តើអ្វីជាតួសីល?
ធម៌ ៤យ៉ាង គឺ ចេតនា ១ ចេតសិក ១ សំវរៈ ១ អវីតិក្កមៈ ១ របស់បុគ្គលវៀរចាកអំពើ មានបាណាតិបាត (ការសម្លាប់សត្វ) ជាដើម ឬថា របស់បុគ្គលកាលបំពេញនូវវត្តប្រតិបត្តិ ហៅថា សីល។
ន័យក្នុងបដិសម្ភិទា មានពោលថា
មានព្រះពុទ្ធដីកាថា ចេតនាហំ ភិក្ខវេ សីលំ វទាមិ។ ម្នាលភិក្ខុទាំងឡាយ តថាគតហៅចេតនាជាតួសីល។
ចេតនា គឺធម្មជាតអ្នកគិត ចាត់ចែង សន្សំ។ បានសេចក្តីថា ធម្មជាតដែលញុំាងសម្បយុត្តធម៌ គឺចិត្ត និងចេតសិក ដែលប្រកបជាមួយ ឲ្យហូរចុះទៅក្នុងសីល។
ការគិត គំនិត ការចាត់ចែងរបស់បុគ្គល វៀរចាកបញ្ចវេរា (ការសម្លាប់សត្វ ១ ការលួចទ្រព្យគេ ១ ការប្រព្រឹត្តខុសក្នុងកាម ១ ការពោលពាក្យកុហក ១ ការផឹកនូវទឹកស្រវឹង ១) តាមផ្លូវកាយ ឬផ្លូវវាចា ហៅថា សីល។ ម្យ៉ាងទៀត ចេតនាក្នុងការលះអកុសលកម្មបថ ៧ (កាយកម្ម ៣ វចីកម្ម ៤) របស់បុគ្គល ក៏ហៅថា សីល។
ការគិត គំនិត ការចាត់ចែងរបស់បុគ្គលអ្នករក្សាឧបោសថសីលក្តី សីល ១០ក្តី ការលះបង់នូវអំពើ មានបាណាតិបាត (សម្លាប់សត្វ) ជាដើម ហៅថា សីល។
ការគិត គំនិត ការចាត់ចែងរបស់បុគ្គល កាលបំពេញនូវវត្តប្រតិបត្ត មានឧបជ្ឈាយវត្ត ដោយកាយ វាចា អាចរិយវត្តជាដើម ក្នុងព្រះពុទ្ធសាសនានេះ ក៏ហៅថា សីល។
ចេតសិកំ សីលំ ចេតសិកជាតួសីល។ ចេតសិក គឺធម្មជាតិ មានការកើត និងការរលត់ព្រមគ្នានឹងចិត្ត ហៅថា ចេតសិក។ ចេតសិកក្នុងទីនេះ បានដល់ធម៌ ៣យ៉ាង គឺ
- អនភិជ្ឈា ការមិនសំឡឹងរំពៃចង់បានទ្រព្យរបស់អ្នកដទៃ ជាអលោភចេតសិក។
- អព្យាបាទ ការមិនចងគំនុំចង់ឲ្យអ្នកដទៃវិនាស ជាអទោសចេតសិក។
- សម្មាទិដ្ឋិ កាលយល់ឃើញត្រូវ ជាអមោហចេតសិក។
សំវរោសីលំ សេចក្តីសង្រួមជាតួសីល។ សេចក្តីសង្រួម (សំវរធម៌) មាន ៥យ៉ាងគឺ
- បាតិមោក្ខសំវរ
- សតិសំវរ
- ញាណសំវរ
- ខន្តិសំវរ
- វីរិយសំវរ
អវិតិក្កមោសីលំ ការមិនប្រព្រឹត្តកន្លង ជាតួសីល។ បានដល់ការមិនប្រព្រឹត្តកន្លងដែលប្រកបដោយកាយ វាចារបស់បុគ្គលដែលបានសមាទានសីល មានសីល ៥ សីល ៨ សីល ១០ ហ្នឹងឯង។ ឧបាសក ឧបាសិកាដែលបានសមាទានសីលហើយ ក៏ប្រឹងសង្រួមកាយ វាចាដោយប្រពៃតាមសិក្ខាបទទាំងឡាយដែលខ្លួនបានសមាទានហើយ គឺមិនប្រព្រឹត្តកន្លងនូវសិក្ខាបទណាមួយឡើយ។ សីលរបស់ឧបាសក ឧបាសិកា ដែលកើតឡើងនេះឯង ហៅថា អវិតិក្កមសីល។
សីលមាន ៤ប្រភេទ
សីលមាន ៤ប្រភេទគឺ សីល ៥ សីល ៨ សីល ១០ និងសីល ៤។
សីល ៥ និងសីល ១០ ហៅថានិច្ចសីល គឺសីលដែលបុគ្គលអ្នកមានបំណងសមាទាន អាចរក្សារាល់ថ្ងៃបាន។
សីល ៨ ហៅថា ឧបោសថសីល ជាសីលដែលបុគ្គលអ្នកសមាទាន ត្រូវរក្សាតាមពេលវេលានៃថ្ងៃឧបោសថ។
សីល ៤ ហៅថា អធិសីល ជាសីលដ៏ក្រៃលែងរបស់ភិក្ខុ និងភិក្ខុនី ដែលជាញត្តិសីល។
សីលរបស់សាមណេរ ក៏ដូចជាសីលរបស់ភិក្ខុដែរ តែមានសិក្ខាបទតិចជាងសិក្ខាបទរបស់ភិក្ខុ។ សីលរបស់សាមណេរ មានសិក្ខាបទ ១០ ទណ្ឌកម្ម ១០ នាសនង្គ ១០ សេក្ខិយវត្ត ៧៥ និងសិក្ខាបទជាលោកវជ្ជ ៤៩ ដែលមានក្នុងបាតិមោក្ខរបស់ភិក្ខុដែរ។ សាមណេរ ក៏ត្រូវមានការសង្រួមនូវឥន្ទ្រិយ ៦ មានចក្ខុន្ទ្រិយ សោតិន្ទ្រិយ ឃានិន្ទ្រិយ ជីវ្ហិន្ទ្រិយ កាយិន្ទ្រិយ មនិន្ទ្រិយ និងការការចិញ្ចឹមជីវិតដ៏ស្អាត លះបង់នូវធម៌ដ៏លាមក មានការពិចារណាក្នុងការប្រើប្រាស់នូវបច្ច័យ ៤ មានធាតុបច្ចវេក្ខណៈជាដើម ដូចភិក្ខុដែរ។
អត្ថរបស់សីល
សីលមានន័យថា ទំលាប់ ឬប្រក្រតី ដោយសេចក្តីពីរយ៉ាងគឺ
- សមាធាន កិរិយាដម្កល់ដោយប្រពៃ គឺភាពមិនរាត់រាយនៃកាយកម្ម វចីកម្ម មនោកម្ម ដោយអំណាចនៃខ្លួនជាអ្នកមានសីលល្អបរិសុទ្ធ។
- ឧបធារណៈ កិរិយាចូលទៅទ្រទ្រង់ គឺភាពទ្រទ្រង់ដោយអំណាចនៃការដម្កល់នៃធម៌ជាកុសលទាំងឡាយ កុសលទាំងនោះ ទុកជារូបាវចរកុសលក្តី អរូបាវចរកុសលក្តី ដែលតាំងនៅស្ថិតស្ថេរបាន អាស្រ័យមានសីលជាឫសគល់ បើគ្មានសីលជាឫសគល់ទេ កុសលទាំងនោះ ក៏រលត់រលាយបាត់ទៅ ព្រោះហេតុនោះ សាធុជន អ្នកចង់បានសេចក្តីសុខ ដែលត្រូវញុំាងកុសលជារូបាវចរ ឬលោកុត្តរ ឲ្យកើតឡើងក្នុងសន្តាននៃខ្លួន ក៏គប្បីជម្រះសីលដែលខ្លួនបានសមាទានហើយ ឲ្យស្អាតបរិសុទ្ធផូរផង់ កុំគប្បីឲ្យមានសេចក្តីសៅហ្មងឡើយ។
ន័យម្យ៉ាងទៀត
សីលមានន័យ ៤ផ្សេងទៀតគឺ
- សិរដ្ឋោ មានអត្ថថា កំពូល។ សីលជាគុណជាតិមួយ ជាគ្រឿងប្រក់រក្សាទុកនូវកុសលដទៃ មានកុសលថ្នាក់សមាធិ ឬកុសលថ្នាក់វិបស្សនាជាដើម ព្រោះហេតុថា កុសលទាំងអស់នោះ កាលបើគ្មានសេចក្តីសង្រួម គឺសីលជាខាងដើមទេ នោះក៏មិនកើតឡើងបាន។ ប្រសិនណាបើកុសលទាំងអស់នោះបានកើតឡើងហើយ ដោយមានសីលជាហេតុខាងដើម តែដល់ពេលក្រោយ សីលនោះរលត់បាត់ទៅ កុសលទាំងអស់នោះ ក៏ត្រូវសាបសូន្យទៅវិញដែរ។
