាន ១២ខែ ត្រូវជា ១ឆ្នាំ រាប់ឆ្នាំនោះបាន ១៦០០០ឆ្នាំទិព្យ ត្រូវជាប្រមាណនៃអាយុរបស់ពួកបរនិម្មិតវសវត្តីទេវតា។ ម្នាលភិក្ខុទាំងឡាយ ហេតុនេះ រមែងមាន ត្រង់ដែលស្រ្តី ឬបុរសពួកខ្លះ ក្នុងលោកនេះ ចាំរក្សានូវឧបោសថ ប្រកបដោយអង្គ ៨ ប្រការ លុះបែកធ្លាយរាងកាយស្លាប់ទៅ រមែងទៅកើតជាមួយនឹងពួកបរនិម្មិតវសវត្តីទេវតា។ ម្នាលភិក្ខុទាំងឡាយ រាជសម្បត្តិរបស់មនុស្សនេះឯង ជារបស់ស្តួចស្តើង ហើយយកទៅប្រៀបធៀបនឹងសេចក្តីសុខជារបស់ទិព្យ ដែលតថាគតសំដែងហើយ ព្រោះអាស្រ័យហេតុនេះឯង។
បុគ្គលមិនគប្បីសម្លាប់សត្វ ១ មិនគប្បីកាន់យកវត្ថុដែលគេមិនបានឲ្យ ១ មិនគប្បីពោលពាក្យកុហក ១ មិនគប្បីផឹកទឹកស្រវឹង ១ គប្បីវៀរចាកការប្រព្រឹត្តិមិនប្រសើរ គឺមេថុន ១ មិនគប្បីបរិភោគភោជន ក្នុងវេលារាត្រី និងក្នុងវេលាវិកាល ១ មិនគប្បីទ្រទ្រង់ផ្កាកម្រង មិនគប្បីប្រស់ព្រំដោយគ្រឿងក្រអូប ១ គប្បីដេកលើគ្រែ លើផែនដី ឬលើកម្រាល ១ ព្រះពុទ្ធព្រះអង្គដល់នូវទីបំផុតនៃទុក្ខ ទ្រង់ប្រកាសហើយ នូវឧបោសថ ដែលប្រកបដោយអង្គ ៨ ប្រការនេះឯង សភាវៈទាំងឡាយពីរ គឺព្រះចន្ទ ១ ព្រះអាទិត្យ ១ ជាសភាវៈល្អមើល កាលបំភ្លឺលោក រមែងចរទៅអស់ទីត្រឹមណា ព្រះចន្ទ និងព្រះអាទិត្យទាំងនោះ ដែលកំចាត់បង់នូវងងឹត ចរទៅក្នុងអាកាស ញុំាងទិសឲ្យរុងរឿងភ្លឺច្បាស់ក្នុងអាកាស អស់ទីត្រឹមនោះ ទ្រព្យណា មានក្នុងចន្លោះនេះ គឺកែវមុក្តាក្តី កែវមណីក្តី កែវពិទូរ្យដ៏ល្អក្តី មាសឈ្មោះសិង្គីក្តី ឈ្មោះសុវណ្ណក្តី ឬមាសឈ្មោះកាញ្ចនៈក្តី ឈ្មោះជាតរូបក្តី ឈ្មោះហដកៈក្តី ទ្រព្យទាំងអម្បាលនោះ មិនដល់នូវចំណិតមួយក្នុងចំណែក ១៦ ៗ លើកនៃឧបោសថ ដែលប្រកបដោយអង្គ៨ ប្រការឡើយ ដូចជាពួកផ្កាយទាំងអស់ មិនដល់នូវពន្លឺនៃព្រះចន្ទ ហេតុដូច្នោះ ស្រ្តីក្តី បុរសក្តី ជាអ្នកមានសីល គួរចាំរក្សានូវឧបោសថ ប្រកបដោយអង្គ ៨ ប្រការ ពួកជនដែលមិនមានគេនិន្ទា បំពេញនូវបុណ្យទាំងឡាយ ដែលមានសេចក្តីសុខជាកម្រៃ រមែងចូលទៅកាន់ឋានសួគ៌បាន។
វិសាខាសូត្រ ទី៣
[៤៣] សម័យមួយ ព្រះដ៏មានព្រះភាគ កាលគង់នៅនាប្រាសាទមិគារមាតា ក្នុងបុព្វារាម ជិតក្រុងសាវត្ថី។ គ្រានោះ នាងវិសាខាជាមិគារមាតា ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះវិសាខា ជាមិគារមាតា អង្គុយក្នុងទីសមគួរហើយ ទើបព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ដូចនេះថា ម្នាលវិសាខា ឧបោសថ ប្រកបដោយអង្គ ៨ ប្រការ ដែលបុគ្គលចាំរក្សាហើយ រមែងមានផលច្រើន មានអានិសង្សច្រើន មានសេចក្តីរុងរឿងច្រើន មានសេចក្តីផ្សាយទៅច្រើន។ ម្នាលវិសាខា ចុះឧបោសថ ប្រកបដោយអង្គ ៨ ប្រការ ដែលបុគ្គលចាំរក្សាហើយ រមែងមានផលច្រើន មានអានិសង្សច្រើន មានសេចក្តីរុងរឿងច្រើន មានសេចក្តីផ្សាយទៅច្រើន តើដោយប្រការដូចម្តេច។ ម្នាលវិសាខា អរិយសាវក ក្នុងសាសនានេះ ពិចារណាថា ព្រះអរហន្តទាំងឡាយ លះបង់បាណាតិបាត វៀរចាកបាណាតិបាត មានអាជ្ញាដាក់ចុះហើយ មានគ្រឿងសស្រ្តាដាក់ចុះហើយ មានសេចក្តីខ្មាសបាប មានសេចក្តីអាណិត មានសេចក្តីអនុគ្រោះ ដោយប្រយោជន៍ ដល់សព្វសត្វ ដរាបអស់ជីវិត ក្នុងថ្ងៃនេះ ចំណែកខ្លួនអញ លះបង់បាណាតិបាត វៀរចាកបាណាតិបាត មានអាជ្ញាដាក់ចុះហើយ មានគ្រឿងសស្រ្តាដាក់ចុះហើយ មានសេចក្តីខ្មាសបាប មានសេចក្តីអាណិត មានសេចក្តីអនុគ្រោះដោយប្រយោជន៍ ដល់សព្វសត្វ អស់យប់នេះ និងថ្ងៃនេះដែរ យកតម្រាប់ព្រះអរហន្តទាំងឡាយផង ខ្លួនអញនឹងចាំរក្សាឧបោសថផង ដោយអង្គនេះឯង។ ឧបោសថ ប្រកបដោយអង្គ ទី១ នេះឯង។បេ។ ព្រះអរហន្តទាំងឡាយ លះបង់នូវសេនាសនៈដ៏ខ្ពស់ និងសេនាសនៈដ៏ប្រសើរ វៀរចាកសេនាសនៈដ៏ខ្ពស់ និងសេនាសនៈដ៏ប្រសើរ សម្រេចនូវទីដេកដ៏ទាប លើគ្រែក្តី លើកម្រាលដែលគេធ្វើដោយស្មៅក្តី ដរាបអស់ជីវិត ក្នុងថ្ងៃនេះ ចំណែកខ្លួនអញ លះបង់សេនាសនៈដ៏ខ្ពស់ និងសេនាសនៈដ៏ប្រសើរ វៀរចាកសេនាសនៈដ៏ខ្ពស់ និងសេនាសនៈដ៏ប្រសើរ សម្រេចនូវទីដេកដ៏ទាប លើគ្រែក្តី លើកម្រាល ដែលគេធ្វើដោយស្មៅក្តី អស់យប់នេះ និងថ្ងៃនេះដែរ យកតម្រាប់ព្រះអរហន្តទាំងឡាយផង ខ្លួនអញនឹងចាំរក្សាឧបោសថផង ដោយអង្គនេះឯង។ ឧបោសថ ប្រកបដោយអង្គ ទី៨ នេះឯង។ ម្នាលវិសាខា ឧបោសថ ប្រកបដោយអង្គ ៨ ប្រការ ដែលបុគ្គលចាំរក្សាយ៉ាងនេះហើយ រមែងមានផលច្រើន មានអានិសង្សច្រើន មានសេចក្តីរុងរឿងច្រើន មានសេចក្តីផ្សាយទៅច្រើន។
ឧបោសថ មានផលច្រើនដូចម្តេច មានអានិសង្សច្រើន ដូចម្តេច មានសេចក្តីរុងរឿងច្រើន ដូចម្តេច មានសេចក្តីផ្សាយទៅច្រើន ដូចម្តេច។ ម្នាលវិសាខា ប្រៀបដូចបុគ្គលសោយរាជ្យ ជាឥស្សរាធិបតីនៃមហាជនបទ ទាំង ១៦ នេះ ដែលជាជនបទសម្បូរដោយកែវ ៧ ប្រការ គឺមហាជនបទ ឈ្មោះអង្គៈ ១ មគធៈ ១ កាសី ១ កោសលៈ ១ វជ្ជី ១ មល្លៈ ១ ចេតី ១ វំសៈ ១ កុរុ ១ បញ្ចាលៈ ១ មច្ឆៈ ១ សូរសេនៈ ១ អស្សកៈ ១ អវន្តី ១ គន្ធារៈ ១ កម្ពោជៈ ១ រាជសម្បត្តិនៃមហាជនបទទាំងនុ៎ះ មិនដល់នូវចំណិត ១ ក្នុងចំណិត ទី១៦ ៗ លើកនៃឧបោសថ ដែលប្រកបដោយអង្គ ៨ ប្រការឡើយ។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលវិសាខា រាជសម្បត្តិរបស់មនុស្ស ជារបស់ស្តួចស្តើង ហើយយកទៅប្រៀបធៀបនឹងសេចក្តីសុខជារបស់ទិព្យ។ ម្នាលវិសាខា ៥០ឆ្នាំរបស់មនុស្ស ត្រូវជា ១យប់ ១ថ្ងៃ របស់ចាតុម្មហារាជិកទេវតា រាប់រាត្រីនោះបាន ៣០រាត្រី ត្រូវជា ១ខែ រាប់ខែនោះបាន ១២ខែ ត្រូវជា ១ឆ្នាំ រាប់ឆ្នាំនោះបាន ៥០០ឆ្នាំទិព្យ ត្រូវជាប្រមាណនៃអាយុរបស់ពួកចាតុម្មហារាជិកទេវតា។ ម្នាលវិសាខា ហេតុនេះ រមែងមាន ត្រង់ដែលស្រ្តី ឬបុរសពួកខ្លះ ក្នុងលោកនេះ ចាំរក្សានូវឧបោសថ ប្រកបដោយអង្គ ៨ ប្រការ លុះបែកធ្លាយរាងកាយស្លាប់ទៅ រមែងទៅកើតជាមួយនឹងពួកចាតុម្មហារាជិកទេវតា។ ម្នាលវិសាខា រាជសម្បត្តិរបស់មនុស្សនេះឯង ជារបស់ស្តួចស្តើង ហើយយកទៅប្រៀបធៀបនឹងសេចក្តីសុខជារបស់ទិព្យ ដែលតថាគតសំដែងហើយ ព្រោះអាស្រ័យហេតុនេះ។ ម្នាលវិសាខា ១០០ឆ្នាំ របស់មនុស្ស ត្រូវជា ១យប់ ១ថ្ងៃ របស់ពួកតាវត្តិង្សទេវតា រាប់រាត្រីនោះបាន ៣០រាត្រី ត្រូវជា ១ខែ រាប់ខែនោះបាន ១២ខែ ត្រូវជា ១ឆ្នាំ រាប់ឆ្នាំនោះបាន ១០០០ឆ្នាំទិព្យ ត្រូវជាប្រមាណនៃអាយុរបស់តាវត្តិង្សទេវតា។ ម្នាលវិសាខា ហេតុនេះ រមែងមាន ត្រង់ដែលស្រ្តី ឬបុរសពួកខ្លះ ក្នុងលោកនេះ ចាំរក្សាឧបោសថ ប្រកបដោយអង្គ ៨ ប្រការ លុះបែកធ្លាយរាងកាយស្លាប់ទៅ រមែងចូលទៅកើតជាមួយនឹងពួកតាវត្តិង្សទេវតា។ ម្នាលវិសាខា រាជសម្បត្តិរបស់មនុស្សនេះឯង ស្តួចស្តើង ហើយយកទៅប្រៀបធៀបនឹងសេចក្តីសុខ ជារបស់ទិព្យ ដែលតថាគតសំដែងហើយ ព្រោះអាស្រ័យហេតុនេះ។ ម្នាលវិសាខា ២០០ឆ្នាំរបស់មនុស្ស។បេ។ ៤០០ឆ្នាំ។បេ។ ៨០០ឆ្នាំ។បេ។ ១៦០០ ឆ្នាំ ត្រូវជា ១យប់ ១ថ្ងៃ របស់ពួកបរនិម្មិតវសវត្តីទេវតា រាប់រាត្រីនោះបាន ៣០រាត្រី ត្រូវជា ១ខែ រាប់ខែនោះបាន ១២ខែ ត្រូវជា ១ឆ្នាំ រាប់ឆ្នាំនោះបាន ១៦០០០ (មួយហ្មឺនប្រាំមួយពាន់) ឆ្នាំទិព្យ ត្រូវជាប្រមាណនៃអាយុ របស់ពួកបរនិម្មិតវសវត្តីទេវតា។ ម្នាលវិសាខា ហេតុនេះ រមែងមាន ត្រង់ដែលស្រ្តី ឬបុរសពួកខ្លះ ក្នុងលោកនេះ ចាំរក្សាឧបោសថ ប្រកបដោយអង្គ ៨ ប្រការ លុះបែកធ្លាយរាងកាយស្លាប់ទៅ រមែងទៅកើតជាមួយនឹងពួកបរនិម្មិតវសវត្តីទេវតា។ ម្នាលវិសាខា រាជសម្បត្តិរបស់មនុស្សនេះឯង ជារបស់ស្តួចស្តើង ហើយយកទៅប្រៀបធៀបនឹងសេចក្តីសុខ ជារបស់ទិព្យ ដែលតថាគតសំដែងហើយ ព្រោះអាស្រ័យហេតុនេះ។
បុគ្គលមិនគប្បីសម្លាប់សត្វ ១ មិនគប្បីកាន់យកវត្ថុដែលគេមិនបានឲ្យ ១ មិនគប្បីពោលពាក្យកុហក ១ មិនគប្បីផឹកទឹកស្រវឹង ១ គប្បីវៀរចាកការប្រព្រឹត្តិមិនប្រសើរ គឺមេថុន ១ មិនគប្បីបរិភោគភោជន ក្នុងវេលារាត្រី និងក្នុងវេលាវិកាល ១ មិនគប្បីទ្រទ្រង់នូវផ្កាកម្រង មិនគប្បីប្រស់ព្រំដោយគ្រឿងក្រអូប ១ គប្បីដេកលើគ្រែ លើផែនដី ឬលើកម្រាល ១ ព្រះពុទ្ធ ព្រះអង្គដល់នូវទីបំផុតនៃទុក្ខ ទ្រង់ប្រកាសហើយ នូវឧបោសថប្រកបដោយអង្គ ៨ ប្រការនេះឯង សភាវៈទាំងឡាយពីរ គឺព្រះចន្ទ ១ ព្រះអាទិត្យ ១ ជាសភាវៈល្អមើល កាលបំភ្លឺលោក រមែងចរទៅ អស់ទីត្រឹមណា ព្រះចន្ទ និងព្រះអាទិត្យទាំងនោះ ដែលកំចាត់បង់នូវងងឹត ចរទៅក្នុងអាកាស ញុំាងទិសឲ្យរុងរឿងភ្លឺច្បាស់ ក្នុងអាកាស អស់ទីត្រឹមនោះ ទ្រព្យណា មានក្នុងចន្លោះនេះ គឺកែវមុក្តាក្តី កែវមណីក្តី កែវពិទូរ្យដ៏ល្អក្តី មាសឈ្មោះសិង្គីក្តី ឈ្មោះសុវណ្ណក្តី ឬមាសឈ្មោះកាព្ចានៈក្តី ឈ្មោះជាតរូបក្តី ឈ្មោះហដកៈក្តី ទ្រព្យទាំងអម្បាលនោះ មិនដល់នូវចំណិត ១ ក្នុងចំណែក ១៦ ៗ លើក នៃឧបោសថ ដែលប្រកបដោយអង្គ ៨ ប្រការឡើយ ដូចជាពួកផ្កាយទាំងអស់ មិនដល់នូវពន្លឺ នៃព្រះចន្ទ ហេតុដូច្នោះ ស្រ្តីក្តី បុរសក្តី ជាអ្នកមានសីល គួរចាំរក្សានូវឧបោសថ ប្រកបដោយអង្គ ៨ ប្រការ ពួកជនដែលមិនមានគេនិន្ទា បំពេញនូវបុណ្យ ដែលមានសេចក្តីសុខជាកម្រៃ រមែងចូលទៅកាន់ឋានសួគ៌បាន។
វាសេដ្ឋសូត្រ ទី៤
[៤៤] សម័យមួយ ព្រះដ៏មានព្រះភាគ កាលគង់នៅក្នុងកូដាគារសាលា នាព្រៃមហាវន ជិតក្រុងវេសាលី។ គ្រានោះ វាសេដ្ឋឧបាសក (ឧបាសកឈ្មោះវាសេដ្ឋ) ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយក៏អង្គុយក្នុងទីសមគួរ។ លុះវាសេដ្ឋឧបាសក អង្គុយក្នុងទីសមគួរហើយ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលវាសេដ្ឋ ឧបោសថប្រកបដោយអង្គ ៨ ដែលបុគ្គលចាំរក្សាហើយ រមែងមានផលច្រើន។បេ។ ពួកជនដែលគេមិននិន្ទា តែងទៅកាន់ឋានសួគ៌។ កាលដែលព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ វាសេដ្ឋឧបាសក បានក្រាបបង្គំទូលព្រះដ៏មានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ពួកញាតិសាលោហិត ជាទីស្រឡាញ់ របស់ខ្ញុំព្រះអង្គ គប្បីរក្សាឧបោសថប្រកបដោយអង្គ ៨ ការរក្សាឧបោសថនោះ គប្បីប្រព្រឹត្តទៅ ដើម្បីជាប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់ពួកញាតិសាលោហិត ជាទីស្រឡាញ់ របស់ខ្ញុំព្រះអង្គ អស់កាលយូរ។ បពិត្រព្រះអង្គដ៏ចំរើន ប្រសិនបើពួកក្សត្រិយ៍ទាំងពួង គប្បីចាំរក្សាឧបោសថប្រកបដោយអង្គ ៨ ការរក្សាឧបោសថនោះ គប្បីប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់ពួកក្សត្រយ៍ទាំងពួង អស់កាលយូរ។ បពិត្រព្រះអង្គដ៏ចំរើន ប្រសិនបើពួកព្រាហ្មណ៍ទាំងពួង។បេ។ ពួកវេស្សៈ សុទ្ទៈ គប្បីចាំរក្សាឧបោសថប្រកបដោយអង្គ ៨ ការរក្សាឧបោសថនោះ គប្បីប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់ពួកសុទ្ទៈទាំងពួង អស់កាលយូរ។ ម្នាលវាសេដ្ឋ ប្រសិនបើពួកក្សត្រិយ៍ទាំងពួង គប្បីចាំរក្សាឧបោសថប្រកបដោយអង្គ ៨ ការរក្សាឧបោសថនោះ គប្បីប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ ដើម្បីសេចក្ដីសុខ ដល់ពួកក្សត្រិយ៍ទាំងពួង អស់កាលយូរ។ ម្នាលវាសេដ្ឋ ប្រសិនបើពួកព្រាហ្មណ៍ទាំងពួង។បេ។ ពួកវេស្សៈ សុទ្ទៈ គប្បីចាំរក្សាឧបោសថ ប្រកបដោយអង្គ ៨ ហើយ ការរក្សាឧបោសថនោះ គប្បីប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់ពួកសុទ្ទៈទាំងពួង អស់កាលយូរ។ ម្នាលវាសេដ្ឋ ប្រសិនបើលោក (នេះ) ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ពពួកសត្វ ព្រមទាំងសមណព្រាហ្មណ៍ទាំងមនុស្ស ជាសម្មតិទេព និងមនុស្សដ៏សេស គប្បីចាំរក្សាឧបោសថប្រកបដោយអង្គ ៨ ការរក្សាឧបោសថនោះ គប្បីប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់លោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ដល់ពពួកសត្វ ព្រមទាំងសមណព្រាហ្មណ៍ ទាំងមនុស្ស ជាសម្មតិទេព និងមនុស្សដ៏សេស អស់កាលយូរ។ ម្នាលវាសេដ្ឋ ប្រសិនបើដើមមហាសាលព្រឹក្សទាំងនេះ គប្បីចាំរក្សាឧបោសថប្រកបដោយអង្គ ៨ ការរក្សាឧបោសថនោះ គប្បីប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់ដើមមហាសាលព្រឹក្សទាំងនេះ អស់កាលយូរ ប្រសិនបើឈើទាំងនេះ ចេះគិត ចាំបាច់ទៅនិយាយថ្វី ដល់មនុស្ស។
ពោជ្ឈសូត្រ ទី៥
[៤៥] សម័យមួយ ព្រះដ៏មានព្រះភាគ កាលគង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ គ្រានោះ នាងពោជ្ឈាឧបាសិកា (ឧបាសិកាឈ្មោះពោជ្ឈា) ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះនាងពោជ្ឈាឧបាសិកា អង្គុយក្នុងទីសមគួរហើយ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលនាងពោជ្ឈា ឧបោសថប្រកបដោយអង្គ ៨ ដែលបុគ្គលចាំរក្សាហើយ រមែងមានផលច្រើន មានអានិសង្សច្រើន មានការរុងរឿងច្រើន មានគុណផ្សាយទៅច្រើន។ ម្នាលនាងពោជ្ឈា ចុះឧបោសថប្រកបដោយអង្គ ៨ ដែលបុគ្គលចាំរក្សាហើយ រមែងមានផលច្រើន មានអានិសង្សច្រើន មានការរុងរឿងច្រើន មានការផ្សាយទៅច្រើន តើដូចម្ដេច។ ម្នាលនាងពោជ្ឈា អរិយសាវក ក្នុងសាសនានេះ ពិចារណាថា ព្រះអរហន្ដទាំងឡាយ លះបង់បាណាតិបាត វៀរចាកបាណាតិបាត ដាក់ចុះនូវអាជ្ញា ដាក់ចុះនូវគ្រឿងសស្រ្ដា មានសេចក្ដីអៀនខ្មាស ដល់នូវការអាណិត អនុគ្រោះដោយប្រយោជន៍ ដល់សត្វទាំងអស់ ដរាបដល់អស់ជីវិត ក្នុងថ្ងៃនេះ ចំណែកអាត្មាអញ បានលះបង់បាណាតិបាត វៀរចាកបាណាតិបាត ដាក់ចុះនូវអាជ្ញា ដាក់ចុះនូវគ្រឿងសស្រ្ដា មានសេចក្ដីអៀនខ្មាស ដល់នូវការអាណិត អនុគ្រោះដោយប្រយោជន៍ ដល់សត្វទាំងអស់ អស់យប់នេះ និងថ្ងៃនេះដែរ ធ្វើតាមព្រះអរហន្ដទាំងឡាយផង ឧបោសថអាត្មាអញ នឹងចាំរក្សាហើយផង ដោយអង្គនេះ។ អរិយសាវកប្រកបដោយអង្គ ទី១នេះ។បេ។ ព្រះអរហន្ដទាំងឡាយ លះបង់ទីដេក ទីអង្គុយដ៏ខ្ពស់ហួសប្រមាណ និងទីដេកទីអង្គុយដ៏ប្រសើរ វៀរចាកទីដេក ទីអង្គុយដ៏ខ្ពស់ហួសប្រមាណ និងទីដេក ទីអង្គុយដ៏ប្រសើរ សម្រេចការដេកលើអាសនៈទាប គឺលើគ្រែ ឬលើកម្រាលស្មៅ ដរាបអស់ជីវិត ក្នុងថ្ងៃនេះ ចំណែកអាត្មាអញ បានលះបង់ទីដេក ទីអង្គុយដ៏ខ្ពស់ហួសប្រមាណ និងទីដេក ទីអង្គុយដ៏ប្រសើរ វៀរចាកទីដេក ទីអង្គុយខ្ពស់ហួសប្រមាណ និងទីដេក ទីអង្គុយដ៏ប្រសើរ សម្រេចការដេកលើអាសនៈទាប គឺលើគ្រែ ឬលើកម្រាលស្មៅ អស់យប់នេះ និងថ្ងៃនេះដែរ ធ្វើតាមព្រះអរហន្ដទាំងឡាយនេះផង ឧបោសថ អាត្មាអញនឹងចាំរក្សាហើយផង ដោយអង្គនេះឯង។ អរិយសាវកប្រកបដោយអង្គ ទី៨ នេះ។ ម្នាលនាងពោជ្ឈា ឧបោសថប្រកបដោយអង្គ ៨ ដែលបុគ្គលចាំរក្សាយ៉ាងនេះហើយ រមែងមានផលច្រើន មានអានិសង្សច្រើន មានការរុងរឿងច្រើន មានគុណផ្សាយទៅច្រើន។ ឧបោសថមានផលច្រើនប៉ុនណា មានអានិសង្សច្រើនប៉ុនណា មានការរុងរឿងច្រើនប៉ុនណា មានគុណផ្សាយទៅច្រើនប៉ុនណា។ ម្នាលនាងពោជ្ឈា ប្រៀបដូចជាបុគ្គលណាសោយរាជ្យ ជាឥស្សរាធិបតីលើមហាជនបទទាំង ១៦ នេះ ដែលសម្បូណ៌ដោយរតនៈ (ទ្រព្យជាគ្រឿងរីករាយ) ទាំង៧ ប្រការ គឺមហាជនបទឈ្មោះអង្គៈ ១ មគធៈ ១ កាសី ១ កោសលៈ ១ វជ្ជី ១ មល្លៈ ១ ចេតី១ វង្សៈ ១ កុរុ ១ បញ្ចាលៈ ១មច្ឆៈ ១ សូរសេនៈ ១ អស្សកៈ ១ អវន្ដី ១ គន្ធារៈ ១ កម្ពោជៈ ១ ឯភោគសម្បទទាំងនុ៎ះ មិនដល់នូវចំណិតនៃចំណែក ១៦ ៗ លើកនៃឧបោសថ ដែលប្រកបដោយអង្គ ៨ ឡើយ។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលនាងពោជ្ឈា (ព្រោះថា) រាជសម្បតិ្តរបស់មនុស្ស ជារបស់ស្ដួចស្ដើង ហើយប្រៀបផ្ទឹមនឹងសុខជាទិព្វ។ ម្នាលនាងពោជ្ឈា ព្រោះថា ៥០ឆ្នាំរបស់មនុស្ស ជា ១យប់ ១ថ្ងៃរបស់ពួកទេវតាជាន់ចាតុម្មហារាជិកៈ រាប់រាត្រីនោះបាន ៣០រាត្រី ត្រូវជា ១ខែ រាប់ខែនោះបាន ១២ខែ ត្រូវជា ១ឆ្នាំ រាប់ឆ្នាំនោះបាន ៥០០ឆ្នាំទិព្វ ត្រូវជាប្រមាណនៃអាយុរបស់ពួកទេវតាជាន់ចាតុម្មហារាជិកៈ។ ម្នាលនាងពោជ្ឈា ហេតុនេះ រមែងមានប្រាកដ ត្រង់ដែលស្រ្ដី ឬបុរសពួកខ្លះ ក្នុងលោកនេះ ចាំរក្សាឧបោសថប្រកបដោយអង្គ ៨ ហើយ លុះទំលាយរាងកាយស្លាប់ទៅ គប្បីទៅកើតជាមួយនឹងពួកទេវតាជាន់ចាតុម្មហារាជិកៈ។ ម្នាលនាងពោជ្ឈា ពាក្យដែលតថាគតសំដែងហើយថា រាជសម្បតិ្តរបស់មនុស្ស ជារបស់ស្ដួចស្ដើង ប្រៀបផ្ទឹមដោយសុខជាទិព្វនេះ ព្រោះសំដៅនូវហេតុនុ៎ះ។ ម្នាលនាងពោជ្ឈា ១០០ឆ្នាំរបស់មនុស្ស។បេ។ ម្នាលនាងពោជ្ឈា ២០០ឆ្នាំរបស់មនុស្ស។បេ។ ៤០០ឆ្នាំ។បេ។ ៨០០ឆ្នាំ។បេ។ ១៦០០ឆ្នាំ (របស់មនុស្ស) ត្រូវជា១យប់ ១ថ្ងៃរបស់ពួកទេវតាជាន់បរនិមិ្មតវសវត្តី រាប់រាត្រីនោះបាន ៣០រាត្រី ត្រូវជា ១ខែ រាប់ខែនោះបាន ១២ ត្រូវជា ១ឆ្នាំ រាប់ឆ្នាំនោះបាន ១៦០០០ឆ្នាំទិព្វ ត្រូវជាប្រមាណនៃអាយុរបស់ពួកទេវតាជាន់បរនិមិ្មតវសវត្តី។ ម្នាលនាងពោជ្ឈា ហេតុនេះ រមែងមានពិតប្រាកដ ត្រង់ដែលស្រ្ដី ឬបុរសពួកខ្លះ ក្នុងលោកនេះ ចាំរក្សាឧបោសថប្រកបដោយអង្គ ៨ហើយ លុះទំលាយរាងកាយស្លាប់ទៅ គប្បីទៅកើតជាមួយនឹងពួកទេវតាជាន់បរនិមិ្មតវសវត្តី។ ម្នាលនាងពោជ្ឈា ពាក្យដែលតថាគតសំដែងហើយថា រាជសម្បតិ្ត របស់មនុស្ស ជារបស់ស្ដួចស្ដើង ប្រៀបផ្ទឹមដោយសុខជាទិព្យនេះ ព្រោះសំដៅនូវហេតុនុ៎ះ។
បុគ្គលកុំគប្បីសម្លាប់សត្វ ១ កុំគប្បីកាន់យកទ្រព្យដែលគេមិនបានឲ្យ ១ កុំគប្បីពោលពាក្យកុហក ១ កុំគប្បីផឹកទឹកស្រវឹង ១ គប្បីវៀរចាកអព្រហ្មចរិយៈ គឺមេថុន ១ កុំគប្បីបរិភោគភោជនក្នុងវេលារាត្រី និងវេលាវិកាល ១ កុំគប្បីទ្រទ្រង់ផ្កាកម្រង កុំគប្បីលាបគ្រឿងក្រអូប ១ គប្បីដេកលើគ្រែ លើផែនដី ឬលើកម្រាល ១ ព្រោះថា ឧបោសថប្រកបដោយអង្គ ៨នេះ ព្រះពុទ្ធទ្រង់ដល់នូវទីបំផុតនៃទុក្ខ ទ្រង់ប្រកាសហើយ ព្រះចន្ទ និងព្រះអាទិត្យទាំង២ ជារបស់ល្អមើល កាលចរទៅបំភ្លឺត្រឹមណា ព្រះចន្ទ និងព្រះអាទិត្យទាំងពីរនោះ តែងកំចាត់បង់នូវងងឹត ត្រាច់ទៅក្នុងអាកាស ភ្លឺក្នុងអាកាស រុងរឿងសព្វទិស ទ្រព្យណាដែលមានក្នុងចន្លោះនុ៎ះ គឺកែវមុក្ដា កែវមណី កែវពិទូរ្យដ៏ល្អ ម្យ៉ាងទៀត មាសឈ្មោះសិង្គី ឈ្មោះសុវណ្ណ ឬមាស ឈ្មោះកាញ្ចនៈ ឈ្មោះជាតរូប ឈ្មោះហដកៈ របស់ទាំងអស់នោះ ក៏មិនដល់នូវ ១ ចំណិតនៃចំណែក ១៦ ៗ លើក នៃឧបោសថ ប្រកបដោយអង្គ ៨ ដូចជាពួកផ្កាយទាំងអស់ មិនដល់នូវពន្លឺនៃព្រះចន្ទ ព្រោះហេតុនោះ ជនស្រីប្រុស អ្នកមានសីល គួររក្សាឧបោសថ ប្រកបដោយអង្គ ៨ ពួកជនដែលគេមិននិន្ទាហើយ បំពេញបុណ្យដែលជាកម្រៃនៃសេចក្ដីសុខ រមែងចូលទៅកាន់ឋានសួគ៌បាន។
អនុរុទ្ធសូត្រ ទី៦
[៤៦] សម័យមួយ ព្រះដ៏មានព្រះភាគ កាលគង់នៅឃោសិតារាម ទៀបក្រុងកោសម្ពី។ សម័យនោះឯង ព្រះអនុរុទ្ធដ៏មានអាយុ ចូលទៅកាន់ទីនៅ ក្នុងវេលាថ្ងៃ សម្ងំនៅ។ គ្រានោះ ពួកទេវតាឈ្មោះមនាបកាយិកា ជាច្រើនអង្គ នាំគ្នាចូលទៅរកព្រះអនុរុទ្ធ លុះចូលទៅដល់ ថ្វាយបង្គំព្រះអនុរុទ្ធ ហើយឋិតនៅក្នុងទីសមគួរ។ លុះទេវតាទាំងនោះ ឋិតនៅក្នុងទីសមគួរហើយ ក៏ពោលទៅនឹងព្រះអនុរុទ្ធដ៏មានអាយុ ដូច្នេះថា បពិត្រព្រះអនុរុទ្ធដ៏ចំរើន យើងខ្ញុំជាពួកទេវតា ឈ្មោះមនាបកាយិកា ធ្វើឥស្សរិយភាព ញុំាងអំណាចឲ្យប្រព្រឹត្តទៅ ក្នុងហេតុទាំង ៣ បពិត្រព្រះអនុរុទ្ធដ៏ចំរើន យើងខ្ញុំប្រាថ្នានូវវណ្ណៈបែបណា ក៏បាននូវវណ្ណៈបែបនោះមួយរំពេច ១ ប្រាថ្នានូវសំឡេងបែបណា ក៏បាននូវសំឡេង បែបនោះមួយរំពេច ១ ប្រាថ្នានូវសុខបែបណា ក៏បាននូវសុខបែបនោះមួយរំពេច ១ បពិត្រព្រះអនុរុទ្ធដ៏ចំរើន យើងខ្ញុំជាពួកទេវតា ឈ្មោះមនាបកាយិកា ធ្វើនូវឥស្សរិយភាព ញុំាងអំណាចឲ្យប្រព្រឹត្តទៅ ក្នុងហេតុទាំង ៣នេះ។ លំដាប់នោះ ព្រះអនុរុទ្ធដ៏មានអាយុ មានសេចក្ដីត្រិះរិះថា ធ្វើដូចម្ដេចហ្ន៎ នឹងបានទេវតាទាំងនេះ ទៅជាខៀវទាំងអស់ គឺមានសម្បុរ ក៏ខៀវ មានសំពត់ ក៏ខៀវ មានគ្រឿងអលង្ការ ក៏ខៀវ។ វេលានោះ ទេវតាទាំងនោះ បានដឹងចិត្តនៃព្រះអនុរុទ្ធដ៏មានអាយុ ហើយក៏ទៅជាខៀវទាំងអស់ គឺមានសម្បុរ ក៏ខៀវ មានសំពត់ ក៏ខៀវ មានគ្រឿងអលង្ការ ក៏ខៀវ។ លំដាប់នោះ ព្រះអនុរុទ្ធដ៏មានអាយុ មានសេចក្ដីត្រិះរិះដូច្នេះថា ធ្វើដូចម្ដេចហ្ន៎ នឹងបានទេវតាទាំងនេះ ទៅជាលឿងទាំងអស់។បេ។ ទៅជាក្រហមទាំងអស់ ទៅជាសទាំងអស់ គឺមានសម្បុរ ក៏ស មានសំពត់ ក៏ស មានគ្រឿងអលង្ការ ក៏ស។ វេលានោះ ទេវតាទាំងនោះ បានដឹងចិត្តនៃព្រះអនុរុទ្ធដ៏មានអាយុហើយ ក៏ទៅជាសទាំងអស់ គឺមានសម្បុរ ក៏ស មានសំពត់ ក៏ស មានគ្រឿងអលង្ការ ក៏ស។ លំដាប់នោះ ទេវតាទាំងនោះ ១ អង្គច្រៀង ១ អង្គរាំ ១ អង្គទះដៃ។ ប្រៀបដូចតូរ្យតន្ត្រីប្រកបដោយអង្គ ៥ ដែលបុគ្គលអ្នកឈ្លាសវៃ បានសិក្សាស្ទាត់ ប្រគំដោយប្រពៃ ដេញដំដោយប្រពៃ មានសំឡេងពីរោះផង គួរត្រេកអរផង គួរប្រាថ្នាផង គួរស្រឡាញ់ផង គួររីករាយផង យ៉ាងណាមិញ សំឡេងនៃគ្រឿងអលង្ការ របស់ពួកទេវតាទាំងនោះ ពីរោះផង គួរត្រេកអរផង គួរប្រាថ្នាផង គួរស្រឡាញ់ផង គួររីករាយផង ក៏យ៉ាងនោះដែរ។ គ្រានោះ ព្រះអនុរុទ្ធដ៏មានអាយុ ដាក់ចុះនូវឥន្រ្ទិយទាំងឡាយ គឺធ្វើព្រងើយ។ លំដាប់នោះ ទេវតាទាំងនោះដឹងថា ព្រះអនុរុទ្ធជាម្ចាស់ មិនត្រេកអរ ហើយបាត់ក្នុងទីនោះទៅ។ គ្រានោះ ព្រះអនុរុទ្ធដ៏មានអាយុ ចេញចាកទីសម្ងំ នៅក្នុងសាយណ្ហសម័យ ហើយចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះព្រះអនុរុទ្ធដ៏មានអាយុ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ក្នុងទីឯណោះ ខ្ញុំព្រះអង្គចូលទៅកាន់ទីនៅ ក្នុងវេលាថ្ងៃ ហើយសម្ងំនៅ។ បពិត្រព្រះអង្គដ៏ចំរើន លំដាប់នោះ ពួកទេវតា ឈ្មោះមនាបកាយិកា ជាច្រើនអង្គ ចូលទៅរកខ្ញុំព្រះអង្គ លុះចូលទៅដល់ ថ្វាយបង្គំខ្ញុំព្រះអង្គ ហើយឋិតនៅក្នុងទីសមគួរ។ បពិត្រព្រះអង្គដ៏ចំរើន លុះទេវតាទាំងនោះ ឋិតនៅក្នុងទីសមគួរហើយ ក៏ពោលទៅនឹងខ្ញុំព្រះអង្គដូច្នេះថា បពិត្រព្រះអនុរុទ្ធដ៏ចំរើន យើងខ្ញុំជាពួកទេវតា ឈ្មោះមនាបកាយិកា ធ្វើនូវឥស្សរិយភាព ញុំាងអំណាចឲ្យប្រព្រឹត្តទៅ ក្នុងហេតុ ៣យ៉ាង បពិត្រព្រះអនុរុទ្ធដ៏ចំរើន យើងខ្ញុំប្រាថ្នានូវវណ្ណៈបែបណា ក៏បាននូវវណ្ណៈបែបនោះ មួយរំពេច ១ ប្រាថ្នានូវសំឡេងបែបណា ក៏បាននូវសំឡេងបែបនោះមួយរំពេច ១ ប្រាថ្នានូវសុខបែបណា ក៏បាននូវសុខបែបនោះមួយរំពេច ១ បពិត្រព្រះអនុរុទ្ធដ៏ចំរើន យើងខ្ញុំជាពួកទេវតា ឈ្មោះមនាបកាយិកា ធ្វើនូវឥស្សរិយភាព ញុំាងអំណាចឲ្យប្រព្រឹត្តទៅ ក្នុងហេតុទាំង ៣នេះ។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គមានសេចក្ដីត្រិះរិះដូច្នេះថា ធ្វើដូចម្ដេចហ្ន៎ នឹងបានទេវតាទាំងនេះ ទៅជាខៀវទាំងអស់ គឺមានសម្បុរ ក៏ខៀវ មានសំពត់ ក៏ខៀវ មានគ្រឿងអលង្ការ ក៏ខៀវ។ បពិត្រព្រះអង្គដ៏ចំរើន វេលានោះ ទេវតាទាំងនោះ បានដឹងចិត្តខ្ញុំព្រះអង្គហើយ ក៏ទៅជាខៀវទាំងអស់ គឺមានសម្បុរ ក៏ខៀវ មានសំពត់ ក៏ខៀវ មានគ្រឿងអលង្ការ ក៏ខៀវ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គមានសេចក្ដីត្រិះរិះដូច្នេះថា ធ្វើដូចម្ដេចហ្ន៎ នឹងបានទេវតាទាំងនេះ ទៅជាលឿងទាំងអស់។បេ។ ទៅជាក្រហមទាំងអស់។បេ។ ទៅជាសទាំងអស់ គឺមានសម្បុរ ក៏ស មានសំពត់ ក៏ស មានគ្រឿងអលង្ការ ក៏ស។ បពិត្រព្រះអង្គដ៏ចំរើន លុះទេវតាទាំងនោះ បានដឹងចិត្តខ្ញុំព្រះអង្គហើយ ក៏ទៅជាសទាំងអស់ គឺមានសម្បុរ ក៏ស មានសំពត់ ក៏ស មានគ្រឿងអលង្ការ ក៏ស។ បពិត្រព្រះអង្គដ៏ចំរើន វេលានោះ ទេវតាទាំងនោះ ១ អង្គច្រៀង ១ អង្គរាំ ១ អង្គទះដៃ។ ប្រៀបដូចតូរ្យតន្ត្រី ប្រកបដោយអង្គ៥ ដែលគេរៀបចំល្អហើយ បុគ្គលឈ្លាសវៃ បានប្រគំដោយប្រពៃ បានដេញដំដោយប្រពៃ មានសំឡេងពីរោះផង គួរត្រេកអរផង គួរប្រាថ្នាផង គួរស្រឡាញ់ផង គួររីករាយផង យ៉ាងណាមិញ សំឡេងគ្រឿងអលង្ការ របស់ពួកទេវតាទាំងនោះ ក៏ពីរោះផង គួរត្រេកអរផង គួរប្រាថ្នាផង គួរស្រឡាញ់ផង គួររីករាយផង ក៏យ៉ាងនោះដែរ។ បពិត្រព្រះអង្គដ៏ចំរើន ឯខ្ញុំព្រះអង្គ ក៏ដាក់ចុះនូវឥន្រ្ទិយទាំងឡាយ គឺធ្វើព្រងើយ។ បពិត្រព្រះអង្គដ៏ចំរើន វេលានោះ ទេវតាទាំងនោះ គិតគ្នាថា ព្រះអនុរុទ្ធជាម្ចាស់ មិនត្រេកអរហើយ ក៏បាត់ក្នុងទីនោះទៅ បពិត្រព្រះអង្គដ៏ចំរើន ចុះមាតុគ្រាម ប្រកបដោយធម៌ប៉ុន្មានយ៉ាង លុះបែកធ្លាយរាងកាយ ស្លាប់ទៅ បានទៅកើតជាមួយនឹងពួកទេវតាឈ្មោះ មនាបកាយិកា។ ព្រះអង្គត្រាស់ថា ម្នាលអនុរុទ្ធ មាតុគ្រាមប្រកបដោយធម៌ ៨ ប្រការ លុះបែកធ្លាយរាងកាយ ស្លាប់ទៅ រមែងទៅកើតជាមួយនឹងពួកទេវតាឈ្មោះ មនាបកាយិកា។ ប្រកបដោយធម៌ ៨ ប្រការ តើដូចម្ដេចខ្លះ។ ម្នាលអនុរុទ្ធ មាតុគ្រាម ក្នុងលោកនេះ ដែលមាតាបិតាប្រាថ្នាសេចក្ដីចំរើន ស្វែងរកប្រយោជន៍ ជាអ្នកអនុគ្រោះ អាស្រ័យនូវសេចក្ដីអនុគ្រោះ បានរៀបចំឲ្យដល់ស្វាមីណាហើយ ជាស្រីក្រោកមុន ដេកក្រោយ ទទួលស្ដាប់កិច្ចការអ្វីៗ ប្រព្រឹត្តនូវអំពើជាទីគាប់ចិត្ត ពោលពាក្យជាទីស្រឡាញ់ ចំពោះស្វាមីនោះ ១ ពួកជនណាជាទីគោរពរបស់ស្វាមី ទោះមាតាក្ដី បិតាក្ដី សមណព្រាហ្មណ៍ក្ដី មាតុគ្រាម តែងធ្វើសក្ការៈ គោរព រាប់អាន បូជាចំពោះជនទាំងនោះផង តែងបូជាពួកជន ដែលទើបមកដល់ថ្មី ដោយអាសនៈ និងទឹកផង ១ ការងារទាំងឡាយណា ជាបន្ទុករបស់ស្វាមី ទោះជារោមសត្វក្ដី កប្បាសក្ដី ជាស្រីប៉ិនប្រសប់ក្នុងការងារទាំងនោះ មិនខ្ជិលច្រអូស ប្រកបដោយការពិចារណាដោយឧបាយក្នុងកិច្ចទាំងនោះថា គួរធ្វើ គួរចាត់ចែង ១ ពួកជនណានៅខាងក្នុង ជាបន្ទុករបស់ស្វាមី ទោះជាខ្ញុំក្ដី ជាអ្នកបម្រើក្ដី ជាកម្មករក្ដី មាតុគ្រាម តែងដឹងនូវអំពើដែលជនទាំងនោះធ្វើថា ធ្វើ ដឹងនូវអំពើដែលជនទាំងនោះមិនបានធ្វើ ថាមិនបានធ្វើ ដឹងនូវកំឡាំងតិច និងកំឡាំងច្រើនរបស់អ្នកឈឺ ទាំងចេះចាត់ចែង នូវខាទនីយភោជនីយាហារ តាមចំណែកដែលគួរដល់ជនជាខាងក្នុងបន្ទុកនោះ ១ ស្វាមីបាននាំមក នូវទ្រព្យណាក្ដី ស្រូវណាក្ដី ប្រាក់ណាក្ដី មាសណាក្ដី មាតុគ្រាមនោះ តែងសម្រេចដោយការរក្សា គ្រប់គ្រងនូវទ្រព្យជាដើមនោះ និងជាអ្នកមិនលេង មិនលួច មិនខិលខូច មិនធ្វើសម្បតិ្តទាំងនោះ ឲ្យវិនាស ១ ជាឧបាសិកាដល់នូវព្រះពុទ្ធជាទីពឹង ដល់នូវព្រះធម៌ជាទីពឹង ដល់នូវព្រះសង្ឃជាទីពឹង ១ ជាស្រ្ដីមានសីល វៀរចាកបាណាតិបាត វៀរចាកអទិន្នាទាន វៀរចាកកាមេសុមិច្ឆាចារ វៀរចាកមុសាវាទ វៀរចាកការផឹកទឹកស្រវឹង គឺសុរា និងមេរ័យ ដែលជាទីតាំងនៃសេចក្ដីប្រមាទ ១ ជាស្រ្ដីមានចាគៈ មានចិត្តប្រាសចាកមន្ទិល គឺសេចក្ដីកំណាញ់ នៅគ្រប់គ្រងផ្ទះ មានទានបរិច្ចាគ ស្រឡះហើយ មានដៃលាងហើយ ត្រេកអរក្នុងការលះបង់ គួរដល់ពួកស្មូម ត្រេកអរក្នុងការចែករលែកនូវទាន ១។ ម្នាលអនុរុទ្ធ មាតុគ្រាម ប្រកបដោយធម៌ទាំង ៨ នេះឯង លុះបែកធ្លាយរាងកាយ ស្លាប់ទៅ តែងទៅកើតជាមួយនឹងពួកទេវតាឈ្មោះ មនាបកាយិកា។
