ព្រះអនុរុទ្ធត្ថេរ
បានឮថា កុលបុត្តនេះ ជាអ្នកមានបុញ្ញាធិការ បានធ្វើទុកហើយ ក្នុងព្រះពុទ្ធអង្គមុនៗ សន្សំបុណ្យទាំងឡាយដែលជាឧបនិស្ស័យនៃព្រះនិព្វាន ទុកក្នុងភពនោះៗ ក្នុងសាសនានៃព្រះមានព្រះភាគព្រះនាមបទុមុត្តរៈ កើតជាកុដុម្ពិកៈ ជាអ្នកសម្បូរដោយទ្រព្យសម្បត្តិ។ ថ្ងៃមួយ ចូលទៅកាន់វិហារស្ដាប់ធម៌ក្នុងសម្នាក់របស់ព្រះសាស្ដា បានឃើញព្រះសាស្ដាទ្រង់ស្ថាបនាភិក្ខុមួយរូប ទុកក្នុងតំណែងឯតទគ្គបុគ្គល នៃភិក្ខុដែលមានទិព្វចក្ខុ ខ្លួនឯងក៏ប្រាថ្នាឋានន្តរនោះ ញ៉ាំងមហាទានឲ្យប្រព្រឹត្តទៅអស់ ៧ ថ្ងៃ ចំពោះព្រះមានព្រះភាគ ដែលមានភិក្ខុសង្ឃ ១ សែន ជាបរិវារ ក្នុងថ្ងៃទី ៧ បានថ្វាយសំពត់ដ៏ប្រសើរ ចំពោះព្រះមានព្រះភាគនិងភិក្ខុសង្ឃ ហើយធ្វើបណិធាន គឺសេចក្ដីប្រាថ្នា ឯព្រះសាស្ដាទ្រង់ជ្រាបថា សេចក្ដីប្រាថ្នារបស់កុលបុត្តនេះ សម្រេចដោយមិនមានអន្តរាយ ទើបទ្រង់ព្យាករថា អនាគតេ គោតមស្ស នាម សម្មាសម្ពុទ្ធស្ស សាសនេ ទិព្វចក្ខុកានំ អគ្គោ ភវិស្សតិ ក្នុងអនាគតកាល ក្នុងសាសនានៃព្រះសម្មាសម្ពុទ្ធព្រះនាមគោតម បុរសនេះ នឹងបានជាបុគ្គលដ៏ប្រសើរជាងភិក្ខុ ដែលមានចក្ខុទិព្វ។
កុលបុត្តនោះ ក៏បំពេញបុណ្យជាច្រើន ក្នុងព្រះសាស្ដានោះ កាលព្រះសាស្ដាបរិនិព្វានហើយ កាលព្រះចេតិយមាស កម្ពស់ ៧ យោជន៍សម្រេចហើយ ធ្វើការបូជាប្រទីបដ៏ឧឡារ (មួយអន្លើដោយ) ប្រទីបមានដងច្រើនពាន់ ដោយអធិដ្ឋានថា ទិព្វចក្ខុញាណស្ស ឧបនិស្សយបច្ចយោ ហោតុ សូមជាឧបនិស្ស័យដល់ទិព្វចក្ខុចុះ។
កុលបុត្តនោះ ធ្វើបុណ្យជាច្រើន ដរាបដល់អស់ជីវិត ដោយប្រការដូច្នេះហើយ អន្ទោលទៅក្នុងទេវតានិងមនុស្សទាំងឡាយ ក្នុងសាសនានៃព្រះមានព្រះភាគកស្សបៈ កើតឡើងក្នុងផ្ទះកុដុម្ពិកៈ ក្នុងនគរពារាណសី ដល់នូវភាពជាអ្នកដឹងក្ដីហើយ កាលព្រះសាស្ដាបរិនិព្វាន កាលជនទាំងឡាយសាងព្រះចេតិយមាស កម្ពស់ ១ យោជន៍ សម្រេចហើយ ឲ្យធ្វើថាសសំរឹទ្ធជាច្រើន ដាក់ពេញដោយសប្បិ ដាក់ស្ករអំពៅមួយដុំត្រង់កណ្ដាលនៃថាសនីមួយៗ ដាក់ថាសជុំវិញព្រះចេតិយ ឲ្យមាត់ថាស និងមាត់ថាសទល់គ្នា ហើយធ្វើថាសសំរឹទ្ធធំមួយ ដាក់ពេញដោយសប្បិ ដុតប្រឆេះ ១ ពាន់ ទូលលើក្បាល ដើរប្រទក្សិណជុំវិញព្រះចេតិយ អស់មួយយប់ទល់ភ្លឺ។
ក្នុងអត្តភាពនោះ កុលបុត្តនោះ ធ្វើកុសលដរាបដល់អស់ជីវិត ដោយប្រការដូច្នេះ ចុតិចាកអត្តភាពនោះ ទៅកើតក្នុងទេវលោក តាំងនៅក្នុងទេវលោកនោះ ដរាបដល់អស់អាយុ ចុតិអំពីទេវលោកនោះ កាលព្រះពុទ្ធមិនទាន់កើតឡើង បានកើតក្នុងត្រកូលក្រីក្រ ក្នុងនគរពារាណសីមានឈ្មោះថា អន្នភារៈ។ អន្នភារៈនោះ អាស្រ័យផ្ទះសុមនសេដ្ឋីធ្វើការចិញ្ចឹមជីវិត។
ថ្ងៃមួយ ព្រះបច្ចេកពុទ្ធ ព្រះនាមថា ឧបរិដ្ឋៈ ចេញអំពីនិរោធសមាបត្តិត្រង់ភ្នំគន្ធមាទន៍ហើយ គិតថា ថ្ងៃនេះ អាត្មាអញនឹងធ្វើសេចក្ដីអនុគ្រោះដល់អ្នកណាហ្ន៎ ជ្រាបថា ថ្ងៃនេះ ការដែលអាត្មាអញធ្វើសេចក្ដីអនុគ្រោះដល់បុរសឈ្មោះអន្នភារៈ គួរឥឡូវនេះ បុរសនោះ រែកស្មៅចេញអំពីព្រៃហើយ នឹងមកផ្ទះ ដូច្នេះហើយ ទើបកាន់បាត្រនិងចីវរទៅដោយឫទ្ធិ ប្រាកដចំពោះមុខអន្នភារៈនោះ។ អន្នភារៈបានឃើញព្រះបច្ចេកពុទ្ធមានបាត្រទទេក្នុងដៃហើយ សួរថា បពិត្រលោកម្ចាស់ដ៏ចម្រើន លោកម្ចាស់បានភិក្ខាខ្លះដែរឬទេ។
កាលព្រះបច្ចេកពុទ្ធតបថា អ្នកមានបុណ្យច្រើន អាត្មានឹងបាន។ ទើបពិតថា បពិត្រលោកម្ចាស់ បើដូច្នោះ សូមលោកម្ចាស់មេត្តារង់ចាំបន្តិច ហើយក៏ទុកអម្រែកស្មៅ រត់ទៅកាន់ផ្ទះដោយរហ័ស សួរភរិយាថា នែនាងដ៏ចម្រើន ភត្តចំណែកដែលនាងទុកដើម្បីខ្ញុំ មាន ឬមិនមាន។
កាលភរិយាឆ្លើយថា បពិត្រអ្នកជាម្ចាស់ មាន ទើបត្រឡប់មកដោយរហ័ស ទទួលបាត្ររបស់ព្រះបច្ចេកពុទ្ធ ទៅកាន់ផ្ទះដោយគិតថា កាលអញប្រាថ្នាដើម្បីឲ្យ ទេយ្យធម៌មិនមាន កាលទេយ្យធម៌មាន អញ មិនបានបដិគ្គាហកៈ។ តែថ្ងៃនេះ បដិគ្គាហកៈក៏អញចួបហើយ ទាំងទេយ្យធម៌របស់អញក៏មាន ជាលាភរបស់អញហ្ន៎ ឲ្យចាក់ភត្ត (ទាំងអស់) ក្នុងបាត្រ ហើយនាំត្រឡប់មក ដាក់ក្នុងដៃរបស់ព្រះបច្ចេកពុទ្ធ តាំងសេចក្ដីប្រាថ្នាថា
ឥមិនា បន ទានេន មា មេ ទាលិទ្ទិយំ អហុ
នត្ថីតិ វចនំ នាម មា អហោសិ ភវាភវេ។
ដោយទាននេះ ភាពជាអ្នកខ្វះខាត កុំបីមានដល់ខ្ញុំឡើយ ពាក្យថា មិនមាន កុំប្រាកដ ក្នុងភពតូចភពធំ [ស្រង់ចាកអដ្ឋកថា ធម្មបទ សុមនសាមណេរវត្ថុ។]។
បពិត្រលោកម្ចាស់ដ៏ចម្រើន សូមឲ្យខ្ញុំផុតចាកជីវិតក្រីក្របែបនេះ ហើយមិនគប្បីបានឮពាក្យថា មិនមានឡើយ។
ព្រះបច្ចេកសម្ពុទ្ធធ្វើអនុមោទនាថា ឯវំ ហោតុ មហាបុញ្ញ សេចក្ដីប្រាថ្នារបស់អ្នក ចូរសម្រេចយ៉ាងនោះចុះ អ្នកមានបុណ្យច្រើន ដូច្នេះហើយ ក៏ចៀសចេញទៅ។ ទេវតាដែលអាស្រ័យត្រង់ឆត្ររបស់សុមនសេដ្ឋី ពោលថា គួរត្រេកអរពិតហ្ន៎ ទាននេះ ជាទានដ៏កំពូល ដែលតម្កល់ទុកល្អហើយក្នុងព្រះឧបរិដ្ឋបច្ចេកពុទ្ធ ហើយបានឲ្យសាធុការ ៣ ដង។ គ្រានោះ សេដ្ឋីពោលនឹងទេវតានោះថា អ្នកមិនដែលឃើញយើងឲ្យទានជានិច្ច អស់កាលមានប្រមាណប៉ុណ្ណេះទេឬ។
ទេវតាពោលថា ខ្ញុំមិនបានឲ្យសាធុការប្រារព្ធទានរបស់លោក តែសាធុការនេះ ខ្ញុំឲ្យប្រព្រឹត្តទៅហើយ ព្រោះសេចក្ដីជ្រះថ្លាក្នុងបិណ្ឌបាតដែលអន្នភារៈប្រគេនហើយដល់ព្រះឧបរិដ្ឋបច្ចេកពុទ្ធ។ សុមនសេដ្ឋីគិតថា គួរអស្ចារ្យហ្ន៎ អញឲ្យទានអស់កាលមានប្រមាណប៉ុណ្ណេះ ក៏មិនអាចឲ្យទេវតាធ្វើនូវសាធុការបាន អន្នភារៈអាស្រ័យអញរស់នៅសោះ គង់ឲ្យទេវតាធ្វើសាធុការដោយបិណ្ឌបាតម្ដងប៉ុណ្ណោះ អញនឹងធ្វើវត្ថុដែលសមគួរក្នុងទានរបស់អន្នភារៈ ហើយធ្វើបិណ្ឌបាតនោះ ឲ្យជារបស់អញ ដូច្នេះហើយ ទើបឲ្យហៅអន្នភារៈមកសួរថា អជ្ជ តយា កស្សចិ កិញ្ចិ ទិន្នំ ថ្ងៃនេះ ឯងបានឲ្យអ្វីដល់អ្នកណាដែរឬទេ។
អន្នភារៈឆ្លើយថា បពិត្រលោកម្ចាស់ ថ្ងៃនេះ ខ្ញុំបានប្រគេនចំណែកភត្តាហាររបស់ខ្ញុំ ចំពោះព្រះឧបរិដ្ឋបច្ចេកពុទ្ធ។ សេដ្ឋីពោលថា ណ្ហើយចុះ បា ចូរឯងយកកហាបណៈ ហើយឲ្យបិណ្ឌបាតនោះ ដល់ខ្ញុំចុះ។ អន្នភារៈពោលថា បពិត្រលោកម្ចាស់ ខ្ញុំមិនឲ្យទេ។
សេដ្ឋីនោះ ឡើងតម្លៃឲ្យដល់មួយពាន់ ចំណែកអន្នភារៈ ក៏មិនបានឲ្យ សូម្បីទ្រព្យមួយពាន់។ លំដាប់នោះ សេដ្ឋីពោលថា អ្នកដ៏ចម្រើន សេចក្ដីនោះ ស្លេះទុកចុះ បើឯងមិនឲ្យបិណ្ឌបាត ចូរកាន់យកទ្រព្យមួយពាន់ ហើយឲ្យចំណែកបុណ្យដល់ខ្ញុំចុះ។
អន្នភារៈពោលថា បពិត្រលោកម្ចាស់ ខ្ញុំសួរព្រះបច្ចេកពុទ្ធហើយ នឹងប្រាប់ឲ្យដឹង ប្រញាប់រត់ទៅ ទាន់ព្រះបច្ចេកពុទ្ធហើយសួរថា បពិត្រលោកម្ចាស់ សុមនសេដ្ឋីឲ្យទ្រព្យមួយពាន់ ហើយសូមចំណែកបុណ្យក្នុងបិណ្ឌបាតដែលប្រគេនដល់លោកម្ចាស់ តើខ្ញុំត្រូវធ្វើដូចម្ដេច។
លំដាប់នោះ ព្រះបច្ចេកពុទ្ធនាំឧបមាមកប្រៀបធៀបដល់បុរសនោះ ថា នែបណ្ឌិត គេអុជប្រទីបឲ្យឆេះឡើងក្នុងផ្ទះមួយខ្នង ក្នុងស្រុកដែលមានត្រកូលមួយរយ ពួកជនដ៏សេស យកប្រឆេះរបស់ខ្លួនជ្រលក់ប្រេងហើយ ទៅអុជបន្ដ ហើយកាន់យក ពន្លឺប្រទីបដើម បុគ្គលគប្បីពោលថា មាន ឬមិនមាន។ អន្នភារៈពោលថា ពន្លឺរឹងរឹតតែមានច្រើនឡើង។
ព្រះបច្ចេកពុទ្ធពោលថា យ៉ាងនោះឯងបណ្ឌិត ទោះជាបបរមួយបោយក្ដី ឬភិក្ខាមួយវែកក្ដី កាលបុគ្គលឲ្យចំណែកបុណ្យក្នុងបិណ្ឌបាតរបស់ខ្លួនដល់អ្នកដទៃ ឲ្យប៉ុនណា បុណ្យក៏ចម្រើនឡើងប៉ុណ្ណោះ អ្នកបានឲ្យបិណ្ឌបាតមួយចំណែកប៉ុណ្ណោះ តែកាលអ្នកឲ្យចំណែកបុណ្យដល់សេដ្ឋី បិណ្ឌបាតឈ្មោះថា ពីរចំណែក ចំណែកមួយជារបស់អ្នក ចំណែកមួយជារបស់សេដ្ឋី។ អន្នភារៈទទួលថា ប្រពៃហើយលោកម្ចាស់ ថ្វាយបង្គំព្រះបច្ចេកពុទ្ធទៅកាន់សម្នាក់សេដ្ឋី ពោលថា សូមលោកម្ចាស់ទទួលយកចំណែកបុណ្យចុះ។
