អញ្ញតរទហរពោធិសត្វ
បានឮថា ក្នុងអតីតកាល ព្រះពោធិសត្វបានកើតក្នុងត្រកូលមួយ ក្នុងវ័យកុមារ លេងនៅតាមផ្លូវធំ ឃើញ ព្រះបច្ចេកពុទ្ធ កំពុងត្រាច់បិណ្ឌបាតតាមផ្លូវ ក៏មានចិត្តប្រទូស្តឡើងថា អយំ មុណ្ឌកោ សមណោ កុហឹ គច្ឆតិ សមណៈត្រងោលនេះ កំពុងទៅណា ហើយក៏ចាប់ដុំថ្មគប់ត្រូវខ្នងជើងព្រះបច្ចេកពុទ្ធ ឈាមហូរចេញ ព្រោះដាច់ស្បែកត្រង់ខ្នងជើង ។ ព្រោះបាបកម្មនោះ ព្រះពោធិសត្វរងទុក្ខដ៏ធំក្នុងនរក ច្រើនពាន់ឆ្នាំ សូម្បីបានត្រាស់ជាព្រះពុទ្ធហើយ ក៏ជាំឈាម ព្រោះអំបែងដុំថ្មប៉ះត្រូវខ្នងជើង ដោយអំណាចនៃកម្មចាស់។ ព្រោះហេតុនោះ ទើបព្រះមានព្រះភាគទ្រង់ត្រាស់ថា
បុរេហំ ទារកោ ហុត្វា កីឡមានោ មហាបថេ
បច្ចេកពុទ្ធំ ទិស្វាន មគ្គេ សកលិកំ ខិបឹ។
កាលពីជាតិមុន តថាគតជាទារក កំពុងលេងក្នុងផ្លូវថ្នល់ធំ ឃើញព្រះបច្ចេកពុទ្ធ បានយកដុំថ្មក្នុងផ្លូវនោះ គប់លោក។
តេន កម្មវិបាកេន ឥធ បច្ឆិមកេ ភវេ
វធត្ថំ មំ ទេវទត្តោ អភិមារេ បយ្យោជយិ។
ព្រោះបាបកម្មនោះ ក្នុងជាតិចុងក្រោយនេះ ទេវទត្តបានប្រមៀលថ្មមកសម្លាប់តថាគត [គាថាពីរនេះ យើងកាន់យកតាមអដ្ឋកថា វិសុទ្ធជនវិលាសិនី (អដ្ឋកថា អបទាន) ទើបមានន័យសមតាមទំនងនៃរឿង។]។
អញ្ញតរទហរពោធិសត្វ ចប់។
សូមអនុមោទនា !!!
