បច្ចេកពុទ្ធសំយុត្តកថា

គង្គមាលជាតក

ព្រះសាស្ដា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធឧបោសថកម្ម ទើបត្រាស់រឿងនេះថា

ក្នុងអតីតកាល ព្រះបាទព្រហ្មទត្ដសោយរាជសម្បត្តិនៅក្នុងនគរ ពារាណសី ក្នុងនគរនោះ មានសេដ្ឋីម្នាក់ឈ្មោះ សុចិបរិវារ មានសម្បត្ដិ ៨០ កោដិ ជាអ្នកត្រេកអរក្នុងបុណ្យកុសល មានការឲ្យទានជាដើម។ បុត្តក្ដី ភរិយាក្ដី ជនជាបរិវារក្ដី ដោយហោចទៅ សូម្បីក្មេងឃ្វាលគោ ក្នុងផ្ទះនោះ សុទ្ធតែជាអ្នករក្សាឧបោសថ មួយខែ ៦ថ្ងៃ។ ក្នុងកាលនោះ ព្រះពោធិសត្វកើតក្នុងត្រកូលអ្នកក្រីក្រមួយ ស៊ីឈ្នួលគេចិញ្ចឹមជីវិត រស់នៅដោយសេចក្ដីលំបាក។ ព្រះពោធិសត្វគិតថា អញនឹងធ្វើការស៊ីឈ្នួល ទើបទៅកាន់ផ្ទះរបស់សុចិបរិវារសេដ្ឋី ថ្វាយបង្គំហើយ ឈរក្នុងទីសមគួរនាចំណែកម្ខាង។ កាលសេដ្ឋីសួរថា អ្នកមកធ្វើអ្វី ក៏ពោលថា មកដើម្បីស៊ីឈ្នួលធ្វើការងារក្នុងផ្ទះរបស់លោក។ សេដ្ឋីនោះ ធ្លាប់ប្រាប់កូនឈ្នួលដទៃៗ ក្នុងថ្ងៃដែលមកដល់ថា អ្នកដែលធ្វើការក្នុងផ្ទះនេះ រក្សាសីលគ្រប់ៗ គ្នា បើអ្នកអាចរក្សាសីលបាន ក៏ចូរធ្វើការងារចុះ។ តែសម្រាប់ព្រះពោធិសត្វ សេដ្ឋីនោះមិនបានប្រាប់ឲ្យរក្សាសីល ទទួលព្រះពោធិសត្វថា នែបា ប្រពៃហើយ ចូរអ្នកដឹងនូវការងារឈ្នួលរបស់ខ្លួន ហើយធ្វើការងារចុះ។

តាំងអំពីនោះមក ព្រះពោធិសត្វជាមនុស្សប្រដៅងាយ លះបង់ជីវិត មិនគិតដល់ការនឿយហត់របស់ខ្លួន ធ្វើការងារគ្រប់យ៉ាងឲ្យលោកសេដ្ឋី។ ព្រះពោធិសត្វទៅធ្វើការងារអំពីព្រលឹម លុះពេលល្ងាច ទើបត្រឡប់មក។

សម័យថ្ងៃមួយ មានគេប្រកាសមហោស្រពក្នុងនគរ។ មហាសេដ្ឋីហៅទាសីមក ប្រាប់ថា ថ្ងៃនេះ ជាថ្ងៃឧបោសថ ចូរនាងចម្អិនបាយឲ្យពួកកម្មករក្នុងផ្ទះ តែក្នុងពេលព្រឹកបានហើយ ដល់ពេលវេលាពួកគេនឹងបានបរិភោគ ហើយរក្សាឧបោសថ។ ព្រះពោធិសត្វក្រោកឡើងអំពីព្រលឹមទៅធ្វើការងារ មិនមានអ្នកណាប្រាប់ថា ថ្ងៃនេះ អ្នកគប្បីរក្សាឧបោសថ។ ពួកកម្មករដ៏សេស បរិភោគអាហារអំពីព្រឹក ហើយរក្សាឧបោសថ សេដ្ឋីមួយអន្លើដោយបុត្ត ភរិយា ជនជាបរិវារ បានអធិដ្ឋានឧបោសថ ពួកជនដែលរក្សាឧបោសថទាំងអស់ បានទៅកាន់លំនៅរបស់ខ្លួន អង្គុយពិចារណាដល់សីល។ ព្រះពោធិសត្វធ្វើការងារពេញមួយថ្ងៃ ត្រឡប់មកក្នុងកាលដែលព្រះអាទិត្យអស្ដង្គតហើយ។ លំដាប់នោះ អ្នករៀបចំអាហារបានឲ្យទឹកលាងដៃដល់ព្រះពោធិសត្វ ហើយដួសបាយដាក់ថាសឲ្យ។

ព្រះពោធិសត្វសួរថា ក្នុងថ្ងៃដទៃៗ ពេលថ្មើរណេះ មានសំឡេងអឺងកង តែក្នុងថ្ងៃនេះ ជនទាំងនោះ ទៅណាអស់ហើយ។ ស្ត្រីអ្នកចម្អិនអាហារឆ្លើយថា ជនទាំងអស់នោះ សមាទានឧបោសថហើយ ទៅកាន់លំនៅរៀងៗខ្លួន។ ព្រះពោធិសត្វស្ដាប់ពាក្យរបស់ស្ត្រីអ្នកចម្អិនអាហារនោះហើយ គិតថា អញជាបុគ្គលទ្រុស្ដសីលតែម្នាក់ឯង នឹងនៅក្នុងចំណោមអ្នកមានសីលទាំងនេះ បានដូចម្ដេច កាលអញអធិដ្ឋានអង្គឧបោសថឥឡូវនេះ ឈ្មោះថា ជាអ្នករក្សាឧបោសថដែរឬហ្ន៎។ ព្រះពោធិសត្វក៏ទៅសួរសេដ្ឋី។ លំដាប់នោះ សេដ្ឋីពោលថា នែបា ជាឧបោសថកម្មទាំងអស់ មិនបានទេ ព្រោះមិនបានអធិដ្ឋានអំពីព្រលឹម ត្រឹមតែជាឧបោសថកម្មពាក់កណ្ដាលប៉ុណ្ណោះ។ ព្រះពោធិសត្វពោលថា ត្រឹមប៉ុណ្ណេះក៏ដោយចុះ បានសមាទានសីលក្នុងសម្នាក់របស់លោកសេដ្ឋី ហើយអធិដ្ឋានឧបោសថ ចូលកាន់លំនៅរបស់ខ្លួន ដេកពិចារណាដល់សីល។ កាលរាត្រីកន្លងចូលដល់បច្ឆិមយាម ខ្យល់ក៏កម្រើកឡើងដល់ព្រះពោធិសត្វ ព្រោះអត់អាហារមកមួយថ្ងៃហើយ។ មហាសេដ្ឋីបានប្រកបភេសជ្ជៈផ្សេងៗ នាំមក ហើយពោលថា ចូរបរិភោគ។

