ធុតង្គ

ធុតង្គ គឺអង្គរបស់​បុគ្គលអ្នកកំចាត់កិលេស ឬថា ធម្មជាតិ មានញាណ សម្រាប់​កំចាត់​បង់​នូវកិលេស។ ន័យមួយទៀតថា អង្គនៃសេចក្តីប្រតិបត្តិ សម្រាប់កំចាត់​បង់នូវធម៌​ជា​សត្រូវ។

បុគ្គលអ្នកមានសទ្ធា ប្រព្រឹត្តធុតង្គ ហើយចំរើនកម្មដ្ឋានផងក៏បាន ឬមានសទ្ធាត្រឹមតែ​រក្សា​សីល ចំរើនកម្មដ្ឋានក៏បាន តែបើមានសេចក្តីនឿយណាយក្នុងខន្ធ ៥ ដែលប្រកប​ដោយ​មហាទុក្ខគ្រប់យ៉ាង ក៏គួរប្រព្រឹត្តធុតង្គផង ចំរើនកម្មដ្ឋានផង ព្រោះជាកិច្ច​ប្រតិបត្តិមួយ​នាំ​មក​នូវសេចក្តី​ចំរើននៃសីលដ៏បរិសុទ្ធផង ជាកិច្ចប្រតិបត្តិយ៉ាងហ្មត់ហ្មង ក្នុងការលះ​កិលេស​​​​យ៉ាងឧក្រិដ្ឋផង ជាកិច្ចប្រតិបត្តិក្នុងការត្រាស់ដឹងនូវលោកុត្តរធម៌យ៉ាង​ឆាប់​រហ័ស​ផង ហើយជាកិច្ច​មួយដើម្បីរក្សាទុកនូវ​វត្តដ៏ប្រសើររបស់ព្រះអរិយបុគ្គលទាំងឡាយ មាន​ព្រះពុទ្ធ​ជាដើមផង។

ធុតង្គ មាន១៣យ៉ាងគឺ

  1. បង្សុកូលិកង្គ អង្គរបស់ភិក្ខុអ្នកមានកិរិយាទ្រទ្រង់​នូវចីវរដែលដល់នូវភាព​គួរខ្ពើម​ដូច​អាចម៍ដី ជាប្រក្រតី។
  2. តេចីវរិកង្គ អង្គរបស់ភិក្ខុអ្នកមាន​ចីវរ ៣ គឺ សង្ឃាដិ ចីវរ និងស្បង់ ជាប្រក្រតី។
  3. បិណ្ឌបាតិកង្គ អង្គរបស់ភិក្ខុអ្នកមានកិរិយា​ត្រាច់ទៅដើម្បី​បិណ្ឌបាត​ជា​វត្ត។
  4. សបទានចារិកង្គ អង្គរបស់ភិក្ខុអ្នកមានកិរិយាត្រាច់ទៅដើម្បីបិណ្ឌបាតរៀង​តាម​លំដាប់​នៃផ្ទះ ជាប្រក្រតី គឺ​មិន​រំលងទៅ​ផ្ទះដទៃ។
  5. ឯកាសនិកង្គ អង្គរបស់ភិក្ខុអ្នកមានកិរិយាបរិភោគនូវភោជនតែក្នុងអាសនៈ ១ ជា​ប្រក្រតី គឺ​ឆាន់​ក្នុង​កន្លែង​តែមួយ​រហូត​ដល់ឆាន់រួច​រាល់។
  6. បត្តបិណ្ឌបាតិកង្គ អង្គរបស់ភិក្ខុអ្នកមានកិរិយាបរិភោគនូវភោជនតែក្នុងបាត្រ ១។
  7. ខលុបច្ឆាភត្តិកង្គ អង្គរបស់ភិក្ខុអ្នកមានកិរិយាមិនបរិភោគនូវភត្ត ដែលខ្លួនហាម​នូវ​ភោជន​រួចហើយ ទើបបានមកខាងក្រោយ ជាប្រក្រតី គឺថាបើ​ចាប់​ផ្តើម​ឆាន់​ហើយ គឺ​មិន​​ទទួល​ចង្ហាន់​ដែល​នាំ​មកតាម​ក្រោយឡើយ។
  8. អារញ្ញិកង្គ អង្គរបស់ភិក្ខុអ្នកមានកិរិយានៅអាស្រ័យព្រៃជាប្រក្រតី។
  9. រុក្ខមូលិកង្គ អង្គរបស់ភិក្ខុអ្នកមានកិរិយានៅអាស្រ័យទៀបគល់​ឈើ​ជាប្រក្រតី។
  10. អព្ភោកាសិកង្គ អង្គរបស់ភិក្ខុអ្នកមានកិរិយានៅអាស្រ័យក្នុង​ទី​វាលស្រឡះ​ ជា​ប្រក្រតី។
  11. សោសានិកង្គ អង្គរបស់ភិក្ខុអ្នកមានកិរិយានៅអាស្រ័យក្នុងព្រៃស្មសាន។
  12. យថាសន្ថតិកង្គ អង្គរបស់ភិក្ខុអ្នកមានកិរិយានៅតែក្នុងទីសេនាសនដែលភិក្ខុ​សំដែង​ឲ្យជា​ដំបូងដដែល មិនរើរុះ ជាប្រក្រតី។
  13. នេសជ្ជិកង្គ អង្គរបស់ភិក្ខុអ្នកមានកិរិយាឃាត់នូវឥរិយាបថដេក ហើយនៅដោយ​ឥរិយាបថ​អង្គុយ ជាប្រក្រតី។

ធុតង្គលក្ខណាទិ

  1. ធុតង្គ ១៣នេះ មានចេតនាសម្រាប់សមាទាន ជាលក្ខណៈ។
  2. មានកិរិយាកំចាត់បង់នូវ​ភាពដែលល្មោភលើសលន់ជាកិច្ច។
  3. អាចនឹងបង្ហាញផលឲ្យឃើញប្រាកដឡើងជាភាពដែលមិនល្មោភ មានអប្បិច្ឆតាធម៌ និងអរិយធម៌ មានសីលដែលបរិសុទ្ធជាដើម ជាហេតុជួយបណ្តុះបណ្តាល​ឲ្យ​កើត​ឡើង។

វិធីសមាទានធុតង្គ

ព្រះយោគាវចរកុលបុត្រអង្គណា ដែលត្រូវការនឹងសមាទានធុតង្គទាំង ១៣ ណាមួយ កាល​​បើព្រះមានព្រះភាគគង់នៅឡើយ ត្រូវសមាទានក្នុងសំណាក់ព្រះអង្គ។ អំណឹះអំពី​ព្រះអង្គទៅ ត្រូវសមាទានក្នុងសំណាក់​មហាសាវក អំណឹះអំពីមហាសាវកទៅ ព្រះខីណាស្រព​ដ៏សេស ព្រះអនាគាមិ ព្រះសកគាមិ ព្រះសោតាបន្ន លោកអ្នក​ទ្រទ្រង់​នូវ​បិដក​ទាំង ៣ ទ្រទ្រង់នូវបិដក ២ នូវបិដក ១ លោកអ្នកទ្រទ្រង់នូវសង្គីតិ ព្រះអដ្ឋកថាចារ្យ​រៀង​​ចុះ​មកជាលំដាប់ អំណឹះអំពីលោកទាំងនោះទៅទៀត ត្រូវសមាទានក្នុង​សំណាក់​លោក​អ្នក​ទ្រទ្រង់នូវធុតង្គមុនៗមក បើមិនមានលោកអ្នកទ្រទ្រង់នូវធុតង្គមុនៗមកទេ ត្រូវ​បោស​សំអាតនូវលានព្រះចេតិយឲ្យស្អាត ហើយក្រាបថ្វាយបង្គំដោយគោរព ឲ្យដូច​ជា​កាល​ដែលព្រះសម្ពុទ្ធទ្រង់គង់នៅ រួចហើយអង្គុយច្រហោង ប្រណម្យអញ្ជលីឡើង តាំង​សមាទាន​​ក្នុងទីនោះចុះ ពុំនោះនឹងសមាទានដោយខ្លួនឯងក៏បាន។


បំសុកូលិកង្គ

វិធីសមាទានក្នុងបំសុកូលិកង្គ

បំសុកូលិកង្គនេះ មានបាលីសម្រាប់សមាទានជាពីរបែបដូច្នេះ

  1. គហបតិទានចីវរំ បដិក្ខិបាមិ ខ្ញុំព្រះករុណាសូមឃាត់នូវចីវរ ដែលជាទានរបស់​គហបតី។
  2. បំសុកូលិកង្គំ សមាទិយាមិ ខ្ញុំព្រះករុណា សូមសមាទាននូវ​អង្គរបស់ភិក្ខុអ្នក​មាន​កិរិយា​ទ្រទ្រង់​នូវចីវរ ដែលដល់នូវភាពខ្ពើមដូចជាអាចម៍ដីជាប្រក្រតី។

បាលីទាំង ២ បែបនេះ ប្រើបានដូចគ្នា ស្រេចហើយនឹងសេចក្តីពេញចិត្តរបស់​ព្រះយោគី​អ្នក​សមាទាន ទោះបីសមាទានតាមបែបណាក៏ដោយ។

ក៏ព្រះយោគី ដែលបានសមាទាននូវធុតង្គនេះរួចហើយ ត្រូវស្វែងរកចីវរ ដែលកើតអំពី​បំសុកូលក្ខេត្ត​ទាំង ២៣ ណាមួយ យកមកហែក រើសយកតែត្រង់កន្លែងណា ដែល​មាំមួន​យក​ទៅ​បោកគក់ ដែលជាចីវរឲ្យបានសម្រេច រួចផ្លាស់គហបតីចីវរចាស់​របស់​ខ្លួន​នោះ​ចេញ ហើយគប្បីស្លៀកដណ្តប់ប្រើប្រាស់ចុះ។

ចីវរកើតអំពីបំសុកូលក្ខេត្ត ២៣

ចីវរដែលកើតអំពីបំសុកូលក្ខេត្ត ២៣ នោះ ដូច្នេះគឺ

  1. សោសានិកៈ សំពត់ដែលធ្លាក់ចុះក្នុងព្រៃស្មសាន មានសំពត់ស្ទបខ្មោចជាដើម។
  2. បាបណិកៈ សំពត់ដែលធ្លាក់ចុះទៀបទ្វារនៃរានផ្សារ គឺសំពត់ដែលគេចោលក្បែរៗ​រាន​ផ្សារ។
  3. រថិយចោឡៈ សំពត់ដែលបុគ្គលអ្នកត្រូវការដោយបុណ្យទាំងឡាយ គេទម្លាក់តាម​ចន្លោះបង្អួចទៅត្រង់ផ្លូវរថ។
  4. សង្ការចោឡៈ សំពត់ដែលគេចោលនៅលើគំនរសម្រាម។
  5. សោត្ថិយៈ សំពត់ដែលគេជូននូវមន្ទិលគភ៌ ហើយគេចោលទៅក្នុងទីណាមួយ។
  6. ន្ហានចោឡៈ សំពត់ដែលពេទ្យបណ្តេញភូត គេយកទៅទទូរគ្របអ្នកជម្ងឺលិច​ទាំង​ក្បាល ហើយគេផ្ងូតទឹកឲ្យ ដល់ហើយកិច្ចនេះ គេយកទៅចោល ក្នុងទីណាមួយ ៗ ដោយ​​សម្គាល់ថា ជាសំពត់កាលកណ្ណី។
  7. តិត្ថចោឡៈ កំណាត់សំពត់ដែលគេចោលនៅក្បែរកំពង់ងូតទឹក។
  8. គតបច្ចាគតៈ សំពត់ដែលមនុស្ស គេទៅកាន់ព្រៃស្មសាន ពេលត្រឡប់មកវិញ គេ​ងូត​ទឹកហើយផ្លាស់ចោល។
  9. អគ្គិទឌ្ឍៈ សំពត់ដែលភ្លើងឆេះត្រង់ណាមួយកន្លែង ហើយម្ចាស់គេចោល។
  10. គោខាយិតៈ សំពត់ដែលគោអង្កៀមត្រង់ណាមួយកន្លែង ហើយម្ចាស់គេចោល។
  11. ឧបចិកាខាយិតៈ សំពត់ដែលកណ្តៀរកាត់ត្រង់ណាមួយកន្លែង ហើយម្ចាស់​គេ​ចោល។
  12. ឧន្ទូរខាយិតៈ សំពត់ដែលកណ្តុរកាត់ត្រង់ណាមួយកន្លែង ហើយម្ចាស់គេចោល។
  13. អន្តច្ឆិន្នៈ សំពត់ដែលគេទឹម ហើយម្ចាស់គេចោល។
  14. ទសច្ឆិន្នៈ សំពត់ដែលរេចជាយ ហើយម្ចាស់គេចោល។
  15. ធជាហដ សំពត់ដែលមនុស្សអ្នកឡើងកាន់ទូក ឬសំពៅ ចេញទៅប្រទេស​ណា​នីមួយ ហើយគេចងធ្វើទង់ជ័យនៅមាត់កំពង់ ពុំនោះ សំពតដែលគេចងធ្វើទង់ជ័យ​នៅ​ត្រង់​ទីចម្បាំង [សំពត់បែបនេះ ត្រាតែម្ចាស់គេចេញទៅផុត ទើបយកបាន]។
  16. ថូបចីវរៈ សំពត់ដែលគេរំព័ទ្ធដំបូក ហើយធ្វើពលិកម្ម។
  17. សមណចីវរៈ ចីវររបស់សមណៈ គឺចីវរជារបស់ភិក្ខុផងគ្នា [ចីវរដែលភិក្ខុផងគ្នា​យក​ទៅ​ដម្កល់ទុកទៀបបាទមូល។]។
  18. អាភិសេកិកៈ សំពត់ដែលគេចោលត្រង់កន្លែងអភិសេកស្តេច។
  19. ឥទ្ធិមយៈ ចីវរដែលសម្រេចដោយឫទ្ធិ គឺចីវររបស់ឯហិភិក្ខុ [សំដៅយក​ចីវរដែល​ឯហិភិក្ខុ​ឲ្យ។]
  20. បន្ថិកៈ សំពត់ដែលគេឲ្យជ្រុះនៅកណ្តាលផ្លូវ [សំពត់នេះ បើម្ចាស់គេឲ្យជ្រុះ​ដោយ​ភ្លេច​ស្មារតី ត្រូវរក្សាទុកចាំមើលម្ចាស់គេមួយស្របក់សិន។]។
  21. វាតាហដៈ សំពត់ដែលខ្យល់គួចអណ្តែតទៅធ្លាក់ចុះទៅក្នុងទីឆ្ងាយ។
  22. ទេវទត្តិយៈ សំពត់ដែលទេវតាថ្លុងឲ្យ [សំពត់បន្លុង]។
  23. សាមុទ្ទិយៈ សំពត់ដែលរលកសមុទ្រផាត់ច្រានទៅលើគោក។

សម្ពត់ទាំងប៉ុន្មាននេះ មិនសំដៅយកសំពត់ដែលមានទាយកគេនាំយកមកប្រគេនដល់ដៃ ឬសំពត់ដែលសង្ឃត្រូវចែកទៅតាមលំដាប់ជាដើមនោះឡើយ សំដៅយកតែសំពត់ដែល​មិនមាន​ទាយកជាម្ចាស់ ហើយភិ្កខុស្វែងរកបានដោយខ្លួនឯង ឬចីវរដែលភិក្ខុផងគ្នាឲ្យ​ប៉ុណ្ណោះ ទើបបានឈ្មោះថា បំសុកូលចីវរ បើមានទាយកគេនាំយកមកប្រគេន​ដល់ដៃមិន​បាន​ឈ្មោះថា បំសុកូលចីវរឡើយ។

ប្រភេទនៃបំសុកូលិកភិក្ខុ

ភិក្ខុអ្នកប្រព្រឹត្តនូវបំសុកូលិកង្គនេះ លោកចែកជាបីថ្នាក់គឺ

  1. ឧក្កដ្ឋោ ថ្នាក់ឧក្រិដ្ឋ ឬថ្នាក់ជាន់ខ្ពស់។ ភិក្ខុដែលរើសយកតែសំពត់ដែលធ្លាក់ក្នុង​ព្រៃស្មសាន​តែម្យ៉ាង មកធ្វើជាចីវរប្រើប្រាស់ ចាត់ជាថ្នាក់ឧក្រិដ្ឋ។
  2. មជ្ឈិមោ ថ្នាក់មធ្យម ឬថ្នាក់កណ្តាល។ បើមានទាយកគេនាំយកសំពត់ទៅ​ដម្កល់​ទុក​ក្នុង​ទីណាមួយ ដោយបំណងថា នឹងឲ្យអ្នកបួសរើសយក [សំពត់បន្លុង] ហើយភិក្ខុ​រើស​យកសំពត់នោះមកធ្វើជាចីវរប្រើប្រាស់ ចាត់ជាថ្នាក់មធ្យម។
  3. មុទុ ថ្នាក់អន់ ឬថ្នាក់ជាន់ទាប។ ភិក្ខុដែលកាន់យកនូវសំពត់ដែល​ទាយកគេនាំ​យក​មក​ដម្កល់ទុកទៀបបាទមូលទៅធ្វើជាចីវរប្រើប្រាស់ ចាត់ជាថ្នាក់អន់។