សេដ្ឋីពោលថា បើដូច្នោះ ចូរអ្នកទទួលយកកហាបណៈទាំងនេះ។ អន្នភារៈពោលថា ខ្ញុំមិនបានលក់បិណ្ឌបាត ខ្ញុំឲ្យចំណែកបុណ្យដល់លោកម្ចាស់ដោយសទ្ធា។
សេដ្ឋីពោលថា អ្នកឲ្យដោយសទ្ធា ខ្ញុំក៏បូជាគុណរបស់អ្នក (ដោយសទ្ធា) ណ្ហើយចុះបា ចាប់តាំងអំពីពេលនេះទៅ អ្នកកុំធ្វើការដោយដៃរបស់ខ្លួន ចូរសង់ផ្ទះក្បែរដងវិថី ហើយចូរកាន់យកវត្ថុគ្រប់យ៉ាងដែលអ្នកត្រូវការ អំពីសម្នាក់របស់ខ្ញុំចុះ។
ធម្មតាបិណ្ឌបាតដែលប្រគេនដល់ព្រះបច្ចេកពុទ្ធ ដែលចេញអំពីនិរោធសមាបត្តិ រមែងឲ្យផលក្នុងថ្ងៃនោះឯង។ ព្រោះហេតុនោះ ក្នុងថ្ងៃនោះ សុមនសេដ្ឋី កាលចូលទៅគាល់ព្រះរាជា បាននាំនាយអន្នភារៈនោះទៅផង ព្រះរាជាក៏ទ្រង់ទតដោយអើពើ។ សុមនសេដ្ឋីក្រាបទូលថា បពិត្រមហារាជ បុរសនេះ សមគួរទទួលការប្រោសប្រណី ដោយពិត ហើយក្រាបទូលដល់បុណ្យដែលគេធ្វើក្នុងកាលនោះ ទាំងភាពដែលខ្លួនបានឲ្យទ្រព្យ ១ ពាន់ដល់អន្នភារៈនោះ ឲ្យព្រះរាជាទ្រង់ជ្រាប។
ព្រះរាជាទ្រង់ព្រះសណ្ដាប់ហើយ ក៏ទ្រង់ត្រេកអរ ប្រោសប្រទានទ្រព្យ ១ ពាន់ ហើយត្រាស់ប្រាប់កន្លែងធ្វើផ្ទះដល់អន្នភារៈថា អ្នកចូរធ្វើផ្ទះក្នុងទីឈ្មោះនោះ ហើយរស់នៅចុះ។ កាលអន្នភារៈ កំពុងជម្រះទីនោះ ឆ្នាំងទ្រព្យធំៗ ក៏ផុសឡើង គាត់ក្រាបទូលឲ្យព្រះរាជាទ្រង់ជ្រាប។ ព្រះរាជាទ្រង់ឲ្យជញ្ជូនទ្រព្យទាំងឡាយមកគរទុក ហើយត្រាស់សួរថា ក្នុងនគរនេះ ក្នុងផ្ទះរបស់អ្នកណា មានទ្រព្យប្រមាណប៉ុណ្ណេះខ្លះ។
អាមាត្យរាជបរិវារនាំគ្នាក្រាបទូលថា បពិត្រព្រះសម្មតិទេព មិនមានអ្នកណាមានទេ។ ព្រះរាជាត្រាស់ថា បើដូច្នោះ អន្នភារៈនេះ ចូរមានឈ្មោះថា មហាធនសេដ្ឋីចុះ ដូច្នេះ។ ព្រះរាជាទ្រង់ប្រទានឆត្រសេដ្ឋីដល់អន្នភារៈ ក្នុងថ្ងៃនោះឯង។
តាំងអំពីនោះមក កុលបុត្តនោះ ធ្វើកុសលកម្មដរាបដល់អស់ជីវិត ចុតិអំពីអត្តភាពនោះ អន្ទោលទៅក្នុងទេវតានិងមនុស្សទាំងឡាយ ក្នុងពុទ្ធុប្បាទនេះ បដិសន្ធិក្នុងព្រះរាជវាំងរបស់ព្រះបាទអមិតោទនសក្កៈ [អដ្ឋកថា ថេរគាថា បិ.៥៧ ទំ.៧៥ ឃ.២៥៧ និងអដ្ឋកថា អបទាន បិ. ៧២ ទំ.៨០ ឃ.៦ ជាព្រះបាទសុក្កោទនសក្កៈ តែក្នុងអដ្ឋកថា ធម្មបទ សុមនសាមណេរវត្ថុ ជាអមិតោទនសក្កៈ។] ក្នុងនគរកបិលពស្តុ មានឈ្មោះថា អនុរុទ្ធ។ អនុរុទ្ធសក្កៈនោះ ជាព្រះកនិដ្ឋភាតារបស់ព្រះបាទមហានាមសក្កៈ ជាឱរសរបស់ព្រះបិតុលានៃព្រះសាស្ដា ជាស្ដេចសុខុមាលជាតិក្រៃលែង មានបុណ្យច្រើន មានស្រីរបាំដែលប្រដាប់តាក់តែងដ៏ស្រស់ត្រកាល ចោមរោមក្នុងប្រាសាទទាំង ៣ ដ៏សមគួរដល់រដូវទាំង ៣ សោយសម្បត្តិដូចទេវតា។
បានឮថា ថ្ងៃមួយ កាលក្សត្រ ៦ អង្គ លេងអង្គញ់ យកនំភ្នាល់គ្នា អនុរុទ្ធកុមារចាញ់ ទើបបញ្ចូនដំណឹងទៅកាន់សម្នាក់របស់ព្រះមាតា ដើម្បីត្រូវការនំ ព្រះមាតាយកភាជនៈមាសធំ ដាក់នំពេញ ហើយបញ្ជូនទៅឲ្យ។ ព្រះអនុរុទ្ធសោយនំហើយ ទ្រង់លេងចាញ់ទៀត ក៏បញ្ជូនដំណឹងទៅយ៉ាងនោះឯង។
កាលមនុស្សនាំនំមកយ៉ាងនេះ អស់វារៈ ៣ ដង លើកទី ៤ ព្រះមាតាបញ្ជូនដំណឹងទៅថា ឥឡូវនេះ នំមិនមាន។ ព្រោះពាក្យថា មិនមាន ជាពាក្យដែលខ្លួនមិនធ្លាប់ឮអំពីមុនមក ទើបព្រះអនុរុទ្ធស្ដាប់ពាក្យរបស់ព្រះមាតានោះហើយ ធ្វើសេចក្ដីសម្គាល់ថា ឥឡូវនេះ នឹងមាននំ ឈ្មោះមិនមាន ទើបបញ្ជូនមនុស្សទៅដោយព្រះតម្រាស់ថា ចូរទៅយកនំមិនមានមក។
ក្នុងកាលនោះ ព្រះមាតារបស់ព្រះរាជកុមារ កាលអ្នកបម្រើទូលថា បពិត្រព្រះនាង បានឮថា ព្រះនាងនឹងឲ្យនំមិនមាន ទើបព្រះនាងត្រិះរិះថា ពាក្យថា មិនមាន កូនរបស់អញមិនធ្លាប់ឮមកអំពីមុន អញគប្បីឲ្យកូនរបស់អញដឹងភាពដែលមិនមាននោះ មានសភាពដូចម្ដេច ទើបព្រះនាងលាងថាសមាស គ្របដោយថាសមាសដទៃ បញ្ជូនទៅថា ទៅចុះបា ចូរបាឲ្យថាសមាសនេះ ដល់កូនរបស់យើង។
ខណៈនោះ ទេវតាទាំងឡាយដែលជាអ្នករក្សានគរ គិតថា អនុរុទ្ធជាម្ចាស់របស់ពួកយើង ប្រគេនភត្តជាចំណែកខ្លួន ដល់ព្រះបច្ចេកពុទ្ធព្រះនាមឧបរិដ្ឋៈ ហើយតាំងសេចក្ដីប្រាថ្នាថា ខ្ញុំមិនគប្បីបានឮពាក្យថា មិនមាន កាលនៅជាអ្នករែកស្មៅឈ្មោះអន្នភារៈ បើយើងដឹងសេចក្ដីនោះហើយ ព្រងើយកន្តើយ ក្បាលរបស់ពួកយើងនឹងបែកជា ៧ ភាគ ទើបធ្វើថាសឲ្យពេញដោយនំទិព្វទាំងឡាយហើយ។ បុរសនោះ នាំថាសមកទុកក្នុងសម្នាក់របស់ស្ដេចសក្យៈទាំងនោះ ហើយបើកថាស ក្លិនរបស់នំទិព្វទាំងនោះ ក៏ផ្សាយទៅពេញនគរ នំនោះ គ្រាន់តែស្ដេចសក្យៈទាំងនោះ ដាក់ក្នុងព្រះឱស្ឋ រសនៃនំនោះ បានផ្សាយទៅកាន់សរសៃសម្រាប់ទទួលរសទាំង ៧ ពាន់ តាំងនៅហើយ។ ព្រះអនុរុទ្ធកុមារទ្រង់ព្រះតម្រិះថា ក្នុងកាលមុន ព្រះមាតាប្រហែលជាមិនស្រឡាញ់អញ ព្រោះក្នុងកាលដទៃ ទ្រង់មិនធ្លាប់ធ្វើនំមិនមានឲ្យដល់អញ។ កុមារនោះទៅហើយ ទូលព្រះមាតាយ៉ាងនេះថា បពិត្រព្រះមាតា ខ្ញុំមិនជាទីស្រឡាញ់របស់ទ្រង់ឬ។ ព្រះមាតាពោលថា នែបា កូននិយាយអ្វី បាជាទីស្រឡាញ់ក្រៃលែងជាងកែវភ្នែកទាំងគូផង ក្រៃលែងជាងសាច់បេះដូងរបស់មាតាផង។
ព្រះអនុរុទ្ធទូលសួរថា បពិត្រព្រះមាតា បើខ្ញុំជាទីស្រឡាញ់របស់ព្រះមាតាសោត ព្រោះហេតុអ្វី ក្នុងកាលមុន ទើបព្រះមាតាមិនប្រទាននំមិនមានបែបនេះ ដល់ខ្ញុំ។ ព្រះនាងសួរបុរសនោះថា នែបា តើមានអ្វីកើតក្នុងថាសនោះឬ។
បុរសនោះពោលថា បពិត្រព្រះនាង មាន ថាសនោះ ពេញដោយនំទាំងឡាយ នំបែបនោះ ទូលព្រះបង្គំមិនធ្លាប់ឃើញអំពីមុនឡើយ។ ព្រះនាងព្រះតម្រិះថា កូនរបស់អញបានធ្វើបុណ្យទុកហើយ ទេវតាទាំងឡាយបញ្ជូននំទិព្វទៅឲ្យ។
ព្រះអនុរុទ្ធក្រាបទូលព្រះមាតាថា បពិត្រព្រះមាតា នំបែបនេះ ខ្ញុំមិនធ្លាប់សោយឡើយ តាំងអំពីថ្ងៃនេះទៅ សូមព្រះមាតាធ្វើនំមិនមាននេះប៉ុណ្ណោះ ដល់ខ្ញុំ។
តាំងពីកាលនោះមក ក្នុងពេលដែលព្រះអនុរុទ្ធពោលថា ខ្ញុំត្រូវការសោយនំ។ ព្រះនាងលាងថាសមាសហើយគ្របដោយថាសដទៃ បញ្ជូនទៅ ទេវតាទាំងឡាយរមែងញ៉ាំងថាសឲ្យពេញ (ដោយនំទិព្វ)។ ព្រះរាជកុមារនោះ កាលនៅក្នុងព្រះរាជវាំងមិនបានយល់ពាក្យថា មិនមាន ដោយប្រការយ៉ាងនេះ ទ្រង់សោយតែនំទិព្វប៉ុណ្ណោះ។
កាលឱរសរបស់ស្ដេចសក្យៈបួសតាមលំដាប់ត្រកូល ដើម្បីជាបរិវាររបស់ព្រះសាស្ដា កាលព្រះបាទមហានាមសក្យៈត្រាស់ថា នែបា ក្នុងត្រកូលរបស់ពួកយើង បុគ្គលណាមួយដែលបួសហើយ មិនមាន ឯងគួរបួស ឬក៏អញបួស។ ព្រះអនុរុទ្ធពោលថា ខ្ញុំជាមនុស្សសុខមាលជាតិក្រៃលែង មិនអាចបួសបានទេ។
ព្រះមហានាមពោលថា បើដូច្នោះ ចូរប្អូនរៀនធ្វើការងារចុះ អញនឹងបួស។ ព្រះអនុរុទ្ធពោលថា ការងារនោះ ដូចម្ដេច។ មែនពិត ព្រះអនុរុទ្ធរមែងមិនដឹងទីកើតឡើងនៃភត្ត នឹងដឹងការងារបានដូចម្ដេច ព្រោះហេតុនោះ ទើបត្រាស់យ៉ាងនេះ ។
បានឮថា ថ្ងៃមួយ សក្យៈ ៣ អង្គ គឺ អនុរុទ្ធ ភទ្ទិយៈ កិមិលៈប្រឹក្សាគ្នាថា ឈ្មោះថា ភត្ត កើតឡើងក្នុងទីណា។ បណ្ដាសក្យៈទាំង ៣ អង្គនោះ កិមិលៈពោលថា ភត្តកើតឡើងក្នុងជង្រុក។ បានឮថា ថ្ងៃមួយ កិមិលៈនោះ បានឃើញស្រូវគេជញ្ជូនដាក់ជង្រុក ព្រោះហេតុនោះ ទើបពោលយ៉ាងនោះ ដោយសម្គាល់ថា ភត្តរមែងកើតក្នុងជង្រុក។ កាលនោះ ភទ្ទិយៈពោលនឹងកិមិលៈថា ឯងមិនដឹង ដូច្នេះហើយ ទើបពោលថា ធម្មតាភត្ត តែងតែកើតឡើងក្នុងឆ្នាំងបាយ។ បានឮថា ថ្ងៃមួយ ភទ្ទិយៈនោះ ឃើញជនទាំងឡាយដួសភត្តចេញអំពីឆ្នាំងបាយ ទើបធ្វើសេចក្ដីសម្គាល់ថា ភត្តនោះ កើតក្នុងឆ្នាំងបាយនោះឯង ព្រោះហេតុនោះ ទើបពោលយ៉ាងនោះ។ អនុរុទ្ធពោលនឹងស្ដេចទាំងពីរអង្គថា អ្នក ទាំងពីរមិនដឹង ហើយពោលថា ភត្តកើតឡើងក្នុងថាសមាសធំ កម្ពស់មួយហត្ថ។ បានឮថា ព្រះអនុរុទ្ធមិនធ្លាប់ឃើញគេបុកស្រូវ មិនធ្លាប់ឃើញគេដាំបាយ ឃើញតែភត្តដែលគេដួសទុកក្នុងថាស ហើយតម្កល់ទុកចំពោះមុខប៉ុណ្ណោះ ព្រោះហេតុនោះ ទើបធ្វើសេចក្ដីសម្គាល់ថា ភត្តនោះ រមែងកើតឡើងក្នុងថាសប៉ុណ្ណោះ ព្រោះហេតុនោះ ទើបពោលយ៉ាងនោះ។ កុលបុត្តមានបុណ្យច្រើន មិនដឹងទីកើតនៃភត្តយ៉ាងនោះ តើនឹងដឹងការងារទាំងឡាយបានដូចម្ដេច។