មាតុគ្រាមណា មានព្យាយាម ខ្វល់ខ្វាយចិញ្ចឹមស្វាមីនោះសព្វកាលជានិច្ច មិនមើលងាយបុរសជាស្វាមី ដែលនាំមកនូវសេចក្ដីប្រាថ្នាគ្រប់យ៉ាងនោះ ជាស្រ្ដីល្អ មិនធ្វើស្វាមីឲ្យក្តៅក្រហាយ ដោយពាក្យច្រណែន ជាស្រ្តីមានបញ្ញា តែងបូជាស្វាមី និងបុគ្គលដែលជាទីគោរពទាំងអស់ ជាស្រ្ដីមានសេចក្ដីខ្នះខ្នែង មិនខ្ជិលច្រអូស សង្រ្គោះជនជាបរិសទ្យ តែងប្រព្រឹត្តនូវអំពើជាទីគាប់ចិត្តនៃស្វាមី ថែទាំសម្បតិ្តដែលស្វាមីរកបានមក នារីណា ជាស្ត្រីលុះក្នុងអំណាចសេចក្តីប្រាថ្នារបស់ស្វាមី ហើយប្រព្រឹត្តយ៉ាងនេះ នារីនោះ រមែងទៅកើតក្នុងពួកទេវតា ឈ្មោះ មនាបកាយិកា។
ទុតិយវិសាខាសូត្រ ទី៧
[៤៧] សម័យមួយ ព្រះដ៏មានព្រះភាគ កាលគង់នៅក្នុងមិគារមាតុប្រាសាទ ក្នុងវត្តបុព្វារាម ជិតក្រុងសាវតី្ថ។ គ្រានោះ នាងវិសាខាមិគារមាតា។បេ។ អង្គុយក្នុងទីសមគួរ។ លុះនាងវិសាខាមិគារមាតា អង្គុយក្នុងទីសមគួរហើយ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលនាងវិសាខា មាតុគ្រាមប្រកបដោយធម៌ ៨ ប្រការ លុះបែកធ្លាយរាងកាយ ស្លាប់ទៅ រមែងទៅកើតជាមួយនឹងពួកទេវតាមនាបកាយិកា។ ប្រកបដោយធម៌ ៨ ប្រការ តើដូចម្ដេចខ្លះ។ ម្នាលនាងវិសាខា មាតុគ្រាម ក្នុងលោកនេះ ដែលមាតាបិតា មានប្រាថ្នាសេចក្ដីចំរើន ស្វែងរកប្រយោជន៍ ជាអ្នកអនុគ្រោះ អាស្រ័យនូវសេចក្ដីអនុគ្រោះ បានរៀបចំឲ្យដល់ស្វាមីណាហើយ ជាស្រីក្រោកមុន ដេកក្រោយ ទទួលស្ដាប់កិច្ចការអ្វីៗ ប្រព្រឹត្តនូវអំពើជាទីគាប់ចិត្ត ពោលពាក្យជាទីស្រឡាញ់ ចំពោះស្វាមីនោះ ១។បេ។ ជាស្ដ្រីមានចាគៈ មានចិត្តប្រាសចាកមន្ទិល គឺសេចក្ដីកំណាញ់ នៅគ្រប់គ្រងផ្ទះ មានទានបរិច្ចាគស្រឡះហើយ មានដៃលាងហើយ ត្រេកអរក្នុងការលះបង់ គួរដល់ពួកស្មូម ត្រេកអរក្នុងការចែករលែកនូវទាន ១។ ម្នាលនាងវិសាខា មាតុគ្រាម ប្រកបដោយធម៌ ៨ ប្រការនេះឯង លុះបែកធ្លាយរាងកាយស្លាប់ទៅ រមែងទៅកើតជាមួយនឹងពួកទេវតាមនាបកាយិកា។
មាតុគ្រាមណា មានព្យាយាម ខ្វល់ខ្វាយចិញ្ចឹមស្វាមីនោះសព្វកាលជានិច្ច មិនមើលងាយបុរសជាស្វាមី ដែលនាំមកនូវសេចក្ដីប្រាថ្នាគ្រប់យ៉ាងនោះ ជាស្រ្ដីល្អ មិនបានធ្វើស្វាមីឲ្យក្ដៅក្រហាយ ដោយពាក្យច្រណែន ជាស្រ្ដីមានបញ្ញា តែងបូជាស្វាមី និងបុគ្គលដែលជាទីគោរពទាំងអស់ ជាស្រ្ដីមានសេចក្ដីខ្នះខ្នែង មិនខ្ជិលច្រអូស សង្រ្គោះជនជាបរិសទ្យ តែងប្រព្រឹត្តនូវអំពើជាទីគាប់ចិត្តនៃស្វាមី ថែទាំសម្បតិ្តដែលស្វាមីរកបានមក នារីណា ជាស្រ្ដីលុះក្នុងអំណាចសេចក្ដីប្រាថ្នារបស់ស្វាមី ប្រព្រឹត្តយ៉ាងនេះ នារីនោះ រមែងទៅកើតក្នុងពួកទេវតា ឈ្មោះ មនាបកាយិកា។
នកុលមាតាសូត្រ ទី៨
[៤៨] សម័យមួយ ព្រះដ៏មានព្រះភាគ កាលគង់នៅក្នុងភេសកឡាវន ជាទីឲ្យអភ័យ ដល់សត្វម្រឹគ ទៀបក្រុងសុំសុមារគិរៈ ក្នុងដែនភគ្គៈ។ គ្រានោះ នកុលមាតាគហបតានី (នាងគហបតានី ឈ្មោះនកុលមាតា) ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ។បេ។ ក៏អង្គុយនៅ។ លុះនកុលមាតាគហបតានី អង្គុយក្នុងទីសមគួរហើយ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលនកុលមាតា មាតុគ្រាមប្រកបដោយធម៌ ៨ ប្រការ លុះបែកធ្លាយរាងកាយស្លាប់ទៅ តែងទៅកើតជាមួយនឹងពួកទេវតាមនាបកាយិកា។ ប្រកបដោយធម៌ ៨ ប្រការ តើដូចម្ដេចខ្លះ។ ម្នាលនកុលមាតា មាតុគ្រាមក្នុងលោកនេះ ដែលមាតាបិតា មានប្រាថ្នាសេចក្ដីចំរើន ស្វែងរកប្រយោជន៍ ជាអ្នកអនុគ្រោះ អាស្រ័យនូវសេចក្ដីអនុគ្រោះ បានរៀបចំឲ្យដល់ស្វាមីណាហើយ ជាស្ត្រីក្រោកមុន ដេកក្រោយ ទទួលស្ដាប់កិច្ចការអ្វីៗ ប្រព្រឹត្តនូវអំពើជាទីគាប់ចិត្ត ពោលពាក្យជាទីស្រឡាញ់ ចំពោះស្វាមីនោះ ១។បេ។ ជាស្ដ្រីមានចាគៈ មានចិត្តប្រាសចាកមន្ទិល គឺសេចក្ដីកំណាញ់ នៅគ្រប់គ្រងផ្ទះ មានទានបរិច្ចាគស្រឡះហើយ មានដៃលាងហើយ ត្រេកអរក្នុងការលះបង់ គួរដល់ពួកស្មូម ត្រេកអរក្នុងការចែករលែកនូវទាន ១។ ម្នាលនកុលមាតា មាតុគ្រាម ប្រកបដោយធម៌ ៨ ប្រការនេះឯង លុះបែកធ្លាយរាងកាយ ស្លាប់ទៅ តែងទៅកើតជាមួយនឹងពួកទេវតាមនាបកាយិកា។
មាតុគ្រាមណា មានព្យាយាម ខ្វល់ខ្វាយចិញ្ចឹមស្វាមីនោះសព្វកាលជានិច្ច មិនមើលងាយបុរសជាស្វាមី ដែលនាំមកនូវសេចក្ដីប្រាថ្នាគ្រប់យ៉ាងនោះ ជាស្រ្ដីល្អ មិនបានធ្វើស្វាមីឲ្យក្ដៅក្រហាយ ដោយពាក្យច្រណែន ជាស្រ្ដីមានបញ្ញា តែងបូជាស្វាមី និងបុគ្គលដែលជាទីគោរពទាំងអស់ ជាស្រ្ដីមានសេចក្ដីខ្នះខ្នែង មិនខ្ជិលច្រអូស សង្រ្គោះជនជាបរិសទ្យ ប្រព្រឹត្តនូវអំពើជាទីគាប់ចិត្តនៃស្វាមី ថែទាំសម្បតិ្ត ដែលស្វាមីរកបានមក នារីណា ជាស្រ្ដីលុះក្នុងអំណាចសេចក្ដីប្រាថ្នារបស់ស្វាមី ប្រព្រឹត្តយ៉ាងនេះ នារីនោះ រមែងទៅកើតក្នុងពួកទេវតា ឈ្មោះ មនាបកាយិកា។
បឋមឥធលោកិកសូត្រ ទី៩
[៤៩] សម័យមួយ ព្រះដ៏មានព្រះភាគ កាលគង់នៅក្នុងវត្តបុព្វារាម ជាប្រាសាទ របស់មិគារមាតា ជិតក្រុងសាវត្ថី។ គ្រានោះ នាងវិសាខាមិគារមាតា ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ។បេ។ ក៏អង្គុយនៅ។ លុះនាងវិសាខាមិគារមាតា អង្គុយក្នុងទីសមគួរហើយ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលវិសាខា មាតុគ្រាមប្រកបដោយធម៌ ៤ ប្រការ ឈ្មោះថាប្រតិបត្តិ ដើម្បីឈ្នះនូវលោកនេះ លោកនេះក៏ឈ្មោះថា មាតុគ្រាមនោះ ប្រារព្ធហើយ។ ប្រកបដោយធម៌ ៤ ប្រការ តើដូចម្ដេចខ្លះ។ ម្នាលវិសាខា មាតុគ្រាម ក្នុងលោកនេះ ជាស្រ្ដីចេះចាត់ចែងការងារ ដោយប្រពៃ ១ ចេះសង្រ្គោះពួកជនជាបរិសទ្យ ១ ចេះប្រព្រឹត្តនូវអំពើជាទីគាប់ចិត្តរបស់ស្វាមី ១ ចេះថែទាំសម្បតិ្តដែលស្វាមីរកបានមក ១។ ម្នាលវិសាខា ចុះមាតុគ្រាម ជាស្រ្ដីចេះចាត់ចែងការងារ ដោយប្រពៃ តើដូចម្ដេច។ ម្នាលវិសាខា មាតុគ្រាម ក្នុងលោកនេះ ការទាំងឡាយណា ជាបន្ទុករបស់ស្វាមី ទោះរោមសត្វក្តី កប្បាសក្តី ជាស្រ្ដីឆ្លៀវឆ្លាស មិនខ្ជិលច្រអូស ក្នុងការងារទាំងនោះ ប្រកបដោយការពិចារណា ដោយឧបាយក្នុងការងារនោះថា គួរធ្វើ គួរចាត់ចែង។ ម្នាលវិសាខា មាតុគ្រាម ជាស្រ្ដីចេះចាត់ចែងការងារ ដោយប្រពៃ យ៉ាងនេះឯង។ ម្នាលវិសាខា ចុះមាតុគ្រាម ជាស្រ្ដីចេះសង្គ្រោះពួកជនជាបរិសទ្យ តើដូចម្ដេច។ ម្នាលវិសាខា មាតុគ្រាម ក្នុងលោកនេះ ពួកជនណា ជាខាងក្នុង ជាបន្ទុករបស់ស្វាមី ទោះខ្ញុំក្ដី អ្នកបំរើក្ដី កម្មករក្ដី តែងដឹងនូវអំពើដែលជនទាំងនោះធ្វើ ថាធ្វើ ដឹងនូវអំពើដែលជនទាំងនោះមិនបានធ្វើ ថាមិនបានធ្វើ ដឹងនូវកំឡាំងតិច និងកំឡាំងច្រើននៃពួកជនអ្នកឈឺ ចេះចាត់ចែងខាទនីយភោជនីយាហារ តាមចំណែកដែលគួរ ដល់ពួកជនខាងក្នុងបន្ទុកនោះ។ ម្នាលវិសាខា មាតុគ្រាម ជាស្រ្ដីចេះសង្គ្រោះពួកជនជាបរិសទ្យ យ៉ាងនេះឯង។ ម្នាលវិសាខា ចុះមាតុគ្រាម ចេះប្រព្រឹត្តនូវអំពើជាទីគាប់ចិត្តនៃស្វាមី តើដូចម្ដេច។ ម្នាលវិសាខា មាតុគ្រាម ក្នុងលោកនេះ អំពើណា មិនជាទីគាប់ចិត្តរបស់ស្វាមី បើទុកជាមានហេតុដល់ជីវិត ក៏មិនប្រព្រឹត្តកន្លងនូវអំពើនោះ។ ម្នាលវិសាខា មាតុគ្រាម ចេះប្រព្រឹត្តអំពើ ជាទីគាប់ចិត្តនៃស្វាមី យ៉ាងនេះឯង។ ម្នាលវិសាខា ចុះមាតុគ្រាម ចេះថែទាំសម្បត្តិ ដែលស្វាមីរកបានមក តើដូចម្ដេច។ ម្នាលវិសាខា ទ្រព្យណាក្ដី ស្រូវណាក្ដី ប្រាក់ណាក្ដី មាសណាក្ដី ដែលស្វាមីរកបានមក មាតុគ្រាម ក្នុងលោកនេះ តែងសម្រេចដោយការរក្សា គ្រប់គ្រងនូវទ្រព្យជាដើមនោះ ទាំងជាស្រ្ដីអ្នកមិនលេង មិនលួច មិនខិលខូច មិនធ្វើសម្បត្តិទាំងនោះ ឲ្យវិនាស។ ម្នាលវិសាខា មាតុគ្រាម ចេះថែទាំសម្បត្តិ ដែលស្វាមីរកបានមក យ៉ាងនេះឯង។ ម្នាលវិសាខា មាតុគ្រាម ប្រកបដោយធម៌ ៤ ប្រការនេះឯង ឈ្មោះថាប្រតិបត្តិ ដើម្បីឈ្នះនូវលោកនេះ លោកនេះ ក៏ឈ្មោះថា មាតុគ្រាមនោះ បានប្រារព្ធហើយ។ ម្នាលវិសាខា មាតុគ្រាម ប្រកបដោយធម៌ ៤ ប្រការ ឈ្មោះថាប្រតិបត្តិ ដើម្បីឈ្នះនូវលោកខាងមុខ លោកខាងមុខ ក៏ឈ្មោះថា មាតុគ្រាមនោះ បានប្រារព្ធហើយ។ ប្រកបដោយធម៌ ៤ ប្រការ តើដូចម្ដេចខ្លះ។ ម្នាលវិសាខា មាតុគ្រាម ក្នុងលោកនេះ បរិបូណ៌ដោយសទ្ធា ១ បរិបូណ៌ដោយសីល ១ បរិបូណ៌ដោយចាគៈ ១ បរិបូណ៌ដោយបញ្ញា ១។ ម្នាលវិសាខា ចុះមាតុគ្រាម បរិបូណ៌ដោយសទ្ធា តើដូចម្ដេច។ ម្នាលវិសាខា មាតុគ្រាម ក្នុងលោកនេះ ជាស្រ្ដីមានសទ្ធា ជឿការត្រាស់ដឹងរបស់ព្រះតថាគតថា ព្រះដ៏មានព្រះភាគអង្គនោះ ជាអរហន្ដសម្មាសម្ពុទ្ធ ទ្រង់បរិបូណ៌ដោយវិជ្ជា និងចរណៈ ជាព្រះសុគត ជ្រាបច្បាស់នូវត្រៃលោក ទ្រង់ប្រសើរបំផុត ទ្រង់ទូន្មាននូវបុរស ដែលគួរទូន្មានបាន ជាសាស្ដានៃទេវតា និងមនុស្សទាំងឡាយ ទ្រង់ត្រាស់ដឹងនូវអរិយសច្ច ៤ ទ្រង់ខ្ជាក់ចោលនូវត្រៃភព គឺលែងវិលត្រឡប់មកកើតទៀតហើយ។ ម្នាលវិសាខា មាតុគ្រាម បរិបូណ៌ដោយសទ្ធា យ៉ាងនេះឯង។ ម្នាលវិសាខា ចុះមាតុគ្រាម បរិបូណ៌ដោយសីល តើដូចម្តេច។ ម្នាលវិសាខា មាតុគ្រាម ក្នុងលោកនេះ ជាស្រ្ដីវៀរចាកបាណាតិបាត។បេ។ វៀរចាកហេតុជាទីតាំងនៃសេចក្ដីប្រមាទ គឺផឹកនូវទឹកស្រវឹង គឺសុរា និងមេរ័យ។ ម្នាលវិសាខា មាតុគ្រាម បរិបូណ៌ដោយសីល យ៉ាងនេះឯង។ ម្នាលវិសាខា ចុះមាតុគ្រាម បរិបូណ៌ដោយចាគៈ តើដូចម្តេច។ ម្នាលវិសាខា មាតុគ្រាម ក្នុងលោកនេះ មានចិត្តប្រាសចាកមន្ទិល គឺសេចក្ដីកំណាញ់ នៅគ្រប់គ្រងផ្ទះ មានទានបរិច្ចាគរួចស្រឡះហើយ មានដៃលាងហើយ ត្រេកអរក្នុងការលះបង់ គួរដល់ពួកស្មូម ត្រេកអរក្នុងការចែករលែកនូវទាន។ ម្នាលវិសាខា មាតុគ្រាម បរិបូណ៌ដោយចាគៈ យ៉ាងនេះឯង។ ម្នាលវិសាខា មាតុគ្រាម បរិបូណ៌ដោយបញ្ញា តើដូចម្ដេច។ ម្នាលវិសាខា ចុះមាតុគ្រាម ក្នុងលោកនេះ ជាស្រ្ដីមានបញ្ញា ប្រកបដោយបញ្ញា ជាដំណើរទៅកាន់សេចក្ដីចំរើន និងសេចក្ដីវិនាស ជាបញ្ញាដ៏ប្រសើរមុះមុត ដល់នូវការអស់ទៅនៃទុក្ខដោយប្រពៃ។ ម្នាលវិសាខា មាតុគ្រាម បរិបូណ៌ដោយបញ្ញា យ៉ាងនេះឯង។ ម្នាលវិសាខា មាតុគ្រាម បរិបូណ៌ដោយធម៌ ៤ ប្រការនេះ ឈ្មោះថា ប្រតិបត្តិ ដើម្បីឈ្នះនូវលោកខាងមុខ លោកខាងមុខ ក៏ឈ្មោះថា មាតុគ្រាមនោះ បានប្រារព្ធហើយ។
មាតុគ្រាមចាត់ចែងការងារដោយប្រពៃ ១ សង្រ្គោះពួកជនជាបរិសទ្យ ១ ប្រព្រឹត្តនូវអំពើជាទីគាប់ចិត្តនៃស្វាមី ១ ថែទាំសម្បតិ្តដែលស្វាមីរកបានមក ១ បរិបូណ៌ដោយសទ្ធា ១ សីល ១ ដឹងនូវពាក្យពោល ១ ប្រាសចាកសេចក្ដីកំណាញ់ ១ ជម្រះផ្លូវជាទីទៅកាន់បរលោក ឲ្យស្អាតជានិច្ច ១ ធម៌ទាំង ៨ នេះ មានដល់នារីណា អ្នកប្រាជ្ញពោលថា នារីនោះមានសីល ឋិតនៅក្នុងធម៌ ពោលនូវពាក្យពិត ជាឧបាសិកា ដែលបរិបូណ៌ដោយអាការ ១៦ [អាការ ១៦ នោះ សំដៅយក បបួលអ្នកដទៃ ៨ ចូលមកទៀតផង។ អដ្ឋកថា។] ប្រកបដោយអង្គទាំង ៨ ប្រការ មានសីលបែបនោះ រមែងទៅកើតក្នុងទេវលោក ឈ្មោះមនាបកាយិកា។
ទុតិយឥធលោកិកសូត្រ ទី១០
[៥០] ម្នាលភិក្ខុទាំងឡាយ មាតុគ្រាមប្រកបដោយធម៌ ៤ ប្រការ ឈ្មោះថាប្រតិបត្តិ ដើម្បីឈ្នះនូវលោកនេះ លោកនេះ ក៏ឈ្មោះថាមាតុគ្រាមនោះ បានប្រារព្ធហើយ។ ប្រកបដោយធម៌ ៤ ប្រការ តើដូចម្ដេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ មាតុគ្រាម ក្នុងលោកនេះ ជាស្រ្ដីចេះចាត់ចែងការងារដោយប្រពៃ ១ ចេះសង្រ្គោះពួកជនជាបរិសទ្យ ១ ចេះប្រព្រឹត្តនូវអំពើជាទីគាប់ចិត្តនៃស្វាមី ១ ចេះថែទាំសម្បត្តិដែលស្វាមីរកបានមក ១។ ម្នាលភិក្ខុទាំងឡាយ ចុះមាតុគ្រាម ជាស្រ្ដីចេះចាត់ចែងការងារដោយប្រពៃ តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ មាតុគ្រាម ក្នុងលោកនេះ ការងារទាំងឡាយណា ជាបន្ទុករបស់ស្វាមី។បេ។ ម្នាលភិក្ខុទាំងឡាយ មាតុគ្រាម ជាស្រ្ដីចេះចាត់ចែងការងារដោយប្រពៃ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះមាតុគ្រាម ចេះសង្រ្គោះពួកជនជាបរិសទ្យ តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ មាតុគ្រាម ក្នុងលោកនេះ ពួកជនណាជាខាងក្នុង ជាបន្ទុករបស់ស្វាមី។បេ។ ម្នាលភិក្ខុទាំងឡាយ មាតុគ្រាម ចេះសង្គ្រោះពួកជនជាបរិសទ្យ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះមាតុគ្រាម ចេះប្រព្រឹត្តអំពើជាទីគាប់ចិត្តរបស់ស្វាមី តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ មាតុគ្រាម ក្នុងលោកនេះ អំពើណាដែលមិនជាទីគាប់ចិត្តនៃស្វាមី បើទុកជាមានហេតុដល់ជីវិត ក៏មិនប្រព្រឹត្តកន្លងនូវអំពើនោះ។ ម្នាលភិក្ខុទាំងឡាយ មាតុគ្រាមប្រព្រឹត្តអំពើជាទីគាប់ចិត្តនៃស្វាមី យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះមាតុគ្រាម ចេះថែទាំសម្បតិ្ត ដែលស្វាមីរកបានមក តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ មាតុគ្រាម ក្នុងលោកនេះ ស្វាមីនាំមកនូវទ្រព្យណា។បេ។ ម្នាលភិក្ខុទាំងឡាយ មាតុគ្រាម ចេះថែទាំសម្បតិ្ត ដែលស្វាមីរកបានមក យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ មាតុគ្រាមប្រកបដោយធម៌ ៤ ប្រការនេះឯង ឈ្មោះថាប្រតិបត្តិ ដើម្បីឈ្នះលោកនេះ លោកនេះ ក៏ឈ្មោះថា មាតុគ្រាមនោះ បានប្រារព្ធហើយ។ ម្នាលភិក្ខុទាំងឡាយ មាតុគ្រាម ប្រកបដោយធម៌ ៤ ប្រការ ឈ្មោះថាប្រតិបត្តិ ដើម្បីឈ្នះលោកខាងមុខ លោកខាងមុខ ក៏ឈ្មោះថាមាតុគ្រាមនោះ បានប្រារព្ធហើយ។ ប្រកបដោយធម៌ ៤ ប្រការ តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ មាតុគ្រាម ក្នុងលោកនេះ បរិបូណ៌ដោយសទ្ធា ១ បរិបូណ៌ដោយសីល ១ បរិបូណ៌ដោយចាគៈ ១ បរិបូណ៌ដោយបញ្ញា ១។ ម្នាលភិក្ខុទាំងឡាយ ចុះមាតុគ្រាម បរិបូណ៌ដោយសទ្ធា តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ មាតុគ្រាមក្នុងលោកនេះ មានសទ្ធា។បេ។ ម្នាលភិក្ខុទាំងឡាយ មាតុគ្រាម បរិបូណ៌ដោយសទ្ធា យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះមាតុគ្រាម បរិបូណ៌ដោយសីល តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ មាតុគ្រាម ក្នុងលោកនេះ វៀរចាកបាណាតិបាត។បេ។ វៀរចាកហេតុជាទីតាំងនៃសេចក្ដីប្រមាទ គឺផឹកនូវទឹកស្រវឹង គឺសុរា និងមេរ័យ។ ម្នាលភិក្ខុទាំងឡាយ មាតុគ្រាម បរិបូណ៌ដោយសីល យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះមាតុគ្រាម បរិបូណ៌ដោយចាគៈ តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ មាតុគ្រាម ក្នុងលោកនេះ មានចិត្តប្រាសចាកមន្ទិល គឺសេចក្ដីកំណាញ់ នៅគ្រប់គ្រងផ្ទះ។បេ។ ម្នាលភិក្ខុទាំងឡាយ មាតុគ្រាម បរិបូណ៌ដោយចាគៈ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះមាតុគ្រាម បរិបូណ៌ដោយបញ្ញា តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ មាតុគ្រាម ក្នុងលោកនេះ ជាស្រ្ដីមានបញ្ញា។បេ។ ម្នាលភិក្ខុទាំងឡាយ មាតុគ្រាម បរិបូណ៌ដោយបញ្ញា យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ មាតុគ្រាម ប្រកបដោយធម៌ ៤ ប្រការនេះឯង ឈ្មោះថាប្រតិបត្តិ ដើម្បីឈ្នះលោកខាងមុខ លោកខាងមុខ ក៏ឈ្មោះថា មាតុគ្រាមនោះ បានប្រារព្ធហើយ។
មាតុគ្រាមចាត់ចែងការងារដោយប្រពៃ ១ សង្រ្គោះពួកជនជាបរិសទ្យ ១ ប្រព្រឹត្តអំពើជាទីគាប់ចិត្តនៃស្វាមី ១ ថែទាំសម្បតិ្តដែលស្វាមីរកបានមក ១ បរិបូណ៌ដោយសទ្ធា ១ សីល ១ ដឹងនូវពាក្យពោល ១ ប្រាសចាកសេចក្ដីកំណាញ់ ជម្រះផ្លូវជាទីទៅកាន់បរលោកឲ្យស្អាតជានិច្ច ១ ធម៌ទាំង ៨ នេះ មានដល់នារីណា អ្នកប្រាជ្ញពោលថា នារីនោះ មានសីល ឋិតនៅក្នុងធម៌ ពោលនូវពាក្យពិត ឧបាសិកា ដែលបរិបូណ៌ដោយអាការ ១៦ ប្រកបដោយអង្គទាំង ៨ មានសីលបែបនោះ រមែងទៅកើតក្នុងទេវលោក ឈ្មោះមនាបកាយិកា។
ចប់ ឧបោសថវគ្គ ទី៥។
ឧទ្ទានក្នុងឧបោសថវគ្គនោះគឺ
និយាយអំពីការរក្សាឧបោសថយ៉ាងសង្ខេប ១ ពិស្តារ ១ អំពីនាងវិសាខា ១អំពីវាសេដ្ឋព្រាហ្មណ៍ ១ ជាគំរប់ ៥ និងនាងពោជ្ឈា អំពីព្រះអនុរុទ្ធ ១ អំពីនាងវិសាខា ១ អំពីនកុលមាតា ១ អំពីការឈ្នះលោកនេះ មានពីរលើក។
ចប់ បណ្ណាសក។
បណ្ណាសកាសង្គហិតវគ្គ
សន្ធានវគ្គ
គោតមីវគ្គ ទី១
គោតមីសូត្រ ទី១
[៥១] សម័យមួយ ព្រះដ៏មានព្រះភាគ កាលគង់ក្នុងនិគ្រោធារាម ក្បែរក្រុងកបិលពស្តុ ក្នុងដែនសក្កៈ។ គ្រានោះ ព្រះនាងមហាបជាបតិគោតមី ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយឋិតនៅក្នុងទីសមគួរ។ លុះព្រះនាងមហាបជាបតិគោតមី ឋិតនៅក្នុងទីសមគួរហើយ ទើបក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំម្ចាស់សូមអង្វរ មាតុគ្រាម គួរចេញចាកផ្ទះ បានបព្វជ្ជា មិនមានប្រយោជន៍ដោយផ្ទះ ក្នុងធម្មវិន័យ ដែលព្រះតថាគត ទ្រង់សំដែងហើយ។ ព្រះសម្ពុទ្ធទ្រង់ត្រាស់ឃាត់ថា ម្នាលនាងគោតមី ណ្ហើយនាង កុំគាប់ចិត្តឲ្យមាតុគ្រាមចេញចាកផ្ទះ ហើយបព្វជ្ជា មិនមានប្រយោជន៍ដោយផ្ទះ ក្នុងធម្មវិន័យ ដែលតថាគតបានសំដែងឡើយ។ ព្រះនាងមហាបជាបតិគោតមី ក្រាបថ្វាយបង្គំទូលព្រះដ៏មានព្រះភាគដូច្នេះ ជាគំរប់ពីរដងថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំម្ចាស់សូមអង្វរ មាតុគ្រាម គួរចេញចាកផ្ទះ បានបព្វជ្ជា មិនមានប្រយោជន៍ដោយផ្ទះ ក្នុងធម្មវិន័យ ដែលព្រះតថាគតទ្រង់សំដែងហើយ។ ម្នាលនាងគោតមី ណ្ហើយនាង កុំគាប់ចិត្តឲ្យមាតុគ្រាមចេញចាកផ្ទះ បព្វជ្ជា មិនមានប្រយោជន៍ដោយផ្ទះ ក្នុងធម្មវិន័យ ដែលតថាគតបានសំដែងឡើយ។ ព្រះនាងមហាបជាបតិគោតមី ក្រាបបង្គំទូលព្រះមានព្រះភាគដូច្នេះ ជាគំរប់បីដងថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំម្ចាស់សូមអង្វរ មាតុគ្រាម គួរចេញចាកផ្ទះ បានបព្វជ្ជា មិនមានប្រយោជន៍ដោយផ្ទះ ក្នុងធម្មវិន័យ ដែលព្រះតថាគត សំដែងហើយ។ ម្នាលនាងគោតមី ណ្ហើយនាង កុំគាប់ចិត្តឲ្យមាតុគ្រាមចេញចាកផ្ទះ បព្វជ្ជា មិនមានប្រយោជន៍ដោយផ្ទះ ក្នុងធម្មវិន័យ ដែលតថាគតបានសំដែងឡើយ។ លំដាប់នោះឯង ព្រះនាងមហាបជាបតិគោតមី បានជ្រាបថា ព្រះដ៏មានព្រះភាគ មិនទ្រង់អនុញ្ញាតឲ្យមាតុគ្រាមចេញចាកផ្ទះ បព្វជ្ជា មិនមានប្រយោជន៍ដោយផ្ទះ ក្នុងធម្មវិន័យ ដែលព្រះតថាគតសំដែងហើយ ក៏កើតទុក្ខ តូចព្រះទ័យ ស្រក់ទឹកព្រះនេត្រ ទ្រង់ព្រះកន្សែង ហើយថ្វាយបង្គំព្រះដ៏មានព្រះភាគ ធ្វើប្រទក្សិណ រួចចៀសចេញទៅ។ គ្រានោះឯង ព្រះដ៏មានព្រះភាគ ទ្រង់គង់សម្រេចសម្រាន្ដ ក្នុងក្រុងកបិលពស្ដុ តាមគួរដល់ពុទ្ធអធ្យាស្រ័យ ហើយស្ដេចចៀសចេញទៅកាន់ចារិក ក្រុងវេសាលី កាលទ្រង់ស្ដេចទៅកាន់ចារិក តាមលំដាប់ ក៏បានទៅដល់ក្រុងវេសាលីនោះឯង។ មានសេចក្ដីដំណាលថា ព្រះដ៏មានព្រះភាគ ទ្រង់គង់សម្រេចសម្រាន្ដ ក្នុងកូដាគារសាលា នាមហាវន ទៀបក្រុងវេសាលីនោះ។ លំដាប់នោះឯង ព្រះនាងមហាបជាបតិគោតមី ឲ្យគេកោរព្រះកេសា ហើយស្លៀកសំពត់ជ្រលក់ដោយទឹកអម្ចត់ ទ្រង់យាងសំដៅទៅក្រុងវេសាលី ជាមួយនឹងពួកនាងសាកិយានីជាច្រើន យាងចូលទៅកាន់កូដាគារសាលា នាមហាវន ទៀបក្រុងវេសាលីនោះ តាមលំដាប់។ វេលានោះ ព្រះនាងមហាបជាបតិគោតមី មានព្រះបាទទាំងគូពុរពង មានព្រះអង្គប្រឡាក់ដោយធូលី កើតទុក្ខតូចព្រះទ័យ ស្រក់ទឹកព្រះនេត្រ ឈរទ្រង់ព្រះកន្សែង ទៀបក្លោងទ្វារខាងក្រៅ។ ព្រះអានន្ទដ៏មានអាយុ បានឃើញព្រះនាងមហាបជាបតិគោតមី មានព្រះបាទទាំងគូពុរពង មានព្រះអង្គប្រឡាក់ដោយធូលី កើតទុក្ខ តូចព្រះទ័យ ស្រក់ទឹកព្រះនេត្រ កំពុងតែឈរទ្រង់ព្រះកន្សែងទៀបក្លោងទ្វារខាងក្រៅ លុះបានឃើញហើយ ក៏ពោលទៅនឹងព្រះនាងមហាបជាបតិគោតមីដូច្នេះថា បពិត្រព្រះនាងគោតមី ហេតុអ្វីបានជាព្រះនាងមានព្រះបាទទាំងគូពុរពង មានព្រះអង្គប្រឡាក់ដោយធូលី កើតទុក្ខតូចព្រះទ័យ ស្រក់ទឹកព្រះនេត្រ ឈរទ្រង់ព្រះកន្សែង ទៀបក្លោងទ្វារខាងក្រៅដូច្នេះ។ បពិត្រព្រះអានន្ទដ៏ចំរើន បានជាដូច្នោះ ព្រោះតែព្រះដ៏មានព្រះភាគ មិនទ្រង់អនុញ្ញាតឲ្យមាតុគ្រាមចេញចាកផ្ទះ បព្វជ្ជា មិនមានប្រយោជន៍ដោយផ្ទះ ក្នុងធម្មវិន័យដែលព្រះតថាគតទ្រង់សំដែងហើយផងសោះ។ បពិត្រព្រះនាងគោតមី បើដូច្នោះ សូមព្រះនាងទ្រង់រង់ចាំក្នុងទីនេះសិនចុះ ទំរាំអាត្មាភាព ទៅក្រាបបង្គំទូលសុំព្រះដ៏មានព្រះភាគ ឲ្យមាតុគ្រាមបានចេញចាកផ្ទះ បព្វជ្ជា មិនមានប្រយោជន៍ដោយផ្ទះ ក្នុងធម្មវិន័យ ដែលព្រះតថាគតទ្រង់សំដែងហើយ។ លំដាប់នោះ ព្រះអានន្ទដ៏មានអាយុ ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគហើយ ក៏អង្គុយក្នុងទីសមគួរ។ លុះព្រះអានន្ទដ៏មានអាយុ អង្គុយក្នុងទីសមគួរហើយ ទើបក្រាបបង្គំទូលព្រះដ៏មានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ព្រះនាងមហាបជាបតិគោតមីនុ៎ះ មានព្រះបាទទាំងគូពុរពង មានព្រះអង្គប្រឡាក់ដោយធូលី កើតទុក្ខ តូចព្រះទ័យ ស្រក់ទឹកព្រះនេត្រ ឈរទ្រង់ព្រះកន្សែង ទៀបក្លោងទ្វារខាងក្រៅដោយជ្រាបថា ព្រះដ៏មានព្រះភាគ មិនទ្រង់អនុញ្ញាតឲ្យមាតុគ្រាមចេញចាកផ្ទះ បព្វជ្ជា មិនមានប្រយោជន៍ដោយផ្ទះ ក្នុងធម្មវិន័យ ដែលព្រះតថាគតទ្រង់សំដែងហើយ។ បពិត្រព្រះអង្គដ៏ចំរើន សូមទ្រង់ព្រះមេត្តាប្រោស ឲ្យមាតុគ្រាមចេញចាកផ្ទះ បានបព្វជ្ជា មិនមានប្រយោជន៍ដោយផ្ទះ ក្នុងធម្មវិន័យ ដែលព្រះតថាគតទ្រង់សំដែងហើយ។ ម្នាលអានន្ទ ណ្ហើយ អ្នកកុំគាប់ចិត្តឲ្យមាតុគ្រាមចេញចាកផ្ទះ បព្វជ្ជា មិនមានប្រយោជន៍ដោយផ្ទះ ក្នុងធម្មវិន័យដែលតថាគតសំដែងឡើយ។ ព្រះអានន្ទដ៏មានអាយុ ក្រាបបង្គំទូល ជាគំរប់ពីរដងផង។បេ។ ព្រះអានន្ទដ៏មានអាយុ ក្រាបបង្គំទូលព្រះដ៏មានព្រះភាគដូច្នេះ ជាគំរប់ ៣ដងផងថា បពិត្រព្រះអង្គដ៏ចំរើន សូមទ្រង់ព្រះមេត្តាប្រោស ឲ្យមាតុគ្រាមចេញចាកផ្ទះ បានបព្វជ្ជា មិនមានប្រយោជន៍ដោយផ្ទះ ក្នុងធម្មវិន័យ ដែលព្រះតថាគតទ្រង់សំដែងហើយផង។ ម្នាលអានន្ទ ណ្ហើយ អ្នកកុំគាប់ចិត្តឲ្យមាតុគ្រាមចេញចាកផ្ទះ បព្វជ្ជា មិនមានប្រយោជន៍ដោយផ្ទះ ក្នុងធម្មវិន័យ ដែលតថាគតសំដែងឡើយ។ លំដាប់នោះ ព្រះអានន្ទដ៏មានអាយុ មានសេចក្តីត្រិះរិះដូច្នេះថា ឥឡូវនេះ ព្រះដ៏មានព្រះភាគ មិនទ្រង់អនុញ្ញាតឲ្យមាតុគ្រាមចេញចាកផ្ទះ បព្វជ្ជា មិនមានប្រយោជន៍ដោយផ្ទះ ក្នុងធម្មវិន័យ ដែលព្រះតថាគតទ្រង់សំដែងហើយទេ បើដូច្នេះ គួរតែអាត្មាអញ ក្រាបបង្គំទូលសុំព្រះដ៏មានព្រះភាគ ដោយបរិយាយដទៃទៀត ដើម្បីឲ្យមាតុគ្រាមចេញចាកផ្ទះ បព្វជ្ជា មិនមានប្រយោជន៍ដោយផ្ទះ ក្នុងធម្មវិន័យ ដែលព្រះតថាគតទ្រង់សំដែងហើយ។ លំដាប់នោះ ព្រះអានន្ទដ៏មានអាយុ បានក្រាបបង្គំទូលសួរព្រះដ៏មានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន មាតុគ្រាម បើចេញចាកផ្ទះ បព្វជ្ជា មិនមានប្រយោជន៍ដោយផ្ទះ ក្នុងធម្មវិន័យ ដែលព្រះតថាគតទ្រង់សំដែងហើយ គួរធ្វើឲ្យជាក់ច្បាស់នូវសោតាបតិ្តផលក្ដី សកទាគាមិផលក្ដី អនាគាមិផលក្ដី អរហត្តផលក្ដី បានដែរឬ។ ម្នាលអានន្ទ មាតុគ្រាម បើចេញចាកផ្ទះ បព្វជ្ជា មិនមានប្រយោជន៍ដោយផ្ទះ ក្នុងធម្មវិន័យ ដែលតថាគតសំដែងហើយ ក៏គួរធ្វើឲ្យជាក់ច្បាស់នូវសោតាបតិ្តផលផង សកទាគាមិផលផង អនាគាមិផលផង អរហត្តផលផង។ បពិត្រព្រះអង្គដ៏ចំរើន បើមាតុគ្រាម ចេញចាកផ្ទះ បព្វជ្ជា មិនមានប្រយោជន៍ដោយផ្ទះ ក្នុងធម្មវិន័យ ដែលព្រះតថាគតសំដែងហើយ គួរធ្វើឲ្យជាក់ច្បាស់នូវសោតាបតិ្ត ផលផង។បេ។ អរហត្តផលផង បពិត្រព្រះអង្គដ៏ចំរើន ព្រះនាងមហាបជាបតិគោតមី មានឧបការៈច្រើន ជាព្រះមាតុច្ឆារបស់ព្រះដ៏មានព្រះភាគ បានបីបាច់ចិញ្ចឹម កាលព្រះមាតាទ្រង់ទិវង្គតទៅ បានបំបៅព្រះដ៏មានព្រះភាគ តរៀងមក។ បពិត្រព្រះអង្គដ៏ចំរើន សូមទ្រង់ព្រះមេត្តាប្រោស ឲ្យមាតុគ្រាមចេញចាកផ្ទះ បានបព្វជ្ជា មិនមានប្រយោជន៍ដោយផ្ទះ ក្នុងធម្មវិន័យ ដែលព្រះតថាគតទ្រង់សំដែងហើយផង។ ម្នាលអានន្ទ បើព្រះនាងមហាបជាបតិគោតមី ទទួលប្រតិបត្តិតាមគរុធម៌ ៨ ប្រការបាន ឧបសម្បទានោះ ចូរសម្រេចដល់ព្រះនាងចុះ។ (ឯគរុធម៌ ៨ប្រការនោះគឺ) ភិក្ខុនី សូម្បីឧបសម្បទាបាន មួយរយវស្សាហើយ ក៏ត្រូវតែថ្វាយបង្គំ ក្រោកទទួល ធ្វើអញ្ជលិកម្ម សាមីចិកម្ម ចំពោះភិក្ខុ ដែលទើបនឹងឧបសម្បទាក្នុងថ្ងៃនោះ នេះជាធម៌ដែលភិក្ខុនីត្រូវធ្វើសក្ការៈ គោរពរាប់អាន បូជា កុំគប្បីប្រព្រឹត្តកន្លង ដរាបអស់ជីវិត ១។ ភិក្ខុនីមិនត្រូវនៅចាំវស្សា ក្នុងអាវាសដែលគ្មានភិក្ខុឡើយ នេះជាធម៌ដែលភិក្ខុនីត្រូវធ្វើសក្ការៈ គោរព រាប់អាន បូជា កុំគប្បីប្រព្រឹត្តកន្លង ដរាបអស់ជីវិត ១។ ភិក្ខុនី ត្រូវស្វែងរកសួរឧបោសថផង ចូលទៅស្ដាប់ឱវាទផង អំពីសំណាក់ភិក្ខុសង្ឃរាល់កន្លះខែ នេះជាធម៌ដែលភិក្ខុនីត្រូវធ្វើសក្ការៈ គោរព រាប់អាន បូជា កុំគប្បីប្រព្រឹត្តកន្លង ដរាបអស់ជីវិត ១។ ភិក្ខុនីនៅចាំវស្សារួចហើយ ត្រូវបវារណា ក្នុងសំណាក់សង្ឃទាំង២ ពួក (គឺភិក្ខុសង្ឃ ១ ភិក្ខុនីសង្ឃ ១) ដោយឋាន ៣ យ៉ាងគឺ ឃើញ ឮ រង្កៀស នេះជាធម៌ដែលភិក្ខុនីត្រូវធ្វើសក្ការៈ គោរព រាប់អាន បូជា កុំគប្បីប្រព្រឹត្តកន្លង ដរាបអស់ជីវិត ១។ ភិក្ខុនីត្រូវគរុកាបត្តិហើយ គប្បីប្រព្រឹត្តបក្ខមានត្ត ក្នុងសំណាក់សង្ឃទាំង ២ ពួក នេះជាធម៌ដែលភិក្ខុនីត្រូវធ្វើសក្ការៈ គោរព រាប់អាន បូជា កុំគប្បីប្រព្រឹត្តកន្លង ដរាបអស់ជីវិត ១។ ភិក្ខុនីត្រូវជួយស្វែងរកឧបសម្បទា ក្នុងសំណាក់សង្ឃទាំង ២ ពួក ដល់សិក្ខមានា ដែលបានសិក្សាសិក្ខាក្នុងធម៌ ៦ [សំដៅយកសិក្ខាបទ ៦ ពីបាណាតិបាត ដល់វិកាលភោជនៈ។] ប្រការ គ្រប់ ២ ឆ្នាំហើយ នេះជាធម៌ដែលភិក្ខុនីត្រូវធ្វើសក្ការៈ គោរព រាប់អាន បូជា កុំគប្បីប្រព្រឹត្តកន្លង ដរាបអស់ជីវិត ១។ ភិក្ខុនីមិនត្រូវជេរ មិនត្រូវប្រទេចភិក្ខុ ដោយបរិយាយណាមួយឡើយ នេះជាធម៌ដែលភិក្ខុនីត្រូវធ្វើសក្ការៈ គោរព រាប់អាន បូជា កុំគប្បីប្រព្រឹត្តកន្លង ដរាបអស់ជីវិត ១។ តាំងពីថ្ងៃដែលបានឧបសម្បទានេះទៅ ភិក្ខុនីត្រូវតែស្ដាប់បង្គាប់ភិក្ខុ ឯភិក្ខុមិនត្រូវស្ដាប់បង្គាប់ភិក្ខុនីវិញឡើយ នេះជាធម៌ដែលភិក្ខុនីត្រូវធ្វើសក្ការៈ គោរព រាប់អាន បូជា កុំគប្បីប្រព្រឹត្តកន្លង ដរាបអស់ជីវិត ១។ ម្នាលអានន្ទ បើព្រះនាងមហាបជាបតិគោតមី ទទួលប្រព្រឹត្តតាមគរុធម៌ទាំង ៨ នេះបាន ឧបសម្បទានោះ ចូរសម្រេចដល់ព្រះនាងចុះ។ លំដាប់នោះ ព្រះអានន្ទដ៏មានអាយុ បានរៀនគរុធម៌ ៨ ប្រការ ក្នុងសំណាក់ព្រះដ៏មានព្រះភាគ (ចាំស្ទាត់ហើយ) ក៏ចូលទៅរកព្រះនាងមហាបជាបតិគោតមី លុះចូលទៅដល់ហើយ ក៏ពោលទៅនឹងព្រះនាងមហាបជាបតិគោតមីដូច្នេះថា បពិត្រព្រះនាងគោតមី បើព្រះនាងទទួលប្រតិបត្តិតាមគរុធម៌ ៨ ប្រការបាន ឧបសម្បទានោះ នឹងសម្រេចដល់ព្រះនាង។ (ឯគរុធម៌ ៨ ប្រការនោះគឺ) ភិក្ខុនីសូម្បីឧបសម្បទា បានមួយរយវស្សាហើយ ក៏ត្រូវតែថ្វាយបង្គំ ក្រោកទទូល ធ្វើអញ្ជលិកម្ម សាមីចិកម្ម ចំពោះភិក្ខុ ដែលទើបនឹងបួសហើយក្នុងថ្ងៃនោះ នេះជាធម៌ ដែលភិក្ខុនីត្រូវធ្វើសក្ការៈ គោរព រាប់អាន បូជា កុំគប្បីប្រព្រឹត្តកន្លង ដរាបអស់ជីវិត ១។បេ។ ចាប់ដើមតាំងពីថ្ងៃ (ដែលបានឧបសម្បទា) នេះទៅ ភិក្ខុនីត្រូវតែស្ដាប់បង្គាប់ភិក្ខុ ឯភិក្ខុមិនត្រូវស្ដាប់បង្គាប់ភិក្ខុនីវិញឡើយ នេះជាធម៌ដែលភិក្ខុនីត្រូវធ្វើសក្ការៈ គោរព រាប់អាន បូជា កុំគប្បីប្រព្រឹត្តកន្លង ដរាបអស់ជីវិត ១។ បពិត្រព្រះនាងគោតមី បើព្រះនាងទទួលប្រតិបត្តិគរុធម៌ ៨ ប្រការនេះបាន។ ឧបសម្បទានោះ នឹងសម្រេចដល់ព្រះនាងបាន។ ព្រះនាងមហាបជាបតិគោតមី ឆ្លើយតបថា បពិត្រព្រះអានន្ទដ៏ចំរើន ស្រ្ដី ឬបុរសនៅក្រមុំកំឡោះ ប្រកបដោយជាតិជាអ្នកស្អិតស្អាងខ្លួន មានក្បាលលុបលាងហើយ បានកម្រងផ្កាឧប្បលក្ដី កម្រងផ្កាម្លិះក្ដី កម្រងផ្កាដែលមានក្លិនក្រអូបណាស់ក្ដី ហើយទទួលយកដោយដៃទាំងពីរ ដំកល់ទុកលើអវយវៈដ៏ឧត្តម គឺក្បាល យ៉ាងណាមិញ បពិត្រព្រះអានន្ទដ៏ចំរើន ខ្ញុំនឹងទទួលប្រតិបត្តិតាមគរុធម៌ ៨ ប្រការនេះ មិនប្រព្រឹត្តកន្លង ដរាបអស់ជីវិត ក៏យ៉ាងនោះដែរ។ លំដាប់នោះ ព្រះអានន្ទដ៏មានអាយុ ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ រួចអង្គុយក្នុងទីសមគួរ។ លុះព្រះអានន្ទដ៏មានអាយុ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន គរុធម៌ទាំង ៨ ប្រការ ព្រះនាងមហាបជាបតិគោតមី ព្រមទទួលហើយ មិនប្រព្រឹត្តឲ្យកន្លង ដរាបអស់ជីវិតទេ។ ម្នាលអានន្ទ ប្រសិនបើមាតុគ្រាម មិនបានចេញចាកផ្ទះ បព្វជ្ជា មិនមានប្រយោជន៍ដោយផ្ទះ ក្នុងធម្មវិន័យ ដែលតថាគតសំដែងហើយទេ ម្នាលអានន្ទ ព្រហ្មចរិយធម៌ នឹងបានតាំងនៅជាអង្វែង ព្រះសទ្ធម្ម គឺអរហត្តផល នឹងបានតាំងនៅអស់ ១ ពាន់ឆ្នាំ។ ម្នាលអានន្ទ តែកាលណាមាតុគ្រាមចេញចាកផ្ទះ បព្វជ្ជា មិនមានប្រយោជន៍ដោយផ្ទះ ក្នុងធម្មវិន័យ ដែលតថាគតសំដែងហើយ ម្នាលអានន្ទ ឥឡូវនេះ ព្រហ្មចរិយធម៌ នឹងមិនតាំងនៅយូរអង្វែងទេ ម្នាលអានន្ទ ឥឡូវនេះ ព្រះសទ្ធម្មនឹងឋិតនៅបានត្រឹមតែប្រាំរយឆ្នាំវិញ ម្នាលអានន្ទ ត្រកូលទាំងឡាយណាមួយ ដែលមានស្រីច្រើន មានប្រុសតិច ត្រកូលទាំងនោះ ពួកចោរលួចឧជប្រទីបក្នុងក្អមឆ្នាំង ហើយគន់មើលទ្រព្យក្នុងផ្ទះអ្នកដទៃ ដោយពន្លឺនោះ អាចចូលមកបំផ្លាញបានដោយងាយ យ៉ាងណាមិញ ម្នាលអានន្ទ មាតុគ្រាមចេញចាកផ្ទះ បានបព្វជ្ជា មិនមានប្រយោជន៍ដោយផ្ទះ ក្នុងធម្មវិន័យ គឺព្រហ្មចរិយធម៌ណា ព្រហ្មចរិយធម៌នោះ មិនបានតាំងនៅយូរអង្វែងទេ ក៏យ៉ាងនោះដែរ។ ម្នាលអានន្ទ រោគជាតិឈ្មោះសេតដ្ឋិកា (ក្រា-ស) ធ្លាប់ចុះក្នុងស្រែស្រូវណា ដែលកំពុងតែលូតលាស់ល្អ ស្រែស្រូវនោះ មិនបានតាំងនៅយូរអង្វែង ដោយប្រការយ៉ាងនេះ យ៉ាងណាមិញ ម្នាលអានន្ទ មាតុគ្រាម ចេញចាកផ្ទះ បានបព្វជ្ជា មិនមានប្រយោជន៍ដោយផ្ទះ ក្នុងធម្មវិន័យ គឺព្រហ្មចរិយធម៌ណា ព្រហ្មចរិយធម៌នោះ មិនបានតាំងនៅយូរអង្វែងទេ ក៏យ៉ាងនោះដែរ។ ម្នាលអានន្ទ រោគជាតិឈ្មោះមញ្ជេដ្ឋិកា (ក្រាក្រហម) ធ្លាក់ចុះក្នុងច្បារអំពៅណា ដែលកំពុងលូតលាស់ល្អ ច្បារអំពៅនោះ មិនបានតាំងនៅយូរអង្វែង ដោយប្រការយ៉ាងនេះ យ៉ាងណាមិញ ម្នាលអានន្ទ មាតុគ្រាម ចេញចាកផ្ទះ បានបព្វជ្ជា មិនមានប្រយោជន៍ដោយផ្ទះ ក្នុងធម្មវិន័យ គឺព្រហ្មចរិយធម៌ណា ព្រហ្មចរិយធម៌នោះ មិនបានតាំងនៅយូរអង្វែងទេ ក៏យ៉ាងនោះដែរ។ ម្នាលអានន្ទ បុរស ប្រញាប់លើកទំនប់ទប់ទឹកស្រះដ៏ធំជាមុន ដើម្បីមិនឲ្យទឹកហូរចេញទៅជាកំណត់ យ៉ាងណាមិញ ម្នាលអានន្ទ គរុធម៌ ៨ ប្រការ ដែលតថាគត បានបញ្ញត្តហើយ ចំពោះភិក្ខុនីជាដម្បូង ដើម្បីមិនឲ្យ (ភិក្ខុនី) ប្រព្រឹត្តកន្លង ដរាបដល់អស់ជីវិត ក៏យ៉ាងនោះដែរ។
ឱវាទសូត្រ ទី២
[៥២] សម័យមួយ ព្រះដ៏មានព្រះភាគ កាលគង់ក្នុងកូដាគារសាលា នាមហាវន ក្បែរក្រុងវេសាលី។ គ្រានោះ ព្រះអានន្ទដ៏មានអាយុ ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះព្រះអានន្ទដ៏មានអាយុ អង្គុយក្នុងទីសមគួរហើយ ទើបក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុប្រកបដោយធម៌ប៉ុន្មាន ដែលសង្ឃគួរសន្មត ជាអ្នកឲ្យឱវាទដល់នាងភិក្ខុនីបាន។ ម្នាលអានន្ទ ភិក្ខុប្រកបដោយធម៌ ៨ ប្រការ ទើបសង្ឃគួរសន្មត ជាអ្នកឲ្យឱវាទដល់នាងភិក្ខុនីបាន។ ប្រកបដោយធម៌ទាំង ៨ ប្រការ តើដូចម្ដេច។ ម្នាលអានន្ទ ភិក្ខុក្នុងសាសនានេះ ជាអ្នកមានសីល។បេ។ សមាទានសិក្សា ក្នុងសិក្ខាបទទាំងឡាយ ១ ជាអ្នកចេះចាំច្រើន។បេ។ យល់ត្រឹមត្រូវដោយទិដ្ឋិ ១ បាតិមោក្ខទាំងពីរ ភិក្ខុនោះ ក៏ចេះចាំដោយសេចក្ដីពិស្ដារ ចែកចេញដោយប្រពៃ ចាំស្ទាត់រត់មាត់ កាត់សេចក្ដីបានដោយល្អ តាមសូត្រ តាមអនុព្យញ្ជនៈ ១ ជាអ្នកមានវាចាពីរោះ ពោលពាក្យពីរោះ ប្រកបដោយវាចាអ្នកក្រុង ជាវាចាក្បោះក្បាយ មិនមានទោស អាចញុំាងអ្នកផង ឲ្យដឹងច្បាស់សេចក្ដី ១ ជាអ្នកអង់អាច ដើម្បីញុំាងភិក្ខុនីសង្ឃ ឲ្យយល់ ឲ្យប្រតិបត្តិតាម ឲ្យក្លាហាន ឲ្យជ្រះថ្លាដោយធមី្មកថា ១ ជាទីស្រឡាញ់ ជាទីគាប់ចិត្តនៃនាងភិក្ខុនីទាំងឡាយដោយច្រើន ១ ជាអ្នកមិនធ្លាប់ត្រូវគរុកាបត្តិ [សំដៅយកកាយសំសគ្គៈ ការចាប់ពាល់ត្រូវកាយភិក្ខុនី។ អដ្ឋកថា។] ដោយនាងភិក្ខុនី ដែលស្លៀកសំពត់ជ្រលក់ដោយទឹកអម្ចត់ បួសចំពោះព្រះដ៏មានព្រះភាគអង្គនុ៎ះ ១ ជាអ្នកមានវស្សា ២០ ឬមានវស្សាច្រើនជាង ២០ ឡើងទៅ ១។ ម្នាលអានន្ទ ភិក្ខុប្រកបដោយធម៌ទាំង ៨ ប្រការនេះឯង ទើបសង្ឃគួរសន្មតជាអ្នកឲ្យឱវាទដល់នាងភិក្ខុនីបាន។
សំខិត្តសូត្រ ទី៣
[៥៣] សម័យមួយ ព្រះដ៏មានព្រះភាគ កាលគង់ក្នុងកូដាគារសាលា នាមហាវន ក្បែរក្រុងវេសាលី។ គ្រានោះ ព្រះនាងមហាបជាបតិគោតមី ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ រួចហើយក៏ឋិតនៅក្នុងទីសមគួរ។ លុះព្រះនាងមហាបជាបតិគោតមី ឋិតនៅក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន សូមព្រះដ៏មានព្រះភាគ សំដែងធម៌ដោយសង្ខេបដល់ខ្ញុំព្រះអង្គ ព្រោះថា ខ្ញុំព្រះអង្គបានស្ដាប់ធម៌ព្រះដ៏មានព្រះភាគហើយ គប្បីចៀសចេញទៅតែម្នាក់ឯង មិនប្រមាទ មានសេចក្ដីព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន (មិនខាន)។ ម្នាលនាងគោតមី នាងគប្បីដឹងនូវធម៌ទាំងឡាយណា ធម៌ទាំងនេះ រមែងប្រព្រឹត្តទៅ ដើម្បីប្រកបដោយតម្រេក មិនប្រព្រឹត្តទៅ ដើម្បីប្រាសចាកតម្រេក ប្រព្រឹត្តទៅ ដើម្បីប្រកបក្នុងវដ្តៈ មិនប្រព្រឹត្តទៅ ដើម្បីប្រាសចាកការប្រកបក្នុងវដ្ដៈ ប្រព្រឹត្តទៅ ដើម្បីការសន្សំកិលេសវដ្ដៈ មិនប្រព្រឹត្តទៅ ដើម្បីមិនមានការសន្សំកិលេសវដ្ដៈ ប្រព្រឹត្តទៅ ដើម្បីសេចក្ដីប្រាថ្នាច្រើន មិនប្រព្រឹត្តទៅ ដើម្បីសេចក្ដីប្រាថ្នាតិច ប្រព្រឹត្តទៅ ដើម្បីសេចក្ដីមិនសន្ដោស មិនប្រព្រឹត្តទៅ ដើម្បីសេចក្ដីសន្ដោស ប្រព្រឹត្តទៅ ដើម្បីច្រឡូកច្រឡំដោយពួក មិនប្រព្រឹត្តទៅ ដើម្បីស្ងាត់ចាកពួក ប្រព្រឹត្តទៅ ដើម្បីសេចក្ដីខ្ជិលច្រអូស មិនប្រព្រឹត្តទៅ ដើម្បីប្រារព្ធសេចក្ដីព្យាយាម ប្រព្រឹត្តទៅ ដើម្បីឲ្យគេចិញ្ចឹមក្រ មិនប្រព្រឹត្តទៅ ដើម្បីឲ្យគេចិញ្ចឹមងាយ។ ម្នាលនាងគោតមី នាងគប្បីចាំទុកដោយពិតចុះថា នេះមិនមែនជាធម៌ នេះមិនមែនជាវិន័យ នេះមិនមែនជាពាក្យប្រៀនប្រដៅរបស់ព្រះសាស្ដាទេ។ ម្នាលនាងគោតមី មួយទៀត នាងគប្បីដឹងនូវធម៌ទាំងឡាយណា ធម៌ទាំងនេះ រមែងប្រព្រឹត្តទៅ ដើម្បីប្រាសចាកតម្រេក មិនប្រព្រឹត្តទៅ ដើម្បីប្រកបដោយតម្រេក ប្រព្រឹត្តទៅ ដើម្បីប្រាសចាកការប្រកបក្នុងវដ្តៈ មិនប្រព្រឹត្តទៅ ដើម្បីការប្រកបក្នុងវដ្ដៈ ប្រព្រឹត្តទៅ ដើម្បីមិនមានការសន្សំកិលេសវដ្ដៈ មិនប្រព្រឹត្តទៅ ដើម្បីការសន្សំកិលេសវដ្ដៈ ប្រព្រឹត្តទៅ ដើម្បីសេចក្ដីប្រាថ្នាតិច មិនប្រព្រឹត្តទៅ ដើម្បីសេចក្ដីប្រាថ្នាច្រើន ប្រព្រឹត្តទៅ ដើម្បីសេចក្ដីសន្ដោស មិនប្រព្រឹត្តទៅ ដើម្បីមិនសន្ដោស ប្រព្រឹត្តទៅ ដើម្បីសេចក្ដីស្ងាត់ចាកពួក មិនប្រព្រឹត្តទៅ ដើម្បីច្រឡូកច្រឡំដោយពួក ប្រព្រឹត្តទៅ ដើម្បីប្រារព្ធសេចក្ដីព្យាយាម មិនប្រព្រឹត្តទៅ ដើម្បីសេចក្ដីខ្ជិលច្រអូស ប្រព្រឹត្តទៅ ដើម្បីឲ្យគេចិញ្ចឹមងាយ មិនប្រព្រឹត្តទៅ ដើម្បីឲ្យគេចិញ្ចឹមក្រ។ ម្នាលនាងគោតមី នាងគប្បីចាំទុក ដោយពិតចុះថា នេះជាធម៌ នេះជាវិន័យ នេះជាពាក្យប្រៀនប្រដៅ របស់ព្រះសាស្ដាហើយ។
ទីឃជាណុសូត្រ ទី៤
[៥៤] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់ក្នុងនិគមឈ្មោះកក្ករបត្តៈ របស់កោឡិយក្សត្រ ក្នុងដែនកោឡិយៈ។ គ្រានោះ ទីឃជាណុកោឡិយបុត្រ (កោឡិយបុត្រ ឈ្មោះទីឃជាណុ) ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគរួចហើយ អង្គុយក្នុងទីសមគួរ។ លុះទីឃជាណុកោឡិយបុត្រ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន យើងខ្ញុំព្រះអង្គជាគ្រហស្ថ បរិភោគកាម តែងគ្រប់គ្រងទីដំណេកចង្អៀតចង្អល់ដោយកូន ប្រស់ព្រំនូវលំអិតនៃខ្លឹមចន្ទន៍ ពីដែនកាសី ទ្រទ្រង់នូវផ្កាកម្រង គ្រឿងក្រអូប គ្រឿងលាប ត្រេកអរនូវមាស និងប្រាក់ បពិត្រព្រះអង្គដ៏ចំរើន សូមព្រះដ៏មានព្រះភាគ ទ្រង់សំដែងធម៌បែបនោះ ដល់យើងខ្ញុំទាំងឡាយនោះ ជាធម៌ប្រពឹត្តទៅ ដើម្បីប្រយោជន៍ក្នុងបច្ចុប្បន្ន ដើម្បីសេចក្ដីសុខក្នុងបច្ចុប្បន្ន ដើម្បីប្រយោជន៍ក្នុងបរលោក ដើម្បីសេចក្ដីសុខ ក្នុងបរលោក ដល់យើងខ្ញុំព្រះអង្គ។ ម្នាលព្យគ្ឃបជ្ជៈ [ហៅតាមបវេណី ព្រោះបុព្វបុរស គឺត្រកូលរបស់បុរសនោះ កើតក្បែរផ្លូវខ្លាធំ។ អដ្ឋកថា។] ធម៌ទាំងឡាយ ៤ ប្រការនេះ ប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ក្នុងបច្ចុប្បន្ន ដើម្បីសេចក្ដីសុខក្នុងបច្ចុប្បន្ន ដល់កុលបុត្រ។ ធម៌៤ ប្រការ តើដូចម្ដេច។ គឺ ឧដ្ឋានសម្បទា ១ អារក្ខសម្បទា ១ កល្យាណមិត្តតា ១ សមជីវិតា ១។ ម្នាលព្យគ្ឃបជ្ជៈ ចុះឧដ្ឋានសម្បទា តើដូចម្ដេច។ ម្នាលព្យគ្ឃបជ្ជៈ កុលបុត្រ ក្នុងលោកនេះ ចិញ្ចឹមជីវិត ដោយការប្រឹងប្រែង ក្នុងការងារណា ទោះភ្ជួររាស់ក្ដី ជួញប្រែក្ដី រក្សាគោក្ដី ការងាររបស់ខ្មាន់ធ្នូក្ដី ការងាររបស់រាជបុរសក្ដី សិល្បៈណាមួយក្ដី ជាអ្នកប៉ិនប្រសប់ ក្នុងការងារទាំងនោះ មិនខ្ជិលច្រអូស ប្រកបដោយឧបាយ ជាគ្រឿងពិចារណា ក្នុងការងារទាំងនោះថា គួរធ្វើ គួរចាត់ចែង ម្នាលព្យគ្ឃបជ្ជៈ នេះហៅថា ឧដ្ឋានសម្បទា។ ម្នាលព្យគ្ឃបជ្ជៈ ចុះអារក្ខសម្បទា តើដូចម្ដេច។ ម្នាលព្យគ្ឃបជ្ជៈ ភោគៈទាំងឡាយ ដែលកុលបុត្រក្នុងលោកនេះ បានមកដោយកំឡាំងព្យាយាម ប្រឹងប្រែង សន្សំដោយកំឡាំងដៃ បែកញើស ហូរញើស ជាភោគៈប្រកបដោយធម៌ បានមកដោយធម៌ កុលបុត្រនោះ បានញុំាងភោគៈទាំងនោះ ឲ្យសម្រេចដោយការរក្សាគ្រប់គ្រង ដោយគិតថា ធ្វើដូចម្ដេច កុំឲ្យសេ្ដចទាំងឡាយ នាំយកភោគៈទាំងនេះ របស់អាត្មាអញទៅបាន កុំឲ្យពួកចោរលួចទៅបាន កុំឲ្យភ្លើងឆេះបាន កុំឲ្យទឹកបន្សាត់ទៅបាន កុំឲ្យពួកទាយាទ មិនជាទីស្រឡាញ់ ដណ្ដើមយកទៅបាន ម្នាលព្យគ្ឃបជ្ជៈ នេះហៅថា អារក្ខសម្បទា។ ម្នាលព្យគ្ឃបជ្ជៈ ចុះកល្យាណមិត្តតា តើដូចម្ដេច។ ម្នាលព្យគ្ឃបជ្ជៈ កុលបុត្រក្នុងលោកនេះ នៅអាស្រ័យក្នុងស្រុក ឬនិគមណា ពួកជនណា ទោះគហបតីក្ដី គហបតិបុត្រក្ដី ក្មេង តែចំរើនដោយសីលក្ដី ចាស់ហើយ តែចំរើនដោយសីលក្ដី បរិបូណ៌ដោយសទ្ធា បរិបូណ៌ដោយសីល បរិបូណ៌ដោយចាគៈ បរិបូណ៌ដោយបញ្ញា ដែលនៅក្នុងស្រុក ឬនិគមនោះ កុលបុត្រនោះ តែងឈរ ចរចា សាកច្ឆាជាមួយនឹងពួកជនទាំងនោះ តែងសិក្សានូវសទ្ធាសម្បទានឹងពួកជនអ្នកបរិបូណ៌ដោយសទ្ធា តាមសមគួរ សិក្សានូវសីលសម្បទា នឹងពួកជនអ្នកបរិបូណ៌ដោយសីល តាមសមគួរ សិក្សានូវចាគសម្បទា នឹងពួកជនអ្នកបរិបូណ៌ដោយចាគៈ តាមសមគួរ សិក្សានូវបញ្ញាសម្បទា នឹងពួកជនអ្នកបរិបូណ៌ដោយបញ្ញា តាមសមគួរ ម្នាលព្យគ្ឃបជ្ជៈ នេះហៅថា កល្យាណមិត្តតា។ ម្នាលព្យគ្ឃបជ្ជៈ ចុះសមជីវិតា តើដូចម្តេច។ ម្នាលព្យគ្ឃបជ្ជៈ កុលបុត្រក្នុងលោកនេះ ដឹងច្បាស់នូវការចំរើននៃភោគៈទាំងឡាយផង ដឹងច្បាស់នូវការវិនាសទៅ នៃភោគៈទាំងឡាយផង ហើយចិញ្ចឹមជីវិតស្មើ មិនខ្ជះខ្ជាយពេក មិនក្បិតក្បៀតពេក ដោយគិតថា សេចក្ដីចំរើនរបស់អាត្មាអញ នឹងគ្របសង្កត់សេចក្ដីវិនាសយ៉ាងនេះ ឯសេចក្ដីវិនាសរបស់អាត្មាអញ នឹងកុំគ្របសង្កត់សេចក្ដីចំរើនបានឡើយ។ ម្នាលព្យគ្ឃបជ្ជៈ ប្រៀបដូចជនអ្នកថ្លឹងជញ្ជីងក្ដី កូនសិស្សនៃជនអ្នកថ្លឹងជញ្ជីងក្ដី លើកនូវជញ្ជីងថ្លឹងហើយ ក៏ដឹងថា ទន់ទៅខាងម្ខាងផង បះឡើងខាងម្ខាងផង យ៉ាងណាមិញ ម្នាលព្យគ្ឃបជ្ជៈ កុលបុត្រអ្នកដឹងច្បាស់នូវការចំរើននៃភោគៈទាំងឡាយផង ដឹងច្បាស់នូវការវិនាសទៅ នៃភោគៈទាំងឡាយផង ហើយចិញ្ចឹមជិវិតស្មើ មិនខ្ជះខ្ជាយពេក មិនក្បិតក្បៀតពេក ដោយគិតថា សេចក្ដីចំរើន របស់អាត្មាអញ នឹងគ្របសង្កត់សេចក្ដីវិនាសយ៉ាងនេះ ឯសេចក្ដីវិនាសរបស់អាត្មាអញ នឹងកុំគ្របសង្កត់សេចក្ដីចំរើនបានឡើយ ក៏យ៉ាងនោះដែរ។ ម្នាលព្យគ្ឃបជ្ជៈ ប្រសិនបើកុលបុត្រនេះ មានសេចក្ដីចំរើនតិច ហើយចិញ្ចឹមជីវិតច្រើនលើសលុប អ្នកផងតែងនិយាយដល់កុលបុត្រនោះថា កុលបុត្រនេះ បរិភោគនូវភោគៈទាំងឡាយ ដូចជាគេស៊ីផ្លែល្វា [អ្នកចង់ស៊ីផ្លែល្វា មិនបេះឲ្យល្មមតែបរិភោគឆ្អែត ទៅចាប់ដើមអង្រន់ ឲ្យជ្រុះផ្លែទាំងអស់នោះតែម្តង ហើយរើសយកតែផ្លែណាដែលគួរស៊ីបាន ផ្លែក្រៅពីនោះ នៅសល់ចោលជាច្រើន។ អដ្ឋកថា។]។ ម្នាលព្យគ្ឃបជ្ជៈ ប្រសិនបើកុលបុត្រនេះ មានសេចក្ដីចំរើនធំហើយ ចិញ្ចឹមជីវិតដោយក្បិតក្បៀត អ្នកផងទាំងឡាយ រមែងនិយាយដល់កុលបុត្រនោះថា កុលបុត្រនេះ មុខជានឹងស្លាប់ ៗ ដោយឥតទីពឹង។ ម្នាលព្យគ្ឃបជ្ជៈ កាលណាកុលបុត្រនេះ ដឹងច្បាស់នូវសេចក្ដីចំរើន នៃភោគៈទាំងឡាយផង ដឹងច្បាស់នូវសេចក្ដីវិនាសនៃភោគៈទាំងឡាយផង ហើយចិញ្ចឹមជីវិតស្មើ មិនខ្ជះខ្ជាយពេក មិនក្បិតក្បៀតពេក ដោយគិតថា សេចក្ដីចំរើនរបស់អាត្មាអញ នឹងគ្របសង្កត់នូវសេចក្ដីវិនាសយ៉ាងនេះ ឯសេចក្ដីវិនាស របស់អាត្មាអញ នឹងកុំគ្របសង្កត់សេចក្ដីចំរើនបានឡើយ ម្នាលព្យគ្ឃបជ្ជៈ នេះហៅថា សមជីវិតា។ ម្នាលព្យគ្ឃបជ្ជៈ កាលដែលភោគៈទាំងឡាយ ចំរើនឡើងយ៉ាងនេះហើយ រមែងមានផ្លូវនៃសេចក្ដីវិនាស ៤ យ៉ាង គឺ ជាអ្នកលេងស្រី ១ លេងសុរា ១ លេងល្បែងភ្នាល់ ១ មានមិត្រដ៏លាមក មានសំឡាញ់ដ៏លាមក សមគប់នឹងបុគ្គលដ៏លាមក ១។ ម្នាលព្យគ្ឃបជ្ជៈ ដូចស្រះទឹកដ៏ធំ មានផ្លូវនៃសេចក្ដីចំរើន ៤ យ៉ាងផង មានប្រធាននៃសេចក្ដីវិនាស ៤ យ៉ាងផង បុរសគប្បីបិទខ្ទប់នូវផ្លូវនៃសេចក្ដីវិនាសទាំងនោះ របស់ស្រះនោះក្ដី គប្បីបើកបង្ហូរនូវផ្លូវនៃសេចក្ដីវិនាសទាំងនោះ របស់ស្រះនោះក្ដី ទាំងភ្លៀង ក៏មិនបង្អោរនូវធារទឹកដោយប្រពៃក្ដី ម្នាលព្យគ្ឃបជ្ជៈ កាលបើយ៉ាងនេះហើយ ស្រះដ៏ធំនោះ នឹងមានសេចក្ដីសាបសូន្យជាប្រាកដ មិនមានសេចក្ដីចំរើនឡើយ យ៉ាងណាមិញ ម្នាលព្យគ្ឃបជ្ជៈ កាលភោគៈទាំងឡាយ ចំរើនឡើងយ៉ាងនេះហើយ រមែងមានផ្លូវនៃសេចក្ដីវិនាស ៤ យ៉ាងគឺ ជាអ្នកលេងស្រី ១ លេងសុរា ១ លេងល្បែងភ្នាល់ ១ មានមិត្រដ៏លាមក មានសំឡាញ់ដ៏លាមក សមគប់នឹងបុគ្គលដ៏លាមក ១ ក៏យ៉ាងនោះដែរ។ ម្នាលព្យគ្ឃបជ្ជៈ កាលបើភោគៈទាំងឡាយ ចំរើនឡើងយ៉ាងនេះហើយ ប្រធាននៃសេចក្ដីចំរើន ៤ យ៉ាងគឺ ជាអ្នកមិនលេងស្រី ១ មិនលេងសុរា ១ មិនលេងល្បែងភ្នាល់១ មានមិត្រល្អ មានសំឡាញ់ល្អ សមគប់នឹងបុគ្គលល្អ ១ ក៏មានឡើង។ ម្នាលព្យគ្ឃបជ្ជៈ ដូចស្រះទឹកដ៏ធំ មានផ្លូវនៃសេចក្ដីចំរើន ៤ យ៉ាងផង មានប្រធាននៃសេចក្ដីវិនាស ៤ យ៉ាងផង បុរសគប្បីបើកបង្ហូរនូវផ្លូវនៃសេចក្ដីចំរើនទាំងនោះ របស់ស្រះនោះផង គប្បីបិទនូវផ្លូវនៃសេចក្ដីវិនាសទាំងនោះ របស់ស្រះនោះផង ទាំងភ្លៀង ក៏បង្អោរចុះនូវធារទឹក ដោយប្រពៃផង ម្នាលព្យគ្ឃបជ្ជៈ កាលបើយ៉ាងនេះហើយ សេចក្ដីចំរើនរបស់ស្រះនោះ នឹងមានប្រាកដ មិនមានសេចក្ដីសាបសូន្យឡើយ យ៉ាងណាមិញ ម្នាលព្យគ្ឃបជ្ជៈ កាលបើភោគៈទាំងឡាយ ចំរើនឡើងយ៉ាងនេះហើយ រមែងមានផ្លូវ នៃសេចក្ដីចំរើន ៤ យ៉ាងគឺ អ្នកមិនលេងស្រី ១ មិនលេងសុរា ១ មិនលេងល្បែងភ្នាល់ ១ មានមិត្រល្អ មានសំឡាញ់ល្អ សមគប់នឹងបុគ្គលល្អ ១ ក៏យ៉ាងនោះដែរ។ ម្នាលព្យគ្ឃបជ្ជៈ ធម៌ទាំងឡាយ ៤ ប្រការនេះឯង ប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ក្នុងបច្ចុប្បន្ន ដើម្បីសេចក្ដីសុខក្នុងបច្ចុប្បន្ន ដល់កុលបុត្រ។ ម្នាលព្យគ្ឃបជ្ជៈ ធម៌ទាំងឡាយ ៤ ប្រការនេះ ប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ក្នុងបរលោក ដើម្បីសេចក្ដីសុខក្នុងបរលោក ដល់កុលបុត្រ។ ធម៌ ៤ ប្រការ តើដូចម្ដេច។ គឺសទ្ធាសម្បទា ១ សីលសម្បទា ១ ចាគសម្បទា ១ បញ្ញាសម្បទា ១។ ម្នាលព្យគ្ឃបជ្ជៈ ចុះសទ្ធាសម្បទា តើដូចម្ដេច។ ម្នាលព្យគ្ឃបជ្ជៈ កុលបុត្រក្នុងលោកនេះ ជាអ្នកមានសទ្ធា ជឿការត្រាស់ដឹងនៃព្រះតថាគតថា ព្រះដ៏មានព្រះភាគអង្គនោះ។បេ។ ជាសាស្ដានៃទេវតា និងមនុស្សទាំងឡាយ ទ្រង់ត្រាស់ដឹងនូវចតុរារិយសច្ច ទ្រង់លែងវិលត្រឡប់មកកាន់ភពថ្មីទៀតហើយ ម្នាលព្យគ្ឃបជ្ជៈ នេះហៅថាសទ្ធាសម្បាទា។ ម្នាលព្យគ្ឃបជ្ជៈ ចុះសីលសម្បទា តើដូចម្ដេច។ ម្នាលព្យគ្ឃបជ្ជៈ កុលបុត្រក្នុងលោកនេះ ជាអ្នកវៀរចាកបាណាតិបាត។បេ។ វៀរចាកសុរាមេរយមជ្ជប្បមាទដ្ឋាន ម្នាលព្យគ្ឃបជ្ជៈ នេះហៅថា សីលសម្បទា។ ម្នាលព្យគ្ឃបជ្ជៈ ចុះចាគៈសម្បទា តើដូចម្ដេច។ ម្នាលព្យគ្ឃបជ្ជៈ កុលបុត្រក្នុងលោកនេះ មានចិត្តប្រាសចាកមន្ទិល គឺសេចក្ដីកំណាញ់ នៅគ្រប់គ្រងផ្ទះ មានទានបរិច្ចាគរួចស្រឡះហើយ មានដៃលាងហើយ ត្រេកអរក្នុងការលះបង់ គួរដល់ស្មូម ត្រេកអរក្នុងការចែករលែកនូវទាន ម្នាលព្យគ្ឃបជ្ជៈ នេះហៅថា ចាគសម្បទា។ ម្នាលព្យគ្ឃបជ្ជៈ ចុះបញ្ញាសម្បទា តើដូចម្ដេច។ ម្នាលព្យគ្ឃបជ្ជៈ កុលបុត្រក្នុងលោកនេះ មានប្រាជ្ញា ប្រកបដោយប្រាជ្ញា ជាដំណើរយល់ការសេចក្ដីចំរើន និងសេចក្ដីវិនាស ជាប្រាជ្ញាដ៏ប្រសើរមុះមុត ជាដំណើរយល់ការដែលអស់ទៅ នៃទុក្ខដោយប្រពៃ ម្នាលព្យគ្ឃបជ្ជៈ នេះហៅថា បញ្ញាសម្បទា។ ម្នាលព្យគ្ឃបជ្ជៈ ធម៌ទាំង៤ យ៉ាងនេះឯង រមែងប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ក្នុងបរលោក ដើម្បីសេចក្ដីសុខក្នុងបរលោក ដល់កុលបុត្រ។
កុលបុត្រ អ្នកមានព្យាយាមប្រឹងប្រែង ក្នុងទីនៃការងារទាំងឡាយ ១ មិនប្រហែសធ្វេសមានការចាត់ចែង ១ ចិញ្ចឹមជីវិតស្មើ ១ ចេះថែរក្សាទ្រព្យ ដែលរកបានមក ១ មានសទ្ធា ១ បរិបូណ៌ដោយសីល ១ ដឹងនូវពាក្យពេចន៍ ១ ប្រាសចាកសេចក្ដីកំណាញ់ រមែងជំរះនូវផ្លូវ មានសួស្ដី ជាផ្លូវទៅកាន់បរលោកជានិច្ច ១ ធម៌ទាំង៨ ប្រការនេះ តែងនាំមកនូវសេចក្ដីសុខក្នុងលោកទាំងពីរ ដែលព្រះដ៏មានព្រះភាគ ព្រះអង្គជាសច្ចនាម ទ្រង់សំដែងហើយ ដល់កុលបុត្រអ្នកមានសទ្ធា ស្វែងរកផ្ទះ ដើម្បីប្រយោជន៍ ក្នុងបច្ចុប្បន្នផង ដើម្បីសេចក្ដីសុខក្នុងបរលោកផង ដោយប្រការដូច្នេះ ការបរិច្ចាគ និងបុណ្យនេះ តែងចំរើនដល់គ្រហស្ថទាំងឡាយ យ៉ាងនេះឯង។
ឧជ្ជយសូត្រ ទី៥
[៥៥] លំដាប់នោះ ឧជ្ជយព្រាហ្មណ៍ ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏និយាយរីករាយជាមួយនឹងព្រះដ៏មានព្រះភាគ លុះបញ្ចប់ពាក្យ ដែលគួររីករាយ និងពាក្យដែលគួររលឹកហើយ ក៏អង្គុយក្នុងទីសមគួរ។ លុះឧជ្ជយព្រាហ្មណ៍ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះគោតមដ៏ចំរើន យើងខ្ញុំមានប្រាថ្នា ដើម្បីទៅឃ្លាតចេញអំពីស្រុក ធម៌ទាំងឡាយណា ប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ ក្នុងបច្ចុប្បន្ន ដើម្បីសេចក្ដីសុខ ក្នុងបច្ចុប្បន្ន ដើម្បីប្រយោជន៍ក្នុងបរលោក ដើម្បីសេចក្តីសុខ ក្នុងបរលោក គប្បីមានដល់ពួកយើងខ្ញុំ សូមព្រះគោតមដ៏ចំរើន ទ្រង់សំដែងនូវធម៌នោះដល់យើងខ្ញុំ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលព្រាហ្មណ៍ ធម៌ទាំងឡាយ ៤ ប្រការនេះ ប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ ក្នុងបច្ចុប្បន្ន ដើម្បីសេចក្ដីសុខ ក្នុងបច្ចុប្បន្ន ដល់កុលបុត្រ។ ធម៌៤ ប្រការ តើដូចម្ដេច។ គឺ ឧដ្ឋានសម្បទា ១ អារក្ខសម្បទា ១ កល្យាណមិត្តតា ១ សមជីវិតា ១។ ម្នាលព្រាហ្មណ៍ ចុះឧដ្ឋានសម្បទា តើដូចម្តេច។ ម្នាលព្រាហ្មណ៍ កុលបុត្រក្នុងលោកនេះ ចិញ្ចឹមជីវិតដោយការប្រឹងប្រែង ក្នុងការងារណា ទោះភ្ជួរក្ដី ជួញប្រែក្ដី រក្សាគោក្តី ការងាររបស់ខ្មាន់ធ្នូក្ដី ការងាររបស់រាជបុរសក្ដី សិល្បៈណាមួយក្ដី ជាអ្នកប៉ិនប្រសប់ក្នុងការងារទាំងនោះ មិនខ្ជិលច្រអូស ប្រកបដោយឧបាយ ជាគ្រឿងពិចារណា ក្នុងការងារទាំងនោះថា គួរធ្វើ គួរចាត់ចែង ម្នាលព្រាហ្មណ៍ នេះហៅថា ឧដ្ឋានសម្បទា។ ម្នាលព្រាហ្មណ៍ ចុះអារក្ខសម្បទា តើដូចម្ដេច។ ម្នាលព្រហ្មណ៍ ភោគៈទាំងឡាយ ដែលកុលបុត្រក្នុងលោកនេះ បានមកដោយកំឡាំងព្យាយាម ប្រឹងប្រែង សន្សំ ដោយកំឡាំងដៃ បែកញើស ហូរញើស ជាភោគៈ ប្រកបដោយធម៌ កុលបុត្រនោះ រមែងញុំាងភោគៈទាំងនោះ ឲ្យសម្រេច ដោយការរក្សាគ្រប់គ្រង ដោយគិតថា ធ្វើដូចម្ដេច កុំឲ្យសេ្ដចទាំងឡាយ នាំយកភោគៈទាំងនេះ របស់អាត្មាអញទៅបាន កុំឲ្យពួកចោរលួចយកទៅបាន កុំឲ្យភ្លើងឆេះបាន កុំឲ្យទឹកបន្សាត់ទៅបាន កុំឲ្យពួកទាយាទ មិនជាទីស្រឡាញ់ ដណ្ដើមយកទៅបាន ម្នាលព្រាហ្មណ៍ នេះហៅថាអារក្ខសម្បទា។ ម្នាលព្រាហ្មណ៍ ចុះកល្យាណមិត្តតា តើដូចម្ដេច។ ម្នាលព្រាហ្មណ៍ កុលបុត្រក្នុងលោកនេះ នៅអាស្រ័យក្នុងស្រុក ឬនិគមណា ពួកជនណា ទោះគហបតីក្ដី គហបតិបុត្រក្ដី ក្មេង តែចំរើនដោយសីល ចាស់ហើយតែចំរើនដោយសីល បរិបូណ៌ដោយសទ្ធា បរិបូណ៌ដោយសីល បរិបូណ៌ដោយចាគៈ បរិបូណ៌ដោយបញ្ញា មាននៅក្នុងស្រុក ឬនិគមនោះ (កុលបុត្រនោះ) រមែងឈរចរចា សាកច្ឆាជាមួយនឹងពួកជនទាំងនោះ តែងសិក្សានូវសទ្ធាសម្បទា នឹងពួកជនអ្នកបរិបូណ៌ដោយសទ្ធា តាមសមគួរ សិក្សានូវសីលសម្បទា នឹងពួកជនអ្នកបរិបូណ៌ដោយសីល តាមសមគួរ សិក្សានូវចាគសម្បទា នឹងពួកជនអ្នកបរិបូណ៌ដោយចាគៈ តាមសមគួរ សិក្សានូវបញ្ញាសម្បទា នឹងពួកជនអ្នកបរិបូណ៌ដោយបញ្ញា តាមសមគួរ ម្នាលព្រាហ្មណ៍ នេះហៅថា កល្យាណមិត្តតា។ ម្នាលព្រាហ្មណ៍ ចុះសមជីវិតា តើដូចម្ដេច។ ម្នាលព្រាហ្មណ៍ កុលបុត្រក្នុងលោកនេះ ដឹងច្បាស់នូវការចំរើននៃភោគៈទាំងឡាយផង ដឹងច្បាស់នូវការវិនាសទៅ នៃភោគៈទាំងឡាយផង ហើយចិញ្ចឹមជីវិតស្មើ មិនខ្ជះខ្ជាយពេក មិនក្បិតក្បៀតពេក ដោយគិតថា សេចក្ដីចំរើនរបស់អាត្មាអញ នឹងគ្របសង្កត់សេចក្ដីវិនាសយ៉ាងនេះ ឯសេចក្ដីវិនាស របស់អាត្មាអញ នឹងកុំគ្របសង្កត់សេចក្ដីចំរើនបានឡើយ។ ម្នាលព្រាហ្មណ៍ ប្រៀបដូចជនអ្នកថ្លឹងជញ្ជីងក្ដី កូនសិស្សនៃជនអ្នកថ្លឹងជញ្ជីងក្ដី លើកនូវជញ្ជីងថ្លឹង ហើយក៏ដឹងថា ទន់ទៅខាងម្ខាង បះឡើងខាងម្ខាងផង យ៉ាងណាមិញ ម្នាលព្រាហ្មណ៍ កុលបុត្រអ្នកដឹងច្បាស់នូវការចំរើន នៃភោគៈទាំងឡាយផង ដឹងច្បាស់នូវការវិនាសទៅ នៃភោគៈទាំងឡាយផង ហើយចិញ្ចឹមជីវិតស្មើ មិនខ្ជះខ្ជាយពេក មិនក្បិតក្បៀតពេក ដោយគិតថា សេចក្ដីចំរើនរបស់អាត្មាអញ នឹងគ្របសង្កត់សេចក្ដីវិនាសយ៉ាងនេះ ឯសេចក្ដីវិនាសរបស់អាត្មាអញ នឹងកុំគ្របសង្កត់សេចក្ដីចំរើនបានឡើយ ក៏យ៉ាងនោះដែរ។ ម្នាលព្រាហ្មណ៍ ប្រសិនបើកុលបុត្រនេះ មានសេចក្ដីចំរើនតិច តែចិញ្ចឹមជីវិត ច្រើនលើសលុប អ្នកផងទាំងឡាយ តែងនិយាយដល់កុលបុត្រនោះថា កុលបុត្រនេះ បរិភោគនូវភោគៈទាំងឡាយ ដូចជាគេស៊ីផ្លែល្វា។ ម្នាលព្រាហ្មណ៍ ប្រសិនបើកុលបុត្រនេះ មានសេចក្ដីចំរើនធំ តែចិញ្ចឹមជីវិត ដោយក្បិតក្បៀត អ្នកផងទាំងឡាយ រមែងនិយាយដល់កុលបុត្រនោះថា កុលបុត្រនេះ មុខជានឹងស្លាប់ ៗ ដោយឥតទីពឹង។ ម្នាលព្រាហ្មណ៍ កាលណាកុលបុត្រនេះ ដឹងច្បាស់នូវការចំរើន នៃភោគៈទាំងឡាយផង ដឹងច្បាស់នូវការវិនាសទៅ នៃភោគៈទាំងឡាយផង ហើយចិញ្ចឹមជីវិតស្មើ មិនខ្ជះខ្ជាយពេក មិនក្បិតក្បៀតពេក ដោយគិតថា សេចក្ដីចំរើនរបស់អាត្មាអញ នឹងគ្របសង្កត់សេចក្ដីវិនាស យ៉ាងនេះ ឯសេចក្ដីវិនាស របស់អាត្មាអញ នឹងកុំគ្របសង្កត់សេចក្ដីចំរើនបានឡើយ ម្នាលព្រាហ្មណ៍ នេះហៅថា សមជីវិតា។ ម្នាលព្រាហ្មណ៍ កាលដែលភោគៈទាំងឡាយ ចំរើនឡើងយ៉ាងនេះហើយ រមែងមានផ្លូវនៃសេចក្ដីវិនាស ៤ ប្រការ គឺជាអ្នកលេងស្រី ១ លេងសុរា ១ លេងល្បែងភ្នាល់ ១ មានមិត្រលាមក មានសំឡាញ់លាមក សមគប់នឹងបុគ្គលលាមក ១។ ម្នាលព្រាហ្មណ៍ ដូចស្រះធំ មានផ្លូវនៃសេចក្ដីចំរើន ៤ ផង មានផ្លូវនៃសេចក្ដីវិនាស ៤ ផង បុរសគប្បីបិទខ្ទប់នូវផ្លូវនៃសេចក្ដីចំរើនទាំងនោះ របស់ស្រះនោះផង គប្បីបើកបង្ហូរ នូវផ្លូវនៃសេចក្ដីវិនាសទាំងនោះ របស់ស្រះនោះផង ទាំងភ្លៀងសោត ក៏មិនបង្អោរនូវធារទឹក ដោយប្រពៃផង ម្នាលព្រាហ្មណ៍ កាលបើយ៉ាងនេះ ស្រះដ៏ធំនោះ នឹងមានសេចក្ដីសាបសូន្យជាប្រាកដ មិនមានសេចក្ដីចំរើនឡើយ យ៉ាងណាមិញ ម្នាលព្រាហ្មណ៍ កាលដែលភោគៈទាំងឡាយ ចំរើនឡើង យ៉ាងនេះហើយ រមែងមានផ្លូវនៃសេចក្ដីវិនាស ៤ យ៉ាងគឺ ជាអ្នកលេងស្រី ១ លេងសុរា ១ លេងល្បែងភ្នាល់ ១ មានមិត្រលាមក មានសំឡាញ់លាមក សមគប់នឹងបុគ្គលលាមក ១ ក៏យ៉ាងនោះដែរ។ ម្នាលព្រាហ្មណ៍ កាលដែលភោគៈទាំងឡាយចំរើនឡើង យ៉ាងនេះហើយ រមែងមានផ្លូវនៃសេចក្ដីចំរើន ៤ ប្រការគឺ ជាអ្នកមិនលេងស្រី ១ មិនលេងសុរា ១ មិនលេងល្បែងភ្នាល់ ១ មានមិត្រល្អ មានសំឡាញ់ល្អ សមគប់នឹងបុគ្គលល្អ ១។ ម្នាលព្រាហ្មណ៍ ស្រះធំមានផ្លូវនៃសេចក្ដីចំរើន ៤ផង មានផ្លូវនៃសេចក្ដីវិនាស ៤ផង បុរសគប្បីបើកបង្ហូរនូវផ្លូវនៃសេចក្ដីចំរើនទាំងនោះ របស់ស្រះនោះផង គប្បីបិទនូវផ្លូវនៃសេចក្ដីវិនាសទាំងនោះ របស់ស្រះនោះផង ទាំងភ្លៀងសោត ក៏បង្អោរចុះនូវធារទឹកដោយប្រពៃផង ម្នាលព្រាហ្មណ៍ កាលបើយ៉ាងនេះហើយ សេចក្ដីចំរើនរបស់ស្រះនោះ នឹងមានប្រាកដ មិនមានសេចក្ដីសាបសូន្យឡើយ យ៉ាងណាមិញ ម្នាលព្រាហ្មណ៍ កាលបើភោគៈទាំងឡាយ ចំរើនឡើង យ៉ាងនេះហើយ រមែងមានផ្លូវនៃសេចក្ដីចំរើន ៤ ប្រការ គឺជាអ្នកមិនលេងស្ត្រី ១។បេ។ សមគប់នឹងបុគ្គលល្អ ១ យ៉ាងនោះដែរ។ ម្នាលព្រាហ្មណ៍ ធម៌ទាំងឡាយ ៤ ប្រការនេះឯង តែងប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ក្នុងបច្ចុប្បន្ន ដើម្បីសេចក្តីសុខក្នុងបច្ចុប្បន្ន ដល់កុលបុត្រ។ ម្នាលព្រាហ្មណ៍ ធម៌ទាំងឡាយ ៤ ប្រការនេះ ប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ក្នុងបរលោក ដើម្បីសេចក្ដីសុខ ក្នុងបរលោក ដល់កុលបុត្រ។ ធម៌ ៤ ប្រការ តើដូចម្ដេច។ គឺសទ្ធាសម្បទា ១ សីលសម្បទា ១ ចាគសម្បទា ១ បញ្ញាសម្បទា ១។ ម្នាលព្រាហ្មណ៍ ចុះសទ្ធាសម្បទា តើដូចម្ដេច។ ម្នាលព្រាហ្មណ៍ កុលបុត្រក្នុងលោកនេះ ជាអ្នកមានសទ្ធា ជឿនូវការត្រាស់ដឹងនៃព្រះតថាគតថា ព្រះដ៏មានព្រះភាគ អង្គនោះ។បេ។ ជាសាស្ដានៃទេវតា និងមនុស្សទាំងឡាយ ទ្រង់ត្រាស់ដឹងនូវចតុរារិយសច្ច ទ្រង់លែងវិលត្រឡប់មកកាន់ភពថ្មីទៀតហើយ ម្នាលព្រាហ្មណ៍ នេះហៅថា សទ្ធាសម្បាទា។ ម្នាលព្រាហ្មណ៍ ចុះសីលសម្បទា តើដូចម្ដេច។ ម្នាលព្រាហ្មណ៍ កុលបុត្រក្នុងលោកនេះ ជាអ្នកវៀរចាកបាណាតិបាត។បេ។ វៀរចាកសុរាមេរយមជ្ជប្បមាទដ្ឋាន ម្នាលព្រាហ្មណ៍ នេះហៅថា សីលសម្បទា។ ម្នាលព្រាហ្មណ៍ ចុះចាគសម្បទា តើដូចម្ដេច។ ម្នាលព្រាហ្មណ៍ កុលបុត្រក្នុងលោកនេះ មានចិត្តប្រាសចាកមន្ទិល គឺសេចក្ដីកំណាញ់ នៅគ្រប់គ្រងផ្ទះ មានទានបរិច្ចាគរួចស្រឡះហើយ មានដៃលាងហើយ ត្រេកអរក្នុងការលះបង់ ជាអ្នកគួរដល់ស្មូម ត្រេកអរក្នុងការចែករលែកនូវទាន ម្នាលព្រាហ្មណ៍ នេះហៅថា ចាគសម្បទា។ ម្នាលព្រាហ្មណ៍ ចុះបញ្ញាសម្បទា តើដូចម្ដេច។ ម្នាលព្រាហ្មណ៍ កុលបុត្រក្នុងលោកនេះ ជាអ្នកមានប្រាជ្ញា។បេ។ ជាដំណើរយល់ការ ដែលអស់ទៅនៃទុក្ខដោយប្រពៃ ម្នាលព្រាហ្មណ៍ នេះហៅថា បញ្ញាសម្បទា។ ម្នាលព្រាហ្មណ៍ ធម៌ទាំងឡាយ ៤ ប្រការនេះឯង តែងប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ក្នុងបរលោក ដើម្បីសេចក្ដីសុខ ក្នុងបរលោក ដល់កុលបុត្រ។