ធុតង្គបែកក្នុងបំសុកូលិកង្គ

ធុតង្គរបស់ភិក្ខុទាំង ៣ ថ្នាក់នេះ ត្រូវបែកធ្លាយក្នុងខណៈដែលភិក្ខុទទួលត្រេកអរនូវចីវរ ដែល​គ្រហស្ថគេឲ្យតាមដោយសេចក្តីពេញចិត្តរបស់ខ្លួនមែនពិត។ ធុតង្គ គឺបំសុកូលិកង្គក្តី ធុតង្គទាំង ១២ ឯទៀតក្តី កាលបើបែកធ្លាយហើយ ព្រះយោគីមិនទាន់​អស់​អាល័យ​នឹង​រក្សា​តទៅ​ទៀតទេ ក៏គប្បីតាំងសមាទានឡើងជាថ្មី ហើយប្រព្រឹត្តទៅតាមលំអាននៃ​ធុតង្គ​នោះៗ​តទៅខាងមុខទៀតចុះ។

អានិសង្សក្នុងបំសុកូលិកង្គ

ក្នុងបំសុកូលិកង្គនេះ ព្រះយោគីបានរក្សាទុកដោយល្អ មិនបានឲ្យបែកធ្លាយ នឹងមាន​អានិសង្ស ១២យ៉ាងគឺ

  1. និស្សាយានុរូបបដិបត្តិសម្ភាវោ សភាពជាអ្នកមានសេចក្តីប្រតិបត្តិដ៏សមគួរដល់​និស្ស័យ ដែលឧបសម្បទាចារ្យប្រៀនប្រដៅអំពីខាងដើមថា បព្វជា ត្រូវអាស្រ័យនូវ​បំសុកូលចីវរ ដូច្នេះជាដើម។
  2. បឋមេ អរិយវំសេ បតិដ្ឋានំ កិរិយាតាំងនៅក្នុងអរិយវង្សទី១ [អរិយវង្ស មាន ៤យ៉ាង​គឺ សន្តោសក្នុងចីវរ ១ សន្តោសក្នុងបិណ្ឌបាត ១ សន្តោសក្នុងសេនាសនៈ ១ សន្តោស​​ក្នុងភេសជ្ជៈ ១]។
  3. អារក្ខទុក្ខាភាវោ មិនមានទុក្ខព្រោះកិរិយារក្សានូវចីវរ។
  4. អបរាយត្តវុត្តិតា ភាពជាអ្នកមិនប្រព្រឹត្តជាប់ដោយបុគ្គលដទៃ។
  5. ចោរភយេន អភយតោ ភាពជាអ្នកមិនមានភ័យព្រោះខ្លាចចោរ។
  6. បរិភោគតណ្ហាយ អភាវោ មិនមានតណ្ហាក្នុងគ្រឿងប្រើប្រាស់។
  7. សមណសារុប្បបរិក្ខារតា ភាពជាអ្នកមានគ្រឿងបរិក្ខារដ៏សមគួរដល់សមណភេទ។
  8. ភគវតា សំវណ្ណិតបច្ចយតា ភាពជាអ្នកមានបច្ច័យ ដែលព្រះមានព្រះភាគទ្រង់​សរសើរ ។
  9. បាសាទិកតា ភាពជាអ្នកនាំមកនូវសេចក្តីជ្រះថ្លាដល់បុគ្គលដទៃ។
  10. អប្បិច្ឆតាទីនំ ផលនិប្ផត្តិ កិរិយាសម្រេចនូវផលនៃគុណ មានអប្បិច្ឆតាគុណ​ជា​ដើម។
  11. សម្មាបដិបត្តិយា អនុព្រូហនំ កិរិយាបង្កើតនូវសម្មាបដិបត្តិ។
  12. បច្ឆិមាយ ជនតាយ ទិដ្ឋានុគតិអាបាទនំ កិរិយាញុំាងប្រជុំជនជំនាក់ក្រោយឲ្យយក​ដម្រាប់​តាម។

គាថាទីបំផុតក្នុងបំសុកូលិកង្គថា

ព្រះបរមក្សត្រដែលទ្រង់នូវគ្រឿងក្រោះ ល្អក្នុងទីចម្បាំងយ៉ាងណា ព្រះយោគីអ្នកទ្រទ្រង់​នូវ​​បំសុកូលចីវរ ល្អក្នុងកិរិយាពិឃាតនូវមារសេនាយ៉ាងនោះ។ អម្បាលតែព្រះពុទ្ធជា​បរម​គ្រូ​​នៃ​សត្វលោក ម្តេចគង់ព្រះអង្គអាចលះបង់នូវសំពត់ទាំងឡាយដ៏ថ្លៃថ្លា មាន​សំពត់​ដែល​​បានមកអំពីដែនកាសីជាដើម ហើយមកទ្រទ្រង់នូវបំសុកូលចីវរ ចុះភិក្ខុអង្គណា​សោត ក៏នឹងអាចហ៊ានអាក់ខានមិនទ្រទ្រង់នូវបំសុកូលចីវរនោះបាន។ ព្រោះហេតុនោះ​ឯង ព្រះយោគាវចរភិក្ខុ កាលបើរលឹកឃើញនូវពាក្យប្តេជ្ញារបស់ខ្លួន [សំដៅពាក្យប្តេជ្ញា ដែល​ឧបសម្បទាចារ្យប្រាប់និស្ស័យថា បំសុកូលចីវរំ និស្សយបព្វជ្ជា ១ ដូច្នេះជាដើម ហើយ​​ខ្លួនទទួលថា អាម ភន្តេ ដូច្នេះ] ក៏គប្បីជាអ្នក​ត្រេកអរក្នុងបំសុកូល ដ៏សមគួរដល់​សេចក្តី​ព្យាយាមចុះ។


តេចីវរិកង្គ

វិធីសមាទានក្នុងតេចីវរិកង្គ

ក្នុងតេចីវរិកង្គនេះ មានបាលីសំរាប់សមាទានជា ២ បែប

  1. ចតុត្ថកចីវរំ បដិក្ខិបាមិ ខ្ញុំព្រះករុណាសូមឃាត់នូវចីវរគំរប់ ៤។
  2. តេចីវរិកង្គំ សមាទិយាមិ ខ្ញុំព្រះករុណាសូមសមាទាននូវអង្គនៃភិក្ខុអ្នកមានតែចីវរ ៣ ជាប្រក្រតី។

បាលីទាំងពីរបែបនេះ តាមតែព្រះយោគីត្រូវការ ទោះបីសមាទានតាមបែបណាក៏បាន។

តេចីវរិកភិក្ខុ [ភិក្ខុអ្នកទ្រទ្រង់តែចីពរ ៣] នេះ ចាប់ដើមអំពីពេលដែលបាន​សមាទាន​នោះ​មក បើបានសំពត់ដែលបំរុងនឹងធ្វើនូវចីវរ ក្រៅអំពីចីវរចាស់របស់ខ្លួនទាំង ៣នោះ ហើយ​មិន​ទាន់បានធ្វើ ព្រោះមិនសប្បាយដោយហេតុឯណាមួយក្តី ចាត់ចែងវាស់​កាត់​ជាដើម​មិន​ទាន់ក្តី នៅខ្វះចេស ម្ជុលជាដើមមិនទាន់បានគ្រប់គ្រាន់ក្តី ត្រូវមានអំណាចទុកដាក់​សំពត់​នោះ​បានដរាប​មិនមានទោស ក្នុងកិរិយាត្រេកអរនូវចីវរជាគម្រប់ ៤ ព្រោះហេតុតែទុកដាក់​នូវចីវរ​នោះឡើយ តែតាំងអំពីត្រឹមជ្រលក់ហើយទៅ នឹងទុកដាក់តទៅទៀតមិនបានឡើយ បើទុកដាក់តទៅទៀត លោកចាត់ជាមហាចោរប៉ែកខាងធុតង្គ។

ប្រភេទនៃតេចីវរិកភិក្ខុ

តេចីវរិកភិក្ខុនេះ ចាត់ជា ៣ថ្នាក់ ដូចបំសុកូលិកភិក្ខុដែរ។

  1. ភិក្ខុថ្នាក់ឧក្រិដ្ឋ ក្នុងកាលដែលជ្រលក់នូវចីវរ ត្រូវជ្រលក់ស្បង់មុន ឬចីពរមុនក៏បាន បើ​ជ្រលក់ស្បង់មុន ត្រូវយកចីពរមកស្លៀកផង ដណ្តប់ផងក៏បាន ស្លៀកចីពរ​ដណ្តប់​សង្ឃាដិ​ក៏បាន រួចហើយសឹមយកស្បង់មកស្លៀកផ្លាស់ យកចីពរទៅជ្រលក់វិញ រួច​ស្រេច​ហើយទាង២ សឹមស្លៀកស្បង់ដណ្តប់ចីពរ ហើយជ្រលក់សង្ឃាដិ បើជ្រលក់​ចីពរ​មុន ក៏មានន័យប្រហែលៗគ្នា តែសង្ឃាដិ លោកហាមមិនឲ្យស្លៀកឡើយ។ ដែល​ពោលមកនេះ ចំពោះភិក្ខុដែលនៅក្នុងសេនាសនៈក្នុងចន្លោះនៃស្រុក បើភិក្ខុ​ដែល​​នៅក្នុងព្រៃវិញ ទោះបីជ្រលក់ទាំងស្បង់ទាំងចីពរដំណាលគ្នាក៏បាន តែ​ត្រូវ​អង្គ​ទី​ជិតចីពរ ដែលជ្រលក់នោះឲ្យល្មមតែឃើញមនុស្សណាមួយដើរមក អាចនឹង​ទាញ​យក​ចីវរណាមួយ មកគ្របលើខ្លួនបាន។
  2. ភិក្ខុថ្នាក់មធ្យម បើមានសំពត់កាសាវ សំរាប់ប្រើប្រាស់ក្នុងរោងជ្រលក់ អាចនឹង​ស្លៀក​ដណ្តប់នូវសំពត់កាសាវនោះ ហើយជ្រលក់នូវចីវររបស់ខ្លួនបាន។
  3. ភិក្ខុថ្នាក់អន់ អាចស្លៀកដណ្តប់នូវចីវររបស់ភិក្ខុផងគ្នា ហើយជ្រលក់ចីវរ​របស់​ខ្លួន​បាន​ ឬនឹងស្លៀកដណ្តប់នូវសំពត់កម្រាលរបស់ខ្លួនក្តី របស់សង្ឃក្តី របស់បុគ្គល​ដទៃ​ក្តី ដែលគេធ្វើមក អំពីសំពត់កាសាវៈ ដម្កល់ទុកសម្រាប់ជាគ្រឿងកម្រាល​ក្នុង​ទី​សេនាសនៈ​នោះក៏បាន តែសំពត់កម្រាលនេះ ត្រូវ​ប្រើប្រាស់​បាន​តែ​ក្នុង​ខណៈ​ដែល​ជ្រលក់​ចីវរប៉ុណ្ណោះ បើនឹងហួងហែងប្រើប្រាស់តែម្នាក់ឯង អស់កាលជានិច្ចនោះ ពុំ​បាន​ឡើយ។

តេចីវរិកភិក្ខុទាំង ៣ថ្នាក់នេះ បើនឹងបង្កើតសំពត់អង្សៈមួយមកទៀត ឲ្យជាគម្រប់ ៤ ក៏​បាន​ដែរ តែសំពត់អង្សៈនោះ ត្រូវធ្វើឲ្យមានកំរិតទទឹង ១ ចំអាម បណ្តោយ ៣ហត្ថ ទើបគួរ។

ធុតង្គបែកក្នុងតេចីវរិកង្គ

ធុតង្គទាំង ៣ថ្នាក់នេះ បែកធ្លាយក្នុងខណៈដែលទទួលត្រេកអរនូវចីវរជាគម្រប់ ៤ ដូច​គ្នា​ទាំង ៣ថ្នាក់។

អានិសង្សក្នុងតេចីវរិកង្គ

តេចីវរិកង្គ កាលបើភិក្ខុបានរក្សាដោយល្អ មិនបានឲ្យបែកធ្លាយ នឹងមានអានិសង្ស ១១ យ៉ាង

  1. សន្តុដ្ឋោ បានឈ្មោះថា ជាអ្នកមានសេចក្តីសន្តោសដោយចីវរល្មមតែរក្សានូវកាយបាន។
  2. សមាទានយេវ គមនំ កិរិយាកាន់យកតែចីវរ ៣ ប៉ុណ្ណោះ ដើរទៅហាក់​ដូចជា​សត្វ​បក្សី [សត្វបក្សីហើរទៅតែស្លាបទទេ ដែលល្មមយោងអត្តភាពទៅរួច មិនមាន​សន្សំ​អ្វី​យកទៅជាមួយផង។]។
  3. អប្បសមារម្ពតា ភាពជាអ្នកមានរវល់តិច ព្រោះមិនមានកិច្ចដែលត្រូវហាលសំដឹល ឬបត់​ទុកនូវអតិរេកចីវរជាដើម។
  4. វត្ថសន្និធិបរិវជ្ជនំ កិរិយាវៀរបង់នូវកិរិយាសន្សំទុកនូវសំពត់។
  5. សល្លហុកវុត្តិតា ភាពជាអ្នកប្រព្រឹត្តស្រាលរហ័ស។
  6. អតិរេកចីវរលោលុប្បហានំ កិរិយាលះបង់នូវសេចក្តីល្មោភហួស​កំរិត​ក្នុង​អតិរេក​ចីវរ។
  7. កប្បិយេ មត្តការិតា ភាពជាអ្នកប្រមាណក្នុងចីវរដែលគួរ [សូម្បីចីវរដែលព្រះពុទ្ធទ្រង់​អនុញ្ញាត​បានច្រើនទៅទៀត ដូចនិសីទនជាដើម ក៏ភិក្ខុនោះត្រេកអរតែក្នុងចីវរ ៣​ប៉ុណ្ណោះ]។
  8. សល្លេខវុត្តិតា ភាពជាអ្នកប្រព្រឹត្តក្បិល ឬក្រីនូវកិលេសឲ្យស្តើងចុះ។
  9. អប្បិច្ឆតាទីនំ ផលនិប្ផត្តិ កិរិយាសម្រេចនូវផលនៃអប្បិច្ឆតាគុណជាដើម។
  10. សម្មាបដិបត្តិយា អនុព្រូហនំ កិរិយាបង្កើតនូវសម្មាបដិបត្តិ។
  11. បច្ឆិមាយ ជនតាយ ទិដ្ឋានុគតិអាបាទនំ កិរិយាញុំាងប្រជុំជនជំនាន់ក្រោយ​ឲ្យយក​តម្រាប់​តាម។

គាថាទីបំផុតក្នុងតេចីវរិកង្គ

ព្រះយោគីជាអ្នកប្រាជ្ញ អ្នកដឹងនូវរសនៃសេចក្តីសុខដែលកើតអំពីសេចក្តីសន្តោស លោក​រមែងលះបង់នូវសេចក្តីចំណង់ក្នុងសំពត់ដែលលើសកំណត់ លោករមែងវៀរបង់នូវកិរិយា​សន្សំទុក​នូវសំពត់ លោកទ្រទ្រង់តែចីវរ ៣ ប៉ុណ្ណោះ ព្រោះហេតុនោះ ព្រះយោគីដ៏​ប្រសើរ (ក្នុង​សាសនានេះ) កាលបើមានប្រាថ្នាដើម្បីត្រេចទៅជាសុខ ក៏ត្រូវឲ្យមានតែចីវរ ៣ ជាប់​នៅ​ជាមួយ ហាក់ដូចជាសត្វបក្សី ដែលត្រេចទៅមានតែស្លាបជាប់ទៅជាមួយ​នឹង​ខ្លួន​ដូច្នោះ គប្បីធ្វើនូវសេចក្តីត្រេកអរ តែក្នុងចីវរដែលមានកំណត់។


បិណ្ឌបាតិកង្គ

បិណ្ឌបាតិកង្គ មានបាលីសម្រាប់សមាទានពីរបែប។

  1. អតិរេកលាភំ បដិក្ខិបាមិ ខ្ញុំព្រះករុណាសូមឃាត់នូវលាភដែលលើសអំពី​ភោជន​ជា​ពំនូត [សំដៅយកបាយដែលគេរោយរាយចុះក្នុងបាត្ររដាច់រដោត ផ្ទះនេះបន្តិច ផ្ទះ​នោះ​បន្តិច]។
  2. បិណ្ឌបាតិកង្គំ សមាទិយាមិ ខ្ញុំព្រះករុណា សូមសមាទាននូវអង្គនៃភិក្ខុ អ្នកមាន​កិរិយា​ត្រេចទៅដើម្បីបិណ្ឌបាតជាវត្ត។

