បច្ចេកពុទ្ធសំយុត្តកថា

ភិក្ខាបរម្បរជាតក

ព្រះសាស្ដា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធកុដុម្ពិកៈម្នាក់ ទើបត្រាស់ព្រះធម្មទេសនានេះថា

ក្នុងអតីតកាល ព្រះបាទព្រហ្មទត្តទ្រង់លះការលុះក្នុងអគតិ ទ្រង់មិនឲ្យរាជធម៌ទាំង ១០ប្រការ កម្រើក សោយរាជសម្បត្តិដោយធម៌ក្នុងនគរពារាណសី កាលបើដូច្នេះ ការវិនិច្ឆ័យក្ដីរបស់ព្រះអង្គ ក៏មិនមាន ហាក់ដូចជាទទេ។ ព្រះរាជាទ្រង់ស្វែងរកទោសរបស់ព្រះអង្គឯង ទ្រង់កំណត់មើលខាងក្នុងព្រះរាជ​និវេសន៍​ជាដើម មិនឃើញអ្នកពោលទោសរបស់ព្រះអង្គ ខាងក្នុងបុរី ខាងក្នុងព្រះនគរ និងត្រង់ទ្វារស្រុក ទ្រង់ព្រះតម្រិះថា នឹងស្វែងរកក្នុងជនបទ ទើបប្រគល់រាជសម្បត្តិឲ្យដល់ពួកអាមាត្យ ទ្រង់ក្លែងខ្លួនចារិកទៅក្នុងកាសិករដ្ឋជាមួយបុរោហិត មិនបានចួបបុគ្គលពោលទោសរបស់ទ្រង់ សូម្បីត្រឹមតែម្នាក់។ លុះយាងដល់និគមមួយក្នុងជាយដែន ទ្រង់ប្រថាប់គង់ត្រង់សាលាក្រៅទ្វារ (ស្រុក)។ ខណៈនោះ កុដុម្ពិកៈមានសម្បត្តិ ៨០ កោដិ ជាអ្នកនិគមនោះ បានទៅកាន់កំពង់ទឹកជាមួយបរិវារច្រើន ឃើញព្រះរាជាមានព្រះសរីរៈសុខុមាល មានពណ៌សម្បុរដូចមាសគង់ត្រង់សាលា កើតនូវសេចក្ដីស្រឡាញ់ ចូលទៅកាន់សាលា ធ្វើបដិសណ្ឋារៈហើយទូលថា សូមទ្រង់គង់ត្រង់នេះសិនចុះ ហើយទៅកាន់ផ្ទះ រៀបចំភោជនមានរសប្រសើរផ្សេងៗ ឲ្យបរិវារច្រើននាក់ កាន់ភាជនៈដាក់ភត្តទៅ។ ខណៈនោះ តាបសអ្នកនៅក្នុងហិមវន្តប្បទេស បានអភិញ្ញា ៥ មកអង្គុយក្នុងសាលានោះដែរ។ សម័យនោះ មាន ព្រះបច្ចេកពុទ្ធ ចេញអំពីញកភ្នំនន្ទមូលកៈ មកតាមអាកាស គង់ក្នុងសាលានោះមួយអង្គដែរ។

