កុសលកម្មបថ ១០
កាយសុចរិត ៣
១- បាណាតិបាតា វេរមណី ចេតនាជាហេតុវៀរចាកកិរិយា ធ្វើសត្វមានជីវិតឲ្យធ្លាក់ចុះកន្លង គឺសម្លាប់សត្វ។
២- អទិន្នាទានា វេរមណី ចេតនាជាហេតុវៀរចាកកិរិយា កាន់យកនូវវត្ថុដែលគេមិនបានឲ្យដោយកាយឬដោយវាចា។
៣- កាមេសុមិច្ឆាចារា វេរមណី ចេតនាជាហេតុវៀរចាកកិរិយា ប្រព្រឹត្តខុសក្នុងកាមទាំងឡាយ។
វចីសុចរិត ៤
១- មុសាវាទា វេរមណី ចេតនាជាហេតុវៀរចាកកិរិយា ពោលនូវពាក្យកុហក។
២- បិសុណាវាចា វេរមណី ចេតនាជាហេតុវៀរចាកកិរិយា ពោលនូវពាក្យញុះញង់ស៊កសៀត បំបែកបំបាក់អ្នកដទៃ។
៣- ផរុសវាចា វេរមណី ចេតនាជាហេតុវៀរចាកកិរិយា ពោលនូវពាក្យអាក្រក់ មានពាក្យទ្រគោះបោះបោក ជេរប្រទេចអ្នកដទៃជាដើម។
៤- សម្ផប្បលាបា វេរមណី ចេតនាជាហេតុវៀរចាកកិរិយា ពោលនូវពាក្យរោយរាយឥតប្រយោជន៍។
មនោសុចរិត ៣
១- អនភិជ្ឈា មិនមានចិត្តគិតសម្លឹងរំពៃចំពោះទ្រព្យរបស់អ្នកដទៃ ដោយគិតបំរុងនឹងឲ្យបានមកជាទ្រព្យរបស់ខ្លួនឡើយ ។
២- អព្យាបាទោ មិនមានចិត្តចងគំនុំគុំគួន គិតប៉ងនឹងឲ្យអ្នកដទៃដល់នូវសេចក្តីវិនាសឡើយ ។
៣- សម្មាទិដ្ឋិ គំនិតយល់ឃើញត្រូវពិត ហើយប្រកាន់ឡើងថាត្រូវមែន។
កុសលកម្មបថ ៤០
កុសលកម្មបថនីមួយៗមាន ៤ ប្រភេទគឺ
- មិនធ្វើដោយខ្លួនឯង (មិនសម្លាប់សត្វដោយខ្លួនឯង ជាដើម)
- មិនប្រើគេឲ្យធ្វើ (មិនប្រើគេឲ្យសម្លាប់សត្វ ជាដើម)
- មិនពេញចិត្តក្នុងការធ្វើ (មិនពេញចិត្តក្នុងការសម្លាប់សត្វ ជាដើម)
- មិនពោលសរសើរគុណនៃការធ្វើ (មិនពោលសរសើរការសម្លាប់សត្វ ជាដើម)។
ដូចនេះ រួមបញ្ចូលកុសលកម្មបថទាំងអស់ គឺមាន ៤០ (កុសលកម្មបថ ១០ គុណនឹង ៤ ត្រូវជា ៤០)។
អកុសលកម្មបថ ១០
កាយទុច្ចរិត ៣
១- បាណាតិបាតា កិរិយាធ្វើសត្វមានជីវិតឲ្យធ្លាក់ចុះកន្លង គឺសម្លាប់សត្វ។
២- អទិន្នាទានា កិរិយាកាន់យកវត្ថុដែលគេមិនបានឲ្យដោយកាយ ឬដោយវាចា។
៣- កាមេសុមិច្ឆាចារា កិរិយាប្រព្រឹត្តខុសក្នុងកាមទាំងឡាយ។
វចីទុច្ចរិត ៤
១- មុសាវាទា កិរិយាពោលនូវពាក្យកុហក។
២- បិសុណាវាចា កិរិយាពោលនូវពាក្យញុះញង់ស៊កសៀត បំបែកបំបាក់អ្នកដទៃ។
៣- ផរុសវាចា កិរិយាពោលនូវពាក្យអាក្រក់ មានពាក្យទ្រគោះបោះបោក ជេរប្រទេចអ្នកដទៃជាដើម។
៤- សម្ផប្បលាបា កិរិយាពោលនូវពាក្យរោយរាយឥតប្រយោជន៍។
មនោទុច្ចរិត ៣
១- អភិជ្ឈា មានចិត្តគិតសម្លឹងរំពៃចំពោះទ្រព្យរបស់អ្នកដទៃ ដោយគិតបំរុងនឹងឲ្យបានមកជាទ្រព្យរបស់ខ្លួន។
២- ព្យាបាទោ មានចិត្តចងគំនុំគុំគួន គិតប៉ងនឹងឲ្យអ្នកដទៃដល់នូវសេចក្តីវិនាស។
