បច្ចេកពុទ្ធសំយុត្តកថា

ទរីមុខជាតក

ព្រះសាស្ដា កាលទ្រង់គង់នៅក្នុងវត្ដជេតពនមហាវិហារ ទ្រង់ប្រារព្ធមហាភិនេស្ក្រមណ៍ ទើបត្រាស់រឿងនេះថា

ក្នុងអតីតកាល ព្រះរាជាព្រះនាមថា មគធរាជ សោយរាជសម្បត្តិនៅក្នុងនគររាជគ្រឹះ។ ក្នុងកាលនោះ ព្រះពោធិសត្វកាន់យកកំណើតក្នុងព្រះឧទរនៃអគ្គមហេសីរបស់ព្រះអង្គ។ ព្រះញាតិទាំងឡាយបានថ្វាយព្រះនាមព្រះពោធិសត្វថា ព្រហ្មទត្ដកុមារ។ ក្នុងថ្ងៃដែលព្រះរាជកុមារប្រសូតនុ៎ះឯង បុត្តរបស់បុរោហិតក៏កើត។ ទឹកមុខរបស់កុមារនោះ ល្អពន់ពេក ព្រោះហេតុនោះ ទើបញាតិរបស់កុមារឲ្យឈ្មោះថា ទរីមុខៈ

កុមារទាំងពីរនោះ ចម្រើនហើយក្នុងរាជត្រកូលប៉ុណ្ណោះ កុមារទាំងនោះ ជាសម្លាញ់នឹងគ្នា លុះមានអាយុ ១៦ វស្សា បានទៅកាន់នគរតក្កសិលារៀនសិល្បសាស្ដ្រគ្រប់យ៉ាង ហើយនាំគ្នាត្រាច់ទៅក្នុងគាមនិគមជាដើម ដោយតាំងចិត្ដថា នឹងនាំគ្នាសិក្សាគ្រប់លទ្ធិ និងស្គាល់ទំនៀមទម្លាប់តាមតំបន់ ដល់នគរពារាណសី ស្នាក់នៅត្រង់ទេវស្ថាន (កន្លែងបូជាទេវតា)។ ស្អែកឡើង នាំគ្នាចូលទៅកាន់នគរពារាណសីដើម្បីភិក្ខា។ មនុស្សក្នុងត្រកូលនីមួយៗ ក្នុងនគរពារាណសីនោះ តាំងចិត្ដថា ពួកយើងនឹងអង្គាសព្រាហ្មណ៍ ហើយថ្វាយគ្រឿងបូជា ទើបចម្អិនបាយាស ហើយក្រាលអាសនៈទុក។ មនុស្សទាំងឡាយឃើញជនទាំងពីរនោះកំពុងត្រាច់ភិក្ខា យល់ថា ព្រាហ្មណ៍មកហើយ ទើបអញ្ជើញឲ្យចូលទៅក្នុងផ្ទះ ក្រាលសំពត់សទុកសម្រាប់ព្រះមហាសត្វ ក្រាលសំពត់ក្រហមទុកសម្រាប់ទរីមុខកុមារ។ ទរីមុខកុមារឃើញនិមិត្ដនោះហើយ ដឹងច្បាស់ថា ថ្ងៃនេះ សម្លាញ់របស់អញនឹងបានជាព្រះបាទពារាណសី ឯអញនឹងបានជាសេនាបតី។ ជនទាំងពីរបរិភោគក្នុងទីនោះ ហើយទទួលយកគ្រឿងបូជា ពោលមង្គលហើយចេញទៅ បានទៅដល់ព្រះរាជឧទ្យាន។ បណ្ដាជនទាំងពីរនោះ ព្រះមហាសត្វផ្ទំលើផ្ទាំងសិលាមង្គល ឯទរីមុខកុមារអង្គុយច្របាច់ព្រះបាទរបស់ព្រះមហាសត្វនោះ។