កុដុម្ពិកៈថ្វាយទឹកជម្រះព្រះហស្ដដល់ព្រះរាជា រៀបចំថាសដាក់ភត្ត មួយអន្លើដោយសម្លដែលមានរសផ្សេង ៗ បង្អោនចូលទៅថ្វាយ។ ព្រះរាជាទ្រង់ទទួលភត្តនោះហើយ ព្រះរាជទានដល់បុរោហិត ព្រាហ្មណ៍ទទួលភត្តនោះហើយ ប្រគេនដល់តាបស តាបសទទួលភត្តនោះហើយ ទៅកាន់សម្នាក់ព្រះបច្ចេកពុទ្ធ កាន់ថាសភត្តដោយដៃខាងឆ្វេង កាន់ឃ្លោកទឹកដោយដៃខាងស្ដាំ ថ្វាយទក្ខិណោទកហើយដាក់ភត្តក្នុងបាត្រ។ ព្រះបច្ចេកពុទ្ធមិនបានអញ្ជើញ មិនបានសាកសួរអ្នកណា ឆាន់ហើយ ក្នុងពេលដែលព្រះបច្ចេកពុទ្ធធ្វើភត្តកិច្ចស្រេចហើយ  កុដុម្ពិកៈត្រិះរិះថា អញថ្វាយភត្តដល់ព្រះរាជា ព្រះរាជាព្រះរាជទានភត្តដល់ព្រាហ្មណ៍ ព្រាហ្មណ៍ប្រគេនដល់តាបស តាបសប្រគេនដល់ព្រះបច្ចេកពុទ្ធ ព្រះបច្ចេកពុទ្ធមិនបានសាកសួរអ្នកណាឡើយ ហើយឆាន់ អ្វីហ្ន៎ជាហេតុនៃការឲ្យរបស់ជនមានប្រមាណប៉ុណ្ណេះ អ្វីជាហេតុនៃការមិនសាកសួរបុគ្គលណាមួយ ហើយឆាន់របស់ព្រះបច្ចេកពុទ្ធអង្គនេះ អញនឹងត្រូវសួរលោកទាំងនោះ តាម​លំដាប់។ កុដុម្ពិកៈនោះ ចូលទៅរកម្ដងមួយអង្គ

ថ្វាយបង្គំហើយសួរ សូម្បីលោកទាំងនោះ ក៏ប្រាប់ដូចតទៅនេះថា

សុខុមាលរូបំ ទិស្វា រដ្ឋា វិវនមាគតំ

កូដាគារវរូបេតំ មហាសយនមុបោចិតំ។

ខ្ញុំព្រះអង្គបានឃើញព្រះអង្គ មានព្រះរូបទន់ភ្លន់ ចេញចាកដែនមកកាន់ព្រៃស្ងាត់ ប្រកបដោយផ្ទះកំពូលដ៏ប្រសើរ មានអាសនៈដ៏ថ្លៃថ្លា ដែលគេក្រាលបម្រុងទុក។

តស្ស តេ បេមកេនាហំ អទាសឹ វឌ្ឍមោទនំ

សាលីនំ វិចិត្តំ ភត្តំ សុចិមំសូបសេចនំ។

ទើបថ្វាយក្រយាស្ងោយដ៏ឧត្តម ជាភត្តនៃស្រូវសាលីដ៏វិចិត្រ លាយដោយសាច់ដ៏ស្អាត ចំពោះព្រះអង្គនោះ ដោយសេចក្តីស្រឡាញ់។

តំ ត្វំ ភត្តំ បដិគ្គយ្ហ ព្រាហ្មណស្ស អទាបយិ

អត្តានំ អនសិត្វាន កោយំ ធម្មោ នមត្ថុ តេ។

ព្រះអង្គទទួលក្រយាស្ងោយនោះហើយ តែមិនសោយដោយព្រះអង្គឯង ត្រឡប់ជាប្រទានដល់ព្រាហ្មណ៍វិញ សូមក្រាបថ្វាយបង្គំចំពោះព្រះអង្គ តើការណ៍នេះ ជាសភាពដូចម្តេច។

ព្រះរាជាត្រាស់ថា

អាចរិយោ ព្រាហ្មណោ មយ្ហំ កិច្ចាកិច្ចេសុ យ្វាវដោ

គរុ ច អាមន្តនិយោ ច ទាតុមរហាមិ ភោជនំ។

ព្រាហ្មណ៍ (នេះ) ជាអាចារ្យរបស់យើង ជាអ្នកខ្វល់ខ្វាយក្នុងកិច្ចតូចនិងកិច្ចធំផង ជាបុគ្គលគួរគោរពផង គួរឲ្យយើងហៅរកផង (ព្រោះហេតុនោះ) យើងគួរឲ្យភោជន។