ព្រះពោធិសត្វពោលថា ខ្ញុំនឹងមិនទម្លាយឧបោសថឡើយ ខ្ញុំសមាទានធ្វើឧបោសថឲ្យមានជីវិតជាទីបំផុត វេទនាដ៏ខ្លាំងក្លាបានកើតឡើង ក្នុងពេលអរុណរះ ព្រះពោធិសត្វមិនអាចតម្កល់សតិទុកបាន។ លំដាប់នោះ ជនទាំងឡាយ គិតថា បុរសនេះ នឹងធ្វើកាលកិរិយាឥឡូវនេះ  ទើបសែងយកទៅឲ្យដេកក្នុងរោងខាងក្រៅ។ សម័យនោះព្រះបាទពារាណសីទ្រង់គង់លើរថព្រះទីន័ង ធ្វើប្រទក្សិណព្រះនគរដោយបរិវារធំដល់ទីនោះ។ ព្រះពោធិសត្វឃើញសិរីរាជសម្បត្ដិរបស់ព្រះបាទពារាណសី កើតនូវចំណង់ចង់បានរាជសម្បត្ដិ ចុតិហើយ បានបដិសន្ធិក្នុងព្រះឧទររបស់អគ្គមហេសីព្រះបាទពារាណសី ដោយអានិសង្សនៃឧបោសថពាក់កណ្ដាល។ អគ្គមហេសីបាននូវគព្ភបរិហារហើយ លុះគ្រប់ទសមាសក៏ប្រសូតព្រះរាជឱរស។ ព្រះញាតិទាំងឡាយនាំគ្នាថ្វាយព្រះនាមថា ឧទយកុមារ។ ឧទយកុមារនោះ ចម្រើនវ័យហើយ សម្រេចការសិក្សាក្នុងសិប្បៈគ្រប់យ៉ាង រឭកដល់បុព្វកម្មរបស់ខ្លួនបាន ដោយញាណជាគ្រឿងរឭកជាតិ ទើបបន្លឺឧទានរឿយ ៗ ថា អប្បកស្ស កម្មស្ស ផលំ មម ឥទំ នេះជាផលកម្មមានប្រមាណតិចរបស់យើង។ អំណឹះឥតអំពីព្រះរាជបិតាទៅ បានឡើងគ្រងរាជសម្បត្ដិ ទតសិរីរាជសម្បត្ដិដ៏ក្រៃលែងរបស់ព្រះអង្គហើយ បន្លឺឧទានបែបនោះទៀត។

សម័យថ្ងៃមួយ អ្នកស្រុកត្រៀមការលេងមហោស្រពក្នុងនគរ។ មហាជននាំគ្នាដាក់ចិត្ដក្នុងការលេង។ គ្រានោះ បុរសអ្នកស៊ីឈ្នួលម្នាក់នៅក្បែរទ្វារទិសខាងជើងក្រុងពារាណសី រក្សាទ្រព្យកន្លះមាសកៈ ដែលបានមកដោយការស៊ីឈ្នួលដងទឹក ទុកក្នុងចន្លោះឥដ្ឋកំពែង កាលធ្វើការងារស៊ីឈ្នួល បានទៅដល់ទ្វារទិសខាងត្បូង បាននៅរួមជាមួយស្រីកំព្រាម្នាក់ ដែលចិញ្ចឹមជីវិតដោយការស៊ីឈ្នួលដងទឹកដូចគ្នា ក្នុងនគរ​នោះ។ ស្រីនោះ បានពោលនឹងបុរសនោះថា នែអ្នក ក្នុងនគរមានមហោស្រព អ្នកមានទ្រព្យខ្លះទេ យើងទាំងពីរទៅលេងជាមួយគ្នា។ បុរសនោះឆ្លើយថា បាទនាង ទ្រព្យខ្ញុំមាន។

ស្រីនោះសួរថា មានប៉ុន្មាន។ បុរសស៊ីឈ្នួលឆ្លើយថា មានកន្លះមាសកៈ។ ស្រីនោះសួរទៀតថា ទ្រព្យនោះ នៅឯណា។ បុរសស៊ីឈ្នួលប្រាប់ថា ខ្ញុំលាក់ទុកខាងក្នុងឥដ្ឋ ក្បែរទ្វារទិសខាងជើង ចម្ងាយអំពីទីនេះ ១២ យោជន៍ ចុះទ្រព្យក្នុងដៃរបស់នាងមានខ្លះឬ។

នាងឆ្លើយថា ចាស មាន។ បុរសនោះសួរថា មានប៉ុន្មាន។ នាងឆ្លើយប្រាប់ថា កន្លះមាសកៈដូចគ្នា ហើយពោលបន្ដថា ទ្រព្យរបស់អ្នកកន្លះមាសកៈ របស់ខ្ញុំកន្លះមាសកៈ រួមជា ១ មាសកៈ យើងនឹងយកទ្រព្យនោះ ទិញផ្កាមួយចំណែក ទិញគ្រឿងក្រអូបមួយចំណែក ទិញស្រាមួយចំណែក ហើយដើរលេងទាំងអស់គ្នា ចូរអ្នកទៅនាំទ្រព្យកន្លះមាសកៈដែលទុកនោះមក។

