អភិសម្ពុទ្ធគាថា
វិសុទ្ធសីលា សុវិសុទ្ធបញ្ញា
សមាហិតា ជាគរិយានុយុត្តា
វិបស្សកា ធម្មវិសេសទស្សី
មគ្គង្គពោជ្ឈង្គគតេ វិជញ្ញា។
ពួកព្រះបច្ចេកពុទ្ធ មានសីលបរិសុទ្ធ មានប្រាជ្ញាបរិសុទ្ធល្អ មានចិត្ដតម្កល់មាំ ប្រកបរឿយៗ នូវព្យាយាមជាគ្រឿងភ្ញាក់រឭក អ្នកពិចារណានូវសង្ខារ ឃើញនូវធម៌ដ៏វិសេស ដឹងច្បាស់នូវធម៌ដែលជាអង្គនៃមគ្គនិងពោជ្ឈង្គៈ។
សុញ្ញប្បណិធិញ្ច តថានិមិត្តំ
អាសេវយិត្វា ជិនសាសនម្ហិ
យេ សាវកត្តំ ន វជន្តិ ធីរា
ភវន្តិ បច្ចេកជិនា សយម្ភូ។
ពួកជនជាអ្នកប្រាជ្ញណា ចម្រើននូវសុញ្ញតវិមោក្ខ អប្បណិហិតវិមោក្ខ និងអនិមិត្ដវិមោក្ខ ក្នុងសាសនានៃព្រះជិនស្រីហើយ តែមិនសម្រេចនូវភាពជាសាវ័កទេ ពួកជនជាអ្នកប្រាជ្ញនោះ គង់បានជាព្រះបច្ចេកពុទ្ធត្រាស់ដឹងឯង។
មហន្តធម្មា ពហុធម្មកាយា
ចិត្តិស្សរា សព្វទុក្ខោឃតិណ្ណា
ឧទគ្គចិត្តា បរមត្ថទស្សី
សីហោបមា ខគ្គវិសាណកប្បា។
ពួកជននោះ ជាអ្នកមានធម៌ដ៏ច្រើន មានធម្មកាយដ៏សម្បូណ៌ មានចិត្ដជាធំ ឆ្លងនូវទុក្ខនិងឱឃៈទាំងពួង មានចិត្ដខ្ពង់ខ្ពស់ផុត ជាអ្នកឃើញនូវប្រយោជន៍ដ៏ក្រៃលែង គឺព្រះនិព្វាន មានឧបមាដូចសីហៈ (តែងប្រព្រឹត្ដតែម្នាក់ឯង) ដូចកុយរមាស។
សន្តិន្ទិ្រយា សន្តមនា សមាធី
បច្ចន្តសត្តេសុ បតិប្បចារា
ទីបា បរត្ថ ឥធ វិជ្ជលន្តា
បច្ចេកពុទ្ធា សត្តហិតាមេ។
ព្រះបច្ចេកពុទ្ធទាំងឡាយ ជាបុគ្គលមានឥន្ទ្រិយស្ងប់ មានចិត្ដស្ងប់ស្ងាត់ មានចិត្តជាសមាធិ ប្រព្រឹត្តដោយប្រាជ្ញាចំពោះសត្វ ក្នុងទីបំផុតដែន ដូចប្រទីបឆ្លុះបំភ្លឺក្នុងលោកខាងមុខ និងលោកនេះ ជាអ្នកប្រតិបត្តិដើម្បីប្រយោជន៍ដល់ពួកសត្វ។
បហីនសព្វាវរណា ជនិន្ទា
លោកប្បទីបា ឃនកញ្ចនាភា
និស្សំសយំ លោកសុទក្ខិណេយ្យា
បច្ចេកពុទ្ធា សតតប្បិតាមេ។