៣- មិច្ឆាទិដ្ឋិ គំនិតយល់ឃើញខុស ហើយប្រកាន់ថាត្រូវ។
អកុសលកម្មបថ ៤០
អកុសលកម្មបថនីមួយៗមាន ៤ ប្រភេទគឺ
- ធ្វើដោយខ្លួនឯង (សម្លាប់សត្វដោយខ្លួនឯង ជាដើម)
- ប្រើគេឲ្យធ្វើ (ប្រើគេឲ្យសម្លាប់សត្វ ជាដើម)
- ពេញចិត្តក្នុងការធ្វើ (ពេញចិត្តក្នុងការសម្លាប់សត្វ ជាដើម)
- ពោលសរសើរគុណនៃការធ្វើ (ពោលសរសើរគុណនៃការសម្លាប់សត្វ ជាដើម) ។
ដូចនេះ រួមបញ្ចូលអកុសលកម្មបថទាំងអស់ គឺមាន ៤០ (អកុសលកម្មបថ ១០ គុណនឹង ៤ ត្រូវជា ៤០)។
អង្គនៃកម្មបថ
បាណាតិបាត មានអង្គ៥
- បាណោ សត្វមានជីវិត។
- បាណសញ្ញិតោ សេចក្តីដឹងថា សត្វមានជីវិត។
- វធកចិត្តំ គិតនឹងសម្លាប់។
- ឧបក្កមោ ព្យាយាមនឹងសម្លាប់។
- តេនមរណំ សត្វស្លាប់ដោយព្យាយាមនោះ។
អទិន្នាទាន មានអង្គ ៥
- បរបរិគ្គហិតំ ទ្រព្យដែលម្ចាស់គេហួងហែងរក្សា។
- បរបរិគ្គហិតសញ្ញិតា សេចក្តីដឹងថា ទ្រព្យមានម្ចាស់គេហួងហែងរក្សា។
- ថេយ្យចិត្តំ គិតនឹងលួច។
- ឧបក្កមោ ព្យាយាមនឹងលួច។
- តេនហរណំ លួចបានមកដោយព្យាយាមនោះ។
កាមេសុមិច្ឆាចារ មានអង្គ ៤
- អគមនីយដ្ឋានំ ស្ត្រីដែលមិនគួរនឹងគប់រក គឺស្ត្រីដែលមានគេហួងហែងរក្សា(*)។
- តស្មឹសេវនចិត្តំ គិតនឹងសេពនូវមេថុនធម្ម។
- ឧបក្កមោ ព្យាយាមនឹងសេពនូវមេថុនធម្ម។
- មគ្គេនមគ្គប្បដិបាទនំ ញុំាងមគ្គនឹងមគ្គឲ្យដល់គ្នា។
មុសាវាទ មានអង្គ ៤
- អតថំវត្ថុ វត្ថុមិនពិត។
- វិសំវាទនចិត្តំ គិតនឹងពោលឲ្យខុស។
- តជ្ជោវាយាមោ ព្យាយាមនឹងពោលឲ្យខុស។
- បរស្សតទត្ថវិជាននំ ញុំាងអ្នកដទៃឲ្យដឹងច្បាស់នូវសេចក្តីនោះ។
បិសុណាវាចា មានអង្គ៤គឺៈ
- ភិន្ទិតព្វោបរោ អ្នកដទៃដែលមានរូប គឺខ្លួនគប្បីញុះញង់បំបែក។
- ភេទនបុរេក្ខាតោ គិតនឹងញុះញង់បំបែកបំបាក់អ្នកដទៃនោះ។
- តជ្ជោវាយាមោ ព្យាយាមបំបែកបំបាក់អ្នកដទៃនោះ។
- តស្សតទត្ថវិជ្ជាទនំ ញ៉ាំងអ្នកដទៃឲ្យដឹងច្បាស់នូវដំណើរដែលញុះញង់នោះ។
ផរុសវាចា មានអង្គ៣គឺៈ
- អក្កោសិតព្វោបរោ អ្នកដទៃដែលមានរូប គឺខ្លួនគប្បីជេរប្រទេច។
- កុប្បិតចិត្តំ ចិត្តខឹងរន្ធត់។
- អក្កោសនា បានជេរប្រទេច។
សម្ផប្បលាប មានអង្គ២គឺៈ
- ភារតយុទ្ធសិតាហរណាទិនិរត្ថកថា ពាក្យឥតប្រយោជន៍ មានរឿងចម្បាំងនៃភារត និងរឿងរាពណ៍លួចនាងសេតាយកទៅជាដើម ។
- តថារូបឹកថាកថនំ បានពោលនូវពាក្យឥតប្រយោជន៍ មានសភាពដូច្នេះ ។
អភិជ្ឈា មានអង្គ២គឺៈ
- បរភណ្ឌំ ទ្រព្យជារបស់អ្នកដទៃ។
- អត្តនោ បរិណាមនំ គិតចង់បង្អោនទ្រព្យរបស់អ្នកដទៃនោះ ឲ្យមកជាទ្រព្យរបស់ខ្លួន ដោយកលឧបាយផ្សេងៗ។