បុរសអ្នកស៊ីឈ្នួលត្រេកអរថា ប្រពន្ធជឿពាក្យរបស់អញ ទើបពោលថា នែនាងដ៏ចម្រើន នាងកុំគិតថ្វីឡើយ ខ្ញុំនឹងនាំទ្រព្យនោះមក ដូច្នេះហើយ ចៀសចេញទៅ។ បុរសអ្នកស៊ីឈ្នួលនោះ មានកម្លាំងស្មើនឹងដំរីសារ ដើរឆ្លងផ្លូវទៅបាន ៦ យោជន៍ ក៏ដល់ពេលថ្ងៃត្រង់ ដើរជាន់លើខ្សាច់ក្ដៅដូចរងើកភ្លើង គាត់ត្រេកអរព្រោះចង់បានទ្រព្យ ស្លៀកសំពត់ដែលជ្រលក់ដោយទឹកអម្ចត់ ប្រដាប់ដោយកុណ្ឌលធ្វើអំពីស្លឹកត្នោត ត្រង់ត្រចៀក ដើរច្រៀងដោយអាយោគវត្ត ឆ្លងកាត់តាមលានព្រះរាជវាំង។

ព្រះបាទឧទយរាជបើកសីហបញ្ជរប្រថាប់ឈរ ទតឃើញបុរសអ្នកស៊ីឈ្នួលមកយ៉ាងនោះ ទ្រង់ព្រះតម្រិះថា ហេតុអ្វីហ្ន៎ ដែលធ្វើឲ្យបុរសនេះ មិនលំបាកដោយខ្យល់និងកម្ដៅថ្ងៃបែបនេះ មានសេចក្ដីត្រេកអរ ដើរច្រៀង អញនឹងសួរបុរសនេះ ដូច្នេះហើយ ទ្រង់បញ្ជូនរាជបុរសម្នាក់ឲ្យទៅហៅមក។ រាជបុរសនោះ ទៅប្រាប់ថា ព្រះរាជាត្រាស់ហៅអ្នក។

បុរសនោះឆ្លើយថា ព្រះរាជាជាអ្វីនឹងយើង យើងមិនស្គាល់ព្រះរាជាឡើយ ដូច្នេះ ទើបរាជបុរសនោះ នាំទៅដោយការប្រើកម្លាំង គាត់ក៏ឈរក្នុងចំណែកម្ខាង។ លំដាប់នោះ ព្រះរាជា កាលនឹងសួរ ទើបត្រាស់ ២គាថាថា

អង្គារជាតា បឋវី កុក្កុលានុគតា មហី

អថ គាយសិ វត្តានិ ន តំ តបតិ អាតបោ។

ប្រឹថពី ជាផែនដីក្ដៅដូចរងើកភ្លើង ប្រកបដោយដីខ្សាច់ (ក្ដៅ) ដូចផេះ (ដែលភ្លើងឆេះ) អ្នកច្រៀងនូវទំនុកទាំងឡាយ កម្ដៅថ្ងៃមិនដុតកម្ដៅអ្នកទេឬ។

ឧទ្ធំ តបតិ អាទិច្ចោ អធោ តបតិ វាលុកា

អថ គាយសិ វត្តានិ ន តំ តបតិ អាតបោ។

ព្រះអាទិត្យក្ដៅខាងលើ ដីខ្សាច់ក្ដៅខាងក្រោម អ្នកច្រៀងនូវទំនុកទាំងឡាយ កម្ដៅថ្ងៃ មិនដុតកម្ដៅអ្នកទេឬ។

បុរសស៊ីឈ្នួលនោះ ស្ដាប់ព្រះតម្រាស់របស់ព្រះរាជាហើយ បានពោលគាថាទី៣ ថា

ន មំ តបតិ អាតបោ អាតប្បា តបយន្តិ មំ

អត្ថា ហិ វិវិធា រាជ តេ តបន្តិ ន អាតបោ។

កម្ដៅថ្ងៃ មិនដុតកម្ដៅខ្ញុំព្រះអង្គបានទេ កម្ដៅ គឺកាមទាំងឡាយ ទើបញ៉ាំងខ្ញុំព្រះអង្គឲ្យក្ដៅបាន បពិត្រព្រះរាជា ប្រយោជន៍ទាំងឡាយ មានប្រការផ្សេងៗ ប្រយោជន៍ទាំងនោះ តែងដុតកម្ដៅ ឯកម្ដៅថ្ងៃ មិនដុតកម្ដៅទេ។

លំដាប់នោះ ព្រះរាជាត្រាស់សួរបុរសនោះថា បំណងរបស់អ្នក តើដូចម្ដេច។ បុរសនោះក្រាបទូលថា បពិត្រព្រះទេវៈ ទូលព្រះបង្គំនៅរួមជាមួយស្រីអនាថា ក្បែរទ្វារនគរទិសទក្សិណ នាងសួរទូលព្រះបង្គំថា នែអ្នក យើងនឹងទៅមើលការលេងមហោស្រព អ្នកមានទ្រព្យក្នុងដៃខ្លះដែរឬទេ ទូលព្រះបង្គំបានប្រាប់នាងថា កំណប់ទ្រព្យ ខ្ញុំទុកក្នុងចន្លោះកំពែងក្បែរទ្វារទិសឧត្ដរ នាងពោលថា ចូរអ្នកទៅនាំទ្រព្យនោះមក យើងទាំងពីរនឹងទៅមើលការលេងមហោស្រព ហើយបញ្ជូនទូលព្រះបង្គំមក ពាក្យរបស់នាងចាប់ចិត្ដទូលព្រះបង្គំពេកណាស់ កាលទូលព្រះបង្គំនឹកដល់ពាក្យរបស់នាង កម្ដៅ គឺកាមរមែងដុត បំណងរបស់ទូលព្រះបង្គំយ៉ាងនេះឯង។