ក្នុងរឿងចេញបួសនេះ ក្នុងវិនយបិដក សង្ឃភេទក្ខន្ធកៈ បានពោលទុកថា
សម័យនោះ ព្រះពុទ្ធមានព្រះភាគគង់នៅក្នុងនិគម ឈ្មោះអនុបិយាជានិគមរបស់មល្លក្សត្រ ទៀបព្រៃអនុបិយា។ ក៏សម័យនោះឯង ពួកសក្យកុមារសុទ្ធតែជាអ្នកមាននាមល្បីល្បាញ ចេញបួសតាមព្រះមានព្រះភាគដែលទ្រង់ព្រះផ្នួសហើយ។
សម័យនោះ មានសក្យៈជាបងប្អូន ២ អង្គ ឈ្មោះមហានាមសក្កៈ ១ ឈ្មោះអនុរុទ្ធសក្កៈ ១។ ឯអនុរុទ្ធសក្កៈជាស្តេចសុខុមាលជាតិ។ អនុរុទ្ធសក្កៈនោះ មានប្រាសាទ ៣ ខ្នង ប្រាសាទមួយសម្រាប់រដូវរងា ប្រាសាទមួយសម្រាប់រដូវក្តៅ ប្រាសាទមួយសម្រាប់រដូវភ្លៀង។ អនុរុទ្ធសក្កៈនោះ (គង់នៅ) លើប្រាសាទសម្រាប់រដូវភ្លៀងអស់បួនខែ មានតន្ត្រីនៅចាំគាល់បម្រើ មិនមានមនុស្សប្រុស (នៅលាយ) មិនដែល ចុះអំពីប្រាសាទមកខាងក្រោមឡើយ។ គ្រានោះឯង មហានាមសក្កៈមានសេចក្តីត្រិះរិះដូច្នេះថា ឥឡូវនេះ ពួកសក្យកុមារសុទ្ធតែជាអ្នកមាននាមល្បីល្បាញ បានចេញបួសតាមព្រះមានព្រះភាគ ដែលទ្រង់ព្រះផ្នួសហើយ ចំណែកខាងត្រកូលរបស់យើង គ្មាននរណាមួយចេញចាកផ្ទះទៅបួសក្នុងសាសនាសោះ បើដូច្នោះ គួរតែអាត្មាអញ ឬអនុរុទ្ធ បួសកុំខានចុះ។ ទើបមហានាមសក្កៈចូលទៅរកអនុរុទ្ធសក្កៈ លុះចូលទៅដល់ហើយ បាននិយាយរឿងនុ៎ះចំពោះអនុរុទ្ធសក្កៈថា ម្នាលអនុរុទ្ធជាអនុជ ឥឡូវនេះ ពួកសក្យកុមារសុទ្ធតែជាអ្នកមាននាមល្បីល្បាញ បានចេញបួសតាមព្រះមានព្រះភាគ ដែលទ្រង់ព្រះផ្នួសហើយ ចំណែកខាងត្រកូលរបស់យើង គ្មាននរណាមួយចេញចាកផ្ទះទៅបួសក្នុងសាសនាសោះ បើដូច្នោះ ចូរឯងបួស ឬអញនឹងបួសក៏បាន។ អនុរុទ្ធឆ្លើយថា ខ្ញុំជាមនុស្សសុខុមាលជាតិ ខ្ញុំមិនអាចនឹងចេញចាកផ្ទះទៅបួសក្នុងសាសនាបានទេ សូមទ្រង់ស្ដេចបួសចុះ។ មហានាមសក្កៈនិយាយថា ម្នាលអនុរុទ្ធជាអនុជ ចូរប្អូនមកអាយ បងនឹងពន្យល់ប្រយោជន៍របស់ឃរាវាសដល់ប្អូនថា ការធ្វើស្រែនោះ មុនដំបូងត្រូវភ្ជួរ ភ្ជួររួចហើយត្រូវព្រោះ ព្រោះរួចហើយ ត្រូវបញ្ចូលទឹក បញ្ចូលទឹករួចហើយ ត្រូវបញ្ចេញទឹក បញ្ចេញទឹករួចហើយ ត្រូវជម្រះស្មៅ ជម្រះស្មៅរួចហើយ ត្រូវច្រូតស្រូវ ច្រូតស្រូវ ហើយ ត្រូវចងកណ្ដាប់ ចងជាកណ្ដាប់ហើយ ត្រូវធ្វើឲ្យជាគំនរ ធ្វើឲ្យជាគំនរហើយ ត្រូវបោកឬបញ្ជាន់ បញ្ជាន់ហើយ ត្រូវជជុះយកចំបើង ជជុះយកចំបើងហើយ ត្រូវជជុះយកកម្ទេចចេញ ជជុះយកកម្ទេចចេញហើយ ត្រូវរោយ រោយហើយ ត្រូវជញ្ជូនយកមកទុក ជញ្ជូនយកមកទុកហើយ ត្រូវចាប់ធ្វើតែយ៉ាងនេះតទៅទៀតរាល់ៗ ឆ្នាំ ត្រូវចាប់ធ្វើ (សាពីដើម) តាមទំនងនេះទៀត តែរាល់ៗ ឆ្នាំ។ អនុរុទ្ធសក្កៈនិយាយថា ការងារមិនចេះអស់ទេ ទីបំផុតនៃការងារមិនប្រាកដទេ កាលណានឹងអស់ការងារ កាលណានឹងប្រាកដថា ផុតការងារបាន កាលណាយើងនឹងថយខ្វល់ខ្វាយឆ្អែតឆ្អន់ និងស្កប់ស្កល់បម្រើដោយកាមគុណ ៥។ ម្នាលអនុរុទ្ធជាអនុជ ការងារមិនចេះអស់ទេ ទីបំផុតការងារ ក៏មិនប្រាកដ មាតាបិតាក្តី ជីតាក្តី ធ្វើមរណភាព (ទៅអស់) ឯការងារមិនចេះអស់ទេ។ បើដូច្នោះ អនុជឯង ចូរជ្រាបអំពីប្រយោជន៍របស់ឃរាវាសចុះ បងមុខជានឹងចេញចាកផ្ទះទៅបួសក្នុងសាសនា (មិនខាន)។
ក្នុងគ្រានោះ អនុរុទ្ធសក្កៈចូលទៅរកព្រះមាតា លុះចូលទៅដល់ហើយ ក៏និយាយនឹងព្រះមាតាយ៉ាងនេះថា បពិត្រព្រះមាតា ខ្ញុំចង់ចេញចាកផ្ទះទៅបួសក្នុងសាសនា បពិត្រព្រះមាតា សូមព្រះមាតាអនុញ្ញាតឲ្យខ្ញុំចេញចាកផ្ទះទៅបួសក្នុងសាសនា។ កាលបើអនុរុទ្ធសក្កៈនិយាយយ៉ាងនេះហើយ ព្រះមាតានៃអនុរុទ្ធសក្កៈ និយាយយ៉ាងនេះថា ម្នាលអនុរុទ្ធកូន អ្នកជាបុត្តប្រុសទាំងពីររបស់យើង រមែងជាទីស្រឡាញ់ពេញចិត្ត ឥតមានស្អប់ខ្ពើមទេ សូម្បីដល់មរណភាព យើងក៏ពុំចង់ព្រាត់ប្រាសនិរាសចាកអ្នកឡើយ កាលបើអ្នករស់នៅ ៗ ឡើយ យើងធ្វើម្ដេចនឹងយល់ព្រមឲ្យអ្នកចេញចាកផ្ទះទៅបួសក្នុងសាសនាបាន។ អនុរុទ្ធសក្កៈនិយាយនឹងព្រះមាតាយ៉ាងនេះ អស់វារៈពីរដងផង។បេ។ អស់វារៈបីដងផងថា បពិត្រព្រះមាតា ខ្ញុំចង់ចេញចាកផ្ទះទៅបួសក្នុងសាសនា បពិត្រព្រះមាតា សូមព្រះមាតាអនុញ្ញាតឲ្យខ្ញុំចេញចាកផ្ទះទៅបួសក្នុងសាសនា។
សម័យនោះឯង ភទ្ទិយសក្យរាជសោយរាជ្យជាស្ដេចរបស់សក្យៈទាំងឡាយ។ ឯភទ្ទិយសក្យរាជនោះ ត្រូវជាសម្លាញ់នឹងអនុរុទ្ធសក្កៈ។ គ្រានោះឯង ព្រះមាតារបស់អនុរុទ្ធសក្កៈទ្រង់ព្រះចិន្តាថា ព្រះភទ្ទិយសក្យរាជនេះ ទ្រង់សោយរាជ្យជាស្ដេចរបស់ពួកសក្យៈ ស្ដេចនោះ ជាសម្លាញ់នឹងអនុរុទ្ធសក្កៈ គង់មិនអាចចេញចាកអគារដ្ឋានទៅបួសក្នុងសាសនាទេ (លុះទ្រង់ព្រះចិន្តាដូច្នេះហើយ) ទើបមានព្រះសវនីយ៍ទៅនឹងអនុរុទ្ធសក្កៈទៀតថា ម្នាលអនុរុទ្ធកូន ប្រសិនបើភទ្ទិយសក្យរាជចេញចាកផ្ទះទៅបួសក្នុងសាសនា កាលបើដូច្នេះ សឹមកូនឯងទៅបួសចុះ។ លំដាប់នោះ អនុរុទ្ធសក្កៈចូលទៅរកព្រះភទ្ទិយសក្យរាជ លុះចូលទៅដល់ហើយ ទើបថ្លែងសេចក្តីនុ៎ះទៅនឹងភទ្ទិយសក្យរាជថា ម្នាលសម្លាញ់ ការបួសរបស់ខ្ញុំជាប់ទាក់ទងគ្នានឹងអ្នក។ ភទ្ទិយសក្យរាជក៏ឆ្លើយតបថា ម្នាលសម្លាញ់ បើបព្វជ្ជារបស់អ្នកជាប់ទាក់ទងគ្នានឹងខ្ញុំក្ដី មិនជាប់ក្តី បព្វជ្ជានោះ ចូរលើកទុកចុះ យើងគង់តែនឹងបួសជាមួយអ្នកតាមសប្បាយ ដែរ។ អនុរុទ្ធសក្កៈបបួលទៀតថា ម្នាលសម្លាញ់ អ្នកចូរមក យើងទាំងពីរនាក់នឹងចេញចាកផ្ទះទៅបួសក្នុងសាសនា។ ព្រះភទ្ទិយសក្យរាជតបថា ម្នាលសម្លាញ់ ខ្ញុំមិនអាចចេញចាកផ្ទះទៅបួសក្នុងសាសនាបានទេ កិច្ចឯទៀតដែលខ្ញុំល្មមធ្វើជំនួសអ្នកបាន ខ្ញុំនឹងធ្វើជំនួសអ្នក អ្នកចូរបួសចុះ។ អនុរុទ្ធសក្កៈនិយាយថា ម្នាលសម្លាញ់ ព្រះមាតានិយាយនឹងខ្ញុំយ៉ាងនេះថា ម្នាលអនុរុទ្ធ បើភទ្ទិយសក្យរាជចេញចាកផ្ទះទៅបួសក្នុងសាសនា កាលបើដូច្នោះ អ្នកឯង ចូរបួសចុះ។ ភទ្ទិយសក្យរាជឆ្លើយថា ម្នាលសម្លាញ់ ខ្ញុំបាននិយាយវាចានុ៎ះចំពោះអ្នកមែនថា ម្នាលសម្លាញ់ បើបព្វជ្ជារបស់អ្នកជាប់ទាក់ទងនឹងខ្ញុំក្ដី មិនជាប់ក្តី បព្វជ្ជានោះ លើកទុកទៅចុះ ខ្ញុំគង់តែនឹងបួសជាមួយនឹងអ្នកតាមសប្បាយដែរ។ អនុរុទ្ធបបួលថា ម្នាលសម្លាញ់ អ្នកចូរមក យើងទាំងពីរនាក់នឹងចេញចាកផ្ទះទៅបួសក្នុងសាសនា។ ក្នុងសម័យនោះ ពួកមនុស្សច្រើននិយាយពាក្យសច្ចៈ ប្ដេជ្ញាគ្នាដោយពាក្យសច្ចៈ។ លំដាប់នោះ ព្រះភទ្ទិយសក្យរាជតបនឹងអនុរុទ្ធសក្កៈយ៉ាងនេះថា ម្នាលសម្លាញ់ អ្នកចូរបង្អង់ ៧ ឆ្នាំសិន លុះអំណឹះ ៧ ឆ្នាំទៅ យើងទាំងពីរនាក់នឹងចេញចាកផ្ទះទៅបួសក្នុងសាសនា។ អនុរុទ្ធសក្កៈឆ្លើយតបថា ម្នាលសម្លាញ់ ៧ ឆ្នាំនោះ យូរណាស់ ខ្ញុំមិនអាចនឹងបង្អង់ចាំដល់ ៧ ឆ្នាំទេ។ ព្រះភទ្ទិយសក្យរាជឆ្លើយថា ម្នាលសម្លាញ់ អ្នកចូររង់ចាំ ៦ ឆ្នាំចុះ។ បេ។ ៥ ឆ្នាំ ៤ ឆ្នាំ ៣ ឆ្នាំ ២ ឆ្នាំ ១ ឆ្នាំចុះ លុះអំណឹះ ១ ឆ្នាំទៅ យើងទាំងពីរនាក់នឹងចេញចាកផ្ទះទៅបួសក្នុងសាសនា។ អនុរុទ្ធសក្កៈបបួលទៀតថា ម្នាលសម្លាញ់ ១ ឆ្នាំនោះ យូរពេកណាស់ ខ្ញុំមិនអាចនឹងរង់ចាំទៅដល់ ១ ឆ្នាំបានទេ។ ព្រះភទ្ទិយសក្យរាជអង្វរទៀតថា ម្នាលសម្លាញ់ អ្នកចូរបង្អង់ ៧ ខែចុះ លុះអំណឹះ ៧ ខែទៅ យើងទាំងពីរនាក់នឹងចេញចាកផ្ទះទៅបួសក្នុងសាសនា។ អនុរុទ្ធសក្កៈតបថា ម្នាលសម្លាញ់ ៧ ខែនោះ យូរណាស់ ខ្ញុំមិនអាចនឹងរង់ចាំដល់ទៅ ៧ ខែបានទេ។ ព្រះភទ្ទិយសក្យរាជអង្វរថា ម្នាលសម្លាញ់ អ្នកចូរបង្អង់ដល់ ៦ ខែ។ បេ។ ៥ ខែ ៤ ខែ ៣ ខែ ២ ខែ ១ ខែ កន្លះខែចុះ លុះអំណឹះកន្លះខែទៅ សឹមយើងទាំងពីរនាក់ចេញចាកផ្ទះទៅបួសក្នុងសាសនា។ អនុរុទ្ធសក្កៈតបទៀតថា ម្នាលសម្លាញ់ កន្លះខែយូរពេកណាស់ ខ្ញុំមិនអាចនឹងរង់ចាំដល់កន្លះខែបានទេ។ ព្រះភទ្ទិយសក្យរាជអង្វរចុះមកទៀតថា ម្នាលសម្លាញ់ អ្នកចូរបង្អង់ ៧ ថ្ងៃសិន ទម្រាំតែខ្ញុំនឹងប្រគល់រាជសម្បត្តិឲ្យកូន ឬបងប្អូន។ អនុរុទ្ធសក្កៈទទួលព្រមថា ម្នាលសម្លាញ់ ៧ ថ្ងៃនោះ មិនជាយូរប៉ុន្មានទេ ខ្ញុំនឹងរង់ចាំបាន។
