អង្គុត្តរនិកាយ ទសកនិបាត

ឯកាទសមភាគ
ភាគទី៥០

សូមនមស្ការចំពោះព្រះដ៏មានព្រះភាគជាអរហន្តសម្មាសម្ពុទ្ធព្រះអង្គនោះ។

បឋមបណ្ណាសក

អានិសំសវគ្គ ទី១

កិមត្ថិយសូត្រ ទី១

[១] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅ​ក្នុង​វត្តជេតពន របស់​អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ គ្រានោះឯង ព្រះអានន្ទ​ដ៏មាន​អាយុ ចូលទៅគាល់​ព្រះដ៏មានព្រះភាគ លុះ​ចូលទៅដល់ ក្រាបថ្វាយបង្គំ​ព្រះដ៏មាន​ព្រះភាគ រួចអង្គុយ​ក្នុង​ទីសមគួរ។ លុះ​ព្រះអានន្ទ​ដ៏មានអាយុ អង្គុយក្នុង​ទីសមគួរហើយ ទើប​ក្រាប​បង្គំទូល ព្រះដ៏មានព្រះភាគ​ដូច្នេះថា បពិត្រ​ព្រះអង្គដ៏ចំរើន ពួកសីល​ជា​កុសល មានអ្វី​ជាប្រយោជន៍ មានអ្វីជា​អានិសង្ស។ ម្នាលអានន្ទ ពួកសីលជាកុសល មាន​អវិប្បដិសារៈ (សេចក្តី​មិនក្តៅ​ក្រហាយ) ជាប្រយោជន៍ មាន​អវិប្បដិសារៈ ជាអានិសង្ស។ បពិត្រ​ព្រះអង្គដ៏ចំរើន ចុះ​អវិប្បដិសារៈ មានអ្វីជា​ប្រយោជន៍ មានអ្វីជា​អានិសង្ស។ ម្នាល​អានន្ទ អវិប្បដិសារៈ មាន​បាមុជ្ជៈ (សេចក្តី​រីករាយ) ជាប្រយោជន៍ មាន​បាមុជ្ជៈ​ជា​អានិសង្ស។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ចុះបាមុជ្ជៈ មានអ្វីជា​ប្រយោជន៍ មានអ្វីជា​អានិសង្ស។ ម្នាលអានន្ទ បាមុជ្ជៈ មានបីតិ (សេចក្តី​ឆ្អែតចិត្ត) ជាប្រយោជន៍ មាន​បីតិជាអានិសង្ស។ បពិត្រ​ព្រះអង្គដ៏ចំរើន ចុះបីតិ មានអ្វីជា​ប្រយោជន៍ មានអ្វីជា​អានិសង្ស។ ម្នាល​អានន្ទ បីតិ មាន​បស្សទ្ធិ (សេចក្តី​ស្ងប់) ជាប្រយោជន៍ មាន​បស្សទ្ធិ ជាអានិសង្ស។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ចុះបស្សទ្ធិ មានអ្វីជាប្រយោជន៍ មានអ្វីជា​អានិសង្ស។ ម្នាល​អានន្ទ បស្សទិ្ធ មានសុខៈ​ជាប្រយោជន៍ មានសុខៈ​ជាអានិសង្ស។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ចុះសុខៈ មានអ្វី​ជា​ប្រយោជន៍ មានអ្វីជា​អានិសង្ស។ ម្នាលអានន្ទ សុខៈ មានសមាធិ ជាប្រយោជន៍ មានសមាធិ ជា​អានិសង្ស។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ចុះសមាធិ មានអ្វី​ជាប្រយោជន៍ មានអ្វី​ជា​អានិសង្ស។ មា្នល​អានន្ទ សមាធិ មាន​យថាភូតញ្ញាណទស្សនៈ (វិបស្សនាញាណ​ទន់ខ្ចី) ជា​ប្រយោជន៍ មានយថាភូតញ្ញាណ​ទស្សនៈ ជា​អានិសង្ស។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ចុះ​យថាភូតញ្ញាណ​ទស្សនៈ មានអ្វីជា​ប្រយោជន៍ មានអ្វីជា​អានិសង្ស។ ម្នាល​អានន្ទ យថាភូតញ្ញាណ​ទស្សនៈ មាននិព្វិទា និងវិរាគៈ (វិបស្សនាញាណ​ដ៏មាន​កំឡាំង និងមគ្គ) ជា​ប្រយោជន៍ មាននិព្វិទា និងវិរាគៈ ជាអានិសង្ស។ បពិត្រ​ព្រះអង្គដ៏ចំរើន ចុះនិព្វិទា និង​វិរាគៈ មានអ្វីជា​ប្រយោជន៍ មានអ្វី​ជាអានិសង្ស។ ម្នាលអានន្ទ និព្វិទា និងវិរាគៈ មានវិមុត្តិញ្ញាណ​ទស្សនៈ (អរហត្តផល និងបច្ចវេក្ខណញ្ញាណ) ជា​ប្រយោជន៍ មាន​វិមុត្តិញ្ញាណទស្សនៈ ជាអានិសង្ស។ ម្នាល​អានន្ទ ពួកសីល​ជាកុសល មាន​អវិប្បដិសារៈ ជា​ប្រយោជន៍ មាន​អវិប្បដិសារៈ ជា​អានិសង្ស អវិប្បដិសារៈ មានបាមុជ្ជៈ ជាប្រយោជន៍ មាន​បាមុជ្ជៈ ជា​អានិសង្ស បាមុជ្ជៈ មាន​ បីតិ ជាប្រយោជន៍ មានបីតិ ជាអានិសង្ស បីតិ មាន​បស្សទ្ធិ ជាប្រយោជន៍ មានបស្សទ្ធិ ជាអានិសង្ស បស្សទ្ធិ មានសុខៈ ជាប្រយោជន៍ មានសុខៈ ជា​អានិសង្ស សុខៈ មានសមាធិ​ជាប្រយោជន៍ មានសមាធិ ជាអានិសង្ស សមាធិ មាន​យថាភូតញ្ញាណទស្សនៈ​ជាប្រយោជន៍ មាន​យថាភូតញ្ញាណ​ទស្សនៈ ជា​អានិសង្ស យថាភូតញ្ញាណទស្សនៈ មាននិព្វិទា និង​វិរាគៈ ជាប្រយោជន៍ មាន​និព្វិទា និង​វិរាគៈ ជា​អានិសង្ស និព្វិទា និង​វិរាគៈ មាន​វិមុត្តិញ្ញាណៈ​ទស្សនៈ ជាប្រយោជន៍ មាន​វិមុត្តិញ្ញាណទស្សនៈ ជាអានិសង្ស ដោយប្រការ​ដូច្នេះឯង។ ម្នាលអានន្ទ ពួកសីល​ជាកុសល រមែងញុំាងធម៌​ទាំងនោះ ឲ្យពេញ​តាមលំដាប់ ដើម្បី​ព្រះអរហត្ត​ដោយប្រការដូច្នេះ។

ចេតនាករណីយសូត្រ ទី២

[២] ម្នាលភិក្ខុទាំងឡាយ កាលបើបុគ្គលមានសីល បរិបូណ៌​ដោយ​សីលហើយ មិនបាច់​ធ្វើដោយ​ចេតនាថា អវិប្បដិសារៈ ចូរកើតឡើង​ដល់​អាត្មាអញ។ ម្នាលភិក្ខុ​ទាំង​ឡាយ អវិប្បដិសារៈ កើតឡើង​ដល់បុគ្គល​មាន​សីល អ្នកបរិបូណ៌​ដោយសីល ដោយ​ហេតុ​ណា ហេតុនុ៎ះ រមែងមាន​ជាធម្មតា ម្នាលភិក្ខុ​ទាំងឡាយ កាលបើបុគ្គល​មិនមាន​វិប្បដិសារៈ​ហើយ មិន​បាច់ធ្វើដោយ​ចេតនាថា បាមុជ្ជៈ ចូរកើតឡើង​ដល់អាត្មាអញ។ ម្នាលភិក្ខុ​ទាំងឡាយ បាមុជ្ជៈ កើតឡើងដល់​បុគ្គលមិនមាន​វិប្បដិសារៈ ដោយ​ហេតុ​ណា ហេតុនុ៎ះ រមែងមាន​ជាធម្មតា ម្នាលភិក្ខុ​ទាំងឡាយ កាលបើបុគ្គល​មានបាមុជ្ជៈ​ហើយ មិនបាច់ធ្វើ​ដោយចេតនាថា បីតិ ចូរកើតឡើង​ដល់អាត្មាអញ។ ម្នាលភិក្ខុ​ទាំងឡាយ បីតិ កើតឡើង​ដល់បុគ្គល​អ្នកមាន​បាមុជ្ជៈ ដោយ​ហេតុណា ហេតុនុ៎ះ រមែងមាន​ជាធម្មតា ម្នាលភិក្ខុ​ទាំងឡាយ កាល​បើបុគ្គលមាន​ចិត្តប្រកបដោយ​បីតិហើយ មិនបាច់​ធ្វើដោយ​ចេតនាថា កាយ របស់អាត្មា​អញ ចូរស្ងប់​រម្ងាប់។ ម្នាលភិក្ខុ​ទាំងឡាយ កាយ​ស្ងប់រម្ងាប់​ដល់​បុគ្គលមាន​ចិត្តប្រកប​ដោយបីតិ ដោយ​ហេតុណា ហេតុនុ៎ះ រមែងមាន​ជា​ធម្មតា ម្នាលភិក្ខុ​ទាំងឡាយ កាលបើបុគ្គល​មានកាយ​ស្ងប់រម្ងាប់​ហើយ មិនបាច់ធ្វើ​ដោយ​ចេតនាថា អាត្មាអញ​នឹងសោយ​សុខៈ។ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គលមាន​កាយស្ងប់​រម្ងាប់ សោយ​សុខៈ ដោយ​ហេតុណា ហេតុនុ៎ះ រមែងមាន​ជាធម្មតា ម្នាលភិក្ខុ​ទាំងឡាយ កាលបើ​បុគ្គល មានសុខៈ​ហើយ មិនបាច់ធ្វើ​ដោយចេតនាថា ចិត្តរបស់​អាត្មាអញ ចូរនឹង​ធឹង។ ម្នាលភិក្ខុ​ទាំងឡាយ ចិត្តរបស់​បុគ្គល​មានសុខៈ នឹងធឹង ដោយហេតុ​ណា ហេតុនុ៎ះ រមែង​មានជា​ធម្មតា ម្នាលភិក្ខុ​ទាំងឡាយ កាលបើបុគ្គល​មានចិត្ត​នឹងធឹងហើយ មិនបាច់ធ្វើ​ដោយ​ចេតនាថា អាត្មាអញ​នឹងដឹង នឹងឃើញ​តាមពិត។ ម្នាល​ភិក្ខុទាំងឡាយ បុគ្គលមាន​ចិត្តនឹងធឹង ដឹង ឃើញ​តាមពិត ដោយហេតុណា ហេតុនុ៎ះ រមែងមាន​ជាធម្មតា ម្នាលភិក្ខុ​ទាំងឡាយ កាលបើបុគ្គល​ដឹង ឃើញ​តាមពិតហើយ មិនបាច់ធ្វើ​ដោយ​ចេតនាថា អាត្មាអញ នឹងធុញទ្រាន់​ នឿយណាយ។ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គលកាល​ដឹង ឃើញ​តាមពិត ធុញទ្រាន់​នឿយណាយ ដោយហេតុ​ណា ហេតុនុ៎ះ រមែងមាន​ជាធម្មតា ម្នាលភិក្ខុ​ទាំងឡាយ កាលបើបុគ្គល​ធុញទ្រាន់ នឿយណាយ​ហើយ មិនបាច់​ធ្វើដោយ​ចេតនា​ថា អាត្មាអញ នឹងធ្វើ​ឲ្យជាក់ច្បាស់​នូវ​វិមុត្តិញ្ញាណទស្សនៈ។ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គល​ធុញទ្រាន់ នឿយណាយ ធ្វើឲ្យ​ជាក់ច្បាស់ នូវ​វិមុត្តិញ្ញាណទស្សនៈ ដោយហេតុ​ណា ហេតុនុ៎ះ រមែងមាន​ជាធម្មតា។ ម្នាលភិក្ខុ​ទាំងឡាយ និព្វិទា និងវិរាគៈ មាន​វិមុត្តិញ្ញាណ​ទស្សនៈ ជាប្រយោជន៍ មានវិមុត្តិញ្ញាណ​ទស្សនៈ ជាអានិសង្ស យថាភូតញ្ញាណ​ទស្សនៈ មាន​និព្វិទា និងវិរាគៈ ជាប្រយោជន៍ មាននិព្វិទា និងវិរាគៈ ជា​អានិសង្ស សមាធិ មាន​យថាភូតញ្ញាណទស្សនៈ ជាប្រយោជន៍ មាន​យថាភូតញ្ញាណទស្សនៈ ជា​អានិសង្ស សុខៈ មានសមាធិ ជាប្រយោជន៍ មានសមាធិ ជា​អានិសង្ស បស្សទ្ធិ មានសុខៈ ជាប្រយោជន៍ មានសុខៈ ជា​អានិសង្ស បីតិ មានបស្សទ្ធិ ជា​ប្រយោជន៍ មាន​បស្សទ្ធិ ជា​អានិសង្ស បាមុជ្ជៈ មានបីតិ ជាប្រយោជន៍ មានបីតិ ជា​អានិសង្ស អវិប្បដិសារៈ មាន​បាមុជ្ជៈ ជាប្រយោជន៍ មានបាមុជ្ជៈ ជាអានិសង្ស ពួកសីល​ជា​កុសល មាន​អវិប្បដិសារៈ ជាប្រយោជន៍ មានអវិប្បដិសារៈ ជាអានិសង្ស ដោយប្រការ​ដូច្នេះ។ ម្នាលភិក្ខុ​ទាំងឡាយ ធម៌ទាំងឡាយ តែងហូរទៅ​កាន់ធម៌ទាំងឡាយ ធម៌ទាំង​ឡាយ តែងញុំាង​ធម៌ទាំងឡាយ​ឲ្យពេញ ដើម្បី​ចេញចាកទី​មិនមែន​ជាត្រើយ គឺវដ្តៈ ប្រកប​ដោយភូមិ ៣ ហើយទៅ​កាន់ត្រើយ គឺព្រះនិព្វាន ដោយប្រការ​ដូច្នេះឯង។

បឋមឧបនិសសូត្រ ទី៣

[៣] ម្នាលភិក្ខុទាំងឡាយ អវិប្បដិសារៈ របស់បុគ្គល​ទ្រុស្តសីល វិបត្តិ​ចាកសីល រមែង​សាបសូន្យ ចាក​ឧបនិស្ស័យ កាលបើ​អវិប្បដិសារៈ​មិន​មានហើយ បាមុជ្ជៈ​របស់​បុគ្គល​វិបត្តិ​ចាកអវិប្បដិសារៈ រមែង​សាបសូន្យ ចាក​ឧបនិស្ស័យ កាលបើ​បាមុជ្ជៈ មិនមាន​ហើយ បីតិ របស់បុគ្គល​​វិបត្តិចាក​បាមុជ្ជៈ រមែង​សាបសូន្យ ចាក​ឧបនិស្ស័យ កាលបើ​បីតិមិនមាន​ហើយ បស្សទ្ធិ​របស់បុគ្គល​វិបត្តិចាកបីតិ រមែង​សាបសូន្យ ចាក​ឧបនិស្ស័យ កាល​បើបស្សទ្ធិ​មិនមានហើយ សុខៈ​របស់បុគ្គល​វិបត្តិចាកបស្សទ្ធិ រមែង​សាប​សូន្យ ចាក​ឧបនិស្ស័យ កាលបើ​សុខៈ មិនមានហើយ សម្មាសមាធិ របស់​បុគ្គល​វិបត្តិចាកសុខៈ រមែង​សាបសូន្យ ចាក​ឧបនិស្ស័យ កាលបើសម្មាសមាធិ មិនមានហើយ យថាភូតញ្ញាណ​ទស្សនៈ របស់បុគ្គល​វិបត្តិចាក​សម្មាសមាធិ រមែង​សាបសូន្យ ចាក​ឧបនិស្ស័យ កាលបើ​យថាភូតញ្ញាណ​ទស្សនៈ មិនមានហើយ និព្វិទា និងវិរាគៈ របស់បុគ្គល​វិបត្តិចាក​យថាភូតញ្ញាណទស្សនៈ រមែង​សាបសូន្យ ចាក​ឧបនិស្ស័យ កាលបើ​និព្វិទា និង​វិរាគៈ​មិនមាន​ហើយ វិមុត្តិញ្ញាណ​ទស្សនៈ​របស់បុគ្គល​វិបត្តិចាក​និព្វិទា និង​វិរាគៈ រមែង​សាបសូន្យ ចាក​ឧបនិស្ស័យ។ ម្នាលភិក្ខុ​ទាំងឡាយ ប្រៀប​ដូចដើមឈើ ដែលមិនមាន​មែក និង​ស្លឹកហើយ ក្រមរ​របស់ឈើ​នោះក្តី ក៏​មិនសូវ​បរិបូណ៌ សំបកក្តី ស្រាយក្តី ខ្លឹមក្តី ក៏មិនសូវ​បរិបូណ៌ យ៉ាងណា​មិញ ម្នាលភិក្ខុ​ទាំងឡាយ អវិប្បដិសារៈ របស់បុគ្គល​ទ្រុស្តសីល វិបត្តិចាកសីល រមែង​សាបសូន្យ ចាក​ឧបនិស្ស័យ កាលបើ​អវិប្បដិសារៈ មិនមាន​ហើយ បាមុជ្ជៈ​របស់បុគ្គល​វិបត្តិចាក​អវិប្បដិសារៈ រមែង​សាបសូន្យ ចាក​ឧបនិស្ស័យ។បេ។ វិមុត្តិញ្ញាណទស្សនៈ ក៏យ៉ាងនោះដែរ។ ម្នាលភិក្ខុទាំង​ឡាយ អវិប្បដិសារៈ របស់បុគ្គល​មានសីល បរិបូណ៌​ដោយសីល រមែង​បរិបូណ៌​ដោយ​ឧបនិស្ស័យ កាលបើមាន​អវិប្បដិសារៈ​ហើយ បាមុជ្ជៈ របស់បុគ្គល​បរិបូណ៌​ដោយ​អវិប្បដិសារៈ រមែងបរិបូណ៌​ដោយ​ឧបនិស្ស័យ កាលបើ​បាមុជ្ជៈ មានហើយ បីតិ​របស់​បុគ្គល​បរិបូណ៌​ដោយបាមុជ្ជៈ រមែង​បរិបូណ៌​ដោយឧបនិស្ស័យ កាល​បើបីតិ មានហើយ បស្សទ្ធិរបស់​បុគ្គល​បរិបូណ៌​ដោយបីតិ រមែងបរិបូណ៌​ដោយឧបនិស្ស័យ កាលបើបស្សទ្ធិ មាន​ហើយ សុខៈរបស់​បុគ្គលបរិបូណ៌​ដោយបស្សទ្ធិ រមែងបរិបូណ៌​ដោយឧបនិស្ស័យ កាល​បើសុខៈ មានហើយ សម្មាសមាធិ​របស់​បុគ្គលបរិបូណ៌​ដោយសុខៈ រមែង​បរិបូណ៌​ដោយ​ឧបនិស្ស័យ កាលបើ​សម្មាសមាធិ មានហើយ យថាភូតញ្ញាណ​ទស្សនៈ របស់​បុគ្គល​បរិបូណ៌​ដោយសម្មាសមាធិ រមែងបរិបូណ៌​ដោយឧបនិស្ស័យ កាលបើ​យថាភូតញ្ញាណ​ទស្សនៈ​មានហើយ និព្វិទា និងវិរាគៈ របស់បុគ្គល​បរិបូណ៌​ដោយ​យថាភូតញ្ញាណទស្សនៈ រមែងបរិបូណ៌​ដោយឧបនិស្ស័យ កាលបើនិព្វិទា និង​វិរាគៈ​មានហើយ វិមុត្តិញ្ញាណទស្សនៈ របស់បុគ្គល​បរិបូណ៌​ដោយ​និព្វិទា និងវិរាគៈ រមែង​បរិបូណ៌​​ដោយ​ឧបនិស្ស័យ។ ម្នាលភិក្ខុ​ទាំងឡាយ ប្រៀបដូចដើមឈើ ដែលបរិបូណ៌​ដោយ​មែក និងស្លឹកហើយ ក្រមររបស់​ឈើនោះក្តី ក៏រមែង​បរិបូណ៌ សំបកក្តី ស្រាយក្តី ខ្លឹមក្តី​ ក៏រមែង​បរិបូណ៌ យ៉ាងណាមិញ ម្នាលភិក្ខុ​ទាំងឡាយ អវិប្បដិសារៈ របស់បុគ្គល​មានសីល បរិបូណ៌​​ដោយសីល រមែង​បរិបូណ៌​​ដោយឧបនិស្ស័យ កាលបើ​អវិប្បដិសារៈ​មានហើយ បាមុជ្ជៈ​របស់បុគ្គល​បរិបូណ៌​ដោយអវិប្បដិសារៈ រមែង​បរិបូណ៌​ដោយ​ឧបនិស្ស័យ។បេ។ វិមុត្តិញ្ញាណទស្សនៈ ក៏យ៉ាងនោះដែរ។

ទុតិយឧបនិសសូត្រ ទី៤

[៤] ក្នុងទីនោះឯង ព្រះសារីបុត្រដ៏មានអាយុ មានថេរវាចា​នឹងភិក្ខុទាំងឡាយ​ថា ម្នាល​អាវុសោ​ទាំងឡាយ អវិប្បដិសារៈ​របស់បុគ្គល​ទ្រុស្តសីល វិបត្តិចាកសីល រមែង​សាបសូន្យ ចាក​ឧបនិស្ស័យ កាលបើ​អវិប្បដិសារៈ​មិនមានហើយ បាមុជ្ជៈ​របស់​បុគ្គល​វិបត្តិចាក​អវិប្បដិសារៈ រមែង​សាបសូន្យ ចាក​ឧបនិស្ស័យ កាលបើ​បាមុជ្ជៈ មិនមានហើយ បីតិ របស់​បុគ្គល​វិបត្តិចាក​បាមុជ្ជៈ រមែង​សាបសូន្យ ចាក​ឧបនិស្ស័យ កាលបើ​បីតិ មិនមាន​ហើយ បស្សទ្ធិ​របស់បុគ្គល​វិបត្តិចាកបីតិ រមែង​សាបសូន្យ ចាក​ឧបនិស្ស័យ កាលបើ​បស្សទ្ធិ មិនមានហើយ សុខៈរបស់​បុគ្គលវិបត្តិចាក​បស្សទ្ធិ រមែង​សាបសូន្យ ចាកឧបនិស្ស័យ កាល​បើសុខៈ មិនមានហើយ សម្មាសមាធិ​របស់បុគ្គល​វិបត្តិចាកសុខៈ រមែងសាបសូន្យ ចាក​ឧបនិស្ស័យ កាលបើ​សម្មាសមាធិ មិនមានហើយ យថាភូតញ្ញាណទស្សនៈ របស់​បុគ្គល​វិបត្តិចាក​សម្មាសមាធិ រមែងសាបសូន្យ​ចាកឧបនិស្ស័យ កាលបើ​យថាភូតញ្ញាណទស្សនៈ​មិនមានហើយ និព្វិទា និង​វិរាគៈ​របស់បុគ្គល​វិបត្តិចាក​យថាភូតញ្ញាណ​ទស្សនៈ រមែងសាបសូន្យ​ចាកឧបនិស្ស័យ កាលបើ​និព្វិទា និង​វិរាគៈ​មិនមាន​ហើយ វិមុត្តិញ្ញាណទស្សនៈ របស់បុគ្គល​វិបត្តិចាក​និព្វិទា និងវិរាគៈ រមែង​សាបសូន្យ​ចាក​ឧបនិស្ស័យ។ ម្នាលអាវុសោទាំងឡាយ ប្រៀបដូច​ដើមឈើ ដែល​វិបត្តិចាក​មែក និង​ស្លឹកហើយ ក្រមររបស់​ឈើនោះក្តី ក៏មិនសូវបរិបូណ៌ សំបកក្តី ស្រាយក្តី ខ្លឹមក្តី ក៏មិនសូវបរិបូណ៌ យ៉ាងណាមិញ ម្នាលអាវុសោទាំងឡាយ អវិប្បដិសារៈ​របស់បុគ្គល​ទ្រុស្តសីល វិបត្តិចាកសីល រមែងសាបសូន្យ​ចាកឧបនិស្ស័យ កាលបើ​អវិប្បដិសារៈ មិនមាន​ហើយ បាមុជ្ជៈ​របស់បុគ្គល​វិបត្តិចាក​អវិប្បដិសារៈ រមែងសាប​សូន្យ​ចាក​ឧបនិស្ស័យ។បេ។ វិមុត្តិញ្ញាណទស្សនៈ ក៏យ៉ាងនោះដែរ។ ម្នាលអាវុសោ​ទាំងឡាយ អវិប្បដិសារៈ​របស់បុគ្គល​មានសីល បរិបូណ៌​​ដោយសីល​ហើយ រមែងបរិបូណ៌​ដោយ​ឧបនិស្ស័យ កាលបើ​អវិប្បដិសារៈ មានហើយ បាមុជ្ជៈ​របស់បុគ្គល​បរិបូណ៌​ដោយ​អវិប្បដិសារៈ រមែង​បរិបូណ៌​​ដោយឧបនិស្ស័យ កាលបើ​បាមុជ្ជៈ​មានហើយ បីតិ​របស់​បុគ្គល​បរិបូណ៌​​ដោយបាមុជ្ជៈ រមែង​បរិបូណ៌​​ដោយឧបនិស្ស័យ កាលបើ​បីតិ មានហើយ បស្សទ្ធិ​របស់បុគ្គល​បរិបូណ៌​​ដោយបីតិ រមែង​បរិបូណ៌​ដោយ​ឧបនិស្ស័យ កាលបើ​បស្សទ្ធិ​មានហើយ សុខៈរបស់​បុគ្គលបរិបូណ៌​​ដោយ​បស្សទ្ធិ រមែងបរិបូណ៌​​ដោយឧបនិស្ស័យ កាលបើសុខៈ​មានហើយ សម្មាសមាធិ របស់បុគ្គល​បរិបូណ៌​​ដោយសុខៈ រមែង​បរិបូណ៌​ដោយ​ឧបនិស្ស័យ កាលបើ​សម្មាសមាធិ មានហើយ យថាភូតញ្ញាណទស្សនៈ របស់បុគ្គល​បរិបូណ៌​​ដោយ​សម្មាសមាធិ រមែងបរិបូណ៌​​ដោយឧបនិស្ស័យ កាលបើ​យថាភូតញ្ញាណទស្សនៈ​មានហើយ និព្វិទា និងវិរាគៈ​របស់បុគ្គលបរិបូណ៌​ដោយ​យថាភូតញ្ញាណទស្សនៈ រមែងបរិបូណ៌​ដោយឧបនិស្ស័យ កាលបើ​និព្វិទា និងវិរាគៈ​មានហើយ វិមុត្តិញ្ញាណទស្សនៈ​របស់បុគ្គល​បរិបូណ៌​ដោយនិព្វិទា និងវិរាគៈ រមែង​បរិបូណ៌​ដោយឧបនិស្ស័យ។ ម្នាលអាវុសោ​ទាំងឡាយ ប្រៀបដូច​ដើមឈើ ដែលបរិបូណ៌​ដោយមែក និងស្លឹកហើយ ក្រមររបស់​ឈើនោះក្តី ក៏បរិបូណ៌ សំបកក្តី ស្រាយក្តី ខ្លឹមក្តី ក៏បរិបូណ៌ យ៉ាងណាមិញ ម្នាលអាវុសោ​ទាំងឡាយ អវិប្បដិសារៈ របស់បុគ្គល​មាន​សីល បរិបូណ៌​​ដោយសីល រមែងបរិបូណ៌​​ដោយឧបនិស្ស័យ កាលបើអវិប្បដិសារៈ​មានហើយ បាមុជ្ជៈ​របស់បុគ្គល​បរិបូណ៌​​ដោយអវិប្បដិសារៈ រមែងបរិបូណ៌​ដោយឧបនិស្ស័យ។បេ។ វិមុត្តិញ្ញាណទស្សនៈ ក៏យ៉ាងនោះ​ដែរ។

តតិយឧបនិសសូត្រ ទី៥

[៥] ក្នុងទីនោះឯង ព្រះអានន្ទដ៏មានអាយុ មានថេរវាចានឹងភិក្ខុទាំង​ឡាយថា ម្នាលអាវុសោ​ទាំងឡាយ អវិប្បដិសារៈ​របស់បុគ្គល​ទ្រុស្តសីល វិបត្តិចាកសីល រមែងសាបសូន្យ​ចាកឧបនិស្ស័យ កាលបើ​អវិប្បដិសារៈ មិនមានហើយ បាមុជ្ជៈ​របស់បុគ្គល​វិបត្តិចាក​អវិប្បដិសារៈ រមែងសាបសូន្យ ចាក​ឧបនិស្ស័យ កាលបើ​បាមុជ្ជៈ មិនមាន​ហើយ បីតិរបស់បុគ្គល​វិបត្តិចាកបាមុជ្ជៈ រមែង​សាបសូន្យ ចាក​ឧបនិស្ស័យ កាលបើបីតិ មិនមាន​ហើយ បស្សទ្ធិរបស់​បុគ្គល​វិបត្តិចាកបីតិ រមែងសាបសូន្យ ចាកឧបនិស្ស័យ កាល​បើបស្សទ្ធិ មិនមានហើយ សុខៈរបស់​បុគ្គលវិបត្តិ​ចាកបស្សទ្ធិ រមែងសាប​សូន្យ​ចាកឧបនិស្ស័យ កាលបើសុខៈ​មិនមានហើយ សម្មាសមាធិ របស់​បុគ្គលវិបត្តិ​ចាកសុខៈ រមែង​សាបសូន្យ ចាកឧបនិស្ស័យ កាលបើ​សម្មាសមាធិ មិនមាន​ហើយ យថាភូតញ្ញាណទស្សនៈ របស់បុគ្គល​វិបត្តិចាក​សម្មាសមាធិ រមែងសាបសូន្យ ចាក​ឧបនិស្ស័យ កាលបើ​យថាភូតញ្ញាណទស្សនៈ មិនមានហើយ និព្វិទា និងវិរាគៈ​របស់បុគ្គល​វិបត្តិចាក​យថាភូតញ្ញាណទស្សនៈ រមែងសាបសូន្យ​ចាកឧបនិស្ស័យ កាលបើ​និព្វិទា និងវិរាគៈ មិនមាន​ហើយ វិមុត្តិញ្ញាណទស្សនៈ របស់បុគ្គល​វិបត្តិចាក​និព្វិទា និង​វិរាគៈ រមែង​សាបសូន្យ ចាក​ឧបនិស្ស័យ។ ម្នាលអាវុសោ​ទាំងឡាយ ប្រៀប​ដូចដើមឈើ ដែល​វិបត្តិចាកមែក និងស្លឹកហើយ ក្រមររបស់​ឈើនោះក្តី ក៏មិន​សូវបរិបូណ៌ សំបកក្តី ស្រាយក្តី ខ្លឹមក្តី ក៏មិនសូវ​បរិបូណ៌ យ៉ាងណា​មិញ ម្នាលអាវុសោ​ទាំងឡាយ អវិប្បដិសារៈ​របស់បុគ្គល​ទ្រុស្តសីល វិបត្តិចាក​សីលហើយ រមែងសាបសូន្យ​ចាកឧបនិស្ស័យ កាលបើ​អវិប្បដិសារៈ មិនមានហើយ បាមុជ្ជៈ​របស់បុគ្គល​វិបត្តិចាក​អវិប្បដិសារៈ រមែងសាបសូន្យ ចាក​ឧបនិស្ស័យ។បេ។ វិមុត្តិញ្ញាណទស្សនៈ ក៏យ៉ាងនោះដែរ។ ម្នាលអាវុសោ​ទាំងឡាយ អវិប្បដិសារៈ របស់បុគ្គល​មានសីល បរិបូណ៌​ដោយ​សីលហើយ រមែង​បរិបូណ៌​ដោយ​ឧបនិស្ស័យ កាលបើ​អវិប្បដិសារៈ មានហើយ បាមុជ្ជៈ របស់បុគ្គល​បរិបូណ៌​ដោយ​អវិប្បដិសារៈ រមែងបរិបូណ៌ដោយឧបនិស្ស័យ កាលបើ​បាមុជ្ជៈមានហើយ បីតិរបស់​បុគ្គលបរិបូណ៌ដោយបាមុជ្ជៈ រមែងបរិបូណ៌​ដោយឧបនិស្ស័យ កាលបើ​បីតិ មានហើយ បស្សទ្ធិរបស់​បុគ្គល​បរិបូណ៌​ដោយបីតិ រមែង​បរិបូណ៌​ដោយ​ឧបនិស្ស័យ កាលបើ​បស្សទ្ធិ​មានហើយ សុខៈរបស់បុគ្គល​បរិបូណ៌​ដោយ​បស្សទ្ធិ រមែង​បរិបូណ៌​​ដោយឧបនិស្ស័យ កាល​បើសុខៈ មានហើយ សម្មាសមាធិ​របស់បុគ្គល​បរិបូណ៌​​ដោយសុខៈ រមែង​បរិបូណ៌​ដោយឧបនិស្ស័យ កាលបើ​សម្មាសមាធិ​មានហើយ យថាភូតញ្ញាណទស្សនៈ របស់បុគ្គល​បរិបូណ៌ ដោយសម្មាសមាធិ រមែង​បរិបូណ៌​ដោយ​ឧបនិស្ស័យ កាលបើ​យថាភូតញ្ញាណទស្សនៈ​មានហើយ និព្វិទា និងវិរាគៈ របស់បុគ្គល​បរិបូណ៌​ដោយ​យថាភូតញ្ញាណទស្សនៈ រមែងបរិបូណ៌​ដោយឧបនិស្ស័យ កាលបើ​និព្វិទា និងវិរាគៈ មានហើយ វិមុត្តិញ្ញាណទស្សនៈ របស់បុគ្គល​បរិបូណ៌ ដោយ​និព្វិទា និងវិរាគៈ រមែង​បរិបូណ៌​ដោយ​ឧបនិស្ស័យ។ ម្នាល​អាវុសោ​ទាំងឡាយ ប្រៀបដូច​ដើមឈើ ដែលបរិបូណ៌​ដោយ​មែក និងស្លឹកហើយ ក្រមរ​របស់ឈើនោះក្តី ក៏រមែងបរិបូណ៌ សំបកក្តី ស្រាយក្តី ខ្លឹមក្តី ក៏រមែង​បរិបូណ៌ យ៉ាងណាមិញ ម្នាលអាវុសោ​ទាំងឡាយ អវិប្បដិសារៈ របស់បុគ្គលមានសីល បរិបូណ៌​ដោយ​សីលហើយ រមែង​បរិបូណ៌​ដោយ​ឧបនិស្ស័យ កាលបើអវិប្បដិសារៈ មានហើយ បាមុជ្ជៈ​របស់បុគ្គល​បរិបូណ៌​ដោយអវិប្បដិសារៈ រមែង​បរិបូណ៌​​ដោយ​ឧបនិស្ស័យ។បេ។ វិមុត្តិញ្ញាណទស្សនៈ ក៏យ៉ាងនោះដែរ។

សមាធិសូត្រ ទី៦

[៦] គ្រានោះ ព្រះអានន្ទដ៏មានអាយុ ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ក៏ក្រាបថ្វាយបង្គំ​ព្រះដ៏មានព្រះភាគ ហើយគង់ក្នុង​ទីសមគួរ។ លុះ​ព្រះអានន្ទ​ដ៏មានអាយុ គង់ក្នុងទី​សមគួរហើយ ក៏ក្រាប​បង្គំ​ទូល​ព្រះដ៏មានព្រះភាគ​ដូច្នេះថា បពិត្រ​ព្រះអង្គដ៏ចំរើន ការបាននូវ​សមាធិ មានសភាពដូច្នោះ គប្បីមាន​ដល់ភិក្ខុ​ដែរឬ ដូចយ៉ាង​ភិក្ខុ មិនសំគាល់ថា ដីក្នុងដី មិនសំគាល់ថា ទឹកក្នុងទឹក មិនសំគាល់ថា ភ្លើងក្នុងភ្លើង មិនសំគាល់ថាខ្យល់ក្នុងខ្យល់ មិនសំគាល់ថា អាកាសានញ្ចាយតនៈ ក្នុង​អាកាសានញ្ចាយតនៈ មិនសំគាល់ថា វិញ្ញាណញ្ចាយតនៈ ក្នុងវិញ្ញាណញ្ចាយតនៈ មិន​សំគាល់ថា អាកិញ្ចញ្ញាយតនៈ ក្នុងអាកិញ្ចញ្ញាយតនៈ មិនសំគាល់ថា នេវសញ្ញានាសញ្ញាយតនៈ ក្នុង​នេវសញ្ញានាសញ្ញាយតនៈ មិនសំគាល់ថា​លោកនេះ ក្នុង​លោកនេះ មិនសំគាល់ថា លោក​ខាងមុខ ក្នុងលោក​ខាងមុខទេ គ្រាន់តែជា​អ្នក​មានសញ្ញា (សេចក្តីសំគាល់​ជាធម្មតា) ប៉ុណ្ណោះ។ ម្នាលអានន្ទ ការបាននូវ​សមាធិ មាន​សភាព​ដូច្នោះ គប្បីមាន​ដល់ភិក្ខុដែរ ដូចយ៉ាងភិក្ខុ មិនសំគាល់ថា ដីក្នុងដី មិនសំគាល់ថា ទឹក​ក្នុងទឹក មិនសំគាល់ថា ភ្លើង​ក្នុងភ្លើង មិនសំគាល់ថា ខ្យល់​ក្នុងខ្យល់ មិនសំគាល់ថា អាកាសានញ្ចាយតនៈ ក្នុង​អាកាសានញ្ចាយតនៈ មិន​សំគាល់ថា វិញ្ញាណញ្ចាយតនៈ ក្នុង​វិញ្ញាណញ្ចាយតនៈ មិនសំគាល់ថា អាកិញ្ចញ្ញាយតនៈ ក្នុង​អាកិញ្ចញ្ញាយតនៈ មិនសំគាល់​ថា នេវសញ្ញានាសញ្ញាយតនៈ ក្នុង​នេវសញ្ញានាសញ្ញាយតនៈ មិនសំគាល់ថា លោក​នេះ ក្នុងលោកនេះ មិនសំគាល់ថា លោកខាងមុខ ក្នុងលោក​ខាងមុខទេ គ្រាន់​តែមាន​សញ្ញា ជាធម្មតា​ប៉ុណ្ណោះ។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ចុះការ​បាន​នូវសមាធិ មាន​សភាពដូច្នោះ គប្បីមាន​ដល់ភិក្ខុ តើដូចម្តេច ដូចយ៉ាងភិក្ខុ មិនសំគាល់ថា ដី​ក្នុងដី មិន​សំគាល់ថា ទឹកក្នុងទឹក មិនសំគាល់ថា ភ្លើង​ក្នុងភ្លើង មិនសំគាល់ថា ខ្យល់​ក្នុងខ្យល់ មិនសំគាល់ថា អាកាសានញ្ចាយតនៈ ក្នុង​អាកាសានញ្ចាយតនៈ មិនសំគាល់ថា វិញ្ញាណញ្ចាយតនៈ ក្នុង​វិញ្ញាណញ្ចាយតនៈ មិនសំគាល់ថា អាកិញ្ចញ្ញាយតនៈ ក្នុង​អាកិញ្ចញ្ញាយតនៈ មិនសំគាល់ថា នេវសញ្ញានាសញ្ញាយតនៈ ក្នុង​នេវសញ្ញានាសញ្ញាយតនៈ មិនសំគាល់ថា លោកនេះ ក្នុងលោកនេះ មិនសំគាល់ថា លោក​ខាងមុខ ក្នុងលោក​មុខទេ គ្រាន់តែ​ជាអ្នកមាន​សញ្ញា ជាធម្មតា​ប៉ុណ្ណោះ។ ម្នាល​អានន្ទ ក្នុងធម្មវិន័យ​នេះ ភិក្ខុជាអ្នកមាន​សេចក្តីសំគាល់ យ៉ាងនេះថា នុ៎ះ ជាធម្មជាត​ស្ងប់ នុ៎ះ ជាធម្មជាត​ឧត្តម គឺធម៌ ជាគ្រឿងរម្ងាប់​នូវសង្ខារទាំងពួង ជាគ្រឿង​រលាស់ចោល នូវ​កិលេស​ទាំងពួង ជាគ្រឿងអស់ទៅ​នៃតណ្ហា ជាគ្រឿង​នឿយណាយ ជាទីរលត់ គឺ​ព្រះនិព្វាន។ ម្នាល​អានន្ទ ការបាននូវ​សមាធិ មានសភាពដូច្នោះ គប្បីមាន​ដល់ភិក្ខុ យ៉ាង​នេះឯង ដូចយ៉ាង​ភិក្ខុ មិនសំគាល់ថា ដី ក្នុងដី មិនសំគាល់ថា ទឹក ក្នុងទឹក មិនសំគាល់ថា ភ្លើង ក្នុងភ្លើង មិនសំគាល់ថា ខ្យល់​ក្នុងខ្យល់ មិនសំគាល់ថា អាកាសានញ្ចាយតនៈ ក្នុង​អាកាសានញ្ចាយតនៈ មិនសំគាល់ថា វិញ្ញាណញ្ចាយតនៈ ក្នុង​វិញ្ញាណញ្ចាយតនៈ មិនសំគាល់​ថា អាកិញ្ចញ្ញាយតនៈ ក្នុង​អាកិញ្ចញ្ញាយតនៈ មិនសំគាល់ថា នេវសញ្ញានាសញ្ញាយតនៈ ក្នុង​នេវសញ្ញានាសញ្ញាយតនៈ មិនសំគាល់ថា លោកនេះ ក្នុង​លោកនេះ មិនសំគាល់ថា លោកខាងមុខ ក្នុងលោក​ខាងមុខទេ គ្រាន់តែ​ជាអ្នក​មាន​សញ្ញា ជាធម្មតា​ប៉ុណ្ណោះ។

សារិបុត្តសូត្រ ទី៧

[៧] គ្រានោះ ព្រះអានន្ទដ៏មានអាយុ ចូលទៅរក​ព្រះសារីបុត្តដ៏​មានអាយុ លុះចូល​ទៅដល់​ហើយ ក៏រីករាយ​ជាមួយនឹង​ព្រះសារីបុត្តដ៏​មានអាយុ លុះបញ្ចប់ពាក្យ​ដែលគួរ​រីករាយ និងពាក្យ​​ដែលគួររព្ញក​ហើយ ក៏គង់ក្នុង​ទីដ៏សមគួរ។ លុះ​ព្រះអានន្ទ​ដ៏មានអាយុ គង់ក្នុងទី​ដ៏សមគួរហើយ ក៏មាន​ថេរវាចា នឹង​ព្រះសារីបុត្ត​ដ៏មានអាយុ​ដូច្នេះថា ម្នាល​អាវុសោសារីបុត្ត ការបាន​នូវសមាធិ មានសភាព​ដូច្នោះ គប្បីមានដល់​ភិក្ខុដែរ​ឬហ្ន៎ ដូចយ៉ាង​ភិក្ខុ​មិនសំគាល់ថា ដី ក្នុងដី មិនសំគាល់ថា ទឹក ក្នុងទឹក មិន​សំគាល់ថា ភ្លើង ក្នុងភ្លើង មិនសំគាល់ថា ខ្យល់​ក្នុងខ្យល់ មិនសំគាល់ថា អាកាសានញ្ចាយតនៈ ក្នុង​អាកាសានញ្ចាយតនៈ មិនសំគាល់ថា វិញ្ញាណញ្ចាយតនៈ ក្នុង​វិញ្ញាណញ្ចាយតនៈ មិនសំគាល់ថា អាកិញ្ចញ្ញាយតនៈ ក្នុង​អាកិញ្ចញ្ញាយតនៈ មិន​សំគាល់ថា នេវសញ្ញានាសញ្ញាយតនៈ ក្នុង​នេវសញ្ញានាសញ្ញាយតនៈ មិនសំគាល់ថា លោក​នេះ ក្នុងលោកនេះ មិនសំគាល់ថា លោកខាងមុខ ក្នុង​លោកខាងមុខទេ គ្រាន់តែ​ជាអ្នក​មាន​សញ្ញា ជាធម្មតា​ប៉ុណ្ណោះ។ ម្នាលអាវុសោ​អានន្ទ ការបាន​នូវសមាធិ មាន​សភាព​ដូច្នោះ គប្បីមានដល់​ភិក្ខុដែរ ដូចយ៉ាង​ភិក្ខុមិនសំគាល់ថា ដី​ក្នុងដី។បេ។ មិនសំគាល់ថា លោកខាងមុខ ក្នុងលោក​ខាងមុខទេ គ្រាន់តែជា​អ្នកមានសញ្ញា ជាធម្មតា​ប៉ុណ្ណោះ។ ម្នាលអាវុសោ​សារីបុត្ត ចុះការបាន​នូវសមាធិ មានសភាព​ដូច្នោះ គប្បីមាន​ដល់ភិក្ខុ តើដូចម្តេច ដូចយ៉ាងភិក្ខុ មិនសំគាល់ថា ដីក្នុងដី។បេ។ មិនសំគាល់ថា លោក​ខាង​មុខ ក្នុងលោក​ខាងមុខទេ គ្រាន់តែជា​អ្នកមានសញ្ញា ជាធម្មតា​ប៉ុណ្ណោះ។ ម្នាល​អាវុសោ អានន្ទ សម័យមួយ ខ្ញុំនៅ​ក្នុងអន្ធវន ទៀបក្រុង​សាវត្ថីនេះឯង ខ្ញុំបានចូល​សមាធិ មាន​សភាពដូច្នោះ​ ក្នុងទីនោះ គឺខ្ញុំមិនសំគាល់ថា ដី​ក្នុងដី មិន​សំគាល់ថា ទឹក​ក្នុងទឹក មិន​សំគាល់ថា ភ្លើង​ក្នុងភ្លើង មិនសំគាល់ថា ខ្យល់ក្នុងខ្យល់ មិនសំគាល់ថា អាកាសានញ្ចាយតនៈ ក្នុងអាកាសានញ្ចាយតនៈ មិនសំគាល់ថា វិញ្ញាណញ្ចាយតនៈ ក្នុង​វិញ្ញាណញ្ចាយតនៈ មិនសំគាល់ថា អាកិញ្ចញ្ញាយតនៈ ក្នុង​អាកិញ្ចញ្ញាយតនៈ មិន​សំគាល់ថា នេវសញ្ញានាសញ្ញាយតនៈ ក្នុង​នេវសញ្ញានាសញ្ញាយតនៈ មិន​សំគាល់ថា លោកនេះ​ក្នុងលោកនេះ មិនសំគាល់ថា លោកខាងមុខ ក្នុងលោកខាង​មុខទេ គ្រាន់តែ​ជាអ្នក​មានសញ្ញា ជាធម្មតា​ប៉ុណ្ណោះ។ ចុះព្រះសារីបុត្តដ៏​មានអាយុ មាន​សញ្ញា​ដូចម្តេច ក្នុង​សម័យនោះ។ ម្នាល​អាវុសោ សញ្ញា កើតឡើងដល់​ខ្ញុំដោយឡែកថា ការរលត់ទៅ​នៃ​ភព គឺនិព្វាន ការរលត់ទៅ​នៃភព គឺនិព្វានដូច្នេះ សញ្ញារលត់ទៅ​វិញដោយឡែក។ ម្នាល​អាវុសោ ប្រៀបដូចបំណែក​ភ្លើងកំពុងឆេះ អណ្តាតកើតឡើង​ដោយឡែក អណ្តាត​រលត់​ទៅវិញ​ដោយឡែក យ៉ាងណាមិញ ម្នាលអាវុសោ សញ្ញា​កើតឡើង​ដល់ខ្ញុំ​ដោយឡែកថា ការរលត់ទៅ​នៃភព គឺនិព្វាន ការរលត់ទៅ​នៃភព គឺនិព្វាន ដូច្នេះ សញ្ញារលត់​ទៅវិញ ដោយឡែក ម្នាលអាវុសោ ក្នុងសម័យ​នោះ ខ្ញុំនៅតែមាន​សញ្ញាថា ការរលត់ទៅ​នៃភព គឺនិព្វាន (ប៉ុណ្ណោះ)។

ឈានសូត្រ ទី៨

[៨] ម្នាលភិក្ខុទាំងឡាយ ភិក្ខុមានសទ្ធាហើយ តែមិនមានសីល ភិក្ខុនោះ ឈ្មោះថា មិន​ពេញលេញ ដោយអង្គនោះ យ៉ាងនេះ ភិក្ខុនោះ គប្បី​បំពេញអង្គនោះ ឲ្យពេញ​លេញឡើង ដោយគិតថា ធ្វើដូចម្តេចហ្ន៎ ឲ្យ​អាត្មាអញ មានសទ្ធាផង មានសីលផង។ ម្នាលភិក្ខុ​ទាំងឡាយ កាលណា ភិក្ខុមាន​សទ្ធាផង មានសីលផង ទើបភិក្ខុនោះ ឈ្មោះថា ពេញលេញ​ដោយអង្គនោះ យ៉ាងនេះឯង។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុមានសទ្ធា ទាំង​មានសីលហើយ តែថា​មិនបានចេះដឹង​ច្រើន។បេ។ ចេះដឹងច្រើនហើយ តែមិន​ចេះសំដែងធម៌ ចេះសំដែងធម៌ហើយ តែចូលកាន់​បរិសទ្យ​មិនកើត ចូលកាន់​បរិសទ្យ​កើតហើយ តែមិនក្លៀវក្លា​សំដែងធម៌​ដល់បរិសទ្យ ក្លៀវក្លាសំដែងធម៌ដល់​បរិសទ្យហើយ តែមិន​ទ្រទ្រង់វិន័យ ទ្រទ្រង់​វិន័យហើយ តែមិន​ប្រព្រឹត្តនៅ​ក្នុងព្រៃ ដែលមាន​សេនាសនៈ​ស្ងាត់ នៅក្នុងព្រៃ មាន​សេនាសនៈ​ស្ងាត់ហើយ តែមិនបាន​តាមប្រាថ្នា មិនបាន​ដោយ​មិន​លំបាក មិនបាន​ដោយងាយ នូវ​ចតុត្ថជ្ឈាន ដែល​អាស្រ័យនូវចិត្ត​ដ៏ប្រសើរ ជា​គ្រឿង​នៅជា​សុខ ក្នុងបច្ចុប្បន្ន បានតាម​ប្រាថ្នា បានដោយ​មិនលំបាក បាន​ដោយងាយ នូវ​ចតុត្ថជ្ឈាន ដែលអាស្រ័យ​នូវចិត្តដ៏ប្រសើរ ជាគ្រឿងនៅ​ជាសុខ​ក្នុងបច្ចុប្បន្ន​ហើយ តែមិនធ្វើ​ឲ្យជាក់ច្បាស់​នូវ​ចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិន​មាន​អាសវៈ ព្រោះអស់​អាសវៈ​ទាំងឡាយ ដោយប្រាជ្ញាដ៏​ឧត្តម​ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន។ ភិក្ខុនោះ ឈ្មោះថា នៅមិនទាន់​ពេញលេញ ដោយអង្គនោះ យ៉ាងនេះ ភិក្ខុនោះ ត្រូវបំពេញ​អង្គនោះ ដោយ​គិតថា ធ្វើដូចម្តេចហ្ន៎ ឲ្យអាត្មាអញ​មានសទ្ធាផង មានសីលផង ជាអ្នក​ចេះដឹង​ច្រើនផង  ចេះសំដែងធម៌ផង ចូលកាន់​បរិសទ្យ​កើតផង ក្លៀវក្លា​សំដែងធម៌​ដល់បរិសទ្យផង ទ្រទ្រង់​វិន័យផង ប្រព្រឹត្តនៅក្នុង​ព្រៃ មានសេនាសនៈស្ងាត់ផង បានតាម​ប្រាថ្នា បានដោយ​មិនលំបាក បានដោយ​ងាយ នូវចតុត្ថជ្ឈាន ដែលអាស្រ័យ​នូវចិត្តដ៏ប្រសើរ ជាគ្រឿងនៅ​ជាសុខ ក្នុង​បច្ចុប្បន្នផង បានធ្វើឲ្យជាក់ច្បាស់​នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិន​មាន​អាសវៈ ព្រោះអស់​អាសវៈទាំងឡាយ ដោយ​ប្រាជ្ញាដ៏ឧត្តម ដោយ​ខ្លួនឯង ក្នុងបច្ចុប្បន្ន។ ម្នាលភិក្ខុ​ទាំងឡាយ កាលណា ភិក្ខុមាន​សទ្ធាផង មានសីលផង ជាអ្នកចេះដឹង​ច្រើនផង ចេះសំដែងធម៌ផង ចូលកាន់បរិសទ្យកើតផង ក្លៀវក្លា​សំដែងធម៌​ដល់បរិសទ្យផង ទ្រទ្រង់​វិន័យផង ប្រព្រឹត្ត​នៅក្នុងព្រៃ មានសេនាសនៈ​ស្ងាត់ផង បានតាម​ប្រាថ្នា បានដោយ​មិនលំបាក បានដោយ​ងាយ​នូវចតុត្ថជ្ឈាន ដែលអាស្រ័យ​នូវចិត្តដ៏ប្រសើរ ជា​គ្រឿងនៅ​ជា​សុខ ក្នុងបច្ចុប្បន្ន​ផង ធ្វើឲ្យ​ជាក់ច្បាស់ នូវចេតោវិមុត្តិ និង​បញ្ញាវិមុត្តិ ដែលមិនមាន​អាសវៈ ព្រោះអស់​អាសវៈទាំងឡាយ ដោយ​ប្រាជ្ញាដ៏ឧត្តម ដោយខ្លួនឯង ក្នុង​បច្ចុប្បន្ន​ផង។ ភិក្ខុនោះ ទើបពេញលេញ ដោយអង្គនោះ យ៉ាងនេះឯង។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុដែល​ប្រកប​ដោយធម៌ទាំង ១០ នេះហើយ ឈ្មោះថា នាំឲ្យកើត​សេចក្តីជ្រះថ្លា ដោយ​ជុំវិញ​ផង បរិបូណ៌​ដោយអាការ​គ្រប់យ៉ាងផង។

សន្តវិមោក្ខសូត្រ ទី៩

[៩] ម្នាលភិក្ខុទាំងឡាយ ភិក្ខុមានសទ្ធាហើយ តែគ្មានសីល មានសីលហើយ តែមិន​ចេះដឹងច្រើន ចេះដឹង​ច្រើនហើយ តែមិនចេះសំដែងធម៌ ចេះសំដែងធម៌ហើយ តែ​ចូលកាន់​បរិសទ្យ​មិនកើត ចូលកាន់​បរិសទ្យ​កើតហើយ តែមិន​ក្លៀវក្លា សំដែងធម៌​ដល់​បរិសទ្យ ​ក្លៀវក្លាសំដែង​ធម៌ ដល់​បរិសទ្យ​ហើយ តែមិន​ទ្រទ្រង់វិន័យ ទ្រទ្រង់​វិន័យហើយ តែមិន​ប្រព្រឹត្តនៅ​ក្នុងព្រៃ មានសេនាសនៈ​ស្ងាត់​ប្រព្រឹត្ត​នៅ​ក្នុងព្រៃ មាន​សេនាសនៈ​ស្ងាត់​ហើយ តែមិនបាន​វិមោក្ខធម៌​ដ៏ល្អិត ដែលកន្លង​រូបជ្ឈាន​ហើយ បានអារុប្បជ្ឈាន​ដោយ​កាយ បាន​វិមោក្ខធម៌​ដ៏ល្អិត ដែលកន្លង​រូបជ្ឈាន បាន​អារុប្បជ្ឈាន ដោយ​កាយហើយ តែ​មិន​បានធ្វើឲ្យ​ជាក់ច្បាស់ នូវ​ចេតោវិមុត្តិ និង​បញ្ញាវិមុត្តិ ដែល​មិនមាន​អាសវៈ ព្រោះ​អស់​អាសវៈ​ទាំងឡាយ ដោយប្រាជ្ញា​ដ៏ឧត្តម​ដោយខ្លួន​ឯង ក្នុង​បច្ចុប្បន្ន។ ភិក្ខុនោះ ឈ្មោះថា នៅ​មិនទាន់​ពេញលេញ ដោយ​អង្គនោះ យ៉ាងនេះ ភិក្ខុនោះ ត្រូវបំពេញ​អង្គនោះ ដោយ​គិត​ថា ធ្វើដូច​ម្តេចហ្ន៎ ឲ្យអាត្មាអញ​មាន​សទ្ធាផង មានសីលផង ចេះដឹង​ច្រើនផង ចេះ​សំដែង​ធម៌ផង ចូលកាន់​បរិសទ្យកើត​ផង ក្លៀវក្លាសំដែងធម៌​ដល់​បរិសទ្យផង ទ្រទ្រង់​វិន័យផង ប្រព្រឹត្តនៅ​ក្នុងព្រៃ មាន​សេនាសនៈ​ស្ងាត់ផង បាន​វិមោក្ខធម៌​ដ៏ល្អិត ដែល​កន្លង​រូបជ្ឈាន​ហើយ បាន​អារុប្បជ្ឈាន​ដោយកាយ​ផង ធ្វើឲ្យជាក់ច្បាស់​នូវ​ចេតោវិមុត្តិ និង​បញ្ញាវិមុត្តិ ដែលមិន​មានអាសវៈ ព្រោះអស់​អាសវៈ​ទាំងឡាយ ដោយប្រាជ្ញា​ដ៏ឧត្តម ដោយ​ខ្លួនឯង ក្នុង​បច្ចុប្បន្ន​ផង។ ម្នាលភិក្ខុ​ទាំងឡាយ កាលណា​ភិក្ខុមាន​សទ្ធាផង មាន​សីលផង ចេះដឹង​ច្រើនផង ចេះសំដែង​ធម៌ផង ចូលកាន់​បរិសទ្យ​កើតផង ក្លៀវក្លា​សំដែង​ធម៌​ដល់​បរិសទ្យផង ទ្រទ្រង់​វិន័យផង ប្រព្រឹត្តនៅ​ក្នុងព្រៃ មាន​សេនាសនៈ​ស្ងាត់ផង បាន​វិមោក្ខធម៌​ដ៏ល្អិត ដែល​កន្លង​រូបជ្ឈាន​ហើយ បាន​អារុប្បជ្ឈាន​ដោយកាយ​ផង ធ្វើឲ្យ​ជាក់​ច្បាស់ នូវចេតោវិមុត្តិ និង​បញ្ញាវិមុត្តិ ដែលមិន​មានអាសវៈ ព្រោះអស់​អាសវៈ​ទាំងឡាយ ដោយ​ប្រាជ្ញា​ដ៏ឧត្តម ដោយ​ខ្លួនឯង ក្នុង​បច្ចុប្បន្ន​ផង ភិក្ខុនោះ ទើប​ឈ្មោះថា ពេញលេញ​ដោយ​អង្គនោះ យ៉ាងនេះឯង។ ម្នាលភិក្ខុ​ទាំង​ឡាយ ភិក្ខុដែល​ប្រកបដោយ​ធម៌ទាំង ១០ នេះ​ហើយ ឈ្មោះថា នាំឲ្យកើតសេចក្តី​ជ្រះថ្លា ដោយ​ជុំវិញផង បរិបូណ៌​ដោយ​អាការ​គ្រប់​យ៉ាង​ផង។

វិជ្ជាសូត្រ ទី១០

[១០] ម្នាលភិក្ខុទាំងឡាយ ភិក្ខុមានសទ្ធាហើយ តែមិនមានសីល ភិក្ខុ​នោះ​ឈ្មោះ​ថា នៅមិនទាន់​ពេញលេញ ដោយអង្គនោះ យ៉ាងនេះឡើយ ភិក្ខុនោះ ត្រូវបំពេញ​អង្គនោះ ដោយគិតថា ធ្វើដូចម្តេចហ្ន៎ ឲ្យអាត្មាអញ មានសទ្ធាផង មានសីលផង។ ម្នាលភិក្ខុ​ទាំងឡាយ កាលណា​ភិក្ខុមាន​សទ្ធាផង មានសីល​ផងហើយ ភិក្ខុនោះ ទើប​ឈ្មោះថា ពេញលេញ​ដោយ​អង្គនោះ យ៉ាងនេះ។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុមាន​សទ្ធាផង មានសីល​ផងហើយ តែមិនជា​អ្នកចេះដឹង​ច្រើន ចេះដឹង​ច្រើនហើយ តែមិនចេះ​សំដែង​ធម៌ ចេះសំដែងធម៌ហើយ តែចូលកាន់​បរិសទ្យ​មិនកើត ចូលកាន់​បរិសទ្យ​កើតហើយ តែមិន​ក្លៀវក្លាសំដែង​ធម៌ដល់​បរិសទ្យ ក្លៀវក្លាសំដែង​ធម៌ដល់​បរិសទ្យហើយ តែមិន​ទ្រទ្រង់​វិន័យ ទ្រទ្រង់​វិន័យហើយ តែមិន​បានរលឹក​នូវបុព្វេនិវាស​ច្រើន​ប្រការ គឺ​រលឹក​ឃើញ ១ ជាតិខ្លះ ២ ជាតិខ្លះ។បេ។ រលឹកឃើញ​នូវបុព្វេនិវាស​ច្រើនប្រការ ព្រម​ទាំង​អាការ ព្រម​ទាំង​ឧទ្ទេស ដោយ​ប្រការដូច្នេះ រលឹកឃើញ​នូវបុព្វេនិវាស​ច្រើន​ប្រការ ​គឺរលឹក​ឃើញ ១ ជាតិខ្លះ ២ ជាតិខ្លះ។បេ។ រលឹកឃើញ​នូវបុព្វេនិវាស​ច្រើនប្រការ ព្រម​ទាំង​អាការ ព្រមទាំង​ឧទ្ទេស ដោយប្រការ​ដូច្នេះហើយ តែទាស់មិន​មានចក្ខុ​ដូចជាទិព្វ ដ៏​បរិសុទ្ធ កន្លងនូវ​ចក្ខុជារបស់​មនុស្សធម្មតា។បេ។ ដឹងច្បាស់​នូវពួកសត្វ ដែល​អន្ទោល​ទៅតាម​កម្ម មានចក្ខុ​ដូចជាទិព្វ ដ៏បរិសុទ្ធ កន្លងនូវ​ចក្ខុជា​របស់មនុស្ស​ធម្មតា។បេ។ ដឹង​ច្បាស់​នូវពួក​សត្វ ដែល​អន្ទោល​ទៅតាម​កម្មហើយ តែមិនធ្វើ​ឲ្យជាក់​ច្បាស់។បេ។ ព្រោះ​អស់អាសវៈ​ទាំងឡាយ​ហើយ។ ភិក្ខុនោះ ឈ្មោះថា នៅមិនទាន់​ពេញលេញ ដោយ​អង្គ​នោះ យ៉ាងនេះ​ឡើយ ភិក្ខុនោះ ត្រូវបំពេញ​អង្គនោះ​ ដោយគិត​ថា ធ្វើដូច​ម្តេចហ្ន៎ ឲ្យ​អាត្មា​អញ មាន​សទ្ធាផង មានសីលផង ជាអ្នកចេះ​ដឹងច្រើនផង ចេះសំដែង​ធម៌ផង ចូល​កាន់​បរិសទ្យ​កើតផង ក្លៀវក្លាសំដែង​ធម៌ដល់​បរិសទ្យផង ទ្រទ្រង់​វិន័យផង រលឹក​ឃើញនូវ​បុព្វេនិវាស​ច្រើនប្រការ គឺ​រលឹកឃើញ ១ ជាតិខ្លះ ២ ជាតិខ្លះ។បេ។ រលឹកឃើញ​នូវបុព្វេនិវាស​ច្រើន​ប្រការ ព្រមទាំង​អាការ ព្រមទាំង​ឧទ្ទេស ដោយប្រការ​ដូច្នេះផង មាន​ចក្ខុ​ដូចជា​ទិព្វ​ដ៏បរិសុទ្ធ កន្លង​នូវចក្ខុ​ជារបស់​មនុស្ស​ធម្មតា។បេ។ ដឹងច្បាស់​នូវ​ពួកសត្វ​ដែល​អន្ទោល​ទៅតាម​កម្មផង ធ្វើឲ្យ​ជាក់ច្បាស់។បេ។ ព្រោះ​អស់អាសវៈ​ទាំងឡាយ។ ម្នាលភិក្ខុ​ទាំងឡាយ កាលណា ភិក្ខុមាន​សទ្ធាផង មានសីលផង ជាអ្នកចេះ​ដឹងច្រើនផង ចេះ​សំដែង​ធម៌ផង ចូលកាន់​បរិសទ្យ​កើតផង ក្លៀវក្លាសំដែងធម៌​ដល់​បរិសទ្យផង ទ្រទ្រង់​វិន័យផង រលឹក​ឃើញនូវ​បុព្វេនិវាស​ច្រើន​ប្រការ គឺរលឹក​ឃើញ ១ ជាតិខ្លះ ២ ជាតិខ្លះ។បេ។ រលឹក​ឃើញនូវ​បុព្វេនិវាស​ច្រើនប្រការ ព្រមទាំង​អាការ ព្រមទាំង​ឧទ្ទេស ដោយ​ប្រការ​ដូច្នេះផង មានចក្ខុដូច​ជាទិព្វ​ដ៏បរិសុទ្ធ កន្លងនូវ​ចក្ខុជា​របស់​មនុស្ស​ធម្មតា​ផង។បេ។ ដឹងច្បាស់​នូវពួកសត្វ​ដែលអន្ទោល​ទៅតាម​កម្មផង ធ្វើឲ្យជាក់ច្បាស់​នូវ​ចេតោវិមុត្តិ និង​បញ្ញាវិមុត្តិ ដែលមិន​មានអាសវៈ ព្រោះ​អស់អាសវៈ​ទាំងឡាយ ដោយ​ប្រាជ្ញា​ដ៏ឧត្តម ដោយខ្លួនឯង ក្នុង​បច្ចុប្បន្ន​ផង ភិក្ខុនោះ ទើបឈ្មោះថា ​ពេញលេញ​ដោយ​អង្គនោះ​ យ៉ាងនេះ​ឯង។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុដែល​ប្រកបដោយ​ធម៌ទាំង ១០ យ៉ាង​នេះ​ហើយ ឈ្មោះថា នាំឲ្យ​កើតសេចក្តី​ជ្រះថ្លា​ដោយ​ជុំវិញផង បរិបូណ៌​​ដោយ​អាការ​គ្រប់​យ៉ាងផង។

ចប់ អានិសំសវគ្គ ទី១។

ឧទ្ទាននៃអានិសំសវគ្គនោះគឺ

និយាយអំពីសីល មានប្រយោជន៍​ដូចម្តេច ១ អំពីចេតនា ១ អំពីសីល ១ អំពីការ​សាបសូន្យ​ចាក​ឧបនិស្ស័យ ១ អំពី​ព្រះអានន្ទ​ជាគំរប់ ៥ អំពីសមាធិ ១ អំពីព្រះសារីបុត្រ ១ អំពី​ភិក្ខុមាន​សទ្ធា ១ អំពីសន្តវិមោក្ខ ១ អំពីភិក្ខុ​មាន​សទ្ធាជាដើម ១។

នាថករណវគ្គ ទី២

សេនាសនសូត្រ ទី១

[១១] ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយអង្គ ៥ កាលសេពគប់​នូវសេនាសនៈ ដែល​ប្រកប​ដោយអង្គ ៥ មិនយូរប៉ុន្មាន គប្បីធ្វើ​ឲ្យជាក់​ច្បាស់​នូវ​ចេតោវិមុត្តិ និង​បញ្ញាវិមុត្តិ ដែលមិនមាន​អាសវៈ ព្រោះអស់​អាសវៈ​ទាំងឡាយ ដោយ​ប្រាជ្ញាដ៏ឧត្តម ដោយ​ខ្លួនឯង ក្នុង​បច្ចុប្បន្ន។ ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុប្រកប​ដោយអង្គ ៥ តើដូចម្តេច។ ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុក្នុង​សាសនា​នេះ មានសទ្ធា ជឿសេចក្តី​ត្រាស់ដឹង របស់​ព្រះ​តថាគត​ថា ព្រះដ៏មានព្រះភាគ​អង្គនោះ ជាអរហន្ត​សម្មាសម្ពុទ្ធ ទ្រង់​បរិបូណ៌​​ដោយ​វិជ្ជា និង​ចរណៈ ជាព្រះសុគត ជ្រាបច្បាស់​នូវត្រៃលោក ទ្រង់ប្រសើរ​ដោយ​សីលាទិគុណ រកបុគ្គល​ណាមួយ​ស្មើគ្មាន ជាសារថី​ទូន្មាន​នូវបុរស ជាសាស្តា​នៃទេវតា និង​មនុស្ស​ទាំងឡាយ ជាព្រះពុទ្ធ មានបុញ្ញសិរី ១ ជាអ្នក​មាន​អាពាធតិច មានទុក្ខតិច ប្រកប​ដោយ​តេជោធាតុ បក់កំដៅស្មើ គឺមិន​ត្រជាក់ពេក មិនក្តៅពេក យ៉ាង​កណ្តាល អត់ធន់​នូវ​សេចក្តី​ព្យាយាម​បាន ១ មិនជា​អ្នកអួតអាង មិនមាន​មាយា គឺប្រព្រឹត្តខ្លួន​ឲ្យពិត​ប្រាកដ ក្នុង​ព្រះសាស្តា ឬ​ក្នុងពួក​សព្រហ្មចារី​ ជាអ្នក​ចេះដឹង ១ ជាអ្នក​មាន​ព្យាយាមប្រារព្ធ ដើម្បី​លះបង់​ពួក​អកុសលធម៌ ចូលដល់​នូវ​កុសលធម៌ ១ ជាអ្នកមាន​កំឡាំង ប្រឹងប្រែង​មាំមួន មិនដាក់​ធុរៈ ក្នុង​កុសលធម៌​ទាំងឡាយ ១ មាន​ប្រាជ្ញា ប្រកបដោយ​បញ្ញា ​យល់​ច្បាស់​នូវ​សេចក្តី​ចំរើន និង​សេចក្តីវិនាស ជាប្រាជ្ញា​ប្រសើរ​មោះមុត ប្រព្រឹត្តទៅ ដើម្បីឲ្យអស់​ទុក្ខ​ដោយ​ប្រពៃ ១។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុប្រកប​ដោយអង្គ ៥ យ៉ាងនេះឯង។ ម្នាលភិក្ខុ​ទាំង​ឡាយ ចុះសេនាសនៈ​ប្រកប​ដោយអង្គ ៥ តើដូច​ម្តេច។ ម្នាលភិក្ខុ​ទាំងឡាយ សេនាសនៈ​ក្នុង​លោកនេះ មិន​ធ្ងាយពេក មិនជិតពេក ល្មម​ទៅមក​ស្រួល មិនកុះករ​ដោយ​មនុស្ស​ក្នុង​វេលាថ្ងៃ មិនសូវ​មាន​សំឡេង មិន​សូវ​គឹកកង ក្នុងរាត្រី មិនសូវមាន​សម្ផស្ស ដោយ​របោមមូសខ្យល់ កំដៅថ្ងៃ និង​ពស់តូច ពស់ធំ ១ ចីវរ បិណ្ឌបាត សេនាសនៈ និង​គិលានប្បច្ចយភេសជ្ជបរិក្ខារ កើតឡើង​ដល់ភិក្ខុ​ដែលនៅ​ក្នុង​សេនាសនៈ​នោះ ដោយ​មិន​លំបាក ១ ពួកភិក្ខុជា​ថេរៈ​ដែលនៅ​ក្នុង​សេនាសនៈ​នោះ ជា​ពហុស្សូត ចេះចាំនូវ​និកាយ ទ្រទ្រង់​ធម៌ ទ្រទ្រង់វិន័យ ទ្រទ្រង់​មាតិកា ១ ភិក្ខុចូលទៅ​រកភិក្ខុ​ជាថេរៈ​ទាំងនោះ​ម្តង ៗ ហើយសួរ​ប្រឹក្សាថា បពិត្រលោក​ដ៏ចំរើន រឿងនេះ​តើដូចម្តេច សេចក្តី​អធិប្បាយ​នៃរឿង​នេះ តើដូចម្តេច ១ លោកដ៏​មានអាយុ​ទាំងនោះ រមែង​ពន្យល់រឿង​ដែលមិនទាន់​ច្បាស់លាស់​ផង ធ្វើឲ្យ​ងាយនូវ​រឿងដែល​ជ្រៅផង បន្ទោបង់​នូវសេចក្តី​សង្ស័យ​ក្នុងធម៌​ទាំង​ឡាយ ដែលជា​ទីតាំងនៃ​សេចក្តី​សង្ស័យ​ច្រើន​ប្រការផង ១។ ម្នាលភិក្ខុ​ទាំងឡាយ សេនាសនៈ ​ប្រកប​ដោយអង្គ ៥ យ៉ាងនេះ​ឯង។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុ​ប្រកប​ដោយអង្គ ៥ កាលបើ​សេពគប់​នូវ​សេនាសនៈ ប្រកប​ដោយអង្គ ៥ ហើយ មិន​យូរប៉ុន្មាន​ នឹងបាន​ធ្វើឲ្យ​ជាក់ច្បាស់។បេ។ ព្រោះ​អស់អាសវៈ​ទាំងឡាយ។

បញ្ចង្គសូត្រ ទី២

[១២] ម្នាលភិក្ខុទាំងឡាយ ភិក្ខុលះអង្គ ៥ ​ប្រកប​ដោយអង្គ ៥ ហៅថា​ជា​ឧត្តមបុរស មានគុណ​គ្រប់គ្រាន់ ប្រព្រឹត្ត​ព្រហ្មចរិយធម៌ ក្នុងធម្មវិន័យ​នេះ។ ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុលះអង្គ ៥ តើដូចម្តេច។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុក្នុង​សាសនានេះ បាន​លះកាមច្ឆន្ទៈ ១ លះព្យាបាទ ១ លះថីនមិទ្ធៈ ១ លះឧទ្ធច្ចកុក្កច្ចៈ ១ លះវិចិកិច្ឆា ១។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុលះអង្គ ៥ យ៉ាងនេះឯង។ ម្នាលភិក្ខុ​ទាំងឡាយ ចុះភិក្ខុ​ប្រកប​ដោយ​អង្គ ៥ តើដូចម្តេច។ ម្នាលភិក្ខុ​ទាំងឡាយ ក្នុង​សាសនានេះ ភិក្ខុប្រកប​ដោយ​សីលក្ខន្ធ ជាអសេក្ខៈ ១ ប្រកបដោយ​សមាធិក្ខន្ធ ជាអសេក្ខៈ ១ ប្រកប​ដោយបញ្ញាខន្ធ ជា​អសេក្ខៈ ១ ប្រកប​ដោយវិមុត្តិក្ខន្ធ ជា​អសេក្ខៈ ១ ប្រកបដោយ​វិមុត្តិញ្ញាណទស្សនក្ខន្ធ ជា​អសេក្ខៈ ១។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុប្រកប​ដោយអង្គ ៥ យ៉ាងនេះឯង។ ម្នាលភិក្ខុ​ទាំង​ឡាយ ភិក្ខុលះអង្គ ៥ ប្រកប​ដោយអង្គ ៥ ហៅថា​ជាឧត្តមបុរស មានគុណ​គ្រប់គ្រាន់ ប្រព្រឹត្ត​ព្រហ្មចរិយធម៌​ក្នុងធម្ម​វិន័យនេះ។

កាមច្ឆន្ទៈ ១ ព្យាបាទៈ ១ ថីនមិទ្ធៈ ១ ឧទ្ធច្ចៈ ១ វិចិកិច្ឆា   ១ មិនមានដល់ភិក្ខុ ដោយប្រការទាំងពួង ភិក្ខុបែបនោះ ប្រកបដោយអសេក្ខសីលផង ដោយអសេក្ខសមាធិ ផង (ដោយអសេក្ខបញ្ញាផង) ដោយវិមុត្តិ​ផង ដោយវិមុត្តិញ្ញាណ​ផង ភិក្ខុនោះឯង ឈ្មោះថា ប្រកបដោយអង្គ ៥ លះអង្គ ៥ ភិក្ខុនោះឯង ហៅថា ប្រកបដោយគុណ ទាំងអស់ ក្នុងធម្មវិន័យនេះ។

សំយោជនសូត្រ ទី៣

[១៣] ម្នាលភិក្ខុទាំងឡាយ សំយោជនៈនេះមាន ១០ យ៉ាង។ សំយោជនៈ ១០ យ៉ាង តើដូចម្តេច។ គឺសំយោជនៈ ជាចំណែក​ខាងក្រោម ៥ សំយោជនៈ​​ជាចំណែក​ខាងលើ ៥។ សំយោជនៈ​ជាចំណែក​ខាងក្រោម ៥ តើដូចម្តេច។ គឺ​​សក្កាយទិដ្ឋិ ១ វិចិកិច្ឆា ១ សីលព្វតបរាមាស ១ កាមច្ឆន្ទៈ ១ ព្យាបាទៈ ១។ នេះជា​សំយោជនៈ ជាចំណែក​ខាងក្រោម ៥។ សំយោជនៈ​ជាចំណែក​ខាងលើ ៥ តើដូចម្តេច។ គឺ រូបរាគៈ ១ អរូបរាគៈ ១ មានៈ ១ ឧទ្ធច្ចៈ ១ អវិជ្ជា ១។ នេះជា​សំយោជនៈ ជាចំណែក​ខាងលើ ៥។ ម្នាល​ភិក្ខុ​ទាំងឡាយ សំយោជនៈ​មាន ១០ យ៉ាងនេះឯង។

ចេតោខិលសូត្រ ទី៤

[១៤] ម្នាលភិក្ខុទាំងឡាយ ភិក្ខុ ឬភិក្ខុនីណាមួយ មិនបានលះ​សេចក្តីរឹងត្អឹង​នៃចិត្ត ៥ មិនបាន​ផ្តាច់ផ្តិល​ចំណង​របស់ចិត្ត ៥ ទេ យប់ ឬថ្ងៃ​មកដល់ភិក្ខុ ឬ​ភិក្ខុនីនោះ សេចក្តី​សាបសូន្យ​ក្នុងកុសលធម៌​ទាំងឡាយ រមែង​ប្រាកដឡើង មិនមាន​សេចក្តីចំរើន​ឡើយ។ សេចក្តី​រឹងត្អឹង​នៃចិត្ត ៥ ដែលភិក្ខុ​មិនបានលះបង់ តើដូចម្តេច។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុ​ក្នុងសាសនា​នេះ សង្ស័យ ងឿងឆ្ងល់ មិនចុះចិត្ត​ស៊ប់ មិនជ្រះថ្លា ក្នុង​ព្រះសាស្តា។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុណា សង្ស័យ ងឿងឆ្ងល់ មិនចុះចិត្តស៊ប់ មិនជ្រះថ្លា​ក្នុង​ព្រះសាស្តា ចិត្ត​របស់ភិក្ខុ​នោះ មិនបង្អោនទៅ ដើម្បី​ព្យាយាមជា​គ្រឿងដុតកំដៅ​កិលេស ដើម្បី​ប្រកប​រឿយ ៗ ដើម្បីព្យាយាម​មិនដាច់ ដើម្បី​តាំង​ទុក​ព្យាយាម។ ចិត្តរបស់​ភិក្ខុណា មិន​បង្អោនទៅ ដើម្បីព្យាយាម ជាគ្រឿងដុត​កំដៅកិលេស ដើម្បី​ប្រកប​រឿយ ៗ ដើម្បី​ព្យាយាម​មិនដាច់ ដើម្បីតាំងទុក​នូវព្យាយាម ភិក្ខុនោះ​ឈ្មោះថា មិនបាន​លះបង់​សេចក្តីរឹងត្អឹង​នៃចិត្ត ទី១ នេះ យ៉ាងនេះឯង។ ម្នាលភិក្ខុ​ទាំងឡាយ មួយទៀត ភិក្ខុ​សង្ស័យ​ក្នុង​ធម៌។បេ។ សង្ស័យក្នុង​សង្ឃ សង្ស័យ​ក្នុងសិក្ខា ក្រោធខឹង មិន​ពេញចិត្ត មានចិត្ត​ត្រូវ​ទោសៈ​ខ្ទាំងខ្ទប់ មានសេចក្តី​រឹងរូស​ក្នុងសព្រហ្មចារី​ទាំងឡាយ។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុណា​ជាអ្នក​ក្រោធខឹង មិនពេញ​ចិត្ត មានចិត្ត​ត្រូវទោសៈ​ខ្ទាំងខ្ទប់ មាន​សេចក្តី​រឹងរូស​ក្នុង​សព្រហ្មចារី​ទាំងឡាយ​ហើយ ចិត្ត​របស់ភិក្ខុ​នោះ រមែង​មិនបង្អោន​ទៅដើម្បី​ព្យាយាម ជាគ្រឿង​ដុតកំដៅកិលេស ដើម្បី​ប្រកបរឿយ ៗ ដើម្បី​ព្យាយាម​មិនដាច់ ដើម្បី​តាំងទុក​នូវ​ព្យាយាម។ ចិត្តរបស់​ភិក្ខុណា មិនបង្អោនទៅ ដើម្បីព្យាយាម ជាគ្រឿង​ដុតកំដៅកិលេស ដើម្បី​ប្រកបរឿយ ៗ ដើម្បីព្យាយាម​មិនដាច់ ដើម្បីតាំង​ទុកព្យាយាម ភិក្ខុនោះ​ឈ្មោះថា មិនបាន​លះបង់​សេចក្តី​រឹងត្អឹង​នៃចិត្តទាំង ៥ នេះ យ៉ាង​នេះឯង។ នេះជា​សេចក្តី​រឹងត្អឹង​នៃចិត្ត​ទាំង ៥ ដែលភិក្ខុ​មិនបាន​លះបង់ហើយ។ ចុះចំណង​របស់ចិត្ត ៥ ដែល​ភិក្ខុមិន​បាន​ផ្តាច់ផ្តិល តើដូចម្តេច។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុក្នុង​សាសនានេះ មិន​ទាន់​ប្រាសចាក​តម្រេក មិនទាន់​ប្រាសចាក​សេចក្តីប្រាថ្នា មិនទាន់ប្រាសចាក​សេចក្តីគាប់ចិត្ត មិនទាន់​ប្រាសចាក​សេចក្តី​ស្រេកឃ្លាន មិនទាន់​ប្រាសចាក​សេចក្តីក្តៅ​ក្រហាយ មិនទាន់​ប្រាសចាក​បំណង​ក្នុងកាម​ទាំងឡាយ។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុណា មិនទាន់​ប្រាសចាកតម្រេក មិនទាន់​ប្រាស​ចាកសេចក្តី​ប្រាថ្នា មិនទាន់ប្រាសចាក​សេចក្តីគាប់ចិត្ត មិនទាន់​ប្រាសចាក​សេចក្តី​ស្រេកឃ្លាន មិនទាន់​ប្រាសចាក​សេចក្តី​ក្តៅក្រហាយ មិនទាន់ប្រាស​ចាក​បំណង​ក្នុង​កាម​ទាំងឡាយហើយ ចិត្តរបស់​ភិក្ខុនោះ រមែងមិន​បង្អោន​ទៅដើម្បី​ព្យាយាម ជាគ្រឿង​ដុតកំដៅកិលេស ដើម្បីប្រកប​រឿយ ៗ ដើម្បី​ព្យាយាម​មិនដាច់ ដើម្បតាំង​ទុក​ព្យាយាម។ ចិត្តរបស់​ភិក្ខុណា មិនបង្អោន​ទៅ ដើម្បីព្យាយាម ជាគ្រឿងដុត​កំដៅកិលេស ដើម្បី​ប្រកបរឿយ ៗ ដើម្បី​ព្យាយាម​មិនដាច់ ដើម្បីតាំងទុក​ព្យាយាមទេ ភិក្ខុនោះ​ឈ្មោះថា មិន​បាន​ផ្តាច់ផ្តិល​នូវចំណង​របស់ចិត្ត ទី១ នេះ យ៉ាងនេះឯង។ ម្នាលភិក្ខុ​ទាំងឡាយ មួយទៀត ភិក្ខុមិនទាន់​ប្រាសចាក​តម្រេក​ក្នុងកាយ។បេ។ មិនទាន់​ប្រាសចាក​តម្រេក​ក្នុងរូប បរិភោគ​អាហារពេញពោះ​ដរាប​ដល់ឆ្អែត រៀបចំតែ​ទីដេក​ឲ្យស្រួល ទីផ្អែក​ឲ្យស្រួល ទីលក់​ឲ្យស្រួល ប្រព្រឹត្ត​ព្រហ្មចរិយធម៌ ព្រោះដំកល់ទុក​នូវសេចក្តី​ប្រាថ្នា ឲ្យបាន​ជាពួក​ទេវតា​ណាមួយថា ខ្ញុំសូម​ឲ្យបាន​ជាទេវតាធំ ឬ​ទេវតា​តូចណាមួយ ដោយសីល ឬវ័ត ឬតបៈ ឬក៏​ព្រហ្មចរិយៈនេះ។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុណា ប្រព្រឹត្ត​ព្រហ្មចរិយធម៌ ព្រោះដំកល់ទុក​នូវសេចក្តី​ប្រាថ្នាឲ្យបាន​ជាពួក​ទេវតាណា​មួយថា ខ្ញុំសូម​ឲ្យបាន​ជា​ទេវតាធំ ឬទេវតា​តូចណាមួយ ដោយសីល ឬវ័ត ឬតបៈ ឬក៏​ព្រហ្មចរិយៈនេះ ចិត្ត​របស់​ភិក្ខុ​នោះ រមែងមិន​បង្អោនទៅ ដើម្បី​ព្យាយាម ជាគ្រឿង​ដុតកំដៅកិលេស ដើម្បី​ប្រកប​រឿយ ៗ ដើម្បីព្យាយាម​មិនដាច់ ដើម្បីតាំង​ទុកព្យាយាម។ ចិត្តរបស់​ភិក្ខុណា មិនបង្អោន​ទៅ ដើម្បី​ព្យាយាម ជាគ្រឿងដុត​កំដៅកិលេស ដើម្បីប្រកប​រឿយ ៗ ដើម្បីព្យាយាម​មិនដាច់ ដើម្បីតាំង​ទុកព្យាយាម​មិនដាច់ទេ ភិក្ខុនោះ​ឈ្មោះថា មិនបាន​ផ្តាច់ផ្តិល នូវចំណង​របស់ចិត្ត​ទី ៥ នេះ យ៉ាងនេះឯង។ នេះជា​ចំណង​របស់ចិត្តទាំង ៥ ដែលភិក្ខុ​មិនបាន​ផ្តាច់ផ្តិល។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុ ឬភិក្ខុនី​ណាមួយ មិនបាន​លះបង់​នូវសេចក្តី​រឹងត្អឹង​របស់ចិត្ត​ទាំង ៥ នេះ មិនបាន​ផ្តាច់ផ្តិល​នូវចំណង​របស់ចិត្ត​ទាំង ៥ នេះហើយ យប់ និងថ្ងៃ មកដល់ភិក្ខុ ឬភិក្ខុនីនោះ សេចក្តី​​សាបសូន្យ ក្នុងកុសលធម៌​ទាំងឡាយ រមែង​ប្រាកដ មិនមាន​សេចក្តីចំរើន​ឡើយ។ ម្នាលភិក្ខុ​ទាំងឡាយ ដូចជា​យប់ និងថ្ងៃ រមែង​មកដល់​ព្រះចន្រ្ទ​ក្នុង​កាលបក្ខ តែង​សាបសូន្យ​ចាកវណ្ណៈ សាបសូន្យ​ចាកមណ្ឌល សាបសូន្យ​ចាករស្មី សាបសូន្យ​ចាក​ទំហំ និង​កំពស់ យ៉ាងណាមិញ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុ ឬភិក្ខុនី​ណាមួយ មិនបាន​លះបង់នូវ​សេចក្តីរឹងត្អឹង​របស់ចិត្ត​ទាំង ៥ នេះ មិន​បាន​ផ្តាច់ផ្តិល នូវចំណង​របស់ចិត្ត ទាំង ៥ នេះហើយ យប់ និងថ្ងៃ​មកដល់ភិក្ខុ ឬភិក្ខុនីនោះ សេចក្តី​សាបសូន្យ ក្នុង​កុសលធម៌​ទាំងឡាយ រមែងប្រាកដ មិនមាន​សេចក្តីចំរើនឡើយ ក៏ យ៉ាង​នោះដែរ។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុ ឬភិក្ខុនីណាមួយ បានលះបង់​នូវ​ចំណង​របស់​ចិត្ត ៥ បានផ្តាច់ផ្តិល​នូវចំណង​របស់ចិត្ត ៥ ហើយ យប់ និងថ្ងៃមកដល់​ភិក្ខុ ឬភិក្ខុនីនោះ សេចក្តី​ចំរើន ក្នុងកុសលធម៌​ទាំងឡាយ រមែង​ប្រាកដ មិនបាន​សាបសូន្យ​ឡើយ។ សេចក្តី​រឹងត្អឹង​របស់ចិត្ត​ទាំង ៥ ដែលភិក្ខុ ឬភិក្ខុនីបាន​លះបង់ហើយ តើដូចម្តេច​។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុ​ក្នុង​សាសនានេះ មិនងឿង​ឆ្ងល់ មិន​សង្ស័យ ចុះចិត្តស៊ប់ ជ្រះថ្លា ក្នុងព្រះ​សាស្តា។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុណា មិនងឿងឆ្ងល់ មិនសង្ស័យ ចុះចិត្តស៊ប់ ជ្រះថ្លា​ក្នុង​ព្រះសាស្តា​ហើយ ចិត្តរបស់​ភិក្ខុនោះ រមែង​បង្អោនទៅ ដើម្បីព្យាយាម ជាគ្រឿងដុត​កំដៅកិលេស ដើម្បី​ប្រកបរឿយ ៗ ដើម្បីព្យាយាម​មិនដាច់ ដើម្បីតាំង​ទុកព្យាយាម។ ចិត្តរបស់​ភិក្ខុណា បង្អោនទៅ ដើម្បី​ព្យាយាម ជាគ្រឿងដុត​កំដៅកិលេស ដើម្បី​ប្រកប​រឿយ ៗ ដើម្បីព្យាយាម​មិនដាច់ ដើម្បី​តាំងទុក​ព្យាយាម ភិក្ខុនោះ​ឈ្មោះថា បានលះបង់​នូវសេចក្តីរឹងត្អឹង​របស់ចិត្តទី ១ នេះ យ៉ាងនេះឯង។ ម្នាលភិក្ខុ​ទាំងឡាយ មួយទៀត ភិក្ខុមិន​ងឿងឆ្ងល់ ក្នុងធម៌។បេ។ មិនងឿង​ឆ្ងល់ ក្នុងសង្ឃ… មិនងឿងឆ្ងល់ ក្នុងសិក្ខា មិន​ក្រោធខឹង មិនអន់ចិត្ត មិនមាន​ចិត្តត្រូវទោសៈខ្ទាំងខ្ទប់ មិនមាន​សេចក្តីរឹងរូស ក្នុងពួក​សព្រហ្មចារី។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុណា មិនក្រោធខឹង មិនអន់ចិត្ត មិនមានចិត្ត​ត្រូវទោសៈ​ខ្ទាំងខ្ទប់ មិនមាន​សេចក្តីរឹងរូស ក្នុងពួក​សព្រហ្មចារីហើយ ចិត្តរបស់​ភិក្ខុនោះ រមែង​បង្អោនទៅ ដើម្បីព្យាយាម ជាគ្រឿងដុត​កំដៅ​កិលេស ដើម្បី​ប្រកបរឿយ ៗ ដើម្បី​ព្យាយាម​មិនដាច់ ដើម្បីតាំងទុក​ព្យាយាម ចិត្តរបស់​ភិក្ខុណា បង្អោន​ទៅ ដើម្បីព្យាយាម ជាគ្រឿងដុត​កំដៅកិលេស ដើម្បីប្រកប​រឿយ ៗ ដើម្បី​ព្យាយាម​មិនដាច់ ដើម្បីតាំង​ទុក​ព្យាយាម ភិក្ខុនោះ​ឈ្មោះថា លះបង់នូវ​សេចក្តី​រឹងត្អឹង​របស់ចិត្តទី ៥ នេះ យ៉ាងនេះឯង។ នេះជា​សេចក្តីរឹងត្អឹង របស់ចិត្ត​ទាំង ៥ ដែលភិក្ខុបាន​លះបង់ហើយ។ ចំណង​របស់ចិត្ត ៥ ដែល​ភិក្ខុ​បានផ្តាច់ផ្តិល​ហើយ តើដូចម្តេច។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុក្នុង​សាសនានេះ ជាអ្នក​ប្រាសចាក​តម្រេក ប្រាសចាក​សេចក្តីប្រាថ្នា ប្រាសចាក​សេចក្តី​ស្រឡាញ់ ប្រាសចាក​​សម្រេក ប្រាសចាក​សេចក្តីក្តៅ​ក្រហាយ ប្រាសចាក​ចំណង់​ក្នុងកាម​ទាំង​ឡាយ។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុណា ជាអ្នក​ប្រាសចាក​តម្រេក ប្រាសចាក​សេចក្តីប្រាថ្នា ប្រាសចាក​សេចក្តី​ស្រឡាញ់ ប្រាសចាក​សម្រេក ប្រាសចាក​សេចក្តីក្តៅ​ក្រហាយ ប្រាសចាក​ចំណង់ ក្នុងកាម​ទាំងឡាយ​ហើយ ចិត្តរបស់​ភិក្ខុនោះ រមែងបង្អោនទៅ ដើម្បី​ព្យាយាម ជាគ្រឿង​ដុតកំដៅកិលេស ដើម្បី​ប្រកបរឿយ ៗ ដើម្បី​ព្យាយាម​មិនដាច់ ដើម្បីតាំង​ទុកព្យាយាម។ ចិត្តរបស់​ភិក្ខុណា បង្អោនទៅ ដើម្បី​ព្យាយាម ជាគ្រឿង​ដុតកំដៅកិលេស ដើម្បីប្រកប​រឿយ ៗ ដើម្បីព្យាយាម​មិនដាច់ ដើម្បីតាំង​ទុកព្យាយាម ភិក្ខុនោះ​ឈ្មោះថា បានផ្តាច់​ផ្តិលនូវចំណងរបស់​ចិត្តទី ១ នេះ យ៉ាងនេះឯង។ ម្នាលភិក្ខុ​ទាំងឡាយ មួយទៀត ភិក្ខុជាអ្នក​ប្រាសចាកតម្រេក​ក្នុងកាយ។បេ។ ប្រាសចាក​តម្រេក​ក្នុងរូប មិនបរិភោគ​ពេញពោះ​ដរាបដល់ឆ្អែត ហើយរៀប​ចំតែទីដេក​ឲ្យស្រួល ទី​ផ្អែកឲ្យ​ស្រួល ទីលក់​ឲ្យស្រួល មិនប្រព្រឹត្ត​ព្រហ្មចរិយធម៌ ព្រោះដំកល់ទុក នូវសេចក្តី​ប្រាថ្នា ឲ្យបានជា​ពួកទេវតា​ណាមួយថា អាត្មាអញ សូមឲ្យបាន​ជាទេវតាធំ ឬទេវតា​តូចណាមួយ ដោយសីល ឬវ័ត ឬក៏តបៈ ឬក៏ព្រហ្មចរិយៈ​នេះ។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុណា មិនប្រព្រឹត្ត​ព្រហ្មចរិយៈ ព្រោះដំកល់ទុកនូវ​សេចក្តីប្រាថ្នា ឲ្យបានជា​ពួកទេវតា​ណាមួយ​ថា អាត្មាអញ សូមឲ្យ​បានជា​ទេវតាធំ ឬទេវតា​តូចណាមួយ ដោយសីល ឬវ័ត ឬក៏តបៈ ឬក៏ព្រហ្មចរិយៈ​នេះហើយ ចិត្តរបស់​ភិក្ខុនោះ រមែងបង្អោនទៅ ដើម្បីព្យាយាម ជាគ្រឿង​ដុតកំដៅកិលេស ដើម្បីប្រកប​រឿយ ៗ ដើម្បីព្យាយាម​មិនដាច់ ដើម្បីតាំង​ទុកព្យាយាម។ ចិត្តរបស់​ភិក្ខុណា បង្អោនទៅ ដើម្បីព្យាយាម ជាគ្រឿង​ដុតកំដៅកិលេស ដើម្បីប្រកប​រឿយ ៗ ដើម្បីព្យាយាម​មិនដាច់ ដើម្បីតាំង​ទុកព្យាយាម។ ភិក្ខុនោះ​ឈ្មោះថា ផ្តាច់ផ្តិល​នូវ​ចំណង​របស់ចិត្តទី ៥ នេះ យ៉ាងនេះឯង។ នេះជា​ចំណងរបស់​ចិត្តទាំង ៥ ដែល​ភិក្ខុបាន​ផ្តាច់ផ្តិល។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុ ឬភិក្ខុនី​ណាមួយ បានលះ​បង់នូវ​សេចក្តី​រឹងត្អឹង​របស់ចិត្ត​ទាំង ៥ នេះ បានផ្តាច់ផ្តិល​នូវចំណង​របស់ចិត្តទាំង ៥ នេះហើយ យប់ និងថ្ងៃ​មកដល់​ភិក្ខុ ឬភិក្ខុនីនោះ សេចក្តីចំរើន ក្នុងកុសលធម៌​ទាំងឡាយ រមែងប្រាកដ មិនមាន​សេចក្តី​សាបសូន្យ​ឡើយ។ ម្នាលភិក្ខុ​ទាំងឡាយ ដូចយប់ និងថ្ងៃ រមែងមកដល់​ព្រះចន្ទ្រ​ខាងខ្នើត តែងចំរើនដោយ​វណ្ណៈ ចំរើនដោយមណ្ឌល ចំរើនដោយរស្មី ចំរើន​ដោយ​កំពស់ និងទំហំ យ៉ាងណាមិញ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុ ឬភិក្ខុនីណាមួយ បានលះបង់​នូវ​សេចក្តី​រឹងត្អឹង​របស់ចិត្ត​ទាំង ៥ នេះ បានផ្តាច់​ផ្តិលនូវ​សេចក្តី​រឹងត្អឹង​របស់ចិត្តទាំង ៥ នេះ​ហើយ យប់ និងថ្ងៃ មកដល់ភិក្ខុ ឬភិក្ខុនីនោះ សេចក្តីចំរើន ក្នុង​កុសលធម៌​ទាំងឡាយ រមែង​ប្រាកដ មិនមាន​សេចក្តី​សាបសូន្យ​ឡើយ ក៏យ៉ាងនោះដែរ។

អប្បមាទសូត្រ ទី៥

[១៥] ម្នាលភិក្ខុទាំងឡាយ ពួកសត្វទាំងអម្បាលមាណ ទោះបីមិនមាន​ជើងក្តី មានជើង​ពីរក្តី មានជើង​បួនក្តី មានជើង​ច្រើនក្តី មានរូបក្តី មិនមានរូបក្តី មាន​សញ្ញាក្តី មិនមាន​សញ្ញាក្តី មានសញ្ញា ក៏មិនមែន មិនមានសញ្ញា ក៏មិនមែនក្តី ព្រះតថាគត ជាអរហន្ត​សម្មាសម្ពុទ្ធ ប្រាកដ​ជាប្រសើរ​ជាងពួកសត្វ​ទាំងអម្បាលនោះ (យ៉ាងណាមិញ) ម្នាលភិក្ខុ​ទាំងឡាយ កងធម៌​ជាកុសល​ឯណានីមួយ កងធម៌ជា​កុសល​ទាំងអស់នោះ មាន​អប្បមាទ ជាឫស ប្រជុំចុះ​ក្នុងអប្បមាទ អប្បមាទ ប្រាកដជា​ប្រសើរជាង​កងធម៌​ជាកុសល​ទាំង​នោះ ក៏យ៉ាងនោះ​ដែរ។ ម្នាលភិក្ខុ​ទាំងឡាយ ប្រៀបដូច​ជាស្នាមជើង​ទាំង​ឡាយ​ណាមួយ របស់​ពួកសត្វ ដែលដើរ​លើផ្ទៃ​ផែនដី ស្នាមជើង​ទាំងអស់​នោះ រមែងដល់​នូវការ​ប្រជុំចុះ ក្នុងស្នាម​ជើងនៃដំរី ស្នាមជើង​នៃដំរី ប្រាកដជា​ប្រសើរជាង​ស្នាមជើង​នៃសត្វ​ទាំងនោះ ព្រោះជា​ស្នាមជើងធំ យ៉ាងណាមិញ ម្នាលភិក្ខុ​ទាំងឡាយ កងធម៌ជា​កុសល​ឯណានី​មួយ កងធម៌​ជាកុសល​ទាំងអស់នោះ មាន​អប្បមាទ ជាឫស ប្រជុំចុះ​ក្នុងអប្បមាទ អប្បមាទ ប្រាកដជា​ប្រសើរជាង​កងធម៌​ជាកុសល​ទាំងអស់​នោះ ក៏យ៉ាង​នោះដែរ។ ម្នាលភិក្ខុ​ទាំងឡាយ ដូចជា​បង្កង់​ទាំងឡាយ​ឯណានីមួយ របស់​កូដាគារ (ផ្ទះដែល​គេសង្គ្រោះ​ដោយ​កំពូល) បង្កង់​ទាំងអស់នោះ ឈម​ទៅរកកំពូល ទេរទៅ​រកកំពូល ប្រជុំទៅ​ត្រង់កំពូល កំពូល​ប្រាកដជាប្រសើរជាងបង្កង់​ទាំងនោះ យ៉ាងណាមិញ ម្នាលភិក្ខុ​ទាំងឡាយ កងធម៌​ជាកុសលឯណា​នីមួយ កងធម៌​ជាកុសល​ទាំងអស់នោះ មាន​អប្បមាទ ជាឫស ប្រជុំចុះ​ក្នុងអប្បមាទ អប្បមាទ ប្រាកដជា​ប្រសើរជាង​កងធម៌​ជាកុសល​ទាំងនោះ ក៏យ៉ាងនោះ​ដែរ។ ម្នាលភិក្ខុ​ទាំងឡាយ ប្រៀបដូចជា​ក្លិនឫស​ឈើ​ទាំងឡាយ​ឯណានីមួយ ក្លិនឫស​ក្លាំពាក់ ប្រាកដជា​ប្រសើរជាង​ក្លិនឫស​ឈើទាំងនោះ យ៉ាងណាមិញ ម្នាលភិក្ខុ​ទាំងឡាយ។បេ។ ក៏យ៉ាង​នោះដែរ។ ម្នាលភិក្ខុ​ទាំងឡាយ ប្រៀបដូច​ជាក្លិនខ្លឹម​ទាំងឡាយ​ណានីមួយ ក្លិន​ខ្លឹមចន្ទន៍ក្រហម​ប្រាកដ​ជាប្រសើរ​ជាងក្លិន​ខ្លឹមទាំងនោះ យ៉ាងណាមិញ ម្នាលភិក្ខុ​ទាំងឡាយ។បេ។ យ៉ាងនោះដែរ។ ម្នាលភិក្ខុ​ទាំងឡាយ ប្រៀប​ដូចជាក្លិនផ្កា​ឈើ​ទាំងឡាយ ឯណានីមួយ ក្លិនផ្កាម្លិះ ប្រាកដ​ជាប្រសើរ​ជាងក្លិនផ្កា​ឈើទាំងនោះ យ៉ាងណា​មិញ ម្នាលភិក្ខុ​ទាំងឡាយ។បេ។ ក៏​យ៉ាងនោះដែរ។ ម្នាលភិក្ខុ​ទាំងឡាយ ប្រៀបដូច​ជាពួក​ស្តេចតូច ៗ ឯណា​នីមួយ ពួកស្តេចតូច ៗ ទាំងអស់​នោះ រមែងជា​ចំណុះរបស់​ស្តេចចក្រពត្តិ ស្តេចចក្រពត្តិ ប្រាកដជា​ប្រសើរជាង​ពួកស្តេចតូច ៗ ទាំងនោះ​យ៉ាងណា​មិញ ម្នាលភិក្ខុ​ទាំងឡាយ។បេ។ ក៏យ៉ាង​នោះដែរ។ ម្នាលភិក្ខុ​ទាំងឡាយ ប្រៀបដូច​ជាពន្លឺ របស់រូបផ្កាយ​ទាំងឡាយ​ឯណានីមួយ ពន្លឺទាំង​អស់នោះ មិនបាន​ដល់នូវចំណិត ជាគំរប់ ១៦ ៗ ដង នៃពន្លឺ​ព្រះចន្រ្ទ ពន្លឺព្រះចន្ទ្រ​ ប្រាកដ​ជាប្រសើរ​ជាងពន្លឺ​នៃរូបផ្កាយ​ទាំងនោះ យ៉ាងណា​មិញ ម្នាលភិក្ខុ​ទាំងឡាយ។បេ។ ក៏យ៉ាង​នោះដែរ។ ម្នាលភិក្ខុ​ទាំងឡាយ ប្រៀប​ដូចជា​ព្រះអាទិត្យ កាលបើ​ភ្លៀងស្វាង ប្រាសចាក​ពពក ក្នុង​សរទសម័យ ខ្ពស់ផុត​ពពក កំចាត់បង់នូវងងឹត​ទាំងអស់ ដែលនៅ​លើអាកាស​ ហើយភ្លឺស្វាង​រុងរឿង យ៉ាងណាមិញ ម្នាលភិក្ខុ​ទាំងឡាយ។បេ។ ក៏យ៉ាង​នោះដែរ។ ម្នាលភិក្ខុ​ទាំងឡាយ ប្រៀបដូចជា​ទន្លេធំ​ទាំងឡាយ ឯណានីមួយ គឺទន្លេគង្គា យមុនា អចិរវតី សរភូ មហី ទន្លេទាំង​អស់នោះ ក៏ឈម​ទៅរក​សមុទ្រ ឱនទៅរក​សមុទ្រ ទេរទៅ​រកសមុទ្រ ញោច​ទៅរក​សមុទ្រ មហា​សមុទ្រ ប្រាកដជា​ប្រសើរជាង​ទន្លេធំ​ទាំងនោះ យ៉ាងណាមិញ ម្នាលភិក្ខុ​ទាំងឡាយ កងធម៌​ជាកុសល​ឯណានីមួយ  កងធម៌​ជាកុសល​ទាំងអស់នោះ មាន​អប្បមាទ ជាឫស ប្រជុំចុះ​ក្នុងអប្បមាទ អប្បមាទ ប្រាកដជា​ប្រសើរជាង​កងធម៌​ជាកុសល​ទាំងនោះ ក៏យ៉ាង​នោះដែរ។

អាហុនេយ្យសូត្រ ទី៦

[១៦] ម្នាលភិក្ខុទាំងឡាយ បុគ្គល ១០ ពួកនេះ​ ជាអ្នកគួរ​ទទួលនូវវត្ថុ ដែលគេនាំ​មក​ដើម្បី​បូជា គួរទទួល​វត្ថុដែល​គេតាក់​តែងដើម្បី​ទទួលភ្ញៀវ គួរ​ទទួលទាន​ដែល​គេជឿកម្ម និង​ផលរបស់​កម្មហើយ​បូជា គួរឲ្យ​បុគ្គល​ដែល​ត្រូវការ​ដោយកុសល ប្រណម្យ​អញ្ជលី ជា​ស្រែបុណ្យ​ដ៏ប្រសើរ​របស់សត្វ​លោក។ បុគ្គល​ទាំង ១០ ពួក តើ​ដូចម្តេច។ គឺ​ព្រះតថាគត ជាអរហន្ត​សម្មាសម្ពុទ្ធ ១ ព្រះបច្ចេកសម្ពុទ្ធ ១ ឧភតោភាគវិមុត្តបុគ្គល ១ បញ្ញាវិមុត្តបុគ្គល ១ កាយសក្ខិបុគ្គល ១ ទិដ្ឋិប្បត្តបុគ្គល ១ សទ្ធាវិមុត្តបុគ្គល ១ ធម្មានុសារី​បុគ្គល ១ សទ្ធានុសារីបុគ្គល ១ គោត្រភូបុគ្គល ១។ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គល​ទាំង ១០ ពួកនេះ ជាអ្នកគួរ​ទទួលនូវ​វត្ថុ ដែលគេ​នាំមក​ដើម្បី​បូជា។បេ។ ជាស្រែបុណ្យ​ដ៏ប្រសើរ របស់​សត្វលោក។

បឋមនាថសូត្រ ទី៧

[១៧] ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរជា​បុគ្គល​មានទីពឹង កុំ​ជា​បុគ្គល មិនមាន​ទីពឹង​ឡើយ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គល​មិនមាន​ទីពឹង រមែង​នៅជាទុក្ខ។ ម្នាល​ភិក្ខុ​ទាំងឡាយ នាថករណធម៌ (ធម៌​សម្រាប់ធ្វើ​ឲ្យមាន​ទីពឹង) នេះ​មាន ១០ យ៉ាង។ នាថករណធម៌ ១០ យ៉ាង តើដូចម្តេច។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុក្នុង​សាសនានេះ ជាអ្នក​មានសីល សង្រួម​ក្នុង​បាតិមោក្ខសំវរៈ បរិបូណ៌​​ដោយអាចារៈ និងគោចរៈ ជាអ្នក​ឃើញ​ភ័យ​ក្នុងទោស សូម្បី​បន្តិចបន្តួច សមាទាន​សិក្សា​ក្នុង​សិក្ខាបទ​ទាំងឡាយ។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុជា​អ្នក​មានសីល។បេ។ សមាទាន​សិក្សា ក្នុងសិក្ខាបទ​ទាំងឡាយ ព្រោះ​ធម៌ណា នេះឯង ជា​នាថករណធម៌ ១។ ម្នាលភិក្ខុ​ទាំងឡាយ មួយទៀត ភិក្ខុជា​ពហុស្សូត ទ្រទ្រង់​នូវ​ពុទ្ធវចនៈ ដែលខ្លួន​បានស្តាប់​ហើយ សន្សំនូវ​ពុទ្ធវចនៈ ដែល​ខ្លួនបាន​ស្តាប់​ហើយ ធម៌​ទាំងឡាយ​ណា មាន​លំអបទ​ដើម លំអ​បទកណ្តាល លំអ​បទចុង ប្រកាសនូវ​ព្រហ្មចរិយៈ ព្រមទាំង​អត្ថ ទាំង​ព្យញ្ជនៈ​ដ៏បរិបូណ៌ បរិសុទ្ធ​ទាំងអស់ ធម៌​មានសភាព​ដូច្នោះ ភិក្ខុនោះ ក៏ចេះ​ចាំច្រើន បានចាំទុក ចាំជាប់​ក្នុងចិត្ត បានចាក់​ធ្លុះល្អ​ដោយទិដ្ឋិ។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុជា​ពហុស្សូត។បេ។ បានចាក់ធ្លុះ​ល្អដោយទិដ្ឋិ ព្រោះធម៌​ណា នេះ​ឯង ជា​នាថករណធម៌ ១។ ម្នាលភិក្ខុ​ទាំងឡាយ មួយទៀត ភិក្ខុមាន​មិត្តល្អ មាន​សំឡាញ់ល្អ ជាអ្នកពត់​ខ្លួន​តាមមិត្ត​សំឡាញ់ល្អ។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុមាន​មិត្តល្អ មាន​សំឡាញ់ល្អ ជាអ្នកងាក​ចិត្តទៅតាម​មិត្តសំឡាញ់ល្អ ព្រោះធម៌​ណា នេះឯង ជា​នាថករណធម៌ ១។ ម្នាលភិក្ខុ​ទាំងឡាយ មួយទៀត ភិក្ខុជា​អ្នកប្រដៅ​ងាយ ប្រកប​ដោយ​ធម៌​ទាំងឡាយ ជាគ្រឿង​ធ្វើឲ្យ​ប្រដៅងាយ ជាអ្នក​អត់ធន់ ទទួល​យកនូវ​ពាក្យ​ប្រៀនប្រដៅ ដោយ​ផ្ចិតផ្ចង់។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុ​ជាអ្នក​ដែលគេ​ប្រដៅងាយ ជាអ្នក​អត់ធន់ ទទួល​យកនូវ​ពាក្យប្រៀន​ប្រដៅ ដោយផ្ចិតផ្ចង់ ព្រោះ​ធម៌ណា នេះឯង ជា​នាថករណធម៌ ១។ ម្នាល​ភិក្ខុ​ទាំងឡាយ មួយទៀត អំពើណា ដ៏ខ្ពស់ និងទាប ដែលពួក​សព្រហ្មចារីបុគ្គល ត្រូវ​សួរគ្នីគ្នា​ហើយ ទើបធ្វើ ភិក្ខុជា​អ្នកឈ្លាសវៃ មិនខ្ជិល​ច្រអូស ក្នុងអំពើ​នោះ ប្រកប​ដោយ​ការពិចារណា ដោយ​ឧបាយ​ក្នុងអំពើ​នោះថា គួរធ្វើ គួរចាត់​ចែងបាន។ ម្នាលភិក្ខុ​ទាំងឡាយ អំពើណា ដ៏ខ្ពស់ និង​ទាប ដែលពួក​សព្រហ្មចារីបុគ្គល​ត្រូវ​សួរគ្នីគ្នា ហើយ​ទើប​ធ្វើ ភិក្ខុ។បេ។ ថា គួរធ្វើ គួរចាត់​ចែង ព្រោះធម៌ណា នេះឯង ជា​នាថករណធម៌ ១។ ម្នាលភិក្ខុ​ទាំងឡាយ មួយទៀត ភិក្ខុ​ជាអ្នក​ប្រាថ្នាធម៌ ពេញចិត្ត​នឹងការ​និយាយធម៌ មាន​សេចក្តី​រីករាយ​ដ៏លើសលុប ក្នុង​អភិធម៌ និង​អភិវិន័យ។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុ​ជាអ្នក​ប្រាថ្នា​ធម៌ ពេញចិត្ត​នឹងការ​និយាយធម៌ មានសេចក្តី​រីករាយ​លើសលុប ក្នុង​អភិធម៌ និង​អភិវិន័យ ព្រោះ​ធម៌ណា នេះឯង ជា​នាថករណធម៌ ១។ ម្នាលភិក្ខុ​ទាំងឡាយ មួយទៀត ភិក្ខុជា​អ្នក​ប្រារព្ធព្យាយាម ដើម្បីលះបង់​នូវពួក​អកុសលធម៌ និង​ញុំាងពួក​កុសលធម៌ ឲ្យ​សម្រេច ជាអ្នក​មានកំឡាំង សង្វាត​មាំមួន មិនដាក់​ចុះនូវធុរៈ ក្នុងកុសលធម៌​ទាំងឡាយ។ ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុជាអ្នក​ប្រារព្ធព្យាយាម ដើម្បីលះបង់​នូវ​អកុសលធម៌  និង​ញុំាង​​កុសលធម៌ ឲ្យសម្រេច ជាអ្នក​មាន​កំឡាំង សង្វាតមាំមួន មិន​ដាក់ចុះ​នូវធុរៈ ក្នុង​កុសលធម៌​ទាំងឡាយ ព្រោះធម៌ណា នេះឯង ជា​នាថករណធម៌ ១។ ម្នាលភិក្ខុ​ទាំងឡាយ មួយទៀត ភិក្ខុជា​អ្នកសន្តោស​ដោយចីវរ បិណ្ឌបាត សេនាសនៈ និង​គិលានប្បច្ចយភេសជ្ជបរិក្ខារ តាមមាន តាមបាន។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុ​ជាអ្នក​សន្តោស​ដោយ​ចីវរ បិណ្ឌបាត សេនាសនៈ និង​គិលានប្បច្ចយភេសជ្ជបរិក្ខារ តាមមាន តាមបាន ព្រោះ​ហេតុណា នេះឯង ជា​នាថករណធម៌ ១។ ម្នាលភិក្ខុ​ទាំងឡាយ មួយទៀត ភិក្ខុ​ជាអ្នក​មានស្មារតី ប្រកប​ដោយ​ស្មារតី និង​បញ្ញាដ៏ឧត្តម ជាអ្នក​រលឹក​ឃើញ រលឹក​តាមនូវ​អំពើ ដែលធ្វើ​យូរហើយ​ផង នូវពាក្យ​ដែលនិយាយ​យូរ​ហើយផង។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុ​ជាអ្នក​មានស្មារតី ប្រកប​ដោយ​ស្មារតី និង​បញ្ញាដ៏ឧត្តម ជាអ្នក​រលឹក​ឃើញ រលឹក​តាមនូវ​អំពើ ដែល​ធ្វើយូរ​ហើយផង នូវពាក្យ​ដែល​និយាយ​យូរហើយ​ផង ព្រោះ​ហេតុណា នេះឯង ជា​នាថករណធម៌ ១។ ម្នាលភិក្ខុ​ទាំងឡាយ មួយ​វិញទៀត ភិក្ខុ​ជា​អ្នក​មាន​ប្រាជ្ញា ប្រកប​ដោយប្រាជ្ញា ជាគ្រឿង​ដឹងនូវការ​កើត និង​ការរលត់នៃ (ខន្ធ) ដ៏​ប្រសើរ ជាប្រាជ្ញា​សម្រាប់​ទំលុះទំលាយ​នូវកិលេស ប្រព្រឹត្តទៅ​ក្នុង​ធម៌ជា​គ្រឿង​អស់ទៅ​នៃទុក្ខ​ដោយប្រពៃ។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុជា​អ្នក​មានប្រាជ្ញា ប្រកប​ដោយ​ប្រាជ្ញាជា​គ្រឿងដឹង​នូវការ​កើត និង​ការរលត់នៃ (ខន្ធ) ដ៏ប្រសើរ ជាប្រាជ្ញា​សម្រាប់​ទំលុះទំលាយ​នូវ​កិលេស ប្រព្រឹត្តទៅ ក្នុងធម៌​ជាគ្រឿង​អស់ទៅ​នៃទុក្ខ​ដោយប្រពៃ ព្រោះធម៌​ណា នេះឯង ជា​នាថករណធម៌ ១។ ម្នាលភិក្ខុ​ទាំងឡាយ អ្នក​ទាំងឡាយ ចូរជា​បុគ្គល​មាន​ទីពឹង កុំជា​បុគ្គល​មិនមាន​ទីពឹងឡើយ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គល​មិនមាន​ទីពឹង រមែង​នៅជា​ទុក្ខ។ ម្នាលភិក្ខុ​ទាំងឡាយ នាថករណធម៌ (ធម៌ជា​គ្រឿង​ធ្វើឲ្យ​មានទីពឹង) ១០ យ៉ាងនេះឯង។