ព្រះរាជាត្រាស់សួរថា ឯងច្រៀងដើរទៅ មិនអើពើនឹងខ្យល់ និងកម្ដៅថ្ងៃបែបនេះ ជាអ្នកត្រេកអររីករាយ ព្រោះហេតុអ្វី។ បុរសនោះក្រាបទូលថា បពិត្រព្រះសម្មតិទេព ទូលព្រះបង្គំនាំកំណប់ទ្រព្យនោះមកហើយ នឹងអភិរម្យជាមួយស្រីនោះ ដោយហេតុដូចក្រាបទូលមកនេះ ទើបទូលព្រះបង្គំត្រេកអរ ហើយច្រៀង។

ព្រះរាជាត្រាស់សួរថា នែបុរសដ៏ចម្រើន ទ្រព្យដែលអ្នកកប់ទុកត្រង់ទ្វារទិសខាងជើង មានប្រមាណមួយសែនឬ។ បុរសនោះ ក្រាបទូលថា បពិត្រព្រះសម្មតិទេព មិនដល់ប៉ុណ្ណោះទេ។

ព្រះរាជាត្រាស់សួរតាមលំដាប់ថា បើដូច្នោះ ៥ ម៉ឺនកហាបណៈឬ។ ៤ ម៉ឺនកហាបណៈឬ។ ៣ ម៉ឺនកហាបណៈឬ។ ២ ម៉ឺនកហាបណៈឬ។ ១ ម៉ឺនកហាបណៈឬ។ ១ ពាន់កហាបណៈឬ។ ៥ រយកហាបណៈឬ។ ៤ រយកហាបណៈឬ។ ៣ រយកហាបណៈឬ។ ២ រយកហាបណៈឬ។ ១ រយកហាបណៈឬ។ ៥០ កហាបណៈឬ។ ៤០ កហាបណៈឬ។ ៣០ កហាបណៈឬ។ ២០ កហាបណៈឬ។ ១០ កហាបណៈឬ។ ៥ កហាបណៈឬ។ ៤ កហាបណៈឬ។ ៣ កហាបណៈឬ។ ២ កហាបណៈឬ។ ១ កហាបណៈឬ។ កន្លះ​កហាបណៈ​ឬ។ ១ បាទឬ។ ៤ មាសកៈឬ។ ៣ មាសកៈឬ។ ២ មាសកៈឬ។ ១ មាសកៈឬ។

បុរសនោះ បដិសេធគ្រប់សំណួរតាមលំដាប់ថា មិនដល់ប៉ុណ្ណោះទេ ព្រះអង្គ។ កាលព្រះរាជាត្រាស់សួរថា កន្លះមាសកៈឬ។

បុរសអ្នកស៊ីឈ្នួលនោះក្រាបទូលថា ព្រះករុណាថ្លៃវិសេស ទ្រព្យរបស់ទូលព្រះបង្គំ មានប្រមាណប៉ុណ្ណេះឯង ទូលព្រះបង្គំដើរមកដោយនឹកក្នុងចិត្ដថា នាំទ្រព្យមកហើយ នឹងអភិរម្យជាមួយនាង ដោយបីតិសោមនស្សនោះ ទើបខ្យល់និងកម្ដៅថ្ងៃមិនដុតទូលព្រះបង្គំ។

លំដាប់នោះ ព្រះរាជាត្រាស់ថា នែបុរសដ៏ចម្រើន កម្ដៅថ្ងៃដល់ម្ល៉េះ អ្នកកុំទៅទីនោះឡើយ យើងនឹងឲ្យកន្លះមាសកៈដល់ឯង។ បុរសនោះ ក្រាបទូលថា បពិត្រព្រះសម្មតិទេព ទូលព្រះបង្គំនឹងតាំងនៅក្នុងព្រះតម្រាស់របស់ព្រះអង្គ ទទួលយកទ្រព្យកន្លះមាសកៈនោះផង នឹងមិនធ្វើទ្រព្យកន្លះមាសកៈដែលកប់ទុកឲ្យវិនាសទៅផង ទូលព្រះបង្គំនឹងទៅយកទ្រព្យនោះ មិនឲ្យវិនាសដោយការដើរផ្លូវដែលខំដើរមកផង។

ព្រះរាជាត្រាស់ថា នែបុរសដ៏ចម្រើន ចូរឯងត្រឡប់ចុះ យើងនឹងឲ្យទ្រព្យ ១ មាសកៈ  ២ មាសកៈ (ហើយទ្រង់ត្រាស់ព្រះរាជទានបន្ថែមឡើងដោយទំនងនេះ រហូតដល់) ១ កោដិ ១ រយកោដិ និងទ្រព្យរាប់មិនអស់ ហើយឲ្យបុរសនោះ ត្រឡប់។

បុរសនោះក្រាបទូលថា បពិត្រព្រះទេវៈ ទូលព្រះបង្គំ សូមទទួលទ្រព្យ ដែលទ្រង់ព្រះរាជទានផង ទ្រព្យដែលកប់ទុកក៏នឹងទៅយកផង។ បន្ទាប់អំពីនោះ ព្រះរាជាបានលួងលោមដោយឋានន្ដរៈ មានតំណែងសេដ្ឋីជាដើម រហូតឲ្យតាំងនៅក្នុងតំណែងជាឧបរាជ ហើយត្រាស់ថា យើងនឹងឲ្យគ្រងរាជសម្បត្ដិពាក់កណ្ដាល ចូរត្រឡប់ចុះ ដូច្នេះ ទើបបុរសនោះ យល់ព្រមទទួលព្រះតម្រាស់។

ព្រះរាជាទ្រង់ត្រាស់បង្គាប់អាមាត្យទាំងឡាយថា ពួកអ្នកចូរទៅកោរពុកមាត់ឲ្យសម្លាញ់របស់យើង ហើយឲ្យងូតទឹកតាក់តែងខ្លួន នាំមកចួបយើង។ ពួកអាមាត្យបានធ្វើតាមព្រះតម្រាស់នោះ។ ព្រះរាជាចែករាជសម្បត្ដិជាពីរចំណែក ឲ្យបុរសនោះគ្រងរាជសម្បត្ដិពាក់កណ្ដាល។  អាចារ្យពួកខ្លះពោលថា បុរសស៊ីឈ្នួលនោះ គ្រងរាជសម្បត្ដិនោះហើយ នៅតែទៅកាន់ទិសឧត្ដរ ដោយការស្រឡាញ់ក្នុងទ្រព្យកន្លះមាសកៈនោះ ព្រោះហេតុនោះ ទើបព្រះរាជានោះ មានព្រះនាមថា អឌ្ឍមាសករាជ (ព្រះបាទកន្លះមាសកៈ)។