គ្រានោះឯង ( ពួកសក្យៈទាំង ៦ អង្គ) គឺភទ្ទិយសក្យរាជ ១ អនុរុទ្ធ ១ អានន្ទ ១ ភគ្គុ ១ កិមិលៈ ១ ទេវទត្ត ១ ជាគំរប់ ៧ នាក់ នឹងខ្មាន់ព្រះកេស ឈ្មោះឧបាលិ ចេញទៅកាន់ឧទ្យានមួយអន្លើដោយសេនាមានអង្គ ៤ ក្នុងកាលពីដើម យ៉ាងណា សក្យរាជទាំងនោះ យាងចេញទៅ (ដើម្បីបព្វជ្ជា មួយអន្លើ) ដោយសេនាមានអង្គ ៤ ក៏យ៉ាងនោះដែរ។ សក្យៈទាំងនោះ លុះយាងទៅដល់ទីឆ្ងាយ ទើបឲ្យសេនាវិលមកវិញ លុះចូលទៅដល់ដែនដទៃហើយ ទើបដោះគ្រឿងប្រដាប់ វេចជាបង្វេចដោយព្រះពស្ត្រសម្រាប់ពានា រួចហើយទើបមានព្រះបន្ទូលទៅនឹងខ្មាន់ព្រះកេស ឈ្មោះឧបាលិថា នែនាយឧបាលិ ណ្ហើយនាយឧបាលិ ចូរអ្នកឯងវិលទៅវិញចុះ ទ្រព្យប៉ុណ្ណេះ ក៏ល្មមនឹងចិញ្ចឹមជីវិតរបស់អ្នកបានហើយ។
គ្រានោះឯង កាលឧបាលិកប្បកៈកំពុងតែដើរវិលមកវិញ ក៏មានសេចក្តីត្រិះរិះយ៉ាងនេះថា ពួកសក្យៈសុទ្ធតែជាអ្នកកាច ៗ នឹងសម្លាប់អញក៏បាន ព្រោះគិតថា ឧបាលិកប្បកៈនេះហើយ សម្លាប់ព្រះរាជកុមារ អម្បាលសក្យកុមារទាំងឡាយ ម្តេចគង់ចេញចាកអគារដ្ឋានទៅបួសក្នុងសាសនាបាន ចំណង់បើអញនឹងបាច់និយាយទៅថ្វី។ ឧបាលិកប្បកៈនោះ ក៏ស្រាយបង្វេចចេញ ហើយព្យួររបស់នោះ លើដើមឈើ ទើបនិយាយថា បើអ្នកណាឃើញ ចូររើសយករបស់ដែលអញឲ្យហើយចុះ ហើយដើរចូលទៅរកពួកសក្យកុមារវិញ។ ពួកសក្យកុមារទាំងនោះ បានឃើញឧបាលិកប្បកៈកំពុងដើរមកអំពីចម្ងាយហើយ ទើបនិយាយទៅនឹងឧបាលិកប្បកៈយ៉ាងនេះថា នែនាយឧបាលិ ហេតុដូចម្តេចបានជាអ្នកវិលមកវិញ។ ឧបាលិកប្បកៈក៏ក្រាបទូលថា បពិត្រព្រះអយ្យបុត្ត កាលដែលខ្ញុំព្រះអង្គវិលអំពីទីនេះទៅ ក៏ភ្នកមានសេចក្តីត្រិះរិះដូច្នេះថា ពួកសក្យរាជសុទ្ធតែកាចៗ នឹងសម្លាប់ខ្ញុំព្រះអង្គចោលក៏បាន ព្រោះគិតថា ខ្ញុំព្រះអង្គនេះហើយ ដែលសម្លាប់ព្រះរាជកុមារ អម្បាលពួកសក្យកុមារនេះ (ម្តេចក៏) ចេញចាកអគារដ្ឋានទៅបួសក្នុងសាសនា ចុះនឹងចាំស្តីទៅថ្វីដល់ខ្លួនខ្ញុំព្រះអង្គ បពិត្រព្រះអយ្យបុត្ត ខ្ញុំព្រះអង្គស្រាយបង្វេចចេញ ហើយព្យួររបស់នោះលើដើមឈើ ហើយនិយាយថា បើអ្នកណាឃើញ ចូររើសយករបស់ដែលអញឲ្យហើយចុះ ខ្ញុំព្រះអង្គក៏វិលអំពីទីនោះមកវិញ។ ពួកសក្យកុមារនិយាយថា នែនាយឧបាលិ ដែលអ្នកត្រឡប់មកវិញនោះ ឈ្មោះថា បានធ្វើប្រពៃហើយ ដ្បិតពួកសក្យៈកាច ៗ ណាស់ នឹងសម្លាប់អ្នកចោល ក៏បាន ព្រោះគិតថា អ្នកនេះហើយ ជាអ្នកសម្លាប់ព្រះរាជកុមារទាំងឡាយ។
គ្រានោះ ពួកសក្យកុមារទាំងនោះ នាំឧបាលិកប្បកៈចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំចំពោះព្រះមានព្រះភាគ រួចអង្គុយក្នុងទីដ៏សមគួរ។ ពួកសក្យកុមារទាំងនោះ លុះអង្គុយក្នុងទីដ៏សមគួរហើយ ទើបក្រាបបង្គំទូលសេចក្តីនេះ ចំពោះព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចម្រើន យើងខ្ញុំជាសក្យរាជ តែងមានមានះ បពិត្រព្រះអង្គដ៏ចម្រើន ឧបាលិកប្បកៈនេះ ជាអ្នកធ្លាប់បម្រើយើងខ្ញុំអស់កាលជាអង្វែងមកហើយ សូមព្រះមានព្រះភាគបំបួសឧបាលិកប្បកៈនេះមុន យើងខ្ញុំនឹងធ្វើនូវអភិវាទនកម្ម បច្ចុដ្ឋានកម្ម អញ្ជលិកម្ម និងសាមីចិកម្ម ចំពោះឧបាលិកប្បកៈនេះ កាលបើយើងខ្ញុំបានធ្វើយ៉ាងនេះហើយ សេចក្តីប្រកាន់ថា ខ្លួនយើងខ្ញុំជាសក្យៈនោះ នឹងថយចុះទៅ។ លំដាប់នោះឯង ព្រះមានព្រះភាគបានបំបួសឧបាលិកប្បកៈមុន ហើយទើបបំបួសពួកសក្យកុមារទាំងនោះក្រោយ។
គ្រានោះ ព្រះភទ្ទិយៈដ៏មានអាយុ បានសម្រេចនូវវិជ្ជាបីយ៉ាងខាងក្នុងនៃវស្សានោះឯង។ ព្រះអនុរុទ្ធដ៏មានអាយុបានសម្រេចទិព្វចក្ខុ។ ព្រះអានន្ទដ៏មានអាយុបានសម្រេចសោតាបត្តិផល។ ឯទេវទត្តបានសម្រេចឫទ្ធិជារបស់បុថុជ្ជន [បិ.១១ ទំ.១-១០ ឃ.១-៨។]។
សមដូចគាថាដែលលោកពោលទុកក្នុងអបទានថា
សុមេធំ ភគវន្តាហំ លោកជេដ្ឋំ នរាសភំ
វូបកដ្ឋំ វិហរន្តំ អទ្ទសំ លោកនាយកំ។
ខ្ញុំបានឃើញព្រះមានព្រះភាគ ទ្រង់ព្រះនាមសុមេធៈ ជាច្បងក្នុងលោក ជានរាសភៈ ជាលោកនាយក ទ្រង់ចេញចាកគណៈ ហើយគង់នៅតែមួយអង្គឯង។
ឧបគន្ត្វាន សម្ពុទ្ធំ សុមេធំ លោកនាយកំ
អញ្ជលឹ បគ្គហេត្វាន ពុទ្ធសេដ្ឋំ អយាចហំ។
ទើបខ្ញុំចូលទៅជិតព្រះសុមេធសម្ពុទ្ធ ជាលោកនាយក ហើយផ្គងអញ្ជលីអារាធនាព្រះសម្ពុទ្ធដ៏ប្រសើរថា
អនុកម្ប មហាវីរ លោកជេដ្ឋ នរាសភ
បទីបន្តេ បទស្សាមិ រុក្ខមូលម្ហិ ឈាយតោ។
បពិត្រព្រះអង្គ ទ្រង់មានព្យាយាមធំ ជាច្បងក្នុងលោក ជានរាសភៈ សូមព្រះអង្គអនុគ្រោះ ខ្ញុំព្រះអង្គសូមថ្វាយប្រទីបដល់ព្រះអង្គ ដែលទ្រង់ចម្រើនឈាន ក្បែរគល់ឈើ។
អធិវាសេសិ សោ ធីរោ សយម្ភូ វទតំ វរោ
ទុមេសុ វិនិវិជ្ឈិត្វា យន្តំ យោជេត្វហន្តទា។
ព្រះសយម្ភូជាអ្នកប្រាជ្ញ ប្រសើរជាងពួកអ្នកប្រាជ្ញនោះ ទ្រង់បានទទួលហើយ ក្នុងវេលានោះ ខ្ញុំបានទម្លុះឈើទាំងឡាយ ដើម្បីប្រកបនូវប្រទីប។
សហស្សវដ្ដិបាទាសឹ ពុទ្ធស្ស លោកពន្ធុនោ
សត្តាហំ បជ្ជលិត្វាន បទីបា វូបសម្មិសុំ។
មិនតែប៉ុណ្ណោះ ខ្ញុំបានថ្វាយប្រឆេះចង្កៀងមួយពាន់ ដល់ព្រះសម្ពុទ្ធជាលោកពន្ធុ ឯប្រទីបទាំងឡាយ ក៏ឆេះរុងរឿងឡើងអស់ ៧ ថ្ងៃហើយ ទើបរលត់ទៅវិញ។
តេន ចិត្តប្បសាទេន ចេតនាបណិធីហិ ច
ជហិត្វា មានុសំ ទេហំ វិមានំ ឧបបជ្ជហំ។
លុះខ្ញុំលះរាងកាយ ជារបស់មនុស្សហើយ ទៅកើតក្នុងវិមាន (ឋានសួគ៌) ដោយចិត្តជ្រះថ្លានោះផង ដោយការតាំងចេតនានោះផង។
ឧបបន្នស្ស ទេវត្តំ ព្យម្ហោ អាសិ សុនិម្មិតោ
សមន្តតោ បជ្ជលតិ ទីបទានស្សិទំ ផលំ។
កាលដែលខ្ញុំទៅកើតជាទេវតាហើយ មានប្រាសាទដែលបុញ្ញកម្មតាក់តែងដោយល្អ ភ្លឺរុងរឿងដោយជុំវិញ នេះជាផលនៃការថ្វាយនូវប្រទីប។
អដ្ឋវីសតិក្ខត្តុញ្ច ចក្កវត្តិ អហោសហំ
ទិវារត្តិញ្ច បស្សាមិ សមន្តា យោជនន្តទា។
ខ្ញុំកើតជាស្តេចចក្កពត្តិអស់ ២៨ ដង បានឃើញរូប ចម្ងាយ ១ យោជន៍ជុំវិញ ទាំងថ្ងៃទាំងយប់ក្នុងកាលនោះ។
សមន្តា យោជនំ សព្វំ វិរោចេមិ អហំ តទា
សព្វេ ទេវេ អភិភោមិ ទីបទានស្សិទំ ផលំ។
ខ្ញុំតែងធ្វើនូវទិសទាំងពួង ចម្ងាយ ១ យោជន៍ ដោយជុំវិញ ឲ្យភ្លឺរុងរឿង ក្នុងកាលនោះ ខ្ញុំគ្របសង្កត់ទេវតាទាំងអស់ នេះជាផលនៃការថ្វាយប្រទីប។
តឹសកប្បានិ ទេវិន្ទោ ទេវេ រជ្ជមការយឹ
ន មំ កេចាតិមញ្ញន្តិ ទីបទានស្សិទំ ផលំ។
ខ្ញុំជាធំជាងទេវតា បានសោយរាជ្យក្នុងពួកទេវតា អស់ ៣០ កប្ប ឥតមានពួកទេវតាណា មើលងាយខ្ញុំបានឡើយ នេះជាផលនៃការថ្វាយនូវប្រទីប។
សហស្សលោកំ ញាណេន បស្សាមិ សត្ថុសាសនេ
ទិព្វចក្ខុំ អនុប្បត្តោ ទីបទានស្សិទំ ផលំ។