ទុតិយនាថសូត្រ ទី៨

[១៨] ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរជាបុគ្គល​មានទីពឹង កុំជាបុគ្គល​មិន​មាន​ទីពឹង​ឡើយ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គល​មិនមាន​ទីពឹង រមែង​នៅជាទុក្ខ។ ម្នាលភិក្ខុ​ទាំង​ឡាយ ​នាថករណធម៌ (ធម៌ជា​គ្រឿងធ្វើ​ឲ្យមាន​ទីពឹង) នេះ​មាន ១០ យ៉ាង។ នាថករណធម៌ ១០ យ៉ាង តើដូច​ម្តេច។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុ​ក្នុងសាសនា​នេះ ជាអ្នក​មាន​សីល។បេ។ សមាទានសិក្សា ក្នុងសិក្ខាបទ​ទាំងឡាយ ពួកភិក្ខុ​ជាថេរៈ​ក្តី តែង​សំគាល់​នូវ​ភិក្ខុ​នោះ ថាជា​បុគ្គល​គួរស្តី គួរប្រៀន​ប្រដៅ ពួកភិក្ខុ​ជាកណ្តាល​ក្តី … ពួកភិក្ខុ​ថ្មីក្តី តែង​សំគាល់នូវ​ភិក្ខុនោះ ថាជា​បុគ្គលគួរ​ស្តី គួរប្រៀន​ប្រដៅ ដោយ​គិតថា ឱហ្ន៎ ភិក្ខុនេះ ជាអ្នក​មាន​សីល សង្រួម​ក្នុង​បាតិមោក្ខសំវរៈ បរិបូណ៌​​ដោយអាចារៈ និង​គោចរៈ ជាអ្នក​ឃើញ​ភ័យ ក្នុង​ទោស​ទាំងឡាយ សូម្បី​បន្តិចបន្តួច សមាទានសិក្សា ក្នុង​សិក្ខាបទ​ទាំងឡាយ​ដែរ។ កាលភិក្ខុនោះ ដែល​ភិក្ខុជា​ថេរៈ​អនុគ្រោះ​ហើយ ដែលភិក្ខុ​ជាកណ្តាល​អនុគ្រោះ​ហើយ ដែល​ភិក្ខុថ្មី អនុគ្រោះ​ហើយ រមែងមាន​សេចក្តី​ចំរើន​ប្រាកដ ក្នុង​កុសលធម៌​ទាំង​ឡាយ​តែម៉្យាង មិនមាន​សេចក្តី​សាបសូន្យ​ឡើយ នេះឯង​ជា​នាថករណធម៌ ១។ ម្នាលភិក្ខុ​ទាំង​ឡាយ មួយទៀត ភិក្ខុជា​ពហុស្សូត។បេ។ បាន​ចាក់ធ្លុះល្អ​ដោយទិដ្ឋិ ពួកភិក្ខុ​ជាថេរៈ តែង​សំគាល់​នូវភិក្ខុ​នោះ ថាជា​បុគ្គល​គួរស្តី គួរ​ប្រៀន​ប្រដៅ ពួកភិក្ខុ​ជាកណ្តាល​ក្តី… ពួកភិក្ខុ​ថ្មីក្តី តែងសំគាល់​នូវភិក្ខុ​នោះ ថាជាបុគ្គល​គួរស្តី គួរប្រៀន​ប្រដៅ ដោយគិតថា ឱហ្ន៎ ភិក្ខុនេះ ជា​ពហុស្សូត ទ្រទ្រង់​នូវ​ពុទ្ធវចនៈ ដែលខ្លួនបាន​ស្តាប់ហើយ សន្សំ​នូវពុទ្ធវចនៈ ដែល​ខ្លួនបាន​ស្តាប់ហើយ ធម៌ទាំងឡាយ​ណា មានលំអបទ​ដើម លំអ​បទកណ្តាល លំអ​បទចុង ប្រកាស​នូវព្រហ្មចរិយៈ ព្រមទាំង​អត្ថ ទាំង​ព្យញ្ជនៈ​ដ៏បរិបូណ៌ បរិសុទ្ធ​ទាំងអស់ ធម៌មាន​សភាព​ដូច្នោះ ភិក្ខុនោះ ក៏បានចេះ​ចាំច្រើន បានចាំទុក ចាំ​រត់មាត់ ចាំជាប់​ក្នុងចិត្ត បានចាក់​ធ្លុះល្អ ដោយ​ទិដ្ឋិដែរ។ កាលភិក្ខុនោះ ដែលភិក្ខុជា​ថេរៈ អនុគ្រោះ​ហើយ ដែលភិក្ខុ​ជាកណ្តាល​អនុគ្រោះ​ហើយ ដែលភិក្ខុថ្មី​អនុគ្រោះហើយ រមែង​មាន​សេចក្តី​ចំរើនប្រាកដ ក្នុង​កុសលធម៌​ទាំងឡាយ​តែម៉្យាង មិនមាន​សេចក្តី​សាបសូន្យ​ឡើយ នេះឯង​ជា​នាថករណធម៌ ១។ ម្នាលភិក្ខុ​ទាំងឡាយ មួយទៀត ភិក្ខុជា​អ្នកមាន​មិត្ត​ល្អ មានសំឡាញ់ល្អ មាន​ការ​ងាកចិត្ត ទៅតាម​មិត្តសំឡាញ់​ល្អ ពួកភិក្ខុ​ជាថេរៈក្តី តែង​សំគាល់នូវ​ភិក្ខុនោះ ថាជា​បុគ្គល​គួរស្តី គួរប្រៀនប្រដៅ ពួកភិក្ខុជា​កណ្តាលក្តី… ពួកភិក្ខុ​ថ្មីក្តី តែងសំគាល់នូវ​ភិក្ខុនោះ ថាជា​បុគ្គលគួរស្តី គួរប្រៀន​ប្រដៅ ដោយ​គិតថា ឱហ្ន៎ ភិក្ខុនេះ ជាអ្នក​មានមិត្តល្អ មានសំឡាញ់ល្អ មាន​ការងាកចិត្ត ទៅតាម​សំឡាញ់ល្អ​ដែរ។ កាល​ភិក្ខុនោះ ដែលភិក្ខុ​ជាថេរៈ​អនុគ្រោះ​ហើយ ដែល​ភិក្ខុជា​កណ្តាល​អនុគ្រោះហើយ ដែល​ភិក្ខុថ្មី អនុគ្រោះ​ហើយ រមែង​មាន​សេចក្តី​ចំរើន​ប្រាកដ ក្នុង​កុសលធម៌​ទាំងឡាយ​តែ​ម៉្យាង មិនមាន​សេចក្តី​សាបសូន្យ​ឡើយ នេះឯង​ជា​នាថករណធម៌ ១។ ម្នាលភិក្ខុ​ទាំង​ឡាយ មួយទៀត ភិក្ខុជាអ្នក​ប្រដៅងាយ ប្រកប​ដោយធម៌ ជាគ្រឿង​ធ្វើឲ្យ​ប្រដៅ​ងាយ ជាអ្នក​អត់ធន់ ទទួលយក​នូវពាក្យ​ប្រៀនប្រដៅ ដោយ​ផ្ចិតផ្ចង់ ពួក​ភិក្ខុ​ជាថេរៈក្តី តែង​សំគាល់​នូវភិក្ខុ​នោះ ថាជាបុគ្គល​គួរស្តី គួរប្រៀន​ប្រដៅ ពួកភិក្ខុ​ជាកណ្តាល​ក្តី … ពួកភិក្ខុ​ថ្មីក្តី តែង​សំគាល់​នូវភិក្ខុនោះ ថាជាបុគ្គល​គួរស្តី គួរប្រៀន​ប្រដៅ ដោយ​គិតថា ឱហ្ន៎ ភិក្ខុនេះ ជាអ្នក​ប្រដៅងាយ ប្រកប​ដោយធម៌ ជាគ្រឿង​ធ្វើឲ្យ​ប្រដៅងាយ ជាអ្នក​អត់ធន់ ទទួល​យកនូវ​ពាក្យប្រៀន​ប្រដៅ ដោយ​ផ្ចិតផ្ចង់​ដែរ។ កាលភិក្ខុ​នោះ ដែល​ភិក្ខុ​ជាថេរៈ អនុគ្រោះ​ហើយ ដែលភិក្ខុជា​កណ្តាល អនុគ្រោះ​ហើយ ដែលភិក្ខុ​ថ្មី អនុគ្រោះ​ហើយ រមែង​មានសេចក្តី​ចំរើន​ប្រាកដ ក្នុង​កុសលធម៌​ទាំងឡាយ តែម៉្យាង មិនមាន​សេចក្តី​សាបសូន្យ​ឡើយ នេះឯង​ជា​នាថករណធម៌ ១។ ម្នាលភិក្ខុ​ទាំងឡាយ មួយទៀត អំពើណា ដ៏​ខ្ពស់ និងទាប ដែល​ពួកសព្រហ្មចារី​បុគ្គល ត្រូវសួរ​គ្នីគ្នាហើយ ទើបធ្វើ ភិក្ខុជា​អ្នក​ឈ្លាសវៃ មិនខ្ជិល​ច្រអូស ក្នុង​អំពើនោះ ប្រកប​ដោយ​ប្រាជ្ញា ជាគ្រឿង​ពិចារណា​ដោយ​ឧបាយ ក្នុង​អំពើនោះ​ថា គួរធ្វើ គួរចាត់​ចែងបាន។ ពួកភិក្ខុ​ជាថេរៈ​ក្តី តែង​សំគាល់​នូវ​ភិក្ខុ​នោះ ថាជាបុគ្គល​គួរស្តី គួរប្រៀន​ប្រដៅ ពួកភិក្ខុ​ជាកណ្តាលក្តី … ពួក​ភិក្ខុថ្មីក្តី តែង​សំគាល់ភិក្ខុនោះ ថាជា​បុគ្គលគួរ​ស្តី គួរប្រៀន​ប្រដៅ ដោយ​គិតថា ឱហ្ន៎ អំពើ​ណាដ៏ខ្ពស់ និង​ទាប ដែលពួក​សព្រហ្មចារី​បុគ្គល ត្រូវសួរគ្នីគ្នា ហើយ​ទើបធ្វើ ភិក្ខុនេះ ជាអ្នក​ឈ្លាសវៃ មិនខ្ជិល​ច្រអូស ក្នុង​អំពើនោះ ប្រកប​ដោយប្រាជ្ញា ជាគ្រឿង​ពិចារណា​ដោយឧបាយ ក្នុង​អំពើនោះ ថាគួរធ្វើ គួរចាត់ចែង​បានដែរ។ កាលភិក្ខុ​នោះ ដែលភិក្ខុ​ជាថេរៈ អនុគ្រោះ​ហើយ ដែលភិក្ខុជា​កណ្តាល​អនុគ្រោះ​ហើយ ដែលភិក្ខុ​ថ្មី អនុគ្រោះ​ហើយ រមែង​មាន​សេចក្តីចំរើន កើតប្រាកដ ក្នុង​កុសលធម៌​ទាំងឡាយ​តែម៉្យាង មិនមាន​សេចក្តី​សាបសូន្យ​ឡើយ នេះឯង​ជា​នាថករណធម៌ ១។ ម្នាលភិក្ខុ​ទាំងឡាយ មួយទៀត ភិក្ខុជា​អ្នកប្រាថ្នា​ធម៌ មាន​សេចក្តី​ពេញចិត្ត ចំពោះ​ការពោល​ធម៌ មានសេចក្តី​រីករាយ ដ៏លើស​លុប ក្នុង​អភិធម៌ ក្នុង​អភិវិន័យ ពួក​ភិក្ខុជា​ថេរៈក្តី តែង​សំគាល់​នូវភិក្ខុនោះ ថាជា​បុគ្គល​គួរស្តី គួរប្រៀន​ប្រដៅ ពួកភិក្ខុ​ជាកណ្តាលក្តី … ពួកភិក្ខុ​ថ្មីក្តី តែងសំគាល់ នូវភិក្ខុនោះ ថាជា​បុគ្គល​គួរស្តី គួរប្រៀន​ប្រដៅ ដោយគិតថា ឱហ្ន៎ ភិក្ខុនេះ ជាអ្នក​ប្រាថ្នាធម៌ មាន​សេចក្តី​ពេញចិត្ត ចំពោះ​ការពោល​ធម៌ មាន​សេចក្តី​រីករាយ​ដ៏លើសលុប ក្នុង​អភិធម៌ ក្នុង​អភិវិន័យ​ដែរ។ កាល​ភិក្ខុ​នោះ ដែល​ភិក្ខុជាថេរៈ អនុគ្រោះ​ហើយ ដែលភិក្ខុ​ជាកណ្តាល​អនុគ្រោះហើយ ដែល​ភិក្ខុថ្មី​អនុគ្រោះ​ហើយ រមែងមាន​សេចក្តីចំរើន កើតប្រាកដ ក្នុង​កុសលធម៌​ទាំងឡាយ​តែម៉្យាង មិនមាន​សេចក្តី​សាបសូន្យ​ឡើយ នេះឯង​ជា​នាថករណធម៌ ១។ ម្នាលភិក្ខុ​ទាំង​ឡាយ មួយទៀត ភិក្ខុ​ជាអ្នក​ប្រារព្ធព្យាយាម ដើម្បី​លះបង់​នូវ​អកុសលធម៌ ញុំាង​ពួក​កុសលធម៌​ឲ្យ​សម្រេច ជាអ្នក​មាន​កម្លាំង សង្វាត​មាំ មិនដាក់​ចុះនូវធុរៈ ក្នុង​កុសលធម៌​ទាំងឡាយ ពួកភិក្ខុ​ជាថេរៈក្តី តែង​សំគាល់​នូវភិក្ខុនោះ ថាជា​បុគ្គល​គួរស្តី គួរ​ប្រៀនប្រដៅ ពួកភិក្ខុ​ជាកណ្តាល​ក្តី … ពួកភិក្ខុ​ថ្មីក្តី តែង​សំគាល់​នូវភិក្ខុនោះ ថាជា​បុគ្គល​គួរ​ស្តី គួរប្រៀន​ប្រដៅ ដោយ​គិតថា ឱហ្ន៎ ភិក្ខុនេះ ជាអ្នក​ប្រារព្ធព្យាយាម ដើម្បី​លះបង់​នូវពួក​អកុសលធម៌ ទាំង​ញុំាងពួក​កុសល​ធម៌ ឲ្យសម្រេច ជាអ្នក​មាន​កម្លាំង សង្វាតមាំ មិនដាក់ចុះ​នូវធុរៈ ក្នុង​កុសលធម៌​ទាំងឡាយ​ដែរ។ កាលភិក្ខុ​នោះ ដែល​ភិក្ខុជា​ថេរៈ​អនុគ្រោះ​ហើយ ដែល​ភិក្ខុ​ជាកណ្តាល អនុគ្រោះ​ហើយ ដែលភិក្ខុថ្មី អនុគ្រោះហើយ រមែង​មាន​សេចក្តីចំរើន​ប្រាកដ ក្នុង​កុសលធម៌​ទាំងឡាយ​តែម៉្យាង មិនមាន​សេចក្តី​សាបសូន្យ​ឡើយ នេះឯង​ជា​នាថករណធម៌ ១។ ម្នាលភិក្ខុ​ទាំងឡាយ មួយទៀត ភិក្ខុ​ជាអ្នក​សន្តោស​ដោយចីវរ បិណ្ឌបាត សេនាសនៈ និង​គិលានប្បច្ចយភេសជ្ជបរិក្ខារ តាមមាន តាមបាន ពួកភិក្ខុ​ជាថេរៈក្តី តែងសំគាល់​នូវ​ភិក្ខុនោះ ថាជា​បុគ្គល​គួរស្តី គួរ​ប្រៀន​ប្រដៅ ពួកភិក្ខុជា​កណ្តាលក្តី … ពួក​ភិក្ខុថ្មី​ក្តី តែងសំគាល់​នូវភិក្ខុនោះ ថាជា​បុគ្គល​គួរស្តី គួរប្រៀន​ប្រដៅ ដោយ​គិតថា ឱហ្ន៎ ភិក្ខុនេះ ជាអ្នក​សន្តោស​ដោយចីវរ បិណ្ឌបាត សេនាសនៈ និងគិលានប្បច្ចយភេសជ្ជបរិក្ខារ​ដែរ។ កាលភិក្ខុ​នោះ ដែលភិក្ខុ​ជាថេរៈ អនុគ្រោះ​ហើយ ដែលភិក្ខុជា​កណ្តាល​អនុគ្រោះ​ហើយ ដែលភិក្ខុ​ថ្មី​អនុគ្រោះ​ហើយ រមែង​មាន​សេចក្តី​ចំរើន​ប្រាកដ ក្នុង​កុសលធម៌​ទាំងឡាយ​តែម៉្យាង មិនមាន​សេចក្តី​សាបសូន្យ​ឡើយ នេះឯង ជា​នាថករណធម៌ ១។ ម្នាលភិក្ខុ​ទាំងឡាយ មួយទៀត ភិក្ខុ​ជាអ្នក​មាន​ស្មារតី ប្រកបដោយ​ស្មារតី និង​បញ្ញាដ៏ឧត្តម ជាអ្នក​រលឹកឃើញ រលឹក​តាម​នូវអំពើ​ដែលធ្លាប់​ធ្វើមកយូរ​ហើយផង នូវពាក្យ​ដែលធ្លាប់​និយាយ​មក​យូរ​ហើយផង ពួក​ភិក្ខុជា​ថេរៈក្តី តែងសំគាល់ នូវភិក្ខុនោះ ថាជា​បុគ្គលគួរ​ស្តី គួរប្រៀន​ប្រដៅ ពួកភិក្ខុ​ជា​កណ្តាល​ក្តី … ពួកភិក្ខុ​ថ្មីក្តី តែងសំគាល់ នូវភិក្ខុ​នោះ ថាជា​បុគ្គលគួរ​ស្តី គួរ​ប្រៀនប្រដៅ ដោយ​គិតថា ឱហ្ន៎ ភិក្ខុនេះ ជាអ្នក​មានស្មារតី ប្រកប​ដោយ​ស្មារតី និង​បញ្ញាដ៏ឧត្តម ជាអ្នក​រលឹកឃើញ រលឹក​តាមនូវ​អំពើ​ដែលធ្លាប់​ធ្វើមក​យូរ​ហើយផង នូវពាក្យ​ដែលធ្លាប់​និយាយមក យូរ​ហើយ​ផង បានដែរ។ កាលភិក្ខុ​នោះ ដែលភិក្ខុជា​ថេរៈ អនុគ្រោះហើយ ដែល​ភិក្ខុ​ជា​កណ្តាល អនុគ្រោះ​ហើយ ដែលភិក្ខុថ្មី អនុគ្រោះ​ហើយ រមែងមាន​សេចក្តីចំរើន​ប្រាកដ ក្នុង​កុសលធម៌​ទាំងឡាយ​តែម៉្យាង មិនមាន​សេចក្តី​សាបសូន្យ​ឡើយ នេះឯង ជា​នាថករណធម៌ ១។ ម្នាលភិក្ខុ​ទាំងឡាយ មួយ​វិញទៀត ភិក្ខុ​ជាអ្នក​មានប្រាជ្ញា ប្រកប​ដោយ​ប្រាជ្ញា ជាគ្រឿង​ដឹងការ​កើត និង​ការរលត់ (ខន្ធ) ជាបញ្ញា​ដ៏ប្រសើរ ជាគ្រឿង​ទំលុះទំលាយនូវ​កិលេស ប្រព្រឹត្តទៅ​ក្នុងធម៌ ជាគ្រឿង​អស់ទុក្ខ​ដោយប្រពៃ ពួក​ភិក្ខុ​ជាថេរៈ​ក្តី តែងសំគាល់នូវ​ភិក្ខុនោះ ថាជា​បុគ្គល​គួរស្តី គួរប្រៀន​ប្រដៅ ពួកភិក្ខុ​ជា​កណ្តាល​ក្តី … ពួក​ភិក្ខុថ្មីក្តី តែង​សំគាល់នូវ​ភិក្ខុនោះ ថាជា​បុគ្គលគួរ​ស្តី គួរប្រៀន​ប្រដៅ ដោយ​គិតថា ឱហ្ន៎ ភិក្ខុនេះ ជាអ្នក​មានប្រាជ្ញា ប្រកប​ដោយ​ប្រាជ្ញា ជាគ្រឿង​ដឹង​ការកើត និង​ការ​រលត់ ជាបញ្ញា​ដ៏ប្រសើរ ជាគ្រឿង​ទំលុះទំលាយ​នូវកិលេស ប្រព្រឹត្ត​ទៅក្នុង​ធម៌ ជាគ្រឿង​អស់ទុក្ខ​ដោយ​ប្រពៃដែរ។ កាលភិក្ខុ​នោះ ដែលភិក្ខុ​ជាថេរៈ អនុគ្រោះហើយ ដែលភិក្ខុ​ជាកណ្តាល អនុគ្រោះ​ហើយ ដែលភិក្ខុថ្មី អនុគ្រោះ​ហើយ រមែង​មាន​សេចក្តី​ចំរើន កើត​ប្រាកដ ក្នុងកុសលធម៌​ទាំងឡាយ តែម៉្យាង មិនមាន​សេចក្តី​សាបសូន្យ​ឡើយ នេះឯង ជា​នាថករណធម៌ ១។ ម្នាលភិក្ខុ​ទាំងឡាយ អ្នក​ទាំងឡាយ ចូរជា​បុគ្គល​មានទីពឹង កុំជាបុគ្គល​មិនមាន​ទីពឹងឡើយ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គល​មិន​មានទីពឹង រមែង​នៅ​ជាទុក្ខ។ ម្នាលភិក្ខុ​ទាំងឡាយ នាថករណធម៌ (ធម៌​ជាគ្រឿង​ធ្វើឲ្យមាន​ទីពឹង) មាន ១០ យ៉ាង​នេះឯង។

បឋមអរិយាវាសសូត្រ ទី៩

[១៩] ម្នាលភិក្ខុទាំងឡាយ អរិយវាសៈ (ធម៌ជាគ្រឿង​អប់រំដ៏ប្រសើរ) នេះ មាន ១០ យ៉ាង ដែលពួក​ព្រះអរិយៈ បានអប់រំ​ហើយក្តី កំពុង​អប់រំក្តី នឹង​អប់រំក្តី។ អរិយវាសៈ ទាំង ១០ យ៉ាង តើដូចម្តេច។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុ​ក្នុង​សាសនា​នេះ បានលះបង់​នូវអង្គ ៥ ប្រកប​ដោយ​អង្គ ៦ មាន​គ្រឿង​រក្សាចិត្ត​តែមួយ មានធម៌​ជាបង្អែក ៤ បាន​បន្ទោបង់​នូវ​បច្ចេកសច្ចៈ (សច្ចៈ​ដែលតិរ្ថិយ​ប្រកាន់​ប្លែកៗ គ្នា) បានលះបង់​នូវការស្វែង​រក ជ្រះ​ស្រឡះ​ហើយ មានការ​ត្រិះរិះ មិន​កករល្អក់ មានកាយសង្ខារ​ស្ងប់រម្ងាប់​ហើយ មានចិត្ត​ផុតស្រឡះ​ហើយ​ មានប្រាជ្ញា​ដឹងថា ចិត្តផុត​ស្រឡះហើយ។ ម្នាលភិក្ខុ​ទាំងឡាយ អរិយវាសៈ ១០ យ៉ាង​នេះឯង ដែលពួក​ព្រះអរិយៈ បានអប់រំ​ហើយក្តី កំពុង​អប់រំក្តី នឹងអប់រំក្តី។

ទុតិយអរិយាវាសសូត្រ ទី១០

[២០] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុង​និគមឈ្មោះ កម្មាសធម្មៈ របស់ពួក​ជនអ្នក​ដែនកុរុ ជិត​ដែនកុរុ។ ក្នុង​ទីនោះឯង ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់​ហៅពួក​ភិក្ខុមក។បេ។ ព្រះដ៏មានព្រះភាគ ទ្រង់​ត្រាស់​ដូច្នេះថា ម្នាលភិក្ខុ​ទាំងឡាយ អរិយវាសៈ នេះ​មាន ១០ យ៉ាង ដែល​ពួក​ព្រះអរិយៈ បានអប់រំ​ហើយក្តី កំពុង​អប់រំក្តី នឹង​អប់រំក្តី។ អរិយវាសៈ ១០ យ៉ាង តើដូចម្តេច។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុក្នុង​សាសនានេះ បានលះ​បង់នូវ​អង្គ ៥ ប្រកប​ដោយ​អង្គ ៦ មានគ្រឿង​រក្សាចិត្ត​តែមួយ មាន​ធម៌ជា​បង្អែក ៤ បានបន្ទោបង់​នូវ​បច្ចេកសច្ចៈ បានលះបង់​នូវការស្វែង​រក​ជ្រះស្រឡះ​ហើយ មានការ​ត្រិះរិះ​មិនកករ​ល្អក់ មាន​កាយសង្ខារ​ស្ងប់រម្ងាប់​ហើយ មានចិត្ត​ផុតស្រឡះ​ហើយ មានប្រាជ្ញា​ដឹងថា ចិត្តផុត​ស្រឡះ​ហើយ។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុបាន​លះបង់​អង្គ ៥ តើដូច​ម្តេច។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុក្នុង​សាសនា​នេះ បាន​លះ​កាមច្ឆន្ទៈ បាន​លះ​ព្យាបាទ បានលះ​ថីនមិទ្ធៈ បានលះ​ឧទ្ធច្ចកុក្កុច្ចៈ បានលះ​វិចិកិច្ឆា។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុបាន​លះអង្គ ៥ យ៉ាងនេះ​ឯង។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុប្រកប​ដោយ​អង្គ ៦ តើដូច​ម្តេច។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុក្នុង​សាសនា​នេះ បាន​ឃើញរូប​ដោយភ្នែក​ហើយ មិន​សោមនស្ស មិន​ទោមនស្ស ជាបុគ្គល​មាន​ចិត្តព្រងើយ មានស្មារតី​ដឹងខ្លួន គ្រប់​ឥរិយាបថ​ទាំង ៤ បានឮ​សំឡេង​ដោយ​ត្រចៀក។បេ។ បានធុំក្លិន​ដោយច្រមុះ បានជញ្ជក់​រស​ដោយ​អណ្តាត បាន​ប៉ះផ្សព្វ​ដោយកាយ បាន​ដឹងធម្មារម្មណ៍​ដោយចិត្ត​ហើយ មិន​សោមនស្ស មិន​ទោមនស្ស ជាបុគ្គល​មានចិត្ត​ព្រងើយ មានស្មារតី​ដឹងខ្លួន​ គ្រប់ឥរិយាបថ​ទាំង ៤។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុប្រកប​ដោយអង្គ ៦ យ៉ាង​នេះឯង។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុមាន​គ្រឿងរក្សា​ចិត្តតែមួយ តើដូច​ម្តេច។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុក្នុង​សាសនានេះ ប្រកប​ដោយចិត្ត ដែលមាន​ស្មារតី​ថែរក្សា។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុមាន​គ្រឿងរក្សា​ចិត្តតែមួយ យ៉ាងនេះ​ឯង។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុមាន​ធម៌ជាបង្អែក ៤ យ៉ាង តើដូច​ម្តេច។ ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុក្នុង​សាសនានេះ ពិចារណា​ហើយ ទើបសេព​នូវរបស់​ដែលគួរសេព ពិចារណា​ហើយ ទើបអត់សង្កត់​នូវហេតុ​ដែលគួរ​អត់សង្កត់ ពិចារណា​ហើយ  ទើបវៀរ​នូវហេតុ​ដែល​គួរវៀរ ពិចារណា​ហើយ ទើប​បន្ទោបង់ នូវហេតុ​ដែលគួរ​បន្ទោបង់។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុមាន​ធម៌​ជាបង្អែក ៤ យ៉ាងនេះឯង។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុបាន​បន្ទោបង់​នូវ​បច្ចេកសច្ចៈ តើដូចម្តេច។ ម្នាលភិក្ខុ​ទាំងឡាយ បច្ចេកសច្ចៈ ជាច្រើន​ណា របស់សមណៈ និងព្រាហ្មណ៍​ជាច្រើន គឺការ​ប្រកាន់ថា លោកទៀង ដូច្នេះខ្លះ លោកមិន​ទៀង ដូច្នេះខ្លះ លោកមាន​ទីបំផុត ដូច្នេះខ្លះ លោក​មិនមាន​ទីបំផុត ដូច្នេះខ្លះ ជីវិត​នោះ គឺសរីរៈនោះ ដូច្នេះខ្លះ ជីវិតដទៃ សរីរៈដទៃ ដូច្នេះខ្លះ សត្វស្លាប់​ទៅកើតទៀត ដូច្នេះខ្លះ សត្វស្លាប់ទៅ​មិនកើតទៀត ដូច្នេះខ្លះ សត្វស្លាប់ទៅ កើតទៀត​ក៏មាន មិនកើតទៀត​ក៏មាន ដូច្នេះខ្លះ សត្វស្លាប់ទៅ​កើតទៀត​ក៏មិនមែន មិនកើត​ទៀត​ក៏មិនមែន ដូច្នេះខ្លះ ភិក្ខុ​ក្នុង​សាសនានេះ បាន​បន្ទោបង់ បោះបង់ លះបង់ ខ្ជាក់ចោល លែងចោល លះលែង លះស្រឡះ នូវ​បច្ចេកសច្ចៈ​ជាច្រើន​ទាំងអស់​នោះ។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុបាន​បន្ទោបង់​នូវ​បច្ចេកសច្ចៈ​យ៉ាងនេះឯង។ ម្នាលភិក្ខុ​ទាំងឡាយ ចុះភិក្ខុ​បានលះបង់ នូវការស្វែង​រក​ជ្រះស្រឡះ​ហើយ តើដូចម្តេច។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុក្នុង​សាសនានេះ បានលះបង់​ការស្វែង​រកកាម លះបង់​ការស្វែងរក​ភព មានការស្វែង​រកនូវព្រហ្មចរិយៈ ស្ងប់រម្ងាប់​ហើយ។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុបាន​លះបង់​ការស្វែងរក ជ្រះស្រឡះ​ហើយ យ៉ាង​នេះឯង។ ម្នាលភិក្ខុ​ទាំងឡាយ ចុះភិក្ខុមាន​សេចក្តីត្រិះរិះ មិន​កករល្អក់ តើ​ដូចម្តេច។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុក្នុង​សាសនា​នេះ បានលះបង់​សេចក្តី​ត្រិះរិះ ក្នុងកាម បាន​លះបង់​សេចក្តី​ត្រិះរិះ​ក្នុងការ​ព្យាបាទ បានលះបង់​សេចក្តី​ត្រិះរិះ ក្នុងការ​បៀតបៀន។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុមាន​សេចក្តីត្រិះរិះ មិន​កករល្អក់ យ៉ាងនេះឯង។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុមាន​កាយសង្ខារ ស្ងប់រម្ងាប់​ហើយ តើដូចម្តេច។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុក្នុង​សាសនា​នេះ ព្រោះលះបង់​សុខផង ព្រោះលះបង់​ទុក្ខផង ព្រោះអស់​ទៅ នៃសោមនស្ស និង​ទោមនស្ស ក្នុង​កាលមុន​ ក៏បាន​សម្រេច​នូវ​ចតុត្ថជ្ឈាន មិនមែន​ជាទុក្ខ មិនមែន​ជាសុខ មានតែ​សតិ ដ៏បរិសុទ្ធ កើតអំពី​ឧបេក្ខា។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុមាន​កាយសង្ខារ​ស្ងប់​រម្ងាប់​ យ៉ាង​នេះឯង។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុមាន​ចិត្តផុត​ស្រឡះហើយ តើដូចម្តេច។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុក្នុង​សាសនានេះ មាន​ចិត្តផុតស្រឡះចាក​រាគៈ មាន​ចិត្តផុត​ស្រឡះ ចាកទោសៈ មានចិត្ត​ផុតស្រឡះ ចាក​មោហៈ។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុមាន​ចិត្តផុត​ស្រឡះ​ហើយ យ៉ាងនេះ​ឯង។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុមាន​ប្រាជ្ញា​ដឹងថា ចិត្តផុត​ស្រឡះ​ហើយ តើដូចម្តេច។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុក្នុង​សាសនា​នេះ ដឹងច្បាស់​ថា អាត្មាអញ​បានលះបង់​រាគៈហើយ បានផ្តាច់ផ្តិល​ឫសគល់​ហើយ ធ្វើមិនឲ្យ​មានទី​កើត ដូចជា​ត្នោត​កំបុតចុង ធ្វើមិន​ឲ្យមាន​បែបភាព ជា​សភាពមិន​មានការ​កើតឡើង​តទៅ​ទៀត​ជាធម្មតា ដឹងច្បាស់​ថា អាត្មាអញ​បានលះ​បង់ទោសៈ​ហើយ។បេ។ អាត្មាអញ បានលះបង់​មោហៈហើយ បានផ្តាច់ផ្តិល​ឫសគល់ហើយ ធ្វើមិនឲ្យ​មានទីកើត ដូចជាត្នោត​កំបុតចុង បានធ្វើ​មិនឲ្យ​មានបែបភាព ជាសភាព​មិនមាន​ការកើត​ឡើង​តទៅ​ទៀត​ជាធម្មតា។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុមាន​ប្រាជ្ញាដឹង​ថា ចិត្តផុត​ស្រឡះ​ហើយ យ៉ាង​នេះឯង។ ម្នាលភិក្ខុ​ទាំងឡាយ ពួក​អរិយៈ​ណាមួយ បាន​អាស្រ័យ​នៅក្នុង​អរិយវាសៈ ក្នុងកាល​ដែលកន្លង​ហើយ ពួកអរិយៈ​ទាំងអស់​នោះ បាន​អាស្រ័យនៅ ក្នុង​អរិយវាសៈ ទាំង ១០ យ៉ាង​នេះឯង ម្នាលភិក្ខុ​ទាំងឡាយ ពួកអរិយៈ​ណាមួយ នឹង​អាស្រ័យនៅ ក្នុង​អរិយវាសៈ ក្នុងកាល​ដែលមិន​ទាន់មក​ដល់ ពួកអរិយៈ​ទាំងអស់​នោះ នឹងអាស្រ័យ​នៅ​ក្នុងអរិយវាសៈ​ទាំង ១០ យ៉ាងនេះឯង ម្នាលភិក្ខុ​ទាំងឡាយ ពួកអរិយៈ​ណាមួយ កំពុង​អាស្រ័យ​នៅ ក្នុង​អរិយសវាសៈ ក្នុងកាល​ឥឡូវនេះ ពួកអរិយៈ​ទាំង​អស់នោះ អាស្រ័យនៅ ក្នុង​អរិយវាសៈ​ទាំង ១០ នេះឯង។ ម្នាលភិក្ខុ​ទាំង​ឡាយ អរិយវាសៈ​ទាំង ១០ នេះឯង ដែល​ពួកអរិយៈ បានអប់រំ​ហើយក្តី កំពុង​អប់រំក្តី នឹង​អប់រំក្តី។

ចប់ នាថករណវគ្គ ទី២។

ឧទ្ទាននៃនាថករណវគ្គនោះគឺ

និយាយអំពីសេនាសនៈ ១ អំពីអង្គ ១ អំពីសំយោជនៈ ១ អំពីចេតោខីលៈ ១ អំពីអប្បមាទ ១ អំពីអាហុនេយ្យ ១ អំពី​នាថករណធម៌ មានពីរលើក អំពី​អរិយវាសៈ មាន​ពីរលើក។

មហាវគ្គ ទី៣

សីហនាទសូត្រ ទី១

[២១] ម្នាលភិក្ខុទាំងឡាយ ក្នុងសាយណ្ហសម័យ សត្វសីហ​ជាស្តេចម្រឹគ ចេញ​ពីលំនៅ លុះចេញ​ពីលំនៅ​ហើយ ក៏មិតពត់ខ្លួន លុះមិតពត់​ខ្លួនរួចហើយ ក៏ក្រឡេក​មៀងមើល​ទិសទាំង ៤ ជុំវិញ លុះក្រឡេក​មៀង​មើលទិស​ទាំង ៤ ជុំវិញហើយ ក៏បន្លឺ​សីហនាទ ៣ ដង លុះ​បន្លឺសីហនាទ  ៣ ដងហើយ ទើបចេញ​ទៅរកចំណី។ ដំណើរ​នោះ ព្រោះ​ហេតុអ្វី។ ព្រោះថា សត្វសីហៈ​គិតថា អាត្មាអញ កុំធ្វើពួក​សត្វតូច ៗ ដែល​ដើរទៅ​រកស៊ី​ក្នុងទី​ក្រហេងក្រហូង​ឲ្យស្លាប់។ ម្នាលភិក្ខុ​ទាំងឡាយ ពាក្យថា សីហៈ នេះ ជាឈ្មោះ​របស់​ព្រះតថាគត អរហន្ត​សម្មាសម្ពុទ្ធ។ ម្នាលភិក្ខុ​ទាំងឡាយ ព្រះតថាគត​សំដែងធម៌​ដល់​បរិស័ទ ដោយ​ហេតុណា នេះជា​សីហនាទ របស់​ព្រះតថាគត​នោះ។ ម្នាលភិក្ខុ​ទាំងឡាយ តថាគត​ពល របស់​ព្រះតថាគត​នេះ មាន ១០ ប្រការ គឺ​ព្រះតថាគត ប្រកប​ដោយពលៈ​ទាំងឡាយ​ហើយ ទើបប្តេជ្ញា​នូវហេតុ​ដ៏ប្រសើរ បន្លឺសីហនាទ ក្នុង​ពួក​បរិស័ទ ញុំាង​ព្រហ្មចក្រ (ចក្រដ៏ប្រសើរ) ឲ្យ​ប្រព្រឹត្តទៅ។ តថាគតពល ១០ ប្រការ តើដូចម្តេច​ខ្លះ។ ម្នាលភិក្ខុ​ទាំងឡាយ ព្រះតថាគត​ក្នុង​លោកនេះ រមែង​ជ្រាបច្បាស់​នូវហេតុតាម​ហេតុផង ជ្រាបច្បាស់​នូវអំពើ​មិនមែន​ជា​ហេតុ តាមអំពើ​មិនមែន​ជាហេតុផង ដោយ​សេចក្តី​ជាក់​លាក់។ ម្នាល​ភិក្ខុ​ទាំងឡាយ ត្រង់ដែល​ព្រះតថាគត ជ្រាបច្បាស់​នូវហេតុ តាម​ហេតុផង ជ្រាបច្បាស់​នូវអំពើ មិនមែន​ជាហេតុ តាម​អំពើមិន​មែនជា​ហេតុផង ដោយ​សេចក្តី​ជាក់​លាក់ ម្នាលភិក្ខុ​ទាំងឡាយ នេះជា​តថាគតពល​របស់​ព្រះតថាគត ព្រោះ​ព្រះ​តថាគត អាស្រ័យ​នឹងពលៈ ហើយ​ប្តេជ្ញា​នូវហេតុ​ដ៏ប្រសើរ បន្លឺសីហនាទ ក្នុង​ពួកបរិស័ទ ញុំាង​ព្រហ្មចក្រ​ឲ្យ​ប្រព្រឹត្តទៅ។ ម្នាលភិក្ខុ​ទាំងឡាយ មួយទៀត ព្រះតថាគត ជ្រាបច្បាស់​នូវវិបាក​នៃ​កុសលកម្ម និង​អកុសលកម្ម ដែលសត្វ​បានធ្វើហើយ ទាំង​អតីត អនាគត និង​បច្ចុប្បន្ន តាមថ្នាក់ តាមហេតុ ដោយសេចក្តី​ជាក់លាក់។ ម្នាលភិក្ខុ​ទាំងឡាយ ត្រង់​ដែល​ព្រះតថាគត ជ្រាបច្បាស់​នូវវិបាក​នៃកុសលកម្ម និង​អកុសលកម្ម ដែល​សត្វបាន​ធ្វើហើយ ទាំង​អតីត អនាគត និង​បច្ចុប្បន្ន តាមថ្នាក់ តាមហេតុ ដោយ​សេចក្តី​ជាក់លាក់ ម្នាលភិក្ខុ​ទាំង​ឡាយ នេះជា​តថាគតពល របស់​ព្រះតថាគត ព្រោះ​ព្រះតថាគត អាស្រ័យ​នឹងពលៈ ហើយ​ប្តេជ្ញានូវ​ហេតុដ៏ប្រសើរ បន្លឺសីហនាទ ក្នុងពួក​បរិស័ទ ញុំាង​ព្រហ្មចក្រ ឲ្យប្រព្រឹត្ត​ទៅ។ ម្នាលភិក្ខុ​ទាំងឡាយ មួយទៀត ព្រះតថាគត ជ្រាបច្បាស់​នូវផ្លូវ ដែល​ទៅកាន់​ទីទាំង​ពួង ដោយសេចក្តី​ជាក់លាក់។ ម្នាលភិក្ខុ​ទាំងឡាយ ត្រង់ដែល​ព្រះតថាគត ជ្រាបច្បាស់​នូវផ្លូវ ដែលទៅកាន់​ទីទាំងពួង ដោយ​សេចក្តី​ជាក់លាក់ ម្នាលភិក្ខុ​ទាំងឡាយ នេះជា​តថាគតពល របស់​ព្រះ​តថាគត ព្រោះ​ព្រះតថាគត អាស្រ័យ​នឹងពលៈ ហើយ​ប្តេជ្ញានូវ​ហេតុ ដ៏ប្រសើរ បន្លឺសីហនាទ ក្នុងពួក​បរិស័ទ ញុំាង​ព្រហ្មចក្រ​ឲ្យប្រព្រឹត្ត​ទៅ។ ម្នាល​ភិក្ខុ​ទាំងឡាយ មួយទៀត ព្រះតថាគត ជ្រាបច្បាស់​នូវលោក ដែលមាន​​ធាតុច្រើនយ៉ាង មាន​ធាតុ​ផ្សេង ៗ គ្នា ដោយ​សេចក្តី​ជាក់លាក់។ ម្នាលភិក្ខុ​​ទាំងឡាយ ត្រង់ដែល​ព្រះតថាគត ជ្រាបច្បាស់​នូវលោក ដែល​មានធាតុ​ច្រើនយ៉ាង មាន​ធាតុផ្សេង ៗ គ្នា ដោយ​សេចក្តី​ជាក់លាក់ ម្នាលភិក្ខុ​ទាំងឡាយ នេះជា​តថាគតពល របស់​ព្រះតថាគត ព្រោះ​ព្រះតថាគត អាស្រ័យ​នឹងពលៈ ហើយ​ប្តេជ្ញានូវ​ហេតុដ៏ប្រសើរ បន្លឺសីហនាទ ក្នុងពួក​បរិស័ទ ញុំាង​ព្រហ្មចក្រ​ឲ្យប្រព្រឹត្ត​ទៅ។ ម្នាលភិក្ខុ​ទាំងឡាយ មួយទៀត ព្រះ​តថាគត ជ្រាបច្បាស់​នូវ​អធ្យាស្រ័យ​ផ្សេង ៗ គ្នា របស់​ពួកសត្វ ដោយសេចក្តីជាក់​លាក់។ ម្នាលភិក្ខុ​ទាំងឡាយ ត្រង់​ដែល​ព្រះតថាគត ជ្រាបច្បាស់​នូវ​អធ្យាស្រ័យ​ផ្សេង ៗ គ្នា របស់​ពួកសត្វ ដោយ​សេចក្តី​ជាក់លាក់ ម្នាលភិក្ខុ​ទាំងឡាយ នេះជា​តថាគតពល ​របស់​ព្រះតថាគត ព្រោះ​ព្រះតថាគត អាស្រ័យ​នឹងពលៈ ហើយ​ប្តេជ្ញានូវ​ហេតុ​ដ៏ប្រសើរ បន្លឺសីហនាទ ក្នុង​ពួកបរិស័ទ ញុំាង​ព្រហ្មចក្រ​ឲ្យប្រព្រឹត្តទៅ។ ម្នាលភិក្ខុ​ទាំងឡាយ មួយទៀត ព្រះ​តថាគត ជ្រាបច្បាស់​នូវ​ឥន្រ្ទិយក្លៀវក្លា និង​ទន់របស់​ពួកសត្វដទៃ ពួក​បុគ្គលដទៃ ដោយ​សេចក្តី​ជាក់លាក់។ ម្នាលភិក្ខុ​ទាំងឡាយ ត្រង់​ដែល​ព្រះតថាគត ជ្រាបច្បាស់​នូវឥន្រ្ទិយក្លៀវក្លា និង​ទន់របស់​ពួកសត្វដទៃ ពួក​បុគ្គលដទៃ ដោយ​សេចក្តី​ជាក់លាក់ ម្នាលភិក្ខុ​ទាំងឡាយ នេះជា​តថាគតពល របស់​ព្រះតថាគត ព្រោះ​ព្រះតថាគត អាស្រ័យនឹង​ពលៈ​ហើយ ប្តេជ្ញា​នូវហេតុ​ដ៏ប្រសើរ បន្លឺសីហនាទ ក្នុង​ពួកបរិស័ទ ញុំាង​ព្រហ្មចក្រ ឲ្យ​ប្រព្រឹត្តទៅ។ ម្នាលភិក្ខុ​ទាំងឡាយ មួយទៀត ព្រះតថាគត ជ្រាបច្បាស់​នូវសេចក្តី​សៅហ្មង ផូរផង់ និង​ការចេញ​ចាកឈាន វិមោក្ខ សមាធិ និង​សមាបត្តិ ដោយ​សេចក្តី​ជាក់លាក់។ ម្នាលភិក្ខុ​ទាំងឡាយ ត្រង់​ដែលព្រះ​តថាគត ជ្រាបច្បាស់​នូវសេចក្តី​សៅហ្មង ផូរផង់ និង​ការចេញ​ចាកឈាន វិមោក្ខ សមាធិ និងសមាបត្តិ ដោយសេចក្តី​ជាក់លាក់ ម្នាលភិក្ខុ​ទាំងឡាយ នេះជា​តថាគតពល របស់​ព្រះតថាគត ព្រោះ​ព្រះតថាគត អាស្រ័យ​នឹង​ពលៈ ហើយ​ប្តេជ្ញានូវ​ហេតុ​ដ៏ប្រសើរ បន្លឺសីហនាទ ក្នុង​ពួក​បរិស័ទ ញុំាង​ព្រហ្មចក្រ ឲ្យប្រព្រឹត្តទៅ។ ម្នាលភិក្ខុ​ទាំងឡាយ មួយទៀត ព្រះតថាគត រលឹក​ឃើញជាតិ ដែលបាន​នៅអាស្រ័យ ក្នុង​កាលមុន ជា​អនេកជាតិ គឺ ១ ជាតិខ្លះ ២ ជាតិខ្លះ ៣ ជាតិខ្លះ ៤ ជាតិខ្លះ ៥ ជាតិខ្លះ ១០ ជាតិខ្លះ ២០ ជាតិខ្លះ ៣០ ជាតិខ្លះ ៤០ ជាតិខ្លះ ៥០ ជាតិខ្លះ ១០០ ជាតិខ្លះ ១.០០០ ជាតិខ្លះ ១០.០០០ ជាតិខ្លះ រលឹកឃើញបាន​ច្រើន​សំវដ្តកប្បខ្លះ ច្រើន​វិវដ្តកប្បខ្លះ ច្រើន​សំវដ្តវិវដ្តកប្បខ្លះ​ថា ក្នុងភព​ឯណោះ អាត្មាអញ មាន​ឈ្មោះយ៉ាងនេះ មាន​គោត្រ​យ៉ាងនេះ មាន​សម្បុរ​យ៉ាងនេះ មានអាហារ​យ៉ាងនេះ បានទទួល​សុខទុក្ខយ៉ាងនេះ មាន​កំណត់​អាយុ​ត្រឹមប៉ុណ្ណេះ អាត្មាអញនោះ ច្យុតចាក​អត្តភាព​នោះហើយ បានទៅកើត​ក្នុង​ភព​ឯណោះ ដែលទៅ​កើត​ក្នុងភព​នោះទៀត អាត្មាអញ មាន​ឈ្មោះ​យ៉ាងនេះ មានគោត្រ​យ៉ាងនេះ មាន​សម្បុរ​យ៉ាងនេះ មានអាហារ​យ៉ាងនេះ ទទួលសុខ​ទុក្ខយ៉ាងនេះ មាន​កំណត់​អាយុ​ត្រឹម​ប៉ុណ្ណេះ លុះ​អាត្មាអញ​នោះ ច្យុតចាក​អត្តភាពនោះ​ហើយ ទើបមក​កើត​ក្នុងភពនេះ។ ព្រះតថាគត រលឹក​ឃើញជាតិ ដែល​បាននៅ​អាស្រ័យ​ក្នុងកាលមុន ជា​អនេកជាតិ ព្រម​ទាំងអាការ ព្រមទាំង​ឧទ្ទេស​យ៉ាងនេះ។ ម្នាលភិក្ខុ​ទាំងឡាយ ត្រង់ដែល​ព្រះតថាគត រលឹក​ឃើញជាតិ ដែលបាននៅ​អាស្រ័យ​ក្នុងកាលមុន ជា​អនេកជាតិ គឺ ១ ជាតិខ្លះ ២ ជាតិ​ខ្លះ។បេ។ រលឹក​ឃើញ​ជាតិ ដែលបាន​នៅអាស្រ័យ​ក្នុងកាល​មុន ជាអនេកជាតិ ព្រមទាំង​អាការ ព្រមទាំង​ឧទ្ទេស​យ៉ាងនេះ ម្នាលភិក្ខុ​ទាំងឡាយ នេះជា​តថាគតពល របស់​ព្រះតថាគត ព្រោះ​ព្រះតថាគត អាស្រ័យ​នឹងពលៈ ហើយប្តេជ្ញា​នូវហេតុ​ដ៏ប្រសើរ បន្លឺសីហនាទ ក្នុងពួក​បរិស័ទ ញុំាង​ព្រហ្មចក្រ ឲ្យប្រព្រឹត្ត​ទៅ។ ម្នាលភិក្ខុ​ទាំងឡាយ មួយ​ទៀត ព្រះតថាគត មាន​ទិព្វចក្ខុ​ដ៏បរិសុទ្ធ កន្លងហួស​ចក្ខុរបស់​មនុស្សធម្មតា ឃើញ​នូវពួក​សត្វដែល​កំពុងច្យុត កំពុងកើត ជាសត្វ​ថោកទាបខ្លះ ខ្ពង់ខ្ពស់​ខ្លះ មាន​សម្បុរល្អខ្លះ មាន​សម្បុរ​អាក្រក់ខ្លះ មាន​គតិល្អខ្លះ មានគតិ​អាក្រក់ខ្លះ ជ្រាបច្បាស់​នូវពួកសត្វ ដែល​អន្ទោល​ទៅ​តាមកម្ម​ថា អើហ្ន៎ សត្វអម្បាល​នេះ ដែលជា​អ្នកប្រកប​ដោយ​កាយទុច្ចរិត ប្រកប​ដោយ​វចីទុច្ចរិត ប្រកប​ដោយ​មនោទុច្ចរិត តិះដៀល​ពួកអរិយៈ ជាមិច្ឆាទិដ្ឋិ ប្រកាន់​កម្ម​ជា​មិច្ឆាទិដ្ឋិ សត្វ​ទាំងនោះ លុះបែកធ្លាយ​រាងកាយ ស្លាប់ទៅ ក៏ទៅ​កើតក្នុង​អបាយ ទុគ្គតិ វិនិបាត នរក អើហ្ន៎ ចំណែក​ខាងសត្វ​ទាំងនេះ ដែលជាអ្នក​ប្រកបដោយ​កាយសុចរិត ប្រកប​ដោយ​វចីសុចរិត ប្រកប​ដោយ​មនោសុចរិត មិនតិះដៀល​ពួកអរិយៈ ជា​សម្មាទិដ្ឋិ ប្រកាន់​កម្មជា​សម្មាទិដ្ឋិ សត្វ​ទាំងនោះ លុះបែកធ្លាយ​រាងកាយ ស្លាប់ទៅ ក៏ទៅ​កើត​ក្នុង​សុគតិ សួគ៌​ទេវលោក។ ព្រះតថាគត មាន​ទិព្វចក្ខុ​ដ៏បរិសុទ្ធ កន្លង​ហួស​ចក្ខុ​របស់​មនុស្ស​ធម្មតា ឃើញ​នូវពួកសត្វ​ដែលច្យុត ដែលកើត ជាសត្វ​ថោកទាប ខ្ពង់ខ្ពស់ មាន​សម្បុរល្អ មាន​សម្បុរ​អាក្រក់ មាន​គតិល្អ មានគតិ​អាក្រក់ ជ្រាបច្បាស់​នូវពួកសត្វ ដែល​ប្រព្រឹត្ត​ទៅតាម​កម្ម ដោយ​ប្រការ​ដូច្នេះ។ ម្នាលភិក្ខុ​ទាំងឡាយ ត្រង់​ដែល​ព្រះតថាគត មាន​ទិព្វចក្ខុ​ដ៏បរិសុទ្ធ កន្លង​ហួសចក្ខុ​របស់​មនុស្ស​ធម្មតា។បេ។ ជ្រាបច្បាស់​នូវពួកសត្វ ដែល​អន្ទោល​ទៅតាម​កម្ម ម្នាលភិក្ខុ​ទាំងឡាយ នេះជា​តថាគតពល របស់​ព្រះតថាគត ព្រោះ​ព្រះ​តថាគត អាស្រ័យ​នឹងពលៈ ហើយប្តេជ្ញា​នូវហេតុដ៏​ប្រសើរ បន្លឺសីហនាទ ក្នុង​ពួកបរិស័ទ ញុំាង​ព្រហ្មចក្រ ឲ្យ​ប្រព្រឹត្តទៅ។ ម្នាលភិក្ខុ​ទាំងឡាយ មួយវិញទៀត ព្រះតថាគត បានធ្វើ​ឲ្យ​ជាក់ច្បាស់ សម្រេច​នូវ​ចេតោវិមុត្តិ និង​បញ្ញាវិមុត្តិ ដែលមិន​មានអាសវៈ ព្រោះអស់​អាសវៈ​ទាំងឡាយ ដោយ​ប្រាជ្ញា​ដ៏ប្រសើរ ដោយ​ខ្លួនឯង​ក្នុងបច្ចុប្បន្ន។ ម្នាលភិក្ខុ​ទាំង​ឡាយ ត្រង់ដែល​ព្រះតថាគត បានធ្វើ​ឲ្យជាក់ច្បាស់ សម្រេច​នូវ​ចេតោវិមុត្តិ និង​បញ្ញាវិមុត្តិ ដែល​មិនមាន​អាសវៈ ព្រោះអស់ទៅ​នៃអាសវៈ​ទាំងឡាយ ដោយប្រាជ្ញា​ដ៏ប្រសើរ ដោយ​ខ្លួន​ឯង ក្នុង​បច្ចុប្បន្ន ម្នាល​ភិក្ខុ​ទាំងឡាយ នេះជា​តថាគត​ពល របស់​ព្រះតថាគត ព្រោះ​ព្រះ​តថាគត អាស្រ័យ​នឹងពលៈ ហើយប្តេជ្ញា​នូវហេតុ​ដ៏ប្រសើរ បន្លឺសីហនាទ ក្នុង​ពួក​បរិស័ទ ញុំាង​ព្រហ្មចក្រ​ឲ្យប្រព្រឹត្ត​ទៅ។ ម្នាលភិក្ខុ​ទាំងឡាយ នេះជា​តថាគតពល ១០ ប្រការ របស់​ព្រះតថាគត ព្រោះ​ព្រះតថាគត ប្រកប​ដោយពលៈ​ទាំងឡាយ ហើយ​ប្តេជ្ញា​នូវហេតុ​ដ៏ប្រសើរ បន្លឺសីហនាទ ក្នុង​ពួក​បរិស័ទ ញុំាង​ព្រហ្មចក្រ ឲ្យប្រព្រឹត្តទៅ។

អធិវុត្តិបទសូត្រ ទី២

[២២] គ្រានោះ ព្រះអានន្ទដ៏មានអាយុ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូល​ទៅ​ដល់ ក្រាបថ្វាយ​បង្គំ​ព្រះមានព្រះភាគ រួចអង្គុយ​ក្នុងទី​សមគួរ។ លុះ​ព្រះអានន្ទ​ដ៏មាន​អាយុ អង្គុយក្នុង​ទីសមគួរ​ហើយ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់​ដូច្នេះថា ម្នាល​អានន្ទ ធម៌ទាំងឡាយ​ណា ប្រព្រឹត្តទៅ ដើម្បីធ្វើឲ្យ​ជាក់ច្បាស់​នូវ​អធិមុត្តិបទ [ធម៌ គឺ ខន្ធ អាយតនៈ ធាតុ និងសំដៅ​ដល់​ទិដ្ឋិ (អដ្ឋកថា)។] ទាំងឡាយនោះ ៗ ដោយ​ប្រាជ្ញា​ដ៏ឧត្តម ម្នាល​អានន្ទ តថាគតជា​អ្នកក្លៀវក្លា ដឹងច្បាស់​ក្នុង​អធិមុត្តិបទ​នោះ ៗ អាច​សំដែងធម៌​ដល់ពួក​សត្វនោះ ៗ តាមដែល​អ្នក​ប្រតិបត្តិ ហើយនឹងដឹង​របស់ដែល​មានថា មាន​ក្តី ដឹងរបស់​ដែលមិនមាន ថាមិនមាន​ក្តី ដឹងរបស់​ថោកទាបថា ថោកទាប​ក្តី ដឹងរបស់​ឧត្តមថា ឧត្តម​ក្តី ដឹងរបស់​ដែលមាន​របស់ដទៃ​ប្រសើរជាង​ថា មានរបស់​ដទៃប្រសើរ​ជាងក្តី ដឹងរបស់​ដែលមិនមាន​របស់ដទៃ​ប្រសើរជាង​ថា មិនមាន​របស់ដទៃ​ប្រសើរ​ជាងក្តី ម៉្យាងទៀត របស់នោះ ដែលបុគ្គល​ត្រូវដឹង ឬ​ត្រូវឃើញ ឬ​ក៏ត្រូវ​ធ្វើឲ្យជាក់ច្បាស់ ដោយហេតុណា ៗ នឹងដឹង ឬ​នឹងឃើញ ឬ​ក៏នឹងធ្វើឲ្យ​ជាក់ច្បាស់ ដោយហេតុនោះ ៗ ហេតុនេះ រមែងមាន​ជាធម្មតា។ ម្នាល​អានន្ទ បណ្តាសេចក្តី​ដឹងទាំងឡាយ សេចក្តីដឹង​តាមពិត ក្នុងធម៌​នោះ ៗ ណាមួយ សេចក្តីដឹង​តាមពិតនុ៎ះ ឈ្មោះថា មិនមាន​សេចក្តីដឹង​ដទៃ ប្រសើរជាង។ ម្នាលអានន្ទ មួយទៀត តថាគតសំដែងថា ញាណ​ដទៃលើសលុប ឬ​ថ្លៃថ្លាជាងញាណ​នុ៎ះ មិនមានទេ។ ម្នាលអានន្ទ តថាគតពល របស់ព្រះតថាគត​នេះ មាន ១០ ប្រការ ព្រោះ​ព្រះតថាគត ប្រកបដោយ​ពលៈទាំងឡាយ ហើយទើប​ប្តេជ្ញានូវហេតុ ដ៏ប្រសើរ បន្លឺសីហនាទ ក្នុង​ពួកបរិស័ទ ញុំាងព្រហ្មចក្រ​ឲ្យប្រព្រឹត្តទៅ។ ចុះ​តថាគតពល ១០ ប្រការ តើដូចម្តេចខ្លះ។ ម្នាលអានន្ទ ព្រះតថាគត ក្នុងលោកនេះ ជ្រាបច្បាស់នូវ​ហេតុ តាមហេតុផង ជ្រាបច្បាស់​នូវអំពើ​មិនមែន​ជាហេតុ តាមអំពើ​មិនមែន​ជាហេតុផង ដោយសេចក្តី​ជាក់លាក់។ ម្នាលអានន្ទ ត្រង់ដែលព្រះ​តថាគត ជ្រាបច្បាស់នូវហេតុ តាមហេតុផង ជ្រាបច្បាស់នូវអំពើ ដែល​មិនមែនជាហេតុ តាមអំពើ​ដែលមិនមែន​ជាហេតុ​ផង ដោយ​សេចក្តីជាក់​លាក់។ ម្នាលអានន្ទ នេះជា​តថាគតពល របស់ព្រះតថាគត ព្រោះ​ព្រះ​តថាគត អាស្រ័យនឹងពលៈ ហើយប្តេជ្ញា​នូវហេតុដ៏ប្រសើរ បន្លឺសីហនាទ ក្នុងពួកបរិស័ទ ញុំាងព្រហ្មចក្រ​ឲ្យប្រព្រឹត្តទៅ។ ម្នាលអានន្ទ មួយទៀត ព្រះតថាគត ជ្រាបច្បាស់​នូវវិបាកនៃកុសលកម្ម និងអកុសលកម្ម ដែលសត្វ​បានធ្វើហើយ ទាំងអតីត អនាគត និងបច្ចុប្បន្ន តាមថ្នាក់ តាមហេតុ ដោយសេចក្តី​ជាក់លាក់។ ម្នាលអានន្ទ ត្រង់​ដែល។បេ។ ម្នាលអានន្ទ នេះជា។បេ។ ម្នាលអានន្ទ មួយទៀត ព្រះតថាគត ជ្រាបច្បាស់​នូវផ្លូវ ដែលទៅកាន់ទីទាំងពួង ដោយសេចក្តី​ជាក់លាក់។ ម្នាលអានន្ទ ត្រង់ដែល។បេ។ ម្នាលអានន្ទ នេះជា។បេ។ ម្នាលអានន្ទ មួយទៀត ព្រះតថាគត ជ្រាបច្បាស់​នូវលោក ដែលមានធាតុ​ច្រើនយ៉ាង មានធាតុផ្សេង ៗ គ្នា ដោយ​សេចក្តីជាក់លាក់។ ម្នាលអានន្ទ ត្រង់ដែល។បេ។ ម្នាលអានន្ទ នេះជា។បេ។ ម្នាលអានន្ទ មួយទៀត ព្រះតថាគត ជ្រាបច្បាស់​នូវ​អធ្យាស្រ័យ​ផ្សេង ៗ គ្នា របស់សត្វ​ទាំងឡាយ ដោយសេចក្តី​ជាក់លាក់។ ម្នាលអានន្ទ ត្រង់ដែល។បេ។ ម្នាលអានន្ទ នេះជា។បេ។ ម្នាលអានន្ទ មួយទៀត ព្រះ​តថាគត ជ្រាបច្បាស់​នូវឥន្រ្ទិយក្លៀវក្លា និងទន់ របស់ពួកសត្វដទៃ របស់​ពួកបុគ្គលដទៃ ដោយសេចក្តី​ជាក់លាក់។ ម្នាលអានន្ទ ត្រង់ដែល។បេ។ ម្នាលអានន្ទ នេះជា។បេ។ ម្នាលអានន្ទ មួយទៀត ព្រះតថាគត ជ្រាប​ច្បាស់នូវសេចក្តី​សៅហ្មង សេចក្តីផូរផង់ និងការចេញ​ចាកឈាន វិមោក្ខ សមាធិ និងសមាបត្តិ​ទាំងឡាយ ដោយសេចក្តី​ជាក់លាក់។ ម្នាលអានន្ទ ត្រង់ដែល។បេ។ អានន្ទ នេះជា។បេ។ ម្នាលអានន្ទ មួយទៀត ព្រះតថាគត រលឹកឃើញ​នូវជាតិ ដែលបាន​នៅអាស្រ័យ ក្នុងកាលមុន ជា​អនេកជាតិ គឺ ១ ជាតិខ្លះ ២ ជាតិខ្លះ។បេ។ រលឹកឃើញ​នូវជាតិ ដែលធ្លាប់នៅ​អាស្រ័យហើយ ក្នុងកាលមុន​ជាច្រើន ព្រមទាំងអាការ ព្រមទាំង​ឧទ្ទេស។ ម្នាលអានន្ទ ត្រង់ដែល។បេ។ ម្នាលអានន្ទ នេះជា។បេ។ ម្នាលអានន្ទ មួយទៀត ព្រះតថាគត មានទិព្វចក្ខុ ដ៏បរិសុទ្ធ កន្លងផុត​ចក្ខុរបស់​មនុស្សធម្មតា។បេ។ ជ្រាបច្បាស់​នូវសត្វទាំងឡាយ ដែលអន្ទោល​ទៅតាម​កម្ម។ ម្នាលអានន្ទ ត្រង់ដែល។បេ។ ម្នាលអានន្ទ នេះជា។បេ។ ម្នាលអានន្ទ មួយវិញទៀត ព្រះតថាគត បានធ្វើឲ្យជាក់ច្បាស់ សម្រេចនូវ​ចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមាន​អាសវៈ ព្រោះ​អស់ទៅ​នៃអាសវៈ​ទាំងឡាយ ដោយប្រាជ្ញា​ដ៏ឧត្តម ដោយខ្លួន​ឯង ក្នុងបច្ចុប្បន្ន។ ម្នាលអានន្ទ ត្រង់ដែល​ព្រះតថាគត ធ្វើឲ្យជាក់ច្បាស់ សម្រេចនូវ​ចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិន​មានអាសវៈ ព្រោះអស់ទៅ​នៃអាសវៈ​ទាំងឡាយ ដោយ​ប្រាជ្ញា​ដ៏ឧត្តម ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន ម្នាលអានន្ទ នេះជា​តថាគតពល របស់​ព្រះតថាគត ព្រោះ​ព្រះតថាគត​អាស្រ័យនឹង​ពលៈ ហើយប្តេជ្ញា​នូវហេតុ​ដ៏ប្រសើរ បន្លឺសីហនាទ ក្នុងពួកបរិស័ទ ញុំាង​ព្រហ្មចក្រ​ឲ្យប្រព្រឹត្តទៅ។ ម្នាលអានន្ទ នេះជា​តថាគតពល របស់​ព្រះតថាគត​ទាំង ១០ ប្រការ ព្រោះ​ព្រះតថាគត ប្រកបដោយ​ពលៈទាំងឡាយ ហើយប្តេជ្ញា​នូវហេតុដ៏ប្រសើរ បន្លឺសីហនាទ ក្នុងពួក​បរិស័ទ ញុំាងព្រហ្ម​ចក្រ​ឲ្យប្រព្រឹត្តទៅ។

កាយសូត្រ ទី៣

[២៣] ម្នាលភិក្ខុទាំងឡាយ ពួកធម៌ ដែលបុគ្គលគប្បី​លះដោយកាយ មិនបាច់វាចា​ក៏មាន ម្នាលភិក្ខុ​ទាំងឡាយ ពួកធម៌ ដែលបុគ្គល​គប្បីលះ​ដោយវាចា មិនបាច់កាយ ក៏មាន ម្នាលភិក្ខុ​ទាំងឡាយ ពួកធម៌ ដែលបុគ្គលមិនគប្បីលះ​ដោយកាយ មិនគប្បី​លះ​ដោយ​វាចា គប្បីលះចេញ ព្រោះឃើញ​ជាក់ស្តែង​ដោយប្រាជ្ញាក៏មាន។ ម្នាលភិក្ខុ​ទាំងឡាយ ចុះពួក​ធម៌ ដែលបុគ្គល​គប្បីលះ​ដោយកាយ មិនបាច់វាចា តើដូចម្តេច។ ម្នាល​ភិក្ខុទាំង​ឡាយ ភិក្ខុក្នុង​សាសនានេះ ជាអ្នក​ត្រូវនូវចំណែក​នៃអាបត្តិណា​មួយ ជាអកុសល ដោយកាយ។ ពួកវិញ្ញូជន ជាសព្រហ្មចារី ដៀងមើល​រឿយ ៗ នូវភិក្ខុនោះ ហើយនិយាយ​យ៉ាងនេះថា លោកដ៏មានអាយុ បាន​ត្រូវនូវ​ចំណែក​នៃអាបត្តិណាមួយ ជាអកុសល​ដោយ​កាយ​ហើយ លោក​ដ៏មានអាយុ ចូរលះ​កាយទុច្ចរិត ហើយចំរើនកាយសុចរិត ឲ្យ​ត្រឹមត្រូវ​ឡើង។ កាលពួកវិញ្ញូជន ជា​សព្រហ្មចារី ដៀងមើល​រឿយ ៗ ហើយស្តីថា ភិក្ខុនោះ ក៏លះកាយទុច្ចរិត ហើយចំរើន​កាយសុចរិតទៅ។ ម្នាលភិក្ខុ​ទាំងឡាយ នេះហៅ​ថា ធម៌ដែលបុគ្គល​គប្បីលះ​ដោយកាយ មិនបាច់វាចា។ ម្នាលភិក្ខុទាំងឡាយ ចុះពួកធម៌ ដែលបុគ្គល​គប្បីលះ​ដោយវាចា មិនបាច់កាយ តើដូចម្តេច​ខ្លះ។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុក្នុង​សាសនានេះ ជាអ្នកត្រូវនូវ​ចំណែក​នៃអាបត្តិណាមួយ ជាអកុសល ដោយវាចា។ ពួកវិញ្ញូជន ជា​សព្រហ្មចារី ដៀងមើល​រឿយ ៗ នូវភិក្ខុនោះ ហើយនិយាយ​យ៉ាងនេះថា លោកដ៏មានអាយុ បានត្រូវនូវ​ចំណែកនៃ​អាបត្តិណាមួយ ជាអកុសល ដោយវាចា​ហើយ លោកដ៏មាន​អាយុ ចូរលះ​វចីទុច្ចរិត ហើយចំរើនវចីសុចរិត​ឲ្យត្រឹមត្រូវឡើង។ កាលពួក​វិញ្ញូជន ជាសព្រហ្មចារី ដៀងមើលរឿយ ៗ ហើយស្តីថា ភិក្ខុនោះ ក៏លះវចីទុច្ចរិត ហើយចំរើនវចីសុចរិត​ទៅ។ ម្នាលភិក្ខុ​ទាំងឡាយ នេះហៅថា ធម៌ដែល​បុគ្គលគប្បី​លះ ដោយវាចា មិនបាច់កាយ។ ម្នាលភិក្ខុ​ទាំងឡាយ ចុះពួកធម៌ ដែលបុគ្គល​មិនគប្បីលះ ដោយកាយ មិនគប្បីលះ​ដោយវាចា គប្បីលះចេញ ព្រោះ​ឃើញជាក់ស្តែង​ដោយប្រាជ្ញា​បាន តើដូចម្តេចខ្លះ។ ម្នាលភិក្ខុ​ទាំងឡាយ លោភៈ បុគ្គលមិនគប្បី​លះដោយកាយ មិនគប្បីលះ​ដោយវាចា​ទេ គប្បី​លះចេញ ព្រោះឃើញ​ជាក់ស្តែង​ដោយប្រាជ្ញាបាន។ ម្នាលភិក្ខុ​ទាំងឡាយ ទោសៈ… ម្នាលភិក្ខុទាំងឡាយ មោហៈ… ម្នាលភិក្ខុ​ទាំងឡាយ កោធៈ… ម្នាល​ភិក្ខុ​ទាំងឡាយ ឧបនាហៈ… ម្នាលភិក្ខុទាំងឡាយ មក្ខៈ… ម្នាលភិក្ខុទាំង​ឡាយ បលាសៈ… ម្នាលភិក្ខុទាំងឡាយ មច្ឆរិយៈ បុគ្គលមិន​គប្បីលះដោយ​កាយ មិនគប្បីលះ​ដោយវាចា គប្បីលះចេញ ព្រោះឃើញ​ជាក់ស្តែង ដោយប្រាជ្ញាបាន។ ម្នាលភិក្ខុ​ទាំងឡាយ ឥស្សា ដ៏លាមក បុគ្គលមិនគប្បី​លះដោយកាយ មិនគប្បី​លះ​ដោយ​វាចាទេ គប្បីលះ​ចេញ ព្រោះឃើញ​ជាក់ស្តែង​ដោយប្រាជ្ញាបាន។ ម្នាលភិក្ខុ​ទាំងឡាយ ចុះឥស្សា ដ៏លាមក តើដូចម្តេច។ ម្នាលភិក្ខុ​ទាំងឡាយ គហបតី ឬគហបតិបុត្ត ក្នុងលោក​នេះ បរិបូណ៌​​ដោយទ្រព្យក្តី ស្រូវក្តី ប្រាក់ក្តី មាសក្តី។ ខ្ញុំកំដរ ឬ​អ្នកដែលនៅ​ជ្រកកោន​ណាមួយ មានសេចក្តី​ច្រណែន នឹងគហបតី ឬគហបតិបុត្តនោះ យ៉ាងនេះថា ធ្វើដូចម្តេចហ្ន៎ កុំឲ្យគហបតី ឬ​គហបតិបុត្តនេះ បានបរិបូណ៌​ដោយទ្រព្យក្តី ស្រូវក្តី ប្រាក់ក្តី មាសក្តី ដូច្នេះឡើយ។ ចំណែកខាង សមណៈ ឬព្រាហ្មណ៍វិញ ដែលជាអ្នក​បាននូវ​ចីវរ បិណ្ឌបាត សេនាសនៈ និង​គិលានប្បច្ចយភេសជ្ជបរិក្ខារ។ សមណៈ ឬព្រាហ្មណ៍​ណាមួយ មានសេចក្តីច្រណែន​នឹងសមណៈ ឬព្រាហ្មណ៍នោះ យ៉ាងនេះថា ធ្វើដូចម្តេច​ហ្ន៎ កុំ​ឲ្យលោកដ៏មាន​អាយុនេះ បានចីវរ បិណ្ឌបាត សេនាសនៈ និង​គិលានប្បច្ចយភេសជ្ជបរិក្ខារ​ដូច្នេះឡើយ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ឥស្សា ដ៏លាមក។ ម្នាលភិក្ខុ​ទាំងឡាយ ឥស្សា ដ៏លាមក បុគ្គល​មិនគប្បីលះ​ដោយកាយ មិនគប្បីលះ​ដោយវាចាទេ គប្បីលះចេញ ព្រោះឃើញជាក់​ស្តែង​ដោយប្រាជ្ញា​បាន។ ម្នាលភិក្ខុទាំងឡាយ ឥច្ឆា ដ៏លាមក បុគ្គលមិន​គប្បីលះ​ដោយកាយ មិនគប្បីលះ​ដោយ​វាចាទេ គប្បីលះ​ចេញ ព្រោះ​ឃើញ​ជាក់ស្តែង ដោយ​ប្រាជ្ញាបាន។ ម្នាលភិក្ខុ​ទាំងឡាយ ចុះឥច្ឆា ដ៏លាមក តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុខ្លះ ក្នុងសាសនា​នេះ ជាបុគ្គល​មិនមាន​សទ្ធា តែប្រាថ្នាថា អ្នកផង គប្បីស្គាល់​អញ ថាជា​អ្នកមានសទ្ធា ជាបុគ្គល​ទ្រុស្តសីល តែប្រាថ្នាថា អ្នកផង​គប្បីស្គាល់​អញ ថាជាអ្នកមាន​សីល ជាបុគ្គល​ចេះដឹងតិច តែប្រាថ្នាថា អ្នកផង គប្បីស្គាល់អញ ថាជាអ្នកចេះ​ដឹងច្រើន ជាបុគ្គល​ត្រេកអរ ក្នុងការ​ច្របូក​ច្របល់​ដោយគ្នីគ្នា តែ​ប្រាថ្នាថា អ្នកផង គប្បីស្គាល់​អញ ថា​ជាអ្នកស្ងាត់កាយ ជាបុគ្គលខ្ជិល តែ​ប្រាថ្នាថា អ្នកផង គប្បីស្គាល់​អញថា ជាអ្នកមាន​ប្រារព្ធ​ព្យាយាម ជា​បុគ្គល​ភ្លេចភ្លាំង​ស្មារតី តែប្រាថ្នាថា អ្នកផង គប្បីស្គាល់​អញ ថាជា​អ្នកមាន​ស្មារតីតាំងមាំ ជាបុគ្គល​មិនបាន​សមាធិ តែប្រាថ្នាថា អ្នកផង​គប្បីស្គាល់​អញ ថាជាអ្នក​បានសមាធិ ជាបុគ្គល​អប្បប្រាជ្ញា តែប្រាថ្នាថា អ្នកផង​គប្បី​ស្គាល់អញ ថាជាអ្នកមានប្រាជ្ញា ជាបុគ្គល​មិនទាន់​អស់អាសវៈ តែប្រាថ្នាថា អ្នកផង គប្បីស្គាល់អញ​ ថាជាអ្នក​អស់អាសវៈ​ហើយ។ ម្នាលភិក្ខុ​ទាំងឡាយ នេះហៅថា ឥច្ឆា​ដ៏លាមក។ ម្នាលភិក្ខុ​ទាំងឡាយ ឥច្ឆា ដ៏លាមក បុគ្គល​មិនគប្បីលះ​ដោយកាយ មិនគប្បីលះ​ដោយវាចាទេ គប្បីលះចេញ ព្រោះឃើញ​ជាក់ស្តែង ដោយប្រាជ្ញា​បាន។ ម្នាលភិក្ខុ​ទាំងឡាយ បើលោភៈ គ្របសង្កត់ភិក្ខុនោះ ទោសៈ មោហៈ កោធៈ ឧបនាហៈ មក្ខៈ បលាសៈ មច្ឆរិយៈ ឥស្សា ដ៏លាមក ឥច្ឆា​ដ៏លាមក គ្របសង្កត់​ភិក្ខុនោះ អ្នកទាំង​ឡាយ គប្បីដឹងយ៉ាងនេះថា លោភៈ​មិនកើតមាន​ដល់បុគ្គល​ដែលដឹង​ច្បាស់​យ៉ាងនេះថា លោកដ៏មាន​អាយុនេះ មិនដឹងច្បាស់​យ៉ាងនោះ​ទេ ហេតុដូច្នោះ បានជាលោភៈ មកគ្របសង្កត់​លោកដ៏មាន​អាយុនេះ​បាន។ ទោសៈ មិនមាន​ដល់បុគ្គល ដែលដឹងច្បាស់​យ៉ាងណា លោកដ៏មានអាយុ​នេះ មិនដឹងច្បាស់​យ៉ាងនោះទេ មោហៈ កោធៈ ឧបនាហៈ មក្ខៈ បលាសៈ មច្ឆរិយៈ ឥស្សា ដ៏លាមក ឥច្ឆា ដ៏លាមក មិនមាន ហេតុដូច្នោះ ទើប​ឥច្ឆា ដ៏លាមក គ្របសង្កត់​លោកដ៏មានអាយុ​នេះបាន។ ម្នាលភិក្ខុ​ទាំងឡាយ បើលោភៈ មិនគ្របសង្កត់​ភិក្ខុនោះទេ ទោសៈ មោហៈ កោធៈ ឧបនាហៈ មក្ខៈ បលាសៈ មច្ឆរិយៈ ឥស្សា ដ៏លាមក ឥច្ឆា​ដ៏លាមក មិនគ្របសង្កត់​ភិក្ខុ​នោះ អ្នកទាំងឡាយ គប្បីដឹងយ៉ាង​នេះថា លោភៈមិនមាន​ដល់បុគ្គល ដែលដឹងច្បាស់ យ៉ាងណា លោកដ៏មាន​អាយុនេះ ក៏ដឹងច្បាស់ យ៉ាង​នោះដែរ ហេតុដូច្នោះ បានជា​លោភៈ​មិនគ្របសង្កត់​លោកដ៏មានអាយុ​នេះបាន។ ទោសៈ មិនមាន​ដល់បុគ្គល​ដែលដឹងច្បាស់​យ៉ាងណា លោក​ដ៏មានអាយុនេះ ដឹងច្បាស់​យ៉ាងនោះដែរ មោហៈ កោធៈ ឧបនាហៈ មក្ខៈ បលាសៈ មច្ឆរិយៈ ឥស្សា ដ៏លាមក ឥច្ឆា ដ៏លាមក មិនមាន ​ហេតុដូច្នោះ បានជាឥច្ឆា​ដ៏លាមក មិនគ្រប​សង្កត់លោក​ដ៏មាន​អាយុនេះបាន។

មហាចុន្ទសូត្រ ទី៤

[២៤] សម័យមួយ ព្រះមហាចុន្ទៈដ៏មានអាយុ គង់ក្នុងប្រទេស​ឈ្មោះ សហជាតិ ក្នុង​ដែនចេតី។ ក្នុងទីនោះឯង ព្រះមហាចុន្ទៈ​ដ៏មានអាយុ​ ហៅ​ភិក្ខុទាំង​ឡាយ​ថា ម្នាលអាវុសោ ភិក្ខុទាំងឡាយ។ ភិក្ខុទាំងនោះ បានទទួល​ស្តាប់ពាក្យ របស់​ព្រះមហាចុន្ទ​ដ៏មានអាយុ​ថា ម្នាល​អាវុសោ។ ព្រះមហា​ចុន្ទៈ​ដ៏មានអាយុ មាន​ថេរវាចា ដូច្នេះថា ម្នាលអាវុសោ​ទាំងឡាយ ភិក្ខុនិយាយនូវញាណវាទ​ថា ខ្ញុំដឹងធម៌​នេះ ខ្ញុំឃើញ​ធម៌នេះ។ ម្នាលអាវុសោ​ទាំងឡាយ បើលោភៈ​គ្របសង្កត់​ភិក្ខុនោះ ទោសៈ មោហៈ កោធៈ ឧបនាហៈ មក្ខៈ បលាសៈ មច្ឆរិយៈ ឥស្សា​ដ៏លាមក ឥច្ឆា​ដ៏លាមក គ្របសង្កត់​ភិក្ខុនោះ អ្នកទាំង​ឡាយ គប្បីដឹង​យ៉ាងនេះ​ថា លោភៈ មិនមាន​ដល់បុគ្គល​ដែលដឹង​ច្បាស់យ៉ាងណា លោកដ៏មាន​អាយុនេះ មិនដឹង​ច្បាស់យ៉ាង​នោះ​ទេ ហេតុដូច្នោះ បានជា​លោភៈ គ្រប​សង្កត់​លោក​ដ៏មានអាយុនេះ។  ទោសៈ មិនមាន​ដល់បុគ្គល​ដែលដឹងច្បាស់​យ៉ាងណា លោកដ៏​មានអាយុ​នេះ មិនដឹងច្បាស់​យ៉ាងនោះទេ មោហៈ កោធៈ ឧបនាហៈ មក្ខៈ បលាសៈ មច្ឆរិយៈ ឥស្សា​ដ៏លាមក ឥច្ឆា​ដ៏លាមក មិនមាន ហេតុដូច្នោះ បានជា​ឥច្ឆា​ដ៏លាមក គ្របសង្កត់​លោកដ៏មាន​អាយុ។ ម្នាលអាវុសោ​ទាំងឡាយ កាលភិក្ខុនិយាយ​​​ភាវនាវាទ​ថា ខ្ញុំដឹងធម៌​នេះ ឃើញធម៌នេះ ខ្ញុំជាអ្នក​បាន​ចំរើនកាយ បានចំរើនសីល បានចំរើន​ចិត្ត បានចំរើន​ប្រាជ្ញាហើយ។ ម្នាលអាវុសោ​ទាំងឡាយ បើលោភៈ​គ្របសង្កត់​ភិក្ខុនោះ ទោសៈ មោហៈ កោធៈ ឧបនាហៈ មក្ខៈ បលាសៈ មច្ឆរិយៈ ឥស្សា​ដ៏លាមក ឥច្ឆា​ដ៏លាមក គ្របសង្កត់​ភិក្ខុនោះ អ្នកទាំងឡាយ គប្បីដឹង​យ៉ាងនេះថា លោភៈ​មិនមាន​ដល់​បុគ្គល​ដែល​ដឹងច្បាស់​យ៉ាងណា លោកដ៏មាន​អាយុនេះ មិនដឹង​ច្បាស់​យ៉ាងនោះ​ទេ ហេតុ​ដូច្នោះ បានជាលោភៈ​គ្របសង្កត់​លោក​ដ៏មានអាយុ​នេះ។ ទោសៈ មិនមាន​ដល់​បុគ្គល ដែលដឹងច្បាស់​យ៉ាងណា លោកដ៏មាន​អាយុ​នេះ មិនដឹងច្បាស់​យ៉ាងនោះទេ មោហៈ កោធៈ ឧបនាហៈ មក្ខៈ បលាសៈ មច្ឆរិយៈ ឥស្សា​ដ៏លាមក ឥច្ឆា​ដ៏លាមក មិនមាន ហេតុដូច្នោះ បានជាឥច្ឆា​ដ៏លាមក គ្របសង្កត់​លោកដ៏មាន​អាយុនេះ។ ម្នាលអាវុសោ​ទាំងឡាយ កាលភិក្ខុ​អ្នកនិយាយ​នូវញាណវាទ និង​ភាវនាវាទ​ថា ខ្ញុំដឹងធម៌នេះ ឃើញ​ធម៌នេះ ខ្ញុំ​ជាអ្នក​បាន​ចំរើនកាយ ​បានចំរើន​សីល បានចំរើន​ចិត្ត បានចំរើន​ប្រាជ្ញា​ហើយ។ ម្នាល​អាវុសោ​ទាំងឡាយ បើលោភៈ​គ្របសង្កត់​ភិក្ខុនោះ ទោសៈ មោហៈ កោធៈ ឧបនាហៈ មក្ខៈ បលាសៈ មច្ឆរិយៈ ឥស្សាដ៏លាមក ឥច្ឆា​ដ៏លាមក គ្របសង្កត់​ភិក្ខុនោះ អ្នកទាំង​ឡាយ គប្បីដឹង​យ៉ាងនេះថា លោភៈ មិនមានដល់បុគ្គល​ដែលដឹង​ច្បាស់​យ៉ាងណា លោក​ដ៏មានអាយុ​នេះ មិនដឹងច្បាស់​យ៉ាងនោះទេ ហេតុដូច្នោះ បានជាលោភៈ គ្របសង្កត់​លោក​ដ៏មានអាយុនេះ។ ទោសៈ​ មិនមានដល់​បុគ្គលដែល​ដឹងច្បាស់​យ៉ាងណា លោកដ៏​មានអាយុ​នេះ មិនដឹងច្បាស់​យ៉ាងនោះទេ មោហៈ កោធៈ ឧបនាហៈ មក្ខៈ បលាសៈ មច្ឆរិយៈ ឥស្សាដ៏លាមក ឥច្ឆា​ដ៏លាមក មិនមាន ហេតុ​ដូច្នោះ បានជាឥច្ឆា​ដ៏លាមក គ្រប​សង្កត់​លោកដ៏​មានអាយុនេះ។ ម្នាលអាវុសោ​ទាំងឡាយ ដូចបុរស​កំសត់ តែអួតថា​អ្នកស្តុកស្តម្ភ ជាអ្នក​ឥតទ្រព្យ តែអួតថា​អ្នកមានទ្រព្យ ជាអ្នក​ឥតភោគៈ តែអួតថា​ជាអ្នកមាន​ភោគៈ កាលបើ​មាន​ករណីយកិច្ច​ដែលត្រូវ​ធ្វើ​ដោយ​ទ្រព្យណាមួយ កើត​ឡើងហើយ បុរសនោះ មិនអាច​ប្រមូលមក​នូវទ្រព្យក្តី ស្រូវក្តី ប្រាក់ក្តី មាសក្តី បានឡើយ អ្នកផង​ត្រូវដឹងបុរស​នោះ យ៉ាង​នេះថា អ្នកដ៏មាន​អាយុនេះ ជាអ្នកកំសត់​សោះ តែអួតថា​អ្នកស្តុកស្តម្ភ អ្នកដ៏មាន​អាយុនេះ ឥតទ្រព្យសោះ តែអួតថា​អ្នកមាន​ទ្រព្យ អ្នកដ៏មាន​អាយុនេះ ជាអ្នកឥត​ភោគៈ​សោះ តែអួតថា​អ្នកមាន​ភោគៈ។ ដំណើរនោះ ព្រោះហេតុអ្វី។ ព្រោះថា កាលបើ​កិច្ច​ដែល​ត្រូវធ្វើ ដោយទ្រព្យ​ណាមួយ កើតឡើង​ហើយ អ្នកដ៏មាន​អាយុនេះ មិនអាច​ដើម្បី​ប្រមូល​មកនូវ​ទ្រព្យក្តី ស្រូវក្តី ប្រាក់ក្តី មាសក្តី បានឡើយ យ៉ាងណាមិញ។ ម្នាលអាវុសោ​ទាំង​ឡាយ កាលភិក្ខុ​និយាយនូវ​ញាណវាទ និង​ភាវនាវាទ​ថា ខ្ញុំដឹងធម៌នេះ ឃើញធម៌នេះ ខ្ញុំ​ជាអ្នក​បាន​ចំរើនកាយ បានចំរើនសីល បានចំរើនចិត្ត បានចំរើន​ប្រាជ្ញាហើយ ម្នាលអាវុសោ​ទាំងឡាយ បើលោភៈ​គ្របសង្កត់​ភិក្ខុនោះ ទោសៈ មោហៈ កោធៈ ឧបនាហៈ  មក្ខៈ បលាសៈ មច្ឆរិយៈ ឥស្សា​ដ៏លាមក ឥច្ឆា​ដ៏លាមក គ្របសង្កត់​ភិក្ខុនោះ អ្នកទាំង​ឡាយ គប្បីដឹង​យ៉ាងនេះថា លោភៈ មិនមាន​ដល់បុគ្គល ដែលដឹងច្បាស់​យ៉ាងណា លោកដ៏មាន​អាយុ​នេះ មិនដឹងច្បាស់​យ៉ាងនោះទេ ហេតុដូច្នោះ បានជាលោភៈ​គ្រប​សង្កត់​លោកដ៏មាន​អាយុនេះ។ ទោសៈ មិនមាន​ដល់បុគ្គល​ដែលដឹង​ច្បាស់យ៉ាងណា លោកដ៏មាន​អាយុនេះ មិនដឹងច្បាស់​យ៉ាងនោះទេ មោហៈ កោធៈ ឧបនាហៈ មក្ខៈ បលាសៈ មច្ឆរិយៈ ឥស្សា​ដ៏លាមក ឥច្ឆា​ដ៏លាមក មិនមាន ហេតុដូច្នោះ បានជាឥច្ឆា​ដ៏លាមក គ្របសង្កត់​លោកដ៏មាន​អាយុនេះ យ៉ាងនោះដែរ។ ម្នាលអាវុសោ​ទាំងឡាយ កាលភិក្ខុ​និយាយនូវ​ញាណវាទ​ថា ខ្ញុំដឹងធម៌នេះ ឃើញធម៌នេះ។ ម្នាលអាវុសោ​ទាំងឡាយ បើលោភៈ មិនគ្របសង្កត់​ភិក្ខុនោះទេ ទោសៈ មោហៈ កោធៈ ឧបនាហៈ មក្ខៈ បលាសៈ មច្ឆរិយៈ ឥស្សា​ដ៏លាមក ឥច្ឆាដ៏លាមក មិនគ្រប​សង្កត់ភិក្ខុនោះ អ្នកទាំងឡាយ គប្បីដឹង​យ៉ាងនេះ​ថា លោភៈ មិនមាន​ដល់បុគ្គល ដែលដឹង​ច្បាស់ យ៉ាងណា លោកដ៏មាន​អាយុនេះ ក៏ដឹងច្បាស់​យ៉ាងនោះដែរ ហេតុ​ដូច្នោះ បានជាលោភៈ មិនគ្របសង្កត់​លោកដ៏មាន​អាយុនេះ។ ទោសៈ មិនមាន​ដល់បុគ្គល ដែល​ដឹងច្បាស់ យ៉ាងណា លោកដ៏មាន​អាយុនេះ ក៏​ដឹងច្បាស់​យ៉ាងនោះដែរ មោហៈ កោធៈ ឧបនាហៈ មក្ខៈ បលាសៈ មច្ឆរិយ ឥស្សា​ដ៏លាមក ឥច្ឆា​ដ៏លាមក មិនមាន ហេតុដូច្នោះ បានជាឥច្ឆា​ដ៏លាមក មិនគ្របសង្កត់​លោកដ៏មាន​អាយុនេះ។ ម្នាលអាវុសោ​ទាំងឡាយ កាលភិក្ខុ​និយាយនូវ​ភាវនាវាទ​ថា ខ្ញុំជាអ្នក​បានចំរើនកាយ បានចំរើនសីល បានចំរើនចិត្ត បានចំរើន​ប្រាជ្ញាហើយ។ ម្នាលអាវុសោ​ទាំងឡាយ បើលោភៈ​មិនគ្របសង្កត់​ភិក្ខុនោះទេ ទោសៈ មោហៈ កោធៈ ឧបនាហៈ មក្ខៈ បលាសៈ មច្ឆរិយៈ ឥស្សា​ដ៏លាមក ឥច្ឆា​ដ៏លាមក មិនគ្រប​សង្កត់ទេ ភិក្ខុនោះ អ្នកទាំងឡាយ គប្បីដឹង​យ៉ាងនេះថា លោភៈ មិន​មានដល់​បុគ្គល​ដែល​ដឹងច្បាស់ យ៉ាងណា លោកដ៏មាន​អាយុនេះ ក៏ដឹង​ច្បាស់ យ៉ាងនោះដែរ ហេតុដូច្នោះ បានជា​លោភៈ មិនគ្របសង្កត់​លោក​ដ៏មានអាយុនេះ។ ទោសៈ មិនមាន​ដល់បុគ្គល​ដែលដឹង​ច្បាស់ យ៉ាងណា លោកដ៏មាន​អាយុនេះ ក៏ដឹងច្បាស់ យ៉ាងនោះដែរ មោហៈ កោធៈ ឧបនាហៈ មក្ខៈ បលាសៈ មច្ឆរិយៈ ឥស្សាដ៏លាមក ឥច្ឆាដ៏លាមក មិនមាន ហេតុដូច្នោះ បានជា​ឥច្ឆា​ដ៏លាមក មិនគ្របសង្កត់​លោកដ៏មាន​អាយុនេះ។ ម្នាលអាវុសោ​ទាំងឡាយ កាលភិក្ខុ​និយាយនូវ​ញាណវាទ និង​ភាវនាវាទ​ថា ខ្ញុំដឹងធម៌នេះ ឃើញ​ធម៌នេះ ខ្ញុំជាអ្នក​បានចំរើន​កាយ បានចំរើនសីល បានចំរើន​ចិត្ត បានចំរើន​ប្រាជ្ញា​ហើយ។ ម្នាលអាវុសោ​ទាំងឡាយ បើ​ជាលោភៈ មិនគ្របសង្កត់​ភិក្ខុនោះទេ ទោសៈ មោហៈ កោធៈ ឧបនាហៈ មក្ខៈ បលាសៈ មច្ឆរិយៈ ឥស្សា​ដ៏លាមក ឥច្ឆា​ដ៏លាមក មិនគ្រប​សង្កត់ទេ ភិក្ខុនោះ អ្នកទាំងឡាយ គប្បីដឹង​យ៉ាងនេះថា លោភៈ មិនមាន​ដល់​បុគ្គល​ដែលដឹង​ច្បាស់ យ៉ាងណា លោកដ៏មាន​អាយុនេះ ក៏ដឹងច្បាស់​យ៉ាងនោះដែរ ហេតុដូច្នោះ បានជាលោភៈ​មិនគ្របសង្កត់​លោកដ៏មាន​អាយុនេះ។ ទោសៈ មិនមាន​ដល់​បុគ្គល ដែលដឹង​ច្បាស់ យ៉ាងណា លោកដ៏មាន​អាយុនេះ ក៏ដឹងច្បាស់ យ៉ាងនោះដែរ មោហៈ កោធៈ ឧបនាហៈ មក្ខៈ បលាសៈ មច្ឆរិយៈ ឥស្សា​ដ៏លាមក ឥច្ឆា​ដ៏លាមក មិនមាន ហេតុដូច្នោះ បានជាឥច្ឆា​ដ៏លាមក មិនគ្របសង្កត់​លោកដ៏មានអាយុ​នេះបាន​ឡើយ។ ម្នាល​អាវុសោ​ទាំងឡាយ ដូចជាបុរស​ស្តុកស្តម្ភ​មែន ហើយនិយាយ​ថា អ្នក​ស្តុកស្តម្ភ អ្នកមាន​ទ្រព្យមែន ហើយនិយាយ​ថា អ្នកមានទ្រព្យ អ្នកមាន​ភោគៈ​មែន ហើយនិយាយ​ថា អ្នកមានភោគៈ កាលបើកិច្ច​ដែលត្រូវធ្វើ​ដោយ​ទ្រព្យណាមួយ កើតឡើង​ហើយ បុរសនោះ ក៏អាច​ប្រមូលមកនូវទ្រព្យក្តី ស្រូវក្តី ប្រាក់ក្តី មាសក្តី អ្នកផង ត្រូវដឹងបុរសនោះ យ៉ាងនេះថា អ្នកដ៏មាន​អាយុនេះ ជាអ្នក​ស្តុកស្តម្ភមែន ហើយ​និយាយ​ថា អ្នកស្តុកស្តម្ភ អ្នកដ៏​មានអាយុនេះ ជាអ្នកមាន​ទ្រព្យមែន និយាយថា អ្នកមានទ្រព្យ អ្នកដ៏មាន​អាយុនេះ ជាអ្នកមាន​ភោគៈមែន និយាយថា អ្នកមាន​ភោគៈ។ ដំណើរនោះ ព្រោះហេតុអ្វី។ ព្រោះថា កាលបើ​កិច្ចដែលខ្លួន​ត្រូវធ្វើ ដោយទ្រព្យ​ណាមួយ កើតឡើង​ហើយ អ្នកដ៏មាន​អាយុនេះ ក៏អាច​ប្រមូលមក​នូវទ្រព្យ​ក្តី ស្រូវក្តី ប្រាក់ក្តី មាសក្តី យ៉ាងណា​មិញ។ ម្នាលអាវុសោ​ទាំងឡាយ កាលភិក្ខុ​និយាយអួត​ញាណវាទ និងភាវនាវាទ​ថា ខ្ញុំដឹងធម៌នេះ ឃើញធម៌នេះ ខ្ញុំជាអ្នកបាន​ចំរើនកាយ បានចំរើនសីល បានចំរើនចិត្ត បានចំរើនប្រាជ្ញាហើយ។ ម្នាលអាវុសោ​ទាំងឡាយ បើជាលោភៈ មិនគ្រប​សង្កត់​ភិក្ខុនោះ ទោសៈ មោហៈ កោធៈ ឧបនាហៈ មក្ខៈ បលាសៈ មច្ឆរិយៈ ឥស្សា ដ៏លាមក ឥច្ឆា ដ៏លាមក មិនគ្របសង្កត់​ទេ ភិក្ខុនោះ អ្នក​ទាំងឡាយ គប្បីដឹង​យ៉ាងនេះថា លោភៈ មិនមានដល់​បុគ្គលដែល​ដឹងច្បាស់ យ៉ាងណា លោកដ៏មាន​អាយុនេះ ក៏ដឹងច្បាស់ យ៉ាងនោះដែរ ហេតុដូច្នោះ បានជាលោភៈ មិនគ្របសង្កត់​លោកដ៏មាន​អាយុនេះ​បាន។ ទោសៈ មិនមាន ដល់បុគ្គល​ដែលដឹងច្បាស់​យ៉ាងណា លោកដ៏មាន​អាយុនេះ ក៏​ដឹងច្បាស់​យ៉ាងនោះដែរ មោហៈ កោធៈ ឧបនាហៈ មក្ខៈ បលាសៈ មច្ឆរិយៈ ឥស្សា ដ៏លាមក ឥច្ឆា ដ៏លាមក មិនមាន ហេតុដូច្នោះ បានជាឥច្ឆា ដ៏លាមក មិនគ្រប​សង្កត់លោក ដ៏មានអាយុនេះ។

កសិណសូត្រ ទី៥

[២៥]  ម្នាលភិក្ខុទាំងឡាយ កសិណាយតនៈ​នេះ មាន ១០ ប្រការ។ កសិណាយតនៈ ១០ ប្រការ តើដូចម្តេច​ខ្លះ។ បុគ្គល​មួយពួក ដឹង​បឋវីកសិណ ទាំង​ខាង​លើ ខាងក្រោម ទទឹង មិនមានគូ មិនមាន​ប្រមាណ ១ បុគ្គលមួយពួក ដឹង​អាបោកសិណ… ១ បុគ្គល​មួយពួក ដឹង​តេជោកសិណ …១ បុគ្គល​មួយពួក ដឹង​វាយោកសិណ… ១ បុគ្គល​មួយពួក ដឹង​នីលកសិណ… ១ បុគ្គល​មួយពួក ដឹង​បីតកសិណ…១ បុគ្គលមួយ​ពួក ដឹងលោហិតកសិណ…១ បុគ្គល​មួយពួក ដឹង​ឱទាតកសិណ…១ បុគ្គលមួយ​ពួក ដឹង​អាកាសកសិណ… ១ បុគ្គល​មួយពួក ដឹង​វិញ្ញាណកសិណ ទាំងខាងលើ ខាងក្រោម ទទឹង មិនមានគូ មិនមាន​ប្រមាណ ១។ ម្នាលភិក្ខុ​ទាំងឡាយ កសិណាយតនៈ មាន ១០ ប្រការនេះឯង។

កាឡីសូត្រ ទី៦

[២៦] សម័យមួយ ព្រះមហាកច្ចានៈ គង់នៅ​បវត្តបព៌ត ជិតក្រុងកុររឃរៈ ក្នុង​ដែន​អវន្តី។ គ្រានោះ នាង​កាលីឧបាសិកា នៅក្នុង​ក្រុងឈ្មោះ​កុររឃរៈ ចូលទៅរក​ព្រះមហាកច្ចានៈ​ដ៏មានអាយុ លុះចូល​ទៅដល់ ថ្វាយបង្គំ​ព្រះកច្ចានៈ​ដ៏មានអាយុ ហើយ​អង្គុយ​ក្នុងទី​សមគួរ។ លុះ​នាង​កាលីឧបាសិកា នៅក្នុង​ក្រុងឈ្មោះ​កុររឃរៈ អង្គុយ​ក្នុងទីសម​គួរហើយ ក៏ទូល​ព្រះមហាកច្ចានៈ​ដ៏មានអាយុ ដូច្នេះថា បពិត្រ​លោក​ដ៏ចំរើន ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់​ក្នុង​កុមារីបញ្ហា [ប្រស្នាដែលទ្រង់​ពោលចំពោះ​ពួក​កុមារី ជាធីតា​នៃមារ។] ថា

ការសម្រេចប្រយោជន៍ ជាសេចក្តី​ស្ងប់រម្ងាប់​នៃហ្ឫទ័យ តថាគត​ម្នាក់​ឯង បានឈ្នះ​នូវកិលេស​សេនា ជាទីស្រឡាញ់ ជាទីត្រេកអរ បាន​ឈាន ត្រាស់ដឹង​នូវព្រះនិព្វាន​ជាសុខ ហេតុនោះ តថាគត​មិនធ្វើ​សាក្សីដោយ​សារជនទេ សាក្សី (មិត្តធម៌) ដោយជន​ណាមួយ មិន​សម្រេច ដល់​តថាគត​ឡើយ។

បពិត្រលោកដ៏ចំរើន សេចក្តីនៃភាសិត ដែលព្រះដ៏មានព្រះភាគ សំដែង​ដោយ​សង្ខេប​នេះ យើងគប្បី​យល់ដោយ​ពិស្តារ ដូចម្តេច​បាន។ ម្នាលនាង ពួក​សមណព្រាហ្មណ៍​ខ្លះ ចូលកាន់​បឋវីកសិណ​ដ៏ឧត្តម ហើយញុំាង​បឋវីកសិណនោះ ឲ្យកើត ដោយ​ប្រកាន់​ថា​ជាប្រយោជន៍។ ម្នាលនាង ព្រះដ៏មានព្រះភាគ បាន​ត្រាស់ដឹង​នូវ​ការ​ចូល​កាន់បឋវីកសិណ ដ៏ឧត្តមនោះ ព្រះដ៏មានព្រះភាគ បានជ្រាប​ច្បាស់នូវការ​ចូលកាន់​បឋវីកសិណ​ដ៏ឧត្តមនោះ ហើយ​បានឃើញ​ខាងដើម គឺសមុទយសច្ច បានឃើញ​ទោស គឺ​ទុក្ខសច្ច បានឃើញ​នូវធម៌ជា​គ្រឿងរលាស់ គឺ​និរោធសច្ច បានឃើញ​មគ្គាមគ្គញ្ញាណ​ទស្សនៈ គឺមគ្គសច្ច ព្រះអង្គ​បាន​ជ្រាប នូវ​ការសម្រេច​ប្រយោជន៍ ជាការ​ស្ងប់នៃហ្ឫទ័យ ព្រោះហេតុ​នៃការ​ឃើញខាងដើម ព្រោះហេតុ​នៃការ​ឃើញទោស ព្រោះហេតុ​នៃការឃើញ​នូវធម៌ជា​គ្រឿងរលាស់ ព្រោះ​ហេតុនៃ​ការឃើញ​នូវ​មគ្គាមគ្គញ្ញាណ។ ម្នាលនាង… ចូលកាន់​អាបោកសិណ​ដ៏ឧត្តម ម្នាល​នាង… ចូលកាន់​តេជោកសិណ​ដ៏ឧត្តម ម្នាលនាង… ចូលកាន់​វាយោកសិណ​ដ៏ឧត្តម ម្នាលនាង… ចូលកាន់​នីលកសិណ​ដ៏ឧត្តម ម្នាលនាង… ចូលកាន់​បីតកសិណ​ដ៏ឧត្តម ម្នាល​នាង… ចូលកាន់​លោហិតកសិណ​ដ៏ឧត្តម ម្នាលនាង… ចូល​កាន់​ឱទាតកសិណ​ដ៏ឧត្តម ម្នាលនាង… ចូលកាន់​អាកាសកសិណ​ដ៏ឧត្តម ម្នាល​នាង ពួក​សមណព្រាហ្មណ៍​ខ្លះ ចូលកាន់​វិញ្ញាណកសិណ​ដ៏ឧត្តម ហើយ​ញុំាង​វិញ្ញាណកសិណ (នោះ) ឲ្យកើត ដោយ​ប្រកាន់ថា​ជាប្រយោជន៍។ ម្នាលនាង ព្រះដ៏មានព្រះភាគ បានជ្រាប​ច្បាស់នូវ​ការ​ចូល​កាន់​វិញ្ញាណកសិណ​ដ៏ឧត្តមនោះ លុះ​ព្រះដ៏មានព្រះភាគ បានជ្រាប​ច្បាស់​នូវ​ការចូល​កាន់​វិញ្ញាណកសិណ​ដ៏ឧត្តម​នោះហើយ បានឃើញ​ខាងដើម បានឃើញ​ទោស បានឃើញ​ធម៌ជាគ្រឿង​រលាស់ បានឃើញ​មគ្គាមគ្គញ្ញាណ​ទស្សនៈ ព្រះអង្គជ្រាប​នូវ​ការបាន​សម្រេច​ប្រយោជន៍ ជាការ​ស្ងប់ហឫទ័យ ព្រោះ​ហេតុនៃការ​ឃើញខាងដើម ព្រោះហេតុ​នៃការ​ឃើញទោស ព្រោះហេតុ​នៃការ​ឃើញធម៌​ជាគ្រឿង​រលាស់ ព្រោះ​ហេតុនៃ​ការឃើញ​មគ្គាមគ្គញ្ញាណ។ ម្នាលនាង ព្រះដ៏មានព្រះភាគ បានត្រាស់​ពាក្យណា ក្នុង​កុមារីបញ្ហា​ទាំងឡាយ​ថា

ការសម្រេចប្រយោជន៍ ជាសេចក្តីស្ងប់​នៃហឫទ័យ តថាគត​ម្នាក់​ឯង បានឈ្នះ​នូវ​កិលេសសេនា ជាទី​ស្រឡាញ់ ជាទីត្រេកអរ បាន​ឈាន ត្រាស់ដឹង​នូវព្រះនិព្វាន ជាសុខ ហេតុនោះ តថាគត មិន​ធ្វើ​សាក្សី ដោយ​សារជនទេ សាក្សី ដោយ​សារជន (ណាមួយ) មិន​សម្រេច​ដល់​តថាគត​ឡើយ។

ម្នាលនាង សេចក្តីនៃភាសិត ដែល​ព្រះដ៏មានព្រះភាគ ទ្រង់សំដែងដោយ​សង្ខេប​នេះឯង យើង​គប្បីដឹង​ដោយពិស្តារ​យ៉ាងនេះ។