កុលបុត្រអ្នកមានព្យាយាម ប្រឹងប្រែង ក្នុងទីនៃការងារទាំងឡាយ ១ មិនប្រហែសធ្វេស មានការចាត់ចែង ១ ចិញ្ចឹមជីវិតស្មើ ១ ចេះថែរក្សាទ្រព្យ ដែលរកបានមក ១ មានសទ្ធា ១ បរិបូណ៌ដោយសីល ១ ដឹងនូវពាក្យពេចន៍ ១ ប្រាសចាកសេចក្ដីកំណាញ់ ជំរះនូវផ្លូវ មានសួស្ដី ជាផ្លូវទៅកាន់បរលោកជានិច្ច ១ ធម៌ទាំង ៨ ប្រការនេះ តែងនាំមកនូវសេចក្ដីសុខក្នុងលោកទាំងពីរ ដែលព្រះដ៏មានព្រះភាគ ព្រះអង្គជាសច្ចនាម ទ្រង់សំដែងដល់កុលបុត្រអ្នកមានសទ្ធា ស្វែងរកផ្ទះ ដើម្បីប្រយោជន៍ ក្នុងបច្ចុប្បន្នផង ដើម្បីសេចក្ដីសុខក្នុងបរលោកផង ដោយប្រការដូច្នេះ ការបរិច្ចាគ និងបុណ្យនេះ តែងចំរើនដល់គ្រហស្ថទាំងឡាយ យ៉ាងនេះឯង។
ភយសូត្រ ទី៦
[៥៦] ម្នាលភិក្ខុទាំងឡាយ ពាក្យថា ភ័យនេះ ជាឈ្មោះរបស់កាម ម្នាលភិក្ខុទាំងឡាយ ពាក្យថា ទុក្ខនេះ ជាឈ្មោះរបស់កាម ម្នាលភិក្ខុទាំងឡាយ ពាក្យថា រោគនេះ ជាឈ្មោះរបស់កាម ម្នាលភិក្ខុទាំងឡាយ ពាក្យថា ពកនេះ ជាឈ្មោះរបស់កាម ម្នាលភិក្ខុទាំងឡាយ ពាក្យថា ព្រួយនេះ ជាឈ្មោះរបស់កាម ម្នាលភិក្ខុទាំងឡាយ ពាក្យថា ជាប់ជំពាក់នេះ ជាឈ្មោះរបស់កាម ម្នាលភិក្ខុទាំងឡាយ ពាក្យថា ភក់នេះ ជាឈ្មោះរបស់កាម ម្នាលភិក្ខុទាំងឡាយ ពាក្យថា គភ៌នេះ ជាឈ្មោះរបស់កាម។ ម្នាលភិក្ខុទាំងឡាយ ហេតុដូចម្ដេច បានជាពាក្យថា ភ័យនេះ ជាឈ្មោះរបស់កាម។ ម្នាលភិក្ខុទាំងឡាយ កុលបុត្រនេះ ត្រេកអរដោយអំណាចកាមរាគ ជាប់ជំពាក់ដោយឆន្ទរាគ រមែងមិនរួចចាកភ័យក្នុងបច្ចុប្បន្នផង មិនរួចចាកភ័យក្នុងបរលោកផង ហេតុនោះបានជាពាក្យថា ភ័យនេះ ជាឈ្មោះរបស់កាម។ ម្នាលភិក្ខុទាំងឡាយ ហេតុដូចម្ដេច បានជាពាក្យថាទុក្ខ។បេ។ ថារោគ ថាពក ថាព្រួយ ថាជាប់ជំពាក់ ថាភក់ (នេះជាឈ្មោះរបស់កាម)។ ម្នាលភិក្ខុទាំងឡាយ ហេតុដូចម្ដេច បានជាពាក្យថាគភ៌នេះ ជាឈ្មោះរបស់កាម។ ម្នាលភិក្ខុទាំងឡាយ កុលបុត្រនេះ ត្រេកអរដោយអំណាចកាមរាគ ជាប់ជំពាក់ដោយឆន្ទរាគ រមែងមិនរួចចាកគភ៌ ក្នុងបច្ចុប្បន្នផង មិនរួចចាកគភ៌ ក្នុងបរលោកផង ហេតុនោះបានជា ពាក្យថា គភ៌នេះ ជាឈ្មោះរបស់កាម។
បុថុជ្ជនជាប់ជំពាក់ក្នុងកាមណា កាមទាំងពីរនុ៎ះ លោកហៅថា ភ័យ ថាទុក្ខ ថារោគ ថាពក ថាព្រួយ ថាការជាប់ជំពាក់ ថាភក់ ថាគភ៌ បុថុជ្ជន ត្រូវសេចក្ដីសុខក្នុងកាមគ្របសង្កត់ហើយ រមែងទៅកាន់គភ៌ទៀត លុះតែភិក្ខុមានព្យាយាម ដុតកំដៅកិលេស ត្រេកអរដោយសម្បជញ្ញៈក្នុងវេលាណា ភិក្ខុនោះ បែបនោះ កន្លងនូវផ្លូវវាងគឺ វដ្ដៈនេះ ដែលគេឆ្លងបានដោយក្រ រមែងឃើញនូវពួកសត្វ ដែលចូលទៅកាន់ជាតិ និងជរា កំពុងតែញាប់ញ័រ (ក្នុងភពទាំង ៣ ក្នុងវេលានោះ)។
បឋមអាហុនេយ្យសូត្រ ទី៧
[៥៧] ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៨យ៉ាង ជាអ្នកគួរទទួលនូវចតុប្បច្ច័យដែលគេនាំមកបូជា គួរទទួលនូវចតុប្បច្ច័យដែលគេតាក់តែងដើម្បីភ្ញៀវ គួរទទួលនូវទក្ខិណាទាន គួរដល់អញ្ជលិកម្មដែលសត្វលោកគប្បីធ្វើ ជាបុញ្ញកេ្ខត្តនៃសត្វលោក រកខេត្តដទៃក្រៃលែងជាងគ្មាន។ ប្រកបដោយធម៌ ទាំង ៨យ៉ាង តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកមានសីល។បេ។ សមាទានសិក្សា ក្នុងសិក្ខាបទទាំងឡាយ ១ ជាអ្នកចេះចាំច្រើន ១។បេ។ យល់ត្រឹមត្រូវដោយទិដ្ឋិ ១ ជាអ្នកមានមិត្រល្អ មានសំឡាញ់ល្អ សមគប់នឹងបុគ្គលល្អ ១ ជាអ្នកសមា្មទិដ្ឋិ ប្រកបដោយសម្មាទស្សនៈ ១ ជាអ្នកបានតាមប្រាថ្នា បានដោយមិនលំបាក បានដោយទូលាយ នូវឈានទាំង ៤ ដែលអាស្រ័យនូវចិត្តដ៏ប្រសើរ ជាគ្រឿងនៅសប្បាយ ក្នុងបច្ចុប្បន្ន ១ តែងរឭកឃើញ នូវបុព្វេនិវាស គឺការនៅក្នុងភពមុន មានប្រការដ៏ច្រើនគឺ រឭកឃើញ ១ជាតិខ្លះ ២ជាតិខ្លះ។បេ។ រលឹកឃើញនូវបុព្វេនិវាស ព្រមទាំងអាការៈ ព្រមទាំងឧទ្ទេស មានប្រការដ៏ច្រើន ដោយប្រការដូច្នេះ ១ បានដឹងច្បាស់នូវពួកសត្វ ដែលអន្ទោលទៅតាមកម្ម។បេ។ ទិព្វចក្ខុដ៏ស្អាត កន្លងបង់នូវចក្ខុរបស់មនុស្សធម្មតា។បេ។ ដឹងច្បាស់នូវពួកសត្វ ដែលអន្ទោលទៅតាមកម្ម ១ បានធ្វើឲ្យជាក់ច្បាស់ បានដល់។បេ។ ព្រោះអស់ទៅនៃអាសវៈទាំងឡាយ ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ទាំង ៨ យ៉ាងនេះឯង ជាអ្នកគួរទទួលចតុប្បច្ច័យ ដែលគេនាំមកបូជា។បេ។ ជាបុញ្ញកេ្ខត្តនៃសត្វលោក រកខេត្តដទៃ ក្រៃលែងជាងគ្មាន។
ទុតិយអាហុនេយ្យសូត្រ ទី៨
[៥៨] ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៨យ៉ាង ជាអ្នកគួរទទួលចតុប្បច្ច័យ ដែលគេនាំមកបូជា។បេ។ ជាបុញ្ញកេ្ខត្តនៃសត្វលោក រកខេត្តដទៃក្រៃលែងជាងគ្មាន។ ប្រកបដោយធម៌ ៨យ៉ាង តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកមានសីល។បេ។ សមាទានសិក្សា ក្នុងសិក្ខាបទទាំងឡាយ ១ ជាអ្នកចេះចាំច្រើន ១។បេ។ យល់ត្រឹមត្រូវដោយទិដ្ឋិ ១ ជាអ្នកប្រារព្ធសេចក្ដីព្យាយាម មានកំឡាំងប្រឹងប្រែងដ៏មាំ មិនដាក់ធុរៈចោល ក្នុងកុសលធម៌ទាំងឡាយ ១ ជាអ្នកនៅក្នុងព្រៃ មានទីសេនាសនៈស្ងាត់ ១ អត់ទ្រាំនូវសេចក្ដីអផ្សុក និងសេចក្ដីត្រេកអរ តែងគ្របសង្កត់ នូវសេចក្ដីអផ្សុក ដែលកើតឡើងហើយ ១ ជាអ្នកអត់ទ្រាំនូវភ័យ គួរស្ញប់ស្ញែង តែងគ្របសង្កត់នូវភ័យ គួរស្ញប់ស្ញែងដែលកើតឡើងហើយ ១ ជាអ្នកបានតាមប្រាថ្នា បានដោយមិនលំបាក បានដោយទូលាយ នូវឈានទាំង ៤ ដែលអាស្រ័យនូវចិត្តដ៏ប្រសើរ ជាគ្រឿងនៅជាសុខ ក្នុងបច្ចុប្បន្ន ១ បានធ្វើឲ្យជាក់ច្បាស់ បានដល់។បេ។ ព្រោះអស់ទៅនៃអាសវៈទាំងឡាយ ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៨យ៉ាងនេះឯង ជាអ្នកគួរទទួលនូវចតុប្បច្ច័យដែលគេនាំមកបូជា។បេ។ ជាបុញ្ញកេ្ខត្តនៃសត្វលោក រកខេត្តដទៃក្រៃលែងជាងគ្មាន។
បឋមបុគ្គលសូត្រ ទី៩
[៥៩] ម្នាលភិក្ខុទាំងឡាយ បុគ្គល ៨ ពួកនេះ ជាអ្នកគួរទទួលនូវចតុប្បច្ច័យ ដែលគេនាំមកបូជា គួរទទួលនូវចតុប្បច្ច័យដែលគេតាក់តែងដើម្បីភ្ញៀវ គួរទទួលនូវទក្ខិណាទាន គួរដល់អញ្ជលិកម្ម ដែលសត្វលោកគប្បីធ្វើ ជាបុញ្ញកេ្ខត្តនៃសត្វលោក រកខេត្តដទៃក្រៃលែងជាងគ្មាន។ បុគ្គល ៨ ពួក តើដូចម្ដេច។ គឺបុគ្គលជាសោតាបន្ន ១ បុគ្គលអ្នកប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់សោតាបត្តិផល ១ បុគ្គលជាសកទាគាមី ១ បុគ្គលអ្នកប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់សកទាគាមិផល ១ បុគ្គលជាអនាគាមី ១ បុគ្គលអ្នកប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់អនាគាមិផល ១ បុគ្គលជាអរហន្ដ ១ បុគ្គលជាអ្នកប្រតិបត្តិ ដើម្បីអរហត្ត ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គល ទាំង៨ ពួកនេះឯង ជាអ្នកគួរទទួលនូវចតុប្បច្ច័យដែលគេនាំមកបូជា។បេ។ ជាបុញ្ញកេ្ខត្តនៃសត្វលោក រកខេត្តដទៃ ក្រៃលែងជាងគ្មាន។
បុគ្គល ៤ពួក ជាអ្នកប្រតិបត្តិផង ៤ពួកតាំងនៅក្នុងផលផង នេះជាសង្ឃមានសភាពដ៏ត្រង់ ប្រកបដោយបញ្ញា និងសីល រមែងធ្វើនូវបុណ្យដ៏ក្រៃលែង ដល់ពួកសត្វ គឺមនុស្ស កាលស្វែងរកនូវបុណ្យ ហើយបូជា ព្រោះទានដែលបុគ្គលឲ្យហើយចំពោះសង្ឃ រមែងមានផលច្រើន។
ទុតិយបុគ្គលសូត្រ ទី១០
[៦០] ម្នាលភិក្ខុទាំងឡាយ បុគ្គល ៨ ពួកនេះ ជាអ្នកគួរទទួលនូវចតុប្បច្ច័យ ដែលគេនាំមកបូជា។បេ។ ជាបុញ្ញកេ្ខត្តនៃសត្វលោក រកខេត្តដទៃក្រៃលែងជាងគ្មាន។ បុគ្គលទាំង ៨ ពួក តើដូចម្ដេច។ គឺបុគ្គលជាសោតាបន្ន ១ បុគ្គលអ្នកប្រតិបត្តិដើម្បីធ្វើឲ្យជាក់ច្បាស់សោតាបត្តិផល ១ បុគ្គលជាសកទាគាមី ១ បុគ្គលអ្នកប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់សកទាគាមិផល ១ បុគ្គលជាអនាគាមី ១ បុគ្គលអ្នកប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវអនាគាមិផល ១ បុគ្គលជាអរហន្ដ ១ បុគ្គលអ្នកប្រតិបត្តិ ដើម្បីអរហត្ត ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលទាំង ៨ ពួកនេះឯង ជាអ្នកគួរទទួលនូវចតុប្បច្ច័យដែលគេនាំមកបូជា។បេ។ ជាបុញ្ញកេ្ខត្តនៃសត្វលោក រកខេត្តដទៃក្រៃលែងជាងគ្មាន។
បុគ្គល ៤ពួក ជាអ្នកប្រតិបត្តិផង ៤ពួក ជាអ្នកតាំងនៅក្នុងផលផង នេះជាសង្ឃដ៏ឧត្ដម ជាងសត្វទាំងឡាយ បុគ្គល ៨ ពួក រមែងធ្វើបុណ្យដ៏ក្រៃលែង ដល់ពួកសត្វ គឺមនុស្ស កាលស្វែងរកនូវបុណ្យហើយបូជា ព្រោះទានដែលបុគ្គលឲ្យហើយចំពោះសង្ឃនុ៎ះ រមែងមានផលច្រើន។
ចប់ សន្ធានវគ្គ ទី១។
ឧទ្ទាននៃសន្ធានវគ្គនោះ គឺ
និយាយអំពីរឿងនាងមហាបជាបតិគោតមី ១ អំពីភិក្ខុគួរឲ្យឱវាទដល់ភិក្ខុនី ១ អំពីធម៌ដ៏សង្ខេប ១ អំពីទីឃជាណុកោឡិយបុត្ត ១ អំពីឧជ្ជយព្រាហ្មណ៍ ១ អំពីភ័យ ១ អំពីអាហុនេយ្យបុគ្គល មាន ២លើក អំពីបុគ្គល ៨ពួក មាន២លើក។
ចាលវគ្គ ទី២
ឥច្ឆាសូត្រ ទី១
[៦១] ម្នាលភិក្ខុទាំងឡាយ បុគ្គល ៨ពួកនេះ រមែងមានប្រាកដក្នុងលោក។ បុគ្គល ៨ពួក តើដូចម្ដេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកស្ងាត់ តែប្រព្រឹត្តមិនជាប់លាប់ សេចក្ដីប្រាថ្នាដើម្បីលាភ ក៏កើតឡើង។ ភិក្ខុនោះ ខំសង្វាត ខ្មីឃ្មាត ព្យាយាម ដើម្បីលាភ។ កាលភិក្ខុនោះ ខំសង្វាត ខ្មីឃ្មាត ព្យាយាម ដើម្បីលាភ លាភក៏មិនកើតឡើង។ ភិក្ខុនោះ រមែងសោកស្ដាយ លំបាក ខ្សឹកខ្សួល គក់ទ្រូង កន្ទក់កន្ទេញ ដល់នូវសេចក្ដីវង្វេង ព្រោះមិនមានលាភនោះ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ភិក្ខុអ្នកប្រាថ្នាដើម្បីលាភ ខំសង្វាត ខ្មីឃ្មាត ព្យាយាម ដើម្បីលាភ ប៉ុន្តែជាអ្នកមិនមានលាភផង សោកស្ដាយផង ខ្សឹកខ្សួលផង ឃ្លាតចាកព្រះសទ្ធម្មផង (១)។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុក្នុងសាសនានេះ ជាអ្នកស្ងាត់ ប្រព្រឹត្តមិនជាប់លាប់ សេចក្ដីប្រាថ្នាដើម្បីលាភ ក៏កើតឡើង។ ភិក្ខុនោះ ខំសង្វាត ខ្មីឃ្មាត ព្យាយាម ដើម្បីលាភ។ កាលភិក្ខុនោះ ខំសង្វាត ខ្មីឃ្មាត ព្យាយាម ដើម្បីលាភ លាភក៏កើតឡើង។ ភិក្ខុនោះ ស្រវឹងជ្រុលជ្រប់ ដល់នូវសេចក្ដីប្រមាទ ព្រោះលាភនោះ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ភិក្ខុអ្នកប្រាថ្នាដើម្បីលាភ ខំសង្វាត ខ្មីឃ្មាត ព្យាយាម ដើម្បីលាភ ជាអ្នកមានលាភផង ស្រវឹងផង ប្រមាទផង ឃ្លាតចាកព្រះសទ្ធម្មផង (២)។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុក្នុងសាសនានេះ ជាអ្នកស្ងាត់ ប្រព្រឹត្តមិនជាប់លាប់ សេចក្ដីប្រាថ្នាដើម្បីលាភ ក៏កើតឡើង។ ភិក្ខុនោះ មិនខំសង្វាត មិនខ្មីឃ្មាត មិនព្យាយាម ដើម្បីលាភទេ។ កាលភិក្ខុនោះ មិនខំសង្វាត មិនខ្មីឃ្មាត មិនព្យាយាម ដើម្បីលាភទេ លាភក៏មិនកើតដែរ។ ភិក្ខុនោះ រមែងសោកស្ដាយ លំបាក ខ្សឹកខ្សួល គក់ទ្រូង កន្ទក់កន្ទេញ ដល់នូវសេចក្ដីវង្វេង ព្រោះមិនមានលាភនោះ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ភិក្ខុអ្នកប្រាថ្នាដើម្បីលាភ តែមិនខំសង្វាត មិនខ្មីឃ្មាត មិនព្យាយាមដើម្បីលាភ ប៉ុន្តែជាអ្នកមិនមានលាភផង សោកស្ដាយផង ខ្សឹកខ្សួលផង ឃ្លាតចាកព្រះសទ្ធម្មផង (៣)។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុក្នុងសាសនានេះ ជាអ្នកស្ងាត់ ប្រព្រឹត្តមិនជាប់លាប់ សេចក្ដីប្រាថ្នាដើម្បីលាភ ក៏កើតឡើង។ ភិក្ខុនោះ មិនខំសង្វាត មិនខ្មីឃ្មាត មិនព្យាយាមដើម្បីលាភទេ។ កាលភិក្ខុនោះ មិនសង្វាត មិនខ្មីឃ្មាត មិនព្យាយាម ដើម្បីលាភទេ ប៉ុន្តែលាភក៏កើតឡើងបាន។ ភិក្ខុនោះ ស្រវឹងជ្រុលជ្រប់ ដល់នូវសេចក្ដីប្រមាទ ព្រោះលាភនោះ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ភិក្ខុអ្នកប្រាថ្នាដើម្បីលាភ មិនខំសង្វាត មិនខ្មីឃ្មាត មិនព្យាយាម ដើម្បីលាភទេ ប៉ុន្តែជាអ្នកមានលាភផង ស្រវឹងផង ប្រមាទផង ឃ្លាតចាកព្រះសទ្ធម្មផង (៤)។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុក្នុងសាសនានេះ ជាអ្នកស្ងាត់ ប្រព្រឹត្តមិនជាប់លាប់ សេចក្ដីប្រាថ្នា ដើម្បីលាភ ក៏កើតឡើង។ ភិក្ខុនោះ ខំសង្វាត ខ្មីឃ្មាត ព្យាយាម ដើម្បីលាភ ប៉ុន្តែលាភ មិនកើតឡើង។ ភិក្ខុនោះ មិនសោកស្ដាយ មិនលំបាក មិនខ្សឹកខ្សួល មិនគក់ទ្រូង កន្ទក់កន្ទេញ មិនដល់នូវសេចក្ដីវង្វេង ព្រោះមិនមានលាភនោះទេ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ភិក្ខុអ្នកប្រាថ្នាដើម្បីលាភ ខំសង្វាត ខ្មីឃ្មាត ព្យាយាម ដើម្បីលាភ ប៉ុន្តែជាអ្នកមិនមានលាភផង មិនសោកស្ដាយផង មិនខ្សឹកខ្សួលផង មិនឃ្លាតចាកព្រះសទ្ធម្មផង (៥)។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុក្នុងសាសនានេះ ជាអ្នកស្ងាត់ ប្រព្រឹត្តមិនជាប់លាប់ សេចក្ដីប្រាថ្នាដើម្បីលាភ ក៏កើតឡើង។ ភិក្ខុនោះ ខំសង្វាត ខ្មីឃ្មាត ព្យាយាម ដើម្បីលាភ។ កាលភិក្ខុនោះ ខំសង្វាត ខ្មីឃ្មាត ព្យាយាម ដើម្បីលាភ លាភក៏កើតឡើង។ ភិក្ខុនោះ មិនស្រវឹង មិនជ្រុលជ្រប់ មិនដល់នូវសេចក្ដីប្រមាទ ព្រោះលាភនោះ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ភិក្ខុអ្នកប្រាថ្នាដើម្បីលាភ ខំសង្វាត ខ្មីឃ្មាត ព្យាយាម ដើម្បីលាភ ជាអ្នកមានលាភផង មិនស្រវឹងផង មិនប្រមាទផង មិនឃ្លាតចាកព្រះសទ្ធម្មផង (៦)។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុក្នុងសាសនានេះ ជាអ្នកស្ងាត់ ប្រព្រឹត្តមិនជាប់លាប់ សេចក្ដីប្រាថ្នាដើម្បីលាភ ក៏កើតឡើង។ ភិក្ខុនោះ មិនខំសង្វាត មិនខ្មីឃ្មាត មិនព្យាយាម ដើម្បីលាភទេ។ កាលភិក្ខុនោះ មិនខំសង្វាត មិនខ្មីឃ្មាត មិនព្យាយាម ដើម្បីលាភទេ លាភក៏មិនកើតឡើងដែរ។ ភិក្ខុនោះ រមែងមិនសោកស្ដាយ មិនលំបាក មិនខ្សឹកខ្សួល មិនគក់ទ្រូង កន្ទក់កន្ទេញ មិនដល់នូវសេចក្ដីវង្វេង ព្រោះមិនមានលាភនោះ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ភិក្ខុអ្នកប្រាថ្នាដើម្បីលាភ មិនខំសង្វាត មិនខ្មីឃ្មាត មិនព្យាយាម ដើម្បីលាភ ទាំងជាអ្នកមិនមានលាភផង មិនសោកស្ដាយផង មិនខ្សឹកខ្សួលផង មិនឃ្លាតចាកព្រះសទ្ធម្មផង (៧)។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុក្នុងសាសនានេះ ជាអ្នកស្ងាត់ ប្រព្រឹត្តមិនជាប់លាប់ សេចក្ដីប្រាថ្នាដើម្បីលាភ ក៏កើតឡើង។ ភិក្ខុនោះ មិនខំសង្វាត មិនខ្មីឃ្មាត មិនព្យាយាម ដើម្បីលាភទេ។ កាលភិក្ខុនោះ មិនខំសង្វាត មិនខ្មីឃ្មាត មិនព្យាយាម ដើម្បីលាភទេ ប៉ុន្តែលាភកើតឡើងបាន។ ភិក្ខុនោះ មិនស្រវឹង មិនជ្រុលជ្រប់ មិនដល់នូវសេចក្ដីប្រមាទ ព្រោះលាភនោះ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ភិក្ខុអ្នកប្រាថ្នា ដើម្បីលាភ មិនខំសង្វាត មិនខ្មីឃ្មាត មិនព្យាយាម ដើម្បីលាភ ក៏ជាអ្នកមានលាភផង មិនស្រវឹងផង មិនប្រមាទផង មិនឃ្លាតចាកព្រះសទ្ធម្មផង (៨)។ ម្នាលភិក្ខុទាំងឡាយ បុគ្គល ៨ ពួកនេះឯង រមែងមានប្រាកដក្នុងលោក។
អលំសូត្រ ទី២
[៦២] ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៦ យ៉ាង ទើបគួរដល់ខ្លួន គួរដល់ពួកជនដទៃ។ ៦ យ៉ាង តើអ្វីខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកចេះដឹងឆាប់ ក្នុងកុសលធម៌ទាំងឡាយ ១ ជាអ្នកទ្រទ្រង់ធម៌ទាំងឡាយ ដែលខ្លួនស្ដាប់ហើយ ១ ជាអ្នកពិចារណា នូវអត្ថនៃធម៌ទាំងឡាយ ដែលខ្លួនទ្រទ្រង់ហើយ ១ ជាអ្នកដឹងនូវអត្ថ ដឹងនូវធម៌ ហើយប្រតិបត្តិធម៌ដ៏សមគួរដល់ធម៌ ១ ជាអ្នកមានវាចាល្អ មានពាក្យពីរោះ ប្រកបដោយវាចាអ្នកក្រុង ជាវាចាច្បាស់លាស់ ជាវាចាឥតទោស ជាគ្រឿងញុំាងជន ឲ្យដឹងច្បាស់នូវសេចក្ដី ១ ជាអ្នកញុំាងពួកសព្រហ្មចារីឲ្យឃើញច្បាស់ ឲ្យកាន់យក ឲ្យក្លាហាន ឲ្យរីករាយ ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៦ យ៉ាងនេះឯង ទើបគួរដល់ខ្លួន គួរដល់ពួកជនដទៃ។
[៦៣] ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៥ យ៉ាង ទើបគួរដល់ខ្លួន គួរដល់ពួកជនដទៃ។ ៥ យ៉ាង តើអ្វីខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកមិនចេះដឹងឆាប់ ក្នុងកុសលធម៌ទាំងឡាយទេ តែជាអ្នកទ្រទ្រង់ធម៌ទាំងឡាយ ដែលខ្លួនស្ដាប់ ១ ជាអ្នកពិចារណានូវអត្ថនៃធម៌ដែលខ្លួនទ្រទ្រង់ ១ ជាអ្នកដឹងនូវអត្ថ ដឹងនូវធម៌ ហើយប្រតិបត្តិធម៌ ដ៏សមគួរដល់ធម៌ ១ ជាអ្នកមានវាចាល្អ។បេ។ ជាគ្រឿងញុំាងជនឲ្យដឹងច្បាស់នូវសេចក្ដី ១ ជាអ្នកញុំាងពួកសព្រហ្មចារីឲ្យឃើញច្បាស់ ឲ្យកាន់យក ឲ្យក្លាហាន ឲ្យរីករាយ ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៥ យ៉ាងនេះឯង ទើបគួរដល់ខ្លួន គួរដល់ពួកជនដទៃ។
[៦៤] ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៤ យ៉ាង រមែងគួរដល់ខ្លួន តែមិនគួរដល់ពួកជនដទៃទេ។ ៤ យ៉ាង តើអ្វីខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកចេះដឹងឆាប់ ក្នុងកុសលធម៌ទាំងឡាយ ១ ជាអ្នកទ្រទ្រង់ធម៌ទាំងឡាយ ដែលខ្លួនបានស្ដាប់ហើយ ១ ជាអ្នកពិចារណា នូវអត្ថនៃធម៌ទាំងឡាយ ដែលខ្លួនទ្រទ្រង់ហើយ ១ ជាអ្នកដឹងនូវអត្ថ ដឹងនូវធម៌ហើយ ប្រតិបត្តិធម៌ដ៏សមគួរដល់ធម៌ តែជាអ្នកមានវាចាមិនល្អ ជាអ្នកមានពាក្យមិនពីរោះ ជាអ្នកមិនប្រកបដោយវាចាអ្នកក្រុង ដែលជាវាចាច្បាស់លាស់ ជាវាចាឥតទោស ជាគ្រឿងញុំាងជនឲ្យដឹងច្បាស់នូវសេចក្ដី ទាំងជាអ្នកមិនញុំាងពួកសព្រហ្មចារី ឲ្យឃើញច្បាស់ ឲ្យកាន់យក ឲ្យក្លាហាន ឲ្យរីករាយ ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៤ យ៉ាងនេះឯង រមែងគួរដល់ខ្លួន តែមិនគួរដល់ពួកជនដទៃឡើយ។
[៦៥] ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៤ យ៉ាង រមែងគួរដល់ពួកជនដទៃ តែមិនគួរដល់ខ្លួនទេ។ ៤ យ៉ាង តើអ្វីខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកចេះដឹងឆាប់ ក្នុងកុសលធម៌ទាំងឡាយ ១ ជាអ្នកទ្រទ្រង់នូវធម៌ទាំងឡាយ ដែលខ្លួនស្ដាប់ហើយ តែជាអ្នកមិនពិចារណា នូវអត្ថនៃធម៌ទាំងឡាយ ដែលខ្លួនទ្រទ្រង់ហើយ ទាំងជាអ្នកមិនដឹងនូវអត្ថ មិនដឹងនូវធម៌ ហើយប្រតិបត្តិនូវធម៌ដ៏សមគួរដល់ធម៌ ១ ជាអ្នកមានវាចាល្អ ជាអ្នកមានពាក្យពីរោះ។បេ។ ជាគ្រឿងញុំាងជនឲ្យដឹងច្បាស់ នូវសេចក្ដី ១ ជាអ្នកញុំាងពួកសព្រហ្មចារី ឲ្យឃើញច្បាស់១។បេ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៤ យ៉ាងនេះឯង រមែងគួរដល់ពួកជនដទៃ តែមិនគួរដល់ខ្លួនឡើយ។
[៦៦] ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៣ យ៉ាង រមែងគួរដល់ខ្លួន តែមិនគួរដល់ពួកជនដទៃទេ។ ៣យ៉ាង តើអ្វីខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ មិនចេះដឹងឆាប់ ក្នុងកុសលធម៌ទាំងឡាយទេ តែជាអ្នកទ្រទ្រង់នូវធម៌ទាំងឡាយ ដែលខ្លួនស្ដាប់ហើយ ១ ជាអ្នកពិចារណានូវអត្ថនៃធម៌ទាំងឡាយ ដែលខ្លួនទ្រទ្រង់ហើយ ១ ជាអ្នកដឹងនូវអត្ថ ដឹងនូវធម៌ ហើយប្រតិបត្តិនូវធម៌ដ៏សមគួរដល់ធម៌ តែជាអ្នកមានវាចាមិនល្អ ជាអ្នកមានពាក្យមិនពីរោះ ជាអ្នកមិនប្រកបដោយវាចាអ្នកក្រុង ដែលជាវាចាច្បាស់លាស់ ជាវាចាឥតទោស ជាគ្រឿងញុំាងជន ឲ្យដឹងច្បាស់នូវសេចក្ដី ទាំងមិនញុំាងពួកសព្រហ្មចារី ឲ្យឃើញច្បាស់ ឲ្យកាន់យក ឲ្យក្លាហាន ឲ្យរីករាយ ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៣ យ៉ាងនេះឯង រមែងគួរដល់ខ្លួន តែមិនគួរដល់ពួកជនដទៃឡើយ។
[៦៧] ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៣ យ៉ាង រមែងគួរដល់ពួកជនដទៃ តែមិនគួរដល់ខ្លួនទេ។ ៣ យ៉ាង តើអ្វីខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកមិនចេះដឹងឆាប់ ក្នុងកុសលធម៌ទាំងឡាយទេ តែជាអ្នកទ្រទ្រង់នូវធម៌ទាំងឡាយ ដែលខ្លួនស្ដាប់ហើយ ១ ជាអ្នកមិនពិចារណានូវអត្ថនៃធម៌ទាំងឡាយ ដែលខ្លួនទ្រទ្រង់ហើយ ទាំងជាអ្នកមិនដឹងនូវអត្ថ មិនដឹងនូវធម៌ ហើយប្រតិបត្តិនូវធម៌ដ៏សមគួរដល់ធម៌ តែជាអ្នកមានវាចាល្អ។បេ។ ជាគ្រឿងញុំាងជនឲ្យដឹងច្បាស់នូវសេចក្ដី ១ ជាអ្នកញុំាងពួកសព្រហ្មចារី ឲ្យឃើញច្បាស់ ឲ្យកាន់យក ឲ្យក្លាហាន ឲ្យរីករាយ ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៣ យ៉ាងនេះ រមែងគួរដល់ពួកជនដទៃ តែមិនគួរដល់ខ្លួនឡើយ។
[៦៨] ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ២ យ៉ាង រមែងគួរដល់ខ្លួន តែមិនគួរដល់ពួកជនដទៃទេ។ ២ យ៉ាង តើអ្វីខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកមិនចេះដឹងឆាប់ ក្នុងកុសលធម៌ទាំងឡាយ ថែមទាំងមិនជាអ្នកទ្រទ្រង់នូវធម៌ទាំងឡាយ ដែលខ្លួនស្ដាប់ហើយផង តែជាអ្នកពិចារណា នូវអត្ថនៃធម៌ទាំងឡាយ ដែលខ្លួនទ្រទ្រង់ហើយ ១ ជាអ្នកដឹងនូវអត្ថ ដឹងនូវធម៌ ហើយប្រតិបត្តិនូវធម៌ ដ៏សមគួរដល់ធម៌ តែជាអ្នកមានវាចាមិនល្អ។បេ។ ជាគ្រឿងញុំាងជនឲ្យដឹងច្បាស់នូវសេចក្ដី ជាអ្នកមិនញុំាងពួកសព្រហ្មចារី ឲ្យឃើញច្បាស់១។បេ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ២ យ៉ាងនេះឯង រមែងគួរដល់ខ្លួន តែមិនគួរដល់ពួកជនដទៃឡើយ។
[៦៩] ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ២ យ៉ាង រមែងគួរដល់ពួកជនដទៃ តែមិនគួរដល់ខ្លួនទេ។ ២ យ៉ាង តើអ្វីខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកមិនចេះដឹងឆាប់ ក្នុងកុសលធម៌ទាំងឡាយ ថែមទាំងជាអ្នកមិនទ្រទ្រង់ធម៌ទាំងឡាយ ដែលខ្លួនស្ដាប់ហើយ ទាំងជាអ្នកមិនពិចារណា នូវអត្ថនៃធម៌ទាំងឡាយ ដែលខ្លួនទ្រទ្រង់ហើយ ជាអ្នកមិនដឹងនូវអត្ថ មិនដឹងនូវធម៌ ហើយមិនប្រតិបត្តិនូវធម៌ ដ៏សមគួរដល់ធម៌ផង តែជាអ្នកមានវាចាល្អ ជាអ្នកមានពាក្យពីរោះ ប្រកបដោយវាចាអ្នកក្រុង ដែលជាវាចាច្បាស់លាស់ ជាវាចាឥតទោស ជាគ្រឿងញុំាងជនឲ្យដឹងច្បាស់នូវសេចក្ដី ១ ជាអ្នកញុំាងពួកសព្រហ្មចារី ឲ្យឃើញច្បាស់ ឲ្យកាន់យក ឲ្យក្លាហាន ឲ្យរីករាយ ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ២ យ៉ាងនេះឯង រមែងគួរដល់ពួកជនដទៃ តែមិនគួរដល់ខ្លួនឡើយ។
សំខិត្តសូត្រ ទី៣