ព្រះបាទឧទយរាជ និងព្រះបាទអឌ្ឍមាសករាជ ទ្រង់សាមគ្គីស្និទ្ធស្នាលគ្នា សោយរាជសម្បត្ដិ ថ្ងៃមួយ យាងទៅកាន់ព្រះរាជឧទ្យាន។ ព្រះបាទឧទយរាជ ទ្រង់លេងកីឡាក្នុងព្រះរាជឧទ្យាននោះ រហូតអស់កម្លាំង ទ្រង់យកសីសៈដាក់លើភ្លៅរបស់ព្រះបាទអឌ្ឍមាសករាជ ផ្ទំលក់ទៅ។ កាលព្រះបាទឧទយរាជ​ទ្រង់ផ្ទំលក់ហើយ ពួករាជបរិវារក៏នាំគ្នាទៅលេងកីឡាក្នុងទីនោះៗ។

ព្រះបាទអឌ្ឍមាសករាជទ្រង់ព្រះតម្រិះថា ប្រយោជន៍អ្វីដែលអញសោយរាជសម្បត្ដិពាក់កណ្ដាលជានិច្ច អញនឹងផ្ដាច់ព្រះជន្មព្រះបាទឧទយរាជនេះ សោយរាជសម្បត្ដិទាំងអស់ ម្នាក់ឯងល្អជាង (ដូច្នេះហើយ ទើបហូតដាវចេញអំពីស្រោម គិតថា) នឹងផ្ដាច់ព្រះជន្ម (ព្រះ បាទឧទយរាជ តែរឭកបានថា) ព្រះរាជាអង្គនេះ ធ្វើអញដែលជាជនទុរគតអនាថា ឲ្យមានយសសក្ដិស្មើនឹងព្រះអង្គ តែងតាំងអញទុកក្នុងភាពជាធំក្រៃលែង សេចក្ដីប្រាថ្នាបានកើតឡើងដល់អញថា អញនឹងសម្លាប់ស្ដេចដែលឲ្យយសដល់អញបែបនេះ ហើយឡើងសោយរាជ្យ ជាអំពើដែលមិនគួរធ្វើឡើយ។ កាលរឭកបានដូច្នេះហើយ ក៏ស៊កដាវក្នុងស្រោម តែគិតហើយគិតទៀត អស់វារៈ ៣ ដង ដើម្បីសម្លាប់ តែមិនអាចស្ងប់ចិត្ដបាន ទើបព្រះតម្រិះថា ចិត្ដនេះ កើតឡើងរឿយ ៗ គប្បីប្រកបអញទុកក្នុងកម្មលាមក ដូច្នេះហើយ បោះព្រះខ័នទៅលើផែនដី ដាស់ព្រះបាទឧទយរាជឲ្យភ្ញាក់ពីបន្ទំ ហើយក្រាបចុះទៀបព្រះបាទា ទូលថា បពិត្រព្រះសម្មតិទេព សូមទ្រង់ព្រះរាជទានទោសដល់ខ្ញុំចុះ។

ព្រះបាទឧទយរាជត្រាស់សួរថា នែសម្លាញ់ ទោសក្នុងរវាងអ្នកនិងយើង មិនមាន មិនមែនឬ។ ព្រះបាទអឌ្ឍមាសកៈពោលថា

បពិត្រមហារាជ មាន ទូលព្រះបង្គំបានធ្វើយ៉ាងនេះ។

ព្រះបាទឧទយពោលថា បើដូច្នោះ សម្លាញ់ ខ្ញុំអត់ទោសឲ្យទ្រង់ បើទ្រង់ចង់សោយរាជសម្បត្ដិ ក៏ចូរសោយរាជ្យចុះ ខ្ញុំនឹងធ្វើជាឧបរាជទំនុកបម្រុងទ្រង់។ ព្រះបាទអឌ្ឍមាសកៈទូលថា បពិត្រព្រះសម្មតិទេព ខ្ញុំមិនត្រូវការរាជសម្បត្ដិ ព្រោះតណ្ហានេះ ធ្វើឲ្យខ្ញុំកើតក្នុងអបាយ សូមទ្រង់ទទួលរាជសម្បត្ដិរបស់ទ្រង់វិញចុះ ខ្ញុំនឹងបួស ឫសគល់នៃកាមគុណខ្ញុំឃើញហើយ ការពិត កាមគុណនេះ ចម្រើនដល់បុគ្គលដែលត្រិះរិះ ឥឡូវនេះ ចាប់តាំងអំពីនេះទៅ ខ្ញុំនឹងមិនត្រិះរិះដល់ទៀតឡើយ  កាលនឹងបន្លឺឧទាន ទើបពោលគាថាទី៤ ថា

អទ្ទសំ កាម តេ មូលំ សង្កប្បា កាម ជាយសិ

ន តំ សង្កប្បយិស្សាមិ ឯវំ កាម ន ហេហិសិ។

ម្នាលកាម យើងបានឃើញឫសគល់របស់អ្នកហើយ ម្នាលកាម អ្នកកើតអំពីសេចក្ដីត្រិះរិះ យើងលែងត្រិះរិះអ្នកទៀតហើយ ម្នាលកាម កាលបើយ៉ាងនេះ អ្នកនឹងមិនកើតមាន (តទៅទៀតទេ)។

លុះត្រាស់ដូច្នេះហើយ កាលនឹងសម្ដែងធម៌ដល់មហាជនដែលប្រកបក្នុងកាមតទៅ ទើបពោលគាថាទី ៥ ថា

អប្បាបិ កាមា ន អលំ ពហូហិបិ ន តប្បតិ

អហោ ពាលាន លបនា បដិវិជ្ឈេថ ជគ្គតោ។

កាមទាំងឡាយ សូម្បីតិច ក៏នៅតែមិនល្មម សូម្បីច្រើន ក៏នៅតែមិនស្កប់ស្កល់ ឱ មុខគួរសង្វេគ នឹងការចរចារបស់ពួកជនពាល បុគ្គលលុះតែប្រឹងប្រកបព្យាយាម ទើបត្រាស់ដឹងបាន។