បឋមមហាបញ្ហាសូត្រ ទី៧

[២៧] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅ​ក្នុងវត្តជេតពន របស់​អនាថបិណ្ឌិកសេដ្ឋី ជិតក្រុង​សាវត្ថី។ គ្រានោះឯង ពួកភិក្ខុ​ច្រើនរូប ស្លៀកស្បង់ ប្រដាប់​បាត្រ និង​ចីវរ ក្នុង​បុព្វណ្ហសម័យ ហើយចូល​ទៅបិណ្ឌបាត ក្នុង​ក្រុង​សាវត្ថី។ លំដាប់នោះ ភិក្ខុ​ទាំង​នោះ មានសេចក្តី​ត្រិះរិះ​ដូច្នេះ​ថា ការត្រាច់ទៅ​បិណ្ឌបាត​ក្នុងក្រុង​សាវត្ថី នៅព្រឹក​ពេក បើដូច្នោះ​ គួរយើង​ចូលទៅ​ឯអារាម​នៃពួក​បរិព្វាជក ជា​អន្យតិរ្ថិយ​សិនចុះ។ លំដាប់​នោះ ភិក្ខុទាំងនោះ ក៏ចូលទៅ​ឯអារាម​របស់​បរិព្វាជក ជាអន្យតិរ្ថិយ លុះចូល​ទៅដល់​ហើយ ក៏ធ្វើសេចក្តី​រីករាយ ជាមួយ​នឹងបរិព្វាជក ជាអន្យតិរ្ថិយ​ទាំង​នោះ លុះ​បញ្ចប់ពាក្យ​ដែលគួរ​រីករាយ និង​ពាក្យដែល​គួររលឹក​រួចហើយ ក៏អង្គុយ​ក្នុងទីសមគួរ។ លុះភិក្ខុ​ទាំងនោះ អង្គុយ​ក្នុងទី​សមគួរហើយ ក៏​ពួកបរិព្វាជក អន្យតិរ្ថិយ​ទាំងនោះ បាន​និយាយថា ម្នាល​អាវុសោ​ទាំងឡាយ សមណគោតម​ តែង​សំដែង​ធម៌ដល់​សាវក​ទាំងឡាយ យ៉ាង​នេះថា ម្នាលភិក្ខុ​ទាំងឡាយ អ្នកទាំងឡាយ ចូរមក​នេះ អ្នក​ទាំងឡាយ ចូរដឹង​ច្បាស់​នូវធម៌​ទាំងពួង អ្នក​ទាំងឡាយ ចូរត្រាស់​ដឹងរឿយ ៗ នូវធម៌​ទាំងពួង។ ម្នាល​អាវុសោ​ទាំង​ឡាយ ពួកយើង​ក៏សំដែងធម៌ ដល់ពួក​សាវក​យ៉ាងនេះថា ម្នាល​អាវុសោ​ទាំងឡាយ អ្នក​ទាំង​ឡាយ ចូរចូលមកនេះ អ្នកទាំងឡាយ ចូរ​ដឹងច្បាស់នូវ​ធម៌ទាំងពួង អ្នកទាំងឡាយ ចូរត្រាស់​ដឹងរឿយ ៗ នូវធម៌​ទាំងពួង។ ម្នាល​អាវុសោ​ទាំងឡាយ ដូចយ៉ាង​ធម្មទេសនា ជាមួយ​នឹង​ធម្មទេសនា​ក្តី ពាក្យប្រៀន​ប្រដៅ ជាមួយ​នឹងពាក្យ​ប្រៀនប្រដៅក្តី របស់​សមណគោតម និង​យើងនេះ តើមាន​សេចក្តីប្លែកគ្នា​ដូចម្តេច មានអធិប្បាយ ដូចម្តេច មានដំណើរ​ផ្សេង ៗ គ្នាដូចម្តេច។ លំដាប់នោះ ភិក្ខុទាំងនោះ ក៏មិនត្រេកអរ មិន​ទទឹងទាស់​នឹងភាសិត​របស់ពួក​បរិព្វាជក ជាអន្យតិរ្ថិយ​ទាំងនោះ លុះមិនត្រេកអរ មិន​ទទឹងទាស់​ហើយ ក៏ក្រោក​ចាកអាសនៈ ចៀស​ចេញទៅ ដោយ​គិតថា យើង​ទាំងឡាយ នឹង​យល់​សេចក្តី​នៃភាសិត​នុ៎ះ ក្នុងសំណាក់​ព្រះដ៏មានព្រះភាគ​ចុះ។ គ្រានោះ ភិក្ខុ​ទាំងនោះ ក៏ត្រាច់​ទៅ​បិណ្ឌបាត​ក្នុង​ក្រុងសាវត្ថី ត្រឡប់​មកអំពី​បិណ្ឌបាត ក្នុង​វេលាជា​ខាង​ក្រោយ​ភត្តហើយ ក៏ចូល​ទៅគាល់​ព្រះដ៏មានព្រះភាគ លុះ​ចូលទៅដល់ ក្រាបបង្គំ​ព្រះដ៏មានព្រះភាគ ហើយ​អង្គុយ​ក្នុងទី​សមគួរ។ លុះ​ភិក្ខុទាំងនោះ អង្គុយ​ក្នុងទី​សមគួរ​រួច​ហើយ ក៏ក្រាបបង្គំ​ទូល​ព្រះដ៏មានព្រះភាគ​ថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន ក្នុងទីឯណោះ យើងខ្ញុំ​​ទាំងឡាយ ស្លៀកស្បង់ ប្រដាប់​បាត្រ និង​ចីវរ​ ក្នុង​បុព្វណ្ហសម័យ ហើយចូល​ទៅបិណ្ឌបាត​ ក្នុងក្រុង​សាវត្ថី។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន យើងខ្ញុំ​ទាំងនោះ មានសេចក្តី​ត្រិះរិះ ដូច្នេះថា ការត្រាច់ទៅ​បិណ្ឌបាត ក្នុង​ក្រុងសាវត្ថី នៅព្រឹក​ពេកនៅឡើយ បើដូច្នោះ គួរតែ​យើងឈៀង​ចូលទៅ​ឯអារាម ​របស់ពួក​បរិព្វាជក ជា​អន្យតិរ្ថិយ​សិនចុះ។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន លំដាប់នោះ ពួកយើង​ខ្ញុំ ក៏បាន​ចូលទៅឯ​អារាមរបស់​ពួកបរិព្វាជក ជា​អន្យតិរ្ថិយ លុះចូល​ទៅដល់​ហើយ ក៏ធ្វើ​សេចក្តី​រីករាយ ជាមួយ​នឹងពួក​បរិព្វាជក ជា​អន្យតិរ្ថិយ​ទាំងនោះ លុះ​បញ្ចប់ពាក្យ​ដែល​គួររីករាយ និងពាក្យ​ដែលគួរ​រលឹកហើយ ក៏អង្គុយ​ក្នុងទី​សមគួរ។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន លុះពួក​យើងខ្ញុំ អង្គុយក្នុង​ទីសមគួរ​ហើយ ពួកបរិព្វាជក ជា​អន្យតិរ្ថិយ បាន​និយាយ​ពាក្យដូច្នេះ​ថា ម្នាលអាវុសោ​ទាំងឡាយ សមណគោតម តែង​សំដែងធម៌​ដល់ពួក​សាវកយ៉ាងនេះ​ថា ម្នាលភិក្ខុ​ទាំងឡាយ អ្នកទាំងឡាយ ចូរចូល​មកនេះ អ្នកទាំងឡាយ ចូរ​ដឹងច្បាស់នូវ​ធម៌ទាំងពួង អ្នក​ទាំងឡាយ ចូរត្រាស់​ដឹងរឿយ ៗ នូវធម៌​ទាំង​ពួង។ ម្នាល​អាវុសោ​ទាំងឡាយ ពួកយើង​ក៏សំដែង​ធម៌ដល់​ពួកសាវក យ៉ាង​នេះថា ម្នាលអាវុសោ​ទាំងឡាយ អ្នកទាំងឡាយ ចូរចូល​មកនេះ អ្នកទាំងឡាយ ចូរដឹងច្បាស់​នូវធម៌​ទាំងពួង អ្នក​ទាំងឡាយ ចូរត្រាស់​ដឹង​រឿយ ៗ នូវធម៌​ទាំងពួង​ដែរ។ ម្នាល​អាវុសោ​ទាំងឡាយ ដូចយ៉ាង​ធម្មទេសនា​ជាមួយ​នឹង​ធម្មទេសនាក្តី ពាក្យ​ប្រដៅ​ជាមួយ​នឹងពាក្យ​ប្រដៅក្តី របស់​សមណគោតម និងយើងនេះ តើមាន​សេចក្តី​ប្លែកគ្នា​ដូចម្តេច មាន​អធិប្បាយ​ដូចម្តេច មាន​ដំណើរផ្សេង ៗ គ្នា​ដូចម្តេច។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន គ្រានោះ ពួកយើងខ្ញុំ​មិនត្រេកអរ មិន​ទទឹងទាស់​នឹងភាសិត របស់​ពួក​បរិព្វាជក ជា​អន្យតិរ្ថិយ​ទាំងនោះ​ទេ លុះ​មិនត្រេកអរ មិន​ទទឹងទាស់​ហើយ ក៏ក្រោកចាក​អាសនៈ ចៀស​ចេញទៅ​ ដោយគិតថា ពួកយើង​នឹង​យល់សេចក្តី​នៃភាសិតនុ៎ះ ក្នុង​សំណាក់​​ព្រះដ៏មានព្រះភាគ​ចុះ។ ម្នាល​ភិក្ខុ​ទាំងឡាយ អ្នក​ទាំងឡាយ ត្រូវនិយាយ​យ៉ាងនេះ នឹង​ពួក​បរិព្វាជក ជា​អន្យតិរ្ថិយ​ដែលមាន​វាទៈ យ៉ាងនេះថា ម្នាល​អាវុសោ​ទាំងឡាយ ចុះ​បញ្ហា១ ឧទ្ទេស១ វេយ្យាករណ៍១ បញ្ហា២ ឧទ្ទេស២ វេយ្យាករណ៍២ បញ្ហា៣ ឧទ្ទេស៣ វេយ្យាករណ៍៣ បញ្ហា៤ ឧទ្ទេស៤ វេយ្យាករណ៍៤ បញ្ហា៥ ឧទ្ទេស៥ វេយ្យាករណ៍៥ បញ្ហា៦ ឧទ្ទេស៦ វេយ្យាករណ៍៦ បញ្ញា៧ ឧទ្ទេស៧ វេយ្យាករណ៍៧ បញ្ហា៨ ឧទ្ទេស៨ វេយ្យាករណ៍៨ បញ្ហា៩ ឧទ្ទេស៩ វេយ្យាករណ៍៩ បញ្ហា១០ ឧទ្ទេស១០ វេយ្យាករណ៍១០ (តើ​ដូចម្តេច)។ ម្នាលភិក្ខុ​ទាំងឡាយ កាលបើ​អ្នកទាំងឡាយ សួរយ៉ាងនេះ​ហើយ ពួក​បរិព្វាជក ជា​អន្យតិរ្ថិយ ក៏ឆ្លើយ​មិនរួច ទាំងបាន​សេចក្តី​ចង្អៀត​ចង្អល់​ថែមទៀត​ផង។ ដំណើរនោះ ព្រោះអ្វី។ ម្នាលភិក្ខុ​ទាំងឡាយ ព្រោះ​ថា មិនមែន​ជាវិស័យ​របស់ខ្លួនទេ ម្នាលភិក្ខុ​ទាំងឡាយ ក្នុង​លោកនេះ ព្រម​ទាំង​ទេវលោក មារលោក ព្រហ្មលោក ក្នុង​ពពួកសត្វ ព្រមទាំង​សមណព្រាហ្មណ៍ ទាំង​មនុស្ស ជា​សម្មតិទេព និង​មនុស្ស​ដ៏សេស តថាគត មិន​ដែលឃើញ​អ្នកណាមួយ អាចញុំាង​ចិត្ត​តថាគត ឲ្យត្រេកអរ ដោយការ​ឆ្លើយ​នូវបញ្ហា​ទាំងនេះ​បានឡើយ លើកលែងតែ​ព្រះតថាគត ឬសាវក​របស់​ព្រះតថាគត ឬក៏អ្នក​ធ្លាប់ស្តាប់​អំពីសំណាក់​ព្រះតថាគត​ចេញ។ ពាក្យថា បញ្ហា១ ឧទ្ទេស១ វេយ្យាករណ៍១ ដូច្នេះ​នុ៎ះ តថាគត​ពោលហើយ ចុះ​ពាក្យដែល​តថាគត ពោលហើយ​នុ៎ះ ព្រោះអាស្រ័យ​ហេតុអ្វី។ ម្នាលភិក្ខុ​ទាំងឡាយ កាលបើ​ភិក្ខុនឿយណាយ​ដោយប្រពៃ ធុញទ្រាន់​ដោយ​ប្រពៃ រួចស្រឡះ​ដោយប្រពៃ ឃើញនូវ​ទីបំផុត​ដោយប្រពៃ ត្រាស់ដឹង​នូវ​ប្រយោជន៍​ដោយ​ប្រពៃ ក្នុងធម៌មួយ រមែង​ធ្វើនូវទីបំផុត​នៃទុក្ខ ក្នុង​បច្ចុប្បន្ន​បាន។ ធម៌មួយ គឺអ្វី។ គឺពួក​សត្វ​ទាំងពួង រស់នៅ​ដោយ​សារអាហារ។ ម្នាលភិក្ខុ​ទាំងឡាយ កាលបើ​ភិក្ខុនឿយណាយ​ដោយ​ប្រពៃ ធុញទ្រាន់​ដោយប្រពៃ រួចស្រឡះ​ដោយប្រពៃ ឃើញនូវ​ទីបំផុត​ដោយប្រពៃ ត្រាស់ដឹង​នូវប្រយោជន៍​ដោយប្រពៃ ក្នុងធម៌​មួយនេះឯង រមែង​ធ្វើនូវទីបំផុត​នៃទុក្ខ​ក្នុង​បច្ចុប្បន្ន​បាន។ ពាក្យណា ដែល​តថាគត​ពោលថា បញ្ហា១ ឧទ្ទេស១ វេយ្យាករណ៍១ ដូច្នេះ ពាក្យនុ៎ះ ដែល​តថាគត​ពោលហើយ ព្រោះ​អាស្រ័យ​ហេតុនោះ។ ពាក្យថា បញ្ហា២ ឧទ្ទេស២ វេយ្យាករណ៍២ ដូច្នេះ នុ៎ះ តថាគត​ពោលហើយ ពាក្យដែល​តថាគត ពោល​ហើយនុ៎ះ ព្រោះអាស្រ័យ​ហេតុអ្វី។ ម្នាលភិក្ខុ​ទាំងឡាយ កាលបើ​ភិក្ខុនឿយណាយ​ដោយ​ប្រពៃ ធុញទ្រាន់​ដោយប្រពៃ រួចស្រឡះ​ដោយប្រពៃ ឃើញនូវ​ទីបំផុត​ដោយប្រពៃ ត្រាស់​ដឹង​នូវប្រយោជន៍​ដោយប្រពៃ ក្នុងធម៌ ២ រមែង​ធ្វើនូវ​ទីបំផុតនៃ​​ទុក្ខ ក្នុងបច្ចុប្បន្ន​បាន។ ធម៌ ២ គឺអ្វី។ គឺនាម ១ រូប ១។ ម្នាលភិក្ខុ​ទាំងឡាយ កាលបើ​ភិក្ខុនឿយណាយ​ដោយប្រពៃ ធុញទ្រាន់​ដោយប្រពៃ រួចស្រឡះ​ដោយ​ប្រពៃ ឃើញនូវ​ទីបំផុត​ដោយប្រពៃ ត្រាស់ដឹង​នូវប្រយោជន៍​ដោយប្រពៃ ក្នុងធម៌​ទាំង ២ នេះឯង រមែង​ធ្វើនូវ​ទីបំផុត​នៃទុក្ខ ក្នុង​បច្ចុប្បន្ន​បាន។ ពាក្យណា ដែល​តថាគត​ពោលថា បញ្ហា២ ឧទ្ទេស២ វេយ្យាករណ៍២ ដូច្នេះ ពាក្យនុ៎ះ តថាគត​ពោលហើយ ព្រោះអាស្រ័យ​ហេតុនេះ។ ពាក្យថា បញ្ហា៣ ឧទ្ទេស៣ វេយ្យាករណ៍៣ ដូច្នេះនុ៎ះ តថាគត​ពោលហើយ ពាក្យដែល​តថាគត ពោល​ហើយនុ៎ះ ព្រោះ​អាស្រ័យ​ហេតុអ្វី។ ម្នាលភិក្ខុ​ទាំងឡាយ កាលបើ​ភិក្ខុ​នឿយណាយ ដោយ​ប្រពៃ ធុញ​ទ្រាន់ ដោយ​ប្រពៃ រួច​ស្រឡះ​ដោយប្រពៃ ឃើញ​នូវទីបំផុត​ដោយប្រពៃ ត្រាស់ដឹង​នូវ​ប្រយោជន៍​ដោយប្រពៃ ក្នុងធម៌ ៣ រមែង​ធ្វើនូវទីបំផុត​នៃទុក្ខ ក្នុង​បច្ចុប្បន្ន​បាន។ ធម៌ ៣ គឺ​អ្វីខ្លះ។ គឺវេទនា ទាំង ៣។ ម្នាលភិក្ខុ​ទាំងឡាយ កាលបើ​ភិក្ខុនឿយណាយ​ដោយប្រពៃ ធុញទ្រាន់​ដោយប្រពៃ រួចស្រឡះ​ដោយ​ប្រពៃ ឃើញនូវ​ទីបំផុត​ដោយប្រពៃ ត្រាស់ដឹង​នូវ​ប្រយោជន៍​ដោយប្រពៃ ក្នុង​ធម៌ទាំង ៣ នេះឯង រមែង​ធ្វើនូវទីបំផុត​នៃទុក្ខ ក្នុង​បច្ចុប្បន្ន​បាន។ ពាក្យណា ដែល​តថាគត​ពោលថា បញ្ហា៣ ឧទ្ទេស៣ វេយ្យាករណ៍៣ ដូច្នេះ ពាក្យនុ៎ះ តថាគត​ពោលហើយ ព្រោះអាស្រ័យ​ហេតុនេះ។ ពាក្យថា បញ្ហា៤ ឧទ្ទេស៤ វេយ្យាករណ៍៤ ដូច្នេះនុ៎ះ តថាគត​ពោលហើយ ពាក្យដែល​តថាគត​ពោលហើយ ព្រោះអាស្រ័យ​ហេតុអ្វី។ ម្នាលភិក្ខុ​ទាំងឡាយ កាលបើ​ភិក្ខុនឿយណាយ ដោយប្រពៃ ធុញទ្រាន់​ដោយប្រពៃ រួចស្រឡះ​ដោយប្រពៃ ឃើញនូវ​ទីបំផុត​ដោយប្រពៃ ត្រាស់ដឹង​នូវ​ប្រយោជន៍ ដោយប្រពៃ ក្នុងធម៌ ៤ រមែង​ធ្វើនូវ​ទីបំផុត​នៃទុក្ខ ក្នុង​បច្ចុប្បន្ន​បាន។ ធម៌ ៤ គឺអ្វី។ គឺ​អាហារ​ទាំង ៤។ ម្នាលភិក្ខុ​ទាំងឡាយ កាលបើ​ភិក្ខុនឿយណាយ ដោយប្រពៃ ធុញទ្រាន់​ដោយប្រពៃ រួច​ស្រឡះ​ដោយ​ប្រពៃ ឃើញនូវ​ទីបំផុត​ដោយប្រពៃ ត្រាស់ដឹង​នូវ​ប្រយោជន៍ ដោយប្រពៃ ក្នុង​ធម៌ទាំង ៤ នេះឯង រមែង​ធ្វើនូវទីបំផុត​នៃទុក្ខ ក្នុង​បច្ចុប្បន្ន​បាន។ ពាក្យណា ដែល​តថាគត​ពោលថា បញ្ហា៤ ឧទ្ទេស៤ វេយ្យាករណ៍៤ ដូច្នេះ ពាក្យនុ៎ះ តថាគត​ពោលហើយ ព្រោះអាស្រ័យ​ហេតុនេះ។ ពាក្យថា បញ្ហា៥ ឧទ្ទេស៥ វេយ្យាករណ៍៥ ដូច្នេះនុ៎ះ តថាគត​ពោលហើយ ចុះពាក្យ​ដែលតថាគត ពោល​ហើយនុ៎ះ ព្រោះអាស្រ័យ​ហេតុអ្វី។ ម្នាលភិក្ខុ​ទាំងឡាយ កាលបើ​ភិក្ខុនឿយណាយ ដោយប្រពៃ ធុញទ្រាន់​ដោយ​ប្រពៃ រួចស្រឡះ ដោយប្រពៃ ឃើញ​នូវទីបំផុត​ដោយប្រពៃ ត្រាស់ដឹង​នូវ​ប្រយោជន៍​ដោយប្រពៃ ក្នុងធម៌ ៥ រមែង​ធ្វើនូវទី​បំផុតនៃ​ទុក្ខ ក្នុងបច្ចុប្បន្ន​បាន។ ធម៌ ៥ គឺអ្វីខ្លះ។ គឺ​ឧបាទានក្ខន្ធ​ទាំង ៥។ ម្នាលភិក្ខុ​ទាំងឡាយ កាលបើ​ភិក្ខុ​នឿយណាយ ដោយ​ប្រពៃ ធុញទ្រាន់​ដោយប្រពៃ រួចស្រឡះ​ដោយប្រពៃ ឃើញនូវ​ទីបំផុត​ដោយប្រពៃ ត្រាស់ដឹង​នូវប្រយោជន៍ ដោយ​ប្រពៃ ក្នុងធម៌​ទាំង ៥ នេះឯង រមែង​ធ្វើនូវទីបំផុត​នៃទុក្ខ ក្នុង​បច្ចុប្បន្ន​បាន។ ពាក្យណា ដែល​តថាគត​ពោលថា បញ្ហា៥ ឧទ្ទេស៥ វេយ្យាករណ៍៥ ដូច្នេះ ពាក្យនុ៎ះ តថាគត​ពោលហើយ ព្រោះអាស្រ័យ​ហេតុនេះ។ ពាក្យថា បញ្ហា៦ ឧទ្ទេស៦ វេយ្យាករណ៍៦ ដូច្នេះនុ៎ះ តថាគត​ពោលហើយ ចុះពាក្យ​ដែលតថាគត ពោល​ហើយនុ៎ះ ព្រោះអាស្រ័យ​ហេតុអ្វី។ ម្នាលភិក្ខុ​ទាំងឡាយ កាលបើ​ភិក្ខុនឿយណាយ ដោយ​ប្រពៃ ធុញទ្រាន់​ដោយ​ប្រពៃ រួចស្រឡះ​ដោយប្រពៃ ឃើញនូវ​ទីបំផុត​ដោយប្រពៃ ត្រាស់ដឹង​នូវប្រយោជន៍​ដោយប្រពៃ ក្នុងធម៌ ៦ រមែង​ធ្វើនូវ​ទីបំផុតនៃ​ទុក្ខ ក្នុងបច្ចុប្បន្ន​បាន។ ធម៌ ៦ គឺអ្វី។ គឺ​អាយតនៈ​ខាងក្នុងទាំង ៦។ ម្នាលភិក្ខុ​ទាំងឡាយ កាលបើ​ភិក្ខុ​នឿយណាយ​ដោយប្រពៃ ធុញទ្រាន់​ដោយប្រពៃ រួចស្រឡះ​ដោយប្រពៃ ឃើញនូវ​ទីបំផុត​ដោយប្រពៃ ត្រាស់ដឹង​នូវប្រយោជន៍​ដោយប្រពៃ ក្នុងធម៌​ទាំង ៦ នេះឯង រមែង​ធ្វើនូវ​ទីបំផុតនៃ​ទុក្ខ ក្នុង​បច្ចុប្បន្ន​បាន។ ពាក្យណា ដែល​តថាគត ពោលថា បញ្ហា៦ ឧទ្ទេស៦ វេយ្យាករណ៍៦ ដូច្នេះនុ៎ះ ពាក្យនុ៎ះ​ តថាគត ពោលហើយ ព្រោះអាស្រ័យ​ហេតុនេះ។ ពាក្យថា បញ្ហា៧ ឧទ្ទេស៧ វេយ្យាករណ៍៧ ដូច្នេះនុ៎ះ តថាគត​ពោលហើយ ចុះពាក្យនុ៎ះ ​តថាគត​ពោលហើយ ព្រោះអាស្រ័យ​ហេតុអ្វី។ ម្នាលភិក្ខុ​ទាំងឡាយ កាលបើ​ភិក្ខុនឿយណាយ​ដោយ​ប្រពៃ ធុញទ្រាន់​ដោយ​ប្រពៃ រួចស្រឡះ​ដោយប្រពៃ ឃើញ​នូវ​ទីបំផុត​ដោយប្រពៃ ត្រាស់ដឹង​នូវប្រយោជន៍​ដោយប្រពៃ ក្នុង​ធម៌ ៧ រមែងធ្វើនូវ​ទីបំផុត​នៃទុក្ខ ក្នុង​បច្ចុប្បន្ន​បាន។ ធម៌ ៧ គឺអ្វី។ គឺ​វិញ្ញាណដ្ឋិតិ​ទាំង ៧។ ម្នាលភិក្ខុ​ទាំងឡាយ កាលបើ​ភិក្ខុនឿយណាយ​ដោយប្រពៃ ធុញទ្រាន់​ដោយប្រពៃ រួច​ស្រឡះ ដោយ​ប្រពៃ ឃើញនូវ​ទីបំផុត​នៃទុក្ខ​ដោយប្រពៃ ត្រាស់ដឹង​នូវប្រយោជន៍​ដោយ​ប្រពៃ ក្នុងធម៌​ទាំង ៧ នេះឯង រមែង​ធ្វើនូវ​ទីបំផុត​នៃទុក្ខ ក្នុង​បច្ចុប្បន្ន​បាន។ ពាក្យណា ដែល​តថាគត​ពោលថា បញ្ហា៧ ឧទ្ទេស៧ វេយ្យាករណ៍៧ ដូច្នេះនុ៎ះ ពាក្យនុ៎ះ តថាគត​ពោល​ហើយ ព្រោះអាស្រ័យ​ហេតុនេះ។ ពាក្យថា បញ្ហា៨ ឧទ្ទេស៨ វេយ្យាករណ៍៨ ដូច្នេះនុ៎ះ តថាគត​ពោលហើយ ចុះពាក្យនុ៎ះ តថាគត​ពោល​ហើយ ព្រោះអាស្រ័យ​ហេតុអ្វី។ ម្នាលភិក្ខុ​ទាំងឡាយ កាលបើ​ភិក្ខុនឿយ​ណាយ ដោយប្រពៃ ធុញទ្រាន់ ដោយប្រពៃ រួចស្រឡះ ដោយប្រពៃ ឃើញនូវ​ទីបំផុតនៃទុក្ខ ដោយប្រពៃ ត្រាស់ដឹងនូវ​ប្រយោជន៍ ដោយ​ប្រពៃ ក្នុងធម៌ ៨ រមែង​ធ្វើនូវទីបំផុត​នៃទុក្ខ ក្នុង​បច្ចុប្បន្ន​បាន។ ធម៌ ៨ គឺអ្វី។ គឺ​លោកធម៌​ទាំង ៨។ ម្នាលភិក្ខុ​ទាំងឡាយ កាលបើ​ភិក្ខុនឿយណាយ ដោយប្រពៃ ធុញទ្រាន់ ដោយប្រពៃ រួចស្រឡះ ដោយប្រពៃ ឃើញនូវ​ទីបំផុត​នៃទុក្ខ ដោយប្រពៃ ត្រាស់ដឹង​នូវប្រយោជន៍​ដោយប្រពៃ ក្នុងធម៌​ទាំង ៨ នេះឯង រមែង​ធ្វើនូវទីបំផុត​នៃទុក្ខ ក្នុង​បច្ចុប្បន្ន​បាន។ ពាក្យណា ដែល​តថាគត​ពោលថា បញ្ហា៨ ឧទ្ទេស៨ វេយ្យាករណ៍៨ ដូច្នេះ ពាក្យនុ៎ះ តថាគត​ពោលហើយ ព្រោះអាស្រ័យ​ហេតុនេះ។ ពាក្យថា បញ្ហា៩ ឧទ្ទេស៩ វេយ្យាករណ៍៩ ដូច្នេះនុ៎ះ តថាគត​ពោលហើយ ចុះពាក្យនុ៎ះ តថាគត​ពោល​ហើយ ព្រោះអាស្រ័យ​ហេតុអ្វី។ ម្នាលភិក្ខុ​ទាំងឡាយ កាល​បើ ភិក្ខុនឿយណាយ ដោយប្រពៃ ធុញទ្រាន់ ដោយប្រពៃ រួចស្រឡះ ដោយប្រពៃ ឃើញ​នូវទីបំផុត ដោយប្រពៃ ត្រាស់ដឹងនូវ​ប្រយោជន៍ ដោយ​ប្រពៃ ក្នុងធម៌ ៩ រមែង​ធ្វើនូវទីបំផុត​នៃទុក្ខ ក្នុង​បច្ចុប្បន្ន​បាន។ ធម៌ ៩ គឺ​អ្វី។ គឺ​សត្តាវាសៈ​ទាំង ៩។ ម្នាលភិក្ខុ​ទាំងឡាយ កាលបើ​ភិក្ខុ​នឿយណាយ ដោយប្រពៃ ធុញទ្រាន់ ដោយប្រពៃ រួចស្រឡះ ដោយប្រពៃ ឃើញនូវទី​បំផុត​ដោយប្រពៃ ត្រាស់ដឹង​នូវប្រយោជន៍​ដោយប្រពៃ ក្នុង​ធម៌ទាំង ៩ នេះឯង រមែង​ធ្វើនូវ​ទីបំផុត​នៃទុក្ខ ក្នុង​បច្ចុប្បន្ន​បាន។ ពាក្យណា ដែល​តថាគត​ពោលថា បញ្ហា៩ ឧទ្ទេស៩ វេយ្យាករណ៍៩ ដូច្នេះ ពាក្យនុ៎ះ តថាគត​ពោលហើយ ព្រោះ​អាស្រ័យ​ហេតុនេះ។ ពាក្យថា បញ្ហា១០ ឧទ្ទេស១០ វេយ្យាករណ៍១០ ដូច្នេះនុ៎ះ តថាគត​ពោល​ហើយ ចុះពាក្យនុ៎ះ តថាគត​ពោលហើយ ព្រោះអាស្រ័យ​ហេតុអ្វី។ ម្នាលភិក្ខុ​ទាំងឡាយ កាល​បើ​ភិក្ខុនឿយណាយ ដោយប្រពៃ ធុញទ្រាន់ ដោយប្រពៃ រួចស្រឡះ ដោយប្រពៃ ឃើញនូវ​ទីបំផុត ដោយប្រពៃ ត្រាស់ដឹងនូវ​ប្រយោជន៍​ដោយ​ប្រពៃ ក្នុងធម៌​ទាំង ១០ រមែងធ្វើ​នូវទីបំផុត​នៃទុក្ខ ក្នុង​បច្ចុប្បន្ន​បាន។ ធម៌ទាំង ១០  គឺអ្វី។ គឺ​អកុសលកម្មបថ​ទាំង ១០។ ម្នាលភិក្ខុ​ទាំងឡាយ កាលបើ​ភិក្ខុ​នឿយណាយ ដោយប្រពៃ ធុញទ្រាន់ ដោយប្រពៃ រួចស្រឡះ ដោយប្រពៃ ឃើញនូវ​ទីបំផុត​ដោយប្រពៃ ត្រាស់ដឹង​នូវប្រយោជន៍ ដោយ​ប្រពៃ ក្នុងធម៌​ទាំង ១០ នេះឯង រមែង​ធ្វើនូវទីបំផុត​នៃទុក្ខ ក្នុង​បច្ចុប្បន្ន​បាន។ ពាក្យណា ដែល​តថាគត​ពោលថា បញ្ហា១០ ឧទ្ទេស១០ វេយ្យាករណ៍១០ ដូច្នេះ ពាក្យនុ៎ះ តថាគត​ពោលហើយ ព្រោះអាស្រ័យ​ហេតុនេះ។

ទុតិយមហាបញ្ហាសូត្រ ទី៨

[២៨] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅ​ក្នុង​វត្តវេឡុវន ទៀប​ក្រុង​កជង្គលា។ គ្រានោះ ពួក​ជង្គលឧបាសក (ឧបាសក​អ្នកនៅក្នុង​ក្រុង​កជង្គលា) ជា​ច្រើនគ្នា បានចូល​ទៅរក​កជង្គលាភិក្ខុនី (ភិក្ខុនី​នៅក្នុង​ក្រុង​កជង្គលា) លុះចូល​ទៅដល់ ថ្វាយបង្គំ​កជង្គលា​ភិក្ខុនី​ហើយ អង្គុយ​ក្នុងទីសមគួរ។ លុះពួក​កជង្គលា​ឧបាសក អង្គុយ​ក្នុងទី​សមគួរ​ហើយ ក៏​ពោលទៅនឹង​កជង្គលា​ភិក្ខុនីថា បពិត្រ​នាងម្ចាស់ ពាក្យ​ដែល​ព្រះមានព្រះភាគ ទ្រង់ត្រាស់​ក្នុង​មហាបញ្ហាថា បញ្ហា១ ឧទ្ទេស១ វេយ្យាករណ៍១ បញ្ហា២ ឧទ្ទេស២ វេយ្យាករណ៍២ បញ្ហា៣ ឧទ្ទេស៣ វេយ្យាករណ៍៣ បញ្ហា៤ ឧទ្ទេស៤ វេយ្យាករណ៍៤ បញ្ហា៥ ឧទ្ទេស៥ វេយ្យាករណ៍៥ បញ្ហា៦ ឧទ្ទេស៦ វេយ្យាករណ៍៦ បញ្ហា៧ ឧទ្ទេស៧ វេយ្យាករណ៍៧ បញ្ហា៨ ឧទ្ទេស៨ វេយ្យាករណ៍៨ បញ្ហា៩ ឧទ្ទេស៩ វេយ្យាករណ៍៩ បញ្ហា១០ ឧទ្ទេស១០ វេយ្យាករណ៍១០។ បពិត្រ​នាងម្ចាស់ សេចក្តីនៃ​ពាក្យ​ដែល​ព្រះដ៏មានព្រះភាគ ទ្រង់សំដែង ដោយបំប្រួញ​នេះ តើគួរ​យល់​ដោយពិស្តារ ដូចម្តេច។ ម្នាលអាវុសោ​ទាំងឡាយ ពាក្យនុ៎ះ អាត្មា​មិនបាន​ស្តាប់ ក្នុងទី​ចំពោះ​ព្រះភក្រ្ត មិនបាន​ត្រងត្រាប់ ក្នុងទី​ចំពោះព្រះភក្រ្ត នៃ​ព្រះដ៏មានព្រះភាគ​ទេ ទាំងមិន​បានស្តាប់ ក្នុង​ទីចំពោះ​មុខ មិនបាន​ត្រង​ត្រាប់ ក្នុងទី​ចំពោះមុខ​ពួកភិក្ខុ​អ្នកអប់រំ​ចិត្តទេ ប៉ុន្តែ​ពាក្យនុ៎ះ អាត្មាយល់​យ៉ាងណា អ្នកទាំងឡាយ ចូរប្រុង​ស្តាប់ ចូរធ្វើទុក​ក្នុងចិត្ត នូវពាក្យនុ៎ះ ឲ្យ​ប្រពៃចុះ​ អាត្មានឹងសំដែងប្រាប់។ ពួក​កជង្គលឧបាសក ក៏បាន​ទទួល​ពាក្យ នៃ​កជង្គលាភិក្ខុនី​ថា ករុណា​នាងម្ចាស់។ កជង្គលាភិក្ខុនី បានពោល​ដូច្នេះថា ពាក្យ​ដែល​ព្រះដ៏មានព្រះភាគ​សំដែង​ថា បញ្ហា១ ឧទ្ទេស១ វេយ្យាករណ៍១ ដូច្នេះនុ៎ះ ពាក្យនុ៎ះ ព្រះដ៏មានព្រះភាគ សំដែងហើយ ព្រោះអាស្រ័យ​ហេតុអ្វី។ ម្នាលអាវុសោ​ទាំងឡាយ កាលបើ​ភិក្ខុនឿយ​ណាយ ដោយប្រពៃ ធុញទ្រាន់ ដោយប្រពៃ រួចស្រឡះ​ដោយប្រពៃ ឃើញ​នូវទីបំផុត​ដោយប្រពៃ ត្រាស់ដឹង​នូវប្រយោជន៍​ដោយប្រពៃ ក្នុង​ធម៌ ១ រមែង​ធ្វើនូវ​ទីបំផុត​នៃទុក្ខ ក្នុង​បច្ចុប្បន្ន​បាន។ ធម៌ ១ គឺអ្វី។ គឺសត្វ​ទាំងពួង រស់​ដោយ​សារអាហារ។ ម្នាល​អាវុសោ​ទាំងឡាយ កាលបើ​ភិក្ខុ​នឿយណាយ ដោយប្រពៃ ធុញទ្រាន់ ដោយប្រពៃ រួចស្រឡះ ដោយប្រពៃ ឃើញនូវ​ទីបំផុត​ដោយប្រពៃ ត្រាស់ដឹង​នូវប្រយោជន៍ ដោយ​ប្រពៃ ក្នុងធម៌​មួយនេះឯង រមែង​ធ្វើនូវទី​បំផុតនៃទុក្ខ ក្នុង​បច្ចុប្បន្ន​បាន។ ពាក្យ​ណា ដែល​ព្រះដ៏មានព្រះភាគ សំដែងថា បញ្ហា១ ឧទ្ទេស១ វេយ្យាករណ៍១ ដូច្នេះ ពាក្យនុ៎ះ ព្រះដ៏មានព្រះភាគ សំដែង​ហើយ ព្រោះអាស្រ័យ​ហេតុនេះ។ ពាក្យ​ដែល​ព្រះដ៏មានព្រះភាគ សំដែង​ថា បញ្ហា២ ឧទ្ទេស២ វេយ្យាករណ៍២ ដូច្នេះនុ៎ះ ពាក្យនុ៎ះ ព្រះដ៏មានព្រះភាគ សំដែងហើយ ព្រោះអាស្រ័យ​ហេតុអ្វី។ ម្នាលអាវុសោ​ទាំងឡាយ កាលបើ​ភិក្ខុនឿយ​ណាយ ដោយប្រពៃ ធុញទ្រាន់ ដោយប្រពៃ រួចស្រឡះ ដោយប្រពៃ ឃើញនូវ​ទីបំផុត ដោយប្រពៃ ត្រាស់ដឹង​នូវប្រយោជន៍​ដោយប្រពៃ ក្នុង​ធម៌ ២ រមែង​ធ្វើនូវ​ទីបំផុត​នៃទុក្ខ ក្នុង​បច្ចុប្បន្ន​បាន។ ធម៌ ២ គឺអ្វី។ គឺ​នាម ១ រូប ១។ ម្នាលអាវុសោ​ទាំងឡាយ កាលបើ​ភិក្ខុនឿយណាយ ដោយប្រពៃ ធុញទ្រាន់ ដោយប្រពៃ រួចស្រឡះ ដោយប្រពៃ ឃើញនូវ​ទីបំផុត ដោយប្រពៃ ត្រាស់ដឹង​នូវ​ប្រយោជន៍ ដោយប្រពៃ ក្នុងធម៌​ទាំង ២ នេះឯង រមែង​ធ្វើនូវទីបំផុត​នៃទុក្ខ ក្នុង​បច្ចុប្បន្ន​បាន។ ពាក្យណា ដែល​ព្រះដ៏មានព្រះភាគ សំដែងថា បញ្ហា២ ឧទ្ទេស២ វេយ្យាករណ៍២ ដូច្នេះ ពាក្យនុ៎ះ ព្រះមានព្រះភាគ សំដែង​ហើយ ព្រោះ​អាស្រ័យ​ហេតុនេះ។ ពាក្យដែល​ព្រះដ៏មានព្រះភាគ សំដែងថា បញ្ហា៣ ឧទ្ទេស៣ វេយ្យាករណ៍៣ ដូច្នេះនុ៎ះ ពាក្យនុ៎ះ ព្រះដ៏មានព្រះភាគ សំដែងហើយ ព្រោះ​អាស្រ័យ​ហេតុអ្វី។ ម្នាល​អាវុសោ​ទាំងឡាយ កាលបើ​ភិក្ខុនឿយណាយ ដោយប្រពៃ ធុញទ្រាន់ ដោយប្រពៃ រួចស្រឡះ ដោយប្រពៃ ឃើញនូវ​ទីបំផុត​ដោយប្រពៃ ត្រាស់ដឹង​នូវ​ប្រយោជន៍​ដោយប្រពៃ ក្នុងធម៌​ទាំង ៣ ជាអ្នក​ធ្វើនូវទីបំផុត​នៃទុក្ខ ក្នុង​បច្ចុប្បន្ន​បាន។ ធម៌ ៣ គឺអ្វី។ គឺ​វេទនា ទាំង ៣។ ម្នាលអាវុសោ​ទាំងឡាយ កាលបើ​ភិក្ខុនឿយណាយ ដោយ​ប្រពៃ ធុញទ្រាន់ ដោយប្រពៃ រួចស្រឡះ ដោយប្រពៃ ឃើញនូវទីបំផុត ដោយប្រពៃ ត្រាស់ដឹងនូវ​ប្រយោជន៍​ដោយប្រពៃ ក្នុងធម៌​ទាំង ៣ នេះឯង រមែងធ្វើនូវ​ទីបំផុត​នៃទុក្ខ ក្នុង​បច្ចុប្បន្ន​បាន។ ពាក្យណា ដែល​ព្រះដ៏មានព្រះភាគ សំដែងថា បញ្ហា៣ ឧទ្ទេស៣ វេយ្យាករណ៍៣ ដូច្នេះ ពាក្យនុ៎ះ ព្រះដ៏មានព្រះភាគ សំដែងហើយ ព្រោះអាស្រ័យ​ហេតុនេះ។ ពាក្យដែល​ព្រះដ៏មានព្រះភាគ​សំដែងថា បញ្ហា៤ ឧទ្ទេស៤ វេយ្យាករណ៍៤ ដូច្នេះនុ៎ះ ពាក្យនុ៎ះ ព្រះដ៏មានព្រះភាគ សំដែង​ហើយ ព្រោះអាស្រ័យ​ហេតុអ្វី។ ម្នាលអាវុសោ​ទាំងឡាយ ភិក្ខុមាន​ចិត្តចំរើនល្អ ដោយប្រពៃ ឃើញនូវ​ទីបំផុត​ដោយប្រពៃ ត្រាស់ដឹងនូវ​ប្រយោជន៍​ដោយប្រពៃ ក្នុងធម៌ ៤ រមែង​ធ្វើនូវ​ទីបំផុត​នៃទុក្ខ ក្នុង​បច្ចុប្បន្ន​បាន។ ធម៌ ៤ គឺអ្វី។ គឺ​សតិប្បដ្ឋាន ៤។ ម្នាលអាវុសោ​ទាំងឡាយ ភិក្ខុមានចិត្ត​ចំរើនល្អ ដោយប្រពៃ ឃើញនូវ​ទីបំផុត ដោយប្រពៃ ត្រាស់ដឹង​នូវ​ប្រយោជន៍ ដោយ​ប្រពៃ ក្នុងធម៌​ទាំង ៤ នេះឯង រមែង​ធ្វើនូវ​ទីបំផុតនៃទុក្ខ ក្នុង​បច្ចុប្បន្ន​បាន។ ពាក្យណា ដែល​ព្រះដ៏មានព្រះភាគ សំដែងថា បញ្ហា៤ ឧទ្ទេស៤ វេយ្យាករណ៍៤ ដូច្នេះ ពាក្យនុ៎ះ ព្រះដ៏មានព្រះភាគ សំដែងហើយ ព្រោះអាស្រ័យ​ហេតុនេះ។ ពាក្យដែល​ព្រះដ៏មានព្រះភាគ សំដែងថា បញ្ហា៥ ឧទ្ទេស៥ វេយ្យាករណ៍៥ ដូច្នេះនុ៎ះ ពាក្យនុ៎ះ ព្រះដ៏មានព្រះភាគ សំដែងហើយ ព្រោះអាស្រ័យ​ហេតុអ្វី។ ម្នាលអាវុសោ​ទាំងឡាយ ភិក្ខុមាន​ចិត្តបាន​ចំរើនល្អ ដោយប្រពៃ ឃើញនូវ​ទីបំផុត​ដោយប្រពៃ ត្រាស់ដឹង​នូវប្រយោជន៍ ដោយ​ប្រពៃ ក្នុងធម៌ ៥ រមែងធ្វើនូវ​ទីបំផុតនៃទុក្ខ ក្នុង​បច្ចុប្បន្ន​បាន។ ធម៌ ៥ គឺ​អ្វី។ គឺ​ឥន្រ្ទិយទាំង ៥… ធម៌ ៦ គឺអ្វី។ គឺ​និស្សរណីយធាតុ​ទាំង ៦… ធម៌ ៧ គឺអ្វី។ គឺ​ពោជ្ឈង្គ​ទាំង ៧… ធម៌ ៨ គឺអ្វី។ គឺ​អដ្ឋង្គិកមគ្គដ៏ប្រសើរ​ទាំង ៨។ ម្នាល​អាវុសោ​ទាំងឡាយ ភិក្ខុ​មានចិត្ត​ចំរើន​ល្អ ដោយប្រពៃ ឃើញនូវ​ទីបំផុត ដោយប្រពៃ ត្រាស់ដឹង​នូវប្រយោជន៍ ដោយ​ប្រពៃ ក្នុងធម៌​ទាំង ៨ នេះឯង រមែង​ធ្វើនូវទី​បំផុតនៃទុក្ខ ក្នុង​បច្ចុប្បន្ន​បាន។ ពាក្យណា ដែល​ព្រះដ៏មានព្រះភាគ សំដែង​ថា បញ្ហា៨ ឧទ្ទេស៨ វេយ្យាករណ៍៨ ដូច្នេះ ពាក្យនុ៎ះ ព្រះដ៏មានព្រះភាគ សំដែង​ហើយ ព្រោះអាស្រ័យ​ហេតុនេះ។ ពាក្យ​ដែល​ព្រះមានព្រះភាគ សំដែង​ថា បញ្ហា៩ ឧទ្ទេស៩ វេយ្យាករណ៍៩ ដូច្នេះនុ៎ះ ពាក្យនុ៎ះ ព្រះដ៏មានព្រះភាគ សំដែង​ហើយ ព្រោះអាស្រ័យ​ហេតុអ្វី។ ម្នាលអាវុសោ​ទាំងឡាយ កាលបើ​ភិក្ខុនឿយណាយ ដោយ​ប្រពៃ ធុញទ្រាន់ ដោយប្រពៃ រួចស្រឡះ ដោយប្រពៃ ឃើញនូវ​ទីបំផុត ដោយប្រពៃ ត្រាស់ដឹង​នូវប្រយោជន៍ ដោយប្រពៃ ក្នុងធម៌ ៩ រមែង​ធ្វើនូវ​ទីបំផុតនៃទុក្ខ ក្នុង​បច្ចុប្បន្ន​បាន។ ធម៌ ៩ គឺអ្វី។ គឺ​សត្តាវាសៈ​ទាំង ៩។ ម្នាលអាវុសោ​ទាំងឡាយ កាលបើ​ភិក្ខុនឿយណាយ ដោយប្រពៃ ធុញទ្រាន់ ដោយប្រពៃ រួចស្រឡះ ដោយប្រពៃ ឃើញនូវ​ទីបំផុត​ដោយប្រពៃ ត្រាស់​ដឹងនូវប្រយោជន៍ ដោយប្រពៃ ក្នុងធម៌​ទាំង ៩ នេះឯង រមែង​ធ្វើនូវ​ទីបំផុត​នៃទុក្ខ ក្នុង​បច្ចុប្បន្ន​បាន។ ពាក្យណា ដែល​ព្រះដ៏មានព្រះភាគ សំដែង​ថា បញ្ហា៩ ឧទ្ទេស៩ វេយ្យាករណ៍៩ ដូច្នេះ ពាក្យនុ៎ះ ព្រះដ៏មានព្រះភាគ សំដែងហើយ ព្រោះអាស្រ័យ​ហេតុនេះ។ ពាក្យដែល​ព្រះដ៏មានព្រះភាគ សំដែង​ថា បញ្ហា១០ ឧទ្ទេស១០ វេយ្យាករណ៍១០ ដូច្នេះនុ៎ះ ពាក្យនុ៎ះ ព្រះដ៏មានព្រះភាគ សំដែងហើយ ព្រោះអាស្រ័យ​ហេតុអ្វី។ ម្នាល​អាវុសោ​ទាំងឡាយ ភិក្ខុមាន​ចិត្តបានចំរើនល្អ​ដោយប្រពៃ ឃើញនូវ​ទីបំផុត ដោយប្រពៃ ត្រាស់ដឹង​នូវប្រយោជន៍ ដោយប្រពៃ ក្នុងធម៌ ១០ រមែងធ្វើ​នូវទីបំផុត​នៃទុក្ខ ក្នុង​បច្ចុប្បន្នបាន។ ធម៌ ១០  គឺអ្វី។ គឺ​កុសលកម្មបថ​ទាំង ១០។ ម្នាលអាវុសោ​ទាំងឡាយ ភិក្ខុមានចិត្ត​ចំរើន​ល្អ ដោយ​ប្រពៃ ឃើញ​នូវទីបំផុត​ដោយប្រពៃ ត្រាស់ដឹង​នូវប្រយោជន៍ ដោយប្រពៃ ក្នុង​ធម៌ទាំង ១០ នេះឯង រមែង​ធ្វើនូវទីបំផុត​នៃទុក្ខ ក្នុង​បច្ចុប្បន្នបាន។ ពាក្យណា ដែល​ព្រះដ៏មានព្រះភាគ សំដែង​ថា បញ្ហា១០ ឧទ្ទេស១០ វេយ្យាករណ៍១០ ដូច្នេះ ពាក្យនុ៎ះ ព្រះដ៏មានព្រះភាគ សំដែងហើយ ព្រោះអាស្រ័យ​ហេតុនេះ។ ម្នាលអាវុសោ​ទាំងឡាយ ពាក្យណា ដែល​ព្រះដ៏មានព្រះភាគ សំដែងហើយ ក្នុង​មហាបញ្ហា​ថា បញ្ហា១ ឧទ្ទេស១ វេយ្យាករណ៍១។បេ។ បញ្ហា១០ ឧទ្ទេស១០ វេយ្យាករណ៍១០ ដូច្នេះនោះ ម្នាល​អាវុសោ​ទាំងឡាយ ពាក្យដែល​ព្រះដ៏មានព្រះភាគ ទ្រង់​សំដែង​ដោយសង្ខេប​នេះ អាត្មា​យល់​សេចក្តី​ដោយពិស្តារ​យ៉ាងនេះ។ ម្នាលអាវុសោ​ទាំងឡាយ ប្រសិនណា​បើ​អ្នកទាំងឡាយ ប្រាថ្នា (ចង់ដឹងច្បាស់) ត្រូវចូល​ទៅគាល់​ព្រះដ៏មានព្រះភាគ ហើយទូល​សួរបញ្ជាក់​សេចក្តី​នុ៎ះ ព្រះដ៏មានព្រះភាគ ទ្រង់​ដោះស្រាយ​សេចក្តីនោះ​យ៉ាងណា អ្នកទាំងឡាយ ចូរចាំ​ទុកនូវ​សេចក្តី​នោះ យ៉ាងនោះចុះ។ ពួកកជង្គលឧបាសក ក៏ត្រេកអរ​អនុមោទនា នូវ​ភាសិត​របស់​កជង្គលាភិក្ខុនី​ថា ករុណា​នាងម្ចាស់ ហើយក៏ក្រោក​ចាកអាសនៈ ថ្វាយបង្គំ​កជង្គលាភិក្ខុនី រួចធ្វើ​ប្រទក្សិណ ហើយក៏ចូល​ទៅគាល់​ព្រះដ៏មានព្រះភាគ លុះចូល​ទៅដល់ ក្រាបបង្គំ​ព្រះដ៏មានព្រះភាគ ហើយ​អង្គុយក្នុង​ទីសមគួរ។ លុះពួក​កជង្គលឧបាសក អង្គុយក្នុង​ទីសមគួរ​ហើយ ក្រាបទូល​ព្រះដ៏មានព្រះភាគ តាមទំនង​ពាក្យ ដែលខ្លួន​បានសំណេះ​សំណាល ជាមួយនឹង​កជង្គលាភិក្ខុនី ដោយ​សព្វគ្រប់។ (ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា) ម្នាល​គហបតី​ទាំងឡាយ ល្អហើយ ល្អហើយ ម្នាល​គហបតី​ទាំងឡាយ កជង្គលាភិក្ខុនី ជាអ្នក​ប្រាជ្ញ ម្នាល​គហបតី​ទាំងឡាយ កជង្គលាភិក្ខុនី ជាមនុស្ស​មានប្រាជ្ញា​ច្រើនមែន ម្នាល​គហបតី​ទាំងឡាយ ប្រសិនបើ​អ្នកទាំងឡាយ ចូលមក​រកតថាគត ហើយ​សួរនូវ​សេចក្តីនុ៎ះ តថាគត​ក៏ដោះស្រាយ​សេចក្តីនោះ យ៉ាងនោះ ដូចជា​កជង្គលាភិក្ខុនី ដែល​ដោះស្រាយ​ដែរ។ នុ៎ះជា​សេចក្តី​នៃបញ្ហានោះ អ្នកទាំង​ឡាយ ត្រូវចាំទុក​នូវសេចក្តីនោះ យ៉ាងនេះចុះ។

បឋមកោសលសូត្រ ទី៩

[២៩] ម្នាលភិក្ខុទាំងឡាយ ជនអ្នកនៅ​ក្នុងកាសីជនបទ និងកោសល​ជនបទ កំណត់​ត្រឹមណា ដែនរបស់ស្តេចបសេនទិកោសល កំណត់ត្រឹមណា ស្តេច​បសេនទិកោសល ប្រាកដថា ជាអ្នកប្រសើរ​ក្នុងដែននោះ (កំណត់ត្រឹមណោះ)។ ម្នាលភិក្ខុទាំងឡាយ ប៉ុន្តែស្តេច​បសេនទិកោសល គង់មានសភាពក្លាយទៅ ប្រែប្រួលទៅ។ ម្នាលភិក្ខុទាំងឡាយ អរិយសាវកអ្នកចេះដឹង កាលបើឃើញ​យ៉ាងនេះហើយ រមែងនឿយ​ណាយ ក្នុង​ការឋិតនៅ​ក្នុងរាជសម្បត្តិ​នោះ កាលនឿយណាយ ក្នុងការ​ឋិតនៅ​ក្នុងរាជ​សម្បត្តិ​នោះហើយ រមែងមិនត្រេកអរ ក្នុងភាពនៃខ្លួន​ជាស្តេចក្នុង​ដែនកោសល ដ៏ប្រសើរ ដោយ​រាជសម្បត្តិឡើយ នឹងបាច់​ពោលទៅថ្វី ក្នុងរបស់​ដ៏ថោកទាប ម្នាលភិក្ខុ​ទាំងឡាយ ព្រះចន្ទ និងព្រះអាទិត្យ​ទាំងឡាយ គោចរទៅ​ត្រឹមណា ទិសទាំងឡាយ ក៏ភ្លឺរុងរឿង កំណត់​ត្រឹមណោះ លោកធាតុ​ត្រឹមមួយពាន់ ក្នុងលោក​មួយពាន់នោះ មាន​ព្រះចន្ទ​មួយពាន់ ព្រះ​អាទិត្យមួយពាន់ ស្តេចភ្នំ​សិនេរុមួយពាន់ ជម្ពូទ្វីប​មួយពាន់ អមរគោយានទ្វីប​មួយពាន់ ឧត្តរកុរុទ្វីប​មួយពាន់ បុព្វវិទេហទ្វីបមួយពាន់ មហាសមុទ្ទ ៤ ពាន់ មហារាជ ៤ ពាន់ ចាតុម្មហារាជិកៈមួយពាន់ តាវត្តិង្សមួយពាន់ យាមៈមួយពាន់ តុសិត​មួយពាន់ និម្មានរតីមួយពាន់ បរនិម្មិតវសវត្តីមួយពាន់ ព្រហ្មលោក​មួយពាន់ ម្នាលភិក្ខុ​ទាំងឡាយ លោកធាតុ​មួយពាន់ កំណត់​ត្រឹមណា មហាព្រហ្ម ប្រាកដថា​ជាអ្នកប្រសើរ ក្នុងលោកធាតុ​មួយពាន់​នោះ កំណត់ត្រឹមណោះ។ ម្នាលភិក្ខុ​ទាំងឡាយ ប៉ុន្តែ​មហាព្រហ្ម គង់មាន​សភាព​ក្លាយទៅ ប្រែប្រួលទៅ។ ម្នាលភិក្ខុ​ទាំងឡាយ អរិយសាវក​អ្នកចេះ​ដឹង កាលឃើញ​យ៉ាងនេះហើយ រមែង​នឿយណាយ ក្នុងការ​ឋិតនៅ​ក្នុង​សម្បត្តិនោះ កាលនឿយណាយ ក្នុងការឋិតនៅ​ក្នុងសម្បត្តិនោះ​ហើយ រមែងមិន​ត្រេកអរ ក្នុងភាពនៃខ្លួន​ជាអ្នកប្រសើរឡើយ នឹងបាច់​ពោលទៅ​ថ្វី ក្នុងរបស់​ដ៏ថោកទាប។ ម្នាលភិក្ខុ​ទាំងឡាយ មានសម័យ​ដែលលោក​នេះកំពុងវិនាស ម្នាលភិក្ខុ​ទាំងឡាយ កាលលោក​កំពុងវិនាស ពួកសត្វ​ជាច្រើន រមែងទៅកើត​ក្នុងព្រហ្មលោក​ជាន់អាភស្សរៈ។ ពួកសត្វក្នុងជាន់​អាភស្សរៈនោះ កើតដោយ​ឈានចិត្ត មានបីតិ​ជាអាហារ មានពន្លឺ​ខ្លួនឯង ចរទៅ​ក្នុងអាកាស ឋិតនៅ​ក្នុងវិមាន​ដ៏ល្អ ឋិតនៅអស់​កាលដ៏យូរអង្វែង។ ម្នាលភិក្ខុ​ទាំងឡាយ កាលលោក​កំពុងវិនាស ពួកទេវតា​ជាន់អាភស្សរៈ រមែងប្រសើរ​ជាងគេ។ ម្នាលភិក្ខុ​ទាំងឡាយ ប៉ុន្តែពួក​ទេវតាជាន់​អាភស្សរៈ គង់មាន​សភាពក្លាយទៅ ប្រែប្រួលទៅ។ ម្នាលភិក្ខុ​ទាំងឡាយ អរិយសាវក អ្នកចេះដឹង កាលឃើញ​យ៉ាងនេះហើយ រមែងនឿយណាយ ក្នុងការឋិត​នៅក្នុងសម្បត្តិនោះ កាលនឿយណាយ ក្នុងការឋិត​នៅក្នុងសម្បត្តិនោះ​ហើយ រមែងមិនត្រេកអរ ក្នុងភាពនៃខ្លួន​ជាអ្នកប្រសើរ នឹងបាច់ពោល​ទៅថ្វី ក្នុងរបស់​ដ៏ថោកទាប។ ម្នាលភិក្ខុ​ទាំងឡាយ កសិណាយតនៈមាន ១០ យ៉ាង។ កសិណាយតនៈ ១០ យ៉ាង តើ​ដូចម្តេច​ខ្លះ។ គឺបុគ្គលពួកមួយ ស្គាល់ច្បាស់​នូវ​បឋវីកសិណ ទាំងខាងលើ ខាងក្រោម ទទឹង មិនមានចំណែកពីរ រកប្រមាណ​មិនបាន។ បុគ្គលពួកមួយ ស្គាល់ច្បាស់​នូវអាបោកសិណ…បុគ្គលពួកមួយ ស្គាល់ច្បាស់​នូវ​តេជោកសិណ… បុគ្គលពួកមួយ ស្គាល់ច្បាស់​នូវវាយោកសិណ… បុគ្គលពួកមួយ ស្គាល់ច្បាស់​នូវនីលកសិណ… បុគ្គលពួកមួយ ស្គាល់ច្បាស់នូវ​បីតកសិណ… បុគ្គល​ពួកមួយ ស្គាល់ច្បាស់​នូវ​លោហិតកសិណ… បុគ្គលពួកមួយ ស្គាល់ច្បាស់​នូវ​ឱទាតកសិណ… បុគ្គលពួកមួយ ស្គាល់ច្បាស់​នូវអាកាសកសិណ… បុគ្គលពួកមួយ ស្គាល់ច្បាស់​នូវវិញ្ញាណកសិណ ទាំងខាងលើ ខាងក្រោម ទទឹង មិន​មានចំណែកពីរ រកប្រមាណ​មិនបាន។ ម្នាលភិក្ខុ​ទាំងឡាយ កសិណាយតនៈ មាន ១០ យ៉ាងនេះឯង។ ម្នាលភិក្ខុ​ទាំងឡាយ បណ្តា​កសិណាយតនៈ​ទាំង ១០ នេះ កសិណាយតនៈ​ដ៏ប្រសើរនុ៎ះ បានដល់​បុគ្គលពួកមួយ ស្គាល់ច្បាស់​នូវវិញ្ញាណកសិណ ទាំងខាងលើ ខាងក្រោម ទទឹង មិន​មានចំណែក​ពីរ រកប្រមាណ​មិនបាន។ ម្នាលភិក្ខុ​ទាំងឡាយ ពួកសត្វ តែងមាន​សេចក្តី​សំគាល់​យ៉ាងនេះ ម្នាលភិក្ខុ​ទាំងឡាយ ប៉ុន្តែ​ពួកសត្វ ដែលមាន​សញ្ញាយ៉ាងនេះ គង់មាន​សភាពក្លាយទៅ ប្រែប្រួលទៅ។ ម្នាល​ភិក្ខុទាំងឡាយ អរិយសាវក អ្នកចេះដឹង កាលឃើញ​យ៉ាងនេះហើយ រមែង​នឿយណាយ ក្នុង​វិញ្ញាណកសិណនោះ កាលនឿយណាយ​ក្នុងវិញ្ញាណកសិណ​នោះហើយ រមែង​មិនត្រេកអរ​ក្នុងរបស់​ដ៏ប្រសើរ នឹងបាច់​ពោលទៅថ្វី ក្នុងរបស់​ដ៏ថោកទាប។ ម្នាលភិក្ខុ​ទាំងឡាយ អភិភាយតនៈ (ហេតុជាគ្រឿង​គ្របសង្កត់នូវ​បច្ចនីកធម៌) នេះមាន ៨ យ៉ាង។ អភិភាយតនៈ ៨ យ៉ាង តើដូច​ម្តេចខ្លះ។ បុគ្គលពួក​មួយ មានសេចក្តីសំគាល់នូវរូប​ខាងក្នុង ឃើញនូវរូប​ខាងក្រៅ មានប្រមាណតិច មានសម្បុរល្អ ឬសម្បុរ​អាក្រក់ គ្របសង្កត់​រូបទាំងនោះ ហើយមាន​សេចក្តីសំគាល់​យ៉ាងនេះថា អាត្មាអញដឹង អាត្មាអញឃើញ​ដូច្នេះ នេះជា​អភិភាយតនៈ​ទី ១។ បុគ្គល​ពួកមួយ មានសេចក្តីសំគាល់នូវរូបខាងក្នុង ឃើញនូវរូបខាងក្រៅ មាន ប្រមាណច្រើន មានសម្បុរល្អ ឬសម្បុរអាក្រក់ គ្របសង្កត់នូវរូបទាំងនោះហើយ មានសេចក្តីសំគាល់យ៉ាងនេះថា អាត្មាអញដឹង អាត្មាអញឃើញ ដូច្នេះ នេះជា​អភិភាយតនៈ​ទី ២។ បុគ្គលពួកមួយ មិនមានសេចក្តីសំគាល់ នូវរូបខាងក្នុង ឃើញនូវរូបខាងក្រៅ មានប្រមាណតិច មានសម្បុរល្អ ឬសម្បុរអាក្រក់ គ្របសង្កត់​នូវរូបទាំងនោះ ហើយមានសេចក្តីសំគាល់ យ៉ាងនេះថា អាត្មាអញដឹង អាត្មាអញឃើញ ដូច្នេះ នេះជា​អភិភាយតនៈ​ទី ៣។ បុគ្គលពួកមួយ មិនមាន​សេចក្តីសំគាល់នូវ​រូបខាងក្នុង ហើយឃើញ​នូវរូប​ខាងក្រៅ មានប្រមាណ​ច្រើន មានសម្បុរល្អ ឬសម្បុរអាក្រក់ គ្របសង្កត់​នូវរូបទាំង​នោះហើយ មានសេចក្តីសំគាល់ យ៉ាងនេះថា អាត្មាអញដឹង អាត្មាអញឃើញ ដូច្នេះ នេះជា​អភិភាយតនៈ​ទី ៤។ បុគ្គលពួកមួយ មិន​មាន​សេចក្តីសំគាល់ នូវរូប​ខាងក្នុង ឃើញនូវ​រូបខាងក្រៅ ដែលជា​រូបខៀវ មានសម្បុរខៀវ ជាទីចង្អុល​បង្ហាញថា នេះមាន​សម្បុរខៀវ មានពន្លឺខៀវ។ ប្រៀបដូចជាផ្កា​ត្រកៀតខៀវ មានពណ៌ខៀវ ជាទីចង្អុល​បង្ហាញថា នេះ​មានពណ៌ខៀវ មានពន្លឺខៀវ ពុំនោះសោត រូបនោះ ប្រៀបដូចជា​សំពត់​កើតក្នុង​ក្រុង​ពារាណសី មាន​សាច់មដ្ឋ ទាំងពីរខាង ហៅថា សំពត់ខៀវ មានពណ៌ខៀវ ជាទីចង្អុល​បង្ហាញថា នេះមានពណ៌ខៀវ មានពន្លឺខៀវ យ៉ាងណា​មិញ បុគ្គលពួកមួយ មិនមានសេចក្តីសំគាល់ នូវរូបខាងក្នុង ឃើញនូវរូបខាងក្រៅ ដែលជារូបខៀវ មានសម្បុរខៀវ ជាទីចង្អុលបង្ហាញថា នេះមានសម្បុរខៀវ មានពន្លឺខៀវ គ្របសង្កត់នូវរូបទាំងនោះ ហើយ​មានសេចក្តី​សំគាល់ យ៉ាងនេះថា អាត្មាអញដឹង អាត្មាអញឃើញ​ដូច្នេះ ក៏យ៉ាងនោះដែរ នេះជា​អភិភាយតនៈ​ទី ៥។ បុគ្គលពួកមួយ មិនមាន​សេចក្តីសំគាល់ នូវរូបខាងក្នុង ឃើញនូវរូប​ខាងក្រៅ ដែលជា​រូបលឿង មានសម្បុរ​លឿង ជាទីចង្អុល​បង្ហាញថា នេះមាន​សម្បុរលឿង មានពន្លឺ​លឿង។ ប្រៀបដូច​ជាផ្កាកណ្ណិការលឿង មានពណ៌លឿង ជាទីចង្អុល​បង្ហាញថា នេះមាន​ពណ៌លឿង មានពន្លឺលឿង ពុំនោះសោត រូបនោះ ប្រៀបដូចជាសំពត់ កើតក្នុង​ក្រុងពារាណសី មានសាច់មដ្ឋ​ទាំងពីរខាង ហៅថា សំពត់លឿង ជាទីចង្អុលបង្ហាញថា នេះមាន​ពណ៌លឿង មានពន្លឺលឿង យ៉ាងណាមិញ បុគ្គលពួកមួយ មិនមាន​សេចក្តី​សំគាល់ នូវរូបខាងក្នុង ឃើញនូវរូបខាងក្រៅ ដែលជា​រូបលឿង មាន​សម្បុរលឿង ជាទីចង្អុល​បង្ហាញថា នេះមាន​សម្បុរលឿង មានពន្លឺលឿង គ្របសង្កត់​នូវរូបទាំងនោះ ហើយមាន​សេចក្តីសំគាល់ យ៉ាងនេះថា អាត្មាអញដឹង អាត្មាអញ​ឃើញដូច្នេះ ក៏យ៉ាង​នោះដែរ នេះជា​អភិភាយតនៈ​ទី ៦។ បុគ្គលពួកមួយ មិនមាន​សេចក្តីសំគាល់ នូវរូបខាងក្នុង ឃើញនូវរូប​ខាងក្រៅ ដែលជារូបក្រហម មានសម្បុរក្រហម ជាទីចង្អុល​បង្ហាញថា នេះមាន​សម្បុរក្រហម មានពន្លឺក្រហម។ ប្រៀបដូចជាផ្កាច្បារក្រហម មានពណ៌ក្រហម ជាទីចង្អុល​បង្ហាញថា នេះមាន​ពណ៌ក្រហម មានពន្លឺក្រហម ពុំនោះសោត រូបនោះ ប្រៀបដូចសំពត់ កើតក្នុង​ក្រុង​ពារាណសី មានសាច់មដ្ឋ ទាំងពីរ​ខាង ដែលជា​សំពត់ក្រហម មានពណ៌ក្រហម ជាទីចង្អុល​បង្ហាញថា នេះមាន​ពណ៌ក្រហម មានពន្លឺក្រហម យ៉ាងណាមិញ បុគ្គលពួកមួយ មិនមាន​សេចក្តីសំគាល់ នូវរូបខាងក្នុង ឃើញនូវរូប​ខាងក្រៅ ដែលជា​រូបក្រហម មាន​សម្បុរក្រហម ជាទីចង្អុល​បង្ហាញថា នេះមាន​សម្បុរក្រហម មានពន្លឺ​ក្រហម គ្របសង្កត់​នូវរូបទាំងនោះហើយ មានសេចក្តីសំគាល់ យ៉ាងនេះថា អាត្មាអញដឹង អាត្មាអញ​ឃើញដូច្នេះ ក៏យ៉ាងនោះដែរ នេះជា​អភិភាយតនៈ​ទី ៧។ បុគ្គលពួក​មួយ មិនមាន​សេចក្តីសំគាល់ នូវរូបខាងក្នុង ឃើញនូវ​រូបខាងក្រៅ ដែលជារូប ស មានសម្បុរ ស ជាទីចង្អុល​បង្ហាញថា នេះមាន​សម្បុរ​ ស មានពន្លឺ ស។ ប្រៀប​ដូចជាផ្កាយព្រឹក ​ស មានពណ៌ ស ជាទីចង្អុល​បង្ហាញថា នេះមាន​ពណ៌ ស មានពន្លឺ ស ពុំនោះសោត រូបនោះ ប្រៀបដូច​ជាសំពត់ កើតក្នុងក្រុង​ពារាណសី មានសាច់មដ្ឋ​ទាំងពីរខាង ដែលជាសំពត់ ស មានពណ៌ ស ជាទីចង្អុល​បង្ហាញថា នេះមាន​ពណ៌ ស មានពន្លឺ ស យ៉ាងណាមិញ បុគ្គលពួកមួយ មិនមាន​សេចក្តីសំគាល់នូវរូបខាងក្នុង ឃើញនូវរូបខាងក្រៅ ដែលជារូប ស មានសម្បុរ ស ជាទីចង្អុល​បង្ហាញថា នេះមានសម្បុរ ស មានពន្លឺ ស គ្របសង្កត់​នូវរូបទាំងនោះ ហើយមាន​សេចក្តីសំគាល់យ៉ាង​នេះថា អាត្មាអញដឹង អាត្មាអញឃើញ​ដូច្នេះ ក៏យ៉ាង​នោះដែរ នេះជា​អភិភាយតនៈ​ទី ៨។ ម្នាលភិក្ខុ​ទាំងឡាយ អភិភាយតនៈ​មាន ៨ យ៉ាង នេះឯង។ ម្នាលភិក្ខុ​ទាំងឡាយ បណ្តា​អភិភាយតនៈ​ទាំង ៨ នេះ អភិភាយតនៈ​ដ៏ប្រសើរ​នុ៎ះ បានដល់បុគ្គលពួកមួយ មិនមាន​សេចក្តីសំគាល់នូវ​រូបខាងក្នុង ឃើញនូវ​រូបខាងក្រៅ ដែលជារូប ស មានសម្បុរ ស ជាទីចង្អុល​បង្ហាញថា នេះមាន​សម្បុរ ស មានពន្លស គ្របសង្កត់​នូវរូបទាំងនោះ ហើយមាន​សេចក្តីសំគាល់យ៉ាងនេះថា អាត្មាអញដឹង អាត្មាអញ​ឃើញ ដូច្នេះ។ ម្នាលភិក្ខុ​ទាំងឡាយ ពួកសត្វ​តែងមានសេចក្តីសំគាល់​យ៉ាងនេះ ម្នាលភិក្ខុ​ទាំងឡាយ ប៉ុន្តែ​ពួកសត្វ​ដែលមាន​សញ្ញាយ៉ាងនេះ គង់មាន​សភាពក្លាយទៅ ប្រែប្រួលទៅ។ ម្នាលភិក្ខុ​ទាំងឡាយ អរិយសាវក អ្នក​ចេះដឹង កាលឃើញ​យ៉ាងនេះហើយ រមែងនឿយណាយ ក្នុងអត្តភាព នៃ​ពួកសត្វនោះ កាលនឿយណាយ ក្នុងអត្តភាព នៃពួកសត្វ​នោះ រមែងមិន​ត្រេកអរ ក្នុងរបស់ដ៏ប្រសើរ នឹងបាច់​ពោលទៅថ្វី ក្នុងរបស់​ដ៏ថោកទាប។ ម្នាលភិក្ខុ​ទាំងឡាយ សេចក្តី​ប្រតិបត្តិនេះ មាន ៤ យ៉ាង។ សេចក្តី​ប្រតិបត្តិ   ៤ យ៉ាង តើ​ដូចម្តេចខ្លះ។ គឺសេចក្តី​ប្រតិបត្តិលំបាក ទាំងត្រាស់ដឹងបាន​ដោយយឺតយូរ ១ សេចក្តីប្រតិបត្តិ​លំបាក តែត្រាស់​ដឹងបាន​ដោយឆាប់​រហ័ស ១ សេចក្តី​ប្រតិបត្តិ​ស្រួល តែត្រាស់ដឹងបាន​ដោយយឺតយូរ ១ សេចក្តី​ប្រតិបត្តិស្រួល ទាំងត្រាស់​ដឹងបាន​ដោយ​ឆាប់​រហ័ស ១។ ម្នាលភិក្ខុ​ទាំងឡាយ សេចក្តី​ប្រតិបត្តិ មាន ៤ យ៉ាងនេះឯង។ ម្នាលភិក្ខុ​ទាំងឡាយ បណ្តា​សេចក្តីប្រតិបត្តិ​ទាំង ៤ យ៉ាងនេះ សេចក្តីប្រតិបត្តិ ដ៏ប្រសើរនុ៎ះ បាន​ដល់សេចក្តី​ប្រតិបត្តិស្រួល ទាំងត្រាស់​ដឹងបាន​ដោយឆាប់រហ័ស។ ម្នាល​ភិក្ខុទាំងឡាយ ពួកសត្វ តែងមានសេចក្តី​ប្រតិបត្តិយ៉ាងនេះ ម្នាលភិក្ខុទាំង​ឡាយ ប៉ុន្តែពួកសត្វ​ដែលមាន​សេចក្តី​ប្រតិបត្តិ​យ៉ាងនេះ គង់មាន​សភាព​ក្លាយទៅ ប្រែប្រួលទៅ។ ម្នាលភិក្ខុ​ទាំងឡាយ អរិយសាវក​អ្នកចេះដឹង កាលឃើញ​យ៉ាងនេះហើយ រមែង​នឿយណាយ ក្នុងអត្តភាព​នៃពួកសត្វនោះ កាលនឿយណាយ ក្នុងអត្តភាព​នៃពួកសត្វ​នោះហើយ រមែងមិន​ត្រេកអរ​ក្នុងរបស់​ដ៏ប្រសើរ នឹងបាច់​ពោលទៅថ្វី ក្នុងរបស់​ដ៏ថោកទាប។ ម្នាលភិក្ខុ​ទាំងឡាយ សញ្ញានេះ មាន ៤ យ៉ាង។ សញ្ញា ៤ តើ​ដូចម្តេចខ្លះ។ បុគ្គលពួកមួយ ស្គាល់នូវ​បរិត្តារម្មណ៍គឺ កាមាវចរ បុគ្គលពួកមួយ ស្គាល់​នូវ​មហគ្គតារម្មណ៍ គឺរូបាវចរ បុគ្គលពួកមួយ ស្គាល់នូវ​អប្បមាណារម្មណ៍ គឺលោកុត្តរ បុគ្គលពួកមួយ ស្គាល់នូវ​អាកិញ្ចញ្ញាយតនៈ​ថា វត្ថុតិចតួចមិន​មាន។ ម្នាលភិក្ខុ​ទាំងឡាយ សញ្ញាមាន ៤ យ៉ាង​នេះឯង។ ម្នាលភិក្ខុ​ទាំង​ឡាយ បណ្តាសញ្ញា​ទាំង ៤ យ៉ាងនេះ សញ្ញា​ដ៏ប្រសើរនុ៎ះ បានដល់​បុគ្គល​ពួកមួយ ស្គាល់នូវ​អាកិញ្ចញ្ញាយតនៈថា វត្ថុតិចតួច មិនមាន ដូច្នេះ។ ម្នាលភិក្ខុ​ទាំងឡាយ ពួកសត្វតែង​មានសញ្ញា​យ៉ាងនេះ ម្នាលភិក្ខុទាំង​ឡាយ ប៉ុន្តែ​ពួកសត្វ​ដែលមាន​សញ្ញា​យ៉ាងនេះ គង់មាន​សភាពក្លាយ​ទៅ ប្រែប្រួលទៅ។ ម្នាលភិក្ខុ​ទាំងឡាយ អរិយសាវក​អ្នកចេះដឹង កាលឃើញ​យ៉ាងនេះហើយ រមែងនឿយណាយ ក្នុងអត្តភាព នៃពួក​សត្វនោះ កាល​នឿយណាយ ក្នុងអត្តភាព​នៃពួកសត្វនោះហើយ រមែងមិន​ត្រេកអរ​ក្នុង​របស់ដ៏ប្រសើរ នឹងបាច់​ពោលទៅថ្វី ក្នុងរបស់​ដ៏ថោកទាប។ ម្នាលភិក្ខុ​ទាំងឡាយ បណ្តាទិដ្ឋិ (សេចក្តីយល់) ទាំងឡាយ ដែលប្រព្រឹត្ត​ទៅខាង​ក្រៅសាសនា សេចក្តីយល់​ដ៏លើសនុ៎ះ បានដល់​សេចក្តី​យល់ថា បើអាត្មាអញ មិនមាន ក្នុងអតីតទេ អត្តភាព​របស់អាត្មាអញ​នេះ ក៏មិនមាន ក្នុង​បច្ចុប្បន្នដែរ បើអាត្មាអញ នឹងមិនមាន ក្នុង​អនាគត​ទេ គ្រឿងកង្វល់​បន្តិច​បន្តួច ក៏មិនមាន​ដល់អាត្មាអញ​ដែរ។ ម្នាលភិក្ខុ​ទាំងឡាយ ហេតុនេះ តែងកើតប្រាកដ ដល់បុគ្គល​អ្នកមានទិដ្ឋិ យ៉ាងនេះថា ការមិន​ខ្ពើមរអើម ក្នុងភពណា របស់បុគ្គលនោះ ការមិនខ្ពើម​រអើមនោះ នឹងមិនមាន​ដល់​បុគ្គលនោះ​ផង ការខ្ពើមរអើម ក្នុងធម៌​ជាគ្រឿងរលត់​ភពណា របស់បុគ្គល​នោះ ការខ្ពើមរអើមនោះ នឹងមិនមាន ដល់បុគ្គល​នោះផង។ ម្នាលភិក្ខុទាំង​ឡាយ ពួកសត្វ តែងមាន​ទិដ្ឋិយ៉ាងនេះ ម្នាលភិក្ខុ​ទាំងឡាយ ប៉ុន្តែ ពួកសត្វ​ដែលមានទិដ្ឋិ​យ៉ាងនេះ ក៏គង់មាន​សភាពក្លាយទៅ ប្រែប្រួលទៅ។ ម្នាល​ភិក្ខុទាំងឡាយ អរិយសាវក អ្នកចេះដឹង កាលឃើញ​យ៉ាងនេះហើយ រមែងនឿយណាយ ក្នុងពួកសត្វនោះ កាលនឿយណាយ ក្នុងពួកសត្វ​នោះហើយ រមែងមិនត្រេកអរ ក្នុងរបស់​ដ៏ប្រសើរ នឹងបាច់​ពោលទៅថ្វី ក្នុងរបស់​ដ៏ថោកទាប។ ម្នាលភិក្ខុ​ទាំងឡាយ មាន​សមណព្រាហ្មណ៍​ពួកមួយ រមែងបញ្ញត្ត​នូវសេចក្តី​បរិសុទ្ធិ ក្នុងសត្វ​ដ៏ឧត្តម [ជាឈ្មោះ​នេវសញ្ញានាសញ្ញាយតនលាភីបុគ្គល]។ ម្នាលភិក្ខុ​ទាំងឡាយ បណ្តា​ពួកសមណព្រាហ្មណ៍ កាលបញ្ញត្ត​នូវសេចក្តីបរិសុទ្ធិ ក្នុងពួក​សត្វដ៏ឧត្តម ការបញ្ញត្តិ​ដ៏ប្រសើរនុ៎ះ បានដល់បុគ្គល ដែលកន្លង​នូវអាកិញ្ចញ្ញាយតនៈ ដោយ​ប្រការ​ទាំងពួង ហើយបាន​ដល់នូវ​នេវសញ្ញានាសញ្ញាយតនៈ។ ពួកសមណព្រាហ្មណ៍​ទាំងនោះ ដឹងនូវ​នេវសញ្ញានាសញ្ញាយតនៈ​នោះហើយ ក៏សំដែង​ធម៌ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​នេវសញ្ញានាសញ្ញាយតនៈ​នោះ។ ម្នាលភិក្ខុ​ទាំងឡាយ ពួកសត្វទុក​ជាមានវាទៈ​យ៉ាង​នេះហើយ ម្នាលភិក្ខុ​ទាំងឡាយ ប៉ុន្តែពួកសត្វ​ដែលមាន​វាទៈយ៉ាងនេះ គង់​មាន​សភាព​ក្លាយទៅ ប្រែប្រួលទៅ។ ម្នាលភិក្ខុ​ទាំងឡាយ អរិយសាវក អ្នកចេះដឹង កាលឃើញ​យ៉ាងនេះ រមែងនឿយណាយ ក្នុងពួក​សត្វនោះ កាលនឿយណាយ ក្នុងពួក​សត្វនោះ​ហើយ រមែង​មិនត្រេកអរ ក្នុងរបស់​ដ៏ប្រសើរ នឹងបាច់​ពោលទៅថ្វី ក្នុងរបស់​ដ៏ថោកទាប។ ម្នាលភិក្ខុ​ទាំងឡាយ មាន​សមណព្រាហ្មណ៍​ពួកមួយ តែងបញ្ញត្ត​នូវព្រះនិព្វាន​ដ៏ឧត្តម ក្នុងបច្ចុប្បន្ន។ ម្នាលភិក្ខុ​ទាំងឡាយ បណ្តាពួកសមណព្រាហ្មណ៍ កាល​បញ្ញត្ត​នូវនិព្វាន​ដ៏ឧត្តម ក្នុងបច្ចុប្បន្ន ការបញ្ញត្តិ​ដ៏ប្រសើរនុ៎ះ បានដល់ការ​រួចស្រឡះ ដោយមិនប្រកាន់ ព្រោះដឹងតាមពិត​នូវការកើតឡើងផង នូវ​ការរលត់​ទៅផង នូវ​អានិសង្សផង នូវទោស​ផង នូវការរលាស់​ចេញផង នៃផស្សាយតនៈ​ទាំង ៦ មាន​សមណព្រាហ្មណ៍ពួកមួយ តែងនិយាយ​បង្កាច់តថាគត ដែលពោល​​យ៉ាងនេះ ប្រាប់​យ៉ាងនេះ ដោយពាក្យមិន​ទៀងទាត់ មិនពិត ជាពាក្យកុហកថា សមណគោតម មិនបញ្ញត្តនូវការ​កំណត់​ដឹងពួកកាម​ផង មិនបញ្ញត្ត​នូវការកំណត់​ដឹងនូវពួករូបផង មិន​បញ្ញត្ត​នូវការ​កំណត់ដឹង ពួក​វេទនាផង។ ម្នាលភិក្ខុ​ទាំងឡាយ តថាគត បញ្ញត្តនូវការ​កំណត់ដឹង [អដ្ឋកថា​ថា កន្លង​នូវ​កាមទាំងឡាយបាន ដោយបឋមជ្ឈាន។] នូវកាម​ទាំងឡាយផង បញ្ញត្ត​នូវការ​កំណត់​ដឹង [កន្លងនូវ​រូប​ទាំងឡាយបាន ដោយ​អរូបាវចរជ្ឈាន​ទាំងឡាយ។] នូវរូបទាំងឡាយផង បញ្ញត្តនូវការកំណត់ដឹង [កន្លងនូវ​វេទនា ដោយអនុបាទានិព្វាន។] នូវវេទនា​ទាំង​ឡាយ​ផង តថាគតមិនមាន​សេចក្តីស្រេកឃ្លាន មានទុក្ខ​រលត់ហើយ មាន​ត្រជាក់​កើតហើយ រមែង​បញ្ញត្តនូវ​បរិនិព្វាន ដោយមិនមាន​សេចក្តីប្រកាន់ ក្នុង​បច្ចុប្បន្ន ដូច្នេះ។

ទុតិយកោសលសូត្រ ទី១០

[៣០] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅ​ក្នុងវត្តជេនពន របស់​អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុង​សាវត្ថី។ សម័យនោះ ព្រះបាទ​បសេនទិ​កោសល ទ្រង់​ត្រឡប់​មកពីច្បាំង ទ្រង់បាន​ឈ្នះសង្រ្គាម​ហើយ ទ្រង់​បានតាម​ព្រះរាជ​បំណងហើយ។ គ្រានោះ ព្រះបាទ​បសេនទិកោសល ទ្រង់ស្តេច​ទៅកាន់អារាម ទ្រង់ស្តេចទៅ​ដោយ​ព្រះរាជយាន កំណត់​ត្រឹមទី ដែលបរ​យានទៅបាន រួចស្តេច​ទ្រង់ចុះអំពី​ព្រះរាជយាន ទ្រង់ស្តេច​ទៅ ដោយ​ព្រះបាទ​ទទេ ចូលទៅ​កាន់អារាម។ សម័យនោះ ភិក្ខុទាំងឡាយ​ជាច្រើនរូប កំពុងចង្រ្កម​ក្នុងទីវាល។ គ្រានោះ ព្រះបាទ​បសេនទិកោសល ទ្រង់ក៏ចូល​ទៅរក​ភិក្ខុទាំងឡាយ​នោះ លុះចូល​ទៅដល់ហើយ បានសួរ​ភិក្ខុទាំងនោះ​ដូច្នេះថា បពិត្រ​ព្រះករុណា​ទាំងឡាយ​ដ៏ចំរើន ឥឡូវនេះ ព្រះដ៏មានព្រះភាគ អរហន្ត​សម្មាសម្ពុទ្ធ ស្តេចគង់​នៅក្នុង​ទីណា បពិត្រ​ព្រះករុណា​ទាំងឡាយ​ដ៏ចំរើន ដ្បិតយើងខ្ញុំ​មានប្រាថ្នា ចង់គាល់​​ព្រះដ៏មានព្រះភាគ អរហន្ត​សម្មាសម្ពុទ្ធ។ បពិត្រ​មហារាជ វិហារនុ៎ះ មានទ្វារ​បិទ​ហើយ សូមព្រះអង្គ​មាន​ព្រះសូរសៀង​តិច ស្តេចចូល​ទៅតាម​ទ្វារនោះ កុំរួសរាន់​ពេក ចូលទៅ​កាន់របៀង សឹមគ្រហែម​ ហើយគោះ​សន្ទះទ្វារ ព្រះដ៏មានព្រះភាគ នឹងទ្រង់​បើកទ្វារ​ថ្វាយ​ព្រះអង្គ។ គ្រានោះ ព្រះបាទ​បសេនទិកោសល ទ្រង់មាន​ព្រះសូរសៀង​តិច​ហើយ ចូលទៅ​កាន់វិហារ ដែល​មានទ្វារបិទ​ហើយ មិនបាន​រួសរាន់ ហើយទ្រង់​ចូលទៅកាន់​របៀង ហើយ​គ្រហែម គោះសន្ទះទ្វារ។ ​ព្រះដ៏មានព្រះភាគ ក៏ទ្រង់​បើកទ្វារ។​ គ្រានោះ ព្រះបាទ​បសេនទិកោសល ស្តេចចូល​ទៅកាន់វិហារ ក្រាបចុះ​ទៀបព្រះបាទ​ទាំងគូ​ នៃព្រះដ៏មានព្រះភាគ​ដោយព្រះសិរ្ស ហើយជប់​នូវព្រះបាទ​ទាំងគូ នៃ​ព្រះដ៏មានព្រះភាគ ដោយ​ព្រះឱស្ឋផង ទ្រង់ច្របាច់​ដោយ​ព្រះហស្តផង ទ្រង់ក្រាប​ទូលឲ្យ​ជ្រាប​ព្រះនាម​ផងថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន ខ្ញុំព្រះអង្គ​ជាស្តេចឈ្មោះ​បសេនទិកោសល បពិត្រ​ព្រះអង្គ​ដ៏ចំរើន ខ្ញុំ​ព្រះអង្គ ជាស្តេច​ឈ្មោះ​បសេនទិកោសល។ បពិត្រ​មហារាជ ព្រះអង្គ​ពិចារណាឃើញ នូវអំណាច​ប្រយោជន៍ ដូចម្តេច ទើបធ្វើ​សេចក្តី​គោរពដ៏​ក្រៃលែង ទ្រង់សំដែងនូវ​កិរិយា​រាប់អាន ប្រកប​ដោយមេត្តា មានសភាព​យ៉ាងនេះ ចំពោះ​សរីរៈនេះ។ បពិត្រព្រះអង្គ​ដ៏ចំរើន ខ្ញុំព្រះអង្គ ពិចារណាឃើញនូវ​កតញ្ញូកតវេទិតា ទើប​ធ្វើសេចក្តី​គោរពដ៏ក្រៃលែង សំដែង​នូវ​កិរិយា​រាប់អាន ប្រកប​ដោយមេត្តា មាន​សភាព​យ៉ាងនេះ ចំពោះ​ព្រះដ៏មានព្រះភាគ។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ដ្បិត​ព្រះដ៏មានព្រះភាគ ប្រតិបត្តិ ដើម្បី​ប្រយោជន៍​ដល់ជនច្រើន ព្រះអង្គ​ទ្រង់តាំងទុក នូវ​អរិយញ្ញាណ​ទាំងឡាយ [អដ្ឋកថា​ថា មគ្គ​ប្រកប​ដោយវិបស្សនា។] គឺ​កល្យាណធម៌ និង​កុសលធម៌ ដើម្បី​សេចក្តី​សុខ​ដល់ជនច្រើន ដើម្បី​ប្រយោជន៍​ដល់ជន​ច្រើន។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ព្រះដ៏មានព្រះភាគ ទ្រង់ប្រតិបត្តិ​ដើម្បី​​ប្រយោជន៍ ដល់​ជនច្រើន ព្រះអង្គ​ទ្រង់​តាំងទុក នូវ​អរិយញ្ញាណ​​ទាំងឡាយ គឺ​កល្យាណធម៌ និង​កុសលធម៌ ដើម្បី​សេចក្តីសុខ​​ដល់ជន​ច្រើន ដើម្បី​ប្រយោជន៍​ដល់ជនច្រើន ដោយ​អំណាច​នៃប្រយោជន៍​ណា បពិត្រព្រះអង្គ​ដ៏ចំរើន ខ្ញុំព្រះអង្គ​ពិចារណា​ឃើញនូវ​អំណាច​នៃប្រយោជន៍​នេះឯង ទើបធ្វើ​សេចក្តីគោរព ដ៏ក្រៃលែង សំដែង​នូវកិរិយា​រាប់អាន ប្រកប​ដោយមេត្តា មានសភាព​យ៉ាងនេះ ចំពោះ​ព្រះដ៏មានព្រះភាគ។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន មួយទៀត ព្រះដ៏មានព្រះភាគ ព្រះអង្គ​មានសីល មានសីលចំរើន​ហើយ មានសីល​ដ៏ប្រសើរ មាន​កុសលសីល (សីលល្អ) ប្រកប​ដោយ​កុសលសីល [អដ្ឋកថា​ថា សីលមិនមានទោស។]។ បពិត្រព្រះអង្គ​ដ៏ចំរើន ព្រះដ៏មានព្រះភាគ មានសីល មានសីលចំរើន​ហើយ មានសីល​ដ៏ប្រសើរ មាន​កុសលសីល ប្រកបដោយ​កុសលសីល ដោយ​អំណាចនៃ​ប្រយោជន៍ណា បពិត្រ​ព្រះអង្គ​ដ៏ចំរើន ខ្ញុំព្រះអង្គ​ពិចារណាឃើញ​នូវ​អំណាច​នៃប្រយោជន៍​នេះឯង ទើបធ្វើ​នូវសេចក្តី​គោរព​ដ៏ក្រៃលែង សំដែង​នូវកិរិយា​រាប់អាន ប្រកប​ដោយ​មេត្តា មានសភាព​យ៉ាងនេះ ចំពោះ​ព្រះដ៏មានព្រះភាគ។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន មួយទៀត ព្រះដ៏មានព្រះភាគ ព្រះអង្គ​គង់នៅ​ក្នុងព្រៃ ទ្រង់គប់​រកសេនាសនៈ​ដ៏ស្ងាត់ ដែលតាំង​នៅក្នុង​ព្រៃជិត និង​ព្រៃឆ្ងាយ អស់កាលយូរ។ បពិត្រព្រះអង្គ​ដ៏ចំរើន ព្រះដ៏មាន​ព្រះភាគ ព្រះអង្គគង់នៅ​ក្នុងព្រៃ ទ្រង់គប់​រកសេនាសនៈ​ដ៏ស្ងាត់ ដែល​តាំងនៅ​ក្នុងព្រៃជិត និង​ព្រៃឆ្ងាយ អស់​កាលយូរ ដោយ​អំណាច នៃប្រយោជន៍​ណា បពិត្រ​ព្រះអង្គ​ដ៏ចំរើន ខ្ញុំព្រះអង្គ ពិចារណា​ឃើញ​នូវអំណាច នៃប្រយោជន៍​នេះឯង ទើបធ្វើ​នូវសេចក្តី​គោរព​ដ៏ក្រៃលែង សំដែង​នូវ​កិរិយា​រាប់អាន ប្រកបដោយ​មេត្តា មានសភាព​យ៉ាងនេះ ចំពោះ​ព្រះដ៏មាន​ព្រះភាគ។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន មួយទៀត ព្រះដ៏មាន​ព្រះភាគ ទ្រង់សន្តោស​ដោយចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារ តាមមាន តាមបាន។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ព្រះដ៏មានព្រះភាគ ទ្រង់សន្តោស​ដោយចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារ តាមមាន តាមបាន ដោយអំណាច​នៃប្រយោជន៍​ណា បពិត្រ​ព្រះអង្គ​ដ៏ចំរើន ខ្ញុំព្រះអង្គ​ពិចារណា​ឃើញនូវ​អំណាច​នៃប្រយោជន៍​នេះឯង ទើបធ្វើ​នូវសេចក្តី​គោរព​ដ៏ក្រៃលែង សំដែង​កិរិយា​រាប់អាន ប្រកបដោយ​មេត្តា មាន​សភាព​យ៉ាងនេះ ចំពោះ​ព្រះដ៏មានព្រះភាគ។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន មួយទៀត ព្រះដ៏មាន​ព្រះភាគ ព្រះអង្គ​គួរទទួល​នូវចតុប្បច្ច័យ ដែលគេ​នាំមកបូជា គួរទទួល​នូវទាន ដែល​គេតាក់តែង​ដើម្បីភ្ញៀវ គួរ​ទទួល​នូវទក្ខិណាទាន គួរដល់​អញ្ជលិកម្ម ជា​បុញ្ញក្ខេត្ត​ដ៏ប្រសើរ របស់​សត្វលោក។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ព្រះដ៏មាន​ព្រះភាគ ព្រះអង្គគួរ​ទទួល​នូវ​ចតុប្បច្ច័យ ដែលគេ​នាំមកបូជា គួរទទួល​នូវទាន​ដែលគេតាក់​តែង​ដើម្បីភ្ញៀវ គួរទទួល​នូវ​ទក្ខិណាទាន គួរដល់​អញ្ជលិកម្ម ជា​បុញ្ញក្ខេត្ត​ដ៏ប្រសើរ​ របស់សត្វលោក ដោយ​អំណាច​នៃប្រយោជន៍​ណា បពិត្រ​ព្រះអង្គ​ដ៏ចំរើន ខ្ញុំព្រះអង្គ​ពិចារណា​ឃើញនូវអំណាច នៃប្រយោជន៍​នេះឯង ទើបធ្វើនូវ​សេចក្តីគោរព​ដ៏ក្រៃលែង សំដែង​កិរិយា​រាប់អាន ប្រកប​ដោយ​មេត្តា មានសភាព​យ៉ាងនេះ ចំពោះ​ព្រះដ៏មានព្រះភាគ។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន មួយទៀត ព្រះដ៏មានព្រះភាគ ព្រះអង្គ​បានតាម​ប្រាថ្នា បាន​ដោយមិន​លំបាក បាន​ដោយងាយ នូវកថា មានសភាព​យ៉ាងនេះ ដែលជា​កថាផូរផង់​ដ៏ក្រៃលែង ជាទី​សប្បាយ​នៃការ​ត្រាច់ទៅ​នៃចិត្ត គឺ​អប្បិច្ឆកថា សន្តុដ្ឋិកថា បវិវេកកថា អសំសគ្គកថា វីរិយារម្ភកថា សីលកថា សមាធិកថា បញ្ញាកថា វិមុត្តិកថា វិមុត្តិញ្ញាណទស្សនកថា។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ព្រះដ៏មានព្រះភាគ ព្រះអង្គ​បានតាម​ប្រាថ្នា បានដោយ​មិនលំបាក បាន​ដោយ​ងាយ នូវកថា​មានសភាព​យ៉ាងនេះ ដែលជា​កថាផូរផង់​ដ៏ក្រៃលែង ជាទី​សប្បាយ​នៃការត្រាច់​ទៅ​នៃចិត្ត គឺ​អប្បិច្ឆកថា។បេ។ វិមុត្តិញ្ញាណទស្សនកថា ដោយអំណាច​នៃ​ប្រយោជន៍​ណា បពិត្រ​ព្រះអង្គ​ដ៏ចំរើន ខ្ញុំព្រះអង្គ​ពិចារណា​ឃើញនូវអំណាច នៃ​ប្រយោជន៍​នេះឯង ទើបធ្វើ​នូវសេចក្តី​គោរព ដ៏ក្រៃលែង សំដែង​នូវកិរិយា​រាប់អាន ប្រកប​ដោយ​មេត្តា មាន​សភាព​យ៉ាងនេះ ចំពោះ​ព្រះដ៏មានព្រះភាគ។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន មួយទៀត ព្រះដ៏មានព្រះភាគ ព្រះអង្គ​បានតាម​ប្រាថ្នា បានដោយ​មិន​លំបាក បាន​ដោយ​ងាយ នូវឈាន​ទាំង ៤ ដែលប្រព្រឹត្ត​ទៅក្នុងចិត្ត​ដ៏ថ្លៃថ្លា ជាគ្រឿង​នៅជាសុខ​ក្នុងបច្ចុប្បន្ន។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ព្រះដ៏មាន​ព្រះភាគ ព្រះអង្គ​បានតាម​ប្រាថ្នា បានដោយ​មិនលំបាក បាន​ដោយងាយ នូវឈាន​ទាំង ៤ ដែល​ប្រព្រឹត្តទៅ ក្នុងចិត្ត​ដ៏ថ្លៃថ្លា ជាគ្រឿង​នៅជាសុខ ក្នុង​បច្ចុប្បន្ន ដោយអំណាច​នៃប្រយោជន៍​ណា បពិត្រ​ព្រះអង្គ​ដ៏ចំរើន ខ្ញុំព្រះអង្គ​ពិចារណា​ឃើញនូវ​អំណាច នៃប្រយោជន៍​នេះឯង ទើប​ធ្វើនូវ​សេចក្តី​គោរព​ដ៏ក្រៃលែង សំដែងនូវ​កិរិយារាប់អាន ប្រកប​ដោយមេត្តា មាន​សភាព​យ៉ាងនេះ ចំពោះ​ព្រះដ៏មានព្រះភាគ។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន មួយទៀត ព្រះដ៏មាន​ព្រះភាគ ព្រះអង្គ​រលឹក​ឃើញ​នូវជាតិ ដែល​ព្រះអង្គ ធ្លាប់អាស្រ័យ​នៅ ក្នុងកាលមុន ជាច្រើនជាតិ គឺ​រលឹក​ឃើញបាន ១ ជាតិខ្លះ ២ ជាតិខ្លះ ៣ ជាតិខ្លះ ៤ ជាតិខ្លះ ៥ ជាតិខ្លះ ១០ ជាតិខ្លះ ២០ ជាតិខ្លះ ៣០ ជាតិខ្លះ ៤០ ជាតិខ្លះ ៥០ ជាតិខ្លះ ១០០ ជាតិខ្លះ ១០០០ ជាតិខ្លះ ១ សែន​ជាតិខ្លះ រលឹក​ឃើញបាន​ច្រើនសំវដ្តកប្ប​ខ្លះ ច្រើន​វិវដ្តកប្ប​ខ្លះ ច្រើន​សំវដ្តវិវដ្តកប្ប​ខ្លះ ដូច្នេះ​ថា អាត្មាអញនៅ​ក្នុងភព​ឯណោះ មាន​ឈ្មោះ​យ៉ាងនេះ មានគោត្រ​យ៉ាងនេះ មាន​សម្បុរ​យ៉ាងនេះ មាន​អាហារ​យ៉ាងនេះ បានទទួល​សុខទុក្ខយ៉ាងនេះ មានកំណត់​អាយុ​ប៉ុណ្ណេះ លុះ​អាត្មាអញ​នោះ ច្យុតចាក​អត្តភាពនោះ​ហើយ បានទៅកើត​ក្នុងភពឯណោះ ដែលទៅ​កើតក្នុងភព​នោះ មានឈ្មោះ​យ៉ាងនេះ មានគោត្រ​យ៉ាង​នេះ មានសម្បុរ​យ៉ាងនេះ មានអាហារ​យ៉ាងនេះ បានទទួល​សុខទុក្ខយ៉ាង​នេះ មានកំណត់​អាយុប៉ុណ្ណេះ លុះអាត្មាអញ​នោះ ច្យុតចាក​អត្តភាពនោះ​ហើយ មកកើត​ក្នុងភពនេះ។ ព្រះមាន​ព្រះភាគ ព្រះអង្គ​រលឹកឃើញ​ជាតិ ដែលព្រះអង្គ​ធ្លាប់អាស្រ័យនៅ ក្នុងកាល​មុន បានច្រើន​ជាតិ ព្រមទាំង​អាការ ទាំងឧទ្ទេស ដោយ​ប្រការដូច្នេះ។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ព្រះដ៏មាន​ព្រះភាគ ទ្រង់រលឹក​ឃើញនូវជាតិ ដែលព្រះអង្គ​ធ្លាប់អាស្រ័យ​នៅ ក្នុង​កាលមុន​ជាច្រើន​ជាតិ គឺរលឹក​ឃើញបាន ១ ជាតិខ្លះ ២ ជាតិខ្លះ។បេ។ រលឹកឃើញ​នូវជាតិ ដែលព្រះអង្គ​ធ្លាប់អាស្រ័យ​នៅ ក្នុងកាលមុន បាន​ច្រើនជាតិ ព្រមទាំងអាការ ទាំង​ឧទ្ទេស ដូច្នេះ ដោយអំណាច​នៃប្រយោជន៍​ណា បពិត្រ​ព្រះអង្គ​ដ៏ចំរើន ខ្ញុំព្រះអង្គ​ពិចារណា​ឃើញនូវ​អំណាច នៃប្រយោជន៍​នេះឯង ទើបធ្វើ​នូវសេចក្តី​គោរព​ដ៏ក្រៃលែង សំដែង​កិរិយា​រាប់អាន ប្រកប​ដោយមេត្តា មានសភាព​យ៉ាងនេះ ចំពោះ​ព្រះដ៏មានព្រះ​ភាគ។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន មួយទៀត ព្រះដ៏មានព្រះភាគ មានចក្ខុ​ទិព្វដ៏បរិសុទ្ធ កន្លង​បង់ចក្ខុ​របស់មនុស្ស​ធម្មតា ទ្រង់ឃើញ​សត្វទាំងឡាយ ដែលច្យុត ដែលចាប់​បដិសន្ធិ ជាសត្វ​ថោកទាប និងឧត្តម មានសម្បុរល្អ និងសម្បុរអាក្រក់ ទៅកាន់សុគតិ និងទុគ្គតិ ដឹងច្បាស់​នូវពួកសត្វ ដែល​អន្ទោល​ទៅតាមកម្ម​ថា អើហ្ន៎ សត្វទាំងនេះ ប្រកបដោយ​កាយទុច្ចរិត ប្រកបដោយ​វចីទុច្ចរិត ប្រកបដោយ​មនោទុច្ចរិត ជាមិច្ឆាទិដ្ឋិ តិះដៀលពួក​អរិយបុគ្គល ប្រកាន់មាំ​នូវកម្ម​ជាមិច្ឆាទិដ្ឋិ សត្វទាំងនោះ លុះបែក​ធ្លាយរាងកាយ​ស្លាប់ទៅ ក៏ទៅកើត​ក្នុងអបាយ ទុគ្គតិ វិនិបាត នរក អើហ្ន៎ ចំណែក​ឯសត្វ​ទាំងនេះ ប្រកប​ដោយ​កាយសុចរិត ប្រកបដោយ​វចីសុចរិត ប្រកប​ដោយ​មនោសុចរិត ជាសម្មាទិដ្ឋិ មិនតិះដៀល​ពួក​អរិយបុគ្គល ប្រកាន់មាំ នូវកម្ម​ជាសម្មាទិដ្ឋិ សត្វទាំងនោះ លុះបែកធ្លាយ​រាងកាយ​ស្លាប់ទៅ ក៏ទៅ​កើតក្នុងសុគតិ សួគ៌ទេវលោក។ ព្រះដ៏មានព្រះភាគ មានចក្ខុ​ទិព្វដ៏បរិសុទ្ធ កន្លងបង់​ចក្ខុរបស់​មនុស្សធម្មតា ទ្រង់ឃើញ​នូវសត្វទាំងឡាយ ដែល​ច្យុត ដែលចាប់​បដិសន្ធិ ជាសត្វថោកទាប និងឧត្តម មានសម្បុរល្អ និង​សម្បុរអាក្រក់ ទៅកាន់​សុគតិ និងទុគ្គតិ ដឹងច្បាស់​នូវពួកសត្វ ដែល​អន្ទោលទៅ​តាមកម្ម ដោយ​ប្រការដូច្នេះ។ បពិត្រព្រះអង្គ​ដ៏ចំរើន ព្រះដ៏មានព្រះភាគ មានចក្ខុ​ទិព្វដ៏បរិសុទ្ធ កន្លងបង់​ចក្ខុជា​របស់មនុស្ស​ធម្មតា។បេ។ ដឹងច្បាស់​នូវពួកសត្វ ដែលអន្ទោល​ទៅតាមកម្ម ដោយអំណាច​នៃ​ប្រយោជន៍ណា បពិត្រព្រះអង្គ​ដ៏ចំរើន ខ្ញុំព្រះអង្គ​ពិចារណា​ឃើញនូវអំណាច នៃប្រយោជន៍​នេះឯង ទើបធ្វើ​នូវសេចក្តី​គោរព ដ៏ក្រៃលែង សំដែង​នូវកិរិយា​រាប់អាន ប្រកប​ដោយមេត្តា មានសភាព​យ៉ាងនេះ ចំពោះ​ព្រះដ៏មានព្រះភាគ។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន មួយទៀត ព្រះដ៏មានព្រះភាគ ធ្វើឲ្យជាក់ច្បាស់ សម្រេច​នូវចេតោវិមុត្តិ និង​បញ្ញាវិមុត្តិ ដែលមិនមាន​អាសវៈ ព្រោះអស់ទៅ​នៃអាសវៈ​ទាំងឡាយ ដោយប្រាជ្ញា ដ៏ឧត្តម ដោយ​ព្រះអង្គឯង ក្នុងបច្ចុប្បន្ន។ បពិត្រព្រះអង្គ​ដ៏ចំរើន ព្រះដ៏មានព្រះភាគ ធ្វើឲ្យជាក់ច្បាស់ សម្រេច​នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមាន​អាសវៈ ព្រោះអស់​ទៅ នៃអាសវៈ​ទាំងឡាយ។បេ។ ដោយអំណាច​នៃប្រយោជន៍ណា បពិត្រ​ព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ​ពិចារណា​ឃើញអំណាច នៃប្រយោជន៍​នេះឯង ទើបធ្វើនូវ​សេចក្តីគោរព​ដ៏ក្រៃលែង សំដែងនូវកិរិយា​រាប់អាន ប្រកប​ដោយមេត្តា មានសភាព​យ៉ាងនេះ ចំពោះ​ព្រះដ៏មាន​ព្រះភាគ។ បពិត្រ​ព្រះអង្គដ៏ចំរើន ណ្ហើយ ប៉ុណ្ណឹងចុះ យើងខ្ញុំ​ព្រះអង្គ នឹងទៅ​ឥឡូវនេះ (ព្រោះថា) យើងខ្ញុំព្រះអង្គ​មានកិច្ចច្រើន មានការងារ​ច្រើន។ បពិត្រ​មហារាជ សូមព្រះអង្គ សំគាល់នូវកាល​គួរនឹងស្តេច​យាងទៅ ក្នុងកាល​ឥឡូវនេះចុះ។ គ្រានោះ ព្រះបាទ​បសេនទិកោសល ទ្រង់ក្រោក​ចាកអាសនៈ ថ្វាយបង្គំ​ព្រះដ៏មានព្រះភាគ ធ្វើ​ប្រទក្សិណ ហើយ​ចៀសចេញទៅ។

ចប់ មហាវគ្គ ទី៣។

ឧទ្ទាននៃមហាវគ្គនោះ គឺ

និយាយអំពីសត្វសីហៈ ១ អធិមុត្តបទ ១ អំពីធម៌ដែល​ត្រូវលះ​ដោយ​កាយ ១ ព្រះចុន្ទត្ថេរ ១ កសិណាយតនៈ ១ ឧបាសិកាឈ្មោះកាលី ១ មហាបញ្ហា ពីរលើក ព្រះបាទ​បសេនទិកោសល ពីរលើក​ដទៃទៀត។

ឧបាលិវគ្គ ទី៤

ឧបាលិសូត្រ ទី១, បាតិមោក្ខដ្ឋបនាសូត្រ ទី២

[៣១] គ្រានោះ ព្រះឧបាលិដ៏មានអាយុ បានចូលទៅគាល់​ព្រះដ៏មានព្រះភាគ លុះចូល​ទៅដល់ ក៏ក្រាប​ថ្វាយបង្គំ​ព្រះដ៏មានព្រះភាគ ហើយ​អង្គុយ​ក្នុងទី​សមគួរ។ លុះ​ព្រះឧបាលិ​ដ៏មាន​អាយុ អង្គុយ​ក្នុងទីសម​គួរហើយ ក៏ក្រាបទូល​ចំពោះ​ព្រះដ៏មានព្រះភាគ​ដូច្នេះ​ថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន ព្រះតថាគត ទ្រង់បញ្ញត្ត​សិក្ខាបទ សំដែង​ឡើងនូវ​បាតិមោក្ខ ដល់សាវក​ទាំងឡាយ តើព្រោះ​អាស្រ័យ​អំណាច​ប្រយោជន៍​ប៉ុន្មានយ៉ាង។ ម្នាល​ឧបាលិ តថាគត បញ្ញត្ត​សិក្ខាបទ សំដែង​ឡើងនូវ​បាតិមោក្ខ ដល់​សាវក​ទាំងឡាយ ព្រោះអាស្រ័យ​អំណាច​ប្រយោជន៍ ១០ យ៉ាង។ ប្រយោជន៍ ១០ យ៉ាង តើដូច​ម្តេចខ្លះ។ គឺដើម្បី​សេចក្តីល្អ​នៃសង្ឃ ១ ដើម្បីនៅ​សប្បាយ​នៃសង្ឃ ១ ដើម្បីសង្កត់​សង្កិននូវ​បុគ្គលទាំងឡាយ​ដែលទ្រុស្តសីល ១ ដើម្បីនៅ​ជាសុខស្រួល​នៃភិក្ខុ​ទាំងឡាយ ដែលមាន​សីល​ជាទីស្រឡាញ់ ១ ដើម្បីរារាំង​នូវអាសវធម៌​ទាំងឡាយ​ក្នុងបច្ចុប្បន្ន ១ ដើម្បី​កំចាត់​បង់​នូវអាសវធម៌​ទាំងឡាយ ក្នុង​បរលោក ១ ដើម្បី​ញុំាងបុគ្គល​ទាំងឡាយ ដែល​មិនជ្រះថ្លា ឲ្យជ្រះថ្លា​ឡើង ១ ដើម្បី​ញុំាងបុគ្គល​ទាំងឡាយ ដែលជ្រះថ្លា​ស្រាប់ហើយ ឲ្យរឹងរឹតតែ​ជ្រះថ្លា​ឡើង ១ ដើម្បីតាំង​នៅមាំនៃ​ព្រះសទ្ធម្ម ១ ដើម្បី​អនុគ្រោះ​ដល់​ព្រះវិន័យ ១។ ម្នាល​ឧបាលិ តថាគត បញ្ញត្តសិក្ខាបទ សំដែងឡើង​នូវ​បាតិមោក្ខ ដល់សាវក​ទាំងឡាយ ព្រោះអាស្រ័យ​នូវ​អំណាច​ប្រយោជន៍ ១០ យ៉ាង​នេះឯង។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ការបញ្ឈប់​បាតិមោក្ខ តើមាន​ប៉ុន្មានយ៉ាង។ ម្នាល​ឧបាលិ ការបញ្ឈប់​បាតិមោក្ខ​មាន ១០ យ៉ាង។ ការបញ្ឈប់​បាតិមោក្ខ ១០ យ៉ាង តើដូចម្តេចខ្លះ។ គឺភិក្ខុត្រូវ​បារាជិក អង្គុយ​ក្នុង​បរិស័ទ​នោះ ១ ពាក្យពណ៌នា​អំពីភិក្ខុ​ត្រូវបារាជិក ដែលសង្ឃ​ធ្វើមិនទាន់​ស្រេច ១ អនុប្បសម្បន្ន អង្គុយក្នុង​បរិស័ទនោះ ១ ពាក្យពណ៌នា​អំពី​អនុប្បសម្បន្ន ដែលសង្ឃ​ធ្វើ​មិនទាន់​ស្រេច ១ ភិក្ខុ​ពោលលា​សិក្ខា អង្គុយ​ក្នុងបរិស័ទ​នោះ ១ ពាក្យពណ៌នា​អំពីភិក្ខុ​អ្នកពោលលា​សិក្ខា ដែលសង្ឃ​ធ្វើមិនទាន់​ស្រេច ១ បណ្ឌកៈ អង្គុយ​ក្នុងបរិស័ទ​នោះ ១ ពាក្យពណ៌នា​អំពីបណ្ឌកៈ ដែលសង្ឃ​ធ្វើ​មិនទាន់​ស្រេច ១ ភិក្ខុ​អ្នកប្រទូស្ត​ភិក្ខុនី អង្គុយក្នុង​បរិស័ទ​នោះ ១ ពាក្យពណ៌នា​អំពីភិក្ខុ​អ្នកប្រទូស្តភិក្ខុនី ដែលសង្ឃ​ធ្វើមិន​ទាន់​ស្រេច ១។ ម្នាល​ឧបាលិ ការបញ្ឈប់​បាតិមោក្ខ មាន​ប្រយោជន៍ ១០ យ៉ាង​នេះឯង។

ឧព្វាហិកាសូត្រ ទី៣

[៣២] បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុប្រកបដោយធម៌ ប៉ុន្មានយ៉ាង ទើបគួរ​សន្មត​ដោយ​ឧព្វាហិកាកម្ម [បានពោល​ទុក​ក្នុង​សមថក្ខន្ធកៈរួចហើយ។] វាចា​បាន។ ម្នាល​ឧបាលិ ភិក្ខុប្រកប​ដោយធម៌ ១០ យ៉ាង ទើបគួរ​សន្មតដោយ​ឧព្វាហិកាកម្មវាចា​បាន។ ប្រកប​ដោយធម៌ ១០ យ៉ាង តើដូច​ម្តេចខ្លះ។ ម្នាល​ឧបាលិ ភិក្ខុក្នុង​សាសនានេះ ជាអ្នក​មានសីល​សង្រួម​ហើយ ដោយការ​សង្រួមក្នុង​បាតិមោក្ខ បរិបូណ៌​ដោយ​អាចារៈ និង​គោចរៈ ឃើញភ័យ​ក្នុងទោស​ទាំងឡាយ សូម្បី​បន្តិចបន្តួច សមាទាន​សិក្សា ក្នុងសិក្ខាបទ​ទាំងឡាយ ១ ពហុស្សូត​ទ្រទ្រង់នូវ​ពុទ្ធវចនៈ ដែលខ្លួន​បានស្តាប់​ហើយ សន្សំទុក​នូវ​ពុទ្ធវចនៈ ដែលខ្លួន​បានស្តាប់​ហើយ ធម៌ទាំងឡាយ​ណា មានលំអបទ​ដើម លំអ​បទកណ្តាល លំអបទ​ចុង ប្រកាសនូវ​ព្រហ្មចរិយធម៌ ព្រម​ទាំងអត្ថ ទាំង​ព្យញ្ជនៈ​ដ៏បរិសុទ្ធ បរិបូណ៌​ទាំងអស់ ធម៌ទាំងឡាយ មានសភាព​ដូច្នោះ ភិក្ខុនោះ ក៏បានស្តាប់​ច្រើន បាន​ចាំទុក បាន​សន្សំទុក ដោយវាចា (ស្ទាត់ជំនាញ) ជាក់ច្បាស់​ក្នុងចិត្ត ចេះដឹង​ល្អដោយទិដ្ឋិ ១ មិនតែ​ប៉ុណ្ណោះទេ ទើប​ឯបាតិមោក្ខ​ទាំងពីរ​យ៉ាង ក៏​ភិក្ខុនោះ ចាំបាន​ដោយពិស្តារ ចេះចែក​រំលែកបាន​ដោយស្រួល ចេះស្ទាត់​រត់មាត់ វិនិច្ឆ័យបាន​ដោយល្អ តាមសូត្រ តាម​អនុព្យញ្ជនៈ ១ ជាអ្នកខ្ជាប់ខ្ជួន ឥតទើសទាស់​ក្នុងផ្លូវវិន័យ ១ ជាអ្នក​អង់អាច ដើម្បីធ្វើ​បុគ្គល​ទាំងពីរ ដែលជា​សត្រូវនឹងគ្នា ឲ្យដឹងច្បាស់ ឲ្យពិនិត្យ ឲ្យពិចារណា ឲ្យឃើញ ឲ្យ​ជ្រះថ្លា​បាន ១ អ្នកឈ្លាស ក្នុងការ​រម្ងាប់អធិករណ៍ ដែលកើត​ឡើងហើយ ១ អ្នកស្គាល់​អធិករណ៍ ១ ស្គាល់ហេតុ​ដែលកើត​អធិករណ៍ ១ ស្គាល់ធម៌ សំរាប់​រម្ងាប់​អធិករណ៍ ១ ស្គាល់​បដិបទា ជាដំណើរ​ទៅកាន់ធម៌ សំរាប់​រំលត់​អធិករណ៍ ១។ ម្នាល​ឧបាលិ ភិក្ខុប្រកប​ដោយ​ធម៌ ១០ យ៉ាងនេះឯង ទើបគួរសន្មត​ដោយ​ឧព្វាហិកាកម្មវាចា​បាន។