ថ្ងៃនោះ ជាថ្ងៃទី៧ នៃការសោយទិវង្គតរបស់ព្រះបាទពារាណសី បុរោហិតថ្វាយព្រះភ្លើងព្រះសពហើយ បានផ្សងបុស្សរថ ក្នុងថ្ងៃទី៧ ព្រោះរាជសម្បត្ដិមិនមានរជ្ជទាយាទ។ កិច្ចដែលទាក់ទងដោយការផ្សងបុស្សរថ មានជាក់ច្បាស់ហើយ ក្នុងមហាជនកជាតក។ បុស្សរថនោះ ចេញអំពីនគរទៅ មានចតុរង្គសេនាចោមរោម មួយអន្លើដោយតូរ្យតន្ដ្រីច្រើនរយ ប្រគំ ដល់ទ្វារព្រះរាជឧទ្យាន។ គ្រានោះ ទរីមុខកុមារបានឮសំឡេងតូរ្យតន្ដ្រីហើយ គិតថា បុស្សរថមកហើយ ដើម្បីសម្លាញ់របស់អញ ថ្ងៃនេះ សម្លាញ់របស់អញនឹងបានជាព្រះរាជា ហើយនឹងប្រទានតំណែងសេនាបតីដល់អញ ប្រយោជន៍អ្វីរបស់អញដោយការគ្រប់គ្រងផ្ទះ  អញនឹងចេញបួស ដូច្នេះហើយ ទើបមិនលាព្រះពោធិសត្វ ទៅកាន់ទីសមគួរនាចំណែកម្ខាង ហើយបានឈរក្នុងទីកំបាំង។ បុរោហិតបញ្ឈប់រថត្រង់ទ្វារព្រះរាជឧទ្យាន​ហើយ ចូលទៅកាន់ព្រះរាជឧទ្យាន ឃើញព្រះពោធិសត្វផ្ទំលើមង្គលសិលា ពិនិត្យមើលលក្ខណៈត្រង់ផ្ទៃព្រះ បាទហើយ ដឹងថា សត្វនេះ ជាអ្នកមានបុណ្យ អាចគ្រងរាជសម្បត្ដិក្នុងមហាទ្វីបទាំង ៤ មានទ្វីបតូច ២ ពាន់ ជាបរិវារបាន តែបញ្ញារបស់បុគ្គលនេះ ដូចម្ដេចហ្ន៎ ទើបឲ្យប្រគំតូរ្យតន្ដ្រីទាំងអស់។ ព្រះពោធិសត្វភ្ញាក់អំពីផ្ទំហើយ ទ្រង់យកសំពត់សាដកចេញអំពីព្រះភក្ដ្រ ទតឃើញមហាជនហើយ ទ្រង់យកសំពត់សាដកបិទព្រះភក្ដ្រវិញ ផ្ទំបន្ដិចទៀត រម្ងាប់សេចក្ដីក្រវល់ក្រវាយហើយ  ក្រោកឡើងប្រថាប់គង់ពត់ភ្នែនលើផ្ទាំងសិលា។ បុរោហិតលុតជង្គង់ក្រាបទូលថា បពិត្រព្រះសម្មតិទេព រាជ​សម្បត្ដិ​មកដល់ព្រះអង្គហើយ។

ព្រះពោធិសត្វសួរថា រាជសម្បត្ដិមិនមានរជ្ជទាយាទទេឬ។ បុរោហិតក្រាបទូលថា មិនមានទេ ព្រះអង្គ។