បាលីទាំង ២បែបនេះ សមាទានបែបណាមួយក៏បាន។ ព្រះយោគីដែលបានសមាទាន​នូវ​បិណ្ឌបាតិកង្គនេះរួចហើយ នឹងទទួលត្រេកអរនូវភត្តដែលជាអតិរេកលាភ ១៤យ៉ាង មិន​បាន​ឡើយ។

ភត្តជាអតិរេកលាភ ១៤យ៉ាង

  1. សង្ឃភត្ត ភត្តដែលគេប្រគេនចំពោះសង្ឃមណ្ឌលទាំងអស់។
  2. ឧទ្ទេសកភត្ត ភត្តដែលគេឧទ្ទិសយកភិក្ខុ ១អង្គក្តី ២អង្គក្តី អំពីសំណាក់សង្ឃ ហើយ​ប្រគេន។
  3. និមន្តនភត្ត ភត្តដែលគេនិមន្តភិក្ខុយកទៅប្រគេន។
  4. សលាកភត្ត ភត្តដែលគេប្រគេនតាមស្លាក គឺចាប់ស្លាកប្រគេន។
  5. បក្ខិកភត្ត ភត្តដែលគេប្រគេនក្នុង ១បក្ខកំណត់តែមួយថ្ងៃ។
  6. ឧបោសថិកភត្ត ភត្តដែលគេប្រគេនរាល់ៗថ្ងៃឧបោសថ។
  7. បាដិបទិកភត្ត ភត្តដែលគេកំណត់ប្រគេនតែក្នុងថ្ងៃដើមបក្ខ គឺថ្ងៃ ១កើត ឬ ១រោច។
  8. អាគន្តុកភត្ត ភត្តដែលគេប្រគេនដល់អាគន្តុកភិក្ខុ។
  9. គមិកភត្ត ភត្តដែលគេប្រគេនដល់ភិក្ខុដែលរៀបដំណើរទៅកាន់ផ្លូវឆ្ងាយ។
  10. គិលានភត្ត ភត្តដែលគេប្រគេនដល់ភិក្ខុដែលមានជម្ងឺ។
  11. គិលានុបដ្ឋាកភត្ត ភត្តដែលគេប្រគេនដល់ភិក្ខុអ្នកថែជម្ងឺ។
  12. វិហារភត្ត ភត្តដែលគេប្រគេនចំពោះវត្ត ឬចំពោះកុដិ។
  13. ធុរភត្ត ភត្តដែលគេតម្កល់ទុកក្នុងផ្ទះដែលមានធុរៈ ហើយប្រគេន។ [ធុរភត្តនេះ ជួន​កាល​ឃើញមានឈ្មោះថា ធុវភត្ត ឬនិច្ចភត្ត ភត្តដែលគេប្រគេនជានិច្ច]។
  14. វារភត្ត ភត្តដែលគេដាក់វេនគ្នាប្រគេន។

ភត្តទាំង ១៤យ៉ាងនេះ ភិក្ខុអ្នកសមាទាននូវបិណ្ឌបាតិកង្គ មិនត្រូវទទួលឡើយ តែបើ​ទាយក​​ឆ្លៀស គេមិននិមន្តថា “សូមលោកម្ចាស់ទទួលនូវសង្ឃភត្ត” ដូច្នេះឡើយ គេ​និយាយ​ដោយបរិយាយថា “សូមព្រះសង្ឃទទួលនូវចង្ហាន់ក្នុងផ្ទះនៃយើងខ្ញុំទាំងឡាយ លោកម្ចាស់​ក៏ដែរ សូមទទួលនូវចង្ហាន់” ដូច្នេះវិញ ភិក្ខុនោះគួរនឹងទទួលបាន ពុំនោះ ស្លាក​ដែល​ប្រកប​ដោយភេសជ្ជៈជាដើម មិនមានអាមិសដែលជាយាវកាលិកកើត​ឡើង​អំពី​សំណាក់​សង្ឃក្តី ភត្តដែលទាយកគេចំអិនក្នុងវត្តក្តី ក៏គួរភិក្ខុនោះទទួលបាន។

ប្រភេទនៃបិណ្ឌបាតិកភិក្ខុ

បិណ្ឌបាតិកភិក្ខុ មានចែកជា ៣ថ្នាក់។

  1. ថ្នាក់ឧក្រិដ្ឋ ភិក្ខុជាន់ខ្ពស់ទទួលចង្ហាន់ដែលគេនាំមកអមពីខាងមុខ អំពីខាងក្រោយ​បាន ឈរនៅទៀបទ្វារផ្ទះនៃបុគ្គលដទៃ ហើយឲ្យបាត្រទៅទាយក គេនាំ​យក​ទៅ​ដាក់​ចង្ហាន់ ដល់ត្រឡប់មកវិញ ទើបគេនាំមកប្រគេន ក៏ទទួលបាន តែបើអង្គុយចុះ​ហើយ នឹងទទួល មិនបានឡើយ។
  2. ថ្នាក់មធ្យម ភិក្ខុថ្នាក់កណ្តាល ទោះជាអង្គុយចុះហើយ ក៏ទទួលបាន ឲ្យតែនៅក្នុង​ថ្ងៃ​នេះ តែបើទទួលនិមន្តទុកដល់ថ្ងៃស្អែកទៀត ពុំបានឡើយ។
  3. ថ្នាក់ទាប ភិក្ខុថ្នាក់អន់ ទោះបីទទួលនិមន្តទុកដល់ទៅថ្ងៃស្អែក ឬខានស្អែក​ទៀត​ក៏​បាន។

បិណ្ឌបាតិកភិក្ខុទាំង ៣ថ្នាក់នេះ មានសេចក្តីប្លែកគ្នាដូច្នេះគឺ ភិក្ខុថ្នាក់កណ្តាល និងថ្នាក់អន់ មិនបាននៅជាសុខតាមអំពើចិត្តរបស់ខ្លួនឡើយ ព្រោះនៅជាប់ជំពាក់ដោយបុគ្គលដទៃ ឯ​ភិក្ខុ​ថ្នាក់ជាន់ខ្ពស់ ទើបនៅសុខតាមអំពើចិត្តខ្លួនបាន ព្រោះមិនមានជាប់ជំពាក់ដោយ​បុគ្គល​ណានីមួយ។

ធុតង្គបែកក្នុងបិណ្ឌបាតិកង្គ

ធុតង្គរបស់ភិក្ខុទាំង ៣ថ្នាក់នេះ បែកធ្លាយក្នុងខណៈដែលទទួលនូវភត្តជាអតិរេកលាភ ទាំង ១៤យ៉ាង មានសង្ឃភត្តជាដើមដូចគ្នា។

អានិសង្សក្នុងបិណ្ឌបាតិកង្គ

បិណ្ឌបាតិកង្គនេះ កាលដែលភិក្ខុសមាទានហើយ រក្សាមិនឲ្យបែកធ្លាយ មានអានិសង្ស ១៥យ៉ាង

  1. និស្សាយានុរូបប្បដិបត្តិ សព្ភាវោ សភាពជាអ្នកមានសេចក្តីប្រតិបត្តិដ៏សមគួរដល់​និស្ស័យ [សំដៅយកនិស្ស័យដែលឧបសម្បទាចារ្យប្រៀនប្រដៅ​ក្នុង​ឧបសម្បទា​មណ្ឌលថា “បិណ្ឌិយាលោបភោជនំនិស្សយបព្វជ្ជា” ដូច្នេះជាដើម]។
  2. ទុតិយេ អរិយវំសេ បតិដ្ឋានំ កិរិយាដម្កល់នៅក្នុងអរិយវង្សទី២។
  3. អបរាយត្តវុត្តិតា ភាពជាអ្នកមិនមានកិរិយាប្រព្រឹត្តជាប់ដោយបុគ្គលដទៃ។
  4. ភគវតា សំវណ្ណិតបច្ចយតា ភាពជាអ្នកមានបច្ច័យដែលព្រះមានព្រះភាគ ទ្រង់​សរសើរ [ព្រះមានព្រះភាគទ្រង់សរសើរថា ជាបច្ច័យតិចផង បានងាយផង ឥត​ទោស​ផង។]។
  5. កោសជ្ជនិម្មថនតា ភាពនៃកិរិយាញាំញីនូវសេចក្តីខ្ជិលច្រអូស។
  6. បរិសុទ្ធាជីវិតា ភាពជាអ្នកមានព្យាយាមជាគ្រឿងចិញ្ចឹមជីវិតដ៏ស្អាត។
  7. សេខិយបដិបត្តិបូរណំ កិរិយាបំពេញនូវសេចក្តីប្រតិបត្តិក្នុងសេខិយវត្ត។
  8. អបរបោសិតា ភាពជាអ្នកមិនចិញ្ចឹមនូវបុគ្គលដទៃ ព្រោះដឹងប្រមាណក្នុង​កិរិយា​ទទួល [មិនទទួលបិណ្ឌបាតឲ្យហួសប្រមាណដើម្បីនឹងចិញ្ចឹមអ្នកដទៃជាដើម។]។
  9. បរានុគ្គហកិរិយា កិរិយាធ្វើនូវសេចក្តីអនុគ្រោះដល់បុគ្គលដទៃ ព្រោះទទួល​នូវ​បិណ្ឌបាត​បន្តិចៗក្នុងត្រកូលនោះ។
  10. មានប្បហានំ កិរិយាលះបង់នូវមានះ គឺមិនបានរឹងត្អឹង ព្រោះមិនមាន​អាង​ភោជន​ដទៃ​ទៀត។
  11. រសតណ្ហាយ និវារណំ កិរិយាឃាត់នូវ​សេចក្តីចំណង់ក្នុងរសរបស់ភោជន​ដទៃ​ទៀត។
  12. គណភោជនបរម្បរភោជនចារិត្តសិក្ខាបទេហិ អនាបត្តិតា ភាពជាអ្នកមិនមាន​អាបត្តិ​ដោយ​គណភោជន​សិក្ខាបទ បរម្បរភោជនសិក្ខាបទ និងចារិត្តសិក្ខាបទ ព្រោះ​មិន​មាន​ទទួលនិមន្ត។
  13. អប្បិច្ឆតាទីនំ អនុលោមវុត្តិតា ភាពជាអ្នកមានកិរិយាប្រព្រឹត្តដ៏សមគួរ​ដល់​អប្បិច្ឆតាគុណ​ជាដើម។
  14. សម្មាបដិបត្តិព្រូហនំ កិរិយាបង្កើតនូវសម្មាបដិបត្តិ។
  15. បច្ឆិមាជនតានុកម្បនំ កិរិយាអនុគ្រោះដល់ប្រជុំជនជំនាន់ក្រោយ។

គាថាទីបំផុតក្នុងបិណ្ឌបាតិកង្គ

ព្រះយោគីដែលមានសេចក្តីត្រេកអរស្មើរៗ ក្នុងដុំបាយដែលគេធ្វើឲ្យពំនូតៗ មានកិរិយា​ចិញ្ចឹម​ជីវិត មិនជាប់ដោយបុគ្គលដទៃ មានសេចក្តីល្មោភក្នុងអាហារលះបង់បានហើយ អាច​ប្រព្រឹត្តទៅក្នុងទិសទាំង ៤បាន មិនមានទទាក់ទទាម លោកអាចនឹងបន្ទោរបង់នូវ​សេចក្តី​ខ្ជិល​ច្រអូសបាន អាជីវៈរបស់លោកសោត ក៏ស្អាតបរិសុទ្ធ ព្រោះហេតុនោះ លោក​អ្នក​​មានប្រាជ្ញាល្អ មិនគប្បីមើលងាយនូវដំណើរដែលត្រេចទៅដើម្បីភិក្ខានោះឡើយ។


សបទានចារិកង្គ

វីធីសមាទានក្នុងសបទានចារិកង្គ

ក្នុងសបទានចារិកង្គនេះ មានបាលីសំរាប់សមាទានពីរបែប។

  1. លោលុឡចារំ បដិក្ខិបាមិ ខ្ញុំព្រះករុណាសូមឃាត់នូវកិរិយាត្រេចទៅដើម្បីបិណ្ឌបាត​តាម​ភាពដែលល្មោភ [ត្រេចទៅដើម្បីបិណ្ឌបាតតាមទំនើង។]។
  2. សបទានចារិកង្គំ សមាទិយាមិ ខ្ញុំព្រះករុណាសូមសមាទាននូវអង្គនៃភិក្ខុអ្នក​មាន​កិរិយា​ត្រេចទៅដើម្បីបិណ្ឌបាតរៀងតាមលំដាប់នៃផ្ទះជាប្រក្រតី។

បាលីទាំង ២នេះ តាមតែព្រះយោគីត្រូវការ ទោះបីសមាទានបាលីបែបណាក៏បាន។

សបទានចារិកភិក្ខុនេះ វេលាដែលចូលទៅដល់ទ្វារស្រុក ត្រូវឈរកំណត់មើល ក្រែងជួន​មាន​អន្តរាយ [មានឆ្កែកាចជាដើម។] ប្រសិនជាឃើញមានអន្តរាយណាមួយ ហើយ​រំលង​ទៅ​កាន់ភូមិស្រុកដទៃទៀតក៏បាន។ ពុំនោះបើផ្ទះណា ច្រកត្រង់ណា ស្រុកត្រង់ណា ដែល​ចំណាំ តែមិនបានអ្វីបន្តិចបន្តួចសោះ នោះត្រូវសម្គាល់ថា មិនមែនជាស្រុក ហើយគប្បី​ហួស​ទៅកាន់ទីដទៃទៀតចុះ តែបើធ្លាប់បានអ្វី​បន្តិចបន្តួចត្រង់ទីណា នឹងរំលងហួស​ទី​នោះ​​ពុំបានឡើយ ហើយត្រូវឆាប់ចូលទៅកាន់ស្រុកអំពីព្រឹកបន្តិច ការពារក្រែង​ត្រូវ​លះបង់​នូវទីដែលមិនសប្បាយ ដោយ​មានអន្តរាយជាដើម ហើយបង្ហួស​ទៅកាន់ទី​ដទៃ​ទៀត កុំឲ្យហួសពេល។ បើមានមនុស្សគេធ្វើទានក្នុងវត្ត ឬគេជួបប្រទះកណ្តាលផ្លូវ ហើយ​គេយកបាត្រទៅដាក់​ចង្ហាន់មកប្រគេន ក៏គួរទទួលបាន។

ភិក្ខុនេះ កាលកំពុងដើរទៅតាមផ្លូវ បើជួបប្រទះស្រុកក្នុងវេលាភិក្ខាចារ មិនត្រូវរំលង​បង្ហួស​ឡើយ ទោះបីមិនបានភិក្ខាសោះក្តី បានបន្តិចបន្តួចក្តី ក៏ត្រូវតែត្រេចទៅតាមលំដាប់​នៃ​ស្រុក។

ប្រភេទនៃសបទានចារិកភិក្ខុ

សបទានចារិកភិក្ខុនេះ ចែកជា ៣ថ្នាក់។

ភិក្ខុថ្នាក់ឧក្រិដ្ឋ នឹងទទួលនូវចង្ហាន់ដែលគេនាំមកអំពីខាងមុខក្តី ខាងក្រោយក្តីពុំបាន ពុំនោះ​ដល់ពេលត្រឡប់មកវិញ ហើយទាយកគេយកចង្ហាន់តាមមកប្រគេនក្តី ក៏ទទួល​ពុំបាន​ដូចគ្នា តែបើឈរនៅទៀបទ្វារផ្ទះ ហើយទាយកគេនាំយកបាត្រ ទៅដាក់​ចង្ហាន់​មក​ប្រគេន​ខ្លួន ចាំតែទទួលបាត្រនោះវិញបាន។

ភិក្ខុថ្នាក់មធ្យម ទទួលចង្ហាន់បែបនេះបានទាំងអស់ កុំតែអង្គុយរង់ចាំភិក្ខា។

ភិក្ខុថ្នាក់មុទុ គឺថ្នាក់ទាប ទោះបីអង្គុយរង់ចាំដូច្នោះក៏បាន ឲ្យតែនៅក្នុងថ្ងៃនោះ។

ធុតង្គបែកក្នុងសបទានចារិកង្គ

សបទានចារិកង្គធុតង្គ ដែលបែកធ្លាយនោះ គឺបែកធ្លាយក្នុងខណៈដែលមានគំនិត​កើត​ឡើង ថានឹងត្រេចទៅដើម្បីនឹងបិណ្ឌបាត តាមភាពដែលល្មោភដូចគ្នាទាំង ៣ថ្នាក់។