- សីសដ្ឋោ មានអត្ថថា ក្បាល។ សត្វទាំងឡាយ បើគ្មានក្បាលទេ ក៏ត្រូវស្លាប់អស់ជីវិតទៅ មានឧបមាយ៉ាងណា កុសលទាំងឡាយ មានកុសលថ្នាក់សមាធិ បញ្ញា និងលោកុត្តរ ដែលកើតឡើង និងមានការប្រព្រឹត្តរីកចំរើនទៅបាន ក៏ព្រោះតែសីល កាលបើគ្មានសីលហើយ កុសលទាំងនោះក៏ត្រូវរលត់សាបសូន្យទៅ ក៏មានសេចក្តីឧបមេយ្យយ៉ាងនោះដែរ។
- សីតលដ្ឋោ សីលមានអត្ថថា ត្រជាក់។ សីលជាគុណជាតិមួយ បដិបក្ខនឹងទោសៈ កាលបើសីលកើតឡើងក្នុងសន្តានចិត្តហើយ ទោសៈ (ធម្មជាតិប្រទូស្តក្នុងអារម្មណ៍) ក៏រលត់ទៅ កិលេស គឺទោសៈនេះហើយ ដែលជាតួភ្លើងមួយ តែងដុតកំដៅនូវចិត្តសត្វឲ្យក្តៅក្រហល់ក្រហាយឆេះឡើងបណ្តាលឲ្យសត្វទាំងឡាយ សាងនូវអំពើបាបប្រកបដោយកាយ វាចា ចិត្ត មានការសម្លាប់សត្វ ជេរប្រទេចជាដើម ដែលឲ្យផលជាទុក្ខក្នុងសំសារវដ្ត។ សត្វទាំងអស់ កាលបើបានធ្វើនូវសេចក្តីសង្រួមកាយ វាចា ចិត្តឲ្យផុតចាកបាបកម្ម ជាង្នកមិនមានទោសៈ មានចិត្តស្ងប់ស្រួល កាយកម្មក៏ស្ងប់ វចីកម្ម ក៏ស្ងប់ មនោកម្មក៏ស្ងប់ ម្ល៉ោះហើយសត្វទាំងនោះ ក៏ដល់នូវការត្រជាក់សុខស្រួល ផុតចាកពៀរវេរាគ្រប់យ៉ាងដែលកើតអំពីបាបកម្ម រស់នៅជាសុខក្នុងបច្ចុប្បន្នជាតិនេះ នឹងបានសុខតទៅក្នុងលោកខាងមុខថែមទៀត។
- សិវដ្ឋោ មានអត្ថថា ក្សេមក្សាន្ត។ មានព្រះពុទ្ធដីកាថា សីលេន និព្វុតឹ យន្តិ សត្វទាំងឡាយទៅដល់ព្រះនិព្វានជាទីរលត់បង់នូវសេចក្តីទុក្ខគ្រប់យ៉ាង ក៏ព្រោះសីល។ ព្រះនិព្វាន ជាទីសុខក្សេមក្សាន្ត ចាកសេចក្តីទុក្ខគ្រប់យ៉ាង ព្រះយោគាវចរ ដែលបានដល់ទីនោះ មិនមែនបានដោយហេតុដទៃឡើយ គឺដល់ព្រះនិព្វានដោយអាស្រ័យសេចក្តីប្រតិបត្តិក្នុងសមថវិបស្សនាកម្មដ្ឋាន ដែលមានការរក្សាសីលជាហេតុ។ ម្យ៉ាងទៀត សូម្បីសត្វទាំងឡាយ ដែលនៅអន្ទោលទៅមកក្នុងភពបី ដែលបានទទួលសោយនូវសេចក្តី សុខដ៏ច្រើន ក៏ព្រោះការរក្សាសីលជាហេតុ ដូចពុទ្ធដីកាថា សីលេន សុគតឹ យន្តិ សីលេន ភោគសម្បទា សត្វទាំងឡាយទៅកាន់សុគតិ ក៏ព្រោះសីល ការបរិបូណ៌ដោយភោគសម្បត្តិ ក៏ព្រោះសីល។ សត្វទាំងឡាយ ដែលមិនបានសេចក្តីសុខ តែងជួបនូវសេចក្តីទុក្ខលំបាក និងមហន្តរាយ មានការកើតក្នុងមហានរក ប្រេត អសុរកាយ តិរច្ឆាន ព្រោះតែគ្មានសីល។ សត្វទាំងឡាយដែលកើតក្នុងភពបី បានសោយនូវទោស ៥យ៉ាង គឺ អាយុខ្លី ១ វិនាសទ្រព្យ ១ ខ្ទើយ ឬច្រើនដោយការជាប់ចោទអំពីសំណាក់នៃជនដទៃ ១ ការពោលបង្កាច់បង្ខូចចំពោះពាក្យដែលខ្លួនពោលពិតហើយ ១ ការឆ្កួតលីលាវង្វេង ១ ព្រោះទោស គឺការមិនរក្សាសីលហ្នឹងឯង។
ពាក្យថា កិច្ច ឬសម្បត្តិ ជារសរបស់សីល។
សីល មានកិរិយាកំចាត់បង់នូវភាពទ្រុស្តសីលជាកិច្ច។
សីល មានគុណ គឺការមិនមានទោសជាសម្បត្តិ។
សីល មានភាពស្អាត (គឺស្អាតកាយ វាចា ចិត្ត) ជាអាការៈប្រាកដ គឺផល។
សីល មានធម៌ពីរយ៉ាង ជាហេតុពិត។
- ហិរិ សេចក្តីខ្មាសបាប។ មានឧបមា ដូចជាបុរសខ្ពើមលាមក មិនចង់ចាប់ពាល់ដោយដៃយ៉ាងណា បាបធម៌ បុគ្គលគួរខ្ពើម មិនប្រព្រឹត្តអំពើបាបនោះ ក៏យ៉ាងនោះដែរ។
- ឱត្តប្ប សេចក្តីតក់ស្លុតនឹងអំពើបាប។ មានឧបមា ដូចជាបុគ្គលមិនចាប់ពាល់នូវភ្លើងដែលកំពុងឆេះ ព្រោះខ្លាចរលាកយ៉ាងណា បុគ្គលមិនគួរប្រព្រឹត្តអំពើបាប ព្រោះខ្លាចទោសនៃអំពើបាបនោះឲ្យផល ក៏យ៉ាងនោះដែរ។
សេចក្តីពិតថា កាលដែលហិរិ និងឱត្តប្បមាន សីលរមែងកើតឡើងផង ស្ថិតនៅផង តែបើហិរិ និងឱត្តប្បមិនមានទេនោះ សីលកើតឡើង តែមិនស្ថិតនៅ។
អានិសង្សរបស់សីល
ក្នុងគម្ពីរវិសុទ្ធិមគ្គមានសេចក្តីថា
កាលបើសីលបរិសុទ្ធហើយ ជាបច្ច័យកើតឡើងអវិប្បដិសារៈ (សេចក្តីមិនក្តៅក្រហាយស្តាយក្រោយ)។ អវិប្បដិសារៈកើតឡើង ជាបច្ច័យឲ្យកើតបាមោជ្ជៈ (សេចក្តីរីករាយទន់)។ បាមោជ្ជៈកើតឡើង ជាបច្ច័យឲ្យកើតបីតិ (សេចក្តីឆ្អែតចិត្ត)។ បីតិកើតឡើងហើយ ជាបច្ច័យឲ្យកើតបស្សទ្ធិ (សេចក្តីស្ងប់កាយស្ងប់ចិត្ត)។ បស្សទ្ធិកើតឡើងហើយ ជាបច្ច័យឲ្យកើតសុខ (សេចក្តីស្រួលកាយ ស្រួលចិត្ត)។ សុខកើតឡើងហើយ ជាបច្ច័យឲ្យកើតសមាធិ (ការតម្កល់ចិត្តនឹង)។ សមាធិកើតឡើងហើយ ជាបច្ច័យឲ្យកើតយថាភូតញ្ញាណទស្សន (ប្រាជ្ញាដែលដឹងច្បាស់ ឃើញច្បាស់នូវធម៌តាមពិត)។ យថាភូតញ្ញាណទស្សនកើតឡើងហើយ ជាបច្ច័យឲ្យកើតនិព្វិទា (សេចក្តីនឿយណា)។ និព្វិទាកើតឡើងហើយ ជាបច្ច័យឲ្យកើតវិរាគ (ការប្រាសចាកតម្រេក)។ វិរាគកើតឡើងហើយ ជាបច្ច័យឲ្យកើតវិមុត្តិ (ការរួចផុតស្រឡះចាកកិលេស)។ វិមុត្តិកើតឡើងហើយ ជាបច្ច័យឲ្យកើតវិមុត្តិញ្ញាណទស្សន (ប្រាជ្ញាដឹងច្បាស់ ឃើញច្បាស់ថា រួចផុតស្រឡះចាកកិលេស)។
អានិសង្សសីល ៥ទៀតគឺ
- បុគ្គលអ្នកមានសីល មានសីលបរិបូណ៌ រមែងបាននូវគំនរភោគសម្បត្តិដ៏ច្រើន ដែលមានសេចក្តីមិនប្រមាទជាហេតុ។
- កល្យាណកិត្តិស័ព្ទរបស់អ្នកមានសីល មានសីលពេញលេញ រមែងផុសផុលឡើយ។
- បុគ្គលអ្នកមានសីល មានសីលបរិបូណ៌ រមែងចូលទៅកាន់បរិស័ទណាមួយ ទុកជាខត្តិយបរិស័ទក្តី ព្រាហ្មណបរិស័ទក្តី គហបតិបរិស័ទក្តី សមណបរិស័ទក្តី ជាអ្នកក្លៀវក្លា មិនអៀនអន់ចូលទៅរក។