[៧០] គ្រានោះ ភិក្ខុមួយរូប បានចូលទៅគាល់ព្រះដ៏មានព្រះភាគ។បេ។ លុះភិក្ខុនោះ អង្គុយក្នុងទីដ៏សមគួរហើយ ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគយ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន សូមព្រះដ៏មានព្រះភាគ ទ្រង់សំដែងធម៌ដល់ខ្ញុំព្រះអង្គ ដោយសេចក្ដីបំព្រួញឲ្យទាន ដែលខ្ញុំព្រះអង្គបានស្ដាប់ធម៌ របស់ព្រះដ៏មានព្រះភាគហើយ ជាបុគ្គលម្នាក់ឯង ចៀសចេញទៅ ជាអ្នកមិនធ្វេសប្រហែស មានព្យាយាមដុតកំដៅកិលេស មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន។ មោឃបុរសពួកខ្លះ ក្នុងលោកនេះ គ្រាន់តែអារាធនាតថាគត យ៉ាងនេះ កាលធម៌ដែលតថាគតសំដែងហើយ សំគាល់តែត្រង់ដើមតាមតថាគតប៉ុណ្ណោះ។ បពិត្រព្រះអង្គដ៏ចំរើន សូមព្រះដ៏មានព្រះភាគ ទ្រង់សំដែងធម៌ដល់ខ្ញុំព្រះអង្គ ដោយសេចក្ដីបំព្រួញឲ្យទាន សូមព្រះសុគតទ្រង់សំដែងធម៌ ដោយសេចក្ដីបំព្រួញឲ្យទាន គិតធ្វើដូចម្ដេច សូមឲ្យខ្ញុំព្រះអង្គ បានយល់នូវអត្ថនៃភាសិតរបស់ព្រះដ៏មានព្រះភាគ គិតធ្វើដូចម្តេច សូមឲ្យខ្ញុំព្រះអង្គ បានទទួលនូវភាសិតរបស់ព្រះដ៏មានព្រះភាគ។ ម្នាលភិក្ខុ ហេតុដូច្នោះ ក្នុងសាសនានេះ អ្នកគប្បីសិក្សាយ៉ាងនេះថា ចិត្តរបស់អាត្មាអញ នឹងតាំងនៅក្នុងសន្ដាន តាំងនៅដោយល្អ ទាំងពួកអកុសលធម៌ដ៏លាមក ក៏មិនកើតឡើង គ្របសង្កត់ចិត្តបានឡើយ។ ម្នាលភិក្ខុ អ្នកគប្បីសិក្សាយ៉ាងនេះចុះ។ ម្នាលភិក្ខុ កាលណា ចិត្តរបស់អ្នកតាំងនៅក្នុងសន្ដាន តាំងនៅល្អហើយ ទាំងពួកអកុសលធម៌ដ៏លាមក ក៏មិនកើតឡើង គ្របសង្កត់ចិត្តបាន ម្នាលភិក្ខុ កាលនោះ អ្នកគប្បីសិក្សាយ៉ាងនេះថា ចេតោវិមុត្តិ ប្រកបដោយមេត្តា អាត្មាអញ បានចំរើនហើយ បានធ្វើឲ្យច្រើនហើយ បានធ្វើឲ្យដូចជាយាន បានដំកល់ស៊ប់ បានប្រព្រឹត្តរឿយៗ បានសន្សំទុក បានប្រារព្ធល្អហើយ។ ម្នាលភិក្ខុ អ្នកគប្បីសិក្សាយ៉ាងនេះចុះ។ ម្នាលភិក្ខុ កាលណា សមាធិនេះ អ្នកបានចំរើនហើយ បានធ្វើឲ្យច្រើនហើយយ៉ាងនេះ ម្នាលភិក្ខុ កាលនោះ អ្នកគួរចំរើននូវសមាធិនេះ ដែលប្រកបដោយវិតក្កៈ និងវិចារៈផង គួរចំរើននូវសមាធិ ដែលមិនមានវិតក្កៈផង មានតែវិចារៈប៉ុណ្ណោះ គួរចំរើននូវសមាធិ ដែលមិនមានវិតក្កៈ មិនមានវិចារៈផង គួរចំរើននូវសមាធិ ដែលប្រកបដោយបីតិផង គួរចំរើននូវសមាធិ ដែលមិនមានបីតិផង គួរចំរើននូវសមាធិ ដែលប្រកបដោយសេចក្ដីសប្បាយផង គួរចំរើននូវសមាធិ ដែលប្រកបដោយឧបេក្ខាផង។ ម្នាលភិក្ខុ កាលណា សមាធិនេះ អ្នកបានចំរើនហើយ បានចំរើនល្អហើយយ៉ាងនេះ ម្នាលភិក្ខុ កាលនោះ អ្នកគប្បីសិក្សាយ៉ាងនេះថា ចេតោវិមុត្តិប្រកបដោយករុណា អាត្មាអញ។បេ។ ចេតោវិមុត្តិប្រកបដោយមុទិតា អាត្មាអញ។បេ។ ចេតោវិមុត្តិ ប្រកបដោយឧបេក្ខា អាត្មាអញបានចំរើនហើយ បានធ្វើឲ្យច្រើនហើយ បានធ្វើឲ្យដូចជាយាន បានដំកល់ស៊ប់ បានប្រព្រឹត្តរឿយៗ បានសន្សំទុក បានប្រារព្ធល្អហើយ។ ម្នាលភិក្ខុ អ្នកគប្បីសិក្សាយ៉ាងនេះចុះ។ ម្នាលភិក្ខុ កាលណា សមាធិនេះ អ្នកបានចំរើនហើយ ធ្វើឲ្យច្រើនហើយយ៉ាងនេះ ម្នាលភិក្ខុ កាលនោះ អ្នកគួរចំរើននូវសមាធិនេះ ដែលប្រកបដោយវិតក្កៈវិចារៈផង អ្នកគួរចំរើនសមាធិ ដែលមិនមានវិតក្កៈ មានតែវិចារៈផង អ្នកគួរចំរើនសមាធិ ដែលមិនមានវិតក្កៈ មិនមានវិចារៈផង អ្នកគួរចំរើនសមាធិ ដែលប្រកបដោយបីតិផង អ្នកគួរចំរើនសមាធិ ដែលមិនមានបីតិផង អ្នកគួរចំរើនសមាធិ ដែលប្រកបដោយសេចក្ដីសប្បាយផង អ្នកគួរចំរើនសមាធិ ដែលប្រកបដោយឧបេក្ខាផង។ ម្នាលភិក្ខុ កាលណា សមាធិនេះ អ្នកបានចំរើនហើយ បានចំរើនល្អហើយយ៉ាងនេះ ម្នាលភិក្ខុ កាលនោះ អ្នកគប្បីសិក្សាយ៉ាងនេះថា អាត្មាអញ នឹងពិចារណានូវកាយក្នុងកាយ ជាប្រក្រតី មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស ជាអ្នកដឹងខ្លួន មានស្មារតី កំចាត់បង់នូវអភិជ្ឈាន និងទោមនស្ស ក្នុងលោកចេញ។ ម្នាលភិក្ខុ អ្នកគប្បីសិក្សាយ៉ាងនេះចុះ។ ម្នាលភិក្ខុ កាលណា សមាធិនេះ អ្នកបានចំរើនហើយ បានធ្វើឲ្យច្រើនហើយយ៉ាងនេះ ម្នាលភិក្ខុ កាលនោះ អ្នកគួរចំរើនសមាធិនេះ ដែលប្រកបដោយវិតក្កៈវិចារៈផង អ្នកគួរចំរើនសមាធិ ដែលមិនមានវិតក្កៈ មានតែវិចារៈផង អ្នកគួរចំរើនសមាធិ ដែលមិនមានវិតក្កៈ មិនមានវិចារៈផង អ្នកគួរចំរើនសមាធិ ដែលប្រកបដោយបីតិផង អ្នកគួរចំរើនសមាធិ ដែលមិនមានបីតិផង អ្នកគួរចំរើនសមាធិ ដែលប្រកបដោយសេចក្ដីសប្បាយផង អ្នកគួរចំរើនសមាធិ ដែលប្រកបដោយឧបេក្ខាផង។ ម្នាលភិក្ខុ កាលណា សមាធិនេះ អ្នកបានចំរើនហើយ បានចំរើនល្អហើយយ៉ាងនេះ ម្នាលភិក្ខុ កាលនោះ អ្នកគប្បីសិក្សាយ៉ាងនេះថា ក្នុងវេទនាទាំងឡាយ។បេ។ ក្នុងចិត្ត។បេ។ អាត្មាអញ នឹងពិចារណាឃើញ នូវធម៌ក្នុងធម៌ទាំងឡាយ ជាប្រក្រតី មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស ជាអ្នកដឹងខ្លួន មានស្មារតី កំចាត់បង់នូវអភិជ្ឈាន និងទោមនស្ស ក្នុងលោកចេញ។ ម្នាលភិក្ខុ អ្នកគប្បីសិក្សាយ៉ាងនេះចុះ។ ម្នាលភិក្ខុ កាលណា សមាធិនេះ អ្នកបានចំរើនហើយ បានធ្វើឲ្យច្រើនហើយយ៉ាងនេះ ម្នាលភិក្ខុ កាលនោះ អ្នកគួរចំរើនសមាធិនេះ ដែលប្រកបដោយវិតក្កៈវិចារៈផង អ្នកគួរចំរើនសមាធិ ដែលមិនមានវិតក្កៈ មានតែវិចារៈផង អ្នកគួរចំរើនសមាធិ ដែលមិនមានវិតក្កៈ មិនមានវិចារៈផង អ្នកគួរចំរើនសមាធិ ដែលប្រកបដោយបីតិផង អ្នកគួរចំរើនសមាធិ ដែលមិនមានបីតិផង អ្នកគួរចំរើនសមាធិ ដែលប្រកបដោយសេចក្ដីសប្បាយផង អ្នកគួរចំរើនសមាធិ ដែលប្រកបដោយឧបេក្ខាផង។ ម្នាលភិក្ខុ កាលណា សមាធិនេះ អ្នកបានចំរើនហើយ បានចំរើនល្អហើយ យ៉ាងនេះ ម្នាលភិក្ខុ កាលនោះ អ្នកនឹងទៅក្នុងទីណា ៗ អ្នកនឹងនៅសប្បាយ ក្នុងទីនោះ ៗ អ្នកនឹងឈរនៅក្នុងទីណាៗ អ្នកនឹងឈរនៅសប្បាយ ក្នុងទីនោះៗ អ្នកនឹងអង្គុយ ក្នុងទីណា ៗ អ្នកនឹងអង្គុយសប្បាយក្នុងទីនោះៗ អ្នកនឹងសម្រេចការដេក ក្នុងទីណាៗ អ្នកនឹងសម្រេចការដេកសប្បាយ ក្នុងទីនោះៗ។
គ្រានោះ ភិក្ខុនោះ ដែលព្រះដ៏មានព្រះភាគ ទូន្មានដោយឱវាទនេះហើយ ក៏ក្រោកចាកអាសនៈ ហើយក្រាបថ្វាយបង្គំលាព្រះដ៏មានព្រះភាគ ធ្វើប្រទក្សិណ ចៀសចេញទៅ។ លំដាប់នោះ ភិក្ខុនោះ តែម្នាក់ឯង ចៀសចេញទៅ មិនធ្វេសប្រហែស មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន កុលបុត្តចេញចាកផ្ទះ ចូលទៅកាន់ផ្នួសដោយប្រពៃ ដើម្បីប្រយោជន៍ ដល់អនុត្តរធម៌ណា មិនយូរប៉ុន្មាន លោកក៏ធ្វើឲ្យជាក់ច្បាស់នូវអនុត្តរធម៌ ដែលមានព្រហ្មចរិយៈជាទីបំផុតនោះ ដោយប្រាជ្ញាដ៏ប្រសើររបស់ខ្លួនក្នុងបច្ចុប្បន្ននេះ ដឹងច្បាស់ថា ជាតិរបស់អាត្មាអញអស់ហើយ ព្រហ្មចរិយធម៌ អាត្មាអញ បានប្រព្រឹត្តគ្រប់គ្រាន់ហើយ សោឡសកិច្ច អាត្មាអញ បានធ្វើរួចហើយ មគ្គភាវនាកិច្ចដទៃទៀត ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះ មិនមានឡើយ។ មានសេចក្ដីសរសើរថា បណ្ដាព្រះអរហន្ដទាំងឡាយ ភិក្ខុនោះ ក៏ជាព្រះអរហន្ដ មួយអង្គដែរ។
គយាសីសសូត្រ ទី៤
[៧១] សម័យមួយ ព្រះដ៏មានព្រះភាគ កាលគង់នៅក្នុងគយាសីសប្រទេស ទៀបស្រុកគយា។ ក្នុងទីនោះឯង ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ។បេ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ពាក្យនេះថា ម្នាលភិក្ខុទាំងឡាយ កាលមុនអំពីការត្រាស់ដឹង តថាគតនៅជាពោធិសត្វ មិនទាន់ត្រាស់ដឹងនៅឡើយ ស្គាល់នូវពន្លឺដោយច្បាស់លាស់ តែមិនឃើញនូវរូបទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ តថាគតនោះ ក៏មានសេចក្ដីត្រិះរិះយ៉ាងនេះថា ប្រសិនបើតថាគតស្គាល់នូវពន្លឺផង ឃើញច្បាស់នូវរូបទាំងឡាយផង ញាណទស្សនៈរបស់តថាគតនេះ គប្បីបរិសុទ្ធយ៉ាងក្រៃលែង យ៉ាងនោះដែរ។ ម្នាលភិក្ខុទាំងឡាយ សម័យដទៃទៀត តថាគតនោះ ជាអ្នកមិនប្រមាទ មានព្យាយាមជាគ្រឿងដុតកំដៅកិលេស មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន ស្គាល់ច្បាស់នូវពន្លឺផង ឃើញច្បាស់នូវរូបទាំងឡាយផង តែមិនឋិតនៅជាមួយ មិនចរចាជាមួយ មិនដល់នូវការសាកច្ឆា ជាមួយនឹងទេវតាទាំងឡាយនោះ។ ម្នាលភិក្ខុទាំងឡាយ តថាគតនោះ មានសេចក្ដីត្រិះរិះយ៉ាងនេះថា ប្រសិនបើតថាគតស្គាល់ច្បាស់នូវពន្លឺផង ឃើញច្បាស់នូវរូបទាំងឡាយផង គប្បីឋិតនៅជាមួយ គប្បីចរចាជាមួយ គប្បីដល់នូវការសាកច្ឆា ជាមួយនឹងទេវតាទាំងឡាយផង ញាណទស្សនៈរបស់តថាគតនេះ គប្បីបរិសុទ្ធក្រៃលែង យ៉ាងនោះដែរ។ ម្នាលភិក្ខុទាំងឡាយ សម័យមួយទៀត តថាគតនោះ ជាអ្នកមិនប្រមាទ មានព្យាយាមជាគ្រឿងដុតកំដៅកិលេស មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន ស្គាល់ច្បាស់នូវពន្លឺផង ឃើញច្បាស់នូវរូបទាំងឡាយផង ក៏ឋិតនៅជាមួយ ចរចាជាមួយ ដល់នូវការសាកច្ឆា ជាមួយនឹងទេវតាទាំងឡាយនោះផង តែមិនស្គាល់នូវទេវតាទាំងឡាយនោះថា ទេវតាទាំងឡាយនេះ មកអំពីទេវនិកាយឯណោះៗ ដូច្នេះផង។ ម្នាលភិក្ខុទាំងឡាយ តថាគតនោះ មានសេចក្ដីត្រិះរិះ យ៉ាងនេះថា ប្រសិនបើតថាគតស្គាល់ច្បាស់នូវពន្លឺផង ឃើញច្បាស់នូវរូបទាំងឡាយផង ក៏ឋិតនៅជាមួយ ចរចាជាមួយ ដល់នូវការសាកច្ឆា ជាមួយនឹងទេវតាទាំងឡាយនោះផង តថាគតស្គាល់នូវទេវតាទាំងឡាយនោះថា ទេវតាទាំងឡាយនេះ មកអំពីទេវនិកាយឯណោះៗ ដូច្នេះផង ញាណទស្សនៈរបស់តថាគតនោះ គប្បីបរិសុទ្ធក្រៃលែង យ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ សម័យខាងក្រោយមក តថាគតនោះឯង ជាអ្នកមិនមានសេចក្ដីប្រមាទ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន ស្គាល់ច្បាស់នូវពន្លឺផង ឃើញច្បាស់នូវរូបទាំងឡាយផង ក៏ឋិតនៅជាមួយ ចរចាជាមួយ ដល់នូវការសាកច្ឆា ជាមួយនឹងទេវតាទាំងនោះផង ស្គាល់នូវទេវតាទាំងនោះថា ទេវតាទាំងឡាយនេះ មកអំពីទេវនិកាយឯណោះៗ ដូច្នេះផង តែមិនស្គាល់នូវទេវតាទាំងនោះថា ទេវតាទាំងឡាយនេះ ច្យុតអំពីទីនេះ ទៅកើតក្នុងទីនោះ ដោយផលកម្មនេះដូច្នេះផង ស្គាល់នូវទេវតាទាំងនោះថា ទេវតាទាំងឡាយនេះ ច្យុតអំពីទីនេះ ទៅកើតក្នុងទីនោះ ដោយផលកម្មនេះ ដូច្នេះផង តែមិនស្គាល់ទេវតាទាំងនោះថា ទេវតាទាំងឡាយនេះ មានអាហារយ៉ាងនេះ សោយសុខទុក្ខយ៉ាងនេះ ដូច្នេះផង ស្គាល់ទេវតាទាំងនោះថា ទេវតាទាំងឡាយនេះ មានអាហារយ៉ាងនេះ សោយសុខទុក្ខយ៉ាងនេះ ដូច្នេះផង តែមិនស្គាល់ទេវតាទាំងនោះថា ទេវតាទាំងនេះ មានអាយុវែងយ៉ាងនេះ ឋិតនៅអស់កាលយូរយ៉ាងនេះ ដូច្នេះផង ស្គាល់ទេវតាទាំងនោះថា ទេវតាទាំងឡាយនេះ មានអាយុវែងយ៉ាងនេះ ឋិតនៅអស់កាលយូរយ៉ាងនេះ ដូច្នេះផង តែមិនស្គាល់ទេវតាទាំងនោះថា អាត្មាអញ ធ្លាប់នៅជាមួយនឹងទេវតាទាំងឡាយនេះ ឬថា មិនធ្លាប់នៅជាមួយ ដូច្នេះផង។ ម្នាលភិក្ខុទាំងឡាយ តថាគតនោះ មានសេចក្ដីត្រិះរិះ យ៉ាងនេះថា ប្រសិនបើ អាត្មាស្គាល់ច្បាស់នូវពន្លឺផង ឃើញច្បាស់នូវរូបទាំងឡាយផង ឋិតនៅជាមួយ ចរចាជាមួយ ដល់នូវការសាកច្ឆា ជាមួយនឹងទេវតាទាំងនោះផង គប្បីស្គាល់នូវទេវតាទាំងនោះថា ទេវតាទាំងឡាយនេះ មកអំពីទេវនិកាយឯណោះ ៗ ដូច្នេះផង គប្បីស្គាល់ទេវតាទាំងនោះថា ទេវតាទាំងឡាយនេះ ច្យុតអំពីទីនេះ ទៅកើតក្នុងទីនោះ ដោយផលកម្មនេះ ដូច្នេះផង គប្បីស្គាល់ទេវតាទាំងនោះថា ទេវតាទាំងឡាយនេះ មានអាហារយ៉ាងនេះ សោយសុខទុក្ខយ៉ាងនេះ ដូច្នេះផង គប្បីស្គាល់នូវទេវតាទាំងនោះថា ទេវតាទាំងឡាយនេះ មានអាយុវែងយ៉ាងនេះ ឋិតនៅអស់កាលយូរយ៉ាងនេះ ដូច្នេះផង គប្បីស្គាល់នូវទេវតាទាំងនោះថា អាត្មាអញ ធ្លាប់នៅជាមួយនឹងទេវតាទាំងឡាយ ឬថា មិនធ្លាប់នៅជាមួយទេ ដូច្នេះផង ញាណទស្សនៈរបស់តថាគតនេះ គប្បីបរិសុទ្ធក្រៃលែង យ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ សម័យដទៃទៀត តថាគតនោះ ជាអ្នកមិនប្រមាទ មានព្យាយាមជាគ្រឿងដុតកំដៅកិលេស មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន ស្គាល់ច្បាស់នូវពន្លឺផង ឃើញច្បាស់នូវរូបទាំងឡាយផង ឋិតនៅជាមួយ ចរចាជាមួយ ដល់នូវការសាកច្ឆា ជាមួយនឹងទេវតាទាំងឡាយនោះផង ស្គាល់ទេវតាទាំងនោះថា ទេវតាទាំងឡាយនេះ មកអំពីទេវនិកាយឯណោះ ៗ ដូច្នេះផង ស្គាល់ទេវតាទាំងឡាយនោះថា ទេវតាទាំងឡាយនេះ ច្យុតអំពីទីនេះ ទៅកើតក្នុងទីនោះ ដោយផលកម្មនេះ ដូច្នេះផង ស្គាល់ទេវតាទាំងនោះថា ទេវតាទាំងឡាយនេះ មានអាហារយ៉ាងនេះ សោយសុខទុក្ខយ៉ាងនេះ ដូច្នេះផង ស្គាល់ទេវតាទាំងនោះថា ទេវតាទាំងឡាយនេះ មានអាយុវែងយ៉ាងនេះ ឋិតនៅអស់កាលយូរយ៉ាងនេះ ដូច្នេះផង ស្គាល់ទេវតាទាំងនោះថា អាត្មាអញ ធ្លាប់នៅជាមួយនឹងទេវតាទាំងឡាយនោះ ឬថា មិនធ្លាប់នៅជាមួយទេ ដូច្នេះផង។ ម្នាលភិក្ខុទាំងឡាយ អធិទេវញ្ញាណទស្សនៈ (ការដឹង និងការឃើញ នូវទេវតាដ៏ក្រៃលែង) របស់តថាគត មានបរិវដ្ដ ៨ ប្រការយ៉ាងនេះ មិនបរិសុទ្ធដរាបណា ម្នាលភិក្ខុទាំងឡាយ តថាគត ក៏មិនទាន់ប្ដេជ្ញាខ្លួន ថាជាអ្នកត្រាស់ដឹងនូវអនុត្តរសម្មាសម្ពោធិញ្ញាណ ក្នុងលោក ព្រមទាំងទេវលោក មារលោក និងព្រហ្មលោក ក្នុងពពួកសត្វ ព្រមទាំងសមណព្រាហ្មណ៍ ទេវតា និងមនុស្សដរាបនោះ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត កាលណា អធិទេវញ្ញាណទស្សនៈ របស់តថាគត មានបរិវដ្ដ ៨ ប្រការយ៉ាងនេះ បរិសុទ្ធហើយ ម្នាលភិក្ខុទាំងឡាយ កាលនោះ តថាគតប្ដេជ្ញាខ្លួន ថាជាអ្នកត្រាស់ដឹងនូវអនុត្តរសម្មាសម្ពោធិញ្ញាណ ក្នុងលោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ក្នុងពពួកសត្វ ព្រមទាំងសមណព្រាហ្មណ៍ ទេវតា និងមនុស្ស។ មិនតែប៉ុណ្ណោះសោត ញាណទស្សនៈ ក៏កើតឡើងដល់តថាគតថា ចេតោវិមុត្តិ របស់តថាគតមិនកម្រើក ជាតិនេះ ជាជាតិទីបំផុតក្នុងកាលឥឡូវនេះ ភពថ្មីមិនមានទៀតឡើយ។
អភិភាយតនសូត្រ ទី៥
[៧២] ម្នាលភិក្ខុទាំងឡាយ អភិភាយតនៈ (ហេតុជាគ្រឿងគ្របសង្កត់នូវធម៌ ជាសត្រូវផង នូវអារម្មណ៍ផង) នេះមាន ៨ យ៉ាង។ ៨យ៉ាង តើអ្វីខ្លះ។ គឺបុគ្គលពួកមួយ មានសេចក្ដីសំគាល់នូវរូបខាងក្នុង ឃើញនូវរូបខាងក្រៅ ជារូបមានប្រមាណតិច មានសម្បុរល្អ ឬសម្បុរអាក្រក់ គ្របសង្កត់នូវរូបទាំងនោះ ហើយមានសេចក្ដីសំគាល់យ៉ាងនេះថា អាត្មាអញដឹង អាត្មាអញឃើញ ដូច្នេះ នេះជាអភិភាយតនៈ ទី១។ បុគ្គលពួកមួយ មានសេចក្ដីសំគាល់នូវរូបខាងក្នុង ឃើញនូវរូបខាងក្រៅ ជារូបមានប្រមាណច្រើន មានសម្បុរល្អ ឬសម្បុរអាក្រក់ គ្របសង្កត់នូវរូបទាំងនោះ ហើយមានសេចក្ដីសំគាល់យ៉ាងនេះថា អាត្មាអញដឹង អាត្មាអញឃើញ ដូច្នេះ នេះជាអភិភាយតៈ ទី២។ បុគ្គលពួកមួយ មិនមានសេចក្ដីសំគាល់នូវរូបខាងក្នុង ឃើញនូវរូបខាងក្រៅ ជារូបមានប្រមាណតិច មានសម្បុរល្អ ឬសម្បុរអាក្រក់ គ្របសង្កត់នូវរូបទាំងនោះ ហើយមានសេចក្ដីសំគាល់យ៉ាងនេះថា អាត្មាអញដឹង អាត្មាអញឃើញដូច្នេះ នេះជាអភិភាយតៈ ទី៣។ បុគ្គលពួកមួយ មិនមានសេចក្ដីសំគាល់នូវរូបខាងក្នុង ឃើញនូវរូបខាងក្រៅ ជារូបមានប្រមាណច្រើន មានសម្បុរល្អ ឬសម្បុរអាក្រក់ គ្របសង្កត់នូវរូបទាំងនោះ ហើយមានសេចក្ដីសំគាល់យ៉ាងនេះថា អាត្មាអញដឹង អាត្មាអញឃើញដូច្នេះ នេះជាអភិភាយតៈ ទី៤។ បុគ្គលពួកមួយ មិនមានសេចក្ដីសំគាល់នូវរូបខាងក្នុង ឃើញនូវរូបខាងក្រៅ ជារូបខៀវ មានសម្បុរខៀវ ជាទីចង្អុលប្រាប់ថា នេះមានសម្បុរខៀវ មានពន្លឺខៀវ គ្របសង្កត់នូវរូបទាំងនោះ ហើយមានសេចក្ដីសំគាល់យ៉ាងនេះថា អាត្មាអញដឹង អាត្មាអញឃើញដូច្នេះ នេះជាអភិភាយតៈ ទី៥។ បុគ្គលពួកមួយ មិនមានសេចក្ដីសំគាល់នូវរូបខាងក្នុង ឃើញនូវរូបខាងក្រៅ ជារូបលឿង មានសម្បុរលឿង ជាទីចង្អុលប្រាប់ថា នេះមានសម្បុរលឿង មានពន្លឺលឿង គ្របសង្កត់នូវរូបទាំងនោះ ហើយមានសេចក្ដីសំគាល់យ៉ាងនេះថា អាត្មាអញដឹង អាត្មាអញឃើញដូច្នេះ នេះជា អភិភាយតៈ ទី៦។ បុគ្គលពួកមួយ មិនមានសេចក្ដីសំគាល់នូវរូបខាងក្នុង ឃើញនូវរូបខាងក្រៅ ជារូបក្រហម មានសម្បុរក្រហម ជាទីចង្អុលប្រាប់ថា នេះមានសម្បុរក្រហម មានពន្លឺក្រហម គ្របសង្កត់នូវរូបទាំងនោះ ហើយមានសេចក្ដីសំគាល់យ៉ាងនេះថា អាត្មាអញដឹង អាត្មាអញឃើញដូច្នេះ នេះជាអភិភាយតៈ ទី៧។ បុគ្គលពួកមួយ មិនមានសេចក្ដីសំគាល់នូវរូបខាងក្នុង ឃើញនូវរូបខាងក្រៅ ជារូបស មានសម្បុរស ជាទីចង្អុលប្រាប់ថា នេះមានសម្បុរស មានពន្លឺស គ្របសង្កត់នូវរូបទាំងនោះ ហើយមានសេចក្ដីសំគាល់យ៉ាងនេះថា អាត្មាអញដឹង អាត្មាអញឃើញដូច្នេះ នេះជាអភិភាយតៈ ទី៨។ ម្នាលភិក្ខុទាំងឡាយ អភិភាយតនៈ មាន ៨ យ៉ាងនេះឯង។
វិមោក្ខសូត្រ ទី៦
[៧៣] ម្នាលភិក្ខុទាំងឡាយ វិមោក្ខនេះ មាន ៨យ៉ាង។ ៨យ៉ាង តើអ្វីខ្លះ។ គឺបុគ្គលមានរូបជ្ឈាន រមែងឃើញនូវរូប គឺកសិណទាំងឡាយ (មាននីលកសិណ ជាដើម) នេះជាវិមោក្ខ ទី១។ បុគ្គលពួកមួយ មិនមានសេចក្ដីសំគាល់នូវរូបខាងក្នុង (មានសក់ជាដើម) រមែងឃើញនូវរូបខាងក្រៅទាំងឡាយ គឺកសិណ (មាននីលកសិណជាដើម) នេះជាវិមោក្ខ ទី២។ បុគ្គលមានចិត្តចុះស៊ប់ថា វណ្ណកសិណដ៏បរិសុទ្ធ នេះជាវិមោក្ខ ទី៣។ ព្រោះកន្លងនូវរូបសញ្ញា ដោយប្រការទាំងពួង ដល់នូវសេចក្ដីវិនាសនៃបដិឃសញ្ញា មិនបានធ្វើទុកក្នុងចិត្តនូវនានត្តសញ្ញា បានដល់នូវអាកាសានញ្ចាយតនជ្ឈាន ដោយការធ្វើទុកក្នុងចិត្តថា អាកាសមិនមានទីបំផុតដូច្នេះ នេះជាវិមោក្ខ ទី៤។ ព្រោះកន្លងនូវអាកាសានញ្ចាយតនជ្ឈាន ដោយប្រការទាំងពួង បានដល់នូវវិញ្ញាណញ្ចាយតនជ្ឈាន ដោយការធ្វើទុកក្នុងចិត្តថា វិញ្ញាណមិនមានទីបំផុតដូច្នេះ នេះជាវិមោក្ខ ទី៥។ ព្រោះកន្លងនូវវិញ្ញាណញ្ចាយតនជ្ឈាន ដោយប្រការទាំងពួង បានដល់នូវអាកិញ្ចញ្ញាយតនជ្ឈាន ដោយការធ្វើទុកក្នុងចិត្តថា អ្វីតិចតួចក៏មិនមានដូច្នេះ នេះជាវិមោក្ខ ទី៦។ ព្រោះកន្លងនូវអាកិញ្ចញ្ញាយតនជ្ឈាន ដោយប្រការទាំងពួង បានដល់នូវនេវសញ្ញានាសញ្ញាយតនជ្ឈាន នេះជាវិមោក្ខ ទី៧។ ព្រោះកន្លងនូវនេវសញ្ញានាសញ្ញាយតនជ្ឈាន ដោយប្រការទាំងពួង បានដល់នូវសញ្ញាវេទយិតនិរោធ (សេចក្ដីរលត់នៃសញ្ញា និងវេទនា) នេះជាវិមោក្ខ ទី៨។ ម្នាលភិក្ខុទាំងឡាយ វិមោក្ខ មាន៨ យ៉ាងនេះឯង។
អនរិយវោហារសូត្រ ទី៧
[៧៤] ម្នាលភិក្ខុទាំងឡាយ អនរិយវោហារ (វោហារមិនប្រសើរ) នេះ មាន៨យ៉ាង។ ៨យ៉ាង តើអ្វីខ្លះ។ គឺមិនឃើញ និយាយថាឃើញ ១ មិនឮ និយាយថា ឮ ១ មិនបានហិតភ្លក់ និយាយថា បានហិតភ្លក់ ១ មិនដឹង និយាយថា ដឹង ១ ឃើញ និយាយថា មិនឃើញ ១ ឮ និយាយថា មិនឮ ១ បានហិតភ្លក់ និយាយថា មិនបានហិតភ្លក់ ១ ដឹង និយាយថា មិនដឹង ១។ ម្នាលភិក្ខុទាំងឡាយ អនរិយវោហារ មាន៨ យ៉ាងនេះឯង។
អរិយវោហារសូត្រ ទី៨
[៧៥] ម្នាលភិក្ខុទាំងឡាយ អរិយវោហារ (វោហារដ៏ប្រសើរ) នេះ មាន៨យ៉ាង។ ៨យ៉ាង តើអ្វីខ្លះ។ គឺមិនឃើញ និយាយថា មិនឃើញ ១ មិនឮ និយាយថា មិនឮ ១ មិនបានហិតភ្លក់ និយាយថា មិនបានហិតភ្លក់ ១ មិនដឹង និយាយថា មិនដឹង ១ ឃើញ និយាយថា ឃើញ ១ ឮ និយាយថា ឮ ១ បានហិតភ្លក់ និយាយថា បានហិតភ្លក់ ១ ដឹង និយាយថា ដឹង ១។ ម្នាលភិក្ខុទាំងឡាយ អរិយវោហារ មាន៨ យ៉ាងនេះឯង។
បរិសាសូត្រ ទី៩
[៧៦] ម្នាលភិក្ខុទាំងឡាយ បរិសទ្យ មាន ៨ ពួក។ ៨ ពួក តើអ្វីខ្លះ។ គឺខត្តិយបរិសទ្យ ១ ព្រាហ្មណបរិសទ្យ ១ គហបតិបរិសទ្យ ១ សមណបរិសទ្យ ១ ចាតុម្មហារាជិកបរិសទ្យ ១ តាវត្តឹង្សបរិសទ្យ ១ មារបរិសទ្យ ១ ព្រហ្មបរិសទ្យ ១។ ម្នាលភិក្ខុទាំងឡាយ តថាគតធ្លាប់បានចូលទៅរកខត្តិយបរិសទ្យជាច្រើនរយ។ ក្នុងបរិសទ្យនោះ តថាគតធ្លាប់អង្គុយជាមួយផង ធ្លាប់ចរចាជាមួយផង ធ្លាប់ដល់នូវការសាកច្ឆាជាមួយផង សម្បុររបស់ជនទាំងនោះ ក្នុងបរិសទ្យនោះ យ៉ាងណា សម្បុររបស់តថាគត ក៏យ៉ាងនោះដែរ សំឡេងរបស់ជនទាំងនោះ យ៉ាងណា សំឡេងរបស់តថាគត ក៏យ៉ាងនោះដែរ មួយទៀត តថាគត បានញុំាងជនទាំងនោះ ឲ្យឃើញច្បាស់ ឲ្យកាន់យក ឲ្យអាចហ៊ាន ឲ្យរីករាយ ដោយធម្មីកថា កាលដែលតថាគត កំពុងនិយាយ ជនទាំងនោះ មិនស្គាល់ថា ជនដែលកំពុងនិយាយនេះ ជាអ្វីហ្ន៎ ជាទេវតា ឬមនុស្សដូច្នេះឡើយ លុះតថាគតញុំាងជនទាំងនោះ ឲ្យឃើញច្បាស់ ឲ្យកាន់យក ឲ្យអាចហ៊ាន ឲ្យរីករាយ ដោយធម្មីកថាហើយ ក៏បាត់ទៅ កាលដែលតថាគតបាត់ទៅហើយ ចំណែកជនទាំងនោះ នៅតែមិនស្គាល់ថា ជនដែលបាត់ទៅហើយនេះ ជាអ្វីហ្ន៎ ជាទេវតា ឬជាមនុស្សដូច្នេះឡើយ។ ម្នាលភិក្ខុទាំងឡាយ តថាគត ធ្លាប់ចូលទៅរកព្រាហ្មណបរិសទ្យ ជាច្រើនរយ។បេ។ បានចូលទៅរកគហបតិបរិសទ្យ សមណបរិសទ្យ ចាតុម្មហារាជិកបរិសទ្យ តាវត្តឹង្សបរិសទ្យ មារបរិសទ្យ ព្រហ្មបរិសទ្យ។ ក្នុងព្រហ្មបរិសទ្យនោះ តថាគតធ្លាប់អង្គុយជាមួយផង ធ្លាប់ចរចាជាមួយផង ធ្លាប់ដល់នូវការសាកច្ឆាជាមួយផង សម្បុររបស់ព្រហ្មទាំងនោះ ក្នុងបរិសទ្យនោះយ៉ាងណា សម្បុររបស់តថាគត ក៏យ៉ាងនោះដែរ សំឡេងរបស់ព្រហ្មទាំងនោះយ៉ាងណា សំឡេងរបស់តថាគត ក៏យ៉ាងនោះដែរ មួយទៀត តថាគត បានញុំាងព្រហ្មទាំងនោះ ឲ្យឃើញច្បាស់ ឲ្យកាន់យក ឲ្យអាចហ៊ាន ឲ្យរីករាយ ដោយធម្មីកថា កាលដែលតថាគតកំពុងនិយាយ ចំណែកព្រហ្មទាំងនោះមិនស្គាល់ថា ជនដែលកំពុងនិយាយនេះ ជាអ្វីហ្ន៎ ជាទេវតា ឬជាមនុស្សដូច្នេះឡើយ។ លុះតថាគតញុំាងព្រហ្មទាំងនោះ ឲ្យឃើញច្បាស់ ឲ្យកាន់យក ឲ្យអាចហ៊ាន ឲ្យរីករាយ ដោយធម្មីកថាហើយ ក៏បាត់ទៅ កាលដែលតថាគតបាត់ទៅហើយ ចំណែកព្រហ្មទាំងនោះ នៅតែមិនស្គាល់ថា ជនដែលបាត់ទៅហើយនេះ ជាអ្វីហ្ន៎ ជាទេវតា ឬជាមនុស្សដូច្នេះឡើយ។ ម្នាលភិក្ខុទាំងឡាយ បរិសទ្យ ៨ ពួកនេះឯង។
ភូមិចាលសូត្រ ទី១០
[៧៧] សម័យមួយ ព្រះដ៏មានព្រះភាគ កាលគង់ក្នុងកូដាគារសាលា នាមហាវន ជិតក្រុងវេសាលី។ លំដាប់នោះ ព្រះដ៏មានព្រះភាគ ទ្រង់ស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ហើយចូលទៅកាន់ក្រុងវេសាលី ដើម្បីបិណ្ឌបាត។ លុះទ្រង់ត្រាច់ទៅបិណ្ឌបាត ក្នុងក្រុងវេសាលីហើយ ត្រឡប់អំពីបិណ្ឌបាត ក្នុងវេលាខាងក្រោយភត្ត ហើយទ្រង់ត្រាស់ហៅព្រះអានន្ទដ៏មានអាយុថា ម្នាលអានន្ទ ចូរអ្នកកាន់យកនិសីទនៈទៅ យើងនឹងចូលទៅសម្រាក ក្នុងវេលាថ្ងៃ ឯបាវាលចេតិយ។ ព្រះអានន្ទដ៏មានអាយុ បានទទួលព្រះពុទ្ធដីកា នៃព្រះដ៏មានព្រះភាគ ដោយពាក្យថា ព្រះករុណា ព្រះអង្គ ហើយក៏កាន់និសីទនៈទៅតាមខាងក្រោយ ៗ ព្រះដ៏មានព្រះភាគទៅ។
គ្រានោះ ព្រះដ៏មានព្រះភាគ កាលស្ដេចចូលទៅកាន់បាវាលចេតិយ លុះចូលទៅដល់ហើយ ក៏គង់លើអាសនៈ ដែលព្រះអានន្ទក្រាលថ្វាយ។ លុះព្រះដ៏មានព្រះភាគ គង់ហើយ ក៏ទ្រង់ត្រាស់នឹងព្រះអានន្ទដ៏មានអាយុថា ម្នាលអានន្ទ ក្រុងវេសាលី ជាទីគួរត្រេកអរ ឧទេនចេតិយ ជាទីគួរត្រេកអរ គោតមកចេតិយ ជាទីគួរត្រកអរ ពហុបុត្តកចេតិយ ជាទីគួរត្រេកអរ សត្តម្ពចេតិយ ជាទីគួរត្រេកអរ សារន្ទទចេតិយ ជាទីគួរត្រេកអរ បាវាលចេតិយ ជាទីគួរត្រេកអរ។ ម្នាលអានន្ទ ឥទ្ធិបាទទាំង ៤ បើបុគ្គលណាមួយ បានចំរើនហើយ បានធ្វើឲ្យច្រើន បានធ្វើឲ្យដូចជាយាន បានដម្កល់ស៊ប់ បានប្រព្រឹត្តរឿយ ៗ បានសន្សំទុក បានប្រារព្ធល្អហើយ ម្នាលអានន្ទ បុគ្គលនោះ ទោះបីប្រាថ្នា នឹងគប្បីឋិតនៅអស់ ១ អាយុកល្ប ឬលើសជាង ១ អាយុកល្បក៏បាន។ ម្នាលអានន្ទ ឯឥទ្ធិបាទទាំង ៤ តថាគតបានចំរើនហើយ បានធ្វើឲ្យច្រើន បានធ្វើឲ្យដូចជាយាន បានដម្កល់ស៊ប់ បានប្រព្រឹត្តរឿយ ៗ បានសន្សំទុក បានប្រារព្ធល្អហើយ ម្នាលអានន្ទ តថាគត បើប្រាថ្នា គប្បីឋិតនៅអស់ ១ អាយុកល្ប ឬលើសជាង ១ អាយុកល្បក៏បាន។ ឯព្រះអានន្ទដ៏មានអាយុ ទុកជាព្រះដ៏មានព្រះភាគ ទ្រង់ធ្វើនិមិត្តជាឱឡារិក ទ្រង់ធ្វើឱភាសជាឱឡារិក យ៉ាងនេះហើយ ក៏មិនអាចនឹងយល់សេចក្ដីច្បាស់លាស់បាន មិនបានអារាធនាព្រះដ៏មានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន សូមព្រះដ៏មានព្រះភាគ ឋិតនៅអស់ ១ អាយុកល្ប បពិត្រព្រះអង្គដ៏ចំរើន សូមព្រះសុគត ឋិតនៅអស់ ១ អាយុកល្ប ដើម្បីប្រយោជន៍ដល់ជនច្រើន ដើម្បីសេចក្ដីសុខដល់ជនច្រើន ដើម្បីអនុគ្រោះ ដល់សត្វលោក ដើម្បីសេចក្តីចំរើន ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់ពួកទេវតា និងមនុស្សដូច្នេះសោះ ព្រោះមារ ចូលមកជ្រែកគំនិត។ ព្រះដ៏មានព្រះភាគ ទ្រង់មានព្រះពុទ្ធដីកា ជាគំរប់ពីរដងផង។ ព្រះដ៏មានព្រះភាគ ទ្រង់មានព្រះពុទ្ធដីកានឹងព្រះអានន្ទដ៏មានអាយុ ជាគំរប់បីដងផងថា ម្នាលអានន្ទ ក្រុងវេសាលី ជាទីគួរត្រេកអរ ឧទេនចេតិយ ជាទីគួរត្រេកអរ គោតមកចេតិយ ជាទីគួរត្រកអរ ពហុបុត្តកចេតិយ ជាទីគួរត្រេកអរ សត្តម្ពចេតិយ ជាទីគួរត្រេកអរ សារន្ទទចេតិយ ជាទីគួរត្រេកអរ បាវាលចេតិយ ជាទីគួរត្រេកអរ។ ម្នាលអានន្ទ ឥទ្ធិបាទទាំង ៤ បើបុគ្គលណាមួយ បានចំរើនហើយ បានធ្វើឲ្យច្រើន បានធ្វើឲ្យដូចជាយាន បានដម្កល់ស៊ប់ បានប្រព្រឹត្តរឿយ ៗ បានសន្សំទុក បានប្រារព្ធល្អហើយ។បេ។ ម្នាលអានន្ទ តថាគត បើប្រាថ្នា គប្បីឋិតនៅ អស់១ អាយុកល្ប ឬលើសជាង ១ អាយុកល្បក៏បាន។ ឯព្រះអានន្ទដ៏មានអាយុ ទុកជាព្រះដ៏មានព្រះភាគ ទ្រង់ធ្វើនិមិត្តជាឱឡារិកយ៉ាងនេះហើយ ក៏នៅតែមិនអាចយល់សេចក្ដីច្បាស់លាស់បានឡើយ ហើយមិនបានអារាធនាព្រះដ៏មានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន សូមព្រះដ៏មានព្រះភាគ ឋិតនៅអស់ ១ អាយុកល្ប បពិត្រព្រះអង្គដ៏ចំរើន សូមព្រះសុគត ឋិតនៅអស់ ១ អាយុកល្ប ដើម្បីប្រយោជន៍ ដល់ជនច្រើន ដើម្បីសេចក្ដីសុខ ដល់ជនច្រើន ដើម្បីអនុគ្រោះ ដល់សត្វលោក ដើម្បីសេចក្ដីចំរើន ដើម្បីប្រយោជន៍ ដើម្បីសេចក្ដីសុខ ដល់ទេវតា និងមនុស្សទាំងឡាយដូច្នេះសោះឡើយ ព្រោះមារ ចូលមកជ្រែកគំនិត។ លំដាប់នោះ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់នឹងអានន្ទដ៏មានអាយុថា ម្នាលអានន្ទ អ្នកចូរទៅចុះ អ្នកចូរសំគាល់នូវកាលដែលគួរនឹងទៅ ក្នុងកាលឥឡូវនេះចុះ។ ព្រះអានន្ទដ៏មានអាយុ បានទទួលព្រះពុទ្ធដីកាព្រះមានព្រះភាគ ដោយពាក្យថា ព្រះករុណា ព្រះអង្គ រួចក៏ក្រោកចាកអាសនៈ ហើយថ្វាយបង្គំព្រះដ៏មានព្រះភាគ ធ្វើប្រទក្សិណ រួចអង្គុយទៀបគល់ឈើមួយ ជិតព្រះដ៏មានព្រះភាគ។
