និមិត្តរបស់កម្មដ្ឋាន

និមិត្តរបស់កម្មដ្ឋាន មាន ៣ គឺ បរិកម្មនិមិត្ត ១ ឧគ្គហនិមិត្ត ១ បដិភាគនិមិត្ត ១។ និមិត្តទាំង ៣នេះ ព្រះយោគីត្រូវបានក្នុងកម្មដ្ឋាន ២២ គឺ កសិណ ១០ អសុភ ១០ កាយគតាសតិអានាបានស្សតិ ១។

  1. បរិកម្មនិមិត្ត និមិត្តក្នុងបរិកម្ម ដូចយោគីដែលត្រូវចំរើនបឋវីកសិណ ត្រូវយក​រង្វង់​កសិណ ដែលលាបលនដោយផែនដីពណ៌អរុណរះពេលព្រឹក មក​តម្កល់​អំពី​មុខ​ហើយ ធ្វើការ​សំឡឹង​ពណ៌​នៃ​កសិណនោះ បរិកម្មថា បឋវី ដី ៗៗ ហើយបិទភ្នែក បរិកម្ម​រួច បើកភ្នែក​សំឡឹង​ពណ៌​កសិណ​នោះទៀត បរិកម្មថា ដីៗៗ ការ​បរិកម្ម​ដោយ​ការ​​សំឡឹង​ពណ៌​កសិណ​បែប​នេះ ហៅថា បរិកម្មនិមិត្ត។
  2. ឧគ្គហនិមិត្ត និមិត្តដែលកើតឡើងប្រាកដដល់ចិត្តរបស់ព្រះយោគី មានពណ៌​សណ្ឋាន​​​ដូច​វង់​កសិណ​នោះ បើកភ្នែកក្តី ធ្មេចភ្នែកក្តី ក៏ឃើញពណ៌កសិណ​នោះដូច​គ្នា និមិត្តដែល​កើត​ឡើងប្រាកដ​ដល់ចិត្ត​របស់យោគីយ៉ាងជាក់ច្បាស់យ៉ាងនេះ ហៅ​ថា ឧគ្គហនិមិត្ត។
  3. បដិភាគនិមិត្ត និមិត្តជាចំណែក ប្រៀបដូចជាយោគី ដែលចំរើនបឋវីកសិណ ពេល​ដែល​​ឧគ្គហនិមិត្ត​កើតឡើងហើយ យោគីនោះ នៅតែមានព្យាយាម​ក្នុងការ​សម្លឹង​នូវ​និមិត្ត​នោះ តាម​មនោទ្វារ​រឿយៗ រហូតដល់និមិត្តនោះ ឡើងបរិសុទ្ធស្អាតជាង​ឧគ្គហនិមត្ត ១រយ​គុណ ១ពាន់គុណ និមិត្តក្រោយនេះ ហាក់ដូចជាទំលាយនូវ​ឧគ្គហនិមិត្ត​​ចេញ​មក​ស្អាត​បរិសុទ្ធ ប្រៀបដូចជាកញ្ចក់ដែលគេដកចេញពីស្រោម ឬ​ដូច​ជាវង់ព្រះចន្ទ្រដ៏បរិសុទ្ធ ដែល​ចេញ​ពីពពកខ្មៅ និមិត្តក្រោយនេះ មិនមាន​ពណ៌​សណ្ឋានដូចនិមិត្តដើមទេ និមិត្ត​នេះ​ឯងហៅថា បដិភាគនិមិត្ត។

និមិត្តរបស់បុគ្គលជិតស្លាប់

និមិត្តរបស់បុគ្គលឃើញនៅពេលទៀបស្លាប់ មាន២ គឺ កម្មនិមិត្ត១ គតិនិមិត្ត១ ដែលជា​និមិត្ត​នៃ​អំពើ​ល្អ ឬអាក្រក់ដែលបុគ្គលនោះបានធ្វើរួចហើយ។