ព្រះពោធិសត្វពោលថា បើដូច្នោះ ប្រពៃហើយ។ ជនទាំងនោះ បាននាំគ្នាធ្វើការអភិសេកព្រះពោធិសត្វ ត្រង់ព្រះរាជឧទ្យាននោះឯង ទ្រង់មិនបានរឭកដល់ទរីមុខកុមារ ព្រោះភាពនៃខ្លួនមានយសច្រើន ទ្រង់ឡើងរាជរថ មានមហាជនចោមរោម ចូលកាន់នគរ ទ្រង់ធ្វើប្រទក្សិណហើយប្រថាប់ឈរត្រង់ទ្វារព្រះរាជនិវេសន៍នុ៎ះឯង ទ្រង់ពិចារណាដល់ឋានន្ដរៈរបស់អាមាត្យទាំងឡាយ ហើយឡើងកាន់ប្រាសាទ។

ខណៈនោះ ទរីមុខកុមារគិតថា ឥឡូវនេះ ឧទ្យានទំនេរហើយ ទើបមកអង្គុយត្រង់មង្គលសិលា។ លំដាប់នោះ ស្លឹកឈើទុំបានជ្រុះមកខាងមុខទរីមុខកុមារ។ ទរីមុខកុមារផ្ដើមនូវការអស់ទៅសូន្យទៅក្នុងស្លឹកឈើទុំប៉ុណ្ណោះ ពិចារណាត្រៃលក្ខណ៍ ញ៉ាំងផែនដីឲ្យលាន់ឮឡើង ញ៉ាំងបច្ចេកពោធិញ្ញាណឲ្យកើតឡើងហើយ ក្នុងខណៈនោះឯង ឃរាវាសភេទក៏អន្ដរធានទៅ បាត្រនិងចីវរដែលសម្រេចដោយឫទ្ធិ ក៏ធ្លាក់ចុះមកអំពីអាកាស ស្រោបសរីរៈរបស់លោក។ រំពេចនោះឯង លោកក៏ជាបុគ្គលទ្រទ្រង់នូវបរិក្ខារ ៨ សម្បូរដោយឥរិយាបថ ដូចព្រះថេរៈមានវស្សា ៦០ ហោះទៅក្នុងអាកាសដោយឫទ្ធិ បានទៅកាន់ញកភ្នំនន្ទមូលកៈ ក្នុងហិមវន្តប្បទេស។ ឯព្រះពោធិសត្វក៏សោយរាជសម្បត្ដិដោយធម៌ តែព្រោះភាពជាអ្នកមានយសច្រើន ទើបទ្រង់ស្រវឹងដោយយស មិននឹកនាដល់ទរីមុខសម្លាញ់ អស់កាល ៤០ ឆ្នាំ។ លុះកន្លងទៅ ៤០ ឆ្នាំ ទ្រង់រឭកបានហើយ ទើបត្រាស់ថា ខ្ញុំមានសម្លាញ់ម្នាក់ ឈ្មោះទរីមុខៈ គេនៅឯណាហ្ន៎ ដូច្នេះហើយ មានព្រះរាជបំណងនឹងចួបសម្លាញ់នោះ។ ចាប់តាំងអំពីនោះមក ទ្រង់ក៏ត្រាស់សួររកខាងក្នុងនគរខ្លះ កណ្ដាលបរិស័ទខ្លះថា ទរីមុខៈ សម្លាញ់របស់ខ្ញុំនៅឯណា បុគ្គលណាប្រាប់លំនៅរបស់សម្លាញ់នោះដល់ខ្ញុំ ខ្ញុំនឹងឲ្យយសធំដល់បុគ្គលនោះ។ កាលទ្រង់រឭករឿយ ៗ យ៉ាងនេះ ឆ្នាំដទៃកន្លងទៅទៀត អស់ ១០ ឆ្នាំ។