គ្រានោះ កាលបើព្រះអានន្ទដ៏មានអាយុ ចៀសចេញទៅ មិនយូរប៉ុន្មាន មារមានចិត្តបាប ក៏បានពោលពាក្យនេះ នឹងព្រះដ៏មានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន សូមព្រះដ៏មានព្រះភាគ បរិនិព្វានក្នុងកាលឥឡូវនេះ សូមព្រះសុគត បរិនិព្វានទៅ បពិត្រព្រះអង្គដ៏ចំរើន ឥឡូវនេះ ជាកាលគួរនឹងបរិនិព្វានរបស់ព្រះដ៏មានព្រះភាគហើយ បពិត្រព្រះអង្គដ៏ចំរើន ព្រោះថា ព្រះដ៏មានព្រះភាគ បានត្រាស់វាចានេះហើយថា នែមារមានចិត្តបាប ពួកភិក្ខុ ជាសាវករបស់តថាគត ដែលឈ្លាសវាងវៃ ក្លៀវក្លា ដល់នូវការក្សេម ចាកយោគៈ ជាពហុស្សូត ទ្រទ្រង់ធម៌ ប្រតិបត្តិធម៌សមគួរដល់ធម៌ ប្រតិបត្តិដ៏សមគួរ ប្រព្រឹត្តតាមធម៌ បានរៀននូវវាទៈនៃអាចារ្យរបស់ខ្លួនហើយ ប្រាប់ សំដែង បញ្ញត្ត តាំងទុក បើក ចែក ធ្វើឲ្យងាយបាន បានសង្កត់សង្កិនបរប្បវាទ ដែលកើតឡើងហើយ ឲ្យជាកិច្ចដែលខ្លួនបានសង្កត់សង្កិនដោយល្អ តាមពាក្យដែលសមហេតុ ហើយសំដែងធម៌ ប្រកបដោយបាដិហារ្យ នៅមិនទាន់មាន ដរាបណាទេ តថាគតនឹងមិនទាន់បរិនិព្វានដរាបនោះដូច្នេះ។ បពិត្រព្រះអង្គដ៏ចំរើន ឥឡូវនេះ ពួកភិក្ខុ ជាសាវករបស់ព្រះដ៏មានព្រះភាគ បានឈ្លាសវៃ ក្លៀវក្លា ដល់នូវការក្សេម ចាកយោគៈ ជាពហុស្សូត ទ្រទ្រង់ធម៌ ប្រតិបត្តិធម៌សមគួរដល់ធម៌ ប្រតិបត្តិដ៏សមគួរ ប្រព្រឹត្តតាមធម៌ ទាំងបានរៀននូវវាទៈនៃអាចារ្យរបស់ខ្លួន ហើយប្រាប់ សំដែង បញ្ញត្ត តាំងទុក បើក ចែក ធ្វើឲ្យងាយបានហើយ ទាំងសង្កត់សង្កិនបរប្បវាទ ដែលកើតឡើងហើយ ឲ្យជាកិច្ចដែលបានសង្កត់សង្កិនដោយល្អ តាមពាក្យ ដែលសមហេតុ ហើយសំដែងធម៌ ប្រកបដោយបាដិហារ្យបានហើយ។ បពិត្រព្រះអង្គដ៏ចំរើន ឥឡូវនេះ សូមព្រះដ៏មានព្រះភាគ បរិនិព្វានទៅ សូមព្រះសុគត បរិនិព្វានទៅ បពិត្រព្រះអង្គដ៏ចំរើន ឥឡូវនេះ ជាកាលគួរនឹងបរិនិព្វាន របស់ព្រះដ៏មានព្រះភាគហើយ បពិត្រព្រះអង្គដ៏ចំរើន ព្រោះព្រះដ៏មានព្រះភាគ ត្រាស់វាចានេះហើយថា ម្នាលមារមានចិត្តបាប ពួកភិក្ខុនី ជាសាវិកា របស់តថាគត មិនទាន់មានដរាបណា តថាគតនឹងមិនទាន់បរិនិព្វានដរាបនោះ។បេ។ ពួកឧបាសក ជាសាវក របស់តថាគត មិនទាន់មាន ដរាបណា។បេ។ ពួកឧបាសិកា ជាសាវិកា របស់តថាគត ដែលឈ្លាសវាងវៃ ក្លៀវក្លា ដល់នូវការក្សេម ចាកយោគៈ ជាពហុស្សូត ទ្រទ្រង់ធម៌ ប្រតិបត្តិធម៌សមគួរដល់ធម៌ ប្រតិបត្តិដ៏សមគួរ ប្រព្រឹត្តតាមធម៌ បានរៀននូវវាទៈនៃអាចារ្យរបស់ខ្លួនហើយ ប្រាប់ សំដែង បញ្ញត្ត តាំងទុក បើក ចែក ធ្វើឲ្យងាយបាន បានសង្កត់សង្កិននូវបរប្បវាទ ដែលកើតឡើងហើយ ឲ្យជាកិច្ចដែលសង្កត់សង្កិនដោយល្អ តាមពាក្យដែលសមហេតុ សំដែងធម៌ ប្រកបដោយបាដិហារ្យ នៅមិនទាន់មាន ដរាបណាទេ។ បពិត្រព្រះអង្គដ៏ចំរើន ឥឡូវនេះ ពួកឧបាសិកា ជាសាវិកា របស់ព្រះដ៏មានព្រះភាគ ដែលឈ្លាសវាងវៃ ក្លៀវក្លា ដល់នូវការក្សេម ចាកយោគៈ ជាពហុស្សូត ទ្រទ្រង់ធម៌ ប្រតិបត្តិធម៌សមគួរដល់ធម៌ ប្រតិបត្តិដ៏សមគួរ ប្រព្រឹត្តតាមធម៌ ទាំងបានរៀននូវវាទៈ នៃអាចារ្យរបស់ខ្លួនហើយ ប្រាប់សំដែង បញ្ញត្ត តាំងទុក បើក ចែក ធ្វើឲ្យងាយបានហើយ ទាំងសង្កត់សង្កិននូវបរប្បវាទ ដែលកើតឡើងហើយ ឲ្យជាកិច្ចដែលសង្កត់សង្កិនដោយល្អ តាមពាក្យ ដែលសមហេតុ ហើយសំដែងធម៌ ប្រកបដោយបាដិហារ្យបានហើយ។ បពិត្រព្រះអង្គដ៏ចំរើន ឥឡូវនេះ សូមព្រះដ៏មានព្រះភាគ បរិនិព្វានទៅ សូមព្រះសុគត បរិនិព្វានទៅ បពិត្រព្រះអង្គដ៏ចំរើន ឥឡូវនេះ ជាកាលគួរនឹងបរិនិព្វាន របស់ព្រះដ៏មានព្រះភាគហើយ បពិត្រព្រះអង្គដ៏ចំរើន មួយទៀត ព្រះដ៏មានព្រះភាគ បានត្រាស់វាចានេះហើយថា ម្នាលមារមានចិត្តបាប ព្រហ្មចារ្យ របស់តថាគតនេះ នៅមិនទាន់ខ្ជាប់ខ្ជួន មិនទាន់ចំរើន មិនទាន់ផ្សាយទៅសព្វទិស គេមិនទាន់ដឹងច្រើនគ្នា និងមិនទាន់ពេញបរិបូណ៌ដរាបណា មួយទៀត ពួកទេវតា និងមនុស្សមិនទាន់ចេះសំដែងបាន ដោយប្រពៃ ដរាបណា តថាគតនឹងមិនបរិនិព្វាន ដរាបនោះ ដូច្នេះ។ បពិត្រព្រះអង្គដ៏ចំរើន ឥឡូវនេះ ព្រហ្មចារ្យរបស់ព្រះដ៏មានព្រះភាគនេះ បានខ្ជាប់ខ្ជួនហើយ បានចំរើនហើយ បានផ្សាយទៅសព្វទិសហើយ គេបានដឹងច្រើនគ្នាហើយ បានពេញបរិបូណ៌ហើយ ពួកទេវតា និងមនុស្ស ចេះសំដែងបានដោយល្អហើយ។ បពិត្រព្រះអង្គដ៏ចំរើន ឥឡូវនេះ សូមព្រះដ៏មានព្រះភាគ បរិនិព្វានទៅ សូមព្រះសុគត បរិនិព្វានទៅ បពិត្រព្រះអង្គដ៏ចំរើន ឥឡូវនេះ ជាកាលគួរនឹងបរិនិព្វាន របស់ព្រះដ៏មានព្រះភាគហើយ។ ម្នាលមារមានចិត្តបាប ចូរអ្នកមានសេចក្ដីខ្វល់ខ្វាយតិចចុះ ការបរិនិព្វាន របស់តថាគត មិនយូរប៉ុន្មានទេ កន្លង ៣ ខែ អំពីថ្ងៃនេះទៅ តថាគតនឹងបរិនិព្វានហើយ។ លំដាប់នោះ ព្រះដ៏មានព្រះភាគ ទ្រង់មានសតិសម្បជញ្ញៈ ទ្រង់ដាក់អាយុសង្ខារ ឰដ៏បាវាលចេតិយ។ លុះព្រះដ៏មានព្រះភាគ ទ្រង់ដាក់អាយុសង្ខារហើយ ក៏កើតការកក្រើកផែនដីយ៉ាងធំ គួរឲ្យភ្លូកភ្លឹក ព្រឺព្រួចរោម ទាំងផ្គរ ក៏លាន់ឮឡើង។ គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់ជ្រាបច្បាស់នូវសេចក្ដីនេះហើយ ក៏បន្លឺនូវឧទាននេះ ក្នុងវេលានោះថា
ព្រះពុទ្ធ ជាអ្នកប្រាជ្ញ ទ្រង់ពិចារណាឃើញនូវព្រះនិព្វាន ដែលមានគុណថ្លឹងមិនបានផង នូវភពផង ទ្រង់លះបង់នូវសង្ខារ ដែលនាំសត្វទៅកាន់ភព ទ្រង់ត្រេកអរនូវអារម្មណ៍ខាងក្នុង (ដោយអំណាចវិបស្សនា) មានព្រះហឫទ័យតាំងមាំហើយ (ដោយអំណាចសមថៈ) ទ្រង់បានទំលាយនូវបណ្ដាញ គឺកិលេស ដែលកើតមាននៅក្នុងព្រះអង្គដូចជាក្រោះ។
លំដាប់នោះ ព្រះអានន្ទដ៏មានអាយុ មានសេចក្ដីត្រិះរិះយ៉ាងនេះថា អើហ្ន៎ ការកក្រើកផែនដីនេះជាយ៉ាងធំ ការកក្រើកផែនដីនេះធំណាស់តើ គួរឲ្យភ្លូកភ្លឹក ឲ្យព្រឺព្រួចរោម ទាំងផ្គរក៏លាន់ឮឡើង។ ហេតុដូចម្ដេច បច្ច័យដូចម្ដេចហ្ន៎ ដែលនាំឲ្យការកក្រើកផែនដី ជាយ៉ាងធំម្ល៉េះ។ ទើបព្រះអានន្ទដ៏មានអាយុ ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយគង់ក្នុងទីដ៏សមគួរ។ លុះព្រះអានន្ទដ៏មានអាយុ គង់ក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ការកក្រើកផែនដីនេះជាយ៉ាងធំ បពិត្រព្រះអង្គដ៏ចំរើន ការកក្រើកផែនដីនេះ ធំពេកណាស់តើ គួរឲ្យភ្លូកភ្លឹក គួរឲ្យព្រឺព្រួចរោម ទាំងផ្គរក៏លាន់ឮឡើង។ បពិត្រព្រះអង្គដ៏ចំរើន ហេតុដូចម្ដេច បច្ច័យដូចម្ដេចហ្ន៎ ដែលនាំឲ្យកើតការកក្រើកផែនដី ជាយ៉ាងធំម្ល៉េះ។
ព្រះអង្គត្រាស់ថា ម្នាលអានន្ទ ហេតុបច្ច័យដែលនាំឲ្យកើតការកក្រើកផែនដីនេះមាន ៨ យ៉ាង។ ហេតុបច្ច័យទាំង ៨យ៉ាង តើដូចម្ដេចខ្លះ។ ម្នាលអានន្ទ មហាប្រឋពីនេះ ប្រតិស្ថាននៅលើទឹក ឯទឹកប្រតិស្ថាននៅលើខ្យល់ ខ្យល់ប្រតិស្ថាននៅលើអាកាស ម្នាលអានន្ទ សម័យដែលមានខ្យល់បក់ ខ្យល់ធំដែលបក់នោះ រមែងធ្វើទឹកឲ្យកក្រើក ឯទឹកដែលកក្រើកមកហើយ ក៏ធ្វើផែនដីឲ្យកក្រើកដែរ ម្នាលអានន្ទ នេះជាហេតុ ជាបច្ច័យ ទី១ ដែលនាំឲ្យកើតការកក្រើកផែនដី ជាយ៉ាងធំ។ ម្នាលអានន្ទ មួយទៀត សមណៈក្ដី ព្រាហ្មណ៍ក្ដី ដែលមានឫទ្ធិ ដល់នូវការស្ទាត់ជំនាញ ក្នុងចិត្ត ឬទេវតាដែលមានឫទ្ធិធំ មានអានុភាពធំ បុគ្គលនោះ បានចំរើនបឋវិសញ្ញា ឲ្យមានកំឡាំងតិច ចំរើនអាបោសញ្ញា ឲ្យមានកំឡាំងច្រើន បុគ្គលនោះ រមែងធ្វើផែនដីនេះ ឲ្យកក្រើករំភើប ញាប់ញ័របាន ម្នាលអានន្ទ នេះជាហេតុ ជាបច្ច័យ ទី២ ដែលនាំឲ្យកើតការកក្រើកផែនដី ជាយ៉ាងធំ។ ម្នាលអានន្ទ មួយទៀត កាលណាដែលព្រះពោធិសត្វ ច្យុតចាកពួកទេវតា ដែលឋិតនៅក្នុងឋានតុសិត មានសតិ និងសម្បជញ្ញៈ យាងចុះកាន់ព្រះមាតុឧទរ ក្នុងកាលនោះ ផែនដីនេះ តែងកក្រើករំភើប ញាប់ញ័រ ម្នាលអានន្ទ នេះជាហេតុ ជាបច្ច័យ ទី៣ ដែលនាំឲ្យកក្រើកផែនដី ជាយ៉ាងធំ។ ម្នាលអានន្ទ មួយទៀត កាលណា ដែលពោធិសត្វ មានសតិ និងសម្បជញ្ញៈ ទ្រង់ប្រសូតចាកព្រះមាតុឧទរ ក្នុងកាលនោះ ផែនដីនេះ តែងកក្រើករំភើប ញាប់ញ័រ ម្នាលអានន្ទ នេះជាហេតុ ជាបច្ច័យ ទី៤ ដែលនាំឲ្យកក្រើកផែនដី ជាយ៉ាងធំ។ ម្នាលអានន្ទ មួយទៀត កាលណា ដែលព្រះតថាគត ត្រាស់ដឹងនូវអនុត្តរសម្មាសម្ពោធិញ្ញាណ ក្នុងកាលនោះ ផែនដីនេះ តែងកក្រើករំភើប ញាប់ញ័រ ម្នាលអានន្ទ នេះជាហេតុ ជាបច្ច័យ ទី៥ ដែលនាំឲ្យកើតការកក្រើកផែនដី ជាយ៉ាងធំ។ ម្នាលអានន្ទ មួយទៀត កាលណា ដែលព្រះតថាគត ញុំាងអនុត្តរធម្មចក្រ ឲ្យប្រព្រឹត្តទៅ កាលនោះ ផែនដីនេះ តែងកក្រើក រំភើបញាប់ញ័រ ម្នាលអានន្ទ នេះជាហេតុ ជាបច្ច័យ ទី៦ ដែលនាំឲ្យកើតការកក្រើកផែនដីជាយ៉ាងធំ។ ម្នាលអានន្ទ មួយទៀត កាលណា ដែលព្រះតថាគតគត មានសតិ និងសម្បជញ្ញៈ ដាក់ចុះនូវអាយុសង្ខារ ក្នុងកាលនោះ ផែនដីនេះ តែងកក្រើក រំភើបញាប់ញ័រ ម្នាលអានន្ទ នេះជាហេតុ ជាបច្ច័យ ទី៧ ដែលនាំឲ្យកក្រើកផែនដីជាយ៉ាងធំ។ ម្នាលអានន្ទ មួយទៀត កាលណា ដែលព្រះតថាគត បរិនិព្វានដោយអនុបាទិសេសនិព្វានធាតុ ក្នុងកាលនោះ ផែនដីនេះ តែងកក្រើក រំភើបញាប់ញ័រ ម្នាលអានន្ទ នេះជាហេតុ ជាបច្ច័យ ទី៨ ដែលនាំឲ្យការកក្រើកផែនដី ជាយ៉ាងធំ។ ម្នាលអានន្ទ ហេតុបច្ច័យ ដែលនាំឲ្យកើតការកក្រើកផែនដី ជាយ៉ាងធំ មាន ៨ យ៉ាងនេះឯង។
ចប់ ចាលវគ្គ ទី២។
ឧទ្ទានក្នុងចាលវគ្គនោះគឺ
និយាយអំពីសេចក្ដីប្រាថ្នា ១ ភិក្ខុដែលគួរ ១ ព្រះដ៏មានព្រះភាគទ្រង់សំដែងធម៌ ដោយសង្ខេប ១ ព្រះដ៏មានព្រះភាគ ទ្រង់គង់ក្នុងគយាសីសប្រទេស ១ អភិភាយតនៈ ១ វិមោក្ខ ១ វោហារ ២លើក បរិសទ្យ ១ ផែនដីកក្រើក ១។
យមកវគ្គ ទី៣
បឋមសទ្ធាសូត្រ ទី១
[៧៨] ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកមានសទ្ធា តែមិនមានសីលទេ យ៉ាងនេះ ភិក្ខុនោះឈ្មោះថា មិនបរិបូរដោយអង្គនោះ ភិក្ខុនោះ គួរបំពេញអង្គនោះ ដោយបំណងថា ធ្វើដូចម្ដេចហ្ន៎ ឲ្យអាត្មាអញគប្បីជាអ្នកមានសទ្ធាផង មានសីលផង ម្នាលភិក្ខុទាំងឡាយ កាលណា ភិក្ខុជាអ្នកមានសទ្ធាផង មានសីលផង យ៉ាងនេះ ទើបភិក្ខុនោះ ឈ្មោះថា បរិបូរដោយអង្គនោះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកមានសទ្ធាផង មានសីលផង តែមិនមែនជាពហុស្សូតទេ យ៉ាងនេះ ភិក្ខុនោះ ឈ្មោះថា មិនបរិបូរដោយអង្គនោះ ភិក្ខុនោះ គួរបំពេញអង្គនោះ ដោយបំណងថា ធ្វើដូចម្ដេចហ្ន៎ ឲ្យអាត្មាអញគប្បីជាអ្នកមានសទ្ធាផង មានសីលផង ជាពហុស្សូតផងហើយ យ៉ាងនេះ ទើបភិក្ខុនោះ ឈ្មោះថា បរិបូរដោយអង្គនោះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកមានសទ្ធាផង មានសីលផង ជាពហុស្សូតផង តែមិនមែនធម្មកថិកទេ។ បេ។ ជាធម្មកថិកផង តែមិនមែនជាអ្នកចូលទៅកាន់បរិសទ្យទេ។បេ។ ជាអ្នកចូលទៅកាន់បរិសទ្យផង តែមិនមែនជាអ្នកក្លៀវក្លាខាងសំដែងធម៌កណ្ដាលបរិសទ្យទេ។បេ។ ជាអ្នកក្លៀវក្លាខាងសំដែងធម៌កណ្ដាលបរិសទ្យផង តែជាអ្នកមិនបានតាមប្រាថ្នា មិនបានដោយងាយ មិនបានដោយស្រួល នូវឈានទាំង៤ ដែលជាធម៌អាស្រ័យនៅនឹងចិត្តដ៏ថ្លៃថ្លា ជាគ្រឿងនៅជាសុខ ក្នុងបច្ចុប្បន្នទេ។បេ។ ជាអ្នកបានតាមប្រាថ្នា បានដោយងាយ បានដោយស្រួល នូវឈានទាំង៤ ដែលជាធម៌អាស្រ័យនៅនឹងចិត្តដ៏ថ្លៃថ្លា ជាគ្រឿងនៅជាសុខ ក្នុងបច្ចុប្បន្នផង តែមិនធ្វើឲ្យជាក់ច្បាស់ សម្រេចនូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់អាសវៈទាំងឡាយ ដោយប្រាជ្ញាដ៏ឧត្ដម ដោយខ្លួនឯង ក្នុងបច្ចុប្បន្នទេ យ៉ាងនេះ ទើបភិក្ខុនោះ ឈ្មោះថា មិនបរិបូរដោយអង្គនោះ ភិក្ខុនោះ គួរបំពេញអង្គនោះ ដោយបំណងថា ធ្វើដូចម្ដេចហ្ន៎ ឲ្យអាត្មាអញគប្បីជាអ្នកមានសទ្ធាផង មានសីលផង ជាពហុស្សូតផង ជាធម្មកថិកផង ជាអ្នកចូលទៅកាន់បរិសទ្យផង ជាអ្នកក្លៀវក្លា ខាងសំដែងធម៌កណ្ដាលបរិសទ្យផង ជាអ្នកបានតាមប្រាថ្នា បានដោយងាយ បានដោយស្រួល នូវឈានទាំង៤ ដែលជាធម៌អាស្រ័យនៅនឹងចិត្តដ៏ថ្លៃថ្លា ជាគ្រឿងនៅជាសុខ ក្នុងបច្ចុប្បន្នផង ហើយធ្វើឲ្យជាក់ច្បាស់ សម្រេចនូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់អាសវៈទាំងឡាយ ដោយប្រាជ្ញាដ៏ឧត្ដម ដោយខ្លួនឯង ក្នុងបច្ចុប្បន្នផង ម្នាលភិក្ខុទាំងឡាយ កាលណា ភិក្ខុជាអ្នកមានសទ្ធាផង មានសីលផង ជាពហុស្សូតផង ជាធម្មកថិកផង ជាអ្នកចូលទៅកាន់បរិសទ្យផង ជាអ្នកក្លៀវក្លា ខាងសំដែងធម៌កណ្ដាលបរិសទ្យផង ជាអ្នកបានតាមប្រាថ្នា បានដោយងាយ បានដោយស្រួល នូវឈានទាំង៤ ដែលជាធម៌អាស្រ័យនៅនឹងចិត្តដ៏ថ្លៃថ្លា ជាគ្រឿងនៅជាសុខ ក្នុងបច្ចុប្បន្នផង ហើយបានធ្វើឲ្យជាក់ច្បាស់ សម្រេចនូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់អាសវៈទាំងឡាយ ដោយប្រាជ្ញាដ៏ឧត្ដម ដោយខ្លួនឯង ក្នុងបច្ចុប្បន្នផង យ៉ាងនេះ ទើបភិក្ខុនោះ ឈ្មោះថា បរិបូរដោយអង្គនោះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុបរិបូរដោយធម៌ទាំង ៨ យ៉ាងនេះ ឈ្មោះថា ជាអ្នកបណ្ដុះសេចក្ដីជ្រះថ្លា ឲ្យកើតដោយគ្រប់គ្រាន់ផង ឈ្មោះថា ជាអ្នកបរិបូរដោយអាការៈ គឺចំណែកនៃសមណធម៌សព្វគ្រប់ផង។
ទុតិយសទ្ធាសូត្រ ទី២
[៧៩] ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកមានសទ្ធា តែមិនមានសីលទេ យ៉ាងនេះ ភិក្ខុនោះឈ្មោះថា មិនបរិបូរដោយអង្គនោះ ភិក្ខុនោះ គួរបំពេញអង្គនោះ ដោយបំណងថា ធ្វើដូចម្ដេចហ្ន៎ អាត្មាអញ គប្បីជាអ្នកមានសទ្ធាផង មានសីលផង ម្នាលភិក្ខុទាំងឡាយ កាលណា ភិក្ខុជាអ្នកមានសទ្ធាផង មានសីលផង យ៉ាងនេះ ទើបភិក្ខុនោះឈ្មោះថា បរិបូរដោយអង្គនោះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកមានសទ្ធាផង មានសីលផង តែមិនមែនជាពហុស្សូតទេ។បេ។ ជាពហុស្សូតផង តែមិនមែនជាធម្មកថិកទេ។បេ។ ជាធម្មកថិកផង តែមិនមែនជាអ្នកចូលទៅកាន់បរិសទ្យទេ។បេ។ ជាអ្នកចូលទៅកាន់បរិសទ្យផង តែមិនមែនជាអ្នកក្លៀវក្លាខាងសំដែងធម៌កណ្ដាលបរិសទ្យទេ។បេ។ ជាអ្នកក្លៀវក្លា ខាងសំដែងធម៌កណ្ដាលបរិសទ្យផង ជាអ្នកពាល់ត្រូវនូវពួកវិមោក្ខដ៏ល្អិត ជាអរូបជ្ឈានដែលកន្លងផុតនូវរូបជ្ឈាន ដោយនាមកាយផង តែមិនទាន់ធ្វើឲ្យជាក់ច្បាស់ សម្រេចនូវចេតោវិមុត្តិ និងបញ្ញាវិមិត្តិ ដែលមិនមានអាសវៈ ព្រោះអស់អាសវៈទាំងឡាយ ដោយប្រាជ្ញាដ៏ឧត្ដម ដោយខ្លួនឯង ក្នុងបច្ចុប្បន្ននៅឡើយ យ៉ាងនេះ ភិក្ខុនោះ ឈ្មោះថា មិនទាន់បរិបូរដោយអង្គនោះ ភិក្ខុនោះ គួរបំពេញអង្គនោះ ដោយបំណងថា ធ្វើដូចម្ដេចហ្ន៎ ឲ្យអាត្មាអញ គប្បីជាអ្នកមានសទ្ធាផង មានសីលផង ជាពហុស្សូតផង ជាធម្មកថិកផង ជាអ្នកចូលទៅកាន់បរិសទ្យផង ជាអ្នកក្លៀវក្លា ខាងសំដែងធម៌កណ្ដាលបរិសទ្យផង ជាអ្នកពាល់ត្រូវនូវពួកវិមោក្ខដ៏ល្អិត ជាអរូបជ្ឈានដែលកន្លងផុតរូបជ្ឈាន ដោយនាមកាយផង បានធ្វើឲ្យជាក់ច្បាស់ សម្រេចនូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់អាសវៈទាំងឡាយ ដោយប្រាជ្ញាដ៏ឧត្ដម ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន ម្នាលភិក្ខុទាំងឡាយ កាលណា ភិក្ខុជាអ្នកមានសទ្ធាផង មានសីលផង ជាពហុស្សូតផង ជាធម្មកថិកផង ជាអ្នកចូលទៅកាន់បរិសទ្យផង ជាអ្នកក្លៀវក្លា ខាងសំដែងធម៌កណ្ដាលបរិសទ្យផង ជាអ្នកពាល់ត្រូវនូវពួកវិមោក្ខដ៏ល្អិត ជាអរូបជ្ឈានដែលកន្លងផុតនូវរូបជ្ឈាន ដោយនាមកាយផង បានធ្វើឲ្យជាក់ច្បាស់។បេ។ ព្រោះអស់អាសវៈទាំងឡាយ យ៉ាងនេះ ទើបភិក្ខុនោះ ឈ្មោះថា បរិបូរដោយអង្គនោះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុបរិបូរដោយធម៌ទាំង ៨ យ៉ាងនេះ ឈ្មោះថា ជាអ្នកបណ្ដុះសេចក្ដីជ្រះថ្លា ឲ្យកើតដោយគ្រប់គ្រាន់ផង ឈ្មោះថា ជាអ្នកបរិបូរដោយអាការៈ គឺចំណែកនៃសមណធម៌សព្វគ្រប់ផង។
បឋមមរណស្សតិសូត្រ ទី៣
[៨០] សម័យមួយ ព្រះដ៏មានព្រះភាគ កាលគង់នៅក្នុងគិញ្ជកាវសថៈ (ប្រាសាទឥដ្ឋ) ជិតនាទិកគ្រាម។ ក្នុងទីនោះឯង ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ហៅពួកភិក្ខុថា ម្នាលភិក្ខុទាំងឡាយ។ ភិក្ខុទាំងនោះ ទទួលព្រះពុទ្ធដីការបស់ព្រះដ៏មានព្រះភាគថា ព្រះករុណា ព្រះអង្គ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ មរណស្សតិ ដែលភិក្ខុចំរើនហើយ ធ្វើឲ្យច្រើនហើយ មានផលច្រើន មានអានិសង្សច្រើន ឈមចុះកាន់អមតៈ មានអមតៈជាទីបំផុត ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ បានចំរើនមរណស្សតិឬទេ។
កាលព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ ភិក្ខុមួយរូប ក្រាបទូលព្រះដ៏មានព្រះភាគយ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គចំរើនមរណស្សតិ។ ម្នាលភិក្ខុ ចុះអ្នកចំរើនមរណស្សតិ ដូចម្ដេច។ បពិត្រព្រះអង្គដ៏ចំរើន ឥឡូវនេះ ខ្ញុំព្រះអង្គមានសេចក្ដីត្រិះរិះយ៉ាងនេះថា ធ្វើដូចម្ដេចហ្ន៎ អាត្មាអញ គប្បីរស់នៅអស់យប់ និងថ្ងៃ អាត្មាអញ គប្បីធ្វើទុកក្នុងចិត្តនូវពាក្យប្រៀនប្រដៅ របស់ព្រះដ៏មានព្រះភាគ អាត្មាអញ គប្បីធ្វើកិច្ចការឲ្យបានច្រើន (ក្នុងសាសនារបស់ព្រះអង្គ) បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ ចំរើនមរណស្សតិ យ៉ាងនេះ។
មានភិក្ខុមួយរូបទៀត ក្រាបទូលព្រះដ៏មានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ ចំរើនមរណស្សតិដែរ។ ម្នាលភិក្ខុ ចុះអ្នកចំរើនមរណស្សតិដូចម្ដេច។ បពិត្រព្រះអង្គដ៏ចំរើន ឥឡូវនេះ ខ្ញុំព្រះអង្គមានសេចក្ដីត្រិះរិះយ៉ាងនេះថា ធ្វើដូចម្ដេចហ្ន៎ អាត្មាអញ គប្បីរស់នៅអស់ ១ថ្ងៃ អាត្មាអញ ធ្វើទុកក្នុងចិត្តនូវពាក្យប្រៀនប្រដៅ របស់ព្រះដ៏មានព្រះភាគ អាត្មាអញ គប្បីធ្វើកិច្ចការ ឲ្យបានច្រើន បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ ចំរើនមរណស្សតិយ៉ាងនេះ។
មានភិក្ខុមួយរូបទៀត ក្រាបទូលព្រះដ៏មានព្រះភាគយ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ ចំរើនមរណស្សតិដែរ។ ម្នាលភិក្ខុ ចុះអ្នកចំរើនមរណស្សតិដូចម្ដេច។ បពិត្រព្រះអង្គដ៏ចំរើន ឥឡូវនេះ ខ្ញុំព្រះអង្គមានសេចក្ដីត្រិះរិះយ៉ាងនេះថា ធ្វើដូចម្ដេចហ្ន៎ អាត្មាអញ គប្បីរស់នៅអស់កន្លះថ្ងៃ អាត្មាអញ គប្បីធ្វើទុកក្នុងចិត្តនូវពាក្យប្រៀនប្រដៅ របស់ព្រះដ៏មានព្រះភាគ អាត្មាអញ គប្បីធ្វើកិច្ចការឲ្យបានច្រើន បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ ចំរើនមរណស្សតិយ៉ាងនេះ។
មានភិក្ខុមួយរូបទៀត ក្រាបទូលព្រះដ៏មានព្រះភាគយ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ ចំរើនមរណស្សតិដែរ។ ម្នាលភិក្ខុ ចុះអ្នកចំរើនមរណស្សតិ ដូចម្ដេច។ បពិត្រព្រះអង្គដ៏ចំរើន ឥឡូវនេះ ខ្ញុំព្រះអង្គមានសេចក្ដីត្រិះរិះយ៉ាងនេះថា ធ្វើដូចម្ដេចហ្ន៎ អាត្មាអញ គប្បីរស់នៅត្រឹមខណៈឆាន់ចង្ហាន់បិណ្ឌបាតម្ដង អាត្មាអញ គប្បីធ្វើទុកក្នុងចិត្តនូវពាក្យប្រៀនប្រដៅ របស់ព្រះដ៏មានព្រះភាគ អាត្មាអញ គប្បីធ្វើកិច្ចការឲ្យបានច្រើន បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ ចំរើនមរណស្សតិយ៉ាងនេះ។
មានភិក្ខុមួយរូបទៀត ក្រាបទូលព្រះដ៏មានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ ចំរើនមរណស្សតិដែរ។ ម្នាលភិក្ខុ ចុះអ្នកចំរើនមរណស្សតិ ដូចម្ដេច។ បពិត្រព្រះអង្គដ៏ចំរើន ឥឡូវនេះ ខ្ញុំព្រះអង្គ មានសេចក្ដីត្រិះរិះយ៉ាងនេះថា ធ្វើដូចម្ដេចហ្ន៎ អាត្មាអញ គប្បីរស់នៅបានត្រឹមខណៈឆាន់ចង្ហាន់បិណ្ឌបាតពាក់កណ្ដាល អាត្មាអញ គប្បីធ្វើទុកក្នុងចិត្តនូវពាក្យប្រៀនប្រដៅ របស់ព្រះដ៏មានព្រះភាគ អាត្មាអញ គប្បីធ្វើកិច្ចការឲ្យបានច្រើន បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ ចំរើននូវមរណស្សតិយ៉ាងនេះ។
មានភិក្ខុមួយរូបទៀត ក្រាបទូលព្រះដ៏មានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ ចំរើនមរណស្សតិដែរ។ ម្នាលភិក្ខុ ចុះអ្នកចំរើនមរណស្សតិ ដូចម្ដេច។ បពិត្រព្រះអង្គដ៏ចំរើន ឥឡូវនេះ ខ្ញុំព្រះអង្គមានសេចក្ដីត្រិះរិះយ៉ាងនេះថា ធ្វើដូចម្ដេចហ្ន៎ ឲ្យអាត្មាអញ គប្បីរស់នៅបានត្រឹមខណៈ ដែលទំពាពំនូតបាយ ៤ ឬ ៥ ពំនូត លេបចូលទៅ អាត្មាអញ គប្បីធ្វើទុកក្នុងចិត្តនូវពាក្យប្រៀនប្រដៅ របស់ព្រះដ៏មានព្រះភាគ អាត្មាអញ គប្បីធ្វើកិច្ចការឲ្យបានច្រើន បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ ចំរើនមរណស្សតិយ៉ាងនេះ។
មានភិក្ខុមួយរូបទៀត ក្រាបទូលព្រះដ៏មានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ ចំរើនមរណស្សតិដែរ។ ម្នាលភិក្ខុ ចុះអ្នកចំរើនមរណស្សតិ ដូចម្ដេច។ បពិត្រព្រះអង្គដ៏ចំរើន ឥឡូវនេះ ខ្ញុំព្រះអង្គ មានសេចក្ដីត្រិះរិះយ៉ាងនេះថា ធ្វើដូចម្ដេចហ្ន៎ អាត្មាអញ គប្បីរស់នៅត្រឹមខណៈទំពាលេបអស់ ១ ពំនូត អាត្មាអញ គប្បីធ្វើទុកក្នុងចិត្តនូវពាក្យប្រៀនប្រដៅ របស់ព្រះដ៏មានព្រះភាគ អាត្មាអញ គប្បីធ្វើកិច្ចការឲ្យបានច្រើន បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ ចំរើនមរណស្សតិយ៉ាងនេះ។
មានភិក្ខុមួយរូបទៀត ក្រាបទូលព្រះដ៏មានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ ចំរើនមរណស្សតិដែរ។ ម្នាលភិក្ខុ ចុះអ្នកចំរើនមរណស្សតិ ដូចម្ដេច។ បពិត្រព្រះអង្គដ៏ចំរើន ឥឡូវនេះ ខ្ញុំព្រះអង្គមានសេចក្ដីត្រិះរិះយ៉ាងនេះថា ធ្វើដូចម្ដេចហ្ន៎ អាត្មាអញ គប្បីរស់នៅត្រឹមខណៈ ដែលដកដង្ហើមចូល ហើយចេញ ឬដកដង្ហើមចេញ ហើយចូល អាត្មាអញ គប្បីធ្វើទុកក្នុងចិត្តនូវពាក្យប្រៀនប្រដៅ របស់ព្រះដ៏មានព្រះភាគ អាត្មាអញ គប្បីធ្វើកិច្ចការឲ្យបានច្រើន បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ ចំរើនមរណស្សតិយ៉ាងនេះ។
កាលបើពួកភិក្ខុទាំងនោះ ក្រាបទូលយ៉ាងនេះហើយ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់នឹងពួកភិក្ខុទាំងនោះយ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុណា ចំរើនមរណស្សតិ ដោយសេចក្ដីត្រិះរិះ យ៉ាងនេះថា ធ្វើដូចម្ដេចហ្ន៎ ឲ្យអាត្មាអញ គប្បីរស់នៅ អស់យប់ និងថ្ងៃ អាត្មាអញ គប្បីធ្វើទុកក្នុងចិត្តនូវពាក្យប្រៀនប្រដៅ របស់ព្រះដ៏មានព្រះភាគ អាត្មាអញ គប្បីធ្វើកិច្ចការឲ្យបានច្រើន។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុណា ចំរើនមរណស្សតិដោយសេចក្ដីត្រិះរិះ យ៉ាងនេះថា ធ្វើដូចម្ដេចហ្ន៎ ឲ្យអាត្មាអញ គប្បីរស់នៅអស់ ១ថ្ងៃ អាត្មាអញ គប្បីធ្វើទុកក្នុងចិត្ត នូវពាក្យប្រៀនប្រដៅ របស់ព្រះដ៏មានព្រះភាគ អាត្មាអញ គប្បីធ្វើកិច្ចការឲ្យបានច្រើន។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុណា ចំរើនមរណស្សតិដោយសេចក្ដីត្រិះរិះ យ៉ាងនេះថា ធ្វើដូចម្ដេចហ្ន៎ អាត្មាអញ គប្បីរស់នៅអស់កន្លះថ្ងៃ អាត្មាអញ គប្បីធ្វើទុកក្នុងចិត្តនូវពាក្យប្រៀនប្រដៅ របស់ព្រះដ៏មានព្រះភាគ អាត្មាអញ គប្បីធ្វើកិច្ចការឲ្យបានច្រើន។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុណា ចំរើនមរណស្សតិ ដោយសេចក្ដីត្រិះរិះយ៉ាងនេះថា ធ្វើដូចម្ដេចហ្ន៎ ឲ្យអាត្មាអញ គប្បីរស់នៅត្រឹមខណៈឆាន់ចង្ហាន់បិណ្ឌបាតម្ដង អាត្មាអញ គប្បីធ្វើទុកក្នុងចិត្តនូវពាក្យប្រៀនប្រដៅ របស់ព្រះដ៏មានព្រះភាគ អាត្មាអញ គប្បីធ្វើកិច្ចការឲ្យបានច្រើន។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុណា ចំរើនមរណស្សតិ ដោយសេចក្ដីត្រិះរិះ យ៉ាងនេះថា ធ្វើដូចម្ដេចហ្ន៎ ឲ្យអាត្មាអញ គប្បីរស់នៅត្រឹមខណៈឆាន់ចង្ហាន់បិណ្ឌបាតពាក់កណ្ដាល អាត្មាអញ គប្បីធ្វើទុកក្នុងចិត្តនូវពាក្យប្រៀនប្រដៅ របស់ព្រះដ៏មានព្រះភាគ អាត្មាអញ គប្បីធ្វើកិច្ចការឲ្យបានច្រើន។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុណា ចំរើនមរណស្សតិដោយសេចក្ដីត្រិះរិះ យ៉ាងនេះថា ធ្វើដូចម្ដេចហ្ន៎ ឲ្យអាត្មាអញ គប្បីរស់នៅត្រឹមខណៈ ទំពាពំនូតបាយ ៤ ឬ ៥ ពំនូត លេបចូលទៅ អាត្មាអញ គប្បីធ្វើទុកក្នុងចិត្តនូវពាក្យប្រៀនប្រដៅ របស់ព្រះដ៏មានព្រះភាគ អាត្មាអញ គប្បីធ្វើកិច្ចការឲ្យបានច្រើន។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុទាំងអម្បាលនេះ ហៅថា មានសេចក្ដីប្រមាទនៅឡើយ ចំរើនមរណស្សតិ ដើម្បីធ្វើឲ្យអស់អាសវៈទាំងឡាយ យឺតយូរទេ។
ម្នាលភិក្ខុទាំងឡាយ ភិក្ខុណា ចំរើនមរណស្សតិ ដោយសេចក្ដីត្រិះរិះ យ៉ាងនេះថា ធ្វើដូចម្ដេចហ្ន៎ ឲ្យអាត្មាអញ គប្បីរស់នៅត្រឹមខណៈទំពាលេបបាយ ១ ពំនូត អាត្មាអញ គប្បីធ្វើទុកក្នុងចិត្តនូវពាក្យប្រៀនប្រដៅ របស់ព្រះដ៏មានព្រះភាគ អាត្មាអញ គប្បីធ្វើកិច្ចការឲ្យបានច្រើន។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុណា ចំរើនមរណស្សតិ ដោយសេចក្ដីត្រិះរិះ យ៉ាងនេះថា ធ្វើដូចម្ដេចហ្ន៎ អាត្មាអញ គប្បីរស់នៅត្រឹមខណៈ ដែលដកដង្ហើមចូល ហើយចេញ ឬដកដង្ហើមចេញ ហើយចូល អាត្មាអញ គប្បីធ្វើទុកក្នុងចិត្តនូវពាក្យប្រៀនប្រដៅ របស់ព្រះដ៏មានព្រះភាគ អាត្មាអញ គប្បីធ្វើកិច្ចការឲ្យបានច្រើន។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុទាំងអម្បាលនេះ ហៅថា មិនមានសេចក្ដីប្រមាទ ចំរើនមរណស្សតិ ដើម្បីឲ្យអស់អាសវៈទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ ភិក្ខុក្នុងសាសនានេះ ត្រូវសិក្សាយ៉ាងនេះថា ពួកយើងនឹងមិនមានសេចក្ដីប្រមាទ និងចំរើនមរណស្សតិ ដើម្បីធ្វើឲ្យអស់អាសវៈទាំងឡាយ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ត្រូវសិក្សាយ៉ាងនេះណ៎ា។
ទុតិយមរណស្សតិសូត្រ ទី៤