លោកពោលអធិប្បាយទុកដូច្នេះថា បពិត្រមហារាជ វត្ថុកាម និងកិលេសកាម សូម្បីតិចតួច ក៏មិនគ្រប់គ្រាន់សម្រាប់មហាជននេះ មហាជន រមែងមិនឆ្អែតដោយវត្ថុកាម និងកិលេសកាម សូម្បីច្រើន គួរសង្វេគដែលពួកជនពាលនាំគ្នារវើរវាយថា រូប សំឡេងទាំងនេះ ចូរមានដល់អញ កុលបុត្តដែលប្រកបសេចក្ដីព្យាយាម ចម្រើនពោធិបក្ខិយធម៌ ញ៉ាំងវិបស្សនាឲ្យចម្រើនហើយ គប្បីដឹងច្បាស់ ចាក់ធ្លុះបាន គឺចាក់ធ្លុះបានដោយការកំណត់ដឹង ការលះ និងការត្រាស់ដឹង ហើយលះបង់បាន។

ព្រះបាទអឌ្ឍមាសកៈ កាលទ្រង់សម្ដែងធម៌ដល់មហាជនដូច្នេះហើយ ថ្វាយរាជសម្បត្ដិដល់ព្រះបាទឧទយរាជវិញ លះមហាជនដែលមានមុខជោកដោយទឹកភ្នែក ចូលកាន់ហិមវន្ដប្បទេស ហើយបួស ញ៉ាំងឈាននិងអភិញ្ញាឲ្យកើតហើយ ។ លុះព្រះបាទអឌ្ឍមាសកៈបួសហើយ ព្រះបាទឧទយរាជ កាលនឹងបន្លឺឧទាន ទើបត្រាស់គាថាទី ៦ ថា

អប្បស្ស កម្មស្ស ផលំ មមេទំ

ឧទយោ អជ្ឈគមា មហត្តបត្តំ

សុលទ្ធលាភោ វត មាណវស្ស

យោ បព្វជិ កាមរាគំ បហាយ។

នេះជាផលកម្ម មានប្រមាណតិចរបស់យើង ឧទយៈ បានសម្រេចនូវភាពជាធំ ឱហ្ន៎ មាណពណា បានលះនូវតម្រេកក្នុងកាម ហើយបួស មាណពនោះ ឈ្មោះថាបានល្អហើយ។

អត្ថនៃគាថានេះ មិនមានអ្នកណាដឹង។ ថ្ងៃមួយ អគ្គមហេសីក្រាបទូលសួរអត្ថនៃព្រះគាថានឹងព្រះរាជា។ ព្រះរាជាទ្រង់មិនប្រាប់។ ព្រះរាជាមានជាងកោរកាត់ម្នាក់ ឈ្មោះគង្គមាល។ នាយគង្គមាលនោះ កាលនឹងកោរព្រះមស្សុព្រះរាជា បានធ្វើបរិកម្មដោយកាំបិតកោរមុន ហើយទើបដកព្រះលោមាដោយសណ្ឌាសឯក្រោយ កាលធ្វើបរិកម្មដោយកាំបិតកោរ ព្រះរាជាទ្រង់មានសេចក្ដីសុខ កាលដែលដកព្រះលោមា ព្រះរាជាទ្រង់មានសេចក្ដីទុក្ខ។ ព្រះរាជាចង់ប្រទានពរដល់ជាងកោរកាត់មុន  ទើបមានព្រះរាជបំណងកាត់ក្បាលជាខាងក្រោយ។

ថ្ងៃមួយ ព្រះរាជាប្រាប់រឿងនោះដល់ព្រះរាជទេវីថា ម្នាលនាងដ៏ចម្រើន នាយគង្គមាលខ្មាន់ព្រះកេសរបស់យើង ជាបុគ្គលល្ងង់។ កាលព្រះទេវីទូលសួរថា បពិត្រព្រះសម្មតិទេព នាយគង្គមាលនោះ ធ្វើដូចម្ដេចទើបគួរ ទើបព្រះរាជាត្រាស់ថា គួរដករោមទាំងឡាយដោយសណ្ឌាសជាមុន ហើយសឹមធ្វើបរិកម្មដោយកាំបិតកោរ ក្នុងកាលជាក្រោយ។

ព្រះទេវីហៅខ្មាន់ព្រះកេសមកប្រាប់ថា នែបា ឥឡូវនេះ ដល់ថ្ងៃដែលត្រូវសម្អាតព្រះមស្សុថ្វាយព្រះរាជា អ្នកគប្បីដកព្រះលោមាមុន រួចធ្វើបរិកម្មដោយកាំបិតកោរក្នុងកាលជាក្រោយ កាលព្រះរាជាប្រទានពរ អ្នកគប្បីទូលថា បពិត្រព្រះសម្មតិទេព ទូលព្រះបង្គំមិនត្រូវការពរដទៃ សូមទ្រង់ប្រាប់អត្ថនៃឧទានគាថារបស់ទ្រង់ ខ្ញុំនឹងឲ្យទ្រព្យច្រើនដល់អ្នក។ ខ្មាន់ព្រះកេសទទួលព្រះសវនីយ៍ថា សាធុ ហើយក្នុងថ្ងៃកោរកាត់ព្រះមស្សុ បានប្រើសណ្ឌាសមុន កាលព្រះរាជាត្រាស់សួរថា នែគង្គមាល ហេតុអ្វី ទើបឯងមិនធ្វើដូចកាលមុន។ គង្គមាលក្រាបទូលថា  បពិត្រព្រះសម្មតិទេព ធម្មតាជាងកោរកាត់ រមែងធ្វើវត្ថុដែលមិនធ្លាប់ធ្វើ ក្រាបទូលហើយ ដកព្រះលោមាមុន ធ្វើបរិកម្មដោយកាំបិតកោរក្នុងកាលឯក្រោយ។ ព្រះរាជាត្រាស់ថា ចូរទទួលពរ។