ក្នុងកាលកន្លងទៅ  ៥០ ឆ្នាំ  ព្រះទរីមុខបច្ចេកពុទ្ធ  រឭកដល់ ក៏ជ្រាបថា សម្លាញ់នឹកដល់អាត្មាអញ ហើយត្រិះរិះថា ឥឡូវនេះ ព្រះរាជានោះ ទ្រង់ព្រះជរា ចម្រើនដោយព្រះរាជឱរស និងព្រះរាជធីតា អាត្មាអញនឹងទៅសម្ដែងធម៌ថ្វាយ ឲ្យទ្រង់បួស ដូច្នេះហើយ ទើបទៅតាមអាកាសដោយឫទ្ធិ ចុះត្រង់ព្រះរាជឧទ្យាន អង្គុយលើផ្ទាំងថ្ម ដូចបដិមាមាស។ នាយឧទ្យានបាលឃើញលោកហើយ ចូលទៅជិត ទូលសួរថា បពិត្រលោកដ៏ចម្រើន លោកម្ចាស់និមន្ដមកអំពីទីណា។

ព្រះបច្ចេកពុទ្ធតបថា អាត្មាមកអំពីញកភ្នំនន្ទមូលកៈ។ អ្នករក្សាឧទ្យានសួរថា  លោកម្ចាស់ឈ្មោះអ្វី។ ព្រះបច្ចេកពុទ្ធពោលថា អ្នកមានអាយុ អាត្មាភាពឈ្មោះទរីមុខបច្ចេកពុទ្ធ។ អ្នករក្សាឧទ្យានសួរថា បពិត្រលោកម្ចាស់ លោកម្ចាស់ស្គាល់ព្រះរាជារបស់ខ្ញុំដែរឬ។

ព្រះបច្ចេកពុទ្ធពោលថា អាត្មាស្គាល់ កាលជាគ្រហស្ថ ទ្រង់ជាសម្លាញ់របស់អាត្មា។  អ្នករក្សាឧទ្យានពោលថា បពិត្រលោកម្ចាស់ ព្រះរាជាមានបំណងចង់ចួបលោកម្ចាស់ ខ្ញុំនឹងទៅក្រាបទូលព្រះរាជាអំពីដំណើរដែលលោកម្ចាស់និមន្តមក។

ព្រះបច្ចេកពុទ្ធពោលថា ចូរអ្នកទៅក្រាបទូលព្រះរាជាចុះ។ អ្នករក្សាឧទ្យានទទួលថា សាធុ ហើយប្រញាប់ចេញទៅទូលថ្វាយព្រះរាជា អំពីដំណើររបស់ព្រះទរីមុខបច្ចេកពុទ្ធ ដែលគង់នៅត្រង់ផ្ទាំងថ្ម​ហើយ។ ព្រះរាជាត្រាស់ថា បានឮថា សម្លាញ់របស់យើងមកហើយ យើងនឹងទៅសួរសុខទុក្ខលោក ហើយយាងឡើងរថទៅកាន់ព្រះរាជឧទ្យាន មួយអន្លើដោយបរិវារដ៏ច្រើន ថ្វាយបង្គំព្រះបច្ចេកពុទ្ធ ធ្វើ​បដិសណ្ឋារៈហើយគង់ក្នុងទីសមគួរនាចំណែកម្ខាង។ លំដាប់នោះ ព្រះបច្ចេកពុទ្ធធ្វើបដិសណ្ឋារៈចំពោះ​ព្រះរាជាហើយ ពោលពាក្យជាដើមថា សូមថ្វាយព្រះពរព្រហ្មទត្ដ ទ្រង់សោយរាជសម្បត្ដិដោយ​ធម៌ឬ ទ្រង់មិនលុះក្នុងអំណាចអគតិទេឬ ទ្រង់មិនបៀតបៀនមហាជនដើម្បីទ្រព្យទេឬ ទ្រង់បំពេញបុណ្យទាំងឡាយ មានទានជាដើមឬ ហើយពោលបន្តថា សូមថ្វាយព្រះពរព្រហ្មទត្ដ ទ្រង់ជរាហើយ ឥឡូវនេះ ជាសម័យរបស់ព្រះអង្គដែលគួរលះបង់នូវកាម ហើយចេញបួស កាលនឹងសម្ដែងធម៌ថ្វាយព្រះរាជា ទើបពោលគាថាដំបូងថា