កុដុម្ពិកៈសួរព្រាហ្មណ៍ថា

ព្រាហ្មណំ ទានិ បុច្ឆាមិ គោតមំ រាជបូជិតំ

រាជា តេ ភត្តំ បាទាសិ សុចិមំសូបសេចនំ។

ឥឡូវនេះ ខ្ញុំសូមសួរព្រាហ្មណ៍ ជាគោតមគោត្ត ដែលស្តេចតែងបូជា ព្រះរាជាបានប្រទានភត្ត ដែលលាយដោយសាច់ដ៏ស្អាតដល់អ្នក។

តំ ត្វំ ភត្តំ បដិគ្គយ្ហ ឥសិស្ស ភោជនំ អទា

អខេត្តញ្ញូសិ ទានស្ស កោយំ ធម្មោ នមត្ថុ តេ។

អ្នកបានទទួលភត្តហើយ ក៏បានប្រគេននូវភោជនដល់ឥសីវិញ អ្នកប្រហែលជាដឹងថា ខ្លួនមិនមែនជាខេត្តនៃទាន ខ្ញុំសូមថ្វាយបង្គំចំពោះអ្នក តើការណ៍នេះ ជាសភាពដូចម្តេច។

ព្រាហ្មណ៍ពោលថា

ភរាមិ បុត្តទារេ ច ឃរេសុ គធិតោ អហំ

ភុញ្ជេ មានុសកេ កាមេ អនុសាសាមិ រាជិនោ។

ខ្ញុំតែងចិញ្ចឹមកូន និងប្រពន្ធផង ចំពាក់ចិត្តក្នុងផ្ទះទាំងឡាយផង ប្រៀនប្រដៅព្រះរាជាថា សូមព្រះអង្គសោយនូវកាមទាំងឡាយ ជារបស់នៃមនុស្សផង។

អារញ្ញិកស្ស ឥសិនោ ចិររត្តំ តបស្សិនោ

វុឌ្ឍស្ស ភាវិតត្តស្ស ទាតុមរហាមិ ភោជនំ។

ហេតុនោះ បានជាខ្ញុំគួរប្រគេនភោជនដល់ឥសីវិញ ដែលនៅក្នុងព្រៃ មានតបៈអស់កាលវែង ចម្រើនដោយគុណ មានចិត្តចម្រើនហើយ។

កុដុម្ពិកៈសួរឥសីថា

ឥសិញ្ច ទានិ បុច្ឆាមិ កីសំ ធមនិសន្ថតំ

បរូឡ្ហកច្ឆនខលោមំ បង្កទន្តំ រជស្សិរំ។

ឥឡូវនេះ ខ្ញុំសូមសួរឥសី ដែលស្គមរវីមរវាមដោយសរសៃ មានរោមក្លៀក និងក្រចកដុះវែង មានធ្មេញប្រកបដោយមន្ទិល មានធូលីលើក្បាល។

ឯកោ អរញ្ញេ វិហរសិ នាវកង្ខសិ ជីវិតំ

ភិក្ខុ កេន តយា សេយ្យោ យស្ស ត្វំ ភោជនំ អទា។

លោកនៅក្នុងព្រៃម្នាក់ឯង មិនស្តាយជីវិត លោកបានប្រគេនភោជនដល់ភិក្ខុណា ភិក្ខុនោះ  ប្រសើរជាងលោក ដោយគុណដូចម្តេច។

ឥសីពោលថា

ខណមាលុកលម្ពានិ ពិលាលិតក្កលានិ ច

ធុនំ សាមាកនិវារំ សំហារិយំ បហារិយំ។

អាត្មាជីកដំឡូង ឈ្មោះអាលុកលម្ពៈនិងតាលកន្ទៈទាំងឡាយផង ដំឡូងឈ្មោះពិលាលិ និងតក្កលៈទាំងឡាយផង ច្រូតស្រងែនិងស្ពៅ (យកមក) បែនបុក (បរិភោគ) ផង។

