ធម្មសារ – ច

ចរណៈ ១៥
  1. សទ្ធា ការជឿដោយត្រឹមត្រូវ។
  2. សតិ ការរឭកដឹង។
  3. ហិរិ សេចក្តីខ្មាសបាប។
  4. ឱត្តប្បៈ សេចក្តីខ្លាចបាប។
  5. វីរិយៈ ព្យាយាមចម្រើនកុសល ព្យាយាមលះបាប ព្យាយាមកុំឲ្យបាបកើត ជាដើម។
  6. សុតៈ ការស្តាប់ច្រើន ចេះដឹងច្រើន។
  7. បញ្ញា សេចក្តីដឹងច្បាស់តាមសេចក្តីពិត។
  8. សង្រួមក្នុងភោជន គឺដឹងប្រមាណក្នុងភោជន។
  9. ប្រកបរឿយៗនូវការភ្ញាក់រលឹក។
  10. សីលសំរវៈ ការសង្រួមក្នុងសីល។
  11. ឥន្ទ្រិយសំរវៈ គឺការសង្រួមនៅក្នុងទ្វារទាំង ៦។
  12. បឋមឈាន
  13. ទុតិយឈាន
  14. តតិយឈាន
  15. ចតុត្ថឈាន
ចេតិយ ៣យ៉ាង
  1. បរិភោគចេតិយ បានដល់ ព្រះចេតិយដែលបញ្ចុះបរិក្ខារ គឺសង្ឃាដិ ឧត្តរាសង្គៈ អន្តរាវាសកៈ វត្ថពន្ធចង្កេះ បាត្រ ជាដើម របស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់។
  2. ធាតុចេតិយ បានដល់ ព្រះចេតិយដែលបញ្ចុះនូវព្រះបរមធាតុនៃព្រះសម្មាសម្ពុទ្ធ។
  3. ធម្មចេតិយ បានដល់ ចេតិយដែលពុទ្ធបរិស័ទតម្កល់ទុកនូវព្រះពុទ្ធវចនៈ មាន បដិច្ចសមុប្បាទធម៌ ជាដើម។

ន័យមួយទៀត ចេតិយ ៣ ប្រការនេះ លោកចាត់ជា

  1. សារីរិកធាតុចេតិយ បានដល់ ព្រះចេតិយដែលបញ្ចុះនូវព្រះបរមសារីរិកធាតុ។
  2. បរិភោគចេតិយ បានដល់ ព្រះចេតិយដែលបញ្ចុះគ្រឿងបរិក្ខារ មានបាត្រ ជាដើម របស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់។
  3. ឧទ្ទេសកចេតិយ បានដល់ ព្រះចេតិយដែលបុគ្គលធ្វើឧទ្ទិសចំពោះ​ព្រះពុទ្ធជាម្ចាស់ ហើយចាត់ចែងធ្វើ ដូចរូបព្រះពុទ្ធបដិមា ដែលបុគ្គលកសាងរាល់ថ្ងៃនេះ ក៏សង្គ្រោះចូលក្នុងឧទ្ទេសកចេតិយ។

ប្រភពៈ សារត្ថសង្គហៈភាគ១ ដោយព្រះភិក្ខុ យង់ សុផាត

ចំណងរបស់ចិត្ត ៥
  1. បុគ្គលមិនទាន់ប្រាសចាកតម្រេក មិនទាន់ប្រាសចាកចំណង់ មិនទាន់​ប្រាសចាក​សេចក្ដី​ស្រឡាញ់ មិនទាន់ប្រាសចាកសេចក្ដីស្រេកឃ្លាន មិនទាន់ប្រាសចាក​សេចក្ដី​ក្រវល់​ក្រវាយ មិនទាន់ប្រាសចាកសេចក្តីប្រាថ្នាក្នុងកាម។
  2. មិនទាន់ប្រាសចាក​តម្រេក មិនទាន់ប្រាសចាកចំណង់ មិនទាន់ប្រាសចាកសេចក្តី​ស្រឡាញ់ មិនទាន់​ប្រាសចាកសេចក្ដីស្រេកឃ្លាន មិនទាន់ប្រាសចាក​សេចក្ដីក្រវល់​ក្រវាយ មិនទាន់​ប្រាសចាកសេចក្ដីប្រាថ្នាក្នុងកាយ។
  3. មិនទាន់ប្រាសចាកតម្រេក មិនទាន់ប្រាសចាកចំណង់ មិនទាន់ប្រាសចាកសេចក្តី​ស្រឡាញ់ មិនទាន់ប្រាសចាកសេចក្ដី​ស្រេកឃ្លាន មិនទាន់ប្រាសចាក​សេចក្ដីក្រវល់​ក្រវាយ មិនទាន់ប្រាសចាក​សេចក្តី​ប្រាថ្នាក្នុងរូប។
  4. បរិភោគត្រាតែឆ្អែតពេញពោះ ហើយប្រកបរឿយៗ នូវ​សេចក្ដី​សុខក្នុងទីដេក នូវ​សេចក្ដី​សុខ (ក្នុងការ​ដេកប្រែប្រួល) ទៅខាងស្ដាំខាង​ឆ្វេង នូវ​សេចក្ដីសុខ​ក្នុងការ​ដេកលក់​ស៊ប់។
  5. ប្រព្រឹត្តព្រហ្មចរិយៈ ព្រោះប្រាថ្នានូវ​ពួក​ទេវតាណាមួយ ថាអាត្មាអញនឹងបានជាទេវតា (មានស័ក្តិធំ) ឬទេវតា (មានស័ក្តតូច) ណាមួយ ដោយសីលនេះក្ដី ដោយវ័តនេះក្ដី ដោយតបៈនេះក្ដី ដោយ​ព្រហ្មចរិយៈនេះក្ដី។ (បិ. ៨២, ឃ. ២១៦)