បង្កោ ច កាមា បលិបោ ច កាមា

ភយញ្ច មេតំ តិមូលំ បវុត្តំ

រជោ ច ធូមោ ច មយា បកាសិតា

ហិត្វា តុវំ បព្វជ ព្រហ្មទត្ត។

កាមទាំងឡាយ ដូចភក់ផង កាមទាំងឡាយ ដូចគ្រឿងស្អិតផង នេះជាភ័យមានឫសគល់ ៣យ៉ាង ដែលព្រះសម្ពុទ្ធពោលទុកហើយ កាមទាំងឡាយ ដូចធូលីផង ដូចផ្សែងផង ដែលអាត្មាប្រកាសហើយ បពិត្រព្រះរាជាព្រហ្មទត្ត សូមព្រះអង្គលះបង់ (កាមទាំងនោះ) ហើយបួសចុះ។

ព្រះរាជា កាលទ្រង់ស្ដាប់ពាក្យនោះហើយ កាលប្រាប់ភាពដែលទ្រង់ជាប់ដោយកិលេសទាំងឡាយ ទើបត្រាស់គាថាទី២ថា

គធិតោ ច រត្តោ ច អធិមុច្ឆិតោ ច

កាមេស្វាហំ ព្រាហ្មណ ភឹសរូបំ

តំ នុស្សហេ ជីវិកត្ថោ បហាតុំ

កាហាមិ បុញ្ញានិ អនប្បកានិ។

បពិត្រព្រាហ្មណ៍ ខ្ញុំជាអ្នកជាប់ចំពាក់ ត្រេកអរជ្រុលជ្រប់ក្នុងកាមទាំងឡាយ ជាអ្នកត្រូវការដោយជីវិត មិនអាចដើម្បីលះនូវកាម មានសភាពគួរខ្លាចនោះ បានទេ ខ្ញុំនឹងធ្វើបុណ្យទាំងឡាយច្រើន។

ដែលឈ្មោះថា បុគ្គលអ្នកមានកិលេសកាមយ៉ាងនេះ មិនអាចនឹងនាំកិលេសកាមនោះ ចេញចាកចិត្តបានទេ ព្រះមហាបុរសអ្នកមានចិត្តសៅហ្មងហើយ ព្រោះកិលេសកាមឯណា សូម្បីកាលព្រះបច្ចេកពុទ្ធត្រាស់ដល់គុណរបស់បព្វជ្ជាហើយ ក៏នៅតែត្រាស់ថា ខ្ញុំមិនអាចបួសបានទេ។ ព្រះបាទព្រហ្មទត្តអង្គនេះ កាលទ្រង់ពិចារណាមើលពុទ្ធការកធម៌ ដោយព្រះញាណដែលកើតឡើងក្នុងព្រះអង្គ ទៀបបាទមូលព្រះពុទ្ធព្រះនាមទីបង្ករ ទ្រង់ឃើញនេក្ខបារមីទី ៣ ហើយ ទើបទ្រង់សរសើរគុណនេក្ខម្មៈយ៉ាងនេះថា

ឥមំ ត្វំ តតិយំ តាវ ទឡ្ហំ កត្វា សមាទិយ

នេក្ខម្មបារមិតំ គច្ឆ យទិ ពោធឹ បត្តុមិច្ឆសិ។

អ្នកចូរសមាទាន ធ្វើនេក្ខម្មបារមីទី ៣ នេះ ឲ្យមាំមួន បើអ្នកចង់លុះនូវពោធិញ្ញាណ ចូរបំពេញនូវនេក្ខម្មបារមីចុះ។

យថា អដ្ដឃរេ បុរិសោ ចិរំ វុដ្ឋោ ទុក្ខទ្ទិតោ

ន តត្ថ រាគំ អភិជនេតិ មុត្តឹយេវ គវេសតិ។

បុរសដែលជាប់នៅក្នុងគុក អស់កាលយូរ ត្រូវសេចក្ដីទុក្ខ បៀតបៀនហើយ រមែងមិនញ៉ាំងសេចក្ដីត្រេកអរ ឲ្យកើតឡើងក្នុងគុកនោះទេ រមែងស្វែងរកការរួច (ចាកគុកនោះ) យ៉ាងណា។