សាកំ ភិសំ មធុំ មំសំ ពទរាមលកានិ ច

តានិ អាហត្វ ភុញ្ជាមិ អត្ថិ មេ សោ បរិគ្គហោ។

នាំយកគ្រឿងអន្លក់ និងក្រឳឈូក ទឹកឃ្មុំ សាច់ ពុទ្រា និងកន្ទួតព្រៃ មកបរិភោគផង នោះជាកំណាន់របស់អាត្មា។

បចន្តោ អបចន្តស្ស អមមស្ស សកិញ្ចនោ

អនាទានស្ស សាទានោ ទាតុមរហាមិ ភោជនំ។

អាត្មាជាបុគ្គលដាំស្ល មានសេចក្តីខ្វល់ខ្វាយ មានសេចក្តីប្រកាន់នៅឡើយ គួរប្រគេនភោជនដល់ភិក្ខុ ដែលជាអ្នកមិនដាំស្ល មិនមានតណ្ហា មិនមានសេចក្តីប្រកាន់។

កុដុម្ពិកៈសួរព្រះបច្ចេកពុទ្ធថា

ភិក្ខុញ្ច ទានិ បុច្ឆាមិ តុណ្ហិមាសីន សុព្វតំ

ឥសិ តេ ភត្តំ បាទាសិ សុចិមំសូបសេចនំ។

ឥឡូវនេះ ខ្ញុំសូមសួរភិក្ខុដែលអង្គុយស្ងៀម មានវត្តល្អ ដូចតទៅនេះ (ឥសី) បានប្រគេនភត្តដែលលាយដោយសាច់ដ៏ស្អាត ដល់លោក។

តំ ត្វំ ភត្តំ បដិគ្គយ្ហ តុណ្ហី ភុញ្ជសិ ឯកកោ

នាញ្ញំ កញ្ចិ និមន្តេសិ កោយំ ធម្មោ នមត្ថុ តេ។

លោកទទួលភត្តនោះហើយ ក៏បរិភោគស្ងៀម ៗ ម្នាក់ឯង មិនបានអញ្ជើញបុគ្គលដទៃណាមួយ (ឲ្យបរិភោគផង) ឡើយ ខ្ញុំសូមថ្វាយបង្គំចំពោះលោក តើការណ៍នេះ ជាសភាពដូចម្តេច។

ព្រះបច្ចេកពុទ្ធពោលថា

ន បចាមិ ន បាចេមិ ន ឆិន្ទាមិ ន ឆេទយេ

តំ មំ អកិញ្ចនំ ញត្វា សព្វបាបេហិ អារតំ។

អាត្មាមិនដាំស្លខ្លួនឯង មិនប្រើឲ្យគេដាំស្ល មិនកាត់ខ្លួនឯង មិនប្រើគេឲ្យកាត់ ហេតុនោះ បានជាឥសីដឹងថា អាត្មាជាអ្នកមិនមានសេចក្តីកង្វល់ ជាអ្នកប្រាសចាកបាបគ្រប់ចំពូក។

វាមេន ភិក្ខមាទាយ ទក្ខិណេន កមណ្ឌលុំ

ឥសិ មេ ភត្តំ បាទាសិ សុចិមំសូបសេចនំ។

ទើបកាន់ចង្ហាន់ដោយដៃឆ្វេង កាន់សម្បកឃ្លោកដោយដៃស្តាំ ហើយប្រគេនភត្ត ដែលលាយដោយសាច់ដ៏ស្អាតនោះ ដល់អាត្មា។