អានិសង្សក្នុងសបទានចារិកង្គ

ភិក្ខុដែលសមាទានសបទានចារិកង្គ មានអានិសង្ស ៨យ៉ាងគឺ

  1. កុលេសុ និច្ចនកវតា ភាពជាបុគ្គលថ្មោងអស់កាលជានិច្ចក្នុងត្រកូលទាំងឡាយ។
  2. ចន្ទបមតា ភាពដូចជាបុគ្គលល្អ ប្រៀបដូចព្រះចន្ទ្រ ព្រោះមិនមានជាប់ជំពាក់​នៅក្នុង​ត្រកូល​​ទាំងពួង។
  3. កុលមច្ឆេរប្បហានំ កិរិយាលះបង់នូវសេចក្តីកំណាញ់ក្នុងត្រកូល។
  4. សមានុកប្បិតា ភាពជាអ្នកមានសេចក្តីអនុគ្រោះស្មើ គ្រប់ត្រកូលទាំងអស់។
  5. កុលុបកាទីនភាវោ មិនមានទោសក្នុងកិរិយាចូលទៅកាន់ត្រកូល។
  6. អវ្ហានានភិនន្ទនា កិរិយាមិនទទួលត្រេកអរនូវពាក្យដែលគេហៅរកដោយការ​និមន្ត។
  7. អភិហារេន អនត្ថិកតា ភាពជាអ្នកមិនមានសេចក្តីត្រូវការ​ដោយភិក្ខា​ដែល​គេនាំមក​ឲ្យ។
  8. អប្បិច្ឆតាទីនំ អនុលោមវត្តិតា ភាពជាអ្នកមានកិរិយាប្រព្រឹ្តដ៏សមគួរដល់​អប្បិច្ឆតា​គុណ​ជាដើម។

ទាំង ៨នេះ ជាអានិសង្សក្នុងសបទានចារិកង្គ ដែលភិក្ខុបានរក្សាទុកដោយល្អ មិនបាន​ឲ្យ​បែក​ធ្លាយទៅវិញ។

គាថាទីបំផុតក្នុងសបទានចារិកង្គ

សបទានចារិកភិក្ខុក្នុងសាសនានេះ ជាបុគ្គលល្អប្រៀបដូចជាព្រះចន្ទ្រ ជាបុគ្គលថ្មោង​ជានិច្ច ក្នុងត្រកូលទាំងឡាយ ជាអ្នកមិនកំណាញ់ត្រកូល មានសេចក្តីអនុគ្រោះ​ស្មើគ្រប់​ត្រកូល​ទាំងអស់ ជាបុគ្គលផុតស្រឡះចាកទោស ដែលកើតអំពីកិរិយាចូលទៅកាន់ត្រកូល ព្រោះ​ហេតុនោះ អ្នកប្រាជ្ញដែលមានប្រាជ្ញា មានចក្ខុសំឡឹងចុះក្រោម ក្រឡេកមើលតែ​ត្រឹម​មួយជួរនឹម ហើយជាអ្នកកាលលះបង់ដាច់ស្រឡះនូវការប្រព្រឹត្តល្មោភ ហើយប្រាថ្នា​នូវ​ការប្រព្រឹត្តដោយសេរី គប្បីប្រព្រឹត្តនូវសបទានចារិកង្គនេះចុះ។


ឯកាសនិកង្គ

វិធីសមាទានក្នុងឯកាសនិកង្គ

ក្នុងឯកាសនិកង្គនេះ មានបាលី ២បែប។

  1. នានាសនភោជនំ បដិក្ខិបាមិ ខ្ញុំព្រះករុណា សូមឃាត់នូវកិរិយាបរិភោគនូវភោជន​ក្នុង​អាសនៈផ្សេងៗ។
  2. ឯការសនិកង្គំ សមាទិយាមិ ខ្ញុំព្រះករុណា សូមសមាទាននូវអង្គនៃភិក្ខុអ្នកមាន​កិរិយា​បរិភោគ​នូវភោជនតែក្នុងអាសនៈមួយជាប្រក្រតី។

បាលីទាំង ២បែបនេះ ព្រះយោគីសមាទានបែបណាមួយក៏បាន។

ឯកាសនិកភិក្ខុនោះ កាលបើអង្គុយនៅក្នុងអាសនសាលា មិនត្រូវអង្គុយលើថេរាសនៈ​ឡើយ ត្រូវកំណត់អាសនដ៏សមគួរដល់ខ្លួនជាមុនសិន សឹមអង្គុយ បើកំពុង​ឆាន់មិន​ទាន់​ឆាន់​រួច ហើយអាចារ្យ ឬឧបជ្ឈាយ៍និមន្តមកដល់ ក៏គួរនឹងក្រោកទៅធ្វើវត្តបាន តែមិនត្រូវ​ត្រឡប់​មកឆាន់ទៀតឡើយ។

ប្រភេទនៃឯកាសនិកភិក្ខុ

ភិក្ខុថ្នាក់ឧក្រិដ្ឋ តែលូកដៃចុះទៅក្នុងភោជនណាហើយ ទោះបីភោជននោះតិចក្តី ច្រើនក្តី ក៏ត្រូវតែឆាន់តែប៉ុណ្ណោះ នឹងទទួលភោជនដទៃទៀត ពុំបានឡើយ តែបើមនុស្សទាំង​ឡាយ គិតឃើញថា “ភិក្ខុនោះ មិនបានឆាន់ចង្ហាន់សោះ ឬឆាន់តែបន្តិចបន្តួច“ ហើយគេ​នាំ​យក​សប្បិ ជាដើមមកប្រគេន វត្ថុទាំងនោះ បើភិក្ខុទទួលដើម្បីប្រើប្រាស់ជាភេសជ្ជៈបាន បើ​នឹងទទួលធ្វើជាអាហារពុំបានឡើយ។

ភិក្ខុថ្នាក់មធ្យម បើភត្តក្នុងបាត្រមិនទាន់អស់ដរាបណា ក៏អាចនឹងទទួលនូវភោជនដទៃ​បាន​ដរាបនោះ។ ភិក្ខុនោះឈ្មោះថា ភោជនបរិយន្តិក មានទីបំផុតត្រឹមភោជន។

ឯភិក្ខុថ្នាក់ទាប បើមិនទាន់ក្រោកចាកអាសនៈដរាបណា ក៏អាចដើម្បីឆាន់នូវភោជនដទៃ​បាន​ដរាបនោះ។

ភិក្ខុនេះនឹងហៅថា ឧទកបរិយន្តិក មានទីបំផុតត្រឹមទឹកដូច្នេះក៏បាន ព្រោះថា បើមិន​ទាន់​ទទួលទឹកសំរាប់លាងបាត្រ​ដរាបណា នៅឆាន់បានដរាបនោះ ឬនឹងហៅថា អាសន​បរិយន្តិក មានទីបំផុតត្រឹមអាសនៈ ដូច្នេះក៏បាន ព្រោះថា បើមិនទាន់ក្រោក​ចាក​អាសនៈ​ដរាប​ណា នៅឆាន់បានដរាបនោះ។

ធុតង្គបែកក្នុងឯកាសនិកង្គ

ធុតង្គរបស់ភិក្ខុទាំង ៣ថ្នាក់នេះ បែកធ្លាយក្នុងខណៈដែលភិក្ខុទាំងនោះ បរិភោគនូវ​ភោជន​ក្នុង​សំណាក់​ផ្សេងៗ។

អានិសង្សក្នុងឯកាសនិកង្គ

ភិក្ខុដែលសមាទានឯកាសនិកង្គ មានអានិសង្ស ៨យ៉ាង

  1. អប្បាពាធតា ភាពជាអ្នកមានអាពាធតិច។
  2. អប្បាតង្កតា ភាពជាអ្នករស់នៅមិនលំបាក គឺមិនមានសេចក្តីទុក្ខក្នុងសរីរៈ។
  3. លហុដ្ឋានំ កិរិយាក្រោកឡើងរហ័ស។
  4. ពលំ មានកម្លាំងក្នុងសរីរៈ។
  5. ផាសុវិហារោ កិរិយានៅជាសុខសប្បាយ។
  6. អនតិរិត្តបច្ចយា អនាបត្តិ មិនត្រូវអាបត្តិ ព្រោះបច្ច័យនៃកិរិយាបរិភោគ​នូវ​អនតិរិត្តភោជន [ភោជនដែលភិក្ខុហាមភោជនរួចហើយ ដល់ក្រោកចាកអាសន ទើប​បានមកជាខាងក្រោយ ហើយមិនបានធ្វើវិនយកម្មឲ្យគួរ។]។
  7. រសតណ្ហាយវិនោទនំ កិរិយាបង្អន់នូវចំណង់ក្នុងរស។
  8. អប្បិច្ឆតាទីនំ អនុលោមវុត្តិតា ភាពជាអ្នកមានកិរិយាប្រព្រឹត្តដ៏សមគួរ​ដល់​អប្បិច្ឆតា​គុណ​ជាដើម។

គាថាទីបំផុតក្នុងឯកាសនិកង្គ

រោគទាំងឡាយ ដែលមានកិរិយាបរិភោគនូវភោជនជាបច្ច័យឲ្យកើត រមែងមិនបៀតបៀន​នូវ​ព្រះយោគីអ្នកត្រេកអរ ក្នុងកិរិយាបរិភោគនូវភោជនតែក្នុងអាសនៈមួយនោះឡើយ សេចក្តី​មិនល្មោភក្នុងរស រមែងមិនញុំាងអំពើព្យាយាមរបស់លោកឲ្យសាបសូន្យ ព្រោះ​ហេតុ​នោះ ព្រះយោគីអ្នកមានចិត្តដ៏បរិសុទ្ធ គប្បីញុំាងសេចក្តីត្រេកអរឲ្យ​កើតក្នុង​ឯកាសនិកង្គ ដែលជាហេតុនៃកិរិយានៅជាសុខសប្បាយ ដែលភិក្ខុអ្នក​ត្រេកអរ​ក្នុង​សល្លេខ​គុណ​ដ៏ស្អាត ធ្លាប់ចូលទៅជិតសេពហើយ។


បត្តបិណ្ឌិកង្គ

វិធីសមាទានក្នុងបត្តបិណ្ឌិកង្គ

ក្នុងបត្តបិណ្ឌិកង្គនេះ មានបាលីសម្រាប់សមាទាន ២យ៉ាង។

  1. ទុតិយភាជនំ បដិក្ខិបាមិ ខ្ញុំព្រះករុណា សូមឃាត់នូវភាជន៍ជាគម្រប់ពីរ។
  2. បត្តបិណ្ឌិកង្គំ សមាទិយាមិ ខ្ញុំព្រះករុណា សូមសមាទាននូវអង្គនៃភិក្ខុអ្នកមាន​កិរិយា​បរិភោគ​នូវភោជនតែក្នុងបាត្រ ១ [ពាក្យថា បាត្រ ក្នុងទីនេះ មិនចំពោះ​តែ​បាត្រ​មែនៗ​តែម្យ៉ាងទេ ទោះបីភាជន៍ដទៃ ក៏ហៅថាបាត្របានដែរ។] ជាប្រក្រតី។

បាលីទាំង ២បែបនេះ ព្រះយោគីសមាទានបែបណាមួយក៏បាន។

បត្តបិណ្ឌិកភិក្ខុ កាលដែលហុតនូវបបរ ត្រូវដាក់បបរក្នុងភាជន៍ បើបានម្ហូបក្រៀម មាន​ប្រហុក ឬផ្អកជាដើម ត្រូវឆាន់ម្ហូបក្រៀមមុនក៏បាន ហុតបបរមុនក៏បាន បើដាក់ម្ហូបក្រៀម​ក្នុងបបរ ក្រែងបដិកូលបែរទៅជាក្អួតចង្អោរវិញ តែប្រសិនបើចេះធ្វើមិនឲ្យបដិកូល​ដូច្នោះ ក៏គួរ​ឆាន់បាន។

បើដូចជាទឹកឃ្មុំ និងស្ករក្រាមជាដើម ដែលជារបស់មិនបដិកូលនោះ ក៏ត្រូវតែដាក់​ចុះទៅ​ជាមួយ​នឹងបបរ ហើយសឹមឆាន់ តែវត្ថុទាំងនេះ ត្រូវភិក្ខុទទួលឲ្យគួរដល់ប្រមាណ។ ក្នុង​វេលា​ដែលឆាន់បាយ បើមានអន្លក់ និងមើមឈើស្រស់ ត្រូវកាន់ឆាន់នឹងដៃ បើកាន់​ឆាន់​មិន​កើត ត្រូវដាក់ចុះក្នុងបាត្រ ឯភាជន៍ជាគំរប់ ២ ដោយហោចសូម្បីតែស្លឹកឈើ ក៏មិន​បាន​ឡើយ។

ប្រភេទនៃបត្តបិណ្ឌិកភិក្ខុ

បត្តបិណ្ឌិកភិក្ខុនេះ ចែកជា ៣ ថ្នាក់។

  1. ភិក្ខុថ្នាក់ឧក្រិដ្ឋ វេលាឆាន់នឹងរើសសម្រាមចោលចេញអំពីភោជនមិនបាន វៀរតែ​វេលា​ដែលឆាន់អំពៅ។ កុំថាដល់ម្ល៉ោះ សូម្បីតែបំបែកនូវដុំបាយដុំត្រី ដុំសាច់ និង​នំ​ទាំង​ឡាយ ហើយឆាន់ ក៏មិនបាន។
  2. ភិក្ខុថ្នាក់មធ្យម បំបែកដោយដៃម្ខាងបាន។
  3. ភិក្ខុថ្នាក់ទាប ភោជនឯណាដែលអាចដាក់ចុះក្នុងបាត្របាន ក៏អាចដើម្បីនឹងបំបែក​នូវ​ភោជននោះដោយដៃ ឬដោយធ្មេញ ហើយឆាន់បានទាំងអស់។

ធុតង្គបែកក្នុងបត្តបិណ្ឌិកង្គ

ធុតង្គរបស់ភិក្ខុទាំង ៣ ថ្នាក់នេះ កាលដែលបែកធ្លាយទៅក្នុង​ខណៈដែលភិក្ខុទាំង​នោះ​ទទួល​នូវភាជន៍ជាគម្រប់ពីរ។

អានិសង្សក្នុងបត្តបិណ្ឌិកង្គ

មានអានិសង្ស ៦យ៉ាង

  1. នានារសតណ្ហាវិនោទនំ កិរិយាបង្អន់នូវចំណង់ក្នុងភោជនដែលមានរសផ្សេងៗ។
  2. អត្រិច្ឆតាយបហានំ កិរិយាលះបង់នូវភាពជាអ្នកមានសេចក្តីប្រាថ្នាកន្លងក្នុង​ភោជន​នោះៗ។
  3. អាហារេបយោជនមត្តទស្សិតា ភាពជាអ្នកឃើញនូវប្រមាណនៃប្រយោជនួក្នុង​អាហារ។
  4. ថាលកាទិបរិហរណខេទាភាវោ សេចក្តីលំបាកព្រោះកិរិយារក្សានូវភាជន៍ជាដើម។
  5. អវក្ខិត្តភោជិតា ភាពជាអ្នកមិនបរិភោគ មានចិត្តសាវាក្នុងភោជនផ្សេងៗ។
  6. អប្បិច្ឆតាទីនំ អនុលោមវត្តិតា ភាពជាអ្នកមានកិរិយាប្រព្រឹត្តដ៏សមគួរដល់អប្បិច្ឆតា​គុណ​ជាដើម។

គាថាទីបំផុតក្នុងបត្តបិណ្ឌិកង្គ

ព្រះយោគីអ្នកលះបង់នូវសេចក្តីសាវាក្នុងភោជនផ្សេងៗ មានចក្ខុសំឡឹងចុះក្រោម មានវត្ត​ដ៏ល្អ ទុកដូចជាជីករំលើងនូវឫសនៃតណ្ហា លោកជាអ្នកមានចិត្តល្អ ទ្រទ្រង់នូវសេចក្តី​សន្តោស ហាក់ដូចជាទ្រទ្រង់នូវរូបកាយរបស់ខ្លួន (កាលបើដូច្នោះ តើ) បត្តបិណ្ឌិកភិក្ខុ​ឯទៀត​អង្គណាសោត ក៏នឹងគប្បីបរិភោគនូវអាហារ (ក្នុងភាជន៍ផ្សេងបាន)។