[៨១] សម័យមួយ ព្រះដ៏មានព្រះភាគ កាលគង់នៅក្នុងគិញ្ជកាវសថៈ ជិតនាទិកគ្រាម។ ក្នុងទីនោះឯង ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់នឹងភិក្ខុទាំងឡាយថា។បេ។ ម្នាលភិក្ខុទាំងឡាយ មរណស្សតិ ដែលភិក្ខុចំរើនហើយ សន្សំរឿយៗហើយ មានផលច្រើន មានអានិសង្សច្រើន ឈមចុះកាន់អមតៈ មានអមតៈជាទីបំផុត។ ម្នាលភិក្ខុទាំងឡាយ ចុះមរណស្សតិ ដែលភិក្ខុចំរើនហើយ តើដូចម្ដេច សន្សំរឿយៗហើយ មានផលច្រើន មានអានិសង្សច្រើន ឈមចុះកាន់អមតៈ មានអមតៈជាទីបំផុត តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ កាលបើថ្ងៃកន្លងទៅហើយ យប់មកដល់វិញ តែងពិចារណាដូច្នេះថា ហេតុនៃសេចក្ដីស្លាប់ របស់អាត្មាអញ មានច្រើនណាស់តើ (ដូចជា) ពស់ចឹកអាត្មាអញក្ដី ខ្ទួយទិចអាត្មាអញក្ដី ក្អែបខាំអាត្មាអញក្ដី អាត្មាអញនឹងស្លាប់ អន្ដរាយ [អន្តរាយ មាន ៣ យ៉ាងគឺ ជីវិតន្តរាយ ១ សមណធម្មន្តរាយ ១ សគ្គមគ្គន្តរាយ ១។ អដ្ឋកថា។] នោះ នឹងមានដល់អាត្មាអញ ព្រោះហេតុតែពស់ចឹកជាដើមនោះ អាត្មាអញ ភ្លាត់ដួលក្ដី ភត្តដែលអាត្មាអញបរិភោគហើយ ហល់ក្ដី ប្រមាត់របស់អាត្មាអញ កម្រើកក្ដី ស្លេស្មរបស់អាត្មាអញកម្រើកក្ដី កងខ្យល់ដូចសស្រ្ដាវុធរបស់អាត្មាអញ កម្រើកក្ដី ពួកមនុស្សព្យាយាមសម្លាប់អាត្មាអញក្ដី ពួកអមនុស្សព្យាយាមសម្លាប់អាត្មាអញក្ដី អាត្មាអញនឹងស្លាប់ អន្តរាយនោះ នឹងមានដល់អាត្មាអញ ព្រោះហេតុតែភ្លាត់ដួលជាដើមនោះ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះ ត្រូវពិចារណាថា អកុសលធម៌ទាំងឡាយដ៏លាមកណា នាំឲ្យអន្តរាយដល់អាត្មាអញ ដែលធ្វើមរណកាល ក្នុងរាត្រី អកុសលធម៌ដ៏លាមកនោះ អាត្មាអញ មិនទាន់បានលះបង់នៅឡើយ មានដែរឬទេ ម្នាលភិក្ខុទាំងឡាយ ប្រសិនបើភិក្ខុពិចារណាដឹងយ៉ាងនេះថា អកុសលធម៌ទាំងឡាយដ៏លាមកណា នាំឲ្យអន្តរាយដល់អាត្មាអញ ដែលធ្វើមរណកាល ក្នុងរាត្រី អកុសលធម៌ដ៏លាមកទាំងនោះ អាត្មាអញមិនទាន់បានលះបង់ហើយ នៅមានមែន ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះ ត្រូវធ្វើឆន្ទៈផង សេចក្ដីព្យាយាមផង ឧស្សាហៈផង សេចក្ដីខ្នះខ្នែងផង សេចក្ដីមិនរួញរាផង សតិផង សម្បជញ្ញៈផង ឲ្យខ្លាំង ដើម្បីលះបង់នូវអកុសលធម៌ដ៏លាមកទាំងនោះចេញឲ្យឆាប់ ម្នាលភិក្ខុទាំងឡាយ ដូចបុគ្គលមានសំពត់ឆេះក្ដី មានក្បាលឆេះក្ដី ត្រូវធ្វើឆន្ទៈផង សេចក្ដីព្យាយាមផង ឧស្សាហៈផង សេចក្ដីខ្នះខ្នែងផង សេចក្ដីមិនរួញរាផង សតិផង សម្បជញ្ញៈផង ឲ្យខ្លាំង ដើម្បីនឹងលត់សំពត់នោះផង លត់ក្បាលនោះផង យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះ ត្រូវធ្វើឆន្ទៈផង សេចក្ដីព្យាយាមផង ឧស្សាហៈផង សេចក្ដីខ្នះខ្នែងផង សេចក្ដីមិនរួញរាផង សតិផង សម្បជញ្ញៈផង ឲ្យខ្លាំង ដើម្បីនឹងលះអកុសលធម៌ដ៏លាមកទាំងនោះចេញ ឲ្យឆាប់យ៉ាងនោះដែរ ម្នាលភិក្ខុទាំងឡាយ ប្រសិនបើ ភិក្ខុពិចារណាដឹង យ៉ាងនេះថា អកុសលធម៌ទាំងឡាយ ដ៏លាមកណា នាំឲ្យអន្តរាយដល់អាត្មាអញ ដែលធ្វើមរណកាល ក្នុងរាត្រី អកុសលធម៌ដ៏លាមកទាំងនោះ អាត្មាអញមិនទាន់បានលះហើយ មិនមានទេ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះ គប្បីជាអ្នកសិក្សារឿយៗ ទាំងថ្ងៃទាំងយប់ ក្នុងកុសលធម៌ទាំងឡាយ ដោយបីតិ និងបាមោជ្ជនោះចុះ។
មួយទៀត ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ កាលបើយប់កន្លងទៅហើយ ថ្ងៃមកដល់វិញ តែងពិចារណាដូច្នេះថា ហេតុនៃសេចក្ដីស្លាប់ របស់អាត្មាអញ មានច្រើន ណាស់តើ (ជួនជា) ពស់ចឹកអាត្មាអញក្ដី ខ្ទួយទិចអាត្មាអញក្ដី ក្អែបខាំអាត្មាអញក្ដី អាត្មាអញនឹងស្លាប់ អន្ដរាយនោះ នឹងមានដល់អាត្មាអញ ព្រោះហេតុតែពស់ចឹកជាដើមនោះ (ឬមួយ) អាត្មាអញ ភ្លាត់ដួលក្ដី ភត្តដែលអាត្មាអញ បរិភោគហើយ ហល់ក្ដី ប្រមាត់របស់អាត្មាអញកម្រើកក្ដី ស្លេស្មរបស់អាត្មាអញ កម្រើកក្ដី កងខ្យល់ដូចសស្រ្ដាវុធរបស់អាត្មាអញកម្រើកក្ដី ពួកមនុស្សព្យាយាមសម្លាប់អាត្មាអញក្ដី ពួកអមនុស្សព្យាយាម សម្លាប់អាត្មាអញក្ដី អាត្មាអញនឹងស្លាប់ អន្តរាយនោះ នឹងមានដល់អាត្មាអញ ព្រោះហេតុតែភ្លាត់ដួលជាដើមនោះ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះ ត្រូវពិចារណាថា អកុសលធម៌ទាំងឡាយដ៏លាមកណា នាំឲ្យអន្តរាយដល់អាត្មាអញ ដែលធ្វើមរណកាលក្នុងវេលាថ្ងៃ អកុសលធម៌ដ៏លាមកទាំងនោះ អាត្មាអញមិនទាន់បានលះបង់ហើយ មានដែរឬទេ ម្នាលភិក្ខុទាំងឡាយ ប្រសិនបើ ភិក្ខុពិចារណាដឹង យ៉ាងនេះថា អកុសលធម៌ទាំងឡាយដ៏លាមកណា នាំឲ្យអន្តរាយដល់អាត្មាអញ ដែលធ្វើមរណកាល ក្នុងវេលាថ្ងៃ អកុសលធម៌ដ៏លាមកទាំងនោះ អាត្មាអញមិនទាន់បានលះនៅឡើយ នៅមានមែន ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះ ត្រូវធ្វើឆន្ទៈផង សេចក្ដីព្យាយាមផង ឧស្សាហៈផង សេចក្ដីខ្នះខ្នែងផង សេចក្ដីមិនរួញរាផង សតិផង សម្បជញ្ញៈផង ឲ្យខ្លាំង ដើម្បីនឹងលះអកុសលធម៌ដ៏លាមកទាំងនោះចេញឲ្យឆាប់ ម្នាលភិក្ខុទាំងឡាយ ដូចបុគ្គលមានសំពត់ឆេះក្ដី មានក្បាលឆេះក្ដី ត្រូវធ្វើឆន្ទៈផង សេចក្ដីព្យាយាមផង ឧស្សាហៈផង សេចក្ដីខ្នះខ្នែងផង សេចក្ដីមិនរួញរាផង សតិផង សម្បជញ្ញៈផង ឲ្យខ្លាំង ដើម្បីនឹងលត់សំពត់ ឬក្បាលនោះ យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះ ត្រូវធ្វើឆន្ទៈផង សេចក្ដីព្យាយាមផង ឧស្សាហៈផង សេចក្ដីខ្នះខ្នែងផង សេចក្ដីមិនរួញរាផង សតិផង សម្បជញ្ញៈផង ឲ្យខ្លាំង ដើម្បីនឹងលះអកុសលធម៌ដ៏លាមកទាំងនោះចេញឲ្យឆាប់ យ៉ាងនោះដែរ ម្នាលភិក្ខុទាំងឡាយ ប្រសិនបើ ភិក្ខុពិចារណាដឹងយ៉ាងនេះថា អកុសលធម៌ទាំងឡាយ ដ៏លាមកណា នាំឲ្យអន្តរាយដល់អាត្មាអញ ដែលធ្វើមរណកាល ក្នុងវេលាថ្ងៃ អកុសលធម៌ដ៏លាមកទាំងនោះ អាត្មាអញមិនទាន់បានលះហើយ មិនមានទេ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះ គប្បីជាអ្នកសិក្សារឿយៗ ទាំងថ្ងៃ ទាំងយប់ ក្នុងកុសលធម៌ទាំងឡាយ ដោយបីតិ និងបាមោជ្ជនោះចុះ។ ម្នាលភិក្ខុទាំងឡាយ មរណស្សតិ ដែលភិក្ខុចំរើនហើយយ៉ាងនេះ សន្សំរឿយៗហើយយ៉ាងនេះ មានផលច្រើន មានអានិសង្សច្រើន ឈមចុះកាន់អមតៈ មានអមតៈជាទីបំផុត។
បឋមសម្បទាសូត្រ ទី៥
[៨២] ម្នាលភិក្ខុទាំងឡាយ សម្បទានេះ មាន ៨ យ៉ាង។ ៨យ៉ាង គឺអ្វីខ្លះ។ គឺឧដ្ឋានសម្បទា ១ អារក្ខសម្បទា ១ កល្យាណមិត្តតា ១ សមជីវិតា ១ សទ្ធាសម្បទា ១ សីលសម្បទា ១ ចាគសម្បទា ១ បញ្ញាសម្បទា ១។ ម្នាលភិក្ខុទាំងឡាយ នេះសម្បទា ៨ យ៉ាង។
បុគ្គលអ្នកប្រឹងប្រែង មានវិធានការ មិនបណ្ដែតបណ្ដោយ ក្នុងការងារទាំងឡាយតែងចិញ្ចឹមជិវិតស្មើ រក្សាទ្រព្យដែលខ្លួនរកបានមក មានសទ្ធា បរិបូណ៌ដោយសីល ឈ្លាសក្នុងសំដី លះចោលសេចក្ដីកំណាញ់ ជំរះនូវផ្លូវសម្រាប់ទៅកាន់លោកខាងមុខ ឲ្យមានសួស្ដីជានិច្ច ធម៌ទាំង ៨ យ៉ាងនេះ នាំមកនូវសេចក្ដីសុខ ក្នុងលោកទាំងពីរ ដែលព្រះសម្ពុទ្ធទ្រង់ព្រះនាមថាសច្ចៈ ទ្រង់សំដែងហើយ ដល់កុលបុត្តអ្នកមានសទ្ធា នៅគ្រប់គ្រងផ្ទះ មួយទៀត ការបរិច្ចាគ និងបុណ្យដ៏សេសនេះ តែងចម្រើនដល់ពួកគ្រហស្ថ ដើម្បីសេចក្ដីចម្រើន និងប្រយោជន៍ ក្នុងបច្ចុប្បន្នផង ដើម្បីសេចក្ដីសុខ ក្នុងលោកខាងមុខផង យ៉ាងនេះ។
ទុតិយសម្បទាសូត្រ ទី៦
[៨៣] ម្នាលភិក្ខុទាំងឡាយ សម្បទានេះ មាន៨ យ៉ាង។ ៨ យ៉ាង គឺអ្វីខ្លះ។ គឺឧដ្ឋានសម្បទា ១ អារក្ខសម្បទា ១ កល្យាណមិត្តតា ១ សមជីវិតា ១ សទ្ធាសម្បទា ១ សីលសម្បទា ១ ចាគសម្បទា ១ បញ្ញាសម្បទា ១។
ម្នាលភិក្ខុទាំងឡាយ ចុះឧដ្ឋានសម្បទា តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ កុលបុត្ត ក្នុងលោកនេះ ចិញ្ចឹមជីវិតដោយខំធ្វើការងារ ទោះបីធ្វើស្រែចម្ការក្ដី ជំនួញក្ដី រក្សាគោក្ដី ធ្វើសេនាយោធាក្ដី ធ្វើជារាជបុរសក្ដី ចេះសិល្បៈណាមួយក្ដី ជាអ្នកឈ្លាសក្នុងអំពើនោះៗ មិនខ្ជិលច្រអូស បរិបូណ៌ដោយការលៃលក មានល្បិចក្នុងការនោះថា គួរធ្វើ គួរចាត់ចែង ម្នាលភិក្ខុទាំងឡាយ នេះហៅថា ឧដ្ឋានសម្បទា។
ម្នាលភិក្ខុទាំងឡាយ ចុះអារក្ខសម្បទា តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ កុលបុត្តក្នុងលោកនេះ មានភោគៈច្រើនដែលខ្លួនរកបានមក ដោយការប្រឹងប្រែង ព្យាយាម សន្សំដោយកំឡាំងដៃ បែកញើសហូរញើស ប្រកបដោយធម៌ បានមកដោយធម៌ ហើយថែទាំភោគៈទាំងនោះ ដោយការរក្សា គ្រប់គ្រង ដោយបំណងថា ធ្វើដូចម្ដេចហ្ន៎ កុំឲ្យព្រះរាជាទាំងឡាយ រឹបជាន់យក កុំឲ្យពួកចោរលួចយក កុំឲ្យភ្លើងឆេះ កុំឲ្យទឹកលិច កុំឲ្យពួកទាយាទ មិនជាទីគាប់ចិត្តយកទៅបាន ម្នាលភិក្ខុទាំងឡាយ នេះហៅថា អារក្ខសម្បទា។
ម្នាលភិក្ខុទាំងឡាយ ចុះកល្យាណមិត្តតា តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ កុលបុត្តក្នុងលោកនេះ នៅក្នុងស្រុកណាក្ដី និគមណាក្តី ក្នុងស្រុក ឬនិគមនោះ មានពួកគហបតី ឬពួកគហបតិបុត្ត ទោះបីនៅក្មេង តែជាអ្នកចំរើនដោយសីល ទោះបីចាស់ ក៏ចំរើនដោយសីល មានសទ្ធាបរិបូណ៌ មានសីលបរិបូណ៌ មានចាគៈបរិបូណ៌ មានបញ្ញាបរិបូណ៌ កុលបុត្តតែងឋិតនៅចរចា សាកសួរ ជាមួយនឹងពួកគហបតីទាំងនោះ ហើយសិក្សារឿយៗនូវសទ្ធាសម្បទា នឹងពួកបុគ្គលដែលជាអ្នកមានសទ្ធាបរិបូណ៌ តាមសមគួរ សិក្សារឿយ ៗ នូវសីលសម្បទា នឹងពួកបុគ្គល ជាអ្នកមានសីលបរិបូណ៌ តាមសមគួរ សិក្សារឿយៗ នូវចាគសម្បទា នឹងពួកអ្នកមានចាគៈបរិបូណ៌ តាមសមគួរ សិក្សារឿយៗ នូវបញ្ញាសម្បទា នឹងពួកបុគ្គលអ្នកមានបញ្ញាបរិបូណ៌ តាមសមគួរ ម្នាលភិក្ខុទាំងឡាយ នេះហៅថា កល្យាណមិត្តតា។
ម្នាលភិក្ខុទាំងឡាយ ចុះសមជីវិតា តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ កុលបុត្ត ក្នុងលោកនេះ ស្គាល់សេចក្ដីចំរើនភោគៈទាំងឡាយផង ស្គាល់សេចក្ដីសាបសូន្យភោគៈ ទាំងឡាយផង ហើយចិញ្ចឹមជីវិតតាមសមគួរ មិនទូលាយពេក មិនក្បិតក្បៀតពេក ដោយបំណងយ៉ាងនេះថា សេចក្ដីចំរើនរបស់អាត្មាអញ នឹងគ្របសង្កត់សេចក្ដីវិនាសបាន ឯសេចក្ដីវិនាសរបស់អាត្មាអញ នឹងមិនគ្របសង្កត់សេចក្ដីចំរើនយ៉ាងនេះបានទេ ម្នាលភិក្ខុទាំងឡាយ ប្រៀបដូចអ្នកថ្លឹងក្ដី សិស្សរបស់អ្នកថ្លឹងក្ដី លើកជញ្ជីងឡើង ហើយដឹងថាស្រាល ព្រោះ (ខ្វះ) ប៉ុណ្ណេះ ឬធ្ងន់ ព្រោះ (លើស) ប៉ុណ្ណេះ យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ កុលបុត្តស្គាល់សេចក្ដីចំរើននូវភោគៈទាំងឡាយផង ស្គាល់សេចក្ដីសាបសូន្យភោគៈទាំងឡាយផង ហើយចិញ្ចឹមជីវិត តាមសមគួរ មិនទូលាយដៃពេក មិនក្បិតក្បៀតពេក ដោយបំណងយ៉ាងនេះថា សេចក្ដីចំរើនរបស់អាត្មាអញ នឹងគ្របសង្កត់សេចក្ដីវិនាសបាន ឯសេចក្ដីវិនាស របស់អាត្មាអញ នឹងមិនអាចគ្របសង្កត់សេចក្ដីចំរើន យ៉ាងនេះបានទេ ក៏យ៉ាងនោះដែរ។ ម្នាលភិក្ខុទាំងឡាយ ប្រសិនបើ កុលបុត្តនេះ មានសេចក្ដីចំរើនតិច គឺខ្សត់ទ្រព្យ ហើយចិញ្ចឹមជីវិតលើសលុប អ្នកផងតែងតិះដៀលកុលបុត្តនោះថា កុលបុត្តនេះ ស៊ីភោគៈ ដូចគេស៊ីផ្លែល្វា។ ម្នាលភិក្ខុទាំងឡាយ ប្រសិនបើ កុលបុត្តនេះ មានសេចក្ដីចំរើនច្រើន គឺមានទ្រព្យ ហើយចិញ្ចឹមជីវិត រលីបរលាប អ្នកផងតែងតិះដៀលកុលបុត្តនោះថា កុលបុត្តនេះ មុខតែនឹងស្លាប់ឥតមានទីពឹង។ ម្នាលភិក្ខុទាំងឡាយ កាលណាបើកុលបុត្តនេះ ស្គាល់សេចក្ដីចំរើនភោគៈទាំងឡាយផង ស្គាល់សេចក្ដីវិនាសភោគៈទាំងឡាយផង ហើយចិញ្ចឹមជីវិតស្មើ មិនទូលាយដៃពេក មិនក្បិតក្បៀតពេក ដោយបំណងថា សេចក្ដីចំរើនរបស់អាត្មាអញ នឹងគ្របសង្កត់សេចក្ដីវិនាសបាន ឯសេចក្ដីវិនាសរបស់អាត្មាអញ នឹងមិនអាចគ្របសង្កត់សេចក្ដីចំរើន យ៉ាងនេះបានទេ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សមជីវិតា។
ម្នាលភិក្ខុទាំងឡាយ ចុះសទ្ធាសម្បទា តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ កុលបុត្ត ក្នុងលោកនេះ ជាអ្នកមានសទ្ធា ជឿការត្រាស់ដឹងរបស់ព្រះតថាគតថា ព្រះដ៏មានព្រះភាគអង្គនោះ។បេ។ ជាគ្រូនៃទេវតា និងមនុស្សទាំងឡាយ ត្រាស់ដឹងនូវសច្ចៈទាំង៤ លែងវិលត្រឡប់មកកាន់ភពថ្មីទៀត ម្នាលភិក្ខុទាំងឡាយ នេះហៅថា សទ្ធាសម្បទា។
ម្នាលភិក្ខុទាំងឡាយ ចុះសីលសម្បទា តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ កុលបុត្តក្នុងលោកនេះ ជាអ្នកវៀរចាកកិរិយាសម្លាប់សត្វ។បេ។ ជាអ្នកវៀរចាកហេតុជាទីតាំងនៃសេចក្តីប្រមាទ គឺការផឹកនូវទឹកស្រវឹង បានខាងឯសុរា និងមេរ័យ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សីលសម្បទា។
ម្នាលភិក្ខុទាំងឡាយ ចុះចាគសម្បទា តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ កុលបុត្ត ក្នុងលោកនេះ មានចិត្តប្រាសចាកមន្ទិល គឺសេចក្ដីកំណាញ់ ហើយនៅគ្រប់គ្រងផ្ទះ។បេ។ ជាអ្នកគួរឲ្យគេសូមបាន ត្រេកអរក្នុងការឲ្យ និងការចែករលែក ម្នាលភិក្ខុទាំងឡាយ នេះហៅថា ចាគសម្បទា។
ម្នាលភិក្ខុទាំងឡាយ ចុះបញ្ញាសម្បទា តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ កុលបុត្ត ក្នុងលោកនេះ ជាអ្នកមានបញ្ញា។បេ។ ជាដំណើរអាចយល់សេចក្ដីអស់ទៅនៃទុក្ខដោយប្រពៃ ម្នាលភិក្ខុទាំងឡាយ នេះហៅថា បញ្ញាសម្បទា។ ម្នាលភិក្ខុទាំងឡាយនេះសម្បទា ទាំង ៨ យ៉ាង។
បុគ្គលអ្នកប្រឹងប្រែង មានវិធានការ មិនបណ្ដែតបណ្ដោយក្នុងការងារទាំងឡាយ តែងចិញ្ចឹមជីវិតស្មើ រក្សាទ្រព្យដែលខ្លួនរកបានមក មានសទ្ធា បរិបូណ៌ដោយសីល ឈ្លាសក្នុងសំដី លះចោលសេចក្ដីកំណាញ់ ជំរះនូវផ្លូវសម្រាប់ទៅកាន់លោកខាងមុខ ឲ្យមានសួស្ដីជានិច្ច ធម៌ទាំង ៨ យ៉ាងនេះ នាំមកនូវសេចក្ដីសុខ ក្នុងលោកទាំងពីរ ដែលព្រះសម្ពុទ្ធទ្រង់ព្រះនាមថាសច្ចៈ ទ្រង់សំដែងហើយ ដល់កុលបុត្តអ្នកមានសទ្ធា នៅគ្រប់គ្រងផ្ទះ មួយទៀត ការបរិច្ចាគ និងបុណ្យដ៏សេសនេះ តែងចម្រើនដល់ពួកគ្រហស្ថ ដើម្បីសេចក្ដីចម្រើន និងប្រយោជន៍ ក្នុងបច្ចុប្បន្នផង ដើម្បីសេចក្ដីសុខក្នុងលោកខាងមុខផង យ៉ាងនេះ។
ឥច្ឆាសូត្រ ទី៧
[៨៤] ក្នុងទីនោះ ព្រះសារីបុត្តដ៏មានអាយុ មានថេរវាចានឹងពួកភិក្ខុថា ម្នាលភិក្ខុទាំងឡាយដ៏មានអាយុ។ ពួកភិក្ខុទាំងនោះ ទទួលថេរវាចា របស់ព្រះសារីបុត្តដ៏មានអាយុថា បពិត្រលោកដ៏មានអាយុ។ ព្រះសារីបុត្តដ៏មានអាយុ មានថេរវាចាដូច្នេះថា ម្នាលលោកដ៏មានអាយុទាំងឡាយ បុគ្គល ៨ ពួកនេះ មានពាសក្នុងលោក។ ៨ ពួក តើដូចម្ដេចខ្លះ។
ម្នាលលោកដ៏មានអាយុទាំងឡាយ ក្នុងសាសនានេះ ភិក្ខុជាអ្នកស្ងាត់កាយ តែប្រព្រឹត្តមិនជាប់លាប់ សេចក្ដីប្រាថ្នាដើម្បីលាភកើតឡើង ភិក្ខុនោះ ប្រឹងប្រែង ខ្វល់ខ្វាយ ព្យាយាម ដើម្បីលាភ កាលភិក្ខុនោះ ប្រឹងប្រែង ខ្វល់ខ្វាយ ព្យាយាម ដើម្បីលាភហើយ លាភក៏មិនកើតឡើង ភិក្ខុនោះ ក៏ក្រៀមក្រំ លំបាក ខ្សឹកខ្សួល គក់ទ្រូង យំ កន្ទក់កន្ទេញ ដល់នូវសេចក្ដីវង្វេង ព្រោះតែឥតលាភនោះ ម្នាលលោកដ៏មានអាយុទាំងឡាយ ភិក្ខុនេះហៅថា អ្នកមានសេចក្ដីប្រាថ្នាដើម្បីលាភ ប្រឹងប្រែង ខ្វល់ខ្វាយ ព្យាយាម ដើម្បីលាភ តែជាអ្នកឥតលាភផង ក្រៀមក្រំផង ខ្សឹកខ្សួលផង ឃ្លាតចាកព្រះសទ្ធម្មផង។
ម្នាលលោកដ៏មានអាយុទាំងឡាយ ក្នុងសាសនានេះ ភិក្ខុជាអ្នកស្ងាត់កាយ តែប្រព្រឹត្តមិនជាប់លាប់ សេចក្ដីប្រាថ្នាដើម្បីលាភកើតឡើង ភិក្ខុនោះ ប្រឹងប្រែង ខ្វល់ខ្វាយ ព្យាយាម ដើម្បីលាភ កាលភិក្ខុនោះ ប្រឹងប្រែង ខ្វល់ខ្វាយ ព្យាយាម ដើម្បីលាភហើយ លាភក៏កើតឡើង ភិក្ខុនោះ ក៏ស្រវឹង ងេងងោង ដល់នូវសេចក្ដីប្រមាទ ព្រោះតែលាភនោះ ម្នាលលោកដ៏មានអាយុទាំងឡាយ ភិក្ខុនេះហៅថា អ្នកមានសេចក្ដីប្រាថ្នា ដើម្បីលាភ ប្រឹងប្រែង ខ្វល់ខ្វាយ ព្យាយាម ដើម្បីលាភ ជាអ្នកមានលាភផង ស្រវឹងផង ងេងងោងផង ឃ្លាតចាកព្រះសទ្ធម្មផង។
ម្នាលលោកដ៏មានអាយុទាំងឡាយ ក្នុងសាសនានេះ ភិក្ខុជាអ្នកស្ងាត់កាយ តែប្រព្រឹត្តមិនជាប់លាប់ សេចក្ដីប្រាថ្នាដើម្បីលាភ កើតឡើង ភិក្ខុនោះ មិនប្រឹងប្រែង មិនខ្វល់ខ្វាយ មិនព្យាយាម ដើម្បីលាភទេ កាលភិក្ខុនោះ មិនប្រឹងប្រែង មិនខ្វល់ខ្វាយ មិនព្យាយាម ដើម្បីលាភហើយ លាភក៏មិនកើតឡើង ភិក្ខុនោះ ក៏ក្រៀមក្រំ លំបាក ខ្សឹកខ្សួល គក់ទ្រូង យំ កន្ទក់កន្ទេញ ដល់នូវសេចក្ដីវង្វេង ព្រោះតែឥតលាភនោះ ម្នាលលោកដ៏មានអាយុទាំងឡាយ ភិក្ខុនេះហៅថា អ្នកមានសេចក្ដីប្រាថ្នា ដើម្បីលាភ តែមិនប្រឹងប្រែង មិនខ្វល់ខ្វាយ មិនព្យាយាម ដើម្បីលាភទេ ជាអ្នកឥតលាភផង ក្រៀមក្រំផង ខ្សឹកខ្សួលផង ឃ្លាតចាកព្រះសទ្ធម្មផង។
ម្នាលលោកដ៏មានអាយុទាំងឡាយ ក្នុងសាសនានេះ ភិក្ខុជាអ្នកស្ងាត់កាយ តែប្រព្រឹត្តមិនជាប់លាប់ សេចក្ដីប្រាថ្នាដើម្បីលាភ កើតឡើង ភិក្ខុនោះ មិនប្រឹងប្រែង មិនខ្វល់ខ្វាយ មិនព្យាយាម ដើម្បីលាភទេ ភិក្ខុនោះ មិនប្រឹងប្រែង មិនខ្វល់ខ្វាយ មិនព្យាយាម ដើម្បីលាភហើយ លាភក៏កើតឡើង ភិក្ខុនោះ ក៏ស្រវឹង ងេងងោង ដល់នូវសេចក្ដីប្រមាទ ព្រោះតែលាភនោះ ម្នាលលោកដ៏មានអាយុទាំងឡាយ ភិក្ខុនេះហៅថា អ្នកមានសេចក្ដីប្រាថ្នា ដើម្បីលាភ តែមិនប្រឹងប្រែង មិនខ្វល់ខ្វាយ មិនព្យាយាម ដើម្បីលាភ ជាអ្នកមានលាភផង ស្រវឹងផង ងេងងោងផង ឃ្លាតចាកព្រះសទ្ធម្មផង។
ម្នាលលោកដ៏មានអាយុទាំងឡាយ ក្នុងសាសនានេះ ភិក្ខុជាអ្នកស្ងាត់កាយ តែប្រព្រឹត្តមិនជាប់លាប់ សេចក្ដីប្រាថ្នាដើម្បីលាភ កើតឡើង ភិក្ខុនោះ ប្រឹងប្រែង ខ្វល់ខ្វាយ ព្យាយាម ដើម្បីលាភ កាលភិក្ខុនោះ ប្រឹងប្រែង ខ្វល់ខ្វាយ ព្យាយាម ដើម្បីលាភហើយ លាភក៏មិនកើតឡើង ភិក្ខុនោះ ក៏មិនក្រៀមក្រំ មិនលំបាក មិនខ្សឹកខ្សួល មិនគក់ទ្រូងយំ កន្ទក់កន្ទេញ មិនដល់នូវសេចក្ដីវង្វេង ព្រោះតែឥតលាភនោះទេ ម្នាលលោកដ៏មានអាយុទាំងឡាយ ភិក្ខុនេះហៅថា អ្នកមានសេចក្ដីប្រាថ្នា ដើម្បីលាភ ប្រឹងប្រែង ខ្វល់ខ្វាយ ព្យាយាម ដើម្បីលាភ ជាអ្នកឥតលាភផង មិនក្រៀមក្រំផង មិនខ្សឹកខ្សួលផង មិនឃ្លាតចាកព្រះសទ្ធម្មផង។
ម្នាលលោកដ៏មានអាយុទាំងឡាយ ក្នុងសាសនានេះ ភិក្ខុជាអ្នកស្ងាត់កាយ តែប្រព្រឹត្តមិនជាប់លាប់ សេចក្ដីប្រាថ្នាដើម្បីលាភ កើតឡើង ភិក្ខុនោះ ប្រឹងប្រែង ខ្វល់ខ្វាយ ព្យាយាម ដើម្បីលាភ កាលភិក្ខុនោះ ប្រឹងប្រែង ខ្វល់ខ្វាយ ព្យាយាម ដើម្បីលាភហើយ លាភក៏កើតឡើង តែភិក្ខុនោះ មិនស្រវឹង មិនងេងងោង មិនដល់នូវសេចក្ដីប្រមាទ ព្រោះតែលាភនោះទេ ម្នាលលោកដ៏មានអាយុទាំងឡាយ ភិក្ខុនេះហៅថា អ្នកមានសេចក្ដីប្រាថ្នា ដើម្បីលាភ ប្រឹងប្រែង ខ្វល់ខ្វាយ ព្យាយាម ដើម្បីលាភ ជាអ្នកមានលាភផង ជាអ្នកមិនស្រវឹងផង មិនងេងងោងផង មិនឃ្លាតចាកព្រះសទ្ធម្មផង។
ម្នាលលោកដ៏មានអាយុទាំងឡាយ ក្នុងសាសនានេះ ភិក្ខុជាអ្នកស្ងាត់កាយ តែប្រព្រឹត្តមិនជាប់លាប់ សេចក្ដីប្រាថ្នាដើម្បីលាភ កើតឡើង ភិក្ខុនោះ មិនប្រឹងប្រែង មិនខ្វល់ខ្វាយ មិនព្យាយាម ដើម្បីលាភទេ កាលភិក្ខុនោះ មិនប្រឹងប្រែង មិនខ្វល់ខ្វាយ មិនព្យាយាម ដើម្បីលាភហើយ លាភក៏មិនកើតឡើងដែរ ភិក្ខុនោះ មិនក្រៀមក្រំ មិនលំបាក មិនខ្សឹកខ្សួល មិនគក់ទ្រូង យំ កន្ទក់កន្ទេញ មិនដល់នូវសេចក្ដីវង្វេង ព្រោះតែឥតលាភនោះឡើយ ម្នាលលោកដ៏មានអាយុទាំងឡាយ ភិក្ខុនេះហៅថា អ្នកមានសេចក្ដីប្រាថ្នាដើម្បីលាភ តែមិនប្រឹងប្រែង មិនខ្វល់ខ្វាយ មិនព្យាយាម ដើម្បីលាភ ជាអ្នកមិនមានលាភផង មិនក្រៀមក្រំផង មិនខ្សឹកខ្សួលផង មិនឃ្លាតចាកព្រះសទ្ធម្មផង។
ម្នាលលោកដ៏មានអាយុទាំងឡាយ ក្នុងសាសនានេះ ភិក្ខុជាអ្នកស្ងាត់កាយ តែប្រព្រឹត្តមិនជាប់លាប់ សេចក្ដីប្រាថ្នាដើម្បីលាភ កើតឡើង ភិក្ខុនោះ មិនប្រឹងប្រែង មិនខ្វល់ខ្វាយ មិនព្យាយាម ដើម្បីលាភទេ កាលភិក្ខុនោះ មិនប្រឹងប្រែង មិនខ្វល់ខ្វាយ មិនព្យាយាម ដើម្បីលាភហើយ លាភក៏កើតឡើង តែភិក្ខុនោះ មិនស្រវឹង មិនងេងងោង មិនដល់នូវសេចក្ដីប្រមាទ ព្រោះតែលាភនោះទេ ម្នាលលោកដ៏មានអាយុទាំងឡាយ ភិក្ខុនេះ ហៅថា អ្នកមានសេចក្ដីប្រាថ្នា ដើម្បីលាភ មិនប្រឹងប្រែង មិនខ្វល់ខ្វាយ មិនព្យាយាម ដើម្បីលាភ ជាអ្នកមានលាភផង មិនស្រវឹងផង មិនងេងងោងផង មិនឃ្លាតចាកព្រះសទ្ធម្មផង។ ម្នាលលោកដ៏មានអាយុទាំងឡាយ បុគ្គលទាំង៨ ពួកនេះ មានពាសក្នុងលោក។
អលំសូត្រ ទី៨
[៨៥] ក្នុងទីនោះ ព្រះសារីបុត្តដ៏មានអាយុ មានថេរវាចានឹងពួកភិក្ខុថា។បេ។ ម្នាលអាវុសោទាំងឡាយ ភិក្ខុបរិបូណ៌ដោយធម៌ ៦ យ៉ាង គួរដល់ខ្លួន (ផង) គួរដល់ពួក ជនដទៃ (ផង)។ ៦ យ៉ាង តើដូចម្ដេចខ្លះ។ ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកចុះចិត្តក្នុងកងធម៌ ជាកុសលដោយឆាប់ ១ ជាអ្នកចាំកងធម៌ ដែលខ្លួនស្ដាប់ហើយ ១ ជាអ្នករំពឹងនូវសេចក្ដីនៃកងធម៌ ដែលខ្លួនចាំហើយ ១ ជាអ្នកយល់អត្ថ យល់ធម៌ ហើយប្រតិបត្តិធម៌សមគួរតាមធម៌ ១ ជាអ្នកមានសំដីពីរោះ មានសំឡេងពីរោះ ប្រកបដោយវាចា របស់អ្នកក្រុង ជាវាចាក្បោះក្បាយ មិនរអាក់អួល អាចបំភ្លឺសេចក្ដីឲ្យបុគ្គលដទៃដឹងច្បាស់ ១ ជាអ្នកសំដែងធម៌ ពន្យល់ ណែនាំ ឲ្យពួកសព្រហ្មចារី យល់ប្រយោជន៍ ក្នុងបច្ចុប្បន្ន និងបរលោក ឲ្យជឿជាក់ក្នុងកុសលធម៌ ឲ្យរីករាយ ១។ ម្នាលអាវុសោទាំងឡាយ ភិក្ខុបរិបូណ៌ដោយធម៌ទាំង ៦យ៉ាងនេះ គួរដល់ខ្លួនឯង (ផង) គួរដល់ពួកជនដទៃ (ផង)។
[៨៦] ម្នាលអាវុសោទាំងឡាយ ភិក្ខុបរិបូណ៌ដោយធម៌ ៥ យ៉ាង គួរដល់ខ្លួនឯង (ផង) គួរដល់ពួកជនដទៃ (ផង)។ ៥ យ៉ាង តើដូចម្ដេចខ្លះ។ ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ មិនជាអ្នកចុះចិត្តក្នុងកងកុសលធម៌ដោយឆាប់ តែជាអ្នកចាំកងធម៌ ដែលខ្លួនស្ដាប់ហើយ ១ ជាអ្នករំពឹងសេចក្ដីនៃកងធម៌ ដែលខ្លួនចាំហើយ ១ ជាអ្នកយល់អត្ថ យល់ធម៌ ហើយប្រតិបត្តិធម៌សមគួរតាមធម៌ ១ ជាអ្នកមានសំដីពីរោះ ១។បេ។ ជាអ្នកសំដែងធម៌ ពន្យល់ ណែនាំ ឲ្យពួក។បេ។ របស់សព្រហ្មចារីទាំងឡាយ ១។ ម្នាលអាវុសោទាំងឡាយ ភិក្ខុបរិបូណ៌ដោយធម៌ទាំង ៥យ៉ាងនេះ គួរដល់ខ្លួនឯង (ផង) គួរដល់ពួកជនដទៃ (ផង)។
[៨៧] ម្នាលអាវុសោទាំងឡាយ ភិក្ខុបរិបូណ៌ដោយធម៌ ៤ យ៉ាង គួរដល់ខ្លួនឯង តែមិនគួរដល់ពួកជនដទៃឡើយ។ ៤ យ៉ាង តើដូចម្ដេចខ្លះ។ ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកចុះចិត្តក្នុងកងកុសលធម៌ ដោយឆាប់ផង ចាំកងធម៌ ដែលខ្លួនស្ដាប់ហើយផង ១ ជាអ្នករំពឹងសេចក្ដីនៃកងធម៌ ដែលខ្លួនចាំហើយផង យល់អត្ថ យល់ធម៌ ហើយប្រតិបត្តិធម៌សមគួរតាមធម៌ផង ១ តែជាអ្នកមិនមានសំដីពីរោះ ១។បេ។ ជាអ្នកមិនសំដែងធម៌ ពន្យល់ ណែនាំ។បេ។ របស់សព្រហ្មចារី ១។ ម្នាលអាវុសោទាំងឡាយ ភិក្ខុបរិបូណ៌ដោយធម៌ ៤យ៉ាងនេះ គួរដល់ខ្លួនឯង តែមិនគួរដល់ជនដទៃឡើយ។
[៨៨] ម្នាលអាវុសោទាំងឡាយ ភិក្ខុបរិបូណ៌ដោយធម៌ ៤ យ៉ាង គួរដល់ពួកជនដទៃ តែមិនគួរដល់ខ្លួនឯងឡើយ។ ៤ យ៉ាង តើដូចម្ដេចខ្លះ។ ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកចុះចិត្តក្នុងកងកុសលធម៌ ដោយឆាប់ផង ចាំកងធម៌ ដែលខ្លួនស្ដាប់ហើយផង ១ មិនរំពឹងសេចក្ដីនៃកងធម៌ ដែលខ្លួនចាំហើយផង យល់អត្ថ យល់ធម៌ ហើយមិនប្រតិបត្តិធម៌សមគួរតាមធម៌ផង ១ មានសំដីពីរោះ ១។បេ។ សំដែងធម៌ ពន្យល់ ណែនាំ។បេ។ របស់ពួកសព្រហ្មចារី ១។ ម្នាលអាវុសោទាំងឡាយ ភិក្ខុបរិបូណ៌ដោយធម៌ទាំង ៤យ៉ាងនេះ គួរដល់ពួកជនដទៃ តែមិនគួរដល់ខ្លួនឯងឡើយ។
[៨៩] ម្នាលអាវុសោទាំងឡាយ ភិក្ខុបរិបូណ៌ ដោយធម៌ ៣ យ៉ាង គួរដល់ខ្លួនឯង តែមិនគួរដល់ពួកជនដទៃឡើយ។ ៣ យ៉ាង តើដូចម្ដេចខ្លះ។ ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកមិនចុះចិត្តក្នុងកងកុសលធម៌ ដោយឆាប់ផង ជាអ្នកចាំកងធម៌ ដែលខ្លួនស្ដាប់ហើយផង ជាអ្នករំពឹងសេចក្ដីកងធម៌ ដែលខ្លួនចាំហើយផង ជាអ្នកយល់អត្ថ យល់ធម៌ ហើយប្រតិបត្តិធម៌ សមគួរតាមធម៌ផង ១ ជាអ្នកមិនមានសំដីពីរោះ ១។បេ។ ជាអ្នកមិនសំដែងធម៌ ពន្យល់ ណែនាំ។បេ។ របស់ពួកសព្រហ្មចារី ១។ ម្នាលអាវុសោទាំងឡាយ ភិក្ខុបរិបូណ៌ដោយធម៌ទាំង ៣ យ៉ាងនេះ គួរដល់ខ្លួនឯង តែមិនគួរដល់ពួកជនដទៃឡើយ។
[៩០] ម្នាលអាវុសោទាំងឡាយ ភិក្ខុបរិបូណ៌ ដោយធម៌ ៣ យ៉ាង គួរដល់ជនដទៃ តែមិនគួរដល់ខ្លួនឯងឡើយ។ ៣ យ៉ាង តើដូចម្ដេចខ្លះ។ ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកមិនចុះចិត្តក្នុងកងកុសលធម៌ ដោយឆាប់ផង ជាអ្នកចាំកងធម៌ ដែលខ្លួនស្ដាប់ហើយផង តែជាអ្នកមិនរំពឹងនូវសេចក្ដីនៃកងធម៌ ដែលខ្លួនចាំហើយផង យល់អត្ថ យល់ធម៌ ហើយមិនប្រតិបត្តិធម៌ សមគួរតាមធម៌ផង ១ ជាអ្នកមានសំដីពីរោះ ១។បេ។ ជាវាចាបំភ្លឺនូវសេចក្ដីឲ្យអ្នកដទៃដឹងច្បាស់ ១ ជាអ្នកសំដែងធម៌ ពន្យល់ ណែនាំ។បេ។ របស់ពួកសព្រហ្មចារី ១។ ម្នាលអាវុសោទាំងឡាយ ភិក្ខុបរិបូណ៌ ដោយធម៌ ៣ យ៉ាងនេះ គួរដល់ពួកជនដទៃ តែមិនគួរដល់ខ្លួនឯងឡើយ។
[៩១] ម្នាលអាវុសោទាំងឡាយ ភិក្ខុបរិបូណ៌ដោយធម៌ពីរ យ៉ាង គួរដល់ខ្លួនឯង តែមិនគួរដល់ពួកជនដទៃឡើយ។ ២ យ៉ាង តើដូចម្ដេចខ្លះ។ ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកមិនទាន់ចុះចិត្តក្នុងកុសលធម៌ដោយឆាប់ផង ជាអ្នកចាំកងធម៌ ដែលខ្លួនស្ដាប់ហើយផង រំពឹងសេចក្ដីនៃកងធម៌ ដែលខ្លួនចាំហើយផង យល់អត្ថ យល់ធម៌ ហើយប្រតិបត្តិធម៌សមគួរតាមធម៌ផង ១ ជាអ្នកមិនមានសំដីពីរោះ។បេ។ ផង ជាអ្នកមិនសំដែងធម៌ ពន្យល់ ណែនាំ។បេ។ របស់ពួកសព្រហ្មចារី ១។ ម្នាលអាវុសោទាំងឡាយ ភិក្ខុបរិបូណ៌ដោយធម៌ទាំងពីរយ៉ាងនេះ គួរដល់ខ្លួនឯង តែមិនគួរដល់ពួកជនដទៃឡើយ។
[៩២] ម្នាលអាវុសោទាំងឡាយ ភិក្ខុបរិបូណ៌ដោយធម៌ពីរយ៉ាង គួរដល់ពួកជនដទៃ តែមិនគួរដល់ខ្លួនឯងឡើយ។ ២ យ៉ាង តើដូចម្ដេចខ្លះ។ ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកមិនទាន់ចុះចិត្តក្នុងកងកុសលធម៌ ដោយឆាប់ផង មិនចាំកងធម៌ដែលខ្លួនស្ដាប់ហើយផង មិនបានរំពឹងសេចក្ដីនៃកងធម៌ ដែលខ្លួនចាំហើយផង យល់អត្ថ យល់ធម៌ ហើយមិនប្រតិបត្តិធម៌សមគួរតាមធម៌ផង ១ ជាអ្នកមានសំដីពីរោះ មានសំឡេងពីរោះ ប្រកបដោយវាចារបស់អ្នកក្រុង ជាវាចាក្បោះក្បាយ មិនរអាក់រអួល ជាវាចាបំភ្លឺសេចក្ដីឲ្យអ្នកដទៃដឹងច្បាស់ផង ជាអ្នកពន្យល់ ណែនាំ ពួកសព្រហ្មចារី ឲ្យជឿជាក់ ក្នុងកុសលធម៌ ឲ្យរីករាយ ១។ ម្នាលអាវុសោទាំងឡាយ ភិក្ខុបរិបូណ៌ដោយធម៌ទាំងពីរយ៉ាងនេះ គួរដល់ពួកជនដទៃ តែមិនគួរដល់ខ្លួនឯងឡើយ។
បរិហានសូត្រ ទី៩
[៩៣] ម្នាលភិក្ខុទាំងឡាយ ធម៌៨ យ៉ាងនេះ តែងប្រព្រឹត្តទៅ ដើម្បីសេចក្ដីសាបសូន្យ ដល់សេក្ខភិក្ខុ។ ៨យ៉ាង តើដូចម្ដេចខ្លះ។ គឺ សេចក្ដីត្រេកអរ ក្នុងការងារ ១ សេចក្ដីត្រេកអរ ក្នុងតិរច្ឆានកថា ១ សេចក្ដីត្រេកអរក្នុងការដេក ១ សេចក្ដីត្រេកអរក្នុងពួក ១ សេចក្ដីមិនគ្រប់គ្រងទ្វារក្នុងពួកឥន្រ្ទិយ ១ សេចក្ដីមិនស្គាល់ប្រមាណក្នុងភោជន ១ សេចក្ដីត្រេកអរក្នុងការជាប់ជំពាក់ [ធម៌សម្រាប់ជាប់ជំពាក់ មាន៥យ៉ាងគឺ សវនសំសគ្គៈ ជាប់ជំពាក់ដោយការឮសំឡេង ១ ទស្សនសំសគ្គៈ ជាប់ជំពាក់ដោយការឃើញរូប ១ សមុល្លាបសំសគ្គៈ ជាប់ជំពាក់ដោយពាក្យសំដី ១ សម្ភោគសំសគ្គៈ ជាប់ជំពាក់ដោយការប្រើរបស់ភិក្ខុ-ភិក្ខុនី ១ កាយសំសគ្គៈ ជាប់ជំពាក់ដោយកាយសម្ផស្ស ១។ អដ្ឋកថា មជ្ឈិមនិកាយ មូលបណ្ណាសក ត្រង់រថវនីតសូត្រ។] ១ សេចក្ដីត្រេកអរក្នុងធម៌ជាគ្រឿងយឺតយូរ ១។ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំង៨ យ៉ាងនេះ តែងប្រព្រឹត្តទៅ ដើម្បីសេចក្ដីសាបសូន្យ ដល់សេក្ខភិក្ខុ។