ឧបសម្បទាសូត្រ ទី៤

[៣៣] បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុប្រកប​ដោយធម៌​ប៉ុន្មានយ៉ាង ទើបគួរញុំាង​កុលបុត្រ​ឲ្យ​ឧបសម្បទា​បាន។ ម្នាលឧបាលិ ភិក្ខុប្រកប​ដោយ​ធម៌ ១០ យ៉ាង គួរញុំាង​កុលបុត្រ​ឲ្យ​ឧបសម្បទា​បាន។ ប្រកប​ដោយធម៌ ១០ យ៉ាង​ តើអ្វីខ្លះ។ ម្នាល​ឧបាលិ ភិក្ខុក្នុង​សាសនា​នេះ ជាអ្នក​មានសីល​សង្រួមហើយ ដោយការ​សង្រួមក្នុង​បាតិមោក្ខ បរិបូណ៌​ដោយអាចារៈ និង​គោចរៈ ឃើញភ័យ​ក្នុងទោស​ទាំងឡាយ សូម្បី​បន្តិចបន្តួច សមាទាន សិក្សាក្នុង​សិក្ខាបទ​ទាំងឡាយ ១ ពហុស្សូត ទ្រទ្រង់​នូវពុទ្ធវចនៈ ​ដែលខ្លួន​បានស្តាប់​ហើយ សន្សំទុក​នូវពុទ្ធវចនៈ ដែលខ្លួនបាន​ស្តាប់ហើយ ធម៌ទាំង​ឡាយណា មាន​លំអបទ​ដើម លំអបទ​កណ្តាល លំអ​បទចុង ប្រកាសនូវ​ព្រហ្មចរិយធម៌ ព្រមទាំង​អត្ថ ទាំង​ព្យញ្ជនៈ ដ៏បរិសុទ្ធ បរិបូណ៌​ទាំងអស់ ធម៌ទាំងឡាយ​មានសភាព​ដូច្នោះ ភិក្ខុនោះ ក៏បានស្តាប់​ច្រើន បានចាំទុក បានសន្សំ​ទុកដោយវាចា (ស្ទាត់ជំនាញ) ជាក់ច្បាស់​ក្នុងចិត្ត ចេះដឹងល្អ ដោយទិដ្ឋិ ១ មិនតែ​ប៉ុណ្ណោះទេ បាតិមោក្ខ ក៏ភិក្ខុនោះ​ចាំបាន​ដោយពិស្តារ ចេះចែករំលែក​បានស្រួល ចេះស្ទាត់​រត់មាត់ វិនិច្ឆ័យ​បានដោយល្អ តាមសូត្រ តាម​អនុព្យញ្ជនៈ ១ អ្នកអង់អាច ដើម្បីបំរើ ឬ​ឲ្យគេបំរើនូវ​អ្នកជម្ងឺ ១ អ្នកអង់អាច ដើម្បីរម្ងាប់ ឬឲ្យគេ​រម្ងាប់​សេចក្តីអផ្សុក ១ អ្នកអង់​អាច ដើម្បីបន្ទោបង់​សេចក្តីសង្ស័យ ដែលកើត​ហើយ​ដោយធម៌ ១ អ្នកអង់អាច ដើម្បីកំចាត់​បង់ទិដ្ឋិ ដែលកើត​ហើយដោយ​ធម៌ ១ អ្នកអង់​អាច ដើម្បី​ញុំាងបុគ្គល​ឲ្យសមាទាន​ក្នុងអធិសីល ១ អ្នកអង់អាច​ដើម្បីញុំាង​បុគ្គល​ឲ្យ​សមាទាន​ក្នុងអធិចិត្ត ១ អ្នកអង់អាច ដើម្បីញុំាង​បុគ្គលឲ្យ​សមាទាន ក្នុង​អធិប្បញ្ញា ១។ ម្នាល​ឧបាលិ ភិក្ខុប្រកប​ដោយធម៌ ១០ យ៉ាងនេះ​ឯង ទើបគួរញុំាង​កុលបុត្រ​ឲ្យឧបសម្បទា​បាន។

និស្សយសូត្រ ទី៥

[៣៤] បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុប្រកបដោយធម៌​ប៉ុន្មានយ៉ាង ទើប​គួរឲ្យនិស្ស័យ​បាន។បេ។

សាមណេរសូត្រ ទី៦

គួរឲ្យសាមណេរបំរើបាន។ ម្នាលឧបាលិ ភិក្ខុ​ប្រកបដោយ​ធម៌ ១០ យ៉ាង គួរឲ្យ​សាមណេរ​បំរើ​បាន។ ប្រកបដោយ​ធម៌ ១០ យ៉ាង តើអ្វីខ្លះ។ ម្នាល​ឧបាលិ ភិក្ខុក្នុង​សាសនា​នេះ ជាអ្នក​មានសីល។បេ។ សមាទាន​សិក្សា ក្នុងសិក្ខាបទ​ទាំងឡាយ ១ ពហុស្សូត។បេ។ ចេះដឹងល្អ​ដោយទិដ្ឋិ ១ មិនតែ​ប៉ុណ្ណោះ​ឡើយ បាតិមោក្ខ ក៏ភិក្ខុនោះ​ចាំ​បាន​ដោយពិស្តារ ចេះចែក​រំលែកបាន​ដោយស្រួល ចាំស្ទាត់​រត់មាត់ វិនិច្ឆ័យ​បានដោយ​ស្រួល តាមសូត្រ តាម​អនុព្យញ្ជនៈ ១ អ្នកអង់​អាច ដើម្បីបំរើ ឬ​ឲ្យគេបំរើនូវ​អ្នកជម្ងឺ ១ អ្នកអង់អាច ដើម្បីរម្ងាប់ ឬប្រើ​គេឲ្យរម្ងាប់​នូវសេចក្តី​អផ្សុក ១ អ្នក​អង់អាច ដើម្បី​បន្ទោបង់​សេចក្តី​សង្ស័យ ដែលកើត​ឡើងហើយ​ដោយធម៌ ១ អ្នក​អង់អាច ដើម្បី​កំចាត់​បង់នូវទិដ្ឋិ​ដែលកើត​ឡើងហើយ​ដោយធម៌ ១ អ្នកអង់អាច ដើម្បី​ញុំាងកុលបុត្រ​ឲ្យសមាទាន ក្នុង​អធិសីល ១ អ្នកអង់អាច ដើម្បី​ញុំាងកុលបុត្រ​ឲ្យសមាទាន​ក្នុងអធិចិត្ត ១ អ្នកអង់អាច​ ដើម្បី​ញុំាង​កុលបុត្រ​ឲ្យសមាទាន​ក្នុងអធិប្បញ្ញា ១។ ម្នាល​ឧបាលិ ភិក្ខុប្រកបដោយធម៌ ១០ យ៉ាងនេះឯង ទើបគួរ​ឲ្យសាមណេរបំរើបាន។

សង្ឃភេទសូត្រ ទី៧

[៣៥] បពិត្រព្រះអង្គដ៏ចំរើន ដែលហៅថា ការបែកសង្ឃ ៗ បពិត្រ​ព្រះអង្គដ៏ចំរើន សង្ឃបែកគ្នា តើដោយ​ហេតុ​ប៉ុន្មានយ៉ាង។ ម្នាល​ឧបាលិ ពួកភិក្ខុ​ក្នុងសាសនា​នេះ សំដែង​សភាព​មិនមែន​ធម៌ថាជាធម៌ ១ សំដែង​ធម៌ថា មិនមែន​ធម៌ ១ សំដែង​សភាព​មិនមែន​ជាវិន័យ ថាជា​វិន័យ ១ សំដែង​វិន័យថា មិនមែន​ជាវិន័យ ១ សំដែង​ធម្មវិន័យ ដែល​តថាគត មិនបានសំដែង មិនបាន​ពោលហើយ​ ថាជា​ធម្មវិន័យ ដែល​តថាគត​បាន​សំដែង បាន​ពោលហើយ ១ សំដែង​ធម្មវិន័យ ដែលតថាគត​បានសំដែង បាន​ពោល​ហើយថា ធម្មវិន័យ​ដែល​តថាគត​មិនបាន​សំដែង មិនបាន​ពោលហើយ ១ សំដែង​នូវវត្ត ដែល​តថាគត​មិនបាន​សន្សំហើយ ថាជា​វត្តដែល​តថាគត​បានសន្សំ​ហើយ ១ សំដែង​នូវវត្ត ដែល​តថាគត បាន​សន្សំហើយ ថាជាវត្ត​ដែលតថាគត​មិនបាន​សន្សំវិញ ១ សំដែង​នូវសិក្ខាបទ ដែល​តថាគត​មិនបាន​បញ្ញត្ត​ហើយ ថាជា​សិក្ខាបទ ដែល​តថាគតបាន​បញ្ញត្ត ១ សំដែង​នូវសិក្ខាបទ​ដែលតថាគត​បានបញ្ញត្តហើយ ថាជា​សិក្ខាបទ ដែលតថាគត​មិនបាន​បញ្ញត្តហើយ ១។ ភិក្ខុ​ទាំងនោះ ដឹកនាំ​បង្ខំធ្វើ​នូវ​សង្ឃកម្ម​ផ្សេងគ្នា សំដែង​នូវ​បាតិមោក្ខ​ផ្សេងគ្នា ដោយវត្ថុ ១០ យ៉ាង នេះឯង។ ម្នាល​ឧបាលិ សង្ឃ​បែកគ្នា ដោយ​ហេតុ​ប៉ុណ្ណេះ​ឯង។

សង្ឃសាមគ្គីសូត្រ ទី៨

[៣៦] បពិត្រព្រះអង្គដ៏ចំរើន ដែលហៅថា​សេចក្តីព្រមព្រៀង​នៃសង្ឃ ៗ បពិត្រ​ព្រះអង្គ​ដ៏ចំរើន សង្ឃ​ព្រមព្រៀងគ្នា តើដោយ​ហេតុប៉ុន្មាន​យ៉ាង។ ម្នាលឧបាលិ ពួកភិក្ខុ​ក្នុង​សាសនា​នេះ សំដែង​នូវសភាព​មិនមែន​ធម៌ថា មិនមែន​ធម៌ ១ សំដែង​នូវធម៌ថា​ជាធម៌ ១ សំដែង​នូវសភាព​មិនមែន​ជាវិន័យថា មិនមែន​ជាវិន័យ ១ សំដែង​នូវវិន័យ​ថាជាវិន័យ ១ សំដែង​នូវធម្មវិន័យ ដែល​តថាគត​មិនបាន​សំដែង មិនបាន​ពោលហើយ ថាជា​ធម្មវិន័យ​ដែល​តថាគត​មិនបាន​សំដែង​មិនបាន​ពោលហើយ ១ សំដែង​នូវ​ធម្មវិន័យ ដែល​តថាគត​បានសំដែង បានពោល​ហើយ ថាជា​ធម្មវិន័យ ដែល​តថាគត​បានសំដែង បាន​ពោល​ហើយ ១ សំដែង​នូវវត្ត​ដែល​តថាគត​មិនបាន​សន្សំហើយ ថាជាវត្ត​ដែលតថាគត​មិន​បាន​សន្សំហើយ ១ សំដែង​នូវវត្តដែល​តថាគត​បានសន្សំ​ហើយ ថាជាវត្ត​ដែល​តថាគត​បានសន្សំ​ហើយ ១ សំដែង​នូវ​សិក្ខាបទ ដែល​តថាគត​មិនបាន​បញ្ញត្តហើយ ថាជា​សិក្ខាបទ ដែល​តថាគត​មិនបាន​បញ្ញត្តហើយ ១ សំដែង​នូវសិក្ខាបទ ដែល​តថាគត​បាន​បញ្ញត្ត​ហើយ ថាជា​សិក្ខាបទ​ដែល​តថាគត​បានបញ្ញត្ត ១។ ភិក្ខុ​ទាំងនោះ មិនដឹកនាំ មិន​បង្ខំ មិនធ្វើ​នូវសង្ឃកម្ម​ផ្សេងគ្នា មិនសំដែង​នូវ​បាតិមោក្ខ​ផ្សេងគ្នា ដោយ​វត្ថុ ១០ យ៉ាង​នេះ​ឯង។ ម្នាល​ឧបាលិ សង្ឃ​ព្រមព្រៀងគ្នា​ដោយ​ហេតុប៉ុណ្ណេះ​ឯង។

បឋមអានន្ទសូត្រ ទី៩

[៣៧] គ្រានោះ ព្រះអានន្ទដ៏មានអាយុ បានចូលទៅ​គាល់ព្រះដ៏​មានព្រះភាគ លុះចូល​ទៅដល់ ក្រាបថ្វាយ​បង្គំចំពោះ​ព្រះដ៏មានព្រះភាគ ហើយ​អង្គុយក្នុង​ទីសមគួរ។ លុះ​ព្រះអានន្ទ​ដ៏មានអាយុ អង្គុយ​ក្នុងទី​សមគួរហើយ ក៏ក្រាប​ទូល​ព្រះដ៏មានព្រះភាគ ដូច្នេះ​ថា បពិត្រ​ព្រះអង្គដ៏​ចំរើន ដែលហៅថា ការបែកសង្ឃ ៗ បពិត្រ​ព្រះអង្គ​ដ៏ចំរើន សង្ឃបែកគ្នា តើដោយ​ហេតុប៉ុន្មាន​យ៉ាង។ ម្នាល​អានន្ទ ពួកភិក្ខុក្នុង​សាសនានេះ សំដែង​នូវសភាព​មិនមែនធម៌ ថាជាធម៌ ១ សំដែង​នូវធម៌ថា មិនមែន​ជាធម៌ ១ សំដែង​នូវសភាព​មិនមែន​វិន័យ ថាជាវិន័យ ១ សំដែង​នូវវិន័យ​ ថាមិនមែន​ជាវិន័យ ១ សំដែង​នូវធម្មវិន័យ ដែល​តថាគត មិនបាន​សំដែង មិនបាន​ពោលហើយ ថាជា​ធម្មវិន័យ ដែលតថាគត បាន​សំដែង បានពោល​ហើយ ១ សំដែង​នូវធម្មវិន័យ ដែល​តថាគត បាន​សំដែង​ បានពោល​ហើយ ថាជា​ធម្មវិន័យ ដែល​តថាគត មិនបានសំដែង មិនបាន​ពោលវិញ ១ សំដែង​នូវវត្ត​ដែលតថាគត​មិនបានសន្សំ​ហើយ ថាជាវត្ត ដែលតថាគត​បាន​សន្សំហើយ ១ សំដែង​នូវវត្ត ដែល​តថាគតបាន​សន្សំហើយ ថាជាវត្ត ដែល​តថាគត មិនបាន​សន្សំវិញ ១ សំដែង​នូវ​សិក្ខាបទ ដែល​តថាគត​មិនបាន​បញ្ញត្តហើយ ថាជា​សិក្ខាបទ ដែល​តថាគត​បាន​បញ្ញត្ត​ហើយ ១ សំដែង​នូវ​សិក្ខាបទ ដែល​តថាគត​បានបញ្ញត្ត​ហើយ ថាជា​សិក្ខាបទ ដែល​តថាគត មិនបាន​បញ្ញត្តវិញ ១។ ភិក្ខុ​ទាំងនោះ ដឹកនាំបង្ខំ ធ្វើនូវសង្ឃកម្ម​ផ្សេងគ្នា សំដែង​នូវ​បាតិមោក្ខ​ផ្សេងគ្នា ដោយវត្ថុ ១០ យ៉ាងនេះ​ឯង។ ម្នាល​អានន្ទ សង្ឃបែកគ្នា ដោយ​ហេតុ​ប៉ុណ្ណេះឯង។

[៣៨] បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុបំបែកសង្ឃ ដែលព្រមព្រៀង​គ្នានោះ តើ​ទទួល​នូវផល​ដូចម្តេច។ ម្នាល​អានន្ទ ភិក្ខុនោះ រមែង​ទទួលផល​ដ៏ខ្លោចផ្សា ​តាំងនៅ​អស់​មួយ​កប្ប [អស់ ១ អាយុកប្បក្នុងនរក (អដ្ឋកថា)។]។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ផលដ៏​ខ្លោចផ្សា តាំងនៅ​អស់មួយកប្ប តើ​ដូចម្តេច។ ម្នាល​អានន្ទ ភិក្ខុនោះ ឆេះ​នៅក្នុងនរក អស់​មួយ​កប្ប។

ភិក្ខុអ្នកបំបែកសង្ឃ ត្រេកអរក្នុងពួក មិនតាំង​ខ្លួននៅ​ក្នុងធម៌ ទៅកើត​ក្នុង​អបាយ ទៅកើត​ក្នុងនរក តាំងនៅ​អស់មួយកប្ប រមែង​ឃ្លាតចាក​ធម៌ ជាគ្រឿង​ក្សេមចាក​យោគៈ ភិក្ខុបំបែក​សង្ឃ ដែលព្រមព្រៀង​គ្នា រមែងឆេះ​នៅក្នុង​នរក អស់​មួយកប្ប។

ទុតិយអានន្ទសូត្រ ទី១០

[៣៩] បពិត្រព្រះអង្គដ៏ចំរើន ដែលហៅថាសេចក្តី​ព្រមព្រៀងគ្នា​នៃសង្ឃ ៗ បពិត្រ​ព្រះអង្គ​ដ៏ចំរើន សង្ឃព្រមព្រៀង​គ្នា តើដោយហេតុ​ប៉ុន្មានយ៉ាង។ ម្នាលអានន្ទ ពួកភិក្ខុ​ក្នុង​សាសនានេះ សំដែង​នូវសភាព​មិនមែន​ធម៌ ថា​មិនមែន​ធម៌ ១ សំដែង​នូវធម៌ ថាជាធម៌ ១ សំដែង​នូវសភាព​មិនមែន​ជាវិន័យ ថា​មិនមែន​ជាវិន័យ ១ សំដែង​នូវវិន័យ ថាជាវិន័យ ១ សំដែង​នូវធម្មវិន័យ​ដែល​តថាគត មិនបាន​សំដែង មិនបាន​ពោលហើយ ថាជា​ធម្មវិន័យ ដែល​តថាគត មិនបានសំដែង មិនបាន​ពោលហើយ ១ សំដែង​នូវធម្មវិន័យ ដែល​តថាគត បាន​សំដែង បានពោល​ហើយ ថាជា​ធម្មវិន័យ​ដែលតថាគត​បានសំដែង បានពោល​ហើយ ១ សំដែង​នូវវត្ត​ដែល​តថាគត មិនបាន​សន្សំហើយ ថាជាវត្ត​ដែលតថាគត មិនបាន​សន្សំ​ហើយ ១ សំដែង​នូវវត្ត ដែល​តថាគត​បានសន្សំហើយ ថាជាវត្ត​ដែល​តថាគត​បានសន្សំ​ហើយ ១ សំដែង​នូវសិក្ខាបទ ដែល​តថាគត​មិនបាន​បញ្ញត្ត​ហើយ ថាជា​សិក្ខាបទ ដែល​តថាគត មិនបាន​បញ្ញត្ត​ហើយ ១ សំដែង​នូវ​សិក្ខាបទ ដែល​ព្រះតថាគត បាន​បញ្ញត្ត​ហើយ ថាជា​សិក្ខាបទ ដែល​តថាគត​បានបញ្ញត្ត ១។ ភិក្ខុ​ទាំងនោះ មិនដឹកនាំ មិនបង្ខំ មិនធ្វើ​សង្ឃកម្ម​ផ្សេងគ្នា មិនសំដែង​បាតិមោក្ខ​ផ្សេងគ្នា ដោយវត្ថុ ១០ យ៉ាង​នេះឯង។ ម្នាលអានន្ទ សង្ឃ​ព្រមព្រៀងគ្នា ដោយហេតុ​ប៉ុណ្ណេះឯង។

[៤០] បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុអ្នកសង្រួបសង្រួមសង្ឃ ដែល​បែកគ្នា​ហើយ ឲ្យបាន​ព្រមព្រៀងគ្នា​ទៅវិញ​នោះ តើទទួល​ផល​ដូចម្តេច។ ម្នាលអានន្ទ ភិក្ខុនោះ រមែង​ទទួល​នូវបុណ្យ​ដ៏ប្រសើរ។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន បុណ្យ​ដ៏ប្រសើរ តើ​ដូចម្តេច។ ម្នាល​អានន្ទ ភិក្ខុនោះ រមែងបាន​រីករាយ ក្នុង​ឋានសួគ៌ អស់​មួយកប្ប។

សេចក្តីព្រមព្រៀងគ្នានៃសង្ឃ រមែងនាំ​មក​នូវសេចក្តី​សុខ ភិក្ខុអ្នក​អនុគ្រោះ​ពួក​ភិក្ខុ​ដែលព្រមព្រៀង​គ្នាផង អ្នកត្រេកអរ​ក្នុង​ការព្រមព្រៀង​គ្នា​ផង តាំងខ្លួន​ក្នុងធម៌​ផង រមែង​មិនឃ្លាត​ចាកធម៌​ជាគ្រឿង​ក្សេមចាក​យោគៈ ភិក្ខុអ្នក​សង្រួបសង្រួម​សង្ឃ ឲ្យព្រមព្រៀង​គ្នា រមែង​រីករាយ ក្នុង​ឋានសួគ៌ អស់​មួយកប្ប។

ចប់ ឧបាលិវគ្គ ទី៤។

ឧទ្ទាននៃឧបាលិវគ្គនោះគឺ

និយាយអំពីព្រះឧបាលិ ១ ឧព្វាហិកាកម្មវាចា ១ ភិក្ខុគួរ​ឲ្យ​ឧបសម្បទា​ដល់​កុលបុត្រ ១ ភិក្ខុគួរ​ឲ្យនិស្ស័យ ១ ភិក្ខុ​គួរឲ្យ​សាមណេរបំរើ ១ សង្ឃភេទ ២ លើក សង្ឃភេទ ២ លើក ដទៃទៀត ដែល​ព្រះឧបាលិ និង​ព្រះអានន្ទ​ទូលសួរ។

អក្កោសវគ្គ ទី៥

វិវាទសូត្រ ទី១

[៤១] គ្រានោះ ព្រះឧបាលិដ៏មានអាយុ បានចូលទៅគាល់​ព្រះដ៏មានព្រះភាគ លុះចូល​ទៅដល់ ក្រាបថ្វាយ​បង្គំ​ព្រះដ៏មានព្រះភាគ ហើយ​អង្គុយក្នុង​ទីសមគួរ។ លុះ​ព្រះឧបាលិ​ដ៏មានអាយុ អង្គុយក្នុង​ទីសមគួរ​ហើយ បានក្រាបបង្គំ​ទូល​ព្រះដ៏មានព្រះភាគ​ដូច្នេះ​ថា បពិត្រ​ព្រះអង្គដ៏​ចំរើន អ្វីជាហេតុ អ្វីជា​បច្ច័យ ដែលនាំឲ្យ​សេចក្តី​បង្កហេតុ ជម្លោះ សេចក្តី​ប្រកួតប្រកាន់ វិវាទគ្នា កើតឡើង​ក្នុងសង្ឃ ពួកភិក្ខុ​ក៏នៅមិន​សប្បាយ។ ម្នាល​ឧបាលិ ពួកភិក្ខុ​ក្នុង​សាសនានេះ សំដែង​នូវសភាព​មិនមែនធម៌ ថា​ជាធម៌ ១ សំដែង​នូវធម៌​ ថាមិនមែន​ជាធម៌ ១ សំដែង​នូវសភាព​មិនមែន​ជាវិន័យ ថាជា​វិន័យ ១ សំដែង​នូវ​វិន័យ ថា​មិនមែន​ជាវិន័យ ១ សំដែង​នូវ​ធម្មវិន័យ ដែល​តថាគត​មិនបាន​សំដែង មិនបាន​ពោល​ហើយ ថាជាធម្ម​វិន័យ​ដែលតថាគត​បានសំដែង បាន​ពោលហើយ ១ សំដែង​នូវ​ធម្មវិន័យ ដែល​តថាគត​បានសំដែង បានពោល​ហើយ ថាជា​ធម្មវិន័យ​ដែលតថាគត មិនបាន​សំដែង មិនបាន​ពោលវិញ ១ សំដែង​នូវវត្ត ដែល​តថាគត​មិន​បានសន្សំ​ហើយ ថា​ជាវត្ត ដែល​តថាគត​បានសន្សំ​ហើយ ១ សំដែង​នូវវត្ត ដែល​តថាគត​បានសន្សំហើយ ថា​ជាវត្ត​ដែល​តថាគត​មិនបាន​សន្សំហើយ ១ សំដែង​នូវសិក្ខាបទ ដែល​តថាគត​មិនបាន​បញ្ញត្ត​ហើយ ថាជា​សិក្ខាបទ ដែល​តថាគត​បានបញ្ញត្ត​ហើយ ១ សំដែង​នូវសិក្ខាបទ ដែល​តថាគត បានបញ្ញត្ត​ហើយ ថាជា​សិក្ខាបទ​ដែល​តថាគត​មិនបាន​បញ្ញត្ត​ហើយ ១។ ម្នាល​ឧបាលិ នេះជាហេតុ នេះជាបច្ច័យ ដែលនាំឲ្យ​មានសេចក្តី​បង្កហេតុ ជម្លោះ សេចក្តី​ប្រកួត​ប្រកាន់ វិវាទគ្នា​កើតឡើង​ក្នុងសង្ឃ ពួកភិក្ខុ​ក៏នៅ​មិនសប្បាយ។

បឋមវិវាទមូលសូត្រ ទី២

[៤២] បពិត្រព្រះអង្គដ៏ចំរើន មូលហេតុនៃវិវាទ មានប៉ុន្មាន​យ៉ាង។ ម្នាលឧបាលិ មូលហេតុ​នៃ​វិវាទ​មាន ១០ យ៉ាង។ មូលហេតុ​នៃវិវាទ ១០ យ៉ាង តើដូចម្តេចខ្លះ។ ម្នាល​ឧបាលិ ពួកភិក្ខុ​ក្នុង​សាសនានេះ សំដែង​នូវ​សភាព​មិនមែនធម៌ ថាជាធម៌ ១ សំដែង​នូវធម៌ថា មិនមែនជាធម៌ ១ សំដែង​នូវសភាព​មិនមែនវិន័យ ថា​ជាវិន័យ ១ សំដែង​នូវវិន័យ ថាមិនមែន​ជាវិន័យ ១ សំដែង​នូវធម្មវិន័យ ដែល​តថាគត​មិនបានសំដែង មិនបាន​ពោល​ហើយ ថាជា​ធម្មវិន័យ ដែលតថាគត​បានសំដែង បានពោល​ហើយ ១ សំដែង​នូវធម្មវិន័យ ដែល​តថាគត​បានសំដែង បានពោល​ហើយ ថាជា​ធម្មវិន័យ ដែលតថាគត​មិនបាន​សំដែង មិនបាន​ពោលវិញ ១ សំដែង​នូវវត្ត ដែល​តថាគត មិនបាន​សន្សំហើយ ថាជាវត្ត ដែល​តថាគត​បានសន្សំ​ហើយ ១ សំដែង​នូវវត្ត ដែល​តថាគត​បានសន្សំ​ហើយ ថាជាវត្ត ដែល​តថាគត មិនបាន​សន្សំហើយ ១ សំដែង​នូវសិក្ខាបទ​ដែល​តថាគត មិនបាន​បញ្ញត្ត​ហើយ ថាជា​សិក្ខាបទ ដែល​តថាគត​បានបញ្ញត្ត​ហើយ ១ សំដែង​នូវ​សិក្ខាបទ ដែល​តថាគត​បានបញ្ញត្ត​ហើយ ថាជា​សិក្ខាបទ​ដែល​តថាគត​មិនបាន​បញ្ញត្តហើយ ១។ ម្នាល​ឧបាលិ មូលហេតុ​នៃវិវាទ មាន ១០ យ៉ាង​នេះឯង។

ទុតិយវិវាទមូលសូត្រ ទី៣

[៤៣] បពិត្រព្រះអង្គដ៏ចំរើន មូលហេតុនៃវិវាទ តើមាន​ប៉ុន្មានយ៉ាង។ ម្នាល​ឧបាលិ មូលហេតុ​នៃវិវាទ​មាន ១០ យ៉ាង។ មូលហេតុ​នៃវិវាទ ១០ យ៉ាង តើ​ដូចម្តេចខ្លះ។ ម្នាល​ឧបាលិ ពួកភិក្ខុ​ក្នុង​សាសនានេះ សំដែង​នូវអនាបត្តិ ថាជា​អាបត្តិ ១ សំដែង​នូវអាបត្តិ ថាជា​អនាបត្តិ ១ សំដែង​នូវ​លហុកាបត្តិ ថាជា​គរុកាបត្តិ ១ សំដែង​នូវគរុកាបត្តិ ថាជា​លហុកាបត្តិ ១ សំដែង​នូវ​ទុដ្ឋុល្លាបត្តិ ថាជា​អទុដ្ឋុល្លាបត្តិ ១ សំដែង​អទុដ្ឋុល្លាបត្តិ ថាជា​ទុដ្ឋុល្លាបត្តិ ១ សំដែង​នូវ​សាវសេសាបត្តិ [សំដៅយក​អាបត្តិ ៦កង គឺ​សង្ឃាទិសេស ១ ថុល្លច្ច័យ ១ បាចិត្តិយ ១ បាដិទេសនីយ ១ ទុក្កដ ១ ទុព្ភាសិត ១។] ថាជា​អនវសេសាបត្តិ [សំដៅយក​បារាជិកាបត្តិ។] ១ សំដែង​នូវ​អនវសេសាបត្តិ ថាជា​សាវសេសាបត្តិ ១ សំដែង​សប្បដិកម្មាបត្តិ [សំដៅយក​អាបត្តិ ៦កង គឺ​សង្ឃាទិសេស ១ ថុល្លច្ច័យ ១ បាចិត្តិយ ១ បាដិទេសនីយ ១ ទុក្កដ ១ ទុព្ភាសិត ១។] គឺ អាបត្តិ​ដែលកែបាន ថាជា​អប្បដិកម្មាបត្តិ [សំដៅយក​បារាជិកាបត្តិ។] គឺ​អាបត្តិកែ​មិនបាន ១ សំដែង​នូវ​អប្បដិកម្មាបត្តិ ថាជា​សប្បដិកម្មាបត្តិ ១។ ម្នាល​ឧបាលិ មូលហេតុ​នៃ​វិវាទ មាន ១០ យ៉ាងនេះឯង។

កុសិនារសូត្រ ទី៤

[៤៤] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅ​ក្នុងដងព្រៃ ជាទី​នាំ​ទៅ​នូវ​ពលិកម្ម (ដើម្បី​ប្រយោជន៍​ដល់ទេវតា) ទៀប​ក្រុង​កុសិនារា។ ក្នុង​ទីនោះ ព្រះដ៏មាន​ព្រះភាគ ត្រាស់ហៅ​ពួកភិក្ខុថា ម្នាលភិក្ខុ​ទាំងឡាយ  ដូច្នេះ។ ភិក្ខុទាំងនោះ ទទួល​ស្តាប់​ព្រះពុទ្ធដីកា នៃព្រះដ៏មានព្រះភាគ​ថា ព្រះករុណា ព្រះអង្គ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់​ដូច្នេះថា ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុ​អ្នកចោទ មានបំណង​នឹងចោទ​ភិក្ខុដទៃ ត្រូវ​ពិចារណា​ធម៌ ៥ ប្រការ ចំពោះ​ខ្លួនឯងសិន ត្រូវ​តាំងធម៌ ៥ ប្រការ​ ទុកក្នុងខ្លួន រួចសិម​ចោទ​ភិក្ខុដទៃ។ ធម៌ ៥ ប្រការ តើដូចម្តេច ដែល​ភិក្ខុអ្នកចោទ ត្រូវពិចារណា​ចំពោះ​ខ្លួនឯង។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុអ្នកចោទ មានបំណង​នឹង​ចោទ​ភិក្ខុដទៃ ត្រូវ​ពិចារណា យ៉ាង​នេះថា អាត្មាអញ មានកាយ​សមាចារ​បរិសុទ្ធ ឬហ្ន៎ អាត្មាអញ ជាអ្នក​ប្រកប​ដោយ​កាយសមាចារ ដ៏បរិសុទ្ធ មិន​ធ្លុះធ្លាយ មិនមាន​ទំនង​គួរឲ្យគេ​ចាប់ថ្នាក់បាន ធម៌នុ៎ះ មាន​គ្រប់គ្រាន់ ដល់​អាត្មាអញ ឬ​មិនមានទេ។ ម្នាលភិក្ខុ​ទាំងឡាយ បើភិក្ខុមិន​មាន​កាយសមាចារ ​បរិសុទ្ធ តែជាអ្នកមិន​ប្រកបដោយ​កាយសមាចារ​បរិសុទ្ធ មិនធ្លុះធ្លាយ មិន​មាន​ទំនង​គួរឲ្យ​គេចាប់​ថ្នាក់បាន ភិក្ខុនោះ​ឯង គង់មានអ្នក​ផងស្តី​ដាស់តឿន​ថា នែ​លោកដ៏មានអាយុ លោក​សិក្សា​នូវ​សមាចារ​ផ្លូវកាយជាមុន​សិន ភិក្ខុនោះ គង់មានអ្នក​ផងស្តី​ដាស់តឿន ១។ ម្នាលភិក្ខុ​ទាំងឡាយ មួយ​ទៀត ភិក្ខុអ្នកចោទ មានបំណង​នឹងចោទភិក្ខុ​ដទៃ ត្រូវ​ពិចារណា​យ៉ាងនេះ​ថា អាត្មាអញ មានវចីសមាចារ​បរិសុទ្ធ​ឬហ្ន៎ អាត្មាអញ ប្រកប​ដោយ​វចី​សមាចារ​ដ៏បរិសុទ្ធ មិនធ្លុះធ្លាយ មិនមានទំនង​គួរឲ្យគេ​ចាប់ថ្នាក់បាន ធម៌នុ៎ះ មាន​គ្រប់គ្រាន់​ដល់​អាត្មាអញ ឬមិន​មានទេ។ ម្នាលភិក្ខុ​ទាំងឡាយ បើ​ភិក្ខុមិនមាន​វចីសមាចារ ​បរិសុទ្ធ​ទេ តែជាអ្នកមិន​ប្រកបដោយ​វចីសមាចារ​បរិសុទ្ធ មិនធ្លុះធ្លាយ មិនមាន​ទំនង​គួរឲ្យ​គេចាប់​ថ្នាក់បាន ភិក្ខុនោះ គង់មាន​អ្នកផង​ស្តី​ដាស់តឿន​ថា នែលោកដ៏​មានអាយុ ចូរ​លោក​សិក្សា នូវសមាចារ​ផ្លូវវាចា​ជាមុនសិន ភិក្ខុនោះ គង់មាន​អ្នកផងស្តី​ដាស់តឿន ១។ ម្នាល​ភិក្ខុ​ទាំងឡាយ មួយទៀត ភិក្ខុអ្នកចោទ​ មានបំណង​នឹងចោទ​ភិក្ខុដទៃ ត្រូវ​ពិចារណា​យ៉ាងនេះថា ចិត្ត​របស់អាត្មាអញ​មានមេត្តា​តាំងមាំ មិនមាន​អាឃាត ក្នុង​សព្រហ្មចារី​បុគ្គលទេ​ឬហ្ន៎ ធម៌នុ៎ះ មានគ្រប់គ្រាន់​ដល់អាត្មាអញ ឬមិន​មានទេ។ ម្នាលភិក្ខុ​ទាំង​ឡាយ បើភិក្ខុ​មិនតាំង​មេត្តាចិត្ត ដែលមិន​មាន​អាឃាត ក្នុង​សព្រហ្មចារី​បុគ្គលទេ ភិក្ខុនោះ គង់មាន​អ្នកផងស្តី​ដាស់តឿន​ថា នែ​លោកដ៏មាន​អាយុ ចូរលោកតាំង​មេត្តាចិត្ត (ឲ្យមាំ) ក្នុងសព្រហ្មចារី​បុគ្គលចុះ ភិក្ខុនោះ គង់មាន​អ្នកផងស្តី​ដាស់តឿន ១។ ម្នាលភិក្ខុ​ទាំងឡាយ មួយទៀត ភិក្ខុ​អ្នកចោទ មានបំណង​នឹងចោទ​ភិក្ខុដទៃ ត្រូវ​ពិចារណា យ៉ាង​នេះ​ថា អាត្មាអញ ជាពហុស្សូត ជាអ្នក​ទ្រទ្រង់នូវ​ពុទ្ធវចនៈ ដែលខ្លួន​បានស្តាប់​មកហើយ សន្សំ​នូវ​ពុទ្ធវចនៈ ដែលខ្លួន​បានស្តាប់ហើយ ឬហ្ន៎ ធម៌ទាំងឡាយ​ណា មាន​លំអបទដើម លំអ​បទកណ្តាល លំអ​បទចុង ប្រកាស​នូវព្រហ្មចរិយៈ ព្រមទាំង​អត្ថ ទាំងព្យញ្ជនៈ ដ៏បរិសុទ្ធ បរិបូណ៌​ទាំង​អស់ ធម៌ទាំងឡាយ មាន​សភាពដូច្នោះ ដែលអាត្មាអញ​នោះ បាន​ស្តាប់​ច្រើន បានទ្រទ្រង់ បានសន្សំ​ដោយពាក្យ បាន​ពិចារណា​មុតមាំ​ក្នុងចិត្ត បានយល់​ត្រឹមត្រូវ​ដោយទិដ្ឋិ ធម៌នុ៎ះ មានគ្រប់គ្រាន់​ដល់អាត្មាអញ ឬមិន​មានទេ។ ម្នាលភិក្ខុ​ទាំង​ឡាយ បើភិក្ខុ​មិនមែន​ជាពហុស្សូត ជាអ្នក​ទ្រទ្រង់​នូវពុទ្ធវចនៈ ដែលខ្លួន​បានស្តាប់​ហើយ សន្សំ​ទុកនូវ​ពុទ្ធវចនៈ ដែលខ្លួន​បានស្តាប់​ហើយសោះទេ បើធម៌​ទាំងឡាយណា មាន​លំអបទដើម លំអ​បទកណ្តាល លំអ​បទចុង ប្រកាស​នូវព្រហ្មចរិយៈ ព្រមទាំង​អត្ថ ទាំង​ព្យញ្ជនៈ​ដ៏បរិសុទ្ធ បរិបូណ៌​ទាំងអស់ ធម៌​ទាំងឡាយ មាន​សភាពដូច្នោះ ភិក្ខុនោះ ជាអ្នក​មិនបាន​ស្តាប់ច្រើន ទ្រទ្រង់​សន្សំដោយ​ពាក្យ​ ពិចារណា​មុតមាំ​ក្នុងចិត្ត យល់​ត្រឹមត្រូវ​ដោយ​ទិដ្ឋិទេ ភិក្ខុនោះឯង គង់មាន​អ្នកផងស្តី ដាស់តឿនថា នែលោក​ដ៏មានអាយុ ចូរលោករៀន​និកាយ​សិនទៅ ភិក្ខុនោះ គង់មាន​អ្នកផង​ស្តីដាស់តឿន ១។ ម្នាលភិក្ខុ​ទាំងឡាយ មួយទៀត ភិក្ខុអ្នកចោទ​ មានបំណង​នឹងចោទភិក្ខុ​ដទៃ ត្រូវ​ពិចារណាថា បាតិមោក្ខ​ទាំងពីរ អាត្មាអញ​ចេះចាំ​ដោយពិស្តារ ចែកចេញ​បានដោយ​ប្រពៃ ចាំ​ស្ទាត់រត់មាត់ កាត់សេចក្តី​បាន​ដោយល្អ តាមសូត្រ គឺខន្ធកៈ និង​បរិវារៈ តាម​អនុព្យញ្ជនៈ​ដែរឬ ធម៌នុ៎ះ មាន​គ្រប់គ្រាន់​ដល់អាត្មាអញ ឬមិនមានទេ។ ម្នាលភិក្ខុ​ទាំងឡាយ បើ​បាតិមោក្ខ​ទាំងពីរ ភិក្ខុមិនបាន​ចេះចាំ​ដោយពិស្តារ ចែកចេញ​ដោយប្រពៃ ចាំស្ទាត់​រត់​មាត់ កាត់សេចក្តី​ដោយល្អ តាមសូត្រ តាម​អនុព្យញ្ជនៈទេ ភិក្ខុ​នោះឯង បើមាន​គេសួរថា ម្នាល​លោកដ៏មាន​អាយុ ចុះសិក្ខាបទ​នេះ ព្រះដ៏មានព្រះភាគ ទ្រង់សំដែង​ក្នុងទីណា មុខជានឹង​ឆ្លើយប្រាប់​ទៅវិញ​មិនរួច ភិក្ខុនោះឯង គង់មាន​អ្នកផងស្តី​ដាស់តឿន​ថា នែលោក​ដ៏មានអាយុ ចូរលោករៀន​នូវវិន័យ​សិនទៅ ភិក្ខុនោះ គង់​មានអ្នក​ផងស្តី​ដាស់តឿន ១។ ធម៌ ៥ ប្រការនេះ ភិក្ខុ​ត្រូវពិចារណា​ចំពោះ​ខ្លួន។ ធម៌ ៥ ប្រការ តើដូចម្តេច ដែលភិក្ខុ​អ្នកចោទ​ត្រូវតាំងទុក​ក្នុងខ្លួន។ អាត្មាអញ និយាយត្រូវ​តាមកាល មិន​និយាយ​ខុសកាល ១ អាត្មាអញ និយាយ​ពាក្យពិត មិននិយាយ​ពាក្យមិនពិត ១ អាត្មាអញ​និយាយពាក្យ​ផ្អែមល្ហែម មិននិយាយ​ពាក្យអាក្រក់ ១ អាត្មាអញ​និយាយ​ពាក្យប្រកបដោយ​ប្រយោជន៍ មិននិយាយ​ពាក្យ​ដែលឥត​ប្រយោជន៍ ១ អាត្មាអញ​តាំង​មេត្តា​ចិត្ត ហើយសិម​និយាយ មិននិយាយ​ទាំងទោសចិត្ត ១។ ធម៌ ៥ ប្រការ​នេះឯង ដែល​ភិក្ខុ​អ្នកចោទ ត្រូវតាំងទុក​ក្នុងខ្លួន។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុអ្នកចោទ មាន​បំណង​ដើម្បីចោទ​ភិក្ខុដទៃ ត្រូវ​ពិចារណាធម៌ ៥ ប្រការ​នេះ​ចំពោះខ្លួន ហើយ​ត្រូវតាំងធម៌ ៥ ប្រការនេះ ទុក​ក្នុង​ខ្លួន រួចសិម​ចោទ​ភិក្ខុដទៃ។

រាជន្តេបុរប្បវេសនសូត្រ ទី៥

[៤៥] ម្នាលភិក្ខុទាំងឡាយ ទោស ១០ យ៉ាងនេះ រមែងមាន​ក្នុងការ​ចូល​ទៅខាង​ក្នុង​រាជបុរី។ ទោស ១០ យ៉ាង តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ព្រះរាជា​ក្នុង​លោក​នេះ កំពុង​គង់នៅជា​មួយនឹង​មហេសី បើ​ភិក្ខុចូល​ទៅក្នុង​ទីនោះ មហេសី​បានឃើញ​ភិក្ខុនោះ រមែង​ធ្វើនូវញញឹម​ឲ្យ​ប្រាកដខ្លះ ភិក្ខុឃើញ​មហេសី​ហើយ ធ្វើនូវ​ញញឹម​ឲ្យប្រាកដ​ខ្លះ ព្រះរាជា រមែង​រង្កៀសក្នុង​រឿងនោះ យ៉ាងនេះថា ការកន្លង​នូវ​មេថុន​នៃអ្នក​ទាំងពីរ​នេះ បាន​ធ្វើហើយ ឬថា​នឹងធ្វើ​នូវការ​កន្លងនូវ​មេថុនមិន​ខាន។ ម្នាលភិក្ខុ​ទាំង​ឡាយ នេះជា​ទោស ទី១ ក្នុងការ​ចូលទៅ​ក្នុងរាជបុរី។ ម្នាលភិក្ខុ​ទាំងឡាយ មួយទៀត ព្រះរាជា ជាបុគ្គល​មានកិច្ច​ច្រើន មានការងារ​ច្រើន ទ្រង់ស្តេចទៅ​ប្រោសប្រាណ​ស្រ្តីណា​មួយ ហើយក៏ភ្លេច​ទៅ ឯស្រ្តីនោះ ក៏​មានគភ៌ ដោយ​ព្រះរាជា​នោះ ព្រះរាជា រមែង​រង្កៀស​ក្នុងរឿង​នោះ យ៉ាង​នេះថា បុគ្គល​នីមួយដទៃ មិនដែល​ចូលទៅក្នុង​ទីនេះទេ លើកលែង​តែ​បព្វជិត​ចេញ ទំនង​ជាកម្មរបស់​បព្វជិត​ទេដឹង។ ម្នាលភិក្ខុ​ទាំងឡាយ នេះ​ជាទោស ទី២ ក្នុងការ​ចូលទៅខាង​ក្នុងរាជបុរី។ ម្នាលភិក្ខុ​ទាំងឡាយ មួយ​ទៀត រតនៈណាមួយ ក្នុង​រាជបុរី​បាត់ទៅ ព្រះរាជា រមែងរង្កៀស​ក្នុងរឿង​នោះ យ៉ាងនេះថា បុគ្គលនីមួយ​ដទៃ មិនដែល​ចូលទៅក្នុង​ទីនេះទេ លើក​លែងតែ​បព្វជិតចេញ ទំនង​ជាកម្ម​របស់បព្វជិត​ទេ​ដឹង។ ម្នាលភិក្ខុ​ទាំង​ឡាយ នេះជា​ទោស ទី៣ ក្នុងការ​ចូលទៅក្នុង​រាជបុរី។ ម្នាលភិក្ខុ​ទាំង​ឡាយ មួយទៀត រឿងរ៉ាវ​ទាំងឡាយ ដែល​ព្រះរាជា ត្រូវបិទបាំង​ទុកខាងក្នុង មាននៅ​ខាង​ក្នុងបុរី​របស់​ព្រះរាជា ត្រឡប់​បែកខ្ចរខ្ចាយ​ទៅខាងក្រៅ ព្រះរាជា ទ្រង់​រង្កៀស​ក្នុងរឿង​នោះ យ៉ាងនេះថា បុគ្គល​នីមួយដទៃ មិនដែល​ចូលទៅក្នុង​ទីនេះទេ លើកលែង​តែ​បព្វជិត​ចេញ ទំនងជា​កម្មរបស់​បព្វជិត​ទេដឹង។ ម្នាលភិក្ខុ​ទាំងឡាយ នេះជាទោសទី ៤ ក្នុងការ​ចូល​ទៅ​ខាងក្នុង​រាជបុរី។ ម្នាលភិក្ខុ​ទាំងឡាយ មួយទៀត ព្រះរាជបិតា រមែង​ប្រាថ្នា (ដើម្បី​សម្លាប់) ព្រះរាជបុត្រ​ខាងក្នុង​រាជបុរី ឬថា ព្រះរាជបុត្រ ប្រាថ្នា (ដើម្បីសម្លាប់) ព្រះរាជបិតា ព្រះរាជបិតា និង​ព្រះរាជបុត្រ ទ្រង់រង្កៀស​យ៉ាងនេះថា បុគ្គលនីមួយ​ដទៃ មិនដែល​ចូលទៅក្នុង​ទីនេះទេ លើកលែង​តែបព្វជិត​ចេញ ទំនងជា​កម្មរបស់​បព្វជិត​ទេ​ដឹង។ ម្នាលភិក្ខុ​ទាំងឡាយ នេះជា​ទោសទី ៥ ក្នុងការ​ចូលទៅខាង​ក្នុងរាជបុរី។ ម្នាលភិក្ខុ​ទាំងឡាយ មួយទៀត ស្តេចទ្រង់​តាំងមន្រ្តី ដែលតាំងនៅ​ក្នុងដំណែង​ទាប ឲ្យឡើង​កាន់​ដំណែង​ខ្ពស់ ការតាំងនោះ មិនជាទី​គាប់ចិត្ត​របស់ជន​ទាំងឡាយ​ណា ជនទាំងឡាយ​នោះ រមែង​រង្កៀស​យ៉ាងនេះថា ស្តេចតែង​នៅច្រឡូក​ច្រឡំ ដោយ​បព្វជិត ទំនង​ជាកម្ម​របស់​បព្វជិត​ទេដឹង។ ម្នាលភិក្ខុ​ទាំងឡាយ នេះ​ជាទោសទី ៦ ក្នុងការចូល​ទៅខាងក្នុង​រាជបុរី។ ម្នាលភិក្ខុ​ទាំងឡាយ មួយ​ទៀត ព្រះរាជា​ទ្រង់បន្ថយ​មន្រ្តី ដែលតាំង​នៅក្នុងដំណែង​ខ្ពស់ ឲ្យ​ថយចុះ ក្នុង​ដំណែង​ទាបវិញ ការតាំងនោះមិនជាទីគាប់ចិត្ត របស់ជនទាំងឡាយ​ណា ជន​ទាំងឡាយ​នោះ រមែងរង្កៀស​យ៉ាងនេះថា ព្រះរាជា​តែងនៅ​ច្រឡូក​ច្រឡំ ដោយ​បព្វជិត ទំនងជា​កម្មរបស់​បព្វជិត​ទេដឹង។ ម្នាលភិក្ខុទាំង​ឡាយ នេះជា​ទោសទី ៧ ក្នុងការចូល​ទៅខាង​ក្នុងរាជបុរី។ ម្នាលភិក្ខុ​ទាំង​ឡាយ មួយទៀត ព្រះរាជា ទ្រង់​បញ្ជូន​កងទ័ពទៅ​ក្នុងកាល​មិនគួរ ការ​បញ្ជូនកងទ័ព​ទៅនោះ មិនជាទី​គាប់ចិត្ត របស់​ជន​ទាំងឡាយ​ណា ជនទាំង​ឡាយនោះ រមែង​រង្កៀស​យ៉ាងនេះថា ព្រះរាជា​នៅច្រឡូក​ច្រឡំដោយ​បព្វជិត ទំនងជា​កម្មរបស់​បព្វជិត​ទេដឹង។ ម្នាលភិក្ខុ​ទាំងឡាយ នេះជា​ទោស​ទី ៨ ក្នុងការ​ចូលទៅ​ខាងក្នុង​រាជបុរី។ ម្នាលភិក្ខុ​ទាំងឡាយ មួយ​ទៀត ព្រះរាជា​បញ្ជូន​កងទ័ព​ទៅ ក្នុងកាលគួរ ហើយឲ្យ​ត្រឡប់​មកវិញ ពាក់​កណ្តាល​ផ្លូវ ការឲ្យ​ត្រឡប់​មក​វិញ​នោះ មិនជា​ទីគាប់ចិត្ត របស់ជន​ទាំង​ឡាយណា ជនទាំង​ឡាយនោះ រមែងរង្កៀស​យ៉ាងនេះ​ថា ព្រះរាជា​នៅច្រឡូក​ច្រឡំ ដោយ​បព្វជិត ទំនងជាកម្ម​របស់បព្វជិត​ទេដឹង។ ម្នាលភិក្ខុ​ទាំង​ឡាយ នេះជា​ទោសទី ៩ ក្នុងការ​ចូលទៅ​ក្នុងរាជបុរី។ ម្នាលភិក្ខុ​ទាំងឡាយ មួយ​វិញទៀត ខាងក្នុង​រាជបុរី តែង​ចង្អៀត​ដោយដំរី ចង្អៀត​ដោយសេះ ចង្អៀត​ដោយរថ ទាំងរូប សំឡេង ក្លិន រស ផោដ្ឋព្វៈ ជាហេតុ​នៃសេចក្តី​ត្រេកអរ សុទ្ធតែ​ជារបស់​មិនសម​គួរ ដល់​បព្វជិត​ទេ។ ម្នាលភិក្ខុ​ទាំងឡាយ នេះជា​ទោសទី ១០ ក្នុងការចូល​ទៅខាង​ក្នុង​រាជបុរី។ ម្នាលភិក្ខុ​ទាំងឡាយ ទោស ១០ យ៉ាង​នេះឯង រមែងមាន​ក្នុងការចូល​ទៅខាង​ក្នុង​រាជបុរី។

សក្កសូត្រ ទី៦

[៤៦] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅ​ក្នុងនិគ្រោធារាម ទៀបក្រុង​កបិលព័ស្តុ ក្នុងដែន​សក្កៈ។ គ្រានោះ ពួក​សក្យឧបាសក​ជាច្រើន បានចូល​ទៅគាល់​ព្រះដ៏មានព្រះភាគ ក្នុងថ្ងៃ​ឧបោសថ​នោះ លុះ​ចូលទៅដល់​ ក្រាបថ្វាយ​បង្គំ​ព្រះដ៏មានព្រះភាគ ហើយ​អង្គុយក្នុង​ទីសមគួរ។ លុះ​ពួក​សក្យឧបាសក អង្គុយ​ក្នុងទី​សមគួរ​ហើយ ព្រះដ៏មានព្រះភាគ បានត្រាស់​ដូច្នេះថា ម្នាល​សក្យៈទាំងឡាយ អ្នក​ទាំងឡាយ បានរក្សា​ឧបោសថ ប្រកប​ដោយអង្គ ៨ ដែរឬ។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ជួន​កាល យើងទាំងឡាយ បានរក្សា​ឧបោសថ ប្រកប​ដោយអង្គ ៨ ជួនកាល យើង​ទាំង​ឡាយ មិនបាន​រក្សា។ ម្នាលសក្យៈ​ទាំងឡាយ អ្នកទាំងឡាយ​នោះ ពេញ​ជា​ឥតលាភ​ហើយ ការបាន​នូវអត្តភាព​ជាមនុស្ស អ្នក​ទាំងឡាយនោះ បានដោយ​កម្រ ដ្បិត​ថាអ្នក​ទាំងឡាយ ជួនកាល​ក៏បានរក្សា​ឧបោសថ ប្រកប​ដោយអង្គ ៨ ជួនកាល​ក៏មិនបាន​រក្សា ក្នុង​ជីវិតប្រកប​ដោយសោក និង​ភ័យក្នុង​ជីវិត ប្រកប​ដោយមរណៈ និង​ភ័យ​យ៉ាងនេះ។ ម្នាល​សក្យៈទាំងឡាយ អ្នក​ទាំងឡាយ សំគាល់​ហេតុនោះ ដូចម្តេច។ បុរសក្នុង​លោក​នេះ ក្នុង ១ ថ្ងៃ រកបាន​កន្លះកហាបណៈ ដោយ​ហេតុនៃ​ការងារ​ណាមួយ ដែលមិន​ប៉ះពាល់​អកុសលកម្ម តើគួរ​ហៅថា បុរស​អ្នកឈ្លាស បរិបូណ៌​​ដោយសេចក្តី​ព្យាយាម​ដែរឬទេ។ ព្រះករុណា ព្រះអង្គ។ ម្នាលសក្យៈ​ទាំងឡាយ អ្នក​ទាំងឡាយ សំគាល់​ហេតុនោះ​ដូចម្តេច។ បុរសក្នុង​លោកនេះ ក្នុង ១ ថ្ងៃ រកបាន ១ កហាបណៈ ដោយហេតុ​នៃការងារ​ណាមួយ ដែល​មិនប៉ះពាល់​អកុសលកម្ម តើគួរហៅថា បុរស​អ្នកឈ្លាស បរិបូណ៌​​ដោយ​សេចក្តី​ព្យាយាម​ដែរឬទេ។ ព្រះករុណា ព្រះអង្គ។ ម្នាល​សក្យៈ​ទាំងឡាយ អ្នក​ទាំងឡាយ សំគាល់​នូវហេតុ​នោះដូចម្តេច។ បុរស​ក្នុងលោកនេះ ក្នុង ១ ថ្ងៃ រកបាន ២ កហាបណៈ ដោយហេតុ​នៃការងារ​ណាមួយ ដែលមិន​ប៉ះពាល់​អកុសលកម្ម រកបាន ៣ កហាបណៈ រកបាន ៤ កហាបណៈ រកបាន ៥ កហាបណៈ រកបាន ៦ កហាបណៈ រកបាន ៧ កហាបណៈ រកបាន ៨ កហាបណៈ រកបាន ៩ កហាបណៈ រកបាន ១០ កហាបណៈ រកបាន ២០ កហាបណៈ រកបាន ៣០ កហាបណៈ រកបាន ៤០ កហាបណៈ រកបាន  ៥០ កហាបណៈ រកបាន ១០០ កហាបណៈ តើគួរហៅថា បុរសអ្នក​ឈ្លាស បរិបូណ៌​ដោយ​សេចក្តីព្យាយាម​ដែរឬទេ។ ព្រះករុណា ព្រះអង្គ។ ម្នាល​សក្យៈ​ទាំងឡាយ អ្នក​ទាំងឡាយ សំគាល់​ហេតុនោះ ដូចម្តេច។ បុរស​នោះ កាលរក​បាន ១០០ កហាបណៈ ១.០០០ ​កហាបណៈ ក្នុងមួយថ្ងៃ ទុកដាក់​នូវកហាបណៈ ដែលខ្លួន​រកបាន​ហើយ ៗ រស់​នៅ​បាន ១០០ ឆ្នាំ គប្បី​បាននូវគំនរ​នៃភោគៈ​ដ៏ច្រើនដែរ​ឬ។ ព្រះករុណា ព្រះអង្គ។ ម្នាល​សក្យៈ​ទាំងឡាយ អ្នក​ទាំងឡាយ សំគាល់​នូវហេតុនោះ ដូចម្តេច។ បុរសនោះ គប្បីបាន​ទទួលនូវសុខ​យ៉ាងឯក អស់​រាត្រីមួយ ឬ​មួយថ្ងៃ អស់កន្លះរាត្រី ឬ​កន្លះថ្ងៃ ដែលមាន​ភោគៈ​ជាហេតុ មាន​ភោគៈជា​គ្រឿង​ប្រគល់ឲ្យ មាន​ភោគៈ​ជាអធិករណ៍ មែនដែរឬ។ ហេតុនុ៎ះ មិនមែនទេ ព្រះអង្គ។ រឿង​នោះ ព្រោះហេតុអ្វី។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ព្រោះថា កាម​ទាំងឡាយ មិនទៀង ទទេ មិនពិត វិនាសទៅ​ជាធម្មតា។ ម្នាលសក្យៈ​ទាំងឡាយ ចំណែក​ខាងសាវក​របស់តថាគត ក្នុងសាសនា​នេះ ជាអ្នកមិន​មានសេចក្តី​ប្រមាទ មាន​ព្យាយាម​ជាគ្រឿង​ដុតកំដៅ​កិលេស មានចិត្ត​បញ្ជូនទៅ​កាន់​ព្រះនិព្វាន ប្រតិបត្តិ​តាម​ពាក្យ​ដែល​តថាគត ប្រៀនប្រដៅ​ហើយ អស់ ១០ ឆ្នាំ គប្បី​ទទួល​សេចក្តីសុខ​យ៉ាងឯក អស់ ១០០ ឆ្នាំ ក៏មាន ១០.០០០ (១ ម៉ឺន) ឆ្នាំ ក៏មាន ១០០.០០០ (១សែន) ឆ្នាំ ក៏មាន។ សាវក​របស់​តថាគតនោះ បានជា​សកទាគាមី​ខ្លះ អនាគាមីខ្លះ បាន​ដល់​សោតៈ​ពិត​ប្រាកដ​ខ្លះ។ ម្នាល​សក្យៈ​ទាំងឡាយ ១០ ឆ្នាំ លើក​ទុកចុះ សាវក​របស់តថាគត​ក្នុងសាសនា​នេះ ជាអ្នកមិនមាន​សេចក្តីប្រមាទ មាន​ព្យាយាម​ជាគ្រឿងដុត​កំដៅ​កិលេស មាន​ចិត្តបញ្ជូន​ទៅកាន់​ព្រះនិព្វាន ប្រតិបត្តិ​តាមពាក្យ​ដែលតថាគត ប្រៀន​ប្រដៅ​ហើយ អស់ ៩ឆ្នាំ ៨ឆ្នាំ ៧ឆ្នាំ ៦ឆ្នាំ ៥ឆ្នាំ ៤ឆ្នាំ ៣ឆ្នាំ ២ឆ្នាំ ១ឆ្នាំ គប្បីទទួលនូវ​សេចក្តី​សុខ​យ៉ាងឯក អស់ ១០០ ឆ្នាំ ក៏មាន ១០. ០០០ (១ម៉ឺន) ឆ្នាំ ក៏មាន ១០០.០០០ (១សែន) ឆ្នាំ ក៏មាន។ សាវក​របស់​តថាគតនោះ បាន​ជាសកទាគាមី​ខ្លះ អនាគាមី​ខ្លះ បានដល់​សោតៈពិត ប្រាកដ​ខ្លះ។ ម្នាលសក្យៈ​ទាំងឡាយ ១ ឆ្នាំ លើក​ទុកចុះ សាវក​របស់តថាគត ក្នុង​សាសនា​នេះ ជាអ្នក​មិនមាន​សេចក្តីប្រមាទ មាន​ព្យាយាម ជា​គ្រឿងដុតកំដៅ​កិលេស មាន​ចិត្តបញ្ជូន​ទៅកាន់​ព្រះនិព្វាន ប្រតិបត្តិតាម​ពាក្យដែល​តថាគត​ប្រៀនប្រដៅ​ហើយ អស់​ត្រឹម​តែ ១០ ខែ ក៏គប្បី​ទទួលនូវ​សេចក្តីសុខ​យ៉ាងឯក អស់ ១០០ ឆ្នាំ ក៏មាន ១០.០០០ (១ម៉ឺន) ឆ្នាំ ក៏មាន ១០០.០០០ (១សែន) ឆ្នាំ ក៏មាន។ សាវក​របស់តថាគត​នោះ បាន​ជាសកទាគាមី​ខ្លះ អនាគាមី​ខ្លះ បានដល់​សោតៈ​ពិតប្រាកដ​ខ្លះ។ ម្នាលសក្យៈ​ទាំងឡាយ ១០ ខែ លើកទុកចុះ សាវក​របស់​តថាគត ក្នុង​សាសនា​នេះ ជា​អ្នកមិនមាន​សេចក្តីប្រមាទ មាន​ព្យាយាម ជាគ្រឿង​ដុតកំដៅកិលេស មាន​ចិត្តបញ្ជូន​ទៅកាន់​ព្រះនិព្វាន ប្រតិបត្តិ​តាមពាក្យ​ដែលតថាគត​ប្រៀន​ប្រដៅ​ហើយ អស់ ៩ខែ ៨ខែ ៧ខែ ៦ខែ ៥ខែ ៤ខែ ៣ខែ ២ខែ ១ខែ កន្លះខែ ក៏គប្បីបាន​ទទួលនូវសេចក្តី​សុខយ៉ាងឯក អស់ ១០០ ឆ្នាំ ក៏មាន ១០. ០០០ (១ម៉ឺន) ឆ្នាំ ក៏មាន ១០០.០០០ (១សែន) ឆ្នាំ ក៏មាន។ សាវករបស់​តថាគតនោះ បាន​ជា​សកទាគាមី​ខ្លះ អនាគាមី​ខ្លះ បានដល់​សោតៈ​ពិត​ប្រាកដខ្លះ។ ម្នាលសក្យៈ​ទាំងឡាយ កន្លះខែ លើក​ទុកចុះ សាវក​របស់តថាគត ក្នុង​សាសនានេះ ជាអ្នក​មិនមាន​សេចក្តី​ប្រមាទ មាន​ព្យាយាម ជា​គ្រឿងដុតកំដៅ​កិលេស មានចិត្ត​បញ្ជូនទៅ​កាន់​ព្រះនិព្វាន ប្រតិបត្តិ​តាម​ពាក្យដែល​តថាគត ប្រៀនប្រដៅ​ហើយ អស់យប់ និងថ្ងៃ ១០ ក៏គប្បីបាន​ទទួល​នូវ​សេចក្តី​សុខ​យ៉ាងឯក អស់ ១០០ ឆ្នាំ ក៏មាន ១០.០០០ (១ម៉ឺន) ឆ្នាំ ក៏មាន ១០០.០០០ (១សែន) ឆ្នាំ ក៏មាន។ សាវករបស់​តថាគត​នោះ បាន​ជា​សកទាគាមី​ខ្លះ អនាគាមី​ខ្លះ បានដល់​សោតៈ​ពិតប្រាកដខ្លះ។ ម្នាលសក្យៈ​ទាំងឡាយ យប់ និងថ្ងៃ ១០ លើកទុក​ចុះ សាវក​របស់​តថាគត ក្នុង​សាសនានេះ ជាអ្នកមិនមាន​សេចក្តីប្រមាទ មាន​ព្យាយាម​ជាគ្រឿង​ដុតកំដៅកិលេស មានចិត្ត​បញ្ជូនទៅ​កាន់ព្រះនិព្វាន ប្រតិបត្តិ​តាមពាក្យ​ដែល​តថាគត​ប្រៀនប្រដៅ​ហើយ អស់យប់ និងថ្ងៃ ៩ យប់ និង​ថ្ងៃ ៨ យប់និង​ថ្ងៃ ៧ យប់និងថ្ងៃ ៦ យប់និងថ្ងៃ ៥ យប់និងថ្ងៃ ៤ យប់និងថ្ងៃ ៣ យប់និងថ្ងៃ ២ យប់និងថ្ងៃ ១ ក៏គប្បី​បានទទួល​នូវ​សេចក្តី​សុខ​យ៉ាងឯក អស់ ១០០ ឆ្នាំ ក៏មាន ១០.០០០ (១ម៉ឺន) ឆ្នាំ ក៏មាន ១០០.០០០ (១សែន) ឆ្នាំ ក៏មាន។ សាវក​របស់តថាគត​នោះ បានជា​សកទាគាមី​ខ្លះ អនាគាមី​ខ្លះ បានដល់​សោតៈ​ពិតប្រាកដ​ខ្លះ។ ម្នាលសក្យៈ​ទាំងឡាយ អ្នកទាំងឡាយ ចំជា​ឥតលាភ​ហើយ ការបាន​នូវអត្តភាព​ជាមនុស្ស អ្នកទាំងឡាយ​នោះ បានដោយ​កម្រ ដ្បិត​ថា អ្នកទាំងឡាយ ជួនកាល​បានរក្សា​ឧបោសថ ប្រកប​ដោយអង្គ ៨ ជួនកាល​មិន​បាន​រក្សា ក្នុងជីវិតប្រកប​ដោយសោក និងភ័យ​ ក្នុងជីវិត​ប្រកប​ដោយ​មរណៈ និងភ័យ​យ៉ាងនេះ។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន យើងទាំង​ឡាយនេះ នឹងរក្សានូវ​ឧបោសថ ប្រកប​ដោយ​អង្គ ៨ ចាប់ដើម​តាំងពីថ្ងៃនេះ តរៀងទៅ។

មហាលិសូត្រ ទី៧

[៤៧] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុង​កូដាគារសាលា នា​មហាវន ជិត​ក្រុង​វេសាលី។ គ្រានោះ លិច្ឆវី ឈ្មោះ​មហាលិ បាន​ចូលទៅគាល់​ព្រះដ៏មានព្រះភាគ លុះចូលទៅ​ដល់ ក្រាបថ្វាយបង្គំ​ព្រះដ៏​មានព្រះភាគ ហើយអង្គុយ​ក្នុងទីសមគួរ។ ​លុះលិច្ឆវី ឈ្មោះ​មហាលិ អង្គុយ​ក្នុងទីសម​គួរហើយ ទើបក្រាបទូល​ព្រះដ៏មានព្រះភាគ​ដូច្នេះថា បពិត្រព្រះអង្គ​ដ៏ចំរើន ចុះអ្វី​ជាហេតុ អ្វីជាបច្ច័យ នៃកិរិយា​ធ្វើនូវកម្ម​ដ៏លាមក នៃកិរិយា​ប្រព្រឹត្តទៅ នៃកម្មដ៏លាមក។ ម្នាល​មហាលិ លោភៈ​ជាហេតុ លោភៈជាបច្ច័យ​នៃកិរិយា​ធ្វើនូវកម្ម​ដ៏លាមក នៃកិរិយា​ប្រព្រឹត្តទៅ នៃកម្ម​ដ៏លាមក ម្នាល​មហាលិ ទោសៈ​ជាហេតុ ទោសៈ​ជាបច្ច័យ នៃកិរិយា​ធ្វើនូវ​កម្មដ៏លាមក នៃកិរិយា​ប្រព្រឹត្តទៅ នៃកម្ម​ដ៏លាមក ម្នាល​មហាលិ មោហៈ ជាហេតុ មោហៈជាបច្ច័យ នៃកិរិយា​ធ្វើនូវកម្ម​ដ៏លាមក នៃកិរិយា​ប្រព្រឹត្ត​ទៅ​នៃកម្ម​ដ៏លាមក ម្នាល​មហាលិ អយោនិសោមនសិការៈ (ការ​មិនបាន​ធ្វើទុក​ក្នុងចិត្ត ដោយ​ឧបាយ) ជាហេតុ អយោនិសោមនសិការៈ​ជាបច្ច័យ នៃកិរិយា​ធ្វើនូវកម្ម​ដ៏លាមក នៃកិរិយា​ប្រព្រឹត្តទៅ នៃកម្ម​ដ៏លាមក ម្នាល​មហាលិ ចិត្តដែល​បុគ្គលដំកល់​ខុស ជាហេតុ ចិត្តដែល​បុគ្គលដំកល់ខុស ជាបច្ច័យ នៃកិរិយា​ធ្វើនូវកម្ម​ដ៏លាមក នៃកិរិយា​ប្រព្រឹត្តទៅ នៃ​កម្មដ៏លាមក។ ម្នាល​មហាលិ នេះជាហេតុ នេះជា​បច្ច័យ នៃកិរិយា​ធ្វើនូវកម្មដ៏លាមក នៃកិរិយា​ប្រព្រឹត្តទៅ នៃកម្ម​ដ៏លាមក។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ចុះអ្វី​ជាហេតុ អ្វីជាបច្ច័យ នៃកិរិយា​ធ្វើនូវកម្ម​ដ៏ល្អ នៃកិរិយា​ប្រព្រឹត្តទៅ នៃកម្ម​ដ៏ល្អ។ ម្នាល​មហាលិ អលោភៈ (ការមិនលោភ) ជាហេតុ អលោភៈ ជាបច្ច័យ នៃកិរិយា​ធ្វើនូវ​កម្មដ៏ល្អ នៃកិរិយា​ប្រព្រឹត្តិទៅ​នៃកម្ម​ដ៏ល្អ ម្នាល​មហាលិ អទោសៈ (ការមិន​ប្រទូស្ត) ជាហេតុ អទោសៈ ជាបច្ច័យ នៃកិរិយាធ្វើ​នូវកម្មដ៏ល្អ នៃកិរិយា​ប្រព្រឹត្តិទៅ នៃកម្ម​ដ៏ល្អ ម្នាល​មហាលិ អមោហៈ (ការមិនវង្វេង) ជាហេតុ អមោហៈ ជាបច្ច័យ នៃកិរិយា​ធ្វើនូវ​កម្មដ៏ល្អ នៃកិរិយា​ប្រព្រឹត្តិទៅ នៃកម្ម​ដ៏ល្អ ម្នាល​មហាលិ យោនិសោមនសិការៈ (ការ​ធ្វើទុកក្នុង​ចិត្ត ដោយឧបាយ) ជាហេតុ យោនិសោមនសិការៈ ជាបច្ច័យ នៃកិរិយា​ធ្វើនូវកម្ម​ដ៏ល្អ នៃកិរិយា​ប្រព្រឹត្តិទៅ នៃកម្មដ៏ល្អ ចិត្តដែល​បុគ្គល​ដំកល់ត្រូវ ជាហេតុ ចិត្តដែល​បុគ្គលដំកល់ត្រូវ ជាបច្ច័យ នៃ​កិរិយាធ្វើ​នូវ​កម្មដ៏ល្អ នៃកិរិយា​ប្រព្រឹត្តិទៅ នៃ​កម្ម​ដ៏ល្អ។ ម្នាល​មហាលិ នេះជាហេតុ នេះជាបច្ច័យ នៃកិរិយា​ធ្វើនូវកម្ម​ដ៏ល្អ នៃកិរិយា​ប្រព្រឹត្តិទៅ នៃកម្ម​ដ៏ល្អ។ ម្នាល​មហាលិ បើធម៌ ១០ យ៉ាងនេះ មិនគប្បីមាន​ក្នុងលោកទេ ពាក្យថា អធម្មចរិយវិសមចរិយា​ក្តី [កិរិយា​ប្រព្រឹត្តិ​មិនស្មើ បានដល់​ការ​មិនប្រព្រឹត្តិ​ធម៌​ដោយអំណាច​អកុសលកម្មបថ។] ពាក្យថា ធម្មចរិយសមចរិយា​ក្តី [កិរិយាប្រព្រឹត្តិ​ស្មើ បានដល់​ការប្រព្រឹត្តិ​ធម៌ដោយ​អំណាច​កុសលកម្មបថ។ អដ្ឋកថា។] ក៏មិន​គប្បី​ប្រាកដ ក្នុង​លោក​នេះដែរ។ ម្នាល​មហាលិ ព្រោះ​តែធម៌ ១០ យ៉ាងនេះ មានប្រាកដ​ក្នុងលោក ហេតុនោះ បានជា​ពាក្យថា អធម្មចរិយវិសមចរិយា​ក្តី ធម្មចរិយសមចរិយា​ក្តី ទើប​មាន​ប្រាកដ។

បព្វជិតអភិណ្ហសូត្រ ទី៨

[៤៨] ម្នាលភិក្ខុទាំងឡាយ ធម៌ ១០ យ៉ាងនេះ បព្វជិត​គប្បីពិចារណា​រឿយ ៗ។ ធម៌ ១០ យ៉ាង គឺអ្វីខ្លះ។ គឺ​បព្វជិត គប្បីពិចារណា​រឿយ ៗ ថា អាត្មាអញ កាន់យក​នូវភេទ​ដ៏ប្លែក​អំពីភេទ​របស់​គ្រហស្ថ ១ បព្វជិត​គប្បី​ពិចារណា​រឿយ ៗ ថា ការ​ប្រព្រឹត្តិ​ចិញ្ចឹមជីវិត របស់​អាត្មាអញ​ប្រព្រឹត្តជាប់ ដោយ​បុគ្គល​ដទៃ ១ បព្វជិត គប្បីពិចារណា​រឿយ ៗ ថា អាកប្បកិរិយាផ្សេងអំពី​គ្រហស្ថ អាត្មាអញ​គួរធ្វើ ១ បព្វជិត គប្បី​ពិចារណា​រឿយ ៗ ថា អាត្មាអញ មិនតិះដៀល​ខ្លួនឯង ដោយ​សីលធម៌​បានទេឬ ១ បព្វជិត គប្បី​ពិចារណា រឿយ ៗ ថា ពួក​សព្រហ្មចារី ជាវិញ្ញូជន គយគន់​មើលហើយ មិនតិះដៀល​អាត្មាអញ ដោយ​សីលធម៌​បានទេឬ ១ បព្វជិត គប្បី​ពិចារណា​រឿយ ៗ ថា ការព្រាត់ប្រាស​និរាស​ចាកសត្វ និង​សង្ខារទាំងអស់ ដែលជា​ទីស្រឡាញ់ ជាទី​គាប់ចិត្ត នៃ​អាត្មាអញ តែង​មាន​ជា​ធម្មតា ១ បព្វជិត គប្បី​ពិចារណា​រឿយ ៗ ថា អាត្មាអញ មានកម្មជា​របស់ខ្លួន មាន​កម្ម​ជា​ទាយាទ មានកម្ម​ជាកំណើត មានកម្ម​ជាផៅពង្ស មានកម្ម​ជាគ្រឿង​រលឹកឃើញ អាត្មាអញ នឹង​ធ្វើនូវ​កម្មណា ល្អ ឬអាក្រក់ អាត្មាអញ គង់នឹង​បានជាអ្នកទទួល​យកនូវផល នៃកម្មនោះ​ពុំខាន​ឡើយ ១ បព្វជិត គប្បីពិចារណា​រឿយ ៗ ថា យប់ និង​ថ្ងៃទាំងឡាយ ចេះតែ​កន្លងទៅ ៗ តើ​អាត្មាអញ បានធ្វើ​ដូចម្តេចខ្លះ​ហើយ ១ បព្វជិត គប្បី​ពិចារណា​រឿយ ៗ ថា សព្វថ្ងៃនេះ អាត្មាអញ​មានសេចក្តី​អភិរម្យ ត្រេកអរ​ក្នុងផ្ទះដ៏​ស្ងាត់ខ្លះដែរ​ឬទេ ១ បព្វជិត គប្បី​ពិចារណា​រឿយ ៗ ថា ឧត្តរិមនុស្សធម៌ គឺ​ធម៌ជារបស់​មនុស្ស ដ៏ប្រសើរ​ក្រៃលែង មាន​ដល់អាត្មាអញ​ដែរឬ ធម៌​ដ៏វិសេស ដែល​គួរនឹង​ឃើញ ដោយ​ប្រាជ្ញា​ដ៏ប្រសើរ អាត្មាអញ​បានត្រាស់ដឹង​ហើយឬ អាត្មាអញ​នោះ សព្រហ្មចារី​ទាំងឡាយ សួរក្នុង​កាល​ជាទីបំផុត (មរណសម័យ) នឹង​មិនអឹមអៀម​ទេឬ ១។ ម្នាលភិក្ខុ​ទាំងឡាយ ធម៌ ១០ យ៉ាងនេះ​ឯង បព្វជិតគប្បី​ពិចារណា​រឿយ ៗ។

សរីរដ្ឋធម្មសូត្រ ទី៩

[៤៩] ម្នាលភិក្ខុទាំងឡាយ ធម៌ដែលឋិតនៅ​ក្នុង​សរីរៈ ១០ យ៉ាងនេះ បព្វជិត គប្បី​ពិចារណា​រឿយ ៗ។ ធម៌ ១០ យ៉ាង តើអ្វីខ្លះ។ គឺ​ត្រជាក់ ១ ក្តៅ ១ សេចក្តីឃ្លាន ១ ស្រេក ១ ឧច្ចារៈ ១ បស្សាវៈ ១ សង្រួមកាយ ១ សង្រួម​វាចា ១ សង្រួមក្នុង​ការចិញ្ចឹមជីវិត ១ ភវសង្ខារ ដែលនាំ​សត្វឲ្យកើត​ក្នុង​ភពទៀត ១។ ម្នាលភិក្ខុ​ទាំងឡាយ ធម៌ ១០ យ៉ាង​នេះ​ឯង ដែលឋិត​នៅ​ក្នុងសរីរៈ។

ភណ្ឌនសូត្រ ទី១០

[៥០] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុង​វត្តជេតពន របស់​អនាថបិណ្ឌិកសេដ្ឋី ទៀប​ក្រុងសាវត្ថី។ សម័យនោះ​ឯង ពួកភិក្ខុ​ច្រើនរូប ត្រឡប់​មកអំពី​បិណ្ឌបាត ក្នុង​វេលាខាង​ក្រោយភត្ត ហើយ​អង្គុយ​ប្រជុំគ្នា ក្នុង​ឧបដ្ឋានសាលា កើតមាន​សេចក្តី​ប្រកួតប្រកាន់ ឈ្លោះប្រកែក និយាយ​ចាក់ដោតគ្នា ដោយ​លំពែង គឺមាត់។ គ្រានោះ ព្រះដ៏មាន​ព្រះភាគ ទ្រង់ចេញ​ចាកទីពួន​សម្ងំ ក្នុង​សាយណ្ហសម័យ ក៏ចូល​ទៅរក​ឧបដ្ឋានសាលា លុះចូល​ទៅដល់​ហើយ ក៏គង់លើ​អាសនៈ ដែល​គេក្រាលថ្វាយ។ លុះ​ព្រះដ៏មានព្រះភាគ ទ្រង់គង់​ហើយ ក៏ត្រាស់ហៅ​ភិក្ខុទាំងឡាយ​ថា ម្នាលភិក្ខុ​ទាំង​ឡាយ អម្បាញ់មិញ​នេះ អ្នក​ទាំងឡាយ អង្គុយ​ប្រជុំគ្នា ដោយ​កថាដូចម្តេច ចុះ​អន្តរាកថា​ដូចម្តេច ដែលអ្នក​ទាំងឡាយ​ ធ្វើមិនទាន់​ដាច់ស្រេច។ បពិត្រ​ព្រះអង្គដ៏​ចំរើន ក្នុងទីនេះ យើងខ្ញុំ​ទាំងឡាយ ត្រឡប់​មកអំពី​បិណ្ឌបាត ក្នុងវេលា​ខាងក្រោយភត្ត ហើយអង្គុយ​ប្រជុំគ្នា ក្នុងឧបដ្ឋាន​សាលា ក៏កើតមាន​សេចក្តី​ប្រកួតប្រកាន់ ឈ្មោះប្រកែក និយាយចាក់​ដោត​គ្នា ដោយលំពែង គឺមាត់។ ម្នាលភិក្ខុ​ទាំងឡាយ អ្នក​ទាំងឡាយ មាន​សេចក្តី​ប្រកួត​ប្រកាន់ ឈ្មោះប្រកែក និយាយ​ចាក់ដោតគ្នា ដោយលំពែង គឺមាត់ ព្រោះហេតុណា ហេតុនុ៎ះ មិនសមគួរ​ដល់អ្នក​ទាំងឡាយ ជាកុលបុត្ត អ្នកមាន​សទ្ធា ចេញចាកផ្ទះ ចូលមកកាន់​ផ្នួស​សោះឡើយ។ ម្នាល​ភិក្ខុទាំងឡាយ ធម៌ ១០ យ៉ាងនេះ ជាធម៌គួរ​រលឹក​រកគ្នា ធ្វើនូវ​សេចក្តី​ស្រឡាញ់ ធ្វើនូវ​សេចក្តី​គោរព ប្រព្រឹត្តទៅ ដើម្បី​សង្រ្គោះគ្នា ដើម្បីមិន​ទាស់ទែង​គ្នា ដើម្បីសេចក្តី​ព្រមព្រៀង ដើម្បីមូល​មិត្រគ្នា។ ធម៌ ១០ យ៉ាង តើដូចម្តេចខ្លះ។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុក្នុង​សាសនានេះ ជាអ្នកមាន​សីល សង្រួមក្នុង​បាតិមោក្ខសំវរៈ បរិបូណ៌​​ដោយអាចារៈ និង​គោចារៈ ឃើញភ័យ​ក្នុងទោស​ទាំងឡាយ សូម្បី​បន្តិចបន្តួច សមាទាន​សិក្សា ក្នុង​សិក្ខាបទ​ទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នក​មាន​សីល។បេ។ សមាទានសិក្សា ក្នុងសិក្ខាបទ​ទាំងឡាយ ដោយហេតុណា នេះជាធម៌ គួរ​រលឹក​រកគ្នា ធ្វើនូវ​សេចក្តី​ស្រឡាញ់ ធ្វើនូវ​សេចក្តីគោរព ប្រព្រឹត្តទៅ ដើម្បី​សង្រ្គោះគ្នា ដើម្បី​មិនទាស់​ទែងគ្នា ដើម្បី​សេចក្តីព្រមព្រៀង​ ដើម្បីមូល​មិត្រគ្នា ១។ ម្នាលភិក្ខុ​ទាំង​ឡាយ មួយទៀត ភិក្ខុ​ជាពហុស្សូត ទ្រទ្រង់នូវ​ពុទ្ធវចនៈ ដែលខ្លួន​បានស្តាប់​ហើយ សន្សំ​ទុក​នូវ​ពុទ្ធវចនៈ ដែល​ខ្លួនបាន​ស្តាប់ហើយ ធម៌ទាំង​ឡាយណា មាន​លំអបទដើម លំអ​បទកណ្តាល លំអ​បទចុង ប្រកាស​នូវ​ព្រហ្មចរិយធម៌ ព្រម​ទាំងអត្ថ ទាំង​ព្យញ្ជនៈ ដ៏​បរិសុទ្ធ បរិបូណ៌​ទាំងអស់ ធម៌ទាំងឡាយ​មានសភាព​ដូច្នោះ ភិក្ខុនោះ​ឯង ក៏បាន​ស្តាប់​ច្រើន បានចាំទុក ចាំស្ទាត់​រត់មាត់ ជាក់ច្បាស់​ក្នុងចិត្ត ត្រាស់ដឹងល្អ​ដោយទិដ្ឋិ។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុជា​ពហុស្សូត។បេ។ ចេះដឹងល្អ​ដោយទិដ្ឋិ ដោយ​ហេតុណា នេះជាធម៌​គួររលឹក​រកគ្នា ធ្វើនូវ​សេចក្តីស្រឡាញ់ ធ្វើនូវ​សេចក្តី​គោរព ប្រព្រឹត្តទៅ ដើម្បី​សង្រ្គោះគ្នា ដើម្បី​មិនទាស់​ទែងគ្នា ដើម្បី​សេចក្តី​ព្រមព្រៀងគ្នា ដើម្បី​មូលមិត្រ​គ្នា ១។ ម្នាលភិក្ខុ​ទាំងឡាយ មួយទៀត ភិក្ខុមាន​មិត្រល្អ មាន​សំឡាញ់​ល្អ សមគប់​រកមិត្រល្អ។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុមាន​មិត្រល្អ មានសំឡាញ់​ល្អ សមគប់​រកមិត្រល្អ ដោយហេតុ​ណា នេះ​ជាធម៌​គួររលឹក​រកគ្នា ធ្វើនូវ​សេចក្តី​ស្រឡាញ់ ធ្វើនូវ​សេចក្តី​គោរព ប្រព្រឹត្តទៅ ដើម្បី​សង្រ្គោះ​គ្នា ដើម្បីមិនទាស់​ទែងគ្នា ដើម្បី​សេចក្តី​ព្រមព្រៀង​គ្នា ដើម្បីមូល​មិត្រគ្នា ១។ ម្នាលភិក្ខុ​ទាំងឡាយ មួយទៀត ភិក្ខុដែល​គេប្រដៅងាយ ប្រកប​ដោយធម៌​ជាគ្រឿង​ធ្វើនូវ​ភាវៈ​ជាអ្នក​ប្រដៅងាយ ជាអ្នក​អត់ធន់ ទទួលយក​នូវពាក្យប្រៀន​ប្រដៅ ដោយ​ចំណែក​ខាង​ស្តាំ។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុដែល​គេប្រដៅ​ងាយ ប្រកប​ដោយ​ធម៌​ជាគ្រឿង​ធ្វើនូវ​ភាវៈ ជាអ្នក​ប្រដៅងាយ ជាអ្នក​អត់ធន់ ទទួល​យកនូវ​ពាក្យប្រៀន​ប្រដៅ ដោយ​ចំណែក​ខាង​ស្តាំ ដោយហេតុ​ណា នេះ​ជាធម៌គួរ​រលឹករកគ្នា ធ្វើនូវ​សេចក្តី​ស្រឡាញ់ ធ្វើនូវ​សេចក្តី​គោរព ប្រព្រឹត្តទៅ ដើម្បី​សង្រ្គោះគ្នា ដើម្បីមិនទាស់​ទែងគ្នា ដើម្បី​ព្រមព្រៀង​គ្នា ដើម្បី​មូលមិត្រ​គ្នា ១។ ម្នាលភិក្ខុ​ទាំងឡាយ មួយទៀត កិច្ចការ​ណានីមួយ ធំ ឬ​តូច របស់​សព្រហ្មចារី​បុគ្គល​ទាំងឡាយ ភិក្ខុជា​អ្នកប៉ិនប្រសប់ មិនខ្ជិល​ច្រអូស ក្នុង​កិច្ចការ​ទាំងនោះ ប្រកប​ដោយឧបាយ​ជាគ្រឿង​ពិចារណា ក្នុង​កិច្ចការទាំងនោះ ថាគួរធ្វើ គួរចាត់ចែង។ ម្នាល​ភិក្ខុទាំងឡាយ កិច្ចការ​ណា​នីមួយ ធំ ឬតូច របស់​សព្រហ្មចារីបុគ្គល​ទាំងឡាយ ភិក្ខុជា​អ្នកប៉ិន​ប្រសប់ មិនខ្ជិល​ច្រអូស ក្នុងកិច្ចការ​ទាំងនោះ ប្រកប​ដោយឧបាយ​ជាគ្រឿង​ពិចារណា ក្នុងកិច្ចការ​ទាំងនោះ​ថា គួរធ្វើ គួរចាត់ចែង ដោយ​ហេតុណា នេះ​ជាធម៌គួរ​រលឹករក​គ្នា ធ្វើនូវ​សេចក្តី​ស្រឡាញ់ ធ្វើនូវ​សេចក្តីគោរព ប្រព្រឹត្ត​ទៅ ដើម្បី​សង្រ្គោះគ្នា ដើម្បីមិន​ទាស់ទែងគ្នា ដើម្បី​ព្រមព្រៀង​គ្នា ដើម្បីមូល​មិត្រគ្នា ១។ ម្នាលភិក្ខុ​ទាំងឡាយ មួយទៀត ភិក្ខុជា​អ្នកប្រាថ្នា​ក្នុងធម៌ មាន​ការហៅ​រក​ដោយ​ពាក្យជាទី​ស្រឡាញ់ អ្នកមាន​សេចក្តីរីករាយ ដ៏លើសលុប ក្នុងអភិធម្ម ក្នុង​អភិវិន័យ។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុជា​អ្នកប្រាថ្នា​នូវ​ធម៌ មានការ​ហៅរកដោយ​ពាក្យជាទី​ស្រឡាញ់ អ្នកមាន​សេចក្តីរីករាយ ដ៏លើសលុប ក្នុង​អភិធម្ម ក្នុង​អភិវិន័យ ដោយហេតុ​ណា នេះ​ជាធម៌​គួរ​រលឹករក​គ្នា ធ្វើនូវសេចក្តី​ស្រឡាញ់ ធ្វើនូវ​សេចក្តី​គោរព ប្រព្រឹត្តទៅ ដើម្បី​សង្រ្គោះ​គ្នា ដើម្បីមិន​ទាស់ទែងគ្នា ដើម្បី​សេចក្តី​ព្រមព្រៀងគ្នា ដើម្បីមូល​មិត្រគ្នា ១។ ម្នាលភិក្ខុ​ទាំងឡាយ មួយទៀត ភិក្ខុជា​អ្នកប្រារព្ធ​ព្យាយាម ដើម្បី​លះបង់ពួក​អកុសលធម៌ ដើម្បី​ធ្វើនូវពួក​កុសលធម៌​ឲ្យបរិបូណ៌ ជា​អ្នកមាន​កំឡាំង​ មានសេចក្តី​ប្រឹងប្រែង​មាំមួន មិនដាក់​ធុរៈ​ក្នុងពួកកុសលធម៌។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុជាអ្នក​ប្រារព្ធ​ព្យាយាម ដើម្បី​លះបង់​ពួក​អកុសលធម៌ ដើម្បី​ធ្វើពួក​កុសលធម៌ ឲ្យបរិបូណ៌ ជាអ្នក​មាន​កំឡាំង មាន​សេចក្តី​ប្រឹងប្រែង​មាំមួន មិនដាក់ធុរៈ​ក្នុងពួក​កុសលធម៌ ដោយ​ហេតុណា នេះជា​ធម៌គួរ​រលឹក​រកគ្នា ធ្វើនូវ​សេចក្តី​ស្រឡាញ់ ធ្វើនូវ​សេចក្តីគោរព ប្រព្រឹត្តទៅ ដើម្បី​សង្រ្គោះគ្នា ដើម្បី​មិនទាស់​ទែងគ្នា ដើម្បីសេចក្តី​ព្រមព្រៀងគ្នា ដើម្បីមូល​មិត្រគ្នា ១។ ម្នាលភិក្ខុ​ទាំងឡាយ មួយទៀត ភិក្ខុជាអ្នក​សន្តោស ដោយចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារ តាមមាន តាមបាន។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុជា​អ្នក​សន្តោស​ដោយចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារ តាមមាន តាមបាន ដោយហេតុ​ណា នេះ​ជាធម៌គួរ​រលឹករក​គ្នា ធ្វើនូវសេចក្តី​ស្រឡាញ់ ធ្វើនូវ​សេចក្តី​គោរព ប្រព្រឹត្តទៅ ដើម្បី​សង្រ្គោះគ្នា ដើម្បីមិនទាស់​ទែងគ្នា ដើម្បី​សេចក្តី​ព្រមព្រៀងគ្នា ដើម្បីមូល​មិត្រគ្នា ១។ ម្នាលភិក្ខុ​ទាំងឡាយ មួយ​ទៀត ភិក្ខុជាអ្នក​មានស្មារតី ប្រកប​ដោយ​ស្មារតី និងភាវៈ​ជាអ្នក​មានប្រាជ្ញា​ចាស់ក្លា​ដ៏ប្រសើរ ​រលឹក​ឃើញ​រឿយ ៗ នូវកិច្ច​ដែល​ខ្លួនធ្វើ​យូរ​ហើយផង នូវ​សំដី​ដែលខ្លួន​និយាយ​យូរហើយ​ផង។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុ​ជាអ្នក​មាន​ស្មារតី ប្រកប​ដោយ​ស្មារតី និង​ភាវៈជាអ្នក​មានប្រាជ្ញា​ចាស់ក្លា​ដ៏ប្រសើរ រលឹក​ឃើញ​រឿយ ៗ នូវកិច្ច​ដែលខ្លួន​ធ្វើយូរហើយ​ផង នូវសំដី​ដែលខ្លួន​និយាយយូរ​ហើយផង ដោយ​ហេតុណា នេះ​ជាធម៌​គួររលឹករក​គ្នា ធ្វើនូវ​សេចក្តី​ស្រឡាញ់ ធ្វើនូវ​សេចក្តី​គោរព ប្រព្រឹត្ត​ទៅ ដើម្បី​សង្រ្គោះ​គ្នា ដើម្បីមិន​ទាស់ទែងគ្នា ដើម្បី​សេចក្តី​ព្រមព្រៀង​គ្នា ដើម្បីមូល​មិត្រគ្នា ១។ ម្នាលភិក្ខុ​ទាំងឡាយ មួយវិញទៀត ភិក្ខុជា​អ្នកមាន​បញ្ញា ប្រកប​ដោយបញ្ញា ដែលអាច​កំណត់​នូវការកើត​ឡើង និង​សេចក្តី​វិនាសទៅ (នៃ​ខន្ធបញ្ចកៈ) ជាបញ្ញា​ដ៏ប្រសើរ ជាគ្រឿង​ទំលាយ​បង់នូវ​កិលេស ជាធម្មជាតិ ដល់នូវ​ការ​អស់ទៅនៃ​ទុក្ខ ដោយ​ប្រពៃ។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុជា​អ្នកមាន​បញ្ញា ប្រកបដោយ​បញ្ញា ដែលអាច​កំណត់នូវ​ការកើត​ឡើង និង​​វិនាស​ទៅ ជា​បញ្ញា​ដ៏ប្រសើរ ជាគ្រឿង​ទំលាយ​បង់នូវ​កិលេស​ ជា​ធម្មជាតិ ដល់​នូវកិរិយាអស់​ទៅនៃទុក្ខ ដោយ​ប្រពៃ ដោយ​ហេតុណា នេះ​ជាធម៌​គួររលឹក​រកគ្នា ធ្វើនូវ​សេចក្តី​ស្រឡាញ់ ធ្វើនូវ​សេចក្តី​គោរព ប្រព្រឹត្តទៅ ដើម្បី​សង្រ្គោះ​គ្នា ដើម្បី​មិនទាស់​ទែងគ្នា ដើម្បី​សេចក្តី​ព្រមព្រៀង​គ្នា ដើម្បីមូល​មិត្រគ្នា ១។ ម្នាលភិក្ខុ​ទាំងឡាយ​ ធម៌ ១០ យ៉ាង​នេះឯង ជាធម៌​គួររលឹក​រកគ្នា ធ្វើនូវ​សេចក្តី​ស្រឡាញ់​ធ្វើនូវសេចក្តី​គោរព ប្រព្រឹត្ត​ទៅ ដើម្បី​សង្រ្គោះគ្នា ដើម្បី​មិនទាស់​ទែងគ្នា ដើម្បី​សេចក្តី​ព្រមព្រៀងគ្នា ដើម្បី​មូលមិត្រ​គ្នា។

ចប់ អកោ្កសវគ្គ ទី៥។

ឧទ្ទាននៃអក្កោសវគ្គនោះ គឺ

និយាយអំពីវិវាទ ១ វិវាទមូល ពីរលើក ព្រះដ៏មានព្រះភាគ ទ្រង់គង់​ក្នុង​នគរកុសិនារា ១ ទោសក្នុង​ការចូលទៅ​ខាងក្នុង​រាជបុរី ១ សក្យឧបាសក ១ លិច្ឆវី ឈ្មោះ​មហាលិ ១ ធម៌ដែល​បព្វជិត​គួរ​ពិចារណា​រឿយ ១ ធម៌ដែល​ឋិតនៅ​ក្នុងសរីរៈ ១ ពួកភិក្ខុ​អ្នកមាន​សេចក្តី​ប្រកួត​ប្រកាន់គ្នា ១។

ទុតិយបណ្ណាសកំ ទី២

សចិត្តវគ្គ ទី១

សចិត្តសូត្រ ទី១

[៥១] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុង​វត្តជេតពន របស់​អនាថបិណ្ឌិក​សេដ្ឋី ជិតក្រុង​សាវត្ថី។ ក្នុងទី​នោះឯង ព្រះដ៏មានព្រះ​ភាគ ទ្រង់ត្រាស់ហៅ​ភិក្ខុទាំង​ឡាយថា ម្នាលភិក្ខុ​ទាំងឡាយ ដូច្នេះ។ ភិក្ខុ​ទាំងនោះ ទទួល​តបព្រះពុទ្ធ​ដីកា​នៃព្រះដ៏មានព្រះភាគ​ថា ព្រះករុណា ព្រះអង្គ។ ព្រះដ៏មាន​ព្រះភាគ បានត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ បើភិក្ខុ​មិនឆ្លាស ក្នុងវារៈនៃ​ចិត្តអ្នក​ដទៃទេ ត្រូវគិតថា យើង​ទាំង​ឡាយ គួរជាអ្នក​ឆ្លាស ក្នុងវារៈ​នៃចិត្ត​របស់ខ្លួន។ ម្នាលភិក្ខុ​ទាំងឡាយ អ្នក​ទាំងឡាយ គប្បី​សិក្សា​យ៉ាងនេះ​ឯង។ ម្នាលភិក្ខុ​ទាំងឡាយ ចុះភិក្ខុ​ជាអ្នកឆ្លាស​ក្នុងវារៈ​នៃ​ចិត្តរបស់​ខ្លួន តើដោយ​ប្រការ​ដូចម្តេច។ ម្នាលភិក្ខុ​ទាំងឡាយ ដូចជាស្រ្តី ឬ​បុរស កំឡោះ​ជំទង់ ប្រកប​ដោយ​ជាតិជាអ្នក​ស្អិតស្អាង កាល​ពិចារណា​មើល​នូវស្រមោល​មុខរបស់ខ្លួន ក្នុងកញ្ចក់​ដែលបរិសុទ្ធ​ផូរផង់ ឬ​ក្នុង​ភាជន៍ទឹកថ្លា បើ​ឃើញធូលី ឬ​កន្ទួលក្នុង​កញ្ចក់នោះ រមែង​ព្យាយាម ដើម្បី​លះបង់​នូវធូលី ឬ​កន្ទួល​នោះចេញ បើមិនឃើញ​ធូលី ឬកន្ទួល​ក្នុងកញ្ចក់​នោះទេ ក៏មាន​ចិត្តត្រេកអរ មាន​សេចក្តី​ត្រិះរិះ​គ្រប់គ្រាន់​ដោយហេតុ​នោះ​ថា ឱហ្ន៎ អាត្មាអញ មានលាភ ឱហ្ន៎ មុខរបស់​អាត្មាអញ​បរិសុទ្ធ យ៉ាងណាមិញ ម្នាលភិក្ខុ​ទាំងឡាយ ឧបមេយ្យ​ដូចជាការ​ពិចារណា ក្នុង​កុសលធម៌​ទាំង​ឡាយ រមែង​មាន​ឧបការៈ​ច្រើន​ដល់ភិក្ខុថា អាត្មាអញ​ជាអ្នកមាន​អភិជ្ឈា​ច្រើនឬហ្ន៎ អាត្មាអញ ជាអ្នកមិន​មាន​អភិជ្ឈាច្រើន​ឬហ្ន៎ អាត្មាអញ​ជាអ្នក​មានចិត្តព្យាបាទ​ច្រើនឬហ្ន៎ អាត្មាអញ ជាអ្នក​មិនមាន​ចិត្ត​ព្យាបាទ​ច្រើន​ឬហ្ន៎ អាត្មាអញ​ជាអ្នកត្រូវ​ថីនមិទ្ធៈ​រួបរឹត​ច្រើនឬហ្ន៎ អាត្មាអញ​ជាអ្នក​ប្រាស​ចាក​ថីនមិទ្ធៈ​ច្រើនឬហ្ន៎ អាត្មាអញ​ជាអ្នកមាន​ចិត្តអណ្តែត​អណ្តូង​ច្រើនឬហ្ន៎ អាត្មាអញ​ជាអ្នកមិន​មានចិត្ត​អណ្តែត​អណ្តូង​ច្រើនឬហ្ន៎ អាត្មាអញ​ជាអ្នក​មាន​វិចិកិច្ឆា​ច្រើន​ឬហ្ន៎ អាត្មាអញ​ជាអ្នកឆ្លងចាក​វិចិកិច្ឆា​ច្រើនឬហ្ន៎ អាត្មាអញ​មានសេចក្តី​ក្រោធច្រើន​ឬហ្ន៎ អាត្មាអញ ជាអ្នកមាន​ចិត្តសៅហ្មង​ច្រើនឬហ្ន៎ អាត្មាអញ ជាអ្នកមាន​ចិត្តមិនសៅហ្មង​ច្រើន​ឬហ្ន៎ អាត្មាអញ ជាអ្នកមាន​កាយ​ក្រវល់ក្រវាយច្រើន​ឬហ្ន៎ អាត្មាអញ មានកាយ​មិនបានក្រវល់ក្រវាយ​ច្រើន​ឬហ្ន៎ អាត្មាអញ មានសេចក្តី​ខ្ជិលច្រអូស​ច្រើន​ឬហ្ន៎ អាត្មាអញ មានព្យាយាម​ប្រារព្ធ​ហើយច្រើន​ឬហ្ន៎ អាត្មាអញ មានចិត្ត​មិនខ្ជាប់ខ្ជួន​ច្រើនឬហ្ន៎ អាត្មាអញ មានចិត្តខ្ជាប់ខ្ជួន​ច្រើន​ឬហ្ន៎។ ម្នាលភិក្ខុ​ទាំងឡាយ បើភិក្ខុកាល​ពិចារណា​ដឹងយ៉ាង​នេះថា អាត្មាអញ មាន​អភិជ្ឈាច្រើន អាត្មាអញ មានចិត្ត​ព្យាបាទ​ច្រើន អាត្មាអញ ត្រូវ​ថីនមិទ្ធៈ​រួបរឹតច្រើន អាត្មាអញ មានចិត្ត​អណ្តែតអណ្តូង​ច្រើន អាត្មាអញ មាន​វិចិកិច្ឆា​ច្រើន អាត្មាអញ មានសេចក្តី​ក្រោធច្រើន អាត្មាអញ មានចិត្ត​សៅហ្មង​ច្រើន អាត្មាអញ មានកាយ​ក្រវល់ក្រវាយច្រើន អាត្មាអញ ជាអ្នក​ខ្ជិលច្រអូស​ច្រើន អាត្មាអញ មានចិត្តមិន​ខ្ជាប់ខ្ជួនច្រើន។ ម្នាលភិក្ខុ​​ទាំងឡាយ ភិក្ខុនោះ គប្បីធ្វើ​នូវសេចក្តី​ប៉ុនប៉ង​ផង សេចក្តី​ព្យាយាម​ផង ខ្មីឃ្មាតផង សេចក្តី​ប្រឹងប្រែងផង សេចក្តី​មិនរួញ​រាផង សតិផង សម្បជញ្ញៈ​ផង ឲ្យលើសលុប ដើម្បីលះបង់​នូវ​ពួក​អកុសលធម៌ ដ៏លាមក​ទាំងនោះចេញ។ ម្នាលភិក្ខុ​ទាំងឡាយ ដូចជា​សំពត់​ដែល​ភ្លើង​ឆេះ ឬក្បាល​ដែលត្រូវ​ភ្លើងឆេះ បុគ្គលគប្បី​ធ្វើនូវ​សេចក្តី​ប៉ុនប៉ងផង ព្យាយាមផង ខ្មីឃ្មាត​ផង ប្រឹងប្រែងផង សេចក្តី​មិនរួញ​រាផង សតិផង សម្បជញ្ញៈផង ឲ្យលើសលុប ដើម្បី​លត់​សំពត់ ឬ​ក្បាល​នោះឯង យ៉ាងណាមិញ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុនោះ គប្បីធ្វើ​នូវ​សេចក្តី​ប៉ុនប៉ង​ផង ព្យាយាមផង សេចក្តី​ខ្មីឃ្មាតផង ប្រឹង​ប្រែង​ផង សេចក្តី​មិនរួញរា​ផង សតិផង សម្បជញ្ញៈផង ឲ្យ​លើសលុប ដើម្បី​លះបង់​នូវពួក​អកុសលធម៌​ដ៏លាមក​ទាំងនោះ ក៏យ៉ាង​នោះដែរ។ ម្នាល​ភិក្ខុ​ទាំងឡាយ បើភិក្ខុ​កាលពិចារណា ដឹង​យ៉ាងនេះថា អាត្មាអញ ជាអ្នក​មិនមាន​អភិជ្ឈាច្រើន អាត្មាអញ ជាអ្នក​មានចិត្ត​មិនព្យាបាទ​ច្រើន អាត្មា​អញ ជាអ្នក​ប្រាសចាក​ថីនមិទ្ធៈ​ច្រើន អាត្មាអញ ជាអ្នក​មានចិត្ត​មិន​អណ្តែត​​អណ្តូង​ច្រើន អាត្មាអញ ជាអ្នកឆ្លង​ចាក​វិចិកិច្ឆា​ច្រើន អាត្មាអញ ជាអ្នកមិនមាន​សេចក្តីក្រោធ​ច្រើន អាត្មាអញ ជាអ្នកមាន​ចិត្តមិន​សៅហ្មង​ច្រើន អាត្មាអញ ជាអ្នកមាន​កាយ​មិន​ក្រវល់ក្រវាយ​ច្រើន អាត្មាអញ ជាអ្នក​ប្រារព្ធ​សេចក្តីព្យាយាម​ច្រើន អាត្មាអញ ជាអ្នកមានចិត្ត​ខ្ជាប់ខ្ជួនច្រើន។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុគប្បី​តាំងនៅក្នុង​កុសលធម៌​ទាំង​នោះ ធ្វើព្យាយាម ដើម្បីឲ្យអស់​ទៅនៃអាសវៈ​ទាំងឡាយ​តទៅ។

សារិបុត្តសូត្រ ទី២

[៥២] ក្នុងទីនោះឯង ព្រះសារីបុត្តដ៏មានអាយុ ហៅភិក្ខុ​ទាំងឡាយថា ម្នាល​អាវុសោ​ភិក្ខុ​ទាំងឡាយ។ ពួកភិក្ខុទាំងនោះ ទទួល​ស្តាប់​ថេរវាចា​របស់​ព្រះសារីបុត្ត​ដ៏មាន​អាយុ​ថា ករុណា អាវុសោ។ ព្រះសារីបុត្ត​ដ៏មានអាយុ បានពោល​ពាក្យនេះថា ម្នាល​អាវុសោ​ទាំងឡាយ បើភិក្ខុ​មិនឆ្លាស ក្នុងវារៈ​នៃចិត្តបុគ្គល​ដទៃទេ ត្រូវ​គិតថា យើង​ទាំង​ឡាយ គួរជា​អ្នកឆ្លាស ក្នុងវារៈ​នៃចិត្ត​របស់ខ្លួន។ ម្នាលអាវុសោ​ទាំងឡាយ អ្នក​ទាំងឡាយ គួរសិក្សា​យ៉ាង​នេះឯង។ ម្នាល​អាវុសោ​ទាំងឡាយ ចុះភិក្ខុជា​អ្នកឆ្លាស ក្នុងវារៈ​នៃចិត្ត​របស់​ខ្លួន តើ​ដោយ​ប្រការដូចម្តេច។ ម្នាលអាវុសោ​ទាំងឡាយ ដូចជា​ស្រ្តី ឬបុរសកំឡោះ​ជំទង់ ប្រកប​ដោយជាតិ ជាអ្នក​ស្អិតស្អាង កាល​ពិចារណា​មើលស្រមោល​របស់ខ្លួន​ក្នុងកញ្ចក់ ដែល​បរិសុទ្ធផូរផង់ ឬ​ក្នុងភាជន៍ទឹកថ្លា បើឃើញ​ធូលី ឬ​កន្ទួលក្នុង​កញ្ចក់ ក៏រមែង​ព្យាយាម​លះបង់​នូវធូលី ឬ​កន្ទួលនោះ​ចេញ បើមិន​ឃើញធូលី ឬ​កន្ទួល​នោះទេ ក៏មាន​ចិត្ត​ត្រេកអរ មាន​តម្រិះ​គ្រប់គ្រាន់ ដោយ​ហេតុនោះថា ឱហ្ន៎ អាត្មាអញ មានលាភ ឱហ្ន៎ (មុខ) របស់​អាត្មាអញ បរិសុទ្ធ យ៉ាង​ណាមិញ ម្នាលអាវុសោ​ទាំងឡាយ ឧបមេយ្យ ដូចជា ការ​ពិចារណា ក្នុងកុសលធម៌​ទាំងឡាយ រមែង​មាន​ឧបការៈ​ច្រើន ដល់ភិក្ខុថា អាត្មាអញ ជាអ្នកមាន​អភិជ្ឈា​ច្រើន​ឬហ្ន៎ អាត្មាអញ ជាអ្នកមិន​មាន​អភិជ្ឈា​ច្រើន​ឬហ្ន៎ អាត្មាអញ មានចិត្ត​ព្យាបាទ​ច្រើន​ឬហ្ន៎ អាត្មាអញ ត្រូវ​ថីនមិទ្ធៈ​រួបរឹតច្រើន​ឬហ្ន៎ អាត្មាអញ មិនមាន​ចិត្ត​ព្យាបាទ​ច្រើន​ឬហ្ន៎ អាត្មាអញ ប្រាស​ចាក​ថីនមិទ្ធៈ​ច្រើន​ឬហ្ន៎ អាត្មាអញ មានចិត្ត​អណ្តែត​អណ្តូង​ច្រើន​ឬហ្ន៎ អាត្មាអញ មិនមាន​ចិត្តអណ្តែត​អណ្តូងច្រើន​ឬហ្ន៎ អាត្មាអញ មាន​វិចិកិច្ឆា​ច្រើន​ឬហ្ន៎ អាត្មាអញ ឆ្លង​វិចិកិច្ឆា​ច្រើន​ឬហ្ន៎ អាត្មាអញ មានសេចក្តី​ក្រោធ​ច្រើន​ឬហ្ន៎ អាត្មាអញ មិនមាន​សេចក្តីក្រោធ​ច្រើន​ឬហ្ន៎ អាត្មាអញ មានចិត្ត​សៅហ្មងច្រើន​ឬហ្ន៎ អាត្មាអញ មិនមាន​ចិត្តសៅហ្មង​ច្រើន​ឬហ្ន៎ អាត្មាអញ មានកាយ​ក្រវល់ក្រវាយ​ច្រើន​ឬហ្ន៎ អាត្មាអញ មានកាយមិនក្រវល់ក្រវាយ​ច្រើន​ឬហ្ន៎ អាត្មាអញ ខ្ជិល​ច្រអូស​ច្រើន​ឬហ្ន៎ អាត្មាអញ ប្រារព្ធ​ព្យាយាម​ច្រើន​ឬហ្ន៎ អាត្មាអញ មានចិត្ត​មិនខ្ជាប់​ខ្ជួនច្រើន​ឬហ្ន៎ អាត្មាអញ មានចិត្តខ្ជាប់​ខ្ជួនច្រើន​ឬហ្ន៎។ ម្នាល​អាវុសោ​ទាំងឡាយ បើភិក្ខុ​ពិចារណា រមែងដឹង​យ៉ាង​នេះថា អាត្មាអញ មាន​អភិជ្ឈា​ច្រើន។បេ។ អាត្មាអញ មានចិត្ត​មិនបាន​ខ្ជាប់ខ្ជួន​ច្រើន។ ម្នាលអាវុសោ​ទាំងឡាយ ភិក្ខុនោះ គប្បីធ្វើនូវ​សេចក្តី​ប៉ុនប៉ងផង ព្យាយាម​ផង សេចក្តី​ខ្មីឃ្មាតផង ប្រឹងប្រែងផង មិនរួញ​រាផង សតិផង សម្បជញ្ញៈ​ផង ឲ្យ​លើសលុប ដើម្បីលះ​នូវពួក​អកុសលធម៌ ដ៏លាមក​ទាំងនោះ​ចេញ។ ម្នាល​អាវុសោ​ទាំងឡាយ ដូចជាសំពត់​ដែលត្រូវ​ភ្លើងឆេះ ឬ​ក្បាល​ដែលត្រូវ​ភ្លើងឆេះ បុគ្គល​គប្បី​ប្រញាប់​ធ្វើនូវ​សេចក្តី​ប៉ុនប៉ង​ផង ព្យាយាម​ផង សេចក្តី​ខ្មីឃ្មាតផង ប្រឹងប្រែងផង សេចក្តី​មិនរួញ​រាផង សតិផង សម្បជញ្ញៈផង ឲ្យលើសលុប ដើម្បី​លត់សំពត់ ឬក្បាលនោះ​ឯង យ៉ាងណាមិញ ម្នាល​អាវុសោ​ទាំងឡាយ ភិក្ខុនោះ គប្បីប្រញាប់​ធ្វើនូវសេចក្តី​ប៉ុនប៉ងផង ព្យាយាម​ផង សេចក្តី​ខ្មីឃ្មាតផង ប្រឹងប្រែង​ផង សេចក្តី​មិនរួញរាផង សតិផង សម្បជញ្ញៈ​ផង ឲ្យលើសលុប ដើម្បីលះបង់​នូវពួក​អកុសលធម៌​ដ៏លាមក​ទាំងនោះចេញ ក៏យ៉ាង​នោះដែរ។ ម្នាល​អាវុសោ​ទាំងឡាយ បើភិក្ខុ​ពិចារណា រមែងដឹង​យ៉ាងនេះថា អាត្មាអញ ជាអ្នក​មិនមាន​អភិជ្ឈា​ច្រើន។បេ។ អាត្មាអញ មានចិត្ត​ខ្ជាប់ខ្ជួនច្រើន។ ម្នាលអាវុសោ​ទាំងឡាយ ភិក្ខុនោះ គួរតាំងនៅ​ក្នុងកុសលធម៌​ទាំងនោះ ហើយធ្វើ​នូវសេចក្តី​ព្យាយាម ដើម្បី​អស់ទៅ​នៃអាសវៈ​ទាំងឡាយតទៅ។

