សង្ខារ គឺធម្មជាតិដែលមានបច្ច័យប្រជុំតាក់តែង។ មួយទៀត សង្ខារ គឺធម្មជាតិដែលតាក់តែងនូវសង្ខតធម៌។ ន័យម្យ៉ាងទៀតថា ធម្មជាតិណាតាក់តែងនូវរូប វេទនា សញ្ញា សង្ខារទាំងឡាយ តាក់តែងនូវវិញ្ញាណ ធម្មជាតិនោះឈ្មោះថា សង្ខារ។
សេចក្តីអធិប្បាយ
សង្ខារ ព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅជំនួសនូវសង្ខតធម៌ទាំងអស់ ជាបរមត្ថ សង្ខារ មិនមែនសត្វ បុគ្គល មនុស្ស ទេវតា ជាដើម សង្ខារ គឺត្រឹមតែជាសភាវធម៌ ដែលកើតឡើង និងរលត់ទៅវិញតាមហេតុបច្ច័យប៉ុណ្ណោះ។
ក្នុងទីនេះ សង្ខារ គេសំដៅយកន័យ ២គឺ
- សង្ខារ គឺធម្មជាតិដែលបច្ច័យប្រជុំតាក់តែងក្នុងទីជាមួយគ្នា សំដៅយកសង្ខារ ២យ៉ាងគឺ ឧបាទិន្នកសង្ខារ និងអនុបាទិន្នកសង្ខារ។
- សង្ខារដែលមានវិញ្ញាណគ្រប់គ្រង ហៅថា ឧបាទិន្នកសង្ខារ បានដល់អត្តភាពរបស់មនុស្ស សត្វ ទេវតា ព្រហ្ម ជាដើម។ បច្ច័យរបស់សង្ខារនេះ មាន៤ គឺ អវិជ្ជា តណ្ហា កម្ម អាហារ។
- សង្ខារដែលគ្មានវិញ្ញាណគ្រប់គ្រង ហៅថា អនុបាទិន្នកសង្ខារ បានដល់ វត្ថុដែលលោកបញ្ញត្តិ ដូចជា កុដិ វិហារ សាលា កន្ទេល មុង ផ្កាឈូកជាដើម ដែលអាស្រ័យនៅក្នុងលោកធាតុ។ បច្ច័យរបស់សង្ខារនេះ មានដូចជា វល្លិ៍ ដីឥដ្ឋ ជាងអ្នកសាងសង់ ជាដើម ទើបកើតឡើងបាន។
- សង្ខារដែលមានន័យថា ធម្មជាតិអ្នកតាក់តែងនូវសង្ខតធម៌ (បញ្ចក្ខន្ធ) ក្នុងទីនេះ សំដៅយកសង្ខារ ៣យ៉ាងគឺ បុញ្ញាភិសង្ខារ អបុញ្ញាភិសង្ខារ អនេញ្ជាភិសង្ខារ។
- បុញ្ញាភិសង្ខារ សង្ខារជាបុណ្យ បានដល់កុសលចេតនាទាំង ១៣ គឺ កាមាវចរកុសលចេតនា ៨ និងរូបាវចរកុសលចេតនា ៥។
- អបុញ្ញាភិសង្ខារ សង្ខារមិនមែនបុណ្យ បានដល់អកុសលចេតនាទាំង ១២ គឺលោភមូល ៨ ទោសមូល ២ មោហមូល២។
- អនេញ្ជាភិសង្ខារ សង្ខារមិនញាប់ញ័រ បានដល់រូបាវចរកុសលចេតនា ៤។
កុសលាកុសលចេតនាទាំង ២៩នេះ តាក់តែងសត្វលោកឲ្យកើតក្នុងសុគតិភព និងទុគ្គតិភព ហៅថា សង្ខារ។
ខ្យល់ដកដង្ហើមចេញចូល ដែលកើតអំពីចិត្ត ក៏ហៅថា សង្ខារ គឺកាយសង្ខារ ព្រោះអវយវៈ មានជើងដៃ ឬសរីរៈទាំងមូល ដែលកម្រើកញាប់ញ័រទៅបាន អាស្រ័យមានខ្យល់អស្សាសបស្សាសៈនេះ តាក់តែងឲ្យកម្រើកឡើង។
សូមអនុមោទនា !!!