[៩៤] ម្នាលភិក្ខុទាំងឡាយ ធម៌៨ យ៉ាងនេះ តែងប្រព្រឹត្តទៅ ដើម្បីសេចក្ដីមិនសាបសូន្យ ដល់សេក្ខភិក្ខុ។ ៨យ៉ាង តើដូចម្ដេចខ្លះ។ គឺ សេចក្ដីមិនត្រេកអរក្នុងការងារ ១ សេចក្ដីមិនត្រេកអរក្នុងតិរច្ឆានកថា ១ សេចក្ដីមិនត្រេកអរក្នុងការដេក ១ សេចក្ដីមិនត្រេកអរក្នុងពួកគណៈ ១ សេចក្ដីគ្រប់គ្រងទ្វារក្នុងពួកឥន្រ្ទិយ ១ សេចក្ដីស្គាល់ប្រមាណក្នុងភោជន ១ សេចក្ដីមិនត្រេកអរក្នុងការជាប់ជំពាក់១ សេចក្ដីមិនត្រេកអរក្នុងធម៌ជាគ្រឿងយឺតយូរ ១។ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំង៨ យ៉ាងនេះ តែងប្រព្រឹត្តទៅ ដើម្បីសេចក្ដីមិនសាបសូន្យ ដល់សេក្ខភិក្ខុ។
កុសីតារម្ភវត្ថុសូត្រ ទី១០
[៩៥] ម្នាលភិក្ខុទាំងឡាយ កុសីតវត្ថុនេះ មាន៨ យ៉ាង។ ៨ យ៉ាង តើដូចម្ដេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ អំពើ គឺការលៃលកវាស់កាត់ចីវរជាដើម ដែលភិក្ខុក្នុងសាសនានេះ គួរធ្វើ ក៏មាន ភិក្ខុនោះ មានសេចក្ដីត្រិះរិះយ៉ាងនេះថា អំពើដែលអាត្មាអញ គួរធ្វើ គង់នឹងមាន តែបើអាត្មាអញធ្វើអំពើ (នោះហើយ) កាយក៏នឹងលំបាក បើដូច្នោះ អាត្មាអញដេកសិន ភិក្ខុនោះ ក៏ដេក មិនផ្គងព្យាយាម ដើម្បីឲ្យដល់នូវគុណ គឺឈាន វិបស្សនា មគ្គ ផលដែលខ្លួនមិនទាន់ដល់ ដើម្បីដឹងនូវគុណដែលខ្លួនមិនទាន់បានដឹង ដើម្បីធ្វើឲ្យច្បាស់លាស់ នូវគុណដែលខ្លួនមិនទាន់បានធ្វើឲ្យច្បាស់លាស់ទេ ម្នាលភិក្ខុទាំងឡាយ នេះជាកុសីតវត្ថុ ទី១។
ម្នាលភិក្ខុទាំងឡាយ មួយទៀត អំពើដែលភិក្ខុធ្វើរួចហើយ ក៏មាន ភិក្ខុនោះ មានសេចក្ដីត្រិះរិះយ៉ាងនេះថា អាត្មាអញ បានធ្វើអំពើ (នោះ) រួចហើយ តែកាលដែលអាត្មាអញ ធ្វើអំពើនោះ រាងកាយលំបាកហើយ បើដូច្នោះ អាត្មាអញ ដេកសិន ភិក្ខុនោះ ក៏ដេក មិនផ្គងព្យាយាម ដើម្បីឲ្យដល់នូវគុណ ដែលខ្លួនមិនទាន់បានដល់ ដើម្បីឲ្យដឹងនូវគុណ ដែលខ្លួនមិនទាន់បានដឹង ដើម្បីធ្វើឲ្យច្បាស់លាស់ នូវគុណដែលខ្លួនមិនទាន់បានធ្វើឲ្យ ច្បាស់លាស់ទេ ម្នាលភិក្ខុទាំងឡាយ នេះជាកុសីតវត្ថុ ទី២។
ម្នាលភិក្ខុទាំងឡាយ មួយទៀត ផ្លូវដែលភិក្ខុគួរដើរទៅ ក៏មាន ភិក្ខុនោះ មានសេចក្ដីត្រិះរិះយ៉ាងនេះថា ផ្លូវដែលអាត្មាអញ គួរដើរទៅ គង់នឹងមាន តែថា កាលបើអាត្មាអញ ដើរទៅកាន់ផ្លូវ (នោះហើយ) រាងកាយនឹងលំបាក បើដូច្នោះ អាត្មាអញដេកសិន ភិក្ខុនោះ ក៏ដេក មិនផ្គងព្យាយាម ដើម្បីឲ្យដល់នូវគុណ ដែលខ្លួនមិនទាន់បានដល់ ដើម្បីឲ្យដឹងនូវគុណ ដែលខ្លួនមិនទាន់បានដឹង ដើម្បីធ្វើឲ្យច្បាស់លាស់នូវគុណ ដែលខ្លួនមិនទាន់បានធ្វើឲ្យច្បាស់លាស់ទេ ម្នាលភិក្ខុទាំងឡាយ នេះជាកុសីតវត្ថុ ទី៣។
ម្នាលភិក្ខុទាំងឡាយ មួយទៀត ផ្លូវដែលភិក្ខុដើរទៅហើយ ក៏មាន ភិក្ខុនោះ មានសេចក្ដីត្រិះរិះយ៉ាងនេះថា អាត្មាអញ បានដើរទៅកាន់ផ្លូវ (នោះ) រួចហើយ តែថា កាលអាត្មាអញ ដើរទៅកាន់ផ្លូវ រាងកាយលំបាកហើយ បើដូច្នោះ អាត្មាអញ ដេកសិន ភិក្ខុនោះ ក៏ដេក មិនផ្គងព្យាយាម ដើម្បីឲ្យដល់នូវគុណ ដែលខ្លួនមិនទាន់បានដល់ ដើម្បីឲ្យដឹងនូវគុណ ដែលខ្លួនមិនទាន់បានដឹង ដើម្បីធ្វើឲ្យច្បាស់លាស់នូវគុណ ដែលខ្លួនមិនទាន់បានធ្វើឲ្យច្បាស់លាស់ទេ ម្នាលភិក្ខុទាំងឡាយ នេះជាកុសីតវត្ថុ ទី៤។
ម្នាលភិក្ខុទាំងឡាយ មួយទៀត កាលភិក្ខុត្រាច់ទៅកាន់ស្រុក ឬនិគម ដើម្បីបិណ្ឌបាត ក៏មិនបាននូវភោជនថោកទាប ឬថ្លៃថ្លា គ្រាន់តែ ១ ចំអែតឡើយ ភិក្ខុនោះ មានសេចក្ដីត្រិះរិះយ៉ាងនេះថា កាលអាត្មាអញត្រាច់ទៅកាន់ស្រុក ឬនិគម ដើម្បីបិណ្ឌបាត ក៏មិនបានភោជនថោកទាប ឬថ្លៃថ្លា គ្រាន់តែ ១ ចំអែតសោះ អាត្មាអញនោះ មានរាងកាយលំបាកហើយ មិនគួរដល់សមណកម្ម បើដូច្នោះ អាត្មាអញដេកសិន ភិក្ខុនោះ ក៏ដេក មិនផ្គងព្យាយាមឡើយ។បេ។ ម្នាលភិក្ខុទាំងឡាយ នេះជាកុសីតវត្ថុ ទី៥។
ម្នាលភិក្ខុទាំងឡាយ មួយទៀត កាលភិក្ខុត្រាច់ទៅកាន់ស្រុក ឬនិគម ដើម្បីបិណ្ឌបាត ក៏បាននូវភោជនថោកទាប ឬថ្លៃថ្លា ល្មម ១ ចំអែត ភិក្ខុនោះ មានសេចក្ដីត្រិះរិះយ៉ាងនេះថា កាលអាត្មាអញត្រាច់ទៅកាន់ស្រុក ឬនិគម ដើម្បីបិណ្ឌបាត ហើយបានភោជនថោកទាប ឬថ្លៃថ្លា ល្មម ១ ចំអែតដែរ អាត្មាអញនោះ មានកាយធ្ងន់ ដូចសណ្ដែករាជមាសទទឹក មិនគួរដល់សមណកម្ម បើដូច្នោះ អាត្មាអញដេកសិន ភិក្ខុនោះ ក៏ដេក មិនផ្គងព្យាយាមឡើយ។បេ។ ម្នាលភិក្ខុទាំងឡាយ នេះជាកុសីតវត្ថុ ទី៦។
ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុមានអាពាធតិចតួចកើតឡើង ភិក្ខុនោះ មានសេចក្ដីត្រិះរិះយ៉ាងនេះថា អាត្មាអញ មានអាពាធតិចតួចនេះកើតឡើងហើយ គួរតែដេកសិន បើដូច្នោះ អាត្មាអញដេកសិន ភិក្ខុនោះ ក៏ដេក មិនផ្គងព្យាយាមឡើយ។បេ។ ម្នាលភិក្ខុទាំងឡាយ នេះជាកុសីតវត្ថុ ទី៧។
ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុចេញចាកជម្ងឺ ទើបតែស្បើយជម្ងឺថ្មីៗ ភិក្ខុនោះ មានសេចក្ដីត្រិះរិះយ៉ាងនេះថា អាត្មាអញ ចេញចាកជម្ងឺ ទើបតែស្បើយជម្ងឺថ្មី ៗ អាត្មាអញនោះ មានរាងកាយថមថយកំឡាំង មិនគួរដល់សមណកម្ម បើដូច្នោះ អាត្មាអញដេកសិន ភិក្ខុនោះ ក៏ដេក មិនផ្គងព្យាយាម ដើម្បីឲ្យដល់នូវគុណ ដែលខ្លួនមិនទាន់បានដល់ ដើម្បីឲ្យដឹងនូវគុណ ដែលខ្លួនមិនទាន់បានដឹង ដើម្បីធ្វើឲ្យច្បាស់លាស់នូវគុណ ដែលខ្លួនមិនទាន់បានធ្វើឲ្យច្បាស់លាស់ទេ ម្នាលភិក្ខុទាំងឡាយ នេះជាកុសីតវត្ថុ ទី៨។ ម្នាលភិក្ខុទាំងឡាយ នេះឯង កុសីតវត្ថុ ៨យ៉ាង។
[៩៦] ម្នាលភិក្ខុទាំងឡាយ អារព្ភវត្ថុនេះ មាន៨ យ៉ាង។ ៨ យ៉ាង តើដូចម្ដេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ អំពើដែលភិក្ខុក្នុងសាសនានេះគួរធ្វើ ក៏មាន ភិក្ខុនោះ មានសេចក្ដីត្រិះរិះយ៉ាងនេះថា អំពើដែលអាត្មាអញគួរធ្វើ គង់នឹងមាន តែថា កាលអាត្មាអញធ្វើ អំពើ (នោះហើយ) មិនងាយនឹងធ្វើពុទ្ធសាសនា ឲ្យតាំងនៅក្នុងចិត្តបានឡើយ បើដូច្នោះ អាត្មាអញ ផ្គងព្យាយាមមុនសិន ដើម្បីឲ្យដល់នូវគុណ គឺឈាន វិបស្សនា មគ្គ ផលដែលអាត្មាអញមិនទាន់បានដល់ ដើម្បីឲ្យដឹងនូវគុណ ដែលអាត្មាអញមិនទាន់បានដឹង ដើម្បីធ្វើឲ្យច្បាស់លាស់នូវគុណ ដែលអាត្មាអញមិនទាន់បានធ្វើឲ្យច្បាស់លាស់ ភិក្ខុនោះ ក៏ផ្គងព្យាយាម ដើម្បីឲ្យដល់នូវគុណ ដែលខ្លួនមិនទាន់បានដល់ ដើម្បីឲ្យដឹងនូវគុណ ដែលខ្លួនមិនទាន់បានដឹង ដើម្បីធ្វើឲ្យច្បាស់លាស់នូវគុណ ដែលខ្លួនមិនទាន់បានធ្វើឲ្យច្បាស់លាស់ ម្នាលភិក្ខុទាំងឡាយ នេះជាអារព្ភវត្ថុ ទី១។
ម្នាលភិក្ខុទាំងឡាយ មួយទៀត អំពើដែលភិក្ខុធ្វើរួចហើយ ក៏មាន ភិក្ខុនោះ មានសេចក្ដីត្រិះរិះយ៉ាងនេះថា អាត្មាអញ បានធ្វើអំពើរួចហើយ តែថា កាលអាត្មាអញ ធ្វើអំពើ (នោះ) មិនអាចនឹងធ្វើពុទ្ធសាសនាឲ្យតាំងនៅក្នុងចិត្តបានឡើយ បើដូច្នោះ អាត្មាអញ ផ្គងព្យាយាម ដើម្បីឲ្យដល់នូវគុណ ដែលអាត្មាអញមិនទាន់បានដល់ ដើម្បីឲ្យដឹងនូវគុណ ដែលខ្លួនមិនទាន់បានដឹង ដើម្បីធ្វើឲ្យច្បាស់លាស់នូវគុណ ដែលអាត្មាអញ មិនទាន់បានធ្វើឲ្យច្បាស់លាស់ ភិក្ខុនោះ ក៏ផ្គងព្យាយាម។បេ។ ម្នាលភិក្ខុទាំងឡាយ នេះជាអារព្ភវត្ថុ ទី២។
ម្នាលភិក្ខុទាំងឡាយ មួយទៀត ផ្លូវដែលភិក្ខុគួរដើរទៅ ក៏មាន ភិក្ខុនោះ មានសេចក្ដីត្រិះរិះយ៉ាងនេះថា ផ្លូវដែលអាត្មាអញ គួរដើរទៅ គង់នឹងមាន តែថា អាត្មាអញដើរទៅកាន់ផ្លូវ (នោះ) មិនងាយនឹងធ្វើពុទ្ធសាសនាឲ្យតាំងនៅក្នុងចិត្តបានឡើយ បើដូច្នោះ អាត្មាអញ ផ្គងព្យាយាម។បេ។ ម្នាលភិក្ខុទាំងឡាយ នេះជាអារព្ភវត្ថុ ទី៣។
ម្នាលភិក្ខុទាំងឡាយ មួយទៀត ផ្លូវដែលភិក្ខុដើរទៅហើយ ក៏មាន ភិក្ខុនោះ មានសេចក្ដីត្រិះរិះយ៉ាងនេះថា អាត្មាអញ បានដើរទៅកាន់ផ្លូវហើយ តែថា កាលណាអាត្មាអញ ដើរទៅកាន់ផ្លូវ មិនអាចធ្វើពុទ្ធសាសនាឲ្យតាំងនៅក្នុងចិត្តបានឡើយ បើដូច្នោះ អាត្មាអញ ផ្គងព្យាយាម។បេ។ ម្នាលភិក្ខុទាំងឡាយ នេះជាអារព្ភវត្ថុ ទី៤។
ម្នាលភិក្ខុទាំងឡាយ មួយទៀត កាលភិក្ខុត្រាច់ទៅកាន់ស្រុក ឬនិគម ដើម្បីបិណ្ឌបាត ក៏មិនបាននូវភោជនថោកទាប ឬថ្លៃថ្លា ល្មម ១ ចំអែតទេ ភិក្ខុនោះ មានសេចក្ដីត្រិះរិះយ៉ាងនេះថា កាលអាត្មាអញត្រាច់ទៅកាន់ស្រុក ឬនិគម ដើម្បីបិណ្ឌបាត ក៏មិនបាននូវភោជនថោកទាប ឬថ្លៃថ្លា ល្មម ១ ចំអែតឡើយ អាត្មាអញនោះ មានរាងកាយស្រាល គួរដល់សមណកម្ម បើដូច្នោះ អាត្មាអញ ផ្គងព្យាយាម។បេ។ ម្នាលភិក្ខុទាំងឡាយ នេះជាអារព្ភវត្ថុ ទី៥។
ម្នាលភិក្ខុទាំងឡាយ មួយទៀត កាលភិក្ខុត្រាច់ទៅកាន់ស្រុក ឬនិគម ដើម្បីបិណ្ឌបាត ក៏បាននូវភោជនថោកទាប ឬថ្លៃថ្លា ល្មម ១ ចំអែត ភិក្ខុនោះ មានសេចក្ដីត្រិះរិះយ៉ាងនេះថា កាលអាត្មាអញ ត្រាច់ទៅកាន់ស្រុក ឬនិគម ដើម្បីបិណ្ឌបាត ក៏បាននូវភោជនថោកទាប ឬថ្លៃថ្លា ល្មម ១ ចំអែតហើយ អាត្មាអញនោះ មានរាងកាយស្រាល គួរដល់សមណកម្ម បើដូច្នោះ អាត្មាអញ ផ្គងព្យាយាម។បេ។ ម្នាលភិក្ខុទាំងឡាយ នេះជាអារព្ភវត្ថុ ទី៦។
ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុមានអាពាធតិចតួចកើតឡើង ភិក្ខុនោះ មានសេចក្ដីត្រិះរិះយ៉ាងនេះថា អាត្មាអញ កើតអាពាធតិចតួចនេះហើយ អាពាធចំរើន ដល់អាត្មាអញ ដោយហេតុណា ហេតុនុ៎ះ ជាហេតុតែងមានជាធម្មតាទេ បើដូច្នោះ អាត្មាអញ ផ្គងព្យាយាមឲ្យបានមុនសិន។បេ។ ម្នាលភិក្ខុទាំងឡាយ នេះជាអារព្ភវត្ថុ ទី៧។
ម្នាលភិក្ខុទាំងឡាយ មួយវិញទៀត ភិក្ខុចេញចាកជម្ងឺ ទើបតែស្បើយជម្ងឺថ្មី ៗ ភិក្ខុនោះ មានសេចក្ដីត្រិះរិះយ៉ាងនេះថា អាត្មាអញ ចេញចាកជម្ងឺ ទើបតែស្បើយជម្ងឺថ្មី ៗ អាពាធរបស់អាត្មាអញ រើឡើងវិញ ដោយហេតុណា ហេតុនុ៎ះ ជាហេតុតែងមានជាធម្មតាទេ បើដូច្នោះ អាត្មាអញ ផ្គងព្យាយាមឲ្យបានមុន ដើម្បីឲ្យដល់នូវគុណដែលអាត្មាអញមិនទាន់បានដល់ ដើម្បីឲ្យដឹងនូវគុណ ដែលអាត្មាអញមិនទាន់បានដឹង ដើម្បីធ្វើឲ្យច្បាស់លាស់នូវគុណ ដែលអាត្មាអញមិនទាន់បានធ្វើឲ្យច្បាស់លាស់សិន ភិក្ខុនោះ ក៏ផ្គងព្យាយាម ដើម្បីឲ្យដល់នូវគុណ ដែលខ្លួនមិនទាន់បានដល់ ដើម្បីឲ្យដឹងនូវគុណដែលខ្លួនមិនទាន់បានដឹង ដើម្បីធ្វើឲ្យច្បាស់លាស់នូវគុណ ដែលខ្លួនមិនទាន់បានធ្វើឲ្យច្បាស់លាស់ ម្នាលភិក្ខុទាំងឡាយ នេះជាអារព្ភវត្ថុ ទី៨។ ម្នាលភិក្ខុទាំងឡាយ នេះឯងអារព្ភវត្ថុ ទាំង ៨ យ៉ាង។
ចប់ យមកវគ្គ ទី៣។
ឧទ្ទានក្នុងយមកវគ្គនោះគឺ
និយាយពីភិក្ខុបរិបូរដោយអង្គ ពីរលើក សម្បទា ១ ភិក្ខុចំរើនមរណស្សតិ ដទៃទៀត ១ សេចក្ដីប្រាថ្នាលាភ ១ គួរដល់ខ្លួន និងអ្នកដទៃ ១ សេចក្ដីសាបសូន្យ របស់សេក្ខភិក្ខុ ១ កុសីតវត្ថុ ១ អារព្ភវត្ថុ ១។
សតិវគ្គ ទី៤
សតិសម្បជញ្ញសូត្រ ទី១
[៩៧] ម្នាលភិក្ខុទាំងឡាយ កាលបើសតិ និងសម្បជញ្ញៈ មិនមាន ហិរិ និងឱត្តប្បៈ របស់បុគ្គលវិបត្តិចាកសតិ និងសម្បជញ្ញៈ ឈ្មោះថា មានឧបនិស្ស័យសាបសូន្យ កាលបើហិរិ និងឱត្តប្បៈ មិនមាន ឥន្រ្ទិយសំវរៈ របស់បុគ្គលវិបត្តិចាកហិរិ និងឱត្តប្បៈ ឈ្មោះថា មានឧបនិស្ស័យសាបសូន្យ កាលបើឥន្រ្ទិយសំវរៈ មិនមាន សីលរបស់បុគ្គលវិបត្តិចាកឥន្រ្ទិយសំវរៈ ឈ្មោះថា មានឧបនិស្ស័យ សាបសូន្យ កាលបើសីល មិនមាន សម្មាសមាធិ របស់បុគ្គលវិបត្តិចាកសីល ឈ្មោះថា មានឧបនិស្ស័យសាបសូន្យ កាលបើ សម្មាសមាធិ មិនមាន យថាភូតញ្ញាណទស្សនៈ របស់បុគ្គលវិបត្តិចាកសម្មាសមាធិ ឈ្មោះថា មានឧបនិស្ស័យសាបសូន្យ កាលបើយថាភូតញ្ញាណទស្សនៈ មិនមាន និព្វិទាវិរាគៈ របស់បុគ្គលវិបត្តិចាកយថាភូតញ្ញាណទស្សនៈ ឈ្មោះថា មានឧបនិស្ស័យសាបសូន្យ កាលបើនិព្វិទាវិរាគៈ មិនមាន វិមុត្តិញ្ញាណទស្សនៈ របស់បុគ្គលវិបត្តិចាកនិព្វិទាវិរាគៈ ឈ្មោះថា មានឧបនិស្ស័យសាបសូន្យ។ ម្នាលភិក្ខុទាំងឡាយ ដើមឈើ ដែលមិនមានមែក និងស្លឹកហើយ ក្រមរឈើនោះក្ដី មិនដល់នូវការពេញលេញទេ សម្បក ស្រាយក្ដី ខ្លឹមក្ដី ក៏មិនដល់នូវការពេញលេញ មានឧបមាយ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ កាលបើសតិ និងសម្បជញ្ញៈ មិនមាន ហិរិ និងឱត្តប្បៈ របស់បុគ្គលវិបត្តិចាកសតិ និងសម្បជញ្ញៈ ឈ្មោះថា មានឧបនិស្ស័យ សាបសូន្យ កាលបើហិរិ និងឱត្តប្បៈ មិនមាន (ឥន្រ្ទិយសំវរៈ) របស់បុគ្គលវិបត្តិចាកហិរិ និងឱត្តប្បៈ ឈ្មោះថា មានឧបនិស្ស័យសាបសូន្យ។បេ។ វិមុត្តិញ្ញាណទស្សនៈ មានឧបមេយ្យយ៉ាងនោះដែរ។ ម្នាលភិក្ខុទាំងឡាយ កាលបើសតិ និងសម្បជញ្ញៈ មាន ហិរិ និងឱត្តប្បៈ របស់បុគ្គលបរិបូណ៌ដោយសតិ និងសម្បជញ្ញៈ ឈ្មោះថា មានឧបនិស្ស័យបរិបូណ៌ កាលបើហិរិ និងឱត្តប្បៈ មាន ឥន្រ្ទិយសំវរៈ របស់បុគ្គលបរិបូណ៌ដោយហិរិ និងឱត្តប្បៈ ឈ្មោះថា មានឧបនិស្ស័យបរិបូណ៌ កាលបើឥន្រ្ទិយសំវរៈមាន សីលរបស់បុគ្គលបរិបូណ៌ដោយឥន្រ្ទិយសំវរៈ ឈ្មោះថា មានឧបនិស្ស័យបរិបូណ៌ កាលបើសីលមាន សម្មាសមាធិរបស់បុគ្គលបរិបូណ៌ដោយសីល ឈ្មោះថា មានឧបនិស្ស័យបរិបូណ៌ កាលបើសម្មាសមាធិ មាន យថាភូតញ្ញាណទស្សនៈ របស់បុគ្គលបរិបូណ៌ដោយសម្មាសមាធិ ឈ្មោះថា មានឧបនិស្ស័យបរិបូណ៌ កាលបើយថាភូតញ្ញាណទស្សនៈមាន និព្វិទាវិរាគៈ របស់បុគ្គលបរិបូណ៌ដោយយថាភូតញ្ញាណទស្សនៈ ឈ្មោះថា មានឧបនិស្ស័យបរិបូណ៌ កាលបើនិព្វិទាវិរាគៈ មាន វិមុត្តិញ្ញាណទស្សនៈ របស់បុគ្គលបរិបូណ៌ដោយនិព្វិទាវិរាគៈ ឈ្មោះថា មានឧបនិស្ស័យបរិបូណ៌។ ម្នាលភិក្ខុទាំងឡាយ ដើមឈើ ដែលបរិបូណ៌ដោយមែក និងស្លឹកហើយ ក្រមរឈើនោះ ក៏ដល់នូវការពេញលេញ សម្បកក្ដី ស្រាយក្ដី ខ្លឹមក្ដី (របស់ឈើនោះ) ក៏ដល់នូវការពេញលេញ មានឧបមាយ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ កាលបើសតិ និងសម្បជញ្ញៈ មាន ហិរិ និងឱត្តប្បៈ របស់បុគ្គលបរិបូណ៌ដោយសតិ និងសម្បជញ្ញៈ ឈ្មោះថា មានឧបនិស្ស័យបរិបូណ៌ កាលបើហិរិ និងឱត្តប្បៈ មាន (ឥន្រ្ទិយសំវរៈ) របស់បុគ្គលបរិបូណ៌ដោយហិរិ និងឱត្តប្បៈ ឈ្មោះថា មានឧបនិស្ស័យបរិបូណ៌។បេ។ វិមុត្តិញ្ញាណទស្សនៈ មានឧបមេយ្យយ៉ាងនោះដែរ។
បុណ្ណិយសូត្រ ទី២
[៩៨] គ្រានោះ ព្រះបុណ្ណិយៈដ៏មានអាយុ ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយក៏អង្គុយក្នុងទីសមគួរ។ លុះព្រះបុណ្ណិយៈដ៏មានអាយុ អង្គុយក្នុងទីសមគួរហើយ ទើបក្រាបបង្គំទូលសួរ ព្រះដ៏មានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ហេតុអ្វី បច្ច័យអ្វី បានជាក្នុងកាលខ្លះ ព្រះតថាគតទ្រង់សំដែងធម្មទេសនា ក្នុងកាលខ្លះ ក៏មិនសំដែង។ ព្រះអង្គត្រាស់តបថា ម្នាលបុណ្ណិយៈ ភិក្ខុមានសទ្ធាហើយ តែមិនចូលមករកទេ តថាគតក៏មិនទាន់សំដែងធម្មទេសនា ម្នាលបុណ្ណិយៈ កាលបើភិក្ខុមានសទ្ធាផង បានចូលមករកផង យ៉ាងនេះ ទើបតថាគតសំដែងធម្មទេសនា ម្នាលបុណ្ណិយៈ ភិក្ខុមានសទ្ធាផង បានចូលមករកផង តែមិនបានចូលមកអង្គុយជិត។បេ។ បានចូលមកអង្គុយជិតហើយ តែមិនបានសាកសួរ បានសាកសួរហើយ តែមិនបានផ្ទៀងត្រចៀកស្ដាប់ធម៌ ផ្ទៀងត្រចៀកស្ដាប់ហើយ តែមិនស្ដាប់ឲ្យចាំធម៌ ស្ដាប់ចាំធម៌ហើយ តែមិនពិចារណានូវសេចក្ដីនៃធម៌ ដែលខ្លួនចងចាំហើយ ពិចារណានូវសេចក្ដីនៃធម៌ ដែលខ្លួនចងចាំហើយ តែមិនដឹងនូវអត្ថ មិនដឹងនូវធម៌ ហើយប្រតិបតិ្តនូវធម៌ដ៏សមគួរដល់ធម៌ទេ តថាគត ក៏មិនសំដែងធម្មទេសនាឡើយ។ ម្នាលបុណ្ណិយៈ កាលបើភិក្ខុមានសទ្ធាផង បានចូលមករកផង បានចូលមកអង្គុយជិតផង បានសាកសួរផង បានផ្ទៀងត្រចៀកស្ដាប់ធម៌ផង ស្ដាប់ឲ្យចាំធម៌ផង ពិចារណានូវសេចក្ដីនៃធម៌ដែលខ្លួនចងចាំផង ដឹងនូវអត្ថ ដឹងនូវធម៌ ហើយប្រតិបតិ្តធម៌ ដ៏សមគួរដល់ធម៌ផង យ៉ាងនេះ ទើបតថាគត សំដែងធម្មទេសនា។ ម្នាលបុណ្ណិយៈ ភិក្ខុប្រកបដោយធម៌ (៨យ៉ាង) នេះឯង ទើបតថាគត សំដែងនូវធម្មទេសនាយ៉ាងច្បាស់លាស់។
មូលកសូត្រ ទី៣
[៩៩] ម្នាលភិក្ខុទាំងឡាយ បើពួកបរិព្វាជក ជាអន្យតិរិ្ថយសួរយ៉ាងនេះថា ម្នាលអាវុសោ ធម៌ទាំងអស់ គឺបព្ចាក្ខន្ធ មានអ្វីជាមូល ធម៌ទាំងអស់កើតអំពីអ្វី ធម៌ទាំងអស់ប្រជុំកើតអំពីអ្វី ធម៌ទាំងអស់ប្រជុំចុះក្នុងអ្វី ធម៌ទាំងអស់មានអ្វីជាប្រធាន ធម៌ទាំងអស់មានអ្វីជាអធិបតី ធម៌ទាំងអស់មានអ្វីជាវិសេស ធម៌ទាំងអស់ មានអ្វីជាខ្លឹម ម្នាលភិក្ខុទាំងឡាយ បើពួកបរិព្វាជកជាអន្យតិរិ្ថយ សួរយ៉ាងនេះ តើអ្នកទាំងឡាយ គប្បីដោះស្រាយដូចម្ដេច ដល់ពួកបរិព្វាជក ជាអន្យតិរិ្ថយនោះ។ បពិត្រព្រះអង្គដ៏ចំរើន ធម៌ទាំងឡាយ មានព្រះដ៏មានព្រះភាគជាមូល មានព្រះដ៏មានព្រះភាគ ជាអ្នកណែនាំ មានព្រះដ៏មានព្រះភាគជាទីពឹងរបស់យើងខ្ញុំព្រះអង្គស្រាប់ហើយ បពិត្រព្រះអង្គដ៏ចំរើន សូមព្រះដ៏មានព្រះភាគ សំដែងនូវសេចក្ដីនៃភាសិតនេះឲ្យទាន ពួកភិក្ខុ បានស្ដាប់ភាសិតរបស់ព្រះអង្គហើយ នឹងចងចាំទុក។ ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ អ្នកទាំងឡាយ ចូរប្រុងស្ដាប់ ចូរធ្វើទុកក្នុងចិត្តដោយប្រពៃចុះ តថាគតនឹងសំដែង។ ភិក្ខុទាំងនោះ បានទទួលតបថា ព្រះករុណា ព្រះអង្គ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បើពួកបរិព្វាជក ជាអន្យតិរិ្ថយ សួរយ៉ាងនេះថា ម្នាលអាវុសោ ធម៌ទាំងអស់ មានអ្វីជាមូល ធម៌ទាំងអស់កើតអំពីអ្វី ធម៌ទាំងអស់ប្រជុំកើតអំពីអ្វី ធម៌ទាំងអស់ប្រជុំចុះក្នុងអ្វី ធម៌ទាំងអស់មានអ្វីជាប្រធាន ធម៌ទាំងអស់មានអ្វីជាអធិបតី ធម៌ទាំងអស់មានអ្វីជាវិសេស ធម៌ទាំងអស់មានអ្វីជាខ្លឹម ម្នាលភិក្ខុទាំងឡាយ កាលបើពួកបរិព្វាជកអន្យតិរិ្ថយ សួរយ៉ាងនេះ អ្នកទាំងឡាយ គប្បីដោះស្រាយ ដល់បរិព្វាជកអន្យតិរិ្ថយទាំងនោះ យ៉ាងនេះថា ម្នាលអាវុសោ ធម៌ទាំងអស់ មានឆន្ទៈជាមូល ធម៌ទាំងអស់ កើតអំពីមនសិការៈ ធម៌ទាំងអស់ ប្រជុំកើតអំពីផស្សៈ ធម៌ទាំងអស់ ប្រជុំចុះក្នុងវេទនា ធម៌ទាំងអស់ មានសមាធិជាប្រធាន ធម៌ទាំងអស់ មានសតិជាអធិបតី ធម៌ទាំងអស់ មានបញ្ញាជាវិសេស ធម៌ទាំងអស់ មានវិមុត្តិជាខ្លឹម ម្នាលភិក្ខុទាំងឡាយ កាលបើពួកបរិព្វាជកអន្យតិរិ្ថយ សួរយ៉ាងនេះហើយ អ្នកទាំងឡាយ គប្បីដោះស្រាយ ដល់បរិព្វាជកអន្យតិរិ្ថយទាំងនោះ យ៉ាងនេះឯង។
ចោរសូត្រ ទី៤
[១០០] ម្នាលភិក្ខុទាំងឡាយ មហាចោរប្រកបដោយអង្គ ៨ប្រការ រមែងវិនាសឆាប់ មិនតាំងនៅយូរឡើយ។ ប្រកបដោយអង្គ ៨ ប្រការ តើដូចម្ដេច។ គឺប្រហារនូវបុគ្គលដែលមិនប្រហារតប [បុគ្គលដែលមិនចងពៀរនឹងខ្លួន សម្បូណ៌ដោយគុណធម៌ មនុស្សចាស់ កូនក្មេងតូច។ អដ្ឋកថា។] ១ កាន់យកទ្រព្យរបស់គេ មិនឲ្យមានសេសសល់ ១ នាំយកស្រ្ដី ១ ប្រទូស្ដនឹងក្មេងស្រ្ដី ១ ប្លន់បព្វជិត ១ ប្លន់ព្រះរាជឃ្លាំង ១ ធ្វើចោរកម្មក្នុងទីជិត (ស្រុក ឬនិគម រាជធានីជាដើម) ១ ជាអ្នកមិនឈ្លាសវៃ ក្នុងការកប់ទ្រព្យទុក (ក្នុងទក្ខិណេយ្យបុគ្គល) ១។ ម្នាលភិក្ខុទាំងឡាយ មហាចោរប្រកបដោយអង្គ ៨ ប្រការនេះឯង រមែងវិនាសឆាប់ មិនតាំងនៅយូរឡើយ។
[១០១] ម្នាលភិក្ខុទាំងឡាយ មហាចោរ ប្រកបដោយអង្គ ៨ ប្រការ រមែងមិនវិនាសឆាប់ ជាអ្នកតាំងនៅយូរបាន។ ប្រកបដោយអង្គ ៨ ប្រការ តើដូចម្ដេចខ្លះ។ គឺមិនប្រហារនូវបុគ្គលដែលមិនប្រហារតប ១ មិនកាន់យកទ្រព្យរបស់គេ មិនឲ្យមានសេសសល់ ១ មិននាំយកស្រ្ដី ១ មិនប្រទូស្ដក្មេងស្រ្ដី ១ មិនប្លន់បព្វជិត១ មិនប្លន់ព្រះរាជឃ្លាំង ១ មិនធ្វើចោរកម្មក្នុងទីជិត ១ ជាអ្នកឈ្លាសវៃ ក្នុងការកប់ទ្រព្យទុក (ក្នុងទក្ខិណេយ្យបុគ្គល) ១។ ម្នាលភិក្ខុទាំងឡាយ មហាចោរ ប្រកបដោយអង្គ ៨ ប្រការនេះឯង រមែងមិនវិនាសឆាប់ ជាអ្នកតាំងនៅយូរបាន។
សមណសូត្រ ទី៥
[១០២] ម្នាលភិក្ខុទាំងឡាយ ពាក្យថា សមណៈ (អ្នកស្ងប់រម្ងាប់) នេះ ជាឈ្មោះរបស់តថាគត ជាអរហន្ដសម្មាសម្ពុទ្ធ ម្នាលភិក្ខុទាំងឡាយ ពាក្យថា ព្រាហ្មណ៍ (អ្នកបន្សាត់បង់នូវបាប) នេះ ជាឈ្មោះរបស់តថាគត ជាអរហន្ដសម្មាសម្ពុទ្ធ ម្នាលភិក្ខុទាំងឡាយ ពាក្យថា វេទគូ (អ្នកចេះចប់ត្រៃវេទ) នេះ ជាឈ្មោះរបស់តថាគត ជាអរហន្ដសម្មាសម្ពុទ្ធ ម្នាលភិក្ខុទាំងឡាយ ពាក្យថា ភិសក្កៈ (គ្រូពេទ្យវះកាត់) នេះ ជាឈ្មោះរបស់តថាគត ជាអរហន្ដសម្មាសម្ពុទ្ធ ម្នាលភិក្ខុទាំងឡាយ ពាក្យថា និម្មលៈ (អ្នកគ្មានមន្ទិល) នេះ ជាឈ្មោះរបស់តថាគត ជាអរហន្ដសម្មាសម្ពុទ្ធ ម្នាលភិក្ខុទាំងឡាយ ពាក្យថា វិមលៈ (អ្នកប្រាសចាកមន្ទិល) នេះ ជាឈ្មោះរបស់តថាគត ជាអរហន្តសម្មាសម្ពុទ្ធ ម្នាលភិក្ខុទាំងឡាយ ពាក្យថា ញាណី (អ្នកមានញាណ) នេះ ជាឈ្មោះរបស់តថាគត ជាអរហន្ដសម្មាសម្ពុទ្ធ ម្នាលភិក្ខុទាំងឡាយ ពាក្យថា វិមុត្ត (អ្នកផុតស្រឡះ) នេះ ជាឈ្មោះរបស់តថាគត ជាអរហន្ដសម្មាសម្ពុទ្ធ។
គុណជាតណា ដែលតថាគតជាសមណៈ ជាព្រាហ្មណ៍ មានព្រហ្មចរិយៈនៅរួចហើយ គប្បីសម្រេចក្ដី គុណជាតណា ដែលតថាគត អ្នកចេះចប់ត្រៃវេទ ជាគ្រូពេទ្យវះកាត់ គប្បីសម្រេចក្ដី គុណជាតនោះ ប្រសើរបំផុត គុណជាតណា ដែលតថាគតគ្មានមន្ទិល ប្រាសចាកមន្ទិល មានព្រហ្មចរិយៈ នៅរួចហើយ គប្បីសម្រេចក្ដី គុណជាតណា ដែលតថាគត មានញាណ អ្នករួចស្រឡះ គប្បីសម្រេចក្ដី គុណជាតនោះ ប្រសើរបំផុត តថាគតនោះ ជាអ្នកឈ្នះសង្រ្គាម រួចចាកចំណង ទាំងស្រាយមហាជន ឲ្យរួចចាកចំណង ជាបុគ្គលប្រសើរ មានខ្លួនទូន្មានហើយ ដោយប្រពៃ ជាអសេក្ខបុគ្គល បរិនិព្វានហើយ។
យសសូត្រ ទី៦
[១០៣] សម័យមួយ ព្រះដ៏មានព្រះភាគ ព្រមដោយភិក្ខុសង្ឃច្រើនរូប ទ្រង់ពុទ្ធដំណើរទៅកាន់ចារិក ក្នុងក្រុងកោសម្ពី បានសេ្ដចទៅដល់ព្រាហ្មណគ្រាម ឈ្មោះឥច្ឆានង្គលៈ របស់ពួកអ្នកដែនកោសល។ បានឮថា ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងដងព្រៃឥច្ឆានង្គលៈ ជិតស្រុកឥច្ឆានង្គលៈនោះ។ ពួកព្រាហ្មណ៍ និងគហបតី អ្នកស្រុកឥច្ឆានង្គលៈ បានឮដំណឹង (ប្រកាសប្រាប់គ្នា) ថា ម្នាលគ្នាយើង ឮថា ព្រះសមណគោតម ជាសក្យបុត្ត ចេញចាកសក្យត្រកូល ទៅទ្រង់ព្រះផ្នួស ឥឡូវបានសេ្ដចមកដល់ស្រុកឥច្ឆានង្គលៈហើយ ទ្រង់គង់នៅក្នុងដងព្រៃឥច្ឆានង្គលៈ ជិតស្រុកឥច្ឆានង្គលៈ។ កិត្តិសព្ទដ៏ពីរោះយ៉ាងនេះ របស់ព្រះគោតមដ៏ចំរើនអង្គនោះ ល្បីឮសុះសាយទៅថា ព្រះដ៏មានព្រះភាគ អង្គនោះ ជាអរហន្ដសម្មាសម្ពុទ្ធ។បេ។ ក៏ការដែលបានជួបប្រទះនឹងព្រះអរហន្ដទាំងឡាយ មានសភាពដូច្នោះ ជាការប្រពៃពេកណាស់។ គ្រានោះ ពួកព្រាហ្មណ៍ និងគហបតី អ្នកស្រុកឥច្ឆានង្គលៈ កាលកន្លងរាត្រីនោះទៅហើយ ក៏នាំយកខាទនីយភោជនីយាហារដ៏ក្រាស់ក្រែល នាំគ្នាដើរចូលសំដៅទៅរកដងព្រៃឥច្ឆានង្គលៈ លុះចូលទៅដល់ហើយ ក៏ឈរស្រែកហ៊ោ និយាយខ្លាំង ទៀបក្លោងទ្វារខាងក្រៅ។
សម័យនោះឯង ព្រះនាគិតៈដ៏មានអាយុ ជាឧបដ្ឋាកព្រះដ៏មានព្រះភាគ។ វេលានោះ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់សួរព្រះនាគិតៈដ៏មានអាយុថា ម្នាលនាគិតៈ ចុះពួកណាស្រែកហ៊ោ និយាយឮខ្លាំងម្ល៉េះ ហាក់ដូចជាព្រានសំណាញ់ដណ្ដើមត្រីគ្នា។ ព្រះនាគិតៈដ៏មានអាយុ ក្រាបបង្គំទូលថា សូមទ្រង់ព្រះមេត្តាប្រោស អ្នកទាំងនុ៎ះ ជាព្រាហ្មណ៍ និងគហបតី នៅក្នុងស្រុកឥច្ឆានង្គលៈ នាំយកខាទនីយភោជនីយាហារ ដ៏ក្រាស់ក្រែល ឧទ្ទិសចំពោះព្រះដ៏មានព្រះភាគផង ព្រះភិក្ខុសង្ឃផង ហើយឈរទៀបក្លោងទ្វារខាងក្រៅ។ ម្នាលនាគិតៈ តថាគត សូមកុំឲ្យជួបប្រសព្វនឹងយសបរិវារ ទាំងយសបរិវារ ក៏សូមកុំឲ្យជួបប្រសព្វនឹងតថាគតឡើយ ម្នាលនាគិតៈ បុគ្គលណា មិនបានដូចប្រាថ្នា មិនបានដោយងាយ មិនបានដោយស្រួល នូវនេក្ខម្មសុខ បវិវេកសុខ ឧបសមសុខ សម្ដោធសុខនេះ ដូចជានេក្ខម្មសុខ បវិវេកសុខ ឧបសមសុខ សម្ពោធសុខ ដែលតថាគតបានដូចប្រាថ្នា បានដោយងាយ បានដោយស្រួលទេ បុគ្គលនោះឯង គប្បីត្រេកអរចំពោះសេចក្ដីសុខមិនស្អាត សុខក្នុងការដេកលក់ សុខកើតអំពីលាភសក្ការៈ និងពាក្យសរសើរ។ ព្រះនាគិតៈក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន ឥឡូវនេះ សូមព្រះដ៏មានព្រះភាគទទួលនិមន្ដ សូមព្រះសុគតទទួលនិមន្ដ បពិត្រព្រះអង្គដ៏ចំរើន ឥឡូវនេះ កាលនេះ ជាកាលគួរព្រះដ៏មានព្រះភាគទទួលនិមន្ដហើយ បពិត្រព្រះអង្គដ៏ចំរើន បើព្រះដ៏មានព្រះភាគនឹងស្តេចទៅក្នុងទីណាៗ ក្នុងកាលឥឡូវនេះ ក៏គង់ពួកព្រាហ្មណ៍ និងគហបតី ជាអ្នកនិគមក្ដី អ្នកជនបទក្ដី នឹងតាមទៅក្នុងទីនោះៗមិនខាន។ បពិត្រព្រះអង្គដ៏ចំរើន កាលបើភ្លៀងមានដំណក់ទឹកថ្លោសៗបង្អុរចុះមក ទឹកទាំងឡាយ តែងហូរធ្លាក់ទៅកាន់ទីទាប ដូចម្ដេចមិញ បពិត្រព្រះអង្គដ៏ចំរើន បើព្រះដ៏មានព្រះភាគនឹងស្ដេចទៅ ក្នុងទីណាៗ ក្នុងកាលឥឡូវនេះ ក៏គង់ពួកព្រាហ្មណ៍ និងគហបតី ជាអ្នកនិគមក្ដី អ្នកជនបទក្ដី នឹងតាមទៅ ក្នុងទីនោះៗ មិនខាន ដូច្នោះឯង។ ដំណើរនោះ ព្រោះហេតុអ្វី។ បពិត្រព្រះអង្គដ៏ចំរើន ព្រោះព្រះដ៏មានព្រះភាគ ព្រះអង្គ មានសីល និងប្រាជ្ញា។ ម្នាលនាគិតៈ តថាគត សូមកុំឲ្យជួបប្រសព្វនឹងយសបរិវារ ទាំងយសបរិវារ ក៏សូមកុំឲ្យជួបប្រសព្វនឹងតថាគតឡើយ ម្នាលនាគិតៈ បុគ្គលណា មិនបានដូចប្រាថ្នា មិនបានដោយងាយ មិនបានដោយស្រួល នូវនេក្ខម្មសុខ បវិវេកសុខ ឧបសមសុខ សម្តោធសុខនេះ ដូចជានេក្ខម្មសុខ បវិវេកសុខ ឧបសមសុខ សម្តោធសុខ ដែលតថាគតបានដូចប្រាថ្នា បានដោយងាយ បានដោយស្រួលទេ បុគ្គលនោះ គប្បីត្រេកអរចំពោះសេចក្ដីសុខមិនស្អាត សុខក្នុងការដេកលក់ សុខដែលកើតអំពីលាភសក្ការៈ និងពាក្យសរសើរ។ ម្នាលនាគិតៈ សូម្បីទេវតាពួកខ្លះ ក៏មិនបានដូចប្រាថ្នា មិនបានដោយងាយ មិនបានដោយស្រួល នូវនេក្ខម្មសុខ បវិវេកសុខ ឧបសមសុខ សម្ដោធសុខនេះ ដូចជានេក្ខម្មសុខ បវិវេកសុខ ឧបសមសុខ សម្ដោធសុខ ដែលតថាគតបានដូចប្រាថ្នា បានដោយងាយ បានដោយស្រួលដែរ ម្នាលនាគិតៈ អ្នកទាំងឡាយ កាលមកប្រជុំ សមាគមគ្នា ខ្វល់ខ្វាយខាងការនៅច្រឡូកច្រឡំដោយពួកហើយ រមែងមានសេចក្ដីត្រិះរិះយ៉ាងនេះថា លោកទាំងឡាយនេះ មុខជាមិនបានដូចប្រាថ្នា មិនបានដោយងាយ មិនបានដោយស្រួល នូវនេក្ខម្មសុខ បវិវេកសុខ ឧបសមសុខ សម្ដោធសុខនេះ ដូចជានេក្ខម្មសុខ បវិវេកសុខ ឧបសមសុខ សម្តោធសុខ ដែលតថាគតបានដូចប្រាថ្នា បានដោយងាយ បានដោយស្រួល ដោយពិត ព្រោះថា លោកដ៏មានអាយុទាំងនេះ មកប្រជុំសមាគមគ្នា ប្រកបរឿយៗខាងការនៅច្រឡូកច្រឡំដោយពួក។ ម្នាលនាគិតៈ ក្នុងទីឯណោះ តថាគតឃើញពួកភិក្ខុ កំពុងសើចក្អាកក្អាយ សើចប្រឡែងគ្នា ដោយការចាក់ដោយជន្លួញ គឺម្រាមដៃ ទៅវិញទៅមក ម្នាលនាគិតៈ តថាគត មានសេចក្ដីត្រិះរិះយ៉ាងនេះថា លោកដ៏មានអាយុទាំងនេះ មុខជាមិនបានដូចប្រាថ្នា មិនបានដោយងាយ មិនបានដោយស្រួល នូវនេក្ខម្មសុខ បវិវេកសុខ ឧបសមសុខ សម្ដោធសុខនេះ ដូ