- បុគ្គលអ្នកមានសីល មានសីលបរិបូណ៌ ជាអ្នកមិនវង្វេង ធ្វើកាលកិរិយា (ស្លាប់)។
- បុគ្គលអ្នកមានសីល មានសីលបរិបូណ៌ បន្ទាប់អំពីបែកធ្លាយកាយទៅ រមែងចូលទៅកើតក្នុងសុគតិសួគ៌ទេវលោក។ (បិ. ៥៧, ឃ.២៤២)
សិក្ខាបទ ៥
- បាណាតិបាតា វេរមណី ចេតនា ជាហេតុវៀរចាកកិរិយាធ្វើសត្វមានជីវិតឲ្យធ្លាក់ចុះកន្លង គឺសម្លាប់សត្វ។
- អទិន្នាទានា វេរមណី ចេតនា ជាហេតុវៀរចាកកិរិយាកាន់យកនូវវត្ថុដែលគេមិនបានឲ្យដោយកាយ ឬដោយវាចា។
- កាមេសុមិច្ឆាចារា វេរមណី ចេតនា ជាហេតុវៀរចាកកិរិយាប្រព្រឹត្តខុសក្នុងកាមទាំងឡាយ។
- មុសាវាទា វេរមណី ចេតនា ជាហេតុវៀរចាកកិរិយាពោលនូវពាក្យកុហក។
- សុរាមេរយមជ្ជប្បមាទដ្ឋានា វេរមណី ចេតនា ជាហេតុវៀរចាកហេតុជាទីតាំងនៃសេចក្តីប្រមាទ គឺផឹកនូវទឹកស្រវឹង គឺសុរា និងមេរ័យ។
សិក្ខាបទ ១០
- បាណាតិបាតា វេរមណី ចេតនា ជាហេតុវៀរចាកកិរិយាធ្វើសត្វមានជីវិតឲ្យធ្លាក់ចុះកន្លង គឺសម្លាប់សត្វ។
- អទិន្នាទានា វេរមណី ចេតនា ជាហេតុវៀរចាកកិរិយាកាន់យកនូវវត្ថុដែលគេមិនបានឲ្យដោយកាយ ឬដោយវាចា។
- អព្រហ្មចរិយា វេរមណី ចេតនា ជាហេតុវៀរចាកកិរិយាប្រព្រឹត្តនូវធម៌មិនប្រសើរ គឺសេពនូវមេថុនធម្ម។
- មុសាវាទា វេរមណី ចេតនា ជាហេតុវៀរចាកកិរិយាពោលនូវពាក្យកុហក។
- សុរាមេរយមជ្ជប្បមាទដ្ឋានា វេរមណី ចេតនា ជាហេតុវៀរចាកហេតុជាទីតាំងនៃសេចក្តីប្រមាទ គឺផឹកនូវទឹកស្រវឹង គឺសុរា និងមេរ័យ។
- វិកាលភោជនា វេរមណី ចេតនា ជាហេតុវៀរចាកកិរិយាបរិភោគនូវភោជនាហារក្នុងកាលខុស។
- នច្ចគីតវាទិតវិសូកទស្សនា វេរមណី ចេតនា ជាហេតុវៀរចាកកិរិយារាំ និងច្រៀង និងប្រគំ និងមើលនូវល្បែងដែលជាសត្រូវដល់កុសលធម៌។
- មាលាគន្ធវិលេបន ធារណមណ្ឌន វិភូសនដ្ឋានា វេរមណី ចេតនា ជាហេតុវៀរចាកកិរិយាទ្រទ្រង់ និងប្រដាប់តាក់តែង និងស្អិតស្អាង (រាងកាយ) ដោយផ្កាកម្រង និងគ្រឿងក្រអូប និងគ្រឿងលាបផ្សេងៗ។
- ឧច្ចាសយនមហាសយនា វេរមណី ចេតនា ជាហេតុវៀរចាកទីសេនាសនៈដ៏ខ្ពស់ហួសប្រមាណ និងសេនាសនៈដ៏ប្រសើរ។
- ជាតរូបរជតប្បដិគ្គហនា វេរមណី ចេតនា ជាហេតុវៀរចាកកិរិយាទទួលកាន់យកនូវមាស និងប្រាក់ ដោយខ្លួនឯង ឬប្រើអ្នកដទៃឲ្យទទួលកាន់យកហើយត្រេកអរចំពោះមាស និងប្រាក់នោះ។
សិក្ខាបទ ៨
- បាណាតិបាតា វេរមណី ចេតនា ជាហេតុវៀរចាកកិរិយាធ្វើសត្វមានជីវិតឲ្យធ្លាក់ចុះកន្លង គឺសម្លាប់សត្វ។
- អទិន្នាទានា វេរមណី ចេតនា ជាហេតុវៀរចាកកិរិយាកាន់យកនូវវត្ថុដែលគេមិនបានឲ្យដោយកាយ ឬដោយវាចា។
- អព្រហ្មចរិយា វេរមណី ចេតនា ជាហេតុវៀរចាកកិរិយាប្រព្រឹត្តនូវធម៌មិនប្រសើរ គឺសេពនូវមេថុនធម្ម។
- មុសាវាទា វេរមណី ចេតនា ជាហេតុវៀរចាកកិរិយាពោលនូវពាក្យកុហក។
- សុរាមេរយមជ្ជប្បមាទដ្ឋានា វេរមណី ចេតនា ជាហេតុវៀរចាកហេតុជាទីតាំងនៃសេចក្តីប្រមាទ គឺផឹកនូវទឹកស្រវឹង គឺសុរា និងមេរ័យ។
- វិកាលភោជនា វេរមណី ចេតនា ជាហេតុវៀរចាកកិរិយាបរិភោគនូវភោជនាហារក្នុងកាលខុស។
- នច្ចគីតវាទិតវិសូកទស្សនា មាលាគន្ធវិលេបន ធារណមណ្ឌន វិភូសនដ្ឋានា វេរមណី ចេតនា ជាហេតុវៀរចាកកិរិយារាំ និងច្រៀង និងប្រគំ និងមើលនូវល្បែងដែលជាសត្រូវដល់កុសលធម៌ និងទ្រទ្រង់ និងប្រដាប់តាក់តែង និងស្អិតស្អាង (រាងកាយ) ដោយផ្កាកម្រង និងគ្រឿងក្រអូប និងគ្រឿងលាបផ្សេងៗ។
- ឧច្ចាសយនមហាសយនា វេរមណី ចេតនា ជាហេតុវៀរចាកទីសេនាសនៈដ៏ខ្ពស់ហួសប្រមាណ និងសេនាសនៈដ៏ប្រសើរ។
ឧបោសថសីល ៣យ៉ាង
ឧបោសថសីល មាន៣យ៉ាងគឺ
- បកតិឧបោសថ ឧបោសថតាមធម្មតា។ កាលនៃបកតិឧបោសថនេះ មាន៨ថ្ងៃក្នុងមួយខែគឺ ជុណ្ហបក្ខ (បក្សខ្នើត) ៤ថ្ងៃ កាលបក្ខ (បក្សរនោច) មាន៤ថ្ងៃ បក្សខ្នើត ៤ថ្ងៃគឺ ៥កើត ៨កើត ១៤កើត ១៥កើត។ បក្សរនោច ៤ថ្ងៃគឺ ៥រោច ៨រោច ១៤រោច ១៥រោច។ ថ្ងៃនៃបកតិឧបោសថនេះ ក្នុងសម័យពុទ្ធកាល មានតែ៦ថ្ងៃ។ ថ្ងៃ៥កើត និង៥រោច ជាកាលនៃការស្តាប់ធម៌ទេសនាក្នុងពេលនោះ ក្រោយមកព្រះសង្គាហកត្ថេរទាំងឡាយ លោកលើកឡើងរាប់បញ្ចូលជាថ្ងៃឧបោសថ ទើបបកតិឧបោសថមាន ៨ថ្ងៃក្នុងមួយខែ។
- បដិជាគរុបោសថ ឧបោសថរបស់បុគ្គលអ្នកភ្ញាក់រលឹក ជនទាំងឡាយកាលរក្សានូវឧបោសថនេះ រមែងរក្សាដោយអំណាចនៃកិរិយាក្រោកឡើងទទួល និងជូនតាមនៃថ្ងៃឧបោសថនីមួយៗ (ឧបោសថ ៤ថ្ងៃ) ក្នុងកន្លះខែ។
កាលនៃបដិជាគរុបោសថ មានចំនួន ១១ថ្ងៃក្នុងមួយខែ។ ជុណ្ហបក្ខ (បក្សខ្នើត) មាន ៥ថ្ងៃគឺ ៤កើត ៦កើត ៧កើត ៩កើត ១៣កើត។ កាលបក្ខ (បក្សរនោច) បើខែពេញ មាន ៦ថ្ងៃ គឺបាដិបទ (១រោច) ៤រោច ៦រោច ៧រោច ៩រោច ១៣រោច បើខែមិនពេញ មាន៦ថ្ងៃគឺ បាដិបទ (១រោច) ៤រោច ៦រោច ៧រោច ៩រោច ១២រោច។រួមឧបោសថទាំងជុណ្ហបក្ខ និងកាលបក្ខ គឺមួយខែមានថ្ងៃឧបោសថ ១៩ថ្ងៃ។