ខ្ញុំបានសម្រេចទិព្វចក្ខុ ក្នុងសាសនានៃព្រះសាស្តា តែងឃើញលោកធាតុមួយពាន់ដោយញាណ នេះជាផលនៃការថ្វាយនូវប្រទីប។
សុមេធោ នាម សម្ពុទ្ធោ តឹសកប្បសហស្សិកោ
តស្ស ទីបោ មយា ទិន្នោ វិប្បសន្នេន ចេតសា។
ព្រោះតែខ្ញុំបានថ្វាយប្រទីប ដោយចិត្តជ្រះថ្លា ដល់ព្រះសម្ពុទ្ធព្រះនាមសុមេធៈ ទ្រង់កើតក្នុងកាល ៣០ ពាន់កប្ប នោះ។
បដិសម្ភិទា ចតស្សោ វិមោក្ខាបិ ច អដ្ឋិមេ
ឆឡភិញ្ញា សច្ឆិកតា កតំ ពុទ្ធស្ស សាសនំ។
បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ [បិ.៧២ ទំ.៨០-៨២ ឃ.៦។]។
ក្នុងកាលតមក ព្រះសាស្ដាគង់ក្នុងកណ្ដាលពួកព្រះអរិយៈ ក្នុងវត្តជេតពនមហាវិហារ ទ្រង់ស្ថាបនាព្រះថេរៈទុកក្នុងតំណែងឯតទគ្គៈ នៃភិក្ខុទាំងឡាយ ខាងមានចក្ខុទិព្វថា
ឯតទគ្គំ ភិក្ខវេ មម សាវកានំ ភិក្ខូនំ ទិព្វចក្ខុកានំ យទិទំ អនុរុទ្ធោ ម្នាលភិក្ខុទាំងឡាយ បណ្ដាពួកភិក្ខុអ្នកមានទិព្វចក្ខុ ដែលជាសាវ័ករបស់តថាគត ស្រេចនឹងអនុរុទ្ធ ប្រសើរជាងគេ [បិ.៤០ ទំ.៥៣ ឃ.១៤៦។]។
ព្រះថេរៈសោយវិមុត្តិសុខ ថ្ងៃមួយ ពិចារណាដល់បដិបទារបស់ខ្លួនហើយ កើតបីតិសោមនស្ស បានពោលគាថាដោយអំណាចឧទានជាដើមថា បហាយ មាតាបិតរោ (ខ្ញុំ) លះបង់នូវមាតាបិតា ដូច្នេះ។ ឯអាចារ្យពួកខ្លះពោលថា ព្រះសង្គីតិកាចារ្យទាំងឡាយ កាលប្រកាសបព្វជ្ជានិងការសម្រេចអរហត្តរបស់ព្រះថេរៈ បានពោល ៤ គាថាខាងដើម គាថាបន្ទាប់អំពីនោះ ព្រះមានព្រះភាគទ្រង់មានព្រះហឫទ័យសរសើរអរិយវង្សបដិបត្តិរបស់ព្រះថេរៈ ទើបត្រាស់។ ឯគាថាក្រៅអំពីនេះ ព្រះថេរៈពោលតាមហេតុការណ៍នោះ ៗ។ ដូច្នោះគាថាទាំងនេះ ព្រះថេរៈពោលផង ព្រះមានព្រះភាគត្រាស់ដោយចំពោះដល់ព្រះថេរៈផង។ គប្បីជ្រាបថា ជាគាថារបស់ព្រះថេរៈដោយប្រការទាំងពួង គឺលោកពោលគាថាទាំងនេះថា
បហាយ មាតាបិតរោ ភគិនីញាតិភាតរោ
បញ្ច កាមគុណេ ហិត្វា អនុរុទ្ធោវ ឈាយតិ។
អនុរុទ្ធ បានលះបង់នូវមាតា បិតា បងប្អូនស្រី ញាតិ និងបងប្អូនប្រុសទាំងឡាយ លះបង់នូវកាមគុណ ៥ ហើយចម្រើននូវឈាន។
សមេតោ នច្ចគីតេហិ សម្មតាឡប្បពោធនោ
ន តេន សុទ្ធិមជ្ឈគមា មារស្ស វិសយេ រតោ។
(ក្នុងកាលមុន) អនុរុទ្ធ ជាអ្នកបរិបូណ៌ដោយរបាំ និងចម្រៀង ភ្ញាក់រឭកដោយគ្រឿងប្រគំ ជាអ្នកត្រេកអរតែក្នុងវិស័យរបស់មារ ក៏មិនបានដល់នូវសេចក្តីបរិសុទ្ធ ដោយហេតុនោះ។
ឯតញ្ច សមតិក្កម្ម រតោ ពុទ្ធស្ស សាសនេ
សព្វោឃំ សមតិក្កម្ម អនុរុទ្ធោវ ឈាយតិ។
(ឥឡូវនេះ) អនុរុទ្ធ បានកន្លងនូវវិស័យរបស់មារនុ៎ះហើយត្រេកអរក្នុងសាសនារបស់ព្រះពុទ្ធ បានឆ្លងផុតនូវឱឃៈទាំងពួង ចម្រើនឈាន។
រូបា សទ្ទា រសា គន្ធា ផោដ្ឋព្វា ច មនោរមា
ឯតេ ច សមតិក្កម្ម អនុរុទ្ធោវ ឈាយតិ។
អនុរុទ្ធបានកន្លងនូវរូប សំឡេង ក្លិន រស ផ្សព្វ ជាទីគាប់ចិត្តទាំងនុ៎ះ ចម្រើនឈាន។
បិណ្ឌបាតបតិក្កន្តោ ឯកោ អទុតិយោ មុនិ
ឯសតិ បំសុកូលានិ អនុរុទ្ធោ អនាសវោ។
អនុរុទ្ធ ជាបុគ្គលម្នាក់ឯង មិនមានតណ្ហាជាគម្រប់ពីរ ជាអ្នកប្រាជ្ញ មិនមានអាសវៈ ត្រឡប់អំពីបិណ្ឌបាត ស្វែងរកនូវចីវរបង្សុកូលទាំងឡាយ។
វិចិនិ អគ្គហី ធោវិ រជយី ធារយី មុនិ
បំសុកូលានិ មតិមា អនុរុទ្ធោ អនាសវោ។
អនុរុទ្ធ ជាអ្នកប្រាជ្ញ មានយោបល់ មិនមានអាសវៈ រើសកាន់យក គក់លាង ជ្រលក់ ប្រើប្រាស់នូវចីវរបង្សុកូលទាំងឡាយ។
មហិច្ឆោ ច អសន្តុដ្ឋោ សំសដ្ឋោ យោ ច ឧទ្ធតោ
តស្ស ធម្មា ឥមេ ហោន្តិ បាបកា សង្កិលេសិកា។
បុគ្គលណា មានសេចក្តីប្រាថ្នាច្រើន មិនមានសន្តោស ជាអ្នកច្រឡំដោយពួក មានចិត្តរាយមាយ ធម៌ដ៏លាមក ជាគ្រឿងសៅហ្មងទាំងនេះ តែងកើតមានដល់បុគ្គលនោះ។
សតោ ច ហោតិ អប្បិច្ឆោ សន្តុដ្ឋោ អវិឃាតវា
បវិវេករតោ វិត្តោ និច្ចមារទ្ធវីរិយោ។
បុគ្គលណា ជាអ្នកមានស្មារតី មានសេចក្តីប្រាថ្នាតិច ជាអ្នកសន្តោស មិនមានចិត្តចង្អៀតចង្អល់ ត្រេកអរក្នុងទីស្ងាត់ ជាអ្នកស្ងាត់ មានការព្យាយាមតឹងតែងជានិច្ច។
តស្ស ធម្មា ឥមេ ហោន្តិ កុសលា ពោធិបក្ខិកា
អនាសវោ ច សោ ហោតិ ឥតិ វុត្តំ មហេសិនា។
ធម៌ជាកុសល ជាចំណែកនៃការត្រាស់ដឹងទាំងនេះ តែងកើតមានដល់បុគ្គលនោះ ព្រះពុទ្ធជាមហេសី ទ្រង់ត្រាស់ថា បុគ្គលនោះ ជាអ្នកមិនមានអាសវៈ។
មម សង្កប្បមញ្ញាយ សត្ថា លោកេ អនុត្តរោ
មនោមយេន កាយេន ឥទ្ធិយា ឧបសង្កមិ។
ព្រះសាស្តា ជាបុគ្គលប្រសើរក្នុងលោក ទ្រង់ជ្រាបនូវសេចក្តីត្រិះរិះរបស់ខ្ញុំ ក៏យាងមកដោយឫទ្ធិ ដោយព្រះកាយដែលសម្រេចអំពីចិត្ត។
យទា មេ អហុ សង្កប្បោ តតោ ឧត្តរឹ ទេសយិ
និប្បបញ្ចរតោ ពុទ្ធោ និប្បបញ្ចមទេសយិ។
ខ្ញុំមានសេចក្តីត្រិះរិះក្នុងកាលណា ព្រះសាស្តាទ្រង់បានសម្ដែងនូវធម៌ (មហាបុរិសវិតក្កៈ) ដ៏លើសលុប ក្នុងកាលនោះ ព្រះពុទ្ធទ្រង់ត្រេកអរក្នុងធម៌ ដែលមិនមានដំណើរយឺតយូរ សម្តែងនូវធម៌ដែលមិនមានដំណើរយឺតយូរ។
តស្សាហំ ធម្មមញ្ញាយ វិហាសឹ សាសនេ រតោ
តិស្សោ វិជ្ជា អនុប្បត្តា កតំ ពុទ្ធស្ស សាសនំ។
ខ្ញុំដឹងនូវធម្មទេសនារបស់ព្រះសាស្តានោះហើយ ត្រេកអរក្នុងសាសនា វិជ្ជា ៣ ខ្ញុំបានសម្រេចហើយ ពុទ្ធសាសនាខ្ញុំបានធ្វើហើយ។
បញ្ចបញ្ញាស វស្សានិ យតោ នេសជ្ជិកោ អហំ
បញ្ចវីសតិ វស្សានិ យតោ មិទ្ធំ សមូហតំ។
ខ្ញុំបានសមាទាននេសជ្ជិកង្គធុតង្គ អស់ ៥៥ ឆ្នាំ ខ្ញុំបានដករំលើង នូវកិរិយាងោកងុយអស់ ២៥ ឆ្នាំហើយ។
(ព្រះអនុរុទ្ធប្រកាស ក្នុងវេលាដែលព្រះមានព្រះភាគបរិនិព្វាន ដោយគាថានេះថា)
នាហុ អស្សាសបស្សាសា ឋិតចិត្តស្ស តាទិនោ
អនេជោ សន្តិមារព្ភ ចក្ខុមា បរិនិព្វុតោ។
ព្រះពុទ្ធព្រះអង្គជាបុគ្គលនឹងធឹង មានព្រះទ័យខ្ជាប់ខ្ជួនមិនមានខ្យល់អស្សាសបស្សាសៈហើយ ព្រះពុទ្ធមានចក្ខុ មិនមានកិលេសជាគ្រឿងញាប់ញ័រ ទ្រង់ប្រារព្ធនូវសេចក្តី ស្ងប់ បរិនិព្វានហើយ។
អសល្លីនេន ចិត្តេន វេទនំ អជ្ឈវាសយិ
បជ្ជោតស្សេវ និព្វានំ វិមោក្ខោ ចេតសោ អហុ។
ព្រះពុទ្ធទ្រង់អត់សង្កត់នូវវេទនា ដោយព្រះទ័យមិនរួញរាការផុតស្រឡះនៃចិត្ត (របស់ព្រះអង្គ) ដូចជាកិរិយារលត់នៃប្រទីប ។
ឯតេ បច្ឆិមកាទានិ មុនិនោ ផស្សបញ្ចមា
នាញ្ញេ ធម្មា ភវិស្សន្តិ សម្ពុទ្ធេ បរិនិព្វុតេ។
សភាវៈមានផស្សៈជាគម្រប់ ៥ របស់ព្រះពុទ្ធ ជាអ្នកប្រាជ្ញនុ៎ះ មានក្នុងទីបំផុត ក្នុងកាលឥឡូវនេះហើយ នាកាលព្រះសម្ពុទ្ធទ្រង់បរិនិព្វានហើយ ធម៌ដទៃ គឺចិត្តនិងចេតសិក មិនមានទៀតទេ។
(ព្រះអនុរុទ្ធពោលតបនឹងទេវតាដែលមករកថា)
នត្ថិ ទានិ បុនាវាសោ ទេវកាយស្មិ ជាលិនិ
វិក្ខីណោ ជាតិសំសារោ នត្ថិ ទានិ បុនព្ភវោ។
ម្នាលទេវតា ឈ្មោះជាលិនី ឥឡូវនេះ (អាត្មា) មិនមានការអាស្រ័យនៅក្នុងពួកទេវតាទៀតឡើយ ជាតិសង្សាររបស់អាត្មាក៏អស់ហើយ ឥឡូវនេះ ភពថ្មីមិនមានទេ។
( ព្រះអនុរុទ្ធពោលនឹងសព្រហ្មចារីថា)
យស្ស មុហុត្តេន សហស្សធា លោកោ
សំវិទិតោ សព្រហ្មកប្បោ
វសី ឥទ្ធិគុណេ ចុតូបបាតេ
កាលេ បស្សតិ ទេវតា ស ភិក្ខុ។
ភិក្ខុណា អាចដឹងច្បាស់នូវលោក មានចំណែកមួយពាន់ ព្រមទាំងព្រហ្មលោក ក្នុងមួយរំពេចបាន ភិក្ខុនោះ ជាអ្នកស្ទាត់ក្នុងឥទ្ធិគុណ ក្នុងចុតូបបាតញ្ញាណ រមែងឃើញពួកទេវតា ក្នុងកាលគួរ។
អន្នភារោ បុរេ អាសឹ ទលិទ្ទោ ឃាសហារកោ
សមណំ បដិបាទេសឹ ឧបរិដ្ឋំ យសស្សិនំ។
ក្នុងកាលមុន ខ្ញុំបានកើតជាបុរសកម្សត់ ឈ្មោះអន្នភារៈ ជាអ្នកធ្វើការឈ្នួល ដើម្បីអាហារ បានផ្គត់ផ្គង់សមណៈ ( ព្រះបច្ចេកពុទ្ធ) ឈ្មោះឧបរិដ្ឋៈ ជាអ្នកមានយស។