ខលុបច្ឆាភត្តិកង្គ

វិធីសមាទានក្នុងខលុបច្ឆាភត្តិកង្គ

ក្នុងខលុបច្ឆាភត្តិកង្គ មានបាលីសម្រាប់សមាទាន ២បែប។

  1. អតិរិត្តភោជនំ បដិក្ខិបាមិ ខ្ញុំព្រះករុណា សូមឃាត់នូវកិរិយាបរិភោគនូវអតិរិត្តភោជន [កាលបើភិក្ខុកំពុងឆាន់ហើយ មានទាយកយកភោជនចូលមកប្រគេន​ក្នុង​ហត្ថបាស​ហើយ ប្រកែកមិនទទួល ហៅថា ហាមភោជន ដល់ក្រោកចាកទីអង្គុយទៅ បើត្រូវ​ការ​ចង់ឆាន់ភោជនដែលហាមនោះដដែលក្តី ភោជនដទៃក្តី ត្រូវឲ្យគេធ្វើវិនយកម្ម ឲ្យជា​កប្បិយសិន ទើបឆាន់បាន បើមិនបានឲ្យគេធ្វើបែបនេះ ហើយឆាន់ នឹងត្រូវ​អាបត្តិបាចិត្តិយ​តាមបឋមបវារណាសិក្ខាបទ ភោជន ដែលឲ្យគេធ្វើវិនយកម្មឲ្យ​ជា​កប្បិយ ដើម្បីនឹងឆាន់ទៀត បែបនេះហៅថា អតិរិត្តភោជន]។
  2. ខលុបច្ឆាភត្តិកង្គំ សមាទិយាមិ ខ្ញុំព្រះករុណា សូមសមាទាននូវអង្គនៃភិក្ខុអ្នកមាន​កិរិយា​មិន​បរិភោគនូវភត្តដែលខ្លួនហាមភោជន​រួចហើយ ទើបបានមក​ក្នុងកាល​ខាង​ក្រោយ ជាប្រក្រតី។

ខលុបច្ឆាភត្តិកភិក្ខុនោះ កាលបើហាមភោជនរួចហើយ មិនត្រូវឲ្យគេធ្វើភោជននោះ​ឲ្យជា​កប្បិយ ហើយបរិភោគទៀតឡើយ។ ធុតង្គនេះ មានសេចក្តីប្រហែលគ្នានឹងបឋមបវារណា​សិក្ខាបទ តែធុតង្គនេះ វិសេសជាង។

មានសេចក្តីវិសេសជាងដូច្នេះគឺ ក្នុងបឋមបវារណាសិក្ខាបទ មានសេចក្តីថា ភិក្ខុដែល​ហាម​ភោជនរួចហើយ ដល់ក្រោកចាកទីអង្គុយនោះទៅ បើបានឲ្យគេធ្វើ​វិនយកម្ម​នូវ​ភោជន​ឲ្យគួរឡើងត្រឡប់ជាឆាន់វិញបាន ឯក្នុងធុតង្គនេះ មិនមែនដូច្នេះទេ ភិក្ខុហាម​ភោជន​រួចហើយ ដល់ក្រោកចាកទីអង្គុយនោះទៅ មិនមានកិច្ចដែលនឹងត្រូវធ្វើ​វិនយកម្ម​ឲ្យ​គួរ ហើយត្រឡប់ឆាន់វិញនោះទេ នេះចាត់ជាធុតង្គសមាទានក្នុងទីនេះ។

ប្រភេទនៃខលុបច្ឆាភត្តិកភិក្ខុ

ខលុបច្ឆាភត្តិកភិក្ខុនេះ មានចែកជា ៣ថ្នាក់។

ដែលហៅថាហាមនូវភោជននោះ មិនដែលមានក្នុងដុំបាយជាដំបូងឡើយ ត្រាតែភិក្ខុកំពុង​លេប​ចូលទៅនូវដុំបាយជាដំបូងនោះ ហើយឃាត់នូវភោជនដទៃ ទើបបានឈ្មោះថា ហាម គឺថា បើភិក្ខុពុំទាន់បានឆាន់សោះ ទោះឃាត់នូវភោជនដទៃ ក៏មិនបានឈ្មោះថា ហាម លុះ​តែ​បានឆាន់ខ្លះ យ៉ាងហោច សូម្បីតែត្រឹម ១ដុំ ហើយឃាត់នូវភោជនដទៃ ទើបបាន​ឈ្មោះ​ថា ហាម ព្រោះហេតុនោះ ភិក្ខុថ្នាក់ឧក្រិដ្ឋ តែហាមភោជនយ៉ាងនេះហើយ កាលបើលេប​ចូល​នូវ​ដុំបាយជាដំបូងនោះហួសទៅហើយ នឹងឆាន់នូវដុំបាយជាគម្រប់ពីរ មិនបាន​ឡើយ

ភិក្ខុថ្នាក់មធ្យម ភោជនឯណាដែលខ្លួនកំពុងឆាន់ ហើយហាមនូវភោជនដទៃ ក៏អាចនឹង​ឆាន់​នូវភោជនដែលខ្លួនកំពុងឆាន់នោះត្រាតែអស់បាន តែនឹងឆាន់ភោជនដទៃទៀត​មិន​បាន។

ឯភិក្ខុថ្នាក់មុទុ បើមិនទាន់ក្រោកចាកអាសនដរាបណា ក៏នៅឆាន់បានដរាបនោះ។

ធុតង្គបែកធ្លាយក្នុងខលុបច្ឆាភត្តិកង្គ

ធុតង្គរបស់ភិក្ខុទាំង ៣ថ្នាក់នេះ បែកធ្លាយក្នុងខណៈដែលខ្លួនហាមនូវភោជនរួចហើយ ដល់​ក្រោកចាកទីអង្គុយនោះទៅ ហើយឲ្យគេធ្វើវិនយកម្ម [ត្រង់កិច្ចធ្វើវិនយកម្មនោះ ដូច្នេះ​គឺ ឲ្យភិក្ខុដទៃប្រាប់ថា “អលមេតំ សព្វំ” ភោជនទាំងអស់ហ្នឹងគួរហើយ។] នូវភោជនជា​កប្បិយៈ ហើយឆាន់ទៀតដូចគ្នា។

អានិសង្សក្នុងខលុបច្ឆាភត្តិកង្គ

មានអានិសង្ស ៥យ៉ាង

  1. អនតិរិត្តភោជនាបត្តិយោ ទុរីភាវោ ភាពជាអ្នកឆ្ងាយអំពីអាបត្តិដែលត្រូវ ព្រោះ​កិរិយា​បរិភោគ​នូវអនតិរិត្តភោជន [ភោជនដែលភិក្ខុហាមរួចហើយ ទើបបានមកជាខាង​ក្រោយ ហើយមិនឲ្យគេធ្វើវិនយកម្ម ហៅថា អនតិរិត្តភោជន]។
  2. ឱទរិកត្តាភាវោ មិនមែននៃភាពជាអ្នកមានអាហារចើសពោះ (ចាក់ច្រាស)។
  3. និរាមិសសន្និធិតា ភាពជាអ្នកមិនសន្សំទុកនូវអាមិស។
  4. បុន បរិយេសនាយ អភាវោ មិនមានកិរិយាស្វែងរកទៀត។
  5. អប្បិច្ឆតាទីនំ អនុលោមវត្តិតា ភាពជាអ្នកមានកិរិយាប្រព្រឹត្តដ៏សមគួរ​ដល់​អប្បិច្ឆតា​គុណ​ជាដើម។

គាថាទីបំផុតក្នុងខលុបច្ឆាភត្តិកង្គ

ព្រះយោគីអ្នកមានប្រាជ្ញា ជាអ្នករក្សានូវខលុបច្ឆាភត្តិកង្គ លោកមិនដល់នូវសេចក្តីលំបាក ព្រោះកិរិយាស្វែងរកបច្ច័យ លោកមិនធ្វើនូវកិរិយាសន្សំទុកនូវអាមិស លោកអាចលះបង់​បាន​នូវភាពជាអ្នកមានអាហារចើសពោះបាន ព្រោះហេតុនោះ ព្រះយោគី អ្នកមានប្រាថ្នា​ដើម្បី​កំចាត់បង់នូវទោសទាំងឡាយ គប្បីគប់ប្រសព្វនូវធុតង្គ (ខលុបច្ឆាភត្តិកង្គ) ដែលព្រះ​សុគតទ្រង់សរសើរហើយ ថាជាធម្មជាតិតែងញុំាងសេចក្តីចំរើន ដោយគុណទាំងឡាយ មាន​សន្តោសគុណជាដើម ឲ្យកើតព្រមនោះចុះ។


អារញ្ញិកង្គ

វិធីសមាទានក្នុងអារញ្ញិកង្គ

ក្នុងអារញ្ញិកង្គនេះ មានបាលីសម្រាប់សមាទាន ២បែប។

  1. គាមន្តសេនាសនំ បដិក្ខិបាមិ ខ្ញុំព្រះករុណា សូមឃាត់នូវកិរិយាញុំាងអរុណឲ្យរះ​ឡើង​ក្នុង​សេនាសនៈជាចន្លោះនៃស្រុក។
  2. អារញ្ញិកំ សមាទិយាមិ ខ្ញុំព្រះករុណា សូមសមាទាននូវអង្គនៃភិក្ខុអ្នកមានកិរិយា​នៅ​អាស្រ័យ​ក្នុងព្រៃជាប្រក្រតី។

បាលីទាំងពីរបែបនេះ ព្រះយោគីអាចសមាទានបែបណាមួយក៏បាន។

អារញ្ញិកភិក្ខុនោះ កាលបើបានសមាទានយ៉ាងនេះរួចហើយ ត្រុវកុំញុំាងអរុណឲ្យរះឡើង​ក្នុង​ទីសេនាសនៈជាចន្លោះនៃស្រុកឡើយ ត្រូវតែឲ្យរះឡើងក្នុងទីសេនាសនៈដែលតាំងនៅក្នុងព្រៃជាធម្មតា។

កំណត់សេនាសនៈក្នុងអារញ្ញិកង្គ

ទីសេនាសនៈជាចន្លោះនៃស្រុកនោះ លោកកំណត់យកទីសេនាសនៈដែលតាំងនៅ​ក្នុង​ស្រុក ឬក្នុងទីដែលឧបចាររបស់ស្រុក។ ដែលហៅថាព្រៃនោះ លោកកំណត់យកទីខាង​ក្រៅ​អំពីស្រុក និងឧបចាររបស់ស្រុកនោះចេញទៅ។

ដែលហៅថាស្រុកនោះ ទោះបីស្រុកឯណានីមួយ មានតែផ្ទះ ១ក្តី ច្រើនក្តី របង ឬកំពែង​ព័ទ្ធជុំវិញក្តី គ្មានក្តី មានមនុស្សនៅអាស្រ័យក្តី គ្មានក្តី យ៉ាងហោចត្រឹមតែ​មានពួកឈ្មួញ​ទៅ​សំចតនៅជាង ៤ខែប៉ុណ្ណោះ ក៏លោកកំណត់យកថាជាស្រុកទាំងអស់ បើមានព្រំព័ទ្ធ​ជុំវិញ កំណត់ទៅទល់ត្រឹមព្រំនោះ បើគ្មានទេ កំណត់ចម្ងាយអំពីផ្ទះចុងគេបំផុតចេញ ១​ជះទឹក [ស្ត្រីឈរនៅទៀបទ្វារផ្ទះដែលតាំងនៅខាងគេបំផុត ហើយជះទឹកដោយភាជន៍ទៅ ធ្លាក់ត្រឹមណា ត្រឹមចន្លោះនោះហៅថា ១ជះទឹក។] ឧបចាររបស់ផ្ទះចម្ងាយ ១លេណ្ឌបាត [បុរសមានកម្លាំងជាកណ្តាល ចោលដុំដីអស់ទំហឹងដៃទៅធ្លាក់ត្រឹមណា ត្រង់ចន្លោះនោះ​ហៅថា លេណ្ឌបាត។] អំពីនោះទៅទៀតជាស្រុក។

ឯឧបចារស្រុកនោះ បើស្រុកមានព្រំព័ទ្ធ [ព្រំនោះ សំដៅយករបងគោល ឬវត្ថុអ្វីមួយ ដែលគេតម្កល់ទុកសំរាប់ខ័ណ្ឌដែនរបស់ស្រុកនីមួយៗ។] ជុំវិញកំណត់ ១លេណ្ឌបាត អំពីព្រំ​នោះចេញទៅ បើស្រុកដែលគ្មានព្រំព័ទ្ធជុំវិញទេ កំណត់ ១លេណ្ឌបាតជាគម្រប់ពីរ អំពីលេណ្ឌបាតទី១ ដែលជាដែនរបស់ស្រុកនោះតទៅទៀត។ បើស្រុកដែលមានព្រំ ២ជាន់ កំណត់ត្រឹម ១ជាន់ខាងក្នុងជាស្រុក។ ខាងក្រៅអំពីស្រុក និងឧបចាររបស់ស្រុកនោះចេញទៅ ហៅថាព្រៃទាំងអស់។

អារញ្ញិកសេនាសនៈនេះ លោកមិនកំណត់តែត្រឹមរំលងដែនរបស់ស្រុក និងឧបចាររបស់​ស្រុកប៉ុណ្ណោះឡើយ លោកកំណត់ឲ្យទុកឧបចាររបស់វិហារថែមទៀត បើវិហារនោះតាំង​នៅក្នុងទីបំផុតនៃឧបចាររបស់ស្រុកតែម្តង មិនបានឈ្មោះថា អារញ្ញិកសេនាសនៈ ព្រោះ​ហេតុនោះ ឧបចាររបស់វិហារ លោកឲ្យកំណត់ដូចឧបចាររបស់ស្រុកដែរ គឺបើវិហារ​នោះមានព្រំជុំវិញ ក្នុងរវាងខាងក្នុងព្រំនោះ ជាដែនរបស់វិហារ ចម្ងាយ ១ លេណ្ឌបាតអំពីនោះទៅ ជាឧបចាររបស់វិហារ បើវិហារដែលមិនមានព្រំជុំវិញកំណត់អំពីត្រឹមទីសេនាសនៈដែលតាំងនៅខាងគេបំផុត ទោះរោងភត្តក្តី ទីសម្រាប់ប្រជុំក្តី ដើមពោធិព្រឹក្ស ឬចេតិយក្តី ចេញទៅខាងក្រៅចម្ងាយ ១ លេណ្ឌបាត ជាដែនរបស់វិហារ ១លេណ្ឌបាតតទៅទៀត ជាឧបចាររបស់វិហារ។ ដែលនឹងកំណត់ដែនរបស់វិហារ និងឧបចាររបស់វិហារ បែបនោះមិនត្រូវកំណត់ឲ្យសង្កត់លើដែនរបស់ស្រុក និងឧបចាររបស់ស្រុកនោះឡើយ ត្រូវកំណត់ឲ្យផុតអំពីគ្នាចេញទៅ។ បើពោលតាមបរិយាយរបស់ព្រះសូត្រ លោកឲ្យវាស់អំពីត្រឹមព្រំរបស់ស្រុកទៅទល់នឹងព្រំរបស់វិហារបានចម្ងាយ ៥០០ធនុ [ធនុ ជាខ្នាតវាស់មួយបែបប្រវែង ២ម៉ែត្រ, ៥០០ធនុ ត្រូវជា ១គីឡូម៉ែត្រសព្វថ្ងៃនេះ។] បើមិនមានព្រំត្រូវវាស់អំពីត្រឹមទីបំផុតនៃលេណ្ឌបាតមួយៗទាំងពីរខាង ត្រូវវាស់ឲ្យបានម្ខាងចម្ងាយ ៥០០ធនុដូចគ្នា។ បើស្រុកនោះជិត ឬសំឡេងមនុស្សមកដល់ តែបាំងដោយភ្នំ និងស្ទឹងជាដើម មិនអាចនឹងដើរកាត់ តម្រង់ទៅមកបាន លោកឲ្យវាស់តាមផ្លូវដែលទៅមកជាប្រក្រតី តែមិនត្រូវបិទរាំងផ្លូវរបស់ស្រុកដែលជិតៗ ធ្វើឲ្យបត់បែនក្រវ៉ិកក្រវ៉ក់ទៅជាឆ្ងាយនោះឡើយ បើធ្វើបែបនេះ លោកទុកថាជាមហាចោរប៉ែកខាងធុតង្គ។ ភិក្ខុដែលនៅអាស្រ័យក្នុងអារញ្ញិកសេនាសនៈនេះ បើឧបជ្ឈាយ៍ ឬអាចារ្យមានជម្ងឺ ហើយនៅក្នុងព្រៃមិនបានសេចក្តីសប្បាយ ក៏គប្បីនាំ​ទៅកាន់ទីសេនាសនៈក្នុងចន្លោះស្រុកហើយថែទាំចុះ តែត្រូវចេញអំពីព្រលឹមទៅយកអរុណក្នុងទីដែលប្រកបដោយអង្គជាអារញ្ញិកសេនាសនៈដូចពោលហើយនោះវិញ តែបើវេលាដែលអរុណរៀបរះ ហើយអាពាធរបស់ឧបជ្ឈាយ៍ ឬអាចារ្យនោះចេះតែចំរើនឡើង ត្រូវតែធ្វើកិច្ចអ្វីក្នុងវិធីថែជម្ងឺនោះតទៅទៀតចុះ មិនត្រូវខ្វល់ខ្វាយតែនឹងជំរះនូវធុតង្គនោះពេកឡើយ។