- បាដិហារិយុបោសថ ឧបោសថដែលបុគ្គលគប្បីរក្សា។ ខែប្រកបដោយរដូវភ្លៀង ៤ខែ គឺ អាសាធ ១ ស្រាពណ៌ ១ ភទ្របទ ១ អស្សុជ ១ កត្តិក ១ ជាកាលនៃបាដិហារិយបក្ខ។
ក្នុងរាជសុត្តវណ្ណនា មានសេចក្តីថា និពទ្ធុបោសថ គឺឧបោសថដែលគេរក្សាជាប់ជានិច្ច មិនដាច់អស់កាល ៣ខែ ក្នុងខាងក្នុងវស្សាក្តី ឧបោសថដែលបុគ្គលរក្សាជាប់ជានិច្ច មិនដាច់អស់កាល ១ខែ ត្រង់ចន្លោះបវារណាទាំងពីរក្តី ឧបោសថដែលគេរក្សាជាប់ជានិច្ច មិនដាច់ត្រឹមកន្លះខែ ចាប់ពីថ្ងៃបវារណាទី១ ទៅក្តី ហៅថា បាដិហារិយបក្ខ។
ក្នុងតដ្តិកា បានបញ្ជាក់ថា និពទ្ធុបោសថ ឈ្មោះថា បាដិហារិយបក្ខនោះ ព្រោះជាឧបោសថ គឺបុគ្គលគប្បីរក្សា គឺថាប្រព្រឹត្តជាប់រៀងរាល់ឆ្នាំ។បាដិហារិយបក្ខ មានន័យថា បក្សនៃបាដិហារិយុបោសថ បានដល់បក្សទាំងពីរយ៉ាងគឺ ឧបនីហរណកបក្ខ ១ បាដិជគ្គនកបក្ខ ១។
ឧបនីហរណកបក្ខ បានដល់បក្សនៃការរក្សាបកតិឧបោសថ ជុណ្ហកបក្ស មាន៤ថ្ងៃ កាលបក្ស មាន ៤ថ្ងៃ។
បដិជគ្គនកបក្ខ បានដល់បក្សនៃការរក្សានូវបាដិជាគរុបោសថ ជុណ្ហកបក្ស មាន ៥ថ្ងៃ កាលបក្ស មាន ៦ថ្ងៃ។
អាចារ្យដទៃពោលថា ខែ៣ គឺ អាសាធ ១ កត្តិក ១ ផល្គុណ ១ ជាបាដិហារិយបក្ខ។
អាចារ្យដទៃទៀតពោលថា ថ្ងៃ ៤ៗ ពោលគឺ ១៣កើត ១រោច ៧រោច ៩រោច រៀងរាល់បក្ស ដោយអំណាចនៃថ្ងៃខាងដើម និងខាងចុងនៃថ្ងៃបក្ខុបោសថ ជាបាដិហារិយបក្ខ។ ពាក្យណាគាប់ចិត្ត បុគ្គលអ្នកមានសេចក្តីប្រាថ្នានូវបុណ្យ គប្បីកាន់យកពាក្យនោះតាមសេចក្តីគាប់ចិត្តចុះ។
សេចក្តីសម្រេចក្នុងគម្ពីរ មង្គលត្ថទីបនី បានបញ្ជាក់អំពីឧបោសថ ដែលមានក្នុងសម័យពុទ្ធកាលថា កាលនៃបកតិឧបោសថ ក្នុងមួយខែមាន ៨ថ្ងៃ។ កាលនៃបដិជាគរុបោសថ ក្នុងមួយខែមាន ១១ថ្ងៃ។ ខែប្រកបដោយរដូវភ្លៀងទាំងអស់ ជាកាលនៃបាដិហារិយុបោសថ។
ថ្ងៃដែលត្រូវរក្សាឧបោសថសីល ដែលព្រះសម្មាសម្ពុទ្ធទ្រង់បានកំណត់ហើយនោះ ពិតជាមានប្រយោជន៍ ហេតុដូច្នេះ ពុទ្ធបរិស័ទដែលជាអ្នកស្រឡាញ់ព្រះពុទ្ធសាសនា ដើម្បីកុំឲ្យធម៌វិន័យនៃព្រះពុទ្ធបរមគ្រូជាម្ចាស់សាបសូន្យ គួរតែគោរពប្រតិបត្តិតាមកាលកំណត់នៃថ្ងៃឧបោសថ ដែលព្រះអង្គទ្រង់ត្រាស់សំដែងហើយ។
បុគ្គលកាលរក្សានូវបដិជាគរុបោសថ ១ខែមាន ១១ថ្ងៃ។ ឯបុគ្គលរក្សានូវបាដិហារិយុបោសថ ត្រូវរក្សាឧបោសថសីលគ្រប់ថ្ងៃនៃឧបោសថទាំងអស់ តាមបាដិហារបក្ស មិនបានលះបង់នូវថ្ងៃឧបោសថ សូម្បីតែមួយថ្ងៃឡើយ ហើយត្រូវប្រកបដោយខែជារដូវភ្លៀង ៤ខែផង។
អង្គនៃសិក្ខាបទ
បាណាតិបាត មានអង្គ៥
- បាណោ សត្វមានជីវិត។
- បាណសញ្ញិតោ សេចក្តីដឹងថា សត្វមានជីវិត។
- វធកចិត្តំ គិតនឹងសម្លាប់។
- ឧបក្កមោ ព្យាយាមនឹងសម្លាប់។
- តេនមរណំ សត្វស្លាប់ដោយព្យាយាមនោះ។
អទិន្នាទាន មានអង្គ ៥
- បរបរិគ្គហិតំ ទ្រព្យដែលម្ចាស់គេហួងហែងរក្សា។
- បរបរិគ្គហិតសញ្ញិតា សេចក្តីដឹងថា ទ្រព្យមានម្ចាស់គេហួងហែងរក្សា។
- ថេយ្យចិត្តំ គិតនឹងលួច។
- ឧបក្កមោ ព្យាយាមនឹងលួច។
- តេនហរណំ លួចបានមកដោយព្យាយាមនោះ។
កាមេសុមិច្ឆាចារ មានអង្គ ៤
- អគមនីយដ្ឋានំ ស្ត្រីដែលមិនគួរនឹងគប់រក គឺស្ត្រីដែលមានគេហួងហែងរក្សា(*)។
- តស្មឹសេវនចិត្តំ ព្យាយាមនឹងសេពនូវមេថុនធម្ម។
- ឧបក្កមោ ព្យាយាមនឹងសេពនូវមេថុនធម្ម។
- មគ្គេនមគ្គប្បដិបាទនំ ញុំាងមគ្គនឹងមគ្គឲ្យដល់គ្នា។
(*) ស្ត្រីដែលមិនគួរនឹងគប់រក បានដល់ស្ត្រី ២០ពួក គឺ
- មាតុរក្ខិតា ស្ត្រីដែលមាតាថែរក្សា។
- បិតុរក្ខិតា ស្ត្រីដែលបិតាថែរក្សា។
- មាតាបិតុរក្ខិតា ស្ត្រីដែលមានមាតាបិតាថែរក្សា។
- ភាតុរក្ខិតា ស្ត្រីដែលមានបងប្រុស ឬប្អូនប្រុសថែរក្សា។
- ភគិនិរក្ខិតា ស្ត្រីដែលមានបងស្រី ឬប្អូនស្រីថែរក្សា។
- ញាតិរក្ខិតា ស្ត្រីដែលមានញាតិថែរក្សា។
- គោត្តរក្ខិតា ស្ត្រីដែលមានគោត្តថែរក្សា (អ្នកមានត្រកូលដូចគ្នាថែរក្សា)។
- ធម្មរក្ខិតា ស្ត្រីដែលមានធម៌ថែរក្សា ។
ស្ត្រីទាំង ៨ពួកនេះ បើបុរសណាមួយសេពហើយ ត្រូវទោសកាមេសុមិច្ឆាចារតែខាងបុរស ឯស្រី មិនត្រូវទោសអ្វីឡើយ ព្រោះស្រីនោះ មាតាបិតាជាដើម គ្រាន់តែឃុំគ្រងរក្សាកេរិ៍្តមារយាទខាងក្រៅៗប៉ុណ្ណោះ មិនមែនជាម្ចាស់សម្ផ័ស្សរបស់ស្រីនោះទេ គឺគ្មានស្វាមីគ្រប់គ្រង។ - សារក្ខា ស្ត្រីដែលមានប្តីថែរក្សា។
- សបរិទណ្ឌា ស្ត្រីដែលមានស្តេចដាក់អាជ្ញាថា យកធ្វើជាទេពី។
- ធនក្កីតា ស្ត្រីដែលគេទិញដោយទ្រព្យ។
- ឆន្ទវាសិនី ស្ត្រីដែលនៅដោយស្ម័គ្រចិត្តគ្នានឹងគ្នា។
- ភោគវាសិនី ស្ត្រីដែលនៅដោយសម្បត្តិ។
- បជវាសិនី ស្ត្រីដែលនៅនឹងគ្នាដោយសំពត់ស្លៀកដណ្តប់។
- ឱទបត្តភិនី ស្ត្រីដែលគេផ្អោបដៃជាមួយបុរស ហើយជ្រលក់ទៅក្នុងពាងទឹក ឬផ្តិលទឹក។
- ឱភតចុម្កដា ស្ត្រីដែលគេដាក់ទ្រនូលពីក្បាល គឺស្ត្រីអ្នករកឧសជាដើម។
- ទាសី ច ភរិយា ច ស្ត្រីដែលជាទាសីគេផង ជាភរិយាគេផង គឺស្រីដែលជាទាសីរបស់បុរសណាមួយ ហើយបុរសនោះយកធ្វើជាភរិយា។