សោម្ហិ សក្យកុលេ ជាតោ អនុរុទ្ធោតិ មំ វិទូ
ឧបេតោ នច្ចគីតេហិ សម្មតាឡប្បពោធនោ។
ពួកជនអ្នកចេះដឹង តែងស្គាល់ខ្ញុំថា ខ្ញុំនោះឈ្មោះអនុរុទ្ធ កើតក្នុងសក្យត្រកូល ជាអ្នកបរិបូណ៌ដោយរបាំ និងចម្រៀង ភ្ញាក់រឭកដោយគ្រឿងប្រគំ។
អថទ្ទសាសឹ សម្ពុទ្ធំ សត្ថារំ អកុតោភយំ
តស្មឹ ចិត្តំ បសាទេត្វា បព្វជឹ អនគារិយំ។
ខ្ញុំបានឃើញព្រះសម្ពុទ្ធ ជាសាស្តា មិនមានភ័យអំពីទីណា ក៏ញ៉ាំងចិត្តឲ្យជ្រះថ្លា ក្នុងព្រះសម្ពុទ្ធនោះ ហើយចូលទៅកាន់ផ្នួស។
បុព្វេនិវាសំ ជានាមិ យត្ថ មេ វុសិតំ បុរេ
តាវត្តឹសេសុ ទេវេសុ អដ្ឋាសឹ សក្កជាតិយា។
ខ្ញុំដឹងនូវបុព្វេនិវាស ដែលជាលំនៅរបស់អាត្មា ធ្លាប់នៅក្នុងកាលមុន ក្នុងទេវលោកឈ្មោះតាវត្តិង្ស បានឋិតនៅក្នុងជាតិជាសក្កៈ (ព្រះឥន្ទ)។
សត្តក្ខត្តុំ មនុស្សិន្ទោ អហំ រជ្ជមការយឹ
ចាតុរន្តោ វិជិតាវី ជម្ពុសណ្ឌស្ស ឥស្សរោ
អទណ្ឌេន អសត្ថេន ធម្មេន អនុសាសយឹ។
អាត្មាបានជាធំក្នុងមនុស្ស សោយរាជ្យអស់ ៧ ជាតិ ជាធំលើផែនដី មានសមុទ្ទទាំងបួនជាទីបំផុត មានជ័យជម្នះ ជាឥស្សរៈក្នុងជម្ពូទ្វីប ប្រៀនប្រដៅ (ប្រជាជន) ដោយធម៌ មិនប្រើដំបងនិងគ្រឿងសស្រ្តា។
ឥតោ សត្ត ឥតោ សត្ត សំសារានិ ចតុទ្ទស
និវាសមភិជានិស្សំ ទេវលោកេ ឋិតោ តទា។
កាលនោះ ខ្ញុំបានឋិតនៅក្នុងទេវលោក ដឹងច្បាស់នូវខន្ធដែលធ្លាប់អាស្រ័យនៅក្នុងកាលមុន អស់ ១៤ សង្សារវដ្ដ (១៤ ជាតិ) គឺខាងទេវលោកនេះ ៧ ជាតិ ខាងមនុស្សលោកនេះ ៧ ជាតិ។
បញ្ចង្គិកេ សមាធិម្ហិ សន្តេ ឯកោទិភាវិតេ
បដិប្បស្សទ្ធិលទ្ធម្ហិ ទិព្វចក្ខុំ វិសុជ្ឈិ មេ។
កាលសមាធិប្រកបដោយអង្គ ៥ ខ្ញុំបានចម្រើនឲ្យមានអារម្មណ៍មូលតែមួយហើយ ខ្ញុំក៏បានសេចក្តីស្ងប់រម្ងាប់ ទិព្វចក្ខុរបស់ខ្ញុំក៏បរិសុទ្ធិ។
ចុតូបបាតំ ជានាមិ សត្តានំ អាគតឹ គតឹ
ឥត្ថភាវញ្ញថាភាវំ ឈានេ បញ្ចង្គិកេ ឋិតោ។
ខ្ញុំលុះបានឋិតនៅក្នុងឈានប្រកបដោយអង្គ ៥ ហើយ ក៏ដឹងនូវការច្យុតនិងការកើត គឺដំណើរមក និងដំណើរទៅ (ព្រមទាំង) ការកើតឡើងយ៉ាងនេះ និងការប្រែប្រួលទៅជាយ៉ាងដទៃ របស់សត្វទាំងឡាយ។
បរិចិណ្ណោ មយា សត្ថា កតំ ពុទ្ធស្ស សាសនំ
ឱហិតោ គរុកោ ភារោ ភវនេត្តិ សមូហតា។
ព្រះសាស្ដា ខ្ញុំបានបម្រើហើយ ព្រះពុទ្ធសាសនា ខ្ញុំបានធ្វើហើយ ភារៈដ៏ធ្ងន់គឺខន្ធ ខ្ញុំបានដាក់ចុះហើយ តណ្ហាជាគ្រឿងនាំទៅកាន់ភព ខ្ញុំបានដកចោលហើយ។
វជ្ជីនំ វេឡុវគាមេ អហំ ជីវិតសង្ខយា
ហេដ្ឋតោ វេឡុគុម្ពស្មឹ និព្វាយិស្សំ អនាសវោ។
ខ្ញុំជាបុគ្គលមិនមានអាសវៈ លុះអស់ជីវិត ខ្ញុំនឹងនិព្វានក្រោមគុម្ពឫស្សី ក្នុងវេឡុវគ្រាម របស់ពួកជនអ្នកនៅក្នុងដែនវជ្ជី [បិ.៥៧ ទំ.៧៥-៧៨ ឃ.២៥៧។]។
៣ គាថា មានពាក្យថា ព្រះពុទ្ធព្រះអង្គជាបុគ្គលនឹងធឹង មានព្រះទ័យខ្ជាប់ខ្ជួន មិនមានខ្យល់អស្សាសបស្សាសៈហើយនេះជាដើម ព្រះថេរៈត្រូវភិក្ខុទាំងឡាយសួរ ក្នុងកាលដែលព្រះសាស្ដាទ្រង់បរិនិព្វានថា ព្រះមានព្រះភាគបរិនិព្វានហើយឬ កាលនឹងប្រកាសភាវៈនៃកិរិយាបរិនិព្វាន ទើបពោលគាថានេះ។
បានឮថា ទេវតានោះ ជាភរិយា (បាទបរិចារិកា) របស់ព្រះថេរៈក្នុងជាតិមុន ព្រោះហេតុនោះ ទេវតានោះ ឃើញព្រះថេរៈចាស់ជរាហើយ ដោយសេចក្ដីស្រឡាញ់ដែលមានក្នុងកាលមុន ទើបមកអង្វរសូមឲ្យកើតក្នុងទេវតាថា សូមលោកម្ចាស់តាំងចិត្តក្នុងទេវនិកាយ ដែលលោកម្ចាស់ធ្លាប់នៅក្នុងកាលមុន។ លំដាប់នោះ ព្រះថេរៈបានឲ្យចម្លើយដល់ទេវតានោះ ដោយពាក្យជាដើមថា ម្នាលទេវតា ឈ្មោះជាលិនី ឥឡូវនេះ (អាត្មា) មិនមានការអាស្រ័យនៅក្នុងពួកទេវតាទៀតឡើយ។ ទេវតាបានស្ដាប់ដូច្នោះ ក៏អស់សង្ឃឹម អន្ដរធានទៅក្នុងទីនោះឯង។
លំដាប់នោះ ព្រះថេរៈហោះទៅកាន់អាកាស កាលនឹងប្រកាសនូវអានុភាពរបស់ខ្លួនដល់សព្រហ្មចារីទាំងឡាយ ទើបពោលគាថាថា ភិក្ខុណា អាចដឹងច្បាស់នូវលោក មានចំណែកមួយពាន់ដូច្នេះជាដើម។ អត្ថនៃពាក្យដែលជាគាថានោះ មានដូច្នេះថា ភិក្ខុជាព្រះខីណាស្រពដឹងច្បាស់ ដឹងបានដោយប្រពៃ បានដល់ ធ្វើឲ្យប្រចក្សនូវលោក ព្រមទាំងព្រហ្មលោក មានប្រការនៃសហស្សៈ (មួយពាន់ចក្កវាឡ) ផ្សេងដោយតិសហស្សី មហាសហស្សី (សែនកោដិចក្កវាឡ) ដោយកាលត្រឹមមួយរំពេចប៉ុណ្ណោះ ភិក្ខុនោះ ជាអ្នកដល់នូវភាពជំនាញក្នុងឥទ្ធិគុណ គឺការដល់ព្រមដោយឥទ្ធិ និងក្នុងចុតិបដិសន្ធិដោយប្រការដូច្នេះ រមែងឃើញទេវតា ក្នុងពេលមករក គឺមិនភ្លាំងភ្លាត់ក្នុងការឃើញទេវតាទាំងឡាយ។
ឥឡូវនេះ ព្រះថេរៈកាលសម្ដែងអាការដែលខ្លួនបានទិព្វចក្ខុញ្ញាណ និងចុតូបបាតញ្ញាណ ទើបពោល ២ គាថា ដោយន័យថា សមាធិប្រកបដោយអង្គ ៥ ជាដើម។
ព្រះថេរៈ កាលសម្ដែងវិជ្ជា ៣ យ៉ាងនេះហើយ កាលនឹងសម្ដែងវិជ្ជាទី ៣ ដែលលោកបានសម្ដែងទុកក្នុងកាលមុនហើយ ដោយមានការទាក់ទងនឹងវិជ្ជា ៣ នោះ ព្រមទាំងការសម្រេចនៃកិច្ច ទើបពោល ២ គាថាដោយន័យថា ព្រះសាស្ដា ខ្ញុំបានបម្រើហើយជាដើម។
ថ្ងៃមួយ ព្រះថេរៈពិចារណាថា អញធ្វើកម្មអ្វីហ្ន៎ ទើបបានសម្បត្តិនេះ ក៏បានដឹងថា បានតាំងសេចក្ដីប្រាថ្នាទុកទៀបបាទមូលរបស់ព្រះសម្មាសម្ពុទ្ធព្រះនាមបទុមុត្តរៈ ហើយដឹងបន្តទៀតថា អាត្មាអញអន្ទោលទៅក្នុងសង្សារអស់កាលឈ្មោះនោះ អាស្រ័យសុមនសេដ្ឋីក្នុងក្រុងពារាណសី ចិញ្ចឹមជីវិត ឈ្មោះអន្នភារៈ ក្នុងកាលឈ្មោះនោះ ដូច្នេះហើយ ទើបពោលគាថានេះថា
អន្នភារោ បុរេ អាសឹ ទលិទ្ទោ ឃាសហារកោ
សមណំ បដិបាទេសឹ ឧបរិដ្ឋំ យសស្សិនំ។
ក្នុងកាលមុន ខ្ញុំបានកើតជាបុរសកម្សត់ ឈ្មោះអន្នភារៈ ជាអ្នកធ្វើការឈ្នួល ដើម្បីអាហារ បានផ្គត់ផ្គង់សមណៈ (ព្រះបច្ចេកពុទ្ធ) ឈ្មោះឧបរិដ្ឋៈ ជាអ្នកមានយស។
ក្នុងកាលនោះ ព្រះថេរៈមានបរិវិតក្កៈថា សុមនសេដ្ឋីសម្លាញ់របស់អញ បានឲ្យកហាបណៈ ហើយទទួលយកចំណែកបុណ្យអំពីបិណ្ឌបាត ដែលអញប្រគេនដល់ព្រះឧបរិដ្ឋបច្ចេកពុទ្ធ ក្នុងកាលនោះ ឥឡូវនេះ កើតក្នុងទីណាហ្ន៎។ លំដាប់នោះ ក៏បានឃើញថា កើតក្នុងស្រុកឈ្មោះមុណ្ឌនិគម ត្រង់ជើងភ្នំ ក្បែរព្រៃភ្លើងឆេះ ឧបាសកឈ្មោះមហាមុណ្ឌៈ នៅក្នុងមុណ្ឌនិគមនោះ មានកូនប្រុសពីរនាក់ គឺមហា សុមនៈ ១ ចូឡសុមនៈ ១ បណ្ដាកូនទាំងពីរនោះ សុមនសេដ្ឋីនោះ កើតជាចូឡសុមនៈ។ កាលឃើញហើយគិតថា បើអាត្មាអញទៅក្នុងទីនោះ ប្រយោជន៍នឹងមានឬហ្ន៎។ លោកពិចារណាបានឃើញហេតុនេះថា កាលអាត្មាអញទៅក្នុងទីនោះ ចូឡសុមនៈនោះ មានអាយុ ៧ ឆ្នាំប៉ុណ្ណោះ នឹងចេញបួស ហើយសម្រេចអរហត្តក្នុងពេលកោរសក់ស្រេចនោះឯង។ កាលឃើញហេតុនេះហើយ រដូវវស្សាជិតចូលមកដល់ ទើបទៅតាមអាកាស ចុះត្រង់ទ្វារស្រុក។ ចំណែកមហាមុណ្ឌឧបាសក ជាអ្នកស្និទ្ធស្នាលរបស់ព្រះថេរៈក្នុងកាលមុននុ៎ះឯង ឃើញព្រះថេរៈឃ្លុំចីវរក្នុងពេលបិណ្ឌបាត ទើបពោលនឹងមហាសុមនៈជាកូនថា នែបា ព្រះអនុរុទ្ធត្ថេររបស់យើងនិមន្តមកហើយ ចូរបាទៅទទួលបាត្រ ឲ្យទាន់ពេលដែលអ្នកដទៃមិនទាន់ទទួលបាត្រលោក ឪពុកនឹងឲ្យគេក្រាលអាសនៈទុក។ មហាសុមនៈបានធ្វើយ៉ាងនោះហើយ ឧបាសកអង្គាសព្រះថេរៈខាងក្នុងផ្ទះដោយគោរពហើយ សូមឲ្យលោកទទួលប្ដេជ្ញាដើម្បីនៅចាំវស្សាអស់ត្រៃមាស ព្រះថេរៈទទួលនិមន្តន៍ហើយ។
គ្រានោះ ឧបាសកបដិបត្តិព្រះថេរៈអស់ត្រៃមាស ដូចបដិបត្តិមួយថ្ងៃនោះឯង ក្នុងថ្ងៃមហាបវារណា ទើបនាំត្រៃចីវរ និងស្ករអំពៅ ប្រេងអង្ករជាដើមមកហើយ ទុកទៀបជើងរបស់ព្រះថេរៈ ពោលថា គណ្ហថភន្តេ សូមលោកម្ចាស់ទទួលចុះ។
ព្រះថេរៈពោលថា អលំ ឧបាសក ន មេ ឥមិនា អត្ថោ កុំឡើយឧបាសក សេចក្ដីត្រូវការដោយវត្ថុនេះ របស់អាត្មា មិនមាន។