ប្រភេទនៃអារញ្ញិកភិក្ខុ

អារញ្ញិកភិក្ខុ ចែកជា ៣ ថ្នាក់។

  1. ភិក្ខុថ្នាក់ឧក្រិដ្ឋ ត្រូវតែញុំាងអរុណឲ្យរះឡើងក្នុងព្រៃសព្វកាល។
  2. ភិក្ខុថ្នាក់មធ្យម រវាង ៤ ខែក្នុងវស្សានរដូវ នៅក្នុងទីសេនាសនៈជាចន្លោះស្រុកបាន។
  3. ភិក្ខុថ្នាក់មុទុ នៅអស់រវាង ៤ខែក្នុងហេមន្តរដូវតទៅទៀតបាន។

ធុតង្គបែកក្នុងអារញ្ញិកង្គ

ភិក្ខុទាំង ៣ថ្នាក់នេះ កាលបើចេញមកស្តាប់ធម៌ក្នុងទីសេនាសនៈជាចន្លោះនៃស្រុក បើ​កំពុងស្តាប់ហើយ អរុណរះឡើងក្តី ស្តាប់រួចហើយ ដើរទៅដល់ពាក់កណ្តាលផ្លូវ អរុណរះឡើងក្តី ធុតង្គមិនបែកធ្លាយឡើយ ត្រាតែលោកជាធម្មកថិកសំដែងធម៌ចប់ក្រោកចេញទៅហើយ ៗ ភិក្ខុទាំងនោះគិតថា “យើងសិងបន្តិចសិន សឹមទៅ” ដល់កំពុងតែសិងលក់ អរុណក៏រះឡើង ឬភិក្ខុដែលញុំាងឲ្យអរុណឲ្យរះឡើងក្នុងទីសេនាសនៈជាចន្លោះស្រុក តាមទំនើងចិត្តរបស់ខ្លួន ទើបធុតង្គបែកធ្លាយ។

អានិសង្សក្នុងអារញ្ញិកង្គ

មានអានិសង្ស ៨យ៉ាង

  1. ភព្វោ អលទ្ធំ វា សមាធឹ បដិលទ្ធុំ ជាបុគ្គលគួរដើម្បីបាននូវសមាធិដែលមិនទាន់បាននៅឡើយ។
  2. លទ្ធំ វា រក្ខិតុំ ជាបុគ្គលគួរដើម្បីរក្សាទុកគង់នូវសមាធិ ដែលបានរួចហើយ។
  3. សត្ថាបិស្ស អត្តមនោ ព្រះសាស្តាសោត នឹងពេញព្រះហឫទ័យចំពោះភិក្ខុនោះ [សំដៅយកជំនាន់ដែលព្រះសម្មពុទ្ធទ្រង់ធរមាននៅឡើយ។]
  4. អសប្បាយរូបាទយោ ចិត្តំ ន វិក្ខិបន្តិ រូបារម្មណ៍ដែលមិនជាទីសប្បាយជាដើម នឹងមិនពង្រាយនូវចិត្តរបស់ភិក្ខុនោះបាន។
  5. វិគតសន្តាសោ មានសេចក្តីតក់ស្លុតប្រាសចេញ។
  6. ជីវិតនិកន្តឹ បជហតិ អាចលះបង់នូវសេចក្តីត្រេកអរក្នុងជីវិតបាន។
  7. បវិវេកសុខរសំ អស្សាទេតិ បានទទួលសោយនូវរសនៃសេចក្តីសុខក្នុងទីស្ងាត់។
  8. បំសុកូលិកាទិភាវោ ភាពជាបុគ្គលដើម្បីរក្សានូវបំសុកូលិកង្គជាដើម បានដោយងាយ។

គាថាទីបំផុតក្នុងអារញ្ញិកង្គ

ព្រះយោគីអ្នកមានចិត្តស្ងប់ស្ងាត់ មិនច្រឡូកច្រឡំដោយពួក ត្រេកអរតែក្នុងទីសេនាសនៈ​ដ៏ស្ងាត់ លោកអាចញុំាងព្រះទ័យនៃព្រះបរមលោកនាថឲ្យទ្រង់អំណរផងបាន។ មានសេចក្តីសរសើរថា ព្រះយោគីអ្នកនៅអាស្រ័យម្នាក់ឯង រមែងបាននូវសេចក្តីសុខបែបណា អម្បាលទេវតាទាំងឡាយ ព្រមទាំងព្រះឥន្ទ ក៏មិនដែលបានសោយនូវរសនៃសេចក្តីសុខបែបនោះឡើយ។ ព្រះយោគីអង្គនោះឯង កាលបើបានទ្រទ្រង់នូវបំសុកូលិកង្គ ទុកជាគ្រឿងក្រោះថែមទៀត ហើយចូលទៅកាន់ទីសង្គ្រាម ពោលគឺព្រោះមានធុតង្គធម៌ ក៏អាច​ដើម្បីច្បាំងនូវមារ ព្រមទាំងពាហនឲ្យចាញ់បាក់បបទៅបានដោយងាយ មិនមែនយឺតយូរឡើយ ព្រោះហេតុនោះ បណ្ឌិតគប្បីធ្វើនូវសេចក្តីត្រេកអរក្នុងកិរិយានៅក្នុងព្រៃចុះ។


រុក្ខមូលិកង្គ

វិធីសមាទានរុក្ខមូលិកង្គ

រុក្ខមូលិកង្គ មានបាលីសម្រាប់សមាទាន ២យ៉ាង។

  1. ឆន្នំ បដិក្ខិបាមិ ខ្ញុំព្រះករុណា សូមឃាត់នូវទីលំនៅដែលគេប្រក់ដោយដំបូល។
  2. រុក្ខមូលិកង្គំ សមាទិយាមិ ខ្ញុំព្រះករុណាសូមសមាទាននូវអង្គនៃភិក្ខុអ្នកមានកិរិយា​នៅអាស្រ័យទៀបគល់ឈើជាប្រក្រតី។

បាលីទាំងពីរនេះ ព្រះយោគីសមាទានតាមបែបណាមួយក៏បាន។

រុក្ខមូលិកង្គភិក្ខុនុ៎ះ វេលាដែលសមាទានរួចហើយ ត្រូវប្រកាន់ដើមឈើណាមួយ ដែលតាំង​នៅត្រង់ទីបំផុតនៃវិហារ កំណត់ធ្វើជាទីលំនៅ តែត្រូវវៀរដើមឈើ ដែលស្ថិតនៅត្រង់​ព្រំដែនដើមឈើដែលគេធ្លាប់គោរព ដើមឈើដែលមានជ័រ មានផ្លែ មានផ្កាគេប្រើការ ដើមឈើដែលមានប្រចៀវ ឬជ្រឹងនៅអាស្រ័យនោះចេញ ព្រោះដើមឈើទាំងនោះប្រកបដោយអន្តរាយ។

ប្រភេទនៃរុក្ខមូលិកភិក្ខុ

រុក្ខមូលិកភិក្ខុនេះ មានចែកជា ៣ថ្នាក់។

  1. ភិក្ខុថ្នាក់ឧក្រិដ្ឋ បើប្រកាន់ដើមឈើណាមួយតាមពេញចិត្តរួចហើយ នឹងប្រើឲ្យគេបោស​ច្រាសមិនបានឡើយ ត្រូវបោសតែកំញមស្លឹកឈើទុំដែលជ្រុះមកនោះដោយជើងរបស់ខ្លួន ហើយគប្បីនៅចុះ។
  2. ភិក្ខុថ្នាក់មធ្យម បើប្រើមនុស្សដែលដើរមកដល់ជិតនោះឲ្យបោសច្រាសឲ្យបាន។
  3. ភិក្ខុមុទុ ទោះបីហៅមនុស្សអ្នករក្សាអារាម ឬសាមណេរមកប្រើឲ្យជម្រះធ្វើឲ្យស្មើហើយរោយរាយដីខ្សាច់ធ្វើរបងប្រកបទ្វាររួចហើយសឹមនៅក៏បាន។

រុក្ខមូលិកភិក្ខុទាំង ៣ ថ្នាក់នេះ បើដល់ថ្ងៃណាដែលមានមនុស្សគេនាំគ្នាចូលមកធ្វើមហកម្ម [ធ្វើបូជា គឺថាគេធ្វើបុណ្យអ្វីនីមួយក្នុងទីនោះ។] មិនត្រូវអង្គុយនៅក្នុងទីនោះឡើយ ត្រូវចេញទៅអង្គុយនៅក្នុងទីឯទៀតបិទបាំងខ្លួន កុំឲ្យគេដឹងថាខ្លួនជាអ្នករក្សានូវរក្ខមូលិកង្គនោះឡើយ។

ធុតង្គបែកក្នុងរុក្ខមូលិកង្គ

ធុតង្គរបស់ភិក្ខុទាំង ៣ ថ្នាក់នេះ បែកធ្លាយក្នុងខណៈភិក្ខុទាំងនោះ សំរេចកិរិយានៅក្នុងទីលំនៅដែលគេប្រក់ដោយដំបូល ឬក៏បានដឹងប្រាកដ ហើយញុំាងអរុណឲ្យរះឡើង ក្នុងទីដែលគេប្រក់ដោយដំបូលនោះឯង តែបើចូលទៅនៅក្នុងទីបែបនោះ ដើម្បីស្តាប់នូវធម៌ជាដើម ដល់ហើយកិច្ចត្រឡប់មកញុំាងអរុណឲ្យរះឡើង ត្រង់កន្លែងរបស់ខ្លួនវិញបាន ពុំនោះនឹងចូលទៅនៅក្នុងទីសេនាសនៈដែលគេប្រក់ដោយដំបូល អស់រវាងវស្សានរដូវ ៤ខែក៏បាន ធុតង្គពុំបានបែកធ្លាយឡើយ។

អានិសង្សក្នុងរុក្ខមូលិកង្គ

មានអានិសង្ស ៦យ៉ាង

  1. និស្សាយានុរូបបដិបត្តិសព្ភាវោ សភាពជាអ្នកមានសេចក្តីប្រតិបត្តដ៏សមគួរដល់និស្ស័យ ដែលឧបសម្បទាចារ្យប្រៀនប្រដៅក្នុងឧបសម្បទមណ្ឌលថា “បព្វជ្ជា ត្រូវអាស្រ័យនូវរុក្ខមូលសេនាសនៈ” ដូច្នេះជាដើម។
  2. ភគវតា សំវណ្ណិតបច្ចយតា ភាពជាអ្នកមានបច្ច័យដែលព្រះមានព្រះភាគទ្រង់​សរសើរថា “តិចផង រកបានដោយងាយផង ឥតទោសផង”។
  3. អនិច្ចសញ្ញាសមុដ្ឋាបនតា ភាពដែលញុំាងអនិច្ចសញ្ញាឲ្យកើតឡើងបាន ដោយបានឃើញនូវវិការៈរបស់ដើមឈើរឿយៗ។
  4. សេនាសនមច្ឆេរកម្មារាមតានំ អភាវោ មិនមានសេចក្តីកំណាញ់ក្នុងសេនាសនៈ និងភាពជាអ្នកត្រេកអរក្នុងការងារ។
  5. ទេវតាហិ សហវាសិតា ភាពជាអ្នកបាននៅរួមជាមួយនឹងទេវតាទាំងឡាយ។
  6. អប្បិច្ឆតាទីនំ អនុលោមវុត្តិតា ភាពជាអ្នកមានកិរិយាប្រព្រឹត្តដ៏សមគួរដល់អប្បិច្ឆតាគុណជាដើម

គាថាទីបំផុតក្នុងរុក្ខមូលិកង្គ

ទីនៅអាស្រ័យរបស់ភិក្ខុអ្នកមានចិត្តស្ងប់ស្ងាត់ ដែលព្រះពុទ្ធទ្រង់សរសើរ ទ្រង់ត្រាស់ថា ជានិស្ស័យរបស់បព្វជិតឲ្យបានស្មើដោយរុក្ខមូលសេនាសនៈ នឹងមានមកអំពីណា។ ព្រោះថាភិក្ខុកាលនៅអាស្រ័យក្នុងទីស្ងាត់ ដែលកំចាត់បង់នូវសេចក្តីកំណាញ់ក្នុងអាវាសបាន រុក្ខទេវតាទាំងឡាយ តែងបីបាច់រក្សាផង (មិនត្រឹមតែប៉ុណ្ណោះ) ភិក្ខុអ្នកមានវត្តល្អនៅទៀបគល់នៃឈើ កាលឃើញនូវស្លឹកឈើដែលកំពុងលាស់ខៀវខ្ចីខ្លះ ដែលទុំមានពណ៌លឿងខ្លះ ដែលជ្រុះចុះហើយខ្លះ នឹងអាចបន្ទោបង់នូវនិច្ចសញ្ញា [សេចក្តីសំគាល់ថាទៀង ក្នុងសង្ខារទាំងឡាយដែលមិនទៀង។] បាន ព្រោះហេតុនោះ អ្នកប្រាជ្ញដែលមានប្រាជ្ញា មិនគួរមើលងាយនូវទីស្ងាត់ទៀបគល់ឈើ ដែលជាដំណែលរបស់ព្រះពុទ្ធ ជាទីលំនៅរបស់លោកអ្នកត្រេកអរក្នុងភាវនានោះឡើយ។


អព្ភោកាសិកង្គ

វិធីសមាទានក្នុងអព្ភោកាសិកង្គ

ក្នុងអព្ភោកាសិកង្គ មានបាលីសម្រាប់សមាទាន ២បែប។

  1. ឆន្នញ្ច រុក្ខមូលញ្ច បដិក្ខិបាមិ ខ្ញុំព្រះករុណា សូមឃាត់នូវទីសេនាសនៈដែលគេប្រក់ដោយដំបូលផង នូវទីសេនាសនៈទៀបគល់នៃឈើផង។
  2. អព្ភោកាសិកង្គំ សមាទិយាមិ ខ្ញុំព្រះករុណា សូមសមាទាននូវអង្គនៃភិក្ខុអ្នកមានកិរិយានៅអាស្រ័យក្នុងទីវាលស្រឡះជាប្រក្រតី។

បាលីទាំងពីរបែបនេះ ព្រះយោគីសមាទានបែបណាមួយក៏បាន។

អព្ភោកាសិកភិក្ខុនុ៎ះ បើចូលទៅកាន់រោងឧបោសថ ប្រយោជន៍ដើម្បីនឹងស្តាប់ធម៌ ឬធ្វើ​ឧបោសថកម្មបាន បើចូលដល់ហើយ មានភ្លៀងក៏កុំអាលចេញមក ត្រូវរង់ចាំឲ្យរាំងភ្លៀងសិន សឹមចេញមកវិញចុះ ពុំនោះ បើចូលទៅកាន់រោងឆាន់ រោងភ្លើង ដើម្បីនឹងធ្វើកិច្ចវត្តដែលត្រូវធ្វើក្តី ចូលទៅបំរើភត្តដល់ភិក្ខុចាស់ក្នុងរោងឆាន់ក្តី ចូលទៅបង្រៀនបាលីដល់​បុគ្គលដទៃ ឬរៀនខ្លួនឯងក្នុងទីប្រក់ទីបាំងក្តី ជញ្ជូនគ្រែ ឬជើងតាំងជាដើម ដែលគេដាក់ខាងក្រៅមិនល្អ ចូលទៅទុកដាក់ខាងក្នុងទីប្រក់ទីបាំងក្តី ក៏សឹងតែបាន ឬបើទុកជាគ្មានកាន់គ្រឿងបរិក្ខាររបស់ភិក្ខុចាស់ ក៏គង់ចូលទៅជ្រកទំរាំរាំងភ្លៀងបានដែរ តែត្រូវដើរចូលទៅតាមដំណើរជាប្រក្រតី កុំដើរចូលទៅរលះរលាំងពេក ឬដោយគិតប្រុងនឹងនៅក្នុងសាលានោះ។

ប្រភេទនៃអព្ភោកាសិកភិក្ខុ

អព្ភោកាសិកភិក្ខុនេះ មានចែកជា ៣ថ្នាក់

  1. ភិក្ខុថ្នាក់ឧក្រិដ្ឋ បើនឹងចូលទៅនៅផ្អែបអាស្រ័យដោយសារដើមឈើ ដោយសារភ្នំ ឬផ្ទះពុំបានឡើយ ត្រូវតែធ្វើខ្ទមជាវិការនៃចីវរនៅក្នុងទីវាលស្រឡះតែម្យ៉ាង។
  2. ភិក្ខុថ្នាក់មធ្យម បើគ្រាន់តែនៅផ្អែបអាស្រ័យដោយសារដើមឈើ ភ្នំ ឬផ្ទះ បែបនោះបាន កុំតែចូលទៅនៅខាងក្នុង។
  3. ភិក្ខុថ្នាក់មុទុ បង្ហាគ្មានបិទបាំងដោយជញ្ជាំង ជំរំធ្វើដោយមែមឈើ បារាំធ្វើដោយសំពត់សាដក ដែលគេត្បាញឲ្យបាយឲ្យក្រាស់ ខ្ទមដែលអ្នកចាំស្រែជាដើម បោះបង់ចោល អាចទៅជ្រកបាន។

