បច្ចេកពុទ្ធសំយុត្តកថា

វគ្គទី១

ទុស្សង្គហគាថា ទី៩

គាថាថា ទុស្សង្គហា ដូច្នេះជាដើម មានហេតុកើតដូចម្ដេច។

បានឮថា ព្រះអគ្គមហេសីរបស់ព្រះបាទពារាណសីសោយព្រះវិលាល័យហើយ។ បន្ទាប់​អំពីនោះ កាលថ្ងៃសោយសោកកន្លងទៅ ថ្ងៃមួយ អាមាត្យទាំងឡាយក្រាបទូលអង្វរព្រះរាជាថា ធម្មតាព្រះរាជាទាំងឡាយ ចាំបាច់ប្រាថ្នាអគ្គមហេសីក្នុងរាជកិច្ចផ្សេង ៗ ដោយខានមិនបាន ទូលព្រះបង្គំទាំងឡាយសូមឱកាស សូមព្រះសម្មតិទេព ទ្រង់នាំព្រះទេវីអង្គដទៃមក។

ព្រះរាជាត្រាស់ថា បើដូច្នោះ ចូរអ្នកទាំងឡាយដឹងចុះ។

កាលអាមាត្យទាំងនោះ កំពុងស្វែងរក ព្រះរាជាក្នុងរាជអាណាចក្រជិតខាងមួយអង្គ សោយទិវង្គត ព្រះទេវីរបស់ព្រះរាជាអង្គនោះ គ្រប់គ្រងរាជសម្បត្ដិ ព្រះនាងមានព្រះគភ៌ អាមាត្យទាំងឡាយដឹងថា ព្រះទេវីនោះ សមគួរដល់ព្រះរាជា ទើបអង្វរព្រះនាង។

ព្រះនាងមានព្រះសវនីយ៍ថា ធម្មតាស្ដ្រីមានគភ៌ រមែងមិនជាទីគាប់ចិត្ដរបស់មនុស្សទាំងឡាយ បើអ្នកបង្អង់ ទម្រាំយើងប្រសូត ជាការប្រពៃ  បើរង់ចាំមិនបាន ពួកអ្នក ចូររកស្រីដទៃចុះ។

អាមាត្យទាំងឡាយក៏ក្រាបទូលសេចក្ដីនោះ ដល់ព្រះរាជា។ ព្រះរាជាត្រាស់ថា ទោះបីព្រះនាងមានគភ៌  ក៏ចូរនាំមកចុះ។

អាមាត្យទាំងនោះ ក៏នាំមក។ ព្រះរាជាទ្រង់អភិសេកព្រះទេវីនោះហើយ បានប្រទានគ្រឿងប្រើប្រាស់សម្រាប់ព្រះមហេសីសព្វយ៉ាង ទ្រង់សង្គ្រោះព្រះនាងនិងបរិវារជន ដោយគ្រឿងបណ្ណាការច្រើនយ៉ាង។ ព្រះមហេសីនោះ ប្រសូតព្រះរាជបុត្តតាមកាល ព្រះរាជាទ្រង់បី ព ព្រះរាជបុត្តរបស់ព្រះនាង ទុកលើភ្លៅនិងដើមទ្រូង ក្នុងឥរិយាបថទាំងពួង ដូចបុត្តរបស់ព្រះអង្គ។ កាលនោះ បរិវារជនរបស់ព្រះទេវីនោះ នាំគ្នាគិតថា ព្រះរាជាទ្រង់សង្គ្រោះយ៉ាងក្រៃលែង ទ្រង់ធ្វើការស្និទ្ធស្នាលបំផុតក្នុងព្រះរាជកុមារ ណ្ហើយចុះ ពួកយើងនឹងញុះញង់ព្រះរាជកុមារនោះ ឲ្យបែកអំពីព្រះរាជា។