តថេវ ត្វំ សព្វភវេ បស្ស អដ្ដឃរេ វិយ

នេក្ខម្មាភិមុខោ ហោហិ ភវតោ បរិមុត្តិយា។

អ្នកចូរឃើញនូវភពទាំងអស់ ដូចជាគុកចុះ ចូរបែរមុខទៅរកនេក្ខម្មៈ ដើម្បីរួចចាកភព យ៉ាងនោះដែរ [បិ.៧៧ ទំ.៤៣ ឃ.២។]។

ព្រះបាទព្រហ្មទត្ដនោះ សូម្បីជាបុគ្គលដែលព្រះបច្ចេកពុទ្ធពោលសរសើរបព្វជ្ជា ហើយថ្វាយព្រះពរថា សូមមហាបពិត្រ ទ្រង់លះបង់កិលេសទាំងឡាយ ហើយទ្រង់ជាសមណៈចុះ ក៏នៅតែត្រាស់ថា ខ្ញុំមិនអាចលះបង់នូវកិលេសទាំងឡាយ ហើយបួសជាសមណៈបានទេ។

បានឮថា មនុស្សឆ្កួតក្នុងលោកនេះ មាន ៨ ពួក ព្រោះហេតុនោះ ទើបបុរាណាចារ្យពោលទុកថា បុគ្គលដែលបានសញ្ញាថា ឆ្កួត មាន ៨ ពួកគឺ

កាមុម្មត្ដកោ ឆ្កួតព្រោះកាម  គឺធ្លាក់នៅក្នុងអំណាចលោភៈ ១។

កោធុម្មត្ដកោ ឆ្កួតព្រោះក្រោធ គឺធ្លាក់នៅក្នុងអំណាចទោសៈ ១។

ទិដ្ឋុម្មត្ដកោ ឆ្កួតព្រោះទិដ្ឋិ ឬឆ្កួតព្រោះលទ្ធិ គឺធ្លាក់ក្នុងអំណាចការយល់ខុស១។

មោហុម្មត្ដកោ ឆ្កួតព្រោះវង្វេង គឺធ្លាក់ក្នុងអំណាចការមិនដឹង ១។

យក្ខុម្មត្ដកោ ឆ្កួតព្រោះយក្ខចូល គឺធ្លាក់ក្នុងអំណាចយក្ខ ១។

បិត្ដុម្មត្ដកោ ឆ្កួតព្រោះប្រមាត់កម្រើក គឺធ្លាក់ក្នុងអំណាចរបស់ប្រមាត់ ១។

សុរុម្មត្ដកោ ឆ្កួតព្រោះសុរា គឺធ្លាក់ក្នុងអំណាចរបស់សុរា ១។

ព្យសនុម្មត្ដកោ ឆ្កួតព្រោះវិនាស គឺធ្លាក់ក្នុងអំណាចនៃសេចក្ដីវិនាសទ្រព្យជាដើម ១។

ក្នុងឆ្កួត ៨ ពួកនេះ ព្រះមហាសត្វក្នុងជាតកនេះ ឆ្កួតព្រោះធ្លាក់ក្នុងកាម ធ្លាក់ក្រោមអំណាចសេចក្ដីលោភ ទើបមិនដឹងគុណរបស់បព្វជ្ជា។

សួរថា សេចក្ដីលោភនេះ ធ្វើវត្ថុដែលមិនជាប្រយោជន៍ ទម្លាយគុណដូចប្រការដែលពោលមកហើយនេះ តើហេតុអ្វី ទើបសត្វទាំងឡាយមិនអាចរួចផុតបាន។