ឋិតិសូត្រ ទី៣

[៥៣] ម្នាលភិក្ខុទាំងឡាយ តថាគត មិនសរសើរការ​តាំងនៅ​ដដែល ក្នុង​កុសលធម៌​ទាំងឡាយ​ទេ នឹងបាច់​និយាយថ្វី​ដល់ការ​សាបសូន្យ។ ម្នាល​ភិក្ខុ​ទាំងឡាយ តថាគត សរសើរ​នូវសេចក្តី​ចំរើន ក្នុង​កុសលធម៌​ទាំងឡាយ តែម៉្យាង មិន​សរសើរ​ការតាំង​នៅ​ដដែល មិនសរសើរ​ការសាប​សូន្យទេ។ ម្នាលភិក្ខុ​ទាំងឡាយ ការសាបសូន្យ ក្នុង​កុសលធម៌​ទាំងឡាយ មិនមែន​ជាការតាំង​នៅ​ដដែល មិនមែន​ជាការចំរើន តើដោយ​ប្រការ​ដូចម្តេច។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុ​ទាំងប៉ុន្មាន ក្នុងសាសនា​នេះ ប្រកប​ដោយសទ្ធា សីលៈ សុតៈ ចាគៈ បញ្ញា និង​បដិភាណៈ ធម៌ទាំង​ឡាយនោះ របស់​ភិក្ខុនោះ មិនតាំង​នៅ​ដដែល មិនចំរើន។ ម្នាលភិក្ខុ​ទាំងឡាយ តថាគត ពោលនូវ​ហេតុនេះថា ជាសេចក្តី​សាបសូន្យ ក្នុង​កុសលធម៌​ទាំងឡាយ មិនមែន​ជាការតាំង​នៅដដែល មិនមែន ជា​សេចក្តី​ចំរើន​ទេ។ ម្នាលភិក្ខុ​ទាំងឡាយ សេចក្តី​សាបសូន្យ ក្នុង​កុសលធម៌​ទាំងឡាយ មិនមែន​ជាការ​តាំងនៅ​ដដែល មិនមែន​សេចក្តី​ចំរើន យ៉ាងនេះឯង។ ម្នាលភិក្ខុ​ទាំងឡាយ ការតាំងនៅ​ដដែល ក្នុង​កុសលធម៌​ទាំងឡាយ មិនមែន​ជាសេចក្តី​សាបសូន្យ មិនមែន​ជាសេចក្តី​ចំរើន តើដោយ​ប្រការ​ដូចម្តេច។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុទាំង​ប៉ុន្មាន ក្នុង​សាសនា​នេះ ប្រកប​ដោយ​សទ្ធា សីលៈ សុត្តៈ ចាគៈ បញ្ញា និង​បដិភាណៈ ពួកធម៌​នោះ របស់​ភិក្ខុនោះ មិនសាបសូន្យ មិនចំរើន។ ម្នាលភិក្ខុ​ទាំងឡាយ តថាគត ពោលនូវ​ហេតុនេះ ថាជាការ​តាំងនៅដដែល ក្នុង​កុសលធម៌​ទាំងឡាយ មិនមែន​ជាការសាប​សូន្យ មិនមែនជា​សេចក្តីចំរើន។ ម្នាលភិក្ខុ​ទាំងឡាយ ការតាំង​នៅដដែល ក្នុង​កុសលធម៌​ទាំងឡាយ មិនមែនជា​ការសាបសូន្យ មិនមែន​ជាសេចក្តី​ចំរើន យ៉ាង​នេះឯង។ ម្នាលភិក្ខុ​ទាំងឡាយ សេចក្តី​ចំរើន ក្នុង​កុសលធម៌​ទាំងឡាយ មិនមែន​ជាការតាំង​នៅដដែល មិនមែន​ជាការសាបសូន្យ តើ​ដោយ​ប្រការដូចម្តេច។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុទាំង​ប៉ុន្មាន ក្នុង​សាសនា​នេះ ប្រកបដោយ​សទ្ធា សីលៈ សុតៈ ចាគៈ បញ្ញា និង​បដិភាណៈ ពួក​ធម៌នោះ របស់ភិក្ខុនោះ មិនតាំង​នៅដដែល មិនសាបសូន្យ​ទេ។ ម្នាលភិក្ខុ​ទាំងឡាយ តថាគត​ពោលនូវ​ហេតុនេះថា ជាសេចក្តី​ចំរើន ក្នុង​កុសលធម៌​ទាំងឡាយ មិនមែនជា​ការតាំងនៅ​ដដែល មិនមែន​ជាសេចក្តី​សាបសូន្យ​ទេ។ ម្នាលភិក្ខុ​ទាំងឡាយ សេចក្តី​ចំរើន ក្នុង​កុសលធម៌​ទាំងឡាយ មិនមែនជា​ការតាំងនៅ​ដដែល មិនមែន​ជាសេចក្តី​សាបសូន្យ​យ៉ាង​នេះឯង។ ម្នាលភិក្ខុ​ទាំងឡាយ បើភិក្ខុ​មិនឆ្លាស ក្នុងវារៈ​នៃចិត្តបុគ្គល​ដទៃទេ គួរ​គិតថា យើងទាំងឡាយ ជាអ្នកឆ្លាស ក្នុងវារៈ​នៃចិត្ត​របស់ខ្លួន។ ម្នាលភិក្ខុ​ទាំងឡាយ អ្នកទាំង​ឡាយ គួរសិក្សា​យ៉ាងនេះ​ឯង។ ម្នាលភិក្ខុ​ទាំងឡាយ ចុះ​ភិក្ខុឆ្លាស ក្នុងវារៈ​នៃចិត្ត​របស់ខ្លួន តើដោយ​ប្រការ​ដូចម្តេច។ ម្នាលភិក្ខុ​ទាំងឡាយ ដូចជាស្រ្តី ឬ​បុរសកំឡោះ ឬ​ជំទង់ ប្រកប​ដោយជាតិ​ជាអ្នកស្អិតស្អាង កាល​ពិចារណា មើលស្រមោល​មុខ​របស់ខ្លួន ក្នុង​កញ្ចក់​ដ៏បរិសុទ្ធ​ផូរផង់ ឬក្នុង​ភាជន៍ទឹកថ្លា បើឃើញ​នូវធូលី ឬ​កន្ទួល​ក្នុងកញ្ចក់ ឬ​ទឹកនោះ តែងព្យាយាម ដើម្បីលះបង់​នូវធូលី ឬ​កន្ទួល​នោះចេញ បើ​មិនឃើញ​ធូលី ឬកន្ទួល ក្នុង​កញ្ចក់ ឬ​ទឹកនោះទេ ក៏មានចិត្ត​ត្រេកអរ មានតម្រិះ​គ្រប់គ្រាន់ ដោយ​ហេតុ​នោះថា ឱហ្ន៎ អាត្មាអញ មានលាភ ឱហ្ន៎ មុខរបស់​អាត្មាអញ បរិសុទ្ធ ឧបមា​យ៉ាងណា​មិញ ម្នាលភិក្ខុ​ទាំងឡាយ ឧបមេយ្យ ដូចជា ការពិចារណា ក្នុង​កុសលធម៌​ទាំងឡាយ រមែង​មានឧបការៈ​ច្រើន ដល់ភិក្ខុ​នោះថា អាត្មាអញ ជាអ្នកមាន​អភិជ្ឈាច្រើន​ឬហ្ន៎ អាត្មាអញ ជាអ្នកមិនមាន​អភិជ្ឈាច្រើន​ឬហ្ន៎ អាត្មាអញ ជាអ្នក​មានចិត្តព្យាបាទ​ច្រើន​ឬហ្ន៎ អាត្មាអញ ជាអ្នកមាន​ចិត្តមិន​មានព្យាបាទ​ច្រើនឬហ្ន៎ អាត្មាអញ ជាអ្នកត្រូវ​ថីនមិទ្ធៈ​គ្របសង្កត់​ច្រើន​ឬហ្ន៎ អាត្មាអញ ជាអ្នកប្រាសចាក​ថីនមិទ្ធៈ​ច្រើន​ឬហ្ន៎ អាត្មាអញ ជាអ្នកមាន​ចិត្តអណ្តែត​អណ្តូង​ច្រើន​ឬហ្ន៎ អាត្មាអញ ជាអ្នកមាន​ចិត្ត​មិនអណ្តែតអណ្តូង​ច្រើន​ឬហ្ន៎ អាត្មាអញ ជាអ្នកមាន​វិចិកិច្ឆាច្រើន​ឬហ្ន៎ អាត្មាអញ ជាអ្នកឆ្លង​ចាក​វិចិកិច្ឆា​ច្រើន​ឬហ្ន៎ អាត្មាអញ ជាអ្នកមាន​សេចក្តីក្រោធ​ច្រើន​ឬហ្ន៎ អាត្មាអញ មិនមាន​សេចក្តី​ក្រោធ​ច្រើន​ឬហ្ន៎ អាត្មាអញ ជាអ្នកមាន​ចិត្តសៅហ្មង​ច្រើន​ឬហ្ន៎ អាត្មាអញ ជាអ្នក​មានចិត្ត​មិនសៅហ្មង​ច្រើន​ឬហ្ន៎ អាត្មាអញ ជាអ្នកមាន​កាយ​​ក្រវល់ក្រវាយ​ច្រើន​ឬហ្ន៎ អាត្មាអញ ជាអ្នក​មានកាយ​មិនក្រវល់ក្រវាយ​ច្រើន​ឬហ្ន៎ អាត្មាអញ ជាអ្នកខ្ជិល​ច្រអូសច្រើន​ឬហ្ន៎ អាត្មាអញ ជាអ្នក​មានព្យាយម ប្រារព្ធ​ច្រើន​ឬហ្ន៎ អាត្មាអញ ជាអ្នកមានចិត្ត​មិនខ្ជាប់ខ្ជួន​ច្រើន​ឬហ្ន៎ អាត្មាអញ ជាអ្នកមាន​ចិត្តខ្ជាប់ខ្ជួន​ច្រើន​ឬហ្ន៎។ ម្នាលភិក្ខុ​ទាំងឡាយ បើភិក្ខុ​ពិចារណា ដឹងយ៉ាង​នេះថា អាត្មាអញ ជាអ្នកមាន​អភិជ្ឈា​ច្រើន អាត្មាអញ ជាអ្នកមាន​ចិត្តព្យាបាទ​ច្រើន អាត្មាអញ ជាអ្នក​ត្រូវ​ថីនមិទ្ធៈ​គ្របសង្កត់​ច្រើន អាត្មាអញ ជាអ្នក​មានចិត្ត​អណ្តែតអណ្តូង​ច្រើន អាត្មាអញ ជាអ្នកមាន​វិចិកិច្ឆាច្រើន អាត្មាអញ ជាអ្នក​មានសេចក្តី​ក្រោធ​ច្រើន អាត្មាអញ ជាអ្នកមាន​ចិត្តសៅហ្មង​ច្រើន អាត្មាអញ ជាអ្នក​មាន​កាយ​ក្រវល់ក្រវាយ​ច្រើន អាត្មាអញ ជាអ្នកខ្ជិល​ច្រអូសច្រើន អាត្មាអញ ជា​អ្នកមានចិត្ត​មិន​ខ្ជាប់ខ្ជួន​ច្រើន។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុនោះ គួរធ្វើ​សេចក្តី​ប៉ុនប៉ងផង ព្យាយាម​ផង សេចក្តី​ខ្មីឃ្មាតផង ប្រឹងប្រែង​ផង សេចក្តី​មិន​រួញរាផង សតិផង សម្បជញ្ញៈផង ឲ្យលើស​លុប ដើម្បី​លះបង់​នូវពួកអកុសលធម៌​ដ៏លាមក​ទាំងនោះ​ចេញ។ ម្នាលអាវុសោ​ទាំងឡាយ ដូចជា​សំពត់​ត្រូវភ្លើង​ឆេះ ឬ​ក្បាលដែល​ត្រូវភ្លើងឆេះ បុគ្គល​គប្បីប្រញាប់​ធ្វើ​សេចក្តី​ប៉ុនប៉ង​ផង ព្យាយាម​ផង សេចក្តី​ខ្មីឃ្មាតផង ប្រឹងប្រែង​ផង សេចក្តីមិនរួញ​រាផង សតិផង សម្បជញ្ញៈ​ផង ឲ្យ​លើសលុប ដើម្បី​លត់សំពត់ ឬ​ក្បាល​នោះឯង យ៉ាង​ណាមិញ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុនោះ គួរប្រញាប់​ធ្វើសេចក្តី​ប៉ុនប៉ងផង ព្យាយាម​ផង សេចក្តី​ខ្មីឃ្មាត​ផង ប្រឹងប្រែង​ផង សេចក្តី​មិនរួញរាផង សតិផង សម្បជញ្ញៈផង ឲ្យ​លើសលុប ដើម្បី​លះបង់នូវ​ពួក​អកុសលធម៌​ដ៏លាមក ទាំងនោះចេញ ក៏យ៉ាង​នោះដែរ។ ម្នាលភិក្ខុ​ទាំង​ឡាយ បើភិក្ខុ​ពិចារណា ដឹងយ៉ាង​នេះថា អាត្មាអញ ជាអ្នក​មិនមាន​អភិជ្ឈា​ច្រើន អាត្មាអញ ជាអ្នក​មានចិត្ត​មិនព្យាបាទ​ច្រើន អាត្មាអញ ជាអ្នក​ប្រាសចាក​ថីនមិទ្ធៈ​ច្រើន អាត្មាអញ ជាអ្នកមាន​ចិត្តមិនអណ្តែត​អណ្តូង​ច្រើន អាត្មាអញ ជាអ្នកឆ្លង​ចាក​វិចិកិច្ឆា​ច្រើន អាត្មាអញ ជាអ្នកមិនមាន​សេចក្តី​ក្រោធច្រើន អាត្មាអញ ជាអ្នក​មានចិត្ត​មិនសៅហ្មង​ច្រើន អាត្មាអញ ជាអ្នក​មានកាយ​មិនក្រវល់ក្រវាយច្រើន អាត្មាអញ ជាអ្នក​មាន​ព្យាយាម ប្រារព្ធច្រើន អាត្មាអញ ជាអ្នកមាន​ចិត្តខ្ជាប់ខ្ជួន​ច្រើន។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុនោះ គប្បី​តាំងនៅ​ក្នុងកុសលធម៌​ទាំងនោះ ហើយ​គួរធ្វើ​ព្យាយាម ដើម្បីឲ្យ​អស់ទៅ​នៃអាសវៈ​ទាំងឡាយ​តទៅ។

សមថសូត្រ ទី៤

[៥៤] ម្នាលភិក្ខុទាំងឡាយ បើភិក្ខុមិនឆ្លាស ក្នុងវារៈ​នៃចិត្តអ្នក​ដទៃទេ គួរ​គិតថា យើង​ទាំងឡាយ ជាអ្នកឆ្លាស​ក្នុងវារៈនៃ​ចិត្តរបស់ខ្លួន។ ម្នាលភិក្ខុ​ទាំងឡាយ អ្នក​ទាំង​ឡាយ គួរសិក្សា​យ៉ាងនេះឯង។ ម្នាលភិក្ខុ​ទាំង​ឡាយ ចុះភិក្ខុឆ្លាស​ក្នុងវារៈ​នៃចិត្តរបស់ខ្លួន តើដោយ​ប្រការ​ដូចម្តេច។ ម្នាលភិក្ខុ​ទាំងឡាយ ដូចជាស្រ្តី ឬ​បុរសកំឡោះ ឬ​ជំទង់ ប្រកប​ដោយ​ជាតិ​ជាអ្នក​ស្អិតស្អាង ពិចារណា​មើលស្រមោល​មុខរបស់ខ្លួន ក្នុង​កញ្ចក់ដ៏​បរិសុទ្ធ​ផូរផង់ ឬ​ក្នុងភាជន៍​ទឹកថ្លា បើឃើញ​នូវធូលី ឬ​កន្ទួលក្នុង​កញ្ចក់ ឬ​ទឹកនោះ ក៏​ព្យាយាម ដើម្បីលះបង់​នូវធូលី ឬ​កន្ទួល​នោះចេញ បើមិន​ឃើញធូលី ឬ​កន្ទួល​នៃមុខ​​នោះទេ ក៏មានចិត្ត​ត្រេកអរ មានតម្រិះ​គ្រប់គ្រាន់ ដោយ​ហេតុនោះថា ឱហ្ន៎ អាត្មាអញ មានលាភ ឱហ្ន៎ មុខរបស់​អាត្មាអញ បរិសុទ្ធ ឧបមា​យ៉ាងណាមិញ ម្នាលភិក្ខុ​ទាំង​ឡាយ ឧបមេយ្យ​ដូចជា ការពិចារណា ក្នុង​កុសលធម៌​ទាំងឡាយ រមែងមាន​ឧបការៈ​ច្រើន ដល់​ភិក្ខុថា អាត្មាអញ ជាអ្នកបាន​នូវ​ចេតោសមថៈ ខាង​ក្នុង​សន្តាន​ឬហ្ន៎ អាត្មាអញ ជាអ្នក​មិនបាន​នូវ​ចេតោសមថៈ ខាងក្នុង​សន្តានឬហ្ន៎ អាត្មាអញ ជាអ្នក​បាន​អធិប្បញ្ញាធម្មវិបស្សនា​ឬ​ហ្ន៎ អាត្មាអញ ជាអ្នកមិនបាន​អធិប្បញ្ញាធម្មវិបស្សនា​ឬហ្ន៎។ ម្នាលភិក្ខុ​ទាំងឡាយ បើភិក្ខុ​ពិចារណា ដឹងយ៉ាង​នេះថា អាត្មាអញ បាន​ចេតោសមថៈ​ខាងក្នុង​សន្តាន តែមិនបាន​អធិប្បញ្ញាធម្មវិបស្សនា​ទេ។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុនោះ គួរ​ឋិតនៅ​ក្នុង​ចេតោសមថៈ ខាងក្នុង​សន្តាន ហើយ​ធ្វើព្យាយាម ក្នុង​អធិប្បញ្ញាធម្មវិបស្សនា។ លុះ​សម័យខាង​ក្រោយមក ភិក្ខុនោះ ក៏បាន​នូវ​ចេតោសមថៈ ខាងក្នុង​សន្តានផង បាននូវ​អធិប្បញ្ញាធម្មវិបស្សនា​ផង។ ម្នាលភិក្ខុ​ទាំងឡាយ បើភិក្ខុ​ពិចារណា រមែងដឹង​យ៉ាងនេះថា អាត្មាអញ បាននូវ​អធិប្បញ្ញាធម្មវិបស្សនា តែមិនបាន​ចេតោសមថៈ​ខាងក្នុង​សន្តានទេ។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុនោះ គួរឋិតនៅ​ក្នុង​អធិប្បញ្ញាធម្មវិបស្សនា​ ហើយធ្វើ​សេចក្តី​ព្យាយាម ក្នុង​ចេតោសមថៈ​ខាងក្នុង​សន្តាន។ លុះ​សម័យខាង​ក្រោយមក ភិក្ខុនោះ បាន​នូវ​អធិប្បញ្ញាធម្មវិបស្សនា​ផង បាន​នូវ​ចេតោសមថៈ ខាង​ក្នុង​សន្តានផង។ ម្នាលភិក្ខុ​ទាំង​ឡាយ បើភិក្ខុ​ពិចារណា រមែង​ដឹងយ៉ាងនេះថា អាត្មាអញ មិនបាន​ចេតោសមថៈ​ខាងក្នុង​សន្តាន ទាំងមិនបាន​​អធិប្បញ្ញាធម្មវិបស្សនា។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុនោះ គប្បី​ធ្វើសេចក្តី​ប៉ុនប៉ង​ផង ព្យាយាមផង សេចក្តី​ខ្មីឃ្មាតផង ប្រឹងប្រែង​ផង សេចក្តី​មិន​រួញរា​ផង សតិផង សម្បជញ្ញៈផង ឲ្យលើសលុប ដើម្បីបាន​នូវពួកធម៌ ជា​កុសលទាំង​នោះឯង។ ម្នាលភិក្ខុ​ទាំងឡាយ ដូចជា​សំពត់​ដែលត្រូវ​ភ្លើងឆេះ ឬ​ក្បាលដែល​ត្រូវ​ភ្លើងឆេះ បុគ្គល​គប្បី​ប្រញាប់​ធ្វើសេចក្តី​ប៉ុនប៉ង​ផង ព្យាយាមផង សេចក្តី​ខ្មីឃ្មាតផង ប្រឹងប្រែង​ផង សេចក្តី​មិន​រួញរាផង សតិផង សម្បជញ្ញៈ​ផង ឲ្យលើសលុប ដើម្បីលត់​នូវសំពត់ ឬ​ក្បាល​នោះ​ឯង យ៉ាងណាមិញ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុ​គប្បីធ្វើនូវ​សេចក្តី​ប៉ុនប៉ង​ផង ព្យាយាមផង សេចក្តី​ខ្មីឃ្មាតផង ប្រឹងប្រែង​ផង សេចក្តី​មិនរួញរា​ផង សតិ​ផង សម្បជញ្ញៈ​ផង ឲ្យ​លើសលុប ដើម្បីបាន​នូវពួក​កុសលធម៌​ទាំងនោះ ក៏យ៉ាង​នោះដែរ។ លុះ​សម័យ​ខាងក្រោយ​មក ភិក្ខុនោះ បាន​នូវ​ចេតោសមថៈ ខាងក្នុង​សន្តានផង បាន​នូវ​អធិប្បញ្ញាធម្មវិបស្សនា​ផង។ ម្នាលភិក្ខុ​ទាំងឡាយ បើភិក្ខុ​ពិចារណា រមែង​ដឹងយ៉ាង​នេះថា អាត្មាអញ បាន​ចេតោសមថៈ​ខាងក្នុង​សន្តាន បាន​អធិប្បញ្ញាធម្មវិបស្សនា។ ម្នាលភិក្ខុ​ទាំង​ឡាយ ភិក្ខុនោះ គួរតាំងនៅ​ក្នុង​កុសលធម៌​ទាំងនោះ ហើយ​ធ្វើព្យាយាម​ដើម្បីឲ្យ​អស់ទៅ​នៃ​អាសវៈ​ទាំងឡាយ​តទៅ។ ម្នាលភិក្ខុ​ទាំងឡាយ តថាគត​ពោលនូវចីវរ​ដោយ​ចំណែក​ពីរប្រការ គឺ​គួរសេព ១ មិនគួរ​សេព ១ ម្នាលភិក្ខុ​ទាំងឡាយ​ តថាគត​ពោលនូវ​បិណ្ឌបាត ដោយ​ចំណែក​ពីរប្រការ គឺ​គួរសេព ១ មិនគួរសេព ១ ម្នាលភិក្ខុ​ទាំងឡាយ តថាគត​ពោល​នូវ​សេនាសនៈ ដោយចំណែក​ពីរប្រការ គឺ​គួរសេព ១ មិនគួរសេព ១ ម្នាល​ភិក្ខុ​ទាំងឡាយ តថាគត​ពោលនូវស្រុក ឬនិគម​ដោយ​ចំណែក​ពីរប្រការ គឺ​គួរសេព ១ មិន​គួរសេព ១ ម្នាលភិក្ខុ​ទាំងឡាយ តថាគត​ពោលនូវ​ជនបទ ឬ​ប្រទេស​ដោយ​ចំណែក​ពីរប្រការ គឺ​គួរសេព ១ មិនគួរសេព ១ ម្នាលភិក្ខុ​ទាំងឡាយ តថាគត​ពោលនូវ​បុគ្គល ដោយ​ចំណែក​ពីរ គឺ​គួរសេព ១ មិនគួរសេព ១។ ម្នាលភិក្ខុ​ទាំងឡាយ តថាគត​ពោលនូវចីវរ ដោយ​ចំណែក​ពីរប្រការ គឺ​គួរសេព ១ មិនគួរសេព ១ ពាក្យនេះ តថាគត​ពោលហើយ ដោយ​ប្រការ​ដូច្នេះ​ឯង ពាក្យដែល​តថាគត​ពោលហើយ​នុ៎ះ ព្រោះ​អាស្រ័យ ហេតុ​ដូចម្តេច។ បណ្តា​ចីវរ​ទាំងពីរ​ប្រការនោះ ភិក្ខុ​គប្បីដឹង​នូវចីវរ​ណាថា កាលបើ​អាត្មាអញ សេព​ចីវរ​នេះ​ឯង អកុសលធម៌​ទាំងឡាយ តែង​ចំរើន​ឡើង កុសលធម៌​ទាំងឡាយ តែង​សាបសូន្យទៅ ចីវរ​បែបនេះ ភិក្ខុមិន​គួរសេព​ឡើយ។ បណ្តា​ចីវរ​ទាំងពីរប្រការ​នោះ ភិក្ខុគប្បី​ដឹងចីវរ​ណា​មួយ កាលបើ​អាត្មាអញ សេព​ចីវរណា អកុសលធម៌​ទាំងឡាយ សាបសូន្យ កុសលធម៌​ទាំងឡាយ តែងចំរើន​ឡើង ចីវរបែបនេះ​ភិក្ខុគួរ​សេព។ ម្នាលភិក្ខុ​ទាំងឡាយ តថាគត ពោល​នូវចីវរ​ដោយ​ចំណែកពីរ​ប្រការ គឺ​គួរសេព ១ មិនគួរសេព ១ ពាក្យណា​ដែលតថាគត​ពោលហើយ ដោយ​ប្រការ​ដូច្នេះ ពាក្យនេះ តថាគត​ពោលហើយ ព្រោះ​សំដៅ​ហេតុ​នេះឯង។ ម្នាលភិក្ខុ​ទាំងឡាយ តថាគត​ពោលនូវ​បិណ្ឌបាត ដោយចំណែក​ពីរ​ប្រការ គឺ​គួរសេព ១ មិនគួរសេព ១ ពាក្យនុ៎ះ តថាគត​ពោល​ហើយ ដោយ​ប្រការ​ដូច្នេះ​នេះ ពាក្យដែល​តថាគត ពោល​ហើយនុ៎ះ ព្រោះ​អាស្រ័យ​ហេតុដូចម្តេច។ បណ្តា​បិណ្ឌបាត​ទាំង​នោះ ភិក្ខុគប្បី​ដឹងនូវ​បិណ្ឌបាត​ណាថា កាលបើ​អាត្មាអញ សេពបិណ្ឌបាត​នេះឯង អកុសលធម៌​ទាំងឡាយ ចំរើន​ឡើង កុសលធម៌​ទាំងឡាយ​ តែង​សាបសូន្យ​ទៅ បិណ្ឌបាត​បែបនេះ ភិក្ខុមិនគួរ​សេពឡើយ។ បណ្តា​បិណ្ឌបាត​ទាំងនោះ ភិក្ខុ​គប្បី​ដឹងនូវ​បិណ្ឌបាត​ណាថា កាលបើ​អាត្មាអញ សេពបិណ្ឌបាត​នេះឯង អកុសលធម៌​ទាំងឡាយ សាបសូន្យ​ទៅ កុសលធម៌​ទាំងឡាយ តែងចំរើន​ឡើង ​បិណ្ឌបាត​បែបនេះ ភិក្ខុ​គួរសេព។ ម្នាលភិក្ខុ​ទាំងឡាយ តថាគត ពោល​នូវ​បិណ្ឌបាត ដោយចំណែក​ពីរប្រការ គឺ​គួរសេព ១ មិនគួរសេព ១ ពាក្យណា ដែលតថាគត​ពោលហើយ ដោយ​ប្រការដូច្នេះ ពាក្យនេះ តថាគត​ពោល​ហើយ ព្រោះអាស្រ័យ​ហេតុនេះឯង។ ម្នាលភិក្ខុ​ទាំងឡាយ តថាគត ពោល​នូវ​សេនាសនៈ ដោយ​ចំណែក​ពីរប្រការ គឺ​គួរសេព ១ មិន​គួរសេព ១ ពាក្យនុ៎ះ តថាគត​ពោល​ហើយ ដោយ​ប្រការដូច្នេះ ពាក្យ​ដែលតថាគត​ពោល​ហើយនុ៎ះ ព្រោះ​អាស្រ័យ​ហេតុ​ដូចម្តេច។ បណ្តា​សេនាសនៈ​ទាំងនោះ ភិក្ខុ​គប្បីដឹង​នូវ​សេនាសនៈ​ណាថា កាលបើ​អាត្មា​អញ សេពសេនាសនៈ​នេះឯង អកុសលធម៌​ទាំងឡាយ ចំរើន​ឡើង កុសលធម៌​ទាំង​ឡាយ តែង​សាបសូន្យ​ទៅ សេនាសនៈ​បែបនេះ ភិក្ខុ​មិនគួរ​សេពឡើយ។ បណ្តា​សេនាសនៈ​ទាំងនោះ ភិក្ខុ​ដឹងនូវ​សេនាសនៈ​ណា​ថា កាលបើ​អាត្មាអញ សេព​សេនាសនៈ​នេះឯង អកុសលធម៌​ទាំងឡាយ សាបសូន្យ​ទៅ កុសលធម៌​ទាំងឡាយ តែងចំរើន​ឡើង សេនាសនៈ​បែប​នេះ ភិក្ខុ​គួរសេព។ ម្នាលភិក្ខុ​ទាំងឡាយ តថាគត​ពោលនូវ​សេនាសនៈ ដោយ​ចំណែក​ពីរប្រការ គឺ​គួរសេព ១ មិន​គួរសេព ១ ពាក្យណា ដែល​តថាគត​ពោល​ហើយ ដោយ​ប្រការ​ដូច្នេះ ពាក្យនុ៎ះ តថាគត​ពោលហើយ ព្រោះ​អាស្រ័យ​ហេតុនេះឯង។ ម្នាលភិក្ខុ​ទាំងឡាយ តថាគត​​ពោលនូវ​ស្រុក ឬនិគម​ដោយចំណែក​ពីរប្រការ គឺ​គួរសេព ១ មិនគួរសេព ១ ពាក្យនុ៎ះ តថាគត​ពោលហើយ ដោយ​ប្រការដូច្នេះ ពាក្យដែល​តថាគត ពោល​ហើយ អាស្រ័យ​ហេតុដូចម្តេច។ បណ្តា​ស្រុក ឬ​និគមនោះ ភិក្ខុ​គប្បីដឹង​នូវស្រុក ឬ​និគម​ណាថា កាលបើ​អាត្មាអញ សេពស្រុក ឬ​និគម​នោះឯង អកុសលធម៌​ទាំងឡាយ ចំរើន​ឡើង កុសលធម៌​ទាំងឡាយ តែង​សាបសូន្យ​ទៅ ស្រុក ឬ​និគម​បែបនេះ​ ភិក្ខុមិនគួរ​សេព​ឡើយ។ បណ្តាស្រុក ឬនិគម​ទាំងនោះ ភិក្ខុ​គប្បីដឹង​ស្រុក ឬនិគម​ណាថា កាលបើ​អាត្មាអញ សេព​ស្រុក ឬ​និគមនេះ​ឯង អកុសលធម៌​ទាំងឡាយ សាបសូន្យ​ទៅ កុសលធម៌​ទាំងឡាយ តែងចំរើនឡើង ស្រុក ឬនិគម​បែបនេះ ភិក្ខុគួរសេព។ ម្នាលភិក្ខុ​ទាំងឡាយ តថាគត​ពោលនូវ​ស្រុក ឬនិគម ដោយចំណែក​ពីរប្រការ គឺ​គួរសេព ១ មិនគួរសេព ១ ពាក្យណា ដែលតថាគត​ពោលហើយ ដោយ​ប្រការដូច្នេះ ពាក្យនុ៎ះ តថាគត​ពោលហើយ ព្រោះ​អាស្រ័យ​ហេតុនេះឯង។ ម្នាលភិក្ខុ​ទាំងឡាយ តថាគត​ពោលនូវ​ជនបទ ឬប្រទេស​ដោយ​ចំណែក​ពីរប្រការ គឺគួរសេព ១ មិនគួរសេព ១ ពាក្យនុ៎ះ តថាគត​ពោលហើយ ដោយ​ប្រការ​ដូច្នេះ ពាក្យដែល​តថាគតពោល​ហើយនុ៎ះ ព្រោះអាស្រ័យ​ហេតុដូចម្តេច។ បណ្តា​ជនបទ ឬ​ប្រទេស​ទាំងនោះ ភិក្ខុ​គប្បីដឹង​ជនបទ ឬ​ប្រទេស​ណាថា កាលបើ​អាត្មាអញ​សេព​ជនបទ ឬប្រទេស​នេះឯង អកុសលធម៌​ទាំងឡាយ ចំរើន​ឡើង កុសល​ធម៌​ទាំងឡាយ​សាបសូន្យ​ទៅ ជនបទ ឬប្រទេស​បែបនេះ ភិក្ខុ​មិនគួរសេព​ឡើយ។ បណ្តា​ជនបទ ឬប្រទេស​ទាំងនោះ ភិក្ខុគប្បី​ដឹងនូវ​ជនបទ ឬប្រទេស​ណាថា កាលបើ​អាត្មាអញ សេព​ជនបទ ឬ​ប្រទេស​នេះឯង អកុសលធម៌​ទាំងឡាយ សាបសូន្យទៅ កុសលធម៌​ទាំងឡាយ តែងចំរើនឡើង ជនបទ ឬ​ប្រទេស​បែបនេះ ភិក្ខុ​គួរសេព។ ម្នាលភិក្ខុ​ទាំងឡាយ តថាគត​ពោលនូវ​ជនបទ ឬប្រទេស​ដោយចំណែក​ពីរប្រការ គឺ​គួរសេព ១ មិន​គួរសេព ១ ពាក្យណា​ដែលតថាគត​ពោលហើយ ដោយ​ប្រការដូច្នេះ ពាក្យនុ៎ះ តថាគត​ពោលហើយ ព្រោះអាស្រ័យ​ហេតុនេះឯង។ ម្នាលភិក្ខុ​ទាំងឡាយ តថាគត​ពោលនូវ​បុគ្គល​ដោយចំណែក​ពីរ គឺគួរសេព ១ មិន​គួរសេព ១ ពាក្យនុ៎ះ តថាគត​ពោល​ហើយ ដោយប្រការ​ដូច្នេះ ពាក្យដែល​តថាគត​ពោលហើយ​នុ៎ះ ព្រោះអាស្រ័យ​ហេតុ​ដូច​ម្តេច។ បណ្តាបុគ្គល​ទាំងនោះ ភិក្ខុគប្បី​ដឹងនូវបុគ្គល​ណាថា កាលបើ​អាត្មាអញ​សេព បុគ្គល​នេះឯង អកុសលធម៌​ទាំងឡាយ ចំរើនឡើង កុសលធម៌​ទាំងឡាយ តែង​សាបសូន្យ​ទៅ បុគ្គល​បែបនេះ ភិក្ខុមិន​គួរសេព។ បណ្តា​បុគ្គល​ទាំងនោះ ភិក្ខុគប្បី​ដឹងនូវ​បុគ្គល​ណាថា កាលបើ​អាត្មាអញ សេពបុគ្គល​នេះឯង អកុសលធម៌​ទាំងឡាយ សាបសូន្យ​ទៅ កុសលធម៌​ទាំងឡាយ តែងចំរើន​ឡើង បុគ្គល​បែបនេះ ភិក្ខុ​គួរសេព​។ ម្នាលភិក្ខុទាំងឡាយ តថាគត​ពោល​នូវបុគ្គល​ដោយ​ចំណែកពីរ គឺ​គួរសេព ១ មិន​គួរសេព ១ ពាក្យណា ដែល​តថាគត​ពោល​ហើយ ដោយ​ប្រការដូច្នេះ ពាក្យនុ៎ះ តថាគត​ពោល​ហើយ ព្រោះ​អាស្រ័យ​ហេតុ​នេះឯង។

បរិហានសូត្រ ទី៥

[៥៥] ក្នុងទីនោះ ព្រះសារីបុត្ត​ដ៏មានអាយុ ហៅភិក្ខុ​ទាំងឡាយថា ម្នាលអាវុសោ ភិក្ខុ​ទាំងឡាយ។ ពួកភិក្ខុទាំងនោះ ទទួល​ថេរវាចា​របស់​ព្រះសារីបុត្ត​ដ៏មាន​អាយុថា អាវុសោ។ ព្រះសារីបុត្ត​ដ៏មានអាយុ បាន​ពោលពាក្យ​នេះថា ម្នាលអាវុសោ​ទាំងឡាយ អ្នកផង​តែង​និយាយថា បុគ្គល​មានធម៌​សាបសូន្យ បុគ្គល​មានធម៌​សាបសូន្យ ដូច្នេះ ម្នាល​អាវុសោ​ទាំងឡាយ អ្នកផង តែងនិយាយ​ថា បុគ្គលមាន​ធម៌​មិនសាបសូន្យ បុគ្គល​មានធម៌​មិនសាប​សូន្យ ដូច្នេះ។ ម្នាលអាវុសោ​ទាំងឡាយ បុគ្គល​មានធម៌​សាបសូន្យ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់​ហើយ ដោយ​បរិយាយ​ដូចម្តេច ចំណែក​ខាងបុគ្គល មាន​ធម៌​មិន​សាបសូន្យ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់​ហើយ ដោយ​បរិយាយ​ដូចម្តេច។ ពួក​ភិក្ខុ​តបថា ម្នាល​អាវុសោ​ទាំងឡាយ យើងទាំងឡាយ​មកអំពីចម្ងាយ ដើម្បីដឹងនូវ​សេចក្តី​នៃភាសិត​នេះ ក្នុងសំណាក់​នៃព្រះសារីបុត្ត​ដ៏មានអាយុ សូម​ព្រះសារីបុត្ត​ដ៏មានអាយុ សំដែង​នូវសេចក្តី​នៃភាសិតនោះ​ឲ្យទាន ពួកភិក្ខុ​បានស្តាប់​ព្រះសារីបុត្ត​ដ៏​មានអាយុ​ហើយ នឹង​ចងចាំ​បាន។ ម្នាលអាវុសោ​ទាំងឡាយ បើដូច្នោះ អ្នកទាំងឡាយ ចូរប្រុង​ស្តាប់ ចូរធ្វើ​ទុកក្នុង​ចិត្ត ដោយ​ប្រពៃចុះ ខ្ញុំនឹង​សំដែង។ ពួកភិក្ខុទាំងនោះ ទទួល​ថេរវាចា របស់​ព្រះសារីបុត្ត​ដ៏មានអាយុ​ថា ករុណា អាវុសោ យ៉ាងនេះ។ ព្រះសារីបុត្ត​ដ៏មានអាយុ បាន​ពោល​ពាក្យ​នេះថា ម្នាលអាវុសោ​ទាំងឡាយ បុគ្គល​ដែលមានធម៌​សាបសូន្យ ដែល​ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់​ហើយ ដោយ​បរិយាយ​ដូចម្តេច។ ម្នាល​អាវុសោ​ទាំងឡាយ ភិក្ខុក្នុងសាសនានេះ មិនបានស្តាប់ធម៌ ដែលខ្លួនមិន​ធ្លាប់បាន​ស្តាប់ផង ធម៌ទាំងឡាយ ដែលភិក្ខុ​នោះ ធ្លាប់បាន​ស្តាប់ហើយ ក៏ដល់នូវ​ការភ្លេចភ្លាំង​ទៅផង មួយទៀត ធម៌ទាំង​ឡាយ​ណា ដែលភិក្ខុនោះ ធ្លាប់ពាល់​ត្រូវដោយ​ចិត្ត ក្នុងកាលមុន ធម៌​ទាំងនោះ ក៏មិន​ផុស​ឡើង ដល់ភិក្ខុ​នោះផង ភិក្ខុនោះ មិនដឹងនូវ​ធម៌ដែល​ខ្លួនមិនទាន់​ដឹងផង។ ម្នាល​អាវុសោ​ទាំង​ឡាយ បុគ្គល​មានធម៌​សាបសូន្យ ដែល​ព្រះដ៏មានព្រះភាគ ទ្រង់​ត្រាស់ហើយ ដោយ​បរិយាយ​ប៉ុណ្ណេះឯង។ ម្នាល​អាវុសោ​ទាំងឡាយ បុគ្គលមាន​ធម៌មិន​សាបសូន្យ ដែល​ព្រះដ៏មាន​ព្រះភាគ ទ្រង់ត្រាស់​ហើយ ដោយ​បរិយាយ​ដូចម្តេច។ ម្នាលអាវុសោ​ទាំងឡាយ ភិក្ខុ​ក្នុង​សាសនានេះ ស្តាប់នូវ​ធម៌ដែលខ្លួន​មិនធ្លាប់​បានស្តាប់​ផង ពួកធម៌​ដែលភិក្ខុនោះ ធ្លាប់​ស្តាប់ហើយ ក៏មិនដល់​នូវការ​ភ្លេចភ្លាំង​ទៅ​ផង មួយទៀត ពួក​ធម៌ណា ដែលភិក្ខុ​នោះ ធ្លាប់​ពាល់​ត្រូវ​ដោយចិត្ត​ក្នុងកាលមុន ពួក​ធម៌នោះ ក៏ផុស​ឡើង ដល់ភិក្ខុ​នោះឯង ភិក្ខុ​នោះ ក៏ដឹងច្បាស់​នូវធម៌ ដែលខ្លួន​មិនធ្លាប់​ដឹងផង។ ម្នាលអាវុសោ​ទាំងឡាយ បុគ្គល​មានធម៌​មិនសាបសូន្យ ដែល​ព្រះដ៏មាន​ព្រះភាគ ទ្រង់ត្រាស់ហើយ ដោយ​បរិយាយ​ប៉ុណ្ណេះ​ឯង។ ម្នាល​អាវុសោ​ទាំងឡាយ បើភិក្ខុ​មិនឈ្លាស ក្នុងវារៈ​នៃចិត្តអ្នកដទៃ គួរគិតថា យើង​ទាំងឡាយ ជាអ្នក​ឈ្លាស ក្នុងវារៈ​នៃចិត្ត​របស់ខ្លួន។ ម្នាល​អាវុសោ​ទាំងឡាយ អ្នក​ទាំងឡាយ គួរសិក្សា​យ៉ាងនេះឯង។ ម្នាល​អាវុសោ​ទាំង​ឡាយ ភិក្ខុជា​អ្នកឈ្លាស ក្នុងវារៈ​នៃចិត្ត​របស់ខ្លួន តើ​ដោយ​ប្រការដូចម្តេច។ ម្នាល​អាវុសោ​ទាំងឡាយ ដូចជា​ស្រ្តី ឬ​បុរស​កំឡោះ ឬជំទង់ ប្រកប​ដោយជាតិ​ជាអ្នក​ស្អិតស្អាង កាល​ពិចារណាមើល​ស្រមោល​មុខ​របស់​ខ្លួន ក្នុងកញ្ចក់​ដ៏បរិសុទ្ធ​ផូរផង់ ឬ​ក្នុង​ភាជន៍​ទឹកថ្លា បើឃើញ​ធូលី ឬ​កន្ទួល ក្នុង​កញ្ចក់ ឬ​ទឹកនោះ តែង​ព្យាយាម ដើម្បី​លះបង់​ធូលី ឬ​កន្ទួលនោះ​ចេញ បើមិន​ឃើញធូលី ឬ​កន្ទួល​ក្នុង​កញ្ចក់ ឬ​ទឹកនោះទេ ក៏មាន​ចិត្ត​ត្រេកអរ មាន​តម្រិះ​គ្រប់គ្រាន់ ដោយ​ហេតុ​នោះ​ថា ឱហ្ន៎ អាត្មាអញ​មាន​លាភ ឱហ្ន៎ (មុខ) របស់​អាត្មាអញ​បរិសុទ្ធ មាន​ឧបមា​យ៉ាងណា ម្នាល​អាវុសោ​ទាំងឡាយ ឧបមេយ្យ​ដូចជាការ​ពិចារណា ក្នុង​កុសលធម៌​ទាំងឡាយ ជាធម៌​មានឧបការៈ​ច្រើនដល់​ភិក្ខុថា អាត្មាអញ ជាអ្នក​មិនមាន​អភិជ្ឈាច្រើន​ឬហ្ន៎ ធម៌នុ៎ះ មានដល់​អាត្មាអញ​ឬហ្ន៎ ឬថា​មិនមានទេ អាត្មាអញ ជាអ្នក​មិនមាន​ចិត្ត​ព្យាបាទ​ច្រើនឬហ្ន៎ ធម៌នុ៎ះ មានដល់​អាត្មាអញ​ឬហ្ន៎  ឬថា​មិនមានទេ អាត្មាអញ ជាអ្នក​ប្រាសចាក​ថីនមិទ្ធៈ​ច្រើន​ឬហ្ន៎ ធម៌នុ៎ះ មានដល់​អាត្មាអញ​ឬហ្ន៎ ឬថា​មិនមានទេ អាត្មាអញ ជាអ្នក​មានចិត្ត​មិន​អណ្តែតអណ្តូង​ច្រើន​ឬហ្ន៎ ធម៌នុ៎ះ មានដល់​អាត្មាអញ​ឬហ្ន៎ ឬថា​មិនមាន​ទេ អាត្មាអញ ជាអ្នកឆ្លង​ចាកវិចិកិច្ឆា​ច្រើន​ឬហ្ន៎ ធម៌នុ៎ះ មាន​ដល់អាត្មាអញ​ឬហ្ន៎ ឬថា​មិនមាន​ទេ អាត្មាអញ ជាអ្នក​មិនមាន​សេចក្តី​ក្រោធច្រើន​ឬហ្ន៎ ធម៌នុ៎ះ មានដល់​អាត្មាអញ​ឬហ្ន៎ ឬថា​មិនមាន​ទេ អាត្មាអញ ជាអ្នក​មានចិត្ត​មិនសៅហ្មង​ច្រើន​ឬហ្ន៎ ធម៌នុ៎ះ មានដល់​អាត្មាអញ​ឬហ្ន៎ ឬថា​មិនមានទេ អាត្មាអញ ជាអ្នក​បាននូវ​ធម្មប្បាមុជ្ជៈ ខាង​ក្នុង​សន្តាន​ឬហ្ន៎ ធម៌នុ៎ះ មានដល់​អាត្មាអញ​ឬហ្ន៎ ឬថា​មិនមានទេ អាត្មាអញ ជាអ្នកបាន​ចេតោសមថៈ ខាង​ក្នុង​សន្តាន​ឬហ្ន៎ ធម៌នុ៎ះ មានដល់​អាត្មាអញ​ឬហ្ន៎ ឬថា​មិនមានទេ អាត្មាអញ ជាអ្នក​បាននូវ​អធិប្បញ្ញាធម្មវិបស្សនា​ឬហ្ន៎ ធម៌នុ៎ះ មានដល់​អាត្មាអញ​ឬហ្ន៎ ឬថា​មិនមានទេ។ ម្នាលអាវុសោ​ទាំងឡាយ កាលបើ​ភិក្ខុពិចារណា មិនឃើញ​ពួកកុសលធម៌​ទាំងអស់​នេះ ក្នុងខ្លួនទេ ម្នាល​អាវុសោ​ទាំងឡាយ ភិក្ខុនោះ គប្បីធ្វើ​នូវសេចក្តី​ប៉ុនប៉ង​ផង ព្យាយាម​ផង សេចក្តី​ខ្មីឃ្មាតផង ប្រឹងប្រែង​ផង សេចក្តី​មិនរួញ​រាផង សតិផង សម្បជញ្ញៈ​ផង ឲ្យ​លើសលុប ដើម្បីបាន​នូវពួក​កុសលធម៌​ទាំងអស់នេះ។ ម្នាល​អាវុសោ​ទាំងឡាយ ដូចជា​សំពត់ដែល​ត្រូវភ្លើងឆេះ ឬក្បាល​ដែលត្រូវ​ភ្លើងឆេះ បុគ្គល​គួរប្រញាប់​ធ្វើនូវ​សេចក្តី​ប៉ុនប៉ង​ផង ព្យាយាមផង សេចក្តី​ខ្មីឃ្មាតផង ប្រឹងប្រែង​ផង សេចក្តី​មិនរួញ​រាផង សតិផង សម្បជញ្ញៈ​ផង ឲ្យ​លើសលុប ដើម្បី​លត់នូវ​សំពត់ ឬ​ក្បាល​នោះ​ឯង យ៉ាងណាមិញ ម្នាល​អាវុសោ​ទាំងឡាយ ភិក្ខុនោះ គប្បី​ប្រញាប់​ធ្វើនូវ​សេចក្តី​ប៉ុនប៉ង​ផង ព្យាយាម​ផង សេចក្តី​ខ្មីឃ្មាតផង ប្រឹងប្រែង​ផង សេចក្តី​មិនរួញរាផង សតិផង សម្បជញ្ញៈ​ផង ឲ្យលើសលុប ដើម្បី​បានចំពោះ​នូវពួក​កុសលធម៌​ទាំងនេះ ក៏យ៉ាង​នោះ​ដែរ។ ម្នាលអាវុសោ​ទាំងឡាយ បើភិក្ខុ​ពិចារណា​ឃើញនូវ​កុសលធម៌​ទាំងឡាយ​ពួកខ្លះ ក្នុងខ្លួន​ មិនឃើញ​នូវកុសលធម៌​ទាំងឡាយ​ពួកខ្លះ​ក្នុងខ្លួនទេ ម្នាល​អាវុសោ​ទាំងឡាយ ភិក្ខុនោះ ពិចារណា​ឃើញនូវ​កុសលធម៌​ទាំងឡាយ​ណា ក្នុងខ្លួន ឋិតនៅ​ក្នុង​កុសលធម៌​ទាំងឡាយ​នោះ (បើ) មិនទាន់​ឃើញនូវ​កុសលធម៌​ទាំងឡាយ​ណាក្នុង​ខ្លួនទេ ត្រូវធ្វើនូវ​សេចក្តី​ប៉ុនប៉ង​ផង ព្យាយាមផង សេចក្តី​ខ្មីឃ្មាតផង ប្រឹងប្រែង​ផង សេចក្តី​មិនរួញ​រាផង សតិផង សម្បជញ្ញៈផង ឲ្យ​លើសលុប ដើម្បីបាន​នូវកុសល​ធម៌​ទាំងឡាយនោះ។ ម្នាលអាវុសោ​ទាំងឡាយ ដូចជា​សំពត់​ដែលត្រូវ​ភ្លើងឆេះ ឬក្បាល​ដែលត្រូវ​ភ្លើងឆេះ បុគ្គល​គប្បីប្រញាប់​ធ្វើនូវសេចក្តី​ប៉ុនប៉ង​ផង ព្យាយាមផង សេចក្តី​ខ្មីឃ្មាតផង ប្រឹងប្រែង​ផង សេចក្តី​មិនរួញរា​ផង សតិផង សម្បជញ្ញៈ​ផង ឲ្យលើសលុប ដើម្បីលត់​សំពត់ ឬក្បាល​នោះ​ឯង យ៉ាងណា​មិញ ម្នាលអាវុសោ​ទាំងឡាយ ភិក្ខុនោះ ពិចារណា​ឃើញ នូវ​កុសលធម៌​ទាំងឡាយណា​ក្នុងខ្លួន​ ឋិតនៅ​ក្នុងកុសលធម៌​ទាំងឡាយ​នោះ (បើ) មិនទាន់​ឃើញនូវ​កុសលធម៌​ទាំងឡាយ​ណា ក្នុងខ្លួនទេ ត្រូវធ្វើ​នូវសេចក្តី​ប៉ុនប៉ងផង ព្យាយាមផង សេចក្តី​ខ្មីឃ្មាតផង ប្រឹងប្រែងផង សេចក្តី​មិនរួញរាផង សតិផង សម្បជញ្ញៈផង ឲ្យលើស​លុប ដើម្បីបាន​នូវកុសលធម៌​ទាំងឡាយនោះ ក៏យ៉ាង​នោះដែរ។ ម្នាលអាវុសោ​ទាំងឡាយ កាល​បើភិក្ខុ​ពិចារណាឃើញ​កុសលធម៌​ទាំងអស់នេះ ក្នុងខ្លួន ម្នាលអាវុសោ​ទាំងឡាយ ភិក្ខុនោះ គួរឋិតនៅ ក្នុង​កុសលធម៌​ទាំងអស់នេះ​ ហើយ​ធ្វើនូវសេចក្តី​ព្យាយាម ដើម្បី​អស់ទៅ​នៃអាសវៈ​ទាំងឡាយ​តទៅ។

បឋមសញ្ញាសូត្រ ទី៦

[៥៦] ម្នាលភិក្ខុទាំងឡាយ សញ្ញានេះ មាន ១០ ប្រការ ដែលបុគ្គល​បានចំរើន បាន​ធ្វើឲ្យ​ច្រើនហើយ មានផលច្រើន មាន​អានិសង្ស​ច្រើន ឈមទៅកាន់​អមតៈ មាន​អមតៈ​ជា​បរិយោសាន។ សញ្ញា ១០ តើដូចម្តេច​ខ្លះ។ គឺ​អសុភសញ្ញា (សំគាល់​ថាមិនស្អាត) ១ មរណសញ្ញា (សំគាល់​ក្នុង​សេចក្តី​ស្លាប់) ១ អាហារេ បដិកូលសញ្ញា (សំគាល់​ថា​គួរខ្ពើម​រអើម​ក្នុង​អាហារ) ១ សព្វលោកេ អនភិរតសញ្ញា (សេចក្តីសំគាល់​ថាមិនគួរ​ត្រេកអរ ក្នុង​លោក​ទាំងអស់) ១ អនិច្ចសញ្ញា (សំគាល់​ថាមិនទៀង) ១ អនិច្ចេ ទុក្ខសញ្ញា (សំគាល់​ថាជា​ទុក្ខក្នុង​របស់​មិនទៀង) ១ ទុក្ខេ អនត្តសញ្ញា (សំគាល់​ថាមិនមែនខ្លួនក្នុង​របស់ដែល​ជាទុក្ខ) ១ បហានសញ្ញា (សំគាល់ថា​គួរលះបង់) ១ វិរាគសញ្ញា (សំគាល់ការ​ប្រាសចាក​តម្រេក) ១ និរោធសញ្ញា (សំគាល់​ការរលត់) ១។ ម្នាលភិក្ខុ​ទាំងឡាយ សញ្ញា​ទាំង ១០ នេះឯង ដែល​បុគ្គល​បានចំរើន បានធ្វើ​ឲ្យច្រើន​ហើយ មាន​ផលច្រើន មាន​អានិសង្ស​ច្រើន ឈមទៅ​កាន់​អមតៈ មានអមតៈ ជា​បរិយោសាន។

ទុតិយសញ្ញាសូត្រ ទី៧

[៥៧] ម្នាលភិក្ខុទាំងឡាយ សញ្ញានេះ មាន ១០ ប្រការ ដែល​បុគ្គល​បាន​ចំរើន​ហើយ បានធ្វើឲ្យច្រើនហើយ មាន​ផលច្រើន មាន​អានិសង្ស​ច្រើន ឈមទៅ​កាន់អមតៈ មាន​អមតៈ ជា​បរិយោសាន។ សញ្ញា ១០ តើ​ដូចម្តេច​ខ្លះ។ គឺ អនិច្ចសញ្ញា ១ អនត្តសញ្ញា ១ មរណសញ្ញា ១ អាហារេ បដិកូលសញ្ញា ១ សព្វលោកេ អនភិរតសញ្ញា ១ អដ្ឋិកសញ្ញា (សំគាល់​អសុភ​ដែលមាន​តែរាងឆ្អឹង) ១ បុឡុវកសញ្ញា (សំគាល់​អសុភ​ដែលមាន​ដង្កូវចុះ) ១ វិនីលកសញ្ញា (សំគាល់​អសុភដែល​មានពណ៌ខៀវ) ១ វិចិ្ឆទ្ទកសញ្ញា (សំគាល់​អសុភ​ដែលដាច់​ជាកំណាត់) ១ ឧទ្ធុមាតកសញ្ញា (សំគាល់អសុភ ដែល​ហើមប៉ោង) ១។ ម្នាលភិក្ខុ​ទាំងឡាយ សញ្ញា ១០ យ៉ាងនេះឯង ដែលបុគ្គល​បានចំរើន បានធ្វើ​ឲ្យច្រើន​ហើយ មានផល​ច្រើន មាន​អានិសង្ស​ច្រើន ឈមទៅកាន់​អមតៈ មានអមតៈ​ជា​បរិយោសាន។

មូលកសូត្រ ទី៨

[៥៨] ម្នាលភិក្ខុទាំងឡាយ កាលបើពួកអន្យតិរ្ថិយបរិព្វាជក សួរយ៉ាង​នេះថា ម្នាល​អាវុសោ ពួកធម៌​ទាំងអស់ មានអ្វីជាឫសគល់ ពួកធម៌​ទាំងអស់ មានអ្វីជា​ដែនកើត ពួកធម៌​ទាំង​អស់ មានអ្វីជាទី​ប្រជុំកើត ពួក​ធម៌ទាំងអស់ មានអ្វីជាទី​ប្រជុំចុះ ពួកធម៌​ទាំងអស់ មានអ្វី​ជាប្រធាន ពួក​ធម៌​ទាំងអស់ មានអ្វីជាធំ ពួកធម៌​ទាំងអស់ មានអ្វីជា​គ្រឿងវិសេស ពួក​ធម៌​ទាំងអស់ មានអ្វីជាខ្លឹម ពួកធម៌ទាំងអស់​មានអ្វីជាគ្រឿង​ឈមទៅរក​ ពួក​ធម៌ទាំងអស់ មានអ្វី​ជា​បរិយោសាន ម្នាលភិក្ខុ​ទាំងឡាយ កាលបើ​ត្រូវពួក​អន្យតិរ្ថិយបរិព្វាជក​ទាំងនោះ​​សួរយ៉ាងនេះ តើអ្នក​​ទាំងឡាយ គប្បីដោះ​ស្រាយដូចម្តេច។ ពួកភិក្ខុ​ក្រាបទូលថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន ធម៌ទាំង​ឡាយ មាន​ព្រះដ៏មានព្រះភាគ​ជា​ឫសគល់ មាន​ព្រះដ៏មានព្រះភាគ​ ជា​អ្នកណែនាំ មាន​ព្រះដ៏មានព្រះភាគ ជាទីពឹង​នៃយើង​ទាំងឡាយ​ស្រាប់ហើយ បពិត្រ​ព្រះអង្គ​ដ៏ចំរើន សូម​ព្រះដ៏មានព្រះភាគ សំដែង​នូវ​សេចក្តី​នៃភាសិតនេះ ភិក្ខុទាំងឡាយ បានស្តាប់​ព្រះពុទ្ធដីកា​របស់ព្រះដ៏មាន​ព្រះភាគ​ហើយ​ នឹង​ចងចាំបាន។ ម្នាលភិក្ខុ​ទាំងឡាយ បើដូច្នោះ អ្នកទាំង​ឡាយ ចូរស្តាប់​ ចូរធ្វើ​ទុកក្នុង​ចិត្ត ដោយប្រពៃចុះ តថាគត​នឹងសំដែង។ ពួកភិក្ខុ​ទាំងនោះ ទទួល​ព្រះពុទ្ធដីកា​នៃ​ព្រះដ៏មានព្រះភាគ​ថា ព្រះករុណា ព្រះអង្គ។ ព្រះដ៏មានព្រះភាគ បានត្រាស់​ដូច្នេះថា ម្នាលភិក្ខុ​ទាំងឡាយ បើពួក​អន្យតិរ្ថិយបរិព្វាជក សួរយ៉ាងនេះថា ម្នាល​អាវុសោ ពួក​ធម៌ទាំងអស់ មានអ្វីជា​ឫសគល់ ពួកធម៌​ទាំងអស់ មានអ្វីជា​ដែនកើត ពួកធម៌​ទាំងអស់ មានអ្វី​ជាទី​ប្រជុំកើត ពួកធម៌​ទាំងអស់ មានអ្វី​ជាទីប្រជុំចុះ ពួកធម៌​ទាំងអស់ មានអ្វី​ជាប្រធាន ពួកធម៌​ទាំងអស់ មានអ្វីជាធំ ពួកធម៌​ទាំងអស់ មានអ្វីជា​គ្រឿងវិសេស ពួកធម៌​ទាំងអស់ មានអ្វី​ជាខ្លឹម ពួកធម៌​ទាំងអស់ មានអ្វី​ជាគ្រឿងឈម​ទៅរក ពួកធម៌​ទាំងអស់ មានអ្វី​ជាបរិយោសាន ម្នាល​ភិក្ខុ​ទាំងឡាយ អ្នកទាំងឡាយ កាលបើត្រូវ​ពួកអន្យតិរ្ថិយ បរិព្វាជក​ទាំងនោះ សួរយ៉ាងនេះ គប្បីដោះស្រាយ យ៉ាងនេះថា ម្នាល​អាវុសោ ពួកធម៌​ទាំងអស់ មានឆន្ទៈ​ជាឫសគល់ ពួកធម៌​ទាំងអស់ មាន​មនសិការៈ​ជាដែន​កើត ពួកធម៌​ទាំងអស់ មានផស្សៈ​ជាទីប្រជុំកើត ពួកធម៌​ទាំងអស់ មាន​វេទនាជាទី​ប្រជុំចុះ ពួកធម៌​ទាំងអស់ មានសមាធិ ជា​ប្រធាន ពួកធម៌​ទាំង​អស់ មាន​សតិជាធំ ពួកធម៌​ទាំងអស់ មាន​បញ្ញា​ជាគ្រឿង​វិសេស ពួកធម៌​ទាំងអស់ មាន​វិមុត្តិជាខ្លឹម ពួកធម៌​ទាំងអស់ មាន​អមតៈ​ជាគ្រឿង​ឈមទៅរក ពួកធម៌​ទាំងអស់ មាននិព្វាន​ជា​បរិយោសាន ម្នាលភិក្ខុ​ទាំងឡាយ កាលបើត្រូវ​ពួក​អន្យតិរ្ថិយ បរិព្វាជក​ទាំងនោះ សួរយ៉ាងនេះ គប្បីដោះ​ស្រាយ​យ៉ាងនេះឯង។

បព្វជ្ជាសូត្រ ទី៩

[៥៩] ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ ក្នុង​សាសនានេះ ភិក្ខុ​គប្បីសិក្សា​យ៉ាង​នេះថា ចិត្តយើងនឹង​សន្សំដោយសមគួរ​ដល់បព្វជ្ជាផង អកុសលធម៌​ដ៏លាមក ដែលកើត​ឡើងហើយ ក៏នឹងមិន​គ្របសង្កត់​​ចិត្តផង ចិត្ត​យើងសន្សំ ក្នុង​អនិច្ចសញ្ញា​ផង ចិត្ត​យើង​នឹងសន្សំ ក្នុង​អនត្តសញ្ញាផង ចិត្តយើង​នឹងសន្សំ ក្នុង​អសុភសញ្ញា​ផង ចិត្ត​យើងនឹង​សន្សំ ក្នុង​អាទីនវសញ្ញា​ផង ចិត្តយើង​នឹងសន្សំ​ក្នុង​សញ្ញានោះ ព្រោះដឹងនូវ​សុចរិត និង​ទុច្ចរិត នៃសត្វ​លោកផង ចិត្តយើង​នឹងសន្សំ ក្នុង​សញ្ញានោះ ព្រោះ​ដឹងនូវ​សេចក្តី​ចំរើន​ និង​សេចក្តី​វិនាស​នៃសត្វ​លោកផង ចិត្តយើង​នឹងសន្សំ ក្នុង​សញ្ញា​នោះ ព្រោះដឹង​ការប្រជុំកើត​និង​​សាបសូន្យ​ទៅ នៃ​សត្វលោកផង ចិត្តយើងនឹង​សន្សំក្នុង​បហានសញ្ញាផង ចិត្តយើង​នឹងសន្សំ ក្នុង​វិរាគសញ្ញា​ផង ចិត្តយើង​នឹងសន្សំ ក្នុង​និរោធសញ្ញា​ផង។ ម្នាលភិក្ខុ​ទាំងឡាយ អ្នក​ទាំងឡាយ គួរសិក្សា​យ៉ាងនេះឯង។ ម្នាលភិក្ខុ​ទាំងឡាយ កាលណាបើ​ចិត្តដែល​ភិក្ខុសន្សំហើយ ដោយសមគួរ​ដល់បព្វជ្ជាផង ពួក​អកុសលធម៌ដ៏​លាមក ដែល​កើតឡើង​ហើយ ក៏មិនគ្រប​សង្កត់ចិត្តផង ចិត្តដែល​ភិក្ខុសន្សំ​ហើយ ក្នុង​អនិច្ចសញ្ញាផង ចិត្ត​ដែល​ភិក្ខុសន្សំហើយ ក្នុង​អនត្តសញ្ញា​ផង ចិត្ត​ដែលភិក្ខុ​សន្សំហើយ ក្នុង​អសុភសញ្ញាផង ចិត្តដែល​ភិក្ខុសន្សំ​ហើយ ក្នុង​អាទីនវសញ្ញា​ផង ចិត្តដែល​ភិក្ខុសន្សំ​ហើយ ក្នុងសញ្ញា​នោះ ព្រោះ​ដឹងនូវ​សុចរិត និងទុច្ចរិត​របស់សត្វ​លោកផង ចិត្តដែលភិក្ខុ​សន្សំហើយ ក្នុងសញ្ញានោះ ព្រោះដឹង​នូវសេចក្តី​ចំរើន និងវិនាស​របស់សត្វ​លោកផង ចិត្ត​ដែលភិក្ខុ​សន្សំហើយ ក្នុង​សញ្ញានោះ ព្រោះដឹង​នូវការប្រជុំ​កើត និង​សាបសូន្យ​របស់​សត្វលោកផង ចិត្ត​ដែលភិក្ខុ​សន្សំ​ហើយ ក្នុង​បហានសញ្ញា​ផង ចិត្តដែល​ភិក្ខុសន្សំ​ហើយ ក្នុង​វិរាគសញ្ញា​ផង ចិត្តដែល​ភិក្ខុសន្សំ​ហើយ ក្នុង​និរោធ​សញ្ញាផង។ បណ្តា​ផលទាំងពីរ ផល​ណាមួយ រមែង​ប្រាកដដល់​ភិក្ខុនោះ គឺ​នឹងបាន​អរហត្តផង ក្នុង​បច្ចុប្បន្ន ឬកាល​បើឧបាទិ នៅ​សេសសល់ នឹង​បាន​អនាគាមិផល។

គិរិមានន្ទសូត្រ ទី១០

[៦០] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅ​វត្តជេតពន របស់​អនាថបិណ្ឌិកសេដ្ឋី ជិតក្រុង​សាវត្ថី។ សម័យនោះឯង ព្រះគិរិមានន្ទដ៏​មានអាយុ លោក​មាន​អាពាធ ប្រកបដោយ​ទុក្ខវេទនា ជា​ជម្ងឺធ្ងន់។ គ្រា​នោះឯង ព្រះអានន្ទត្ថេរ​ដ៏មានអាយុ បានចូល​ទៅគាល់​ព្រះដ៏មានព្រះភាគ ត្រង់ទី​ដែលព្រះអង្គ​គង់ លុះចូលទៅ​ដល់ហើយ ក៏ក្រាប​ថ្វាយបង្គំ​ព្រះដ៏មាន​ព្រះភាគ ហើយអង្គុយ​ក្នុងទីសមគួរ។ លុះ​ព្រះអានន្ទ​ត្ថេរ​ដ៏មាន​អាយុ អង្គុយ​ក្នុងទីសមគួរ​ហើយ ក៏ក្រាបបង្គំ​ទូលនូវពាក្យនេះ នឹង​ព្រះដ៏មានព្រះ​ភាគ​ថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន គិរិមានន្ទ​ដ៏មានអាយុ មាន​អាពាធ ប្រកប​ដោយ​ទុក្ខវេទនា ជាជម្ងឺធ្ងន់ បពិត្រព្រះអង្គ​ដ៏ចំរើន សូម​ព្រះដ៏មានព្រះភាគ ទ្រង់​អនុគ្រោះ (ចំពោះ​គិរិមានន្ទ) សូម​ស្តេច​ចូលទៅ​ត្រង់កន្លែង ដែល​គិរិមានន្ទ​អាស្រ័យនៅ។ ព្រះដ៏មានព្រះភាគ ត្រាស់​តបថា ម្នាលអានន្ទ ប្រសិនបើ​អ្នកចូល​ទៅកាន់​សំណាក់​នៃ​គិរិមានន្ទភិក្ខុ សំដែង​ប្រាប់​សញ្ញា ទាំង ១០ ប្រការ ដំណើរនេះ ជាហេតុ​នឹងនាំឲ្យ​អាពាធ​របស់​គិរិមានន្ទ​ភិក្ខុ​នោះ បាន​រម្ងាប់សះស្បើយ​ទៅមួយរំពេច ព្រោះ​គិរិមានន្ទ​ភិក្ខុ បាន​ស្តាប់​នូវ​សញ្ញាទាំង ១០ ប្រការ។ សញ្ញា​ទាំង ១០ ប្រការនោះ ដូចម្តេចខ្លះ។ គឺ អនិច្ចសញ្ញា ១ អនត្តសញ្ញា ១ អសុភសញ្ញា ១ អាទីនវសញ្ញា ១ បហានសញ្ញា ១ វិរាគសញ្ញា ១ និរោធសញ្ញា ១ សព្វលោកេ អនភិរតសញ្ញា ១ សព្វសង្ខារេសុ អនិច្ចសញ្ញា ១ អានាបានស្សតិ ១។

ម្នាលអានន្ទ អនិច្ចសញ្ញា តើដូចម្តេច។ ម្នាលអានន្ទ ភិក្ខុ​ក្នុងសាសនានេះ នៅក្នុង​ព្រៃក្តី នៅទៀប​គល់ឈើក្តី នៅក្នុងផ្ទះ​ដ៏ស្ងាត់ក្តី ពិចារណា​ឃើញ​ដូច្នេះថា រូបមិនទៀង វេទនា​មិនទៀង សញ្ញា​មិនទៀង សង្ខារទាំង​ឡាយ​មិនទៀង វិញ្ញាណ​មិនទៀង។ ភិក្ខុ​ពិចារណា​ឃើញរឿយ ៗ ថាមិន​ទៀង ក្នុង​ឧបាទានក្ខន្ធ​ទាំង ៥ នេះ ដោយ​ប្រការដូច្នេះ។ ម្នាល​អានន្ទ នេះហៅថា អនិច្ចសញ្ញា។

ម្នាលអានន្ទ អនត្តសញ្ញា តើដូចម្តេច។ ម្នាលអានន្ទ ភិក្ខុក្នុងសាសនា​នេះ នៅ​ក្នុង​ព្រៃក្តី នៅទៀប​គល់ឈើក្តី នៅក្នុង​ផ្ទះស្ងាត់ក្តី ពិចារណា​ឃើញដូច្នេះថា ភ្នែកមិន​មែនជា​របស់ខ្លួន​ទេ រូបមិនមែន​ជារបស់ខ្លួន​ទេ ត្រចៀក​មិនមែន​ជារបស់ខ្លួនទេ សម្លេង​ទាំងឡាយ មិនមែន​ជារបស់​ខ្លួនទេ ច្រមុះមិន​មែនជា​របស់ខ្លួនទេ ក្លិន​ទាំងឡាយ មិនមែន​ជារបស់​ខ្លួនទេ អណ្តាត​មិនមែន​ជារបស់ខ្លួន​ទេ រស​ទាំងឡាយ មិនមែន​ជារបស់ខ្លួនទេ កាយ​មិនមែន​ជារបស់​ខ្លួនទេ ផោដ្ឋព្វៈ​ទាំងឡាយ មិនមែន​ជារបស់ខ្លួនទេ ចិត្ត​មិនមែន​ជារបស់​ខ្លួនទេ ធម៌​ទាំងឡាយ មិនមែន​ជារបស់​ខ្លួនទេ។ ភិក្ខុ​ពិចារណា​ឃើញរឿយ ៗ ដូច្នេះថា មិនមែន​ជារបស់​ខ្លួន ក្នុង​អាយតនៈ ខាងក្នុង ៦ និង​អាយតនៈ​ខាងក្រៅ ៦ នេះ ដោយ​ប្រការ​ដូច្នេះ។ ម្នាល​អានន្ទ នេះហៅថា អនត្តសញ្ញា។

ម្នាលអានន្ទ អសុភសញ្ញា តើដូចម្តេច។ ម្នាលអានន្ទ ភិក្ខុក្នុងសាសនានេះ ពិចារណា​ឃើញនូវកាយ​នេះឯង ខាងលើ​អំពីផ្ទៃនៃ​បាតជើងឡើង​ទៅ ខាងក្រោម​អំពី​ចុងសក់​ចុះមក ព័ទ្ធជុំវិញ​ដោយស្បែក ពេញដោយ​គ្រឿងមិនស្អាត មាន​ប្រការផ្សេង ៗ ដូច្នេះថា ក្នុង​រូបកាយនេះ សក់ទាំង​ឡាយ រោមទាំងឡាយ ក្រចកទាំងឡាយ ធេ្មញ​ទាំងឡាយ ស្បែក សាច់ សរសៃទាំងឡាយ ឆ្អឹងទាំងឡាយ ខួរក្នុងឆ្អឹង ទាច បេះដូង ថ្លើម វាវ ក្រពះ ឬលំពែងអរឹស សួត ពោះវៀនធំ ពោះវៀនតូច អាហារថ្មី អាហារចាស់ ប្រមាត់ ស្លេស្ម ខ្ទុះ ឈាម ញើស ខ្លាញ់ខាប់ ទឹកភ្នែក ខ្លាញ់រាវ ទឹកមាត់ ទឹកសម្បោរ ទឹករំអិល ទឹកមូត្រ។ ភិក្ខុពិចារណាឃើញរឿយ ៗ ថា មិនល្អ ក្នុងរូបកាយនេះ ដោយប្រការដូច្នេះ។ ម្នាលអានន្ទ នេះហៅថា អសុភសញ្ញា។

ម្នាលអានន្ទ អាទីនវសញ្ញា តើដូចម្តេច។ ម្នាលអានន្ទ ភិក្ខុក្នុងសាសនានេះ នៅ​ក្នុង​ព្រៃក្តី នៅទៀប​គល់ឈើក្តី នៅក្នុង​ផ្ទះស្ងាត់ក្តី ពិចារណា​ឃើញ​ដូច្នេះថា រូបកាយនេះ មាន​ទុក្ខច្រើន មានទោស​ច្រើនដោយពិត។ អាពាធ​ទាំងឡាយ​ផ្សេង ៗ តែងកើត​ឡើង ក្នុងកាយ​នេះដូច្នេះ អាពាធនោះ ដូចម្តេចខ្លះ គឺ​រោគក្នុងភ្នែក រោគក្នុង​ត្រចៀក រោគក្នុង​ច្រមុះ រោគក្នុង​អណ្តាត រោគក្នុងកាយ រោគក្នុងក្បាល រោគស្លឹកត្រចៀក រោគក្នុងមាត់ រោគត្រង់​គល់ធ្មេញ រោគក្អក រោគហឺត រោគខាង​ក្រៅច្រមុះ រោគក្តៅក្រហាយ រោគ​ស្គាំងស្គម រោគក្នុង​ផ្ទៃ រោគខ្យល់​ចាប់ វិលមុខ រោគធ្លាក់​ឈាម រោគចុក​សៀត រោគចុះរាក រោគឃ្លង់ រោគមួល រោគស្រែង រោគរីងរៃ រោគ​ឆ្កួតជ្រូក រោគដំនួច​ពិស រោគរមាស់ រោគកម​ក្រិន រោគកើត​ក្នុងទីដែលខ្វារ​ដោយក្រចក រោគ​ឃ្លង់ដែក រោគឈាម រោគប្រមាត់ រោគទឹកនោម​ផ្អែម រោគឫសដូង​ដុះ រោគ​រលកកែវ រោគ​ឫសដូងបាត [ឫសដូងបាត ដែលដុះខាងក្នុង ត្រង់ចន្លោះទ្វារធំ និងទ្វារតូច។ អដ្ឋកថា។] អាពាធ​បណ្តាលអំពី​ប្រមាត់ អាពាធ​បណ្តាលអំពី​ស្លេស្ម អាពាធ​បណ្តាល​អំពីខ្យល់ អាពាធ​បណ្តាល​អំពី​សន្និបាត គឺការកម្រើក​ប្រមាត់ ស្លេស្ម និង​ខ្យល់​ប្រជុំគ្នា អាពាធ​កើតអំពី​រដូវ​ប្រែប្រួល អាពាធកើត​អំពីការផ្លាស់ប្តូរ​ឥរិយាបថ​មិនស្មើគ្នា អាពាធ​កើតអំពី​សេចក្តី​ព្យាយាម​របស់អ្នក​ឯទៀត (មានចាប់ចង​វាយជា​ដើម) អាពាធ​កើតអំពី​វិបាក​របស់កម្ម ការត្រជាក់ ការក្តៅ សេចក្តីឃ្លាន សេចក្តីស្រេក ឧច្ចារៈ (អាចម៍) បស្សាវៈ (មូត្រ)។ ភិក្ខុពិចារណាឃើញរឿយ ៗ ថាជាទោស ក្នុងរូបកាយនេះ ដោយប្រការ​ដូច្នេះ។ ម្នាល​អានន្ទ នេះ​ហៅថា អាទីនវសញ្ញា។

ម្នាលអានន្ទ បហានសញ្ញា តើ​ដូចម្តេច។ ម្នាលអានន្ទ ភិក្ខុក្នុង​សាសនានេះ មិន​ទទួលទុក លះបង់ បន្ទោបង់ ធ្វើឲ្យវិនាស ធ្វើមិនឲ្យ​កើតទៀតនូវ​កាមវិតក្ក ដែលកើត​ឡើងហើយ មិន​ទទួលទុក លះបង់ បន្ទោបង់ ធ្វើឲ្យវិនាស ធ្វើ​មិនឲ្យកើតទៀត នូវ​ព្យាបាទវិតក្ក ដែល​កើត​ឡើង​ហើយ មិនទទួលទុក លះបង់ បន្ទោបង់ ធ្វើឲ្យវិនាស ធ្វើមិនឲ្យ​កើតតទៅទៀត នូវ​វិហឹសាវិតក្ក ដែល​កើតឡើង​ហើយ មិនទទួលទុក លះបង់ បន្ទោបង់ ធ្វើឲ្យវិនាស ធ្វើមិនឲ្យ​កើតតទៅទៀត នូវធម៌ដែល​ជាបាបអកុសល​ដែលកើតឡើង​ហើយរឿយ ៗ។ ម្នាល​អានន្ទ នេះ​ហៅថា បហានសញ្ញា។

ម្នាលអានន្ទ វិរាគសញ្ញា តើដូចម្តេច។ ម្នាល​អានន្ទ ភិក្ខុក្នុង​សាសនានេះ នៅក្នុង​ព្រៃក្តី នៅទៀប​គល់ឈើក្តី នៅក្នុងផ្ទះស្ងាត់ក្តី ពិចារណាឃើញ​រឿយ ៗ ដូច្នេះថា ធម៌ជា​គ្រឿងរម្ងាប់​សង្ខារទាំងពួង លះបង់​នូវឧបធិ​ទាំងពួង អស់ទៅ​នៃតណ្ហា ប្រាសចាក​រាគៈ រំលត់​ទុក្ខ នេះជាធម៌ស្ងប់​ ធម៌​ឧត្តម។ ម្នាល​អានន្ទ នេះហៅថា វិរាគសញ្ញា។

ម្នាលអានន្ទ និរោធសញ្ញា តើដូចម្តេច។ ម្នាលអានន្ទ ភិក្ខុក្នុងសាសនានេះ នៅ​ក្នុង​ព្រៃក្តី នៅទៀប​គល់ឈើក្តី នៅក្នុងផ្ទះ​ដ៏ស្ងាត់ក្តី ពិចារណា​ឃើញដូច្នេះថា ធម៌ជា​គ្រឿងរម្ងាប់​សង្ខារទាំងពួង លះបង់​នូវឧបធិ​ទាំងពួង អស់ទៅ​នៃតណ្ហា ប្រាសចាក​រាគៈ រលត់ទុក្ខ នេះ​ជាធម៌ស្ងប់ ជាធម៌​ឧត្តម។ ម្នាល​អានន្ទ នេះហៅថា និរោធសញ្ញា។

ម្នាលអានន្ទ សព្វលោកេ អនភិរតសញ្ញា តើដូចម្តេច។ ម្នាលអានន្ទ ឧបាយ គឺតណ្ហា និង​ទិដ្ឋិណា ឧបាទាន គឺ​សេចក្តីប្រកាន់​មាំណា អភិនិវេសៈ គឺ​សស្សតទិដ្ឋិ និង​ឧច្ឆេទទិដ្ឋិ ជាទីអាស្រ័យ​នៅនៃចិត្ត​ណា អនុស័យ គឺកិលេស​ដែលដេកនៅ​រឿយ ៗ ក្នុង​សត្តសន្តាន​ណា ក្នុងលោក ភិក្ខុក្នុង​សាសនា​នេះ កាលបើលះបង់​នូវបាបធម៌​ទាំងនោះ មិនបាន​ប្រកាន់​មាំដោយ​ចិត្ត ក៏រមែងវៀរ (ចាកបាបធម៌​ទាំងនោះ) បាន។ ម្នាល​អានន្ទ នេះហៅថា សព្វលោកេ អនភិរតសញ្ញា។

ម្នាលអានន្ទ សព្វសង្ខារេសុ អនិច្ចសញ្ញា តើដូចម្តេច។ ម្នាល​អានន្ទ ភិក្ខុ​ក្នុងសាសនា​នេះ នឿយណាយ ធុញទ្រាន់ ស្អប់ខ្ពើម ចាកសង្ខារ​ទាំងពួង។ ម្នាលអានន្ទ នេះ​ហៅថា សព្វសង្ខារេសុ អនិច្ចសញ្ញា។

ម្នាលអានន្ទ អានាបានស្សតិ តើដូចម្តេច។ ម្នាល​អានន្ទ ភិក្ខុក្នុង​សាសនា​នេះ នៅ​ក្នុង​ព្រៃក្តី នៅទៀប​គល់ឈើក្តី នៅក្នុងផ្ទះ​ដ៏ស្ងាត់ក្តី អង្គុយ​ផ្គត់ភ្នែន តាំងកាយ​ឲ្យត្រង់ ផ្ចង់​ស្មារតី​ឲ្យឆ្ពោះ ត្រង់ (ទៅរកកម្មដ្ឋាន)។ ភិក្ខុនោះ មានស្មារតី ដកដង្ហើមចេញ មាន​ស្មារតី​ដកដង្ហើម​ចូល កាលដក​ដង្ហើម​ចេញវែង ដឹងច្បាស់ថា អាត្មាអញ ដកដង្ហើមចេញវែង កាល​ដកដង្ហើម​ចូលវែង ក៏ដឹង​ច្បាស់ថា អាត្មាអញ ដកដង្ហើម​ចូលវែង កាល​ដកដង្ហើម​ចេញ​ខ្លី ក៏ដឹងច្បាស់ថា អាត្មាអញ ដកដង្ហើម​ចេញខ្លី កាលដក​ដង្ហើមចូលខ្លី ក៏ដឹង​ច្បាស់ថា អាត្មាអញ ដកដង្ហើម​ចូលខ្លី ភិក្ខុសិក្សា [អដ្ឋកថា ថា ព្យាយាម។] ថា អាត្មាអញ នឹង​ជាអ្នក​ដឹងច្បាស់​នូវកាយ [ធ្វើខាងដើម ខាងកណ្តាល និងទីបំផុតនៃកាយ គឺ​ដង្ហើម​ចេញ​ទាំងអស់​ឲ្យប្រាកដ។] គឺដង្ហើម​ចេញទាំងអស់​ឲ្យប្រាកដ ទើប​ដកដង្ហើម​ចេញ ភិក្ខុ​សិក្សា​ថា អាត្មាអញ នឹងជាអ្នក​ដឹងច្បាស់នូវ​កាយ [ធ្វើខាងដើម ខាងកណ្តាល និង​ទីបំផុត​នៃកាយ គឺដង្ហើមចូល​ទាំងអស់​ឲ្យប្រាកដ។] គឺដង្ហើម​ចូលទាំងអស់​ឲ្យប្រាកដ ទើបដក​ដង្ហើម​ចូល ភិក្ខុសិក្សា​ថា អាត្មាអញ នឹង​ជាអ្នករម្ងាប់​នូវកាយសង្ខារ [កាយសង្ខារដ៏​គ្រោតគ្រាត។] គឺដង្ហើមចេញ ទើបដកដង្ហើម​ចេញ ភិក្ខុ​សិក្សាថា អាត្មាអញ នឹង​ជាអ្នក​រម្ងាប់នូវ​កាយសង្ខារ [កាយសង្ខារដ៏​គ្រោតគ្រាត។] គឺដង្ហើម​ចូល ទើប​ដកដង្ហើមចូល ភិក្ខុ​សិក្សាថា អាត្មាអញ នឹងជាអ្នក​ដឹងច្បាស់​នូវបីតិ ទើប​ដកដង្ហើមចេញ ភិក្ខុសិក្សាថា អាត្មាអញ នឹងជាអ្នក​ដឹងច្បាស់នូវបីតិ ទើប​ដកដង្ហើមចូល ភិក្ខុ​សិក្សាថា អាត្មាអញ នឹងជាអ្នក​ដឹងច្បាស់ នូវសេចក្តី​សុខ ទើបដក​ដង្ហើមចេញ ភិក្ខុ​សិក្សាថា អាត្មាអញ នឹង​ជាអ្នក​ដឹងច្បាស់ នូវ​សេចក្តី​សុខ ទើបដក​ដង្ហើមចូល ភិក្ខុ​សិក្សាថា អាត្មាអញ នឹងជា​អ្នកដឹង​ច្បាស់​នូវចិត្តសង្ខារ [បានដល់​វេទនាខន្ធ និងសញ្ញាខន្ធ។] ទើបដកដង្ហើមចេញ ភិក្ខុសិក្សាថា អាត្មាអញ នឹង​ជាអ្នកដឹងច្បាស់​នូវចិត្តសង្ខារ ទើប​ដកដង្ហើមចូល ភិក្ខុ​សិក្សាថា អាត្មាអញ នឹងជា​អ្នករម្ងាប់នូវ​ចិត្តសង្ខារ ទើបដក​ដង្ហើមចេញ ភិក្ខុសិក្សាថា អាត្មាអញ នឹងជាអ្នក​រម្ងាប់នូវ​ចិត្តសង្ខារ ទើបដក​ដង្ហើមចូល ភិក្ខុ​សិក្សាថា អាត្មាអញ នឹងជាអ្នក​ដឹងច្បាស់​នូវចិត្ត ទើបដក​ដង្ហើមចេញ ភិក្ខុសិក្សាថា អាត្មាអញ នឹងជាអ្នក​ដឹងច្បាស់​នូវចិត្ត ទើបដក​ដង្ហើមចូល ភិក្ខុ​សិក្សាថា អាត្មាអញ ធ្វើចិត្តឲ្យរីករាយ… ដំកល់ចិត្ត​ឲ្យស្មើក្នុងអារម្មណ៍… ដោះចិត្ត​ឲ្យរួចចាក​នីវរណធម៌ ជាដើម [អដ្ឋកថា ពន្យល់ថា ភិក្ខុដោះចិត្ត​ឲ្យរួច​ចាក​នីវរណធម៌ ដោយបឋមជ្ឈាន ឲ្យរួច​ចាក​វិតក្កៈ និង​វិចារៈ ដោយ​ទុតិយជ្ឈាន ឲ្យរួច​ចាក​បីតិ ដោយ​តតិយជ្ឈាន ឲ្យរួច​ចាក​សុខ និងទុក្ខ ដោយ​ចតុត្ថជ្ឈាន ឲ្យរួចចាក​និច្ចសញ្ញា ដោយ​អនិច្ចានុបស្សនា ឲ្យរួចចាក​សុខសញ្ញា ដោយ​ទុក្ខានុបស្សនា ឲ្យរួច​ចាក​អត្តសញ្ញា ដោយ​អនត្តានុបស្សនា ឲ្យរួចចាក​នន្ទិ ដោយ​និព្វិទានុបស្សនា ឲ្យ​រួចចាក​រាគៈ ដោយ​វិរាគានុបស្សនា ឲ្យរួចចាក​សមុទយៈ ដោយ​និរោធានុបស្សនា ឲ្យរួចចាក​អាទានៈ ដោយ​បដិនិស្សគ្គានុបស្សនា។]… ឃើញរឿយ ៗ នូវ​បញ្ចក្ខន្ធថា មិនទៀង… ឃើញរឿយ ៗ នូវ​ធម៌ដែល​ប្រាសចាករាគៈ… ឃើញរឿយ ៗ នូវធម៌ ដែលរលត់​បង់នូវកងទុក្ខ… ភិក្ខុ​សិក្សា​ថា អាត្មាអញ នឹងជាអ្នក​ឃើញរឿយ ៗ នូវធម៌ ជាគ្រឿងលះបង់​នូវកិលេស ទើប​ដកដង្ហើម​ចេញ ភិក្ខុសិក្សាថា អាត្មាអញ នឹងជាអ្នក​ឃើញរឿយ ៗ នូវធម៌ ជាគ្រឿងលះចោល​នូវកិលេស ទើបដក​ដង្ហើមចូល។ ម្នាលអានន្ទ នេះហៅថា អានាបានស្សតិ។ ម្នាល​អានន្ទ បើ​អ្នកចូលទៅ (កាន់សំណាក់) នៃ​គិរិមានន្ទភិក្ខុ​ហើយ គប្បី​សំដែង​នូវសញ្ញា ទាំងឡាយ ១០ ប្រការនេះ ដំណើរនេះ ជាហេតុនឹង​ឲ្យអាពាធ​របស់គិរិមានន្ទ​ភិក្ខុនោះ រម្ងាប់សះ​ស្បើយទៅ ១ រំពេច ព្រោះ​គិរិមានន្ទ​ភិក្ខុ បានស្តាប់​សញ្ញាទាំងឡាយ ១០ ប្រការនេះ។ លំដាប់នោះ ព្រះអានន្ទត្ថេរ​ដ៏មាន​អាយុ ក៏រៀនសញ្ញា​ទាំងឡាយ ១០ ប្រការនេះ ក្នុង​សំណាក់នៃ​ព្រះដ៏មានព្រះភាគ ហើយចូលទៅ​ត្រង់កន្លែង​ដែល​គិរិមានន្ទ​លោក​គង់នៅ លុះចូលទៅ​ដល់ហើយ បាន​សំដែង​​សញ្ញាទាំងឡាយ ១០ ប្រការនេះ ដល់​គិរិមានន្ទ​ដ៏មានអាយុ។ លំដាប់នោះឯង អាពាធ​របស់គិរិមានន្ទ​ដ៏មានអាយុនោះ ក៏រម្ងាប់​សះស្បើយ​ទៅ ១ រំពេច ព្រោះបានស្តាប់​សញ្ញាទាំងឡាយ ១០ ប្រការនេះ ឯគិរិមានន្ទ​ដ៏មាន​អាយុ ក៏បានជា​សះស្បើយ ចាក​អាពាធនោះ ក៏​អាពាធនោះ គិរិមានន្ទដ៏មានអាយុ លះបង់​បានហើយ ដោយ​កិរិយាបាន​ស្តាប់សញ្ញា​ទាំង ១០ ប្រការ ដែល​ព្រះអានន្ទត្ថេរ សំដែង​ហើយដូច្នោះ ដោយ​ប្រការដូច្នេះ​ឯង។

ចប់ សចិត្តវគ្គ ទី១។

ឧទ្ទាននៃសចិត្តវគ្គនោះ

និយាយអំពីការឈ្លាសក្នុងវារៈចិត្តរបស់ខ្លួន ១ អំពីព្រះសារីបុត្ត ១ អំពីការ​តាំងនៅដដែល ១ អំពីសមថៈ ១ អំពី​បរិហានៈ ១ អំពី​សញ្ញា​ពីរលើក អំពីធម៌​ជាមូល ១ ចិត្ត​សន្សំដោយ​បព្វជ្ជា ១ អាពាធ ១។

យមកវគ្គ ទី២

អវិជ្ជាសូត្រ ទី១

[៦១] ម្នាលភិក្ខុទាំងឡាយ ទីបំផុតខាងដើម​របស់អវិជ្ជា មិនប្រាកដទេ អវិជ្ជា​មិនមាន​ក្នុងកាលមុន​អំពីកាលនេះ ឬថា កើតឡើងក្នុង​ខាងក្រោយ​ឡើយ ហេតុនោះ ម្នាលភិក្ខុ​ទាំងឡាយ ពាក្យថា អវិជ្ជានេះ តថាគតពោល​យ៉ាងនេះ តែថា អវិជ្ជា រមែង​ប្រាកដ ព្រោះមាន​របស់នេះ​ជាបច្ច័យ។ ម្នាលភិក្ខុ​ទាំងឡាយ តថាគត​ពោលថា អវិជ្ជា ប្រាកដ​ដោយ​អាហារ មិន​បានពោលថា អវិជ្ជា​ឥតអាហារទេ។ ចុះអ្វីជា​អាហារ​របស់​អវិជ្ជា។ គប្បី​ឆ្លើយថា នីវរណៈ ៥។ ម្នាលភិក្ខុ​ទាំងឡាយ តថាគត​ពោលថា នីវរណៈ ៥ ប្រកប​ដោយ​អាហារ មិនបាន​ពោលថា ឥតអាហារទេ។ ចុះអ្វី​ជាអាហារ របស់នីវរណៈ ៥។ គប្បីឆ្លើយថា ទុច្ចរិត ៣។ ម្នាលភិក្ខុ​ទាំងឡាយ តថា​គតពោលថា ទុច្ចរិត ៣ ប្រកប​ដោយ​អាហារ មិនបាន​ពោលថា ឥតអាហារទេ។ ចុះអ្វី​ជាអាហារ របស់ទុច្ចរិត ៣។ គប្បីឆ្លើយថា ការមិន​សង្រួម​ឥន្រ្ទិយ។ ម្នាលភិក្ខុ​ទាំងឡាយ តថាគត​ពោលថា ការមិន​សង្រួមឥន្រ្ទិយ ប្រកប​ដោយ​អាហារ មិនបាន​ពោលថា ឥតអាហារទេ។ ចុះអ្វីជាអាហារ​របស់​ការមិន​សង្រួមឥន្រ្ទិយ។ គប្បីឆ្លើយថា ការមិនមាន​សតិ មិនមាន​សម្បជញ្ញៈ។ ម្នាលភិក្ខុ​ទាំងឡាយ តថាតគ​ពោលថា ការមិន​មានសតិ មិន​មានសម្បជញ្ញៈ ប្រកប​ដោយអាហារ មិនបាន​ពោលថា ឥត​អាហារទេ។ ចុះអ្វីជា​អាហារ របស់ការ​មិនមានសតិ មិនមាន​សម្បជញ្ញៈ។ គប្បីឆ្លើយថា អយោនិសោមនសិការៈ។ ម្នាលភិក្ខុ​ទាំងឡាយ តថាគត​ពោលថា អយោនិសោមនសិការៈ ប្រកប​ដោយអាហារ មិនបាន​ពោលថា ឥតអាហារទេ។ ចុះអ្វី​ជា​អាហារ របស់​អយោនិសោមនសិការៈ។ គប្បីឆ្លើយថា អស្សទ្ធិយៈ (សេចក្តី​មិនជឿ)។ ម្នាលភិក្ខុ​ទាំងឡាយ តថាគតពោលថា អស្សទ្ធិយៈ ប្រកប​ដោយអាហារ មិនបាន​ពោលថា ឥតអាហារទេ។ ចុះអ្វី​ជាអាហារ​របស់អស្សទ្ធិយៈ។ គប្បីឆ្លើយថា អស្សទ្ធម្មស្សវនៈ (ការមិនស្តាប់​ព្រះ​សទ្ធម្ម)។ ម្នាលភិក្ខុ​ទាំងឡាយ តថាគតពោលថា អស្សទ្ធម្មស្សវនៈ ប្រកប​ដោយអាហារ មិនបាន​ពោលថា ឥតអាហារទេ។ ចុះអ្វីជាអាហារ​របស់​អស្សទ្ធម្មស្សវនៈ។ គប្បីឆ្លើយថា អសប្បុរិសសំសេវៈ (ការសេពគប់​អសប្បុរស)។ ម្នាលភិក្ខុ​ទាំងឡាយ អសប្បុរិសសំសេវៈ ពេញ​បរិបូណ៌ រមែង​ញុំាង​អស្សទ្ធម្មស្សវនៈ ឲ្យ​ពេញ​បរិបូណ៌ អស្សទ្ធម្មស្សវនៈ ពេញបរិបូណ៌ រមែងញុំាង​អស្សទ្ធិយៈ ឲ្យពេញ​បរិបូណ៌ អស្សទ្ធិយៈ​ពេញបរិបូណ៌ រមែង​ញុំាង​អយោនិសោមនសិការៈ ឲ្យពេញ​បរិបូណ៌ អយោនិសោមនសិការៈ ពេញ​បរិបូណ៌ រមែងញុំាងការ​មិនមានសតិ និង​មិនមាន​សម្បជញ្ញៈ ឲ្យ​ពេញបរិបូណ៌ ការមិនមាន​សតិ មិនមាន​សម្បជញ្ញៈ​ពេញបរិបូណ៌ រមែង​ញុំាង​ការមិន​សង្រួមឥន្រ្ទិយ ឲ្យពេញ​បរិបូណ៌ ការមិន​សង្រួមឥន្រ្ទិយ ពេញ​បរិបូណ៌ រមែង​ញុំាង​ទុច្ចរិត ៣ ឲ្យពេញ​បរិបូណ៌ ទុច្ចរិតទាំង ៣ ពេញ​បរិបូណ៌ រមែងញុំាង​នីវរណៈ ៥ ឲ្យពេញ​បរិបូណ៌ នីវរណៈ ៥ ពេញបរិបូណ៌ រមែងញុំាង​អវិជ្ជាឲ្យពេញ​បរិបូណ៌​ ដោយ​ប្រការ​ដូច្នេះឯង។ អាហារ​របស់អវិជ្ជានេះ រមែងមាន​យ៉ាងនេះ អាហារ​របស់អវិជ្ជានេះ ពេញ​បរិបូណ៌​យ៉ាងនេះ។ ម្នាលភិក្ខុ​ទាំងឡាយ ដូចទឹកភ្លៀង មានដំណក់ថ្លោស កាល​បង្អោរ កាលរំលា ហូរធ្លាក់លើ​កំពូលភ្នំ ទឹកនោះ​ក៏ហូរទៅតាម​ទីទាប រមែងញុំាង​ជ្រោះភ្នំ ល្អាង និង​អូរតូច​ឲ្យពេញ ​ជ្រោះភ្នំល្អាង និងអូរតូច​ពេញ​ហើយ រមែងញុំាង​ត្រពាំងតូច ឲ្យពេញ​ ត្រពាំងតូចពេញ​ហើយ រមែង​ញុំាងត្រពាំង​ធំ ឲ្យពេញ ត្រពាំងធំ​ពេញហើយ រមែងញុំាង​ស្ទឹងតូច​ឲ្យ​ពេញ ស្ទឹងតូច​ពេញហើយ រមែងញុំាង​ស្ទឹងធំឲ្យពេញ ស្ទឹងធំ​ពេញហើយ រមែងញុំាង​មហាសមុទ្រសាគរ​ឲ្យពេញ អាហារនៃ​មហាសមុទ្រសាគរ​នេះ រមែង​មាន​យ៉ាងនេះ មហាសមុទ្រសាគរ​ពេញបរិបូណ៌​យ៉ាងនេះ ឧបមា យ៉ាងណាមិញ។ ម្នាលភិក្ខុ​ទាំងឡាយ ឧបមេយ្យដូចជា អសប្បុរិសសំសេវៈ ពេញ​បរិបូណ៌ រមែងញុំាង​អស្សទ្ធម្មស្សវនៈ ឲ្យពេញ​បរិបូណ៌ អស្សទ្ធម្មស្សវនៈ ពេញបរិបូណ៌​ហើយ រមែង​ញុំាង​អស្សទ្ធិយៈ ឲ្យពេញ​បរិបូណ៌ អស្សទ្ធិយៈ ពេញ​បរិបូណ៌ហើយ រមែងញុំាង​អយោនិសោមនសិការៈ ឲ្យ​ពេញបរិបូណ៌ អយោនិសោមនសិការៈ ពេញ​បរិបូណ៌ហើយ រមែងញុំាង​ការមិនមាន​សតិ មិនមាន​សម្បជញ្ញៈ ឲ្យពេញ​បរិបូណ៌ ការមិន​មានសតិ មិនមាន​សម្បជញ្ញៈ ពេញ​បរិបូណ៌ហើយ រមែងញុំាង​ការមិនសង្រួម​ឥន្រ្ទិយ ឲ្យពេញ​បរិបូណ៌ ការមិន​សង្រួមឥន្រ្ទិយ​ពេញបរិបូណ៌​ហើយ រមែងញុំាង​ទុច្ចរិត ៣ ឲ្យពេញ​បរិបូណ៌ ទុច្ចរិត ៣ ពេញ​បរិបូណ៌ហើយ រមែងញុំាង​នីវរណៈ ៥ ឲ្យពេញ​បរិបូណ៌ នីវរណៈ ៥ ពេញបរិបូណ៌​ហើយ រមែងញុំាង​អវិជ្ជា ឲ្យពេញ​បរិបូណ៌​ ដោយ​ប្រការ​ដូច្នេះ។ អាហាររបស់អវិជ្ជានេះ រមែងមាន​យ៉ាងនេះ អាហារ​របស់អវិជ្ជានេះ ពេញ​បរិបូណ៌​យ៉ាងនេះ។ ម្នាលភិក្ខុ​ទាំងឡាយ តថាគតពោលថា វិជ្ជា និងវិមុត្តិ ប្រកបដោយ​អាហារ មិនបាន​ពោលថា ឥតអាហារ​ទេ។ ចុះអ្វីជា​អាហាររបស់​វិជ្ជា និង​វិមុត្តិ។ គប្បីឆ្លើយ​ថា ពោជ្ឈង្គ ៧។ ម្នាលភិក្ខុ​ទាំងឡាយ តថាគត​ពោលថា ពោជ្ឈង្គ ៧ ប្រកប​ដោយអាហារ មិនបានពោលថា ឥត​អាហារទេ។ ចុះ​អ្វីជាអាហារ​របស់ពោជ្ឈង្គ ៧។ គប្បីឆ្លើយថា សតិប្បដ្ឋាន ៤។ ម្នាលភិក្ខុ​ទាំងឡាយ តថាគត​ពោលថា សតិប្បដ្ឋាន ៤ ប្រកប​ដោយ​អាហារ មិន​បានពោលថា ឥត​អាហារទេ។ ចុះអ្វីជា​អាហារ​របស់សតិប្បដ្ឋាន ៤។ គប្បី​ឆ្លើយថា សុចរិត ៣។ ម្នាលភិក្ខុ​ទាំងឡាយ តថាគត​ពោលថា សុចរិត ៣ ប្រកបដោយ​អាហារ មិនបាន​ពោលថា ឥតអាហារ​ទេ។ ចុះអ្វីជាអាហារ​របស់សុចរិត ៣។ គប្បីឆ្លើយថា ការ​សង្រួមឥន្រ្ទិយ។ ម្នាលភិក្ខុ​ទាំង​ឡាយ តថាគត​ពោលថា ការសង្រួមឥន្រ្ទិយ ប្រកប​ដោយ​អាហារ មិន​បានពោលថា ឥតអាហារទេ។ ចុះអ្វីជាអាហារ​របស់​ការសង្រួម​ឥន្រ្ទិយ។ គប្បីឆ្លើយថា សតិ និង​សម្បជញ្ញៈ។ ម្នាលភិក្ខុ​ទាំងឡាយ តថាគតពោលថា សតិ និង​សម្បជញ្ញៈ ប្រកបដោយ​អាហារ មិនបាន​ពោលថា ឥតអាហារ​ទេ។ ចុះអ្វី​ជាអាហារ​របស់សតិ និង​សម្បជញ្ញៈ។ គប្បី​ឆ្លើយថា យោនិសោមនសិការៈ។ ម្នាលភិក្ខុ​ទាំងឡាយ តថាគត​ពោលថា យោនិសោមនសិការៈ ប្រកប​ដោយអាហារ មិនបាន​ពោលថា ឥត​អាហារទេ។ ចុះអ្វីជា​អាហាររបស់​យោនិសោមនសិការៈ។ គប្បី​ឆ្លើយថា សទ្ធា។ ម្នាលភិក្ខុ​ទាំង​ឡាយ តថាគត​ពោលថា សទ្ធា​ប្រកប​ដោយអាហារ មិនបាន​ពោលថា ឥត​អាហារ​ទេ។ ចុះអ្វីជាអាហារ​របស់សទ្ធា។ គប្បី​ឆ្លើយថា សទ្ធម្មស្សវនៈ។ ម្នាលភិក្ខុ​ទាំងឡាយ តថាគត​ពោលថា សទ្ធម្មស្សវនៈ ប្រកប​ដោយអាហារ មិនបាន​ពោលថា ឥតអាហារទេ។ ចុះអ្វី​ជាអាហារ​របស់​សទ្ធម្មស្សវនៈ។ គប្បី​ឆ្លើយថា សប្បុរិសសំសេវៈ។ ម្នាលភិក្ខុ​ទាំងឡាយ សប្បុរិសសំសេវៈ ពេញ​បរិបូណ៌ រមែងញុំាង​សទ្ធម្មស្សវនៈ ឲ្យពេញបរិបូណ៌ សទ្ធម្មស្សវនៈ ពេញ​បរិបូណ៌ហើយ រមែងញុំាង​សទ្ធា​ឲ្យពេញបរិបូណ៌ សទ្ធា ពេញបរិបូណ៌​ហើយ រមែងញុំាង​យោនិសោមនសិការៈ ឲ្យពេញ​បរិបូណ៌ យោនិសោមនសិការៈ ពេញបរិបូណ៌​ហើយ រមែងញុំាង​សតិ និង​សម្បជញ្ញៈ ឲ្យ​ពេញ​បរិបូណ៌ សតិ និង​សម្បជញ្ញៈ ពេញ​បរិបូណ៌ហើយ រមែងញុំាងការ​សង្រួម​ឥន្រ្ទិយ​ឲ្យពេញ​បរិបូណ៌ ការសង្រួម​ឥន្រ្ទិយពេញ​បរិបូណ៌ហើយ រមែងញុំាង​សុចរិត ៣ ឲ្យពេញ​បរិបូណ៌ សុចរិត ៣ ពេញបរិបូណ៌​ហើយ រមែងញុំាង​សតិប្បដ្ឋាន ៤ ឲ្យពេញ​បរិបូណ៌ សតិប្បដ្ឋាន ៤ ពេញបរិបូណ៌​ហើយ រមែងញុំាង​ពោជ្ឈង្គ ៧ ឲ្យពេញ​បរិបូណ៌ ពោជ្ឈង្គ ៧ ពេញ​បរិបូណ៌ហើយ រមែងញុំាង​វិជ្ជា និង​វិមុត្តិឲ្យពេញ​បរិបូណ៌​​ដោយប្រការ​ដូច្នេះ​ឯង។ អាហារ​របស់វិជ្ជា និង​វិមុត្តិនេះ រមែងមាន​យ៉ាងនេះ ពេញ​បរិបូណ៌​យ៉ាងនេះ។ ម្នាលភិក្ខុ​ទាំងឡាយ ដូចទឹកភ្លៀង​​មានដំណក់​ថ្លោស កាល​បង្អោរ កាលរំលា ហូរធ្លាក់​លើកំពូលភ្នំ ទឹកនោះ​ក៏ហូរទៅ​តាមទីទាប រមែង​ញុំាងជ្រោះភ្នំ ល្អាង និងអូរតូច ឲ្យពេញ ជ្រោះភ្នំ ល្អាង និង​អូរតូច ពេញ​ហើយ រមែងញុំាង​ត្រពាំងតូច ឲ្យពេញ ត្រពាំងតូច​ពេញហើយ រមែង​ញុំាង​ត្រពាំងធំ​ឲ្យពេញ ត្រពាំងធំ​ពេញហើយ រមែងញុំាង​ស្ទឹងតូចឲ្យ​ពេញ ស្ទឹង​តូច​ពេញហើយ រមែងញុំាង​ស្ទឹងធំ​ឲ្យពេញ ស្ទឹងធំ​ពេញហើយ រមែង​ញុំាង​មហាសមុទ្រសាគរ​ឲ្យពេញ អាហារ​នៃមហាសមុទ្រសាគរ​នេះ រមែងមាន​យ៉ាងនេះ ពេញ​បរិបូណ៌​យ៉ាងនេះ មានឧបមា​យ៉ាងណាមិញ ម្នាលភិក្ខុ​ទាំងឡាយ ឧបមេយ្យ​ដូចជា​សប្បុរិសសំសេវៈ ពេញ​បរិបូណ៌ រមែងញុំាង​សទ្ធម្មស្សវនៈ ឲ្យពេញ​បរិបូណ៌ សទ្ធម្មស្សវនៈ ពេញ​បរិបូណ៌​ហើយ រមែងញុំាង​សទ្ធា​ឲ្យពេញបរិបូណ៌ សទ្ធា​ពេញ​បរិបូណ៌​ហើយ រមែង​ញុំាង​យោនិសោមនសិការៈ ឲ្យពេញ​បរិបូណ៌ យោនិសោមនសិការៈ ពេញ​បរិបូណ៌ហើយ រមែងញុំាង​សតិ និង​សម្បជញ្ញៈ ឲ្យ​ពេញ​បរិបូណ៌ សតិ និង​សម្បជញ្ញៈ ពេញ​បរិបូណ៌​ហើយ រមែងញុំាង​ការសង្រួមឥន្រ្ទិយ ឲ្យពេញ​បរិបូណ៌ ការសង្រួម​ឥន្រ្ទិយ​ពេញបរិបូណ៌​ហើយ រមែងញុំាង​សុចរិត ៣ ឲ្យពេញ​បរិបូណ៌ សុចរិត ៣ ពេញ​បរិបូណ៌ហើយ រមែង​ញុំាង​សតិប្បដ្ឋាន ៤ ឲ្យពេញ​បរិបូណ៌ សតិប្បដ្ឋាន ៤ ពេញ​បរិបូណ៌ហើយ រមែងញុំាង​ពោជ្ឈង្គ ៧ ឲ្យពេញ​បរិបូណ៌ ពោជ្ឈង្គ ៧ ពេញ​បរិបូណ៌​ហើយ រមែងញុំាង​វិជ្ជា និង​វិមុត្តិឲ្យពេញ​បរិបូណ៌​ ដោយប្រការដូច្នេះ។ អាហារ​របស់វិជ្ជា និង​វិមុត្តិនេះ រមែងមាន​យ៉ាងនេះ ពេញបរិបូណ៌​យ៉ាងនេះ។