មហាមុណ្ឌឧបាសកពោលថា បពិត្រលោកម្ចាស់ នេះជាលាភដែលកើតដល់លោកអ្នកចាំវស្សា សូមលោកម្ចាស់ទទួលវត្ថុនេះចុះ។
ព្រះថេរៈពោលថា កុំឡើយឧបាសក។ ឧបាសកសួរថា បពិត្រលោកម្ចាស់ដ៏ចម្រើន ហេតុអ្វីទើបលោកម្ចាស់មិនទទួល។
ព្រះថេរៈពោលថា សាមណេរដែលជាកប្បិយការកៈក្នុងសម្នាក់របស់អាត្មា មិនមាន។ ឧបាសកពោលថា បើដូច្នោះ មហាសុមនៈជាកូនរបស់ខ្ញុំព្រះករុណា នឹងជាសាមណេរ។
ព្រះថេរៈពោលថា ឧបាសក សេចក្ដីត្រូវការដោយមហាសុមនៈរបស់អាត្មា មិនមាន។ ឧបាសកពោលថា បពិត្រលោកម្ចាស់ បើដូច្នោះ សូមលោកម្ចាស់ឲ្យចូឡសុមនៈបួសចុះ។
ព្រះថេរៈទទួលថា សាធុ ហើយឲ្យចូឡសុមនៈបួស។ ចូឡសុមនៈសម្រេចអរហត្តក្នុងពេលកោរសក់ស្រេចប៉ុណ្ណោះ។ ព្រះថេរៈនៅក្នុងទីនោះ ជាមួយចូឡសុមនសាមណេរនោះ ប្រមាណកន្លះខែហើយ លាពួកញាតិរបស់សាមណេរថា អាត្មានឹងទៅគាល់ព្រះសាស្ដា ដូច្នេះហើយបានទៅតាមអាកាស ចុះត្រង់កុដិដែលតាំងនៅក្នុងហិមវន្តប្បទេស។
ក៏ព្រះថេរៈ តាមប្រក្រតីជាអ្នកប្រារព្ធសេចក្ដីព្យាយាម កាលលោកកំពុងចង្រ្កមក្នុងទីនោះ ពេលព្រលប់និងពេលជិតភ្លឺ ខ្យល់ក្នុងផ្ទៃតាំងឡើងហើយ។ ក្នុងកាលនោះ សាមណេរឃើញព្រះថេរៈលំបាក ទើបសួរថា ភន្តេ កឹ វោរុជ្ជតិ បពិត្រលោកម្ចាស់ រោគអ្វីចាក់ដោតលោកម្ចាស់។
ព្រះថេរៈពោលថា ឧទរវាតោ មេ សមុដ្ឋិតោ ខ្យល់សៀតផ្ទៃ កើតឡើងដល់ខ្ញុំហើយ។ សាមណេរសួរថា ក្នុងកាលដទៃ ខ្យល់សៀតផ្ទៃធ្លាប់កើតឡើងឬទេ លោកម្ចាស់។
ព្រះថេរៈពោលថា អើ អាវុសោ។ សាមណេរពោលថា លោកម្ចាស់ដ៏ចម្រើន សេចក្ដីសប្បាយ រមែងមានដោយអ្វី។
ព្រះថេរៈពោលថា អាវុសោ កាលខ្ញុំបានទឹកអំពីអនោតត្តស្រះផឹកផាសុកនឹងមាន។ សាមណេរពោលថា បពិត្រលោកម្ចាស់ បើដូច្នោះ ខ្ញុំព្រះករុណានឹងទៅយកមក។
ព្រះថេរៈសួរថា អ្នកអាចឬ សាមណេរ។ សាមណេរឆ្លើយថា អាច លោកម្ចាស់។
ព្រះថេរៈពោលថា នាគរាជឈ្មោះបន្នគៈ ដែលនៅក្នុងអនោតត្តស្រះ ស្គាល់ខ្ញុំ បើដូច្នោះ ចូរលោកប្រាប់ដល់នាគរាជនោះ ហើយនាំទឹកមួយក្អមមក ដើម្បីប្រយោជន៍ដល់ការប្រកបថ្នាំចុះ។
សាមណេរទទួលថា សាធុ ហើយថ្វាយបង្គំឧបជ្ឈាយ៍ ហោះទៅកាន់អាកាសដែលមានចម្ងាយផ្លូវ ៥០០ យោជន៍។
ថ្ងៃនោះ នាគរាជមានអ្នករបាំចោមរោមហើយ ប្រាថ្នានឹងលេងទឹកនាគរាជនោះ លុះបានឃើញសាមណេរកំពុងមកនោះឯង ក៏ក្រោធ ហើយគិតថា សមណៈត្រងោលនេះ រោយធូលីដែលជាប់នឹងជើងលើអំបែងក្បាលរបស់អញ លោកមកដើម្បីត្រូវការទឹកក្នុងអនោតត្តស្រះ ឥឡូវនេះ អញនឹងមិនឲ្យទឹកដល់លោក ដូច្នេះហើយ ដេកបិទអនោតត្ត ស្រះដែលមានទំហំ ៥០ យោជន៍ ដោយពពារ ដូចបិទឆ្នាំងបាយដោយថាសធំដូច្នោះ។ សាមណេរសម្លឹងមើលអាការរបស់នាគរាជហើយ ដឹងថា នាគនេះក្រោធហើយ ទើបពោលគាថាដូច្នេះថា
សុណោហិ មេ នាគរាជ ឧគ្គតេជ មហព្វល
ទេហិ មេ បានីយឃដំ ភេសជ្ជត្ថម្ហិ អាគតោ។
នែនាគរាជ អ្នកជាបុគ្គលមានតេជះខ្លាំងក្លា មានកម្លាំងច្រើន ចូរអ្នកស្ដាប់ពាក្យអាត្មា សូមឲ្យទឹកផឹកដល់អាត្មាមួយក្អម អាត្មាមកហើយដើម្បីប្រយោជន៍ដល់ទឹកសម្រាប់ធ្វើថ្នាំ។
នាគរាជស្ដាប់ពាក្យនោះ ទើបពោលគាថានេះថា
បុរត្ថិមស្មឹ ទិសាភាគេ គង្គា នាម មហានទី
មហាសមុទ្ទមប្បេតិ តតោ ត្វំ បានីយំ ហរ។
ស្ទឹងធំឈ្មោះគង្គា ត្រង់ទិសបូព៌ រមែងហូរទៅកាន់មហាសមុទ្ទ សូមលោកនាំទឹកអំពីស្ទឹងគង្គានោះទៅចុះ។
សាមណេរស្ដាប់ពាក្យនោះហើយ គិតថា ស្ដេចនាគនេះ មិនឲ្យ តាមសេចក្ដីប្រាថ្នារបស់អញ អញនឹងប្រើកម្លាំងឲ្យនាគនេះ ដឹងអានុភាព អញនឹងសង្កត់ស្ដេចនាគនេះ ហើយយកទឹកទៅ ដូច្នេះហើយ ពោលថា មហារាជ ព្រះឧបជ្ឈាយ៍ឲ្យអាត្មានាំទឹកផឹកអំពីអនោតត្តស្រះនេះប៉ុណ្ណោះ ព្រោះហេតុនោះ ទើបអាត្មានាំទឹកផឹកនេះតែម្យ៉ាងទៅ សូមលោកចៀសចេញ កុំឃាត់អាត្មាឡើយ ដូច្នេះហើយ ពោលគាថានេះថា
ឥតោវ បានីយំ ហាស្សំ ឥមិនាវម្ហិ អត្ថិកោ
យទិ តេ ថាមពលំ អត្ថិ នាគរាជ និវារយ។
អាត្មាយកទឹកអំពីអនោតត្តស្រះនេះប៉ុណ្ណោះ អាត្មាត្រូវការទឹកអំពីអនោតត្តស្រះ នែស្ដេចនាគ បើកម្លាំងលោកមាន ចូររារាំងចុះ។
លំដាប់នោះ ស្ដេចនាគពោលថា
សាមណេរ សចេ អត្ថិ តវ វិក្កម បោរិសំ
អភិនន្ទាមិ តេ វាចំ ហរស្សុ បានីយំ មម។
នែសាមណេរ បើលោកក្លាហាន ជាកូនប្រុសសោត ខ្ញុំពេញចិត្តនឹងពាក្យរបស់លោក សូមអញ្ជើញលោកនាំទឹករបស់ខ្ញុំទៅចុះ។
លំដាប់នោះ សាមណេរពោលថា ឯវំ មហារាជ ហរាមិ មហារាជ ខ្ញុំនឹងនាំទៅយ៉ាងនេះ។ ស្ដេចនាគពោលថា យទិ សក្កោន្តោ ហរាហិ បើលោកអាច ក៏ចូរនាំទៅចុះ។
សាមណេរឲ្យស្ដេចនាគទទួលប្ដេជ្ញាអស់វារៈ ៣ ដងថា តេន ហិ សុដ្ឋុ ជានស្សុ បើដូច្នោះ ចូរលោកដឹងដោយល្អចុះ ហើយគិតថា ការដែលអញសម្ដែងអានុភាពរបស់ព្រះពុទ្ធសាសនា ហើយយកទឹកទៅ រមែង គួរ ដូច្នេះហើយ ដំបូងបានទៅកាន់សម្នាក់របស់ពួកអាកាសដ្ឋទេវតា ទេវតាទាំងនោះ មកថ្វាយបង្គំ ពោលថា មានរឿងអ្វីលោកម្ចាស់ ហើយនាំគ្នាឈរ។
សាមណេរពោលថា សង្រ្គាមរបស់អាត្មាជាមួយនឹងបន្នគនាគរាជ នឹងមានត្រង់ផ្ទៃអនោតត្តស្រះនេះ សូមពួកអ្នកទៅកាន់ទីនោះ ហើយមើលនូវការឈ្នះនិងការចាញ់។ សាមណេរទៅកាន់សម្នាក់ស្ដេចចតុលោកបាល សក្កទេវរាជ សុយាមទេវរាជ សន្ដុសិតទេវរាជ សុនិម្មិត និងវសវត្តីទេវរាជ ហើយប្រាប់សេចក្ដីនោះ ដោយទំនងនុ៎ះឯង។ បន្ទាប់អំពីនោះ សាមណេរទៅដោយលំដាប់ រហូតដល់ព្រហ្មលោក កាលព្រហ្មទាំងឡាយក្នុងទីនោះៗ មកថ្វាយបង្គំ ហើយឈរ សួរថា មានរឿងអ្វីលោកម្ចាស់ ទើបប្រាប់សេចក្ដីនោះ។ សាមណេរប្រាប់ក្នុងទីគ្រប់កន្លែងមួយរំពេច វៀរអសញ្ញីសត្វ និងអរូបព្រហ្មដោយអាការយ៉ាងនេះ សូម្បីទេវតាគ្រប់ពួក ស្ដាប់ពាក្យលោកហើយ ប្រជុំគ្នាពេញអាកាស មិនមានចន្លោះ ត្រង់អនោតត្តស្រះ ដូចលម្អិតនៃនំដែលដាក់ក្នុងនាឡិដូច្នោះ។ កាលពួកទេវតាប្រជុំគ្នាហើយ សាមណេរឈរក្នុងអាកាស ពោលនឹងស្ដេចនាគថា
សុណោហិ មេ នាគរាជ ឧគ្គតេជ មហព្វល
ទេហិ មេ បានីយឃដំ ភេសជ្ជត្ថម្ហិ អាគតោ។
នែនាគរាជ អ្នកជាបុគ្គលមានតេជះខ្លាំងក្លា មានកម្លាំងច្រើន ចូរស្ដាប់ពាក្យអាត្មា សូមឲ្យទឹកផឹកដល់អាត្មាមួយក្អម អាត្មាមកហើយប្រយោជន៍ដល់ទឹកសម្រាប់ធ្វើថ្នាំ។
លំដាប់នោះ នាគរាជពោលថា
សាមណេរ សចេ អត្ថិ តវ វិក្កម បោរិសំ
អភិនន្ទាមិ តេ វាចំ ហរស្សុ បានីយំ មម។
នែសាមណេរ បើលោកក្លាហាន ជាកូនប្រុសសោត ខ្ញុំពេញចិត្តនឹងពាក្យរបស់លោក សូមអញ្ជើញលោកនាំទឹករបស់ខ្ញុំទៅចុះ។
សាមណេរនោះ ទទួលពាក្យប្ដេជ្ញារបស់នាគរាជ ៣ ដង ហើយឈរក្នុងអាកាសនោះឯង និម្មិតអត្តភាពជាព្រហ្ម (កម្ពស់) ប្រមាណ ១២ យោជន៍ ទម្លាក់ខ្លួនអំពីអាកាស ជាន់ត្រង់ពពាររបស់ស្ដេចនាគ សង្កត់ឲ្យផ្កាប់មុខចុះហើយ រំពេចនុ៎ះឯង កាលសាមណេរជាន់ពពាររបស់ស្ដេចនាគប៉ុណ្ណោះ ពពារស្ដេចនាគបានរួញនៅសល់ប្រមាណប៉ុនវែក ដូចស្បែកស្រស់ដែលបុរសមានកម្លាំងជាន់ហើយដូច្នោះ។ ក្នុងទីដែលផុតចាកពពាររបស់ស្ដេចនាគមក ខ្សែទឹកប្រមាណប៉ុនដើមត្នោត ក៏បាញ់ឡើងលើ សាមណេរញ៉ាំងក្អមទឹកឲ្យពេញក្នុងអាកាសនុ៎ះឯង។ ពួកទេវតាបានឲ្យសាធុការហើយ។ លំដាប់នោះ នាគរាជខ្មាស ហើយក្រោធនឹងសាមណេរ ភ្នែកទាំងពីររបស់នាគរាជនោះ មានពណ៌ដូចផ្កាច្បា។ ស្ដេចនាគគិតថា សមណៈត្រងោលនេះ ឲ្យពួកទេវតាប្រជុំគ្នាហើយ កាន់យកទឹកផឹក ធ្វើអញឲ្យខ្មាសហើយ អញនឹងចាប់លោក លូកដៃចូលក្នុងមាត់ ច្របាច់បេះដូងរបស់លោក ឬចាប់ជើងរបស់លោក ហើយគ្រវែងទៅត្រើយម្ខាង ដូច្នេះហើយ ដេញតាមសាមណេរដោយសន្ទុះដ៏រហ័ស តែមិនអាចទាន់លោកឡើយ។ សាមណេរមកហើយ ដាក់ទឹកផឹកក្នុងដៃព្រះឧបជ្ឈាយ៍ ពិតថា បិវថ ភន្តេ សូមលោកម្ចាស់ឆាន់ចុះ។