ឆ្លើយថា ព្រោះការលោភនោះ ចម្រើនមកហើយ ដោយរួមគ្នាច្រើនសែនកោដិកប្ប ក្នុងសំសារៈដែលមិនដឹងខាងដើមនិងទីបំផុត កាលបើដូច្នេះ ទើបបណ្ឌិតទាំងឡាយ លះដោយអំណាចការពិចារណាច្រើនយ៉ាងថា កាមទាំងឡាយ មានសេចក្ដីត្រេកអរតិចជាដើម។

ព្រះទរីមុខបច្ចេកពុទ្ធ សូម្បីព្រះមហាសត្វត្រាស់ថា ខ្ញុំមិនអាចបួសបានទេ ក៏មិនដាក់ធុរៈ កាលនឹងថ្វាយព្រះឱវាទឲ្យក្រៃលែង ទើបពោលគាថា ២ ថា

យោ អត្ថកាមស្ស ហិតានុកម្បិនោ

ឱវជ្ជមានោ ន  ករោតិ សាសនំ

ឥទមេវ សេយ្យោ ឥតិ មញ្ញមានោ

បុនប្បុនំ គព្ភមុបេតិ មន្ទោ។

បុគ្គលណា កាលគេប្រាថ្នាសេចក្ដីចម្រើន អនុគ្រោះដោយប្រយោជន៍ ប្រៀនប្រដៅ តែមិនធ្វើតាមពាក្យប្រៀនប្រដៅ  សម្គាល់ថា នេះឯងប្រសើរ ជាមនុស្សល្ងង់ខ្លៅ រមែងចូលទៅកាន់គភ៌ញយ ៗ។

សោ ឃោររូបំ និរយំ ឧបេតិ

សុភាសុភំ មុត្តករីសបូរំ

សត្តា សកាយេ ន ជហន្តិ គិទ្ធា

យេ ហោន្តិ កាមេសុ អវីតរាគា។

បុគ្គលល្ងង់ខ្លៅនោះ រមែងចូលទៅកាន់នរក មានសភាពដ៏ពន្លឹក ជាទីមិនស្អាតដល់ពួកកុលបុត្តអ្នកស្អាត ពេញដោយមូត្រនិងករីសៈ សត្វទាំងឡាយណា ជាអ្នកមិនទាន់ប្រាសចាករាគៈ ជាប់ចំពាក់ក្នុងកាមទាំងឡាយ សត្វទាំងឡាយនោះ រមែងមិនលះបង់នូវសកាយៈ (ការនៅក្នុងគភ៌)។

ព្រះទរីមុខបច្ចេកពុទ្ធ កាលសម្ដែងទុក្ខដែលមានការចុះកាន់គភ៌ជាមូលផង មានការបរិហារជាមូលផង ឥឡូវនេះ កាលសម្ដែងដល់ទុក្ខព្រោះចេញចាកគភ៌ជាមូល ទើបពោលមួយគាថាកន្លះថា

មិឡ្ហេន លិត្តា រុហិរេន មក្ខិតា

សេម្ហេន លិត្តា ឧបនិក្ខមន្តិ

យំ យំ ហិ កាយេន ផុសន្តិ តាវទេ

សព្វំ អសាតំ ទុក្ខមេវ កេវលំ។

សត្វទាំងឡាយ ប្រសូត (ចាកគភ៌នៃមាតា) រមែងជាប់ដោយលាមក ប្រឡាក់ដោយឈាម ជាប់ដោយរម្អិល ប៉ះពាល់នូវទ្វារជាទីប្រសូតណាៗ ដោយកាយក្នុងខណៈនោះ ទ្វារទាំងអស់នោះ ជារបស់មិនស្អាត សុទ្ធតែជាទុក្ខទាំងអស់។