  1. កម្មនិមិត្ត គឺជាអារម្មណ៍មួយ កើតឡើងប្រាកដដល់បុគ្គលទៀបស្លាប់ មាន ២ប្រការ​គឺ កម្មនិមិត្ត​ជាកុសល ១ កម្មនិមិត្តជាអកុសល ១ កម្មនិមិត្តជាកុសលនោះ កាល​បើ​បុគ្គល​ពីដើម​ធ្លាប់​ធ្វើអំពើល្អ មានឲ្យទានដោយវត្ថុណា រក្សាសីល ចំរើនកម្មដ្ឋាន ស្តាប់​ធម៌ទេសនា បូជាសក្ការៈចំពោះព្រះពុទ្ធជាដើម ដល់ពេលទៀបស្លាប់ ក៏​អារម្មណ៍​នោះមកប្រាកដឲ្យឃើញ ហាក់ដូចជាខ្លួនកំពុងធ្វើនូវអំពើនោះទៀត អារម្មណ៍​នោះហៅថា កម្មនិមិត្តជាកុសល បើកាលពីដើម បុគ្គល​ធ្លាប់សាង​នូវអំពើ​បាប មានសម្លាប់សត្វដោយលំពែង ឬដាវ កាំបិត អាវុធណាមួយជាខាងដើម ដល់​ពេល​ទៀបស្លាប់ អារម្មណ៍នោះ ក៏មកប្រាកដឲ្យឃើញដាវ លំពែង កាំបិត អាវុធ​ជា​គ្រឿង​សំរាប់កាប់សំលាប់ និងអំពើបាបនោះទៀត អារម្មណ៍នេះហៅថា កម្មនិមិត្ត​ជា​អកុសល។
  2. គតិនិមិត្ត គឺជាអារម្មណ៍មួយ បានដល់ភពល្អ ឬអាក្រក់ ដែលបុគ្គលត្រូវ​ទៅកើត​ក្នុង​ទី​នោះ បន្ទាប់អំពីស្លាប់ទៅ កើតឡើងឲ្យឃើញប្រាកដដល់បុគ្គលដែលទៀបស្លាប់ មាន ២យ៉ាងគឺ សុគតិនិមិត្ត ១ ទុគ្គតិនិមិត្ត ១។ សុគតិនិមិត្តនោះ កាលបើពីដើម បុគ្គល​បានសាងល្អ មានឲ្យទាន រក្សាសីលជាដើម បន្ទាប់អំពីបែកធ្លាយរាងកាយទៅ ត្រូវទៅកើតក្នុងសុគតិភពណាមួយ ក៏ដល់ពេលទៀបស្លាប់ ក៏ប្រាកដឲ្យឃើញ​នូវ​ភព​នោះ មានឃើញទេវតាក្នុងភពនោះៗ មកអញ្ជើញឲ្យទៅកើតជាមួយគេជាដើម អារម្មណ៍នេះហៅថា សុគតិនិមិត្ត តែបើពីដើម ធ្លាប់ធ្វើបាបកម្ម មានបញ្ចវេរាជាដើម ហើយបុគ្គលនោះ លុះបែកធ្លាយរាងកាយបន្ទាប់អំពីស្លាប់ ត្រូវទៅកើតក្នុង​អបាយ​ភូមិ មាននរកជាដើម ដល់ពេលទៀបស្លាប់ ក៏បណ្តាលឲ្យឃើញនូវភពអាក្រក់នោះ មាននិរយបាលមកចាប់ចងយកទៅជាដើម អារម្មណ៍នេះ ហៅថា ទុគ្គតិនិមិត្ត។

បុគ្គលដែលទៀបស្លាប់ តែងតោងយកនូវអារម្មណ៍ ២យ៉ាងនេះឯង ចុតិទៅកើតសុគតិភព ឬ​ទុគ្គតិភពទៅតាមយថាកម្មរបស់ខ្លួន។

រីឯបុគ្គលដែលភ្លឹកទៅ ក៏តែងតោងយកនូវអារម្មណ៍ គឺសុគតិនិមិត្ត ឬទុគ្គតិនិមិត្ត​តាម​កម្មល្អ ឬអាក្រក់របស់ខ្លួន ដែលបានសាងទុករួចមកហើយនោះ។

ពួកបុគ្គលទាំងអស់នេះ កាលដែលកំពុងសោយអារម្មណ៍ជាទុក្ខ ឬជាសុខក្នុងភពនោះៗ ដែលឲ្យឃើញសុទ្ធតែជាបុគ្គលមិនមានស្មារតី និងញាណសំរាប់រលឹក និងដឹងខ្លួនឡើយ ស្មារតី និងញាណរលត់អស់ មិនបានដឹងនូវអារម្មណ៍ផ្សេងៗ ដែលមកប្រាកដដល់ទ្វារ មាន​កូនយំទួញ ឬញាតិហៅរក ឬលោកអាចារ្យឲ្យបាលីពុទ្ធោជាដើមឡើយ។

អារម្មណ៍ល្អ និងអាក្រក់ដែលកើតឡើងដល់បុគ្គលទាំងអស់នោះ សុទ្ធតែកើតឡើង​អំពី​កម្ម​ជា​បច្ច័យមែនពិត។

បុគ្គលអ្នកភ្លឹករលត់ស្មារតីក្នុងបច្ចុប្បន្ន ហើយឃើញអារម្មណ៍ផ្សេងៗ ដូចបានពោល​មក​ហើយ ខុសអំពីបុគ្គលដែលស្លាប់ ព្រោះថាបុគ្គលអ្នកស្លាប់ កាលណាចុតិវិញ្ញាណ​កើត​ឡើង ហើយវិបាកវិញ្ញាណត្រូវចាប់បដិសន្ធិក្នុងភពខាងមុខបន្តទៅទៀត ទៅតាមយថាកម្ម​ជា​ហេតុ ជាបច្ច័យ ព្រោះអាយុ និងបុណ្យដែល​ត្រូវបន្តការរស់នៅ​តទៅទៀត​ក្នុងបច្ចុប្បន្ន​ភព​នេះអស់ហើយ ឯបុគ្គលដែលភ្លឹកទៅហើយ ត្រូវដឹងខ្លួនរស់មកវិញ ព្រោះអាយុ និង​បុណ្យ​សំរាប់នៅក្នុងបច្ចុប្បន្នភព មិនទាន់អស់នៅឡើយដោយពិត។


សូមអនុមោទនា !!!

Oben-pfeil