ស្ដេចនាគមកតាមក្រោយ ទូលព្រះអនុរុទ្ធថា បពិត្រព្រះអនុរុទ្ធដ៏ចម្រើន សាមណេរកាន់យកទឹកដែលខ្ញុំមិនបានឲ្យមក សូមលោកម្ចាស់កុំឆាន់។ ព្រះថេរៈសួរថា នែសាមណេរ បានឮថា សេចក្ដីនេះ យ៉ាងនោះឬ។
សាមណេរពោលថា សូមលោកម្ចាស់ឆាន់ចុះ ទឹកនេះ ស្ដេចនាគឲ្យហើយ ទើបខ្ញុំនាំមក។ ព្រះថេរៈដឹងថា ឈ្មោះថា ការពោលពាក្យកុហករបស់សាមណេរដែលជាព្រះខីណាស្រព រមែងមិនមាន ទើបឆាន់ទឹក អាពាធក៏ស្ងប់ក្នុងខណៈនុ៎ះឯង។
នាគរាជទូលព្រះថេរៈទៀតថា បពិត្រលោកម្ចាស់ដ៏ចម្រើន ខ្ញុំជាបុគ្គលដែលសាមណេរឲ្យពួកទេវតាទាំងអស់ប្រជុំគ្នា ធ្វើឲ្យខ្មាសហើយ ខ្ញុំនឹងហែកបេះដូងរបស់លោក ឬនឹងចាប់លោកត្រង់ជើង គ្រវែងទៅកាន់ត្រើយនាយ។
ព្រះថេរៈពោលថា មហារាជ សាមណេរមានអានុភាពច្រើន អ្នកមិនអាចប្រយុទ្ធជាមួយសាមណេរបានឡើយ ចូរអ្នកឲ្យសាមណេរអត់ទោស ហើយទៅវិញចុះ។ ស្ដេចនាគដឹងអានុភាពរបស់សាមណេរដោយខ្លួនឯងនោះឯង តែដេញមកព្រោះការខ្មាស។ លំដាប់នោះ ស្ដេចនាគឲ្យសាមណេរនោះអត់ទោស តាមពាក្យរបស់ព្រះថេរៈ ធ្វើនូវការពេញចិត្ត ជាមិត្តភាព ហើយពោលថា តាំងអំពីកាលនេះទៅ បើសេចក្ដីត្រូវការដោយទឹកក្នុងអនោតត្តស្រះ មាន កិច្ចដោយការមកនៃលោកម្ចាស់ រមែងមិនមាន សូមលោកម្ចាស់បញ្ជូនដំណឹងដល់ខ្ញុំ ខ្ញុំនឹងនាំទឹកមកប្រគេនឯងដូច្នេះហើយ ចៀសចេញទៅ។
សូម្បីព្រះថេរៈ ក៏នាំសាមណេរទៅហើយ។ ព្រះសាស្ដាទ្រង់ជ្រាប ការមករបស់ព្រះថេរៈហើយ ប្រថាប់គង់ទតការមករបស់ព្រះថេរៈ លើប្រាសាទរបស់មិគារមាតា។ សូម្បីពួកភិក្ខុឃើញព្រះថេរៈកំពុងមក ក៏ក្រោកឡើងទទួលបាត្រនិងចីវរ។ គ្រានោះ ភិក្ខុពួកខ្លះ ស្ទាបសាមណេរត្រង់ក្បាលខ្លះ ចាប់ត្រចៀកទាំងពីរខ្លះ ដើមដៃខ្លះ អង្រួនខ្លះ ពោលថា នែសាមណេរតូច លោកប្អូនមិនអផ្សុកទេឬ។
ព្រះសាស្ដាទតឃើញកិរិយារបស់ភិក្ខុទាំងនោះហើយ ទ្រង់ព្រះតម្រិះថា កម្មរបស់ភិក្ខុទាំងនោះ គ្រោតគ្រាតពិត ភិក្ខុទាំងនោះ ចាប់សាមណេរ ដូចចាប់អាសិរពិសត្រង់ក ពួកភិក្ខុទាំងនោះ មិនដឹងអានុភាពរបស់សាមណេរឡើយ ថ្ងៃនេះ តថាគតគួរធ្វើគុណរបស់សុមនសាមណេរឲ្យប្រាកដ។ ព្រះថេរៈមកថ្វាយបង្គំព្រះសាស្ដាហើយ។ ព្រះសាស្ដាទ្រង់ធ្វើបដិសណ្ឋារៈហើយ ហៅព្រះអានន្ទមក ត្រាស់ថា ម្នាលអានន្ទ តថាគតមានបំណងនឹងលាងជើងទាំងពីរដោយទឹកក្នុងអនោតត្តស្រះ ចូរអ្នកឲ្យក្អមដល់សាមណេរ ឲ្យនាំទឹកមកចុះ។ ព្រះថេរៈឲ្យសាមណេរប្រមាណ ៥០០ រូប ក្នុងវិហារប្រជុំគ្នាហើយ។ បណ្ដាសាមណេរទាំងនោះ សុមនសាមណេរបួសថ្មីជាងសាមណេរទាំងពួង។ ព្រះអានន្ទត្ថេរពោលនឹងសាមណេរដែលមានវស្សាច្រើនជាងគេបង្អស់ថា នែសាមណេរ ព្រះសាស្ដាមានបំណងលាងព្រះបាទទាំងគូ ដោយទឹកក្នុងអនោតត្តស្រះចូរលោកកាន់យកក្អមទឹក ទៅនាំទឹកមក។
សាមណេរនោះ មិនប្រាថ្នា ដោយពោលថា បពិត្រលោកម្ចាស់ដ៏ចម្រើន ខ្ញុំមិនអាច។ ព្រះថេរៈសួរសាមណេរទាំងឡាយដ៏សេសដោយលំដាប់ សាមណេរទាំងនោះ ក៏ពោលដោះខ្លួនយ៉ាងនោះឯង។ មានពាក្យសួរថា បណ្ដាសាមណេរទាំងនោះ សាមណេរដែលជាព្រះខីណាស្រព មិនមានឬ។
ឆ្លើយថា មាន តែសាមណេរទាំងនោះមិនប្រាថ្នា ដោយគិតឃើញថា កម្រងផ្កានេះ ព្រះសាស្ដាទ្រង់មិនចងទុកដើម្បីពួកយើង ទ្រង់ចងទុកដើម្បីសុមនសាមណេរមួយអង្គប៉ុណ្ណោះ។ តែពួកសាមណេរដែលជាបុថុជ្ជន មិនប្រាថ្នាទៅ ក៏ព្រោះភាពដែលខ្លួនមិនអាចនោះឯង ក្នុងទីបំផុត កាលវារៈដល់សុមនសាមណេរ ព្រះថេរៈពោលថា នែសាមណេរ ព្រះសាស្ដាមានបំណងលាងព្រះបាទទាំងគូ ដោយទឹកក្នុងអនោតត្តស្រះចូរលោក (កាន់យកក្អមទឹក) ទៅដងទឹកមក។
សុមនសាមណេរពោលថា កាលព្រះសាស្ដា ទ្រង់ឲ្យនាំមក ខ្ញុំនឹងទៅ ទើបថ្វាយបង្គំព្រះសាស្ដាក្រាបទូលសួរថា បពិត្រព្រះអង្គដ៏ចម្រើន បានឮថា ទ្រង់ឲ្យខ្ញុំព្រះអង្គនាំទឹកមកអំពីអនោតត្តស្រះឬ។
ព្រះសាស្ដាត្រាស់ថា ម្នាលសុមនៈ យ៉ាងនោះឯង។
សុមនសាមណេរនោះ យកដៃចាប់ក្អមធំមួយដែលដាក់ទឹកបាន៦០ ក្អម បណ្ដាក្អមសម្រាប់សេនាសនៈដែលធ្វើអំពីមាស ដែលនាងវិសាខាសាងទុក គិតថា សេចក្ដីត្រូវការរបស់អញ ដោយក្អមដែលលើកឡើងដាក់លើស្មា មិនមាន ហើយហោះឡើងទៅកាន់អាកាស បែរមុខទៅកាន់ហិមវន្តប្បទេស។
នាគរាជឃើញសាមណេរកំពុងមកអំពីចម្ងាយ ទើបទទួលលីក្អមដោយចង្កួយស្មា ពោលថា បពិត្រលោកម្ចាស់ បើទាសៈដូចខ្ញុំ មាន ព្រោះហេតុអ្វី ទើបលោកម្ចាស់មកឯង បើសេចក្ដីត្រូវការដោយទឹក មាន ហេតុអ្វីលោកម្ចាស់មិនបញ្ជូនដំណឹងមក ដូច្នេះហើយ យកក្អមដងទឹក លីដោយស្មា ពោលថា សូមលោកម្ចាស់និមន្តទៅមុនចុះ ខ្ញុំឯងនឹងនាំទៅ។ សាមណេរពោលថា មហារាជ ចូរលោកឈប់ចុះ ខ្ញុំឯងដែលព្រះសម្មាសម្ពុទ្ធប្រើមក ឲ្យស្ដេចនាគត្រឡប់ហើយ យកដៃចាប់ត្រង់កណ្ដាប់មាត់ក្អម ហោះមកតាមអាកាស។
លំដាប់នោះ ព្រះសាស្ដាទ្រង់សម្លឹងមើលសាមណេរដែលកំពុងត្រឡប់មក (អំពីចម្ងាយ) ហៅពួកភិក្ខុមក ហើយត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ពួកអ្នកចូរមើលលីលារបស់សាមណេរ ដែលល្អរុងរឿង ដូចស្ដេចហង្សរុងរឿងក្នុងអាកាសដូច្នោះ។
សាមណេរដាក់ក្អមចុះហើយ ថ្វាយបង្គំព្រះសាស្ដា ឈរក្នុងចំណែកម្ខាង។ លំដាប់នោះ ព្រះសាស្ដាត្រាស់សួរថា ម្នាលសុមនៈ អ្នកមានអាយុប៉ុន្មាន។ សាមណេរក្រាបទូលថា បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គមានអាយុ ៧ ឆ្នាំ។
ព្រះសាស្ដាត្រាស់ថា ម្នាលសុមនៈ បើដូច្នោះ តាំងអំពីនេះទៅ អ្នកចូរជាភិក្ខុចុះ ដូច្នេះហើយ បានប្រទានទាយជ្ជឧបសម្បទា។ បានឮថា សាមណេរអាយុ ៧ ឆ្នាំ ពីររូបប៉ុណ្ណោះ ដែលបានឧបសម្បទា គឺសុមនសាមណេរនេះមួយរូប និងសោបាកសាមណេរមួយរូប។
កាលសុមនសាមណេរឧបសម្បទាហើយយ៉ាងនោះ ពួកភិក្ខុសន្ទនាគ្នាក្នុងធម្មសភាថា អាវុសោទាំងឡាយ គួរអស្ចារ្យហ្ន៎ ឈ្មោះថា សាមណេរតូច មានអានុភាពបែបនេះ អានុភាពបែបនេះ ពួកយើងមិនធ្លាប់ឃើញឡើយ ក្នុងកាលមុនអំពីនេះ។ ព្រះសាស្ដាយាងមកហើយ ទ្រង់ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ អម្បាញ់មិញនេះ ពួកអ្នកអង្គុយសន្ទនាគ្នាដោយរឿងអ្វីហ្ន៎។ ភិក្ខុទាំងនោះក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចម្រើន ដោយរឿងឈ្មោះនេះ។
ព្រះសាស្ដាទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនារបស់តថាគត បុគ្គលទោះបីជានៅក្មេង បើបដិបត្តិប្រពៃហើយ រមែងបានសម្បត្តិបែបនេះដូចគ្នា។ កាលទ្រង់សម្ដែងធម៌ ទើបត្រាស់ព្រះគាថានេះថា
យោ ហវេ ទហរោ ភិក្ខុ យុញ្ជតិ ពុទ្ធសាសនេ
សោមំ លោកំ បភាសេតិ អព្ភា មុត្តោវ ចន្ទិមា។
ភិក្ខុណានៅកំលោះ ប្រឹងប្រែងក្នុងព្រះពុទ្ធសាសនា ភិក្ខុនោះ រមែងញ៉ាំងលោកនេះ ឲ្យភ្លឺស្វាងបាន ដូចព្រះចន្ទដែលរះផុតអំពីពពក [បិ.៥២ ទំ.១០១ ឃ.៣៥។] ដូច្នេះ។
ក្នុងកាលចប់ទេសនា មហាជនបានសម្រេចអរិយផលទាំងឡាយ មានសោតាបត្តិផលជាដើម។
បានឮថា ព្រះអនុរុទ្ធប្រព្រឹត្តដុសខាត់កិលេស ជានេសជ្ជិកៈ ( អ្នកមានការមិនសិងជាវត្ត) នោះ អស់ ៥៥ ឆ្នាំ។ អាចារ្យពួកខ្លះពោលថា ព្រះថេរៈសមាទាននេសជ្ជិកវត្ត អស់ ៥៥ ឆ្នាំ ២៥ ឆ្នាំដំបូង មិនបានសិងឡើយ បន្ទាប់អំពីនោះ ទើបសិងក្នុងបច្ឆិមយាម ព្រោះរាងកាយទន់ខ្សោយ។
ព្រះអនុរុទ្ធត្ថេរ ចប់។
[ស្រង់ចាកវិនយបិដក ចុល្លវគ្គ ថេរគាថា ធម្មបទ និងអបទាន មួយអន្លើដោយអដ្ឋកថា។] ។
សូមអនុមោទនា !!!