បន្ទាប់អំពីនោះ ក៏នាំគ្នាទូលព្រះរាជកុមារថា បពិត្រអយ្យបុត្ត ទ្រង់ជាឱរសនៃព្រះរាជារបស់ទូលព្រះបង្គំទាំងឡាយ មិនមែនជាព្រះរាជឱរសរបស់ព្រះរាជាអង្គនេះទេ ទ្រង់កុំទុកព្រះហឫទ័យក្នុងព្រះរាជាអង្គនេះ។ លំដាប់នោះ ព្រះរាជកុមារ កាលព្រះរាជាត្រាស់ថា មកបុត្ត ដូច្នេះក្ដី យកព្រះហស្ដទាញមកក្ដី ក៏មិនឱបព្រះរាជាដូចកាលមុន។ ព្រះរាជាទ្រង់ពិចារណាថា តើមានរឿងអ្វីហ្ន៎ កាលទ្រង់ជ្រាបហេតុនោះហើយ ទ្រង់ព្រះតម្រិះថា ឱហ្ន៎ ! ជនទាំងនេះ សូម្បីអាត្មាអញសង្រ្គោះហើយយ៉ាងនេះ នៅតែប្រព្រឹត្តអំពើគួរស្អប់ខ្ពើមទៀត ដូច្នេះហើយ ទ្រង់នឿយណាយ ទើបលះរាជសម្បត្តិ ចេញបួស។

ចំណែកបរិជនជាច្រើនដឹងថា ព្រះរាជាទ្រង់បួសហើយ ក៏ចេញបួសតាម។ មនុស្សទាំងឡាយដឹងថា ព្រះរាជាមួយអន្លើដោយបរិជន បួសហើយ ក៏នាំបច្ច័យដ៏ប្រណីតមកប្រគេន ព្រះរាជាឲ្យប្រគេនបច្ច័យដែលប្រណីតតាមលំដាប់ដល់ព្រះថេរៈ បព្វជិតទាំងនោះ បព្វជិតណាបានបច្ច័យល្អ បព្វជិតនោះ ក៏ត្រេកអរ បព្វជិតក្រៅអំពីនោះ ក៏ពោលទោសថា ពួកយើងធ្វើកិច្ចទាំងពួង មានការបោសបរិវេណជាដើម តែបានភត្តអាក្រក់ បានសំពត់ចាស់។ ព្រះរាជាទ្រង់ជ្រាបរឿងនោះហើយ ទ្រង់ព្រះតម្រិះថា ឱហ្ន៎ ! កាលឲ្យបច្ច័យតាមលំដាប់ដល់បុគ្គលចាស់ បព្វជិតទាំងឡាយ ក៏សម្លឹងទោស ឱ ! បរិស័ទនេះ សង្រ្គោះបានដោយក្រ ដូច្នេះហើយ  ទ្រង់កាន់បាត្រនិងចីវរតែមួយព្រះអង្គឯង យាងចូលព្រៃ ប្រារព្ធវិបស្សនា ធ្វើឲ្យជាក់ច្បាស់នូវបច្ចេកពោធិញ្ញាណហើយ។ ជនទាំងឡាយដែលមកក្នុងទីនោះ ទូលសួរកម្មដ្ឋាន បានត្រាស់គាថានេះថា

ទុស្សង្គហា បព្វជិតាបិ ឯកេ

អថោ គហដ្ឋា ឃរមាវសន្តា

អប្បោស្សុក្កោ បរបុត្តេសុ ហុត្វា

ឯកោ ចរេ ខគ្គវិសាណកប្បោ។

បព្វជិតពួកខ្លះ ឬពួកគ្រហស្ថ ដែលនៅគ្រប់គ្រងផ្ទះខ្លះ គេសង្គ្រោះបានដោយកម្រ បុគ្គលអ្នកមិនមានសេចក្ដីខ្វល់ខ្វាយ ចំពោះពួកកូននៃបុគ្គលដទៃ គប្បីប្រព្រឹត្ដតែម្នាក់ឯង ដូចកុយរមាស។

គាថានោះ ដោយអត្ថប្រាកដច្បាស់ហើយ តែមានពាក្យអធិប្បាយប្រកបសេចក្ដីដូច្នេះថា សូម្បីបព្វជិតពួកខ្លះ ដែលត្រូវអសន្ដោសៈគ្របសង្កត់ ក៏សង្គ្រោះបានដោយក្រ ម្យ៉ាងទៀត គ្រហស្ថអ្នកគ្រប់គ្រងផ្ទះ ក៏យ៉ាងនោះដូចគ្នា ខ្ញុំស្អប់ខ្ពើមភាពជាអ្នកសង្គ្រោះលំបាកនេះ ទើបផ្ដើមចម្រើនវិបស្សនា បានសម្រេចហើយ។ ពាក្យដ៏សេសគប្បីជ្រាបដោយន័យមុននោះឯង។

ទុស្សង្គហគាថា ទី៩ ចប់។

សូមអនុមោទនា !!!

Oben-pfeil