- កម្មការីភរិយា ស្ត្រីដែលជាកូនឈ្នួលរបស់បុរសណាមួយ ហើយបុរសនោះយកធ្វើជាភរិយា។
- ធជាហដា ស្ត្រីដែលគេចាប់ពីក្នុងទ័ព។
- មហុត្តិកា ស្ត្រីដែលនៅជាមួយគ្នាជាប្តីប្រពន្ធតែមួយវេលា។
ស្ត្រីទាំង១២នេះ បើបុរសណាមួយទៅសេពហើយ ត្រូវទោសកាមេសុមិច្ឆាចារទាំងបុរសទាំងស្ត្រី ព្រោះស្រីនោះ មានស្វាមីគ្រប់គ្រងថែរក្សា ឈ្មោះថា លួចសម្ផស្សរបស់ស្វាមីទៅឲ្យបុរសដទៃ។
អព្រហ្មចរិយ មានអង្គ ៤
- ភេទនវត្ថុ វត្ថុជាទីទំលាយនៃសីល គឺទ្វារមគ្គ ៣០(*) ចំពោះទ្វារណាមួយ។
- សេវនចិត្តំ គិតនឹងសេព។
- តជ្ជោវាយាមោ ព្យាយាមនឹងសេពនូវមេថុនធម្មនោះ។
- មគ្គេន មគ្គប្បដិបាទនំ ញុំាងមគ្គនិងមគ្គឲ្យដល់គ្នា។
(*) ទ្វារមគ្គ មាន ៣០ គឺ មនុស្ស ១០ អមនុស្ស ១០ សត្វតិរច្ឆាន ១០។
- ទ្វារមគ្គរបស់មនុស្ស ១០ គឺ បុរសមានទ្វារ ២ (ទ្វារមាត់ ១ ទ្វារលាមក ១)។ ស្ត្រីមានទ្វារ ៣ (ទ្វារមាត់ ១ ទ្វារមូត្រ ១ ទ្វារលាមក ១)។ ខ្ទើយមានទ្វារ ២ (ទ្វារមាត់ ១ ទ្វារលាមក ១)។ ឧភតោព្យញ្ជនកមានទ្វារ ៣ (ទ្វារមាត់ ១ ទ្វារមូត្រ ១ ទ្វារលាមក ១)។
- ទ្វារមគ្គរបស់អមនុស្ស ១០ និងសត្វតិរច្ឆាន ១០ ក៏រាប់តាមរបៀបដូចទ្វារមគ្គរបស់មនុស្ស។
មុសាវាទ មានអង្គ ៤
- អតថំវត្ថុ វត្ថុមិនពិត។
- វិសំវាទនចិត្តំ គិតនឹងពោលឲ្យខុស។
- តជ្ជោវាយាមោ ព្យាយាមនឹងពោលឲ្យខុសនោះ។
- បរស្សតទត្ថវិជាននំ ញុំាងអ្នកដទៃឲ្យដឹងច្បាស់នូវសេចក្តីនោះ។
សុរាមេរយ មានអង្គ ៤
- មជ្ជនីយវត្ថុ វត្ថុជាទីតាំងនៃសេចក្តីស្រវឹង គឺសុរា និងមេរ័យ។
- បាតុកម្យតាចិត្តំ ចិត្តប្រាថ្នាដើម្បីនឹងផឹក។
- តជ្ជោ វាយាមោ ព្យាយាមនឹងផឹកនូវទឹកស្រវឹងនោះ។
- តស្សបានំ បានផឹកនូវទឹកស្រវឹងនោះ ឲ្យកន្លងបំពង់កចូលទៅ។
វិកាលភោជន មានអង្គ ៣
- វិកាលោ កាលខុស គឺព្រះអាទិត្យជ្រេទៅហើយដរាបទល់នឹងអរុណរះ។
- យាវកាលិកំ របស់ដែលគួរបរិភោគបានក្នុងកាល គឺតាំងពីអរុណរះឡើង ដរាបដល់ថ្ងៃត្រង់។
- អជ្ឈោហរណំ បានលេបចូលទៅក្នុងបំពង់ក។
នច្ចគីត ព្រមទាំងមាលា រួមគ្នាបានជាសិក្ខាបទមានអង្គ ៦
- នច្ចគិតាទិ ការល្បែង មានរាំ និងច្រៀងជាដើម។
- កត្តុកម្យតាចិត្តំ ចិត្តប្រាថ្នាដើម្បីនឹងធ្វើ។
- សុតទស្សនត្ថាយគមនំ ទៅដើម្បីនឹងស្តាប់ ឬមើលហើយបានស្តាប់ ឬមើល។
- មាលាទិ វត្ថុសម្រាប់ប្រដាប់កាយ មានផ្កាកម្រងជាដើម។
- ធារណឆន្ទតា សេចក្តីប្រាថ្នានឹងប្រដាប់តាក់តែង។
- តស្សធារណំ បានប្រដាប់តាក់តែងនូវវត្ថុសម្រាប់ប្រដាប់កាយ មានផ្កាកម្រងជាដើមនោះ។
ឧច្ចាសយន មានអង្គ ៣
- ឧច្ចាសយនមហាសយនំ ទីដេក ទីអង្គុយដ៏ខ្ពស់ ដ៏ប្រសើរហួសប្រមាណ (*)។
- បរិភោគចិត្តំ គិតនឹងដេក ឬអង្គុយ។
- បរិភោគករណំ បានដេក ឬអង្គុយ។
(*) ទីដេកអង្គុយ មានគ្រែ ឬតាំងជាដើមដែលខ្ពស់លើសជាង ៨ធ្នាប់ព្រះសុគតឡើងទៅ ហៅថាទីដេក ទីអង្គុយដ៏ខ្ពស់ហួសប្រមាណ។
ខ្នាត ៨ធ្នាប់ព្រះសុគតនោះគឺ រាប់ចាប់ពីមេគ្រែ ឬតាំងឰដ៏ខាងក្រោមចុះមកស្មើនឹង ១ហត្ថក្តាប់ដៃ និង ១ចំអាមនៃបុរសធម្មតា។
ជាតរូប មានអង្គ ៣
- ជាតរូបរជតំ មាស ឬប្រាក់ជាអកប្បិយភណ្ឌ។
- អត្តុទ្ទិសតា ចំពោះជារបស់ខ្លួន។
- បដិគណ្ហាទិ បានទទួលកាន់យកដោយខ្លួនឯង ឬប្រើគេឲ្យទទួលកាន់យកទុកដាក់ឲ្យ ហើយត្រេកអរចំពោះមាស ឬប្រាក់នោះដោយឧបាយឯណានីមួយ។
កាលបើឧបាសក ឧបាសិកាប្រព្រឹត្តឲ្យកន្លងសិក្ខាបទណាៗ លុះតែព្រមដោយអង្គក្នុងសិក្ខាបទនោះៗ ទើបឈ្មោះថាកន្លង បើមិនទាន់ព្រមដោយអង្គនោះទេ ក៏មិនបានឈ្មោះថា កន្លងនូវសិក្ខាបទនោះៗឡើយ។
គ្រឿងសៅហ្មងនៃសីល
ការកើតឡើងធម៌ គឺ ខណ្ឌ ដាច់ ឆិទ្ទ ធ្លុះ សពល ពពាល កម្មាស ពព្រុះ នៃសីល ព្រោះហេតុតែលាភ យស ញាតិ រាងកាយ ជីវិតផង ដោយមេថុនសំយោគ ៧ផង ហៅថា គ្រឿងសៅហ្មងរបស់សីល។
សីលដាច់ គឺដាច់ត្រង់សិក្ខាបទខាងដើម ឬត្រង់ទីបំផុតក្នុងអាបត្តិទាំង ៧កង ដូចជាសំពត់សាដក ដែលដាច់ត្រង់ជាយ។ តួយ៉ាង ដូចជាសីល ៥ គឺដាច់ត្រង់សិក្ខាបទ ទី១ (បាណាតិបាត) និងសិក្ខាបទ ទី៥ (សុរាមេរយមជ្ជប្បមាទដ្ឋាន)។
សីលធ្លុះ គឺបែកធ្លាយត្រង់សិក្ខាបទកណ្តាល ដូចជាសំពត់សាដក ដែលធ្លុះចំកណ្តាល។ តួយ៉ាង ដូចជាសីល ៥ គឺបែកធ្លាយត្រង់សិក្ខាបទ ទី៣ (កាមេសុមិច្ឆាចារ)។
សីលពពាល គឺបែកធ្លាយត្រង់សិក្ខាបទពីរបី តាមលំដាប់ ដូចមេគោពពាល។ តួយ៉ាងដូចជា សីល៥ បែកធ្លាយត្រង់សិក្ខាបទ ទី២ (អទិន្នាទាន) ឬសិក្ខាបទ ទី៣ (កាមេសុមិច្ឆាចារ) តាមលំដាប់។
សីលពព្រុះ គឺដាច់ត្រង់សិក្ខាបទជាចន្លោះៗ ដូចមេគោពព្រុះ។ តួយ៉ាងសីល ៥ គឺបែកធ្លាយត្រង់សិក្ខាបទ ទី២ (អទិន្នាទាន) និងសិក្ខាបទ ទី៤ (មុសាវាទ) ជាដើម។
វិធីសមាទានសីល
ក្នុងកិច្ចសមាទានសីលនេះ ឧបាសក ឧបាសិកា ដែលមានសទ្ធាជ្រះថា្ល ក្នុងព្រះពុទ្ធសាសនា គប្បីសមាទានសីលនឹងអាចារ្យ ឬភិក្ខុសាមណេរជាបុគ្គល ឬក៏សង្ឃដែលគង់នៅក្នុងទីនោះ ។