ឯតេ ហិ ទាតុមរហន្តិ សមមា សបរិគ្គហា

បច្ចនីកមហំ មញ្ញេ យោ ទាតារំ និមន្តយេ។

តាមពិត ជនទាំងឡាយ (មានសេ្តចជាដើម) នុ៎ះ ជាអ្នកប្រកាន់ថា របស់អញ មានសេចក្តីហួងហែង គួរតែឲ្យទាន (ដល់បុគ្គលប្រាកដស្មើដោយអាត្មា) បុគ្គលណា អញ្ជើញនូវអ្នកឲ្យទាន (មកបរិភោគ) អាត្មា​សម្គាល់ (នូវបុគ្គលនោះ) ថា ជាអ្នកប្រតិបត្តិខុសទំនង។

កុដុម្ពិកៈស្ដាប់ពាក្យនោះ របស់លោកហើយ ត្រេកអរ ពោលគាថាចុងក្រោយ ២ គាថា ដូច្នេះថា

អត្ថាយ វត មេ អជ្ជ ឥធាគច្ឆិ រថេសភោ

យោហំ អជ្ជ បជានាមិ យត្ថ ទិន្នំ មហប្ផលំ។

ក្នុងថ្ងៃនេះ ព្រះរាជាព្រះអង្គប្រសើរលើរថ បានយាងមកក្នុងទីនេះ ដើម្បីប្រយោជន៍ដល់ខ្ញុំមែនហើយ ដ្បិតខ្ញុំបានដឹងច្បាស់ក្នុងថ្ងៃនេះថា ទានដែលគេឲ្យហើយ ចំពោះបុគ្គលណា ជាទានមានផលច្រើន។

រដ្ឋេសុ គិទ្ធា រាជានោ កិច្ចាកិច្ចេសុ ព្រាហ្មណា

ឥសី មូលផលេ គិទ្ធា វិប្បមុត្តា ច ភិក្ខវោ។

ស្តេចទាំងឡាយ ជាប់ចំពាក់ក្នុងដែនដី ពួកព្រាហ្មណ៍ជាប់ចំពាក់ក្នុងកិច្ចតូចនិងកិច្ចធំ ពួកឥសីជាប់ចំពាក់ក្នុងមើមឈើ និងផ្លែឈើ ឯពួកភិក្ខុ ទើបរួចស្រឡះចាកកិលេស។

ព្រះបច្ចេកពុទ្ធសម្ដែងធម៌ដល់កុដុម្ពិកៈហើយ ត្រឡប់ទៅកាន់លំនៅ របស់ខ្លួនវិញ តាបសក៏ដូចគ្នា។ ឯព្រះរាជាទ្រង់ស្នាក់នៅក្នុងសម្នាក់របស់កុដុម្ពិកៈ ២-៣ ថ្ងៃហើយ ទើបទៅកាន់នគរពារាណសីនោះឯង។

ព្រះសាស្ដា ទ្រង់នាំយកព្រះធម្មទេសនានេះ មកសម្ដែងហើយ ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ មិនមែនតែក្នុងកាលឥឡូវនេះប៉ុណ្ណោះទេ ដែលបិណ្ឌបាតមកដល់បុគ្គលដែលសមគួរបាន សូម្បីក្នុងកាលមុន ក៏បានដល់ហើយដូចគ្នា ហើយទ្រង់ប្រជុំជាតកថា កុដុម្ពិកៈ អ្នកបូជាធម៌ក្នុងកាលនោះ បានមកជាកុដុម្ពិកៈដែលធ្វើសក្ការៈដល់ព្រះធម្មរតនៈ ក្នុងកាលឥឡូវនេះ ព្រះរាជាក្នុងកាលនោះ បានមកជាអានន្ទ បុរោហិត បានមកជាសារីបុត្ត ចំណែកតាបសដែលនៅក្នុងព្រៃហិមពាន្តក្នុងកាលនោះ គឺតថាគតនេះឯង។

ភិក្ខាបរម្បរជាតក ចប់។

[ស្រង់ចាកអដ្ឋកថា ជាតក បកិណ្ណកនិបាត បិ.៦០ ទំ.៥៧  ឃ.១៥៣។]

សូមអនុមោទនា !!!

Oben-pfeil