ព្រះបច្ចេកពុទ្ធទាំងឡាយ ជាធំជាងជន លះកិលេសជាគ្រឿងរារាំងទាំងពួងហើយ ជាប្រទីបនៃលោក មានរស្មីដូចមាសដុំ ជាទក្ខិណេយ្យបុគ្គលដ៏ល្អ របស់សត្វលោក ដោយឥតសង្ស័យ ជាបុគ្គលសម្រេចដោយនិរោធសមាបត្ដិជារឿយ ៗ។
បច្ចេកពុទ្ធាន សុភាសិតានិ
ចរន្តិ លោកម្ហិ សទេវកម្ហិ
សុត្វា តថា យេ ន ករោន្តិ ពាលា
វជ្ជន្តិ ទុក្ខេសុ បុនប្បុនន្តេ។
សុភាសិតរបស់ព្រះបច្ចេកពុទ្ធទាំងឡាយ រមែងប្រព្រឹត្ដ ទៅក្នុងមនុស្សលោក ព្រមទាំងទេវលោក ពួកជនពាលណា ស្ដាប់ហើយ តែមិនបានធ្វើតាមសុភាសិត មានសភាពដូច្នោះទេ ពួកជនពាលនោះឯង រមែងធ្លាក់ទៅរងទុក្ខទាំងឡាយរឿយៗ។
បច្ចេកពុទ្ធាន សុភាសិតានិ
មធុំ យថា ខុទ្ទមិវស្សវន្តំ
សុត្វា តថា យេ បដិបត្តិយុត្តា
ភវន្តិ សច្ចទសា សបញ្ញា។
សុភាសិតរបស់ព្រះបច្ចេកពុទ្ធទាំងឡាយ ផ្អែមល្ហែមដូចទឹកឃ្មុំផ្លិត ដែលហូរចុះ ពួកជនណា បានស្ដាប់ហើយ ប្រកបនូវសេចក្ដីប្រតិបត្ដិតាមយ៉ាងនោះ ពួកជននោះ ប្រកបដោយប្រាជ្ញា រមែងឃើញនូវសច្ចធម៌។
បច្ចេកពុទ្ធេហិ ជិនេហិ ភាសិតា
គាថា ឧឡារា អភិនិក្ខមិត្វា
តា សក្យសីហេន នរុត្តមេន
បកាសិតា ធម្មវិជាននត្ថំ។
គាថាដ៏ខ្ពង់ខ្ពស់ណា ដែលព្រះបច្ចេកពុទ្ធទាំងឡាយ ជាអ្នកឈ្នះកិលេស សម្ដែងហើយនោះ ព្រះសម្ពុទ្ធជាសីហៈក្នុងសក្យវង្ស ទ្រង់ខ្ពង់ខ្ពស់ជាងជន ទ្រង់ចេញបព្វជ្ជាហើយ បានប្រកាសទុក ដើម្បីការដឹងច្បាស់នូវធម៌។
លោកានុកម្បាយ ឥមានិ តេសំ
បច្ចេកពុទ្ធាន វិកុព្វិតានិ
សំវេគសង្គមតិវឌ្ឍនត្ថំ
សយម្ភុសីហេន បកាសិតានិ។
សុភាសិតទាំងនេះ ដែលព្រះបច្ចេកពុទ្ធទាំងនោះសម្ដែងផ្សេងៗគ្នា ដើម្បីអនុគ្រោះដល់សត្វលោក ព្រះសយម្ភូដូចជាសីហៈ ទ្រង់ប្រកាសទុកហើយ ដើម្បីញ៉ាំងសំវេគធម៌ សង្គហធម៌ និងឧបាយប្រាជ្ញា ឲ្យចម្រើនឡើង។
អភិសម្ពុទ្ធគាថា ចប់។
[អភិសម្ពុទ្ធគាថាទាំងនេះ ស្រង់ចាកអបទាន បិ.៧២ ទំ.៣១-៣៣ ឃ.២។]
សូមអនុមោទនា !!!