សមាទាន និច្ចសីល ឬបញ្ចសីល
ឧកាស (អហំ/មយំ) ភន្តេ វិសុំ វិសុំ រក្ខនត្ថាយ តិសរណេន សហ បញ្ចសីលានិ យាចា (មិ/ម) ។
ទុតិយម្បិ (អហំ/មយំ) ភន្តេ វិសុំ វិសុំ រក្ខនត្ថាយ តិសរណេន សហ បញ្ចសីលានិ យាចា (មិ/ម) ។
តតិយម្បិ (អហំ/មយំ) ភន្តេ វិសុំ វិសុំ រក្ខនត្ថាយ តិសរណេន សហ បញ្ចសីលានិ យាចា (មិ/ម) ។
ខ្ញុំសូមគោរពបពិត្រព្រះករុណាដ៏ចម្រេីន ខ្ញុំព្រះករុណា/ ខ្ញុំព្រះករុណាទាំងឡាយ សូមនូវសីលទាំងឡាយ ៥ មួយអន្លេីដោយព្រះត្រៃសរណគមន៍ ដេីម្បីប្រយោជន៍ និងរក្សាផ្សេងៗគ្នា បពិត្រព្រះករុណាដ៏ចម្រេីន ខ្ញុំព្រះករុណា/ខ្ញុំព្រះករុណាទាំងឡាយ សូមនូវសីលទាំងឡាយ ៥ មួយអន្លេីដោយព្រះត្រៃសរណគមន៍ ដេីម្បីប្រយោជន៍ និងរក្សាផ្សេងៗគ្នា។ ជាគម្រប់ពីរដងផង /ជាគម្រប់បីដងផង ។
ការទទួលសីល
(ត្រូវថាតាមលោកឲ្យច្បាស់ៗ កុំឲ្យខ្សឹបជាដាច់ខាត)
ន មោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស។ (បីដង)
រីកិរិយានមស្ការថ្វាយបង្គំនៃខ្ញុំព្រះករុណា ចូរមានដល់ព្រះដ៏មានព្រះភាគអង្គនោះ ព្រះអង្គជាព្រះអរហន្តដ៏ប្រសេីរ ទ្រង់ត្រាស់ដឹងនូវញេយ្យធម៌ទាំងពួងដោយប្រពៃចំពោះព្រះអង្គឥតមានគ្រូអាចារ្យណាប្រដៅព្រះអង្គឡេីយ ។
ពុទ្ធំ សរណំ គច្ឆាមិ ខ្ញុំព្រះករុណាសូមដល់នូវព្រះពុទ្ធជាទីពឹងទីរលឹក។
ធម្មំ សរណំ គច្ឆាមិ ខ្ញុំព្រះករុណាសូមដល់នូវព្រះធម៌ជាទីពឹងទីរលឹក។
សង្ឃំ សរណំ គច្ឆាមិ ខ្ញុំព្រះករុណាសូមដល់នូវព្រះសង្ឃជាទីពឹងទីរលឹក។
ទុតិយម្បិ ពុទ្ធំ សរណំ គច្ឆាមិ ខ្ញុំព្រះករុណា សូមដល់នូវព្រះពុទ្ធ ជាទីពឹងទីរលឹកជាគម្រប់ពីរដងផង។
ទុតិយម្បិ ធម្មំ សរណំ គច្ឆាមិ ខ្ញុំព្រះករុណា សូមដល់នូវព្រះធម៌ ជាទីពឹងទីរលឹកជាគម្រប់ពីរដងផង។
ទុតិយម្បិ សង្ឃំ សរណំ គច្ឆាមិ ខ្ញុំព្រះករុណា សូមដល់នូវព្រះសង្ឃ ជាទីពឹងទីរលឹកជាគម្រប់ពីរដងផង។
តតិយម្បិ ពុទ្ធំ សរណំ គច្ឆាមិ ខ្ញុំព្រះករុណា សូមដល់នូវព្រះពុទ្ធ ជាទីពឹងទីរលឹកជាគម្រប់បីដងផង។
តតិយម្បិ ធម្មំ សរណំ គច្ឆាមិ ខ្ញុំព្រះករុណា សូមដល់នូវព្រះធម៌ ជាទីពឹងទីរលឹកជាគម្រប់បីដងផង។
តតិយម្បិ សង្ឃំ សរណំ គច្ឆាមិ ខ្ញុំព្រះករុណា សូមដល់នូវព្រះសង្ឃ ជាទីពឹងទីរលឹកជាគម្រប់បីដងផង។
តិសរណគ្គហនំ បរិបុណ្ណំ កិរិយាកាន់យកនូវព្រះត្រៃសរណគមន៍បរិបូរតែប៉ុណ្ណោះ ។
អាម ភន្តេ ករុណាលោកម្ចាស់ ។
ទទួលសិក្ខាបទ
បាណាតិបាតា វេរមណី សិក្ខាបទំ សមាទិយាមិ ខ្ញុំព្រះករុណា សូមសមាទាន នូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាកកិរិយាធ្វើសត្វមានជីវិតឲ្យធ្លាក់ចុះកន្លង គឺសម្លាប់សត្វ ។
អទិន្នាទានា វេរមណី សិក្ខាបទំ សមាទិយាមិ ខ្ញុំព្រះករុណា សូមសមាទាននូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាកកិរិយា កាន់យកនូវវត្ថុដែលគេមិនបានឲ្យដោយកាយ ឬដោយវាចា ។
កាមេសុមិច្ឆាចារា វេរមណី សិក្ខាបទំ សមាទិយាមិ ខ្ញុំព្រះករុណា សូមសមាទាននូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាកកិរិយាប្រព្រឹត្តខុសក្នុងកាមទាំងឡាយ ។
មុសាវាទា វេរមណី សិក្ខាបទំ សមាទិយាមិ ខ្ញុំព្រះករុណា សូមសមាទាននូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាកកិរិយាពោលនូវពាក្យកុហក ។
សុរាមេរយមជ្ជប្បមាទដ្ឋានា វេរមណី សិក្ខាបទំ សមាទិយាមិ ខ្ញុំព្រះករុណា សូមសមាទាននូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាកហេតុជាទីតាំងនៃសេចក្តីប្រមាទ គឺផឹកនូវទឹកស្រវឹង គឺសុរា និងមេរ័យ ។
ឥមានិ បញ្ចសិក្ខាបទានិ សាធុកំ កត្វា អប្បមាទេន និច្ចកាលំ សម្មារក្ខិតព្វំ អ្នក/អ្នកទាំងឡាយ គប្បីធ្វើសិក្ខាបទទាំងឡាយ ៥នេះ ឲ្យប្រពៃ ត្រូវរក្សាឲ្យល្អ អស់កាលជានិច្ចដោយសេចក្តីមិនប្រមាទ គឺថាកុំធ្វេសប្រហែសឡេីយ ។
អានិសង្សសីល
សីលេន សុគតឹ យន្តិ សីលេន ភោគសម្បទា សីលេន និព្វុតឹ យន្តិ តស្មា សីលំ វិសោធយេ ។
សត្វទាំងឡាយ បានទៅកាន់ឋានសួគ៌ក៏ព្រោះសីល សត្វទាំងឡាយ បានបរិបូណ៌ដោយភោគក៏ព្រោះសីល សត្វទាំងឡាយ បានទៅកាន់ទីរលត់ទុក្ខ គឺព្រះនិព្វានក៏ព្រោះសីល ព្រោះហេតុនោះ បុគ្គលជាសប្បុរស គប្បីជម្រះនូវសីលឲ្យបានបរិសុទ្ធ កុំឲ្យសៅហ្មងឡេីយ ។
សាធុ សាធុ សាធុ ។
សមាទានឧបោសថសីល
កាលបេីឧបាសក ឧបាសិកា នឹងសមាទាននូវឧបោសថសីលប្រកបដោយអង្គ ៨ ជាបច្ចេកសមាទានអំពីភិក្ខុ ឬសាមណេរនោះ ត្រូវសូមនូវឧបោសថសីល ព្រមទាំងព្រះត្រៃសរណគមន៍ចំពោះភិក្ខុ ឬសាមណេរថា:
ឧកាស អហំ/មយំ ភន្តេ វិសុំ វិសុំ រក្ខនត្ថាយ តិសរណេន សហ អដ្ឋង្គសមនាគតំ ឧបោសថំ យាចាមិ/ម។
ទុតិយម្បិ អហំ/មយំ ភន្តេ វិសុំ វិសុំ រក្ខនត្ថាយ តិសរណេន សហ អដ្ឋង្គសមនាគតំ ឧបោសថំ យាចាមិ/ម ។