ព្យាបាទ មានអង្គ២គឺៈ
- បរសត្តោ អ្នកដទៃក្រៅពីខ្លួន។
- តស្សតំតំវិនាសចិន្តា គិតចងគំនុំគុំគួននឹងអ្នកនោះ ឲ្យដល់នូវសេចក្តីវិនាសដោយហេតុនោះ។
មិច្ឆាទិដ្ឋិ មានអង្គ២គឺៈ
- វត្ថុនោចគហិតាការវិបរិតតោ ចិត្តប្រែប្រួលដោយអាការៈខុស អំពីព្រះរតនត្រ័យជាដើម ។
- យថាចនំគណ្ហាគិតថាភាវេនតស្សបដ្ឋានំ គំនិតដែលយល់ខុសនោះ ឃើញខុសយ៉ាងណា ក៏ប្រកាន់សេចក្តីខុសនោះថាជាត្រូវវិញ។
(*) ស្ត្រីដែលមិនគួរនឹងគប់រក បានដល់ស្ត្រី ២០ពួក គឺ
១. មាតុរក្ខិតា ស្ត្រីដែលមាតាថែរក្សា។
២. បិតុរក្ខិតា ស្ត្រីដែលបិតាថែរក្សា។
៣. មាតាបិតុរក្ខិតា ស្ត្រីដែលមានមាតាបិតាថែរក្សា។
៤. ភាតុរក្ខិតា ស្ត្រីដែលមានបងប្រុស ឬប្អូនប្រុសថែរក្សា។
៥. ភគិនិរក្ខិតា ស្ត្រីដែលមានបងស្រី ឬប្អូនស្រីថែរក្សា។
៦. ញាតិរក្ខិតា ស្ត្រីដែលមានញាតិថែរក្សា។
៧. គោត្តរក្ខិតា ស្ត្រីដែលមានគោត្តថែរក្សា (អ្នកមានត្រកូលដូចគ្នាថែរក្សា)។
៨. ធម្មរក្ខិតា ស្ត្រីដែលមានធម៌ថែរក្សា។
ស្ត្រីទាំង ៨ពួកនេះ បើបុរសណាមួយសេពហើយ ត្រូវទោសកាមេសុមិច្ឆាចារតែខាងបុរស ឯស្រី មិនត្រូវទោសអ្វីឡើយ ព្រោះស្រីនោះ មាតាបិតាជាដើម គ្រាន់តែឃុំគ្រងរក្សាកេរិ៍្តមារយាទខាងក្រៅៗប៉ុណ្ណោះ មិនមែនជាម្ចាស់សម្ផ័ស្សរបស់ស្រីនោះទេ គឺគ្មានស្វាមីគ្រប់គ្រង។
៩. សារក្ខា ស្ត្រីដែលមានប្តីថែរក្សា។
១០. សបរិទណ្ឌា ស្ត្រីដែលមានស្តេចដាក់អាជ្ញាថា យកធ្វើជាទេពី។
១១. ធនក្កីតា ស្ត្រីដែលគេទិញដោយទ្រព្យ។
១២. ឆន្ទវាសិនី ស្ត្រីដែលនៅដោយស្ម័គ្រចិត្តគ្នានឹងគ្នា។
១៣. ភោគវាសិនី ស្ត្រីដែលនៅដោយសម្បត្តិ។
១៤. បជវាសិនី ស្ត្រីដែលនៅនឹងគ្នាដោយសំពត់ស្លៀកដណ្តប់។
១៥. ឱទបត្តភិនី ស្ត្រីដែលគេផ្អោបដៃជាមួយនឹងបុរស ហើយជ្រលក់ទៅក្នុងពាងទឹក ឬផ្តិលទឹក។
១៦. ឱភតចុម្កដា ស្ត្រីដែលគេដាក់ទ្រនូលពីក្បាល គឺស្ត្រីអ្នករកឧសជាដើម។
១៧. ទាសី ច ភរិយា ច ស្ត្រីដែលជាទាសីគេផង ជាភរិយាគេផង គឺស្រីដែលជាទាសីរបស់បុរសណាមួយ ហើយបុរសនោះយកធ្វើជាភរិយា។
១៨. កម្មការីភរិយា ស្ត្រីដែលជាកូនឈ្នួលរបស់បុរសណាមួយ ហើយបុរសនោះយកធ្វើជាភរិយា។
១៩. ធជាហដា ស្ត្រីដែលគេចាប់ពីក្នុងទ័ព។
២០. មហុត្តិកា ស្ត្រីដែលនៅជាមួយគ្នាជាប្តីប្រពន្ធតែមួយវេលា។
ស្ត្រីទាំង១២នេះ បើបុរសណាមួយទៅសេពហើយ ត្រូវទោសកាមេសុមិច្ឆាចារទាំងបុរសទាំងស្ត្រី ព្រោះស្រីនោះ មានស្វាមីគ្រប់គ្រងថែរក្សា ឈ្មោះថា លួចសម្ផស្សរបស់ស្វាមីទៅឲ្យបុរសដទៃ។
សូមអនុមោទនា !!!