ធុតង្គបែកក្នុងអព្ភោកាសិកង្គ

ធុតង្គរបស់ភិក្ខុទាំង ៣ថ្នាក់នេះ បែកធ្លាយក្នុងខណៈដែលភិក្ខុទាំងនោះចូលទៅកាន់ទីប្រក់ទីបាំង ឬគល់ឈើ ដើម្បីនឹងនៅ ឬបណ្តោយឲ្យអរុណរះឡើងក្នុងទីនោះដោយដឹងខ្លួន។

អានិសង្សក្នុងអព្ភោកាសិកង្គ

មានអានិសង្ស ៥យ៉ាង

  1. អាវាសបលិពោធុបច្ឆេទោ កិរិយាផ្តាច់បង់នូវសេចក្តីកង្វល់ក្នុងអាវាស។
  2. ថីនមិទ្ធប្បនូទនំ កិរិយាបង្អន់នូវសេចក្តីច្រអូសកាយ និងច្រអូសចិត្ត។
  3. និសង្គតា ភាពជាអ្នកមិនទទាក់ទទាមដោយការហួងហែងនូវអាវាស។
  4. ចាតុទ្ទិសតា ភាពជាអ្នកត្រេចទៅកាន់ទិសទាំង ៤ បាន ឥតមានទើសទាល់ ដោយមិនព្រួយក្រែងគ្មានទីលំនៅ។
  5. អប្បិច្ឆតាទីនំ អនុលោមវុត្តិតា ភាពជាអ្នកមានកិរិយាប្រព្រឹត្តទៅដ៏សមគួរដល់អប្បិច្ឆតាគុណជាដើម។

គាថាទីបំផុតក្នុងអព្ភោកាសិកង្គ

ព្រះយោគីវចរភិក្ខុ អ្នកមានចិត្តឥតហួងហែងទីលំនៅដូចជាម្រឹគ អាស្រ័យ​ភាពជាអ្នកត្រេកអរក្នុងភាវនា កាលនៅអាស្រ័យក្នុងទីវាលស្រឡះដែលរកបានដោយងាយ ជាទីសមគួរដល់ភាពជាបព្វជិត ដែលដួងផ្កាយជាពិដានដាំរំលេចដោយកែវមណី ដែលព្រះចន្ទ្រ​ជាប្រទីបសំរាប់អុជបំភ្លឺ ក៏រមែងនឹងបន្ទោបង់នូវសេចក្តីច្រអូសកាយ ច្រអូសចិត្តបាន ហើយនឹងបានទទួលសោយនូវសេចក្តីត្រេកអរក្នុងរសរបស់ធម៌ដែលស្ងប់ស្ងាត់ មិនមែនយឺតយូរសោះឡើយ ព្រោះហេតុឯណា ព្រោះហេតុនោះឯង ព្រះយោគី អ្នកប្រកបដោយ​ប្រាជ្ញា គប្បីត្រេកអរក្នុងទីវាលស្រឡះបែបនោះចុះ។


សោសានិកង្គ

វិធីសមាទានក្នុងសោសានិកង្គ

ក្នុងសោសានិកង្គនេះ មានបាលីសម្រាប់សមាទាន ២បែប។

  1. នសុសានំ បដិក្ខិបាមិ ខ្ញុំព្រះករុណា សូមឃាត់នូវទីដែលមិនមែនជាស្មសាន [ពាក្យថា ស្មសាន សំដៅយកតែកន្លែងដែលគេសម្រាប់ដុតខ្មោច ទោះបីទីវាលក្តី ព្រៃក្តី ស្រុកក្តី ក៏ហៅបានដូចគ្នា គឺត្រូវគ្នានឹងពាក្យដែលយើងធ្លាប់ហៅថា ប៉ាឆា នេះឯង។]។
  2. សោសានិកង្គំ សមាទិយាមិ ខ្ញុំព្រះករុណា សូមសមាទាននូវអង្គនៃភិក្ខុអ្នកមានកិរិយានៅអាស្រ័យក្នុងទីស្មសានជាប្រក្រតី។

បាលីទាំង ២ បែបនេះ ព្រះយោគីសមាទានបែបណាមួយក៏បាន។

ទីស្មសាន សំដៅយកទីដែលគេសំរាប់ដុតនូវសាកសពអសុភ ទោះបីទីនោះគេនៅប្រើប្រាស់សព្វថ្ងៃក្តី គេបោះបង់ចោលយ៉ាងយូរ កំណត់ត្រឹម ១២ឆ្នាំក្តី ក៏បានឈ្មោះថា ទីស្មសាន តាំងអំពីកាលដែលគេផ្តេកសាកសពអសុភប្រុងនឹងដុតដរាបមក តែបើទីណាដែលគេទើបនឹងកំនត់ថាជាទីស្មសាន តែមិនទាន់បានដុតសាកសពអសុភម្តងសោះ ក៏មិនទាន់បានឈ្មោះថា ជាទីស្មសានឡើយ។

មែនពិត ភិក្ខុអ្នកនៅក្នុងទីស្មសាននោះ មិនត្រូវឲ្យគេធ្វើទីចង្ក្រម ធ្វើមណ្ឌល តាក់តែងគ្រែ ឬតាំងជាដើម មិនត្រូវដម្កល់ទុកនូវទឹកសំរាប់ឆាន់ ទឹកសម្រាប់ប្រើប្រាស់ និងត្រុវបង្រៀន​ធម៌ដល់បុគ្គលដទៃឡើយ ព្រោះធុតង្គនេះមានទម្ងន់ពេកណាស់ ហេតុនោះ នឹងការពារកុំឲ្យមានអន្តរាយ ត្រូវតែពិតទូលដល់សង្ឃត្ថេរក្នុងវត្ត និងមន្ត្រីអ្នករាជការក្នុងស្រុកជាមុន សឹមចូលទៅនៅ មិនត្រូវឲ្យធ្វេសប្រហែសឡើយ។ ក្នុងវេលាដែលដើរចូលទៅ កុំដើរតាមផ្លូវធ្លាដល់ដើរចង្ក្រម ត្រូវក្រឡេកកន្ទុយភ្នែកឈ្មៀងមើលទៅកន្លែងដុតសាកសពអសុភ វេលាថ្ងៃត្រូវកំណត់អារម្មណ៍ មានដើមឈើ និងដង្គត់ឈើជាដើម ក្នុងទីនោះទុកឲ្យហើយ បើអមនុស្សដើរស្រែកក្នុងវេលាយប់ មិនត្រូវប្រហារដោយវត្ថុអ្វីនីមួយឡើយ មិនត្រូវខានទៅកាន់ទីស្មសានក្នុងថ្ងៃណានីមួយឲ្យសោះ តែបើទៅនៅក្នុងទីស្មសានអស់មជ្ឈិមយាម ដល់បច្ឆិមយាមត្រឡប់មកវិញបាន មិនត្រូវបរិភោគល្ង ម្សៅភត្តដែលលាយដោយសណ្តែករាជមាស ត្រី សាច់ ឬបង្អែម ដែលលាយទៅដោយទឹកដោះស្រស់ ប្រេង ស្ករអំពៅជាដើម ដែលជាចំណូលរបស់អមនុស្សនោះឡើយ បើមានខ្ទមអ្នកតា កុំចូលទៅក្នុងទីនោះ។

ប្រភេទនៃសោសានិកង្គ

សោសានិកភិក្ខុនេះ ក៏មានចែកចេញជា ៣ថ្នាក់។

  1. ភិក្ខុថ្នាក់ឧក្រិដ្ឋ ទីស្មសានណា ដែលមានដុតសាកអសុភជានិច្ច មានសាកអសុភដែលគេចោលជានិច្ច មានមនុស្សទៅយំស្រែកជានិច្ច ត្រូវនៅតែក្នុងទីនោះ។
  2. ភិក្ខុមធ្យម បណ្តាហេតុទាំង ៣យ៉ាងនោះ ទីស្មសានណាមានហេតុណាមួយ ក៏គួរនៅបាន។
  3. ភិក្ខុថ្នាក់មុទុ ទោះបីទីនោះគេបោះបង់ចោលហើយ តែមិនទាន់ហួសអំពី ១២ឆ្នាំ ក៏គួរនៅបាន មិនចាំបាច់មានហេតុណានីមួយឡើយ។

ធុតង្គបែកក្នុងសោសានិកង្គ

ធុតង្គរបស់ភិក្ខុទាំង ៣ថ្នាក់នេះ កាលដែលបែកធ្លាយ នឹងបែកធ្លាយក្នុងខណៈដែលភិក្ខុទាំងនេះសំរេចទីលំនៅក្នុងទីដែលមិនមែនជាទីស្មសាន ឬក្នុងថ្ងៃដែលមិនបានទៅកាន់ទីស្មសានដូចគ្នា។

អានិសង្សក្នុងសោសានិកង្គ

មានអានិសង្ស ១០យ៉ាង

  1. មរណស្សតិបដិលាភោ កិរិយាបាននូវមរណស្សតិ ដោយបានឃើញនូវសាកអសុភអស់កាលជានិច្ច។
  2. អប្បមាទវិហារតា ភាពជាអ្នកនៅដោយសេចក្តីមិនប្រមាទ ដោយកិរិយាបាននូវមរណស្សតិនោះ។
  3. អសុភនិមិត្តាធិគមោ កិរិយាបាននូវអសុភនិមិត្ត ដោយបានឃើញនូវសាកអសុភដែលគេចោលនៅក្នុងទីស្មសាននោះ។
  4. កាមរាគវិនោទនំ កិរិយាបង្អន់នូវកាមរាគ ដោយកិរិយាបាននូវអសុភនិមិត្តនោះ។
  5. អភិណ្ហំ កាយសភាវទស្សនំ កិរិយាឃើញនូវសភាពរបស់កាយដែលមិនស្អាតជាដើមរឿយៗ។
  6. សំវេគពហុលតា ភាពជាអ្នកច្រើនដោយសេចក្តីសង្វេគ ដោយកិរិយាបាននូវមរណស្សតិ។
  7. អារោគ្យមទោទិប្បហានំ កិរិយាលះបង់នូវសេចក្តីស្រវឹង ដោយភាពដែលមិនមានរោគជាដើមបាន ដោយបានឃើញនូវមនុស្សជម្ងឺជាដើមនៅក្នុងទីនោះ។
  8. ភយភេរវសហនតា ភាពជាអ្នកអាចអត់ទ្រាំនូវភ័យតូច និងភ័យធំ ដែលគួរស្បើមបាន ដោយស៊ាំក្នុងការជួបប្រទះនឹងអារម្មណ៍ដែលគួរស្ញែង។
  9. អមនុស្សានំ គរុភាវនីយតា ភាពជាបុគ្គលគួរឲ្យអមនុស្សទាំងឡាយគោរព និងកោតសរសើរ។
  10. អប្បិច្ឆតាទីនំ អនុលោមវុត្តិតា ភាពជាអ្នកមានកិរិយាប្រព្រឹត្តដ៏សមគួរដល់អប្បិច្ឆតាគុណជាដើម។

គាថាទីបំផុតក្នុងសោសានិកង្គ

ភិក្ខុអ្នកនៅក្នុងព្រៃស្មសាន បើទុកជាចូលទៅនិទ្រា ក៏ទោសព្រោះសេចក្តីប្រមាទទាំងឡាយ ពាល់ត្រូវមិនបានឡើយ ដោយអានុភាពនៃមរណានុស្សតិដែលបានក្នុងទីស្មសាននោះ មិនត្រឹមតែប៉ុណ្ណោះ ចិត្តរបស់ភិក្ខុនោះសោត កាលបើបានឃើញនូវសាកអសុភរឿយៗ មុខជាមិនលុះក្នុងអំណាចនៃកាមរាគ មានតែដល់នូវសេចក្តីសង្វេគយ៉ាងធំ​ទូលាយ មិនមែនដល់នូវសេចក្តីស្រវឹងឡើយ ព្រោះហេតុនោះ ព្រះយោគីអ្នកស្វែងរកព្រះនិព្វានជាទីរលត់ទុក្ខ ត្រូវប្រឹងប្រែងសេពនូវសោសានិកង្គ ដោយហឫទ័យដែលឱនទៅរកព្រះនិព្វាន ដោយប្រពៃចុះ ព្រោះថា សោសានិកង្គនេះ ជាធម្មជាតិតែងនាំមកនូវគុណជាអនេក ដូចពោលមកហើយ។


យថាសន្ថតិកង្គ

ក្នុងយថាសន្ថតិកង្គនេះ មានបាលីសម្រាប់សមាទាន ២បែប។

  1. សេនាសនលោលុប្បំ បដិក្ខិបាមិ ខ្ញុំព្រះករុណា សូមឃាត់នូវភាពដែលល្មោភក្នុងសេនាសនៈ។
  2. យថាសន្ថតិកង្គំ សមាទិយាមិ ខ្ញុំព្រះករុណា សូមសមាទាននូវអង្គនៃភិក្ខុ​អ្នកមានកិរិយានៅតែក្នុងទីសេនាសនដែលសង្ឃសំដែងឲ្យជាដំបូងដដែល មិនរើរុះ ជាប្រក្រតី។

បាលីទាំងពីរនេះ ព្រះយោគីសមាទានតាមបែបណាមួយក៏បាន។

ភិក្ខុអ្នកសមាទាន រក្សានូវយថាសន្ថតិកង្គនេះ បើភិក្ខុដែលសង្ឃចាត់ឲ្យជាអ្នកចែកនូវ​ទីសេនាសនៈ បានប្រគល់ទីសេនាសនៈបែបណា​ឲ្យ ត្រូវតែត្រេកអរដោយទីសេនាសនៈនោះប៉ុណ្ណោះ មិនត្រូវសួររក ឬដើរជ្រើសរើសទីរកសេនាសនៈដទៃទៀត ដោយយល់ថាល្អ ឬមិនល្អនោះឡើយ។

ប្រភេទនៃយថាសន្ថតិកភិក្ខុ

យថាសន្ថតិកភិក្ខុនេះ ចែកចេញជា ៣ថ្នាក់។

  1. ភិក្ខុថ្នាក់ឧក្រិដ្ឋ ទីសេនាសនៈណា ដែលត្រូវបានខ្លួន និងសួរអំពីឆ្ងាយ ឬជិតអមនុស្ស និងទីឃជាតិ (ពស់) ជាដើមបៀតបៀន ឬមិនបៀតបៀន ក្តៅ ឬត្រជាក់ដូច្នេះនោះ ពុំបានឡើយ។
  2. ភិក្ខុថ្នាក់មធ្យម បើគ្រាន់តែសួរប៉ុណ្ណោះបាន កុំតែដើរទៅរមិលមើលតាមអំពើចិត្តចង់។
  3. ភិក្ខុថ្នាក់មុទុ គ្រាន់តែរមិលមើលបាន ទៅ បើទីសេនាសនៈនោះមិនពេញចិត្ត នឹងរើសរកទីដទៃទៀតមិនបាន។

ធុតង្គបែកក្នុងយថាសន្ថតិកង្គ

ធុតង្គរបស់ភិក្ខុទាំង ៣ថ្នាក់នេះ បែកធ្លាយក្នុងខណៈដែលកើតសេចក្តីល្មោភ និងជ្រើសរកទីសេនាសនៈតាមពេញចិត្តដូចគ្នា។

អានិសង្សក្នុងយថាសន្ថតិកង្គ

មានអានិសង្ស ៦ យ៉ាង

  1. ឱវាទករណំ បានឈ្មោះថា ធ្វើតាមឱវាទដែលព្រះជិនស្រីទ្រង់ត្រាស់សំដែងថា សេនាសនៈណាដែលខ្លួនបានមកហើយ ត្រូវតែត្រេកអរដោយទីសេនាសនៈនោះ កុំរើរុះ ដូច្នេះ។
  2. សព្រហ្មចារីហិតេសិតា ភាពជាអ្នកស្វែងរកនូវប្រយោជន៍ទុកឲ្យសព្រហ្មចារីផងគ្នា គឺសំចៃទីសេនាសនៈដទៃទុកឲ្យភិក្ខុឯទៀត។
  3. ហីនបណីតវិកប្បបច្ចាគោ កិរិយាលះបង់នូវសេចក្តីកំណត់ថាថោកថយ និងថ្កើងថ្កានបាន។
  4. អនុរោធរិរោធប្បហានំ កិរិយាប្រហារបង់នូវសេចក្តីត្រេកអរ និងសេចក្តីមិនត្រេកអរ។
  5. អត្រិច្ឆតាយទ្វារបិទហនំ កិរិយាបិទនូវទ្វារនៃសេចក្តីប្រាថ្នាកន្លង។
  6. អប្បិច្ឆតាទីនំ អនុលោមវុត្តិតា ភាពជាអ្នកមានកិរិយាប្រព្រឹត្តដ៏សមគួរដល់អប្បិច្ឆតាគុណជាដើម។