ខ្មាន់ព្រះកេសក្រាបទូលថា  បពិត្រព្រះសម្មតិទេព ទូលព្រះបង្គំមិនត្រូវការពរដទៃ  សូមទ្រង់ប្រាប់សេចក្ដីនៃឧទានគាថាចុះ។ ព្រះរាជាទ្រង់ខ្មាសព្រោះជារឿងដែលទ្រង់ក្រីក្រ ទើបត្រាស់ថា  នែបា ឯងត្រូវការពរនេះធ្វើអ្វី ចូរទទួលពរដទៃចុះ។

ខ្មាន់ព្រះកេសក្រាបទូលថា បពិត្រព្រះសម្មតិទេព សូមទ្រង់ប្រទាន ពរនេះ ដល់ទូលព្រះបង្គំចុះ។ ព្រះរាជាទ្រង់ខ្លាចមុសាវាទ ទើបទទួលថា សាធុ ហើយឲ្យចាត់ចែងរៀបចំវត្ថុទាំងពួង តាមន័យដែលពោលហើយក្នុងកុម្មាសបិណ្ឌិជាតក គង់ប្រថាប់លើរតនបល្ល័ង្ក ត្រាស់និទានបុរិមកិរិយាទាំងពួងថា នែគង្គមាល ក្នុងភពមុនយើងកើត (ជាអ្នកក្រីក្រ) ក្នុងនគរនេះឯង (មានសទ្ធា  បានរក្សាឧបោសថកន្លះថ្ងៃ ចុតិអំពី អត្ដភាពនោះ មកកើតក្នុងត្រកូលក្សត្រ ឈ្មោះឧទយរាជ) ព្រោះហេតុនេះ ទើបយើងពោលកន្លះគាថាខាងដើម កាលសម្លាញ់របស់យើងលះបង់កាមទៅបួសហើយ យើងជាបុគ្គលប្រមាទ វង្វេង នៅគ្រប់គ្រងរាជសម្បត្ដិនេះឯង ដោយហេតុនេះ ទើបយើងពោលកន្លះគាថាខាងចុង។ ព្រះរាជាត្រាស់ប្រាប់អត្ថនៃឧទានគាថាដោយប្រការដូច្នេះ។

ខ្មាន់ព្រះកេសស្ដាប់រឿងនោះហើយ គិតថា បានឮថា ព្រះរាជាបានរាជសម្បត្ដិនេះ ដោយការរក្សាឧបោសថកន្លះថ្ងៃ ឈ្មោះថា កុសល បុគ្គលគួរតែធ្វើ បើដូច្នោះ អញគប្បីបួស ធ្វើទីពឹងដល់ខ្លួនចុះ គិតដូច្នេះហើយ ក៏លះពួកញាតិនិងភោគសម្បត្ដិ សូមព្រះរាជាបួស ហើយទៅកាន់ហិមវន្ដប្បទេស បួសជាឥសី លើកត្រៃលក្ខណ៍ឡើង ចម្រើនវិបស្សនា សម្រេចបច្ចេកពោធិញ្ញាណ ទ្រទ្រង់បាត្រនិងចីវរដែលកើតឡើងដោយឫទ្ធិ ចាំវស្សាត្រង់ភ្នំគន្ធមាទន៍បាន ៥-៦ វស្សា គិតថា នឹងសួរសុខទុក្ខព្រះបាទពារាណសី ទើបមកតាមអាកាស គង់លើមង្គលសិលាក្នុងរាជឧទ្យាន។ ឧទ្យានបាលចាំបាន ទើបទៅក្រាបទូលព្រះរាជាថា បពិត្រព្រះសម្មតិទេព ជាងកោរកាត់ឈ្មោះគង្គមាល បានជា ព្រះបច្ចេកពុទ្ធ ហោះមក គង់ក្នុងរាជឧទ្យាន។ ព្រះរាជាទ្រង់ស្ដាប់ហើយប្រញាប់យាងចេញមក ដោយបំណងថា នឹងថ្វាយបង្គំព្រះបច្ចេកពុទ្ធ។ ព្រះរាជមាតាចេញទៅមួយអន្លើដោយព្រះរាជា។ ព្រះរាជាយាងទៅកាន់ព្រះរាជឧទ្យាន ថ្វាយបង្គំព្រះបច្ចេកពុទ្ធ ហើយគង់ប្រថាប់ក្នុងទីសមគួរនាចំណែកម្ខាង មួយអន្លើដោយបរិស័ទ។ ព្រះបច្ចេកពុទ្ធ កាលធ្វើបដិសណ្ឋារៈចំពោះព្រះរាជា បានហៅព្រះរាជាតាមនាមត្រកូលថា ហៃព្រហ្មទត្ដ ទ្រង់មិនប្រមាទ គ្រងរាជសម្បត្ដិដោយធម៌ បំពេញបុណ្យ មានឲ្យទានជាដើមដែរឬ។

ព្រះរាជជននីបានស្ដាប់ដូច្នោះ ព្រះនាងពិរោធថា គង្គមាលនេះ មានជាតិថោកទាប ជាអ្នកជូតមន្ទិលមិនស្អាត ជាជាងកោរកាត់ មិនស្គាល់ប្រមាណខ្លួនឯង ហៅឱរសរបស់អញដែលជាស្ដេចផែនដី ជាស្ដេចដោយជាតិ ដោយឈ្មោះថា ព្រហ្មទត្ដ ទើបត្រាស់គាថាទី ៧ ថា

តបសា បជហន្តិ បាបកម្មំ

តបសា ន្ហាបិតកុជ្ឈការភារំ

តបសា អភិភុយ្យ គង្គមាល

នាមេនាលបសិជ្ជ ព្រហ្មទត្តំ។

ពួកសត្វតែងលះបង់នូវបាបកម្ម (របស់ខ្លួន) ដោយតបៈ លះបង់នូវភាវៈនៃខ្លួនជាខ្មាន់ព្រះកេស និងស្មូនឆ្នាំង ដោយតបៈ នែគង្គមាល ថ្ងៃនេះ អ្នកហ៊ានរំលោភ ហៅព្រហ្មទត្ដ (កូនអញ) ដោយចំឈ្មោះ ព្រោះអាងមានតបៈឬ។