ឌ្តណ្ហាសូត្រ ទី២

[៦២] ម្នាលភិក្ខុទាំងឡាយ ទីបំផុតខាងដើម​របស់ភវតណ្ហា មិន​ប្រាកដទេ ភវតណ្ហា (សេចក្តី​ប្រាថ្នាក្នុងភព) មិនមានក្នុង​កាលមុន អំពី​កាលនេះ ឬថា កើតឡើង​ក្នុង​ខាង​ក្រោយ​ឡើយ ហេតុនោះ ម្នាលភិក្ខុ​ទាំងឡាយ ក៏​ពាក្យថា ភវតណ្ហា​នេះ តថាគត​ពោល​យ៉ាងនេះ តែថា ភវតណ្ហា រមែងប្រាកដ ព្រោះមាន​របស់នេះជាបច្ច័យ។ ម្នាលភិក្ខុ​ទាំងឡាយ តថាគត​ពោលថា ភវតណ្ហា ប្រកប​ដោយអាហារ មិនបាន​ពោលថា ឥត​អាហារទេ។ ចុះអ្វីជា​អាហាររបស់​ភវតណ្ហា។ គប្បី​ឆ្លើយថា អវិជ្ជា។ ម្នាល​ភិក្ខុទាំងឡាយ តថាគត​ពោលថា អវិជ្ជា ប្រកបដោយ​អាហារ មិនបាន​ពោលថា ឥតអាហារទេ។ ចុះអ្វីជា​អាហាររបស់​អវិជ្ជា។ គប្បីឆ្លើយ​ថា នីវរណៈ ៥។ ម្នាលភិក្ខុ​ទាំងឡាយ តថាគត​ពោលថា នីវរណៈ ៥ ប្រកប​ដោយអាហារ មិនបាន​ពោថា ឥតអាហារ​ទេ។ ចុះអ្វីជា​អាហារ​របស់​នីវរណៈ ៥។ គប្បី​ឆ្លើយថា ទុច្ចរិត ៣។ ម្នាលភិក្ខុ​ទាំងឡាយ តថាគត​ពោល​ថា ទុច្ចរិត ៣ ប្រកប​ដោយ​អាហារ មិនបាន​ពោលថា ឥត​អាហារទេ។ ចុះ​អ្វីជាអាហារ​របស់ទុច្ចរិត ៣។ គប្បី​ឆ្លើយថា ការមិន​សង្រួមឥន្រ្ទិយ។ ម្នាល​ភិក្ខុទាំងឡាយ តថាគត​ពោលថា ការមិន​សង្រួមឥន្រ្ទិយ ប្រកបដោយ​អាហារ មិនបាន​ពោលថា ឥត​អាហារទេ។ ចុះអ្វីជា​អាហារ​របស់​ការមិន​សង្រួមឥន្រ្ទិយ។ គប្បី​ឆ្លើយថា ការមិន​មានសតិ មិនមាន​សម្បជញ្ញៈ។ ម្នាលភិក្ខុ​ទាំងឡាយ តថាគត​ពោលថា ការមិនមាន​សតិ មិនមាន​សម្បជញ្ញៈ ប្រកប​ដោយ​អាហារ មិនបាន​ពោលថា ឥតអាហារទេ។ ចុះអ្វីជា​អាហាររបស់​ការមិនមាន​សតិ មិនមាន​សម្បជញ្ញៈ។ គប្បី​ឆ្លើយថា អយោនិសោមនសិការៈ។ ម្នាលភិក្ខុ​ទាំងឡាយ តថាគត​ពោលថា អយោនិសោមនសិការៈ ប្រកប​ដោយអាហារ មិនបាន​ពោលថា ឥត​អាហារ​ទេ។ ចុះអ្វី​ជាអាហារ​របស់​អយោនិសោមនសិការៈ។ គប្បី​ឆ្លើយថា អស្សទ្ធិយៈ (សេចក្តី​មិនជឿ)។ ម្នាលភិក្ខុ​ទាំងឡាយ តថាគត​ពោលថា អស្សទ្ធិយៈ ប្រកប​ដោយ​អាហារ មិនបាន​ពោលថា ឥតអាហារ​ទេ។ ចុះអ្វីជា​អាហារ​របស់​អស្សទ្ធិយៈ។ គប្បី​ឆ្លើយថា អស្សទ្ធម្មស្សវនៈ។ ម្នាលភិក្ខុ​ទាំងឡាយ តថាគតពោលថា អស្សទ្ធម្មស្សវនៈ ប្រកប​ដោយ​អាហារ មិនបាន​ពោលថា ឥតអាហារទេ។ ចុះអ្វីជា​អាហារ​របស់​អស្សទ្ធម្មស្សវនៈ។ គប្បី​ឆ្លើយថា អសប្បុរិសសំសេវៈ។ ម្នាលភិក្ខុ​ទាំងឡាយ អសប្បុរិសសំសេវៈ ពេញបរិបូណ៌​ហើយ រមែងញុំាង​អស្សទ្ធម្មស្សវនៈ ឲ្យពេញ​បរិបូណ៌ លុះ​អស្សទ្ធម្មស្សវនៈ ពេញ​បរិបូណ៌​ហើយ រមែងញុំាង​អស្សទ្ធិយៈ ឲ្យពេញ​បរិបូណ៌ លុះ​អស្សទ្ធិយៈ ពេញ​បរិបូណ៌​ហើយ រមែង​ញុំាង​អយោនិសោមនសិការៈ ឲ្យពេញ​បរិបូណ៌ លុះ​អយោនិសោមនសិការៈ ពេញ​បរិបូណ៌​ហើយ រមែង​ញុំាងការមិន​មានសតិ មិនមាន​សម្បជញ្ញៈ ឲ្យពេញ​បរិបូណ៌ លុះការ​មិនមានសតិ មិនមាន​សម្បជញ្ញៈ​ពេញបរិបូណ៌​ហើយ រមែងញុំាង​ការមិន​សង្រួម​ឥន្រ្ទិយ ឲ្យពេញ​បរិបូណ៌ លុះការមិន​សង្រួមឥន្រ្ទិយ​ពេញបរិបូណ៌​ហើយ រមែង​ញុំាង​ទុច្ចរិត ៣ ឲ្យពេញ​បរិបូណ៌ លុះទុច្ចរិត ៣ ពេញ​បរិបូណ៌ហើយ រមែងញុំាង​នីវរណៈ ៥ ឲ្យពេញ​បរិបូណ៌ លុះ​នីវរណៈ ៥ ពេញ​បរិបូណ៌ហើយ រមែង​ញុំាង​អវិជ្ជា​ឲ្យពេញ​បរិបូណ៌ លុះ​អវិជ្ជាពេញ​បរិបូណ៌ហើយ រមែងញុំាង​ភវតណ្ហា ឲ្យពេញ​បរិបូណ៌​ដោយ​ប្រការ​ដូច្នេះ​ឯង។ អាហារ​របស់​ភវតណ្ហានេះ រមែងមាន​យ៉ាងនេះ ពេញបរិបូណ៌​យ៉ាង​នេះ។ ម្នាលភិក្ខុ​ទាំងឡាយ ដូចទឹកភ្លៀង មានដំណក់​ដ៏ថ្លោស កាល​បង្អោរ កាលរំលា ហូរធ្លាក់​លើកំពូល​ភ្នំ ទឹកនោះ​ក៏ហូរទៅកាន់​ទីទាប រមែង​ញុំាងជ្រោះភ្នំ ល្អាង និងអូរ​តូច​ឲ្យពេញ លុះជ្រោះភ្នំ ល្អាង និងអូរតូច​ពេញហើយ រមែងញុំាង​ត្រពាំងតូច ឲ្យពេញ លុះ​ត្រពាំង​តូចពេញហើយ រមែងញុំាង​ត្រពាំងធំ ឲ្យពេញ លុះត្រពាំង​ធំពេញហើយ រមែង​ញុំាង​ស្ទឹង​តូច​ឲ្យពេញ លុះស្ទឹង​តូចពេញ​ហើយ រមែងញុំាង​ស្ទឹងធំឲ្យ​ពេញ លុះ​ស្ទឹងធំ ពេញ​ហើយ រមែងញុំាង​មហាសមុទ្រ​សាគរឲ្យពេញ អាហារនៃ​មហាសមុទ្រ​សាគរនេះ រមែង​មានយ៉ាង​នេះ ពេញបរិបូណ៌​ហើយយ៉ាង​នេះ ម្នាលភិក្ខុ​ទាំងឡាយ ឧបមេយ្យ​ដូចជា អសប្បុរិសសំសេវៈ ពេញ​បរិបូណ៌​ហើយ រមែងញុំាង​អស្សទ្ធម្មស្សវនៈ ឲ្យពេញ​បរិបូណ៌ លុះ​អស្សទ្ធម្មស្សវនៈ ពេញបរិបូណ៌​ហើយ រមែងញុំាង​អស្សទ្ធិយៈ ឲ្យពេញ​បរិបូណ៌ លុះ​អស្សទ្ធិយៈ ពេញ​បរិបូណ៌​ហើយ រមែងញុំាង​អយោនិសោមនសិការៈ ឲ្យពេញ​បរិបូណ៌ លុះ​អយោនិសោមនសិការៈ​ពេញបរិបូណ៌​ហើយ រមែង​ញុំាងការ​មិនមានសតិ មិន​មាន​សម្បជញ្ញៈ​ឲ្យពេញ​បរិបូណ៌ លុះការ​មិន​មានសតិ មិនមាន​សម្បជញ្ញៈ ពេញ​បរិបូណ៌​ហើយ រមែង​ញុំាង​ការមិន​សង្រួមឥន្រ្ទិយ ឲ្យពេញ​បរិបូណ៌ លុះការ​មិនសង្រួម​ឥន្រ្ទិយ ពេញ​បរិបូណ៌​ហើយ រមែងញុំាង​ទុច្ចរិត ៣ ឲ្យពេញ​បរិបូណ៌ លុះ​ទុច្ចរិត ៣ ពេញ​បរិបូណ៌​ហើយ រមែង​ញុំាង​នីវរណៈ ៥ ឲ្យពេញ​បរិបូណ៌ លុះ​នីវរណៈ ៥ ពេញ​បរិបូណ៌​ហើយ រមែង​ញុំាង​អវិជ្ជាឲ្យ​ពេញបរិបូណ៌ លុះ​អវិជ្ជាពេញ​បរិបូណ៌​ហើយ រមែង​ញុំាង​ភវតណ្ហា ឲ្យពេញ​បរិបូណ៌។ អាហារ​របស់ភវតណ្ហានេះ រមែង​មាន​យ៉ាងនេះ ពេញ​បរិបូណ៌ យ៉ាង​នេះ។ ម្នាលភិក្ខុ​ទាំងឡាយ តថាគត​ពោលថា វិជ្ជា និងវិមុត្តិ ប្រកប​ដោយ​អាហារ មិនបាន​ពោលថា ឥត​អាហារទេ។ ចុះអ្វី​ជាអាហារ​របស់វិជ្ជា និង​វិមុត្តិ។ គប្បី​ឆ្លើយ​ថា ពោជ្ឈង្គ ៧ ប្រការ។ ម្នាលភិក្ខុ​ទាំងឡាយ តថាគត​ពោលថា ពោជ្ឈង្គ ៧ ប្រការ ប្រកប​ដោយ​អាហារ មិនបាន​ពោលថា ឥត​អាហារទេ។ ចុះអ្វីជា​អាហារ របស់​ពោជ្ឈង្គ ៧ ប្រការ។ គប្បី​ឆ្លើយថា សតិប្បដ្ឋាន ៤។ ម្នាល​ភិក្ខុ​ទាំងឡាយ តថាគត​ពោលថា សតិប្បដ្ឋាន ៤ ប្រកប​ដោយអាហារ មិនបាន​ពោលថា ឥតអាហារ​ទេ។ ចុះអ្វីជា​អាហារ របស់​សតិប្បដ្ឋាន ៤។ គប្បី​ឆ្លើយថា សុចរិត ៣។ ម្នាលភិក្ខុ​ទាំងឡាយ តថាគត​ពោលថា សុចរិត ៣ ប្រកបដោយ​អាហារ មិនបាន​ពោលថា ឥតអាហារទេ។ ចុះអ្វីជា​អាហារ​របស់​សុចរិត ៣។ គប្បី​ឆ្លើយថា ការសង្រួម​ឥន្រ្ទិយ។ ម្នាលភិក្ខុ​ទាំងឡាយ តថាគត​ពោលថា ការ​សង្រួម​ឥន្រ្ទិយ ប្រកប​ដោយអាហារ មិនបាន​ពោល​ថា ឥតអាហារទេ។ ចុះអ្វី​ជា​អាហារ​របស់​ការសង្រួម​ឥន្រ្ទិយ។ គប្បីឆ្លើយ​ថា សតិ និង​សម្បជញ្ញៈ។ ម្នាលភិក្ខុ​ទាំង​ឡាយ តថាគត​ពោលថា សតិ និង​សម្បជញ្ញៈ ប្រកប​ដោយ​អាហារ មិនបាន​ពោលថា ឥត​អាហារ​ទេ។ ចុះអ្វីជា​អាហារ​របស់សតិ និង​សម្បជញ្ញៈ។ គប្បី​ឆ្លើយថា យោនិសោមនសិការៈ។ ម្នាលភិក្ខុ​ទាំងឡាយ តថាគត​ពោលថា យោនិសោមនសិការៈ ប្រកប​ដោយ​អាហារ មិនបាន​ពោលថា ឥត​អាហារទេ។ ចុះអ្វីជា​អាហារ របស់​យោនិសោមនសិការៈ។ គប្បី​ឆ្លើយថា សទ្ធា។ ម្នាលភិក្ខុ​ទាំងឡាយ តថាគត​ពោលថា សទ្ធា​ប្រកបដោយ​អាហារ មិនបាន​ពោលថា ឥតអាហារ​ទេ។ ចុះអ្វីជា​អាហារ​របស់សទ្ធា។ គប្បី​ឆ្លើយថា សទ្ធម្មស្សវនៈ។ ម្នាលភិក្ខុ​ទាំងឡាយ តថាគត​ពោលថា សទ្ធម្មស្សវនៈ ប្រកប​ដោយ​អាហារ មិនបាន​ពោលថា ឥត​អាហារទេ។ ចុះអ្វីជា​អាហារ​របស់​សទ្ធម្មស្សវនៈ។ គប្បី​ឆ្លើយថា សប្បុរិសសំសេវៈ។ ម្នាលភិក្ខុ​ទាំងឡាយ សប្បុរិសសំសេវៈ ពេញ​បរិបូណ៌​ហើយ រមែងញុំាង​សទ្ធម្មស្សវនៈ ឲ្យពេញ​បរិបូណ៌ លុះ​សទ្ធម្មស្សវនៈ ពេញ​បរិបូណ៌​ហើយ រមែង​ញុំាង​សទ្ធា ឲ្យពេញ​បរិបូណ៌ លុះសទ្ធា​ពេញបរិបូណ៌​ហើយ រមែង​ញុំាង​យោនិសោមនសិការៈ​ឲ្យពេញ​បរិបូណ៌ លុះ​យោនិសោមនសិការៈ​ពេញបរិបូណ៌​ហើយ រមែង​ញុំាងសតិ និង​សម្បជញ្ញៈ​ឲ្យពេញ​បរិបូណ៌ លុះសតិ និង​សម្បជញ្ញៈ ពេញ​បរិបូណ៌​ហើយ រមែងញុំាង​ការសង្រួម​ឥន្រ្ទិយ​ឲ្យពេញ​បរិបូណ៌ លុះការ​សង្រួម​ឥន្រ្ទិយ ពេញ​បរិបូណ៌​ហើយ រមែងញុំាង​សុចរិត ៣ ឲ្យពេញ​បរិបូណ៌ លុះ​សុចរិត ៣ ពេញ​បរិបូណ៌​ហើយ រមែងញុំាង​សតិប្បដ្ឋាន ៤ ឲ្យពេញ​បរិបូណ៌ លុះ​សតិប្បដ្ឋាន ៤ ពេញ​បរិបូណ៌​ហើយ រមែង​ញុំាង​ពោជ្ឈង្គ ៧ ប្រការ ឲ្យពេញ​បរិបូណ៌ លុះ​ពោជ្ឈង្គ ៧ ប្រការ ពេញ​បរិបូណ៌​ហើយ រមែងញុំាង​វិជ្ជា និង​វិមុត្តិ ឲ្យពេញ​បរិបូណ៌​​ដោយប្រការ​ដូច្នេះឯង។ អាហារ​របស់វិជ្ជា និង​វិមុត្តិនេះ រមែង​មាន​យ៉ាងនេះ ពេញ​បរិបូណ៌​យ៉ាងនេះ។ ម្នាលភិក្ខុ​ទាំងឡាយ ដូចទឹកភ្លៀង មានដំណក់​ដ៏ថ្លោស កាល​បង្អោរ កាលរំលា ហូរធ្លាក់​លើ​កំពូល​ភ្នំ ទឹកនោះ​ក៏ហូរទៅកាន់​ទីទាប រមែង​ញុំាង​ជ្រោះភ្នំ ល្អាង និង​អូរតូចឲ្យពេញ លុះ​ជ្រោះភ្នំ ល្អាង និង​អូរតូចពេញ រមែងញុំាង​ត្រពាំងតូច ឲ្យពេញ លុះត្រពាំង​តូចពេញ រមែង​ញុំាង​ត្រពាំង​ធំ ឲ្យពេញ លុះត្រពាំង​ធំពេញ រមែងញុំាង​ស្ទឹងតូច​ឲ្យពេញ លុះស្ទឹង​តូច​ពេញ រមែងញុំាង​ស្ទឹងធំ​ឲ្យពេញ លុះស្ទឹង​ធំពេញ​ហើយ រមែងញុំាង​មហាសមុទ្រសាគរ ឲ្យពេញ អាហារ​របស់​មហាសមុទ្រ​សាគរនេះ រមែង​មាន​យ៉ាងនេះ ពេញ​បរិបូណ៌​យ៉ាងនេះ ម្នាលភិក្ខុ​ទាំងឡាយ ឧបមេយ្យ​ដូចជា​សប្បុរិសសំសេវៈ ពេញ​បរិបូណ៌​ហើយ រមែង​ញុំាង​សទ្ធម្មស្សវនៈ ឲ្យពេញ​បរិបូណ៌ លុះ​សទ្ធម្មស្សវនៈ ពេញ​បរិបូណ៌ រមែងញុំាង​សទ្ធាឲ្យ​ពេញ​បរិបូណ៌ លុះ​សទ្ធាពេញ​បរិបូណ៌ រមែង​ញុំាង​យោនិសោមនសិការៈ ឲ្យពេញ​បរិបូណ៌ លុះ​យោនិសោមនសិការៈ​ពេញ​បរិបូណ៌ហើយ រមែង​ញុំាង​សតិសម្បជញ្ញៈ​ឲ្យពេញ​បរិបូណ៌ លុះសតិ និង​សម្បជញ្ញៈ​ពេញបរិបូណ៌ រមែង​ញុំាងការ​សង្រួម​ឥន្រ្ទិយឲ្យ​ពេញបរិបូណ៌ លុះ​ការសង្រួម​ឥន្រ្ទិយ​ពេញបរិបូណ៌ រមែង​ញុំាង​សុចរិត ៣ ឲ្យពេញ​បរិបូណ៌ លុះ​សុចរិត ៣ ពេញបរិបូណ៌ រមែង​ញុំាង​សតិប្បដ្ឋាន ៤ ឲ្យពេញ​បរិបូណ៌ លុះ​សតិប្បដ្ឋាន ៤ ពេញ​បរិបូណ៌ រមែងញុំាង​ពោជ្ឈង្គ ៧ ប្រការ ឲ្យពេញ​បរិបូណ៌ លុះ​ពោជ្ឈង្គ ៧ ប្រការ ពេញ​បរិបូណ៌ រមែង​ញុំាង​វិជ្ជា និង​វិមុត្តិ ឲ្យពេញ​បរិបូណ៌។ អាហារ​របស់វិជ្ជា និង​វិមុត្តិនេះ រមែង​មានយ៉ាងនេះ ពេញ​បរិបូណ៌​យ៉ាងនេះឯង។

និដ្ឋង្គតសូត្រ ទី៣

[៦៣] ម្នាលភិក្ខុទាំងឡាយ ជនទាំងឡាយ​ណានីមួយ ដល់​នូវការ​ចូលចិត្ត​ចំពោះ​តថាគត បុគ្គល​ទាំងអស់នោះ ជាអ្នក​បរិបូណ៌​​ដោយទិដ្ឋិ។ បណ្តា​អ្នកបរិបូណ៌​ដោយ​ទិដ្ឋិ​នោះ បុគ្គល ៥ ពួក សម្រេច (បរិនិព្វាន) ក្នុង​លោកនេះ បុគ្គល ៥ ពួក​ លះលោក​នេះ​ហើយ ទើប​សម្រេច។ បុគ្គល ៥ ពួកដែល​សម្រេចក្នុង​លោកនេះ តើដូចម្តេច។ គឺ​សត្តក្ខត្តុំបរមបុគ្គល ១ កោលំកោលបុគ្គល ១ ឯកពីជិបុគ្គល ១ សកទាគាមិបុគ្គល ១ ព្រះអរហន្ត ក្នុង​បច្ចុប្បន្ន ១ បុគ្គល ៥ ពួកនេះ មានការ​សម្រេច​ក្នុងលោកនេះ។ បុគ្គល ៥ ពួក​ ដែលលះ​លោកនេះហើយ សម្រេច តើ​ដូចម្តេច។ គឺ [គឺលោកបរិនិព្វាន ក្នុងរវាង​អាយុមិនទាន់​ដល់​ពាក់កណ្តាល។] អន្តរាបរិនិព្វាយិបុគ្គល ១ [គឺលោក​បរិនិព្វាន ក្នុង​កាល​អាយុផុត​ពាក់កណ្តាល​ហើយ ទើបដល់ទី​បំផុត។] ឧបហច្ចបរិនិព្វាយិបុគ្គល ១ [លោក​បរិនិព្វាន ដោយមិនមាន​សេចក្តី​ព្យាយាម​យ៉ាងខ្លាំង។] អសង្ខារបរិនិព្វាយិបុគ្គល ១ [លោក​បរិនិព្វាន ដោយ​សេចក្តី​ព្យាយាមខ្លាំង។] សសង្ខារបរិនិព្វាយិបុគ្គល ១ [លោក​មានខ្សែ​ក្នុងខាងលើ​ទៅកាន់អកនិដ្ឋភព។] ឧទ្ធំសោតអកនិដ្ឋគាមិបុគ្គល ១ បុគ្គល ៥ ពួក​នេះ លះលោក​នេះហើយ ទើប​សម្រេច។ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គល​ទាំងឡាយ​ណានី​មួយ ដល់នូវការ​ចូលចិត្ត​ចំពោះតថាគត ពួកបុគ្គល​ទាំងអស់នោះ ជាអ្នក​បរិបូណ៌​ដោយ​ទិដ្ឋិ។ បណ្តាអ្នក​បរិបូណ៌​ដោយ​ទិដ្ឋិនោះ បុគ្គល ៥ ពួកនេះ សម្រេចក្នុង​លោកនេះ បុគ្គល​ ៥ ពួក​នេះ លះលោក​នេះហើយ ទើប​សម្រេច។

អវេច្ចប្បសន្នសូត្រ ទី៤

[៦៤] ម្នាលភិក្ខុទាំងឡាយ បុគ្គលទាំងឡាយ​ណានីមួយ ជ្រះថ្លា មិន​ញាប់ញ័រ ចំពោះ​តថាគត ពួកបុគ្គល​ទាំងអស់នោះ ជា​សោតាបន្ន ជាអ្នក​ដល់នូវ​ដើមខ្សែ​នៃ​អរិយមគ្គ។ បណ្តា​សោតាបន្នបុគ្គល​ទាំងនោះ បុគ្គល ៥ ពួក សម្រេចក្នុង​លោកនេះ បុគ្គល ៥ ពួក លះលោកនេះ ទើបសម្រេច។ បុគ្គល ៥ ពួក​ ដែលសម្រេច​ក្នុងលោកនេះ តើ​ដូចម្តេច។ គឺ​សត្តក្ខត្តុំបរមបុគ្គល ១ កោលំកោលបុគ្គល ១ ឯកពីជិបុគ្គល ១ សកទាគាមិបុគ្គល ១ ព្រះអរហន្ត​ក្នុងបច្ចុប្បន្ន ១ បុគ្គល ៥ ពួកនេះ មានការសម្រេច​ក្នុងលោក​នេះ។ បុគ្គល ៥ ពួក ដែលលះលោកនេះ​ហើយ ទើបសម្រេច តើ​ដូចម្តេច។ គឺ​អន្តរាបរិនិព្វាយិបុគ្គល ១ ឧបហច្ចបរិនិព្វាយិបុគ្គល ១ អសង្ខារបរិនិព្វាយិបុគ្គល ១ សសង្ខារបរិនិព្វាយិបុគ្គល ១ ឧទ្ធំសោតអកនិដ្ឋគាមិបុគ្គល ១ បុគ្គល ៥ ពួកនេះ លះលោក​នេះហើយ ទើបសម្រេច។ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គល​ទាំងឡាយ​ណានីមួយ ជ្រះថ្លា មិនញាប់ញ័រ ចំពោះតថាគត ពួកបុគ្គល​ទាំងអស់​នោះ ជា​សោតាបន្ន (អ្នកដល់នូវ​ដើមខ្សែនៃ​អរិយមគ្គ)។ បណ្តា​សោតាបន្នបុគ្គល​ទាំងនោះ បុគ្គល ៥ ពួកនេះ សម្រេច​ក្នុងលោកនេះ បុគ្គល ៥ ពួកនេះ លះ​លោកនេះ​ហើយ ទើប​សម្រេច។

បឋមសុខសូត្រ ទី៥

[៦៥] សម័យមួយ ព្រះសារីបុត្តដ៏មានអាយុ គង់នៅ​នាលកគ្រាម ក្នុង​ដែនមគធៈ។ គ្រានោះ បរិព្វាជក​ឈ្មោះ​សាមណ្ឌកានិ ចូលទៅ​រកព្រះ​សារីបុត្ត​ដ៏មានអាយុ លុះ​ចូលទៅ​ដល់ហើយ ក៏បាន​ពោលពាក្យ​រាក់ទាក់ ជាមួយ​នឹងព្រះសារីបុត្ត​ដ៏មានអាយុ លុះ​បញ្ចប់ពាក្យ​ដែលគួរ​រីករាយ និង​ពាក្យដែល​គួររលឹក​ហើយ ក៏អង្គុយ​ក្នុងទីដ៏សមគួរ។ លុះ​បរិព្វាជក​ឈ្មោះ សាមណ្ឌកានិ អង្គុយក្នុង​ទីសមគួរ​ហើយ បានសួរ​ព្រះសារីបុត្ត​ដ៏មានអាយុ​ដូច្នេះថា ម្នាល​អាវុសោ​សារីបុត្ត អ្វីហ្ន៎ ឈ្មោះថា សុខ អ្វីឈ្មោះថា ទុក្ខ។ ព្រះសារីបុត្ត​ឆ្លើយថា ម្នាល​អាវុសោ ការកើតឡើង​ហ្នឹងឯង ឈ្មោះថា ទុក្ខ ការមិន​កើតឡើង ឈ្មោះថា សុខ។ ម្នាល​អាវុសោ កាលបើមាន​ការកើតឡើង សេចក្តីទុក្ខនេះ រមែង​ប្រាកដ គឺការ​ត្រជាក់ ក្តៅ ឃ្លាន ស្រេក ឧច្ចារៈ បស្សាវៈ ប៉ះត្រូវ​នឹងភ្លើង ប៉ះត្រូវ​នឹងដំបង ប៉ះត្រូវ​នឹងគ្រឿង​សស្រ្តាវុធ ញាតិ​ទាំងឡាយក្តី មិត្រទាំង​ឡាយក្តី រមែងជួប​ជុំប្រសព្វគ្នា បៀតបៀន បុគ្គលនោះ។ ម្នាល​អាវុសោ កាលបើ​មានការ​កើតឡើង សេចក្តី​ទុក្ខនេះ រមែង​ប្រាកដ។ ម្នាល​អាវុសោ កាលបើ​មិនមានការ​កើតឡើង សេចក្តី​សុខនេះ រមែង​ប្រាកដ គឺការមិន​មានត្រជាក់ មិនមាន​ក្តៅ មិនមានឃ្លាន មិនមានស្រេក មិនមាន​ឧច្ចារៈ មិនមានបស្សាវៈ មិនមានប៉ះ​ត្រូវនឹងភ្លើង មិនមាន​ប៉ះត្រូវនឹងដំបង មិនមាន​ប៉ះត្រូវនឹង​គ្រឿងសស្រ្តាវុធ ឬញាតិ​ទាំងឡាយ​ក្តី មិត្រទាំង​ឡាយក្តី មិនជួបជុំ​ប្រសព្វគ្នា បៀតបៀន​បុគ្គលនោះ។ ម្នាល​អាវុសោ កាលបើ​មិនមាន​ការកើតឡើង សេចក្តី​សុខនេះ រមែង​ប្រាកដ។

ទុតិយសុខសូត្រ ទី៦

[៦៦] សម័យមួយ ព្រះសារីបុត្តដ៏មានអាយុ នៅក្នុង​នាលកគ្រាម ក្នុង​ដែនមគធៈ។ គ្រានោះ បរិព្វាជកឈ្មោះ​សាមណ្ឌកានិ ចូល​ទៅរក​ព្រះសារីបុត្តដ៏មានអាយុ លុះចូល​ទៅដល់​ហើយ ក៏ពោល​ពាក្យរាក់ទាក់ សំណេះ​សំណាល ជាមួយ​នឹង​ព្រះសារីបុត្តដ៏​មានអាយុ លុះ​បញ្ចប់ពាក្យ​ដែលគួររីករាយ និង​ពាក្យដែល​គួររលឹកហើយ ក៏អង្គុយ​ក្នុងទី​ដ៏សមគួរ។ លុះ​បរិព្វាជក ឈ្មោះ​សាមណ្ឌកានិ អង្គុយ​ក្នុងទីដ៏សម​គួរហើយ បានសួរ​ព្រះសារីបុត្ត ដ៏មាន​អាយុដូច្នេះថា ម្នាល​អាវុសោ​សារីបុត្ត អ្វីហ្ន៎ ឈ្មោះថា សុខ អ្វីឈ្មោះថា ទុក្ខ ក្នុងធម្មវិន័យ​នេះ។ ព្រះសារីបុត្ត​ឆ្លើយថា ម្នាល​អាវុសោ សេចក្តីមិនត្រេកអរ​នេះឯង ឈ្មោះថា ទុក្ខ សេចក្តី​ត្រេកអរ ឈ្មោះថា សុខ ក្នុង​ធម្មវិន័យ​នេះ។ ម្នាល​អាវុសោ កាលបើ​មិនមាន​សេចក្តី​ត្រេកអរ សេចក្តី​ទុក្ខនេះ រមែង​ប្រាកដ គឺបុគ្គល​កាលដើរ​ទៅក្តី រមែង​មិន​មាន​សេចក្តីសុខ​ជាទីត្រេកអរ ឈរនៅ​ក្តី … អង្គុយ​នៅក្តី … ដេកនៅក្តី … នៅក្នុង​ស្រុកក្តី… នៅក្នុង​ព្រៃក្តី… នៅជិត​គល់ឈើក្តី … នៅក្នុង​ផ្ទះស្ងាត់ក្តី … នៅក្នុង​ទីវាលក្តី … នៅក្នុង​កណ្តាល​ភិក្ខុក្តី ក៏រមែង​មិនបាន​សេចក្តី​សុខ ជា​ទីត្រេកអរ​ឡើយ។ ម្នាល​អាវុសោ កាលបើ​មិនមាន​សេចក្តី​ត្រេកអរ សេចក្តី​ទុក្ខនេះ រមែង​ប្រាកដ។ ម្នាល​អាវុសោ កាលបើ​មាន​សេចក្តី​ត្រេកអរ សេចក្តី​សុខនេះ រមែង​ប្រាកដ គឺបុគ្គល​កាលដើរទៅ ក៏បាន​ប្រសព្វ​សេចក្តី​សុខ ជាទី​ត្រេកអរ ឈរក្តី… អង្គុយក្តី… ដេកក្តី… នៅក្នុង​ស្រុកក្តី … នៅក្នុង​ព្រៃក្តី… នៅជិត​គល់ឈើ​ក្តី… នៅក្នុង​ផ្ទះស្ងាត់ក្តី… នៅទីវាលក្តី… នៅ​កណ្តាល​ភិក្ខុក្តី… រមែង​បានប្រសព្វ​សេចក្តី​សុខ ជាទី​ត្រេកអរ។ ម្នាល​អាវុសោ កាលបើ​មានសេចក្តី​ត្រេកអរ សេចក្តី​សុខនេះ រមែង​ប្រាកដ។

បឋមនឡកបានសូត្រ ទី៧

[៦៧] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់ពុទ្ធ​ដំណើរទៅកាន់​ចារិក ក្នុង​កោសល​ជនបទ ជាមួយ​នឹងភិក្ខុសង្ឃ​ច្រើនរូប ស្តេចឆ្ពោះ​ទៅកាន់​និគមឈ្មោះ​នឡកបានៈ របស់អ្នក​ដែនកោសល។ ក្នុងទីនោះ បានឮថា ព្រះដ៏មានព្រះភាគ ទ្រង់គង់ក្នុង​ព្រៃចារ ទៀប​ស្រុក ឈ្មោះ​នឡកបានៈ។ សម័យ​នោះឯង ព្រះដ៏មានព្រះភាគ មានភិក្ខុសង្ឃ​ចោមរោម​ហើយ ទ្រង់​គង់ក្នុង​ឧបោសថ​ថ្ងៃនោះ។ គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់​ពន្យល់​ពួកភិក្ខុ ឲ្យកាន់​យក ឲ្យអាចហ៊ាន ឲ្យរីករាយ ដោយធម្មីកថា អស់វេលា​យប់ជ្រៅ ទ្រង់​រមិលមើល​ភិក្ខុសង្ឃ ដែលអង្គុយ​នៅស្ងប់សៀម ហើយក៏​ត្រាស់​នឹង​ព្រះសារីបុត្ត​ដ៏មាន​អាយុថា ម្នាល​សារីបុត្ត ភិក្ខុសង្ឃ​ប្រាសចាក​ថីនមិទ្ធៈ​ហើយ ម្នាល​សារីបុត្ត លោកចូរ​បំភ្លឺ​ធម្មីកថា ដល់ភិក្ខុ​ទាំងឡាយ​ចុះ តថាគត​រួយខ្នង តថាគត​នឹងសម្រាក​ខ្នងបន្តិច។ ព្រះសារីបុត្ត​ដ៏មាន​អាយុ ទទួល​ព្រះពុទ្ធដីកា របស់​ព្រះដ៏មានព្រះភាគ​ថា ព្រះករុណា ព្រះអង្គ។ លំដាប់នោះ ព្រះដ៏មានព្រះភាគ ទ្រង់ឲ្យក្រាល​សង្ឃាដីមាន​ជាន់ ៤ ហើយ​សម្រេច​នូវ​សីហសេយ្យាស ផ្អៀង​ទៅខាងស្តាំ តម្រួត​ព្រះបាទ​លើ​ព្រះបាទ មាន​ព្រះសតិ និង​សម្បជញ្ញៈ ធ្វើ​មនសិការៈ​នូវ​ឧដ្ឋានសញ្ញា។ ក្នុងទីនោះ ព្រះសារីបុត្ត​ដ៏មានអាយុ ហៅភិក្ខុ​ទាំងឡាយ​ថា ម្នាល​អាវុសោ​ភិក្ខុទាំងឡាយ។ ភិក្ខុទាំង​អម្បាលនោះ ទទួល​ស្តាប់ពាក្យ​ព្រះសារីបុត្តដ៏​មានអាយុថា ករុណា អាវុសោ។ ព្រះសារីបុត្តដ៏​មានអាយុ សំដែង​ដូច្នេះថា ម្នាល​អាវុសោ​ទាំងឡាយ សទ្ធា​ក្នុងកុសលធម៌​ទាំងឡាយ របស់បុគ្គល​ណានីមួយ​មិនមាន ហិរិ មិនមាន… ឱត្តប្បៈ មិនមាន… វីរិយៈ មិនមាន… បញ្ញា​ក្នុង​កុសលធម៌​ទាំងឡាយ មិនមាន យប់ និង​ថ្ងៃរបស់​បុគ្គលនោះ មកដល់ សេចក្តី​សាបសូន្យ​ក្នុង​កុសលធម៌​ទាំងឡាយ តែងប្រាកដ សេចក្តីចំរើន មិនប្រាកដ​ឡើយ។ ម្នាល​អាវុសោ ដូចជា​យប់ និង​ថ្ងៃ របស់​ព្រះចន្ទ ក្នុង​កាឡបក្ខ មកដល់ ព្រះចន្ទ​នោះ រមែង​បាត់​ចាក​ពណ៌ បាត់​ចាក​មណ្ឌល បាត់ចាក​ពន្លឺ បាត់ចាក​កំពស់ និង​ទំហំ យ៉ាងណាមិញ ម្នាល​អាវុសោ​ទាំងឡាយ សទ្ធាក្នុង​កុសលធម៌​ទាំងឡាយ របស់​បុគ្គល​ណានីមួយ មិនមាន ហិរិ មិនមាន… ឱត្តប្បៈ មិនមាន…វីរិយៈ មិនមាន… បញ្ញាក្នុង​កុសលធម៌​ទាំងឡាយ មិនមាន យប់​ និង​ថ្ងៃ របស់បុគ្គល​នោះមកដល់ សេចក្តី​សាបសូន្យ ក្នុង​កុសលធម៌​ទាំងឡាយ តែង​ប្រាកដ សេចក្តី​ចំរើន មិនប្រាកដ​ឡើយ ក៏យ៉ាង​នោះដែរ។ ម្នាលអាវុសោ​ទាំងឡាយ ពាក្យថា បុរស​បុគ្គល​មិនមានសទ្ធា​នេះ ជាសេចក្តី​សាបសូន្យ ម្នាល​អាវុសោ​ទាំងឡាយ ពាក្យថា បុរស​បុគ្គល​មិនមាន​ហិរិ​នេះ ជាសេចក្តី​សាបសូន្យ ម្នាល​អាវុសោ​ទាំងឡាយ ពាក្យថា បុរស​បុគ្គលមិនមាន​ឱត្តប្បៈ​នេះ ជាសេចក្តី​សាបសូន្យ ម្នាល​អាវុសោ​ទាំងឡាយ ពាក្យថា បុរសបុគ្គល ជាអ្នក​ខ្ជិល​ច្រអូស​នេះ ជាសេចក្តី​សាបសូន្យ ម្នាល​អាវុសោ​ទាំងឡាយ ពាក្យថា បុរស​បុគ្គល អប្បឥតបញ្ញា​នេះ ជាសេចក្តី​សាបសូន្យ ម្នាល​អាវុសោ​ទាំង​ឡាយ ពាក្យថា បុរសបុគ្គល ជាអ្នក​ក្រោធ​នេះ ជាសេចក្តី​សាបសូន្យ ម្នាល​អាវុសោ​ទាំងឡាយ ពាក្យថា បុរស​បុគ្គល ជាអ្នកចង​សេចក្តីក្រោធទុក​នេះ ជាសេចក្តី​សាបសូន្យ ម្នាល​អាវុសោ​ទាំងឡាយ ពាក្យថា បុរស​បុគ្គលជា​អ្នកប្រាថ្នា​អាក្រក់​នេះ ជា​សេចក្តី​សាបសូន្យ ម្នាលអាវុសោ​ទាំង​ឡាយ ពាក្យថា បុរស​បុគ្គល ជាអ្នក​មានមិត្ត​អាក្រក់​នេះ ជា​សេចក្តី​សាប​សូន្យ ម្នាលអាវុសោ​ទាំងឡាយ ពាក្យថា បុរស​បុគ្គល ជាអ្នក​មានសេចក្តី​ឃើញ​ខុស​នេះ ជាសេចក្តី​សាបសូន្យ។ ម្នាលអាវុសោ​ទាំងឡាយ ពាក្យ​ថា សទ្ធា ក្នុង​កុសលធម៌​ទាំងឡាយ របស់​បុគ្គល​ណានីមួយមាន ​ហិរិ​មាន  …ឱត្តប្បៈមាន… វីរិយៈ​មាន… បញ្ញាក្នុង​កុសលធម៌​ទាំងឡាយមាន យប់ និង​ថ្ងៃរបស់បុគ្គល​នោះ មកដល់ សេចក្តីចំរើន​ក្នុងកុសលធម៌​ទាំងឡាយ តែងប្រាកដ សេចក្តី​សាបសូន្យ រមែង​មិនប្រាកដ​ឡើយ។ ម្នាលអាវុសោ​ទាំងឡាយ ដូចជា​យប់ និង​ថ្ងៃ​របស់​ព្រះចន្ទ ក្នុង​ជុណ្ហបក្ខ មកដល់ ព្រះចន្ទ​នោះ រមែង​ចំរើន​ដោយពណ៌ ចំរើន​ដោយ​មណ្ឌល ចំរើន​ដោយ​ពន្លឺ ចំរើន​ដោយ​កំពស់ និង​ទំហំ យ៉ាងណាមិញ ម្នាល​អាវុសោ​ទាំងឡាយ សទ្ធាក្នុង​កុសលធម៌​ទាំងឡាយ របស់​បុគ្គល​ណានីមួយ មាន ហិរិមាន… ឱត្តប្បៈមាន… វីរិយៈមាន… បញ្ញា​ក្នុង​កុសលធម៌​ទាំងឡាយ មាន យប់ និង​ថ្ងៃរបស់បុគ្គល​នោះ មកដល់ សេចក្តីចំរើន​ក្នុងកុសលធម៌​ទាំង​ឡាយ តែងប្រាកដ សេចក្តី​សាបសូន្យ មិនប្រាកដ​ឡើយ ក៏យ៉ាង​នោះដែរ។ ម្នាល​អាវុសោ​ទាំងឡាយ ពាក្យថា បុរស​បុគ្គលអ្នក​មានសទ្ធា​នេះ ជាសេចក្តី​មិនសាបសូន្យ ម្នាល​អាវុសោ​ទាំងឡាយ ពាក្យថា បុរស​បុគ្គល ជាអ្នកមាន​ហិរិនេះ ជាសេចក្តី​មិនសាបសូន្យ ម្នាលអាវុសោ​ទាំងឡាយ ពាក្យថា បុរសបុគ្គល ជាអ្នក​មានឱត្តប្បៈ​នេះ ជា​សេចក្តី​មិន​សាបសូន្យ ម្នាលអាវុសោ​ទាំងឡាយ ពាក្យថា បុរស​បុគ្គល ជាអ្នក​មាន​វីរិយៈ​ប្រារព្ធ​ហើយ​នេះ ជាសេចក្តី​មិនសាបសូន្យ ម្នាល​អាវុសោ​ទាំងឡាយ ពាក្យថា បុរស​បុគ្គល ជាអ្នក​មាន​បញ្ញា​នេះ ជាសេចក្តី​មិនសាបសូន្យ ម្នាល​អាវុសោ​ទាំងឡាយ ពាក្យថា បុរស​បុគ្គល ជាអ្នក​មិនមាន​សេចក្តី​ក្រោធនេះ ជាសេចក្តី​មិនសាបសូន្យ ម្នាល​អាវុសោ​ទាំងឡាយ ពាក្យថា បុរស​បុគ្គល ជាអ្នក​មិនចង​សេចក្តី​ក្រោធទុក​នេះ ជាសេចក្តី​មិនសាបសូន្យ ម្នាល​អាវុសោ​ទាំងឡាយ ពាក្យថា បុរស​បុគ្គលជា​អ្នកមាន​សេចក្តីប្រាថ្នា​តិចនេះ ជាសេចក្តី​មិន​សាបសូន្យ ម្នាល​អាវុសោ​ទាំងឡាយ ពាក្យថា បុរស​បុគ្គល ជាអ្នក​មាន​កល្យាណមិត្ត​នេះ ជា​សេចក្តីមិន​សាបសូន្យ ម្នាល​អាវុសោ​ទាំងឡាយ ពាក្យថា បុរស​បុគ្គល​អ្នកមាន​ការយល់​ឃើញត្រូវ​នេះ ជា​សេចក្តី​មិនសាបសូន្យ។ លំដាប់​នោះ ព្រះដ៏មានព្រះភាគ ទ្រង់​តើន​ឡើង ត្រាស់នឹង​ព្រះសារីបុត្ត​ដ៏មានអាយុ​ថា ប្រពៃហើយ ៗ សារីបុត្ត ម្នាល​សារីបុត្ត សទ្ធា​ក្នុង​កុសលធម៌​ទាំងឡាយ របស់បុគ្គល​ណានីមួយ មិនមាន ហិរិ មិនមាន… ឱត្តប្បៈ មិនមាន … វីរិយៈ មិនមាន … បញ្ញាក្នុងកុសលធម៌​ទាំង​ឡាយ មិនមាន យប់ និង​ថ្ងៃរបស់​បុគ្គលនោះ​មកដល់ សេចក្តីសាបសូន្យ ក្នុង​កុសលធម៌​ទាំងឡាយ តែងប្រាកដ សេចក្តី​ចំរើន មិនប្រាកដ​ឡើយ។ ម្នាល​សារីបុត្ត ដូចជា​យប់ និង​ថ្ងៃ​របស់ព្រះចន្ទ ក្នុង​កាឡបក្ខ មកដល់ ព្រះចន្ទនោះ ក៏បាត់​ចាកពណ៌ បាត់ចាក​មណ្ឌល បាត់ចាក​ពន្លឺ បាត់ចាក​កំពស់ និង​ទំហំ យ៉ាងណាមិញ ម្នាល​សារីបុត្ត សទ្ធា​ក្នុងកុសលធម៌​ទាំង​ឡាយ របស់​បុគ្គលណា​នីមួយ មិនមាន។បេ។ បញ្ញា​ក្នុងកុសលធម៌​ទាំងឡាយ​មិនមាន។បេ។ ក៏យ៉ាង​នោះដែរ ម្នាល​សារីបុត្ត ពាក្យថា បុរស​បុគ្គលមិន​មានសទ្ធា​នេះ ជាសេចក្តី​សាបសូន្យ ជាអ្នក​មិនមាន​ហិរិ… ជា​អ្នកមិន​មានឱត្តប្បៈ… ជាអ្នក​ខ្ជិលច្រអូស … ជាអ្នក​អប្បឥត​ប្រាជ្ញា… ជាអ្នក​ក្រោធ… ជាអ្នកចង​សេចក្តីក្រោធ​ទុក… ជាអ្នក​មានសេចក្តី​ប្រាថ្នាអាក្រក់ … ជាអ្នក​មាន​មិត្តអាក្រក់… ម្នាល​សារីបុត្ត ពាក្យថា បុរស​បុគ្គល​អ្នកមាន​ការយល់ឃើញ​ខុស​នេះ ជា​សេចក្តី​សាបសូន្យ។ ម្នាល​សារីបុត្ត សទ្ធាក្នុង​កុសលធម៌​ទាំងឡាយ របស់​បុគ្គល​ណា មាន ហិរិ មាន… ឱត្តប្បៈ មាន… វីរិយៈ មាន … បញ្ញាក្នុង​កុសលធម៌​ទាំងឡាយ មាន យប់ និង​ថ្ងៃរបស់​បុគ្គលនោះ​មកដល់ សេចក្តីចំរើន​ក្នុងកុសលធម៌​ទាំងឡាយ រមែង​ប្រាកដ សេចក្តី​សាបសូន្យ មិនប្រាកដ​ឡើយ។ ម្នាល​សារីបុត្ត ដូចជាយប់ និង​ថ្ងៃណា របស់​ព្រះចន្ទ ក្នុង​ជុណ្ហបក្ខ​មកដល់ ព្រះចន្ទ​នោះ ចំរើន​ដោយពណ៌ ចំរើន​ដោយមណ្ឌល ចំរើនដោយពន្លឺ ចំរើនដោយ​កំពស់ និង​ទំហំ យ៉ាងណាមិញ ម្នាល​សារីបុត្ត សទ្ធា​ក្នុងកុសលធម៌​ទាំងឡាយ របស់​បុគ្គល​ណានី​មួយ មាន ហិរិ មាន… ឱត្តប្បៈ មាន… វីរិយៈ មាន… បញ្ញា​ក្នុងកុសល​ធម៌​ទាំងឡាយ មាន យប់ និង​ថ្ងៃរបស់បុគ្គល​នោះ មកដល់ សេចក្តីចំរើន ក្នុង​កុសលធម៌​ទាំងឡាយ តែង​ប្រាកដ សេចក្តី​សាបសូន្យ មិនប្រាកដ​ឡើយ ក៏យ៉ាង​នោះដែរ។ ម្នាល​សារីបុត្ត ពាក្យថា បុរស​បុគ្គល​ជាអ្នក​មានសទ្ធា​នេះ ជាសេចក្តី​មិនសាបសូន្យ ជាអ្នក​មាន​ហិរិ … ជាអ្នក​មាន ឱត្តប្បៈ… ជាអ្នក​មានវីរិយៈ​ប្រារព្ធ​ហើយ… ជាអ្នក​មានបញ្ញា … ជាអ្នក​មិនមាន​សេចក្តីក្រោធ… ជាអ្នក​មិនចង​សេចក្តី​ក្រោធទុក … ជាអ្នក​ប្រាថ្នាតិច … ជាអ្នក​មាន​មិត្តល្អ… ម្នាល​សារីបុត្ត ពាក្យថា បុរស​បុគ្គលជា​អ្នកមាន​សេចក្តី​យល់ឃើញ​ត្រូវ​នេះ ជា​សេចក្តី​មិនសាបសូន្យ​ទេ។

ទុតិយនឡកបានសូត្រ ទី៨

[៦៨] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់ក្នុង​ព្រៃចារ ទៀប​និគម​ឈ្មោះ​នឡកបានៈ។ សម័យនោះ​ឯង ព្រះដ៏មានព្រះភាគ មានភិក្ខុ​សង្ឃ​ចោមរោម គង់នៅ​ក្នុង​ឧបោសថ​ថ្ងៃនោះ។ គ្រានោះ ព្រះដ៏មាន​ព្រះភាគ ពន្យល់​ពួកភិក្ខុ​ឲ្យកាន់យក ឲ្យ​អាចហ៊ាន ឲ្យរីករាយ ដោយ​ធម្មីកថា អស់វេលា​យប់ជ្រៅ ទ្រង់រមិល​មើលភិក្ខុសង្ឃ ដែល​អង្គុយនៅ​ស្ងប់ស្ងៀម ហើយត្រាស់​នឹងព្រះសារីបុត្ត​ដ៏មានអាយុ​ថា ម្នាលសារីបុត្ត ភិក្ខុ​សង្ឃ​ប្រាសចាក​ថីនមិទ្ធៈហើយ ម្នាល​សារីបុត្ត លោកចូរ​បំភ្លឺធម្មីកថា ដល់ភិក្ខុ​ទាំងឡាយចុះ តថាគត​រួយខ្នង តថាគត​នឹងសម្រាក​ខ្នងបន្តិច។ ព្រះសារីបុត្តដ៏មាន​អាយុ ទទួល​ព្រះពុទ្ធ​ដីកា​ព្រះដ៏មានព្រះភាគ​ថា ព្រះ​ករុណា ព្រះអង្គ។ លំដាប់នោះ ព្រះដ៏មាន​ព្រះភាគ ទ្រង់​ឲ្យក្រាល​សង្ឃាដីមាន​ជាន់ ៤ ហើយទ្រង់​សម្រេចនូវ​សីហសេយ្យាស ផ្អៀង​ទៅ​ខាង​ស្តាំ តម្រួត​ព្រះបាទ​លើព្រះបាទ មានព្រះសតិ និង​សម្បជញ្ញៈ ធ្វើ​មនសិការៈ នូវ​ឧដ្ឋាន​សញ្ញា។ ក្នុងទីនោះ​ឯង ព្រះសារីបុត្តដ៏​មានអាយុ ហៅភិក្ខុទាំង​ឡាយថា ម្នាល​អាវុសោ​ភិក្ខុ​ទាំងឡាយ។ ភិក្ខុ​ទាំងឡាយ​នោះ ទទួលស្តាប់​ពាក្យ​ព្រះសារីបុត្ត​ដ៏មានអាយុថា ករុណា អាវុសោ។ ព្រះសារីបុត្តដ៏​មាន​អាយុ បានពោល​ពាក្យនេះថា ម្នាល​អាវុសោ​ទាំងឡាយ សទ្ធា​ក្នុងកុសល​ធម៌ទាំងឡាយ របស់បុគ្គល​ណានីមួយ មិនមាន ហិរិ មិនមាន… ឱត្តប្បៈ មិនមាន… វីរិយៈ មិនមាន… បញ្ញា មិនមាន… ការផ្ចង់​ដើម្បីស្តាប់ មិនមាន … ការ​ទ្រទ្រង់​ធម៌ មិនមាន… ការ​ពិចារណា​អត្ថ មិនមាន… ការ​ប្រតិបត្តិធម៌ សមគួរ​តាមធម៌ មិនមាន… សេចក្តី​មិនប្រមាទ​ក្នុងកុសលធម៌​ទាំងឡាយ មិនមាន យប់ និង​ថ្ងៃ​របស់បុគ្គល​នោះ មក​ដល់ សេចក្តី​សាបសូន្យ ក្នុង​កុសលធម៌​ទាំងឡាយ រមែង​ប្រាកដ សេចក្តីចំរើន មិន​ប្រាកដ​ឡើយ។ ម្នាលអាវុសោ​ទាំងឡាយ ដូចជា​យប់ និង​ថ្ងៃ របស់ព្រះចន្ទ​ក្នុងកាឡបក្ខ​មកដល់ ព្រះ​ចន្ទនោះ រមែង​បាត់ចាកពណ៌ បាត់ចាក​មណ្ឌល បាត់ចាក​រស្មី បាត់ចាក​កំពស់ និង​ទំហំ យ៉ាង​ណាមិញ ម្នាល​អាវុសោ​ទាំងឡាយ សទ្ធាក្នុង​កុសលធម៌​ទាំងឡាយ របស់​បុគ្គល​ណានីមួយ មិនមាន ហិរិ មិនមាន… ឱត្តប្បៈ មិនមាន… វីរិយៈ មិនមាន… បញ្ញា មិនមាន… ការផ្ចង់ ដើម្បីស្តាប់ មិនមាន… ការទ្រទ្រង់​ធម៌ មិនមាន… ការ​ពិចារណាអត្ថ មិនមាន… ការប្រតិបត្តិធម៌​សមគួរតាម​ធម៌ មិនមាន… សេចក្តី​មិនប្រមាទ ក្នុង​កុសលធម៌​ទាំងឡាយ មិនមាន យប់ និង​ថ្ងៃរបស់បុគ្គល​នោះ មកដល់ សេចក្តី​សាបសូន្យ ក្នុង​កុសលធម៌​ទាំងឡាយ​ប្រាកដ សេចក្តីចំរើន រមែង​មិនប្រាកដ​ឡើយ ក៏យ៉ាង​នោះដែរ។ ម្នាល​អាវុសោ​ទាំងឡាយ សទ្ធា​ក្នុង​កុសលធម៌​ទាំងឡាយ របស់​បុគ្គល​ណានីមួយ មាន ហិរិ មាន … ឱត្តប្បៈ មាន… វីរិយៈ មាន … បញ្ញា មាន… ការផ្ចង់​ដើម្បីស្តាប់ មាន… ការ​ទ្រទ្រង់​ធម៌ មាន… ការ​ពិចារណា​អត្ថ មាន… ការ​ប្រតិបត្តិធម៌ តាមសមគួរ​ដល់ធម៌ មាន… សេចក្តី​មិនប្រមាទ ក្នុង​កុសលធម៌​ទាំងឡាយ មាន យប់ និង​ថ្ងៃ របស់បុគ្គល​នោះ មកដល់ សេចក្តី​ចំរើន​ក្នុង​កុសលធម៌​ទាំងឡាយ រមែង​ប្រាកដ សេចក្តី​សាបសូន្យ រមែង​មិនប្រាកដ​ឡើយ។ ម្នាល​អាវុសោ​ទាំងឡាយ ដូចជា​យប់ និងថ្ងៃ របស់​ព្រះចន្ទ ក្នុង​ជុណ្ហបក្ខ មកដល់ ព្រះចន្ទ​នោះ ចំរើន​ដោយពណ៌ ចំរើន​ដោយមណ្ឌល ចំរើន​ដោយពន្លឺ ចំរើន​ដោយ​កំពស់ និង​ទំហំ យ៉ាង​ណាមិញ ម្នាល​អាវុសោ​ទាំងឡាយ សទ្ធាក្នុង​កុសលធម៌​ទាំងឡាយ របស់​បុគ្គល​ណានីមួយ មាន ហិរិ មាន… ឱត្តប្បៈ មាន… វីរិយៈ មាន… បញ្ញា មាន… ការផ្ចង់​ដើម្បី​ស្តាប់ មាន … ការ​ទ្រទ្រង់ធម៌ មាន… ការ​ពិចារណា​អត្ថ មាន… ការ​ប្រតិបត្តិធម៌ តាម​សម​គួរដល់​ធម៌ មាន… សេចក្តី​មិនប្រមាទ ក្នុង​កុសលធម៌​ទាំងឡាយ មាន យប់​ និង​ថ្ងៃរបស់​បុគ្គលនោះ មកដល់ សេចក្តីចំរើន ក្នុង​កុសលធម៌​ទាំងឡាយ រមែង​ប្រាកដ សេចក្តី​សាបសូន្យ រមែង​មិនប្រាកដ​ឡើយ។ លំដាប់​នោះ ព្រះដ៏មានព្រះភាគ ទ្រង់​តើន​ចាកអាសនៈ​ហើយ បាន​ត្រាស់នឹង​ព្រះសារីបុត្តដ៏​មានអាយុថា ប្រពៃណាស់​ហើយ សារីបុត្ត ម្នាល​សារីបុត្ត សទ្ធា​ក្នុងកុសលធម៌​ទាំងឡាយ របស់​បុគ្គលណា​នីមួយ មិនមាន ហិរិ មិន​មាន… ឱត្តប្បៈ មិនមាន … វីរិយៈ មិនមាន … បញ្ញា មិនមាន… ការផ្ចង់​ដើម្បីស្តាប់ មិនមាន… ការទ្រទ្រង់​ធម៌ មិនមាន… ការ​ពិចារណា​អត្ថ មិនមាន… ការ​ប្រតិបត្តិធម៌ តាម​សមគួរ​ដល់ធម៌​ មិនមាន… សេចក្តី​មិនប្រមាទ ក្នុង​កុសលធម៌​ទាំងឡាយ មិនមាន យប់ និង​ថ្ងៃរបស់​បុគ្គលនោះ មកដល់ សេចក្តី​សាបសូន្យ ក្នុង​កុសលធម៌​ទាំងឡាយ រមែង​ប្រាកដ សេចក្តីចំរើន រមែង​មិនប្រាកដ​ឡើយ។ ម្នាល​សារីបុត្ត ដូចជា​យប់ និងថ្ងៃ របស់​ព្រះចន្ទ ក្នុង​កាឡបក្ខ មកដល់ ព្រះចន្ទនោះ រមែងបាត់​ចាកពណ៌ បាត់ចាក​មណ្ឌល បាត់​ចាក​ពន្លឺ បាត់ចាក​កំពស់ និង​ទំហំ យ៉ាងណាមិញ ម្នាល​សារីបុត្ត សទ្ធា ក្នុង​កុសលធម៌​ទាំងឡាយ របស់​បុគ្គល​ណានីមួយ មិនមាន។បេ។ សេចក្តី​មិនប្រមាទ ក្នុង​កុសលធម៌​ទាំងឡាយ មិនមាន យប់ និង​ថ្ងៃរបស់​បុគ្គលនោះ មកដល់ សេចក្តី​សាបសូន្យ ក្នុង​កុសលធម៌​ទាំងឡាយ ប្រាកដ សេចក្តី​ចំរើន រមែងមិន​ប្រាកដឡើយ ក៏យ៉ាង​នោះដែរ។ ម្នាល​សារីបុត្ត សទ្ធា ក្នុង​កុសលធម៌​ទាំងឡាយ របស់​បុគ្គលណា​នីមួយ មាន ហិរិ មាន… ឱត្តប្បៈ មាន… វីរិយៈ មាន… បញ្ញា មាន… ការផ្ចង់​ដើម្បីស្តាប់ មាន… ការទ្រទ្រង់​ធម៌ មាន… ការ​ពិចារណា​អត្ថ មាន… សេចក្តី​មិនប្រមាទ ក្នុង​កុសលធម៌​ទាំងឡាយ មាន យប់ និង​ថ្ងៃរបស់បុគ្គល​នោះ មកដល់ សេចក្តី​ចំរើន រមែងប្រាកដ សេចក្តី​សាបសូន្យ រមែង​មិនប្រាកដ​ឡើយ។ ម្នាល​សារីបុត្ត ដូចជា​យប់ និងថ្ងៃ របស់​ព្រះចន្ទ​ក្នុង​ជុណ្ហបក្ខ មកដល់ ព្រះ​ចន្ទនោះ រមែងចំរើន​ដោយពណ៌ ចំរើន​ដោយមណ្ឌល ចំរើន​ដោយពន្លឺ ចំរើន​ដោយកំពស់ និង​ទំហំ យ៉ាងណាមិញ ម្នាល​សារីបុត្ត សទ្ធា​ក្នុងកុសលធម៌​ទាំងឡាយ របស់​បុគ្គលណា​នីមួយមាន។បេ។ សេចក្តី​មិនប្រមាទ ក្នុង​កុសលធម៌​ទាំងឡាយ មាន យប់ និង​ថ្ងៃរបស់​បុគ្គលនោះ មកដល់ សេចក្តី​ចំរើន ក្នុង​កុសលធម៌​ទាំងឡាយ រមែង​ប្រាកដ សេចក្តី​សាបសូន្យ រមែង​មិនប្រាកដ​ឡើយ ក៏យ៉ាង​នោះដែរ។

បឋមកថាវត្ថុសូត្រ ទី៩

[៦៩] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅ​ក្នុងវត្តជេតពន របស់​អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុង​​សាវត្ថី។ ក្នុង​សម័យនោះឯង ភិក្ខុទាំងឡាយ​ច្រើនរូប ត្រឡប់​អំពី​បិណ្ឌបាត ក្នុង​បច្ឆាភត្តហើយ ក៏អង្គុយ​ជួបជុំគ្នា ក្នុង​ឧបដ្ឋានសាលា ប្រកប​តិរច្ឆានកថា​ច្រើនយ៉ាង គឺនិយាយអំពី​ស្តេច និយាយ​អំពីចោរ និយាយ​អំពីអាមាត្យធំ និយាយ​អំពីសេនាទាហាន និយាយ​អំពីភ័យ និយាយ​អំពីចម្បាំង និយាយអំពី​ម្ហូបចំណី និយាយ​អំពីទឹក និយាយ​អំពីសំពត់ និយាយ​អំពីទីដេក និយាយ​អំពីផ្កាកម្រង និយាយ​អំពី​គ្រឿងក្រអូប និយាយ​អំពីញាតិ និយាយ​អំពីយាន និយាយ​អំពីស្រុក និយាយ​អំពី​និគម និយាយ​អំពីនគរ និយាយ​អំពីជនបទ និយាយ​អំពីស្រ្តី និយាយ​អំពី​យោធា​ដែល​ក្លៀវក្លា និយាយ​អំពីច្រកផ្លូវ និយាយ​អំពីកំពង់ទឹក និយាយ​អំពីញាតិ ដែល​ចែកឋាន​ទៅ​កាន់​បរលោក និយាយ​អំពីពាក្យ ដែលឥត​ប្រយោជន៍ មាន​សភាពផ្សេង ៗ និយាយ​អំពី​លោក និយាយ​អំពីរឿង​ជីកសមុទ្រ និយាយ​អំពីសេចក្តី​ចំរើន និង​មិនចំរើន ដែលជា​ហេតុ​ឥត​ប្រយោជន៍។ លំដាប់នោះ ព្រះដ៏មានព្រះភាគ ទ្រង់ចេញ​អំពីទី​សម្ងំ ក្នុង​សាយណ្ហសម័យ​ហើយ ស្តេចចូល​ទៅកាន់​ឧបដ្ឋានសាលា លុះ​ចូលទៅដល់ហើយ​ ទ្រង់​គង់​លើអាសនៈ ដែលគេ​ក្រាលថ្វាយ។ លុះ​ព្រះដ៏មានព្រះភាគ ទ្រង់គង់​ស្រេចហើយ ទើបត្រាស់​សួរភិក្ខុ​ទាំងឡាយថា ម្នាលភិក្ខុ​ទាំងឡាយ ក្នុងកាល​អម្បាញ់មិញ​នេះ អ្នក​ទាំងឡាយ​ប្រជុំគ្នា ដោយកថា​ដូចម្តេចហ្ន៎ ម៉្យាងទៀត អន្តរាកថា ដូចម្តេចហ្ន៎ ដែល​អ្នក​ទាំងឡាយ បញ្ឈប់​ទៅ។ ភិក្ខុទាំងឡាយ ក្រាបទូលថា បពិត្រ​ព្រះអង្គដ៏ចំរើន ក្នុងទីនេះ ពួកខ្ញុំ​ព្រះអង្គ​ត្រឡប់អំពី​បិណ្ឌបាត ក្នុង​បច្ឆាភត្តហើយ អង្គុយ​ជួបជុំគ្នា ក្នុងឧបដ្ឋានសាលា ប្រកប​តិរច្ឆានកថា​ជាច្រើនយ៉ាង គឺនិយាយ​អំពីស្តេច និយាយ​អំពីចោរ។បេ។ និយាយ​អំពីសេចក្តី​ចំរើន និង​មិនចំរើន ដែល​ជាហេតុ​ឥតប្រយោជន៍។ ម្នាលភិក្ខុ​ទាំងឡាយ អ្នក​ទាំងឡាយ ប្រកប​តិរច្ឆានកថា​ជាច្រើនយ៉ាង ដោយ​ហេតុណា ហេតុនោះ មិនសមគួរ​ដល់អ្នក​ទាំងឡាយ ដែលជា​កុលបុត្ត​អ្នកចេញ​ចាកផ្ទះ​ដោយ​សទ្ធា ហើយចូលកាន់​ផ្នួស​ឡើយ តិរច្ឆានកថា​នោះគឺ និយាយ​អំពីស្តេច និយាយ​អំពីចោរ និយាយ​អំពីអាមាត្យធំ និយាយ​អំពីសេនាទាហាន និយាយ​អំពីភ័យ និយាយ​អំពីចម្បាំង និយាយ​អំពីម្ហូបចំណី និយាយ​អំពីទឹក និយាយ​អំពីសំពត់ និយាយ​អំពីទីដេក និយាយ​អំពីកម្រងផ្កា និយាយ​អំពី​គ្រឿង​ក្រអូប និយាយ​អំពីញាតិ និយាយ​អំពីយាន និយាយ​អំពីស្រុក និយាយ​អំពី​និគម និយាយ​អំពីនគរ និយាយ​អំពីជនបទ និយាយ​អំពីស្រ្តី និយាយ​អំពីយោធា​​ក្លៀវក្លា និយាយ​អំពីច្រកផ្លូវ និយាយ​អំពីកំពង់​ទឹក និយាយ​អំពីញាតិ ដែលចែកឋាន​ទៅកាន់​បរលោក និយាយ​ពាក្យ​ដែលឥត​ប្រយោជន៍ មាន​សភាពផ្សេង ៗ និយាយ​អំពីលោក និយាយ​អំពី​រឿងជីក​សមុទ្រ និយាយ​អំពីសេចក្តី​ចំរើន និង​មិនចំរើន ដែល​ជាហេតុ​ឥត​ប្រយោជន៍។ ម្នាលភិក្ខុ​ទាំងឡាយ កថាវត្ថុ (ហេតុគួរ​និយាយ) អម្បាល​នេះ​ មាន ១០ ប្រការ។ កថាវត្ថុ ១០ ប្រការ តើដូចម្តេច​ខ្លះ។ គឺនិយាយ​អំពីសេចក្តី​ប្រាថ្នាតិច ១ និយាយ​អំពីសេចក្តី​សន្តោស ១ និយាយអំពី​សេចក្តី​ស្ងាត់ ១ និយាយ​អំពីសេចក្តី​មិនច្រឡូក​ច្រឡំ ដោយ​ពួកគណៈ ១ និយាយ​អំពីប្រារព្ធ​សេចក្តី​ព្យាយាម ១ និយាយ​អំពីសីល ១ និយាយ​អំពីសមាធិ ១ និយាយ​អំពីបញ្ញា ១ និយាយ​អំពីវិមុត្តិ ១ និយាយ​អំពី​វិមុត្តិញ្ញាណទស្សនៈ ១ ​ម្នាលភិក្ខុ​ទាំងឡាយ កថាវត្ថុ មាន ១០ ប្រការ​នេះឯង។ ម្នាលភិក្ខុ​ទាំងឡាយ បើអ្នក​ទាំងឡាយ និយាយ​នូវកថា ដែល​អាស្រ័យ​កថាវត្ថុ ១០ ប្រការ​នេះឯង អ្នកទាំង​ឡាយ នឹងគ្រប​សង្កត់នូវ​តេជះនៃ​ព្រះចន្ទ និង​ព្រះអាទិត្យ​នេះឯង ដែល​មានឫទ្ធិ​ច្រើន​យ៉ាងនេះ មានអានុភាព​ធំយ៉ាងនេះ ដោយតេជះ​របស់ខ្លួន នឹងបាច់​ពោលទៅថ្វី ដល់​ពួកបរិព្វាជក ជាអន្យតិរ្ថិយ​ឡើយ។

ទុតិយកថាវត្ថុសូត្រ ទី១០

[៧០] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុង​វត្តជេតពន របស់​អនាថបិណ្ឌិកសេដ្ឋី ទៀប​ក្រុងសាវត្ថី។ សម័យនោះឯង ភិក្ខុច្រើនរូប ត្រឡប់​អំពី​បិណ្ឌបាត ក្នុង​បច្ឆាភត្ត​ហើយ អង្គុយ​ជួបជុំគ្នា ក្នុង​ឧបដ្ឋានសាលា ប្រកប​តិរច្ឆានកថា ច្រើន​ប្រការ គឺនិយាយ​អំពីស្តេច និយាយ​អំពីចោរ និយាយ​អំពីអាមាត្យធំ។បេ។ និយាយ​អំពីសេចក្តី​ចំរើន និងមិន​ចំរើន ដែលជាហេតុ​ឥតប្រយោជន៍។ លំដាប់នោះ ព្រះដ៏មាន​ព្រះភាគ ទ្រង់ចេញ​អំពីទីសម្ងំ ក្នុង​សាយណ្ហសម័យ ហើយស្តេច​ចូលទៅកាន់​ឧបដ្ឋាន​សាលា លុះចូល​ទៅដល់ហើយ គង់លើ​អាសនៈ ដែលគេ​ក្រាលថ្វាយ។ លុះ​ព្រះដ៏មានព្រះភាគ គង់ស្រេច​ហើយ ទើបត្រាស់​សួរភិក្ខុទាំង​ឡាយថា ម្នាល​ភិក្ខុ​ទាំងឡាយ ក្នុងកាល​អម្បាញ់​មិញនេះ អ្នកទាំងឡាយ អង្គុយ​ជួបជុំគ្នា ដោយ​កថា​ដូចម្តេច​ហ្ន៎ ចុះ​អន្តរាកថា​ដូចម្តេច ដែលពួក​អ្នកបញ្ឈប់​ទៅ។ ភិក្ខុ​ទាំងឡាយ ក្រាបទូលថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន ក្នុងទីឯណោះ ពួកខ្ញុំ​ព្រះអង្គ ត្រឡប់អំពី​បិណ្ឌបាត ក្នុង​បច្ឆាភត្តហើយ អង្គុយ​ប្រជុំគ្នា​ក្នុងឧបដ្ឋានសាលា ប្រកប​តិរច្ឆានកថា​ជាច្រើន គឺនិយាយ​អំពីស្តេច និយាយ​អំពីចោរ។បេ។ និយាយអំពី​សេចក្តី​ចំរើន និងមិន​ចំរើន ដែល​ជាហេតុ​ឥត​ប្រយោជន៍។ ម្នាលភិក្ខុ​ទាំងឡាយ អ្នក​ទាំងឡាយ ប្រកប​តិរច្ឆានកថា​ជាច្រើន ដោយ​ហេតុ​ណា ហេតុនេះ មិនសមគួរ​ដល់អ្នក​ទាំងឡាយ ដែលជា​កុលបុត្តចេញ​ចាកផ្ទះ ដោយ​សទ្ធា ចូលមក​កាន់ផ្នួសទេ តិរច្ឆានកថា​នោះ គឺនិយាយ​អំពីសេ្តច។បេ។ និយាយអំពី​សេចក្តី​ចំរើន និង​មិនចំរើន ដែលជាហេតុ​ឥតប្រយោជន៍។ ម្នាលភិក្ខុ​ទាំងឡាយ ឋានៈ ដែល​គួរសរសើរនេះ​ មាន ១០ យ៉ាង។ ឋានៈ ១០ យ៉ាង តើដូច​ម្តេចខ្លះ។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុក្នុង​សាសនានេះ ជាអ្នក​ប្រាថ្នាតិច ដោយខ្លួន​ឯងផង សំដែងអំពី​សេចក្តី​ប្រាថ្នាតិច ដល់ភិក្ខុ​ទាំងឡាយផង នេះ​ជាឋានៈ​គួរសរសើរ​ថា ភិក្ខុជាអ្នក​ប្រាថ្នាតិច ដោយ​ខ្លួន​ឯងផង សំដែងអំពី​សេចក្តីប្រាថ្នា​តិច ដល់ភិក្ខុ​ទាំងឡាយផង ១។ ភិក្ខុជាអ្នក​សន្តោស ដោយ​ខ្លួនឯងផង សំដែងអំពី​សេចក្តីសន្តោស​ដល់ភិក្ខុទាំងឡាយ​ផង នេះ​ជា​ឋានៈ​ដែល​គួរសរសើរ​​ថា ភិក្ខុជាអ្នក​សន្តោសផង សំដែង​អំពីសេចក្តី​សន្តោស​ដល់ភិក្ខុ​ទាំងឡាយផង ១។ ភិក្ខុជា​អ្នកស្ងប់ស្ងាត់ ដោយ​ខ្លួនឯងផង សំដែង​អំពីសេចក្តី​ស្ងប់ស្ងាត់​ដល់ភិក្ខុ​ទាំងឡាយ​ផង នេះ​ជាឋានៈ ដែលគួរ​សរសើរ​ថា ភិក្ខុជា​អ្នកស្ងប់ស្ងាត់​ផង សំដែងអំពី​សេចក្តី​ស្ងប់ស្ងាត់ ដល់ភិក្ខុ​ទាំងឡាយផង ១។ ភិក្ខុជាអ្នក​មិនច្រឡូក​ច្រឡំដោយ​ពួកគណៈ ដោយ​ខ្លួនឯងផង សំដែង​អំពីសេចក្តី​មិនច្រឡូក​ច្រឡំ ដោយពួក​គណៈ ដល់ភិក្ខុ​ទាំងឡាយផង នេះ​ជាឋានៈ ដែល​គួរសរសើរ​ថា ភិក្ខុជា​អ្នកមិន​ច្រឡូកច្រឡំ ដោយ​ពួកគណៈផង សំដែង​អំពីសេចក្តី​មិនច្រឡូក​ច្រឡំ ដោយពួកគណៈ ដល់ភិក្ខុ​ទាំងឡាយផង ១។ ភិក្ខុ​ជាអ្នក​មាន​ព្យាយាម ប្រារព្ធហើយ ដោយខ្លួន​ឯងផង សំដែង​អំពីសេចក្តី​ប្រារព្ធ ដល់ភិក្ខុ​ទាំង​ឡាយ​ផង នេះ​ជាឋានៈ ដែលគួរ​សរសើរថា ភិក្ខុជាអ្នក​មានព្យាយាម ប្រារព្ធហើយ​ផង សំដែង​អំពីសេចក្តី​ប្រារព្ធព្យាយាម ដល់ភិក្ខុ​ទាំងឡាយផង ១។ ភិក្ខុជា​អ្នកបរិបូណ៌​​ដោយសីល ដោយ​ខ្លួនឯងផង សំដែង​អំពី​សេចក្តី​បរិបូណ៌​ដោយ​សីល ដល់ភិក្ខុ​ទាំងឡាយផង នេះ​ជា​ឋានៈ​ដែលគួរ​សរសើរថា ភិក្ខុជា​អ្នកបរិបូណ៌​​ដោយសីលផង សំដែង​អំពីការ​បរិបូណ៌​ដោយ​សីល ដល់ភិក្ខុ​ទាំងឡាយផង ១។ ភិក្ខុជា​អ្នកបរិបូណ៌​​ដោយសមាធិ ដោយ​ខ្លួន​ឯងផង សំដែង​អំពីការបរិបូណ៌​​ដោយសមាធិ ដល់​ភិក្ខុទាំងឡាយ​ផង នេះជាឋានៈ ដែល​គួរសរសើរ​ថា ភិក្ខុជាអ្នក​បរិបូណ៌​​ដោយសមាធិផង សំដែង​អំពីការ​បរិបូណ៌​ដោយ​សមាធិ ដល់​ភិក្ខុទាំង​ឡាយផង ១។ ភិក្ខុជាអ្នក​បរិបូណ៌​ដោយ​បញ្ញា ដោយខ្លួន​ឯងផង សំដែង​អំពី​ការបរិបូណ៌​ដោយបញ្ញា ដល់ភិក្ខុ​ទាំងឡាយផង នេះ​ជាឋានៈ ដែលគួរ​សរសើរ​ថា ភិក្ខុជា​អ្នកបរិបូណ៌​​ដោយបញ្ញា​ផង សំដែង​អំពីការ​បរិបូណ៌​​ដោយ​បញ្ញា ដល់ភិក្ខុ​ទាំងឡាយផង ១។ ភិក្ខុជាអ្នក​បរិបូណ៌​ដោយ​វិមុត្តិ ដោយ​ខ្លួនឯងផង សំដែង​អំពីការ​បរិបូណ៌​​ដោយវិមុត្តិ ដល់ភិក្ខុ​ទាំងឡាយផង នេះ​ជាឋានៈ ដែលគួរ​សរសើរថា ភិក្ខុជា​អ្នកបរិបូណ៌​ដោយ​វិមុត្តិ​ផង សំដែង​អំពីការបរិបូណ៌​​ដោយវិមុត្តិ ដល់ភិក្ខុ​ទាំងឡាយ​ផង ១។ ភិក្ខុជា​អ្នកបរិបូណ៌​ដោយ​វិមុត្តិញ្ញាណ​ទស្សនៈ ដោយខ្លួន​ឯងផង សំដែង​អំពី​ការបរិបូណ៌​ ដោយ​វិមុត្តិញ្ញាណ​ទស្សនៈ ដល់ភិក្ខុ​ទាំងឡាយផង នេះជា​ឋានៈ​ដែលគួរ​សរសើរថា ភិក្ខុជាអ្នក​បរិបូណ៌​ដោយ​វិមុត្តិញ្ញាណទស្សនៈផង សំដែង​អំពីការបរិបូណ៌​​ដោយវិមុត្តិញ្ញាណ​ទស្សនៈ ដល់​ភិក្ខុទាំងឡាយ​ផង ១។ ម្នាលភិក្ខុ​ទាំងឡាយ ឋានៈដែល​គួរសរសើរ មាន ១០ យ៉ាង​នេះ​ឯង។

ចប់ យមកវគ្គ ទី២។

ឧទ្ទាននៃយមកវគ្គនោះគឺ

និយាយអំពីអវិជ្ជា ១ តណ្ហា ១ (ព្រះនិព្វាន)  ១ សេចក្តី​ជ្រះថ្លា​មិនញាប់ញ័រ ក្នុង​ព្រះតថាគត ១ សេចក្តីសុខ ពីរលើក ពី​ព្រះដ៏មានព្រះភាគ ត្រាច់​ទៅកាន់​និគមឈ្មោះ​នឡកបានៈ ពីរលើក និង​វត្ថុកថា ដទៃទៀត ពីរលើក។

អាកង្ខវគ្គ ទី៣

១. អាកង្ខសូត្រ

[៧១] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅ​ក្នុងវត្តជេតពន របស់​អនាថបិណ្ឌិក​សេដ្ឋី ជិតក្រុង​សាវត្ថី។ ក្នុងទីនោះ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់​ហៅភិក្ខុ​ទាំងឡាយ​មកថា ម្នាលភិក្ខុ​ទាំងឡាយ។ ភិក្ខុ​ទាំងនោះ បានទទួល​ស្តាប់​ព្រះពុទ្ធដីកា​ព្រះដ៏មានព្រះភាគ​ថា ព្រះករុណា ព្រះអង្គ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់​ដូច្នេះថា ម្នាល​ភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរបរិបូណ៌​​ដោយសីល បរិបូណ៌​​ដោយបាតិមោក្ខ ជាអ្នក​សង្រួម ក្នុង​បាតិមោក្ខសំវរៈ បរិបូណ៌​​ដោយអាចារៈ និងគោចរៈ ជាអ្នក​ឃើញនូវ​ភ័យ ក្នុងទោស​មាន​ប្រមាណតិច ជាអ្នក​សមាទាន​សិក្សា ក្នុងសិក្ខាបទ​ទាំងឡាយ។ ម្នាល​ភិក្ខុ​ទាំងឡាយ បើភិក្ខុ​គប្បីប្រាថ្នាថា អាត្មាអញ​គប្បីជាទី​ស្រឡាញ់ ជាទីគាប់ចិត្ត ជាទីគោរព ជាទី​សរសើរ នៃ​សព្រហ្មចារីបុគ្គល​ទាំងឡាយ ភិក្ខុនោះ គួរជាអ្នក​បំពេញ​ក្នុងសីល ប្រកប​រឿយ ៗ នូវការ​រម្ងាប់នូវ​ចិត្តខាងក្នុង មានឈាន​មិនសាបសូន្យ ប្រកប​ដោយ​វិបស្សនាញាណ ជាអ្នក​ចំរើន​នូវ​សុញ្ញាគារៈ (ផ្ទះស្ងាត់)។ ម្នាលភិក្ខុ​ទាំងឡាយ បើភិក្ខុ​គប្បីប្រាថ្នាថា អាត្មាអញ គួរជាបុគ្គល​បាននូវចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារ ភិក្ខុនោះ គួរជាអ្នក​បំពេញក្នុង​សីល ប្រកប​រឿយ ៗ នូវការ​រម្ងាប់នូវ​ចិត្តខាងក្នុង មាន​ឈានមិន​សាបសូន្យ ប្រកប​ដោយ​វិបស្សនាញាណ ជាអ្នក​ចំរើន​នូវសុញ្ញាគារៈ។ ម្នាលភិក្ខុ​ទាំងឡាយ បើភិក្ខុ​គប្បីប្រាថ្នា​ថា អាត្មាអញ​ប្រើប្រាស់ចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារ​ទាំងឡាយ របស់ទាយក​ណា ការឲ្យ​នូវ​បច្ច័យ​ទាំងនោះ របស់ទាយក​ទាំងនោះ សូមឲ្យមាន​ផលច្រើន មាន​អានិសង្ស​ច្រើន ភិក្ខុ​នោះ គួរជាអ្នក​បំពេញក្នុងសីល… ជាអ្នក​ចំរើន​នូវសុញ្ញាគារៈ។ ម្នាលភិក្ខុ​ទាំងឡាយ បើភិក្ខុ​គប្បីប្រាថ្នា​ថា ពួកប្រេត​ជាញាតិ សាលោហិតណា (របស់អាត្មាអញ) ដែលធ្វើ​មរណកាល​ស្លាប់ទៅហើយ មានចិត្ត​ជ្រះថ្លា រលឹក​រឿយ ៗ ការរលឹក​នោះ របស់​ប្រេត​ទាំងនោះ សូមឲ្យ​មាន​ផលច្រើន មាន​អានិសង្ស​ច្រើន ភិក្ខុនោះ គួរជាអ្នក​បំពេញ​ក្នុងសីល … ជាអ្នកចំរើន​នូវសុញ្ញាគារៈ។ ម្នាលភិក្ខុ​ទាំងឡាយ បើភិក្ខុ​គប្បីប្រាថ្នា​ថា អាត្មាអញ គប្បី​ជាអ្នក​សន្តោស ដោយ​ចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារ តាមមាន តាមបាន ភិក្ខុនោះ គួរជាអ្នក​បំពេញ ក្នុងសីល… ជាអ្នក​ចំរើននូវ​សុញ្ញាគារៈ។ ម្នាលភិក្ខុ​ទាំងឡាយ បើ​ភិក្ខុគប្បី​ប្រាថ្នាថា អាត្មាអញ ​គប្បីជាអ្នក​អត់ធន់​នូវត្រជាក់ ក្តៅ ការឃ្លាន ការស្រេក សម្ផស្ស របោម មូស ខ្យល់ កំដៅថ្ងៃ និងពស់តូច​ពស់ធំ ជាអ្នក​អត់សង្កត់ នូវ​គន្លង​នៃពាក្យ ដែលគេនិយាយ​អាក្រក់ មកកាន់​សោតទ្វារ ដែលញុំាង​ទុក្ខឲ្យកើតឡើង នាំឲ្យ​វេទនា ប្រព្រឹត្តទៅ ក្នុងសរីរៈ ជាទុក្ខក្លា​ខ្លាំង ខ្លោចផ្សា មិនជា​ទីត្រេកអរ មិនជា​ទីគាប់ចិត្ត ជាទីនាំទៅ​នូវជីវិត ភិក្ខុនោះ ជាអ្នកបំពេញ​ក្នុងសីល… ជាអ្នក​ចំរើន​នូវ​សុញ្ញាគារៈ។ ម្នាលភិក្ខុ​ទាំងឡាយ បើភិក្ខុ​គប្បីប្រាថ្នាថា អាត្មាអញ គប្បីអត់ធន់​នូវ​សេចក្តីអផ្សុក (ក្នុងនេក្ខម្មៈ) និង​សេចក្តីត្រេកអរ​ក្នុងកាមគុណ (ឯសេចក្តី​ត្រេកអរ និង​សេចក្តី​អផ្សុក) ក្នុង​នេក្ខម្មៈ និង​សេចក្តីត្រេកអរ (ក្នុង​កាមគុណ) កុំគប្បី​គ្របសង្កត់​នូវ​អាត្មាអញ​ឡើយ អាត្មាអញ គប្បីគ្របសង្កត់​នូវសេចក្តីអផ្សុក (ក្នុងនេក្ខម្មៈ) និង​សេចក្តី​ត្រេកអរ (ក្នុងកាមគុណ) ដែលកើត​ឡើងហើយ ភិក្ខុនោះ គួរជាអ្នក​បំពេញក្នុងសីល… ជាអ្នក​ចំរើន​នូវសុញ្ញាគារៈ។ ម្នាលភិក្ខុ​ទាំងឡាយ បើភិក្ខុ​គប្បីប្រាថ្នាថា អាត្មាអញ​គប្បីជាអ្នក​គ្របសង្កត់​នូវ​អារម្មណ៍ ដែលគួរ​ខ្លាច ឯ​អារម្មណ៍​ដែលគួរខ្លាច កុំគប្បី​គ្របសង្កត់​នូវ​អាត្មាអញ​ឡើយ អាត្មាអញ គប្បីគ្រប​សង្កត់នូវ​អារម្មណ៍ ដែល​គួរខ្លាច ដែល​កើតឡើង​ហើយ ភិក្ខុនោះ គួរជាអ្នក​បំពេញ​ក្នុងសីល… ជាអ្នក​ចំរើននូវសុញ្ញាគារៈ។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុ​គប្បីប្រាថ្នាថា អាត្មាអញ​គប្បីបាន​ដោយ​មិនបាច់​ប្រាថ្នា បាន​ដោយ​ងាយ បានដោយមិនលំបាក ​នូវចតុត្ថជ្ឈាន​ ទាំងកិរិយា​នៅជាសុខ ក្នុង​បច្ចុប្បន្ន ដែល​អាស្រ័យ​នូវចិត្ត ភិក្ខុនោះ ​គួរជាអ្នក​បំពេញ​ក្នុងសីល … ជាអ្នក​ចំរើននូវ​សុញ្ញាគារៈ។ ម្នាលភិក្ខុ​ទាំងឡាយ បើភិក្ខុ​គប្បីប្រាថ្នា​ថា អាត្មាអញ​គប្បីធ្វើ​ឲ្យជាក់ច្បាស់ ដោយ​បញ្ញា​ដ៏ឧត្តម ដោយ​ខ្លួនឯង ក្នុង​បច្ចុប្បន្ន បានដល់​នូវចេតោវិមុត្តិ បញ្ញាវិមុត្តិ ដែលមិន​មាន​អាសវៈ ព្រោះអស់​អាសវៈ ហើយ​សម្រេច​សម្រាន្តនៅ ភិក្ខុនោះ​ គួរជាអ្នក​បំពេញក្នុង​សីល ប្រកប​នូវការ​រម្ងាប់នូវ​ចិត្តខាងក្នុង មានឈាន​មិនសាបសូន្យ ប្រកប​ដោយ​វិបស្សនាញាណ ជា​អ្នកចំរើន​នូវសុញ្ញាគារៈ។ ពាក្យណា ​ដែលតថាគត​ពោលហើយថា ម្នាល​ភិក្ខុ​ទាំងឡាយ អ្នក​ទាំងឡាយ ចូរបរិបូណ៌​​ដោយសីល ដោយ​បាតិមោក្ខ ចូរ​សង្រួម​ក្នុង​បាតិមោក្ខសំវរៈ បរិបូណ៌​​ដោយអាចារៈ និង​គោចរៈ ឃើញភ័យ ក្នុង​ទោស​មាន​ប្រមាណតិច សមាទាន​សិក្សា ក្នុងសិក្ខាបទ​ទាំងឡាយ ពាក្យនុ៎ះ តថាគត​ពោលហើយ ព្រោះ​អាស្រ័យ​ហេតុនេះឯង។

កណ្ដកសូត្រ ទី២

[៧២] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់ក្នុង​កូដាគារសាលា នាមហាវន ជិត​ក្រុង​វេសាលី ជាមួយនឹង​សាវក​ជាថេរៈ​ច្រើនរូប ដែលមាន​ឈ្មោះ​ល្បីល្បាញ គឺ​ព្រះបាលៈ​ដ៏មានអាយុ ១ ព្រះឧបបាលៈ​ដ៏មានអាយុ ១ ព្រះកក្កដៈ​ដ៏​មានអាយុ ១ ព្រះកឡិម្ភៈ​ដ៏មានអាយុ ១ ព្រះនិកដៈ​ដ៏មាន​អាយុ ១ ព្រះកដិស្សហៈ​ដ៏មានអាយុ ១ ព្រម​ទាំង​សាវកជា​ថេរៈ ដែល​មានឈ្មោះ​ល្បីល្បាញ​ឯទៀតផង។ សម័យនោះឯង ពួក​ស្តេច​លិច្ឆវី​ច្រើន​អង្គ ដែលមាន​ឈ្មោះល្បីល្បាញ ត្រាច់ទៅ​ដោយ​យាន​ដ៏ប្រសើរ​ក្រៃលែង ត ៗ គ្នា មានសំឡេង​អឺង​កងរំពង បរទៅ​កាន់ព្រៃ​មហាវន ដើម្បីជួប​ព្រះដ៏​មានព្រះភាគ។ គ្រានោះ​ឯង ព្រះថេរៈ​ដ៏មានអាយុ​ទាំងនោះ មានសេចក្តី​ត្រិះរិះ ដូច្នេះថា ពួក​ស្តេច​លិច្ឆវី​មាន​ប្រមាណ​ច្រើន​ទាំងនេះ ដែលមាន​ឈ្មោះល្បីល្បាញ ត្រាច់ទៅដោយ​យានដ៏ប្រសើរ​ក្រៃលែង​ត ៗ គ្នា មានសំឡេង អឺងកង​រំពង ចូលទៅកាន់​ព្រៃមហាវន ដើម្បីជួប​ព្រះដ៏មាន​ព្រះភាគ ឯព្រះដ៏មាន​ព្រះភាគ ទ្រង់ត្រាស់ថា ឈានមាន​សំឡេងជាបន្លា បើដូច្នោះ គួរតែ​យើង​ទាំងឡាយ ចូលទៅរក​ព្រៃ​គោសិង្គសាលវន ហើយ​យើងទាំងឡាយ គប្បី​មាន​សំឡេង​តិច មានការនៅ​ច្រឡូកច្រឡំ​គ្នាតិច ទើបនៅ​ជាសុខក្នុង​ទីនោះ បានជា​ព្រះថេរៈ​ដ៏មានអាយុ​ទាំងនោះ ក៏ចូលទៅឯ​ព្រៃ​គោសិង្គសាលវន ព្រះថេរៈ​ដ៏មានអាយុ​ទាំងនោះ មាន​សំឡេងតិច មានការ​ច្រឡូកច្រឡំ​គ្នាតិច ហើយនៅ​ជាសុខក្នុង​ទីនោះ។ លំដាប់នោះ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់​ហៅ​ភិក្ខុទាំងឡាយ​ថា ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុបាលៈ នៅក្នុង​ទីណា ភិក្ខុ​ឧបបាលៈ​នៅក្នុងទីណា ភិក្ខុកក្កដៈ នៅក្នុង​ទីណា ភិក្ខុ​កឡិម្ភៈ​នៅក្នុង​ទីណា ភិក្ខុនិកដៈ នៅក្នុងទីណា ភិក្ខុកដិស្សហៈ នៅក្នុង​ទីណា ម្នាលភិក្ខុ​ទាំងឡាយ ឯសាវក​ជាថេរៈ​ទាំងនោះ នៅចំទី​ណាដែរ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន ក្នុងទីនេះ ព្រះថេរៈ​ដ៏មានអាយុ​ទាំងនោះ មានសេចក្តី​ត្រិះរិះ ដូច្នេះថា ពួក​ស្តេច​លិច្ឆវី មានប្រមាណ​ច្រើននេះ ដែលមាន​ឈ្មោះល្បីល្បាញ ត្រាច់ទៅ​ដោយ​យានដ៏ប្រសើរ​ក្រៃលែងត ៗ គ្នា មានសំឡេង​អឺង​កងរំពង ចូលទៅ​កាន់ព្រៃ​មហាវន ដើម្បីជួប​ព្រះដ៏មានព្រះភាគ ព្រះអង្គ​ក៏ទ្រង់​សំដែងថា ឈាន មានសំឡេង​ជាបន្លា បើដូច្នោះ គួរតែ​យើង​ទាំងឡាយ ចូលទៅឯ​ព្រៃ​គោសិង្គសាលវន យើងទាំងឡាយ គប្បីមាន​សំឡេង​តិច មានការនៅ​ច្រឡូក​ច្រឡំគ្នាតិច ទើបនៅជា​សុខក្នុងទីនោះ បពិត្រ​ព្រះអង្គដ៏​ចំរើន ហេតុ​នោះ លោក​ដ៏មានអាយុ​ទាំងនោះ ចូលទៅឯ​ព្រៃគោសិង្គសាលវន លោកដ៏​មាន​អាយុ​ទាំងនោះ ក៏មាន​សំឡេងតិច មានការនៅ​ច្រឡូកច្រឡំ​គ្នាតិច ហើយនៅ​ជាសុខ​ក្នុងទីនោះ។ ម្នាលភិក្ខុ​ទាំងឡាយ ប្រពៃហើយ ប្រពៃហើយ កាល​មហាសាវក​ទាំងនោះ ព្យាករ​ដោយប្រពៃ គប្បីព្យាករ តាមពិត ម្នាលភិក្ខុ​ទាំងឡាយ ព្រោះតថាគត ពោល​ហើយថា ឈាន មានសំឡេង​ជាបន្លា។ ម្នាលភិក្ខុ​ទាំងឡាយ បន្លា​ទាំងឡាយនេះ មាន ១០ យ៉ាង។ បន្លាទាំង ១០ យ៉ាង តើដូចម្តេចខ្លះ។ គឺសភាព​ជាអ្នកត្រេកអរ ក្នុងពួក​គណៈ ជាបន្លា​របស់បុគ្គល​ដែលមាន​សេចក្តី​ស្ងប់ស្ងាត់​ជាទីត្រេកអរ ១ ការប្រកប​រឿយ ៗ នូវ​សុភនិមិត្ត ជាបន្លា​របស់បុគ្គល​ដែលប្រកប​រឿយ ៗ នូវ​អសុភនិមិត្ត ១ ការឃើញនូវ​សត្រូវ គឺល្បែង​ផ្សេង ៗ ជាបន្លា​របស់បុគ្គល​មានទ្វារ​គ្រប់គ្រង​ហើយ ក្នុងឥន្រ្ទិយ​ទាំងឡាយ ១ ការត្រាច់​ទៅជិត​មាតុគ្រាម ជាបន្លា​របស់​ព្រហ្មចរិយៈ ១ សំឡេង ជាបន្លា​របស់​បឋមជ្ឈាន ១ វិតក្កៈ និងវិចារៈ ជា​បន្លារបស់​ទុតិយជ្ឈាន ១ បីតិ ជាបន្លា​របស់​តតិយជ្ឈាន ១ អស្សាសប្បស្សាសៈ ជាបន្លា​របស់​ចតុត្ថជ្ឈាន ១ សញ្ញា និងវេទនា ជាបន្លា​របស់​សញ្ញាវេទយិតនិរោធ​សមាបត្តិ ១ រាគៈ ជាបន្លា ទោសៈ ជាបន្លា មោហៈ ជាបន្លា ១។ ម្នាលភិក្ខុ​ទាំងឡាយ អ្នកទាំងឡាយ ចូរកុំ​មានធម៌ ជាបន្លា​ឡើយ ម្នាលភិក្ខុ​ទាំងឡាយ អ្នកទាំង​ឡាយ ចូរកុំមាន​ធម៌ ជាបន្លាឡើយ ចូរនាំ​ធម៌ជា​បន្លាចេញ ម្នាលភិក្ខុ​ទាំងឡាយ ព្រះអរហន្ត​ទាំងឡាយ មិនមានធម៌​ជាបន្លាទេ ម្នាលភិក្ខុ​ទាំងឡាយ ព្រះអរហន្ត​ទាំងឡាយ មិនមាន​ធម៌ជាបន្លាទេ បាន​នាំធម៌​ជាបន្លា​ចេញហើយ។

ឥដ្ឋធម្មសូត្រ ទី៣

[៧៣] ម្នាលភិក្ខុទាំងឡាយ ធម៌ ១០ យ៉ាងនេះ ជាទីប្រាថ្នា ជាទី​ត្រេកអរ ជាទី​គាប់ចិត្ត ដែលបុគ្គល​បានដោយ​កម្រ ក្នុងលោក។ ធម៌ទាំង ១០ យ៉ាង តើដូចម្តេច។ គឺ​ភោគៈ​ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត ដែលបុគ្គល​បានដោយ​កម្រ​ក្នុងលោក ១ ពណ៌សម្បុរ​ជាទីប្រាថ្នា ជាទី​ត្រេកអរ ជាទីគាប់ចិត្ត បុគ្គល​បាន​ដោយ​កម្រ​ក្នុងលោក ១ សភាព​មិន​មានរោគ ជាទីប្រាថ្នា ជាទីត្រេកអរ ជាទី​គាប់ចិត្ត បុគ្គល​បានដោយ​កម្រ​ក្នុងលោក ១ សីល​ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់​ចិត្ត បុគ្គលបាន​ដោយកម្រ​ក្នុង​លោក ១ ព្រហ្មចរិយៈ ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់​ចិត្ត បុគ្គលបាន​ដោយកម្រ​ក្នុងលោក ១ មិត្ត​ជាទីប្រាថ្នា ជាទីត្រេកអរ ជា​ទីគាប់ចិត្ត បុគ្គលបាន​ដោយកម្រ​ក្នុងលោក ១ សភាព​ជាអ្នកចេះដឹង​ច្រើន ជាទីប្រាថ្នា ជាទីត្រេកអរ ជាទី​គាប់ចិត្ត បុគ្គល​បានដោយ​កម្រ​ក្នុងលោក ១ បញ្ញា​ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់​ចិត្ត បុគ្គលបាន​ដោយកម្រ​ក្នុង​លោក ១ ធម៌ជា​ទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់​ចិត្ត បុគ្គលបាន​ដោយ​កម្រ​ក្នុងលោក ១ ឋានសួគ៌​ជាទីប្រាថ្នា ជាទី​ត្រេកអរ ជាទី​គាប់ចិត្ត បុគ្គលបាន​ដោយកម្រ​ក្នុងលោក ១។ ម្នាលភិក្ខុ​ទាំងឡាយ ធម៌ ១០ យ៉ាងនេះឯង ជាទីប្រាថ្នា ជាទីត្រេកអរ ជាទី​គាប់ចិត្ត បុគ្គល​បាន​ដោយ​កម្រ​ក្នុងលោក។ ម្នាលភិក្ខុ​ទាំងឡាយ ធម៌ ១០ យ៉ាង នាំ​ឲ្យអន្តរាយ​ដល់ធម៌ ១០ យ៉ាងនេះ ដែល​ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់​ចិត្ត បុគ្គលបាន​ដោយកម្រ​ក្នុង​លោក។ គឺ​ការខ្ជិល និង​ការមិនប្រឹង​ប្រែង នាំឲ្យអន្តរាយ​ដល់ភោគៈ ១ ការ​មិនប្រដាប់ មិន​តាក់តែង នាំឲ្យ​អន្តរាយ​ដល់​ពណ៌សម្បុរ ១ ការធ្វើនូវ​សេចក្តី​មិនសប្បាយ នាំឲ្យ​អន្តរាយ​ដល់ភាព​មិនមានរោគ ១ មិត្តលាមក នាំឲ្យ​អន្តរាយ​ដល់សីល ១ ការមិន​សង្រួមនូវ​ឥន្រ្ទិយ នាំឲ្យ​អន្តរាយ​ដល់​ព្រហ្មចរិយៈ ១ ការពោល​ពាក្យខុស នាំឲ្យ​អន្តរាយ ដល់ពួក​មិត្ត ១ ការធ្វើ​នូវសេចក្តី​មិនស្វាធ្យាយ នាំឲ្យអន្តរាយ ដល់ភាព​ចេះដឹងច្រើន ១ ការមិន​ប្រុងស្តាប់ មិន​សាកសួរ នាំឲ្យអន្តរាយ​ដល់បញ្ញា ១ ការមិន​ប្រកបរឿយ ៗ ការមិន​ពិចារណា នាំឲ្យអន្តរាយ​ដល់ធម៌​ទាំងឡាយ ១ សេចក្តី​ប្រតិបត្តិ​ខុស នាំឲ្យអន្តរាយ​ដល់ឋានសួគ៌ ១។ ម្នាលភិក្ខុ​ទាំងឡាយ ធម៌ទាំង ១០ នេះ នាំឲ្យអន្តរាយ​ដល់ធម៌ ១០ យ៉ាងនេះ ដែល​ជាទី​ប្រាថ្នា ជាទីត្រេកអរ ជាទីគាប់​ចិត្ត ដែលបុគ្គល​បានដោយ​កម្រ​ក្នុងលោក។ ម្នាលភិក្ខុ​ទាំង​ឡាយ ធម៌ទាំង ១០ យ៉ាង ជាអាហារ​​នៃ​ធម៌​ទាំង ១០ នេះ ដែល​ជាទី​ប្រាថ្នា ជាទី​ត្រេកអរ ជាទី​គាប់ចិត្ត បុគ្គលបាន​ដោយកម្រ​ក្នុងលោក។ គឺ​សេចក្តី​មិនខ្ជិល សេចក្តី​ព្យាយាម ជា​អាហារ​របស់​ភោគៈ ១ ការប្រដាប់​ ការ​តាក់តែង ជាអាហារ​របស់​ពណ៌សម្បុរ ១ ការធ្វើ​នូវ​សេចក្តី​សប្បាយ ជាអាហារ​របស់ភាព​មិនមានរោគ ១ សភាព​មិត្តល្អ ជាអាហារ​របស់​សីល ១ ការ​សង្រួម​ឥន្រ្ទិយ ជាអាហារ​របស់ព្រហ្មចរិយៈ ១ ការមិន​ពោល​ពាក្យខុស ជាអាហារ​របស់​មិត្ត​ទាំងឡាយ ១ ការធ្វើ​នូវកិរិយា​ស្វាធ្យាយ ជាអាហារ​របស់ភាព​អ្នកចេះដឹង​ច្រើន ១ ការស្តាប់ ការសាកសួរ ជាអាហារ​របស់បញ្ញា ១ ការ​ប្រកប​រឿយ ៗ ការ​ពិចារណា ជា​អាហារ​របស់ធម៌​ទាំងឡាយ ១ សេចក្តី​ប្រតិបត្តិល្អ ជាអាហារ​របស់​ឋានសួគ៌ ១។ ម្នាល​ភិក្ខុ​ទាំងឡាយ ធម៌ទាំង ១០ នេះឯង ជាអាហារ​នៃធម៌ ១០ យ៉ាងនេះ ដែល​ជាទីប្រាថ្នា ជាទី​ត្រេកអរ ជាទី​គាប់ចិត្ត បុគ្គល​បានដោយ​កម្រ​ក្នុងលោក។

វឌ្ឍិសូត្រ ទី៤

[៧៤] ម្នាលភិក្ខុទាំងឡាយ អរិយសាវក កាលចំរើន​ដោយសេចក្តី ១០ យ៉ាង រមែង​ចំរើន ដោយ​សេចក្តីចំរើនដ៏ប្រសើរ ឈ្មោះថា​អ្នកកាន់​យកនូវ​ខ្លឹម​របស់កាយ​ផង ជាអ្នក​កាន់យក​នូវវត្ថុ ដ៏ប្រសើរ​របស់កាយ​ផង។ ការចំរើន​ដោយ​សេចក្តី​ទាំង ១០ យ៉ាង តើ​ដូច​ម្តេច។ គឺ​ចំរើន​ដោយ​ស្រែចំការ ១ ចំរើន​ដោយទ្រព្យ និង​ស្រូវ ១ ចំរើន​ដោយកូន និង​ប្រពន្ធ ១ ចំរើន​ដោយបុរស​ជាទាសៈ និង​កម្មករ ១ ចំរើន​ដោយសត្វ​មានជើង ៤ ទាំងឡាយ ១ ចំរើន​ដោយសទ្ធា ១ ចំរើន​ដោយសីល ១ ចំរើន​ដោយសុតៈ ១ ចំរើន​ដោយ​ចាគៈ ១ ចំរើន​ដោយបញ្ញា ១។ ម្នាល​ភិក្ខុ​ទាំងឡាយ អរិយសាវក កាល​ចំរើន ដោយ​សេចក្តីចំរើន ១០ យ៉ាង នេះឯង រមែងចំរើន ដោយ​សេចក្តីចំរើន​ដ៏ប្រសើរ ឈ្មោះថា អ្នក​កាន់​យកនូវ​ខ្លឹម​របស់​កាយផង ជាអ្នកកាន់​យកនូវ​វត្ថុដ៏​ប្រសើរ​របស់កាយផង។

បុគ្គលណាក្នុងលោកនេះ ចំរើន​ដោយទ្រព្យផង ដោយ​ស្រូវផង ដោយ​កូនផង ដោយប្រពន្ធផង ដោយ​សត្វជើង ៤ ផង បុគ្គលនោះ​ឈ្មោះ​ថា មានភោគៈ មានយស​ដែល​ពួកញាតិ និងមិត្ត ព្រម​ទាំង​ស្តេច បូជា​ហើយ។ បុគ្គលណា​ក្នុងលោកនេះ ចំរើន​ដោយសទ្ធា​ផង ដោយ​សីលផង ដោយបញ្ញា​ផង ដោយ​ចាគៈផង ដោយ​សុតៈ​ទាំងពីរ​ផង បុគ្គល​បែបនោះ ហៅថា សប្បុរស ជាអ្នក​ពិចារណា​ឃើញ​ច្បាស់ រមែង​ចំរើន​ដោយ​ហេតុទាំងពីរ ក្នុង​បច្ចុប្បន្ន​នេះឯង។