គាថាទីបំផុតក្នុងយថាសន្ថតិកង្គ

ព្រះយោគីដែលសន្តោសដោយសេនាសនៈតាមមានតាមបាន អ្នកនៅតែក្នុងទីសេនាសនៈដែលសង្ឃសំដែងឲ្យ មិនមានរើសអើងរកទីសេនាសនៈដ៏ថ្លៃថ្លា រមែងដេកនៅជាសុខ សូម្បីលើកម្រាលជាវិការៈនៃស្មៅទាំងឡាយ លោកមិនត្រេកអរក្នុងទីសេនាសនៈដ៏ប្រសើរថ្កើងថ្កាន បើទុកជាបាននូវទីសេនាសនៈដ៏ថោកទាប ក៏លោកមិនមានសេចក្តីខឹងក្រោធ បានឈ្មោះថា លោកជាអ្នកអនុគ្រោះនូវព្រហ្មចារីដែលទើបបួសថ្មីៗទាំងឡាយ ដោយប្រយោជន៍ ព្រោះហេតុនោះ អ្នកប្រាជ្ញដែលមានប្រាជ្ញា គប្បីប្រកបរឿយៗនូវភាពជា​អ្នកត្រេកអរក្នុងទីសេនាសនៈដែលសង្ឃសំដែងឲ្យ ជាប្រវេណីនៃព្រះអរិយ ដែលព្រះពុទ្ធជាអ្នកប្រាជ្ញសរសើរហើយ។


នេសជ្ជិកង្គ

វិធីសមាទានក្នុងនេសជ្ជិកង្គ

ក្នុងនេសជ្ជិកង្គនេះ មានបាលីសម្រាប់សមាទាន ២បែប។

  1. សេយ្យំ បដិក្ខិបាមិ ខ្ញុំព្រះករុណា សូមឃាត់នូវឥរិយាបថដេក។
  2. នេសជ្ជិកង្គំ សមាទិយាមិ ខ្ញុំព្រះករុណា សូមសមាទាននូវអង្គនៃភិក្ខុអ្នកមានកិរិយាឃាត់នូវឥរិយាបថដេក ហើយនៅដោយឥរិយាបថអង្គុយ ជាប្រក្រតី [ពាក្យត្រង់នេះ ដូចជាត្រូវប្រើតែឥរិយាបថអង្គុយប៉ុណ្ណោះ ឥរិយាបថក្រៅពីនោះ ប្រើមិនបាន តែតាមដែលពិតនោះ ត្រូវហាមតែឥរិយាបថដេកមួយប៉ុណ្ណោះ ឯឥរិយាបថក្រៅពីនោះ ប្រើបាន។]។

បាលីទាំង ២នេះ ព្រះយោគីសមាទានបែបណាមួយក៏បាន។

ព្រះយោគីដែលបានសមាទាននូវនេសជ្ជិកង្គនេះរួចហើយ ក្នុងយាម ៣ នៃរាត្រី បើក្រោកចង្ក្រមអស់យាម ១ បាន កុំតែដេក មិនបានឡើយ។

ប្រភេទនៃនេសជ្ជិកង្គ

នេសជ្ជិកភិក្ខុនេះ មានចែកជា ៣ថ្នាក់

  1. ភិក្ខុថ្នាក់ឧក្រិដ្ឋ ទីបង្អែកក្តី សំពត់សម្រាប់ត្របោមក្តី [សំពត់សម្រាប់ចងស្រាក់ឆ្អឹងក្បាលជង្គង់។] សម្រាប់ប្រតោងក្តី [សំពត់សាដកសម្រាប់ចងសំយុងចុះអំពីខាងលើ ហើយតោងបង្ហើបខ្លួន ដើម្បីសម្រាលអង្គុយ។] ប្រើប្រាស់មិនបានឡើយ។
  2. ភិក្ខុថ្នាក់មធ្យម វត្ថុទាំង ៣នេះ ប្រើប្រាស់វត្ថុណាមួយបាន។
  3. ភិក្ខុថ្នាក់មុទុ ទីបង្អែកក្តី សំពត់សម្រាប់ត្របោមក្តី សំពត់សម្រាប់ប្រតោងក្តី ខ្នើយក្តី កៅអីមានអង្គ ៥ក្តី [កៅអីមានជើង ៤។] កៅអីមានអង្គ ៧ក្តី [ជើង ៤ ទុកជាអង្គ ៤ បង្អែកខាងក្រោយ ទុកជាអង្គ ១ ធ្នាក់ដៃអមខាងពីរ ទុកជាអង្គ ២ រួមត្រូវជាអង្គ ៧។] ប្រើបានទាំងអស់។

ធុតង្គបែកក្នុងនេសជ្ជិកង្គ

ធុតង្គរបស់ភិក្ខុទាំង ៣ថ្នាក់នេះ បែកធ្លាយក្នុងខណៈដែលភិក្ខុទាំងនេះសម្រេចឥរិយាបថដេក។

អានិសង្សក្នុងនេសជ្ជិកង្គ

មានអានិសង្ស ៥យ៉ាង

  1. ចេតសោ វិនិពន្ធស្ស ឧបច្ឆេទនំ កិរិយាចូលទៅផ្តាច់បង់នូវគំនួចរបស់ចិត្តដែលធ្លាប់​ដេកជាសុខ ជាដើម។
  2. សព្វកម្មដ្ឋានានុយោគសប្បាយតា ភាពនៃឥរិយាបថជាទីសប្បាយដល់កិរិយាប្រកបព្យាយាមក្នុងកម្មដ្ឋានទាំងពួង [វិធីចម្រើនគ្រប់កម្មដ្ឋានទាំងអស់ សុទ្ធតែ​ប្រើឥរិយាបថអង្គុយ កាលបើរក្សានូវធុតង្គនេះ ងាយនឹងចំរើនកម្មដ្ឋានបាន ចំរើនបាន​តាមសប្បាយ ព្រោះប្រើឥរិយាបថស្របគ្នា។]។
  3. បាសាទិកឥរិយាបថតា ភាពជាអ្នកមានឥរិយាបថជាទីនាំមកនូវសេចក្តីជ្រះថ្លារបស់ប្រជុំជន។
  4. វីរិយារម្ភានុកូលតា ភាពដ៏សមគួរដល់បុគ្គលជាអ្នកប្រារព្ធនូវព្យាយាម។
  5. សម្មាបដិបត្តិយា សមុបព្រូហនំ កិរិយាបង្កើតនូវសម្មាបដិបត្ត។

គាថាទីបំផុតក្នុងនេសជ្ជិកង្គ

ព្រះយោគីអ្នកអង្គុយពត់ភ្នែន តម្រង់កាយឲ្យត្រង់ រមែងញុំាងហឫទ័យនៃមារឲ្យកម្រើកបាន។ ភិក្ខុអ្នកមានព្យាយាមប្រារព្ធ លះបង់នូវកិរិយាដេកជាសុខ ត្រេកអរតែក្នុងឥរិយាបថអង្គុយ ញុំាងព្រៃ គឺតបធម៌ឲ្យភ្លឺស្វាងរុងរឿង រមែងបាននូវបីតិ និងសុខ ដែល​មិនមានអាមិស [ក្នុងអដ្ឋកថា សតិបដ្ឋានសូត្រ សោមនស្សវេទនាដែលមិនអាស្រ័យនូវកាមគុណ ៥ និងទោមនស្សវេទនាដែលជានេក្ខម្មសិត ៦យ៉ាង។] ព្រោះហេតុ​ឯណា ព្រោះហេតុនោះ អ្នកប្រាជ្ញដែលមានប្រាជ្ញា គប្បីប្រកបរក្សាឲ្យល្អ នូវធុតង្គវត្តឈ្មោះ នេសជ្ជិកនេះចុះ។


សមាសវិនិច្ឆយកថា

ធុតង្គទាំង ១៣ នុ៎ះ បើបំប្រួញឲ្យតិចចុះមកនៅត្រឹមតែ ៨ ចាត់ជាអង្គដែលជាប្រធាន ៣ ជាអង្គដែលមិនច្រឡំគ្នា ៥។ បំប្រួញមកទៀតមក នៅត្រឹមតែ ៤ ចាត់ ២ ជាចីវរបដិសំយុត្ត ៥ ជាបិណ្ឌបាតបដិសំយុត្ ៥ ទៀត ជាសេនាសនបដិសំយុត្ត ១ ជាវិនយបដិសំយុត្ត។ បំប្រួញមកទៀត នៅត្រឹមតែ ២ ចាត់ជា ១២ ជាបច្ចយនិស្សិត ១ ជាវិនយនិស្សិត។ បំប្រួញចុះជា ២ មួយបែបទៀត ចាត់ធុតង្គណាដែលព្រះយោគីសេពទៅហើយ កម្មដ្ឋានចំរើនឡើងជាសេវិតព្វ គឺ ត្រូវឲ្យសេពធុតង្គណា ដែលយោគីសេពទៅហើយ កម្មដ្ឋានសាបសូន្យ ជាអសេវិតព្វ គឺមិនត្រូវសេព តែបើធុតង្គណាដែលព្រះយោគីសេពក្តី មិនសេពក្តី កម្មដ្ឋានចេះតែចំរើនឡើងមិនសាបសូន្យ នោះក៏ចាត់ជាសេវិតព្វ ត្រូវសេពដែរ ដោយអនុគ្រោះដល់បណ្តាជនជំនាន់ក្រោយ ពុំនោះ ធុតង្គណាដែលព្រះយោគីសេពក្តី មិនសេពក្តី កម្មដ្ឋាននៅតែសាបសូន្យដដែល ក៏ចាត់ជាសេវិតព្វ ត្រូវឲ្យសេពដូចគ្នា ដើម្បីជា​វាសនាទៅខាងអនាគត។ បើបំប្រួញឲ្យតិចចុះមកទៀត នៅត្រឹមតែ ១ ខំដៅយកត្រង់ចេតនា ដែលសមាទានរក្សានូវធុតង្គទាំងនោះឯង។

ធុតង្គជាអង្គដែលប្រធានមាន ៣ គឺ សបទានចារិកង្គ ១ ឯកាសនិកង្គ ១ អព្ភោកាសិកង្គ ១ ព្រោះថា កាលបើរក្សានូវសបទានចារិកង្គហើយ នឹងរក្សានូវបិណ្ឌបាតិកង្គផងក៏បាន បើរក្សានូវឯកាសនិកង្គហើយ នឹងរក្សានូវបត្តបិណ្ឌិកង្គ និងខលុបច្ឆាភត្តិកង្គផងក៏បាន បើរក្សានូវអព្ភោកាសិកង្គ ហើយនឹងត្រូវរក្សារុក្ខមូលិកង្គ និងយថាសន្ថតិកង្គដូចម្តេចនឹងកើត [រក្សាមិនកើត ព្រោះដំណើរផ្ទុយគ្នា។]។

អារញ្ញិកង្គ ១ បំសុកូលិកង្គ ១ តេចីវរិកង្គ ១ នេសជ្ជិកង្គ ១ សោសានិកង្គ ១ ទាំង ៥នេះ ចាត់ជាអង្គដែលមិនច្រឡំគ្នា ព្រោះមិនស្រដៀងដោយធុតង្គដទៃ។ រួមទាំងអង្គដែលជាប្រធាន ៣ អង្គដែលមិនច្រឡំគ្នា ៥ ត្រូវជា ៨។

ធុតង្គ ២ គឺ បំសុកូលិកង្គ ១ តេចីវរិកង្គ ១ ទាំង ២នេះ ចាត់ជាចីវរបដិសំយុត្ត ព្រោះទាក់ទងដោយចីវរ។

ធុតង្គ ៥ គឺ បិណ្ឌបាតិកង្គ ១ សបទានចារិកង្គ ១ ឯកាសនិកង្គ ១ បត្តបិណ្ឌិកង្គ ១ ខលុបច្ឆាភត្តិកង្គ ១ ទាំង ៥នេះ ចាត់ជាបិណ្ឌបាតបដិសំយុត្ត ព្រោះទាក់ទងដោយបិណ្ឌបាត។

ធុតង្គ ៥ គឺ អារញ្ញិកង្គ ១ រុក្ខមូលិកង្គ ១ អព្ភោកាសិកង្គ ១ សោសានិកង្គ ១ យថាសន្ថតិកង្គ ១ ទាំង ៥នេះ ចាត់ជាសេនាសនបដិសំយុត្ត ព្រោះទាក់ទងដោយសេនាសនៈ។

នេសជ្ជិកង្គ តែ ១ ចាត់ជាវីរិយបដិសំយុត្ត ព្រោះទាក់ទងដោយព្យាយាម ចីវរបដិសំយុត្ត ២ ចាត់ជា ១ បិណ្ឌបាតបដិសំយុត្ត ៥ ចាត់ជា ១ សេនាសនបដិសំយុត្ត ៥ ចាត់ជា ១ វីរិយបដិសំយុត្ត ១ ចាត់ជា ១ ដដែល រួមទាំងអស់ ត្រូវជា ៤។

ការបំប្រួញធុតង្គទាំងអស់ ឲ្យនូវត្រឹមតែ ២ដូច្នេះគឺ

លោកចាត់ធុតង្គ ១២ ខាងដើមជាបច្ចយសន្និស្សិត ព្រោះអាស្រ័យដោយបច្ច័យ។

នេសជ្ជិកង្គ ១ ខាងចុងចាត់ជាវីរិយនិស្សិត ព្រោះអាស្រ័យដោយព្យាយាម។ បច្ចយសន្និស្សិត ១២ ចាត់ជា ១ វីរិយនិស្សិត ១ នៅជា ១ ដដែល រួមត្រូវជា ២។

ត្រង់ដែលលោកបំប្រួញចុះជា ២ មួយបែបទៀត ហើយចាត់ជាសេវិតព្វ ១ អសេវិតព្វ ១ និងបំប្រួញចុះជា ១ សំដៅយក ចេតនា ដែលសមាទាននោះ បានអធិប្បាយខាងដើមរួចហើយ។


ព្យាសវិនិច្ចយកថា

ធុតង្គទាំង ១៣ នុ៎ះ បើពោលរំលែកតាមសមគួរដល់ភេទរបស់ព្រះយោគីអ្នករក្សាដល់ ៤២ ដូច្នេះគឺ លោកចាត់ធុតង្គរបស់ភិក្ខុ ១៣ ភិក្ខុនី ៨ សាមណេរ ១២ សិក្ខមានា និងសាមណេរី ៧ ឧបាសក និងឧបាសិកា ២ រួមទាំងអស់ ជា ៤២។

សេចក្តីថា ធុតង្គទាំង ១៣នុ៎ះ ភិក្ខុគួររក្សាបានទាំងអស់ លោកចាត់ទុកសម្រាប់ភិក្ខុគ្រប់ទាំង ១៣។ អារញ្ញិកង្គ ១ ខលុបច្ឆាភត្តិកង្គ ១ មានសិក្ខាបទហាមដល់ភិក្ខុនី អព្ភោកាសិកង្គ ១ រុក្ខមូលិកង្គ ១ សោសានិកង្គ ១ ភិក្ខុនីលំបាករក្សា ទើបចាត់ទុកសម្រាប់ភិក្ខុនីតែ ៨។ សាមណេរមិនមានវិនយកម្ម ដែលនឹងអធិដ្ឋាននូវចីវរ ៣ ទើបលើកតេចីវរចេញចាត់ទុកតែត្រឹម ១២។ សិក្ខមានា និងសាមណេរី មិនមានវិនយកម្ម ដែលនឹងត្រូវអធិដ្ឋាននូវចីវរ ៣ ដូចគ្នានឹងសាមណេរដែរ ហើយជាឥត្ថីភាពដូចគ្នានឹងភិក្ខុនី ទើបលើកអារញ្ញិកង្គ ១ ខលុបច្ឆាភត្តិកង្គ ១ អព្ភោកាសិកង្គ ១ រុក្ខមូលិកង្គ ១ សោសានិកង្គ ១ តេចីវរិកង្គ ១ ចេញ ចាត់ទុកតែ ៧ ក្រៅអំពីនេះ។ ឧបាសក និងឧបាសិកា គួររក្សាបាន ២គឺ ឯកាសនិកង្គ ១ បត្តបិណ្ឌិកង្គ ១។

សូមអនុមោទនា !!!

Oben-pfeil