តតិយម្បិ អហំ/មយំ ភន្តេ វិសុំ វិសុំ រក្ខនត្ថាយ តិសរណេន សហ អដ្ឋង្គសមនាគតំ ឧបោសថំ យាចាមិ/ម ។ អនុគ្គហំ កត្វា សីលំ ទេថ មេ/នោ ភន្តេ ។
សូមគោរព បពិត្រព្រះករុណាដ៏ចម្រេីន ខ្ញុំព្រះករុណា /ខ្ញុំព្រះករុណាទាំងឡាយ សូមនូវឧបោសថសីលប្រកបដោយអង្គ ៨ មួយអន្លើដោយព្រះត្រៃសរណគមន៍ ដេីម្បីប្រយោជន៍ និងរក្សាផ្សេងៗគ្នា បពិត្រព្រះករុណាដ៏ចម្រេីន សូមព្រះករុណាមេត្តាធ្វើនូវសេចក្ដីអនុគ្រោះឲ្យនូវសីលដល់ខ្ញុំព្រះករុណា/ ខ្ញុំព្រះករុណាទាំងឡាយ ជាគម្រប់ពីរដងផង /ជាគម្រប់បីដងផង ។
ទទួលសិក្ខាបទ
១ បាណាតិបាតា វេរមណី សិក្ខាបទំ សមាទិយាមិ ខ្ញុំព្រះករុណា សូមសមាទាន នូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាកកិរិយាធ្វើសត្វមានជីវិតឲ្យធ្លាក់ចុះកន្លង គឺសម្លាប់សត្វ ។
២ អទិន្នាទានា វេរមណី សិក្ខាបទំ សមាទិយាមិ ខ្ញុំព្រះករុណា សូមសមាទាននូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាកកិរិយា កាន់យកនូវវត្ថុដែលគេមិនបានឲ្យដោយកាយ ឬដោយវាចា ។
៣ អព្រហ្មចរិយា វេរមណី សិក្ខាបទំ សមាទិយាមិ ខ្ញុំព្រះករុណា សូមសមាទាននូវសិក្ខាបទគឺ ចេតនាជាហេតុវៀរចាក កិរិយាប្រព្រឹត្តនូវធម៌មិនប្រសេីរ គឺសេពនូវមេថុនធម្ម ។
៤ មុសាវាទា វេរមណី សិក្ខាបទំ សមាទិយាមិ ខ្ញុំព្រះករុណា សូមសមាទាននូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាកកិរិយាពោលនូវពាក្យកុហក ។
៥ សុរាមេរយមជ្ជប្បមាទដ្ឋានា វេរមណី សក្ខាបទំ សមាទិយាមិ ខ្ញុំព្រះករុណា សូមសមាទាននូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាកហេតុជាទីតាំងនៃសេចក្តីប្រមាទ គឺផឹកនូវទឹកស្រវឹង គឺសុរា និងមេរ័យ ។
៦ វិកាលភោជនា វេរមណី សិក្ខាបទំ សមាទិយាមិ ខ្ញុំព្រះករុណា សូមសមាទាននូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាកកិរិយាបរិភោគនូវភោជនាហារក្នុងកាលខុស។
៧ នច្ចគីតវាទិតសូកទស្សនមាលាគន្ធវិលេបនធារណមណ្ឌន វិភូសនដ្ឋានា វេរមណី សិក្ខាបទំ សមាទិយាមិ ខ្ញុំព្រះករុណា សូមសមាទាននូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាកកិរិយារាំ និងច្រៀង និងប្រគំ និងមេីលនូវល្បែងដែលជាសត្រូវដល់កុសលធម៌ និងកិរិយាទ្រទ្រង់ និងប្រដាប់តាក់តែងស្អិតស្អាងរាងកាយដោយផ្កាកម្រង និងគ្រឿងក្រអូប និងគ្រឿងលាបផ្សេងៗ ។
៨ ឧច្ចាសយនមហាសយនា វេរមណី សិក្ខាបទំ សមាទិយាមិ ខ្ញុំព្រះករុណា សូមសមាទាននូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាកទីសេនាសនៈដ៏ខ្ពស់ហួសប្រមាណ និងទីសេនាសនៈដ៏ប្រសេីរ ។
អ្នកសមាទានសូត្រកំណត់ឧបោសថថា
ឥមំ អដ្ឋង្គសមនាគតំ ពុទ្ធប្បញ្ញត្តំ ឧបោសថំ ឥមញ្ចរត្តឹ ឥមញ្ចទិវសំ សម្មទេវ អភិរក្ខិតុំ សមាទិយាមិ។ ខ្ញុំព្រះករុណា សូមសមាទាននូវឧបោសថសីល ដ៏ប្រកបព្រមដោយអង្គ ៨ ដែលព្រះសម្មាសម្ពុទ្ធជាម្ចាស់ទ្រង់ត្រាស់បញ្ញត្តិទុកហេីយនេះ ដេីម្បីនឹងរក្សាឲ្យបរិបូណ៌ប្រពៃអស់កាលកំណត់ថ្ងៃនេះ និងយប់នេះ (សូមកុសលចូរជាឧបនិស្ស័យ ធ្វេីឲ្យជាក់ច្បាស់នូវព្រះនិព្វានឰដ៏អនាគតកាលទៅឯខាងមុខនេះហោង) ។
ព្រះសង្ឃរំលឹកថា
ឥមានិ អដ្ឋសិក្ខាបទានិ ឧបោសថសីលវសេន ឥមញ្ចរត្តឹ ឥមញ្ចទិវសំ សាធុកំ កត្វា អប្បមាទេន សម្មារក្ខិតព្វំ ។ អ្នកទាំងឡាយ គប្បីធ្វើនូវសិក្ខាបទទាំង ៨នេះ ឲ្យប្រពៃ ត្រូវរក្សាឲ្យល្អ ដោយអំណាចនៃឧបោសថសីលអស់កាលកំណត់ត្រឹម ១ថ្ងៃ ១យប់នេះ ដោយសេចក្តីមិនប្រមាទ គឺថាកុំបីធ្វេសប្រហែសឡេីយ ។
អាម ភន្តេ ។ ព្រះករុណា លោកម្ចាស់។
សមាទានសីល ១០
ឧបាសក ឧបាសិកាអ្នករក្សាសីល ១០ ត្រូវកោរសក់ ពុកមាត់ ពុកចង្កា កាត់ក្រចកដៃជើងឲ្យស្មើនឹងសាច់ ត្រូវស្លៀកពាក់ស និងពានាសំពត់សផងក៏បាន។ នេះគឺជាទំនៀមសម្រាប់គ្រហស្ថអ្នករក្សាសីល ១០ ដើម្បីជាគ្រឿងសំគាល់ឲ្យឃើញប្លែកពីគ្រហស្ថទាំងពួង និងដើម្បីជាការរំលឹកស្មារតីអ្នករក្សាសីលទាំងឡាយ កុំឲ្យធ្វេសប្រហែស ម្យ៉ាងទៀត ដើម្បីសំគាល់នូវការគោរពថ្នាក់សីលតាមលំដាប់។
ឧកាស អហំ (មយំ) ភន្តេ តិសរណេន សហ ទស សីលានិ យាចាមិ (យាចាម)។
ទុតិយម្បិ អហំ (មយំ) ភន្តេ តិសរណេន សហ ទស សីលានិ យាចាមិ (យាចាម)។
តតិយម្បិ អហំ (មយំ) ភន្តេ តិសរណេន សហ ទស សីលានិ យាចាមិ (យាចាម)។ អនុគ្គហំ កត្វា សីលំ ទេថ មេ (នោ) ភន្តេ ។
សូមគោរព, បពិត្រព្រះករុណាដ៏ចំរើន ខ្ញុំព្រះករុណា (ខ្ញុំព្រះករុណាទាំងឡាយ) សូមនូវសីលទាំងឡាយ ១០ មួយអន្លើដោយព្រះត្រៃសរណគមន៍ផង។ អស់វារៈពីរដងផង។ អស់វារៈបីដងផង។ សូមព្រះករុណា មេត្តាធ្វើនូវសេចក្តីអនុគ្រោះឲ្យនូវសីលដល់ខ្ញុំព្រះករុណា (ដល់ខ្ញុំព្រះករុណាទាំងឡាយ) ។
នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស។ (សូត្របីដង) រីកិរិយានមស្ការថ្វាយបង្គំនៃខ្ញុំព្រះករុណា ចូរមានដល់ព្រះដ៏មានព្រះភាគអង្គនោះ ព្រះអង្គជាព្រះអរហន្តដ៏ប្រសើរ ទ្រង់ត្រាស់ដឹងនូវញេយ្យធម៌ទាំងពួងដោយប្រពៃចំពោះព្រះអង្គឥត មានគ្រូអាចារ្យណាប្រដៅព្រះអង្គឡើយ។
ពុទ្ធំ សរណំ គច្ឆាមិ ខ្ញុំព្រះករុណា សូមដល់នូវព្រះពុទ្ធជាទីពឹងទីរឭក ។
ធម្មំ សរណំ គច្ឆាមិ ខ្ញុំព្រះករុណា សូមដល់នូវព្រះធម៌ជាទីពឹងទីរឭក ។
សង្ឃំ សរណំ គច្ឆាមិ ខ្ញុំព្រះករុណា សូមដល់នូវព្រះសង្ឃជាទីពឹងទីរឭក ។
ទុតិយម្បិ ពុទ្ធំ សរណំ គច្ឆាមិ ខ្ញុំព្រះករុណា សូមដល់នូវព្រះពុទ្ធជាទីពឹងទីរឭកជាគម្រប់ពីរដងផង
ទុតិយម្បិ ធម្មំ សរណំ គច្ឆាមិ ខ្ញុំព្រះករុណា សូមដល់នូវព្រះធម៌ជាទីពឹងទីរឭកជាគម្រប់ពីរដងផង
ទុតិយម្បិ សង្ឃំ សរណំ គច្ឆាមិ ខ្ញុំព្រះករុណា សូមដល់នូវព្រះសង្ឃជាទីពឹងទីរឭកជាគម្រប់ពីរដងផង ។
តតិយម្បិ ពុទ្ធំ សរណំ គច្ឆាមិ ខ្ញុំព្រះករុណា សូមដល់នូវព្រះពុទ្ធជាទីពឹងទីរឭកជាគម្រប់បីដងផង ។
តតិយម្បិ ធម្មំ សរណំ គច្ឆាមិ ខ្ញុំព្រះករុណា សូមដល់នូវព្រះធម៌ជាទីពឹងទីរឭកជាគម្រប់បីដងផង ។
តតិយម្បិ សង្ឃំ សរណំ គច្ឆាមិ ខ្ញុំព្រះករុណា សូមដល់នូវព្រះសង្ឃជាទីពឹងទីរឭកជាគម្រប់បីដងផង ។
តិសរណគ្គហណំ បរិបុណ្ណំ ការទទួលត្រៃសរណគមន៍ ចប់បរិបូណ៌ហើយ ។
អ្នកទទួលសីលត្រូវតបថា អាម ភន្តេ ព្រះករុណាលោកម្ចាស់ ។
ទទួលសិក្ខាបទ
១ បាណាតិបាតា វេរមណី សិក្ខាបទំ សមាទិយាមិ ខ្ញុំព្រះករុណា សូមសមាទាន នូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាកកិរិយាធ្វើសត្វមានជីវិតឲ្យធ្លាក់ចុះកន្លង គឺសម្លាប់សត្វ ។
២ អទិន្នាទានា វេរមណី សិក្ខាបទំ សមាទិយាមិ ខ្ញុំព្រះករុណា សូមសមាទាននូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាកកិរិយា កាន់យកនូវវត្ថុដែលគេមិនបានឲ្យដោយកាយ ឬដោយវាចា ។
៣ អព្រហ្មចរិយា វេរមណី សិក្ខាបទំ សមាទិយាមិ ខ្ញុំព្រះករុណា សូមសមាទាននូវសិក្ខាបទគឺ ចេតនាជាហេតុវៀរចាក កិរិយាប្រព្រឹត្តនូវធម៌មិនប្រសេីរ គឺសេពនូវមេថុនធម្ម ។
៤ មុសាវាទា វេរមណី សិក្ខាបទំ សមាទិយាមិ ខ្ញុំព្រះករុណា សូមសមាទាននូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាកកិរិយាពោលនូវពាក្យកុហក ។
៥ សុរាមេរយមជ្ជប្បមាទដ្ឋានា វេរមណី សក្ខាបទំ សមាទិយាមិ ខ្ញុំព្រះករុណា សូមសមាទាននូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាកហេតុជាទីតាំងនៃសេចក្តីប្រមាទ គឺផឹកនូវទឹកស្រវឹង គឺសុរា និងមេរ័យ ។
៦ វិកាលភោជនា វេរមណី សិក្ខាបទំ សមាទិយាមិ ខ្ញុំព្រះករុណា សូមសមាទាននូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាកកិរិយាបរិភោគនូវភោជនាហារក្នុងកាលខុស។
៧ នច្ចគីតវាទិតវិសូកទស្សនា វេរមណី សិក្ខាបទំ សមាទិយាមិ ខ្ញុំព្រះករុណា សូមសមាទាននូវសិក្ខាបទ គឺចេតនា ជាហេតុវៀរចាកកិរិយារាំ និងច្រៀង និងប្រគំ និងមើលនូវល្បែងដែលជាសត្រូវដល់កុសលធម៌។
៨ មាលាគន្ធវិលេបន ធារណមណ្ឌន វិភូសនដ្ឋានា វេរមណី សិក្ខាបទំ សមាទិយាមិ ខ្ញុំព្រះករុណា សូមសមាទាននូវសិក្ខាបទ គឺចេតនា ជាហេតុវៀរចាកកិរិយាទ្រទ្រង់ និងប្រដាប់តាក់តែង និងស្អិតស្អាង (រាងកាយ) ដោយផ្កាកម្រង និងគ្រឿងក្រអូប និងគ្រឿងលាបផ្សេងៗ។
៩ ឧច្ចាសយនមហាសយនា វេរមណី សិក្ខាបទំ សមាទិយាមិ ខ្ញុំព្រះករុណា សូមសមាទាននូវសិក្ខាបទ គឺចេតនា ជាហេតុវៀរចាកទីសេនាសនៈដ៏ខ្ពស់ហួសប្រមាណ និងសេនាសនៈដ៏ប្រសើរ។
១០ ជាតរូបរជតប្បដិគ្គហនា វេរមណី សិក្ខាបទំ សមាទិយាមិ ខ្ញុំព្រះករុណា សូមសមាទាននូវសិក្ខាបទ គឺចេតនា ជាហេតុវៀរចាកកិរិយាទទួលកាន់យកនូវមាស និងប្រាក់ ដោយខ្លួនឯង ឬប្រើអ្នកដទៃឲ្យទទួលកាន់យកហើយត្រេកអរចំពោះមាស និងប្រាក់នោះ។
សីលេន សុគតឹ យន្តិ សីលេន ភោគសម្បទា សីលេន និព្វុតឹ យន្តិ តស្មា សីលំ វិសោធយេ
សត្វទាំងឡាយ ទៅកាន់ស្ថានសួគ៌បាន ក៏ព្រោះសីល សត្វទាំងឡាយបានបរិបូណ៌ដោយភោគៈ ក៏ព្រោះសីល សត្វទាំងឡាយ បានទៅកាន់ទីរំលត់ទុក្ខ គឺព្រះនិព្វាន ក៏ព្រោះសីល ព្រោះហេតុនោះ បុគ្គលជាសប្បុរស គប្បីជម្រះនូវសីលឲ្យបរិសុទ្ធ កុំឲ្យសៅហ្មង ។
អ្នកសមាទានត្រូវទទួលថា សាធុ ប្រពៃហើយ ។
កិកីវ អណ្ឌំ ចមរីវ វាលធឹ បិយំវ បុត្តំ នយនំវ ឯកកំ តថេវ សីលំ អនុរក្ខមានកា សុបេសលា ហោថ សទា សគារវា ។ សត្វត្រដេវ៉ិច រក្សានូវស៊ុតវា យ៉ាងណាមិញ សត្វចាមរី រក្សានូវកន្ទុយវា យ៉ាងណាមិញ មាតារក្សានូវបុត្រាតែមួយយ៉ាងណាមិញ ជនមានភ្នែកតែម្ខាង រក្សានូវភ្នែក យ៉ាងណាមិញ អ្នកទាំងឡាយ កំពុងរក្សាសីល ជាអ្នកមានសីលជាទីស្រឡាញ់ក្រៃលែង ចូរជាអ្នកប្រកបដោយសេចក្ដីគោរពសីល ឲ្យបានសព្វកាល ក៏យ៉ាងនោះដែរ ។
សូមអនុមោទនា !!!