មិគសាលាសូត្រ ទី៥

[៧៥] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់ក្នុង​វត្តជេតពន របស់​អនាថបិណ្ឌិក​សេដ្ឋី ជិតក្រុង​សាវត្ថី។ គ្រានោះឯង ព្រះអានន្ទដ៏មានអាយុ ស្លៀកស្បង់ ប្រដាប់បាត្រ និង​ចីវរ ក្នុង​បុព្វណ្ហសម័យ ហើយ​ចូលទៅ​ឯលំនៅ នៃ​មិគសាលា​ឧបាសិកា លុះចូល​ទៅដល់​ហើយ ក៏អង្គុយ​លើអាសនៈ​ដែលគេក្រាលទុក។ លំដាប់នោះ មិគសាលា​ឧបាសិកា ចូល​ទៅរក​ព្រះអានន្ទ​ដ៏មានអាយុ លុះចូល​ទៅដល់ហើយ ក៏ថ្វាយ​បង្គំព្រះអានន្ទ​ដ៏មានអាយុ ហើយអង្គុយ​ក្នុងទីសមគួរ។ លុះ​មិគសាលា​ឧបាសិកា អង្គុយ​ក្នុងទីសម​គួរហើយ ក៏បាន​ទូលសួរ​ព្រះអានន្ទ​ដ៏មានអាយុថា បពិត្រ​ព្រះអានន្ទ​ដ៏ចំរើន ធម៌ដែល​ព្រះដ៏មានព្រះភាគ​ទ្រង់សំដែង​ហើយនេះ តើគប្បី​យល់ដូចម្តេច ព្រោះដូចជា​បុគ្គល​ពីរពួក គឺ​ព្រហ្មចារីបុគ្គល ១ អព្រហ្មចារីបុគ្គល ១ សឹងមានគតិស្មើ ៗ គ្នា​ក្នុង​បរលោក។ បពិត្រ​លោកម្ចាស់ដ៏ចំរើន បិតារបស់ខ្ញុំ​ឈ្មោះបុរាណៈ​ជាព្រហ្មចារី ជាអ្នក​ប្រព្រឹត្ត ឆ្ងាយ​វៀរចាក​មេថុន ជាធម៌របស់​អ្នកស្រុក លុះគាត់​ធ្វើមរណកាល​ទៅ ព្រះដ៏មាន​ព្រះភាគ ទ្រង់ព្យាករ​ថា ជាសកទាគាមិ​សត្វ បានទៅកើត​ក្នុងពពួក​ទេវតាក្នុង​ជាន់តុសិត។ បពិត្រ​លោកម្ចាស់​ដ៏ចំរើន ឥសិទត្ត ជាទីស្រឡាញ់របស់បិតា​នៃខ្ញុំ មិនមែនជា​ព្រហ្មចារី នៅត្រេកអរ​ដោយប្រពន្ធ​របស់​ខ្លួន លុះធ្វើ​មរណកាល​ទៅ ព្រះដ៏មានព្រះភាគ ទ្រង់ព្យាករ​ថា ជាសកទាគាមិ​សត្វ បានទៅកើត​ក្នុងពពួកទេវតា​ជាន់​តុសិត​ដែរ។ បពិត្រ​ព្រះអានន្ទ​ដ៏ចំរើន ធម៌ដែល​ព្រះដ៏មានព្រះភាគ ទ្រង់សំដែងហើយ​នេះ តើ​គប្បីយល់​ដូចម្តេច ព្រោះដូច​ជាបុគ្គល​ពីរពួក គឺព្រហ្មចារីបុគ្គល ១ អព្រហ្មចារីបុគ្គល ១ សឹង​មានគតិ​ស្មើ ៗ គ្នា ក្នុង​បរលោក។ ម្នាល​នាង ដំណើរនេះ ព្រះមានព្រះភាគ ទ្រង់ព្យាករ​ហើយ យ៉ាង​នេះឯង។ លំដាប់នោះ ព្រះអានន្ទ​ដ៏មានអាយុ ទទួល​ចង្ហាន់​បិណ្ឌបាត ក្នុងលំនៅ​នៃមិគសាលាឧបាសិកា​រួចហើយ ក៏ក្រោក​ចាកអាសនៈ ចៀសចេញទៅ។ ក៏កាលដែល​ព្រះអានន្ទ​ដ៏មានអាយុ ត្រឡប់​អំពីបិណ្ឌបាត ក្នុងវេលា​ខាងក្រោយភត្ត​ហើយ ក៏ចូលទៅគាល់​ព្រះដ៏មានព្រះភាគ លុះចូលទៅ​ដល់ហើយ ថ្វាយ​បង្គំ​ព្រះដ៏មានព្រះភាគ ហើយ​អង្គុយក្នុង​ទីសមគួរ។ លុះព្រះអានន្ទ​ដ៏មានអាយុ អង្គុយក្នុង​ទីសមគួរ​ហើយ ក្រាបបង្គំទូល​ព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន ក្នុងទីនេះ ខ្ញុំព្រះអង្គ​ស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុង​បុព្វណ្ហសម័យ ចូលទៅឯ​លំនៅ​នៃ​មិគសាលាឧបាសិកា លុះចូល​ទៅដល់​ហើយ អង្គុយ​លើអាសនៈ ដែលគេ​ក្រាលទុក។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន លំដាប់នោះ មិគសាលា​ឧបាសិកា ចូលទៅ​រកខ្ញុំ​ព្រះអង្គ លុះចូលទៅ​ដល់ហើយ ថ្វាយបង្គំ​ខ្ញុំព្រះអង្គ ហើយ​អង្គុយក្នុងទី​សមគួរ។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន លុះ​មិគសាលា​ឧបាសិកា អង្គុយក្នុង​ទីសមគួរ​ហើយ បាននិយាយ​នឹងខ្ញុំព្រះអង្គ​ថា បពិត្រ​ព្រះអានន្ទ​ដ៏ចំរើន ធម៌ដែល​ព្រះដ៏មានព្រះភាគ ទ្រង់ព្យាករ​ហើយនេះ តើគប្បី​យល់ដូចម្តេច ព្រោះដូច​ជាបុគ្គល​ពីរពួក គឺ​ព្រហ្មចារីបុគ្គល ១ អព្រហ្មចារី​បុគ្គល ១ សឹង​មានគតិស្មើ ៗ គ្នា ក្នុង​បរលោក។ បពិត្រលោក​ម្ចាស់ដ៏ចំរើន បិតា​ខ្ញុំឈ្មោះ​បុរាណៈ ជាព្រហ្មចារី ជាអ្នក​ប្រព្រឹត្តឆ្ងាយ វៀរចាក​មេថុន ជាធម៌​របស់អ្នក​ស្រុក លុះគាត់​ធ្វើមរណកាល​ទៅ ព្រះដ៏មានព្រះភាគ ទ្រង់ព្យាករ ថា​ជា​សកទាគាមិ​សត្វ បានទៅ​កើត​ក្នុងពួក​ទេវតា​ជាន់តុសិត។ បពិត្រ​លោកម្ចាស់​ដ៏ចំរើន ឥសិទត្ត ជាទីស្រឡាញ់​នៃបិតា​របស់ខ្ញុំ មិនមែនជា​ព្រហ្មចារី នៅត្រេកអរ​ដោយ​ប្រពន្ធរបស់​ខ្លួន លុះគាត់ធ្វើ​មរណកាល​ទៅ ព្រះដ៏មានព្រះភាគ ទ្រង់ព្យាករ​ថា ជា​សកទាគាមិ​សត្វ បានទៅកើត​ក្នុងពពួកទេវតា​ជាន់តុសិតដែរ។ បពិត្រ​ព្រះអានន្ទ​ដ៏ចំរើន ធម៌ដែល​ព្រះដ៏​មានព្រះភាគ ទ្រង់សំដែងហើយនេះ តើគប្បី​យល់ដូចម្តេច ព្រោះដូចជា បុគ្គលពីរ​ពួក គឺព្រហ្មចារី​បុគ្គល ១ អព្រហ្មចារី​បុគ្គល ១ សឹងមាន​គតិស្មើ ៗ គ្នា ក្នុងបរលោក។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន កាល​មិគសាលា​ឧបាសិកា និយាយ​យ៉ាងនេះ​រួចហើយ ខ្ញុំព្រះអង្គ ក៏បាន​និយាយ​នឹង​មិគសាលាឧបាសិកា​ដូច្នេះថា ម្នាលនាង ដំណើរនេះ ព្រះដ៏មានព្រះភាគ ទ្រង់ព្យាករ​យ៉ាងហ្នឹងឯង។ ម្នាលអានន្ទ មិគសាលាឧបាសិកា​ជាអ្វី ជាស្រ្តី​ពាល មិន​ឈ្លាសវៃ ជាស្រ្តី​ងងឹត មាន​បញ្ញាងងឹត មួយទៀត បុរស​បុគ្គលណា (មាន​វិស័យ​មិនទើស​ទាល់) ក្នុង​បរោបរិយញ្ញាណ (បញ្ញាជា​គ្រឿងដឹង​នូវឥន្រ្ទិយក្លា និងទន់​របស់បុគ្គល​ដទៃ)។ ម្នាលអានន្ទ បុគ្គល ១០ ពួកនេះ រមែង​មានប្រាកដ​ក្នុងលោក។ បុគ្គលទាំង ១០ ពួក តើដូចម្តេច។ ម្នាលអានន្ទ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នក​ទ្រុស្តសីល ទាំងមិន​ដឹងច្បាស់​តាមពិត នូវ​ចេតោវិមុត្តិ និង​បញ្ញាវិមុត្តិនោះ ដែលជា​ហេតុនាំឲ្យ​ភាពទ្រុស្តសីល​នោះ រលត់ទៅ​ដោយ​មិនមាន​សេសសស់ បុគ្គលនោះ មិនបានធ្វើ​ដោយការស្តាប់​ផង មិនបាន​ធ្វើដោយ​ភាវៈចេះ​ដឹងច្រើនផង មិនបាន​ចាក់ធ្លុះ​ដោយទិដ្ឋិ​ផង មិនបាន​នូវវិមុត្តិ​ដែលប្រព្រឹត្ត​ទៅតាម​កាលផង លុះបុគ្គល​នោះ បែក​ធ្លាយរាងកាយ​ស្លាប់ទៅ រមែង​ប្រព្រឹត្ត​ទៅ ដើម្បីសេចក្តី​សាបសូន្យ មិន​ប្រព្រឹត្តទៅ ដើម្បី​គុណ​វិសេសទេ ជាបុគ្គល​ប្រព្រឹត្ត ដើម្បី​សេចក្តីសាប​សូន្យតែម៉្យាង មិនប្រព្រឹត្តទៅ ដើម្បី​គុណវិសេស​ឡើយ។ ម្នាលអានន្ទ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកទ្រុស្តសីល តែដឹងច្បាស់​តាមពិត នូវចេតោវិមុត្តិ និង​បញ្ញាវិមុត្តិនោះ ដែល​ជាហេតុនាំ​ឲ្យភាពទ្រុស្តសីល​នោះ រលត់​ទៅដោយ​មិនមាន​សេសសល់ បុគ្គលនោះ ធ្វើដោយ​ការស្តាប់​ផង ភាវៈ​ចេះដឹង​ច្រើនផង ចាក់ធ្លុះ​ដោយទិដ្ឋិ​ផង បានូវវិមុត្តិ​ដែលប្រព្រឹត្ត​ទៅតាម​កាលផង លុះបុគ្គលនោះ បែកធ្លាយ​រាងកាយ​ស្លាប់ទៅ រមែង​ប្រព្រឹត្តទៅ ដើម្បី​គុណវិសេស មិន​ប្រព្រឹត្តទៅ ដើម្បី​សេចក្តី​សាបសូន្យ​ទេ ជាបុគ្គល​ប្រព្រឹត្តទៅ​ ដើម្បីគុណ​វិសេសតែម៉្យាង មិន​ប្រព្រឹត្តទៅ ដើម្បី​សេចក្តីសាប​សូន្យឡើយ។ ម្នាលអានន្ទ បុគ្គលអ្នក​កាន់យកនូវ​ប្រមាណ​ក្នុង​បុគ្គលនោះ អាច​ត្រិះរិះ​ថា នោះជាធម៌ របស់​បុគ្គលនេះ នោះ​ជាធម៌ របស់បុគ្គល​ដទៃ បណ្តា​បុគ្គលទាំងនោះ ហេតុអ្វី​បានជាបុគ្គល​ម្នាក់ថោកទាប បុគ្គល​ម្នាក់​ខ្ពង់ខ្ពស់។ ម្នាល​អានន្ទ ព្រោះកិរិយា​ធ្វើនូវប្រមាណ​នោះ របស់បុគ្គល​ទាំងនោះ តែង​ប្រព្រឹត្តទៅ ដើម្បីមិន​ជា​ប្រយោជន៍ ដើម្បីសេចក្តី​ទុក្ខ អស់​កាលជា​យូរអង្វែង។ ម្នាលអានន្ទ ក្នុង​ដំណើរនោះ បុគ្គលណា​ទ្រុស្តសីល តែដឹងច្បាស់​តាមពិត នូវចេតោវិមុត្តិ និង​បញ្ញាវិមុត្តិនោះ ជាហេតុ​នាំឲ្យ​ភាពទ្រុស្តសីលនោះ រលត់ទៅ​ដោយ​មិន​សេសសល់ បុគ្គលនោះ ធ្វើការ​ដោយការ​ស្តាប់ផង ធ្វើដោយ​ភាវៈចេះដឹង​ច្រើនផង ចាក់ធ្លុះ​ដោយទិដ្ឋិ​ផង បាននូវ​វិមុត្តិ​ប្រព្រឹត្តទៅ តាម​កាលផង។ ម្នាលអានន្ទ បុគ្គលនេះ​ប្រសើរផង ឧត្តមផង ជាងបុគ្គល​មុនឯណោះ។ ដំណើរ​នោះ ព្រោះហេតុអ្វី។ ម្នាលអានន្ទ ព្រោះក្រសែ​ធម៌ គឺ​វិបស្សនាញាណ រមែងដឹកនាំ​បុគ្គលនេះ (ឲ្យដល់​នូវអរិយភូមិ) អ្នកណា​ក្រៅពីតថាគត នឹងគប្បីដឹង​ហេតុនោះ​បាន។ ម្នាលអានន្ទ ព្រោះហេតុនោះ ក្នុង​លោកនេះ អ្នកទាំងឡាយ ជាអ្នក​កាន់​យកនូវ​ប្រមាណ ក្នុងបុគ្គល​ទាំងឡាយ កុំមាន​ឡើយ កុំកាន់យក​នូវប្រមាណ ក្នុងបុគ្គល​ទាំងឡាយ​ឡើយ។ ម្នាលអានន្ទ បុគ្គលក្នុង​លោកនេះ កាលកាន់​យកនូវប្រមាណ ក្នុងបុគ្គល​ទាំងឡាយ ឈ្មោះថា ជីករំលើង​នូវ​គុណ ម្នាលអានន្ទ តថាគតក្តី បុគ្គលណា ដែលប្រហែល​នឹងតថាគត​ក្តី ទើបគួរកាន់យក​នូវប្រមាណ ក្នុងបុគ្គល​ទាំងឡាយ​បាន។ ម្នាលអានន្ទ បុគ្គលខ្លះ​ក្នុងលោកនេះ ជាអ្នក​មានសីល តែមិន​ដឹងច្បាស់ តាមពិតនូវ​ចេតោវិមុត្តិ និង​បញ្ញាវិមុត្តិនោះ ដែលជា​ហេតុនាំឲ្យ​សីលនោះ​រលត់ទៅ ដោយមិន​មាន​សេសសល់ បុគ្គលនោះ មិនបានធ្វើ​ដោយការ​ស្តាប់ផង មិន​បានធ្វើ​ដោយភាវៈ​ចេះដឹង​ច្រើនផង មិនបាន​ចាក់ធ្លុះ ដោយទិដ្ឋិ​ផង មិន​បាននូវ​វិមុត្តិ ដែលប្រព្រឹត្ត​តាមកាល​ផង លុះបុគ្គល​នោះ បែកធ្លាយរាង​កាយស្លាប់ទៅ រមែង​ប្រព្រឹត្តទៅ ដើម្បីសេចក្តី​សាបសូន្យ មិនប្រព្រឹត្ត​ទៅ ដើម្បីគុណ​វិសេសទេ ជាបុគ្គល​ប្រព្រឹត្តទៅ ដើម្បី​សេចក្តី​សាបសូន្យតែ​ម៉្យាង មិនប្រព្រឹត្តទៅ ដើម្បីគុណ​វិសេសឡើយ។ ម្នាលអានន្ទ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នក​មានសីល ទាំង​ដឹងច្បាស់ តាមពិត​នូវចេតោវិមុត្តិ និង​បញ្ញាវិមុត្តិនោះ ដែល​ជាហេតុ​នាំឲ្យសីល​នោះ​រលត់ទៅ ដោយមិន​មានសេសសល់ បុគ្គលនោះ ធ្វើដោយ​ការស្តាប់ផង ធ្វើដោយ​ភាវៈចេះ​ដឹង​ច្រើនផង ចាក់ធ្លុះ​ដោយទិដ្ឋិផង បាននូវវិមុត្តិ ដែលប្រព្រឹត្ត​ទៅតាម​កាល​ផង លុះបុគ្គលនោះ បែកធ្លាយ​រាងកាយ​ស្លាប់ទៅ រមែង​ប្រព្រឹត្តទៅ ដើម្បី​គុណ​វិសេស មិន​ប្រព្រឹត្តទៅ ដើម្បីសេចក្តី​សាបសូន្យ​ទេ ជាបុគ្គល​ប្រព្រឹត្ត​ទៅ ដើម្បីគុណ​វិសេស​តែម៉្យាង មិនប្រព្រឹត្តទៅ ដើម្បី​សេចក្តី​សាបសូន្យ​ឡើយ។ ម្នាលអានន្ទ ក្នុងដំណើរ​នោះ។បេ។ ម្នាលអានន្ទ តថាគតក្តី បុគ្គល​ដែលប្រហែល​នឹងតថាគតក្តី ទើបគួរកាន់​យកនូវ​ប្រមាណ ក្នុង​បុគ្គល​ទាំងឡាយបាន។ ម្នាលអានន្ទ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នក​មានរាគៈ​ក្លៀវក្លា ទាំងមិនដឹង​ច្បាស់តាម​ពិត នូវចេតោវិមុត្តិ និង​បញ្ញាវិមុត្តិ​នោះ ដែលជាហេតុ​នាំឲ្យរាគៈ​នោះរលត់ទៅ ដោយ​មិនមាន​សេសសល់ បុគ្គលនោះ មិនបានធ្វើ​ដោយការ​ស្តាប់ផង មិនបានធ្វើ​ដោយភាវៈ​ចេះ​ដឹងច្រើនផង មិនបាន​ចាក់ធ្លុះ​ដោយទិដ្ឋិ​ផង មិនបាន​វិមុត្តិ ដែលប្រព្រឹត្ត​ទៅ តាមកាលផង លុះបុគ្គល​នោះ បែកធ្លាយ​រាងកាយ​ស្លាប់ទៅ រមែងប្រព្រឹត្តទៅ ដើម្បី​សេចក្តី​សាបសូន្យ មិនប្រព្រឹត្តទៅ ដើម្បី​គុណវិសេស​ទេ ជា​បុគ្គលប្រព្រឹត្ត​ទៅ ដើម្បីសេចក្តី​សាបសូន្យ​តែម៉្យាង មិនប្រព្រឹត្តទៅ ដើម្បី​គុណវិសេស​ឡើយ។ ម្នាលអានន្ទ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកមាន​រាគៈក្លៀវក្លា តែដឹងច្បាស់​តាមពិត​នូវចេតោវិមុត្តិ និង​បញ្ញាវិមុត្តិនោះ ដែល​ជាហេតុនាំឲ្យ​រាគៈនោះ រលត់ទៅ ដោយមិនមាន​សេសសល់ បុគ្គលនោះ ធ្វើដោយ​ការស្តាប់ផង ធ្វើដោយភាវៈ​ចេះដឹងច្រើន​ផង ចាក់ធ្លុះ​ដោយទិដ្ឋិ​ផង បាននូវវិមុត្តិ ដែល​ប្រព្រឹត្តទៅ តាម​កាលផង លុះបុគ្គល​នោះ បែក​ធ្លាយរាងកាយ​ស្លាប់ទៅ រមែងប្រព្រឹត្ត​ទៅ ដើម្បី​គុណវិសេស មិនប្រព្រឹត្ត​ទៅ ដើម្បីសេចក្តី​សាបសូន្យ​ទេ ជាបុគ្គល​ប្រព្រឹត្តទៅ ដើម្បី​គុណវិសេស​តែម៉្យាង មិនប្រព្រឹត្ត​ទៅ ដើម្បី​សេចក្តី​សាបសូន្យ​ឡើយ។ ម្នាលអានន្ទ ក្នុង​ដំណើរ​នោះ។បេ។ ម្នាល​អានន្ទ តថាគតក្តី បុគ្គលណា​ដែលប្រហែល​នឹងតថាគត​ក្តី ទើបគួរកាន់​យកនូវប្រមាណ ក្នុងបុគ្គល​ទាំងឡាយ​បាន។ ម្នាលអានន្ទ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកមាន​សេចក្តីក្រោធ​ ទាំងមិន​ដឹងច្បាស់​តាមពិត នូវចេតោវិមុត្តិ និង​បញ្ញាវិមុត្តិ​នោះ ដែលជា​ហេតុនាំ​ឲ្យ​សេចក្តី​ក្រោធនោះ រលត់ទៅ ដោយ​មិនមាន​សេសសល់ បុគ្គលនោះ មិន​បានធ្វើ ដោយការ​ស្តាប់ផង មិនបាន​ធ្វើ ដោយភាវៈ​ចេះដឹង​ច្រើនផង មិន​បានចាក់ធ្លុះ ដោយ​ទិដ្ឋិផង មិនបាន​នូវវិមុត្តិ ដែលប្រព្រឹត្ត​ទៅ តាមកាល​ផង លុះបុគ្គលនោះ បែកធ្លាយ​រាងកាយ​ស្លាប់ទៅ រមែង​ប្រព្រឹត្តទៅ ដើម្បី​សេចក្តី​សាបសូន្យ មិនប្រព្រឹត្តទៅ ដើម្បី​គុណវិសេស​ទេ ជាបុគ្គល​ប្រព្រឹត្ត​ទៅ ដើម្បីសេចក្តី​សាបសូន្យ​តែម៉្យាង មិន​ប្រព្រឹត្តទៅ ដើម្បី​គុណវិសេស​ឡើយ។ ម្នាលអានន្ទ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកមាន​សេចក្តី​ក្រោធ តែដឹង​ច្បាស់តាមពិត នូវចេតោវិមុត្តិ និង​បញ្ញាវិមុត្តិនោះ ដែល​ជាហេតុនាំ​ឲ្យសេចក្តី​ក្រោធនោះ​រលត់ទៅ ដោយមិនមាន​សេសសល់ បុគ្គលនោះ ធ្វើ​ដោយការ​ស្តាប់ផង ធ្វើដោយ​ភាវៈ​ចេះដឹងច្រើនផង ចាក់ធ្លុះ​ដោយទិដ្ឋិផង បាននូវវិមុត្តិ​ដែលប្រព្រឹត្ត​ទៅ តាមកាល​ផង លុះបុគ្គលនោះ បែកធ្លាយរាង​កាយស្លាប់ទៅ រមែង​ប្រព្រឹត្តទៅ ដើម្បីគុណ​វិសេស មិនប្រព្រឹត្តទៅ ដើម្បី​សេចក្តី​សាបសូន្យទេ ជាបុគ្គល​ប្រព្រឹត្តទៅ ដើម្បីគុណ​វិសេស​តែម៉្យាង មិនប្រព្រឹត្តទៅ ដើម្បីសេចក្តី​សាបសូន្យ​ឡើយ។ ម្នាលអានន្ទ ក្នុងដំណើរ​នោះ។បេ។ ម្នាលអានន្ទ តថាគតក្តី បុគ្គលណា​ដែលប្រហែល​នឹងតថាគត​ក្តី ទើបគួរកាន់​យកនូវប្រមាណ ក្នុងបុគ្គល​ទាំងឡាយបាន។ ម្នាលអានន្ទ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នក​មានចិត្ត​រវើរវាយ ទាំងមិន​ដឹងច្បាស់​តាម​ពិត នូវចេតោវិមុត្តិ និង​បញ្ញាវិមុត្តិ​នោះ ដែលជាហេតុ​នាំឲ្យសេចក្តី​រវើរវាយ​នោះ​រលត់ទៅ ដោយមិនមាន​សេសសល់ បុគ្គលនោះ មិនបាន​ធ្វើ​ដោយ​ការស្តាប់ផង មិនបានធ្វើ ដោយភាវៈ​ចេះដឹង​ច្រើនផង មិនបាន​ចាក់ធ្លុះ ដោយទិដ្ឋិផង មិនបាន​នូវវិមុត្តិ ដែលប្រព្រឹត្ត​ទៅតាម​កាលផង លុះបុគ្គល​នោះ បែកធ្លាយ​រាងកាយ​ស្លាប់ទៅ រមែងប្រព្រឹត្ត​ទៅ ដើម្បី​សេចក្តីសាប​សូន្យ មិនប្រព្រឹត្តទៅ ដើម្បីគុណ​វិសេសទេ ជាបុគ្គល​ប្រព្រឹត្តទៅ ដើម្បីសេចក្តី​សាបសូន្យ​តែម៉្យាង មិនប្រព្រឹត្តទៅ ដើម្បីគុណ​វិសេសឡើយ។ ម្នាល​អានន្ទ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នក​មានចិត្ត​រវើរវាយ តែដឹងច្បាស់​តាម​ពិត នូវចេតោវិមុត្តិ និង​បញ្ញាវិមុត្តិនោះ ដែលជា​ហេតុនាំឲ្យ​ចិត្តរវើរវាយ​នោះ រលត់ទៅ ដោយមិន​មាន​សេសសល់ បុគ្គលនោះ ធ្វើដោយការ​ស្តាប់ផង ធ្វើដោយភាវៈ​ចេះដឹង​ច្រើនផង ចាក់ធ្លុះ​ដោយទិដ្ឋិផង បាន​នូវវិមុត្តិ ដែល​ប្រព្រឹត្តទៅ តាមកាលផង លុះបុគ្គល​នោះ បែកធ្លាយ​រាងកាយ​ស្លាប់ទៅ រមែង​ប្រព្រឹត្ត​ទៅ ដើម្បីគុណ​វិសេស មិនប្រព្រឹត្តទៅ ដើម្បី​សេចក្តី​សាប​សូន្យទេ ជាបុគ្គល​ប្រព្រឹត្តទៅ ដើម្បីគុណ​វិសេសតែម៉្យាង មិនប្រព្រឹត្ត​ទៅ ដើម្បីសេចក្តី​សាបសូន្យ​ឡើយ។ ម្នាលអានន្ទ បុគ្គលអ្នក​កាន់យកនូវ​ប្រមាណ ក្នុងបុគ្គលនោះ រមែង​ត្រិះរិះថា នោះជាធម៌​របស់បុគ្គល​នេះ នោះ​ជាធម៌​របស់បុគ្គល​ដទៃ បណ្តា​បុគ្គល​ទាំងនោះ ហេតុអ្វីបាន​ជាបុគ្គល​ម្នាក់​ថោកទាប បុគ្គលម្នាក់​ខ្ពង់ខ្ពស់។ ម្នាលអានន្ទ ព្រោះកិរិយា​ធ្វើនូវប្រមាណ​នោះ របស់​បុគ្គលទាំងនោះ តែងប្រព្រឹត្តទៅ ដើម្បីមិន​ជាប្រយោជន៍ ដើម្បី​​សេចក្តីទុក្ខ អស់កាល​ជាយូរអង្វែង។ ម្នាលអានន្ទ ក្នុងដំណើរនោះ បុគ្គលណា ជាអ្នក​មានចិត្ត​រវើរវាយ តែដឹងច្បាស់​តាមពិត នូវចេតោវិមុត្តិ និង​បញ្ញាវិមុត្តិនោះ ដែលជា​ហេតុនាំឲ្យ​ចិត្តរវើរវាយ​នោះ រលត់ទៅ ដោយ​មិនមាន​សេសសល់ បុគ្គលនោះ ធ្វើដោយ​ការស្តាប់ផង ធ្វើដោយ​ភាវៈចេះ​ដឹងច្រើនផង ចាក់ធ្លុះ​ដោយទិដ្ឋិផង បាននូវវិមុត្តិ ដែលប្រព្រឹត្តទៅ​តាម​កាល​ផង។ ម្នាលអានន្ទ បុគ្គលនេះ ប្រសើរផង ឧត្តមផង ជាង​បុគ្គលមុន​ឯណោះ។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលអានន្ទ ព្រោះថា ក្រសែធម៌ រមែងដឹក​នាំបុគ្គលនោះ (ឲ្យដល់​នូវអរិយភូមិ) អ្នកណា​ក្រៅពី​ព្រះតថាគត នឹងគប្បី​ដឹងហេតុនោះ​បាន។ ម្នាល​អានន្ទ ព្រោះហេតុនោះ ក្នុងលោក​នេះ អ្នកទាំងឡាយ ជាអ្នកកាន់​យកនូវប្រមាណ ក្នុងបុគ្គល​ទាំងឡាយ កុំ​មានឡើយ កុំកាន់​យកនូវ​ប្រមាណ ក្នុងបុគ្គល​ទាំងឡាយ​ឡើយ។ ម្នាល​អានន្ទ បុគ្គល​ក្នុងលោកនេះ កាលកាន់​យកនូវប្រមាណ​ក្នុងបុគ្គល​ទាំង​ឡាយ ឈ្មោះថា ជីករំលើង​នូវគុណ ម្នាលអានន្ទ តថាគត​ក្តី បុគ្គលណា ដែលប្រហែល​នឹង​តថាគត​ក្តី ទើបគួរកាន់​យកនូវប្រមាណ ក្នុងបុគ្គល​ទាំង​ឡាយបាន។ ម្នាលអានន្ទ មិគសាលា​ឧបាសិកា ជាអ្វី ជាស្រ្តីពាល មិន​ឈ្លាសវៃ ជាស្រ្តី​ងងឹត មានបញ្ញា​ងងឹត មួយទៀត បុរស​បុគ្គលណា (មាន​វិស័យ​មិនទើសទាល់) ក្នុង​បរោបរិយញ្ញាណ (បញ្ញាជា​គ្រឿងដឹង​នូវឥន្រ្ទិយក្លា និង​ទន់របស់​បុគ្គលដទៃ)។ ម្នាលអានន្ទ បុគ្គល ១០ ពួកនេះឯង រមែងមាន​ប្រាកដ​ក្នុងលោក។ ម្នាលអានន្ទ ឧបាសក​ឈ្មោះ​បុរាណៈ ប្រកប​ដោយសីល​មានសភាព​យ៉ាងណា ឥសិទត្ត ក៏ប្រកប​ដោយសីល មាន​សភាព​យ៉ាងនោះដែរ។ បុរាណ​ឧបាសក ក្នុងលោកនេះ មានគតិ មិនប្លែក​អំពី​ឥសិទត្ត​ទេ ម្នាលអានន្ទ ឥសិទត្ត ប្រកបដោយ​បញ្ញា មានសភាពយ៉ាង​ណា បុរាណ​ឧបាសក ប្រកបដោយ​បញ្ញា មានសភាព​យ៉ាងនោះ​ដែរ។ ឥសិទត្ត​ឧបាសក​ក្នុងលោកនេះ មានគតិ​មិនប្លែក​អំពីបុរាណ​ឧបាសក​ទេ។ ម្នាលអានន្ទ បុគ្គល​ទាំងពីរនេះ ថោកទាប​ដោយគុណធម៌​មួយ ៗ ម្នាក់។

តយោធម្មសូត្រ ទី៦

[៧៦] ម្នាលភិក្ខុទាំងឡាយ (ប្រសិនបើ) ធម៌ទាំង ៣ នេះ មិនមាន​ក្នុងលោកទេ ព្រះតថាគត​អរហន្ត​សម្មាសម្ពុទ្ធ ក៏មិនគប្បី​កើតឡើង ក្នុង​លោកឡើយ ទាំង​ធម្មវិន័យ ដែល​ព្រះតថាគត​សំដែង​ហើយ ក៏មិនភ្លឺ​ច្បាស់ក្នុង​លោកដែរ។ ធម៌ទាំង ៣ តើដូចម្តេច។ គឺ​ជាតិ ១ ជរា ១ មរណៈ  ១។ ម្នាលភិក្ខុ​ទាំងឡាយ (ប្រសិនបើ) ធម៌ទាំង ៣ នេះ មិនមាន​ក្នុង​លោកទេ ព្រះតថាគត​អរហន្ត​សម្មាសម្ពុទ្ធ ក៏មិនគប្បី​កើតឡើង​ក្នុងលោក ទាំង​ធម្មវិន័យ ដែល​ព្រះតថាគត​សំដែងហើយ ក៏មិនភ្លឺច្បាស់ ក្នុងលោកនេះ​ដែរ។ ម្នាលភិក្ខុ​ទាំងឡាយ ធម៌ទាំង ៣ នេះ រមែង​មានក្នុងលោក ព្រោះ​ហេតុណា ព្រោះហេតុនោះ ទើប​ព្រះតថាគត អរហន្ត​សម្មាសម្ពុទ្ធ កើត​ឡើងក្នុងលោក ព្រោះ​ហេតុនោះ ទើប​ធម្មវិន័យ ដែល​ព្រះតថាគត​សំដែង​ហើយ ភ្លឺច្បាស់​ក្នុងលោកដែរ។ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គល​កាលមិន​បានលះបង់​ធម៌ទាំង ៣ ហើយ មិនគួរ​លះបង់ជាតិ លះបង់ជរា លះបង់​មរណៈ​បានទេ។ ធម៌ទាំង ៣ តើដូចម្តេច។ គឺមិន​លះបង់រាគៈ ១ មិន​លះបង់​ទោសៈ ១ មិនលះបង់​មោហៈ ១។ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គល កាលមិន​លះបង់​ធម៌ទាំង ៣ នេះចេញ​ហើយ មិនគួរ​លះបង់ជាតិ លះបង់​ជរា លះបង់​មរណៈ​បានទេ។ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គល​កាលមិនលះ​បង់ធម៌ទាំង ៣ ចេញហើយ មិនគួរ​លះបង់រាគៈ លះបង់​ទោសៈ លះបង់​មោហៈ​បានទេ។ ធម៌ទាំង ៣ តើដូចម្តេច។ គឺមិនលះបង់​សក្កាយទិដ្ឋិ ១ មិនលះបង់​វិចិកិច្ឆា ១ មិនលះបង់​សីលព្វតបរាមាសៈ ១។ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គលកាល​មិនលះបង់​ធម៌ទាំង ៣ នេះហើយ មិនគួរ​លះបង់រាគៈ លះបង់​ទោសៈ លះបង់​មោហៈ​បានទេ។ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គលកាល​មិនលះបង់​ធម៌ទាំង ៣​ ​ហើយ មិនគួរ​លះបង់​សក្កាយទិដ្ឋិ លះបង់​វិចិកិច្ឆា លះបង់​សីលព្វតបរាមាសៈ​បានទេ។ ធម៌ទាំង​ ៣ តើដូចម្តេច។ គឺមិន​លះបង់ នូវការធ្វើ​ទុកក្នុងចិត្ត​ដោយមិនមែន​ឧបាយ ១ មិនលះបង់​នូវកិរិយា​សេពគប់​នូវផ្លូវខុស ១ មិនលះបង់​នូវភាពរួញរា​នៃចិត្ត ១។ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គល​កាលមិនបាន​លះបង់​ធម៌ទាំង ៣ នេះ​ចេញហើយ មិនគួរ​លះបង់​សក្កាយទិដ្ឋិ លះបង់​វិចិកិច្ឆា លះបង់​សីលព្វតបរាមាសៈ​បានទេ។ ម្នាលភិក្ខុទាំងឡាយ បុគ្គល​កាលមិន​បានលះបង់​ធម៌ទាំង ៣ ចេញហើយ មិនគួរលះបង់​នូវការធ្វើទុក​ក្នុងចិត្ត ដោយ​មិនមែន​ឧបាយ លះបង់​នូវកិរិយាសេពគប់​នូវផ្លូវខុស លះបង់​នូវភាពរួញរា​នៃចិត្តបានទេ។ ធម៌​ទាំង ៣ តើដូចម្តេច។ គឺមិន​លះបង់​ការភ្លេចស្មារតី ១ មិនលះបង់​សេចក្តី​មិនដឹង​ខ្លួន ១ មិនលះបង់​សេចក្តី​រវើរវាយ​នៃចិត្ត ១។ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គល កាលមិន​បានលះបង់​ធម៌​ទាំង ៣ នេះហើយ មិនគួរ​លះបង់នូវ​ការធ្វើទុក​ក្នុងចិត្ត ដោយ​មិនមែនឧបាយ លះបង់​នូវកិរិយា​សេពគប់​នូវផ្លូវខុស លះ​បង់នូវភាព​រួញរា​នៃចិត្តបានទេ។ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គល​កាលមិន​បានលះបង់​ធម៌ទាំង ៣ ហើយ មិនគួរ​លះបង់​នូវការ​ភ្លេចស្មារតី លះបង់​នូវសេចក្តី​មិនដឹងខ្លួន លះបង់​នូវសេចក្តី​រវើរវាយ​នៃចិត្តបានទេ។ ធម៌​ទាំង ៣ តើដូចម្តេច។ គឺលះបង់​នូវភាព​នៃសេចក្តី​ប្រាថ្នា ដើម្បីមិន​ឃើញនូវព្រះ​អរិយៈ​ទាំងឡាយ ១ មិនលះបង់​នូវភាពនៃ​សេចក្តីប្រាថ្នា ដើម្បី​មិនស្តាប់​នូវអរិយធម៌ ១ មិនលះបង់​នូវភាព​នៃចិត្តប្រកាន់ ១។ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គល​កាលមិនបាន​លះបង់​ធម៌ទាំង ៣ នេះហើយ មិនគួរ​លះបង់នូវការ​ភ្លេចស្មារតី លះបង់​នូវសេចក្តី​មិនដឹងខ្លួន លះបង់​នូវ​សេចក្តី​រវើរវាយ នៃ​ចិត្តបានទេ។ ម្នាលភិក្ខុទាំងឡាយ បុគ្គល​កាលមិន​បានលះបង់​ធម៌ទាំង ៣ ចេញ​ហើយ មិនគួរ​លះបង់​នូវភាព​នៃសេចក្តីប្រាថ្នា ដើម្បី​មិនឃើញ​នូវ​ព្រះអរិយៈ​ទាំងឡាយ លះបង់នូវភាព​នៃសេចក្តី​ប្រាថ្នា ដើម្បីមិន​ស្តាប់នូវ​អរិយធម៌ លះបង់​នូវភាពនៃ​ចិត្តប្រកួត​ប្រកាន់បានទេ។ ធម៌ទាំង ៣ តើ​ដូចម្តេច។ គឺមិនលះបង់​នូវ​សេចក្តី​រវើរវាយ ១ មិនលះបង់​នូវសេចក្តី​មិន​សង្រួម ១ មិនលះបង់​នូវភាព​ទ្រុស្តសីល ១។ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គល​កាលមិន​បានលះបង់​ធម៌ទាំង ៣ នេះ​ហើយ មិនគួរ​លះបង់​នូវភាពនៃ​សេចក្តីប្រាថ្នា ដើម្បី​មិនឃើញ​នូវព្រះអរិយៈ​ទាំងឡាយ លះបង់​នូវភាពនៃ​សេចក្តីប្រាថ្នា ដើម្បីមិន​ស្តាប់នូវ​អរិយធម៌​ទាំងឡាយ លះបង់នូវ​ភាពនៃ​ចិត្ត​ប្រកួតប្រកាន់​បានទេ។ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គលកាល​មិនបានលះ​បង់ធម៌ទាំង ៣ ហើយ មិនគួរ​លះបង់នូវ​ចិត្តរវើរវាយ លះបង់​នូវសេចក្តី​មិនសង្រួម លះបង់​នូវភាព​ទ្រុស្តសីល​បានទេ។ ធម៌ទាំង ៣ តើដូចម្តេច។ គឺមិនលះបង់​នូវភាពមិន​មានសទ្ធា ១ មិនលះបង់​នូវភាព​មិនដឹង​នូវពាក្យ​ពោល ១ មិនលះបង់​នូវសេចក្តីខ្ជិល ១។ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គលកាល​មិនបាន​លះបង់ធម៌ ៣ នេះហើយ មិនគួរ​លះបង់​នូវសេចក្តី​រវើរវាយ លះបង់​នូវ​សេចក្តី​មិនសង្រួម លះបង់​នូវភាពទ្រុស្តសីល​បានទេ។ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គលកាល​មិនបាន​លះបង់ធម៌​ទាំង ៣ ចេញហើយ មិនគួរ​លះបង់​នូវភាព​មិនមានសទ្ធា លះបង់​នូវភាពមិន​ដឹងពាក្យពោល លះបង់​នូវសេចក្តី​ខ្ជិលបានទេ។ ធម៌​ទាំង ៣ តើដូចម្តេច។ គឺមិនលះបង់​នូវសេចក្តី​មិនអើពើ ១ មិនលះបង់​នូវភាពជា​អ្នកប្រដៅ​ក្រ ១ មិនលះបង់​នូវភាពនៃ​បាបមិត្រ ១។ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គល​កាលមិន​បាន​លះបង់​ធម៌ទាំង ៣ នេះហើយ មិនគួរលះបង់​នូវភាព​មិនមានសទ្ធា លះបង់​នូវភាព​មិនដឹង​ពាក្យពោល លះបង់​នូវសេចក្តី​ខ្ជិលបានទេ។ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គល កាល​មិនបាន​លះបង់​ធម៌ទាំង ៣ ហើយ មិនគួរលះបង់​នូវសេចក្តី​អើពើ លះបង់ភាព​នៃបាបមិត្រ​បានទេ។ ធម៌ទាំង ៣ តើ​ដូចម្តេច។ គឺមិនលះ​បង់​នូវសេចក្តី​មិនអៀនខ្មាស​នឹង​អំពើ​ទុច្ចរិត ១ មិនលះបង់​នូវសេចក្តីក្តៅ​ក្រហាយ​នឹងអំពើទុច្ចរិត ១ មិនលះបង់​នូវសេចក្តី​ធ្វេស​ប្រហែស ១។ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គលមិន​បានលះបង់​ធម៌ទាំង ៣ នេះហើយ មិនគួរ​លះបង់​នូវសេចក្តីមិនអើពើ លះបង់​នូវភាពជា​អ្នកប្រដៅក្រ លះបង់​នូវភាព​នៃបាបមិត្រ​បានទេ។ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គលនេះ ជាអ្នកមិន​មានសេចក្តី​អៀនខ្មាស មិនមាន​សេចក្តី​ក្តៅក្រហាយ​នឹងអំពើ​ទុច្ចរិត ជាអ្នក​ប្រមាទ។ កាលបើ​បុគ្គលនោះ ជាអ្នក​ប្រមាទ​ហើយ មិនគួរ​លះបង់នូវ​សេចក្តី​មិនអើពើ លះបង់​នូវភាព​ជាអ្នក​ប្រដៅក្រ លះបង់​នូវភាព​នៃបាបមិត្រ​បានទេ។ កាលបើបុគ្គល​នោះ មានបាបមិត្រ​ហើយ មិនគួរលះបង់​នូវភាព​​មិនមានសទ្ធា លះបង់​នូវភាពមិន​ដឹងពាក្យពោល លះបង់នូវ​សេចក្តីខ្ជិល​បានទេ។ កាលបើ​បុគ្គលនោះ មានសេចក្តី​ខ្ជិលហើយ មិនគួរ​លះបង់នូវ​សេចក្តីរវើរវាយ លះបង់​នូវសេចក្តី​មិនសង្រួម លះបង់​នូវភាពទ្រុស្តសីល​បានទេ។ កាល​បើបុគ្គលនោះ មានភាព​ជាអ្នកទ្រុស្តសីល​ហើយ មិនគួរ​លះបង់ភាព​នៃសេចក្តីប្រាថ្នា ដើម្បី​មិនឃើញ​ព្រះអរិយៈ​ទាំងឡាយ លះ​បង់នូវភាព​នៃសេចក្តី​ប្រាថ្នា ដើម្បីមិន​ស្តាប់នូវ​អរិយធម៌ លះបង់នូវភាព​នៃចិត្ត​ប្រកួតប្រកាន់​បានទេ។ កាលបើ​បុគ្គលនោះ មានភាព​នៃចិត្តប្រកួត​ប្រកាន់ហើយ មិនគួរ​លះបង់នូវ​ការភ្លេចស្មារតី លះបង់​នូវសេចក្តី​មិនដឹង​ខ្លួន លះបង់​នូវចិត្ត​រវើរវាយ​បានទេ។ កាលបើ​បុគ្គលនោះ មានចិត្ត​រវើរវាយហើយ មិនគួរ​លះបង់នូវ​ការធ្វើទុក​ក្នុងចិត្ត ដោយ​មិនមែន​ឧបាយ លះបង់​នូវកិរិយា​សេពគប់​នូវផ្លូវខុស លះបង់​នូវសេចក្តី​រួញរា​នៃចិត្ត​បានទេ។ កាលបើ​បុគ្គលនោះ មាន​ចិត្តរួញរា មិនគួរ​លះបង់​នូវសក្កាយទិដ្ឋិ លះបង់​នូវ​វិចិកិច្ឆា លះបង់​នូវ​សីលព្វតបរាមាសៈ​បានទេ។ កាលបើ​បុគ្គលនោះ មានវិចិកិច្ឆា មិនគួរ​លះបង់​រាគៈ លះបង់​ទោសៈ លះបង់​មោហៈ​បានទេ។ កាលបើ​មិនបាន​លះបង់​រាគៈ មិនបាន​លះបង់​ទោសៈ មិនបាន​លះបង់​មោហៈ មិនគួរ​លះបង់​ជាតិ លះបង់​ជរា លះបង់​មរណៈ​បានឡើយ។ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គលកាល​លះបង់ធម៌​ទាំង ៣ បាន​ហើយ ទើបគួរ​លះបង់ជាតិ លះបង់ជរា លះបង់​មរណៈ​បាន។ ធម៌ទាំង ៣ តើដូចម្តេច​ខ្លះ។ គឺ​លះបង់​រាគៈ ១ លះបង់​ទោសៈ ១ លះបង់​មោហៈ ១។ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គល​លះបង់​ធម៌ទាំង ៣ នេះចេញ​បានហើយ ទើបគួរលះ​បង់ជាតិ លះបង់ជរា លះបង់​មរណៈ​បាន។ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គល កាល​លះបង់ធម៌​ទាំង ៣ បានហើយ ទើបគួរ​លះបង់​រាគៈ លះបង់​ទោសៈ លះបង់​មោហៈបាន។ ធម៌ទាំង ៣ តើដូចម្តេច។ គឺលះបង់​សក្កាយទិដ្ឋិ ១ លះបង់​វិចិកិច្ឆា ១ លះបង់​សីលព្វតបរាមាសៈ ១។ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គល​កាលលះបង់​ធម៌ទាំង ៣ នេះ​បានហើយ ទើបគួរ​លះបង់រាគៈ លះ​បង់ទោសៈ លះបង់​មោហៈបាន។ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គល​កាលលះបង់​ធម៌ទាំង ៣ បានហើយ ទើបគួរ​លះបង់​សក្កាយទិដ្ឋិ លះបង់​វិចិកិច្ឆា លះបង់​សីលព្វតបរាមាសៈ​បាន។ ធម៌ទាំង ៣ តើដូច​ម្តេច។ គឺលះបង់​ការធ្វើទុក​ក្នុងចិត្តដោយ​មិនមែនឧបាយ ១ លះបង់​ការសេព​គប់ផ្លូវខុស ១ លះបង់​សេចក្តីរួញ​រានៃចិត្ត ១។ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គល​កាលលះបង់​ធម៌​ទាំង ៣ នេះបាន​ហើយ ទើបគួរលះ​បង់សក្កាយទិដ្ឋិ លះបង់​វិចិកិច្ឆា លះបង់​សីលព្វតបរាមាសៈ​បាន។ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គល​កាលលះបង់​ធម៌ទាំង ៣ បាន​ហើយ ទើបគួរ​លះបង់ការ​ធ្វើទុកក្នុងចិត្ត ដោយ​មិន​មែនឧបាយ លះបង់​នូវ​ការសេព​គប់នូវ​ផ្លូវខុស លះបង់​នូវសេចក្តី​រួញរានៃ​ចិត្តបាន។ ធម៌ទាំង ៣ តើដូចម្តេច។ គឺលះបង់​នូវការ​ភ្លេច​ស្មារតី ១ លះ​បង់នូវ​សេចក្តី​មិនដឹងខ្លួន ១ លះបង់​នូវសេចក្តី​រវើរវាយ​នៃចិត្ត ១។ ម្នាល​ភិក្ខុ​ទាំងឡាយ បុគ្គលកាល​លះបង់ធម៌​ទាំង ៣ បានហើយ ទើបគួរលះ​បង់​នូវការ​ធ្វើទុក​ក្នុងចិត្ត ដោយមិន​មែន​ឧបាយ លះបង់​នូវការសេព​គប់នូវ​ផ្លូវខុស លះបង់​នូវ​សេចក្តីរួញ​រានៃចិត្ត​បាន។ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គល​កាលលះបង់​ធម៌ទាំង ៣ បាន​ហើយ ទើបគួរ​លះបង់នូវ​ការភ្លេច​ស្មារតី លះបង់​នូវសេចក្តី​មិនដឹងខ្លួន លះបង់​នូវសេចក្តី​រវើរវាយ​នៃចិត្ត​បាន។ ធម៌ ទាំង ៣ តើដូចម្តេច។ គឺលះបង់​នូវសេចក្តី​ប្រាថ្នា ដើម្បី​មិនឃើញ​នូវព្រះ​អរិយៈ​ទាំងឡាយ ១ លះបង់​នូវសេចក្តី​ប្រាថ្នា ដើម្បី​មិនស្តាប់​នូវ​អរិយធម៌ ១ លះបង់​នូវចិត្តប្រកួត​ប្រកាន់ ១។ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គលកាលលះ​បង់​ធម៌ទាំង ៣ នេះ​បានហើយ ទើបគួរ​លះបង់នូវ​ការភ្លេចស្មារតី លះបង់​នូវ​សេចក្តិ​មិនដឹង​ខ្លួន លះបង់​នូវសេចក្តី​រវើរវាយ​នៃចិត្តបាន។ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គល​កាលលះបង់​ធម៌ទាំង ៣ បាន​ហើយ ទើបគួរ​លះបង់​សេចក្តីប្រាថ្នា ដើម្បី​មិនឃើញ​នូវព្រះអរិយៈ​ទាំងឡាយ លះបង់​នូវសេចក្តី​ប្រាថ្នា ដើម្បីមិន​ស្តាប់នូវ​អរិយធម៌ លះបង់​នូវចិត្ត​ប្រកួត​ប្រកាន់​បាន។ ធម៌​ទាំង ៣ តើដូចម្តេច។ គឺលះបង់​នូវសេចក្តី​រវើរវាយ ១ លះបង់​នូវសេចក្តី​មិន​សង្រួម ១ លះបង់​នូវភាព​ទ្រុស្តសីល ១។ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គល​កាល​លះបង់​ធម៌ទាំង ៣ នេះបាន​ហើយ ទើបគួរ​លះបង់​នូវសេចក្តីប្រាថ្នា ដើម្បី​មិនឃើញ​នូវព្រះអរិយៈ​ទាំងឡាយ លះបង់​នូវសេចក្តី​ប្រាថ្នា ដើម្បី​មិនស្តាប់​នូវអរិយធម៌ លះបង់​នូវចិត្ត​ប្រកួតប្រកាន់​បាន។ ម្នាលភិក្ខុ​ទាំង​ឡាយ បុគ្គលកាល​លះបង់​ធម៌ទាំង ៣ បាន​ហើយ ទើបគួរ​លះបង់នូវ​សេចក្តីរវើរវាយ លះបង់​នូវសេចក្តី​មិនសង្រួម លះបង់​នូវភាព​ទ្រុស្តសីល។ ធម៌ទាំង ៣ តើ​ដូចម្តេច។ គឺលះបង់​នូវភាព​មិនមានសទ្ធា ១ លះបង់​នូវ​សេចក្តី​មិនដឹងនូវ​ពាក្យពោល ១ លះបង់​នូវសេចក្តី​ខ្ជិល ១។ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គល​កាល​លះបង់​ធម៌ទាំង ៣ នេះបាន​ហើយ ទើបគួរលះ​បង់នូវសេចក្តី​រវើរវាយ លះបង់​នូវសេចក្តី​មិនសង្រួម លះបង់​នូវភាពទ្រុស្ត​សីលបាន។ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គល​កាលលះបង់​ធម៌ទាំង ៣ បាន​ហើយ ទើបគួរ​លះបង់​នូវភាព​មិនមានសទ្ធា លះបង់​នូវសេចក្តី​មិនដឹង​នូវ​ពាក្យពោល លះបង់​នូវសេចក្តី​ខ្ជិលបាន។ ធម៌​ទាំង ៣ តើដូចម្តេច។ គឺ​លះបង់​នូវសេចក្តី​មិនអើពើ ១ លះបង់​នូវភាពជា​អ្នកប្រដៅក្រ ១ លះបង់​នូវភាព​នៃ​បាបមិត្ត ១។ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គលកាល​លះបង់ធម៌​ទាំង ៣ បានហើយ ទើបគួរ​លះបង់នូវ​ភាពមិន​មានសទ្ធា លះបង់​នូវភាពមិន​ដឹង​នូវពាក្យពោល លះបង់​នូវសេចក្តី​ខ្ជិលបាន។ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គលកាល​លះបង់​ធម៌ទាំង ៣ បានហើយ ទើបគួរ​លះបង់​នូវសេចក្តី​មិន​អើពើ លះបង់​នូវភាពជា​អ្នកប្រដៅក្រ លះបង់​នូវភាព​នៃ​បាបមិត្ត​បាន។ ធម៌ទាំង ៣ តើដូចម្តេច។ គឺលះបង់​នូវសេចក្តី​មិនអៀនខ្មាស​នឹងអំពើ​ទុច្ចរិត ១ លះបង់​នូវសេចក្តី​មិនក្តៅ​នឹងអំពើ​ទុច្ចរិត ១ លះបង់នូវ​សេចក្តីធ្វេស​ប្រហែស ១។ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គលកាល​លះបង់ធម៌​ទាំង ៣ បាន​ហើយ ទើបគួរ​លះបង់​នូវសេចក្តី​មិនអើពើ លះបង់​នូវភាពជា​អ្នកប្រដៅក្រ លះបង់​នូវភាព​នៃបាបមិត្ត​បាន។ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គលនេះ ជាអ្នក​មានសេចក្តី​អៀនខ្មាស​នឹងអំពើទុច្ចរិត ក្តៅនឹង​អំពើទុច្ចរិត មិន​ប្រមាទ។ កាលបើ​បុគ្គលនោះ មិន​ប្រមាទហើយ ទើបគួរ​ដើម្បីលះបង់​នូវ​សេចក្តី​មិន​អើពើ លះបង់នូវ​ភាពជាអ្នក​ប្រដៅក្រ លះបង់នូវភាព​នៃបាបមិត្តបាន។ កាលបើ​បុគ្គលនោះ មាន​កល្យាណមិត្ត​ហើយ ទើបគួរ​ដើម្បីលះ​បង់នូវ​ភាពមិន​មានសទ្ធា លះបង់​នូវសេចក្តី​មិនដឹង​នូវពាក្យ​ពោល លះ​បង់នូវ​សេចក្តី​ខ្ជិលបាន។ កាលបើ​បុគ្គល​នោះ មានសេចក្តី​ព្យាយាម​ប្រារព្ធ​ហើយ ទើបគួរ​ដើម្បីលះបង់​នូវសេចក្តី​រវើរវាយ លះបង់​នូវការ​មិនសង្រួម លះ​បង់នូវភាព​ទ្រុស្តសីល​បាន។ កាលបើ​បុគ្គលនោះ មានសីល ទើប​គួរ​ដើម្បី​លះបង់នូវ​សេចក្តីប្រាថ្នា ដើម្បីមិន​ឃើញនូវ​ព្រះអរិយៈ​ទាំងឡាយ លះបង់​នូវ​សេចក្តី​ប្រាថ្នា ដើម្បីមិន​ស្តាប់នូវ​អរិយធម៌ លះបង់​នូវចិត្តប្រកួត​ប្រកាន់​បាន។ កាល​បើបុគ្គល​នោះ មិនមានចិត្ត​ប្រកួតប្រកាន់​ហើយ ទើបគួរ​ដើម្បីលះបង់​នូវការភ្លេច​ស្មារតី លះបង់​នូវសេចក្តី​មិនដឹងខ្លួន លះបង់​នូវ​សេចក្តី​រសាប់រសល់​នៃចិត្តបាន។ កាលបើ​បុគ្គល​នោះ មិនមាន​ចិត្តរសាប់រសល់​ហើយ ទើបគួរ​ដើម្បីលះបង់​នូវកិរិយា​ធ្វើទុកក្នុងចិត្ត ដោយ​មិនមែន​ឧបាយ លះបង់​នូវការសេពគប់​នូវផ្លូវខុស លះបង់​នូវសេចក្តី​រួញរានៃចិត្ត​បាន។ កាលបើ​បុគ្គលនោះ មិនមាន​ចិត្តរួញរា​ហើយ ទើបគួរ​ដើម្បីលះ​បង់​នូវសក្កាយទិដ្ឋិ លះបង់​នូវវិចិកិច្ឆា លះបង់​នូវសីលព្វតបរាមាសៈ​បាន។ កាលបើ​បុគ្គលនោះ មិនមាន​វិចិកិច្ឆា​ហើយ ទើបគួរ​ដើម្បី​លះបង់រាគៈ លះបង់​ទោសៈ លះបង់​មោហៈបាន។ កាលបើ​បុគ្គល​នោះ លះបង់​រាគៈ លះបង់​ទោសៈ លះបង់​មោហៈហើយ ទើបគួរ​ដើម្បី​លះបង់ជាតិ លះបង់​ជរា លះបង់​មរណៈបាន។

កាកសូត្រ ទី៧

[៧៧] ម្នាលភិក្ខុទាំងឡាយ ក្អែកប្រកប​ដោយ​អសទ្ធម្ម ១០ យ៉ាង។ ប្រកបដោយ​អសទ្ធម្ម​ទាំង ១០ យ៉ាង តើដូចម្តេច។ គឺជាសត្វកំចាត់បង់ (នូវគុណ) ១ ក្រអឺត​ក្រឱង ១ មានសេចក្តី​រវះរវាម ១ ស៊ីច្រើន ១ អាក្រក់ ១ មិនមាន​សេចក្តីករុណា ១ មាន​កំឡាំងថយ ១ មាន​សំឡេងគ្រាវ ១ មាន​ស្មារតី​វង្វេង ១ ធ្វើនូវ​សេចក្តី​សន្សំ ១។ ម្នាលភិក្ខុ​ទាំងឡាយ ក្អែកប្រកប​ដោយ​អសទ្ធម្ម ១០ យ៉ាងនេះឯង។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុ​បាបប្រកប​ដោយ​អសទ្ធម្ម ១០ យ៉ាង ក៏យ៉ាង​នោះដែរ។ ប្រកប​ដោយ​អសទ្ធម្ម ១០ យ៉ាង តើដូចម្តេច។ គឺជាអ្នក​កំចាត់បង់ (នូវគុណ) ១ ជាអ្នក​ក្រអឺតក្រឱង ១ ជាអ្នកមាន​សេចក្តី​រវះរវាម ១ ជាអ្នក​ស៊ីច្រើន ១ ជាមនុស្ស​អាក្រក់ ១ ជាអ្នក​មិនមា​ន​សេចក្តីករុណា ១ ជាអ្នកមាន​កំឡាំង​ថយ ១ ជាអ្នក​មានសំឡេង​អាក្រក់ ១ ជាអ្នកមាន​ស្មារតីវង្វេង ១ ជាអ្នកធ្វើ​នូវសេចក្តី​សន្សំ ១។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុ​បាបប្រកប​ដោយ​អសទ្ធម្ម ១០ យ៉ាងនេះ​ឯង។

និគណ្ឋសូត្រ ទី៨

[៧៨] ម្នាលភិក្ខុទាំងឡាយ ពួកនិគ្រន្ថ ប្រកបដោយ​អសទ្ធម្ម ១០ យ៉ាង។ ប្រកប​ដោយ​អសទ្ធម្ម ១០ យ៉ាង តើដូចម្តេច។ ម្នាលភិក្ខុ​ទាំងឡាយ ពួកនិគ្រន្ថ​មិនមានសទ្ធា ១ ម្នាលភិក្ខុ​ទាំងឡាយ ពួកនិគ្រន្ថ​ជាអ្នក​ទ្រុស្តសីល ១ ម្នាលភិក្ខុ​ទាំងឡាយ ពួកនិគ្រន្ថ​មិនមាន​ហិរិ ១ ម្នាលភិក្ខុ​ទាំងឡាយ ពួកនិគ្រន្ថ​មិនមាន​ឱត្តប្បៈ ១ ម្នាលភិក្ខុ​ទាំងឡាយ ពួកនិគ្រន្ថ ជាអ្នកមាន​អសប្បុរស​ជាមិត្រ ១ ម្នាលភិក្ខុ​ទាំងឡាយ ពួកនិគ្រន្ថ ជាអ្នក​ដំកើងខ្លួន​ឯង ហើយ​បង្អាប់បុគ្គល​ដទៃ ១ ម្នាលភិក្ខុ​ទាំងឡាយ ពួកនិគ្រន្ថ ជាអ្នក​ស្ទាបអង្អែល ក្នុងទិដ្ឋិ​របស់ខ្លួន​ ជាអ្នក​ប្រកាន់មាំ ជាអ្នក​លះបង់នូវ​អំពើ ដែលខ្លួន​ប្រកាន់​បាន​ដោយ​កម្រ ១ ម្នាលភិក្ខុ​ទាំងឡាយ ពួកនិគ្រន្ថ ជាអ្នក​កុហក ១ ម្នាលភិក្ខុ​ទាំងឡាយ ពួកនិគ្រន្ថ​ជាអ្នកមាន​សេចក្តីប្រាថ្នា​ដ៏លាមក ១ ម្នាលភិក្ខុ​ទាំងឡាយ ពួកនិគ្រន្ថ​ជាអ្នកមាន​ទិដ្ឋិខុស ១។ ម្នាល​ភិក្ខុទាំងឡាយ ពួកនិគ្រន្ថ​ប្រកបដោយ​អសទ្ធម្ម ១០ យ៉ាងនេះ​ឯង។

អាឃាតវត្ថុសូត្រ ទី៩

[៧៩] ម្នាលភិក្ខុទាំងឡាយ អាឃាតវត្ថុ (ហេតុនៃគំនុំ) នេះមាន ១០ យ៉ាង។ អាឃាតវត្ថុ​ទាំង ១០ យ៉ាង តើដូចម្តេច។ គឺបុគ្គល​ចងគំនុំ ដោយ​គិតថា ជនឯណោះ បានប្រព្រឹត្ត​នូវអំពើ​មិនជា​ប្រយោជន៍ ដល់អាត្មាអញ​ហើយ ១ ចងគំនុំ ដោយគិតថា ជនឯណោះ កំពុង​ប្រព្រឹត្តនូវ​អំពើមិនជា​ប្រយោជន៍ ដល់​អាត្មាអញ ១ ចងគំនុំ ដោយ​គិតថា ជនឯណោះ នឹង​ប្រព្រឹត្តនូវ​អំពើ​មិនជា​ប្រយោជន៍ ដល់អាត្មាអញ ១ ចងគំនុំ ដោយ​គិតថា ជនឯណោះ បានប្រព្រឹត្ត​នូវអំពើ​មិនជា​ប្រយោជន៍​ដល់បុគ្គល​ជាទី​ស្រឡាញ់ ជាទី​គាប់ចិត្ត របស់អាត្មា​អញហើយ… ១ កំពុង​ប្រព្រឹត្តនូវ​អំពើ​មិន​ជា​ប្រយោជន៍… ១ នឹងប្រព្រឹត្ត​នូវអំពើ​មិនជា​ប្រយោជន៍ ១ ចងគំនុំ ដោយ​គិតថា ជនឯណោះ បានប្រព្រឹត្ត​នូវអំពើជា​ប្រយោជន៍ ដល់បុគ្គល​មិនជា​ទីស្រឡាញ់ មិន​ជាទីគាប់​ចិត្ត​របស់អាត្មា​អញហើយ… ១ កំពុង​ប្រព្រឹត្ត​នូវ​អំពើ​ជា​ប្រយោជន៍… ១ នឹង​ប្រព្រឹត្តនូវ​អំពើជា​ប្រយោជន៍ ១ ក្រោធក្នុង​ទី​ដែល​មិនគួរ ១។ ម្នាលភិក្ខុ​ទាំងឡាយ អាឃាតវត្ថុ មាន ១០ យ៉ាង​នេះឯង។

អាឃាតបដិវិនយសូត្រ ទី១០

[៨០] ម្នាលភិក្ខុទាំងឡាយ អាឃាតប្បដិវិន័យ (ការកំចាត់​បង់នូវគំនុំ) នេះមាន ១០ យ៉ាង។ អាឃាតប្បដិវិន័យ​ទាំង ១០​យ៉ាង តើដូចម្តេច។ គឺបុគ្គល​កំចាត់​បង់​នូវគំនុំ ដោយគិតថា ជនឯ​ណោះ បានប្រព្រឹត្ត​នូវអំពើ​មិនជា​ប្រយោជន៍ ដល់​អាត្មាអញ​ហើយ អាត្មាអញ គប្បីបាន​នូវអំពើ​មិនជា​ប្រយោជន៍នោះ ក្នុងបុគ្គល​នុ៎ះ​អំពីណា ១ កំចាត់​បង់នូវគំនុំ ដោយគិតថា ជនឯណោះ កំពុង​ប្រព្រឹត្តនូវ​អំពើមិនជា​ប្រយោជន៍ ដល់​អាត្មាអញ អាត្មាអញ គប្បីបាន​នូវអំពើ​មិនជា​ប្រយោជន៍​នោះ ក្នុងបុគ្គល​នុ៎ះ អំពីណា ១ កំចាត់​បង់នូវគំនុំ ដោយគិតថា ជនឯ​ណោះ នឹង​ប្រព្រឹត្តនូវ​អំពើមិន​ជាប្រយោជន៍ ដល់អាត្មាអញ អាត្មាអញ គប្បីបាន​នូវអំពើមិន​ជាប្រយោជន៍នោះ ក្នុង​បុគ្គលនុ៎ះ​អំពីណា ១ កំចាត់​បង់នូវគំនុំ ដោយ​គិតថា ជនឯណោះ បាន​ប្រព្រឹត្តអំពើ​មិនជា​ប្រយោជន៍ ដល់បុគ្គល​ជាទីស្រឡាញ់ ជាទីគាប់​ចិត្តរបស់​អាត្មាអញ​ហើយ… ១ កំពុង​ប្រព្រឹត្តនូវ​អំពើមិនជា​ប្រយោជន៍… ១ នឹង​ប្រព្រឹត្តនូវ​អំពើមិនជា​ប្រយោជន៍ អាត្មាអញ គប្បីបាន​នូវអំពើ​មិនជា​ប្រយោជន៍​នោះ ក្នុង​បុគ្គលនុ៎ះ អំពីណា ១ កំចាត់​បង់នូវ​គំនុំ ដោយគិតថា ជន​ឯណោះ បានប្រព្រឹត្ត​នូវអំពើ​ជាប្រយោជន៍ ដល់​បុគ្គលមិន​ជាទី​ស្រឡាញ់ មិនជាទីគាប់​ចិត្តរបស់​អាត្មាអញ​ហើយ ១… កំពុង​ប្រព្រឹត្តនូវ​អំពើជា​ប្រយោជន៍… ១ នឹង​ប្រព្រឹត្តនូវ​អំពើជា​ប្រយោជន៍ អាត្មាអញ គប្បីបាន​នូវអំពើជា​ប្រយោជន៍​នោះ ក្នុងបុគ្គល​នុ៎ះ អំពីណា ១ មិនក្រោធ​ក្នុងទី​មិនគួរ ១។ ម្នាលភិក្ខុ​ទាំងឡាយ អាឃាតប្បដិវិន័យ មាន ១០ យ៉ាងនេះឯង។

ចប់ អាកង្ខវគ្គ ទី៣។

ឧទ្ទាននៃអាកង្ខវគ្គនោះគឺ

និយាយអំពីសេចក្តីប្រាថ្នា ១ អំពីធម៌ជាបន្លា ១ អំពីធម៌​ជាទីប្រាថ្នា ១ អំពីសេចក្តី​ចំរើន ១ អំពី​មិគសាលាឧបាសិកា ១ អំពីបុគ្គល​មិនគួរ​លះបង់ ១ អំពី​ក្អែក ១ អំពី​ពួកនិគ្រន្ថ ១ អំពី​វត្ថុ ១០ យ៉ាង មាន (ពីរលើក) ១។

ថេរវគ្គ ទី៤

វាហនសូត្រ ទី១

[៨១] សម័យមួយ ព្រះដ៏មានព្រះភាគ គង់ក្បែរឆ្នេរ​ស្រះឈ្មោះ​គគ្គរា ជិតក្រុង​ចម្បា។ គ្រានោះ ព្រះវាហុនៈ​ដ៏មានអាយុ ចូលទៅគាល់​ព្រះដ៏​មានព្រះភាគ លុះចូល​ទៅដល់ ក្រាបថ្វាយ​បង្គំព្រះដ៏មាន​ព្រះភាគ​ ហើយ​អង្គុយ​ក្នុង​​ទីសមគួរ។ លុះ​ព្រះ​វាហុនៈ​ដ៏មានអាយុ អង្គុយ​ក្នុងទីសមគួរ​ហើយ បានក្រាប​បង្គំទូលសួរ​ព្រះដ៏មានព្រះភាគ​ដូច្នេះថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន ព្រះតថាគត មាន​ព្រះហឫទ័យ​ទំលាយនូវ​ទំនប់ គឺកិលេស តើ​រលាស់​ចេញ ឃ្លាតចេញ រួច​ស្រឡះ ចាកធម៌​ប៉ុន្មានយ៉ាង។ ព្រះដ៏មាន​ព្រះភាគ ទ្រង់ត្រាស់​ថា ម្នាល​វាហុនៈ ព្រះតថាគត​មានចិត្ត​ទំលាយ​នូវទំនប់ គឺកិលេស រលាស់​ចេញ ឃ្លាតចេញ រួចស្រឡះ​ចាកធម៌ ១០ យ៉ាង។ ធម៌  ១០ យ៉ាង តើអ្វីខ្លះ។ ម្នាល​វាហុនៈ ព្រះតថាគត​មានចិត្តទំលាយ​នូវទំនប់ គឺកិលេស រលាស់ចេញ ឃ្លាតចេញ រួច​ស្រឡះ​ចាករូប ១ ម្នាល​វាហុនៈ ចាកវេទនា …១ ម្នាល​វាហុនៈ ចាកសញ្ញា… ១ ម្នាលវាហុនៈ ចាកសង្ខារ​ទាំងឡាយ… ១ ម្នាល​វាហុនៈ ចាក​វិញ្ញាណ… ១ ម្នាល​វាហុនៈ ចាកជាតិ… ១ ម្នាល​វាហុនៈ ចាកជរា… ១ ម្នាល​វាហុនៈ ចាកមរណៈ …១ ម្នាលវាហុនៈ ចាក​ទុក្ខ​ទាំងឡាយ… ១ ម្នាល​វាហុនៈ ព្រះតថាគត​មានចិត្តទំលាយ​នូវទំនប់ គឺកិលេស រលាស់​ចេញ ឃ្លាតចេញ រួចស្រឡះ​ចាកកិលេស ១។ ម្នាល​វាហុនៈ ដូច​ឧប្បល​ក្តី ឈូកក្រហម​ក្តី ឈូកស​ក្តី ដែលដុះ​ក្នុងទឹក លូតលាស់​ក្នុងទឹក លូតផុត​អំពីទឹក មិនជាប់​ដោយទឹក យ៉ាង​ណា​មិញ ម្នាល​វាហុនៈ ព្រះតថាគត មានចិត្ត​ទំលាយ​នូវទំនប់ គឺកិលេស រលាស់​ចេញ ឃ្លាត​ចេញ ផុតស្រឡះ​ហើយ ចាកធម៌ទាំង ១០ ប្រការនេះ ក៏យ៉ាង​នោះដែរ។

អានន្ទសូត្រ ទី២

[៨២] គ្រានោះ ព្រះអានន្ទដ៏មានអាយុ បានចូលទៅគាល់​ព្រះដ៏មាន​ព្រះភាគ លុះចូល​ទៅដល់ ក្រាបថ្វាយ​បង្គំ​ព្រះដ៏មានព្រះភាគ ហើយ​អង្គុយ​ក្នុងទីសមគួរ។ លុះ​ព្រះអានន្ទ​ដ៏មានអាយុ អង្គុយ​ក្នុងទី​សមគួរ​ហើយ ទើបព្រះដ៏មាន​ព្រះភាគ ទ្រង់ត្រាស់​ដូច្នេះ​ថា ម្នាលអានន្ទ ពាក្យថា ភិក្ខុ​នោះឯង មិនមាន​សទ្ធា នឹងដល់​នូវសេចក្តី​ចំរើន លូតលាស់​ធំទូលាយ ក្នុងធម្មវិន័យ​នេះ ដូច្នេះនុ៎ះ មិនមែន​ជាឋានៈទេ។ ម្នាល​អានន្ទ ពាក្យថា ភិក្ខុនោះឯង ជាអ្នក​ទ្រុស្តសីល នឹងដល់នូវ​សេចក្តី​ចំរើន​លូតលាស់​ធំទូលាយ ក្នុង​ធម្មវិន័យនេះ ដូច្នេះនុ៎ះ មិនមែន​ជាឋានៈទេ។ ម្នាល​អានន្ទ ពាក្យថា ភិក្ខុនោះឯង ជាអ្នក​ចេះដឹង​តិច នឹងដល់នូវ​សេចក្តី​ចំរើន លូតលាស់ធំទូលាយ ក្នុង​ធម្មវិន័យនេះ ដូច្នេះនុ៎ះ មិនមែន​ជាឋានៈទេ។ ម្នាល​អានន្ទ ពាក្យថា ភិក្ខុនោះឯង ជាអ្នក​ប្រដៅក្រ នឹងដល់​នូវសេចក្តី​ចំរើន លូតលាស់​ធំទូលាយ ក្នុងធម្មវិន័យ​នេះ ដូច្នេះនុ៎ះ មិនមែន​ជាឋានៈទេ។ ម្នាល​អានន្ទ ពាក្យថា ភិក្ខុនោះឯង ជាអ្នក​មានមិត្ត​អាក្រក់ នឹងដល់​នូវសេចក្តី​ចំរើន លូតលាស់​ធំទូលាយ ក្នុង​ធម្មវិន័យ​នេះ ដូច្នេះនុ៎ះ មិន​មែន​ជាឋានៈទេ។ ម្នាលអានន្ទ ពាក្យថា ភិក្ខុនោះឯង ជាអ្នក​ខ្ជិលច្រអូស នឹងដល់នូវ​សេចក្តី​ចំរើន លូតលាស់​ធំទូលាយ ក្នុង​ធម្មវិន័យ​នេះ ដូច្នេះនុ៎ះ មិនមែន​ជាឋានៈទេ។ ម្នាល​អានន្ទ ពាក្យថា ភិក្ខុនោះឯង ជាអ្នក​មានស្មារតី​ភ្លេចភ្លាំង នឹងដល់​នូវសេចក្តី​ចំរើន លូតលាស់​ធំទូលាយ ក្នុងធម្មវិន័យ​នេះ ដូច្នេះ​នុ៎ះ មិនមែន​ជាឋានៈទេ។ ម្នាល​អានន្ទ ពាក្យថា ភិក្ខុ​នោះឯង ជាអ្នក​មិនមាន​សន្តោស នឹងដល់នូវ​សេចក្តី​ចំរើន លូតលាស់​ធំទូលាយ ក្នុង​ធម្មវិន័យ​នេះ ដូច្នេះនុ៎ះ មិនមែន​ជាឋានៈ​ទេ។ ម្នាល​អានន្ទ ពាក្យថា ភិក្ខុនោះឯង ជាអ្នក​ប្រាថ្នាលាមក នឹងដល់​នូវសេចក្តី​ចំរើន លូតលាស់​ធំទូលាយ ក្នុង​ធម្មវិន័យនេះ ដូច្នេះនុ៎ះ មិនមែន​ជាឋានៈទេ។ ម្នាល​អានន្ទ ពាក្យថា ភិក្ខុនោះ​ឯង ជាមិច្ឆាទិដ្ឋិ នឹងដល់នូវ​សេចក្តី​ចំរើន លូតលាស់ ធំទូ​លាយ ក្នុងធម្មវិន័យ​នេះ ដូច្នេះនុ៎ះ មិនមែនជា​ឋានៈទេ។ ម្នាលអានន្ទ ពាក្យថា ភិក្ខុនោះ​ឯង ប្រកបដោយ​ធម៌ទាំង ១០ ប្រការនេះ នឹងដល់នូវ​សេចក្តី​ចំរើន លូតលាស់ ធំទូលាយ ក្នុងធម្ម​វិន័យនេះ ដូច្នេះនុ៎ះ មិនមែន​ជាឋានៈទេ។ ម្នាលអានន្ទ ពាក្យថា ភិក្ខុនោះឯង ជាអ្នក​មានសទ្ធា នឹងដល់នូវ​សេចក្តី​ចំរើន លូតលាស់​ធំទូលាយ ក្នុងធម្មវិន័យនេះ ដូច្នេះ​នុ៎ះ ទើបជា​ឋានៈ។ ម្នាលអានន្ទ ពាក្យថា ភិក្ខុនោះឯង ជាអ្នកមាន​សីល នឹង​ដល់នូវសេចក្តី​ចំរើន លូតលាស់​ធំទូលាយ ក្នុង​ធម្មវិន័យនេះ ដូច្នេះនុ៎ះ ទើបជាឋានៈ។ ម្នាល​អានន្ទ ពាក្យថា ភិក្ខុនោះឯង ជាអ្នកចេះ​ដឹង អ្នកទ្រទ្រង់​ព្រះសូត្រ នឹងដល់​នូវសេចក្តី​ចំរើន លូតលាស់ ធំទូលាយ ក្នុងធម្មវិន័យនេះ ដូច្នេះនុ៎ះ ទើបជាឋានៈ។ ម្នាលអានន្ទ ពាក្យថា ភិក្ខុ​នោះឯង ជាអ្នក​ប្រដៅងាយ នឹងដល់នូវ​សេចក្តី​ចំរើន លូតលាស់ ធំទូលាយ ក្នុងធម្មវិន័យ​នេះ ដូច្នេះនុ៎ះ ទើប​ជាឋានៈ។ ម្នាលអានន្ទ ពាក្យថា ភិក្ខុនោះ​ឯង ជាអ្នកមាន​កល្យាណមិត្ត នឹងដល់នូវ​សេចក្តី​ចំរើន លូតលាស់ ធំទូលាយ ក្នុង​ធម្មវិន័យនេះ ដូច្នេះនុ៎ះ ទើប​ជាឋានៈ។ ម្នាលអានន្ទ ពាក្យថា ភិក្ខុនោះឯង ជាអ្នកមាន​ព្យាយាម​ប្រារព្ធហើយ នឹងដល់នូវ​សេចក្តី​ចំរើន លូតលាស់ ធំទូលាយ ក្នុងធម្មវិន័យនេះ ដូច្នេះ​នុ៎ះ ទើបជា​ឋានៈ។ ម្នាលអានន្ទ ពាក្យថា ភិក្ខុនោះ​ឯង ជាអ្នក​មានស្មារតី​តាំងមាំ នឹង​ដល់​នូវ​សេចក្តី​ចំរើន លូតលាស់​ធំទូលាយ ក្នុង​ធម្មវិន័យនេះ ដូច្នេះនុ៎ះ ទើបជាឋានៈ។ ម្នាល​អានន្ទ ពាក្យថា ភិក្ខុនោះឯង ជាអ្នកមាន​ចិត្តសន្តោស នឹង​ដល់នូវ​សេចក្តី​ចំរើន​លូតលាស់ ធំទូលាយ ក្នុង​ធម្មវិន័យនេះ ដូច្នេះនុ៎ះ ទើបជាឋានៈ។ ម្នាល​អានន្ទ ពាក្យថា ភិក្ខុនោះ​ឯង ជាអ្នក​ប្រាថ្នាតិច នឹង​ដល់នូវសេចក្តី​ចំរើនលូតលាស់ ធំទូលាយ ក្នុង​ធម្មវិន័យនេះ ដូច្នេះ​នុ៎ះ ទើបជាឋានៈ។ ម្នាល​អានន្ទ ពាក្យថា ភិក្ខុនោះឯង ជា​សម្មាទិដ្ឋិ នឹងដល់​នូវសេចក្តី​ចំរើន​លូតលាស់ ធំទូលាយ ក្នុង​ធម្មវិន័យនេះ ដូច្នេះនុ៎ះ ទើប​ជា​ឋានៈ។ ម្នាលអានន្ទ ពាក្យថា ភិក្ខុនោះ​ឯង ប្រកប​ដោយ​ធម៌ទាំង ១០ យ៉ាងនេះ នឹងដល់​នូវសេចក្តី​ចំរើន លូតលាស់ ធំទូលាយ ក្នុង​ធម្មវិន័យ​នេះ ដូច្នេះនុ៎ះ ទើប​ជាឋានៈ។

បុណ្ណិយសូត្រ ទី៣

[៨៣] គ្រានោះ ព្រះបុណ្ណិយៈ​ដ៏មានអាយុ បានចូលទៅ​គាល់ព្រះដ៏​ព្រះភាគ លុះចូល​ទៅដល់ ក្រាបថ្វាយបង្គំ​ព្រះដ៏មានព្រះភាគ ហើយ​អង្គុយក្នុង​ទីសមគួរ។ លុះ​ព្រះបុណ្ណិយៈ​ដ៏មានអាយុ អង្គុយ​ក្នុងទីសមគួរ​ហើយ ក៏ក្រាបបង្គំទូល​សួរ​ព្រះដ៏មានព្រះភាគ​ដូច្នេះថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន ហេតុដូចម្តេច បច្ច័យ​ដូចម្តេច ក្នុងកាលខ្លះ ធម្មទេសនា ប្រាកដ​ដល់ព្រះតថាគត ក្នុងកាលខ្លះ មិនប្រាកដ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់​ថា ម្នាល​បុណ្ណិយៈ ភិក្ខុជាអ្នក​មានសទ្ធា តែមិនចូល​ទៅរក ដរាបណា ធម្មទេសនា​មិនប្រាកដ ដល់​ព្រះតថាគត ដរាប​នោះ។ ម្នាលបុណ្ណិយៈ កាលបើ​ភិក្ខុមាន​សទ្ធាផង ចូលទៅរក​ផង យ៉ាងនេះ ទើប​ធម្មទេសនា ប្រាកដ​ដល់ព្រះតថាគត ម្នាល​បុណ្ណិយៈ ភិក្ខុអ្នកមាន​សទ្ធាផង ចូលទៅ​រកផង តែមិនចូល​ទៅអង្គុយជិត… ចូល​ទៅអង្គុយ​ជិតហើយ តែមិន​សាកសួរ… សាកសួរ​ហើយ តែមិនផ្ចង់​ត្រចៀក​ស្តាប់ធម៌… ផ្ចង់​ត្រចៀក​ស្តាប់ធម៌​ហើយ តែស្តាប់​មិនចាំធម៌ … ស្តាប់ចាំធម៌​ទុកហើយ… តែ​មិន​ពិចារណា​នូវ​អត្ថ​នៃធម៌ ដែលខ្លួន​ចាំទុក​ហើយ… ពិចារណា​​នូវធម៌ ដែល​ខ្លួនចាំ​​ទុកហើយ តែមិនដឹង​អត្ថ​មិន​ដឹង​ធម៌ ប្រតិបត្តិ​​សមគួរ​តាមធម៌… ដឹងអត្ថ​ដឹងធម៌ ប្រតិបត្តិ​សមគួរ​តាមធម៌ហើយ តែមិន​មាន​វាចាល្អ ពោលពាក្យ​ដ៏ពីរោះ ប្រកបដោយ​សម្តីអ្នកក្រុង ដែលជា​វាចា​ច្បាស់លាស់ ជាវាចាឥតទោស ញុំាងជនដទៃ​ឲ្យដឹងនូវ​អត្ថបាន មាន​វាចាល្អ ពោល​ពាក្យ​ពីរោះ ប្រកបដោយ​សម្តីអ្នកក្រុង ជា​វាចាឥត​ទោស ញុំាងជនដទៃ​ឲ្យដឹងនូវ​អត្ថហើយ តែមិន​ពន្យល់ មិនណែនាំ មិនឲ្យក្លៀវក្លា មិនឲ្យ​រីករាយ ដល់ពួក​សព្រហ្មចារី​បុគ្គល ធម្មទេសនា រមែងមិន​ប្រាកដ​ដល់​ព្រះតថាគត ដរាបនោះ​ទេ។ ម្នាលបុណ្ណិយៈ លុះ​តែ​ភិក្ខុមានសទ្ធា ១ បានចូល​មកជិត ១ ចូលទៅ​អង្គុយជិត ១ សាកសួរ ១ ផ្ចង់​ត្រចៀក​ស្តាប់ធម៌ ១ ស្តាប់ហើយ​ចាំធម៌ទុក ១ ពិចារណា​នូវអត្ថនៃ​ធម៌ ដែល​ខ្លួនចាំហើយ ១ ដឹង​អត្ថ​ដឹងធម៌ ហើយ​ប្រតិបត្តិ​សមគួរ​តាមធម៌ ១ មាន​វាចាល្អ ពោលពាក្យ​ពីរោះ ប្រកប​ដោយវាចា​អ្នកក្រុង ជាវាចា​ល្អច្បាស់​លាស់ ជាវាចា​ឥតទោស អាចញុំាង​ជនដទៃ ឲ្យដឹង​សេចក្តី ១ ពន្យល់​ណែនាំ ឲ្យក្លាហាន ឲ្យរីករាយ ដល់ពួក​សព្រហ្មចារី​បុគ្គល ១ យ៉ាងនេះ ទើប​ធម្មទេសនា​ប្រាកដ​ដល់​ព្រះតថាគត។ ម្នាល​បុណ្ណិយៈ ធម្មទេសនា ដែល​ប្រកប​ដោយ​ធម៌ទាំង ១០ យ៉ាងនេះ​ឯង ទើបប្រាកដ​ដល់ព្រះតថាគត​ដោយពិត។

ព្យាករណសូត្រ ទី៤

[៨៤] ក្នុងទីនោះ ព្រះមហាមោគ្គល្លាន​ដ៏មានអាយុ ហៅភិក្ខុទាំង​ឡាយមកថា ម្នាល​អាវុសោ​ភិក្ខុ​ទាំងឡាយ។ ភិក្ខុ​ទាំងនោះ បានទទួល​ស្តាប់ពាក្យ​របស់​ព្រះមហាមោគ្គល្លាន​ដ៏មាន​អាយុថា ព្រះករុណា អាវុសោ។ ព្រះមហា​មោគ្គល្លាន​ដ៏មាន​អាយុ ក៏ពោល​ពាក្យ​ដូច្នេះថា ម្នាលអាវុសោ​ទាំងឡាយ ភិក្ខុ​ក្នុង​សាសនា​នេះ អួត​នូវ​អរហត្តផល​ថា អាត្មាអញ​ដឹងច្បាស់​ថា ជាតិអស់​ហើយ មគ្គ​ព្រហ្មចរិយៈ អាត្មាអញ​ប្រព្រឹត្ត​ចប់ហើយ សោឡសកិច្ច អាត្មាអញ​បានធ្វើ​ស្រេចហើយ មគ្គភាវនា​កិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បី​កិច្ចនេះ​ទៀត មិនមាន​ឡើយ។ ព្រះតថាគត ឬ​សាវក របស់​ព្រះតថាគត ជាអ្នក​មានឈាន ឈ្លាសក្នុង​សមាបត្តិ ឈ្លាស​ក្នុងការ​ដឹងនូវចិត្ត​នៃ​បុគ្គល​ដទៃ ឈ្លាសក្នុង​វារៈនៃ​ចិត្ត​របស់​បុគ្គល​ដទៃ តែងសួរ​ឈ្លេចឈ្លី ដេញដោល ពិនិត្យ​បញ្ជាក់​មើលនូវ​ភិក្ខុនោះ។ ភិក្ខុនោះ កាល​បើ​ព្រះតថាគត ឬសាវក​របស់​ព្រះតថាគត ជាអ្នក​មាន​ឈាន ឈ្លាសក្នុង​សមាបត្តិ ឈ្លាសក្នុង​ការដឹងនូវ​ចិត្តនៃ​បុគ្គលដទៃ ឈ្លាស​ក្នុងវារៈ​នៃចិត្ត របស់​បុគ្គលដទៃ សួរ​ឈ្លេចឈ្លី ដេញដោល ពិនិត្យ​បញ្ជាក់​មើល ក៏ដល់​នូវ​ភាវៈ​ទទេ ដល់នូវ​ភាវៈ​ឥតគុណ ដល់នូវ​សេចក្តី​មិនចំរើន ដល់​នូវសេចក្តីវិនាស ដល់​នូវសេចក្តី​មិនចំរើន និង​សេចក្តីវិនាស។ ព្រះតថាគត ឬ​សាវក​របស់​ព្រះតថាគត ជាអ្នក​មាន​ឈាន ឈ្លាសក្នុង​សមាបត្តិ ឈ្លាស​ក្នុងការ​ដឹងចិត្ត​របស់​បុគ្គលដទៃ ឈ្លាស​ក្នុងវារៈ​នៃ​ចិត្ត​របស់​បុគ្គល​ដទៃ ធ្វើទុក​ក្នុងចិត្ត ព្រោះបាន​កំណត់ដឹង​នូវចិត្ត​ដោយចិត្ត​យ៉ាងនេះថា ហេតុ​អ្វី អ្នកដ៏​មានអាយុ​នេះ អួតនូវ​អរហត្តផល​ថា អាត្មាអញ​ដឹងច្បាស់ថា ជាតិ​អស់​ហើយ មគ្គព្រហ្មចរិយៈ អាត្មាអញ​បានប្រព្រឹត្ត​ចប់ហើយ សោឡសកិច្ច អាត្មាអញ​បាន​ធ្វើ​ស្រេច​ហើយ មគ្គភាវនា​កិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បី​កិច្ចនេះ​ទៀត មិនមាន​ឡើយ។ ព្រះតថាគត ឬសាវក​របស់​ព្រះតថាគត ជាអ្នកមាន​ឈាន ឈ្លាសក្នុង​សមាបត្តិ ឈ្លាស​ក្នុងការ​ដឹងចិត្ត​នៃបុគ្គល​ដទៃ ឈ្លាសក្នុង​វារៈនៃចិត្ត​របស់បុគ្គល​ដទៃ ក៏ដឹងច្បាស់​នូវបុគ្គល​នោះ ព្រោះបាន​កំណត់ដឹង​នូវចិត្តដោយ​ចិត្ត យ៉ាងនេះថា អ្នកដ៏មាន​អាយុនេះ ជាអ្នក​មានសេចក្តី​ក្រោធ មានចិត្តត្រូវ​សេចក្តី​ក្រោធ រួបរឹត​នៅដោយ​ច្រើន ចំណែក​ខាង​ការរួប​រឹត​ដោយ​សេចក្តី​ក្រោធនេះ ជាសេចក្តី​សាបសូន្យ ក្នុង​ធម្មវិន័យ ដែល​ព្រះតថាគត ប្រកាស​ហើយ។ អ្នកដ៏មាន​អាយុនេះ ជាអ្នក​មាន​ឧបនាហៈ មានចិត្តត្រូវ​ឧបនាហៈ រួបរឹត​នៅដោយ​ច្រើន ចំណែកខាង​ការរួបរឹត ដោយ​ឧបនាហៈ​នេះ ជាសេចក្តី​សាបសូន្យ ក្នុង​ធម្មវិន័យ ដែល​ព្រះតថាគត​ប្រកាស​ហើយ។ អ្នកដ៏មាន​អាយុនេះ ជាអ្នក​មានមក្ខៈ មាន​ចិត្ត​ត្រូវមក្ខៈ​រួបរឹត​នៅដោយ​ច្រើន ចំណែក​ខាងការ​រួបរឹត ដោយមក្ខៈនេះ ជា​សេចក្តី​សាបសូន្យ ក្នុង​ធម្មវិន័យ ដែល​ព្រះតថាគត​ប្រកាស​ហើយ។ អ្នកដ៏មាន​អាយុនេះ ជាអ្នក​មាន​បឡាសៈ មានចិត្តត្រូវ​បឡាសៈ​រួបរឹតនៅ​ដោយច្រើន ចំណែក​ខាងការ​រួបរឹត ដោយ​បឡាសៈ​នេះ ជាសេចក្តី​សាបសូន្យ ក្នុងធម្ម​វិន័យ​ដែល​ព្រះតថាគត​ប្រកាសហើយ។ អ្នកដ៏​មានអាយុ​នេះ ជាអ្នក​មាន​ឫស្យា មានចិត្ត​ត្រូវឫស្យា​រួបរឹត​នៅដោយ​ច្រើន ចំណែក​ខាង​ការរួបរឹត​ដោយ​ឫស្យា​នេះ ជាសេចក្តី​សាបសូន្យ ក្នុង​ធម្មវិន័យ​ដែល​ព្រះតថាគត​ប្រកាស​ហើយ។ អ្នកដ៏មាន​អាយុនេះ ជាអ្នក​មាន​មច្ឆរិយៈ មានចិត្ត​ត្រូវមច្ឆរិយៈ​រួបរឹត​នៅ​ដោយ​ច្រើន ចំណែក​ខាងការ​រួបរឹត​ដោយ​មច្ឆរិយៈ​នេះ ជាសេចក្តី​សាបសូន្យ ក្នុង​ធម្មវិន័យ ដែល​ព្រះតថាគត ប្រកាស​ហើយ។ អ្នកដ៏មាន​អាយុនេះ ជាអ្នក​មានការអួត មានចិត្ត​ត្រូវ​សាថេយ្យៈ​រួបរឹត​នៅដោយ​ច្រើន ចំណែក​ខាងការ​រួបរឹត ដោយ​សាថេយ្យៈ​នេះ ជា​សេចក្តី​សាបសូន្យ ក្នុង​ធម្មវិន័យ ដែល​ព្រះតថាគត​ប្រកាស​ហើយ។ អ្នកដ៏មាន​អាយុនេះ ជាអ្នក​មាន​មាយា មានចិត្ត​ត្រូវមាយា​រួបរឹតនៅ​ដោយច្រើន ចំណែក​ខាងការ​រួបរឹត ដោយ​មាយា​នេះ ជា​សេចក្តី​សាបសូន្យ​ក្នុង​ធម្មវិន័យ ដែល​ព្រះតថាគត​ប្រកាស​ហើយ។ អ្នកដ៏មាន​អាយុ​នេះ ជាអ្នក​មានសេចក្តី​ប្រាថ្នា​លាមក មានចិត្ត​ត្រូវសេចក្តី​ប្រាថ្នា​លាមក​រួបរឹត​នៅដោយ​ច្រើន ចំណែកខាង​ការរួបរឹត​ដោយ​សេចក្តី​ប្រាថ្នា​លាមក​នេះ ជា​សេចក្តី​សាបសូន្យ ក្នុង​ធម្មវិន័យ​ដែល​ព្រះតថាគត​ប្រកាស​ហើយ។ អ្នកដ៏មាន​អាយុនេះ ជាអ្នក​ភ្លេច​ស្មារតី ដល់នូវ​ការផ្អាកទុក​នូវ​សេចក្តី​ព្យាយាម ក្នុង​ចន្លោះ ដោយ​ការ​បាន​នូវគុណ​វិសេស​ដ៏ថយថោក ក្នុងកិច្ច​ដែលខ្លួន​ត្រូវធ្វើ​តទៅទៀត ចំណែក​ខាងដំណើរ​ដែលផ្អាក​នូវ​សេចក្តី​ព្យាយាម ក្នុង​ចន្លោះ​នេះ ជាសេចក្តី​សាបសូន្យ ក្នុង​ធម្មវិន័យ ដែល​ព្រះតថាគត​ប្រកាស​ហើយ។ ម្នាលអាវុសោ​ទាំងឡាយ ពាក្យថា ភិក្ខុ​នោះឯង មិនបាន​លះបង់​នូវធម៌​ទាំង ១០ នេះ នឹងដល់​នូវការ​ចំរើន លូតលាស់ធំ​ទូលាយ ក្នុង​ធម្មវិន័យនេះ ដូច្នេះ​នុ៎ះ មិនមែន​ជាឋានៈទេ។ ម្នាលអាវុសោទាំងឡាយ ពាក្យថា ភិក្ខុ​នោះឯង លះបង់​នូវធម៌​ទាំង ១០ នេះ នឹងដល់​នូវការ​ចំរើន​លូតលាស់ ធំទូលាយ ក្នុង​ធម្មវិន័យនេះ ដូច្នេះនុ៎ះ ទើប​ជា​ឋានៈ។

កត្ថីសូត្រ ទី៥

[៨៥] សម័យមួយ ព្រះមហាចុន្ទៈ​ដ៏មានអាយុ គង់ក្នុង​សហជាតិ​ប្រទេស ក្នុង​ដែន​ចេតី។ ក្នុងទីនោះឯង ព្រះមហាចុន្ទៈ​ដ៏មានអាយុ ហៅភិក្ខុ​ទាំងឡាយ​មកថា ម្នាល​អាវុសោ​ភិក្ខុ​​ទាំងឡាយ។ ភិក្ខុ​ទាំងនោះ បានទទួល​ស្តាប់ពាក្យ​ព្រះមហាចុន្ទៈ​ដ៏មាន​អាយុថា អាវុសោ។ ព្រះមហាចុន្ទៈ​ដ៏មាន​អាយុ បានសំដែង​ដូច្នេះថា ម្នាលអាវុសោ​ទាំងឡាយ ភិក្ខុក្នុង​សាសនា​នេះ តែងពោល​អួតក្នុង​អធិគមៈ (ធម៌ដែល​គួរត្រាស់ដឹង) ថា ខ្ញុំចូល​កាន់​បឋមជ្ឈាន​ក៏បាន ចេញក៏បាន ខ្ញុំចូលកាន់​ទុតិយជ្ឈាន​ក៏បាន ចេញក៏បាន ខ្ញុំ​ចូលកាន់​តតិយជ្ឈាន​ក៏បាន ចេញក៏បាន ខ្ញុំចូលកាន់​ចតុត្ថជ្ឈាន​ក៏បាន ចេញក៏បាន ខ្ញុំចូលកាន់​អាកាសានញ្ចាយតនជ្ឈាន​ក៏បាន ចេញក៏បាន ខ្ញុំ​ចូលកាន់​វិញ្ញាណញ្ចាយតនជ្ឈាន​ក៏បាន ចេញ​ក៏បាន ខ្ញុំចូលកាន់​អាកិញ្ចញ្ញាយតនជ្ឈាន​ក៏បាន ចេញក៏បាន ខ្ញុំចូល​កាន់​នេវសញ្ញានាសញ្ញាយតនជ្ឈាន​ក៏បាន ចេញក៏បាន ខ្ញុំចូលកាន់​សញ្ញាវេទយិតនិរោធ​ក៏បាន ចេញ​ក៏បាន។ ព្រះតថាគត ឬ​សាវក​របស់​ព្រះតថាគត ជាអ្នកមាន​ឈាន ឈ្លាស​ក្នុង​សមាបត្តិ ឈ្លាស​ក្នុងការ​ដឹងចិត្ត​នៃបុគ្គល​ដទៃ ឈ្លាស​ក្នុងវារៈ​នៃចិត្ត​របស់​បុគ្គលដទៃ សួរ​ឈ្លេចឈ្លី ដេញដោល ពិនិត្យ​បញ្ជាក់មើល ចំពោះ​ភិក្ខុនោះ។ ភិក្ខុនោះ កាល​ព្រះតថាគត ឬ​សាវក​របស់​ព្រះតថាគត ដែលជា​អ្នកមាន​ឈាន ឈ្លាសក្នុង​សមាបត្តិ ឈ្លាស​ក្នុងការ​ដឹងចិត្ត​បុគ្គល​ដទៃ ឈ្លាសក្នុង​វារៈនៃចិត្ត​បុគ្គលដទៃ កាលសួរ​ឈ្លេចឈ្លី ដេញ​ដោល ពិនិត្យ​បញ្ជាក់​មើលទៅ ក៏ដល់​នូវភាវៈ​ទទេ ដល់នូវ​ភាវៈ​ឥតគុណ ដល់​នូវ​សេចក្តី​មិនចំរើន ដល់​នូវ​សេចក្តី​វិនាស ដល់នូវ​សេចក្តី​មិន​ចំរើន និងសេចក្តី​វិនាស។ ព្រះ​តថាគត ឬ​សាវក​របស់​ព្រះតថាគត ជាអ្នក​មាន​ឈាន ឈ្លាសក្នុង​សមាបត្តិ ឈ្លាសក្នុង​ការដឹងចិត្ត​នៃបុគ្គល​ដទៃ ឈ្លាស​ក្នុងវារៈ​នៃចិត្ត​បុគ្គលដទៃ រមែង​កំណត់​ទុកក្នុងចិត្ត ចំពោះ​ភិក្ខុនោះ ព្រោះ​បានកំណត់​ដឹងនូវ​ចិត្ត​ដោយចិត្ត យ៉ាងនេះថា ហេតុអ្វី អ្នកដ៏​មាន​អាយុនេះ តែង​ពោលអួត​ចំពោះ​អធិគមធម៌​ថា ខ្ញុំចូលទៅ​កាន់​បឋមជ្ឈាន​ក៏បាន ចេញ​ក៏បាន។បេ។ ខ្ញុំចូលកាន់​សញ្ញាវេទយិតនិរោធ​ក៏បាន ចេញក៏បាន។ ព្រះតថាគត ឬសាវក​របស់​ព្រះតថាគត ជាអ្នកមាន​ឈាន ឈ្លាស​ក្នុងសមាបត្តិ ឈ្លាសក្នុង​ការដឹងចិត្ត​នៃបុគ្គល​ដទៃ ឈ្លាស​ក្នុងវារៈ នៃចិត្ត​បុគ្គល​ដទៃ រមែង​កំណត់ដឹង​ចិត្តភិក្ខុនោះ ដោយចិត្ត​យ៉ាង​នេះថា អ្នកដ៏​មានអាយុ​នេះ ជាអ្នកធ្វើ​ឲ្យដាច់ ធ្វើឲ្យ​ធ្លុះធ្លាយ ធ្វើឲ្យ​ពពាល ធ្វើឲ្យ​ពព្រុះ ធ្វើមិន​ឲ្យទៀងទាត់ ប្រព្រឹត្ត​មិនទៀង​ត្រង់ ក្នុងសីល​ទាំងឡាយ អស់​កាលវែង។ អ្នកដ៏មាន​អាយុនេះ ជាអ្នក​ទ្រុស្តសីល ចំណែក​ខាងភាព​នៃបុគ្គល​ទ្រុស្តសីល​នេះ ជាសេចក្តី​សាបសូន្យ ក្នុង​ធម្មវិន័យ ដែល​ព្រះតថាគត​ប្រកាស​ហើយ។ អ្នកដ៏មាន​អាយុនេះ ជាអ្នក​មិនមាន​សទ្ធា មិនមានអាចារៈ ចំណែក​ខាងការ​មិនមាន​សទ្ធានេះ ជាសេចក្តី​សាបសូន្យ ក្នុង​ធម្មវិន័យ ដែល​ព្រះ​តថាគត ប្រកាស​ហើយ។ អ្នកដ៏មាន​អាយុនេះ ជាអ្នកចេះ​ដឹងតិច មិន​មាន​អាចារៈ ចំណែកខាង​ការចេះដឹង​តិចនេះ ជាសេចក្តី​សាបសូន្យ ក្នុង​ធម្មវិន័យ ដែល​ព្រះតថាគត ប្រកាស​ហើយ។ អ្នកដ៏មាន​អាយុនេះ ជា​បុគ្គល​ដែលគេ​ប្រដៅក្រ មិនមាន​អាចារៈ ចំណែក​ខាងភាព​នៃបុគ្គល​ប្រដៅ​ក្រនេះ ជាសេចក្តី​សាបសូន្យ ក្នុង​ធម្មវិន័យ ដែល​ព្រះតថាគត​ប្រកាស​ហើយ។ អ្នកដ៏មាន​អាយុនេះ មានមិត្ត​អាក្រក់ ចំណែក​ខាង​ភាព​នៃបុគ្គល​មានមិត្ត​អាក្រក់​នេះ ជាសេចក្តី​សាបសូន្យ ក្នុង​ធម្មវិន័យ ដែល​ព្រះតថាគត​ប្រកាស​ហើយ។ អ្នកដ៏មាន​អាយុនេះ ជាបុគ្គល​ខ្ជិលច្រអូស ចំណែក​ខាង​សេចក្តី​ខ្ជិលច្រអូស​នេះ ជាសេចក្តី​សាបសូន្យ ក្នុង​ធម្មវិន័យ ដែល​ព្រះតថាគត ប្រកាស​ហើយ។ អ្នកដ៏មាន​អាយុនេះ ជាអ្នកភ្លេច​ស្មារតី ចំណែក​ខាងការ​ភ្លេចស្មារតី​នេះ ជាសេចក្តី​សាបសូន្យ ក្នុង​ធម្មវិន័យ ដែល​ព្រះតថាគត​ប្រកាស​ហើយ។ អ្នកដ៏មាន​អាយុនេះ ជាបុគ្គល​កុហក ចំណែក​ខាងការ​កុហកនេះ ជា​សេចក្តី​សាបសូន្យ ក្នុង​ធម្មវិន័យ ដែល​ព្រះតថាគត​ប្រកាស​ហើយ។ អ្នកដ៏មាន​អាយុនេះ ជាបុគ្គល​ដែល​គេចិញ្ចឹមក្រ ចំណែក​ខាងភាព​នៃបុគ្គល​ដែលគេ​ចិញ្ចឹម​ក្រនេះ ជាសេចក្តី​សាប​សូន្យ ក្នុង​ធម្មវិន័យ ដែល​ព្រះតថាគត ប្រកាស​ហើយ។ អ្នកដ៏​មានអាយុ​នេះ ជាអ្នក​ឥតបញ្ញា ចំណែក​ខាងភាព​នៃបុគ្គល​ឥតបញ្ញា​នេះ ជាសេចក្តី​សាបសូន្យ ក្នុង​ធម្មវិន័យ ដែល​ព្រះតថាគត ប្រកាស​ហើយ។ ម្នាលអាវុសោ​ទាំងឡាយ ដូចជា​សំឡាញ់​ម្នាក់និយាយ​ទៅនឹងសំឡាញ់​យ៉ាងនេះ​ថា ម្នាលសំឡាញ់ បើអ្នក​ត្រូវការចំពោះ​ធនកិច្ច​ដោយទ្រព្យ ក្នុងកាល​ណា អ្នក​គប្បី​ប្រាប់​ធនកិច្ច (នោះ) ដល់ខ្ញុំ ៗ នឹង​ឲ្យទ្រព្យ​ដល់អ្នក។ សំឡាញ់​នោះ កាលបើ​ធនកិច្ច​ណាមួយ កើតឡើង ក៏និយាយ​ទៅនឹងសំឡាញ់​យ៉ាងនេះ​ថា ម្នាលសំឡាញ់ ខ្ញុំត្រូវ​ការ​ដោយ​ទ្រព្យ ចូរអ្នកឯង​ឲ្យទ្រព្យ (នោះ) មក​ខ្ញុំ។ សំឡាញ់នោះ ក៏និយាយ​យ៉ាងនេះថា ម្នាលសំឡាញ់ បើដូច្នោះ អ្នកចូរ​ជីកក្នុង​ទីនេះចុះ។ សំឡាញ់នោះ កាលជីក​ក្នុងទីនោះ​ទៅ ក៏មិន​បាន។ សំឡាញ់​នោះ និយាយ​យ៉ាងនេះថា ម្នាលសំឡាញ់ អ្នកឯង​និយាយ​ឡេះឡោះ​នឹងខ្ញុំ ម្នាលសំឡាញ់ អ្នកឯង​​និយាយពាក្យ​ទទេ​នឹងខ្ញុំថា អ្នកឯង​ចូរជីក ក្នុង​ទីនេះ​ចុះ។ សំឡាញ់​នោះ និយាយ​យ៉ាងនេះថា ម្នាលសំឡាញ់ ខ្ញុំ​មិន​និយាយ​ឡេះឡោះ​នឹងអ្នក​ទេ ខ្ញុំមិន​និយាយ​​ពាក្យទទេ នែសំឡាញ់ បើដូច្នោះ អ្នកឯង​ចូរជីក ក្នុងទីនេះ​ដូច្នេះ។ សំឡាញ់​នោះ កាលបើ​ជីក​ក្នុង​ទីនោះ​ម្តងទៀត ក៏នៅតែ​មិនបាន។ សំឡាញ់​នោះ និយាយ​យ៉ាងនេះ​ថា ម្នាលសំឡាញ់ អ្នកឯង​និយាយ​ឡេះឡោះ​នឹងខ្ញុំ ម្នាលសំឡាញ់ អ្នក​ឯងនិយាយ​ពាក្យ​ទទេនឹង​ខ្ញុំថា ​អ្នកឯង​ចូរជីក​ក្នុង​ទីនេះចុះ។ សំឡាញ់​នោះ និយាយ​យ៉ាង​នេះ​ថា ម្នាលសំឡាញ់ ខ្ញុំមិន​និយាយ​ឡេះឡោះ​នឹងអ្នកទេ ខ្ញុំមិន​និយាយ​​ទទេ​ទេ ម្នាល​សំឡាញ់ បើដូច្នោះ អ្នកឯង​ចូរជីក​ក្នុងទីនេះ​ចុះ។ សំឡាញ់​នោះ កាលជីក​ក្នុង​ទីនោះ​ម្តង​ទៀត ក៏នៅតែ​មិនបាន។ សំឡាញ់​នោះ និយាយ​យ៉ាងនេះថា ម្នាល​សំឡាញ់ អ្នកឯង​និយាយ​ឡេះឡោះ​នឹងខ្ញុំ ម្នាល​សំឡាញ់ អ្នកឯង​និយាយ​ពាក្យទទេ​នឹងខ្ញុំថា អ្នក​ឯងចូរ​ជីក ក្នុង​ទីនេះ​ចុះ។ សំឡាញ់​នោះ និយាយ​យ៉ាងនេះថា ម្នាល​សំឡាញ់ ខ្ញុំ​មិន​និយាយ​ឡេះឡោះ​នឹងអ្នក​ទេ ខ្ញុំមិននិយាយ​ពាក្យទទេ​នឹងអ្នក​ទេ ប៉ុន្តែ​ខ្ញុំដល់នូវ​ភាព​ជាអ្នកឆ្កួត ប្រែប្រួល​ចិត្ត សេចក្តី​នេះ យ៉ាងណា​មិញ។ ម្នាល​អាវុសោ​ទាំងឡាយ ភិក្ខុជា​អ្នក​ពោលអួត​ក្នុង​អធិគមធម៌​ថា ខ្ញុំ​ចូលកាន់​បឋមជ្ឈាន​ក៏បាន ចេញ​ក៏បាន ខ្ញុំចូល​កាន់​ទុតិយជ្ឈាន​ក៏បាន ចេញ​ក៏បាន ខ្ញុំចូល​កាន់​តតិយជ្ឈាន​ក៏បាន ចេញក៏បាន ខ្ញុំចូលកាន់​ចតុត្ថជ្ឈាន​ក៏បាន ចេញ​ក៏បាន ខ្ញុំចូល​កាន់​អាកាសានញ្ចាយតនជ្ឈាន​ក៏បាន ចេញ​ក៏បាន ខ្ញុំ​ចូល​កាន់​វិញ្ញាណញ្ចាយតនជ្ឈាន​ក៏បាន ចេញ​ក៏បាន ខ្ញុំចូល​កាន់​អាកិញ្ចញ្ញាយតនជ្ឈាន​ក៏បាន ចេញ​ក៏បាន ខ្ញុំចូល​កាន់​នេវសញ្ញានាសញ្ញាយតនជ្ឈាន​ក៏បាន ចេញ​ក៏បាន ខ្ញុំចូល​កាន់​សញ្ញាវេទយិតនិរោធ​ក៏បាន ចេញ​ក៏បាន។ ព្រះ​តថាគត ឬ​សាវក​របស់​ព្រះតថាគត ជាអ្នក​មាន​ឈាន ឈ្លាសក្នុង​សមាបត្តិ ឈ្លាសក្នុង​ការដឹងចិត្ត​នៃបុគ្គល​ដទៃ ឈ្លាស​ក្នុង​វារៈ​នៃចិត្ត​របស់បុគ្គល​ដទៃ តែងសួរ​ឈ្លេចឈ្លី ដេញដោល ពិនិត្យ​មើលនូវ​ភិក្ខុ​នោះ។ ភិក្ខុនោះ កាលបើ​ព្រះតថាគត ឬ​សាវក​របស់​ព្រះតថាគត ជា​អ្នកមាន​ឈាន ឈ្លាស​ក្នុង​សមាបត្តិ ឈ្លាស​ក្នុងការ​ដឹងចិត្ត នៃ​បុគ្គល​ដទៃ ឈ្លាស​ក្នុងវារៈ​នៃចិត្ត​របស់​បុគ្គលដទៃ សួរ​ឈ្លេចឈ្លី ដេញដោល ពិនិត្យ​បញ្ជាក់​មើលទៅ ក៏ដល់​នូវភាវៈ​ទទេ ដល់នូវ​ភាវៈឥតគុណ ដល់​នូវ​សេចក្តី​មិនចំរើន ដល់​នូវសេចក្តី​វិនាស ដល់​នូវសេចក្តី​មិនចំរើន​ និង​សេចក្តី​វិនាស។ ព្រះ​តថាគត ឬសាវក​របស់​ព្រះតថាគត ជាអ្នក​មានឈាន ឈ្លាស​ក្នុង​សមាបត្តិ ឈ្លាស​ក្នុងការ​ដឹងចិត្ត​នៃបុគ្គល​ដទៃ ឈ្លាស​ក្នុងវារៈ​នៃចិត្ត​របស់​បុគ្គលដទៃ ធ្វើទុក​ក្នុងចិត្ត​ចំពោះ​ភិក្ខុនោះ ព្រោះ​បានកំណត់​ដឹងនូវ​ចិត្តដោយ​ចិត្ត យ៉ាងនេះថា ហេតុអ្វី​អ្នកដ៏​មាន​អាយុនេះ តែង​ពោល​អួត ក្នុង​អធិគមធម៌​ថា ខ្ញុំចូលកាន់​បឋមជ្ឈាន​ក៏បាន ចេញ​ក៏បាន។បេ។ ខ្ញុំ​ចូលកាន់​សញ្ញាវេទយិតនិរោធ​ក៏បាន ចេញ​ក៏បាន។ ព្រះតថាគត ឬសាវក របស់​ព្រះតថាគត ជាអ្នក​មានឈាន ឈ្លាស​ក្នុង​សមាបត្តិ ឈ្លាសក្នុង​ការដឹង​ចិត្តនៃ​បុគ្គល​ដទៃ ឈ្លាស​ក្នុងវារៈ​នៃចិត្ត​របស់​បុគ្គល​ដទៃ រមែង​កំណត់ដឹង​នូវចិត្ត​ភិក្ខុនោះ​ដោយចិត្ត​យ៉ាង​នេះ​ថា អ្នកដ៏​មានអាយុ​នេះ ជា​អ្នកធ្វើ​ឲ្យដាច់ ធ្វើឲ្យ​ធ្លុះធ្លាយ ធ្វើ​ឲ្យពពាល ធ្វើ​ឲ្យពព្រុះ ធ្វើមិន​ទៀងទាត់ ប្រព្រឹត្ត​មិនទៀងត្រង់ ក្នុង​សីល​ទាំងឡាយ អស់​កាលវែង។ អ្នក​ដ៏មាន​អាយុនេះ ជាបុគ្គលទ្រុស្តសីល ចំណែក​ខាងភាព​នៃបុគ្គល​ទ្រុស្តសីលនេះ ជា​សេចក្តី​សាបសូន្យ ក្នុង​ធម្មវិន័យ​ដែល​ព្រះតថាគត​ប្រកាស​ហើយ។ អ្នកដ៏មាន​អាយុនេះ ជាអ្នក​មិនមាន​សទ្ធា ចំណែក​ខាងការ​មិនមានសទ្ធា​នេះ ជាសេចក្តី​សាបសូន្យ​ក្នុង​ធម្មវិន័យ​ដែល​ព្រះតថាគត​ប្រកាស​ហើយ។ អ្នកដ៏មាន​អាយុនេះ ជាបុគ្គល​មានការចេះ​ដឹងតិច មិនមាន​អាចារៈ ចំណែក​ខាងការចេះ​ដឹងតិចនេះ ជា​សេចក្តី​សាបសូន្យ ក្នុង​ធម្មវិន័យ ដែល​ព្រះតថាគត ប្រកាស​ហើយ។ អ្នកដ៏មាន​អាយុនេះ ជាបុគ្គល​ដែល​គេប្រដៅ​ក្រ ចំណែក​ខាងភាវៈ​នៃបុគ្គល​គេប្រដៅក្រនេះ ជា​សេចក្តី​សាបសូន្យ ក្នុង​ធម្មវិន័យ​ដែល​ព្រះតថាគត​ប្រកាស​ហើយ។ អ្នកដ៏មាន​អាយុនេះ ជា​បុគ្គល​មានមិត្ត​អាក្រក់ ចំណែក​ខាងភាព​នៃបុគ្គល​មានមិត្ត​អាក្រក់នេះ ជា​សេចក្តី​សាបសូន្យ ក្នុង​ធម្មវិន័យ ដែល​ព្រះតថាគត​ប្រកាស​ហើយ។ អ្នក​ដ៏មាន​អាយុនេះ ជាបុគ្គល​ខ្ជិលច្រអូស ចំណែក​ខាងការ​ខ្ជិលច្រអូស​នេះ ជាសេចក្តី​សាបសូន្យ ក្នុង​ធម្មវិន័យ​ដែល​ព្រះតថាគត ប្រកាស​ហើយ។ អ្នកដ៏មាន​អាយុនេះ ជាអ្នក​ភ្លេចស្មារតី ចំណែក​ខាងការភ្លេច​ស្មារតីនេះ ជា​សេចក្តី​សាបសូន្យ ក្នុង​ធម្មវិន័យ ដែល​ព្រះតថាគត ប្រកាស​ហើយ។ អ្នក​ដ៏មាន​អាយុ​នេះ ជាបុគ្គល​កុហក ចំណែកខាង​ការកុហកនេះ ជាសេចក្តី​សាបសូន្យ ក្នុង​ធម្មវិន័យ ដែល​ព្រះតថាគត​ប្រកាស​ហើយ។ អ្នកដ៏​មាន​អាយុនេះ ជាបុគ្គល​ដែល​គេចិញ្ចឹមក្រ ចំណែក​ខាងភាព​នៃបុគ្គល​ដែល​គេចិញ្ចឹម​ក្រនេះ ជា​សេចក្តី​សាបសូន្យ ក្នុង​ធម្មវិន័យ ដែល​ព្រះតថាគត ប្រកាស​ហើយ។ អ្នកដ៏មាន​អាយុនេះ ជាបុគ្គល​អប្បបញ្ញា ចំណែក​ខាង​ភាព​នៃបុគ្គល​អប្បបញ្ញា​នេះ ជាសេចក្តី​សាបសូន្យ ក្នុង​ធម្មវិន័យ ដែល​ព្រះតថាគត​ប្រកាស​ហើយ ក៏យ៉ាង​នោះឯង។ ម្នាល​អាវុសោ​ទាំងឡាយ ពាក្យថា ភិក្ខុនោះឯង មិនលះបង់​នូវធម៌​ទាំង ១០ ប្រការនេះ នឹងដល់​នូវ​សេចក្តី​ចំរើន លូតលាស់ ធំទូលាយ ក្នុង​ធម្មវិន័យ ដូច្នេះនុ៎ះ មិនមែន​ជា​ឋានៈទេ។ ម្នាលអាវុសោ​ទាំងឡាយ ពាក្យថា បើភិក្ខុ​នោះឯង លះបង់​នូវ​ធម៌ទាំង ១០ ប្រការ​នេះ នឹងដល់នូវ​សេចក្តី​ចំរើន លូតលាស់ ធំ​ទូលាយ ក្នុង​ធម្មវិន័យនេះ ដូច្នេះនុ៎ះ ទើប​ជាឋានៈ។

