បច្ចេកពុទ្ធសំយុត្តកថា

ទំព័រឈូកក្រហម ត្រូវបានអនុញ្ញាតដើម្បីផ្សព្វផ្សាយសៀវភៅ បច្ចេកពុទ្ធសំយុត្តកថា ដែលរៀបរៀងដោយ​ឧបាសក ឡាន សុខុម ដើម្បីជាប្រយោជន៍ដល់អ្នកសិក្សាស្រាវជ្រាវបដិបត្តិតាមគន្លង​ព្រះពុទ្ធសាសនា។


ពាក្យប្រារព្ធ

សៀវភៅ    ​បច្ចេកពុទ្ធសំយុត្តកថា ˮ    នេះ  ខ្ញុំគិតថា   នឹងចងក្រងរៀបរៀងជាយូរមកហើយ ដោយយល់ឃើញថា ពុទ្ធប្បវត្តិក្ដី ប្រវត្តិព្រះអសីតិមហាសាវ័កក្ដី លោកអ្នកសប្បុរសទាំងឡាយ បានរៀបរៀងចងក្រងច្រើនមកហើយ តែរឿងរ៉ាវដែលទាក់ទងនឹងព្រះបច្ចេកពុទ្ធ ហាក់ដូចជាបាំងបាត់ស្ងាត់កំបាំងនៅឡើយ តែការគិត ក៏បានត្រឹមតែគិត ព្រោះមិនមានអ្នកជួយជ្រោមជ្រែងក្នុងការងារនេះ  ។  លុះក្រោយមក  មានលោកអ្នកសប្បុរស  ដែលជាអ្នកមានសទ្ធាជ្រះថ្លាក្នុងធម៌ព្រះមានព្រះភាគ ​បានសូមឲ្យខ្ញុំរៀបសៀវភៅនេះឡើង ដោយធានាជួយធ្វើកិច្ចការនេះ មានបច្ចេកទេសវាយអក្សរពុម្ពជាដើម ទើបសៀវភៅនេះ  សម្រេចឡើងបាន  ។

សៀវភៅនេះ  ជាសៀវភៅដកស្រង់  រៀបរៀង  មិនមែនជាការប្រែទាំងស្រុងទេ  គឺមានកាត់សេចក្ដីចេញខ្លះ  បន្ថែមសេចក្ដីពីអដ្ឋកថាក្នុងព្រះសូត្រដទៃចូលខ្លះ  តែមិនឲ្យបាត់បង់អត្ថក្នុងផ្ទៃរឿង  បើលោកអ្នកត្រូវការសេចក្ដីពិស្ដារ    សូមស្វែងរកមើលក្នុងទីមកនៃព្រះសូត្រនោះ  ៗ  ដែលមានក្នុងនយលក្ខណៈ  ( លេខយោង )  ឯណោះចុះ   ។

រឿងរ៉ាវទាំងឡាយណា  ដែលទាក់ទងនឹងព្រះបច្ចេកពុទ្ធ  ដែលមានក្នុងអដ្ឋកថាក្ដី ក្នុងព្រះត្រៃបិដកក្ដី ខ្ញុំបាទបានលើកយកមកដាក់ក្នុងទីនេះ ​ដើម្បីទុកជាធម្មបទីប សម្រាប់​អ្នកមានឧបនិស្ស័យក្នុងការសិក្សាគ្រប់ជំនាន់តទៅ  ​។

ការងារធម្មទាននេះ  ជាភារៈធ្ងន់  ព្រោះហេតុនោះ  យើងខ្ញុំសូមទទួលយកនូវការកែលម្អ ត្រង់ចំណុចដែលខុសឆ្គង អំពីលោកអ្នកសប្បុរសទាំងឡាយ  ដើម្បីនឹងកែតម្រូវ​  ។

កុសលឯណា ដែលសម្រេចដោយការរៀបរៀងសៀវភៅនេះ សូមកុសលនោះ ប្រតិស្ឋានក្នុងហទយៈ គឺចិត្តរបស់លោកអ្នក ដោយអនុមោទនាថា  សាធុ សាធុ សាធុ  ទៅហោង។

 សូមសត្វលោកសម្លឹងគ្នា​  ដោយភ្នែកប្រកបដោយមេត្តា !

 សូមពាក្យប្រៀនប្រដៅរបស់ព្រះសម្មាសម្ពុទ្ធ  ជ្រួតជ្រាបក្នុងចិត្តរប​ស់​សត្វលោក !

វត្តព្រះគន្ធកុដិ  ខេត្តបាត់ដំបង 

ថ្ងៃ ​១៥ កើត ខែភទ្របទ ព.ស.២៥៦៧

ឧបាសក ឡាន សុខុម


ភាគទី១

សូមអនុមោទនា !!!

Oben-pfeil