ទិស្វា វទាមិ ន ហិ អញ្ញតោ សវំ

បុព្វេនិវាសំ ពហុកំ សរាមិ។

អាត្មាឃើញ ទើបពោល មិនមែនស្ដាប់អំពីបុគ្គលដទៃទេ អាត្មារឭកឃើញនូវបុព្វេនិវាសច្រើន។

ឥឡូវនេះ ព្រះសាស្ដាទ្រង់ត្រាស់ដឹងក្រៃលែងហើយ កាលត្រាស់ថា ព្រះបច្ចេកពុទ្ធនោះ សង្គ្រោះព្រះរាជាដោយព្រះគាថាជាសុភាសិតយ៉ាងនេះហើយ ទើបទ្រង់ត្រាស់កន្លះគាថាចុងក្រោយថា

ចិត្រាហិ គាថាហិ សុភាសិតាហិ

ទរីមុខោ និជ្ឈាបយី សុមេធំ។

ព្រះបច្ចេកពុទ្ធ ព្រះនាមទរីមុខៈ ពន្យល់ស្ដេចព្រហ្មទត្តមានប្រាជ្ញាល្អ ដោយគាថាទាំងឡាយដ៏វិចិត្រ ដែលសម្ដែងហើយដោយល្អ។

ព្រះបច្ចេកពុទ្ធ កាលសម្ដែងទោសក្នុងកាមទាំងឡាយ ញ៉ាំងព្រះរាជាឲ្យទ្រង់កាន់យកពាក្យរបស់លោកយ៉ាងនេះហើយ ទើបពោលថា

សូមថ្វាយព្រះពរមហាបពិត្រ ឥឡូវនេះ ទ្រង់បួស ឬមិនបួស ក៏តាមព្រះរាជហឫទ័យចុះ តែអាត្មាភាពបានសម្ដែងទោសក្នុងកាមទាំងឡាយ និងអានិសង្សក្នុងការបួស ថ្វាយ​មហាបពិត្រ​ហើយ សូមទ្រង់កុំប្រមាទ ហើយ បានហោះទៅក្នុងអាកាស ជាន់ពពក ទៅកាន់ញកភ្នំនន្ទមូលកៈវិញ ដូចស្ដេចហង្សមាសដូច្នោះ។ ព្រះមហាសត្វទ្រង់ផ្គងអញ្ជលីដ៏រុងរឿងដោយម្រាម ១០ ដាក់លើព្រះសិរសា នមស្ការ កាលព្រះបច្ចេកពុទ្ធទៅផុតកន្ទុយភ្នែកហើយ ទើបឲ្យហៅព្រះរាជបុត្តច្បងមកគាល់ ទ្រង់ប្រគល់រាជសម្បត្ដិ កាលមហាជនកំពុងយំ ទ្រង់លះកាមទាំងឡាយទៅកាន់ព្រៃហិមពាន្ដ សាងបណ្ណសាលា បួសជាឥសី មិនយូរប៉ុន្មាន ក៏បានញ៉ាំងអភិញ្ញានិងសមាបត្ដិឲ្យកើតឡើង ក្នុងកាលអស់ព្រះជន្មាយុ ក៏បានទៅកាន់ព្រហ្មលោក។

ព្រះសាស្ដា កាលទ្រង់នាំយកព្រះធម្មទេសនានេះ មកសម្ដែងហើយ ទើបប្រកាសសច្ចៈទាំងឡាយ ក្នុងកាលចប់សច្ចៈទាំងឡាយ ជនទាំងឡាយ បានជាព្រះសោតាបន្នបុគ្គលជាដើម ច្រើនសន្ធឹកសន្ធាប់ ហើយទ្រង់ប្រជុំជាតកថា ព្រះរាជាក្នុងកាលនោះ គឺតថាគតនេះឯង។

ទរីមុខជាតក ចប់។

[ស្រង់ចាកអដ្ឋកថា ជាតក ឆក្កនិបាត បិ.៥៩ ទំ.៣៨ ឃ.១៤២។]

សូមអនុមោទនា !!!

Oben-pfeil