អធិមានសូត្រ ទី៦

[៨៦] សម័យមួយ ព្រះមហាកស្សប​ដ៏មានអាយុ គង់ក្នុង​វត្តវេឡុវន ជា​កលន្ទកនិវាបស្ថាន ទៀប​ក្រុង​រាជគ្រឹះ។ ក្នុងទីនោះឯង ព្រះ​មហាកស្សប​ដ៏មានអាយុ ហៅភិក្ខុ​ទាំងឡាយ​មកថា ម្នាល​អាវុសោ​ភិក្ខុទាំងឡាយ។ ភិក្ខុ​ទាំងនោះ បាន​ទទួល​ស្តាប់ពាក្យ​ព្រះមហា​កស្សប​ដ៏មាន​អាយុថា ករុណា​អាវុសោ។ ព្រះ​មហាកស្សប​ដ៏មាន​អាយុ បាន​ពោលពាក្យ ដូច្នេះថា ម្នាល​អាវុសោ​ទាំងឡាយ ភិក្ខុក្នុង​សាសនានេះ ពោល​អួត​អរហត្តផល​ថា ខ្ញុំដឹង​ច្បាស់ថា ជាតិ​អស់ហើយ មគ្គព្រហ្មចរិយៈ អាត្មាអញ​ប្រព្រឹត្ត​ស្រេច​ហើយ សោឡសកិច្ច​ អាត្មាអញ​ធ្វើស្រេចហើយ មគ្គភាវនាកិច្ច​ដទៃ ប្រព្រឹត្ត​ទៅ ដើម្បី​សោឡសកិច្ច​នេះទៀត មិនមាន​ឡើយ។ ព្រះតថាគត ឬ​សាវក របស់​ព្រះតថាគត ជាអ្នក​មានឈាន ឈ្លាសក្នុង​សមាបត្តិ ឈ្លាស​ក្នុងការ​ដឹងចិត្ត​នៃបុគ្គលដទៃ ឈ្លាស​ក្នុងវារៈ​នៃចិត្ត​បុគ្គលដទៃ តែង​សួរឈ្លេចឈ្លី ដេញដោល ពិនិត្យ​បញ្ជាក់​មើលនូវ​ភិក្ខុ​នោះ។ ភិក្ខុនោះ កាល​បើព្រះតថាគត ឬ​សាវករបស់​ព្រះតថាគត ជាអ្នក​មានឈាន ឈ្លាស​ក្នុង​សមាបត្តិ ឈ្លាសក្នុង​ការដឹងចិត្ត​បុគ្គលដទៃ ឈ្លាសក្នុង​វារៈនៃចិត្ត​របស់​បុគ្គល​ដទៃ សួរ​ឈ្លេចឈ្លី ដេញដោល ពិនិត្យ​បញ្ជាក់មើល ក៏ដល់​នូវភាវៈ​ទទេ ដល់​នូវភាវៈ​ឥតគុណ ដល់នូវ​សេចក្តី​មិនចំរើន ដល់​នូវសេចក្តី​វិនាស ដល់នូវ​សេចក្តី​មិនចំរើន និង​សេចក្តី​វិនាស។ ព្រះតថាគត ឬសាវក​របស់ព្រះ​តថាគត ជាអ្នក​មានឈាន ឈ្លាស​ក្នុង​សមាបត្តិ ឈ្លាសក្នុង​ការដឹងចិត្ត​នៃ​បុគ្គលដទៃ ឈ្លាស​ក្នុងវារៈ​នៃចិត្តរបស់​បុគ្គលដទៃ រមែង​កំណត់​ធ្វើទុកក្នុង​ចិត្តនូវ​ភិក្ខុនោះ ដោយចិត្ត​យ៉ាងនេះថា ដូចម្តេច ក៏អ្នកដ៏មាន​អាយុនេះ ពោល​អួតនូវ​អរហត្តផល​ថា ខ្ញុំដឹង​ច្បាស់ថា ជាតិអស់​ហើយ មគ្គ​ព្រហ្មចរិយៈ អាត្មាអញ​ប្រព្រឹត្ត​ស្រេច​ហើយ សោឡសកិច្ច​ អាត្មាអញ​ធ្វើស្រេច​ហើយ មគ្គភាវនា​កិច្ច​ដទៃ ប្រព្រឹត្តទៅ ដើម្បី​សោឡសកិច្ច​នេះ ​មិនមាន​ឡើយ។ ព្រះតថាគត ឬ​សាវក​របស់​ព្រះ​តថាគត ជាអ្នក​មានឈាន ឈ្លាស​ក្នុង​សមាបត្តិ ឈ្លាសក្នុង​ការដឹងចិត្ត​នៃបុគ្គល​ដទៃ ឈ្លាស​ក្នុងវារៈ​នៃចិត្ត​របស់​បុគ្គលដទៃ រមែង​កំណត់​ដឹងនូវ​ចិត្តភិក្ខុនោះ ដោយ​ចិត្ត​យ៉ាងនេះ​ថា អ្នកដ៏មាន​អាយុនេះ ជាអ្នក​ស្មានហួស​ហេតុ ពោលថា ខ្លួន​បាន​គុណវិសេស ដោយ​ទៀងទាត់ សំគាល់​ថា ដល់ហើយ​ក្នុងធម៌ដែល​មិនទាន់​បាន​ដល់ សំគាល់​ថា ធ្វើហើយ​ក្នុងធម៌​ដែលខ្លួន​មិនទាន់ធ្វើ សំគាល់​ថា​ត្រាស់ដឹងហើយ ក្នុង​ធម៌ដែល​ខ្លួនមិន​ទាន់ត្រាស់​ដឹង ពោលអួត​អរហត្តផល ដោយការ​ស្មានហួស​ហេតុថា ខ្ញុំដឹង​ច្បាស់ថា ជាតិ​អស់​ហើយ មគ្គព្រហ្មចរិយៈ អាត្មាអញ​ប្រព្រឹត្ត​រួចហើយ សោឡសកិច្ច អាត្មាអញ​ធ្វើស្រេច​ហើយ មគ្គភាវនា​កិច្ចដទៃ ប្រព្រឹត្ត​ទៅ ដើម្បី​សោឡសកិច្ច​នេះទៀត មិន​មាន​ឡើយ។ ព្រះតថាគត ឬសាវក​របស់​ព្រះតថាគត ជាអ្នក​មានឈាន ឈ្លាស​ក្នុងសមាបត្តិ ឈ្លាសក្នុង​ការដឹងចិត្ត​នៃបុគ្គល​ដទៃ ឈ្លាស​ក្នុងវារៈ​នៃ​ចិត្តរបស់​បុគ្គលដទៃ រមែង​កំណត់​ធ្វើទុក​ក្នុង​ចិត្ត​នូវភិក្ខុនោះ កំណត់​​ដោយចិត្ត​យ៉ាងនេះថា អ្នកដ៏មាន​អាយុនេះ អាស្រ័យ​ហេតុដូច​ម្តេចហ្ន៎ បានជា​អ្នកស្មាន​ហួសហេតុ ពោលថា ខ្លួនបាន​គុណវិសេស ដោយ​ទៀង​ទាត់ ហើយសំគាល់​ថា ដល់ក្នុង​ធម៌ដែល​ខ្លួនមិន​ទាន់ដល់ សំគាល់ថាធ្វើ​ហើយក្នុង​ធម៌ ដែល​ខ្លួនមិន​ទាន់ធ្វើ សំគាល់​ថា​ត្រាស់ដឹង​ហើយ ក្នុងធម៌​ដែលខ្លួន​មិនទាន់​ត្រាស់ដឹង ហើយ​ពោលអួត​អរហត្តផល ដោយ​ការស្មាន​ហួស​ហេតុថា ខ្ញុំដឹង​ច្បាស់ថា ជាតិ​អស់​ហើយ មគ្គព្រហ្មចរិយៈ អាត្មាអញ ប្រព្រឹត្ត​ស្រេចហើយ សោឡសកិច្ច អាត្មាអញ​ធ្វើស្រេច​ហើយ មគ្គភាវនា​កិច្ចដទៃ ប្រព្រឹត្ត​ទៅដើម្បី​សោឡសកិច្ច​នេះទៀត មិនមាន​ឡើយ។ ព្រះ​តថាគត ឬសាវក​របស់​ព្រះតថាគត ជាអ្នក​មានឈាន ឈ្លាសក្នុង​សមាបត្តិ ឈ្លាស​ក្នុងការ​ដឹងចិត្ត​នៃបុគ្គល​ដទៃ ឈ្លាស​ក្នុងវារៈ នៃចិត្ត​របស់បុគ្គល​ដទៃ រមែង​កំណត់​ដឹងនូវ​ចិត្តនៃ​ភិក្ខុនោះ ដោយចិត្ត​យ៉ាងនេះថា អ្នក​ដ៏មាន​អាយុនេះ ជាអ្នកចេះ​ដឹងច្រើន ជាអ្នក​ចេះចាំ​នូវសូត្រ សន្សំនូវ​សូត្រ ធម៌ទាំង​ឡាយណា មាន​លំអបទ​ដើម លំអ​បទកណ្តាល លំអ​បទចុង ប្រកាស​មគ្គ​ព្រហ្មចរិយៈ ព្រមទាំង​អត្ថ និង​ព្យញ្ជនៈ​ដ៏បរិសុទ្ធ បរិបូណ៌​គ្រប់​ទាំងអស់ ធម៌មាន​សភាពដូច្នោះ បុគ្គលនោះ ជាអ្នកចេះ​ដឹងច្រើន ចាំស្ទាត់​រត់មាត់ ចូលចិត្ត​ច្បាស់លាស់​ដោយចិត្ត ចាក់ធ្លុះ​ចំពោះ​ដោយ​យល់ឃើញ ព្រោះ​ហេតុនោះ អ្នកដ៏មាន​អាយុនេះ ជាអ្នក​ស្មានហួស​ហេតុ ពោលថា ខ្លួនបាន​គុណវិសេស​ដោយ​ទៀងទាត់ សំគាល់​ថា ដល់ហើយ​ក្នុងធម៌ដែល​ខ្លួន​មិន​ទាន់ដល់ សំគាល់​ថា ធ្វើហើយ​ក្នុងធម៌​ដែលខ្លួន​មិនបានធ្វើ សំគាល់​ថា ត្រាស់ដឹង​ហើយ ក្នុងធម៌​ដែលខ្លួន​មិនបាន​ត្រាស់ដឹង ទើបពោល​អួតអរហត្ត​ផល ដោយការ​ស្មាន​ហួសហេតុ​ថា ខ្ញុំដឹង​ច្បាស់ថា ជាតិ​អស់​ហើយ មគ្គព្រហ្មចរិយៈ អាត្មាអញ​ប្រព្រឹត្ត​ស្រេចហើយ សោឡសកិច្ច អាត្មាអញ ធ្វើស្រេច​ហើយ មគ្គភាវនាកិច្ច​ដទៃ ប្រព្រឹត្តទៅ ដើម្បី​សោឡសកិច្ច​នេះទៀត មិន​មាន​ឡើយ។ ព្រះតថាគត ឬសាវក​របស់​ព្រះតថាគត ជាអ្នក​មានឈាន ឈ្លាសក្នុង​សមាបត្តិ ឈ្លាស​ក្នុងការ​ដឹងចិត្ត​នៃបុគ្គលដទៃ ឈ្លាស​ក្នុងវារៈ​នៃចិត្ត​របស់​បុគ្គលដទៃ រមែង​កំណត់​ដឹងនូវ​ចិត្តភិក្ខុ​នោះ ដោយចិត្ត​យ៉ាងនេះថា អ្នកដ៏មាន​អាយុនេះ មាន​អភិជ្ឈា មាន​ចិត្ត​ត្រូវអភិជ្ឈា​រួបរឹត​ច្រើន ចំណែក​ខាងការ​រួបរឹត ដោយ​អភិជ្ឈា​នេះ ជាសេចក្តី​សាបសូន្យ ក្នុង​ធម្មវិន័យ ដែល​ព្រះតថាគត ប្រកាស​ហើយ។ អ្នកដ៏​មាន​អាយុនេះ ជាអ្នក​មានព្យាបាទ មាន​ចិត្តត្រូវ​ព្យាបាទ​រួបរឹតច្រើន ចំណែក​ខាងការ​រួបរឹត ដោយ​ព្យាបាទនេះ ជា​សេចក្តី​សាបសូន្យ ក្នុង​ធម្មវិន័យ ដែល​ព្រះតថាគត​ប្រកាស​ហើយ។ អ្នកដ៏មាន​អាយុនេះ មាន​ថីនមិទ្ធៈ មានចិត្ត​ត្រូវថីនមិទ្ធៈ​រួបរឹតច្រើន ចំណែក​ខាងការ​រួបរឹត ដោយ​ថីនមិទ្ធៈ​នេះ ជា​សេចក្តី​សាបសូន្យ ក្នុង​ធម្មវិន័យ ដែល​ព្រះតថាគត​ប្រកាសហើយ។ អ្នកដ៏មាន​អាយុនេះ ជាអ្នក​មាន​ឧទ្ធច្ចៈ មានចិត្ត​ត្រូវ​ឧទ្ធច្ចៈ​រួបរឹត​ច្រើន ចំណែក​ខាងការរួបរឹត​ដោយ​ឧទ្ធច្ចៈ​នេះ ជា​សេចក្តី​សាបសូន្យ ក្នុង​ធម្មវិន័យ ដែល​ព្រះតថាគត​ប្រកាសហើយ។ អ្នកដ៏មាន​អាយុ​នេះ ជាអ្នកមាន​វិចិកិច្ឆា មានចិត្ត​ត្រូវវិចិកិច្ឆា​រួបរឹតច្រើន ចំណែក​ខាងការ​រួបរឹត​ដោយ​វិចិកិច្ឆា​នេះ ជាសេចក្តី​សាបសូន្យ​ក្នុង​ធម្មវិន័យ ដែល​ព្រះតថាគត​ប្រកាសហើយ។ អ្នកដ៏មាន​អាយុនេះ ជាអ្នកមាន​ការងារ ជាទី​ត្រេកអរ ត្រេកអរ​ហើយ ក្នុង​ការងារ ប្រកប​រឿយ ៗ នូវសេចក្តី​ត្រេកអរ ក្នុង​ការងារ ​ចំណែក​ខាងភាព​នៃបុគ្គល​ដែល​មានការងារ ជាទី​ត្រេកអរ​នេះ ជាសេចក្តី​សាបសូន្យ ក្នុង​ធម្មវិន័យ ដែល​ព្រះតថាគត​ប្រកាស​ហើយ។ អ្នកដ៏មាន​អាយុនេះ ជា​អ្នកមាន​តិរច្ឆានកថា​ជាទីត្រេកអរ ត្រេកអរ​ហើយ ក្នុង​តិរច្ឆានកថា ប្រកប​រឿយ ៗ នូវសេចក្តី​ត្រេកអរ​ក្នុង​តិរច្ឆានកថា ចំណែក​ខាងភាព​នៃបុគ្គល មាន​តិរច្ឆានកថា ជាទីត្រេក​អរនេះ ជាសេចក្តី​សាបសូន្យ ក្នុង​ធម្មវិន័យ​ដែល​ព្រះតថាគត ប្រកាស​ហើយ។ អ្នកដ៏មាន​អាយុនេះ ជាអ្នក​មានការ​ដេកលក់​ជាទីត្រេកអរ ត្រេកអរ​ហើយ​ក្នុងការ​ដេកលក់ ប្រកប​រឿយ ៗ នូវ​សេចក្តី​ត្រេកអរ​ក្នុងការ​ដេកលក់ ចំណែក​ខាងភាព​នៃបុគ្គល​មាន​ការលក់​ជាទី​ត្រេកអរ​នេះ ជាសេចក្តី​សាបសូន្យ ក្នុង​ធម្មវិន័យ​ដែល​ព្រះតថាគត​ប្រកាស​ហើយ។ អ្នកដ៏មាន​អាយុនេះ ជាអ្នកមាន​សេចក្តីត្រេក​អរក្នុងការ​ច្រឡូក​ច្រឡំ​ដោយពួក ត្រេកអរ​ហើយ​ក្នុងការ​ច្រឡូក​ច្រឡំដោយ​ពួក ប្រកប​រឿយ ៗ នូវ​សេចក្តី​ត្រេកអរ ក្នុង​ការច្រឡូក​ច្រឡំដោយ​ពួក ចំណែក​ខាងភាព​នៃសេចក្តី​ត្រេកអរ ក្នុងការ​ច្រឡូកច្រឡំ​ដោយពួកនេះ​ ជា​សេចក្តី​សាបសូន្យ ក្នុង​ធម្មវិន័យ ដែល​ព្រះតថាគត ប្រកាស​ហើយ។ អ្នកដ៏​មាន​អាយុនេះ ជាអ្នក​ភ្លេចស្មារតី​ ដល់នូវការ​ផ្អាក​ព្យាយាម​ទុកក្នុង​ចន្លោះ ដោយការ​បាន​គុណវិសេស​ដ៏​ថោកថយ ក្នុងកិច្ច​ដែលខ្លួន​ត្រូវធ្វើ​តទៅទៀត ចំណែក​ខាងការផ្អាក​សេចក្តី​ព្យាយាម​ក្នុងចន្លោះ​នេះ ជាសេចក្តី​សាបសូន្យ ក្នុង​ធម្មវិន័យ ដែល​ព្រះតថាគត​ប្រកាស​ហើយ។ ម្នាល​អាវុសោ​ទាំងឡាយ ពាក្យថា ភិក្ខុនោះ​ឯង មិនលះបង់​នូវធម៌​ទាំង ១០ ប្រការនេះ នឹង​ដល់នូវ​សេចក្តីចំរើន លូតលាស់​ធំទូលាយ ក្នុង​ធម្មវិន័យនេះ ដូច្នេះ​នុ៎ះ មិនមែន​ជាឋានៈ​ទេ។ ម្នាលអាវុសោ​ទាំងឡាយ ពាក្យថា​ភិក្ខុនោះ​ឯង លះបង់​នូវធម៌​ទាំង ១០ ប្រការ​នេះ នឹងដល់​នូវសេចក្តី​ចំរើន លូតលាស់ ធំទូលាយ ក្នុង​ធម្មវិន័យនេះ ដូច្នេះនុ៎ះ ទើបជា​ឋានៈ។

នប្បិយសូត្រ ទី៧

[៨៧] ក្នុងទីនោះឯង ព្រះដ៏មានព្រះភាគ ទ្រង់ប្រារព្ធនូវ​កាឡកភិក្ខុ ត្រាស់ហៅ​ភិក្ខុទាំង​ឡាយថា ម្នាលភិក្ខុ​ទាំងឡាយ។ ភិក្ខុ​ទាំងនោះ ទទួល​ស្តាប់​ព្រះពុទ្ធដីកា​ព្រះមានព្រះភាគ​ថា ព្រះករុណា ព្រះអង្គ។ ព្រះមាន​ព្រះភាគ ទ្រង់ត្រាស់ថា ម្នាលភិក្ខុ​ទាំង​ឡាយ ភិក្ខុក្នុង​សាសនានេះ ជាអ្នក​ធ្វើ​អធិករណ៍ មិនពោល​សរសើរ​ការរម្ងាប់​អធិករណ៍។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុជាអ្នក​ធ្វើ​អធិករណ៍ មិន​ពោល​សរសើរ​ការរម្ងាប់​អធិករណ៍​ ដោយ​ហេតុណា នេះឯង​ជាធម៌មិន​ប្រព្រឹត្តទៅ ដើម្បី​សេចក្តី​ស្រឡាញ់ មិន​ប្រព្រឹត្តទៅ ដើម្បី​សេចក្តី​គោរព មិនប្រព្រឹត្តទៅ ដើម្បី​ភាព​ជា​សមណៈ មិន​ប្រព្រឹត្ត​ទៅ ដើម្បី​ភាព​ជា​បុគ្គល​ម្នាក់ឯង។ ម្នាលភិក្ខុ​ទាំងឡាយ មួយ​ទៀត ភិក្ខុមិន​ប្រាថ្នា​នូវសិក្ខា មិនពោល​សរសើរ​ការសមាទាន​នូវសិក្ខា។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុជាអ្នក​មិនមាន​សេចក្តី​ប្រាថ្នា​ក្នុង​សិក្ខា មិនពោល​សរសើរ​ការសមាទាន​នូវសិក្ខា ដោយ​ហេតុណា នេះឯង​ជាធម៌ មិនប្រព្រឹត្ត​ទៅ ដើម្បីសេចក្តី​ស្រឡាញ់ មិន​ប្រព្រឹត្ត​ទៅ ដើម្បី​សេចក្តី​គោរព មិន​ប្រព្រឹត្ត​ទៅ ដើម្បីសេចក្តី​ចំរើន មិន​ប្រព្រឹត្តទៅ ដើម្បី​ភាព​ជាសមណៈ មិន​ប្រព្រឹត្តទៅ ដើម្បី​ភាពជា​បុគ្គល​ម្នាក់ឯង។ ម្នាលភិក្ខុ​ទាំងឡាយ មួយ​ទៀត ភិក្ខុជាអ្នក​មានសេចក្តី​ប្រាថ្នា​លាមក មិនពោល​សរសើរការ​កំចាត់​បង់នូវ​សេចក្តី​ប្រាថ្នា។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុជាអ្នក​មានសេចក្តី​ប្រាថ្នា​លាមក មិនពោល​សរសើរ​ការកំចាត់បង់​នូវ​សេចក្តីប្រាថ្នា ដោយ​ហេតុ​ណា នេះឯង​ជាធម៌​មិនប្រព្រឹត្តទៅ​ដើម្បី​សេចក្តី​ស្រឡាញ់ មិនប្រព្រឹត្ត​ទៅ ដើម្បី​សេចក្តី​គោរព មិនប្រព្រឹត្តទៅ ដើម្បី​សេចក្តី​ចំរើន មិនប្រព្រឹត្ត​ទៅ ដើម្បី​ភាព​ជាសមណៈ មិនប្រព្រឹត្ត​ទៅ ដើម្បីភាព​ជាបុគ្គល​ម្នាក់ឯង។ ម្នាលភិក្ខុ​ទាំងឡាយ មួយទៀត ភិក្ខុជា​អ្នកមាន​សេចក្តីក្រោធ មិនពោល​សរសើរ​ការកំចាត់បង់​សេចក្តីក្រោធ។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុជាអ្នក​មានសេចក្តី​ក្រោធ មិនពោល​សរសើរ​ការកំចាត់​បង់សេចក្តី​ក្រោធ ដោយ​ហេតុណា នេះឯង​ជាធម៌​មិនប្រព្រឹត្ត​ទៅ ដើម្បី​សេចក្តី​ស្រឡាញ់ មិន​ប្រព្រឹត្ត​ទៅ ដើម្បី​សេចក្តី​គោរព មិន​ប្រព្រឹត្ត​ទៅ ដើម្បីសេចក្តី​ចំរើន មិនប្រព្រឹត្ត​ទៅ ដើម្បី​ភាពជា​សមណៈ មិន​ប្រព្រឹត្តទៅ ដើម្បី​ភាពជា​បុគ្គល​ម្នាក់​ឯង។ ម្នាលភិក្ខុ​ទាំងឡាយ មួយទៀត ភិក្ខុជា​អ្នកលុបគុណ​គេ មិនពោល​សរសើរ​ការកំចាត់​បង់នូវសេចក្តី​លុបគុណគេ។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុ​ជាអ្នក​លុបគុណគេ មិនពោល​សរសើរ​ការកំចាត់បង់​នូវសេចក្តី​លុបគុណ​គេ ដោយ​ហេតុណា នេះឯង​ជាធម៌​មិនប្រព្រឹត្ត​ទៅ ដើម្បី​សេចក្តី​ស្រឡាញ់ មិន​ប្រព្រឹត្ត​ទៅ ដើម្បីសេចក្តី​គោរព មិន​ប្រព្រឹត្តទៅ ដើម្បី​សេចក្តី​ចំរើន មិន​ប្រព្រឹត្តទៅ ដើម្បី​ភាពជាសមណៈ​ មិនប្រព្រឹត្តទៅ ដើម្បី​ភាព​ជាបុគ្គល​ម្នាក់ឯង។ ម្នាលភិក្ខុ​ទាំងឡាយ មួយ​ទៀត ភិក្ខុជាអ្នក​អួតអាង មិនពោល​សរសើរ​ការកំចាត់​បង់នូវ​ការអួតអាង។ ម្នាលភិក្ខុ​ទាំង​ឡាយ ភិក្ខុ​ជាអ្នក​អួតអាង មិនពោល​សរសើរការ​កំចាត់បង់​នូវការ​អួតអាង ដោយ​ហេតុណា នេះឯង​ជាធម៌ មិនប្រព្រឹត្តទៅ ដើម្បី​សេចក្តី​ស្រឡាញ់ មិន​ប្រព្រឹត្តទៅ ដើម្បី​សេចក្តី​គោរព មិនប្រព្រឹត្ត​ទៅ ដើម្បី​សេចក្តីចំរើន មិនប្រព្រឹត្ត​ទៅ ដើម្បីភាព​ជាសមណៈ មិនប្រព្រឹត្ត​ទៅ ដើម្បីភាព​ជាបុគ្គល​ម្នាក់ឯង។ ម្នាលភិក្ខុ​ទាំងឡាយ មួយទៀត ភិក្ខុជាអ្នក​មានមាយា មិនពោល​សរសើរ​ការកំចាត់​បង់នូវ​មាយា។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុជាអ្នក​មាន​មាយា មិន​ពោល​សរសើរ​នូវការ​កំចាត់បង់​នូវមាយា ដោយ​ហេតុណា នេះឯង​ជាធម៌ មិន​ប្រព្រឹត្ត​ទៅ ដើម្បី​សេចក្តី​ស្រឡាញ់ មិន​ប្រព្រឹត្តទៅ​ដើម្បី​សេចក្តី​គោរព មិន​ប្រព្រឹត្តទៅ ដើម្បី​សេចក្តី​ចំរើន មិន​ប្រព្រឹត្តទៅ ដើម្បីភាព​ជាសមណៈ មិន​ប្រព្រឹត្តទៅ ដើម្បីភាព​ជាបុគ្គល​ម្នាក់ឯង។ ម្នាលភិក្ខុ​ទាំងឡាយ មួយ​ទៀត ភិក្ខុជា​អ្នកប្រកប​ដោយជាតិ ជាអ្នក​មិនពិចារណា​នូវធម៌ មិនពោល​សរសើរ​ការពិចារណា​នូវធម៌។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុជា​អ្នកប្រកប​ដោយជាតិ ជាអ្នក​មិនពិចារណា​នូវធម៌ មិនពោល​សរសើរ​ការពិចារណា នូវធម៌​ដោយហេតុណា នេះឯង​ជាធម៌ មិន​ប្រព្រឹត្តទៅ ដើម្បី​សេចក្តី​ស្រឡាញ់ មិន​ប្រព្រឹត្តទៅ ដើម្បី​សេចក្តី​គោរព មិនប្រព្រឹត្ត​ទៅ ដើម្បី​សេចក្តី​ចំរើន មិនប្រព្រឹត្ត​ទៅ ដើម្បីភាព​ជាសមណៈ មិនប្រព្រឹត្តទៅ ដើម្បី​ភាព​ជាបុគ្គល​ម្នាក់ឯង។ ម្នាលភិក្ខុ​ទាំងឡាយ មួយទៀត ភិក្ខុ​ជាអ្នក​មិនមាន​ការពួន​សម្ងំ មិនពោល​សរសើរ​ការពួនសម្ងំ។ ម្នាលភិក្ខុ​ទាំង​ឡាយ ភិក្ខុ​ជាអ្នក​មិនពួនសម្ងំ មិនពោល​សរសើរ​ការពួនសម្ងំ ដោយ​ហេតុណា នេះ​ឯង​ជា​ធម៌ មិន​ប្រព្រឹត្តទៅ ដើម្បី​សេចក្តី​ស្រឡាញ់ មិនប្រព្រឹត្ត​ទៅ ដើម្បី​សេចក្តី​គោរព មិនប្រព្រឹត្ត​ទៅ ដើម្បី​សេចក្តី​ចំរើន មិនប្រព្រឹត្ត​ទៅ ដើម្បី​ភាព​ជាសមណៈ មិន​ប្រព្រឹត្ត​ទៅ ដើម្បី​ភាពជា​បុគ្គល​ម្នាក់ឯង។ ម្នាលភិក្ខុ​ទាំងឡាយ មួយទៀត ភិក្ខុជា​អ្នកមិនធ្វើ​បដិសន្ថារៈ ដល់​សព្រហ្មចារី​បុគ្គល​ទាំងឡាយ មិនពោល​សរសើរ​បុគ្គល​អ្នកធ្វើ​បដិសន្ថារៈ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ភិក្ខុជា​អ្នកមិន​ធ្វើ​បដិសន្ថារៈ ដល់​ពួកសព្រហ្មចារី​បុគ្គល មិនពោល​សរសើរ​បុគ្គល​អ្នកធ្វើ​បដិសន្ថារៈ ដោយ​ហេតុណា នេះឯង​ជាធម៌​មិនប្រព្រឹត្ត​ទៅ ដើម្បី​សេចក្តី​ស្រឡាញ់ មិន​ប្រព្រឹត្ត​ទៅ ដើម្បីសេចក្តី​គោរព មិន​ប្រព្រឹត្ត​ទៅ ដើម្បី​សេចក្តី​ចំរើន មិន​ប្រព្រឹត្ត​ទៅ ដើម្បីភាព​ជាសមណៈ មិន​ប្រព្រឹត្តទៅ ដើម្បីភាព​ជាបុគ្គល​ម្នាក់​ឯង។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុ​មានសភាព​យ៉ាងនេះ ពិតជា​មានសេចក្តី​ប្រាថ្នា កើតឡើង​យ៉ាង​នេះថា ធ្វើ​ម្តេចហ្ន៎ ពួក​សព្រហ្មចារីបុគ្គល គប្បី​ធ្វើសក្ការៈ គោរព រាប់អាន បូជា ចំពោះ​អាត្មាអញ​អេះ។ ប៉ុន្តែ​ពួក​សព្រហ្មចារីបុគ្គល មិន​ធ្វើសក្ការៈ មិន​គោរព មិន​រាប់អាន មិន​បូជា ចំពោះ​ភិក្ខុនោះ​ឡើយ។ ដំណើរនោះ ព្រោះ​ហេតុអ្វី។ ម្នាលភិក្ខុ​ទាំងឡាយ ព្រោះថា​ពួក​សព្រហ្មចារី ជាវិញ្ញូជន រមែង​ពិចារណា​ឃើញច្បាស់​នូវ​អកុសលធម៌ ដ៏លាមក​ទាំងនោះ ដែល​ភិក្ខុទាំង​នោះ មិនទាន់​លះបង់។ ម្នាលភិក្ខុ​ទាំងឡាយ ដូចសេះ​ល្ងង់ខ្លៅ ពិតជា​មានសេចក្តី​ប្រាថ្នា កើតឡើង​យ៉ាងនេះថា ធ្វើ​ម្តេចហ្ន៎ ពួកមនុស្ស​គប្បី​ដំកើងអញ ក្នុងទី​ជាសេះ​អាជានេយ្យ​ផង ឲ្យអញ​បរិភោគ​នូវភោជន​របស់​សេះ​អាជានេយ្យ​ផង ដុស​ខាត់​អញ ដូចជា​ដុស​ខាត់​សេះ​​អាជានេយ្យ​ផង។ តែថា​ពួកមនុស្ស​មិនដំកល់​នូវសេះនោះ ក្នុងទី​នៃសេះ​អាជានេយ្យ មិនឲ្យ​បរិភោគ​នូវភោជន​របស់​សេះ​អាជានេយ្យ មិន​ដុសខាត់ ដូចជា​ការដុសខាត់​សេះ​អាជានេយ្យ​ទេ។ ដំណើរ​នោះ ព្រោះ​ហេតុអ្វី។ ម្នាល​ភិក្ខុទាំង​ឡាយ ព្រោះថា ពួកមនុស្ស​ជាអ្នកដឹង រមែង​ពិចារណា​ឃើញច្បាស់​នូវ​អំពើ​រឹងត្អឹង កៀចក្រាញ កកិច​កកុច វៀចវេរ​ទាំងនោះ ដែល​សេះនោះ​មិនទាន់​លះបង់ មាន​ឧបមា​យ៉ាង​ណាមិញ ម្នាលភិក្ខុ​ទាំងឡាយ មាន​ឧបមេយ្យដូច​ភិក្ខុ​មានសភាព​យ៉ាងនេះ ពិតជា​មានសេចក្តី​ប្រាថ្នា​កើតឡើង យ៉ាងនេះថា ធ្វើដូច​ម្តេចហ្ន៎ ពួក​សព្រហ្មចារី​បុគ្គល គប្បី​ធ្វើ​សក្ការៈ គោរព រាប់អាន បូជា ចំពោះ​អាត្មាអញ អេះ តែបើ​ទុកជា​ដូច្នោះ ពួក​សព្រហ្មចារី បុគ្គល ក៏មិន​ធ្វើសក្ការៈ​មិនគោរព មិន​រាប់អាន មិន​បូជា​ចំពោះ​ភិក្ខុនោះ​ឡើយ។ ដំណើរ​នោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុ​ទាំងឡាយ ព្រោះថា ពួក​សព្រហ្មចារី ជាវិញ្ញូជន រមែង​ពិចារណា​ឃើញច្បាស់​នូវអកុសលធម៌​លាមក​ទាំងនោះ ដែលភិក្ខុនោះ​មិនទាន់​លះបង់។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុ​ក្នុង​សាសនានេះ ជាអ្នក​មិនធ្វើ​អធិករណ៍ ពោល​សរសើរ​ការរម្ងាប់​អធិករណ៍។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុជាអ្នក​មិនធ្វើ​អធិករណ៍ ពោល​សរសើរ​ការរម្ងាប់​អធិករណ៍ ដោយ​ហេតុណា នេះឯង​ជាធម៌ តែង​ប្រព្រឹត្តទៅ ដើម្បីសេចក្តី​ស្រឡាញ់ ដើម្បី​សេចក្តី​គោរព ដើម្បី​សេចក្តី​ចំរើន ដើម្បី​ភាពជា​សមណៈ ដើម្បីភាព​ជាបុគ្គល​ម្នាក់ឯង។ ម្នាលភិក្ខុ​ទាំងឡាយ មួយ​ទៀត ភិក្ខុជាអ្នក​ប្រាថ្នា​ក្នុងសិក្ខា ពោល​សរសើរ​ការសមាទាន​សិក្ខា។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុជាអ្នក​ប្រាថ្នាក្នុងសិក្ខា ពោល​សរសើរ​ការសមាទានសិក្ខា ដោយ​ហេតុណា នេះឯង​ជាធម៌​ប្រព្រឹត្តទៅ ដើម្បី​សេចក្តី​ស្រឡាញ់ ដើម្បី​សេចក្តី​គោរព ដើម្បីសេចក្តី​ចំរើន ដើម្បីភាព​ជាសមណៈ ដើម្បីភាព​ជាបុគ្គល​ម្នាក់ឯង។ ម្នាលភិក្ខុ​ទាំងឡាយ មួយទៀត ភិក្ខុជាអ្នក​ប្រាថ្នាតិច ពោល​សរសើរ​ការកំចាត់​បង់សេចក្តី​ប្រាថ្នា។ ម្នាលភិក្ខុ​ទាំង​ឡាយ ភិក្ខុជា​អ្នកប្រាថ្នា​តិច ពោល​សរសើរ​ការកំចាត់​បង់នូវ​សេចក្តីប្រាថ្នា ដោយ​ហេតុណា នេះឯង​ជាធម៌។បេ។ ប្រព្រឹត្តទៅ ដើម្បីភាព​ជាបុគ្គល​ម្នាក់ឯង។ ម្នាលភិក្ខុ​ទាំងឡាយ មួយទៀត ភិក្ខុជា​អ្នកមិនក្រោធ ពោល​សរសើរ​ការកំចាត់​បង់សេចក្តី​ក្រោធ។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុជាអ្នក​មិនក្រោធ ពោល​សរសើរ​ការកំចាត់បង់​សេចក្តីក្រោធ ដោយ​ហេតុណា នេះឯង​ជាធម៌។បេ។ ប្រព្រឹត្តទៅ ដើម្បីភាព​ជាបុគ្គល​ម្នាក់ឯង។ ម្នាល​ភិក្ខុទាំងឡាយ មួយទៀត ភិក្ខុជាអ្នក​មិនលុបគុណ​គេ ពោល​សរសើរ​ការ​កំចាត់បង់​ការលុបគុណ​គេ។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុជា​អ្នកមិនលុប​គុណ​គេ ពោលសរសើរ​ការ​កំចាត់បង់ នូវការ​លុបគុណគេ ដោយហេតុ​ណា នេះឯង​ជា​ធម៌។បេ។ ប្រព្រឹត្តទៅ ដើម្បីភាព​ជាបុគ្គល​ម្នាក់ឯង។ ម្នាលភិក្ខុ​ទាំងឡាយ មួយទៀត ភិក្ខុជាអ្នក​មិនអួតអាង ពោល​សរសើរ​ការកំចាត់​បង់សេចក្តី​អួតអាង។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុជាអ្នក​មិនអួតអាង ពោល​សរសើរ​នូវការ​កំចាត់​បង់សេចក្តី​អួតអាង ដោយ​ហេតុណា នេះឯង​ជាធម៌។បេ។ ប្រព្រឹត្តទៅ ដើម្បីភាព​ជាបុគ្គល​ម្នាក់ឯង។ ម្នាលភិក្ខុទាំង​ឡាយ មួយទៀត ភិក្ខុជាអ្នក​មិនមាន​មាយា ពោលសរសើរ​ការ​កំចាត់​បង់​មាយា។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុជាអ្នក​មិនមាន​មាយា ពោលសរសើរ​ការកំចាត់​បង់មាយា ដោយ​ហេតុណា នេះឯង​ជាធម៌។បេ។ ប្រព្រឹត្តទៅ ដើម្បីភាព​ជាបុគ្គល​ម្នាក់ឯង។ ម្នាលភិក្ខុ​ទាំងឡាយ មួយទៀត ភិក្ខុ​ប្រកប​ដោយជាតិ ជាអ្នក​ពិចារណា​នូវធម៌ ពោល​សរសើរ ការ​ពិចារណា​នូវធម៌។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុប្រកប​ដោយជាតិ ជាអ្នក​ពិចារណា​នូវធម៌ ដោយ​ហេតុណា នេះឯង​ជាធម៌។បេ។ ប្រព្រឹត្តទៅ ដើម្បីភាព​ជាបុគ្គល​ម្នាក់ឯង។ ម្នាលភិក្ខុ​ទាំងឡាយ មួយ​ទៀត ភិក្ខុជា​អ្នកពួន​សម្ងំ ពោល​សរសើរ​ការពួន​សម្ងំ។ ភិក្ខុជាអ្នក​ពួនសម្ងំ ពោល​សរសើរ​ការពួនសម្ងំ ដោយ​ហេតុណា នេះឯង​ជាធម៌។បេ។ ប្រព្រឹត្តទៅ ដើម្បីភាព​ជាបុគ្គល​ម្នាក់ឯង។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុជា​អ្នកធ្វើ​នូវបដិសន្ថារៈ ដល់ពួក​សព្រហ្មចារី​បុគ្គល ពោល​សរសើរ​បុគ្គលអ្នក​ធ្វើ​បដិសន្ថារៈ។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុជាអ្នក​ធ្វើ​បដិសន្ថារៈ ដល់​ពួកសព្រហ្មចារី​បុគ្គល ពោលសរសើរ​បុគ្គលអ្នក​ធ្វើ​នូវបដិសន្ថារៈ ដោយ​ហេតុណា នេះឯង​ជាធម៌ ប្រព្រឹត្តទៅ ដើម្បីសេចក្តី​ស្រឡាញ់ ដើម្បី​សេចក្តីគោរព ដើម្បី​សេចក្តី​ចំរើន ដើម្បីភាព​ជាសមណៈ ដើម្បី​ភាពជាបុគ្គល​ម្នាក់ឯង។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុមាន​សភាព​យ៉ាង​នេះ បើទុកជា​មិនគប្បី​បង្កើត​សេចក្តី​ប្រាថ្នា​យ៉ាងនេះថា ធ្វើដូច​ម្តេចហ្ន៎ ពួក​សព្រហ្មចារី​បុគ្គល គប្បី​ធ្វើសក្ការៈ គោរព រាប់អាន បូជា ចំពោះ​អាត្មាអញ ក៏គង់​តែពួក​សព្រហ្មចារី​បុគ្គល​ធ្វើសក្ការៈ គោរព រាប់អាន បូជា ចំពោះ​ភិក្ខុនោះ​ដែរ។ ដំណើរនោះ ព្រោះ​ហេតុអ្វី។ ម្នាលភិក្ខុ​ទាំងឡាយ ព្រោះថា ពួក​សព្រហ្មចារី ជា​វិញ្ញូជន រមែង​ពិចារណា​ឃើញច្បាស់ នូវ​អកុសល​ធម៌ដ៏លាមក​ទាំងនោះ ដែលភិក្ខុ​នោះលះ​បង់ហើយ។ ម្នាលភិក្ខុ​ទាំងឡាយ ដូចជាសេះ​អាជានេយ្យ​ដ៏ចំរើន បើ​ទុកជា​មិន​គប្បីបង្កើត​សេចក្តី​ប្រាថ្នា យ៉ាងនេះថា ធ្វើដូចម្តេចហ្ន៎ ពួកមនុស្ស​គប្បីដំកើង​អញ ក្នុង​ទីជា​សេះអាជានេយ្យ​ផង គប្បីឲ្យអញ​បរិភោគនូវ​ភោជន​របស់​សេះអាជានេយ្យផង គប្បី​ដុសខាត់​អញ ដោយការ​ដុសខាត់ ដូចជា​សេះអាជានេយ្យ​ផង ពួកមនុស្ស​ក៏គង់តែ​ដំកើង​សេះអាជានេយ្យ​នោះ ក្នុងទីជា​សេះអាជានេយ្យ​ផង ឲ្យបរិភោគ​នូវភោជន​របស់សេះ​អាជានេយ្យ​ផង ដុសខាត់ដូច​ជាដុសខាត់​សេះអាជានេយ្យ​ផង។ ដំណើរនោះ ព្រោះ​ហេតុអ្វី។ ម្នាល​ភិក្ខុទាំងឡាយ ព្រោះថា ពួកមនុស្ស​ជាអ្នកដឹង រមែង​ពិចារណា​ឃើញច្បាស់​​នូវអំពើ​រឹងត្អឹង​ កៀចក្រាញ កកិចកកុច វៀចវេរ​ទាំងនោះ ដែល​សេះ​អាជានេយ្យ​នោះ​លះបង់ហើយ មាន​ឧបមា​យ៉ាងណាមិញ ម្នាលភិក្ខុ​ទាំងឡាយ មាន​ឧបមេយ្យ ដូចជា​ភិក្ខុមាន​សភាព​យ៉ាងនេះ បើទុក​ជាមិន​គប្បី​បង្កើត​សេចក្តី​ប្រាថ្នា​យ៉ាងនេះថា ធ្វើដូច​ម្តេចហ្ន៎ ពួក​សព្រហ្មចារី​បុគ្គល គប្បីធ្វើ​សក្ការៈ គោរព រាប់អាន បូជា ចំពោះ​អាត្មាអញ ក៏គង់​តែពួក​សព្រហ្មចារី​បុគ្គល ធ្វើ​សក្ការៈ គោរព រាប់អាន បូជា ចំពោះ​ភិក្ខុនោះ​ដែរ។ ដំណើរ​នោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុ​ទាំងឡាយ ព្រោះថា ពួក​សព្រហ្មចារី ជាវិញ្ញូជន រមែង​ពិចារណា​ឃើញច្បាស់​នូវអកុសលធម៌​ដ៏លាមក​ទាំង​នោះ ដែល​ភិក្ខុនោះ​លះបង់​ហើយ។

អក្កោសកសូត្រ ទី៨

[៨៨] ម្នាលភិក្ខុទាំងឡាយ ភិក្ខុណា ជាអ្នកជេរ​ប្រទេចផ្តាសា​ពួក​សព្រហ្មចារី​បុគ្គល ជាអ្នក​តិះដៀល​ព្រះអរិយៈ ដំណើរនោះ មិនមែន​ជា​ហេតុ មិនមែន​ជាបច្ច័យ ដែល​មិននាំ​ឲ្យភិក្ខុ​នោះ​គប្បីដល់​នូវសេចក្តី​វិនាស​ទាំង ១០ ប្រការ សេចក្តី​វិនាស​ណាមួយទេ។ សេចក្តី​វិនាស​ទាំង ១០ ប្រការ តើដូច​ម្តេចខ្លះ។ បុគ្គលនោះ មិនបាន​នូវ​គុណធម៌ ដែល​ខ្លួនមិន​ទាន់​បាន ១ សាបសូន្យ​ចាកគុណ​ធម៌ ដែលខ្លួន​បានហើយ ១ ព្រះសទ្ធម្ម​របស់​បុគ្គល​នោះ​មិន​ផូរផង់ ១ ជាអ្នក​ស្មានហួស​ហេតុ ក្នុង​ព្រះសទ្ធម្ម ១ ប្រព្រឹត្ត​ព្រហ្មចារ្យ​ទាំងមិន​មាន​សេចក្តី​ត្រេកអរ ១ ត្រូវ​អាបត្តិ​ណាមួយ​ដែល​សៅហ្មង ១ ប្រទះ​សេចក្តីទុក្ខ​ព្រោះ​រោគដ៏ធ្ងន់ ១ ដល់នូវ​ការឆ្កួត​រាយមាយ​ចិត្ត ១ ធ្វើ​មរណៈ​ទាំងវង្វេង ១ លុះបែក​ធ្លាយរាង​កាយ​ស្លាប់ទៅ រមែង​ទៅកើត​ឯអបាយ ទុគ្គតិ វិនិបាត នរក ១។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុណា ជេរ​ប្រទេច​ផ្តាសា​ពួកសព្រហ្មចារី​បុគ្គល ជាអ្នក​តិះដៀល​ព្រះអរិយៈ ដំណើរនោះ មិនមែន​ជាហេតុ មិនមែន​ជាបច្ច័យ ដែល​មិនមែន​នាំឲ្យភិក្ខុ​នោះ​គប្បី​ដល់​នូវ​សេចក្តី​វិនាស​ទាំង ១០ ប្រការ​នេះ សេចក្តី​វិនាស​ណាមួយទេ។

កោកាលិកសូត្រ ទី៩

[៨៩] គ្រានោះ កោកាលិកភិក្ខុ ចូលទៅគាល់​ព្រះដ៏មានព្រះភាគ លុះចូល​ទៅដល់ ក៏ក្រាប​ថ្វាយបង្គំ​ព្រះដ៏មានព្រះភាគ ហើយអង្គុយ​ក្នុងទី​សមគួរ។ លុះ​កោកាលិកភិក្ខុ អង្គុយ​ក្នុងទី​សមគួរ​ហើយ ក៏ក្រាប​ទូល​ព្រះដ៏មានព្រះភាគ​ដូច្នេះថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន សារីបុត្ត និង​មោគ្គល្លាន ជាអ្នក​ប្រាថ្នាលាមក លុះក្នុង​អំណាច​នៃសេចក្តី​ប្រាថ្នាលាមក។ ព្រះអង្គ​ត្រាស់ថា ម្នាល​កោកាលិកៈ អ្នកកុំនិយាយ​យ៉ាងនេះ ម្នាល​កោកាលិកៈ អ្នក​កុំ​និយាយ យ៉ាង​នេះឡើយ ម្នាល​កោកាលិកៈ អ្នកចូរ​ញុំាងចិត្ត​ឲ្យជ្រះថ្លា ចំពោះ​សារីបុត្ត និង​មោគ្គល្លាន​ចុះ ព្រោះថា សារីបុត្ត និង​មោគ្គល្លាន ជា​អ្នក​មានសីល​ជាទី​ស្រឡាញ់។ កោកាលិកភិក្ខុ ទូល​ព្រះដ៏មានព្រះភាគ ជាគំរប់ពីរ​ដងទៀតថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន ព្រះដ៏មាន​ព្រះភាគ គួរ​ខ្ញុំព្រះអង្គ​ជឿ​យកតម្រាប់ ក៏មែនពិត​ហើយ តែថា​សារីបុត្ត និង​មោគ្គល្លាន ជាអ្នក​ប្រាថ្នា​លាមក​ប្រាកដ លុះក្នុង​អំណាចនៃ​សេចក្តី​ប្រាថ្នាលាមក។ ម្នាល​កោកាលិកៈ អ្នកកុំនិយាយ​យ៉ាងនេះ ម្នាល​កោកាលិកៈ អ្នកកុំ​និយាយ​យ៉ាងនេះ​ឡើយ ម្នាល​កោកាលិកៈ អ្នកចូរ​ញុំាងចិត្ត​ឲ្យជ្រះថ្លា ចំពោះ​សារីបុត្ត និង​មោគ្គល្លាន​ចុះ ព្រោះថា សារីបុត្ត និង​មោគ្គល្លាន មាន​សីល​ជាទី​ស្រឡាញ់។ កោកាលិកភិក្ខុ ក៏ទូល​ព្រះដ៏មាន​ព្រះភាគ ជាគំរប់ ៣ ដង​ទៀតថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន ព្រះដ៏មានព្រះភាគ គួរ​ខ្ញុំ​ព្រះអង្គ​ជឿ​យក​តម្រាប់​តាម ក៏ពិតមែន​ហើយ តែថា សារីបុត្ត និង​មោគ្គល្លាន សុទ្ធតែជា​អ្នក​ប្រាថ្នា​លាមក លុះក្នុង​អំណាច​នៃ​សេចក្តី​ប្រាថ្នាលាមក។ ម្នាល​កោកាលិកៈ អ្នក​កុំនិយាយ​យ៉ាង​នេះ ម្នាល​កោកាលិកៈ អ្នក​កុំនិយាយ​យ៉ាង​នេះឡើយ ម្នាល​កោកាលិកៈ អ្នកចូរ​ញុំាងចិត្ត​ឲ្យជ្រះថ្លា ចំពោះ​សារីបុត្ត និង​មោគ្គល្លាន​ចុះ ព្រោះថា សារីបុត្ត និង​មោគ្គល្លាន ជា​អ្នក​មាន​សីល​ជាទី​ស្រឡាញ់។ គ្រានោះ កោកាលិកភិក្ខុ ក្រោក​ចាកអាសនៈ ហើយ​ថ្វាយបង្គំ​ព្រះដ៏មានព្រះភាគ រួចក៏​ធ្វើ​ប្រទក្សិណ​ចៀសចេញ​ទៅ។ ក៏កាល​ដែល​កោកាលិកភិក្ខុ ចៀសចេញ​ទៅមិន​យូរប៉ុន្មាន ក៏កើត​អុតប៉ុន ៗ គ្រាប់ស្ពៃ រួបរឹត​កាយទាំងមូល លុះ​អុត​កើតប៉ុន ៗ គ្រាប់ស្ពៃ​ហើយ ក៏​ដោរឡើង​ប៉ុនគ្រាប់​សណ្តែកបាយ លុះប៉ុន​គ្រាប់សណ្តែក​បាយ​ហើយ ក៏ដោរឡើង ប៉ុនគ្រាប់​សណ្តែក​កង់ លុះប៉ុន​គ្រាប់សណ្តែក​កង់ហើយ ក៏​ដោរឡើង ប៉ុនគ្រាប់​ពទ្រា លុះប៉ុន​គ្រាប់​ពទ្រាហើយ ក៏ដោរឡើង​ប៉ុន​ផ្លែពទ្រា លុះ​ប៉ុនផ្លែ​ពទ្រាហើយ ក៏ដោរឡើង ប៉ុនផ្លែ​កន្ទួតព្រៃ លុះ​ប៉ុនផ្លែ​កន្ទួតព្រៃហើយ ក៏ដោរឡើង​ប៉ុន​ក្តឹប​ព្នៅ លុះប៉ុនក្តឹប​ព្នៅហើយ ក៏​ដោរឡើង ប៉ុនផ្លែ​ព្នៅធំ លុះប៉ុន​ផ្លែព្នៅធំ​ហើយ ខ្ទុះ និង​ឈាម​ក៏ហូរ​ចេញរហាម។ បានឮថា កោកាលិកភិក្ខុ​នោះ ដេកលើ​ស្លឹកចេក ដូចជា​ត្រីដែល​គេ​ច្រាស់​ស្រការហើយ។ លំដាប់នោះ តុទិបច្ចេកព្រហ្ម [ព្រហ្មនោះ កាលពីដើម ជា​ព្រះថេរៈឈ្មោះ​តុទិត្ថេរ ត្រូវជា​ឧបជ្ឈាយ៍​របស់​កោកាលិកភិក្ខុ បានដល់​អនាគាមិផល ទៅ​កើត​ក្នុង​ព្រហ្មលោក​ជាន់​សុទ្ធាវាស។ អដ្ឋកថា។] បានចូល​ទៅរក​កោកាលិក​ភិក្ខុ លុះ​ចូលទៅ​ដល់ហើយ ក៏ឋិតនៅ​ឰដ៏​អាកាស ហើយ​ពោលទៅ​នឹង​កោកាលិកភិក្ខុ ដូច្នេះថា ម្នាល​កោកាលិកៈ ចូរលោក​ញុំាង​ចិត្តឲ្យ​ជ្រះថ្លា ចំពោះ​ព្រះសារីបុត្ត និង​ព្រះមោគ្គល្លាន​ចុះ ព្រោះថា ព្រះសារីបុត្ត និង​ព្រះមោគ្គល្លាន មានសីល​ជាទីស្រឡាញ់។ ម្នាល​អាវុសោ អ្នក​ជាអ្វី។ យើងជា​តុទិបច្ចេកព្រហ្ម។ ម្នាល​អាវុសោ ព្រះដ៏មានព្រះភាគ ទ្រង់​ព្យាករថា អ្នកឯង​ជា​អនាគាមិបុគ្គល​ហើយតើ ចុះអ្នកឯង​មកក្នុងទី​នេះ ដើម្បីអ្វីទៀត អ្នកឯង​ចូរមើល​តែ​នូវកំហុស​របស់អ្នក​នោះចុះ។ លំដាប់​នោះ តុទិបច្ចេកព្រហ្ម ក៏បាន​ពោលនឹង​កោកាលិកភិក្ខុ ដោយគាថា​ដូច្នេះថា

បុគ្គលពាល កាលពោល​នូវ​ទុញ្ភសិត ឈ្មោះថា​កាប់​ខ្លួនឯង ដោយ​ពូថៅ គឺ​ផរុសវាចា​ណា ពូថៅ គឺផរុសវាចានោះ កើតតែ​ក្នុងមាត់​របស់​បុរស​ជាតិ​ដោយពិត។

បុគ្គលណា សរសើរនូវបុគ្គល​ដែលគួរនិន្ទា​ក្តី តិះដៀល​បុគ្គល​ដែលគួរសរសើរ​នោះ​ក្តី បុគ្គលនោះ​ឈ្មោះថា សន្សំនូវ​ទោស​ដោយមាត់ រមែង​មិន​បានសេចក្តី​សុខ ព្រោះ​ទោស​នោះទេ។

ការចាញ់​ដោយទ្រព្យណា ព្រោះល្បែង​ភ្នាល់ទាំងឡាយ (ព្រមទាំង​ខ្លួន​ទាំងអស់) ជាកំហុស​មានប្រមាណ​តិចទេ បុគ្គល​ណា ញុំាងចិត្ត​ឲ្យ​ប្រទូស្ត ចំពោះ​ពួកបុគ្គល​អ្នក​ប្រព្រឹត្តល្អ នេះឯង​ជាកំហុស​ធំ​ក្រៃលែង។ បុគ្គល​ដំកល់​នូវវាចា និង​ចិត្ត​ដ៏លាមក ហើយ​តិះដៀល​ព្រះ​អរិយៈ រមែងទៅ​កាន់​នរកណា នរក​នោះ មាន ១ សែន​និរព្វុទៈ​ផង និង ៣៦ អព្វុទៈ [អដ្ឋកថាថា និរព្វុទៈវិញ។] (ដោយ​ឡែកទៀត) ផង ៥ អព្វុទៈ​ផង។

គ្រានោះ កោកាលិកភិក្ខុ ក៏ធ្វើ​មរណកាល ដោយ​ជម្ងឺនោះ​ឯង។ លុះ​កោកាលិកភិក្ខុ ធ្វើ​មរណកាល​ហើយ ក៏ទៅកើត​ក្នុង​បទុមនរក ព្រោះថ្នាំង​ថ្នាក់​ចិត្ត​ចំពោះ​ព្រះសារីបុត្ត និង​ព្រះមោគ្គល្លាន។ គ្រានោះ កាល​បើរាត្រី​បឋមយាម​កន្លង​ទៅហើយ សហម្បតិព្រហ្ម មាន​រស្មីរុងរឿង​ ធ្វើវត្ត​ជេតពន​ទាំងមូល​ឲ្យភ្លឺច្បាស់ ក៏ចូលទៅ​គាល់​ព្រះដ៏មានព្រះភាគ លុះចូល​ទៅដល់ ក្រាបថ្វាយ​បង្គំ​ព្រះដ៏មានព្រះភាគ ហើយ​ឋិតនៅ​ក្នុងទីសមគួរ។ លុះ​សហម្បតិ​ព្រហ្មឋិត​នៅក្នុង​ទីសមគួរ​ហើយ ក្រាបបង្គំ​ទូល​ព្រះដ៏មានព្រះភាគ​ថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន កោកាលិកភិក្ខុ ធ្វើមរណកាល​ទៅហើយ បពិត្រ​ព្រះអង្គ​ដ៏ចំរើន កោកាលិកភិក្ខុ​ធ្វើមរណកាល ទៅកើត​ក្នុងបទុមនរក ព្រោះថ្នាំងថ្នាក់​ចិត្តចំពោះ​ព្រះសារីបុត្ត និង​ព្រះមោគ្គល្លាន។ សហម្បតិព្រហ្ម បានពោល​ពាក្យនេះ​ហើយ ក៏ក្រាបថ្វាយ​បង្គំ​ព្រះដ៏មានព្រះ​ភាគ ធ្វើប្រទក្សិណ ហើយបាត់​ចាកទីនោះ​ទៅមួយ​រំពេច។ លំដាប់​នោះ ព្រះដ៏មានព្រះភាគ កាលបើ​រាត្រីនោះ​កន្លង​ទៅហើយ ទ្រង់ត្រាស់​នឹងភិក្ខុ​ទាំង​ឡាយថា ម្នាលភិក្ខុ​ទាំងឡាយ ក្នុង​យប់មិញនេះ កាល​រាត្រីបឋមយាម កន្លង​ទៅ​ហើយ សហម្បតិព្រហ្ម មានរស្មីរុងរឿង ធ្វើវត្ត​ជេតពន​ទាំង​មូល ឲ្យភ្លឺច្បាស់ ហើយចូល​មករក​តថាគត លុះចូល​មកដល់ ថ្វាយបង្គំតថាគត ហើយ​ឋិតនៅ​ក្នុងទី​សមគួរ។ ម្នាលភិក្ខុ​ទាំងឡាយ លុះ​សហម្បតិព្រហ្ម ឋិតនៅ​ក្នុងទីសមគួរ​ហើយ បានពោល​នឹងតថាគត​ដូច្នេះថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន កោកាលិក​ភិក្ខុ ធ្វើមរណកាល​ទៅហើយ បពិត្រ​ព្រះអង្គ​ដ៏ចំរើន កោកាលិកភិក្ខុ ធ្វើមរណកាល​ទៅ ទៅកើត​ក្នុង​បទុមនរក ព្រោះ​ថ្នាំងថ្នាក់​ចិត្តចំពោះ​សារីបុត្ត និងមោគ្គល្លាន។ ម្នាលភិក្ខុ​ទាំងឡាយ សហម្បតិ​ព្រហ្ម បានពោល​ពាក្យនេះ លុះពោល​ពាក្យនេះ​ហើយ ថ្វាយ​បង្គំលា​តថាគត ធ្វើ​ប្រទក្សិណ បាត់ចាក​ទីនោះ​ទៅមួយ​រំពេច។ និមិត្ត​តែព្រះដ៏​មានព្រះភាគ​ទ្រង់ត្រាស់​យ៉ាងនេះហើយ ភិក្ខុ ១ រូប ក្រាបថ្វាយ​បង្គំទូល​សួរព្រះដ៏មាន​ព្រះភាគ​ដូច្នេះថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន ប្រមាណ​នៃអាយុ ក្នុង​បទុមនរក វែងប៉ុន្មាន។ ព្រះអង្គ​ត្រាស់ថា ម្នាលភិក្ខុ ប្រមាណ​នៃ​អាយុ​ក្នុង​បទុមនរក វែងណាស់ ប្រមាណ​នៃអាយុ​ក្នុង​បទុមនរក​នោះ បុគ្គល​មិនងាយ​នឹងរាប់​ថា ប៉ុណ្ណេះឆ្នាំ ប៉ុណ្ណេះ​រយឆ្នាំ ឬប៉ុណ្ណេះ​ពាន់ឆ្នាំ ឬ​ក៏ប៉ុណ្ណេះសែន​ឆ្នាំបានឡើយ។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ចុះព្រះអង្គ​អាច​ធ្វើសេចក្តី​ឧបមា​បានដែរឬ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់​ថា ម្នាលភិក្ខុ អាចធ្វើបាន ដូច្នេះ ទើបត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ ប្រៀបដូច​រទេះ​ផ្ទុកល្ង របស់អ្នក​ដែនកោសល​ចំណុះ ២០ ខារិកៈ [៤បត្ថៈ របស់អ្នក​មគធៈ ត្រូវ​ជា​មួយបត្ថៈក្នុង​ដែន​កោសល ៤បត្ថៈ​របស់​អ្នកដែន​កោសលនោះ ត្រូវជា​មួយអាឡ្ហកៈ ៤​អាឡ្ហកៈ​ត្រូវជាមួយទោនៈ ៤ទោនៈ ត្រូវជាមួយមានិកា ៤មានិកា ត្រូវជាមួយខារី។ អដ្ឋកថា។] (អម្រែក) កន្លង​ទៅ​បាន ១ សែនឆ្នាំ មាន​បុរសម្នាក់ រើសយក​ល្ង ១ គ្រាប់ ៗ អំពី​រទេះ​នោះ​ចេញ។ ម្នាលភិក្ខុ រទេះ​ផ្ទុកល្ង របស់អ្នក​ដែនកោសល​ចំណុះ ២០ ខារិកៈ​នោះ ដល់នូវការ​អស់រលីង​ទៅ ដោយ​សេចក្តី​ព្យាយាម នេះឈ្មោះថា ឆាប់​រហ័ស​នៅ​ឡើយ ឯ​អព្វុទនរក ១ មិនឆាប់​ដូច្នេះ​ទេ ម្នាលភិក្ខុ ដូចជា អព្វុទៈ [ពាក្យ​អព្វុទៈនេះ ជា​ឈ្មោះនៃ​ការរាប់ឆ្នាំ​របស់សត្វ​ដែលឆេះ​នៅ​ក្នុង​នរកអវីចិ​នោះឯង ដូចសំដែង​តទៅ គឺ​សំខ្យាមួយរយ​សែន ឈ្មោះថា ១កោដិ ១រយសែនកោដិ ឈ្មោះថា ១បកោដិ ១រយសែន​បកោដិ ឈ្មោះថា ១កោដិប្បកោដិ ១រយសែន​កោដិប្បកោដិ ឈ្មោះថា ១នហុត ១រយសែន​នហុត ឈ្មោះថា និន្នហុត ១រយសែន​និន្នហុត ឈ្មោះថា ១អព្វុទៈ ម្ភៃគុណ​អំពី​អព្វុទៈ ឈ្មោះថា​ និរព្វុទៈ។ ន័យនេះ គប្បីដឹង​គ្រប់បទ​ទាំងអស់។ អដ្ឋកថា។] នរក ២០ ត្រូវជា និរព្វុទនរក ១។ ម្នាលភិក្ខុ ដូចជា និរព្វុទនរក ២០ ត្រូវ​ជា អពព្វនរក ១។ ម្នាលភិក្ខុ ដូចជា អពព្វនរក ២០ ត្រូវជា អហហនរក ១។ ម្នាលភិក្ខុ ដូចជា អហហនរក ២០ ត្រូវជា អដដនរក ១។ ម្នាលភិក្ខុ ដូចជា អដដនរក ២០ ត្រូវជា កុមុទនរក ១។ ម្នាលភិក្ខុ ដូចជា កុមុទនរក ២០ ត្រូវជា សោគន្ធិកនរក ១។ ម្នាលភិក្ខុ ដូចជា សោគន្ធិកនរក ២០ ត្រូវជា ឧប្បលនរក ១។ ម្នាលភិក្ខុ ដូចជា ឧប្បលនរក ២០ ត្រូវជា បុណ្ឌរីកនរក ១។ ម្នាលភិក្ខុ ដូចជា បុណ្ឌរីកនរក ២០ ត្រូវជា បទុមនរក ១។ ម្នាលភិក្ខុ ដូចជា​កោកាលិកភិក្ខុ ទៅកើត​ក្នុង​បទុមនរក ព្រោះថ្នាំងថ្នាក់​ចិត្ត​ចំពោះ​សារីបុត្ត និង​មោគ្គល្លាន។ ព្រះមានព្រះភាគ ទ្រង់​សំដែងធម៌​នេះ​ហើយ ព្រះសុគត​ជាព្រះសាស្តា លុះ​សំដែងធម៌​នេះហើយ ទើប​សំដែង គាថា​នេះតទៅ​ទៀតថា

បុគ្គលពាល កាលពោល​នូវពាក្យ​ទុញ្ភសិត ឈ្មោះថា កាប់​នូវខ្លួន ដោយ​ពូថៅ គឺ​ផរុសវាចា​ណា ពូថៅ គឺផរុសវាចា​នោះ តែង​កើតក្នុង​មាត់​របស់​បុរសជាតិ​ដោយពិត។

បុគ្គលណា សរសើរ​នូវបុគ្គលដែល​គួរនិន្ទា ឬតិះដៀល​បុគ្គលដែល​គួរសរសើរ បុគ្គលនោះ​ឈ្មោះថា សន្សំនូវទោស​ដោយមាត់ រមែង​មិនបាន​សេចក្តីសុខ ព្រោះទោស​នោះទេ។

ការចាញ់​ដោយទ្រព្យណា ព្រោះល្បែង​ភ្នាល់ទាំង​ឡាយ ព្រមទាំងខ្លួន​ទាំងអស់ ការចាញ់នេះ​ឈ្មោះថា កំហុស​មាន​ប្រមាណ​តិចទេ បុគ្គលណា ញុំាងចិត្តឲ្យ​ប្រទូស្ត ចំពោះ​ពួកបុគ្គល​ដែល​ប្រព្រឹត្តល្អ បុគ្គលនេះ​ឯង ទើប​ឈ្មោះថា មានកំហុស​ធំក្រៃ​លែង។ បុគ្គលដំកល់វាចា និង​ចិត្តដ៏លាមក តិះដៀល​ព្រះអរិយៈ រមែង​ទៅកើត​ក្នុង​នរកណា នរកនោះ មានមួយសែន​និរព្វុទៈ និង ៣៦ និរព្វុទៈ (ដោយឡែក​ទៀត) ផង ៥ អព្វុទៈផង។

ខីណាសវពលសូត្រ ទី១០

[៩០] គ្រានោះ ព្រះសារីបុត្តដ៏មានអាយុ ចូលទៅគាល់​ព្រះដ៏មាន​ព្រះ​ភាគ លុះចូល​ទៅដល់ ក្រាបថ្វាយ​បង្គំ​ព្រះដ៏មានព្រះភាគ ហើយ​អង្គុយ​ក្នុង​ទីសមគួរ។ លុះ​ព្រះសារីបុត្ត​ដ៏មានអាយុ អង្គុយ​ក្នុងទីសម​គួរហើយ ព្រះដ៏មានព្រះភាគ ក៏ត្រាស់​សួរដូច្នេះ​ថា ម្នាល​សារីបុត្ត ភិក្ខុជា​ខីណាស្រព ប្រកបដោយ​កំឡាំងទាំង​ឡាយណា រមែង​ប្តេជ្ញានូវ​ការអស់ទៅ​នៃអាសវៈថា ​អាសវៈ​របស់​អាត្មាអញ​អស់ហើយ កំឡាំង​របស់ភិក្ខុ ជាខីណា​ស្រព​នោះ តើមានប៉ុន្មាន។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ភិក្ខុជា​ខីណាស្រព ប្រកប​ដោយកំឡាំង​ទាំងឡាយ​ណា រមែងប្តេជ្ញា​នូវការ​អស់ទៅ​នៃអាសវៈ​ថា អាសវៈ​របស់​អាត្មាអញ អស់​ហើយ កំឡាំងរបស់​ភិក្ខុ ជាខីណា​ស្រពនោះ មាន ១០ យ៉ាង។ កំឡាំង ១០ យ៉ាង តើដូច​ម្តេចខ្លះ។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន គឺភិក្ខុជា​ខីណាស្រព ក្នុងសាសនានេះ ពិចារណា​ឃើញច្បាស់​នូវសង្ខារ​ទាំងពួង ដោយ​សេចក្តីថា មិនទៀង ដោយបញ្ញា​ដ៏ប្រពៃ​តាមពិត។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ភិក្ខុជា​ខីណាស្រព ពិចារណា​ឃើញច្បាស់​នូវសង្ខារ​ទាំង​ពួង ដោយ​សេចក្តីថា មិនទៀង ដោយបញ្ញា​ដ៏ប្រពៃ​តាមពិត ដោយ​ហេតុ​ណា បពិត្រ​ព្រះអង្គ​ដ៏ចំរើន នេះ​ឯងចាត់​ជាកំឡាំង​របស់ភិក្ខុ​ជាខីណាស្រព ដែលនាំ​ឲ្យភិក្ខុជា​ខីណាស្រព អាស្រ័យ​នូវកំឡាំង​ហើយ ទើបប្តេជ្ញា នូវការ​អស់ទៅ​នៃអាសវៈ​ទាំងឡាយថា អាសវៈ​របស់អាត្មា​អញ អស់​ហើយ ១។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន មួយទៀត ភិក្ខុជា​ខីណាស្រព ពិចារណា​ឃើញច្បាស់ នូវកាម​ទាំងឡាយ មានឧបមា​ដូចរណ្តៅ​រងើកភ្លើង ដោយបញ្ញា​ដ៏ប្រពៃ​តាមពិត។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ភិក្ខុជា​ខីណាស្រព ពិចារណា​ឃើញច្បាស់ នូវកាម​ទាំងឡាយ មានឧបមា​ដូចរណ្តៅ​រងើក​ភ្លើង ដោយបញ្ញា​ដ៏ប្រពៃ​តាមពិត ដោយហេតុ​ណា បពិត្រ​ព្រះអង្គដ៏ចំរើន នេះឯង​ចាត់ជា​កំឡាំង​របស់ភិក្ខុ​ជាខីណាស្រព ដែលនាំ​ឲ្យភិក្ខុជា​ខីណាស្រព អាស្រ័យ​នូវកំឡាំង​ហើយ ទើបប្តេជ្ញា​នូវការអស់​ទៅនៃអាសវៈ​ទាំងឡាយ​ថា អាសវៈ​ទាំងឡាយ របស់​អាត្មាអញ អស់ហើយ ១។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន មួយទៀត ភិក្ខុជា​ខីណាស្រព មានចិត្ត​ឱនទៅកាន់​វិវេក ឈមទៅ​រកវិវេក ទោរទន់​ទៅរក​វិវេក ឋិតនៅ​ក្នុងវិវេក ត្រេកអរ​ក្នុងការ​ចេញចាកកាម ជាចិត្ត​វិនាស​ចាកធម៌​ទាំងឡាយ ដែលជា​ទីតាំង​នៃអាសវៈ ដោយប្រការ​ទាំងពួង។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ភិក្ខុជា​ខីណាស្រព មាន​ចិត្តឱន​ទៅរកវិវេក ឈម​ទៅរក​វិវេក ទោរទន់​ទៅរក​វិវេក ឋិតនៅ​ក្នុង​វិវេក ត្រេកអរ​ក្នុងការ​ចេញចាក​កាម ជា​ចិត្តវិនាស​ចាកធម៌​ទាំងឡាយ ដែលជា​ទីតាំង​នៃអាសវៈ ដោយប្រការ​ទាំងពួង ដោយ​ហេតុណា បពិត្រ​ព្រះអង្គ​ដ៏ចំរើន នេះឯង​ចាត់ជា​កំឡាំងរបស់​ភិក្ខុជា​ខីណាស្រព ដែលនាំ​ឲ្យភិក្ខុ​ជាខីណា​ស្រព អាស្រ័យ​នូវកំឡាំង​ហើយ ទើបប្តេជ្ញា​នូវការអស់​ទៅនៃអាសវៈ​ទាំងឡាយ​ថា អាសវៈ​ទាំងឡាយ របស់​អាត្មាអញ អស់​ហើយ ១។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន មួយទៀត ភិក្ខុជា​ខីណាស្រព ចំរើន អប់រំល្អ​ហើយ នូវ​សតិប្បដ្ឋាន ៤។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ភិក្ខុជា​ខីណាស្រព បានចំរើន អប់រំល្អ​ហើយ នូវ​សតិប្បដ្ឋាន ៤ ដោយ​ហេតុណា បពិត្រ​ព្រះអង្គ​ដ៏ចំរើន នេះឯង​ចាត់ជាកំឡាំង របស់ភិក្ខុ​ជា​ខីណាស្រព ដែល​នាំ​ឲ្យភិក្ខុជា​ខីណាស្រព អាស្រ័យ​នូវកំឡាំង​ហើយ ទើបប្តេជ្ញា​នូវការអស់​ទៅ នៃអាសវៈ​ទាំងឡាយ​ថា អាសវៈ​របស់អាត្មា​អញ អស់ហើយ ១។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន មួយទៀត ភិក្ខុជា​ខីណាស្រព បានចំរើន អប់រំល្អ​ហើយ នូវ​សម្មប្បធាន ៤… ១ ចំរើន អប់រំល្អ​ហើយ នូវឥទ្ធិបាទ ៤… ១ ចំរើន អប់រំល្អ​ហើយ នូវឥន្រ្ទិយ ៥ ពលៈ ៥… ១ ចំរើន អប់រំល្អ​ហើយ នូវពោជ្ឈង្គ ៧ …១ ចំរើន អប់រំល្អ​ហើយ នូវមគ្គ​ដ៏ប្រសើរ ប្រកប​ដោយ​អង្គ ៨។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ភិក្ខុជា​ខីណាស្រព ចំរើន អប់រំល្អ​ហើយ​នូវមគ្គ​ប្រសើរ ប្រកបដោយ​អង្គ ៨ ដោយ​ហេតុណា បពិត្រ​ព្រះអង្គ​ដ៏ចំរើន នេះឯង ចាត់ជាកំឡាំងរបស់​ភិក្ខុជា​ខីណាស្រព ដែលនាំ​ឲ្យភិក្ខុ​ជាខីណាស្រព អាស្រ័យ​នូវកំឡាំង​ហើយ ទើបប្តេជ្ញា​នូវការអស់​ទៅនៃអាសវៈ​ទាំងឡាយ​ថា អាសវៈ​ទាំងឡាយ របស់អាត្មា​អញ អស់​ហើយ ១។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ភិក្ខុជា​ខីណាស្រព ប្រកបដោយ​កំឡាំង​ទាំងឡាយ​ណា ប្តេជ្ញានូវ​ការអស់​ទៅ នៃអាសវៈ​ទាំងឡាយ​ថា អាសវៈ​ទាំងឡាយ របស់អាត្មា​អញ អស់ហើយ កំឡាំង​របស់ភិក្ខុ​ជាខីណាស្រព​នោះ មាន ១០ យ៉ាងនេះ​ឯង។

ចប់ ថេរវគ្គ ទី៤។

ឧទ្ទាននៃ​ថេរវគ្គ​នោះគឺ

និយាយអំពីព្រះ​វាហុនត្ថេរ ១ ព្រះអានន្ទត្ថេរ ១ ព្រះបុណ្ណិយត្ថេរ ១ ការពោល​អួត​អរហត្តផល ១ ភិក្ខុពោលអួត ១ ការស្មាន​ហួសហេតុ ១ អធិករណ៍ ១ កោកាលិកភិក្ខុ ១ កំឡាំង ១។

ឧបាសកវគ្គ ទី៥

កាមភោគីសូត្រ ទី១

[៩១] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅ​ក្នុងវត្តជេតពន របស់អនាថ​បិណ្ឌិក​សេដ្ឋី ជិតក្រុង​សាវត្ថី។ គ្រានោះ អនាថបិណ្ឌិក​គហបតី ចូលទៅគាល់​ព្រះដ៏មាន​ព្រះភាគ លុះចូល​ទៅដល់ ក្រាបថ្វាយ​បង្គំ​ព្រះដ៏មានព្រះភាគ ហើយ​អង្គុយ​ក្នុងទី​សមគួរ។ លុះ​អនាថបិណ្ឌិក​គហបតី បានអង្គុយ​ក្នុងទីសម​គួរហើយ ទើប​ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់​ថា ម្នាល​គហបតី អ្នកបរិភោគ​កាមនេះ មាន ១០ ពួក ក្នុង​លោក។ ១០ ពួក តើដូច​ម្តេចខ្លះ។ ម្នាល​គហបតី ក្នុង​លោកនេះ មានអ្នក​បរិភោគ​កាមខ្លះ ស្វះស្វែង​រកនូវភោគៈ​ទាំងឡាយ មិនត្រូវ​តាមគន្លង​ធម៌ គឺ​កំហែង​សង្កត់​សង្កិន​គេ លុះស្វះស្វែង​រកភោគៈ​ទាំងឡាយ មិនត្រូវ​តាមគន្លង​ធម៌ គឺកំហែង​សង្កត់សង្កិន​គេបាន​មកហើយ មិនធ្វើខ្លួន​ឲ្យបាន​សុខ ឲ្យឆ្អែត មិន​ចែករលែក មិនធ្វើបុណ្យ​ទាំងឡាយ ១។ ម្នាល​គហបតី ក្នុងលោក​នេះ មានអ្នក​បរិភោគកាម​ខ្លះ ស្វះស្វែង​រកភោគៈ​ទាំងឡាយ មិនត្រូវ​តាមគន្លង​ធម៌ គឺកំហែង​សង្កត់សង្កិន​គេ លុះស្វះស្វែង​រកនូវភោគៈ​ទាំងឡាយ មិន​ត្រូវតាម​គន្លងធម៌ គឺកំហែង​សង្កត់សង្កិន​គេ បានមក​ហើយ ធ្វើខ្លួន​ឲ្យបាន​សុខ ឲ្យឆ្អែត តែមិន​ចែករលែក មិនធ្វើ​បុណ្យ​ទាំងឡាយ ១។ ម្នាលគហបតី ក្នុងលោកនេះ មានអ្នក​បរិភោគ​កាមខ្លះ ស្វះស្វែង​រកភោគៈ​ទាំងឡាយ មិនត្រូវ​តាមគន្លង​ធម៌ គឺកំហែង​សង្កត់សង្កិន លុះស្វះ​ស្វែងរក​ភោគៈ​ទាំងឡាយ មិនត្រូវ​តាមគន្លង​ធម៌ គឺកំហែង​សង្កត់សង្កិនគេ​បានមក​ហើយ ធ្វើ​​ខ្លួនឲ្យ​បានសុខ ឲ្យឆ្អែត ទាំងចែក​រលែក ធ្វើបុណ្យ​ទាំងឡាយ ១។ ម្នាល​គហបតី ក្នុងលោក​នេះ មានអ្នក​បរិភោគ​កាមខ្លះ ស្វះស្វែង​រកភោគៈ​ទាំងឡាយ ត្រូវតាម​គន្លងធម៌​ខ្លះ មិនត្រូវ​តាមគន្លង​ធម៌ខ្លះ គឺកំហែង​សង្កត់សង្កិន​គេក៏មាន លុះស្វែង​រកភោគៈ​ទាំងឡាយ ត្រូវតាម​គន្លងធម៌​ខ្លះ មិនត្រូវ​តាមគន្លង​ធម៌ខ្លះ គឺកំហែង​សង្កត់សង្កិន​ក៏មាន មិនកំហែង​សង្កត់​សង្កិនក៏​មាន បានមក​ហើយ មិនធ្វើខ្លួន​ឲ្យបានសុខ ឲ្យឆ្អែត មិនចែក​រលែក មិនធ្វើ​បុណ្យ​ទាំងឡាយ ១។ ម្នាល​គហបតី ក្នុងលោកនេះ មានអ្នក​បរិភោគ​កាម​ខ្លះ ស្វះស្វែង​រកភោគៈ​ទាំងឡាយ ត្រូវតាម​គន្លងធម៌ខ្លះ មិនត្រូវ​តាម​គន្លងធម៌​ខ្លះ គឺកំហែង​សង្កត់សង្កិន​ក៏មាន មិន​កំហែង​សង្កត់សង្កិន​ក៏មាន លុះស្វះស្វែង​រកភោគៈ​ទាំងឡាយ ត្រូវតាម​គន្លង​ធម៌ខ្លះ មិនត្រូវតាមគន្លង​ធម៌ខ្លះ គឺកំហែង​សង្កត់សង្កិន​ក៏មាន មិនកំហែង​សង្កត់សង្កិន​ក៏មាន បាន​មកហើយ ធ្វើខ្លួន​ឲ្យបាន​សុខ ឲ្យឆ្អែត តែទាស់​មិនចែក​រលែក មិនធ្វើ​បុណ្យ​ទាំងឡាយ ១។ ម្នាល​គហបតី ក្នុង​លោកនេះ មានអ្នក​បរិភោគ​កាមខ្លះ ស្វះស្វែង​រកភោគៈ​ទាំងឡាយ ត្រូវតាម​គន្លងធម៌​ខ្លះ មិនត្រូវ​តាម​គន្លងធម៌​ខ្លះ គឺកំហែង​សង្កត់សង្កិន​គេក៏មាន មិនកំហែង​សង្កត់​សង្កិនគេ ក៏មាន លុះស្វះស្វែង​រកភោគៈ​ទាំងឡាយ ត្រូវតាម​គន្លងធម៌​ខ្លះ មិនត្រូវ​តាមគន្លង​ធម៌ខ្លះ គឺកំហែង​សង្កត់សង្កិន​គេក៏មាន មិន​កំហែង​សង្កត់សង្កិន​គេក៏មាន បាន​មកហើយ ធ្វើខ្លួន​ឲ្យបាន​សុខ ឲ្យឆ្អែត ចែក​រលែក ធ្វើបុណ្យ​ទាំងឡាយ ១។ ម្នាល​គហបតី ក្នុង​លោកនេះ មានអ្នក​បរិភោគៈ​កាមខ្លះ ស្វះស្វែង​រកភោគៈ​ទាំងឡាយ ត្រូវតាម​គន្លងធម៌ គឺមិន​កំហែង​សង្កត់សង្កិន​គេ លុះស្វែង​រកភោគៈ​ទាំងឡាយ ត្រូវតាម​គន្លងធម៌ គឺមិន​កំហែង​សង្កត់​សង្កិន​គេ បានមក​ហើយ មិនធ្វើ​ខ្លួនឲ្យ​បានសុខ ឲ្យឆ្អែត មិនចែក​រលែក មិនធ្វើ​បុណ្យ​ទាំងឡាយ ១។ ម្នាល​គហបតី ក្នុង​លោកនេះ មានអ្នក​បរិភោគកាម​ខ្លះ ស្វះស្វែង​រកភោគៈ​ទាំងឡាយ ត្រូវតាម​គន្លងធម៌ គឺមិន​កំហែង​សង្កត់សង្កិន​គេ លុះស្វះ​ស្វែងរក​ភោគៈ​ទាំងឡាយ ត្រូវតាម​គន្លងធម៌ គឺមិន​កំហែង​សង្កត់សង្កិន​គេ បានមក​ហើយ ធ្វើខ្លួនឲ្យ​បានសុខ ឲ្យឆ្អែត តែទាស់​មិនចែក​រលែក មិនធ្វើ​បុណ្យ​ទាំងឡាយ ១។ ម្នាល​គហបតី ក្នុង​លោក​នេះ មានអ្នក​បរិភោគ​កាមខ្លះ ស្វះស្វែង​រកភោគៈ​ទាំងឡាយ ត្រូវ​តាម​គន្លងធម៌ គឺមិន​កំហែង​សង្កត់សង្កិន​គេ លុះស្វះ​ស្វែងរក​ភោគៈ​ទាំងឡាយ ត្រូវតាម​គន្លងធម៌ គឺមិន​កំហែង​សង្កត់សង្កិន​គេ បានមក​ហើយ ធ្វើខ្លួនឲ្យ​បានសុខ ឲ្យឆ្អែត ចែក​រលែក ធ្វើបុណ្យ​ទាំងឡាយ តែ​នៅជក់​ជ្រប់ ឈ្លក់ចិត្ត​នឹងភោគៈ​ទាំងនោះ មិនឃើញ​ទោស មិនមាន​បញ្ញាជា​គ្រឿង​រើខ្លួន ហើយ​ចេះតែ​បរិភោគ ១។ ម្នាល​គហបតី ក្នុង​លោកនេះ មានអ្នក​បរិភោគ​កាមខ្លះ ស្វះស្វែង​រកភោគៈ​ទាំងឡាយ ត្រូវតាម​គន្លងធម៌ គឺមិន​កំហែង​សង្កត់សង្កិន​គេ លុះស្វះស្វែង​រកភោគៈ​ទាំងឡាយ ត្រូវ​តាមគន្លងធម៌ គឺមិន​កំហែង​សង្កត់​សង្កិនគេ បានមក​ហើយ ធ្វើខ្លួន​ឲ្យបាន​សុខ ឲ្យឆ្អែត ចែករលែក ធ្វើបុណ្យ​ទាំងឡាយ ថែមទាំង​មិនជក់ មិនជ្រប់ មិនឈ្លក់ចិត្ត​នឹងភោគៈ​ទាំងនោះទេ ឃើញ​ទោស មានបញ្ញា​ជាគ្រឿង​រើខ្លួន ហើយបរិភោគ ១។ ម្នាល​គហបតី បណ្តា​អ្នកបរិភោគ​កាមទាំងនោះ អ្នកបរិភោគ​កាមណា ស្វះស្វែង​រកភោគៈ​ទាំងឡាយ មិនត្រូវ​តាមគន្លងធម៌ គឺ​កំហែង​សង្កត់សង្កិន​គេ លុះស្វះស្វែង​រកភោគៈ​ទាំងឡាយ មិនត្រូវតាម​គន្លងធម៌ គឺកំហែង​សង្កត់សង្កិន​គេបាន​មកហើយ មិនធ្វើខ្លួន​ឲ្យបាន​សុខ ឲ្យឆ្អែត មិន​ចែករលែក មិនធ្វើបុណ្យ​ទាំងឡាយ ម្នាល​គហបតី អ្នកបរិភោគ​កាមនេះ គួរគេ​តិះដៀល ដោយហេតុ ៣ ប្រការ គឺ​គេតិះដៀល ដោយ​ហេតុទី ១ នេះថា ស្វះស្វែង​រកភោគៈ​ទាំងឡាយ មិនត្រូវ​តាមគន្លង​ធម៌ គឺកំហែង​សង្កត់សង្កិន​គេ គេតិះដៀល​ដោយ​ហេតុទី ២ នេះថា មិន​ធ្វើខ្លួន​ឲ្យបាន​សុខ ឲ្យឆ្អែត គួរគេ​តិះដៀល ដោយ​ហេតុទី ៣ នេះថា មិន​ចែក​រលែក មិនធ្វើបុណ្យ​ទាំងឡាយ។ ម្នាល​គហបតី អ្នក​បរិភោគ​កាមនេះ គួរគេ​តិះដៀល ដោយហេតុ​ទាំង ៣ ប្រការ​នេះ។ ម្នាល​គហបតី បណ្តា​អ្នកបរិភោគ​កាមទាំងនោះ អ្នក​បរិភោគ​កាមណា ស្វះស្វែង​រកភោគៈ​ទាំងឡាយ មិនត្រូវ​តាមគន្លង​ធម៌ គឺកំហែង​សង្កត់សង្កិន​គេ លុះស្វះ​ស្វែងរក​ភោគៈ​ទាំងឡាយ មិនត្រូវ​តាមគន្លង​ធម៌ គឺកំហែង​សង្កត់សង្កិន​គេ បាន​មក​ហើយ ធ្វើខ្លួន​ឲ្យបានសុខ ឲ្យឆ្អែត តែទាស់​មិនចែក​រលែក មិនធ្វើ​បុណ្យ​ទាំងឡាយ ម្នាល​គហបតី អ្នកបរិភោគ​កាមនេះ គួរគេ​តិះដៀល ដោយ​ហេតុ ២ ប្រការ គេសរសើរ​ដោយ​ហេតុ ១ ប្រការ គឺគេតិះដៀល ដោយ​ហេតុទី ១ នេះថា ស្វែងរក​ភោគៈ​ទាំងឡាយ មិនត្រូវ​តាមគន្លង​ធម៌ គឺកំហែង​សង្កត់សង្កិន​គេ គេសរសើរ ដោយហេតុ ១ ប្រការ​នេះថា ចេះ​ធ្វើខ្លួន ឲ្យបានសុខ ឲ្យឆ្អែត គេតិះដៀល ដោយហេតុទី ២ នេះថា មិន​ចែក​រលែក មិនធ្វើបុណ្យ​ទាំងឡាយ។ ម្នាល​គហបតី អ្នក​បរិភោគកាម​នេះ គួរគេតិះ​ដៀល ដោយហេតុ​ទាំង ២ ប្រការនេះ គេ​សរសើរ​ដោយហេតុ ១ ប្រការនេះ។ ម្នាល​គហបតី បណ្តាអ្នក​បរិភោគកាម​ទាំងនោះ អ្នក​បរិភោគ​កាមណា ស្វះស្វែង​រកភោគៈ​ទាំងឡាយ មិនត្រូវ​តាមគន្លង​ធម៌ គឺកំហែង​សង្កត់សង្កិន​គេ លុះស្វះ​ស្វែងរក​ភោគៈ​ទាំងឡាយ មិនត្រូវ​តាមគន្លងធម៌ បាន​មកហើយ ធ្វើខ្លួន​ឲ្យបាន​សុខ ឲ្យឆ្អែត ចែក​រលែក ធ្វើ​បុណ្យទាំងឡាយ ម្នាល​គហបតី អ្នកបរិភោគ​កាមនេះ គួរគេ​តិះដៀល ដោយហេតុ ១ ប្រការ គេសរសើរ​ដោយ​ហេតុ ២ ប្រការ គឺគេ​តិះដៀល ដោយហេតុ ១ ប្រការនេះថា ស្វះស្វែងរក​ភោគៈ​ទាំងឡាយ មិនត្រូវតាម​គន្លងធម៌ គឺកំហែង​សង្កត់​សង្កិនគេ គេសរសើរ​ដោយ​ហេតុទី ១ នេះថា ធ្វើខ្លួន​ឲ្យបានសុខ ឲ្យឆ្អែត គេសរសើរ​ដោយ​ហេតុទី ២ នេះថា ចេះចែក​រលែក ធ្វើបុណ្យ​ទាំងឡាយ។ ម្នាល​គហបតី អ្នកបរិភោគ​កាមនេះ គួរគេ​តិះដៀល​ដោយហេតុ ១ ប្រការ​នេះ គេសរសើរ​ដោយ​ហេតុ​ទាំង ២ ប្រការ នេះ។ ម្នាល​គហបតី បណ្តាអ្នក​បរិភោគកាម​ទាំងនោះ អ្នក​បរិភោគកាម​ណា ស្វះស្វែង​រកភោគៈ​ទាំងឡាយ ត្រូវតាម​គន្លងធម៌​ខ្លះ មិនត្រូវតាម​គន្លងធម៌​ខ្លះ គឺកំហែង​សង្កត់សង្កិន​គេក៏មាន មិនកំហែង​សង្កត់សង្កិន​គេ ក៏មាន លុះស្វះ​ស្វែងរកភោគៈ​ទាំងឡាយ ត្រូវតាម​គន្លង​ធម៌ខ្លះ មិនត្រូវ​តាមគន្លង​ធម៌ខ្លះ គឺសង្កត់​សង្កិនគេ​ក៏មាន មិនកំហែង​សង្កត់សង្កិន​គេក៏មាន បាន​មក​ហើយ មិនធ្វើខ្លួន​ឲ្យបានសុខ ឲ្យឆ្អែត មិនចេះ​ចែករលែក មិនធ្វើ​បុណ្យ​ទាំងឡាយ ម្នាក​គហបតី អ្នកបរិភោគ​កាមនេះ គួរគេ​សរសើរ​ដោយហេតុ ១ ប្រការ គេតិះដៀល ដោយ​ហេតុ ៣ ប្រការ គឺ​គេសរសើរ​ដោយហេតុ ១ ប្រការ នេះថា ស្វះស្វែង​រកភោគៈ​ទាំងឡាយ ត្រូវតាម​គន្លងធម៌ គឺមិន​កំហែងសង្កត់​សង្កិនគេ គេតិះដៀល​ដោយ​ហេតុទី ១ នេះថា ស្វះស្វែង​រកភោគៈ​ទាំងឡាយ មិនត្រូវ​តាមគន្លង​ធម៌ គឺកំហែង​សង្កត់​សង្កិន​គេ គេតិះដៀល​ដោយ​ហេតុទី ២ នេះថា មិនធ្វើ​ខ្លួនឲ្យបាន​សុខ ឲ្យឆ្អែត គេតិះដៀល​ដោយ​ហេតុទី ៣ នេះថា មិនចេះ​ចែករលែក មិនធ្វើបុណ្យ​ទាំងឡាយ។ ម្នាល​គហបតី អ្នកបរិភោគ​កាមនេះ គួរគេ​សរសើរ ដោយ​ហេតុ ១ ប្រការនេះ គេតិះ​ដៀល ដោយហេតុ​ទាំង ៣ ប្រការ​នេះ។ ម្នាល​គហបតី បណ្តាអ្នក​បរិភោគ​កាមទាំងនោះ អ្នកបរិភោគ​កាមណា លុះស្វះ​ស្វែងរក​ភោគៈ​ទាំងឡាយ ត្រូវតាម​គន្លងធម៌​ខ្លះ មិនត្រូវ​តាមគន្លង​ធម៌ខ្លះ គឺកំហែង​សង្កត់សង្កិន​គេក៏មាន មិនកំហែង​សង្កត់សង្កិន​គេក៏មាន លុះស្វះស្វែង​រកភោគៈ​ទាំងឡាយ ត្រូវតាម​គន្លងធម៌​ខ្លះ មិនត្រូវ​តាមគន្លង​ធម៌ខ្លះ គឺកំហែង​សង្កត់សង្កិន​គេក៏មាន មិនកំហែង​សង្កត់សង្កិន​គេក៏មាន បានមក​ហើយ ធ្វើខ្លួន​ឲ្យបានសុខ ឲ្យឆ្អែត តែទាស់​មិនចែក​រលែក មិនធ្វើ​បុណ្យ​ទាំងឡាយ ម្នាល​គហបតី អ្នកបរិភោគ​កាមនេះ គេសរសើរ​ដោយ​ហេតុ ២ ប្រការ គេ​តិះដៀល​ដោយហេតុ ២ ប្រការ គឺគេសរសើរ​ដោយ​ហេតុទី ១ នេះថា ស្វះស្វែង​រកភោគៈ​ទាំងឡាយ ត្រូវតាម​គន្លងធម៌ គឺមិន​កំហែង​សង្កត់សង្កិន​គេ គេតិះដៀល​ដោយ​ហេតុទី ១ នេះថា ស្វះស្វែង​រកភោគៈ​ទាំងឡាយ មិនត្រូវ​តាមគន្លង​ធម៌ គឺកំហែង​សង្កត់សង្កិន​គេ គេសរសើរ​ដោយ​ហេតុទី ២ នេះថា ធ្វើខ្លួនឲ្យ​បានសុខ ឲ្យឆ្អែត គួរគេតិះដៀល​ដោយហេតុ​ទី ២ នេះថា មិនចែក​រលែក មិនធ្វើ​បុណ្យ​ទាំងឡាយ។ ម្នាល​គហបតី អ្នកបរិភោគ​កាមនេះ គេសរសើរ​ដោយហេតុ​ទាំង ២ ប្រការនេះ គេតិះ​ដៀលដោយ​ហេតុទាំង ២ ប្រការនេះ។ ម្នាល​គហបតី បណ្តា​អ្នកបរិភោគ​កាម​ទាំងនោះ អ្នក​បរិភោគ​កាមណា ស្វះស្វែង​រកភោគៈ​ទាំងឡាយ ត្រូវតាម​គន្លងធម៌​ខ្លះ មិនត្រូវ​តាមគន្លង​ធម៌ខ្លះ គឺកំហែង​សង្កត់សង្កិន​គេក៏មាន មិនកំហែង​សង្កត់សង្កិន​គេក៏មាន លុះស្វះ​ស្វែងរក​ភោគៈទាំងឡាយ ត្រូវតាម​គន្លងធម៌​ខ្លះ មិនត្រូវ​តាមគន្លង​ធម៌ខ្លះ គឺកំហែង​សង្កត់សង្កិន​គេក៏មាន មិនកំហែង​សង្កត់សង្កិន​គេក៏មាន បានមក​ហើយ ធ្វើខ្លួន​ឲ្យបាន​សុខ ឲ្យឆ្អែត ចែក​រលែក ធ្វើបុណ្យ​ទាំងឡាយ ម្នាល​គហបតី អ្នកបរិភោគ​កាមនេះ គួរគេសរសើរ​ដោយហេតុ ៣ ប្រការ គេតិះ​ដៀល​ដោយ​ហេតុ ១ ប្រការ គឺគេសរសើរ​ដោយ​ហេតុទី ១ នេះថា ស្វះស្វែង​រកភោគៈ​ទាំងឡាយ ត្រូវតាម​គន្លងធម៌ គឺមិន​កំហែង​សង្កត់សង្កិន​គេ គេតិះដៀល​ដោយហេតុ ១ ប្រការ​នេះថា ស្វះស្វែង​រកភោគៈ​ទាំងឡាយ មិនត្រូវតាម​គន្លងធម៌ គឺកំហែង​សង្កត់​សង្កិនគេ គេសរសើរ​ដោយហេតុ​ទី ២ នេះថា ធ្វើខ្លួន​ឲ្យបាន​សុខ ឲ្យឆ្អែត គេសរសើរ​ដោយ​ហេតុទី ៣ នេះថា ចេះចែក​រលែក ធ្វើបុណ្យ​ទាំងឡាយ។ ម្នាល​គហបតី អ្នកបរិភោគ​កាមនេះ គេ​សរសើរ​ដោយ​ហេតុទាំង ៣ ប្រការនេះ គេតិះដៀល​ដោយហេតុ ១ ប្រការ នេះ។ ម្នាល​គហបតី បណ្តាអ្នក​បរិភោគកាម​ទាំងនោះ អ្នកបរិភោគ​កាម​ណា ស្វះស្វែងរក​ភោគៈ​ទាំងឡាយ ត្រូវតាម​គន្លងធម៌ គឺមិន​កំហែង​សង្កត់​សង្កិនគេ លុះស្វះស្វែង​រកភោគៈ​ទាំងឡាយ ត្រូវតាម​គន្លងធម៌ គឺមិនកំហែង​សង្កត់សង្កិន​គេ បានមក​ហើយ មិនធ្វើខ្លួន​ឲ្យបាន​សុខ ឲ្យឆ្អែត មិនចែករលែក មិនធ្វើ​បុណ្យ​ទាំងឡាយ ម្នាល​គហបតី អ្នកបរិភោគ​កាមនេះ គួរគេ​សរសើរ​ដោយហេតុ ១ ប្រការ គេតិះដៀល​ដោយហេតុ ២ ប្រការ គឺ​គេសរសើរ ដោយ​ហេតុ ១ ប្រការ​នេះថា ស្វះស្វែង​រកភោគៈ​ទាំងឡាយ ត្រូវតាម​គន្លងធម៌ គឺមិន​កំហែងសង្កត់​សង្កិន គេតិះដៀល​ដោយ​ហេតុទី ១ នេះថា មិនធ្វើខ្លួន​ឲ្យបានសុខ ឲ្យឆ្អែត គេតិះដៀល​ដោយហេតុ​ទី ២ នេះ​ថា មិនចែក​រលែក មិនធ្វើ​បុណ្យ​ទាំងឡាយ។ ម្នាល​គហបតី អ្នកបរិភោគ​កាមនេះ គួរគេសរសើរ ដោយ​ហេតុ ១ ប្រការនេះ គេតិះដៀល​ដោយ​ហេតុ ២ ប្រការនេះ។ ម្នាល​គហបតី បណ្តាអ្នក​បរិភោគកាម​ទាំងនោះ អ្នក​បរិភោគ​កាមណា លុះស្វះស្វែង​រកភោគៈ​ទាំងឡាយ ត្រូវតាម​គន្លងធម៌ គឺ​មិនកំហែង​សង្កត់សង្កិន​គេ លុះស្វះស្វែង​រកភោគៈ​ទាំងឡាយ ត្រូវតាម​គន្លងធម៌ គឺមិន​កំហែង​សង្កត់សង្កិន​គេ បានមក​ហើយ ធ្វើខ្លួនឲ្យ​បានសុខ ឲ្យឆ្អែត តែមិន​ចែករលែក មិនធ្វើ​បុណ្យ​ទាំងឡាយ ម្នាល​គហបតី អ្នកបរិភោគ​កាមនេះ គួរ​គេសរសើរ​ដោយហេតុ ២ ប្រការ គេ​តិះដៀល ដោយ​ហេតុ ១ ប្រការ គឺ​គេសរសើរ​ដោយ​ហេតុទី ១ នេះថា ស្វះស្វែង​រកភោគៈ​ទាំងឡាយ ត្រូវតាម​គន្លងធម៌ គឺមិន​កំហែងសង្កត់​សង្កិនគេ គេ​សរសើរ​ដោយ​ហេតុទី ២ នេះថា ចេះធ្វើ​ខ្លួនឲ្យ​បានសុខ ឲ្យឆ្អែត គេតិះដៀល​ដោយ​ហេតុ ១ ប្រការ​នេះថា មិនចែក​រលែក មិនធ្វើបុណ្យ​ទាំងឡាយ។ ម្នាល​គហបតី អ្នក​បរិភោគកាមនេះ គួរ​គេសរសើរ ដោយ​ហេតុ ២ ប្រការនេះ គេតិះដៀល​ដោយហេតុ ១ ប្រការនេះ។ ម្នាល​គហបតី បណ្តាអ្នក​បរិភោគ​កាម​ទាំងនោះ អ្នកបរិភោគ​កាមណា ស្វះស្វែង​រកភោគៈ​ទាំងឡាយ ត្រូវ​តាមគន្លង​ធម៌ គឺមិន​កំហែង​សង្កត់សង្កិន​គេ លុះស្វះស្វែង​រកភោគៈ​ទាំងឡាយ ត្រូវតាម​គន្លងធម៌ គឺមិនកំហែង​សង្កត់សង្កិន​គេ បានមក​ហើយ ធ្វើខ្លួន​ឲ្យបានសុខ ឲ្យឆ្អែត ចែក​រលែក ធ្វើបុណ្យ​ទាំងឡាយ តែនៅ​ជក់ជ្រប់ ឈ្លក់ចិត្ត​នឹងភោគៈ​ទាំងនោះ មិនឃើញ​ទោស មិនមាន​បញ្ញាជា​គ្រឿងរើខ្លួន ហើយ​ចេះតែ​បរិភោគ ម្នាល​គហបតី អ្នកបរិភោគ​កាមនេះ គួរគេសរសើរ​ដោយហេតុ ៣ ប្រការ គេតិះដៀល​ដោយហេតុ ១ ប្រការ គឺ​គេសរសើរ ដោយ​ហេតុទី ១ នេះថា ស្វះស្វែង​រកភោគៈ​ទាំងឡាយ ត្រូវតាម​គន្លងធម៌ គឺមិនកំហែង​សង្កត់សង្កិន​គេ គេសរសើរ ដោយ​ហេតុទី ២ នេះថា ចេះធ្វើខ្លួន​ឲ្យបានសុខ ឲ្យឆ្អែត គេ​សរសើរ ដោយ​ហេតុទី ៣ នេះថា ចេះចែក​រលែក ធ្វើបុណ្យ​ទាំងឡាយ គេតិះដៀល ដោយ​ហេតុ ១ ប្រការនេះថា ជក់ ជ្រប់ ឈ្លក់ចិត្ត​នឹងភោគៈ​ទាំងនោះ មិនឃើញ​ទោស មិនមាន​បញ្ញា ជាគ្រឿង​រើខ្លួន ហើយចេះ​តែបរិភោគ។ ម្នាល​គហបតី អ្នក​បរិភោគកាម​នេះ គួរគេ​សរសើរ ដោយហេតុ ៣ ប្រការ​នេះ គេតិះដៀល​ដោយហេតុ ១ ប្រការនេះ។ ម្នាល​គហបតី បណ្តាអ្នក​បរិភោគកាម​ទាំងនោះ អ្នកបរិភោគ​កាមណា ស្វះស្វែង​រកភោគៈ​ទាំងឡាយ ត្រូវតាម​គន្លងធម៌ គឺមិនកំហែងសង្កត់​សង្កិនគេ លុះស្វះស្វែង​រកភោគៈ​ទាំងឡាយ ត្រូវតាម​គន្លងធម៌ គឺមិន​កំហែង​សង្កត់សង្កិន​គេ បានមក​ហើយ ធ្វើខ្លួន​ឲ្យបាន​សុខ ឲ្យឆ្អែត ចែក​រលែក ធ្វើបុណ្យ​ទាំងឡាយ ថែមទាំង​មិនជក់ មិនជ្រប់ មិនឈ្លក់ចិត្ត​នឹងភោគៈ​ទាំងនោះ ឃើញទោស មានបញ្ញា​ជាគ្រឿងរើខ្លួន ហើយបរិភោគ ម្នាល​គហបតី អ្នកបរិភោគ​កាមនេះ គួរ​គេសរសើរ ដោយ​ហេតុ ៤ ប្រការ គឺ​គេសរសើរ ដោយ​ហេតុទី ១ នេះថា ស្វះស្វែង​រកភោគៈទាំង​ឡាយ ត្រូវតាម​គន្លងធម៌ គឺមិនកំហែង​សង្កត់សង្កិន​គេ គេសរសើរ​ដោយ ហេតុទី ២ នេះថា ធ្វើខ្លួន​ឲ្យបានសុខ ឲ្យឆ្អែត គេសរសើរ​ដោយ​ហេតុទី ៣ នេះថា ចែក​រលែក ធ្វើបុណ្យ​ទាំងឡាយ គេសរសើរ ដោយ​ហេតុទី ៤ នេះថា មិនជក់ មិនជ្រប់ មិនឈ្លក់ចិត្ត​នឹងភោគៈ​ទាំងនោះ ឃើញទោស មានបញ្ញា​ជាគ្រឿង​រើខ្លួន ហើយ​បរិភោគ។ ម្នាល​គហបតី អ្នក​បរិភោគ​កាមនេះ គេសរសើរ​ដោយ​ហេតុទាំង ៤ ប្រកានេះ។ ម្នាល​គហបតី អ្នក​បរិភោគ​កាមទាំង ១០ ពួកនេះ មាន​ក្នុងលោក។ ម្នាល​គហបតី បណ្តាអ្នក​បរិភោគ​កាម​ទាំង ១០ ពួកនេះ អ្នក​បរិភោគកាម​ណា ស្វះស្វែង​រកភោគៈ​ទាំងឡាយ ត្រូវតាម​គន្លងធម៌ គឺមិន​កំហែងសង្កត់​សង្កិនគេ លុះ​ស្វះស្វែង​រកភោគៈ​ទាំងឡាយ ត្រូវ​តាមគន្លងធម៌ គឺមិនកំហែង​សង្កត់សង្កិន​គេ បាន​មកហើយ ធ្វើខ្លួនឲ្យ​សុខ ឲ្យឆ្អែត ចែក​រលែក ធ្វើបុណ្យ​ទាំងឡាយ ថែមទាំង​មិនជក់ មិនជ្រប់ មិនឈ្លក់ចិត្ត​នឹងភោគៈ​ទាំងនោះ ឃើញទោស មានបញ្ញា​ជាគ្រឿងរើខ្លួន ហើយ​បរិភោគ បណ្តាអ្នក​បរិភោគកាម​ទាំង ១០ ពួកនេះ អ្នក​បរិភោគ​កាមនេះ ឈ្មោះថា​ជាកំពូល​ផង ប្រសើរផង ចម្បង​ផង ខ្ពង់ខ្ពស់ផង ថ្លៃថ្លាផង។ ម្នាល​គហបតី ដូចជា​ទឹកដោះស្រស់ កើតពី​មេគោ ទឹកដោះ​ជូរ ក្លាយពី​ទឹកដោះ​ស្រស់ ទឹកដោះ​ខាប់​ក្លាយពី​ទឹកដោះជូរ ទឹកដោះរាវ​ក្លាយពី​ទឹកដោះ​ខាប់ ទឹកដោះ​ថ្លា ក្លាយពី​ទឹកដោះ​រាវ ទឹកដោះថ្លា ប្រាកដ​ជាប្រសើរ​ជាងទឹកដោះ​ទាំងនោះ យ៉ាងណាមិញ ម្នាល​គហបតី បណ្តាអ្នក​បរិភោគកាម​ទាំង ១០ ពួកនេះ អ្នក​បរិភោគ​កាមណា ស្វះស្វែង​រកភោគៈ​ទាំងឡាយ ត្រូវតាមគន្លង​ធម៌ គឺមិន​កំហែង​សង្កត់សង្កិន​គេ លុះស្វះស្វែង​រកភោគៈ​ទាំងឡាយ ត្រូវតាមគន្លង​ធម៌ គឺមិន​កំហែង​សង្កត់សង្កិន​គេ បានមក​ហើយ ធ្វើខ្លួន​ឲ្យបានសុខ ឲ្យឆ្អែត ចែក​រលែក ធ្វើបុណ្យ​ទាំង​ឡាយ ថែមទាំង​មិនជក់ មិនជ្រប់ មិនឈ្លក់ចិត្ត​នឹងភោគៈ​ទាំងនោះ ឃើញទោស មានបញ្ញា​ជាគ្រឿង​រើខ្លួន ហើយ​បរិភោគ បណ្តា​អ្នកបរិភោគ​កាម ទាំង ១០ ពួកនេះ អ្នក​បរិភោគ​កាមនេះ ឈ្មោះ​ថាជា​កំពូល​ផង ប្រសើរ​ផង ចម្បងផង ខ្ពង់ខ្ពស់ផង ថ្លៃថ្លាផង យ៉ាង​នោះដែរ។

ភយសូត្រ ទី២

[៩២] គ្រានោះ អនាថបិណ្ឌិកគហបតី ចូលទៅគាល់​ព្រះមានព្រះភាគ លុះចូលទៅ​ដល់ហើយ ថ្វាយបង្គំ​ព្រះមានព្រះភាគ ហើយ​អង្គុយក្នុង​ទីសមគួរ។ លុះ​អនាថ​បិណ្ឌិក​គហបតី អង្គុយក្នុង​ទី​សមគួរ​ហើយ ទើប​ព្រះមានព្រះភាគ ទ្រង់ត្រាស់​យ៉ាង​នេះថា ម្នាល​គហបតី កាល​បើអរិយសាវក រម្ងាប់ភ័យ និងពៀរ​ទាំង ៥ បានហើយ (អរិយ​សាវកនោះ) ជាអ្នក​បរិបូណ៌​​ដោយ​សោតាបត្តិយង្គៈ​ទាំង ៤ ទាំង​ញាយធម៌ (មគ្គព្រម​ទាំងវិបស្សនា) ដ៏ប្រសើរ អរិយ​សាវកនោះ ឃើញហើយ​ដោយប្រពៃ ចាក់ធ្លុះ​ហើយ​ដោយប្រពៃ ដោយ​ប្រាជ្ញា កាលបើ​អរិយសាវក​នោះ ចង់ (ព្យាករ) ក៏គប្បី​ព្យាករខ្លួន ដោយខ្លួន​ឯងថា អាត្មាអញ អស់​នរកហើយ អស់កំណើត​តិរច្ឆាន​ហើយ អស់​បិត្តិវិស័យ​ហើយ អស់អបាយ ទុគ្គតិ វិនិបាតហើយ អាត្មាអញ ជា​សោតាបន្នបុគ្គល លែងទៅកើត​ក្នុងអបាយ​ហើយ  ជាបុគ្គល​ទៀងទាត់ ប្រាកដ​ជានឹងបាន​ត្រាស់ដឹង​តទៅខាងមុខ។ ចុះអរិយ​សាវក បាន​រម្ងាប់ភ័យ និង​ពៀរទាំង ៥ តើ​ដូចម្តេច។ ម្នាល​គហបតី អ្នក​សម្លាប់​សត្វ តែងទទួល​ភ័យ និងពៀរ ដែល​ជាបច្ចុប្បន្ន​ផង ទទួលភ័យ និងពៀរ ក្នុងបរលោក​ផង រងទុក្ខ ទោមនស្ស ដែលប្រព្រឹត្ត​ទៅក្នុង​ចិត្តផង ព្រោះហេតុ​តែសម្លាប់សត្វ អ្នកវៀរ​ចាកការ​សំឡាប់សត្វ តែង​មិនទទួលភ័យ និងពៀរ ជាបច្ចុប្បន្នផង មិនទទួល​ភ័យ និង​ពៀរ ក្នុង​បរលោក​ផង មិនរងទុក្ខ​ទោមនស្ស​ដែលប្រព្រឹត្ត​ទៅ​ក្នុងចិត្តផង។ កាល​អរិយសាវក វៀរចាក​ការសំឡាប់​សត្វ ជាអ្នករម្ងាប់​ភ័យ និងពៀរ​នោះយ៉ាងនេះ។ ម្នាល​គហបតី អ្នកយក​របស់ដែល​គេមិនបាន​ឲ្យ… អ្នកប្រព្រឹត្ត​ខុសក្នុង​កាមទាំងឡាយ … អ្នកនិយាយ​ពាក្យកុហក… អ្នកប្រព្រឹត្ត​ហេតុជាទីតាំង​នៃសេចក្តី​ប្រមាទ គឺផឹក​ទឹកស្រវឹង គឺសុរា និងមេរ័យ តែង​ទទួលភ័យ និងពៀរ ដែល​ជាបច្ចុប្បន្ន​ផង ក្នុង​បរលោកផង រងទុក្ខ​ទោមនស្ស ដែលប្រព្រឹត្ត​ទៅក្នុង​ចិត្តផង ព្រោះហេតុ​ជាទីតាំង​នៃសេចក្តី​ប្រមាទ គឺផឹក​ទឹកស្រវឹង គឺសុរា និង​មេរ័យ​ជាបច្ច័យ អ្នកវៀរចាក​ហេតុជាទីតាំង​នៃ​សេចក្តី​ប្រមាទ គឺផឹក​ទឹកស្រវឹង គឺសុរា និងមេរ័យ តែង​មិនទទួល​ភ័យ និងពៀរ ជា​បច្ចុប្បន្នផង មិន​ទទួល​ភ័យ និងពៀរ ក្នុង​បរលោក​ផង មិនរង​ទុក្ខ​ទោមនស្ស ដែលប្រព្រឹត្ត​ទៅក្នុង​ចិត្តផង។ កាល​អរិយសាវក វៀរចាក​ហេតុជាទី​តាំងនៃ​សេចក្តី​ប្រមាទ គឺផឹកទឹក​ស្រវឹង គឺសុរា និងមេរ័យ រមែង​ជាអ្នក​រម្ងាប់ភ័យ និង​ពៀរនោះ​យ៉ាងនេះ។ ភ័យ និងពៀរ​ទាំង ៥ នេះ រមែង​ស្ងប់រម្ងាប់​ទៅ។ អរិយ​សាវក អ្នក​បរិបូណ៌​​ដោយ​សោតាបត្តិយង្គៈ ៤ តើ​ដូចម្តេច។ ម្នាល​គហបតី អរិយសាវក ក្នុង​សាសនានេះ ជាអ្នក​ប្រកប​ដោយ​សេចក្តី​ជ្រះថ្លា មិនកំរើក​ក្នុង​ព្រះពុទ្ធថា ព្រះមានព្រះភាគ​អង្គនោះ ព្រះអង្គ​ឆ្ងាយចាក​សឹកសត្រូវ គឺកិលេស ព្រះអង្គ​ត្រាស់ដឹង​នូវញេយ្យធម៌​ទាំងពួង​ដោយប្រពៃ ចំពោះ​ព្រះអង្គ​ឯង ព្រះអង្គ​បរិបូណ៌​ដោយវិជ្ជា និង​ចរណៈ ព្រះអង្គ​មានដំណើរ​ល្អ យាងទៅ​កាន់​សុន្ទរដ្ឋាន ព្រះអង្គ​ជ្រាបនូវ​ត្រៃលោក ព្រះអង្គ​ប្រសើរ​ដោយ​សីលាទិគុណ ព្រះអង្គ​ជាអ្នកទូន្មាន​នូវបុរស ដែលគួរ​ទូន្មាន​បាន ព្រះអង្គ​ជាគ្រូ​របស់ទេវតា និងមនុស្ស​ទាំងឡាយ ព្រះអង្គ​ត្រាស់ដឹង​នូវសច្ចៈ​ទាំងបួន ព្រះអង្គ​លែងត្រឡប់​មកកើត​ក្នុងត្រៃភព។ អរិយសាវក ជាអ្នក​ប្រកប​ដោយ​សេចក្តី​ជ្រះថ្លា មិនកំរើកក្នុងព្រះធម៌​ថា ព្រះធម៌​ដែលព្រះមាន​ព្រះភាគ ទ្រង់សំដែងហើយ​ដោយប្រពៃ ជាធម៌​ គឺព្រះអរិយបុគ្គល ឃើញ​ដោយខ្លួនឯង ជាធម៌​ឲ្យផល​មិនរង់ចាំកាល ជាធម៌​ដែល​ព្រះអរិយ​បុគ្គល គួរហៅ​អ្នកដទៃ​ឲ្យចូល​មកមើលបាន ជាធម៌​ដែល​ព្រះអរិយ​បុគ្គលគួរ​បង្អោន​ចូលមក​ទុកក្នុងខ្លួន ជាធម៌​ដែលពួក​វិញ្ញូជន​គប្បីដឹង​ដោយខ្លួន​ឯង។ អរិយសាវក ជាអ្នក​ប្រកប​ដោយ​សេចក្តីជ្រះថ្លា មិន​កំរើកក្នុង​ព្រះសង្ឃ​ថា ព្រះសង្ឃ​សាវក របស់​ព្រះមានព្រះភាគ ប្រតិបត្តិ​ហើយ​ដោយប្រពៃ ព្រះសង្ឃ​សាវក របស់​ព្រះដ៏មាន​ព្រះភាគ ប្រតិបត្តិ​ហើយ​ដោយត្រង់ ព្រះសង្ឃ​សាវក របស់​ព្រះដ៏មានព្រះភាគ ប្រតិបត្តិ​ហើយ ដើម្បី​ត្រាស់ដឹង​ព្រះនិព្វាន ព្រះសង្ឃ​សាវក​របស់​ព្រះដ៏មានព្រះភាគ ប្រតិបត្តិ គួរដល់​សាមីចិកម្ម ព្រះសង្ឃ​សាវកនេះ បើរាប់​ជាគូនៃ​បុរស មាន ៤ គូ បើរាប់រៀង​ជាបុរស​បុគ្គល មាន ៨ ព្រះសង្ឃ​សាវក​របស់​ព្រះដ៏មានព្រះភាគ​នុ៎ះ គួរទទួល​វត្ថុ ដែលបុគ្គល​នាំមក​បូជា គួរទទួល​នូវ​អាគន្តុកទាន គួរទទួល​ទក្ខិណាទាន គួរដល់​អញ្ជលិកម្ម ដែលសត្វ​លោកគប្បី​ធ្វើ ជាស្រែបុណ្យ​ដ៏ប្រសើរ របស់​សត្វលោក។ អរិយសាវក ជាអ្នក​ប្រកប​ដោយ​សីល​ទាំងឡាយ ជាទី​ត្រេកអរ របស់​ព្រះអរិយៈ ជាសីល​មិនដាច់ មិនធ្លុះ មិនពពាល មិនពព្រុស ជាសីល​របស់អ្នក​ជា ជាសីល​ដែលពួក​វិញ្ញូជន​សរសើរ​ហើយ ជាសីល​មិនជ្រោក​ជ្រាក ជាសីល​នាំឲ្យបាន​សមាធិ។ អរិយសាវក ប្រកប​ដោយ​សោតាបត្តិយង្គៈ​ទាំង ៤ យ៉ាងនេះ​ឯង។ ចុះ​ញាយធម៌​ដ៏ប្រសើរ ដែល​អរិយសាវក​នោះ ឃើញ​ដោយប្រពៃ ចាក់ធ្លុះ​ដោយប្រពៃ ដោយបញ្ញា តើដូចម្តេច។ ម្នាល​គហបតី អរិយសាវក ក្នុង​សាសនានេះ ពិចារណា​ឃើញច្បាស់​ថា កាលបើ​របស់នេះ​មាន របស់​នេះ ក៏មាន របស់នេះ​កើតឡើង ព្រោះ​កើតរបស់​នេះ កាលបើ​របស់នេះ​គ្មាន របស់នេះ​ក៏គ្មាន របស់​នេះរលត់ ព្រោះរលត់​របស់នេះ យ៉ាងដូច​សង្ខារទាំងឡាយ កកើត​ឡើង ព្រោះ​អវិជ្ជាជាបច្ច័យ វិញ្ញាណ កកើតឡើង ព្រោះ​សង្ខារជាបច្ច័យ នាមរូប កកើតឡើង ព្រោះវិញ្ញាណ​ជាបច្ច័យ សឡាយតនៈ កកើតឡើង ព្រោះនាម​រូបជាបច្ច័យ ផស្សៈ​កកើតឡើង ព្រោះ​សឡាយតនៈជាបច្ច័យ វេទនា​កកើតឡើង ព្រោះផស្សៈ​ជាបច្ច័យ តណ្ហា កកើតឡើង ព្រោះ​វេទនា​ជាបច្ច័យ ឧបាទាន កកើតឡើង ព្រោះ​តណ្ហា​ជាបច្ច័យ ភព កកើត​ឡើង ព្រោះ​ឧបាទាន ជាបច្ច័យ ជាតិ កកើតឡើង ព្រោះភព​ជាបច្ច័យ ជរា មរណៈ សោកៈ បរិទេវៈ ទុក្ខៈ ទោមនស្សៈ ឧបាយាសៈ កកើតឡើង ព្រោះជាតិ​ជាបច្ច័យ។ ការកើត​នៃកងទុក្ខ​ទាំងអស់​នេះ តែងមាន​យ៉ាងនេះឯង។ ការរលត់​សង្ខារ ព្រោះវិនាស​និង​ការរលត់​អវិជ្ជាមិន​មាន​សេសសល់ ការរលត់​វិញ្ញាណ ព្រោះ​រលត់សង្ខារ ការរលត់​នាមរូប ព្រោះ​រលត់វិញ្ញាណ ការរលត់​សឡាយតនៈ ព្រោះរលត់​នាមរូប ការរលត់​ផស្សៈ ព្រោះរលត់​សឡាយតនៈ ការរលត់​វេទនា ព្រោះរលត់​ផស្សៈ ការរលត់​តណ្ហា ព្រោះ​រលត់​វេទនា ការរលត់​ឧបាទាន ព្រោះរលត់​តណ្ហា ការរលត់​ភព ព្រោះរលត់​ឧបាទាន ការរលត់​ជាតិ ព្រោះ​រលត់ភព ជរា មរណៈ សោកៈ បរិទេវៈ ទុក្ខៈ ទោមនស្សៈ ឧបាយាសៈ រលត់​ព្រោះ​រលត់​ជាតិ។ ការរលត់​នៃកងទុក្ខ​ទាំងអស់នេះ តែងមាន​យ៉ាងនេះ​ឯង។ ញាយធម៌​ដ៏ប្រសើរនេះ អរិយសាវក​នោះ បានឃើញ​ច្បាស់ ចាក់ធ្លុះ​ដោយប្រពៃ​ដោយប្រាជ្ញា។ ម្នាល​គហបតី កាលណា​អរិយសាវក រម្ងាប់ភ័យ និងពៀរ​ទាំង ៥ ប្រការនេះផង ជាអ្នកបរិបូណ៌​​ដោយ​សោតាបត្តិយង្គៈ​ទាំង ៤ ប្រការនេះ