គាថានោះ មានអធិប្បាយដូច្នេះថា ព្រះជននីត្រាស់ថា សត្វទាំងឡាយនេះ រមែងលះបាបកម្មបានដោយតបៈ គឺតបៈគុណដែលខ្លួនសន្សំទុក តើតបៈទាំងនោះ នឹងលះភាពជាជាងកោរកាត់ និងស្មូនឆ្នាំងបានដែរឬ  នែគង្គមាល ការដែលអ្នកប្រើតបៈរបស់ខ្លួនសង្កត់សង្កិន ហៅឱរសរបស់យើងដោយឈ្មោះថា ព្រហ្មទត្ដ ក្នុងថ្ងៃនេះ ជាការសមគួរឬ។

ព្រះរាជាត្រាស់ហាមព្រះរាជជននីហើយ កាលប្រកាសគុណរបស់ព្រះបច្ចេកពុទ្ធ ទើបត្រាស់គាថាទី ៨ ថា

សន្ទិដ្ឋិកមេវ អម្ម បស្សថ

ខន្តិសោរច្ចស្ស យោ វិបាកោ

សោ សព្វជនស្ស វន្ទិតោ អហុ

តំ វន្ទាម សរាជិកា សមច្ចា។

បពិត្រព្រះមាតា សូមទ្រង់ទតនូវផលនៃខន្ដី និងសោរច្ចៈ ដែលអាចឃើញជាក់ច្បាស់ដោយខ្លួនឯង (ក្នុងបច្ចុប្បន្ន) ព្រះគង្គមាលបច្ចេកពុទ្ធនោះ ជាបុគ្គលដែលជនទាំងអស់ត្រូវថ្វាយបង្គំ យើងព្រមទាំងស្ដេចនិងអាមាត្យ នាំគ្នាថ្វាយបង្គំនូវព្រះបច្ចេកពុទ្ធនោះ។

កាលព្រះរាជាត្រាស់ហាមព្រះរាជជននីហើយ មហាជនដ៏សេសក្រោកឡើងពោលថា បពិត្រព្រះសម្មតិទេព ការដែលមនុស្សថោកទាបបែបនេះ ហៅទ្រង់ដោយឈ្មោះ មិនសមគួរដល់ទ្រង់ឡើយ។ ព្រះរាជាទ្រង់ហាមមហាជនហើយ ដើម្បីសម្ដែងគុណរបស់ព្រះបច្ចេកពុទ្ធនោះ ទើបត្រាស់អវសានគាថាថា

មា កិញ្ចិ អវចុត្ថ គង្គមាលំ

មុនិនំ មោនបថេសុ សិក្ខមានំ

ឯសោ ហិ អតរិ អណ្ណវំ

យំ តរិត្វា វិចរន្តិ វីតសោកា។

អ្នកទាំងឡាយកុំនិយាយពាក្យតិចតួច នឹងព្រះបច្ចេកពុទ្ធឈ្មោះគង្គមាល ដែលជាអ្នកសិក្សាក្នុងគន្លងនៃប្រាជ្ញា របស់ពួកអ្នកប្រាជ្ញឡើយ ព្រោះថា ព្រះបច្ចេកពុទ្ធនេះ បានឆ្លងនូវអន្លង់ គឺវដ្ដសង្សារ ដែលពួកបុគ្គលអ្នកប្រាសចាកសោកតែងឆ្លង ហើយត្រាច់ទៅ។

ព្រះរាជា កាលត្រាស់ដូច្នេះហើយ បានថ្វាយបង្គំព្រះបច្ចេកពុទ្ធ ត្រាស់ថា បពិត្រលោកម្ចាស់ដ៏ចម្រើន សូមលោកម្ចាស់អត់នូវទោសដល់ព្រះជននីរបស់ខ្ញុំផងចុះ។

ព្រះបច្ចេកពុទ្ធពោលតបថា ថ្វាយព្រះពរមហារាជ អាត្មាអត់ទោសឲ្យ។ ពួករាជបរិស័ទក៏នាំគ្នាញ៉ាំងព្រះបច្ចេកពុទ្ធឲ្យអត់ទោស។ ព្រះរាជាសូមប្ដេជ្ញាអំពីព្រះបច្ចេកពុទ្ធ ដើម្បីនៅជាមួយទ្រង់តទៅ ព្រះបច្ចេកពុទ្ធមិនឲ្យនូវប្ដេជ្ញា កាលបរិស័ទមួយអន្លើដោយព្រះរាជាកំពុងមើលនោះឯង បានអណ្ដែតទៅក្នុងអាកាស ថ្វាយឱវាទដល់ព្រះរាជាហើយ ហោះទៅកាន់ភ្នំគន្ធមាទន៍។

ព្រះសាស្ដា លុះទ្រង់នាំយកព្រះធម្មទេសនានេះមកសម្ដែងហើយ ទើបត្រាស់ថា ម្នាលឧបាសកទាំងឡាយ  ឈ្មោះថា ការរក្សាឧបោសថ ជាកិច្ចដែលបុគ្គលគួររក្សាដោយប្រការដូច្នេះ ហើយទ្រង់ប្រជុំជាតកថា ព្រះបច្ចេកពុទ្ធក្នុងកាលនោះ បានបរិនិព្វានហើយ ព្រះបាទអឌ្ឍមាសកៈក្នុងកាលនោះ បានមកជាអានន្ទក្នុងកាលឥឡូវនេះ ព្រះរាជមាតា បានមកជាព្រះនាងមហាមាយា ព្រះអគ្គមហេសី បានមកជារាហុលមាតា ចំណែកព្រះបាទឧទយរាជក្នុងកាលនោះ គឺតថាគតនេះឯង។

គង្គមាលជាតក ចប់។

[ស្រង់ចាកអដ្ឋកថា ជាតក  អដ្ឋកនិបាត បិ.៥៩ ទំ.១២១ ឃ.៤៥៣។]

សូមអនុមោទនា !!!

Oben-pfeil